សេចក្ដីអធិប្បាយទីប្រាំមួយ៖ ការសង្ខេបអំពីចរិតលក្ខណៈរបស់ពួកទទឹងនឹងព្រះគ្រីស្ទ និងសារជាតិនិស្ស័យរបស់ពួកគេ (ផ្នែកទីបី)

III. សារជាតិនិស្ស័យរបស់ពួកទទឹងនឹងព្រះគ្រីស្ទ

ក. ភាពទុច្ចរិត

២. អ្វីដែលពួកទទឹងនឹងព្រះគ្រីស្ទធ្វើចំពោះព្រះជាម្ចាស់

ក្នុងអំឡុងពេលនៃការជួបជុំលើកមុន ពួកយើងបានប្រកបគ្នា និងសង្ខេបជាចម្បងអំពីសារជាតិនិស្ស័យរបស់ពួកទទឹងនឹងព្រះគ្រីស្ទ ដោយជ្រើសរើសលក្ខណៈបីចេញពីនិស្ស័យទាំងប្រាំមួយរបស់មនុស្សជាតិដែលពុករលួយ មកវែកញែក។ លក្ខណៈទាំងបីនេះគឺ ការស្អប់ខ្ពើមសេចក្ដីពិត ភាពកាចសាហាវ និងភាពទុច្ចរិត។ កាលពីលើកមុន ពួកយើងបានប្រកបគ្នាអំពីភាពទុច្ចរិត ហើយតាមរយៈការវែកញែកអំពីការសម្ដែងចេញដ៏ទុច្ចរិតរបស់ពួកទទឹងនឹងព្រះគ្រីស្ទ ពោលគឺ គំនិតរបស់ពួកគេពោរពេញទៅដោយសេចក្ដីអាក្រក់ពេញមួយថ្ងៃ នោះពួកយើងបានសម្គាល់ឃើញពួកទទឹងនឹងព្រះគ្រីស្ទ និងបានបញ្ជាក់ពីសារជាតិនិស្ស័យដ៏ទុច្ចរិតរបស់ពួកគេ តាមរយៈការសម្ដែងចេញទាំងនេះ។ ពួកយើងកំពុងវែកញែកការពិតដែលថា គំនិតរបស់ពួកគេពោរពេញទៅដោយសេចក្ដីអាក្រក់ពេញមួយថ្ងៃ ពីទិដ្ឋភាពពីរយ៉ាង៖ ទីមួយ តើមានអ្វីខ្លះនៅក្នុងគំនិតរបស់ពួកគេ នៅពេលដែលពួកគេប្រព្រឹត្តចំពោះអ្នកដទៃ តើវិធីសាស្ត្រ និងការសម្ដែងចេញអ្វីខ្លះនៃសារជាតិពុករលួយរបស់ពួកគេដែលពួកគេសម្ដែងចេញ។ ទីពីរ តើមានអ្វីខ្លះនៅក្នុងគំនិតរបស់ពួកគេអំពីព្រះជាម្ចាស់។ ពួកយើងបានបញ្ចប់ការប្រកបគ្នារួចរាល់ហើយ អំពីរបៀបដែលពួកគេប្រព្រឹត្តចំពោះមនុស្ស។ ចំពោះគំនិត សញ្ញាណ ទស្សនៈ និងការជំរុញចិត្តដែលពួកទទឹងនឹងព្រះគ្រីស្ទមានចំពោះព្រះជាម្ចាស់ ហើយសូម្បីតែសកម្មភាពដែលពួកគេបានកំណត់ទុកជាមុនក្នុងគំនិតថានឹងធ្វើចំពោះព្រះជាម្ចាស់ផងនោះ ពួកយើងបានប្រកបគ្នាខ្លះៗអំពីរឿងនេះកាលពីលើកមុន៖ ឧទាហរណ៍ ការសង្ស័យ ការពិនិត្យពិច័យ និងអ្វីផ្សេងទៀត? (ការមានមន្ទិល និងការប្រុងប្រយ័ត្នការពារខ្លួន។) ការសង្ស័យ ការពិនិត្យពិច័យ ការមានមន្ទិល និងការប្រុងប្រយ័ត្នការពារខ្លួន។ ឥឡូវនេះ ចូរពួកយើងប្រកបគ្នាអំពីការដែលពួកទទឹងនឹងព្រះគ្រីស្ទល្បងលព្រះជាម្ចាស់។

ង. ការល្បងល

តើការល្បងលមានការសម្ដែងចេញអ្វីខ្លះ? តើវិធីសាស្ត្រ ឬគំនិតណាខ្លះដែលសម្ដែងចេញនូវសភាព ឬសារជាតិនៃការល្បងល? (ប្រសិនបើខ្ញុំបានប្រព្រឹត្តអំពើរំលង ឬបានធ្វើអំពើអាក្រក់អ្វីមួយ ខ្ញុំតែងតែចង់ស្ទាបស្ទង់ព្រះជាម្ចាស់ ទាមទារចម្លើយឱ្យបានច្បាស់លាស់ និងចង់ដឹងថាតើខ្ញុំនឹងមានលទ្ធផល ឬគោលដៅល្អដែរឬទេ។) នេះគឺពាក់ព័ន្ធនឹងគំនិត។ ដូច្នេះ ជាទូទៅ នៅពេលដែលនរណាម្នាក់និយាយ ឬធ្វើសកម្មភាព ឬនៅពេលដែលពួកគេប្រឈមមុខនឹងរឿងអ្វីមួយ តើការសម្ដែងចេញមួយណាជារបស់ពួកគេដែលជាការល្បងល? ប្រសិនបើនរណាម្នាក់បានប្រព្រឹត្តអំពើរំលង ហើយមានអារម្មណ៍ថា ព្រះជាម្ចាស់ប្រហែលជានឹកចាំ ឬថ្កោលទោសអំពើរំលងរបស់ពួកគេ ហើយពួកគេផ្ទាល់មិនប្រាកដក្នុងចិត្ត ដោយមិនដឹងថា តើព្រះជាម្ចាស់ពិតជានឹងថ្កោលទោសពួកគេឬក៏អត់នោះទេ ពួកគេក៏គិតរកវិធីមួយដើម្បីល្បងលមើលថា អាកប្បកិរិយាពិតប្រាកដរបស់ព្រះជាម្ចាស់គឺបែបណា។ ពួកគេចាប់ផ្ដើមដោយការអធិស្ឋាន ហើយប្រសិនបើគ្មានការស្រាយបំភ្លឺ ឬការបំភ្លឺទេ ពួកគេគិតចង់បោះបង់ចោលទាំងស្រុងនូវវិធីសាស្ត្រនៃការដេញតាមពីមុនរបស់ពួកគេ។ ពីមុន ពួកគេតែងតែធ្វើរឿងរ៉ាវនានាឱ្យតែរួចពីដៃ ដោយចំណាយកម្លាំងរបស់ពួកគេត្រឹមតែ ៣០%ប៉ុណ្ណោះ ត្រង់កន្លែងដែលពួកគេអាចប្រើ៥០% ឬប្រើត្រឹម១០% ត្រង់កន្លែងដែលពួកគេអាចប្រើ៣០%។ ឥឡូវនេះ ប្រសិនបើពួកគេអាចប្រើកម្លាំងរបស់ពួកគេ៥០% ពួកគេនឹងប្រើកម្លាំង៥០%។ ពួកគេទទួលយកការងារកខ្វក់ ឬការងារហត់នឿយដែលអ្នកដទៃគេចវេះ ដោយតែងតែធ្វើវាមុនអ្នកដទៃជានិច្ច ហើយធ្វើឱ្យប្រាកដថា បងប្អូនប្រុសស្រីភាគច្រើនបានឃើញការងារនោះ។ អ្វីដែលសំខាន់ជាងនេះទៅទៀតនោះ ពួកគេចង់ដឹងថា តើព្រះជាម្ចាស់ទតមើលរឿងនេះយ៉ាងដូចម្ដេច ហើយថាតើអំពើរំលងរបស់ពួកគេអាចត្រូវបានលោះវិញដែរឬទេ។ នៅពេលប្រឈមមុខនឹងការលំបាក ឬរឿងដែលមនុស្សភាគច្រើនមិនអាចជម្នះបាន ពួកគេចង់ដឹងថា តើព្រះជាម្ចាស់នឹងធ្វើអ្វី ថាតើទ្រង់នឹងបំភ្លឺ និងណែនាំពួកគេដែរឬទេ។ ប្រសិនបើពួកគេអាចមានអារម្មណ៍ដឹងពីវត្តមានរបស់ព្រះជាម្ចាស់ និងការអនុគ្រោះដ៏ពិសេសរបស់ទ្រង់ ពួកគេជឿថា ព្រះជាម្ចាស់មិនបាននឹកចាំ ឬថ្កោលទោសអំពើរំលងរបស់ពួកគេឡើយ ដែលនេះបញ្ជាក់ថា អំពើរំលងនោះអាចត្រូវបានអត់ទោសឱ្យ។ ប្រសិនបើពួកគេលះបង់ខ្លួនបែបនេះ និងបង់តម្លៃបែបនេះ ប្រសិនបើអាកប្បកិរិយារបស់ពួកគេផ្លាស់ប្ដូរយ៉ាងខ្លាំង ប៉ុន្តែពួកគេនៅតែមិនទទួលអារម្មណ៍ពីវត្តមានរបស់ព្រះជាម្ចាស់ ហើយពិតជាមិនមានអារម្មណ៍ដឹងពីភាពខុសប្លែកណាមួយដែលអាចសម្គាល់ឃើញបានធៀបនឹងពីមុនឡើយ នោះវាអាចទៅរួចដែលថា ព្រះជាម្ចាស់បានថ្កោលទោសអំពើរំលងពីមុនរបស់ពួកគេ ហើយលែងត្រូវការពួកគេទៀតហើយ។ ដោយសារព្រះជាម្ចាស់លែងត្រូវការពួកគេ ពួកគេនឹងមិនខិតខំប្រឹងប្រែងខ្លាំងដល់ថ្នាក់នោះទៀតទេ នៅពេលដែលពួកគេបំពេញភារកិច្ចរបស់ខ្លួននៅថ្ងៃអនាគត។ ប្រសិនបើព្រះជាម្ចាស់នៅតែត្រូវការពួកគេ មិនថ្កោលទោសពួកគេ ហើយប្រសិនបើពួកគេនៅតែមានសេចក្ដីសង្ឃឹមថានឹងទទួលបានព្រះពរ នោះពួកគេនឹងបញ្ចេញភាពស្មោះត្រង់ខ្លះៗក្នុងការបំពេញភារកិច្ចរបស់ខ្លួន។ តើការសម្ដែងចេញ និងគំនិតទាំងនេះ ជាទម្រង់នៃការល្បងលដែរឬទេ? តើនេះជាវិធីសាស្ត្រជាក់លាក់មួយមែនទេ? (មែនហើយ។) អម្បាញ់មិញនេះ អ្នករាល់គ្នាគ្រាន់តែបានលើកឡើងពីទិដ្ឋភាពទ្រឹស្ដីមួយប៉ុណ្ណោះ ប៉ុន្តែអ្នករាល់គ្នាមិនបាននិយាយលម្អិតជាក់លាក់អំពីការសម្ដែងចេញនៃការល្បងលព្រះជាម្ចាស់ និងថាតើពួកគេមានវិធីសាស្ត្រ ព្រមទាំងផែនការជាក់ស្ដែងអ្វីខ្លះនៅក្នុងចិត្តរបស់ពួកគេចំពោះរឿងនេះទេ ហើយក៏មិនបានលាតត្រដាងថាតើទស្សនៈ និងសភាពរបស់ពួកទទឹងនឹងព្រះគ្រីស្ទមានលក្ខណៈបែបណា នៅពេលដែលពួកគេប្រព្រឹត្តិសកម្មភាពនេះដែរ។

មនុស្សមួយចំនួនតែងតែខ្វះចំណេះដឹង ឬបទពិសោធណាមួយអំពីសព្វានុភាពរបស់ព្រះជាម្ចាស់ និងការពិនិត្យពិច័យរបស់ទ្រង់ទៅលើជម្រៅនៃដួងចិត្តរបស់មនុស្ស។ ពួកគេក៏ខ្វះការយល់ដឹងពិតប្រាកដអំពីការពិនិត្យពិច័យរបស់ព្រះជាម្ចាស់ទៅលើដួងចិត្តមនុស្សផងដែរ ដូច្នេះ ជាធម្មតា ពួកគេពោរពេញទៅដោយការសង្ស័យអំពីរឿងនេះ។ ទោះបីជានៅក្នុងបំណងប្រាថ្នាផ្ទាល់ខ្លួនរបស់ពួកគេ ពួកគេចង់ជឿថា ព្រះជាម្ចាស់ពិនិត្យពិច័យទៅដល់ជម្រៅនៃដួងចិត្តមនុស្សក៏ដោយ ក៏ពួកគេខ្វះភស្តុតាងដែលបញ្ជាក់យ៉ាងច្បាស់លាស់ដែរ។ ជាលទ្ធផល ពួកគេគ្រោងធ្វើរឿងមួយចំនួននៅក្នុងចិត្តរបស់ពួកគេ ហើយក្នុងពេលជាមួយគ្នានោះ ក៏ចាប់ផ្ដើមអនុវត្ត និងធ្វើរឿងទាំងនោះ។ នៅពេលដែលពួកគេអនុវត្តរឿងទាំងនោះ ពួកគេបន្តសង្កេតមើលថាតើ ព្រះជាម្ចាស់ពិតជាជ្រាបអំពីរឿងទាំងនេះដែរឬទេ ថាតើរឿងទាំងនោះនឹងត្រូវបានលាតត្រដាងដែរឬទេ ហើយប្រសិនបើពួកគេនៅស្ងៀម តើមាននរណាម្នាក់អាចដឹងពីរឿងនេះបានដែរឬទេ ឬថាតើព្រះជាម្ចាស់អាចបើកសម្ដែងរឿងនេះ តាមរយៈបរិយាកាសជាក់លាក់ណាមួយដែរឬទេ។ ជាការពិតណាស់ មនុស្សធម្មតាអាចមានភាពមិនប្រាកដប្រជាខ្លះៗ មិនតិចក៏ច្រើន អំពីសព្វានុភាពរបស់ព្រះជាម្ចាស់ និងការពិនិត្យពិច័យរបស់ទ្រង់ទៅលើជម្រៅនៃដួងចិត្តរបស់មនុស្ស ប៉ុន្តែពួកទទឹងនឹងព្រះគ្រីស្ទមិនមែនគ្រាន់តែមិនប្រាកដប្រជានោះទេ គឺពួកគេពោរពេញទៅដោយការសង្ស័យ និងមានការប្រុងប្រយ័ត្នការពារខ្លួនយ៉ាងពេញទំហឹងចំពោះព្រះជាម្ចាស់ ក្នុងពេលតែមួយ។ ហេតុដូច្នេះហើយ ពួកគេបង្កើតវិធីសាស្ត្រជាច្រើនដើម្បីល្បងលព្រះជាម្ចាស់។ ដោយសារតែពួកគេសង្ស័យលើការពិនិត្យពិច័យរបស់ព្រះជាម្ចាស់ទៅលើដួងចិត្តរបស់មនុស្ស ហើយលើសពីនេះទៅទៀត ពួកគេបដិសេធការពិតដែលថា ព្រះជាម្ចាស់ពិនិត្យពិច័យដួងចិត្តមនុស្ស នោះពួកគេតែងតែគិតអំពីរឿងមួយចំនួន។ បន្ទាប់មក ដោយមានការភ័យខ្លាចបន្តិចបន្តួច ឬអារម្មណ៍រន្ធត់ខ្លះដែលមិនអាចពន្យល់បាន ពួកគេលួចផ្សព្វផ្សាយគំនិតទាំងនេះជាសម្ងាត់ ដោយបំភាន់មនុស្សមួយចំនួន។ ក្នុងពេលជាមួយគ្នានេះ ពួកគេបន្តបញ្ចេញអំណះអំណាង និងគំនិតរបស់ពួកគេបន្តិចម្ដងៗ។ នៅពេលដែលពួកគេបញ្ចេញអំណះអំណាង និងគំនិតទាំងនោះ ពួកគេចាំមើលថាតើ ព្រះជាម្ចាស់នឹងរារាំង ឬលាតត្រដាងអាកប្បកិរិយាបែបនេះរបស់ពួកគេដែរឬទេ។ ប្រសិនបើទ្រង់លាតត្រដាង ឬកំណត់លក្ខណៈអាកប្បកិរិយានេះ ពួកគេប្រញាប់ដកខ្លួនថយយ៉ាងលឿន ដោយផ្លាស់ប្ដូរទៅរកវិធីសាស្ត្រមួយផ្សេងទៀត។ ប្រសិនបើមើលទៅហាក់ដូចជាគ្មាននរណាម្នាក់ដឹងអំពីរឿងនេះ ហើយគ្មាននរណាម្នាក់អាចមើលធ្លុះពួកគេ ឬមើលឃើញចិត្តគំនិតខាងក្នុងរបស់ពួកគេទេ នោះពួកគេកាន់តែជឿជាក់យ៉ាងពេញទំហឹងនៅក្នុងចិត្តរបស់ពួកគេថា វិចារណញាណរបស់ពួកគេគឺត្រឹមត្រូវ ហើយចំណេះដឹងរបស់ពួកគេអំពីព្រះជាម្ចាស់គឺត្រឹមត្រូវ។ តាមទស្សនៈរបស់ពួកគេ ការពិនិត្យពិច័យរបស់ព្រះជាម្ចាស់ទៅលើដួងចិត្តរបស់មនុស្ស ជាមូលដ្ឋាន គឺមិនមានឡើយ។ តើនេះជាវិធីសាស្ត្រប្រភេទអ្វី? នេះគឺជាវិធីសាស្ត្រនៃការល្បងល។

ដោយសារតែនិស្ស័យរបស់ពួកគេដែលមានភាពទុច្ចរិតពីធម្មជាតិ ពួកទទឹងនឹងព្រះគ្រីស្ទមិនដែលនិយាយ ឬធ្វើសកម្មភាពដោយត្រង់ៗឡើយ។ ពួកគេមិនដោះស្រាយរឿងរ៉ាវដោយអាកប្បកិរិយាស្មោះត្រង់ និងភាពស្មោះសរ ឬនិយាយដោយប្រើពាក្យសម្ដីស្មោះត្រង់ និងធ្វើសកម្មភាពដោយអាកប្បកិរិយាអស់ពីចិត្តនោះទេ។ គ្មានអ្វីដែលពួកគេនិយាយ ឬធ្វើដោយត្រង់ៗឡើយ ផ្ទុយទៅវិញ គឺមានលក្ខណៈបញ្ឆិតបញ្ឆៀង និងលាក់លៀម ហើយពួកគេមិនដែលបញ្ចេញគំនិត ឬការជំរុញចិត្តរបស់ពួកគេដោយផ្ទាល់ឡើយ។ ពីព្រោះពួកគេជឿថា ប្រសិនបើពួកគេបញ្ចេញគំនិត ឬការជំរុញចិត្តទាំងនោះ ពួកគេនឹងត្រូវបានគេយល់យ៉ាងច្បាស់ និងមើលធ្លុះ ហើយមហិច្ឆិតា និងបំណងប្រាថ្នារបស់ពួកគេនឹងត្រូវបានលាតត្រដាងឱ្យឃើញច្បាស់ ព្រមទាំងពួកគេនឹងមិនត្រូវបានគេមើលឃើញក្នុងចំណោមអ្នកដទៃថាជាមនុស្សខ្ពង់ខ្ពស់ ឬថ្លៃថ្នូរ ឬត្រូវបានអ្នកដទៃគោរពកោតសរសើរ និងថ្វាយបង្គំឡើយ។ ហេតុនេះ ពួកគេតែងតែព្យាយាមបិទបាំង និងលាក់កំបាំងនូវការជំរុញចិត្ត និងបំណងប្រាថ្នាដ៏មិនគប្បីរបស់ពួកគេ។ ដូច្នេះ តើពួកគេនិយាយ និងធ្វើសកម្មភាពដោយរបៀបណា? ពួកគេប្រើប្រាស់វិធីសាស្ត្រផ្សេងៗ។ ដូចដែលមានពាក្យមួយឃ្លាក្នុងចំណោមអ្នកមិនជឿថា «ស្ទាបស្ទង់មើលស្ថានការណ៍» ពួកទទឹងនឹងព្រះគ្រីស្ទក៏អនុវត្តវិធីសាស្ត្រស្រដៀងគ្នានេះដែរ។ នៅពេលដែលពួកគេចង់ធ្វើអ្វីមួយ ហើយពួកគេមានទស្សនៈ ឬអាកប្បកិរិយាណាមួយ ពួកគេមិនដែលបញ្ចេញវាដោយផ្ទាល់ឡើយ ផ្ទុយទៅវិញ ពួកគេប្រើវិធីសាស្ត្រមួយចំនួន ដូចជាវិធីសាស្ត្រលាក់លៀម វិធីសាស្ត្រសាកសួរ ឬការល្បូងសួរមនុស្សឱ្យបញ្ចេញរឿងរ៉ាវ ដើម្បីប្រមូលព័ត៌មានដែលពួកគេចង់បាន។ ដោយសារតែនិស្ស័យទុច្ចរិតរបស់ពួកគេ ពួកទទឹងនឹងព្រះគ្រីស្ទមិនដែលស្វែងរកសេចក្ដីពិតឡើយ ហើយពួកគេក៏មិនចង់យល់ពីសេចក្ដីពិតដែរ។ ក្ដីកង្វល់តែមួយគត់របស់ពួកគេ គឺកេរ្តិ៍ឈ្មោះ លាភសក្ការៈ និងឋានៈផ្ទាល់ខ្លួនរបស់ពួកគេប៉ុណ្ណោះ។ ពួកគេចូលរួមក្នុងសកម្មភាពដែលអាចផ្ដល់ឱ្យពួកគេនូវកេរ្តិ៍ឈ្មោះ លាភសក្ការៈ និងឋានៈ ដោយគេចវេះពីសកម្មភាពណាដែលមិនផ្ដល់របស់ទាំងនេះ។ ពួកគេស្វាហាប់នឹងទទួលយកសកម្មភាពដែលទាក់ទងនឹងកេរ្តិ៍ឈ្មោះ ឋានៈ ការលេចធ្លោ និងសិរីរុងរឿង ខណៈពេលដែលគេចវេះពីរឿងដែលការពារកិច្ចការរបស់ពួកជំនុំ ឬអាចធ្វើឱ្យអ្នកដទៃអាក់អន់ចិត្ត។ ហេតុដូច្នេះហើយ ពួកទទឹងនឹងព្រះគ្រីស្ទមិនចូលទៅដោះស្រាយរឿងណាមួយដោយអាកប្បកិរិយានៃការស្វែងរកឡើយ ផ្ទុយទៅវិញ ពួកគេប្រើវិធីសាស្ត្រនៃការល្បងលដើម្បីស្ទាបស្ទង់មើល ហើយបន្ទាប់មកទើបសម្រេចចិត្តថាតើត្រូវបន្តឬយ៉ាងណា។ ពួកទទឹងនឹងព្រះគ្រីស្ទ គឺមានល្បិចកល និងទុច្ចរិតយ៉ាងដូច្នេះឯង។ ឧទាហរណ៍ នៅពេលដែលពួកគេចង់ដឹងថា តើពួកគេជាមនុស្សប្រភេទណានៅក្នុងព្រះនេត្ររបស់ព្រះជាម្ចាស់ ពួកគេមិនវាយតម្លៃខ្លួនឯងតាមរយៈព្រះបន្ទូលរបស់ព្រះជាម្ចាស់ ដោយការស្គាល់ខ្លួនឯងនោះទេ។ ផ្ទុយទៅវិញ ពួកគេដើរសាកសួរ និងស្ដាប់រកអត្ថន័យបង្កប់ ដោយសង្កេតមើលសំនៀង និងអាកប្បកិរិយារបស់អ្នកដឹកនាំ និងខាងលើ ហើយស្វែងរកក្នុងព្រះបន្ទូលរបស់ព្រះជាម្ចាស់ ដើម្បីមើលថាតើព្រះជាម្ចាស់កំណត់លទ្ធផលរបស់មនុស្សដូចជាពួកគេយ៉ាងដូចម្ដេច។ ពួកគេប្រើប្រាស់ផ្លូវ និងវិធីសាស្ត្រទាំងនេះ ដើម្បីមើលថាតើពួកគេស្ថិតនៅកន្លែងណានៅក្នុងព្រះដំណាក់របស់ព្រះជាម្ចាស់ និងស្វែងយល់ថាតើលទ្ធផលនាពេលអនាគតរបស់ពួកគេនឹងទៅជាយ៉ាងណា។ តើការធ្វើបែបនេះមិនមានធម្មជាតិនៃការល្បងលខ្លះទេឬ? ឧទាហរណ៍ បន្ទាប់ពីមនុស្សមួយចំនួនត្រូវបានលួសកាត់ ជំនួសឱ្យការពិនិត្យពិច័យថាតើហេតុអ្វីបានជាពួកគេត្រូវបានលួសកាត់ និងពិនិត្យពិច័យពីនិស្ស័យពុករលួយ និងកំហុសដែលពួកគេបានបញ្ចេញក្នុងអំឡុងពេលនៃសកម្មភាពរបស់ពួកគេ ព្រមទាំងថាតើពួកគេគួរតែស្វែងរកទិដ្ឋភាពណាខ្លះនៃសេចក្ដីពិត ដើម្បីស្គាល់ខ្លួនឯង និងកែតម្រូវកំហុសពីមុនរបស់ពួកគេ ពួកគេបែរជាធ្វើឱ្យអ្នកដទៃមានចំណាប់អារម្មណ៍ក្លែងក្លាយអំពីពួកគេ ដោយប្រើមធ្យោបាយប្រយោលដើម្បីស្វែងយល់ពីអាកប្បកិរិយាពិតប្រាកដរបស់ខាងលើចំពោះពួកគេទៅវិញ។ ឧទាហរណ៍ បន្ទាប់ពីត្រូវបានលួសកាត់ ពួកគេប្រញាប់លើកឡើងនូវបញ្ហាមិនសំខាន់មួយ ដើម្បីស្វែងរកពីខាងលើ ដើម្បីមើលថាតើខាងលើមានសំនៀងបែបណា ពួកចង់មើលថាតើខាងលើមានការអត់ធ្មត់ដែរឬទេ ថាតើបញ្ហាដែលពួកគេកំពុងស្វែងរកនឹងត្រូវបានឆ្លើយតបយ៉ាងយកចិត្តទុកដាក់ដែរឬទេ ថាតើខាងលើនឹងប្រកាន់យកអាកប្បកិរិយាទន់ភ្លន់ជាងមុនចំពោះពួកគេដែរឬទេ ថាតើខាងលើនឹងប្រគល់ភារកិច្ចឱ្យពួកគេដែរឬទេ ថាតើខាងលើនៅតែផ្ដល់តម្លៃដល់ពួកគេដែរឬទេ ហើយថាតើខាងលើពិតជាគិតយ៉ាងណាអំពីកំហុសដែលពួកគេបានប្រព្រឹត្តពីមុន។ វិធីសាស្ត្រទាំងអស់នេះ គឺជាប្រភេទនៃការល្បងល។ សរុបមក នៅពេលដែលពួកគេប្រឈមមុខនឹងស្ថានភាពបែបនេះ ហើយបង្ហាញការសម្ដែងចេញទាំងនេះ តើមនុស្សដឹងនៅក្នុងចិត្តរបស់ពួកគេដែរឬទេ? (មែនហើយ ពួកគេដឹង។) ដូច្នេះ នៅពេលដែលអ្នករាល់គ្នាដឹង ហើយអ្នករាល់គ្នាចង់ធ្វើរឿងទាំងនេះ តើអ្នករាល់គ្នាដោះស្រាយវាយ៉ាងដូចម្ដេច? ទីមួយ នៅកម្រិតសាមញ្ញបំផុត តើអ្នកអាចបះបោរប្រឆាំងនឹងខ្លួនឯងបានដែរឬទេ? មនុស្សមួយចំនួនយល់ថា វាជារឿងលំបាកក្នុងការបះបោរប្រឆាំងនឹងខ្លួនឯងនៅពេលដល់ពេលត្រូវធ្វើ។ ពួកគេគិតពិចារណាថា៖ «ទុកវាចោលសិនចុះ លើកនេះវាពាក់ព័ន្ធនឹងព្រះពរ និងលទ្ធផលរបស់ខ្ញុំ។ ខ្ញុំមិនអាចបះបោរប្រឆាំងនឹងខ្លួនឯងបានទេ។ ចាំលើកក្រោយចុះ»។ នៅពេលលើកក្រោយមកដល់ ហើយពួកគេជួបប្រទះម្ដងទៀតនូវបញ្ហាដែលពាក់ព័ន្ធនឹងព្រះពរ និងលទ្ធផលរបស់ពួកគេ ពួកគេនៅតែយល់ថាខ្លួនឯងមិនអាចបះបោរប្រឆាំងនឹងខ្លួនឯងបានដដែល។ បុគ្គលបែបនេះមានមនសិការ ហើយទោះបីជាពួកគេមិនមានសារជាតិនិស្ស័យរបស់ពួកទទឹងនឹងព្រះគ្រីស្ទក៏ដោយ ក៏វានៅតែជាបញ្ហាគួរឱ្យព្រួយបារម្ភ និងមានគ្រោះថ្នាក់ខ្លាំងសម្រាប់ពួកគេដែរ។ ម្យ៉ាងវិញទៀត ពួកទទឹងនឹងព្រះគ្រីស្ទតែងតែមានគំនិតទាំងនេះ ហើយរស់នៅក្នុងសភាពបែបនេះ ប៉ុន្តែពួកគេមិនដែលបះបោរប្រឆាំងនឹងខ្លួនឯងឡើយ ពីព្រោះពួកគេខ្វះមនសិការ។ ទោះបីមាននរណាម្នាក់លាតត្រដាង និងលួសកាត់ពួកគេ ដោយចង្អុលបង្ហាញពីសភាពរបស់ពួកគេក៏ដោយ ក៏ពួកគេនៅតែបន្ត ហើយដាច់ខាតមិនបះបោរប្រឆាំងនឹងខ្លួនឯងឡើយ ហើយពួកគេក៏មិនស្អប់ខ្លួនឯងដោយសាររឿងនេះ ឬបោះបង់ និងដោះស្រាយសភាពនេះដែរ។ បន្ទាប់ពីពួកទទឹងនឹងព្រះគ្រីស្ទមួយចំនួនត្រូវបានដកហូតតំណែង ពួកគេគិតថា៖ «ការត្រូវបានដកហូតតំណែង ហាក់ដូចជាជារឿងធម្មតាទេ ប៉ុន្តែវាមានអារម្មណ៍ថាគួរឱ្យអាម៉ាស់ខ្លះដែរ។ ទោះបីជាវាមិនមែនជារឿងសំខាន់ក៏ដោយ ក៏មានរឿងសំខាន់មួយដែលខ្ញុំមិនអាចបោះបង់បានដែរ។ ប្រសិនបើខ្ញុំត្រូវបានដកហូតតំណែង តើនោះមានន័យថា ព្រះដំណាក់របស់ព្រះនឹងលែងបណ្ដុះបណ្ដាលខ្ញុំទៀតហើយមែនទេ? ដូច្នេះ តើខ្ញុំនឹងក្លាយជាមនុស្សប្រភេទណានៅក្នុងព្រះនេត្ររបស់ព្រះជាម្ចាស់? តើខ្ញុំនៅតែមានសង្ឃឹមដែរឬទេ? តើខ្ញុំនៅតែមានប្រយោជន៍អ្វីទៀតនៅក្នុងដំណាក់របស់ព្រះជាម្ចាស់?» ពួកគេគិតពិចារណាអំពីរឿងនេះ ហើយក៏រៀបគម្រោងមួយឡើងថា៖ «ខ្ញុំមានប្រាក់មួយម៉ឺនយន់នៅក្នុងដៃ ហើយឥឡូវនេះគឺជាពេលដែលត្រូវប្រើវាហើយ។ ខ្ញុំនឹងថ្វាយប្រាក់មួយម៉ឺនយន់នេះជាតង្វាយ ហើយចាំមើលថាតើអាកប្បកិរិយារបស់ខាងលើចំពោះខ្ញុំអាចផ្លាស់ប្ដូរខ្លះដែរឬទេ ហើយថាតើពួកគេអាចអនុគ្រោះដល់ខ្ញុំខ្លះដែរឬទេ។ ប្រសិនបើដំណាក់របស់ព្រះជាម្ចាស់ទទួលយកប្រាក់នេះ នោះមានន័យថាខ្ញុំនៅតែមានសង្ឃឹម។ ប្រសិនបើបដិសេធប្រាក់នេះ នោះបញ្ជាក់ថាខ្ញុំគ្មានសង្ឃឹមទេ ហើយខ្ញុំនឹងរៀបចំផែនការផ្សេងទៀត»។ តើនេះជាវិធីសាស្ត្រប្រភេទអ្វី? នេះគឺជាការល្បងល។ សរុបមក ការល្បងលគឺជាការសម្ដែងចេញដ៏ច្បាស់លាស់គួរសមនៃសារជាតិនិស្ស័យនៃភាពទុច្ចរិត។ មនុស្សប្រើប្រាស់មធ្យោបាយផ្សេងៗដើម្បីទទួលបានព័ត៌មានដែលពួកគេចង់បាន ទទួលបានភាពប្រាកដប្រជា ហើយបន្ទាប់មកទើបទទួលបានភាពស្ងប់ចិត្ត។ មានវិធីជាច្រើនដើម្បីល្បងល ដូចជាការប្រើពាក្យសម្ដីដើម្បីបញ្ឆោតសួរយករឿងរ៉ាវពីព្រះជាម្ចាស់ ការប្រើប្រាស់រឿងរ៉ាវផ្សេងៗដើម្បីល្បងលទ្រង់ ការគិត និងពិចារណារឿងរ៉ាវចុះឡើងនៅក្នុងចិត្តរបស់ពួកគេ។ តើវិធីសាស្ត្រណាដែលអ្នករាល់គ្នាប្រើជាទូទៅបំផុត ដើម្បីល្បងលព្រះជាម្ចាស់? (ជួនកាល នៅពេលអធិស្ឋានទៅកាន់ព្រះជាម្ចាស់ ខ្ញុំពិនិត្យមើលអាកប្បកិរិយារបស់ព្រះជាម្ចាស់ចំពោះខ្ញុំ និងមើលថាតើខ្ញុំមានសេចក្ដីសុខសាន្តនៅក្នុងចិត្តដែរឬទេ។ ខ្ញុំប្រើវិធីសាស្ត្រនេះដើម្បីល្បងលព្រះជាម្ចាស់។) វិធីសាស្ត្រនេះត្រូវបានគេប្រើប្រាស់យ៉ាងទូទៅគួរសម។ វិធីសាស្ត្រមួយទៀតគឺ ការមើលថាតើខ្លួនមានអ្វីត្រូវនិយាយ ក្នុងអំឡុងពេលនៃការប្រកបគ្នានៅក្នុងការជួបជុំឬអត់ ថាតើព្រះជាម្ចាស់ផ្ដល់នូវការបំភ្លឺ ឬការស្រាយបំភ្លឺដែរឬទេ ហើយប្រើប្រាស់វាដើម្បីល្បងលថាតើព្រះជាម្ចាស់នៅតែគង់ជាមួយពួកគេដែរឬទេ ថាតើទ្រង់នៅតែស្រឡាញ់ពួកគេដែរឬទេ។ ម្យ៉ាងទៀត ក្នុងអំឡុងពេលនៃការបំពេញភារកិច្ចរបស់ខ្លួន ពួកគេមើលថាតើព្រះជាម្ចាស់បំភ្លឺ ឬណែនាំពួកគេដែរឬទេ ថាតើពួកគេមានគំនិត គំនិតយោបល់ ឬការយល់ដឹងដ៏ពិសេសណាមួយដែរឬទេ ដោយប្រើប្រាស់រឿងទាំងនេះដើម្បីល្បងលថាតើព្រះជាម្ចាស់មានអាកប្បកិរិយាបែបណាចំពោះពួកគេ។ វិធីសាស្ត្រទាំងអស់នេះ ត្រូវបានប្រើជាទូទៅគួរសម។ មានអ្វីផ្សេងទៀតទេ? (ប្រសិនបើខ្ញុំបានប្ដេជ្ញាចិត្តចំពោះព្រះជាម្ចាស់ក្នុងការអធិស្ឋាន ប៉ុន្តែមិនបានបំពេញវា ខ្ញុំពិនិត្យអង្កេតមើលថាតើព្រះជាម្ចាស់នឹងប្រព្រឹត្តចំពោះខ្ញុំស្របតាមសម្បថដែលខ្ញុំបានស្បថដែរឬទេ។) នេះក៏ជាប្រភេទមួយដែរ។ មិនថាមនុស្សប្រើវិធីសាស្ត្រអ្វីដើម្បីប្រព្រឹត្តចំពោះព្រះជាម្ចាស់នោះទេ ប្រសិនបើពួកគេមានអារម្មណ៍ថាមានកំហុសក្នុងមនសិការចំពោះរឿងនេះ ហើយបន្ទាប់មកបានស្គាល់ពីសកម្មភាព និងនិស្ស័យទាំងនេះ ព្រមទាំងអាចកែប្រែបានទាន់ពេល នោះបញ្ហាមិនសំខាន់ប៉ុន្មានទេ នេះគឺជានិស្ស័យពុករលួយធម្មតា។ ទោះជាយ៉ាងណាក៏ដោយ ប្រសិនបើនរណាម្នាក់អាចធ្វើបែបនេះដោយជាប់លាប់ និងរឹងទទឹង ទោះបីពួកគេដឹងថាវាខុស ហើយព្រះជាម្ចាស់ស្អប់ខ្ពើមវាក៏ដោយ ក៏នៅតែបន្តធ្វើវា ដោយមិនដែលបះបោរប្រឆាំងនឹងវា ឬបោះបង់វាឡើយ នេះគឺជាសារជាតិរបស់ពួកទទឹងនឹងព្រះគ្រីស្ទ។ សារជាតិនិស្ស័យរបស់ពួកទទឹងនឹងព្រះគ្រីស្ទគឺខុសពីមនុស្សធម្មតា នៅត្រង់ថា ពួកគេមិនដែលឆ្លុះបញ្ចាំងពីខ្លួនឯង ឬស្វែងរកសេចក្ដីពិតឡើយ ប៉ុន្តែតែងតែប្រើប្រាស់វិធីសាស្ត្រផ្សេងៗដោយជាប់លាប់ និងរឹងទទឹង ដើម្បីល្បងលព្រះជាម្ចាស់ ល្បងលអាកប្បកិរិយារបស់ទ្រង់ចំពោះមនុស្ស សេចក្ដីសន្និដ្ឋានរបស់ទ្រង់ចំពោះបុគ្គលម្នាក់ និងថាតើទ្រង់មានព្រះតម្រិះ និង គំនិតយោបល់បែបណាចំពោះអតីតកាល បច្ចុប្បន្នកាល និងអនាគតកាលរបស់មនុស្សម្នាក់។ ពួកគេមិនដែលស្វែងរកបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ ឬសេចក្ដីពិតឡើយ ហើយជាពិសេសគឺមិនស្វែងរករបៀបចុះចូលនឹងសេចក្ដីពិត ដើម្បីសម្រេចបាននូវការផ្លាស់ប្ដូរនិស្ស័យរបស់ពួកគេនោះទេ។ គោលបំណងនៅពីក្រោយសកម្មភាពទាំងអស់របស់ពួកគេ គឺដើម្បីស្ទាបស្ទង់ព្រះតម្រិះ និងគំនិតយោបល់របស់ព្រះជាម្ចាស់។ នេះគឺជាពួកទទឹងនឹងព្រះគ្រីស្ទ។ និស្ស័យរបស់ពួកទទឹងនឹងព្រះគ្រីស្ទ គឺទុច្ចរិតយ៉ាងច្បាស់។ នៅពេលដែលពួកគេធ្វើសកម្មភាពទាំងនេះ ហើយបង្ហាញការសម្ដែងចេញទាំងនេះ ពួកគេមិនមានអារម្មណ៍ថាមានកំហុស ឬវិប្បដិសារីសូម្បីបន្តិចឡើយ។ សូម្បីតែពួកគេភ្ជាប់រឿងទាំងនេះទៅនឹងខ្លួនឯងក៏ដោយ ក៏ពួកគេមិនបង្ហាញការប្រែចិត្ត ឬបំណងចង់ឈប់ឡើយ ប៉ុន្តែនៅតែបន្តតាមរបៀបរបស់ពួកគេដដែល។ នៅក្នុងការប្រព្រឹត្តរបស់ពួកគេចំពោះព្រះជាម្ចាស់ អាកប្បកិរិយារបស់ពួកគេ និងវិធីសាស្ត្ររបស់ពួកគេ គឺវាច្បាស់ណាស់ថា ពួកគេចាត់ទុកព្រះជាម្ចាស់ជាគូបដិបក្ខរបស់ពួកគេ។ នៅក្នុងគំនិត និងទស្សនៈរបស់ពួកគេ គឺគ្មានគំនិត ឬអាកប្បកិរិយាណាមួយនៃការស្គាល់ព្រះជាម្ចាស់ ការស្រឡាញ់ព្រះជាម្ចាស់ ការចុះចូលនឹងព្រះជាម្ចាស់ ឬការកោតខ្លាចព្រះជាម្ចាស់ឡើយ។ ពួកគេគ្រាន់តែចង់ទទួលបានព័ត៌មានដែលពួកគេចង់បានពីព្រះជាម្ចាស់ ហើយប្រើប្រាស់វិធីសាស្ត្រ និងមធ្យោបាយផ្ទាល់ខ្លួនរបស់ពួកគេ ដើម្បីកំណត់ឱ្យដឹងច្បាស់ពីអាកប្បកិរិយាដ៏ជាក់លាក់របស់ព្រះជាម្ចាស់ចំពោះពួកគេ និងការកំណត់របស់ទ្រង់ចំពោះពួកគេប៉ុណ្ណោះ។ អ្វីដែលធ្ងន់ធ្ងរជាងនេះទៅទៀតនោះគឺថា ទោះបីជាពួកគេផ្ទៀងផ្ទាត់វិធីសាស្ត្រផ្ទាល់ខ្លួនរបស់ពួកគេជាមួយនឹងព្រះបន្ទូលនៃការលាតត្រដាងរបស់ព្រះជាម្ចាស់ក៏ដោយ ហើយទោះបីជាពួកគេមានការយល់ដឹងសូម្បីតែបន្តិចថា អាកប្បកិរិយានេះត្រូវបានព្រះជាម្ចាស់ស្អប់ខ្ពើម និងមិនមែនជាអ្វីដែលមនុស្សគួរធ្វើក៏ដោយ ក៏ពួកគេនឹងមិនបោះបង់វាឡើយ។

