ឧបសម្ព័ន្ធបន្ថែមទីមួយ៖ អ្វីដែលជាសេចក្ដីពិត
ចូរយើងច្រៀងទំនុកបរិសុទ្ធមួយបទ៖ របស់សព្វសារពើដែលព្រះជាម្ចាស់បានបង្កើត ត្រូវតែមកនៅក្រោមការត្រួតត្រារបស់ព្រះជាម្ចាស់។
១ ព្រះជាម្ចាស់បានបង្កើតរបស់សព្វសារពើ ហេតុដូច្នេះ ទ្រង់ធ្វើឱ្យរបស់សព្វសារពើដែលទ្រង់បានបង្កើត មកនៅក្រោមការត្រួតត្រារបស់ទ្រង់ និងចុះចូលក្រោមការត្រួតត្រារបស់ទ្រង់ ហើយទ្រង់នឹងគ្រប់គ្រងលើរបស់សព្វសារពើ ដើម្បីឱ្យរបស់សព្វសារពើទាំងនោះស្ថិតនៅក្នុងព្រះហស្ដរបស់ទ្រង់។ របស់សព្វសារពើដែលព្រះជាម្ចាស់បានបង្កើត រួមទាំងសត្វ រុក្ខជាតិ មនុស្សជាតិ ភ្នំ ទន្លេ និងបឹងបួរ គឺទាំងអស់នេះត្រូវតែមកនៅក្រោមការត្រួតត្រារបស់ទ្រង់។ របស់សព្វសារពើនៅលើផ្ទៃមេឃ និងនៅលើដី ត្រូវតែមកនៅក្រោមការត្រួតត្រារបស់ទ្រង់។ ពួកគេមិនអាចមានជម្រើសអ្វីផ្សេងឡើយ ហើយរបស់សព្វសារពើនោះត្រូវតែចុះចូលចំពោះការចាត់ចែងរបស់ទ្រង់។ នេះគឺជាបញ្ញត្តិរបស់ព្រះជាម្ចាស់ ហើយវាគឺជាសិទ្ធិអំណាចរបស់ព្រះជាម្ចាស់។
២ ព្រះជាម្ចាស់គ្រប់គ្រងលើអ្វីៗគ្រប់យ៉ាង ហើយធ្វើឱ្យរបស់សព្វសារពើត្រូវបានរៀបចំ និងត្រូវបានចាត់ថ្នាក់ ដោយនីមួយៗត្រូវបែងចែកទៅតាមប្រភេទរៀងៗខ្លួន ហើយរបស់នីមួយៗនៅក្នុងកន្លែងដ៏សមស្របរបស់ពួកវា ស្របទៅតាមព្រះរាជបំណងរបស់ព្រះជាម្ចាស់។ មិនថាមានអ្វីដែលធំមហិមាប៉ុនណានោះទេ គឺគ្មានអ្វីដែលអាចលើសព្រះជាម្ចាស់បានឡើយ របស់សព្វសារពើបម្រើដល់មនុស្សជាតិដែលព្រះជាម្ចាស់បានបង្កើត និងគ្មានអ្វីដែលហ៊ានបះបោរទាស់នឹងព្រះជាម្ចាស់ ឬទាមទារអ្វីពីព្រះជាម្ចាស់ឡើយ។ ហេតុនេះ ក្នុងនាមជាភាវៈដែលព្រះបានបង្កើត មនុស្សក៏ត្រូវតែបំពេញភារកិច្ចរបស់មនុស្សដែរ។ មិនថាគេជាចៅហ្វាយ ឬជាអ្នកមើលថែរបស់សព្វសារពើនោះទេ មិនថាឋានៈរបស់មនុស្សខ្ពស់ប៉ុនណាក្នុងចំណោមរបស់សព្វសារពើនោះឡើយ ក៏គេនៅតែជាមនុស្សតូចតាច ដែលស្ថិតនៅក្រោមការត្រួតត្រារបស់ព្រះជាម្ចាស់ដែរ ហើយគេគ្មានអ្វីលើសពីមនុស្សតូចតាច ដែលជាភាវៈដែលព្រះបានបង្កើតនោះឡើយ ហើយគេនឹងមិនអាចខ្ពស់ជាងព្រះជាម្ចាស់បានជាដាច់ខាត។
(ដកស្រង់ពី «ជោគជ័យ ឬបរាជ័យ អាស្រ័យលើផ្លូវដែលមនុស្សដើរ» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)
តើសេចក្ដីពិតអ្វីដែលមាននៅក្នុងទំនុកបរិសុទ្ធ «របស់សព្វសារពើដែលព្រះជាម្ចាស់បានបង្កើត ត្រូវតែមកនៅក្រោមការត្រួតត្រារបស់ព្រះជាម្ចាស់»? តើឃ្លាណាជាសេចក្ដីពិត? (គ្រប់ឃ្លាទាំងអស់សុទ្ធតែជាសេចក្ដីពិត។) តើឃ្លាចុងក្រោយចែងដូចម្ដេច? («មិនថាឋានៈរបស់មនុស្សខ្ពស់ប៉ុនណាក្នុងចំណោមរបស់សព្វសារពើនោះឡើយ ក៏គេនៅតែជាមនុស្សតូចតាច ដែលស្ថិតនៅក្រោមការត្រួតត្រារបស់ព្រះជាម្ចាស់ដែរ ហើយគេគ្មានអ្វីលើសពីមនុស្សតូចតាច ដែលជាភាវៈដែលព្រះបានបង្កើតនោះឡើយ ហើយគេនឹងមិនអាចនៅខ្ពស់ជាងព្រះជាម្ចាស់បានជាដាច់ខាត”។) មនុស្សមិនអាចនៅខ្ពស់ជាងព្រះជាម្ចាស់បានជាដាច់ខាត ភាវៈដែលព្រះបានបង្កើតមិនអាចខ្ពស់ជាងព្រះជាម្ចាស់បានជាដាច់ខាត។ ក្រៅពីព្រះជាម្ចាស់ អ្វីៗទាំងអស់សុទ្ធតែជាភាវៈដែលព្រះបានបង្កើត។ មនុស្សមិនអាចខ្ពស់ជាងព្រះជាម្ចាស់បានជាដាច់ខាត នេះគឺជាសេចក្ដីពិត។ តើសេចក្ដីពិតនេះអាចផ្លាស់ប្ដូរបានដែរឬទេ? តើវានឹងផ្លាស់ប្ដូរនៅគ្រាចុងបញ្ចប់ដែរឬទេ? (មិនផ្លាស់ប្ដូរទេ។) នេះគឺជាសេចក្ដីពិត។ តើនរណាអាចប្រាប់ខ្ញុំបានទេថា អ្វីដែលជាសេចក្ដីពិត? (សេចក្ដីពិតគឺជាលក្ខខណ្ឌវិនិច្ឆ័យសម្រាប់ការប្រព្រឹត្តខ្លួន ទង្វើ និងការថ្វាយបង្គំព្រះជាម្ចាស់របស់មនុស្ស។) យើងបានប្រកបគ្នាពីរដងរួចមកហើយអំពីប្រធានបទ «អ្វីដែលជាសេចក្ដីពិត» ដូច្នេះ ចូរយើងនិយាយអំពីថាតើលក្ខខណ្ឌវិនិច្ឆ័យជាអ្វី។ អ្វីដែលសំខាន់នៅត្រង់នេះ គឺលក្ខខណ្ឌវិនិច្ឆ័យ។ (លក្ខខណ្ឌវិនិច្ឆ័យ គឺជាស្ដង់ដា ជាគោលការណ៍ ច្បាប់ និងវិធានដ៏ត្រឹមត្រូវ។ មូលដ្ឋាននៃលក្ខខណ្ឌវិនិច្ឆ័យ គឺព្រះបន្ទូលរបស់ព្រះជាម្ចាស់។) តើមាននរណាផ្សេងទៀតចង់បន្តដែរទេ? (លក្ខខណ្ឌវិនិច្ឆ័យ គឺជាគោលការណ៍ ច្បាប់ និងវិធានដែលស្ដង់ដាបំផុត និងត្រឹមត្រូវបំផុត ដែលចេញមកពីព្រះបន្ទូលរបស់ព្រះជាម្ចាស់។) ពាក្យ «បំផុត» ត្រូវបានបន្ថែមនៅត្រង់នេះ ប៉ុន្តែ តើពាក្យ «បំផុត» នេះចាំបាច់ដែរឬទេ? តើរវាងការបន្ថែមពាក្យ «បំផុត» និងការមិនបន្ថែមពាក្យនេះ មានភាពខុសគ្នាដូចម្ដេច? នៅពេលមានពាក្យ «បំផុត» នោះនឹងមានបំផុតទីពីរ បំផុតទីបី និងបន្តបន្ទាប់ទៀត។ តើអ្នករាល់គ្នាគិតយ៉ាងណាចំពោះការបន្ថែមពាក្យ «បំផុត» នេះ? (វាមិនស័ក្ដិសមទេ ពីព្រោះសេចក្ដីពិតគឺជាស្ដង់ដាតែមួយគត់។ នៅពេលដែលពាក្យ «បំផុត» ត្រូវបានបន្ថែម វាបង្ហាញពីលក្ខណៈប្រៀបធៀបមួយ ដោយមានរបស់ផ្សេងទៀតជាចំណាត់ថ្នាក់ទីពីរ និងទីបីបន្ទាប់ពីនោះ។) តើការពន្យល់នេះត្រឹមត្រូវដែរឬទេ? (ត្រឹមត្រូវ។) វាពិតជាសមហេតុផលខ្លះមែន។ ប្រសិនបើអ្នករាល់គ្នាមានទស្សនៈ និងការយល់ដឹងដ៏ត្រឹមត្រូវអំពីនិយមន័យនៃ «អ្វីដែលជាសេចក្ដីពិត» ហើយអ្នករាល់គ្នាយល់ច្បាស់ថា ព្រះជាម្ចាស់គឺជាសេចក្ដីពិត នោះអ្នករាល់គ្នាអាចយល់បានថាតើគួរតែបន្ថែមពាក្យ «បំផុត» ដែរឬទេ ថាតើការបន្ថែមពាក្យនេះត្រឹមត្រូវដែរឬទេ តើការបន្ថែមពាក្យនេះបង្កើតឱ្យមានភាពខុសគ្នាអ្វីខ្លះ តើការមិនបន្ថែមពាក្យនេះមានន័យដូចម្ដេច ហើយតើវាមានន័យដូចម្ដេច ប្រសិនបើអ្នករាល់គ្នាបន្ថែមពាក្យនេះ។ ឥឡូវនេះ វាត្រូវបានបញ្ជាក់ច្បាស់ហើយថា ការមិនបន្ថែមពាក្យ «បំផុត» គឺជារឿងត្រឹមត្រូវ។ តើបុគ្គលដែលបានបន្ថែមពាក្យនេះ បានបង្កើតកំហុសត្រង់ណា? គាត់គិតថា មិនថាគេកំពុងរៀបរាប់អំពីទិដ្ឋភាពណាមួយរបស់ព្រះជាម្ចាស់ក៏ដោយ ក៏គួរតែបន្ថែមពាក្យ «បំផុត» ដែរ។ តើគាត់ខុសត្រង់ណាក្នុងការប្រៀបធៀបបែបនេះ? តើព្រះបន្ទូលណាមួយរបស់ព្រះជាម្ចាស់ សេចក្ដីពិតណាមួយ ដែលត្រូវបានប្រឆាំងទាស់? (ភាវៈដែលព្រះបានបង្កើតមិនអាចខ្ពស់ជាងព្រះជាម្ចាស់បានជាដាច់ខាត។ ការបន្ថែមពាក្យ «បំផុត» ហាក់ដូចជាបង្ហាញថា មានចំណាត់ថ្នាក់ទីពីរ និងទីបី រវាងភាវៈដែលព្រះបានបង្កើត និងព្រះជាម្ចាស់។) តើនេះត្រឹមត្រូវដែរឬទេ? (ត្រឹមត្រូវ។) វាពិតជាសមហេតុផលខ្លះមែន វាអាចត្រូវបានពន្យល់តាមរបៀបនោះ។ តើមានព្រះបន្ទូលណាមួយផ្សេងទៀតដែលអាចបញ្ជាក់ថា ការបន្ថែមពាក្យ «បំផុត» នៅពីមុខ គឺជារឿងមិនត្រឹមត្រូវដែរឬទេ? (ខ្ញុំនឹកឃើញរឿងមួយ គឺថាសេចក្ដីពិតអាចមកពីព្រះជាម្ចាស់តែប៉ុណ្ណោះ មានតែព្រះជាម្ចាស់ប៉ុណ្ណោះទើបជាសេចក្ដីពិត ដូច្នេះ មិនអាចមានការបញ្ចេញមតិបែបប្រៀបធៀប ដូចជា បំផុតទីពីរ បំផុតទីបី និងបន្តបន្ទាប់ទៀតឡើយ។) នេះក៏ត្រឹមត្រូវដែរ។ (សេចក្ដីពិតគឺជាលក្ខខណ្ឌវិនិច្ឆ័យសម្រាប់ការប្រព្រឹត្តខ្លួន ទង្វើ និងការថ្វាយបង្គំព្រះជាម្ចាស់របស់មនុស្ស។ ច្បាប់ វិធាន និងលក្ខខណ្ឌវិនិច្ឆ័យ អាចមកពីព្រះជាម្ចាស់តែប៉ុណ្ណោះ ហើយមនុស្សមិនមានលក្ខខណ្ឌវិនិច្ឆ័យ ឬច្បាប់សម្រាប់ទង្វើរបស់ខ្លួនឡើយ ហើយពួកគេក៏មិនអាចបង្កើតវិធានសម្រាប់ទង្វើទាំងនោះបានដែរ ដូច្នេះ មិនចាំបាច់បន្ថែមពាក្យ «បំផុត» ឡើយ។) ការពន្យល់នេះគឺជាក់ស្ដែងជាងបន្តិច។ តើមានអ្វីផ្សេងទៀតទេ? (សិទ្ធិអំណាចរបស់ព្រះជាម្ចាស់ និងសារជាតិរបស់ព្រះជាម្ចាស់ គឺមានតែមួយគត់។ សារជាតិរបស់ព្រះជាម្ចាស់គឺជាសេចក្ដីពិត ហើយគ្មានអ្វីអាចប្រៀបផ្ទឹមនឹងវាបានឡើយ។ ការបន្ថែមពាក្យ «បំផុត» ធ្វើឱ្យហាក់ដូចជាសេចក្ដីពិតលែងមានតែមួយគត់ទៀតហើយ។) តើការលើកឡើងនេះយ៉ាងម៉េចដែរ? (ល្អ។) តើវាល្អត្រង់ណា? (វាចង្អុលបង្ហាញថា ព្រះជាម្ចាស់មានតែមួយអង្គគត់។) អ្នករាល់គ្នាសុទ្ធតែបានភ្លេចពាក្យ «មានតែមួយគត់» នេះហើយ។ ព្រះជាម្ចាស់មានតែមួយអង្គគត់។ តើលក្ខខណ្ឌវិនិច្ឆ័យដែលមាននៅក្នុងឃ្លាព្រះបន្ទូលនីមួយៗដែលព្រះជាម្ចាស់បានថ្លែង ក៏ដូចជាសេចក្ដីតម្រូវនីមួយៗរបស់ព្រះជាម្ចាស់ចំពោះមនុស្ស អាចត្រូវបានរកឃើញនៅក្នុងចំណោមមនុស្សជាតិដែរឬទេ? (មិនអាចទេ។) តើចំណេះដឹង វប្បធម៌ប្រពៃណី ឬគំនិតរបស់មនុស្សជាតិ មានផ្ទុកនូវរឿងទាំងនេះដែរឬទេ? (មិនមានទេ។) តើរឿងទាំងនោះអាចបង្កើតសេចក្ដីពិតបានដែរឬទេ? អត់ទេ មិនអាចឡើយ។ ហេតុដូច្នេះហើយ ការបន្ថែមពាក្យ «បំផុត» បង្ហាញពីចំណាត់ថ្នាក់ទីពីរ និងទីបី ដោយបែងចែកខ្ពស់ ទាប និងទាបជាងនេះទៅទៀត ហើយបែងចែកអ្វីៗទៅជាកម្រិតទីមួយ កម្រិតទីពីរ កម្រិតទីបី...។ វាមានន័យថា អ្វីៗដែលត្រឹមត្រូវទាំងអស់ អាចក្លាយជាលក្ខខណ្ឌវិនិច្ឆ័យមួយ យោងតាមលំដាប់លំដោយណាមួយ។ តើគេអាចយល់តាមរបៀបនេះបានដែរឬទេ? (អាចបាន។) ដូច្នេះ តើមានបញ្ហាអ្វីជាមួយនឹងការបន្ថែមពាក្យ «បំផុត» នេះ? វាផ្លាស់ប្ដូរព្រះបន្ទូលរបស់ព្រះជាម្ចាស់ សេចក្ដីពិតរបស់ព្រះជាម្ចាស់ ទៅជាអ្វីម្យ៉ាងដែលមានលក្ខណៈប្រៀបធៀប ដែលគ្រាន់តែខ្ពស់ជាងដោយការប្រៀបធៀបទៅនឹងចំណេះដឹង ទស្សនវិជ្ជា និងអ្វីៗដែលត្រឹមត្រូវផ្សេងទៀត នៅក្នុងចំណោមមនុស្សដែលទ្រង់បានបង្កើត។ ការណ៍នេះបែងចែកសេចក្ដីពិតទៅជាចំណាត់ថ្នាក់។ ជាលទ្ធផល អ្វីៗដែលត្រឹមត្រូវនៅក្នុងចំណោមមនុស្សពុករលួយ ក៏ក្លាយជាសេចក្ដីពិតដែរ។ លើសពីនេះទៅទៀត អ្វីៗទាំងនេះក៏ក្លាយជាលក្ខខណ្ឌវិនិច្ឆ័យសម្រាប់ទង្វើ និងការប្រព្រឹត្តខ្លួនរបស់មនុស្សដែរ គ្រាន់តែស្ថិតនៅកម្រិតទាបជាងដោយការប្រៀបធៀបប៉ុណ្ណោះ។ ឧទាហរណ៍៖ រឿងដូចជាការមានអរិយធម៌ ការមានសុជីវធម៌ សេចក្ដីសប្បុរសរបស់មនុស្ស និងអ្វីៗដែលល្អមួយចំនួនដែលមនុស្សមានពីកំណើត សុទ្ធតែក្លាយជាលក្ខខណ្ឌវិនិច្ឆ័យ តើនេះបង្កប់ន័យថា រឿងទាំងនោះបានក្លាយជាអ្វី? (ជាសេចក្ដីពិត។) រឿងទាំងនោះបានក្លាយជាសេចក្ដីពិត។ មើលចុះ ការបន្ថែមពាក្យ «បំផុត» ផ្លាស់ប្ដូរលក្ខណៈនៃលក្ខខណ្ឌវិនិច្ឆ័យនេះ។ នៅពេលលក្ខណៈនៃលក្ខខណ្ឌវិនិច្ឆ័យផ្លាស់ប្ដូរ តើនិយមន័យរបស់ព្រះជាម្ចាស់ក៏ផ្លាស់ប្ដូរដែរមែនទេ? (មែនហើយ។) តើនិយមន័យរបស់ព្រះជាម្ចាស់ក្លាយជាយ៉ាងណា? នៅក្នុងនិយមន័យនេះ ព្រះជាម្ចាស់មិនមែនមានតែមួយអង្គគត់ឡើយ។ សិទ្ធិអំណាច ព្រះចេស្ដា និងសារជាតិរបស់ព្រះជាម្ចាស់ ក៏មិនមែនមានតែមួយគត់ឡើយ។ ព្រះជាម្ចាស់គ្រាន់តែជាតួនាទីដែលមានចំណាត់ថ្នាក់ខ្ពស់បំផុត ដែលមានព្រះចេស្ដា និងសិទ្ធិអំណាចនៅក្នុងចំណោមមនុស្សជាតិប៉ុណ្ណោះ។ បុគ្គលណាម្នាក់នៅក្នុងចំណោមមនុស្សជាតិ ដែលមានសមត្ថភាព និងកិត្យានុភាព អាចត្រូវបានចាត់ទុកថាស្មើនឹងព្រះជាម្ចាស់ ហើយអាចត្រូវបានលើកយកមកនិយាយស្មើនឹងទ្រង់ គ្រាន់តែមិនខ្ពស់ ឬអស្ចារ្យដូចទ្រង់ប៉ុណ្ណោះ។ បុគ្គល និងពួកអ្នកដឹកនាំដែលរាងវិជ្ជមានទាំងនោះនៅក្នុងចំណោមមនុស្សជាតិ អាចត្រូវបានចាត់ថ្នាក់នៅពីក្រោយព្រះជាម្ចាស់តែម្ដង ដោយក្លាយជាអ្នកមានមានសិទ្ធិបញ្ជាលំដាប់ទីពីរ ទីបី ទីបួន... ហើយព្រះជាម្ចាស់មានចំណាត់ថ្នាក់ខ្ពស់បំផុត។ តើការបកស្រាយបែបនេះ មិនផ្លាស់ប្ដូរអត្តសញ្ញាណ និងសារជាតិរបស់ព្រះជាម្ចាស់ទាំងស្រុងទេឬ? ដោយគ្រាន់តែមានពាក្យ «បំផុត» មួយម៉ាត់ សារជាតិរបស់ព្រះជាម្ចាស់ផ្លាស់ប្ដូរទាំងស្រុង។ តើនេះជាបញ្ហាដែរឬទេ? (ជាបញ្ហាមែន។) ដូច្នេះ ដោយមិនបន្ថែមពាក្យ «បំផុត» តើពាក្យទាំងនេះត្រឹមត្រូវតាមរបៀបណា? (ពាក្យទាំងនោះបញ្ជាក់ពីការពិតមួយ។) តើការពិតនេះជាអ្វី? (គឺថា ព្រះជាម្ចាស់ជាសេចក្ដីពិត ជាគោលការណ៍ ជាស្ដង់ដា និងជាលក្ខខណ្ឌវិនិច្ឆ័យ។) គឺថា ព្រះជាម្ចាស់ជាប្រភពដើមនៃលក្ខខណ្ឌវិនិច្ឆ័យទាំងអស់នេះ។ មិនមានលក្ខខណ្ឌវិនិច្ឆ័យបែបនេះនៅក្នុងចំណោមមនុស្សពុករលួយ នៅក្នុងចំណោមភាវៈដែលព្រះបានបង្កើតឡើយ។ ព្រះជាម្ចាស់គឺជាប្រភពតែមួយគត់ដែលសម្ដែងចេញនូវលក្ខខណ្ឌវិនិច្ឆ័យទាំងនេះ។ មានតែព្រះជាម្ចាស់ប៉ុណ្ណោះដែលមានសារជាតិនេះ។ តថភាព និងលក្ខខណ្ឌវិនិច្ឆ័យនៃអ្វីៗដែលវិជ្ជមានទាំងអស់ អាចមកពីព្រះជាម្ចាស់តែប៉ុណ្ណោះ។ ប្រសិនបើមនុស្សម្នាក់ដឹងខ្លះៗអំពីគោលការណ៍សម្រាប់ការប្រព្រឹត្តខ្លួន ទង្វើ និងការថ្វាយបង្គំរបស់មនុស្សចំពោះព្រះជាម្ចាស់ ដឹងខ្លះៗអំពីលក្ខខណ្ឌវិនិច្ឆ័យ និងយល់ខ្លះៗអំពីសេចក្ដីពិត តើគេអាចក្លាយជាព្រះជាម្ចាស់បានដែរឬទេ? (មិនអាចទេ។) តើគេជាប្រភពនៃសេចក្ដីពិតដែរឬទេ? ជាអ្នកសម្ដែងចេញនូវសេចក្ដីពិតទាំងអស់ដែរឬទេ? (មិនមែនទេ។) ចុះតើអាចហៅបុគ្គលនោះថាជាព្រះជាម្ចាស់បានដែរឬទេ? មិនអាចទេ។ នេះគឺជាភាពខុសគ្នាជាសារជាតិ។ តើអ្នករាល់គ្នាយល់ទេ? (យល់។) ទោះបីជាខ្ញុំបាននិយាយអំពីប្រធានបទ «អ្វីដែលជាសេចក្ដីពិត» ពីរដងរួចមកហើយក៏ដោយ ក៏ចម្លើយរបស់អ្នករាល់គ្នានៅតែមានកំហុសដ៏ធំបែបនេះដដែល ដោយប្រែក្លាយព្រះជាម្ចាស់ទៅជាភាវៈមួយនៅក្នុងចំណោមភាវៈដែលព្រះបានបង្កើត ធ្វើឱ្យភាវៈដែលព្រះបានបង្កើតស្មើនឹងព្រះជាម្ចាស់ ដែលធ្វើឱ្យទំនាក់ទំនងរវាងអ្នកទាំងពីរស្មើគ្នា។ ការណ៍នេះផ្លាស់ប្ដូរលក្ខណៈនៃបញ្ហា ដែលវាដូចគ្នាទៅនឹងការបដិសេធព្រះជាម្ចាស់ដែរ។ ព្រះជាម្ចាស់គឺជាព្រះអាទិករ មនុស្សគឺជាភាវៈដែលព្រះបានបង្កើត អ្នកទាំងពីរនេះមិនមែនជាតួនាទីដែលមានចំណាត់ថ្នាក់ស្មើគ្នាឡើយ។ ប៉ុន្តែ តើមានអ្វីកើតឡើងនៅពេលអ្នកបន្ថែមពាក្យ «បំផុត»? អ្នកទាំងពីរនេះក្លាយជាដូចគ្នាទាក់ទងនឹងសារជាតិ និងចំណាត់ថ្នាក់ ដោយខុសគ្នាតែត្រង់ភាពខ្ពង់ខ្ពស់ ឬភាពទាបតូចប៉ុណ្ណោះ។ នៅពេលខ្ញុំសួរអ្នករាល់គ្នាលម្អិតអំពីរឿងនេះ អ្នករាល់គ្នាគិតក្នុងចិត្តថា៖ «តើនេះមិនមែនជាការមើលស្រាលពួកយើងទេឬ? ពួកយើងសុទ្ធតែជាអ្នកមានការអប់រំ តើពួកយើងម្ដេចនឹងអាចភ្លេចពាក្យប៉ុន្មានម៉ាត់នេះបានទៅ? ពួកយើងអាចនិយាយអំពីរឿងនេះបានយ៉ាងងាយស្រួល ដោយមិនទាំងចាំបាច់មើលកំណត់ត្រារបស់ពួកយើងផង»។ បញ្ហាត្រូវបានលាតត្រដាងភ្លាមៗ នៅពេលអ្នករាល់គ្នាហើបមាត់។ បន្ទាប់ពីខ្ញុំបាននិយាយរួច អ្នករាល់គ្នាបានអានវាជាច្រើនដង ប៉ុន្តែនៅតែមិនអាចនិយាយឡើងវិញឱ្យបានត្រឹមត្រូវឡើយ។ តើនេះមកពីមូលហេតុអ្វី? អ្នករាល់គ្នានៅតែមិនយល់ពីសេចក្ដីពិតទាក់ទងនឹងរឿងនេះឡើយ។ មាននរណាម្នាក់បានបន្ថែមពាក្យ «បំផុត» ហើយគិតថា៖ «គ្មាននរណាម្នាក់ក្នុងចំណោមអ្នករាល់គ្នាបានបន្ថែមពាក្យ “បំផុត” នោះទេ អ្នករាល់គ្នាមិនសូវមានសេចក្ដីជំនឿលើព្រះជាម្ចាស់ទេ មែនទេ? មើលខ្ញុំចុះ ខ្ញុំបានបន្ថែមពាក្យ “បំផុត”។ នោះបង្ហាញថាខ្ញុំជាមនុស្សមានការអប់រំ ការដែលខ្ញុំរៀននៅមហាវិទ្យាល័យមិនអត់ប្រយោជន៍ទេ!» បន្ទាប់ពីគាត់បានបន្ថែមពាក្យ «បំផុត» អ្នករាល់គ្នាភាគច្រើនមិនបានកត់សម្គាល់ឃើញបញ្ហានេះទេ។ អ្នករាល់គ្នាមួយចំនួនតូចមានអារម្មណ៍ថាមានអ្វីម្យ៉ាងមិនប្រក្រតី ប៉ុន្តែមិនអាចពន្យល់បានថាហេតុអ្វីឡើយ។ បន្ទាប់ពីអ្នកផ្សេងទៀតបានពន្យល់ពីបញ្ហានេះ អ្នករាល់គ្នាក៏បានយល់វាជាទ្រឹស្ដី ហើយអ្នករាល់គ្នាដឹងថាការពន្យល់នោះគឺត្រឹមត្រូវ។ ប៉ុន្តែ តើអ្នករាល់គ្នាបានយល់ក្នុងន័យជាសេចក្ដីពិតដែរឬទេ? (អត់ទេ។) ខ្ញុំបានប្រកបគ្នាអំពីមូលហេតុដែលការបន្ថែមពាក្យ «បំផុត» គឺជារឿងខុស ហើយអ្នករាល់គ្នាក៏បានយល់រឿងនេះ ប៉ុន្តែ តើអ្នករាល់គ្នាពិតជាបានយល់ពីសារជាតិនៃបញ្ហានេះដែរឬទេ? (អត់ទេ។) អ្នករាល់គ្នាមើលបញ្ហានេះមិនបានច្បាស់ឡើយ។ តើហេតុអ្វីបានជាដូច្នេះ? (ពួកយើងមិនយល់ពីសេចក្ដីពិត។) ហើយហេតុអ្វីបានជាអ្នករាល់គ្នាមិនយល់ពីសេចក្ដីពិត? តើអ្នករាល់គ្នាមិនយល់ពីអ្វីដែលខ្ញុំបាននិយាយទេឬ? ប្រសិនបើអ្នករាល់គ្នាបានយល់ ម្ដេចបានជាអ្នករាល់គ្នានៅតែមិនអាចយល់ពីសេចក្ដីពិតទៀត? តើមានប៉ុន្មានជំពូកអំពីប្រធានបទ «ព្រះជាម្ចាស់ផ្ទាល់ព្រះអង្គ ជាព្រះតែមួយអង្គគត់»? តើអ្នករាល់គ្នាបានអានវាប៉ុន្មានដងហើយ? តើអ្នករាល់គ្នាពិតជាយល់ពីព្រះបន្ទូលទាំងនេះដែរឬទេ? (អត់ទេ។) អ្នករាល់គ្នាមិនយល់ទេ ដូច្នេះហើយទើបថ្ងៃនេះ អ្នករាល់គ្នាធ្វើឱ្យខ្លួនឯងក្លាយជាមនុស្សល្ងង់ខ្លៅ។ ព្រះបន្ទូលទាំងនេះបានលាតត្រដាងអ្នករាល់គ្នាហើយ។ តើមិនមែនដូច្នោះទេឬ? (មែនហើយ។) តើអ្នករាល់គ្នាបានរៀនសូត្រអ្វីខ្លះពីរឿងនេះ? តើអ្នករាល់គ្នានឹងនៅតែធ្វើតាមភាពឆ្លាតវៃដែលខ្លួនឯងគិត នៅពេលក្រោយដែលអ្នករាល់គ្នាជួបប្រទះរឿងបែបនេះទៀតដែរឬទេ? អ្នករាល់គ្នាមុខជាមិនហ៊ានទេ មែនទេ? ប្រសិនបើមនុស្សម្នាក់មិនយល់ពីសេចក្ដីពិតទេ ទោះបីជាមានការអប់រំ ឬចំណេះដឹងច្រើនប៉ុនណាក៏ដោយ ក៏នឹងគ្មានប្រយោជន៍ដែរ។ ប្រសិនបើអ្នកមិនមានការអប់រំ ហើយមិនដឹងពីរបៀបប្រើពាក្យនេះ អ្នកប្រហែលជាមិនបន្ថែមពាក្យ «បំផុត» ទេ ហើយបញ្ហានេះក៏ប្រហែលជាមិនកើតឡើងដែរ។ យ៉ាងហោចណាស់ អ្នកក៏មិនបានប្រព្រឹត្តកំហុសបែបនេះ ហើយធ្វើឱ្យខ្លួនឯងក្លាយជាមនុស្សល្ងង់ខ្លៅដែរ។ ប៉ុន្តែ ដោយសារអ្នកមានការអប់រំ ហើយយល់ពីអត្ថន័យ និងការប្រើប្រាស់ពាក្យមួយចំនួន អ្នកក៏បានយករឿងនេះទៅអនុវត្តចំពោះព្រះជាម្ចាស់។ ជាលទ្ធផល អ្នកបានបង្កឱ្យមានបញ្ហាកើតឡើង ដោយប្រែក្លាយភាពឆ្លាតវៃទៅជាភាពល្ងីល្ងើទៅវិញ។ ប្រសិនបើអ្នកយករឿងនេះទៅអនុវត្តចំពោះមនុស្ស វាគ្រាន់តែជាការលើកតម្កើង និងការបញ្ជោរប៉ុណ្ណោះ ដែលយ៉ាងច្រើនបំផុត គ្រាន់តែគួរឱ្យខ្ពើមរអើមប៉ុណ្ណោះ។ ប៉ុន្តែ ប្រសិនបើអ្នកយកវាទៅអនុវត្តចំពោះព្រះជាម្ចាស់ បញ្ហាក៏ក្លាយជាធ្ងន់ធ្ងរ។ វាក្លាយជាពាក្យដែលបដិសេធព្រះជាម្ចាស់ ទាស់ទទឹងនឹងព្រះជាម្ចាស់ និងថ្កោលទោសព្រះជាម្ចាស់។ មនុស្សពុករលួយដែលខ្វះសេចក្ដីពិត ងាយនឹងបង្កកំហុសនេះបំផុត។ ទៅថ្ងៃមុខ ចូរប្រយ័ត្នកុំបន្ថែមគុណកិរិយា ឬគុណនាមដោយធ្វេសប្រហែសឱ្យសោះ។ ហេតុអ្វីទៅ? ពីព្រោះអ្វីដែលទាក់ទងនឹងអត្តសញ្ញាណ សារជាតិ ព្រះបន្ទូល និងនិស្ស័យរបស់ព្រះជាម្ចាស់ គឺជាផ្នែកដែលមនុស្សពុករលួយខ្វះខាតបំផុត ហើយការយល់ដឹងរបស់ពួកគេគឺរាក់កំផែលបំផុត និងកម្របំផុតចំពោះរឿងនោះ។ ហេតុដូច្នេះហើយ មនុស្សដែលមិនយល់ពីសេចក្ដីពិត ត្រូវតែប្រយ័ត្នកុំប្រព្រឹត្តដោយមិនគិតមុខគិតក្រោយឱ្យសោះ។ ការប្រុងប្រយ័ត្នជារឿងដែលប្រសើរ។
I. ការវែកញែកអំពីគំនិតដែលថា «កុំសង្ស័យមនុស្សដែលអ្នកប្រើ ហើយកុំប្រើមនុស្ស ដែលអ្នកសង្ស័យ»
មនុស្សមួយចំនួនទើបតែបានពន្យល់ពីនិយមន័យ និងគោលគំនិតនៃសេចក្ដីពិត។ អ្នករាល់គ្នាយល់ពីនិយមន័យ និងគោលគំនិតនៃសេចក្ដីពិត ប៉ុន្តែ តើអ្នករាល់គ្នាពិតជាយល់ពី អ្វីដែលជាសេចក្ដីពិត ដែរឬទេ? ខ្ញុំត្រូវល្បងលអ្នករាល់គ្នាអំពីរឿងនេះ។ តើខ្ញុំនឹងល្បងលអ្នករាល់គ្នាតាមរបៀបណា? ខ្ញុំនឹងប្រើចំណុចខ្លាំងរបស់អ្នករាល់គ្នា ដើម្បីល្បងលអ្នករាល់គ្នា។ ហើយតើចំណុចខ្លាំងរបស់អ្នករាល់គ្នាជាអ្វី? អ្នករាល់គ្នាស្គាល់ច្បាស់ពីការរៀនសូត្រ ពាក្យពេចន៍ និងវាក្យសព្ទ ស្គាល់ច្បាស់ពីទស្សនវិជ្ជា និងវិធីសាស្ត្រផ្សេងៗសម្រាប់ការប្រព្រឹត្តក្នុងលោកីយ៍ ដែលមនុស្សគ្រប់ក្រុមមាន ព្រមទាំងវប្បធម៌ប្រពៃណីរបស់មនុស្ស ក៏ដូចជាសញ្ញាណ និងការស្រមើស្រមៃរបស់មនុស្ស។ អ្នករាល់គ្នាក៏ស្គាល់ច្បាស់ពីច្បាប់ និងសញ្ញាណផ្សេងៗ ដែលមនុស្សគ្រប់ពូជសាសន៍ គ្រប់ជាតិពន្ធុ និងគ្រប់សញ្ជាតិរស់នៅតាមផងដែរ។ តើទាំងនេះមិនមែនជាចំណុចខ្លាំងរបស់អ្នករាល់គ្នាទេឬ? ក្នុងចំណោមរឿងទាំងនេះ មានខ្លះគឺជាសំនួនវោហារសព្ទដែលមិនសូវប្រែប្រួល ខ្លះជាសុភាសិត ហើយខ្លះទៀតជាពាក្យពោល ខ្លះទៀតគឺជាពាក្យសន្ទនាប្រចាំថ្ងៃដែលងាយចាំ ដែលត្រូវបានមនុស្សសាមញ្ញប្រើប្រាស់ជាទូទៅ។ ចូរសួរខ្លួនឯងថា តើមនុស្សច្រើនតែមានគំនិត និងទស្សនៈស៊ីជម្រៅលើរឿងអ្វីខ្លះ រហូតដល់ពួកគេប្រែក្លាយរឿងទាំងនោះទៅជាសំនួនវោហារសព្ទនោះ? ជាដំបូង ចូរយើងវែកញែកពាក្យពោល សំនួនវោហារសព្ទ និងច្បាប់មួយចំនួន ក៏ដូចជាវិធីសាស្ត្រសម្រាប់ការប្រព្រឹត្តក្នុងលោកីយ៍ និងសញ្ញាណប្រពៃណីរបស់មនុស្ស ដើម្បីឱ្យយើងអាចយល់ច្បាស់ថា អ្វីដែលជាសេចក្ដីពិត។ យើងនឹងពិភាក្សាអំពីអ្វីដែលជាសេចក្ដីពិតយ៉ាងពិតប្រាកដ ពីទស្សនៈអវិជ្ជមាន។ តើនេះជាវិធីសាស្ត្រល្អដែរឬទេ? (ល្អមែន។) ដូច្នេះ សូមលើកយកទស្សនៈមួយមកចាប់ផ្ដើមមុនគេចុះ។ (កុំសង្ស័យមនុស្សដែលអ្នកប្រើ ហើយកុំប្រើមនុស្សដែលអ្នកសង្ស័យ) តើការលើកឡើងនេះត្រឹមត្រូវដែរឬទេ? (មិនត្រឹមត្រូវទេ។) «កុំសង្ស័យមនុស្សដែលអ្នកប្រើ ហើយកុំប្រើមនុស្សដែលអ្នកសង្ស័យ»។ ជាដំបូង ចូរយើងចាប់ផ្ដើមប្រកបគ្នាអំពីរឿងនេះសិន។ សូមបន្ត ហើយពន្យល់ពីអត្ថន័យនៃពាក្យពោលនេះចុះ។ (វាមានន័យថា អ្នកគួរតែទុកចិត្តលើមនុស្សដែលអ្នកប្រើ ដោយមិនប្រុងប្រយ័ត្នចំពោះពួកគេឡើយ។ ប្រសិនបើអ្នកមិនទុកចិត្តនរណាម្នាក់ទេ នោះកុំប្រើបុគ្គលនោះអី។) នេះគឺជាការបកស្រាយតាមន័យត្រង់។ ជាដំបូង ចូរប្រាប់ខ្ញុំមកមើល៍ តើមនុស្សភាគច្រើននៅក្នុងលោកីយ៍នេះ យល់ស្រប ឬក៏មិនយល់ស្របនឹងពាក្យពោលនេះ? (យល់ស្រប។) ពួកគេយល់ស្របនឹងវា។ អាចនិយាយបានថា មនុស្សភាគច្រើននៅក្នុងសង្គមនេះ ប្រកាន់ខ្ជាប់នូវពាក្យពោល «កុំសង្ស័យមនុស្សដែលអ្នកប្រើ ហើយកុំប្រើមនុស្សដែលអ្នកសង្ស័យ» ថាជាគោលការណ៍សម្រាប់ការប្រើអ្នកដទៃ ហើយពួកគេគោរពតាមគោលការណ៍នេះ នៅក្នុងរបៀបដែលពួកគេប្រព្រឹត្តចំពោះមនុស្ស។ ដូច្នេះ តើមានទិដ្ឋភាពណាមួយនៃពាក្យពោលនេះត្រឹមត្រូវដែរឬទេ? (គ្មានទេ។) ចុះហេតុអ្វីបានជាអ្នកគ្មានជំនឿភាគច្រើន ចាត់ទុកពាក្យពោលនេះថាត្រឹមត្រូវ ហើយទទួលយក និងអនុវត្តវាដោយគ្មានការស្ទាក់ស្ទើរដូច្នេះ? តើពួកគេមានការជំរុញចិត្តអ្វីក្នុងការធ្វើបែបនេះ? ហេតុអ្វីបានជាពួកគេនិយាយបែបនេះ? មនុស្សមួយចំនួននិយាយថា៖ «ប្រសិនបើអ្នកនឹងប្រើនរណាម្នាក់ នោះអ្នកមិនអាចសង្ស័យគេឡើយ អ្នកត្រូវតែទុកចិត្តគេ។ អ្នកត្រូវតែទុកចិត្តថា គេមានទេពកោសល្យ និងចរិតលក្ខណៈដើម្បីបំពេញការងារនោះឱ្យរួចរាល់ ហើយថាគេនឹងស្មោះត្រង់ចំពោះអ្នក។ ប្រសិនបើអ្នកសង្ស័យគេ នោះកុំប្រើគេអី។ ដូចពាក្យពោលថា “កុំសង្ស័យមនុស្សដែលអ្នកប្រើ ហើយកុំប្រើមនុស្សដែលអ្នកសង្ស័យ”។ ពាក្យពោលនេះគឺត្រឹមត្រូវហើយ»។ តាមពិតទៅ ពាក្យពោលនេះគ្មានអ្វីក្រៅពីសម្ដីរបស់អារក្សដែលបំភាន់នោះទេ។ តើវាមកពីណា? តើវាមានចេតនាអ្វី? តើវាមានឧបាយកលអ្វី? (ឱព្រះជាម្ចាស់អើយ ទូលបង្គំចាំថា ក្នុងអំឡុងការប្រកបគ្នាលើកមុន មានការលើកឡើងថា មនុស្សមួយចំនួន ប្រសិនបើពួកគេមិនចង់ឱ្យអ្នកដទៃលូកដៃចូលក្នុងកិច្ចការរបស់ពួកគេទេ ពួកគេនឹងនិយាយថា «កុំសង្ស័យមនុស្សដែលអ្នកប្រើ ហើយកុំប្រើមនុស្សដែលអ្នកសង្ស័យ»។ អ្វីដែលពួកគេចង់មានន័យនោះគឺ «ដោយសារអ្នកបានផ្ដល់ការងារនេះឱ្យខ្ញុំ ហើយកំពុងប្រើខ្ញុំ ដូច្នេះ អ្នកមិនគួរជ្រៀតជ្រែកក្នុងកិច្ចការរបស់ខ្ញុំឡើយ អ្នកមិនគួរលូកដៃចូលក្នុងអ្វីដែលខ្ញុំធ្វើនោះទេ»។) តើមនុស្សដែលប្រើប្រាស់ពាក្យពោលនេះ មាននិស្ស័យបែបណា? (មាននិស្ស័យរបស់អាទទឹងនឹងព្រះគ្រីស្ទ ដែលធ្វើអ្វីតាមតែអំពើចិត្ត និងតាំងខ្លួនឯងជាច្បាប់។) នេះពិតជានិស្ស័យរបស់ពួកគេមែន។ អស់អ្នកដែលប្រើ ឬបង្កើតពាក្យពោលនេះឡើង តើពួកគេជាអ្នកប្រើគេ ឬជាអ្នកដែលត្រូវបានគេប្រើ? តើពាក្យពោលនេះផ្ដល់ប្រយោជន៍ដល់នរណាជាងគេ? (ដល់អស់អ្នកដែលត្រូវបានគេប្រើ។) តើអស់អ្នកដែលត្រូវបានគេប្រើ ទទួលបានប្រយោជន៍ពីពាក្យពោលនេះដោយរបៀបណា? ប្រសិនបើពួកគេសង្កត់ធ្ងន់លើពាក្យពោលនេះម្ដងហើយម្ដងទៀតទៅកាន់អ្នកប្រើពួកគេ នោះពួកគេកំពុងតែបញ្ចូលគំនិតប្រភេទណាមួយទៅក្នុងចិត្តរបស់អ្នកប្រើគេនោះហើយ វាមានលក្ខណៈនៃការបញ្ជ្រាប ឬការបណ្ដុះគំនិត។ នេះគឺស្មើនឹងការនិយាយទៅកាន់អ្នកប្រើគេនោះថា៖ នៅពេលអ្នកប្រើនរណាម្នាក់ អ្នកត្រូវតែទុកចិត្តថា គេនឹងស្មោះត្រង់ចំពោះអ្នក។ អ្នកត្រូវតែទុកចិត្តថា គេនឹងធ្វើការងារនោះបានល្អ ថាគេមានសមត្ថភាពនេះ។ អ្នកមិនត្រូវសង្ស័យគេឡើយ ពីព្រោះការសង្ស័យគេ នឹងនាំឱ្យខូចប្រយោជន៍ដល់ខ្លួនអ្នកផ្ទាល់។ ប្រសិនបើអ្នកតែងតែមានចិត្តស្ទាក់ស្ទើរ ប្រសិនបើអ្នកតែងតែគិតចង់យកនរណាម្នាក់ផ្សេងទៀតមកជំនួសគេ នោះវាអាចប៉ះពាល់ដល់ភាពស្មោះត្រង់របស់បុគ្គលនោះចំពោះអ្នក។ ពេលបានឮដូច្នេះ តើអ្នកប្រើគេនោះនឹងងាយរងឥទ្ធិពល ឬត្រូវបានបំភាន់ដោយពាក្យពោលនេះដែរឬទេ? (ពិតជាដូច្នោះមែន។) ហើយនៅពេលអ្នកប្រើគេនោះរងឥទ្ធិពល ឬត្រូវបានបំភាន់ នោះអ្នកដែលត្រូវបានគេប្រើនឹងទទួលបានប្រយោជន៍។ ឧបមាថា អ្នកប្រើគេនោះទទួលយកការគិតបែបនេះ ហើយមិនមានការសង្ស័យ ឬមន្ទិលណាមួយចំពោះបុគ្គលដែលខ្លួនប្រើឡើយ គេមិនមើលការខុសត្រូវ ឬសាកសួរអំពីកិច្ចការដែលបុគ្គលនោះបានធ្វើឡើយ ថាតើបុគ្គលនោះស្មោះត្រង់ចំពោះគេដែរឬទេ ឬថាតើបុគ្គលនោះមានសមត្ថភាពធ្វើរឿងទាំងនេះឬអត់ឡើយ។ បើដូច្នេះមែន អ្នកដែលត្រូវបានគេប្រើនោះអាចគេចផុតពីការមើលការខុសត្រូវ និងការត្រួតពិនិត្យរបស់អ្នកប្រើគេនេះ ហើយបន្ទាប់មក ធ្វើអ្វីក៏ដោយតាមតែចិត្តចង់របស់ខ្លួន ដោយមិនធ្វើតាមបំណងរបស់អ្នកប្រើគេឡើយ។ ចូរប្រាប់ខ្ញុំមកមើល៍ នៅពេលអ្នកដែលត្រូវបានគេប្រើ ប្រើប្រាស់ពាក្យពោលនេះ តើគេពិតជាមានចរិតលក្ខណៈក្នុងការស្មោះត្រង់ដាច់ខាតចំពោះអ្នកប្រើគេដែរឬទេ? តើគេពិតជាមិនត្រូវការឱ្យអ្នកដទៃមើលការខុសត្រូវមែនឬ? (មិនមែនទេ។) ហេតុអ្វីបានជាយើងនិយាយបែបនេះ? វាគឺជាការពិតដែលត្រូវបានទទួលស្គាល់ជាសកលតាំងពីសម័យបុរាណរហូតមកដល់បច្ចុប្បន្ននេះថា មនុស្សលោកពុករលួយយ៉ាងជ្រាលជ្រៅ ពួកគេមាននិស្ស័យពុករលួយ ហើយពួកគេរឹតតែមានល្បិចកល និងបោកបញ្ឆោត។ គ្មានមនុស្សស្មោះត្រង់ឡើយ ហើយសូម្បីតែមនុស្សល្ងង់ខ្លៅក៏ចេះនិយាយកុហកដែរ។ រឿងនេះបង្កឱ្យមានការលំបាកយ៉ាងខ្លាំងចំពោះការប្រើអ្នកដទៃ ហើយវាស្ទើរតែមិនអាចទៅរួចទេក្នុងការស្វែងរកនរណាម្នាក់ដែលស័ក្ដិសមឱ្យទុកចិត្ត កុំថាឡើយមាននរណាម្នាក់ដែលអាចពឹងផ្អែកបានទាំងស្រុងនោះ។ ការស្វែងរកមនុស្សមួយចំនួនតូចដែលរាងអាចប្រើបាន គឺជារឿងល្អបំផុតដែលមនុស្សសង្ឃឹមចង់បាន។ ដោយសារតែគ្មានមនុស្សដែលស័ក្ដិសមឱ្យទុកចិត្ត ដូច្នេះ តើវាអាចទៅរួចយ៉ាងដូចម្ដេចក្នុងការ «កុំសង្ស័យមនុស្សដែលអ្នកប្រើ ហើយកុំប្រើមនុស្សដែលអ្នកសង្ស័យ» នោះ? វាមិនអាចទៅរួចទេ ពីព្រោះគ្មាននរណាម្នាក់ដែលអាចពឹងផ្អែកបានឡើយ។ ដូច្នេះ តើយើងគួរប្រើប្រាស់អ្នកដែលរាងអាចប្រើបានទាំងនោះយ៉ាងដូចម្ដេច? យើងអាចធ្វើដូច្នេះបានតែតាមរយៈការមើលការខុសត្រូវ និងការចង្អុលបង្ហាញប៉ុណ្ណោះ។ ពួកអ្នកគ្មានជំនឿបញ្ជូនអ្នកយកការណ៍ និងចារកម្ម ទៅតាមដានបុគ្គលដែលពួកគេប្រើ ដើម្បីធានាថាពួកគេមានភាពស្ងប់ចិត្តរាងច្បាស់លាស់សម្រាប់ខ្លួន។ ហេតុនេះ មនុស្សនៅសម័យបុរាណកំពុងតែបញ្ឆោតខ្លួនឯង នៅពេលពួកគេនិយាយថា «កុំសង្ស័យមនុស្សដែលអ្នកប្រើ ហើយកុំប្រើមនុស្សដែលអ្នកសង្ស័យ»។ អ្នកដែលបង្កើតពាក្យពោល «កុំសង្ស័យមនុស្សដែលអ្នកប្រើ ហើយកុំប្រើមនុស្សដែលអ្នកសង្ស័យ» នេះឡើង តាមពិតទៅគេផ្ទាល់មិនបានអនុវត្តពាក្យពោលនេះឡើយ។ ប្រសិនបើគេពិតជាបានធ្វើដូច្នេះមែន នោះគេមុខជាបុគ្គលដែលមិនចេះគិត ជាមនុស្សល្ងង់ខ្លៅលំដាប់ទីមួយ ដែលអាចត្រឹមតែត្រូវបានបោកប្រាស់ និងបោកបញ្ឆោតប៉ុណ្ណោះ។ តើនេះមិនមែនជាការពិតទេឬ? ចូរយើងនិយាយអំពីថាតើគុណវិបត្តិដ៏ធំបំផុតនៅក្នុងពាក្យពោល «កុំសង្ស័យមនុស្សដែលអ្នកប្រើ ហើយកុំប្រើមនុស្សដែលអ្នកសង្ស័យ» ស្ថិតនៅត្រង់ណា។ តើអ្វីជាមូលដ្ឋានសម្រាប់ពាក្យពោល «កុំសង្ស័យមនុស្សដែលអ្នកប្រើ ហើយកុំប្រើមនុស្សដែលអ្នកសង្ស័យ»? វាត្រូវតែថា បុគ្គលដែលត្រូវបានគេប្រើនោះ អាចពឹងផ្អែកបានទាំងស្រុង ហើយមានភាពស្មោះត្រង់ និងមានការទទួលខុសត្រូវ។ ត្រូវតែមានភាពប្រាកដប្រជា ១០០ ភាគរយថាអ្នកដែលត្រូវបានគេប្រើនោះគឺជាមនុស្សបែបនេះ ដើម្បីឱ្យអ្នកប្រើគេអាចអនុវត្តពាក្យពោល «កុំសង្ស័យមនុស្សដែលអ្នកប្រើ ហើយកុំប្រើមនុស្សដែលអ្នកសង្ស័យ» បាន។ សព្វថ្ងៃនេះ បុគ្គលដែលគួរឱ្យទុកចិត្តបែបនេះ មិនអាចរកបានឡើយ។ បុគ្គលបែបនោះស្ទើរតែមិនមានទាល់តែសោះ ដែលធ្វើឱ្យការលើកឡើងថា «កុំសង្ស័យមនុស្សដែលអ្នកប្រើ ហើយកុំប្រើមនុស្សដែលអ្នកសង្ស័យ» នេះ ក្លាយជារឿងមិនសមហេតុផល។ ប្រសិនបើអ្នកជ្រើសរើសបុគ្គលដែលមិនគួរឱ្យទុកចិត្តម្នាក់ ហើយបន្ទាប់មកអនុវត្តពាក្យពោល «កុំសង្ស័យមនុស្សដែលអ្នកប្រើ ហើយកុំប្រើមនុស្សដែលអ្នកសង្ស័យ» ដើម្បីទប់ការសង្ស័យរបស់អ្នកចំពោះបុគ្គលនោះ តើអ្នកមិនមែនកំពុងតែបញ្ឆោតខ្លួនឯងទេឬ? តើបុគ្គលដែលត្រូវបានគេប្រើនោះ អាចក្លាយជាមនុស្សគួរឱ្យទុកចិត្ត និងធ្វើរឿងនានាប្រកបដោយភាពស្មោះត្រង់ និងការទទួលខុសត្រូវ គ្រាន់តែដោយសារអ្នកមិនសង្ស័យគេដែរឬទេ? តាមពិតទៅ បុគ្គលនោះនឹងបន្តប្រព្រឹត្តទៅតាមប្រភេទមនុស្សរបស់គេ ដោយមិនខ្វល់ពីការសង្ស័យរបស់អ្នកឡើយ។ ប្រសិនបើគេជាមនុស្សបោកបញ្ឆោត នោះគេនឹងបន្តធ្វើរឿងបោកបញ្ឆោតដដែល។ ប្រសិនបើគេជាមនុស្សគ្មានល្បិច នោះគេនឹងបន្តធ្វើរឿងដែលគ្មានល្បិចដដែល។ នេះមិនអាស្រ័យលើថាអ្នកមានការសង្ស័យចំពោះគេ ឬអត់នោះទេ។ ឧទាហរណ៍ថា អ្នកប្រើមនុស្សបោកបញ្ឆោតម្នាក់។ អ្នកដឹងក្នុងចិត្តថាបុគ្គលនេះជាមនុស្សបោកបញ្ឆោត ប៉ុន្តែអ្នកនិយាយទៅកាន់គេថា «ខ្ញុំមិនសង្ស័យអ្នកទេ ដូច្នេះ សូមបន្តធ្វើការងាររបស់អ្នកដោយភាពជឿជាក់ចុះ»។ តើបុគ្គលនោះនឹងក្លាយជាមនុស្សគ្មានល្បិច ដែលធ្វើរឿងនានាដោយគ្មានល្បិច គ្រាន់តែដោយសារអ្នកមិនសង្ស័យគេដែរឬទេ? តើរឿងនោះអាចទៅរួចដែរឬទេ? ផ្ទុយទៅវិញ ប្រសិនបើអ្នកប្រើមនុស្សគ្មានល្បិចម្នាក់ តើគេនឹងប្រែទៅជាមនុស្សបោកបញ្ឆោត ដោយសារតែអ្នកសង្ស័យ ឬមិនយល់ពីគេដែរឬទេ? អត់ទេ គេនឹងមិនប្រែទៅជាបែបនោះឡើយ។ ហេតុដូច្នេះហើយ ពាក្យពោល «កុំសង្ស័យមនុស្សដែលអ្នកប្រើ ហើយកុំប្រើមនុស្សដែលអ្នកសង្ស័យ» គឺជាការព្យាយាមស្វែងរកភាពស្ងប់ចិត្តរបស់មនុស្សល្ងង់ខ្លៅសុទ្ធសាធ វាជារឿងមិនសមហេតុផលដែលបញ្ឆោតខ្លួនឯង។ តើសេចក្ដីពុករលួយរបស់មនុស្សជាតិមានកម្រិតណាទៅ? ការដេញតាមឋានៈ និងអំណាច បានបណ្ដាលឱ្យឪពុក និងកូនប្រុស ក៏ដូចជាបងប្អូនប្រុស ប្រែជាប្រឆាំងគ្នា និងកាប់សម្លាប់គ្នាទៅវិញទៅមក។ វាបានធ្វើឱ្យម្ដាយ និងកូនស្រី ស្អប់គ្នាទៅវិញទៅមក។ តើនរណាអាចទុកចិត្តគ្នាបានទៅ? គ្មានបុគ្គលណាដែលអាចពឹងផ្អែកបានទាំងស្រុងឡើយ មានតែអ្នកដែលរាងអាចប្រើបានប៉ុណ្ណោះ។ មិនថាអ្នកប្រើនរណាក៏ដោយ វិធីតែមួយគត់ដើម្បីការពារកុំឱ្យមានកំហុស គឺតាមរយៈការឃ្លាំមើល ឬការមើលការខុសត្រូវលើបុគ្គលនោះ។ ហេតុនេះ «កុំសង្ស័យមនុស្សដែលអ្នកប្រើ ហើយកុំប្រើមនុស្សដែលអ្នកសង្ស័យ» គឺជាពាក្យពោលដែលបញ្ឆោតខ្លួនឯង។ វាជារឿងមិនសមហេតុផល ជាទស្សនៈខុសទំនង ហើយមិនអាចយកជាការបានទាល់តែសោះ។ ហេតុអ្វីបានជាព្រះជាម្ចាស់សម្ដែងចេញសេចក្ដីពិត និងធ្វើកិច្ចការនៃការជំនុំជម្រះ ដើម្បីបន្សុទ្ធ និងសង្គ្រោះមនុស្សជាតិនៅគ្រាចុងក្រោយ? គឺដោយសារតែមនុស្សជាតិត្រូវបានធ្វើឱ្យពុករលួយយ៉ាងជ្រាលជ្រៅ។ គ្មាននរណាម្នាក់ដែលចុះចូលនឹងព្រះជាម្ចាស់ដោយពិតប្រាកដឡើយ ហើយគ្មាននរណាម្នាក់ស័ក្ដិសមនឹងឱ្យព្រះជាម្ចាស់ប្រើឡើយ។ ហេតុនេះ ព្រះជាម្ចាស់តម្រូវម្ដងហើយម្ដងទៀតឱ្យមនុស្សធ្វើជាមនុស្សស្មោះត្រង់។ គឺដោយសារតែមនុស្សលោកបោកបញ្ឆោតខ្លាំងពេក ទើបពួកគេពោរពេញទៅដោយនិស្ស័យពុករលួយរបស់សាតាំង ហើយមានធម្មជាតិរបស់សាតាំង។ ពួកគេមិនអាចទប់ខ្លួនឯងមិនឱ្យប្រព្រឹត្តបាប និងធ្វើសេចក្ដីអាក្រក់បានឡើយ ហើយពួកគេអាចទាស់ទទឹង និងក្បត់ព្រះជាម្ចាស់បាននៅគ្រប់ទីកន្លែង និងគ្រប់ពេលវេលា។ គ្មាននរណាម្នាក់នៅក្នុងចំណោមមនុស្សពុករលួយដែលអាចយកមកប្រើប្រាស់ ឬគួរឱ្យទុកចិត្តបានឡើយ។ វាពិតជាលំបាកណាស់ក្នុងការជ្រើសរើស និងប្រើប្រាស់នរណាម្នាក់ពីក្នុងចំណោមមនុស្សជាតិ! ទីមួយ វាមិនអាចទៅរួចឡើយសម្រាប់មនុស្សក្នុងការយល់ពីនរណាម្នាក់យ៉ាងពិតប្រាកដបាន។ ទីពីរ មនុស្សមិនអាចមើលធ្លុះអ្នកដទៃបានឡើយ ទីបី ស្ថិតក្នុងកាលៈទេសៈពិសេស វារឹតតែមិនអាចទៅរួចទៅទៀតសម្រាប់មនុស្សក្នុងការទប់ ឬគ្រប់គ្រងអ្នកដទៃ។ ស្ថិតក្នុងស្ថានភាពបែបនេះ ការស្វែងរកនរណាម្នាក់ដើម្បីយកមកប្រើប្រាស់ គឺជារឿងដែលលំបាកធ្វើបំផុត។ ហេតុដូច្នេះហើយ ពាក្យពោល «កុំសង្ស័យមនុស្សដែលអ្នកប្រើ ហើយកុំប្រើមនុស្សដែលអ្នកសង្ស័យ» គឺខុសឆ្គងយ៉ាងខ្លាំង ហើយមិនជាក់ស្ដែងទាល់តែសោះ។ ការជ្រើសរើស និងការប្រើប្រាស់នរណាម្នាក់ដោយផ្អែកលើពាក្យពោលនេះ គឺគ្រាន់តែចាំឱ្យគេបោកបញ្ឆោតប៉ុណ្ណោះ។ នរណាក៏ដោយដែលចាត់ទុកពាក្យពោលនេះថាត្រឹមត្រូវ និងជាសេចក្ដីពិត គឺជាមនុស្សដែលល្ងង់ខ្លៅបំផុត។ តើពាក្យពោលនេះពិតជាអាចដោះស្រាយការលំបាកក្នុងការប្រើប្រាស់អ្នកដទៃបានដែរឬទេ? មិនអាចទាល់តែសោះ។ វាគ្រាន់តែជាវិធីលួងលោមខ្លួនឯង ជាការបោកបញ្ឆោតខ្លួនឯង និងបោកប្រាស់ខ្លួនឯងប៉ុណ្ណោះ។
មកដល់ចំណុចនេះក្នុងការប្រកបគ្នារបស់យើង តើអ្នករាល់គ្នាមានការយល់ដឹងជាមូលដ្ឋានដែរឬទេថា តើពាក្យពោល «កុំសង្ស័យមនុស្សដែលអ្នកប្រើ ហើយកុំប្រើមនុស្សដែលអ្នកសង្ស័យ» ត្រឹមត្រូវឬក៏អត់នោះ? តើពាក្យពោលនេះជាសេចក្ដីពិតដែរឬទេ? (មិនមែនទេ។) ចុះវាជាអ្វីទៅវិញ? (ជាទស្សនវិជ្ជារបស់សាតាំង។) និយាយឱ្យកាន់តែច្បាស់ទៅ ពាក្យពោលនេះធ្វើជាលេសសម្រាប់នរណាម្នាក់ដែលចង់ទម្លុះចេញ ឬរំដោះខ្លួនចេញពីការមើលការខុសត្រូវ ឬការត្រួតពិនិត្យរបស់អ្នកដទៃ វាក៏ជាល្បិចបិទបាំងដែលមនុស្សអាក្រក់ទាំងអស់ផ្សព្វផ្សាយ ដើម្បីការពារផលប្រយោជន៍ផ្ទាល់ខ្លួន និងសម្រេចគោលដៅផ្ទាល់ខ្លួនរបស់ពួកគេផងដែរ។ ពាក្យពោលនេះគឺជាលេសសម្រាប់អស់អ្នកដែលមានចេតនាបង្កប់ដ៏អាក្រក់ ក្នុងការធ្វើអ្វីតាមតែអំពើចិត្តរបស់ពួកគេ។ វាក៏ជាទស្សនៈខុសទំនងមួយដែលមនុស្សបែបនេះផ្សព្វផ្សាយ ដើម្បីគេចចេញយ៉ាងសមហេតុសមផលពីការមើលការខុសត្រូវ ការត្រួតពិនិត្យ និងការថ្កោលទោសនៃយុត្តិធម៌សីលធម៌ និងមនសិការផងដែរ។ ក៏ប៉ុន្តែ ឥឡូវនេះ មានមនុស្សមួយចំនួនដែលជឿថា ពាក្យពោល «កុំសង្ស័យមនុស្សដែលអ្នកប្រើ ហើយកុំប្រើមនុស្សដែលអ្នកសង្ស័យ» គឺជាក់ស្ដែង និងត្រឹមត្រូវ។ តើមនុស្សបែបនេះមានការញែកដឹងដែរឬទេ? តើពួកគេយល់ពីសេចក្ដីពិតដែរឬទេ? តើគំនិត និងទស្សនៈរបស់មនុស្សបែបនេះមានបញ្ហាដែរឬទេ? ប្រសិនបើនរណាម្នាក់នៅក្នុងពួកជំនុំផ្សព្វផ្សាយពាក្យពោលនេះ គេធ្វើដូច្នេះដោយមានចេតនា គេកំពុងព្យាយាមបំភាន់អ្នកដទៃ។ គេកំពុងប៉ុនប៉ងប្រើប្រាស់ពាក្យពោល «កុំសង្ស័យមនុស្សដែលអ្នកប្រើ ហើយកុំប្រើមនុស្សដែលអ្នកសង្ស័យ» ដើម្បីបំបាត់ការបារម្ភ ឬការសង្ស័យរបស់អ្នកដទៃទៅលើគេ។ អត្ថន័យបង្កប់នោះគឺថា គេចង់ឱ្យអ្នកដទៃទុកចិត្តថាគេអាចធ្វើកិច្ចការបាន ទុកចិត្តថាគេគឺជាមនុស្សដែលអាចយកមកប្រើប្រាស់បាន។ តើនេះមិនមែនជាចេតនា និងគោលដៅរបស់គេទេឬ? ច្បាស់ជាបែបនេះហើយ។ គេគិតក្នុងចិត្តថា៖ «អ្នករាល់គ្នាមិនដែលទុកចិត្តខ្ញុំទេ ហើយតែងតែសង្ស័យខ្ញុំជានិច្ច។ នៅពេលណាមួយ អ្នករាល់គ្នាប្រហែលជានឹងរកឃើញបញ្ហាបន្តិចបន្តួចរបស់ខ្ញុំ ហើយដកហូតតំណែងខ្ញុំមិនខាន។ តើឱ្យខ្ញុំធ្វើកិច្ចការយ៉ាងម៉េចកើត ប្រសិនបើរឿងនេះតែងតែនៅក្នុងគំនិតខ្ញុំរហូតនោះ?» ដូច្នេះ បុគ្គលនោះក៏ផ្សព្វផ្សាយទស្សនៈនេះ ដើម្បីឱ្យដំណាក់របស់ព្រះជាម្ចាស់ទុកចិត្តគេដោយគ្មានការសង្ស័យ ហើយបណ្ដោយឱ្យគេធ្វើកិច្ចការដោយសេរី ហេតុនេះ គេក៏អាចសម្រេចគោលដៅរបស់ខ្លួនបាន។ ប្រសិនបើនរណាម្នាក់ពិតជាកំពុងដេញតាមសេចក្ដីពិតមែន គេគួរតែប្រព្រឹត្តឱ្យបានត្រឹមត្រូវចំពោះការមើលការខុសត្រូវនៃដំណាក់របស់ព្រះជាម្ចាស់លើកិច្ចការរបស់គេ នៅពេលគេឃើញរឿងនេះ ដោយដឹងថាការណ៍នេះគឺដើម្បីការពារខ្លួនគេផ្ទាល់ ហើយអ្វីដែលសំខាន់ជាងនេះទៅទៀតនោះ វាក៏ជាការទទួលខុសត្រូវចំពោះកិច្ចការនៃដំណាក់របស់ព្រះជាម្ចាស់ផងដែរ។ ទោះបីជាគេអាចនឹងបញ្ចេញឱ្យឃើញសេចក្ដីពុករលួយរបស់ខ្លួនក៏ដោយ ក៏គេអាចអធិដ្ឋានទៅកាន់ព្រះជាម្ចាស់ ដើម្បីទូលសូមឱ្យព្រះជាម្ចាស់ពិនិត្យពិច័យ និងការពារគេ ឬស្បថចំពោះព្រះជាម្ចាស់ថា គេនឹងទទួលយកការដាក់ទោសរបស់ទ្រង់ ប្រសិនបើគេធ្វើសេចក្ដីអាក្រក់។ តើបែបនេះមិនធ្វើឱ្យចិត្តរបស់គេស្ងប់សុខទេឬ? ហេតុអ្វីបានជាផ្សព្វផ្សាយទស្សនៈខុសទំនង ដើម្បីបំភាន់មនុស្ស និងសម្រេចគោលបំណងផ្ទាល់ខ្លួនទៅវិញ? អ្នកដឹកនាំ និងអ្នកធ្វើការមួយចំនួន តែងតែមានអាកប្បកិរិយាទាស់ទទឹងចំពោះការមើលការខុសត្រូវនៃរាស្ដ្ររើសតាំងរបស់ព្រះជាម្ចាស់ ឬការខិតខំប្រឹងប្រែងរបស់អ្នកដឹកនាំ និងអ្នកធ្វើការថ្នាក់លើ ក្នុងការស្វែងយល់ពីកិច្ចការរបស់ពួកគេ។ តើពួកគេគិតយ៉ាងណា? «”កុំសង្ស័យមនុស្សដែលអ្នកប្រើ ហើយកុំប្រើមនុស្សដែលអ្នកសង្ស័យ”។ ហេតុអ្វីបានជាអ្នករាល់គ្នាតែងតែមើលការខុសត្រូវខ្ញុំរហូតដូច្នេះ? ហេតុអ្វីបានជាអ្នករាល់គ្នាប្រើប្រាស់ខ្ញុំ ប្រសិនបើអ្នករាល់គ្នាមិនទុកចិត្តខ្ញុំផងនោះ?» ប្រសិនបើអ្នកសួរនាំពីកិច្ចការរបស់ពួកគេ ឬសាកសួរអំពីវឌ្ឍនភាពរបស់កិច្ចការនោះ ហើយបន្ទាប់មកសួរនាំពីសភាពផ្ទាល់ខ្លួនរបស់ពួកគេ ពួកគេនឹងកាន់តែមានគំនិតការពារខ្លួន៖ «កិច្ចការនេះត្រូវបានផ្ទុកផ្ដាក់មកឱ្យខ្ញុំ វាស្ថិតនៅក្នុងដែនសមត្ថកិច្ចរបស់ខ្ញុំ។ ហេតុអ្វីបានជាអ្នករាល់គ្នាជ្រៀតជ្រែកក្នុងកិច្ចការរបស់ខ្ញុំ?» ទោះបីជាមិនហ៊ាននិយាយចំៗក៏ដោយ ក៏ពួកគេនឹងនិយាយបញ្ឆិតបញ្ឆៀងថា៖ «ដូចពាក្យពោលថា “កុំសង្ស័យមនុស្សដែលអ្នកប្រើ ហើយកុំប្រើមនុស្សដែលអ្នកសង្ស័យ”។ ហេតុអ្វីបានជាអ្នកជាមនុស្សដែលសង្ស័យច្រើនម្ល៉េះ?» ពួកគេថែមទាំងថ្កោលទោស និងចោទប្រកាន់អ្នកទៀតផង។ ចុះប្រសិនបើអ្នកមិនយល់ពីសេចក្ដីពិត ហើយគ្មានការញែកដឹងវិញ នោះនឹងទៅជាយ៉ាងណា? បន្ទាប់ពីបានឮការនិយាយបញ្ឆិតបញ្ឆៀងរបស់ពួកគេ អ្នកនឹងនិយាយថា៖ «តើខ្ញុំសង្ស័យច្រើនមែនទេ? បើអ៊ីចឹង ខ្ញុំខុសហើយ។ ខ្ញុំជាមនុស្សបោកបញ្ឆោតទេតើ! អ្នកនិយាយត្រូវ៖ “កុំសង្ស័យមនុស្សដែលអ្នកប្រើ ហើយកុំប្រើមនុស្សដែលអ្នកសង្ស័យ”។ ដោយហេតុនេះ តើអ្នកមិនត្រូវបានបំភាន់ទេឬ? តើពាក្យពោល «កុំសង្ស័យមនុស្សដែលអ្នកប្រើ ហើយកុំប្រើមនុស្សដែលអ្នកសង្ស័យ» ស្របតាមសេចក្ដីពិតដែរឬទេ? អត់ទេ វាមិនសមហេតុផលសោះ! មនុស្សទុច្ចរិតទាំងនេះពិសពុល និងបោកបញ្ឆោត។ ពួកគេលើកយកពាក្យពោលនេះមកធ្វើជាសេចក្ដីពិត ដើម្បីបំភាន់មនុស្សមានគំនិតច្របូកច្របល់។ ពេលបានឮពាក្យពោលនេះ មនុស្សមានគំនិតច្របូកច្របល់ ក៏ត្រូវបានបំភាន់ពិតមែន ហើយគេក៏វង្វេងវង្វាន់ ដោយគិតថា៖ «គាត់និយាយត្រូវ ខ្ញុំបានធ្វើខុសចំពោះបុគ្គលនេះហើយ។ គាត់ផ្ទាល់ក៏បាននិយាយថា៖ “កុំសង្ស័យមនុស្សដែលអ្នកប្រើ ហើយកុំប្រើមនុស្សដែលអ្នកសង្ស័យ”។ តើខ្ញុំម្ដេចនឹងអាចសង្ស័យគាត់បានទៅ? កិច្ចការមិនអាចត្រូវបានធ្វើឡើងតាមរបៀបនេះទេ។ ខ្ញុំត្រូវតែលើកទឹកចិត្តគាត់ ដោយមិនចាំបាច់សួរនាំពីកិច្ចការរបស់គាត់ឡើយ។ ដោយសារខ្ញុំកំពុងប្រើប្រាស់គាត់ ខ្ញុំត្រូវទុកចិត្តគាត់ ហើយបណ្ដោយឱ្យគាត់ធ្វើកិច្ចការដោយសេរីចុះ ដោយមិនរឹតត្បិតគាត់ឡើយ។ ខ្ញុំត្រូវផ្ដល់ឱកាសឱ្យគាត់បញ្ចេញសមត្ថភាព។ គាត់មានសមត្ថភាពក្នុងការធ្វើការងារនេះ។ ហើយទោះបីជាគាត់គ្មានសមត្ថភាពក៏ដោយ ក៏នៅមានព្រះវិញ្ញាណបរិសុទ្ធកំពុងធ្វើការដែរ!» តើនេះជាតក្កវិជ្ជាប្រភេទណាទៅ? តើមានចំណុចណាមួយនៅក្នុងនេះស្របតាមសេចក្ដីពិតដែរឬទេ? (គ្មានទេ។) ពាក្យសម្ដីទាំងអស់នេះស្ដាប់ទៅហាក់ដូចជាត្រឹមត្រូវ។ «យើងមិនអាចរឹតត្បិតអ្នកដទៃបានទេ»។ «មនុស្សមិនអាចធ្វើអ្វីបានឡើយ គឺព្រះវិញ្ញាណបរិសុទ្ធទេដែលធ្វើអ្វីៗគ្រប់យ៉ាង។ ព្រះវិញ្ញាណបរិសុទ្ធពិនិត្យពិច័យអ្វីៗគ្រប់យ៉ាង។ យើងមិនចាំបាច់សង្ស័យទេ ពីព្រោះព្រះជាម្ចាស់ជាអ្នកគ្រប់គ្រងទាំងស្រុង»។ ប៉ុន្តែ តើទាំងនេះជាពាក្យសម្ដីប្រភេទណាទៅ? តើមនុស្សដែលនិយាយពាក្យសម្ដីទាំងនេះ មិនមែនជាមនុស្សមានគំនិតច្របូកច្របល់ទេឬ? ពួកគេមិនអាចមើលធ្លុះសូម្បីតែរឿងប៉ុណ្ណឹង ហើយត្រូវបានបំភាន់ដោយសារតែពាក្យសម្ដីមួយប្រយោគប៉ុណ្ណោះ។ វាជារឿងត្រឹមត្រូវក្នុងការនិយាយថា មនុស្សភាគច្រើនចាត់ទុកឃ្លា «កុំសង្ស័យមនុស្សដែលអ្នកប្រើប្រាស់ ហើយក៏កុំប្រើប្រាស់មនុស្សដែលអ្នកសង្ស័យដែរ» ថាជាសេចក្ដីពិត ហើយពួកគេត្រូវបានបំភាន់ និងជាប់ចំណងដោយឃ្លានេះ។ ពួកគេត្រូវបានរំខាន និងរងឥទ្ធិពលដោយឃ្លានេះ នៅពេលជ្រើសរើស ឬប្រើប្រាស់មនុស្ស ហើយថែមទាំងបណ្ដោយឱ្យឃ្លានេះត្រួតត្រាលើទង្វើរបស់ពួកគេទៀតផង។ ជាលទ្ធផល អ្នកដឹកនាំ និងអ្នកធ្វើការជាច្រើន តែងតែមានការលំបាក និងការមានការរអែងចិត្ត នៅពេលណាដែលពួកគេត្រួតពិនិត្យមើលកិច្ចការពួកជំនុំ និងដំឡើងឋានៈ និងប្រើប្រាស់មនុស្ស។ នៅទីបំផុត អ្វីដែលពួកគេអាចធ្វើបាន គឺគ្រាន់តែលួងចិត្តខ្លួនឯងដោយពាក្យថា «កុំសង្ស័យមនុស្សដែលអ្នកប្រើប្រាស់ ហើយក៏កុំប្រើប្រាស់មនុស្សដែលអ្នកសង្ស័យដែរ» ប៉ុណ្ណោះ។ រាល់ពេលដែលពួកគេពិនិត្យ ឬសាកសួរអំពីកិច្ចការ ពួកគេគិតថា៖ «“កុំសង្ស័យមនុស្សដែលអ្នកប្រើប្រាស់ ហើយក៏កុំប្រើប្រាស់មនុស្សដែលអ្នកសង្ស័យដែរ”។ ខ្ញុំគួរតែទុកចិត្តបងប្អូនប្រុសស្រីរបស់ខ្ញុំ ហើយយ៉ាងណាមិញ ព្រះវិញ្ញាណបរិសុទ្ធពិនិត្យពិច័យមនុស្ស ដូច្នេះ ខ្ញុំមិនគួរចេះតែសង្ស័យ និងមើលការខុសត្រូវអ្នកដទៃរហូតនោះទេ»។ ពួកគេបានរងឥទ្ធិពលដោយឃ្លានេះហើយ តើមែនទេ? តើមានផលវិបាកអ្វីខ្លះ ដែលបង្កឡើងដោយឥទ្ធិពលនៃឃ្លានេះ? ជាដំបូង ប្រសិនបើមាននរណាម្នាក់ប្រកាន់យកគំនិត «កុំសង្ស័យមនុស្សដែលអ្នកប្រើប្រាស់ ហើយក៏កុំប្រើប្រាស់មនុស្សដែលអ្នកសង្ស័យដែរ» នេះ តើពួកគេនឹងពិនិត្យ និងចង្អុលបង្ហាញកិច្ចការរបស់អ្នកដទៃដែរឬទេ? តើពួកគេនឹងមើលការខុសត្រូវ និងតាមដានកិច្ចការរបស់មនុស្សដែរឬទេ? ប្រសិនបើបុគ្គលនេះទុកចិត្តមនុស្សគ្រប់គ្នាដែលពួកគេប្រើប្រាស់ ហើយមិនដែលពិនិត្យ ឬចង្អុលបង្ហាញពួកគេនៅក្នុងកិច្ចការរបស់ពួកគេ ហើយមិនដែលមើលការខុសត្រូវពួកគេសោះ តើពួកគេកំពុងបំពេញភារកិច្ចរបស់ខ្លួនដោយស្មោះត្រង់ដែរឬទេ? តើពួកគេអាចអនុវត្តកិច្ចការពួកជំនុំប្រកបដោយសមត្ថភាព និងសម្រេចបាននូវការផ្ទុកផ្ដាក់របស់ព្រះជាម្ចាស់ដែរឬទេ? តើពួកគេកំពុងស្មោះត្រង់ចំពោះការផ្ទុកផ្ដាក់របស់ព្រះជាម្ចាស់ដែរឬទេ? ទីពីរ នេះមិនមែនគ្រាន់តែជាការបរាជ័យក្នុងការកាន់តាមព្រះបន្ទូលរបស់ព្រះជាម្ចាស់ និងការបំពេញភារកិច្ចរបស់អ្នកប៉ុណ្ណោះទេ តែនេះគឺជាការយកឧបាយកល និងទស្សនៈវិជ្ជាសម្រាប់ការរស់នៅក្នុងលោកិយ៍របស់សាតាំង មកចាត់ទុកដូចជាសេចក្ដីពិត ហើយដើរតាម និងអនុវត្តវា។ អ្នកកំពុងស្ដាប់បង្គាប់សាតាំង និងរស់នៅតាមទស្សនៈវិជ្ជាបែបសាតាំងហើយ តើមែនទេ? អ្នកមិនមែនជាមនុស្សដែលចុះចូលនឹងព្រះជាម្ចាស់ឡើយ ហើយកាន់តែមិនមែនជាមនុស្សដែលប្រតិបត្តិតាមព្រះបន្ទូលរបស់ព្រះជាម្ចាស់ទៅទៀតផង។ អ្នកគឺជាមនុស្សពាលទាំងស្រុង។ ការទុកព្រះបន្ទូលរបស់ព្រះជាម្ចាស់មួយឡែក ហើយបែរជាយកឃ្លារបស់សាតាំងមកអនុវត្តជាសេចក្ដីពិតវិញ គឺជាការក្បត់សេចក្ដីពិត និងក្បត់ព្រះជាម្ចាស់ហើយ! អ្នកធ្វើការនៅក្នុងដំណាក់របស់ព្រះជាម្ចាស់ ប៉ុន្តែគោលការណ៍សម្រាប់ការប្រព្រឹត្ដិរបស់អ្នក គឺជាតក្កវិជ្ជា និងទស្សនៈវិជ្ជាបែបសាតាំងសម្រាប់ការរស់នៅក្នុងលោកិយ៍ទៅវិញ តើអ្នកជាមនុស្សប្រភេទណាទៅ? នេះគឺជាមនុស្សដែលក្បត់ព្រះជាម្ចាស់ និងជាមនុស្សដែលនាំភាពអាប់ឱនដល់ព្រះជាម្ចាស់យ៉ាងធ្ងន់ធ្ងរ។ តើសារជាតិនៃទង្វើនេះគឺជាអ្វី? គឺជាការថ្កោលទោសព្រះជាម្ចាស់យ៉ាងចំហ និងការបដិសេធសេចក្ដីពិតយ៉ាងចំហ។ តើនោះមិនមែនជាសារជាតិរបស់វាទេឬអី? (មែនហើយ។) ក្រៅពីមិនធ្វើតាមបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ អ្នកកំពុងអនុញ្ញាតឱ្យពាក្យសម្ដីរបស់អារក្សសាតាំង និងទស្សនវិជ្ជារបស់សាតាំងសម្រាប់ការរស់នៅក្នុងលោកិយនេះ រីករាលដាលពាសពេញក្នុងពួកជំនុំ។ ក្នុងការធ្វើបែបនេះ អ្នកក្លាយជាគូកនរបស់សាតាំង ជួយសាតាំងក្នុងការអនុវត្តសកម្មភាពរបស់វានៅក្នុងពួកជំនុំ ព្រមទាំងរំខាន និងបង្អាក់កិច្ចការពួកជំនុំ។ សារជាតិនៃបញ្ហានេះគឺធ្ងន់ធ្ងរណាស់ តើមែនទេ?
