ចំណុចទីដប់៖ ពួកគេប្រមាថសេចក្ដីពិត បំពានយ៉ាងគឃ្លើនលើគោលការណ៍នានា ហើយមិនអើពើនឹងការរៀបចំនៃដំណាក់របស់ព្រះជាម្ចាស់ឡើយ (ផ្នែកទីបី)

II. ការប្រមាថសាច់ឈាមដែលព្រះជាម្ចាស់យកកំណើតជាមនុស្ស

ប្រធានបទនៃការប្រកបគ្នាកាលពីលើកមុន គឺជាការបង្ហាញចេញទីដប់របស់ពួកទទឹងនឹងព្រះគ្រីស្ទ គឺការប្រមាថសេចក្ដីពិត បំពានយ៉ាងគឃ្លើនលើគោលការណ៍នានា ហើយមិនអើពើនឹងការរៀបចំនៃដំណាក់របស់ព្រះជាម្ចាស់ឡើយ។ ចំណុចនេះត្រូវបានបែងចែកជាបីផ្នែកបន្ថែមទៀតសម្រាប់ធ្វើការប្រកបគ្នាលម្អិត។ ផ្នែកទីមួយគឺ ការប្រមាថអត្តសញ្ញាណ និងសារជាតិរបស់ព្រះជាម្ចាស់ ផ្នែកទីពីរគឺ ការប្រមាថសាច់ឈាមដែលព្រះជាម្ចាស់យកកំណើតជាមនុស្ស ហើយផ្នែកទីបីគឺ ការប្រមាថព្រះបន្ទូលរបស់ព្រះជាម្ចាស់។ ផ្នែកទាំងបីនេះត្រូវបានប្រើដើម្បីវែកញែកចំណុចទីដប់នៃការបង្ហាញចេញផ្សេងៗរបស់ពួកទទឹងនឹងព្រះគ្រីស្ទ។ ផ្នែកទីមួយត្រូវបានប្រកបគ្នារួចហើយ ចំណែកឯផ្នែកទីពីរ ការប្រមាថសាច់ឈាមដែលព្រះជាម្ចាស់យកកំណើតជាមនុស្ស ត្រូវបានបែងចែកជាបួនផ្នែកសម្រាប់ធ្វើការប្រកបគ្នា។ តើផ្នែកទាំងបួននេះមានអ្វីខ្លះ? (ទីមួយ ការបញ្ចើចបញ្ចើ ការបញ្ចោរ និងពាក្យសម្ដីពីរោះស្ដាប់; ទីពីរ ការពិនិត្យពិច័យ និងការវិភាគ ព្រមទាំងការចង់ដឹងចង់ឃើញ; ទីបី របៀបដែលពួកគេប្រព្រឹត្តចំពោះព្រះគ្រីស្ទអាស្រ័យលើអារម្មណ៍របស់ពួកគេ; និងទីបួន គ្រាន់តែស្ដាប់អ្វីដែលព្រះគ្រីស្ទមានបន្ទូល ប៉ុន្តែមិនស្ដាប់បង្គាប់ ឬមិនចុះចូល។) ពីរផ្នែកដំបូងត្រូវបានប្រកបគ្នាកាលពីលើកមុន លើកនេះ យើងនឹងប្រកបគ្នាអំពីផ្នែកទីបី។

គ. របៀបដែលពួកគេប្រព្រឹត្តចំពោះព្រះគ្រីស្ទអាស្រ័យលើអារម្មណ៍របស់ពួកគេ

ផ្នែកទីបីគឺ «របៀបដែលពួកគេប្រព្រឹត្តចំពោះព្រះគ្រីស្ទអាស្រ័យលើអារម្មណ៍របស់ពួកគេ»។ យើងនឹងមើលពីការបង្ហាញចេញផ្សេងៗរបស់ពួកទទឹងនឹងព្រះគ្រីស្ទ ដោយផ្អែកលើឃ្លាដ៏សាមញ្ញនេះ។ នៅក្នុងចំណាប់អារម្មណ៍របស់អ្នករាល់គ្នា ឬតាមរយៈអ្វីដែលអ្នករាល់គ្នាបានឃើញ និងបានជួបប្រទះ គួរតែមានឧទាហរណ៍ខ្លះៗទាក់ទងនឹងចំណុចនេះ ត្រូវទេ? មនុស្សមួយចំនួននិយាយថា៖ «ខ្ញុំមិនដែលបានទាក់ទងជាមួយព្រះគ្រីស្ទទេ។ ខ្ញុំគ្រាន់តែធ្លាប់ឮសេចក្ដីអធិប្បាយរបស់ទ្រង់តែប៉ុណ្ណោះ។ ខ្ញុំគ្មានបទពិសោធពិតពាក់ព័ន្ធនឹងការបង្ហាញចេញនេះទេ ហើយខ្ញុំក៏មិនដែលឃើញអ្នកដទៃបង្ហាញវាចេញនៅក្នុងតថភាពជាក់ស្ដែងដែរ»។ សម្រាប់អ្នកដែលមានបទពិសោធពិតពាក់ព័ន្ធនឹងផ្នែកនេះ តើអ្នករាល់គ្នាមានអារម្មណ៍ ឬការយល់ដឹងណាមួយដែលស្របនឹងផ្នែកនេះដែរឬទេ? គ្មានទេឬ? បើដូច្នេះ យើងពិតជាត្រូវមានការប្រកបគ្នាឱ្យបានស៊ីជម្រៅហើយ តើមែនទេ? (មែនហើយ។) មើលពីសំបកក្រៅ ផ្នែកនេះពាក់ព័ន្ធនឹងអាកប្បកិរិយា និងការបង្ហាញចេញផ្សេងៗ នៅពេលដែលមនុស្សទាក់ទងជាមួយព្រះគ្រីស្ទ។ តាមពិត តាមរយៈផ្នែកនេះ គេមិនត្រឹមតែអាចមើលឃើញពីការបង្ហាញចេញ និងអាកប្បកិរិយាផ្សេងៗរបស់មនុស្សចំពោះសាច់ឈាមដែលព្រះជាម្ចាស់យកកំណើតជាមនុស្សប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងអាចញែកដឹងពីអាកប្បកិរិយា និងការបង្ហាញចេញដ៏ពិតប្រាកដរបស់ពួកគេចំពោះព្រះជាម្ចាស់ តាមរយៈរបៀបដែលពួកគេប្រព្រឹត្តចំពោះសាច់ឈាមដែលព្រះជាម្ចាស់យកកំណើតជាមនុស្សទៀតផង។ ពោលគឺ តាមរយៈផ្នែកនេះ វាបង្ហាញយ៉ាងច្បាស់ថា តើមនុស្សប្រព្រឹត្តចំពោះព្រះជាម្ចាស់ផ្ទាល់ ដែលមានអត្តសញ្ញាណ និងសារជាតិរបស់ព្រះជាម្ចាស់ ដោយអាកប្បកិរិយាបែបណា ហើយថាតើពួកគេមានចិត្តដែលកោតខ្លាចព្រះជាម្ចាស់ មានសេចក្ដីជំនឿពិតប្រាកដ និងការចុះចូលដ៏ពិតប្រាកដដែរឬទេ។ នៅពេលប្រឈមមុខនឹងស្ថានភាពផ្សេងៗ អាកប្បកិរិយារបស់មនុស្សចំពោះព្រះគ្រីស្ទ បញ្ចេញឱ្យឃើញនូវអាកប្បកិរិយារបស់ពួកគេចំពោះព្រះជាម្ចាស់ដែលពួកគេជឿ។ នៅក្នុងការប្រព្រឹត្តចំពោះមនុស្សសាមញ្ញម្នាក់នេះ ដែលជាព្រះគ្រីស្ទ ការដែលអ្នកមានសញ្ញាណ មានសេចក្ដីជំនឿពិតប្រាកដ ឬការចុះចូលដ៏ពិតប្រាកដឬអត់នោះ វាបញ្ជាក់ថា តើអ្នកមានសេចក្ដីជំនឿពិតប្រាកដ និងការចុះចូលដ៏ពិតប្រាកដដែរឬទេចំពោះព្រះជាម្ចាស់ដែលអ្នកជឿ ដែលជាព្រះជាម្ចាស់ផ្ទាល់។ នៅក្នុងការប្រព្រឹត្តរបស់មនុស្សចំពោះព្រះជាម្ចាស់នៅស្ថានសួគ៌ អាកប្បកិរិយា ទស្សនៈ និងអ្វីដែលពួកគេគិតពិតប្រាកដ គឺមានភាពស្រពេចស្រពិលណាស់ ដោយមិនបញ្ចេញឱ្យឃើញពីអាកប្បកិរិយាពិតប្រាកដរបស់ពួកគេចំពោះព្រះជាម្ចាស់ឡើយ។ ទោះជាយ៉ាងណាក៏ដោយ នៅពេលដែលមនុស្សបានជួបព្រះជាម្ចាស់យ៉ាងពិតប្រាកដ ហើយបានឃើញរូបកាយជាសាច់និងឈាមដ៏ជាក់ស្ដែង ដែលព្រះជាម្ចាស់យកកំណើតជាមនុស្ស អាកប្បកិរិយាពិតប្រាកដរបស់ពួកគេចំពោះព្រះជាម្ចាស់ ត្រូវបានបើកសម្ដែងទាំងស្រុង។ ពាក្យសម្ដីដែលមនុស្សនិយាយ ការគិតនៅក្នុងគំនិតរបស់ពួកគេ ទស្សនៈដែលពួកគេបង្កើតឡើង និងប្រកាន់ខ្ជាប់នៅក្នុងចិត្តរបស់ពួកគេ ហើយសូម្បីតែការគិត និងអាកប្បកិរិយារបស់ពួកគេចំពោះព្រះគ្រីស្ទនៅក្នុងចិត្តរបស់ពួកគេ តាមពិតទៅគឺជាការបង្ហាញចេញផ្សេងៗនៃរបៀបដែលពួកគេប្រព្រឹត្តចំពោះព្រះជាម្ចាស់។ ដោយសារព្រះជាម្ចាស់នៅស្ថានសួគ៌មើលមិនឃើញ ហើយប៉ះមិនបាន ដូច្នេះ សម្រាប់របៀបដែលមនុស្សគិតចំពោះទ្រង់ របៀបដែលពួកគេប្រព្រឹត្តចំពោះទ្រង់ របៀបដែលពួកគេដាក់កំហិតទ្រង់ និងថាតើពួកគេចុះចូលឬអត់នោះ តាមពិតទៅមនុស្សគ្មានស្ដង់ដាណាមួយនៅក្នុងខ្លួន ដើម្បីវាស់ស្ទង់ថាតើការបង្ហាញចេញរបស់ពួកគេត្រឹមត្រូវ ឬស្របតាមសេចក្ដីឬអត់ពិតនោះទេ។ ប៉ុន្តែ នៅពេលដែលព្រះជាម្ចាស់យកកំណើតជាមនុស្សជាព្រះគ្រីស្ទ អ្វីៗទាំងអស់នេះក៏ផ្លាស់ប្ដូរ៖ មានស្ដង់ដាមួយដើម្បីវាស់ស្ទង់ការបង្ហាញចេញ និងអាកប្បកិរិយាទាំងអស់នេះរបស់មនុស្សចំពោះព្រះជាម្ចាស់ ដែលធ្វើឱ្យអាកប្បកិរិយាពិតប្រាកដរបស់មនុស្សចំពោះព្រះជាម្ចាស់ លេចឡើងយ៉ាងច្បាស់ក្រឡែត។ ជារឿយៗ មនុស្សគិតថាពួកគេមានសេចក្ដីជំនឿយ៉ាងខ្លាំងលើព្រះជាម្ចាស់ និងមានជំនឿពិតប្រាកដ ដោយមានអារម្មណ៍ថា ព្រះជាម្ចាស់ធំមហិមា ខ្ពង់ខ្ពស់បំផុត និងគួរឱ្យស្រឡាញ់។ ប៉ុន្តែ តើចំណុចទាំងនេះគឺជាការឆ្លុះបញ្ចាំងពីកម្ពស់ពិតប្រាកដរបស់ពួកគេ ឬគ្រាន់តែជាអារម្មណ៍? វាពិបាកនឹងកំណត់ណាស់។ នៅពេលដែលមនុស្សមិនអាចមើលឃើញព្រះជាម្ចាស់ ទោះបីជាពួកគេមានចេតនាល្អយ៉ាងណាក្នុងការប្រព្រឹត្តចំពោះទ្រង់ក៏ដោយ ក៏ការប្រព្រឹត្តរបស់ពួកគេចំពោះទ្រង់ តែងតែលាយឡំទៅដោយភាពស្រពេចស្រពិល ភាពគ្មានខ្លឹមសារ និងភាពមិនជាក់ស្ដែង ហើយតែងតែពោរពេញទៅដោយការស្រមើស្រមៃដែលគ្មានខ្លឹមសារជានិច្ច។ នៅពេលដែលមនុស្ស បានឃើញ និងបានទាក់ទងពិតប្រាកដជាមួយព្រះជាម្ចាស់ កម្រិតនៃសេចក្ដីជំនឿរបស់ពួកគេលើព្រះជាម្ចាស់ កម្រិតនៃការចុះចូលរបស់ពួកគេចំពោះព្រះជាម្ចាស់ និងថាតើពួកគេមានសេចក្ដីស្រឡាញ់ពិតប្រាកដចំពោះព្រះជាម្ចាស់ឬអត់នោះ ត្រូវបានបើកសម្ដែងទាំងស្រុង។ ហេតុដូច្នេះហើយ នៅពេលដែលព្រះជាម្ចាស់យកកំណើតជាមនុស្ស ជាពិសេសនៅពេលដែលទ្រង់ក្លាយជាមនុស្សម្នាក់ដែលសាមញ្ញបំផុតតាមដែលអាចធ្វើទៅបាន សម្រាប់មនុស្សទាំងអស់ សាច់ឈាមនេះ មនុស្សសាមញ្ញម្នាក់នេះ ក្លាយជាការល្បងលសម្រាប់មនុស្សគ្រប់គ្នា ហើយក៏បើកសម្ដែងពីសេចក្ដីជំនឿ និងកម្ពស់ពិតប្រាកដរបស់មនុស្សម្នាក់ៗផងដែរ។ អ្នកប្រហែលជាអាចដើរតាមព្រះជាម្ចាស់ នៅពេលដែលអ្នកទទួលស្គាល់អត្ថិភាពរបស់ទ្រង់ជាលើកដំបូង ប៉ុន្តែនៅពេលដែលអ្នកទទួលយកព្រះជាម្ចាស់ដែលយកកំណើតជាមនុស្ស ដោយឃើញព្រះជាម្ចាស់ក្លាយជាមនុស្សសាមញ្ញម្នាក់ ចិត្តគំនិតរបស់អ្នកក៏ពោរពេញទៅដោយសញ្ញាណ។ នៅពេលនេះ ព្រះគ្រីស្ទដែលអ្នកជឿ គឺមនុស្សសាមញ្ញម្នាក់នេះ ក្លាយជាបញ្ហាប្រឈមដ៏ធំបំផុតសម្រាប់ជំនឿរបស់អ្នក។ ដូច្នេះ ថ្ងៃនេះ ចូរយើងប្រកបគ្នាអំពីឥទ្ធិពលដែលមនុស្សសាមញ្ញម្នាក់នេះ ជាសាច់ឈាមដែលព្រះជាម្ចាស់យកកំណើតជាមនុស្ស គឺព្រះគ្រីស្ទ មានមកលើមនុស្ស និងការបង្ហាញចេញពិតប្រាកដដែលមនុស្សបង្ហាញចំពោះមនុស្សសាមញ្ញម្នាក់នេះ គឺព្រះគ្រីស្ទ ដែលបញ្ចេញឱ្យឃើញពីអាកប្បកិរិយា និងទស្សនៈពិតប្រាកដផ្សេងៗរបស់ពួកគេចំពោះព្រះជាម្ចាស់។

ខ្លឹមសារចម្បងនៃផ្នែកទីបីគឺថា មនុស្សប្រព្រឹត្តចំពោះព្រះគ្រីស្ទអាស្រ័យលើអារម្មណ៍របស់ពួកគេ។ អ្វីដែលអារម្មណ៍នេះសំដៅទៅលើ ឱ្យប្រាកដនោះគឺជាចំណុចសំខាន់ ជាចំណុចផ្ដោតនៃការប្រកបគ្នានៅថ្ងៃនេះ។ ជាការពិតណាស់ អារម្មណ៍នេះគ្រាន់តែជាពាក្យជំនួស ជាការសន្និដ្ឋានរួមប៉ុណ្ណោះ។ វាមិនមែនជាអារម្មណ៍នោះទេ។ នៅពីក្រោយវា មានបង្កប់នូវសញ្ញាណ និងការស្រមើស្រមៃផ្សេងៗរបស់មនុស្ស ព្រមទាំងនិស្ស័យពុករលួយគ្រប់បែបយ៉ាងរបស់ពួកគេ ថែមទាំងសារជាតិធម្មជាតិជាសាតាំងរបស់ពួកគេទៀតផង។ នៅពេលដែលមនុស្សម្នាក់មិនប្រឈមមុខនឹងឧបសគ្គណាមួយក្នុងការបំពេញភារកិច្ចរបស់ពួកគេនៅក្នុងដំណាក់របស់ព្រះជាម្ចាស់ គ្មានអ្វីដែលប៉ះពាល់ដល់អារម្មណ៍របស់ពួកគេទេ ហើយអ្វីៗដំណើរការទៅយ៉ាងរលូន ពួកគេតែងតែអាចអធិដ្ឋាននៅចំពោះព្រះភក្ត្រព្រះជាម្ចាស់ ហើយរស់នៅក្នុងជីវិតដ៏ទៀងទាត់ មួយ ដែលពោរពេញទៅដោយអំណរ និងសេចក្ដីសុខសាន្ត។ បរិយាកាសជុំវិញពួកគេក៏រលូនល្អ បងប្អូនប្រុសស្រីភាគច្រើនចុះសម្រុងនឹងគ្នា ព្រះជាម្ចាស់តែងតែណែនាំពួកគេក្នុងការបំពេញភារកិច្ច និងក្នុងការរៀនជំនាញវិជ្ជាជីវៈ ដោយផ្ដល់ការបំភ្លឺ និងការស្រាយបំភ្លឺ ហើយគោលការណ៍នៃការអនុវត្តក៏ច្បាស់លាស់គួរសមដែរ អ្វីៗគ្រប់យ៉ាងគឺប្រក្រតី និងដំណើរការទៅយ៉ាងរលូន។ នៅពេលនេះ មនុស្សមានអារម្មណ៍ថា ពួកគេមានសេចក្ដីជំនឿយ៉ាងខ្លាំងលើព្រះជាម្ចាស់ មានអារម្មណ៍ថាជិតស្និទ្ធនឹងព្រះជាម្ចាស់ជាពិសេសនៅក្នុងចិត្តរបស់ពួកគេ អាចចូលមកចំពោះព្រះភក្ត្រព្រះជាម្ចាស់ជាញឹកញាប់ដើម្បីអធិដ្ឋាន និងទម្លាយអារម្មណ៍ មានអារម្មណ៍ថាមានទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយព្រះជាម្ចាស់ ហើយយល់ថាព្រះជាម្ចាស់គួរឱ្យស្រឡាញ់ជាពិសេស។ អារម្មណ៍របស់ពួកគេនៅពេលនេះគឺល្អណាស់។ ពួកគេតែងតែរស់នៅក្នុងសេចក្ដីសុខសាន្ត និងអំណរ និយាយយ៉ាងសកម្មនៅឯការជួបជុំ ហើយពួកគេអាចអានអធិដ្ឋានព្រះបន្ទូលរបស់ព្រះជាម្ចាស់ និងរៀនទំនុកបរិសុទ្ធជាប្រចាំ ជារៀងរាល់ថ្ងៃ។ នៅពេលដែលអ្វីៗទាំងអស់ដំណើរការទៅយ៉ាងល្អ និងរលូន មនុស្សតែងតែអរព្រះគុណព្រះជាម្ចាស់ នៅក្នុងចិត្តរបស់ពួកគេជាប់ជានិច្ច អធិដ្ឋានទៅកាន់ព្រះជាម្ចាស់ដោយស្ងៀមស្ងាត់ ហើយតាំងចិត្តលះបង់ខ្លួនដើម្បីព្រះជាម្ចាស់អស់មួយជីវិត ថ្វាយអ្វីៗគ្រប់យ៉ាងដែលពួកគេមាន ព្រមទាំងស៊ូទ្រាំនឹងទុក្ខលំបាក និងបង់ថ្លៃដើម្បីបំពេញភារកិច្ចរបស់ខ្លួនឱ្យបានល្អ។ ពួកគេមានអារម្មណ៍ថា ព្រះជាម្ចាស់ធំមហិមាណាស់ គួរឱ្យស្រឡាញ់ណាស់ ហើយពួកគេមានការតាំងចិត្ត និងឆន្ទៈក្នុងការថ្វាយខ្លួនដល់ព្រះជាម្ចាស់ ដោយលះបង់ពេញមួយជីវិតរបស់ពួកគេថ្វាយទ្រង់។ តើនេះមិនមែនជាស្ថានភាពសកម្ម និងវិជ្ជមានជាពិសេសទេឬ? ពីចំណុចនេះ ហាក់ដូចជាយើងអាចមើលឃើញពីភាពស្មោះត្រង់របស់មនុស្ស សេចក្ដីស្រឡាញ់របស់ពួកគេ ចំពោះព្រះជាម្ចាស់ និងការលះបង់ដែលពួកគេបានធ្វើ។ អ្វីៗគ្រប់យ៉ាងហាក់ដូចជាអស្ចារ្យ សុខសាន្ត និងរលូនណាស់។ តាមរយៈការបង្ហាញចេញទាំងអស់នេះ វាហាក់ដូចជាមនុស្សគ្រាន់តែប្រឹងប្រែងបំពេញតួនាទីរបស់ខ្លួនយ៉ាងសកម្ម ដោយសហការជាមួយកិច្ចការរបស់ព្រះជាម្ចាស់ និងសេចក្ដីតម្រូវរបស់ទ្រង់ ដោយគ្មានអ្វីដែលមិនអំណោយផលឡើយ។ ហេតុនេះ នៅក្នុងចិត្តរបស់ពួកគេ ពួកគេតែងតែអរព្រះគុណព្រះជាម្ចាស់ អរព្រះគុណព្រះជាម្ចាស់នៅស្ថានសួគ៌ និងអរព្រះគុណព្រះគ្រីស្ទនៅលើផែនដី ដោយពោរពេញទៅដោយសេចក្ដីស្រឡាញ់ និងការគោរពកោតខ្លាចជានិច្ចនិរន្តរ៍ចំពោះព្រះគ្រីស្ទ។ រាល់ពេលដែលពួកគេច្រៀងពាក្យថា «មនុស្សដ៏តូចតាចម្នាក់នេះ» នៅក្នុងទំនុកបរិសុទ្ធ ពួកគេមានអារម្មណ៍រំជួលចិត្តយ៉ាងខ្លាំង ដោយគិតថា៖ «ពិតជាមនុស្សដ៏តូចតាចម្នាក់នេះមែនដែលបានសង្គ្រោះខ្ញុំ ដែលបានផ្ដល់ឱកាសនេះដល់ខ្ញុំ ដោយអនុញ្ញាតឱ្យខ្ញុំបំពេញភារកិច្ចរបស់ខ្ញុំនៅក្នុងដំណាក់របស់ព្រះជាម្ចាស់នៅថ្ងៃនេះ ក្នុងនាមជាភាវៈដែលព្រះបានបង្កើត!» មនុស្សមួយចំនួនថែមទាំងអធិដ្ឋានដោយផ្ទាល់ថា៖ «ឱ ព្រះដ៏ជាក់ស្ដែង ព្រះជាម្ចាស់ដែលយកកំណើតជាមនុស្ស ព្រះគ្រីស្ទអើយ៖ ទូលបង្គំសូមអរព្រះគុណព្រះអង្គ ទូលបង្គំសូមសរសើរតម្កើងព្រះអង្គ ដ្បិតព្រះអង្គបានប្រទានព្រះពរទាំងអស់នេះដល់ទូលបង្គំ ព្រះអង្គបានប្រទានព្រះគុណដល់ទូលបង្គំ។ ព្រះអង្គគឺជាព្រះជាម្ចាស់នៅក្នុងចិត្តរបស់ទូលបង្គំ ព្រះអង្គគឺជាព្រះអាទិករ ព្រះអង្គគឺជាព្រះមួយអង្គដែលទូលបង្គំប្រាថ្នាចង់ដើរតាម។ ទូលបង្គំសុខចិត្តលះបង់ខ្លួនដើម្បីព្រះអង្គអស់មួយជីវិត»។ ទិដ្ឋភាពទាំងអស់នេះគឺសុខសាន្តណាស់ ស្រស់ស្អាតណាស់ ហើយហាក់ដូចជាសុខដុមរមនាយ៉ាងល្អឥតខ្ចោះ ហាក់បីដូចជាការទទួលបានសេចក្ដីសង្គ្រោះគឺងាយស្រួល និងមិនបាច់ប្រឹងប្រែងទាល់តែសោះ។ ប៉ុន្តែ តើភាពសុខដុមរមនា និងសេចក្ដីសុខសាន្តនេះពិតជាអាចស្ថិតស្ថេរជារៀងរហូតដែរឬទេ? តើវាអាចនៅដដែលដោយមិនផ្លាស់ប្ដូរដែរឬទេ? វាមិនសាមញ្ញបែបនោះទេ។

១. ឥរិយាបថរបស់ពួកគេនៅពេលប្រឈមមុខនឹងការត្រូវបានលួសកាត់

នៅក្នុងដំណើរការនៃការបំពេញភារកិច្ចរបស់ពួកគេ គឺជៀសមិនរួចឡើយដែលមនុស្សនឹងបញ្ចេញឱ្យឃើញនិស្ស័យពុករលួយរបស់ពួកគេ រអ៊ូរទាំនៅក្នុងកាលៈទេសៈដែលពួកគេជួបប្រទះ មានទស្សនៈផ្ទាល់ខ្លួន ហើយថែមទាំងធ្វើរឿងនានាតាមតែអំពើចិត្ត និងដោយតក់ក្រហល់ទៀតផង។ នៅក្នុងស្ថានភាពបែបនេះ មនុស្សជៀសមិនរួចពីការប្រឈមមុខនឹងការត្រូវបានលួសកាត់ឡើយ។ នៅពេលប្រឈមមុខនឹងការត្រូវបានលួសកាត់ តើមនុស្សដែលពោរពេញដោយភាពក្លៀវក្លា ដែលពោរពេញដោយការស្រមើស្រមៃ និងសញ្ញាណអំពីព្រះជាម្ចាស់ ពិតជាមានកម្ពស់ដើម្បីប្រឈមមុខនឹងរឿងទាំងអស់នេះ ដើម្បីដកពិសោធពីរឿងទាំងអស់នេះយ៉ាងពិតប្រាកដ និងដើម្បីឆ្លងកាត់ស្ថានភាពបែបនេះដោយជោគជ័យដែរឬទេ? ការនេះចោទជាសំណួរមួយ ហើយបញ្ហាគឺនៅត្រង់នេះឯង។ នៅពេលដែលមនុស្សមានអារម្មណ៍ថាអ្វីៗគ្រប់យ៉ាងគឺអស្ចារ្យណាស់ នៅពេលដែលពួកគេមានអារម្មណ៍ថាព្រះជាម្ចាស់គួរឱ្យស្រឡាញ់ណាស់ ថាព្រះជាម្ចាស់ស្រឡាញ់មនុស្សខ្លាំងណាស់ ថាសេចក្ដីស្រឡាញ់របស់ទ្រង់គឺធំធេង និងពិតប្រាកដណាស់ ហើយបន្ទាប់មក ពួកគេប្រឈមមុខនឹងការត្រូវបានលួសកាត់ ការត្រូវបានបើកសម្ដែង អ្នកដែលមិនយល់ពីសេចក្ដីពិត តែងតែមានអារម្មណ៍វង្វេងវង្វាន់ និងច្របូកច្របល់ ភ័យខ្លាច និងតក់ស្លុត។ ភ្លាមៗនោះ ពួកគេមានអារម្មណ៍ថា ពួកគេបានធ្លាក់ចូលទៅក្នុងសេចក្ដីងងឹត មិនអាចមើលឃើញផ្លូវនៅខាងមុខ ដោយមិនដឹងថាត្រូវប្រឈមមុខនឹងស្ថានភាពបច្ចុប្បន្នដោយរបៀបណានោះទេ។ នៅពេលដែលពួកគេចូលមកចំពោះព្រះភក្ត្រព្រះជាម្ចាស់ ពួកគេស្វែងរកអារម្មណ៍ដដែលដែលពួកគេធ្លាប់មានពីមុន ដោយអធិដ្ឋានជាមួយនឹងអារម្មណ៍ ការគិត ទស្សនៈ និងអាកប្បកិរិយាដូចពីមុន។ ប៉ុន្តែ បន្ទាប់មក ពួកគេមានអារម្មណ៍ថា ពួកគេមិនអាចមានញាណដឹងពីព្រះវត្តមានរបស់ព្រះជាម្ចាស់ទៀតទេ។ នៅពេលដែលពួកគេមានអារម្មណ៍ថា ពួកគេមិនអាចមានញាណដឹងពីព្រះវត្តមានរបស់ព្រះជាម្ចាស់ ពួកគេចាប់ផ្ដើមគិតថា៖ «តើព្រះជាម្ចាស់លែងត្រូវការខ្ញុំទៀតហើយឬ? តើព្រះជាម្ចាស់ស្អប់ខ្ពើម និងបដិសេធខ្ញុំឬ? តើអាចទេថា ដោយសារតែនិស្ស័យពុករលួយរបស់ខ្ញុំ ទើបព្រះជាម្ចាស់លែងសព្វព្រះទ័យនឹងខ្ញុំទៀត? តើព្រះជាម្ចាស់នឹងជម្រុះខ្ញុំចោលឬ? បើដូច្នេះមែន តើខ្ញុំមិនចប់ហើយទេឬ? តើអត្ថិភាពរបស់ខ្ញុំពេលនេះមានន័យអ្វីទៅ? តើការជឿលើព្រះជាម្ចាស់មានន័យអ្វីទៅ? ខ្ញុំសុខចិត្តមិនជឿវិញល្អជាង។ ប្រសិនបើខ្ញុំមិនបានជឿទេ ពេលនេះខ្ញុំប្រហែលជាអាចមានការងារល្អ គ្រួសារដ៏សុខដុមរមនា និងអនាគតដ៏ភ្លឺស្វាងបាត់ទៅហើយ! ការជឿលើព្រះជាម្ចាស់រហូតមកដល់ពេលនេះ មិនបាននាំអ្វីមកឱ្យខ្ញុំសោះ ប៉ុន្តែប្រសិនបើខ្ញុំពិតជាឈប់ជឿមែន តើនោះមិនមានន័យថា ការខិតខំប្រឹងប្រែងពីមុនរបស់ខ្ញុំទាំងអស់ត្រូវអសារបង់ ការលះបង់ និងការបូជាពីមុនរបស់ខ្ញុំទាំងអស់ត្រូវឥតប្រយោជន៍ទេឬ?» ពេលគិតដល់រឿងទាំងនេះ ភ្លាមៗនោះ ពួកគេមានអារម្មណ៍ឯកោ និងមិនស្រួលពេញខ្លួន ដោយគិតថា៖ «ព្រះជាម្ចាស់នៅស្ថានសួគ៌គឺនៅឆ្ងាយណាស់ ហើយព្រះជាម្ចាស់នៅលើផែនដីអង្គនេះ ក្រៅពីការប្រកបគ្នា និងផ្គត់ផ្គង់សេចក្ដីពិត តើទ្រង់អាចជួយអ្វីខ្ញុំបានទៀត? តើទ្រង់អាចប្រទានអ្វីដល់ខ្ញុំបានទៀត? ទ្រង់ហាក់ដូចជាតូចតាចណាស់ ហើយមិនចេះគិតគូរសោះ។ តើមានរឿងធំដុំអ្វីទៅ គ្រាន់តែមាននិស្ស័យពុករលួយបន្តិចបន្តួចសោះនោះ? ប្រសិនបើរឿងនេះត្រូវបានដោះស្រាយតាមរបៀបមនុស្ស ព្រះជាម្ចាស់នឹងមើលរំលងការដែលមនុស្សមាននិស្ស័យពុករលួយបន្តិចបន្តួចនេះហើយ។ ទ្រង់នឹងដោះស្រាយវាដោយការអនុគ្រោះ ហើយមិនចាប់កំហុសតូចតាចរបស់មនុស្សឡើយ។ ហេតុអ្វីបានជាព្រះជាម្ចាស់លួសកាត់ និងប្រៀនប្រដៅខ្ញុំបែបនេះ ហើយថែមទាំងមិនអើពើនឹងខ្ញុំ ដោយសារតែរឿងតូចតាចបែបនេះទៅវិញ? ការបញ្ចេញឱ្យឃើញនិស្ស័យពុករលួយបែបនេះនៅក្នុងស្ថានភាពបែបនេះ វាមិនមែនជារឿងធំដុំទេ ប៉ុន្តែព្រះជាម្ចាស់បែរជាស្អប់ខ្ញុំទៅវិញ។ តើទ្រង់ពិតជាស្រឡាញ់មនុស្សឬអត់? តើសេចក្ដីស្រឡាញ់របស់ទ្រង់ត្រូវបានបញ្ចេញឱ្យឃើញនៅត្រង់ណា? តើទ្រង់ស្រឡាញ់មនុស្សដោយរបៀបណាឱ្យប្រាកដ? ទោះជាយ៉ាងណាក៏ដោយ នៅពេលនេះ ខ្ញុំលែងអាចទទួលអារម្មណ៍ពីសេចក្ដីស្រឡាញ់របស់ព្រះជាម្ចាស់ទៀតហើយ»។ នៅពេលដែលពួកគេមិនអាចទទួលអារម្មណ៍ពីសេចក្ដីស្រឡាញ់របស់ព្រះជាម្ចាស់ ភ្លាមៗនោះ ពួកគេមានអារម្មណ៍ថានៅឆ្ងាយពីព្រះជាម្ចាស់នៅស្ថានសួគ៌ ហើយរឹតតែនៅឆ្ងាយពីព្រះគ្រីស្ទនៅលើផែនដីនេះ ដែលជាមនុស្សសាមញ្ញម្នាក់នេះទៅទៀត។ នៅពេលមានអារម្មណ៍ឯកោនៅក្នុងចិត្តបែបនេះ ពួកគេអធិដ្ឋានម្ដងហើយម្ដងទៀត ហើយលួងលោមខ្លួនឯងម្ដងហើយម្ដងទៀតថា៖ «កុំខ្លាចអី ចូរដាក់ក្ដីសង្ឃឹមរបស់ឯងលើព្រះជាម្ចាស់នៅស្ថានសួគ៌ចុះ។ ព្រះជាម្ចាស់គឺជាខែលរបស់ខ្ញុំ ព្រះជាម្ចាស់គឺជាកម្លាំងរបស់ខ្ញុំ ព្រះជាម្ចាស់នៅតែស្រឡាញ់មនុស្សជានិច្ច»។ នៅពេលនេះ តើព្រះជាម្ចាស់ដែលពួកគេនិយាយនោះនៅឯណា? នៅស្ថានសួគ៌ ក្នុងចំណោមរបស់សព្វសារពើ ព្រះជាម្ចាស់អង្គនោះគឺជាព្រះដែលពិតជាស្រឡាញ់មនុស្ស ជាព្រះជាម្ចាស់ដែលមនុស្សគោរពស្ញប់ស្ញែង និងគោរពបូជា ដែលអាចធ្វើជាខែលរបស់ពួកគេ ជាជំនួយដែលតែងតែមានវត្តមានជានិច្ចរបស់ពួកគេ ហើយអាចលួងលោមចិត្តរបស់ពួកគេបាន។ ទ្រង់គឺជាទីពឹងសម្រាប់វិញ្ញាណ ចិត្ត និងសាច់ឈាមរបស់ពួកគេ។ ប៉ុន្តែ ដោយផ្អែកទៅលើអ្វីដែលព្រះជាម្ចាស់នៅលើផែនដីនេះមានសមត្ថភាពអាចធ្វើបាន ពេលនេះ លែងមានទីពឹងណាមួយនៅក្នុងចិត្តរបស់មនុស្សទៀតហើយ។ អាកប្បកិរិយារបស់ពួកគេក៏ផ្លាស់ប្ដូរ។ តើវាផ្លាស់ប្ដូរនៅក្នុងស្ថានភាពបែបណា? នៅពេលដែលពួកគេប្រឈមមុខនឹងការត្រូវបានលួសកាត់ និងការត្រូវបានបើកសម្ដែង ហើយជួបប្រទះនឹងការរាំងស្ទះ សេចក្ដីជំនឿពិតប្រាកដរបស់ពួកគេក៏ត្រូវបានបើកសម្ដែង។