កាលពីមុន មានបទប្បញ្ញត្តិមួយនៅក្នុងដំណាក់របស់ព្រះជាម្ចាស់គឺ៖ ចំពោះអ្នកដែលត្រូវបានបណ្ដេញចេញ ឬដកចេញ ប្រសិនបើពួកគេបង្ហាញការប្រែចិត្តពិតប្រាកដនៅពេលក្រោយ ហើយនៅតែបន្តអានព្រះបន្ទូលរបស់ព្រះជាម្ចាស់ ផ្សាយដំណឹងល្អ និងធ្វើបន្ទាល់ថ្វាយព្រះជាម្ចាស់ ដោយប្រែចិត្តពិតប្រាកដ នោះពួកគេអាចត្រូវបានទទួលឱ្យចូលក្នុងពួកជំនុំវិញ។ ចៃដន្យមានមនុស្សម្នាក់ដែលបំពេញតាមលក្ខខណ្ឌទាំងនេះ បន្ទាប់ពីត្រូវបានដកចេញ ហើយពួកជំនុំបានចាត់នរណាម្នាក់ឱ្យទៅរកគាត់ ប្រកបគ្នាជាមួយគាត់ និងប្រាប់គាត់ថា គាត់ត្រូវបានទទួលឱ្យចូលក្នុងពួកជំនុំវិញហើយ។ ពេលឮដូច្នេះ គាត់មានសេចក្ដីត្រេកអរជាខ្លាំង ប៉ុន្តែគាត់បានគិតពិចារណាថា៖ «តើការទទួលឱ្យចូលវិញនេះពិតប្រាកដមែន ឬក៏មានបំណងអ្វីបង្កប់នៅពីក្រោយរឿងនេះ? តើព្រះជាម្ចាស់ពិតជាបានឃើញការប្រែចិត្តរបស់ខ្ញុំមែនឬ? តើទ្រង់ពិតជាបានបង្ហាញសេចក្ដី ករុណាដល់ខ្ញុំ និងអត់ទោសឱ្យខ្ញុំមែនឬ? តើសកម្មភាពអតីតកាលរបស់ខ្ញុំ ពិតជាត្រូវបានមើលរំលងមែនឬ?» គាត់មិនជឿទេ ហើយគាត់គិតថា៖ «ទោះបីជាពួកគេចង់ឱ្យខ្ញុំត្រឡប់ចូលពួកជំនុំវិញក៏ដោយ ក៏ខ្ញុំគួរតែទប់ខ្លួន និងមិនយល់ព្រមភ្លាមៗដែរ ខ្ញុំមិនគួរធ្វើខ្លួនហាក់ដូចជាខ្ញុំបានរងទុក្ខយ៉ាងខ្លាំង និងគួរឱ្យអាណិតខ្លាំងណាស់ ក្នុងអំឡុងពេលប៉ុន្មានឆ្នាំនេះ បន្ទាប់ពីត្រូវបានបណ្ដេញចេញនោះទេ។ ខ្ញុំត្រូវរក្សាឫកពាបន្តិច ហើយមិនត្រូវសាកសួរភ្លាមៗបន្ទាប់ពីខ្ញុំត្រូវបានទទួលឱ្យចូលវិញ អំពីកន្លែងដែលខ្ញុំអាចចូលរួមក្នុងជីវិតពួកជំនុំ ឬភារកិច្ចអ្វីដែលខ្ញុំអាចធ្វើបាននោះទេ។ ខ្ញុំមិនអាចបង្ហាញភាពរំភើបខ្លាំងពេកទេ។ ទោះបីជាខ្ញុំមានអារម្មណ៍សប្បាយចិត្តជាពិសេសនៅក្នុងចិត្តក៏ដោយ ក៏ខ្ញុំត្រូវតែរក្សាភាពស្ងប់ស្ងាត់ និងមើលថាតើដំណាក់របស់ព្រះជាម្ចាស់ពិតជាចង់ឱ្យខ្ញុំត្រឡប់ទៅវិញ ឬគ្រាន់តែមិនស្មោះត្រង់ ដើម្បីប្រើប្រាស់ខ្ញុំសម្រាប់កិច្ចការមួយចំនួនប៉ុណ្ណោះ»។ ដោយគិតដូច្នេះ គាត់ក៏និយាយថា៖ «ក្នុងអំឡុងពេលបន្ទាប់ពីខ្ញុំត្រូវបានបណ្ដេញចេញ ខ្ញុំបានឆ្លុះបញ្ចាំង និងដឹងថា កំហុសដែលខ្ញុំបានធ្វើគឺធ្ងន់ធ្ងរពេក។ ការខាតបង់ដែលខ្ញុំបានបង្កដល់ផលប្រយោជន៍ដំណាក់របស់ព្រះជាម្ចាស់ គឺធំធេងណាស់ ហើយខ្ញុំមិនអាចប៉ះប៉ូវវាបានឡើយ។ ខ្ញុំពិតជាអារក្ស និងជាសាតាំងដែលត្រូវព្រះជាម្ចាស់ដាក់បណ្ដាសាមែន។ ទោះជាយ៉ាងណាក៏ដោយ ការឆ្លុះបញ្ចាំងពីខ្លួនឯងរបស់ខ្ញុំនៅតែមិនទាន់ពេញលេញនៅឡើយទេ។ ដោយសារដំណាក់របស់ព្រះជាម្ចាស់ចង់នាំខ្ញុំត្រឡប់ទៅវិញ ខ្ញុំត្រូវហូប និងផឹកព្រះបន្ទូលរបស់ព្រះជាម្ចាស់ឱ្យបានច្រើនជាងនេះ ហើយឆ្លុះបញ្ចាំង និងស្គាល់ខ្លួនឯងឱ្យបានច្រើនជាងនេះ។ បច្ចុប្បន្ននេះ ខ្ញុំមិនស័ក្ដិសមនឹងត្រឡប់ទៅកាន់ដំណាក់របស់ព្រះជាម្ចាស់វិញទេ មិនស័ក្ដិសមនឹងបំពេញភារកិច្ចរបស់ខ្ញុំនៅក្នុងដំណាក់របស់ព្រះជាម្ចាស់ទេ មិនស័ក្ដិសមនឹងជួបជាមួយបងប្អូនប្រុសស្រីរបស់ខ្ញុំទេ ហើយខ្ញុំពិតជាខ្មាសអៀនខ្លាំងណាស់ក្នុងការប្រឈមមុខនឹងព្រះជាម្ចាស់។ ខ្ញុំនឹងត្រឡប់ទៅពួកជំនុំវិញ លុះត្រាតែខ្ញុំមានអារម្មណ៍ថា ការស្គាល់ខ្លួនឯង និងការឆ្លុះបញ្ចាំងរបស់ខ្ញុំមានភាពគ្រប់គ្រាន់ ដើម្បីឱ្យមនុស្សគ្រប់គ្នាអាចទទួលស្គាល់ខ្ញុំបាន»។ ខណៈពេលដែលនិយាយបែបនេះ គាត់ក៏មានចិត្តអន្ទះអន្ទែងផងដែរ ដោយគិតថា៖ «ខ្ញុំគ្រាន់តែធ្វើពុតជានិយាយបែបនេះទេ។ ចុះបើអ្នកដឹកនាំយល់ព្រមមិនឱ្យខ្ញុំត្រឡប់ចូលពួកជំនុំវិញ តើខ្ញុំមិនចប់ទៅហើយទេឬ?» តាមពិតទៅ គាត់អន្ទះអន្ទែងយ៉ាងខ្លាំង ប៉ុន្តែគាត់នៅតែត្រូវនិយាយបែបនេះ ហើយធ្វើពុតជាមិនសូវអន្ទះសាចង់ចង់ត្រឡប់ទៅពួកជំនុំវិញ។ តើសម្ដីទាំងនេះរបស់គាត់មានន័យយ៉ាងណា? (គាត់កំពុងល្បងលមើលថាតើពួកជំនុំពិតជានឹងទទួលយកគាត់ត្រឡប់មកវិញដែរឬទេ។) តើនេះជារឿងចាំបាច់ដែរឬទេ? តើនេះមិនមែនជារឿងដែលពួកសាតាំង និងពួកអារក្សនឹងធ្វើទេឬអី? តើមនុស្សធម្មតានឹងមានអាកប្បកិរិយាបែបនេះដែរឬទេ? (ទេ ពួកគេមិនធ្វើទេ។) មនុស្សធម្មតានឹងមិនធ្វើទេ។ ដោយទទួលបានឱកាសដ៏ល្អបែបនេះ ការដែលគាត់នៅតែអាចប្រព្រឹត្តបែបនេះបាន គឺជារឿងទុច្ចរិត។ ការត្រូវបានទទួលឱ្យចូលក្នុងពួកជំនុំវិញ គឺជាការសម្ដែងចេញនូវសេចក្ដីស្រឡាញ់ និងសេចក្ដីករុណារបស់ព្រះជាម្ចាស់ ហើយគាត់គួរតែឆ្លុះបញ្ចាំង និងស្គាល់សេចក្ដីពុករលួយ ព្រមទាំងចំណុចខ្វះខាតរបស់ខ្លួនឯង ដោយស្វែងរកវិធីដើម្បីប៉ះប៉ូវបំណុលអតីតកាល។ ប្រសិនបើនរណាម្នាក់នៅតែអាចល្បងលព្រះជាម្ចាស់តាមរបៀបនេះ ហើយប្រព្រឹត្តចំពោះសេចក្ដីករុណារបស់ព្រះជាម្ចាស់តាមរបៀបនេះ នោះពួកគេពិតជាមិនដឹងគុណចំពោះសេចក្ដីសប្បុរសរបស់ទ្រង់ឡើយ! ការដែលគំនិត និងវិធីសាស្ត្របែបនេះកើតមានក្នុងមនុស្ស គឺបណ្ដាលមកពីសារជាតិទុច្ចរិតរបស់ពួកគេ។ តាមពិតទៅ នៅពេលដែលមនុស្សល្បងលព្រះជាម្ចាស់ អ្វីដែលពួកគេសម្ដែងចេញ និងបញ្ចេញឱ្យឃើញតាមទ្រឹស្ដី គឺតែងតែពាក់ព័ន្ធនឹងការល្បងលគំនិតរបស់ព្រះជាម្ចាស់ ក៏ដូចជាទស្សនៈ និងការកំណត់របស់ទ្រង់ចំពោះមនុស្សជាដើម ក្នុងចំណោមរឿងផ្សេងៗទៀត។ ប្រសិនបើមនុស្សស្វែងរកសេចក្ដីពិត ពួកគេនឹងបះបោរទាស់នឹងការអនុវត្តបែបនេះ ហើយបោះបង់ចោលវា ដោយធ្វើសកម្មភាព និងប្រព្រឹត្តខ្លួនស្របតាមគោលការណ៍សេចក្ដីពិត។ ទោះជាយ៉ាងណាក៏ដោយ បុគ្គលដែលមានសារជាតិនិស្ស័យរបស់ពួកទទឹងនឹងព្រះគ្រីស្ទ មិនត្រឹមតែមិនអាចបោះបង់ការអនុវត្តបែបនេះ និងមិនយល់ថាវាជារឿងគួរឱ្យស្អប់ខ្ពើមប៉ុណ្ណោះទេ ប៉ុន្តែពួកគេថែមទាំងស្ងើចសរសើរខ្លួនឯងជាញឹកញាប់ ចំពោះការដែលមានមធ្យោបាយ និងវិធីសាស្ត្របែបនេះទៀតផង។ ពួកគេអាចគិតថា៖ «មើលចុះ ថាតើខ្ញុំឆ្លាតប៉ុនណា។ ខ្ញុំមិនដូចជាអ្នករាល់គ្នាដែលល្ងង់ខ្លៅ ដែលដឹងត្រឹមតែចុះចូល និងស្ដាប់បង្គាប់ព្រះជាម្ចាស់ និងសេចក្ដីពិតនោះទេ ខ្ញុំមិនដូចអ្នករាល់គ្នាទាល់តែសោះ! ខ្ញុំព្យាយាមប្រើមធ្យោបាយ និងវិធីសាស្ត្រដើម្បីស្វែងយល់ពីរឿងទាំងនេះ។ ទោះបីជាខ្ញុំត្រូវចុះចូល និងស្ដាប់បង្គាប់ក៏ដោយ ក៏ខ្ញុំនៅតែត្រូវស្វែងយល់ឱ្យដល់ឫសគល់នៃរឿងរ៉ាវដែរ។ កុំគិតថាអ្នកអាចលាក់បាំងអ្វីពីខ្ញុំ ឬបោកបញ្ឆោត និងបោកប្រាស់ខ្ញុំឱ្យសោះ»។ នេះគឺជាគំនិត និងទស្សនៈរបស់ពួកគេ។ ពួកទទឹងនឹងព្រះគ្រីស្ទមិនដែលបង្ហាញការចុះចូល ការកោតខ្លាច ឬភាពស្មោះសរឡើយ ហើយរឹតតែគ្មានភាពស្មោះត្រង់ណាមួយនៅក្នុងការប្រព្រឹត្តរបស់ពួកគេចំពោះព្រះជាម្ចាស់ដែលយកកំណើតជាមនុស្សទៀតផង។ នេះគឺជាការបញ្ចប់ការពិភាក្សារបស់ពួកយើង អំពីការសម្ដែងចេញដែលទាក់ទងនឹងការល្បងល។

ច. ការទាមទារ

ចំណុចបន្ទាប់គឺថា ពួកទទឹងនឹងព្រះគ្រីស្ទធ្វើការទាមទារពីព្រះជាម្ចាស់ ហើយមានការសម្ដែងចេញជាក់លាក់បន្ថែមទៀតអំពីរឿងនេះ។ ពួកទទឹងនឹងព្រះគ្រីស្ទអាចពិពណ៌នាបានតាមអ្វីដែលអ្នកគ្មានជំនឿហៅថា «មិនព្រមធ្វើអ្វីមួយឡើយ ប្រសិនបើគ្មានផលប្រយោជន៍»។ តើមានអ្វីទៀត? (ពួកគេ «មិនព្រមលែងសត្វស្ទាំងឡើយ ទាល់តែបានឃើញសត្វទន្សាយ»។) ពួកគេមិនព្រមលែងសត្វស្ទាំងឡើយ ទាល់តែបានឃើញសត្វទន្សាយ ពោលគឺប្រសិនបើមានផលចំណេញ ពួកគេនឹងធ្វើវា ប៉ុន្តែប្រសិនបើគ្មានផលចំណេញទេ ពួកគេនឹងមិនធ្វើឡើយ។ ទោះបីជាស្ថិតក្នុងស្ថានភាពណាក៏ដោយ ពួកគេត្រូវតែថ្លឹងថ្លែងនៅក្នុងចិត្តរបស់ពួកគេ ដោយគិតថា៖ «តើខ្ញុំអាចទទួលបានផលប្រយោជន៍ធំប៉ុនណាពីការធ្វើបែបនេះ? តើខ្ញុំអាចទទួលបានផលចំណេញប៉ុន្មាន? តើវាសមនឹងការលះបង់តម្លៃដ៏ខ្ពស់បែបនេះសម្រាប់រឿងនេះដែរឬទេ? ប្រសិនបើខ្ញុំលះបង់តម្លៃយ៉ាងធំ ប៉ុន្តែអ្នកដទៃបែរជាទទួលបានផលប្រយោជន៍ទៅវិញ ហើយខ្ញុំមិនបានបង្ហាញខ្លួនឯង នោះខ្ញុំច្បាស់ជាមិនធ្វើវាដាច់ខាត!» តើនេះមិនមែនជាអាកប្បកិរិយារបស់ពួកទទឹងនឹងព្រះគ្រីស្ទចំពោះការផ្ទុកផ្ដាក់ និងសេចក្ដីតម្រូវរបស់ព្រះជាម្ចាស់ទេឬអី? ប្រសិនបើពួកគេខិតខំប្រឹងប្រែងបន្តិចបន្តួចនៅក្នុងការបំពេញភារកិច្ចរបស់ពួកគេ ប៉ុន្តែមិនទទួលបានផលប្រយោជន៍អ្វីសោះ ហើយរងទុក្ខលំបាកខ្លះដោយមិនទទួលបានព្រះគុណ ពួកគេមានប្រតិកម្មនៅក្នុងចិត្តភ្លាមៗ ដោយនិយាយថា៖ «ខ្ញុំបានខិតខំប្រឹងប្រែងយ៉ាងខ្លាំង ហេតុអ្វីបានជាខ្ញុំមិនទទួលបានផលប្រយោជន៍អ្វីសោះ? តើមុខរបរគ្រួសាររបស់ខ្ញុំទទួលបានប្រាក់ចំណេញដែរឬទេ?» ប្រសិនបើពួកគេគណនា និងឃើញថាប្រាក់ចំណូលរបស់ពួកគេមានច្រើនជាងខែមុន ពួកគេបន្តចេញទៅផ្សាយដំណឹងល្អ ដោយមិនខ្លាចញញើត ទោះបីជាមានហានិភ័យពាក់ព័ន្ធក៏ដោយ។ ប៉ុន្តែ ពេលមានបញ្ហាជាមួយនឹងមុខរបរគ្រួសារ ហើយប្រាក់ចំណេញរបស់ពួកគេទាបជាងខែមុនយ៉ាងច្បាស់ ពួកគេត្អូញត្អែរអំពីព្រះជាម្ចាស់ និងសង្ស័យព្រះអង្គនៅក្នុងចិត្តរបស់ពួកគេភ្លាមៗ ដោយគិតថា៖ «ឱព្រះជាម្ចាស់ ខ្ញុំបានបំពេញភារកិច្ចរបស់ខ្ញុំដោយមិនខ្ជិលច្រអូស ឬល្បិចកលឡើយ ហើយខ្ញុំក៏មិនបានធ្វើវាឱ្យតែរួចពីដៃដែរ។ ខែនេះ ខ្ញុំបានធ្វើដំណើរច្រើនជាង និងធ្វើការងារច្រើនជាងខែមុន។ ហេតុអ្វីបានជាព្រះអង្គមិនប្រទានពរដល់គ្រួសាររបស់ខ្ញុំ? ហេតុអ្វីបានជាមុខរបរគ្រួសាររបស់ខ្ញុំដំណើរការមិនល្អ?» អាកប្បកិរិយារបស់ពួកគេចំពោះព្រះជាម្ចាស់ និងការផ្ទុកផ្ដាក់របស់ព្រះជាម្ចាស់ ផ្លាស់ប្ដូរភ្លាមៗ ហើយពួកគេគិតថា៖ «ប្រសិនបើព្រះអង្គមិនប្រទានពរដល់គ្រួសាររបស់ខ្ញុំទេ នោះកុំបន្ទោសខ្ញុំដែលបំពេញភារកិច្ចរបស់ខ្ញុំឱ្យតែរួចពីដៃឱ្យសោះ។ ខែក្រោយ ខ្ញុំនឹងមិនខិតខំប្រឹងប្រែងខ្លាំងបែបនេះទៀតទេ។ ប្រសិនបើខ្ញុំត្រូវក្រោកពីដេកនៅម៉ោងប្រាំ ខ្ញុំនឹងក្រោកនៅម៉ោងប្រាំមួយ។ ប្រសិនបើខ្ញុំត្រូវចេញដំណើរនៅម៉ោងប្រាំបី ខ្ញុំនឹងចេញដំណើរនៅម៉ោងដប់។ កាលពីមុន ខ្ញុំអាចនាំមនុស្សប្រាំនាក់ឱ្យទទួលដំណឹងល្អក្នុងមួយខែ លើកនេះ ខ្ញុំនឹងនាំត្រឹមតែពីរនាក់ប៉ុណ្ណោះ។ ប៉ុណ្ណឹងគឺគ្រប់គ្រាន់ហើយ!» តើពួកគេកំពុងគណនាអំពីអ្វី? គឺត្រង់ថាតើអ្វីដែលពួកគេវិនិយោគ និងលះបង់ ស្មើនឹងអ្វីដែលព្រះជាម្ចាស់ប្រទានដល់ពួកគេដែរឬទេ។ លើសពីនេះទៅទៀត ពួកគេយល់ថាវាចំណេញ ហើយសមនឹងការរងទុក្ខ និងការលះបង់តម្លៃ លុះត្រាតែអ្វីដែលព្រះជាម្ចាស់ប្រទានដល់ពួកគេ មានច្រើនជាងអ្វីដែលពួកគេទាមទារ និងប្រាថ្នាចង់បានជាច្រើនដងប៉ុណ្ណោះ។ បើមិនដូច្នេះទេ ទោះបីជាកិច្ចការ ឬភារកិច្ចអ្វីដែលព្រះដំណាក់របស់ព្រះជាម្ចាស់បានចាត់តាំងដល់ពួកគេក៏ដោយ ក៏ពួកគេប្រព្រឹត្តចំពោះកិច្ចការ និងភារកិច្ចទាំងអស់នោះតាមរបៀបដូចគ្នា ពោលគឺធ្វើឱ្យតែរួចពីដៃ ធ្វើឱ្យតែបានៗនៅពេលដែលអាចធ្វើបាន ធ្វើគ្រាន់តែបង្គ្រប់កិច្ចនៅពេលដែលពួកគេអាចធ្វើបាន ហើយដាច់ខាតមិនដែលផ្ដល់នូវភាពស្មោះត្រង់សូម្បីតែបន្តិចឡើយ។ ការសម្ដែងចេញនេះ គឺជាការទាមទារផង និងការដោះដូរផង។ មនុស្សធ្វើការទាមទារ លុះត្រាតែមានការដោះដូរដែលត្រូវធ្វើ ហើយបើគ្មានការដោះដូរទេ ពួកគេក៏គ្មានការទាមទារដែរ។

ពួកទទឹងនឹងព្រះគ្រីស្ទមិនដែលមានភាពស្មោះស្ម័គ្រ ឬភាពស្មោះត្រង់សូម្បីតែបន្តិចនៅក្នុងចិត្តរបស់ពួកគេ ចំពោះការផ្ទុកផ្ដាក់របស់ព្រះជាម្ចាស់ កិច្ចការនៃព្រះដំណាក់របស់ព្រះជាម្ចាស់ ឬភារកិច្ចរបស់ពួកគេផ្ទាល់ឡើយ។ ពួកគេគ្រាន់តែប្រើប្រាស់បញ្ញា កម្លាំង ពេលវេលា និងការរងទុក្ខខាងសាច់ឈាម ព្រមទាំងតម្លៃដែលពួកគេលះបង់ ដើម្បីជាការដោះដូរយកការបំពេញបំណងប្រាថ្នារបស់ពួកគេចំពោះព្រះពរ រង្វាន់ដែលពួកគេចង់ទទួលបាន ហើយជាការពិតណាស់ សម្រាប់សេចក្ដីសុខសាន្ត និងអំណរនៃសាច់ឈាម ភាពស្ថិតស្ថេរខាងក្នុងចិត្ត សុភមង្គលគ្រួសារនៅក្នុងជីវិតនេះ ហើយសូម្បីតែភាពរលូននៅក្នុងមជ្ឈដ្ឋានជុំវិញពួកគេ ព្រមទាំងការគោរព ការកោតសរសើរ និងការវាយតម្លៃជាវិជ្ជមានពីអ្នកដទៃផងដែរ។ សរុបមក ពួកទទឹងនឹងព្រះគ្រីស្ទមិនដែលបំពេញភារកិច្ចរបស់ពួកគេដោយស្មោះស្ម័គ្រនៅក្នុងដំណាក់របស់ព្រះជាម្ចាស់ឡើយ ហើយពួកគេដាច់ខាតនឹងមិនផ្ដល់នូវភាពស្មោះត្រង់សូម្បីតែបន្តិចឡើយ។ មិនថាពួកគេស៊ូទ្រាំនឹងការលំបាក និងការលះបង់តម្លៃ ឬបំពេញភារកិច្ចឱ្យតែរួចពីដៃនោះទេ គោលដៅចុងក្រោយរបស់ពួកគេ គឺទាមទារពីព្រះជាម្ចាស់នូវអ្វីដែលពួកគេចង់បាន ដើម្បីបំពេញបំណងប្រាថ្នារបស់ពួកគេផ្ទាល់។ ហេតុនេះ រាល់ពេលដែលពួកគេជួបប្រទះនឹងសេចក្ដីទុក្ខលំបាក ការលួសកាត់ ឬមនុស្ស ព្រឹត្តិការណ៍ និងរបស់ផ្សេងៗដែលពួកគេមិនពេញចិត្ត ពួកគេគិតភ្លាមៗថា៖ «តើការកើតឡើងនៃរឿងទាំងនេះកំពុងប៉ះពាល់ដល់ផលប្រយោជន៍របស់ខ្ញុំដែរឬទេ? តើវាមានឥទ្ធិពលដល់កេរ្តិ៍ឈ្មោះរបស់ខ្ញុំដែរឬទេ? តើវានឹងជះឥទ្ធិពលដល់អនាគត និងការអភិវឌ្ឍទៅថ្ងៃមុខរបស់ខ្ញុំដែរឬទេ?» ទោះបីជាការសម្ដែងចេញរបស់ពួកគេមានលក្ខណៈវិជ្ជមាន ឬអវិជ្ជមាននៅក្នុងដំណើរការនៃការបំពេញភារកិច្ចរបស់ពួកគេក៏ដោយ ទោះក្នុងករណីណាក៏ដោយ ពួកគេមិនដែលប្រព្រឹត្តទៅតាមគោលការណ៍សេចក្ដីពិតឡើយ។ គំនិតរបស់ពួកគេពោរពេញទៅដោយការដោះដូរ ដោយវាយតម្លៃលើតម្លៃនៃអ្វីដែលពួកគេលះបង់ និងផ្ដល់ឱ្យ ដូចជាអ្នកជំនួញម្នាក់ ដោយវាយតម្លៃថាតើការចំណាយរបស់ពួកគេអាចនាំមកនូវប្រាក់ចំណេញធំប៉ុនណា។ អ្នកខ្លះអាចនិយាយថា៖ «ពួកយើងជឿលើព្រះជាម្ចាស់ ដើម្បីទទួលបានសេចក្ដីពិត និងជីវិត ដើម្បីទទួលបានសេចក្ដីសង្រ្គោះ»។ ប៉ុន្តែ ពួកទទឹងនឹងព្រះគ្រីស្ទគិតថា៖ «តើសេចក្ដីសង្រ្គោះមានតម្លៃប៉ុន្មានទៅ? ចុះការយល់ពីសេចក្ដីពិតវិញ? របស់ទាំងនេះគ្មានតម្លៃអ្វីឡើយ។ អ្វីដែលមានតម្លៃពិតប្រាកដ គឺការទទួលបាន មួយរយដងនៅក្នុងជីវិតនេះ និងជីវិតអស់កល្បជានិច្ចនៅបរលោក។ នៅក្នុងជីវិតនេះ ត្រូវបានអ្នកដទៃលើកតម្កើង និងគោរព ត្រូវបានលើកកិត្តិយសថាជាបុគ្គលដ៏អស្ចារ្យនៅក្នុងដំណាក់នៃព្រះជាម្ចាស់ ហើយនៅបរលោក មានសិទ្ធិអំណាចលើប្រជាជាតិទាំងឡាយ នេះទើបជាផលចំណេញដ៏ច្រើនសន្ធឹកសន្ធាប់ពិតប្រាកដ»។ នេះគឺជាមហិច្ឆិតារបស់ពួកទទឹងនឹងព្រះគ្រីស្ទ ជាការគណនាដែលពួកគេធ្វើឡើងនៅទីជម្រៅក្នុងចិត្តរបស់ពួកគេ នៅពីក្រោយការបំពេញភារកិច្ចរបស់ពួកគេ។ ការគណនានេះពោរពេញទៅដោយការធ្វើការដោះដូរ និងការទាមទារ។ «ភាពស្មោះស្ម័គ្រ» ដ៏ស្ដួចស្ដើងរបស់ពួកគេចំពោះភារកិច្ចរបស់ពួកគេ និងចំពោះព្រះជាម្ចាស់ គឺគ្រាន់តែដើម្បីធានាថា ព្រះជាម្ចាស់ប្រទានជីវិតអស់កល្បជានិច្ចដល់ពួកគេ ការពារពួកគេពីគ្រោះមហន្តរាយ ប្រទានព្រះពរ និងព្រះគុណដល់ពួកគេ ហើយបំពេញគ្រប់បំណងប្រាថ្នារបស់ពួកគេប៉ុណ្ណោះ។ ហេតុដូច្នេះហើយ ចិត្តរបស់ពួកទទឹងនឹងព្រះគ្រីស្ទពោរពេញទៅដោយការទាមទារផ្សេងៗចំពោះព្រះជាម្ចាស់ ដែលជារួមហៅថា ការទាមទារ។ ក្រៅពីសេចក្ដីពិតដែលពួកគេមិនចង់បាន ពួកទទឹងនឹងព្រះគ្រីស្ទប្រាថ្នាចង់បានអ្វីៗផ្សេងទៀតទាំងអស់ ទាំងរបស់ដែលជាសម្ភារៈ និងរបស់ដែលមិនមែនជាសម្ភារៈ។