សព្វថ្ងៃនេះ អ្នកដឹកនាំ និងអ្នកធ្វើការភាគច្រើនមានផ្ទុកជាតិពុលរបស់សាតាំងនៅក្នុងចិត្តរបស់ពួកគេ ហើយនៅតែរស់នៅតាមទស្សនវិជ្ជាបែបសាតាំងដដែល ហើយមានព្រះបន្ទូលរបស់ព្រះជាម្ចាស់តិចតួចណាស់ដែលកាន់អំណាចនៅក្នុងចិត្តរបស់ពួកគេ។ កិច្ចការរបស់អ្នកដឹកនាំ និងអ្នកធ្វើការជាច្រើនមានបញ្ហា ពួកគេមិនដែលពិនិត្យ ឬមើលការខុសត្រូវកិច្ចការឡើយ បន្ទាប់ពីបានរៀបចំចាត់ចែងកិច្ចការរួច ទោះបីជាតាមពិតទៅ ពួកគេដឹងក្នុងចិត្តថា មនុស្សមួយចំនួនមិនអាចធ្វើកិច្ចការនោះបាន ហើយថាបញ្ហាប្រាកដជានឹងកើតឡើងក៏ដោយ។ ក៏ប៉ុន្តែ ដោយមិនដឹងពីរបៀបដោះស្រាយបញ្ហានេះ ពួកគេគ្រាន់តែប្រកាន់យកទស្សនៈថា «កុំសង្ស័យមនុស្សដែលអ្នកប្រើ ហើយកុំប្រើមនុស្សដែលអ្នកសង្ស័យ» និងធ្វើឱ្យតែរួចពីដៃ ថែមទាំងមានភាពស្ងប់ចិត្តទៀតផង។ ការណ៍នេះនាំឱ្យមនុស្សមួយចំនួនមិនអាចធ្វើកិច្ចការជាក់ស្ដែងបាន ហើយពួកគេគ្រាន់តែធ្វើខ្លួនឱ្យរវល់នឹងរឿងទូទៅ ដោយគ្រាន់តែធ្វើឱ្យតែបានៗប៉ុណ្ណោះ។ ជាលទ្ធផល ពួកគេធ្វើឱ្យកិច្ចការពួកជំនុំមានភាពរញ៉េរញ៉ៃ ហើយនៅកន្លែងខ្លះ សូម្បីតែតង្វាយថ្វាយព្រះជាម្ចាស់ក៏ត្រូវគេលួចដែរ។ រាស្ដ្ររើសតាំងរបស់ព្រះជាម្ចាស់ ដែលមិនអាចទ្រាំមើលរឿងនេះបាន ក៏រាយការណ៍រឿងនេះទៅខាងលើ។ អ្នកដឹកនាំក្លែងក្លាយនោះ ពេលបានដឹងពីរឿងនេះ ក៏ស្រឡាំងកាំង ហើយមានអារម្មណ៍ហាក់ដូចជាមហន្តរាយកំពុងខិតជិតមកដល់។ បន្ទាប់មក ខាងលើក៏សួរគាត់ថា៖ «ហេតុអ្វីបានជាអ្នកមិនពិនិត្យមើលកិច្ចការ? ហេតុអ្វីបានជាអ្នកប្រើមនុស្សខុស?» អ្នកដឹកនាំក្លែងក្លាយនោះក៏ឆ្លើយតបថា៖ «ខ្ញុំមិនអាចមើលធ្លុះសារជាតិរបស់មនុស្សទេ ដូច្នេះ ខ្ញុំគ្រាន់តែធ្វើតាមគោលការណ៍ “កុំសង្ស័យមនុស្សដែលអ្នកប្រើ ហើយកុំប្រើមនុស្សដែលអ្នកសង្ស័យ” ប៉ុណ្ណោះ។ ខ្ញុំមិនដែលនឹកស្មានសោះថាប្រើមនុស្សខុស ហើយបង្កឱ្យមានមហន្តរាយបែបនេះឡើយ។ តើអ្នករាល់គ្នាជឿថាទស្សនៈ «កុំសង្ស័យមនុស្សដែលអ្នកប្រើប្រាស់ ហើយក៏កុំប្រើប្រាស់មនុស្សដែលអ្នកសង្ស័យដែរ» នេះត្រឹមត្រូវដែរឬទេ? តើឃ្លានេះជាសេចក្ដីពិតដែរឬទេ? ហេតុអ្វីបានជាគាត់ប្រើឃ្លានេះនៅក្នុងកិច្ចការនៃដំណាក់របស់ព្រះជាម្ចាស់ និងក្នុងការបំពេញភារកិច្ចរបស់គាត់ទៅវិញ? តើបញ្ហានៅត្រង់ណា? «កុំសង្ស័យមនុស្សដែលអ្នកប្រើប្រាស់ ហើយក៏កុំប្រើប្រាស់មនុស្សដែលអ្នកសង្ស័យដែរ» ច្បាស់ណាស់គឺជាសម្ដីរបស់អ្នកគ្មានជំនឿ ជាពាក្យសម្ដីដែលមកពីសាតាំង ដូច្នេះ ហេតុអ្វីបានជាគាត់ចាត់ទុកពាក្យទាំងនេះថាជាសេចក្ដីពិតទៅវិញ? ហេតុអ្វីបានជាគាត់មិនអាចបែងចែកដឹងថា ពាក្យទាំងនេះខុស ឬត្រូវ? ពាក្យទាំងនេះគឺជាពាក្យសម្ដីរបស់មនុស្សយ៉ាងច្បាស់ ជាពាក្យសម្ដីរបស់មនុស្សជាតិដែលពុករលួយ ពាក្យទាំងនេះមិនមែនជាសេចក្ដីពិតទាល់តែសោះ វាផ្ទុយស្រឡះពីព្រះបន្ទូលរបស់ព្រះជាម្ចាស់ ហើយមិនគួរយកមកធ្វើជាលក្ខណៈវិនិច្ឆ័យសម្រាប់សកម្មភាពរបស់មនុស្ស ការប្រព្រឹត្តខ្លួន និងការថ្វាយបង្គំព្រះជាម្ចាស់ឡើយ។ ដូច្នេះ តើគួរដោះស្រាយចំពោះឃ្លានេះដោយរបៀបណា? ប្រសិនបើអ្នកពិតជាមានសមត្ថភាពក្នុងការវែកញែកមែន តើអ្នកគួរប្រើគោលការណ៍សេចក្ដីពិតបែបណាដើម្បីជំនួសវា សម្រាប់ធ្វើជាគោលការណ៍នៃការអនុវត្តរបស់អ្នក? គឺគួរតែ «បំពេញភារកិច្ចរបស់អ្នកឱ្យបានល្អ ដោយអស់ពីចិត្ត អស់ពីព្រលឹង និងអស់ពីគំនិតរបស់អ្នក»។ ការធ្វើដោយអស់ពីចិត្ត អស់ពីព្រលឹង និងអស់ពីគំនិត គឺមិនត្រូវទទួលរងការដាក់កម្រិតពីនរណាម្នាក់ឡើយ គឺត្រូវមានចិត្តតែមួយ និងគំនិតតែមួយប៉ុណ្ណោះ ហើយគ្មានអ្វីលើសពីនេះទេ។ នេះគឺជាការទទួលខុសត្រូវរបស់អ្នក និងជាភារកិច្ចរបស់អ្នក ហើយអ្នកគួរតែបំពេញវាឱ្យបានល្អ ដ្បិតការធ្វើបែបនេះ គឺត្រឹមត្រូវឥតខ្ចោះតាមធម្មជាតិ។ មិនថាអ្នកជួបប្រទះបញ្ហាអ្វីក៏ដោយ អ្នកគួរតែធ្វើតាមគោលការណ៍។ ត្រូវដោះស្រាយបញ្ហាទាំងនោះតាមរបៀបដែលអ្នកគួរធ្វើ ប្រសិនបើត្រូវលួសកាត់ ក៏លួសកាត់ចុះ ហើយប្រសិនបើត្រូវដកហូតតំណែង ក៏ដកហូតតំណែងចុះ។ សរុបសេចក្ដីមក ត្រូវធ្វើដោយផ្អែកលើព្រះបន្ទូលរបស់ព្រះជាម្ចាស់ និងលើសេចក្ដីពិត។ តើនេះមិនមែនជាគោលការណ៍ទេឬអី? តើនេះមិនមែនផ្ទុយស្រឡះពីឃ្លា «កុំសង្ស័យមនុស្សដែលអ្នកប្រើប្រាស់ ហើយក៏កុំប្រើប្រាស់មនុស្សដែលអ្នកសង្ស័យដែរ» ទេឬអី? តើការដែលមិនសង្ស័យមនុស្សដែលអ្នកប្រើប្រាស់ ហើយក៏មិនប្រើប្រាស់មនុស្សដែលអ្នកសង្ស័យ មានន័យដូចម្តេច? វាមានន័យថា ប្រសិនបើអ្នកបានប្រើប្រាស់មនុស្សម្នាក់ហើយ អ្នកមិនគួរ សង្ស័យគេទេ អ្នកគួរតែលែងដៃ មិនមើលការខុសត្រូវគេ ហើយបណ្ដោយឱ្យគេធ្វើតាមចិត្តរបស់គេ ហើយប្រសិនបើអ្នកសង្ស័យគេ នោះអ្នកមិនគួរប្រើប្រាស់គេឡើយ។ តើនេះមិនមែនជាអត្ថន័យរបស់វាទេឬអី? រឿងនេះគឺខុសឆ្គងយ៉ាងធ្ងន់ធ្ងរ។ មនុស្សជាតិត្រូវបានសាតាំងធ្វើឱ្យពុករលួយយ៉ាងជ្រៅ។ មនុស្សម្នាក់ៗមាននិស្ស័យបែបសាតាំង ហើយអាចក្បត់ព្រះជាម្ចាស់ និងទាស់ទទឹងនឹងព្រះជាម្ចាស់បាន។ អ្នកអាចនិយាយបានថា គ្មាននរណាម្នាក់អាចទុកចិត្តបានឡើយ។ ទោះបីជាមនុស្សម្នាក់ស្បថស្បែដល់មេឃដីយ៉ាងណាក៏ដោយ ក៏គ្មានប្រយោជន៍អ្វីដែរ ពីព្រោះមនុស្សត្រូវបានដាក់កម្រិតដោយនិស្ស័យពុករលួយរបស់ពួកគេ ហើយមិនអាចគ្រប់គ្រងខ្លួនឯងបានឡើយ។ ពួកគេត្រូវតែទទួលយកការជំនុំជម្រះ និងការវាយផ្ចាលរបស់ព្រះជាម្ចាស់ មុនពេលពួកគេអាចដោះស្រាយបញ្ហានៃនិស្ស័យពុករលួយរបស់ពួកគេបាន ហើយដោះស្រាយបញ្ហានៃការទាស់ទទឹង និងការក្បត់ព្រះជាម្ចាស់របស់ពួកគេបានយ៉ាងហ្មត់ចត់ ពោលគឺដោះស្រាយឫសគល់នៃអំពើបាបរបស់មនុស្ស។ អស់អ្នកណាដែលមិនទាន់បានឆ្លងកាត់ការជំនុំជម្រះ និងការបន្សុទ្ធរបស់ព្រះជាម្ចាស់ ហើយមិនទាន់ទទួលបានសេចក្ដីសង្គ្រោះ គឺមិនអាចទុកចិត្តបានឡើយ។ ពួកគេមិនស័ក្តិសមនឹងទទួលបានការទុកចិត្តទេ។ ហេតុដូច្នេះហើយ នៅពេលដែលអ្នកប្រើប្រាស់នរណាម្នាក់ អ្នកត្រូវតែមើលការខុសត្រូវ និងចង្អុលបង្ហាញពួកគេ។ ម្យ៉ាងទៀត អ្នកត្រូវតែលួសកាត់ពួកគេ និងឧស្សាហ៍ប្រកបគ្នាអំពីសេចក្ដីពិត ហើយមានតែតាមរបៀបនេះទេ ទើបអ្នកអាចមើលឃើញច្បាស់ថា តើពួកគេអាចបន្តត្រូវបានប្រើប្រាស់ទៀតឬអត់។ ប្រសិនបើមានមនុស្សមួយចំនួនដែលអាចទទួលយកសេចក្ដីពិត ទទួលយកការលួសកាត់ អាចបំពេញភារកិច្ចរបស់ពួកគេដោយស្មោះត្រង់ និងមានការរីកចម្រើនជាបន្តបន្ទាប់នៅក្នុងជីវិតរបស់ពួកគេ នោះមានតែមនុស្សទាំងនេះទេ ទើបពិតជាអាចប្រើប្រាស់បាន។ អស់អ្នកដែលពិតជាអាចប្រើប្រាស់បាន មានការបញ្ជាក់ពីកិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធ។ មនុស្សដែលគ្មានកិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធ គឺមិនអាចពឹងផ្អែកបានឡើយ។ ពួកគេគឺជាអ្នកធ្វើការដោយកម្លាំង និងជាអ្នកស៊ីឈ្នួល។ នៅពេលនិយាយដល់ការជ្រើសរើសអ្នកដឹកនាំ និងអ្នកធ្វើការ សមាមាត្រដ៏ខ្ពស់គួរសមនៃពួកគេ យ៉ាងហោចណាស់ក៏ជាងពាក់កណ្ដាលដែរ ត្រូវបានជម្រុះចោល ខណៈដែលមានតែភាគតិចប៉ុណ្ណោះដែលត្រូវបានចាត់ទុកថាអាចប្រើប្រាស់បាន ឬស័ក្ដិសមនឹងឱ្យប្រើ នេះគឺជាការពិត។ អ្នកដឹកនាំពួកជំនុំមួយចំនួន មិនដែលមើលការខុសត្រូវ ឬត្រួតពិនិត្យកិច្ចការរបស់អ្នកដទៃឡើយ ហើយមិនខ្វល់ខ្វាយពីកិច្ចការនោះទេ នៅពេលពួកគេបានប្រកបគ្នា ឬរៀបចំចាត់ចែងកិច្ចការរួច។ ផ្ទុយទៅវិញ ពួកគេធ្វើតាមពាក្យពោល «កុំសង្ស័យមនុស្សដែលអ្នកប្រើ ហើយកុំប្រើមនុស្សដែលអ្នកសង្ស័យ» ថែមទាំងនិយាយប្រាប់ខ្លួនឯងថា «ទុកឱ្យព្រះជាម្ចាស់ធ្វើរឿងដែលនៅសល់ចុះ»។ បន្ទាប់មក ពួកគេក៏ចាប់ផ្ដើមសោយសុខនឹងភាពស្រណុកសុខស្រួល និងធូរស្រាល ដោយមិនសួរនាំពីរឿងនេះ ហើយមិនអើពើនឹងរឿងនេះឡើយ។ តាមរយៈការធ្វើការរបៀបនេះ តើពួកគេមិនមែនកំពុងតែធ្វើឱ្យតែរួចពីដៃទេឬ? តើពួកគេមានស្មារតីទទួលខុសត្រូវខ្លះដែរឬទេ? តើមនុស្សបែបនេះមិនមែនជាអ្នកដឹកនាំក្លែងក្លាយទេឬ? ព្រះជាម្ចាស់តម្រូវឱ្យមនុស្សបំពេញភារកិច្ចរបស់ខ្លួនឱ្យអស់ពីចិត្ត អស់ពីព្រលឹង អស់ពីគំនិត និងអស់ពីកម្លាំងរបស់ពួកគេ។ អ្វីដែលព្រះជាម្ចាស់តម្រូវពីមនុស្ស នោះហើយជាសេចក្ដីពិត។ ប្រសិនបើអ្នកដឹកនាំ និងអ្នកធ្វើការធ្វើតាមពាក្យសម្ដីរបស់ពួកអារក្ស និងសាតាំង ជាជាងព្រះបន្ទូលរបស់ព្រះជាម្ចាស់ នៅពេលធ្វើការ ឬបំពេញភារកិច្ចរបស់ពួកគេ តើនេះមិនមែនជាការបង្ហាញចេញនៃការទាស់ទទឹង និងការក្បត់ព្រះជាម្ចាស់ទេឬ? ហេតុអ្វីបានជានៅពេលបោះឆ្នោតជ្រើសរើសអ្នកដឹកនាំ និងអ្នកធ្វើការ ដំណាក់របស់ព្រះជាម្ចាស់ត្រូវតែជ្រើសរើសតែមនុស្សដែលអាចទទួលយកសេចក្ដីពិត មនុស្សល្អដែលមានមនសិការ និងវិចារណញ្ញាណ ព្រមទាំងអស់អ្នកដែលមានគុណសម្បត្តិល្អ និងអាចរ៉ាប់រងកិច្ចការ? គឺដោយសារតែមនុស្សជាតិត្រូវបានធ្វើឱ្យពុករលួយយ៉ាងជ្រាលជ្រៅ ហើយស្ទើរតែគ្មាននរណាម្នាក់អាចប្រើប្រាស់បានឡើយ។ លុះត្រាតែនរណាម្នាក់មានការការហ្វឹកហាត់ និងការបណ្ដុះបណ្ដាលជាច្រើនឆ្នាំ បើមិនដូច្នេះទេ គេធ្វើរឿងនានាដោយគ្មានប្រសិទ្ធភាពទាល់តែសោះ ហើយមានការលំបាកយ៉ាងខ្លាំងក្នុងការបំពេញភារកិច្ចរបស់ខ្លួនឱ្យបានល្អ ហើយគេត្រូវតែឆ្លងកាត់ការជំនុំជម្រះ ការវាយផ្ចាល និងការលួសកាត់ជាច្រើនលើកច្រើនសា មុនពេលគេស័ក្ដិសមនឹងឱ្យប្រើ។ មនុស្សភាគច្រើនត្រូវបានបើកសម្ដែង និងជម្រុះចោលក្នុងអំឡុងពេលនៃការហ្វឹកហាត់របស់ពួកគេ ហើយអ្នកដឹកនាំ និងអ្នកធ្វើការត្រូវបានជម្រុះចោលក្នុងអត្រាដ៏ខ្ពស់គួរឱ្យកត់សម្គាល់។ ហេតុអ្វីបានជាបែបនេះ? គឺដោយសារតែមនុស្សជាតិត្រូវបានសាតាំងធ្វើឱ្យពុករលួយយ៉ាងជ្រាលជ្រៅខ្លាំងពេក។ មនុស្សភាគច្រើនមិនស្រឡាញ់សេចក្ដីពិតទេ ហើយពួកគេក៏មិនបំពេញតាមស្ដង់ដានៃមនសិការ និងវិចារណញ្ញាណដែរ។ ដូច្នេះ ពួកគេភាគច្រើនមិនអាចប្រើប្រាស់បានឡើយ។ ពួកគេត្រូវតែជឿលើព្រះជាម្ចាស់អស់រយៈពេលជាច្រើនឆ្នាំ ហើយយល់ពីសេចក្ដីពិតបន្តិចបន្តួច ទើបអាចបំពេញភារកិច្ចមួយចំនួនបាន។ នេះគឺជាតថភាពនៃមនុស្សជាតិពុករលួយ។ ដូច្នេះ ដោយផ្អែកលើចំណុចនេះ យើងអាចសន្និដ្ឋានបានថា ឃ្លា «កុំសង្ស័យមនុស្សដែលអ្នកប្រើ ហើយកុំប្រើមនុស្សដែលអ្នកសង្ស័យ» គឺខុសទាំងស្រុង ហើយគ្មានតម្លៃជាក់ស្ដែងទាល់តែសោះ។ យើងអាចនិយាយដោយប្រាកដបានថា «កុំសង្ស័យមនុស្សដែលអ្នកប្រើ ហើយកុំប្រើមនុស្សដែលអ្នកសង្ស័យ» គឺជាជំនឿខុសឆ្គង និងជាទស្សនៈខុសទំនង។ វាគឺជាពាក្យពោលរបស់អារក្ស ជាទស្សនវិជ្ជាបែបសាតាំង ហើយការកំណត់លក្ខណៈបែបនេះគឺសមស្របទាំងស្រុង។ ព្រះជាម្ចាស់មិនដែលបានមានព្រះបន្ទូលអ្វីមួយដែលមានន័យថា «មនុស្សជាតិពុករលួយអាចទុកចិត្តបាន» នោះឡើយ។ ទ្រង់តែងតែតម្រូវឱ្យមនុស្សធ្វើជាមនុស្សស្មោះត្រង់ ដែលបញ្ជាក់ថា មានមនុស្សស្មោះត្រង់តិចតួចណាស់នៅក្នុងចំណោមមនុស្សជាតិទាំងអស់ ថាគ្រប់គ្នាអាចនិយាយកុហក និងបោកប្រាស់បាន ហើយថាគ្រប់គ្នាមាននិស្ស័យបោកបញ្ឆោត។ លើសពីនេះទៅទៀត ព្រះជាម្ចាស់បានមានព្រះបន្ទូលថា លទ្ធភាពដែលមនុស្សជាតិពុករលួយនឹងក្បត់ព្រះជាម្ចាស់ គឺមួយរយភាគរយ។ ទោះបីជាព្រះជាម្ចាស់ប្រើប្រាស់មនុស្សម្នាក់ក៏ដោយ ក៏បុគ្គលនោះត្រូវតែឆ្លងកាត់ការលួសកាត់អស់រយៈពេលជាច្រើនឆ្នាំដែរ ហើយសូម្បីតែក្នុងពេលកំពុងត្រូវបានប្រើប្រាស់ ក៏គេត្រូវតែឆ្លងកាត់ការជំនុំជម្រះ និងការវាយផ្ចាលអស់រយៈពេលជាច្រើនឆ្នាំ ដើម្បីត្រូវបានបន្សុទ្ធដែរ។ ឥឡូវនេះ ជុរអ្នករាល់គ្នាប្រាប់ខ្ញុំមកមើល៍ តើពិតជាមាននរណាម្នាក់ដែលអាចពឹងផ្អែកបានដែរឬទេ? គ្មាននរណាម្នាក់ហ៊ាននិយាយដូច្នេះឡើយ។ ហើយតើការដែលគ្មាននរណាម្នាក់ហ៊ាននេះ បញ្ជាក់ពីអ្វី? វាបញ្ជាក់ថា មនុស្សទាំងអស់សុទ្ធតែមិនអាចពឹងផ្អែកបានឡើយ។ ដូច្នេះ ចូរយើងត្រឡប់ទៅរកឃ្លា «កុំសង្ស័យមនុស្សដែលអ្នកប្រើ ហើយកុំប្រើមនុស្សដែលអ្នកសង្ស័យ» វិញ។ តើវាខុសត្រង់ណា? តើវាមានភាពខុសទំនងត្រង់ណា? តើវាមិនច្បាស់ដោយខ្លួនឯងហើយទេឬ? ប្រសិនបើនរណាម្នាក់នៅតែជឿថា ពាក្យពោលនេះត្រឹមត្រូវ ឬអាចអនុវត្តបានតាមវិធីណាមួយ នោះគេច្បាស់ជាមនុស្សដែលខ្វះសេចក្ដីពិត ហើយប្រាកដជាមនុស្សដែលខុសទំនងមិនខាន។ ថ្ងៃនេះ អ្នករាល់គ្នាអាចកត់សម្គាល់ឃើញថាឃ្លានេះមានបញ្ហា ហើយកំណត់ថាវាជាទស្សនៈខុសទំនង ហើយនេះគឺដោយសារតែអ្នករាល់គ្នាបានដកបទពិសោធកិច្ចការរបស់ព្រះជាម្ចាស់ទាំងស្រុង ហើយឥឡូវនេះអាចមើលឃើញកាន់តែច្បាស់ និងទទួលបានការយល់ដឹងកាន់តែច្បាស់អំពីសារជាតិនៃមនុស្សជាតិពុករលួយ។ គឺដោយសារតែរឿងនេះហើយ ទើបអ្នករាល់គ្នាអាចបដិសេធចោលទាំងស្រុងនូវឃ្លារបស់អារក្សនេះ នៃជំនឿខុសឆ្គង និងទស្សនៈខុសទំនង។ ប្រសិនបើមិនមែនដោយសារកិច្ចការនៃការសង្គ្រោះរបស់ព្រះជាម្ចាស់ទេ អ្នករាល់គ្នាក៏នឹងត្រូវបំភាន់ដោយពាក្យពោលរបស់អារក្សសាតាំងនេះដែរ ហើយថែមទាំងប្រើវាហាក់ដូចជាវាជាពាក្យទំនៀមស្ដង់ដា ឬជាបាវចនាមួយទៀតផង។ តើវានឹងគួរឱ្យអាណិតយ៉ាងណាទៅ អ្នករាល់គ្នានឹងគ្មានតថភាពនៃសេចក្ដីពិតទាល់តែសោះ។
ឃ្លា «កុំសង្ស័យមនុស្សដែលអ្នកប្រើ ហើយកុំប្រើមនុស្សដែលអ្នកសង្ស័យ» គឺជាឃ្លាមួយដែលមនុស្សភាគច្រើនធ្លាប់បានឮពីមុនមក។ តើអ្នករាល់គ្នាជឿថាឃ្លានេះត្រឹមត្រូវ ឬក៏មិនត្រឹមត្រូវ? (មិនត្រឹមត្រូវទេ។) ដោយសារអ្នករាល់គ្នាជឿថាវាមិនត្រឹមត្រូវ ហេតុអ្វីបានជាឃ្លានេះនៅតែអាចជះឥទ្ធិពលដល់អ្នករាល់គ្នានៅក្នុងជីវិតពិតបាន? នៅពេលរឿងបែបនេះកើតឡើងចំពោះអ្នករាល់គ្នា ទស្សនៈនេះនឹងលេចចេញមក។ វានឹងរំខានអ្នករាល់គ្នាក្នុងកម្រិតណាមួយ ហើយនៅពេលទស្សនៈនេះរំខានអ្នករាល់គ្នា កិច្ចការរបស់អ្នករាល់គ្នានឹងរងផលប៉ះពាល់។ ដូច្នេះ ប្រសិនបើអ្នកជឿថាវាមិនត្រឹមត្រូវ ហើយបានកំណត់ថាវាមិនត្រឹមត្រូវ ចុះហេតុអ្វីបានជាអ្នកនៅតែរងឥទ្ធិពលពីវា ហើយហេតុអ្វីបានជាអ្នកនៅតែប្រើវាដើម្បីលួងចិត្តខ្លួនឯងទៀត? (ពីព្រោះមនុស្សមិនយល់ពីសេចក្ដីពិតទេ ពួកគេមិនអាចអនុវត្តតាមព្រះបន្ទូលរបស់ព្រះជាម្ចាស់បានឡើយ ដូច្នេះ ពួកគេនឹងយកទស្សនវិជ្ជាសម្រាប់ការប្រព្រឹត្តក្នុងលោកីយ៍របស់សាតាំង ធ្វើជាគោលការណ៍ ឬលក្ខខណ្ឌវិនិច្ឆ័យសម្រាប់ការអនុវត្តរបស់ខ្លួន។) នេះគឺជាមូលហេតុមួយ។ តើមានមូលហេតុផ្សេងទៀតទេ? (ពីព្រោះឃ្លានេះរាងស្របទៅនឹងផលប្រយោជន៍ខាងសាច់ឈាមរបស់មនុស្ស ហើយពួកគេនឹងប្រព្រឹត្តតាមឃ្លានេះដោយឯកឯង នៅពេលពួកគេមិនយល់ពីសេចក្ដីពិត។) មនុស្សមិនត្រឹមតែបែបនេះនៅពេលពួកគេមិនយល់ពីសេចក្ដីពិតប៉ុណ្ណោះទេ សូម្បីតែពេលដែលពួកគេយល់ពីសេចក្ដីពិតក៏ដោយ ក៏ពួកគេប្រហែលជាមិនអាចអនុវត្តស្របតាមសេចក្ដីពិតបានដែរ។ វាជារឿងត្រឹមត្រូវដែលថា ឃ្លានេះ «រាងស្របទៅនឹងផលប្រយោជន៍ខាងសាច់ឈាមរបស់មនុស្ស»។ មនុស្សសុខចិត្តធ្វើតាមល្បិចកល ឬទស្សនវិជ្ជាសម្រាប់ការប្រព្រឹត្តក្នុងលោកីយ៍បែបសាតាំង ដើម្បីការពារផលប្រយោជន៍ខាងសាច់ឈាមរបស់ពួកគេផ្ទាល់ ជាជាងអនុវត្តសេចក្ដីពិត។ ម្យ៉ាងទៀត ពួកគេមានមូលដ្ឋានក្នុងការធ្វើបែបនេះ។ តើមូលដ្ឋាននេះជាអ្វី? គឺថា ឃ្លានេះត្រូវបានមហាជនទទួលយកយ៉ាងទូលំទូលាយថាជារឿងត្រឹមត្រូវ។ នៅពេលពួកគេធ្វើរឿងនានាស្របតាមឃ្លានេះ ទង្វើរបស់ពួកគេអាចមានភាពត្រឹមត្រូវនៅចំពោះមុខអ្នកដទៃទាំងអស់ ហើយពួកគេអាចរួចផុតពីការរិះគន់។ មិនថាមើលពីទស្សនៈសីលធម៌ ឬទស្សនៈច្បាប់ ឬក៏ពីទស្សនៈនៃសញ្ញាណប្រពៃណីនោះទេ ក៏វាគឺជាទស្សនៈ និងការអនុវត្តមួយដែលសមហេតុផល។ ហេតុនេះ នៅពេលអ្នកមិនសុខចិត្តអនុវត្តសេចក្ដីពិត ឬនៅពេលអ្នកមិនយល់ពីសេចក្ដីពិត អ្នកសុខចិត្តប្រមាថព្រះជាម្ចាស់ បំពានសេចក្ដីពិត ហើយដកថយទៅកន្លែងមួយដែលមិនឆ្លងដែនកំណត់សីលធម៌។ ហើយតើកន្លែងនេះជាអ្វី? វាគឺជាដែនកំណត់ដែលអ្នក «កុំសង្ស័យមនុស្សដែលអ្នកប្រើ ហើយកុំប្រើមនុស្សដែលអ្នកសង្ស័យ»។ ការដកថយទៅកន្លែងនេះ ហើយប្រព្រឹត្តស្របតាមឃ្លានេះ នឹងផ្ដល់ឱ្យអ្នកនូវភាពស្ងប់ចិត្ត។ ហេតុអ្វីបានជាការធ្វើបែបនេះផ្ដល់ឱ្យអ្នកនូវភាពស្ងប់ចិត្ត? គឺដោយសារតែអ្នកផ្សេងទៀតក៏គិតបែបនេះដែរ។ លើសពីនេះទៅទៀត ចិត្តរបស់អ្នកក៏មានផ្ទុកនូវសញ្ញាណដែលថា ពេលមនុស្សគ្រប់គ្នាជាជនល្មើស នោះច្បាប់មិនអាចយកមកអនុវត្តបានទេ ហើយអ្នកគិតថា៖ «មនុស្សគ្រប់គ្នាគិតបែបនេះ។ ប្រសិនបើខ្ញុំអនុវត្តស្របតាមឃ្លានេះ ទោះបីជាព្រះជាម្ចាស់ថ្កោលទោសខ្ញុំក៏មិនអីដែរ ព្រោះយ៉ាងណាក៏ខ្ញុំមិនអាចមើលឃើញព្រះជាម្ចាស់ ឬប៉ះព្រះវិញ្ញាណបរិសុទ្ធបានឡើយ។ យ៉ាងហោចណាស់ នៅក្នុងក្រសែភ្នែករបស់អ្នកដទៃ ខ្ញុំនឹងត្រូវបានគេមើលឃើញថាជាមនុស្សដែលមានលក្ខណៈជាមនុស្ស ជាមនុស្សដែលមានមនសិការបន្តិចបន្តួច»។ អ្នកជ្រើសរើសក្បត់សេចក្ដីពិត ដើម្បីតែ «លក្ខណៈជាមនុស្ស» ទាំងនេះ ដើម្បីតែឱ្យមនុស្សមើលមកអ្នកដោយគ្មានក្រសែភ្នែកប្រទូសរ៉ាយ។ បន្ទាប់មក មនុស្សគ្រប់គ្នានឹងគិតល្អពីអ្នក អ្នកនឹងមិនត្រូវគេរិះគន់ឡើយ ហើយអ្នកនឹងរស់នៅក្នុងជីវិតដ៏សុខស្រួល និងមានភាពស្ងប់ចិត្ត អ្វីដែលអ្នកស្វែងរក គឺភាពស្ងប់ចិត្តនេះឯង។ តើភាពស្ងប់ចិត្តនេះ គឺជាការបង្ហាញចេញនៃក្ដីស្រឡាញ់របស់មនុស្សចំពោះសេចក្ដីពិតដែរឬទេ? (អត់ទេ មិនមែនទេ។) ដូច្នេះ តើនេះជានិស្ស័យប្រភេទណាទៅ? តើវាមានផ្ទុកសេចក្ដីបញ្ឆោតដែរឬទេ? មែនហើយ វាមានសេចក្ដីបញ្ឆោតនៅក្នុងនោះ។ អ្នកបានគិតអំពីរឿងនេះខ្លះៗហើយ ហើយអ្នកដឹងថាឃ្លា «កុំសង្ស័យមនុស្សដែលអ្នកប្រើ ហើយកុំប្រើមនុស្សដែលអ្នកសង្ស័យ» គឺមិនត្រឹមត្រូវទេ ថាវាមិនមែនជាសេចក្ដីពិតឡើយ។ ចុះហេតុអ្វីបានជា នៅពេលអ្នកទាល់ច្រក អ្នកនៅតែមិនជ្រើសរើសសេចក្ដីពិត ប៉ុន្តែបែរជាប្រកាន់ខ្ជាប់តាមឃ្លាទស្សនវិជ្ជាមួយដែលចេញមកពីវប្បធម៌ប្រពៃណី ជាឃ្លាដែលមនុស្សងាយនឹងទទួលយកបំផុតទៅវិញ? ហេតុអ្វីបានជាអ្នកជ្រើសរើសរឿងនេះ? នេះគឺទាក់ទងនឹងគំនិតដ៏ស្មុគស្មាញរបស់មនុស្ស ហើយនៅពេលមនុស្សមានគំនិតស្មុគស្មាញ តើវាពាក់ព័ន្ធនឹងនិស្ស័យប្រភេទណា? (សេចក្ដីទុច្ចរិត។) ក្រៅពីសេចក្ដីទុច្ចរិត នៅមានពាក់ព័ន្ធនឹងទិដ្ឋភាពមួយទៀតនៅត្រង់នេះ។ អ្នកមិនទទួលស្គាល់ទាំងស្រុងថាឃ្លានេះត្រឹមត្រូវឡើយ ប៉ុន្តែអ្នកនៅតែអាចប្រកាន់ខ្ជាប់វា ហើយអ្នកបណ្ដោយឱ្យវាអូសទាញ និងគ្រប់គ្រងអ្នក។ មានរឿងមួយដែលប្រាកដនៅត្រង់នេះគឺ៖ អ្នកស្អប់ខ្ពើមសេចក្ដីពិត ហើយអ្នកមិនមែនជាមនុស្សដែលស្រឡាញ់សេចក្ដីពិតឡើយ។ តើនេះមិនមែនជានិស្ស័យទេឬ? (មែនហើយជានិស្ស័យ។) រឿងនេះគឺប្រាកដខ្លាំងណាស់។ មនុស្សរងឥទ្ធិពលពីទស្សនៈជាច្រើននៅពេលពួកគេធ្វើរឿងនានា ហើយតាមពិតទៅ ទោះបីជាអ្នកប្រហែលជាមិនជឿក្នុងចិត្តថាទស្សនៈទាំងនោះត្រឹមត្រូវក៏ដោយ ក៏អ្នកនៅតែអាចគោរពតាម និងប្រកាន់ខ្ជាប់វាដដែល ដែលការណ៍នេះត្រូវបានជំរុញដោយនិស្ស័យណាមួយ។ ទោះបីជាអ្នកជឿថាទស្សនៈទាំងនេះមិនត្រឹមត្រូវក៏ដោយ ក៏អ្នកនៅតែអាចរងឥទ្ធិពល រងការអូសទាញ និងត្រូវវាគ្រប់គ្រងដោយឧបាយកលដដែល។ នេះជានិស្ស័យដ៏ទុច្ចរិត។ ឧទាហរណ៍៖ មនុស្សមួយចំនួនប្រើប្រាស់គ្រឿងញៀន ឬលេងល្បែងស៊ីសង ស្របពេលដែលពួកគេក៏និយាយថា ការប្រើប្រាស់គ្រឿងញៀន និងការលេងល្បែងស៊ីសងគឺជារឿងមិនល្អ ហើយថែមទាំងទូន្មានអ្នកដទៃកុំឱ្យធ្វើរឿងបែបនេះទៀតផង ក្រែងលោអ្នកទាំងនោះអាចបាត់បង់អ្វីៗគ្រប់យ៉ាង។ ពួកគេជឿថារឿងបែបនេះគឺខុស ថាវាជាអ្វីៗដែលអវិជ្ជមាន ប៉ុន្តែ តើពួកគេអាចបោះបង់ និងបញ្ឈប់វាបានដែរឬទេ? (មិនអាចទេ។) ពួកគេនឹងមិនអាចបញ្ឈប់ខ្លួនឯងបានជាដាច់ខាត ហើយពួកគេថែមទាំងនិយាយយ៉ាងចំហថា៖ «ការលេងល្បែងស៊ីសងក៏ជាវិធីរកលុយមួយដែរ ដូច្នេះ វាអាចក្លាយជាអាជីពមួយបាន»។ តើពួកគេមិនមែនគ្រាន់តែនិយាយធ្វើឱ្យវាល្អមើលទេឬ? តាមពិតទៅ ពួកគេគិតក្នុងចិត្តថា៖ «តើនេះជាអាជីពប្រភេទណាទៅ? ខ្ញុំបានបញ្ចាំរបស់មានតម្លៃទាំងអស់ដែលខ្ញុំមាន ហើយលុយដែលខ្ញុំរកបានពីវាក៏ចាញ់អស់។ នៅទីបំផុត គ្មានអ្នកលេងល្បែងណាម្នាក់អាចរស់នៅក្នុងជីវិតធម្មតាបានឡើយ»។ ចុះហេតុអ្វីបានជាពួកគេនៅតែនិយាយធ្វើឱ្យវាល្អមើលបែបនេះទៀត? ពីព្រោះពួកគេមិនអាចបញ្ឈប់បានឡើយ។ ហើយហេតុអ្វីបានជាពួកគេមិនអាចបញ្ឈប់បាន? ពីព្រោះវាស្ថិតនៅក្នុងធម្មជាតិរបស់ពួកគេ វាបានចាក់ឫសគល់នៅទីនោះរួចទៅហើយ។ ពួកគេត្រូវការរឿងនេះ ហើយមិនអាចបះបោរប្រឆាំងនឹងវាបានឡើយ នេះគឺជាធម្មជាតិរបស់ពួកគេ។ យើងបានប្រកបគ្នាច្រើនគួរសមហើយ អំពីឃ្លា «កុំសង្ស័យមនុស្សដែលអ្នកប្រើ ហើយកុំប្រើមនុស្សដែលអ្នកសង្ស័យ»។ តើបុគ្គលដែលរងឥទ្ធិពលពីឃ្លានេះ ដោយសារតែគេមានអារម្មណ៍ឆេវឆាវមួយពេលក្នុងការទទួលយកទស្សនៈបែបនេះ ឬក៏ដោយសារតែសាតាំងឆ្លៀតឱកាសពេលដែលគេធ្វេសប្រហែស ក៏បញ្ជ្រាបទស្សនៈបែបនេះទៅក្នុងបុគ្គលនេះ ដែលនាំឱ្យគេប្រព្រឹត្តស្របតាមនោះ? (មិនមែនទេ។) នេះគឺពាក់ព័ន្ធនឹងធម្មជាតិពុករលួយរបស់បុគ្គលនោះ ពួកគេជ្រើសរើសផ្លូវបែបនេះ ពីព្រោះរឿងនេះស្ថិតនៅក្នុងធម្មជាតិរបស់ពួកគេ។ បន្ទាប់ពីបានវែកញែកឃ្លា «កុំសង្ស័យមនុស្សដែលអ្នកប្រើ ហើយកុំប្រើមនុស្សដែលអ្នកសង្ស័យ» តាមរបៀបនេះ ឥឡូវនេះ អ្នករាល់គ្នាយល់ពីវាជាមូលដ្ឋានហើយ។ ឃ្លានេះត្រូវបានកំណត់លក្ខណៈថាជាទស្សនវិជ្ជាសម្រាប់ការប្រព្រឹត្តក្នុងលោកីយ៍របស់សាតាំង វាមិនមែនជាសេចក្ដីពិតទាល់តែសោះ។ តើវាមានទំនាក់ទំនងអ្វីជាមួយសេចក្ដីពិតដែរឬទេ? (គ្មានទេ។) វាពិតជាគ្មានទំនាក់ទំនងអ្វីជាមួយសេចក្ដីពិតទាល់តែសោះ ហើយវាត្រូវបានព្រះជាម្ចាស់ថ្កោលទោស។ វាមិនមែនជាសេចក្ដីពិតទេ វាចេញមកពីសាតាំង មិនមែនមកពីព្រះជាម្ចាស់ឡើយ។ គេអាចនិយាយដោយប្រាកដបានថា ឃ្លានេះគ្មានពាក់ព័ន្ធទាល់តែសោះជាមួយសេចក្ដីពិត ឬជាមួយលក្ខខណ្ឌវិនិច្ឆ័យសម្រាប់របៀបដែលអ្នកជឿលើព្រះជាម្ចាស់គួរធ្វើសកម្មភាព ប្រព្រឹត្តខ្លួន និងថ្វាយបង្គំព្រះជាម្ចាស់ឡើយ។ ឃ្លានេះត្រូវបានថ្កោលទោសទាំងស្រុង។ លក្ខណៈខុសទំនងនៃឃ្លានេះ គឺរាងច្បាស់លាស់ខ្លាំងណាស់ ដែលធ្វើឱ្យអ្នករាល់គ្នាងាយស្រួលក្នុងការញែកដឹងថា តើឃ្លានេះត្រឹមត្រូវឬក៏អត់។
