ចំណុចទីដប់៖ ពួកគេប្រមាថសេចក្ដីពិត បំពានយ៉ាង គឃ្លើនលើគោលការណ៍នានា ហើយមិនអើពើនឹងការរៀបចំនៃដំណាក់របស់ព្រះជាម្ចាស់ឡើយ (ផ្នែកទីប្រាំមួយ)
III. ការប្រមាថព្រះបន្ទូលរបស់ព្រះជាម្ចាស់
ថ្ងៃនេះ យើងបន្តប្រកបគ្នាអំពីចំណុចទីដប់នៃការបង្ហាញចេញផ្សេងៗរបស់ពួកទទឹងនឹងព្រះគ្រីស្ទ៖ «ពួកគេប្រមាថសេចក្ដីពិត បំពានយ៉ាងគឃ្លើនលើគោលការណ៍នានា ហើយមិនអើពើនឹងការរៀបចំនៃដំណាក់របស់ព្រះជាម្ចាស់ឡើយ» ដោយផ្ដោតលើផ្នែកទីបី គឺពួកគេប្រមាថព្រះបន្ទូលរបស់ព្រះជាម្ចាស់។ នៅក្នុងការជួបជុំលើកមុន យើងបានប្រកបគ្នាអំពីទិដ្ឋភាពចំនួនពីរនៃផ្នែកនេះ។ តើទិដ្ឋភាពពីរនោះមានអ្វីខ្លះ? (ទីមួយគឺ ពួកទទឹងនឹងព្រះគ្រីស្ទកែបន្លំ និងបកស្រាយព្រះបន្ទូលរបស់ព្រះជាម្ចាស់តាមអំពើចិត្ត។ មួយទៀតគឺ ពួកទទឹងនឹងព្រះគ្រីស្ទមិនទទួលស្គាល់ព្រះបន្ទូលរបស់ព្រះជាម្ចាស់ នៅពេលដែលព្រះបន្ទូលទាំងនោះមិនស្របតាមសញ្ញាណរបស់ពួកគេ។) ទិដ្ឋភាពទាំងពីរនេះទាក់ទងនឹងការដែលពួកទទឹងនឹងព្រះគ្រីស្ទប្រមាថព្រះបន្ទូលរបស់ព្រះជាម្ចាស់។ ការដែលពួកទទឹងនឹងព្រះគ្រីស្ទប្រមាថព្រះបន្ទូលរបស់ព្រះជាម្ចាស់ គឺស្ដែងចេញតាមវិធីជាច្រើន។ វាទាក់ទងនឹងសារជាតិរបស់ពួកគេ អាកប្បកិរិយារបស់ពួកគេចំពោះព្រះជាម្ចាស់ និងរបៀបដែលពួកគេប្រព្រឹត្តចំពោះគ្រប់ទិដ្ឋភាពទាំងអស់ដែលទាក់ទងនឹងព្រះជាម្ចាស់។ ព្រះបន្ទូលរបស់ព្រះជាម្ចាស់គ្របដណ្ដប់លើខ្លឹមសារយ៉ាងទូលំទូលាយ ដូច្នេះ ការដែលពួកទទឹងនឹងព្រះគ្រីស្ទប្រមាថព្រះបន្ទូលរបស់ព្រះជាម្ចាស់ មិនមែនជាអាកប្បកិរិយាសាមញ្ញដែលពួកគេមានចំពោះព្រះបន្ទូលរបស់ទ្រង់ឡើយ។ មូលហេតុដែលពួកគេប្រមាថព្រះបន្ទូលរបស់ទ្រង់មានច្រើនយ៉ាង មិនមែនមានតែមួយនោះទេ។ នៅក្នុងការជួបជុំលើកមុន យើងបានប្រកបគ្នាអំពីការបង្ហាញចេញជាក់លាក់ចំនួនពីរ អំពីរបៀបដែលពួកទទឹងនឹងព្រះគ្រីស្ទប្រមាថព្រះបន្ទូលរបស់ព្រះជាម្ចាស់។ ថ្ងៃនេះ យើងនឹងប្រកបគ្នាអំពីការបង្ហាញចេញមួយទៀត។
គ. ពួកទទឹងនឹងព្រះគ្រីស្ទឈ្លបមើលថាតើព្រះបន្ទូលរបស់ព្រះជាម្ចាស់ក្លាយជាការពិតឬអត់
ពួកទទឹងនឹងព្រះគ្រីស្ទប្រមាថព្រះបន្ទូលរបស់ព្រះជាម្ចាស់ តើពួកគេមានជំនឿពិតប្រាកដលើអ្វីដែលព្រះជាម្ចាស់មានព្រះបន្ទូល លើខ្លឹមសារទាំងអស់ដែលព្រះជាម្ចាស់បានមានព្រះបន្ទូលដែរឬទេ? (អត់ទេ។) មានភស្តុតាងជាក់ស្ដែងអំពីរឿងនេះ។ ពួកគេមិនជឿយ៉ាងពិតប្រាកដទេ ដូច្នេះ តើពួកគេមានអាកប្បកិរិយាបែបណាចំពោះការដែលថា តើព្រះបន្ទូលទាំងអស់ដែលព្រះជាម្ចាស់បានថ្លែង ត្រូវនឹងតថភាពដែរឬទេ តើព្រះបន្ទូលទាំងនោះអាចក្លាយជាការពិតដែរឬទេ ឬថាតើព្រះបន្ទូលទាំងនោះជាការពិតដែរឬទេ? តើពួកគេពិតជាជឿ ឬមួយក៏ពួកគេសង្ស័យ ហើយសង្កេតមើលដោយស្ទាក់ស្ទើរនៅក្នុងចិត្តរបស់ពួកគេ? ពួកគេកំពុងតែសង្ស័យយ៉ាងខ្លាំង ហើយសង្កេតមើលដោយស្ទាក់ស្ទើរនៅក្នុងចិត្តរបស់ពួកគេ។ ថ្ងៃនេះ យើងនឹងប្រកបគ្នាអំពីការបង្ហាញចេញនេះរបស់ពួកទទឹងនឹងព្រះគ្រីស្ទគឺ៖ ពួកគេឈ្លបមើលថាតើព្រះបន្ទូលរបស់ព្រះជាម្ចាស់ក្លាយជាការពិតឬអត់។ តើពាក្យ «ឈ្លបមើល» មានន័យដូចម្ដេច? ហេតុអ្វីបានជាប្រើពាក្យ «ឈ្លបមើល»? (ព្រះជាម្ចាស់ ការឈ្លបមើលមានន័យថា ការសង្កេតមើលដោយសម្ងាត់ ការលួចមើល។) ការពន្យល់នេះគឺត្រឹមត្រូវជាមូលដ្ឋានហើយ។ ឥឡូវនេះ អ្នកគ្រប់គ្នាយល់ពីអត្ថន័យនៃពាក្យ «ឈ្លបមើល» ហើយ។ វាគឺជាការឃ្លាំមើល និងសង្កេតមើលដោយស្ទាក់ស្ទើរយ៉ាងសម្ងាត់ ការលួចមើលដោយមិនឱ្យអ្នកដទៃដឹង ការធ្វើសកម្មភាពដោយលាក់លៀម មិនមែនធ្វើដោយបើកចំហ ឬឱ្យអ្នកដទៃមើលឃើញឡើយ។ វាគឺជាល្បិចកលដ៏តូចតាចមួយ។ ច្បាស់ណាស់ បុគ្គលដែលអនុវត្តល្បិចកលនេះ មិនមែនធ្វើនៅទីសាធារណៈទេ ប៉ុន្តែធ្វើដោយសម្ងាត់។ ដូច្នេះ តាមរយៈការបង្ហាញចេញ និងការពន្យល់ទាំងនេះ នៅពេលពួកទទឹងនឹងព្រះគ្រីស្ទឈ្លបមើលព្រះបន្ទូលរបស់ព្រះជាម្ចាស់ តើវាជាឥរិយាបថប្រភេទណាទៅ? (ជាការប្រមាថសេចក្ដីពិត។) តើអ្វីទៅដែលបញ្ជាក់ច្បាស់ថា វាគឺជាការប្រមាថសេចក្ដីពិត? ហេតុអ្វីបានជាពួកទទឹងនឹងព្រះគ្រីស្ទមិនអាចគ្រាន់តែអានព្រះបន្ទូលរបស់ព្រះជាម្ចាស់ដោយស្មោះត្រង់ ដោយត្រឹមត្រូវ និងដោយបើកចំហ? ហេតុអ្វីបានជាពួកគេឈ្លបមើល? តើការឈ្លបមើលពិតជាប្រភេទនៃសកម្មភាពមួយមែនទេ? តាមរយៈការពន្យល់របស់ពាក្យនេះ វាច្បាស់ណាស់ថា ការឈ្លបមើលមិនមែនជារឿងដែលត្រូវបានធ្វើឡើងដោយបើកចំហនោះទេ។ វាមិនមែនជារឿងដែលអាចត្រូវបានញែកដឹងតាមរយៈរូបរាងខាងក្រៅ ការបញ្ចេញទឹកមុខ ឬសកម្មភាពឡើយ។ ផ្ទុយទៅវិញ គំនិតទាំងអស់នេះត្រូវបានលាក់បាំង ទុកនៅក្នុងចិត្ត ដែលអ្នកដទៃមិនអាចដឹងបាន ហើយវាពិបាកនឹងញែកដឹងថាពួកគេកំពុងគិតអ្វី តាមរយៈការបញ្ចេញទឹកមុខ និងសកម្មភាពរបស់ពួកគេណាស់។ នេះហើយដែលហៅថា ការឈ្លបមើល។ នេះគឺជាអាកប្បកិរិយាចំពោះព្រះបន្ទូលរបស់ព្រះជាម្ចាស់ ដែលមិនអាចលេចមកជាសាធារណៈដោយបើកចំហបានឡើយ។ វាច្បាស់ណាស់ថាជាអាកប្បកិរិយាមួយដែលមិនត្រឹមត្រូវ។ វាគឺជាអាកប្បកិរិយានៃការប្រព្រឹត្តចំពោះព្រះបន្ទូលរបស់ព្រះជាម្ចាស់ ពីទស្សនៈរបស់ភាគីទីបី ពីទស្សនៈប្រទូសរ៉ាយ ពីទស្សនៈនៃការសង្កេតមើលដោយស្ទាក់ស្ទើរ ការពិនិត្យពិច័យ ការសង្ស័យ និងការទាស់ទទឹង។ តាមរយៈឥរិយាបថទាំងនេះ តើគេអាចនិយាយបានដែរឬទេថា ការដែលពួកទទឹងនឹងព្រះគ្រីស្ទឈ្លបមើលថាតើព្រះបន្ទូលរបស់ព្រះជាម្ចាស់នឹងក្លាយជាការពិតឬអត់ គឺជាការបង្ហាញចេញនៃការប្រមាថព្រះបន្ទូលរបស់ព្រះជាម្ចាស់ ដែលមានលក្ខណៈធ្ងន់ធ្ងរនោះ? (អាច។) ការដែលពួកទទឹងនឹងព្រះគ្រីស្ទឈ្លបមើលថាតើព្រះបន្ទូលរបស់ព្រះជាម្ចាស់នឹងក្លាយជាការពិតឬអត់ ឆ្លុះបញ្ចាំងពីនិស្ស័យរបស់ពួកគេ និងអាកប្បកិរិយាពិតប្រាកដរបស់ពួកគេចំពោះព្រះបន្ទូលរបស់ព្រះជាម្ចាស់ ដែលត្រូវបានបញ្ចេញឱ្យឃើញនៅក្នុងចិត្ត គំនិត និងមតិដែលពួកគេលាក់ទុកដោយសម្ងាត់។
តើព្រះបន្ទូលណាខ្លះរបស់ព្រះជាម្ចាស់ ដែលពួកទទឹងនឹងព្រះគ្រីស្ទឈ្លបមើល? តាមទស្សនៈរបស់ពួកគេ តើព្រះបន្ទូលណាខ្លះរបស់ព្រះជាម្ចាស់ ដែលស័ក្ដិសមនឹងឱ្យពួកគេពិនិត្យពិច័យ និងវិភាគយ៉ាងស៊ីជម្រៅដោយសម្ងាត់នោះ? ពោលគឺ តើខ្លឹមសារជាក់លាក់ណាខ្លះដែលព្រះជាម្ចាស់បានមានព្រះបន្ទូល ដែលពួកទទឹងនឹងព្រះគ្រីស្ទចាប់អារម្មណ៍ជាពិសេស ស្របពេលដែលពួកគេសង្ស័យ និងសង្កេតមើលខ្លឹមសារទាំងនោះជារឿយៗដោយស្ទាក់ស្ទើរនៅក្នុងចិត្តរបស់ពួកគេ? តើព្រះបន្ទូលណាខ្លះរបស់ព្រះជាម្ចាស់ ដែលពួកទទឹងនឹងព្រះគ្រីស្ទជឿថា ស័ក្ដិសមនឹងចំណាយពេលវេលា និងកម្លាំងកាយចិត្តដើម្បីឈ្លបមើលនៅក្នុងចិត្តរបស់ពួកគេ? (គឺទំនាយ និងអាថ៌កំបាំងមួយចំនួនរបស់ព្រះជាម្ចាស់ ព្រមទាំងព្រះបន្ទូលដែលទាក់ទងនឹងអនាគត វាសនា និងគោលដៅរបស់មនុស្ស។) ទំនាយ គោលដៅ អាថ៌កំបាំង ទាំងនេះជារឿងដែលមនុស្សភាគច្រើនខ្វល់ខ្វាយ ហើយរឹតតែជារឿងដែលពួកទទឹងនឹងព្រះគ្រីស្ទមិនអាចទម្លាក់ចោលបានជាដាច់ខាត នៅក្នុងជម្រៅចិត្តរបស់ពួកគេ។ ជាពិសេស តើព្រះបន្ទូលណាខ្លះរបស់ព្រះជាម្ចាស់ ដែលពួកទទឹងនឹងព្រះគ្រីស្ទខ្វល់ខ្វាយគួរសម ហើយឧស្សាហ៍ឈ្លបមើលនៅក្នុងចិត្តរបស់ពួកគេ? ដោយសារវាពាក់ព័ន្ធនឹងការដែលថា តើព្រះបន្ទូលទាំងនេះនឹងក្លាយជាការពិតឬអត់ តើព្រះបន្ទូលទាំងនេះនឹងត្រូវបានសម្រេចឬអត់ តើពួកគេនឹងឃើញការសម្រេចនៃព្រះបន្ទូលទាំងនេះជាការពិតឬអត់ ដូច្នេះ អ្វីដែលពួកទទឹងនឹងព្រះគ្រីស្ទខ្វល់ខ្វាយ គឺប្រាកដជាសេចក្ដីសន្យាដែលព្រះជាម្ចាស់បានធ្វើចំពោះមនុស្សជាតិហើយ តើមែនទេ? (មែនហើយ។) ព្រមទាំងព្រះបន្ទូលដែលទាក់ទងនឹងការដែលព្រះជាម្ចាស់ដាក់បណ្ដាសា និងដាក់ទោសមនុស្ស ការដាក់ទោសមនុស្សអាក្រក់ ការដាក់ទោសអស់អ្នកណាដែលប្រឆាំងនឹងព្រះបន្ទូលរបស់ព្រះជាម្ចាស់ផងដែរ។ បន្ទាប់មក គឺមានទំនាយអំពីភយន្តរាយ តើនេះមិនមែនជាផ្នែកមួយដែលពួកទទឹងនឹងព្រះគ្រីស្ទខ្វល់ខ្វាយដែរទេឬ? (មែនហើយ។) តើមានអ្វីទៀត? (គឺព្រះបន្ទូលអំពីពេលដែលព្រះជាម្ចាស់នឹងយាងចេញពីផែនដី។) ពេលដែលព្រះជាម្ចាស់នឹងយាងចេញពីផែនដី ពេលដែលព្រះជាម្ចាស់នឹងទទួលបានសិរីល្អ ពេលដែលកិច្ចការដ៏អស្ចារ្យរបស់ព្រះជាម្ចាស់នឹងត្រូវបានបញ្ចប់ ពេលដែលព្រះជាម្ចាស់នឹងបញ្ចប់មនុស្សជាតិនេះ តើមែនទេ? (មែនហើយ។) តើសរុបមានប៉ុន្មានចំណុច? (មានបួនចំណុច។) ទីមួយគឺ ព្រះបន្ទូលនៃសេចក្ដីសន្យា និងព្រះពររបស់ព្រះជាម្ចាស់ចំពោះមនុស្ស។ ទីពីរគឺ ព្រះបន្ទូលនៃបណ្ដាសា និងការដាក់ទោសរបស់ព្រះជាម្ចាស់ចំពោះមនុស្ស។ ទីបីគឺ ព្រះបន្ទូលរបស់ព្រះជាម្ចាស់ដែលព្យាករអំពីភយន្តរាយ។ ទីបួនគឺ ព្រះបន្ទូលរបស់ព្រះជាម្ចាស់អំពីពេលដែលទ្រង់នឹងយាងចេញពីផែនដី ហើយកិច្ចការដ៏អស្ចារ្យរបស់ទ្រង់ត្រូវបានបញ្ចប់។ ហើយមានចំណុចមួយទៀតដែលសំខាន់បំផុត ជាប្រភេទនៃព្រះបន្ទូលរបស់ព្រះជាម្ចាស់ដែលពួកទទឹងនឹងព្រះគ្រីស្ទចង់ឈ្លបមើលជាពិសេស នោះគឺព្រះបន្ទូលរបស់ព្រះជាម្ចាស់អំពីនិស្ស័យរបស់ទ្រង់ អត្តសញ្ញាណរបស់ទ្រង់ និងសារជាតិរបស់ទ្រង់។ ហេតុអ្វីបានជាបន្ថែមចំណុចចុងក្រោយនេះ? ពួកទទឹងនឹងព្រះគ្រីស្ទមិនជឿថាព្រះបន្ទូលរបស់ព្រះជាម្ចាស់នឹងក្លាយជាការពិតទេ។ ពួកគេឧស្សាហ៍ឈ្លបមើលព្រះបន្ទូលរបស់ព្រះជាម្ចាស់ ដូច្នេះ តើអ្វីជាចម្បងដែលដាស់ឱ្យពួកគេមានការសង្ស័យ ដែលនាំឱ្យពួកគេឈ្លបមើលព្រះបន្ទូលរបស់ព្រះជាម្ចាស់? ការមិនជឿជាចម្បងរបស់ពួកគេគឺទៅលើព្រះជាម្ចាស់។ ជាមូលដ្ឋាន ពួកទទឹងនឹងព្រះគ្រីស្ទគឺជាពួកអ្នកមិនជឿ ពួកគេគឺជាពួកអារក្ស។ ពួកគេសង្ស័យលើអត្ថិភាពរបស់ព្រះជាម្ចាស់ មិនជឿថាមានព្រះជាម្ចាស់នៅក្នុងពិភពលោកនេះទេ មិនជឿលើអត្ថិភាពរបស់ព្រះជាម្ចាស់ ហើយក៏មិនជឿលើអ្វីៗគ្រប់យ៉ាងដែលព្រះជាម្ចាស់ធ្វើដែរ។ ដូច្នេះ ពួកគេសង្ស័យយ៉ាងខ្លាំងចំពោះនិស្ស័យ អត្តសញ្ញាណ និងសារជាតិរបស់ព្រះជាម្ចាស់។ ដោយសារការសង្ស័យរបស់ពួកគេ តើពួកគេនឹងធ្វើអ្វី? ប្រសិនបើពួកគេអាចសង្ស័យពីអត្តសញ្ញាណ និងសារជាតិរបស់ព្រះជាម្ចាស់ ចុះចំពោះព្រះបន្ទូលដែលពាក់ព័ន្ធនឹងនិស្ស័យ អត្តសញ្ញាណ និងសារជាតិរបស់ព្រះជាម្ចាស់ តើពួកគេនឹងគ្រាន់តែអានព្រះបន្ទូលទាំងនោះដោយគ្មានការយល់ឃើញ ឬប្រតិកម្មអ្វីមែនទេ? តើពួកគេអាចជឿជាក់យ៉ាងមុតមាំ និងទទួលយកព្រះបន្ទូលទាំងនេះបានដែរឬទេ? (មិនអាចទេ។) ឧទាហរណ៍៖ ប្រសិនបើនរណាម្នាក់តែងតែសង្ស័យថាខ្លួនជាកូនចិញ្ចឹម តើគេអាចជឿថាឪពុកម្ដាយរបស់គេគឺជាឪពុកម្ដាយបង្កើតរបស់គេបានដែរឬទេ? តើគេអាចជឿថាសេចក្ដីស្រឡាញ់ ការការពារ និងការលះបង់គ្រប់យ៉ាងរបស់ឪពុកម្ដាយដើម្បីអនាគតរបស់គេ គឺជារឿងពិតប្រាកដដែរឬទេ? (មិនអាចទេ។) នៅពេលគេសង្ស័យ និងមិនជឿលើរឿងទាំងអស់នេះ តើគេមិននឹងធ្វើរឿងខ្លះដោយសម្ងាត់ទេឬ? ឧទាហរណ៍៖ ជួនកាលគេអាចនឹងលួចស្ដាប់ការសន្ទនារបស់ឪពុកម្ដាយខ្លួន ដើម្បីមើលថាតើពួកគាត់កំពុងពិភាក្សាអំពីប្រភពដើមរបស់គេឬអត់។ ជាធម្មតា គេក៏នឹងយកចិត្តទុកដាក់យ៉ាងដិតដល់ និងតែងតែសួរដេញដោលឪពុកម្ដាយរបស់គេអំពីទីកន្លែងដែលគេកើត អ្នកណាជាឆ្មបបង្កើតគេមក និងថាតើគេមានទម្ងន់ប៉ុន្មាននៅពេលកើតមក គេនឹងសួរអំពីរឿងទាំងនេះជានិច្ច។ ប្រសិនបើឪពុកម្ដាយវាយដំ ឬប្រៀនប្រដៅគេ ការសង្ស័យរបស់គេនឹងកាន់តែជ្រាលជ្រៅឡើង។ មិនថាឪពុកម្ដាយរបស់គេធ្វើអ្វីក៏ដោយ ក៏គេនឹងប្រុងប្រយ័ត្ន និងសង្ស័យជានិច្ច។ មិនថាឪពុកម្ដាយរបស់គេប្រព្រឹត្តល្អចំពោះគេយ៉ាងណាក៏ដោយ ក៏គេមិនអាចទម្លាក់ចោលនូវការប្រុងប្រយ័ត្ននៅក្នុងចិត្តរបស់ខ្លួនបានឡើយ។ ដូច្នេះ តើការប្រុងប្រយ័ត្នទាំងអស់នេះ សកម្មភាព គំនិត និងអាកប្បកិរិយាខាងក្នុងទាំងអស់នេះ មិនមែនកើតឡើងដោយសម្ងាត់ទេឬ? នៅពេលគេសង្ស័យថា តើឪពុកម្ដាយរបស់ខ្លួនគឺជាឪពុកម្ដាយបង្កើតឬអត់ គេប្រាកដជាធ្វើរឿងខ្លះនៅពីក្រោយខ្នងមិនខាន។ ហេតុដូច្នេះហើយ ដោយសារសារជាតិរបស់ពួកទទឹងនឹងព្រះគ្រីស្ទគឺជាសារជាតិរបស់ពួកអ្នកមិនជឿ ពួកគេប្រាកដជាមិនជឿ មិនទទួលស្គាល់ ឬមិនទទួលយកនិស្ស័យ អត្តសញ្ញាណ និងសារជាតិរបស់ព្រះជាម្ចាស់ឡើយ។ ជាមួយនឹងអាកប្បកិរិយានៃការមិនជឿ ការមិនទទួលស្គាល់ និងការមិនទទួលយកនេះ តើពួកគេពិតជាជឿ និងទទួលយកព្រះបន្ទូលដែលទាក់ទងនឹងនិស្ស័យ អត្តសញ្ញាណ និងសារជាតិរបស់ព្រះជាម្ចាស់ នៅក្នុងចិត្តរបស់ពួកគេដែរឬទេ? ប្រាកដណាស់គឺអត់ទេ។ ដរាបណាវាពាក់ព័ន្ធនឹងព្រះបន្ទូលអំពីនិស្ស័យ អត្តសញ្ញាណ និងសារជាតិរបស់ព្រះជាម្ចាស់ ពួកគេមានការសង្ស័យ ការប្រឆាំង និងការសង្កេតមើលដោយស្ទាក់ស្ទើរនៅក្នុងចិត្តរបស់ពួកគេ។ ចូរកុំទាន់និយាយលម្អិតអំពីទិដ្ឋភាពនេះនៅពេលនេះអី។
ការបង្ហាញចេញទាំងប្រាំនៃការដែលពួកទទឹងនឹងព្រះគ្រីស្ទឈ្លបមើលព្រះបន្ទូលរបស់ព្រះជាម្ចាស់ ដែលទើបតែត្រូវបានពិភាក្សាអម្បាញ់មិញនេះ ជាមូលដ្ឋានគឺមានលក្ខណៈទូលំទូលាយ និងជាតំណាងគួរសម។ មានខ្លឹមសារ និងចំណុចផ្ដោតជាក់លាក់នៃព្រះបន្ទូលរបស់ព្រះជាម្ចាស់ ដែលពួកទទឹងនឹងព្រះគ្រីស្ទឈ្លបមើល។ ចំណែកឯព្រះបន្ទូលជាច្រើនដែលទាក់ទងនឹងការចូលទៅក្នុងជីវិត ព្រះបន្ទូលដែលព្រះជាម្ចាស់កម្សាន្តចិត្តមនុស្ស ពន្យល់ពីអាថ៌កំបាំងមួយចំនួន ឬលាតត្រដាងពីនិស្ស័យពុករលួយរបស់មនុស្សជាដើម តើពួកទទឹងនឹងព្រះគ្រីស្ទខ្វល់ខ្វាយអំពីព្រះបន្ទូលទាំងនេះដែរឬទេ? (មិនខ្វល់ទេ។) ចំពោះពួកគេ ព្រះបន្ទូលទាំងនេះគឺមិនសំខាន់ឡើយ។ ហេតុអ្វីក៏ដូច្នេះ? ពីព្រោះពួកទទឹងនឹងព្រះគ្រីស្ទមិនស្រឡាញ់សេចក្ដីពិត មិនជឿថាព្រះបន្ទូលរបស់ព្រះជាម្ចាស់គឺជាសេចក្ដីពិត ហើយពួកគេមិនមានបំណងទទួលយកការជំនុំជម្រះ និងការដាក់ទណ្ឌកម្មរបស់ព្រះជាម្ចាស់ ឬសេចក្ដីសង្គ្រោះរបស់ព្រះជាម្ចាស់ឡើយ។ ពួកគេគ្មានគម្រោងបែបនេះទេ ដូច្នេះ ពួកគេចាត់ទុកព្រះបន្ទូលដែលទាក់ទងនឹងការផ្លាស់ប្ដូរនិស្ស័យរបស់មនុស្ស និងការចូលទៅក្នុងជីវិត ថាមិនសំខាន់ មិនស័ក្ដិសមនឹងអាន មិនស័ក្ដិសមនឹងគិត ឬទុកក្នុងចិត្តឡើយ។ ពួកគេគ្មានចំណាប់អារម្មណ៍លើព្រះបន្ទូលទាំងនេះទេ។ ពួកគេគិតថា៖ «តើព្រះបន្ទូលទាំងនោះមានទាក់ទងអ្វីនឹងអនាគត និងវាសនារបស់យើងទៅ? តើព្រះបន្ទូលទាំងនោះមានទាក់ទងអ្វីនឹងគោលដៅរបស់យើងទៅ? ព្រះបន្ទូលទាំងនោះគឺជារឿងកំប៉ិកកំប៉ុក មិនស័ក្ដិសមនឹងអាន ឬស្ដាប់ឡើយ។ ប្រសិនបើនរណាម្នាក់ពិតជាពិបាកចិត្ត ដោយគ្មានដំណោះស្រាយផ្សេង គេអាចគ្រាន់តែអានព្រះបន្ទូលទាំងនោះជាបណ្ដោះអាសន្ន ដើម្បីបំពេញភាពទទេស្អាតនៅក្នុងចិត្ត ឬដើម្បីជម្នះឧបសគ្គដ៏លំបាកខ្លាំងជាពិសេសមួយចំនួន និងដោះស្រាយការលំបាកដែលមិនអាចដោះស្រាយបាន គឺតែប៉ុណ្ណឹងឯង។ បើនិយាយថាព្រះបន្ទូលទាំងនោះអាចផ្លាស់ប្ដូរនិស្ស័យរបស់មនុស្សបាន តើវាម៉េចនឹងអាចងាយស្រួលយ៉ាងនេះទៅ?» ជាមូលដ្ឋាន ពួកគេគ្មានបំណងចង់ឱ្យនិស្ស័យរបស់ពួកគេត្រូវបានផ្លាស់ប្ដូរឡើយ គ្មានគម្រោងទទួលយកព្រះបន្ទូលរបស់ព្រះជាម្ចាស់ជាជីវិត ជាផ្លូវ ឬជាសេចក្ដីពិតឡើយ។ អ្វីដែលពួកគេចង់បាន គឺអនាគត និងគោលដៅរបស់ពួកគេ ព្រមទាំងអំណាចផងដែរ។ ដូច្នេះ ពួកគេមិនចាត់ទុកព្រះបន្ទូលបែបនេះជារឿងសំខាន់ទេ ហើយក៏មិនទុកព្រះបន្ទូលទាំងនោះក្នុងចិត្តដែរ។ តាមទស្សនៈរបស់ពួកទទឹងនឹងព្រះគ្រីស្ទ អត្ថន័យបង្កប់គឺថាព្រះបន្ទូលទាំងនេះគឺមិនស័ក្ដិសមនឹងឱ្យពួកគេពិនិត្យពិច័យតែម្ដង ហើយរឹតតែមិនស័ក្ដិសមនឹងចំណាយពេលដើម្បីវិភាគ និងស្វែងយល់់ថាតើព្រះបន្ទូលទាំងនោះគឺជាសេចក្ដីពិតឬអត់ ឬថាតើព្រះបន្ទូលទាំងនោះអាចផ្លាស់ប្ដូរមនុស្សបានឬអត់ទៅទៀត។ សម្រាប់ពួកទទឹងនឹងព្រះគ្រីស្ទ ព្រះបន្ទូលណាក៏ដោយដែលទាក់ទងនឹងវាសនា និងគោលដៅរបស់ពួកគេ អត្តសញ្ញាណផ្ទាល់ខ្លួន ឋានៈ ផលប្រយោជន៍ផ្ទាល់ខ្លួនទាំងអស់របស់ពួកគេជាដើម គឺសុទ្ធតែមានសារៈសំខាន់ ព្រះបន្ទូលទាំងនោះមានសារៈសំខាន់បំផុត។ មនុស្សមួយចំនួននិយាយថា៖ «ដោយសារពួកទទឹងនឹងព្រះគ្រីស្ទចាត់ទុកផ្នែកទាំងនេះនៃព្រះបន្ទូលរបស់ព្រះជាម្ចាស់ថាសំខាន់ខ្លាំង និងយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះព្រះបន្ទូលទាំងនេះ តើម៉េចនឹងអាចនិយាយបានថា ពួកគេកំពុងឈ្លបមើលព្រះបន្ទូលរបស់ព្រះជាម្ចាស់ទៅ? តើនេះមិនមែនជាការចោទប្រកាន់ខុសបន្តិចទេឬ? តើនេះមិនមែនជារឿងហួសហេតុ និងមិនសូវសមរម្យទេឬ?» (អត់ទេ។ ពួកទទឹងនឹងព្រះគ្រីស្ទមិនជឿថាព្រះបន្ទូលរបស់ព្រះជាម្ចាស់ប្រាកដជានឹងក្លាយជាការពិត និងត្រូវបានសម្រេចនោះទេ ពួកគេមិនជឿថាព្រះជាម្ចាស់មានព្រះបន្ទូលយ៉ាងណា ទ្រង់ធ្វើយ៉ាងនោះ ហើយព្រះអង្គមានព្រះបន្ទូលយ៉ាងណា ក៏សម្រេចយ៉ាងនោះមែនឡើយ។ ពួកគេមិនអានព្រះបន្ទូលរបស់ព្រះជាម្ចាស់ដោយផ្នត់គំនិតនៃជំនឿ និងការទទួលស្គាល់នោះទេ ប៉ុន្តែកំពុងសង្កេតមើលថាតើព្រះបន្ទូលរបស់ព្រះជាម្ចាស់ពិតជាអាចក្លាយជាការពិតឬអត់។) តើដូច្នេះមែនទេ? (មែនហើយ។) ពួកទទឹងនឹងព្រះគ្រីស្ទឱ្យតម្លៃលើព្រះបន្ទូលទាំងនេះ ពីព្រោះព្រះបន្ទូលទាំងនេះអាចបំពេញបំណងប្រាថ្នារបស់ពួកគេបាន។ លើសពីនេះ ប្រសិនបើព្រះបន្ទូលទាំងនេះត្រូវបានសម្រេច វានឹងបំពេញមហិច្ឆតារបស់ពួកគេ។ ប្រសិនបើពួកគេក្ដាប់ព្រះបន្ទូលទាំងនេះបាន ហើយប្រកាន់ខ្ជាប់នូវព្រះបន្ទូលទាំងនេះ នោះនៅពេលព្រះបន្ទូលទាំងនេះក្លាយជាការពិត ពួកគេបានភ្នាល់លើរឿងដែលត្រឹមត្រូវ ហើយការដើរតាមព្រះជាម្ចាស់នឹងក្លាយជាការសម្រេចចិត្តដ៏ត្រឹមត្រូវសម្រាប់ពួកគេ។ ក៏ប៉ុន្តែ ការដែលពួកគេឱ្យតម្លៃលើព្រះបន្ទូលទាំងនេះ មិនមែនមានន័យថាពួកគេអាចទទួលយកព្រះបន្ទូលទាំងនេះជាសេចក្ដីពិតពីក្នុងជម្រៅចិត្ត ថាជាព្រះបន្ទូលដែលមកពីព្រះជាម្ចាស់នោះទេ ហើយក៏មិនអាចនិយាយបានថា ពួកគេទទួលយកព្រះបន្ទូលទាំងនេះជាព្រះបន្ទូលរបស់ព្រះជាម្ចាស់នៅក្នុងចិត្តរបស់ពួកគេដែរ។ ផ្ទុយទៅវិញ ខណៈដែលពួកគេឱ្យតម្លៃលើព្រះបន្ទូលទាំងនេះ ពួកគេមានការសង្ស័យនៅក្នុងចិត្តចំពោះព្រះបន្ទូលទាំងនេះ ពួកគេគ្រាន់តែសង្កេតមើលដោយស្ទាក់ស្ទើរប៉ុណ្ណោះ។ គេក៏អាចនិយាយបានដែរថា ព្រះបន្ទូលទាំងនេះអាចក្លាយជាភស្តុតាង និងជាលេសសម្រាប់ពួកគេ ដើម្បីបដិសេធព្រះជាម្ចាស់ និងបដិសេធដំណាក់កាលនៃកិច្ចការរបស់ព្រះជាម្ចាស់នេះនៅពេលណាមួយ នៅគ្រប់ពេលវេលា និងគ្រប់ទីកន្លែង។ ពួកគេតែងតែសង្កេតមើលយ៉ាងយកចិត្តទុកដាក់ជានិច្ច ដើម្បីមើលថាតើក្នុងអំឡុងដំណាក់កាលនីមួយៗនៃកិច្ចការរបស់ព្រះជាម្ចាស់ និងគ្រប់សម័យកាលដែលព្រះជាម្ចាស់ដឹកនាំមនុស្សឱ្យឆ្លងកាត់ ព្រះបន្ទូលទាំងនេះកំពុងត្រូវបានសម្រេច និងក្លាយជាការពិតឬអត់។ ច្បាស់ណាស់ថា ពួកទទឹងនឹងព្រះគ្រីស្ទតែងតែផ្ដោតជានិច្ចទៅលើការដែលថា តើព្រះបន្ទូលរបស់ព្រះជាម្ចាស់ក្លាយជាការពិតឬអត់។ ក្នុងអំឡុងពេលនេះ អាកប្បកិរិយានៃការប្រទូសរ៉ាយរបស់ពួកគេចំពោះព្រះជាម្ចាស់ ការទាស់ទទឹងនឹងព្រះជាម្ចាស់ និងការពិនិត្យពិច័យ ព្រមទាំងការវិភាគលើព្រះជាម្ចាស់ មិនដែលផ្លាស់ប្ដូរឡើយ។ ពួកគេប្រទូសរ៉ាយ និងពិនិត្យពិច័យព្រះជាម្ចាស់ ដោយតែងតែឈ្លបមើលរាល់សកម្មភាព និងព្រះបន្ទូលរបស់ព្រះជាម្ចាស់នៅក្នុងចិត្តរបស់ពួកគេ។ ស្របពេលជាមួយគ្នានេះ ពួកគេក៏ប៉ុនប៉ងថ្កោលទោសព្រះជាម្ចាស់ និងកិច្ចការរបស់ព្រះជាម្ចាស់ផងដែរ។ តើនេះមិនមែនជាការបង្ហាញចេញដ៏ជាប់លាប់របស់ពួកទទឹងនឹងព្រះគ្រីស្ទដែលទាស់ទទឹងនឹងព្រះជាម្ចាស់ទេឬ? (មែនហើយ។) តាមរយៈការបង្ហាញចេញទាំងនេះរបស់ពួកទទឹងនឹងព្រះគ្រីស្ទ តើមានតម្រុយណាមួយនៃការទទួលយកព្រះបន្ទូលរបស់ព្រះជាម្ចាស់ដែរឬទេ? តើមានតម្រុយណាមួយនៃការចុះចូលដែរឬទេ? តើមានចំណុចណាមួយនៃការប្រព្រឹត្តចំពោះព្រះជាម្ចាស់ជាព្រះជាម្ចាស់ដែរឬទេ? (គ្មានទេ។) បន្ទាប់មកទៀត យើងនឹងប្រកបគ្នាអំពីចំណុចទាំងនេះម្ដងមួយៗ។
១. ការឈ្លបមើលព្រះបន្ទូលនៃសេចក្ដីសន្យា និងព្រះពររបស់ព្រះជាម្ចាស់ចំពោះមនុស្ស