មានពួកទទឹងនឹងព្រះគ្រីស្ទខ្លះ ដែលធ្លាប់បានចូលរួមចំណែកបន្តិចបន្តួចដល់បងប្អូនប្រុសស្រី ឬដល់ពួកជំនុំ។ ឧទាហរណ៍ ពួកគេប្រហែលជាធ្លាប់ទទួលយកកិច្ចការដែលមានហានិភ័យមួយចំនួននៅក្នុងពួកជំនុំ ឬទទួលបងប្អូនប្រុសស្រីដែលមិនអាចត្រឡប់ទៅផ្ទះវិញបានឱ្យស្នាក់នៅ។ បូករួមនឹងរយៈពេលដ៏យូរគួរសមនៃជំនឿរបស់ពួកគេលើព្រះជាម្ចាស់ មនុស្សភាគច្រើនចាត់ទុកពួកគេថាជាបុគ្គលដែលមានគុណបំណាច់ និងមានលក្ខណៈសម្បត្តិគ្រប់គ្រាន់។ ក្នុងពេលជាមួយគ្នានេះ ពួកគេផ្ទាល់មានអារម្មណ៍ថាខ្លួនលើសគេ និងមានប្រៀបជាងអ្នកដទៃ។ ពួកគេពឹងផ្អែកលើភាពចាស់វស្សារបស់ពួកគេ ហើយអួតអាងអំពីរឿងនេះ ដោយនិយាយថា៖ «ខ្ញុំបានជឿលើព្រះជាម្ចាស់អស់រយៈពេលជាច្រើនឆ្នាំមកហើយ និងបានចូលរួមចំណែកខ្លះៗដល់ដំណាក់នៃព្រះជាម្ចាស់។ តើព្រះជាម្ចាស់មិនគួរ ប្រព្រឹត្តចំពោះខ្ញុំជាពិសេសទេឬអី? ឧទាហរណ៍ ការទៅបរទេសគឺជាព្រះពរមួយដែលមនុស្សទទួលបាន។ បើគិតទៅតាមភាពចាស់វស្សារបស់មនុស្ស តើខ្ញុំមិនគួរទទួលបានអាទិភាពទេឬអី? ដោយសារខ្ញុំបានចូលរួមចំណែកដល់ដំណាក់នៃព្រះជាម្ចាស់ ខ្ញុំគួរតែត្រូវបានផ្ដល់អាទិភាព និងការយកចិត្តទុកដាក់ជាពិសេស ហើយខ្ញុំមិនគួរត្រូវបានវាយតម្លៃដោយផ្អែកលើគោលការណ៍ឡើយ»។ មនុស្សខ្លះថែមទាំងធ្លាប់ជាប់ពន្ធនាគារទៀតផង ហើយដោយឃើញថាខ្លួនគ្មានផ្ទះសម្បែងបន្ទាប់ពីត្រូវបានដោះលែង ពួកគេមានអារម្មណ៍ថា ដំណាក់របស់ព្រះជាម្ចាស់គួរតែផ្ដល់ការយកចិត្តទុកដាក់ជាពិសេសដល់ពួកគេ៖ ឧទាហរណ៍ ដំណាក់របស់ព្រះជាម្ចាស់គួរតែបែងចែកប្រាក់ខ្លះដើម្បីជួយពួកគេទិញផ្ទះ ទទួលខុសត្រូវលើជីវភាពរស់នៅរបស់ពួកគេនៅក្នុងពាក់កណ្ដាលជីវិតចុងក្រោយរបស់ពួកគេ ឬគួរតែបំពេញគ្រប់តម្រូវការផ្នែកសម្ភារៈដែលពួកគេបានលើកឡើង។ ប្រសិនបើពួកគេមានតម្រូវការ ដំណាក់របស់ព្រះជាម្ចាស់គួរតែផ្ដល់រថយន្តមួយគ្រឿងដល់ពួកគេ។ ប្រសិនបើពួកគេមានបញ្ហាសុខភាពខ្លះ ដំណាក់របស់ព្រះជាម្ចាស់គួរតែទិញអាហារបំប៉នសុខភាពឱ្យពួកគេ។ តើពួកគេមិនមែនកំពុងអាងលើភាពចាស់វស្សារបស់ពួកគេ និងអួតអាងពីលក្ខណៈសម្បត្តិរបស់ពួកគេទេឬអី? បុគ្គលទាំងនេះជឿថា ពួកគេបានចូលរួមចំណែក ដូច្នេះ ពួកគេធ្វើការទាមទារពីព្រះជាម្ចាស់ដោយបើកចំហ និងគ្មានសេចក្ដីអៀនខ្មាសឡើយ។ ពួកគេទាមទាររថយន្ត ផ្ទះ និងរបៀបរស់នៅដ៏ប្រណីត។ ពួកគេថែមទាំងសុំឱ្យបងប្អូនប្រុសស្រីចាត់ចែងរឿងរ៉ាវ និងរត់ការឱ្យពួកគេដោយឥតគិតថ្លៃ ដោយធ្វើឱ្យបងប្អូនប្រុសស្រីក្លាយជាអ្នកបម្រើ ឬទាសកររបស់ពួកគេទៀតផង។ តើពួកគេមិនបានក្លាយជាអ្នកដែលរស់នៅពឹងលើពួកជំនុំទេឬអី? តាមពិត ជំនឿរបស់អ្នកលើព្រះជាម្ចាស់ គឺដើម្បីប្រយោជន៍របស់អ្នកផ្ទាល់ ហើយការដែលអ្នកជាប់ពន្ធនាគារក៏ដើម្បីប្រយោជន៍របស់អ្នកផ្ទាល់ដែរ។ មិនថាអ្នកបំពេញភារកិច្ចអ្វីក៏ដោយ វាគឺជាការទទួលខុសត្រូវរបស់អ្នក។ នៅពេលដែលអ្នកបំពេញភារកិច្ចរបស់អ្នក និងទទួលបានសេចក្ដីពិត វាគឺដើម្បីប្រយោជន៍របស់អ្នកផ្ទាល់។ ជំនឿរបស់អ្នកលើព្រះជាម្ចាស់ គឺជាការស្ម័គ្រចិត្ត គ្មាននរណាម្នាក់បង្ខំអ្នកឡើយ។ ការទទួលបានជីវិត គឺដើម្បីប្រយោជន៍របស់អ្នកផ្ទាល់ វាមិនមែនសម្រាប់អ្នកដទៃឡើយ។ សូម្បីតែអ្នកធ្លាប់ទទួលយកកិច្ចការដែលមានហានិភ័យមួយចំនួនសម្រាប់ដំណាក់របស់ព្រះជាម្ចាស់ ឬពួកជំនុំក៏ដោយ តើវាចាត់ទុកថាជាគុណបំណាច់ដែរឬទេ? វាមិនមែនជាគុណបំណាច់ទេ វាគឺជាអ្វីដែលអ្នកគួរតែធ្វើ។ នេះគឺជាការដែលព្រះជាម្ចាស់លើកតម្កើងអ្នក និងប្រទានឱកាសបែបនេះដល់អ្នក វាគឺជាព្រះពរមកពីព្រះជាម្ចាស់។ វាមិនមែនសម្រាប់ឱ្យអ្នកយកធ្វើជាដើមទុន ដើម្បីរស់នៅពឹងលើពួកជំនុំឡើយ។ ដូច្នេះ តើមនុស្សទាំងនេះជាពួកទទឹងនឹងព្រះគ្រីស្ទដែរឬទេ? ជាពិសេស មនុស្សទាំងនេះមិនអាចប្រកបគ្នាអំពីតថភាពនៃសេចក្ដីពិតណាមួយបានឡើយ ហើយនៅពេលដែលពួកគេនៅជាមួយបងប្អូនប្រុសស្រីដែលបានជឿលើព្រះជាម្ចាស់ក្នុងរយៈពេលខ្លីជាងពួកគេ និងមានអាយុក្មេងជាងពួកគេ ពួកគេគ្រាន់តែប្រកបគ្នាអំពីបទពិសោធន៍ចាស់ៗរបស់ពួកគេ និងអួតអាងពីលក្ខណៈសម្បត្តិរបស់ពួកគេប៉ុណ្ណោះ ពួកគេគ្មានការប្រកបគ្នា ឬចំណេះដឹងណាមួយអំពីបទពិសោធន៍ជីវិតដ៏មានតម្លៃឡើយ។ ពួកគេមិនស្អាងអ្នកដទៃទេ ប៉ុន្តែផ្ទុយទៅវិញ ពួកគេវាយឫក និងធ្វើខ្លួនខ្ពង់ខ្ពស់។ ពួកគេមិនអាចទទួលបន្ទុកកិច្ចការធំដុំណាមួយនៅក្នុងដំណាក់របស់ព្រះជាម្ចាស់បានឡើយ ហើយពួកគេក៏មិនអាចបំពេញភារកិច្ចពិតប្រាកដណាមួយឱ្យបានត្រឹមត្រូវដែរ។ ប៉ុន្តែ ពួកគេនៅតែរស់នៅពឹងលើពួកជំនុំ ហើយលូកដៃធ្វើការទាមទារពីព្រះជាម្ចាស់ដដែល។ តើនេះមិនមែនជាការគ្មានសេចក្ដីអៀនខ្មាសទេឬអី? ប្រសិនបើយើងនិយាយអំពីលក្ខណៈសម្បត្តិ តើខ្ញុំមិនមានលក្ខណៈសម្បត្តិលើសអ្នករាល់គ្នាទេឬអី? តើខ្ញុំធ្លាប់វាយឫកដាក់អ្នករាល់គ្នាដែរឬទេ? តើខ្ញុំធ្លាប់សុំអ្វីពីអ្នករាល់គ្នាដែរឬទេ? (ទេ។) ចុះហេតុអ្វីបានជាពួកទទឹងនឹងព្រះគ្រីស្ទអាចធ្វើរឿងបែបនេះបាន? គឺដោយសារតែពួកគេគ្មានសេចក្ដីអៀនខ្មាស។ នៅពេលដែលពួកគេទទួលយកភារកិច្ចរបស់ពួកគេ គំនិតរបស់ពួកគេពោរពេញទៅដោយការដោះដូរ។ នៅពេលដែលពួកគេបំពេញភារកិច្ចរបស់ពួកគេ ពួកគេខ្វះទស្សនៈត្រឹមត្រូវ ហើយមិនចាត់ទុកវាថាជាភារកិច្ច ឬកាតព្វកិច្ចដែលខ្លួនគួរធ្វើក្នុងនាមជាភាវៈដែលព្រះបានបង្កើតនោះឡើយ។ ទោះបីជាពួកគេអាចបំពេញភារកិច្ចខ្លះ ស៊ូទ្រាំនឹងការរងទុក្ខខ្លះ និងលះបង់តម្លៃក៏ដោយ តើក្នុងចិត្តពួកគេកំពុងគិតអ្វី? «កិច្ចការនេះគឺជារឿងដែលគ្មាននរណាម្នាក់ផ្សេងទៀតអាចធ្វើបានឡើយ។ ប្រសិនបើខ្ញុំធ្វើវា ខ្ញុំនឹងល្បីល្បាញនៅក្នុងដំណាក់របស់ព្រះជាម្ចាស់ ត្រូវបានគេគោរពគ្រប់ទីកន្លែងដែលខ្ញុំទៅ ហើយមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ដើម្បីទទួលបានអ្វីដែលល្អបំផុតនៅគ្រប់ទីកន្លែង។ ខ្ញុំនឹងក្លាយជាអ្នកធំម្នាក់នៅក្នុងដំណាក់របស់ព្រះជាម្ចាស់ អាចមានអ្វីក៏ដោយដែលខ្ញុំចង់បាន ហើយគ្មាននរណាម្នាក់ហ៊ាននិយាយអ្វីឡើយ ពីព្រោះខ្ញុំមានលក្ខណៈសម្បត្តិ!» ដោយផ្អែកលើចរិតលក្ខណៈរបស់ពួកគេ ពួកទទឹងនឹងព្រះគ្រីស្ទមិនអាចប្រព្រឹត្តចំពោះព្រះជាម្ចាស់ ការផ្ទុកផ្ដាក់របស់ព្រះអង្គ ឬកិច្ចការនៃដំណាក់របស់ព្រះជាម្ចាស់ ដោយភាពស្មោះត្រង់ ឬភាពស្ម័គ្រចិត្តសូម្បីតែបន្តិចបានឡើយ។ ទោះបីជាពីសំបកក្រៅ ពួកគេមើលទៅហាក់ដូចជាស្ម័គ្រចិត្ត និងអាចស៊ូទ្រាំនឹងការរងទុក្ខ និងលះបង់តម្លៃក៏ដោយ បន្ទាប់ពីនោះភ្លាម ពួកគេត្រៀមខ្លួនរួចជាស្រេចដើម្បីលូកដៃធ្វើការទាមទារ និងសុំរង្វាន់ពីព្រះជាម្ចាស់ ដោយព្យាយាមរស់នៅពឹងលើពួកជំនុំ និងកេងចំណេញនៅគ្រប់ទីកន្លែង។ ហេតុដូច្នេះហើយ បើវិនិច្ឆ័យតាមរបៀបប្រព្រឹត្តរបស់ពួកគេ វាគឺស័ក្ដិសមបំផុតក្នុងការកំណត់ពីសារជាតិនិស្ស័យជាពួកទទឹងនឹងព្រះគ្រីស្ទរបស់ពួកគេថាជាភាពទុច្ចរិត។ គំនិត និងទស្សនៈដែលពួកគេប្រកាន់យកទាក់ទងនឹងភារកិច្ចរបស់ពួកគេ និងការផ្ទុកផ្ដាក់របស់ព្រះជាម្ចាស់ គឺទុច្ចរិត មិនស្របតាមសេចក្ដីពិត ហើយច្បាស់ណាស់ថាមិនស្របតាមស្ដង់ដារនៃមនសិការឡើយ។

នៅក្នុងភារកិច្ចណាមួយដែលពួកគេបំពេញ ពួកទទឹងនឹងព្រះគ្រីស្ទធ្វើតាមបំណងប្រាថ្នារបស់ពួកគេផ្ទាល់ ដោយស្វែងរកកេរ្តិ៍ឈ្មោះ និងឋានៈផ្ទាល់ខ្លួន។ ពួកគេមិនដែលស្វែងរកសេចក្ដីពិត ឬឆ្លុះបញ្ចាំងពីខ្លួនឯងឡើយ។ នៅពេលប្រឈមមុខនឹងសេចក្ដីវៀចវេរ ឬបញ្ហាណាមួយដែលកើតឡើងនៅក្នុងកិច្ចការរបស់ពួកគេ អាកប្បកិរិយារបស់ពួកគេគឺមិនស្វែងរក ឬមិនទទួលយកសេចក្ដីពិតឡើយ។ ផ្ទុយទៅវិញ ពួកគេតែងតែខិតខំលាក់បាំងការពិត រក្សាមុខមាត់ និងសិរីល្អដ៏ឥតប្រយោជន៍របស់ពួកគេ ហើយបង្ហាញពីខ្លួនឯងនៅក្នុងគ្រប់ទិដ្ឋភាពទាំងអស់ ដើម្បីទទួលបានការគោរពពីមនុស្ស។ សរុបមក ចិត្តរបស់ពួកគេពោរពេញទៅដោយសេចក្ដីទុច្ចរិត ពោរពេញទៅដោយទស្សនវិជ្ជារបស់សាតាំង ព្រមទាំងសញ្ញាណ និងការស្រមើស្រមៃរបស់មនុស្ស ដោយគ្មានអ្វីដែលស្របតាមសេចក្ដីពិតឡើយ។ ពួកទទឹងនឹងព្រះគ្រីស្ទមិនដែលស្វែងរកសេចក្ដីពិតនៅក្នុងភារកិច្ចណាមួយដែលពួកគេបំពេញឡើយ ហើយពួកគេមិនដែលមានបំណងចុះចូលនឹងការរៀបចំកិច្ចការនៃដំណាក់របស់ព្រះជាម្ចាស់ឡើយ។ ពួកគេតែងតែប្រកាន់ខ្ជាប់នូវរបៀបធ្វើការងាររបស់ពួកគេផ្ទាល់ ហើយប្រព្រឹត្តទៅតាមចំណូលចិត្តរបស់ពួកគេផ្ទាល់។ ទោះបីជាមានកិច្ចការអ្វីនៅចំពោះមុខក៏ដោយ ពួកគេគណនានៅក្នុងចិត្តរបស់ពួកគេថាតើពួកគេអាចទទួលបានផលប្រយោជន៍សម្រាប់ខ្លួនឯងដោយរបៀបណា។ ពួកគេគ្រាន់តែវាស់ស្ទង់ថាតើភារកិច្ចអ្វីខ្លះដែលពួកគេត្រូវបំពេញ ដែលអាចធ្វើឱ្យពួកគេទទួលបានកេរ្តិ៍ឈ្មោះ លាភសក្ការៈ និងឋានៈ ការគោរពពីអ្នកដទៃ និងកិត្តិយសបន្តិចបន្តួចប៉ុណ្ណោះ។ ពេលដែលពួកគេបំពេញភារកិច្ចរបស់ពួកគេ ពួកគេសង្ឃឹមថានឹងមានការកត់ត្រាសមិទ្ធផលរបស់ពួកគេនៅក្នុងសៀវភៅកំណត់ត្រារបស់ព្រះជាម្ចាស់ ដោយកត់សមិទ្ធផលទាំងនោះទុកជាបញ្ជីក្នុងចិត្តរបស់ពួកគេ និងធានាថារាល់ការចូលរួមចំណែកទាំងអស់ត្រូវបានកត់ត្រាយ៉ាងត្រឹមត្រូវ ហើយគ្មានអ្វីត្រូវបានមើលរំលងឡើយ។ ពួកគេជឿថា កាន់តែពួកគេធ្វើការងារច្រើន និងការចូលរួមចំណែករបស់ពួកគេកាន់តែធំ នោះពួកគេកាន់តែមានសង្ឃឹមក្នុងការចូលទៅក្នុងនគរព្រះ និងទទួលបានរង្វាន់ ព្រមទាំងមកុដ។ អាកប្បកិរិយា និងទស្សនៈដែលពួកទទឹងនឹងព្រះគ្រីស្ទមានចំពោះភារកិច្ចរបស់ពួកគេ គឺបែបនេះឯង។ គំនិតរបស់ពួកគេពោរពេញទៅដោយការដោះដូរ និងការទាមទារ តើនេះមិនមែនជាការបើកសម្ដែងពីសារជាតិធម្មជាតិរបស់ពួកគេទេឬអី? ហេតុអ្វីបានជាគំនិតរបស់ពួកគេពោរពេញទៅដោយការដោះដូរ និងការទាមទារពីព្រះជាម្ចាស់? មូលហេតុគឺដោយសារតែសារជាតិនិស្ស័យរបស់ពួកគេគឺទុច្ចរិត នេះគឺជាការពិតទាំងស្រុង។ គេអាចមើលឃើញរឿងនេះតាមរយៈគំនិត និងទស្សនៈដែលពួកទទឹងនឹងព្រះគ្រីស្ទមានទាក់ទងនឹងភារកិច្ចរបស់ពួកគេ ចំណុចទាំងនេះបញ្ជាក់យ៉ាងពេញលេញថា សារជាតិនិស្ស័យរបស់ពួកគេគឺទុច្ចរិត។ ទោះបីជាមានការប្រកបអំពីសេចក្ដីពិតច្រើនប៉ុនណាក៏ដោយ ឬទោះបីជានិស្ស័យពុករលួយរបស់មនុស្សត្រូវបានបើកសម្ដែង និងវែកញែកយ៉ាងណាក៏ដោយ ក៏ពួកទទឹងនឹងព្រះគ្រីស្ទមិនបង្ហាញថាពួកគេមានការស្គាល់អំពីសារជាតិនិស្ស័យរបស់ខ្លួនឡើយ។ ពួកគេមិនត្រឹមតែបដិសេធមិនទទួលយកសេចក្ដីពិតប៉ុណ្ណោះទេ ពួកគេថែមទាំងបណ្ដុះការអាក់អន់ចិត្តនៅក្នុងចិត្តរបស់ពួកគេទៀតផង។ នៅពេលដែលពួកគេមានអារម្មណ៍ថាសេចក្ដីសង្ឃឹមរបស់ពួកគេក្នុងការទទួលបានព្រះពរ និងរង្វាន់ត្រូវបានបំផ្លាញ ពួកគេជឿថាព្រះជាម្ចាស់កំពុងបោកប្រាស់ ដោយគិតថាការបើកសម្ដែង និងការវែកញែករបស់ព្រះជាម្ចាស់ គឺជាការប៉ុនប៉ងដោយចេតនាដើម្បីមិនផ្ដល់រង្វាន់ ដែលបណ្ដាលឱ្យមនុស្សលះបង់ខ្លួនឯងដើម្បីព្រះជាម្ចាស់ដោយឥតប្រយោជន៍ ដោយមិនទទួលបានអ្វីសោះនៅទីបញ្ចប់។ ចិត្តរបស់ពួកគេមិនត្រឹមតែខ្វះការយល់ដឹងជាវិជ្ជមានអំពីកិច្ចការរបស់ព្រះជាម្ចាស់ និងសេចក្ដីពិតប៉ុណ្ណោះទេ ពួកគេថែមទាំងបង្កើតសញ្ញាណ និងការយល់ច្រឡំ ដែលធ្វើឱ្យការប្រឆាំងរបស់ពួកគេចំពោះព្រះជាម្ចាស់កាន់តែខ្លាំងឡើងទៀតផង។ ហេតុដូច្នេះហើយ កាន់តែមានការវែកញែកអំពីនិស្ស័យសាតាំង និងសារជាតិនៃមនុស្សជាតិដែលពុករលួយ ហើយកាន់តែមានការបើកសម្ដែងអំពីឧបាយកល ការជំរុញចិត្ត និងគោលបំណងរបស់សាតាំង នោះពួកទទឹងនឹងព្រះគ្រីស្ទកាន់តែស្អប់ខ្ពើមសេចក្ដីពិត និងមានសេចក្ដីស្អប់ក្នុងចិត្តចំពោះសេចក្ដីពិត។ ហេតុអ្វីបានជារឿងនេះកើតឡើង? ពួកគេជឿថា កាន់តែមានការប្រកបគ្នាអំពីសេចក្ដីពិត នោះសេចក្ដីសង្ឃឹមរបស់ពួកគេក្នុងការទទួលបានព្រះពរកាន់តែស្រអាប់ទៅៗ។ កាន់តែមានការប្រកបគ្នាអំពីសេចក្ដីពិត ពួកគេកាន់តែមានអារម្មណ៍ថា ផ្លូវនៃការដោះដូរការរងទុក្ខ និងការលះបង់តម្លៃដើម្បីទទួលបានរង្វាន់ និងមកុដ គឺមិនអាចទៅរួចឡើយ ដែលនាំឱ្យពួកគេជឿថា ពួកគេគ្មានសង្ឃឹមក្នុងការទទួលបានព្រះពរឡើយ។ កាន់តែមានការប្រកបគ្នាអំពីសេចក្ដីពិតតាមរបៀបនេះ ហើយកាន់តែមានការលាតត្រដាងបែបនេះ នោះពួកទទឹងនឹងព្រះគ្រីស្ទកាន់តែលែងចាប់អារម្មណ៍នឹងជំនឿរបស់ពួកគេលើព្រះជាម្ចាស់។ ដោយឃើញថាក្នុងអ្វីទាំងអស់ដែលព្រះជាម្ចាស់មានព្រះបន្ទូលនោះ គ្មានអ្វីលើកឡើងថា ការរងទុក្ខ និងការបង់ថ្លៃប៉ុនណាអាចធ្វើឱ្យពួកគេទទួលបានរង្វាន់សមមូលនោះទេ ហើយថាព្រះអង្គមិនបានមានព្រះបន្ទូលអ្វីសោះអំពីការចូលទៅក្នុងនគរស្ថានសួគ៌ដោយផ្អែកលើការខិតខំប្រឹងប្រែងតែមួយមុខនោះ ពួកគេមានអារម្មណ៍ហាក់ដូចជាផ្លូវនៃការធ្វើការដោះដូរជាមួយព្រះជាម្ចាស់របស់ពួកគេ បានឈានដល់ទីបញ្ចប់ហើយ។ ពួកគេមានអារម្មណ៍យ៉ាងជ្រៅនៅក្នុងចិត្តថា ពួកគេគឺជាមនុស្សដែលព្រះជាម្ចាស់បានតាំងព្រះទ័យថានឹងដាក់ទោស ដោយជួបប្រទះនឹងការភ័យខ្លាចដែលធ្វើឱ្យពួកគេមិនស្ងប់ចិត្ត និងមានអារម្មណ៍ថាថ្ងៃរបស់ពួកគេជិតអស់ហើយ ហាក់ដូចជាគ្រាចុងក្រោយបានមកដល់ពួកគេហើយ។ តើអ្នករាល់គ្នាមានអារម្មណ៍យ៉ាងណាបន្ទាប់ពីបានស្ដាប់សេចក្ដីអធិប្បាយមួយហើយមួយទៀតដែលលាតត្រដាងពីពួកទទឹងនឹងព្រះគ្រីស្ទ? ខ្ញុំឃើញថាអ្នករាល់គ្នាសុទ្ធតែឱនក្បាលចុះ តើអ្នករាល់គ្នាមានអារម្មណ៍បាក់ទឹកចិត្តបន្កិចដែរឬទេ? តើអ្នករាល់គ្នាបានដឹងខ្លួនថា កំពុងដើរតាមផ្លូវរបស់ពួកទទឹងនឹងព្រះគ្រីស្ទដែរឬទេ? តើគំនិតរបស់អ្នករាល់គ្នាក៏ពោរពេញទៅដោយគំនិតទុច្ចរិតនៃការតថ្លៃជាមួយព្រះជាម្ចាស់ទាំងនេះដែរឬទេ? តើឥឡូវនេះ អ្នករាល់គ្នាមានការយល់ដឹងអ្វីខ្លះដែរឬទេ? តើអ្នករាល់គ្នាអាចកែប្រែរឿងរ៉ាវបានយ៉ាងឆាប់រហ័សដែរឬទេ? (ខ្ញុំក៏កំពុងគិតថា ខ្ញុំត្រូវតែកែប្រែខ្លួនឱ្យបានឆាប់រហ័សដែរ។ ខ្ញុំមិនអាចបន្តរស់នៅជាមួយនឹងនិស្ស័យរបស់ពួកទទឹងនឹងព្រះគ្រីស្ទទាំងនេះបានទៀតទេ។) ទោះបីជាអ្នករាល់គ្នាសុទ្ធតែមាននិស្ស័យរបស់ពួកទទឹងនឹងព្រះគ្រីស្ទ និងមានបំណងតថ្លៃជាមួយព្រះជាម្ចាស់ ដើម្បីទទួលបានព្រះពរក៏ដោយ ក៏អ្នករាល់គ្នាមិនទាន់ជាពួកទទឹងនឹងព្រះគ្រីស្ទនៅឡើយទេ។ ហេតុដូច្នេះហើយ អ្នករាល់គ្នាគួរតែប្រញាប់ស្វែងរកសេចក្ដីពិតដើម្បីដោះស្រាយ ទាញខ្លួនអ្នករាល់គ្នាឱ្យថយចេញពីមាត់ជ្រោះ ហើយចាប់ផ្ដើមដើរលើផ្លូវនៃការដេញតាមសេចក្ដីពិត។ តើបញ្ហានេះមិនត្រូវបានដោះស្រាយហើយទេឬអី? ការមាននិស្ស័យរបស់ពួកទទឹងនឹងព្រះគ្រីស្ទ និងការដើរតាមផ្លូវរបស់ពួកទទឹងនឹងព្រះគ្រីស្ទ គឺជាបញ្ហាមួយដែលអាចដោះស្រាយបានយ៉ាងងាយស្រួល។ ដរាបណាអ្នកអាចទទួលយកសេចក្ដីពិត ឆ្លុះបញ្ចាំងពីខ្លួនឯង ស្គាល់ពីនិស្ស័យពុករលួយនៅក្នុងខ្លួនអ្នក យល់ពីសារជាតិនៃបញ្ហានៃការដេញតាមកេរ្តិ៍ឈ្មោះ លាភសក្ការៈ និងឋានៈ ហើយបន្ទាប់មកបោះបង់ចោលវិធីសាស្ត្រនៃការដេញតាមដ៏ខុសឆ្គងនេះ លះបង់ចោលទស្សនៈខុសឆ្គងនៃជំនឿលើព្រះជាម្ចាស់ បោះបង់ចោលបំណងចង់ទទួលបានព្រះពរ ហើយជឿលើព្រះជាម្ចាស់ដើម្បីតែការដេញតាមសេចក្ដីពិត និងដើម្បីគោលបំណងនៃការក្លាយជាមនុស្សថ្មី ហើយដេញតាមតែក្លាយជាមនុស្សដែលចុះចូលនឹងព្រះជាម្ចាស់ និងថ្វាយបង្គំតែព្រះជាម្ចាស់ ដោយមិនលើកមនុស្សជារូបព្រះ ឬដើរតាមមនុស្ស នោះសភាពរបស់អ្នកនឹងត្រឡប់មកជាធម្មតាវិញបន្តិចម្ដងៗ។ អ្នកនឹងបោះជំហានចូលទៅក្នុងផ្លូវនៃការដេញតាមសេចក្ដីពិត។ គ្មានការសង្ស័យអំពីរឿងនេះឡើយ។ អ្វីដែលគួរឱ្យខ្លាចនោះគឺ ប្រសិនបើអ្នកមិនទទួលយកសេចក្ដីពិត ប្រសិនបើអ្នកស្អប់ខ្ពើមសេចក្ដីពិត ហើយប្រសិនបើអ្នកដឹងថាការតថ្លៃជាមួយព្រះជាម្ចាស់គឺជារឿងខុសឆ្គង ហើយការដេញតាមកេរ្តិ៍ឈ្មោះ លាភសក្ការៈ និងឋានៈក៏ជារឿងខុសឆ្គងដែរ ប៉ុន្តែអ្នកនៅតែរឹងរូស ហើយមិនដែលប្រែចិត្ត។ ក្នុងករណីបែបនេះ អ្នកមានសារជាតិធម្មជាតិរបស់ពួកទទឹងនឹងព្រះគ្រីស្ទ ហើយអ្នកចាំបាច់ត្រូវបានជម្រុះចោល។ ប្រសិនបើអ្នកធ្វើអំពើអាក្រក់ជាច្រើន អ្នកនឹងប្រឈមមុខនឹងការដាក់ទោស។

ភាពខុសគ្នារវាងពួកទទឹងនឹងព្រះគ្រីស្ទ និងមនុស្សពុករលួយធម្មតា គឺស្ថិតនៅត្រង់ថា ការដេញតាមកេរ្តិ៍ឈ្មោះ លាភសក្ការៈ ឋានៈ និងព្រះពរ ព្រមទាំងការធ្វើការដោះដូរជាមួយព្រះជាម្ចាស់ មិនមែនគ្រាន់តែជាការសម្ដែងចេញជាបណ្ដោះអាសន្ន ឬម្ដងម្កាលសម្រាប់ពួកទទឹងនឹងព្រះគ្រីស្ទឡើយ ពោលគឺពួកគេរស់នៅដោយសាររឿងទាំងនេះ។ ពួកគេជ្រើសរើសតែផ្លូវមួយប៉ុណ្ណោះ ដែលជាផ្លូវរបស់ពួកទទឹងនឹងព្រះគ្រីស្ទ ដោយរស់នៅស្របតាមធម្មជាតិរបស់ពួកទទឹងនឹងព្រះគ្រីស្ទ និងទស្សនៈវិជ្ជារបស់សាតាំង។ មនុស្សពុករលួយធម្មតាអាចមានជម្រើសទីពីរ និងដើរលើផ្លូវនៃការដេញតាមសេចក្ដីពិត ប៉ុន្តែពួកទទឹងនឹងព្រះគ្រីស្ទមិនចូលចិត្តសេចក្ដីពិត ហើយមិនមានតម្រូវការនេះឡើយ។ ធម្មជាតិរបស់ពួកគេពោរពេញទៅដោយទស្សនៈវិជ្ជារបស់សាតាំង ហើយពួកគេនឹងមិនធ្វើការជ្រើសរើសដ៏ត្រឹមត្រូវឡើយ។ ពួកទទឹងនឹងព្រះគ្រីស្ទនឹងមិនទទួលយកសេចក្ដីពិតឡើយ ពួកគេនឹងនៅតែរឹងរូសក្នុងកំហុសរបស់ពួកគេរហូតដល់ទីបញ្ចប់ ដោយមិនដែលប្ដូរទិសដៅ ឬប្រែចិត្តឡើយ។ ពួកគេដឹងថា ក្នុងខ្លួនពួកគេពោរពេញទៅដោយការដោះដូរដែលត្រូវធ្វើជាមួយព្រះជាម្ចាស់ ដោយល្បងល និងប្រឆាំងនឹងព្រះអង្គជានិច្ច។ ទោះជាយ៉ាងណាក៏ដោយ ពួកគេមានហេតុផលរបស់ពួកគេ ហើយពួកគេគិតថា៖ «តើវាមានអ្វីខុសទៅ? ការទាមទារពីព្រះជាម្ចាស់នូវព្រះពរជាសម្ភារៈខ្លះៗ និងការសោយសុខនឹងផលប្រយោជន៍ខ្លះៗនៃឋានៈ មិនមែនជាទង្វើគួរឱ្យអាម៉ាស់ឡើយ។ ខ្ញុំមិនបានប្រព្រឹត្តអំពើឃាតកម្ម និងការដុតបំផ្លាញទេ ហើយខ្ញុំក៏មិនបានទាស់ទទឹងនឹងព្រះជាម្ចាស់ជាសាធារណៈដែរ។ ពិតណាស់ ខ្ញុំបានធ្វើការដើម្បីបង្កើតនគរឯករាជ្យមួយ និងបានប្រព្រឹត្តតាមអំពើចិត្តខ្លះៗ ប៉ុន្តែខ្ញុំមិនបានធ្វើបាប ឬធ្វើឱ្យនរណាម្នាក់ឈឺចាប់ឡើយ ហើយខ្ញុំក៏មិនបានប៉ះពាល់ ឬបណ្ដាលឱ្យមានការខាតបង់ដល់កិច្ចការនៃដំណាក់របស់ព្រះជាម្ចាស់ដែរ»។ តើនេះមិនមែនជារឿងដែលមិនអាចសង្គ្រោះបានទេឬអី? ទោះបីជាដំណាក់របស់ព្រះជាម្ចាស់ប្រកបគ្នាអំពីសេចក្ដីពិត ឬបើកសម្ដែង និងលួសកាត់ពួកគេយ៉ាងណាក៏ដោយ ក៏ពួកគេនៅតែមិនព្រមទទួលស្គាល់កំហុសរបស់ពួកគេដែរ នេះគឺជារឿងដែលមិនអាចសង្គ្រោះបានឡើយ។ នេះគឺជាសារជាតិរបស់ពួកទទឹងនឹងព្រះគ្រីស្ទ។ ប្រសិនបើអ្នកនិយាយថាពួកគេអាក្រក់ ឬទុច្ចរិត ពួកគេមិនខ្វល់ឡើយ ហើយពួកគេនឹងបន្តសេចក្ដីអាក្រក់ និងសេចក្ដីទុច្ចរិតរបស់ពួកគេ។ នេះបង្ហាញថា ពួកទទឹងនឹងព្រះគ្រីស្ទគឺជាបុគ្គលរឹងរូសដែលមិនព្រមប្រែចិត្តជាដាច់ខាត។ តើអ្នកនៅតែប្រកបគ្នាអំពីសេចក្ដីពិតជាមួយមនុស្សបែបនេះទៀតដែរឬទេ? ពួកគេមិនទាំងដឹងផងថា រឿងណាជាវិជ្ជមាន និងរឿងណាជាអវិជ្ជមាន តើអ្នកអាចនិយាយអ្វីទៅកាន់ពួកគេបាន? គឺគ្មានអ្វីត្រូវនិយាយឡើយ។ ពួកទទឹងនឹងព្រះគ្រីស្ទពោរពេញទៅដោយសារជាតិនិស្ស័យទុច្ចរិត ហើយពួកគេរស់នៅក្នុងនិស្ស័យនេះ។ ការល្បងលព្រះជាម្ចាស់ និងការធ្វើការដោះដូរជាមួយព្រះអង្គ គឺជាធម្មជាតិពីកំណើតរបស់ពួកគេ ហើយគ្មាននរណាម្នាក់អាចផ្លាស់ប្ដូរពួកគេបានឡើយ ពួកគេនៅតែមិនផ្លាស់ប្ដូរនៅក្នុងគ្រប់ស្ថានភាពទាំងអស់។ ហេតុអ្វីបានជាពួកគេមិនផ្លាស់ប្ដូរ? ពួកគេមិនផ្លាស់ប្ដូរទេ ពីព្រោះមិនថាមានការប្រកបគ្នាអំពីសេចក្ដីពិតជាមួយពួកគេច្រើនប៉ុនណាក៏ដោយ មិនថាពាក្យសម្ដីទាំងនោះងាយយល់ និងបើកសម្ដែងយ៉ាងស៊ីជម្រៅយ៉ាងណាក៏ដោយ ក៏ពួកគេមិនដឹងពីបញ្ហាពិតប្រាកដឡើយ។ ពួកគេមិនអាចយល់ពីសេចក្ដីពិត ហើយមិនដឹងថាអ្វីជាសេចក្ដីពិត និងអ្វីជារឿងអវិជ្ជមានឡើយ នោះហើយជាមូលហេតុ។

