សេចក្ដីអធិប្បាយទីពីរ៖ វិធីដែលណូអេ និងអ័ប្រាហាំស្ដាប់បង្គាប់ព្រះបន្ទូលរបស់ព្រះជាម្ចាស់ និងចុះចូលចំពោះទ្រង់ (ផ្នែកទីមួយ)

១. លោកណូអេបានសង់ទូកធំ

ថ្ងៃនេះ ខ្ញុំនឹងចាប់ផ្ដើមដោយប្រាប់អ្នករាល់គ្នានូវរឿងមួយចំនួន។ ចូរស្ដាប់ ហើយពិចារណាថាតើខ្ញុំកំពុងនិយាយអំពីប្រធានបទអ្វី ហើយថាតើវាមានទំនាក់ទំនងអ្វីជាមួយប្រធានបទដែលយើងបានពិភាក្សាកន្លងមកដែរឬទេ។ រឿងទាំងនេះមិនមែនជារឿងពិបាកយល់ទេ អ្នករាល់គ្នាគួរតែអាចយល់បានទាំងអស់គ្នា។ យើងបាននិយាយរឿងទាំងនេះពីមុនមកដែរ រឿងទាំងនេះគឺជារឿងចាស់ៗ។ ដំបូងបង្អស់ គឺរឿងរបស់លោកណូអេ។ នៅក្នុងសម័យលោកណូអេ មនុស្សជាតិមានសេចក្ដីពុករលួយយ៉ាងខ្លាំង៖ មនុស្សបានថ្វាយបង្គំរូបព្រះ ទាស់ទទឹងនឹងព្រះជាម្ចាស់ និងបានប្រព្រឹត្តអំពើអាក្រក់គ្រប់បែបយ៉ាង។ អំពើអាក្រក់របស់ពួកគេ ត្រូវបានព្រះជាម្ចាស់ទតឃើញដោយផ្ទាល់ព្រះនេត្ររបស់ទ្រង់ ពាក្យសម្ដីដែលពួកគេនិយាយបានឮដល់ព្រះកាណ៌របស់ព្រះជាម្ចាស់ ហើយព្រះជាម្ចាស់បានតាំងព្រះទ័យថា ទ្រង់នឹងបំផ្លាញមនុស្សលោកនេះដោយទឹកជំនន់ ហើយទ្រង់នឹងបំផ្លាញពិភពលោកនេះឱ្យសាបសូន្យ។ ដូច្នេះ តើមនុស្សទាំងអស់ត្រូវបំផ្លាញចោល ដោយមិនទុកឱ្យនៅសល់ម្នាក់សោះឬ? មិនមែនទេ។ មានបុរសម្នាក់មានសំណាង គាត់ជាទីសព្វព្រះទ័យរបស់ព្រះជាម្ចាស់ ហើយមិនមែនជាគោលដៅនៃការបំផ្លាញរបស់ព្រះជាម្ចាស់ឡើយ។ បុរសនេះគឺលោកណូអេ។ លោកណូអេនឹងនៅរស់រានមានជីវិត បន្ទាប់ពីព្រះជាម្ចាស់បានបំផ្លាញពិភពលោកដោយទឹកជំនន់។ បន្ទាប់ពីបានតាំងព្រះទ័យថា ទ្រង់នឹងបញ្ចប់យុគសម័យនេះ និងបំផ្លាញមនុស្សលោកនេះ ព្រះជាម្ចាស់បានធ្វើរឿងមួយ។ តើរឿងនោះជាអ្វី? ថ្ងៃមួយ ព្រះជាម្ចាស់បានហៅលោកណូអេពីលើមេឃ។ ទ្រង់មានបន្ទូលថា៖ «ណូអេ អំពើអាក្រក់របស់មនុស្សលោកនេះបានឮមកដល់ព្រះកាណ៌របស់ខ្ញុំហើយ ហើយខ្ញុំបានសម្រេចចិត្តបំផ្លាញពិភពលោកនេះដោយទឹកជំនន់។ អ្នកត្រូវសង់ទូកធំមួយពីឈើកូផើរ។ ខ្ញុំនឹងប្រាប់អ្នកអំពីទំហំរបស់ទូកធំ ហើយអ្នកត្រូវប្រមូលសត្វមានជីវិតគ្រប់ប្រភេទមកដាក់ក្នុងទូកធំនោះ។ នៅពេលដែលទូកធំនោះបានសង់រួចរាល់ ហើយសត្វមានជីវិតគ្រប់ប្រភេទដែលព្រះជាម្ចាស់បានបង្កើតមក ញីមួយនិងឈ្មោលមួយ ត្រូវបានប្រមូលចូលក្នុងទូកធំនោះហើយ នោះថ្ងៃរបស់ព្រះជាម្ចាស់នឹងមកដល់។ នៅពេលនោះ ខ្ញុំនឹងផ្ដល់សញ្ញាមួយដល់អ្នក»។ បន្ទាប់ពីមានបន្ទូលដូច្នេះហើយ ព្រះជាម្ចាស់ក៏បានយាងចេញទៅ។ ហើយបន្ទាប់ពីបានឮព្រះបន្ទូលរបស់ព្រះជាម្ចាស់ លោកណូអេបានចាប់ផ្ដើមអនុវត្តគ្រប់កិច្ចការទាំងអស់ដែលព្រះជាម្ចាស់បានមានបន្ទូល ដោយមិនមានការរំលងអ្វីឡើយ។ តើគាត់បានធ្វើអ្វីខ្លះ? គាត់បានស្វែងរកឈើកូផើរដែលព្រះជាម្ចាស់បានមានបន្ទូលប្រាប់ និងសម្ភារផ្សេងៗដែលចាំបាច់សម្រាប់ការសង់ទូកធំ។ គាត់ក៏បានរៀបចំសម្រាប់ការប្រមូល និងចិញ្ចឹមបីបាច់សត្វមានជីវិតគ្រប់ប្រភេទផងដែរ។ កិច្ចការដ៏ធំទាំងពីរនេះបានដក់ជាប់នៅក្នុងចិត្តរបស់គាត់។ ចាប់តាំងពីពេលដែលព្រះជាម្ចាស់បានប្រគល់កិច្ចការសាងសង់ទូកធំដល់លោកណូអេមក លោកណូអេមិនដែលគិតក្នុងចិត្តសូម្បីម្ដងថា៖ «តើព្រះជាម្ចាស់នឹងបំផ្លាញពិភពលោកនៅពេលណា? តើទ្រង់នឹងផ្ដល់សញ្ញាដល់ខ្ញុំនៅពេលណា ដើម្បីឱ្យខ្ញុំដឹងថាទ្រង់នឹងធ្វើដូច្នេះ?» ជាជាងការគិតគូរអំពីរឿងបែបនេះ លោកណូអេបានយកគ្រប់រឿងដែលព្រះជាម្ចាស់បានមានបន្ទូលប្រាប់ដាក់ក្នុងចិត្តយ៉ាងស្មោះស្ម័គ្រ ហើយបន្ទាប់មកបានអនុវត្តវាម្ដងមួយៗ។ បន្ទាប់ពីបានទទួលយកអ្វីដែលត្រូវបានផ្ទុកផ្តាក់ដល់គាត់ដោយព្រះជាម្ចាស់ លោកណូអេបានចាប់ផ្ដើមអនុវត្ត និងសម្រេចការសាងសង់ទូកធំដែលព្រះជាម្ចាស់បានមានបន្ទូលប្រាប់ ដោយចាត់ទុកថាជារឿងសំខាន់បំផុតនៅក្នុងជីវិតរបស់គាត់ ដោយគ្មានតម្រុយនៃការធ្វេសប្រហែសសូម្បីតែបន្តិចឡើយ។ ពេលវេលាចេះតែកន្លងផុតទៅ ពីមួយថ្ងៃទៅមួយថ្ងៃ ពីមួយឆ្នាំទៅមួយឆ្នាំ។ ព្រះជាម្ចាស់មិនបានមើលការខុសត្រូវ ឬជំរុញលោកណូអេឡើយ ប៉ុន្តែក្នុងអំឡុងពេលនេះទាំងមូល លោកណូអេបានតស៊ូព្យាយាមក្នុងកិច្ចការដ៏សំខាន់ដែលត្រូវបានផ្ទុកផ្តាក់ដល់គាត់ដោយព្រះជាម្ចាស់។ គ្រប់ពាក្យពេចន៍ និងឃ្លាប្រយោគដែលព្រះជាម្ចាស់បានមានបន្ទូល ត្រូវបានចារឹកនៅក្នុងចិត្តរបស់លោកណូអេ ដូចជាពាក្យដែលគេចារឹកនៅលើផ្ទាំងថ្មអ៊ីចឹង។ ដោយមិនខ្វល់ពីការផ្លាស់ប្ដូរនៅក្នុងពិភពខាងក្រៅ ពីការចំអករបស់អស់អ្នកទាំងនោះនៅជុំវិញគាត់ ពីទុក្ខលំបាកនានា ឬពីការលំបាកដែលគាត់បានជួបប្រទះឡើយ គាត់បានតស៊ូព្យាយាមតាំងពីដើមរហូតដល់ចប់ ក្នុងការបំពេញអ្វីដែលត្រូវបានផ្ទុកផ្តាក់ដល់គាត់ដោយព្រះជាម្ចាស់ មិនដែលបាក់ទឹកចិត្ត ឬគិតចង់បោះបង់ចោលឡើយ។ ព្រះបន្ទូលរបស់ព្រះជាម្ចាស់ត្រូវបានចារឹកនៅក្នុងចិត្តរបស់លោកណូអេ ហើយលោកណូអេបានអនុវត្តតាមព្រះបន្ទូលទាំងនោះនៅក្នុងជីវិតប្រចាំថ្ងៃរបស់គាត់។ លោកណូអេបានរៀបចំសម្ភារនីមួយៗដែលចាំបាច់សម្រាប់ការសាងសង់ទូកធំ ហើយទម្រង់ និងលក្ខណៈលម្អិតនៃទូកធំដែលត្រូវបានបង្គាប់ដោយព្រះជាម្ចាស់ បានលេចចេញជារូបរាងបន្តិចម្ដងៗ តាមរយៈការដំញញួរ និងដែកដាប់យ៉ាងប្រុងប្រយ័ត្ននីមួយៗរបស់លោកណូអេ។ ទោះបីជាមានខ្យល់និងភ្លៀង ហើយមិនថាមនុស្សចំអក ឬមួលបង្កាច់គាត់យ៉ាងណាក៏ដោយ ក៏ជីវិតរបស់លោកណូអេនៅតែបន្តតាមរបៀបនេះ ពីមួយឆ្នាំទៅមួយឆ្នាំ។ ព្រះជាម្ចាស់បានទតមើលគ្រប់សកម្មភាពរបស់លោកណូអេដោយស្ងាត់ៗ ដោយមិនដែលមានបន្ទូលមួយម៉ាត់ទៀតទៅកាន់គាត់ឡើយ ហើយព្រះហឫទ័យរបស់ទ្រង់ត្រូវបានរំជួលដោយសារលោកណូអេ។ ក៏ប៉ុន្តែ លោកណូអេមិនបានដឹង ឬមានអារម្មណ៍ពីរឿងនេះឡើយ។ តាំងពីដើមរហូតដល់ចប់ គាត់គ្រាន់តែសាងសង់ទូកធំ និងប្រមូលភាវៈមានជីវិតគ្រប់ប្រភេទ ដោយមានភក្ដីភាពយ៉ាងមុតមាំចំពោះព្រះបន្ទូលរបស់ព្រះជាម្ចាស់។ នៅក្នុងចិត្តរបស់លោកណូអេ ព្រះបន្ទូលរបស់ព្រះជាម្ចាស់គឺជាសេចក្ដីណែនាំដ៏ខ្ពស់បំផុតដែលគាត់គួរតែធ្វើតាម និងអនុវត្ត ហើយព្រះបន្ទូលទាំងនោះគឺជាគោលដៅ និងជាទិសដៅដែលគាត់បានដេញតាមអស់មួយជីវិតរបស់គាត់។ ដូច្នេះ មិនថាព្រះជាម្ចាស់មានបន្ទូលអ្វីទៅកាន់គាត់ មិនថាព្រះជាម្ចាស់បានឱ្យគាត់ធ្វើអ្វី ឬបានបង្គាប់ឱ្យគាត់ធ្វើអ្វីនោះទេ លោកណូអេបានទទួលយកវាទាំងស្រុង ហើយទុកវាក្នុងចិត្ត។ គាត់ចាត់ទុកវាជារឿងសំខាន់បំផុតនៅក្នុងជីវិតរបស់គាត់ ហើយបានចាត់ចែងវាទៅតាមនោះ។ គាត់មិនត្រឹមតែមិនភ្លេច គាត់មិនត្រឹមតែទុកវាក្នុងចិត្តប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានធ្វើឱ្យវាក្លាយជាការពិតនៅក្នុងជីវិតប្រចាំថ្ងៃរបស់គាត់ ដោយទទួលយក និងអនុវត្តការផ្ទុកផ្តាក់របស់ព្រះជាម្ចាស់ដោយអស់ពីជីវិតរបស់គាត់។ ហើយតាមរបៀបនេះ ទូកធំត្រូវបានសាងសង់ឡើង ដោយផ្គុំបន្ទះក្ដារម្ដងមួយៗ។ គ្រប់ទង្វើរបស់លោកណូអេ គ្រប់ថ្ងៃរបស់គាត់ គឺប្រគល់ថ្វាយចំពោះព្រះបន្ទូល និងសេចក្ដីបង្គាប់របស់ព្រះជាម្ចាស់។ វាប្រហែលជាមើលទៅមិនដូចជាលោកណូអេកំពុងបំពេញកិច្ចការដ៏ធំសម្បើម និងកក្រើកផែនដីនោះទេ ប៉ុន្តែនៅក្នុងព្រះនេត្ររបស់ព្រះជាម្ចាស់ គ្រប់សកម្មភាពរបស់លោកណូអេ សូម្បីតែគ្រប់យ៉ាងដែលគាត់បានព្យាយាមធ្វើនៅគ្រប់ជំហានដែលគាត់បានឈាន គ្រប់កិច្ចការដែលត្រូវបានធ្វើឡើងដោយដៃរបស់គាត់ សុទ្ធតែមានតម្លៃ និងស័ក្ដិសមនឹងការចងចាំ ហើយគួរតែត្រូវបានយកតម្រាប់តាមដោយមនុស្សជាតិនេះ។ លោកណូអេបានប្រកាន់ខ្ជាប់នូវអ្វីដែលត្រូវបានផ្ទុកផ្តាក់ដល់គាត់ដោយព្រះជាម្ចាស់។ គាត់មានជំនឿយ៉ាងមុតមាំថា គ្រប់ព្រះបន្ទូលដែលត្រូវបានថ្លែងប្រាប់ដោយព្រះជាម្ចាស់គឺជាការពិត។ ចំពោះរឿងនេះ គាត់គ្មានការសង្ស័យឡើយ។ ហើយជាលទ្ធផល ទូកធំត្រូវបានសាងសង់រួចរាល់ ហើយ ភាវៈមានជីវិតគ្រប់ប្រភេទអាចរស់នៅលើទូកនោះបាន។ មុនពេលដែលព្រះជាម្ចាស់បានបំផ្លាញពិភពលោក ទ្រង់បានប្រទានសញ្ញាមួយដល់លោកណូអេ ដែលប្រាប់លោកណូអេថាទឹកជំនន់ជិតមកដល់ហើយ ហើយថាគាត់គួរតែឡើងទៅលើទូកធំជាបន្ទាន់។ លោកណូអេបានធ្វើតាមដូចអ្វីដែលព្រះជាម្ចាស់បានមានបន្ទូលឥតខ្វះចន្លោះ។ នៅពេលដែលលោកណូអេបានឡើងលើទូកធំ នៅពេលដែលទឹកហូរយ៉ាងគំហុកធ្លាក់ពីលើមេឃមក លោកណូអេបានឃើញថាព្រះបន្ទូលរបស់ព្រះជាម្ចាស់បានក្លាយជាការពិត ហើយឃើញថាព្រះបន្ទូលរបស់ទ្រង់ត្រូវបានសម្រេច៖ សេចក្ដីក្រោធរបស់ព្រះជាម្ចាស់បានធ្លាក់មកលើពិភពលោក ហើយគ្មាននរណាម្នាក់អាចផ្លាស់ប្ដូររឿងទាំងអស់នេះបានឡើយ។

តើលោកណូអេបានចំណាយពេលប៉ុន្មានឆ្នាំដើម្បីសង់ទូកធំ? (១២០ឆ្នាំ។) តើ ១២០ឆ្នាំ តំណាងឱ្យអ្វីសម្រាប់មនុស្សនាពេលបច្ចុប្បន្ននេះ? វាមានរយៈពេលវែងជាងអាយុជីវិតរបស់មនុស្សធម្មតាម្នាក់ទៅទៀត។ ប្រហែលជាវែងជាងអាយុជីវិតរបស់មនុស្សពីរនាក់ទៀតផង។ ប៉ុន្តែ ក្នុងរយៈពេល ១២០ឆ្នាំនេះ លោកណូអេបានធ្វើរឿងតែមួយគត់ ហើយគាត់បានធ្វើរឿងដដែលនោះជារៀងរាល់ថ្ងៃ។ នៅក្នុងសម័យមុនឧស្សាហកម្មនោះ នៅក្នុងយុគសម័យមុនពេលមានការទំនាក់ទំនងព័ត៌មាន នៅក្នុងសម័យដែលអ្វីៗទាំងអស់ពឹងផ្អែកលើដៃទាំងពីរ និងកម្លាំងពលកម្មរបស់មនុស្ស លោកណូអេបានធ្វើរឿងដដែលនោះជារៀងរាល់ថ្ងៃ។ ក្នុងរយៈពេល ១២០ឆ្នាំ គាត់មិនបានបោះបង់ចោល ឬឈប់ឡើយ។ មួយរយម្ភៃឆ្នាំ៖ តើយើងអាចយល់ពីទំហំនៃពេលវេលានេះដោយរបៀបណា? តើមាននរណាម្នាក់ផ្សេងទៀតនៅក្នុងចំណោមមនុស្សលោកដែលអាចរក្សាការប្ដេជ្ញាចិត្តធ្វើរឿងមួយអស់រយៈពេល ១២០ឆ្នាំបានដែរឬទេ? (មិនមានទេ។) ការដែលគ្មាននរណាម្នាក់អាចរក្សាការប្ដេជ្ញាចិត្តធ្វើរឿងមួយអស់រយៈពេល ១២០ឆ្នាំ មិនមែនជារឿងគួរឱ្យភ្ញាក់ផ្អើលឡើយ។ ប៉ុន្តែ មានបុរសម្នាក់ ដែលអស់រយៈពេល ១២០ឆ្នាំ បានកាន់ខ្ជាប់ខ្ជួន ដោយគ្មានការផ្លាស់ប្ដូរចំពោះអ្វីដែលព្រះជាម្ចាស់បានផ្ទុកផ្ដាក់ឱ្យគាត់ ដោយមិនដែលរអ៊ូរទាំ ឬបោះបង់ចោល ដោយមិនរងឥទ្ធិពលពីបរិយាកាសខាងក្រៅណាមួយឡើយ ហើយនៅទីបំផុតបានបំពេញកិច្ចការដូចអ្វីដែលព្រះជាម្ចាស់បានមានបន្ទូលឥតខ្វះចន្លោះ។ តើនេះជារឿងបែបណាទៅ? នៅក្នុងចំណោមមនុស្សលោក នេះគឺជារឿងដ៏កម្រ មិនធម្មតា ពោលគឺជារឿងដែលមានតែមួយគត់។ នៅក្នុងប្រវត្តិសាស្ត្រដ៏យូរលង់របស់មនុស្សជាតិ ក្នុងចំណោមមនុស្សលោកទាំងអស់ដែលបានដើរតាមព្រះជាម្ចាស់ នេះគឺជារឿងដែលគ្មានអ្វីអាចប្រៀបផ្ទឹមបានឡើយ។ បើនិយាយពីទំហំ និងភាពលំបាកនៃវិស្វកម្មដែលពាក់ព័ន្ធ កម្រិតនៃកម្លាំងកាយ និងការប្រឹងប្រែងដែលវាទាមទារ និងរយៈពេលដែលបានអូសបន្លាយនេះមិនមែនជាកិច្ចការដ៏ងាយស្រួលនោះទេ ដែលនេះជាមូលហេតុដែលនៅពេលលោកណូអេបានធ្វើរឿងនេះ វាមានតែមួយគត់ក្នុងចំណោមមនុស្សជាតិ ហើយគាត់គឺជាគំរូ និងជាឧទាហរណ៍សម្រាប់អស់អ្នកដែលដើរតាមព្រះជាម្ចាស់។ លោក ណូអេ បានស្តាប់ឮការអធិប្បាយ តែបន្តិចបន្តួចប៉ុណ្ណោះ ហើយនៅពេលនោះ ព្រះជាម្ចាស់មិនបានសម្តែងចេញព្រះបន្ទូលច្រើនទេ ដូច្នេះ គ្មានអ្វីត្រូវសង្ស័យឡើយថាលោក ណូអេ មិនយល់ពីសេចក្ដីពិតច្រើនទេ។ គាត់មិនបានយល់ដឹងពីវិទ្យាសាស្ត្រទំនើប ឬចំណេះដឹងទំនើបនោះទេ។ គាត់ជាមនុស្សសាមញ្ញបំផុតម្នាក់ ជាសមាជិកធម្មតានៃពូជមនុស្ស។ ប៉ុន្តែក្នុងទិដ្ឋភាពមួយ គាត់មិនដូចអ្នកដទៃផ្សេងនោះទេ៖ គាត់ចេះស្តាប់បង្គាប់ព្រះបន្ទូលរបស់ព្រះជាម្ចាស់ គាត់ដឹងពីរបៀបធ្វើតាម និងប្រកាន់ខ្ជាប់តាមព្រះបន្ទូលរបស់ព្រះជាម្ចាស់ គាត់ដឹងពីអ្វីទៅដែលជាកន្លែងដ៏សមរម្យរបស់មនុស្ស ហើយគាត់អាចជឿ និងចុះចូលចំពោះព្រះបន្ទូលរបស់ព្រះជាម្ចាស់យ៉ាងពិតប្រាកដ ពោលគឺ គ្មានអ្វីលើសពីនេះឡើយ។ គោលការណ៍សាមញ្ញមួយចំនួននេះគឺគ្រប់គ្រាន់ដើម្បីធ្វើឱ្យលោក ណូអេ សម្រេចបាននូវអ្វីៗគ្រប់យ៉ាងដែលព្រះជាម្ចាស់បានផ្ទុកផ្ដាក់ដល់គាត់ ហើយគាត់បានតស៊ូព្យាយាមក្នុងរឿងនេះមិនត្រឹមតែពីរបីខែ ឬច្រើនឆ្នាំ ឬច្រើនទសវត្សរ៍នោះទេ ប៉ុន្តែអស់រយៈពេលជាងមួយសតវត្សរ៍។ តើរយៈពេលនេះមិនគួរឱ្យភ្ញាក់ផ្អើលទេឬ? តើអ្នកណាអាចធ្វើរឿងនេះបានក្រៅពីលោកណូអេនោះ? (គ្មានអ្នកណាអាចធ្វើបានទេ។) ចុះហេតុអ្វីបានជាគ្មានអ្នកណាអាចធ្វើបាន? អ្នកខ្លះនិយាយថា ដោយសារតែការមិនយល់ពីសេចក្តីពិត ប៉ុន្តែរឿងនេះមិនស្របតាមការពិតទេ។ តើលោក ណូអេ បានយល់ពីសេចក្តីពិតច្រើនប៉ុនណាទៅ? ហេតុអ្វីបានជាលោក ណូអេ អាចធ្វើរឿងទាំងអស់នេះបាន? អ្នកជឿនៅសព្វថ្ងៃនេះ បានអានព្រះបន្ទូលជាច្រើនរបស់ព្រះជាម្ចាស់ ពួកគេយល់សេចក្តីពិតខ្លះ ដូច្នេះ ហេតុអ្វីបានជាពួកគេមិនអាចធ្វើរឿងនេះបាន? អ្នកខ្លះទៀតនិយាយថា ដោយសារតែនិស្ស័យពុករលួយរបស់មនុស្ស ប៉ុន្តែតើលោក ណូអេ គ្មាននិស្ស័យពុករលួយទេឬ? ហេតុអ្វីបានលោក ណូអេ អាចសម្រេចរឿងនេះបាន ប៉ុន្តែហេតុអ្វីបានជាមនុស្សសព្វថ្ងៃនេះមិនអាចសម្រេចបាន? (ដោយសារមនុស្សសព្វថ្ងៃនេះមិនជឿព្រះបន្ទូលរបស់ព្រះជាម្ចាស់ ពួកគេក៏មិនចាត់ទុក ឬប្រកាន់ខ្ជាប់តាមព្រះបន្ទូលជាសេចក្តីពិតនោះដែរ។) ចុះហេតុអ្វីបានជាពួកគេមិនអាចចាត់ទុកព្រះបន្ទូលរបស់ព្រះជាម្ចាស់ជាសេចក្ដីពិត? ហេតុអ្វីបានជាពួកគេមិនអាចប្រកាន់ខ្ជាប់តាមព្រះបន្ទូលរបស់ព្រះជាម្ចាស់បាន? (ពួកគេគ្មានចិត្តកោតខ្លាចព្រះជាម្ចាស់ឡើយ។) ដូច្នេះ នៅពេលមនុស្សគ្មានការយល់ដឹងអំពីសេចក្តីពិត ហើយមិនបានស្តាប់ឮសេចក្តីពិតជាច្រើនផងនោះ តើចិត្តកោតខ្លាចព្រះជាម្ចាស់កើតមាននៅក្នុងពួកគេយ៉ាងដូចម្ដេចទៅ? (ពួកគេត្រូវតែមានភាពជាមនុស្ស និងមនសិការ។) ត្រូវហើយ។ ក្នុងភាពជាមនុស្សរបស់មនុស្សលោក ត្រូវតែមានរបស់ដ៏មានតម្លៃបំផុតចំនួនពីរគឺ៖ ទីមួយ គឺមនសិការ និងទីពីរ គឺវិចារណញ្ញាណនៃភាពជាមនុស្សធម្មតា។ ការដែលមានមនសិការ និងវិចារណញ្ញាណនៃភាពជាមនុស្សធម្មតា គឺជាស្តង់ដាអប្បបរមាសម្រាប់ធ្វើជាមនុស្សម្នាក់។ វាជាស្តង់ដាមូលដ្ឋានបំផុត ជាអប្បបរមាសម្រាប់វាស់វែងមនុស្សម្នាក់។ ប៉ុន្តែមនុស្សនៅសព្វថ្ងៃនេះគ្មានស្តង់ដានេះទេ ដូច្នេះហើយមិនថាពួកគេស្តាប់ឮ និងយល់ពីសេចក្តីពិតច្រើនប៉ុនណានោះទេ ក៏ការមានចិត្តកោតខ្លាចព្រះជាម្ចាស់ គឺហួសពីសមត្ថភាពរបស់ពួកគេ។ ដូច្នេះ តើអ្វីទៅគឺជាភាពខុសគ្នាជាសារជាតិរវាងមនុស្សសព្វថ្ងៃនេះ និងលោកណូអេ? (ពួកគេគ្មានភាពជាមនុស្សទេ។) ចុះអ្វីទៅជាសារជាតិនៃការខ្វះភាពជាមនុស្សនេះ? (ពួកគេជាសត្វតិរច្ឆាន និងពួកអារក្ស។) «សត្វតិរច្ឆាន និងពួកអារក្ស» ស្តាប់ទៅមិនសូវពីរោះទេ ប៉ុន្តែឃ្លានេះស្របតាមការពិត។ វិធីដែលហៅឱ្យគួរសមជាងនេះគឺថា ពួកគេគ្មានភាពជាមនុស្សទេ។ មនុស្សដែលគ្មានភាពជាមនុស្ស និងវិចារណញ្ញាណ មិនមែនជាមនុស្សទេ ពួកគេអន់ជាងសត្វតិរច្ឆានទៅទៀត។ ការដែលលោក ណូអេ អាចបំពេញការផ្ទុកផ្ដាក់របស់ព្រះជាម្ចាស់បាន គឺដោយសារតែនៅពេលលោក ណូអេ បានស្តាប់ឮព្រះបន្ទូលរបស់ព្រះជាម្ចាស់ គាត់អាចរក្សាទុកព្រះបន្ទូលទាំងនោះយ៉ាងមុតមាំក្នុងដួងចិត្តរបស់គាត់។ សម្រាប់គាត់ ការផ្ទុកផ្ដាក់របស់ព្រះជាម្ចាស់គឺជាកិច្ចការពេញមួយជីវិត សេចក្តីជំនឿរបស់គាត់មិនងាករេឡើយ ឆន្ទៈរបស់គាត់មិនផ្លាស់ប្តូរអស់រយៈពេលមួយរយឆ្នាំ។ នោះព្រោះតែគាត់មានចិត្តកោតខ្លាចព្រះជាម្ចាស់ គាត់ជាមនុស្សពិតប្រាកដ ហើយគាត់មានវិចារណញ្ញាណបំផុត ទើបព្រះជាម្ចាស់បានផ្ទុកផ្ដាក់កិច្ចការសាងសង់ទូកធំដល់គាត់។ មនុស្សដែលមានភាពជាមនុស្ស និងវិចារណញ្ញាណច្រើនដូចលោកណូអេនេះ គឺកម្រនឹងមានណាស់ គឺពិបាកនឹងរកបានអ្នកផ្សេងណាដែលបែបនេះណាស់។