ចំណុចទីមួយគឺ ពួកទទឹងនឹងព្រះគ្រីស្ទឈ្លបមើលព្រះបន្ទូលនៃសេចក្ដីសន្យា និងព្រះពររបស់ព្រះជាម្ចាស់។ ចាប់តាំងពីព្រះជាម្ចាស់បានចាប់ផ្ដើមកិច្ចការរបស់ទ្រង់ និងបានមានព្រះបន្ទូលមក ទ្រង់បានថ្លែងយ៉ាងច្រើនប្រាប់មនុស្សជាតិ រាស្ដ្ររើសតាំងរបស់ទ្រង់ និងអស់អ្នកដែលស្ដាប់ព្រះបន្ទូលរបស់ទ្រង់ អំពីព្រះពរ និងព្រះគុណណាខ្លះដែលទ្រង់នឹងប្រទានដល់មនុស្ស អំពីព្រះពរអ្វីខ្លះដែលទ្រង់សន្យាដល់មនុស្ស ជាដើម។ នៅក្នុងសម័យកាល ឱកាស ឬបរិបទផ្សេងៗគ្នា ព្រះជាម្ចាស់ថ្លែងប្រាប់អ្នកដើរតាមទ្រង់អំពីព្រះពរ និងសេចក្ដីសន្យា ដោយថ្លែងប្រាប់ពួកគេថា ប្រសិនបើពួកគេសម្រេចបានរឿងជាក់លាក់ណាមួយ ព្រះជាម្ចាស់នឹងប្រទានពរដល់ពួកគេតាមរបៀបជាក់លាក់ ហើយពួកគេនឹងទទួលបានព្រះពរ និងសេចក្ដីសន្យាជាក់លាក់ ។ល។ មិនថាព្រះជាម្ចាស់បានមានព្រះបន្ទូលទាំងនេះនៅក្នុងសម័យកាលណា ឬព្រះជាម្ចាស់បានប្រទានសេចក្ដីសន្យាបែបនេះដល់អ្នកណានោះទេ ក៏ព្រះបន្ទូលទាំងនេះត្រូវបានថ្លែងឡើងនៅក្នុងបរិបទជាក់លាក់ និងនៅក្នុងមជ្ឈដ្ឋានជាក់លាក់ណាមួយ។ លើសពីនេះ សេចក្ដីសន្យា និងព្រះពរដែលព្រះជាម្ចាស់ប្រទានដល់មនុស្ស គឺទាក់ទងនឹងការបង្ហាញចេញជាវិជ្ជមានរបស់ពួកគេ ដូចជាការដេញតាមសេចក្ដីពិត ការផ្លាស់ប្ដូរនិស្ស័យ និងការចុះចូលពិតប្រាកដចំពោះព្រះជាម្ចាស់។ ដោយបង្កប់ន័យ សេចក្ដីសន្យា និងព្រះពររបស់ព្រះជាម្ចាស់ចំពោះមនុស្ស គឺមានលក្ខខណ្ឌ។ មនុស្សមិនមានសិទ្ធិសម្រេចចុងក្រោយលើលក្ខខណ្ឌទាំងនេះទេ ហើយវាក៏មិនត្រូវបានកំណត់ទៅតាមសញ្ញាណ និងការស្រមើស្រមៃរបស់មនុស្សដែរ។ ផ្ទុយទៅវិញ លក្ខខណ្ឌទាំងនេះត្រូវបានកំណត់ទៅតាមស្ដង់ដា និងសេចក្ដីតម្រូវរបស់ព្រះជាម្ចាស់ ដែលពាក់ព័ន្ធនឹងគោលការណ៍ និងច្បាប់ជាក់លាក់។ ទាក់ទងនឹងរបៀបដែលព្រះបន្ទូលរបស់ព្រះជាម្ចាស់ក្លាយជាការពិត លេចចេញជារូបរាង និងត្រូវបានសម្រេចនៅក្នុងមនុស្សផ្សេងៗគ្នា វាមិនត្រូវបានធ្វើឡើងដោយព្រះជាម្ចាស់តាមតែអំពើចិត្តជាដាច់ខាត ផ្ទុយទៅវិញ វាមានមូលដ្ឋានសម្រាប់រឿងនេះ។ អំពើដូចគ្នាដែលធ្វើឡើងដោយមនុស្សផ្សេងគ្នា អាចបណ្ដាលឱ្យមានការប្រព្រឹត្តខុសគ្នាពីព្រះជាម្ចាស់។ ឧទាហរណ៍៖ ប្រហែលជាមានមនុស្សពីរនាក់ដែលម្នាក់ៗដឹកនាំពួកជំនុំមួយ។ អ្នកទីមួយទទួលបានការបំភ្លឺ និងការស្រាយបំភ្លឺជារឿយៗ ហើយច្រើនតែស៊ូទ្រាំនឹងសេចក្ដីប្រៀនប្រដៅ ដែលនាំឱ្យមានការលូតកម្ពស់យ៉ាងឆាប់រហ័ស។ ផ្ទុយទៅវិញ អ្នកទីពីរអាចនឹងរាងស្ពឹកស្រពន់ និងយឺតយ៉ាវក្នុងការឆ្លើយតប ដែលនាំឱ្យមានការរីកចម្រើនយឺតយ៉ាវ។ តាមទស្សនៈរបស់មនុស្ស មនុស្សពីរនាក់នេះដែលបំពេញកិច្ចការដូចគ្នា និងបង្ហាញឥរិយាបថស្រដៀងគ្នា គួរតែទទួលបានព្រះពរ និងការប្រព្រឹត្តដូចគ្នាពីព្រះជាម្ចាស់។ ក៏ប៉ុន្តែ បើនិយាយពីការចូលទៅក្នុងជីវិតដែលពួកគេដកបទពិសោធ និងទទួលបានក្នុងការបំពេញភារកិច្ច និងនៅក្នុងជីវិតរបស់ពួកគេ ឬព្រះគុណខាងក្រៅដែលពួកគេទទួលបាន វានឹងមានភាពខុសគ្នាយ៉ាងច្បាស់លាស់។ ជាការពិតណាស់ «ភាពខុសគ្នាយ៉ាងច្បាស់លាស់» ទាំងនេះ មិនមែនជារឿងដែលចៀសមិនផុតនោះទេ។ ដូច្នេះ តើព្រះជាម្ចាស់បែងចែកអ្វីដែលហៅថាព្រះពរ និងការប្រព្រឹត្តខុសៗគ្នា ឬការបំភ្លឺ ការស្រាយបំភ្លឺ និងអត្ថប្រយោជន៍ផ្សេងៗទៀតដែលមនុស្សទទួលបានពីព្រះជាម្ចាស់ដោយរបៀបណា? ព្រះជាម្ចាស់មានរបៀបផ្សេងៗគ្នាក្នុងការរប្រព្រឹត្តចំពោះមនុស្សផ្សេងៗគ្នា។ មនុស្សមួយចំនួនខ្ជិលច្រអូស ឥតប្រយោជន៍ ចូលចិត្តប្រកួតប្រជែង និងច្រណែនឈ្នានីស ហើយទោះបីជាពួកគេសុខចិត្តលះបង់ខ្លួន និងស៊ូទ្រាំនឹងទុក្ខលំបាកខ្លះពីសំបកក្រៅក៏ដោយ ក៏ពួកគេគ្រាន់តែមិនអាចទទួលយក ឬអនុវត្តសេចក្ដីពិតបានឡើយ។ ម្យ៉ាងវិញទៀត មនុស្សមួយចំនួនមានភាពឧស្សាហ៍ព្យាយាម។ ទោះបីជាពួកគេមាននិស្ស័យពុករលួយដូចគ្នាក៏ដោយ ក៏ពួកគេមានភាពស្មោះត្រង់ និងបន្ទាបខ្លួនគួរសមដែរ។ ពួកគេអាចទទួលយកសេចក្ដីពិត និងទទួលយកការលួសកាត់បាន។ ពួកគេទទួលយក និងស្វែងយល់យ៉ាងស្មោះអស់ពីចិត្តនូវអ្វីគ្រប់យ៉ាងដែលព្រះជាម្ចាស់មានព្រះបន្ទូល និងគ្រប់មជ្ឈដ្ឋានដែលព្រះជាម្ចាស់រៀបចំសម្រាប់ពួកគេ ស្របពេលដែលពួកគេក៏ប្រព្រឹត្តចំពោះរឿងនេះដោយភាពស្មោះអស់ពីចិត្តផងដែរ។ ដូច្នេះ ពីខាងក្រៅ មនុស្សពីរនាក់អាចនឹងកំពុងធ្វើកិច្ចការដូចគ្នា ហើយទំហំកិច្ចការអាចនឹងស្រដៀងគ្នា ប៉ុន្តែព្រះជាម្ចាស់នឹងប្រទានព្រះពរខុសៗគ្នា ព្រមទាំងការបំភ្លឺ និងការស្រាយបំភ្លឺខុសៗគ្នា ដោយផ្អែកលើនិស្ស័យ និងការដេញតាមខុសៗគ្នារបស់ពួកគេ។ មើលពីសំបកក្រៅ បុគ្គលដែលទទួលបានការបំភ្លឺ និងការស្រាយបំភ្លឺ អាចនឹងរងទុក្ខច្រើនជាង និងច្រើនតែស៊ូទ្រាំនឹងសេចក្ដីប្រៀនប្រដៅ ប៉ុន្តែអ្វីដែលគេទទួលបានក៏ធំធេងជាងដែរ។ ផ្ទុយទៅវិញ បុគ្គលដែលស្ពឹកស្រពន់ និងល្ងង់ខ្លៅ ប្រឈមមុខនឹងសេចក្ដីប្រៀនប្រដៅតិចជាង រងទុក្ខតិចជាង ហើយហេតុនេះ ការលូតលាស់ជីវិតរបស់គេយឺតជាង ហើយគេក៏ទទួលបានតិចជាងដែរ។ ជាសារជាតិ តើបុគ្គលណាដែលពិតជាទទួលបានព្រះពរ និងសេចក្ដីសន្យារបស់ព្រះជាម្ចាស់? (អ្នកដែលរងទុក្ខច្រើនជាង និងច្រើនតែទទួលបានសេចក្ដីប្រៀនប្រដៅ។) វាអាចនឹងមើលទៅហាក់ដូចជាបុគ្គលដែលទទួលបានសេចក្ដីសន្យា និងព្រះពររបស់ព្រះជាម្ចាស់ ត្រូវបានប្រៀនប្រដៅ ឧស្សាហ៍ប្រឈមមុខនឹងឧបសគ្គ បញ្ចេញឱ្យឃើញសេចក្ដីពុករលួយ និងត្រូវបានលាតត្រដាង ប៉ុន្តែគេច្រើនតែទទួលបានការបំភ្លឺ និងការស្រាយបំភ្លឺរបស់ព្រះជាម្ចាស់។ ម្យ៉ាងវិញទៀត បុគ្គលដែលមិនត្រូវបានប្រៀនប្រដៅ រស់នៅក្នុងជីវិតដ៏សុខស្រួល រីករាយ និងមានសេរីភាព។ នៅពេលគេខ្ជិលច្រអូស គេមិនប្រឈមមុខនឹងសេចក្ដីប្រៀនប្រដៅទេ។ នៅពេលគេច្រណែនឈ្នានីស គេមិនប្រឈមមុខនឹងសេចក្ដីប្រៀនប្រដៅទេ។ នៅពេលគេគ្មានការទទួលខុសត្រូវក្នុងកិច្ចការរបស់ខ្លួន គេមិនប្រឈមមុខនឹងសេចក្ដីប្រៀនប្រដៅទេ។ គេថែមទាំងសោយសុខនឹងអត្ថប្រយោជន៍នៃឋានៈ និងរស់នៅយ៉ាងសុខស្រួលទៀតផង។ តើមនុស្សដែលមានការយល់ដឹងខាងវិញ្ញាណ ដែលយល់ដឹងពីរឿងរ៉ាវយ៉ាងបរិសុទ្ធ និងស្រឡាញ់អ្វីៗដែលវិជ្ជមាន ចូលចិត្តអ្នកណាជាង? ពួកគេចូលចិត្តបុគ្គលដែលស៊ូទ្រាំនឹងការត្រូវបានប្រៀនប្រដៅ ឧស្សាហ៍ប្រឈមមុខនឹងឧបសគ្គ ហើយអាចទទួលបានការបំភ្លឺ និងការស្រាយបំភ្លឺ។ ពួកគេចាត់ទុកបុគ្គលបែបនេះថាជាអ្នកដែលទទួលបានព្រះពរពិតប្រាកដពីព្រះជាម្ចាស់។ អស់អ្នកដែលដេញតាមសេចក្ដីពិត ប្រាថ្នាចង់ក្លាយជាបុគ្គលបែបនេះ។ ពួកគេសុខចិត្តរស់នៅចំពោះព្រះជាម្ចាស់ជានិច្ច ទោះបីជាវាមានន័យថាត្រូវទទួលបានសេចក្ដីប្រៀនប្រដៅ និងការវាយផ្ចាលរបស់ព្រះជាម្ចាស់ជាញឹកញាប់ក៏ដោយ។ ពួកគេជឿថា នេះគឺជាព្រះពររបស់ព្រះជាម្ចាស់ និងជាសេចក្ដីសន្យាពិតប្រាកដរបស់ព្រះជាម្ចាស់។ ការមានបទពិសោធ និងការទទួលបានទាំងនេះ បញ្ជាក់ពីអត្ថិភាពនៃព្រះពរ និងសេចក្ដីសន្យាដែលព្រះជាម្ចាស់បានមានព្រះបន្ទូល។ ប៉ុន្តែ តើពួកទទឹងនឹងព្រះគ្រីស្ទមើលឃើញរឿងនេះយ៉ាងដូចម្ដេច? ពួកទទឹងនឹងព្រះគ្រីស្ទមិនវាស់ស្ទង់ព្រះពរ និងសេចក្ដីសន្យារបស់ព្រះជាម្ចាស់ ដោយផ្អែកលើថាតើបុគ្គលម្នាក់យល់ពីសេចក្ដីពិតកម្រិតណា ថាតើគេទទួលបានសេចក្ដីពិតច្រើនប៉ុនណា ឬថាតើគេទទួលបានផលចំណេញជាវិជ្ជមានប៉ុន្មាននោះទេ។ ផ្ទុយទៅវិញ ពួកគេវាស់ស្ទង់ថាតើទទួលបានច្រើនប៉ុនណា ពីទស្សនៈនៃអត្ថប្រយោជន៍ខាងសាច់ឈាម និងផលប្រយោជន៍ខាងសម្ភារៈ។ តើអ្នករាល់គ្នាគិតថា ពួកទទឹងនឹងព្រះគ្រីស្ទច្រណែននឹងបុគ្គលណា? (គឺបុគ្គលដែលមិនស៊ូទ្រាំនឹងសេចក្ដីប្រៀនប្រដៅ។) ពួកទទឹងនឹងព្រះគ្រីស្ទច្រណែននឹងបុគ្គលដែលខ្ជិលច្រអូស និងមិនស្មោះត្រង់ ដែលមិនប្រឈមមុខនឹងសេចក្ដីប្រៀនប្រដៅណាមួយ ហើយរីករាយនឹងអត្ថប្រយោជន៍នៃឋានៈ។ ការដែលពួកទទឹងនឹងព្រះគ្រីស្ទច្រណែននឹងបុគ្គលបែបនេះ បញ្ជាក់ថារបៀបដែលពួកគេយល់ឃើញពីរឿងរ៉ាវ មានបញ្ហាហើយ។ នេះត្រូវបានកំណត់ដោយសារជាតិធម្មជាតិរបស់ពួកគេ។
តើពួកទទឹងនឹងព្រះគ្រីស្ទឈ្លបមើលថាតើព្រះបន្ទូលនៃសេចក្ដីសន្យា និងព្រះពររបស់ព្រះជាម្ចាស់ចំពោះមនុស្សក្លាយជាការពិតឬអត់ ដោយរបៀបណា? នៅពេលព្រះបន្ទូលរបស់ព្រះជាម្ចាស់ចែងថា តើទ្រង់ប្រទានព្រះពរដល់អ្នកណា អ្នកណាទទួលបានសេចក្ដីសន្យារបស់ទ្រង់ ហើយអ្នកណាអាចទទួលបានសេចក្ដីសន្យាពីព្រះជាម្ចាស់ តើពួកទទឹងនឹងព្រះគ្រីស្ទសង្កេតមើលរឿងនេះយ៉ាងដូចម្ដេច? ពួកគេនិយាយថា៖ «មនុស្សដែលលះបង់ដើម្បីព្រះជាម្ចាស់ ទទួលបានការបំភ្លឺ និងការស្រាយបំភ្លឺ មានសេចក្ដីប្រៀនប្រដៅ និងការណែនាំពីព្រះជាម្ចាស់ ហើយនោះត្រូវបានចាត់ទុកថាជាការទទួលបានព្រះពរមែនទេ? ការត្រូវបានប្រៀនប្រដៅ គឺជាព្រះពររបស់ព្រះជាម្ចាស់មែនទេ? មានតែមនុស្សល្ងង់ប៉ុណ្ណោះដែលគិតបែបនេះ! តើនេះមិនមែនជាការខាតបង់ទេឬ? តើនេះមិនមែនជាការបំផ្លាញកេរ្តិ៍ឈ្មោះរបស់ខ្លួនទេឬ? ហើយនោះហៅថាព្រះពររបស់ព្រះជាម្ចាស់មែនទេ? តើនេះជារបៀបដែលព្រះបន្ទូលរបស់ព្រះជាម្ចាស់ក្លាយជាការពិត និងត្រូវបានសម្រេចមែនទេ? ប្រសិនបើដូច្នេះមែន នោះខ្ញុំមិនចង់ក្លាយជាមនុស្សបែបនេះទេ ខ្ញុំមិនចង់ដេញតាមការរងទុក្ខ និងការលះបង់ឡើយ។ ខ្ញុំមិនទទួលយករបៀបធ្វើការបែបនេះរបស់ព្រះជាម្ចាស់ទេ តើនេះជាសេចក្ដីពិតបែបណាទៅ? តើការធ្វើបែបនោះអាចត្រូវបានចាត់ទុកថាជាការសង្គ្រោះមនុស្សយ៉ាងម៉េចកើតទៅ?» ការប្រឆាំងកើតឡើងនៅក្នុងចិត្តរបស់ពួកគេ។ ពួកគេមិនទទួលយកការដែលព្រះជាម្ចាស់ប្រទានព្រះពរ និងដឹកនាំមនុស្សតាមរបៀបនេះទេ ពួកគេមិនទទួលយកការដែលព្រះជាម្ចាស់ប្រទានជីវិតដល់មនុស្សតាមរបៀបនេះទេ ហើយក៏មិនទទួលយកការដែលព្រះជាម្ចាស់បញ្ជ្រាបសេចក្ដីពិតទៅក្នុងមនុស្សតាមរបៀបនេះដែរ។ ជាការពិតណាស់ ក៏ប្រហែលជាមានមនុស្សបែបនេះនៅជុំវិញពួកទទឹងនឹងព្រះគ្រីស្ទដែរ ដែលចាប់តាំងពីជឿលើព្រះជាម្ចាស់មក មុខជំនួញរបស់ពួកគេមានការរីកចម្រើន រកលុយបានច្រើន ទិញឡាន និងផ្ទះ ហើយជីវិតខាងសម្ភារៈរបស់ពួកគេមានភាពប្រសើរឡើង ក្លាយជាអ្នកមានទ្រព្យ។ ពេលឃើញដូច្នេះ ពួកទទឹងនឹងព្រះគ្រីស្ទគិតថា៖ «បន្ទាប់ពីជឿលើព្រះជាម្ចាស់មក ពួកគេទទួលបានព្រះពរ និងរីករាយនឹងព្រះគុណរបស់ព្រះជាម្ចាស់។ តាមរយៈការពិតទាំងនេះ មើលទៅហាក់ដូចជាសេចក្ដីសន្យា និងព្រះពររបស់ព្រះជាម្ចាស់ចំពោះមនុស្ស ត្រូវបានសម្រេចនៅក្នុងមនុស្សបែបនេះ។ ព្រះបន្ទូលរបស់ព្រះជាម្ចាស់បានក្លាយជាការពិតហើយ។ មើលទៅហាក់ដូចជាព្រះបន្ទូលរបស់ព្រះជាម្ចាស់ពិតជាមានសិទ្ធិអំណាចមែន។ ការទទួលយកដំណាក់កាលនេះនៃកិច្ចការរបស់ព្រះជាម្ចាស់គឺជារឿងត្រឹមត្រូវ ហើយមនុស្សម្នាក់អាចទទួលបានព្រះពរយ៉ាងធំធេង អ្វីៗនឹងប្រព្រឹត្តទៅយ៉ាងរលូន ហើយមនុស្សម្នាក់អាចទទួលបានព្រះគុណពីព្រះជាម្ចាស់»។ បន្ទាប់ពីបានមើលឃើញការពិតបែបនេះ នៅក្នុងចិត្តរបស់ពួកគេ ពួកទទឹងនឹងព្រះគ្រីស្ទមានការទទួលស្គាល់ និងជំនឿបណ្ដោះអាសន្នបន្តិចបន្តួចលើសេចក្ដីសន្យា និងព្រះពររបស់ព្រះជាម្ចាស់។ ជាការពិតណាស់ ការទទួលស្គាល់ និងជំនឿនេះ គួរតែមានភ្ជាប់មកជាមួយនូវកំណត់សម្គាល់ក្នុងវង់ក្រចកដែលបញ្ជាក់ថា «រង់ចាំការផ្ទៀងផ្ទាត់បន្ថែមទៀត»។ នៅក្នុងជីវិតប្រចាំថ្ងៃរបស់ពួកគេ ពួកទទឹងនឹងព្រះគ្រីស្ទបន្តសង្កេតមើល និងប្រមូលភស្តុតាងផ្សេងៗ ដើម្បីផ្ទៀងផ្ទាត់ថាព្រះពរ និងសេចក្ដីសន្យារបស់ព្រះជាម្ចាស់កំពុងក្លាយជាការពិត និងត្រូវបានសម្រេចនៅក្នុងមនុស្សជាច្រើន។ ខណៈដែលកំពុងសង្កេតមើល ពួកទទឹងនឹងព្រះគ្រីស្ទទាំងនេះកំពុងប្រមូលភស្តុតាងនេះ ដោយព្យាយាមមើលថាតើមនុស្សណាខ្លះដែលទទួលបានព្រះពរ និងសេចក្ដីសន្យារបស់ព្រះជាម្ចាស់ តើមនុស្សទាំងនេះបានធ្វើអ្វីខ្លះ មើលអាកប្បកិរិយារបស់ពួកគេចំពោះព្រះជាម្ចាស់ របៀបដែលពួកគេដើរតាមព្រះជាម្ចាស់ និងទស្សនៈរបស់ពួកគេ។ ជាការពិតណាស់ ក្នុងអំឡុងពេលនៃការបន្តសង្កេតមើល និងប្រមូលភស្តុតាងនេះ ពួកទទឹងនឹងព្រះគ្រីស្ទក៏ប៉ុនប៉ងត្រាប់តាមឥរិយាបថ សកម្មភាព និងទស្សនៈរបស់អស់អ្នកដែលទទួលបានព្រះពរ និងសេចក្ដីសន្យារបស់ព្រះជាម្ចាស់ផងដែរ។ ប្រសិនបើពួកគេខ្លួនឯងទទួលបានព្រះពរខាងសម្ភារៈ ការផ្គត់ផ្គង់ខាងវិញ្ញាណ និងសេចក្ដីអំណរខ្លះៗ ពួកគេទទួលស្គាល់នៅក្នុងចិត្តថា៖ ««ព្រះពរ និងសេចក្ដីសន្យារបស់ព្រះជាម្ចាស់មិនមែនជាព្រះបន្ទូលទទេសូន្យនោះទេ។ ព្រះបន្ទូលទាំងនោះអាចត្រូវបានសម្រេច។ មើលទៅហាក់ដូចជាព្រះជាម្ចាស់អង្គនេះពិតជាព្រះជាម្ចាស់មែន ទ្រង់ពិតជាមានសមត្ថភាពខ្លះមែន។ ទ្រង់អាចប្រទានព្រះពរ និងប្រទានសេចក្ដីសន្យាដល់មនុស្ស នាំមកនូវអត្ថប្រយោជន៍ខ្លះ និងបំពេញតម្រូវការខ្លះៗរបស់ពួកគេសម្រាប់ផលប្រយោជន៍ជាក់លាក់ណាមួយ។ មើលទៅហាក់ដូចជាខ្ញុំគួរតែបន្តជឿ និងដើរតាមទ្រង់។ ខ្ញុំមិនត្រូវនៅក្រោយគេ ឬខ្ជិលច្រអូសឡើយ»។ តាំងពីដើមរហូតដល់ចប់ ពួកទទឹងនឹងព្រះគ្រីស្ទកំពុងសង្កេតមើលដោយស្ទាក់ស្ទើរ។ ប៉ុន្តែ តើមានអ្នកណាកត់សម្គាល់ឃើញទេ នៅពេលពួកគេធ្វើបែបនេះ? តើពួកគេសង្កេតមើលដោយស្ទាក់ស្ទើរយ៉ាងបើកចំហ ដោយប្រាប់អ្នកគ្រប់គ្នាថា «ខ្ញុំមិនជឿលើព្រះពរ និងសេចក្ដីសន្យាទាំងនេះរបស់ព្រះជាម្ចាស់ទេ» ដែរឬទេ? (អត់ទេ។) មើលពីសំបកក្រៅ អ្នកមិនអាចដឹងឡើយ។ អ្នកឃើញពួកគេនៅក្នុងចំណោមអ្នកដទៃទៀត ដោយបោះបង់ការងារ និងអាពាហ៍ពិពាហ៍ គ្រួសាររបស់ខ្លួនជាដើម ហើយក៏បំពេញភារកិច្ចរបស់ពួកគេជាមួយអ្នកដទៃទៀតដែរ ដោយក្រោកពីព្រលឹម និងចូលគេងយប់ជ្រៅ ស៊ូទ្រាំនឹងទុក្ខលំបាក និងលះបង់។ ពួកគេមិននិយាយពាក្យសម្ដីដែលបង្កការរំខាន ឬពាក្យសម្ដីអវិជ្ជមានទេ មិនបញ្ចេញការវិនិច្ឆ័យ មិនធ្វើរឿងអាក្រក់ និងមិនបង្កការរំខានឡើយ។ ក៏ប៉ុន្តែ នៅតែមានរឿងមួយគឺ៖ មិនថាពួកគេធ្វើសកម្មភាពដោយសម្ងាត់ពីខាងក្រៅយ៉ាងណាដោយ ក៏ទស្សនៈ និងគំនិតខាងក្នុងរបស់ពួកគេ ត្រួតត្រា និងជះឥទ្ធិពលដល់ឥរិយាបថរបស់ពួកគេដែរ។ នៅក្នុងជម្រៅចិត្ត ការសង្កេតមើលដោយស្ទាក់ស្ទើរ និងការឈ្លបមើលរបស់ពួកគេចំពោះព្រះបន្ទូលរបស់ព្រះជាម្ចាស់ មិនអាចត្រូវលាក់បាំងពីព្រះជាម្ចាស់បានឡើយ។ ដូច្នេះ តើទិដ្ឋភាពណាខ្លះរបស់ពួកទទឹងនឹងព្រះគ្រីស្ទ ដែលអាចត្រូវលាក់បាំងពីមនុស្សបាន ប៉ុន្តែមិនត្រូវអាចលាក់បាំងពីព្រះជាម្ចាស់បាននោះ? មនុស្សមើលឃើញត្រឹមតែឥរិយាបថរបស់អ្នកដទៃ ពួកគេគ្រាន់តែមើលឃើញអ្វីដែលអ្នកដទៃបញ្ចេញឱ្យឃើញប៉ុណ្ណោះ ផ្ទុយទៅវិញ ព្រះជាម្ចាស់មិនត្រឹមតែទតមើលរឿងទាំងនេះទេ ប៉ុន្តែអ្វីដែលសំខាន់បំផុតនោះគឺ ទ្រង់ទតពិនិត្យចិត្ត និងគំនិតក្នុងជម្រៅចិត្តរបស់មនុស្ស។ ឥរិយាបថ និងការបញ្ចេញឱ្យឃើញរបស់មនុស្សម្នាក់ គឺរាងរាក់កំភែល ប៉ុន្តែជម្រៅចិត្តរបស់មនុស្សម្នាក់ គឺជាពិភពដែលមិនអាចមើលឃើញ ដែលនៅក្នុងនោះមានលាក់ទុកនូវគំនិតដ៏ជ្រាលជ្រៅរបស់គេ និងធាតុផ្សំជាច្រើននៃធម្មជាតិរបស់គេ។ នៅពេលពួកទទឹងនឹងព្រះគ្រីស្ទឈ្លបមើលព្រះបន្ទូលរបស់ព្រះជាម្ចាស់ ដូចជាសេចក្ដីសន្យា និងព្រះពររបស់ទ្រង់ ពីខាងក្រៅ ពួកគេអាចនឹងលះបង់ពេលវេលារបស់ពួកគេ និងលះបង់កម្លាំងកាយ ប៉ុន្តែចិត្តរបស់ពួកគេមិនបានលះបង់ទាំងស្រុងចំពោះព្រះជាម្ចាស់ឡើយ។ តើអ្វីទៅជាការបង្ហាញចេញជាក់ស្ដែងនៃការមិនលះបង់ចិត្តរបស់ពួកគេទាំងស្រុងចំពោះព្រះជាម្ចាស់? មិនថាពួកគេធ្វើអ្វី ឬបំពេញភារកិច្ចអ្វីក៏ដោយ ក៏ពួកគេមិនបានបញ្ចេញកម្លាំងទាំងអស់របស់ខ្លួនទៅក្នុងភារកិច្ចនោះ ហើយធ្វើវាដោយអស់ពីសមត្ថភាពនោះទេ ប៉ុន្តែគ្រាន់តែមានគោលបំណងធានាថា មិនឱ្យមានកំហុសជាក់ស្ដែង ហើយទិសដៅជាមូលដ្ឋាននៃដំណើរការទាំងមូលគឺត្រឹមត្រូវប៉ុណ្ណោះ។ ហេតុអ្វីបានជាពួកគេអាចធ្វើបែបនេះបាន? នៅក្នុងជម្រៅចិត្តរបស់ពួកគេ នៅក្នុងក្រអៅបេះដូងរបស់ពួកគេ ពួកគេរក្សាទុកគំនិតមួយថា៖ «ថាតើព្រះបន្ទូលរបស់ព្រះជាម្ចាស់ក្លាយជាការពិតឬអត់ គឺជាការកំណត់ថាតើព្រះជាម្ចាស់អាចសង្គ្រោះខ្ញុំបានឬអត់ ហើយថាតើទ្រង់ពិតជាព្រះជាម្ចាស់របស់ខ្ញុំមែនឬអត់។ ប្រសិនបើសំណួរនេះមិនត្រូវបានឆ្លើយទេ សូម្បីតែភាពពិតប្រាកដនៃអត្តសញ្ញាណ និងសារជាតិរបស់ព្រះជាម្ចាស់ ក៏ស័ក្ដិសមនឹងឱ្យសង្ស័យដែរ»។ ដោយមានគំនិតបែបនេះនៅក្នុងជម្រៅចិត្ត តើពួកគេនៅតែអាចមានចិត្តដ៏ពិតប្រាកដចំពោះព្រះជាម្ចាស់បានដែរឬទេ? គំនិតទាំងនេះដែលចាក់ឫសយ៉ាងជ្រៅនៅក្នុងចិត្តរបស់ពួកគេ រារាំងពួកគេ ដោយតែងតែព្រមានពួកគេថា៖ កុំថ្វាយចិត្តពិតប្រាកដរបស់អ្នកដល់ព្រះជាម្ចាស់អី កុំប្រឹងប្រែងឱ្យអស់ពីសមត្ថភាពអី គ្រាន់តែធ្វើឱ្យតែរួចពីដៃនៅក្នុងអ្វីក៏ដោយដែលអ្នកធ្វើទៅបានហើយ ហើយកុំធ្វើជាមនុស្សល្ងង់ឱ្យសោះ។ ចូរលាក់ទុកអ្វីមួយពីព្រះជាម្ចាស់ ត្រូវប្រាកដថាទុកផ្លូវចេញឱ្យខ្លួនឯង ហើយកុំផ្ញើជីវិតរបស់អ្នក ឬរឿងសំខាន់បំផុតរបស់អ្នកទៅព្រះជាម្ចាស់ដែលមិនទាន់ស្គាល់ច្បាស់អង្គនេះឱ្យសោះ។ ពួកគេគិតរបៀបនេះនៅក្នុងចិត្តរបស់ខ្លួន។ តើអ្នករាល់គ្នាបានកត់សម្គាល់ឃើញរឿងនេះដែរឬទេ? (អត់ទេ។) ក្នុងអំឡុងពេលជួបជុំ និងក្នុងការប្រាស្រ័យទាក់ទងជាមួយអ្នកដទៃ ពួកទទឹងនឹងព្រះគ្រីស្ទទាំងនេះអាចមានចិត្តល្អពីខាងក្រៅ មានការសេពគប់ធម្មតា ហើយថែមទាំងប្រកបគ្នាអំពីការយល់ឃើញ ការយល់ដឹង និងបទពិសោធខ្លះៗរបស់ពួកគេផ្ទាល់ទៀតផង ហើយពួកគេអាចបង្ហាញពីឥរិយាបថ និងការបង្ហាញចេញជាមូលដ្ឋាន ដ៏រាក់កំភែល និងពីខាងក្រៅ ដែលអ្នកជឿម្នាក់គួរតែមាន។ ក៏ប៉ុន្តែ មិនមានការលូតលាស់ ឬការកែលម្អណាមួយនៅក្នុងការកោតខ្លាចរបស់ពួកគេចំពោះព្រះជាម្ចាស់ ឬភាពស្មោះសររបស់ពួកគេចំពោះទ្រង់ឡើយ។ មិនថាមនុស្សទាំងនេះលះបង់យ៉ាងណា ឬបំពេញភារកិច្ចរបស់ខ្លួននៅក្នុងដំណាក់របស់ព្រះជាម្ចាស់ប៉ុន្មានឆ្នាំនោះទេ មានរឿងមួយដែលប្រាកដគឺ៖ ជីវិតរបស់ពួកគេមិនលូតលាស់ទេ ពោលគឺពួកគេគ្មានជីវិតឡើយ។ តើការខ្វះខាតជីវិតនេះបង្ហាញចេញនៅក្នុងផ្នែកណាខ្លះ? នៅពេលប្រឈមមុខនឹងស្ថានភាពនានា ពួកគេមិនស្វែងរកគោលការណ៍ទាល់តែសោះ។ ពួកគេគ្រាន់តែស្កប់ចិត្តប្រសិនបើកិច្ចការនៅចំពោះមុខនៅតែបន្ត ពួកគេមិនដែលយកគោលការណ៍ដែលព្រះជាម្ចាស់បានមានព្រះបន្ទូល ធ្វើជាស្ដង់ដាសម្រាប់ការអនុវត្តរបស់ពួកគេឡើយ ដោយទទួលយកការមើលការខុសត្រូវ ការត្រួតពិនិត្យ និងការដឹកនាំពីអ្នកដទៃត្រឹមតែសំបកក្រៅប៉ុណ្ណោះ ហើយមិនទទួលយកការពិនិត្យពិច័យរបស់ព្រះជាម្ចាស់ឡើយ។ នេះមានន័យថា រហូតទាល់តែពួកគេបានបញ្ជាក់យ៉ាងច្បាស់ថា តើសេចក្ដីសន្យា និងព្រះពររបស់ព្រះជាម្ចាស់ពិតជាកំពុងក្លាយជាការពិតសម្រាប់អ្នកណា តើសេចក្ដីសន្យា និងព្រះពរទាំងនោះកំពុងត្រូវបានសម្រេចសម្រាប់ក្រុមមនុស្សណា ហើយរហូតទាល់តែពួកគេបានបញ្ជាក់ថា ពួកគេខ្លួនឯងពិតជាអាចទទួលបានពីព្រះជាម្ចាស់នូវសេចក្ដីសន្យា និងព្រះពរដែលព្រះជាម្ចាស់ប្រទានដល់មនុស្ស បើមិនដូច្នេះទេ គោលការណ៍ និងវិធីសាស្ត្រនៃសកម្មភាពរបស់ពួកគេ ព្រមទាំងអាកប្បកិរិយារបស់ពួកគេចំពោះព្រះបន្ទូលរបស់ព្រះជាម្ចាស់ នឹងមិនផ្លាស់ប្ដូរឡើយ។ ក្នុងន័យមួយ ពួកគេតែងតែក្រើនរំលឹកខ្លួនឯងជានិច្ច ខណៈដែលពួកគេក៏កំពុងរៀបចំផែនការតវ៉ាជាមួយព្រះជាម្ចាស់នៅក្នុងចិត្តផងដែរ។ តើអ្វីជាចំណុចផ្ដោតនៃការតវ៉ារបស់ពួកគេជាមួយព្រះជាម្ចាស់? ពួកគេគិតថា៖ «សេចក្ដីសន្យា និងព្រះពររបស់ព្រះអង្គមិនទាន់ត្រូវបានសម្រេចទេ។ ទូលបង្គំមិនទាន់ឃើញសេចក្ដីសន្យា និងព្រះពរទាំងនោះត្រូវបានសម្រេចឡើយ ហើយទូលបង្គំមិនអាចមើលឃើញពីរបៀបដែលព្រះអង្គធ្វើកិច្ចការទេ ដូច្នេះ ទូលបង្គំមិនអាចបញ្ជាក់ពីអត្តសញ្ញាណរបស់ព្រះអង្គបានឡើយ។ ប្រសិនបើទូលបង្គំមិនអាចបញ្ជាក់ពីអត្តសញ្ញាណរបស់ព្រះអង្គបានទេ នោះតើទូលបង្គំអាចចាត់ទុកព្រះបន្ទូលទាំងនេះរបស់ព្រះអង្គថាជាសេចក្ដីពិត ថាជាព្រះបន្ទូលរបស់ព្រះជាម្ចាស់បានយ៉ាងម៉េចកើតទៅ?» តើពួកគេមិនមែនកំពុងប្រកែកពីរឿងនេះជាមួយព្រះជាម្ចាស់នៅក្នុងចិត្តទេឬ? ពួកគេនិយាយថា៖ «ប្រសិនបើព្រះពរដែលព្រះអង្គសន្យាថាប្រទានដល់មនុស្ស និងខ្លឹមសារផ្សេងៗទាំងអស់នៃសេចក្ដីសន្យារបស់ព្រះអង្គចំពោះមនុស្ស មិនអាចត្រូវទូលបង្គំផ្ទៀងផ្ទាត់បានទេ នោះសេចក្ដីជំនឿរបស់ទូលបង្គំលើព្រះអង្គមិនអាចមានមួយរយភាគរយឡើយ។ វានឹងតែងតែមានការលាយឡំខ្លះៗនៅក្នុងសេចក្ដីជំនឿនោះ ហើយទូលបង្គំមិនអាចជឿទាំងស្រុងបានទេ»។ នេះគឺជាអាកប្បកិរិយារបស់ពួកទទឹងនឹងព្រះគ្រីស្ទ។ តើអាកប្បកិរិយាបែបនេះគួរឱ្យខ្លាចដែរឬទេ? (គួរឱ្យខ្លាច។) អាកប្បកិរិយាប្រភេទនេះមានលក្ខណៈស្រដៀងគ្នាខ្លះទៅនឹងពាក្យពោលក្នុងចំណោមពួកអ្នកគ្មានជំនឿដែលថា «កុំលែងសត្វស្ទាំង រហូតទាល់តែអ្នកបានឃើញសត្វទន្សាយ»។ ពួកគេនិយាយថា៖ «ព្រះអង្គគឺជាព្រះជាម្ចាស់ ព្រះអង្គគួរតែមានព្រះចេស្ដាដើម្បីសម្រេចសេចក្ដីសន្យា និងព្រះពររបស់ព្រះអង្គ។ ប្រសិនបើអ្វីដែលព្រះអង្គមានព្រះបន្ទូលមិនអាចត្រូវបានសម្រេច ហើយមនុស្សដែលជឿលើព្រះអង្គមិនអាចរីករាយនឹងព្រះពរដ៏ធំធេង មិនអាចរីករាយនឹងសិរីល្អ ទ្រព្យសម្បត្តិ និងកិត្តិយស មិនអាចរីករាយនឹងព្រះគុណ និងមិនអាចទទួលបានការការពាររបស់ព្រអង្គទេ ចុះហេតុអ្វីបានជាមនុស្សគួរតែដើរតាមព្រះអង្គ?» នៅក្នុងក្រសែភ្នែករបស់ពួកទទឹងនឹងព្រះគ្រីស្ទ និងនៅក្នុងគំនិត ព្រមទាំងទស្សនៈរបស់ពួកគេ ត្រូវតែមានអត្ថប្រយោជន៍ខ្លះក្នុងការដើរតាមព្រះជាម្ចាស់។ ពួកគេនឹងមិនខ្ចីកម្រើកឡើយ ប្រសិនបើគ្មានអត្ថប្រយោជន៍។ ប្រសិនបើគ្មានកេរ្តិ៍ឈ្មោះ លាភសក្ការៈ ឬឋានៈដែលអាចឱ្យរីករាយបានទេ ប្រសិនបើគ្មានកិច្ចការណាមួយដែលពួកគេធ្វើ ឬភារកិច្ចណាមួយដែលពួកគេបំពេញ ធ្វើឱ្យពួកគេទទួលបានការកោតសរសើរពីអ្នកដទៃទេ នោះគ្មានន័យអ្វីក្នុងការជឿលើព្រះជាម្ចាស់ និងបំពេញភារកិច្ចរបស់ពួកគេឡើយ។ អត្ថប្រយោជន៍ដំបូងដែលពួកគេត្រូវតែទទួលបាន គឺសេចក្ដីសន្យា និងព្រះពរដែលត្រូវបានថ្លែងនៅក្នុងព្រះបន្ទូលរបស់ព្រះជាម្ចាស់ ហើយពួកគេក៏ត្រូវតែរីករាយនឹងកេរ្តិ៍ឈ្មោះ លាភសក្ការៈ និងឋានៈនៅក្នុងពួកជំនុំផងដែរ។ ពួកទទឹងនឹងព្រះគ្រីស្ទគិតថា ក្នុងការជឿលើព្រះជាម្ចាស់ មនុស្សម្នាក់ត្រូវតែខ្ពង់ខ្ពស់ជាងអ្នកដទៃ មនុស្សម្នាក់ត្រូវតែទទួលបានការកោតសរសើរ មនុស្សម្នាក់ត្រូវតែពិសេស ពោលគឺ យ៉ាងហោចណាស់ អ្នកជឿលើព្រះជាម្ចាស់ត្រូវតែរីករាយនឹងរឿងទាំងនេះ។ ប្រសិនបើពួកគេមិនទទួលបានទេ នោះមានសំណួរខ្លះថាតើព្រះជាម្ចាស់ដែលពួកគេកំពុងជឿនេះ គឺជាព្រះជាម្ចាស់ដ៏ពិតឬអត់។ តើតក្កវិជ្ជារបស់ពួកទទឹងនឹងព្រះគ្រីស្ទ មិនមែនជាការដែលពួកគេចាត់ទុកពាក្យសម្ដីដែលថា «អស់អ្នកដែលជឿលើព្រះជាម្ចាស់ត្រូវតែរីករាយនឹងព្រះពរ និងព្រះគុណរបស់ព្រះជាម្ចាស់» ថាជាសេចក្ដីពិតទេឬ? ចូរសាកល្បងវិភាគពាក្យសម្ដីទាំងនេះទៅមើល៖ តើពាក្យសម្ដីទាំងនេះគឺជាសេចក្ដីពិតដែរឬទេ? (មិនមែនទេ។) ឥឡូវនេះ វាច្បាស់ណាស់ថាពាក្យសម្ដីទាំងនេះមិនមែនជាសេចក្ដីពិតទេ វាគឺជាទស្សនៈខុសទំនង វាគឺជាតក្កវិជ្ជារបស់សាតាំង ហើយវាមិនមានទំនាក់ទំនងអ្វីនឹងសេចក្ដីពិតឡើយ។ តើព្រះជាម្ចាស់ធ្លាប់មានព្រះបន្ទូលថា «ប្រសិនបើមនុស្សជឿលើខ្ញុំ ពួកគេប្រាកដជានឹងទទួលបានព្រះពរ ហើយនឹងមិនដែលរងសេចក្ដីទុក្ខលំបាកឡើយ» ដែរឬទេ? តើព្រះបន្ទូលឃ្លាណារបស់ព្រះជាម្ចាស់ដែលថ្លែងអំពីរឿងនេះ? ព្រះជាម្ចាស់មិនដែលបានមានព្រះបន្ទូលបែបនោះ ឬបានធ្វើបែបនេះឡើយ។ នៅពេលនិយាយដល់ព្រះពរ និងសេចក្ដីទុក្ខលំបាក មានសេចក្ដីពិតមួយដែលត្រូវស្វែងរក។ តើអ្វីទៅជាពាក្យសម្ដីប្រកបដោយប្រាជ្ញាដែលមនុស្សគួរតែប្រកាន់ខ្ជាប់? យ៉ូបបាននិយាយថា៖ «យើងទទួលសេចក្ដីល្អពីព្រះហស្តព្រះជាម្ចាស់បាន ម្ដេចក៏យើងទទួលទុក្ខវេទនាមិនបាន?» (យ៉ូប ២:១០)។ តើពាក្យសម្ដីទាំងនេះគឺជាសេចក្ដីពិតដែរឬទេ? ទាំងនេះគឺជាពាក្យសម្ដីរបស់មនុស្ស។ វាមិនអាចត្រូវបានលើកតម្កើងដល់កម្រិតនៃសេចក្ដីពិតឡើយ ប៉ុន្តែវាពិតជាស្របនឹងសេចក្ដីពិតតាមរបៀបណាមួយ។ តើវាស្របនឹងសេចក្ដីពិតតាមរបៀបណា? ថាតើមនុស្សទទួលបានព្រះពរ ឬរងសេចក្ដីទុក្ខលំបាក គឺសុទ្ធតែស្ថិតនៅក្នុងព្រះហស្តរបស់ព្រះជាម្ចាស់ វាសុទ្ធតែស្ថិតនៅក្រោមអធិបតេយ្យភាពរបស់ព្រះជាម្ចាស់។ នេះគឺជាសេចក្ដីពិត។ តើពួកទទឹងនឹងព្រះគ្រីស្ទជឿរឿងនេះដែរឬទេ? អត់ទេ ពួកគេមិនជឿឡើយ។ ពួកគេមិនទទួលស្គាល់រឿងនេះឡើយ។ ហេតុអ្វីបានជាពួកគេមិនជឿ ឬមិនទទួលស្គាល់រឿងនេះ? (ជំនឿរបស់ពួកគេលើព្រះជាម្ចាស់ គឺដើម្បីទទួលបានព្រះពរ ពួកគេគ្រាន់តែចង់ទទួលបានព្រះពរប៉ុណ្ណោះ។) (ពីព្រោះពួកគេអាត្មានិយមពេក ហើយដេញតាមតែផលប្រយោជន៍ខាងសាច់ឈាមប៉ុណ្ណោះ។) នៅក្នុងជំនឿរបស់ពួកគេ ពួកទទឹងនឹងព្រះគ្រីស្ទប្រាថ្នាចង់ទទួលបានតែព្រះពរប៉ុណ្ណោះ ហើយពួកគេមិនចង់រងសេចក្ដីទុក្ខលំបាកឡើយ។ នៅពេលពួកគេឃើញនរណាម្នាក់ដែលទទួលបានព្រះពរ ដែលទទួលបានផលប្រយោជន៍ ដែលទទួលបានព្រះគុណ និងដែលទទួលបានការរីករាយខាងសម្ភារៈកាន់តែច្រើន អត្ថប្រយោជន៍ដ៏ធំធេង ពួកគេជឿថារឿងនេះត្រូវបានព្រះជាម្ចាស់ធ្វើឡើង ហើយប្រសិនបើពួកគេមិនទទួលបានព្រះពរខាងសម្ភារៈបែបនេះទេ នោះវាមិនមែនជាសកម្មភាពរបស់ព្រះជាម្ចាស់ឡើយ។ អត្ថន័យបង្កប់គឺ «ប្រសិនបើព្រះអង្គពិតជាព្រះជាម្ចាស់មែន នោះព្រះអង្គអាចត្រឹមតែប្រទានព្រះពរដល់មនុស្សប៉ុណ្ណោះ។ ព្រះអង្គគួរតែបញ្ចៀសសេចក្ដីទុក្ខលំបាករបស់មនុស្ស ហើយមិនឱ្យពួកគេជួបប្រទះនឹងការរងទុក្ខឡើយ។ មានតែពេលនោះទេ ទើបមានតម្លៃ និងមានន័យសម្រាប់មនុស្សក្នុងការជឿលើព្រះអង្គ។ ប្រសិនបើបន្ទាប់ពីដើរតាមព្រះអង្គហើយ មនុស្សនៅតែជួបប្រទះនឹងសេចក្ដីទុក្ខលំបាក ប្រសិនបើពួកគេនៅតែរងទុក្ខ នោះតើការជឿលើព្រះអង្គមានន័យអ្វីទៅ?» ពួកគេមិនទទួលស្គាល់ថា របស់សព្វសារពើ និងព្រឹត្តិការណ៍ទាំងអស់ សុទ្ធតែស្ថិតនៅក្នុងព្រះហស្តរបស់ព្រះជាម្ចាស់ ថាព្រះជាម្ចាស់មានអធិបតេយ្យភាពលើអ្វីៗទាំងអស់ឡើយ។ ហើយហេតុអ្វីបានជាពួកគេមិនទទួលស្គាល់រឿងនេះ? ពីព្រោះពួកទទឹងនឹងព្រះគ្រីស្ទខ្លាចរងសេចក្ដីទុក្ខលំបាក។ ពួកគេចង់បានតែផលប្រយោជន៍ ចង់កេងចំណេញ ចង់រីករាយនឹងព្រះពរប៉ុណ្ណោះ។ ពួកគេមិនប្រាថ្នាចង់ទទួលយកអធិបតេយ្យភាព ឬការចាត់ចែងរបស់ព្រះជាម្ចាស់ឡើយ ប៉ុន្តែចង់តែទទួលបានអត្ថប្រយោជន៍ពីព្រះជាម្ចាស់ប៉ុណ្ណោះ។ នេះគឺជាទស្សនៈដ៏អាត្មានិយម និងគួរឱ្យស្អប់ខ្ពើមរបស់ពួកទទឹងនឹងព្រះគ្រីស្ទ។ នេះគឺជាការបង្ហាញចេញជាបន្តបន្ទាប់ដែលត្រូវបានបង្ហាញដោយពួកទទឹងនឹងព្រះគ្រីស្ទ ទាក់ទងនឹងព្រះបន្ទូលបែបនេះរបស់ព្រះជាម្ចាស់ ដូចជាសេចក្ដីសន្យា និងព្រះពររបស់ទ្រង់។ ជារួម ការបង្ហាញចេញទាំងនេះភាគច្រើនពាក់ព័ន្ធនឹងទស្សនៈរបស់ពួកទទឹងនឹងព្រះគ្រីស្ទនៅពីក្រោយការដេញតាមរបស់ពួកគេ ក៏ដូចជាទស្សនៈ ការវាយតម្លៃ និងការយល់ដឹងរបស់ពួកគេអំពីប្រភេទនៃរឿងដែលព្រះជាម្ចាស់ធ្វើសម្រាប់មនុស្ស។ ទោះបីជាពួកគេប្រហែលជាមិនមួលបង្កាច់ ឬប្រឆាំងនឹងព្រះបន្ទូលរបស់ព្រះជាម្ចាស់យ៉ាងចំហនៅខាងក្រៅក៏ដោយ ក៏នៅក្នុងជម្រៅចិត្ត ការប្រព្រឹត្តរបស់ពួកគេចំពោះប្រភេទនៃព្រះបន្ទូលទាំងនេះពីព្រះជាម្ចាស់ និងចំពោះវិធីសាស្ត្រដែលព្រះជាម្ចាស់ធ្វើរឿងប្រភេទនេះ គឺជាការមួលបង្កាច់ ការសង្ស័យ ការថ្កោលទោស និងការរើសអើង។ នៅពេលព្រះបន្ទូលនៃសេចក្ដីសន្យា និងព្រះពររបស់ព្រះជាម្ចាស់ក្លាយជាការពិតនៅក្នុងមនុស្សមួយចំនួន ពួកគេសរសើរតម្កើងព្រះចេស្ដារបស់ព្រះជាម្ចាស់ ហើយលើកតម្កើងព្រះនាម និងសេចក្ដីស្រឡាញ់របស់ទ្រង់។ ក៏ប៉ុន្តែ នៅពេលអ្វីដែលព្រះជាម្ចាស់ធ្វើ មិនស្របនឹងសញ្ញាណ និងការស្រមើស្រមៃរបស់ពួកគេអំពីសេចក្ដីសន្យា និងព្រះពរទេ ពួកទទឹងនឹងព្រះគ្រីស្ទក៏បដិសេធអត្ថិភាពរបស់ព្រះជាម្ចាស់នៅក្នុងចិត្តរបស់ពួកគេភ្លាមៗ ក៏ដូចជាភាពត្រឹមត្រូវនៃអ្វីៗគ្រប់យ៉ាងដែលព្រះជាម្ចាស់ធ្វើ ហើយលើសពីនេះទៅទៀត ពួកគេបដិសេធអធិបតេយ្យភាពរបស់ព្រះជាម្ចាស់ និងការពិតដែលថាទ្រង់ចាត់ចែង និងរៀបចំវាសនារបស់មនុស្ស។ ការបង្ហាញចេញទាំងអស់នេះរបស់ពួកទទឹងនឹងព្រះគ្រីស្ទ ប្រហែលជាមិនត្រូវបានបញ្ចេញឱ្យឃើញនៅខាងក្រៅទេ ហើយពួកគេប្រហែលជាមិនពង្រីកទស្សនៈរបស់ពួកគេដោយប្រើភាសាច្បាស់លាស់ឡើយ ប៉ុន្តែទស្សនៈដែលពួកគេសង្កេតមើលដោយស្ទាក់ស្ទើរ និងឈ្លបមើលព្រះបន្ទូលទាំងនេះដែលមកពីព្រះជាម្ចាស់នៅក្នុងចិត្តរបស់ពួកគេ គឺមិនផ្លាស់ប្ដូរឡើយ។ មិនថាអ្នកដទៃប្រកបគ្នាអំពីរឿងនៃការចូលទៅក្នុងជីវិត ឬរបៀបដែលមនុស្សអាចត្រូវបានសង្គ្រោះយ៉ាងណាក៏ដោយ ក៏ផ្នត់គំនិត និងអាកប្បកិរិយារបស់ពួកទទឹងនឹងព្រះគ្រីស្ទក្នុងការឈ្លបមើលថាតើព្រះបន្ទូលរបស់ព្រះជាម្ចាស់ ដូចជាសេចក្ដីសន្យា និងព្រះពររបស់ព្រះអង្គ នឹងក្លាយជាការពិតឬអត់ ហើយថាតើព្រះបន្ទូលទាំងនោះនឹងត្រូវបានសម្រេចយ៉ាងដូចម្ដេចនោះ នឹងមិនត្រូវបានទុកចោលមួយឡែកឡើយ។ ពួកទទឹងនឹងព្រះគ្រីស្ទអាចនឹងទះដៃយ៉ាងអរសប្បាយ និងស្រែកហ៊ោ ដោយសរសើរតម្កើងព្រះចេស្ដារបស់ព្រះជាម្ចាស់ នៅពេលសេចក្ដីសន្យា និងព្រះពររបស់ព្រះជាម្ចាស់ត្រូវបានសម្រេច។ ប៉ុន្តែយ៉ាងឆាប់រហ័ស នៅពេលសេចក្ដីសន្យា និងព្រះពររបស់ព្រះជាម្ចាស់មិនត្រូវបានសម្រេច ឬមិនក្លាយជាការពិតទៅតាមសញ្ញាណរបស់ពួកគេ ពួកគេលួចដាក់បណ្ដាសា និងជេរប្រមាថព្រះជាម្ចាស់នៅក្នុងចិត្តរបស់ពួកគេ ហើយមួលបង្កាច់ព្រះនាមរបស់ទ្រង់។ ហេតុដូច្នេះហើយ នៅក្នុងជីវិតប្រចាំថ្ងៃ សូម្បីតែនៅពេលអ្វីៗគ្រប់យ៉ាងមានភាពសុខសាន្ត និងគ្មានបញ្ហាក៏ដោយ ក៏សភាពរបស់មនុស្សមួយចំនួនប្រែប្រួលយ៉ាងគំហុកដែរ។ នៅពេលពួកគេសប្បាយចិត្ត ពួកគេអាចអណ្តែតដល់ឋានសួគ៌ជាន់ទីប្រាំពីរ ប៉ុន្តែនៅពេលពួកគេធ្លាក់ទឹកចិត្ត ពួកគេអាចលិចចូលទៅក្នុងភាពអស់សង្ឃឹមដូចនៅស្ថាននរក។ អារម្មណ៍របស់ពួកគេគឺមិនទៀងទាត់ និងមិនអាចទាយទុកជាមុនបាន ដែលធ្វើឱ្យអ្នកដទៃងឿងឆ្ងល់ថាតើមានរឿងអ្វីកំពុងកើតឡើង។ នៅពេលពួកគេសប្បាយចិត្ត ពួកគេនិយាយថា៖ «ព្រះជាម្ចាស់ពិតជាព្រះជាម្ចាស់មែន។ ព្រះជាម្ចាស់ពិតជាអស្ចារ្យណាស់ សិទ្ធិអំណាចរបស់ព្រះជាម្ចាស់ពិតជាមានមែន ព្រះជាម្ចាស់ស្រឡាញ់មនុស្សខ្លាំងណាស់!» ប៉ុន្តែនៅពេលពួកគេមិនសប្បាយចិត្ត វាប្រែជាពិបាកយ៉ាងខ្លាំងសម្រាប់ពួកគេ សូម្បីតែក្នុងការនិយាយពាក្យថា «ព្រះជាម្ចាស់»។ បុគ្គលដដែលនេះដែលសរសើរតម្កើងព្រះនាមរបស់ព្រះជាម្ចាស់យ៉ាងខ្លាំងៗ ក៏ជាបុគ្គលដែលមួលបង្កាច់ បដិសេធ ប្រមាថ ជេរប្រមាថ និងដាក់បណ្ដាសាព្រះជាម្ចាស់នៅក្នុងចិត្តរបស់គេផងដែរ។ គេក្រោកពីព្រលឹម និងចូលគេងយប់ជ្រៅដើម្បីបំពេញភារកិច្ចរបស់ខ្លួន ដោយលះបង់នូវអ្វីដែលអ្នកដទៃភាគច្រើនមិនអាចធ្វើបាន ប៉ុន្តែគេក៏ជាបុគ្គលដែលបញ្ចេញកំហឹងតាមរយៈភារកិច្ចរបស់ខ្លួន ក្បត់ផលប្រយោជន៍នៃដំណាក់របស់ព្រះជាម្ចាស់ រំខានដល់កិច្ចការដោយចេតនា និងមានចេតនាបំពេញភារកិច្ច ព្រមទាំងកិច្ចការរបស់គេដោយការធ្វេសប្រហែសផងដែរ។ មើលពីសំបកក្រៅ នេះគឺសុទ្ធតែជាបុគ្គលតែម្នាក់ ប៉ុន្តែវិនិច្ឆ័យតាមឥរិយាបថ និងនិស្ស័យរបស់ពួកគេ ការបង្ហាញចេញដែលផ្ទុយគ្នាទាំងស្រុងបែបនេះ ធ្វើឱ្យមើលទៅហាក់ដូចជាមានមនុស្សពីរនាក់ផ្សេងគ្នាកំពុងពាក់ព័ន្ធ។ នេះបង្ហាញពីបញ្ហាមួយ។ តាមរយៈការបង្ហាញចេញទាំងនេះរបស់ពួកទទឹងនឹងព្រះគ្រីស្ទ វាជាក់ច្បាស់ណាស់ថា ជាមូលដ្ឋាន ពួកគេមិនទទួលយកព្រះបន្ទូលរបស់ព្រះជាម្ចាស់ថាជាសេចក្ដីពិត ឬថាជាព្រះបន្ទូលរបស់ព្រះជាម្ចាស់ឡើយ។ លើសពីនេះទៅទៀត បើវិនិច្ឆ័យតាមសារជាតិរបស់ពួកទទឹងនឹងព្រះគ្រីស្ទ ពួកគេនឹងមិនចាត់ទុកព្រះបន្ទូលរបស់ព្រះជាម្ចាស់ថាជាសេចក្ដីពិត ឬថាជាគោលការណ៍សេចក្ដីពិតដែលត្រូវប្រកាន់ខ្ជាប់ពេញមួយជីវិតរបស់ពួកគេជាដាច់ខាត។ នេះគឺជាចំណុចទីមួយនៃការដែលពួកទទឹងនឹងព្រះគ្រីស្ទឈ្លបមើលថាតើព្រះបន្ទូលរបស់ព្រះជាម្ចាស់ក្លាយជាការពិតឬអត់ ពោលគឺពួកគេឈ្លបមើលព្រះបន្ទូលនៃសេចក្ដីសន្យា និងព្រះពររបស់ព្រះជាម្ចាស់។ សម្រាប់ពួកទទឹងនឹងព្រះគ្រីស្ទ សេចក្ដីសន្យា និងព្រះពររបស់ព្រះជាម្ចាស់ គឺមានទំនាក់ទំនងយ៉ាងជិតស្និទ្ធមិនអាចបំបែកបាន ទៅនឹងការផ្គត់ផ្គង់ខាងសម្ភារៈ ការផ្គត់ផ្គង់ខាងវិញ្ញាណ មជ្ឈដ្ឋានរស់នៅ និងរឿងបែបនេះផ្សេងៗទៀតដែលពួកគេរីករាយនៅក្នុងជាតិនេះ ដែលនេះជាមូលហេតុដែលពួកគេយកចិត្តទុកដាក់ជាពិសេសចំពោះទិដ្ឋភាពនេះ។ ពួកគេប្រើប្រាស់ការសម្រេចរបស់ព្រះបន្ទូលនៃសេចក្ដីសន្យា និងព្រះពររបស់ព្រះជាម្ចាស់ ជាស្ដង់ដាដើម្បីវាស់ស្ទង់ទំហំនៃព្រះចេស្ដារបស់ព្រះជាម្ចាស់ និងភាពពិតប្រាកដនៃអត្តសញ្ញាណរបស់ព្រះជាម្ចាស់។ ពួកគេត្រិះរិះ និងគិតអំពីរឿងនេះដោយសម្ងាត់ នេះហើយជាអត្ថន័យនៃការឈ្លបមើល។ ពួកទទឹងនឹងព្រះគ្រីស្ទមិនបង្ហាញចំណាប់អារម្មណ៍លើសេចក្ដីពិតផ្សេងៗអំពីការចូលទៅក្នុងជីវិត ដូចដែលព្រះជាម្ចាស់បានមានព្រះបន្ទូលឡើយ។ ក៏ប៉ុន្តែ ពេលដែលព្រះបន្ទូលនៃសេចក្ដីសន្យា និងព្រះពររបស់ព្រះជាម្ចាស់ត្រូវបានលើកឡើងភ្លាម ភ្នែករបស់ពួកគេភ្លឺឡើងដោយសេចក្ដីលោភលន់ចង់បាន ហើយបំណងប្រាថ្នារបស់ពួកគេក៏ងើបឡើង។ មើលពីសំបកក្រៅ ពួកគេនិយាយថា៖ «យើងគួរតែលះបង់ខ្លួនដើម្បីព្រះជាម្ចាស់ដោយគ្មានលក្ខខណ្ឌ យើងគួរតែបំពេញភារកិច្ចរបស់យើងទៅតាមសេចក្ដីតម្រូវរបស់ព្រះជាម្ចាស់» ប៉ុន្តែតើភ្នែករបស់ពួកគេពិតជាកំពុងផ្ដោតទៅលើអ្វី? ពួកគេសម្លឹងជាប់ទៅលើព្រះបន្ទូលបែបនេះរបស់ព្រះជាម្ចាស់ ដូចជាសេចក្ដីសន្យា និងព្រះពររបស់ទ្រង់។ ពេលដែលពួកគេក្ដាប់រឿងទាំងនេះជាប់ហើយ ពួកគេមិនលែងឡើយ។ នេះជារបៀបដែលពួកទទឹងនឹងព្រះគ្រីស្ទប្រព្រឹត្តចំពោះព្រះបន្ទូលនៃសេចក្ដីសន្យា និងព្រះពររបស់ព្រះជាម្ចាស់ចំពោះមនុស្ស។
២. ការឈ្លបមើលព្រះបន្ទូលនៃបណ្ដាសា និងការដាក់ទោសរបស់ព្រះជាម្ចាស់ចំពោះមនុស្ស
ចំណុចទីពីរគឺថា ពួកទទឹងនឹងព្រះគ្រីស្ទឈ្លបមើលព្រះបន្ទូលនៃបណ្ដាសា និងការដាក់ទោសរបស់ព្រះជាម្ចាស់ចំពោះមនុស្ស។ ពួកទទឹងនឹងព្រះគ្រីស្ទប្រកាន់យកទស្សនៈ និងជំហរដូចគ្នា ចំពោះបណ្ដាសា និងការដាក់ទោសដែលបានលើកឡើងនៅក្នុងព្រះបន្ទូលរបស់ព្រះជាម្ចាស់ ដូចដែលពួកគេប្រកាន់យកចំពោះចំណុចទីមួយដែរ។ តើពួកគេឈ្លបមើលព្រះបន្ទូលប្រភេទនេះដោយរបៀបណា? នៅពេលពួកគេឃើញថាមនុស្សប្រភេទណាដែលព្រះបន្ទូលរបស់ព្រះជាម្ចាស់មានបំណងដាក់បណ្ដាសា ហើយមនុស្សប្រភេទណាដែលព្រះបន្ទូលទាំងនោះមានបំណងដាក់ទោស តើព្រះជាម្ចាស់បានថ្លែងព្រះបន្ទូលអ្វីខ្លះដើម្បីដាក់បណ្ដាសាមនុស្សបែបនេះ តើព្រះជាម្ចាស់ប្រើរបៀបណាដើម្បីដាក់ទោសមនុស្សបែបនេះ ព្រមទាំងតើព្រះជាម្ចាស់ប្រើវិធីសាស្ត្រ និងព្រះបន្ទូលអ្វីខ្លះដើម្បីដាក់បណ្ដាសាមនុស្សប្រភេទណា នោះពួកគេក៏ចាប់ផ្ដើមសង្កេតនៅក្នុងជីវិតប្រចាំថ្ងៃរបស់ខ្លួន ដោយចាំឃ្លាំមើលថាតើព្រះបន្ទូលទាំងនេះរបស់ព្រះជាម្ចាស់ត្រូវបានសម្រេចដោយរបៀបណា ហើយថាតើព្រះបន្ទូលទាំងនោះត្រូវបានសម្រេចហើយឬនៅ។ ឧទាហរណ៍៖ មានអ្នកដឹកនាំពួកជំនុំម្នាក់ដែលកិបកេងថវិកានៃដំណាក់របស់ព្រះជាម្ចាស់ ធ្វើបាប និងគាបសង្កត់បងប្អូនប្រុសស្រីតាមតែអំពើចិត្ត ធ្វើសកម្មភាពយ៉ាងផ្ដាច់ការ និងមិនគិតមុខគិតក្រោយនៅក្នុងពួកជំនុំ ធ្វើអ្វីៗដោយគ្មានគោលការណ៍ មិនស្វែងរកបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ ហើយមិនសហការដោយចុះសម្រុងជាមួយអ្នកដទៃឡើយ។ ព្រះបន្ទូលរបស់ព្រះជាម្ចាស់ចែងថា មានបណ្ដាសា និងការដាក់ទោសសម្រាប់មនុស្សប្រភេទនេះ។ អាទទឹងនឹងព្រះគ្រីស្ទម្នាក់សង្កេតថា៖ «ព្រះជាម្ចាស់មិនស្រឡាញ់មនុស្សបែបនេះទេ ទ្រង់ស្អប់ខ្ពើម និងបដិសេធពួកគេ។ ប៉ុន្តែ តើទ្រង់ស្អប់ខ្ពើម និងបដិសេធបុគ្គលនេះយ៉ាងដូចម្ដេច? បុគ្គលនេះរស់នៅយ៉ាងស្រណុកសុខស្រួលរាល់ថ្ងៃ ហើយជិះជាន់បងប្អូនប្រុសស្រីដោយគ្មានការបន្ទោសក្នុងចិត្តឡើយ។ ចំណែកឯបងប្អូនប្រុសស្រីគ្រាន់តែត្រូវទ្រាំទ្រនឹងរឿងនេះប៉ុណ្ណោះ។ ដូច្នេះ តើព្រះបន្ទូលទាំងនេះរបស់ព្រះជាម្ចាស់ក្លាយជាការពិតដោយរបៀបណាទៅ? ខ្ញុំមិនឃើញថាព្រះបន្ទូលទាំងនោះអាចក្លាយជាការពិតតាមរបៀបណាឡើយ។ ប្រហែលជាការដែលព្រះជាម្ចាស់ដាក់បណ្ដាសាមនុស្សបែបនេះ ជាការចេះតែមានព្រះបន្ទូលតែប៉ុណ្ណោះ។ ព្រះបន្ទូលរបស់ព្រះជាម្ចាស់គួរតែមានសិទ្ធិអំណាច ហើយបន្ទាប់ពីព្រះជាម្ចាស់មានព្រះបន្ទូលរួច ចិត្តរបស់មនុស្សគួរតែមានអារម្មណ៍មិនស្រួល និងមានអារម្មណ៍ស្ដីបន្ទោសក្នុងចិត្ត។ ខ្ញុំត្រូវសង្កេត និងមើលថាតើបុគ្គលនោះមានអារម្មណ៍មិនស្រួលនៅក្នុងចិត្តឬអត់ ខ្ញុំត្រូវជជែកជាមួយគាត់ និងស្ទាបស្ទង់មើលគាត់»។ ដូច្នេះ អាទទឹងនឹងព្រះគ្រីស្ទក៏សួរទៅកាន់បុគ្គលនោះថា៖ «តើថ្មីៗនេះ ការដកបទពិសោធរបស់អ្នកចំពោះរឿងរ៉ាវយ៉ាងម៉េចដែរ?» «ល្អគួរសមដែរ។ ព្រះជាម្ចាស់កំពុងដឹកនាំពួកយើង។ ជីវិតពួកជំនុំមិនអាក្រក់ទេ បងប្អូនប្រុសស្រីសុទ្ធតែបានចូលទៅក្នុងគន្លងត្រឹមត្រូវ ពួកគេសុទ្ធតែចូលចិត្តអានព្រះបន្ទូលរបស់ព្រះជាម្ចាស់ ហើយកិច្ចការផ្សាយដំណឹងល្អក៏កំពុងដំណើរការទៅមុខយ៉ាងល្អផងដែរ»។ «នៅពេលកិច្ចងារដំណើរការទៅមិនរលូន តើអ្នកមិនមានអារម្មណ៍ទុក្ខព្រួយទេឬ? តើអ្នកមិនមានភាពអវិជ្ជមានទេឬ? តើព្រះជាម្ចាស់ប្រៀនប្រដៅអ្នកដែរឬទេ? តើអ្នកមានអារម្មណ៍ស្ដីបន្ទោសនៅក្នុងចិត្តដែរឬទេ?» «អត់ទេ តើហេតុអ្វីបានជាខ្ញុំត្រូវមានអារម្មណ៍ស្ដីបន្ទោសក្នុងចិត្ត ក្នុងពេលដែលកិច្ចការត្រូវបានធ្វើឡើងយ៉ាងល្អដូច្នេះ? បើមានមែន គឺព្រះជាម្ចាស់កំពុងប្រទានព្រះពរដល់ខ្ញុំ»។ អាទទឹងនឹងព្រះគ្រីស្ទគិតថា៖ «ព្រះជាម្ចាស់មិនបានដាក់បណ្ដាសាមនុស្សបែបនេះទេ ដូច្នេះ ព្រះបន្ទូលដែលព្រះជាម្ចាស់បានថ្លែងអំពីការដាក់បណ្ដាសាមនុស្សអាក្រក់ ការដាក់បណ្ដាសាអស់អ្នកដែលទាស់ទទឹងនឹងព្រះជាម្ចាស់ មិនទាន់ត្រូវបានសម្រេចឡើយ! អ្នកដឹកនាំរូបនេះបានប្រព្រឹត្តអំពើទាស់ទទឹងនឹងព្រះជាម្ចាស់ និងបង្អាក់ដល់កិច្ចការរបស់ពួកជំនុំយ៉ាងច្បាស់ក្រឡែតបែបនេះ បណ្ដាសារបស់ព្រះគួរតែធ្លាក់ទៅលើគាត់ហើយ។ ម្ដេចបានជារឿងនេះមិនកើតឡើងទៀត? វាពិបាកនិយាយណាស់ថា តើព្រះបន្ទូលនៃបណ្ដាសារបស់ព្រះជាម្ចាស់ប្រឆាំងនឹងមនុស្សអាចត្រូវបានសម្រេចឬក៏អត់នោះ ដូច្នេះ ខ្ញុំនឹងបន្តសង្កេតទៀត»។ មានឃ្លាមួយនៅក្នុងព្រះបន្ទូលរបស់ព្រះជាម្ចាស់ថា៖ «ការទាស់ទទឹងនាំទៅរកសេចក្តីស្លាប់!» នៅក្នុងក្រសែភ្នែករបស់អាទទឹងនឹងព្រះគ្រីស្ទ មានមនុស្សជាច្រើនដែលទាស់ទទឹងនឹងព្រះជាម្ចាស់។ ឧទាហរណ៍៖ នៅពេលមនុស្សមួយចំនួនបានជួបប្រទះនឹងដំណាក់កាលនៃកិច្ចការរបស់ព្រះជាម្ចាស់នេះជាលើកដំបូង ហើយមិនយល់ពីសេចក្ដីពិត ពួកគេបាននិយាយពាក្យសម្ដីប្រមាថ និងមួលបង្កាច់មួយចំនួនប្រឆាំងនឹងព្រះជាម្ចាស់ ដោយបដិសេធដំណាក់កាលនេះនៃកិច្ចការរបស់ព្រះជាម្ចាស់។ អាទទឹងនឹងព្រះគ្រីស្ទគិតក្នុងចិត្តថា៖ «តើមនុស្សទាំងនេះជាអ្នកដែលទាស់ទទឹងនឹងព្រះជាម្ចាស់មែនទេ? ប្រសិនបើដូច្នេះមែន នោះយោងតាមព្រះបន្ទូលរបស់ព្រះជាម្ចាស់ ការទាស់ទទឹងនាំទៅរកសេចក្តីស្លាប់។ ប៉ុន្តែបន្ទាប់ពីច្រើនឆ្នាំមកនេះ ហាក់ដូចជាគ្មានមនុស្សណាម្នាក់ក្នុងចំណោមពួកគេបានស្លាប់ឡើយ។ ព្រះបន្ទូលរបស់ព្រះជាម្ចាស់មិនទាន់ក្លាយជាការពិតទេ! ទោះបីជាពួកគេមិនស្លាប់ក៏ដោយ ក៏យ៉ាងហោចណាស់ មនុស្សទាំងនេះគួរតែបាក់ដៃ ឬបាត់បង់ជើង ឬរងមហន្តរាយខ្លះនៅផ្ទះ ដូចជាសមាជិកគ្រួសារស្លាប់ ឬផ្ទះរបស់ពួកគេរលំ ឬជួបគ្រោះថ្នាក់ចរាចរណ៍។ គ្មានគ្រោះអកុសលណាមួយក្នុងចំណោមរឿងទាំងនេះបានកើតឡើងឡើយ ដូច្នេះ តើម៉េចនឹងអាចនិយាយថា ការទាស់ទទឹងនាំទៅរកសេចក្តីស្លាប់បានទៅ? វាអាចមកពីសមត្ថភាពយល់ដឹងរបស់យើងខ្សោយ ហើយយើងនៅតែមិនដឹងថាព្រះបន្ទូលរបស់ព្រះជាម្ចាស់ក្លាយជាការពិត និងត្រូវបានសម្រេចដោយរបៀបណាឡើយ។ ថាតើព្រះបន្ទូលរបស់ព្រះជាម្ចាស់នឹងក្លាយជាការពិតឬអត់នោះ គឺមនុស្សមិនដឹងទេ។ វាពិបាកនិយាយណាស់»។ តាមរយៈអង្គហេតុដែលអាចសង្កេតបានទាំងនេះ និងការវិភាគក្នុងគំនិតរបស់គេផ្ទាល់ ព្រមទាំងពីទស្សនៈ «ដ៏ប្លែកមានតែមួយ» របស់គេ អាទទឹងនឹងព្រះគ្រីស្ទមើលថាតើព្រះបន្ទូលទាំងនេះរបស់ព្រះជាម្ចាស់ក្លាយជាការពិតឬអត់ និងថាតើព្រះបន្ទូលទាំងនោះក្លាយជាការពិតដោយរបៀបណា។ គេតែងតែដាក់សញ្ញាសួរដ៏ធំមួយលើរឿងនេះ។ គេមិនដឹងពីលទ្ធផលចុងក្រោយនៃរឿងនេះ របៀបពន្យល់ពីព្រឹត្តិការណ៍ទាំងនេះ ឬរបៀបយល់ឃើញពីបាតុភូតទាំងនេះឡើយ។ ជាការពិតណាស់ គេឧស្សាហ៍អធិស្ឋានអំពីរឿងនេះថា៖ «ឱព្រះជាម្ចាស់អើយ សូមបំភ្លឺទូលបង្គំ អនុញ្ញាតឱ្យទូលបង្គំយល់ពីរបៀបដែលទ្រង់ដាក់បណ្ដាសា និងដាក់ទោសមនុស្ស និងរបៀបដែលព្រះបន្ទូលរបស់ទ្រង់ក្លាយជាការពិត ដើម្បីឱ្យទូលបង្គំអាចបណ្ដុះបាននូវចិត្តដែលកោតខ្លាចទ្រង់ ដើម្បីឱ្យទូលបង្គំខ្លាចទ្រង់ ហើយមិនធ្វើរឿងដែលទាស់ទទឹងនឹងទ្រង់ឡើយ»។ តើការអធិដ្ឋាននេះមានប្រយោជន៍ដែរឬទេ? តើព្រះជាម្ចាស់នឹងព្រះសណ្ដាប់ដែរឬទេ? (អត់ទេ។) ព្រះជាម្ចាស់មិនទាំងខ្វល់នឹងរឿងនេះផង។ ទ្រង់ចាត់ទុកការអធិដ្ឋានទាំងនេះដូចជាសំឡេងរុយ និងសត្វល្អិតហើរងូងៗដែលគ្មានន័យអ៊ីចឹង។ ហេតុអ្វីបានជាព្រះជាម្ចាស់មិនព្រះសណ្ដាប់ការអធិដ្ឋានបែបនេះ? ពីព្រោះគ្រប់ប្រយោគដែលអាទទឹងនឹងព្រះគ្រីស្ទពោលចេញមក គឺពោរពេញទៅដោយការសាកល្បង ការញុះញង់ ការមួលបង្កាច់ និងការប្រមាថ។ ចំពោះមនុស្សបែបនេះ ទោះបីជាព្រះជាម្ចាស់មិនបានវាយគេផ្ដួល ឬថ្កោលទោសគេដោយចំហក៏ដោយ ក៏អ្វីៗគ្រប់យ៉ាងដែលគេធ្វើ គំនិត ទស្សនៈ និងជំហររបស់គេ ត្រូវបានថ្កោលទោសនៅក្នុងព្រះនេត្ររបស់ព្រះជាម្ចាស់ដែរ។ ការបង្ហាញចេញទាំងនេះរបស់អាទទឹងនឹងព្រះគ្រីស្ទ ត្រូវបានលាក់ទុកនៅក្នុងចិត្តទាំងអស់។ គេធ្វើរឿងទាំងនេះដោយលួចលាក់ ហើយឈ្លបមើលរឿងទាំងនេះដោយសម្ងាត់។ ជាការពិតណាស់ ព្រះជាម្ចាស់ក៏ថ្កោលទោស និងដាក់បណ្ដាសាគេនៅក្នុងព្រះហឫទ័យរបស់ទ្រង់ផងដែរ។
ចំពោះព្រះបន្ទូលនៃបណ្ដាសា និងការដាក់ទោសរបស់ព្រះជាម្ចាស់ចំពោះមនុស្ស ពួកទទឹងនឹងព្រះគ្រីស្ទមិនជឿ ឬមិនយល់ពីព្រះបន្ទូលទាំងនោះឡើយ។ ពួកគេតែងតែពិនិត្យពិច័យ និងវិភាគថា៖ «តើព្រះបន្ទូលទាំងនេះក្លាយជាការពិតយ៉ាងដូចម្ដេចឱ្យប្រាកដទៅ? តើព្រះបន្ទូលទាំងនេះពិតជាអាចក្លាយជាការពិតមែនឬ? តើព្រះបន្ទូលទាំងនេះនឹងក្លាយជាការពិតសម្រាប់អ្នកណា? តើអស់អ្នកដែលត្រូវបានព្រះជាម្ចាស់ដាក់បណ្ដាសា និងដាក់ទោស ពិតជាទទួលបណ្ដាសា និងការដាក់ទោសមែនឬ? តើភ្នែកមនុស្សអាចមើលឃើញរឿងនេះដែរឬទេ? តើព្រះជាម្ចាស់មិនគួរធ្វើឱ្យភ្នែកមនុស្សអាចមើលឃើញរឿងទាំងអស់នេះទេឬ?» ពួកគេតែងតែរិះគិតពីរឿងទាំងនេះនៅក្នុងចិត្តរបស់ខ្លួនជានិច្ច ដោយចាត់ទុករឿងទាំងនេះជាបញ្ហាដ៏ធំដុំ និងសំខាន់នៅក្នុងជីវិតប្រចាំថ្ងៃរបស់ពួកគេ។ ឱ្យតែពួកគេមានពេលវេលា ឬមានឱកាស ពួកគេក៏ត្រិះរិះពីរឿងទាំងនេះ។ ដរាបណាមជ្ឈដ្ឋានអំណោយផល ហើយព្រឹត្តិការណ៍បែបនេះកើតឡើង ឬដរាបណាមានប្រធានបទបែបនេះពាក់ព័ន្ធ នោះជំហរ និងទស្សនៈរបស់ពួកគេ ត្រូវបានបញ្ចេញឱ្យឃើញយ៉ាងច្បាស់។ ពួកគេកំពុងពិនិត្យពិច័យ និងមួលបង្កាច់ព្រះបន្ទូលទាំងនេះរបស់ព្រះជាម្ចាស់ ដោយព្យាយាមយល់ពីព្រះបន្ទូលទាំងនេះពីទស្សនៈរបស់មនុស្ស និងតាមរបៀបរបស់មនុស្ស ព្រមទាំងកំពុងសាកល្បងមើលថាតើព្រះបន្ទូលទាំងនេះអាចត្រូវបានសម្រេចឬអត់ ថាតើព្រះបន្ទូលទាំងនេះបានក្លាយជាការពិតនៅក្នុងជីវិតប្រចាំថ្ងៃ និងមានផលជាក់ស្ដែងដែរឬទេ។ ហេតុអ្វីបានជាពួកគេធ្វើបែបនេះ? ហេតុអ្វីបានជាពួកគេអាចគិតវិលចុះវិលឡើង និងត្រិះរិះពីរឿងទាំងនេះនៅក្នុងចិត្តរបស់ខ្លួនដោយមិនចេះនឿយហត់ដូច្នេះ? ពីព្រោះនៅក្នុងចិត្តរបស់ពួកទទឹងនឹងព្រះគ្រីស្ទ មិនថាព្រះជាម្ចាស់សម្ដែងចេញនូវសេចក្ដីពិតច្រើនប៉ុនណាក៏ដោយ ក៏វាមិនគ្រប់គ្រាន់ដើម្បីបញ្ជាក់ពីអត្តសញ្ញាណ ឬសារជាតិរបស់ព្រះជាម្ចាស់ឡើយ។ រឿងតែមួយគត់ដែលអាចបញ្ជាក់ពីអត្តសញ្ញាណ និងសារជាតិរបស់ព្រះជាម្ចាស់បាន គឺថាតើព្រះបន្ទូលរបស់ព្រះជាម្ចាស់ក្លាយជាការពិត និងត្រូវបានសម្រេចឬអត់។ និយាយម្យ៉ាងវិញទៀត គឺថាតើព្រះបន្ទូលរបស់ព្រះជាម្ចាស់ត្រូវបានសម្រេច និងក្លាយជាការពិតឬអត់ គឺជាលក្ខណៈវិនិច្ឆ័យតែមួយគត់របស់ពួកគេ សម្រាប់ការសាកល្បងអត្តសញ្ញាណ និងសារជាតិរបស់ព្រះជាម្ចាស់។ ស្រដៀងគ្នានេះដែរ ថាតើព្រះបន្ទូលនៃបណ្ដាសា និងការដាក់ទោសរបស់ព្រះជាម្ចាស់ចំពោះមនុស្សក្លាយជាការពិតឬអត់នោះ ក៏បានក្លាយជាលក្ខណៈវិនិច្ឆ័យរបស់ពួកគេ ដើម្បីសាកល្បងអត្តសញ្ញាណ និងសារជាតិរបស់ព្រះជាម្ចាស់ផងដែរ។ នេះគឺជាគំនិត និងទស្សនៈដ៏សំខាន់បំផុតរបស់ពួកទទឹងនឹងព្រះគ្រីស្ទ ក្នុងការវាស់ស្ទង់ព្រះជាម្ចាស់។ ដោយប្រើទស្សនៈ និងវិធីសាស្ត្រនៃការយល់ដឹងរបស់មនុស្ស ព្រមទាំងពឹងផ្អែកលើបញ្ញារបស់មនុស្ស ពួកទទឹងនឹងព្រះគ្រីស្ទសាកល្បង និងវាយតម្លៃព្រះបន្ទូលនៃបណ្ដាសា និងការដាក់ទោសរបស់ព្រះជាម្ចាស់ចំពោះមនុស្ស។ មិនថាយ៉ាងណាក៏ដោយ នៅពេលពួកគេមិនអាចមើលឃើញអង្គហេតុ និងមិនអាចមើលឃើញទិដ្ឋភាពដែលពួកគេចង់ឃើញ នោះពួកគេបដិសេធអត្តសញ្ញាណ និងសារជាតិរបស់ព្រះជាម្ចាស់នៅក្នុងចិត្តរបស់ខ្លួនម្ដងហើយម្ដងទៀត។ កាលណាពួកគេកាន់តែមិនអាចមើលឃើញ ពួកគេកាន់តែបង្កើនការបដិសេធរបស់ពួកគេចំពោះព្រះជាម្ចាស់ ហើយពួកគេកាន់តែសង្ស័យថាតើអ្វីដែលពួកគេបានដាក់ទុន