ពួកទទឹងនឹងព្រះគ្រីស្ទធ្វើការដោះដូរជាមួយព្រះជាម្ចាស់ និងធ្វើការទាមទារពីព្រះអង្គនៅក្នុងរឿងផ្សេងៗ។ ជាការពិតណាស់ ពួកគេធ្វើការទាមទាររឿងជាច្រើន ទាំងរឿងដែលមើលឃើញ និងមើលមិនឃើញ ទាំងរឿងខាងសម្ភារៈ និងមិនមែនខាងសម្ភារៈ ទាំងរឿងនាពេលបច្ចុប្បន្ន និងនាពេលអនាគត។ ដរាបណាពួកគេអាចស្រមើស្រមៃពីវា ដរាបណាពួកគេជឿថាពួកគេសមនឹងទទួលបានវា ហើយដរាបណាវាជាអ្វីដែលពួកគេប្រាថ្នាចង់បាន ពួកគេធ្វើការទាមទារពីព្រះជាម្ចាស់ដោយគ្មានការអៀនខ្មាស ដោយសង្ឃឹមថាព្រះអង្គនឹងប្រទានវាដល់ពួកគេ។ ឧទាហរណ៍ នៅពេលដែលពួកគេកំពុងបំពេញភារកិច្ចណាមួយ ដើម្បីលេចធ្លោ និងក្លាយជាបុគ្គលដ៏ឆ្នើម ដើម្បីមានឱកាសទទួលបានការចាប់អារម្មណ៍ និងទទួលបានឋានៈដែលពួកគេចង់បាន ព្រមទាំងការគោរពពីមនុស្សកាន់តែច្រើន ពួកគេសង្ឃឹមថាព្រះជាម្ចាស់នឹងប្រទានសមត្ថភាពពិសេសខ្លះដល់ពួកគេ។ ពួកគេអធិស្ឋានទៅកាន់ព្រះអង្គ ដោយនិយាយថា៖ «ឱព្រះជាម្ចាស់ ទូលបង្គំស្ម័គ្រចិត្តបំពេញភារកិច្ចរបស់ទូលបង្គំដោយស្មោះត្រង់។ បន្ទាប់ពីទទួលយកភារកិច្ចនេះពីព្រះអង្គ ជារៀងរាល់ថ្ងៃ ទូលបង្គំគិតអំពីរបៀបបំពេញវាឱ្យបានល្អ។ ទូលបង្គំស្ម័គ្រចិត្តលះបង់កម្លាំងពេញមួយជីវិតសម្រាប់រឿងនេះ ដើម្បីថ្វាយយុវវ័យរបស់ទូលបង្គំដល់ព្រះអង្គ និងថ្វាយអ្វីៗទាំងអស់ដែលទូលបង្គំមានដល់ព្រះអង្គ ទូលបង្គំស្ម័គ្រចិត្តស៊ូទ្រាំនឹងការលំបាកសម្រាប់រឿងនេះ។ សូមប្រទានពាក្យសម្ដីឱ្យទូលបង្គំនិយាយ សូមប្រទានភាពឆ្លាតវៃ និងប្រាជ្ញាដល់ទូលបង្គំ ហើយសូមឱ្យទូលបង្គំកែលម្អជំនាញវិជ្ជាជីវៈ និងសមត្ថភាពរបស់ទូលបង្គំក្នុងអំឡុងពេលនៃការបំពេញភារកិច្ចនេះ»។ បន្ទាប់ពីបង្ហាញពីភាពស្មោះត្រង់របស់ពួកគេ និងបញ្ជាក់ពីទស្សនៈរបស់ពួកគេ ពួកទទឹងនឹងព្រះគ្រីស្ទលូកដៃទៅរកព្រះជាម្ចាស់ភ្លាម ដើម្បីសុំរឿងទាំងនេះ។ ទោះបីជារឿងទាំងនេះមើលមិនឃើញ ហើយមនុស្សជឿថាវាសមហេតុផលក្នុងការសុំរឿងទាំងនេះពីព្រះជាម្ចាស់ក៏ដោយ តើនេះមិនមែនជាទម្រង់នៃការធ្វើការដោះដូរ និងការទាមទារទេឬអី? (មែនហើយ គឺអ៊ីចឹងហើយ។) តើអ្វីជាចំណុចសំខាន់នៃការដោះដូរនេះ? តើអ្វីជាសារជាតិដែលយើងកំពុងវែកញែក? ពួកទទឹងនឹងព្រះគ្រីស្ទគ្មានចិត្តស្មោះទាល់តែសោះចំពោះភារកិច្ចដែលព្រះជាម្ចាស់បានប្រគល់ឱ្យពួកគេ ហើយពួកគេក៏មិនមានបំណងស្មោះត្រង់នៅក្នុងរឿងនេះដែរ។ មុនពេលធ្វើបំពេញភារកិច្ចនេះ គំនិតរបស់ពួកគេវិលជុំវិញរបៀបចាប់យកឱកាសនេះដើម្បីបង្ហាញពីទេពកោសល្យរបស់ពួកគេ និងទទួលបានកេរ្តិ៍ឈ្មោះក្នុងចំណោមមនុស្ស ជាជាងប្រើឱកាសនេះដើម្បីបំពេញភារកិច្ចរបស់ពួកគេឱ្យបានល្អ និងស្វែងរកសេចក្ដីពិតដែលពួកគេគួរយល់ និងគោលការណ៍ដែលពួកគេគួរស្វែងរកនៅក្នុងការបំពេញភារកិច្ចនេះ។ ដូច្នេះ នៅពេលដែលពួកទទឹងនឹងព្រះគ្រីស្ទមកចំពោះព្រះជាម្ចាស់ដើម្បីអធិស្ឋាន ដំបូង ពួកគេលូកដៃ និងស្នើសុំរឿងដែលនឹងផ្ដល់ផលប្រយោជន៍ដល់កេរ្តិ៍ឈ្មោះ និងឋានៈរបស់ពួកគេ ដូចជាភាពឆ្លាតវៃ ប្រាជ្ញា ការយល់ដឹងដ៏ពិសេស ជំនាញដ៏ឆ្នើម ការបើកភ្នែកខាងវិញ្ញាណរបស់ពួកគេ និងអ្វីៗផ្សេងទៀត។ ពួកគេចង់បានរឿងទាំងនេះ មិនមែនដើម្បីយល់ពីសេចក្ដីពិត ឬដើម្បីថ្វាយចិត្តស្មោះរបស់ពួកគេ និងបំពេញភារកិច្ចរបស់ពួកគេឱ្យបានល្អឡើយ។ ច្បាស់ណាស់ សំណើទាំងនេះពោរពេញទៅដោយការធ្វើការដោះដូរ និងការទាមទារ ប៉ុន្តែពួកគេនៅតែមានអារម្មណ៍ថាខ្លួនមានភាពត្រឹមត្រូវដដែល។ នៅពេលនិយាយដល់ការអធិស្ឋានប្រភេទនេះ និងការដោះដូរប្រភេទនេះដែលមនុស្សធ្វើ ទោះបីជាមនុស្សរងទុក្ខ និងលះបង់តម្លៃនៅក្នុងការបំពេញភារកិច្ចរបស់ពួកគេក៏ដោយ ហើយទោះបីជាពួកគេចំណាយពេលវេលា និងកម្លាំងខ្លះក៏ដោយ តើព្រះជាម្ចាស់នឹងទទួលយកវាដែរឬទេ? តាមទស្សនៈរបស់ព្រះជាម្ចាស់ ព្រះអង្គនឹងមិនទទួលយកការបំពេញភារកិច្ចបែបនេះដាច់ខាត ពីព្រោះគ្មានចិត្តស្មោះ គ្មានភាពស្មោះត្រង់ ហើយច្បាស់ណាស់ថាគ្មានការចុះចូលពិតប្រាកដនៅក្នុងមនុស្សបែបនេះឡើយ។ ដោយផ្អែកលើទិដ្ឋភាពនេះ តាមគំនិតផ្ទាល់ខ្លួន អ្វីដែលពួកគេប្រាថ្នាចង់ដេញតាម គឺឋានៈ និងកេរ្តិ៍ឈ្មោះ ព្រមទាំងការគោរព និងការកោតសរសើរពីអ្នកដទៃ ប៉ុន្តែក្នុងអំឡុងពេលនៃការបំពេញភារកិច្ចរបស់ពួកគេ ការចូលទៅក្នុងជីវិតរបស់ពួកគេ ឬការផ្លាស់ប្ដូរនិស្ស័យរបស់ពួកគេ មិនមានការរីកចម្រើនអ្វីឡើយ។

នៅពេលមានរឿងកើតឡើងចំពោះពួកគេ ពួកទទឹងនឹងព្រះគ្រីស្ទចាប់ផ្ដើមគ្រោងឧបាយកល គណនា និងរៀបចំផែនការនៅក្នុងចិត្តរបស់ពួកគេភ្លាមៗ។ ពួកគេប្រៀបដូចជាគណនេយ្យករ ដោយធ្វើការដោះដូរជាមួយព្រះជាម្ចាស់នៅក្នុងគ្រប់រឿងទាំងអស់ ចង់បានអ្វីៗជាច្រើន និងធ្វើការទាមទារជាច្រើនពីព្រះជាម្ចាស់។ សរុបមក សេចក្ដីតម្រូវទាំងអស់នេះ គឺមិនសមហេតុផលនៅក្នុងព្រះនេត្ររបស់ព្រះជាម្ចាស់ឡើយ វាមិនមែនជាអ្វីដែលព្រះជាម្ចាស់មានព្រះទ័យចង់ប្រទានដល់មនុស្សទេ ហើយវាក៏មិនមែនជាអ្វីដែលមនុស្សគួរទទួលបានដែរ ពីព្រោះរឿងទាំងនេះមិននាំមកនូវផ្ដល់ផលប្រយោជន៍សូម្បីតែបន្តិចបន្តួចដល់ការដេញតាមការផ្លាស់ប្ដូរនិស្ស័យរបស់មនុស្ស ឬការទទួលបានសេចក្ដីសង្គ្រោះឡើយ។ ទោះបីជាក្នុងអំឡុងពេលនៃការបំពេញភារកិច្ចរបស់អ្នក ព្រះជាម្ចាស់ប្រទានពន្លឺខ្លះ ឬគំនិតថ្មីៗខ្លះទាក់ទងនឹងវិជ្ជាជីវៈរបស់អ្នកដល់អ្នកក៏ដោយ ក៏វាមិនមែនដើម្បីបំពេញបំណងប្រាថ្នារបស់អ្នកក្នុងការទាមទារពីព្រះជាម្ចាស់ដែរ ហើយវាកាន់តែមិនមែនដើម្បីបង្កើនប្រជាប្រិយភាពរបស់អ្នក ឬកិត្យានុភាពដែលអ្នកមានក្នុងចំណោមមនុស្សទៀតផង។ បន្ទាប់ពីទទួលបានពន្លឺ និងការបំភ្លឺបែបនេះពីព្រះជាម្ចាស់ មនុស្សធម្មតាអនុវត្តវាទៅក្នុងភារកិច្ចរបស់ខ្លួន ដោយបំពេញភារកិច្ចរបស់ពួកគេឱ្យបានកាន់តែល្អ ធ្វើឱ្យខ្លួនឯងយល់ពីគោលការណ៍បានកាន់តែត្រឹមត្រូវ បន្តិចម្ដងៗទទួលបទពិសោធន៍ដោយផ្ទាល់ថាពួកគេទទួលបានការបំភ្លឺ ការស្រាយបំភ្លឺ និងព្រះគុណយ៉ាងច្រើនពីព្រះជាម្ចាស់ក្នុងអំឡុងពេលនៃការបំពេញភារកិច្ចរបស់ពួកគេ។ ទាំងអស់នេះសុទ្ធតែជាអ្វីដែលព្រះជាម្ចាស់បានធ្វើ។ កាលណាពួកគេកាន់តែមានបទពិសោធន៍ ពួកគេកាន់តែមានអារម្មណ៍ថាអ្វីដែលព្រះជាម្ចាស់ធ្វើគឺអស្ចារ្យ ហើយពួកគេកាន់តែដឹងថា ពួកគេគ្មានអ្វីត្រូវអួតអាងឡើយ ព្រោះអ្វីៗទាំងអស់សុទ្ធតែជាព្រះគុណ និងការណែនាំរបស់ព្រះជាម្ចាស់។ នេះគឺជាអ្វីដែលមនុស្សធម្មតាអាចមានអារម្មណ៍ និងយល់ដឹងបាន។ ប៉ុន្តែ ពួកទទឹងនឹងព្រះគ្រីស្ទគឺខុសគ្នា ហើយទោះបីជាព្រះជាម្ចាស់ប្រទានការបំភ្លឺ និងការស្រាយបំភ្លឺដល់ពួកគេច្រើនប៉ុនណាក៏ដោយ ពួកគេបែរជាគិតថាការទាំងអស់នោះកើតចេញពីខ្លួនពួកគេផ្ទាល់ទៅវិញ។ ថ្ងៃមួយ នៅពេលដែលពួកគេគណនាសរុបការរួមចំណែករបស់ខ្លួន ហើយលូកដៃទៅរកព្រះជាម្ចាស់ដើម្បីទាមទាររង្វាន់ នៅពេលដែលពួកគេទូទាត់បញ្ជីគណនីជាមួយព្រះជាម្ចាស់ ព្រះអង្គដកយកការបំភ្លឺ និងការស្រាយបំភ្លឺរបស់ព្រះអង្គចេញ ហើយពួកទទឹងនឹងព្រះគ្រីស្ទក៏ត្រូវបានបើកសម្ដែង។ កាលពីមុន អ្វីៗទាំងអស់ដែលពួកគេអាចធ្វើបាន គឺដោយសារតែកិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធ និងការណែនាំរបស់ព្រះជាម្ចាស់។ ពួកគេមិនខុសពីមនុស្សដទៃឡើយ៖ បើគ្មានការបំភ្លឺ និងការស្រាយបំភ្លឺរបស់ព្រះជាម្ចាស់ទេ ពួកគេបាត់បង់អំណោយទាន ភាពឆ្លាតវៃ ប្រាជ្ញា គំនិតល្អៗ និងការគិតល្អៗរបស់ពួកគេ។ ពួកគេក្លាយជាមនុស្សគ្មានបានការ និងជាមនុស្សល្ងង់។ នៅពេលដែលពួកទទឹងនឹងព្រះគ្រីស្ទជួបប្រទះនឹងរឿងបែបនេះ ហើយឈានដល់ចំណុចនេះ ពួកគេនៅតែមិនដឹងខ្លួនថាផ្លូវរបស់ពួកគេគឺខុសឆ្គង ហើយមិនដឹងថាពួកគេកំពុងធ្វើការដោះដូរជាមួយព្រះជាម្ចាស់ និងធ្វើការទាមទារពីព្រះអង្គដោយមិនសមហេតុផលឡើយ។ ពួកគេនៅតែគិតថាពួកគេមានសមត្ថភាព និងអាចធ្វើអ្វីៗបានទាំងអស់ ដោយស័ក្តិសមនឹងត្រូវបានអ្នកដទៃឱ្យតម្លៃខ្ពស់ កោតសរសើរ គោរព គាំទ្រ និងលើកតម្កើង។ ប្រសិនបើពួកគេមិនទទួលបានរឿងទាំងនេះទេ ពួកគេមើលឃើញថាស្ថានភាពនេះគឺអស់សង្ឃឹម ហើយប្រព្រឹត្តតាមតែអំពើចិត្តកាន់តែខ្លាំង ដោយពោរពេញទៅដោយការអាក់អន់ចិត្តទាំងចំពោះព្រះជាម្ចាស់ និងចំពោះបងប្អូនប្រុសស្រី។ ពួកគេជេរប្រមាថ និងត្អូញត្អែរអំពីព្រះជាម្ចាស់នៅក្នុងចិត្តរបស់ពួកគេ ដោយនិយាយថាព្រះជាម្ចាស់មិនសុចរិត ដាក់បណ្ដាសាបងប្អូនប្រុសស្រីថាគ្មានមនសិការ និងថាពេលឆ្លងស្ពានរួចក៏រុះស្ពានចោល ហើយថែមទាំងចោទប្រកាន់ដំណាក់របស់ព្រះជាម្ចាស់ថាព្យាយាមកម្ចាត់ពួកគេចោល បន្ទាប់ពីប្រើប្រាស់ពួកគេរួចទៀតផង។ តើនេះជាអ្វីទៅ? គឺជាមនុស្សគ្មានសេចក្ដីអៀនខ្មាស! តើពួកទទឹងនឹងព្រះគ្រីស្ទទាំងអស់មិនមែនសុទ្ធតែបែបនេះទេឬអី? តើពួកគេមិនតែងតែនិយាយរឿងបែបនេះទេឬអី? ពួកគេនិយាយថា «នៅពេលដែលខ្ញុំមានប្រយោជន៍ និងត្រូវបានដាក់ក្នុងតំណែងដ៏សំខាន់ មនុស្សគ្រប់គ្នាសុទ្ធតែចោមរោមខ្ញុំ។ ឥឡូវនេះ ដោយសារខ្ញុំលែងស្ថិតក្នុងតំណែងដ៏សំខាន់ទៀតហើយ គ្មាននរណាម្នាក់យកចិត្តទុកដាក់នឹងខ្ញុំឡើយ មនុស្សគ្រប់គ្នាមើលងាយខ្ញុំ ហើយអ្នករាល់គ្នាសុទ្ធតែបង្ហាញអាកប្បកិរិយាមិនល្អដាក់ខ្ញុំនៅពេលនិយាយជាមួយខ្ញុំ»។ តើពាក្យសម្ដីទាំងនេះមកពីណា? តើវាមិនមែនចាក់ឫសនៅក្នុងនិស្ស័យទុច្ចរិតរបស់ពួកទទឹងនឹងព្រះគ្រីស្ទទេឬអី? និស្ស័យទុច្ចរិតរបស់ពួកគេពោរពេញទៅដោយការធ្វើការដោះដូរជាមួយមនុស្ស និងព្រះជាម្ចាស់ ដោយមានការទាមទារពីព្រះជាម្ចាស់ និងពីមនុស្ស ហាក់ដូចជានិយាយថា «ខ្ញុំចាត់ចែងរឿងរ៉ាវសម្រាប់អ្នករាល់គ្នា ខ្ញុំលះបង់ខ្លួនឯង លះបង់តម្លៃ និងព្រួយបារម្ភជំនួសអ្នករាល់គ្នា ដូច្នេះ អ្នករាល់គ្នាត្រូវតែមករកខ្ញុំដោយការគោរព និងនិយាយជាមួយខ្ញុំដោយសុជីវធម៌។ ទោះបីជាខ្ញុំមានឋានៈ ឬអត់ក៏ដោយ អ្នករាល់គ្នាត្រូវតែចងចាំជានិច្ចនូវអ្វីៗទាំងអស់ដែលខ្ញុំបានធ្វើ ទុកខ្ញុំនៅក្នុងចិត្តរបស់អ្នករាល់គ្នារហូត ហើយកុំភ្លេចខ្ញុំឱ្យសោះ។ ការភ្លេចខ្ញុំមានន័យថាអ្នករាល់គ្នាគ្មានមនសិការឡើយ។ រាល់ពេលដែលអ្នករាល់គ្នាហូប ឬប្រើប្រាស់របស់ល្អៗ អ្នករាល់គ្នាត្រូវតែគិតដល់ខ្ញុំ ហើយខ្ញុំត្រូវតែមានអាទិភាពជានិច្ច»។ តើពួកទទឹងនឹងព្រះគ្រីស្ទមិនតែងតែធ្វើការទាមទារបែបនេះទេឬអី? (មែនហើយ។) មានមនុស្សដែលនិយាយថា «តើនរណាជាអ្នកបោះពុម្ពសៀវភៅបន្ទូលរបស់ព្រះជាម្ចាស់ដែលអ្នករាល់គ្នាអាន? តើនរណាជាអ្នកប្រគល់សៀវភៅទាំងនោះទៅក្នុងដៃរបស់អ្នក? ប្រសិនបើមិនមែនដោយសារខ្ញុំប្រថុយប្រថាន និងប្រឈមមុខនឹងគ្រោះថ្នាក់នៃការចាប់ខ្លួន ការដាក់ពន្ធនាគារ ឬការកាត់ទោសប្រហារជីវិតទេ តើអ្នករាល់គ្នាអាចអានសៀវភៅទាំងនេះបានដែរឬទេ? ប្រសិនបើមិនមែនដោយសារខ្ញុំស៊ូទ្រាំនឹងការលំបាក និងលះបង់តម្លៃដើម្បីស្រោចស្រពអ្នករាល់គ្នាទេ តើអ្នករាល់គ្នាអាចមានជីវិតពួកជំនុំបានដែរឬទេ? ប្រសិនបើមិនមែនដោយសារខ្ញុំស៊ូទ្រាំនឹងការរងទុក្ខ និងលះបង់តម្លៃដើម្បីផ្សាយដំណឹងល្អទេ តើពួកជំនុំអាចទទួលបានមនុស្សច្រើនយ៉ាងនេះដែរឬទេ? ប្រសិនបើមិនមែនដោយសារខ្ញុំប្រកបគ្នាជាមួយអ្នករាល់គ្នាអំពីព្រះបន្ទូលរបស់ព្រះជាម្ចាស់ពេញមួយថ្ងៃទេ តើអ្នករាល់គ្នាអាចមានសេចក្ដីជំនឿខ្លាំងបែបនេះដែរឬទេ? ប្រសិនបើមិនមែនដោយសារខ្ញុំរត់ចុះរត់ឡើងដើម្បីផ្ដល់ការគាំទ្រផ្នែកភស្តុភារដល់អ្នករាល់គ្នាទេ តើអ្នករាល់គ្នាអាចបំពេញភារកិច្ចរបស់អ្នករាល់គ្នាដោយសុខសាន្ដនៅពេលនេះបានដែរឬទេ? ប្រសិនបើមិនមែនដោយសារខ្ញុំចេញមុខនាំមុខគេទេ តើកិច្ចការរបស់ពួកជំនុំអាចអភិវឌ្ឍដល់កម្រិតដែលវាមាននៅពេលនេះបានដែរឬទេ?» តើអ្នករាល់គ្នាធ្លាប់ជួបមនុស្សបែបនេះដែរឬទេ? ពេលស្ដាប់ពាក្យសម្ដីរបស់ពួកគេ ហាក់ដូចជាបើគ្មានពួកគេទេ កិច្ចការនៃដំណាក់របស់ព្រះជាម្ចាស់មិនអាចដំណើរការទៅមុខបានឡើយ ហើយផែនដីនឹងឈប់វិលដែរ។ តើនេះមិនមែនជាផ្នត់គំនិតរបស់ពួកទទឹងនឹងព្រះគ្រីស្ទទេឬអី? តើអ្វីជាគោលបំណងរបស់ពួកគេក្នុងការស្រែកពាក្យសម្ដីទាំងនេះ? តើពួកគេកំពុងទាមទារគុណបំណាច់សម្រាប់រឿងរ៉ាវ ឬកំពុងទួញសោក និងត្អូញត្អែរ? ពួកគេជឿថា ដំណាក់របស់ព្រះជាម្ចាស់លែងត្រូវការពួកគេទៀតហើយ ថាបងប្អូនប្រុសស្រីលែងយកចិត្តទុកដាក់ចំពោះពួកគេ ថាដំណាក់របស់ព្រះជាម្ចាស់មិនយុត្តិធម៌ចំពោះមនុស្ស ថាដំណាក់របស់ព្រះជាម្ចាស់មិនចិញ្ចឹមផ្គត់ផ្គង់ពួកគេ មិនគោរពពួកគេ ឬមិនទុកឱ្យពួកគេរស់នៅទីនោះរហូតដល់ចាស់ឡើយ។ តើមិនមានធាតុផ្សំនៃការដាក់បណ្ដាសានៅក្នុងការស្រែករបស់ពួកគេដែរទេឬអី? ពួកគេកំពុងដាក់បណ្ដាសាអ្នកដទៃ ដោយនិយាយថាពួកគេគ្មានមនសិការ។ តើពួកទទឹងនឹងព្រះគ្រីស្ទពិតជាផ្ដល់ការបម្រើអ្វីខ្លះទៅ? អ្វីៗទាំងអស់ដែលពួកគេធ្វើ គឺបង្អាក់ និងរំខាន ហើយអ្វីៗទាំងអស់ដែលពួកគេនិយាយ គឺបំភាន់។ ពួកគេខ្វះភាពជាមនុស្ស ពួកគេគឺជាអារក្ស។ ហេតុអ្វីបានជានរណាម្នាក់គួរតែប្រើមនសិការចំពោះពួកគេ? តើការធ្វើបែបនេះមានប្រយោជន៍ដែរឬទេ? (ទេ។) ហេតុអ្វីបានជាវាមិនមានប្រយោជន៍? តើមនុស្សម្នាក់អាចយល់ពីសេចក្ដីពិតដោយការដើរតាមពួកគេបានដែរឬទេ? (ទេ។) តើមនុស្សគ្រប់គ្នាដែលថ្វាយបង្គំ និងដើរតាមពួកទទឹងនឹងព្រះគ្រីស្ទទទួលបានអ្វីខ្លះ? ពួកគេទាំងអស់គ្នាក្បត់ព្រះជាម្ចាស់រួមជាមួយពួកទទឹងនឹងព្រះគ្រីស្ទទាំងនេះ ហើយត្រូវបានពួកគេដឹកនាំទៅកាន់នរក។ តើពួកទទឹងនឹងព្រះគ្រីស្ទចាត់ទុកខ្លួនឯងជាអ្វី? (ពួកគេចាត់ទុកខ្លួនឯងជាព្រះជាម្ចាស់។) នេះគឺជាគំនិតដ៏គ្មានសេចក្ដីអៀនខ្មាស។ មនុស្សគួរតែមានមនសិការចំពោះព្រះជាម្ចាស់ ប៉ុន្តែព្រះជាម្ចាស់មិនដែលតម្រូវឱ្យមនុស្សធ្វើដូច្នេះឡើយ ព្រះអង្គគ្រាន់តែតម្រូវឱ្យមនុស្សយល់ពីសេចក្ដីពិត អាចអនុវត្តសេចក្ដីពិត និងទទួលបានសេចក្ដីសង្គ្រោះ ហើយធ្វើជាភាវៈដែលព្រះបានបង្កើត ដែលស្របតាមស្ដង់ដាប៉ុណ្ណោះ។ តើមានពេលណាដែលខ្ញុំធ្លាប់សុំឱ្យអ្នករាល់គ្នាគិតដល់ខ្ញុំ និងទុកអាហារខ្លះឱ្យខ្ញុំនៅពេលដែលអ្នករាល់គ្នាកំពុងហូបអាហារឆ្ងាញ់ៗ ឬគិតដល់ខ្ញុំនៅពេលដែលអ្នករាល់គ្នាកំពុងស្នាក់នៅកន្លែងល្អៗនោះ? នៅពេលដែលអ្នករាល់គ្នាកំពុងហូបឆ្ងាញ់ រស់នៅស្រួល និងសប្បាយរីករាយ តើមានពេលណាដែលខ្ញុំធ្លាប់មានអារម្មណ៍ច្រណែននោះ? តើមានពេលណាដែលខ្ញុំធ្លាប់និយាយថាអ្នករាល់គ្នាគ្មានមនសិការនោះ? ប៉ុន្តែ ពួកទទឹងនឹងព្រះគ្រីស្ទមានសមត្ថភាពនិយាយរឿងបែបនេះ និងដាក់បណ្ដាសាមនុស្សថាគ្មានមនសិការ តើនេះមិនមែនជាការគ្មានសេចក្ដីអៀនខ្មាសទេឬអី? នៅពេលដែលដំណាក់របស់ព្រះជាម្ចាស់ដកហូតតំណែងពីពួកគេ នៅពេលដែលបងប្អូនប្រុសស្រីលែងមានភាពក្លៀវក្លាចំពោះពួកគេដូចមុន ពួកគេមានសមត្ថភាពនិយាយរឿងបែបនេះ យំរៀបរាប់ពីការអាក់អន់ចិត្តរបស់ពួកគេ ហើយដាក់បណ្ដាសាមនុស្ស និងព្រះជាម្ចាស់។ រឿងគ្រប់បែបយ៉ាងអាចចេញពីមាត់របស់ពួកគេ ហើយធម្មជាតិជាអារក្សរបស់ពួកគេត្រូវបានបើកសម្ដែងយ៉ាងពេញលេញ។ ទាំងនេះគឺជាការសម្ដែងចេញផ្សេងៗដែលត្រូវបានបើកសម្ដែងដោយនិស្ស័យទុច្ចរិតរបស់ពួកទទឹងនឹងព្រះគ្រីស្ទ។ ដោយសារតែចិត្តរបស់ពួកគេពោរពេញទៅដោយការដោះដូរជាមួយព្រះជាម្ចាស់ នេះនាំឱ្យពួកគេដាក់សេចក្ដីតម្រូវ និងធ្វើការទាមទារផ្សេងៗពីព្រះអង្គ។ នៅពេលដែលពួកទទឹងនឹងព្រះគ្រីស្ទត្រូវបានដំឡើងឋានៈ ឬត្រូវបានដកហូតតំណែង នៅពេលដែលដំណាក់របស់ព្រះជាម្ចាស់ដាក់ពួកគេនៅក្នុងតំណែងដ៏សំខាន់ ឬមិនដាក់ពួកគេនៅក្នុងតំណែងនោះ ការសម្ដែងចេញផ្សេងៗទាំងអស់ដែលលេចចេញពីពួកគេ គឺទាក់ទងនឹងសារជាតិទុច្ចរិតរបស់ពួកគេ នេះគឺជាការពិតទាំងស្រុង។