II. ការវែកញែកអំពីគំនិតនៃ «ការដេកលើគំនរមែកឈើ និងលិទ្ធទឹកប្រមាត់»
ចូរយើងនិយាយអំពីពាក្យពោលមួយទៀតគឺ «ការដេកលើគំនរមែកឈើ និងលិទ្ធទឹកប្រមាត់»។ តើអ្នកណាអាចពន្យល់បានថា ពាក្យពោលនេះមានន័យដូចម្ដេច? (នៅក្នុងពាក្យពោល «ការដេកលើគំនរមែកឈើ និងលិទ្ធទឹកប្រមាត់» គំនរមែកឈើ សំដៅលើអុស ហើយទឹកប្រមាត់ សំដៅលើថង់ប្រមាត់។ ពាក្យពោលនេះនិយាយអំពីរបៀបដែល គូជាន ជាស្ដេចនៃនគរយៀក បានដេកនៅលើគំនរអុស និងលិទ្ធថង់ប្រមាត់ជារៀងរាល់ថ្ងៃ ហើយនិយាយពីរបៀបដែលទ្រង់ចង់សងសឹក ងើបឡើងវិញពីការបរាជ័យរបស់ទ្រង់ និងស្ដារនគររបស់ទ្រង់ឡើងវិញ។) អ្នកបានពន្យល់ពីប្រវត្តិរបស់ពាក្យពោលនេះ ដែលជាសាច់រឿងដើមនៃពាក្យពោលនេះ។ ជាធម្មតា នៅពេលពន្យល់ពីពាក្យពោលណាមួយ ក្រៅពីការពន្យល់ពីប្រវត្តិ អ្នកក៏ត្រូវតែពន្យល់ពីអត្ថន័យទូលំទូលាយរបស់ពាក្យពោលនោះ ថាតើវាជាឧបមានរូបារម្មណ៍សម្រាប់អ្វី នៅពេលមនុស្សប្រើប្រាស់វានៅក្នុងសម័យទំនើបនេះ។ សូមពន្យល់ម្ដងទៀតទៅមើល។ (វាជាឧបមានរូបារម្មណ៍សម្រាប់មនុស្សម្នាក់ដែលខិតខំប្រឹងប្រែងយ៉ាងខ្លាំង ហើយដែលតស៊ូ និងខិតខំធ្វើការដើម្បីសម្រេចគោលដៅ និងបំណងប្រាថ្នារបស់ខ្លួន។) ចុះតើគួរពន្យល់ពាក្យ «គំនរមែកឈើ» និង «ថង់ប្រមាត់» យ៉ាងដូចម្ដេចនៅក្នុងបរិបទនេះ? អ្នកមិនបានពន្យល់ពីអត្ថន័យទាំងពីរទិដ្ឋភាពនេះទេ។ បើមើលទៅពាក្យទាំងនេះ «គំនរមែកឈើ» សំដៅលើប្រភេទអុសដែលមានបន្លា។ ទ្រង់បានទម្រេតខ្លួនដេកនៅលើអុសដែលមានបន្លា រួចក៏រំលឹកខ្លួនឯងជារឿយៗអំពីកាលៈទេសៈ និងភាពអាម៉ាស់របស់ទ្រង់ ហើយរំលឹកខ្លួនឯងជារឿយៗអំពីបេសកកម្មដែលទ្រង់បានរែកពុន។ បន្ថែមពីនេះ ទ្រង់បានចងព្យួរថង់ប្រមាត់មួយពីលើពិដាន ហើយលិទ្ធវាជារៀងរាល់ថ្ងៃ។ តើមនុស្សភ្លក់ដឹងរសជាតិអ្វី នៅពេលពួកគេលិទ្ធថង់ប្រមាត់? (ភាពល្វីងជូរចត់។) វាច្បាស់ជាល្វីងខ្លាំងណាស់! ទ្រង់បានប្រើអារម្មណ៍នេះដើម្បីរំលឹកខ្លួនឯងកុំឱ្យភ្លេចសេចក្ដីស្អប់របស់ទ្រង់ កុំឱ្យភ្លេចបេសកកម្មរបស់ទ្រង់ និងកុំឱ្យភ្លេចបំណងប្រាថ្នារបស់ទ្រង់។ តើបំណងប្រាថ្នារបស់ទ្រង់គឺជាអ្វី? គឺកិច្ចការដ៏ធំធេងក្នុងការស្ដារនគររបស់ទ្រង់ឡើងវិញ។ តើជាធម្មតា ការដេកលើគំនរមែកឈើ និងលិទ្ធទឹកប្រមាត់ ជាឧបមានរូបារម្មណ៍សម្រាប់អ្វី? ជាធម្មតា វាជាឧបមានរូបារម្មណ៍សម្រាប់មនុស្សម្នាក់ដែលស្ថិតក្នុងកាលៈទេសៈអភ័ព្វ ប៉ុន្តែមិនភ្លេចបេសកកម្ម និងបំណងប្រាថ្នារបស់ខ្លួន ហើយដែលអាចលះបង់ដើម្បីបំណងប្រាថ្នា មហិច្ឆតា និងបេសកកម្មរបស់ខ្លួន។ នេះគឺជាអត្ថន័យប្រហាក់ប្រហែលរបស់វា។ នៅក្នុងក្រសែភ្នែករបស់មនុស្សលោកីយ៍ តើពាក្យពោល «ការដេកលើគំនរមែកឈើ និងលិទ្ធទឹកប្រមាត់» ជាពាក្យពោលវិជ្ជមាន ឬក៏អវិជ្ជមាន? (ជាពាក្យពោលវិជ្ជមាន។) ហេតុអ្វីបានជាវាត្រូវគេចាត់ទុកថាជាពាក្យពោលវិជ្ជមាន? វាអាចជំរុញទឹកចិត្តមនុស្សនៅកណ្ដាលទុក្ខលំបាក កុំឱ្យភ្លេចសេចក្ដីស្អប់របស់ពួកគេ កុំឱ្យភ្លេចភាពអាម៉ាស់របស់ពួកគេ និងធ្វើឱ្យពួកគេខិតខំធ្វើការ ហើយប្រឹងប្រែងដើម្បីក្លាយជាមនុស្សកាន់តែរឹងមាំ។ វាគឺជាពាក្យពោលដែលផ្ដល់ការលើកទឹកចិត្តគួរសមដែរ។ នៅក្នុងក្រសែភ្នែករបស់មនុស្សលោកីយ៍ នេះពិតជាពាក្យពោលវិជ្ជមានដោយឥតសង្ស័យឡើយ។ ប្រសិនបើមនុស្សប្រព្រឹត្តស្របតាមពាក្យពោលនេះ នោះប្រាកដណាស់ថា អ្វីដែលពួកគេធ្វើ កម្លាំងជំរុញចិត្តរបស់ពួកគេក្នុងការធ្វើរឿងនានា របៀបដែលពួកគេធ្វើរឿងនានា និងគោលការណ៍ដែលពួកគេប្រកាន់ខ្ជាប់ គឺត្រឹមត្រូវ និងវិជ្ជមាន។ ដោយនិយាយបែបនេះ ជាមូលដ្ឋានគឺពាក្យពោលនេះគ្មានអ្វីខុសនោះទេ ដូច្នេះ តើយើងចង់វែកញែកអំពីអ្វី តាមរយៈការលើកយកពាក្យពោលនេះមកនិយាយ? តើយើងចង់និយាយអំពីអ្វី? (យើងចង់វែកញែកពីរបៀបដែលពាក្យពោលនេះផ្ទុយនឹងសេចក្ដីពិត។) ត្រូវហើយ យើងចង់ញែកឱ្យដឹងថាតើវាជាសេចក្ដីពិត ឬក៏អត់។ ដោយសារតែពាក្យពោលនេះ «ត្រឹមត្រូវ» ខ្លាំង វាស័ក្តិសមឱ្យយើងវែកញែក និងផ្ទៀងផ្ទាត់ថាតើវា «ត្រឹមត្រូវ» តាមរបៀបណាខ្លះឱ្យប្រាកដ។ បន្ទាប់មក យើងនឹងមាននិយមន័យដ៏ត្រឹមត្រូវមួយអំពីវា ហើយអាចមើលឃើញថាតើវាពិតជាសេចក្ដីពិត ឬក៏អត់។ នេះគឺជាលទ្ធផលចុងក្រោយដែលយើងចង់សម្រេចឱ្យបាន។ ពាក្យពោល «ការដេកលើគំនរមែកឈើ និងលិទ្ធទឹកប្រមាត់» គឺជាច្បាប់នៃការរស់រានមានជីវិតដែលមនុស្សក្នុងកាលៈទេសៈពិសេសប្រកាន់ខ្ជាប់។ ជាដំបូង ចូរយើងបញ្ជាក់ឱ្យប្រាកដសិនថា តើពាក្យពោលនេះគឺជាសេចក្ដីពិតដែរឬទេ? (មិនមែនទេ។) ចូរយើងកុំចាប់ផ្ដើមនិយាយថាតើវាជាសេចក្ដីពិត ឬក៏អត់។ តាមអត្ថន័យត្រង់របស់វាដែលមនុស្សអាចមើលឃើញ ពាក្យពោលនេះមិនមានអត្ថន័យអវិជ្ជមានទេ។ ដូច្នេះ តើវាមានអត្ថន័យវិជ្ជមានអ្វីខ្លះ? វាអាចជំរុញទឹកចិត្តមនុស្ស ផ្ដល់ការតាំងចិត្តដល់ពួកគេ ធ្វើឱ្យពួកគេបន្តតស៊ូ មិនដកថយ មិនបាក់ទឹកចិត្ត និងមិនធ្វើជាមនុស្សកំសាក។ មានទិដ្ឋភាពមួយដែលវាមានប្រយោជន៍ជាវិជ្ជមាន។ ក៏ប៉ុន្តែ តើនៅក្នុងកាលៈទេសៈណាដែលមនុស្សចាំបាច់ត្រូវប្រកាន់ខ្ជាប់នូវគោលការណ៍នៃការប្រព្រឹត្តខ្លួន និងសកម្មភាពដែលមាននៅក្នុងពាក្យពោលនេះ? តើមានទំនាក់ទំនងដែរឬទេរវាងគោលការណ៍ដែលពាក្យពោលនេះប្រកាន់ខ្ជាប់ និងជំនឿលើព្រះជាម្ចាស់? តើមានទំនាក់ទំនងជាមួយនឹងការអនុវត្តសេចក្ដីពិតដែរឬទេ? តើមានទំនាក់ទំនងជាមួយនឹងការបំពេញភារកិច្ចរបស់ខ្លួនដែរឬទេ? តើមានទំនាក់ទំនងជាមួយនឹងការដើរតាមមាគ៌ារបស់ព្រះជាម្ចាស់ដែរឬទេ? (គ្មានទេ។) អ្នកសន្និដ្ឋានលឿនម៉្លេះ? តើអ្នករាល់គ្នាដឹងដោយរបៀបណាថាគ្មានទំនាក់ទំនងនោះ? (ព្រះបន្ទូលរបស់ព្រះជាម្ចាស់មិនបានថ្លែងបែបនោះទេ។) នោះគឺសាមញ្ញពេកហើយ ហើយជាការនិយាយដែលគ្មានការទទួលខុសត្រូវ។ នៅពេលអ្នកមិនយល់ ហើយនិយាយថា «ទោះជាយ៉ាងណាក៏ដោយ វាមិនមាននៅក្នុងព្រះបន្ទូលរបស់ព្រះជាម្ចាស់ទេ ហើយខ្ញុំមិនដឹងថាពាក្យពោលនេះមានន័យយ៉ាងណាទេ ដូច្នេះ ខ្ញុំនឹងមិនស្ដាប់វាឡើយ។ វាចង់និយាយអ្វីក៏និយាយទៅ ប៉ុន្តែខ្ញុំនឹងមិនជឿវាទេ» នេះគឺជាការនិយាយដែលគ្មានការទទួលខុសត្រូវ។ អ្នកត្រូវតែចាត់ទុកវាយ៉ាងម៉ត់ចត់។ ពេលដែលអ្នកបានចាត់ទុកវាយ៉ាងម៉ត់ចត់ យល់ពីវាយ៉ាងគ្រប់ជ្រុងជ្រោយ និងមានការញែកដឹងយ៉ាងពិតប្រាកដអំពីវា អ្នកនឹងមិនចាត់ទុកពាក្យពោលនេះជាសេចក្ដីពិតដាច់ខាត។ ឥឡូវនេះ ខ្ញុំមិនមែនកំពុងធ្វើឱ្យអ្នកបដិសេធភាពត្រឹមត្រូវនៃពាក្យស្លោកនេះទេ។ ផ្ទុយទៅវិញ ខ្ញុំកំពុងធ្វើឱ្យអ្នកយល់ថា ពាក្យពោលនេះមិនមែនជាសេចក្ដីពិតឡើយ ហើយបង្ហាញអ្នកថាតើសេចក្ដីពិតអ្វីខ្លះដែលអ្នកគួរតែយល់ និងរបៀបដែលអ្នកគួរប្រកាន់ខ្ជាប់នូវសេចក្ដីពិត នៅក្នុងកាលៈទេសៈដូចគ្នានេះ។ តើអ្នកយល់ទេ? ដូច្នេះ ចូរប្រាប់ខ្ញុំមកមើល៍ថាតើការយល់ដឹងរបស់អ្នករាល់គ្នាមានអ្វីខ្លះ។ (ការដេកលើគំនរមែកឈើ និងលិទ្ធទឹកប្រមាត់ គឺនិយាយអំពីរបៀបដែលមនុស្សគួរអនុវត្តនៅក្នុងពេលមានគ្រោះអកុសល ប៉ុន្តែនៅក្នុងដំណាក់របស់ព្រះជាម្ចាស់ ពាក្យថា «គ្រោះអកុសល» គឺមិនមានទេ។ នៅពេលព្រះជាម្ចាស់លាតត្រដាងមនុស្ស ឬដាក់ពួកគេឱ្យឆ្លងកាត់ការល្បងល វាសុទ្ធតែជាផ្នែកនៃដំណើរការរបស់ព្រះជាម្ចាស់ក្នុងការប្រោសឱ្យពួកគេគ្រប់លក្ខណ៍ ដែលនេះមិនមែនជាគ្រោះអកុសលឡើយ។ ពាក្យពោលនេះប្រាប់មនុស្សថា ពួកគេត្រូវតែចងចាំពីទុក្ខលំបាកដែលពួកគេបានទទួលរងនៅពេលនេះ ហើយយកអ្វីដែលបានបាត់បង់មកវិញនៅថ្ងៃអនាគត។ ការលើកឡើងនេះ គឺមិនសមហេតុផលឡើយនៅក្នុងដំណាក់របស់ព្រះជាម្ចាស់។ ខ្ញុំនឹងលើកឧទាហរណ៍មួយដែលមិនសូវសមរម្យបន្តិច៖ បន្ទាប់ពីត្រូវបានដកហូតតំណែង អ្នកដឹកនាំខ្លះប្រើឃ្លា «ការដេកលើគំនរមែកឈើ និងលិទ្ធទឹកប្រមាត់» ដើម្បីជំរុញទឹកចិត្តខ្លួនឯង ដោយនិយាយថា «ខ្ញុំនឹងរៀនសូត្រពី គូជាន ជាស្ដេចនៃនគរយៀក ហើយដេកលើគំនរមែកឈើ និងលិទ្ធទឹកប្រមាត់។ នឹងមានពេលមួយដែលខ្ញុំទទួលបានតំណែងចាស់របស់ខ្ញុំវិញ ហើយក្លាយជាអ្នកដឹកនាំម្ដងទៀត។ អ្នករាល់គ្នាចាំតែមើលទៅ! ឥឡូវនេះ អ្នករាល់គ្នារិះគន់ខ្ញុំ ដោយនិយាយថា ខ្ញុំអន់ត្រង់នេះ និងអន់ត្រង់នោះ។ ថ្ងៃណាមួយ ខ្ញុំនឹងយកមកវិញនូវអ្វីដែលខ្ញុំបានបាត់បង់ ហើយធ្វើឱ្យអ្នករាល់គ្នាឃើញពីសមត្ថភាពពិតរបស់ខ្ញុំ។ ប្រាកដជានឹងមានថ្ងៃមួយ ដែលភាពអាម៉ាស់ដែលខ្ញុំបានទទួលរងនៅពេលនេះ នឹងត្រូវបានលាងជម្រះឱ្យស្អាតមិនខាន!») នេះគឺជាឧទាហរណ៍ដ៏ល្អមួយ។ តើវាបានបំភ្លឺអ្នករាល់គ្នាដែរឬទេ? តើអ្នករាល់គ្នាធ្លាប់មានពេលដែលចង់ដេកលើគំនរមែកឈើ និងលិទ្ធទឹកប្រមាត់ដែរឬទេ? តើអ្នករាល់គ្នាធ្លាប់គិតចង់យកមកវិញនូវអ្វីដែលបានបាត់បង់ដែរឬទេ? (ធ្លាប់។ ខ្ញុំមានគំនិតទាំងនេះ នៅពេលមនុស្សបដិសេធទស្សនៈរបស់ខ្ញុំ។ ឧទាហរណ៍៖ នៅពេលខ្ញុំកំពុងពិភាក្សារឿងមួយចំនួនជាមួយបងប្អូនប្រុសស្រី ហើយពួកគេសង្ស័យលើទស្សនៈដែលខ្ញុំបានលើកឡើង នៅក្នុងចិត្តរបស់ខ្ញុំ ខ្ញុំមានអារម្មណ៍មិនព្រមទទួលស្គាល់ ហើយខ្ញុំគិតថា៖ «ថ្ងៃណាមួយ ខ្ញុំត្រូវតែធ្វើការងារឱ្យបានល្អ ហើយបង្ហាញឱ្យអ្នករាល់គ្នាឃើញ»។ បន្ទាប់មក ខ្ញុំក៏ទៅខិតខំប្រឹងប្រែងរៀនសូត្រពីផ្នែកនៃកិច្ចការនោះ ប៉ុន្តែនេះគឺជាផ្នត់គំនិតខុសឆ្គង។) នេះមិនមែនជាអាកប្បកិរិយានៃការទទួលយកសេចក្ដីពិត ការស្វែងរកសេចក្ដីពិត ឬការអនុវត្តសេចក្ដីពិតនោះទេ ប៉ុន្តែវាជាអាកប្បកិរិយានៃការរឹងរូស និងការចង់បញ្ជាក់អ្វីមួយប្រាប់អ្នកដទៃ ដែលនេះគឺជាអាកប្បកិរិយានៃការមិនព្រមទទួលស្គាល់បរាជ័យ។ អាកប្បកិរិយាប្រភេទនេះ ត្រូវបានចាត់ទុកថាវិជ្ជមាននៅក្នុងចំណោមមនុស្សជាតិ។ ការមិនដែលព្រមទទួលស្គាល់បរាជ័យ គឺជាប្រភេទនិស្ស័យដ៏ល្អមួយ ហើយវាមានន័យថា បុគ្គលម្នាក់មានភាពតស៊ូ ដូច្នេះ ហេតុអ្វីបានជានិយាយថា នេះមិនមែនជាការអនុវត្តសេចក្ដីពិតទៅវិញ? នោះក៏ព្រោះតែអាកប្បកិរិយារបស់បុគ្គលនោះនៅពេលធ្វើរឿងនានា ព្រមទាំងគោលការណ៍ និងកម្លាំងជំរុញចិត្តនៅពីក្រោយអ្វីដែលគេធ្វើ គឺមិនផ្អែកលើសេចក្ដីពិតឡើយ។ ផ្ទុយទៅវិញ គេផ្អែកលើពាក្យពោលនៅក្នុងវប្បធម៌ប្រពៃណី ដែលថា «ការដេកលើគំនរមែកឈើ និងលិទ្ធទឹកប្រមាត់»។ ទោះបីជាអាចនិយាយបានថា បុគ្គលនេះមានភាពលេចធ្លោខ្លាំង ហើយផ្នត់គំនិត និងអាកប្បកិរិយារបស់គេដែលចង់ឈ្នះ និងមិនព្រមទទួលស្គាល់បរាជ័យ ទទួលបានការគោរពពីមនុស្សនៅក្នុងលោកីយ៍ក៏ដោយ ក៏ប៉ុន្តែនៅចំពោះមុខសេចក្ដីពិត តើផ្នត់គំនិត និងនិស្ស័យបែបនេះគឺជាអ្វីទៅ? ពួកវាគឺតូចតាច និងអាក្រក់ខ្លាំងណាស់ ហើយព្រះជាម្ចាស់ស្អប់ខ្ពើមរឿងទាំងនេះ។ តើអ្នកផ្សេងទៀតមានអ្វីចង់ចែករំលែកដែរឬទេ? (នៅពេលខ្ញុំបំពេញភារកិច្ច ដោយសារតែខ្ញុំមិនស៊ាំនឹងផ្នែកនៃកិច្ចការនោះ ខ្ញុំគិតថាមនុស្សមិនចាត់ទុកខ្ញុំសំខាន់នោះទេ។ ដូច្នេះ នៅក្នុងចិត្តរបស់ខ្ញុំ ខ្ញុំលើកទឹកចិត្តខ្លួនឯងដោយស្ងាត់ៗថា៖ «ខ្ញុំត្រូវសិក្សាពីផ្នែកនៃកិច្ចការនេះឱ្យបានល្អ ហើយធ្វើឱ្យអ្នករាល់គ្នាឃើញថា តាមពិតខ្ញុំមានសមត្ថភាព»។ ជួនកាល នៅពេលមនុស្សចង្អុលបង្ហាញពីចំណុចខ្វះខាតនៅក្នុងភារកិច្ចរបស់ខ្ញុំ ខ្ញុំខិតខំប្រឹងប្រែងផ្លាស់ប្ដូរ។ ខ្ញុំស៊ូទ្រាំនឹងការលំបាក និងលះបង់ដើម្បីរៀនសូត្រពីកិច្ចការនោះ ហើយមិនថាខ្ញុំរងទុក្ខលំបាកខ្លាំងប៉ុនណាក៏ដោយ ក៏ខ្ញុំទ្រាំនឹងវាដែរ ប៉ុន្តែខ្ញុំមិនមែនកំពុងស្វែងរករបៀបបំពេញភារកិច្ចរបស់ខ្ញុំឱ្យបានល្អនោះទេ។ ផ្ទុយទៅវិញ ខ្ញុំចង់ឱ្យមានថ្ងៃមួយដែលខ្ញុំអាចធ្វើឱ្យអ្នកដទៃវាយតម្លៃខ្ញុំខ្ពស់ និងអាចទទួលបានការគោរពពីអ្នកដទៃ។ ខ្ញុំក៏មានសភាពមួយប្រភេទនៃការដេកលើគំនរមែកឈើ និងលិទ្ធទឹកប្រមាត់នេះដែរ។) តាមរយៈអ្វីដែលអ្នករាល់គ្នាបានចែករំលែក ខ្ញុំបានកត់សម្គាល់ឃើញបញ្ហាមួយ។ អ្នករាល់គ្នាបានជឿលើព្រះជាម្ចាស់អស់រយៈពេលមិនតិចឆ្នាំទេ បានលះបង់គ្រួសារ និងអាជីពរបស់អ្នករាល់គ្នា ហើយបានរងទុក្ខលំបាកមិនតិចនោះឡើយ ប៉ុន្តែទទួលបានផលតិចតួចណាស់។ អ្នករាល់គ្នាក៏មានសមត្ថភាពស៊ូទ្រាំនឹងការលំបាក និងលះបង់ខ្លួននៅក្នុងភារកិច្ចរបស់អ្នករាល់គ្នា ហើយមានសមត្ថភាពក្នុងការលះបង់តម្លៃផងដែរ ប៉ុន្តែហេតុអ្វីបានជាអ្នករាល់គ្នាមិនដែលរីកចម្រើននៅក្នុងសេចក្ដីពិតទាល់តែសោះ? ម្ដេចបានជាសេចក្ដីពិតដែលអ្នករាល់គ្នាយល់ មានតិចតួច និងរាក់កំភែលម៉្លេះ? មូលហេតុគឺដោយសារតែអ្នករាល់គ្នាមិនផ្ដោតសំខាន់លើសេចក្ដីពិត។ អ្នករាល់គ្នាតែងតែចង់ដេកលើគំនរមែកឈើ និងលិទ្ធទឹកប្រមាត់ ហើយចិត្តរបស់អ្នករាល់គ្នាពោរពេញទៅដោយកម្លាំងជំរុញចិត្តដើម្បីបញ្ជាក់ពីខ្លួនឯង។ ការដេកលើគំនរមែកឈើ និងលិទ្ធទឹកប្រមាត់ គឺជា «ដំបៅដ៏ធំ» មួយ តើអ្នកគិតថានេះជារឿងល្អដែរឬទេ? តើលទ្ធផលចុងក្រោយនៃការដេកលើគំនរមែកឈើ និងលិទ្ធទឹកប្រមាត់ គឺជាអ្វី? នៅពេលបុគ្គលម្នាក់ចង់បញ្ជាក់ថា គេមានសមត្ថភាព និងភាពប៉ិនប្រសប់ ថាគេមិនអន់ជាងអ្នកដទៃ និងមិនអាចចាញ់អ្នកណាម្នាក់ឡើយ នោះគេនឹងដេកលើគំនរមែកឈើ និងលិទ្ធទឹកប្រមាត់។ និយាយម្យ៉ាងទៀតគឺ «បុគ្គលម្នាក់ត្រូវតែស៊ូទ្រាំនឹងការលំបាកបំផុត ដើម្បីក្លាយជាមនុស្សអស្ចារ្យបំផុត»។ ដូច្នេះ តើការដេកលើគំនរមែកឈើ និងលិទ្ធទឹកប្រមាត់ បង្ហាញខ្លួនវាចេញមកតាមរបៀបណាខ្លះ? របៀបទីមួយដែលវាបង្ហាញចេញគឺ ការមិនព្រមទទួលស្គាល់បរាជ័យ។ ទីពីរគឺ ការស៊ូទ្រាំនឹងភាពអាម៉ាស់ និងការរែកពុនបន្ទុកដ៏ធ្ងន់។ អ្នករាល់គ្នាប្រហែលជាមិនប្រើពាក្យសម្ដីណាមួយដើម្បីជជែកវែកញែករឿងរ៉ាវជាមួយអ្នកដទៃ តបតនឹងពួកគេ ឬការពារខ្លួនឯងនោះទេ ប៉ុន្តែអ្នករាល់គ្នាខិតខំប្រឹងប្រែងដោយស្ងាត់ៗ។ តើជាការខិតខំប្រឹងប្រែងបែបណាទៅ? វាអាចជាការលះបង់ដែលអ្នករាល់គ្នាធ្វើគឺ៖ ការខិតខំធ្វើការរហូតដល់យប់ជ្រៅ ការក្រោកពីព្រលឹម ឬការអានព្រះបន្ទូលរបស់ព្រះជាម្ចាស់ និងការរៀនសូត្រអំពីផ្នែកនៃកិច្ចការរបស់អ្នករាល់គ្នា ខណៈពេលដែលអ្នកដទៃចេញទៅដើរលេងសប្បាយ ដោយអ្នករាល់គ្នាខិតខំប្រឹងប្រែងទ្វេដង។ តើនេះជាការរងទុក្ខលំបាកដែរឬទេ? នេះហើយដែលហៅថា ការដេកលើគំនរមែកឈើ និងលិទ្ធទឹកប្រមាត់។ តើរបៀបទីបីដែលវាបង្ហាញចេញគឺជាអ្វី? វាបង្ហាញចេញតាមរយៈការដែលមនុស្សមានមហិច្ឆតាដ៏ធំធេងមួយប្រភេទនៅក្នុងខ្លួនពួកគេ ហើយមិនរអ៊ូរទាំអំពីបញ្ហារបស់ពួកគេដោយសារតែមហិច្ឆតាដ៏ធំធេងនេះ។ ពួកគេចង់ប្រកាន់ខ្ជាប់នូវគោលដៅដែលពួកគេបានកំណត់ និងចង់សម្រេចឱ្យបាន ហើយចង់រក្សានូវឆន្ទៈប្រយុទ្ធនេះ។ តើឆន្ទៈប្រយុទ្ធនេះគឺជាអ្វី? ឧទាហរណ៍៖ ប្រសិនបើអ្នកចង់ក្លាយជាអ្នកដឹកនាំ ឬសម្រេចកិច្ចការណាមួយ អ្នកត្រូវតែរក្សាសភាពចិត្តនេះនៅខាងក្នុងជានិច្ច អ្នកមិនត្រូវភ្លេចការតាំងចិត្តរបស់អ្នក បេសកកម្មរបស់អ្នក មហិច្ឆតា និងសេចក្ដីប្រាថ្នារបស់អ្នកជាដាច់ខាត។ តើអ្នកនឹងពណ៌នាពីរឿងនេះក្នុងមួយប្រយោគយ៉ាងដូចម្ដេច? (កុំភ្លេចកម្លាំងជំរុញចិត្តដើមរបស់អ្នកក្នុងការធ្វើអ្វីមួយ។) ការមិនភ្លេចកម្លាំងជំរុញចិត្តដើមរបស់អ្នកក្នុងការធ្វើអ្វីមួយ គឺត្រឹមត្រូវហើយ ប៉ុន្តែវាមិនសូវមានអត្ថន័យខ្លាំងគ្រប់គ្រាន់នោះទេ។ (មានមហិច្ឆតាដ៏ធំធេងនៅក្នុងចិត្តរបស់អ្នក។) នោះគឺគ្រាន់បើជាង។ វាមានអារម្មណ៍បែបនោះបន្តិចក្នុងប្រយោគនេះ។ តើអ្នកអាចនិយាយពាក្យសម្ដីទាំងនេះក្នុងរបៀបមួយដែលកាន់តែត្រឹមត្រូវ និងខ្លីខ្លឹមជាងនេះយ៉ាងដូចម្ដេច? (ឆន្ទៈប្រយុទ្ធ និងមហិច្ឆតា។) តើអ្នកនឹងនិយាយរឿងនេះឱ្យបានពេញលេញយ៉ាងដូចម្ដេច? ប្រយុទ្ធច្រើនដង និងចាញ់ច្រើនដង ប៉ុន្តែកាន់តែក្លាហាននៅពេលអ្នកប្រយុទ្ធកាន់តែយូរ។ វាគឺជាឆន្ទៈប្រយុទ្ធ «ដែលមិនព្រមចុះចាញ់»។ វាដូចជាការដែលមនុស្សមួយចំនួននិយាយថា៖ «តើអ្នកបាក់ទឹកចិត្តបន្ទាប់ពីត្រូវបានដកហូតតំណែងមែនទេ? ខ្ញុំធ្លាប់ត្រូវបានដកហូតតំណែងជាច្រើនដង ប៉ុន្តែមិនដែលបាក់ទឹកចិត្តឡើយ។ រាល់ពេលដែលខ្ញុំបរាជ័យលើរឿងអ្វីមួយ ខ្ញុំគ្រាន់តែក្រោកឈរឡើងវិញប៉ុណ្ណោះ។ យើងត្រូវមានឆន្ទៈប្រយុទ្ធ!» តាមទស្សនៈរបស់ពួកគេ ឆន្ទៈប្រយុទ្ធនេះគឺជាអ្វីៗដែលវិជ្ជមាន។ ពួកគេមិនគិតថាវាជារឿងអាក្រក់នោះទេ នៅពេលមនុស្សមានមហិច្ឆតា សេចក្ដីប្រាថ្នា និងឆន្ទៈប្រយុទ្ធ។ តើពួកគេចាត់ទុកបំណងប្រាថ្នា និងមហិច្ឆតាដ៏គឃ្លើនដែលកើតចេញពីនិស្ស័យពុករលួយនៃភាពក្រអឺតក្រទម យ៉ាងដូចម្ដេច? ពួកគេចាត់ទុកវាជារឿងវិជ្ជមាន។ ដូច្នេះ ពួកគេគិតថា ការដែលអាចស៊ូទ្រាំនឹងការលំបាកនៃការដេកលើគំនរមែកឈើ និងលិទ្ធទឹកប្រមាត់ ដើម្បីសម្រេចគោលដៅដែលពួកគេកំពុងប្រយុទ្ធឆ្ពោះទៅរក និងគោលដៅដែលពួកគេគិតថាត្រឹមត្រូវ គឺជារឿងត្រឹមត្រូវដែលត្រូវធ្វើ ថាមនុស្សមើលមកវាដោយក្ដីពេញចិត្ត ហើយថាវាគួរតែជាសេចក្ដីពិត។ ទាំងនេះគឺជាការបង្ហាញចេញទាំងបីនៃការដេកលើគំនរមែកឈើ និងលិទ្ធទឹកប្រមាត់។ តើការបង្ហាញចេញទាំងបីនេះ អាចពន្យល់ពីអត្ថន័យដែលមាននៅក្នុងការដេកលើគំនរមែកឈើ និងលិទ្ធទឹកប្រមាត់បានដែរឬទេ? (អាចពន្យល់បាន។) ដូច្នេះ ខ្ញុំនឹងប្រកបគ្នាឱ្យលម្អិតអំពីការបង្ហាញចេញទាំងបីនេះ។
ក. ការមិនព្រមទទួលស្គាល់បរាជ័យ