ណូអេអាចធ្វើបានតែរឿងមួយប៉ុណ្ណោះ។ វារឿងសាមញ្ញណាស់៖ បន្ទាប់ពីបានឮព្រះបន្ទូលរបស់ព្រះជាម្ចាស់ គាត់ក៏បានអនុវត្ត និងធ្វើតាមដោយគ្មានលក្ខខណ្ឌអ្វីឡើយ។ គាត់មិនដែលសង្ស័យ ឬបោះបង់ចោលឡើយ។ គាត់បានធ្វើអ្វីគ្រប់យ៉ាងដែលព្រះជាម្ចាស់បានបង្គាប់ឱ្យគាត់ធ្វើ គាត់បានបំពេញ និងអនុវត្តវាតាមរបៀបដែលព្រះជាម្ចាស់បានប្រាប់ឱ្យគាត់ធ្វើ ដោយមិនបានគិតពីហេតុផល ឬផលចំណេញ ឬខាតបង់ផ្ទាល់ខ្លួនឡើយ។ គាត់ចងចាំព្រះបន្ទូលរបស់ព្រះជាម្ចាស់ថា៖ «ព្រះនឹងបំផ្លាញលោកីយ៍។ អ្នកត្រូវតែសង់ទូកធំដោយមិនបង្អង់ ហើយនៅពេលសាងសង់រួច ហើយទឹកជំនន់មកដល់ អ្នករាល់គ្នានឹងឡើងលើទូកធំនេះ ហើយអស់អ្នកដែលមិនបានឡើងលើទូកធំនេះ នឹងត្រូវវិនាសទាំងអស់»។ គាត់មិនបានដឹងថាអ្វីដែលព្រះជាម្ចាស់បានមានបន្ទូល នឹងកើតឡើងនៅពេលណាទេ តែគាត់គ្រាន់តែដឹងថាអ្វីដែលព្រះជាម្ចាស់បានមានបន្ទូល ត្រូវតែសម្រេចបាន ហើយថាព្រះបន្ទូលរបស់ព្រះសុទ្ធតែជាការពិតទាំងអស់ គ្មានមួយម៉ាត់ណាមិនពិតឡើយ ចំណែកឯពេលណាដែលពាក្យទាំងនោះនឹងកើតឡើង នោះគឺស្ថិតនៅលើព្រះជាម្ចាស់ទាំងស្រុង។ គាត់ដឹងថាកិច្ចការតែមួយគត់របស់គាត់ពេលនោះគឺ ប្រកាន់ខ្ជាប់នូវអ្វីដែលព្រះជាម្ចាស់បានមានបន្ទូលទាំងអស់ទុកនៅក្នុងដួងចិត្តរបស់គាត់ ហើយបន្ទាប់មកប្រញាប់អនុវត្តវាតែម្តង។ នោះជាការគិតរបស់ណូអេ។ នេះជាអ្វីដែលគាត់បានគិត នេះជាអ្វីដែលគាត់បានធ្វើ ហើយនេះជារឿងពិត។ ដូច្នេះ តើអ្វីគឺជាភាពខុសគ្នាសំខាន់រវាងអ្នករាល់គ្នា និងណូអេ? (ពេលយើងឮព្រះបន្ទូលរបស់ព្រះជាម្ចាស់ យើងមិនបន្តយកទៅអនុវត្តឡើយ) នេះជាឥរិយាបថ តើភាពខុសគ្នាដ៏សំខាន់ជាអ្វី? (យើងខ្វះភាពជាមនុស្ស) គឺថា ណូអេមានរបស់ពីរយ៉ាងដែលយ៉ាងហោច មនុស្សគួរតែមាន គឺមនសិការ និងហេតុផលនៃមនុស្សជាតិធម្មតា។ ចំណែកឯអ្នករាល់គ្នាមិនមានចំនុចទាំងនេះទេ។ តើសមទេដែលនិយាយថា ណូអេគឺជាមនុស្សពិតប្រាកដ ចំណែកឯអ្នករាល់គ្នាមិនសមនឹងត្រូវហៅថាជាមនុស្សទេ? (បាន។) ហេតុអ្វីខ្ញុំថាបែបនេះ? ការពិតគឺស្ថិតនៅទីនោះហើយ៖ ចំពោះអ្វីដែលណូអេបានធ្វើ កុំថាឡើយត្រឹមពាក់កណ្តាលនៃគាត់ អ្នករាល់គ្នាមិនទាំងអាចធ្វើសូម្បីតែមួយចំណែកតូចផង។ ណូអេអាចតស៊ូបានរហូត១២០ឆ្នាំ។ ចុះអ្នករាល់គ្នាវិញ តើអ្នករាល់គ្នាអាចតស៊ូបានប៉ុន្មានឆ្នាំ? ១០០ឆ្នាំ? ៥០ឆ្នាំ? ១០ឆ្នាំ? ៥ឆ្នាំ? ២ឆ្នាំ? កន្លះឆ្នាំ? តើនរណាក្នុងចំណោមអ្នកអាចតស៊ូបានកន្លះឆ្នាំ? ចូរចេញទៅរកឈើតាមដែលព្រះជាម្ចាស់មានបន្ទូល កាប់វា ចិតសំបកចេញ ហាលវាឲ្យស្ងួត រួចកាត់វាជារូបរាង និងទំហំផ្សេងៗ។ តើអ្នករាល់គ្នាអាចបន្តធ្វើបានកន្លះឆ្នាំទេ? ភាគច្រើននៃអ្នករាល់គ្នាកំពុងគ្រវីក្បាល ដែលមានន័យថា អ្នកមិនអាចធ្វើបានសូម្បីតែកន្លះឆ្នាំ។ ដូច្នេះ ចុះបីខែវិញ? មនុស្សខ្លះនិយាយថា៖ «ខ្ញុំគិតថាបីខែក៏ពិបាកដែរ។ ខ្ញុំខ្លួនតូចហើយស្រាល ក្នុងព្រៃមានមូស និងសត្វល្អិតផ្សេងៗ មានស្រមោច និងចៃទៀត។ បើពួកវាទាំងអស់ខាំខ្ញុំ ខ្ញុំទ្រាំមិនបានទេ។ លើសពីនេះ ការកាប់ឈើរាល់ថ្ងៃ ការងារកខ្វក់ កិច្ចការនឿយហត់ នៅខាងក្រៅក្រោមពន្លឺថ្ងៃក្ដៅខ្លាំង និងហាលខ្យល់ ប្រហែលមិនទាន់បានពីរថ្ងៃផង ខ្ញុំនឹងរលាកស្បែកដោយសារថ្ងៃបាត់ហើយ។ នោះមិនមែនជាប្រភេទការងារដែលខ្ញុំចង់ធ្វើទេ តើមានកិច្ចការអ្វីដែលស្រួលជាងនេះ ដែលខ្ញុំអាចទទួលបញ្ជាឱ្យបំពេញបានទេ?» តើអ្នកអាចជ្រើសរើសអ្វីដែលព្រះជាម្ចាស់បញ្ជាឱ្យអ្នកធ្វើបានទេ? (មិនបានទេ។) ប្រសិនបើអ្នកមិនអាចបន្តធ្វើវាបានបីខែ តើអ្នកមានការចុះចូលពិតប្រាកដដែរឬទេ? តើអ្នកមានភាពជាការពិតនៃការចុះចូលដែរឬទេ? (មិនមានទេ។) អ្នកមិនអាចទ្រាំបានបីខែទេ។ ដូច្នេះ តើមាននរណាម្នាក់ដែលអាចទ្រាំបានកន្លះខែដែរឬទេ? មនុស្សខ្លះនិយាយថា៖ «ខ្ញុំមិនស្គាល់ឈើកូផើរ ឬចេះកាប់ដើមឈើទេ។ ខ្ញុំមិនទាំងដឹងថាដើមឈើនឹងរលំទៅទិសណានៅពេលដែលខ្ញុំកាប់វាផង ពោល ចុះបើវារលំមកលើខ្ញុំវិញនោះ? ក្រៅពីនេះ បន្ទាប់ពីកាប់ដើមឈើរួចហើយ យ៉ាងច្រើនបំផុតខ្ញុំអាចលីបានតែមួយឬពីរកំណាត់ប៉ុណ្ណោះ។ បើច្រើនជាងនេះ ខ្នងនិងស្មារបស់ខ្ញុំច្បាស់ជាខូចហើយ មែនទេ?» សូម្បីតែកន្លះខែក៏អ្នករាល់គ្នាធ្វើមិនបានដែរ។ ដូច្នេះ តើអ្នករាល់គ្នាអាចធ្វើអ្វីបាន? តើអ្នករាល់គ្នាអាចសម្រេចបានអ្វីខ្លះ នៅពេលដែលអ្នករាល់គ្នាត្រូវបានសុំឱ្យស្ដាប់បង្គាប់តាមព្រះបន្ទូលរបស់ព្រះជាម្ចាស់ ឱ្យចុះចូលនឹងព្រះបន្ទូលរបស់ព្រះជាម្ចាស់ ឱ្យអនុវត្តព្រះបន្ទូលរបស់ទ្រង់? ក្រៅពីការប្រើកុំព្យូទ័រ និងការបញ្ជា តើអ្នករាល់គ្នាអាចធ្វើអ្វីបានទៀត? ប្រសិនបើនេះជាសម័យលោកណូអេ តើអ្នករាល់គ្នានឹងក្លាយជាអ្នកដែលព្រះជាម្ចាស់បានត្រាស់ហៅដែរឬទេ? ពិតជាមិនមែនទេ! អ្នករាល់គ្នានឹងមិនមែនជាអ្នកដែលព្រះជាម្ចាស់បានត្រាស់ហៅឡើយ។ អ្នករាល់គ្នានឹងមិនមែនជាអ្នកដែលជាមនុស្សសំណព្វរបស់ព្រះជាម្ចាស់ឡើយ។ ហេតុអ្វី? ពីព្រោះអ្នកមិនមែនជាមនុស្សដែលអាចចុះចូលបាន បន្ទាប់ពីបានឮព្រះបន្ទូលរបស់ព្រះជាម្ចាស់។ ហើយប្រសិនបើអ្នកមិនមែនជាមនុស្សប្រភេទនោះទេ តើអ្នកស័ក្តិសមនឹងរស់នៅដែរឬទេ? នៅពេលដែលទឹកជំនន់មកដល់ តើអ្នកស័ក្តិសមនឹងរស់រានមានជីវិតដែរឬទេ? (មិនស័ក្តិសមទេ។) ប្រសិនបើអ្នករាល់គ្នាមិនស័ក្តិសមទេ នោះអ្នករាល់គ្នានឹងត្រូវបានបំផ្លាញ។ តើអ្នកជាមនុស្សប្រភេទណាទៅ ប្រសិនបើអ្នករាល់គ្នាសូម្បីតែអនុវត្តព្រះបន្ទូលរបស់ព្រះជាម្ចាស់កន្លះខែក៏មិនបានផងនោះ? តើអ្នកជាមនុស្សម្នាក់ដែលជឿលើព្រះជាម្ចាស់ពិតប្រាកដមែនទេ? ប្រសិនបើបន្ទាប់ពីបានឮព្រះបន្ទូលរបស់ព្រះជាម្ចាស់ អ្នកមិនអាចអនុវត្តតាមបាន ប្រសិនបើអ្នកមិនអាចទ្រាំបានកន្លះខែ សូម្បីតែទ្រាំទ្រនឹងការលំបាកពីរសប្ដាហ៍ក៏មិនបាន តើសេចក្ដីពិតបន្តិចបន្តួចដែលអ្នកយល់នោះ មានឥទ្ធិពលអ្វីមកលើអ្នកទៅ? ប្រសិនបើវាមិនទាំងមានឥទ្ធិពលបន្តិចបន្តួចក្នុងការឃាត់អ្នកបានផង នោះសម្រាប់អ្នក សេចក្ដីពិតគឺគ្រាន់តែជាពាក្យពេចន៍មួយចំនួនប៉ុណ្ណោះ ហើយវាគ្មានប្រយោជន៍អ្វីទាល់តែសោះ។ តើអ្នកជាមនុស្សប្រភេទណាទៅ ប្រសិនបើអ្នកយល់សេចក្ដីពិតទាំងអស់នោះ ប៉ុន្តែនៅពេលដែលអ្នកត្រូវបានត្រាស់ហៅឱ្យអនុវត្តព្រះបន្ទូលរបស់ព្រះជាម្ចាស់ និងរងទុក្ខលំបាក ១៥ថ្ងៃ អ្នកមិនអាចទ្រាំទ្រផងនោះ? នៅក្នុងព្រះនេត្ររបស់ព្រះជាម្ចាស់ តើអ្នកជាសភាវៈដែលបានបង្កើតមក ដែលស្របតាមស្ដង់ដារដែរឬទេ? (មិនមែនទេ។) ដោយពិចារណាលើការរងទុក្ខរបស់លោកណូអេ និងការកាន់ខ្ជាប់ខ្ជួនអស់រយៈពេល ១២០ឆ្នាំ មានគម្លាតមិនមែនត្រឹមតែបន្តិចបន្តួចពីអ្នករាល់គ្នាទេ ពោលគឺមិនអាចប្រៀបផ្ទឹមបានឡើយ។ មូលហេតុដែលព្រះជាម្ចាស់បានត្រាស់ហៅលោកណូអេ និងបានផ្ទុកផ្ដាក់នូវអ្វីៗទាំងអស់ដែលទ្រង់មានព្រះទ័យចង់ធ្វើចំពោះគាត់ គឺដោយសារតែនៅក្នុងព្រះទ័យរបស់ព្រះជាម្ចាស់ លោកណូអេអាចស្ដាប់បង្គាប់ព្រះបន្ទូលរបស់ទ្រង់ គាត់គឺជាបុរសម្នាក់ដែលអាចត្រូវបានផ្ទុកផ្ដាក់នូវកិច្ចការដ៏ធំមួយ គាត់គួរឱ្យទុកចិត្ត ហើយជាមនុស្សម្នាក់ដែលអាចធ្វើឱ្យព្រះរាជបំណងរបស់ព្រះជាម្ចាស់ក្លាយជាការពិត។ នៅក្នុងព្រះនេត្ររបស់ព្រះជាម្ចាស់ នេះគឺជាមនុស្សដ៏ពិតម្នាក់។ ចុះអ្នករាល់គ្នាវិញ? អ្នករាល់គ្នាមិនអាចសម្រេចបាននូវរឿងណាមួយក្នុងចំណោមរឿងទាំងនេះឡើយ។ វាមិនពិបាកក្នុងការស្រមៃមើលថា តើអ្នករាល់គ្នាទាំងអស់គ្នាជាអ្វីនៅក្នុងព្រះនេត្ររបស់ព្រះជាម្ចាស់នោះទេ។ តើអ្នករាល់គ្នាជាមនុស្សមែនទេ? តើអ្នករាល់គ្នាស័ក្តិសមនឹងត្រូវបានគេហៅថាជាមនុស្សដែរឬទេ? ចម្លើយគឺច្បាស់ណាស់៖ អ្នករាល់គ្នាមិនមែនទេ! ខ្ញុំបានកាត់បន្ថយពេលវេលាឱ្យខ្លីបំផុតតាមតែអាចធ្វើបាន គឺមកត្រឹម ១៥ថ្ងៃ គឺត្រឹមតែពីរសប្ដាហ៍ប៉ុណ្ណោះ ហើយគ្មាននរណាម្នាក់ក្នុងចំណោមអ្នករាល់គ្នាបាននិយាយថាអ្នកអាចធ្វើបានឡើយ។ តើការនេះបង្ហាញពីអ្វី? គឺបង្ហាញថាជំនឿ ភក្ដីភាព និងការចុះចូលរបស់អ្នករាល់គ្នា គឺគ្មានតម្លៃអ្វីសោះ។ អ្វីដែលអ្នករាល់គ្នាជឿថាជាជំនឿ ភក្ដីភាព និងការចុះចូល ខ្ញុំយល់ថាគ្មានតម្លៃអ្វីទាល់តែសោះ! អ្នករាល់គ្នាអួតអាងថាខ្លួនពូកែណាស់ ប៉ុន្តែនៅក្នុងទស្សនៈរបស់ខ្ញុំ អ្នករាល់គ្នាខ្វះខាតទាំងស្រុង!

អ្វីដែលអស្ចារ្យបំផុត គួរឱ្យកោតសរសើរបំផុត និងស័ក្តិសមបំផុតសម្រាប់ការយកតម្រាប់តាមនៅក្នុងរឿងរបស់លោកណូអេ គឺការប្រកាន់ខ្ជាប់ខ្ជួនអស់រយៈពេល ១២០ ឆ្នាំរបស់គាត់ ការចុះចូល និងភាពស្មោះត្រង់អស់រយៈពេល ១២០ ឆ្នាំរបស់គាត់។ មើលចុះ តើព្រះជាម្ចាស់បានយល់ច្រលំក្នុងការជ្រើសរើសមនុស្សដែរឬទេ? (ទេ។) ព្រះជាម្ចាស់គឺជាព្រះជាម្ចាស់ដែលពិនិត្យអង្កេតនូវអ្វីដែលនៅខាងក្នុងបំផុតរបស់មនុស្ស។ នៅកណ្ដាលចំណោមមនុស្សដ៏ច្រើនមហិមា ទ្រង់បានជ្រើសរើសលោកណូអេ ទ្រង់បានត្រាស់ហៅលោកណូអេ ហើយព្រះជាម្ចាស់មិនបានយល់ច្រឡំក្នុងការជ្រើសរើសរបស់ទ្រង់ទេ៖ លោកណូអេល្អត្រូវតាមការរំពឹងទុករបស់ទ្រង់ គាត់បានបំពេញដោយជោគជ័យនូវអ្វីដែលព្រះជាម្ចាស់បានផ្ទុកផ្តាក់ដល់គាត់។ នេះគឺជាទីបន្ទាល់។ នេះគឺជាអ្វីដែលព្រះជាម្ចាស់ចង់បាន នេះគឺជាទីបន្ទាល់! ប៉ុន្តែនៅក្នុងអ្នករាល់គ្នា តើមានតម្រុយ ឬការស្នើ យោបល់ណាមួយអំពីរឿងនេះដែរឬទេ? គឺមិនមានទេ។ ច្បាស់ណាស់ ទីបន្ទាល់បែបនេះគឺមិនមាននៅក្នុងអ្នករាល់គ្នាទេ។ អ្វីដែលត្រូវបានបញ្ចេញឱ្យឃើញនៅក្នុងអ្នករាល់គ្នា អ្វីដែលព្រះជាម្ចាស់ទតឃើញ គឺជាសញ្ញានៃភាពអាម៉ាស់។ គ្មានរឿងអ្វីមួយនៅទីនោះ ដែលនៅពេលនិយាយអំពីវា អាចធ្វើឱ្យមនុស្សរំភើបស្រក់ទឹកភ្នែកបានឡើយ។ ទាក់ទងនឹងការបង្ហាញចេញផ្សេងៗរបស់លោកណូអេ ជាពិសេសជំនឿដ៏មុតមាំរបស់គាត់ចំពោះព្រះបន្ទូលរបស់ព្រះជាម្ចាស់ ដែលគ្មានការសង្ស័យ ឬការផ្លាស់ប្ដូរអស់រយៈពេលមួយសតវត្សរ៍ និងការប្រកាន់ខ្ជាប់ខ្ជួនរបស់គាត់ក្នុងការសង់ទូកធំ ដែលមិនបានរង្គោះរង្គើអស់រយៈពេលមួយសតវត្សរ៍ ហើយទាក់ទងនឹងជំនឿ និងអំណាចឆន្ទៈរបស់គាត់នេះ គ្មាននរណាម្នាក់នៅក្នុងសម័យទំនើបនេះអាចប្រៀបផ្ទឹមបានឡើយ គ្មាននរណាម្នាក់ជាគូប្រកួតនឹងគាត់បានទេ។ ប៉ុន្តែ គ្មាននរណាម្នាក់ខ្វល់ខ្វាយពីភាពស្មោះត្រង់និងការចុះចូលរបស់លោកណូអេឡើយ គ្មាននរណាម្នាក់ជឿថាមានអ្វីនៅក្នុងរឿងនេះដែលស័ក្តិសមនឹងឱ្យមនុស្សឱ្យតម្លៃ និងយកតម្រាប់តាមនោះទេ។ ផ្ទុយទៅវិញ តើអ្វីទៅដែលសំខាន់ជាងសម្រាប់មនុស្សនាពេលបច្ចុប្បន្ននេះ? គឺការនិយាយច្រំដែលនូវពាក្យស្លោក និងការនិយាយអំពីគោលលទ្ធិ។ ពួកគេហាក់ដូចជាយល់សេចក្ដីពិតជាច្រើន ហើយហាក់ដូចជាបានទទួលសេចក្ដីពិត ប៉ុន្តែបើប្រៀបធៀបនឹងលោកណូអេ ពួកគេមិនបានសម្រេចបានមួយភាគរយ មួយភាគពាន់ នៃអ្វីដែលគាត់បានធ្វើនោះទេ។ ពួកគេខ្វះខាតខ្លាំងណាស់! គឺខុសគ្នាដូចមេឃនិងដី។ ពីការសង់ទូកធំរបស់លោកណូអេ តើអ្នករាល់គ្នាបានរកឃើញទេថា តើមនុស្សប្រភេទណាដែលជាទីស្រឡាញ់របស់ព្រះជាម្ចាស់? តើគុណសម្បត្តិ បេះដូង និងសេចក្ដីសុចរិតបែបណា ដែលមាននៅក្នុងអស់អ្នកដែលជាទីស្រឡាញ់របស់ព្រះជាម្ចាស់? តើអ្នករាល់គ្នាមានរបស់ទាំងអស់ដែលលោកណូអេមានដែរឬទេ? ប្រសិនបើអ្នកមានអារម្មណ៍ថាអ្នកមានជំនឿ និងចរិតលក្ខណៈរបស់លោកណូអេ នោះវាអាចនឹងអាចលើកលែងទោសបានខ្លះសម្រាប់ អ្នកដាក់លក្ខខណ្ឌជាមួយព្រះជាម្ចាស់ ហើយព្យាយាមតថ្លៃជាមួយទ្រង់។ ប្រសិនបើអ្នកមានអារម្មណ៍ថា របស់ទាំងនោះគឺមិនមាននៅក្នុងខ្លួនអ្នកទាល់តែសោះ នោះខ្ញុំនឹងប្រាប់អ្នកនូវការពិត៖ កុំលើកតម្កើងខ្លួនឯង អ្នកគ្មានអ្វីសោះ។ នៅក្នុងព្រះនេត្ររបស់ព្រះជាម្ចាស់ អ្នកថោកទាបជាងសត្វដង្កូវទៅទៀត។ ប៉ុន្តែអ្នកនៅតែមានមុខហ៊ានព្យាយាមដាក់លក្ខខណ្ឌ និងតថ្លៃជាមួយព្រះជាម្ចាស់ទៀតឬ? មនុស្សខ្លះនិយាយថា៖ «ប្រសិនបើខ្ញុំថោកទាបជាងសត្វដង្កូវ តើខ្ញុំអាចបម្រើជាសត្វឆ្កែនៅក្នុងដំណាក់របស់ព្រះជាម្ចាស់បានទេ?» មិនបានទេ អ្នកមិនស័ក្តិសមនឹងការនេះទេ។ ហេតុអ្វី? អ្នករាល់គ្នាមិនអាចសូម្បីតែយាមទ្វារដំណាក់របស់ព្រះជាម្ចាស់ឱ្យបានល្អផង ដូច្នេះនៅក្នុងព្រះនេត្ររបស់ខ្ញុំ អ្នករាល់គ្នាមិនសូម្បីតែស្មើនឹងសត្វឆ្កែយាមមួយក្បាលផង។ តើពាក្យទាំងនេះធ្វើឱ្យអ្នករាល់គ្នាឈឺចាប់ដែរឬទេ? តើការឮបែបនេះធ្វើឱ្យអ្នករាល់គ្នាមិនសប្បាយចិត្តដែរឬទេ? នេះមិនមែនមានបំណងធ្វើឱ្យប៉ះពាល់ដល់ការស្គាល់នូវតម្លៃខ្លួនឯងរបស់អ្នករាល់គ្នាទេ នេះគឺជាសេចក្ដីថ្លែងផ្អែកលើការពិត ជាការអះអាងផ្អែកលើភស្តុតាង ហើយមិនមែនក្លែងក្លាយ សូម្បីតែបន្តិចឡើយ។ នេះគឺជាអ្វីដែលអ្នករាល់គ្នាបានប្រព្រឹត្តឥតខ្វះចន្លោះ ជាអ្វីដែលត្រូវបានសម្ដែងចេញពីក្នុងខ្លួនអ្នករាល់គ្នាឥតខ្វះចន្លោះ។ នេះគឺជារបៀបដែលអ្នករាល់គ្នាបានប្រព្រឹត្តចំពោះព្រះជាម្ចាស់ឥតខ្វះចន្លោះ ហើយវាក៏ជារបៀបដែលអ្នករាល់គ្នាប្រព្រឹត្តចំពោះអ្វីៗទាំងអស់ដែលព្រះជាម្ចាស់បានផ្ទុកផ្តាក់ដល់អ្នករាល់គ្នាផងដែរ។ អ្វីៗទាំងអស់ដែលខ្ញុំបាននិយាយ គឺជាការពិត ហើយចេញពីដួងចិត្ត។ យើងនឹងបញ្ចប់ការពិភាក្សាអំពី រឿងរបស់លោកណូអេត្រឹមនេះ។

II. អាប់ប្រាហាំថ្វាយអ៊ីសាកដល់ព្រះជាម្ចាស់

មានរឿងមួយទៀតដែលគួរនឹងនិទានប្រាប់៖ គឺរឿងរបស់អាប់ប្រាហាំ។ ថ្ងៃមួយ មានទេវតាពីរអង្គបានមកដល់ផ្ទះរបស់អាប់ប្រាហាំ ហើយគាត់បានទទួលទេវតាទាំងពីរអង្គដោយក្ដីរីករាយយ៉ាងខ្លាំង។ ទេវតាទាំងនោះត្រូវបានព្រះជាម្ចាស់ចាត់ឱ្យមកប្រាប់អាប់ប្រាហាំថាព្រះជាម្ចាស់នឹងប្រទានកូនប្រុសម្នាក់ដល់គាត់។ ពេលគាត់ឮដូច្នេះភ្លាម អាប់ប្រាហាំក៏ត្រេកអរជាខ្លាំង ដោយនិយាយថា៖ «សូមអរព្រះគុណដល់ព្រះអម្ចាស់របស់ខ្ញុំ!»។ ប៉ុន្តែនៅពីក្រោយទេវតាទាំងនោះ សារ៉ាជាភរិយារបស់អាប់ប្រាហាំ បាននឹកអស់សំណើចក្នុងចិត្ត។ សំណើចហួសចិត្តរបស់នាងមានន័យថា៖ «ការនោះមិនអាចទៅរួចទេ ខ្ញុំចាស់ហើយ។ តើខ្ញុំអាចបង្កើតកូនបានយ៉ាងដូចម្ដេច? ការដែលខ្ញុំនឹងបានកូនប្រុសម្នាក់នោះ ជារឿងគួរឲ្យអស់សំណើចណាស់!»។ សារ៉ាមិនបានជឿទេ។ តើទេវតាទាំងនោះបានឮសំណើចរបស់សារ៉ាទេ? (ទេវតាទាំងនោះបានឮ) ពិតណាស់ទេវតាទាំងនោះបានឮ ហើយព្រះជាម្ចាស់ក៏បានទតឃើញការនេះដែរ។ ចុះតើព្រះជាម្ចាស់បានធ្វើអ្វី? ទោះបីមិនមាននរណាមើលឃើញក្តី ព្រះជាម្ចាស់កំពុងតែទតឃើញ។ សារ៉ាជាស្ត្រីគ្មានចំណេះដឹងនោះមិនបានជឿទេ។ ប៉ុន្តែតើអ្វីដែលព្រះជាម្ចាស់បានកំណត់នឹងធ្វើនោះ អាចទទួលការរំខានពីមនុស្សដែរឬ? (ទេ។) អ្វីដែលព្រះសម្រេចធ្វើ មិនអាចទទួលការរំខានពីមនុស្សណាម្នាក់ឡើយ។ នៅពេលព្រះជាម្ចាស់កំណត់នឹងធ្វើអ្វីមួយ មនុស្សខ្លះអាចនិយាយថា៖ «ខ្ញុំមិនជឿទេ ខ្ញុំជំទាស់ ខ្ញុំបដិសេធ ខ្ញុំមិនយល់ស្រប ខ្ញុំមានបញ្ហាជាមួយរឿងនេះ»។ តើពាក្យសម្ដីរបស់ពួកគេមានឥទ្ធិពលដែរឬទេ? (ទេ។) ដូច្នេះនៅពេលព្រះជាម្ចាស់ទតឃើញថា មានអ្នកដែលមិនយល់ស្រប ជាអ្នកដែលមានអ្វីត្រូវនិយាយ ជាអ្នកដែលមិនជឿ តើទ្រង់ចាំបាច់ពន្យល់ពួកគេទេ? តើទ្រង់ចាំបាច់ពន្យល់ពួកគេអំពីរបៀប និងមូលហេតុដែលទ្រង់ធ្វើទេ? តើព្រះជាម្ចាស់ធ្វើដូច្នោះឬ? ទ្រង់មិនធ្វើទេ។ ទ្រង់មិនយកចិត្តទុកដាក់នឹងអ្វីដែលមនុស្សគ្មានចំណេះដឹងទាំងនេះធ្វើ និងនិយាយឡើយ ទ្រង់មិនខ្វល់ពីអាកប្បកិរិយារបស់ពួកគេទេ។ នៅក្នុងព្រះទ័យរបស់ទ្រង់ អ្វីដែលព្រះជាម្ចាស់បានកំណត់នឹងធ្វើ ត្រូវបានកំណត់ជាយូរមកហើយ៖ នេះជាអ្វីដែលទ្រង់ត្រូវតែធ្វើ។ គ្រប់របស់សព្វសារពើ និងហេតុការណ៍នានា សុទ្ធតែស្ថិតនៅក្រោមការគ្រប់គ្រង និងអធិបតេយ្យភាពនៃព្រះហស្តរបស់ព្រះជាម្ចាស់ ដល់ថ្នាក់ថា ទោះបីជាមនុស្សណាម្នាក់មានកូន ឬកូននោះជាមនុស្សប្រភទណា ក៏ស្ថិតនៅក្នុងព្រះហស្តរបស់ព្រះជាម្ចាស់ផងដែរ។ នៅពេលព្រះជាម្ចាស់ចាត់ទេវតាទាំងនោះឲ្យទៅប្រាប់អាប់ប្រាហាំថា ទ្រង់នឹងប្រទានកូនប្រុសម្នាក់ដល់គាត់ តាមពិត ព្រះជាម្ចាស់មានផែនការតាំងពីយូរមកហើយនូវរឿងជាច្រើនដែលទ្រង់នឹងធ្វើនៅពេលក្រោយ។ កូនប្រុសនោះនឹងទទួលខុសត្រូវអ្វីខ្លះ គាត់នឹងមានជីវិតបែបណា ពូជពង្សរបស់គាត់នឹងទៅជាយ៉ាងណាគឺអ្វីទាំងនេះ ព្រះជាម្ចាស់មានផែនការជាយូរមកហើយ ហើយក៏មិនមានកំហុស ឬការកែប្រែឡើយ។ ដូច្នេះ តើការនឹកអស់សំណើចរបស់ស្ត្រីគ្មានចំណេះដឹងម្នាក់អាចផ្លាស់ប្តូរអ្វីបានទេ? វាមិនអាចផ្លាស់ប្តូរអ្វីបានឡើយ។ នៅពេលដែលពេលវេលាមកដល់ ព្រះជាម្ចាស់បានធ្វើតាមផែនការរបស់ទ្រង់ ហើយអ្វីទាំងអស់នេះបានសម្រេចដូចដែលព្រះជាម្ចាស់បានមានបន្ទូល និងកំណត់។

នៅពេលអាប់ប្រាហាំមានអាយុ ១០០ ឆ្នាំ ព្រះជាម្ចាស់បានប្រទានកូនប្រុសម្នាក់ដល់គាត់។ ដោយបានរស់នៅ ១០០ ឆ្នាំទាំងគ្មានកូន អស់ទាំងថ្ងៃរបស់អាប់ប្រាហាំពិតជាគួរឲ្យធុញទ្រាន់ និងឯកោណាស់។ តើបុរសម្នាក់មានអាយុ ១០០ ឆ្នាំទាំងគ្មានកូន ជាពិសេសគ្មានកូនប្រុស មានអារម្មណ៍ដូចម្ដេចទៅ? «មានអ្វីមួយដែលខ្វះ នៅក្នុងជីវិតរបស់ខ្ញុំ។ ព្រះជាម្ចាស់មិនបានប្រទានកូនប្រុសម្នាក់ដល់ខ្ញុំទេ ហើយជីវិតរបស់ខ្ញុំមានអារម្មណ៍ឯកោបន្តិច សោកស្តាយបន្តិច»។ ប៉ុន្តែតើអាប់ប្រាហាំមានអារម្មណ៍ដូចម្ដេចនៅពេលព្រះជាម្ចាស់ចាត់ទេវតាទាំងនោះឲ្យទៅប្រាប់គាត់ថាគាត់នឹងបានកូនប្រុសម្នាក់? (រីករាយណាស់)។ ក្រៅពីពោរពេញដោយសេចក្ដីអំណរ គាត់ក៏ពោរពេញដោយការរំពឹងទុកដែរ។ គាត់បានអរព្រះគុណព្រះជាម្ចាស់សម្រាប់ព្រះគុណរបស់ទ្រង់ ដែលបានអនុញ្ញាតឱ្យគាត់ចិញ្ចឹមបីបាច់កូនម្នាក់នៅក្នុងជីវិតដែលនៅសល់របស់គាត់។ នេះគឺជារឿងដ៏អស្ចារ្យមួយ ហើយវាក៏បានកើតឡើងយ៉ាងដូច្នេះឯង។ ដូច្នេះ តើមានរឿងអ្វីខ្លះដែលធ្វើឱ្យគាត់សប្បាយចិត្ត? (គាត់មានកូនចៅ វង្សត្រកូលរបស់គាត់នឹងបន្តទៅមុខទៀត។) នោះគឺជាចំណុចមួយ។ ក៏មានរឿងមួយទៀតដែលគួរឱ្យត្រេកអរបំផុតដែរ តើជាអ្វីទៅ? (កូននេះត្រូវបានប្រទានឱ្យដោយព្រះជាម្ចាស់ផ្ទាល់។) នេះពិតហើយ។ នៅពេលមនុស្សធម្មតាមានកូន តើព្រះជាម្ចាស់យាងមកប្រាប់គេដែរឬទេ? តើទ្រង់មានបន្ទូលថា៖ «ខ្ញុំប្រទានកូននេះឱ្យអ្នកដោយផ្ទាល់ ដែលខ្ញុំបានសន្យានឹងអ្នក» ដែរឬទេ? តើព្រះជាម្ចាស់ធ្វើដូច្នេះដែរឬទេ? ទេ! ដូច្នេះ តើក្មេងនេះមានអ្វីពិសេស? ព្រះជាម្ចាស់បានចាត់ពួកអ្នកនាំសារឱ្យមកប្រាប់អាប់ប្រាហាំផ្ទាល់ថា៖ «នៅអាយុ ១០០ ឆ្នាំ អ្នកនឹងទទួលបានកូនម្នាក់ ជាកូនដែលព្រះជាម្ចាស់ប្រទានឱ្យផ្ទាល់»។ នេះហើយជាអ្វីដែលពិសេសអំពីក្មេងនេះ គឺព្រះជាម្ចាស់បានប្រាប់អំពីគាត់ ហើយទ្រង់ក៏បានប្រទានឱ្យដោយផ្ទាល់ដែរ។ នេះគឺជារឿងដ៏គួរឱ្យត្រេកអរណាស់! ហើយតើអត្ថន័យពិសេសរបស់កូននេះ មិនធ្វើឱ្យគំនិតរាប់មិនអស់ផុសពេញក្នុងខួរក្បាលមនុស្សទេឬ? តើអាប់ប្រាហាំមានអារម្មណ៍យ៉ាងណា នៅពេលគាត់បានឃើញកំណើតនៃកូននេះ? «ទីបំផុត ខ្ញុំមានកូនហើយ។ ព្រះបន្ទូលរបស់ព្រះជាម្ចាស់បានសម្រេចហើយ ទ្រង់មានបន្ទូលថា ទ្រង់នឹងប្រទានកូនមួយឱ្យខ្ញុំ ហើយទ្រង់ពិតជាបានប្រទានឱ្យមែន!» នៅពេលកូននេះកើតមក ហើយគាត់បានបីកូននៅក្នុងដៃរបស់គាត់ផ្ទាល់ អារម្មណ៍ដំបូងដែលគាត់មានគឺ៖ «កូននេះ ខ្ញុំមិនមែនបានទទួលពីដៃមនុស្សទេ ប៉ុន្តែគឺពីព្រះហស្តរបស់ព្រះជាម្ចាស់វិញ។ ការមកដល់របស់កូននេះគឺទាន់ពេលវេលាណាស់។ គាត់ត្រូវបានប្រទានឱ្យដោយព្រះជាម្ចាស់ ហើយខ្ញុំត្រូវតែចិញ្ចឹមគាត់ឱ្យបានល្អ អប់រំគាត់ឱ្យបានល្អ និងធ្វើឱ្យគាត់គោរពបូជាព្រះជាម្ចាស់ ហើយស្ដាប់បង្គាប់ព្រះបន្ទូលរបស់ព្រះជាម្ចាស់ ព្រោះគាត់បានមកពីព្រះជាម្ចាស់»។ តើគាត់ស្រឡាញ់ថ្នាក់ថ្នមកូននេះខ្លាំងណាស់មែនទេ? (មែនហើយ។) នេះគឺជាកូនដ៏ពិសេសម្នាក់។ បន្ថែមពីលើអាយុរបស់អាប់ប្រាហាំទៀត វាមិនពិបាកក្នុងការស្រមៃទេថា តើគាត់ស្រឡាញ់ថ្នាក់ថ្នមក្មេងប្រុសនេះខ្លាំងប៉ុណ្ណានោះ។ សេចក្ដីស្រឡាញ់ ការថ្នាក់ថ្នម និងការយកចិត្តទុកដាក់របស់មនុស្សធម្មតាចំពោះកូនរបស់ពួកគេ ក៏មាននៅក្នុងខ្លួនលោកអាប់ប្រាហាំដែរ។ អាប់ប្រាហាំបានជឿលើព្រះបន្ទូលដែលព្រះជាម្ចាស់បានមានបន្ទូល ហើយគាត់ក៏បានឃើញផ្ទាល់នឹងភ្នែកនូវការសម្រេចនៃព្រះបន្ទូលរបស់ទ្រង់។ គាត់ក៏ជាសាក្សីម្នាក់ចំពោះព្រះបន្ទូលទាំងនេះ ចាប់តាំងពីបានមានបន្ទូលរហូតដល់ពេលសម្រេច។ គាត់មានអារម្មណ៍ថា ព្រះបន្ទូលរបស់ព្រះជាម្ចាស់មានសិទ្ធិអំណាចប៉ុណ្ណា កិច្ចការរបស់ទ្រង់អស្ចារ្យប៉ុណ្ណា ហើយចំណុចសំខាន់បំផុតនោះគឺ ព្រះជាម្ចាស់យកព្រះទ័យទុកដាក់ចំពោះមនុស្សខ្លាំងប៉ុណ្ណា។ ទោះបីជាពេលមើលទៅកូននោះ អាប់ប្រាហាំមានអារម្មណ៍ស្មុគស្មាញ និងរំជួលចិត្តខ្លាំងយ៉ាងណាក៏ដោយ ក៏នៅក្នុងចិត្តរបស់គាត់មានរឿងតែមួយគត់ដែលត្រូវទូលថ្វាយព្រះជាម្ចាស់ដែរ។ ចូរប្រាប់ខ្ញុំមក តើអ្នករាល់គ្នាគិតថាគាត់បានទូលថ្វាយអ្វី? (សូមអរព្រះគុណព្រះជាម្ចាស់!) «សូមអរព្រះគុណដល់ព្រះអម្ចាស់របស់ទូលបង្គំ!» អាប់ប្រាហាំពោរពេញដោយការដឹងគុណ ហើយក៏បានថ្វាយនូវការអរព្រះគុណ និងការសរសើរតម្កើងយ៉ាងជ្រាលជ្រៅដល់ព្រះជាម្ចាស់ដែរ។ ចំពោះព្រះជាម្ចាស់ និងអាប់ប្រាហាំ កូននេះមានអត្ថន័យដ៏វិសេសវិសាល។ នោះក៏ព្រោះតែ ចាប់តាំងពីពេលដែលព្រះជាម្ចាស់មានបន្ទូលថា ទ្រង់នឹងប្រទានកូនមួយដល់អាប់ប្រាហាំ ព្រះជាម្ចាស់បានរៀបចំផែនការ និងបានតាំងព្រះទ័យថា ទ្រង់នឹងសម្រេចកិច្ចការមួយ គឺមានកិច្ចការសំខាន់ៗ កិច្ចការដ៏អស្ចារ្យ ដែលទ្រង់ប៉ងប្រាថ្នាចង់សម្រេចតាមរយៈកូននេះ។ នេះគឺជាសារៈសំខាន់របស់កូននេះចំពោះព្រះជាម្ចាស់។ ហើយសម្រាប់អាប់ប្រាហាំវិញ ដោយសារតែព្រះគុណដ៏ពិសេសរបស់ព្រះជាម្ចាស់ចំពោះគាត់ ដោយសារតែព្រះជាម្ចាស់បានប្រទានកូននេះឱ្យគាត់ នៅក្នុងដំណើរប្រវត្តិសាស្ត្រនៃមនុស្សជាតិទាំងមូល និងសម្រាប់មនុស្សលោកទាំងអស់ តម្លៃ និងសារៈសំខាន់នៃអត្ថិភាពរបស់គាត់គឺវិសេសវិសាល គឺលើសពីភាពធម្មតា។ ហើយតើរឿងនេះចប់ត្រឹមនេះហើយឬនៅ? មិនទាន់ចប់ទេ។ ផ្នែកសំខាន់បំផុតមិនទាន់បានចាប់ផ្ដើមនៅឡើយទេ។