និងលះបង់ គឺសមតម្លៃឬអត់។ ក៏ប៉ុន្តែ នៅពេលពួកទទឹងនឹងព្រះគ្រីស្ទមើលឃើញមនុស្សអាក្រក់មួយចំនួននៅក្នុងដំណាក់របស់ព្រះជាម្ចាស់ ដែលមួលបង្កាច់ព្រះជាម្ចាស់ ឬរំខានដល់កិច្ចការនៃដំណាក់របស់ព្រះជាម្ចាស់ ឬអស់អ្នកដែលប្រមាថ និងទាស់ទទឹងនឹងព្រះជាម្ចាស់ ទទួលការដាក់ទោស ឬបណ្ដាសាក្នុងកម្រិតផ្សេងៗគ្នា ហើយឃើញពីលទ្ធផលរបស់មនុស្សទាំងនេះ ពួកគេក៏មានការកោតស្ញប់ស្ញែងចំពោះព្រះជាម្ចាស់ ដោយមានអារម្មណ៍ភ្លាមៗថា៖ «ព្រះជាម្ចាស់ពិតជាគួរឱ្យកោតខ្លាចណាស់។ អ្វីក៏ដោយដែលទ្រង់មានព្រះបន្ទូល គឺសុទ្ធតែសម្រេចបាន។ ម្នាក់នោះពីមុនមិនអីសោះ ស្រាប់តែស្លាប់ភ្លាមៗ ពីព្រោះកាលពីម្សិលមិញ នាងទើបតែជេរប្រមាថព្រះជាម្ចាស់សោះហ្នឹង! ម្នាក់ទៀត ដែលមានកម្លាំងខ្លាំងដូចគោព្រៃ ស្រាប់តែធ្លាក់ខ្លួនឈឺ ពីព្រោះគាត់បានបង្កការខាតបង់យ៉ាងធ្ងន់ធ្ងរដល់កិច្ចការនៃដំណាក់របស់ព្រះជាម្ចាស់ ហើយថែមទាំងមិនព្រមទទួលស្គាល់កំហុសទៀត ដែលធ្វើឱ្យគាត់ទទួលបានបណ្ដាសារបស់ព្រះជាម្ចាស់។ ម្នាក់ទៀត ដោយសារតែបានប្រព្រឹត្តកំហុសខ្លះ និងបានធ្វើអំពើអាក្រក់ខ្លះនៅក្នុងពួកជំនុំ ក៏មានគ្រោះអកុសលធ្លាក់មកលើគ្រួសាររបស់នាង ហើយចាប់តាំងពីពេលនោះមក គ្មានសេចក្ដីសុខសាន្តនៅក្នុងផ្ទះរបស់នាងឡើយ។ ម្នាក់ទៀត ដែលតែងតែនិយាយពាក្យប្រមាថដល់ព្រះជាម្ចាស់ ឥឡូវនេះបានឆ្កួតបាត់ទៅហើយ ហើយថែមទាំងអះអាងថាខ្លួនឯងជាព្រះជាម្ចាស់ទៀតផង។ នេះគឺជាការចូលសណ្ឋិតពីពួកអារក្ស។ ព្រះជាម្ចាស់បានប្រគល់គាត់ទៅឱ្យសាតាំង ដោយដាក់គាត់នៅក្នុងទីស្ថិតនៅរបស់វិញ្ញាណអសោច។ ការធ្វើឱ្យគាត់រងទុក្ខដោយការចូលសណ្ឋិតពីវិញ្ញាណអាក្រក់ មិនមែនជារឿងដែលមនុស្សអាចធ្វើបានឡើយ។ មានតែព្រះជាម្ចាស់ប៉ុណ្ណោះដែលមានសិទ្ធិអំណាចធ្វើរឿងនេះបាន។ ព្រះជាម្ចាស់មានអធិបតេយ្យភាពលើអ្វីៗទាំងអស់ ទ្រង់បានប្រគល់បុគ្គលនោះទៅឱ្យវិញ្ញាណអាក្រក់ ហើយពួកវាក៏បានចូលសណ្ឋិតក្នុងខ្លួនគាត់ ដែលធ្វើឱ្យគាត់បាត់បង់សតិ និងសេចក្ដីអៀនខ្មាស ដោយធ្វើឱ្យគាត់រត់ស្រាតតាមផ្លូវ។ មើលចុះថាតើមនុស្សទាំងនេះក្លាយជាយ៉ាងណា ការដាក់ទោស និងបណ្ដាសាដែលពួកគេបានទទួលរង តើពួកគេទាំងអស់នោះបានធ្វើអ្វីខ្លះទៅ?» បន្ទាប់ពីបានពិចារណាយ៉ាងហ្មត់ចត់ពីរឿងនេះរួច បេះដូងរបស់ពួកទទឹងនឹងព្រះគ្រីស្ទក៏លោតខុសចង្វាក់៖ «មនុស្សទាំងនេះរួមមានអស់អ្នកដែលជេរប្រទេចព្រះជាម្ចាស់ដោយចំហ អស់អ្នកដែលប្រមាថ និងវិនិច្ឆ័យព្រះជាម្ចាស់ដោយចំហ និងអស់អ្នកដែលមានចេតនាបង្កការរំខាន និងការបង្អាក់នៅក្នុងដំណាក់របស់ព្រះជាម្ចាស់។ មើលទៅ ហាក់ដូចជាគ្មានរឿងល្អណាមួយកើតចេញពីការប្រឆាំងនឹងព្រះជាម្ចាស់ឡើយ! ព្រះជាម្ចាស់ពិតជាគួរឱ្យកោតខ្លាចណាស់! ប្រសិនបើអ្នកប្រមាថអ្នកដទៃ ពួកគេមិនអាចធ្វើអ្វីច្រើនចំពោះអ្នកទេ ប៉ុន្តែប្រសិនបើអ្នកប្រមាថព្រះជាម្ចាស់ នោះជារឿងធ្ងន់ធ្ងរហើយ។ អ្នកត្រូវតែទទួលខុសត្រូវចំពោះឥរិយាបថរបស់អ្នក។ ការខាតបង់គឺធំធេងពេកហើយ! យ៉ាងហោចណាស់ អ្នកអាចនឹងឆ្កួត ហើយព្រះជាម្ចាស់នឹងប្រគល់អ្នកទៅឱ្យវិញ្ញាណអសោច ដែលប្រាកដជាមានន័យថាត្រូវធ្លាក់នរកមិនខាន។ យ៉ាងអាក្រក់បំផុត ព្រះជាម្ចាស់នឹងលុបបំបាត់អត្ថិភាពខាងសាច់ឈាមរបស់អ្នកចោលនៅក្នុងជាតិនេះ បំផ្លាញអ្នក ហើយនៅក្នុងបរលោក មិនបាច់និយាយក៏ដឹងដែរថា អ្នកនឹងគ្មានគោលដៅ មិនអាចចូលក្នុងនគរព្រះបាន ហើយនឹងមិនទទួលបានព្រះពរឡើយ។ ដោយវិនិច្ឆ័យតាមរបៀបផ្សេងៗដែលពួកគេបានទាស់ទទឹងនឹងព្រះជាម្ចាស់ ខ្ញុំត្រូវតែប្រុងប្រយ័ត្នឱ្យបានច្រើនជាងនេះ ហើយកំណត់គោលការណ៍មួយចំនួនសម្រាប់ខ្លួនឯង។ ទីមួយ ខ្ញុំមិនត្រូវជេរប្រមាថព្រះជាម្ចាស់ដោយចំហឡើយ។ ប្រសិនបើខ្ញុំត្រូវតែជេរប្រមាថមែន ខ្ញុំគួរតែធ្វើវាដោយស្ងាត់ៗនៅក្នុងចិត្តរបស់ខ្ញុំ។ ទីពីរ ទោះបីជាខ្ញុំមានបំណងប្រាថ្នា និងមហិច្ឆតាចង់ធ្វើជាព្រះជាម្ចាស់ក៏ដោយ ក៏ខ្ញុំមិនអាចបញ្ចេញវាឱ្យឃើញ ឬឱ្យអ្នកដទៃដឹងឡើយ។ ទីបី ខ្ញុំត្រូវតែទប់ឥរិយាបថ និងចលនារបស់ខ្ញុំ ដោយមិនធ្វើអ្វីដែលបង្កឱ្យមានការបង្អាក់ឡើយ។ ប្រសិនបើខ្ញុំបង្កការខាតបង់ដល់កិច្ចការនៃដំណាក់របស់ព្រះជាម្ចាស់ ហើយធ្វើឱ្យព្រះជាម្ចាស់ខ្ញាល់ នោះជារឿងដ៏អាក្រក់ណាស់! ក្នុងករណីស្រាល ខ្ញុំអាចនឹងបាត់បង់ជីវិត។ ក្នុងករណីធ្ងន់ធ្ងរ ខ្ញុំនឹងត្រូវបណ្ដាសា ហើយធ្លាក់ចូលទៅក្នុងរណ្ដៅគ្មានបាត ហើយនោះគឺជាទីបញ្ចប់របស់ខ្ញុំហើយ»។ នៅពេលពួកទទឹងនឹងព្រះគ្រីស្ទឃើញរឿងទាំងនេះកើតឡើង ពួកគេមានអារម្មណ៍ថាព្រះបន្ទូលរបស់ព្រះជាម្ចាស់បានក្លាយជាការពិត ហើយព្រះជាម្ចាស់ពិតជាអស្ចារ្យ និងគួរឱ្យកោតខ្លាចណាស់។ ភាពអស្ចារ្យ និងភាពគួរឱ្យកោតខ្លាចរបស់ព្រះជាម្ចាស់ ត្រូវបានពួកគេដឹង និងទទួលស្គាល់តាមរយៈព្រឹត្តិការណ៍ទាំងនេះ។ តើដំណើរការគិតទាំងអស់នេះនៅក្នុងចិត្តរបស់ពួកទទឹងនឹងព្រះគ្រីស្ទ ក៏ដូចជាគោលការណ៍សម្រាប់សកម្មភាពដែលពួកគេបានបង្កើតឡើងបន្ទាប់ពីបានឃើញរឿងទាំងនេះ មិនមែនជាសកម្មភាពនៃពិភពខាងក្នុងរបស់ពួកគេទេឬ? អ្វីៗទាំងអស់ដែលពួកគេធ្វើនៅក្នុងចិត្តរបស់ពួកគេចំពោះព្រះជាម្ចាស់ គឺជាអ្វីដែលត្រូវបានគេស្គាល់ថាជាការឈ្លបមើល។
ពួកទទឹងនឹងព្រះគ្រីស្ទមិននិយាយដោយចំហនោះទេថា៖ «ព្រះជាម្ចាស់មិនដាក់បណ្ដាសាមនុស្សទេ ព្រះបន្ទូលរបស់ព្រះជាម្ចាស់មិនទាន់ក្លាយជាការពិតឡើយ» ហើយពួកគេក៏មិននិយាយដោយចំហថា៖ «ព្រះជាម្ចាស់បានដាក់ទោសអ្នកនេះអ្នកនោះ ព្រះជាម្ចាស់បានដាក់បណ្ដាសាអ្នកនេះអ្នកនោះ។ ព្រះបន្ទូលរបស់ព្រះជាម្ចាស់បានក្លាយជាការពិត ព្រះជាម្ចាស់ពិតជាអស្ចារ្យណាស់» នោះដែរ។ ផ្ទុយទៅវិញ ពួកគេរៀបចំល្បិច ធ្វើផែនការ និងត្រិះរិះពិចារណាពីរឿងទាំងនេះយ៉ាងជ្រៅនៅក្នុងចិត្តរបស់ខ្លួន។ តើពួកគេមានគោលដៅអ្វីក្នុងការត្រិះរិះពិចារណានេះ? ពួកគេគិតថាត្រូវធ្វើអ្វី ប្រសិនបើព្រះបន្ទូលរបស់ព្រះជាម្ចាស់ក្លាយជាការពិត ហើយត្រូវធ្វើអ្វី ប្រសិនបើព្រះបន្ទូលរបស់ព្រះជាម្ចាស់មិនក្លាយជាការពិត ឬមិនត្រូវបានសម្រេច។ គោលបំណងនៃការឈ្លបមើលរបស់ពួកគេ មិនមែនដើម្បីយល់ពីសកម្មភាពរបស់ព្រះជាម្ចាស់ មិនមែនដើម្បីយល់ពីនិស្ស័យរបស់ព្រះជាម្ចាស់ ហើយរឹតតែមិនមែនដើម្បីទទួលបានសេចក្ដីពិត និងធ្វើជាភាវៈដែលព្រះបានបង្កើតដែលត្រូវតាមស្ដង់ដានោះឡើយ ផ្ទុយទៅវិញ គឺដើម្បីដោះស្រាយបញ្ហាទាំងអស់នេះ ដើម្បីប្រឈមមុខនឹងបណ្ដាសា និងការដាក់ទោសរបស់ព្រះជាម្ចាស់ ដោយប្រើវិធីសាស្ត្រ និងយុទ្ធសាស្ត្ររបស់មនុស្ស។ នេះគឺជាអ្វីដែលពួកទទឹងនឹងព្រះគ្រីស្ទរៀបចំល្បិចនៅក្នុងចិត្តរបស់ពួកគេ។ តើបណ្ដុំគំនិតទាំងនេះចំពោះព្រះបន្ទូលរបស់ព្រះជាម្ចាស់ អាចបញ្ជាក់ថាពួកគេប្រទូសរ៉ាយចំពោះព្រះជាម្ចាស់ដែរឬទេ? តើវាអាចបញ្ជាក់ថា ពួកគេតែងតែមួលបង្កាច់ និងប្រមាថព្រះជាម្ចាស់ដែរឬទេ? (អាច។) ពិតប្រាកដណាស់! នេះគឺជាអ្វីដែលពួកទទឹងនឹងព្រះគ្រីស្ទធ្វើ។ ប្រសិនបើព្រះបន្ទូលរបស់ព្រះជាម្ចាស់ក្លាយជាការពិត ពួកគេមានវិធានការទប់ទល់រួចជាស្រេច។ ប្រសិនបើព្រះបន្ទូលរបស់ទ្រង់មិនក្លាយជាការពិតទេ ពួកគេក៏មានវិធានការទប់ទល់សម្រាប់រឿងនោះដែរ ពោលគឺវិធានការទប់ទល់របស់ពួកគេផ្លាស់ប្ដូរ អាស្រ័យលើថាតើព្រះបន្ទូលរបស់ព្រះជាម្ចាស់ក្លាយជាការពិតឬអត់។ ប្រសិនបើព្រះបន្ទូលរបស់ព្រះជាម្ចាស់ក្លាយជាការពិត ពួកទទឹងនឹងព្រះគ្រីស្ទប្រព្រឹត្តខ្លួនបានយ៉ាងត្រឹមត្រូវ ដោយចូលរួមក្នុងកិច្ចការនានានៅក្នុងដំណាក់របស់ព្រះជាម្ចាស់យ៉ាងប្រុងប្រយ័ត្ន រក្សាការមិនឱ្យគេចាប់អារម្មណ៍ មិនក្រអឺតក្រទម ឬគឃ្លើន ហើយបន្តប្រុងប្រយ័ត្នមិនធ្វើអ្វីខុសឡើយ។ ប្រសិនបើព្រះបន្ទូលរបស់ព្រះជាម្ចាស់មិនក្លាយជាការពិតទេ ពួកគេនឹងប្រព្រឹត្តឱ្យតែរួចពីដៃយ៉ាងគឃ្លើន។ ទោះក្នុងករណីណាក៏ដោយ មិនថាតើព្រះបន្ទូលរបស់ព្រះជាម្ចាស់ត្រូវបានមើលឃើញថាក្លាយជាការពិតឬក៏អត់នៅក្នុងក្រសែភ្នែករបស់ពួកគេនោះទេ ក៏ចិត្តរបស់ពួកគេនឹងមិនចាត់ទុកព្រះជាម្ចាស់ជាព្រះជាម្ចាស់ពិតប្រាកដជាដាច់ខាត ហើយចិត្តរបស់ពួកគេក៏មិនអាចថ្វាយទាំងស្រុងដល់ព្រះជាម្ចាស់ជាដាច់ខាត។ ភារកិច្ច និងសកម្មភាពរបស់ពួកគេ មិនត្រូវបានធ្វើឡើងដោយអស់ពីចិត្តឡើយ ប៉ុន្តែត្រូវបានធ្វើឡើងដោយប្រើល្បិច ឧបាយកល និងការធ្វើពុត ព្រមទាំងមានការបោកបញ្ឆោត ការលាក់បាំង និងភាពលួចលាក់។ អ្វីដែលពួកគេគិត ត្រិះរិះ និងសង្ស័យនៅក្នុងជម្រៅចិត្តរបស់ខ្លួន មិនដែលត្រូវបានចែករំលែកដោយចំហជាមួយអ្នកដទៃ ឬជាមួយព្រះជាម្ចាស់ឡើយ។ ផ្ទុយទៅវិញ ពួកគេចាត់ទុកការគិត និងគំនិតរបស់ពួកគេផ្ទាល់យ៉ាងរឹងរូសថាជាសេចក្ដីពិត ជាទិសដៅ និងគោលដៅដ៏ត្រឹមត្រូវ និងល្អ ដើម្បីប្រតិបត្តិ និងអនុវត្ត។ នៅក្នុងក្រសែភ្នែករបស់ពួកទទឹងនឹងព្រះគ្រីស្ទ ថាតើព្រះបន្ទូលនៃបណ្ដាសា និងការដាក់ទោសរបស់ព្រះជាម្ចាស់ចំពោះមនុស្សក្លាយជាការពិតឬអត់ គឺជារឿងសំខាន់ខ្លាំងណាស់ ព្រោះវាកំណត់ពីរបៀបដែលពួកគេធ្វើសកម្មភាព និងមានឥរិយាបថនៅក្នុងជីវិតប្រចាំថ្ងៃ របៀបដែលពួកគេប្រព្រឹត្តចំពោះកិច្ចការ និងរបៀបដែលពួកគេប្រព្រឹត្តចំពោះបងប្អូនប្រុសស្រី។ វាក៏សម្រេចផងដែរថាតើពួកគេបញ្ចេញឱ្យឃើញឥរិយាបថអ្វីខ្លះ ព្រមទាំងថាតើពួកគេមានសកម្មភាព និងការបង្ហាញចេញអ្វីខ្លះ។ នៅពេលព្រះបន្ទូលរបស់ព្រះជាម្ចាស់ក្លាយជាការពិត ពួកទទឹងនឹងព្រះគ្រីស្ទប្រព្រឹត្តខ្លួនបានយ៉ាងត្រឹមត្រូវ និងគ្មានល្បិចកល ដោយទប់សកម្មភាពរបស់ខ្លួន ព្យាយាមមិនធ្វើអ្វីដែលបង្កឱ្យមានការរំខាន ឬការបង្អាក់ ហើយព្យាយាមមិននិយាយពាក្យសម្ដីដែលបង្អាក់ ឬរំខាន ដែលមួលបង្កាច់ព្រះបន្ទូលរបស់ព្រះជាម្ចាស់ ឬដែលមួលបង្កាច់កិច្ចការរបស់ទ្រង់ឡើយ។ ប្រសិនបើព្រះបន្ទូលទាំងនេះរបស់ព្រះជាម្ចាស់មិនក្លាយជាការពិតទេ ពួកគេហ៊ានវិនិច្ឆ័យ និងថ្កោលទោសកិច្ចការរបស់ព្រះជាម្ចាស់តាមអំពើចិត្ត ដោយគ្មានការញញើតអ្វីឡើយ។ តាមរបៀបនេះ ពួកទទឹងនឹងព្រះគ្រីស្ទបន្តប្រឆាំង និងស្រែកឡូឡាទាស់នឹងព្រះជាម្ចាស់នៅក្នុងជម្រៅចិត្តរបស់ពួកគេជានិច្ច។ តើអាចទៅរួចទេដែលពួកគេមិនត្រូវបានបើកសម្ដែង និងជម្រុះចោលនោះ? អាកប្បកិរិយា និស្ស័យ និងសារជាតិរបស់ពួកគេនេះ គឺជាអាកប្បកិរិយា និស្ស័យ និងសារជាតិរបស់សត្រូវពិតប្រាកដរបស់ព្រះជាម្ចាស់។ ទោះបីជាពួកទទឹងនឹងព្រះគ្រីស្ទមិនអាចធ្វើអ្វីតាមតែចិត្តចង់ក៏ដោយ ក៏ពួកគេមិនលាក់បាំងទាល់តែសោះនូវអ្វីដែលពួកគេគិត អ្វីដែលពួកគេកំពុងរៀបផែនការ អ្វីដែលពួកគេរិះគិត ឬទស្សនៈអ្វីដែលពួកគេមាននៅក្នុងជម្រៅចិត្តរបស់ខ្លួន ពីព្រោះពួកគេមិនខ្លាចព្រះជាម្ចាស់ឡើយ។ តើមូលហេតុអ្វីដែលពួកគេមិនខ្លាចព្រះជាម្ចាស់? ពួកគេមិនជឿលើអត្ថិភាពរបស់ព្រះជាម្ចាស់ទេ ហើយពួកគេក៏មិនជឿថាព្រះជាម្ចាស់ទតពិនិត្យជម្រៅចិត្តរបស់មនុស្សដែរ។ ហេតុដូច្នេះហើយ នៅក្នុងតក្កវិជ្ជារបស់ពួកទទឹងនឹងព្រះគ្រីស្ទ អ្វីដែលពួកគេចាត់ទុកថាជាយុទ្ធសាស្ត្រដ៏ឆ្លាតវៃបំផុតសម្រាប់ការរស់រានមានជីវិតនោះគឺបែបនេះ៖ «អ្វីដែលខ្ញុំធ្វើ និងសម្ដែងចេញ អ្វីដែលអ្នកដទៃអាចមើលឃើញ អាចក្លាយជាស្ដង់ដាដើម្បីវាស់ស្ទង់ថាខ្ញុំជាមនុស្សប្រភេទណា។ ប៉ុន្តែ អ្វីដែលខ្ញុំគិតនៅក្នុងចិត្ត របៀបដែលខ្ញុំរៀបផែនការ និងមានបំណង តើពិភពខាងក្នុងរបស់ខ្ញុំយ៉ាងម៉េច ថាតើខ្ញុំកំពុងមួលបង្កាច់ និងប្រមាថព្រះជាម្ចាស់ វិនិច្ឆ័យព្រះជាម្ចាស់ ឬជឿលើ និងសរសើរតម្កើងព្រះជាម្ចាស់ឬអត់ ប្រសិនបើខ្ញុំមិននិយាយវាចេញមកទេ នោះគ្មាននរណាម្នាក់ក្នុងចំណោមអ្នករាល់គ្នានឹងដឹងឡើយ។ កុំសង្ឃឹមថាថ្កោលទោសខ្ញុំបានឱ្យសោះ! ប្រសិនបើខ្ញុំមិននិយាយទេ គ្មាននរណាម្នាក់ក្នុងចំណោមអ្នករាល់គ្នាអាចសង្ឃឹមថានឹងដឹងពីអ្វីដែលខ្ញុំគិត ឬរៀបផែនការនៅក្នុងចិត្តរបស់ខ្ញុំ ឬថាតើអាកប្បកិរិយា និងទស្សនៈរបស់ខ្ញុំចំពោះព្រះជាម្ចាស់ជាអ្វីនោះឡើយ ហើយក៏គ្មាននរណាម្នាក់អាចចោទប្រកាន់ខ្ញុំថាប្រព្រឹត្តអំពើបាបណាមួយបានដែរ»។ នេះគឺជាផែនការរបស់ពួកទទឹងនឹងព្រះគ្រីស្ទ។ ពួកគេជឿថា នេះគឺជាគោលការណ៍ដ៏ខ្ពស់បំផុតនៃឥរិយាបថក្នុងការរស់នៅ និងការធ្វើអ្វីៗក្នុងចំណោមមនុស្ស។ ដរាបណាឥរិយាបថរបស់ពួកគេមិនខុស ហើយសកម្មភាពរបស់ពួកគេគ្មានកំហុសឆ្គងណាមួយទេ នោះគ្មាននរណាម្នាក់អាចជ្រៀតជ្រែកនឹងអ្វីដែលពួកគេគិតនៅក្នុងចិត្តរបស់ពួកគេបានឡើយ។ តើពួកទទឹងនឹងព្រះគ្រីស្ទមិនឆ្លាតណាស់ទេឬ? (មិនឆ្លាតទេ។) តើពួកគេមិនឆ្លាតយ៉ាងម៉េចទៅ? ពួកគេក្លែងបន្លំខ្លួនបានយ៉ាងល្អ។ នៅពេលពួកគេអធិដ្ឋាន ពួកគេអធិដ្ឋាននៅតាមកន្លៀតផ្លូវ ហើយពាក្យសម្ដីដែលពួកគេនិយាយនៅចំពោះមុខអ្នកដទៃ គឺសុទ្ធតែត្រឹមត្រូវ ដោយរកកំហុសឆ្គងមិនឃើញឡើយ។ កាលណាពួកគេជឿកាន់តែយូរ ពួកគេកាន់តែមានភាពខាងវិញ្ញាណ។ អ្វីដែលពួកគេពិតជាគិតនៅក្នុងចិត្តរបស់ខ្លួន ពួកគេនិយាយតែជាសម្ងាត់ជាមួយគ្រួសាររបស់ពួកគេប៉ុណ្ណោះ ហើយអ្នកខ្លះមិនទាំងប្រាប់គ្រួសាររបស់ខ្លួនផង ដូច្នេះគ្មាននរណាម្នាក់អាចមើលពួកគេធ្លុះឡើយ។ ប៉ុន្តែ ពួកគេភ្លេចរឿងមួយគឺ៖ ថាតើមនុស្សអាចមើលពួកគេធ្លុះឬអត់ តើវាមានប្រយោជន៍អ្វីទៅ? វាមិនសំខាន់ទេ។ គ្មានមនុស្សណាម្នាក់អាចកំណត់ជោគវាសនារបស់មនុស្សម្នាក់ទៀតបានឡើយ។ ថាតើមនុស្សអាចមើលពួកគេធ្លុះឬអត់ គឺមិនសំខាន់ទេ។ វាមិនពាក់ព័ន្ធ ហើយក៏មិនសម្រេចរឿងណាមួយនោះដែរ។ អ្វីដែលសំខាន់នោះគឺថា ព្រះជាម្ចាស់មិនត្រឹមតែទតមើលឥរិយាបថខាងក្រៅរបស់មនុស្សប៉ុណ្ណោះទេ ប៉ុន្តែទ្រង់ក៏ទតពិនិត្យជម្រៅចិត្តរបស់ពួកគេផងដែរ។ គឺដោយសារតែពួកទទឹងនឹងព្រះគ្រីស្ទមិនជឿ និងមិនដឹងថាព្រះជាម្ចាស់ទតពិនិត្យជម្រៅចិត្តរបស់មនុស្សនេះហើយ ទើបពួកគេគិតយ៉ាងល្ងង់ខ្លៅ និងខុសទំនងថា៖ «គ្មាននរណាម្នាក់អាចជ្រៀតជ្រែកនឹងអ្វីដែលខ្ញុំគិតនៅក្នុងចិត្តរបស់ខ្ញុំបានឡើយ ទោះជាមនុស្ស ឬព្រះជាម្ចាស់ក៏ដោយ»។ ព្រះជាម្ចាស់អាចទតពិនិត្យជម្រៅចិត្តរបស់មនុស្ស ដូច្នេះ គំនិតរបស់អ្នក គឺពាក់ព័ន្ធនឹងការកំណត់និយមន័យរបស់ព្រះជាម្ចាស់ចំពោះអ្នក។ ព្រះជាម្ចាស់មិនត្រឹមតែថ្កោលទោសមនុស្សដោយផ្អែកលើឥរិយាបថខាងក្រៅរបស់ពួកគេប៉ុណ្ណោះទេ ប៉ុន្តែអ្វីដែលសំខាន់ជាងនេះទៅទៀតនោះគឺ ផ្អែកលើគំនិតខាងក្នុងរបស់ពួកគេ។ នេះហើយជាចំណុចដែលពួកទទឹងនឹងព្រះគ្រីស្ទល្ងង់ខ្លៅ។ ក្នុងពេលពួកគេឈ្លបមើលព្រះបន្ទូលរបស់ព្រះជាម្ចាស់ ពួកគេភ្លេចរឿងដ៏សំខាន់មួយថា៖ ព្រះជាម្ចាស់ក៏កំពុងទតពិនិត្យគំនិតរបស់ពួកគេដោយសម្ងាត់ផងដែរ។ ពួកគេឈ្លបមើលថាតើព្រះបន្ទូលរបស់ព្រះជាម្ចាស់ក្លាយជាការពិតឬអត់ ហើយសេចក្ដីសន្និដ្ឋានដែលពួកគេបានឈានដល់ គឺថាពួកគេគួរតែបដិសេធព្រះបន្ទូលរបស់ព្រះជាម្ចាស់ និងអត្ថិភាពរបស់ទ្រង់។ ដោយទតពិនិត្យពួកគេជាសម្ងាត់ ព្រះជាម្ចាស់ទតឃើញពីអាកប្បកិរិយាដែលពួកគេប្រកាន់យកចំពោះព្រះជាម្ចាស់ និងព្រះបន្ទូលរបស់ព្រះជាម្ចាស់នៅក្នុងជម្រៅចិត្តរបស់ពួកគេ។ ទ្រង់ទតឃើញភស្តុតាងទាំងអស់នៃការដែលពួកគេមួលបង្កាច់ និងប្រមាថព្រះជាម្ចាស់ បដិសេធ និងថ្កោលទោសព្រះជាម្ចាស់ ហើយទ្រង់ក៏ទតពិនិត្យឥរិយាបថខាងក្រៅដែលបង្កើតឡើងក្រោមការគ្រប់គ្រងនៃគំនិត និងទស្សនៈទាំងអស់នេះផងដែរ។ ដោយផ្អែកលើគំនិត និងឥរិយាបថរបស់ពួកគេ តើនៅទីបំផុតព្រះជាម្ចាស់កំណត់ថាមនុស្សបែបនេះជាអ្វី? ជាអាទទឹងនឹងព្រះគ្រីស្ទ ជាសត្រូវរបស់ព្រះជាម្ចាស់ ដែលមិនអាចត្រូវបានសង្គ្រោះជាដាច់ខាត។ នេះហើយគឺជាលទ្ធផល។ តើពួកទទឹងនឹងព្រះគ្រីស្ទឆ្លាតដែរឬទេ? ពួកគេមិនឆ្លាតទាល់តែសោះ។ ពួកគេបាននាំខ្លួនឯងទៅរកសេចក្ដីវិនាស។ ពួកគេជឿថា ពួកគេមានសមត្ថភាពពិសេសក្នុងការគិត ថាការគិតរបស់ពួកគេសមហេតុសមផលណាស់ ហើយថាពួកគេជំនាញខាងរៀបចំល្បិចកលជាពិសេស។ បន្ទាប់ពីរៀបចំល្បិចកលរួច ពួកគេមានវិធានការទប់ទល់ និងវិធីសាស្ត្រសម្រាប់ព្រឹត្តិការណ៍ដែលមិននឹកស្មានដល់ផ្សេងៗ និងសម្រាប់រឿងគ្រប់យ៉ាងដែលព្រះជាម្ចាស់ធ្វើ ដែលតែងតែនាំទៅរកលទ្ធផល និងផលចំណេញដ៏ល្អបំផុត។ ពួកគេច្រើនតែមានអារម្មណ៍ពេញចិត្តនឹងខ្លួនឯង និងកោតសរសើរខ្លួនឯង ដោយពេញចិត្តនឹងសមត្ថភាព និងជំនាញរបស់ពួកគេផ្ទាល់។ ពួកគេជឿថា ពួកគេគឺជាមនុស្សដែលឆ្លាតបំផុតនៅលើពិភពលោក៖ ពួកគេអាចយល់ពីប្រភពនៃព្រះបន្ទូលរបស់ព្រះជាម្ចាស់ ថាព្រះបន្ទូលទាំងនោះសំដៅទៅលើអ្នកណា បរិបទនៅពីក្រោយព្រះបន្ទូលរបស់ព្រះជាម្ចាស់ តើពួកគេគួរប្រកាន់យកអាកប្បកិរិយាបែបណាបន្ទាប់ពីព្រះបន្ទូលរបស់ព្រះជាម្ចាស់ក្លាយជាការពិត ហើយតើពួកគេគួរប្រើប្រាស់វិធានការទប់ទល់អ្វីខ្លះ ប្រសិនបើព្រះបន្ទូលរបស់ព្រះជាម្ចាស់មិនក្លាយជាការពិត។ ពួកគេច្រើនតែសាទរខ្លួនឯងដែលឆ្លាត និងល្អឥតខ្ចោះយ៉ាងនេះ ដែលមានភាពវៃឆ្លាតជាងមនុស្សធម្មតា។ តើពួកគេកំពុងសាទរខ្លួនឯងពីរឿងអ្វីទៅ? ពួកគេមានអារម្មណ៍ថា ការពិនិត្យពិច័យ ការវិភាគ និងការប្រកែកតវ៉ានឹងព្រះជាម្ចាស់ ព្រមទាំងការឈ្លបមើលព្រះបន្ទូលរបស់ព្រះជាម្ចាស់នៅក្នុងជម្រៅចិត្តរបស់ពួកគេ គឺជារឿងដ៏រំភើបញាប់ញ័រណាស់ ហើយជារឿងដែលផ្ដល់ឱ្យពួកគេនូវអារម្មណ៍នៃសមិទ្ធិផលយ៉ាងធំធេង។ ហេតុដូច្នេះហើយ ពួកគេពិតជាកោតសរសើរខ្លួនឯង និងសាទរខ្លួនឯងដែលក្លាយជាមនុស្សបែបនេះ។ តើពួកទទឹងនឹងព្រះគ្រីស្ទមិនល្ងង់ខ្លៅទេឬ? ការប្រកែកតវ៉ានឹងអ្នកដទៃ ពិតជាអាចអនុញ្ញាតឱ្យអ្នកកំណត់បានថា តើនរណាម្នាក់ក្នុងចំណោមអ្នករាល់គ្នាខ្ពង់ខ្ពស់ជាងនរណា ហើយថែមទាំងអាចធ្វើឱ្យអ្នកមានអារម្មណ៍ថាខ្លួនមានប្រៀប និងមានញាណនៃអត្ថិភាពរបស់អ្នកផ្ទាល់ទៀតផង។ ប៉ុន្តែ នៅពេលអ្នកប្រកែកតវ៉ានឹងព្រះជាម្ចាស់ ឈ្លបមើលព្រះបន្ទូលរបស់ព្រះជាម្ចាស់ សកម្មភាពរបស់ព្រះជាម្ចាស់ និងគ្រប់យ៉ាងដែលព្រះជាម្ចាស់ធ្វើ តើគេហៅទង្វើនេះថាជាអ្វី? ហើយតើមានផលវិបាកអ្វីខ្លះពាក់ព័ន្ធនឹងរឿងនេះ? នេះគឺជាការស្វែងរកសេចក្ដីស្លាប់ហើយ! អ្នកអាចឈ្លបមើលតារាភាពយន្ត អ្នកចម្រៀង ជនល្បីល្បាញ បុគ្គលអស្ចារ្យ ឬនរណាក៏បាន ប៉ុន្តែបុគ្គលតែមួយគត់ដែលអ្នកមិនត្រូវឈ្លបមើលជាដាច់ខាតនោះគឺព្រះជាម្ចាស់។ ប្រសិនបើអ្នកធ្វើដូច្នេះ មានន័យថាអ្នកកំពុងជ្រើសរើសមុខសញ្ញាខុសសម្រាប់ការឈ្លបមើលរបស់អ្នកហើយ។ នៅក្នុងពិភពលោកសព្វថ្ងៃនេះ ដែលមានព័ត៌មានជឿនលឿន និងឧបករណ៍ចម្រុះដែលជួយសម្រួលដល់លំហូរព័ត៌មាន ការឈ្លបមើលពីសកម្មភាពទៅណាមកណា គំនិត និងទស្សនៈ ព្រមទាំងជីវិតប្រចាំថ្ងៃរបស់អ្នកដទៃ ប្រហែលជាមិនត្រូវបានចាត់ទុកថាជារឿងគួរឱ្យខ្មាសអៀនឡើយ។ ក៏ប៉ុន្តែ សម្រាប់មនុស្សម្នាក់ដែលជឿលើ និងដើរតាមព្រះជាម្ចាស់ ដែលលើកតម្កើងព្រះបន្ទូលរបស់ព្រះជាម្ចាស់ ហើយហូប និងផឹកព្រះបន្ទូលទាំងនោះជារៀងរាល់ថ្ងៃ បែរជាតែងតែឈ្លបមើលរាល់សកម្មភាពរបស់ព្រះជាម្ចាស់ ព្រះបន្ទូលទាំងអស់របស់ព្រះជាម្ចាស់ និងកិច្ចការទាំងអស់របស់ព្រះជាម្ចាស់យ៉ាងជ្រៅនៅក្នុងចិត្តរបស់ខ្លួនទៅវិញ នេះគឺជាការប្រឆាំងទាស់ដ៏គឃ្លើនបំផុត! មនុស្សមាននិស្ស័យពុករលួយ។ នៅពេលអ្នកបញ្ចេញឱ្យឃើញសេចក្ដីពុករលួយរបស់អ្នកនៅចំពោះព្រះជាម្ចាស់ ព្រះជាម្ចាស់អាចផ្គត់ផ្គង់សេចក្ដីពិតឱ្យអ្នកយល់ និងដឹង ដោយផ្ដល់ពេលវេលាឱ្យអ្នកដើម្បីសម្រេចបាននូវការបំផ្លាស់បំប្រែ។ ព្រះជាម្ចាស់អាចអត់ទោសឱ្យ និងមិនចងចាំពីសេចក្ដីពុករលួយ អំពើរំលង និងអំពើបាបរបស់មនុស្សឡើយ។ រឿងតែមួយគត់ដែលព្រះជាម្ចាស់មិនអាចអត់ទោសឱ្យ ឬអត់ឱនឱ្យបាននោះគឺថា ពួកទទឹងនឹងព្រះគ្រីស្ទគ្មានចិត្តចុះចូលទាល់តែសោះ ពួកគេតែងតែពិនិត្យពិច័យព្រះជាម្ចាស់ ព្រមទាំងការឈ្លបមើលកិច្ចការរបស់ព្រះជាម្ចាស់ និងព្រះបន្ទូលរបស់ព្រះជាម្ចាស់ឥតឈប់ឈរ និងជាបន្តបន្ទាប់នៅគ្រប់ពេលវេលា និងគ្រប់ទីកន្លែង។ តើអ្នកកំពុងព្យាយាមធ្វើអ្វីទៅ? អ្នកចង់សាកល្បងភាពត្រឹមត្រូវរបស់ព្រះជាម្ចាស់ឬ? តើអ្នកគិតថាអ្នកកំពុងធ្វើការត្រួតពិនិត្យសម្រាប់អ្នកណា? អ្នកចង់វិភាគពីប្រភព និងមូលហេតុជំរុញដែលព្រះជាម្ចាស់ធ្វើរឿងទាំងនេះឬ? តើអ្នកគិតថាអ្នកជានរណា? ធ្វើរឿងទាំងអស់ហើយ ហើយអ្នកមិនចាត់ទុកខ្លួនឯងជាអ្នកក្រៅទៀតឬ? តើព្រះជាម្ចាស់អាចជាកម្មវត្ថុនៃការឈ្លបមើលរបស់អ្នកបានដែរឬទេ? តើព្រះជាម្ចាស់អាចជាកម្មវត្ថុនៃការពិនិត្យពិច័យរបស់អ្នកបានដែរឬទេ? ការដែលអ្នកទទួលយកការពិនិត្យពិច័យរបស់ព្រះជាម្ចាស់ ទទួលយកការណែនាំរបស់ព្រះជាម្ចាស់ ទទួលយកការជំនុំជម្រះ និងការដាក់ទណ្ឌកម្មរបស់ព្រះជាម្ចាស់ ទទួលយកការត្រូវបានទ្រង់លួសកាត់ និងការអនុវត្តជាវិជ្ជមានទាំងអស់ដែលពាក់ព័ន្ធនឹងការផ្លាស់ប្ដូរនិស្ស័យ គឺជារឿងត្រឹមត្រូវសមហេតុផល។ សូម្បីតែពេលខ្លះដែលអ្នកយល់ខុសលើព្រះជាម្ចាស់ នៅពេលអ្នកទន់ខ្សោយ និងអវិជ្ជមាន ហើយរអ៊ូរទាំអំពីព្រះជាម្ចាស់ ក៏ព្រះជាម្ចាស់មិនប្រកាន់នឹងអ្នកដែរ ហើយទ្រង់ក៏មិនថ្កោលទោសអ្នកឡើយ។ ប៉ុន្តែមានរឿងមួយគឺ៖ អ្នកតែងតែឈ្លបមើលព្រះជាម្ចាស់ តែងតែព្យាយាមញែកដឹងពីភាពត្រឹមត្រូវនៃព្រះបន្ទូលរបស់ព្រះជាម្ចាស់ និងកិច្ចការរបស់ព្រះជាម្ចាស់ ពោលគឺនេះជារឿងដែលព្រះជាម្ចាស់នឹងមិនអត់ទោសឱ្យ ឬអត់ឱនឱ្យជាដាច់ខាត។ នេះគឺជានិស្ស័យរបស់ព្រះជាម្ចាស់។ មនុស្សដែលពុករលួយពិតប្រាកដ មិនមែនជាសត្វតិរច្ឆានទេ។ ពួកគេមិនប្រឆាំងនឹងព្រះជាម្ចាស់បែបនេះឡើយ ហើយពួកគេក៏មិនប្រកាន់យកទស្សនៈ និងអាកប្បកិរិយាបែបនេះដែរ ពួកគេក៏មិនប្រព្រឹត្តចំពោះព្រះជាម្ចាស់តាមរបៀបនេះដែរ។ មានតែរឿងមួយ តួនាទីមួយប៉ុណ្ណោះ ដែលអាចឈរប្រឆាំងនឹងព្រះជាម្ចាស់យ៉ាងគឃ្លើន និងជាសាធារណៈបាន នោះគឺសាតាំង។ ព្រះជាម្ចាស់មិនចងចាំពីអំពើរំលង និងសេចក្ដីពុករលួយរបស់មនុស្សឡើយ ប៉ុន្តែការប្រឆាំង ការប្រឈមតទល់ ការប្រមាថ និងការមួលបង្កាច់របស់សាតាំងទាស់នឹងព្រះជាម្ចាស់ នឹងមិនត្រូវបានព្រះជាម្ចាស់អត់ទោសឱ្យជាដាច់ខាត។ ព្រះជាម្ចាស់សង្គ្រោះតែមនុស្សពុករលួយប៉ុណ្ណោះ មិនសង្គ្រោះសាតាំងឡើយ។ ពួកទទឹងនឹងព្រះគ្រីស្ទ ដែលមិនផ្លាស់ប្ដូរធម្មជាតិរបស់ពួកគេ និងមានសារជាតិជាពួកទទឹងនឹងព្រះគ្រីស្ទ គឺអាចតំណាងឱ្យសាតាំង ដោយឈរប្រឆាំងនឹងព្រះជាម្ចាស់ជំនួសសាតាំង និងឈ្លបមើលព្រះបន្ទូលរបស់ព្រះជាម្ចាស់។ តើព្រះជាម្ចាស់មានអាកប្បកិរិយាយ៉ាងណាចំពោះពួកគេ? គឺជាអាកប្បកិរិយានៃបណ្ដាសា និងការថ្កោលទោស។ ពួកទទឹងនឹងព្រះគ្រីស្ទមិនអាចទប់ចិត្តមិនឱ្យប្រព្រឹត្តបែបនេះបានឡើយ ហើយពួកគេកំពុងតែស្វែងរកសេចក្ដីស្លាប់ហើយ។