នៅពេលដែលមនុស្សប្រឈមមុខនឹងការត្រូវបានលួសកាត់ អ្វីដែលហៅថាសេចក្ដីជំនឿពិតប្រាកដរបស់ពួកគេ ភ្លាមៗនោះក៏ស្វែងរកទីពឹងលើព្រះដ៏ស្រពេចស្រពិលនៅស្ថានសួគ៌។ ចំណែកឯព្រះជាម្ចាស់ដែលអាចមើលឃើញនៅលើផែនដីវិញ តើពួកគេមានអាកប្បកិរិយាបែបណា? ប្រតិកម្មដំបូងរបស់មនុស្សគឺការបដិសេធ និងការបោះបង់ចោល លែងពឹងផ្អែក ឬជឿទៀតហើយ ប៉ុន្តែបែរជាគេចចេញពីទ្រង់ លាក់ខ្លួន និងឃ្លាតឆ្ងាយពីទ្រង់ទៅវិញ។ នេះគឺជាប្រភេទអារម្មណ៍ដែលមនុស្សមាន។ នៅពេលប្រឈមមុខនឹងការត្រូវបានលួសកាត់ សេចក្ដីពិតដែលមនុស្សយល់ អ្វីដែលហៅថាសេចក្ដីជំនឿពិតប្រាកដ ភាពស្មោះត្រង់ សេចក្ដីស្រឡាញ់ និងការចុះចូលរបស់ពួកគេ ក្លាយទៅជាផុយស្រួយយ៉ាងខ្លាំង។ នៅពេលដែលកាលៈទេសៈទាំងអស់នេះផ្លាស់ប្ដូរ អាកប្បកិរិយារបស់ពួកគេចំពោះព្រះជាម្ចាស់ដែលយកកំណើតជាមនុស្ស ក៏ផ្លាស់ប្ដូរទៅតាមនោះដែរ។ ការបូជាពីមុនរបស់ពួកគេ អ្វីដែលហៅថាភាពស្មោះត្រង់ ការលះបង់ និងការបង់ថ្លៃរបស់ពួកគេ ក៏ដូចជាអ្វីដែលហៅថាការចុះចូលរបស់ពួកគេ ត្រូវបានបើកសម្ដែងនៅពេលនេះថា មិនមែនជាប្រភេទនៃភាពស្មោះត្រង់ ឬការចុះចូលដ៏ពិតប្រាកដណាមួយឡើយ ប៉ុន្តែគ្រាន់តែជាភាពក្លៀវក្លាប៉ុណ្ណោះ។ ហើយតើមានអ្វីលាយឡំជាមួយនឹងភាពក្លៀវក្លានេះ? វាត្រូវបានលាយឡំជាមួយនឹងអារម្មណ៍របស់មនុស្ស សេចក្ដីល្អរបស់មនុស្ស និងភក្ដីភាពរបស់មនុស្ស។ ភក្ដីភាពនេះក៏អាចយល់បានថាជាភាពរំជើបរំជួលផងដែរ ដូចជា «ប្រសិនបើខ្ញុំដើរតាមនរណាម្នាក់ ខ្ញុំត្រូវតែបង្ហាញភក្ដីភាពជាបងប្អូនពិតប្រាកដ សុខចិត្តប្ដូរជីវិតដើម្បីពួកគេ ខិតខំប្រឹងប្រែងដើម្បីពួកគេ រងគ្រាប់កាំភ្លើងជំនួសពួកគេ លះបង់អ្វីៗទាំងអស់ដើម្បីពួកគេ» ដែលជាការបង្ហាញចេញនៃភាពរំជើបរំជួលរបស់មនុស្ស។ ការបង្ហាញចេញរបស់មនុស្សបែបនេះ ត្រូវបានបើកសម្ដែងនៅពេលនេះ។ ហេតុអ្វីបានជាវាត្រូវបានបើកសម្ដែង? នោះក៏ព្រោះតែ នៅក្នុងការគិត និងទស្សនៈរបស់មនុស្ស ពួកគេហាក់ដូចជាបានទទួលស្គាល់ថា មនុស្សសាមញ្ញម្នាក់នេះគឺជាព្រះជាម្ចាស់ដែលយកកំណើតជាមនុស្ស គឺជាព្រះគ្រីស្ទ គឺជាព្រះជាម្ចាស់ ហើយថាទ្រង់មានអត្តសញ្ញាណរបស់ព្រះជាម្ចាស់ ប៉ុន្តែបើមើលទៅលើកម្ពស់ពិតប្រាកដរបស់ពួកគេ សេចក្ដីពិតដែលពួកគេយល់ និងចំណេះដឹងរបស់ពួកគេអំពីព្រះជាម្ចាស់ ពួកគេមិនទាន់បានទទួលយកមនុស្សសាមញ្ញម្នាក់នេះយ៉ាងពិតប្រាកដនៅឡើយទេ ហើយពួកគេក៏មិនបានប្រព្រឹត្តចំពោះមនុស្សសាមញ្ញម្នាក់នេះជាព្រះគ្រីស្ទ ជាព្រះជាម្ចាស់ដែរ។ នៅពេលដែលអ្វីៗគ្រប់យ៉ាងដំណើរការទៅយ៉ាងល្អ នៅពេលដែលអ្វីៗគ្រប់យ៉ាងគឺដូចមនុស្សម្នាក់ប្រាថ្នា នៅពេលដែលមនុស្សមានអារម្មណ៍ថាព្រះជាម្ចាស់កំពុងប្រទានពរ ស្រាយបំភ្លឺ ដឹកនាំ និងប្រទានព្រះគុណដល់ពួកគេ ហើយនៅពេលដែលអ្វីដែលមនុស្សទទួលបានពីព្រះជាម្ចាស់ ស្របទៅនឹងសញ្ញាណ និងការស្រមើស្រមៃរបស់ពួកគេ ពួកគេអាចទទួលយកមនុស្សសាមញ្ញដែលព្រះជាម្ចាស់បានធ្វើបន្ទាល់ឱ្យ ថាជាព្រះជាម្ចាស់របស់មនុស្ស ទៅតាមគំនិតផ្ទាល់ខ្លួនរបស់ពួកគេ។ ទោះជាយ៉ាងណាក៏ដោយ នៅពេលដែលកាលៈទេសៈទាំងអស់នេះផ្លាស់ប្ដូរ នៅពេលដែលព្រះជាម្ចាស់ដកយករបស់ទាំងអស់នេះចេញ ហើយនៅពេលដែលមនុស្សខ្វះការយល់ដឹងពិតប្រាកដ និងមិនមានកម្ពស់ពិតប្រាកដ អ្វីៗទាំងអស់អំពីពួកគេត្រូវបានបើកសម្ដែង ហើយអ្វីដែលពួកគេសម្ដែងចេញ គឺជាអាកប្បកិរិយាពិតប្រាកដរបស់ពួកគេចំពោះព្រះជាម្ចាស់។ តើអាកប្បកិរិយាពិតប្រាកដនេះកើតឡើងដោយរបៀបណា? តើវាមានប្រភពមកពីណា? វាមានប្រភពមកពីនិស្ស័យពុករលួយរបស់មនុស្ស និងការដែលពួកគេខ្វះចំណេះដឹងអំពីព្រះជាម្ចាស់។ ហេតុអ្វីបានជាខ្ញុំនិយាយបែបនេះ? តើនិស្ស័យពុករលួយនៅក្នុងមនុស្សនេះគឺជាអ្វី? (បន្ទាប់ពីត្រូវបានសាតាំងធ្វើឱ្យពុករលួយ មនុស្សមានការប្រុងប្រយ័ត្នចំពោះព្រះជាម្ចាស់នៅខាងក្នុង ហើយបង្កើតជារបាំងប្រឆាំងនឹងទ្រង់។ មិនថាព្រះជាម្ចាស់ធ្វើអ្វីនោះទេ ពួកគេតែងតែឆ្ងល់ថា «តើព្រះជាម្ចាស់នឹងធ្វើបាបខ្ញុំឬ?») តើទំនាក់ទំនងរវាងមនុស្ស និងព្រះជាម្ចាស់ គ្រាន់តែជាបញ្ហានៃការមានរបាំងប៉ុណ្ណោះឬ? តើវាសាមញ្ញបែបនោះឬ? វាមិនមែនគ្រាន់តែជាបញ្ហានៃការមានរបាំងនោះទេ។ វាគឺជាបញ្ហានៃសារជាតិខុសគ្នាពីរ។ មនុស្សមាននិស្ស័យពុករលួយ តើព្រះជាម្ចាស់មាននិស្ស័យពុករលួយដែរឬទេ? (ទេ)។ ចុះហេតុអ្វីបានជាមានការមិនចុះសម្រុងគ្នារវាងមនុស្ស និងព្រះជាម្ចាស់ ហេតុអ្វីបានជាមនុស្សមានភាពប្រទូសរ៉ាយចំពោះព្រះជាម្ចាស់? តើមូលហេតុស្ថិតនៅត្រង់ណា? តើវាស្ថិតនៅលើព្រះជាម្ចាស់ ឬនៅលើមនុស្ស? (នៅលើមនុស្ស)។ ឧទាហរណ៍ ប្រសិនបើមនុស្សពីរនាក់ឈ្លោះប្រកែកគ្នា ហើយឈប់និយាយរកគ្នា ទោះបីជាពួកគេនិយាយរកគ្នាក៏ដោយ ក៏វាគ្រាន់តែជាការនិយាយតែសំបកក្រៅ ដោយមានរបាំងកើតឡើងនៅក្នុងចិត្តរបស់ពួកគេ។ តើរបាំងនេះកើតឡើងដោយរបៀបណា? វាកើតឡើងដោយសារតែពួកគេមានទស្សនៈខុសគ្នាដែលមិនអាចផ្សះផ្សាបាន ហើយគ្មាននរណាម្នាក់សុខចិត្តបោះបង់ទស្សនៈរបស់ខ្លួនឡើយ ដែលរារាំងដល់ការរួបរួមគ្នា។ នេះជារបៀបដែលរបាំងរវាងមនុស្សត្រូវបានបង្កើតឡើង។ ប៉ុន្តែ ប្រសិនបើយើងពណ៌នាទំនាក់ទំនងរវាងមនុស្ស និងព្រះជាម្ចាស់ថាគ្រាន់តែមានរបាំង តើនោះមិនមែនជាការនិយាយសម្រាលពេក មិនសូវចំចំណុចទេឬអី? វាជារឿងពិតដែលមានរបាំង ប៉ុន្តែប្រសិនបើយើងគ្រាន់តែប្រើពាក្យថា «របាំង» ដើម្បីពន្យល់ពីបញ្ហានៃនិស្ស័យពុករលួយរបស់មនុស្ស នោះវានឹងស្រាលពេកហើយ។ នេះក៏ព្រោះតែបន្ទាប់ពីត្រូវបានសាតាំងធ្វើឱ្យពុករលួយ មនុស្សមាននិស្ស័យ និងសារជាតិពុករលួយជាសាតាំង ហើយធម្មជាតិពីកំណើតរបស់ពួកគេគឺមានភាពប្រទូសរ៉ាយចំពោះព្រះជាម្ចាស់។ សាតាំងមានភាពប្រទូសរ៉ាយចំពោះព្រះជាម្ចាស់។ តើវាចាត់ទុកព្រះជាម្ចាស់ថាជាព្រះជាម្ចាស់ដែរឬទេ? តើវាមានសេចក្ដីជំនឿ ឬការចុះចូលចំពោះព្រះជាម្ចាស់ដែរឬទេ? វាគ្មានសេចក្ដីជំនឿពិតប្រាកដ ឬការចុះចូលដ៏ពិតប្រាកដឡើយ នេះហើយជាលក្ខណៈរបស់សាតាំង។ មនុស្សក៏ដូចជាសាតាំងដែរ ពួកគេមាននិស្ស័យ និងសារជាតិពុករលួយរបស់សាតាំង ហើយក៏ខ្វះសេចក្ដីជំនឿ និងការចុះចូលពិតប្រាកដចំពោះព្រះជាម្ចាស់ផងដែរ។ ដូច្នេះ តើយើងអាចនិយាយបានទេថា មានរបាំងរវាងមនុស្ស និងព្រះជាម្ចាស់ ដោយសារតែការខ្វះសេចក្ដីជំនឿ និងការចុះចូលដ៏ពិតប្រាកដនេះ? (ទេ)។ នេះគ្រាន់តែបញ្ជាក់ថា មនុស្សមានភាពប្រទូសរ៉ាយចំពោះព្រះជាម្ចាស់ប៉ុណ្ណោះ។ នៅពេលដែលអ្វីដែលព្រះជាម្ចាស់ធ្វើ ស្របទៅនឹងចំណង់ចំណូលចិត្ត អារម្មណ៍ និងតម្រូវការរបស់មនុស្ស បំពេញតាមចំណូលចិត្តរបស់ពួកគេ ហើយធ្វើឱ្យអ្វីៗគ្រប់យ៉ាងដំណើរការទៅយ៉ាងរលូន និងដូចការប្រាថ្នាសម្រាប់ពួកគេ នោះមនុស្សមានអារម្មណ៍ថាព្រះជាម្ចាស់គួរឱ្យស្រឡាញ់ណាស់។ ប៉ុន្តែ តើអារម្មណ៍ដែលថាព្រះជាម្ចាស់គួរឱ្យស្រឡាញ់នៅពេលបែបនេះ គឺជាការពិតដែរឬទេ? (ទេ)។ នេះគ្រាន់តែជាការដែលមនុស្សឆ្លៀតឱកាស ដោយផ្ដល់ពាក្យសម្ដីល្អៗពីរបីម៉ាត់ជាការតបស្នងប៉ុណ្ណោះ។ នេះហើយជាអ្វីដែលគេស្គាល់ថាជាការទទួលបានផលប្រយោជន៍ រួចធ្វើពុតជាល្អនោះ។ នៅក្នុងស្ថានភាពបែបនេះ តើពាក្យសម្ដីដែលមនុស្សនិយាយ ឆ្លុះបញ្ចាំងពីចំណេះដឹងពិតប្រាកដអំពីព្រះជាម្ចាស់ដែរឬទេ? តើចំណេះដឹងអំពីព្រះជាម្ចាស់នេះ ពិត ឬក្លែងក្លាយ? (ក្លែងក្លាយ)។ ចំណេះដឹងនេះមិនស្របតាមសេចក្ដីពិត ឬសារជាតិរបស់ព្រះជាម្ចាស់ឡើយ។ វាមិនមែនជាចំណេះដឹងពិតប្រាកដទេ ប៉ុន្តែជាការស្រមើស្រមៃ ជាសញ្ញាណដែលកើតចេញពីអារម្មណ៍ និងភាពរំជើបរំជួលរបស់មនុស្ស។ នៅពេលដែលសញ្ញាណនេះត្រូវបានកម្ទេច ត្រូវបានលាតត្រដាង និងត្រូវបានបើកសម្ដែង មនុស្សមានអារម្មណ៍ខកចិត្ត។ វាបញ្ជាក់ថាអ្វីៗទាំងអស់ដែលពួកគេប្រាថ្នាចង់ទទួលបាន ត្រូវបានដកហូតយកទៅបាត់ហើយ។ តើការយល់ឃើញពីមុនរបស់មនុស្សដែលថាព្រះជាម្ចាស់គួរឱ្យស្រឡាញ់ និងល្អតាមរបៀបផ្សេងៗ មិនត្រូវបានរិះគន់ និងថ្កោលទោសទេឬ? នេះគឺផ្ទុយស្រឡះពីអ្វីដែលពួកគេបានជឿពីមុន។ តើមនុស្សអាចទទួលយកការពិតនេះបានទេ? (ទេ)។ នៅពេលដែលព្រះជាម្ចាស់មិនប្រទានអ្វីដល់អ្នក ទ្រង់គ្រាន់តែអនុញ្ញាតឱ្យអ្នករស់នៅតាមព្រះបន្ទូលរបស់ទ្រង់ និយាយ និងធ្វើសកម្មភាព បំពេញភារកិច្ចរបស់អ្នក បម្រើព្រះជាម្ចាស់ ចុះសម្រុងជាមួយអ្នកដទៃ និងរឿងផ្សេងៗទៀត ដោយធ្វើតាមព្រះបន្ទូលរបស់ទ្រង់ទាំងអស់។ នៅពេលដែលអ្នកពិតជារស់នៅតាមព្រះបន្ទូលរបស់ទ្រង់ ហើយអ្នកអាចទទួលអារម្មណ៍ពីចេតនាដ៏ផ្ចិតផ្ចង់របស់ព្រះជាម្ចាស់ ហើយអ្នកអាចស្រឡាញ់ និងចុះចូលនឹងព្រះជាម្ចាស់យ៉ាងពិតប្រាកដ នោះភាពមិនបរិសុទ្ធនៅក្នុងខ្លួនអ្នកនឹងមានតិច ហើយភាពគួរឱ្យស្រឡាញ់ និងសារជាតិរបស់ព្រះជាម្ចាស់ដែលអ្នកទទួលអារម្មណ៍ គឺជាការពិត។

នៅពេលដែលមនុស្សប្រឈមមុខនឹងសេចក្ដីប្រៀនប្រដៅ និងការត្រូវបានលួសកាត់ ពួកគេកើតមានសញ្ញាណ ការរអ៊ូរទាំ និងការយល់ច្រឡំអំពីព្រះជាម្ចាស់។ នៅពេលដែលរឿងទាំងនេះលេចឡើង មនុស្សស្រាប់តែមានអារម្មណ៍ថា ព្រះជាម្ចាស់មិនចេះគិតគូរសោះ ហាក់បីដូចជាទ្រង់មិនគួរឱ្យស្រឡាញ់ដូចដែលពួកគេបានស្រមៃនោះទេ៖ «អ្នកណាក៏និយាយថា ព្រះជាម្ចាស់គួរឱ្យស្រឡាញ់ដែរ ប៉ុន្តែហេតុអ្វីបានជាខ្ញុំមិនអាចមានអារម្មណ៍បែបនោះអ៊ីចឹង? ប្រសិនបើព្រះជាម្ចាស់ពិតជាគួរឱ្យស្រឡាញ់មែន ទ្រង់គួរតែប្រទានពរ និងលួងលោមខ្ញុំ។ នៅពេលដែលខ្ញុំហៀបនឹងធ្វើខុស ទ្រង់គួរតែព្រមានខ្ញុំ ជាជាងបណ្ដោយឱ្យខ្ញុំត្រូវ ខ្មាសគេ ឬធ្វើខុស។ ទ្រង់គួរតែធ្វើរឿងទាំងនេះមុនពេលខ្ញុំធ្វើខុស ដើម្បីរារាំងខ្ញុំកុំឱ្យធ្វើខុស ឬដើរផ្លូវខុស!» សញ្ញាណ និងការគិតបែបនេះ វិលវល់នៅក្នុងចិត្តរបស់មនុស្ស នៅពេលដែលពួកគេប្រឈមមុខនឹងទុក្ខលំបាក។ នៅពេលនេះ របៀបដែលមនុស្សនិយាយ និងប្រព្រឹត្ត លែងសូវបើកចំហទៀតហើយ។ នៅពេលដែលមនុស្សប្រឈមមុខនឹងការត្រូវបានលួសកាត់ នៅពេលដែលពួកគេប្រឈមមុខនឹងទុក្ខលំបាក អារម្មណ៍របស់ពួកគេកាន់តែដុនដាបទៅៗ។ ពួកគេចាប់ផ្ដើមមានអារម្មណ៍ថា ព្រះជាម្ចាស់មិនសូវស្រឡាញ់ពួកគេដូចមុន ឬមិនសូវប្រព្រឹត្តចំពោះពួកគេដោយព្រះគុណដូចមុនទេ ហើយថាពួកគេមិនសូវទទួលបានការសព្វព្រះហឫទ័យដូចមុនឡើយ។ ពួកគេគិតក្នុងចិត្តថា៖ «ប្រសិនបើព្រះជាម្ចាស់មិនស្រឡាញ់ខ្ញុំទេ តើហេតុអ្វីខ្ញុំត្រូវស្រឡាញ់ទ្រង់? ខ្ញុំក៏មិនស្រឡាញ់ព្រះជាម្ចាស់ដែរ»។ កាលពីមុន នៅក្នុងការសន្ទនារបស់ពួកគេជាមួយព្រះជាម្ចាស់ ទោះព្រះជាម្ចាស់ត្រាស់សួរអ្វីក៏ដោយ ក៏ពួកគេឆ្លើយតបដែរ។ ពួកគេសកម្មខ្លាំងណាស់។ ពួកគេតែងតែចង់ចែករំលែកបន្ថែមទៀត ដោយមិនដែលខ្វះរឿងត្រូវនិយាយឡើយ ដោយចង់សម្ដែងចេញ និងក្រាបទូលពីរឿងគ្រប់យ៉ាងនៅក្នុងចិត្តរបស់ពួកគេ ដោយប្រាថ្នាចង់ធ្វើជាមនុស្សជំនិតរបស់ព្រះជាម្ចាស់។ ប៉ុន្តែ នៅពេលប្រឈមមុខនឹងការត្រូវបានលួសកាត់ ពួកគេមានអារម្មណ៍ថា ព្រះជាម្ចាស់លែងសូវគួរឱ្យស្រឡាញ់ទៀតហើយ ថាព្រះជាម្ចាស់មិនសូវស្រឡាញ់ពួកគេដូចមុនទេ ហើយពួកគេក៏មិនចង់ស្រឡាញ់ព្រះជាម្ចាស់ដែរ។ នៅពេលព្រះជាម្ចាស់ត្រាស់សួរអ្វីមួយ ពួកគេគ្រាន់តែឆ្លើយតបយ៉ាងខ្លី និងឱ្យតែរួចពីមាត់ ដោយផ្ដល់ចម្លើយត្រឹមតែមួយម៉ាត់ៗប៉ុណ្ណោះ។ ប្រសិនបើព្រះជាម្ចាស់ត្រាស់សួរថា៖ «ថ្មីៗនេះ តើអ្នកបំពេញភារកិច្ចរបស់អ្នកបានល្អកម្រិតណាដែរ?» ពួកគេឆ្លើយថា៖ «ធម្មតាទេ»។ «តើអ្នកមានការលំបាកអ្វីទេ?» «មានម្ដងម្កាល»។ «តើអ្នកអាចសហការដោយចុះសម្រុងជាមួយបងប្អូនប្រុសស្រីដែរឬទេ?» នៅក្នុងចិត្ត ពួកគេគិតថា៖ «ហ៊ឹះ សូម្បីតែខ្លួនឯង ខ្ញុំមិនអាចមើលថែបានផង តើឱ្យខ្ញុំទៅសហការដោយចុះសម្រុងជាមួយអ្នកដទៃបានដោយរបៀបណា?» «តើអ្នកមានភាពទន់ខ្សោយអ្វីទេ?» «ទូលបង្គំមិនអីទេ»។ ពួកគេក្លាយជាមិនចង់និយាយអ្វីច្រើនទៀត ដោយបង្ហាញនូវអាកប្បកិរិយាអវិជ្ជមាន និងរអ៊ូរទាំទាំងស្រុង។ ខ្លួនប្រាណទាំងមូលរបស់ពួកគេ ក្លាយជាធ្លាក់ទឹកចិត្ត និងអស់សង្ឃឹម ពោរពេញទៅដោយសេចក្ដីថ្នាំងថ្នាក់ និងអារម្មណ៍ថាខ្លួនរងភាពអយុត្តិធម៌ ដោយមិនចង់និយាយអ្វីលើសពីការចាំបាច់ឡើយ។ ហេតុអ្វីបានជាដូច្នេះ? ពីព្រោះឥឡូវនេះ អារម្មណ៍របស់ពួកគេមិនល្អទេ សភាពរបស់ពួកគេគឺរាងដូចជាអស់សង្ឃឹម ហើយពួកគេគ្មានអារម្មណ៍ចង់និយាយជាមួយអ្នកណាឡើយ។ នៅពេលត្រូវបានសួរថា៖ «ថ្មីៗនេះ តើអ្នកបានអធិដ្ឋានដែរឬទេ?» ពួកគេឆ្លើយតបថា៖ «ការអធិដ្ឋានរបស់ខ្ញុំ នៅតែជាពាក្យដដែលៗទាំងនោះឯង»។ «ថ្មីៗនេះ សភាពរបស់អ្នកមិនសូវល្អទេ តើអ្នកបានស្វែងរកសេចក្ដីពិតនៅពេលប្រឈមមុខនឹងការលំបាកដែរឬទេ?» «ខ្ញុំយល់គ្រប់យ៉ាង គ្រាន់តែខ្ញុំមិនអាចមានភាពវិជ្ជមានបាន»។ «អ្នកមានការយល់ច្រឡំអំពីព្រះជាម្ចាស់ហើយ។ តើអ្នកមើលឃើញថាបញ្ហារបស់អ្នកស្ថិតនៅត្រង់ណាទេ? តើនិស្ស័យពុករលួយអ្វីខ្លះដែលកំពុងរារាំងអ្នកមិនឱ្យចូលមកចំពោះព្រះភក្ត្រព្រះជាម្ចាស់? តើអ្វីដែលបណ្ដាលឱ្យអ្នកមានភាពអវិជ្ជមានខ្លាំង រហូតដល់ថ្នាក់អ្នកមិនមានអារម្មណ៍ចង់ចូលមកចំពោះព្រះភក្ត្រព្រះជាម្ចាស់ដើម្បីអធិដ្ឋានសោះដូច្នេះ?» «ខ្ញុំមិនដឹងទេ»។ តើនេះជាអាកប្បកិរិយាបែបណា? (អវិជ្ជមាន និងប្រឆាំងតទល់។) ត្រឹមត្រូវហើយ គ្មានសញ្ញានៃការចុះចូលសូម្បីបន្តិចឡើយ ប៉ុន្តែផ្ទុយទៅវិញ ពួកគេពោរពេញទៅដោយការរអ៊ូរទាំ និងសេចក្ដីថ្នាំងថ្នាក់។ នៅក្នុងពិភពខាងវិញ្ញាណ និងផ្លូវចិត្តរបស់ពួកគេ ពួកគេចាត់ទុកព្រះជាម្ចាស់ថាស្រដៀងទៅនឹងរូបព្រះពុទ្ធ ឬព្រះពោធិសត្វ ដូចដែលមនុស្សបានរៀបរាប់អ៊ីចឹង។ មិនថាមនុស្សធ្វើអ្វី ឬរស់នៅបែបណានោះទេ រូបព្រះពុទ្ធ ឬព្រះពោធិសត្វទាំងនោះ មិនដែលនិយាយអ្វីមួយម៉ាត់ឡើយ ដោយគ្រាន់តែបណ្ដោយខ្លួនទៅតាមការគ្រប់គ្រងដោយឧបាយរបស់មនុស្សប៉ុណ្ណោះ។ ពួកគេជឿថា ព្រះជាម្ចាស់មិនគួរលួសកាត់ពួកគេឡើយ រឹតតែមិនគួរធ្វើបាបពួកគេទៅទៀត។ ទោះបីជាពួកគេធ្វើខុសយ៉ាងណាក៏ដោយ ព្រះជាម្ចាស់គួរតែត្រឹមលួងលោមពួកគេ មិនគួរលួសកាត់ លាតត្រដាង ឬបើកសម្ដែងពួកគេឡើយ ហើយច្បាស់ណាស់ថាមិនគួរប្រៀនប្រដៅពួកគេឡើយ។ ពួកគេចង់ជឿលើព្រះជាម្ចាស់ និងបំពេញភារកិច្ចរបស់ពួកគេអាស្រ័យលើអារម្មណ៍ និងនិស្ស័យផ្ទាល់ខ្លួនរបស់ពួកគេ ដោយធ្វើតាមតែចិត្តពួកគេចង់ ដោយគិតថា មិនថាពួកគេធ្វើអ្វីនោះទេ ព្រះជាម្ចាស់គួរតែពេញព្រះទ័យ សប្បាយព្រះទ័យ និងទទួលយក។ ទោះជាយ៉ាងណាក៏ដោយ រឿងរ៉ាវមិនប្រព្រឹត្តទៅដូចបំណងរបស់ពួកគេឡើយ។ ព្រះជាម្ចាស់មិនធ្វើការតាមរបៀបនេះទេ។ បន្ទាប់មក មនុស្សក៏គិតថា៖ «ប្រសិនបើទ្រង់មិនធ្វើតាមអ្វីដែលខ្ញុំបានស្រមៃទេ តើទ្រង់នៅតែជាព្រះជាម្ចាស់ទៀតឬទេ? តើទ្រង់នៅតែស័ក្ដិសមនឹងការវិនិយោគ ការលះបង់ និងការបូជារបស់ខ្ញុំទៀតឬទេ? ប្រសិនបើមិនស័ក្ដិសមទេ នោះការថ្វាយដួងចិត្តដ៏ស្មោះរបស់ខ្ញុំ គឺជារឿងល្ងង់ខ្លៅហើយ តើមែនទេ?» ហេតុនេះ នៅពេលដល់ពេលដែលត្រូវទទួលការលួសកាត់ ការឆ្លើយតបដំបូងរបស់មនុស្ស គឺមិនមែនស្ដាប់នូវអ្វីដែលព្រះជាម្ចាស់កំពុងមានព្រះបន្ទូល ឬអ្វីជាសេចក្ដីតម្រូវរបស់ទ្រង់ ក៏មិនមែនស្ដាប់នូវបញ្ហា សភាព ឬនិស្ស័យអ្វីខ្លះរបស់មនុស្សដែលព្រះជាម្ចាស់បើកសម្ដែង ហើយក៏មិនមែនស្ដាប់ពីរបៀបដែលមនុស្សគួរទទួលយក ប្រព្រឹត្តចំពោះ ឬចុះចូលនឹងរឿងទាំងនេះ តាមទស្សនៈរបស់ភាវៈដែលព្រះបានបង្កើតដែរ។ រឿងបែបនេះ មិនស្ថិតនៅក្នុងគំនិតរបស់មនុស្សឡើយ។ មិនថាព្រះជាម្ចាស់មានព្រះបន្ទូលទៅកាន់មនុស្សបែបណា ឬទ្រង់ដឹកនាំពួកគេបែបណានោះទេ ប្រសិនបើព្រះសូរសៀង ឬរបៀបនៃការមានព្រះបន្ទូលរបស់ទ្រង់មិនមានលក្ខណៈចេះគិតគូរ ពោលគឺប្រសិនបើអារម្មណ៍ សេចក្ដីថ្លៃថ្នូរ និងភាពទន់ខ្សោយរបស់ពួកគេមិនត្រូវបានយកមកគិតគូរទេ នោះមនុស្សនឹងមានសញ្ញាណ ហើយពួកគេមិនចង់ចាត់ទុកព្រះជាម្ចាស់ជាព្រះជាម្ចាស់ឡើយ ហើយពួកគេក៏មិនចង់ធ្វើជាភាវៈដែលព្រះបានបង្កើតដែរ។ បញ្ហាដ៏ធំបំផុតនៅទីនេះគឺថា នៅពេលដែលព្រះជាម្ចាស់ប្រទានពេលវេលាល្អៗ ដោយធ្វើឱ្យអ្វីៗគ្រប់យ៉ាងប្រព្រឹត្តទៅតាមផ្លូវដែលមនុស្សចង់បាន ពួកគេព្រមធ្វើជាភាវៈដែលព្រះបានបង្កើត ប៉ុន្តែនៅពេលដែលព្រះជាម្ចាស់ប្រទានទុក្ខលំបាក ដើម្បីប្រៀនប្រដៅ និងបើកសម្ដែងមនុស្ស ដើម្បីឱ្យពួកគេរៀនសូត្រពីមេរៀន និងដើម្បីឱ្យពួកគេយល់ពីសេចក្ដីពិត ព្រមទាំងដឹងពីបំណងព្រះហឫទ័យរបស់ទ្រង់ នៅពេលវេលាទាំងនេះ មនុស្សបែរខ្នងដាក់ទ្រង់ភ្លាម ហើយលែងប្រាថ្នាចង់ធ្វើជាភាវៈដែលព្រះបានបង្កើតទៀតហើយ។ នៅពេលដែលមនុស្សម្នាក់មិនចង់ធ្វើជាភាវៈដែលព្រះបានបង្កើត អ៊ីចឹង តាមទស្សនៈនោះ និងគោលជំហរនោះ តើពួកគេនឹងអាចចុះចូលនឹងព្រះជាម្ចាស់បានដែរឬទេ? តើពួកគេនឹងអាចទទួលយកអត្តសញ្ញាណ និងសារជាតិរបស់ព្រះជាម្ចាស់បានដែរឬទេ? ពួកគេនឹងមិនអាចទេ។ នៅពេលដែលពេលវេលានៃអារម្មណ៍ល្អៗ សភាពល្អៗ និងភាពក្លៀវក្លា ពោលគឺពេលវេលាទាំងនោះដែលមនុស្សចង់ធ្វើជាមនុស្សជំនិតរបស់ព្រះជាម្ចាស់ ត្រូវបានជំនួសដោយពេលវេលាដែលមនុស្សចង់បោះបង់ទ្រង់ចោល នៅពេលប្រឈមមុខនឹងការលួសកាត់ និងមជ្ឈដ្ឋានដែលព្រះជាម្ចាស់បានរៀបចំឡើង វាគឺជាការផ្លាស់ប្ដូរដ៏គួរឱ្យភ្ញាក់ផ្អើលខ្លាំងណាស់! តើសេចក្ដីពិតនៃបញ្ហានេះ គឺជារឿងអ្វីឱ្យប្រាកដទៅ? តើអ្វីទៅដែលមនុស្សគួរតែដឹង? តើមនុស្សម្នាក់មិនគួរដឹងពីអាកប្បកិរិយាដែលគេគួរមានចំពោះព្រះជាម្ចាស់ ក្នុងនាមជាភាវៈដែលព្រះបានបង្កើតទេឬ? តើគោលការណ៍អ្វីខ្លះដែលចាំបាច់ត្រូវធ្វើតាម? ក្នុងនាមជាមនុស្សម្នាក់ ពោលគឺមនុស្សម្នាក់ដែលពុករលួយ តើទស្សនៈ និងគោលជំហរអ្វីឱ្យប្រាកដ ដែលគេគួរប្រកាន់យកចំពោះអ្វីៗគ្រប់យ៉ាងដែលព្រះជាម្ចាស់ប្រទានដល់ពួកគេ និងមជ្ឈដ្ឋានដែលទ្រង់រៀបចំឡើងនោះ? តើអាកប្បកិរិយា និងវិធីសាស្ត្រដោះស្រាយបែបណាដែលមនុស្សគួរប្រកាន់យកចំពោះការលួសកាត់របស់ព្រះជាម្ចាស់មកលើពួកគេ? តើមនុស្សមិនគួររិះគិតពីរឿងបែបនេះទេឬ? (គួរ។) មនុស្សគួរតែឆ្លុះបញ្ចាំង និងរិះគិតពីរឿងទាំងនេះ។ មិនថានៅពេលណា និងមិនថាមនុស្សម្នាក់ប្រព្រឹត្តចំពោះព្រះជាម្ចាស់បែបណានោះទេ តាមពិតទៅ អត្តសញ្ញាណរបស់ពួកគេមិនផ្លាស់ប្ដូរឡើយ ពោលគឺមនុស្សនៅតែជាភាវៈដែលព្រះបានបង្កើតជានិច្ច។ ប្រសិនបើអ្នកមិនព្រមទទួលយកឋានៈរបស់អ្នកក្នុងនាមជាភាវៈដែលព្រះបានបង្កើតទេ នោះមានន័យថាអ្នកបះបោរខ្លាំងណាស់ ហើយមានន័យថាអ្នកនៅឆ្ងាយពីការផ្លាស់ប្ដូរនិស្ស័យ ឆ្ងាយពីការកោតខ្លាចដល់ព្រះជាម្ចាស់ និងការគេចចេញពីសេចក្ដីអាក្រក់។ ប្រសិនបើអ្នកព្រមទទួលយកឋានៈរបស់អ្នកក្នុងនាមជាភាវៈដែលព្រះបានបង្កើត អ៊ីចឹង តើអ្នកគួរមានអាកប្បកិរិយាបែបណាចំពោះព្រះជាម្ចាស់? (ការចុះចូលដោយគ្មានលក្ខខណ្ឌ។) យ៉ាងហោចណាស់ អ្នកត្រូវតែមានចំណុចមួយនេះ គឺ៖ ការចុះចូលដោយគ្មានលក្ខខណ្ឌ។ នោះមានន័យថា នៅគ្រប់ពេលវេលា អ្វីដែលព្រះជាម្ចាស់ធ្វើ គឺមិនដែលខុសឡើយ មានតែមនុស្សទេដែលធ្វើខុស។ មិនថាមនុស្សម្នាក់ជួបប្រទះនឹងមជ្ឈដ្ឋានបែបណានោះទេ ជាពិសេសនៅពេលប្រឈមនឹងទុក្ខលំបាក និងជាពិសេសនៅពេលដែលព្រះជាម្ចាស់បើកសម្ដែង ឬលាតត្រដាងគេ កិច្ចការដំបូងដែលមនុស្សម្នាក់គួរធ្វើ គឺត្រូវចូលមកចំពោះព្រះភក្ត្រព្រះជាម្ចាស់ ដើម្បីឆ្លុះបញ្ចាំងពីខ្លួនឯង និងពិនិត្យមើលពាក្យសម្ដី និងទង្វើ ព្រមទាំងនិស្ស័យពុករលួយរបស់ខ្លួន ជាជាងពិនិត្យមើល ពិនិត្យពិច័យ និងវិនិច្ឆ័យមើលថាតើព្រះបន្ទូល និងទង្វើរបស់ព្រះជាម្ចាស់ត្រូវ ឬខុស។ ប្រសិនបើអ្នកបន្តមានគោលជំហរត្រឹមត្រូវ អ្នកគួរតែដឹងជាក់ច្បាស់អំពីអ្វីដែលអ្នកគួរតែធ្វើ។ មនុស្សមាននិស្ស័យពុករលួយ និងមិនយល់ពីសេចក្តីពិតទេ។ នេះមិនមែនជាបញ្ហាធំដុំឡើយ។ ប៉ុន្តែនៅពេលមនុស្សមាននិស្ស័យពុករលួយ និងមិនយល់ពីសេចក្តីពិត ប៉ុន្តែនៅតែមិនស្វែងរកសេចក្តីពិតទៀត នេះទើបជាបញ្ហាធំ។ អ្នកមាននិស្ស័យពុករលួយ និងមិនយល់ពីសេចក្តីពិត ដូច្នេះ អ្នកអាចនៅតែវិនិច្ឆ័យព្រះជាម្ចាស់តាមអំពើចិត្ត ហើយប្រព្រឹត្តចំពោះ និងទាក់ទងជាមួយទ្រង់ទៅតាមការបញ្ជានៃអារម្មណ៍ ចំណង់ចំណូលចិត្ត និងមនោសញ្ចេតនារបស់អ្នក។ ក៏ប៉ុន្តែ ប្រសិនបើអ្នកមិនស្វែងរក និងអនុវត្តសេចក្តីពិតទេ អ្វីៗនឹងមិនសាមញ្ញពេកឡើយ។ អ្នកនឹងមិនត្រឹមតែមិនអាចចុះចូលចំពោះព្រះជាម្ចាស់ប៉ុណ្ណោះទេ ប៉ុន្តែអ្នកអាចយល់ច្រឡំ និងរអ៊ូរទាំអំពីទ្រង់ ថ្កោលទោសទ្រង់ ប្រឆាំងនឹងទ្រង់ ហើយថែមទាំងជេរប្រមាថ និងបដិសេធទ្រង់នៅក្នុងចិត្តរបស់អ្នកទៀតផង ដោយនិយាយថា ទ្រង់មិនសុចរិត ថាគ្រប់យ៉ាងដែលទ្រង់ធ្វើ មិនប្រាកដថាត្រឹមត្រូវឡើយ។ ការដែលអ្នកនៅតែអាចបង្កបញ្ហាបែបនេះ តើវាមិនគ្រោះថ្នាក់ខ្លាំងទេឬ? (គ្រោះថ្នាក់)។ វាពិតជាគ្រោះថ្នាក់ណាស់។ ការមិនស្វែងរកសេចក្តីពិត អាចធ្វើឱ្យគេបាត់បង់ជីវិត! ហើយការនេះអាចកើតឡើងបានគ្រប់ពេល និងគ្រប់ទីកន្លែង! ទោះបីជានៅពេលនេះ អារម្មណ៍ ការតាំងចិត្ត បំណងប្រាថ្នា ឬសេចក្ដីប្រាថ្នារបស់អ្នកពុះកញ្ជ្រោលយ៉ាងណាក៏ដោយ ហើយទោះបីជានៅពេលនេះ អ្នកស្រឡាញ់ព្រះជាម្ចាស់នៅក្នុងចិត្តរបស់អ្នកខ្លាំងប៉ុណ្ណាក៏ដោយ ក៏វាសុទ្ធតែជារឿងបណ្ដោះអាសន្នដែរ។ វាប្រៀបដូចជានៅពេលដែលគ្រូគង្វាលម្នាក់ធ្វើជាអធិបតីក្នុងពិធីមង្គលការ ហើយសួរទៅកាន់ភាគីទាំងសងខាងថា៖ «តើអ្នកព្រមយកគាត់ (ឬនាង) ធ្វើជាប្ដី (ឬប្រពន្ធ) របស់អ្នកដែរឬទេ? ទាំងពេលឈឺ និងពេលជា ពេលមាន មហន្តរាយ ពេលក្រីក្រ និងពេលផ្សេងៗទៀត តើអ្នកសុខចិត្តរួមរស់ជាមួយគាត់ (ឬនាង) អស់មួយជីវិតដែរឬទេ?» ភាគីទាំងសងខាង ដោយមានទឹកភ្នែករលីងរលោងនៅក្នុងភ្នែករបស់ពួកគេ និងមានចិត្តពុះកញ្ជ្រោលដោយអារម្មណ៍ បានស្បថសច្ចាថានឹងលះបង់ជីវិតរបស់ខ្លួនចំពោះគ្នាទៅវិញទៅមក ហើយទទួលខុសត្រូវចំពោះគ្នាទៅវិញទៅមកអស់មួយជីវិត។ តើពាក្យស្បថសច្ចាដ៏ឱឡារិកទាំងនេះនៅពេលនោះ គឺជារឿងអ្វីទៅ? ពួកវាគ្រាន់តែជាអារម្មណ៍ និងបំណងប្រាថ្នាមួយឆាវរបស់មនុស្សប៉ុណ្ណោះ។ ប៉ុន្តែ តើភាគីទាំងសងខាងពិតជាមានសេចក្ដីទៀងត្រង់បែបនេះមែនឬទេ? តើពួកគេពិតជាមានភាពជាមនុស្សបែបនេះមែនឬទេ? នោះនៅតែជារឿងដែលមិនទាន់ដឹងនៅឡើយ។ សេចក្ដីពិតនឹងត្រូវបានបើកបង្ហាញក្នុងរយៈពេលដប់ ម្ភៃ ឬសាមសិបឆ្នាំខាងមុខ។ គូស្វាមីភរិយាខ្លះលែងលះគ្នាបន្ទាប់ពីរៀបការបានបីទៅប្រាំឆ្នាំ ខ្លះទៀតដប់ឆ្នាំ ហើយខ្លះទៀត បន្ទាប់ពីសាមសិបឆ្នាំ ក៏បែកបាក់គ្នាយ៉ាងងាយៗបែបនោះឯង។ តើបំណងប្រាថ្នាដំបូងរបស់ពួកគេបាត់ទៅណាអស់ហើយ? តើមានរឿងអ្វីកើតឡើងចំពោះពាក្យស្បថសច្ចាដ៏ឱឡារិករបស់ពួកគេ? ពួកវាត្រូវបានគេបោះចោលបាត់ទៅហើយ។ តើពាក្យស្បថសច្ចាដ៏ឱឡារិកទាំងនេះដើរតួនាទីអ្វីខ្លះ? គឺគ្មានទាល់តែសោះ។ ពួកវាគ្រាន់តែជាបំណងប្រាថ្នា ជាអារម្មណ៍មួយភ្លែតប៉ុណ្ណោះ ពោលគឺអារម្មណ៍ និងបំណងប្រាថ្នា មិនអាចកំណត់អ្វីបានទាំងអស់។ តើមានតម្រូវការអ្វីខ្លះ ដើម្បីឱ្យគូស្វាមីភរិយាមួយគូអាចរួមរស់ជាមួយគ្នាអស់មួយជីវិត និងចាស់ជរាជាមួយគ្នាបានយ៉ាងពិតប្រាកដនោះ? និយាយតាមឧត្ដមគតិ យ៉ាងហោចណាស់ បុគ្គលទាំងពីរចាំបាច់ត្រូវមានសេចក្ដីទៀងត្រង់ និងចរិតលក្ខណៈត្រឹមត្រូវ។ និយាយឱ្យកាន់តែជាក់ស្ដែង ក្នុងអំឡុងពេលនៃជីវិតរបស់ពួកគេ ពួកគេនឹងជួបប្រទះរឿងជាច្រើន ទាំងរឿងធំ និងរឿងតូច រឿងល្អ និងរឿងអាក្រក់ ទុក្ខវេទនា ឧបសគ្គ ការលំបាក ដែលភាគច្រើនជារឿងមិនដូចបំណង។ រឿងនេះតម្រូវឱ្យភាគីទាំងសងខាងមានការអត់ឱន ការអត់ធ្មត់ សេចក្ដីស្រឡាញ់ ការចេះគិតគូរ ការយកចិត្តទុកដាក់យ៉ាងពិតប្រាកដ និងរឿងវិជ្ជមានផ្សេងៗទៀតនៅក្នុងភាពជាមនុស្ស ដើម្បីជួយជ្រោមជ្រែងគ្នាទៅវិញទៅមក រហូតដល់ទីបញ្ចប់។ ប្រសិនបើគ្មានលក្ខណៈសម្បត្តិទាំងនេះទេ ដោយពឹងផ្អែកតែលើពាក្យស្បថសច្ចា និងលើសេចក្ដីប្រាថ្នា បំណងប្រាថ្នា ព្រមទាំងការស្រមើស្រមៃតាំងពីពេលដែលពួកគេរៀបការនោះ ពួកគេច្បាស់ជាមិនអាចដើរដល់ទីបញ្ចប់បានឡើយ។ ការជឿលើព្រះជាម្ចាស់ ក៏ដូចគ្នាដែរ។ ប្រសិនបើមនុស្សម្នាក់មិនស្វែងរកសេចក្ដីពិតទេ ប៉ុន្តែពឹងផ្អែកតែលើភាពក្លៀវក្លា និងបំណងប្រាថ្នាបន្តិចបន្តួចនោះ ពួកគេច្បាស់ជាមិនអាចឈរឱ្យបានរឹងមាំឡើយ ហើយពិតជាមិនអាចដើរតាមព្រះជាម្ចាស់រហូតដល់ទីបញ្ចប់បានជាដាច់ខាត។