បន្ទាប់ពីអាប់ប្រាហាំបានទទួលអ៊ីសាកពីព្រះជាម្ចាស់ គាត់បានចិញ្ចឹមបីបាច់អ៊ីសាកតាមដែលព្រះជាម្ចាស់បានបង្គាប់ និងតម្រូវ។ នៅក្នុងជីវិតប្រចាំថ្ងៃរបស់គាត់ ក្នុងអំឡុងពេលប៉ុន្មានឆ្នាំដ៏សាមញ្ញនោះ អាប់ប្រាហាំបានដឹកនាំអ៊ីសាកឱ្យថ្វាយយញ្ញបូជា ហើយបានប្រាប់អ៊ីសាកអំពីរឿងរ៉ាវរបស់ព្រះជាម្ចាស់ដែលគង់នៅស្ថានសួគ៌។ បន្តិចម្ដងៗ អ៊ីសាកក៏ចាប់ផ្ដើមយល់ដឹងពីរឿងរ៉ាវ។ គាត់បានរៀនពីរបៀបអរព្រះគុណព្រះជាម្ចាស់ និងសរសើរតម្កើងព្រះជាម្ចាស់ ហើយគាត់បានរៀនពីរបៀបស្ដាប់បង្គាប់ និងថ្វាយតង្វាយ។ គាត់ដឹងថាពេលណាត្រូវថ្វាយតង្វាយ ហើយអាសនៈនៅទីណា។ បន្ទាប់មក យើងឈានចូលដល់ចំណុចគន្លឹះនៃរឿងនេះ។ ថ្ងៃមួយ នៅពេលដែលអ៊ីសាកចាប់ផ្ដើមយល់ដឹងពីរឿងរ៉ាវខ្លះៗ ប៉ុន្តែមិនទាន់ពេញវ័យនៅឡើយ ព្រះជាម្ចាស់បានមានបន្ទូលទៅកាន់អាប់ប្រាហាំថា៖ «សម្រាប់យញ្ញបូជានេះ យើងមិនចង់បានកូនចៀមទេ ចូរថ្វាយអ៊ីសាកជំនួសវិញ»។ សម្រាប់មនុស្សដូចជាអាប់ប្រាហាំ ដែលស្រឡាញ់ថ្នាក់ថ្នមអ៊ីសាកខ្លាំងយ៉ាងនេះ តើព្រះបន្ទូលរបស់ព្រះជាម្ចាស់ប្រៀបដូចជារន្ទះបាញ់កណ្ដាលថ្ងៃត្រង់ដែរឬទេ? កុំថាឡើយដល់អាប់ប្រាហាំ ដែលមានវ័យចំណាស់យ៉ាងនេះ សូម្បីតែមនុស្សដែលស្ថិតក្នុងវ័យកណ្ដាល មានអាយុខ្ទង់ ៣០ ឬ ៤០ ឆ្នាំ តើមានមនុស្សប៉ុន្មាននាក់អាចទ្រាំទ្រស្ដាប់ដំណឹងនេះបាន? តើមាននរណាម្នាក់អាចទ្រាំបានទេ? (ទេ!) ហើយតើប្រតិកម្មរបស់អាប់ប្រាហាំយ៉ាងណាដែរ បន្ទាប់ពីបានឮព្រះបន្ទូលរបស់ព្រះជាម្ចាស់? «អ្ហា៎? តើព្រះជាម្ចាស់មានបន្ទូលខុសឬ? ព្រះជាម្ចាស់មិនដែលមានបន្ទូលខុសទេ ដូច្នេះតើមកពីត្រចៀកចាស់របស់ខ្ញុំស្ដាប់ច្រឡំឬ? ខ្ញុំនឹងបញ្ជាក់ម្ដងទៀត»។ គាត់បានទូលសួរថា៖ «ឱព្រះជាម្ចាស់អើយ តើព្រះអង្គសុំឱ្យទូលបង្គំថ្វាយអ៊ីសាកឬ? តើអ៊ីសាកគឺជាយញ្ញបូជាដែលព្រះអង្គសព្វព្រះទ័យឬ?» ព្រះជាម្ចាស់មានបន្ទូលថា៖ «មែនហើយ ត្រូវហើយ!» បន្ទាប់ពីបានបញ្ជាក់រួចរាល់ អាប់ប្រាហាំបានដឹងថា ព្រះបន្ទូលរបស់ព្រះជាម្ចាស់មិនខុសទេ ហើយក៏មិនប្រែប្រួលដែរ។ នេះគឺជាអ្វីដែលព្រះជាម្ចាស់មានព្រះទ័យចង់បានពិតប្រាកដ។ ហើយតើវាពិបាកសម្រាប់អាប់ប្រាហាំក្នុងការស្ដាប់រឿងនេះដែរឬទេ? (ពិបាកណាស់។) ពិបាកប៉ុណ្ណាទៅ? នៅក្នុងគំនិតរបស់គាត់ អាប់ប្រាហាំបានគិតថា៖ «អស់រយៈពេលជាច្រើនឆ្នាំ ទីបំផុតកូនរបស់ខ្ញុំចាប់ផ្ដើមដឹងក្តីហើយ។ ប្រសិនបើគេត្រូវថ្វាយជាយញ្ញបូជារស់ នោះមានន័យថា គេនឹងត្រូវគេសម្លាប់នៅលើអាសនៈ ដូចជាកូនចៀមអញ្ចឹង។ ការត្រូវគេសម្លាប់មានន័យថា គេនឹងត្រូវស្លាប់ ហើយការស្លាប់របស់គេមានន័យថា ចាប់ពីថ្ងៃនេះតទៅ ខ្ញុំនឹងគ្មានកូននេះទៀតទេ...» នៅពេលគំនិតរបស់គាត់បានគិតមកដល់ចំណុចនេះ តើអាប់ប្រាហាំហ៊ានគិតបន្តទៅទៀតដែរឬទេ? (មិនហ៊ានទេ។) ហេតុអ្វីមិនហ៊ាន? ការគិតបន្តទៅទៀតនឹងនាំមកនូវការឈឺចាប់កាន់តែខ្លាំង ប្រៀបដូចជាកាំបិតចាក់ដោតបេះដូង។ ការគិតបន្តទៅទៀតមិនមែនមានន័យថាគិតពីរឿងរីករាយទេ គឺមានន័យថាជាសេចក្ដីទុក្ខវេទនា។ កូននេះមិនមែនត្រូវគេនាំចេញទៅឆ្ងាយ ដោយមិនបានឃើញមុខពីរបីថ្ងៃ ឬពីរបីឆ្នាំ ហើយនៅមានជីវិតរស់នៅនោះទេ វាមិនមែនជាករណីដែលអាប់ប្រាហាំនឹករឭកគេឥតឈប់ឈរ ហើយបន្ទាប់មកបានជួបកូននេះម្ដងទៀតនៅពេលណាមួយដែលសមរម្យ នៅពេលដែលគេធំដឹងក្ដីនោះទេ។ វាមិនមែនដូច្នោះទេ។ នៅពេលដែលកូននេះត្រូវបានថ្វាយនៅលើអាសនៈ គេនឹងលែងមានជីវិតទៀតហើយ គេនឹងមិនអាចត្រូវបានឃើញម្ដងទៀតឡើយ គេនឹងត្រូវបានថ្វាយដល់ព្រះជាម្ចាស់ ហើយគេនឹងត្រឡប់ទៅព្រះជាម្ចាស់វិញ។ អ្វីៗនឹងត្រឡប់ទៅដូចដើមវិញ។ មុនពេលមានកូននេះ ជីវិតគឺឯកោ។ ហើយតើវានឹងឈឺចាប់ដែរឬទេ ប្រសិនបើអ្វីៗនៅតែបន្តដូចនោះ ដោយគាត់មិនដែលមានកូនសោះ? (វាមិនឈឺចាប់ខ្លាំងនោះទេ។) ការមានកូនហើយបាត់បង់គេវិញ នោះគឺជាការឈឺចាប់យ៉ាងខ្លាំងមហិមា។ វាគឺជារឿងដែលធ្វើឱ្យឈឺចាប់ស្ទើរតែស្លាប់! ការប្រគល់កូននេះត្រឡប់ទៅឱ្យព្រះជាម្ចាស់វិញ មានន័យថាចាប់ពីពេលនោះតទៅ នឹងមិនអាចឃើញកូននោះម្ដងទៀតឡើយ នឹងមិនអាចឮសំឡេងរបស់គេម្ដងទៀតឡើយ អាប់ប្រាហាំនឹងមិនអាចមើលគេលេងម្ដងទៀតបានឡើយ នឹងមិនអាចចិញ្ចឹមបីបាច់គេបានទេ នឹងមិនអាចធ្វើឱ្យគេសើចបានទេ នឹងមិនអាចមើលគេធំធាត់បានទេ នឹងមិនអាចរីករាយនឹងសេចក្ដីសុខក្នុងគ្រួសារដែលកើតមានឡើងដោយសារវត្តមានរបស់គេបានឡើយ។ អ្វីៗដែលនៅសល់គឺមានតែការឈឺចាប់ និងការនឹករឭកប៉ុណ្ណោះ។ កាន់តែគិត អាប់ប្រាហាំកាន់តែពិបាកចិត្ត។ ប៉ុន្តែទោះបីជាវាពិបាកយ៉ាងណាក៏ដោយ ក៏មានរឿងមួយដែលច្បាស់នៅក្នុងចិត្តរបស់គាត់ដែរគឺ៖ «អ្វីដែលព្រះជាម្ចាស់បានមានបន្ទូល និងអ្វីដែលព្រះជាម្ចាស់នឹងធ្វើ មិនមែនជារឿងលេងសើចទេ វាមិនអាចខុសបានឡើយ ហើយក៏មិនអាចប្រែប្រួលបានដែរ។ លើសពីនេះទៅទៀត កូននេះបានមកពីព្រះជាម្ចាស់ ដូច្នេះវាជារឿងត្រឹមត្រូវ និងសមហេតុផលបំផុតដែលត្រូវថ្វាយគាត់ដល់ព្រះជាម្ចាស់ ហើយនៅពេលដែលព្រះជាម្ចាស់សព្វព្រះទ័យ ខ្ញុំមានកាតព្វកិច្ចត្រូវតែប្រគល់គាត់ត្រឡប់ទៅឱ្យព្រះជាម្ចាស់វិញ ដោយឥតលក្ខខណ្ឌ។ សេចក្ដីអំណរក្នុងគ្រួសាររយៈពេលមួយទសវត្សរ៍កន្លងមកនេះ គឺជាអំណោយទានដ៏ពិសេសមួយ ដែលខ្ញុំបានរីករាយជាមួយវាយ៉ាងបរិបូរណ៍។ ខ្ញុំគួរតែអរព្រះគុណព្រះជាម្ចាស់ ហើយមិនគួរទាមទារអ្វីដែលមិនសមហេតុផលពីព្រះជាម្ចាស់ឡើយ។ កូននេះជារបស់ព្រះជាម្ចាស់ ខ្ញុំមិនគួរទាមទារយកគេមកធ្វើជារបស់ខ្ញុំទេ គេមិនមែនជាទ្រព្យសម្បត្តិផ្ទាល់ខ្លួនរបស់ខ្ញុំទេ។ មនុស្សទាំងអស់បានមកពីព្រះជាម្ចាស់។ ទោះបីជាទ្រង់សុំឱ្យខ្ញុំថ្វាយជីវិតរបស់ខ្ញុំផ្ទាល់ក៏ដោយ ក៏ខ្ញុំមិនគួរព្យាយាមតវ៉ាជាមួយព្រះជាម្ចាស់ ឬដាក់លក្ខខណ្ឌដែរ កុំថាឡើយដល់កូននេះដែលទ្រង់បានប្រាប់ និងប្រទានឱ្យផ្ទាល់នោះ។ បើព្រះជាម្ចាស់មានបន្ទូលឱ្យថ្វាយគាត់ នោះខ្ញុំនឹងថ្វាយ!»

ពីមួយនាទីទៅមួយនាទី ពីមួយវិនាទីទៅមួយវិនាទី ពេលវេលាបានរំកិលទៅជិត ហើយពេលដែលត្រូវថ្វាយយញ្ញបូជាក៏មកដល់ក្នុងពេលដ៏ខ្លី។ ប៉ុន្តែជំនួសឱ្យការកាន់តែសោកសៅ អាប់ប្រាហាំបែរជាមានអារម្មណ៍ ស្ងប់ស្ងាត់កាន់តែខ្លាំងឡើងវិញ។ តើអ្វីដែលធ្វើឱ្យគាត់ស្ងប់ចិត្ត? តើអ្វីដែលអនុញ្ញាតឱ្យអាប់ប្រាហាំគេចផុតពីការឈឺចាប់ ហើយមានឥរិយាបថត្រឹមត្រូវចំពោះអ្វីដែលនឹងកើតឡើង? គាត់ជឿថា ឥរិយាបថរបស់មនុស្សម្នាក់ចំពោះអ្វីៗទាំងអស់ដែលព្រះជាម្ចាស់បានធ្វើ គួរតែជាការចុះចូលតែមួយគត់ មិនមែនជាការព្យាយាមប្រកែកជាមួយព្រះជាម្ចាស់នោះទេ។ នៅពេលគំនិតរបស់គាត់បានគិតមកដល់ចំណុចនេះ គាត់លែងឈឺចាប់ទៀតហើយ។ ដោយនាំកុមារអ៊ីសាកទៅជាមួយ គាត់បានដើរសំដៅទៅក្បែរអាសនៈ មួយជំហានម្ដងៗ។ នៅលើអាសនៈគ្មានអ្វីសោះ មិនដូចធម្មតាទេ ដែលតែងតែមានកូនចៀមមួយនៅទីនោះរង់ចាំរួចជាស្រេច។ «ឱពុកអើយ តើឪពុកមិនទាន់បានរៀបចំយញ្ញបូជាសម្រាប់ថ្ងៃនេះទេឬ?» អ៊ីសាកបានសួរ។ «បើមិនទាន់ទេ ដូច្នេះតើថ្ងៃនេះយើងនឹងថ្វាយអ្វី?» តើអាប់ប្រាហាំមានអារម្មណ៍យ៉ាងណា នៅពេលអ៊ីសាកសួរដូច្នេះ? តើអាចថាគាត់មានអារម្មណ៍សប្បាយចិត្តដែរឬទេ? (ទេ!) ដូច្នេះតើគាត់បានធ្វើអ្វី? នៅក្នុងចិត្តរបស់គាត់ តើគាត់ស្អប់ព្រះជាម្ចាស់ទេ? តើគាត់ត្អូញត្អែរចំពោះព្រះជាម្ចាស់ទេ? តើគាត់ប្រឆាំងទេ? (ទេ!) ទាំងអស់នេះគឺមិនមានទេ។ តើអ្វីជាការបញ្ជាក់? តាមរយៈអ្វីៗទាំងអស់ដែលបានកើតឡើងបន្ទាប់មកទៀត វាបង្ហាញយ៉ាងច្បាស់ថា អាប់ប្រាហាំពិតជាមិនបានគិតពីរឿងទាំងនេះទេ។ គាត់បានដាក់ឧសដែលគាត់នឹងដុតនៅលើអាសនៈ ហើយបានហៅអ៊ីសាកឱ្យមក។ ហើយនៅពេលដែលឃើញអាប់ប្រាហាំហៅអ៊ីសាកឱ្យមកអាសនៈ នៅពេលនោះ តើមនុស្សគិតយ៉ាងណា? «តាចាស់ដែលគ្មានបេះដូង! គ្មានមនុស្សធម៌សោះ។ មិនមែនជាមនុស្សទេ! គាត់ជាកូនប្រុសរបស់លោក តើលោកពិតជាអាចទ្រាំធ្វើបែបនេះបានមែនឬ? តើលោកពិតជាអាចធ្វើវាបានមែនឬ? តើលោកពិតជាសាហាវឃោរឃៅដល់ម្ល៉ឹងមែនឬ? តើលោកមានបេះដូងដែរឬទេ?» តើពួកគេមិនគិតដូច្នេះទេឬ? ហើយតើអាប់ប្រាហាំបានគិតពីរឿងទាំងនេះដែរឬទេ? (ទេ!) គាត់បានហៅអ៊ីសាកឱ្យមកក្បែរគាត់ ហើយដោយមិនអាចនិយាយអ្វីបានមួយម៉ាត់ គាត់ក៏បានយកខ្សែពួរដែលគាត់បានរៀបចំរួចមកចងដៃនិងជើងរបស់អ៊ីសាក។ តើសកម្មភាពទាំងនេះបង្ហាញថា ការថ្វាយយញ្ញបូជានេះនឹងក្លាយជារឿងពិត ឬរឿងក្លែងក្លាយ? វានឹងក្លាយជារឿងពិត ឥតក្លែងក្លាយ មិនមែនជាការសម្តែងទេ។ គាត់បានលើកអ៊ីសាកដាក់លើស្មារបស់គាត់ ហើយទោះបីជាក្មេងតូចនោះរើបម្រះ និងស្រែកយំយ៉ាងណាក៏ដោយ ក៏អាប់ប្រាហាំមិនបានគិតចង់បោះបង់ចោលម្ដងណាឡើយ។ គាត់បានដាក់កូនប្រុសវ័យក្មេងរបស់គាត់ នោះដោយគ្មានចិត្តរាថយទៅលើឧស ដើម្បីដុតនៅលើអាសនៈ។ អ៊ីសាកបានយំ ស្រែក និងរើបម្រះ ប៉ុន្តែអាប់ប្រាហាំកំពុងតែរៀបចំពិធីថ្វាយយញ្ញបូជាដល់ព្រះជាម្ចាស់ ដោយរៀបចំអ្វីៗគ្រប់យ៉ាងសម្រាប់យញ្ញបូជានោះ។ បន្ទាប់ពីដាក់អ៊ីសាកនៅលើអាសនៈរួច អាប់ប្រាហាំបានយកកាំបិតដែលជាធម្មតាប្រើសម្រាប់សម្លាប់កូនចៀមចេញមក ហើយកាន់វាយ៉ាងជាប់នៅក្នុងដៃទាំងពីរ នៅពេលដែលគាត់លើកកាំបិតឡើងពីលើក្បាលរបស់គាត់ ហើយសំដៅវាទៅរកអ៊ីសាក។ គាត់បានបិទភ្នែករបស់គាត់ ហើយនៅពេលដែលកាំបិតហៀបនឹងទម្លាក់ចុះ ព្រះជាម្ចាស់ក៏បានមានបន្ទូលទៅកាន់អាប់ប្រាហាំ។ តើព្រះជាម្ចាស់មានបន្ទូលអ្វី? «អាប់ប្រាហាំអើយ ឈប់សិន!» អាប់ប្រាហាំមិនដែលនឹកស្មានដល់ឡើយថា ព្រះជាម្ចាស់អាចមានបន្ទូលបែបនេះ នៅពេលដែលគាត់ហៀបនឹងប្រគល់អ៊ីសាកត្រឡប់ទៅឱ្យទ្រង់វិញ។ វាគឺជារឿងដែលគាត់មិនហ៊ានគិតដល់។ ប៉ុន្តែ ព្រះបន្ទូលរបស់ព្រះជាម្ចាស់មួយពាក្យៗ បានបុកទង្គិចយ៉ាងខ្លាំងនៅក្នុងចិត្តរបស់គាត់។ ដូច្នេះហើយ អ៊ីសាកត្រូវបានសង្គ្រោះ។ ថ្ងៃនោះ យញ្ញបូជាដែលនឹងត្រូវថ្វាយដល់ព្រះជាម្ចាស់ពិតប្រាកដគឺនៅខាងក្រោយគាត់នោះឯង វាគឺជាកូនចៀមមួយក្បាល។ វាត្រូវបានរៀបចំដោយព្រះជាម្ចាស់ជាយូរមកហើយ ប៉ុន្តែព្រះជាម្ចាស់មិនបានផ្ដល់សញ្ញាអ្វីជាមុនដល់អាប់ប្រាហាំឡើយ ផ្ទុយទៅវិញ ទ្រង់បានប្រាប់គាត់ឱ្យឈប់នៅពេលដែលគាត់លើកកាំបិតឡើង ហើយត្រៀមនឹងទម្លាក់វាចុះ។ គ្មាននរណាម្នាក់អាចនឹកស្មានដល់រឿងនេះបានឡើយ មិនថាអាប់ប្រាហាំ ឬអ៊ីសាកនោះទេ។ ដោយមើលទៅលើការថ្វាយយញ្ញបូជាអ៊ីសាករបស់អាប់ប្រាហាំ តើអាប់ប្រាហាំពិតជាមានបំណងថ្វាយកូនប្រុសរបស់គាត់មែន ឬក៏គាត់គ្រាន់តែធ្វើពុត? (គាត់ពិតជាមានបំណងធ្វើដូច្នេះមែន។) គាត់ពិតជាមានបំណងធ្វើដូច្នេះមែន។ សកម្មភាពរបស់គាត់គឺបរិសុទ្ធ គ្មានការបោកបញ្ឆោតអ្វីឡើយ។

អាប់ប្រាហាំបានថ្វាយសាច់ឈាមរបស់ខ្លួនជាយញ្ញបូជាដល់ព្រះជាម្ចាស់ ហើយនៅពេលដែលព្រះជាម្ចាស់ឱ្យគាត់ធ្វើការថ្វាយនេះ អាប់ប្រាហាំមិនបានព្យាយាមប្រកែកជាមួយទ្រង់ឡើយ ដោយនិយាយថា «តើយើងមិនអាចប្រើអ្នកផ្សេងបានទេឬ? ទូលបង្គំក៏បាន ឬមនុស្សណាម្នាក់ផ្សេងទៀតក៏បាន» ទេ។ ជំនួសឱ្យការនិយាយបែបនេះ អាប់ប្រាហាំបានថ្វាយកូនប្រុសដែលជាទីស្រឡាញ់ និងមានតម្លៃបំផុតរបស់គាត់ដល់ព្រះជាម្ចាស់។ ហើយតើការថ្វាយនេះត្រូវបានធ្វើឡើងដោយរបៀបណា? គាត់បានឮនូវអ្វីដែលព្រះជាម្ចាស់បានមានបន្ទូល ហើយបន្ទាប់មកក៏បានធ្វើតាមភ្លាម។ តើវានឹងសមហេតុផលសម្រាប់មនុស្សដែរឬទេ ប្រសិនបើព្រះជាម្ចាស់ប្រទានកូនមួយឱ្យអាប់ប្រាហាំ ហើយបន្ទាប់ពីកូននោះធំឡើង ទ្រង់បានសុំឱ្យអាប់ប្រាហាំប្រគល់កូននោះត្រឡប់ទៅវិញ ហើយចង់យកកូននោះទៅឆ្ងាយ? (មិនសមហេតុផលទេ។) តាមសញ្ញាណរបស់មនុស្ស តើរឿងនោះមិនមែនជារឿងដែលមិនសមហេតុផលទាំងស្រុងទេឬ? តើរឿងនោះមិនហាក់ដូចជាព្រះជាម្ចាស់កំពុងតែលេងសើចជាមួយអាប់ប្រាហាំទេឬ? ព្រះជាម្ចាស់បានប្រទានកូននេះឱ្យអាប់ប្រាហាំនៅថ្ងៃមួយ ហើយត្រឹមតែប៉ុន្មានឆ្នាំក្រោយមក ទ្រង់ចង់យកគាត់ទៅវិញ។ ប្រសិនបើព្រះជាម្ចាស់សព្វព្រះទ័យនឹងកូននោះ ទ្រង់គួរតែយកគាត់ទៅតែម្ដងទៅ មិនចាំបាច់ធ្វើឱ្យមនុស្សនោះឈឺចាប់ខ្លាំង ដោយសុំឱ្យគាត់ថ្វាយកូននោះនៅលើអាសនៈនោះទេ។ តើការដែលកូននោះត្រូវបានថ្វាយនៅលើអាសនៈមានន័យដូចម្ដេច? នោះគឺអាប់ប្រាហាំត្រូវតែសម្លាប់គាត់ ហើយបន្ទាប់មកដុតគាត់ដោយដៃទាំងពីររបស់គាត់ផ្ទាល់។ តើនេះគឺជារឿងដែលមនុស្សម្នាក់អាចទ្រាំធ្វើបានដែរឬទេ? (ទេ!) តើព្រះជាម្ចាស់មានព្រះទ័យចង់បានអ្វី នៅពេលដែលទ្រង់សុំយញ្ញបូជានេះ? នោះគឺអាប់ប្រាហាំគួរតែធ្វើរឿងទាំងនេះដោយខ្លួនឯងផ្ទាល់ គឺចងកូនប្រុសរបស់គាត់ដោយខ្លួនឯង ដាក់គាត់នៅលើអាសនៈដោយខ្លួនឯង សម្លាប់គាត់ដោយកាំបិតដោយខ្លួនឯង ហើយបន្ទាប់មកដុតគាត់ជាតង្វាយដល់ព្រះជាម្ចាស់ដោយខ្លួនឯង។ ចំពោះមនុស្ស គ្មានរឿងណាមួយក្នុងចំណោមរឿងទាំងនេះដែលហាក់គិតគូរដល់អារម្មណ៍របស់មនុស្សឡើយ គ្មានរឿងណាមួយក្នុងចំណោមរឿងទាំងនេះដែលសមហេតុផល តាមសញ្ញាណ ផ្នត់គំនិត ទស្សនវិជ្ជាសីលធម៌ ឬសីលធម៌ និងទំនៀមទម្លាប់របស់ពួកគេឡើយ។ អាប់ប្រាហាំមិនបានរស់នៅដាច់ឆ្ងាយពីគេឯងនោះទេ ហើយគាត់ក៏មិនបានរស់នៅក្នុងពិភពស្រមើស្រមៃដែរ គាត់បានរស់នៅក្នុងពិភពមនុស្ស។ គាត់មានគំនិតរបស់មនុស្ស និងទស្សនៈរបស់មនុស្ស។ ហើយតើគាត់បានគិតយ៉ាងណា នៅពេលដែលរឿងទាំងអស់នេះបានកើតឡើងចំពោះគាត់? បន្ថែមពីលើការឈឺចាប់របស់គាត់ និងក្រៅពីមានរឿងមួយចំនួនដែលធ្វើឱ្យគាត់ឆ្ងល់ តើមានការបះបោរ ឬការបដិសេធនៅក្នុងខ្លួនគាត់ដែរឬទេ? តើគាត់បានវាយប្រហារ និងជេរប្រមាថព្រះជាម្ចាស់ដោយពាក្យសម្ដីដែរឬទេ? មិនមានទាល់តែសោះ។ ផ្ទុយទៅវិញ ចាប់តាំងពីពេលដែលព្រះជាម្ចាស់បានបង្គាប់គាត់ឱ្យធ្វើរឿងនេះ អាប់ប្រាហាំមិនហ៊ានមើលស្រាលរឿងនេះឡើយ ផ្ទុយទៅវិញ គាត់បានចាប់ផ្ដើមរៀបចំភ្លាមៗ។ ហើយតើអារម្មណ៍របស់គាត់យ៉ាងណាដែរ នៅពេលដែលគាត់ចាប់ផ្ដើមរៀបចំការងារទាំងនេះ? តើគាត់ត្រេកអរ រីករាយ និងសប្បាយចិត្តដែរឬទេ? ឬក៏គាត់ឈឺចាប់ សោកសៅ និងមានក្តីទោមនស្ស? (គាត់ឈឺចាប់ និងសោកសៅ។) គាត់ឈឺចាប់ណាស់! គ្រប់ជំហានរបស់គាត់គឺស្ពាយដោយទុក្ខ។ បន្ទាប់ពីបានដឹងពីរឿងនេះ និងបន្ទាប់ពីបានឮព្រះបន្ទូលរបស់ព្រះជាម្ចាស់ គាត់រងទុក្ខវេទនាយ៉ាងខ្លាំងមួយថ្ងៃៗហាក់ដូចមួយឆ្នាំ គាត់មានទុក្ខព្រួយ គ្មានក្តីរីករាយសោះ ហើយមានក្តីទោមនស្ស។ ក៏ប៉ុន្តែ តើអ្វីទៅជាជំនឿជាក់តែមួយគត់របស់គាត់? (គឺគាត់ត្រូវតែស្ដាប់បង្គាប់ព្រះបន្ទូលរបស់ព្រះជាម្ចាស់។) ត្រូវហើយ គឺគាត់ត្រូវតែស្ដាប់បង្គាប់ព្រះបន្ទូលរបស់ព្រះជាម្ចាស់។ គាត់បាននិយាយទៅកាន់ខ្លួនឯងថា៖ «សូមឱ្យព្រះនាមនៃព្រះអម្ចាស់យេហូវ៉ារបស់ទូលបង្គំបានប្រកបដោយព្រះពរ ទូលបង្គំគឺជារាស្ដ្រម្នាក់របស់ព្រះជាម្ចាស់ ហើយគួរតែស្ដាប់បង្គាប់ព្រះបន្ទូលរបស់ព្រះជាម្ចាស់។ ទោះបីជាព្រះបន្ទូលរបស់ព្រះជាម្ចាស់ត្រូវ ឬខុសក៏ដោយ ហើយទោះបីជាអ៊ីសាកបានមកទូលបង្គំដោយរបៀបណាក៏ដោយ ប្រសិនបើព្រះជាម្ចាស់សុំ នោះទូលបង្គំត្រូវតែថ្វាយ នេះហើយគឺជាវិចារណញ្ញាណ និងឥរិយាបថដែលមនុស្សត្រូវតែមាន»។ អាប់ប្រាហាំមិនមែនគ្មានការឈឺចាប់ ឬការលំបាកនោះទេ បន្ទាប់ពីបានទទួលយកព្រះបន្ទូលរបស់ព្រះជាម្ចាស់ គាត់មានអារម្មណ៍ឈឺចាប់ និងមានការលំបាកផ្ទាល់ខ្លួនរបស់គាត់ ហើយរឿងទាំងនេះមិនងាយស្រួលនឹងយកឈ្នះបានឡើយ! ក៏ប៉ុន្តែ តើមានអ្វីកើតឡើងនៅទីបញ្ចប់? ដូចដែលព្រះជាម្ចាស់បានសព្វព្រះទ័យ អាប់ប្រាហាំបាននាំយកកូនប្រុសបង្កើតរបស់គាត់ ដែលជាក្មេងតូចម្នាក់ ទៅកាន់អាសនៈ ហើយអ្វីៗទាំងអស់ដែលគាត់បានធ្វើត្រូវបានព្រះជាម្ចាស់ទតឃើញ។ ដូចដែលព្រះជាម្ចាស់បានទតមើលលោកណូអេដែរ ទ្រង់ក៏បានទតមើលគ្រប់សកម្មភាពរបស់អាប់ប្រាហាំដែរ ហើយទ្រង់បានរំជួលព្រះទ័យដោយសារអ្វីៗទាំងអស់ដែលគាត់បានធ្វើ។ ទោះបីជារឿងរ៉ាវមិនបានបញ្ចប់ទៅដូចដែលមនុស្សគ្រប់គ្នាបានគិតក៏ដោយ ក៏អ្វីដែលអាប់ប្រាហាំបានធ្វើ គឺមានតែមួយគត់ក្នុងចំណោមមនុស្សជាតិទាំងអស់។ តើគាត់គួរតែក្លាយជាគំរូសម្រាប់អស់អ្នកដែលដើរតាមព្រះជាម្ចាស់ដែរឬទេ? (គួរហើយ!) គាត់គឺជាគំរូសម្រាប់មនុស្សទាំងអស់ក្នុងចំណោមមនុស្សជាតិដែលដើរតាមព្រះជាម្ចាស់។ ហេតុអ្វីបានជាខ្ញុំនិយាយថា គាត់គឺជាគំរូសម្រាប់មនុស្សជាតិ? អាប់ប្រាហាំមិនបានយល់ពីសេចក្ដីពិតជាច្រើនទេ ហើយគាត់ក៏មិនបានឮសេចក្ដីពិត ឬធម្មទេសនាណាមួយដែលព្រះជាម្ចាស់មានបន្ទូលទៅកាន់គាត់ផ្ទាល់ដែរ។ គាត់គ្រាន់តែបានជឿ ទទួលស្គាល់ និងស្ដាប់បង្គាប់ប៉ុណ្ណោះ។ តើភាពជាមនុស្សរបស់គាត់មានអ្វីដែលពិសេសប្លែកពីគេ? (វិចារណញ្ញាណរបស់ភាវៈដែលបានបង្កើតមក។) តើពាក្យសម្ដីណាខ្លះដែលបង្ហាញពីរឿងនេះ? (គាត់បាននិយាយថា៖ «សូមឱ្យព្រះនាមនៃព្រះអម្ចាស់យេហូវ៉ារបស់ទូលបង្គំបានប្រកបដោយព្រះពរ ទូលបង្គំគួរតែស្ដាប់បង្គាប់ព្រះបន្ទូលរបស់ព្រះជាម្ចាស់ ហើយទោះបីជាព្រះបន្ទូលទាំងនោះស្របតាមសញ្ញាណរបស់មនុស្សឬមិនស្របក៏ដោយ ក៏ទូលបង្គំត្រូវតែចុះចូលដែរ»។) ត្រង់ចំណុចនេះ អាប់ប្រាហាំមានវិចារណញ្ញាណនៃមនុស្សជាតិធម្មតា។ លើសពីនេះទៅទៀត គាត់ក៏មានសតិសម្បជញ្ញៈនៃមនុស្សជាតិធម្មតាដែរ។ ហើយតើសតិសម្បជញ្ញៈនេះត្រូវបានបង្ហាញនៅត្រង់ណា? អាប់ប្រាហាំបានដឹងថា អ៊ីសាកត្រូវបានប្រទានឱ្យដោយព្រះជាម្ចាស់ ថាគាត់ជារបស់ព្រះជាម្ចាស់ ថាគាត់ជាកម្មសិទ្ធិរបស់ព្រះជាម្ចាស់ ហើយថាអាប់ប្រាហាំគួរតែប្រគល់គាត់ត្រឡប់ទៅឱ្យព្រះជាម្ចាស់វិញនៅពេលដែលទ្រង់សុំ ជាជាងការអោបក្រសោបជាប់នឹងគាត់ជានិច្ច នេះហើយគឺជាសតិសម្បជញ្ញៈដែលមនុស្សគួរតែមាន។