ចូរយើងចាប់ផ្ដើមដោយនិយាយអំពីការបង្ហាញចេញទីមួយនៃការដេកលើគំនរមែកឈើ និងលិទ្ធទឹកប្រមាត់គឺ៖ ការមិនព្រមទទួលស្គាល់បរាជ័យ។ តើការមិនព្រមទទួលស្គាល់បរាជ័យគឺជាអ្វី? តើជាធម្មតាមនុស្សមានការបង្ហាញចេញអ្វីខ្លះ ដែលបញ្ជាក់ថាពួកគេមានផ្នត់គំនិតនៃការមិនព្រមទទួលស្គាល់បរាជ័យ? តើការមិនព្រមទទួលស្គាល់បរាជ័យ ជានិស្ស័យបែបណា? (ជាភាពក្រអឺតក្រទម និងការរឹងទទឹង។) វាមានផ្ទុកនូវនិស្ស័យដ៏ច្បាស់ក្រឡែតចំនួនពីរ គឺភាពក្រអឺតក្រទម និងការរឹងទទឹង។ តើមានអ្វីទៀត? (ការចង់ឈ្នះ។) តើនេះជានិស្ស័យដែរឬទេ? នេះគឺជាការបង្ហាញចេញ។ ឥឡូវនេះ យើងកំពុងនិយាយអំពីនិស្ស័យ។ (ការស្អប់ខ្ពើមសេចក្ដីពិត។) ការស្អប់ខ្ពើមសេចក្ដីពិត ប្រាកដណាស់គឺមានន័យថា ពួកគេមិនទទួលយកសេចក្ដីពិតឡើយ។ ឧទាហរណ៍៖ ប្រសិនបើអ្នកដឹកនាំ ឬអ្នកធ្វើការម្នាក់និយាយថា អ្វីដែលអ្នកកំពុងធ្វើ គឺបំពាននឹងគោលការណ៍ ហើយកំពុងពន្យារពេលកិច្ចការនៃដំណាក់របស់ព្រះជាម្ចាស់ ហើយគេចង់ដកហូតតំណែងអ្នក អ្នកគិតថា៖ «ហ៊ឹស! ខ្ញុំមិនគិតថាអ្វីដែលខ្ញុំកំពុងធ្វើ គឺខុសនោះទេ។ ប្រសិនបើអ្នកចង់ដកហូតតំណែងខ្ញុំ អ៊ីចឹងក៏ធ្វើទៅចុះ។ ប្រសិនបើអ្នកមិនឱ្យខ្ញុំធ្វើវាទេ នោះខ្ញុំក៏នឹងមិនធ្វើដែរ។ ខ្ញុំនឹងចុះចូល!» នៅក្នុងការចុះចូលនេះ មានអាកប្បកិរិយានៃការបដិសេធមិនព្រមទទួលស្គាល់បរាជ័យ។ នេះគឺជានិស្ស័យ។ ក្រៅពីភាពក្រអឺតក្រទម ការរឹងទទឹង និងការស្អប់ខ្ពើមសេចក្ដីពិត តើមានអ្វីផ្សេងទៀតដែលមាននៅក្នុងនិស្ស័យនេះដែរទេ? តើមាននិស្ស័យនៃការចង់ប្រជែងនឹងព្រះជាម្ចាស់ដែរឬទេ? (មាន។) ចុះតើនេះជានិស្ស័យអ្វីទៅ? នេះគឺជាភាពកាចសាហាវ។ អ្នករាល់គ្នាមិនអាចសូម្បីតែសម្គាល់ឃើញនិស្ស័យដែលកាចសាហាវបែបនេះបានផង។ ហេតុអ្វីបានជាខ្ញុំនិយាយថាវាកាចសាហាវ? (ពីព្រោះគេចង់ប្រជែងនឹងព្រះជាម្ចាស់។) ការព្យាយាមប្រជែងនឹងសេចក្ដីពិត ត្រូវបានហៅថាភាពកាចសាហាវ វាពិតជាកាចសាហាវពេកហើយ! ប្រសិនបើគេមិនកាចសាហាវទេ គេនឹងមិនព្យាយាមប្រជែងនឹងសេចក្ដីពិតឡើយ ហើយក៏មិនព្យាយាមប្រជែងនឹងព្រះជាម្ចាស់ ឬប្រកួតនឹងទ្រង់នោះដែរ។ នេះជានិស្ស័យកាចសាហាវ។ នៅក្នុងការមិនព្រមទទួលស្គាល់បរាជ័យ មានភាពក្រអឺតក្រទម ការរឹងទទឹង ការស្អប់ខ្ពើមសេចក្ដីពិត និងភាពកាចសាហាវ។ ទាំងនេះគឺជានិស្ស័យដ៏ច្បាស់ក្រឡែតដែលវាមានទំនាក់ទំនងជាមួយ។ តើការមិនព្រមទទួលស្គាល់បរាជ័យ បង្ហាញចេញមកយ៉ាងដូចម្ដេច? តើវាគ្របដណ្ដប់លើផ្នត់គំនិតអ្វីខ្លះ? តើមនុស្សដែលមិនព្រមទទួលស្គាល់បរាជ័យ គិតយ៉ាងដូចម្ដេច? តើអាកប្បកិរិយារបស់ពួកគេគឺជាអ្វី? តើពួកគេនិយាយអ្វី ពួកគេគិតអ្វី ហើយពួកគេបញ្ចេញឱ្យឃើញអ្វីខ្លះ នៅពេលពួកគេជួបប្រទះរឿងរ៉ាវដូចជាការដកហូតតំណែង? ការបង្ហាញចេញដែលកើតមានទូទៅបំផុត គឺនៅពេលពួកគេបំពេញភារកិច្ច ហើយខាងលើឃើញថាពួកគេមិនស័ក្ដិសមនឹងបំពេញភារកិច្ចនេះ រួចក៏ដកហូតតំណែងពួកគេ ពួកគេរិះគិតនៅក្នុងចិត្តថា៖ «ខ្ញុំមិនមែនជាគូប្រកួតរបស់អ្នកទេ។ ខ្ញុំនឹងមិនប្រកែកជាមួយអ្នកឡើយ។ ខ្ញុំមានទេពកោសល្យ។ មាសសុទ្ធគង់តែនឹងភ្លឺចែងចាំងនៅទីបំផុត ហើយខ្ញុំគឺជាបុគ្គលមានទេពកោសល្យ មិនថាខ្ញុំទៅទីណានោះទេ! មិនថាខាងលើរៀបចំយ៉ាងណាសម្រាប់ខ្ញុំទេ ក៏ខ្ញុំនឹងទ្រាំនឹងវា ហើយស្ដាប់តាមពួកគេសិនចុះ»។ ពួកគេក៏មកចំពោះព្រះជាម្ចាស់ ហើយអធិដ្ឋានថា៖ «ឱព្រះជាម្ចាស់អើយ ទូលបង្គំសូមឱ្យទ្រង់ថែរក្សាទូលបង្គំកុំឱ្យរអ៊ូរទាំឡើយ។ ទូលបង្គំសូមឱ្យទ្រង់ទប់អណ្ដាតទូលបង្គំ ហើយធ្វើឱ្យទូលបង្គំកុំវិនិច្ឆ័យទ្រង់ ឬប្រមាថទ្រង់ឡើយ ហើយធ្វើឱ្យទូលបង្គំអាចចុះចូលបានផង»។ ប៉ុន្តែក្រោយមក ពួកគេរិះគិតម្ដងទៀតថា៖ «ខ្ញុំមិនអាចចុះចូលបានទេ។ នេះគឺជាផ្នែកដ៏ពិបាកបំផុត។ ខ្ញុំមិនអាចទទួលយកការពិតនេះបានឡើយ។ តើខ្ញុំគួរធ្វើដូចម្ដេចទៅ? ទាំងនេះគឺជាការរៀបចំរបស់ខាងលើ ខ្ញុំមិនអាចធ្វើអ្វីបានទេ។ ខ្ញុំមានទេពកោសល្យណាស់ ប៉ុន្តែហេតុអ្វីបានជាខ្ញុំមិនដែលអាចប្រើទេពកោសល្យរបស់ខ្ញុំនៅក្នុងដំណាក់របស់ព្រះជាម្ចាស់បានទាល់តែសោះអ៊ីចឹង? មើលទៅហាក់ដូចជាខ្ញុំមិនទាន់បានអានព្រះបន្ទូលរបស់ព្រះជាម្ចាស់គ្រប់គ្រាន់នៅឡើយទេ។ ចាប់ពីពេលនេះតទៅ ខ្ញុំត្រូវតែអានព្រះបន្ទូលរបស់ព្រះជាម្ចាស់ឱ្យកាន់តែច្រើន!» ពួកគេមិនចុះញ៉មឡើយ ហើយពួកគេមិនគិតថាពួកគេអន់ជាងអ្នកដទៃនោះទេ គ្រាន់តែថាពួកគេបានជឿលើព្រះជាម្ចាស់ក្នុងរយៈពេលខ្លីជាងបន្តិចប៉ុណ្ណោះ ហើយថារឿងនេះអាចប៉ះប៉ូវបាន។ ដូច្នេះ ពួកគេខិតខំប្រឹងប្រែងអានព្រះបន្ទូលរបស់ព្រះជាម្ចាស់ និងស្ដាប់សេចក្ដីអធិប្បាយ។ ពួកគេរៀនទំនុកបរិសុទ្ធថ្មីមួយ និងអានព្រះបន្ទូលរបស់ព្រះជាម្ចាស់មួយជំពូកជារៀងរាល់ថ្ងៃ ហើយអនុវត្តការផ្សាយ។ បន្តិចម្ដងៗ ពួកគេក៏កាន់តែស៊ាំនឹងព្រះបន្ទូលរបស់ព្រះជាម្ចាស់ ពួកគេអាចផ្សាយពីគោលលទ្ធិខាងវិញ្ញាណបានយ៉ាងច្រើន ហើយអាចនិយាយប្រកបគ្នាបាននៅក្នុងការជួបជុំ។ តើមានកម្លាំងជំរុញចិត្តណាមួយនៅត្រង់នេះក្នុងការមិនព្រមទទួលស្គាល់បរាជ័យដែរឬទេ? (មាន។) តើវាជាកម្លាំងជំរុញចិត្តប្រភេទណា? (កម្លាំងជំរុញចិត្តដ៏ទុច្ចរិត។) នេះគឺជារឿងស៊ាំញ៉ាំគួរឱ្យរំខានណាស់! ហេតុអ្វីបានជាគ្រាន់តែយើងវែកញែកវាភ្លាម អ្នករាល់គ្នាកំណត់លក្ខណៈវាថាជាកម្លាំងជំរុញចិត្តដ៏ទុច្ចរិតភ្លាមអ៊ីចឹង? តើទាំងនេះមិនមែនជារឿងល្អទេឬ? ជីវិតខាងវិញ្ញាណរបស់ពួកគេគឺធម្មតា។ ពួកគេមិនចូលរួមក្នុងរឿងលោកីយ៍ទេ។ ពួកគេមិននិយាយដើមអ្នកដទៃឡើយ។ ពួកគេអាចសូត្រព្រះបន្ទូលរបស់ព្រះជាម្ចាស់បានជាច្រើនជំពូក និងច្រៀងទំនុកបរិសុទ្ធជាច្រើនបទដោយចាំមាត់។ ពួកគេគឺជា «អ្នកពូកែ»! ដូច្នេះ ហេតុអ្វីបានជាអ្នកនិយាយថា នេះគឺជាកម្លាំងជំរុញចិត្តដ៏ទុច្ចរិត? (ចេតនារបស់ពួកគេ គឺដើម្បីបញ្ជាក់ថាពួកគេមានសមត្ថភាព និងមិនអន់ជាងអ្នកដទៃ។) នេះហើយដែលហៅថា ការមិនព្រមទទួលស្គាល់បរាជ័យ។ តាមរយៈការមិនព្រមទទួលស្គាល់បរាជ័យ តើពួកគេពិតជាយល់ពីខ្លួនឯង និងទទួលស្គាល់បញ្ហារបស់ពួកគេដែរឬទេ? (អត់ទេ។) តើពួកគេកំពុងទទួលស្គាល់សេចក្ដីពុករលួយរបស់ពួកគេ និងនិស្ស័យក្រអឺតក្រទមរបស់ពួកគេដែរឬទេ? (អត់ទេ។) ចុះតើពួកគេកំពុងបញ្ជាក់ពីអ្វីតាមរយៈការមិនព្រមទទួលស្គាល់បរាជ័យ? ពួកគេចង់បញ្ជាក់ថា ពួកគេមានសមត្ថភាព និងពូកែជាងអ្នកដទៃ។ ពួកគេចង់បញ្ជាក់ថា ពួកគេល្អជាងអ្នកដទៃ ហើយទីបំផុត បញ្ជាក់ថាការដកហូតតំណែងពួកគេ គឺជាកំហុសមួយ។ កម្លាំងជំរុញចិត្តរបស់ពួកគេ គឺសំដៅទៅរកទិសដៅនេះ។ តើនេះមិនមែនជាការមិនព្រមទទួលស្គាល់បរាជ័យទេឬ? (គឺដូច្នេះមែន។) អាកប្បកិរិយានៃការមិនព្រមទទួលស្គាល់បរាជ័យនេះ បានបង្កើតឱ្យមានសកម្មភាពរបស់ពួកគេក្នុងការស៊ូទ្រាំនឹងការលំបាក ការលះបង់ ការស៊ូទ្រាំនឹងភាពអាម៉ាស់ និងការរែកពុនបន្ទុកដ៏ធ្ងន់។ ពីសំបកក្រៅ ហាក់ដូចជាពួកគេពុះពារធ្វើការធ្ងន់យ៉ាងខ្លាំង អាចស៊ូទ្រាំនឹងការលំបាក និងលះបង់ ហើយទីបំផុតសម្រេចបាននូវគោលដៅរបស់ពួកគេ ប៉ុន្តែម្ដេចបានជាព្រះជាម្ចាស់មិនសព្វព្រះហឫទ័យអ៊ីចឹង? ហេតុអ្វីបានជាទ្រង់ថ្កោលទោសពួកគេ? ពីព្រោះព្រះជាម្ចាស់ពិនិត្យពិច័យជម្រៅចិត្តរបស់មនុស្ស ហើយវាយតម្លៃមនុស្សម្នាក់ៗដោយផ្អែកលើសេចក្ដីពិត។ តើព្រះជាម្ចាស់វាយតម្លៃឥរិយាបថ ចេតនា ការបង្ហាញចេញ និងនិស្ស័យរបស់មនុស្សម្នាក់ៗយ៉ាងដូចម្ដេច? រឿងទាំងអស់នេះ ត្រូវបានវាយតម្លៃដោយផ្អែកលើសេចក្ដីពិត។ ដូច្នេះ តើព្រះជាម្ចាស់វាយតម្លៃ និងកំណត់និយមន័យរឿងនេះយ៉ាងដូចម្ដេច? មិនថាអ្នកបានរងទុក្ខលំបាកខ្លាំងប៉ុនណា និងលះបង់ច្រើនប៉ុនណានោះទេ នៅពេលដល់ទីបំផុត អ្នកមិនបានខិតខំឆ្ពោះទៅរកសេចក្ដីពិតឡើយ។ ចេតនារបស់អ្នកមិនមែនដើម្បីចុះចូល ឬទទួលយកសេចក្ដីពិតនោះទេ។ ផ្ទុយទៅវិញ អ្នកប្រើវិធីសាស្ត្ររបស់អ្នកក្នុងការស៊ូទ្រាំនឹងការរងទុក្ខ និងការលះបង់ ដើម្បីបញ្ជាក់ថារបៀបដែលព្រះជាម្ចាស់ និងដំណាក់របស់ព្រះជាម្ចាស់កំណត់លក្ខណៈ និងចាត់ការអ្នកគឺខុស។ តើនេះបញ្ជាក់ពីអ្វី? អ្នកចង់បញ្ជាក់ថា អ្នកគឺជាមនុស្សម្នាក់ដែលមិនធ្លាប់ធ្វើខុសនោះទេ និងជាមនុស្សដែលគ្មាននិស្ស័យពុករលួយ។ អ្នកចង់បញ្ជាក់ថារបៀបដែលដំណាក់របស់ព្រះជាម្ចាស់ចាត់ការអ្នក គឺមិនស្របតាមសេចក្ដីពិតឡើយ ហើយថាសេចក្ដីពិត និងព្រះបន្ទូលរបស់ព្រះជាម្ចាស់ ជួនកាលក៏ខុសដែរ។ ឧទាហរណ៍៖ មានការធ្វេសប្រហែស និងបញ្ហាមួយនៅពេលនិយាយដល់អ្នក ហើយករណីរបស់អ្នកបញ្ជាក់ថា ព្រះបន្ទូលរបស់ព្រះជាម្ចាស់មិនមែនជាសេចក្ដីពិតទេ ហើយអ្នកមិនចាំបាច់ចុះចូលឡើយ។ តើនេះមិនមែនជាលទ្ធផលទេឬ? (ជាលទ្ធផលមែន។) តើព្រះជាម្ចាស់សព្វព្រះហឫទ័យចំពោះលទ្ធផលប្រភេទនេះ ឬក៏ថ្កោលទោសវា? (ទ្រង់ថ្កោលទោសវា។) ព្រះជាម្ចាស់ថ្កោលទោសវា។
តើអាកប្បកិរិយានៃការមិនព្រមទទួលស្គាល់បរាជ័យដែលមនុស្សមាននេះ ស្របតាមសេចក្ដីពិតដែរឬទេ? (អត់ទេ។) ប្រសិនបើយើងនិយាយថា អាកប្បកិរិយានេះមិនស្របតាមសេចក្ដីពិត ហើយថាវាខុសស្រឡះពីសេចក្ដីពិត តើការលើកឡើងនោះត្រឹមត្រូវដែរឬទេ? មិនត្រឹមត្រូវទេ ពីព្រោះអាកប្បកិរិយានោះមិនមានទំនាក់ទំនងនឹងសេចក្ដីពិតទាល់តែសោះ។ នៅក្នុងលោកីយ៍ និងក្នុងចំណោមមនុស្សជាតិទាំងមូល តើអាកប្បកិរិយានៃការមិនព្រមទទួលស្គាល់បរាជ័យនេះ ត្រូវបានគេសរសើរ ឬក៏ថ្កោលទោស? (វាត្រូវបានគេសរសើរ។) តើវាត្រូវបានគេសរសើរនៅក្នុងមជ្ឈដ្ឋានបែបណាខ្លះ? (នៅកន្លែងធ្វើការ និងនៅសាលារៀន។) ឧទាហរណ៍៖ ប្រសិនបើសិស្សម្នាក់ទទួលបានពិន្ទុហុកសិបភាគរយក្នុងការប្រឡង គេនិយាយថា៖ «ខ្ញុំនឹងមិនព្រមទទួលស្គាល់បរាជ័យឡើយ។ លើកក្រោយ ខ្ញុំនឹងយកឱ្យបានកៅសិបភាគរយ!» ហើយនៅពេលគេទទួលបានកៅសិបភាគរយ គេក៏ចង់ទទួលបានមួយរយភាគរយនៅលើកក្រោយទៀត។ នៅទីបំផុត គេសម្រេចបានរឿងនេះ ហើយឪពុកម្ដាយរបស់គេគិតថាកូននេះមានមហិច្ឆតា និងមានអនាគតភ្លឺស្វាង។ មជ្ឈដ្ឋានមួយទៀត ហើយដែលកើតមានទូទៅបំផុតនោះ គឺនៅក្នុងការប្រកួត។ ក្រុមខ្លះចាញ់ការប្រកួត ហើយទទួលរងភាពអាម៉ាស់យ៉ាងខ្លាំង ប៉ុន្តែពួកគេមិនព្រមទទួលស្គាល់បរាជ័យឡើយ។ ដោយសារតែផ្នត់គំនិត និងអាកប្បកិរិយានៃការមិនព្រមទទួលស្គាល់បរាជ័យនេះ ពួកគេក៏ខិតខំធ្វើការយ៉ាងខ្លាំង និងហ្វឹកហាត់កាន់តែខ្លាំង ហើយនៅក្នុងការប្រកួតលើកក្រោយ ពួកគេយកឈ្នះក្រុមម្ខាងទៀត និងធ្វើឱ្យក្រុមនោះបាក់មុខ។ នៅក្នុងសង្គមនេះ និងក្នុងចំណោមមនុស្សជាតិ ការមិនព្រមទទួលស្គាល់បរាជ័យ គឺជាប្រភេទផ្នត់គំនិតមួយ។ តើផ្នត់គំនិតគឺជាអ្វី? (វាជារបៀបនៃការគិតដែលគាំទ្រមនុស្សខាងផ្លូវចិត្ត។) ត្រឹមត្រូវហើយ។ វាគឺជាកម្លាំងជំរុញចិត្តដែលគាំទ្រមនុស្សឱ្យដើរឆ្ពោះទៅមុខដោយក្លាហានជានិច្ច មិនចុះចាញ់ មិនបាក់ទឹកចិត្ត មិនដកថយ និងសម្រេចបាននូវសេចក្ដីប្រាថ្នា និងគោលដៅរបស់ពួកគេ។ នេះហើយដែលហៅថា ការមិនព្រមទទួលស្គាល់បរាជ័យ។ វាគឺជាប្រភេទផ្នត់គំនិតនៃការមិនព្រមទទួលស្គាល់បរាជ័យ។ មនុស្សគិតថា ប្រសិនបើពួកគេគ្មានផ្នត់គំនិតនេះ គ្មាន «ស្មារតី» នេះទេ នោះជីវិតគឺគ្មានន័យឡើយ។ តើពួកគេពឹងផ្អែកលើអ្វីនៅក្នុងជីវិត? ជីវិតរបស់ពួកគេពឹងផ្អែកលើប្រភេទផ្នត់គំនិតមួយ។ តើផ្នត់គំនិតនេះមកពីណា? វាមកពីសញ្ញាណ និងការស្រមើស្រមៃរបស់មនុស្ស ក៏ដូចជាមកពីនិស្ស័យពុករលួយរបស់ពួកគេផងដែរ។ វាមិនជាក់ស្ដែងទេ ហើយមនុស្សមិនអាចសម្រេចវាបានឡើយ។ ចាប់តាំងពីពេលដែលព្រះជាម្ចាស់បានបង្កើតមនុស្សជាតិរហូតមកដល់ពេលនេះ មិនថាពេលវេលាកន្លងផុតទៅប៉ុន្មានឆ្នាំនោះទេ ក៏មានអ្វីៗដែលវិជ្ជមានជាច្រើន ដូចជាសណ្ដាប់ធ្នាប់ដែលភាវៈមានជីវិតរស់នៅ សណ្ដាប់ធ្នាប់ដែលមនុស្សជាតិរស់នៅ និងសណ្ដាប់ធ្នាប់ដែលផ្ទៃមេឃ និងផែនដី ព្រមទាំងរបស់សព្វសារពើ និងចក្រវាលដំណើរការ និងអ្វីៗជាច្រើនទៀត។ យោងតាមគំនិត និងកម្រិតនៃការអប់រំរបស់ពួកគេ មនុស្សគួរតែអាចរកឃើញសណ្ដាប់ធ្នាប់មួយដើម្បីប្រកាន់ខ្ជាប់នៅក្នុងរឿងទាំងអស់នេះ ដើម្បីចាត់ទុកជាគោលការណ៍ និងជាកម្លាំងជំរុញចិត្តសម្រាប់របៀបដែលពួកគេធ្វើសកម្មភាព និងប្រព្រឹត្តខ្លួន ឬជាមូលដ្ឋានគ្រឹះសម្រាប់រឿងនេះ។ ក៏ប៉ុន្តែ មនុស្សមិនខិតខំប្រឹងប្រែងក្នុងទិសដៅដែលត្រឹមត្រូវនោះទេ តើពួកគេបញ្ចេញកម្លាំងរបស់ពួកគេក្នុងទិសដៅណាទៅ? ពួកគេបញ្ចេញកម្លាំងរបស់ពួកគេក្នុងទិសដៅខុស ពោលគឺពួកគេបំពាននឹងសណ្ដាប់ធ្នាប់ដែលរឿងនានាវិវឌ្ឍ ហើយពួកគេបំពាននឹងសណ្ដាប់ធ្នាប់ដែលរបស់សព្វសារពើវិលជុំ។ ពួកគេតែងតែចង់បំផ្លាញសណ្ដាប់ធ្នាប់ធម្មជាតិទាំងនេះដែលព្រះជាម្ចាស់បានកំណត់ទុក ហើយប្រើប្រាស់វិធីសាស្ត្រ និងមធ្យោបាយរបស់មនុស្សដើម្បីបង្កើតសុភមង្គល។ ពួកគេមិនដឹងថាសុភមង្គលត្រូវទទួលបានដោយរបៀបណា ថាមានសេចក្ដីអាថ៌កំបាំងអ្វីនៅក្នុងនោះ ឬថាប្រភពរបស់វាគឺជាអ្វីនោះទេ។ ពួកគេមិនស្វែងរកប្រភពនេះឡើយ។ ផ្ទុយទៅវិញ ពួកគេព្យាយាមប្រើប្រាស់វិធីសាស្ត្ររបស់មនុស្សដើម្បីបង្កើតសុភមង្គល ហើយតែងតែចង់បង្កើតអព្ភូតហេតុផងដែរ។ ពួកគេព្យាយាមប្រើប្រាស់វិធីសាស្ត្ររបស់មនុស្សដើម្បីផ្លាស់ប្ដូរសណ្ដាប់ធ្នាប់ធម្មតានៃរឿងរ៉ាវទាំងអស់នេះ ហើយបន្ទាប់មក សម្រេចឱ្យបាននូវសុភមង្គល និងគោលដៅដែលពួកគេចង់បាន។ រឿងទាំងអស់នេះគឺខុសប្រក្រតី។ តើលទ្ធផលចុងក្រោយនៃការដែលមនុស្សពឹងផ្អែកលើខ្លួនឯងដើម្បីប្រយុទ្ធដណ្ដើមយករឿងបែបនេះ មិនថាពួកគេប្រយុទ្ធដោយរបៀបណានោះ គឺជាអ្វី? លោកីយ៍នេះដែលព្រះជាម្ចាស់បានប្រទានឱ្យមនុស្សជាតិគ្រប់គ្រង ឥឡូវនេះរងការខូចខាតហើយ។ តើអ្នកណាជាជនរងគ្រោះធំបំផុត ឥឡូវនេះនៅពេលវារងការខូចខាតនោះ? (គឺមនុស្ស។) មនុស្សជាតិគឺជាជនរងគ្រោះធំបំផុត។ មនុស្សបានបំពានលើលោកីយ៍ដល់កម្រិតនេះទៅហើយ ប៉ុន្តែពួកគេនៅតែអះអាងថា ពួកគេនឹងមិនព្រមចុះចាញ់ឡើយ។ តើក្បាលរបស់ពួកគេមិនមានបញ្ហាទេឬ? តើផលវិបាកចុងក្រោយដែលការមិនព្រមចុះចាញ់នាំមកគឺជាអ្វី? គឺមហន្តរាយដ៏គ្រោះថ្នាក់។ វាមិនមែនគ្រាន់តែជាការចាញ់ការប្រកួតមួយឬពីរប្រកួត ឬការទទួលរងភាពអាម៉ាស់យ៉ាងខ្លាំងនោះទេ។ ពួកគេបានបំផ្លាញអនាគតរបស់ពួកគេ និងកាត់ផ្ដាច់ផ្លូវគេចខ្លួនរបស់ពួកគេ គឺពួកគេបានបំផ្លាញខ្លួនឯងហើយ! នេះហើយគឺជាអ្វីដែលកើតមកពីការមិនព្រមទទួលស្គាល់បរាជ័យ។
អ្វីដែលយើងកំពុងវែកញែកនៅពេលនេះ គឺជាការបង្ហាញចេញដ៏តួយ៉ាងនៃនិស្ស័យកាចសាហាវ និងនិស្ស័យក្រអឺតក្រទមរបស់សាតាំង ពោលគឺការមិនព្រមចុះចាញ់។ ការមិនព្រមចុះចាញ់ គឺជាផ្នត់គំនិតមួយ។ យើងរិះគន់វា លាតត្រដាងវា និងថ្កោលទោសវា ប៉ុន្តែប្រសិនបើអ្នកថ្កោលទោសវានៅក្នុងចំណោមមនុស្សជាតិ តើមនុស្សនឹងទទួលយករឿងនេះដែរឬទេ? (មិនទទួលយកទេ។) ហេតុអ្វីបានជាមិនទទួលយក? (ពីព្រោះមនុស្សទាំងអស់សុទ្ធតែសរសើរឃ្លានេះ។) ពួកគេលើកស្ទួយផ្នត់គំនិតនេះ។ ប្រសិនបើបុគ្គលម្នាក់មិនមានផ្នត់គំនិតនៃការមិនព្រមទទួលស្គាល់បរាជ័យ និងការមិនព្រមចុះចាញ់សូម្បីតែបន្តិចទេនោះ អ្នកដទៃនឹងនិយាយថា គេគឺជាមនុស្សទន់ខ្សោយ។ ប្រសិនបើយើងមិនលើកស្ទួយរឿងទាំងនេះទេ តើយើងគឺជាមនុស្សទន់ខ្សោយមែនទេ? (អត់ទេ យើងមិនមែនទេ។) មនុស្សនិយាយថា៖ «តើអ្នកមិនមែនជាមនុស្សទន់ខ្សោយយ៉ាងម៉េចទៅ? អ្នកមិនរស់នៅក្នុងជីវិតដែលមានភាពរឹងមាំទាល់តែសោះ។ តើអ្នករស់នៅមានប្រយោជន៍អ្វីទៅ?» តើការលើកឡើងនេះពិតដែរឬទេ? ចូរយើងវែកញែកវាជាមុនសិន៖ តើការមិនព្រមទទួលស្គាល់បរាជ័យ គឺជាអាកប្បកិរិយាប្រភេទណា? តើមនុស្សដែលមានវិចារណញ្ញាណធម្មតា គួរតែមានអាកប្បកិរិយានេះដែរឬទេ? តាមពិតទៅ ប្រសិនបើមនុស្សមានវិចារណញ្ញាណធម្មតា ពួកគេមិនគួរមានផ្នត់គំនិតនេះឡើយ។ ការមានផ្នត់គំនិតនេះគឺជារឿងខុសឆ្គង។ បុគ្គលម្នាក់ត្រូវតែប្រឈមមុខនឹងការពិត ដើម្បីក្លាយជាមនុស្សដែលមានវិចារណញ្ញាណ។ ដូច្នេះ ការមិនព្រមទទួលស្គាល់បរាជ័យ គឺច្បាស់ណាស់ថាខ្វះវិចារណញ្ញាណ។ វាមានន័យថា ខួរក្បាលរបស់គេមានអ្វីម្យ៉ាងដែលមិនសូវប្រក្រតីទេ ហើយអាកប្បកិរិយានេះគឺខុសយ៉ាងច្បាស់ក្រឡែត។ សម្រាប់អ្នកជឿលើព្រះជាម្ចាស់ និយាយឱ្យត្រឹមត្រូវទៅ ពួកគេមិនគួរមានផ្នត់គំនិតនេះទេ ពីព្រោះនិស្ស័យក្រអឺតក្រទមមានបង្កប់នៅខាងក្នុងការមិនព្រមទទួលស្គាល់បរាជ័យ។ តើវាងាយស្រួលសម្រាប់មនុស្សក្នុងការទទួលយកសេចក្ដីពិតដែរឬទេ នៅពេលពួកគេមាននិស្ស័យក្រអឺតក្រទម? (មិនងាយស្រួលទេ។) នេះគឺជាបញ្ហាមួយ។ ប្រសិនបើអ្នកប្រើនិស្ស័យក្រអឺតក្រទមជាមូលដ្ឋានគ្រឹះដើម្បីដេញតាមសេចក្ដីពិត នោះតើអ្នកកំពុងដេញតាមអ្វីទៅ? អ្វីដែលអ្នកកំពុងដេញតាម គឺប្រាកដណាស់ថាមិនមែនជាសេចក្ដីពិតទេ ពីព្រោះការដេញតាមនេះ ពីធម្មជាតិទៅវាមិនវិជ្ជមានឡើយ ហើយអ្វីដែលអ្នកទទួលបាន ប្រាកដណាស់ថានឹងមិនមែនជាសេចក្ដីពិតទេ។ វាប្រាកដជា «ផ្នត់គំនិត» ប្រភេទណាមួយដែលមនុស្សបានស្រមើស្រមៃបង្កើតឡើងមិនខាន។ ប្រសិនបើមនុស្សចាត់ទុកផ្នត់គំនិតបែបនេះជាសេចក្ដីពិត នោះពួកគេបានវង្វេងចេញពីផ្លូវហើយ។ ដូច្នេះ ប្រសិនបើយើងត្រូវកែតម្រូវផ្នត់គំនិតនៃការមិនព្រមទទួលស្គាល់បរាជ័យ តើយើងនឹងនិយាយយ៉ាងណា? យើងនឹងនិយាយថា មនុស្សត្រូវតែប្រឈមមុខនឹងបញ្ហាពិត ហើយធ្វើរឿងរ៉ាវនានាស្របតាមគោលការណ៍សេចក្ដីពិត ថាពួកគេមិនគួរមានអាកប្បកិរិយានៃការមិនព្រមទទួលស្គាល់បរាជ័យឡើយ។ ប្រសិនបើពួកគេមិនព្រមទទួលស្គាល់បរាជ័យ តើអ្នកណាទៅដែលពួកគេមិនព្រមទទួលស្គាល់នោះ? (គឺព្រះជាម្ចាស់។) ពួកគេមិនព្រមទទួលស្គាល់សេចក្ដីពិតឡើយ។ និយាយឱ្យកាន់តែជាក់ច្បាស់ទៅ ពួកគេមិនព្រមទទួលស្គាល់ការពិតនៃរឿងនោះទេ ពួកគេមិនព្រមទទួលស្គាល់ថាពួកគេបានធ្វើអ្វីមួយខុស ហើយត្រូវបានបើកសម្ដែងឡើយ ហើយពួកគេមិនព្រមទទួលស្គាល់ថាពួកគេមាននិស្ស័យក្រអឺតក្រទមនោះទេ។ រឿងទាំងនេះគឺជាការពិត។ ដូច្នេះ តើអ្នកអាចបដិសេធតបតនឹងមនុស្សទាំងនេះយ៉ាងដូចម្ដេច? វិធីដ៏ល្អបំផុតក្នុងការតបតនឹងពួកគេ គឺដោយការប្រើរឿងដែលពួកគេយល់ថាគួរឱ្យខ្មាសអៀនបំផុត។ តើរឿងអ្វីនៅក្នុងលោកីយ៍សព្វថ្ងៃនេះ ដែលមនុស្សជាតិយល់ថាគួរឱ្យខ្មាសអៀនបំផុត? គឺវិទ្យាសាស្ត្រ។ តើវិទ្យាសាស្ត្របានផ្ដល់អ្វីខ្លះដល់មនុស្សជាតិ? (មហន្តរាយ។) វិទ្យាសាស្ត្រ ជារឿងដែលមនុស្សជាតិសរសើរបំផុត និងមានមោទនភាពបំផុតនោះ បាននាំមកនូវមហន្តរាយដែលមិនធ្លាប់មានពីមុនមកដល់ពួកគេ។ ឥឡូវនេះ ដោយសារអ្នករាល់គ្នាមានតម្រុយនេះហើយ តើអ្នករាល់គ្នាគួរបដិសេធតបតនឹងមនុស្សទាំងនេះយ៉ាងដូចម្ដេច ដើម្បីឱ្យអ្នករាល់គ្នាអាចធ្វើឱ្យពួកគេអាម៉ាស់បាន? តើអ្នករាល់គ្នាយល់ថា អស់អ្នកដែលជាបក្សពួករបស់សាតាំង គួរតែត្រូវបានធ្វើឱ្យអាម៉ាស់ដែរឬទេ? (គួរតែធ្វើ។) ប្រសិនបើអ្នកមិនធ្វើឱ្យពួកគេអាម៉ាស់ទេ ពួកគេនឹងតែងតែមើលងាយសេចក្ដីពិត រើសអើងអស់អ្នកដែលជឿលើព្រះជាម្ចាស់ ហើយគិតថាអស់អ្នកដែលជឿលើព្រះជាម្ចាស់ ជឿក៏ព្រោះតែពួកគេគឺជាមនុស្សទន់ខ្សោយប៉ុណ្ណោះ។ តើអ្នករាល់គ្នាគួរបដិសេធតបតនឹងពួកគេយ៉ាងដូចម្ដេច? (ដោយនិយាយថា៖ «អ្នកគ្រាន់តែជាមនុស្សសាមញ្ញម្នាក់ប៉ុណ្ណោះ។ តើអ្នកមានអ្វី ដែលធ្វើឱ្យអ្នកមិនចាំបាច់ទទួលស្គាល់បរាជ័យនោះ? តើមានអ្វីដែលធ្វើឱ្យអ្នកមិនព្រមទទួលស្គាល់បាននោះ? ទោះបីជាមនុស្សមួយចំនួនជាអ្នកវិទ្យាសាស្ត្រក៏ដោយ ចុះយ៉ាងម៉េចទៅ? មិនថាបច្ចេកវិទ្យាវិទ្យាសាស្ត្រដែលពួកគេអភិវឌ្ឍជឿនលឿនយ៉ាងណានោះទេ ចុះយ៉ាងម៉េចទៅ? តើអ្នកវិទ្យាសាស្ត្រអាចដោះស្រាយរាល់មហន្តរាយដែលវិទ្យាសាស្ត្របាននាំមកដល់មនុស្សជាតិនៅពេលនេះ បានដែរឬទេ?») នេះគឺជាវិធីដ៏ត្រឹមត្រូវដើម្បីបដិសេធតបតនឹងពួកគេ។ ចូរគិតអំពីរឿងនេះទៅមើល៍ តើនេះគឺជាវិធីដ៏ល្អដើម្បីបដិសេធតបតនឹងពួកគេដែរឬទេ? អ្នកនិយាយថា៖ «មនុស្សជាតិបានរស់នៅរហូតមកដល់សព្វថ្ងៃនេះ ប៉ុន្តែមនុស្សមិនទាំងដឹងថាដូនតារបស់ពួកគេជានរណាផង ដូច្នេះ តើពួកគេមិនព្រមទទួលស្គាល់យ៉ាងម៉េចនឹងបាន? អ្នកមិនទាំងដឹងថាខ្លួនឯងមកពីណាផង ដូច្នេះ តើអ្នកមានអ្វីត្រូវអួតក្អេងក្អាងទៅ? អ្នកមិនទទួលស្គាល់សូម្បីតែព្រះជាម្ចាស់ដែលបានបង្កើតអ្នក ដូច្នេះ តើអ្នកមិនព្រមទទួលស្គាល់បរាជ័យយ៉ាងម៉េចនឹងបាន? ព្រះជាម្ចាស់បានបង្កើតមនុស្ស ហើយនេះគឺជារឿងដ៏មានសិរីល្អមួយ ប៉ុន្តែអ្នកមិនទទួលស្គាល់ ឬទទួលយកវាឡើយ។ ផ្ទុយទៅវិញ អ្នកទទូចជឿ និងទទួលស្គាល់ថាមនុស្សវិវឌ្ឍចេញពីសត្វតិរច្ឆាន។ តើអ្នកថោកទាបកម្រិតណាទៅ? ព្រះជាម្ចាស់មានចេស្ដា និងខ្ពង់ខ្ពស់ខ្លាំងណាស់។ ទ្រង់មានព្រះបន្ទូលថា ទ្រង់គឺជាព្រះអាទិកររបស់អ្នក ប៉ុន្តែអ្នកមិនទទួលស្គាល់ថាអ្នកគឺជាភាវៈដែលទ្រង់បានបង្កើតឡើយ។ តើអ្នកគ្មានតម្លៃកម្រិតណាទៅ?» តើពួកគេនឹងតបតវិញយ៉ាងដូចម្ដេច? «មនុស្សវិវឌ្ឍចេញពីសត្វស្វា ប៉ុន្តែយើងនៅតែជាសត្វកម្រិតខ្ពស់ដដែល»។ «ចុះតើអ្នកមិនមែននៅតែជាសត្វ និងជាសត្វតិរច្ឆានទេឬ? យើងមិនទទួលស្គាល់ថាយើងជាសត្វឡើយ។ យើងគឺជាមនុស្ស យើងគឺជាមនុស្សដែលព្រះជាម្ចាស់បានបង្កើត។ ព្រះជាម្ចាស់បានបង្កើតមនុស្ស ហើយទ្រង់ទទួលស្គាល់ថាអ្នកគឺជាមនុស្ស ប៉ុន្តែអ្នកមិនចង់ធ្វើជាមនុស្សឡើយ។ អ្នកទទូចបដិសេធការពិតដែលថា ព្រះជាម្ចាស់បានបង្កើតមនុស្ស។ អ្នកទទូចចង់ធ្វើជាសត្វតិរច្ឆាន។ តើអ្នករស់នៅមានប្រយោជន៍អ្វីទៅ? តើអ្នកស័ក្ដិសមនឹងរស់នៅដែរឬទេ?» តើពាក្យសម្ដីទាំងនេះមានទម្ងន់ដែរឬទេ? (មាន។) នេះហើយជារបៀបដែលយើងបដិសេធតបតនឹងមនុស្សទាំងនេះ។ មិនថាពួកគេទទួលស្គាល់ ឬមិនទទួលស្គាល់ ទទួលយក ឬមិនទទួលយកនោះទេ ក៏រឿងទាំងនេះគឺជាការពិតដែរ។ ខ្ញុំនឹងនិយាយអំពីចំណុចមួយទៀត។ មនុស្សមិនដែលព្រមទទួលស្គាល់បរាជ័យឡើយ ពួកគេគិតថាពួកគេមានសមត្ថភាពខ្លាំងណាស់ ថាពួកគេមានបច្ចេកវិទ្យាជឿនលឿន និងប្រាជ្ញាគ្រប់បែបយ៉ាង ប៉ុន្តែតើពួកគេប្រព្រឹត្តចំពោះធម្មជាតិយ៉ាងដូចម្ដេច? ពួកគេតែងតែប្រយុទ្ធជាមួយធម្មជាតិ ហើយតែងតែចង់បង្ក្រាបវា។ ពួកគេមិនយល់ទាល់តែសោះអំពីរបៀបធ្វើតាមសណ្ដាប់ធ្នាប់ធម្មជាតិ។ នៅទីបំផុត តើការគ្រប់គ្រងរបស់មនុស្សជាតិបានធ្វើអ្វីខ្លះដល់ធម្មជាតិ? តើអ្វីៗទាំងអស់នេះមិនមែនគ្រប់គ្រងដោយមនុស្សដែលមានចំណេះដឹង និងយល់ពីវិទ្យាសាស្ត្រទេឬ? តើអ្នកមិនមែនបដិសេធមិនព្រមទទួលស្គាល់បរាជ័យទេឬ? តើអ្នកមិនមែនជាមនុស្សដែលមានសមត្ថភាពទេឬ? តើអ្នកមិនមែនមិនត្រូវការអធិបតេយ្យភាពរបស់ព្រះជាម្ចាស់ទេឬ? មនុស្សជាតិ និងធម្មជាតិបានរួមរស់ជាមួយគ្នារាប់ពាន់ឆ្នាំមកហើយ ប៉ុន្តែស្មានមិនដល់សោះថា មនុស្សជាតិនៅតែមិនដឹងពីរបៀបគ្រប់គ្រងធម្មជាតិដដែល។ មនុស្សជាតិអភិវឌ្ឍហួសហេតុ ប្រើប្រាស់ហួសកម្រិត និងបំពុលធម្មជាតិយ៉ាងធ្ងន់ធ្ងរ រហូតដល់ពេលនេះដែលធនធានធម្មជាតិកំពុងខ្វះខាតកាន់តែខ្លាំងឡើងៗ។ បន្ថែមពីនេះ មិនថាទឹកដែលមនុស្សផឹក អាហារដែលពួកគេហូប ឬខ្យល់ដែលពួកគេដកដង្ហើមនោះទេ គឺសុទ្ធតែមិនរួចផុតពីជាតិពុលឡើយ។ នៅពេលព្រះជាម្ចាស់បានបង្កើតធម្មជាតិដំបូង ភាវៈរស់ អាហារ ខ្យល់ និងទឹកទាំងអស់គឺស្អាត និងគ្មានជាតិពុលឡើយ ប៉ុន្តែបន្ទាប់ពីទ្រង់បានប្រគល់ធម្មជាតិឱ្យមនុស្សជាតិគ្រប់គ្រង អ្វីៗទាំងអស់នេះត្រូវបានបំពុល។ គឺមនុស្សខ្លួនឯងនេះហើយ ដែលត្រូវ «សោយសុខ» នឹងរឿងទាំងនេះ។ ដូច្នេះ តើមនុស្សមិនព្រមទទួលស្គាល់បរាជ័យយ៉ាងម៉េចនឹងបាន? ព្រះជាម្ចាស់បានបង្កើតពិភពលោកដ៏ស្រស់ស្អាតបែបនេះសម្រាប់មនុស្សជាតិ ហើយអនុញ្ញាតឱ្យពួកគេគ្រប់គ្រងវា ប៉ុន្តែតើពួកគេបានគ្រប់គ្រងវាយ៉ាងដូចម្ដេច? តើពួកគេដឹងពីរបៀបគ្រប់គ្រងវាដែរឬទេ? មនុស្សជាតិបានបំពានពិភពលោក