តើមនុស្សម្នាក់អាចជឿ និងដើរតាមព្រះជាម្ចាស់ ដោយមិនអាស្រ័យលើអារម្មណ៍របស់ពួកគេ និងដោយមិនរងឥទ្ធិពលពីអារម្មណ៍ ឬមជ្ឈដ្ឋានរបស់ពួកគេបានដោយរបៀបណា? តើមនុស្សម្នាក់អាចសម្រេចរឿងនេះបានដោយរបៀបណាទៅ? តើសេចក្ដីតម្រូវអប្បបរមាសម្រាប់ការជឿលើព្រះជាម្ចាស់ គឺជាអ្វី? វាទាមទារឱ្យមានអាកប្បកិរិយាស្រឡាញ់សេចក្ដីពិត និងស្វែងរកសេចក្ដីពិត។ មនុស្សមួយចំនួនសួរថា៖ «តើការមានការតាំងចិត្ត និងការស្បថសច្ចា គឺជារឿងសំខាន់ដែរឬទេ?» រឿងទាំងនេះគឺមិនអាចខ្វះបានឡើយ ប៉ុន្តែវាអាស្រ័យលើដំណាក់កាលនៃជំនឿ។ ប្រសិនបើមនុស្សម្នាក់ស្ថិតក្នុងរយៈពេលមួយ ឬពីរឆ្នាំដំបូងនៃការជឿ ប្រសិនបើគ្មានរឿងទាំងនេះទេ ភាពក្លៀវក្លារបស់ពួកគេមិនអាចត្រូវបានបញ្ឆេះឡើយ។ ប្រសិនបើគ្មានភាពក្លៀវក្លាទេ មនុស្សម្នាក់ដែលចាប់ផ្ដើមជឿលើព្រះជាម្ចាស់ អាចនឹងមានសភាពមិនក្ដៅមិនត្រជាក់ មិនសូវខ្នះខ្នែងក្នុងការដេញតាមរបស់ពួកគេ ហើយក៏មិនដកថយដែរ ដោយគ្រាន់តែធ្វើអ្វីៗតាមតែគេប្រាប់ប៉ុណ្ណោះ។ មនុស្សបែបនេះពិបាកនឹងរីកចម្រើនណាស់ ហើយពួកគេខ្វះអាកប្បកិរិយាច្បាស់លាស់។ ហេតុដូច្នេះហើយ អ្នកជឿថ្មីត្រូវការភាពក្លៀវក្លានេះ។ ភាពក្លៀវក្លានេះអាចនាំយករឿងវិជ្ជមានជាច្រើនមកឱ្យមនុស្សម្នាក់ ដោយអនុញ្ញាតឱ្យពួកគេឆាប់យល់ពីសេចក្ដីពិត និមិត្ត និងគោលដៅនៃកិច្ចការរបស់ព្រះជាម្ចាស់ ព្រមទាំងឆាប់បានចាក់គ្រឹះផងដែរ។ បន្ថែមពីលើនេះ នៅពេលដែលមនុស្សលះបង់ខ្លួន និងបង់ថ្លៃយ៉ាងសកម្ម និងយ៉ាងក្លៀវក្លា ពួកគេចូលទៅក្នុងតថភាពនៃសេចក្ដីពិតបានកាន់តែលឿន។ ដំបូងឡើយ មនុស្សម្នាក់ត្រូវការភាពក្លៀវក្លានេះ ហើយគួរតែមានការតាំងចិត្ត និងសេចក្ដីប្រាថ្នា។ ទោះជាយ៉ាងណាក៏ដោយ ប្រសិនបើបន្ទាប់ពីជឿលើព្រះជាម្ចាស់បានជាងបីឆ្នាំហើយ មនុស្សម្នាក់នៅតែស្ថិតក្នុងដំណាក់កាលនៃភាពក្លៀវក្លាដដែល នោះអាចនឹងមានគ្រោះថ្នាក់ហើយ។ តើគ្រោះថ្នាក់នេះស្ថិតនៅត្រង់ណា? មនុស្សតែងតែប្រព្រឹត្តចំពោះជំនឿរបស់ពួកគេលើព្រះជាម្ចាស់ និងបញ្ហានៃការផ្លាស់ប្ដូរនិស្ស័យ ដោយផ្អែកលើការស្រមើស្រមៃ និងសញ្ញាណរបស់ពួកគេ។ ពួកគេព្យាយាមស្គាល់ព្រះជាម្ចាស់ និងស្វែងយល់ពីកិច្ចការរបស់ទ្រង់ ព្រមទាំងសេចក្ដីតម្រូវរបស់ទ្រង់សម្រាប់មនុស្ស ដោយផ្អែកលើការស្រមើស្រមៃ និងសញ្ញាណរបស់ពួកគេ។ តើមនុស្សបែបនេះអាចចូលទៅក្នុងតថភាពនៃសេចក្ដីពិត ឬយល់ពីបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់បានដែរឬទេ? (មិនអាចទេ។) ប្រសិនបើមនុស្សម្នាក់មិនអាចយល់ពីសេចក្ដីពិតទេ បញ្ហានឹងកើតឡើង។ តើមានអ្នកណាដែលជឿលើព្រះជាម្ចាស់ ហើយរស់នៅអស់មួយជីវិតក្នុងមជ្ឈដ្ឋានដែលពោរពេញដោយការថ្នាក់ថ្នម ដោយស្ថិតក្នុងព្រះគុណ និងព្រះពរជានិច្ចនោះដែរឬទេ? គឺគ្មានទេ។ មិនយូរមិនឆាប់ មនុស្សគ្រប់គ្នាត្រូវតែប្រឈមមុខនឹងជីវិតពិត និងមជ្ឈដ្ឋានផ្សេងៗដែលព្រះជាម្ចាស់បានរៀបចំសម្រាប់ពួកគេ។ នៅពេលដែលអ្នកជួបប្រទះមជ្ឈដ្ឋានផ្សេងៗគ្នាទាំងនេះ ហើយប្រឈមមុខនឹងបញ្ហាផ្សេងៗនៅក្នុងជីវិតពិត តើភាពក្លៀវក្លារបស់អ្នកអាចដើរតួនាទីអ្វីខ្លះ? វាគ្រាន់តែអាចជំរុញអ្នកឱ្យទប់ចិត្តខ្លួនឯង ឱ្យបង់ថ្លៃ ឱ្យរងទុក្ខប៉ុណ្ណោះ ប៉ុន្តែវាមិនអាចដឹកនាំអ្នកឱ្យយល់ពីសេចក្ដីពិត ឬបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់បានឡើយ។ ទោះជាយ៉ាងណាក៏ដោយ ប្រសិនបើអ្នកស្វែងរកសេចក្ដីពិត និងយល់ពីសេចក្ដីពិត នោះវាខុសគ្នាហើយ។ តើវាខុសគ្នាយ៉ាងដូចម្ដេច? នៅពេលដែលអ្នកយល់ពីសេចក្ដីពិត ហើយប្រឈមមុខនឹងស្ថានភាពទាំងនេះ អ្នកលែងប្រព្រឹត្តចំពោះរឿងទាំងនោះដោយផ្អែកលើភាពក្លៀវក្លា ឬសញ្ញាណរបស់អ្នកទៀតហើយ។ រាល់ពេលដែលអ្នកជួបប្រទះរឿងអ្វីក៏ដោយ ដំបូង អ្នកចូលមកចំពោះព្រះភក្ត្រព្រះជាម្ចាស់ដើម្បីស្វែងរក និងអធិដ្ឋាន ដើម្បីស្វែងរកគោលការណ៍សេចក្ដីពិត។ បន្ទាប់មក អ្នកអាចប្រែជាចុះចូល ហើយមានការយល់ដឹង និងអាកប្បកិរិយាបែបនេះ។ អាកប្បកិរិយា និងការយល់ដឹងនេះ គឺសំខាន់ណាស់។ វាអាចទៅរួចដែលថា នៅក្នុងការល្បងលណាមួយ អ្នកមិនទទួលបានអ្វីសោះ មិនបានចូលជ្រៅទៅក្នុងសេចក្ដីពិត ហើយមិនយល់ថាតថភាពនៃសេចក្ដីពិតគឺជាអ្វីឱ្យប្រាកដ។ ទោះជាយ៉ាងណាក៏ដោយ ក្នុងអំឡុងពេលនៃការល្បងលនេះ ការមានការយល់ដឹង និងអាកប្បកិរិយាចុះចូលបែបនេះ អនុញ្ញាតឱ្យអ្នកដកពិសោធយ៉ាងពិតប្រាកដអំពីរបៀបដែលមនុស្ស ក្នុងនាមជាភាវៈដែលព្រះបានបង្កើត គួរប្រព្រឹត្ត និងអ្វីដែលពួកគេគួរធ្វើ ដើម្បីឱ្យមានភាពប្រក្រតី និងត្រឹមត្រូវបំផុតនៅចំពោះព្រះភក្ត្រព្រះជាម្ចាស់។ ទោះបីជាអ្នកអាចនឹងមិនយល់ពីបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ ឬមិនដឹងច្បាស់ថាព្រះជាម្ចាស់ចង់ឱ្យអ្នកសម្រេចបាន ឬទទួលបានអ្វីនៅក្នុងមជ្ឈដ្ឋានបែបនេះក៏ដោយ ក៏អ្នកមានអារម្មណ៍ថា អ្នកអាចចុះចូលនឹងព្រះជាម្ចាស់ និងកាលៈទេសៈបែបនេះបានដែរ។ ចេញពីជម្រៅចិត្តរបស់អ្នក អ្នកអាចទទួលយកមជ្ឈដ្ឋានដែលព្រះជាម្ចាស់បានរៀបចំសម្រាប់អ្នក។ អ្នកមានអារម្មណ៍ថា អ្នកបានរក្សាគោលជំហរដ៏ត្រឹមត្រូវរបស់អ្នកក្នុងនាមជាភាវៈដែលព្រះបានបង្កើត ដោយមិនបះបោរទាស់នឹង ឬប្រឆាំងនឹងព្រះជាម្ចាស់ឡើយ ហើយចិត្តរបស់អ្នកមានអារម្មណ៍ស្ងប់សុខ។ ស្របពេលដែលមានអារម្មណ៍ស្ងប់សុខ ការពឹងផ្អែករបស់អ្នកលើព្រះជាម្ចាស់នៅស្ថានសួគ៌ គឺមិនស្រពេចស្រពិលឡើយ ហើយអ្នកមិនមានអារម្មណ៍ឃ្លាតឆ្ងាយ ឬបដិសេធព្រះជាម្ចាស់នៅលើផែនដីនេះទេ។ ផ្ទុយទៅវិញ ចេញពីជម្រៅចិត្តរបស់អ្នក មានការកោតខ្លាចបន្តិចថែមទៀត ហើយក៏មានភាពស្និទ្ធស្នាលបន្តិចថែមទៀតដែរ។ ចូរមើលរឿងនេះចុះ ភាពខុសគ្នារវាងអ្នកដែលស្វែងរកសេចក្ដីពិត និងអាចចុះចូលបាន ជាមួយនឹងអ្នកដែលពឹងផ្អែកលើភាពក្លៀវក្លា និងមានត្រឹមតែការតាំងចិត្តបន្តិចបន្តួច តើវាខុសគ្នាខ្លាំងដែរឬទេ? ភាពខុសគ្នាគឺធំធេងណាស់។ មនុស្សដែលពឹងផ្អែកលើភាពក្លៀវក្លា និងមានត្រឹមតែការតាំងចិត្ត នៅពេលប្រឈមមុខនឹងស្ថានភាពនានា នឹងទាស់ទទឹង ប្រកែក រអ៊ូរទាំ និងមានអារម្មណ៍ថារងភាពអយុត្តិធម៌។ ពួកគេប្រហែលជាគិតថា៖ «ហេតុអ្វីបានជាព្រះជាម្ចាស់ប្រព្រឹត្តចំពោះខ្ញុំបែបនេះ? ខ្ញុំនៅក្មេងនៅឡើយ ហេតុអ្វីព្រះជាម្ចាស់មិនលួងលោមខ្ញុំ? ហេតុអ្វីព្រះជាម្ចាស់មិនគិតពីស្នាដៃកន្លងមករបស់ខ្ញុំ? ហេតុអ្វីបានជាដាក់ទោស ជំនួសឱ្យការផ្ដល់រង្វាន់ដល់ខ្ញុំ? ខ្ញុំនៅក្មេងណាស់ តើខ្ញុំដឹងអីទៅ? សូម្បីតែឪពុកម្ដាយខ្ញុំនៅផ្ទះ ក៏មិនដែលប្រព្រឹត្តចំពោះខ្ញុំបែបនេះដែរ។ ពួកគាត់ថ្នាក់ថ្នមខ្ញុំដូចជាកូនសំណព្វចិត្ត ដូចជាកូនង៉ែតរបស់ពួកគាត់។ ឥឡូវនេះ ខ្ញុំបានធំធាត់ច្រើនហើយ បន្ទាប់ពីបានមកកាន់ដំណាក់របស់ព្រះជាម្ចាស់ ការដែលព្រះជាម្ចាស់ប្រព្រឹត្តចំពោះខ្ញុំបែបនេះ ហាក់ដូចជាមិនមានការគិតគូរសោះ!» ទាំងនេះគឺជាប្រភេទនៃអំណះអំណាងខុសឆ្គងដែលពួកគេបានលើកឡើង។ តើអំណះអំណាងខុសឆ្គងបែបនេះកើតឡើងដោយរបៀបណា? ប្រសិនបើមនុស្សម្នាក់ស្វែងរក និងយល់ពីសេចក្ដីពិត តើពួកគេនៅតែអាចមានអំណះអំណាងខុសឆ្គងទាំងនេះដែរឬទេ? ប្រសិនបើមនុស្សម្នាក់យល់ និងស្គាល់សេចក្ដីពិតទាំងនេះ ក្នុងពេលកំពុងបំពេញភារកិច្ចរបស់ពួកគេជាធម្មតា តើពួកគេនៅតែអាចមានការរអ៊ូរទាំ និងភាពឆាប់ខឹងបែបនេះនៅក្នុងចិត្ត នៅពេលប្រឈមមុខនឹងស្ថានភាពនានាដែរឬទេ? (ទេ)។ ពួកគេច្បាស់ជា មិននិយាយបែបនេះឡើយ។ ផ្ទុយទៅវិញ ពួកគេនឹងចាត់ទុកខ្លួនឯងជាភាវៈដែលព្រះបានបង្កើតដ៏សាមញ្ញម្នាក់ ហើយចូលមកចំពោះព្រះភក្ត្រព្រះជាម្ចាស់ ដោយមិនគិតពីអាយុ ភេទ ឬឋានៈ និងតួនាទីឡើយ ដោយគ្រាន់តែចុះចូល និងស្ដាប់ព្រះបន្ទូលរបស់ព្រះជាម្ចាស់ប៉ុណ្ណោះ។ នៅពេលដែលមនុស្សអាចស្ដាប់ព្រះបន្ទូលដែលព្រះជាម្ចាស់មានបន្ទូល និងសេចក្ដីតម្រូវរបស់ទ្រង់ ពួកគេមានការចុះចូលនៅក្នុងចិត្តរបស់ពួកគេ។ នៅពេលដែលមនុស្សម្នាក់អាចចុះចូលដោយដឹងខ្លួន នៅពេលដែលពួកគេមានអាកប្បកិរិយាចុះចូល ពួកគេពិតជាឈរនៅក្នុងគោលជំហរជាភាវៈដែលព្រះបានបង្កើតមែន ដោយមានសេចក្ដីស្រឡាញ់ ការចុះចូល និងការកោតខ្លាចដល់ព្រះជាម្ចាស់ ដោយមិនពឹងផ្អែកលើអារម្មណ៍ ឬមនោសញ្ចេតនារបស់ពួកគេឡើយ។ ទាំងនេះគឺជាប្រតិកម្មមួយចំនួន នៅពេលដែលមនុស្សប្រឈមមុខនឹងការត្រូវបានលួសកាត់។ តើប្រតិកម្មចម្បងៗមានអ្វីខ្លះ? គឺការមានអារម្មណ៍មិនល្អ មានអារម្មណ៍ខកចិត្ត មានអារម្មណ៍ថារងភាពអយុត្តិធម៌ និងត្រូវការការលួងលោម។ នៅពេលដែលពួកគេមិនទទួលបានការលួងលោម ឬភាពកក់ក្ដៅទេ ពួកគេចាប់ផ្ដើមមានការរអ៊ូរទាំ និងការយល់ច្រឡំអំពីព្រះជាម្ចាស់នៅក្នុងចិត្តរបស់ពួកគេ។ ពួកគេលែងប្រាថ្នាចង់អធិដ្ឋានទៅកាន់ព្រះជាម្ចាស់ទៀតហើយ ហើយនៅក្នុងជម្រៅចិត្ត ពួកគេគិតចង់បោះបង់ព្រះជាម្ចាស់ចោល ដោយចង់ឃ្លាតឆ្ងាយពីទ្រង់ ទាំងព្រះជាម្ចាស់នៅស្ថានសួគ៌ និងព្រះជាម្ចាស់នៅលើផែនដី។ មនុស្សមួយចំនួន ប្រសិនបើខ្ញុំលួសកាត់ពួកគេបន្តិច ពួកគេនឹងគេចមុខពីខ្ញុំនៅពេលជួបគ្នាលើកក្រោយ ដោយមិនចង់ប្រាស្រ័យទាក់ទងជាមួយខ្ញុំឡើយ។ ជាធម្មតា នៅពេលដែលពួកគេមិនត្រូវបានលួសកាត់ទេ ពួកគេតែងតែនៅក្បែរខ្ញុំ ឆុងតែថ្វាយ សួរថាខ្ញុំត្រូវការអ្វីឬអត់ មានអារម្មណ៍ល្អ ឧស្សាហ៍ព្យាយាម និយាយច្រើន និងមានទំនាក់ទំនងស្និទ្ធស្នាលជាមួយព្រះជាម្ចាស់។ ប៉ុន្តែ ពេលដែលពួកគេត្រូវបានលួសកាត់ហើយ អ្វីៗលែងដូចមុនទៀតហើយ ពួកគេលែងឆុងតែថ្វាយ ឬសួរសុខទុក្ខទៀតហើយ ហើយប្រសិនបើខ្ញុំសួរពួកគេពីរបីសំណួរបន្ថែមទៀត ពួកគេដើរចេញ ដោយមិនឱ្យឃើញមុខទៀតតែម្ដង។

កាលពីខ្ញុំនៅប្រទេសចិនដីគោក ខ្ញុំបានស្នាក់នៅក្នុងផ្ទះរបស់បងប្អូនប្រុសស្រីមួយចំនួន។ មនុស្សទាំងនេះខ្លះមានភាពជាមនុស្សអាក្រក់ ខ្លះជាអ្នកជឿថ្មី ខ្លះកើតមានសញ្ញាណជាច្រើននៅពេលយើងទាក់ទងគ្នាជាលើកដំបូង ហើយពួកគេមិនយល់ពីសេចក្ដីពិតទេ ចំណែកឯអ្នកផ្សេងទៀតមិនដេញតាមសេចក្ដីពិតទាល់តែសោះ។ ដោយឃើញមនុស្សទាំងនេះបញ្ចេញឱ្យឃើញសេចក្ដីពុករលួយរបស់ពួកគេ ខ្ញុំមិនអាចលួសកាត់ពួកគេបានទេ។ ខ្ញុំត្រូវតែនិយាយយ៉ាងទន់ភ្លន់ និងដោយប្រយ័ត្នប្រយែង។ ប្រសិនបើអ្នកពិតជាលួសកាត់ពួកគេមែន ពួកគេនឹងកើតមានសញ្ញាណ និងការបះបោរ ដូច្នេះ អ្នកត្រូវតែលួងលោម និងសម្របសម្រួលជាមួយពួកគេ ហើយប្រកបគ្នាពីសេចក្ដីពិតបន្ថែមទៀតដើម្បីដឹកនាំពួកគេ។ ប្រសិនបើអ្នកមិនសម្របសម្រួល ឬប្រកបគ្នាទេ ហើយគ្រាន់តែទាមទារដោយត្រង់ៗ នោះវាពិតជាមិនមានប្រសិទ្ធភាពឡើយ។ ឧទាហរណ៍ អ្នកអាចនិយាយថា៖ «ម្ហូបនេះរាងប្រៃបន្តិចហើយ លើកក្រោយប្រហែលជាត្រូវធ្វើឱ្យសាបជាងនេះបន្តិច។ ការញ៉ាំប្រៃពេក មិនល្អចំពោះសុខភាពរបស់អ្នកទេ។ ក្នុងនាមជាអ្នកជឿលើព្រះជាម្ចាស់ អ្នកក៏គួរតែប្រើសុភនិច្ឆ័យ និងមិនត្រូវល្ងង់ខ្លៅឡើយ។ អ្នកត្រូវតែទទួលយកអ្វីៗដែលវិជ្ជមាន។ ប្រសិនបើអ្នកមិនជឿខ្ញុំទេ អ្នកអាចសួរគ្រូពេទ្យចិនសែអំពីផលប៉ះពាល់នៃការញ៉ាំប្រៃពេកទៅលើតម្រងនោមបាន»។ វិធីសាស្ត្រនេះ គឺអាចទទួលយកបានសម្រាប់ពួកគេ។ ប៉ុន្តែ ប្រសិនបើអ្នកនិយាយថា៖ «ម្ហូបនេះប្រៃណាស់ តើអ្នកចង់ធ្វើឱ្យគេប្រៃស្លាប់ឬអី? ហេតុអ្វីតែងតែធ្វើប្រៃម្ល៉េះ? ប្រៃណាស់ ញ៉ាំមិនកើតទេ! ហេតុអ្វីបានជាអ្នកល្ងង់ខ្លៅម្ល៉េះ? លើកក្រោយកុំធ្វើប្រៃពេក!» នោះវានឹងមិនមានប្រសិទ្ធភាពឡើយ។ អាហារពេលបន្ទាប់ ពួកគេប្រហែលជាមិនដាក់អំបិលទាល់តែសោះ។ បន្ទាប់មក អ្នកនិយាយថា៖ «ហេតុអ្វីបានជាសាបម្ល៉េះ?» «សាប? ក្រែងអ្នកនិយាយថាវាប្រៃពេកឬ? ការញ៉ាំប្រៃពេកប៉ះពាល់ដល់តម្រងនោម ដូច្នេះ តើវាមិនល្អជាងទេឬ ដែលមិនបាច់ដាក់អំបិលទាល់តែសោះនោះ? នោះវានឹងមិនប៉ះពាល់ដល់តម្រងនោមឡើយ»។ ការតឹងតែងពេក គឺមិនមានប្រសិទ្ធភាពទេ អ្នកត្រូវតែចេះចរចា និងលួងលោម។ មនុស្សជាច្រើនគឺរឿងច្រើនណាស់ នៅពេលនិយាយជាមួយពួកគេ អ្នកត្រូវតែប្រយ័ត្នប្រយែងអំពីរបៀប និងពេលវេលានៃការនិយាយរបស់អ្នក ហើយក៏ត្រូវពិចារណាពីអារម្មណ៍របស់ពួកគេផងដែរ ពោលគឺអ្នកត្រូវតែធ្វើការសម្របសម្រួកខ្លះ។ ជួនកាល ប្រសិនបើអ្នកនិយាយគំរោះគំរើយបន្តិចដោយអចេតនា អ្នកអាចនឹងធ្វើឱ្យពួកគេឈឺចាប់ ហើយពួកគេអាចនឹងទាស់ទទឹងនៅក្នុងចិត្ត។ នៅសំបកក្រៅ វាប្រហែលជាមើលទៅមិនមានអ្វីនោះទេ ប៉ុន្តែនៅខាងក្នុង គឺខុសគ្នា។ ជាធម្មតា នៅពេលដែលអ្នកសុំឱ្យពួកគេធ្វើអ្វីមួយ ពួកគេធ្វើវាភ្លាមៗ ប៉ុន្តែប្រសិនបើអ្នកធ្វើឱ្យប៉ះពាល់ដល់អារម្មណ៍របស់ពួកគេ ពួកគេក្លាយជាមិនសូវក្លៀវក្លាក្នុងការធ្វើរឿងនានា ដោយអូសបន្លាយពេល និងមិនមានឆន្ទៈទាល់តែសោះ។ ពួកគេនិយាយថា៖ «តើឱ្យខ្ញុំធ្វើល្អចំពោះអ្នកបានដោយរបៀបណា បើខ្ញុំកំពុងមានអារម្មណ៍មិនល្អនោះ? ខ្ញុំនឹងធ្វើល្អជាងនេះនៅពេលខ្ញុំមានអារម្មណ៍ល្អ ប៉ុន្តែនៅពេលដែលខ្ញុំមានអារម្មណ៍មិនល្អ ការធ្វើឱ្យតែរួចពីដៃ គឺគ្រប់គ្រាន់ហើយ»។ តើនេះជាសត្តនិករប្រភេទអ្វីទៅ? តើមនុស្សមិនមែនពិបាកដោះស្រាយជាមួយទេឬអី? (មែនហើយ)។ មនុស្សគឺបែបនេះឯង មិនស្ដាប់ហេតុផល និងគ្មានតក្កវិជ្ជាទាល់តែសោះ។ នៅពេលដែលពួកគេឆ្លុះបញ្ចាំងពីខ្លួនឯងនៅពេលក្រោយ ពួកគេអាចនឹងឱនក្បាល លន់តួបាប និងយំសោកយ៉ាងខ្លាំង ប៉ុន្តែពួកគេនៅតែមានប្រតិកម្មដដែល នៅពេលដែលពួកគេប្រឈមមុខនឹងរឿងបែបនេះម្ដងទៀត ហើយត្រូវបានលួសកាត់។ តើនេះជាមនុស្សដែលស្វែងរកសេចក្ដីពិតឬ? (ទេ)។ តើនេះជាមនុស្សប្រភេទអ្វី? មនុស្សបែបនេះ គឺធ្វើតាមតែចិត្តឯង ហើយមិនទទួលយកសេចក្ដីពិតទាល់តែសោះ។ នេះគឺជាប្រភេទអាកប្បកិរិយាដែលមនុស្សមានចំពោះព្រះជាម្ចាស់ នៅពេលដែលពួកគេប្រឈមមុខនឹងការត្រូវបានលួសកាត់ និងនៅពេលដែលពួកគេប្រឈមមុខនឹងទុក្ខលំបាក។ សរុបមក ពួកគេមិនចុះចូល មិនអាចទទួលយកសេចក្ដីពិត ហើយនៅពេលដែលឈឺចាប់ ពួកគេប្រព្រឹត្តចំពោះព្រះជាម្ចាស់ទៅតាមភាពឆាប់ខឹងរបស់ពួកគេ។ តើនេះមិនមែនជាបញ្ហាធ្ងន់ធ្ងរទេឬអី? នៅពេលដែលខ្ញុំជួបមនុស្សមួយចំនួន សូម្បីតែមុនពេលខ្ញុំលួសកាត់ពួកគេ ដោយគ្រាន់តែនិយាយអំពីរឿងដែលកំពុងកើតឡើង ពួកគេក៏ធ្លាក់ទឹកមុខ និយាយគំរោះគំរើយ មានអាកប្បកិរិយាមិនល្អ ហើយថែមទាំងបោកបោះរបស់របរទៀតផង។ អ្នកមិនអាចនិយាយត្រង់ៗជាមួយពួកគេបានទេ។ អ្នកត្រូវតែនិយាយវាងៗ និងដោយប្រយ័ត្នប្រយែង។ តើខ្ញុំអាចនិយាយតាមរបៀបវាងៗដូចដែលមនុស្សធ្វើបានដែរឬទេ? ទោះបីជាអ្នកអាចទទួលយកវាបាន ឬមិនបានក៏ដោយ ខ្ញុំត្រូវតែនិយាយអ្វីដែលជាការពិត ពោលគឺរឿងរ៉ាវត្រូវតែធ្វើឡើងស្របតាមគោលការណ៍សេចក្ដីពិតនៅក្នុងដំណាក់របស់ព្រះជាម្ចាស់។ មនុស្សមួយចំនួនមិនបង្ហាញប្រតិកម្មនៅសំបកក្រៅទេ នៅពេលដែលពួកគេត្រូវបានលួសកាត់ ប៉ុន្តែនៅខាងក្នុង ពួកគេកំពុងតែអន់ចិត្ត។ តើមនុស្សបែបនេះអាចបំពេញភារកិច្ចរបស់ពួកគេបានល្អដែរឬទេ? (ទេ)។ ប្រសិនបើពួកគេមិនអាចបំពេញភារកិច្ចរបស់ពួកគេបានត្រឹមត្រូវ ហើយពួកគេនៅតែបន្តធ្វើខុស នោះពួកជំនុំត្រូវតែដោះស្រាយជាមួយពួកគេស្របតាមគោលការណ៍។

២. ឥរិយាបថរបស់ពួកគេចំពោះព្រះគ្រីស្ទ នៅពេលទ្រង់ត្រូវបានគេតាមចាប់ ដោយគ្មានកន្លែងសម្រាប់សម្រាកព្រះសិររបស់ទ្រង់

ការជឿលើព្រះជាម្ចាស់ និងការដើរតាមទ្រង់នៅក្នុងប្រទេសចិនដីគោក គឺមានគ្រោះថ្នាក់ជារៀងរាល់ថ្ងៃ។ វាគឺជាមជ្ឈដ្ឋានដ៏អាក្រក់បំផុតមួយក្នុងការជឿលើព្រះជាម្ចាស់ និងការដើរតាមទ្រង់ ដែលមនុស្សម្នាក់អាចត្រូវបានគេចាប់ខ្លួនគ្រប់ពេល។ អ្នករាល់គ្នាសុទ្ធតែធ្លាប់ឆ្លងកាត់មជ្ឈដ្ឋាននៃការត្រូវគេតាមចាប់ តើខ្ញុំមិនធ្លាប់ឆ្លងកាត់ដូចគ្នាទេឬអី? អ្នករាល់គ្នា និងខ្ញុំបានរស់នៅក្នុងមជ្ឈដ្ឋានដូចគ្នា ដូច្នេះ នៅក្នុងមជ្ឈដ្ឋាននោះ ខ្ញុំមិនអាចចៀសវាងពីការលាក់ខ្លួនជាញឹកញាប់បានឡើយ។ មានពេលខ្លះ ខ្ញុំត្រូវប្ដូរទីតាំងពីរ ឬបីដងក្នុងមួយថ្ងៃ។ ថែមទាំងមានពេលខ្លះ ខ្ញុំត្រូវទៅកន្លែងដែលខ្ញុំមិនធ្លាប់នឹកស្មានថានឹងទៅទៀតផង។ ពេលវេលាដ៏លំបាកបំផុត គឺនៅពេលដែលខ្ញុំគ្មានកន្លែងត្រូវទៅ ខ្ញុំត្រូវរៀបចំការជួបជុំនៅពេលថ្ងៃ រួចនៅពេលយប់ ខ្ញុំមិនដឹងថានៅទីណាមានសុវត្ថិភាពឡើយ។ ជួនកាល បន្ទាប់ពីបានខិតខំស្វែងរកកន្លែងមួយយ៉ាងលំបាក ខ្ញុំត្រូវចាកចេញនៅថ្ងៃបន្ទាប់ ពីព្រោះនាគដ៏ធំមានសម្បុរក្រហមកំពុងតាមប្រមាញ់យ៉ាងប្រកិត។ តើមនុស្សដែលជឿលើព្រះជាម្ចាស់យ៉ាងពិតប្រាកដ គិតយ៉ាងណា នៅពេលដែលពួកគេឃើញទិដ្ឋភាពបែបនេះ? «ការដែលព្រះជាម្ចាស់យាងមកផែនដីជាសាច់ឈាមដើម្បីសង្គ្រោះមនុស្ស គឺជាតម្លៃដែលទ្រង់បានលះបង់។ នេះគឺជាទុក្ខលំបាកមួយក្នុងចំណោមទុក្ខលំបាកដែលទ្រង់បានឆ្លងកាត់ ហើយវាពិតជាសម្រេចតាមព្រះបន្ទូលរបស់ទ្រង់ដែលចែងថា៖ «កញ្ជ្រោងមានរូងរបស់វា ហើយសត្វបក្សាបក្សីក៏មានសម្បុករបស់វាដែរ ប៉ុន្តែបុត្រមនុស្សគ្មានកន្លែងណានឹងធ្វើជាកំណល់ព្រះសិរសាទ្រង់ឡើយ»។ (ម៉ាថាយ ៨:២០) រឿងរ៉ាវពិតជាដូច្នេះមែន ហើយព្រះគ្រីស្ទដែលយកកំណើតជាមនុស្ស បានឆ្លងកាត់ការរងទុក្ខលំបាកបែបនេះដោយផ្ទាល់ ដូចគ្នានឹងមនុស្សដែរ»។ អស់អ្នកដែលជឿលើព្រះជាម្ចាស់យ៉ាងពិតប្រាកដ អាចមើលឃើញថាកិច្ចការនៃការសង្គ្រោះមនុស្សរបស់ទ្រង់មានការលំបាកខ្លាំងប៉ុនណា ហើយដោយសារហេតុនេះ ពួកគេនឹងស្រឡាញ់ព្រះជាម្ចាស់ ហើយពួកគេនឹងអរព្រះគុណទ្រង់ចំពោះតម្លៃដែលទ្រង់បានលះបង់ដើម្បីជាប្រយោជន៍ដល់មនុស្សជាតិ។ អស់អ្នកដែលមានភាពជាមនុស្សអាក្រក់ខ្លាំង ដែលមានចិត្តព្យាបាទ និងបដិសេធសេចក្ដីពិតទាំងស្រុង ក៏ដូចជាអ្នកដែលដើរតាមព្រះគ្រីស្ទដោយគ្រាន់តែចង់ដឹងចង់ឃើញ ឬចង់ឃើញអព្ភូតហេតុ មិនគិតបែបនេះទេ នៅពេលដែលពួកគេឃើញទិដ្ឋភាពបែបនេះ។ ពួកគេគិតក្នុងចិត្តថា៖ «អ្នកគ្មានកន្លែងស្នាក់នៅទេឬ? អ្នកគឺជាព្រះ ដែលធ្វើការដើម្បីសង្គ្រោះមនុស្ស ប៉ុន្តែអ្នកសូម្បីតែសង្គ្រោះខ្លួនឯងក៏មិនបាន ហើយមិនដឹងថាថ្ងៃស្អែកអ្នកនឹងស្នាក់នៅទីណាផង។ ឥឡូវនេះ អ្នកសូម្បីតែមានកន្លែងជ្រកកោនក៏គ្មានផង តើឱ្យខ្ញុំជឿលើអ្នក ឬដើរតាមអ្នកយ៉ាងដូចម្ដេចបាន?»។ កាលណាកាលៈទេសៈកាន់តែមានគ្រោះថ្នាក់ ពួកគេកាន់តែអរសប្បាយ ដោយគិតថា៖ «សំណាងហើយ ដែលខ្ញុំមិនបានលះបង់អ្វីៗគ្រប់យ៉ាងទាំងស្រុង សំណាងហើយ ដែលខ្ញុំបានទុកផ្លូវក្រោយ។ ឃើញទេ? ឥឡូវនេះ អ្នកគ្មានកន្លែងណាដែលហៅថាផ្ទះឡើយ! ខ្ញុំដឹងថារឿងនឹងក្លាយទៅជាបែបនេះ អ្នកគ្មានកន្លែងណាសម្រាប់សម្រាកក្បាលរបស់អ្នកឡើយ ហើយខ្ញុំថែមទាំងត្រូវជួយរកកន្លែងឱ្យអ្នកជ្រកកោនទៀតផង»។ ពួកគេត្រូវបានបើកសម្ដែងហើយ តើមែនទេ? ប្រសិនបើមនុស្សបែបនេះបានឃើញទិដ្ឋភាពដែលព្រះអម្ចាស់យេស៊ូវត្រូវបានគេឆ្កាង តើពួកគេនឹងមានឥរិយាបថបែបណា? នៅពេលដែលព្រះអម្ចាស់យេស៊ូវកំពុងលីឈើឆ្កាងឆ្ពោះទៅកាន់គាល់កូថា តើមនុស្សបែបនេះនៅឯណា? តើពួកគេអាចបន្តដើរតាមទ្រង់បានដែរឬទេ? (ទេ)។ ពួកគេបានបដិសេធអត្តសញ្ញាណរបស់ព្រះជាម្ចាស់ សារជាតិរបស់ទ្រង់ និងសូម្បីតែអត្ថិភាពរបស់ទ្រង់។ ពួកគេបានរត់គេចខ្លួន ដោយចេញទៅរកផ្លូវរស់រៀងៗខ្លួន ហើយលែងដើរតាមព្រះជាម្ចាស់ទៀតហើយ។ ទោះបីជាពួកគេធ្លាប់បានស្ដាប់សេចក្ដីអធិប្បាយច្រើនប៉ុនណាកាលពីមុនក៏ដោយ ក៏សេចក្ដីទាំងនោះបានរលាយបាត់ពីដួងចិត្តរបស់ពួកគេ ដោយបាត់ស្រមោលឈឹង។ ពួកគេជឿថា អ្វីៗទាំងអស់ដែលពួកគេបានឃើញនៅចំពោះមុខពួកគេ គឺជាការពិត និងមានប្រភពមកពីមនុស្ស ដែលមិនពាក់ព័ន្ធនឹងព្រះជាម្ចាស់ឡើយ។ ពួកគេគិតថា៖ «បុគ្គលនេះគ្រាន់តែជាមនុស្សម្នាក់ប៉ុណ្ណោះ តើគាត់មានអត្តសញ្ញាណ ឬសារជាតិជាព្រះនៅត្រង់ណា? ប្រសិនបើគាត់ជាព្រះ តើគាត់នឹងលាក់ខ្លួន និងបិទបាំងខ្លួនឯងបែបនេះ ដោយត្រូវសាតាំងតាមចាប់ ដោយគ្មានកន្លែងសម្រាប់សម្រាកក្បាល និងគ្មានកន្លែងស្វែងរកទីជម្រកបែបនេះឬ? ប្រសិនបើគាត់ជាព្រះ គាត់គួរតែប្រែរូបរាងភ្លាមៗ ហើយបាត់ខ្លួននៅចំពោះមុខមនុស្សគ្រប់គ្នា នៅពេលដែលត្រូវគេតាមចាប់ ដោយធ្វើឱ្យគ្មាននរណាម្នាក់អាចមើលឃើញគាត់ ហើយចេះបំបាំងកាយ នោះទើបជាព្រះ!»។ នៅក្នុងមជ្ឈដ្ឋានដ៏គ្រោះថ្នាក់នៃប្រទេសចិនដីគោក បងប្អូនប្រុសស្រីមួយចំនួន ដោយឃើញថាខ្ញុំបានទៅដល់កន្លែងរបស់ពួកគេ ក៏បានប្រថុយសុវត្ថិភាពរបស់ពួកគេដើម្បីទទួលឱ្យស្នាក់នៅ និងការពារខ្ញុំ ខណៈដែលអ្នកផ្សេងទៀតបានរត់គេចខ្លួន ដោយបាត់ស្រមោលឈឹង។ អ្នកខ្លះថែមទាំងមើលដោយក្ដីសប្បាយអរ ដោយឈរមើលពីចម្ងាយទៀតផង។ តើមនុស្សទាំងនេះជានរណា? ពួកគេគឺជាពួកអ្នកមិនជឿ ជាពួកទទឹងនឹងព្រះគ្រីស្ទ។ នៅពេលដែលមនុស្សទាំងនេះបានឃើញព្រះគ្រីស្ទត្រូវបានគេតាមចាប់ពីទីក្រុងមួយទៅទីក្រុងមួយ តើពួកគេគិតបែបណាចំពោះស្ថានភាពនេះ? តើពួកគេយល់ឃើញយ៉ាងណាពីវា? «ព្រះគ្រីស្ទក៏ស្ថិតក្នុងគ្រោះថ្នាក់ដែរ។ ប្រសិនបើគាត់ត្រូវបានគេចាប់ខ្លួន នោះកិច្ចការរបស់ពួកជំនុំនឹងត្រូវចប់ ហើយកិច្ចការនៃដំណាក់របស់ព្រះជាម្ចាស់នឹងត្រូវផ្អាក។ ការនេះនឹងបញ្ជាក់ថា អ្វីដែលព្រះជាម្ចាស់បានធ្វើបន្ទាល់គឺខុស ពេលគឺបញ្ជាក់ថាវាមិនមែនមកពីព្រះជាម្ចាស់ទេ ប៉ុន្តែមកពីមនុស្ស។ យកល្អ ខ្ញុំគួរតែប្រញាប់ត្រឡប់ទៅផ្ទះវិញ ដើម្បីរស់នៅជីវិតរបស់ខ្ញុំផ្ទាល់ ខ្ញុំត្រូវទៅរកលុយឱ្យបានច្រើន!»។ នេះគឺជាឥរិយាបថរបស់អាទទឹងនឹងព្រះគ្រីស្ទ។ នៅពេលដែលព្រះគ្រីស្ទប្រឈមមុខនឹងការតាមចាប់ ដោយគ្មានកន្លែងលាក់ខ្លួន និងគ្មានកន្លែងសម្រាប់សម្រាកព្រះសិររបស់ទ្រង់ ជំនួសឱ្យការរួបរួមចិត្តដើម្បីរងទុក្ខជាមួយព្រះជាម្ចាស់ និងបន្តកិច្ចការរបស់ពួកជំនុំជាមួយទ្រង់នៅក្នុងមជ្ឈដ្ឋានបែបនេះ ពួកគេបែរជាក្លាយជាអ្នកឈរមើលទ្រង់ និងចំអកឡកឡើយទៅវិញ។ ពួកគេថែមទាំងបានញុះញង់អ្នកដទៃឱ្យបង្កការបំផ្លិចបំផ្លាញ ការបង្អាក់ និងការរំខាន ហើយលើសពីនេះទៅទៀត នៅពេលដែលមនុស្សមួយចំនួនបានឃើញខ្ញុំគ្មានកន្លែងលាក់ខ្លួន និងគ្មានកន្លែងស្នាក់នៅ ពួកគេបានឆ្លៀតឱកាសរំខានដល់កិច្ចការរបស់ពួកជំនុំ និងរឹបអូសយកទ្រព្យសម្បត្តិនៃដំណាក់របស់ព្រះជាម្ចាស់។ នេះគឺដូចគ្នាបេះបិទទៅនឹងពេលដែលព្រះយេស៊ូវត្រូវបានគេឆ្កាង ដែលពួកអ្នកមិនជឿ និងពួកទទឹងនឹងព្រះគ្រីស្ទជាច្រើនបានគិតថា៖ «ពួកជំនុំត្រូវចប់ហើយ កិច្ចការរបស់ព្រះជាម្ចាស់គឺចប់ហើយ ដែលត្រូវបានបំផ្លាញទាំងស្រុងដោយសាតាំង។ យកល្អ យើងគួរតែប្រញាប់រត់គេចខ្លួន ហើយចាប់ផ្ដើមបែងចែកទ្រព្យសម្បត្តិគ្នា!»។ ទោះបីជាពួកគេប្រឈមមុខនឹងកាលៈទេសៈបែបណាក៏ដោយ ក៏ពួកអ្នកមិនជឿ និងពួកទទឹងនឹងព្រះគ្រីស្ទទាំងនេះ តែងតែបញ្ចេញឱ្យឃើញនូវនិស្ស័យដ៏កាចសាហាវរបស់ពួកគេជានិច្ច ដោយបញ្ចេញឱ្យឃើញនូវលក្ខណៈពិតនៃពួកអ្នកមិនជឿ។ រាល់ពេលដែលពួកជំនុំជួបប្រទះនឹងសញ្ញានៃបញ្ហា ឬកាលៈទេសៈលំបាកសូម្បីតែបន្តិចបន្តួចក្ដី ពួកគេចង់រត់គេចខ្លួនភ្លាមៗ ដោយចង់ឱ្យបងប្អូនប្រុសស្រីទាំងអស់បែកខ្ញែកគ្នា ដកខ្លួនចេញ និងលែងដើរតាមព្រះគ្រីស្ទទៀត។ ពួកគេពិតជាប្រាថ្នាចង់ឱ្យអូរនេះជារឿងខុសឆ្គង ហើយចង់ឱ្យកិច្ចការរបស់ព្រះជាម្ចាស់នៅតែមិនបានសម្រេច។ ទាំងនេះគឺជាលក្ខណៈពិតនៃពួកទទឹងនឹងព្រះគ្រីស្ទ។ នេះគឺជាអាកប្បកិរិយារបស់ពួកទទឹងនឹងព្រះគ្រីស្ទចំពោះព្រះគ្រីស្ទ នៅពេលប្រឈមមុខនឹងកាលៈទេសៈបែបនេះ។