តើមនុស្សនាពេលបច្ចុប្បន្ននេះមានសតិសម្បជញ្ញៈ និងវិចារណញ្ញាណដែរឬទេ? (ទេ!) តើរឿងនេះបង្ហាញឱ្យឃើញតាមរយៈអ្វីខ្លះ? ទោះបីជាព្រះជាម្ចាស់ប្រទានព្រះគុណច្រើនប៉ុនណាដល់មនុស្សក៏ដោយ ហើយទោះបីជាពួកគេទទួលបានព្រះពរ ឬព្រះគុណច្រើនប៉ុនណាក៏ដោយ តើឥរិយាបថរបស់ពួកគេយ៉ាងណាដែរ នៅពេលដែលពួកគេត្រូវបានស្នើសុំឲ្យតបស្នងសេចក្ដីស្រឡាញ់របស់ព្រះជាម្ចាស់? (ការទាស់ទទឹង ហើយពេលខ្លះខ្លាចលំបាក និងខ្លាចនឿយហត់។) ការខ្លាចលំបាក និងនឿយហត់ គឺជាការសម្ដែងចេញជាក់ស្ដែងមួយនៃការខ្វះសតិសម្បជញ្ញៈ និងវិចារណញ្ញាណ។ ការដោះសា ការព្យាយាមដាក់លក្ខខណ្ឌ និងការចរចាដោះដូរ ក៏ជាការសម្ដែងចេញជាក់ស្ដែងដែរមែនទេ? (មែនហើយ។) ក៏មានការត្អូញត្អែរ ការធ្វើអ្វីៗឱ្យតែរួចពីដៃ និងដោយក្រឡេចក្រឡុច ហើយលោភលន់នឹងការសុខស្រួលខាងសាច់ឈាមដែរ ទាំងនេះសុទ្ធតែជាការសម្ដែងចេញជាក់ស្ដែង។ មនុស្សនាពេលបច្ចុប្បន្ននេះគ្មានសតិសម្បជញ្ញៈទេ ប៉ុន្តែពួកគេនៅតែសរសើរព្រះគុណរបស់ព្រះជាម្ចាស់ជារឿយៗ ហើយរាប់នូវព្រះគុណទាំងអស់នោះ ហើយមានចិត្តរំភើបដល់ស្រក់ទឹកភ្នែកនៅពេលដែលពួកគេរាប់។ ក៏ប៉ុន្តែ បន្ទាប់ពីពួកគេរាប់ចប់ នោះក៏ចប់ត្រឹមហ្នឹង ពួកគេនៅតែបន្តធ្វើការឱ្យតែរួចពីដៃ បន្តធ្វើបង្គ្រប់កិច្ច ពួកគេនៅតែបន្តបោកបញ្ឆោត ហើយពួកគេនៅតែបន្តគេចវេះឆ្លៀតឱកាស និងខ្ជិលច្រអូស ដោយគ្មានការសម្ដែងចេញជាក់លាក់ណាមួយនៃការប្រែចិត្តឡើយ។ ដូច្នេះ តើការរាប់របស់អ្នកមានប្រយោជន៍អ្វី? នេះគឺជាការសម្ដែងចេញនៃការខ្វះសតិសម្បជញ្ញៈ។ ដូច្នេះ តើការខ្វះវិចារណញ្ញាណសម្ដែងចេញយ៉ាងដូចម្ដេច? នៅពេលដែលព្រះជាម្ចាសលួសកាត់អ្នក អ្នកត្អូញត្អែរ អ្នកឈឺចិត្ត ហើយបន្ទាប់មកអ្នកលែងចង់បំពេញភារកិច្ចរបស់អ្នកទៀត ហើយនិយាយថា ព្រះជាម្ចាស់គ្មានសេចក្ដីស្រឡាញ់ទេ នៅពេលដែលអ្នករងទុក្ខបន្តិចបន្តួចក្នុងពេលបំពេញភារកិច្ចរបស់អ្នក ឬនៅពេលដែលលក្ខខណ្ឌដែលព្រះជាម្ចាស់រៀបចំឱ្យអ្នកមានការលំបាកបន្តិចបន្តួច មានការប្រឈមបន្តិចបន្តួច ឬ យ៉ាប់យ៉ឺនបន្តិចបន្តួច អ្នកលែងចង់ធ្វើវាទៀតហើយ ហើយនៅក្នុងលក្ខខណ្ឌផ្សេងៗដែលរៀបចំដោយព្រះជាម្ចាស់ អ្នកមិនអាចស្វែងរកការចុះចូលបានឡើយ អ្នកគិតគូរតែពីខាងសាច់ឈាម ហើយអ្នកចង់តែគេចចេញពីការគ្រប់គ្រង និងធ្វើតាមទំនើងចិត្តប៉ុណ្ណោះ។ តើនេះជាការខ្វះវិចារណញ្ញាណមែនឬមិនមែន? អ្នកមិនចង់ទទួលយកអធិបតេយ្យភាព និងការរៀបចំរបស់ព្រះជាម្ចាស់ទេ ហើយអ្នកគ្រាន់តែចង់បានផលប្រយោជន៍ពីទ្រង់ប៉ុណ្ណោះ។ នៅពេលដែលអ្នកអនុវត្តកិច្ចការបន្តិចបន្តួច និងរងទុក្ខបន្តិចបន្តួច អ្នកអួតអាងពីគុណសម្បត្តិរបស់អ្នក គិតថាខ្លួនឯងប្រសើរជាងអ្នកដទៃ ខណៈពេលដែលអ្នករីករាយនឹងផលប្រយោជន៍នៃឋានៈ ហើយចាប់ផ្ដើមធ្វើ ឫកពាជាមន្ត្រីម្នាក់។ អ្នកគ្មានបំណងចង់ធ្វើកិច្ចការពិតប្រាកដណាមួយឡើយ ហើយអ្នកក៏មិនមានសមត្ថភាពអនុវត្តកិច្ចការពិតប្រាកដណាមួយដែរ អ្នកចង់តែបញ្ជា និងធ្វើជាមន្ត្រីប៉ុណ្ណោះ។ អ្នកចង់ក្លាយជាច្បាប់ចំពោះខ្លួនឯង ធ្វើអ្វីតាមតែអ្នកចង់បាន ហើយប្រព្រឹត្តអំពើខុសឆ្គងដោយមិនកោតក្រែង។ ក្រៅពីគេចចេញពីការគ្រប់គ្រង និងធ្វើតាមទំនើងចិត្ត គ្មានអ្វីផ្សេងទៀតដែលសម្ដែងចេញពីក្នុងខ្លួនអ្នកឡើយ។ តើនេះជាការមានវិចារណញ្ញាណដែរឬទេ? (ទេ!) ប្រសិនបើព្រះជាម្ចាស់ប្រទានកូនដ៏ល្អម្នាក់ឱ្យអ្នករាល់គ្នា ហើយក្រោយមកបានប្រាប់អ្នកដោយត្រង់ៗថា ទ្រង់នឹងយកកូននោះទៅវិញ តើឥរិយាបថរបស់អ្នកនឹងទៅជាយ៉ាងណា? តើអ្នកអាចមានឥរិយាបថដូចអាប់ប្រាហាំដែរឬទេ? (មិនអាចទេ។) មនុស្សមួយចំនួននឹងនិយាយថា៖ «ម៉េចក៏ខ្ញុំមិនអាច? កូនប្រុសរបស់ខ្ញុំអាយុម្ភៃឆ្នាំហើយ ហើយខ្ញុំបានថ្វាយគេដល់ដំណាក់របស់ព្រះជាម្ចាស់ ដែលឥឡូវនេះគេកំពុងបំពេញភារកិច្ចនៅទីនោះ!» តើនេះជាបូជាយញ្ញឬ? យ៉ាងច្រើនបំផុត អ្នកគ្រាន់តែបានដឹកនាំកូនរបស់អ្នកឱ្យដើរលើផ្លូវត្រូវប៉ុណ្ណោះ ប៉ុន្តែអ្នកក៏មានគោលបំណងលាក់កំបាំងដែរ គឺអ្នកខ្លាចថាកូនរបស់អ្នកអាចនឹងវិនាសនៅក្នុងគ្រោះមហន្តរាយ។ តើមិនដូច្នោះទេឬ? អ្វីដែលអ្នកកំពុងធ្វើមិនមែនហៅថាការថ្វាយបូជាយញ្ញទេ វាខុសគ្នាទាំងស្រុងពីការបូជាយញ្ញអ៊ីសាករបស់អាប់ប្រាហាំ។ គឺមិនអាចប្រៀបផ្ទឹមគ្នាបានឡើយ។ នៅពេលដែលអាប់ប្រាហាំបានឮនូវអ្វីដែលព្រះជាម្ចាស់បានបង្គាប់គាត់ តើការណែនាំនេះនឹងពិបាកប៉ុនណាសម្រាប់គាត់ ឬសម្រាប់បុគ្គលណាម្នាក់ផ្សេងទៀតនៃមនុស្សជាតិ ក្នុងការអនុវត្ត? វាគឺជាសេចក្តីលំបាកបំផុតនៅលើលោកនេះ គ្មានអ្វីដែលពិបាកជាងនេះទៀតទេ។ នេះមិនមែនជាការថ្វាយរបស់ដូចជាកូនចៀម ឬលុយកាក់បន្តិចបន្តួចនោះទេ ហើយវាក៏មិនមែនជាទ្រព្យសម្បត្តិខាងលោកិយ ឬវត្ថុធាតុដែរ ហើយក៏មិនមែនជាសត្វដែលគ្មានទំនាក់ទំនងជាមួយអ្នកថ្វាយដែរ។ របស់ទាំងនោះជារបស់ដែលមនុស្សម្នាក់អាចថ្វាយបានដោយការប្រឹងប្រែងមួយពេល ប៉ុន្តែ បូជាយញ្ញដែលព្រះជាម្ចាស់បានទាមទារ ពីអាប់ប្រាហាំ គឺជាជីវិតរបស់មនុស្សម្នាក់ទៀត។ វាគឺជាសាច់ឈាមរបស់អាប់ប្រាហាំផ្ទាល់។ តើរឿងនោះច្បាស់ជាពិបាកប៉ុនណាទៅ! កូននោះក៏មានប្រវត្តិពិសេសដែរ ត្រង់ថាកូននោះត្រូវបានប្រទានឱ្យដោយព្រះជាម្ចាស់។ តើអ្វីទៅជាគោលដៅរបស់ព្រះជាម្ចាស់ក្នុងការប្រទានកូនមួយឱ្យគាត់? គឺដើម្បីឱ្យអាប់ប្រាហាំមានកូនប្រុសម្នាក់ដែលនឹងត្រូវបានចិញ្ចឹមបីបាច់រហូតដល់ពេញវ័យ រៀបការ និងមានកូន ដើម្បីបន្តវង្សត្រកូលតទៅមុខទៀត។ ហើយឥឡូវនេះ កូននេះត្រូវប្រគល់ត្រឡប់ទៅឱ្យព្រះជាម្ចាស់វិញ មុនពេលដែលគាត់ពេញវ័យ ហើយរឿងទាំងនោះនឹងមិនអាចកើតឡើងបានឡើយ។ ដូច្នេះ តើអ្វីទៅជាគោលបំណងដែលព្រះជាម្ចាស់បានប្រទានកូនមួយឱ្យអាប់ប្រាហាំ? តើអ្នកដែលមើលពីក្រៅអាចយល់ពីរឿងនេះបានដែរឬទេ? តាមសញ្ញាណរបស់មនុស្ស គឺវាមិនសមហេតុផលទេ។ មនុស្សជាតិដែលពុករលួយគឺអាត្មានិយម គ្មាននរណាម្នាក់អាចយល់ពីរឿងនេះបានឡើយ។ អាប់ប្រាហាំក៏មិនអាចគិតចេញដែរ គាត់មិនដឹងថានៅទីបំផុតព្រះជាម្ចាស់ចង់ធ្វើអ្វីទេ ក្រៅពីទ្រង់បានទាមទារឱ្យគាត់ថ្វាយអ៊ីសាក។ ដូច្នេះ តើអាប់ប្រាហាំបានធ្វើការជ្រើសរើសអ្វី? តើឥរិយាបថរបស់គាត់យ៉ាងណា? ទោះបីជាគាត់មិនអាចយល់ពីរឿងទាំងអស់នេះបានក៏ដោយ ក៏គាត់នៅតែអាចធ្វើតាមដែលព្រះជាម្ចាស់បានបង្គាប់ដែរ គាត់បានស្ដាប់បង្គាប់ព្រះបន្ទូលរបស់ព្រះជាម្ចាស់ ហើយបានចុះចូលនឹងគ្រប់ព្រះបន្ទូលដែលទ្រង់បានទាមទារ ដោយមិនប្រឆាំង ឬសុំជម្រើសឡើយ កុំថាឡើយដល់ការព្យាយាមដាក់លក្ខខណ្ឌ ឬប្រកែកជាមួយព្រះជាម្ចាស់។ មុនពេលដែលអាប់ប្រាហាំអាចយល់ពីរឿងគ្រប់យ៉ាងដែលកំពុងកើតឡើង គាត់អាចស្ដាប់បង្គាប់ និងចុះចូលបាន ដែលពិតជាកម្រ និងគួរឱ្យសរសើរណាស់ ហើយលើសពីសមត្ថភាពរបស់អ្នករាល់គ្នាណាម្នាក់ដែលអង្គុយនៅទីនេះ។ អាប់ប្រាហាំមិនដឹងថាមានរឿងអ្វីកំពុងកើតឡើងទេ ហើយព្រះជាម្ចាស់ក៏មិនបានប្រាប់គាត់ពីរឿងទាំងមូលដែរ ក៏ប៉ុន្តែ គាត់បានចាត់ទុករឿងទាំងអស់នេះជាការសំខាន់ ដោយជឿថាមនុស្សគួរតែចុះចូលនឹងអ្វីក៏ដោយដែលព្រះជាម្ចាស់សព្វព្រះទ័យចង់ធ្វើ ហើយថាពួកគេមិនគួរចោទសួរទេ ថាប្រសិនបើព្រះជាម្ចាស់មិនមានបន្ទូលអ្វីបន្ថែមទៀត នោះវាមិនមែនជារឿងដែលមនុស្សត្រូវយល់នោះទេ។ មនុស្សមួយចំនួននិយាយថា៖ «ទោះយ៉ាងណាក៏ដោយ អ្នកត្រូវតែស្វែងយល់ឱ្យដល់ឫសគល់ឱ្យបាន មែនទេ? ទោះបីជាត្រូវស្លាប់ក៏ដោយ ក៏អ្នកត្រូវតែដឹងពីមូលហេតុដែរ»។ តើនេះជាឥរិយាបថដែលភាវៈដែលបានបង្កើតមកគួរតែមានដែរឬទេ? នៅពេលដែលព្រះជាម្ចាស់មិនបានអនុញ្ញាតឱ្យអ្នកយល់ តើអ្នកគួរតែយល់ដែរឬទេ? នៅពេលដែលអ្នកត្រូវបានសុំឱ្យធ្វើអ្វីមួយ អ្នកក៏ធ្វើវាតាមនោះទៅ។ ហេតុអ្វីបានជាធ្វើឱ្យរឿងរ៉ាវស្មុគស្មាញម្ល៉េះ? ប្រសិនបើព្រះជាម្ចាស់សព្វព្រះទ័យឱ្យអ្នកយល់ ទ្រង់នឹងបានពន្យល់ប្រាប់អ្នករួចទៅហើយ ដោយសារទ្រង់មិនបានពន្យល់ ដូច្នេះមិនចាំបាច់ឱ្យអ្នកយល់នោះទេ។ នៅពេលដែលអ្នកមិនត្រូវបានតម្រូវឱ្យយល់ ហើយនៅពេលដែលអ្នកមិនមានសមត្ថភាពយល់ អ្វីៗគ្រប់យ៉ាងគឺអាស្រ័យលើរបៀបដែលអ្នកប្រព្រឹត្ត និងថាតើអ្នកអាចចុះចូលនឹងព្រះជាម្ចាស់បានដែរឬទេ។ រឿងនេះពិបាកសម្រាប់អ្នករាល់គ្នាណាស់ មែនទេ? នៅក្នុងកាលៈទេសៈបែបនេះ អ្នករាល់គ្នាមិនចុះចូលទេ ហើយអ្នកគ្មានអ្វីនៅសល់ក្នុងខ្លួនក្រៅពីការត្អូញត្អែរ ការយល់ខុស និងការទាស់ទទឹងឡើយ។ អាប់ប្រាហាំគឺផ្ទុយស្រឡះពីអ្វីដែលបានសម្ដែងចេញពីក្នុងខ្លួនអ្នករាល់គ្នា។ ដូចអ្នករាល់គ្នាដែរ គាត់មិនបានដឹងថាព្រះជាម្ចាស់នឹងធ្វើអ្វីទេ ហើយគាត់ក៏មិនបានដឹងពីហេតុផលនៅពីក្រោយសកម្មភាពរបស់ព្រះជាម្ចាស់ដែរ គាត់មិនបានយល់ទេ។ តើគាត់បានចង់សួរទេ? តើគាត់បានចង់ដឹងថាមានរឿងអ្វីកើតឡើងទេ? គាត់បានចង់ដឹង ប៉ុន្តែប្រសិនបើព្រះជាម្ចាស់មិនបានប្រាប់គាត់ តើគាត់អាចទៅសួរនៅកន្លែងណាផ្សេងទៀតបាន? តើគាត់អាចសួរនរណា? រឿងរ៉ាវរបស់ព្រះជាម្ចាស់គឺជាអាថ៌កំបាំង តើអ្នកណាអាចឆ្លើយសំណួរអំពីរឿងរ៉ាវរបស់ព្រះជាម្ចាស់បាន? តើអ្នកណាអាចយល់ពីរឿងទាំងនោះបាន? មនុស្សមិនអាចជំនួសតំណែងរបស់ព្រះជាម្ចាស់បានទេ។ សួរអ្នកផ្សេង ហើយពួកគេក៏មិនយល់ដែរ។ អ្នកអាចគិតពិចារណាពីវាបាន ប៉ុន្តែអ្នកនឹងមិនអាចគិតចេញបានទេ វានឹងមិនអាចយល់បានសម្រាប់អ្នកឡើយ។ ដូច្នេះ ប្រសិនបើអ្នកមិនយល់ពីរឿងអ្វីមួយ តើនោះមានន័យថាអ្នកមិនចាំបាច់ធ្វើតាមដែលព្រះជាម្ចាស់មានបន្ទូលទេឬ? ប្រសិនបើអ្នកមិនយល់ពីរឿងអ្វីមួយ តើអ្នកអាចគ្រាន់តែសង្កេតមើល ពន្យារពេល រង់ចាំឱកាស និងស្វែងរកជម្រើសផ្សេងទៀតបានទេ? ប្រសិនបើអ្នកមិនអាចយល់ពីរឿងអ្វីមួយ ប្រសិនបើវាមិនអាចយល់បានសម្រាប់អ្នក តើនោះមានន័យថាអ្នកមិនចាំបាច់ចុះចូលទេឬ? តើវាមានន័យថាអ្នកអាចប្រកាន់ខ្ជាប់នឹងសិទ្ធិមនុស្សរបស់អ្នក ហើយនិយាយថា៖ «ខ្ញុំមានសិទ្ធិមនុស្ស ខ្ញុំជាមនុស្សឯករាជ្យម្នាក់ ដូច្នេះតើអ្វីដែលផ្ដល់សិទ្ធិឱ្យព្រះអង្គឱ្យខ្ញុំធ្វើរឿងឆ្កួតៗ? ខ្ញុំជាមនុស្សម្នាក់ដែលឈរយ៉ាងអង់អាចរវាងមេឃនិងដី ខ្ញុំអាចមិនស្ដាប់បង្គាប់ព្រះអង្គបាន» ដែរឬទេ? តើនេះជាអ្វីដែលអាប់ប្រាហាំបានធ្វើមែនទេ? (ទេ!) ដោយសារតែគាត់ជឿថា គាត់គ្រាន់តែជាភាវៈដែលត្រូវបានបង្កើតមកដ៏សាមញ្ញ និងធម្មតាម្នាក់ ជាមនុស្សម្នាក់ដែលនៅក្រោមអធិបតេយ្យភាពរបស់ព្រះជាម្ចាស់ គាត់មិនត្រឹមតែបានជ្រើសរើសស្ដាប់បង្គាប់ និងចុះចូល មិនមើលស្រាលព្រះបន្ទូលណាមួយរបស់ព្រះជាម្ចាស់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងអនុវត្តព្រះបន្ទូលទាំងនោះទាំងស្រុងផងដែរ។ ទោះបីជាព្រះជាម្ចាស់មានបន្ទូលអ្វីក៏ដោយ ហើយទោះបីជាព្រះជាម្ចាស់ប្រាប់ពួកគេឱ្យធ្វើអ្វីក៏ដោយ មនុស្សគ្មានជម្រើសអ្វីផ្សេងទៀតទេ ពួកគេត្រូវតែស្ដាប់ ហើយបន្ទាប់ពីស្ដាប់ហើយ ពួកគេគួរតែទៅអនុវត្តវា។ លើសពីនេះទៅទៀត នៅពេលអនុវត្តវា មនុស្សគួរតែចុះចូលទាំងស្រុង និងដោយចិត្តស្ងប់។ ប្រសិនបើអ្នកទទួលស្គាល់ថា ព្រះជាម្ចាស់គឺជាព្រះរបស់អ្នក នោះអ្នកគួរតែស្ដាប់បង្គាប់ព្រះបន្ទូលរបស់ទ្រង់ រក្សាកន្លែងមួយសម្រាប់ទ្រង់នៅក្នុងចិត្តរបស់អ្នក ហើយយកព្រះបន្ទូលរបស់ទ្រង់ទៅអនុវត្ត។ ប្រសិនបើព្រះជាម្ចាស់គឺជាព្រះរបស់អ្នក នោះអ្នកមិនគួរព្យាយាមវិភាគនូវអ្វីដែលទ្រង់មានបន្ទូលមកកាន់អ្នកទេ ទ្រង់មានបន្ទូលថារឿងរ៉ាវយ៉ាងណា គឺវាយ៉ាងនោះឯង ហើយវាមិនសំខាន់ទេដែលអ្នកមិនយល់ ឬមិនយល់ច្បាស់។ រឿងសំខាន់គឺថា អ្នកគួរតែទទួលយក និងចុះចូលនឹងអ្វីដែលទ្រង់មានបន្ទូល។ នេះគឺជាឥរិយាបថដែលអាប់ប្រាហាំមាន នៅពេលនិយាយអំពីព្រះបន្ទូលរបស់ព្រះជាម្ចាស់។ គឺច្បាស់ណាស់ដោយសារតែអាប់ប្រាហាំមានឥរិយាបថនេះហើយ ដែលគាត់អាចស្ដាប់បង្គាប់ព្រះបន្ទូលរបស់ព្រះជាម្ចាស់ អាចចុះចូលនឹងអ្វីដែលព្រះជាម្ចាស់បានបង្គាប់គាត់ឱ្យធ្វើ ហើយអាចក្លាយជាមនុស្សម្នាក់ដែលសុចរិត និងគ្រប់លក្ខណ៍នៅក្នុងព្រះនេត្ររបស់ព្រះជាម្ចាស់។ នេះបើទោះបីជាការពិតដែលថានៅក្នុងក្រសែភ្នែករបស់មនុស្សក្រអឺតក្រទម និងឆ្មើងឆ្មៃទាំងអស់នោះ អាប់ប្រាហាំហាក់ដូចជាល្ងង់ខ្លៅ និងច្របូកច្របល់ ដោយសារតែគាត់មិនខ្វល់ពីជីវិតកូនប្រុសបង្កើតរបស់គាត់ ដើម្បីជាប្រយោជន៍ដល់ជំនឿរបស់គាត់ ហើយបានដាក់កូនរបស់គាត់ដោយមិនខ្វល់ខ្វាយនៅលើអាសនៈដើម្បីបូជាក៏ដោយ។ ពួកគេបានគិតថា នោះគឺជាទង្វើដែលគ្មានការទទួលខុសត្រូវអ្វីសោះ គាត់គឺជាឪពុកដែលគ្មានសមត្ថភាព និងចិត្តដាច់ ហើយគាត់អាត្មានិយមណាស់ដែលធ្វើរឿងបែបនេះដើម្បីជាប្រយោជន៍ដល់ជំនឿរបស់គាត់! នេះគឺជាអ្វីដែលអាប់ប្រាហាំត្រូវបានគេមើលឃើញនៅក្នុងក្រសែភ្នែករបស់មនុស្សទាំងអស់។ ក៏ប៉ុន្តែ តើនោះគឺជាអ្វីដែលព្រះជាម្ចាស់បានទតឃើញគាត់ដែរឬទេ? ទេ! តើព្រះជាម្ចាស់បានទតឃើញគាត់យ៉ាងដូចម្ដេច? អាប់ប្រាហាំអាចស្ដាប់បង្គាប់ និងចុះចូលនឹងអ្វីដែលព្រះជាម្ចាស់បានមានបន្ទូល។ តើគាត់អាចចុះចូលបានដល់កម្រិតណា? គាត់បានធ្វើដូច្នេះដោយឥតលក្ខខណ្ឌ។ នៅពេលដែលព្រះជាម្ចាស់បានទាមទាររបស់ដែលគាត់ស្រឡាញ់បំផុត អាប់ប្រាហាំបានប្រគល់វាត្រឡប់ទៅឱ្យព្រះជាម្ចាស់វិញ ដោយថ្វាយវាដល់ព្រះជាម្ចាស់។ អាប់ប្រាហាំបានស្ដាប់បង្គាប់ និងចុះចូលនឹងអ្វីៗទាំងអស់ដែលព្រះជាម្ចាស់បានទាមទារពីគាត់។ ទោះបីជាមើលតាមរយៈសញ្ញាណរបស់មនុស្ស ឬតាមរយៈក្រសែភ្នែករបស់មនុស្សពុករលួយក៏ដោយ ការទាមទាររបស់ព្រះជាម្ចាស់ហាក់ដូចជាមិនសមហេតុផលបំផុត ប៉ុន្តែអាប់ប្រាហាំនៅតែអាចចុះចូលបាន នេះគឺដោយសារតែភាពសុចរិតរបស់គាត់ ដែលត្រូវបានកំណត់លក្ខណៈដោយជំនឿពិត និងការចុះចូលនឹងព្រះជាម្ចាស់។ តើជំនឿពិត និងការចុះចូលនេះត្រូវបានបង្ហាញយ៉ាងដូចម្ដេច? គឺនៅក្នុងពាក្យពីរម៉ាត់ប៉ុណ្ណោះ៖ ការស្ដាប់បង្គាប់របស់គាត់។ គ្មានអ្វីមានតម្លៃ ឬថ្លៃថ្លាជាងនេះ សម្រាប់ភាវៈដែលបានបង្កើតមកពិតប្រាកដម្នាក់ ត្រូវមាននោះទេ ហើយគ្មានអ្វីដែលកម្រ និងគួរឱ្យសរសើរជាងនេះទៀតទេ។ គឺច្បាស់ណាស់របស់ដែលមានតម្លៃ កម្រ និងគួរឱ្យសរសើរបំផុតនេះហើយ ដែលបាត់បង់យ៉ាងខ្លាំងនៅក្នុងចំណោមអ្នកដើរតាមព្រះជាម្ចាស់នាពេលបច្ចុប្បន្ននេះ។

មនុស្សនាពេលបច្ចុប្បន្ននេះមានការអប់រំ និងមានចំណេះដឹង។ ពួកគេយល់ពីវិទ្យាសាស្ត្រទំនើប ហើយត្រូវបានបំពុល ប៉ះពាល់ និងជះឥទ្ធិពលយ៉ាងជ្រាលជ្រៅពីវប្បធម៌ប្រពៃណី និងសីលធម៌សង្គមដែលពុករលួយ គំនិតរបស់ពួកគេវិលវល់ ពួកគេមានសញ្ញាណដែលស្មុគស្មាញច្របូកច្របល់ ហើយនៅខាងក្នុង ពួកគេមានភាពវឹកវរទាំងស្រុង។ បន្ទាប់ពីបានស្ដាប់សេចក្តីអធិប្បាយអស់រយៈពេលជាច្រើនឆ្នាំមក ហើយខណៈពេលដែលទទួលស្គាល់ និងជឿជាក់ថា ព្រះជាម្ចាស់គឺជាម្ចាស់នៃរបស់សព្វសារពើ ពួកគេនៅតែមានឥរិយាបថមើលស្រាល និងមិនខ្វល់ខ្វាយចំពោះគ្រប់ព្រះបន្ទូលរបស់ព្រះជាម្ចាស់។ ឥរិយាបថរបស់ពួកគេចំពោះព្រះបន្ទូលទាំងនេះគឺការព្រងើយកន្តើយចំពោះព្រះបន្ទូល គឺការធ្វើមិនដឹងមិនឮចំពោះព្រះបន្ទូល។ តើមនុស្សប្រភេទនេះជាមនុស្សបែបណា? ពួកគេសួរថា «ហេតុអ្វី» ចំពោះរឿងគ្រប់យ៉ាង ពួកគេមានអារម្មណ៍ថាត្រូវតែស្វែងយល់គ្រប់យ៉ាង និងយល់គ្រប់យ៉ាងឱ្យបានច្បាស់លាស់។ ពួកគេហាក់ដូចជាយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះសេចក្ដីពិត ឥរិយាបថខាងក្រៅ និងការខិតខំប្រឹងប្រែងរបស់ពួកគេ ហើយនិងអ្វីៗដែលពួកគេបានលះបង់នៅខាងក្រៅ ហាក់ដូចជាបង្ហាញពីឥរិយាបថតាំងចិត្តយ៉ាងម៉ឺងម៉ាត់ចំពោះជំនឿ និងការជឿលើព្រះជាម្ចាស់។ ក៏ប៉ុន្តែ ចូរសួរខ្លួនឯងដូច្នេះចុះ៖ តើអ្នករាល់គ្នាបានកាន់ខ្ជាប់តាមព្រះបន្ទូលរបស់ព្រះជាម្ចាស់ និងគ្រប់ការណែនាំរបស់ទ្រង់ដែរឬទេ? តើអ្នករាល់គ្នាបានអនុវត្តវាទាំងអស់ដែរឬទេ? តើអ្នករាល់គ្នាជាមនុស្សដែលចេះស្ដាប់បង្គាប់ដែរឬទេ? ប្រសិនបើ នៅក្នុងចិត្តរបស់អ្នក អ្នកនៅតែបន្តឆ្លើយសំណួរទាំងនេះថា «ទេ» និង «ខ្ញុំមិនបានធ្វើទេ» ដូច្នេះតើអ្នកមានជំនឿបែបណាទៅ? តើអ្នកជឿលើព្រះជាម្ចាស់ដើម្បីអ្វីទៅពិតប្រាកដ? តើអ្នកបានទទួលអ្វីខ្លះពីជំនឿរបស់អ្នកលើទ្រង់? តើរឿងទាំងនេះស័ក្តិសមនឹងការស្វែងយល់ដែរឬទេ? តើវាស័ក្តិសមនឹងការស្រាវជ្រាវឱ្យស៊ីជម្រៅដែរឬទេ? (មែនហើយ។) អ្នករាល់គ្នាទាំងអស់គ្នាសុទ្ធតែពាក់វ៉ែនតា អ្នករាល់គ្នាគឺជាមនុស្សសម័យទំនើប ដែលមានអរិយធម៌។ តើអ្វីដែលនៅក្នុងខ្លួនអ្នកពិតជាទំនើប? តើអ្វីដែលនៅក្នុងខ្លួនអ្នកមានអរិយធម៌? តើភាព «ទំនើប» និង «មានអរិយធម៌» បញ្ជាក់ថាអ្នកគឺជាមនុស្សម្នាក់ដែលស្ដាប់បង្គាប់ព្រះបន្ទូលរបស់ព្រះជាម្ចាស់ដែរឬទេ? រឿងទាំងនោះគ្មានន័យអ្វីទាំងអស់។ មនុស្សមួយចំនួននិយាយថា៖ «ខ្ញុំមានការអប់រំខ្ពស់ ហើយខ្ញុំបានសិក្សាខាងសាសនវិទ្យា»។ មនុស្សមួយចំនួននិយាយថា៖ «ខ្ញុំបានអានព្រះគម្ពីរបុរាណជាច្រើនដង ហើយខ្ញុំចេះនិយាយភាសាហេព្រើរ»។ មនុស្សមួយចំនួននិយាយថា៖ «ខ្ញុំបានទៅប្រទេសអ៊ីស្រាអែលជាច្រើនដង ហើយបានប៉ះឈើឆ្កាងដែលព្រះអម្ចាស់យេស៊ូវបានលីផ្ទាល់»។ មនុស្សមួយចំនួននិយាយថា៖ «ខ្ញុំបានទៅភ្នំអារ៉ារ៉ាត់ ហើយបានឃើញសំណល់នៃទូកធំនោះ»។ មនុស្សមួយចំនួននិយាយថា៖ «ខ្ញុំបានឃើញព្រះជាម្ចាស់» ហើយ «ខ្ញុំត្រូវបាននាំយកទៅនៅចំពោះព្រះភក្ត្រព្រះជាម្ចាស់»។ តើរឿងទាំងអស់នេះមានប្រយោជន៍អ្វី? ព្រះជាម្ចាស់មិនបានទាមទារអ្វីដែលពិបាកពីអ្នកទេ គឺគ្រាន់តែឱ្យអ្នកស្ដាប់បង្គាប់ព្រះបន្ទូលរបស់ទ្រង់ដោយស្មោះអស់ពីចិត្តប៉ុណ្ណោះ។ ប្រសិនបើរឿងនេះលើសពីសមត្ថភាពរបស់អ្នក នោះចូរភ្លេចរឿងផ្សេងទៀតទាំងអស់ទៅ។ អ្វីដែលអ្នកនិយាយនឹងគ្មានប្រយោជន៍អ្វីឡើយ។ អ្នករាល់គ្នាទាំងអស់គ្នាដឹងរឿងរបស់លោកណូអេ និងលោកអាប់ប្រាហាំ ប៉ុន្តែគ្រាន់តែដឹងរឿងតែម្យ៉ាងគឺគ្មានប្រយោជន៍ទេ។ តើអ្នករាល់គ្នាធ្លាប់គិតទេថា តើអ្វីទៅដែលកម្រ និងគួរឱ្យសរសើរបំផុតចំពោះបុរសទាំងពីរនាក់នោះ? តើអ្នករាល់គ្នាចង់ធ្វើដូចពួកគេដែរឬទេ? (ចង់!) តើអ្នកចង់ខ្លាំងប៉ុនណា? មនុស្សមួយចំនួននិយាយថា៖ «ខ្ញុំពិតជាចង់ធ្វើដូចពួកគេណាស់ ខ្ញុំគិតពីរឿងនេះរាល់ពេលដែលខ្ញុំហូបអាហារ យល់សប្តិ បំពេញភារកិច្ចរបស់ខ្ញុំ អានព្រះបន្ទូលរបស់ព្រះជាម្ចាស់ និងរៀនទំនុកបរិសុទ្ធ។ ខ្ញុំបានអធិដ្ឋានសុំរឿងនេះជាច្រើនដងហើយ ហើយថែមទាំងបានសរសេរសំបុត្រសម្បថទៀតផង។ សូមឱ្យព្រះជាម្ចាស់ដាក់បណ្ដាសាខ្ញុំចុះ ប្រសិនបើខ្ញុំមិនស្ដាប់បង្គាប់ព្រះបន្ទូលរបស់ទ្រង់។ គ្រាន់តែថាខ្ញុំមិនដឹងថាពេលណាព្រះជាម្ចាស់មានបន្ទូលមកកាន់ខ្ញុំទេ វាមិនដូចជាទ្រង់ប្រាប់ខ្ញុំដោយមានផ្គរលាន់នៅលើមេឃនោះទេ»។ តើរឿងទាំងអស់នេះមានប្រយោជន៍អ្វី? តើវាមានន័យដូចម្ដេច នៅពេលដែលអ្នកនិយាយថា «ខ្ញុំពិតជាចង់»? (វាគ្រាន់តែជាការស្រមើស្រមៃប៉ុណ្ណោះ វាគ្រាន់តែជាបំណងប្រាថ្នាមួយ។) តើបំណងប្រាថ្នាមានប្រយោជន៍អ្វី? វាប្រៀបដូចជាអ្នកលេងល្បែងម្នាក់ដែលទៅកាស៊ីណូរាល់ថ្ងៃ ទោះបីជាពួកគេចាញ់អស់រលីងក៏ដោយ ក៏ពួកគេនៅតែចង់លេងល្បែងដែរ។ ពេលខ្លះពួកគេអាចនឹងគិតថា៖ «សាកតែមួយលើកទៀតទេ ហើយខ្ញុំសន្យាថា ខ្ញុំឈប់ហើយ ហើយខ្ញុំមិនលេងល្បែងទៀតទេ» ពួកគេគិតរឿងដដែល មិនថាពួកគេកំពុងយល់សប្តិ ឬកំពុងហូបអាហារក៏ដោយ ប៉ុន្តែបន្ទាប់ពីគិតរួច ពួកគេនៅតែត្រឡប់ទៅកាស៊ីណូវិញ។ រាល់ពេលដែលពួកគេលេងល្បែង ពួកគេនិយាយថាវានឹងជាលើកចុងក្រោយរបស់ពួកគេ ហើយរាល់ពេលដែលពួកគេចេញពីទ្វារកាស៊ីណូ ពួកគេនិយាយថាពួកគេនឹងមិនត្រឡប់មកវិញទៀតទេ លទ្ធផលគឺថាបន្ទាប់ពីព្យាយាមពេញមួយជីវិត ពួកគេនៅតែមិនអាចឈប់បានដដែល។ តើអ្នករាល់គ្នាដូចអ្នកលេងល្បែងនោះដែរឬទេ? អ្នកតែងតែប្ដេជ្ញាចិត្តធ្វើរឿងផ្សេងៗ ហើយបន្ទាប់មកក៏បដិសេធការប្ដេជ្ញាចិត្តរបស់ខ្លួន វាបានក្លាយជាទម្លាប់របស់អ្នកទៅហើយក្នុងការបោកបញ្ឆោតព្រះជាម្ចាស់ ហើយរឿងនេះមិនងាយស្រួលនឹងផ្លាស់ប្ដូរទេ។