៣. ការឈ្លបមើលព្រះបន្ទូលរបស់ព្រះជាម្ចាស់ដែលព្យាករអំពីភយន្តរាយ
អម្បាញ់មិញនេះ យើងបានប្រកបគ្នាអំពីចំណុចចំនួនពីរទាក់ទងនឹងការដែលពួកទទឹងនឹងព្រះគ្រីស្ទឈ្លបមើលថាតើព្រះបន្ទូលរបស់ព្រះជាម្ចាស់ក្លាយជាការពិតឬអត់៖ ចំណុចមួយពាក់ព័ន្ធនឹងព្រះបន្ទូលនៃសេចក្ដីសន្យា និងព្រះពររបស់ព្រះជាម្ចាស់ ហើយចំណុចមួយទៀតគឺព្រះបន្ទូលនៃបណ្ដាសា និងការដាក់ទោសរបស់ព្រះជាម្ចាស់ចំពោះមនុស្ស។ បន្ទាប់មកទៀត ចូរយើងមើលចំណុចទីបីគឺ ព្រះបន្ទូលរបស់ព្រះជាម្ចាស់ដែលព្យាករអំពីភយន្តរាយ។ ដូចគ្នានឹងពីរចំណុចមុនដែរ អាកប្បកិរិយារបស់ពួកទទឹងនឹងព្រះគ្រីស្ទចំពោះព្រះបន្ទូលប្រភេទទាំងនេះគឺដូចគ្នា៖ ពួកគេចង់ដឹងចង់ឮ ចង់ពិនិត្យពិច័យ ចង់យល់ ហើយក៏ចង់ឃើញថ្ងៃដែលព្រះបន្ទូលទាំងនេះក្លាយជាការពិតផងដែរ ដើម្បីឃើញផ្ទាល់ភ្នែកនូវការលេចចេញនៃការពិតទាំងនោះ។ ក្នុងការប្រព្រឹត្តចំពោះព្រះបន្ទូលប្រភេទទាំងនេះ ពួកទទឹងនឹងព្រះគ្រីស្ទក៏រិះគិតល្បិចកលយ៉ាងជ្រៅនៅក្នុងចិត្តរបស់ពួកគេ ដោយរិះគិតពីវិធានការទប់ទល់ និងបង្កើតឱ្យមានការសង្ស័យផ្សេងៗ។ ពួកគេអង្កេត និងសាកល្បងថាតើព្រះបន្ទូលប្រភេទទាំងនេះក្លាយជាការពិតឬអត់ ដើម្បីបង្កើតវិធានការទប់ទល់ដែលសមស្រប។ នៅពេលពួកទទឹងនឹងព្រះគ្រីស្ទអានព្រះបន្ទូលទាំងនេះដែលព្យាករអំពីភយន្តរាយ ចិត្តរបស់ពួកគេពោរពេញដោយការរំពឹងរង់ចាំថ្ងៃដែលភយន្តរាយនោះបានសម្រេចពិតមែន ហើយពួកគេពោរពេញដោយការស្រមើស្រមៃផ្សេងៗ។ ពួកគេសង្ឃឹមថា ព្រះបន្ទូលរបស់ព្រះជាម្ចាស់នឹងក្លាយជាការពិត ហើយក៏សង្ឃឹមថា ការមកដល់នៃភយន្តរាយនឹងពង្រីកការយល់ដឹងរបស់ពួកគេ ដោយបំពេញតាមការប៉ង និងបំណងប្រាថ្នារបស់ពួកគេ។ ហេតុអ្វីបានជាដូច្នេះ? ពីព្រោះភយន្តរាយដែលព្រះជាម្ចាស់បានព្យាករ គឺសុទ្ធតែទាក់ទងនឹងការសម្រេចបាននូវកិច្ចការដ៏អស្ចារ្យរបស់ព្រះជាម្ចាស់ ថ្ងៃដែលព្រះជាម្ចាស់ទទួលបានសិរីល្អ ការដែលពួកបរិសុទ្ធត្រូវបានលើកឡើង ការដែលមនុស្សជាតិចូលទៅក្នុងគោលដៅដ៏អស្ចារ្យជាដើម។ ហេតុដូច្នេះហើយ ពួកទទឹងនឹងព្រះគ្រីស្ទកាន់តែពោរពេញដោយការរំពឹងរង់ចាំ និងការចង់ដឹងចង់ឮអំពីផ្នែកនេះនៃព្រះបន្ទូលរបស់ព្រះជាម្ចាស់ ដែលព្យាករអំពីភយន្តរាយ។ បើប្រៀបធៀបទៅនឹងពីរចំណុចដំបូង ពួកទទឹងនឹងព្រះគ្រីស្ទកាន់តែមានចំណាប់អារម្មណ៍លើព្រះបន្ទូលប្រភេទទាំងនេះ។ នៅក្នុងចិត្តរបស់ពួកទទឹងនឹងព្រះគ្រីស្ទ ពួកគេជឿថា ប្រសិនបើនរណាម្នាក់អាចបង្កឱ្យមានមហន្តរាយ ដូចជាការរញ្ជួយដី ជំងឺរាតត្បាត ការរាតត្បាតពីសត្វល្អិត ទឹកជំនន់ ការបាក់ដី ឬមហន្តរាយធម្មជាតិផ្សេងៗទៀត នោះបុគ្គលនោះគឺជាភាវៈដ៏មានអំណាចយ៉ាងខ្លាំង មានសមត្ថភាពដ៏អស្ចារ្យ ហើយស័ក្ដិសមនឹងឱ្យពួកគេដើរតាម ថ្វាយបង្គំ និងទុកចិត្ត។ ហេតុដូច្នេះហើយ ស្រដៀងគ្នានេះដែរ ពួកទទឹងនឹងព្រះគ្រីស្ទក៏ចាត់ទុកការដែលថាតើព្រះបន្ទូលដូចជាការព្យាកររបស់ព្រះជាម្ចាស់អំពីភយន្តរាយក្លាយជាការពិតឬអត់ ថាជាស្ដង់ដាមួយដើម្បីវាស់ស្ទង់ថាតើព្រះជាម្ចាស់ពិតជាព្រះជាម្ចាស់មែនឬក៏អត់។ ពួកគេប្រកាន់ខ្ជាប់នូវការគិតបែបតក្កវិជ្ជា គំនិត និងទស្សនៈប្រភេទនេះនៅក្នុងចិត្តរបស់ពួកគេយ៉ាងខ្ជាប់ខ្ជួន ដោយជឿថាទស្សនៈនេះគឺត្រឹមត្រូវ សមហេតុផល និងជាទង្វើដ៏ឈ្លាសវៃ។ ហេតុនេះ ចាប់តាំងពីថ្ងៃដែលពួកគេបានចាប់ផ្ដើមដើរតាមព្រះជាម្ចាស់ ចាប់ពីពេលដែលពួកគេបានឃើញព្រះបន្ទូលរបស់ព្រះជាម្ចាស់ដែលព្យាករអំពីភយន្តរាយ ពួកទទឹងនឹងព្រះគ្រីស្ទតែងតែគិតជាប់ក្នុងចិត្តជានិច្ចពីរឿងនេះ។ ពួកគេខ្វល់ខ្វាយអំពីអ្វីដែលត្រូវបានថ្លែងនៅក្នុងព្រះបន្ទូលរបស់ព្រះជាម្ចាស់ ពោលគឺនៅពេលណាដែលគ្រាចុងក្រោយមកដល់ នៅពេលណាដែលកិច្ចការដ៏អស្ចារ្យរបស់ព្រះជាម្ចាស់ត្រូវបានសម្រេច តើព្រះជាម្ចាស់នឹងដាក់ទណ្ឌកម្មមនុស្សជាតិដោយរបៀបណា តើព្រះជាម្ចាស់នឹងនាំយកភយន្តរាយប្រភេទណាខ្លះមកដាក់ទោស និងបំផ្លាញមនុស្សជាតិ តើព្រះជាម្ចាស់នឹងប្រើវិធីសាស្ត្រអ្វីដើម្បីធ្វើឱ្យមនុស្សជាតិធ្លាក់ទៅក្នុងភយន្តរាយ ហើយម្ដេចបានជាមានតែអស់អ្នកដែលដើរតាមព្រះជាម្ចាស់ និងដែលទទួលបានការសព្វព្រះហឫទ័យពីទ្រង់ប៉ុណ្ណោះ ទើបអាចជៀសវាង និងគេចផុតពីភយន្តរាយបែបនេះបាន ព្រមទាំងមិនចាំបាច់រងការធ្វើបាបពីភយន្តរាយបែបនេះ។ ពួកទទឹងនឹងព្រះគ្រីស្ទចាត់ទុកព្រះបន្ទូលរបស់ព្រះជាម្ចាស់ដែលព្យាករអំពីភយន្តរាយថាមានសារៈសំខាន់ណាស់ ដោយវិភាគព្រះបន្ទូលទាំងនោះនៅក្នុងចិត្តរបស់ពួកគេ ព្រមទាំងទន្ទេញ និងសូត្រព្រះបន្ទូលទាំងនោះនៅក្នុងគំនិតរបស់ខ្លួន។ ពួកគេចងចាំរាល់ពាក្យពេចន៍ដែលទាក់ទងនឹងភយន្តរាយ ហើយក៏រិះគិតថាតើការព្យាកររបស់ព្រះជាម្ចាស់អំពីភយន្តរាយនឹងក្លាយជាការពិតនៅពេលណា និងដោយរបៀបណាផងដែរ។ ពួកគេរិះគិតថាតើនឹងមានអ្វីកើតឡើងចំពោះពួកគេ ប្រសិនបើការព្យាករទាំងនេះពិតជាក្លាយជាការពិតមែន ហើយតើពួកគេនឹងធ្វើអ្វី ប្រសិនបើការព្យាករទាំងនោះមិនក្លាយជាការពិត។ ចាប់តាំងពីបានឃើញការព្យាករទាំងនេះមក ពួកទទឹងនឹងព្រះគ្រីស្ទហាក់ដូចជាបានរកឃើញអ្វីមួយដើម្បីខិតខំប្រឹងប្រែង រកឃើញទិសដៅ និងគោលដៅមួយ នៅក្នុងជំនឿរបស់ពួកគេលើព្រះជាម្ចាស់។ ខណៈពេលរង់ចាំឱ្យភយន្តរាយវាយប្រហារ ពួកគេក៏រៀបចំខ្លួនតាមគ្រប់វិធីផងដែរ។ ដើម្បីទទួលបានការការពារពីព្រះជាម្ចាស់នៅពេលភយន្តរាយដ៏ធំសម្បើមមកដល់ ពួកគេផ្សាយដំណឹងល្អ ដោយបោះបង់ការងារ និងគ្រួសាររបស់ខ្លួន។ ក្នុងពេលជាមួយគ្នានេះ ដើម្បីរស់រានមានជីវិតនៅពេលភយន្តរាយវាយប្រហារ ពួកគេឧស្សាហ៍អធិដ្ឋានយ៉ាងបន្ទាបខ្លួនទៅកាន់ព្រះជាម្ចាស់ ដោយសង្ឃឹមថាព្រះបន្ទូលរបស់ព្រះជាម្ចាស់នឹងក្លាយជាការពិតឆាប់ៗ សង្ឃឹមថាអ្វីៗទាំងអស់ដែលព្រះជាម្ចាស់មានព្រះរាជបំណងចង់សម្រេច នឹងត្រូវបានសម្រេចយ៉ាងឆាប់រហ័ស សង្ឃឹមថាព្រះជាម្ចាស់នឹងទទួលបានសិរីល្អ និងទទួលបានការសម្រាកក្នុងពេលឆាប់ៗ ហើយសង្ឃឹមថាពួកគេអាចនឹងទទួលបានព្រះពរនៃនគរស្ថានសួគ៌ក្នុងពេលឆាប់ៗ។ ពីទស្សនៈទាំងអស់នេះរបស់ពួកទទឹងនឹងព្រះគ្រីស្ទ ពីពាក្យសម្ដី និងសេចក្ដីអធិដ្ឋានដែលពួកគេឧស្សាហ៍ពោលឡើង វាហាក់ដូចជាពួកទទឹងនឹងព្រះគ្រីស្ទកំពុងទន្ទឹងរង់ចាំយ៉ាងអន្ទះសា ចំពោះការសម្រេចបាននូវកិច្ចការដ៏អស្ចារ្យរបស់ព្រះជាម្ចាស់ និងការសម្រាកមុនពេលកំណត់របស់ព្រះជាម្ចាស់។ ក៏ប៉ុន្តែ ដោយមនុស្សមិនបានដឹង នៅពីក្រោយក្ដីសង្ឃឹមទាំងនេះ គឺមានបង្កប់នូវចេតនាដ៏អាក្រក់របស់ពួកទទឹងនឹងព្រះគ្រីស្ទ។ ពួកគេសង្ឃឹមថា តាមរយៈការអធិដ្ឋាន និងការសម្ដែងក្លែងក្លាយបែបនេះ ពួកគេអាចជៀសផុតពីភយន្តរាយ និងយកព្រះជាម្ចាស់ធ្វើជាជម្រករបស់ពួកគេបាន។ ខណៈពេលដែលពួកគេកំពុងរៀបចំសម្រាប់រឿងទាំងអស់នេះ ពួកគេក៏សង្ឃឹមថា ភយន្តរាយនឹងមកដល់យ៉ាងឆាប់រហ័ស ហើយថាព្រះបន្ទូលរបស់ព្រះជាម្ចាស់ដែលព្យាករអំពីភយន្តរាយ នឹងក្លាយជាការពិតឆាប់ៗផងដែរ។ នៅក្នុងកម្រិតដែលពួកគេអាចទ្រាំទ្របាន ពួកគេនៅតែបន្តលះបង់ លះបង់ខ្លួន រងទុក្ខ និងស៊ូទ្រាំដូចពីមុន ដោយខំប្រឹងប្រើខួរក្បាលគិតរកវិធីសម្ដែងឱ្យបានល្អ ដើម្បីឱ្យមនុស្សគ្រប់គ្នាឃើញ។ ពួកគេចង់ឱ្យមនុស្សគ្រប់គ្នាទទួលស្គាល់ថា ពួកគេបានលះបង់ធំធេងប៉ុនណាដើម្បីផ្សាយដំណឹងល្អ ថាពួកគេបានស៊ូទ្រាំនឹងការរើសអើង និងការធ្វើទុក្ខបុកម្នេញច្រើនប៉ុនណា ហើយនិងការលះបង់ដ៏ធំធេងដែលពួកគេបានធ្វើ ក្នុងការរង់ចាំថ្ងៃនេះ។ ពួកគេសង្ឃឹមថា ដោយទតឃើញពីការរងទុក្ខដែលពួកគេបានស៊ូទ្រាំ និងការលះបង់ដែលពួកគេបានធ្វើ ព្រះជាម្ចាស់នឹងលើកលែងឱ្យពួកគេរួចផុតពីភយន្តរាយណាមួយ នៅពេលវាវាយប្រហារ។ ក្នុងពេលជាមួយគ្នានេះ ដោយសារតែការលះបង់ដែលពួកគេបានធ្វើ ពួកគេសង្ឃឹមថានឹងមានសំណាងគ្រប់គ្រាន់ក្នុងការក្លាយជាមនុស្សម្នាក់ក្នុងចំណោមអស់អ្នកដែលមានគោលដៅដ៏ល្អ និងទទួលបានព្រះពរ បន្ទាប់ពីភយន្តរាយ។ នៅក្នុងជម្រៅចិត្ត ពួកទទឹងនឹងព្រះគ្រីស្ទគិតគូរពីរឿងទាំងអស់នេះយ៉ាងស្ងៀមស្ងាត់ និងដោយមិនឱ្យនរណាម្នាក់ដឹងបានឡើយ។ ទីបំផុត នៅថ្ងៃមួយ ដោយសារតែហេតុការណ៍តូចតាចមួយ ពួកទទឹងនឹងព្រះគ្រីស្ទក៏ជួបប្រទះនឹងឧបសគ្គ ហើយសកម្មភាព និងឥរិយាបថរបស់ពួកគេហាក់ដូចជាត្រូវបានថ្កោលទោស។ នេះមានន័យថា ក្ដីសង្ឃឹម និងការស្រមើស្រមៃរបស់ពួកគេហៀបនឹងត្រូវខ្ទេចខ្ទី ហើយបំណងប្រាថ្នារបស់ពួកគេហៀបនឹងមិនត្រូវបានសម្រេច។ នៅពេលនេះ តើគំនិតដំបូងអ្វីដែលកើតឡើងនៅក្នុងជម្រៅចិត្តរបស់ពួកទទឹងនឹងព្រះគ្រីស្ទ? «ខ្ញុំបានលះបង់យ៉ាងច្រើន ខ្ញុំបានរងទុក្ខយ៉ាងច្រើន ខ្ញុំបានស៊ូទ្រាំអស់រយៈពេលជាច្រើនថ្ងៃ ខ្ញុំបានជឿអស់រយៈពេលជាច្រើនឆ្នាំមកហើយ ប៉ុន្តែខ្ញុំមិនទាន់ឃើញព្រះបន្ទូលណាមួយរបស់ព្រះជាម្ចាស់ដែលព្យាករអំពីភយន្តរាយ ក្លាយជាការពិតឡើយ។ តើព្រះជាម្ចាស់ពិតជានឹងនាំយកភយន្តរាយមកមែនឬ? តើអ្វីដែលពួកយើងបានអធិដ្ឋាន និងបានរង់ចាំ នឹងត្រូវបានព្រះជាម្ចាស់បំពេញឱ្យដែរឬទេ? តើព្រះជាម្ចាស់នៅឯណាឱ្យប្រាកដទៅ? តើទ្រង់ពិតជានឹងសង្គ្រោះពួកយើងឬក៏អត់? តើភយន្តរាយដែលព្រះជាម្ចាស់បានមានព្រះបន្ទូលនោះ ពិតជាមានមែនឬ? ប្រសិនបើភយន្តរាយទាំងនោះមិនមានទេ ពួកយើងទាំងអស់គ្នាគួរតែចេញពីទីនេះតែម្ដងទៅ។ ព្រះជាម្ចាស់អង្គនេះមិនអាចជឿបានទេ គឺគ្មានព្រះជាម្ចាស់ឡើយ!»។ នេះគឺជាដែនកំណត់របស់ពួកទទឹងនឹងព្រះគ្រីស្ទ។ ឧបសគ្គតូចតាចមួយ ប្រហែលជាពាក្យសម្ដីនៃការថ្កោលទោស និងការលាតត្រដាងដោយអចេតនាពីអ្នកដទៃណាម្នាក់ ប៉ះចំចំណុចឈឺចាប់របស់ពួកគេ បន្ទាប់មកពួកគេក៏ផ្ទុះកំហឹងឡើង ដោយមិនអាចទប់ចិត្ត ឬធ្វើពុតបានតទៅទៀតឡើយ។ រឿងដំបូងដែលពួកគេធ្វើ គឺផ្ទុះកំហឹងយ៉ាងក្រេវក្រោធខ្លាំង ចង្អុលទៅកាន់ព្រះបន្ទូលរបស់ព្រះជាម្ចាស់ ហើយនិយាយថា៖ «ប្រសិនបើព្រះបន្ទូលរបស់ព្រះអង្គមិនក្លាយជាការពិតទេ ប្រសិនបើភយន្តរាយដែលព្រះអង្គបានមានព្រះបន្ទូលនោះមិនកើតឡើងទេ ទូលបង្គំនឹងលែងជឿលើព្រះអង្គទៀតហើយ។ ដើមឡើយ គឺដោយសារតែព្រះបន្ទូលដែលព្យាករអំពីភយន្តរាយទាំងនេះប៉ុណ្ណោះ ទើបទូលបង្គំបានផ្សាយដំណឹងល្អ បានលះបង់ និងបានបំពេញភារកិច្ចរបស់ខ្លួន។ ប្រសិនបើគ្មានព្រះបន្ទូលទាំងនេះទេ ទូលបង្គំនឹងមិនជឿលើព្រះអង្គទាល់តែសោះ! គឺដោយសារតែព្រះបន្ទូលទាំងនេះ ដោយសារតែភយន្តរាយដែលជិតមកដល់នោះ ទើបទូលបង្គំបានជឿថាព្រះអង្គគឺជាព្រះជាម្ចាស់។ ប៉ុន្តែឥឡូវនេះ បន្ទាប់ពីរងទុក្ខយ៉ាងច្រើនមក ភយន្តរាយដែលព្រះអង្គបានមានព្រះបន្ទូលនោះ មិនទាន់មកឡើយ។ មានមនុស្សជាច្រើនក្នុងចំណោមពួកអ្នកគ្មានជំនឿដែលធ្វើសេចក្ដីអាក្រក់ ប៉ុន្តែគ្មាននរណាម្នាក់ក្នុងចំណោមពួកគេត្រូវបានដាក់ទោសឡើយ គ្មាននរណាម្នាក់ក្នុងចំណោមពួកគេបានធ្លាក់ទៅក្នុងភយន្តរាយនោះទេ។ ពួកគេនៅតែរស់នៅក្នុងអំពើបាប ដោយរីករាយនឹងជីវិតរបស់ពួកគេ ខណៈដែលទូលបង្គំបានធ្វើសម្បទានអស់រយៈពេលជាច្រើនឆ្នាំមកហើយ គ្រាន់តែរង់ចាំថ្ងៃដែលព្រះបន្ទូលរបស់ព្រះអង្គដែលព្យាករអំពីភយន្តរាយក្លាយជាការពិតប៉ុណ្ណោះ។ ប៉ុន្តែ តើព្រះអង្គបានធ្វើអ្វីខ្លះទៅ ព្រះជាម្ចាស់? ព្រះអង្គមិនដែលបង្ហាញទីសម្គាល់ ឬការអស្ចារ្យណាមួយដោយយល់ដល់ការរំពឹងរង់ចាំយ៉ាងអន្ទះសារបស់ពួកទូលបង្គំឡើយ មិនដែលទម្លាក់ភយន្តរាយណាមួយ ដើម្បីឱ្យពួកទូលបង្គំបានឃើញ ដើម្បីពង្រឹងសេចក្ដីជំនឿរបស់ពួកទូលបង្គំ ដើម្បីពង្រឹងភាពស្មោះត្រង់របស់ពួកទូលបង្គំឡើយ។ ហេតុអ្វីបានជាព្រះអង្គមិនធ្វើរឿងបែបនេះអ៊ីចឹង? តើព្រះអង្គមិនមែនជាព្រះជាម្ចាស់ទេឬ? តើវាពិបាកខ្លាំងណាស់ឬក្នុងការទម្លាក់ភយន្តរាយ ដើម្បីដាក់ទោសពិភពលោកដ៏អាក្រក់នេះ មនុស្សជាតិដ៏អាក្រក់នេះ? ពួកទូលបង្គំគ្រាន់តែចង់ពង្រឹងសេចក្ដីជំនឿរបស់ខ្លួន តាមរយៈការសម្រេចបាននូវរឿងទាំងនេះប៉ុណ្ណោះ ប៉ុន្តែព្រះអង្គបែរជាមិនធ្វើសកម្មភាពអ្វីសោះ។ ប្រសិនបើព្រះអង្គមិនធ្វើសកម្មភាពទេ នោះពួកទូលបង្គំមិនអាចជឿលើព្រះជាម្ចាស់តទៅទៀតបានឡើយ។ ពួកទូលបង្គំនឹងមិនអាចទទួលបានអ្វីទាំងអស់ ហើយការជឿលើព្រះជាម្ចាស់គឺគ្មានន័យអ្វីឡើយ។ មិនចាំបាច់ជឿទៀតទេ មិនចាំបាច់បំពេញភារកិច្ចរបស់ខ្លួនទេ មិនចាំបាច់ផ្សាយដំណឹងល្អទៀតឡើយ»។ នៅពេលជួបប្រទះនឹងឧបសគ្គតូចតាច ប្រឈមមុខនឹងសេចក្ដីទុក្ខលំបាក ឬការមិនពេញចិត្តបន្តិចបន្តួចនៅក្នុងជីវិត ធាតុពិត និងគំនិតក្នុងជម្រៅចិត្តរបស់ពួកទទឹងនឹងព្រះគ្រីស្ទ អាចត្រូវបានលាតត្រដាងនៅគ្រប់ពេលវេលា និងគ្រប់ទីកន្លែង ដែលជារឿងគួរឱ្យភ័យខ្លាចណាស់។ ថាតើភយន្តរាយនឹងវាយប្រហារនៅពេលណា ថាតើព្រះបន្ទូលរបស់ព្រះជាម្ចាស់ដែលព្យាករអំពីភយន្តរាយនឹងក្លាយជាការពិតឬអត់ ថាតើព្រះបន្ទូលទាំងនោះនឹងក្លាយជាការពិតដោយរបៀបណា និងនៅពេលណា រឿងទាំងនេះគឺសុទ្ធតែត្រូវបានកំណត់ដោយព្រះជាម្ចាស់។ នៅពេលព្រះជាម្ចាស់មានព្រះបន្ទូលប្រាប់មនុស្សអំពីរឿងទាំងនេះ វាគឺដើម្បីផ្ដល់មុខមាត់ឱ្យពួកគេ ដើម្បីប្រព្រឹត្តចំពោះពួកគេក្នុងនាមជាមនុស្ស ពោលគឺមិនមែនដើម្បីប្រើប្រាស់ព្រះបន្ទូលទាំងនេះជាមធ្យោបាយ សម្រាប់ឱ្យមនុស្សទទួលបានប្រៀបលើ និងវិនិច្ឆ័យព្រះជាម្ចាស់ឡើយ។ ពួកទទឹងនឹងព្រះគ្រីស្ទជឿទាំងខុសថា ដោយសារតែព្រះជាម្ចាស់បានមានព្រះបន្ទូលទាំងនេះ នោះទ្រង់គួរតែអនុញ្ញាតឱ្យមនុស្សឃើញព្រះបន្ទូលទាំងនោះក្លាយជាការពិតនៅក្នុងមួយជីវិតរបស់ពួកគេ។ បើមិនដូច្នេះទេ ព្រះបន្ទូលរបស់ព្រះជាម្ចាស់នឹងក្លាយជាមោឃៈ។ ព្រះជាម្ចាស់ដែលព្រះបន្ទូលរបស់ទ្រង់អាចក្លាយជាមោឃៈ មិនគួរត្រូវបានចាត់ទុកថាជាព្រះជាម្ចាស់ទេ មិនស័ក្ដិសមជាព្រះជាម្ចាស់ទេ ហើយក៏មិនស័ក្ដិសមជាព្រះជាម្ចាស់របស់ពួកគេដែរ។ នេះគឺជាតក្កវិជ្ជារបស់ពួកទទឹងនឹងព្រះគ្រីស្ទ។
តាំងពីដើមរហូតដល់ចប់ ពួកទទឹងនឹងព្រះគ្រីស្ទគ្រាន់តែចង់កេងចំណេញពីព្រះបន្ទូលទាំងនេះរបស់ព្រះជាម្ចាស់ដែលព្យាករអំពីភយន្តរាយប៉ុណ្ណោះ។ ព្រះបន្ទូលទាំងនេះបានជំរុញចិត្តពួកគេ ដែលនាំឱ្យពួកគេគិតចង់ប្រើប្រាស់ឥរិយាបថល្អរបស់មនុស្ស ព្រមទាំងការលះបង់ទាំងអស់របស់ពួកគេ និងការរងទុក្ខនៃសាច់ឈាម ដើម្បីដោះដូរយកព្រះពរនៃការជៀសផុតពីភយន្តរាយ។ ជារួមមក គោលដៅតែមួយគត់របស់ពួកគេគឺដើម្បីជៀសផុតពីភយន្តរាយ និងទទួលបានព្រះពរ។ ពួកគេមិនដែលចាត់ទុកយ៉ាងពិតប្រាកដថា ព្រះអង្គដែលបានសម្ដែងចេញនូវព្រះបន្ទូលទាំងនេះ ជាព្រះជាម្ចាស់ឡើយ។ តាំងពីដើមរហូតដល់ចប់ ពួកទទឹងនឹងព្រះគ្រីស្ទតែងតែឈរនៅជំហរប្រឆាំងនឹងព្រះជាម្ចាស់ជានិច្ច ដោយតែងតែសាកល្បង និងវាស់ស្ទង់ព្រះជាម្ចាស់ ជាមធ្យោបាយមួយដើម្បីឈ្លបមើលព្រះបន្ទូលរបស់ព្រះជាម្ចាស់។ ប្រសិនបើព្រះបន្ទូលរបស់ព្រះជាម្ចាស់ក្លាយជាការពិត ហើយពង្រីកការយល់ដឹងរបស់ពួកគេ ដោយក្លាយជាការពិតទៅតាមចំណង់ចំណូលចិត្ត ទស្សនៈ និងតម្រូវការរបស់ពួកគេ នោះពួកគេចាត់ទុកព្រះជាម្ចាស់ថាជាព្រះជាម្ចាស់។ ប៉ុន្តែប្រសិនបើវាផ្ទុយពីបំណងប្រាថ្នា ទស្សនៈ និងតម្រូវការរបស់ពួកគេវិញ នោះចំពោះពួកគេ ព្រះអង្គដែលបានមានព្រះបន្ទូលទាំងនេះ មិនត្រូវបានចាត់ទុកថាជាព្រះជាម្ចាស់ឡើយ។ នេះគឺជាទស្សនៈដែលពួកទទឹងនឹងព្រះគ្រីស្ទប្រកាន់ខ្ជាប់។ ច្បាស់ណាស់ថា នៅក្នុងជម្រៅចិត្ត ពួកគេមិនដែលទទួលស្គាល់ថាព្រះជាម្ចាស់គឺជាព្រះអាទិករឡើយ ហើយពួកគេក៏មិនដែលទទួលស្គាល់ការពិតដែលថា ព្រះជាម្ចាស់មានអធិបតេយ្យភាពលើរបស់សព្វសារពើដែរ។ បន្ទាប់ពីឆ្លងកាត់ការតស៊ូជាបន្តបន្ទាប់ ការស៊ូទ្រាំយ៉ាងអត់ធ្មត់ និងឆ្លងកាត់សមរភូមិខាងគំនិតរួចមក ពួកទទឹងនឹងព្រះគ្រីស្ទក៏បានរៀនសូត្រមេរៀនមួយថា៖ «មនុស្សម្នាក់មិនត្រូវដាក់កំហិតលើព្រះបន្ទូលរបស់ព្រះជាម្ចាស់ដោយផ្ដេសផ្ដាសឡើយ ហើយក៏មិនអាចប្រើប្រាស់ការសម្រេចនៃព្រះបន្ទូលរបស់ព្រះជាម្ចាស់ដោយផ្ដេសផ្ដាស និងលេងសើច ជាស្ដង់ដាដើម្បីវាស់ស្ទង់អត្តសញ្ញាណ និងសារជាតិរបស់ទ្រង់បានដែរ។ ពួកយើងមិនទាន់ត្រូវបានលត់ដំគ្រប់គ្រាន់ទេ ហើយនៅតែត្រូវបន្តស៊ូទ្រាំទៀត ដើម្បីពង្រីកចិត្តគំនិតរបស់ពួកយើង។ ដូចពាក្យពោលថា៖ “ដួងចិត្តរបស់នាយករដ្ឋមន្ត្រីគឺធំល្មមគ្រប់គ្រាន់ដើម្បីចែវទូកចូល” “មានជីវិត គឺមានក្ដីសង្ឃឹម”។ ចុះបើព្រះបន្ទូលទាំងនេះមិនក្លាយជាការពិត តើវាសំខាន់អ្វីទៅ? វាមិនមែនជារឿងធំដុំឡើយ។ ខ្ញុំបានស៊ូទ្រាំឆ្លងកាត់អស់ប៉ុន្មានឆ្នាំមកនេះ។ ប្រហែលជាថា ប្រសិនបើខ្ញុំស៊ូទ្រាំបន្តិចទៀត ព្រះបន្ទូលរបស់ព្រះជាម្ចាស់នឹងក្លាយជាការពិត ហើយខ្ញុំនឹងទទួលបានអ្វីមួយមិនខាន។ ខ្ញុំនឹងទ្រាំទ្រឱ្យយូរបន្តិចទៀត ខ្ញុំនឹងប្រថុយម្ដងទៀត។ ខ្ញុំមិនអាចខឹងបានឡើយ បើមិនដូច្នេះទេ ការខិតខំប្រឹងប្រែងពីមុនរបស់ខ្ញុំទាំងអស់នឹងត្រូវអសារបង់មិនខាន ហើយការរងទុក្ខទាំងអស់ដែលខ្ញុំបានស៊ូទ្រាំ នឹងក្លាយជាឥតប្រយោជន៍។ នោះមុខជាខាតបង់ខ្លាំងណាស់! ប្រសិនបើខ្ញុំលាតត្រដាងគំនិតរបស់ខ្ញុំនៅពេលនេះ ដោយក្រោកឈរឡើងដើម្បីបដិសេធ សួរដេញដោល និងចោទប្រកាន់ព្រះជាម្ចាស់ នោះវាមិនមែនជាទង្វើដ៏ឆ្លាតវៃឡើយ។ ខ្ញុំត្រូវតែបន្តលះបង់ ស៊ូទ្រាំនឹងទុក្ខលំបាក និងបន្តស៊ូទ្រាំតទៅទៀត។ ឃ្លាដែលថា “អ្នកណាដែលស៊ូទ្រាំរហូតដល់ទីបញ្ចប់ អ្នកនោះនឹងត្រូវបានសង្គ្រោះ” មិនត្រូវបំភ្លេចចោលឡើយ។ ពាក្យពោលនេះគឺពិតនៅគ្រប់ពេលវេលា ហើយនៅតែជាសេចក្ដីពិតដ៏ខ្ពង់ខ្ពស់បំផុត។ ខ្ញុំត្រូវតែប្រកាន់ខ្ជាប់នូវពាក្យពោលនេះ ហើយឆ្លាក់វាទុកក្នុងចិត្តជានិច្ច»។ បន្ទាប់ពីមានភាពអវិជ្ជមាន និងភាពស្ងៀមស្ងាត់មួយរយៈមក នៅទីបំផុត ពួកទទឹងនឹងព្រះគ្រីស្ទក៏បាន «ក្រោកឈរឡើង» ម្ដងទៀត។
នៅក្នុងដំណើរនៃការបំពេញភារកិច្ចរបស់ពួកគេនៅក្នុងដំណាក់របស់ព្រះជាម្ចាស់ ពួកទទឹងនឹងព្រះគ្រីស្ទទទួលរ៉ាប់រងកិច្ចការគ្រប់ប្រភេទ ខណៈពេលដែលបម្រើក្នុងតួនាទីផ្សេងៗគ្នា។ មើលទៅហាក់ដូចជាគ្មានការផ្លាស់ប្ដូរនៅខាងក្រៅទេ ប៉ុន្តែពួកគេជឿលើព្រះជាម្ចាស់កាន់តែយូរ ហើយពួកគេដើរតាមទ្រង់កាន់តែយូរ នោះពួកទទឹងនឹងព្រះគ្រីស្ទកាន់តែរិះគិតចាប់កំហុសនៅក្នុងចិត្តចំពោះព្រះបន្ទូលរបស់ព្រះជាម្ចាស់ដែលព្យាករអំពីភយន្តរាយ។ ហេតុអ្វីបានជាដូច្នេះ? ការដែលពួកគេជឿលើព្រះជាម្ចាស់កាន់តែយូរ វាបង្ហាញថាពួកគេបានលះបង់កាន់តែច្រើន បោះបង់កាន់តែច្រើន ហើយពួកគេមានផ្លូវកាន់តែតិចក្នុងការត្រឡប់ទៅកាន់ពិភពលោកិយវិញ។ ហេតុដូច្នេះហើយ ចំពោះព្រះបន្ទូលដែលព្យាករអំពីភយន្តរាយទាំងនេះ ពួកទទឹងនឹងព្រះគ្រីស្ទកាន់តែគិតដោយមិនដឹងខ្លួនថា៖ «ខ្ញុំសង្ឃឹមថារឿងទាំងអស់នេះគឺជាការពិត។ រឿងទាំងអស់នេះត្រូវតែក្លាយជាការពិត»។ ពួកគេចាត់ទុកពាក្យថា «ត្រូវតែ» នេះ និងជំនឿដ៏មុតមាំនេះ ថាជាសេចក្ដីជំនឿពិតរបស់ពួកគេលើព្រះជាម្ចាស់។ អ្វីដែលហៅថាសេចក្ដីជំនឿពិតនេះ ជំរុញពួកគេឱ្យបំពេញភារកិច្ចរបស់ខ្លួន ឱ្យរងទុក្ខ និងលះបង់ ឱ្យស៊ូទ្រាំ ហើយក៏ស៊ូទ្រាំបន្តទៀត ដូចដែលពួកអ្នកគ្មានជំនឿនិយាយថា៖ «អ្នកត្រូវតែប្រថុយអ្វីៗទាំងអស់ដើម្បីឈ្នះ»។ ខណៈពេលដែលប្រកាន់ខ្ជាប់នូវជំនឿបែបនេះ ពួកទទឹងនឹងព្រះគ្រីស្ទក៏កំពុងឈ្លបមើលថ្ងៃដែលព្រះបន្ទូលរបស់ព្រះជាម្ចាស់នឹងក្លាយជាការពិត។ នៅទីបំផុត ថ្ងៃនោះក៏មកដល់ មហន្តរាយ និងគ្រោះកាចក៏កើតឡើងជាបន្តបន្ទាប់នៅក្នុងពិភពលោកនេះ ដោយកើតឡើងនៅតាមកន្លុកកន្លៀតផ្សេងៗ នៅក្នុងប្រទេសផ្សេងៗ និងក្នុងចំណោមក្រុមជនជាតិផ្សេងៗគ្នា។ មហន្តរាយទាំងនេះ ទាំងតូចទាំងធំ ឆក់យកជីវិតមនុស្សជាច្រើន ផ្លាស់ប្ដូរបរិស្ថានរស់នៅរបស់មនុស្សជាច្រើន ផ្លាស់ប្ដូរបរិស្ថានប្រព័ន្ធអេកូឡូស៊ី ផ្លាស់ប្រែរចនាសម្ព័ន្ធ និងរបៀបរស់នៅផ្សេងៗជាច្រើននៅក្នុងសង្គមជាដើម។ ក៏ប៉ុន្តែ មិនថាយ៉ាងណាក៏ដោយ ក៏នៅក្នុងក្រសែភ្នែករបស់ពួកទទឹងនឹងព្រះគ្រីស្ទ ព្រះបន្ទូលរបស់ព្រះជាម្ចាស់នៅតែកំពុងក្លាយជាការពិតក្នុងកម្រិតតូចមួយ ដែលជារឿងដែលគួរឱ្យពេញចិត្តបំផុតនៅក្នុងជម្រៅចិត្តរបស់ពួកគេ។ ពួកគេមានអារម្មណ៍ថា បន្ទាប់ពីប៉ុន្មានឆ្នាំមកនេះ ពួកគេមិនបានស៊ូទ្រាំ ឬរង់ចាំដោយឥតប្រយោជន៍ឡើយ ហើយនៅទីបំផុត ពួកគេបានឃើញផ្ទាល់ភ្នែកនូវថ្ងៃ និងដំណាក់កាលដែលព្រះបន្ទូលរបស់ព្រះជាម្ចាស់កំពុងក្លាយជាការពិត។ ប៉ុន្តែពួកគេមានអារម្មណ៍ថា ពួកគេមិនត្រូវបាក់ទឹកចិត្ត ឬបោះបង់ឡើយ។ ពួកគេត្រូវបន្តស៊ូទ្រាំ និងរង់ចាំតទៅទៀត។ តើអ្វីដែលធ្វើឱ្យពួកទទឹងនឹងព្រះគ្រីស្ទព្រួយបារម្ភបំផុតនៅក្នុងជម្រៅចិត្ត មិនថាពួកគេស៊ូទ្រាំ ឬរង់ចាំយូរប៉ុនណាក៏ដោយនោះ? គឺជារឿងនេះ៖ «ការព្យាករអំពីគ្រោះទុរ្ភិក្ស ជំងឺរាតត្បាត និងការរញ្ជួយដី បានក្លាយជាការពិតហើយ ប៉ុន្តែតើការព្យាករអំពីភយន្តរាយដ៏ធំសម្បើម នឹងក្លាយជាការពិតនៅពេលណា?» ម៉្យាង ពួកទទឹងនឹងព្រះគ្រីស្ទជឿថា ផ្នែកនោះនៃព្រះបន្ទូលរបស់ព្រះជាម្ចាស់កំពុងក្លាយជាការពិតដោយសន្សឹមៗ និងបន្តិចម្ដងៗ ខណៈដែលម៉្យាងទៀត ពួកគេសង្ស័យថា៖ «តើមហន្តរាយទាំងនេះមិនមែនគ្រាន់តែជាមហន្តរាយធម្មជាតិទេឬ? មហន្តរាយបានកើតមានជាបន្តបន្ទាប់ពេញមួយប្រវត្តិសាស្ត្រ។ តើការកើតឡើងនៃមហន្តរាយទាំងនេះ គឺជាការសម្រេចនៃព្រះបន្ទូលរបស់ព្រះជាម្ចាស់ឬ? ប្រសិនបើមិនមែនទេ តើវាជាអ្វីទៅ? ខ្ញុំមិនគួរគិតបែបនេះទេ។ អ្នកជឿលើព្រះជាម្ចាស់គួរតែជឿលើព្រះបន្ទូលរបស់ព្រះជាម្ចាស់។ ប៉ុន្តែ តើព្រះបន្ទូលរបស់ព្រះជាម្ចាស់ងាយនឹងត្រូវសម្រេចបានយ៉ាងនេះឬ? តើព្រះជាម្ចាស់បានធ្វើវាដោយរបៀបណា? ហេតុអ្វីក៏ខ្ញុំមិនបានឃើញទ្រង់ធ្វើវាដូច្នេះ? ហេតុអ្វីបានជាខ្ញុំមិនដឹងអំពីរឿងនេះដូច្នេះ? ប្រសិនបើវាជាទង្វើរបស់ព្រះជាម្ចាស់ អ្នកជឿរបស់ទ្រង់គួរតែឃើញវា ព្រះជាម្ចាស់គួរតែប្រទាននិមិត្តដល់ពួកគេ។ ប៉ុន្តែពួកយើងមិនបានឃើញព្រះហស្ដរបស់ព្រះជាម្ចាស់ ឬឮព្រះសូរសៀងរបស់ព្រះជាម្ចាស់ឡើយ។ ចុះតើព្រឹត្តិការណ៍ទាំងនេះអាចគ្រាន់តែជារឿងចៃដន្យដែរឬទេ? ខ្ញុំមិនគួរគិតបែបនេះទេ។ គំនិតបែបនេះអាចធ្វើឱ្យខ្ញុំទន់ខ្សោយ។ ខ្ញុំនៅតែត្រូវជឿថា អ្វីៗទាំងអស់នេះគឺជាការសម្រេចនៃព្រះបន្ទូលរបស់ព្រះជាម្ចាស់។ ខ្ញុំនឹងគ្រាន់តែចាត់ទុកវាថាជាអធិបតេយ្យភាពរបស់ព្រះជាម្ចាស់ ជាការដែលព្រះបន្ទូលរបស់ព្រះជាម្ចាស់ក្លាយជាការពិត មិនមែនជារឿងចៃដន្យឡើយ។ បែបនេះ ចិត្តរបស់ខ្ញុំក៏មានអារម្មណ៍កាន់តែស្ងប់»។ ពួកគេមានអារម្មណ៍ថា ការគិតបែបនេះគឺឆ្លាតវៃណាស់ ហើយថាពួកគេបានវិភាគស្ថានភាពនេះបានយ៉ាងល្អ ដោយអាចមិនសង្ស័យលើព្រះជាម្ចាស់ ខណៈដែលធ្វើឱ្យសេចក្ដីជំនឿរបស់ពួកគេនឹងនរ និងធ្វើឱ្យភាពមិនស្ងប់ និងបំណងប្រាថ្នាដ៏លើសលប់នៅក្នុងចិត្តរបស់ពួកគេបានស្ងប់ផងដែរ។ ខណៈពេលដែលធ្វើសម្បទាន និងការសម្របសម្រួលជាបណ្ដោះអាសន្ន ពួកទទឹងនឹងព្រះគ្រីស្ទរង់ចាំការមកដល់នៃភយន្តរាយដ៏ធំសម្បើម។ «តើភយន្តរាយដ៏ធំសម្បើមនឹងមកដល់នៅពេលណា? នៅពេលវាមកដល់ ពួកបរិសុទ្ធនឹងត្រូវបានលើកឡើងទៅលើអាកាស ប៉ុន្តែតើវានឹងកើតឡើងនៅឯណាឱ្យប្រាកដទៅ? តើវានឹងកើតឡើងដោយរបៀបណាទៅ? តើពួកគេនឹងហោះឡើង ឬក៏ត្រូវបានលើកឡើងដោយព្រះហស្ដរបស់ព្រះជាម្ចាស់? នៅពេលភយន្តរាយដ៏ធំសម្បើមកើតឡើង តើមនុស្សនឹងនៅតែមានរូបកាយរបស់ពួកគេដែរឬទេ? តើពួកគេនឹងនៅតែស្លៀកសម្លៀកបំពាក់បច្ចុប្បន្នរបស់ពួកគេដែរឬទេ? តើពួកអ្នកគ្មានជំនឿទាំងអស់នឹងត្រូវស្លាប់ឬ? តើវានឹងទៅជាសភាព ឬស្ថានភាពបែបណាទៅ? វាមិនអាចនឹកស្មានដល់ឡើយសម្រាប់មនុស្ស។ យកល្អ ខ្ញុំមិនគួរគិតពីរឿងនេះនៅពេលនេះទេ។ ខ្ញុំនឹងគ្រាន់តែជឿថា ព្រះបន្ទូលរបស់ព្រះជាម្ចាស់ប្រាកដជានឹងក្លាយជាការពិត។ ប៉ុន្តែ តើព្រះបន្ទូលទាំងនោះពិតជាអាចក្លាយជាការពិតមែនឬ? តើថ្ងៃនោះនឹងមកដល់នៅពេលណាទៅ?» ពួកគេចេះតែសួរខ្លួនឯងនូវសំណួរទាំងនេះនៅក្នុងចិត្ត ដោយបង្កើតឱ្យមានការសង្ស័យម្ដងហើយម្ដងទៀត។ ដោយសារតែភយន្តរាយទាំងនេះមានទំនាក់ទំនងយ៉ាងជិតស្និទ្ធ និងផ្សារភ្ជាប់យ៉ាងស្អិតរមួតទៅនឹងអនាគត និងវាសនារបស់ពួកគេ ពួកទទឹងនឹងព្រះគ្រីស្ទជឿថា៖ «ខ្ញុំត្រូវតែប្រុងប្រយ័ត្នជានិច្ចចំពោះការសម្រេចនៃការព្យាករអំពីពេលដែលភយន្តរាយដ៏ធំសម្បើមនឹងធ្លាក់ចុះមក ខ្ញុំត្រូវតែចងចាំវាទុកក្នុងចិត្តគ្រប់ពេលវេលា ដើម្បីកុំឱ្យខ្ញុំខកខានឱកាស និងមិនអាចទទួលបានទទួលព្រះពរ»។ ចុះតើទស្សនៈរបស់ពួកគេគឺជាអ្វីទៅ? «ខ្ញុំត្រូវផ្សាយដំណឹងល្អឱ្យបានទូលំទូលាយ បំពេញភារកិច្ចរបស់ខ្ញុំយ៉ាងឧស្សាហ៍ព្យាយាម ជៀសវាងការបង្កការបង្អាក់ ឬការរំខាន ឬការប្រព្រឹត្តកំហុស ហើយត្រូវរក្សាភាពស្ងៀមស្ងាត់មិនឱ្យគេចាប់អារម្មណ៍ ដោយមិនធ្វើខ្លួនវាយឫកឡើយ។ ដរាបណាខ្ញុំមិនប្រព្រឹត្តកំហុស ហើយមិនត្រូវបានបណ្ដេញចេញពីពួកជំនុំ នោះគួរតែគ្រប់គ្រាន់ហើយ។ ខ្ញុំប្រាកដជានឹងអាចទៅដល់ជម្រកមិនខាន។ នេះគឺជាសេចក្ដីសន្យារបស់ព្រះជាម្ចាស់ តើនរណាអាចយកវាចេញបានទៅ?» នៅពេលមហន្តរាយតូចតាចធ្លាក់ចុះមកបន្តិចម្ដងៗ ហើយមនុស្សជាតិទាំងមូលធ្លាក់ទៅក្នុងមហន្តរាយ ពួកទទឹងនឹងព្រះគ្រីស្ទរកឃើញសេចក្ដីសុខសាន្ត និងភាពស្ងប់ស្ងាត់មួយកម្រិតនៅក្នុងជម្រៅចិត្ត។ ក្នុងពេលជាមួយគ្នានេះ ពួកគេទន្ទឹងរង់ចាំការមកដល់នៃភយន្តរាយដ៏ធំសម្បើម និងថ្ងៃដែលពួកបរិសុទ្ធត្រូវបានលើកឡើង។ មិនថាយ៉ាងណាក៏ដោយ ពួកទទឹងនឹងព្រះគ្រីស្ទបន្តឈ្លបមើលព្រះបន្ទូលរបស់ព្រះជាម្ចាស់ដែលព្យាករអំពីភយន្តរាយ។ ការឈ្លបមើលបែបនេះ នៅក្នុងព្រះនេត្ររបស់ព្រះជាម្ចាស់ គឺប្រៀបបាននឹងការឈ្លបមើលរបស់សាតាំងអ៊ីចឹង។ ទ្រង់ទតឃើញរឿងនេះថាជាការសង្ស័យ ការបដិសេធ ការមួលបង្កាច់ និងការវិភាគលើភាពត្រឹមត្រូវរបស់ព្រះជាម្ចាស់។ វាគឺជាការចោទសួរពីអត្តសញ្ញាណរបស់ព្រះជាម្ចាស់ ការសង្ស័យលើសិទ្ធិអំណាច និងសព្វានុភាពរបស់ព្រះជាម្ចាស់ ព្រមទាំងការសង្ស័យលើភាពស្មោះស្ម័គ្ររបស់ព្រះជាម្ចាស់។ ព្រះជាម្ចាស់មិនអនុញ្ញាតឱ្យរឿងបែបនេះកើតឡើងឡើយ ហើយទ្រង់ក៏មិនអនុញ្ញាតឱ្យមនុស្សបែបនេះមានវត្តមានដែរ ហើយទ្រង់ប្រាកដជានឹងមិនសង្គ្រោះមនុស្សបែបនេះឡើយ។ ពួកទទឹងនឹងព្រះគ្រីស្ទគិតថា វិធានការទប់ទល់របស់ពួកគេ ដែលត្រូវបានបង្កើតឡើងដោយសម្ងាត់ និងបានគិតគូរនៅក្នុងចិត្តរបស់ពួកគេ គឺជាវិធានការដ៏ឆ្លាតវៃបំផុត និងលាក់កំបាំងបំផុត។ ពួកគេមិនបានដឹងទាល់តែសោះថា ព្រះជាម្ចាស់ទតឃើញរាល់គំនិតរបស់ពួកគេ ហើយថ្កោលទោសពួកគេ។ នេះគឺជាអ្វីដែលព្រះជាម្ចាស់មានព្រះបន្ទូល៖ «មនុស្សជាច្រើននឹងនិយាយមកខ្ញុំនៅថ្ងៃនោះថា ព្រះអម្ចាស់ ព្រះអម្ចាស់អើយ តើយើងមិនបានថ្លែងទំនាយនៅក្នុងព្រះនាមទ្រង់ ហើយដេញអារក្សនៅក្នុងព្រះនាមទ្រង់ ព្រមទាំងធ្វើកិច្ចការដ៏អស្ចារ្យជាច្រើននៅក្នុងព្រះនាមទ្រង់ទេឬអី? បន្ទាប់មក ខ្ញុំនឹងប្រកាសទៅពួកគេថា ខ្ញុំមិនដែលស្គាល់អ្នករាល់គ្នាទេ៖ ចូរចេញពីខ្ញុំទៅ អ្នករាល់គ្នាដែលធ្វើកិច្ចការទុច្ចរិតអើយ» (ម៉ាថាយ ៧:២២–២៣)។ ព្រះជាម្ចាស់មានព្រះបន្ទូលប្រាប់មនុស្សទាំងនេះយ៉ាងស្ងៀមស្ងាត់នៅក្នុងព្រះហឫទ័យរបស់ទ្រង់ថា៖ ចូរចេញពីខ្ញុំទៅ អ្នករាល់គ្នាដែលធ្វើកិច្ចការទុច្ចរិតអើយ។ អ្នករាល់គ្នាឈ្លបមើលសកម្មភាពរបស់ខ្ញុំ ឈ្លបមើលព្រះបន្ទូលរបស់ខ្ញុំ។ មនុស្សបែបនេះមិនអាចត្រូវបានសង្គ្រោះជាដាច់ខាត។ ការដែលពួកទទឹងនឹងព្រះគ្រីស្ទចាត់ទុកការដែលថាតើព្រះបន្ទូលរបស់ព្រះជាម្ចាស់ដែលព្យាករអំពីភយន្តរាយក្លាយជាការពិតឬអត់ ថាជាគោលដៅដេញតាមរបស់ពួកគេ និងជាស្ដង់ដាដើម្បីពិនិត្យមើលភាពត្រឹមត្រូវរបស់ព្រះជាម្ចាស់ គឺជារឿងដ៏គួរឱ្យភ័យខ្លាចមួយ ហើយវាក៏ជាអំពើអាក្រក់មួយផងដែរ។
ចំពោះថាតើទិដ្ឋភាពជាក់លាក់ណាមួយនៃព្រះបន្ទូលរបស់ព្រះជាម្ចាស់នឹងក្លាយជាការពិតឬអត់ ថាតើព្រះបន្ទូលទាំងនោះក្លាយជាការពិតដោយរបៀបណា ហើយព្រះបន្ទូលទាំងនោះក្លាយជាការពិតនៅពេលណា និងនៅកន្លែងណា ព្រះជាម្ចាស់មានផ្លូវផ្ទាល់របស់ទ្រង់។ វាគឺជាព្រះគុណរបស់ព្រះជាម្ចាស់តែមួយគត់ ដែលប្រទានឱ្យមនុស្សនូវសំណាងដ៏អស្ចារ្យក្នុងការបានឮព្រះបន្ទូលទាំងនេះពីព្រះជាម្ចាស់។ គោលបំណងនៃការដែលព្រះជាម្ចាស់ថ្លែងព្រះបន្ទូលទាំងនេះ គឺមិនមែនឱ្យមនុស្សជាតិប្រើប្រាស់ព្រះបន្ទូលទាំងនោះដើម្បីដាក់កម្រិតព្រះជាម្ចាស់ ដើម្បីពិនិត្យមើលភាពត្រឹមត្រូវរបស់ព្រះជាម្ចាស់ ឬដើម្បីបញ្ជាក់ពីអត្តសញ្ញាណរបស់ព្រះជាម្ចាស់ឡើយ។ ព្រះជាម្ចាស់ថ្លែងព្រះបន្ទូលទាំងនេះ គ្រាន់តែដើម្បីប្រាប់មនុស្សជាតិថា ទ្រង់នឹងធ្វើរឿងបែបនេះ ប៉ុន្តែព្រះជាម្ចាស់មិនដែលបានមានព្រះបន្ទូលប្រាប់នរណាម្នាក់ថា «ខ្ញុំនឹងធ្វើវាដោយរបៀបនេះ ចំពោះមនុស្សទាំងនេះ នៅពេលនេះ និងតាមរបៀបនេះ» នោះឡើយ។ នៅក្នុងរឿងដែលព្រះជាម្ចាស់មិនបានមានព្រះបន្ទូលប្រាប់មនុស្សជាតិ មានសញ្ញាដ៏ច្បាស់លាស់មួយគឺ៖ មនុស្សជាតិមិនចាំបាច់ដឹងទេ ហើយពួកគេក៏គ្មានលក្ខណៈសម្បត្តិគ្រប់គ្រាន់ដើម្បីដឹងដែរ។ ហេតុដូច្នេះហើយ ប្រសិនបើមនុស្សតែងតែព្យាយាមឈ្លបមើលរឿងទាំងនេះ តែងតែជីកកកាយយ៉ាងជ្រៅ តែងតែចង់ប្រើប្រាស់រឿងទាំងនេះដើម្បីទទួលបានប្រៀបលើព្រះជាម្ចាស់ ដើម្បីវិនិច្ឆ័យ និងថ្កោលទោសទ្រង់ នៅពេលបាតុភូតទាំងនេះកើតឡើង មនុស្សជាតិនឹងឈរនៅជំហរប្រឆាំងនឹងព្រះជាម្ចាស់ដោយមិនដឹងខ្លួន។ នៅពេលអ្នកឈរប្រឆាំងនឹងព្រះជាម្ចាស់ ព្រះជាម្ចាស់លែងចាត់ទុកអ្នកជាមនុស្សទៀតហើយ។ ចុះតើអ្នកជាអ្វីទៅ? នៅក្នុងព្រះនេត្ររបស់ព្រះជាម្ចាស់ អ្នកគឺជាសាតាំង ជាសត្រូវ ជាអារក្ស។ នេះគឺជាផ្នែកនៃនិស្ស័យរបស់ព្រះជាម្ចាស់ ដែលមិនអត់ឱនចំពោះការប្រមាថរបស់មនុស្សឡើយ។ ប្រសិនបើមនុស្សមិនយល់ពីរឿងនេះ ហើយច្រើនតែយករឿងព្រះបន្ទូលដែលព្រះជាម្ចាស់បានព្យាករមកធ្វើជារឿង ដោយព្យាយាមទទួលបានប្រៀបលើព្រះជាម្ចាស់ នោះខ្ញុំសូមប្រាប់អ្នកទៅចុះថា នេះគឺជាការស្វែងរកសេចក្ដីស្លាប់ហើយ។ នៅគ្រប់ពេលវេលា មនុស្សគួរតែដឹងថាខ្លួនជានរណា ហើយគួរតែប្រព្រឹត្តចំពោះព្រះជាម្ចាស់ និងអ្វីៗគ្រប់យ៉ាងអំពីព្រះជាម្ចាស់ ក្នុងឥរិយាបថបែបណា ដោយវិចារណញ្ញាណបែបណា និងពីទស្សនៈបែបណា។ នៅពេលដែលមនុស្សបាត់បង់អត្តសញ្ញាណ និងតួនាទីរបស់ពួកគេក្នុងនាមជាភាវៈដែលព្រះបានបង្កើត សារជាតិរបស់ពួកគេក៏ផ្លាស់ប្ដូរ។ ប្រសិនបើអ្នកក្លាយជាសត្វ ព្រះជាម្ចាស់ប្រហែលជាមិនអើពើនឹងអ្នកទេ ដោយសារអ្នកនឹងក្លាយជារបស់ដែលតូចតាចគ្មានតម្លៃ។ ប៉ុន្តែប្រសិនបើអ្នកក្លាយជាអារក្ស និងសាតាំង នោះអ្នកនឹងស្ថិតក្នុងគ្រោះថ្នាក់មិនខាន។ ការក្លាយជាអារក្ស និងសាតាំង មានន័យថាក្លាយជាសត្រូវរបស់ព្រះជាម្ចាស់ ហើយពេលនោះ អ្នកនឹងលែងមានសង្ឃឹមទទួលបានសេចក្ដីសង្គ្រោះជារៀងរហូត។ ហេតុដូច្នេះហើយ ខ្ញុំចង់ប្រាប់អ្នកគ្រប់គ្នានៅទីនេះថា៖ កុំឈ្លបមើលសកម្មភាពរបស់ព្រះជាម្ចាស់ កុំឈ្លបមើលព្រះបន្ទូលរបស់ព្រះជាម្ចាស់ កុំឈ្លបមើលកិច្ចការរបស់ព្រះជាម្ចាស់ ហើយកុំឈ្លបមើលរឿងណាមួយដែលទាក់ទងនឹងព្រះជាម្ចាស់ឡើយ។ អ្នកគឺជាមនុស្ស ជាភាវៈដែលព្រះបានបង្កើត ដូច្នេះកុំវិភាគលើភាពត្រឹមត្រូវរបស់ព្រះជាម្ចាស់ឡើយ។ កុំចាត់ទុកព្រះជាម្ចាស់ថាជាកម្មវត្ថុនៃការវិភាគ និងការពិនិត្យពិច័យរបស់អ្នក ហើយក៏កុំចាត់ទុកទ្រង់ជាកម្មវត្ថុនៃការឈ្លបមើលរបស់អ្នកដែរ។ អ្នកគឺជាភាវៈដែលព្រះបានបង្កើត ជាមនុស្ស ដូច្នេះព្រះជាម្ចាស់គឺជាព្រះជាម្ចាស់របស់អ្នក។ អ្វីក៏ដោយដែលព្រះជាម្ចាស់មានព្រះបន្ទូល គឺជាអ្វីដែលអ្នកគួរតែទទួលយក។ អ្វីក៏ដោយដែលព្រះជាម្ចាស់មានព្រះបន្ទូលប្រាប់អ្នក អ្នកគួរតែទទួលយក។ ចំណែកឯអ្វីដែលព្រះជាម្ចាស់មិនមានព្រះបន្ទូលប្រាប់អ្នក រឿងដែលពាក់ព័ន្ធនឹងសេចក្ដីអាថ៌កំបាំង និងការព្យាករ រឿងដែលទាក់ទងនឹងអត្តសញ្ញាណរបស់ព្រះជាម្ចាស់ មានរឿងមួយដែលប្រាកដគឺ៖ អ្នកមិនចាំបាច់ដឹងពីរឿងទាំងនេះឡើយ។ ការដឹងពីរឿងទាំងនេះ នឹងមិនផ្ដល់ប្រយោជន៍ដល់ការចូលទៅក្នុងជីវិតរបស់អ្នកឡើយ។ ចូរទទួលយកត្រឹមអ្វីដែលអ្នកអាចយល់បាន។ កុំឱ្យរឿងទាំងនេះក្លាយជាឧបសគ្គនៅក្នុងការដេញតាមរបស់អ្នកចំពោះការផ្លាស់ប្ដូរនិស្ស័យ និងការដេញតាមសេចក្ដីសង្គ្រោះឡើយ។ នេះទើបជាផ្លូវត្រូវ។ ប្រសិនបើមនុស្សម្នាក់ឈរនៅជំហរប្រឆាំងនឹងព្រះជាម្ចាស់ ហើយចេះតែឈ្លបមើលរឿងដែលទាក់ទងនឹងព្រះជាម្ចាស់ ហើយប្រសិនបើគេបដិសេធមិនផ្លាស់ប្ដូរយ៉ាងរឹងរូស ដោយប្រកាន់ខ្ជាប់យ៉ាងចចេស ហើយប្រព្រឹត្តចំពោះព្រះជាម្ចាស់តាមរបៀបនេះ និងដោយអាកប្បកិរិយាបែបនេះ នោះក្ដីសង្ឃឹមរបស់គេក្នុងការត្រូវបានសង្គ្រោះ នឹងក្លាយជាស្ដួចស្ដើងបំផុត។ ពួកទទឹងនឹងព្រះគ្រីស្ទឈ្លបមើលព្រះបន្ទូលរបស់ព្រះជាម្ចាស់ដែលព្យាករអំពីភយន្តរាយ ចូរយើងបញ្ចប់ការប្រកបគ្នារបស់យើងអំពីចំណុចនេះនៅត្រឹមនេះ។ ហើយឥឡូវនេះ ចូរយើងបន្តទៅចំណុចបន្ទាប់។
៤. ការឈ្លបមើលព្រះបន្ទូលរបស់ព្រះជាម្ចាស់អំពីពេលដែលទ្រង់នឹងយាងចេញពីផែនដី ហើយកិច្ចការដ៏អស្ចារ្យរបស់ទ្រង់ត្រូវបានបញ្ចប់
ចំណុចទីបួនគឺថា ពួកទទឹងនឹងព្រះគ្រីស្ទឈ្លបមើលព្រះបន្ទូលរបស់ព្រះជាម្ចាស់អំពីពេលដែលទ្រង់នឹងយាងចេញពីផែនដី និងពេលដែលកិច្ចការដ៏អស្ចារ្យរបស់ទ្រង់នឹងត្រូវបានបញ្ចប់។ មិនមានចែងអំពីបញ្ហានេះច្រើនទេនៅក្នុងព្រះបន្ទូលរបស់ព្រះជាម្ចាស់។ នៅក្នុងចំណោមព្រះបន្ទូលដ៏មានកំណត់ទាំងនេះ ប្រសិនបើខ្លឹមសារគឺជាប្រធានបទដែលមនុស្សមានការយកចិត្តទុកដាក់ជាពិសេសនោះ មិនថាព្រះបន្ទូលទាំងនេះមិនសូវគួរឱ្យកត់សម្គាល់ ឬត្រូវបានបិទបាំងយ៉ាងណាក៏ដោយ ក៏ពួកគេនឹងរកព្រះបន្ទូលទាំងនោះឃើញដែរ។ បន្ទាប់ពីរកឃើញហើយ ពួកគេប្រើប៊ិកគូសចំណាំព្រះបន្ទូលទាំងនោះ ដោយចាត់ទុកព្រះបន្ទូលទាំងនោះជាព្រះបន្ទូលដ៏សំខាន់ដែលត្រូវអាន។ ពួកគេចែករំលែក និងអានព្រះបន្ទូលទាំងនេះ ដើម្បីព្រមាន និងលួងលោមខ្លួនឯងនៅពេលណាដែលពួកគេមានឱកាស។ ជាការពិតណាស់ សម្រាប់ពួកទទឹងនឹងព្រះគ្រីស្ទ អ្វីដែលពួកគេខ្វល់ខ្វាយខ្លាំងជាងគេ មិនមែនផ្តោតខ្លាំងអំពីពេលដែលព្រះជាម្ចាស់នឹងយាងចេញពីផែនដី ឬពេលដែលកិច្ចការដ៏អស្ចារ្យរបស់ទ្រង់នឹងត្រូវបានបញ្ចប់នោះទេ ប៉ុន្តែគឺអំពីការពិតដែលព្រះជាម្ចាស់មានព្រះរាជបំណងចង់សម្រេចនៅពីក្រោយព្រះបន្ទូលទាំងនេះ។ អ្វីដែលពួកទទឹងនឹងព្រះគ្រីស្ទសង្ឃឹមចង់បានបំផុតនៅក្នុងចិត្តរបស់ពួកគេ គឺការឃើញផ្ទាល់ភ្នែកនូវទិដ្ឋភាពដ៏អស្ចារ្យនៃការដែលព្រះជាម្ចាស់យាងចេញពីផែនដី នៅក្នុងមួយជីវិតរបស់ពួកគេ។ នេះមានន័យថា ព្រះជាម្ចាស់ដែលពួកគេបានដើរតាម គឺជាព្រះអង្គដ៏ត្រឹមត្រូវ ពួកគេមិនបានជ្រើសរើសព្រះជាម្ចាស់ខុសឡើយ ហើយក៏មិនបានជ្រើសរើសបុគ្គលដែលពួកគេដើរតាមខុសដែរ។ នៅពេលរឿងទាំងនេះត្រូវបានបញ្ជាក់ ពួកគេជឿថា ឱកាសរបស់ពួកគេក្នុងការទទួលបានព្រះពរ គឺកើនឡើងយ៉ាងខ្លាំង។ លើសពីនេះទៅទៀត ប្រសិនបើពួកគេអាចឃើញផ្ទាល់ភ្នែកនូវទិដ្ឋភាពនៃការដែលព្រះជាម្ចាស់យាងចេញពីផែនដី និងទិដ្ឋភាពនៃការដែលកិច្ចការដ៏អស្ចារ្យរបស់ព្រះជាម្ចាស់ត្រូវបានបញ្ចប់ នៅក្នុងមួយជីវិតរបស់ពួកគេ នោះមានន័យថា សេចក្ដីជំនឿរបស់ពួកគេនឹងកាន់តែរឹងមាំ ហើយពួកគេនឹងដើរតាមព្រះជាម្ចាស់ដោយគ្មានមន្ទិលឡើយ។ ការឃើញទិដ្ឋភាពនេះនឹងមានន័យថា មន្ទិល និងការមិនយល់របស់ពួកគេពីមុនអំពីព្រះជាម្ចាស់ ព្រមទាំងការមួលបង្កាច់ ការវិនិច្ឆ័យ និងការបដិសេធដែលពួកគេបានជួបប្រទះពីអ្នកដទៃ នឹងត្រូវបានទុកចោលទាំងអស់ ដោយលែងរឹតត្បិតពួកគេទៀតហើយ។ ម្យ៉ាង ពួកទទឹងនឹងព្រះគ្រីស្ទកំពុងទន្ទឹងរង់ចាំការមកដល់នៃថ្ងៃនេះ ហើយម្យ៉ាងវិញទៀត ពួកគេកំពុងឃ្លាំមើលអ្វីដែលព្រះជាម្ចាស់កំពុងធ្វើនៅលើផែនដីបច្ចុប្បន្ន ថាតើកិច្ចការរបស់ទ្រង់ជិតរួចរាល់ហើយឬនៅ ថាតើព្រះបន្ទូលដែលទ្រង់ត្រូវថ្លែង គឺជិតចប់ហើយឬនៅ ថាតើមនុស្សដែលដើរតាមទ្រង់មានភាពស្មោះត្រង់ពិតប្រាកដដែរឬទេ ហើយថាតើពួកគេត្រូវបានប្រោសឱ្យបានពេញខ្នាតហើយឬនៅ។ ដោយសង្កេតមើលមនុស្សដែលកំពុងដើរតាមព្រះគ្រីស្ទនាពេលបច្ចុប្បន្ន ពួកទទឹងនឹងព្រះគ្រីស្ទកត់សម្គាល់ឃើញថា មនុស្សភាគច្រើនមានសេចក្ដីជំនឿទន់ខ្សោយ ឧស្សាហ៍ប្រព្រឹត្តកំហុសក្នុងការបំពេញភារកិច្ចរបស់ខ្លួន ហើយមនុស្សជាច្រើនត្រូវបានលួសកាត់ជាញឹកញាប់ ដោយសារតែអ្នកទាំងនោះបានបញ្ចេញឱ្យឃើញនិស្ស័យពុករលួយ ខណៈពេលកំពុងបំពេញភារកិច្ចរបស់ខ្លួន។ អ្នកខ្លះថែមទាំងត្រូវបានបញ្ជូនទៅក្រុម «ខ» ត្រូវបានដាក់ឱ្យនៅដាច់ដោយឡែក ឬត្រូវបានបណ្ដេញចេញទៀតផង។ តាមរយៈសញ្ញាទាំងនេះ ពួកទទឹងនឹងព្រះគ្រីស្ទមានអារម្មណ៍ថា៖ «ថ្ងៃដែលកិច្ចការដ៏អស្ចារ្យរបស់ព្រះជាម្ចាស់ត្រូវបានបញ្ចប់ ហាក់ដូចជានៅឆ្ងាយនៅឡើយ ដែលជារឿងគួរឱ្យធុញថប់ខ្លាំងណាស់! ប៉ុន្តែ តើគេអាចធ្វើអ្វីបានទៅក្នុងភាពគ្មានអំណត់នេះ? តើវាអាចដោះស្រាយបញ្ហាអ្វីបានទៅ?» ដោយសារតែពួកទទឹងនឹងព្រះគ្រីស្ទមិនជឿលើព្រះបន្ទូលរបស់ព្រះជាម្ចាស់ មិនទទួលយកសេចក្ដីពិត គ្មានការយល់ដឹងខាងវិញ្ញាណ និងមិនយល់ពីសេចក្ដីពិត ពួកគេមិនអាចវាស់ស្ទង់បានទេថា តើផលដែលកិច្ចការរបស់ព្រះជាម្ចាស់មានទៅលើមនុស្ស គឺធម្មតាឬក៏អត់។ ពួកគេមិនអាចយល់បានឡើយថា តើអ្វីដែលព្រះជាម្ចាស់បានធ្វើទៅលើមនុស្ស ពិតជាសម្រេចបានផលណាមួយមែនឬអត់។ ថាតើព្រះបន្ទូលរបស់ព្រះជាម្ចាស់ពិតជាអាចសង្គ្រោះ និងផ្លាស់ប្រែមនុស្សបានមែនឬអត់។ ថាតើខណៈពេលទទួលយកព្រះបន្ទូលទាំងនេះ មនុស្សបានឆ្លងកាត់ការផ្លាស់ប្ដូរ ពិតជាទទួលបានអ្វីមួយ ឬទទួលបានការសព្វព្រះហឫទ័យពីព្រះជាម្ចាស់មែនឬអត់ ហើយក៏មិនដឹងថា តើមនុស្សទាំងនេះអាចចូលទៅក្នុងនគរស្ថានសួគ៌ និងទទួលបានព្រះពរដែរឬទេ ហើយពួកគេមិនអាចយល់ ឬពន្យល់ពីការពិតដែលពួកគេសង្កេតឃើញដោយផ្ទាល់ភ្នែកបានឡើយ។ រាល់ព្រឹត្តិការណ៍ដែលពួកគេឃើញ រាល់ព្រឹត្តិការណ៍ដែលពួកគេគិតនៅក្នុងចិត្ត គឺសុទ្ធតែត្រូវបានគ្របដណ្ដប់ដោយអ័ព្ទ ដែលមិនអាចបំបាត់កើតឡើយ។ «រឿងរ៉ាវទាំងនេះសុទ្ធតែពិបាកយល់ និងពិបាកមើលធ្លុះ ពិបាកយល់ដឹងណាស់។ តើព្រឹត្តិការណ៍នៃការដែលព្រះជាម្ចាស់យាងចេញពីផែនដី និងការបញ្ចប់កិច្ចការដ៏អស្ចារ្យរបស់ព្រះជាម្ចាស់ ពិតជាមានវត្តមានមែនឬទេ? តើរឿងទាំងនោះពិតជាអាចក្លាយជាការពិតមែនឬទេ?» ម្យ៉ាង ពួកទទឹងនឹងព្រះគ្រីស្ទបង្ខំខ្លួនឯងឱ្យជឿថា ព្រះជាម្ចាស់ដែលពួកគេដើរតាម គឺជាព្រះជាម្ចាស់ ប៉ុន្តែក្នុងពេលជាមួយគ្នានោះ ពួកគេមិនអាចទប់ចិត្តមិនឱ្យសង្ស័យបានឡើយថា៖ «តើទ្រង់ជាព្រះជាម្ចាស់មែនទេ? ទ្រង់គឺជាមនុស្សម្នាក់ តើមែនទេ? ការគិតបែបនេះគឺមិនល្អទេ។ មនុស្សភាគច្រើនជឿថាទ្រង់ជាព្រះជាម្ចាស់ ដូច្នេះ ខ្ញុំក៏គួរតែជឿដូច្នេះដែរ។ ប៉ុន្តែមិនបានទេ ខ្ញុំមិនអាចបញ្ចុះបញ្ចូលខ្លួនឯងឱ្យជឿបានឡើយ! តើខ្ញុំអាចមើលឃើញថាទ្រង់ជាព្រះម្ចាស់នៅត្រង់ណាទៅ? តើទ្រង់អាចធ្វើឱ្យកិច្ចការដ៏អស្ចារ្យរបស់ព្រះជាម្ចាស់ត្រូវបានបញ្ចប់ដែរឬទេ? តើទ្រង់អាចធ្វើកិច្ចការរបស់ព្រះជាម្ចាស់បានទេ? តើទ្រង់អាចតំណាងឱ្យព្រះជាម្ចាស់បានទេ? តើទ្រង់អាចបញ្ចប់ផែនការរបស់ព្រះជាម្ចាស់បានទេ? តើទ្រង់អាចសង្គ្រោះមនុស្សជាតិបានទេ? តើទ្រង់អាចដឹកនាំមនុស្សទៅកាន់គោលដៅដ៏ស្រស់បំព្រងបានទេ?» គំនិតទាំងអស់នេះ និងគំនិតជាច្រើនទៀតដែលស្រដៀងគ្នានេះ ក៏ក្លាយជាសោដែលមិនអាចដោះស្រាយបាន និងមិនអាចបំបែកបាន នៅក្នុងជម្រៅចិត្តរបស់ពួកទទឹងនឹងព្រះគ្រីស្ទ។ ពួកគេគិតថា៖ «តើខ្ញុំគួរធ្វើដូចម្ដេច? ទោះជាយ៉ាងណាក៏ដោយ ក៏នៅតែមានគោលការណ៍ដ៏ខ្ពស់បំផុតមួយគឺ៖ រង់ចាំ និងស៊ូទ្រាំ។ អ្នកណាដែលស៊ូទ្រាំរហូតដល់ទីបញ្ចប់ អ្នកនោះនឹងត្រូវបានសង្គ្រោះ។ ទោះបីជាខ្ញុំមិនដេញតាមសេចក្ដីពិតក៏ដោយ ក៏ខ្ញុំមានច្បាប់ផ្ទាល់ខ្លួនរបស់ខ្ញុំដែរ។ បើអ្នកដទៃមិនចាកចេញទេ ខ្ញុំក៏នឹងមិនចាកចេញដែរ។ បើអ្នកដទៃដើរតាម ខ្ញុំក៏នឹងដើរតាមដែរ។ ខ្ញុំនឹងធ្វើតាមគេតាមឯង។ បើមនុស្សគ្រប់គ្នានិយាយថាទ្រង់ជាព្រះជាម្ចាស់ នោះខ្ញុំនឹងហៅទ្រង់ថាជាព្រះជាម្ចាស់។ បើមនុស្សគ្រប់គ្នាឈប់ជឿ ហើយបដិសេធព្រះជាម្ចាស់ នោះខ្ញុំនឹងធ្វើតាមអ្នកទាំងនោះដែរ។ ច្បាប់មិនអាចត្រូវបានអនុវត្តទេ នៅពេលមនុស្សគ្រប់គ្នាជាជនល្មើស តើមែនទេ?» នៅពេលពួកគេឃើញការពង្រីកនៃកិច្ចការរបស់ព្រះជាម្ចាស់ឈានដល់ចំណុចកំពូល ពួកគេត្រេកអរដោយសម្ងាត់នៅក្នុងចិត្តថា៖ «សំណាងហើយដែលខ្ញុំមិនបានចាកចេញនៅពេលខ្ញុំមានការសង្ស័យ និងទន់ខ្សោយបំផុត។ មើលចុះ ថាតើសេចក្ដីជំនឿរបស់ខ្ញុំបាននាំមកនូវអ្វីខ្លះនៅពេលនេះ។ ថ្ងៃនោះជិតមកដល់ហើយ ហើយមានមនុស្សកាន់តែច្រើនឡើងៗកំពុងដើរតាមព្រះជាម្ចាស់។ ជាពិសេសនៅក្រៅប្រទេស មនុស្សមកពីប្រទេសផ្សេងៗកំពុងស្វែងយល់ពីផ្លូវពិត ហើយចំនួនអ្នកជឿក៏កំពុងកើនឡើងដែរ។ ដំណាក់របស់ព្រះជាម្ចាស់កំពុងផលិតវីដេអូ ភាពយន្ត ទំនុកបរិសុទ្ធ និងទីបន្ទាល់កាន់តែច្រើនឡើងៗ ដែលទាក់ទាញចំណាប់អារម្មណ៍កាន់តែខ្លាំង។ លទ្ធផលបែបនេះ មិនអាចត្រូវសម្រេចបានដោយមនុស្សណាម្នាក់ឡើយ។ មានតែកិច្ចការរបស់ព្រះជាម្ចាស់ប៉ុណ្ណោះទើបអាចសម្រេចវាបាន។ មនុស្សសាមញ្ញម្នាក់នេះ ទំនងជាព្រះគ្រីស្ទ ជាព្រះជាម្ចាស់បំផុតហើយ។ ដោយសារតែទ្រង់ជាព្រះគ្រីស្ទ ជាព្រះជាម្ចាស់ នោះព្រះបន្ទូលរបស់ទ្រង់ប្រាកដជានឹងក្លាយជាការពិតមិនខាន។ ប្រសិនបើព្រះបន្ទូលរបស់ទ្រង់មិនក្លាយជាការពិតទេ នោះទ្រង់មិនមែនជាព្រះជាម្ចាស់ឡើយ។ យោងតាមការវែកញែកហេតុផលតាមបែបតក្កវិជ្ជា ការសន្និដ្ឋាននេះគឺសមហេតុផល វាត្រឹមត្រូវហើយ។ ប្រសិនបើទ្រង់ជាព្រះជាម្ចាស់ នោះនឹងមានថ្ងៃណាមួយដែលទ្រង់យាងចេញពីផែនដី។ ប្រសិនបើទ្រង់ជាព្រះជាម្ចាស់ នោះទ្រង់អាចធ្វើឱ្យកិច្ចការដ៏អស្ចារ្យរបស់ទ្រង់ត្រូវបានបញ្ចប់។ ដោយវិនិច្ឆ័យតាមសញ្ញាទាំងអស់នេះ មនុស្សនៅក្នុងពួកជំនុំដែលដើរតាមព្រះជាម្ចាស់ កំពុងឆ្ពោះទៅរកទិសដៅវិជ្ជមាន ឆ្ពោះទៅរកគោលដៅដ៏ល្អមួយ។ អ្វីៗគ្រប់យ៉ាងគឺល្អឥតខ្ចោះណាស់ វាសុទ្ធតែវិជ្ជមានខ្លាំងណាស់។ នេះគឺប្រសើរជាងការដើរតាមនិន្នាការលោកីយ៍។ គ្មានសង្ឃឹមទេក្នុងការដេញតាមរឿងទាំងនោះ វានាំតែទៅរកការរងទុក្ខពីការធ្វើបាប និងនៅទីបំផុតគឺការបំផ្លិចបំផ្លាញប៉ុណ្ណោះ។ ប្រសិនបើមនុស្សម្នាក់ជឿលើព្រះជាម្ចាស់ ហើយគេអាចឃើញផ្ទាល់ភ្នែកនូវថ្ងៃដែលទ្រង់យាងចេញពីផែនដី និងកិច្ចការដ៏អស្ចារ្យរបស់គាត់ត្រូវបានបញ្ចប់ ហើយអាចរួមចំណែកនៅក្នុងសិរីល្អរបស់ព្រះជាម្ចាស់ តើវានឹងជាកិត្តិយសយ៉ាងណាទៅ!» ពេលគិតអំពីរឿងនេះ ពួកគេមានអារម្មណ៍ថា៖ «ម្ដេចក៏ខ្ញុំឆ្លាតម្ល៉េះ? ខ្ញុំបានជ្រើសរើសផ្លូវនេះ។ មើលទៅខ្ញុំគឺជាអ្នកដែលមានកម្រិតប្រាជ្ញាខ្ពស់ និងមានបញ្ញាខ្លាំងពូកែហើយ»។ ពួកគេមិនសន្មតថាវាជាព្រះគុណរបស់ព្រះជាម្ចាស់ទេ ប៉ុន្តែសន្មតថាវាជាភាពឆ្លាតវៃរបស់ពួកគេ ជាភាពប៉ិនប្រសប់របស់ពួកគេផ្ទាល់ទៅវិញ។ នេះជាគំនិតដ៏គួរឱ្យហួសចិត្តមែន!