៣. ឥរិយាបថរបស់ពួកគេនៅពេលដែលពួកគេបង្កើតសញ្ញាណអំពីព្រះគ្រីស្ទ

ចំណុចមួយទៀតគឺការបង្ហាញចេញនៃពួកទទឹងនឹងព្រះគ្រីស្ទ នៅពេលដែលពួកគេមានសញ្ញាណអំពីសាច់ឈាមរបស់ព្រះជាម្ចាស់ដែលយកកំណើតជាមនុស្ស។ ឧទាហរណ៍ នៅពេលដែលពួកគេឃើញព្រះជាម្ចាស់ដែលយកកំណើតជាមនុស្ស ធ្វើរឿងមួយចំនួន ឬមានបន្ទូលនូវពាក្យពេចន៍មួយចំនួនដែលដូចមនុស្សធម្មតាខ្លាំង ដោយមិនឃើញមានភាពជាព្រះសូម្បីតែបន្តិច ពួកគេក៏កើតមានការទាស់ទទឹង ព្រមទាំងបង្កើតសញ្ញាណ និងការថ្កោលទោសចេញពីជម្រៅដួងចិត្តរបស់ពួកគេ ដោយគិតថា៖ «ទោះបីជាខ្ញុំមើលទៅគាត់យ៉ាងណាក៏ដោយ ក៏បុគ្គលនោះមើលទៅមិនដូចជាព្រះឡើយ គាត់គ្រាន់តែមើលទៅដូចជាមនុស្សធម្មតាម្នាក់ប៉ុណ្ណោះ។ ប្រសិនបើគាត់ដូចជាមនុស្ស តើគាត់នៅតែអាចជាព្រះបានដែរឬទេ? ប្រសិនបើគាត់ជាមនុស្ស តើការដើរតាមគាត់បែបនេះ មិនមែនជារឿងល្ងង់ខ្លៅខ្លាំងទៅហើយទេឬអី?»។ ពួកគេបង្កើតសញ្ញាណអំពីបន្ទូល និងទង្វើរបស់ព្រះគ្រីស្ទ អំពីរបៀបរស់នៅរបស់ព្រះគ្រីស្ទ ការស្លៀកពាក់ និងរូបរាងរបស់ទ្រង់ ហើយសូម្បីតែរបៀបដែលទ្រង់មានបន្ទូល សំនៀងរបស់ទ្រង់ ការជ្រើសរើសពាក្យពេចន៍របស់ទ្រង់ និងរឿងផ្សេងៗទៀត ពោលគឺពួកគេអាចបង្កើតសញ្ញាណអំពីរឿងទាំងអស់នេះបាន។ នៅពេលដែលសញ្ញាណទាំងនេះកើតឡើង តើពួកគេចាត់ចែងវាដោយរបៀបណា? ពួកគេលាក់ទុកគំនិតទាំងនេះក្នុងចិត្ត ហើយមិនព្រមលះបង់វាចោលឡើយ ដោយជឿថា ការក្ដាប់ជាប់នូវសញ្ញាណទាំងនេះ គឺប្រៀបដូចជាការចាប់បានកូនសោអ៊ីចឹង។ ពួកគេគិតថា «កូនសោ» នេះមកដល់ចំពេលល្អណាស់ ថាពេលដែលពួកគេមានសញ្ញាណទាំងនេះ វាផ្ដល់ឱ្យពួកគេនូវចំណុចមានប្រៀប ហើយនៅពេលដែលពួកគេមានចំណុចមានប្រៀប វាក្លាយជាងាយស្រួលក្នុងការចាត់ចែង។ នេះគឺជារបៀបដែលពួកទទឹងនឹងព្រះគ្រីស្ទគិត។ ពួកគេមានអារម្មណ៍ថា ការមានសញ្ញាណ គឺស្មើនឹងការក្ដាប់បានចំណុចមានប្រៀប ដូច្នេះហើយ ពួកគេអាចបដិសេធព្រះគ្រីស្ទនៅគ្រប់ពេលវេលា និងគ្រប់ទីកន្លែង ហើយអាចបដិសេធការពិតដែលថាសាច់ឈាមដែលព្រះជាម្ចាស់យកកំណើតជាមនុស្ស មានសារជាតិរបស់ព្រះជាម្ចាស់។ មនុស្សមួយចំនួនសួរថា៖ «ហេតុអ្វីបានជាពួកទទឹងនឹងព្រះគ្រីស្ទមានចេតនាបែបនេះ?»។ ប្រាប់ខ្ញុំមកមើល៍ តើពួកទទឹងនឹងព្រះគ្រីស្ទ ដែលជាបក្ខពួករបស់សាតាំង សង្ឃឹមចង់ឱ្យកិច្ចការរបស់ព្រះជាម្ចាស់សម្រេចបានជោគជ័យដែរឬទេ? (ពួកគេមិនសង្ឃឹមចង់បានបែបនេះទេ)។ ហេតុអ្វីបានជាពួកគេមិនសង្ឃឹមចង់បានដូច្នេះ? តើអ្វីទៅដែលបញ្ជាក់ពីរឿងនេះ? ពីធម្មជាតិមក ពួកទទឹងនឹងព្រះគ្រីស្ទមិនពេញចិត្តនឹងសេចក្ដីពិតឡើយ ហើយគ្រប់ព្រះបន្ទូលដែលព្រះជាម្ចាស់បានសម្ដែងចេញ គឺជាសេចក្ដីពិត ដែលពួកគេចាត់ទុកថាជារឿងគួរឱ្យខ្ពើមរអើមយ៉ាងខ្លាំងនៅក្នុងដួងចិត្តរបស់ពួកគេ ហើយពួកគេមិនព្រមស្ដាប់ ឬទទួលយកឡើយ។ ព្រះបន្ទូលនៃការបើកសម្ដែង និងការជំនុំជម្រះរបស់ព្រះជាម្ចាស់ចំពោះមនុស្សជាតិ គឺជាការថ្កោលទោសដល់ពួកទទឹងនឹងព្រះគ្រីស្ទ និងពួកមនុស្សអាក្រក់ទាំងនេះ ហើយសម្រាប់ពួកគេ ព្រះបន្ទូលទាំងនេះគឺជាការថ្កោលទោស ការជំនុំជម្រះ និងបណ្ដាសា ដែលធ្វើឱ្យពួកគេមានអារម្មណ៍មិនស្រួល និងនៅមិនសុខឡើយ នៅពេលដែលពួកគេឮព្រះបន្ទូលទាំងនោះ។ តើពួកគេគិតយ៉ាងណានៅក្នុងដួងចិត្តរបស់ពួកគេ? «ពាក្យសម្ដីទាំងអស់នេះដែលព្រះជាម្ចាស់មានបន្ទូល គឺកំពុងតែជំនុំជម្រះ និងថ្កោលទោសខ្ញុំហើយ។ មើលទៅ មនុស្សដូចជាខ្ញុំមិនអាចត្រូវបានសង្គ្រោះឡើយ។ ខ្ញុំគឺជាប្រភេទមនុស្សដែលត្រូវបានជម្រុះចោល និងបដិសេធចោល។ ដោយសារខ្ញុំគ្មានសង្ឃឹមថានឹងត្រូវបានសង្គ្រោះ តើការជឿលើព្រះជាម្ចាស់មានប្រយោជន៍អ្វីទៅ? ប៉ុន្តែការពិតគឺថា ទ្រង់នៅតែជាព្រះជាម្ចាស់ ទ្រង់គឺជាសាច់ឈាមដែលព្រះជាម្ចាស់យកកំណើតជាមនុស្ស ដែលបានមានបន្ទូលពាក្យពេចន៍ជាច្រើន និងមានអ្នកដើរតាមយ៉ាងច្រើន។ តើខ្ញុំគួរធ្វើដូចម្ដេចចំពោះរឿងនេះ?»។ បញ្ហានេះធ្វើឱ្យពួកគេថប់បារម្ភ ប្រសិនបើពួកគេមិនអាចទទួលបានអ្វីមួយទេ ពួកគេក៏មិនចង់ឱ្យអ្នកដទៃទទួលបានវាដែរ។ ប្រសិនបើអ្នកដទៃអាចទទួលបានវា ខណៈដែលពួកគេមិនអាច ពួកគេនឹងក្លាយជាស្អប់គុំកួនយ៉ាងខ្លាំង និងមិនសប្បាយចិត្តឡើយ។ ពួកគេសង្ឃឹមថា ព្រះជាម្ចាស់ដែលយកកំណើតជាមនុស្ស មិនមែនជាព្រះជាម្ចាស់ទេ ហើយសង្ឃឹមថាកិច្ចការដែលទ្រង់ធ្វើ គឺជារឿងក្លែងក្លាយ និងមិនមែនធ្វើឡើងដោយព្រះជាម្ចាស់ឡើយ។ ប្រសិនបើបែបនេះមែន ពួកគេនឹងមានអារម្មណ៍ស្ងប់ចិត្ត ហើយបញ្ហានេះនឹងត្រូវបានដោះស្រាយដល់ឫសគល់។ ពួកគេគិតក្នុងចិត្តថា៖ «ប្រសិនបើបុគ្គលនេះមិនមែនជាព្រះជាម្ចាស់ដែលយកកំណើតជាមនុស្សទេ នោះតើវាមិនមានន័យថា អស់អ្នកដែលដើរតាមគាត់កំពុងតែចាញ់បោកគេទេឬអី? ប្រសិនបើបែបនេះមែន នោះមិនយូរមិនឆាប់ មនុស្សទាំងនេះនឹងបែកខ្ញែកគ្នាជាមិនខាន។ ប្រសិនបើពួកគេបែកខ្ញែកគ្នា ហើយគ្មាននរណាម្នាក់ទទួលបានអ្វីសោះ នោះទើបខ្ញុំអាចធូរស្រាលចិត្ត និងមានអារម្មណ៍ស្ងប់ចិត្ត ព្រោះខ្ញុំក៏មិនទទួលបានអ្វីដែរ ត្រូវទេ?»។ នេះគឺជាផ្នត់គំនិតរបស់ពួកគេ។ ពួកគេមិនអាចទទួលបានអ្វី ដូច្នេះ ពួកគេក៏មិនចង់ឱ្យអ្នកដទៃទទួលបានអ្វីដែរ។ វិធីដ៏ល្អបំផុតដើម្បីរារាំងអ្នកដទៃមិនឱ្យទទួលបានអ្វីនោះ គឺត្រូវបដិសេធព្រះគ្រីស្ទ បដិសេធសារជាតិរបស់ព្រះគ្រីស្ទ បដិសេធកិច្ចការដែលព្រះគ្រីស្ទបានធ្វើ និងបដិសេធគ្រប់ព្រះបន្ទូលដែលព្រះគ្រីស្ទបានថ្លែង។ តាមរបៀបនេះ ពួកគេនឹងមិនត្រូវបានថ្កោលទោសឡើយ ហើយពួកគេសុខចិត្តទទួលយក និងស្ងប់ចិត្តនឹងការមិនទទួលបានអ្វីសោះ ដោយលែងចាំបាច់ត្រូវខ្វាយខ្វល់អំពីបញ្ហានេះតទៅទៀត។ នេះគឺជាសារជាតិធម្មជាតិនៃមនុស្សដូចជាពួកទទឹងនឹងព្រះគ្រីស្ទ។ ដូច្នេះ តើពួកគេមានសញ្ញាណអំពីព្រះគ្រីស្ទដែរឬទេ? ហើយនៅពេលដែលពួកគេមានសញ្ញាណ តើពួកគេដោះស្រាយវាដែរឬទេ? តើពួកគេអាចលះបង់វាចោលបានដែរឬទេ? ពួកគេមិនអាចទេ។ តើសញ្ញាណរបស់ពួកគេត្រូវបានបង្កើតឡើងដោយរបៀបណា? វាជារឿងងាយស្រួលសម្រាប់ពួកគេក្នុងការបង្កើតសញ្ញាណ៖ «នៅពេលដែលអ្នកនិយាយ ខ្ញុំពិនិត្យពិច័យអ្នក ដោយព្យាយាមយល់ពីចេតនានៅពីក្រោយពាក្យសម្ដីរបស់អ្នក និងថាតើវាមានប្រភពមកពីណា។ តើវាជារឿងដែលអ្នកធ្លាប់បានឮ ឬបានរៀន ឬក៏មាននរណាម្នាក់បានប្រាប់អ្នកឱ្យនិយាយវា? តើមាននរណាម្នាក់បានរាយការណ៍ ឬប្ដឹងទៅអ្នកឬ? តើអ្នកកំពុងតែលាតត្រដាងពីនរណា?»។ ពួកគេពិនិត្យពិច័យតាមរបៀបនេះ។ តើពួកគេអាចយល់ពីសេចក្ដីពិតបានដែរឬទេ? ពួកគេគ្មានថ្ងៃអាចយល់ពីសេចក្ដីពិតបានឡើយ។ ពួកគេទាស់ទទឹងនឹងវានៅក្នុងចិត្តរបស់ពួកគេ។ ពួកគេមិនពេញចិត្តនឹងសេចក្ដីពិត ទាស់ទទឹងនឹងវា ហើយស្អប់វា ហើយពួកគេស្ដាប់សេចក្ដីអធិប្បាយដោយមានសារជាតិធម្មជាតិបែបនេះ។ ក្រៅពីទ្រឹស្ដី និងគោលលទ្ធិ អ្វីទាំងអស់ដែលពួកគេយល់បាន គឺមានតែសញ្ញាណប៉ុណ្ណោះ។ តើសញ្ញាណប្រភេទណាខ្លះ? «ព្រះគ្រីស្ទនិយាយរបៀបនេះ ជួនកាលថែមទាំងនិយាយលេងសើចទៀតផង។ ការធ្វើបែបនោះមិនគួរឱ្យគោរពទាល់តែសោះ! ជួនកាល គាត់និយាយពាក្យប្រៀបធៀប។ ការធ្វើបែបនោះមិនម៉ឺងម៉ាត់ទាល់តែសោះ! ពាក្យសម្ដីរបស់គាត់មិនមានវោហារសព្ទទេ គាត់មិនមែនជាអ្នករៀនសូត្របានខ្ពស់ឡើយ! ជួនកាល គាត់ត្រូវត្រិះរិះ និងគិតអំពីការជ្រើសរើសពាក្យពេចន៍របស់គាត់ គាត់មិនបានរៀននៅសាកលវិទ្យាល័យទេ តើមែនទេ?។ ជួនកាល សម្ដីរបស់គាត់សំដៅលើនរណាម្នាក់ជាក់លាក់ តើជានរណា? តើមាននរណាម្នាក់បានប្ដឹងឬទេ? តើជានរណា? ហេតុអ្វីបានជាព្រះគ្រីស្ទតែងតែរិះគន់ខ្ញុំនៅពេលដែលគាត់និយាយ? តើគាត់តាមដាន និងសង្កេតមើលខ្ញុំពេញមួយថ្ងៃឬ? តើគាត់ចំណាយពេលពេញមួយថ្ងៃដើម្បីត្រិះរិះអំពីមនុស្សឬ? តើព្រះគ្រីស្ទកំពុងគិតអ្វីនៅក្នុងចិត្តរបស់គាត់? សម្ដីរបស់ព្រះជាម្ចាស់ដែលយកកំណើតជាមនុស្ស ស្ដាប់ទៅមិនដូចជាសំឡេងផ្គរលាន់របស់ព្រះនៅស្ថានសួគ៌ ដែលមានសិទ្ធិអំណាចមិនអាចប្រកែកបានឡើយ ហេតុអ្វីបានជាអ្វីដែលគាត់បង្ហាញចេញមក មើលទៅដូចជាមនុស្សម៉្លេះ? គាត់គ្រាន់តែជាមនុស្សម្នាក់ប៉ុណ្ណោះ ទោះបីជាខ្ញុំមើលទៅគាត់យ៉ាងណាក៏ដោយ។ តើព្រះជាម្ចាស់ដែលយកកំណើតជាមនុស្សមានភាពទន់ខ្សោយដែរឬទេ? តើគាត់ស្អប់មនុស្សនៅក្នុងចិត្តរបស់គាត់ឬទេ? តើគាត់មានទស្សនវិជ្ជាសម្រាប់ការប្រព្រឹត្តក្នុងលោកីយ៍ នៅក្នុងការប្រាស្រ័យទាក់ទងរបស់គាត់ជាមួយមនុស្សដែរឬទេ?» តើសញ្ញាណទាំងនេះមានច្រើនទេ? (មានច្រើន)។ គំនិតរបស់ពួកទទឹងនឹងព្រះគ្រីស្ទ គឺពោរពេញទៅដោយរឿងរ៉ាវដែលមិនពាក់ព័ន្ធនឹងសេចក្ដីពិត ដែលសុទ្ធតែមានប្រភពចេញពីការគិត និងតក្កវិជ្ជារបស់សាតាំង ចេញពីទស្សនវិជ្ជាសម្រាប់ការប្រព្រឹត្តក្នុងលោកីយ៍របស់សាតាំង។ នៅជ្រៅក្នុងចិត្ត ពួកគេពោរពេញទៅដោយទុច្ចរិត ពោរពេញទៅដោយសភាព និងនិស្ស័យដែលមិនពេញចិត្តនឹងសេចក្ដីពិត។ ពួកគេមក មិនមែនដើម្បីស្វែងរក ឬទទួលបានសេចក្ដីពិតនោះទេ ប៉ុន្តែដើម្បីពិនិត្យពិច័យព្រះជាម្ចាស់។ សញ្ញាណរបស់ពួកគេអាចកើតឡើងនៅគ្រប់ពេលវេលា គ្រប់ទីកន្លែង ហើយពួកគេបង្កើតសញ្ញាណនៅពេលកំពុងសង្កេតមើល នៅពេលកំពុងពិនិត្យពិច័យ។ សញ្ញាណរបស់ពួកគេកកើតឡើងក្នុងអំឡុងពេលនៃការជំនុំជម្រះ និងការថ្កោលទោសរបស់ពួកគេ ហើយពួកគេប្រកាន់ខ្ជាប់នូវសញ្ញាណទាំងនេះយ៉ាងជាប់នៅក្នុងដួងចិត្តរបស់ពួកគេ។ នៅពេលដែលពួកគេសង្កេតមើលផ្នែកខាងភាពជាមនុស្សរបស់ព្រះជាម្ចាស់ដែលយកកំណើតជាមនុស្ស ពួកគេក៏បង្កើតសញ្ញាណ។ នៅពេលដែលពួកគេឃើញផ្នែកខាងភាពជាព្រះ ពួកគេប្រែជាចង់ដឹងចង់ឃើញ និងភ្ញាក់ផ្អើល ដែលនេះក៏នាំឱ្យមានការបង្កើតសញ្ញាណផងដែរ។ អាកប្បកិរិយារបស់ពួកគេចំពោះព្រះគ្រីស្ទ និងចំពោះសាច់ឈាមដែលព្រះជាម្ចាស់យកកំណើតជាមនុស្ស មិនមែនជាការចុះចូល ឬការទទួលយកយ៉ាងពិតប្រាកដចេញពីជម្រៅចិត្តរបស់ពួកគេឡើយ។ ផ្ទុយទៅវិញ ពួកគេឈរនៅខាងផ្ទុយពីព្រះគ្រីស្ទ ដោយសង្កេត និងពិនិត្យពិច័យខ្សែព្រះនេត្រ ព្រះតម្រិះ និងអាកប្បកិរិយារបស់ទ្រង់ ហើយថែមទាំងសង្កេត និងពិនិត្យពិច័យរាល់ការសម្ដែងចេញរបស់ព្រះគ្រីស្ទ ដោយស្ដាប់រាល់ប្រភេទនៃសំនៀង ទឹកដមព្រះសូរសៀងនៃការមានបន្ទូល និងការជ្រើសរើសពាក្យពេចន៍ និងស្ដាប់នូវអ្វីដែលត្រូវបានលើកឡើងនៅក្នុងព្រះបន្ទូលរបស់ព្រះគ្រីស្ទ និងរឿងផ្សេងៗទៀត។ នៅពេលដែលពួកទទឹងនឹងព្រះគ្រីស្ទសង្កេត និងពិនិត្យពិច័យព្រះគ្រីស្ទតាមរបៀបនេះ អាកប្បកិរិយារបស់ពួកគេមិនមែនជាការមានបំណងស្វែងរកសេចក្ដីពិត និងយល់ពីវា ដើម្បីឱ្យពួកគេអាចទទួលយកព្រះគ្រីស្ទជាព្រះជាម្ចាស់របស់ពួកគេ និងទទួលយកព្រះគ្រីស្ទជាសេចក្ដីពិតរបស់ពួកគេ និងក្លាយជាជីវិតរបស់ពួកគេនោះទេ។ ផ្ទុយទៅវិញ ពួកគេចង់ពិនិត្យពិច័យបុគ្គលនេះ ចង់ពិនិត្យពិច័យ និងស្វែងយល់ពីទ្រង់ឱ្យបានស៊ីជម្រៅ។ តើពួកគេកំពុងព្យាយាមស្វែងយល់ពីអ្វី? ពួកគេកំពុងពិនិត្យពិច័យថាតើបុគ្គលនេះស្រដៀងព្រះជាម្ចាស់យ៉ាងដូចម្ដេច ហើយប្រសិនបើទ្រង់ពិតជាស្រដៀងព្រះជាម្ចាស់មែន ពួកគេទទួលយកទ្រង់។ ប្រសិនបើទោះបីជាពួកគេពិនិត្យពិច័យទ្រង់យ៉ាងណាក៏ដោយ ក៏ទ្រង់មើលទៅមិនដូចជាព្រះជាម្ចាស់ នោះពួកគេបោះបង់គំនិតនេះចោលទាំងស្រុង ហើយបន្តប្រកាន់ខ្ជាប់នូវសញ្ញាណអំពីព្រះជាម្ចាស់ដែលយកកំណើតជាមនុស្ស ឬដោយជឿថាគ្មានសង្ឃឹមក្នុងការទទួលបានព្រះពរ ពួកគេក៏ស្វែងរកឱកាសដើម្បីចាកចេញយ៉ាងប្រញាប់។

វាជារឿងធម្មតាណាស់សម្រាប់ពួកទទឹងនឹងព្រះគ្រីស្ទ ក្នុងការបង្កើតសញ្ញាណអំពីសាច់ឈាមដែលព្រះជាម្ចាស់យកកំណើតជាមនុស្ស។ ដោយសារតែសារជាតិរបស់ពួកគេជាពួកទទឹងនឹងព្រះគ្រីស្ទ ជាសារជាតិរបស់ពួកគេដែលមិនពេញចិត្តនឹងសេចក្ដីពិត ពួកគេមិនអាចលះបង់សញ្ញាណរបស់ពួកគេចោលបានឡើយ។ នៅពេលដែលគ្មានរឿងអ្វីកើតឡើង ពួកគេអានសៀវភៅព្រះបន្ទូលរបស់ព្រះជាម្ចាស់ ហើយចាត់ទុកព្រះបន្ទូលទាំងនេះជាព្រះជាម្ចាស់ ប៉ុន្តែនៅពេលដែលបានប្រាស្រ័យទាក់ទងជាមួយព្រះជាម្ចាស់ដែលយកកំណើតជាមនុស្ស ហើយឃើញថាទ្រង់មិនស្រដៀងនឹងព្រះជាម្ចាស់ ពួកគេក៏បង្កើតសញ្ញាណភ្លាមៗ ហើយអាកប្បកិរិយារបស់ពួកគេក៏ផ្លាស់ប្ដូរ។ នៅពេលដែលមិនបានប្រាស្រ័យទាក់ទងជាមួយព្រះជាម្ចាស់ដែលយកកំណើតជាមនុស្ស ពួកគេគ្រាន់តែកាន់សៀវភៅព្រះបន្ទូលរបស់ព្រះជាម្ចាស់ ហើយចាត់ទុកព្រះបន្ទូលរបស់ទ្រង់ជាព្រះជាម្ចាស់ ហើយពួកគេនៅតែអាចលាក់ទុកនូវការស្រមើស្រមៃដ៏ស្រពេចស្រពិល និងចេតនាក្នុងការទទួលបានព្រះពរ ដើម្បីពុះពារធ្វើការធ្ងន់ទាំងបង្ខំចិត្ត បំពេញភារកិច្ចខ្លះៗ និងដើរតួនាទីមួយនៅក្នុងព្រះដំណាក់របស់ព្រះជាម្ចាស់។ ប៉ុន្តែ ភ្លាមៗនៅពេលដែលពួកគេបានប្រាស្រ័យទាក់ទងជាមួយសាច់ឈាមដែលព្រះជាម្ចាស់យកកំណើតជាមនុស្ស គំនិតរបស់ពួកគេក៏ពោរពេញទៅដោយសញ្ញាណ។ ទោះបីជាពួកគេមិនត្រូវបានលួសកាត់ក៏ដោយ ក៏ភាពក្លៀវក្លារបស់ពួកគេក្នុងការបំពេញភារកិច្ចរបស់ខ្លួន អាចនឹងថយចុះយ៉ាងខ្លាំងផងដែរ។ នេះគឺជារបៀបដែលពួកទទឹងនឹងព្រះគ្រីស្ទប្រព្រឹត្តចំពោះព្រះបន្ទូលរបស់ព្រះជាម្ចាស់ និងសាច់ឈាមដែលព្រះជាម្ចាស់យកកំណើតជាមនុស្ស។ ពួកគេតែងតែបំបែកព្រះបន្ទូលរបស់ព្រះជាម្ចាស់ចេញពីសាច់ឈាមដែលព្រះជាម្ចាស់យកកំណើតជាមនុស្ស ដោយចាត់ទុកព្រះបន្ទូលរបស់ព្រះជាម្ចាស់ជាព្រះជាម្ចាស់ និងចាត់ទុកសាច់ឈាមដែលព្រះជាម្ចាស់យកកំណើតជាមនុស្ស ជាមនុស្សធម្មតា។ នៅពេលដែលសាច់ឈាមដែលព្រះជាម្ចាស់យកកំណើតជាមនុស្ស មិនស្របតាម ឬបំពានលើសញ្ញាណរបស់ពួកគេ ពួកគេក៏ងាកទៅរកព្រះបន្ទូលរបស់ព្រះជាម្ចាស់យ៉ាងលឿន ហើយអានអធិដ្ឋានព្រះបន្ទូលទាំងនោះ ដោយព្យាយាមគាបសង្កត់សញ្ញាណរបស់ពួកគេទាំងបង្ខំ និងលាក់វាទុក។ បន្ទាប់មក ពួកគេថ្វាយបង្គំព្រះបន្ទូលរបស់ព្រះជាម្ចាស់ ហាក់ដូចជាពួកគេកំពុងថ្វាយបង្គំព្រះជាម្ចាស់ផ្ទាល់ ហើយវាហាក់បីដូចជាសញ្ញាណរបស់ពួកគេត្រូវបានជម្រះរួចរាល់អ៊ីចឹង។ ប៉ុន្តែ ក្នុងតថភាពពិត ការមិនចុះចូល ក្ដីកំហឹង និងការមើលងាយចំពោះព្រះគ្រីស្ទនៅក្នុងចិត្តរបស់ពួកគេ មិនត្រូវបានជម្រះទាល់តែសោះ។ នៅក្នុងការប្រព្រឹត្តរបស់ពួកគេចំពោះព្រះគ្រីស្ទ ពួកទទឹងនឹងព្រះគ្រីស្ទបន្តបង្កើតសញ្ញាណជានិច្ច ហើយប្រកាន់ខ្ជាប់នូវសញ្ញាណទាំងនោះយ៉ាងរឹងរូសរហូតដល់ស្លាប់។ នៅពេលដែលពួកគេគ្មានសញ្ញាណ ពួកគេពិនិត្យពិច័យ និងវិភាគ។ នៅពេលដែលពួកគេមានសញ្ញាណ ពួកគេមិនត្រឹមតែពិនិត្យពិច័យ និងវិភាគប៉ុណ្ណោះទេ ពួកគេថែមទាំងប្រកាន់ខ្ជាប់នូវសញ្ញាណទាំងនោះយ៉ាងរឹងរូសទៀតផង។ ពួកគេមិនជម្រះសញ្ញាណរបស់ពួកគេ ហើយក៏មិនស្វែងរកសេចក្ដីពិតដែរ ពួកគេជឿជាក់ថាពួកគេត្រឹមត្រូវ។ តើពួកគេមិនមែនគឺជាកម្មសិទ្ធិសាតាំងទេឬអី? (មែនហើយ)។ ទាំងនេះគឺជាការបង្ហាញចេញនៃពួកទទឹងនឹងព្រះគ្រីស្ទ នៅពេលដែលពួកគេមានសញ្ញាណអំពីព្រះជាម្ចាស់ដែលយកកំណើតជាមនុស្ស។

៤. ឥរិយាបថរបស់ពួកគេនៅពេលដែលពួកគេត្រូវបានដំឡើង តំណែង ឬដកហូតតំណែង

នៅក្នុងពួកជំនុំ មនុស្សមួយចំនួនមានគុណសម្បត្តិបន្តិចបន្តួច និងមានសមត្ថភាពការងារខ្លះៗ។ នៅពេលដែលពួកគេត្រូវបានដំឡើងតំណែង ភាពក្លៀវក្លារបស់ពួកគេមានទំហំធំធេង ពួកគេសកម្មក្នុងការបំពេញភារកិច្ចរបស់ពួកគេ ទទួលខុសត្រូវ សុខចិត្តលះបង់តម្លៃ និងមានភាពស្មោះត្រង់ផងដែរ។ ទោះជាយ៉ាងណាក៏ដោយ នៅពេលដែលពួកគេត្រូវបានដកហូតចេញពីតំណែងរបស់ពួកគេ ដោយសារតែអសមត្ថភាពក្នុងការបំពេញការងារ និងបាត់បង់ឋានៈរបស់ពួកគេ អាកប្បកិរិយារបស់ពួកគេចំពោះព្រះជាម្ចាស់ក៏ផ្លាស់ប្ដូរ។ នៅពេលដែលពួកគេមានឋានៈ ពួកគេនិយាយទៅកាន់ព្រះជាម្ចាស់បែបនេះថា៖ «បងប្អូនប្រុសស្រីនៃគ្រួសាររបស់យើងគឺយ៉ាងនេះ អគារគ្រួសាររបស់យើងត្រូវតែជួសជុល ទីធ្លាគ្រួសាររបស់យើងត្រូវតែរៀបចំឱ្យមានសណ្ដាប់ធ្នាប់...»។ អ្វីៗគ្រប់យ៉ាងគឺនិយាយអំពី «គ្រួសាររបស់យើង»។ នៅពេលដែលពួកគេត្រូវបានដំឡើងតំណែង ពួកគេបានក្លាយជាផ្នែកមួយនៃដំណាក់របស់ព្រះជាម្ចាស់ ពួកគេហាក់បីដូចជាមានចិត្តតែមួយជាមួយព្រះជាម្ចាស់ ដូចជាគ្រួសារតែមួយ ដែលអាចមើលការខុសត្រូវលើកិច្ចការនៃដំណាក់របស់ព្រះជាម្ចាស់ ដោយគិតគូរដល់ព្រះហឫទ័យរបស់ព្រះជាម្ចាស់ និងនៅក្បែរទ្រង់ ព្រមទាំងប្រាស្រ័យទាក់ទងជាមួយព្រះជាម្ចាស់ក្នុងនាមជាអ្នកមានឋានៈស្មើគ្នា។ នៅពេលដែលពួកគេត្រូវបានដំឡើងតំណែង និងដាក់ឱ្យកាន់តំណែងដ៏សំខាន់ ពួកគេមានអារម្មណ៍ថាមានកិត្តិយស ហើយក្នុងពេលជាមួយគ្នានោះ ក៏មានអារម្មណ៍ដឹងពីទំនួលខុសត្រូវរបស់ពួកគេផងដែរ។ មិនថានិយាយមកកាន់ខ្ញុំ ឬទៅកាន់បងប្អូនប្រុសស្រីនោះទេ ពួកគេតែងតែនិយាយថា «គ្រួសាររបស់យើង»។ ពេលឮដូច្នេះ អ្នកនឹងគិតថាបុគ្គលនេះមិនអាក្រក់ទេ មានចិត្តល្អ ចេះផ្ដល់ភាពកក់ក្ដៅ ចាត់ទុកដំណាក់របស់ព្រះជាម្ចាស់ដូចជាផ្ទះរបស់ខ្លួនឯង យកចិត្តទុកដាក់យ៉ាងខ្លាំង និងមានទំនួលខុសត្រូវយ៉ាងខ្លាំងចំពោះអ្វីៗគ្រប់យ៉ាង ហើយគិតគូររាល់រឿងរ៉ាវទុកជាមុន ដែលមើលទៅហាក់ដូចជាមនុស្សដែលដេញតាមសេចក្ដីពិត និងមានភាពក្លៀវក្លាក្នុងការលះបង់តម្លៃ។ ប៉ុន្តែ តើពួកគេនៅតែនិយាយបែបនេះទៀតទេ បន្ទាប់ពីពួកគេត្រូវបានដកហូតតំណែង? ពេលដែលពួកគេត្រូវបានដកហូតតំណែង ពួកគេលែងមានអារម្មណ៍ដូចមុនទៀតហើយ អាកប្បកិរិយានោះក៏បាត់ទៅដែរ។ ពួកគេលែងនិយាយថា «គ្រួសាររបស់យើង» ទៀតហើយ ហើយនៅពេលដែលត្រូវបានគេសុំឱ្យធ្វើអ្វីមួយ ពួកគេលែងមានភាពក្លៀវក្លាដូចមុនទៀតហើយ។ តើពួកគេគិតយ៉ាងណា? «ពីមុន ពេលដែលអ្នកដំឡើងតំណែងខ្ញុំ ខ្ញុំមានឋានៈ ហើយខ្ញុំនៅជាមួយអ្នកដោយអស់ពីចិត្ត។ ឥឡូវនេះ ដោយសារខ្ញុំគ្មានឋានៈ យើងលែងជាគ្រួសារតែមួយទៀតហើយ ដូច្នេះ អ្នកធ្វើវាដោយខ្លួនឯងចុះ។ កុំមកពិភាក្សាជាមួយខ្ញុំអំពីរបៀបដែលអ្នកធ្វើវា ហើយកុំឱ្យខ្ញុំដឹងអី វាគ្មានពាក់ព័ន្ធអ្វីនឹងខ្ញុំឡើយ។ ខ្ញុំគ្រាន់តែពាំនាំសារឱ្យអ្នកប៉ុណ្ណោះ ហើយមានតែប៉ុណ្ណឹងទេ ខ្ញុំនឹងធ្វើបន្តិចបន្តួចនូវអ្វីដែលអ្នកសុំឱ្យខ្ញុំធ្វើ ប៉ុន្តែខ្ញុំលែងមានចិត្តតែមួយជាមួយអ្នកទៀតហើយ»។ បន្ទាប់មក ពួកគេចាត់ទុកអ្នកដូចជាអ្នកក្រៅ។ ប្រសិនបើអ្នកសុំឱ្យពួកគេធ្វើអ្វីមួយ ពួកគេធ្វើការហាក់ដូចជាពួកគេគ្រាន់តែធ្វើការឱ្យអ្នកដទៃ ដោយធ្វើឱ្យតែរួចពីដៃសើៗប៉ុណ្ណោះ។ ពីមុន ពួកគេប្រហែលជាធ្លាប់ធ្វើកិច្ចការប្រាំ ប៉ុន្តែឥឡូវនេះ ពួកគេធ្វើត្រឹមតែមួយ ឬពីរប៉ុណ្ណោះ ដោយគ្រាន់តែធ្វើតាមដំណើរ ធ្វើឱ្យតែរួចពីដៃ ធ្វើការងារសើៗខ្លះៗ ហើយមានតែប៉ុណ្ណឹង។ ហេតុអ្វីបានជាដូច្នេះ? ពួកគេនិយាយថា៖ «ពីមុន ខ្ញុំនៅជាមួយអ្នកដោយអស់ពីចិត្ត ដោយជួយអ្នករឿងនេះរឿងនោះ ចាត់ទុករឿងរបស់អ្នកដូចជារឿងរបស់ខ្ញុំផ្ទាល់ ជាភារកិច្ចរួមរបស់យើង ដោយធ្វើការក្នុងនាមអ្នក។ ប៉ុន្តែបន្ទាប់មក អ្នកបែរជាដកហូតតំណែងខ្ញុំ ដោយមិនខ្វល់ពីអារម្មណ៍របស់ខ្ញុំទាល់តែសោះ! អ្នកមិនខ្វល់ពីអារម្មណ៍របស់ខ្ញុំទេ តើឱ្យខ្ញុំធ្វើការឱ្យអ្នកយ៉ាងដូចម្ដេចបាន? ប្រសិនបើអ្នកដំឡើងតំណែងខ្ញុំម្ដងទៀត ហើយផ្ដល់ឋានៈឱ្យខ្ញុំ នោះវាមិនអីទេ។ ប៉ុន្តែប្រសិនបើអ្នកមិនផ្ដល់ឋានៈឱ្យខ្ញុំទេ នោះបំភ្លេចវាចោលទៅ។ ប្រសិនបើអ្នកចង់ហៅខ្ញុំឱ្យធ្វើរឿងអ្វីម្ដងទៀត វានឹងមិនដំណើរការល្អដូចមុនឡើយ។ ប្រសិនបើអ្នកប្រើខ្ញុំ អ្នកត្រូវតែផ្ដល់កេរ្តិ៍ឈ្មោះ និងឋានៈឱ្យខ្ញុំ។ ប្រសិនបើគ្មានឋានៈ ហើយអ្នកបែរជាគ្រាន់តែបញ្ជា និងរំពឹងឱ្យខ្ញុំធ្វើការងារខ្លះ តើមានការទទួលស្គាល់នៅត្រង់ណា? គួរតែមានការពន្យល់ខ្លះ!»។ ឥឡូវនេះ នៅពេលដែលអ្នកនិយាយ វាមិនមានប្រសិទ្ធភាពទៀតទេ។ នៅពេលដែលអ្នកសុំឱ្យពួកគេធ្វើអ្វីមួយ ពួកគេលែងមានការលះបង់ដូចមុនទៀតហើយ លែងលះបង់អស់ពីចិត្តពីគំនិតទៀតហើយ អាកប្បកិរិយារបស់ពួកគេបានផ្លាស់ប្ដូរហើយ។ ប្រសិនបើអ្នកសុំឱ្យពួកគេធ្វើអ្វីមួយម្ដងទៀត ឬប្រសិនបើព្រះដំណាក់របស់ព្រះជាម្ចាស់សុំឱ្យពួកគេធ្វើអ្វីមួយ ពួកគេចាត់ទុកវាជាកិច្ចការបន្ថែម ជាកិច្ចការរបស់អ្នកក្រៅ ហាក់បីដូចជាការដែលពួកគេទៅធ្វើវា គឺបានផ្ដល់មុខមាត់យ៉ាងធំដល់អ្នករួចទៅហើយ។ ពួកគេមានអារម្មណ៍ថា ប្រសិនបើពួកគេមិនធ្វើវាទេ វាមើលទៅហាក់ដូចជាមិនសមហេតុផល ជាពិសេសដោយសារតែពួកគេជឿលើព្រះជាម្ចាស់។ ប៉ុន្តែប្រសិនបើពួកគេទៅធ្វើវា ពួកគេធ្វើទាំងចិត្តមិនចង់ និងគ្រាន់តែធ្វើឱ្យតែរួចពីដៃប៉ុណ្ណោះ។ ហេតុអ្វីបានជាពួកគេធ្វើបែបនេះ? ពួកគេគិតថា៖ «ពីមុន ខ្ញុំទុកចិត្តអ្នក ១០០% ចាត់ទុករឿងរបស់អ្នកដូចជារឿងរបស់ខ្ញុំផ្ទាល់ ប៉ុន្តែបន្ទាប់មក អ្នកបែរជាបោះបង់ខ្ញុំចោលទាំងស្រួលៗបែបនោះ ដែលធ្វើឱ្យប៉ះពាល់ដល់ផ្លូវចិត្ត និងសេចក្ដីថ្លៃថ្នូររបស់ខ្ញុំ អ្នកបានព្រងើយកន្តើយនឹងខ្ញុំ។ ល្អហើយ ប្រសិនបើអ្នកមិនល្អចំពោះខ្ញុំទេ កុំបន្ទោសខ្ញុំថាគ្មានបេះដូងឱ្យសោះ។ ប្រសិនបើអ្នកប្រើខ្ញុំម្ដងទៀត ខ្ញុំមិនអាចដូចមុនបានទេ ពីព្រោះទំនាក់ទំនងរបស់យើងបានបែកបាក់រួចទៅហើយ។ ខ្ញុំមិនមែនងាយស្រួលឱ្យគេបញ្ជា ឱ្យមកពេលគេហៅ និងឱ្យទៅពេលគេដេញនោះទេ។ តើខ្ញុំជាស្អី? ប្រសិនបើមិនមែនដោយសារតែការជឿលើព្រះជាម្ចាស់ទេ តើខ្ញុំនឹងបណ្ដោយឱ្យអ្នកដទៃប្រើឧបាយកលដើម្បីគ្រប់គ្រងខ្ញុំបែបនេះឬ?»។ នៅពេលដែលពួកទទឹងនឹងព្រះគ្រីស្ទត្រូវបានដកហូតតំណែង និងបាត់បង់ឋានៈរបស់ពួកគេ អាកប្បកិរិយារបស់ពួកគេអាចឆ្លងកាត់ការផ្លាស់ប្ដូរដ៏គួរឱ្យកត់សម្គាល់បែបនេះ។ នៅពេលដែលពួកគេមានឋានៈ ទោះបីជាពួកគេហៅដំណាក់របស់ព្រះជាម្ចាស់ថា «គ្រួសាររបស់យើង» និងនិយាយពីវាជាញឹកញាប់ក៏ដោយ ក៏ពួកគេមិនបានចាត់ទុករឿងនៃដំណាក់របស់ព្រះជាម្ចាស់ ដូចជារឿងរបស់ពួកគេផ្ទាល់នោះទេ។ បន្ទាប់ពីត្រូវបានដកហូតតំណែង និងបាត់បង់ឋានៈរបស់ពួកគេ ប្រសិនបើដំណាក់របស់ព្រះជាម្ចាស់សុំឱ្យពួកគេបំពេញភារកិច្ចរបស់ខ្លួន ពួកគេមិនព្រមធ្វើដូច្នេះដោយគ្មានការចរចាឡើយ ហើយទោះបីជាចរចារួចក៏ដោយ ក៏ពួកគេទាមទារការពន្យល់ ឬការទទួលស្គាល់ណាមួយ។ អ្នកខ្លះថែមទាំងនិយាយថា៖ «លើកមុន អ្នកបានដកហូតតំណែងខ្ញុំ ដោយបោះបង់ខ្ញុំចោលទាំងស្រួលៗបែបនោះ។ ប្រសិនបើអ្នកចង់ឱ្យខ្ញុំធ្វើអ្វីមួយនៅពេលនេះ លុះត្រាតែមនុស្សដែលព្រះវិញ្ញាណបរិសុទ្ធប្រើ និយាយមកកាន់ខ្ញុំផ្ទាល់ ឬព្រះជាម្ចាស់ដែលយកកំណើតជាមនុស្សផ្ទាល់ មកនិយាយជាមួយខ្ញុំ បើមិនដូច្នេះទេ បំភ្លេចវាចោលទៅ!»។ ពួកគេពិតជាក្រអឺតក្រទមខ្លាំងណាស់! ប្រាប់ខ្ញុំមកមើល៍ តើដំណាក់របស់ព្រះជាម្ចាស់គួរប្រើមនុស្សបែបនេះដែរឬទេ? (ទេ)។ ពួកគេគិតថាពួកគេជាមនុស្សសំខាន់ ប៉ុន្តែតាមការពិត ដំណាក់របស់ព្រះជាម្ចាស់មិនឱ្យតម្លៃមនុស្សបែបនេះឡើយ។ ទោះបីជាអ្នកមានទេពកោសល្យ មានសមត្ថភាព ឬជំនាញក្នុងការដឹកនាំកម្រិតណាក៏ដោយ ក៏ដំណាក់របស់ព្រះជាម្ចាស់នឹងមិនប្រើអ្នកដែរ។ អ្នកខ្លះប្រហែលជាសួរថា៖ «តើមកពីព្រះអង្គមិនព្រមចុះញ៉មនឹងមនុស្សអាក្រក់មែនទេ?»។ ទេ នេះគឺជាបញ្ញត្តិរដ្ឋបាលនៃដំណាក់របស់ព្រះជាម្ចាស់ និងជាគោលការណ៍របស់ដំណាក់ក្នុងការប្រើមនុស្ស។ ប្រសិនបើពួកទទឹងនឹងព្រះគ្រីស្ទត្រូវបានអនុញ្ញាតឱ្យកាន់អំណាចនៅក្នុងដំណាក់របស់ព្រះជាម្ចាស់ តើវាជារឿងល្អ ឬជារឿងអាក្រក់សម្រាប់បងប្អូនប្រុសស្រី និងសម្រាប់ពួកជំនុំ? (ជារឿងអាក្រក់)។ តើដំណាក់របស់ព្រះជាម្ចាស់អាចធ្វើរឿងដ៏អាក្រក់បែបនេះបានដែរឬទេ? មិនអាចដាច់ខាត។ មុនពេលពួកគេត្រូវបានបើកសម្ដែងថាជាអាទទឹងនឹងព្រះគ្រីស្ទ ដំណាក់របស់ព្រះជាម្ចាស់បានដំឡើងតំណែងពួកគេទាំងបង្ខំចិត្ត ដើម្បីឱ្យបំពេញកិច្ចការ។ ពេលដែលពួកគេត្រូវបានបើកសម្ដែងថាជាអាទទឹងនឹងព្រះគ្រីស្ទ តើដំណាក់របស់ព្រះជាម្ចាស់នៅអាចដំឡើងតំណែងពួកគេបានទៀតឬ? វាមិនអាចទៅរួចទេ។ ពួកគេកំពុងតែស្រមើស្រមៃ និងគិតតែពីបំណងប្រាថ្នារបស់ខ្លួនឯងប៉ុណ្ណោះ។ ពួកទទឹងនឹងព្រះគ្រីស្ទខ្លះគិតបែបនេះថា៖ «ហ៊ឹះ ដំណាក់របស់ព្រះជាម្ចាស់មិនអាចដំណើរការបានទេ បើគ្មានខ្ញុំ។ គ្មាននរណាម្នាក់នៅក្នុងដំណាក់របស់ព្រះជាម្ចាស់ អាចរែកពុនកិច្ចការនេះបានឡើយ ក្រៅពីខ្ញុំ។ តើនរណាអាចជំនួសខ្ញុំបាន?»។ ពួកទទឹងនឹងព្រះគ្រីស្ទចង់អះអាងបែបនេះ។ ចូរយើងបង្ហាញពួកគេឱ្យឃើញថា តើកិច្ចការរបស់ព្រះជាម្ចាស់អាចដំណើរការទៅយ៉ាងរលូន និងសម្រេចបានជាស្ថាពរដែរឬទេ បើគ្មានពួកទទឹងនឹងព្រះគ្រីស្ទទាំងនេះនៅក្នុង ដំណាក់របស់ព្រះជាម្ចាស់។