III. រលាតត្រដាងអំពីរបៀបដែលមនុស្សសព្វថ្ងៃប្រព្រឹត្តចំពោះព្រះបន្ទូលរបស់ព្រះជាម្ចាស់

តើអ្វីជាប្រធានបទនៃរឿងដែលខ្ញុំទើបតែបានរៀបរាប់ប្រាប់? (គឺអំពីអាកប្បកិរិយាចំពោះព្រះជាម្ចាស់ និងអំពីរបៀបដែលយើងអាចស្ដាប់បង្គាប់ព្រះបន្ទូលរបស់ព្រះជាម្ចាស់ ហើយចុះចូលនឹងព្រះជាម្ចាស់នៅពេលមានរឿងរ៉ាវកើតឡើង។) តើរឿងទាំងពីរនេះបានបង្រៀនអ្នករាល់គ្នាអំពីអ្វីជាចម្បង? (គឺឱ្យស្ដាប់បង្គាប់ និងចុះចូល ហើយប្រព្រឹត្តតាមសេចក្ដីតម្រូវនៃព្រះបន្ទូលរបស់ព្រះជាម្ចាស់។) ការរៀនស្ដាប់បង្គាប់ និងការអនុវត្តការស្ដាប់បង្គាប់ព្រះបន្ទូលរបស់ព្រះជាម្ចាស់ គឺជារឿងសំខាន់។ អ្នកនិយាយថា អ្នក ជាអ្នកដើរតាមព្រះជាម្ចាស់ ថាអ្នកជាភាវៈដែលបានបង្កើត ថាអ្នកជាមនុស្សម្នាក់នៅក្នុងព្រះនេត្ររបស់ព្រះជាម្ចាស់។ ទោះយ៉ាងណាក៏ដោយ នៅក្នុងការរស់នៅ និងការសម្ដែងចេញរបស់អ្នក គឺគ្មានសញ្ញានៃការចុះចូល ឬការអនុវត្ត ដែលកើតមានបន្ទាប់ពីបានឮព្រះបន្ទូលរបស់ព្រះជាម្ចាស់ឡើយ។ ដូច្នេះ តើគួរតែមានសញ្ញាសួរនៅពីក្រោយពាក្យ «ភាវៈដែលព្រះបានបង្កើត» «អ្នកដែលដើរតាមព្រះជាម្ចាស់» និង «មនុស្សម្នាក់នៅក្នុងព្រះនេត្ររបស់ព្រះជាម្ចាស់» ដែរឬទេ នៅពេលដែលពាក្យទាំងនេះត្រូវបានយកមកប្រើចំពោះអ្នក? ហើយដោយមានសញ្ញាសួរទាំងនេះ តើអ្នកមានសេចក្ដីសង្ឃឹមនៃការសង្គ្រោះធំប៉ុនណាទៅ? រឿងនេះមិនមាននរណាដឹងទេ ឱកាសគឺមានតិចតួចណាស់ ហើយអ្នកផ្ទាល់ក៏មិនហ៊ាននិយាយដែរ។ កន្លងមក ខ្ញុំបានលើកយកសាច់រឿងបុរាណចំនួនពីរអំពីរបៀបស្ដាប់បង្គាប់ព្រះបន្ទូលរបស់ព្រះជាម្ចាស់។ អ្នកដែលបានអានព្រះគម្ពីរ និងដើរតាមព្រះជាម្ចាស់អស់រយៈពេលជាច្រើនឆ្នាំ គឺស្គាល់រឿងទាំងពីរនេះរួចទៅហើយ។ ប៉ុន្តែ តាមរយៈការអានរឿងទាំងនេះ គ្មាននរណាម្នាក់ទទួលបានសេចក្ដីពិតដ៏សំខាន់បំផុតក្នុងចំណោមនោះទេគឺ៖ ការស្ដាប់បង្គាប់ព្រះបន្ទូលរបស់ព្រះជាម្ចាស់។ ឥឡូវនេះ ដោយសារយើងបានឮរឿងអំពីរបៀបស្ដាប់បង្គាប់ព្រះបន្ទូលរបស់ព្រះជាម្ចាស់ហើយ ចូរយើងងាកមកមើលរឿងអំពីមនុស្ស ដែលមិនស្ដាប់បង្គាប់ព្រះបន្ទូលរបស់ព្រះជាម្ចាស់វិញម្ដង។ ដោយសារការមិនស្ដាប់បង្គាប់ព្រះបន្ទូលរបស់ព្រះជាម្ចាស់ត្រូវបានលើកឡើងមកនិយាយ ទាំងនេះច្បាស់ជារឿងអំពីមនុស្សសព្វថ្ងៃនេះហើយ។ សម្ដីខ្លះដែលខ្ញុំនិយាយ អាចនឹងពិបាកស្ដាប់ ហើយវាអាចនឹងប៉ះពាល់ដល់មោទនភាព និងការគោរពខ្លួនឯងរបស់អ្នករាល់គ្នា ហើយវានឹងបង្ហាញឱ្យឃើញថា អ្នករាល់គ្នាខ្វះសេចក្ដីទៀងត្រង់ និងសេចក្ដីថ្លៃថ្នូរ។

មានដីមួយកន្លែង ដែលខ្ញុំបានប្រាប់មនុស្សមួយចំនួនឱ្យដាំបន្លែនៅលើដីនោះ។ នេះគឺដើម្បីឱ្យអ្នកដែលកំពុងបំពេញភារកិច្ចរបស់ខ្លួន អាចមានអាហារសរីរាង្គខ្លះសម្រាប់បរិភោគ ហើយមិនចាំបាច់ទិញបន្លែមិនមែនសរីរាង្គដែលប្រើប្រាស់ថ្នាំសម្លាប់សត្វល្អិតនោះទេ។ នេះជារឿងល្អ ត្រូវទេ? ក្នុងទិដ្ឋភាពមួយ មនុស្សគ្រប់គ្នារស់នៅជាមួយគ្នា ដូចជាគ្រួសារធំមួយ ហើយក៏អាចជឿលើព្រះជាម្ចាស់ជាមួយគ្នា ដោយរក្សាគម្លាតពីនិន្នាការ និងជម្លោះនៃសង្គម។ ការបង្កើតមជ្ឈដ្ឋានបែបនេះ អនុញ្ញាតឱ្យមនុស្សគ្រប់គ្នាអាចស្ងប់ចិត្តបំពេញភារកិច្ចរបស់ខ្លួនបាន។ នោះគឺចេញមកមើលពីទស្សនៈក្នុងទ្រង់ទ្រាយតូចមួយ។ មើលពីទស្សនៈក្នុងទ្រង់ទ្រាយធំជាងនេះ ការដាំបន្លែសម្រាប់ឱ្យអ្នកបំពេញភារកិច្ចរបស់ខ្លួនបរិភោគ និងការចូលរួមចំណែកក្នុងការផ្សាយដំណឹងល្អរបស់ព្រះជាម្ចាស់ ក៏ជារឿងស័ក្ដិសមផងដែរ។ នៅពេលខ្ញុំនិយាយថា៖ «ចូរដាំបន្លែខ្លះសម្រាប់ឱ្យអ្នកបំពេញភារកិច្ចរបស់ខ្លួននៅក្បែរៗនេះបរិភោគ» តើពាក្យទាំងនេះមិនងាយស្រួលយល់ទេឬ? នៅពេលខ្ញុំបានប្រាប់មនុស្សម្នាក់ឱ្យធ្វើរឿងនេះ គាត់ក៏យល់ ហើយបានដាំបន្លែមួយចំនួន ដែលគេនិយមបរិភោគ។ ខ្ញុំគិតថា រឿងដូចជាការដាំបន្លែនេះ គឺជារឿងសាមញ្ញទេ។ មនុស្សសាមញ្ញទាំងអស់សុទ្ធតែអាចធ្វើវាបាន។ វាមិនពិបាកដូចការផ្សាយដំណឹងល្អ ឬផ្នែកផ្សេងៗនៃកិច្ចការពួកជំនុំឡើយ។ ដូច្នេះ ខ្ញុំមិនសូវបានយកចិត្តទុកដាក់ខ្លាំងចំពោះរឿងនេះទេ។ មួយរយៈក្រោយមក ខ្ញុំបានទៅទីនោះ ហើយឃើញថា ពួកគេទាំងអស់គ្នាកំពុងបរិភោគបន្លែដែលពួកគេបានដាំដោយខ្លួនឯង ហើយបានឮថា ជួនកាល មានបន្លែនៅសល់ ដែលពួកគេយកទៅឱ្យមាន់ស៊ី។ ខ្ញុំបាននិយាយថា «អ្នករាល់គ្នាបានដាំបន្លែទាំងអស់នោះ ហើយទទួលបានទិន្នផលល្អ។ តើអ្នករាល់គ្នាបានផ្ញើបន្លែខ្លះទៅពួកជំនុំដែរឬទេ? តើមនុស្សនៅពួកជំនុំផ្សេងទៀតបានបរិភោគបន្លែដែលយើងបានដាំដែរឬទេ?» មនុស្សមួយចំនួនបាននិយាយថា ពួកគេមិនបានដឹងទេ។ អ្នកខ្លះនិយាយថា មនុស្សនៅកន្លែងផ្សេងៗបានទិញបន្លែដោយខ្លួនឯង ហើយមិនបានបរិភោគបន្លែមកពីទីនេះទេ។ មនុស្សម្នាក់ៗនិយាយផ្សេងៗពីគ្នា។ គ្មាននរណាម្នាក់ខ្វល់អំពីរឿងនេះទេ គឺឱ្យតែពួកគេខ្លួនឯងមានបន្លែបរិភោគ ពួកគេមានអារម្មណ៍ថា គ្មានបញ្ហាអ្វីឡើយ។ តើនេះមិនគួរឱ្យស្អប់ខ្ពើមទេឬ? បន្ទាប់មក ខ្ញុំបាននិយាយទៅកាន់អ្នកទទួលខុសត្រូវថា «វាជារឿងសមហេតុផលទាំងស្រុង ដែលអ្នករាល់គ្នាបរិភោគអ្វីដែលអ្នកដាំ ប៉ុន្តែអ្នកផ្សេងទៀតក៏ត្រូវបរិភោគដែរ។ តើវាត្រឹមត្រូវដែរឬទេ ដែលអ្នករាល់គ្នាដាំបានច្រើនយ៉ាងនេះ ហើយមិនអាចបរិភោគអស់ ខណៈកន្លែងផ្សេងទៀតនៅតែត្រូវទិញបន្លែនោះ? តើខ្ញុំមិនបានប្រាប់អ្នកទេឬថា បន្លែទាំងនេះមិនមែនដាំសម្រាប់តែឱ្យអ្នករាល់គ្នាបរិភោគប៉ុណ្ណោះទេ គឺអ្នកត្រូវផ្ញើបន្លែទាំងនោះទៅពួកជំនុំផ្សេងទៀតដែលនៅក្បែរៗនេះផងដែរ?» តើអ្នករាល់គ្នាគិតថា ខ្ញុំគួរតែបន្តប្រាប់ពួកគេអំពីអ្វីដែលត្រូវធ្វើ និងបង្កើតច្បាប់ឱ្យបានច្បាស់លាស់នៅពេលនិយាយដល់រឿងតូចតាចនេះដែរឬទេ? តើខ្ញុំចាំបាច់ត្រូវធ្វើជារឿងធំដុំអំពីរឿងនេះ ដោយហៅមនុស្សគ្រប់គ្នាឱ្យមកជួបជុំគ្នា និងធ្វើការអធិប្បាយដែរឬទេ? (ទេ។) ខ្ញុំក៏មិនគិតដូច្នេះដែរ។ តើវាអាចទៅរួចទេដែលថា មនុស្សអាចខ្វះការគិតគូរ សូម្បីតែបន្តិចបន្តួចនេះ? ប្រសិនបើពួកគេខ្វះការគិតគូរបែបនេះមែន ពួកគេមិនមែនជាមនុស្សទេ។ ដូច្នេះ ខ្ញុំបានប្រាប់អ្នកនោះម្ដងទៀតថា «ប្រញាប់ឡើង ហើយផ្ញើបន្លែទាំងនោះទៅពួកជំនុំផ្សេងទៀតទៅ។ ទៅធ្វើរឿងនេះឱ្យហើយទៅ»។ គាត់បាននិយាយថា «បាទ ខ្ញុំនឹងគិតមើលសិន»។ នេះគឺជាអាកប្បកិរិយាដែលគាត់មាន។ មួយរយៈក្រោយមក ខ្ញុំបានទៅទីនោះម្ដងទៀត ហើយបានឃើញបន្លែយ៉ាងច្រើនសន្ធឹកសន្ធាប់នៅក្នុងចម្ការ ដែលឃើញមានគ្រប់សព្វបែបយ៉ាងទាំងអស់។ ខ្ញុំបានសួរអ្នកដែលបានដាំបន្លែទាំងនោះថា តើពួកគេប្រមូលផលបានច្រើនដែរឬយ៉ាងណា។ ពួកគេបាននិយាយថា មានបន្លែច្រើនណាស់រហូតដល់ពួកគេបរិភោគមិនអស់ ហើយបន្លែខ្លះក៏បានរលួយអស់ដែរ។ ខ្ញុំបានសួរម្ដងទៀតថា តើពួកគេបានផ្ញើបន្លែខ្លះទៅពួកជំនុំដែលនៅក្បែរៗនោះដែរឬយ៉ាងណា។ ពួកគេបានឆ្លើយតបថា ពួកគេមិនបានដឹង ហើយក៏មិនប្រាកដដែរ។ ពួកគេបាននិយាយរឿងនេះយ៉ាងស្រពេចស្រពិល និងឱ្យតែរួចពីដៃ។ វាច្បាស់ណាស់ថា គ្មាននរណាម្នាក់បានចាត់ទុករឿងនេះជារឿងសំខាន់ឡើយ។ ឱ្យតែពួកគេមានអាហារបរិភោគ ពួកគេមិនខ្វល់ពីអ្នកណាផ្សេងទេ។ ម្ដងនេះទៀត ខ្ញុំបានទៅរកអ្នកទទួលខុសត្រូវ។ ខ្ញុំបានសួរគាត់ថា តើពួកគេបានផ្ញើបន្លែចេញទៅខ្លះដែរឬយ៉ាងណា។ គាត់បាននិយាយថា ពួកគេបានផ្ញើទៅហើយ។ ខ្ញុំបានសួរថា តើការដឹកជញ្ជូននោះយ៉ាងម៉េចទៅហើយ។ គាត់បាននិយាយថា បន្លែទាំងនោះត្រូវបានដឹកជញ្ជូនទៅដល់ហើយ។ មកដល់ត្រង់ចំណុចនេះ តើអ្នករាល់គ្នាស្តាប់ទៅ ដូចជាមានបញ្ហាដែរឬទេ? អាកប្បកិរិយារបស់មនុស្សទាំងនេះ គឺមិនត្រឹមត្រូវទេ។ ពួកគេមិនមានអាកប្បកិរិយាស្មោះត្រង់ និងទទួលខុសត្រូវទេ នៅពេលដែលពួកគេបំពេញភារកិច្ចរបស់ខ្លួន ដែលនេះជារឿងគួរឱ្យស្អប់ខ្ពើម ប៉ុន្តែអ្វីដែលនឹងកើតឡើងបន្ទាប់ទៀត គឺរឹតតែគួរឱ្យស្អប់ខ្ពើមជាងនេះទៅទៀត។ ក្រោយមក ខ្ញុំបានសួរបងប្អូនប្រុសស្រីនៅពួកជំនុំក្បែរៗនោះថា តើពួកគេទទួលបានបន្លែដែលគេផ្ញើមកខ្លះដែរឬទេ។ ពួកគេបានឆ្លើយតបថា៖ «គេបានផ្ញើមកហើយ ប៉ុន្តែបន្លែទាំងនោះមានសភាពអាក្រក់ជាងបន្លែដែលគេបោះចោលនៅលើដីក្នុងផ្សារទៅទៀត។ គ្មានអ្វីក្រៅពីស្លឹករលួយលាយឡំជាមួយខ្សាច់ និងគ្រួសឡើយ។ បន្លែទាំងនោះមិនអាចបរិភោគបានទេ»។ ពេលឮដូច្នេះ តើអ្នករាល់គ្នាមានអារម្មណ៍ដូចម្តេចដែរ? តើមានក្តៅក្រហាយនៅក្នុងចិត្តរបស់អ្នករាល់គ្នាដែរឬទេ? តើអ្នករាល់គ្នាក្ដៅក្រហាយដែរឬទេ? (មែនហើយ។) ហើយប្រសិនបើអ្នករាល់គ្នាសុទ្ធតែក្ដៅក្រហាយ តើអ្នករាល់គ្នាគិតថា ខ្ញុំនឹងខឹងដែរឬទេ? ពួកគេបានផ្ញើបន្លែខ្លះមកទាំងបង្ខំចិត្ត ប៉ុន្តែពួកគេធ្វើរឿងនេះមិនបានល្អឡើយ។ ចុះតើនរណាជាដើមហេតុដែលធ្វើឱ្យកិច្ចការនេះមិនបានល្អបែបនេះ? មានមនុស្សអាក្រក់ម្នាក់នៅកន្លែងនោះ ដែលបានរារាំងមិនឱ្យគេផ្ញើបន្លែទាំងនោះចេញទៅ។ តើគាត់បាននិយាយអ្វីខ្លះ បន្ទាប់ពីខ្ញុំបានបញ្ជាឱ្យគេដឹកជញ្ជូនបន្លែទាំងនោះទៅ? «ដោយសារអ្នកប្រាប់ខ្ញុំឱ្យធ្វើរឿងនេះ ខ្ញុំនឹងប្រមូលស្លឹករលួយ និងបន្លែដែលយើងមិនចង់បរិភោគ យកទៅផ្ញើឱ្យពួកគេ។ ធ្វើបែបនេះចាត់ទុកថាបានផ្ញើទៅហើយ តើមែនឬទេ?» ពេលបានដឹងរឿងនេះ ខ្ញុំបានបញ្ជាឱ្យគេបណ្ដេញមនុស្សសំរាមជាអារក្សនេះចេញ។ តើទីនេះជាកន្លែងបែបណាបានជាគាត់ហ៊ានធ្វើខ្លួនជាជនផ្ដាច់ការ? ទីនេះជាដំណាក់របស់ព្រះជាម្ចាស់។ វាមិនមែនជាសង្គមទេ ហើយវាក៏មិនមែនជាទីផ្សារសេរីដែរ។ ប្រសិនបើអ្នករករឿង និងធ្វើខ្លួនជាជនផ្ដាច់ការនៅទីនេះ នោះអ្នកមិនត្រូវបានស្វាគមន៍នៅទីនេះទេ ហើយខ្ញុំមិនអាចទ្រាំឱ្យអ្នកនៅនឹងមុខខ្ញុំបានឡើយ ពោលគឺប្រញាប់ចេញទៅឱ្យបាត់ទៅ! ចេញឱ្យឆ្ងាយពីខ្ញុំតាមដែលអាចធ្វើទៅបាន និងត្រឡប់ ទៅកន្លែងដែលអ្នកបានមកវិញទៅ! តើអ្នករាល់គ្នាគិតថា វាត្រឹមត្រូវដែរឬទេ ដែលខ្ញុំដោះស្រាយរឿងនេះបែបនេះ? (ត្រឹមត្រូវ។) ហេតុអ្វី? (មនុស្សប្រភេទនេះខ្វះភាពជាមនុស្សខ្លាំងពេក។) ចុះហេតុអ្វីបានជាមនុស្សមួយចំនួនដែលខ្វះភាពជាមនុស្ស មិនត្រូវបានគេបញ្ជូនចេញ? មនុស្សមួយចំនួនគ្មានមនសិការ ឬវិចារណញ្ញាណទេ ហើយមិនដេញតាមសេចក្ដីពិតឡើយ ប៉ុន្តែពួកគេមិនធ្វើអំពើអាក្រក់ មិនរំខានដល់កិច្ចការពួកជំនុំ មិនជះឥទ្ធិពលដល់ការបំពេញភារកិច្ចរបស់អ្នកដទៃ ឬជះឥទ្ធិពលដល់ជីវិតពួកជំនុំឡើយ។ មនុស្សប្រភេទនេះគួរតែត្រូវបានរក្សាទុកសិន ដើម្បីឱ្យបម្រើការ ប៉ុន្តែនៅពេលដែលពួកគេប្រព្រឹត្តអំពើអាក្រក់ ហើយបង្កការបង្អាក់ និងការរំខាន ដល់ពេលនោះ បណ្ដេញពួកគេចេញ ក៏មិនទាន់ហួសពេលដែរ។ ចុះហេតុអ្វីបានជាខ្ញុំត្រូវបណ្ដេញមនុស្សសំរាមនេះចេញ? គាត់ចង់ធ្វើខ្លួនជាជនផ្ដាច់ការ និងក្ដោបក្ដាប់អំណាចនៅក្នុងដំណាក់របស់ព្រះជាម្ចាស់។ គាត់បានជះឥទ្ធិពលអវិជ្ជមានដល់ការរស់នៅធម្មតារបស់បងប្អូនប្រុសស្រី ហើយបានប៉ះពាល់ដល់កិច្ចការនៃដំណាក់របស់ព្រះជាម្ចាស់។ មនុស្សមួយចំនួនបាននិយាយថា គាត់អាត្មានិយមពេក ខ្ជិលច្រអូសពេក ហើយបំពេញភារកិច្ចរបស់ខ្លួនឱ្យតែរួចពីដៃ។ តើវាពិតជាករណីដូច្នេះមែនឬ? គាត់ចង់តាំងខ្លួនប្រឆាំងនឹងបងប្អូនប្រុសស្រីទាំងអស់ ប្រឆាំងនឹងអ្នកបំពេញភារកិច្ចទាំងអស់ ហើយទាស់នឹងព្រះជាម្ចាស់។ គាត់ចង់កាន់កាប់ដំណាក់របស់ព្រះជាម្ចាស់។ គាត់ចង់ក្ដោបក្ដាប់អំណាចនៅក្នុងដំណាក់របស់ព្រះជាម្ចាស់។ ប្រសិនបើគាត់ចង់ក្ដោបក្ដាប់អំណាច នោះគាត់គួរតែបានធ្វើរឿងល្អខ្លះ។ ប៉ុន្តែគាត់មិនបានធ្វើរឿងល្អអ្វីឡើយ។ អ្វីគ្រប់យ៉ាងដែលគាត់បានធ្វើ គឺធ្វើឱ្យខូចប្រយោជន៍ដល់ដំណាក់របស់ព្រះជាម្ចាស់ និងធ្វើឱ្យប៉ះពាល់ដល់រាស្ដ្ររើសតាំងរបស់ព្រះជាម្ចាស់។ តើអ្នករាល់គ្នាអាចទ្រាំនឹងមនុស្សបែបនេះបានដែរឬទេ? (ទេ។) ហើយប្រសិនបើអ្នករាល់គ្នាគ្មាននរណាម្នាក់អាចទ្រាំបានទេ តើអ្នករាល់គ្នាគិតថា ខ្ញុំអាចទ្រាំបានដែរឬទេ? សព្វថ្ងៃនេះ មានមនុស្សដែលនៅតែមិនសប្បាយចិត្តចំពោះការបណ្ដេញមនុស្សអាក្រក់នោះចេញ។ ពួកគេមិនអាចមើលធ្លុះពីគាត់ទេ ហើយនៅតែតតាំងនឹងខ្ញុំនៅក្នុងចិត្តរបស់ពួកគេដដែល។ សព្វថ្ងៃនេះ មានមនុស្សដែលនៅពេលនិយាយដល់មនុស្សនោះ ពួកគេនៅតែមិនគិតថាខ្ញុំបានដោះស្រាយរឿងនេះបានសមរម្យទេ ដោយគិតថា ដំណាក់របស់ព្រះជាម្ចាស់មិនសុចរិតឡើយ។ តើនេះជាបក្សពួកបែបណាទៅ? តើអ្នករាល់គ្នាដឹងទេថា មនុស្សម្នាក់នេះដកស្ពៃតឿដែលពួកគេបានដាំដោយរបៀបណា? ជាធម្មតា គេដកទាំងគល់យកមកបរិភោគ តើមែនទេ? តើមាននរណាម្នាក់គ្រាន់តែកាត់យកស្លឹកដែរឬទេ? (ទេ។) ចុះចំណែកបុរសចម្លែកម្នាក់នេះវិញ គាត់មិនអនុញ្ញាតឱ្យអ្នកដទៃដកទាំងគល់ទេ គាត់ប្រាប់ពួកគេឱ្យគ្រាន់តែកាត់យកស្លឹកប៉ុណ្ណោះ។ នេះគឺជាលើកទីមួយហើយដែលខ្ញុំធ្លាប់ជួបរឿងបែបនេះ។ តើអ្នករាល់គ្នាគិតថា ហេតុអ្វីបានជាគាត់ធ្វើបែបនេះ? ហេតុអ្វីបានជាគាត់មិនអនុញ្ញាតឱ្យអ្នកដទៃដកទាំងគល់? ពីព្រោះប្រសិនបើពួកគេដកទាំងគល់ នោះចម្ការនឹងនៅទទេ ហើយត្រូវភ្ជួររាស់ និងដាំម្ដងទៀត។ ដើម្បីកុំឱ្យពិបាក គាត់បានប្រាប់អ្នកដទៃឱ្យកាត់យកតែស្លឹក។ នៅពេលគាត់ប្រាប់មនុស្សឱ្យធ្វើបែបនេះ គ្មាននរណាម្នាក់ហ៊ានប្រឆាំងនឹងគាត់ឡើយ។ ពួកគេប្រៀបដូចជាទាសកររបស់គាត់អ៊ីចឹង ពោលគឺពួកគេធ្វើតាមអ្វីគ្រប់យ៉ាងដែលគាត់បាននិយាយ។ គាត់ជាអ្នកក្ដោបក្ដាប់អំណាចនៅទីនោះ។ ដូច្នេះ តើអ្នករាល់គ្នាគិតថា វាអាចទទួលយកបានដែរឬទេ ប្រសិនបើមិនកម្ចាត់គាត់ចោលនោះ? (ទេ។) ការអនុញ្ញាតឱ្យមនុស្សបែបនេះបន្តនៅនឹងក្លាយជាការបំផ្លាញ។ នៅពេលខ្លះ ដែលគាត់សម្ដែងចេញនូវរឿងល្អមួយចំនួន នោះគឺដោយសារតែវាមិនពាក់ព័ន្ធនឹងផលប្រយោជន៍ផ្ទាល់ខ្លួនរបស់គាត់។ ចូរសង្កេតមើលឱ្យបានដិតដល់នូវអ្វីគ្រប់យ៉ាងដែលគាត់ធ្វើ៖ គ្មានរឿងណាមួយដែលមិនរំខាន និងបំផ្លាញផលប្រយោជន៍របស់អ្នកដទៃឡើយ ហើយក៏គ្មានរឿងណាមួយដែលមិនធ្វើឱ្យខូចប្រយោជន៍ដល់ដំណាក់របស់ព្រះជាម្ចាស់ដែរ។ មនុស្សនេះកើតមកជាអារក្ស គាត់តាំងខ្លួនទាស់នឹងព្រះជាម្ចាស់ ហើយគាត់គឺជាអាទទឹងនឹងព្រះគ្រីស្ទ។ តើមនុស្សបែបនេះអាចត្រូវបានអនុញ្ញាតឱ្យបន្តនៅក្នុងដំណាក់របស់ព្រះជាម្ចាស់ដែរឬទេ? តើគាត់ស័ក្ដិសមនឹងបំពេញភារកិច្ចដែរឬទេ? (ទេ។) ប៉ុន្តែនៅតែមានមនុស្សមួយចំនួនព្យាយាមការពារមនុស្សបែបនេះ។ តើពួកគេច្របូកច្របល់ដល់កម្រិតណាទៅ? តើនេះមិនគួរឱ្យស្អប់ខ្ពើមទេឬ? តើអ្នកកំពុងព្យាយាមបង្ហាញថា អ្នកមានសេចក្ដីស្រឡាញ់មែនទេ? ប្រសិនបើអ្នកមានសេចក្ដីស្រឡាញ់ នោះអ្នកផ្គត់ផ្គង់គាត់ទៅ ប្រសិនបើអ្នកមានសេចក្ដីស្រឡាញ់ ចូរទុកឱ្យគាត់ធ្វើបាបអ្នកចុះ ប៉ុន្តែកុំបណ្ដោយឱ្យគាត់ធ្វើឱ្យខូចប្រយោជន៍ដល់ដំណាក់របស់ព្រះជាម្ចាស់ឡើយ! ប្រសិនបើអ្នកមានសេចក្ដីស្រឡាញ់ នោះនៅពេលដែលគាត់ត្រូវបានគេបោសសម្អាតចេញ ចូរទៅតាមគាត់ទៅ តើអ្នកនៅតោងទាមទីនេះធ្វើអ្វីទៀត? តើមនុស្សទាំងនេះចេះស្ដាប់បង្គាប់ និងចុះចូលដែរឬទេ? (ទេ។) ពួកគេកើតមកជាបក្សពួកអារក្ស។ មនុស្សនោះមិនស្ដាប់បង្គាប់អ្វីទាំងអស់ដែលខ្ញុំបាននិយាយ។ ប្រសិនបើខ្ញុំនិយាយថា លិច គាត់នឹងទៅកើត ហើយប្រសិនបើខ្ញុំនិយាយថា កើត គាត់នឹងទៅលិច។ គាត់ចចេសប្រឆាំងនឹងខ្ញុំក្នុងគ្រប់រឿងទាំងអស់។ ហេតុអ្វីបានជាវាពិបាកម៉្លេះ សម្រាប់គាត់ក្នុងការស្ដាប់បង្គាប់ខ្ញុំ សូម្បីតែបន្តិចសោះនោះ? តើការដែលខ្ញុំប្រាប់គាត់ឱ្យផ្ញើបន្លែទៅបងប្អូនប្រុសស្រីផ្សេងទៀត មានន័យថា គាត់នឹងត្រូវបាត់បង់ចំណែករបស់គាត់ឬ? តើខ្ញុំកំពុងដកហូតសិទ្ធិរបស់គាត់ក្នុងការបរិភោគបន្លែទាំងនេះឬ? (ទេ។) ដូច្នេះ ហេតុអ្វីបានជាគាត់មិនផ្ញើបន្លែទាំងនោះទៅ? គាត់មិនចាំបាច់លីសែងបន្លែទាំងនោះដោយខ្លួនឯងទេ វាមិនទាមទារឱ្យគាត់បញ្ចេញកម្លាំងអ្វីឡើយ។ ប៉ុន្តែ គាត់មិនត្រឹមតែមិនបានឱ្យបន្លែល្អៗទៅអ្នកដទៃប៉ុណ្ណោះទេ គាត់ថែមទាំងឱ្យបន្លែរលួយៗទៅពួកគេទៀតផង។ តើគាត់ត្រូវតែជាមនុស្សអាក្រក់កម្រិតណាទើបអាចធ្វើរឿងបែបនេះបាន? តើអាចចាត់ទុកគាត់ជាមនុស្សបានដែរឬទេ? ខ្ញុំបានប្រាប់គាត់ឱ្យផ្ញើបន្លែ មិនមែនផ្ញើសំរាមទេ។ រឿងដ៏សាមញ្ញ និងងាយស្រួលបែបនេះ គ្រាន់តែប្រើដៃជើងបន្តិចបន្តួចសោះ ប៉ុន្តែគាត់សូម្បីតែធ្វើរឿងនេះក៏មិនបានផង។ តើនេះជាមនុស្សដែរទេ? ប្រសិនបើសូម្បីតែរឿងបែបនេះក៏អ្នកធ្វើមិនបានផង តើអ្នកអាចអះអាងពីការចុះចូលនឹងព្រះជាម្ចាស់បានដោយរបៀបណា? អ្នកតតាំង អ្នកប្រឆាំង ប៉ុន្តែអ្នកនៅតែព្យាយាមតោងទាមហូបចុកដោយមិនគិតថ្លៃនៅក្នុងដំណាក់របស់ព្រះជាម្ចាស់ទៀត។ តើរឿងនោះអាចកើតឡើងបានដែរឬទេ? សូម្បីតែសព្វថ្ងៃនេះ ក៏មានអ្នកដែលមិនទាន់ភ្លេចរឿងនេះដែរ៖ «អ្នកធ្លាប់ធ្វើឱ្យប៉ះពាល់ដល់អារម្មណ៍របស់យើង។ អ្នកធ្លាប់បានបណ្ដេញពួកយើងមួយចំនួនចេញ ប៉ុន្តែពួកយើងមិនយល់ព្រមទេ ពួកយើងចង់ឱ្យពួកគេបន្តនៅ ប៉ុន្តែអ្នកមិនព្រមទុកឱកាសឱ្យពួកគេឡើយ។ តើអ្នកជាព្រះដ៏សុចរិតដែរ ទេ?» តើអ្នករាល់គ្នាគិតថា ពួកអារក្សធ្លាប់និយាយថា ព្រះជាម្ចាស់សុចរិតដែរឬទេ? (មិនដែលទេ។) មាត់របស់ពួកគេអាចនិយាយថា ព្រះជាម្ចាស់សុចរិត ប៉ុន្តែនៅពេលដែលព្រះជាម្ចាស់ធ្វើកិច្ចការ វាមិនត្រូវចិត្តពួកគេឡើយ ពួកគេមិនអាចសរសើរតម្កើងសេចក្ដីសុចរិតរបស់ព្រះជាម្ចាស់បានទេ។ ទាំងនេះគឺជាពួកអារក្ស និងជាពួកមនុស្សមានពុត។