ឆ. ការបដិសេធ ការថ្កោលទោស ធ្វើការវិនិច្ឆ័យ និងការប្រមាថ

បន្ទាប់មក ចូរយើងប្រកបគ្នាអំពីពាក្យថាការបដិសេធ ការថ្កោលទោស ធ្វើការវិនិច្ឆ័យ និងការប្រមាថ។ ដោយសារតែពោរពេញទៅដោយការសង្ស័យចំពោះព្រះជាម្ចាស់ ពួកទទឹងនឹងព្រះគ្រីស្ទមិនបង្ហាញចំណាប់អារម្មណ៍ចំពោះសេចក្ដីពិតណាមួយដែលព្រះជាម្ចាស់បានសម្ដែងចេញឡើយ។ ដួងចិត្តរបស់ពួកគេពោរពេញទៅដោយ ការស្អប់ខ្ពើម និងសេចក្ដីស្អប់ ហើយពួកគេមិនដែលទទួលស្គាល់ថាព្រះគ្រីស្ទគឺជាសេចក្ដីពិតឡើយ កុំថាឡើយនឹងបង្ហាញការចុះចូលណាមួយនោះ។ ដោយសារតែពួកគេតែងតែសង្ស័យ និងមានមន្ទិលចំពោះព្រះជាម្ចាស់នៅក្នុងចិត្តរបស់ពួកគេ ដោយតែងតែ បង្កើត សញ្ញាណ និងគំនិតផ្សេងៗអំពីសកម្មភាពរបស់ព្រះជាម្ចាស់ ពួកគេតែងតែវាយតម្លៃដោយមិនដឹងខ្លួន ដោយគិតថា៖ «តើព្រះជាម្ចាស់ពិតជាមានមែនឬ? តើ ទ្រង់មានន័យយ៉ាងណាចំពោះអ្វីដែលទ្រង់មានបន្ទូល? ប្រសិនបើបន្ទូលទាំងនេះត្រូវបានវាយតម្លៃពីទស្សនៈនៃចំណេះដឹង និងគោលលទ្ធិ តើបន្ទូលទាំងនេះគួរត្រូវបានយល់យ៉ាងដូចម្ដេច? តើព្រះជាម្ចាស់មានន័យយ៉ាងណានៅពេលនិយាយរឿងទាំងនេះ? តើទ្រង់មានន័យយ៉ាងណានៅពេលប្រើពាក្យនេះ? តើ ទ្រង់កំពុង មានបន្ទូលទៅកាន់នរណា?» ពួកគេស្រាវជ្រាវហើយស្រាវជ្រាវទៀត ហើយបន្ទាប់ពីការស៊ើបអង្កេតបែបនេះអស់រយៈពេលជាច្រើនឆ្នាំ ពួកគេនៅតែមិនអាចមើលឃើញសេចក្ដីពិតដ៏សំខាន់បំផុតនៅក្នុងព្រះបន្ទូលដែលព្រះជាម្ចាស់សម្ដែងចេញ និងកិច្ចការដែលទ្រង់ធ្វើ ពោលគឺថា ព្រះជាម្ចាស់គឺជាសេចក្ដីពិត ជាជីវិត និងជាផ្លូវ ពួកគេមិនអាចយល់ដឹង ឬមើលឃើញរឿងនេះឡើយ។ នៅពេលដែលមនុស្សនិយាយថា ព្រះបន្ទូលទាំងអស់របស់ព្រះជាម្ចាស់គឺជាសេចក្ដីពិត ពួកទទឹងនឹងព្រះគ្រីស្ទពិចារណា ហើយគិតថា៖ «ព្រះបន្ទូលទាំងអស់របស់ ទ្រង់គឺជាសេចក្ដីពិតឬ? តើវាមិនមែនគ្រាន់តែជាពាក្យសម្ដីធម្មតាៗទេឬអី? គ្រាន់តែជា សេចក្ដីថ្លែងការណ៍ធម្មតាៗទេតើ? គ្មានអ្វីជ្រាលជ្រៅអំពីវាទាល់តែសោះ»។ នៅពេលសម្លឹងមើលកិច្ចការរបស់ព្រះជាម្ចាស់ ពួកគេគិតថា៖ «ខ្ញុំមិនឃើញមានរស្មីនៃ ព្រះជាម្ចាស់ ចេញពីអ្វីដែលទ្រង់ធ្វើនៅក្នុងពួកជំនុំ ឬក្នុងចំណោមរាស្ដ្ររើសតាំងរបស់ ទ្រង់ឡើយ។ ពួកគេនិយាយថា ព្រះជាម្ចាស់មានអធិបតេយ្យភាពលើអ្វីៗទាំងអស់ ប៉ុន្តែខ្ញុំមិនអាចមើលឃើញនោះទេ។ មិនថាខ្ញុំមើលតាមរយៈកែវពង្រីក ឬកែវយឺតតារាសាស្ត្រក៏ដោយ ក៏ខ្ញុំមិនអាចមើលឃើញរូបរាងរបស់ ព្រះជាម្ចាស់ដែរ ហើយមិនថាខ្ញុំមើលយ៉ាងណាក៏ដោយ ក៏ខ្ញុំមិនអាចរកឃើញទង្វើរបស់ទ្រង់ដែរ។ ដូច្នេះ បច្ចុប្បន្ន ខ្ញុំមិនអាចបញ្ជាក់ ១០០% ថាតើ ព្រះជាម្ចាស់ពិតជាមានមែនឬក៏អត់នោះទេ។ ប៉ុន្តែប្រសិនបើខ្ញុំនិយាយថា ព្រះជាម្ចាស់មិនមានទេ ខ្ញុំធ្លាប់បានឮអំពីអត្ថិភាពនៃរឿងចម្លែក និងអព្ភូតហេតុ មួយចំនួននៅក្នុងពិភពលោក ដូច្នេះក្នុងករណី នោះ ព្រះជាម្ចាស់គួរតែមាន។ ប៉ុន្តែតើព្រះជាម្ចាស់ពិតជាមានរូបរាងយ៉ាងដូចម្ដេច? តើ ព្រះជាម្ចាស់ធ្វើការយ៉ាងដូចម្ដេច? ខ្ញុំមិនដឹងទេ។ វិធីសាមញ្ញបំផុតគឺត្រូវមើលថាតើ ព្រះជាម្ចាស់ធ្វើអ្វីខ្លះ និង មានបន្ទូលអ្វីខ្លះទៅកាន់អ្នកដែលដើរតាម ទ្រង់»។ តាមរយៈការសង្កេត ពួកគេឃើញថា ដំណាក់របស់ព្រះជាម្ចាស់តែងតែលួសកាត់មនុស្ស តែងតែដំឡើងឋានៈ និងដកហូតតំណែងមនុស្ស ហើយតែងតែចូលរួមក្នុង ការប្រកបគ្នា ការពិភាក្សា ការផ្លាស់ប្ដូរយោបល់ និងរឿងជាច្រើនទៀតជាមួយមនុស្ស អំពីភារកិច្ចផ្សេងៗ និងអំពីការងារដែលទាក់ទងនឹងវិជ្ជាជីវៈផ្សេងៗ។ ពួកគេគិតថា៖ «តើទាំងនេះមិនមែនសុទ្ធតែជារឿងដែលមនុស្សធ្វើទេឬ? គ្មានអ្វីអស្ចារ្យខុសពីធម្មតាទេ ពួកវាសុទ្ធតែជារឿងធម្មតាណាស់ ហើយខ្ញុំមិនអាចមើលឃើញ ឬទទួលអារម្មណ៍ថា វិញ្ញាណរបស់ ព្រះជាម្ចាស់កំពុងធ្វើការយ៉ាងដូចម្ដេចឡើយ។ ប្រសិនបើខ្ញុំមិនអាចទទួលអារម្មណ៍ពីវាបានទេ តើមិនអាចនិយាយបានទេឬថា កិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធមិនមានទេ? តើវាមិនមែនសុទ្ធតែត្រូវបានស្រមៃគិតនៅក្នុងស្មារតី និងនៅក្នុងគំនិតរបស់មនុស្សទេឬអី? ប្រសិនបើកិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធមិនមានទេ នោះតើវិញ្ញាណរបស់ ព្រះជាម្ចាស់ពិតជាមានមែនឬ? មើលទៅហាក់ដូចជាគួរឱ្យសង្ស័យដែរ។ ប្រសិនបើវិញ្ញាណរបស់ ព្រះជាម្ចាស់មិនមានទេ នោះតើ ព្រះជាម្ចាស់ពិតជាមានមែនឬ? វាពិបាកនឹងនិយាយណាស់»។ បន្ទាប់ពីមានបទពិសោធប្រាំឆ្នាំ ពួកគេមិនអាចឈានដល់ការបញ្ជាក់បានទេ ហើយបន្ទាប់ពីមានបទពិសោធដប់ឆ្នាំ ឬសូម្បីតែដប់ប្រាំឆ្នាំក៏ដោយ ក៏ពួកគេនៅតែមិនអាចបញ្ជាក់បានដដែល។ តើពួកគេជាមនុស្សប្រភេទណា? ពួកគេត្រូវបានបើកសម្ដែងឱ្យឃើញហើយ ពួកគេគឺជា ពួកអ្នកមិនជឿ។ ពួកអ្នកមិនជឿទាំងនេះនៅបណ្ដែតបណ្ដោយក្នុងព្រះដំណាក់របស់ព្រះជាម្ចាស់បែបនេះ ដោយគ្រាន់តែបណ្ដែតបណ្ដោយទៅតាមគេប៉ុណ្ណោះ។ ប្រសិនបើអ្នកដទៃកំពុងផ្សាយដំណឹងល្អ ពួកគេក៏ធ្វើវាដែរ។ ប្រសិនបើអ្នកដទៃកំពុងបំពេញភារកិច្ចរបស់ខ្លួន ពួកគេក៏ធ្វើដូច្នេះដែរ។ ប្រសិនបើពួកគេជួបប្រទះនឹងឱកាសសម្រាប់ការដំឡើងឋានៈ ពួកគេគិតថាពួកគេអាច «កាន់តំណែង» នៅក្នុង ដំណាក់របស់ព្រះជាម្ចាស់បាន ហើយដើម្បីតែឋានៈ ពួកគេអាចបញ្ចេញការ ខិតខំប្រឹងប្រែងខ្លះៗ។ ក្នុងពេលជាមួយគ្នានេះ ពួកគេក៏អាចប្រព្រឹត្តអំពើអាក្រក់ដោយឥតញញើត ដែលបង្កជាការបង្អាក់ និងការរំខានផងដែរ។ ប្រសិនបើពួកគេជាសមាជិកពួកជំនុំធម្មតាដែលគ្មានឋានៈអ្វីទេ ពួកគេអាចរកវិធីធ្វើការឱ្យតែរួចពីដៃ ដោយគ្រាន់តែធ្វើកិច្ចការខ្លះៗដើម្បីបង្អួតគេប៉ុណ្ណោះ។ នេះហើយជាអត្ថន័យនៃការ នៅបណ្ដែតបណ្ដោយ។ ហេតុអ្វីបានជាខ្ញុំនិយាយថា «រស់នៅបណ្ដែតបណ្ដោយ»? នៅក្នុងចិត្តរបស់ពួកគេ ពួកគេលាក់ទុកនូវការសង្ស័យ និងការបដិសេធចំពោះព្រះជាម្ចាស់ ដោយរក្សានូវអាកប្បកិរិយានៃការបដិសេធចំពោះអត្ថិភាព និងសារជាតិរបស់ព្រះជាម្ចាស់ ដែលនាំឱ្យពួកគេបំពេញភារកិច្ចរបស់ខ្លួនដោយស្ទាក់ស្ទើរនៅក្នុងដំណាក់របស់ព្រះជាម្ចាស់។ ពួកគេមិនយល់ទេ ហើយតែងតែគិតក្នុងចិត្តថា៖ «តើមានប្រយោជន៍អ្វីក្នុងការបំពេញភារកិច្ចរបស់ខ្ញុំ និងដើរតាមព្រះជាម្ចាស់តាមរបៀបនេះ? ខ្ញុំមិនមែនកំពុងរកលុយពីការងារ ឬរស់នៅក្នុងជីវិតធម្មតា ឡើយ។ យុវជនមួយចំនួនថែមទាំងលះបង់ពេញមួយជីវិតរបស់ពួកគេ ដើម្បីលះបង់ខ្លួនសម្រាប់ ព្រះជាម្ចាស់ទៀតផង ប៉ុន្តែតើពួកគេនឹងទទួលបានអ្វីមកវិញ? ដូច្នេះ ខ្ញុំនឹងសង្កេតមើលសិន។ ប្រសិនបើខ្ញុំពិតជាអាចស្វែងយល់ឱ្យដល់ឫសគល់នៃរឿងរ៉ាវ និងមើលឃើញក្ដីសង្ឃឹមនៃការទទួលបានព្រះពរ នោះវានឹងមិនឥតប្រយោជន៍ទេក្នុងការខិតខំប្រឹងប្រែង និងលះបង់ខ្លួនឯង។ ប្រសិនបើខ្ញុំមិនអាចទទួលបាន ព្រះបន្ទូលដ៏ត្រឹមត្រូវរបស់ព្រះជាម្ចាស់ទេ ឬមិនអាចស្វែងយល់ឱ្យដល់ឫសគល់នៃរឿងរ៉ាវទេ នោះវាមិនខាតបង់អ្វីទេក្នុងការរស់ នៅបណ្ដែតបណ្ដោយ។ យ៉ាងណាមិញ ខ្ញុំនឹងមិនហត់នឿយទេ ហើយខ្ញុំក៏មិនបានលះបង់ច្រើនពេកដែរ»។ តើនេះមិនមែនគ្រាន់តែជាការរស់នៅបណ្ដែតបណ្ដោយទេឬអី? ពួកគេគ្មានចិត្តស្មោះក្នុងអ្វីដែលពួកគេធ្វើឡើយ ពួកគេមិនអាចបន្តធ្វើអ្វីឱ្យជាប់លាប់ ឬធ្វើអ្វីឱ្យបានល្អឡើយ ហើយពួកគេមិនអាចបង់ថ្លៃយ៉ាងពិតប្រាកដបានឡើយ។ នេះហើយជាអត្ថន័យនៃការរស់នៅបណ្ដែតបណ្ដោយ។ ទោះបីជាពួកគេកំពុងរស់នៅបណ្ដែតបណ្ដោយក៏ដោយ ក៏គំនិតរបស់ពួកគេមិននៅទំនេរដែរ គឺពួកគេរវល់ខ្លាំងណាស់។ ពួកគេពោរពេញទៅដោយសញ្ញាណ និងគំនិតអំពីរឿងជាច្រើនដែលព្រះជាម្ចាស់ធ្វើ ហើយចំពោះរឿងជាច្រើនដែលមិនស្របតាមសញ្ញាណផ្ទាល់ខ្លួនរបស់ពួកគេ ពួកគេវាយតម្លៃរឿងទាំងនោះនៅក្នុងចិត្តរបស់ពួកគេ ដោយប្រើប្រាស់ចំណេះដឹង ច្បាប់ សីលធម៌សង្គម វប្បធម៌ប្រពៃណី និងអ្វីៗផ្សេងទៀត។ ទោះបីជាមានការវាយតម្លៃទាំងអស់នេះក៏ដោយ ក៏ពួកគេមិនត្រឹមតែមិនអាចមើលឃើញសេចក្ដីពិតតាមរយៈការវាយតម្លៃ ឬស្វែងរកគោលការណ៍នៃការអនុវត្តសេចក្ដីពិតប៉ុណ្ណោះទេ ប៉ុន្តែផ្ទុយទៅវិញ ពួកគេបែរជាបង្កើតនូវការថ្កោលទោស ការវិនិច្ឆ័យ និងសូម្បីតែការប្រមាថគ្រប់បែបយ៉ាងចំពោះព្រះជាម្ចាស់ និងកិច្ចការរបស់ទ្រង់ទៅវិញ។ តើពួកទទឹងនឹងព្រះគ្រីស្ទវិនិច្ឆ័យលើអ្វីមុនគេ? ពួកគេនិយាយថា៖ «កិច្ចការនៃ ដំណាក់របស់ ព្រះជាម្ចាស់ គឺសុទ្ធតែត្រូវបានសម្រេចដោយមនុស្ស គឺសុទ្ធតែធ្វើឡើងដោយមនុស្ស។ ខ្ញុំមិនអាចមើលឃើញ ព្រះជាម្ចាស់កំពុងធ្វើការ ឬព្រះវិញ្ញាណបរិសុទ្ធកំពុងដឹកនាំ និងណែនាំទាល់តែសោះ»។ តើនេះមិនមែនជាការលើកឡើងរបស់ពួកអ្នកមិនជឿទេឬអី? ការអះអាងថាអ្វីៗទាំងអស់ត្រូវបានធ្វើឡើងដោយមនុស្ស គឺបង្ហាញពីបញ្ហាជាច្រើន។ ឧទាហរណ៍ ប្រសិនបើ ដំណាក់របស់ព្រះជាម្ចាស់ជ្រើសរើស និងបណ្ដុះបណ្ដាលនរណាម្នាក់ដែលពួកគេមិនពេញចិត្ត នោះចិត្តរបស់ពួកគេនឹងប្រែជារឹងទទឹង។ តើពួកទទឹងនឹងព្រះគ្រីស្ទពិតជាអាចចុះចូលបានដែរឬទេ? (ទេ ពួកគេមិនអាចទេ។) ដូច្នេះ តើពួកគេនឹងធ្វើអ្វី? ពួកគេនឹងព្យាយាមបំផ្លាញវា។ ប្រសិនបើការបំផ្លាញនោះទទួលបរាជ័យ ហើយគ្មានបងប្អូនប្រុសស្រីណាម្នាក់ស្ដាប់ពួកគេ ឬគាំទ្រពួកគេទេ ពួកគេនឹងចាប់ផ្ដើមថ្កោលទោសវា ដោយនិយាយថា៖ «ដំណាក់របស់ ព្រះជាម្ចាស់គឺអយុត្តិធម៌ និងខ្វះគោលការណ៍នៅក្នុងការចាត់ចែងជាមួយជាមួយមនុស្ស។ មានសេះលឿនៗជាច្រើននៅក្នុងពិភពលោក ប៉ុន្តែមានមនុស្សតិចណាស់ដែលអាចស្គាល់ពួកវា»។ តើនេះមានន័យយ៉ាងណា? វាបង្កប់ន័យថា ពួកគេគឺជាសេះលឿនទាំងនោះ ប៉ុន្តែគួរឱ្យស្ដាយ ដំណាក់របស់ព្រះជាម្ចាស់គ្មាននរណាម្នាក់ដែលអាចស្គាល់ពួកគេ។ បន្ទាប់ពីថ្កោលទោសរឿងនេះ ដែលធ្វើឡើងដោយដំណាក់របស់ព្រះជាម្ចាស់ ដែលមិនស្របតាមសញ្ញាណរបស់ពួកគេ ពួកគេនឹងចាប់ផ្ដើមផ្សព្វផ្សាយរឿងរ៉ាវ ដូចជាពាក្យចចាមអារ៉ាមគ្មានមូលដ្ឋាន សញ្ញាណ និងភាពអវិជ្ជមាន។ ជាការពិតណាស់ ពាក្យសម្ដីទាំងអស់របស់ពួកគេនឹង សុទ្ធតែគ្រោតគ្រាត។ អ្នកខ្លះថែមទាំងអាចនិយាយថា៖ «មនុស្សទាំងនេះមានការអប់រំ មានរូបរាងស្អាត ហើយស្លៀកពាក់ស្អាតបាត និងមកពីទីក្រុង ចំណែកឯពួកយើងជាអ្នកស្រុកស្រែចម្ការ ពួកយើងមានទេពកោសល្យខ្លះៗ ប៉ុន្តែពួកយើងមិនអាច បង្ហាញពីខ្លួនយើង ឬទាក់ទងជាមួយខាងលើបានទេ វាមិនងាយស្រួលទេសម្រាប់ពួកយើងក្នុងការឡើងតំណែង។ អ្នកដែលត្រូវបានដំឡើងតំណែងនៅក្នុងដំណាក់របស់ ព្រះជាម្ចាស់ គឺសុទ្ធតែពូកែនិយាយ ពូកែនិយាយផ្គាប់ចិត្ត និងមានយុទ្ធសាស្ត្រ។ ម្យ៉ាងវិញទៀត ខ្ញុំមិនពូកែនិយាយ ឬមិនពូកែវោហារសព្ទទេ ហើយការមានត្រឹមតែទេពកោសល្យខាងក្នុង គឺគ្មានប្រយោជន៍ឡើយ។ ដូច្នេះ នៅក្នុងដំណាក់របស់ ព្រះជាម្ចាស់ ពាក្យដែលថា 'មានសេះលឿនជាច្រើន ប៉ុន្តែមានមនុស្សតិចណាស់ដែលអាចស្គាល់ពួកវា' គឺអនុវត្តដូចគ្នានៅក្នុងលោកីយ៍ដែរ»។ តើការសេចក្តីថ្លែងការណ៍នេះមានន័យយ៉ាងណា? តើវាមិនមែនជាការវិនិច្ឆ័យទេឬអី? ពួកគេវិនិច្ឆ័យលើកិច្ចការនៃដំណាក់របស់ព្រះជាម្ចាស់ ហើយផ្សព្វផ្សាយការវិនិច្ឆ័យរបស់ពួកគេនៅពីក្រោយខ្នង។ នៅក្នុងរបៀបដែលពួកគេប្រព្រឹត្តចំពោះព្រះជាម្ចាស់ កិច្ចការរបស់ទ្រង់ ការសម្ដែងចេញរបស់ទ្រង់ ព្រះបន្ទូលរបស់ទ្រង់ និស្ស័យរបស់ទ្រង់ និងរបៀបធ្វើការផ្សេងៗរបស់ទ្រង់ ពួកទទឹងនឹងព្រះគ្រីស្ទប្រើប្រាស់ចំណេះដឹង និង ទស្សនវិជ្ជា ដើម្បីវាយតម្លៃ ស្រាវជ្រាវ និងវែកញែកអំពីរឿងទាំងនោះ។ ទីបំផុត ពួកគេឈានដល់ការសន្និដ្ឋានដ៏ខុសឆ្គងមួយ។ ហេតុដូច្នេះហើយ ពួកគេមិនដែលទទួលយក ស្វែងយល់ ឬពិចារណាយ៉ាងយកចិត្តទុកដាក់នៅក្នុងចិត្តរបស់ពួកគេ នូវព្រះបន្ទូលណាមួយដែលព្រះជាម្ចាស់បានថ្លែងឡើយ។ ផ្ទុយទៅវិញ ពួកគេចាត់ទុកព្រះបន្ទូលរបស់ព្រះជាម្ចាស់គ្រាន់តែជាទ្រឹស្ដីមួយប្រភេទ ឬជាពាក្យពេចន៍ដែលស្ដាប់ទៅពីរោះប៉ុណ្ណោះ។ នៅពេលមានរឿងរ៉ាវកើតឡើង ពួកគេមិនយកព្រះបន្ទូលរបស់ព្រះជាម្ចាស់ជាមូលដ្ឋាន និងជាគោលការណ៍សម្រាប់របៀបដែលពួកគេមើលឃើញ កំណត់ និងវាស់ស្ទង់រឿងនីមួយៗឡើយ។ ផ្ទុយទៅវិញ ពួកគេប្រើប្រាស់ទស្សនៈរបស់មនុស្ស ព្រមទាំង ទស្សនវិជ្ជា និងទ្រឹស្ដីរបស់សាតាំង ដើម្បីវិនិច្ឆ័យរឿង ទាំងនេះ។ ការសន្និដ្ឋានដែលពួកគេទាញបាន គឺថាគ្មានអ្វីស្របតាមសញ្ញាណផ្ទាល់ខ្លួនរបស់ពួកគេឡើយ ហើយរាល់ព្រះបន្ទូលដែលព្រះជាម្ចាស់សម្ដែងចេញ និងរាល់សកម្មភាពដែលទ្រង់ធ្វើ គឺមិនត្រូវចិត្តរបស់ពួកគេទាំងអស់។ ទីបំផុត តាមទស្សនៈរបស់ពួកទទឹងនឹងព្រះគ្រីស្ទ អ្វីគ្រប់យ៉ាងដែលព្រះជាម្ចាស់ធ្វើ គឺត្រូវបានថ្កោលទោស។

ពួកទទឹងនឹងព្រះគ្រីស្ទមួយចំនួនតែងតែចង់កាន់អំណាចនៅក្នុងដំណាក់របស់ព្រះជាម្ចាស់ ប៉ុន្តែពួកគេខ្វះគុណសម្បត្តិ និងជំនាញពិសេស ដូច្នេះ ពួកគេចៀសមិនផុតពីការធ្វើកិច្ចការតូចតាចមួយចំនួននៅក្នុងដំណាក់របស់ព្រះជាម្ចាស់ ដូចជាការសម្អាត ការចែកចាយសម្ភារៈ និងកិច្ចការសាមញ្ញៗប្រចាំថ្ងៃផ្សេងទៀត។ សរុបមក មនុស្សប្រភេទនេះច្បាស់ជាមិនអាចក្លាយជាអ្នកដឹកនាំពួកជំនុំ អ្នកអធិប្បាយ ជាដើម។ ទោះជាយ៉ាងណាក៏ដោយ ពួកគេមិនស្កប់ស្កល់នឹងការធ្វើជាអ្នកដើរតាមធម្មតា ឬនឹងការធ្វើការងារដែលពួកគេចាត់ទុកថាមិនសូវសំខាន់នោះទេ ពីព្រោះពួកគេពោរពេញទៅដោយមហិច្ឆិតា។ តើការពោរពេញដោយមហិច្ឆិតា សម្ដែងចេញយ៉ាងដូចម្ដេច? ពួកគេចង់សាកសួរ ចង់សួរនាំ ចង់ដឹងឮ និងជាពិសេសគឺចង់ជ្រៀតជ្រែកក្នុងគ្រប់រឿងតូចធំនៅក្នុងដំណាក់របស់ព្រះជាម្ចាស់។ ប្រសិនបើមានការងារខ្លះដែលទាមទារកម្លាំងពលកម្មពីពួកគេ ពួកគេតែងតែសាកសួរថា៖ «តើការបោះពុម្ពសៀវភៅសម្រាប់ដំណាក់របស់ព្រះជាម្ចាស់យើង ដំណើរការទៅដល់ណាហើយ? តើការជ្រើសរើសអ្នកដឹកនាំរឿងភាពយន្តរបស់ពួកជំនុំយើង ដំណើរការទៅដល់ណាហើយ? តើនរណាជាអ្នកដឹកនាំរឿងបច្ចុប្បន្ន? តើនរណាកំពុងសរសេរអត្ថបទរឿង? តើនរណាជាអ្នកដឹកនាំតំបន់នៅទីនេះ ហើយតើពួកគេមានលក្ខណៈបែបណា?» តើពួកគេមានន័យយ៉ាងណានៅពេលសួរអំពីរឿងទាំងនេះ? តើពួកគេគួរសាកសួរ ឬពាក់ព័ន្ធក្នុងរឿងទាំងនេះដែរឬទេ? (ទេ ពួកគេមិនគួរទេ។) ទាំងនេះសុទ្ធតែជាកិច្ចការទូទៅដែលមិនពាក់ព័ន្ធនឹងសេចក្ដីពិតឡើយ។ ហេតុអ្វីបានជា «មនុស្សដែលមានបំណងល្អ» ទាំងនេះ តែងតែសួរនាំចុះឡើង? តើវាចេញពីក្ដីបារម្ភពិតប្រាកដ ឬក៏ពួកគេគ្រាន់តែគ្មានអ្វីល្អជាងនេះដើម្បីធ្វើ? មិនមែនទាំងពីរទេ គឺដោយសារតែពួកគេមានមហិច្ឆិតា ហើយចង់ឡើងឋានៈ និងដណ្ដើមអំណាច។ តើពួកគេអាចដឹងថា នេះគឺជាមហិច្ឆិតា និងជាបំណងប្រាថ្នាចង់ដណ្ដើមអំណាចដែរឬទេ? ទេ ពួកគេមិនអាចទេ ពួកគេខ្វះវិចារណញ្ញាណនោះ។ ដោយសារតែភាពជាមនុស្សដ៏គួរឱ្យស្អប់ខ្ពើម និងគុណសម្បត្តិខ្សោយរបស់ពួកគេ ពួកគេមិនអាចសម្រេចអ្វីបានឡើយ ឬសូម្បីតែបំពេញភារកិច្ចដ៏សាមញ្ញបំផុតឱ្យបានល្អក៏មិនបានផង។ ពេញមួយការបំពេញភារកិច្ចរបស់ពួកគេ ពួកគេតែងតែមានអាកប្បកិរិយាមិនល្អ ខ្ជិលច្រអូស ចូលចិត្តសម្រាក និងថែមទាំងសួរនាំអំពីរឿងផ្សេងៗទៀតផង។ ទីបំផុត ពួកគេត្រូវបានបោសសម្អាតចេញដោយសារតែការសម្ដែងចេញទាំងនេះ។ តើវាត្រឹមត្រូវដែរឬទេ ដែលដំណាក់របស់ព្រះជាម្ចាស់បោសសម្អាតពួកគេចេញ? (ត្រឹមត្រូវ។) តើពួកគេត្រូវបានបោសសម្អាតចេញដោយសារតែពួកគេខ្វល់ខ្វាយ និងចង់ដឹងចង់ឃើញខ្លាំងពេកមែនទេ? (ទេ មិនមែនទេ។) វាគឺដោយសារតែពួកគេមិនធ្វើកិច្ចការត្រឹមត្រូវ ហើយចង់រស់នៅពឹងលើដំណាក់របស់ព្រះជាម្ចាស់ជានិច្ច ទើបពួកគេត្រូវបានគេបញ្ជូនចេញ ហើយមិនអនុញ្ញាតឱ្យនៅអែអង់ទៀត។ ពួកគេមិនអាចធ្វើអ្វីឱ្យបានល្អឡើយ ដូច្នេះ ការរក្សាពួកគេទុកនាំតែបង្កបញ្ហា តើពួកគេមិនមែនជាអ្នកគ្មានជំនឿទេឬអី? តើពួកគេមិនគួរត្រូវបានបោសសម្អាតចេញទេឬអី? នៅពេលដល់ពេលដែលពួកគេត្រូវបោសសម្អាតចេញ ពួកគេមានការព្រួយបារម្ភ ហើយទើបតែពេលនោះទេ ដែលពួកគេស្វែងរកគោលការណ៍សេចក្ដីពិត ដោយសួរថា៖ «ខ្ញុំត្រូវតែស្វែងរកថាតើគោលការណ៍ពិតប្រាកដសម្រាប់ដំណាក់របស់ព្រះជាម្ចាស់ក្នុងការបោសសម្អាតមនុស្សចេញ និងបណ្ដេញពួកគេចេញ គឺជាអ្វី៖ តើខ្ញុំត្រូវបានបោសសម្អាតចេញដោយផ្អែកលើមូលដ្ឋានអ្វី?» អ្នកគួរតែឆ្លើយតបទៅពួកគេថា៖ «មនុស្សដូចជាអ្នក ដែលចូលចិត្តការសម្រាក និងស្អប់ការងារ បង្កការរំខាន និងការបំផ្លិចបំផ្លាញនៅក្នុងគ្រប់កិច្ចការដែលពួកគេធ្វើ គឺត្រូវនឹងគោលការណ៍ទាំងស្រុងសម្រាប់ការបោសសម្អាតចេញ»។ តើវាមិនហាក់ដូចជាគួរឱ្យអស់សំណើចណាស់ទេឬ ដែលពួកគេស្វែងរកគោលការណ៍នៃការបោសសម្អាតមនុស្សចេញ បន្ទាប់ពីបានធ្វើរឿងអាក្រក់ជាច្រើន ដោយមិនយល់ថាពួកគេជាមនុស្សប្រភេទណាផងនោះ? (មែនហើយ។) មនុស្សមួយចំនួនបែបនេះត្រូវបានបោសសម្អាតចេញ ខណៈពេលដែលអ្នកផ្សេងទៀតត្រូវបានបញ្ជូនទៅពួកជំនុំធម្មតា។ ពួកគេមិនស័ក្ដិសមសម្រាប់ការបំពេញភារកិច្ចនៅក្នុងដំណាក់របស់ព្រះជាម្ចាស់ឡើយ ហើយខ្វះលក្ខខណ្ឌដើម្បីបំពេញភារកិច្ចរបស់ពួកគេ។ តើបុគ្គលប្រភេទនេះអាចដឹងថា អ្វីដែលព្រះជាម្ចាស់បានធ្វើគឺស្របតាមសេចក្ដីពិតដែរឬទេ? ខ្ញុំហ៊ាននិយាយថា ពួកទទឹងនឹងព្រះគ្រីស្ទនឹងមិនដឹងឡើយ ពីព្រោះពួកគេគឺជាអ្នកគ្មានជំនឿ ហើយពួកគេថ្កោលទោស និងវិនិច្ឆ័យលើរឿងវិជ្ជមានណាមួយដែលស្របតាមសេចក្ដីពិត។ ពួកទទឹងនឹងព្រះគ្រីស្ទ ដែលតែងតែចង់សួរនាំចុះឡើង ពោរពេញទៅដោយមហិច្ឆិតា និងតែងតែស្វែងរកការឡើងឋានៈឱ្យកាន់តែខ្ពស់ ខណៈពេលដែលខ្វះចិត្តស្មោះ និងភាពស្មោះត្រង់ចំពោះការបំពេញភារកិច្ចផ្ទាល់ខ្លួនរបស់ពួកគេ បានអង្គុយនៅលើដី ហើយយំយ៉ាងខ្លាំង នៅពេលដែលពួកគេត្រូវបានបញ្ជូនចេញ។ ពួកគេនិយាយថា៖ «គ្មាននរណាម្នាក់យល់ពីចិត្តដែលមានបំណងល្អរបស់ខ្ញុំ ចិត្តស្មោះ និងភាពស្មោះត្រង់របស់ខ្ញុំឡើយ។ ហេតុអ្វីបានជាខ្ញុំត្រូវបានបញ្ជូនចេញ? ខ្ញុំរងភាពអយុត្តិធម៌ ហើយខ្ញុំមិនសុខចិត្តទេ! គ្មាននរណាម្នាក់ខ្វល់ខ្វាយចំពោះព្រះជាម្ចាស់បែបនេះទេ ហើយក៏គ្មាននរណាម្នាក់មានភាពស្មោះត្រង់នៅក្នុងដំណាក់របស់ព្រះជាម្ចាស់ដែរ។ សេចក្ដីខ្នះខ្នែងដ៏ធំធេង និងចិត្តល្អដ៏ធំធេងរបស់ខ្ញុំ ត្រូវបានគេចាត់ទុកថាជាចេតនាអាក្រក់ ព្រះជាម្ចាស់ពិតជាអយុត្តិធម៌ណាស់!» តើនេះមិនមែនជាការអះអាងថាខ្លួនគ្មានកំហុសទេឬអី? តើពាក្យសម្ដីណាមួយរបស់ពួកគេ ជារឿងដែលមនុស្សគួរនិយាយដែរឬទេ? តើមានពាក្យណាមួយដែលស្របតាមការពិតដែរឬទេ? (ទេ មិនមានទេ។) ពួកវាសុទ្ធតែជាពាក្យសម្ដីដែលគ្មានហេតុផល និងមិនសមទំនង ជាពាក្យសម្ដីរបស់អ្នកគ្មានជំនឿ ដែលពោរពេញទៅដោយការត្អូញត្អែរ ការថ្នាំងថ្នាក់ និងការថ្កោលទោស។ នេះគឺជាការដែលពួកគេត្រូវបានលាតត្រដាងឱ្យឃើញ។ ប្រសិនបើពួកគេមិនត្រូវបានបញ្ជូនចេញទេ ពួកគេនឹងបន្តការធ្វើពុតរបស់ពួកគេ ហើយប្រាថ្នាចង់ធ្វើជាម្ចាស់នៃដំណាក់របស់ព្រះជាម្ចាស់។ តើម្ចាស់នឹងមានអាកប្បកិរិយាបែបនេះដែរឬទេ? តើម្ចាស់នឹងផ្ទុះកំហឹងបែបនេះដែរឬទេ? តើម្ចាស់នឹងគ្រប់គ្រងដំណាក់របស់ព្រះជាម្ចាស់បែបនេះដែរឬទេ? ពួកគេត្រូវបានស្នើសុំឱ្យសម្អាត ប៉ុន្តែពួកគេដើរចុះដើរឡើងគ្រប់ទីកន្លែង ហើយមិនបានធ្វើការងារអ្វីសោះ។ ពួកគេត្រូវបានស្នើសុំឱ្យធ្វើម្ហូប ប៉ុន្តែពួកគេមិនសុខចិត្តធ្វើម្ហូបសូម្បីតែសម្រាប់មនុស្សពីរនាក់ផង។ ពួកគេខ្លាចហត់នឿយ ហើយគិតថាវាជាការងារថ្នាក់ទាប ចុះតើពួកគេអាចធ្វើអ្វីផ្សេងទៀតបាន? តើពួកគេមានសមត្ថភាពធ្វើអ្វីក្រៅពីធ្វើជាអ្នកដឹកនាំ និងចេញបញ្ជាដែរឬទេ? តើវាមិនសមហេតុផលទេឬ ដែលដំណាក់របស់ព្រះជាម្ចាស់បោសសម្អាតពួកគេចេញ? (សមហេតុផល។) វាសមហេតុផលទាំងស្រុង ប៉ុន្តែពួកគេនៅតែបន្តដាក់បណ្ដាសានៅពីក្រោយខ្នង ដោយផ្ទុះកំហឹង និងមានអាកប្បកិរិយាដូចជាស្ត្រីកោងកាច។ តើទាំងនេះមិនមែនជាពួកទទឹងនឹងព្រះគ្រីស្ទទេឬអី? នេះគឺជាការសម្ដែងចេញនៃសារជាតិនិស្ស័យរបស់ពួកទទឹងនឹងព្រះគ្រីស្ទ។ នៅពេលប្រឈមមុខនឹងរឿងរ៉ាវដែលមិនស្របតាមផលប្រយោជន៍ ឬចំណង់ចំណូលចិត្តរបស់ពួកគេ នៅពេលប្រឈមមុខនឹងរឿងដែលមិនបំពេញតាមបំណងប្រាថ្នា ឬចំណង់របស់ពួកគេ តើពួកគេចុះចូលសូម្បីតែបន្តិចដែរឬទេ? តើពួកគេអាចស្វែងរកសេចក្ដីពិតបានដែរឬទេ? តើពួកគេអាចស្ងប់ចិត្ត លន់តួបាបរបស់ពួកគេ និងប្រែចិត្តបានដែរឬទេ? ទេ ពួកគេមិនអាចទេ។ ប្រតិកម្មភ្លាមៗរបស់ពួកគេគឺ ក្រោកឈរឡើង ហើយស្រែកប្រឆាំងនឹងព្រះជាម្ចាស់ ដោយពោរពេញទៅដោយពាក្យសម្ដីនៃការថ្កោលទោស ការវិនិច្ឆ័យ ការប្រមាថ និងការដាក់បណ្ដាសា។ ពួកគេគិតថា៖ «ប្រសិនបើដំណាក់របស់ព្រះជាម្ចាស់មិនត្រូវការខ្ញុំទេ ក៏បានដែរ។ អ្នកមិនបង្ហាញសេចក្ដីមេត្តាករុណាទេ ដូច្នេះកុំបន្ទោសខ្ញុំថាជាមនុស្សគ្មានបេះដូងឱ្យសោះ។ ចូរយើងឈប់បន្ធូរដៃ ហើយមើលថាតើនរណាឃោរឃៅជាង!» តើនេះជាការសម្ដែងចេញនៃការស្វែងរកសេចក្ដីពិតដែរឬទេ? តើវាជាការសម្ដែងចេញដែលភាវៈធម្មតាដែលព្រះបានបង្កើតគួរតែមានដែរឬទេ? (ទេ មិនមែនទេ។) ចុះតើនេះជាការសម្ដែងចេញប្រភេទណា? តើអ្នកដែលជឿ និងដើរតាមព្រះជាម្ចាស់ពិតប្រាកដ គួរប្រព្រឹត្តចំពោះទ្រង់យ៉ាងដូចម្ដេច? ពួកគេត្រូវតែចុះចូលនឹងព្រះជាម្ចាស់យ៉ាងពិតប្រាកដ និងដោយគ្មានលក្ខខណ្ឌ។ មានតែសត្រូវរបស់ព្រះជាម្ចាស់ គឺសាតាំង និងពួកអារក្សប៉ុណ្ណោះ ដែលនឹងបដិសេធ ថ្កោលទោស វិនិច្ឆ័យ ប្រមាថ និងដាក់បណ្ដាសាព្រះជាម្ចាស់ រហូតដល់ថ្នាក់ស្រែកប្រឆាំង និងទាស់ទទឹងនឹងទ្រង់។ ទោះបីជាអ្នកមិនអាចទទួលយកការពិតនេះនៅពេលនេះ ហើយអាចរកហេតុផលមួយរយដើម្បីអះអាងថា ដំណាក់របស់ព្រះជាម្ចាស់បានប្រព្រឹត្តចំពោះអ្នកដោយអយុត្តិធម៌ក៏ដោយ ប្រសិនបើអ្នកមានវិចារណញ្ញាណ ភាពជាមនុស្ស និងសូម្បីតែការកោតខ្លាចព្រះជាម្ចាស់បន្តិចបន្តួច តើអ្នកអាចប្រព្រឹត្តចំពោះព្រះជាម្ចាស់តាមរបៀបនេះបានដែរឬទេ? ដាច់ខាតគឺមិនបានទេ! ប្រសិនបើនរណាម្នាក់អាចធ្វើបែបនោះបាន តើពួកគេមានមនសិការសូម្បីតែបន្តិចដែរឬទេ? តើពួកគេមានភាពជាមនុស្សដែរឬទេ? តើពួកគេមានការកោតខ្លាចព្រះជាម្ចាស់ដែរឬទេ? (ទេ ពួកគេមិនមានទេ។) ច្បាស់ណាស់ ពួកគេមិនមែនជាចៀមរបស់ព្រះជាម្ចាស់ឡើយ។ ពួកគេមិនដែលចាត់ទុកព្រះជាម្ចាស់ជាម្ចាស់របស់ពួកគេឡើយ ពួកគេមិនដែលចាត់ទុកព្រះជាម្ចាស់ជាព្រះជាម្ចាស់របស់ពួកគេទេ។ នៅក្នុងចិត្តរបស់ពួកគេ ព្រះជាម្ចាស់គឺជាសត្រូវរបស់ពួកគេ មិនមែនជាព្រះជាម្ចាស់របស់ពួកគេឡើយ។ សត្រូវរបស់ព្រះជាម្ចាស់គឺជាពួកទទឹងនឹងព្រះគ្រីស្ទ និងសាតាំង ផ្ទុយទៅវិញ ពួកទទឹងនឹងព្រះគ្រីស្ទគឺជាសត្រូវរបស់ព្រះជាម្ចាស់ ពួកគេគឺជាពួកសាតាំង និងពួកអារក្ស។ ពួកទទឹងនឹងព្រះគ្រីស្ទនឹងមិនទទួលយកអ្វីដែលព្រះជាម្ចាស់ធ្វើឡើយ ហើយនឹងមិននិយាយថាអាម៉ែនចំពោះព្រះបន្ទូលណាមួយដែលព្រះជាម្ចាស់បានថ្លែងឡើយ។ នេះគឺជាសារជាតិរបស់សត្រូវរបស់ព្រះជាម្ចាស់ គឺសាតាំង ហើយនេះគឺជាសារជាតិពីធម្មជាតិរបស់ពួកទទឹងនឹងព្រះគ្រីស្ទ។ ដោយគ្មានវិចារណញ្ញាណពួកគេមានភាពប្រទូសរ៉ាយចំពោះព្រះជាម្ចាស់ ហើយដោយគ្មានវិចារណញ្ញាណពួកគេមានសមត្ថភាពក្នុងការថ្កោលទោសព្រះជាម្ចាស់។ តើនេះមិនមែនជាសេចក្ដីទុច្ចរិតទេឬអី? នេះគឺជាសេចក្ដីទុច្ចរិតទាំងស្រុង។