ដំណើរការទៅមុខយ៉ាងរលូន និងការអភិវឌ្ឍនៃកិច្ចការផ្សេងៗនៅក្នុងដំណាក់របស់ព្រះជាម្ចាស់នៅពេលនេះ តើវាមានពាក់ព័ន្ធអ្វីនឹងការបោសសម្អាត និងការបណ្ដេញពួកទទឹងនឹងព្រះគ្រីស្ទ និងពួកមនុស្សអាក្រក់គ្រប់ប្រភេទចេញពីពួកជំនុំដែរឬទេ? វាពិតជាមានការពាក់ព័ន្ធគ្នាយ៉ាងខ្លាំង! ពួកទទឹងនឹងព្រះគ្រីស្ទមិនដឹងពីរឿងនេះទេ ពួកគេមិនដឹងថា គឺដោយសារតែពួកគេត្រូវបានគេបោសសម្អាត បណ្ដេញចេញ និងរឹតត្បិតនេះហើយ ទើបកិច្ចការនៃដំណាក់របស់ព្រះជាម្ចាស់អាចដំណើរការទៅមុខយ៉ាងរលូនបាន ពួកគេថែមទាំងធ្វើឫកធំ និងត្អូញត្អែរទៀតផង! តើអ្នកកំពុងត្អូញត្អែរពីរឿងអ្វី? អ្នកគិតថាអ្នកមានទេពកោសល្យ និងប្រាជ្ញា មានគុណសម្បត្តិ និងសមត្ថភាពការងារ ប៉ុន្តែតើអ្នកអាចធ្វើអ្វីបាននៅក្នុងដំណាក់របស់ព្រះជាម្ចាស់? មនុស្សទាំងនេះគ្រាន់តែដើរតួជាអ្នកបម្រើសាតាំង ដែលរំខាន និងបំផ្លិចបំផ្លាញកិច្ចការរបស់ព្រះជាម្ចាស់ប៉ុណ្ណោះ។ បើគ្មានវត្តមានរបស់ពួកគេទេ ជីវិតពួកជំនុំនៃរាស្ដ្ររើសតាំងរបស់ព្រះជាម្ចាស់ ជីវិតនៃការបំពេញភារកិច្ចរបស់ពួកគេ និងជីវិតប្រចាំថ្ងៃរបស់ពួកគេ នឹងកាន់តែស្ងប់ស្ងាត់ កាន់តែរលូន និងកាន់តែមានភាពស្ងប់សុខ ដែលនេះជារឿងដែលពួកទទឹងនឹងព្រះគ្រីស្ទមិនបានដឹងឡើយ។ ពួកទទឹងនឹងព្រះគ្រីស្ទទាំងនេះវាយតម្លៃសមត្ថភាពរបស់ពួកគេខ្ពស់ពេក ហើយមិនដឹងថាខ្លួនជាអ្វីឱ្យពិតប្រាកដឡើយ។ ពួកគេគិតថា ដំណាក់របស់ព្រះជាម្ចាស់មិនអាចដំណើរការបានទេបើគ្មានពួកគេ ថាកិច្ចការមិនអាចអនុវត្តបាន ហើយកិច្ចការជំនាញផ្សេងៗមិនអាចដំណើរការទៅមុខបានទេបើគ្មានពួកគេ។ ពួកគេមិនយល់ថា គឺសេចក្ដីសុចរិត និងសេចក្ដីពិតទេ ដែលកាន់អំណាចនៅក្នុងដំណាក់របស់ព្រះជាម្ចាស់។ ហេតុអ្វីបានជាពួកគេមិនដឹង? ហេតុអ្វីបានជាពួកទទឹងនឹងព្រះគ្រីស្ទមិនអាចយល់ពីរឿងដ៏សាមញ្ញបែបនេះបាន? នេះគ្រាន់តែបង្ហាញថា ពួកទទឹងនឹងព្រះគ្រីស្ទមានសារជាតិដែលមិនពេញចិត្តនឹងសេចក្ដីពិត និងប្រទូសរ៉ាយនឹងវាប៉ុណ្ណោះ។ គឺដោយសារតែពួកគេមិនពេញចិត្តនឹងសេចក្ដីពិត និងប្រទូសរ៉ាយនឹងសេចក្ដីពិតនេះហើយ ទើបពួកគេមិនដឹងថាសេចក្ដីពិតគឺជាអ្វី មិនដឹងថាអ្វីៗដែលវិជ្ជមានគឺជាអ្វី។ ផ្ទុយទៅវិញ ពួកគេគិតថា អាកប្បកិរិយាដ៏ទុច្ចរិត និងព្យាបាទរបស់ពួកគេដែល ទាស់ទទឹងនឹងព្រះជាម្ចាស់ គឺជារឿងល្អ និងត្រឹមត្រូវ ដោយគ្មានកំហុសអ្វីឡើយ។ ពួកគេជឿថា មានតែពួកគេទេដែលយល់ពីសេចក្ដីពិត មានភាពស្មោះត្រង់ចំពោះព្រះជាម្ចាស់ ហើយមានតែពួកគេទេដែលស័ក្ដិសមនឹងកាន់អំណាចនៅក្នុងដំណាក់របស់ព្រះជាម្ចាស់។ ពួកគេគិតខុសហើយ! គឺសេចក្ដីពិតទេដែលកាន់អំណាចនៅក្នុងដំណាក់របស់ព្រះជាម្ចាស់។ ពួកទទឹងនឹងព្រះគ្រីស្ទទាំងអស់ ត្រូវតែទទួលការថ្កោលទោស ការបដិសេធ និងការជម្រុះចោល។ ពួកគេមិនអាចមានកន្លែងនៅក្នុងដំណាក់របស់ព្រះជាម្ចាស់ឡើយ ហើយអាចត្រឹមតែត្រូវបានគេបដិសេធជារៀងរហូតប៉ុណ្ណោះ។

ពួកទទឹងនឹងព្រះគ្រីស្ទមួយចំនួនមានអំណោយទានខ្លះៗ មានគុណសម្បត្តិបន្តិចបន្តួច និងមានសមត្ថភាពខ្លះៗ ហើយពូកែខាងប្រើល្បិចដណ្ដើមអំណាច។ ពួកគេគិតថា នៅក្នុងដំណាក់របស់ព្រះជាម្ចាស់ ពួកគេគួរតែជាអ្នកដែលត្រូវបានគេដំឡើងតំណែង និងដាក់ឱ្យកាន់តំណែងសំខាន់ៗ។ ប៉ុន្តែមើលមកពេលបច្ចុប្បន្ននេះ វាមិនមែនជារឿងបែបនេះទេ។ មនុស្សទាំងនេះត្រូវបានគេថ្កោលទោស រឹតត្បិត និងបដិសេធ ហើយអ្នកខ្លះថែមទាំងត្រូវបានគេបោសសម្អាត ឬបណ្ដេញចេញពីពួកជំនុំទៀតផង។ ពួកគេមិនដែលនឹកស្មានថា បុគ្គលដ៏ «ខ្ពង់ខ្ពស់» ដូចជាពួកគេ ដែលមានសមត្ថភាពអស្ចារ្យ និងមានទេពកោសល្យខ្ពស់ បែរជាត្រូវជំពប់ដួលនៅក្នុងដំណាក់របស់ព្រះជាម្ចាស់ និងត្រូវបានគេបដិសេធសោះ។ ពួកគេគ្រាន់តែមិនអាចយល់ថាហេតុអ្វី។ ដូច្នេះ តើយើងគួរតែបន្តធ្វើការងារលើពួកគេទៀតដែរឬទេ? មិនចាំបាច់ទេ។ តើអ្នកអាចនិយាយហេតុផលជាមួយពួកសាតាំងបានដែរឬទេ? ការព្យាយាមនិយាយហេតុផលជាមួយពួកសាតាំង គឺប្រៀបដូចជាការអធិប្បាយប្រាប់មនុស្សថ្លង់អ៊ីចឹង មានវិធីតែមួយគត់ដើម្បីពណ៌នាពីពួកសាតាំង គឺមិនស្ដាប់ហេតុផល។ វាដូចជាពេលដែលមនុស្សមួយចំនួននិយាយថា៖ «ព្រះជាម្ចាស់សុំឱ្យមនុស្សធ្វើជាមនុស្សស្មោះត្រង់ ប៉ុន្តែការធ្វើជាមនុស្សស្មោះត្រង់មានអ្វីល្អទៅ? តើមានអ្វីខុសបើគ្រាន់តែនិយាយកុហកបន្តិចបន្តួច និងបោកបញ្ឆោតមនុស្សនោះ? តើមានអ្វីខុសបើគ្រាន់តែធ្វើជាមនុស្សវៀចវេរ និងបោកបញ្ឆោតនោះ? តើមានអ្វីខុសបើគ្រាន់តែធ្វើជាមនុស្សមិនស្មោះត្រង់នោះ? តើមានអ្វីខុសបើគ្រាន់តែធ្វើជាមនុស្សក្រឡេចក្រឡុច និងធ្វើឱ្យតែរួចពីដៃនោះ? តើមានអ្វីខុសបើគ្រាន់តែវិនិច្ឆ័យព្រះជាម្ចាស់នោះ? តើមានអ្វីខុសក្នុងការមានសញ្ញាណនានាអំពីព្រះជាម្ចាស់នោះ? តើមានអ្វីខុសបើគ្រាន់តែបះបោរទាស់នឹងព្រះជាម្ចាស់ តើវាជាកំហុសដ៏ធំអ្វីទៅ? វាពិតជាមិនមែនជារឿងគោលការណ៍ឡើយ!»។ សូម្បីតែមនុស្សមួយចំនួនក៏និយាយថា៖ «តើវាមិនមែនជារឿងធម្មតាទេឬ ដែលមនុស្សមានសមត្ថភាពបង្កើតនគរឯករាជ្យផ្ទាល់ខ្លួនរបស់ពួកគេនោះ? នៅក្នុងពិភពលោកនេះ អ្វីៗគឺសុទ្ធតែត្រីធំស៊ីត្រីតូច ជាពិភពលោកដែលអ្នកខ្លាំងគាបសង្កត់អ្នកខ្សោយ។ ប្រសិនបើអ្នកមានសមត្ថភាព អ្នកគួរតែទៅបង្កើតនគរផ្ទាល់ខ្លួនរបស់អ្នកទៅ តើមានអ្វីខុសទៅ? មនុស្សគ្រប់រូបមានអំណាចច្រើនប៉ុនណា គឺអាស្រ័យលើសមត្ថភាពរបស់ពួកគេកំណត់ ហើយគួរតែគ្រប់គ្រងមនុស្សច្រើនប៉ុនណា គឺអាស្រ័យលើអំណាចរបស់ពួកគេអនុញ្ញាត!»។ អ្នកផ្សេងទៀតនិយាយថា៖ «តើមានអ្វីខុសបើគ្រាន់តែប្រព្រឹត្តអំពើសហាយស្មន់នោះ? តើអំពើសហាយស្មន់មានបញ្ហាអ្វីទៅ? តើមានអ្វីខុសបើគ្រាន់តែដើរតាមនិន្នាការដ៏ទុច្ចរិតនោះ?» និងរឿងជាច្រើនទៀត។ បន្ទាប់ពីបានឮពាក្យសម្ដីទាំងនេះ តើអ្នករាល់គ្នាមានអារម្មណ៍យ៉ាងណា? (ខ្ពើមរអើម)។ គ្រាន់តែខ្ពើមរអើមឬ? បន្ទាប់ពីបានឮពាក្យសម្ដីទាំងនេះ គេមានអារម្មណ៍ថា៖ «យើងទាំងអស់គ្នាសុទ្ធតែពាក់ស្បែកជាមនុស្សដូចគ្នា ដូច្នេះ ហេតុអ្វីបានជាមនុស្សមួយចំនួនមិនត្រឹមតែមិនស្អប់ខ្ពើមអ្វីៗដែលអវិជ្ជមានទាំងនេះប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងស្រឡាញ់ពេញចិត្តវាទៀតផង? ហើយហេតុអ្វីបានជាមនុស្សមួយចំនួនស្អប់ខ្ពើមរឿងទាំងនេះ? ហេតុអ្វីបានជាមានភាពខុសគ្នាដ៏ធំបែបនេះរវាងមនុស្ស? ហេតុអ្វីបានជាអស់អ្នកដែលមិនពេញចិត្តនឹងសេចក្ដីពិត និងអ្វីៗដែលវិជ្ជមាន មិនស្រឡាញ់អ្វីៗដែលវិជ្ជមាន? ហេតុអ្វីបានជាពួកគេស្រឡាញ់ពេញចិត្តអ្វីៗដែលអវិជ្ជមានខ្លាំងម៉្លេះ ថែមទាំងចាត់ទុកវាជារតនសម្បត្តិទៀតផង? ហេតុអ្វីបានជាពួកគេមិនអាចស្គាល់សេចក្ដីទុច្ចរិត និងភាពគួរឱ្យស្អប់ខ្ពើមនៃអ្វីៗដែលអវិជ្ជមានទាំងនេះ?»។ ការឆ្លុះបញ្ចាំងបែបនេះកើតឡើងនៅក្នុងដួងចិត្តរបស់មនុស្ស។ នៅពេលដែលឮពាក្យសម្ដីទាំងនោះពីពួកទទឹងនឹងព្រះគ្រីស្ទ ម្យ៉ាងមនុស្សមានអារម្មណ៍ខ្ពើមរអើម និងម្យ៉ាងទៀតគឺនិយាយលែងចេញ។ ធម្មជាតិនៃមនុស្សបែបនេះគឺមិនអាចកែប្រែបានឡើយ។ ពួកគេមិនអាចផ្លាស់ប្ដូរបានទេ ដែលនេះជាមូលហេតុដែលព្រះជាម្ចាស់មានបន្ទូលថា ទ្រង់មិនសង្គ្រោះពួកអារក្ស ឬពួកសាតាំងឡើយ។ សេចក្ដីសង្គ្រោះរបស់ព្រះជាម្ចាស់គឺសម្រាប់មនុស្សជាតិ មិនមែនសម្រាប់សត្វតិរច្ឆាន ឬពួកអារក្សឡើយ។ មនុស្សដូចជាពួកទទឹងនឹងព្រះគ្រីស្ទទាំងនេះ គឺជាអ្វីដែលព្រះជាម្ចាស់សំដៅទៅលើថាជាពួកអារក្ស និងសត្វតិរច្ឆាន។ ពួកគេមិនអាចត្រូវបានរាប់បញ្ចូលក្នុងចំណោមមនុស្សជាតិបានឡើយ។ រឿងនេះគឺច្បាស់លាស់ហើយ តើមែនទេ?

៥. ឥរិយាបថរបស់ពួកគេចំពោះពួកជំនុំនៅក្នុងកាលៈទេសៈដែលផ្លាស់ប្ដូរ

របៀបដែលពួកទទឹងនឹងព្រះគ្រីស្ទប្រព្រឹត្តចំពោះព្រះគ្រីស្ទ គឺអាស្រ័យលើអារម្មណ៍របស់ពួកគេ។ តើចំណុចនេះត្រូវបានប្រកបគ្នាអំពីប៉ុន្មានទិដ្ឋភាពហើយអម្បាញ់មិញនេះ? ពួកគេប្រព្រឹត្តចំពោះព្រះគ្រីស្ទតាមរបៀបមួយនៅពេលប្រឈមមុខនឹងការលួសកាត់ នោះគឺជាទិដ្ឋភាពមួយ។ តើមានអ្វីទៀត? (នៅពេលដែលពួកគេបង្កើតសញ្ញាណអំពីព្រះជាម្ចាស់ដែលយកកំណើតជាមនុស្ស នៅពេលដែលពួកគេត្រូវបានដំឡើងតំណែង ឬត្រូវបានដកហូតតំណែង និងនៅពេលដែលព្រះគ្រីស្ទត្រូវបានគេតាមចាប់។) សរុបទៅមានបួនទិដ្ឋភាព។ ចូរយើងបន្តការប្រកបគ្នាទៀត។ ពួកទទឹងនឹងព្រះគ្រីស្ទមិនពេញចិត្តនឹងសេចក្ដីពិតទេ ដូច្នេះ ពួកគេជឿលើព្រះជាម្ចាស់មិនមែនដើម្បីទទួលបានសេចក្ដីពិតឡើយ គឺពួកគេជឿលើព្រះជាម្ចាស់ដើម្បីទទួលបានព្រះពរ។ ពួកគេមានផែនការ ចេតនា និងគោលបំណងផ្ទាល់ខ្លួនរបស់ពួកគេ។ លើសពីនេះទៅទៀត ពួកគេចូលចិត្តអំណាច និងឥទ្ធិពល ដូច្នេះ ពួកគេជឿលើព្រះជាម្ចាស់ដោយមានអាកប្បកិរិយារង់ចាំមើលសិន។ តើពួកគេរង់ចាំមើលយ៉ាងដូចម្ដេច? វាមានន័យថា ខណៈពេលដែលពួកគេជឿ ពួកគេក៏សង្កេតមើលដែរថាតើចំនួនមនុស្សនៅក្នុងដំណាក់របស់ព្រះជាម្ចាស់មានការកើនឡើងឬអត់ តើកិច្ចការផ្សាយដំណឹងល្អដំណើរការទៅយ៉ាងដូចម្ដេចដែរ តើវាមានភាពរលូនឬអត់ ហើយថាតើឥទ្ធិពលនៃដំណាក់របស់ព្រះជាម្ចាស់មានការកើនឡើងជាបន្តបន្ទាប់ឬអត់។ បន្ថែមពីលើនេះ ពួកគេក៏សង្កេតមើលផងដែរថាតើចំនួនមនុស្សដែលបំពេញភារកិច្ចរបស់ពួកគេនៅក្នុងដំណាក់របស់ព្រះជាម្ចាស់កំពុងមានការកើនឡើងឬអត់ តើមានមនុស្សកាន់តែច្រើនឡើងៗដែលស្ម័គ្រចិត្តបម្រើការដល់ព្រះជាម្ចាស់ឬអត់ ហើយថាតើមានមនុស្សកាន់តែច្រើនឡើងៗដែលស្ម័គ្រចិត្តធ្វើកិច្ចការនានាសម្រាប់ដំណាក់របស់ព្រះជាម្ចាស់ឬអត់។ ពួកគេក៏សង្កេតមើលពីប្រវត្តិសង្គម និងការអប់រំរបស់អ្នកដែលបំពេញភារកិច្ចនៅក្នុងដំណាក់របស់ព្រះជាម្ចាស់ផងដែរ ថាតើអត្តសញ្ញាណ និងឋានៈរបស់ពួកគេនៅក្នុងសង្គមពិតគឺយ៉ាងណា។ តាមរយៈការសង្កេតមើល ពួកគេឃើញថាមានមនុស្សកាន់តែច្រើនឡើងៗជឿលើព្រះជាម្ចាស់ ចំនួនមនុស្សនៅក្នុងដំណាក់របស់ព្រះជាម្ចាស់មានការកើនឡើង ហើយមានមនុស្សកាន់តែច្រើនស្ម័គ្រចិត្តលះបង់គ្រួសារ ការងារ និងអនាគតរបស់ពួកគេ ដើម្បីបំពេញភារកិច្ចរបស់ខ្លួននៅក្នុងដំណាក់របស់ព្រះជាម្ចាស់។ នៅពេលដែលពួកគេកត់សម្គាល់ឃើញរឿងទាំងនេះ ពួកគេមានអារម្មណ៍ថា ពួកគេមិនអាចនៅព្រងើយកន្តើយទៀតបានទេ ហើយក៏គួរតែលះបង់ខ្លួនឯងចំពោះកិច្ចការនៃដំណាក់របស់ព្រះជាម្ចាស់ ចូលរួមក្នុងជួរអស់អ្នកដែលបំពេញភារកិច្ច ក្លាយជាសមាជិកម្នាក់ ដើម្បីឱ្យពួកគេអាចមានចំណែកនៅក្នុងព្រះពរនាពេលអនាគតដែរ។ ទោះបីជាពួកគេអាចបំពេញភារកិច្ចរបស់ខ្លួននៅក្នុងដំណាក់របស់ព្រះជាម្ចាស់ និងដើរតួនាទីមួយនៅទីនោះក៏ដោយ ក៏ពួកគេមិនដែលបោះបង់ចោលអនាគត និងជោគវាសនារបស់ពួកគេឡើយ ហើយនៅតែបន្តគិតគូរគណនានៅក្នុងចិត្តរបស់ពួកគេជានិច្ច។ ដោយសារតែក្រុមនេះ គឺពួកទទឹងនឹងព្រះគ្រីស្ទទាំងនេះ មានមហិច្ឆិតា និងនិស្ស័យបែបនេះ វាជាកត្តាកំណត់ថា អាកប្បកិរិយារបស់ពួកគេចំពោះព្រះគ្រីស្ទ និងព្រះជាម្ចាស់ នឹងផ្លាស់ប្ដូរ នៅពេលដែលឋានៈ និងកេរ្តិ៍ឈ្មោះនៃដំណាក់របស់ព្រះជាម្ចាស់បន្តកើនឡើង។ ហេតុដូច្នេះហើយ នៅក្នុងដំណើរការនៃការបំពេញភារកិច្ចរបស់ពួកគេ ម្យ៉ាងគឺពួកគេកំពុងរៀបចំផែនការ គិតគូរគណនា និងចាត់ចែងយ៉ាងសកម្ម ដើម្បីជាប្រយោជន៍ដល់អនាគត និងជោគវាសនាផ្ទាល់ខ្លួនរបស់ពួកគេ។ ម្យ៉ាងវិញទៀត ពួកគេក៏កំពុងតាមដានមើលភាពរីកចម្រើននៃដំណាក់របស់ព្រះជាម្ចាស់ ឥទ្ធិពលរបស់ព្រះរាជដំណាក់នៅឯក្រៅប្រទេស និងក្នុងប្រទេស ថាតើចំនួនមនុស្សមានការកើនឡើងបន្តិចម្ដងៗឬអត់ ថាតើទំហំនៃពួកជំនុំមានការរីកធំជាបន្តបន្ទាប់ឬអត់ ថាតើពួកជំនុំបានភ្ជាប់ទំនាក់ទំនងជាមួយបុគ្គលល្បីៗមួយចំនួននៅក្នុងសង្គមឬអត់ ថាតើពួកជំនុំទទួលបានកេរ្តិ៍ឈ្មោះកម្រិតណាមួយនៅលោកខាងលិចឬអត់ ហើយថាតើពួកជំនុំបានបង្កើតមូលដ្ឋានគ្រឹះដ៏រឹងមាំហើយឬនៅ។ ពួកគេតែងតែតាមដានមើល និងសាកសួរអំពីបញ្ហាទាំងនេះជានិច្ច។ សូម្បីតែមនុស្សមួយចំនួនដែលមិនចូលរួមក្នុងកិច្ចការរបស់ពួកជំនុំ និងមិនបំពេញភារកិច្ចរបស់ខ្លួន ក៏តែងតែគិតគូរគណនាជានិច្ច ដើម្បីជាប្រយោជន៍ដល់អនាគត និងជោគវាសនាផ្ទាល់ខ្លួនរបស់ពួកគេ ដោយបង្ហាញការចង់ដឹងចង់ឃើញយ៉ាងខ្លាំងអំពីភាពរីកចម្រើននៃពួកជំនុំ។ ហេតុនេះ ពួកគេស្វែងរកព័ត៌មាននេះទាំងនៅលើគេហទំព័ររបស់ពួកជំនុំ និងសាកសួរអំពីបញ្ហាទាំងនេះនៅខាងក្នុងពួកជំនុំទៀតផង។ នៅពេលដែលពួកគេ ដឹងថាកិច្ចការនៃដំណាក់របស់ព្រះជាម្ចាស់នៅក្រៅប្រទេសកំពុងផ្សាយយ៉ាងរលូន និងកាន់តែមានសង្ឃឹម ដឹងថាកិច្ចការនៅលោកខាងលិចកំពុងផ្សាយបានកាន់តែប្រសើរ ហើយស្ថានភាពកំពុងតែប្រសើរឡើង ពួកគេមានអារម្មណ៍ស្ងប់ចិត្តឡើងវិញនៅក្នុងដួងចិត្តរបស់ពួកគេ។ តើអារម្មណ៍ស្ងប់ចិត្តឡើងវិញរបស់ពួកគេ បង្ហាញពីការផ្លាស់ប្ដូរពិតប្រាកដនៅក្នុងខ្លួនពួកគេដែរឬទេ? (ទេ)។ ខណៈពេលដែលពួកគេមានអារម្មណ៍ស្ងប់ចិត្តឡើងវិញ អាកប្បកិរិយារបស់ពួកគេចំពោះព្រះជាម្ចាស់ដែលយកកំណើតជាមនុស្ស ចំពោះព្រះគ្រីស្ទ គឺគ្រាន់តែមាន «ការគោរព» និងការកោតសរសើរបន្ថែមបន្តិចទៀតប៉ុណ្ណោះ ដោយគ្មានការចុះចូលពិតប្រាកដឡើយ។

នៅពេលដែលព្រះគ្រីស្ទកំពុងបំពេញកិច្ចការនៅចិនដីគោក ពួកទទឹងនឹងព្រះគ្រីស្ទតែងតែឆ្ងល់ថា៖ «តើព្រះជាម្ចាស់ដែលយកកំណើតជាមនុស្សអាចត្រូវបានគេចាប់ខ្លួនដែរឬទេ? តើគាត់អាចធ្លាក់ទៅក្នុងកណ្ដាប់ដៃរបស់អាជ្ញាធររដ្ឋាភិបាលដែរឬទេ?» នៅពេលដែលពួកគេគិតបែបនេះ ពួកគេបានបង្កើតការមើលងាយបន្តិចបន្តួចចំពោះ «បុគ្គលតូចតាច» ម្នាក់នេះ។ នៅពេលដែលពួកគេបានឮថា ព្រះជាម្ចាស់ដែលយកកំណើតជាមនុស្សតែងតែគ្មានកន្លែងហៅថាដំណាក់ គ្មានកន្លែងសម្រាប់សម្រាកព្រះសិរបស់ទ្រង់ ហើយកំពុងលាក់ព្រះកាយនៅគ្រប់ទីកន្លែងដែលអាចលាក់ព្រះកាយបាន ដើម្បីជៀសវាងពីការចាប់ព្រះកាយ ការចង់ដឹងចង់ឃើញបន្តិចបន្តួច និង «ការគោរព» ទាំងស្ទាក់ស្ទើរបំផុតរបស់ពួកគេចំពោះព្រះជាម្ចាស់ដែលយកកំណើតជាមនុស្ស ត្រូវបានបំផ្លាញទាំងស្រុង។ ទោះជាយ៉ាងណាក៏ដោយ នៅពេលដែលពួកគេបានឮថាព្រះជាម្ចាស់ដែលយកកំណើតជាមនុស្ស គឺព្រះគ្រីស្ទ គង់នៅសហរដ្ឋអាមេរិក នៅក្នុងទឹកដីនៃសេរីភាពដែលមនុស្សជាតិប្រាថ្នាចង់បាន ពួកគេមានអារម្មណ៍ច្រណែនចំពោះព្រះជាម្ចាស់ដែលយកកំណើតជាមនុស្ស មិនមែនជាការគោរពទេ គឺការច្រណែន។ ប៉ុន្តែ នៅពេលដែលពួកគេបានឮថា ព្រះជាម្ចាស់ដែលយកកំណើតជាមនុស្សគង់នៅលោកខាងលិច ត្រូវបានគេបដិសេធ មួលបង្កាច់ ថ្កោលទោស និងវិនិច្ឆ័យនៅក្នុងចំណោមមនុស្សជាតិ រលកនៃភាពវឹកវរបានកើតឡើងនៅក្នុងជម្រៅចិត្តរបស់ពួកទទឹងនឹងព្រះគ្រីស្ទ៖ «អ្នកគឺជាព្រះ ហេតុអ្វីបានជាមនុស្សមិនទទួលយកអ្នក? អ្នកគឺជាព្រះ ហេតុអ្វីបានជាពិភពសាសនាមិនទទួលយកអ្នក ប៉ុន្តែបែរជាផ្សព្វផ្សាយពាក្យចចាមអារ៉ាមគ្មានមូលដ្ឋានជាច្រើនអំពីអ្នកទៅវិញ? ហេតុអ្វីបានជាអ្នកមិនចេញមុខមកការពារខ្លួនឯង? អ្នកគួរតែជួលក្រុមមេធាវីមួយក្រុម! មើលចុះ ពាក្យបរិហារកេរ្តិ៍ និងពាក្យមួលបង្កាច់ទាំងនោះនៅលើអ៊ីនធឺណិត ពាក្យចចាមអារ៉ាមដែលបង្កើតឡើងដោយពិភពសាសនា ដែលធ្វើឱ្យអ្នកស្ដាប់ទៅអាក្រក់ខ្លាំងណាស់! ពួកយើងមានអារម្មណ៍ខ្មាសអៀនក្នុងការដើរតាមអ្នក ហើយសូម្បីតែលើកឡើងពីរឿងទាំងនេះក៏វាជារឿងគួរឱ្យអៀនខ្មាសដែរ។ អ្នកត្រូវបានគេថ្កោលទោសនៅលោកខាងកើត និងនៅលោកខាងលិច ត្រូវបានបដិសេធដោយពិភពសាសនា ដោយមនុស្សជាតិ ដោយពិភពលោកនេះ។ ពួកយើងមានអារម្មណ៍ថាបាត់បង់កិត្តិយសក្នុងការដើរតាមអ្នក»។ នេះគឺជាផ្នត់គំនិតរបស់ពួកទទឹងនឹងព្រះគ្រីស្ទ។ ខណៈពេលដែលមានអារម្មណ៍ថាបាត់បង់កិត្តិយសនៅក្នុងដួងចិត្តរបស់ពួកគេ ពួកគេក៏បានកើតមានការមើលងាយ និងក្ដីអាណិតអាសូរ ពោលគឺជាក្ដីអាណិតអាសូរទាំងស្ទាក់ស្ទើរបំផុត ចំពោះ «បុគ្គលតូចតាច» ម្នាក់នេះ ដូចដែលពួកគេបានឃើញទ្រង់នៅក្នុងក្រសែភ្នែក និងដួងចិត្តរបស់ពួកគេ។ តើក្ដីអាណិតអាសូរនេះកើតឡើងដោយរបៀបណា? ពួកគេគិតថា៖ «អ្នកកំពុងធ្វើកិច្ចការដ៏អស្ចារ្យបែបនេះ ដោយមិនខ្វល់ខ្វាយពីការចំណេញ ឬការខាតបង់ផ្ទាល់ខ្លួនឡើយ ដែលនេះអាចចាត់ទុកថាជាការលះបង់ដោយមិនគិតពីខ្លួនឯង។ ស៊ូទ្រាំនឹងការរងទុក្ខ និងភាពអាម៉ាស់មុខយ៉ាងខ្លាំងបែបនេះ តើអ្នកមានគោលបំណងអ្វី? បើគិតតាមហេតុផល អ្នកច្បាស់ជាមនុស្សល្អម្នាក់ហើយ បើមិនដូច្នេះទេ តើអ្នកអាចស៊ូទ្រាំនឹងភាពអាម៉ាស់មុខយ៉ាងខ្លាំងបែបនេះ និងរងការឈឺចាប់ខ្លាំងបែបនេះបានយ៉ាងដូចម្ដេចទៅ? វាពិតជាគួរឱ្យអាណិត និងមិនងាយស្រួលនោះទេ។ អ្នកច្បាស់ជាមានអារម្មណ៍ថារងភាពអយុត្តិធម៌ខ្លាំងនៅក្នុងចិត្តរបស់អ្នកហើយ»។ ហេតុនេះ ពួកគេមានអារម្មណ៍អាណិតអាសូរបន្តិចបន្តួចចំពោះព្រះគ្រីស្ទ។ ពួកគេរិះគិតថា៖ «ប្រសិនបើជាខ្ញុំវិញ ខ្ញុំមិនអាចទ្រាំទ្រនឹងការរងទុក្ខយ៉ាងខ្លាំងបែបនេះបានទេ។ ខ្ញុំនឹងតវ៉ារកយុត្តិធម៌ពីមនុស្សជាតិ។ ម្យ៉ាង គឺខ្ញុំនឹងជួលក្រុមមេធាវីមួយក្រុមដើម្បីលុបចោលពាក្យចចាមអារ៉ាមមិនពិតទាំងនោះនៅលើអ៊ីនធឺណិត ហើយម្យ៉ាងវិញទៀត ខ្ញុំនឹងបង្ហាញទីសម្គាល់ និងការអស្ចារ្យមួយចំនួននៅក្នុងពិភពសាសនា ដើម្បីឱ្យពួកគេឃើញថាតើព្រះជានរណា នរណាពិត និងនរណាក្លែងក្លាយ ដើម្បីបិទមាត់អ្នកដែលមួលបង្កាច់ និងថ្កោលទោស ដើម្បីដាក់ទោសពួកគេ និងផ្ដល់មេរៀនមួយឱ្យពួកគេ។ តើពួកគេនឹងលែងហ៊ានធ្វើវាទៀតហើយ មែនទេ? ហេតុអ្វីបានជាអ្នកមិនធ្វើបែបនោះ? ហេតុអ្វីបានជាអ្នកមិនដែលការពារខ្លួនឯងសោះ? តើមកពីអ្នកខ្វះអំណាច ខ្វះភាពក្លាហាន ឬខ្វះភាពអង់អាចឬ? តើមានរឿងអ្វីកើតឡើងឱ្យពិតប្រាកដ? តើអាចមកពីភាពកំសាកឬ? អូ! អ្នកមានរឿងលាក់ទុកក្នុងចិត្តយ៉ាងច្រើន ស៊ូទ្រាំនឹងភាពអយុត្តិធម៌យ៉ាងខ្លាំងបែបនេះ ហើយរក្សាភាពស្ងៀមស្ងាត់ នៅតែបន្តផ្សាយកិច្ចការ និងនិយាយដោយអត់ធ្មត់ និងស្មោះស្ម័គ្រទៅកាន់មនុស្សនៅក្នុងពួកជំនុំ ផ្គត់ផ្គង់ពួកគេ ប៉ុន្តែពួកគេតែងតែមានសញ្ញាណ និងបះបោរជានិច្ច។ ដួងចិត្តរបស់អ្នកច្បាស់ជាកំពុងរងទុក្ខហើយ! ដោយឃើញថាអ្នកអាចស៊ូទ្រាំនឹងរឿងទាំងអស់នេះបាន អ្នកពិតជាមនុស្សល្អម្នាក់មែន ដែលស័ក្ដិសមនឹងទទួលបានក្ដីអាណិតអាសូរ»។ នោះហើយជារបៀបដែលក្ដីអាណិតអាសូររបស់ពួកគេកើតឡើង។ នេះគឺជាក្ដីអាណិតអាសូររបស់ពួកទទឹងនឹងព្រះគ្រីស្ទ។ ចាប់តាំងពីការចាប់ផ្ដើមនៃការលាតត្រដាងពួកទទឹងនឹងព្រះគ្រីស្ទរហូតមកដល់ពេលនេះ នេះគឺជា «សេចក្ដីល្អ» តែមួយគត់ដែលពួកគេបានធ្វើ។ តើ «សេចក្ដីល្អ» នេះត្រូវបានធ្វើឡើងបានល្អកម្រិតណា? តើវាពិតប្រាកដដែរឬទេ? (ទេ)។