ពួកទទឹងនឹងព្រះគ្រីស្ទគិតថា៖ «រឿងដែលព្រះជាម្ចាស់យាងចេញពីផែនដី និងកិច្ចការដ៏អស្ចារ្យរបស់ព្រះជាម្ចាស់ត្រូវបានបញ្ចប់ គឺខុសពីរឿងដូចជាសេចក្ដីសន្យា និងព្រះពររបស់ព្រះជាម្ចាស់ បណ្ដាសា និងការដាក់ទោសរបស់ទ្រង់ និងការព្យាកររបស់ទ្រង់អំពីភយន្តរាយ រឿងនេះមិនអាចប្រញាប់ប្រញាល់បានទេ។ មនុស្សចាំបាច់ត្រូវមានការស៊ូទ្រាំកម្រិតដប់ពីរលើដប់ និងការអត់ធ្មត់កម្រិតម្ភៃលើដប់ ដើម្បីរង់ចាំថ្ងៃនោះមកដល់។ ពីព្រោះនៅពេលថ្ងៃនោះមកដល់ អ្វីៗគ្រប់យ៉ាងនឹងត្រូវបានសម្រេច។ ប្រសិនបើខ្ញុំមិនអាចស៊ូទ្រាំនៅពេលនេះទេ មិនអាចទ្រាំទ្រនឹងភាពឯកោបានទេ ហើយមិនអាចទ្រាំនឹងការរងទុក្ខនេះបានទេ នោះខ្ញុំនឹងត្រូវបានទុកចោលពេលដែលថ្ងៃនោះមកដល់។ ឥឡូវនេះគឺជាដំណាក់កាលចុងក្រោយហើយ។ បន្ទាប់ពីរងទុក្ខយ៉ាងច្រើនមក បើខ្ញុំមិនស៊ូទ្រាំបន្តិចទៀតទេ ខ្ញុំមុខជាមនុស្សល្ងង់មិនខាន!» ដូច្នេះ សម្រាប់ពួកទទឹងនឹងព្រះគ្រីស្ទ មានតែវិធីមួយគត់ដើម្បីឃើញការមកដល់នៃថ្ងៃនោះគឺ៖ រង់ចាំដោយស្ដាប់បង្គាប់ និងដោយអត់ធ្មត់ មិនប្រញាប់ប្រញាល់ ហើយរៀនស៊ូទ្រាំ។ ពួកគេគិតថា៖ «ដោយសារតែខ្ញុំបានជ្រើសរើសលេងល្បែងភ្នាល់នេះហើយ ខ្ញុំគួរតែរៀនស៊ូទ្រាំ ពីព្រោះការស៊ូទ្រាំនេះមិនមែនជារឿងតូចតាចទេ។ ប្រសិនបើខ្ញុំស៊ូទ្រាំរហូតដល់ទីបញ្ចប់ នៅពេលរឿងនេះត្រូវបានសម្រេច នោះអ្វីដែលខ្ញុំទទួលបាននឹងជាព្រះពរដ៏ធំធេង! ប្រសិនបើខ្ញុំមិនស៊ូទ្រាំក្នុងអំឡុងពេលនេះទេ នោះខ្ញុំនឹងប្រឈមមុខនឹងមហន្តរាយដ៏ធំសម្បើម។ រឿងនេះអាចទៅរួចពីរផ្លូវ។ វាអាចនាំមកនូវព្រះពរដ៏ធំធេង ឬក៏មហន្តរាយដ៏ធំសម្បើម»។ អ្នកឃើញទេ ពួកទទឹងនឹងព្រះគ្រីស្ទមិនល្ងង់ទេ តើមែនទេ? ពួកគេគ្មានការយល់ដឹងខាងវិញ្ញាណ ហើយមិនជឿលើសេចក្ដីពិតទេ ពួកគេគឺជាពួកអ្នកមិនជឿ ប៉ុន្តែចុះម្ដេចបានជាពួកគេអាចវិភាគរឿងនេះបានយ៉ាងត្រឹមត្រូវ និងលម្អិតយ៉ាងនេះ? តើការវិភាគបែបនេះសមរម្យដែរឬទេ? (មិនសមរម្យទេ។) ចូរប្រាប់ខ្ញុំមកមើល៍ តើមនុស្សគួរមានអាកប្បកិរិយា «ម៉ឺងម៉ាត់» បែបនេះចំពោះព្រះបន្ទូលរបស់ព្រះជាម្ចាស់ដែរឬទេ? មនុស្សមួយចំនួននិយាយថា៖ «នេះជារឿងធំ ដែលពាក់ព័ន្ធនឹងអនាគត និងវាសនារបស់មនុស្សម្នាក់ៗ ហើយពាក់ព័ន្ធនឹងការបញ្ចប់នៃកិច្ចការដ៏អស្ចារ្យរបស់ព្រះជាម្ចាស់។ វាមិនអាចត្រូវបានចាត់ទុកជារឿងលេងៗបានទេ។ មនុស្សត្រូវតែគណនាឱ្យបានច្បាស់លាស់នូវឆ្នាំ និងខែ សម្រាប់ពេលដែលព្រះជាម្ចាស់យាងចេញពីផែនដី។ លើសពីនេះទៅទៀត វិធីសាស្ត្រ និងទិដ្ឋភាពនៃការយាងចេញរបស់ព្រះជាម្ចាស់ ដែលត្រូវបានបញ្ចេញឱ្យឃើញនៅក្នុងព្រះបន្ទូលរបស់ព្រះជាម្ចាស់ ត្រូវតែត្រូវបានវិភាគ។ ប្រសិនបើមនុស្សមិនចាត់ទុករឿងនេះជាការសំខាន់ និងមិនវិភាគវាឱ្យបានហ្មត់ចត់ទេ ការខកខានរឿងដ៏ល្អបែបនេះ នឹងនាំឱ្យមានការស្ដាយក្រោយមិនចេះចប់មិនចេះហើយ។ ព្រឹត្តិការណ៍បែបនេះនឹងមិនអាចមើលឃើញម្ដងទៀតឡើយ។ ជាពិសេសនៅពេលកិច្ចការដ៏អស្ចារ្យរបស់ព្រះជាម្ចាស់ត្រូវបានបញ្ចប់ ហើយថ្ងៃ និងពេលវេលានៃការទទួលបានសិរីល្អរបស់ព្រះជាម្ចាស់មកដល់ មនុស្សកាន់តែត្រូវដឹងថែមទៀត»។ មាននរណាម្នាក់សួរតបនឹងរឿងនេះថា៖ «តើយើងអាចដឹងដោយរបៀបណា ប្រសិនបើព្រះជាម្ចាស់មិនមានព្រះបន្ទូលប្រាប់នោះ?» «អ៊ីចឹង អ្នកត្រូវតែអធិដ្ឋានសូមឱ្យព្រះបើកសម្ដែងរឿងនេះដល់អ្នកនៅក្នុងសុបិន ដូចជាយ៉ូហាននៅក្នុងកណ្ឌគម្ពីរវិវរណៈអ៊ីចឹងដែរ។ ប្រសិនបើអ្នកទទួលបាននិមិត្ត ឃើញថ្ងៃដែលកិច្ចការដ៏អស្ចារ្យរបស់ព្រះត្រូវបានបញ្ចប់នៅក្នុងសុបិន ឬនិមិត្តរបស់អ្នក នោះវានឹងពង្រឹងសេចក្ដីជំនឿរបស់អ្នកទាំងស្រុងមួយរំពេច។ ការអត់ធ្មត់របស់អ្នក ការរង់ចាំរបស់អ្នក នឹងលែងជាការធ្វើបែបទម្រង់ការ ឬគ្រាន់តែជារឿងដែលអ្នកធ្វើទៀតហើយ។ ផ្ទុយទៅវិញ អ្នកនឹងស្ម័គ្រចិត្តរង់ចាំ និងស៊ូទ្រាំបែបនេះចេញពីជម្រៅចិត្តរបស់អ្នក។ នោះពិតជាអស្ចារ្យណាស់!» តើវិធីសាស្ត្រនេះអាចទទួលយកបានដែរឬទេ? (មិនអាចទទួលយកបានទេ។)
មិនថាមនុស្សជាតិត្រូវការព្រះជាម្ចាស់ដែលយកកំណើតជាមនុស្សប៉ុន្មានឆ្នាំក៏ដោយ ក៏នៅទីបំផុតនឹងមានថ្ងៃណាមួយដែលកិច្ចការរបស់ទ្រង់នៅក្នុងសាច់ឈាមត្រូវបានបញ្ចប់។ នេះមានន័យថា បុគ្គលនេះនឹងចាកចេញពីមនុស្សជាតិនៅទីបំផុត។ វាគ្រាន់តែជាបញ្ហានៃពេលវេលាប៉ុណ្ណោះ។ កិច្ចការនៃផែនការគ្រប់គ្រងរយៈពេលប្រាំមួយពាន់ឆ្នាំរបស់ព្រះជាម្ចាស់ កំពុងឈានចូលដល់ទីបញ្ចប់ហើយ។ ចំពោះថាតើទីបញ្ចប់នេះមានរយៈពេលដប់ឆ្នាំ ម្ភៃឆ្នាំ ហាសិបឆ្នាំ ប៉ែតសិបឆ្នាំ ឬមួយរយឆ្នាំនោះ យើងមិនចាំបាច់ត្រូវជីកកកាយឱ្យស៊ីជម្រៅឡើយ។ នេះគ្រាន់តែជារបៀបនៃការមានព្រះបន្ទូលរបស់ព្រះជាម្ចាស់ប៉ុណ្ណោះ។ តើការនិយាយថានេះជារបៀបនៃការមានព្រះបន្ទូលរបស់ព្រះជាម្ចាស់ មានន័យដូចម្ដេច? វាមានន័យថា តើទស្សនាទានរបស់ព្រះជាម្ចាស់អំពី «ទីបញ្ចប់» តាមពិតមានរយៈពេលប៉ុន្មានឆ្នាំ ពោលគឺទស្សនាទានរបស់ព្រះជាម្ចាស់អំពីពេលវេលា គឺប្រាកដជាខុសពីទស្សនាទានរបស់មនុស្ស។ តើវាមានប្រយោជន៍សម្រាប់យើងក្នុងការពិនិត្យពិច័យថារឿងនេះមានរយៈពេលប៉ុន្មានឆ្នាំឱ្យប្រាកដដែរឬទេ? អត់ទេ វាមិនមានប្រយោជន៍ឡើយ។ ហេតុអ្វីបានជាមិនមានប្រយោជន៍? ពីព្រោះអ្វីៗទាំងអស់នេះស្ថិតនៅក្នុងព្រះហស្ដរបស់ព្រះជាម្ចាស់ វាមិនមែនជារឿងដែលមនុស្សអាចទទួលបានតាមរយៈការសួរនាំនោះទេ ហើយក៏មិនមែនជារឿងដែលនៅពេលមនុស្សដឹងហើយ ពួកគេអាចយកមកប្រើដើម្បីដាក់កម្រិតព្រះជាម្ចាស់បាននោះដែរ។ ព្រះជាម្ចាស់ធ្វើតាមអ្វីដែលទ្រង់សព្វព្រះហឫទ័យ។ អ្វីតែមួយគត់ដែលអ្នកដើរតាមព្រះជាម្ចាស់គួរធ្វើ គឺដេញតាមសេចក្ដីពិត បំពេញភារកិច្ចរបស់ខ្លួនឱ្យបានល្អ ទទួលបានជីវិត ឈានជើងចូលទៅក្នុងផ្លូវនៃការកោតខ្លាចព្រះជាម្ចាស់ ហើយគេចចេញពីសេចក្ដីអាក្រក់ និងក្លាយជាភាវៈដែលព្រះបានបង្កើត ដែលពិតជាត្រូវតាមស្ដង់ដា។ តាមរបៀបនេះ កិច្ចការដ៏អស្ចារ្យរបស់ព្រះជាម្ចាស់ពិតជានឹងត្រូវបានបញ្ចប់ទាំងស្រុង ហើយព្រះជាម្ចាស់នឹងសម្រាក។ តើការសម្រាករបស់ព្រះជាម្ចាស់មានន័យដូចម្ដេច? វាមានន័យថា មនុស្សជាតិនឹងមានការសម្រាក។ នៅពេលមនុស្សជាតិមានកន្លែងសម្រាក ព្រះជាម្ចាស់ក៏អាចសម្រាកបាន។ ការសម្រាករបស់ព្រះជាម្ចាស់ គឺជាការសម្រាករបស់មនុស្សជាតិ។ នៅពេលមនុស្សជាតិមានមជ្ឈដ្ឋានរស់នៅ និងសណ្ដាប់ធ្នាប់ធម្មតា វានាំមកនូវការសម្រាកដល់ព្រះជាម្ចាស់។ ចំពោះថាតើពេលណាមនុស្សជាតិនឹងមានមជ្ឈដ្ឋានរស់នៅបែបនេះ ពេលណាពួកគេនឹងឈានដល់ជំហាននេះ ហើយពេលណាព្រះជាម្ចាស់នឹងបញ្ចប់កិច្ចការដ៏អស្ចារ្យរបស់ទ្រង់ ហើយចូលទៅក្នុងទីកន្លែងសម្រាករបស់ទ្រង់ អ្វីៗទាំងអស់នេះគឺស្ថិតនៅក្នុងផែនការរបស់ព្រះជាម្ចាស់។ ទ្រង់មានកាលវិភាគរួចហើយ។ តើកាលវិភាគនៃផែនការរបស់ព្រះជាម្ចាស់នេះធ្លាក់ចូលក្នុងសម័យកាលណា ឆ្នាំណា ខែណា ម៉ោងណា និងនាទីណា គឺមានតែព្រះជាម្ចាស់ផ្ទាល់ព្រះអង្គប៉ុណ្ណោះទើបជ្រាប។ មនុស្សមិនចាំបាច់ត្រូវដឹងទេ ហើយការប្រាប់អ្នកក៏គ្មានប្រយោជន៍អ្វីដែរ។ ទោះបីជាអ្នកត្រូវបានប្រាប់ពីឆ្នាំ ខែ ម៉ោង និងនាទីច្បាស់លាស់ក៏ដោយ តើវាអាចក្លាយជាជីវិតរបស់អ្នកបានដែរឬទេ? តើនោះជាជីវិតមែនទេ? វាមិនអាចជំនួសជីវិតបានឡើយ។ អ្វីតែមួយគត់ដែលភាវៈដែលព្រះបានបង្កើតគួរធ្វើ គឺស្ដាប់ព្រះបន្ទូលរបស់ព្រះជាម្ចាស់ ទទួលយកព្រះបន្ទូលរបស់ព្រះជាម្ចាស់ និងចុះចូលនឹងព្រះបន្ទូលរបស់ព្រះជាម្ចាស់ ដោយក្លាយជាមនុស្សដែលកោតខ្លាចដល់ព្រះជាម្ចាស់ ហើយគេចចេញពីសេចក្ដីអាក្រក់។ ប៉ុន្តែ ការដែលតែងតែចង់ពិនិត្យពិច័យព្រះបន្ទូលរបស់ព្រះជាម្ចាស់ ឈ្លបមើលថាតើព្រះបន្ទូលរបស់ព្រះជាម្ចាស់ក្លាយជាការពិតឬអត់ ត្រួតពិនិត្យ វិភាគ និងពិនិត្យពិច័យពីភាពត្រឹមត្រូវនៃព្រះបន្ទូលរបស់ព្រះជាម្ចាស់ ពោលគឺ រឿងទាំងនេះមិនមែនជាអ្វីដែលមនុស្សដែលព្រះបានបង្កើតគួរធ្វើនោះទេ។ អស់អ្នកដែលចចេសដើរលើផ្លូវនេះ និងធ្វើរឿងទាំងនេះ ច្បាស់ណាស់មិនមែនជាភាវៈដែលព្រះបានបង្កើត ដែលព្រះជាម្ចាស់ចង់បានឡើយ។ ពួកគេមិនប្រព្រឹត្តទៅតាមសេចក្ដីតម្រូវរបស់ទ្រង់ទេ មិនរស់នៅតាមច្បាប់ និងបទប្បញ្ញត្តិដែលព្រះជាម្ចាស់បានកំណត់សម្រាប់មនុស្សឡើយ។ នៅក្នុងព្រះនេត្ររបស់ព្រះជាម្ចាស់ ពួកគេគឺជាសត្រូវរបស់ព្រះជាម្ចាស់។ ពួកគេគឺជាពួកអារក្ស និងពួកសាតាំង មិនមែនជាគោលដៅនៃសេចក្ដីសង្គ្រោះរបស់ព្រះជាម្ចាស់ឡើយ។ ហេតុដូច្នេះហើយ ទាក់ទងនឹងពេលដែលព្រះជាម្ចាស់នឹងយាងចេញពីផែនដី ពេលដែលកិច្ចការដ៏អស្ចារ្យរបស់ទ្រង់នឹងត្រូវបានបញ្ចប់ និងពេលដែលថ្ងៃនៃការទទួលបានសិរីល្អរបស់ព្រះជាម្ចាស់មកដល់ តើមនុស្សជាតិគួរមានទស្សនៈត្រឹមត្រូវបែបណាចំពោះព្រះបន្ទូលរបស់ព្រះជាម្ចាស់ទាំងនេះ និងចំពោះរឿងនេះ? មនុស្សគួរតែជឿថា រឿងទាំងនេះដែលព្រះជាម្ចាស់បានមានព្រះបន្ទូល ប្រាកដជានឹងក្លាយជាការពិតមិនខាន ហើយក្នុងពេលជាមួយគ្នានេះ ក្ដីសង្ឃឹមចំពោះការបញ្ចប់កិច្ចការដ៏អស្ចារ្យរបស់ព្រះជាម្ចាស់ ចំពោះការយាងមកនៃនគររបស់ព្រះជាម្ចាស់ ចំពោះការដែលព្រះជាម្ចាស់លេចមកក្នុងសិរីល្អដល់បណ្ដាជនទាំងឡាយ និងចំពោះការដែលព្រះជាម្ចាស់ចូលទៅក្នុងការសម្រាកឱ្យបានមុនពេលកំណត់។ នេះគឺជាអ្វីដែលមនុស្សដែលព្រះបានបង្កើត ជាអស់អ្នកដែលដើរតាមព្រះជាម្ចាស់ គួរសង្ឃឹម និងអធិដ្ឋានសុំ។ ការធ្វើបែបនេះគឺត្រឹមត្រូវ ហើយមិនមែនជាការឈ្លបមើលឡើយ។ ក៏ប៉ុន្តៃ ការដែលតែងតែប្រើការដែលថាតើព្រះបន្ទូលរបស់ព្រះជាម្ចាស់ក្លាយជាការពិតឬអត់ ធ្វើជាចំណុចមានប្រៀបដើម្បីគំរាមកំហែងព្រះជាម្ចាស់ ដើម្បីដាក់លក្ខខណ្ឌជាមួយព្រះជាម្ចាស់ នោះត្រូវបានហៅថាជាការឈ្លបមើល ហើយវាគឺជាអ្វីដែលសត្រូវរបស់ព្រះជាម្ចាស់ធ្វើ។ ការដែលតែងតែសម្រេចចិត្តថាតើត្រូវលះបង់ តើត្រូវបោះបង់អ្វីៗគ្រប់យ៉ាង និងថាតើត្រូវបំពេញភារកិច្ចរបស់ខ្លួនឬអត់ ដោយផ្អែកលើថាតើព្រះបន្ទូលរបស់ព្រះជាម្ចាស់ក្លាយជាការពិតឬអត់នោះ ក៏ជាអ្វីដែលសត្រូវធ្វើផងដែរ។ ភាវៈដែលព្រះបានបង្កើតពិតប្រាកដ គួរតែប្រព្រឹត្តចំពោះព្រះបន្ទូលរបស់ព្រះជាម្ចាស់ អត្តសញ្ញាណរបស់ព្រះជាម្ចាស់ និងផ្នែកណាមួយនៃអ្វីដែលព្រះជាម្ចាស់មានព្រះបន្ទូល ចេញពីទស្សនៈនៃភាវៈដែលព្រះបានបង្កើត មិនមែនចេញពីទស្សនៈរបស់សាតាំង ពួកអារក្សកំណាច ឬសត្រូវរបស់ព្រះជាម្ចាស់ឡើយ។
៥. ការឈ្លបមើលព្រះបន្ទូលរបស់ព្រះជាម្ចាស់អំពីនិស្ស័យរបស់ទ្រង់ អត្តសញ្ញាណរបស់ទ្រង់ និងសារជាតិរបស់ទ្រង់
ចំណុចបន្ទាប់ដែលយើងនឹងប្រកបគ្នា គឺពាក់ព័ន្ធនឹងព្រះបន្ទូលរបស់ព្រះជាម្ចាស់អំពីនិស្ស័យ អត្តសញ្ញាណ និងសារជាតិរបស់ទ្រង់។ ព្រះបន្ទូលទាំងនេះគ្របដណ្ដប់លើវិសាលភាពយ៉ាងធំធេង។ ខ្លឹមសារភាគច្រើននៃព្រះបន្ទូលរបស់ព្រះជាម្ចាស់ គឺទាក់ទងនឹងនិស្ស័យ អត្តសញ្ញាណ និងសារជាតិរបស់ទ្រង់។ ម្យ៉ាងគឺ របៀប និងសំនៀងនៃព្រះបន្ទូលរបស់ព្រះជាម្ចាស់ ព្រមទាំងខ្លឹមសារ អាចឱ្យមនុស្សមើលឃើញពីនិស្ស័យរបស់ព្រះជាម្ចាស់ មើលឃើញពីអត្តសញ្ញាណ និងសារជាតិរបស់ទ្រង់។ ម្យ៉ាងទៀតគឺ ព្រះជាម្ចាស់មានព្រះបន្ទូលយ៉ាងច្បាស់លាស់ ដើម្បីថ្លែងប្រាប់ដល់មនុស្សជាតិ ដើម្បីបង្ហាញឱ្យដឹងដល់មនុស្សជាតិអំពីនិស្ស័យ អត្តសញ្ញាណ និងសារជាតិរបស់ទ្រង់។ ចំពោះខ្លឹមសារទាំងពីរផ្នែកនេះ ម្យ៉ាងគឺ តាមរយៈរាល់ពាក្យពេចន៍ និងអត្ថន័យបង្កប់នៃព្រះបន្ទូលរបស់ព្រះជាម្ចាស់ ខ្លឹមសារនៃព្រះបន្ទូលរបស់ព្រះជាម្ចាស់ លក្ខណៈនៃព្រះបន្ទូលរបស់ព្រះជាម្ចាស់ ព្រមទាំងសំនៀងរបស់ព្រះជាម្ចាស់ និងអ្នកស្ដាប់ព្រះបន្ទូលរបស់ទ្រង់ គេអាចមើលឃើញពីនិស្ស័យ អត្តសញ្ញាណ និងសារជាតិរបស់ព្រះជាម្ចាស់បាន។ ម្យ៉ាងទៀត ព្រះជាម្ចាស់ថ្លែងប្រាប់មនុស្សដោយព្រះបន្ទូលយ៉ាងច្បាស់លាស់ថា តើទ្រង់មាននិស្ស័យបែបណា តើទ្រង់មានអត្តសញ្ញាណ និងសារជាតិបែបណា។ ខ្លឹមសារទាំងពីរផ្នែកនេះ គឺជារឿងដែលពួកទទឹងនឹងព្រះគ្រីស្ទមិនអើពើទាល់តែសោះ។ ពួកគេនឹងមិនស្វែងយល់ពីនិស្ស័យ អត្តសញ្ញាណ និងសារជាតិរបស់ព្រះជាម្ចាស់ចេញពីរឿងទាំងនេះឡើយ ហើយពួកគេប្រាកដជានឹងមិនជឿលើរឿងទាំងអស់នេះដែលទាក់ទងនឹងព្រះជាម្ចាស់នោះទេ។ ដោយសារពួកគេគឺជាពួកអ្នកមិនជឿ ពួកគេមិនជឿថា ព្រះបន្ទូលដែលត្រូវបានថ្លែងចេញពីព្រះឱស្ឋរបស់ព្រះជាម្ចាស់ អាចតំណាងឱ្យអត្តសញ្ញាណ និងសារជាតិរបស់ព្រះជាម្ចាស់បានឡើយ។ ក៏ប៉ុន្តែ មានចំណុចមួយដែលពួកគេមិនអាចបដិសេធបានគឺ៖ ព្រះបន្ទូលរបស់ព្រះជាម្ចាស់បានបង្ហាញឱ្យដឹងយ៉ាងច្បាស់ដល់មនុស្សថា តើព្រះជាម្ចាស់មាននិស្ស័យបែបណា ព្រះជាម្ចាស់មានអត្តសញ្ញាណបែបណា និងសារជាតិរបស់ទ្រង់មានលក្ខណៈបែបណា ពោលគឺព្រះបន្ទូលផ្នែកនេះហើយ ដែលពួកគេមិនអាចបដិសេធបានឡើយ។ គ្រាន់តែដោយសារពួកគេមិនអាចបដិសេធបាន តើវាមានន័យថា ពួកគេមានការទទួលយកយ៉ាងពិតប្រាកដ និងការទទួលស្គាល់យ៉ាងស្មោះសរមែនទេ? ពួកគេមិនទទួលស្គាល់ព្រះបន្ទូលទាំងនេះឡើយ។ ផ្ទុយទៅវិញ ទាក់ទងនឹងខ្លឹមសារនៃនិស្ស័យរបស់ព្រះជាម្ចាស់ ដូចជាសេចក្ដីសុចរិត ភាពបរិសុទ្ធ សេចក្ដីស្រឡាញ់ សិទ្ធិអំណាច និងលក្ខណៈសម្បត្តិផ្សេងៗទៀតដែលពាក់ព័ន្ធនឹងកម្មសិទ្ធិ និងលក្ខណៈរបស់ទ្រង់ ដែលព្រះជាម្ចាស់មានព្រះបន្ទូលនោះ ក្រៅពីបង្ហាញការមើលងាយ ការមិនយកចិត្តទុកដាក់ និងការព្រងើយកន្តើយ ពួកទទឹងនឹងព្រះគ្រីស្ទក៏មើលព្រះបន្ទូលទាំងនេះ ក្នុងទស្សនៈនៃការឈ្លបមើលផងដែរ។ ឧទាហរណ៍៖ នៅពេលព្រះជាម្ចាស់មានព្រះបន្ទូលថា ទ្រង់សុចរិត នោះអ្នកទទឹងនឹងព្រះគ្រីស្ទនឹងចាប់ផ្ដើមពិនិត្យពិច័យថា៖ «ព្រះអង្គសុចរិតឬ? នៅលើលោកនេះ មិនទាន់មាននរណាម្នាក់ហ៊ានអះអាងថាខ្លួនសុចរិតនោះទេ។ ដោយសារព្រះអង្គហ៊ានមានព្រះបន្ទូលបែបនេះ អ៊ីចឹងយើងសាកល្បងមើលទៅ។ តើព្រះអង្គសុចរិតតាមរបៀបណាខ្លះ? តើអំពើមួយណាខ្លះរបស់ព្រះអង្គដែលសុចរិតនោះ? ទូលបង្គំមិនព្រមជឿទេ! ប្រសិនបើសេចក្ដីថ្លែងនេះក្លាយជាការពិតមែន ប្រសិនបើព្រះអង្គពិតជាបានធ្វើទង្វើសុចរិតណាមួយដែលធ្វើឱ្យទូលបង្គំជឿជាក់មែន នោះទូលបង្គំនឹងទទួលស្គាល់ថាព្រះអង្គសុចរិត។ ប៉ុន្តែ ប្រសិនបើអ្វីដែលព្រះអង្គធ្វើ មិនអាចធ្វើឱ្យទូលបង្គំជឿជាក់បានទេ នោះកុំបន្ទោសទូលបង្គំដែលនិយាយត្រង់ៗឱ្យសោះ។ ទូលបង្គំនឹងមិនទទួលស្គាល់ថា ព្រះអង្គមាននិស្ស័យសុចរិតជាដាច់ខាត»។ នៅទីបំផុត ថ្ងៃដែលគេទន្ទឹងបានរង់ចាំក៏មកដល់៖ អ្នកដឹកនាំណាម្នាក់ ទោះបីជាបានលះបង់យ៉ាងធំធេង និងរងទុក្ខយ៉ាងច្រើនក៏ដោយ ក៏ទីបំផុតត្រូវបានកំណត់លក្ខណៈថាជាអ្នកដឹកនាំក្លែងក្លាយ ហើយត្រូវបានដកហូតតំណែង ដោយសារតែគាត់មិនអាចធ្វើកិច្ចការជាក់ស្ដែងបាន។ បន្ទាប់ពីត្រូវបានដកហូតតំណែង គាត់ក៏ក្លាយជាអវិជ្ជមាន មានការយល់ច្រឡំ ត្អូញត្អែរ ព្រមទាំងមាននិយាយពាក្យសម្ដីគុំកួន និងបែបវិនិច្ឆ័យជាច្រើន។ នៅពេលរឿងនេះលេចឮដល់ត្រចៀករបស់អ្នកទទឹងនឹងព្រះគ្រីស្ទ ហើយត្រូវបានគេឃើញ អ្នកទទឹងនឹងព្រះគ្រីស្ទនោះក៏និយាយថា៖ «ប្រសិនបើសូម្បីតែមនុស្សដូចជាអ្នក ក៏អាចត្រូវបានគេដកហូតតំណែងដែរ នោះវាកាន់តែអាក្រក់ទៅទៀតសម្រាប់មនុស្សដូចជាខ្ញុំ។ ប្រសិនបើអ្នកគ្មានសង្ឃឹមថានឹងត្រូវបានសង្គ្រោះទេ ប្រសិនបើអ្នកមិនស្របនឹងបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ទេ នោះតើអ្នកណាអាចស្របនឹងបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់បានទៅ? តើមានអ្នកណាផ្សេងទៀតដែលអាចត្រូវបានព្រះជាម្ចាស់យកព្រះហឫទ័យទុកដាក់នោះ?» ម្យ៉ាង អ្នកទទឹងនឹងព្រះគ្រីស្ទការពារ និងទាមទារយុត្តិធម៌ឱ្យអ្នកដឹកនាំក្លែងក្លាយនោះ។ ម្យ៉ាងទៀត គេក៏កំពុងទទួលយកពាក្យសម្ដីគុំកួន និងបែបវិនិច្ឆ័យ ដែលបញ្ចេញដោយអ្នកដឹកនាំក្លែងក្លាយនោះផងដែរ។ ក្នុងពេលជាមួយគ្នានេះ គេក៏កំពុងប្រកែកតវ៉ានឹងព្រះជាម្ចាស់ដោយសម្ងាត់នៅក្នុងចិត្តរបស់ខ្លួនថា៖ «តើព្រះជាម្ចាស់សុចរិតឬ? ចុះហេតុអ្វីបានជាដកហូតតំណែងមនុស្សដែលបានរងទុក្ខ និងលះបង់ដើម្បីកិច្ចការរបស់ពួកជំនុំទៅវិញ? មនុស្សម្នាក់នេះស្មោះត្រង់នឹងព្រះអង្គបំផុតហើយ។ ទូលបង្គំមិនដែលឃើញអ្នកណាស្មោះត្រង់ជាងគាត់ទេ។ ទូលបង្គំមិនដែលឃើញអ្នកណាដែលបានរងទុក្ខច្រើនជាង ឬលះបង់ធំធេងជាងគាត់ឡើយ។ គាត់ក្រោកពីព្រលឹម ហើយចូលគេងយប់ជ្រៅ ស៊ូទ្រាំនឹងជំងឺ ទុកមនោសញ្ចេតនាចំពោះគ្រួសារមួយឡែក ហើយទុកការស្រណុកសុខស្រួលខាងសាច់ឈាម និងអនាគតខាងសាច់ឈាមមួយឡែក ដោយប្រថុយជីវិតដើម្បីធ្វើការឱ្យព្រះអង្គ។ គាត់ថែមទាំងធ្លាប់ជាប់គុកពីមុនមក ហើយមិនបានប្រព្រឹត្តអំពើក្បត់ឡើយ។ ប៉ុន្តែ ព្រះអង្គបែរជាដកហូតតំណែងគាត់ទាំងបែបនេះ ព្រះអង្គបើកសម្ដែងគាត់ទាំងបែបនេះ តើព្រះអង្គពិតជាសុចរិតមែនឬ? តើភស្តុតាងនៃសេចក្ដីសុចរិតរបស់ព្រះអង្គនៅឯណាទៅ? ហេតុអ្វីបានជាទូលបង្គំមើលមិនឃើញអ៊ីចឹង?» នៅទីបំផុត អ្នកទទឹងនឹងព្រះគ្រីស្ទចាប់បានចំណុចខ្សោយនៅក្នុងកិច្ចការរបស់ព្រះជាម្ចាស់ ដើម្បីចោទសួរពីសេចក្ដីសុចរិតនៃនិស្ស័យរបស់ព្រះជាម្ចាស់។ គេគិតក្នុងចិត្តថា៖ «ប្រសិនបើព្រះជាម្ចាស់សុចរិត នោះមនុស្សភាគច្រើននឹងមិនអាចរស់នៅបានស្រួលទេ។ ប្រសិនបើព្រះជាម្ចាស់សុចរិត នោះមនុស្សពិតជាត្រូវប្រុងប្រយ័ត្ន ហើយជីវិតនឹងក្លាយជាលំបាកខ្លាំងមិនខាន។ ថ្ងៃនេះ ដោយនៅទីបំផុតចាប់បានចំណុចខ្សោយនៅក្នុងកិច្ចការរបស់ព្រះជាម្ចាស់ ខ្ញុំអាចបញ្ជាក់បានថា ព្រះជាម្ចាស់មិនសុចរិតទេ ដែលនេះធ្វើឱ្យអ្វីៗកាន់តែងាយស្រួល»។ ដោយគិតបែបនេះ គេក៏លួចត្រេកអរនៅក្នុងចិត្តរបស់ខ្លួន។