និស្ស័យរបស់ពួកទទឹងនឹងព្រះគ្រីស្ទទាំងនេះ មានកម្រិតខុសៗគ្នានៅក្នុងមនុស្សម្នាក់ៗ ប៉ុន្តែតាមរយៈការលាតត្រដាងឱ្យឃើញនូវនិស្ស័យទាំងនេះ និងផ្លូវដែលមនុស្សជ្រើសរើសនៅពេលដែលពួកគេជឿ តើអ្នករាល់គ្នាអាចវាយតម្លៃបានទេថា នរណាជាពួកទទឹងនឹងព្រះគ្រីស្ទ នរណាជាអ្នកធ្វើការដោយកម្លាំង ហើយនរណាជារាស្ដ្ររើសតាំងរបស់ព្រះជាម្ចាស់ដែលអាចត្រូវបានសង្គ្រោះ? (ខណៈពេលដែលពួកគេទាំងអស់គ្នាសម្ដែងចេញនូវនិស្ស័យរបស់ពួកទទឹងនឹងព្រះគ្រីស្ទ មនុស្សមួយចំនួន បន្ទាប់ពីបញ្ចេញឱ្យឃើញនូវនិស្ស័យពុករលួយរបស់ពួកគេ ពួកគេមានមនសិការ មានអារម្មណ៍ថាខ្លួនមានកំហុស អាចប្រែចិត្ត និងអាចអនុវត្តសេចក្ដីពិតបាន ទាំងនេះគឺជាអ្នកដែលអាចត្រូវបានសង្គ្រោះ។ ទោះជាយ៉ាងណាក៏ដោយ អ្នកដែលគ្មានមនសិការ ដែលគិតថាខ្លួនឯងត្រឹមត្រូវ សូម្បីតែបន្ទាប់ពីធ្វើខុសក៏ដោយ ក៏នៅតែរឹងទទឹងមិនព្រមប្រែចិត្ត ហើយបដិសេធសេចក្ដីពិតទាំងស្រុង មនុស្សទាំងនេះគឺជាពួកទទឹងនឹងព្រះគ្រីស្ទ ហើយគ្មានឱកាសទទួលបានសេចក្ដីសង្គ្រោះឡើយ។) តើការលើកឡើងទាំងពីរនេះត្រឹមត្រូវដែរឬទេ? (ត្រឹមត្រូវ។) អ្វីដែលទើបតែបាននិយាយ គឺត្រឹមត្រូវជាមូលដ្ឋាន ប៉ុន្តែវាមិនទាន់ជាក់លាក់គ្រប់គ្រាន់ទេ។ ទោះបីជាពួកគេក៏មាននិស្ស័យរបស់ពួកទទឹងនឹងព្រះគ្រីស្ទក៏ដោយ នៅពេលដែលមនុស្សមួយចំនួនប្រឈមមុខនឹងស្ថានភាពផ្សេងៗ ពួកគេមានសមត្ថភាពក្នុងការស្វែងរកសេចក្ដីពិត បះបោរប្រឆាំងនឹងសាច់ឈាម មានអារម្មណ៍សោកស្ដាយបន្ទាប់ពីស្គាល់និស្ស័យពុករលួយរបស់ពួកគេ មានអារម្មណ៍ជំពាក់គុណ ត្រឡប់ក្រោយ អនុវត្តស្របតាមគោលការណ៍សេចក្ដីពិត ជ្រើសរើសផ្លូវត្រូវ ជ្រើសរើសអនុវត្តសេចក្ដីពិត ហើយទីបំផុតទទួលបានការយល់ដឹងអំពីសេចក្ដីពិត និងចូលទៅក្នុងតថភាពនៃសេចក្ដីពិត ដោយសម្រេចបាននូវការចុះចូលនឹងព្រះជាម្ចាស់។ មនុស្សបែបនេះអាចត្រូវបានសង្គ្រោះ ហើយជារាស្ដ្ររើសតាំងរបស់ព្រះជាម្ចាស់។ មានមនុស្សមួយប្រភេទទៀត ដែលដឹងថាពួកគេមាននិស្ស័យរបស់ពួកទទឹងនឹងព្រះគ្រីស្ទ ប៉ុន្តែពួកគេមិនពិនិត្យពិច័យខ្លួនឯងទេ នៅពេលប្រឈមមុខនឹងស្ថានភាពផ្សេងៗ។ នៅពេលដែលពួកគេដឹងថា ពួកគេបានធ្វើអ្វីមួយខុស ពួកគេមិនមានការយល់ដឹងពិតប្រាកដណាមួយឡើយ មិនអាចកើតមានអារម្មណ៍ជំពាក់គុណខ្លាំងនៅក្នុងចិត្តឡើយ មិនមានសមត្ថភាពក្នុងការប្រែចិត្ត ឬត្រឡប់ក្រោយឡើយ ហើយមានភាពច្របូកច្របល់អំពីសេចក្ដីពិត និងសេចក្ដីសង្គ្រោះ។ នៅក្នុងដំណាក់របស់ព្រះជាម្ចាស់ ពួកគេសុខចិត្ត និងស្ម័គ្រចិត្តធ្វើការដោយកម្លាំង ពួកគេអាចធ្វើអ្វីក៏បានដែលគេស្នើសុំ ប៉ុន្តែពួកគេមិនធ្វើវាដោយយកចិត្តទុកដាក់ឡើយ។ ជួនកាល ពួកគេអាចបង្កការបង្អាក់ និងការរំខាន ប៉ុន្តែពួកគេមិនមែនជាមនុស្សអាក្រក់ទេ។ ពួកគេអាចទទួលយកការលួសកាត់ ប៉ុន្តែពួកគេមិនដែលស្វែងរកសេចក្ដីពិតយ៉ាងសកម្មនៅពេលធ្វើអ្វីៗ ឬធ្វើតាមគោលការណ៍សេចក្ដីពិតនៅពេលដោះស្រាយរឿងរ៉ាវឡើយ។ ពួកគេមិនចាប់អារម្មណ៍នឹងការហូប និងផឹកព្រះបន្ទូលរបស់ព្រះជាម្ចាស់ ហើយក៏មិនចាប់អារម្មណ៍នឹងសេចក្ដីពិតដែរ។ ខណៈពេលដែលពួកគេអាចខិតខំប្រឹងប្រែងបំពេញភារកិច្ចរបស់ពួកគេបានសមរម្យ ពួកគេខ្វះភាពខ្នះខ្នែងនៅពេលនិយាយដល់ការដេញតាមសេចក្ដីពិត ហើយគ្មានចំណាប់អារម្មណ៍ក្នុងការធ្វើបែបនេះទេ។ ពួកគេមិនបង្ហាញភាពស្មោះត្រង់ណាមួយនៅក្នុងការបំពេញភារកិច្ចរបស់ពួកគេឡើយ បើប្រៀបធៀបទៅ ពួកគេបង្ហាញឆន្ទៈ និងចិត្តស្មោះខ្លះៗប៉ុណ្ណោះ។ ពួកគេអាចស្គាល់និស្ស័យពុករលួយផ្សេងៗ ប៉ុន្តែពួកគេមិនដែលឆ្លុះបញ្ចាំងពីខ្លួនឯងនៅពេលប្រឈមមុខនឹងស្ថានភាពផ្សេងៗឡើយ ហើយមិនដេញតាមការក្លាយជានរណាម្នាក់ដែលអាចយល់ពីសេចក្ដីពិត និងអនុវត្តវាបានឡើយ។ ទាំងនេះគឺជាអ្នកធ្វើការដោយកម្លាំង។ ប្រភេទចុងក្រោយគឺពួកទទឹងនឹងព្រះគ្រីស្ទ។ ពួកគេគឺជាសត្រូវរបស់ព្រះជាម្ចាស់ សេចក្ដីពិត និងរឿងវិជ្ជមាន។ ដួងចិត្តរបស់ពួកគេពោរពេញទៅដោយសេចក្ដីទុច្ចរិត ការស្រែកប្រឆាំងនឹងព្រះជាម្ចាស់ ការទាស់ទទឹងនឹងព្រះជាម្ចាស់ និងការថ្កោលទោស ការវិនិច្ឆ័យ ព្រមទាំងការប្រមាថចំពោះយុត្តិធម៌ រឿងវិជ្ជមាន និងសេចក្ដីពិត។ ពួកគេមិនជឿលើអត្ថិភាពរបស់ព្រះជាម្ចាស់ លើអធិបតេយ្យភាពរបស់ទ្រង់លើអ្វីៗទាំងអស់ឡើយ ហើយរឹតតែមិនសុខចិត្តឱ្យព្រះជាម្ចាស់មានអធិបតេយ្យភាពលើជោគវាសនារបស់មនុស្សជាតិទៀតផង។ ពួកគេមិនដែលយល់ពីខ្លួនឯងឡើយ ហើយមិនថាពួកគេប្រព្រឹត្តកំហុស ឬអំពើរំលងប៉ុន្មានដងក៏ដោយ ក៏ពួកគេមិនដែលទទួលស្គាល់ ប្រែចិត្ត ឬត្រឡប់ក្រោយឡើយ។ ពួកគេខ្វះវិប្បដិសារីនៅក្នុងចិត្តរបស់ពួកគេ ហើយពួកគេបដិសេធសេចក្ដីពិតទាំងស្រុង។ ទាំងនេះគឺជាពួកទទឹងនឹងព្រះគ្រីស្ទ។ ការវាយតម្លៃថានរណាម្នាក់មានអាកប្បកិរិយាទទួលយកសេចក្ដីពិតឬអត់ជាទូទៅអាចកំណត់បានត្រឹមត្រូវថាពួកគេជាមនុស្សប្រភេទណា។ តើអ្នករាល់គ្នាស្ថិតក្នុងប្រភេទមួយណា? តើអ្នករាល់គ្នាស្ថិតក្នុងចំណោមរាស្ដ្ររើសតាំងរបស់ព្រះជាម្ចាស់ដែលអាចត្រូវបានសង្គ្រោះ ឬតើអ្នករាល់គ្នាជាពួកទទឹងនឹងព្រះគ្រីស្ទ ឬជាអ្នកធ្វើការដោយកម្លាំង? តើអ្នករាល់គ្នាកំពុងផ្លាស់ប្ដូរទៅរកប្រភេទទីមួយ ឬតើអ្នករាល់គ្នាមិនស្ថិតក្នុងប្រភេទណាមួយក្នុងចំណោមប្រភេទទាំងនេះទេ? គ្មាននរណាម្នាក់ដែលមិនស្ថិតក្នុងប្រភេទណាមួយក្នុងចំណោមប្រភេទទាំងនេះទេ៖ មនុស្សគ្រប់រូបស្ថិតក្នុងប្រភេទណាមួយក្នុងចំណោមប្រភេទទាំងបីនេះ។ មនុស្សអាក្រក់ដែលខ្វះភាពជាមនុស្ស គឺជាអ្នកដែលមានសារជាតិរបស់ពួកទទឹងនឹងព្រះគ្រីស្ទ។ អ្នកដែលមានភាពជាមនុស្សខ្លះៗ ដែលមានមនសិការ និងវិចារណញ្ញាណ ក៏ដូចជាមានចរិតលក្ខណៈល្អគួរសម ដែលអាចដេញតាមសេចក្ដីពិត ស្រឡាញ់រឿងវិជ្ជមាន និងស្រឡាញ់សេចក្ដីពិត ហើយដែលកោតខ្លាចព្រះជាម្ចាស់ និងអាចចុះចូលនឹងទ្រង់ អាចត្រូវបានសង្គ្រោះ ពួកគេជារាស្ដ្ររើសតាំងរបស់ព្រះជាម្ចាស់។ អ្នកដែលមានចរិតលក្ខណៈមធ្យម មិនល្អពេក ហើយក៏មិនអាក្រក់ពេក ដែលខ្វះចំណាប់អារម្មណ៍លើសេចក្ដីពិត និងមិនមានឆន្ទៈទាល់តែសោះក្នុងការដេញតាមវា ប៉ុន្តែបំពេញភារកិច្ចរបស់ពួកគេដោយចិត្តស្មោះខ្លះៗ គឺជាអ្នកធ្វើការដោយកម្លាំង។ នេះគឺជាស្ដង់ដារសម្រាប់ការវាយតម្លៃ។ តើពួកទទឹងនឹងព្រះគ្រីស្ទអាចក្លាយជាអ្នកធ្វើការដោយកម្លាំងបានដែរឬទេ? (ទេ មិនអាចទេ។) ចុះតើមានមនុស្សមួយប្រភេទក្នុងចំណោមអ្នកធ្វើការដោយកម្លាំង ដែលអាចក្លាយជារាស្ដ្ររើសតាំងរបស់ព្រះជាម្ចាស់បានដែរឬទេ? (មាន។) តើមានចន្លោះសម្រាប់ការផ្លាស់ប្ដូរអ្វីខ្លះនៅទីនេះ? (ពួកគេត្រូវដេញតាមសេចក្ដីពិត។) ប្រហែលជា នៅពេលដែលពួកគេបានជឿអស់រយៈពេលកាន់តែច្រើនឆ្នាំ បទពិសោធ និងការជួបប្រទះកាន់តែច្រើន ព្រមទាំងការយល់ដឹងអំពីសេចក្ដីពិតកាន់តែច្រើន ពួកគេបន្តិចម្ដងៗផ្លាស់ប្ដូរពីដំណាក់កាលនៃការធ្វើការដោយកម្លាំង ទៅជារាស្ដ្ររើសតាំងរបស់ព្រះជាម្ចាស់។ ពីព្រោះនៅពេលនេះ ការយល់ដឹងរបស់ពួកគេអំពីសេចក្ដីពិតគឺមានតិចតួច ហើយសេចក្ដីជំនឿរបស់ពួកគេលើព្រះជាម្ចាស់គឺមានតិចតួចណាស់ ពួកគេមានចំណាប់អារម្មណ៍តិចតួចក្នុងការបំពេញភារកិច្ចរបស់ពួកគេ និងការអនុវត្តសេចក្ដីពិត។ ពួកគេខ្វះកម្ពស់ដើម្បីដេញតាមសេចក្ដីពិត ហើយមិនអាចបោះបង់មហិច្ឆិតា និងបំណងប្រាថ្នារបស់ពួកគេ រួមទាំងតម្រូវការផ្សេងៗទៀតរបស់សាច់ឈាមឡើយ។ ហេតុដូច្នេះហើយ ពួកគេអាចស្ថិតក្នុងដំណាក់កាលនៃការធ្វើការដោយកម្លាំងសម្រាប់ពេលនេះប៉ុណ្ណោះ។ ទោះជាយ៉ាងណាក៏ដោយ និយាយដោយប្រៀបធៀបទៅ មនុស្សទាំងនេះមានមនសិការ និងស្រឡាញ់រឿងវិជ្ជមាន។ នៅពេលដែលពួកគេបន្តិចម្ដងៗយល់ពីសេចក្ដីពិត មជ្ឈដ្ឋានរបស់ពួកគេផ្លាស់ប្ដូរ ពួកគេជឿលើព្រះជាម្ចាស់បានយូរជាងមុន មានបទពិសោធកាន់តែស៊ីជម្រៅ ហើយពួកគេកើតមានសេចក្ដីជំនឿពិតប្រាកដលើព្រះជាម្ចាស់ ពួកគេក៏បន្តិចម្ដងៗមើលឃើញសេចក្ដីពិត និងរឿងវិជ្ជមានកាន់តែច្បាស់ ផ្លូវដែលពួកគេគួរដេញតាមកាន់តែច្បាស់ ពួកគេចាប់ផ្ដើមចាប់អារម្មណ៍នឹងសេចក្ដីពិត ហើយពួកគេស្រឡាញ់សេចក្ដីពិតកាន់តែខ្លាំងឡើងៗ។ មនុស្សបែបនេះអាចបន្តិចម្ដងៗចាប់ផ្ដើមដើរលើផ្លូវនៃសេចក្ដីសង្គ្រោះ និងក្លាយជារាស្ដ្ររើសតាំងរបស់ព្រះជាម្ចាស់។ ពួកគេមានចន្លោះសម្រាប់ការកែលម្អ និងការផ្លាស់ប្ដូរ។ ម្យ៉ាងវិញទៀត ការនិយាយថា អ្នកដែលមានសារជាតិរបស់ពួកទទឹងនឹងព្រះគ្រីស្ទអាចក្លាយជារាស្ដ្ររើសតាំងរបស់ព្រះជាម្ចាស់ និងត្រូវបានសង្គ្រោះ គឺមិនត្រឹមត្រូវទេ ពីព្រោះសារជាតិរបស់ពួកទទឹងនឹងព្រះគ្រីស្ទ គឺជាសារជាតិរបស់ពួកអារក្ស និងសត្រូវរបស់ព្រះជាម្ចាស់ ពួកទទឹងនឹងព្រះគ្រីស្ទមិនអាចផ្លាស់ប្ដូរបានឡើយ។

យើងទើបតែបានប្រកបគ្នាអំពីការបដិសេធ ការថ្កោលទោស ធ្វើការវិនិច្ឆ័យ និងការប្រមាថ ចេញពីសារជាតិនិស្ស័យទុច្ចរិតរបស់ពួកគេ ដែលពួកគេបញ្ចេញឱ្យឃើញនៅក្នុងរបៀបដែលពួកគេប្រព្រឹត្តចំពោះព្រះជាម្ចាស់ និងកិច្ចការរបស់ព្រះអង្គ។ រាល់ពេលដែលមានរឿងអ្វីមួយផ្ទុយនឹងសញ្ញាណរបស់ពួកគេ ឬប៉ះពាល់ដល់ផលប្រយោជន៍របស់ពួកគេ ប្រតិកម្មភ្លាមៗរបស់ពួកទទឹងនឹងព្រះគ្រីស្ទ គឺក្រោកឈរឡើង ទាស់ទទឹង និងថ្កោលទោសវា ដោយនិយាយថា៖ «នេះគឺខុស នេះគឺធ្វើឡើងដោយមនុស្ស ហើយខ្ញុំនឹងមិនចុះចូលនឹងវាឡើយ។ ខ្ញុំនឹងដាក់ពាក្យបណ្ដឹង និងស្វែងរកភស្តុតាងដើម្បីបំភ្លឺរឿងនេះឱ្យច្បាស់។ ខ្ញុំនឹងប្រកាសពីជំហររបស់ខ្ញុំ ការពារខ្លួនខ្ញុំ ស្រាវជ្រាវឱ្យដឹងដើមចមទាំងស្រុងនៃរឿងនេះ ហើយមើលថាតើនរណាជាអ្នកបង្កបញ្ហានៅកណ្ដាលរឿងនេះ ដែលជាអ្នកបំផ្លាញកេរ្តិ៍ឈ្មោះដ៏ល្អរបស់ខ្ញុំ និងកិច្ចការល្អៗដែលខ្ញុំកំពុងដំណើរការ»។ ឃ្លាដែលថា «ចេតនាល្អរបស់ព្រះជាម្ចាស់មាននៅក្នុងគ្រប់ការទាំងអស់» ក្លាយជាសេចក្ដីថ្លែងការណ៍ទទេៗនៅក្នុងចិត្តរបស់ពួកទទឹងនឹងព្រះគ្រីស្ទ ដែលមិនអាចណែនាំ ឬផ្លាស់ប្ដូរមធ្យោបាយ វិធីសាស្ត្រ និងគោលការណ៍ក្នុងការប្រព្រឹត្តរបស់ពួកគេបានឡើយ។ ផ្ទុយទៅវិញ ពួកគេពឹងផ្អែកលើអ្វីដែលមានជាប់តាមធម្មជាតិក្នុងខ្លួនពួកគេនៅពេលដែលពួកគេជួបប្រទះនឹងស្ថានភាពណាមួយ ដោយគិតពីគ្រប់វិធីសាស្ត្រ និងប្រើប្រាស់សមត្ថភាព ព្រមទាំងយុទ្ធសាស្ត្រទាំងអស់របស់ពួកគេដើម្បីធ្វើសកម្មភាព។ គ្មានការសង្ស័យឡើយថា អ្វីដែលពួកគេធ្វើ គឺជាការថ្កោលទោស ការវិនិច្ឆ័យ និងការប្រមាថចំពោះព្រះជាម្ចាស់។ គំនិតរបស់មនុស្សពោរពេញទៅដោយតក្កវិជ្ជា និងគំនិតរបស់សាតាំង ដោយគ្មានសេចក្ដីពិតបន្តិចណាឡើយ។ ហេតុដូច្នេះហើយ នៅពេលប្រឈមមុខនឹងរឿងបែបនេះ ការសម្ដែងចេញរបស់ពួកទទឹងនឹងព្រះគ្រីស្ទដូចការសម្ដែងចេញរបស់សាតាំង៖ សាតាំងប្រព្រឹត្តចំពោះព្រះជាម្ចាស់យ៉ាងណា ពួកទទឹងនឹងព្រះគ្រីស្ទក៏ប្រព្រឹត្តចំពោះព្រះអង្គតាមរបៀបដូចគ្នាដែរ ហើយសាតាំងប្រើប្រាស់មធ្យោបាយ ឬពាក្យសម្ដីអ្វីចំពោះព្រះជាម្ចាស់ ពួកទទឹងនឹងព្រះគ្រីស្ទក៏ប្រើប្រាស់ដូចគ្នាដែរ។ តាមរបៀបនេះ សារជាតិទុច្ចរិតរបស់ពួកទទឹងនឹងព្រះគ្រីស្ទដែលជាសត្រូវរបស់ព្រះជាម្ចាស់ គឺជារឿងដែលមិនបាច់និយាយឡើយ។ សូម្បីតែអ្នកដែលទើបតែជឿលើព្រះជាម្ចាស់បានមួយ ឬពីរថ្ងៃ តើពួកគេយល់ពីភាពខុសគ្នារវាងមនុស្ស និងព្រះជាម្ចាស់នៅក្នុងការគិត និងភាពមានវិចារណញ្ញាណរបស់មនុស្សធម្មតារបស់ពួកគេដែរឬទេ? (មែនហើយ ពួកគេយល់។) ក្នុងនាមជាមនុស្សពេញវ័យដែលមានភាពជាមនុស្សធម្មតា តើពួកគេដឹងនៅក្នុងចិត្តរបស់ពួកគេពីរបៀបប្រព្រឹត្តចំពោះព្រះជាម្ចាស់ដែរឬទេ? (ដឹង។) តើមានស្ដង់ដារនៅក្នុងភាពមានវិចារណញ្ញាណរបស់មនុស្ស សម្រាប់របៀបដ៏ស័ក្ដិសមបំផុត និងល្អបំផុតក្នុងការប្រព្រឹត្តចំពោះបុគ្គលដែលខ្លួនថ្វាយបង្គំដែរឬទេ? (មាន។) មនុស្សមានទំនោរឱនលំទោន និងបន្ទាបខ្លួន និយាយពាក្យផ្អែមល្ហែមឱ្យពួកគេស្ដាប់ និងផ្គាប់ផ្គុនពួកគេ ទោះបីជាបុគ្គលនោះវាយ ឬជេរប្រមាថពួកគេក៏ដោយ ក៏ពួកគេស្វែងរកវិធីដើម្បីទន់ខ្លួន និងស្ដាប់បង្គាប់ដែរ។ ដូច្នេះ នៅពេលនិយាយដល់ឪពុកម្ដាយរបស់ពួកគេ តើមនុស្សដឹងពីរបៀបបង្ហាញការគោរព និងសេចក្ដីស្រឡាញ់ ហើយដឹងថាអាកប្បកិរិយាបែបណាជាការធ្វើឱ្យពួកគេឈឺចាប់ និងជាការស្អប់ពួកគេដែរឬទេ? តើមានស្ដង់ដារសម្រាប់វាយតម្លៃរឿងនេះដែរឬទេ? (មាន។) នេះបញ្ជាក់ថា មនុស្ស ដែលជាភាវៈមានជីវិតគ្របដណ្ដប់ដោយស្បែកមនុស្ស គឺខុសពីសត្វ និងខ្ពង់ខ្ពស់ជាងពួកវា។ អ្នកដឹងពីរបៀបគោរព និងស្រឡាញ់ឪពុកម្ដាយរបស់អ្នក ចុះហេតុអ្វីបានជាអ្នកមិនដឹងពីរបៀបប្រព្រឹត្តចំពោះព្រះជាម្ចាស់ដោយសេចក្ដីស្រឡាញ់ និងការគោរព? តើអ្នកអាចប្រព្រឹត្តចំពោះព្រះជាម្ចាស់បែបនេះបានដោយរបៀបណា? ការថ្កោលទោស និងការវិនិច្ឆ័យតាមតែអំពើចិត្ត ការហ៊ានប្រមាថ និងដាក់បណ្ដាសាតាមតែអំពើចិត្ត តើនេះជាអ្វីដែលមនុស្សធម្មតាធ្វើមែនទេ? (ទេ។) សូម្បីតែសត្វក៏មិនមានអាកប្បកិរិយាបែបនេះដែរ។ ប្រសិនបើមនុស្សម្នាក់ចិញ្ចឹមសត្វ សូម្បីតែសត្វព្រៃក៏ដោយ ហើយចំណាយពេលខ្លះជាមួយវា ដរាបណាវាស្គាល់ថានរណាជាម្ចាស់របស់វា វានឹងគោរពម្ចាស់នោះជានិច្ច ដោយប្រព្រឹត្តចំពោះម្ចាស់នោះដូចជាសាច់ញាតិ ដូចជាសមាជិកគ្រួសារ ខុសពីរបៀបដែលវាប្រព្រឹត្តចំពោះសត្វ ឬមនុស្សដទៃទៀត។ ឧបមាថាអ្នកធ្លាប់ជាម្ចាស់របស់វា៖ បន្ទាប់ពីវាបានទៅរស់នៅជាមួយគ្រួសារពីរ ឬបីផ្សេងទៀត នៅពេលដែលអ្នកជួបវាម្ដងទៀត វាគ្រាន់តែធុំក្លិនរបស់អ្នក ហើយវានឹងប្រែជាមានក្ដីស្រឡាញ់ចំពោះអ្នកភ្លាមៗ។ ទោះបីជាវាជាសត្វកាចសាហាវក៏ដោយ ក៏វានឹងមិនស៊ីអ្នកដែរ។ ភាពកាចសាហាវរបស់វាគឺមានពីកំណើត ដែលកើតចេញពីការបង្កើត និងការកំណត់ទុកជាមុនរបស់ព្រះជាម្ចាស់។ វាគឺជាសភាវគតិនៃការរស់រានមានជីវិតដែលព្រះជាម្ចាស់បានប្រទានដល់វា មិនមែនជានិស្ស័យកាចសាហាវ ឬទុច្ចរិតឡើយ វាគឺខុសពីភាពអាក្រក់របស់ពួកទទឹងនឹងព្រះគ្រីស្ទ។ មានមនុស្សពីរនាក់ដែលបានយកកូនតោមួយក្បាលមកចិញ្ចឹម។ នៅពេលដែលតោនោះធំឡើង ពួកគេចាប់ផ្ដើមពិបាកផ្គត់ផ្គង់របបអាហារសាច់ឱ្យវា ដូច្នេះ នៅពេលដែលវាមានអាយុមួយឆ្នាំ ពួកគេបានលែងវាឱ្យត្រឡប់ទៅបរិស្ថានធម្មជាតិរបស់វាវិញ។ បីឆ្នាំក្រោយមក ពួកគេបានជួបតោនោះម្ដងទៀត។ ពីចម្ងាយ តោនោះបានឃើញពួកគេ ហើយរត់មករកពួកគេយ៉ាងអន្ទះអន្ទែង។ ដំបូង ពួកគេមានអារម្មណ៍ព្រួយបារម្ភ ដោយគិតថា៖ «តើវានឹងស៊ីយើងដែរឬទេ? វាគឺជាសត្វតោ»។ តាមពិតទៅ តោនោះបានចូលមកជិត ឱបពួកគេដូចជាមិត្តភក្ដិ ហើយពួកគេក៏បានឱប និងអង្អែលតោនោះវិញ។ បន្ទាប់មក តោនោះបានណែនាំសមាជិកគ្រួសាររបស់វាឱ្យពួកគេស្គាល់ ហើយនៅពេលដែលពួកគេត្រូវចាកចេញ វាមិនដាច់ចិត្តបែកពីពួកគេ។ អ្នកអាចមើលឃើញទិដ្ឋភាពបែបនេះ នៅពេលដែលសត្វព្រៃដ៏កាចសាហាវបំផុតនេះ ដែលជាសត្វស៊ីសាច់ ប្រាស្រ័យទាក់ទងជាមួយមនុស្ស។ តើវាមិនគួរឱ្យរំជួលចិត្តទេឬអី? (មែនហើយ។) សូម្បីតែនៅក្នុងសត្វកាចសាហាវ ក៏មនុស្សអាចមើលឃើញផ្នែកដ៏រាក់ទាក់របស់ពួកវាដែរ ប៉ុន្តែរឿងនេះមិនមាននៅក្នុងពួកទទឹងនឹងព្រះគ្រីស្ទឡើយ។ ដោយសារតែពួកទទឹងនឹងព្រះគ្រីស្ទមាននិស្ស័យរបស់សាតាំង ហើយជាមនុស្សដែលមានសារជាតិនិស្ស័យបែបសាតាំង ជាលទ្ធផល ពួកគេអាចវិនិច្ឆ័យ ថ្កោលទោស និងប្រមាថចំពោះព្រះជាម្ចាស់បាន។ អាកប្បកិរិយាបែបនេះនាំឱ្យមានការសម្ដែងចេញ ហើយជាពិសេសនាំឱ្យមានរបៀបប្រព្រឹត្តដែលត្រូវគ្នា។ តើពួកទទឹងនឹងព្រះគ្រីស្ទមិនអាក្រក់ជាងសត្វទេឬអី? មនុស្សដឹងពីរបៀបបង្ហាញការគោរព និងការយកចិត្តទុកដាក់ប្រកបដោយក្ដីស្រឡាញ់ចំពោះអ្នកដែលពួកគេថ្វាយបង្គំ និងចំពោះសាច់ញាតិជិតស្និទ្ធបំផុតរបស់ពួកគេ ព្រមទាំងឪពុកម្ដាយរបស់ពួកគេ ហើយពួកគេដឹងថាសកម្មភាពមួយណាខ្លះរបស់ពួកគេដែលអាចធ្វើឱ្យឈឺចាប់ និងធ្វើបាបអ្នកទាំងនោះបាន។ ពួកគេអាចវាយតម្លៃរឿងទាំងនេះបាន។ ទោះជាយ៉ាងណាក៏ដោយ ពួកទទឹងនឹងព្រះគ្រីស្ទមានសមត្ថភាពបង្ហាញអាកប្បកិរិយាបែបនេះចំពោះព្រះជាម្ចាស់ ដែលពិតជាគួរឱ្យខឹងសម្បារណាស់។ វាបង្ហាញថា ធម្មជាតិពីកំណើតរបស់បុគ្គលបែបនេះ គឺជាសារជាតិរបស់ពួកទទឹងនឹងព្រះគ្រីស្ទ។ បើនិយាយឱ្យច្បាស់ បុគ្គលទាំងនេះគឺជារូបតំណាងរបស់សាតាំង ពួកគេគឺជាពួកសាតាំងរស់ ពួកគេគឺជាពួកអារក្ស ពួកគេមិនមែនជាចៀមរបស់ព្រះជាម្ចាស់ឡើយ។ តើចៀមរបស់ព្រះជាម្ចាស់នឹងដាក់បណ្ដាសាព្រះអង្គដែរឬទេ? តើចៀមរបស់ព្រះជាម្ចាស់នឹងថ្កោលទោសព្រះអង្គដែរឬទេ? (ទេ។) ហេតុអ្វីបានជាមិនធ្វើដូច្នេះ? (ពីព្រោះពួកគេស្ដាប់ព្រះជាម្ចាស់ និងចុះចូលនឹងព្រះអង្គ។) ពួកគេស្ដាប់ និងចុះចូល នោះគឺជាទិដ្ឋភាពមួយ។ ចំណុចសំខាន់គឺជំនឿពិតប្រាកដរបស់ពួកគេលើព្រះជាម្ចាស់។ ប្រសិនបើអ្នកពិតជាជឿលើអត្តសញ្ញាណ ឋានៈ និងសារជាតិរបស់ព្រះជាម្ចាស់មែន នោះមិនថាព្រះជាម្ចាស់ធ្វើអ្វី ឬព្រះអង្គធ្វើវាតាមរបៀបណាក៏ដោយ សូម្បីតែវាបង្កការខូចខាតដល់អ្នកក៏ដោយ ក៏អ្នកនឹងមិនថ្កោលទោសព្រះអង្គដែរ។ មានតែអ្នកដែលជឿលើព្រះជាម្ចាស់យ៉ាងពិតប្រាកដ ដែលមានជំនឿពិតលើព្រះអង្គប៉ុណ្ណោះ ដែលដាក់ខ្លួនឯងនៅក្នុងតំណែងជាភាវៈដែលព្រះបានបង្កើត ដោយតែងតែប្រព្រឹត្តចំពោះព្រះជាម្ចាស់ក្នុងនាមជាព្រះជាម្ចាស់។ នេះគឺជាការពិត។

ពួកយើងបានប្រកបគ្នារួចហើយអំពីការដែលពួកទទឹងនឹងព្រះគ្រីស្ទដាក់បណ្ដាសា ប្រឆាំងទាស់ និងស្រែកប្រឆាំងនឹងព្រះជាម្ចាស់។ អ្នកខ្លះប្រឆាំងទាស់ នឹងទ្រង់ដោយបើកចំហ បង្កើតបក្សពួក បង្កើតសម្ព័ន្ធមិត្ត និងបង្កើតនគរឯករាជ្យ។ អ្នកផ្សេងទៀតលួចដាក់បណ្ដាសាទ្រង់យ៉ាងសម្ងាត់នៅពីក្រោយទ្វារបិទជិត អ្នកខ្លះដាក់បណ្ដាសាទ្រង់នៅក្នុងចិត្តរបស់ពួកគេ ហើយប្រឆាំងទាស់ និងស្រែកប្រឆាំងនឹងទ្រង់នៅក្នុងចិត្តរបស់ពួកគេ។ មិនថាពួកគេដាក់បណ្ដាសាទ្រង់ដោយបើកចំហ ឬដោយសម្ងាត់នោះទេ ពួកគេសុទ្ធតែជាពួកទទឹងនឹងព្រះគ្រីស្ទ ពួកគេមិនមែនជាចៀមរបស់ព្រះជាម្ចាស់ឡើយ។ ពួកគេគឺជាបក្សពួករបស់សាតាំង ហើយពួកគេច្បាស់ជាមិនមែនជាមនុស្សធម្មតា ឬជាភាវៈដែលព្រះបានបង្កើត ដែលត្រូវតាមស្ដង់ដាឡើយ។ នៅពេលដែលមនុស្សភាគច្រើនប្រឈមមុខនឹងស្ថានភាពដែលមិនស្របតាមសញ្ញាណផ្ទាល់ខ្លួនរបស់ពួកគេ ឬជួបប្រទះនឹងការជំនុំជម្រះ និងការដាក់ទណ្ឌកម្មរបស់ព្រះជាម្ចាស់ ពួកគេគ្រាន់តែមានអារម្មណ៍មិនសប្បាយចិត្ត ច្របូកច្របល់ និងមិនអាចទទួលយកវាបានប៉ុណ្ណោះ។ ពួកគេបង្ហាញការថ្នាំងថ្នាក់ ឬបង្ហាញភាពរឹងទទឹង ពួកគេថែមទាំងអាចក្លាយជាអវិជ្ជមាន ឬបន្ធូរបន្ថយការខិតខំទៀតផង ប៉ុន្តែពួកគេមិនឈានដល់ចំណុចនៃការប្រឆាំងទាស់ និងការស្រែកប្រឆាំងឡើយ។ យូរៗទៅ តាមរយៈការអធិស្ឋាន ការអានព្រះបន្ទូលរបស់ព្រះជាម្ចាស់ ជំនួយពីបងប្អូនប្រុសស្រី និងការបំភ្លឺ ការណែនាំ ព្រមទាំងសេចក្ដីប្រៀនប្រដៅរបស់ព្រះវិញ្ញាណបរិសុទ្ធ ពួកគេអាចត្រឡប់ក្រោយបន្តិចម្ដងៗបាន។ នេះគឺជាការសម្ដែងចេញរបស់មនុស្សពុករលួយធម្មតា នៅពេលមានរឿងរ៉ាវកើតឡើងចំពោះពួកគេ។ ម្យ៉ាងវិញទៀត ពួកទទឹងនឹងព្រះគ្រីស្ទខ្វះការសម្ដែងចេញជាវិជ្ជមានទាំងនេះ ហើយពួកគេនឹងមិនប្ដូរទិសដៅរបស់ពួកគេឡើយ។ ប្រសិនបើស្ថានភាពណាមួយមិនស្របតាមបំណងប្រាថ្នារបស់ពួកគេទេ ពួកគេនឹងដាក់បណ្ដាសា។ ប្រសិនបើស្ថានភាពបន្ទាប់នៅតែមិនស្របតាមបំណងប្រាថ្នារបស់ពួកគេទៀត ពួកគេក៏នឹងដាក់បណ្ដាសាដែរ។ ការដាក់បណ្ដាសា គឺដើរទន្ទឹមគ្នាជាមួយនឹងការប្រឆាំងទាស់ និងការស្រែកប្រឆាំង។ ពួកទទឹងនឹងព្រះគ្រីស្ទមួយចំនួនថែមទាំងនិយាយថា៖ «ប្រសិនបើមនុស្សដូចជាខ្ញុំមិនអាចត្រូវបានសង្គ្រោះទេ តើនរណាអាចត្រូវបានសង្គ្រោះទៅ?» តើនេះមិនមែនជាការស្រែកប្រឆាំងទេឬអី? តើវាមិនមែនជាការប្រឆាំងទាស់ ទេឬអី? (មែនហើយ វាជាការប្រឆាំង។) នេះគឺជាការប្រឆាំងទាស់។ ពួកគេគ្មានដាននៃការចុះចូលសូម្បីតែបន្តិច ហើយពួកគេហ៊ានស្រែកប្រឆាំង និង ប្រឆាំងទាស់នឹងព្រះជាម្ចាស់ ទាំងនេះគឺជាពួកសាតាំង។ សូមពួកយើងបញ្ចប់ការប្រកបគ្នារបស់ពួកយើងអំពីការសម្ដែងចេញផ្សេងៗនៃនិស្ស័យទុច្ចរិតនៅត្រឹមនេះចុះ។