តើសូម្បីតែរឿងតូចតាចដូចជាការដឹកជញ្ជូនបន្លែនេះ បង្ហាញឱ្យឃើញអំពីអ្វី? តើវាងាយស្រួលទេសម្រាប់មនុស្សក្នុងការចុះចូលនឹងព្រះជាម្ចាស់ និងស្ដាប់បង្គាប់ព្រះបន្ទូលរបស់ព្រះជាម្ចាស់នោះ? (មិនងាយស្រួលទេ។) មនុស្សបរិភោគអាហារដែលព្រះជាម្ចាស់ប្រទានឱ្យ ពួកគេរស់នៅក្នុងផ្ទះដែលព្រះជាម្ចាស់ប្រទានឱ្យ ពួកគេប្រើប្រាស់របស់របរដែលព្រះជាម្ចាស់ប្រទានឱ្យ ប៉ុន្តែ នៅពេលព្រះជាម្ចាស់ឱ្យពួកគេចែករំលែកបន្លែដែលនៅសល់ទៅឱ្យអ្នកដទៃ តើពួកគេចុះចូលដែរឬទេ? តើព្រះបន្ទូលទាំងនេះអាចសម្រេចជាផលផ្លែក្នុងពួកគេបានដែរឬទេ? នៅក្នុងមនុស្ស គឺអាច។ ព្រះបន្ទូលទាំងនេះអាចត្រូវបានអនុវត្ត។ ប៉ុន្តែនៅក្នុងពួកអារក្ស ពួកសាតាំង និងពួកអាទទឹងនឹងព្រះគ្រីស្ទ ព្រះបន្ទូលទាំងនេះនឹងមិនអាចសម្រេចជាផលផ្លែបានឡើយ។ បុគ្គលនោះបានគិតក្នុងចិត្តថា៖ «ប្រសិនបើខ្ញុំផ្ញើបន្លែទាំងនេះចេញទៅ តើមាននរណាម្នាក់ចងចាំថា ខ្ញុំបានធ្វើរឿងល្អដែរឬទេ? ប្រសិនបើអ្នកដទៃបរិភោគបន្លែទាំងនេះ ហើយនិយាយថា វាជាព្រះគុណរបស់ព្រះជាម្ចាស់ ថាព្រះជាម្ចាស់បានឱ្យខ្ញុំធ្វើរឿងនេះ ប្រសិនបើពួកគេទាំងអស់គ្នាថ្លែងអំណរគុណដល់ព្រះជាម្ចាស់ តើនរណានឹងអរគុណខ្ញុំ? ខ្ញុំគឺជាវីរបុរសនៅពីក្រោយឆាក ខ្ញុំគឺជាអ្នកដែលបានធ្វើកិច្ចការលំបាក។ គឺខ្ញុំនេះហើយដែលបានដាំបន្លែទាំងនេះ។ អ្នកគួរតែអរគុណខ្ញុំ។ ហើយប្រសិនបើអ្នកមិនអរគុណទេ ប្រសិនបើអ្នកមិនដឹងថាខ្ញុំជាអ្នកធ្វើរឿងនេះទេ នោះអ្នកកំពុងតែយល់សប្តិហើយ ប្រសិនបើអ្នកគិតថា អ្នកអាចបរិភោគបន្លែដែលខ្ញុំបានដាំនោះ!» តើនេះមិនមែនជាអ្វីដែលគាត់បានគិតទេឬ? ហើយតើនេះមិនមែនជាអំពើអាក្រក់ទេឬ? វាពិតជាអាក្រក់ខ្លាំងណាស់! តើមនុស្សអាក្រក់ម្ដេចនឹងអាចអនុវត្តសេចក្ដីពិត និងស្ដាប់បង្គាប់ព្រះបន្ទូលរបស់ព្រះជាម្ចាស់កើតទៅ? បុគ្គលនេះកើតមកជាអារក្ស និងជាសាតាំង។ គាត់តាំងខ្លួនប្រឆាំងនឹងព្រះជាម្ចាស់ គាត់ទាស់ទទឹងនឹងសេចក្ដីពិត ហើយគាត់មើលងាយសេចក្ដីពិត។ គាត់គ្មានសមត្ថភាពស្ដាប់បង្គាប់ព្រះបន្ទូលរបស់ព្រះជាម្ចាស់ទេ ដូច្នេះតើមានភាពចាំបាច់ណាមួយសម្រាប់គាត់ក្នុងការស្ដាប់បង្គាប់ព្រះបន្ទូលទាំងនោះដែរឬទេ? គ្មានទេ។ ដូច្នេះ តើរឿងបែបនេះគួរត្រូវបានដោះស្រាយដោយរបៀបណា? បណ្ដេញគាត់ចេញ ហើយស្វែងរកនរណាម្នាក់ដែលចេះស្ដាប់បង្គាប់មកជំនួសកន្លែងគាត់។ គឺបែបនេះហើយ វាសាមញ្ញបែបនេះឯង។ តើការដោះស្រាយរឿងរ៉ាវតាមរបៀបនេះ ស័ក្ដិសមដែរឬទេ? (គឺស័ក្ដិសម។) ខ្ញុំក៏គិតដូច្នេះដែរ។ ប្រសិនបើគាត់មិនទៅទេ គាត់នឹងបង្កបញ្ហា ហើយធ្វើឱ្យប៉ះពាល់ដល់មនុស្សគ្រប់គ្នា។ មនុស្សមួយចំនួននិយាយថា៖ «តើមកពីព្រះអង្គមិនសព្វព្រះហឫទ័យ ដោយសារតែគាត់មិនបានស្ដាប់បង្គាប់ព្រះបន្ទូលរបស់ទ្រង់ឬ? អ្វីដែលគាត់បានធ្វើ គឺគ្រាន់តែមិនស្ដាប់បង្គាប់ព្រះអង្គប៉ុណ្ណោះ តើវាធ្ងន់ធ្ងរដល់ថ្នាក់ហ្នឹងឬ? ព្រះអង្គបានបណ្ដេញគាត់ចេញដោយសារតែរឿងកំប៉ិកកំប៉ុកបែបនេះ ប៉ុន្តែតាមពិតគាត់មិនបានធ្វើរឿងអាក្រក់អ្វីឡើយ។ គាត់គ្រាន់តែផ្ញើបន្លែរលួយៗខ្លះចេញទៅ ហើយមានពីរបីដងដែលគាត់មិនបានផ្ញើអ្វីសោះ និងមិនបានស្ដាប់បង្គាប់ព្រះអង្គ។ វាគ្រាន់តែជារឿងតូចតាចប៉ុណ្ណោះ តើមែនទេ?» តើវាពិតជាដូច្នេះមែនឬ? (មិនមែនទេ។) ដូច្នេះ តើអ្នករាល់គ្នាគិតថា ខ្ញុំមើលឃើញរឿងនេះយ៉ាងដូចម្ដេច? សូម្បីតែរឿងតូចតាចបែបនេះ ក៏គាត់មិនអាចស្ដាប់បង្គាប់បានផង ប៉ុន្តែគាត់បែរជាព្យាយាមរារាំងរឿងរ៉ាវដោយគ្មានហេតុផលនៅទីនេះទៅវិញ។ ទីនេះគឺជាដំណាក់របស់ព្រះជាម្ចាស់ គ្មានអ្វីនៅទីនេះជារបស់គាត់ឡើយ។ ស្មៅគ្រប់សរសៃ ដើមឈើគ្រប់ដើម កូនភ្នំគ្រប់កន្លែង ផ្ទៃទឹកគ្រប់ទីកន្លែងនៅទីនេះ គឺគាត់គ្មានសិទ្ធិអំណាចក្នុងការគ្រប់គ្រង ឬសម្រេចចិត្តលើរបស់ទាំងនេះឡើយ។ គាត់បានព្យាយាមសម្រេចចិត្ត ព្យាយាមរារាំងរឿងរ៉ាវដោយគ្មានហេតុផល។ តើគាត់ជាអ្វីទៅ? គ្មានរបស់ណាមួយរបស់គាត់ដែលនឹងត្រូវគេយក ឬប្រើប្រាស់ឡើយ ហើយក៏គ្មានរបស់ណាមួយដែលជារបស់គាត់ នឹងត្រូវគេផ្ញើចេញទៅដែរ។ អ្វីដែលគេសុំឱ្យគាត់ធ្វើ គឺគ្រាន់តែកម្រើក ដៃជើងរបស់គាត់ និងបំពេញការទទួលខុសត្រូវដែលគាត់គួរតែធ្វើប៉ុណ្ណោះ ប៉ុន្តែសូម្បីតែរឿងនេះក៏គាត់ធ្វើមិនបានផង។ ដោយសារគាត់មិនអាចធ្វើរឿងនោះបាន ខ្ញុំមិនទទួលស្គាល់គាត់ថាជាអ្នកជឿទេ ហើយគាត់ត្រូវតែចេញពីដំណាក់របស់ព្រះជាម្ចាស់ គាត់ត្រូវតែត្រូវបានគេដកចេញ! តើវាសមហេតុផលដែរឬទេដែលខ្ញុំធ្វើបែបនេះ? (សមហេតុផល។) ទាំងនេះគឺជាបញ្ញត្តិរដ្ឋបាលនៃដំណាក់របស់ព្រះជាម្ចាស់។ ប្រសិនបើខ្ញុំជួបប្រទះមនុស្សអាក្រក់បែបនេះដែលកំពុងធ្វើអំពើអាក្រក់ ហើយមិនដកពួកគេចេញ ប្រសិនបើខ្ញុំមិនសម្ដែងអាកប្បកិរិយាណាមួយចំពោះពួកគេទេ នោះតើអ្នករាល់គ្នាគិតថា នឹងមានមនុស្សប៉ុន្មាននាក់ដែលត្រូវរងគ្រោះ? តើនេះមិនធ្វើឱ្យដំណាក់របស់ព្រះជាម្ចាស់ធ្លាក់ចូលក្នុងភាពច្របូកច្របល់ទេឬ? ហើយតើបញ្ញត្តិរដ្ឋបាលនៃដំណាក់របស់ព្រះជាម្ចាស់ នឹងមិនក្លាយជាពាក្យសម្ដីទទេសូន្យទេឬ? ដូច្នេះ តើបញ្ញត្តិរដ្ឋបាលនៃដំណាក់របស់ព្រះជាម្ចាស់បានចែងយ៉ាងដូចម្ដេចទាក់ទងនឹងពួកអាទទឹងនឹងព្រះគ្រីស្ទ និងពួកអារក្សកំណាចទាំងនេះ ដែលមិនស្ដាប់បង្គាប់ បង្កការរំខាន រារាំងរឿងរ៉ាវដោយគ្មានហេតុផល និងប្រព្រឹត្តដោយគ្មានភាពអៀនខ្មាសនោះ? ដកពួកគេចេញ ហើយបណ្ដេញពួកគេចេញពីដំណាក់របស់ព្រះជាម្ចាស់។ ជម្រះពួកគេចេញពីចំណោមបងប្អូនប្រុសស្រី។ ពួកគេមិនត្រូវបានរាប់ថា ជាសមាជិកនៃដំណាក់របស់ព្រះជាម្ចាស់ឡើយ។ តើអ្នករាល់គ្នាគិតយ៉ាងណាចំពោះការដោះស្រាយជាមួយពួកគេតាមរបៀបនេះ? នៅពេលដែលមនុស្សប្រភេទនេះត្រូវបានជម្រះចេញ នោះកិច្ចការទាំងអស់នឹងដំណើរការទៅយ៉ាងរលូន។ ពួកអារក្ស និងពួកសាតាំងព្យាយាមកេងប្រវ័ញ្ច សូម្បីតែរឿងតូចតាចដូចជាការបរិភោគបន្លែក៏ដោយ។ សូម្បីតែរឿងនេះ ក៏ពួកគេព្យាយាមសម្រេចចិត្ត និងធ្វើអ្វីដែលពួកគេចង់ធ្វើដែរ។ អ្វីគ្រប់យ៉ាងដែលយើងបាននិយាយ គឺជារឿងតូចតាច ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ វាពាក់ព័ន្ធនឹងសេចក្ដីពិតដែលជាមូលដ្ឋានគ្រឹះបំផុត។ សេចក្ដីពិតដែលជាមូលដ្ឋានគ្រឹះបំផុត គឺការស្ដាប់បង្គាប់ព្រះបន្ទូលរបស់ព្រះជាម្ចាស់។ តើអស់អ្នកដែលមិនទាំងអាចធ្វើរឿងនោះបានផង មាននិស្ស័យបែបណាទៅ? តើពួកគេមានមនសិការ និងវិចារណញ្ញាណរបស់មនុស្សធម្មតាដែរឬទេ? គឺគ្មានទាល់តែសោះ។ អ្នកទាំងនេះ គឺជាមនុស្សដែលខ្វះភាពជាមនុស្ស។

ក្រៅពីបន្លែ មនុស្សក៏ត្រូវតែបរិភោគសាច់ និងស៊ុតនៅក្នុងជីវិតប្រចាំថ្ងៃរបស់ពួកគេផងដែរ។ ដូច្នេះ ខ្ញុំបានប្រាប់មនុស្សមួយចំនួនឱ្យចិញ្ចឹមមាន់ពីរបីក្បាល ហើយឱ្យចំណីមាន់ទាំងនេះដូចជា គ្រាប់ធញ្ញជាតិ បន្លែ និងរបស់ផ្សេងៗទៀត។ ពួកវាគួរតែត្រូវបានចិញ្ចឹមតាមបែបលែងឱ្យដើររកស៊ីចំណីដោយសេរី។ តាមរបៀបនោះ ពួកវានឹងពងបានស៊ុតល្អជាងស៊ុតដែលលក់នៅតាមទីផ្សារ។ សាច់មាន់ផ្ទាល់ក៏នឹងក្លាយជាសាច់សរីរាង្គដែរ គឺយ៉ាងហោចណាស់ក៏វាមិនមានផ្ទុកអ័រម៉ូននៅក្នុងនោះដែរ ហើយវានឹងមិនបង្កគ្រោះថ្នាក់ដល់មនុស្សនៅពេលពួកគេបរិភោគវាឡើយ។ មាន់ទាំងនោះប្រហែលជាមិនផ្ដល់ស៊ុត ឬសាច់ច្រើនទេ ប៉ុន្តែគុណភាពនឹងត្រូវបានធានា។ តើអ្នករាល់គ្នាយល់ពីអ្វីដែលខ្ញុំចង់មានន័យតាមរយៈរឿងនេះដែរឬទេ? (យល់។) អ៊ីចឹង ប្រាប់ខ្ញុំមកមើល៍ តើមានព័ត៌មានប៉ុន្មានចំណុចដែលត្រូវបានរួមបញ្ចូលនៅក្នុងអ្វីដែលខ្ញុំទើបតែបាននិយាយ? ទីមួយ ការចិញ្ចឹមមាន់តាមរបៀបនេះ នឹងផ្ដល់ឱ្យយើងនូវស៊ុតសរីរាង្គខ្លះសម្រាប់បរិភោគ។ មិនថាយើងអាចបរិភោគបានប៉ុន្មាននោះទេ យ៉ាងហោចណាស់ យើងក៏មិនចាំបាច់បរិភោគស៊ុតដែលមានផ្ទុកថ្នាំផ្សះដែរ។ នោះគឺជាអ្វីដែលត្រូវបានតម្រូវសម្រាប់ស៊ុត។ ទីពីរ អ្វីដែលត្រូវបានតម្រូវសម្រាប់សាច់ គឺវាមិនមានផ្ទុកអ័រម៉ូន ដើម្បីកុំឱ្យមនុស្សមានការព្រួយបារម្ភក្នុងការបរិភោគវា។ តើរឿងទាំងពីរនេះជាការទាមទារខ្លាំងពេកដែរឬទេ? (អត់ទេ។) សំណើដែលខ្ញុំបានលើកឡើង មិនត្រឹមតែមិនហួសហេតុប៉ុណ្ណោះទេ ប៉ុន្តែវាក៏អាចអនុវត្តបានជាក់ស្ដែងផងដែរ តើមែនទេ? (មែនហើយ។) ក្រោយមក កូនមាន់ត្រូវបានគេទិញ និងយកមកចិញ្ចឹម។ នៅពេលពួកវាចាប់ផ្ដើមពង យើងក៏បានបរិភោគស៊ុតទាំងនោះ ប៉ុន្តែ វាមានរសជាតិថ្នាំផ្សះតិចៗ ស្រដៀងនឹងស៊ុតដែលទិញនៅផ្សារទំនើបដែរ។ ខ្ញុំបានគិតបន្តិចថា៖ តើពួកគេបានឱ្យចំណីដែលមានផ្ទុកថ្នាំផ្សះដល់ពួកវាឬ? ក្រោយមក ខ្ញុំបានសួរអ្នកដែលមើលថែមាន់ទាំងនោះថា តើមាន់ទាំងនោះស៊ីចំណីអ្វី ហើយពួកគេបាននិយាយថា ម្សៅឆ្អឹង។ ខ្ញុំបាននិយាយថា៖ «យើងមិនចាំបាច់ធ្វើឱ្យមាន់ទាំងនេះពងលឿននោះទេ។ ចូរឱ្យចំណីពួកវាដោយប្រើវិធីសាស្ត្រសរីរាង្គធម្មតា និងបែបលែងឱ្យដើររកស៊ីចំណីដោយសេរី។ ចូរទុកឱ្យពួកវាពងតាមធម្មជាតិទៅចុះ។ យើងមិនមែនចិញ្ចឹមពួកវាដើម្បីទទួលបានស៊ុតច្រើនទេ គឺគ្រាន់តែដើម្បីឱ្យយើងអាចបរិភោគស៊ុតសរីរាង្គប៉ុណ្ណោះ។ នេះគឺជាអ្វីៗទាំងអស់ដែលត្រូវបានតម្រូវ»។ តើខ្ញុំចង់មានន័យយ៉ាងណានៅពេលខ្ញុំនិយាយបែបនេះ? ខ្ញុំកំពុងប្រាប់ពួកគេកុំឱ្យចំណីមាន់ដែលមានផ្ទុកថ្នាំផ្សះ អ័រម៉ូន និងអ្វីផ្សេងៗទៀត។ មាន់ទាំងនោះត្រូវផ្ដល់ចំណីខុសពីអ្វីដែលមាន់នៅកន្លែងផ្សេងស៊ី។ នៅកន្លែងផ្សេង មាន់លូតលាស់ពេញវ័យ ក្រោយរយៈពេលត្រឹមតែបីខែប៉ុណ្ណោះ ពួកវាពងរាល់ថ្ងៃ ហើយពួកវាត្រូវបានប្រើប្រាស់ជាម៉ាស៊ីនផលិតស៊ុត រហូតដល់ថ្ងៃដែលពួកវាត្រូវគេសម្លាប់។ តើការធ្វើបែបនេះផ្ដល់នូវស៊ុតល្អដែរឬទេ? ហើយតើសាច់វាឆ្ងាញ់ដែរឬទេ? (អត់ទេ។) ខ្ញុំបានសុំឱ្យលែងមាន់ទាំងនោះឱ្យដើររកស៊ីចំណីដោយសេរី ឱ្យពួកវាអាចរកចំណីនៅខាងក្រៅ ស៊ីសត្វល្អិត និងស្មៅ ហើយបន្ទាប់មកឱ្យចំណីពួកវាខ្លះដូចជា គ្រាប់ធញ្ញជាតិ ស្រូវ និងរបស់ផ្សេងៗទៀត។ ទោះបីជាការធ្វើបែបនេះនឹងផ្ដល់ស៊ុតតិចជាងមុនក៏ដោយ ប៉ុន្តែគុណភាពនឹងល្អជាង គឺវាជារឿងល្អសម្រាប់មាន់ និងសម្រាប់មនុស្ស។ តើអ្វីដែលខ្ញុំបានសុំឱ្យធ្វើ ងាយស្រួលនឹងសម្រេចបានដែរឬទេ? (ងាយស្រួល។) ហើយតើវាងាយស្រួលយល់ដែរឬទេ? តើមានការលំបាកណាមួយក្នុងការស្ដាប់បង្គាប់អ្វីដែលខ្ញុំបាននិយាយដែរឬទេ? (វាងាយស្រួលយល់ណាស់។ នេះមិនមែនជារឿងពិបាកទេ។) ខ្ញុំមិនមានអារម្មណ៍ថា មានការលំបាកណាមួយពាក់ព័ន្ធនឹងរឿងនេះឡើយ។ វាងាយស្រួលណាស់។ ខ្ញុំមិនបានទាមទារ អ្វីចំពោះចំនួនស៊ុតដែលផលិតបាននោះទេ គឺទាមទារតែគុណភាពរបស់វាប៉ុណ្ណោះ។ មនុស្សដែលមានវិចារណញ្ញាណធម្មតា និងមានរបៀបគិតធម្មតា នឹងយល់ពីរឿងនេះភ្លាមៗនៅពេលពួកគេបានឮ។ ពួកគេនឹងមានអារម្មណ៍ថារឿងនេះសាមញ្ញ ថាវាអាចធ្វើទៅបាន ហើយមិនយូរប៉ុន្មាន ពួកគេនឹងអនុវត្តវា។ នេះហៅថា ការស្ដាប់បង្គាប់។ ដូច្នេះ តើនេះជាអ្វីដែលអ្នកចិញ្ចឹមមាន់បានធ្វើមែនទេ? តើពួកគេមានសមត្ថភាពធ្វើរឿងនេះដែរឬទេ? ការដែលអាចធ្វើរឿងនេះបាន មានន័យថា មានវិចារណញ្ញាណនៃភាពជាមនុស្សធម្មតា។ ការដែលមិនអាចធ្វើរឿងនេះបានមានន័យថា មានបញ្ហាហើយ។ មិនយូរប៉ុន្មានបន្ទាប់ពីខ្ញុំបាននិយាយរឿងនេះ អាកាសធាតុក៏ប្រែជាត្រជាក់។ ផ្អែកលើច្បាប់ទូទៅនៃធម្មជាតិ ការណ៍នេះនឹងធ្វើឱ្យមាន់ឈប់ពង។ ប៉ុន្តែមានរឿងមួយដែលគួរឱ្យកត់សម្គាល់យ៉ាងច្បាស់គឺ៖ នៅពេលអាកាសធាតុកាន់តែត្រជាក់ មាន់មិនបានពងតិចជាងមុនទេ ពួកវាបែរជាពងច្រើនជាងមុនទៅវិញ។ មានស៊ុតសម្រាប់បរិភោគរាល់ថ្ងៃ ប៉ុន្តែស៊ុតក្រហមមិនសូវលឿងដូចមុនទេ ហើយស៊ុតសក៏កាន់តែរឹងទៅៗ។ ស៊ុតទាំងនោះកាន់តែមិនសូវឆ្ងាញ់។ តើមានរឿងអ្វីកើតឡើង? ខ្ញុំបាននិយាយថា៖ «តើមានរឿងអ្វីកើតឡើងឱ្យប្រាកដទៅ? វាពិបាកខ្លាំងណាស់ទៅហើយសម្រាប់មាន់ទាំងនេះក្នុងការឆ្លងកាត់រដូវរងា តើអ្នកកំពុងធ្វើអ្វីទៅ ដោយព្យាយាមឱ្យពួកវាពងសម្រាប់មនុស្សនៅពេលនេះ? នោះរាងឃោរឃៅបន្តិចហើយ!»។ នៅពេលដែលខ្ញុំទៅសួរនៅពេលក្រោយមក ខ្ញុំបានរកឃើញថា មាន់ទាំងនោះនៅតែត្រូវគេឱ្យចំណីដែលបានទិញពីកន្លែងផ្សេងដដែល គឺជាចំណីដែលធានាថា ពួកវានៅតែពង មិនថានារដូវផ្ការីក រដូវក្ដៅ រដូវស្លឹកឈើជ្រុះ ឬរដូវរងាឡើយ។ ខ្ញុំបាននិយាយថា៖ «ជាធម្មតា មាន់មិនពងនៅរដូវនេះទេ។ យើងអាចអត់ស៊ុតបាន។ គ្រាន់តែបន្តមើលថែពួកវាទៅ។ ដល់រដូវផ្ការីក ពួកវានឹងចាប់ផ្ដើមពងម្ដងទៀត ហើយស៊ុតទាំងនោះនឹងមានគុណភាពល្អ។ ចូរកុំលោភលន់ពេក។ ខ្ញុំមិនបានប្រាប់អ្នកឱ្យធ្វើឱ្យពួកវាពងជាប់រហូតនោះទេ ហើយក៏មិនបានប្រាប់ឱ្យអ្នកនៅតែផ្គត់ផ្គង់ស៊ុតនារដូវរងាដែរ។ ដោយសារខ្ញុំមិនបានសុំឱ្យអ្នកធ្វើរឿងនេះ ហេតុអ្វីបានជាអ្នកនៅតែឱ្យចំណីដែលអ្នកបានទិញនោះទៅពួកវា? ហាមអ្នកមិនឱ្យចំណីនោះដល់ពួកវាទៀតទេ»។ តើខ្ញុំនិយាយច្បាស់លាស់ហើយឬនៅ? ទីមួយ ខ្ញុំមិនបានទាមទារថា ដាច់ខាតត្រូវតែមានស៊ុតបរិភោគ មិនថានៅរដូវណានោះទេ។ ទីពីរ ខ្ញុំបានប្រាប់ពួកគេកុំឱ្យចំណីនោះដល់មាន់ កុំពន្លឿនដំណើរការពង។ តើសំណើដ៏តូចតាចនេះពិបាកនឹងសម្រេចបានមែនទេ? (មិនពិបាកទេ។) ប៉ុន្តែលទ្ធផលគឺ មួយរយៈក្រោយមក ខ្ញុំបានបរិភោគស៊ុតមួយចំនួនដែលមាន់របស់យើងបានពងម្ដងទៀត។ ខ្ញុំបាននិយាយប្រាប់ខ្លួនឯងថា៖ មនុស្សមួយក្រុមនេះច្របូកច្របល់យ៉ាងនេះ ម្ដេចបានជាពួកគេមិនស្ដាប់បង្គាប់អ្វីដែលខ្ញុំបាននិយាយ? មាន់នៅតែបន្តពង ដូច្នេះពួកគេច្បាស់ជាមិនបានផ្លាស់ប្ដូរចំណីទេ នេះហើយជារឿងដែលកំពុងកើតឡើង។

តើអ្នករាល់គ្នាអាចញែកដឹងអ្វីខ្លះពីរឿងដែលបានកើតឡើងទាក់ទងនឹងការចិញ្ចឹមមាន់នេះ? (គឺថាមនុស្សមិនចុះចូល ឬស្ដាប់បង្គាប់ព្រះបន្ទូលរបស់ព្រះជាម្ចាស់ឡើយ។) មនុស្សមួយចំនួនបាននិយាយថា៖ «ការស្ដាប់បង្គាប់ព្រះបន្ទូលរបស់ព្រះជាម្ចាស់ គឺមានន័យថា ការធ្វើតាមបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់។ យើងត្រូវតែស្ដាប់បង្គាប់នៅពេលនិយាយដល់រឿងធំដុំ និងខ្ពង់ខ្ពស់ទាំងនោះ គឺជារឿងដែលពាក់ព័ន្ធនឹងបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ ការអនុវត្តកិច្ចការរបស់ព្រះជាម្ចាស់ និងកិច្ចការដ៏ធំរបស់ទ្រង់។ អ្វីគ្រប់យ៉ាងដែលព្រះអង្គបានមានព្រះបន្ទូល គឺពាក់ព័ន្ធនឹងរឿងកំប៉ិកកំប៉ុកក្នុងជីវិតប្រចាំថ្ងៃ ដែលគ្មានពាក់ព័ន្ធអ្វីទាល់តែសោះនឹងការធ្វើតាមបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ ដូច្នេះ យើងមិនចាំបាច់ធ្វើតាមអ្វីដែលព្រះអង្គមានព្រះបន្ទូលឡើយ។ អ្វីដែលព្រះអង្គកំពុងមានព្រះបន្ទូលមិនពាក់ព័ន្ធនឹងភារកិច្ចរបស់យើងទេ ហើយក៏មិនពាក់ព័ន្ធនឹងការចុះចូល និងការស្ដាប់បង្គាប់របស់យើងចំពោះព្រះបន្ទូលរបស់ព្រះជាម្ចាស់ដែរ ដូច្នេះយើងមានហេតុផលត្រឹមត្រូវក្នុងការប្រឆាំងនឹងទ្រង់ ក្នុងការជ្រើសរើស ថាតើយើងស្ដាប់បង្គាប់ ឬក៏អត់។ លើសពីនេះទៅទៀត តើព្រះអង្គជ្រាបអ្វីខ្លះអំពីជីវិតមនុស្សធម្មតាអំពីរឿងគ្រួសារនោះ? ទ្រង់មិនយល់ទេ ដូច្នេះ ទ្រង់គ្មានសិទ្ធិមានព្រះបន្ទូលឡើយ។ សូមព្រះអង្គកុំមកមានព្រះបន្ទូលផ្ដេសផ្ដាសដាក់ពួកយើង យើងមិនចាំបាច់ស្ដាប់បង្គាប់ព្រះអង្គក្នុងរឿងនេះទេ»។ តើនេះមិនមែនជាអ្វីដែលពួកគេបានគិតទេឬ? ហើយតើវាត្រឹមត្រូវឬទេដែលគិតបែបនេះ? (មិនត្រឹមត្រូវទេ។) តើកំហុសនៅត្រង់ណា? (ការធ្វើតាមបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ មិនបែងចែករវាងរឿងធំ ឬរឿងតូចឡើយ។ ឱ្យតែជាព្រះបន្ទូលរបស់ព្រះជាម្ចាស់ មនុស្សគួរតែស្ដាប់បង្គាប់ ហើយពួកគេគួរតែចុះចូល និងអនុវត្តព្រះបន្ទូលទាំងនោះ។) មនុស្សមួយចំនួនបាននិយាយថា៖ «ខ្ញុំស្ដាប់បង្គាប់ព្រះបន្ទូលរបស់ព្រះជាម្ចាស់ណាដែលជាសេចក្ដីពិត។ ខ្ញុំមិនចាំបាច់ស្ដាប់បង្គាប់ព្រះបន្ទូលណា ដែលមិនមែនជាសេចក្ដីពិតឡើយ។ ខ្ញុំចុះចូលតែនឹងសេចក្ដីពិតប៉ុណ្ណោះ។ “ការដើរតាមមាគ៌ារបស់ព្រះជាម្ចាស់” មានន័យថា ការធ្វើតាម ការស្ដាប់បង្គាប់ និងការចុះចូលនឹងផ្នែកនៃព្រះបន្ទូលចេញពីព្រះឱស្ឋរបស់ព្រះជាម្ចាស់ ដែលជាសេចក្ដីពិត។ ព្រះបន្ទូលដែលពាក់ព័ន្ធនឹងជីវិតរបស់មនុស្ស ហើយដែលមិនពាក់ព័ន្ធនឹងសេចក្ដីពិត គឺអាចមិនអើពើបាន»។ តើការយល់ដឹងបែបនេះត្រឹមត្រូវដែរឬទេ? (មិនត្រឹមត្រូវទេ។) ដូច្នេះ តើអ្នករាល់គ្នាចាត់ទុកសេចក្ដីពិត និងព្រះបន្ទូលរបស់ព្រះជាម្ចាស់យ៉ាងដូចម្ដេច? តើពួកគេមិនបានធ្វើការបែងចែករវាងព្រះបន្ទូលរបស់ព្រះជាម្ចាស់ និងសេចក្ដីពិតទេឬ? ហើយតើនេះមិនមែនជាការធ្វើឱ្យសេចក្ដីពិត គ្រាន់តែជារូបភាពតំណាងទទេៗទេឬ? តើពួកគេមិនបានចាត់ទុកសេចក្ដីពិតថាជារឿងទទេសូន្យទេឬ? ការដែលព្រះជាម្ចាស់បង្កើតរបស់សព្វសារពើ រូបរាង និងពណ៌នៃស្លឹកឈើ រូបរាង និងពណ៌នៃផ្កា អត្ថិភាព និងការបន្តពូជនៃរបស់សព្វសារពើ តើអ្វីៗទាំងអស់នេះមានពាក់ព័ន្ធអ្វីនឹងសេចក្ដីពិតដែរឬទេ? តើវាមានពាក់ព័ន្ធអ្វីនឹងសេចក្ដីសង្គ្រោះរបស់មនុស្សដែរឬទេ? តើរចនាសម្ព័ន្ធនៃរាងកាយមនុស្សមានទំនាក់ទំនងនឹងសេចក្ដីពិតដែរឬទេ? គ្មានរឿងណាមួយក្នុងចំណោមរឿងទាំងនេះមានទំនាក់ទំនងនឹងសេចក្ដីពិតឡើយ ប៉ុន្តែរឿងទាំងអស់នេះសុទ្ធតែមកពីព្រះជាម្ចាស់។ ប្រសិនបើគ្មានរឿងណាមួយក្នុងចំណោមរឿងទាំងនេះពាក់ព័ន្ធនឹងសេចក្ដីពិតទេ តើអ្នកមិនអាចទទួលស្គាល់ពីភាពត្រឹមត្រូវរបស់វាបានទេឬ? តើអ្នកអាចបដិសេធភាពត្រឹមត្រូវរបស់វាបានដែរឬទេ? តើអ្នកអាចបំផ្លាញច្បាប់នៃការបង្កើតរបស់ព្រះជាម្ចាស់តាមតែចិត្តអ្នកចង់បានដែរឬទេ? (មិនអាចទេ។) ដូច្នេះ តើអាកប្បកិរិយារបស់អ្នកគួរតែយ៉ាងម៉េច? អ្នកត្រូវតែគោរពតាមច្បាប់របស់វា។ នៅពេលមានរឿងដែលអ្នកមិនយល់ វាជារឿងត្រឹមត្រូវក្នុងការទុកចិត្តលើអ្វីដែលថ្លែងចេញពីព្រះឱស្ឋរបស់ព្រះជាម្ចាស់។ អ្នកមិនចាំបាច់សិក្សាពីរឿងទាំងនោះ ឬព្យាយាមយល់ពីរឿងទាំងនោះឱ្យបានស៊ីជម្រៅពេកទេ ពោលគឺអ្នកគ្រាន់តែមិនត្រូវបំពានច្បាប់របស់រឿងទាំងនោះប៉ុណ្ណោះ។ នេះហើយជាអត្ថន័យនៃការទុកចិត្ត និងការចុះចូល។ នៅពេលនិយាយដល់ទម្លាប់ ចំណេះដឹងទូទៅ និងវិធាននៃការរស់នៅប្រចាំថ្ងៃ និងរឿងផ្សេងៗទៀត ដែលព្រះជាម្ចាស់តម្រូវនៅក្នុងជីវិតប្រចាំថ្ងៃរបស់មនុស្ស ដែលមិនពាក់ព័ន្ធនឹងសេចក្ដីសង្គ្រោះរបស់មនុស្ស ទោះបីជារឿងទាំងនេះប្រហែលជាមិនស្ថិតក្នុងកម្រិត ឬលំដាប់ថ្នាក់ដូចគ្នានឹងសេចក្ដីពិតក៏ដោយ ក៏រឿងទាំងនេះសុទ្ធតែជាអ្វីៗដែលវិជ្ជមាន។ អ្វីៗដែលវិជ្ជមានទាំងអស់សុទ្ធតែមកពីព្រះជាម្ចាស់ ដូច្នេះមនុស្សគួរតែទទួលយកអ្វីៗទាំងនោះ ព្រះបន្ទូលទាំងនេះគឺត្រឹមត្រូវហើយ។ លើសពីនេះទៅទៀត ក្នុងនាមជាមនុស្ស តើពួកគេគួរតែមានវិចារណញ្ញាណ និងមនសិការបែបណា? ទីមួយគឺ ពួកគេគួរតែរៀនពីរបៀបស្ដាប់បង្គាប់។ តើត្រូវស្ដាប់បង្គាប់ព្រះបន្ទូលរបស់នរណា? តើត្រូវស្ដាប់បង្គាប់ពាក្យសម្ដីរបស់ពួកអារក្ស និងសាតាំងឬ? តើត្រូវស្ដាប់បង្គាប់ពាក្យសម្ដីរបស់មនុស្សឬ? តើត្រូវស្ដាប់បង្គាប់ពាក្យសម្ដីរបស់មនុស្សអស្ចារ្យ មនុស្សឆ្នើមឬ? តើត្រូវស្ដាប់បង្គាប់ពាក្យសម្ដីរបស់ពួកទទឹងនឹងព្រះគ្រីស្ទឬ? គឺមិនមែនទាំងអស់។ ពួកគេគួរតែស្ដាប់បង្គាប់ព្រះបន្ទូលរបស់ព្រះជាម្ចាស់។ តើអ្វីជាគោលការណ៍ និងការអនុវត្តជាក់លាក់នៃការស្ដាប់បង្គាប់ព្រះបន្ទូលរបស់ព្រះជាម្ចាស់? អ្នកមិនចាំបាច់វិភាគថា តើព្រះបន្ទូលទាំងនោះត្រូវ ឬក៏ខុសនោះទេ ហើយអ្នកក៏មិនចាំបាច់សួរថា ហេតុអ្វីដែរ។ អ្នកមិនចាំបាច់រង់ចាំរហូតដល់អ្នកយល់ពីព្រះបន្ទូលទាំងនោះ ទើបយកទៅអនុវត្តឡើយ។ ផ្ទុយទៅវិញ ដំបូងអ្នកគួរតែស្ដាប់ អនុវត្ត ធ្វើតាម និងប្រកាន់ខ្ជាប់ ដែលនេះក៏គួរតែជាអាកប្បកិរិយាដំបូងរបស់អ្នកផងដែរ។ មានតែបែបនេះទេ ទើបអ្នកនឹងក្លាយជាភាវៈដែលព្រះបានបង្កើត និងជាមនុស្សដែលស័ក្ដិសម និងត្រឹមត្រូវម្នាក់។ ប្រសិនបើសូម្បីតែស្ដង់ដាដ៏ជាមូលដ្ឋានគ្រឹះបំផុតនៃការធ្វើជាមនុស្សទាំងនេះ ក៏អ្នកមិនអាចធ្វើបានផង ហើយព្រះជាម្ចាស់មិនទទួលស្គាល់ថា អ្នកជាមនុស្សទេនោះ តើអ្នកអាចចូលមកចំពោះទ្រង់បានដែរឬទេ? តើអ្នកស័ក្ដិសមនឹងឮព្រះបន្ទូលរបស់ព្រះជាម្ចាស់ដែរឬទេ? តើអ្នកស័ក្ដិសមនឹងឮសេចក្ដីពិតដែរឬទេ? តើអ្នកស័ក្ដិសមនឹងទទួលបានសេចក្ដីសង្គ្រោះដែរឬទេ? អ្នកមិនមានលក្ខណៈសម្បត្តិគ្រប់គ្រាន់សម្រាប់រឿងណាមួយក្នុងចំណោមរឿងទាំងនេះឡើយ។