ពួកទទឹងនឹងព្រះគ្រីស្ទដើរតាមព្រះគ្រីស្ទ និងបានទទួលយកព្រះបន្ទូលដែលព្រះគ្រីស្ទបានថ្លែងអស់រយៈពេលជាច្រើនឆ្នាំមកហើយ ប៉ុន្តែពួកគេមិនដែលមានអារម្មណ៍ថាមានកិត្តិយស ដែលអាចទទួលយកព្រះគ្រីស្ទជាព្រះអង្គសង្គ្រោះរបស់ពួកគេនៅក្នុងជីវិតនេះឡើយ ហើយពួកគេក៏មិនដែលមានអារម្មណ៍ថាមានកិត្តិយស ក្នុងការរងទុក្ខដូចដែលព្រះគ្រីស្ទបានរងទុក្ខ ដោយត្រូវបានពិភពលោកថ្កោលទោស និងបដិសេធដូចជាព្រះគ្រីស្ទនោះដែរ។ ផ្ទុយទៅវិញ ពួកគេចាត់ទុក ការរងទុក្ខរបស់ព្រះគ្រីស្ទជាឧបករណ៍ និងជាភស្តុតាងដើម្បីប្រមាថ និងបដិសេធព្រះគ្រីស្ទទៅវិញ។ ពួកគេមិនមានឆន្ទៈ ឬអាកប្បកិរិយា ក្នុងការរួមរងទុក្ខលំបាកទាំងនេះជាមួយព្រះគ្រីស្ទឡើយ។ ផ្ទុយទៅវិញ ពួកគេធ្វើជាអ្នកឈរមើល ដោយសង្កេតមើលរាល់ការរងទុក្ខដែល ព្រះគ្រីស្ទស៊ូទ្រាំ សង្កេតមើលរបៀបដែលមនុស្សជាតិប្រព្រឹត្ត ចំពោះ ព្រះគ្រីស្ទ ហើយពួកគេយកការសង្កេតទាំងនេះជាមូលដ្ឋានក្នុងការប្រព្រឹត្តចំពោះព្រះគ្រីស្ទ។ នៅពេលដែលព្រះនាមរបស់ព្រះជាម្ចាស់ត្រូវបានប្រកាស ហើយកិច្ចការផ្សាយដំណឹងល្អផ្សាយចេញបន្តិចម្ដងៗក្នុងចំណោមមនុស្សជាតិទាំងមូល ហើយអនាគតនៃការងារផ្សាយដំណឹងល្អមើលទៅកាន់តែមានសង្ឃឹម ពួកទទឹងនឹងព្រះគ្រីស្ទក៏ខិតចូលទៅជិតព្រះជាម្ចាស់ដែលយកកំណើតជាមនុស្សបន្តិចម្ដងៗ ដោយមានអារម្មណ៍គោរព និងច្រណែនចំពោះព្រះអង្គបន្តិចបន្តួច។ ក្នុងពេលជាមួយគ្នានេះ ពួកគេខិតខំប្រឹងប្រែងយ៉ាងខ្លាំងដើម្បីខិតចូលទៅជិតដំណាក់របស់ព្រះជាម្ចាស់ ដោយខិតខំក្លាយជាសមាជិកនៃដំណាក់របស់ព្រះជាម្ចាស់ និងជាផ្នែកមួយនៃការផ្សាយកិច្ចការរបស់ព្រះជាម្ចាស់។ តើមានតែប៉ុណ្ណឹងទេឬ? តើវាសាមញ្ញបែបនោះឬ? ទេ ពួកគេផ្លាស់ប្ដូរអាកប្បកិរិយារបស់ពួកគេចំពោះដំណាក់របស់ព្រះជាម្ចាស់ និងព្រះគ្រីស្ទ ដោយផ្អែកលើស្ថានភាពនៃការពង្រីកគម្រោងកិច្ចការផ្សេងៗនៅក្នុងដំណាក់របស់ព្រះជាម្ចាស់ ដោយធ្វើបែបនេះនៅគ្រប់ពេលវេលា និងគ្រប់ទីកន្លែង។ ប្រសិនបើពួកគេឮថានៅក្នុងចំណោមមនុស្សជាតិ និងជាពិសេសនៅលោកខាងលិច មានពូជសាសន៍មួយនិយាយថា៖ «ព្រះបន្ទូលទាំងនេះពិតជាព្រះបន្ទូលរបស់ព្រះជាម្ចាស់មែន ព្រះបន្ទូលទាំងនេះពិតជាមានសិទ្ធិអំណាចណាស់! តាមរយៈព្រះបន្ទូលរបស់ព្រះជាម្ចាស់ យើងឃើញពីសារជាតិរបស់ព្រះជាម្ចាស់ យើងប្រាកដថាមនុស្សសាមញ្ញម្នាក់នេះគឺជាព្រះជាម្ចាស់ ហើយផ្លូវនេះគឺជាផ្លូវពិត» នោះពួកទទឹងនឹងព្រះគ្រីស្ទលួចអរសប្បាយនៅក្នុងចិត្តរបស់ពួកគេថា៖ «សំណាងល្អ ខ្ញុំមិនបានចាកចេញ។ វាពិតជាផ្លូវពិតមែន! មើលចុះ សូម្បីតែជនជាតិលោកខាងលិចក៏កំពុងនិយាយថាតើព្រះជាម្ចាស់ដែលយកកំណើតជាមនុស្សនៅឯណាដែរ។ ខ្ញុំគួរតែស្ដាប់ពាក្យសម្ដីរបស់គាត់ឱ្យបានច្រើន ខ្ញុំត្រូវតែប្រញាប់ទៅស្ដាប់សេចក្ដីអធិប្បាយ!» នៅពេលនេះ ពួកទទឹងនឹងព្រះគ្រីស្ទមានអារម្មណ៍ថា ព្រះសូរសៀងរបស់ព្រះជាម្ចាស់ពីរោះណាស់ បន្សុទ្ធដល់ព្រលឹងរបស់ពួកគេណាស់ ហើយពួកគេមានអារម្មណ៍ថាព្រះសូរសៀងរបស់ព្រះជាម្ចាស់គួរតែត្រូវបានគេថែរក្សា។ ទោះជាយ៉ាងណាក៏ដោយ នៅពេលដែលដំណាក់របស់ព្រះជាម្ចាស់ប្រឈមមុខនឹងការរាំងស្ទះម្ដងម្កាល នៅក្នុងការផ្សាយកិច្ចការរបស់ខ្លួននៅក្រៅប្រទេស និងក្នុងចំណោមមនុស្សជាតិ ឬនៅពេលដែលកិច្ចការនៃដំណាក់របស់ព្រះជាម្ចាស់ត្រូវបានរំខាន ឬរងផលប៉ះពាល់ ត្រូវបានជ្រៀតជ្រែកដោយកម្លាំងខាងក្រៅ ឬសូម្បីតែនៅពេលដែលដំណាក់របស់ព្រះជាម្ចាស់ប្រឈមមុខនឹងការលំបាកមួយចំនួន ពួកទទឹងនឹងព្រះគ្រីស្ទក៏ចាប់ផ្ដើមរសាប់រសល់នៅក្នុងចិត្តរបស់ពួកគេម្ដងទៀត៖ «តើព្រះជាម្ចាស់ដែលយកកំណើតជាមនុស្សនៅឯណា? តើទ្រង់កំពុងមានព្រះបន្ទូលឬទេ? តើបញ្ហានេះកំពុងត្រូវបានដោះស្រាយយ៉ាងដូចម្ដេច? តើព្រះជាម្ចាស់ដោះស្រាយស្ថានការណ៍នេះឱ្យបានល្អប្រសើរឡើងវិញដែរឬទេ? តើរាស្ដ្ររើសតាំងរបស់ព្រះជាម្ចាស់មានការភ័យខ្លាចដែរឬទេ? តើមាននរណាដែលបានចាកចេញពីដំណាក់របស់ព្រះជាម្ចាស់ដែរឬទេ? តើមានបុគ្គលល្បីៗ ឬបុគ្គលជាន់ខ្ពស់ណាមកពីពិភពខាងក្រៅ និយាយ ឬចាត់វិធានការសម្រាប់ ដំណាក់របស់ព្រះជាម្ចាស់ ឬចេញមុខការពារដំណាក់ដែរឬទេ? ខ្ញុំឮថាគ្មានទេ។ ចុះតើគួរធ្វើដូចម្ដេចទៅ? តើពួកជំនុំរបស់ព្រះជាម្ចាស់ត្រូវចប់ហើយមែនទេ? តើខ្ញុំគួរតែចាកចេញទាន់ខ្ញុំនៅអាចចាកចេញបានដែរឬទេ?» តើភាពវឹកវរនេះធំដុំដែរឬទេ? នៅពេលនេះ នៅពេលស្ដាប់សេចក្ដីអធិប្បាយរបស់ព្រះជាម្ចាស់ម្ដងទៀត ពួកគេគិតថា៖ «កុំនិយាយពាក្យសម្ដីឥតខ្លឹមសារទាំងនោះ ឬនិយាយខ្ពង់ខ្ពស់ទៀតអី។ ខ្ញុំមិនស្ដាប់អ្នកទេឥឡូវនេះ។ ដំណាក់របស់ព្រះជាម្ចាស់អាចនឹងត្រូវពិភពលោកលេបត្របាក់បានគ្រប់ពេល។ តើពាក្យសម្ដីទាំងនោះមានប្រយោជន៍អ្វីទៅ? តើវាអាចសង្គ្រោះមនុស្សបានទេ? ឥទ្ធិពលនៃដំណាក់របស់ព្រះជាម្ចាស់អាចរលាយបាត់ក្នុងមួយប៉ព្រិចភ្នែក។ មនុស្សនៅទីនោះនឹងបែកខ្ញែកគ្នាអស់យ៉ាងដូច្នេះឯង»។ ពួកគេលែងចូលចិត្តស្ដាប់អ្វីដែលខ្ញុំនិយាយទៀតហើយ។ តើមានការគោរពនៅសេសសល់ដែរឬទេ? មានក្ដីអាណិតអាសូរដែរឬទេ? (គ្មានទេ)។ តើមានអ្វីនៅសេសសល់? គឺមានតែសេចក្ដីប្រាថ្នាចង់មើល និងចំអកប៉ុណ្ណោះ។ មនុស្សមួយចំនួននិយាយរឿងអាក្រក់ៗនៅពីក្រោយខ្នង និយាយពាក្យសម្ដីដែលបង្កការខូចខាត និងត្រេកអរពេលដំណាក់របស់ព្រះជាម្ចាស់មានទុក្ខ៖ «ខ្ញុំគិតថាបញ្ហាកំពុងកើតឡើងហើយ ខ្ញុំមិនគិតថាអ្នកអាចឈរយ៉ាងរឹងមាំបានទេ។ តើសេចក្ដីពិតទាំងនោះមានប្រយោជន៍អ្វីដែរឬទេ? តើពាក្យសម្ដីរបស់អ្នកមានប្រសិទ្ធភាពដែរឬទេ? យ៉ាងម៉េចហើយឥឡូវនេះ? បញ្ហាបានមកដល់ហើយ មែនទេ?» ចរិតលក្ខណៈមួយផ្នែកដែលជាអារក្សរបស់ពួកគេក៏លេចចេញមក។ តើអ្វីៗគ្រប់យ៉ាងដែលពួកទទឹងនឹងព្រះគ្រីស្ទធ្វើ មិនមែនជាអ្វីដែលពួកអារក្សនឹងធ្វើទេឬអី? ពួកគេខ្វះសូម្បីតែសីលធម៌មនុស្សជាមូលដ្ឋានបំផុត។ ពួកគេពិតជាទុច្ចរិតទាំងស្រុង ជាមនុស្សរមិលគុណ ស៊ីបាយបោកឆ្នាំង! ពួកគេហូបចុកពីដំណាក់របស់ព្រះជាម្ចាស់ ទទួលបានការផ្គត់ផ្គង់នៃព្រះបន្ទូលរបស់ព្រះជាម្ចាស់ ទទួលបានការការពារ និងព្រះគុណរបស់ព្រះជាម្ចាស់ ប៉ុន្តែគ្រាន់តែមានសញ្ញានៃបញ្ហាភ្លាម ពួកគេក៏ចូលដៃជាមួយអ្នកក្រៅ ក្បត់ផលប្រយោជន៍នៃដំណាក់របស់ព្រះជាម្ចាស់ និងត្រេកអរពេលដំណាក់មានទុក្ខ។ បើមិនមែនជាពួកអារក្ស តើពួកគេជាអ្វីទៅ? ពួកគេគឺជាពួកអារក្សសុទ្ធសាធ! នៅពេលដែលពួកគេឃើញដំណាក់របស់ព្រះជាម្ចាស់កំពុងទទួលបានសន្ទុះ ពួកគេក៏លុតជង្គង់ចុះ «គ្រឹប» នៅចំពោះព្រះភក្ត្រព្រះជាម្ចាស់ដែលយកកំណើតជាមនុស្ស ហាក់ដូចជាពួកគេជាអ្នកដើរតាមព្រះជាម្ចាស់អ៊ីចឹង។ ប៉ុន្តែ នៅពេលដែលពួកគេឃើញដំណាក់របស់ព្រះជាម្ចាស់ត្រូវបានសាតាំងឡោមព័ទ្ធ និងថ្កោលទោស ពួកគេលែងក្រាបថ្វាយបង្គំនៅចំពោះព្រះភក្ត្រព្រះជាម្ចាស់ទៀតហើយ។ ផ្ទុយទៅវិញ ពួកគេឈរយ៉ាងអួតអាង និងក្រអឺតក្រទម ដោយជឿថាខ្លួនឯងមានភាពថ្លៃថ្នូរខ្លាំងដល់ថ្នាក់មិនព្រមលុតជង្គង់នៅចំពោះមុខនរណាម្នាក់ឡើយ ដោយរង់ចាំយ៉ាងអន្ទះសាដើម្បីចំអកឱ្យអ្នក។ សំនៀង និងកម្រិតសំឡេងនៃពាក្យសម្ដីរបស់ពួកគេ នៅពេលដែលពួកគេនិយាយទៅកាន់អ្នក ក៏កាន់តែឮខ្លាំងឡើងៗផងដែរ។ ពួកគេចាប់ផ្ដើមនិយាយស្ដីលក្ខណៈត្រួតត្រា ធ្វើខ្លួនខុសប្រក្រតី អាកប្បកិរិយាជាអារក្សរបស់ពួកគេក៏លេចចេញមក ហើយផ្លាស់ប្ដូរយ៉ាងឆាប់រហ័ស។ ប្រាប់ខ្ញុំមកមើល តើពេលណាទៅទើបមនុស្សទាំងនេះចេះកោតខ្លាចព្រះជាម្ចាស់? (គ្មានថ្ងៃឡើយ។) ត្រឹមត្រូវណាស់ នោះគឺជាប្រយោគដែលពិតខ្លាំងណាស់។ មនុស្សទាំងនេះគឺជាពូជពង្សរបស់សាតាំង។ ពួកគេនឹងគ្មានថ្ងៃកោតខ្លាចព្រះជាម្ចាស់ឡើយ ពីព្រោះពួកគេមិនទទួលយកសេចក្ដីពិតទេ គឺពួកគេគឺជាកម្មសិទ្ធិសាតាំង។ នេះគឺជាសារជាតិធម្មជាតិជាសាតាំង ជាមុខមាត់ដ៏គួរឱ្យស្អប់ខ្ពើមរបស់ពួកទទឹងនឹងព្រះគ្រីស្ទ ដែលគឺជាកម្មសិទ្ធិសាតាំង។ ពួកគេតែងតែត្រៀមខ្លួនជាស្រេចដើម្បីចំអកឱ្យដំណាក់របស់ព្រះជាម្ចាស់ តែងតែស្វែងរកឱកាសដើម្បីសើចចំអកឱ្យព្រះជាម្ចាស់ដែលយកកំណើតជាមនុស្ស រៀបចំនិងប្រមូលភស្តុតាងជានិច្ចដើម្បីបដិសេធព្រះគ្រីស្ទ និងបដិសេធសារជាតិរបស់ព្រះជាម្ចាស់ ហើយពួកគេតែងតែត្រៀមខ្លួនជាស្រេចដើម្បីចូលដៃជាមួយអ្នកក្រៅ និងក្បត់ផលប្រយោជន៍នៃដំណាក់របស់ព្រះជាម្ចាស់។ ដំណាក់របស់ព្រះជាម្ចាស់ជួបប្រទះនឹងបញ្ហាកាន់តែច្រើន ពួកទទឹងនឹងព្រះគ្រីស្ទកាន់តែសប្បាយចិត្ត និងត្រេកអរ។ នៅពេលដែលបងប្អូនប្រុសស្រីអាចបំពេញភារកិច្ចរបស់ខ្លួនបានយ៉ាងប្រក្រតី ហើយអ្វីៗគ្រប់យ៉ាងពាក់ព័ន្ធនឹងកិច្ចការនៅក្នុងដំណាក់របស់ព្រះជាម្ចាស់មានសណ្ដាប់ធ្នាប់ល្អ ពួកគេមានអារម្មណ៍មិនស្រួល និងមិនពេញចិត្ត ដោយប្រាថ្នាចង់ឱ្យមានបញ្ហាកើតឡើងចំពោះដំណាក់របស់ព្រះជាម្ចាស់ភ្លាមៗ ដោយ សង្ឃឹមថាកិច្ចការនៃដំណាក់របស់ព្រះជាម្ចាស់មិនដំណើរការទៅដោយរលូន ព្រមទាំងជួបប្រទះនឹងការរាំងស្ទះ និងឧបសគ្គ។ សរុបមក ប្រសិនបើអ្វីៗគ្រប់យ៉ាងដំណើរការទៅបានយ៉ាងល្អនៅក្នុងដំណាក់របស់ព្រះជាម្ចាស់ ហើយបងប្អូនប្រុសស្រីអាចបំពេញភារកិច្ចរបស់ខ្លួនបានយ៉ាងប្រក្រតី និងប្រព្រឹត្តស្របតាមគោលការណ៍សេចក្ដីពិត នោះពួកទទឹងនឹងព្រះគ្រីស្ទគ្មានក្ដីអំណរនៅក្នុងចិត្តរបស់ពួកគេឡើយ។ នៅពេលដែលបងប្អូនប្រុសស្រីស្ដាប់ព្រះបន្ទូលរបស់ព្រះជាម្ចាស់ អនុវត្តស្របតាមព្រះបន្ទូលរបស់ទ្រង់ លើកតម្កើងព្រះជាម្ចាស់ និងព្រះគ្រីស្ទជាធំ ហើយអាចធ្វើបន្ទាល់ដើម្បីលើកតម្កើងព្រះគ្រីស្ទ វាគឺជាពេលវេលាដែលមិនអាចទ្រាំទ្របានបំផុតសម្រាប់ពួកទទឹងនឹងព្រះគ្រីស្ទ ជាពេលវេលាដែលពួកគេត្រូវបានជំនុំជម្រះ និងរងទារុណកម្មខ្លាំងបំផុត។

ពួកទទឹងនឹងព្រះគ្រីស្ទសាកសួរអំពីព័ត៌មានផ្សេងៗនៅក្នុងដំណាក់របស់ព្រះជាម្ចាស់។ ប្រសិនបើពួកគេមិនអាចដឹងក្នុងរយៈពេលយូរថាតើការផ្សាយចេញនៃការងារផ្សាយដំណឹងល្អនៃដំណាក់របស់ព្រះជាម្ចាស់កំពុងដំណើរការយ៉ាងដូចម្ដេច តើកិច្ចការជំនាញផ្សេងៗនៅក្នុងដំណាក់របស់ព្រះជាម្ចាស់កំពុងរីកចម្រើនយ៉ាងដូចម្ដេច ថាតើកិច្ចការទាំងនោះកំពុងដំណើរការទៅដោយរលូនឬអត់ ថាតើចំនួនមនុស្សនៅក្រៅប្រទេសកំពុងកើនឡើងឬអត់ ថាតើទំហំនៃពួកជំនុំកំពុងរីកធំឬអត់ ថាតើពួកជំនុំត្រូវបានបង្កើតឡើងនៅក្នុងប្រទេសផ្សេងៗឬអត់ ឬប្រសិនបើពួកគេមិនអាចឮដំណឹងអំពីបុគ្គលដែលមានឆន្ទៈខ្ពស់ ឬមនុស្សល្បីៗនៅក្នុងសង្គមកាន់តែច្រើនចូលមកក្នុងដំណាក់របស់ព្រះជាម្ចាស់ទេនោះ ពួកគេមានអារម្មណ៍ថា ការជឿលើព្រះជាម្ចាស់ដែលយកកំណើតជាមនុស្សគឺជារឿងគួរឱ្យធុញទ្រាន់ និងមិនគួរឱ្យចាប់អារម្មណ៍ឡើយ។ ពួកគេឈប់យកចិត្តទុកដាក់ចំពោះព្រះជាម្ចាស់ដែលយកកំណើតជាមនុស្ស ហើយថែមទាំងពិចារណាចង់ចូលរួមជាមួយនិកាយផ្សេងទៀតដែលរស់រវើក ឬមានឥទ្ធិពលជាងនេះទៀតផង។ ទោះជាយ៉ាងណាក៏ដោយ ប្រសិនបើពួកគេឮព័ត៌មានល្អៗមួយចំនួនអំពីដំណាក់របស់ព្រះជាម្ចាស់ម្ដងម្កាល ដូចជាវីដេអូទីបន្ទាល់របស់បងប្អូនប្រុសស្រីដែលទាក់ទាញចំណាប់អារម្មណ៍ និងទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងនៅក្នុងអង្គការសិទ្ធិមនុស្សមួយចំនួន នោះដួងចិត្តរបស់ពួកគេពោរពេញទៅដោយសុភមង្គល ក្ដីសង្ឃឹម និងក្ដីអំណរ។ ឧទាហរណ៍ ប្រសិនបើដំណាក់របស់ព្រះជាម្ចាស់ទទួលបានការចាប់អារម្មណ៍ ឬការផ្សព្វផ្សាយពីក្រុមដ៏ល្បីល្បាញណាមួយ ពួកគេកាន់តែត្រេកអរ និងរំភើបខ្លាំងឡើង៖ «មើលទៅមនុស្សសាមញ្ញម្នាក់នេះមិនធម្មតាទាល់តែសោះ មើលទៅគាត់ហាក់ដូចជានឹងសម្រេចបាននូវរឿងដ៏អស្ចារ្យណាមួយហើយ!» ប្រសិនបើឈ្មោះរបស់ពួកជំនុំមានសំណាងត្រូវបានលើកឡើងដោយបុគ្គលលេចធ្លោណាម្នាក់ ឬសូម្បីតែមេដឹកនាំណាម្នាក់ ពួកទទឹងនឹងព្រះគ្រីស្ទកាន់តែមានភាពពុះកញ្ជ្រោលឡើង៖ «នៅក្នុងជីវិតនេះ ខ្ញុំបានធ្វើការជ្រើសរើសដ៏ធំបំផុត និងត្រឹមត្រូវបំផុត នោះគឺការដើរតាមព្រះដ៏មានគ្រប់ព្រះចេស្ដា។ ចាប់ពីពេលនេះតទៅ ខ្ញុំបានសម្រេចចិត្តថានឹងមិនចាកចេញពីព្រះដ៏មានគ្រប់ព្រះចេស្ដាឡើយ គឺត្រូវចាត់ទុកទ្រង់ជាព្រះជាម្ចាស់ ហើយគោរពគាត់នៅក្នុងចិត្តរបស់ខ្ញុំ ពីព្រោះព្រះមួយអង្គនេះត្រូវបានមេដឹកនាំនេះមេដឹកនាំនោះគោរព។ ប្រសិនបើមេដឹកនាំនោះគោរពគាត់ នោះខ្ញុំក៏គួរតែគោរពគាត់ដែរ។ ព្រះមួយអង្គនេះត្រូវបានមេដឹកនាំនានាបញ្ចេញឈ្មោះ និងទទួលស្គាល់ទៅហើយ ដូច្នេះ តើមានអ្វីត្រូវស្ដាយក្រោយក្នុងការជឿលើគាត់ និងដើរតាមគាត់ទៅ? តើខ្ញុំមិនគួរដើរតាមគាត់ឱ្យកាន់តែមុតមាំទេឬ? ចាប់ពីពេលនេះតទៅ ខ្ញុំប្ដេជ្ញាថានឹងមិនមានគំនិតចង់ចាកចេញពីពួកជំនុំនៃព្រះដ៏មានគ្រប់ព្រះចេស្ដាឡើយ។ ខ្ញុំត្រូវតែបំពេញភារកិច្ចឱ្យបានល្អ ស៊ូទ្រាំនឹងការរងទុក្ខឱ្យបានកាន់តែច្រើន លះបង់ឱ្យបានកាន់តែធំ ប្រឹក្សាជាមួយបងប្អូនប្រុសស្រីឱ្យបានកាន់តែច្រើននៅពេលធ្វើកិច្ចការនានា ហើយធ្វើតាមអ្វីដែលពួកជំនុំប្រាប់។ ប្រហែលជានាពេលអនាគត នៅពេលដែលពួកជំនុំពង្រីកខ្លួន និងទទួលបានកេរ្តិ៍ឈ្មោះកាន់តែធំ ខ្ញុំអាចនឹងទទួលបានងារជាន់ខ្ពស់ណាមួយ ហើយមានភាពលេចធ្លោជាមិនខាន!» ពេលគិតដល់រឿងនេះ ពួកគេមានអារម្មណ៍ត្រេកអរនៅក្នុងចិត្តថា៖ «ខ្ញុំបានធ្វើការជ្រើសរើសដ៏ល្អ និងត្រឹមត្រូវណាស់! ខ្ញុំពិតជាឆ្លាតមែន! ពីមុន ខ្ញុំថែមទាំងធ្លាប់គិតចង់ចាកចេញទៀតផង ពេលនោះខ្ញុំពិតជាល្ងង់ខ្លៅ និងមិនដឹងក្ដីមែន! ខ្ញុំនៅក្មេង និងឆេវឆាវ ងាយនឹងធ្វើការជ្រើសរើស និងការវិនិច្ឆ័យខុស។ ឥឡូវនេះ ខ្ញុំចាស់ជាងមុន ខ្ញុំកាន់តែមានភាពនឹងនរ ហើយដឹងពីរបៀបលាក់បាំង ហើយទីបំផុត ខ្ញុំក៏មើលឃើញក្ដីសង្ឃឹម។ សំណាងហើយដែលខ្ញុំមិនបានចាកចេញ មិនបានជឿពាក្យចចាមអារ៉ាមទាំងនោះ ហើយមិនត្រូវបានបំភាន់ ឬរង្គោះរង្គើដោយសារពាក្យទាំងនោះ។ នោះពិតជាគ្រោះថ្នាក់ណាស់! ខ្ញុំត្រូវតែប្រុងប្រយ័ត្នឱ្យបានកាន់តែខ្លាំងនៅថ្ងៃអនាគត។ មើលទៅបុគ្គលម្នាក់នេះមិនធម្មតាទេ ហើយខ្ញុំត្រូវតែប្រព្រឹត្តចំពោះគាត់ឱ្យបានល្អ!» ដោយក្ដីរំភើប និងឆេវឆាវ ពួកគេបានទិញផលិតផលសុខភាព និងរបស់ល្អៗមួយចំនួនដើម្បីថ្វាយ ដោយសរសេរនៅលើរបស់ទាំងនោះថា៖ «សូមថ្វាយចំពោះព្រះជាម្ចាស់ជាទីស្រឡាញ់របស់ទូលបង្គំ នូវវត្ថុដូចខាងក្រោម»។ នៅខាងក្រោម ពួកគេបានចុះហត្ថលេខាថា៖ «រៀបចំជូនជាពិសេស ដាក់ថ្វាយដោយក្ដីគោរពដោយឈ្មោះនេះៗ នៅកាលបរិច្ឆេទនេះៗ»។ នេះគឺជាអំណោយដ៏ពិសេស និងមានតម្លៃ ប៉ុន្តែមានរឿងរ៉ាវ និងមានចេតនាលាក់កំបាំងនៅពីក្រោយវា។ ពេលឮបែបនេះ តើអ្នករាល់គ្នាមិននិយាយទេឬថា៖ «អ៊ីចឹង នេះជារបៀបដែលអ្នកយល់អំពីតង្វាយដែលមនុស្សថ្វាយដល់ព្រះជាម្ចាស់ឬ?» វាមិនមែនថាខ្ញុំយល់បែបនេះទេ ហើយក៏មិនមែនមនុស្សទាំងអស់ប្រព្រឹត្តតាមរបៀបនេះដែរ ហើយមិនមែនរាល់តង្វាយទាំងអស់សុទ្ធតែមានចេតនាបែបនេះឡើយ។ ទោះជាយ៉ាងណាក៏ដោយ គេមិនអាចបដិសេធបានទេថា ទង្វើនៃការថ្វាយរបស់របររបស់មនុស្សមួយចំនួន ពិតជាត្រូវបានជះឥទ្ធិពល និងជំរុញដោយចេតនា និងប្រវត្តិបែបនេះមែន។ តើនេះជាទស្សនៈសត្យានុម័តដែរឬទេ? (មែនហើយ)។

នៅពេលដែលពួកទទឹងនឹងព្រះគ្រីស្ទគិតគូរគណនាអ្វីៗគ្រប់យ៉ាងនៅក្នុងគំនិតរបស់ពួកគេ ការពិចារណាចម្បងរបស់ពួកគេគឺផលប្រយោជន៍ផ្ទាល់ខ្លួន។ ពួកគេអាត្មានិយម និងគួរឱ្យស្អប់ខ្ពើម ដោយមានការគិតគូរគណនាផ្ទាល់ខ្លួនលើគ្រប់រឿងទាំងអស់។ ចំពោះដំណើរការនៃកិច្ចការផ្សេងៗនៅក្នុងដំណាក់របស់ព្រះជាម្ចាស់ អស់អ្នកដែលដេញតាមសេចក្ដីពិតភាគច្រើន ក៏ដូចជាអ្នកជឿធម្មតាភាគច្រើន មិនចង់ដឹង ឬសាកសួរអំពីរឿងទាំងនេះឡើយ ពីព្រោះការដឹងអំពីកិច្ចការទូទៅទាំងនេះ មិនមានពាក់ព័ន្ធនឹងការដេញតាមសេចក្ដីពិតនោះទេ។ ការដឹងពីរឿងទាំងនេះគឺគ្មានប្រយោជន៍អ្វីឡើយ។ វាមិនមែនមានន័យថាអ្នកមានជីវិត ឬមានសេចក្ដីពិតនោះទេ ហើយការមិនដឹងពីរឿងទាំងនេះ ក៏មិនមែនសបញ្ជាក់ថាអ្នកមានកម្ពស់ទាបនោះដែរ។ រឿងទាំងនេះមិនពាក់ព័ន្ធនឹងសេចក្ដីពិតឡើយ ហើយក៏មិនជួយដល់ការយល់ដឹងពីសេចក្ដីពិត ឬការសម្រេចបានការកោតខ្លាចព្រះជាម្ចាស់ទាល់តែសោះ។ នេះគឺជាកម្រិតមួយដែលមនុស្សមានវិចារណញ្ញាណអាចឈានដល់បាន។ ទោះជាយ៉ាងណាក៏ដោយ ពួកទទឹងនឹងព្រះគ្រីស្ទតោងជាប់នឹងរឿងទាំងនេះយ៉ាងស្វិតស្វាញ ដោយចាត់ទុកវាជាសេចក្ដីពិតដ៏ខ្ពង់ខ្ពស់បំផុត។ ពួកគេសាកសួរ និងប្រមូលព័ត៌មានអំពីរឿងទាំងនេះ។ បន្ទាប់ពីប្រមូលព័ត៌មានអំពីរឿងទាំងនេះហើយ ពួកគេមិនមែនគ្រាន់តែទុកវានៅក្នុងចិត្តប៉ុណ្ណោះទេ ពួកគេផ្សព្វផ្សាយវាទៅគ្រប់ទីកន្លែង ដោយជឿថាបងប្អូនប្រុសស្រីគ្រប់រូបចង់ដឹងចង់ឃើញពីរឿងទាំងនេះ ទោះបីជាការពិត មនុស្សជាច្រើនមិនចាប់អារម្មណ៍ក៏ដោយ។ ខ្ញុំកម្រនឹងសាកសួរអំពីរឿងទាំងនេះដោយផ្ទាល់ណាស់។ ប្រសិនបើខ្ញុំចៃដន្យបានជួបនរណាម្នាក់ដែលពាក់ព័ន្ធ ខ្ញុំអាចនឹងជជែកអំពីរឿងនេះ ប៉ុន្តែខ្ញុំមិនដើររកមនុស្សយ៉ាងសកម្មដើម្បីសាកសួរនោះទេ។ មានតែស្ថានភាពមួយគត់ដែលខ្ញុំសាកសួរ៖ ទាក់ទងនឹងរបៀបដែលគួរធ្វើកិច្ចការមួយចំនួន ដំណើរការនៃកិច្ចការរបស់អ្នករាល់គ្នា និងថាតើមានបញ្ហា ឬការមើលរំលងណាមួយឬអត់។ មានតែក្នុងករណីនេះទេដែលខ្ញុំសាកសួរ ប៉ុន្តែក្រៅពីនេះ ខ្ញុំពិតជាមិនសាកសួរដោយសារតែការចង់ដឹងចង់ឃើញ ឬការខ្វល់ខ្វាយឡើយ។ ការសាកសួររបស់ខ្ញុំគឺពាក់ព័ន្ធតែនឹងកិច្ចការប៉ុណ្ណោះ មិនមែនពាក់ព័ន្ធនឹងប្រភពនៃព័ត៌មាន ឬការចង់ដឹងចង់ឃើញនោះទេ។ ពួកទទឹងនឹងព្រះគ្រីស្ទ ដែលមិនស្រឡាញ់សេចក្ដីពិត គឺចូលចិត្តជីកកកាយរឿងទាំងនេះណាស់ ហើយពួកគេមានគោលបំណងជាក់លាក់ក្នុងការធ្វើបែបនេះ។ ពួកគេប្រើប្រាស់ស្ថានភាព និងមជ្ឈដ្ឋានខាងក្រៅ រួមទាំងកាលៈទេសៈរបស់ពួកជំនុំនៅក្នុងសម័យកាលផ្សេងៗ និងក្នុងចំណោមនិកាយ ពូជសាសន៍ និងក្រុមជនជាតិផ្សេងៗ ដើម្បីវិនិច្ឆ័យភាពត្រឹមត្រូវ ឬភាពខុសឆ្គងនៃកិច្ចការរបស់ព្រះជាម្ចាស់ ហើយថែមទាំងវិនិច្ឆ័យថាតើព្រះគ្រីស្ទគឺជាព្រះជាម្ចាស់ឬអត់ទៀតផង។ តើពួកគេជាសត្តនិករប្រភេទណាទៅ? តើពួកគេកំពុងជឿលើព្រះជាម្ចាស់ឬទេ? ច្បាស់ណាស់ ពួកគេគឺជាពួកអ្នកមិនជឿ។ ទោះបីជាអ្នកប្រកបគ្នាពីសេចក្ដីពិតច្រើនប៉ុនណាក៏ដោយ ក៏ពួកគេមិនអាចស្ដាប់ឮ ឬយល់ពីវាបានឡើយ។ ទោះជាយ៉ាងណាក៏ដោយ ពួកគេសាកសួរយ៉ាងលម្អិតអំពីការវាយតម្លៃខាងក្រៅចំពោះពួកជំនុំ ព្រមទាំងស្ថានភាព និងកាលៈទេសៈរបស់ពួកជំនុំនៅក្នុងប្រទេសផ្សេងៗ ដែលស្ទើរតែមិនអាចបែងចែកដាច់ពីពួកអ្នកមិនជឿបានឡើយ។ ទាំងនេះគឺជាការបង្ហាញចេញរបស់ពួកអ្នកមិនជឿដែលមានគោលបំណងលាក់កំបាំង។ តើមានមនុស្សបែបនេះនៅជុំវិញអ្នករាល់គ្នាដែរឬទេ? អ្នករាល់គ្នាប្រហែលជាមិនបានកត់សម្គាល់នោះទេ។ រាល់ពេលដែលយើងជួបជុំគ្នា និងលាតត្រដាងពីសារជាតិផ្សេងៗរបស់ពួកទទឹងនឹងព្រះគ្រីស្ទ មនុស្សទាំងនេះមួយចំនួនត្រូវបានថ្កោលទោស។ នៅពេលដែលត្រូវបានលាតត្រដាងហើយ ពួកគេក៏លាក់មុខមាត់ពិតរបស់ពួកគេវិញ ហើយមិនហ៊ានបង្ហាញមុខឡើយ។ ជាពិសេសបន្ទាប់ពីការប្រកបគ្នានេះ មនុស្សមួយចំនួននឹងលែងហ៊ានសាកសួរទៀតហើយ។ ប៉ុន្តែ ទោះបីជាពួកគេអាចនឹងមិនហ៊ានសួរដោយផ្ទាល់ទៀតក៏ដោយ ក៏ពួកគេនៅតែប្រមូលពាក្យ ចចាមអារ៉ាមនៅពីក្រោយខ្នងដដែល។ ពួកគេឈប់សួរក្នុងចំណោមបងប្អូនប្រុសស្រី ប៉ុន្តែលួចសាកសួរនៅលើអ៊ីនធឺណិត។ លើសពីនេះ ពួកគេខិតខំស្វែងរកឱ្យដឹងថាតើពួកអ្នកគ្មានជំនឿ និកាយផ្សេងៗ និងបណ្ដាប្រទេសលោកខាងលិច គិត និងនិយាយយ៉ាងណាអំពីពួកជំនុំរបស់យើង ហាក់ដូចជាពួកគេឆ្កួតវង្វេងយ៉ាងដូច្នេះដែរ។ តើនេះមិនរាងឆ្កួតវង្វេងបន្តិចទេឬ? ពួកគេងប់ងល់ ពួកគេមិនអាចទប់ចិត្តខ្លួនឯងបានឡើយ។ មនុស្សដែលមិនស្រឡាញ់សេចក្ដីពិត និងមិនពេញចិត្តនឹងសេចក្ដីពិត គឺមិនអាចនិយាយហេតុផលជាមួយបានឡើយ។

អ្វីដែលយើងទើបតែបានលាតត្រដាង គឺជារបៀបដែលពួកទទឹងនឹងព្រះគ្រីស្ទប្រព្រឹត្តចំពោះពួកជំនុំ និងសាច់ឈាមដែលព្រះជាម្ចាស់យកកំណើតជាមនុស្ស ដោយផ្អែកលើកាលៈទេសៈរបស់ពួកជំនុំ និងការផ្សាយចេញនៃកិច្ចការរបស់ព្រះជាម្ចាស់។ នេះគឺជាទិដ្ឋភាពមួយនៃរបៀបដែលពួកទទឹងនឹងព្រះគ្រីស្ទប្រព្រឹត្តចំពោះព្រះគ្រីស្ទ អាស្រ័យលើអារម្មណ៍របស់ពួកគេ។ តើរឿងដែលខ្ញុំបានពិភាក្សាទាំងនេះ កំពុងកើតឡើងនៅក្នុងពួកជំនុំដែរឬទេ? តើវាជារឿងធ្ងន់ធ្ងរដែរឬទេ? តើវាសមនឹងលើកឡើងដែរឬទេ? (មែនហើយ)។ តើការប្រកបគ្នាអំពីរឿងទាំងនេះមានតម្លៃអ្វីទៅ? តើវាមានន័យថា បន្ទាប់ពីបានឮរឿងនេះហើយ មនុស្សមួយចំនួននឹងលែងហ៊ានសាកសួរអំពីរឿងទាំងនេះ លែងហ៊ានចង់ដឹងចង់ឃើញអំពីស្ថានភាព និងកាលៈទេសៈរបស់ពួកជំនុំទៀតឬ? តើនេះគឺជាតម្លៃតែមួយគត់ឬ? (ទេ)។ អ៊ីចឹង តើការលាតត្រដាងរឿងទាំងនេះមានតម្លៃអ្វីទៅ? តើមនុស្សគួរយល់ពីសេចក្ដីពិតអ្វីពីរឿងនេះ? ប្រសិនបើអ្នករាល់គ្នាមិនទាន់គិតឃើញទេ អាចមិនបាច់និយាយក៏បាន។ ខ្ញុំនឹងប្រកបគ្នាពីរឿងនេះជាមួយអ្នករាល់គ្នានៅពេលបញ្ចប់។ រឿងទាំងនេះនៅឆ្ងាយពីអ្នករាល់គ្នាពេក ដូច្នេះ អ្នករាល់គ្នាប្រហែលជាពិបាកនឹងបកស្រាយវាភ្លាមៗ។ អ្នករាល់គ្នាត្រូវប្រមូលគំនិត និងរៀបចំពាក្យសម្ដី។ អ្នកប្រហែលជាមិនដឹងថាត្រូវចាប់ផ្ដើមពីណា ឬប្រហែលជាមិនអាចបញ្ចេញមតិឱ្យបានច្បាស់លាស់ឡើយ។ អ្វីដែលមនុស្សយល់ គឺមានតិចតួចពេក វាពិតជាគួរឱ្យអាណិតណាស់។ ការមិនអាចពន្យល់ឱ្យបានច្បាស់លាស់ពីសារជាតិ និងមូលហេតុនៃបញ្ហាមួយ គឺជាសញ្ញានៃការមិនអាចមើលធ្លុះរឿងរ៉ាវនានា។