ខ. ការស្អប់ខ្ពើមសេចក្ដីពិត

បន្ទាប់មក យើងនឹងប្រកបគ្នាអំពីចំណុចទីពីរនៃសារជាតិនិស្ស័យរបស់ពួកទទឹងនឹងព្រះគ្រីស្ទ គឺការស្អប់ខ្ពើមសេចក្ដីពិត។ យើងធ្លាប់បានប្រកបគ្នាពីមុនមកនូវព័ត៌មានលម្អិតជាច្រើនអំពីចំណុចនៃការស្អប់ខ្ពើមសេចក្ដីពិតនេះ ប៉ុន្តែនៅទីនេះ យើងនឹងកំណត់លក្ខណៈរបស់ពួកទទឹងនឹងព្រះគ្រីស្ទជាចម្បង ដោយវែកញែកពីសារជាតិនិស្ស័យរបស់ពួកគេដែលស្អប់ខ្ពើមសេចក្ដីពិត។ លក្ខណៈនិស្ស័យចម្បងនៃរបៀបដែលពួកទទឹងនឹងព្រះគ្រីស្ទប្រព្រឹត្តចំពោះសេចក្ដីពិត គឺការស្អប់ខ្ពើម ជាជាងគ្រាន់តែមិនចាប់អារម្មណ៍។ ការមិនចាប់អារម្មណ៍ គ្រាន់តែជាអាកប្បកិរិយាស្រាលគួរសមចំពោះសេចក្ដីពិត ដែលមិនទាន់ឈានដល់កម្រិតនៃការប្រទូសរ៉ាយ ការថ្កោលទោស ឬការប្រឆាំងឡើយ។ វាគ្រាន់តែជាការខ្វះចំណាប់អារម្មណ៍លើសេចក្ដីពិត មិនចង់យកចិត្តទុកដាក់នឹងវា ហើយនិយាយថា៖ «តើមានរឿងជាវិជ្ជមានអ្វីទៅ តើមានសេចក្ដីពិតអ្វីទៅ? ទោះបីជាខ្ញុំទទួលបានរឿងទាំងនេះក៏ដោយ តើវាមានប្រយោជន៍អ្វីទៅ? តើរឿងទាំងនេះអាចធ្វើឱ្យជីវិតរបស់ខ្ញុំប្រសើរឡើង ឬបង្កើនសមត្ថភាពរបស់ខ្ញុំដែរឬទេ?» ពួកគេមិនចាប់អារម្មណ៍នឹងរឿងទាំងនេះទេ ដូច្នេះ ពួកគេមិនខ្វល់ខ្វាយនឹងរឿងទាំងនេះឡើយ ប៉ុន្តែនេះមិនទាន់ឈានដល់ការស្អប់ខ្ពើមនោះទេ។ ការស្អប់ខ្ពើម បង្ហាញពីអាកប្បកិរិយាជាក់លាក់មួយ។ តើជាអាកប្បកិរិយាប្រភេទណា? ភ្លាមៗនៅពេលដែលពួកគេឮអំពីរឿងជាវិជ្ជមានណាមួយ និងរឿងអ្វីក៏ដោយដែលទាក់ទងនឹងសេចក្ដីពិត ពួកគេមានអារម្មណ៍ស្អប់ ខ្ពើមរអើម ទាស់ទទឹង និងមិនចង់ស្ដាប់ឡើយ។ ពួកគេថែមទាំងអាចព្យាយាមស្វែងរកភស្តុតាងដើម្បីថ្កោលទោស និងបង្ខូចកេរ្តិ៍ឈ្មោះសេចក្ដីពិតទៀតផង។ នេះគឺជាសារជាតិនិស្ស័យរបស់ពួកគេដែលស្អប់ខ្ពើមសេចក្ដីពិត។

ដូចមនុស្សដទៃទៀតដែរ ពួកទទឹងនឹងព្រះគ្រីស្ទអាចអានព្រះបន្ទូលរបស់ព្រះជាម្ចាស់ ស្ដាប់អ្វីដែលព្រះជាម្ចាស់មានព្រះបន្ទូល និងដកបទពិសោធន៍ពីកិច្ចការរបស់ព្រះជាម្ចាស់។ មើលពីខាងក្រៅ ហាក់ដូចជាពួកគេក៏អាចយល់ពីន័យត្រង់នៃព្រះបន្ទូលរបស់ព្រះជាម្ចាស់ ដឹងពីអ្វីដែលព្រះជាម្ចាស់បានមានព្រះបន្ទូល និងដឹងថាព្រះបន្ទូលទាំងនេះអាចឱ្យមនុស្សដើរលើផ្លូវត្រូវ និងធ្វើជាមនុស្សល្អបានដែរ។ ទោះជាយ៉ាងណាក៏ដោយ រឿងទាំងនេះនៅតែគ្រាន់តែជាទ្រឹស្ដីសម្រាប់ពួកគេប៉ុណ្ណោះ។ តើការដែលរឿងទាំងនេះនៅតែជាទ្រឹស្ដី មានន័យដូចម្ដេច? វាស្រដៀងគ្នានឹងរបៀបដែលមនុស្សមួយចំនួនអាចជឿថាទ្រឹស្ដីណាមួយនៅក្នុងសៀវភៅគឺល្អ ប៉ុន្តែនៅពេលដែលពួកគេប្រៀបធៀបវាទៅនឹងជីវិតពិត ហើយគិតអំពីនិន្នាការដ៏អាក្រក់ សេចក្ដីពុករលួយរបស់មនុស្ស និងតម្រូវការផ្សេងៗរបស់មនុស្សជាតិទាំងមូល ពួកគេយល់ថាទ្រឹស្ដីនោះមិនអាចអនុវត្តបាន និងកាត់ផ្ដាច់ពីជីវិតពិត ហើយពួកគេដឹងថាវាមិនអាចជួយមនុស្សឱ្យសម្របខ្លួន ឬដើរតាមនិន្នាការដ៏អាក្រក់ទាំងនេះ និងសង្គមដ៏អាក្រក់នេះបានឡើយ។ ហេតុនេះ ពួកគេមានអារម្មណ៍ថាទ្រឹស្ដីនេះគឺល្អ ប៉ុន្តែវាគ្រាន់តែជារឿងដែលត្រូវនិយាយ ដើម្បីបំពេញបំណងប្រាថ្នា និងការស្រមើស្រមៃរបស់មនុស្សជាតិចំពោះអ្វីៗដ៏ល្អប្រសើរប៉ុណ្ណោះ។ ឧទាហរណ៍ ប្រសិនបើនរណាម្នាក់ចូលចិត្តឋានៈ ហើយពួកគេប្រាថ្នាចង់ធ្វើជាមន្ត្រី និងចង់ឱ្យគេលើកតម្កើង និងថ្វាយបង្គំក្នុងចំណោមមនុស្ស ពួកគេត្រូវតែពឹងផ្អែកលើវិធីសាស្ត្រមិនប្រក្រតី ដូចជាការនិយាយកុហក ការបង្ហាញខ្លួនឯង និងការជាន់ឈ្លីអ្នកដទៃជាដើម ដើម្បីសម្រេចបាននូវគោលដៅនេះ។ ទោះជាយ៉ាងណាក៏ដោយ រឿងទាំងនេះគឺជាអ្វីដែលសេចក្ដីពិតថ្កោលទោសយ៉ាងពិតប្រាកដ។ វាថ្កោលទោស និងបដិសេធបំណងប្រាថ្នា និងមហិច្ឆិតាទាំងនេះរបស់មនុស្ស។ នៅក្នុងជីវិតពិត មនុស្សគិតថាការធ្វើឱ្យខ្លួនឯងលេចធ្លោ គឺជារឿងត្រឹមត្រូវដែលត្រូវធ្វើ ប៉ុន្តែការទាមទារបែបនេះត្រូវបានព្រះជាម្ចាស់ និងសេចក្ដីពិតថ្កោលទោស។ ហេតុដូច្នេះហើយ ការទាមទារទាំងនេះមិនត្រូវបានទទួលយកនៅក្នុងដំណាក់របស់ព្រះជាម្ចាស់ឡើយ គ្មានឱកាសឱ្យគេយកការទាមទារទាំងនេះមកអនុវត្តឡើយ ហើយក៏គ្មានកន្លែងឱ្យការទាមទារទាំងនេះសម្រេចបានដែរ។ ប៉ុន្តែ តើពួកទទឹងនឹងព្រះគ្រីស្ទនឹងបោះបង់ការទាមទារទាំងនេះចោលដែរឬទេ? (ពួកគេនឹងមិនបោះបង់ការទាមទារទាំងនេះចោលឡើយ។) ត្រូវហើយ ពួកគេនឹងមិនបោះបង់ការទាមទារទាំងនេះចោលឡើយ។ ភ្លាមៗនៅពេលដែលពួកទទឹងនឹងព្រះគ្រីស្ទឃើញរឿងនេះ ពួកគេគិតថា៖ «ឥឡូវនេះ ខ្ញុំយល់ហើយ។ ដូច្នេះ សេចក្ដីពិតតម្រូវឱ្យមនុស្សមិនអាត្មានិយម លះបង់ខ្លួនឯង ចេះអត់ឱន និងចិត្តទូលាយ បោះបង់អត្មានិយមរបស់ពួកគេ ហើយរស់នៅដើម្បីអ្នកដទៃ។ នេះគឺជាសេចក្ដីពិត»។ នៅពេលដែលពួកគេកំណត់ន័យសេចក្ដីពិតតាមរបៀបនេះ តើពួកគេចាប់អារម្មណ៍ ឬខ្ពើមរអើមនឹងសេចក្ដីពិត? ពួកគេខ្ពើមរអើមនឹងវា ហើយខ្ពើមរអើមនឹងព្រះជាម្ចាស់ ដោយនិយាយថា៖ «ព្រះជាម្ចាស់តែងតែនិយាយពីសេចក្ដីពិត ទ្រង់តែងតែលាតត្រដាងរឿងមិនបរិសុទ្ធ ដូចជាបំណងប្រាថ្នា និងមហិច្ឆិតារបស់មនុស្ស ហើយទ្រង់តែងតែលាតត្រដាងអ្វីដែលស្ថិតនៅបាតជម្រៅនៃព្រលឹងមនុស្ស។ ហាក់ដូចជាព្រះជាម្ចាស់ប្រកបគ្នាដអំពីសេចក្ដីពិត ក្នុងគោលបំណងដកហូតការដេញតាមឋានៈ បំណងប្រាថ្នា និងមហិច្ឆិតារបស់មនុស្សអ៊ីចឹង។ ដំបូងឡើយ ខ្ញុំគិតថាព្រះជាម្ចាស់អាចបំពេញបំណងប្រាថ្នារបស់មនុស្ស បំពេញក្ដីប្រាថ្នា និងក្ដីស្រមៃរបស់ពួកគេ ហើយប្រទានដល់មនុស្សនូវអ្វីដែលពួកគេចង់បាន។ ខ្ញុំនឹកស្មានមិនដល់សោះថា ព្រះជាម្ចាស់គឺជាព្រះប្រភេទនេះសោះ។ ទ្រង់មើលទៅហាក់ដូចជាមិនអស្ចារ្យប៉ុន្មានទេ។ ខ្ញុំពោរពេញទៅដោយមហិច្ឆិតា និងបំណងប្រាថ្នា៖ តើព្រះជាម្ចាស់អាចចូលចិត្តមនុស្សដូចជាខ្ញុំដែរឬទេ? ដោយវិនិច្ឆ័យតាមអ្វីដែលព្រះជាម្ចាស់តែងតែមានបន្ទូល និងការអានអត្ថន័យបង្កប់នៅក្នុងពាក្យរបស់ទ្រង់ ហាក់ដូចជាព្រះជាម្ចាស់មិនចូលចិត្តមនុស្សដូចជាខ្ញុំទេ ហើយទ្រង់ក៏មិនអាចចុះសម្រុងជាមួយមនុស្សដូចជាខ្ញុំបានដែរ។ ហាក់ដូចជាខ្ញុំមិនអាចចុះសម្រុងជាមួយព្រះជាម្ចាស់ដ៏ជាក់ស្ដែងប្រភេទនេះបានឡើយ។ ពាក្យដែលទ្រង់មានបន្ទូល កិច្ចការដែលទ្រង់ធ្វើ គោលការណ៍សម្រាប់សកម្មភាពរបស់ទ្រង់ និងនិស្ស័យរបស់ទ្រង់ ហេតុអ្វីបានជាខ្ញុំយល់ថារឿងទាំងនេះមិនគួរឱ្យពេញចិត្តសោះដូច្នេះ? ព្រះជាម្ចាស់សុំឱ្យមនុស្សធ្វើជាមនុស្សស្មោះត្រង់ មានមនសិការ ស្វែងរក ចុះចូល និងកោតខ្លាចព្រះជាម្ចាស់នៅពេលមានរឿងកើតឡើងចំពោះពួកគេ ហើយលះបង់មហិច្ឆិតា និងបំណងប្រាថ្នារបស់ពួកគេ រឿងទាំងនេះគឺជាអ្វីដែលខ្ញុំមិនអាចធ្វើបានឡើយ! អ្វីដែលព្រះជាម្ចាស់ទាមទារ មិនត្រឹមតែមិនស្របនឹងសញ្ញាណរបស់មនុស្សប៉ុណ្ណោះទេ វាក៏មិនគិតគូរពីអារម្មណ៍របស់មនុស្សដែរ។ តើខ្ញុំអាចជឿលើទ្រង់បានដោយរបៀបណា?» បន្ទាប់ពីត្រិះរិះរឿងរ៉ាវនៅក្នុងចិត្តរបស់ពួកគេបែបនេះ តើពួកគេបង្កើតអារម្មណ៍ល្អចំពោះព្រះជាម្ចាស់ ឬឃ្លាតឆ្ងាយពីព្រះអង្គ? (ពួកគេឃ្លាតឆ្ងាយ។) បន្ទាប់ពីមានបទពិសោធន៍មួយរយៈ ពួកទទឹងនឹងព្រះគ្រីស្ទកាន់តែមានអារម្មណ៍ថា មនុស្សដូចជាពួកគេ ដែលមានមហិច្ឆិតា និងបំណងប្រាថ្នា ហើយពោរពេញទៅដោយក្ដីប្រាថ្នា នឹងមិនត្រូវបានស្វាគមន៍នៅក្នុងដំណាក់របស់ព្រះជាម្ចាស់ឡើយ ថាគ្មានកន្លែងនៅទីនេះសម្រាប់ឱ្យពួកគេប្រើប្រាស់ជំនាញរបស់ពួកគេទេ ហើយថាពួកគេមិនអាចបញ្ចេញក្ដីប្រាថ្នារបស់ពួកគេដោយសេរីនៅទីនេះបានឡើយ។ ពួកគេគិតថា៖ «នៅក្នុងដំណាក់របស់ព្រះជាម្ចាស់ ខ្ញុំមិនអាចបង្ហាញពីទេពកោសល្យដ៏ពិសេសរបស់ខ្ញុំបានឡើយ។ ខ្ញុំនឹងមិនមានឱកាសដើម្បីលេចធ្លោឡើយ។ ពួកគេនិយាយថា ខ្ញុំគ្មានការយល់ដឹងខាងវិញ្ញាណ ថាខ្ញុំមិនយល់ពីសេចក្ដីពិត ហើយថាខ្ញុំមាននិស្ស័យជាពួកទទឹងនឹងព្រះគ្រីស្ទ។ ខ្ញុំមិនត្រឹមតែមិនត្រូវបានដំឡើងឋានៈ ឬដាក់ក្នុងតំណែងដ៏សំខាន់ប៉ុណ្ណោះទេ ខ្ញុំថែមទាំងត្រូវបានថ្កោលទោសទៀតផង។ តើការបង្កើតនគរឯករាជ្យរបស់ខ្ញុំផ្ទាល់ មានអ្វីខុសទៅ? តើការដែលខ្ញុំធ្វើបាបអ្នកដទៃ មានអ្វីខុសទៅ? ដោយសារខ្ញុំមានអំណាច ខ្ញុំគួរតែប្រព្រឹត្តបែបនេះហើយ! តើនរណាមិនប្រព្រឹត្តបែបនេះ ប្រសិនបើពួកគេមានអំណាចនោះ? ចុះតើការដែលខ្ញុំលេងល្បិចអាក្រក់ខ្លះ និងបន្លំក្នុងអំឡុងពេលបោះឆ្នោត មានអ្វីខុសទៅ? តើអ្នកគ្មានជំនឿទាំងអស់មិនធ្វើដូចគ្នាទេឬអី? ហេតុអ្វីបានជាវាមិនត្រូវបានអនុញ្ញាតនៅក្នុងដំណាក់នៃព្រះជាម្ចាស់? ពួកគេថែមទាំងនិយាយថា នេះគឺជាការគ្មានសេចក្ដីអៀនខ្មាសទៀតផង។ តើវាអាចចាត់ទុកថាគ្មានសេចក្ដីអៀនខ្មាសបានដោយរបៀបណា? មនុស្សពុះពារដើម្បីបានខ្ពង់ខ្ពស់ រីឯទឹកតែងហូរទៅទីទាបជានិច្ច។ នេះគឺជារឿងត្រឹមត្រូវ! ដំណាក់នៃព្រះជាម្ចាស់ មិនសប្បាយទេ។ ប៉ុន្តែមនុស្សនៅក្នុងពិភពលោកនេះកាចសាហាវណាស់ ហើយមិនងាយចុះសម្រុងឡើយ។ បើប្រៀបធៀបទៅ មនុស្សនៅក្នុងដំណាក់នៃព្រះជាម្ចាស់ មានអាកប្បកិរិយាល្អជាងបន្តិច។ ប្រសិនបើគ្មានព្រះជាម្ចាស់ទេ ការរស់នៅទីនេះប្រាកដជាល្អណាស់ ប្រសិនបើគ្មានព្រះជាម្ចាស់ និងគ្មានសេចក្ដីពិតគ្រប់គ្រងមនុស្សទេ ខ្ញុំនឹងក្លាយជាមេនៅក្នុង ដំណាក់នៃព្រះជាម្ចាស់ ជាចៅហ្វាយ និងជាស្ដេច»។ នៅពេលដែលពួកគេបំពេញភារកិច្ចរបស់ពួកគេនៅក្នុងដំណាក់របស់ព្រះជាម្ចាស់ ពួកគេតែងតែជួបប្រទះនឹងរឿងផ្សេងៗ ពួកគេត្រូវបានលួសកាត់ជាបន្តបន្ទាប់ ហើយពួកគេផ្លាស់ប្ដូរទៅបំពេញភារកិច្ចផ្សេងៗគ្នា ហើយទីបំផុត ពួកគេដឹងពីរឿងមួយ ដោយនិយាយថា៖ «នៅក្នុងដំណាក់នៃព្រះជាម្ចាស់ រឿងអ្វីក៏ដោយដែលកើតឡើង ត្រូវបានវាស់ស្ទង់ និងដោះស្រាយដោយប្រើសេចក្ដីពិត។ សេចក្ដីពិតតែងតែត្រូវបានសង្កត់ធ្ងន់ ហើយព្រះជាម្ចាស់តែងតែនិយាយអំពីវា។ ខ្ញុំមិនអាចបញ្ចេញក្ដីប្រាថ្នារបស់ខ្ញុំដោយសេរីនៅទីនេះបានឡើយ!» ដោយបានឈានដល់ចំណុចនេះនៅក្នុងបទពិសោធន៍របស់ពួកគេ ពួកគេកាន់តែស្អប់ខ្ពើមសេចក្ដីពិត ស្អប់ខ្ពើមការដែលសេចក្ដីពិតសោយរាជ្យ ស្អប់ខ្ពើមអ្វីៗទាំងអស់ដែលព្រះជាម្ចាស់ធ្វើថាជាសេចក្ដីពិត និងស្អប់ខ្ពើមការស្វែងរកសេចក្ដីពិត។ តើពួកគេមានអារម្មណ៍ស្អប់ខ្ពើមចំពោះរឿងទាំងនេះដល់កម្រិតណា? ពួកគេមិនទាំងចង់ទទួលស្គាល់ ឬទទួលយកគោលលទ្ធិនៃសេចក្ដីពិតដែលពួកគេបានទទួលស្គាល់តាំងពីដំបូងឡើយ ហើយពួកគេមានអារម្មណ៍ខ្ពើមរអើមយ៉ាងខ្លាំងនៅក្នុងចិត្តរបស់ពួកគេ។ ហេតុដូច្នេះហើយ ភ្លាមៗនៅពេលដល់ម៉ោងជួបជុំ ពួកគេចាប់ផ្ដើមងងុយដេក និងខ្វាយខ្វល់។ ហេតុអ្វីបានជាពួកគេខ្វាយខ្វល់? ពួកគេគិតថា៖ «ការជួបជុំទាំងនេះបន្តរយៈពេលបីឬបួនម៉ោងក្នុងមួយលើកៗ តើពេលណាទើបវាចប់ទៅ? ខ្ញុំមិនចង់ស្ដាប់ទៀតទេ!» មានឃ្លាមួយដែលអាចពិពណ៌នាពីអារម្មណ៍របស់ពួកគេ គឺ «អង្គុយលើបន្លា»។ ពួកគេដឹងថា ដរាបណាសេចក្ដីពិតសោយរាជ្យនៅក្នុងដំណាក់របស់ព្រះជាម្ចាស់ ពួកគេនឹងមិនមានឱកាសដើម្បីលេចធ្លោឡើយ ប៉ុន្តែនឹងតែងតែត្រូវបានរឹតត្បិត ថ្កោលទោស និងបដិសេធដោយមនុស្សគ្រប់គ្នា ហើយថាទោះបីជាពួកគេមានសមត្ថភាពប៉ុនណាក៏ដោយ ក៏ពួកគេនឹងមិនត្រូវបានផ្ដល់តួនាទីសំខាន់ៗដែរ។ ជាលទ្ធផល ការស្អប់ខ្ពើមរបស់ពួកគេចំពោះសេចក្ដីពិត និងព្រះជាម្ចាស់កាន់តែខ្លាំងឡើង។ នរណាម្នាក់អាចសួរថា៖ «ហេតុអ្វីបានជាពួកគេមិនមានអារម្មណ៍ស្អប់ខ្ពើមតាំងពីដំបូង?» ពិតណាស់ ពួកគេមានអារម្មណ៍ស្អប់ខ្ពើមតាំងពីដំបូង ប៉ុន្តែនៅពេលនោះ អ្វីៗទាំងអស់នៅក្នុងដំណាក់របស់ព្រះជាម្ចាស់ សុទ្ធតែជារឿងដែលពួកគេមិនស្គាល់។ ពួកគេគ្មានសញ្ញាណអំពីវាឡើយ ប៉ុន្តែនោះមិនមានន័យថាពួកគេមិនមានអារម្មណ៍ស្អប់ ឬស្អប់ខ្ពើមនោះទេ។ តាមពិត ពួកគេមានអារម្មណ៍ស្អប់ខ្ពើមសេចក្ដីពិតនៅក្នុងសារជាតិធម្មជាតិរបស់ពួកគេ គ្រាន់តែពួកគេមិនទាន់យល់ដឹងពីវាដោយខ្លួនឯងប៉ុណ្ណោះ។ សារជាតិធម្មជាតិរបស់មនុស្សទាំងនេះ ច្បាស់ណាស់ថាស្អប់ខ្ពើមសេចក្ដីពិត។ ហេតុអ្វីបានជាខ្ញុំនិយាយបែបនេះ? ពីកំណើតមក ពួកគេស្រឡាញ់ភាពអយុត្តិធម៌ សេចក្ដីទុច្ចរិត អំណាច និន្នាការដ៏អាក្រក់ ការធ្វើជាអ្នកគ្រប់គ្រង ការគ្រប់គ្រងមនុស្ស និងរឿងអវិជ្ជមានទាំងអស់បែបនេះ។ ដោយវិនិច្ឆ័យតាមរឿងទាំងនេះដែលពួកគេស្រឡាញ់ មិនអាចសង្ស័យបានឡើយថាពួកទទឹងនឹងព្រះគ្រីស្ទមានអារម្មណ៍ស្អប់ខ្ពើមសេចក្ដីពិត។ លើសពីនេះទៅទៀត ទាក់ទងនឹងការដេញតាមរបស់ពួកគេ ពួកគេដេញតាមឋានៈ ការធ្វើឱ្យខ្លួនឯងលេចធ្លោ ការពាក់រស្មីនៅលើក្បាលរបស់ពួកគេ ការធ្វើជាអ្នកដឹកនាំក្នុងចំណោមមនុស្ស ការមានអំណាច និងឥទ្ធិពល ការមានកិត្យានុភាព និងកម្លាំងនៅគ្រប់ទីកន្លែងដែលពួកគេនិយាយ និងធ្វើសកម្មភាព ព្រមទាំងសមត្ថភាពក្នុងការគ្រប់គ្រងមនុស្ស ពួកគេដេញតាមរឿងទាំងនេះ។ នេះក៏ជាការសម្ដែងចេញនៃការមានអារម្មណ៍ស្អប់ខ្ពើមសេចក្ដីពិតផងដែរ។ ដោយវិនិច្ឆ័យបន្ថែមទៀតតាមអាកប្បកិរិយារបស់ពួកគេចំពោះសេចក្ដីពិត ទោះបីជាបុគ្គលទាំងនេះឮសេចក្ដីពិតច្រើនប៉ុនណាក៏ដោយ ក៏វានឹងគ្មានប្រយោជន៍ឡើយ។ អ្នកខ្លះអាចសួរថា៖ «តើដោយសារតែពួកគេមានការចងចាំមិនល្អមែនទេ?» ទេ មិនមែនទេ។ ពួកទទឹងនឹងព្រះគ្រីស្ទខ្លះមានការចងចាំល្អឥតខ្ចោះ ពួកគេពូកែនិយាយជាពិសេស ហើយពួកគេអាចអនុវត្ត និងអួតអាងពីអ្វីដែលពួកគេរៀនបានភ្លាមៗ។ ហេតុនេះ អ្នកដែលខ្វះការវែកញែក គិតថាបុគ្គលទាំងនេះមានគុណសម្បត្តិល្អ និងមានព្រះវិញ្ញាណបរិសុទ្ធធ្វើការនៅក្នុងពួកគេ។ ទោះជាយ៉ាងណាក៏ដោយ មនុស្សដែលចេះវែកញែកអាចដឹងភ្លាមៗថា អ្វីដែលពួកគេនិយាយសុទ្ធតែជាគោលលទ្ធិ និងពាក្យសម្ដីទទេៗ ថាវាគ្មានតថភាពនៃសេចក្ដីពិតណាមួយឡើយ ហើយមានបំណងបំភាន់មនុស្ស។ ពួកទទឹងនឹងព្រះគ្រីស្ទគឺជាមនុស្សបែបនេះ៖ ពួកគេចូលចិត្តថ្លែងសេចក្ដីអធិប្បាយខ្ពង់ខ្ពស់ជាពិសេស ពិភាក្សាអំពីទ្រឹស្ដីខាងវិញ្ញាណយ៉ាងទទេៗ ហើយនិយាយពាក្យសម្ដីយ៉ាងច្រើនហូរហែ ដែលនៅពេលចាប់ផ្ដើមហើយ គឺខុសប្រធានបទ និងនិយាយរវើរវាយ។ មនុស្សជាច្រើនមិនអាចយល់ពីពួកគេបានឡើយ ហើយពួកទទឹងនឹងព្រះគ្រីស្ទនិយាយថា៖ «នេះគឺជាភាសានៃស្ថានសួគ៌ជាន់ទីបី តើអ្នករាល់គ្នាអាចយល់វាបានដោយរបៀបណា?» ការសម្ដែងចេញចម្បងនៃពួកទទឹងនឹងព្រះគ្រីស្ទដែលស្អប់ខ្ពើមសេចក្ដីពិត ត្រូវបានមើលឃើញតាមរយៈអាកប្បកិរិយារបស់ពួកគេចំពោះសេចក្ដីពិត ហើយជាការពិតណាស់ វាក៏សម្ដែងចេញនៅក្នុងជីវិត និងការប្រព្រឹត្តប្រចាំថ្ងៃរបស់ពួកគេផងដែរ ជាពិសេសនៅក្នុងរបៀបដែលពួកគេបំពេញភារកិច្ចរបស់ពួកគេ។ ពួកគេមានការសម្ដែងចេញមួយចំនួន។ ទីមួយ ពួកគេមិនដែលស្វែងរកសេចក្ដីពិតឡើយ សូម្បីតែនៅពេលដែលពួកគេដឹងច្បាស់ថាពួកគេគួរតែស្វែងរកក៏ដោយ។ ទីពីរ ពួកគេមិនដែលអនុវត្តសេចក្ដីពិតឡើយ។ ដោយសារពួកគេមិនស្វែងរកសេចក្ដីពិត តើពួកគេអាចអនុវត្តវាបានដោយរបៀបណា? មានតែតាមរយៈការស្វែងរកប៉ុណ្ណោះ ទើបអាចមានការយល់ដឹង ហើយមានតែការយល់ដឹងទេ ទើបអាចនាំទៅរកការអនុវត្តបាន។ ពួកគេមិនស្វែងរកឡើយ ហើយពួកគេក៏មិនយកគោលការណ៍សេចក្ដីពិតទុកក្នុងចិត្តទាល់តែសោះដែរ។ ពួកគេថែមទាំងមើលងាយគោលការណ៍ទាំងនោះ មានអារម្មណ៍ស្អប់ខ្ពើមចំពោះគោលការណ៍ទាំងនោះ និងចាត់ទុកគោលការណ៍ទាំងនោះដោយការប្រទូសរ៉ាយទៀតផង។ ជាលទ្ធផល ពួកគេមិនដែលឈានដល់ការអនុវត្តសេចក្ដីពិតឡើយ ហើយទោះបីជាពួកគេយល់ពីសេចក្ដីពិតនៅពេលខ្លះក៏ដោយ ក៏ពួកគេមិនអនុវត្តវាដែរ។ ឧទាហរណ៍ នៅពេលដែលអ្នកដទៃស្នើវិធីធ្វើដ៏ល្អមួយសម្រាប់រឿងណាមួយ ពួកគេអាចតបតវិញថា៖ «តើវាមានអ្វីល្អទៅ? ប្រសិនបើខ្ញុំធ្វើបែបនោះ តើគំនិតរបស់ខ្ញុំផ្ទាល់មិនត្រូវខ្ជះខ្ជាយទេឬអី?» អ្នកខ្លះអាចនិយាយថា៖ «ដំណាក់របស់ព្រះជាម្ចាស់នឹងរងការខាតបង់ ប្រសិនបើយើងធ្វើរឿងរ៉ាវតាមរបៀបរបស់អ្នក យើងត្រូវតែធ្វើតាមគោលការណ៍»។ ពួកគេឆ្លើយតបថា៖ «គោលការណ៍អ្វី! របៀបរបស់ខ្ញុំគឺជាគោលការណ៍ អ្វីក៏ដោយដែលខ្ញុំគិត គឺជាគោលការណ៍!» តើនេះមិនមែនជាការមិនអនុវត្តសេចក្ដីពិតទេឬអី? (មែនហើយ។) ការសម្ដែងចេញចម្បងមួយទៀតរបស់ពួកគេ គឺពួកគេមិនដែលអានព្រះបន្ទូលរបស់ព្រះជាម្ចាស់ ឬចូលរួមក្នុងការចំណាយពេលខាងវិញ្ញាណឡើយ។ នៅពេលដែលមនុស្សមួយចំនួនរវល់នឹងការងារ ហើយមិនអាចរកពេលអានព្រះបន្ទូលរបស់ព្រះជាម្ចាស់បាន ពួកគេត្រិះរិះដោយស្ងៀមស្ងាត់ ឬច្រៀងទំនុកបរិសុទ្ធពីរបីបទ ហើយប្រសិនបើពួកគេមិនបានអានព្រះបន្ទូលរបស់ព្រះជាម្ចាស់ជាច្រើនថ្ងៃ ពួកគេមានអារម្មណ៍ថាទទេ។ នៅកណ្ដាលភាពមមាញឹករបស់ពួកគេ ពួកគេលួចឆ្លៀតពេលអានមួយវគ្គ និងបំពេញបន្ថែមឱ្យខ្លួនឯង ដោយត្រិះរិះរហូតដល់ពួកគេអាចដឹងពីវត្តមានរបស់ព្រះជាម្ចាស់ ហើយចិត្តរបស់ពួកគេប្រែជាមានភាពនឹងនរ។ មនុស្សបែបនេះមិននៅឆ្ងាយពីព្រះជាម្ចាស់ប៉ុន្មានឡើយ។ ផ្ទុយទៅវិញ ពួកទទឹងនឹងព្រះគ្រីស្ទមិនមានអារម្មណ៍ពិបាកចិត្តឡើយ ប្រសិនបើពួកគេមិនបានអានព្រះបន្ទូលរបស់ព្រះជាម្ចាស់មួយថ្ងៃ។ ទោះបីជាពួកគេមិនអានព្រះបន្ទូលរបស់ព្រះជាម្ចាស់រយៈពេល១០ថ្ងៃក៏ដោយ ក៏ពួកគេមិនមានអារម្មណ៍អ្វីដែរ។ ពួកគេនៅតែអាចរស់នៅបានយ៉ាងល្អ ដោយមិនបាច់អានព្រះបន្ទូលរបស់ព្រះជាម្ចាស់រយៈពេលមួយឆ្នាំ ហើយពួកគេថែមទាំងអាចមិនអានព្រះបន្ទូលរបស់ព្រះជាម្ចាស់រយៈពេលបីឆ្នាំ ដោយមិនមានអារម្មណ៍អ្វីសោះ ពួកគេមិនមានអារម្មណ៍ភ័យខ្លាច ឬមានអារម្មណ៍ទទេនៅក្នុងចិត្តរបស់ពួកគេឡើយ ហើយពួកគេបន្តរស់នៅយ៉ាងសុខស្រួល។ ពួកគេច្បាស់ជាមានអារម្មណ៍ស្អប់ខ្ពើមយ៉ាងខ្លាំងចំពោះព្រះបន្ទូលរបស់ព្រះជាម្ចាស់! មនុស្សម្នាក់អាចមិនអានព្រះបន្ទូលរបស់ព្រះជាម្ចាស់មួយថ្ងៃដោយសារតែភាពមមាញឹក ឬប្រហែលជា១០ថ្ងៃដោយសារមូលហេតុដូចគ្នា។ ទោះជាយ៉ាងណាក៏ដោយ ប្រសិនបើនរណាម្នាក់អាចមិនអានព្រះបន្ទូលរបស់ព្រះជាម្ចាស់ពេញមួយខែ ហើយនៅតែមិនមានអារម្មណ៍អ្វីសោះ នោះមានបញ្ហាហើយ។ ប្រសិនបើមួយឆ្នាំកន្លងផុតទៅ ដោយមនុស្សម្នាក់មិនបានអានព្រះបន្ទូលរបស់ព្រះជាម្ចាស់ ពួកគេមិនត្រឹមតែខ្វះការប្រាថ្នាចង់បានព្រះបន្ទូលរបស់ព្រះជាម្ចាស់ប៉ុណ្ណោះទេ ប៉ុន្ដែពួកគេថែមទាំងមានការស្អប់ខ្ពើមចំពោះសេចក្ដីពិតទៀតផង។