តើមនុស្សដែលខ្ញុំទើបតែបាននិយាយអម្បាញ់មិញនេះ ដែលពាក់ព័ន្ធនឹងរឿងមាន់ និងស៊ុត បានស្ដាប់បង្គាប់ និងចុះចូលដែរឬទេ? (ទេ។) តើពួកគេចាត់ទុកព្រះបន្ទូលរបស់ព្រះជាម្ចាស់ជាអ្វី? ប្រៀបដូចជាខ្យល់បក់កាត់ត្រចៀករបស់ពួកគេ ហើយនៅក្នុងគំនិតរបស់ពួកគេ មានទស្សនៈមួយថា៖ «អ្នកចង់និយាយអ្វីក៏និយាយទៅ ហើយខ្ញុំនឹងធ្វើអ្វីដែលខ្ញុំត្រូវធ្វើ។ ខ្ញុំមិនខ្វល់ពីសេចក្ដីតម្រូវរបស់អ្នកទេ! ខ្ញុំផ្ដល់ត្រឹមតែស៊ុតឱ្យអ្នកបរិភោគ គឺគ្រប់គ្រាន់ហើយ អ្នកណាខ្វល់ថាអ្នកបរិភោគស៊ុតអ្វីនោះ។ អ្នកចង់បរិភោគស៊ុតសរីរាង្គឬ? កុំសង្ឃឹមអី។ កុំយល់សប្តិឱ្យសោះ! អ្នកបានប្រាប់ខ្ញុំឱ្យចិញ្ចឹមមាន់ ហើយនេះជារបៀបដែលខ្ញុំចិញ្ចឹមពួកវា ប៉ុន្តែអ្នកថែមទាំងដាក់ការទាមទាររបស់អ្នកពីលើនេះទៀត តើអ្នកមានសិទ្ធិនិយាយអំពីរឿងនេះដែរឬទេ?» តើអ្នកទាំងនេះជាមនុស្សដែលស្ដាប់បង្គាប់ និងចុះចូលដែរឬទេ? (ទេ។) តើពួកគេកំពុងព្យាយាមធ្វើអ្វី? ពួកគេកំពុងព្យាយាមបះបោរ! ដំណាក់របស់ព្រះជាម្ចាស់ គឺជាកន្លែងដែលព្រះជាម្ចាស់មានព្រះបន្ទូល និងបំពេញកិច្ចការ ហើយជាកន្លែងដែលសេចក្ដីពិតសោយរាជ្យ ពោលគឺ ប្រសិនបើនៅពេលដែលព្រះជាម្ចាស់មានព្រះបន្ទូលផ្ទាល់មុខពួកគេ មនុស្សទាំងនេះមិនបានស្ដាប់បង្គាប់ មិនបានចុះចូលទេនោះ តើពួកគេអាចអនុវត្តព្រះបន្ទូលរបស់ព្រះជាម្ចាស់នៅពីក្រោយខ្នងទ្រង់បានដែរឬទេ? នោះរឹតតែមិនអាចទៅរួចទៅទៀត។ ពីមិនអាចទៅរួច ទៅជាកាន់តែមិនអាចទៅរួច៖ ដោយមើលលើរឿងទាំងពីរនេះ តើព្រះជាម្ចាស់ជាព្រះរបស់ពួកគេដែរឬទេ? (ទេ។) ចុះតើនរណាជាព្រះរបស់ពួកគេ? (ពួកគេខ្លួនឯងផ្ទាល់។) ត្រូវហើយ ពួកគេចាត់ទុកខ្លួនឯងជាព្រះមួយអង្គ ពួកគេជឿលើខ្លួនឯង។ ក្នុងករណីនេះ តើពួកគេនៅទីនេះធ្វើអ្វីទៀត? ដោយសារពួកគេជាព្រះរបស់ខ្លួនឯងទៅហើយ តើពួកគេយកឈ្មោះថា ជឿលើព្រះជាម្ចាស់ធ្វើអ្វីទៀត? តើនេះមិនមែនជាការបោកបញ្ឆោតអ្នកដទៃទេឬ? តើពួកគេមិនមែនកំពុងបោកបញ្ឆោតខ្លួនឯងទេឬ? ប្រសិនបើនេះជាអាកប្បកិរិយាដែលមនុស្សបែបនេះមានចំពោះព្រះជាម្ចាស់ តើពួកគេអាចស្ដាប់បង្គាប់បានដែរឬទេ? (មិនអាចដាច់ខាត។) សូម្បីតែរឿងតូចតាចបែបនេះ ក៏ពួកគេមិនអាចចុះចូលនឹងព្រះបន្ទូលរបស់ព្រះជាម្ចាស់ ឬចុះចូលនឹងព្រះជាម្ចាស់បានដែរ ព្រះបន្ទូលរបស់ព្រះជាម្ចាស់មិនមានឥទ្ធិពលលើពួកគេឡើយ ហើយពួកគេមិនទទួលយកព្រះបន្ទូលទាំងនោះទុកក្នុងចិត្តព្រមទាំងមិនអាចចុះចូលនឹងព្រះបន្ទូលទាំងនោះបានទេ។ តើមនុស្សបែបនេះអាចត្រូវបានសង្គ្រោះដែរឬទេ? (ទេ។) ដូច្នេះ តើពួកគេនៅឆ្ងាយពីសេចក្ដីសង្គ្រោះកម្រិតណា? ឆ្ងាយណាស់ មិនទាំងកៀកផង! នៅក្នុងព្រះហឫទ័យ តើព្រះជាម្ចាស់សព្វព្រះហឫទ័យនឹងសង្គ្រោះអស់អ្នកដែលមិនចុះចូលនឹងព្រះបន្ទូលរបស់ទ្រង់ ដែលតាំងខ្លួនប្រឆាំងនឹងទ្រង់ដែរឬទេ? ពិតជាមិនសព្វព្រះហឫទ័យទេ។ សូម្បីតែមនុស្ស ដោយវាយតម្លៃរឿងនេះផ្អែកលើគំនិតរបស់ពួកគេផ្ទាល់ ក៏មិនស្ម័គ្រចិត្តធ្វើបែបនេះដែរ។ ប្រសិនបើពួកអារក្ស និងពួកសាតាំងបែបនេះតតាំងប្រឆាំងនឹងអ្នក ហើយតាំងខ្លួនប្រឆាំងនឹងអ្នកក្នុងគ្រប់បែបយ៉ាងទាំងអស់ តើអ្នកនឹងសង្គ្រោះពួកគេដែរឬទេ? មិនអាចទៅរួចទេ។ គ្មាននរណាម្នាក់ចង់សង្គ្រោះមនុស្សបែបនេះឡើយ។ គ្មាននរណាម្នាក់ចង់រាប់អានមនុស្សបែបនេះជាមិត្តឡើយ។ នៅក្នុងរឿងនៃការចិញ្ចឹមមាន់ ដែលជារឿងតូចតាចបែបនេះ ធម្មជាតិរបស់មនុស្សត្រូវបានលាតត្រដាង។ ក្នុងរឿងតូចតាចបែបនេះ មនុស្សមិនអាចស្ដាប់បង្គាប់តាមអ្វីដែលខ្ញុំបាននិយាយឡើយ។ តើនេះមិនមែនជាបញ្ហាធ្ងន់ធ្ងរទេឬ?

បន្ទាប់មកទៀត ចូរយើងនិយាយអំពីរឿងដែលពាក់ព័ន្ធនឹងចៀមម្ដង។ ជាការពិតណាស់ វានៅតែទាក់ទងនឹងមនុស្សដដែល។ រដូវផ្ការីកបានចូលមកដល់។ អាកាសធាតុកក់ក្ដៅ ហើយផ្ការីកស្គុះស្គាយ។ រុក្ខជាតិទាំងឡាយលូតលាស់យ៉ាងខៀវខ្ចី ហើយស្មៅមានពណ៌បៃតងស្រស់។ អ្វីៗគ្រប់យ៉ាងចាប់ផ្ដើមបញ្ចេញនូវភាពរស់រវើក។ សត្វចៀមបានស៊ីស្មៅក្រៀមពេញមួយរដូវរងា ហើយមិនចង់ស៊ីវាទៀតទេ ដូច្នេះ ពួកវាបានទន្ទឹងរង់ចាំពេលដែលស្មៅដុះពណ៌បៃតង ដើម្បីពួកវាអាចស៊ីស្មៅស្រស់បាន។ នេះក៏ជាពេលដែលមេចៀមបង្កើតកូនចៀមដែរ ដែលមានន័យថា វារឹតតែចាំបាច់សម្រាប់ពួកវាស៊ីស្មៅបៃតង។ ប្រសិនបើស្មៅមានគុណភាពកាន់តែខ្ពស់ ហើយមានបរិមាណកាន់តែច្រើន នោះពួកវានឹងមានទឹកដោះកាន់តែច្រើន ហើយកូនចៀមក៏នឹងធំធាត់កាន់តែលឿនផងដែរ។ មនុស្សក៏នឹងសប្បាយចិត្តដែរពេលឃើញបែបនេះ វាជារឿងដែលត្រូវទន្ទឹងរង់ចាំ៖ គឺមានកូនចៀមធាត់ល្អសម្រាប់បរិភោគនៅពេលរដូវស្លឹកឈើជ្រុះចូលមកដល់។ ហើយដោយសារមនុស្សមានរឿងដែលត្រូវទន្ទឹងរង់ចាំ តើពួកគេគួរតែរកវិធីដើម្បីឱ្យកូនចៀមមានស្មៅល្អៗស៊ីឱ្យបានច្រើន ដើម្បីបំប៉នពួកវាឱ្យរឹងមាំ និងធំធាត់ដែរឬទេ? តើពួកគេមិនគួរសញ្ជឹងគិតទេឬថា៖ «នៅពេលនេះ ស្មៅនៅក្នុងវាលមិនល្អទេ។ កូនចៀមនឹងធំយឺត ប្រសិនបើពួកវាស៊ីស្មៅនេះ។ តើមានស្មៅល្អនៅឯណា?» តើពួកគេមិនគួរខិតខំប្រឹងប្រែងបន្តិចបន្តួចលើរឿងនេះទេឬ? ប៉ុន្តែ នរណាទៅដឹងថាអ្នកមើលថែចៀមកំពុងគិតអ្វីនោះ។ ថ្ងៃមួយ ខ្ញុំបានទៅមើលចៀម។ ខ្ញុំបានឃើញថា កូនចៀមលូតលាស់បានល្អ ហើយពួកវាលោតឡើងពេលឃើញមនុស្ស ដោយដាក់ជើងមុខរបស់ពួកវានៅលើស្មងជើងរបស់មនុស្ស ដើម្បីឈោងឡើង ដោយចង់និយាយជាមួយពួកគេ។ កូនចៀមខ្លះដុះស្នែង ដូច្នេះ ខ្ញុំក៏កាន់ស្នែងតូចៗរបស់ពួកវា ហើយលេងជាមួយពួកវា។ កូនចៀមទាំងនោះលូតលាស់បានល្អ ប៉ុន្តែពួកវាស្គមស្គាំងណាស់។ ខ្ញុំបានគិតថា កូនចៀមមានសាច់ទន់ ហើយរោមរបស់ពួកវាមិនក្រាស់ទេ ប៉ុន្តែពួកវានៅតែកក់ក្ដៅ ហើយខ្ញុំបានគិតថា វានឹងកាន់តែល្អ ប្រសិនបើបំប៉នពួកវាឱ្យធាត់បន្តិច។ ដោយគិតក្នុងព្រះទ័យខ្ញុំអំពីរឿងនេះ ខ្ញុំក៏សួរអ្នកចិញ្ចឹមចៀមថា៖ «តើស្មៅនេះមានគុណភាពអន់មែនទេ? តើនៅក្នុងវាលមានស្មៅមិនគ្រប់គ្រាន់សម្រាប់ឱ្យចៀមស៊ីមែនទេ? តើគួរតែភ្ជួរដី ហើយដាំស្មៅថ្មីខ្លះ ដើម្បីឱ្យពួកវាមានស្មៅស៊ីគ្រប់គ្រាន់ដែរឬទេ?» គាត់បាននិយាយថា៖ «មានស្មៅបៃតងមិនគ្រប់គ្រាន់សម្រាប់ស៊ីទេ។ នៅពេលនេះ ចៀមនៅតែស៊ីស្មៅក្រៀមនៅឡើយទេ»។ ពេលឮដូច្នេះ ខ្ញុំក៏និយាយថា៖ «តើអ្នកមិនដឹងទេឬថានេះជារដូវអ្វីនោះ? ហេតុអ្វីបានជាអ្នកនៅតែឱ្យពួកវាស៊ីស្មៅក្រៀមតទៀត? មេចៀមបានកើតកូនចៀមហើយពួកវាគួរតែស៊ីស្មៅបៃតងល្អៗ។ ហេតុអ្វីបានជាអ្នកនៅតែឱ្យពួកវាស៊ីស្មៅក្រៀមតទៀត? តើអ្នករាល់គ្នាបានគិតរកដំណោះស្រាយចំពោះរឿងនេះដែរឬទេ?» គាត់បានលើកហេតុផលដោះសារជាច្រើន។ នៅពេលខ្ញុំប្រាប់គាត់ឱ្យភ្ជួរវាលស្មៅ គាត់និយាយថា គាត់មិនអាចធ្វើបានទេ ប្រសិនបើគាត់ធ្វើដូច្នេះ ចៀមនឹងគ្មានអ្វីស៊ីទេនៅពេលនេះ។ តើអ្នករាល់គ្នាគិតយ៉ាងណាបន្ទាប់ពីបានឮរឿងទាំងអស់នេះ? តើអ្នករាល់គ្នាមានអារម្មណ៍ថាមានបន្ទុកដែរឬទេ? (ខ្ញុំនឹងគិតរកវិធីស្វែងរកវាលស្មៅល្អ ឬកាត់ស្មៅខ្លះនៅកន្លែងផ្សេង។) នោះគឺជាវិធីមួយដើម្បីដោះស្រាយរឿងនេះ។ អ្នកត្រូវតែគិតរកដំណោះស្រាយ។ កុំគ្រាន់តែហូបឱ្យឆ្អែតក្រពះខ្លួនឯង ហើយភ្លេចរឿងផ្សេងទៀតឱ្យសោះ សត្វចៀមក៏ត្រូវការស៊ីឱ្យឆ្អែតដែរ។ ក្រោយមក ខ្ញុំបាននិយាយទៅកាន់មនុស្សពីរបីនាក់ផ្សេងទៀតថា៖ «តើវាលនេះអាចភ្ជួរបានដែរឬទេ? បើទោះជាអ្នកដាំនៅដុះនារដូវស្លឹកឈើជ្រុះក៏ដោយ ក៏ចៀមនឹងអាចស៊ីស្មៅបៃតងនៅឆ្នាំក្រោយបានដែរ។ លើសពីនេះទៅទៀត កន្លែងផ្សេងទៀតមានវាលពីរ តើអាចឃ្វាលចៀមនៅទីនោះជារៀងរាល់ថ្ងៃដើម្បីស៊ីស្មៅស្រស់បានដែរឬទេ? ប្រសិនបើប្ដូរវេនឃ្វាលចៀមរវាងវាលទាំងពីរ តើចៀមមិនអាចស៊ីស្មៅស្រស់បានទេឬយ៉ាងណា?» តើអ្វីដែលខ្ញុំបាននិយាយងាយស្រួលធ្វើដែរឬទេ? (ងាយស្រួល។) មនុស្សខ្លះបាននិយាយថា៖ «និយាយស្រួលជាងធ្វើ។ អ្នកតែងតែនិយាយថារឿងងាយស្រួលធ្វើ តើវាងាយស្រួលយ៉ាងម៉េចទៅ? មានចៀមច្រើនណាស់ ហើយនៅពេលពួកវារត់ចុះរត់ឡើង ពួកវាមិនងាយនឹងឃ្វាលទាល់តែសោះ»។ គ្រាន់តែរឿងឃ្វាលចៀមសោះ ក៏ក្លាយជាបន្ទុកដ៏ធ្ងន់ សម្រាប់ពួកគេដែរ ពួកគេមានលេស និងការលំបាកជាច្រើន ប៉ុន្តែនៅទីបំផុត ពួកគេបានយល់ព្រម។ ប៉ុន្មានថ្ងៃក្រោយមក ខ្ញុំបានទៅមើលម្ដងទៀត។ ស្មៅបានដុះខ្ពស់ខ្លាំងណាស់ រហូតដល់ស្ទើរតែ ត្រឹមចង្កេះ។ ខ្ញុំឆ្ងល់ថា ម៉េចក៏វាដុះខ្ពស់យ៉ាងនេះ បើចៀមបានស៊ីវានោះ។ បន្ទាប់ពីសួរសំណួរខ្លះៗ ខ្ញុំក៏បានដឹងថា៖ គេមិនបានលែងចៀមឱ្យស៊ីស្មៅនៅទីនេះទាល់តែសោះ។ មនុស្សទាំងនោះក៏មានលេសដែរថា៖ «នៅក្នុងវាលស្មៅនោះ អត់មានរោងទេ ចៀមក្ដៅខ្លាំងពេក»។ ខ្ញុំបាននិយាយថា៖ «ចុះហេតុអ្វីមិនសង់រោងមួយឱ្យពួកវាទៅ? មានចៀមតែពីរបីក្បាលប៉ុណ្ណោះ។ តើអ្នករាល់គ្នាមកទីនេះដើម្បីធ្វើអ្វី? តើអ្នករាល់គ្នាមិនគួរចាត់ចែងរឿងសាមញ្ញៗទាំងនេះទេឬយ៉ាងណា?» ពួកគេបានឆ្លើយតបថា៖ «ពួកយើងរកនរណាមកសង់វាមិនបានទេ»។ ខ្ញុំបាននិយាយថា៖ «មានមនុស្សធ្វើរឿងផ្សេងៗ ចុះហេតុអ្វីគ្មាននរណាម្នាក់ធ្វើរឿងនេះបាន? តើអ្នកបានរកនរណាម្នាក់ហើយឬនៅ? អ្វីដែលអ្នកខ្វល់ គឺគ្រាន់តែបរិភោគសាច់ចៀមប៉ុណ្ណោះ តែមិនខ្វល់ពីការចិញ្ចឹមពួកវាទេ។ ហេតុអ្វីបានជាអ្នកអាត្មានិយមយ៉ាងនេះ? អ្នកចង់បរិភោគសាច់កូនចៀម ប៉ុន្តែអ្នកមិនឱ្យពួកវាស៊ីស្មៅបៃតងសោះ ហេតុអ្វីបានជាអ្នកគ្មានគុណធម៌ដល់ថ្នាក់នេះ!» ក្រោយពីពួកគេត្រូវបានបង្ខំឱ្យធ្វើ ទើបរោងនោះសង់រួចរាល់ ហើយចៀមបានស៊ីស្មៅបៃតង។ តើវាងាយស្រួលទេសម្រាប់ពួកវាស៊ីស្មៅស្រស់បន្តិចបន្តួចនោះ? រឿងដ៏សាមញ្ញបែបនេះ គឺពិបាកខ្លាំងណាស់សម្រាប់មនុស្សទាំងនេះអនុវត្ត។ គ្រប់ជំហាន ពួកគេតែងតែមានលេស។ នៅពេលពួកគេមានលេស នៅពេលមានការលំបាកណាមួយពាក់ព័ន្ធ ពួកគេក៏បោះបង់ ហើយរង់ចាំឱ្យខ្ញុំមកដោះស្រាយ។ ខ្ញុំតែងតែត្រូវតាមដានមើលថាតើមានរឿងអ្វីកើតឡើង ខ្ញុំតែងតែត្រូវឃ្លាំមើលរឿងនេះ ខ្ញុំតែងតែត្រូវដាក់សម្ពាធលើពួកគេ ពោលគឺ ខ្ញុំមិនអាចមិនដាក់សម្ពាធលើពួកគេបានឡើយ។ ហេតុអ្វីបានជាខ្ញុំត្រូវខ្វល់ខ្វាយពីរឿងកំប៉ិកកំប៉ុកដូចជាការឱ្យចំណីចៀមបែបនេះ? ខ្ញុំរៀបចំអ្វីៗគ្រប់យ៉ាងសម្រាប់អ្នករាល់គ្នា ដូច្នេះហេតុអ្វីបានជាត្រូវចំណាយការខិតខំប្រឹងប្រែងច្រើនម៉្លេះ ដើម្បីឱ្យអ្នករាល់គ្នាចុះចូលនឹងព្រះបន្ទូលរបស់ខ្ញុំតែពីរបីម៉ាត់នោះ? តើខ្ញុំកំពុងសុំឱ្យអ្នកឡើងភ្នំកាំបិត ឬហែលក្នុងសមុទ្រភ្លើងមែនទេ? ឬមួយក៏វាពិបាកអនុវត្តពេក? តើនេះមិនមែនជាការទទួលខុសត្រូវរបស់អ្នកទេឬយ៉ាងណា? នេះគឺជាអ្វីដែលស្ថិតក្នុងលទ្ធភាពដែលអ្នកអាចធ្វើបាន វាស្ថិតក្នុងវិសាលភាពនៃសមត្ថភាពរបស់អ្នក។ វាមិនមែនជាការស្នើសុំហួសហេតុពេកទេ។ ហេតុអ្វីបានជាអ្នកមិនអាចសម្រេចរឿងនេះបាន? តើបញ្ហាស្ថិតនៅត្រង់ណា? តើខ្ញុំបានប្រាប់ឱ្យអ្នកសង់ទូកធំមែនទេ? (ទេ។) ដូច្នេះ រវាងអ្វីដែលអ្នកត្រូវបានប្រាប់ឱ្យធ្វើ និងការសង់ទូកធំ មានភាពខុសគ្នាធំកម្រិតណា? គឺធំណាស់។ កិច្ចការដែលតម្រូវឱ្យអ្នកធ្វើ នឹងចំណាយពេលត្រឹមតែមួយឬពីរថ្ងៃប៉ុណ្ណោះ។ អ្វីដែលត្រូវការ គឺគ្រាន់តែពាក្យសម្ដីពីរបីម៉ាត់ប៉ុណ្ណោះ។ វាជារឿងដែលអាចសម្រេចបាន។ ការសង់ទូកធំ គឺជាកិច្ចការដ៏ធំសម្បើមមួយ ជាកិច្ចការដែលត្រូវចំណាយពេល១០០ឆ្នាំ។ ខ្ញុំហ៊ាននិយាយថា ប្រសិនបើអ្នករាល់គ្នាកើតក្នុងយុគសម័យតែមួយជាមួយណូអេ នោះគ្មាននរណាម្នាក់ក្នុងចំណោមអ្នករាល់គ្នាមានសមត្ថភាពចុះចូលនឹងព្រះបន្ទូលរបស់ព្រះជាម្ចាស់ឡើយ។ នៅពេលដែលណូអេបានចូះចូលនឹងព្រះបន្ទូលរបស់ព្រះជាម្ចាស់ នៅពេលដែលគាត់បានសង់ទូកធំបន្តិចម្ដងៗ តាមការបង្គាប់របស់ព្រះជាម្ចាស់ អ្នករាល់គ្នានឹងក្លាយជាមនុស្សដែលឈរនៅមួយឡែក ចាំតែរារាំងណូអេ ឡកលើយ ពេបជ្រាយ និងសើចចំអកឱ្យគាត់។ អ្នករាល់គ្នាពិតជាមនុស្សប្រភេទនោះមែន។ អ្នករាល់គ្នាគ្មានអាកប្បកិរិយាស្ដាប់បង្គាប់ និងការចុះចូលទាល់តែសោះ។ ផ្ទុយទៅវិញ អ្នកទាមទារឱ្យព្រះជាម្ចាស់សម្ដែងព្រះគុណពិសេសដល់អ្នក ហើយប្រទានពរដល់អ្នក និងបំភ្លឺដល់អ្នកជាពិសេស។ ហេតុអ្វីបានជាអ្នកគ្មានភាពអៀនខ្មាសយ៉ាងនេះ? អ្នករាល់គ្នាថាមើល តើក្នុងចំណោមរឿងដែលខ្ញុំទើបតែបាននិយាយអម្បាញ់មិញនេះ មួយណាជាការទទួលខុសត្រូវរបស់ខ្ញុំ? តើមួយណាដែលខ្ញុំត្រូវតែធ្វើ? (គ្មានមួយណាទេ។) រឿងទាំងអស់នេះ គឺជារឿងរបស់មនុស្ស។ វាមិនមែនជារឿងរបស់ខ្ញុំទេ។ ខ្ញុំគួរតែអាចមិនអើពើនឹងអ្នករាល់គ្នាបាន។ ចុះហេតុអ្វីបានជាខ្ញុំត្រូវលូកដៃចូលពាក់ព័ន្ធ? ខ្ញុំមិនធ្វើបែបនេះដោយសារតែវាជាកាតព្វកិច្ចរបស់ខ្ញុំទេ ប៉ុន្តែគឺដើម្បីប្រយោជន៍របស់អ្នករាល់គ្នាផ្ទាល់។ គ្មាននរណាម្នាក់ក្នុងចំណោមអ្នករាល់គ្នាខ្វល់ពីរឿងនេះទេ គ្មាននរណាម្នាក់រ៉ាប់រងការទទួលខុសត្រូវនេះទេ គ្មាននរណាម្នាក់មានបំណងល្អទាំងនេះទេ ដូច្នេះ ខ្ញុំត្រូវខំប្រឹងនឿយហត់បន្ថែមទៀតចំពោះរឿងនេះ។ អ្វីដែលត្រូវការ គឺគ្រាន់តែឱ្យអ្នករាល់គ្នាស្ដាប់បង្គាប់ និងសហការប៉ុណ្ណោះ វាសាមញ្ញណាស់ ប៉ុន្តែអ្នករាល់គ្នាសូម្បីតែរឿងហ្នឹងក៏ធ្វើមិនបានផង។ តើអ្នករាល់គ្នាជាមនុស្សដែរឬទេ?

ក៏មានហេតុការណ៍មួយទៀតដែលធ្ងន់ធ្ងរជាងនេះដែរ។ មានកន្លែងមួយដែលគេកំពុងសាងសង់អគារ។ អគារនោះខ្ពស់គួរសម ហើយគ្របដណ្ដប់លើផ្ទៃដីធំទូលាយណាស់ដែរ។ មានគ្រឿងសង្ហារិមជាច្រើនត្រូវបានរៀបចំនៅខាងក្នុង ហើយដើម្បីងាយស្រួលក្នុងការផ្លាស់ទីពួកវា យ៉ាងហោចណាស់ក៏ត្រូវការទ្វារបើកពីរផ្ទាំងមួយឈុតដែរ ហើយត្រូវមានកម្ពស់យ៉ាងហោចណាស់ប្រាំបីហ្វីត។ មនុស្សធម្មតានឹងគិតអំពីរឿងទាំងអស់នេះ។ ប៉ុន្តែមាននរណាម្នាក់នៅតែទទូចចង់ដំឡើងទ្វារមួយផ្ទាំងកម្ពស់ប្រាំមួយហ្វីតដដែល។ គាត់ព្រងើយកន្តើយចំពោះយោបល់របស់អ្នកដទៃ មិនថាវាមកពីណាក៏ដោយ។ តើមនុស្សនេះជាមនុស្សមានគំនិតច្របូកច្របល់ឬ? គាត់គឺជាជនពាលពិតប្រាកដ។ ក្រោយមក នៅពេលមានគេប្រាប់ខ្ញុំអំពីរឿងនេះ ខ្ញុំបាននិយាយទៅកាន់បុគ្គលនោះថា៖ «អ្នកត្រូវតែដំឡើងទ្វារបើកពីរផ្ទាំង ហើយត្រូវតែខ្ពស់ជាងនេះ»។ គាត់បានយល់ព្រមទាំងស្ទាក់ស្ទើរ។ មែនហើយ មើលទៅសំបកក្រៅគាត់ដូចជាយល់ព្រមហើយ ប៉ុន្តែតើគាត់និយាយអ្វីខ្លះវិញពេលនៅម្នាក់ឯង? «តើមានប្រយោជន៍អ្វីដែលធ្វើឱ្យវាខ្ពស់យ៉ាងហ្នឹង? តើមានបញ្ហាអ្វីបើធ្វើវាឱ្យទាបជាងនេះ?» ក្រោយមក ខ្ញុំបានទៅមើលម្ដងទៀត។ គ្រាន់តែមានការបន្ថែមទ្វារមួយទៀតប៉ុណ្ណោះ ប៉ុន្តែកម្ពស់នៅតែដដែល។ ចុះហេតុអ្វីបានជាកម្ពស់នៅតែដដែល? តើ មិនអាចធ្វើទ្វារឱ្យខ្ពស់ជាងនេះបានទេឬយ៉ាងណា? ឬមួយក៏ទ្វារនោះនឹងប៉ះពិដាន? តើមានរឿងអ្វីកើតឡើង? រឿងនោះគឺថា គាត់មិនចង់ស្ដាប់បង្គាប់ទេ។ អ្វីដែលគាត់កំពុងគិតពិតប្រាកដនោះគឺ៖ «តើវាស្រេចលើអ្នកឬ? ខ្ញុំជាមេនៅទីនេះ ខ្ញុំជាអ្នកសម្រេចចិត្ត។ អ្នកដទៃធ្វើតាមអ្វីដែលខ្ញុំនិយាយ មិនមែនខ្ញុំធ្វើតាមគេទេ។ តើអ្នកដឹងអ្វីខ្លះទៅ? តើអ្នកយល់ពីការសាងសង់ដែរឬទេ?» តើការមិនយល់ពីការសាងសង់ មានន័យថា ខ្ញុំមិនអាចមើលដឹងពីសមាមាត្ររបស់វាទេឬយ៉ាងណា? មានទ្វារទាបបែបនេះនៅក្នុងអគារដ៏ខ្ពស់បែបនេះ នៅពេលនរណាម្នាក់ដែលមានកម្ពស់លើសពីប្រាំមួយហ្វីតពីរអ៊ីញដើរកាត់ ប្រសិនបើពួកគេមិនឱនទេ នោះពួកគេនឹងបុកក្បាលនឹងស៊ុមទ្វារជាមិនខាន។ តើទ្វារនេះជាប្រភេទអ្វីទៅ? ខ្ញុំមិនចាំបាច់យល់ពីការសាងសង់ទេ ប្រាប់ខ្ញុំមក តើការយល់ឃើញរបស់ខ្ញុំចំពោះរឿងនេះសមហេតុផលដែរឬទេ? តើវាជាក់ស្ដែងដែរឬទេ? ប៉ុន្តែភាពជាក់ស្ដែងបែបនេះ គឺបុគ្គលនោះមិនមានសមត្ថភាពក្នុងការយល់ដឹងបានឡើយ។ អ្វីដែលគាត់ដឹង គឺគ្រាន់តែធ្វើតាមបទប្បញ្ញត្តិ ដោយនិយាយថា៖ «ទ្វារនៅកន្លែងខ្ញុំ សុទ្ធតែបែបនេះឯង។ ហេតុអ្វីបានជាខ្ញុំត្រូវធ្វើវាឱ្យខ្ពស់ដូចដែលអ្នកបាននិយាយប្រាប់? អ្នកបានប្រាប់ឱ្យខ្ញុំធ្វើវា ហើយនេះជារបៀបដែលខ្ញុំធ្វើវា។ ប្រសិនបើអ្នកមិនត្រូវការខ្ញុំទេ ក៏ហីទៅចុះ! នេះជារបៀបដែលខ្ញុំធ្វើ ហើយខ្ញុំនឹងមិនស្ដាប់បង្គាប់អ្នកទេ!» តើប្រភេទមនុស្សនេះជាអ្វីទៅ? តើអ្នករាល់គ្នាគិតថា ដំណាក់របស់ព្រះជាម្ចាស់នៅតែអាចប្រើប្រាស់គាត់បានដែរឬទេ? (ទេ។) ដូច្នេះ តើគួរធ្វើដូចម្ដេច បើគាត់មិនអាចត្រូវបានប្រើប្រាស់នោះ? ទោះបីជាមនុស្សបែបនេះធ្វើការឱ្យតែរួចពីដៃនៅក្នុងដំណាក់របស់ព្រះជាម្ចាស់ ហើយមិនត្រូវបានគេបណ្ដេញចេញភ្លាមៗក៏ដោយ ហើយទោះបីជាបងប្អូនប្រុសស្រីអាចអត់ឱនឱ្យពួកគេ ហើយខ្ញុំអាចអត់ឱនឱ្យពួកគេក៏ដោយ ក៏នៅពេលនិយាយដល់ភាពជាមនុស្សរបស់ពួកគេ កុំទាន់និយាយដល់ថាតើពួកគេយល់ពីសេចក្ដីពិតឬអត់ ពោលគឺ ការធ្វើកិច្ចការ និងរស់នៅក្នុងមជ្ឈដ្ឋានដូចជា ដំណាក់របស់ព្រះជាម្ចាស់ តើពួកគេទំនងជានឹងស្នាក់នៅទីនេះបានយូរដែរឬទេ? (ទេ។) តើពួកយើងចាំបាច់ត្រូវបណ្ដេញពួកគេចេញដែរឬទេ? (ទេ។) តើពួកគេទំនងជានឹងស្នាក់នៅក្នុងពួកជំនុំបានយូរអង្វែងដែរឬទេ? (ទេ។) ហេតុអ្វីបានជាមិនបាន? កុំទាន់និយាយដល់ថាតើពួកគេអាចយល់ពីអ្វីដែលគេប្រាប់ឬអត់។ ដោយសារនិស្ស័យរបស់ពួកគេគឺបែបនេះទៅហើយ បន្ទាប់ពីធ្វើការឱ្យតែរួចពីដៃមក ពួកគេចាប់ផ្ដើមវាយឫក ហើយព្យាយាមធ្វើជាអ្នកសម្រេចចិត្ត។ តើទង្វើបែបនេះអាចទទួលយកបាននៅក្នុងដំណាក់របស់ព្រះជាម្ចាស់ដែរឬទេ? ពួកគេគ្មានជាអ្វីសោះ ប៉ុន្តែពួកគេគិតថាពួកគេពូកែណាស់ ថាពួកគេជាសសរទ្រូង និងជាបង្អែកនៅក្នុងដំណាក់របស់ព្រះជាម្ចាស់ ជាកន្លែងដែលពួកគេធ្វើអំពើខុសឆ្គងដោយឥតញញើត ហើយព្យាយាមធ្វើជាអ្នកសម្រេចចិត្ត។ ពួកគេច្បាស់ជានឹងជួបបញ្ហា ហើយពួកគេនឹងមិនស្នាក់នៅបានយូរឡើយ។ ចំពោះមនុស្សបែបនេះ ទោះបីជាដំណាក់របស់ព្រះជាម្ចាស់មិនបណ្ដេញពួកគេចេញក៏ដោយ ក៏នៅពេលដែលពួកគេនៅទីនេះបានមួយរយៈ ពួកគេនឹងកត់សម្គាល់ឃើញថា នៅក្នុងដំណាក់របស់ព្រះជាម្ចាស់ មនុស្សតែងតែនិយាយអំពីសេចក្ដីពិត អំពីគោលការណ៍គឺពួកគេគ្មានចំណាប់អារម្មណ៍លើរឿងនេះទេ របៀបរបបបែបបទធ្វើការរបស់ពួកគេគឺគ្មានប្រយោជន៍នៅទីនេះឡើយ។ មិនថាពួកគេទៅទីណា និងកំពុងធ្វើអ្វីនោះទេ ពួកគេគ្មានសមត្ថភាពសហការជាមួយអ្នកដទៃឡើយ ហើយពួកគេតែងតែចង់ធ្វើជាអ្នកសម្រេចចិត្ត។ ប៉ុន្តែវាមិនបានផលទេ ហើយពួកគេឃើញថាខ្លួនឯងត្រូវដាក់កំហិតគ្រប់ទិដ្ឋភាព។ យូរៗទៅ បងប្អូនប្រុសស្រីភាគច្រើនចាប់ផ្ដើមយល់ពីសេចក្ដីពិត និងគោលការណ៍ ខណៈពេលដែលមនុស្សទាំងនេះព្យាយាមធ្វើតាមតែចិត្តចង់ ព្យាយាមធ្វើជាមេ និងធ្វើជាអ្នកសម្រេចចិត្ត ហើយមិនប្រព្រឹត្តស្របតាមគោលការណ៍ មនុស្សជាច្រើនសម្លឹងមើលពួកគេដោយការមើលងាយ តើពួកគេអាចទ្រាំនឹងរឿងនេះបានដែរឬទេ? នៅពេលពេលនោះមកដល់ ពួកគេនឹងដឹងខ្លួនថា ពួកគេមិនចុះសម្រុងជាមួយមនុស្សទាំងនេះទេ ថាពីធម្មជាតិមក ពួកគេមិនស័ក្ដិសមនឹងទីនេះឡើយ ថាពួកគេនៅខុសកន្លែងហើយ៖ «ហេតុម្តេចក៏ខ្ញុំចៃដន្យចូលមកក្នុងដំណាក់របស់ព្រះជាម្ចាស់? ការគិតរបស់ខ្ញុំគឺសាមញ្ញពេកហើយ។ ខ្ញុំគិតថា ប្រសិនបើខ្ញុំខិតខំប្រឹងប្រែងបន្តិចបន្តួច ខ្ញុំអាចគេចផុតពីមហន្តរាយ ហើយនឹងទទួលបានព្រះពរ។ ខ្ញុំមិននឹកស្មានទាល់តែសោះថា វាមិនមែនបែបនេះសោះ!» ពីធម្មជាតិមក ពួកគេមិនស័ក្ដិសមនឹងដំណាក់របស់ព្រះជាម្ចាស់ឡើយ។ បន្ទាប់ពីស្នាក់នៅបានមួយរយៈពេល ពួកគេក៏អស់ចំណាប់អារម្មណ៍ ពួកគេក្លាយជាព្រងើយកន្តើយ ហើយមិនចាំបាច់បណ្ដេញពួកគេចេញទេ ពួកគេនឹងចាកចេញទៅដោយខ្លួនឯង។