ក្នុងការដើរតាមព្រះជាម្ចាស់ រាស្ដ្ររើសតាំងរបស់ព្រះជាម្ចាស់ តែងតែរងការគាបសង្កត់ ការចាប់ខ្លួន និងការធ្វើទុក្ខបុកម្នេញយ៉ាងឃោរឃៅពីនាគដ៏ធំមានសម្បុរក្រហម។ នៅក្នុងពួកជំនុំគ្រប់ទីកន្លែង ជារឿយៗមានរាស្ដ្ររើសតាំងរបស់ព្រះជាម្ចាស់ដែលត្រូវបានចាប់ខ្លួន និងធ្វើទុក្ខបុកម្នេញ។ ជាញឹកញាប់ អ្នកខ្លះជំពប់ដួល ឬក្បត់ព្រះជាម្ចាស់ ហើយជាលទ្ធផល ពួកគេក៏ចាកចេញពីពួកជំនុំ។ ទោះជាយ៉ាងនេះក្ដី ក៏មានមនុស្សជាច្រើនដែលប្រកាន់ខ្ជាប់នូវទីបន្ទាល់របស់ខ្លួន នៅកណ្ដាលការចាប់ខ្លួន និងការធ្វើទុក្ខបុកម្នេញផងដែរ។ ព្រះជាម្ចាស់ប្រើប្រាស់ការបម្រើការរបស់នាគដ៏ធំមានសម្បុរក្រហម ដើម្បីបើកសម្ដែងពួកអ្នកមិនជឿទាំងនោះ ដែលបានជ្រៀតចូលមកក្នុងដំណាក់របស់ព្រះជាម្ចាស់ដើម្បីស្វែងរកព្រះពរ ហើយក្នុងពេលជាមួយគ្នានោះ ទ្រង់ក៏ប្រោសរាស្ដ្ររើសតាំងដែលជឿលើព្រះជាម្ចាស់យ៉ាងពិតប្រាកដ ឱ្យគ្រប់លក្ខណ៍។ នេះគឺជាសព្វានុភាព និងព្រះប្រាជ្ញាញាណរបស់ព្រះជាម្ចាស់។ ប៉ុន្តែ តើពួកទទឹងនឹងព្រះគ្រីស្ទមើលឃើញរឿងនេះយ៉ាងដូចម្ដេច? ពួកគេតែងតែសង្ស័យលើព្រះជាម្ចាស់ថា៖ «ហេតុអ្វីបានជាព្រះជាម្ចាស់មិនសង្គ្រោះរាស្ដ្ររើសតាំងរបស់ទ្រង់ ពីការចាប់ខ្លួន និងការធ្វើទុក្ខបុកម្នេញរបស់នាគដ៏ធំមានសម្បុរក្រហមអ៊ីចឹង?» ពួកគេសង្ស័យលើព្រះជាម្ចាស់ដែលយកកំណើតជាមនុស្ស ដោយតែងតែរក្សាទុកសញ្ញាណអំពីព្រះជាម្ចាស់នៅក្នុងចិត្តរបស់ខ្លួនថា៖ «ហេតុអ្វីបានជារាស្ដ្ររើសតាំងរបស់ព្រះជាម្ចាស់ ត្រូវរងការវាយដំ និងទារុណកម្មបែបនេះ? គឺដោយសារតែសេចក្ដីជំនឿរបស់ពួកគេ ដោយសារតែពួកគេមិនសុខចិត្តធ្វើជាពួកយូដាស។ ប៉ុន្តែ តើព្រះជាម្ចាស់នៅឯណា នៅពេលពួកគេកំពុងរងទារុណកម្មនោះ? ហេតុអ្វីបានជាព្រះជាម្ចាស់មិនសង្គ្រោះពួកគេ? តើព្រះជាម្ចាស់មិនស្រឡាញ់មនុស្សទេឬ? តើសេចក្ដីស្រឡាញ់របស់ព្រះជាម្ចាស់នៅឯណាទៅ? តើអាចទៅរួចទេថា ព្រះជាម្ចាស់អាចដាច់ព្រះហឫទ័យបណ្ដោយឱ្យអស់អ្នកដែលជឿលើទ្រង់ ត្រូវពួកសាតាំង និងពួកអារក្សកំណាចធ្វើឱ្យអាម៉ាស់មុខយ៉ាងឆ្កួតលីលា និងរងទារុណកម្មខ្លាំងហួសកម្រិតបែបនេះ? តើនេះគឺជាសេចក្ដីស្រឡាញ់របស់ព្រះជាម្ចាស់ឬ? តើការការពាររបស់ព្រះជាម្ចាស់ចំពោះមនុស្សនៅឯណាឱ្យប្រាកដទៅ? ហេតុអ្វីបានជាខ្ញុំមើលមិនឃើញអ៊ីចឹង? មើលទៅ ខ្ញុំត្រូវតែប្រុងប្រយ័ត្នជាងនេះទើបបាន។ ព្រះជាម្ចាស់មិនត្រឹមតែមិនអាចថែរក្សាមនុស្សឱ្យផុតពីសេចក្ដីល្បួង ឬគ្រោះថ្នាក់ប៉ុណ្ណោះទេ ផ្ទុយទៅវិញ កាលណាមនុស្សកាន់តែដេញតាម កាន់តែមានការតាំងចិត្ត និងកាន់តែដើរតាមព្រះជាម្ចាស់ នោះគេកាន់តែប្រឈមមុខនឹងការល្បងល ហើយគេកាន់តែងាយនឹងរងការឈឺចាប់ និងការធ្វើបាប។ ដោយសារតែព្រះជាម្ចាស់ធ្វើបែបនេះ អ៊ីចឹងខ្ញុំក៏មានវិធានការទប់ទល់របស់ខ្ញុំដែរ។ មនុស្សទាំងនេះរងការប្រព្រឹត្តដាក់បែបនេះ ក៏ព្រោះតែពួកគេបានលះបង់។ ប្រសិនបើខ្ញុំមិនលះបង់បែបនេះទេ ប្រសិនបើខ្ញុំមិនដេញតាមតាមរបៀបនេះទេ តើខ្ញុំនឹងមិនអាចចៀសផុតពីការល្បងលទាំងនេះទេឬ? បើគ្មានការល្បងលទាំងនេះទេ តើខ្ញុំនឹងមិនអាចចៀសផុតពីការរងទុក្ខបែបនេះទេឬ? បើមិនរងទុក្ខបែបនេះទេ តើខ្ញុំនឹងមិនរស់នៅយ៉ាងស្រណុកសុខស្រួលទេឬ? ប្រសិនបើខ្ញុំទទួលបានព្រះពរដូចតែគ្នា ហេតុអ្វីបានជាខ្ញុំត្រូវល្ងង់ខ្លៅដល់ថ្នាក់បណ្ដោយឱ្យសាច់ឈាមរបស់ខ្ញុំរងការធ្វើបាប និងការឈឺចាប់គ្រប់បែបយ៉ាងនោះ? ព្រះជាម្ចាស់មានព្រះបន្ទូលថាទ្រង់ស្រឡាញ់មនុស្ស ប៉ុន្តែខ្ញុំមិនអាចទទួលយកសេចក្ដីស្រឡាញ់របៀបនេះរបស់ព្រះជាម្ចាស់បានទេ! អ្នករាល់គ្នាសុទ្ធតែអាចបកស្រាយវាយ៉ាងម៉េចក៏បានតាមតែចិត្តរបស់អ្នករាល់គ្នាចុះ។ វាមិនមែនជារឿងរបស់ខ្ញុំទេ ខ្ញុំនឹងមិនទទួលយកវាឡើយ។ ខ្ញុំត្រូវសម្ងំឱ្យស្ងៀម ខ្ញុំត្រូវគេចវេះបន្តិច ខ្ញុំត្រូវប្រយ័ត្នប្រយែង និងប្រុងប្រៀបការពារខ្លួន។ ខ្ញុំមិនអាចបណ្ដោយឱ្យព្រះជាម្ចាស់ចាប់ខ្ញុំបាន ហើយដាក់ឱ្យខ្ញុំធ្វើការនោះទេ»។ ពួកទទឹងនឹងព្រះគ្រីស្ទរក្សាទុករឿងទាំងនេះនៅក្នុងចិត្តរបស់ពួកគេ ដែលរឿងទាំងអស់នេះសុទ្ធតែជាការយល់ច្រឡំ ការប្រឆាំង ការវិនិច្ឆ័យ និងការទាស់ទទឹងនឹងព្រះជាម្ចាស់។ ពួកគេគ្មានការស្គាល់ណាមួយពីកិច្ចការរបស់ព្រះជាម្ចាស់ទាល់តែសោះ។ ខណៈពេលឈ្លបមើលព្រះបន្ទូលរបស់ព្រះជាម្ចាស់ ឈ្លបមើលនិស្ស័យ អត្តសញ្ញាណ និងសារជាតិរបស់ព្រះជាម្ចាស់ ពួកគេក៏ឈានដល់សេចក្ដីសន្និដ្ឋានបែបនេះ។ ពួកទទឹងនឹងព្រះគ្រីស្ទកប់រឿងទាំងនេះយ៉ាងជ្រៅនៅក្នុងចិត្តរបស់ពួកគេ ដោយដាស់តឿនខ្លួនឯងថា៖ «ប្រុងប្រយ័ត្ន ទើបមានសុវត្ថិភាព។ ការសម្ងំមិនឱ្យគេចាប់អារម្មណ៍ទើបល្អបំផុត។ កាំភ្លើងបាញ់តែបក្សីណាដែលបញ្ចេញក្បាល។ ហើយមនុស្សមានឋានៈខ្ពស់ជាងគេ ឯកោណាស់! មិនថានៅពេលណាទេ កុំធ្វើជាបក្សីដែលបញ្ចេញក្បាលនោះឱ្យសោះ កុំឡើងខ្ពស់ពេកឱ្យសោះ។ អ្នកឡើងកាន់តែខ្ពស់ ធ្លាក់មកវិញកាន់តែឈឺ»។ ពួកគេមិនជឿថា ព្រះបន្ទូលរបស់ព្រះជាម្ចាស់គឺជាសេចក្ដីពិតទេ ហើយពួកគេក៏មិនជឿថា និស្ស័យរបស់ទ្រង់សុចរិត និងបរិសុទ្ធដែរ។ ពួកគេចាត់ទុករឿងទាំងអស់នេះតាមរយៈសញ្ញាណ និងការស្រមើស្រមៃរបស់មនុស្ស ហើយពួកគេប្រព្រឹត្តចំពោះកិច្ចការរបស់ព្រះជាម្ចាស់ដោយទស្សនៈរបស់មនុស្ស គំនិតរបស់មនុស្ស និងល្បិចកលរបស់មនុស្ស ដោយប្រើប្រាស់តក្កវិជ្ជា និងការគិតរបស់សាតាំង ដើម្បីកំណត់ពីនិស្ស័យ អត្តសញ្ញាណ និងសារជាតិរបស់ព្រះជាម្ចាស់។ ច្បាស់ក្រឡែតណាស់ថា ពួកទទឹងនឹងព្រះគ្រីស្ទមិនត្រឹមតែមិនទទួលយក ឬមិនទទួលស្គាល់និស្ស័យ អត្តសញ្ញាណ និងសារជាតិរបស់ព្រះជាម្ចាស់ប៉ុណ្ណោះទេ ផ្ទុយទៅវិញ ពួកគេពោរពេញទៅដោយសញ្ញាណ ការប្រឆាំង និងទង្វើបះបោរចំពោះព្រះជាម្ចាស់ ហើយគ្មានការស្គាល់ពិតប្រាកដអំពីទ្រង់សោះឡើយសូម្បីតែបន្តិច។ ការកំណត់និយមន័យរបស់ពួកទទឹងនឹងព្រះគ្រីស្ទចំពោះកិច្ចការរបស់ព្រះជាម្ចាស់ និស្ស័យរបស់ព្រះជាម្ចាស់ និងសេចក្ដីស្រឡាញ់របស់ព្រះជាម្ចាស់ គឺជាសញ្ញាសួរ ពោលគឺភាពសង្ស័យ ហើយពួកគេពោរពេញទៅដោយមន្ទិល ព្រមទាំងពោរពេញទៅដោយការបដិសេធ និងការមួលបង្កាច់ចំពោះរឿងនេះ។ ចុះទម្រាំអត្តសញ្ញាណរបស់ទ្រង់វិញនោះ តើយ៉ាងណាទៅ? និស្ស័យរបស់ព្រះជាម្ចាស់តំណាងឱ្យអត្តសញ្ញាណរបស់ទ្រង់។ ដោយពួកគេមានការចាត់ទុកចំពោះនិស្ស័យរបស់ព្រះជាម្ចាស់បែបនេះ ការចាត់ទុករបស់ពួកគេចំពោះអត្តសញ្ញាណរបស់ព្រះជាម្ចាស់ គឺច្បាស់ក្រឡែត ពោលគឺការបដិសេធដោយផ្ទាល់តែម្ដង។ នេះហើយគឺជាសារជាតិរបស់ពួកទទឹងនឹងព្រះគ្រីស្ទ។
មិនថាពួកទទឹងនឹងព្រះគ្រីស្ទប្រព្រឹត្តចំពោះព្រះបន្ទូលរបស់ព្រះជាម្ចាស់ផ្នែកណាក៏ដោយ មិនថាពួកគេប្រព្រឹត្តចំពោះសកម្មភាពរបស់ព្រះជាម្ចាស់ផ្នែកណាក៏ដោយ ទោះបីវាជាសកម្មភាពរបស់ព្រះជាម្ចាស់នៅក្នុងរបស់សព្វសារពើ ឬនៅក្នុងបុគ្គលជាក់លាក់ណាម្នាក់ក៏ដោយ ក៏ពួកគេតែងតែប្រើប្រាស់ទស្សនៈរបស់មនុស្ស និងតក្កវិជ្ជារបស់សាតាំង ព្រមទាំងវិធីសាស្ត្រនៃចំណេះដឹង និងតក្កវិជ្ជា ដើម្បីទាញសេចក្ដីសន្និដ្ឋាន និងវិនិច្ឆ័យ ជំនួសឱ្យការប្រព្រឹត្តចំពោះរឿងទាំងនោះជាសេចក្ដីពិត និងក្នុងឥរិយាបថនៃការទទួលយក។ ហេតុដូច្នេះហើយ ទាក់ទងនឹងព្រះបន្ទូលអំពីនិស្ស័យ អត្តសញ្ញាណ និងសារជាតិរបស់ព្រះជាម្ចាស់ ហើយទាក់ទងនឹងសាច់ឈាមដែលព្រះជាម្ចាស់យកកំណើតជាមនុស្ស និងព្រះវិញ្ញាណរបស់ព្រះជាម្ចាស់ វិធីសាស្ត្ររបស់ពួកទទឹងនឹងព្រះគ្រីស្ទ តាមពិតគឺដូចគ្នា គ្មានអ្វីខុសប្លែកគ្នាឡើយ។ ជារួម អ្វីៗគ្រប់យ៉ាងដែលពាក់ព័ន្ធនឹងព្រះជាម្ចាស់ផ្ទាល់ព្រះអង្គ អ្វីៗគ្រប់យ៉ាងអំពីព្រះអាទិករ គឺរងការឈ្លបមើលរបស់ពួកគេ ហើយបន្ទាប់មកគឺការស្មាន ការពិនិត្យពិច័យ និងការវិភាគ ដែលទីបំផុតនាំទៅរកសេចក្ដីសន្និដ្ឋាននៃការបដិសេធ និងការមួលបង្កាច់។ មិនថាពួកទទឹងនឹងព្រះគ្រីស្ទប្រព្រឹត្តចំពោះព្រះបន្ទូលរបស់ព្រះជាម្ចាស់ទាំងនេះ ពីជ្រុងណាមួយ ឬតាមរបៀបណាក៏ដោយ ហេតុអ្វីបានជាសេចក្ដីសន្និដ្ឋានដែលពួកគេទាញបាននៅទីបំផុត តែងតែជាសេចក្ដីសន្និដ្ឋាននៃការថ្កោលទោស និងការមួលបង្កាច់អ៊ីចឹង? ហេតុអ្វីបានជាចុងក្រោយពួកគេទាញបានសេចក្ដីសន្និដ្ឋានបែបនេះ? តើវាពិតជាអាចទៅរួចទេ ដែលថាក្នុងចំណោមមនុស្សជាតិដែលព្រះបានបង្កើត គ្មាននរណាម្នាក់អាចចាត់ទុកព្រះបន្ទូលរបស់ព្រះជាម្ចាស់ជាសេចក្ដីពិតបាននោះ? តើនេះគឺជាលទ្ធផលដែលមិនអាចចៀសរួចឬ? តើនេះគឺដោយសារតែព្រះជាម្ចាស់ឬ? (មិនមែនទេ។) ចុះតើអ្វីទៅជាមូលហេតុពិតប្រាកដ? (គឺដោយសារតែមនុស្សមានធម្មជាតិដែលទាស់ទទឹងនឹងព្រះជាម្ចាស់។) មនុស្សគ្រប់រូបសុទ្ធតែមានធម្មជាតិដែលទាស់ទទឹងនឹងព្រះជាម្ចាស់។ ហេតុអ្វីបានជាបន្ទាប់ពីអានព្រះបន្ទូលទាំងនេះហើយ មនុស្សមួយចំនួនអាចទទួលស្គាល់ព្រះបន្ទូលទាំងនោះថាជាសេចក្ដីពិត និងទទួលយកអ្វីដែលព្រះជាម្ចាស់មានព្រះបន្ទូល ខណៈដែលអ្នកផ្សេងទៀតបែរជាអាចបដិសេធ ថ្កោលទោស និងមួលបង្កាច់ព្រះបន្ទូលទាំងនោះទៅវិញ? នេះបង្ហាញយ៉ាងច្បាស់ពីបញ្ហាមួយ ដោយបញ្ជាក់ថា សារជាតិនៅខាងក្នុងមនុស្សគឺខុសគ្នា។ នៅក្នុងការប្រព្រឹត្តរបស់ពួកទទឹងនឹងព្រះគ្រីស្ទចំពោះព្រះបន្ទូលរបស់ព្រះជាម្ចាស់ ជាមូលដ្ឋាន និងជាអត្តនោម័ត ពួកគេមិនទទួលយកព្រះបន្ទូលទាំងនោះយ៉ាងពិតប្រាកដឡើយ។ ពួកគេមកជាមួយនឹងការប្រឆាំង និងការសាកល្បងថា៖ «ព្រះអង្គមានព្រះបន្ទូលថាព្រះអង្គគឺជាព្រះជាម្ចាស់ អ៊ីចឹងទូលបង្គំត្រូវមើលសិន តើព្រះអង្គមានលក្ខណៈដូចព្រះជាម្ចាស់បែបណាខ្លះ? ព្រះអង្គមានព្រះបន្ទូលថាព្រះអង្គមាននិស្ស័យជាព្រះជាម្ចាស់ និងមានភាពជាព្រះ អ៊ីចឹងទូលបង្គំត្រូវមើលសិនថាតើព្រះបន្ទូលណាខ្លះរបស់ព្រះអង្គ ដែលបញ្ជាក់ថាព្រះអង្គមានភាពជាព្រះ ហើយថាព្រះអង្គមាននិស្ស័យជាព្រះជាម្ចាស់ តើអំពើណាខ្លះរបស់ព្រះអង្គ ដែលបញ្ជាក់ថាព្រះអង្គមានអត្តសញ្ញាណ និងសារជាតិរបស់ព្រះជាម្ចាស់? តើព្រះអង្គធ្លាប់សម្ដែងទីសម្គាល់ និងការអស្ចារ្យ ឬធ្លាប់ប្រោសអ្នកជំងឺឱ្យជា និងដេញពួកអារក្សដែរឬទេ? តើព្រះអង្គធ្លាប់ដាក់បណ្ដាសានរណាម្នាក់ ហើយអ្នកនោះស្លាប់ភ្លាមៗដែរឬទេ? តើព្រះអង្គធ្លាប់ប្រោសនរណាម្នាក់ឱ្យរស់ឡើងវិញពីស្លាប់ដែរឬទេ? តើព្រះអង្គពិតជាបានធ្វើអ្វីខ្លះ ដែលអាចបញ្ជាក់ថាព្រះអង្គមាននិស្ស័យជាព្រះជាម្ចាស់ មានអត្តសញ្ញាណ និងសារជាតិរបស់ព្រះជាម្ចាស់នោះ?» ពួកទទឹងនឹងព្រះគ្រីស្ទតែងតែចង់ឃើញរឿងទាំងនេះ ជារឿងដែលហួសពីសេចក្ដីពិត ហួសពីផ្លូវ និងហួសពីជីវិត ដោយប្រើប្រាស់រឿងទាំងនេះដើម្បីបញ្ជាក់ពីអត្តសញ្ញាណរបស់ព្រះជាម្ចាស់ ដើម្បីបញ្ជាក់ថា អង្គដែលពួកគេដើរតាម គឺជាព្រះជាម្ចាស់។ ចំណុចចាប់ផ្ដើមនេះ គឺខុសបាត់ទៅហើយ។ តើអ្វីទៅជារឿងមូលដ្ឋានបំផុត ដែលអាចតំណាងឱ្យអត្តសញ្ញាណ និងសារជាតិរបស់ព្រះជាម្ចាស់បាន? (ព្រះជាម្ចាស់គឺជាសេចក្ដីពិត ជាផ្លូវ និងជាជីវិត។) នេះគឺជារឿងជាមូលដ្ឋានបំផុត។ ហេតុអ្វីបានជាពួកទទឹងនឹងព្រះគ្រីស្ទបរាជ័យក្នុងការយល់ដឹង សូម្បីតែរឿងជាមូលដ្ឋានបំផុតនេះ? នេះគឺជាប្រធានបទដែលយើងត្រូវពិភាក្សា។ ពួកទទឹងនឹងព្រះគ្រីស្ទប្រមាថសេចក្ដីពិត និងអ្វីៗដែលវិជ្ជមាន។ ពួកគេស្អប់ខ្ពើមសេចក្ដីពិត និងអ្វីៗដែលវិជ្ជមានទាំងអស់។ ពួកគេស្អប់សេចក្ដីពិត និងអ្វីៗដែលវិជ្ជមាន។ នៅក្នុងព្រះបន្ទូលទាំងអស់របស់ព្រះជាម្ចាស់ ពួកគេមើលមិនឃើញថា ព្រះបន្ទូលមួយណាជាសេចក្ដីពិត ឬជាអ្វីៗដែលវិជ្ជមានឡើយ។ តើភ្នែកបែបអារក្សរបស់ពួកគេអាចមើលឃើញរឿងនេះដែរឬទេ? បើមើលមិនឃើញទេ តើពួកគេអាចទទួលស្គាល់វាបានដែរឬទេ? ការដែលពួកគេមិនអាចទទួលស្គាល់ព្រះបន្ទូលទាំងនេះថាជាសេចក្ដីពិត មានន័យថា ពួកគេមិនអាចទទួលស្គាល់អត្តសញ្ញាណ និងសារជាតិរបស់ព្រះជាម្ចាស់បានឡើយ។ នេះគឺជារឿងប្រាកដណាស់។ នៅក្នុងការប្រព្រឹត្តរបស់ពួកគេចំពោះព្រះបន្ទូលរបស់ព្រះជាម្ចាស់អំពីនិស្ស័យ អត្តសញ្ញាណ និងសារជាតិរបស់ទ្រង់ ពួកទទឹងនឹងព្រះគ្រីស្ទប្រើប្រាស់វិធីសាស្ត្រដូចគ្នាទៅនឹងអ្វីដែលពួកគេប្រព្រឹត្តចំពោះព្រះបន្ទូលផ្សេងទៀតរបស់ព្រះជាម្ចាស់ដែរ ដោយគិតគូរ រៀបល្បិច និងត្រិះរិះនៅក្នុងចិត្តរបស់ពួកគេ។ ប្រសិនបើអ្វីមួយដែលព្រះជាម្ចាស់មានព្រះបន្ទូលចេញពីអត្តសញ្ញាណរបស់ទ្រង់ជាព្រះជាម្ចាស់ ក្លាយជាការពិតភ្លាមៗ នោះអាកប្បកិរិយារបស់ពួកគេក៏ផ្លាស់ប្ដូរភ្លាមៗដែរ។ ប្រសិនបើព្រះជាម្ចាស់ ក្នុងនាមជាព្រះជាម្ចាស់ មានព្រះបន្ទូលអ្វីមួយ ឬធ្វើអ្វីមួយដែលឱ្យពួកគេរកឃើញចំណុចខ្សោយ នោះពួកគេក៏មានវិធានការទប់ទល់ដែលត្រូវគ្នាដែរ ហើយអាកប្បកិរិយារបស់ពួកគេក៏ផ្លាស់ប្ដូរភ្លាមៗម្ដងទៀត។ គឺពួកគេនេះហើយដែលថ្កោលទោសព្រះជាម្ចាស់ ហើយក៏ជាពួកគេនេះដែរដែលនិយាយថា ព្រះជាម្ចាស់មានលក្ខណៈដូចជាព្រះជាម្ចាស់។ នៅក្នុងទស្សនៈរបស់ពួកគេ ចំពោះការដែលថាតើព្រះជាម្ចាស់មាននិស្ស័យ អត្តសញ្ញាណ និងសារជាតិរបស់ព្រះជាម្ចាស់ឬយ៉ាងណានោះ ពួកគេឈានដល់សេចក្ដីសន្និដ្ឋានអំពីរឿងនេះ ដោយផ្អែកទាំងស្រុងទៅលើអ្វីដែលពួកគេមើលឃើញនឹងភ្នែករបស់ខ្លួនផ្ទាល់ និងការវិភាគក្នុងចិត្តរបស់ពួកគេផ្ទាល់។
ក្នុងរយៈពេលមួយឆ្នាំឬពីរឆ្នាំកន្លងមកនេះ ពួកជំនុំបានផលិតវីដេអូទីបន្ទាល់ពីបទពិសោធមួយចំនួន។ មនុស្សផ្សេងៗគ្នាបានធ្វើទីបន្ទាល់ពីបទពិសោធផ្សេងៗគ្នា ដែលបានជួយដល់មនុស្សមួយចំនួនដែលមានមូលដ្ឋានមិននឹងនរ និងអស់អ្នកដែលមានការសង្ស័យខ្លះៗ ឱ្យបង្កើតមូលដ្ឋានខ្លះបាន។ ជាការពិតណាស់ សម្រាប់ពួកទទឹងនឹងព្រះគ្រីស្ទ វាក៏បានដើរតួនាទីណាមួយក្នុងការធ្វើឱ្យពួកគេមានលំនឹងផងដែរ។ បុគ្គលដែលធ្វើបន្ទាល់ទាំងនេះ មកពីក្រុមអាយុផ្សេងៗគ្នា វណ្ណៈសង្គមផ្សេងៗគ្នា ហើយអ្នកខ្លះថែមទាំងមកពីប្រទេស និងជាតិសាសន៍ផ្សេងៗគ្នាទៀតផង។ តាមរយៈទីបន្ទាល់ពីបទពិសោធដែលពួកគេបានចែករំលែក វាច្បាស់ណាស់ថា ពួកគេបានឆ្លងកាត់ការផ្លាស់ប្ដូរតាមរយៈព្រះបន្ទូលរបស់ព្រះជាម្ចាស់ ទទួលបានសេចក្ដីពិត និងជីវិត ហើយតាមរយៈការទទួលយកព្រះបន្ទូលរបស់ព្រះជាម្ចាស់ តាមរយៈការទទួលយកដំណាក់កាលនេះនៃកិច្ចការរបស់ព្រះជាម្ចាស់ ពួកគេបានយល់ពីសេចក្ដីពិតជាច្រើន ដោយបញ្ជាក់ថា សាច់ឈាមដែលព្រះជាម្ចាស់យកកំណើតជាមនុស្ស គឺមានអត្តសញ្ញាណ និងសារជាតិរបស់ព្រះជាម្ចាស់មែន។ ជាការពិតណាស់ បន្ទាប់ពីបានស្ដាប់ទីបន្ទាល់ពីបទពិសោធទាំងនេះហើយ ពួកទទឹងនឹងព្រះគ្រីស្ទក៏មានការលួចត្រេកអរបន្តិចបន្តួចយ៉ាងជ្រៅនៅក្នុងចិត្តផងដែរថា៖ «សំណាងហើយ ដែលខ្ញុំមិនបានវិនិច្ឆ័យព្រះជាម្ចាស់ជាសាធារណៈ។ សំណាងហើយ ដែលខ្ញុំមិនបានប្រញាប់បដិសេធព្រះជាម្ចាស់។ បើវិនិច្ឆ័យតាមទីបន្ទាល់របស់មនុស្សច្រើនយ៉ាងនេះ ផ្លូវនេះហាក់ដូចជាត្រឹមត្រូវហើយ។ ព្រះគ្រីស្ទអង្គនេះ មនុស្សសាមញ្ញម្នាក់នេះ ប្រហែលជាព្រះជាម្ចាស់មែនហើយ។ ការភ្នាល់របស់ខ្ញុំ ប្រហែលជាដាក់ត្រូវហើយ។ ប្រសិនបើខ្ញុំបន្តនៅលើផ្លូវនេះ ហើយប្រសិនបើមនុស្សកាន់តែច្រើនធ្វើបន្ទាល់ឱ្យមនុស្សម្នាក់នេះ ប្រសិនបើមនុស្សកាន់តែច្រើនមកចំពោះមនុស្សម្នាក់នេះ ហើយប្រសិនបើមនុស្សកាន់តែច្រើនបញ្ជាក់ពីអត្តសញ្ញាណ និងសារជាតិរបស់មនុស្សម្នាក់នេះ នោះក្ដីសង្ឃឹម និងឱកាសរបស់ខ្ញុំក្នុងការទទួលបានព្រះពរ នឹងកាន់តែធំធេងឡើងៗមិនខាន»។ ខណៈពេលកំពុងសង្កេតមើលទាំងស្ទាក់ស្ទើរ ពួកទទឹងនឹងព្រះគ្រីស្ទនៅតែលើកទឹកចិត្ត និងជំរុញខ្លួនឯងជានិច្ចថា៖ «កុំប្រញាប់ពេក។ ត្រូវអត់ធ្មត់។ ឯងគ្រាន់តែត្រូវស៊ូទ្រាំប៉ុណ្ណោះ។ អ្នកណាដែលស៊ូទ្រាំដល់ទីបញ្ចប់ អ្នកនោះនឹងត្រូវបានសង្គ្រោះ។ បើវិនិច្ឆ័យតាមសញ្ញាផ្សេងៗនាពេលបច្ចុប្បន្ន បើវិនិច្ឆ័យតាមទំហំ និងសន្ទុះរបស់ពួកជំនុំឥឡូវនេះ មានមនុស្សកាន់តែច្រើនឡើងៗអាចក្រោកឈរ និងធ្វើបន្ទាល់ថ្វាយព្រះជាម្ចាស់អង្គនេះ ដែលបញ្ជាក់ថា ផ្លូវនេះគឺត្រឹមត្រូវ។ អ៊ីចឹង ហេតុអ្វីបានជាខ្ញុំត្រូវល្ងង់ ប្រញាប់ចេញមុខ និងបដិសេធផ្លូវនេះធ្វើអ្វី? កុំធ្វើបែបនោះ កុំល្ងង់អី។ រង់ចាំបីឆ្នាំទៅប្រាំឆ្នាំទៀតសិនទៅ។ ប្រសិនបើមនុស្សកាន់តែច្រើន មនុស្សកាន់តែច្រើនដែលមានកិត្យានុភាព និងចំណេះដឹង មនុស្សដែលមានឋានៈក្នុងសង្គម ផ្ដល់ភស្តុតាងកាន់តែរឹងមាំដើម្បីបញ្ជាក់ថាមនុស្សសាមញ្ញម្នាក់នេះជាព្រះគ្រីស្ទ ឬប្រសិនបើមនុស្សកាន់តែច្រើនដែលមានកេរ្តិ៍ឈ្មោះ និងឋានៈក្នុងលោកីយ៍ចូលរួមជាមួយពួកជំនុំ ហើយប្រសិនបើទំហំរបស់ពួកជំនុំពង្រីកកាន់តែធំនៅទូទាំងពិភពលោក តើនៅពេលនោះខ្ញុំនឹងមិនទទួលបានអ្វីមួយទេឬ? តើនៅពេលនោះខ្ញុំនឹងមិនទទួលបានផលប្រយោជន៍យ៉ាងធំធេងទេឬ? ប្រសិនបើពួកជំនុំមានអំណាច តើខ្ញុំនឹងមិនមានអំណាចដែរទេឬ? ខ្ញុំមិនត្រូវចាកចេញជាដាច់ខាត! ប្រសិនបើរឿងទាំងអស់នេះត្រឹមត្រូវ ប្រសិនបើមនុស្សម្នាក់នេះពិតជាព្រះជាម្ចាស់មែន ហើយប្រសិនបើពេលនេះខ្ញុំបដិសេធ ឬមិនទទួលស្គាល់គាត់ នោះខ្ញុំនឹងបាត់បង់ព្រះពរទាំងអស់នេះមិនខាន។ ខ្ញុំត្រូវភ្នាល់អ្វីៗទាំងអស់លើមនុស្សម្នាក់នេះ។ ថាតើគាត់មានអត្តសញ្ញាណ និងសារជាតិជានរណា ថាតើនិស្ស័យរបស់គាត់តំណាងឱ្យអ្នកណា ខ្ញុំមិនខ្វល់ពីរឿងនោះទេ។ អ្វីដែលខ្ញុំខ្វល់ខ្វាយគឺថា តើមានមនុស្សកាន់តែច្រើនឡើងៗកំពុងដើរតាមគាត់ឬអត់ ថាតើអំណាច និងទំហំរបស់ពួកជំនុំកំពុងតែកើនឡើងឬអត់។ ប្រសិនបើវាអភិវឌ្ឍទៅរកទិសដៅល្អ ហើយអាចរីកចម្រើនកាន់តែធំក្នុងកាលៈទេសៈធម្មតា នោះខ្ញុំមិនចាំបាច់បារម្ភពីអនាគតរបស់ខ្ញុំទេ។ ប្រសិនបើគាត់ពិតជាសាច់ឈាមដែលព្រះជាម្ចាស់យកកំណើតជាមនុស្ស ដូចដែលត្រូវបានព្យាករនៅក្នុងព្រះគម្ពីរមែន នោះខ្ញុំនឹងទទួលបានព្រះពរយ៉ាងធំធេង ទទួលបានផលប្រយោជន៍យ៉ាងច្រើន»។ រាល់ពេលដែលពួកគេគិតដល់រឿងនេះ ពួកទទឹងនឹងព្រះគ្រីស្ទទទួលបានការកម្សាន្តចិត្ត និងសេចក្ដីអំណរខ្លះនៅក្នុងចិត្តរបស់ពួកគេថា៖ «យ៉ាងម៉េចដែរ? សូម្បីតែមិនជឿថាព្រះបន្ទូលរបស់ព្រះជាម្ចាស់គឺជាសេចក្ដីពិត ក៏ខ្ញុំនៅតែអាចទទួលបានព្រះពរដែរ។ ដោយមិនបាច់ជឿថាអំពើទាំងអស់របស់ព្រះជាម្ចាស់សុទ្ធតែសុចរិត ក៏ខ្ញុំនៅតែអាចឈររឹងមាំបានដែរ។ ដោយមិនបាច់ជឿថាព្រះជាម្ចាស់អាចសង្គ្រោះមនុស្សបាន ក៏ខ្ញុំនៅតែអាចរស់រានមានជីវិតបានដែរ។ ដោយមិនបាច់ជឿថាព្រះជាម្ចាស់ទតពិនិត្យជម្រៅចិត្តរបស់មនុស្ស ក៏ខ្ញុំនៅតែអាចបំពេញភារកិច្ចរបស់ខ្ញុំនៅក្នុងពួកជំនុំបានជាធម្មតាដែរ។ ខ្ញុំមិនជឿលើសព្វានុភាព និងសិទ្ធិអំណាចរបស់ព្រះជាម្ចាស់ទេ ខ្ញុំមិនជឿថាអ្វីៗគ្រប់យ៉ាងដែលព្រះជាម្ចាស់ធ្វើសុទ្ធតែមានអត្ថន័យទេ ហើយខ្ញុំមិនជឿថាព្រះជាម្ចាស់មានអធិបតេយ្យភាពលើរបស់សព្វសារពើ និងលើវាសនារបស់មនុស្សជាតិទាំងមូលឡើយ ពោលគឺខ្ញុំមិនជឿរឿងទាំងអស់នេះទេ ចុះវាយ៉ាងម៉េច? ខ្ញុំមិនជឿលើអត្តសញ្ញាណ និងសារជាតិរបស់ព្រះជាម្ចាស់ទេ ប៉ុន្តែខ្ញុំនៅតែអាចបន្លំខ្លួនរស់នៅក្នុងពួកជំនុំបាន។ តើព្រះជាម្ចាស់មិនសុចរិតទេឬ? ខ្ញុំនឹងគ្រាន់តែបន្លំខ្លួនរស់ ខ្ញុំនឹងរសាត់អណ្ដែតនៅក្នុងពួកជំនុំបែបនេះ ដោយគ្រាន់តែស៊ូទ្រាំប៉ុណ្ណោះ។ តើអ្នកណាអាចធ្វើអ្វីខ្ញុំបាន? តើខ្ញុំមិននៅតែអាចស៊ូទ្រាំដល់ទីបញ្ចប់ ហើយប្រាកដជាត្រូវបានសង្គ្រោះទេឬ?» តើអ្នករាល់គ្នាគិតយ៉ាងណា តើការគិតស្រមើស្រមៃរបស់ពួកទទឹងនឹងព្រះគ្រីស្ទ អាចជោគជ័យដែរឬទេ? (មិនអាចទេ។) នៅពេលថ្ងៃនោះមកដល់ ដែលពួកគេពិតជាឃើញនិស្ស័យសុចរិតរបស់ព្រះជាម្ចាស់ តើពួកគេនឹងនៅឯណា? នៅពេលពួកគេត្រូវបានធ្វើឱ្យទទួលស្គាល់យ៉ាងពិតប្រាកដនូវអត្តសញ្ញាណ និងសារជាតិរបស់ព្រះជាម្ចាស់ ឱ្យទទួលស្គាល់ថាព្រះជាម្ចាស់សុចរិត នៅពេលពួកគេត្រូវបានបង្ហាញឱ្យឃើញថា ព្រះជាម្ចាស់ពិតជាសុចរិតមែន តើពួកគេគួរតែនៅឯណា? តើពួកគេពិតជាអាចត្រូវបានសង្គ្រោះមែនឬ? តើការស៊ូទ្រាំរបស់ពួកគេពិតជាអាចមានប្រសិទ្ធភាពមែនឬ? តើពួកគេពិតជាអាចបន្លំខ្លួនរស់បានមែនឬ? តើការស៊ូទ្រាំរបស់ពួកគេ ការសម្របសម្រួលរបស់ពួកគេ ការស៊ូទ្រាំយ៉ាងមុតមាំរបស់ពួកគេចំពោះទុក្ខលំបាក ភាពឆ្លាតវៃបែបកលល្បិចរបស់ពួកគេ ពិតជាអាចលុបចោលអំពើអាក្រក់របស់ពួកគេ ក្នុងការឈ្លបមើលថាតើព្រះបន្ទូលរបស់ព្រះជាម្ចាស់ក្លាយជាការពិតឬអត់ បានមែនឬ? តើការគិតស្រមើស្រមៃ វិធានការទប់ទល់ ការឃុបឃិត ការរៀបល្បិច និងអ្វីៗគ្រប់យ៉ាងដែលពួកគេបានគ្រោងទុកនៅក្នុងចិត្តរបស់ពួកគេ រួមជាមួយនឹងការឈ្លបមើលរបស់ពួកគេទៅលើអ្វីៗដែលទាក់ទងនឹងព្រះជាម្ចាស់ ពិតជាអាចជំនួសការដេញតាមសេចក្ដីពិតរបស់ពួកគេបានមែនឬ? តើរឿងទាំងនេះអាចធ្វើឱ្យពួកគេត្រូវបានសង្គ្រោះដែរឬទេ? (មិនអាចទេ។) អ៊ីចឹង បើវិនិច្ឆ័យតាមការបង្ហាញចេញទាំងនេះ ហេតុអ្វីបានជាពួកទទឹងនឹងព្រះគ្រីស្ទ ដែលឆ្លាតវៃបែបកលល្បិចយ៉ាងខ្លាំង និងចាត់ចែងគ្រប់រឿងរ៉ាវដោយមិនបន្សល់ទុកចន្លោះប្រហោង ដោយធ្វើអ្វីៗទាំងអស់យ៉ាងអាថ៌កំបាំងបំផុតនោះ នៅទីបំផុតបែរជាមានលទ្ធផលបែបនេះទៅវិញ? មានមូលហេតុតែមួយគត់គឺ៖ ពួកគេមិនប្រឈមមុខនឹងព្រះបន្ទូលរបស់ព្រះជាម្ចាស់ដោយត្រង់ៗទេ មិនទទួលយកព្រះបន្ទូលរបស់ព្រះជាម្ចាស់ថាជាសេចក្ដីពិតទេ មិនចុះចូលនឹងព្រះបន្ទូលរបស់ព្រះជាម្ចាស់ទេ ប៉ុន្តែផ្ទុយទៅវិញ ពួកគេឈ្លបមើលព្រះបន្ទូលរបស់ព្រះជាម្ចាស់។ នេះហើយគឺជាមូលហេតុដែលនៅទីបំផុត ពួកទទឹងនឹងព្រះគ្រីស្ទមានលទ្ធផលបែបនេះ។ អ្នករាល់គ្នាសុទ្ធតែយល់ពីរឿងនេះហើយ មែនទេ? ទោះបីជាខ្ញុំមិនបានប្រាប់អ្នករាល់គ្នាពីរបៀបធ្វើសកម្មភាព ឬរបៀបប្រព្រឹត្តចំពោះព្រះបន្ទូលរបស់ព្រះជាម្ចាស់ក៏ដោយ ក៏តាមរយៈការនិយាយពីការពិតទាំងនេះ និងការវិភាគទស្សនៈរបស់ពួកទទឹងនឹងព្រះគ្រីស្ទ ព្រមទាំងអាកប្បកិរិយារបស់ពួកគេចំពោះព្រះបន្ទូលរបស់ព្រះជាម្ចាស់ អ្នករាល់គ្នាសុទ្ធតែដឹងហើយថា អាកប្បកិរិយាបែបណាចំពោះព្រះបន្ទូលរបស់ព្រះជាម្ចាស់ និងអាកប្បកិរិយាបែបណាសម្រាប់ការស្វែងយល់ពីព្រះបន្ទូលរបស់ព្រះជាម្ចាស់ ទើបជាអាកប្បកិរិយាត្រឹមត្រូវបំផុត និងជាអាកប្បកិរិយាដែលភាវៈដែលព្រះបានបង្កើត គួរតែមាន ហើយថាការមានអាកប្បកិរិយាទាំងនេះ គឺជាអ្វីដែលភាវៈដែលព្រះបានបង្កើត គួរតែធ្វើ។
ថ្ងៃទី ២២ ខែសីហា ឆ្នាំ ២០២០