ការសម្ដែងចេញមួយទៀតនៃពួកទទឹងនឹងព្រះគ្រីស្ទដែលមានអារម្មណ៍ស្អប់ខ្ពើមចំពោះសេចក្ដីពិត គឺការមើលងាយរបស់ពួកគេចំពោះព្រះគ្រីស្ទ។ យើងធ្លាប់បានប្រកបគ្នាអំពីការមើលងាយរបស់ពួកគេចំពោះព្រះគ្រីស្ទពីមុនមក។ ដូច្នេះ តើព្រះគ្រីស្ទបានធ្វើអ្វីខ្លះ ទើបបានជាពួកគេមើលងាយព្រះអង្គ? តើព្រះអង្គបានធ្វើបាប ឬធ្វើឱ្យពួកគេឈឺចាប់ ឬធ្វើអ្វីមួយដែលផ្ទុយពីបំណងប្រាថ្នារបស់ពួកគេដែរឬទេ? តើព្រះអង្គបានធ្វើឱ្យប៉ះពាល់ដល់ផលប្រយោជន៍ណាមួយរបស់ពួកគេដែរឬទេ? ទេ។ ព្រះគ្រីស្ទមិនមានគំនុំផ្ទាល់ខ្លួនចំពោះពួកគេឡើយ ហើយពួកគេមិនទាំងធ្លាប់ជួបព្រះអង្គផង។ ចុះតើពួកគេអាចមើលងាយព្រះអង្គបានដោយរបៀបណា? ឫសគល់ចម្បងគឺស្ថិតនៅក្នុងសារជាតិរបស់ពួកទទឹងនឹងព្រះគ្រីស្ទ ដែលមានអារម្មណ៍ស្អប់ខ្ពើមចំពោះសេចក្ដីពិត។ ការសម្ដែងចេញមួយទៀតនៃពួកទទឹងនឹងព្រះគ្រីស្ទដែលមានអារម្មណ៍ស្អប់ខ្ពើមចំពោះសេចក្ដីពិត គឺការមើលងាយរបស់ពួកគេចំពោះតថភាពនៃរឿងជាវិជ្ជមានទាំងអស់។ តថភាពនៃរឿងជាវិជ្ជមានទាំងអស់ គ្របដណ្ដប់លើរឿងជាច្រើន ដូចជារបស់សព្វសារពើដែលព្រះជាម្ចាស់បានបង្កើតនិងច្បាប់ដែលគ្រប់គ្រងរបស់ទាំងនោះ ភាវៈមានជីវិតផ្សេងៗ និងច្បាប់ដែលគ្រប់គ្រងជីវិតរបស់ពួកវា ហើយជាចម្បង គឺច្បាប់ផ្សេងៗដែលគ្រប់គ្រងជីវិតរបស់ភាវៈមានជីវិតទាំងនេះ ដែលហៅថាមនុស្ស។ ឧទាហរណ៍ បញ្ហានៃការកើត ចាស់ ឈឺ និងស្លាប់ ដែលនៅជិតស្និទ្ធបំផុតនឹងជីវិតមនុស្ស ជើងរបស់មនុស្សធម្មតាចុះខ្សោយនៅពេលពួកគេចាស់ទៅ សុខភាពរបស់ពួកគេធ្លាក់ចុះ ភ្នែករបស់ពួកគេស្រវាំង ត្រចៀករបស់ពួកគេស្ដាប់មិនសូវឮ ធ្មេញរបស់ពួកគេរង្គើ ហើយពួកគេគិតថា ពួកគេត្រូវតែទទួលយកថាខ្លួនចាស់។ ព្រះជាម្ចាស់មានអធិបតេយ្យភាពលើរឿងទាំងអស់នេះ ហើយគ្មាននរណាម្នាក់អាចប្រឆាំងនឹងច្បាប់ធម្មជាតិនេះបានឡើយ។ មនុស្សធម្មតាអាចទទួលស្គាល់ និងទទួលយករឿងទាំងអស់នេះបាន។ ទោះជាយ៉ាងណាក៏ដោយ ទោះបីជាមនុស្សម្នាក់រស់នៅបានយូរប៉ុនណា ឬស្ថានភាពសុខភាពរាងកាយរបស់ពួកគេយ៉ាងណាក៏ដោយ រឿងមួយចំនួនមិនផ្លាស់ប្ដូរឡើយ ដូចជារបៀបដែលពួកគេគួរតែបំពេញភារកិច្ចរបស់ពួកគេ ជំហរដែលពួកគេគួរតែប្រកាន់យក និងអាកប្បកិរិយាដែលពួកគេគួរតែមានក្នុងការបំពេញភារកិច្ចរបស់ពួកគេ។ ផ្ទុយទៅវិញ ពួកទទឹងនឹងព្រះគ្រីស្ទ មិនព្រមចុះចាញ់ឡើយ។ ពួកគេនិយាយថា៖ «តើខ្ញុំជានរណា? ខ្ញុំមិនអាចចាស់បានទេ។ ខ្ញុំត្រូវតែខុសពីមនុស្សធម្មតាគ្រប់ពេល។ តើអ្នកឃើញថាខ្ញុំចាស់ឬអី? មានរឿងមួយចំនួនដែលអ្នករាល់គ្នាមិនអាចធ្វើបាននៅអាយុនេះ ប៉ុន្តែខ្ញុំអាចធ្វើបាន។ ជើងរបស់អ្នករាល់គ្នាអាចនឹងចុះខ្សោយនៅវ័យជាងហាសិបឆ្នាំ ប៉ុន្តែជើងរបស់ខ្ញុំនៅតែរហ័សរហួន។ ខ្ញុំថែមទាំងហាត់លោតពីដំបូលមួយទៅដំបូលមួយទៀតផង!» ពួកគេតែងតែចង់ជំទាស់នឹងច្បាប់ធម្មតាទាំងនេះដែលព្រះជាម្ចាស់បានកំណត់ ពួកគេតែងតែព្យាយាមបំពានលើច្បាប់ទាំងនោះ ហើយបង្ហាញអ្នកដទៃថាពួកគេខុសពីគេ លើសពីធម្មតា និងប្រសើរជាងមនុស្សធម្មតា។ ហេតុអ្វីបានជាពួកគេធ្វើបែបនេះ? ពួកគេចង់ជំទាស់នឹងព្រះបន្ទូលរបស់ព្រះជាម្ចាស់ និងបដិសេធថាព្រះបន្ទូលរបស់ព្រះអង្គគឺជាសេចក្ដីពិត។ តើនេះមិនមែនជាការសម្ដែងចេញនៃសារជាតិរបស់ពួកទទឹងនឹងព្រះគ្រីស្ទ ដែលមានអារម្មណ៍ស្អប់ខ្ពើមចំពោះសេចក្ដីពិតទេឬអី? (មែនហើយ។) មានទិដ្ឋភាពមួយទៀត គឺថាពួកទទឹងនឹងព្រះគ្រីស្ទគោរពនិន្នាការដ៏អាក្រក់ និងឥទ្ធិពលងងឹត នេះបញ្ជាក់បន្ថែមទៀតថា ពួកគេគឺជាសត្រូវនៃសេចក្ដីពិត។ ពួកទទឹងនឹងព្រះគ្រីស្ទកោតសរសើរ និងគោរពយ៉ាងជ្រាលជ្រៅចំពោះរបបរបស់សាតាំង និងសមត្ថភាព ជំនាញ ព្រមទាំងទង្វើផ្សេងៗរបស់វិញ្ញាណអាក្រក់ដែលត្រូវបាននិយាយនៅក្នុងរឿងព្រេង ក៏ដូចជានិន្នាការដ៏អាក្រក់ និងឥទ្ធិពលងងឹតផងដែរ។ ជំនឿរបស់ពួកគេលើរឿងទាំងនេះ គឺមិនអាចរង្គោះរង្គើបានឡើយ ហើយពួកគេមិនដែលសង្ស័យលើរឿងទាំងនេះទេ។ ចិត្តរបស់ពួកគេមិនត្រឹមតែគ្មានការស្អប់ខ្ពើមប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងពោរពេញទៅដោយការគោរព ការកោតស្ញប់ស្ញែង និងការច្រណែនចំពោះរឿងទាំងនោះទៀតផង។ សូម្បីតែនៅបាតជម្រៅនៃចិត្តរបស់ពួកគេ ក៏ពួកគេប្រកាន់តាមរឿងទាំងនេះយ៉ាងខ្ជាប់ខ្ជួនដែរ។ ពួកទទឹងនឹងព្រះគ្រីស្ទមានអាកប្បកិរិយាបែបនេះនៅបាតជម្រៅនៃចិត្តរបស់ពួកគេទាក់ទងនឹងរឿងដ៏អាក្រក់ និងងងឹតទាំងនេះ តើនេះមិនមានន័យថាពួកគេស្អប់ខ្ពើមសេចក្ដីពិតទេឬអី? ពិតប្រាកដណាស់! តើអ្នកណាដែលស្រឡាញ់រឿងដ៏ទុច្ចរិត និងងងឹតទាំងនេះ អាចស្រឡាញ់សេចក្ដីពិតបានដោយរបៀបណា? ទាំងនេះគឺជាមនុស្សដែលស្ថិតក្នុងកម្លាំងអាក្រក់ និងបក្ខពួករបស់សាតាំង។ ជាការពិតណាស់ ពួកគេជឿយ៉ាងមុតមាំលើរឿងរបស់សាតាំង ខណៈពេលដែលចិត្តរបស់ពួកគេពោរពេញទៅដោយការខ្ពើមរអើម និងការមើលងាយចំពោះសេចក្ដីពិត និងរឿងជាវិជ្ជមាន។ យើងនឹងបញ្ចប់ការសង្ខេបរបស់យើងលើចំណុចនៃការស្អប់ខ្ពើមសេចក្ដីពិតនៅត្រឹមនេះ។

គ. ភាពកាចសាហាវ

ផ្នែកមួយទៀតនៃសារជាតិនិស្ស័យរបស់ពួកទទឹងនឹងព្រះគ្រីស្ទ គឺភាពកាចសាហាវ។ ពួកទទឹងនឹងព្រះគ្រីស្ទអាចត្រូវបានសង្ខេបដោយឃ្លាមួយថា៖ ពួកទទឹងនឹងព្រះគ្រីស្ទគឺជាមនុស្សអាក្រក់។ នៅពេលដែលពួកគេមានឋានៈ វាច្បាស់ណាស់ថាពួកគេគឺជាពួកទទឹងនឹងព្រះគ្រីស្ទ។ នៅពេលដែលពួកគេមិនមានឋានៈ តើអ្នកអាចវិនិច្ឆ័យថាពួកគេជាពួកទទឹងនឹងព្រះគ្រីស្ទបានដោយរបៀបណា? អ្នកត្រូវតែមើលទៅលើភាពជាមនុស្សរបស់ពួកគេ។ ប្រសិនបើភាពជាមនុស្សរបស់ពួកគេមានលក្ខណៈព្យាបាទ ល្បិចកល និងពិសពុល នោះពួកគេគឺជាពួកទទឹងនឹងព្រះគ្រីស្ទមួយរយភាគរយ។ ប្រសិនបើនរណាម្នាក់មិនដែលមានឋានៈ ហើយមិនដែលធ្វើជាអ្នកដឹកនាំ ហើយភាពជាមនុស្សរបស់ពួកគេមិនល្អ តើអ្នកអាចកំណត់ថាពួកគេជាពួកទទឹងនឹងព្រះគ្រីស្ទបានដោយរបៀបណា? អ្នកត្រូវតែមើលថាតើភាពជាមនុស្សរបស់ពួកគេមានលក្ខណៈពិសពុលដែរឬទេ ហើយថាតើពួកគេជាមនុស្សអាក្រក់ដែរឬទេ។ ប្រសិនបើពួកគេជាមនុស្សអាក្រក់ នោះទោះបីជាពួកគេមិនមានឋានៈក៏ដោយ ក៏ពួកគេគឺជាពួកទទឹងនឹងព្រះគ្រីស្ទមួយរយភាគរយដែរ។ ហេតុដូច្នេះហើយ ទិដ្ឋភាពធម្មតាមួយទៀតនៃសារជាតិនិស្ស័យរបស់ពួកទទឹងនឹងព្រះគ្រីស្ទ គឺភាពកាចសាហាវ។ តើនិស្ស័យកាចសាហាវរបស់ពួកទទឹងនឹងព្រះគ្រីស្ទ ដូចគ្នានឹងភាពកាចសាហាវរបស់សត្វតោ ឬសត្វខ្លាដែលបរបាញ់ចំណីដែរឬទេ? (ទេ។) សត្វស៊ីសាច់បរបាញ់ដោយសារតែភាពអត់ឃ្លាន វាគឺជាតម្រូវការរាងកាយ និងជាសភាវគតិ។ ប៉ុន្តែនៅពេលដែលពួកវាមិនឃ្លាន ពួកវានឹងមិនបរបាញ់ឡើយ។ តើនេះខុសពីភាពកាចសាហាវរបស់ពួកទទឹងនឹងព្រះគ្រីស្ទយ៉ាងដូចម្ដេច? តើវាជាករណីដែលពួកទទឹងនឹងព្រះគ្រីស្ទមិនប្រែជាកាចសាហាវទេ ប្រសិនបើអ្នកមិនបញ្ឆេះកំហឹងពួកគេ ហើយប្រែជាកាចសាហាវតែនៅពេលដែលពួកគេត្រូវបានគេបញ្ឆេះកំហឹងមែនទេ? ឬតើវាជាករណីដែលពួកគេនឹងមិនគ្រប់គ្រងអ្នកទេ ប្រសិនបើអ្នកមិនស្ដាប់ពួកគេ ប៉ុន្តែនឹងគ្រប់គ្រងអ្នក ប្រសិនបើអ្នកស្ដាប់ពួកគេមែនទេ? ឬតើវាជាករណីដែលពួកគេនឹងមិនធ្វើបាបអ្នកទេ ដរាបណាអ្នកស្ដាប់ពួកគេ ប៉ុន្តែនឹងធ្វើបាបអ្នក ប្រសិនបើអ្នកមិនស្ដាប់ពួកគេមែនទេ? (ទេ។) ភាពកាចសាហាវរបស់ពួកទទឹងនឹងព្រះគ្រីស្ទ ជានិស្ស័យ ជាសារជាតិ គឺវាជាសារជាតិសាតាំងពិតប្រាកដ។ វាមិនមែនជាសភាវគតិ ឬជាតម្រូវការនៃសាច់ឈាមឡើយ ប៉ុន្តែវាជាការសម្ដែងចេញ និងជាលក្ខណៈនៃនិស្ស័យរបស់ពួកទទឹងនឹងព្រះគ្រីស្ទ។ ដូច្នេះ តើអ្វីទៅជាការសម្ដែងចេញ ការបញ្ចេញឱ្យឃើញ និងវិធីសាស្ត្រនៃនិស្ស័យកាចសាហាវរបស់ពួកទទឹងនឹងព្រះគ្រីស្ទ? តើទង្វើណាខ្លះរបស់ពួកគេបង្ហាញថា និស្ស័យរបស់ពួកគេកាចសាហាវ ហើយពួកគេមានសារជាតិជាមនុស្សអាក្រក់? សូមចែករំលែកគំនិតរបស់អ្នករាល់គ្នា។ (ពួកគេធ្វើបាបអ្នកដទៃ។) (ពួកគេគាបសង្កត់ និងផាត់ចោលអ្នកដែលខុសពីពួកគេ។) (ពួកគេប្រឌិតកំហុសទម្លាក់លើអ្នកដទៃ និងរៀបអន្ទាក់សម្រាប់ពួកគេ។) (ពួកគេគ្រប់គ្រង និងប្រើឧបាយកលលើមនុស្ស។) (ពួកគេបង្កើតបក្ខពួក និងសាបព្រោះការបែកបាក់។) ការបង្កើតបក្ខពួក និងការសាបព្រោះការបែកបាក់ គឺមានលក្ខណៈល្បិចកលបន្តិច ទាំងនេះគឺជាការសម្ដែងចេញនៃនិស្ស័យទុច្ចរិត ប៉ុន្តែវាមិនទាន់ឈានដល់ភាពកាចសាហាវឡើយ។ ការផ្សព្វផ្សាយសញ្ញាណ ការបង្កើតនគរឯករាជ្យ តើទាំងនេះកាចសាហាវដែរឬទេ? (មែនហើយ។) ការប្រឆាំងនឹងការរៀបចំកិច្ចការ ការរំខានដល់កិច្ចការនៃព្រះដំណាក់របស់ព្រះជាម្ចាស់ ការដណ្ដើមយកតង្វាយរបស់ព្រះជាម្ចាស់ និងការប្រឆាំងនឹងព្រះជាម្ចាស់ដោយផ្ទាល់ តើទាំងនេះកាចសាហាវដែរឬទេ? (មែនហើយ។) ការដណ្ដើមយកតង្វាយ មិនត្រឹមតែជាការលោភលន់ប៉ុណ្ណោះទេ វាក៏ជាការសម្ដែងចេញនៃនិស្ស័យកាចសាហាវផងដែរ។ ការដែលពួកទទឹងនឹងព្រះគ្រីស្ទអាចដណ្ដើមយកតង្វាយ បង្ហាញពីនិស្ស័យកាចសាហាវបំផុត ដែលស្មើនឹងនិស្ស័យរបស់ចោរប្លន់។ សូមរៀបរាប់ឡើងវិញនូវចំណុចដែលយើងទើបតែបានលើកឡើង។ (ពួកគេធ្វើបាបអ្នកដទៃ គាបសង្កត់ និងផាត់ចោលអ្នកដែលខុសពីពួកគេ ប្រឌិតកំហុសទម្លាក់លើពួកគេ និងរៀបអន្ទាក់សម្រាប់ពួកគេ គ្រប់គ្រង និងប្រើឧបាយកលលើមនុស្ស ផ្សព្វផ្សាយសញ្ញាណ បង្កើតនគរឯករាជ្យ ប្រឆាំងនឹងការរៀបចំកិច្ចការ វាយប្រហារព្រះជាម្ចាស់ និងដណ្ដើមយកតង្វាយ។) សរុបមានប្រាំបួនចំណុច។ ទាំងនេះគឺជាការសម្ដែងចេញនៃនិស្ស័យកាចសាហាវរបស់ពួកទទឹងនឹងព្រះគ្រីស្ទ។ តាមពិត នៅមានការសម្ដែងចេញជាក់លាក់មួយចំនួនទៀត ប៉ុន្តែវាស្ទើរតែដូចគ្នាបេះបិទទៅនឹងចំណុចទាំងនេះ ដូច្នេះ ខ្ញុំនឹងមិនរៀបរាប់ពួកវាឱ្យលម្អិតឡើយ។ សរុបមក អ្នកដែលប្រើប្រាស់វិធីសាស្ត្រ និងយុទ្ធសាស្ត្រទាំងនេះ គឺជាមនុស្សអាក្រក់។ ម្យ៉ាង វិធីសាស្ត្ររបស់ពួកគេ មានលក្ខណៈល្បិចកលឧទាហរណ៍ ការប្រឌិតកំហុសទម្លាក់លើអ្នកដទៃ ការរៀបអន្ទាក់ និងការផ្សព្វផ្សាយសញ្ញាណ សុទ្ធតែមានលក្ខណៈល្បិចកលគួរសម។ ហើយម្យ៉ាងទៀត យុទ្ធសាស្ត្ររបស់ពួកគេមានលក្ខណៈពិសពុល និងកាចសាហាវខ្លាំង ដែលអាចចាត់ទុកថាពួកគេពិតជាមាននិស្ស័យកាចសាហាវ។

ដោយវិនិច្ឆ័យតាមទិដ្ឋភាពទាំងបីនេះនៃសារជាតិនិស្ស័យរបស់ពួកទទឹងនឹងព្រះគ្រីស្ទ តើពួកគេអាចត្រូវបានសង្គ្រោះដែរឬទេ? (ទេ ពួកគេមិនអាចទេ។) តើពួកគេស្ម័គ្រចិត្តធ្វើការដោយកម្លាំងនៅក្នុងដំណាក់របស់ព្រះជាម្ចាស់ដែរឬទេ? (ទេ ពួកគេមិនស្ម័គ្រចិត្តទេ។) ពួកគេមិនដេញតាមសេចក្ដីពិត ពួកគេមិនស្រឡាញ់សេចក្ដីពិត ហើយចិត្តរបស់ពួកគេពោរពេញទៅដោយការប្រទូសរ៉ាយចំពោះព្រះជាម្ចាស់ និងរឿងជាវិជ្ជមាន។ ពួកគេថែមទាំងមិនស្ម័គ្រចិត្តធ្វើរឿងជាមូលដ្ឋានបំផុត គឺការធ្វើការដោយកម្លាំង និងការបំពេញភារកិច្ចរបស់ពួកគេនៅក្នុងព្រះដំណាក់របស់ព្រះជាម្ចាស់ ពោលគឺពួកគេមិនទាំងអាចធ្វើអ្វីដែលមនុស្សគួរតែធ្វើជាធម្មតាផង។ ពួកគេមិនត្រឹមតែមិនអាចធ្វើវាបានប៉ុណ្ណោះទេ ប៉ុន្តែផ្ទុយទៅវិញ ពួកគេរំខាន បង្អាក់ និងបំផ្លាញសណ្ដាប់ធ្នាប់ធម្មតានៃការបំពេញភារកិច្ចរបស់បងប្អូនប្រុសស្រី ក៏ដូចជាជីវិតពួកជំនុំធម្មតាផងដែរ។ ក្នុងពេលជាមួយគ្នានេះ ពួកគេរំខានដល់កិច្ចការនៃ ដំណាក់របស់ព្រះជាម្ចាស់ ការចូលទៅក្នុងជីវិតធម្មតារបស់មនុស្ស និងកិច្ចការធម្មតារបស់ព្រះជាម្ចាស់នៅក្នុងមនុស្ស។ ហើយមិនត្រឹមតែប៉ុណ្ណឹងទេ ពួកគេក៏ចង់គ្រប់គ្រង និងក្ដោបក្ដាប់អំណាចនៅក្នុងដំណាក់របស់ព្រះជាម្ចាស់ផងដែរ ពួកគេប្រាថ្នាចង់បំភាន់ អូសទាញ និងគ្រប់គ្រងមនុស្ស ដើម្បីបង្កើតនគរឯករាជ្យ និងបក្ខពួករបស់ពួកគេផ្ទាល់នៅក្នុងដំណាក់របស់ព្រះជាម្ចាស់ ហើយបង្វែរអ្នកដែលដើរតាមព្រះជាម្ចាស់ឱ្យក្លាយជាអ្នកដើរតាមរបស់ពួកគេផ្ទាល់ទាំងស្រុង ដើម្បីឱ្យពួកគេអាចសម្រេចបាននូវមហិច្ឆិតា និងបំណងប្រាថ្នារបស់ពួកគេក្នុងការក្ដោបក្ដាប់អំណាច និងឥទ្ធិពល ក្នុងការគ្រប់គ្រងរាស្ដ្ររើសតាំងរបស់ព្រះជាម្ចាស់ និងក្នុងការសម្ដែងប្រជែងនឹងព្រះជាម្ចាស់។ ដូច្នេះ តើមានតម្លៃអ្វីទាល់តែសោះក្នុងការប្រើប្រាស់ពួកទទឹងនឹងព្រះគ្រីស្ទនៅក្នុងដំណាក់របស់ព្រះជាម្ចាស់? តើពួកគេអាចបម្រើមុខងារល្អណាមួយទាល់តែសោះនៅក្នុងដំណាក់របស់ព្រះជាម្ចាស់ដែរឬទេ? (ទេ។) ដោយវិនិច្ឆ័យពីភាពជាមនុស្សរបស់ពួកគេរហូតដល់ការដេញតាមរបស់ពួកគេ ពីមហិច្ឆិតា និងបំណងប្រាថ្នារបស់ពួកគេរហូតដល់ផ្លូវដែលពួកគេដើរ និងអាកប្បកិរិយារបស់ពួកគេចំពោះសេចក្ដីពិត និងព្រះជាម្ចាស់ នៅក្នុង ដំណាក់របស់ព្រះជាម្ចាស់ មនុស្សបែបនេះអាចបម្រើបានត្រឹមតែមុខងាររំខាន បង្អាក់ និងបំផ្លាញកិច្ចការរបស់ព្រះជាម្ចាស់ប៉ុណ្ណោះ។ ពួកគេមិនអាចបម្រើមុខងារជាវិជ្ជមានសូម្បីតែបន្តិចឡើយ ពីព្រោះពួកគេមិនដែលដេញតាមសេចក្ដីពិត ហើយនៅក្នុងសារជាតិធម្មជាតិរបស់ពួកគេ ពួកគេស្អប់ខ្ពើមសេចក្ដីពិត ហើយពោរពេញទៅដោយការប្រទូសរ៉ាយចំពោះសេចក្ដីពិត និងព្រះជាម្ចាស់។ នេះគឺជាសារជាតិរបស់ពួកទទឹងនឹងព្រះគ្រីស្ទ។

មកទល់ពេលនេះ យើងបានប្រកបគ្នាអំពីការសម្ដែងចេញផ្សេងៗរបស់ពួកទទឹងនឹងព្រះគ្រីស្ទចប់សព្វគ្រប់ហើយ។ តាមរយៈអ្វីដែលយើងបានប្រកបគ្នានៅថ្ងៃនេះ តើឥឡូវនេះអ្នករាល់គ្នាអាចវែកញែកពីពួកទទឹងនឹងព្រះគ្រីស្ទបានដែរឬទេ? ដើម្បីសង្ខេបវាដោយឃ្លាដ៏សាមញ្ញបំផុត៖ មនុស្សអាក្រក់គឺជាពួកទទឹងនឹងព្រះគ្រីស្ទ ហើយពួកទទឹងនឹងព្រះគ្រីស្ទទាំងអស់គឺជាមនុស្សអាក្រក់។ ដោយនិយាយបែបនេះ តើរឿងរ៉ាវមិនកាន់តែច្បាស់សម្រាប់អ្នករាល់គ្នាទេឬអី? តើឥឡូវនេះ វាមិនងាយយល់ជាងមុនទេឬអី? ក្នុងរយៈពេលពីរឆ្នាំកន្លងមកនេះ យើងបានបន្តវែកញែកពីសារជាតិធម្មជាតិរបស់ពួកទទឹងនឹងព្រះគ្រីស្ទ ហើយអ្នករាល់គ្នាបានឆ្លងកាត់ការបន្សុទ្ធជាច្រើន ដោយព្រួយបារម្ភថាតើអ្នករាល់គ្នាអាចជាពួកទទឹងនឹងព្រះគ្រីស្ទដែរឬទេ។ ឥឡូវនេះ លទ្ធផលទីបំផុតបានចេញមកហើយ។ ដំណើរការនេះពិតជាមានការលំបាកគួរសម ប៉ុន្តែលទ្ធផលចុងក្រោយគឺល្អ៖ អ្នករាល់គ្នាមាននិស្ស័យជាពួកទទឹងនឹងព្រះគ្រីស្ទ ប៉ុន្តែអ្នករាល់គ្នាមិនមែនជាពួកទទឹងនឹងព្រះគ្រីស្ទឡើយ។ តើអ្នករាល់គ្នាឈានដល់ការយល់ដឹងនេះដោយរបៀបណា? តើឃ្លាណាមួយក្នុងការប្រកបគ្នារបស់ខ្ញុំបានធ្វើឱ្យអ្នករាល់គ្នាយល់ដឹងអំពីរឿងនេះ? (កាលពីលើកមុន តាមរយៈការប្រកបគ្នារបស់ព្រះជាម្ចាស់អំពីភាពខុសគ្នារវាងចរិតលក្ខណៈ និងសារជាតិនិស្ស័យរបស់ពួកទទឹងនឹងព្រះគ្រីស្ទ និងរបស់មនុស្សដទៃទៀត ពួកយើងចាប់ផ្ដើមយល់បន្តិចបន្តួច។ មនុស្សដែលមានមនសិការ និងហេតុផល អាចប្រែចិត្ត និងផ្លាស់ប្ដូរបានបន្ទាប់ពីធ្វើអំពើអាក្រក់ ខណៈពេលដែលអ្នកដែលមានសារជាតិនិស្ស័យជាពួកទទឹងនឹងព្រះគ្រីស្ទ គឺមិនព្រមប្រែចិត្តយ៉ាងរឹងរូស ហើយមិនមានអារម្មណ៍អ្វីឡើយ ទោះបីជាពួកគេប្រព្រឹត្តអំពើអាក្រក់ច្រើនប៉ុនណាក៏ដោយ។) មនុស្សមានការបញ្ចេញឱ្យឃើញខ្លះៗពីនិស្ស័យជាពួកទទឹងនឹងព្រះគ្រីស្ទ ប៉ុន្តែរឿងទាំងនេះកើតឡើងដោយអចេតនា និងមិនមែនចេញពីបំណងចេតនារបស់ពួកគេផ្ទាល់ឡើយ។ នៅពេលដែលការបញ្ចេញឱ្យឃើញទាំងនេះត្រូវបានរកឃើញ មនុស្សមានអារម្មណ៍មិនស្រួល ឈឺចាប់ វិប្បដិសារី និងមានអារម្មណ៍ជំពាក់គុណ ហើយបន្ទាប់មក ពួកគេអាចប្ដូរទិសដៅបន្តិចម្ដងៗបាន។ នៅពេលដែលមនុស្សយល់ពីចំណុចនេះ ពួកគេមានអារម្មណ៍ធូរស្រាលជាងមុន ហើយយល់ថាពួកគេនៅតែមានឱកាសដើម្បីត្រូវបានសង្គ្រោះ ហើយថាពួកគេមិនមែនជាពួកទទឹងនឹងព្រះគ្រីស្ទឡើយ។ ទោះបីជាពួកគេមានទំនាក់ទំនងខ្លះជាមួយនឹងនិស្ស័យជាពួកទទឹងនឹងព្រះគ្រីស្ទក៏ដោយ សំណាងល្អ ពួកគេគ្មានទំនាក់ទំនងជាមួយនឹងសារជាតិនិស្ស័យជាពួកទទឹងនឹងព្រះគ្រីស្ទឡើយ។ ដរាបណាអ្នកមិនមែនជាមនុស្សអាក្រក់ នោះអ្នកមិនមែនជាបុគ្គលទទឹងនឹងព្រះគ្រីស្ទឡើយ។ ប៉ុន្តែ តើនោះមានន័យថាអ្នកមិនមាននិស្ស័យជាពួកទទឹងនឹងព្រះគ្រីស្ទមែនទេ? (ទេ មិនមែនទេ។) នៅពេលដែលខ្ញុំនិយាយនៅពេលនេះថា មនុស្សគ្រប់រូបមាននិស្ស័យជាពួកទទឹងនឹងព្រះគ្រីស្ទ តើអ្នករាល់គ្នាមានអារម្មណ៍ទាស់ទទឹងនៅក្នុងចិត្តដែរឬទេ? (ខ្ញុំមិនមានទេ។) អ្នករាល់គ្នាមិនមានអារម្មណ៍ទាស់ទទឹងទេ អ្នករាល់គ្នាអាចទទួលយកការពិតនេះបាននៅពេលនេះ។ សូមសង្ខេបពីការសម្ដែងចេញនៃសារជាតិនិស្ស័យរបស់ពួកទទឹងនឹងព្រះគ្រីស្ទ។ (ពួកទទឹងនឹងព្រះគ្រីស្ទស្អប់ខ្ពើមសេចក្ដីពិត ពួកគេស្អប់សេចក្ដីពិត ហើយនឹងមិនទទួលយកសេចក្ដីពិតឡើយ។) នេះចូលដល់សារជាតិហើយ ពួកទទឹងនឹងព្រះគ្រីស្ទនឹងមិនទទួលយកសេចក្ដីពិតឡើយ ពួកគេមានអារម្មណ៍ស្អប់ខ្ពើម និងប្រទូសរ៉ាយចំពោះសេចក្ដីពិត។ មនុស្សមួយចំនួនមិនដេញតាមសេចក្ដីពិតទេ ប៉ុន្តែពួកគេមិនប្រទូសរ៉ាយចំពោះវាឡើយ ហើយពួកគេក៏គិតថាអ្វីៗទាំងអស់ដែលព្រះជាម្ចាស់មានព្រះបន្ទូល គឺត្រឹមត្រូវ និងល្អដែរ ហើយពួកគេកោតសរសើរ និងចង់ដេញតាមវា ប៉ុន្តែពួកគេមានគុណសម្បត្តិខ្សោយ និងខ្វះផ្លូវ។ អ្នកផ្សេងទៀតមិនចាប់អារម្មណ៍នឹងសេចក្ដីពិតទេ ប៉ុន្តែពួកគេក៏មិនប្រទូសរ៉ាយចំពោះវាដែរ ពួកគេគឺជាប្រភេទមនុស្សក្ដៅងំៗ។ ទោះជាយ៉ាងណាក៏ដោយ ពួកទទឹងនឹងព្រះគ្រីស្ទគឺខុសគ្នា ពួកគេមានអារម្មណ៍ស្អប់ខ្ពើម និងប្រទូសរ៉ាយចំពោះសេចក្ដីពិត។ ភ្លាមៗនៅពេលដែលសេចក្ដីពិត ឬព្រះជាម្ចាស់ត្រូវបានលើកឡើង ពួកគេមានអារម្មណ៍ស្អប់ ហើយការព្យាយាមធ្វើឱ្យពួកគេទទួលយកសេចក្ដីពិត ធ្វើឱ្យពួកគេប្រែជាមិនប្រក្រតី។ ពួកគេមានអារម្មណ៍ខ្ពើមរអើមនៅក្នុងចិត្តហើយមិនដែលទទួលយកសេចក្ដីពិតឡើយ។ នេះគឺជាសារជាតិរបស់ពួកទទឹងនឹងព្រះគ្រីស្ទ។ តើមានអ្វីទៀត? (ពួកទទឹងនឹងព្រះគ្រីស្ទមិនព្រមប្រែចិត្តយ៉ាងរឹងរូស ទោះបីជាពួកគេធ្វើខុសអ្វីក៏ដោយ ហើយពួកគេនឹងមិនអនុវត្តសេចក្ដីពិតឡើយ។) ពួកគេនឹងមិនទទួលស្គាល់កំហុសរបស់ពួកគេផ្ទាល់ឡើយ ពួកគេមិនដែលប្រែចិត្តទេ ហើយពួកគេនឹងមិនផ្លាស់ប្ដូរឡើយក្នុងរយៈពេលជាច្រើនឆ្នាំ។ ពួកគេមិនទទួលស្គាល់ថាព្រះជាម្ចាស់គឺជាសេចក្ដីពិត ថាព្រះបន្ទូលរបស់ព្រះជាម្ចាស់គឺជាសេចក្ដីពិតឡើយ ដូច្នេះ តើពួកគេអាចអនុវត្តសេចក្ដីពិតបានដោយរបៀបណា? ពួកគេខ្វះភាពជាមនុស្ស ពួកគេមិនមែនជាមនុស្សទេ ពួកគេគឺជាពួកអារក្ស គឺជាពួកសាតាំង និងជាសត្រូវរបស់ព្រះជាម្ចាស់ ដូច្នេះ ពួកគេដាច់ខាតនឹងមិនអនុវត្តសេចក្ដីពិតឡើយ។

ថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២០

ខាង​ដើម៖ សេចក្ដីអធិប្បាយទីប្រាំ៖ ការសង្ខេបអំពីចរិតលក្ខណៈរបស់ពួកទទឹងនឹងព្រះគ្រីស្ទ និងសារជាតិនិស្ស័យរបស់ពួកគេ (ផ្នែកទីពីរ)

គ្រោះមហន្តរាយបានកំពុងកើតឡើងជាបន្តបន្ទាប់នៅគ្រប់ទីកន្លែងកណ្តឹងរោទិ៍នៃគ្រាចុងក្រោយបានបន្លឺឡើងរួចហើយ។ សូមចុចលើប៊ូតុង ដើម្បីជួយអ្នកនិងក្រុមគ្រួសាររកឃើញវិធីទទួលបានការការពារពីព្រះជាម្ចាស់ នៅក្នុងគ្រោះមហន្តរាយ។

ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់ អំពីការស្គាល់ព្រះជាម្ចាស់ ការថ្លែងព្រះបន្ទូលអំពីព្រះគ្រីស្ទនៃគ្រាចុងក្រោយ ការលាតត្រដាងពួកទទឹងនឹងព្រះគ្រីស្ទ ទំនួលខុសត្រូវរបស់អ្នកដឹកនាំ និងអ្នកធ្វើការ អំពីការដេញតាមសេចក្តីពិត ការជំនុំជម្រះ ចាប់ផ្ដើមពីដំណាក់របស់ព្រះជាម្ចាស់ ព្រះបន្ទូលដ៏សំខាន់ចេញពីព្រះដ៏មានគ្រប់ព្រះចេស្ដា ជាព្រះគ្រីស្ទនៃគ្រាចុងក្រោយ ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់ គោលការណ៍ណែនាំសម្រាប់ការផ្សាយដំណឹងល្អពីនគរព្រះ ទីបន្ទាល់ទាំងឡាយអំពីបទពិសោធនៅចំពោះទីជំនុំជម្រះរបស់ព្រះគ្រីស្ទ (វគ្គទី១) ទីបន្ទាល់ទាំងឡាយអំពីបទពិសោធនៅចំពោះទីជំនុំជម្រះរបស់ព្រះគ្រីស្ទ (វគ្គទី២) ទីបន្ទាល់ទាំងឡាយអំពីបទពិសោធនៅចំពោះទីជំនុំជម្រះរបស់ព្រះគ្រីស្ទ (វគ្គទី៣) ទីបន្ទាល់ទាំងឡាយអំពីបទពិសោធនៅចំពោះទីជំនុំជម្រះរបស់ព្រះគ្រីស្ទ (វគ្គទី៤) ទីបន្ទាល់ទាំងឡាយអំពីបទពិសោធនៅចំពោះទីជំនុំជម្រះរបស់ព្រះគ្រីស្ទ (វគ្គទី៥) ទីបន្ទាល់ទាំងឡាយអំពីបទពិសោធនៅចំពោះទីជំនុំជម្រះរបស់ព្រះគ្រីស្ទ (វគ្គទី៦) ទីបន្ទាល់ទាំងឡាយអំពីបទពិសោធនៅចំពោះទីជំនុំជម្រះរបស់ព្រះគ្រីស្ទ (វគ្គទី៧) ទីបន្ទាល់ទាំងឡាយអំពីបទពិសោធនៅចំពោះទីជំនុំជម្រះរបស់ព្រះគ្រីស្ទ (វគ្គទី៨) ទីបន្ទាល់ទាំងឡាយអំពីបទពិសោធនៅចំពោះទីជំនុំជម្រះរបស់ព្រះគ្រីស្ទ (វគ្គទី៩)

ការកំណត់

  • អត្ថបទ
  • ប្រធានបទ

ពណ៌​ដិតច្បាស់

ប្រធានបទ

ប្រភេទ​អក្សរ

ទំហំ​អក្សរ

ចម្លោះ​បន្ទាត់

ចម្លោះ​បន្ទាត់

ប្រវែងទទឹង​ទំព័រ

មាតិកា

ស្វែងរក

  • ស្វែង​រក​អត្ថបទ​នេះ
  • ស្វែង​រក​សៀវភៅ​នេះ

សូមទាក់ទងមកកាន់យើងខ្ញុំ តាមរយៈ Messenger