មនុស្សខ្លះនិយាយថា៖ «តើគ្មានរឿងអ្វីដែលព្រះអង្គមិនលូកដៃចូលទេឬយ៉ាងណា? ព្រះអង្គជាអ្នកចូលចិត្តរវល់រឿងអ្នកដទៃ មែនទេ? ព្រះអង្គគ្រាន់តែបង្កើតកិត្យានុភាពរបស់ព្រះអង្គ ធ្វើឱ្យគេដឹងពីវត្តមាន ហើយឱ្យមនុស្សយល់ដឹងពីសព្វានុភាពរបស់ព្រះអង្គតាមរយៈការជ្រៀតជ្រែករឿងអ្នកដទៃ តើមិនមែនអ៊ីចឹងទេឬ?» ប្រាប់ខ្ញុំមក តើវាមិនអីទេឬ ប្រសិនបើខ្ញុំមិនចាត់ចែងរឿងទាំងនេះ? តាមតថភាព ខ្ញុំមិនចង់ចាត់ចែងរឿងទាំងនេះទេ ពួកវាជាការទទួលខុសត្រូវរបស់ពួកអ្នកដឹកនាំ និងពួកអ្នកធ្វើការ ប៉ុន្តែប្រសិនបើខ្ញុំមិនធ្វើទេ វានឹងមានបញ្ហា ហើយកិច្ចការនៅពេលខាងមុខនឹងរងផលប៉ះពាល់។ តើខ្ញុំចាំបាច់ត្រូវលូកដៃក្នុងរឿងបែបនេះដែរឬទេ ប្រសិនបើអ្នករាល់គ្នាអាចដោះស្រាយពួកវាបាន ប្រសិនបើអ្នករាល់គ្នាធ្វើតាមអ្វីដែលខ្ញុំបានប្រាប់នោះ? ប្រសិនបើខ្ញុំមិនខ្វល់ខ្វាយពីអ្នករាល់គ្នាទេ អ្នករាល់គ្នានឹងមិនរស់នៅក្នុងលក្ខណៈជាមនុស្សណាមួយឡើយ ហើយអ្នករាល់គ្នាក៏មិនអាចរស់នៅបានល្អដែរ។ អ្នករាល់គ្នានឹងមិនអាចធ្វើអ្វីបានដោយខ្លួនឯងឡើយ។ ហើយទោះបីជាយ៉ាងនេះក្ដី ក៏អ្នករាល់គ្នានៅតែមិនស្ដាប់បង្គាប់ខ្ញុំដដែល។ ខ្ញុំនឹងនិយាយប្រាប់អ្នករាល់គ្នាអំពីរឿងដ៏សាមញ្ញបំផុតមួយ៖ គឺរឿងកំប៉ិកកំប៉ុកបំផុតអំពីអនាម័យ និងការថែរក្សាបរិស្ថានរស់នៅរបស់អ្នក។ តើអ្នករាល់គ្នាប្រព្រឹត្តយ៉ាងដូចម្ដេចចំពោះរឿងនេះ? ប្រសិនបើខ្ញុំទៅកន្លែងណាមួយ ហើយមិនបានប្រាប់អ្នករាល់គ្នាជាមុនទេ វានឹងមិនមានរបៀបរៀបរយយ៉ាងខ្លាំង ហើយអ្នករាល់គ្នានឹងត្រូវសម្អាតវាភ្លាមៗនៅពេលនោះ ដែលនឹងធ្វើឱ្យអ្នករាល់គ្នាមានអារម្មណ៍មិនសប្បាយចិត្ត និងមិនស្រួលក្នុងចិត្ត។ ប្រសិនបើខ្ញុំបានប្រាប់អ្នករាល់គ្នាជាមុនថាខ្ញុំនឹងទៅ នោះស្ថានភាពនឹងមិនអាក្រក់ដល់ថ្នាក់ហ្នឹងទេ ប៉ុន្តែតើអ្នករាល់គ្នាគិតថា ខ្ញុំមិនដឹងអំពីអ្វីដែលកើតឡើងនៅពីក្រោយខ្នងទេឬយ៉ាងណា? ទាំងនេះសុទ្ធតែជារឿងតូចតាច ជាចំណុចសាមញ្ញបំផុត និងជាមូលដ្ឋានបំផុតនៃភាពជាមនុស្សធម្មតា។ ប៉ុន្តែអ្នករាល់គ្នាខ្ជិលច្រអូសបែបនេះ។ តើអ្នករាល់គ្នាពិតជាអាចបំពេញភារកិច្ចបានល្អដែរឬទេ? ខ្ញុំបានស្នាក់នៅកន្លែងខ្លះក្នុងប្រទេសចិនដីគោកអស់រយៈពេលដប់ឆ្នាំ ដោយបង្រៀនមនុស្សនៅទីនោះពីរបៀបបត់ភួយសម្លី និងហាលវាឱ្យត្រូវថ្ងៃ របៀបសម្អាតផ្ទះសម្បែង និងរបៀបបង្កាត់ភ្លើងចង្ក្រាននៅក្នុងផ្ទះ។ ប៉ុន្តែបន្ទាប់ពីបង្រៀនអស់រយៈពេលដប់ឆ្នាំ ខ្ញុំនៅតែបង្រៀនពួកគេមិនចេះ។ តើមកពីខ្ញុំគ្មានសមត្ថភាពបង្រៀនឬ? ទេ គឺមនុស្សទាំងនេះថោកទាបពេកហើយ។ ក្រោយមក ខ្ញុំក៏ឈប់បង្រៀន។ នៅពេលខ្ញុំទៅកន្លែងណាមួយ ហើយឃើញភួយសម្លីដែលមិនបានបត់ ខ្ញុំនឹងងាកក្រោយ ហើយដើរចេញតែម្ដង។ កន្លែងនេះអសោចពេកហើយ គ្រាន់តែមើលក៏ធ្វើឱ្យខ្ញុំខ្ពើមរអើមដែរ។ គ្រាន់តែមើលមួយភ្លែត អ្នកអាចដឹងថា វាជាកន្លែងដែលសត្វតិរច្ឆានរស់នៅ មិនខុសពីទ្រុងជ្រូក ឬទ្រុងឆ្កែឡើយ។ មនុស្សនៅទីនោះរយីករយាកខ្ជីខ្ជាយ៉ាងនេះ តើពួកគេនៅមានភាពជាមនុស្សទៀតដែរឬទេ? បញ្ហាតូចតាចដែលបានរៀបរាប់ខាងលើ គឺជាអ្វីដែលអាចផ្លាស់ប្ដូរបានយ៉ាងច្បាស់ ចុះហេតុអ្វីបានជាពួកគេមិនអាចផ្លាស់ប្ដូរពួកវាបាន? តើមនុស្សបែបនេះ ដែលមានគុណសម្បត្តិបែបនេះ អាចយល់ពីសេចក្ដីពិតបានដែរឬទេ? តើពួកគេអាចឈានដល់កម្រិតនៃការធ្វើតាមបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ និងមាគ៌ារបស់ព្រះជាម្ចាស់បានដែរឬទេ? នោះគឺជារឿងដែលមិនអាចទៅរួចទាល់តែសោះសម្រាប់ពួកគេ។ ឥឡូវនេះ ខ្ញុំនឹងប្រាប់អ្នករាល់គ្នាឱ្យបានច្បាស់ថា៖ គុណសម្បត្តិរបស់អ្នករាល់គ្នាគឺអន់ពេកហើយ ពោលគឺអ្នកមិនទាំងអាចចូលទៅកៀកនឹងសេចក្ដីពិតបានផង។ តើអ្វីជាចំណុចសំខាន់ដែលខ្ញុំកំពុងនិយាយនៅថ្ងៃនេះ? ការស្ដាប់បង្គាប់ព្រះបន្ទូលរបស់ព្រះជាម្ចាស់គឺសំខាន់ណាស់ ហើយអ្នកមិនត្រូវមើលស្រាល ឡើយ។ ការស្ដាប់បង្គាប់ព្រះបន្ទូលរបស់ព្រះជាម្ចាស់ មិនមែនមានន័យថា អ្នកគួរតែវិភាគ សិក្សា ពិភាក្សា ឬស៊ើបអង្កេតព្រះបន្ទូលរបស់ព្រះជាម្ចាស់នោះទេ ឬថាអ្នកគួរតែស្រាវជ្រាវពីហេតុផលនៅពីក្រោយព្រះបន្ទូលទាំងនោះ ហើយព្យាយាមរកឱ្យឃើញពីមូលហេតុនោះឡើយ ផ្ទុយទៅវិញ អ្នកគួរតែអនុវត្តព្រះបន្ទូលរបស់ទ្រង់ និងធ្វើតាមព្រះបន្ទូលទាំងនោះ។ នៅពេលព្រះជាម្ចាស់មានព្រះបន្ទូលមកកាន់អ្នក នៅពេលទ្រង់បង្គាប់ឱ្យអ្នកបំពេញកិច្ចការណាមួយ ឬផ្ទុកផ្ដាក់ភារកិច្ចអ្វីមួយដល់អ្នក អ្វីដែលព្រះជាម្ចាស់សព្វព្រះហឬទ័យចង់ឃើញបន្ទាប់ គឺអ្នកចាត់វិធានការ ហើយថាតើអ្នកអនុវត្តរឿងនេះមួយជំហានម្ដងៗដោយរបៀបណា។ ព្រះជាម្ចាស់មិនខ្វល់ថាតើអ្នកយល់ពីរឿងនេះឬអត់នោះទេ ហើយទ្រង់ក៏មិនខ្វល់ថាតើនៅក្នុងចិត្តរបស់អ្នក អ្នកចង់ដឹងចង់ឃើញពីរឿងនេះ ឬមានការសង្ស័យណាមួយអំពីវាដែរឬអត់នោះទេ។ អ្វីដែលព្រះជាម្ចាស់ទតមើល គឺថាតើអ្នកធ្វើវាឬអត់ ថាតើអ្នកមានអាកប្បកិរិយាស្ដាប់បង្គាប់ និងចុះចូលដែរឬទេ។

ចៃដន្យ ខ្ញុំកំពុងនិយាយជាមួយមនុស្សមួយចំនួនអំពីសម្លៀកបំពាក់សម្រាប់ការសម្ដែង។ គោលការណ៍ចម្បងគឺថា ពណ៌ និងម៉ូដនៃសម្លៀកបំពាក់ ត្រូវតែសមរម្យ ថ្លៃថ្នូរ មានសោភ័ណភាព និងប្រណិតភាព។ ពួកវាមិនត្រូវមើលទៅដូចជាសម្លៀកបំពាក់ចម្លែកៗឡើយ។ លើសពីនេះទៅទៀត មិនចាំបាច់ត្រូវចំណាយលុយច្រើនពេកនោះទេ។ ពួកវាមិនចាំបាច់ត្រូវតែចេញពីអ្នកច្នៃម៉ូដណាមួយឡើយ ហើយរឹតតែមិនចាំបាច់ទៅទិញនៅហាងលក់ទំនិញម៉ាកយីហោល្បីៗនោះទេ។ ការយល់ឃើញរបស់ខ្ញុំគឺថា សម្លៀកបំពាក់គួរតែធ្វើឱ្យអ្នកសម្ដែងមើលទៅមានប្រណិតភាព សមរម្យ និងថ្លៃថ្នូរ ថាពួកវាគួរតែមើលទៅអាចបង្ហាញបានដល់សាធារណជន។ មិនមានការកំណត់លើពណ៌នោះទេ ក្រៅពីជៀសវាងអ្វីដែលមើលទៅស្រអាប់ ឬងងឹតពេកនៅលើឆាក។ ពណ៌ផ្សេងទៀតភាគច្រើនគឺមិនអីទេ៖ ក្រហម ទឹកក្រូច លឿង បៃតង ខៀវ ត្រាវ ស្វាយ គឺគ្មានបទប្បញ្ញត្តិសម្រាប់រឿងនេះឡើយ។ ហេតុអ្វីបានជាមានគោលការណ៍នេះ? អ្វីៗដែលព្រះជាម្ចាស់បានបង្កើតមក គឺមានគ្រប់ពណ៌ទាំងអស់។ ផ្កាមានពណ៌ចម្រុះ ដើមឈើ រុក្ខជាតិ និងសត្វស្លាបក៏ដូចគ្នាដែរ។ ដូច្នេះ យើងមិនត្រូវមានសញ្ញាណ ឬច្បាប់ទម្លាប់ណាមួយអំពីពណ៌ឡើយ។ ក្រោយពីនិយាយបែបនេះរួច ខ្ញុំខ្លាចពួកគេមិនយល់។ ខ្ញុំបានសួរពួកគេម្ដងទៀត ទាល់តែធានាបានថា អ្នកដែលបានឮខ្ញុំ សុទ្ធតែនិយាយថា ពួកគេយល់។ អ្វីដែលនៅសេសសល់ គឺពួកគេគ្រាន់តែត្រូវអនុវត្តកិច្ចការតាមគោលការណ៍ដែលខ្ញុំបាននិយាយប៉ុណ្ណោះ។ តើនេះជារឿងសាមញ្ញដែរឬទេ? តើវាជារឿងធំដុំឬ? តើវាជាកិច្ចការធំជាង ឬតូចជាងការសង់ទូកធំ? (តូចជាង។) បើប្រៀបធៀបនឹងការដែលអ័ប្រាហាំថ្វាយអ៊ីសាក តើវាលំបាកដែរឬទេ? (ទេ។) វាពិតជាគ្មានការលំបាកអ្វីទាល់តែសោះ ហើយវាសាមញ្ញណាស់ គ្រាន់តែជារឿងសម្លៀកបំពាក់ប៉ុណ្ណោះ។ មនុស្សត្រូវបានបើកសម្តែងឱ្យស្គាល់សម្លៀកបំពាក់តាំងពីពេលដែលពួកគេកើតមកម្ល៉េះ វាមិនមែនជារឿងលំបាកឡើយ។ រឿងរ៉ាវរឹតតែងាយស្រួលសម្រាប់មនុស្សក្នុងការអនុវត្ត នៅពេលដែលខ្ញុំបានកំណត់គោលការណ៍ជាក់លាក់មួយ។ គន្លឹះសំខាន់គឺថាតើពួកគេស្ដាប់បង្គាប់ឬអត់ ហើយថាតើពួកគេតាំងចិត្តធ្វើវាដែរឬយ៉ាងណា។ មួយរយៈក្រោយមក នៅពេលដែលការសម្ដែង និងភាពយន្តមួយចំនួនត្រូវបានផលិតឡើង ខ្ញុំបានឃើញថា សម្លៀកបំពាក់របស់តួអង្គសំខាន់ៗទាំងអស់សុទ្ធតែពណ៌ខៀវ។ ខ្ញុំបានគិតបន្តិចថា៖ «តើគំនិតរបស់មនុស្សដែលផលិតការសម្ដែងទាំងនេះមានបញ្ហាមែនទេ? ខ្ញុំបាននិយាយយ៉ាងច្បាស់ណាស់។ ខ្ញុំមិនបានបង្កើតច្បាប់ថាសម្លៀកបំពាក់ត្រូវតែពណ៌ខៀវ ហើយថាអ្នកណាមិនពាក់ពណ៌ខៀវនឹងមិនត្រូវបានអនុញ្ញាតឱ្យឡើងឆាកនោះទេ។ តើមនុស្សទាំងនេះមានបញ្ហាអី? តើមានអ្វីកំពុងញុះញង់ និងគាបសង្កត់ពួកគេ? តើនិន្នាការនៅក្នុងពិភពខាងក្រៅបានផ្លាស់ប្ដូរ ហើយមនុស្សពាក់តែពណ៌ខៀវទេឬនៅពេលនេះ? ទេ។ ពិភពខាងក្រៅគ្មានច្បាប់ទម្លាប់អំពីពណ៌ និងម៉ូដនោះទេ មនុស្សពាក់ពណ៌គ្រប់ប្រភេទ។ ដូច្នេះ វាជារឿងចម្លែកណាស់ដែលស្ថានភាពបែបនេះកើតឡើងនៅក្នុងពួកជំនុំរបស់យើង។ តើនរណាជាអ្នកត្រួតពិនិត្យចុងក្រោយលើសម្លៀកបំពាក់ទាំងនេះ? តើនរណាគ្រប់គ្រងលើរឿងនេះ? តើមាននរណាម្នាក់បញ្ជាពីក្រោយខ្នងឬ?» ពិតជាមាននរណាម្នាក់បញ្ជាពីក្រោយខ្នងមែន ជាលទ្ធផល មិនថាម៉ូដបែបណានោះទេ សម្លៀកបំពាក់ទាំងអស់សុទ្ធតែពណ៌ខៀវ ដោយគ្មានការលើកលែងឡើយ។ អ្វីដែលខ្ញុំបាននិយាយ គឺគ្មានន័យឡើយ។ ពួកគេបានកំណត់រួចហើយថាសម្លៀកបំពាក់ទាំងអស់ត្រូវតែពណ៌ខៀវ ពោលគឺថា មនុស្សនឹងមិនពាក់អ្វីក្រៅពីពណ៌ខៀវឡើយ។ ពណ៌ខៀវតំណាងឱ្យភាពខាងវិញ្ញាណ និងភាពបរិសុទ្ធ វាគឺជាពណ៌សម្គាល់នៃដំណាក់របស់ព្រះជាម្ចាស់។ ប្រសិនបើសម្លៀកបំពាក់របស់ពួកគេមិនមែនពណ៌ខៀវទេ នោះពួកគេនឹងមិនអនុញ្ញាតឱ្យមានការសម្ដែងឡើយ ហើយក៏មិនហ៊ានធ្វើដូច្នេះដែរ។ ខ្ញុំបាននិយាយថា មនុស្សទាំងនេះចប់ហើយ។ នេះជារឿងដ៏សាមញ្ញមួយ ខ្ញុំបានពន្យល់ចំណុចនីមួយៗយ៉ាងច្បាស់លាស់ ហើយបានធ្វើឱ្យប្រាកដថា ពួកគេយល់ក្រោយ ពីខ្ញុំបានពន្យល់រួច គឺទាល់តែពួកយើងទាំងអស់គ្នាយល់ព្រម ទើបខ្ញុំបញ្ចប់ប្រធានបទនេះ។ ចុះតើលទ្ធផលចុងក្រោយគឺយ៉ាងណា? ពួកគេទុកសម្ដីខ្ញុំដូចជាខ្យល់អ៊ីចឹង។ គ្មាននរណាម្នាក់ចាត់ទុកវាថាសំខាន់ឡើយ។ ពួកគេនៅតែធ្វើ និងអនុវត្តតាមតែចិត្តចង់ គ្មាននរណាម្នាក់អនុវត្តតាមអ្វីដែលខ្ញុំបាននិយាយទេ គ្មាននរណាម្នាក់សម្រេចវាឡើយ។ តើពួកគេពិតជាមានន័យយ៉ាងណានៅពេលពួកគេនិយាយថាពួកគេបានយល់នោះ? មនុស្សទាំងនេះកំពុងតែនិយាយបណ្តោយតាមខ្ញុំតែប៉ុណ្ណោះ។ ពួកគេនិយាយដើមគេពេញមួយថ្ងៃ ដូចជាស្ត្រីវ័យកណ្ដាលនៅតាមដងផ្លូវអ៊ីចឹង។ នេះក៏ជារបៀបដែលពួកគេបានកំពុងនិយាយមកកាន់ខ្ញុំ និងជាអាកប្បកិរិយាដែលពួកគេមានផងដែរ។ ដូច្នេះ ខ្ញុំមានអារម្មណ៍មួយនៅក្នុងព្រះហឫទ័យរបស់ខ្ញុំថា៖ អាកប្បកិរិយាដែលមនុស្សទាំងនេះមានចំពោះព្រះគ្រីស្ទ គឺជាអាកប្បកិរិយារបស់ពួកគេចំពោះព្រះជាម្ចាស់ ហើយវាគឺជាអាកប្បកិរិយាដ៏គួរឱ្យព្រួយបារម្ភខ្លាំងណាស់ ជាសញ្ញាដ៏គ្រោះថ្នាក់ និងជាសញ្ញាដ៏អាក្រក់មួយ។ តើអ្នករាល់គ្នាចង់ដឹងទេថា វាជាសញ្ញាបញ្ជាក់ពីអ្វី? អ្នករាល់គ្នាគួរតែដឹង។ ខ្ញុំត្រូវតែប្រាប់អ្នករាល់គ្នាអំពីរឿងនេះ ហើយអ្នករាល់គ្នាត្រូវតែស្ដាប់ដោយ យកចិត្តទុកដាក់៖ ដោយវិនិច្ឆ័យពីអ្វីដែលត្រូវបានបង្ហាញចេញមកនៅក្នុងអ្នករាល់គ្នា ពីអាកប្បកិរិយារបស់អ្នករាល់គ្នាចំពោះព្រះបន្ទូលរបស់ព្រះជាម្ចាស់មនុស្សជាច្រើនក្នុងចំណោមអ្នករាល់គ្នានឹងត្រូវធ្លាក់ចូលទៅក្នុងមហន្តរាយ មនុស្សមួយចំនួនក្នុងចំណោមអ្នករាល់គ្នានឹងត្រូវធ្លាក់ចូលទៅក្នុងមហន្តរាយ ដើម្បីទទួលការដាក់ទោស ហើយអ្នកខ្លះទៀតដើម្បីទទួលការបន្សុទ្ធ ហើយមហន្តរាយនេះមិនអាចគេចផុតបានឡើយ។ អស់អ្នកដែលត្រូវបានដាក់ទោស នឹងស្លាប់ភ្លាមៗ ពួកគេនឹងត្រូវវិនាស។ ទោះជាយ៉ាងណាក៏ដោយ សម្រាប់អ្នកដែលត្រូវបានបន្សុទ្ធនៅក្នុងមហន្តរាយ ប្រសិនបើវាធ្វើឱ្យពួកគេអាចស្ដាប់បង្គាប់ និងចុះចូលបាន ហើយអាចឈរយ៉ាងរឹងមាំបាន ព្រមទាំងមានទីបន្ទាល់ នោះការល្បងលដ៏លំបាកបំផុតនឹងត្រូវបញ្ចប់ បើពុំនោះទេ គ្មានក្ដីសង្ឃឹមសម្រាប់ពួកគេនៅថ្ងៃអនាគតឡើយ ពួកគេនឹងស្ថិតក្នុងគ្រោះថ្នាក់ ហើយពួកគេនឹងគ្មានឱកាសទៀតទេ។ តើអ្នករាល់គ្នាយល់ច្បាស់ដែរឬទេ? (ច្បាស់។) តើនេះមើលទៅដូចជារឿងល្អសម្រាប់អ្នករាល់គ្នាដែរឬទេ? សរុបមក សម្រាប់ខ្ញុំ វាមិនមែនជាប្រផ្នូលល្អឡើយ។ ខ្ញុំមានអារម្មណ៍ថា វាជាសញ្ញាអាក្រក់មួយ។ ខ្ញុំបានផ្ដល់ការពិតដល់អ្នករាល់គ្នាហើយជម្រើសដែលអ្នកជ្រើសធ្វើ គឺអាស្រ័យលើអ្នករាល់គ្នា។ ខ្ញុំនឹងមិននិយាយអ្វីបន្ថែមទៀតអំពីរឿងនេះទេ ខ្ញុំនឹងមិននិយាយដដែលៗទេ ខ្ញុំនឹងមិនលើកវាមកនិយាយម្ដងទៀតឡើយ។

ប្រធានបទដែលខ្ញុំបានកំពុងប្រកបគ្នានៅថ្ងៃនេះ គឺរបៀបប្រព្រឹត្តចំពោះព្រះបន្ទូលរបស់ព្រះជាម្ចាស់។ ការស្ដាប់បង្គាប់ និងការចុះចូលចំពោះព្រះបន្ទូលរបស់ព្រះជាម្ចាស់ គឺសំខាន់ណាស់។ ការមានសមត្ថភាពប្រតិបត្តិ អនុវត្ត និងយកព្រះបន្ទូលទាំងនោះទៅអនុវត្ត គឺសំខាន់ណាស់។ មនុស្សមួយចំនួននិយាយថា៖ «សូម្បីតែសព្វថ្ងៃនេះ ក៏ពួកយើងនៅតែមិនដឹងពីរបៀបប្រព្រឹត្តចំពោះព្រះគ្រីស្ទដែរ»។ របៀបប្រព្រឹត្តចំពោះព្រះគ្រីស្ទគឺសាមញ្ញណាស់៖ អាកប្បកិរិយារបស់អ្នកចំពោះព្រះគ្រីស្ទ គឺជាអាកប្បកិរិយារបស់អ្នកចំពោះព្រះជាម្ចាស់។ នៅក្នុងព្រះនេត្ររបស់ព្រះជាម្ចាស់ អាកប្បកិរិយារបស់អ្នកចំពោះព្រះជាម្ចាស់ គឺជាអាកប្បកិរិយារបស់អ្នកចំពោះព្រះគ្រីស្ទ។ ជាការពិតណាស់ អាកប្បកិរិយាដែលអ្នកមានចំពោះព្រះគ្រីស្ទ គឺជាអាកប្បកិរិយាដែលអ្នកមានចំពោះព្រះជាម្ចាស់នៅស្ថានសួគ៌។ អាកប្បកិរិយារបស់អ្នកចំពោះព្រះគ្រីស្ទ គឺពិតប្រាកដជាងគេបំផុត ពោលគឺវាអាចមើលឃើញ ហើយវាគឺជាអ្វីដែលព្រះជាម្ចាស់ពិនិត្យពិច័យយ៉ាងពិតប្រាកដ។ មនុស្សចង់យល់ពីរបៀបប្រព្រឹត្តចំពោះព្រះជាម្ចាស់ តាមរបៀបដែលព្រះជាម្ចាស់សព្វព្រះហឫទ័យ ហើយរឿងនេះគឺសាមញ្ញទេ។ មានចំណុចចំនួនបីយ៉ាង៖ ទីមួយគឺការមានភាពស្មោះត្រង់ ទីពីរគឺការគោរព ការរៀនពីរបៀបគោរពព្រះគ្រីស្ទ និងទីបី ហើយនេះគឺជាចំណុចសំខាន់បំផុត គឺការស្ដាប់បង្គាប់ព្រះបន្ទូលរបស់ទ្រង់។ ការស្ដាប់បង្គាប់ព្រះបន្ទូលរបស់ទ្រង់៖ តើនេះមានន័យថា ស្ដាប់ដោយត្រចៀករបស់អ្នក ឬដោយអ្វីផ្សេងទៀត? (ដោយដួងចិត្តរបស់យើង។) តើអ្នកមានដួងចិត្តដែរឬទេ? ប្រសិនបើអ្នកមានដួងចិត្ត ចូរស្ដាប់ដោយដួងចិត្តចុះ។ ទាល់តែអ្នកស្ដាប់ដោយដួងចិត្តរបស់អ្នក ទើបអ្នកនឹងយល់ ហើយអាចយកអ្វីដែលអ្នកឮទៅអនុវត្តបាន។ ចំណុចនីមួយៗក្នុងចំណោមចំណុចទាំងបីនេះ គឺសាមញ្ញណាស់។ អត្ថន័យត្រង់ៗរបស់ពួកវា គួរតែងាយស្រួលយល់ ហើយប្រសិនបើនិយាយតាមហេតុផល ពួកវាគួរតែងាយស្រួលក្នុងការអនុវត្ត ប៉ុន្តែរបៀបដែលអ្នកអនុវត្តពួកវា និងថាតើអ្នកមានសមត្ថភាពអនុវត្តពួកវាឬយ៉ាងណានោះ គឺអាស្រ័យលើអ្នករាល់គ្នា ខ្ញុំនឹងមិនពន្យល់បន្ថែមទៀតទេ។ មនុស្សមួយចំនួននិយាយថា៖ «អ្នកគ្រាន់តែជាមនុស្សធម្មតាម្នាក់ប៉ុណ្ណោះ។ ហេតុអ្វីបានជាពួកយើងត្រូវស្មោះត្រង់ជាមួយអ្នក? ហេតុអ្វីបានជាពួកយើងត្រូវគោរពអ្នក? ហេតុអ្វីបានជាពួកយើងត្រូវស្ដាប់បង្គាប់ព្រះបន្ទូលរបស់អ្នក?» ខ្ញុំមានហេតុផលរបស់ខ្ញុំ។ ហេតុផលទាំងនោះក៏មានបីយ៉ាងដែរ។ ចូរស្ដាប់ដោយយកចិត្តទុកដាក់ ហើយពិចារណាមើលថាតើអ្វីដែលខ្ញុំនិយាយសមហេតុផលដែរឬទេ។ ប្រសិនបើវាសមហេតុផល អ្នករាល់គ្នាគួរតែទទួលយកវា។ ប្រសិនបើអ្នកមានអារម្មណ៍ថាវាមិនសមហេតុផលទេ អ្នកមិនចាំបាច់ទទួលយកវាឡើយ ហើយអ្នកអាចស្វែងរកផ្លូវផ្សេងទៀតបាន។ ហេតុផលទីមួយគឺថា ចាប់តាំងពីអ្នកបានទទួលយកកិច្ចការរបស់ព្រះជាម្ចាស់នៅដំណាក់កាលនេះមក អ្នកបានហូប ផឹក អរសប្បាយ និងអានអធិដ្ឋានគ្រប់ព្រះបន្ទូលដែលខ្ញុំបាននិយាយ។ ទីពីរគឺថា ខ្លួនអ្នកផ្ទាល់ទទួលស្គាល់ថា អ្នកគឺជាអ្នកដើរតាមព្រះដ៏មានគ្រប់ព្រះចេស្ដា ថាអ្នកគឺជាអ្នកជឿម្នាក់របស់ទ្រង់។ ដូច្នេះ តើអាចនិយាយបានទេថា អ្នកទទួលស្គាល់ថា អ្នកគឺជាអ្នកដើរតាមសាច់ឈាមធម្មតា ដែលព្រះជាម្ចាស់បានយកកំណើតជាមនុស្សនោះ? អាចនិយាយបាន។ សរុបមក ទីពីរគឺថា អ្នកទទួលស្គាល់ថា អ្នកគឺជាអ្នកដើរតាមព្រះដ៏មានគ្រប់ព្រះចេស្ដា។ ហេតុផលទីបី គឺសំខាន់ជាងគេបំផុត៖ ក្នុងចំណោមមនុស្សជាតិទាំងអស់ មានតែខ្ញុំទេដែលចាត់ទុកអ្នករាល់គ្នាជាមនុស្ស។ តើចំណុចនេះសំខាន់ដែរឬទេ? (សំខាន់។) តើចំណុចមួយណាក្នុងចំណោមចំណុចទាំងបីនេះ ដែលអ្នករាល់គ្នាមិនអាចទទួលយកបាន? តើអ្នករាល់គ្នានិយាយយ៉ាងណាដែរ តើមានចំណុចណាមួយក្នុងចំណោមចំណុចដែលខ្ញុំទើបតែបាននិយាយអម្បាញ់មិញនេះ មិនពិត មិនសុក្រឹត មិនមែនជាការពិតដែរឬទេ? (ទេ។) ដូច្នេះ សរុបទាំងអស់មានប្រាំមួយចំណុច។ ខ្ញុំនឹងមិនលម្អិតអំពីចំណុចនីមួយៗនោះទេ ចូរពិចារណាពួកវាដោយខ្លួនឯងចុះ។ ខ្ញុំបាននិយាយយ៉ាងច្រើនរួចមកហើយអំពីប្រធានបទទាំងនេះ ដូច្នេះ អ្នករាល់គ្នាគួរតែអាចយល់បាន។

ថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២០

ខាង​ដើម៖ ចំណុចទីដប់៖ ពួកគេប្រមាថសេចក្ដីពិត បំពានយ៉ាងគឃ្លើនលើគោលការណ៍នានា ហើយមិនអើពើនឹងការរៀបចំនៃដំណាក់របស់ព្រះជាម្ចាស់ឡើយ (ផ្នែកទីបី)

បន្ទាប់៖ ចំណុចក្រៅប្រធានបទទីបី៖ វិធីដែលណូអេ និងអ័ប្រាហាំស្ដាប់បង្គាប់ព្រះបន្ទូលរបស់ព្រះជាម្ចាស់ និងចុះចូលចំពោះទ្រង់ (ផ្នែកទីមួ២)

គ្រោះមហន្តរាយផ្សេងៗបានធ្លាក់ចុះ សំឡេងរោទិ៍នៃថ្ងៃចុងក្រោយបានបន្លឺឡើង ហើយទំនាយនៃការយាងមករបស់ព្រះអម្ចាស់ត្រូវបានសម្រេច។ តើអ្នកចង់ស្វាគមន៍ព្រះអម្ចាស់ជាមួយក្រុមគ្រួសាររបស់អ្នក ហើយទទួលបានឱកាសត្រូវបានការពារដោយព្រះទេ?

ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់ អំពីការស្គាល់ព្រះជាម្ចាស់ ការថ្លែងព្រះបន្ទូលអំពីព្រះគ្រីស្ទនៃគ្រាចុងក្រោយ ការលាតត្រដាងពួកទទឹងនឹងព្រះគ្រីស្ទ ទំនួលខុសត្រូវរបស់អ្នកដឹកនាំ និងអ្នកធ្វើការ អំពីការដេញតាមសេចក្តីពិត ការជំនុំជម្រះ ចាប់ផ្ដើមពីដំណាក់របស់ព្រះជាម្ចាស់ ព្រះបន្ទូលដ៏សំខាន់ចេញពីព្រះដ៏មានគ្រប់ព្រះចេស្ដា ជាព្រះគ្រីស្ទនៃគ្រាចុងក្រោយ ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់ គោលការណ៍ណែនាំសម្រាប់ការផ្សាយដំណឹងល្អពីនគរព្រះ ទីបន្ទាល់ទាំងឡាយអំពីបទពិសោធនៅចំពោះទីជំនុំជម្រះរបស់ព្រះគ្រីស្ទ (វគ្គទី១) ទីបន្ទាល់ទាំងឡាយអំពីបទពិសោធនៅចំពោះទីជំនុំជម្រះរបស់ព្រះគ្រីស្ទ (វគ្គទី២) ទីបន្ទាល់ទាំងឡាយអំពីបទពិសោធនៅចំពោះទីជំនុំជម្រះរបស់ព្រះគ្រីស្ទ (វគ្គទី៣) ទីបន្ទាល់ទាំងឡាយអំពីបទពិសោធនៅចំពោះទីជំនុំជម្រះរបស់ព្រះគ្រីស្ទ (វគ្គទី៤) ទីបន្ទាល់ទាំងឡាយអំពីបទពិសោធនៅចំពោះទីជំនុំជម្រះរបស់ព្រះគ្រីស្ទ (វគ្គទី៥) ទីបន្ទាល់ទាំងឡាយអំពីបទពិសោធនៅចំពោះទីជំនុំជម្រះរបស់ព្រះគ្រីស្ទ (វគ្គទី៦) ទីបន្ទាល់ទាំងឡាយអំពីបទពិសោធនៅចំពោះទីជំនុំជម្រះរបស់ព្រះគ្រីស្ទ (វគ្គទី៧) ទីបន្ទាល់ទាំងឡាយអំពីបទពិសោធនៅចំពោះទីជំនុំជម្រះរបស់ព្រះគ្រីស្ទ (វគ្គទី៨) ទីបន្ទាល់ទាំងឡាយអំពីបទពិសោធនៅចំពោះទីជំនុំជម្រះរបស់ព្រះគ្រីស្ទ (វគ្គទី៩)

ការកំណត់

  • អត្ថបទ
  • ប្រធានបទ

ពណ៌​ដិតច្បាស់

ប្រធានបទ

ប្រភេទ​អក្សរ

ទំហំ​អក្សរ

ចម្លោះ​បន្ទាត់

ចម្លោះ​បន្ទាត់

ប្រវែងទទឹង​ទំព័រ

មាតិកា

ស្វែងរក

  • ស្វែង​រក​អត្ថបទ​នេះ
  • ស្វែង​រក​សៀវភៅ​នេះ