នៅពេលដែលមនុស្សជឿលើព្រះជាម្ចាស់នៅស្ថានសួគ៌ ហើយលះបង់ខ្លួន និងបំពេញភារកិច្ចរបស់ពួកគេដើម្បីព្រះជាម្ចាស់ គេអាចនិយាយបានថា ពួកជំនុំ ដំណាក់របស់ព្រះជាម្ចាស់ និងព្រះជាម្ចាស់ ជាទូទៅគឺជាគោលគំនិតតែមួយសម្រាប់មនុស្ស។ ការបំពេញភារកិច្ចរបស់ខ្លួននៅក្នុងពួកជំនុំ ត្រូវបានចាត់ទុកថាជាការលះបង់ខ្លួនដើម្បីព្រះជាម្ចាស់។ ការធ្វើកិច្ចការសម្រាប់ដំណាក់របស់ព្រះជាម្ចាស់ គឺដូចគ្នានឹងការធ្វើកិច្ចការសម្រាប់ពួកជំនុំដែរ ហើយវាក៏ជាការស្មោះត្រង់ចំពោះព្រះជាម្ចាស់ និងការទទួលយកការផ្ទុកផ្ដាក់របស់ព្រះជាម្ចាស់ផងដែរ។ ចំណុចទាំងនេះអាចប្រើជំនួសគ្នាបាននៅពេលពិភាក្សា ហើយត្រូវបានគេមើលឃើញថាជាគោលគំនិតតែមួយ។ ទោះជាយ៉ាងណាក៏ដោយ នៅពេលដែលព្រះជាម្ចាស់យកកំណើតជាមនុស្ស ហើយលេចមកជាមនុស្សធម្មតាម្នាក់ សម្រាប់មនុស្សភាគច្រើន ពួកជំនុំ ដំណាក់របស់ព្រះជាម្ចាស់ និងព្រះជាម្ចាស់ (ពោលគឺ ព្រះគ្រីស្ទ) ក្លាយជារឿងដែលងាយនឹងបំបែកចេញពីគ្នា។ មនុស្សគិតថា៖ «ការធ្វើកិច្ចការសម្រាប់ពួកជំនុំ គឺដូចគ្នានឹងការធ្វើកិច្ចការសម្រាប់ដំណាក់របស់ព្រះជាម្ចាស់ សម្រាប់ព្រះជាម្ចាស់ដែរ។ ការធ្វើកិច្ចការសម្រាប់ដំណាក់របស់ព្រះជាម្ចាស់ គឺជាការបំពេញភារកិច្ចរបស់ខ្លួន។ ប៉ុន្តែ នៅពេលនិយាយដល់ការធ្វើកិច្ចការសម្រាប់ព្រះគ្រីស្ទ ខ្ញុំមិនសូវប្រាកដនោះទេ។ តើនោះមិនមែនបង្កប់ន័យថាជាការបម្រើមនុស្សម្នាក់ទេឬអី? វាមើលទៅរាងហាក់ដូចជាការធ្វើការឱ្យមនុស្សម្នាក់ដែរ»។ នៅក្នុងជម្រៅចិត្តរបស់មនុស្សជាច្រើន វាជារឿងពិបាកក្នុងការបែងចែកឱ្យបានច្បាស់លាស់ និងពិបាកក្នុងការភ្ជាប់ចំណុចទាំងបីនេះចូលគ្នា។ សម្រាប់មនុស្សភាគច្រើន នៅពេលដែលពួកគេបំពេញភារកិច្ចរបស់ខ្លួននៅក្នុងដំណាក់របស់ព្រះជាម្ចាស់ នេះគឺជាគោលគំនិតជាមូលដ្ឋានរបស់ពួកគេទាក់ទងនឹងថាតើពួកគេបំពេញភារកិច្ចសម្រាប់អ្នកណា៖ នៅពេលដែលពួកគេបំពេញភារកិច្ចរបស់ពួកគេនៅក្នុងពួកជំនុំ ពួកគេកំពុងបំពេញភារកិច្ចរបស់ខ្លួនដើម្បីប្រយោជន៍របស់អង្គភាពមួយដែលជាពួកជំនុំ ពោលគឺសម្រាប់ឈ្មោះនេះតែម្ដង។ ចុះតើអ្នកណាជាអ្នកដែលគេហៅថាថ្នាក់លើរបស់ពួកជំនុំទៅ? ពិតណាស់ គឺព្រះជាម្ចាស់នៅស្ថានសួគ៌ ដែលជារឿងឥតសង្ស័យនៅក្នុងគំនិតរបស់មនុស្សគ្រប់គ្នា។ ការធ្វើកិច្ចការសម្រាប់ដំណាក់របស់ព្រះជាម្ចាស់ ត្រូវបានមនុស្សភាគច្រើនយល់ថាជាការបម្រើដល់ឈ្មោះ និងក្រុមបងប្អូនប្រុសស្រី ហើយវាប្រាកដជាអាចចាត់ថ្នាក់ថាជាការបំពេញភារកិច្ចរបស់ខ្លួនបាន។ វាគឺជាការបំពេញភារកិច្ចរបស់ខ្លួន ដែលពិតណាស់ ក៏សំដៅទៅរកព្រះជាម្ចាស់ផងដែរ។ ហេតុដូច្នេះហើយ នៅក្នុងគំនិតរបស់មនុស្ស ពួកជំនុំ បងប្អូនប្រុសស្រី និងដំណាក់របស់ព្រះជាម្ចាស់ អាចត្រូវបានចាត់ទុកថាស្មើគ្នា ដោយទាំងអស់នេះសុទ្ធតែសំដៅទៅរកព្រះដ៏ស្រពេចស្រពិលនៅស្ថានសួគ៌។ តើរឿងនេះបង្កប់ន័យដូចម្ដេច? សម្រាប់មនុស្សភាគច្រើន នៅក្នុងដំណាក់របស់ព្រះជាម្ចាស់ មិនថាការបំពេញភារកិច្ចរបស់ពួកគេ ឬការចាត់ចែងកិច្ចការនានានោះទេ ពួកគេកំពុងធ្វើវាសម្រាប់ពួកជំនុំក្នុងនាមជាស្ថាប័នអរូបី សម្រាប់ក្រុមបងប្អូនប្រុសស្រីដែលមើលឃើញ និងជាពិសេសសម្រាប់ព្រះដ៏ស្រពេចស្រពិលដែលមើលមិនឃើញនៅស្ថានសួគ៌ ពោលគឺពួកគេបំពេញភារកិច្ចរបស់ខ្លួនសម្រាប់ចំណុចទាំងបីនេះឯង។ ចំណែកឯព្រះជាម្ចាស់ដែលយកកំណើតជាមនុស្សវិញ មនុស្សអាចនឹងចាត់ទុកទ្រង់ជាសមាជិកម្នាក់នៃពួកជំនុំ ឬជាអ្នកដឹកនាំកំពូលក្នុងចំណោមបងប្អូនប្រុសស្រី ហើយពិតណាស់ អ្នកខ្លះក៏យល់ថាព្រះគ្រីស្ទជាអ្នកនាំពាក្យ ឬជាតំណាងនៃដំណាក់របស់ព្រះជាម្ចាស់ផងដែរ។ ហេតុដូច្នេះហើយ សម្រាប់មនុស្សជាច្រើន គោលគំនិតអំពីថាតើពួកគេកំពុងបំពេញភារកិច្ចសម្រាប់អ្នកណានៅក្នុងពួកជំនុំ គឺស្រពេចស្រពិលខ្លាំងណាស់។ ឧទាហរណ៍ ប្រសិនបើគេត្រូវបានស្នើសុំឱ្យធ្វើអ្វីមួយសម្រាប់បងប្អូនប្រុសស្រី ឬបម្រើការអ្វីមួយ គឺគេមានអារម្មណ៍ថាសមហេតុផលទាំងស្រុងក្នុងការធ្វើកិច្ចការទាំងនោះ។ ឬប្រសិនបើពួកគេត្រូវបានស្នើសុំឱ្យធ្វើអ្វីមួយសម្រាប់ពួកជំនុំ ឬដំណាក់របស់ព្រះជាម្ចាស់ ពួកគេសប្បាយចិត្តនឹងធ្វើវា ដោយមានអារម្មណ៍ថាវាជាភារកិច្ចដែលមិនអាចប្រកែកបានរបស់ពួកគេ។ ទោះជាយ៉ាងណាក៏ដោយ ប្រសិនបើព្រះគ្រីស្ទដែលយកកំណើតជាមនុស្សចាត់តាំង ឬប្រគល់កិច្ចការស្រដៀងគ្នានេះដល់ពួកគេ ពួកគេមានអារម្មណ៍ធ្លាក់ទឹកចិត្ត៖ «ធ្វើកិច្ចការឱ្យមនុស្សម្នាក់ឬ? ខ្ញុំមិនមែនមកជឿលើព្រះដើម្បីបម្រើមនុស្សទេ។ ខ្ញុំមកដើម្បីបំពេញភារកិច្ចរបស់ខ្ញុំ។ ខ្ញុំមិនមែនមកទីនេះដើម្បីបម្រើអ្នកណាម្នាក់ទេ ខ្ញុំមិនមែនមកទីនេះដើម្បីបម្រើការសម្រាប់អ្នកណាម្នាក់ឡើយ!» មានមនុស្សជាច្រើនដែលកំពុងបំពេញភារកិច្ចរបស់ពួកគេនៅក្នុងពួកជំនុំ។ ប្រសិនបើអ្នកស្នើសុំឱ្យពួកគេធ្វើអ្វីមួយសម្រាប់ពួកជំនុំ ធ្វើអ្វីមួយសម្រាប់ដំណាក់របស់ព្រះជាម្ចាស់ ឬបងប្អូនប្រុសស្រី ពួកគេទទួលយកកិច្ចការទាំងនេះដោយក្ដីអំណរ ដោយមានអារម្មណ៍ថាពួកគេមានមូលដ្ឋានរឹងមាំក្នុងការធ្វើកិច្ចការទាំងនេះ។ តើមូលដ្ឋានអ្វីទៅ? «ខ្ញុំទទួលយករឿងនេះពីព្រះ វាគឺជាភារកិច្ចរបស់ខ្ញុំ ជាទំនួលខុសត្រូវរបស់ខ្ញុំ»។ ប៉ុន្តែ នៅពេលដែលព្រះជាម្ចាស់ដែលយកកំណើតជាមនុស្សស្នើសុំឱ្យពួកគេធ្វើអ្វីមួយ មូលដ្ឋានទ្រឹស្ដីរបស់ពួកគេអំពីការ «ទទួលយករឿងនេះពីព្រះ» ក៏រលាយបាត់ទៅ ហើយពួកគេក្លាយជាស្ទាក់ស្ទើរ និងមិនសប្បាយចិត្ត ដោយមិនសុខចិត្តធ្វើវាឡើយ។ ពួកគេគិតថា៖ «ប្រសិនបើវាសម្រាប់ពួកជំនុំ វាមិនអីទេ ពីព្រោះខ្ញុំជាអ្នកដែលធ្វើកិច្ចការសម្រាប់ពួកជំនុំ។ ប្រសិនបើវាសម្រាប់បងប្អូនប្រុសស្រី នោះក៏មិនអីដែរ ដោយសារពួកគេសុទ្ធតែជារបស់ដំណាក់របស់ព្រះ ជារបស់ព្រះ។ ប្រសិនបើវាសម្រាប់ដំណាក់របស់ព្រះ ដោយសារឈ្មោះ “ដំណាក់របស់ព្រះ” គឺពិសិដ្ឋណាស់ ធំធេង និងខ្ពង់ខ្ពស់ណាស់ ដូច្នេះ ការធ្វើកិច្ចការសម្រាប់ដំណាក់របស់ព្រះ គឺសមហេតុផលទាំងស្រុង ហើយវានាំមកនូវសិរីល្អ និងការទទួលស្គាល់។ ប៉ុន្តែ ការធ្វើអ្វីមួយសម្រាប់មនុស្សតូចតាចដូចជាអ្នក តើនោះជាអ្វីទៅ? តើនោះជាការបំពេញភារកិច្ចរបស់ខ្ញុំឬ? វាមើលទៅហាក់ដូចជាមិនត្រឹមត្រូវ ឬមិនសមរម្យសោះ។ នេះមិនមែនជាការបំពេញភារកិច្ចរបស់ខ្ញុំទេ ហើយក៏មិនមែនជាកិច្ចការដែរ។ តើខ្ញុំគួរគិតបែបណាចំពោះរឿងនេះ?» ពួកគេប្រឈមមុខនឹងស្ថានភាពពិបាកជ្រើសរើស ដោយមិនប្រាកដថាត្រូវដោះស្រាយវាដោយរបៀបណាឡើយ។ ពួកគេរិះគិតថា៖ «នេះមិនមែនជាកិច្ចការទេ ហើយក៏មិនមែនជាការបំពេញភារកិច្ចរបស់ខ្ញុំដែរ ហើយវាប្រាកដជាមិនផ្ដល់ប្រយោជន៍ដល់បងប្អូនប្រុសស្រីឡើយ។ ប្រសិនបើអ្នកស្នើសុំឱ្យខ្ញុំធ្វើវាសម្រាប់អ្នក មិនអីទេ ខ្ញុំនឹងចេះតែធ្វើវាទៅ ប៉ុន្តែខ្ញុំនឹងមិនសប្បាយចិត្ត ឬពេញចិត្តនឹងធ្វើវានោះទេ។ វាមើលទៅហាក់ដូចជាមិនត្រឹមត្រូវ ឬមិនសមរម្យសោះ! តើអ្នកណានឹងចងចាំ ឬដឹងពីអ្វីដែលខ្ញុំធ្វើសម្រាប់អ្នកទៅ? តើវាអាចទទួលបានការពេញចិត្តពីអ្នកណាម្នាក់ដែរឬទេ? តើវានឹងធ្វើឱ្យខ្ញុំទទួលបានរង្វាន់អ្វីដែរឬទេ? តើនេះរាប់ថាជាការបំពេញភារកិច្ចរបស់ខ្ញុំដែរឬទេ? តើខ្ញុំគួរធ្វើវាស្របតាមគោលការណ៍សេចក្ដីពិតដែរឬទេ?» ពួកគេមិនសុខចិត្តឡើយនៅក្នុងចិត្តរបស់ពួកគេ ដោយមានអារម្មណ៍ថាវាជាបញ្ហារំខាន ជារឿងមិនចាំបាច់ ដូចជាការទទួលយកកិច្ចការដែលពួកគេមិនគួរទទួលយកអ៊ីចឹង។ ពួកគេមានអារម្មណ៍ធុញថប់ ហើយធ្វើវាទាំងស្ទាក់ស្ទើរ ដោយសង្ឃឹមជានិច្ចថានឹងទទួលបានផលប្រយោជន៍អ្វីមួយ ហើយថែមទាំងនិយាយចេញមកថា៖ «ខ្ញុំមិនចង់ធ្វើរឿងនេះទេ» ដោយបង្ហាញពីការស្ទាក់ស្ទើរយ៉ាងខ្លាំង។ ខ្ញុំក៏និយាយថា ប្រសិនបើអ្នកមិនចង់ធ្វើវាទេ អ្នកមិនបាច់ធ្វើក៏បានដែរ។ ខ្ញុំមិនបង្ខំនរណាម្នាក់ឱ្យធ្វើកិច្ចការផ្ទាល់ខ្លួនសម្រាប់ខ្ញុំឡើយ។ ប្រសិនបើអ្នកចង់ធ្វើវា ចូរធ្វើវាចុះ។ ប្រសិនបើមិនចង់ទេ ខ្ញុំនឹងរកអ្នកផ្សេង។ អ្នកណាក៏ដោយដែលសុខចិត្តធ្វើ ខ្ញុំនឹងពឹងពួកគេ។ តើវាមិនងាយស្រួលទេឬអី? ដោយមានមនុស្សជាច្រើនដើរតាមនៅក្នុងដំណាក់របស់ព្រះជាម្ចាស់ វាជារឿងងាយស្រួលក្នុងការស្វែងរកនរណាម្នាក់ដែលយល់ព្រម និងសុខចិត្តធ្វើកិច្ចការនេះ។ ខ្ញុំអាចរកមនុស្សបែបនេះបាន។ វាមិនចាំបាច់ទាល់តែជ្រើសរើសអ្នកនោះទេ។ រឿងនេះគឺងាយស្រួលណាស់! តើវាពិបាកដែរឬទេក្នុងការស្វែងរកនរណាម្នាក់នៅក្នុងដំណាក់របស់ព្រះជាម្ចាស់ ដែលអាចទុកចិត្តបាន គ្មានល្បិច និងមានសមត្ថភាពក្នុងការចាត់ចែងកិច្ចការនានា? (ទេ)។ ទោះបីជាខ្ញុំមិនបានបង្កើតទំនាក់ទំនងជិតស្និទ្ធ ឬល្អជាពិសេសជាមួយបុគ្គលណាម្នាក់ជាឯកជន ហើយក៏មិនមានមិត្តភាពផ្ទាល់ខ្លួន ឬទំនាក់ទំនងផ្លូវអារម្មណ៍ដ៏ជ្រាលជ្រៅណាមួយក៏ដោយ ប៉ុន្តែក្នុងរយៈពេលសាមសិបឆ្នាំនេះ គឺសុទ្ធតែជាព្រះបន្ទូលរបស់ខ្ញុំ ដែលមនុស្សគ្រប់គ្នានៅក្នុងពួកជំនុំនៃព្រះដ៏មានគ្រប់ព្រះចេស្ដា បានហូប និងផឹក ព្រមទាំងបានស្ដាប់។ មនុស្សទាំងនេះ មិនថានៅក្នុងសារជាតិ ឬនៅក្នុងជម្រៅចិត្តរបស់ពួកគេ មិនថានៅសំបកក្រៅ ឬតាមពាក្យសម្ដីនោះទេ គឺពួកគេជឿ និងដើរតាមខ្ញុំ។ ទោះបីជាខ្ញុំមិនបានផ្ដល់អត្ថប្រយោជន៍ ឬសេចក្ដីសន្យាពិសេសណាមួយដល់នរណាម្នាក់ដោយផ្ទាល់ ហើយក៏មិនបានសរសើរ ឬលើកតម្កើងនរណាម្នាក់ដោយផ្ទាល់ក៏ដោយ ប៉ុន្តែអ្នកគ្រប់គ្នាដែលបានដើរតាមខ្ញុំតាំងពីដើមរហូតមកដល់ពេលនេះ បានហូប និងផឹកព្រះបន្ទូលរបស់ព្រះជាម្ចាស់យ៉ាងច្រើនសន្ធឹកសន្ធាប់។ តាមរយៈអ្វីដែលខ្ញុំបានថ្លែង មិនថាបុគ្គលទាំងនេះបានយល់ពីសេចក្ដីពិតខ្លះៗ ឬយល់ពីគោលលទ្ធិនៃការប្រព្រឹត្តខ្លួននោះទេ តើពួកគេមិនមែនសុទ្ធតែទទួលបានច្រើនគួរសមទេឬអី? (មែនហើយ)។ បើមើលពីជ្រុងនេះ ខ្ញុំមិនគួរជំពាក់អ្វីអ្នករាល់គ្នាទេ មែនទេ? ខ្ញុំមិនគួរនិយាយបែបនេះទេ ប៉ុន្តែថ្ងៃនេះ ខ្ញុំចាំបាច់ត្រូវលើកយករឿងនេះមកនិយាយនៅទីនេះ។ តើវាមិនគួរជាអ្នករាល់គ្នាទេឬអី ដែលជំពាក់ខ្ញុំនោះ? (មែនហើយ)។ ដូច្នេះ ប្រសិនបើខ្ញុំផ្ទាល់ពឹងអ្នករាល់គ្នាម្នាក់ៗឱ្យធ្វើអ្វីមួយ អ្នករាល់គ្នាមិនគួរមិនសុខចិត្តនោះទេ មែនទេ? (ពួកយើងសុខចិត្ត)។ មិនថាមើលពីជ្រុងណាក៏ដោយ នៅពេលដែលខ្ញុំពឹងអ្នករាល់គ្នាឱ្យធ្វើអ្វីមួយ តើខ្ញុំត្រូវលួងលោម ឬបញ្ចើចបញ្ចើអ្នករាល់គ្នា ឬផ្ដល់ពាក្យសម្ដីផ្អែមល្ហែម និងសេចក្ដីសន្យាដល់អ្នករាល់គ្នាដែរឬទេ? (ទេ)។ ប៉ុន្តែមនុស្សមួយចំនួនមិនសុខចិត្តឡើយ ដោយនិយាយថា៖ «ហេតុអ្វីបានជាការធ្វើអ្វីមួយសម្រាប់អ្នក គឺគ្មានកម្លាំងចិត្តសោះបែបនេះ? មិនត្រឹមតែគ្មានប្រយោជន៍នោះទេ ប៉ុន្តែថែមទាំងហត់នឿយ និងគួរឱ្យរំខានទៀតផង!» តើអ្នករាល់គ្នាមានអារម្មណ៍យ៉ាងណា នៅពេលឮបែបនេះ? (ក្ដៅក្រហាយ)។ ប្រសិនបើមនុស្សធម្មតាម្នាក់ ដែលមិនមានអ្វីលេចធ្លោនៅក្នុងក្រសែភ្នែកពិភពលោក ត្រូវបានមន្ត្រីជាន់ខ្ពស់ម្នាក់មកជួប និងប្រគល់កិច្ចការមួយឱ្យគេ គេប្រហែលជាព្យាយាមបញ្ចើចបញ្ចើមន្ត្រីរូបនោះគ្រប់សព្វបែបយ៉ាង ដោយមានអារម្មណ៍ត្រេកអរ និងមានកិត្តិយសជាខ្លាំង ហើយនឹងគ្មានថ្ងៃភ្លេចរឿងតូចតាចនោះឡើយពេញមួយជីវិតរបស់ពួកគេ។ ប្រសិនបើមនុស្សអាចប្រព្រឹត្តចំពោះអ្នកដែលមានឋានៈបែបនេះទៅហើយ ហេតុអ្វីបានជាពួកគេមិនអាចធ្វើដូចគ្នាសម្រាប់ព្រះគ្រីស្ទបាន? ហេតុអ្វីបានជារឿងនេះក្លាយជារឿងដែលពួកគេមិនអាចធ្វើបានទៅវិញ? ហេតុអ្វីទៅ? (ពីព្រោះមនុស្សមានភាពប្រទូសរ៉ាយចំពោះព្រះជាម្ចាស់ពីធម្មជាតិ)។ ត្រឹមត្រូវហើយ នេះគ្រាន់តែបញ្ជាក់ពីចំណុចនោះប៉ុណ្ណោះ។ មនុស្សអាចចុះសម្រុងជាមួយសាតាំងដែលមានឋានៈខ្ពស់បាន ប៉ុន្តែចេញពីជម្រៅចិត្តរបស់ពួកគេ ពួកគេមើលងាយព្រះគ្រីស្ទ ដោយទាស់ទទឹង បដិសេធ មិនទទួលស្គាល់ និងបោះបង់ទ្រង់ចោល។ ប្រសិនបើមានគេប្រាប់ឱ្យក្រាបថ្វាយបង្គំអារក្ស ពួកគេនឹងលូនក្រាបដោយក្ដីរីករាយ ប៉ុន្តែនៅពេលនិយាយដល់ព្រះគ្រីស្ទ ដែលជាមនុស្សធម្មតាម្នាក់នេះ ដែលពួកគេទទួលបានយ៉ាងច្រើនពីទ្រង់នោះ ពួកគេសូម្បីតែឈរនិយាយ ឬប្រាស្រ័យទាក់ទងជាមួយព្រះជាម្ចាស់ក្នុងឋានៈស្មើគ្នា ក៏មិនសុខចិត្តផង។ តើសត្តនិករបែបនេះជាអ្វីទៅ? ពួកគេគឺជាពួកអារក្ស ពួកគេមិនមែនជាមនុស្សឡើយ។ ក្រោយមក ខ្ញុំបានពឹងអ្នកផ្សេងឱ្យចាត់ចែងកិច្ចការនេះ ហើយបុគ្គលនេះមិនអីទេ។ អ្នកដែលបាននាំសារអំពីរឿងនេះបាននិយាយថា៖ «បុគ្គលដែលចាត់ចែងកិច្ចការលើកនេះ ពិតជាសប្បាយចិត្តណាស់ ពួកគេសុខចិត្តធ្វើអ្វីមួយសម្រាប់ព្រះជាម្ចាស់ខ្លាំងណាស់»។ ខ្ញុំបាននិយាយថា៖ «មិនអីទេ ប្រសិនបើគេសុខចិត្ត នោះជារឿងល្អហើយ។ ប៉ុន្តែ តើការធ្វើកិច្ចការដ៏តូចមួយនេះ មានអ្វីអស្ចារ្យទៅ? វាជារឿងដែលត្រូវធ្វើទៅហើយ មិនចាំបាច់ផ្ញើសារមកប្រកាសប្រាប់នោះទេ»។ តើអ្នករាល់គ្នាគិតយ៉ាងណាចំពោះសារដែលត្រូវបាននាំមកនេះ? តើអ្នករាល់គ្នាមានអារម្មណ៍យ៉ាងណា នៅពេលឮវា? តើវាធ្វើឱ្យអ្នករាល់គ្នាមានអារម្មណ៍មិនស្រួលក្នុងចិត្តដែរឬទេ? (មែនហើយ)។ ហេតុអ្វីបានជាវាធ្វើឱ្យអ្នករាល់គ្នាមានអារម្មណ៍មិនស្រួលក្នុងចិត្ត? (វាជារឿងដែលមនុស្សគួរតែធ្វើ ប៉ុន្តែពួកគេកំពុងព្យាយាមយកមុខយកមាត់នៅចំពោះព្រះជាម្ចាស់ ហាក់ដូចជាការធ្វើអ្វីមួយសម្រាប់ព្រះជាម្ចាស់ គឺជាការធ្វើគុណដ៏ធំធេងចំពោះព្រះជាម្ចាស់អ៊ីចឹង)។ ដូច្នេះ តើអ្នកដែលនិយាយបែបនេះ ជាមនុស្សប្រភេទណា? ចុះចំណែកចរិតលក្ខណៈរបស់ពួកគេវិញ? (ពួកគេមានចរិតលក្ខណៈថោកទាប ពួកគេគ្មានមនសិការទេ)។ នេះគឺជាការខ្វះភាពជាមនុស្សហើយ។

សម្រាប់មនុស្សមួយចំនួន ពេលឮអំពីព្រះគុណ និងព្រះពររបស់ព្រះជាម្ចាស់ អំពីការដែលព្រះជាម្ចាស់ផ្គត់ផ្គង់ដល់មនុស្សភ្លាម ពួកគេរំជួលចិត្តជាខ្លាំង ហើយពួកគេអរព្រះគុណព្រះជាម្ចាស់ឥតឈប់ឈរថា៖ «ព្រះជាម្ចាស់ស្រឡាញ់មនុស្សខ្លាំងណាស់!» ពួកគេរំភើបចិត្តយ៉ាងខ្លាំង! រាល់ពេលដែលប្រធានបទទាំងនេះត្រូវបានលើកឡើង មនុស្សទាំងនេះទឹកភ្នែករលីងរលោង ចិត្តរបស់ពួកគេរំជើបរំជួល ហើយពួកគេតាំងចិត្តលះបង់ខ្លួនយ៉ាងឧស្សាហ៍ព្យាយាមដើម្បីព្រះជាម្ចាស់។ ប៉ុន្តែ នៅពេលដែលពួកគេត្រូវបានស្នើសុំឱ្យធ្វើអ្វីមួយ បន្តិចបន្តួចសម្រាប់ព្រះជាម្ចាស់ដែលយកកំណើតជាមនុស្ស ដែលអាចមើលឃើញ និងប៉ះបានអង្គនេះ ពួកគេមានអារម្មណ៍ថាអាម៉ាស់មុខយ៉ាងខ្លាំង ស្ទាក់ស្ទើរ និងមិនសុខចិត្តឡើយ។ តើមានរឿងអ្វីកើតឡើងនៅទីនេះ? (ពួកគេជឿលើព្រះដ៏ស្រពេចស្រពិល មិនមែនជឿលើព្រះជាម្ចាស់ដែលយកកំណើតជាមនុស្សឡើយ។ ពួកគេចាត់ទុកព្រះដ៏ស្រពេចស្រពិលនៅស្ថានសួគ៌ថាអស្ចារ្យ ប៉ុន្តែមើលឃើញព្រះជាម្ចាស់ដែលយកកំណើតជាមនុស្សថាតូចតាច)។ ខ្ញុំធ្លាប់ឮថា មនុស្សមួយចំនួនសុខចិត្តជូតស្បែកជើង បោកស្រោមជើង និងសូម្បីតែបោកខោអាវឱ្យបងប្អូនប្រុសស្រី ប៉ុន្តែនៅពេលត្រូវបានស្នើសុំឱ្យធ្វើអ្វីមួយបន្តិចបន្តួចសម្រាប់ព្រះគ្រីស្ទ ពួកគេបែរជាមិនសុខចិត្តទៅវិញ។ អ្នកផ្សេងទៀតទ្រាំមើលមិនបាន ក៏និយាយថា៖ «តើមនុស្សនេះកើតអី? ពួកគេសុខចិត្តធ្វើរឿងនានាសម្រាប់បងប្អូនប្រុសស្រី ជាជាងសម្រាប់ព្រះគ្រីស្ទ។ តើនេះជាមនុស្សប្រភេទណាទៅ?» មនុស្សមួយចំនួន នៅពេលដែលខ្ញុំប្រគល់កិច្ចការមួយឱ្យពួកគេ ដោយឱ្យពួកគេធ្វើតាមគោលការណ៍នៃដំណាក់របស់ព្រះជាម្ចាស់ និងបទប្បញ្ញត្តិរបស់ពួកជំនុំ ពួកគេមិនយកចិត្តទុកដាក់ចំពោះរឿងនេះទេ បន្ទាប់ពីបានឮរួច។ ពួកគេនិយាយថា៖ «តើអ្នកកំពុងនិយាយពីអ្វី? ខ្ញុំត្រូវសួរយោបល់បងប្អូនប្រុសស្រីសិន។ ខ្ញុំត្រូវគិតគូរដល់បងប្អូនប្រុសស្រី ដើម្បីផ្ដល់ប្រយោជន៍ដល់ពួកគេភាគច្រើន»។ ឧទាហរណ៍ ខ្ញុំបានប្រគល់ទំនួលខុសត្រូវដល់មនុស្សមួយចំនួនក្នុងការដាំដើមឈើហូបផ្លែ ហើយក៏បានណែនាំពួកគេឱ្យទៅមើលទីផ្សារ ដើម្បីមើលថាតើដើមឈើហូបផ្លែប្រភេទណាដែលស័ក្ដិសមសម្រាប់ការដាំដុះនៅក្នុងតំបន់នេះ។ ម្យ៉ាង ដើមឈើទាំងនោះត្រូវតែស័ក្ដិសមនឹងអាកាសធាតុ និងដីក្នុងតំបន់ ហើយម្យ៉ាងទៀត យើងគួរតែមើលថាតើផ្លែឈើណាដែលអ្នកស្រុកចាត់ទុកថាមានតម្លៃអាហារូបត្ថម្ភខ្ពស់ ហើយជ្រើសរើសផ្លែឈើទាំងនោះមកដាំក្នុងបរិមាណសមស្រប។ បន្ទាប់ពីខ្ញុំនិយាយចប់ តើអស់អ្នកដែលបានឮខ្ញុំនិយាយ គួរធ្វើសកម្មភាពបែបណា? (ពួកគេគួរតែអនុវត្តភ្លាមៗនូវអ្វីដែលព្រះអង្គបានស្នើសុំ)។ តើពួកគេគួរអនុវត្តវាដោយរបៀបណា? (ពួកគេគួរតែស្វែងរកព័ត៌មានពាក់ព័ន្ធ សួរអ្នកដែលមានចំណេះដឹង ស្វែងយល់ពីព័ត៌មានលម្អិតមួយចំនួន រួចហើយសឹមអនុវត្តវា)។ ការអនុវត្តតាមរបៀបនេះ គឺជាការធ្វើតាមការណែនាំរបស់ខ្ញុំ ដែលត្រូវគិតគូរដល់អាកាសធាតុក្នុងតំបន់ ហើយក៏ត្រូវពិនិត្យមើលថាតើផ្លែឈើណាដែលមានជីវជាតិផងដែរ។ ឥឡូវនេះ តើអ្នករាល់គ្នាគិតថាការគិតគូររបស់ខ្ញុំមានភាពគ្រប់ជ្រុងជ្រោយ និងជាក់ស្ដែងដែរឬទេ? ទោះជាយ៉ាងណាក៏ដោយ តើអស់អ្នកដែលបានឮព្រះបន្ទូលរបស់ខ្ញុំ បានអនុវត្តវាដោយរបៀបណា? ពួកគេបានសួរយោបល់បងប្អូនប្រុសស្រីទាំងអស់នៅក្នុងពួកជំនុំក្នុងតំបន់ ដោយសួរគ្រប់គ្នាថាតើពួកគេចូលចិត្តញ៉ាំផ្លែឈើអ្វី រួចហើយក៏បូកសរុបផ្លែឈើដែលគ្រប់គ្នាចូលចិត្ត ដើម្បីយកទៅដាំតាមបរិមាណ និងសមាមាត្រ។ នេះជារបៀបដែលពួកគេបានអនុវត្តវា។ ពួកគេបានស្វែងរកយោបល់ពីបងប្អូនប្រុសស្រី ដោយចាត់ទុកក្រុមនេះ ឈ្មោះនេះ ថាខ្ពង់ខ្ពស់បំផុតនៅក្នុងចិត្តរបស់ពួកគេ។ ការបម្រើបងប្អូនប្រុសស្រី គឺជាគោលបំណង និងគោលដៅនៃភារកិច្ចរបស់ពួកគេ។ ពួកគេជឿថា ការបម្រើបងប្អូនប្រុសស្រី គឺជាការបម្រើដំណាក់របស់ព្រះជាម្ចាស់ ហើយការបម្រើដំណាក់របស់ព្រះជាម្ចាស់ គឺជាការបម្រើបងប្អូនប្រុសស្រី។ ប្រសិនបើបងប្អូនប្រុសស្រីសប្បាយចិត្ត និងពេញចិត្ត នោះព្រះជាម្ចាស់ក៏សប្បាយព្រះទ័យ និងពេញព្រះទ័យដែរ។ បងប្អូនប្រុសស្រីគឺជាតំណាងពេញលេញរបស់ព្រះជាម្ចាស់ ជានិមិត្តរូបនៃសេចក្ដីពិត និងជាអ្នកនាំពាក្យរបស់ព្រះជាម្ចាស់។ បងប្អូនប្រុសស្រីគឺជាអ្នកសម្រេចចុងក្រោយ។ ពួកគេគឺជាបង្អែកដ៏សំខាន់នៅក្នុងដំណាក់របស់ព្រះជាម្ចាស់។ ហេតុដូច្នេះហើយ មិនថាធ្វើអ្វីក៏ដោយ គឺមិនអាចបំបែកចេញពីឈ្មោះ និងក្រុមបងប្អូនប្រុសស្រីបានឡើយ។ សម្រាប់អ្នកណាក៏ដោយដែលធ្វើកិច្ចការ ឬបំពេញភារកិច្ចរបស់ពួកគេនៅក្នុងដំណាក់របស់ព្រះជាម្ចាស់ មានតែបងប្អូនប្រុសស្រីប៉ុណ្ណោះដែលជាគោលដៅដ៏ត្រឹមត្រូវនៃការបម្រើរបស់ពួកគេ។ នេះជារបៀបដែលពួកគេបានអនុវត្តវា ចំណែកអ្វីដែលខ្ញុំបាននិយាយ គឺមិនសំខាន់ឡើយ។ ទោះបីជាការណែនាំរបស់ខ្ញុំមានភាពលម្អិតយ៉ាងណាក៏ដោយ សម្រាប់ពួកគេ ទាំងនោះគ្រាន់តែជាគោលលទ្ធិគ្មានខ្លឹមសារ ជាពាក្យស្លោកប៉ុណ្ណោះ។ ពួកគេជឿថា ការអនុញ្ញាតឱ្យបងប្អូនប្រុសស្រីបញ្ចេញមតិរបស់ពួកគេបានយ៉ាងពេញលេញ ការផ្ដល់ឱ្យពួកគេនូវសិទ្ធិនិយាយ និងសិទ្ធិសម្រេចចិត្តយ៉ាងទូលំទូលាយ និងការអនុវត្តលទ្ធិប្រជាធិបតេយ្យនៅក្នុងដំណាក់របស់ព្រះជាម្ចាស់ គឺជាសេចក្ដីពិតដ៏ខ្ពង់ខ្ពស់បំផុត។ មិនថាខ្ញុំនិយាយអ្វីក៏ដោយ នេះជារបៀបដែលពួកគេមើលឃើញរឿងនេះ៖ «អ្នកគ្រាន់តែនិយាយចោលទទេៗ ធ្វើឱ្យតែគ្រប់បែបបទ ហើយបន្ទាប់មក វាជារឿងរបស់បងប្អូនប្រុសស្រី មិនមែនជារឿងរបស់អ្នកទៀតទេ។ អ្នកអាចឈរអែបកៀនសិនទៅ! អ្វីដែលពួកយើងហូប និងផឹក គឺមិនពាក់ព័ន្ធនឹងអ្នកឡើយ គ្រាន់តែបញ្ចេញលុយមក គឺចប់ហើយ។ ពួកយើងមានហូប និងផឹក ហើយនោះគឺជាសេចក្ដីពិតដ៏ខ្ពង់ខ្ពស់បំផុត។ ការបម្រើដំណាក់របស់ព្រះ ការបម្រើបងប្អូនប្រុសស្រី ការធ្វើឱ្យបងប្អូនប្រុសស្រីសប្បាយចិត្ត ការអនុញ្ញាតឱ្យពួកគេទទួលបានសិទ្ធិមនុស្ស និងសេរីភាពពេញលេញ នេះគឺជាសេចក្ដីពិតដ៏ខ្ពង់ខ្ពស់បំផុត»។ តើមនុស្សទាំងនេះជាមនុស្សប្រភេទណា? តើនេះមិនមែនជាអ្វីដែលពួកទទឹងនឹងព្រះគ្រីស្ទនឹងធ្វើទេឬអី? ការបង្ហាញចេញដំបូងនៃពួកទទឹងនឹងព្រះគ្រីស្ទដែលមិនពេញចិត្តនឹងសេចក្ដីពិត គឺថាពួកគេថ្កោលទោស និងបដិសេធសេចក្ដីពិត បន្ទាប់មក ពួកគេស្វែងរកសំណុំទ្រឹស្ដី និងពាក្យស្លោកជំនួសផ្សេងទៀត ដែលពួកគេជឿថាអាចដំណើរការបាន និងសមហេតុផលដើម្បីយកមកអនុវត្ត ដោយបំពានលើសេចក្ដីពិតជាសាធារណៈ ព្រមទាំងថ្កោលទោស និងបដិសេធព្រះគ្រីស្ទជាសាធារណៈ។ គឺនៅក្នុងរឿងដ៏តូចតាចបែបនេះហើយ ដែលពួកទទឹងនឹងព្រះគ្រីស្ទត្រូវបានបើកសម្ដែងឱ្យឃើញ។ តើពួកគេជាមនុស្សដែលទទួលយកសេចក្ដីពិតដែរឬទេ? (ទេ)។