រហូតដល់វាខូចខាតទាំងស្រុង។ មិនថាមហាសមុទ្រ ភ្នំ ដី ខ្យល់ ឬសូម្បីតែស្រទាប់អូហ្សូននៅលើមេឃ ក៏មិនត្រូវបានលើកលែងដែរ ពួកវាទាំងអស់ត្រូវបានបំផ្លាញ។ នៅទីបំផុត តើអ្នកណានឹងទ្រាំទ្រនូវផលវិបាកដ៏អាក្រក់នៃរឿងទាំងអស់នេះ? (គឺមនុស្ស។) គឺមនុស្សជាតិខ្លួនឯងហ្នឹងហើយ។ មនុស្សល្ងង់ខ្លៅហួសហេតុ ប៉ុន្តែពួកគេគិតថាពួកគេអស្ចារ្យ ហើយមិនព្រមទទួលស្គាល់បរាជ័យឡើយ! ហេតុអ្វីបានជាពួកគេមិនព្រមទទួលស្គាល់? ប្រសិនបើមនុស្សជាតិត្រូវបានអនុញ្ញាតឱ្យបន្តគ្រប់គ្រងរឿងនានាតាមរបៀបនេះទៀត តើធម្មជាតិនឹងត្រូវបានស្ដារឡើងវិញដូចដើមដែរឬទេ? វានឹងមិនអាចទៅរួចឡើយ។ ប្រសិនបើមនុស្សជាតិពឹងផ្អែកលើផ្នត់គំនិតនៃការមិនព្រមទទួលស្គាល់បរាជ័យនេះ ពិភពលោក និងធម្មជាតិនឹងក្លាយជាកាន់តែអាក្រក់ទៅៗ ធ្ងន់ធ្ងរទៅៗ និងកខ្វក់ទៅៗនៅក្រោមការគ្រប់គ្រងរបស់ពួកគេ។ តើផលវិបាកចុងក្រោយនឹងទៅជាយ៉ាងណា? មនុស្សជាតិនឹងស្លាប់នៅក្នុងបរិស្ថានដែលពួកគេបានបំផ្លាញនេះ។ ចុះនៅទីបំផុត តើអ្នកណាអាចផ្លាស់ប្ដូររឿងទាំងអស់នេះបាន? ព្រះជាម្ចាស់អាចធ្វើបាន។ ប្រសិនបើមនុស្សអាចធ្វើរឿងនេះ នោះម្នាក់ក្នុងចំណោមពួកគេអាចឈានជើងចេញមក ហើយព្យាយាមផ្លាស់ប្ដូរសភាពបច្ចុប្បន្នរបស់ពិភពលោកបាន ប៉ុន្តែតើមានអ្នកណាហ៊ានទទួលយកការទទួលខុសត្រូវនេះដែរឬទេ? (គ្មានទេ។) ចុះហេតុអ្វីបានជាមនុស្សមិនព្រមទទួលស្គាល់បរាជ័យ? មនុស្សមិនទាំងអាចការពារទឹកដែលពួកគេផឹកបានផង។ ធម្មជាតិមិនត្រូវបានបំផ្លាញដោយសត្វតោ ឬសត្វខ្លានោះទេ កុំថាឡើយដល់សត្វស្លាប ត្រី ឬសត្វល្អិតនោះ។ ផ្ទុយទៅវិញ គឺមនុស្សខ្លួនឯងនេះហើយដែលបានបំផ្លាញ និងធ្វើឱ្យវាអន្តរាយ។ នៅទីបំផុត មនុស្សត្រូវតែទទួលផលដែលខ្លួនបានសាបព្រោះ។ តើមានវិធីណាមួយដើម្បីផ្លាស់ប្ដូររឿងនានានៅពេលនេះដែរឬទេ? វាមិនអាចត្រូវបានផ្លាស់ប្ដូរឡើយ។ គេអាចនិយាយដោយភាពប្រាកដប្រជាថា ប្រសិនបើព្រះជាម្ចាស់មិនបានយាងមកដើម្បីធ្វើរឿងទាំងអស់នេះទេ បរិស្ថានដែលមនុស្សជាតិទាំងមូលរស់នៅ នឹងកាន់តែអាក្រក់ទៅៗ ហើយកាន់តែធ្ងន់ធ្ងរទៅៗតែប៉ុណ្ណោះ វានឹងមិនល្អប្រសើរឡើងឡើយ។ មានតែព្រះជាម្ចាស់ប៉ុណ្ណោះ ដែលអាចផ្លាស់ប្ដូររឿងទាំងអស់នេះបាន។ តើវាអាចបានដែរឬទេ ប្រសិនបើមនុស្សជាតិមិនព្រមទទួលស្គាល់បរាជ័យនោះ? តើអ្នកអាចផ្លាស់ប្ដូរបរិស្ថាននេះបានដែរឬទេ? អ្នកត្រូវបានផ្ដល់ឱ្យនូវបរិស្ថានដ៏ល្អមួយ ប៉ុន្តែអ្វីគ្រប់យ៉ាងដែលអ្នកអាចធ្វើបានគឺបំផ្លាញវា អ្នកមិនការពារវាឡើយ។ តើខ្សែច្រវាក់អាហារនៃពិភពលោកទាំងមូលគឺជាអ្វី? តើមនុស្សជាតិយល់ពីវាដែរឬទេ? អត់ទេ ពួកគេមិនយល់ឡើយ។ ឧទាហរណ៍៖ សត្វចចកគឺជាសត្វដ៏កាចសាហាវ។ ប្រសិនបើមនុស្សជាតិសម្លាប់សត្វចចកទាំងអស់ ពួកគេនឹងគិតថាពួកគេបានយកឈ្នះលើធម្មជាតិហើយ។ ដោយមានការតាំងចិត្តបែបនេះ ស្មារតីបែបនេះ និងផ្នត់គំនិតនៃការក្រោកតតាំងនឹងបញ្ហាប្រឈមបែបនេះ មនុស្សជាតិក៏ចាប់ផ្ដើមបរបាញ់សត្វចចកក្នុងទ្រង់ទ្រាយធំ។ នៅពេលពួកគេសម្លាប់សត្វចចកភាគច្រើននៅក្នុងតំបន់វាលស្មៅមួយ មនុស្សជាតិគិតថាពួកគេបានយកឈ្នះលើធម្មជាតិ និងយកឈ្នះលើពូជសត្វចចកនោះហើយ។ ក្នុងពេលជាមួយគ្នានេះ ពួកគេព្យួរស្បែកចចកនៅក្នុងផ្ទះរបស់ខ្លួន ពាក់អាវផាយធ្វើពីស្បែកចចក ពាក់មួកធ្វើពីស្បែកចចក និងយកស្បែកកូនចចកមកស្រោបចុងកាំបិតស្នៀតរបស់ពួកគេ។ ពួកគេថតរូប ហើយប្រាប់ពិភពលោកទាំងមូលថា៖ «យើងបានយកឈ្នះលើពូជសត្វដែលជាការគំរាមកំហែងដល់មនុស្សជាតិនេះហើយ នោះគឺសត្វចចក!» តើការពេញចិត្តនឹងខ្លួនឯងរបស់មនុស្សជាតិ មិនលឿនពេកទេឬ? នៅពេលមានសត្វចចកកាន់តែតិច មើលពីសំបកក្រៅទៅហាក់ដូចជាជីវិតរបស់មនុស្ស និងភាវៈរស់មួយចំនួនទៀត មិនត្រូវបានគំរាមកំហែងឡើយ ប៉ុន្តែតើផលវិបាកអ្វីខ្លះនឹងកើតឡើងបន្ទាប់ពីនេះ? មនុស្សជាតិត្រូវតែបង់តម្លៃតបស្នងយ៉ាងធ្ងន់ធ្ងរចំពោះរឿងនេះ។ តើពួកគេត្រូវបង់តម្លៃតបស្នងអ្វីខ្លះ? នៅពេលចំនួនយ៉ាងច្រើននៃសត្វចចកត្រូវបានសម្លាប់ ចំនួនសត្វចចកក៏ថយចុះ។ ភ្លាមៗបន្ទាប់ពីរឿងនេះ សត្វទន្សាយ សត្វកណ្ដុរគ្រប់ប្រភេទ និងគ្រប់សត្វផ្សេងៗទៀតនៅតាមវាលស្មៅដែលសត្វចចកស៊ីជាអាហារ ក៏ចាប់ផ្ដើមបន្តពូជក្នុងចំនួនយ៉ាងច្រើនសន្ធឹកសន្ធាប់។ នៅពេលមានសត្វទាំងនេះច្រើនហួសហេតុពេក តើផលវិបាកទីមួយគឺជាអ្វី? (គឺស្មៅបាត់បង់អស់។) ស្មៅមានកាន់តែតិចទៅៗ។ នៅពេលមានស្មៅកាន់តែតិច គម្របដីរុក្ខជាតិក៏មានកាន់តែតិចទៅៗដែរ។ នៅពេលមានសត្វទាំងនេះច្រើនហួសហេតុពេក ពួកវាត្រូវការស៊ីស្មៅក្នុងបរិមាណយ៉ាងច្រើន ហើយអត្រាដែលស្មៅដុះលូតលាស់ គឺមិនសមាមាត្រទៅនឹងចំនួនសត្វស៊ីស្មៅជាអាហារឡើយ។ នៅពេលរឿងទាំងនេះមិនសមាមាត្រគ្នា តើមានអ្វីកើតឡើង? (ការប្រែក្លាយជាវាលខ្សាច់។) ត្រូវហើយ គឺការប្រែក្លាយជាវាលខ្សាច់។ នៅពេលដីគ្មានគម្របដីរុក្ខជាតិ វាចាប់ផ្ដើមប្រែទៅជាខ្សាច់ ហើយបន្តិចម្ដងៗក៏ក្លាយជាតំបន់ដីខ្សាច់។ រុក្ខជាតិភាគច្រើនមិនចាក់ឫសគល់ ឬបន្តពូជនៅក្នុងខ្សាច់ឡើយ ដូច្នេះ តំបន់ដីខ្សាច់ក៏រីកធំយ៉ាងលឿន និងពង្រីកកាន់តែធំទៅៗ ហើយនៅទីបំផុត វាលស្មៅទាំងអស់ក៏ក្លាយជាវាលខ្សាច់។ បន្ទាប់ពីនេះ វាលខ្សាច់នឹងចាប់ផ្ដើមទន្ទ្រានចូលទៅក្នុងតំបន់ដែលមនុស្សរស់នៅ ហើយតើអារម្មណ៍ដំបូងដែលមនុស្សមាន នឹងយ៉ាងណា? ប្រហែលជានៅពេលមនុស្សឃើញតំបន់វាលខ្សាច់បានកើនឡើង ពួកគេមិនមានអារម្មណ៍ភ័យខ្លាចនោះទេ ប៉ុន្តែនៅពេលថ្ងៃមួយមានព្យុះខ្សាច់បោកបក់មក តើវានឹងបង្កគ្រោះថ្នាក់អ្វីខ្លះដល់មនុស្សជាតិ? ដំបូង ធូលីនឹងហុយពេញទីនោះ។ បន្ទាប់មក នៅពេលរដូវខ្យល់បក់មកដល់ មនុស្សមិនអាចសូម្បីតែបើកភ្នែករបស់ពួកគេបានផង ពីព្រោះខ្សាច់ត្រូវបានខ្យល់បក់ហុយខ្លាំងពេក។ រាងកាយរបស់ពួកគេនឹងត្រូវគ្របដណ្ដប់ដោយខ្សាច់ ហើយមាត់របស់ពួកគេនឹងពោរពេញទៅដោយខ្សាច់។ ក្នុងករណីធ្ងន់ធ្ងរ ផ្ទះសម្បែង សត្វពាហនៈ ឬមនុស្សដែលនៅជិតវាលខ្សាច់ អាចនឹងត្រូវខ្សាច់កប់បាត់។ តើមនុស្សអាចបញ្ឈប់ខ្សាច់បានដែរឬទេ? (មិនអាចទេ។) ពួកគេមិនអាចបញ្ឈប់វាបានឡើយ ដូច្នេះ ពួកគេត្រូវតែផ្លាស់ទីលំនៅ ដោយដកថយចូលទៅក្នុងដីគោកកាន់តែជ្រៅទៅៗ។ នៅទីបំផុត វាលស្មៅនឹងកាន់តែតូចទៅៗ វាលខ្សាច់នឹងកាន់តែធំទៅៗ ហើយនឹងមានកន្លែងកាន់តែតិចទៅៗ ដែលមនុស្សជាតិអាចរស់នៅបាន។ ដូច្នេះ តើបរិស្ថានដែលមនុស្សរស់នៅ នឹងកាន់តែល្អប្រសើរឡើង ឬកាន់តែអាក្រក់ទៅៗ? (កាន់តែអាក្រក់ទៅៗ។) តើលទ្ធផលដែលពួកគេត្រូវតែរែកពុននេះ កើតឡើងដោយរបៀបណា? តើអ្វីជាដើមចមដែលបង្ករឿងនេះឡើង? (គឺការសម្លាប់សត្វចចក។) វាបានចាប់ផ្ដើមនៅពេលពួកគេសម្លាប់សត្វចចក។ វាគឺជារឿងតូចតាចដែលមិនគួរឱ្យកត់សម្គាល់បែបនេះសោះ។ ប្រសិនបើមនុស្សមិនយល់ពីរបៀបធ្វើតាមសណ្ដាប់ធ្នាប់នេះទេ ហើយមិនយល់ពីរបៀបការពារសណ្ដាប់ធ្នាប់នេះទេ តើនៅទីបំផុត វានឹងបណ្ដាលឱ្យមានផលវិបាកអ្វីខ្លះ? មនុស្សនឹងត្រូវខ្សាច់លុបបំបាត់ចោល។ តើនេះមិនមែនជាភយន្តរាយដ៏ធំសម្បើមទេឬ? ការសម្លាប់សត្វចចកគឺជាប្រភេទនៃឥរិយាបថមួយ ប៉ុន្តែតើមាននិស្ស័យអ្វីនៅពីក្រោយរឿងនេះ? តើសារជាតិនៃនិស្ស័យនេះគឺជាអ្វី? តើកម្លាំងជំរុញចិត្តរបស់ពួកគេក្នុងការធ្វើរឿងនេះគឺជាអ្វី? តើមនុស្សមានរបៀបនៃការគិតបែបណា ដែលបណ្ដាលឱ្យមានឥរិយាបថប្រភេទនេះ? (គឺការចង់បង្ក្រាបធម្មជាតិ។) ត្រូវហើយ ពួកគេចង់បង្ក្រាបវា។ មនុស្សគិតថាសត្វចចកគឺជាសត្រូវពីធម្មជាតិរបស់មនុស្សជាតិ។ សត្វចចកបង្កការគំរាមកំហែងដល់មនុស្សជាតិ ហើយតែងតែស៊ីមនុស្ស។ សត្វចចកមិនមែនជាភាវៈល្អឡើយ។ មនុស្សជាតិបង្ខូចឈ្មោះសត្វចចកតាមរបៀបនេះ បន្ទាប់មកក៏ព្យាយាមបង្ក្រាបពួកវា និងសម្លាប់ពួកវាចោល ដើម្បីកុំឱ្យមានសល់សូម្បីតែមួយក្បាល។ បន្ទាប់មក មនុស្សជាតិអាចរស់នៅដោយសុខស្រួល និងស្ងប់ចិត្ត ហើយនឹងមិនរងការគំរាមកំហែងទាល់តែសោះ។ ដោយផ្អែកលើកម្លាំងជំរុញចិត្តនេះហើយ ទើបមនុស្សចាប់ផ្ដើមសម្លាប់សត្វចចក។ តើអ្វីដែលបញ្ជាឱ្យមានរឿងនេះ? វាត្រូវបានបញ្ជាដោយផ្នត់គំនិតនៃការមិនព្រមទទួលស្គាល់បរាជ័យ។ មនុស្សជាតិមិនដឹងពីរបៀបគ្រប់គ្រង ឬកំណត់ស្ដង់ដាសត្វចចកឱ្យបានត្រឹមត្រូវឡើយ ហើយផ្ទុយទៅវិញ ពួកគេតែងតែចង់សម្លាប់ពួកវា និងកម្ចាត់ពួកវាចោល។ ពួកគេចង់បញ្ច្រាសសណ្ដាប់ធ្នាប់នេះ ហើយប្រែវាឱ្យទៅជាសណ្ដាប់ធ្នាប់មួយផ្សេងទៀត។ តើលទ្ធផលគឺជាអ្វី? មនុស្សត្រូវខ្សាច់កប់បាត់។ តើនេះមិនមែនជាលទ្ធផលទេឬ? (ជាលទ្ធផលមែន។) នេះហើយគឺជាលទ្ធផល។ ក្នុងចំណោមពូជមនុស្សទាំងមូល និងពិភពលោកទាំងមូលដែលព្រះជាម្ចាស់បានបង្កើត នៅជ្រុងតូចមួយនៃភពផែនដី ដែលនៅក្នុងព្រះនេត្ររបស់ព្រះជាម្ចាស់ វាប្រហែលជាមិនធំជាងគ្រាប់សណ្ដែកដីមួយគ្រាប់ផងនោះ ហេតុការណ៍តូចតាចនេះបានកើតឡើង ប៉ុន្តែមនុស្សមិនទាំងអាចមើលឃើញវាឱ្យបានច្បាស់ផង។ ពួកគេនៅតែប្រកួតប្រជែងជាមួយធម្មជាតិ ប្រកួតប្រជែងជាមួយព្រះជាម្ចាស់ ហើយមិនព្រមទទួលស្គាល់បរាជ័យឡើយ! តើការមិនព្រមទទួលស្គាល់បរាជ័យ នាំមកនូវផលវិបាកអ្វី? (សេចក្ដីហិនវិនាស។) ពួកគេកំពុងនាំសេចក្ដីហិនវិនាសដល់ខ្លួនឯង! ការពិតនេះកំពុងស្ថិតនៅត្រង់នោះនៅពេលនេះ។ បន្ទាប់ពីផលវិបាកនេះកើតមានឡើង តើមនុស្សជាតិគួរកែប្រែវាយ៉ាងដូចម្ដេច? (ពួកគេមិនអាចកែប្រែបានទេ។) ពួកគេមិនអាចកែប្រែវាបានឡើយ។ អង្គការសង្គមមួយចំនួន និងមនុស្សដែលមានចិត្តល្អ ដែលធ្វើសកម្មភាពបម្រើផលប្រយោជន៍សាធារណៈ ក្រោកឈរឡើង ហើយអំពាវនាវឱ្យមនុស្សរក្សាប្រព័ន្ធអេកូឡូស៊ីឱ្យមានតុល្យភាព។ កម្លាំងជំរុញចិត្ត និងហេតុផលរបស់ពួកគេក្នុងការធ្វើរឿងនេះ គឺត្រឹមត្រូវ ហើយអ្វីដែលពួកគេកំពុងអំពាវនាវ ក៏ត្រឹមត្រូវដែរ។ តើមានអ្នកណាឆ្លើយតបដែរឬទេ? (គ្មានទេ។) រដ្ឋាភិបាលក៏មិនចាត់វិធានការដែរ គឺគ្មានអ្នកណាយកចិត្តទុកដាក់ចំពោះបញ្ហានេះឡើយ។ មនុស្សដឹងពីមូលហេតុនៃបញ្ហានេះ ប៉ុន្តែបន្ទាប់ពីពួកគេស៊ើបអង្កេតវាបន្តិចបន្តួចក្នុងនាមជាអ្នកសង្កេតការណ៍ ប៉ុណ្ណឹងគឺចប់ហើយ។ ពួកគេនៅតែសម្លាប់សត្វចចកដូចមុនដដែល។ មានគេនិយាយថា៖ «ប្រសិនបើអ្នកបន្តសម្លាប់ពួកវាតាមរបៀបនេះទៀត ថ្ងៃណាមួយ អ្នកនឹងត្រូវកប់នៅក្នុងខ្សាច់មិនខាន» ប៉ុន្តែពួកគេឆ្លើយតបវិញថា៖ «អ៊ីចឹង ខ្ញុំនឹងត្រូវគេកប់ហើយ។ វាមិនមែនមានតែខ្ញុំម្នាក់ឯងឯណា។ តើមានអ្វីត្រូវខ្លាចទៅ?» តើនេះជានិស្ស័យអ្វីទៅ? គឺជានិស្ស័យនៃភាពស្ពឹកស្រពន់ និងខ្វះការគិត ពួកគេមិនមានភាពជាមនុស្សឡើយ។ តើអ្នកណាមិនខ្លាចស្លាប់នោះ? ដូច្នេះ តើពួកគេម្ដេចនឹងអាចនិយាយរឿងដែលផ្ដេសផ្ដាសបែបនេះបានទៅ? ពួកគេមិនជឿថារឿងបែបនេះនឹងកើតឡើងឡើយ។ ពួកគេគិតថា៖ «ផែនដីនេះធំធេងណាស់។ ក្រៅពីវាលខ្សាច់ នៅមានភ្នំ និងព្រៃឈើទៀត។ តើពួកវាអាចត្រូវបំផ្លាញអស់លឿនយ៉ាងនេះដែរទេ? នៅមានពេលច្រើនទៀត! យើងគ្រាន់តែសម្លាប់សត្វចចកពីរបីក្បាល ហើយកន្លែងខ្លះប្រែទៅជាវាលខ្សាច់សោះ តើអ្នកខ្លាចដល់ថ្នាក់នេះផងឬ? ប្រសិនបើពួកវាគួរតែត្រូវបានសម្លាប់ នោះយើងត្រូវតែសម្លាប់ពួកវាហើយ»។ តើនេះមិនមែនជារឿងល្ងង់ខ្លៅទេឬ? ពួកគេបានសម្លាប់សត្វចចកមួយចំនួន ហើយបន្ទាប់ពីរយៈពេលត្រឹមតែម្ភៃឆ្នាំ ឬសាមសិបឆ្នាំប៉ុណ្ណោះ វាលស្មៅពណ៌បៃតងមួយកន្លែង ត្រូវបានផ្លាស់ប្ដូរទាំងស្រុង។ ប្រសិនបើមនុស្សត្រូវសាបព្រោះគ្រាប់ពូជស្មៅខ្លះនៅលើដីនេះ ឬដាំរុក្ខជាតិដែលស័ក្ដិសមនឹងការដុះលូតលាស់នៅក្នុងវាលខ្សាច់ ប្រសិនបើពួកគេអាចផ្លាស់ប្ដូរបរិស្ថាននេះបាន នោះមនុស្សជាតិនឹងកំពុងប៉ះប៉ូវកំហុសរបស់ពួកគេហើយ ហើយវានឹងមិនយឺតពេលពេកនោះទេ ប៉ុន្តែតើការពិតវាងាយស្រួលបែបនេះដែរឬទេ? សណ្ដាប់ធ្នាប់ដែលព្រះជាម្ចាស់បានរៀបចំទុក គឺល្អបំផុត និងស័ក្ដិសមបំផុត។ មនុស្សត្រូវតែធ្វើតាមសណ្ដាប់ធ្នាប់នេះ ដើម្បីរក្សាអត្ថិភាពនៃផែនដី ហើយដើម្បីឱ្យសត្វ រុក្ខជាតិ និងពូជមនុស្សទាំងនេះ អាចបន្តរស់នៅលើផែនដីបាន ដោយភាវៈនីមួយៗចុះសម្រុងគ្នាយ៉ាងល្អប្រសើរបំផុត និងរួមរស់ជាមួយគ្នាតាមរបៀបមួយដែលដាក់កម្រិតលើគ្នាទៅវិញទៅមកផង និងពឹងផ្អែកគ្នាទៅវិញទៅមកផង។ ប្រសិនបើផ្នែកមួយរបស់ផែនដីត្រូវបានបំផ្លាញ អ្នកប្រហែលជាមិនឃើញផលវិបាកណាមួយក្នុងចន្លោះពេលដប់ឆ្នាំនោះទេ ប៉ុន្តែម្ភៃឆ្នាំក្រោយមក នៅពេលអ្នកពិតជាដឹងពីផលវិបាកនោះ នឹងគ្មានអ្នកណាអាចស្ដារវាឡើងវិញបានឡើយ។ តើនេះបញ្ជាក់ពីអ្វី? គឺថា ប្រសិនបើព្រះជាម្ចាស់មិនធ្វើការផ្លាស់ប្ដូរដ៏ធំធេងទេ ចាប់ពីពេលនោះមក បរិស្ថានដែលមនុស្សជាតិរស់នៅ នឹងកាន់តែអាក្រក់ទៅៗតែប៉ុណ្ណោះ វានឹងមិនវិវឌ្ឍទៅរកទិសដៅល្អឡើយ។ នេះហើយគឺជាផលវិបាកដែលនឹងកើតឡើង។ តើអ្វីទៅជាប្រភពនៃផលវិបាកនេះ? ប្រភពនោះគឺផ្នត់គំនិតនៃការមិនព្រមទទួលស្គាល់បរាជ័យ ដែលមនុស្សជាតិសរសើរ ដែលនេះគឺជាការបង្ហាញចេញទីមួយនៃការដេកលើគំនរមែកឈើ និងលិទ្ធទឹកប្រមាត់។ តាមរបៀបដែលមនុស្សមើលទៅ ការដេកលើគំនរមែកឈើ និងលិទ្ធទឹកប្រមាត់ គឺជាពាក្យពោលដ៏ «អស្ចារ្យ» និង «ពិសិដ្ឋ» ប៉ុន្តែឥទ្ធិពលទីមួយដែលគំនិតនេះបង្កើតឡើងចំពោះមនុស្សជាតិ គឺការនាំមកនូវផលវិបាកដ៏អាក្រក់យ៉ាងធំធេងបែបនេះដល់ពួកគេ។ មនុស្សគិតថា៖ «តើពិភពធម្មជាតិមិនមានសណ្ដាប់ធ្នាប់ទេឬ? វាមើលទៅដូចជាមិនមានអ្វីអស្ចារ្យសម្រាប់ខ្ញុំទេ។ តើមនុស្សមិននិយាយទេឬថា វាបរិសុទ្ធ ហើយមិនគួរត្រូវបានបំផ្លាញនោះ? អ៊ីចឹង ខ្ញុំនឹងបំផ្លាញវា ហើយយើងចាំមើលថានឹងមានអ្វីកើតឡើង!» ផលវិបាកដ៏អាក្រក់ដែលមនុស្សជាតិកំពុង «សោយសុខ» នៅសព្វថ្ងៃនេះ គឺជារឿងដែលពួកគេមិនចង់ឃើញបំផុត។ នេះហើយជារបៀបដែលផលវិបាកនៃ «ការចាំមើលថានឹងមានអ្វីកើតឡើង» កើតមានឡើង។ វាត្រូវបានលាតត្រដាងនៅចំពោះមុខមនុស្សជាតិ ដើម្បីឱ្យពួកគេមើលឃើញ។ មនុស្សគ្រប់គ្នាបានឃើញទិដ្ឋភាពនៃ «គ្រាចុងក្រោយ» ហើយ។ តើពួកគេមិនទទួលបានអ្វីដែលពួកគេសមនឹងទទួលទេឬ? ពួកគេបាននាំរឿងនេះមកដាក់ខ្លួនឯង។
ការបង្ហាញចេញទីមួយនៃការដេកលើគំនរមែកឈើ និងលិទ្ធទឹកប្រមាត់ គឺការមិនព្រមទទួលស្គាល់បរាជ័យ។ តើមនុស្សត្រូវតែរែកពុនផលវិបាកអ្វីខ្លះ? គឺភយន្តរាយដ៏ធំសម្បើម។ ពួកគេកំពុងទទួលផលវិបាកដ៏អាក្រក់នៃសកម្មភាពរបស់ពួកគេ និយាយតាមភាសាសាមញ្ញ គឺពួកគេរករឿងដាក់ខ្លួន ហើយទទួលបានអ្វីដែលពួកគេសមនឹងទទួល! ឥឡូវនេះ អ្នកដឹងហើយថាតើឃ្លានេះពិតជាត្រឹមត្រូវដែរឬទេ ហើយថាតើវាជាសេចក្ដីពិតដែរឬទេ មែនទេ? តើឃ្លានេះគឺជាសេចក្ដីពិតដែរឬទេ? (មិនមែនទេ។) វាមិនមែនជាសេចក្ដីពិតឡើយ។ ឧបមាថា អ្នកគ្មានជំនឿនិយាយម្ដងទៀតថា៖ «យើងគួរតែមានស្មារតី និងភាពរឹងមាំខ្លះនៅក្នុងការប្រព្រឹត្តខ្លួនរបស់យើង!» អ្នករិះគិតពីវា ហើយនិយាយថា៖ «ពិតមែនហើយ។ ក្នុងនាមជាអ្នកជឿ យើងតែងតែនិយាយអំពីការចុះចូល។ តើវាមិនខ្វះភាពម្ចាស់ការលើខ្លួនឯងពេកទេឬ? តើវាមិនទន់ខ្សោយពេកទេឬ? យើងគ្មានភាពរឹងមាំឡើយ»។ តើអ្នកគិតបែបនេះដែរឬទេ? ប្រសិនបើអ្នកទទួលយកអ្វីៗដែលខ្ញុំបាននិយាយនៅថ្ងៃនេះ អ្នកនឹងមិនគិតបែបនេះជាដាច់ខាត។ ផ្ទុយទៅវិញ អ្នកនឹងនិយាយថា៖ «មនុស្សជាតិអស់សង្ឃឹមហើយ។ មិនឆ្ងល់ទេដែលព្រះជាម្ចាស់ស្អប់ខ្ពើមពួកគេ។ មនុស្សជាតិបានហួសពីចំណុចដែលអាចនិយាយហេតុផលជាមួយបានទៅហើយ»។ អ្នកនឹងមិនទទួលយកគំនិតប្រភេទនោះឡើយ។ ទោះបីជាអ្នកមិនមានការតបតដ៏ស័ក្ដិសម ឬវាមិនស័ក្ដិសមក្នុងការជជែកវែកញែកជាមួយមនុស្សទាំងនេះក៏ដោយ ក៏នៅក្នុងចិត្តរបស់អ្នក អ្នកដឹងថាទស្សនៈរបស់ពួកគេដាច់ខាតមិនមែនជាសេចក្ដីពិតឡើយ។ មិនថាមនុស្សមើលឃើញថាគំនិតប្រភេទនេះមានភាពវិជ្ជមានយ៉ាងណា ហើយមិនថាមនុស្សនៅក្នុងលោកីយ៍នេះគាំទ្រ និងនិយាយលើកស្ទួយវាខ្លាំងប៉ុនណានោះទេ ក៏អ្នកនឹងមិនរងឥទ្ធិពលពីវាឡើយ។ ផ្ទុយទៅវិញ អ្នកនឹងបោះបង់ និងមើលងាយវា។ ខ្ញុំបានប្រកបគ្នាចប់ហើយ អំពីការបង្ហាញចេញទីមួយនៃការដេកលើគំនរមែកឈើ និងលិទ្ធទឹកប្រមាត់។ ខ្ញុំបានចាប់ផ្ដើមឡើងដោយការប្រកបគ្នាអំពីសេចក្ដីពិត ម្ដេចបានជាខ្ញុំនិយាយខុសប្រធានបទ? អ្វីដែលខ្ញុំគិតគឺបែបនេះ៖ ប្រសិនបើអ្វីដែលអ្នកទទួលបានពីការប្រកបគ្នារបស់ខ្ញុំ ត្រូវបានកំណត់ត្រឹមតែនិយមន័យ ឬគោលគំនិតមួយ នោះអ្នកនឹងមិនយល់ជាដាច់ខាតថាតើផ្នែកណាខ្លះដែលត្រឹមត្រូវ និងផ្នែកណាខ្លះដែលមិនត្រឹមត្រូវនៃគំនិតនេះ។ អ្នកនឹងគ្រាន់តែមានភាពច្របូកច្របល់ ជួនកាល អ្នកនឹងគិតថាគំនិតប្រភេទនេះគឺត្រឹមត្រូវ ជួនកាល អ្នកនឹងគិតថាគំនិតប្រភេទនេះគឺខុស ប៉ុន្តែអ្នកនឹងមិនច្បាស់ថាតើវាខុសត្រង់ណា ឬវាត្រឹមត្រូវត្រង់ណានោះទេ។ បន្ថែមពីនេះ អ្នកនឹងច្រើនតែអនុវត្តតាម «គោលការណ៍» នេះ ហើយអ្នកនឹងតែងតែមានគំនិតច្របូកច្របល់ជានិច្ច។ ប្រសិនបើអ្នកមិនអាចមើលឃើញច្បាស់ទេ អ្នកនឹងមិនអាចលះបង់គំនិតប្រភេទនេះបានឡើយ។ ប្រសិនបើអ្នកមិនអាចលះបង់វាបានទេ តើអ្នកអាចអនុវត្តសេចក្ដីពិតបានទាំងស្រុងដែរឬទេ? តើអ្នកអាចថ្វាយបង្គំ និងធ្វើតាមព្រះបន្ទូលរបស់ព្រះជាម្ចាស់ជាសេចក្ដីពិតបានទាំងស្រុងដែរឬទេ? អត់ទេ មិនទាំងស្រុងឡើយ។ អ្នកនឹងគ្រាន់តែអាចគិតក្នុងកម្រិតណាមួយ ឬម្ដងម្កាលថា ព្រះបន្ទូលរបស់ព្រះជាម្ចាស់គឺត្រឹមត្រូវ ឬថាព្រះបន្ទូលរបស់ព្រះជាម្ចាស់តែងតែត្រឹមត្រូវ ហើយអ្នកប្រកាន់ខ្ជាប់រឿងនេះក្នុងន័យជាគោលលទ្ធិប៉ុណ្ណោះ។ ប៉ុន្តែ ប្រសិនបើអ្នកនៅតែរងឥទ្ធិពល និងត្រូវបានរំខានដោយអ្វីដែលហៅថាចំណេះដឹងនេះ និងដោយពាក្យសម្ដីទាំងនេះដែលហាក់ដូចជាពិត ប៉ុន្តែតាមពិតទៅគឺក្លែងក្លាយ នោះព្រះបន្ទូលរបស់ព្រះជាម្ចាស់នឹងតែងតែត្រឹមត្រូវក្នុងកម្រិតណាមួយសម្រាប់អ្នកជានិច្ច ជាជាងជាសេចក្ដីពិតដ៏ដាច់ខាត។
ខ. ការស៊ូទ្រាំនឹងការធ្វើឱ្យអាម៉ាស់មុខ និងការរែកពុនបន្ទុកដ៏ធ្ងន់