ខ្ញុំតែងតែឮមនុស្សមួយចំនួននិយាយថា៖ «អូហ៍ មើលចុះថាបងប្អូនប្រុសស្រីពិបាកចិត្តយ៉ាងណា» ឬ «អូ! មើលចុះថាបងប្អូនប្រុសស្រីសប្បាយចិត្តយ៉ាងណា» ឬ «អូ! មើលចុះថាបងប្អូនប្រុសស្រីត្រូវបានវាយផ្ដួលខ្លាំងប៉ុនណា ពួកគេពិតជារងទុក្ខណាស់»។ ហេតុអ្វីបានជាបងប្អូនប្រុសស្រីមានឋានៈខ្ពស់ម្ល៉េះនៅក្នុងចិត្តរបស់ពួកគេ? ហេតុអ្វីបានជាពួកគេស្រឡាញ់បងប្អូនប្រុសស្រីខ្លាំងម្ល៉េះ? ដើម្បីស្រឡាញ់មនុស្សច្រើនយ៉ាងនេះ តើពួកគេត្រូវមានចិត្តទូលាយប៉ុនណាទៅ? បើដូច្នេះមិនអីទេ ខ្ញុំនឹងនិយាយអ្វីមួយ ហើយអ្នកធ្វើតាមអ្វីដែលខ្ញុំនិយាយ យល់ព្រមទេ? អ្នកអាចទទួលយកមនុស្សច្រើនយ៉ាងនេះបាន ការបន្ថែមមនុស្សម្នាក់ទៀតដូចជាខ្ញុំ មិនគួរជាបញ្ហាទេ មែនទេ? អ្នកគួរតែអាចទទួលយកខ្ញុំបានដែរ មែនទេ? ផ្ទុយទៅវិញ ពួកគេមិនអាចទទួលយកអ្វីដែលខ្ញុំនិយាយបានឡើយ ហើយពួកគេក៏មិនអាចទទួលយកខ្ញុំបានដែរ។ ពួកគេអាចទទួលយកបងប្អូនប្រុសស្រីទាំងអស់បាន ពួកគេអាចទទួលយកមនុស្សគ្រប់គ្នានៅក្នុងពួកជំនុំបាន ប៉ុន្តែពួកគេពិតជាមិនអាចទទួលយកព្រះគ្រីស្ទបានឡើយ។ តើសត្តនិករប្រភេទនេះជាអ្វីទៅ? តើនេះជាមនុស្សដែរឬទេ? តើបុគ្គលបែបនេះស័ក្ដិសមជាអ្នកដើរតាមព្រះគ្រីស្ទដែរឬទេ? (ទេ)។ ចុះតើយើងគួរកំណត់លក្ខណៈពួកគេដោយរបៀបណា? (ជាអារក្ស ជាអាទទឹងនឹងព្រះគ្រីស្ទ)។ តើពួកគេមិនមែនកំពុងបកស្រាយខុសពីគោលគំនិតនៃការបោះឆ្នោតតាមបែបប្រជាធិបតេយ្យនៅក្នុងដំណាក់របស់ព្រះជាម្ចាស់ទេឬអី? ការឱ្យបងប្អូនប្រុសស្រីចូលរួមក្នុងកិច្ចការនានានៃដំណាក់របស់ព្រះជាម្ចាស់ ការអនុញ្ញាតឱ្យពួកគេបញ្ចេញមតិរបស់ពួកគេ ការអនុញ្ញាតឱ្យពួកគេបោះឆ្នោតជ្រើសរើស និងដកហូតតំណែងរបស់អ្នកដឹកនាំ និងការអនុញ្ញាតឱ្យពួកគេធ្វើការសម្រេចចិត្ត តើពួកគេគិតថាបងប្អូនប្រុសស្រីគឺខ្ពង់ខ្ពស់បំផុតនៅក្នុងដំណាក់របស់ព្រះជាម្ចាស់ឬ? តើនេះមិនមែនជាការយល់ខុសអំពីការបោះឆ្នោតតាមបែបប្រជាធិបតេយ្យនៅក្នុងដំណាក់របស់ព្រះជាម្ចាស់ទេឬអី? តើអ្វីទៅជាគោលការណ៍នៃការបោះឆ្នោតតាមបែបប្រជាធិបតេយ្យ? តើការអនុញ្ញាតឱ្យបងប្អូនប្រុសស្រីបោះឆ្នោតតាមបែបប្រជាធិបតេយ្យ មានន័យថាពួកគេជាអ្នកសម្រេចចុងក្រោយឬ? តើវាមានន័យថាទុកឱ្យនិស្ស័យពុករលួយរបស់មនុស្សជាអ្នកសម្រេចចុងក្រោយឬ? តើវាមានន័យថាទុកឱ្យពួកអារក្ស និងពួកសាតាំងជាអ្នកកាន់អំណាចឬ? ទេ វាមានន័យថាទុកឱ្យសេចក្ដីពិតដែលបងប្អូនប្រុសស្រីយល់នៅក្នុងចិត្ត ជាអ្នកកាន់អំណាច មិនមែនបងប្អូនប្រុសស្រីខ្លួនឯង ដែលជាមនុស្សធម្មជាតិ និងពុករលួយទាំងនេះឡើយ។ វាមិនមែនជាការទុកឱ្យភាពឆាប់ខឹងជាអ្នកកាន់អំណាច មិនមែនទុកឱ្យសញ្ញាណរបស់មនុស្សជាអ្នកកាន់អំណាច មិនមែនទុកឱ្យការបះបោរ និងការទាស់ទទឹងរបស់មនុស្សជាអ្នកកាន់អំណាច ហើយក៏មិនមែនទុកឱ្យនិស្ស័យទុច្ចរិតរបស់មនុស្សជាអ្នកកាន់អំណាចដែរ គឺវាជាការទុកឱ្យសេចក្ដីពិតជាអ្នកកាន់អំណាច។ មនុស្សមួយចំនួនសួរថា៖ «ហេតុអ្វីបានជាការបោះឆ្នោតខ្លះនៅក្នុងពួកជំនុំ បែរជាជ្រើសរើសបានពួកទទឹងនឹងព្រះគ្រីស្ទទៅវិញ ឬហេតុអ្វីបានជាពួកអ្នកដឹកនាំ និងពួកអ្នកធ្វើការក្នុងពួកជំនុំ ធ្វើការសម្រេចចិត្តខុស?» នោះក៏ព្រោះតែកម្ពស់របស់មនុស្សស្ដួចស្ដើងពេក ពួកគេមិនយល់ពីសេចក្ដីពិត ហើយមិនអាចញែកដឹងពីមនុស្សបានឡើយ។ ទោះជាយ៉ាងណាក៏ដោយ គោលការណ៍នៃការបោះឆ្នោតក្នុងពួកជំនុំ គឺផ្អែកលើគោលការណ៍សេចក្ដីពិត។ វាត្រូវបានស្ថាបនាឡើងនៅលើសេចក្ដីពិត។ ដូច្នេះ ពួកទទឹងនឹងព្រះគ្រីស្ទទាំងនេះ ពោលគឺអស់អ្នកដែលគ្មានការយល់ដឹងខាងវិញ្ញាណ តើពួកគេយល់ខុសយ៉ាងដូចម្ដេច? ពួកគេគិតថានៅក្នុងដំណាក់របស់ព្រះជាម្ចាស់ បងប្អូនប្រុសស្រីត្រូវបានគេគោរពថាអស្ចារ្យ ថាបងប្អូនប្រុសស្រីត្រូវបានគេលើកតម្កើង ថាឈ្មោះ និងក្រុមបងប្អូនប្រុសស្រី ត្រូវបានចាត់ទុកថាមានកិត្តិយសនៅក្នុងព្រះនេត្ររបស់ព្រះជាម្ចាស់។ ប៉ុន្តែតាមពិតទៅ តើបងប្អូនប្រុសស្រីមានកិត្តិយសដែរឬទេ? តើពួកគេមានសេចក្ដីពិតដែរឬទេ? បងប្អូនប្រុសស្រីភាគច្រើនមិនមានតថភាពនៃសេចក្ដីពិតទេ ខ្វះគោលការណ៍នៅក្នុងសកម្មភាពរបស់ពួកគេ ហើយថែមទាំងអាចបង្កភាពវឹកវរនៅក្នុងគម្រោងកិច្ចការនានានៃដំណាក់របស់ព្រះជាម្ចាស់ទៀតផង។ ប្រសិនបើគ្មានការអន្តរាគមន៍ ការកែតម្រូវ និងការដោះស្រាយបញ្ហាទាន់ពេលវេលាពីថ្នាក់លើទេ តើបងប្អូនប្រុសស្រីទាំងនេះអាចបំពេញភារកិច្ចរបស់ពួកគេបានល្អដែរឬទេ? ពួកគេមិនត្រឹមតែមិនអាចបំពេញភារកិច្ចរបស់ពួកគេបានល្អប៉ុណ្ណោះទេ ប៉ុន្តែពួកគេថែមទាំងអាចបង្កការរំខាន និងការបង្អាក់ជាច្រើនទៀតផង។ តើមនុស្សទាំងនេះមានសេចក្ដីពិតដែរឬទេ? តើពួកគេស័ក្ដិសមនឹងត្រូវបានគេគោរពថាអស្ចារ្យដែរឬទេ? ពួកគេមិនស័ក្ដិសមឡើយ។ ចុះហេតុអ្វីបានជាពួកទទឹងនឹងព្រះគ្រីស្ទនៅតែប្រព្រឹត្តបែបនេះ? នេះគឺជាធម្មជាតិពីកំណើតរបស់ពួកគេ។ ពួកគេរកលេសដើម្បីបដិសេធសេចក្ដីពិត និងថ្កោលទោសព្រះគ្រីស្ទ តើនេះមិនមែនជាធម្មជាតិពីកំណើតរបស់ពួកគេទេឬអី? ពួកគេមានធម្មជាតិរបស់សាតាំង។ ពួកគេត្រូវបានជំរុញដោយធម្មជាតិនេះដោយមិនអាចគ្រប់គ្រងបាន!

ចំណុចសំខាន់នៃការប្រកបគ្នានៅថ្ងៃនេះ គឺផ្ដោតទៅលើរបៀបដែលពួកទទឹងនឹងព្រះគ្រីស្ទប្រព្រឹត្តចំពោះព្រះគ្រីស្ទ អាស្រ័យលើអារម្មណ៍របស់ពួកគេ។ គ្រប់ទិដ្ឋភាពទាំងអស់នៃអ្វីដែលយើងកំពុងប្រកបគ្នា គឺពាក់ព័ន្ធនឹងអារម្មណ៍របស់ពួកទទឹងនឹងព្រះគ្រីស្ទ។ នៅសំបកក្រៅ វាមើលទៅហាក់ដូចជាបែបនេះ ប៉ុន្តែតាមពិតទៅ តើអារម្មណ៍នេះកើតឡើងដោយរបៀបណា? វាត្រូវបានកំណត់ដោយនិស្ស័យពុករលួយ និងសារជាតិរបស់ពួកទទឹងនឹងព្រះគ្រីស្ទ។ ដោយសារតែមានសារជាតិជាអាទទឹងនឹងព្រះគ្រីស្ទ ពួកគេបង្កើតឱ្យមានគំនិតគ្រប់បែបយ៉ាង ហើយនៅក្រោមការគ្រប់គ្រងនៃគំនិតផ្សេងៗទាំងនេះ ពួកគេបង្កើតឱ្យមានសញ្ញាណ ទស្សនៈ គោលជំហរ និងទស្សនវិស័យផ្សេងៗ ដែលជាហេតុបង្កើតឱ្យមានអារម្មណ៍ផ្សេងៗ។ បន្ទាប់ពីអារម្មណ៍ទាំងនេះកើតឡើង ពួកទទឹងនឹងព្រះគ្រីស្ទប្រព្រឹត្តចំពោះព្រះជាម្ចាស់នៅស្ថានសួគ៌ និងព្រះជាម្ចាស់នៅលើផែនដី ពោលគឺព្រះគ្រីស្ទ តាមរបៀបផ្សេងៗ ព្រមទាំងដោយវិធីសាស្ត្រ និងអាកប្បកិរិយាផ្សេងៗ។ ចេញពីរបៀប វិធីសាស្ត្រ និងអាកប្បកិរិយាទាំងនេះ វាគ្រប់គ្រាន់ក្នុងការបញ្ជាក់ពីសារជាតិរបស់ពួកទទឹងនឹងព្រះគ្រីស្ទ ដែលមិនពេញចិត្តនឹងសេចក្ដីពិត ដែលមានភាពប្រទូសរ៉ាយចំពោះសេចក្ដីពិត ដែលបដិសេធព្រះគ្រីស្ទ និងថ្កោលទោសព្រះគ្រីស្ទ។ រាល់ពេលដែលពួកគេប្រឈមមុខនឹងបញ្ហាដែលពាក់ព័ន្ធនឹងសេចក្ដីពិត ព្រមទាំងសារជាតិ និងអត្តសញ្ញាណរបស់ព្រះជាម្ចាស់ដែលយកកំណើតជាមនុស្ស ពួកគេឈរទាស់ទទឹងនឹងព្រះជាម្ចាស់ទាំងដឹងខ្លួន ដោយដើរតួជាសត្រូវរបស់ព្រះជាម្ចាស់។ នៅពេលដែលគ្មានរឿងអ្វីកើតឡើង ពួកគេស្រែកហៅព្រះនាមព្រះជាម្ចាស់ ហើយថែមទាំងលើកឡើងពីពាក្យ «ព្រះ ឱព្រះរបស់ខ្ញុំអើយ» ជានិច្ចនៅក្នុងពាក្យសម្ដីរបស់ពួកគេទៀតផង។ អ្វីគ្រប់យ៉ាងដែលពួកគេនិយាយ ត្រូវតែចាប់ផ្ដើមដោយការហៅថា៖ «ព្រះអើយ សូមមើល» «ព្រះអើយ តើទ្រង់ដឹងទេ» «ព្រះអើយ សូមស្ដាប់ខ្ញុំ» «ព្រះអើយ ខ្ញុំមានរឿងមួយចង់ទូលសួរ» «ព្រះអើយ ស្ថានភាពគឺបែបនេះ» និងពាក្យជាច្រើនទៀត។ ខណៈពេលដែលស្រែកហៅ «ព្រះ» នៅក្នុងចិត្តរបស់ពួកគេ ពួកគេពោរពេញដោយសញ្ញាណ ភាពប្រទូសរ៉ាយ និងការមើលងាយចំពោះព្រះគ្រីស្ទ។ នៅពេលដែលពួកជំនុំ ដំណាក់របស់ព្រះជាម្ចាស់ និងព្រះគ្រីស្ទ ប្រឈមមុខនឹងមជ្ឈដ្ឋាន និងកាលៈទេសៈផ្សេងៗ អាកប្បកិរិយារបស់ពួកទទឹងនឹងព្រះគ្រីស្ទចំពោះព្រះគ្រីស្ទ និងព្រះជាម្ចាស់ ផ្លាស់ប្ដូរម្ដងហើយម្ដងទៀត ដោយឆ្លងកាត់ការប្រែប្រួលផ្សេងៗ។ នៅពេលដែលព្រះគ្រីស្ទទាមទារពីពួកគេ ហើយបង្ហាញសេចក្ដីសប្បុរស និងភាពរាក់ទាក់ដល់ពួកគេ អាកប្បកិរិយារបស់ពួកគេមើលទៅហាក់ដូចជាទន់ភ្លន់ និងស្លូតបូតណាស់។ នៅពេលដែលព្រះគ្រីស្ទតឹងរ៉ឹងជាមួយពួកគេ ដោយលួសកាត់ពួកគេ អាកប្បកិរិយារបស់ពួកគេចំពោះព្រះគ្រីស្ទ ក្លាយជាការខ្ពើមរអើម ការស្អប់ខ្ពើម និងការមើលងាយ ហើយថែមទាំងគេចចេញ និងបដិសេធទ្រង់ទៀតផង។ នៅពេលដែលព្រះគ្រីស្ទសន្យាយ៉ាងច្បាស់លាស់ថានឹងផ្ដល់រង្វាន់ និងព្រះពរដល់ពួកគេ ពួកគេលួចអរសប្បាយនៅក្នុងចិត្ត ហើយថែមទាំងអែបអប បញ្ចើចបញ្ចើ និងបញ្ជោរទ្រង់ ដោយមិនស្ទាក់ស្ទើរក្នុងការលះបង់សេចក្ដីថ្លៃថ្នូរ និងសេចក្ដីសុចរិតរបស់ពួកគេ ដើម្បីទទួលបានអត្ថប្រយោជន៍ទាំងនេះឡើយ។ ទោះជាយ៉ាងណាក៏ដោយ មិនថាពួកគេមានអាកប្បកិរិយាបែបណានោះទេ ពួកគេមិនដែលមានការទទួលយក និងសេចក្ដីជំនឿពិតប្រាកដលើព្រះគ្រីស្ទឡើយ ហើយពួកគេរឹតតែមិនចុះចូលនឹងទ្រង់ដោយស្មោះត្រង់ទៅទៀត។ អាកប្បកិរិយារបស់ពួកគេចំពោះព្រះគ្រីស្ទ តែងតែជាការគេចចេញ ការថ្កោលទោស និងការស្ទាក់ស្ទើរដោយចាំសង្កេតមើល ដោយបដិសេធទ្រង់ចេញពីជម្រៅចិត្តរបស់ពួកគេ។ មិនថាពួកគេនៅទីណា ឬមានអារម្មណ៍បែបណានោះទេ សារជាតិរបស់ពួកគេនៅតែមិនផ្លាស់ប្ដូរដដែល។ សូម្បីតែពេលខ្លះ ពួកគេបង្ហាញពីការផ្លាស់ប្ដូរ ឬការប្រែប្រួលដែលនឹកស្មានមិនដល់ខ្លះៗក៏ដោយ ក៏រឿងទាំងនេះគ្រាន់តែជាបណ្ដោះអាសន្នប៉ុណ្ណោះ។ មូលហេតុនៃរឿងនេះ គឺដោយសារតែសារជាតិធម្មជាតិរបស់ពួកទទឹងនឹងព្រះគ្រីស្ទ មានភាពប្រទូសរ៉ាយចំពោះព្រះគ្រីស្ទ ដូច្នេះ ពួកគេនឹងមិនទទួលយកមនុស្សធម្មតាម្នាក់នេះជាព្រះអម្ចាស់របស់ពួកគេ ជាព្រះជាម្ចាស់របស់ពួកគេ ដោយស្មោះត្រង់ឡើយ។

ការប្រកបគ្នាអំពីទិដ្ឋភាពផ្សេងៗនៃរបៀបដែលពួកទទឹងនឹងព្រះគ្រីស្ទប្រព្រឹត្តចំពោះព្រះគ្រីស្ទ អាស្រ័យលើអារម្មណ៍របស់ពួកគេ ត្រូវបានលើកឡើងជាមូលដ្ឋានរួចរាល់ហើយ។ បញ្ហាចុងក្រោយដែលត្រូវដោះស្រាយ ដូចដែលខ្ញុំបានសួរអ្នករាល់គ្នាពីមុនមក គឺថាតើការលាតត្រដាងរឿងទាំងនេះមានតម្លៃអ្វីខ្លះ ហើយតើសេចក្ដីពិតអ្វីដែលមនុស្សគួរតែយល់។ តម្លៃនៃការលាតត្រដាងរឿងទាំងនេះ អាចបញ្ជាក់យ៉ាងសាមញ្ញពីទិដ្ឋភាពពីរ។ ទិដ្ឋភាពមួយគឺថា វាលាតត្រដាងឱ្យឃើញថាតើសារជាតិនៃអាកប្បកិរិយាពិតប្រាកដរបស់មនុស្សចំពោះព្រះជាម្ចាស់ ពិតជាយ៉ាងណា ដោយអនុញ្ញាតឱ្យមនុស្សទទួលស្គាល់ពីការបង្ហាញចេញផ្សេងៗនៃសេចក្ដីពុករលួយរបស់មនុស្សជាតិ។ រឿងនេះមានប្រយោជន៍សម្រាប់ការស្គាល់ខ្លួនឯង និងសម្រាប់ការស្គាល់ពីនិស្ស័យពុករលួយរបស់មនុស្ស។ ទិដ្ឋភាពមួយទៀតគឺថា វាធ្វើឱ្យមនុស្សដឹងថាតើអាកប្បកិរិយាដ៏ត្រឹមត្រូវចំពោះព្រះជាម្ចាស់ គួរតែបែបណាឱ្យប្រាកដ។ អ្នកប្រហែលជាគិតថា របៀបដែលអ្នកប្រព្រឹត្តចំពោះព្រះជាម្ចាស់ គឺកំពុងប្រព្រឹត្តចំពោះទ្រង់ក្នុងនាមជាព្រះជាម្ចាស់រួចទៅហើយ ប៉ុន្តែតាមពិតទៅ មានភាពមិនបរិសុទ្ធជាច្រើននៅក្នុងរឿងនេះ មានធាតុជាច្រើនដែលជារបស់សាតាំង ពោលគឺទាំងនេះគឺជាការបង្ហាញចេញរបស់ពួកទទឹងនឹងព្រះគ្រីស្ទ ដែលព្រះជាម្ចាស់មិនទទួលស្គាល់ ឬមិនទទួលយកឡើយ។ នេះគឺជាភាពមិនបរិសុទ្ធដែលចាំបាច់ត្រូវតែបន្សុទ្ធ។ មានតម្លៃទាំងពីជ្រុងវិជ្ជមាន និងអវិជ្ជមាននៅទីនេះ៖ យ៉ាងហោចណាស់ បើមើលពីជ្រុងអវិជ្ជមាន វាធ្វើឱ្យអ្នកដឹងថារឿងទាំងនេះគឺអវិជ្ជមាន វាគឺជាការបង្ហាញចេញរបស់អាទទឹងនឹងព្រះគ្រីស្ទ។ ចំណែកទិដ្ឋភាពវិជ្ជមានវិញ គឺវាធ្វើឱ្យអ្នកដឹងថា ព្រះជាម្ចាស់មិនសព្វព្រះទ័យនឹងរឿងទាំងនេះទេ ទ្រង់មិនទទួលយកការដែលអ្នកប្រព្រឹត្តចំពោះទ្រង់តាមរបៀបនេះឡើយ។ អត្ថន័យបង្កប់គឺថា មិនថាមនុស្សជឿថាការប្រព្រឹត្តរបស់ពួកគេចំពោះព្រះជាម្ចាស់ គឺត្រឹមត្រូវ ល្អ សមហេតុផល ឬស្របតាមមនោសញ្ចេតនារបស់មនុស្សយ៉ាងណាក៏ដោយ ក៏ព្រះជាម្ចាស់មិនទទួលយកវាឡើយ។ ប្រសិនបើព្រះជាម្ចាស់មិនទទួលយកវាទេ អ៊ីចឹងតើអ្នកគួរធ្វើដូចម្ដេច? ប្រសិនបើអ្នកនិយាយថា៖ «ខ្ញុំនឹងធ្វើវាតាមរបៀបនេះ ខ្ញុំជឿថាវាល្អ ហើយខ្ញុំនឹងប្រកាន់ខ្ជាប់តាមរបៀបនេះ។ មិនថាព្រះអង្គទទួលយកវា ឬអត់នោះទេ ទូលបង្គំគ្រាន់តែធ្វើជាមនុស្សទៀងត្រង់ប៉ុណ្ណោះ» តើបែបនេះបានដែរឬទេ? (ទេ)។ យើងនឹងមិនពិភាក្សាថាតើអាកប្បកិរិយានេះត្រឹមត្រូវឬអត់ ទាក់ទងនឹងបញ្ហាផ្សេងទៀតនោះទេ ប៉ុន្តែក្នុងការប្រព្រឹត្តចំពោះព្រះជាម្ចាស់ ការធ្វើសកម្មភាពបែបនេះគឺមានគ្រោះថ្នាក់ណាស់ ហើយអ្នកគួរតែផ្លាស់ប្ដូរគន្លងរបស់អ្នកវិញ។ តើអាកប្បកិរិយារបស់មនុស្សចំពោះរឿងដែលព្រះជាម្ចាស់មិនអាចទទួលយកបាន គួរតែបែបណា? អាកប្បកិរិយាតែមួយគត់ដែលមនុស្សគួរតែមាន គឺត្រូវទទួលយកអ្វីៗគ្រប់យ៉ាងដែលមកពីព្រះជាម្ចាស់។ មិនថាវាមើលទៅល្អ ឬអាក្រក់សម្រាប់ពួកគេ មិនថាវាស្ដាប់ទៅពីរោះ ឬគំរោះគំរើយ និងមិនគួរឱ្យចង់ស្ដាប់នោះទេ ពួកគេគួរតែទទួលយក និងចុះចូលដោយគ្មានលក្ខខណ្ឌ ដោយចាត់ទុកវាជាសេចក្ដីពិត ដើម្បីផ្លាស់ប្ដូរ និងបន្សុទ្ធខ្លួនពួកគេ។ តើការលាតត្រដាងរឿងទាំងនេះមានតម្លៃអ្វីខ្លះ? តើវាមិនត្រូវបានដោះស្រាយទាំងពីទិដ្ឋភាពអវិជ្ជមាន និងវិជ្ជមានទេឬអី? ដូច្នេះ តើសេចក្ដីពិតអ្វីដែលមនុស្សគួរតែយល់? (ព្រះជាម្ចាស់គឺជាសេចក្ដីពិត ព្រះជាម្ចាស់គឺជាព្រះអាទិករ។ មិនថាទ្រង់យកកំណើតជាមនុស្ស ឬលេចមកតាមរបៀបផ្សេងណាមួយនោះទេ ព្រះបន្ទូលដែលទ្រង់ថ្លែង គឺជាសេចក្ដីពិត ហើយពួកយើងគួរតែចុះចូល និងទទួលយកដោយគ្មានលក្ខខណ្ឌ)។ តើគ្រប់គ្នាអាចនិយាយថា អាម៉ែន ចំពោះសម្ដីនេះបានទេ? (អាម៉ែន)។ ខ្ញុំក៏និយាយថា អាម៉ែន ចំពោះរឿងនោះដែរ ការទទួលយក និងការចុះចូលដោយគ្មានលក្ខខណ្ឌ នេះគឺជាសេចក្ដីពិត។ មិនថាព្រះជាម្ចាស់លេចមក និងរស់នៅក្នុងចំណោមមនុស្សក្នុងរូបសណ្ឋាន ឬរបៀបណាក៏ដោយ មិនថាព្រះជាម្ចាស់មានអត្ថិភាពក្នុងរូបសណ្ឋានបែបណាក៏ដោយ ព្រះជាម្ចាស់នៅតែជាព្រះជាម្ចាស់ជារៀងរហូត។ នេះគឺជាសេចក្ដីពិត ហើយវាគឺជាសេចក្ដីពិតដែលមនុស្សគួរតែយល់បំផុត។ ទីពីរ អាកប្បកិរិយាដែលភាវៈដែលព្រះបានបង្កើត គួរតែមានចំពោះព្រះជាម្ចាស់ គឺជាការចុះចូលដោយគ្មានលក្ខខណ្ឌ។ លើសពីនេះទៅទៀត មានចំណុចមួយទៀតដែលមនុស្សមិនយល់៖ ហេតុអ្វីបានជាមនុស្សដើរតាមព្រះជាម្ចាស់? តើដើម្បីបំបាត់ភាពអផ្សុកឬ? ដើម្បីបំពេញចិត្តគំនិតរបស់ពួកគេ និងដោះស្រាយភាពទទេស្អាតខាងវិញ្ញាណរបស់ពួកគេឬ? តើដើម្បីដោះស្រាយគោលដៅអនាគតរបស់ពួកគេឬ? តើដើម្បីត្រូវបានធ្វើឱ្យស្អាតស្អំ ឬដើម្បីចូលរៀននៅសាកលវិទ្យាល័យនៃសេចក្ដីពិតឬ? តើមនុស្សស្វែងរកការដោះស្រាយអ្វី តាមរយៈការដើរតាមព្រះជាម្ចាស់? នេះជារឿងដែលមនុស្សចាំបាច់ត្រូវដឹង។ (ពួកគេស្វែងរកការដោះស្រាយនិស្ស័យពុករលួយរបស់ពួកគេ)។ ត្រឹមត្រូវហើយ។ មនុស្សដើរតាមព្រះជាម្ចាស់ ដើម្បីដោះស្រាយនិស្ស័យពុករលួយរបស់ពួកគេ។ តើមនុស្សអាចដោះស្រាយនិស្ស័យពុករលួយរបស់ពួកគេដោយខ្លួនឯងបានដែរឬទេ? តើមនុស្សដែលមានកេរ្តិ៍ឈ្មោះ ចំណេះដឹង និងការអប់រំ អាចដោះស្រាយវាបានដែរឬទេ? តើមាននរណាម្នាក់ក្នុងចំណោមមនុស្សជាតិ ដែលអាចដោះស្រាយបញ្ហានេះបានដែរឬទេ? (គ្មាននរណាម្នាក់អាចដោះស្រាយវាបានឡើយ)។ ព្រះជាម្ចាស់បានយាងមកនៅថ្ងៃនេះ ដើម្បីដោះស្រាយបញ្ហានេះ មានតែព្រះជាម្ចាស់ដែលយកកំណើតជាមនុស្សប៉ុណ្ណោះ មានតែព្រះជាម្ចាស់ផ្ទាល់ប៉ុណ្ណោះ ទើបអាចដោះស្រាយវាបាន។ ហេតុអ្វីបានជាព្រះគ្រីស្ទដែលយកកំណើតជាមនុស្ស ដែលមើលទៅហាក់ដូចជាមនុស្សធម្មតាម្នាក់ អាចដោះស្រាយបញ្ហានេះបាន? មនុស្សមានភាសា គំនិត និងមនោគតិ ដូច្នេះ ហេតុអ្វីបានជាពួកគេមិនអាចដោះស្រាយវាបាន? តើភាពខុសគ្នាស្ថិតនៅត្រង់ណា? (ព្រះជាម្ចាស់គឺជាសេចក្ដីពិត ជាផ្លូវ និងជាជីវិត ចំណែកមនុស្សមិនមានសេចក្ដីពិតឡើយ)។ ព្រះជាម្ចាស់គឺជាសេចក្ដីពិត ជាផ្លូវ និងជាជីវិត។ មានតែតាមរយៈការទទួលយកការពិតនេះ និងការទទួលយកគ្រប់យ៉ាងនៃសាច់ឈាមដែលព្រះជាម្ចាស់យកកំណើតជាមនុស្សប៉ុណ្ណោះ ទើបនិស្ស័យពុករលួយរបស់មនុស្សអាចត្រូវបានដោះស្រាយ។ នេះមានន័យបង្កប់ថា មនុស្សមកចំពោះព្រះភក្ត្រព្រះជាម្ចាស់ដើម្បីដោះស្រាយនិស្ស័យពុករលួយរបស់ពួកគេ ដែលមានន័យថា មកឯព្រះជាម្ចាស់ដើម្បីទទួលបានសេចក្ដីពិត។ មានតែតាមរយៈការទទួលបានសេចក្ដីពិតប៉ុណ្ណោះ ទើបនិស្ស័យពុករលួយរបស់មនុស្សអាចត្រូវបានដោះស្រាយ។ តើអ្នកអាចដោះស្រាយវាដោយរបៀបណា ប្រសិនបើមិនទទួលបានសេចក្ដីពិតនោះ? តើគោលលទ្ធិអាចដោះស្រាយនិស្ស័យពុករលួយបានដែរឬទេ? ចុះចំណេះដឹងវិញ? ចុះសញ្ញាណ និងការស្រមើស្រមៃវិញ? របស់ទាំងនេះមិនអាចដោះស្រាយវាបានឡើយ។ មានតែព្រះដ៏ជាក់ស្ដែងដែលយកកំណើតជាមនុស្សប៉ុណ្ណោះ ទើបអាចជួយអ្នកដោះស្រាយវាបាន។ ហេតុដូច្នេះហើយ វាជារឿងឥតប្រយោជន៍ទេក្នុងការគោរពបូជាបុគ្គលល្បីល្បាញ បុគ្គលអស្ចារ្យ ឬអ្នកប្រាជ្ញណាម្នាក់នោះ ពួកគេមិនអាចដោះស្រាយការលំបាកពិតប្រាកដរបស់អ្នក ឬសង្គ្រោះអ្នកបានឡើយ។ លើសពីនេះ ការរៀនមុខវិជ្ជា វិជ្ជាជីវៈ ឬចំណេះដឹងណាមួយ ក៏មិនអាចដោះស្រាយការលំបាកពិតប្រាកដ ឬបញ្ហាពិតប្រាកដរបស់អ្នកបានដែរ។ ប្រសិនបើអ្នកនិយាយថា៖ «ខ្ញុំគ្រាន់តែមើលងាយមនុស្សធម្មតាម្នាក់នេះប៉ុណ្ណោះ» នោះទស្សនៈរបស់អ្នកចាំបាច់ត្រូវតែផ្លាស់ប្ដូរហើយ។ ការពិតគឺបែបនេះឯង នេះជារបៀបដែលព្រះជាម្ចាស់បានធ្វើសកម្មភាព។ ប្រសិនបើអ្នកចង់ទទួលយកព្រះជាម្ចាស់ជាជីវិតរបស់អ្នក អ្នកគួរតែទទួលយករាល់ព្រះបន្ទូលដែលព្រះជាម្ចាស់បានថ្លែង និងរាល់សកម្មភាពដែលព្រះជាម្ចាស់ធ្វើ។ ប្រសិនបើអ្នកទទួលស្គាល់ព្រះជាម្ចាស់ជាសេចក្ដីពិត នោះអ្នកគួរតែជឿ និងទទួលស្គាល់ពីភាពច្បាស់លាស់ និងភាពដាច់ខាតនៃការពិតដែលថា មិនថាព្រះជាម្ចាស់មានអត្ថិភាព ឬលេចមកក្នុងរបៀប ឬរូបសណ្ឋានបែបណាក៏ដោយ ទ្រង់តែងតែជាសេចក្ដីពិតជានិច្ច។ បន្ទាប់ពីទទួលស្គាល់ការពិតនេះ តើអ្នកគួរប្រព្រឹត្តចំពោះសាច់ឈាមដែលព្រះជាម្ចាស់យកកំណើតជាមនុស្ស ដែលជាមនុស្សធម្មតាម្នាក់នេះ ដោយអាកប្បកិរិយាបែបណា? នោះហើយគឺជាសេចក្ដីពិតដែលត្រូវស្វែងរក។

តាមរយៈការលាតត្រដាងពីការបង្ហាញចេញនៃរបៀបដែលពួកទទឹងនឹងព្រះគ្រីស្ទប្រព្រឹត្តចំពោះព្រះគ្រីស្ទអាស្រ័យលើអារម្មណ៍របស់ពួកគេ តើអ្វីទៅជាសេចក្ដីពិតបង្កប់ដែលមនុស្សគួរតែយល់? ចូរបង្កើតសេចក្ដីសង្ខេបមួយដែលមានពីរបីចំណុច បន្ទាប់មក ចំណុចទាំងនោះនឹងត្រូវបានបញ្ជាក់ឱ្យច្បាស់ ហើយអ្នករាល់គ្នានឹងយល់ និងដឹងច្បាស់អំពីសេចក្ដីពិតនេះ។ (ពួកយើងបានបង្កើតសេចក្ដីសង្ខេបមួយដែលមានបួនចំណុច៖ ទីមួយគឺថា ព្រះជាម្ចាស់តែងតែជាព្រះជាម្ចាស់ជានិច្ច ហើយនេះគឺជាសេចក្ដីពិត។ ទីពីរគឺថា អាកប្បកិរិយាដែលភាវៈដែលព្រះបានបង្កើត គួរតែមានចំពោះព្រះជាម្ចាស់ គឺជាការចុះចូលដោយគ្មានលក្ខខណ្ឌ។ ទីបីគឺថា ព្រះជាម្ចាស់គឺជាសេចក្ដីពិត ជាផ្លូវ និងជាជីវិត ហើយមានតែតាមរយៈការទទួលយកការពិតនេះ និងការទទួលយកគ្រប់យ៉ាងនៃសាច់ឈាមដែលព្រះជាម្ចាស់យកកំណើតជាមនុស្សប៉ុណ្ណោះ ទើបនិស្ស័យពុករលួយរបស់មនុស្សអាចត្រូវបានដោះស្រាយ។ ទីបួនគឺថា ប្រសិនបើមនុស្សទទួលស្គាល់ព្រះជាម្ចាស់ជាសេចក្ដីពិត ពួកគេគួរតែជឿ និងទទួលស្គាល់ពីភាពច្បាស់លាស់នៃការពិតដែលថា មិនថាព្រះជាម្ចាស់មានអត្ថិភាព ឬលេចមកក្នុងរបៀប ឬរូបសណ្ឋានបែបណាក៏ដោយ ទ្រង់តែងតែជាសេចក្ដីពិតជានិច្ច)។ តើចំណុចទាំងបួននេះសំខាន់ដែរឬទេ? (មែនហើយ)។ តាមពិតទៅ មនុស្សគ្រប់គ្នាដឹងពីចំណុចនីមួយៗទាំងនេះក្នុងន័យជាគោលលទ្ធិ ប៉ុន្តែនៅពេលនិយាយដល់ថាតើគោលការណ៍សេចក្ដីពិតអ្វីខ្លះដែលពាក់ព័ន្ធនឹងបញ្ហានៃរបៀបប្រព្រឹត្តចំពោះព្រះគ្រីស្ទ មនុស្សក្លាយជាច្របូកច្របល់នៅពេលប្រឈមមុខនឹងស្ថានភាពជាក់ស្ដែង។ ពួកគេមិនដឹងពីរបៀបអនុវត្តវាឡើយ ហើយសេចក្ដីពិតដែលពួកគេធ្លាប់យល់ពីមុនមក ក្លាយជាត្រឹមតែគោលលទ្ធិដែលមិនអាចយកទៅអនុវត្តបាន។ នេះបង្ហាញយ៉ាងគ្រប់គ្រាន់ថា មិនថាមនុស្សយល់ពីគោលលទ្ធិច្រើនប៉ុនណានោះទេ វាគឺជារឿងឥតប្រយោជន៍។ ប្រសិនបើមិនយល់ពីសេចក្ដីពិតទេ បញ្ហារបស់ពួកគេនៅតែមិនអាចដោះស្រាយបានដដែល។

ថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២០

ខាង​ដើម៖ ចំណុចទីប្រាំបួន៖ ពួកគេបំពេញភារកិច្ចដើម្បីតែធ្វើឱ្យខ្លួនឯងលេចធ្លោ និងបំពេញផលប្រយោជន៍ និងមហិច្ឆតាផ្ទាល់ខ្លួនប៉ុណ្ណោះ។ ពួកគេមិនដែលគិតគូរដល់ផលប្រយោជន៍នៃដំណាក់របស់ព្រះជាម្ចាស់ឡើយ ហើយពួកគេថែមទាំងក្បត់ផលប្រយោជន៍ទាំងនោះ ដោយជួញដូរផលប្រយោជន៍ទាំងនោះដើម្បីកិត្តិយសផ្ទាល់ខ្លួនទៀតផង (ផ្នែកទីប្រាំមួយ)

បន្ទាប់៖ ចំណុចក្រៅប្រធានបទទីបី៖ វិធីដែលណូអេ និងអ័ប្រាហាំស្ដាប់បង្គាប់ព្រះបន្ទូលរបស់ព្រះជាម្ចាស់ និងចុះចូលចំពោះទ្រង់ (ផ្នែកទីមួ២)

គ្រោះមហន្តរាយផ្សេងៗបានធ្លាក់ចុះ សំឡេងរោទិ៍នៃថ្ងៃចុងក្រោយបានបន្លឺឡើង ហើយទំនាយនៃការយាងមករបស់ព្រះអម្ចាស់ត្រូវបានសម្រេច។ តើអ្នកចង់ស្វាគមន៍ព្រះអម្ចាស់ជាមួយក្រុមគ្រួសាររបស់អ្នក ហើយទទួលបានឱកាសត្រូវបានការពារដោយព្រះទេ?

ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់ អំពីការស្គាល់ព្រះជាម្ចាស់ ការថ្លែងព្រះបន្ទូលអំពីព្រះគ្រីស្ទនៃគ្រាចុងក្រោយ ការលាតត្រដាងពួកទទឹងនឹងព្រះគ្រីស្ទ ទំនួលខុសត្រូវរបស់អ្នកដឹកនាំ និងអ្នកធ្វើការ អំពីការដេញតាមសេចក្តីពិត ការជំនុំជម្រះ ចាប់ផ្ដើមពីដំណាក់របស់ព្រះជាម្ចាស់ ព្រះបន្ទូលដ៏សំខាន់ចេញពីព្រះដ៏មានគ្រប់ព្រះចេស្ដា ជាព្រះគ្រីស្ទនៃគ្រាចុងក្រោយ ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់ គោលការណ៍ណែនាំសម្រាប់ការផ្សាយដំណឹងល្អពីនគរព្រះ ទីបន្ទាល់ទាំងឡាយអំពីបទពិសោធនៅចំពោះទីជំនុំជម្រះរបស់ព្រះគ្រីស្ទ (វគ្គទី១) ទីបន្ទាល់ទាំងឡាយអំពីបទពិសោធនៅចំពោះទីជំនុំជម្រះរបស់ព្រះគ្រីស្ទ (វគ្គទី២) ទីបន្ទាល់ទាំងឡាយអំពីបទពិសោធនៅចំពោះទីជំនុំជម្រះរបស់ព្រះគ្រីស្ទ (វគ្គទី៣) ទីបន្ទាល់ទាំងឡាយអំពីបទពិសោធនៅចំពោះទីជំនុំជម្រះរបស់ព្រះគ្រីស្ទ (វគ្គទី៤) ទីបន្ទាល់ទាំងឡាយអំពីបទពិសោធនៅចំពោះទីជំនុំជម្រះរបស់ព្រះគ្រីស្ទ (វគ្គទី៥) ទីបន្ទាល់ទាំងឡាយអំពីបទពិសោធនៅចំពោះទីជំនុំជម្រះរបស់ព្រះគ្រីស្ទ (វគ្គទី៦) ទីបន្ទាល់ទាំងឡាយអំពីបទពិសោធនៅចំពោះទីជំនុំជម្រះរបស់ព្រះគ្រីស្ទ (វគ្គទី៧) ទីបន្ទាល់ទាំងឡាយអំពីបទពិសោធនៅចំពោះទីជំនុំជម្រះរបស់ព្រះគ្រីស្ទ (វគ្គទី៨) ទីបន្ទាល់ទាំងឡាយអំពីបទពិសោធនៅចំពោះទីជំនុំជម្រះរបស់ព្រះគ្រីស្ទ (វគ្គទី៩)

ការកំណត់

  • អត្ថបទ
  • ប្រធានបទ

ពណ៌​ដិតច្បាស់

ប្រធានបទ

ប្រភេទ​អក្សរ

ទំហំ​អក្សរ

ចម្លោះ​បន្ទាត់

ចម្លោះ​បន្ទាត់

ប្រវែងទទឹង​ទំព័រ

មាតិកា

ស្វែងរក

  • ស្វែង​រក​អត្ថបទ​នេះ
  • ស្វែង​រក​សៀវភៅ​នេះ