ការបង្ហាញចេញទីពីរនៃការដេកលើគំនរមែកឈើ និងលិទ្ធទឹកប្រមាត់ គឺការស៊ូទ្រាំនឹងការធ្វើឱ្យអាម៉ាស់មុខ និងការរែកពុនបន្ទុកដ៏ធ្ងន់។ ការស៊ូទ្រាំនឹងការធ្វើឱ្យអាម៉ាស់មុខ និងការរែកពុនបន្ទុកដ៏ធ្ងន់ ក៏ជាទម្រង់នៃការគិត ជាផ្នត់គំនិត និងជាអាកប្បកិរិយាចំពោះរឿងនានា ដែលមនុស្សខាងលោកីយ៍គាំទ្រផងដែរ។ នៅក្នុងសង្គម និងពិភពលោក នេះជារបៀបនៃការគិតមួយដែលវិជ្ជមានគួរសម ហើយដែលមនុស្សជាតិគិតថាមានសុទិដ្ឋិនិយម មានការជំរុញទៅមុខ និងមានភាពវិជ្ជមានគួរសម។ ដូច្នេះ តើអ្វីទៅដែលយើងចង់វែកញែកនោះ? តើការស៊ូទ្រាំនឹងការធ្វើឱ្យអាម៉ាស់មុខ និងការរែកពុនបន្ទុកដ៏ធ្ងន់ មានអ្វីអាក្រក់? ហេតុអ្វីបានជាវាមិនមែនជាសេចក្ដីពិត? ជាមូលដ្ឋាន វាគ្មានពាក់ព័ន្ធអ្វីនឹងសេចក្ដីពិតឡើយ។ តើខ្ញុំមានន័យដូចម្ដេច នៅពេលខ្ញុំនិយាយថា វាគ្មានពាក់ព័ន្ធអ្វីនឹងសេចក្ដីពិតនោះ? ខ្ញុំមានន័យថា ប្រសិនបើអ្នកចង់អនុវត្តសេចក្ដីពិត អ្នកត្រូវតែធ្វើវាឱ្យបានទាំងស្រុងស្របតាមគោលការណ៍ព្រះបន្ទូលរបស់ព្រះជាម្ចាស់ ព្រមទាំងស្របតាមស្ដង់ដា និងសេចក្ដីលម្អិតដែលព្រះជាម្ចាស់តម្រូវជាចាំបាច់។ អ្នកមិនគួរលាយឡំនូវអាកប្បកិរិយា និងទស្សនៈចំពោះការធ្វើរឿងនានា ព្រមទាំងវិធីសាស្ត្រ និងមធ្យោបាយនៃអ្វីដែលហៅថា មនោគមវិជ្ជា ផ្នត់គំនិត និងសេចក្ដីទៀងត្រង់របស់មនុស្សឡើយ។ ព្រះបន្ទូលរបស់ព្រះជាម្ចាស់គឺជាសេចក្ដីពិត ហើយគ្មានពាក់ព័ន្ធអ្វីនឹងរឿងទាំងនេះឡើយ។ ចុះហេតុអ្វីបានជាការស៊ូទ្រាំនឹងការធ្វើឱ្យអាម៉ាស់មុខ និងការរែកពុនបន្ទុកដ៏ធ្ងន់ គឺជារឿងអាក្រក់? ហេតុអ្វីបានជាខ្ញុំនិយាយថា វាមិនមែនជាសេចក្ដីពិត? តើរឿងនេះមិនស័ក្តិសមនឹងឱ្យវែកញែកទេឬ? (ស័ក្តិសម។) ចូរយើងចាប់ផ្ដើមដោយការពន្យល់ពីន័យត្រង់នៃឃ្លានេះសិន បន្ទាប់មក វានឹងកាន់តែងាយស្រួលយល់។ ការស៊ូទ្រាំនឹងការធ្វើឱ្យអាម៉ាស់មុខ និងការរែកពុនបន្ទុកដ៏ធ្ងន់ មានន័យថា អាចស៊ូទ្រាំនឹងភាពអាម៉ាស់ ការឈឺចាប់ និងការប្រមាថមើលងាយទាំងអស់ ដើម្បីជាប្រយោជន៍ដល់ការទទួលខុសត្រូវ បន្ទុក ឬបេសកកម្មដែលខ្លួនរ៉ាប់រង និងទទួលយក។ នេះគឺជាអត្ថន័យជាមូលដ្ឋាននៃឃ្លានេះ។ ចុះតើជាធម្មតាគេប្រើឃ្លានេះនៅក្នុងមជ្ឈដ្ឋាន និងស្ថានភាពបែបណា? ប្រសិនបើគេនិយាយថា មនុស្សម្នាក់កំពុងស៊ូទ្រាំនឹងការធ្វើឱ្យអាម៉ាស់មុខ និងការរែកពុនបន្ទុកដ៏ធ្ងន់ ចុះតើបច្ចុប្បន្ននេះ បុគ្គលនោះកំពុងស្ថិតក្នុងកាលៈទេសៈមួយដែលបេសកកម្មរបស់គេត្រូវបានបញ្ចប់ ហើយគេបានសម្រេចគោលដៅដែលគេចង់សម្រេចហើយឬនៅ? (នៅទេ។) ដូច្នេះ ជាធម្មតា នៅពេលគេនិយាយអំពីការស៊ូទ្រាំនឹងការធ្វើឱ្យអាម៉ាស់មុខ និងការរែកពុនបន្ទុកដ៏ធ្ងន់ គេកំពុងសំដៅទៅលើមនុស្សមិនសំខាន់ម្នាក់ ដែលស្ថិតក្នុងស្ថានភាពមួយដែលបុគ្គលនោះគ្មានឋានៈ និងគ្មានរស្មីទាល់តែសោះ កុំថាឡើយដល់មានអំណាចណាមួយនោះ។ បុគ្គលនោះស្ថិតក្នុងស្ថានភាពបែបនេះ ប៉ុន្តែគេនៅតែត្រូវរែកពុនការទទួលខុសត្រូវរបស់ខ្លួន រែកពុនបេសកកម្មដែលគេត្រូវបញ្ចប់ មិនបាក់ទឹកចិត្ត មិនសម្រុះសម្រួល និងមិនបោះបង់ចោលឡើយ។ តើនេះមិនមែនជាប្រភេទនៃផ្នត់គំនិតមួយដែរទេឬ? តើអ្វីទៅជាការសង្កត់ធ្ងន់នៃផ្នត់គំនិតនេះ? គឺសង្កត់ធ្ងន់ទៅលើ «ការស៊ូទ្រាំ» និង «ការរែកពុន»។ «ការស៊ូទ្រាំ» មានន័យថា ការអត់ធ្មត់ និងការទ្រាំទ្រនឹងរឿងអ្វីមួយ។ ក្នុងពេលដំណាលគ្នានៃការស៊ូទ្រាំនឹងរឿងអ្វីមួយ គេត្រូវតែទទួលយក និងរែកពុនបន្ទុក ព្រមទាំងការទទួលខុសត្រូវដ៏ធ្ងន់ មិនធ្វើឱ្យខកបំណងដល់ការរំពឹងទុករបស់មនុស្សគ្រប់គ្នា និងមិនធ្វើឱ្យបុគ្គលដែលបានផ្ទុកផ្ដាក់នូវការផ្ទុកផ្ដាក់នេះដល់គេ ត្រូវខកចិត្តឡើយ។ តើនេះជាផ្នត់គំនិតប្រភេទណាទៅ? (គឺការតស៊ូព្យាយាម។) វាមានធាតុផ្សំនៃអត្ថន័យនេះ ប៉ុន្តែនេះគឺជាកម្រិតនៃអត្ថន័យដ៏មូលដ្ឋាន និងរាក់កំភែលបំផុត។ តើមានអ្វីផ្សេងទៀត? ចូរយើងវិភាគវាតាមរបៀបនេះ។ តើពាក្យ «ការធ្វើឱ្យអាម៉ាស់មុខ» នៅក្នុងឃ្លា «ការស៊ូទ្រាំនឹងការធ្វើឱ្យអាម៉ាស់មុខ» មានន័យដូចម្ដេច? (គឺការប្រមាថមើលងាយ និងភាពអាម៉ាស់។) គឺនៅពេលដែលមនុស្សគ្រប់គ្នានៅជុំវិញបុគ្គលនេះ ធ្វើឱ្យគេអាម៉ាស់មុខ និងធ្វើឱ្យគេមានអារម្មណ៍ថា គេបានរងការប្រមាថមើលងាយ។ តើឥរិយាបថជាក់លាក់ណាខ្លះ ដែលធ្វើឱ្យមនុស្សអាម៉ាស់មុខ និងធ្វើឱ្យពួកគេមានអារម្មណ៍ថា ពួកគេបានរងការប្រមាថមើលងាយ? (គឺការចំអកឱ្យពួកគេ ការបង្ខូចកេរ្តិ៍ឈ្មោះពួកគេ និងការនិយាយពាក្យសម្ដីផ្លែផ្កាដាក់ពួកគេ។) ត្រូវហើយ គឺការចំអក និងការបង្ខូចកេរ្តិ៍ឈ្មោះពួកគេ ព្រមទាំងការសើចចំអកឱ្យពួកគេ ការលេងសើចនឹងពួកគេ និងការនិយាយពាក្យសម្ដីផ្លែផ្កាដាក់ពួកគេ។ ដូច្នេះ តើពាក្យ «បន្ទុកដ៏ធ្ងន់» នៅក្នុងឃ្លា «ការរែកពុនបន្ទុកដ៏ធ្ងន់» មានន័យដូចម្ដេច? (គឺការទទួលខុសត្រូវ និងការផ្ទុកផ្ដាក់។) តើការទទួលខុសត្រូវ និងការផ្ទុកផ្ដាក់ រួមមានអ្វីខ្លះ? ទាំងនេះរួមមានប្រភេទនៃបេសកកម្ម និងបន្ទុកដ៏ធ្ងន់ ដែលបន្ទុកដ៏ធ្ងន់នេះ អាចជារឿងដែលអ្នកដទៃបានផ្ទុកផ្ដាក់ឱ្យនរណាម្នាក់ ឬវាអាចជាគោលដៅដែលនរណាម្នាក់កំពុងតស៊ូឆ្ពោះទៅរក ឬជាបេសកកម្មដែលគេគិតឃើញដោយខ្លួនឯង។ តើមនុស្សគិតថា ពួកគេកំពុងរ៉ាប់រងបេសកកម្មប្រភេទណាខ្លះ? (ការនាំកិត្តិយសជូនដូនតារបស់ខ្លួន និងមានភាពលេចធ្លោលើសអ្នកឯទៀត។) (ការក្លាយជាមនុស្សឆ្នើមបំផុត។) ទាំងនេះសុទ្ធតែជាឧទាហរណ៍។ ជាមូលដ្ឋាន ទាំងនេះគឺជាមហិច្ឆតាផ្ទាល់ខ្លួនរបស់មនុស្ស។ ដើម្បីសម្រេច និងធ្វើឱ្យគោលដៅទាំងនេះលេចចេញជារូបរាង នៅក្នុងកាលៈទេសៈបច្ចុប្បន្នរបស់ពួកគេ ពួកគេអាចស៊ូទ្រាំនឹងការប្រមាថមើលងាយ ការចំអក ការបង្ខូចកេរ្តិ៍ឈ្មោះ ការនិយាយពាក្យសម្ដីផ្លែផ្កា និងសូម្បីតែការឡកឡាយពីមនុស្សជុំវិញខ្លួនពួកគេ។ តើអ្វីទៅដែលជំរុញពួកគេឱ្យស៊ូទ្រាំនឹងរឿងទាំងអស់នេះ? ឧទាហរណ៍៖ មានមនុស្សម្នាក់ដែលមានមហិច្ឆតាចង់ក្លាយជាឧត្តមសេនីយ៍កងទ័ពជាន់ខ្ពស់។ មុនពេលគាត់ទទួលបានអំណាច មានថ្ងៃមួយដែលពួកជនពាលមួយក្រុមបានធ្វើឱ្យគាត់អាម៉ាស់មុខ ដោយនិយាយថា «ឯងហ្នឹងឬ? ជាឧត្តមសេនីយ៍កងទ័ព? មកដល់ពេលនេះ សូម្បីតែសេះមួយក្បាលក៏ឯងគ្មានផង តើឯងអាចធ្វើជាឧត្តមសេនីយ៍យ៉ាងម៉េចទៅ? ប្រសិនបើឯងចង់ធ្វើជាឧត្តមសេនីយ៍ ត្រូវវារតាមចន្លោះជើងរបស់អញសិនទៅ!» មនុស្សទាំងអស់ដែលនៅក្បែរនោះក៏ផ្ទុះសំណើចឡើង។ គាត់សញ្ជឹងគិតក្នុងចិត្តមួយសន្ទុះថា៖ «ការចង់ក្លាយជាឧត្តមសេនីយ៍កងទ័ពគឺគ្មានអ្វីខុសនោះទេ។ ហេតុអ្វីបានជាពួកគេឡកឡាយ និងសើចចំអកឱ្យខ្ញុំទៅវិញ? ប៉ុន្តែ ខ្ញុំមិនអាចធ្វើអ្វីផ្ដេសផ្ដាស និងបង្ហាញសមត្ថភាពរបស់ខ្ញុំនៅពេលនេះបានទេ។ ដោយវិនិច្ឆ័យតាមស្ថានការណ៍នៅថ្ងៃនេះ ប្រសិនបើខ្ញុំមិនធ្វើតាមអ្វីដែលពួកគេនិយាយទេ ខ្ញុំនឹងរងការវាយដំ ហើយប្រសិនបើរឿងរ៉ាវមិនល្អទេ ខ្ញុំអាចនឹងបាត់បង់ជីវិត។ ពេលនោះតើខ្ញុំអាចធ្វើជាឧត្តមសេនីយ៍យ៉ាងម៉េចកើតទៅ? ដើម្បីជាប្រយោជន៍ដល់សេចក្ដីប្រាថ្នារបស់ខ្ញុំ ការវារតាមចន្លោះជើងរបស់ជនពាល គឺមិនមែនជារឿងធំដុំឡើយ។ ខ្ញុំនៅតែជាខ្ញុំដដែល តើមែនទេ?» មកដល់ចំណុចនេះ គាត់ក៏លុតជង្គង់ចុះ ដាក់ដៃទាំងពីរលើដី ហើយវារតាមចន្លោះជើងរបស់ជនពាលនោះដូចជាសត្វឆ្កែ។ ពេលកំពុងវារ គាត់ពិបាកនឹងទទួលយកក្នុងចិត្តណាស់ ហើយបេះដូងរបស់គាត់មានការឈឺចាប់ ហាក់ដូចជាត្រូវគេចាក់ដោយកាំបិតអ៊ីចឹង មានសេចក្ដីស្អប់នៅក្នុងចិត្តរបស់គាត់! គាត់គិតថា៖ «ថ្ងៃណាមួយ ពេលដែលអញក្លាយជាឧត្តមសេនីយ៍មែនទែន អញនឹងកាប់ចិញ្ច្រាំឯងជាកង់ៗ!» នេះជាអ្វីដែលគាត់គិតក្នុងចិត្ត ប៉ុន្តែនៅខាងក្រៅ គាត់ត្រូវតែស៊ូទ្រាំ គាត់មិនអាចឱ្យអ្នកដទៃឃើញពីអ្វីដែលគាត់កំពុងគិតឡើយ។ បន្ទាប់ពីគាត់វារតាមចន្លោះជើងរបស់ជនពាលនោះរួច ក្រុមជនពាលមានការពេញចិត្ត ហើយក៏លើកលែងឱ្យគាត់ ដោយទាត់គាត់មួយជើងឱ្យចេញពីផ្លូវ។ គាត់ក្រោកឈរឡើង បោសធូលីចេញពីខ្លួន ហើយថែមទាំងនិយាយថា៖ «ទាត់បានល្អណាស់។ ចាប់ពីពេលនេះតទៅ ខ្ញុំនឹងហៅលោកថា “បងធំ” ហើយ»។ អ្វីដែលគាត់គិតនៅខាងក្នុង និងអ្វីដែលគាត់បង្ហាញនៅខាងក្រៅ គឺខុសគ្នាស្រឡះ។ តើគាត់អាចធ្វើបែបនេះបានយ៉ាងដូចម្ដេចទៅ? គាត់មានគោលដៅតែមួយគត់គឺ៖ «ខ្ញុំត្រូវបន្តរស់នៅ។ ខ្ញុំកំពុងស៊ូទ្រាំនឹងរឿងទាំងអស់នេះ ដើម្បីឱ្យមានថ្ងៃមួយដែលខ្ញុំក្លាយជាឧត្តមសេនីយ៍ ហើយក្លាយជាមនុស្សឆ្នើមបំផុត។ ការរងទុក្ខលំបាក និងការធ្វើឱ្យអាម៉ាស់មុខនៅថ្ងៃនេះ គឺសមតម្លៃហើយ។ ថ្ងៃស្អែក ខ្ញុំត្រូវតែខិតខំធ្វើការឱ្យកាន់តែខ្លាំង ហើយប្រឹងប្រែងតស៊ូដើម្បីសម្រេចគោលដៅរបស់ខ្ញុំ។ មិនថាខ្ញុំជួបប្រទះការលំបាកអ្វីនោះទេ ហើយមិនថាខ្ញុំត្រូវស៊ូទ្រាំនឹងការរងទុក្ខ និងការប្រមាថមើលងាយខ្លាំងប៉ុនណាក៏ដោយ ក៏ខ្ញុំត្រូវតែក្លាយជាឧត្តមសេនីយ៍ឱ្យបាន! បន្ទាប់ពីខ្ញុំក្លាយជាឧត្តមសេនីយ៍ រឿងដំបូងដែលខ្ញុំត្រូវធ្វើ គឺសម្លាប់អាចោលម្សៀតម្នាក់នេះ ហើយប៉ះប៉ូវសងចំពោះការធ្វើឱ្យអាម៉ាស់មុខដែលខ្ញុំត្រូវវារតាមចន្លោះជើងរបស់វា!» ទោះបីជាគាត់ក្លាយជាឧត្តមសេនីយ៍នៅថ្ងៃអនាគតឬអត់ក៏ដោយ ក៏ «ការស៊ូទ្រាំ» គឺជាគោលការណ៍ខ្ពស់បំផុតរបស់គាត់នៅពេលនោះដែរ។ តើមានយុទ្ធសាស្ត្រ ឬល្បិចកលសម្ងាត់ណាមួយនៅក្នុងរឿងនេះដែរឬទេ? (មាន។) គឺមានល្បិចកលសម្ងាត់។ គាត់ស៊ូទ្រាំ ពីព្រោះគាត់គ្មានជម្រើសអ្វីផ្សេងឡើយ។ តើនេះដើម្បីអ្វីទៅ? គឺដើម្បីឱ្យថ្ងៃណាមួយ គាត់អាចប៉ះប៉ូវសងចំពោះការប្រមាថមើលងាយទាំងអស់នេះបាន។ ការស៊ូទ្រាំរបស់គាត់គឺផ្អែកលើពាក្យពោលដូចជា «មានជីវិត គឺមានក្ដីសង្ឃឹម» និង «សុភាពបុរស ចង់សងសឹកមិនយឺតពេលទេ» ទាំងអស់នេះសុទ្ធតែជាល្បិចកល។ គឺល្បិចកលទាំងនេះហើយ ដែលបានជំរុញគាត់ឱ្យស៊ូទ្រាំនឹងការធ្វើឱ្យអាម៉ាស់មុខនៃការវារតាមចន្លោះជើងរបស់ជនពាលនោះ។ ចាប់ពីពេលនេះតទៅ បំណងប្រាថ្នានៅក្នុងចិត្តរបស់គាត់ក្នុងការក្លាយជាឧត្តមសេនីយ៍ គឺកាន់តែធំធេង និងកាន់តែខ្លាំងក្លាឡើង គាត់នឹងមិនបោះបង់ចោលជាដាច់ខាត។ ដូច្នេះ តើការប្រមាថមើលងាយ និងការធ្វើឱ្យអាម៉ាស់មុខដែលគាត់បានស៊ូទ្រាំនោះ គឺដើម្បីអ្វីទៅ? តើវាដើម្បីរក្សានូវបុព្វហេតុដ៏យុត្តិធម៌ ឬដើម្បីរក្សានូវសេចក្ដីថ្លៃថ្នូរពិតប្រាកដមែនទេ? គាត់ធ្វើបែបនេះ គឺដើម្បីជាប្រយោជន៍ដល់មហិច្ឆតាដ៏ធំធេងរបស់គាត់ផ្ទាល់។ ចុះតើរឿងនេះវិជ្ជមាន ឬអវិជ្ជមាន? (អវិជ្ជមាន។) បើវិនិច្ឆ័យតាមកម្រិតនៃអត្ថន័យនេះ «ការស៊ូទ្រាំ» នេះ ត្រូវបានជំរុញទាំងស្រុងដោយផលប្រយោជន៍ផ្ទាល់ខ្លួន បំណងប្រាថ្នា និងមហិច្ឆតាដ៏ធំធេង។ តើមានសេចក្ដីពិតនៅក្នុងការស៊ូទ្រាំនេះដែរឬទេ? (គ្មានទេ។) ប្រសិនបើគ្មានសេចក្ដីពិតទេ ចុះតើមានភាពជាមនុស្សធម្មតាដែរឬទេ? (គ្មានទេ។) នេះមិនមែនជារឿងយុត្តិធម៌ ហើយក៏មិនមែនជារឿងទៀងត្រង់ដែរ កុំថាឡើយជារឿងឥតខ្ចោះនោះ។ ផ្ទុយទៅវិញ វាពោរពេញទៅដោយបំណងប្រាថ្នា ល្បិចកលសម្ងាត់ និងការគិតគូរ។ វាមិនមែនជារឿងវិជ្ជមានឡើយ។
ប្រភេទនៃការគិត និងផ្នត់គំនិតនៃការស៊ូទ្រាំនឹងការធ្វើឱ្យអាម៉ាស់មុខ និងការរែកពុនបន្ទុកដ៏ធ្ងន់ ដែលត្រូវបានគាំទ្រនៅក្នុងពូជមនុស្សដ៏ទុច្ចរិតនេះ ជាមូលដ្ឋានគឺដូចទៅនឹងរឿងដែលខ្ញុំទើបតែបានប្រាប់អម្បាញ់មិញនេះអ៊ីចឹង ដែលប្រសិនបើមនុស្សម្នាក់ចង់សម្រេចរឿងធំដុំ គេចាំបាច់ត្រូវតែអាចស៊ូទ្រាំនឹងអ្វីដែលមនុស្សធម្មតាមិនអាចស៊ូទ្រាំបាន។ តើការស៊ូទ្រាំនេះ ជាចម្បងសំដៅទៅលើអ្វី? (គឺការស៊ូទ្រាំនឹងភាពអាម៉ាស់។) មិនមែនទេ។ តើរឿងនានាដែលការស៊ូទ្រាំនេះធ្វើឱ្យមនុស្សសម្ដែងចេញ គឺជាការពិត ឬក៏ក្លែងក្លាយ? (ក្លែងក្លាយ។) នេះហើយគឺជាចំណុចសំខាន់។ រឿងនានាដែលមនុស្សសម្ដែងចេញ ពាក្យសម្ដីដែលពួកគេនិយាយ និងឥរិយាបថដែលពួកគេបង្ហាញ ដើម្បីជាប្រយោជន៍ដល់សេចក្ដីប្រាថ្នា និងមហិច្ឆតាដ៏ធំធេងរបស់ពួកគេ គឺសុទ្ធតែក្លែងបន្លំ សុទ្ធតែធ្វើឡើងដោយបង្ខំចិត្ត។ រឿងទាំងអស់នេះ ត្រូវបានជំរុញដោយលក្ខខណ្ឌជាមុននៃបំណងប្រាថ្នា ផលប្រយោជន៍ផ្ទាល់ខ្លួន និងអ្វីដែលហៅថាមហិច្ឆតា និងគោលដៅរបស់មនុស្សទាំងអស់នេះ។ រឿងដែលមនុស្សសម្ដែងចេញទាំងនេះ សុទ្ធតែជាវិធានការបណ្ដោះអាសន្ន គ្មានរឿងណាមួយស្មោះត្រង់ ឬពិតប្រាកដសូម្បីតែបន្តិច គ្មានរឿងណាមួយត្រូវបានលាតត្រដាង បើកចំហ ឬត្រង់ទៅត្រង់មកសូម្បីតែបន្តិច។ វាសុទ្ធតែជាវិធានការបណ្ដោះអាសន្ន។ តើទាំងនេះមិនមែនសុទ្ធតែជាផែនការបោកបញ្ឆោតទេឬ? វិធានការបណ្ដោះអាសន្ន គឺនៅពេលដែលមនុស្សស៊ូទ្រាំនឹងរឿងអ្វីមួយជាបណ្ដោះអាសន្នតាមរបៀបនេះ និយាយពាក្យសម្ដីពីរោះស្ដាប់ លួងលោម និងបោកប្រាស់ជាបណ្ដោះអាសន្ន ហើយលាក់បាំងអត្តសញ្ញាណពិតប្រាកដ ចិត្តគំនិត ការគិត ទស្សនៈ និងសូម្បីតែការស្អប់របស់ពួកគេមួយរយៈសិន ហើយមិនឱ្យអ្នកម្ខាងទៀតមើលឃើញឡើយ។ ផ្ទុយទៅវិញ ពួកគេចង់ឱ្យអ្នកម្ខាងទៀតមើលឃើញពីផ្នែកដែលទន់ខ្សោយ និងអសមត្ថភាព កម្សោយ និងកំសាករបស់ពួកគេ។ ពួកគេលាក់បាំងមុខមាត់ពិតរបស់ខ្លួនទាំងស្រុង តើពួកគេធ្វើបែបនេះដើម្បីអ្វីទៅ? ពួកគេធ្វើបែបនេះ ដើម្បីឱ្យថ្ងៃណាមួយ ពួកគេអាចកសាងបុព្វហេតុដ៏ធំមួយ ក្លាយជាមនុស្សឆ្នើមបំផុត គ្រប់គ្រងអ្នកដទៃ និងត្រួតត្រាលើអ្នកដទៃបាន។ តើមានអ្វីត្រូវបានបង្ហាញ នៅពេលមនុស្សអនុវត្ត និងបង្ហាញចេញនូវឃ្លា «ការស៊ូទ្រាំនឹងការធ្វើឱ្យអាម៉ាស់មុខ និងការរែកពុនបន្ទុកដ៏ធ្ងន់» នេះ? តើមនុស្សដែលធ្វើបែបនេះ មានអាកប្បកិរិយាស្មោះត្រង់ដែរឬទេ? តើពួកគេមានការយល់ដឹងពិតប្រាកដ និងមានវិប្បដិសារីចំពោះខ្លួនឯងដែរឬទេ? (គ្មានទេ។) ឧទាហរណ៍៖ អ្នកដទៃនិយាយថា «មនុស្សដូចជាអ្នកឯង ចង់ធ្វើជាឧត្តមសេនីយ៍ឬ?» គេសញ្ជឹងគិត រួចនិយាយថា៖ «ខ្ញុំមិនអាចធ្វើបានទេ។ ខ្ញុំនឹងមិនធ្វើជាឧត្តមសេនីយ៍ឡើយ។ ខ្ញុំគ្រាន់តែនិយាយលេងប៉ុណ្ណោះ»។ តើពាក្យសម្ដីដែលគេនិយាយ គឺជាការពិត ឬមិនពិត? (មិនពិតទេ។) តើគេកំពុងគិតអ្វីនៅក្នុងចិត្ត? «មានតែមនុស្សដូចជាខ្ញុំទេ ទើបអាចក្លាយជាឧត្តមសេនីយ៍បាន!» នេះគឺជាអ្វីដែលគេគិតនៅក្នុងចិត្ត ប៉ុន្តែតើគេនិយាយរឿងនេះចេញមកក្រៅបានដែរឬទេ? (មិនបានទេ។) ហេតុអ្វីក៏មិនបាន? គឺដើម្បីជៀសវាងកុំឱ្យរងការវាយដំ និងដើម្បីលាក់បាំងសមត្ថភាពពិតរបស់ខ្លួន គេនិយាយថា៖ «ខ្ញុំគ្រាន់តែនិយាយលេងប៉ុណ្ណោះ។ ខ្ញុំមិនថ្លើមធំដល់ថ្នាក់ចង់ធ្វើជាឧត្តមសេនីយ៍មែនទែននោះទេ។ អ្នកទើបស័ក្តិសមជាឧត្តមសេនីយ៍ជាន់ខ្ពស់ជាង អ្នកគឺជាអនាគតអគ្គមេបញ្ជាការ។ ឋានៈនោះខ្ពស់ជាងឧត្តមសេនីយ៍ទៅទៀត!» តើពាក្យសម្ដីទាំងនេះពិតដែរឬទេ? (មិនពិតទេ។) តើពាក្យសម្ដីពិតរបស់គេនៅឯណាទៅ? (គឺនៅក្នុងចិត្តរបស់គេ។) ត្រូវហើយ គេទុកពាក្យសម្ដីពិតរបស់គេនៅក្នុងចិត្ត ហើយមិននិយាយវាចេញមកក្រៅឡើយ។ ហេតុអ្វីបានជាគេមិននិយាយវាចេញមកក្រៅ? គេខ្លាចថានឹងរងការវាយដំ ប្រសិនបើគេនិយាយវាចេញមក ដូច្នេះ គេមិននិយាយចេញមកឡើយ ហើយក៏មិនបើកបង្ហាញវាដែរ។ គេមិនឱ្យនរណាម្នាក់ដឹងឡើយ ដោយលាក់បាំងសមត្ថភាពពិតរបស់គេជារៀងរហូត។ តើការលាក់បាំងសមត្ថភាពពិតរបស់ខ្លួន មានន័យដូចម្ដេច? គឺនៅពេលមនុស្សម្នាក់មិនឱ្យអ្នកដទៃមើលឃើញពីសមត្ថភាពពិតរបស់គេ។ គេលាក់បាំងសមត្ថភាពទាំងនេះ ហើយមិនបណ្ដោយឱ្យវាលេចចេញមកឡើយ ដើម្បីការពារកុំឱ្យអ្នកដទៃមានការប្រុងប្រយ័ត្ន និងប្រព្រឹត្តផ្ទុយពីផលប្រយោជន៍របស់គេ។ តើនេះមិនមែនជាអត្ថន័យពិតប្រាកដនៃការដេកលើគំនរមែកឈើ និងលិទ្ធប្រមាត់ដែរទេឬ? (មែនហើយ។) ការដេកលើគំនរមែកឈើ និងលិទ្ធប្រមាត់ ការស៊ូទ្រាំនឹងការធ្វើឱ្យអាម៉ាស់មុខ និងការរែកពុនបន្ទុកដ៏ធ្ងន់ ការមិនដែលភ្លេចគោលដៅ បំណងប្រាថ្នា និងសេចក្ដីស្អប់របស់ខ្លួន និងការមិនដែលបណ្ដោយឱ្យមនុស្សមើលឃើញពីមុខមាត់ពិត និងសមត្ថភាពពិតរបស់ខ្លួន។ មនុស្សមួយចំនួនដែលមានសមត្ថភាព មិនសូវនិយាយស្ដីច្រើនទេ នៅពេលពួកគេស្ថិតក្នុងចំណោមមនុស្សមួយក្រុម។ ពួកគេនៅស្ងៀមស្ងាត់ និងមិនសូវមាត់កឡើយ ហើយទោះបីជាពួកគេនិយាយអ្វីមួយក៏ដោយ ក៏ពួកគេគ្រាន់តែបើកបង្ហាញពាក់កណ្ដាលនៃអ្វីដែលពួកគេកំពុងគិតប៉ុណ្ណោះ។ អ្នកដទៃតែងតែមិនដឹងថាត្រូវស្វែងយល់ ឬយល់ពីអ្វីដែលពួកគេចង់និយាយពិតប្រាកដយ៉ាងណានោះទេ ហើយគិតថា «ហេតុអ្វីបានជាពួកគេនិយាយក្នុងរបៀបដែលមិនអាចយល់បានដូច្នេះ? ហេតុអ្វីបានជាវាពិបាកម្ល៉េះ ក្នុងការនិយាយអ្វីមួយចេញពីចិត្តនោះ? តើមានអ្វីកើតឡើងនៅត្រង់នេះ?» តាមពិតទៅ ពួកគេមានការគិតនៅក្នុងចិត្តដែលពួកគេមិនបានសម្ដែងចេញមក ហើយនៅក្នុងរឿងនេះ គឺមានបង្កប់នូវនិស្ស័យពុករលួយ។ មានអ្នកផ្សេងទៀតដែលមិននិយាយតាមរបៀបនេះទេ ប៉ុន្តែនៅពេលពួកគេធ្វើរឿងនានា ពួកគេតែងតែលាក់បាំងកម្រិតពិតប្រាកដនៃសមត្ថភាពរបស់ខ្លួន។ តើគោលដៅនៃការដែលពួកគេលាក់បាំងកម្រិតពិតប្រាកដនៃសមត្ថភាពរបស់ខ្លួន គឺជាអ្វីទៅ? ពួកគេខ្លាចថា ប្រសិនបើមនុស្សមានសមត្ថភាព ឬបុគ្គលគួរឱ្យកោតខ្លាចមើលឃើញ អ្នកទាំងនោះនឹងច្រណែន ចងគំនុំនឹងពួកគេ ហើយធ្វើបាបពួកគេ។ នៅក្នុងក្រុម តើមនុស្សដែលតែងតែសរសើរអ្នកដទៃ តែងតែនិយាយល្អៗពីអ្នកដទៃ ហើយតែងតែនិយាយថាអ្នកគ្រប់គ្នាផ្សេងទៀតសុទ្ធតែល្អជាងខ្លួន មិនមែនជាប្រភេទមនុស្សដែលអាក្រក់បំផុតទេឬ? (មែនហើយ។) អ្នកមិនដែលដឹងទេថា តាមពិតទៅ ពួកគេមានលក្ខណៈបែបណានៅខាងក្នុងនោះ។ ពីខាងក្រៅ អ្នកឃើញពួកគេមិននិយាយអំពីរឿងនេះទេ ដូច្នេះ អ្នកគិតថាពួកគេគ្មានមហិច្ឆតាដ៏ធំធេងឡើយ ប៉ុន្តែតាមពិតទៅ អ្នកគឺខុសហើយ។ មនុស្សមួយចំនួនបែបនេះ គឺជាមនុស្សដែលស៊ូទ្រាំនឹងការធ្វើឱ្យអាម៉ាស់មុខ និងការរែកពុនបន្ទុកដ៏ធ្ងន់។ វាដូចជានៅក្នុងភាពយន្ត ដែលច្រើនតែមានឈុតឆាកបែបនេះអ៊ីចឹង មនុស្សមួយចំនួនឧស្សាហ៍ធ្វើរឿងល្អៗនៅពេលពួកគេចេញក្រៅផ្ទះ សម្លៀកបំពាក់ដែលពួកគេពាក់គឺចាស់ៗ និងរហែក ហើយពួកគេតែងតែរងការធ្វើបាបនៅពេលពួកគេស្ថិតក្នុងក្រុម។ ពួកគេគឺជាមនុស្សបែបនេះឯងនៅចំពោះមុខអ្នកដទៃ។ ក៏ប៉ុន្តែ ពេលពួកគេទៅដល់ផ្ទះវិញ ពួកគេក៏ចូលទៅក្នុងបន្ទប់សម្ងាត់មួយ។ បន្ទប់សម្ងាត់នោះមានផែនទីមួយនៅលើជញ្ជាំង ហើយពួកគេបានបង្កប់អ្នកយកការណ៍រួចជាស្រេច ដើម្បីតាមដានរឿងរ៉ាវនៅប៉ែតសិបភាគរយនៃទីតាំងលើផែនទីនោះ។ ប៉ុន្តែ មនុស្សដែលឧស្សាហ៍ប្រាស្រ័យទាក់ទងជាមួយពួកគេ នៅតែធ្វើបាបពួកគេដដែល ហើយមិនដឹងទាល់តែសោះថា ពួកគេមានមហិច្ឆតាដ៏ធំធេងទាំងនេះ។ ថ្ងៃណាមួយ នៅពេលទីតាំងទាំងអស់លើផែនទី ស្ថិតក្រោមការគ្រប់គ្រងរបស់ពួកគេ ហើយគោលដៅរបស់ពួកគេត្រូវបានសម្រេចទាំងស្រុង មនុស្សដែលធ្លាប់ធ្វើបាបពួកគេ នឹងភ្ញាក់ផ្អើលយ៉ាងខ្លាំង ហើយនិយាយថា៖ «តាមពិតទៅ មនុស្សម្នាក់នេះគឺជាអារក្សសោះ មហិច្ឆតារបស់គេគឺហួសហេតុពេកហើយ! គេបានធ្វើពុតអស់ជាច្រើនឆ្នាំមកហើយ។ គ្មាននរណាម្នាក់បានឃើញថាគេជាមនុស្សបែបណាឱ្យពិតប្រាកដឡើយ»។ គេនិយាយថា «អ្វីដែលខ្ញុំបានធ្វើគឺការស៊ូទ្រាំនឹងការធ្វើឱ្យអាម៉ាស់មុខ និងការរែកពុនបន្ទុកដ៏ធ្ងន់។ ប្រសិនបើខ្ញុំមិនបានស៊ូទ្រាំដូចដែលខ្ញុំបានធ្វើទេ ហើយបិទបាំងមិនឱ្យអ្នករាល់គ្នាដឹង ប្រសិនបើខ្ញុំបានប្រាប់អ្នករាល់គ្នាពីរឿងគ្រប់យ៉ាង តើខ្ញុំអាចសម្រេចបាននូវកិច្ចការដ៏ធំបែបនេះដែរឬទេ?» តើអស់អ្នកដែលអាក្រក់ និងអស់អ្នកដែលមានមហិច្ឆតាជ្រុលហួសហេតុ មានលក្ខណៈអ្វីខ្លះដែលដូចគ្នា? ទិដ្ឋភាពមួយគឺថា កម្លាំងស៊ូទ្រាំ និងការតស៊ូព្យាយាមរបស់ពួកគេ គឺលើសពីមនុស្សធម្មតា។ លើសពីនេះ ល្បិចកលសម្ងាត់របស់ពួកគេ ក៏លើសពីមនុស្សធម្មតាដែរ ហើយប្រសិនបើមនុស្សធម្មតាប្រាស្រ័យទាក់ទងជាមួយពួកគេ នោះមនុស្សធម្មតាទាំងនោះនឹងត្រូវបានពួកគេបោកប្រាស់មិនខាន។ តើការត្រូវបានបោកប្រាស់ មានន័យដូចម្ដេច? វាមានន័យថា គ្មាននរណាម្នាក់មើលឃើញពួកគេច្បាស់ឡើយ។ អ្វីទាំងអស់ដែលអ្នកដទៃអាចមើលឃើញ គឺជារឿងរ៉ាវដែលពួកគេនិយាយ និងធ្វើនៅសំបកក្រៅប៉ុណ្ណោះ។ កុំគិតថាអ្នកនឹងអាចរកឃើញតម្រុយណាមួយអំពីអ្វីដែលពួកគេកំពុងគិតយ៉ាងជ្រៅនៅក្នុងចិត្ត តាមរយៈអ្វីដែលពួកគេធ្វើ និងនិយាយឱ្យសោះ។ តើនេះមិនមែនជាការត្រូវពួកគេបោកប្រាស់ទេឬ? កម្លាំងស៊ូទ្រាំ និងការតស៊ូព្យាយាមផ្ទាល់គឺជាពាក្យវិជ្ជមានស្រាប់ទៅហើយ ប៉ុន្តែល្បិចកលសម្ងាត់របស់ពួកគេ បានធ្វើឱ្យកម្លាំងស៊ូទ្រាំ និងការតស៊ូព្យាយាមរបស់ពួកគេ ក្លាយជាអវិជ្ជមានទៅវិញ។ លើសពីនេះ ពួកគេមានបំណងប្រាថ្នា និងមហិច្ឆតាដ៏ធំធេង ដែលហួសហេតុជាងមនុស្សធម្មតាទៅទៀត។ មនុស្សធម្មតាមានបំណងប្រាថ្នា និងមហិច្ឆតាដ៏ធំធេង ប៉ុន្តែនៅពេលគេមានអារម្មណ៍ថា ខ្លួនឯងមិនអាចទទួលបានអ្វីមួយ គេក៏បោះបង់ចោល ហើយមិនសុខចិត្តឆ្លងកាត់ការរងទុក្ខនោះឡើយ។ ម្យ៉ាងវិញទៀត គេតែងតែបើកចំហអំពីអ្នកដែលគេចង់ប្រកួតប្រជែងជាមួយ គេគ្មានល្បិចកលសម្ងាត់ឡើយ។ ក៏ប៉ុន្តែ មនុស្សអាក្រក់ប្រភេទនេះ មានមហិច្ឆតាជ្រុលហួសហេតុ ហើយតែងតែអនុវត្តល្បិចកលសម្ងាត់ និងផែនការបោកបញ្ឆោតជានិច្ច។ ពួកគេនឹងមិនបោះបង់ចោលមហិច្ឆតា និងបំណងប្រាថ្នារបស់ពួកគេនៅពេលណាមួយឡើយ។ ពួកគេនឹងតស៊ូរហូតដល់ទីបញ្ចប់ រហូតដល់ស្លាប់។
សៀវភៅសិក្សាបាននិយាយរឿងរ៉ាវអំពីរបៀបដែល គូជាន ជាស្ដេចនៃនគរយៀក បានដេកលើគំនរមែកឈើ និងលិទ្ធទឹកប្រមាត់។ ឪពុកម្ដាយក៏បង្រៀនកូនៗរបស់ខ្លួនអំពីរឿងនេះដែរ។ ក្មេងៗមួយចំនួនដែលបានឮរឿងនេះ ក៏គិតថា៖ «ការធ្វើជាមនុស្សធម្មតា គឺជារឿងល្អខ្លាំងណាស់។ ហេតុអ្វីបានជាមនុស្សចាំបាច់ត្រូវតែមានមហិច្ឆតាដ៏ហួសហេតុបែបនេះ? តើនរណាអាចទ្រាំទ្រនឹងការដេកលើគំនរមែកឈើ និងលិទ្ធទឹកប្រមាត់បានទៅ? នោះមិនមែនជាការរងទុក្ខដែលមនុស្សធម្មតាអាចស៊ូទ្រាំបានឡើយ»។ មានតែមនុស្សដែលមានមហិច្ឆតាដ៏ធំធេងប៉ុណ្ណោះ ទើបមានការតាំងចិត្តរងទុក្ខបែបនោះ គឺមានល្បិចកលសម្ងាត់បង្កប់នៅក្នុងរឿងនោះ។ ក៏ប៉ុន្តែ មនុស្សជាតិគាំទ្រផ្នត់គំនិតប្រភេទនេះ។ ឧទាហរណ៍៖ មានឃ្លាមួយពោលថា «មិនថារងទុក្ខលំបាក និងការប្រមាថមើលងាយខ្លាំងប៉ុនណានោះទេ មិនថាកាលៈទេសៈរបស់ខ្លួនធ្ងន់ធ្ងរយ៉ាងណាក៏ដោយ ក៏មនុស្សមិនត្រូវភ្លេចគោលដៅនៃមហិច្ឆតារបស់ខ្លួនជាដាច់ខាត»។ សង្គមនេះគាំទ្រគំនិតដូចជា ការដេកលើគំនរមែកឈើ និងលិទ្ធប្រមាត់ ព្រមទាំងការស៊ូទ្រាំនឹងការធ្វើឱ្យអាម៉ាស់មុខ និងការរែកពុនបន្ទុកដ៏ធ្ងន់ ដើម្បីជំរុញមនុស្ស និងលើកទឹកចិត្តពួកគេឱ្យតស៊ូដើម្បីសុភមង្គល និងគោលដៅរបស់ខ្លួន ចុះហេតុអ្វីបានជាយើងរិះគន់ថាវាជារឿងខុសទៅវិញ? មនុស្សជាតិទាំងអស់ត្រូវបានសាតាំងធ្វើឱ្យពុករលួយ។ តើមានសមាជិកណាម្នាក់នៃពូជមនុស្ស ដែលមានគោលដៅឆ្ពោះទៅរកសេចក្ដីពិត និងឆ្ពោះទៅរកទិសដៅដ៏ត្រឹមត្រូវដែរឬទេ? (គ្មានទេ។) ហេតុដូច្នេះហើយ មនុស្សជាតិកាន់តែដេកលើគំនរមែកឈើ និងលិទ្ធទឹកប្រមាត់ ហើយពួកគេកាន់តែស៊ូទ្រាំនឹងការធ្វើឱ្យអាម៉ាស់មុខ និងការរែកពុនបន្ទុកដ៏ធ្ងន់ នោះកម្លាំងរបស់សាតាំងនឹងកាន់តែព្រៃផ្សៃឡើង ការប្រយុទ្ធគ្នា និងការសម្លាប់រង្គាលរបស់មនុស្សជាតិនឹងកាន់តែមានច្រើនឡើង មនុស្សជាតិនឹងកាន់តែទុច្ចរិតឡើង ហើយសង្គមនឹងកាន់តែងងឹតឡើង។ ផ្ទុយទៅវិញ ប្រសិនបើអ្នកអាចស្ដាប់បង្គាប់តាមការរៀបចំរបស់ស្ថានសួគ៌ និងតម្រឹមខ្លួនអ្នកឱ្យស្របទៅតាមសណ្ដាប់ធ្នាប់ធម្មជាតិនៃអ្វីៗគ្រប់យ៉ាង ប្រសិនបើអ្នកអាចទទួលយករឿងនានាតាមដំណើររបស់វា គោរពសណ្ដាប់ធ្នាប់នេះ ហើយរង់ចាំការរៀបចំរបស់ស្ថានសួគ៌ នោះអ្នកមិនចាំបាច់ស៊ូទ្រាំនឹងការធ្វើឱ្យអាម៉ាស់មុខ និងការរែកពុនបន្ទុកដ៏ធ្ងន់ឡើយ។ អ្នកត្រូវតែភ្ញាក់រលឹក និងដឹងខ្លួនឡើងវិញ។ ការដែលអាចស្ដាប់បង្គាប់តាមការចាត់ចែង និងការរៀបចំរបស់ព្រះជាម្ចាស់ គឺជារឿងត្រឹមត្រូវ។ ក្រៅពីនេះ នៅក្នុងគ្រប់យ៉ាងដែលពួកគេធ្វើ យ៉ាងហោចណាស់ មនុស្សគួរតែអាចធ្វើវាស្របតាមមនសិការរបស់ខ្លួន ហើយឈានមួយកម្រិតទៀតនោះ គឺអាចធ្វើវាស្របតាមក្រឹត្យវិន័យដែលព្រះជាម្ចាស់បានដាក់ចេញសម្រាប់មនុស្សជាតិ។ ដូច្នេះ តើមនុស្សនៅតែចាំបាច់ត្រូវពាក់របាំងមុខ និងរែកពុនបន្ទុកដ៏ធ្ងន់ទៀតដែរឬទេ? (មិនចាំបាច់ទេ។) អត់ទេ ពួកគេមិនចាំបាច់ធ្វើដូច្នេះឡើយ។ តាមរយៈការប្រកបគ្នានេះ តើអ្នករាល់គ្នាយល់ដែរទេថា ការស៊ូទ្រាំនឹងការធ្វើឱ្យអាម៉ាស់មុខ និងការរែកពុនបន្ទុកដ៏ធ្ងន់ គឺជាឥរិយាបថប្រភេទណាឱ្យប្រាកដនោះ? តើគោលដៅនៃការស៊ូទ្រាំនឹងការធ្វើឱ្យអាម៉ាស់មុខ និងការរែកពុនបន្ទុកដ៏ធ្ងន់ គឺវិជ្ជមាន ឬក៏អវិជ្ជមាន? (អវិជ្ជមាន។) ប្រសិនបើគេនិយាយថា មនុស្សម្នាក់ស៊ូទ្រាំនឹងការធ្វើឱ្យអាម៉ាស់មុខ និងការរែកពុនបន្ទុកដ៏ធ្ងន់ ដើម្បីក្លាយជាអ្នកដឹកនាំ ឬនិយាយថា មនុស្សម្នាក់ស៊ូទ្រាំនឹងការធ្វើឱ្យអាម៉ាស់មុខ និងការរែកពុនបន្ទុកដ៏ធ្ងន់ ដើម្បីបំពេញការផ្ទុកផ្ដាក់ដែលព្រះជាម្ចាស់បានប្រទានឱ្យគេ និងដើម្បីទទួលបានរង្វាន់ ឬនិយាយថា មនុស្សម្នាក់ស៊ូទ្រាំនឹងការធ្វើឱ្យអាម៉ាស់មុខ និងការរែកពុនបន្ទុកដ៏ធ្ងន់ ដើម្បីដេញតាមការប្រោសឱ្យគ្រប់លក្ខណ៍ តើពាក្យសម្ដីទាំងនេះសមហេតុផលដែរឬទេ? (មិនសមហេតុផលទេ។) ការស៊ូទ្រាំនឹងការធ្វើឱ្យអាម៉ាស់មុខ និងការរែកពុនបន្ទុកដ៏ធ្ងន់ គឺជាទស្សនវិជ្ជាបែបសាតាំងទាំងស្រុង។ គ្មានសេចក្ដីពិតនៅក្នុងរឿងនេះឡើយ ហើយនៅពេលអ្នកឮពាក្យសម្ដីទាំងនេះភ្លាម វាច្បាស់ណាស់ថាពាក្យសម្ដីទាំងនេះគឺវៀចវេរ។ ប្រសិនបើគេនិយាយថា មនុស្សម្នាក់ស៊ូទ្រាំនឹងការធ្វើឱ្យអាម៉ាស់មុខ និងការរែកពុនបន្ទុកដ៏ធ្ងន់ ដើម្បីរង់ចាំការរៀបចំរបស់ព្រះជាម្ចាស់ និងចុះចូលនឹងអធិបតេយ្យភាពរបស់ព្រះជាម្ចាស់ តើនេះជារឿងត្រឹមត្រូវដែលគួរនិយាយដែរឬទេ? (មិនត្រឹមត្រូវទេ។) តើវាមិនត្រឹមត្រូវយ៉ាងដូចម្ដេច? រឿងទាំងពីរនេះមិនស៊ីសង្វាក់គ្នាឡើយ ព្រះជាម្ចាស់មិនត្រូវការឱ្យអ្នកស៊ូទ្រាំនឹងការធ្វើឱ្យអាម៉ាស់មុខទេ ហើយទ្រង់ក៏មិនត្រូវការឱ្យអ្នករងការប្រមាថមើលងាយដែរ។ តើមានភាពខុសគ្នាជាសារជាតិអ្វីខ្លះ រវាងការស៊ូទ្រាំនឹងការធ្វើឱ្យអាម៉ាស់មុខ និងការរែកពុនបន្ទុកដ៏ធ្ងន់ ដូចដែលបាននិយាយនៅត្រង់នេះ ធៀបនឹងការដែលមនុស្សជឿលើព្រះជាម្ចាស់ និងចុះចូលនឹងទ្រង់នោះ? (ការស៊ូទ្រាំនឹងការធ្វើឱ្យអាម៉ាស់មុខ និងការរែកពុនបន្ទុកដ៏ធ្ងន់ គឺជាការប៉ុនប៉ងបោះចោលការចាត់ចែង និងការរៀបចំរបស់ព្រះជាម្ចាស់។) ការស៊ូទ្រាំនឹងការធ្វើឱ្យអាម៉ាស់មុខ និងការរែកពុនបន្ទុកដ៏ធ្ងន់ មានន័យថា មនុស្សមានផែនការ មហិច្ឆតា ក្ដីប្រាថ្នា និងគោលដៅផ្ទាល់ខ្លួនដែលពួកគេដេញតាម។ តើរឿងទាំងនេះស្របទៅនឹងស្ដង់ដាដែលព្រះជាម្ចាស់តម្រូវជាចាំបាច់ពីមនុស្ស និងគោលដៅដែលព្រះជាម្ចាស់ប្រទានឱ្យមនុស្សដើម្បីដេញតាមដែរឬទេ? (មិនស្របទេ។) គឺអត់ទេ វាមិនស្របឡើយ។ តើអ្វីទៅដែលមនុស្សមានបំណងចង់ទទួលបានសម្រាប់ខ្លួនឯង តាមរយៈការស៊ូទ្រាំនឹងការធ្វើឱ្យអាម៉ាស់មុខ និងការរែកពុនបន្ទុកដ៏ធ្ងន់នោះ? អ្វីដែលពួកគេមានបំណងចង់ទទួលបាន គឺផលប្រយោជន៍ផ្ទាល់ខ្លួន ហើយរឿងនោះគ្មានពាក់ព័ន្ធអ្វីនឹងវាសនាដែលព្រះជាម្ចាស់ចាត់ចែងសម្រាប់មនុស្ស និងដែលស្ថិតក្រោមអធិបតេយ្យភាពរបស់ទ្រង់ឡើយ។
អ្នកណាដែលអនុវត្តការស៊ូទ្រាំនឹងការធ្វើឱ្យអាម៉ាស់មុខ និងការរែកពុនបន្ទុកដ៏ធ្ងន់ សុទ្ធតែមានចេតនា និងគោលដៅមួយ។ ឧទាហរណ៍៖ នៅពេលនិស្សិតទើបបញ្ចប់ការសិក្សាថ្មីថ្មោងម្នាក់ មកដល់ក្រុមហ៊ុនជាលើកដំបូងដើម្បីធ្វើកម្មសិក្សា បុគ្គលិកចាស់ៗនិយាយថា៖ «ពួកនិស្សិតបញ្ចប់ការសិក្សាដែលមកទីនេះ ត្រូវតែធ្វើការងារកំប៉ិកកំប៉ុករយៈពេលបីឆ្នាំសិន»។ និស្សិតនោះគិតនៅក្នុងចិត្តថា៖ «ទោះបីជាខ្ញុំជានិស្សិតបញ្ចប់ការសិក្សាក៏ដោយ ក៏ខ្ញុំនឹងមិនចុះញ៉មនឹងអ្នករាល់គ្នាឡើយ!» គេគិតបែបនេះនៅក្នុងចិត្ត ប៉ុន្តែមិនហ៊ានសម្ដែងវាចេញមកក្រៅឡើយ។ ពីខាងក្រៅ គេនៅតែត្រូវធ្វើពុតជាញញឹម។ ជារៀងរាល់ថ្ងៃ គេត្រូវតែធ្វើតាមច្បាប់ទម្លាប់ ត្រូវចេះបត់បែន និងឱនលំទោន ហើយត្រូវតែស៊ូទ្រាំនៅពេលអ្នកដទៃចាប់កំហុសគេ។ តើគោលដៅរបស់គេក្នុងការស៊ូទ្រាំនឹងរឿងនេះ គឺជាអ្វីទៅ? គឺដើម្បីឱ្យមានថ្ងៃមួយដែលគេអាចងើបមុខរួច ក្លាយជាលេខារបស់អ្នកគ្រប់គ្រង ឬថៅកែ ហើយជាន់ឈ្លីលើអស់អ្នកដែលធ្លាប់ធ្វើបាបគេ។ តើនេះមិនមែនជាអ្វីដែលគេគិតទេឬ? មនុស្សមួយចំនួននិយាយថា៖ «នោះជារបៀបដែលនិស្សិតនោះគួរតែគិត និងជាអ្វីដែលគេគួរតែធ្វើ។ បើមិនដូច្នេះទេ គេនឹងរងការជាន់ឈ្លីពីអ្នកដទៃពេញមួយជីវិតរបស់គេមិនខាន។ តើនរណាចង់រងទុក្ខបែបនោះទៅ? លើសពីនេះទៅទៀត តើមនុស្សអាចរស់នៅបានយ៉ាងម៉េចទៅ ប្រសិនបើពួកគេគ្មានមហិច្ឆតានោះ? មនុស្សពុះពារដើម្បីបានខ្ពង់ខ្ពស់ រីឯទឹកតែងហូរទៅទីទាបជានិច្ច នេះហើយគឺជាមាគ៌ានៃជីវិត។ ទាហានដែលមិនចង់ក្លាយជាឧត្តមសេនីយ៍ មិនមែនជាទាហានល្អឡើយ»។ ពាក្យសម្ដីទាំងនេះក្លាយជាបាវចនារបស់គេ ប៉ុន្តែវាសុទ្ធតែជាតក្កវិជ្ជាបែបសាតាំងទាំងអស់។ គេត្រូវតែស៊ូទ្រាំតាមរបៀបនេះដើម្បីសម្រេចគោលដៅរបស់គេ ពីមួយថ្ងៃទៅមួយថ្ងៃ ពីមួយឆ្នាំទៅមួយឆ្នាំ ដោយមានភាពគួរសម និងគោរពចំពោះមនុស្សគ្រប់គ្នា។ ថ្ងៃមួយ ថៅកែរបស់គេនិយាយទៅកាន់គេថា៖ «ការបំពេញការងាររបស់អ្នកបានល្អណាស់ក្នុងរយៈពេលបីឆ្នាំនេះ។ ចាប់ពីសប្ដាហ៍ក្រោយទៅ អ្នកនឹងក្លាយជាអ្នកលក់»។ ពេលគេឮដូច្នេះ គេមិនសប្បាយចិត្តឡើយ ដោយគិតថា៖ «ខ្ញុំខំប្រឹងធ្វើការយ៉ាងលំបាកអស់រយៈពេលបីឆ្នាំមកនេះ គ្រាន់តែដើម្បីក្លាយជាអ្នកលក់សោះ! ខ្ញុំស្មានថាខ្ញុំនឹងក្លាយជានាយកប្រតិបត្តិផ្នែកលក់ទៅហើយ!» ប៉ុន្តែគេត្រូវតែនិយាយពាក្យអរគុណសម្រាប់ការដំឡើងឋានៈនេះ។ គេនៅមិនទាន់ឈានដល់គោលដៅរបស់ខ្លួននៅឡើយទេ ដូច្នេះ គេត្រូវតែបន្តស៊ូទ្រាំទៀត។ គេបន្តស៊ូទ្រាំនឹងការធ្វើឱ្យអាម៉ាស់មុខ និងការរែកពុនបន្ទុកដ៏ធ្ងន់ ដោយខិតខំដើរតាមថៅកែរបស់គេ ផឹកស៊ី និងធ្វើពុតជាញញឹម ហើយនៅពេលគេបានស៊ូទ្រាំនឹងរឿងនេះអស់រយៈពេលដប់ឆ្នាំ នៅទីបំផុត គេក៏បានសម្រេចគោលដៅរបស់ខ្លួន។ ថ្ងៃមួយ ថៅកែរបស់គេប្រាប់គេថា៖ «អ្នកបានធ្វើការងាររបស់អ្នកបានល្អណាស់។ ខ្ញុំនឹងដំឡើងឋានៈឱ្យអ្នកធ្វើជាជំនួយការ»។ ពេលឮដូច្នេះ គេមានអារម្មណ៍សប្បាយចិត្តខ្លាំងជាពិសេសនៅខាងក្នុង ដែលនៅទីបំផុត គេធ្វើបានសម្រេចហើយ! តើនេះជាលទ្ធផលអ្វីទៅ? នៅក្នុងក្រសែភ្នែករបស់គេ ពេលនេះគេមានឋានៈខ្ពស់ជាងមនុស្សគ្រប់គ្នាហើយ។ តើគេមិនបានធ្វើរឿងទាំងអស់នេះដោយស្ម័គ្រចិត្តទេឬ? (មិនមែនដោយស្ម័គ្រចិត្តទេ។) តើគេធ្វើរឿងទាំងអស់នេះដើម្បីនរណាទៅ? (ដើម្បីខ្លួនគេផ្ទាល់។) គឺដើម្បីខ្លួនគេផ្ទាល់។ គ្មានចំណុចណាមួយអំពីរឿងនេះ ដែលវិជ្ជមាន ឬគួរត្រូវបានយកមកអនុវត្តឡើយ កុំថាឡើយជារឿងដែលស័ក្តិសមនឹងទទួលបានការសរសើរ និងការលើកតម្កើងនោះ។ ប៉ុន្តែ ផ្នត់គំនិតប្រភេទនេះហើយ ដែលត្រូវបានគាំទ្រនៅក្នុងសង្គមសព្វថ្ងៃនេះ គឺការស៊ូទ្រាំនឹងការធ្វើឱ្យអាម៉ាស់មុខ និងការរែកពុនបន្ទុកដ៏ធ្ងន់ ដោយឱនក្បាលដាក់អ្នកដទៃ។ ហេតុដូច្នេះហើយ តើឃ្លា «ការស៊ូទ្រាំនឹងការធ្វើឱ្យអាម៉ាស់មុខ និងការរែកពុនបន្ទុកដ៏ធ្ងន់» ដែលមនុស្សគាំទ្រនេះ គឺជាឃ្លាប្រភេទណាទៅ? (ជាឃ្លាអាក្រក់។) តើវាអាក្រក់យ៉ាងដូចម្ដេច? មនុស្សស៊ូទ្រាំនឹងការធ្វើឱ្យអាម៉ាស់មុខ និងការរែកពុនបន្ទុកដ៏ធ្ងន់ គឺដោយសារតែចេតនា និងការជំរុញចិត្តផ្ទាល់ខ្លួនរបស់ពួកគេសុទ្ធសាធ ហើយដើម្បីបំពេញបំណងប្រាថ្នា និងមហិច្ឆតាដ៏ធំធេងរបស់ពួកគេផ្ទាល់ប៉ុណ្ណោះ។ វាមិនមែនដើម្បីជាប្រយោជន៍ដល់គោលដៅដ៏ត្រឹមត្រូវឡើយ។ នោះហើយជាមូលហេតុដែលខ្ញុំនិយាយថា គ្មានចំណុចណាមួយនៃរឿងនេះ ដែលស័ក្តិសមនឹងយកមកអនុវត្តឡើយ ហើយគ្មានចំណុចណាមួយដែលស័ក្តិសមនឹងទទួលបានការលើកតម្កើង ឬការកោតសរសើរឡើយ ហើយប្រាកដណាស់ថារឿងនេះមិនស័ក្តិសមឱ្យចងចាំឡើយ។ ចូរយើងក្រឡេកមើលអ្វីដែលបានកើតឡើងនៅក្នុងរាជវាំងនាសម័យបុរាណម្ដងទៀត។ មានអធិរាជមួយអង្គដែលបានសោយទិវង្គត។ អធិរាជិនីបានឃើញថា បុត្រារបស់ទ្រង់នៅតូចនៅឡើយ ហើយនឹងមិនអាចគ្រប់គ្រងសវនាការរាជវាំងបានទាល់តែសោះ ប្រសិនបើបុត្រាអង្គនេះឡើងសោយរាជ្យ។ ដូច្នេះ ដើម្បីធានាថាបុត្រារបស់ទ្រង់នឹងបានគ្រប់គ្រងជាអធិរាជពិតប្រាកដមែន ទ្រង់ក៏បានស៊ូទ្រាំនឹងការធ្វើឱ្យអាម៉ាស់មុខ និងការរែកពុនបន្ទុកដ៏ធ្ងន់ ហើយបានរៀបអភិសេកជាមួយព្រះអនុជរបស់អតីតអធិរាជ ហើយអ្នកទាំងពីរក៏បានគាំទ្រសិទ្ធិឡើងសោយរាជ្យរបស់បុត្រាទ្រង់រួមគ្នា។ តើគោលដៅរបស់ទ្រង់ក្នុងការស៊ូទ្រាំនឹងការធ្វើឱ្យអាម៉ាស់មុខ និងការរែកពុនបន្ទុកដ៏ធ្ងន់ គឺជាអ្វីទៅ? គឺដើម្បីតំណែងជាអធិរាជរបស់បុត្រាទ្រង់។ នៅពេលតំណែងជាអធិរាជរបស់បុត្រាទ្រង់មានភាពរឹងមាំហើយ ឋានៈរបស់ទ្រង់នឹងក្លាយជាព្រះមាតានៃអធិរាជ។ នេះហៅថា ការស៊ូទ្រាំនឹងការធ្វើឱ្យអាម៉ាស់មុខ និងការរែកពុនបន្ទុកដ៏ធ្ងន់។ តើទ្រង់កំពុងស៊ូទ្រាំនឹងការធ្វើឱ្យអាម៉ាស់មុខអ្វីទៅ? ទ្រង់មិនបានរក្សាភាពបរិសុទ្ធស្មោះត្រង់ចំពោះស្វាមីឡើយ បន្ទាប់ពីអធិរាជសោយទិវង្គតភ្លាម ទ្រង់ក៏បានរៀបអភិសេកជាមួយព្រះអនុជរបស់អធិរាជភ្លាម ដែលធ្វើឱ្យទ្រង់មានកេរ្តិ៍ឈ្មោះអាក្រក់។ មនុស្សម្នាបានរិះគន់ និងវិនិច្ឆ័យទ្រង់ពីក្រោយខ្នង ហើយសូម្បីតែសៀវភៅប្រវត្តិសាស្ត្រ ក៏មិនបានវាយតម្លៃទ្រង់ក្នុងផ្លូវល្អដែរ។ តើទ្រង់ខ្វល់ដែរឬទេ? តាមពិតទៅ មុនពេលទ្រង់រៀបអភិសេកជាមួយអតីតព្រះអនុជថ្លៃរបស់ទ្រង់ ទ្រង់បានគិតអំពីផលវិបាករួចទៅហើយ ចុះហេតុអ្វីបានជាទ្រង់នៅតែបន្តធ្វើរឿងនេះទៀត? គឺដើម្បីធានាឱ្យបាននូវតំណែងជាអធិរាជរបស់បុត្រាទ្រង់ និងការពារតំណែងរបស់ទ្រង់ជាព្រះមាតានៃអធិរាជ។ នោះគឺជាមូលហេតុតែមួយគត់ ដែលទ្រង់សុខចិត្តទ្រាំទ្រនឹងកេរ្តិ៍ឈ្មោះដ៏អាក្រក់បែបនេះ ហើយស្ម័គ្រចិត្តរងទុក្ខលំបាកនេះ។ នេះហៅថា ការស៊ូទ្រាំនឹងការធ្វើឱ្យអាម៉ាស់មុខ និងការរែកពុនបន្ទុកដ៏ធ្ងន់។ តើទ្រង់ទទួលបានអ្វីខ្លះ ពីការស៊ូទ្រាំនឹងការប្រមាថមើលងាយទាំងអស់នេះ? អ្វីដែលទ្រង់ទទួលបាន គឺជាផលប្រយោជន៍កាន់តែធំធេងជាងនេះទៅទៀត។ នេះគឺជាគោលដៅរបស់ទ្រង់ ក្នុងការស៊ូទ្រាំនឹងការធ្វើឱ្យអាម៉ាស់មុខ និងការរែកពុនបន្ទុកដ៏ធ្ងន់។ នៅពេលទ្រង់ទទួលបានផលប្រយោជន៍ដ៏ធំនេះហើយ កេរ្តិ៍ឈ្មោះអាក្រក់ទាំងអស់នោះគឺគ្មានន័យអ្វីឡើយ។ ជាថ្នូរនឹងកេរ្តិ៍ឈ្មោះអាក្រក់នេះ ទ្រង់ទទួលបានអំណាច និងឋានៈសម្រាប់ទ្រង់ និងបុត្រារបស់ទ្រង់។ ដូច្នេះ តើការស៊ូទ្រាំនឹងការធ្វើឱ្យអាម៉ាស់មុខ និងការរែកពុនបន្ទុកដ៏ធ្ងន់របស់ទ្រង់ គឺវិជ្ជមាន ឬក៏អវិជ្ជមាន? (អវិជ្ជមាន។) ប្រសិនបើគេមើលតែលើឥរិយាបថរបស់ទ្រង់ ទ្រង់អាចលះបង់ខ្លួនឯងបាន ហើយបើមើលពីទស្សនៈរបស់បុត្រាទ្រង់វិញ ការប្រមាថមើលងាយ និងការរងទុក្ខដែលទ្រង់បានស៊ូទ្រាំ គឺមានផ្នែកដ៏មិនអាត្មានិយម ដូច្នេះ មនុស្សគួរតែកោតសរសើរទ្រង់ ហើយនិយាយថា «ពិតជាម្ដាយដ៏អស្ចារ្យមែន!» ប៉ុន្តែ នៅពេលមើលទៅលើបំណងប្រាថ្នា និងមហិច្ឆតាដ៏ធំធេងរបស់ទ្រង់ ព្រមទាំងគោលដៅពិតប្រាកដរបស់ទ្រង់ មនុស្សគួរតែរិះគន់ទ្រង់។ សកម្មភាពរបស់ទ្រង់សមនឹងត្រូវបានវិនិច្ឆ័យ។
តើមនុស្សដែលជឿលើព្រះជាម្ចាស់ ចាំបាច់ត្រូវស៊ូទ្រាំនឹងការធ្វើឱ្យអាម៉ាស់មុខ និងការរែកពុនបន្ទុកដ៏ធ្ងន់ដែរឬទេ? (មិនចាំបាច់ទេ។) ប្រសិនបើមនុស្សទទួលយកព្រះបន្ទូលរបស់ព្រះជាម្ចាស់ ហើយទទួលយកការជំនុំជម្រះ ការវាយផ្ចាល ការលួសកាត់ ការល្បងល និងការបន្សុទ្ធរបស់ទ្រង់ ហើយថែមទាំងទទួលយកបណ្ដាសា និងការថ្កោលទោសរបស់ទ្រង់ចំពោះមនុស្ស តើពួកគេចាំបាច់ត្រូវស៊ូទ្រាំនឹងការធ្វើឱ្យអាម៉ាស់មុខ និងការរែកពុនបន្ទុកដ៏ធ្ងន់ដែរឬទេ? (មិនចាំបាច់ទេ។) នេះជារឿងប្រាកដណាស់។ ការប្រើឃ្លា «ការស៊ូទ្រាំនឹងការធ្វើឱ្យអាម៉ាស់មុខ និងការរែកពុនបន្ទុកដ៏ធ្ងន់» នៅក្នុងបរិបទរបស់អ្នកជឿ គឺពិតជាមិនសមហេតុផលទាល់តែសោះ ហើយត្រូវបានថ្កោលទោស។ ហេតុអ្វីបានជាការប្រើឃ្លានេះនៅក្នុងបរិបទនេះ គឺជារឿងខុសដូច្នេះ? តើគេអាចបញ្ជាក់យ៉ាងដូចម្ដេចថា ឥរិយាបថនេះមិនត្រឹមត្រូវនៅក្នុងបរិបទនេះ? គ្រាន់តែទទួលស្គាល់តាមរយៈពាក្យសម្ដី និងក្នុងន័យជាគោលលទ្ធិថា ឃ្លានេះខុស គឺមិនអាចទទួលយកបានឡើយ។ អ្នកត្រូវតែដឹងថា តើវាពាក់ព័ន្ធនឹងសេចក្ដីពិតអ្វីខ្លះ។ ពីមុន អ្នកនៅតែគិតថា ដើម្បីទទួលយកការត្រូវបានព្រះជាម្ចាស់ប្រោសឱ្យគ្រប់លក្ខណ៍ និងការត្រូវបានព្រះជាម្ចាស់សង្គ្រោះ មនុស្សចាំបាច់ត្រូវរៀនស៊ូទ្រាំនឹងការធ្វើឱ្យអាម៉ាស់មុខ និងការរែកពុនបន្ទុកដ៏ធ្ងន់ ត្រូវដេកលើគំនរមែកឈើ និងលិទ្ធទឹកប្រមាត់ ត្រូវប្រកាន់យកផ្នត់គំនិតរបស់ គូជាន ជាស្ដេចនៃនគរយៀក ហើយមិនព្រមចុះចាញ់ឡើយ។ អ្នកគ្រាន់តែជាមនុស្សល្ងង់ខ្លៅម្នាក់ ហើយគ្មានសមត្ថភាពយល់ដឹងពីសេចក្ដីពិតឡើយ។ ឥឡូវនេះ បន្ទាប់ពីការប្រកបគ្នារបស់ខ្ញុំ អ្នកគិតថា៖ «ឃ្លានេះមិនល្អទេ។ ពីមុន ខ្ញុំតែងតែប្រើឃ្លានេះ ម្ដេចក៏ខ្ញុំអាចល្ងង់យ៉ាងនេះកើតទៅ?» អ្នកអាចឃើញថា អ្នកមិនយល់ពីសេចក្ដីពិតទេ ហើយសមត្ថភាពក្នុងការយល់ដឹងរបស់អ្នកគឺខ្សោយណាស់។ អ្នកត្រូវតែយល់ថា តើឃ្លានេះដែលខុសត្រង់ណាខ្លះ។ នៅពេលអ្នកអាចយល់យ៉ាងពិតប្រាកដថាឃ្លានេះខុសត្រង់ណាហើយ នោះអ្នកនឹងមានការយល់ដឹងយ៉ាងស៊ីជម្រៅអំពីឃ្លានេះ។ ប្រសិនបើអ្នកមើលឃើញច្បាស់ត្រឹមតែមួយផ្នែកនៃឃ្លានេះ ពោលគឺអ្នកមើលឃើញផ្នែកអវិជ្ជមានរបស់វាច្បាស់ ប៉ុន្តែមិនបានមើលឃើញច្បាស់ពីផ្នែកដែលមនុស្សគិតថាវិជ្ជមានទេ នោះមានន័យថា អ្នកនៅមិនទាន់យល់ពីសេចក្ដីពិតឡើយ។ បន្ទាប់ពីបានស្ដាប់អ្វីដែលខ្ញុំទើបតែបានប្រកបគ្នារួច តើអ្នករាល់គ្នានឹងអាចវែកញែក និងវិភាគរឿងទាំងនេះ ស្របតាមវិធីសាស្ត្រទាំងនេះរបស់ខ្ញុំបានដែរឬទេ? ហេតុអ្វីបានជាការអនុវត្តការស៊ូទ្រាំនឹងការធ្វើឱ្យអាម៉ាស់មុខ និងការរែកពុនបន្ទុកដ៏ធ្ងន់ ជារឿងមិនចាំបាច់នៅក្នុងដំណាក់របស់ព្រះជាម្ចាស់? ហេតុអ្វីបានជាខ្ញុំនិយាយថា វិធីសាស្ត្រ និងផ្នត់គំនិតនេះ ត្រូវបានដំណាក់របស់ព្រះជាម្ចាស់ថ្កោលទោស ហើយមិនស្របតាមសេចក្ដីពិតនោះ? (ឱព្រះជាម្ចាស់អើយ ទូលបង្គំមានការយល់ដឹងថា នៅក្នុងដំណាក់របស់ព្រះជាម្ចាស់ ការទទួលយកការជំនុំជម្រះ និងការវាយផ្ចាលនៃព្រះបន្ទូលរបស់ព្រះជាម្ចាស់ ហើយសូម្បីតែការបានដកហូតតំណែងចេញ ឬថ្កោលទោស មិនមែនជាការស៊ូទ្រាំនឹងកាធ្វើឱ្យអាម៉ាស់មុខនោះទេ។ ផ្ទុយទៅវិញ វាគឺជាផ្លូវដែលព្រះជាម្ចាស់ធ្វើការដើម្បីសង្គ្រោះមនុស្ស ហើយគោលបំណងរបស់វា គឺដើម្បីដឹកនាំយើងឱ្យដើរលើផ្លូវដ៏ត្រឹមត្រូវនៃការដេញតាមសេចក្ដីពិត។ រឿងនេះគ្មានពាក់ព័ន្ធអ្វីទាល់តែសោះ នឹងការស៊ូទ្រាំនឹងការធ្វើឱ្យអាម៉ាស់មុខ និងការរែកពុនបន្ទុកដ៏ធ្ងន់។ ប្រសិនបើមនុស្សអាចយល់ដឹងបានត្រឹមត្រូវ ពួកគេនឹងដឹងថា នេះគឺជាសេចក្ដីស្រឡាញ់ និងការលើកតម្កើងរបស់ព្រះជាម្ចាស់ ហើយថាការទទួលយកការជំនុំជម្រះ និងការវាយផ្ចាលរបស់ព្រះជាម្ចាស់ គឺជាការយកចិត្តទុកដាក់ និងការការពារដ៏អស្ចារ្យរបស់ព្រះជាម្ចាស់ ព្រមទាំងជាសេចក្ដីសង្គ្រោះរបស់ព្រះជាម្ចាស់សម្រាប់មនុស្ស។) តើសេចក្ដីថ្លែងនេះត្រឹមត្រូវដែរឬទេ? (ត្រឹមត្រូវហើយ។) ប្រសិនបើអ្នកមិនអាចមើលឃើញការជំនុំជម្រះ និងការវាយផ្ចាលឱ្យបានច្បាស់ទេ នោះការប្រឆាំង និងការត្អូញត្អែរនឹងកើតឡើងនៅក្នុងចិត្តរបស់អ្នក ហើយអ្នកនឹងអនុវត្តឃ្លាទស្សនវិជ្ជាបែបសាតាំងដែលថា «ការស៊ូទ្រាំនឹងការធ្វើឱ្យអាម៉ាស់មុខ និងការរែកពុនបន្ទុកដ៏ធ្ងន់» ដោយគិតក្នុងចិត្តថា៖ «មិនបានទេ ខ្ញុំត្រូវតែស៊ូទ្រាំនឹងការធ្វើឱ្យអាម៉ាស់មុខ និងការរែកពុនបន្ទុកដ៏ធ្ងន់ ហើយប្រកាន់យកផ្នត់គំនិតរបស់ គូជាន ជាស្ដេចនៃនគរយៀក»។ បន្ទាប់មក អ្នកនឹងឆ្លាក់ឃ្លាថា «ការស៊ូទ្រាំនឹងការធ្វើឱ្យអាម៉ាស់មុខ និងការរែកពុនបន្ទុកដ៏ធ្ងន់» នៅលើតុរបស់អ្នក ដើម្បីជំរុញខ្លួនអ្នកឱ្យឆ្ពោះទៅមុខ និងលើកទឹកចិត្តខ្លួនឯង ហើយអ្នកនឹងចាត់ទុកវាជាបាវចនារបស់អ្នក។ តើនោះមិនមែនជាការនាំបញ្ហាទេឬ? ពិតមែនហើយ បន្ទាប់ពីការប្រកបគ្នានៅថ្ងៃនេះ អ្នករាល់គ្នាប្រាកដណាស់ថានឹងមិនធ្វើបែបនេះឡើយ ប៉ុន្តែតើអ្នករាល់គ្នានឹងយកឃ្លាផ្សេងទៀតធ្វើជាបាវចនារបស់អ្នក ដូចជាឃ្លានេះដែលខ្ញុំមិនទាន់បានវែកញែកថា «លាក់បាំងសមត្ថភាពរបស់ខ្លួន ហើយប្រមូលកម្លាំងនៅក្នុងទីងងឹត» ដែរឬទេ? តើលក្ខណៈនៃរឿងនេះមិនដូចគ្នាទេឬ? រឿងទាំងនេះគឺជាផ្នែកមួយនៃវប្បធម៌ប្រពៃណីចិន។ តើរឿងទាំងនេះជាជាតិពុលរបស់សាតាំងដែរឬទេ? ពួកវាសុទ្ធតែជាជាតិពុលរបស់សាតាំង។ ពួកវាសុទ្ធតែជាទស្សនវិជ្ជារបស់សាតាំងសម្រាប់ការប្រព្រឹត្តក្នុងលោកីយ៍។
កាលពីមុន ពេលដែលខ្ញុំកំពុងធ្វើការនៅក្នុងពួកជំនុំនានានៅចិនដីគោក ពោលគឺនៅពេលខ្ញុំទើបតែចាប់ផ្ដើមកិច្ចការរបស់ខ្ញុំ ដំណាក់របស់ព្រះជាម្ចាស់បានរៀបចំឱ្យបងប្អូនប្រុសស្រីមួយចំនួន បង្កើនសមត្ថភាពអក្ខរកម្មរបស់ពួកគេ។ តើស្ថានភាពនៅពេលនោះយ៉ាងណាដែរ? មានមនុស្សមួយចំនួនដែលមានវ័យចំណាស់ ហើយមានមនុស្សមួយចំនួនដែលរស់នៅតំបន់ដាច់ស្រយាល។ កម្រិតអប់រំរបស់ពួកគេគឺរាងទាប ហើយពួកគេមិនសូវចេះអានអក្សរឡើយ។ ឧទាហរណ៍៖ ព្រះបន្ទូលរបស់ព្រះជាម្ចាស់និយាយអំពី «គុណសម្បត្តិខ្សោយ» «និស្ស័យរបស់ព្រះជាម្ចាស់» «បំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់» និងពាក្យបច្ចេកទេសផ្សេងៗទៀត ប៉ុន្តែពួកគេមិនបានយល់ ឬដឹងថាពាក្យទាំងនោះមានន័យដូចម្ដេចឡើយ។ ក្រោយមក ដំណាក់របស់ព្រះជាម្ចាស់បានប្រាប់បងប្អូនប្រុសស្រីថា ពួកគេអាចពង្រឹងអក្ខរកម្មនៅពេលទំនេររបស់ខ្លួន ហើយថាយ៉ាងហោចណាស់ ពួកគេគួរតែដឹងថា ឃ្លាបច្ចេកទេស បច្ចេកសព្ទ និងនាមមួយចំនួន មានន័យដូចម្ដេច។ បើមិនដូច្នេះទេ នៅពេលពួកគេអានព្រះបន្ទូលរបស់ព្រះជាម្ចាស់ ពួកគេនឹងមិនយល់សូម្បីតែអត្ថន័យនៃពាក្យពេចន៍ និងឃ្លាទាំងនោះផង ចុះតើពួកគេម្ដេចនឹងអាចយល់ពីព្រះបន្ទូលរបស់ព្រះជាម្ចាស់បានទៅ? ហើយប្រសិនបើពួកគេមិនអាចយល់ពីព្រះបន្ទូលរបស់ព្រះជាម្ចាស់ទេ តើពួកគេអាចអនុវត្តសេចក្ដីពិតបានយ៉ាងដូចម្ដេចទៅ? បន្ទាប់ពីនេះមក បងប្អូនប្រុសស្រីក៏បានចាប់ផ្ដើមខិតខំប្រឹងប្រែងរៀនសូត្ររឿងទាំងនេះ។ នេះជារឿងល្អមួយ ប៉ុន្តែមនុស្សមួយចំនួនដែលមានការយល់ដឹងវៀចវេរ បានឆ្លៀតឱកាសពីស្ថានការណ៍។ ក្នុងអំឡុងការជួបជុំ អ្នកដឹកនាំមួយចំនួននិយាយផ្តាច់មុខតែអំពីសារៈសំខាន់នៃការពង្រឹងអក្ខរកម្មរបស់ខ្លួន អំពីរបៀបដែលបងប្អូនប្រុសស្រីគួរចេះអក្សរ អំពីអត្ថប្រយោជន៍នៃអក្ខរកម្ម និងអំពីអ្វីដែលនឹងកើតឡើងប្រសិនបើពួកគេមិនចេះអក្សរ។ ពួកគេបាននិយាយអំពីគោលលទ្ធិជាច្រើនបែបនេះ។ រឿងទាំងនេះមិនមែនជាសេចក្ដីពិតទេ ហើយមិនចាំបាច់និយាយអំពីរឿងទាំងនេះច្រើនពេកឡើយ។ ពេលមាននរណាម្នាក់និយាយរឿងទាំងនេះភ្លាម មនុស្សអាចយល់ពីរឿងទាំងនោះបាន។ មិនចាំបាច់ប្រកបគ្នាអំពីរឿងទាំងនេះនៅក្នុងការជួបជុំ ហាក់ដូចជារឿងទាំងនោះជាសេចក្ដីពិតឡើយ។ អ្នកដឹកនាំមួយចំនួន មិនគ្រាន់តែចំណាយពេលយ៉ាងច្រើនក្នុងអំឡុងការជួបជុំ ដើម្បីប្រកបគ្នាអំពីរឿងទាំងនេះហាក់ដូចជាវាជាសេចក្ដីពិតប៉ុណ្ណោះទេ ពួកគេថែមទាំងបានបង្កើតល្បិចថ្មីមួយ ដោយធ្វើតេស្តបងប្អូនប្រុសស្រីជាពិសេស ទៅលើពាក្យដែលកម្រនឹងប្រើប្រាស់ទៀតផង។ ប្រសិនបើបងប្អូនប្រុសស្រីមិនអាចឆ្លើយបានទេ តើវាមិនធ្វើឱ្យពួកអ្នកដឹកនាំ មើលទៅដូចជាអ្នកមានចំណេះដឹងខ្ពង់ខ្ពស់ទេឬ? ក្នុងអំឡុងពេលនោះ មានអ្នកដឹកនាំក្លែងក្លាយមួយចំនួនដែលមិនបានបំពេញកិច្ចការជាក់ស្ដែងឡើយ ពោលគឺពួកគេមិនបានប្រកបគ្នាអំពីបទពិសោធជីវិត សេចក្ដីពិត ឬព្រះបន្ទូលរបស់ព្រះជាម្ចាស់ទេ ផ្ទុយទៅវិញ ពួកគេប្រកបគ្នាផ្តាច់មុខតែអំពីអក្ខរកម្មប៉ុណ្ណោះ។ តើនេះហៅថាអ្វីទៅ? នេះហៅថា ការមិនបំពេញការងារត្រឹមត្រូវរបស់ខ្លួន។ តើនេះមិនមែនជាបញ្ហាទេឬ? (ជាបញ្ហាមែន។) ហេតុអ្វីបានជាខ្ញុំនិយាយអំពីបញ្ហានេះ? តើវាមានប្រយោជន៍អ្វីដល់អ្នករាល់គ្នា? តើអ្នករាល់គ្នាអាចធ្វើរឿងបែបនេះដែរឬទេ? តើមាននរណាម្នាក់គ្រោងធ្វើបែបនេះដែរឬទេ? ប្រសិនបើអ្នករាល់គ្នាពិតជាធ្វើបែបនេះមែន នោះអ្នករាល់គ្នាពិតជាមនុស្សមានគំនិតច្របូកច្របល់មែន! មានមនុស្សមួយចំនួនដែលឃើញខ្ញុំនិយាយអំពីសំនួនវោហារទាំងនេះ ហើយពួកគេក៏ត្រៀមខ្លួនធ្វើសកម្មភាព និងចាប់ផ្ដើមរៀបចំខ្លួន ដោយនិយាយថា៖ «តាមពិតទៅ ការប្រកបគ្នាអំពីសេចក្ដីពិត គឺងាយស្រួលបែបនេះសោះ។ គ្រាន់តែប្រកបគ្នាអំពីសំនួនវោហារ គឺគ្រប់គ្រាន់បាត់ទៅហើយ។ ទ្រង់អាចប្រកបគ្នាអំពីសំនួនវោហារបាន ចំណែកទូលបង្គំខ្ញុំ នឹងប្រកបគ្នាអំពីពាក្យបណ្ដៅដែលមានពីរវគ្គ ពាក្យតាមតំបន់ ពាក្យពោល និងសុភាសិត»។ តើនេះមិនមែនជាការមិនបំពេញការងារត្រឹមត្រូវរបស់ខ្លួនទេឬ? (មែនហើយ។) តើមនុស្សទាំងនេះជាមនុស្សប្រភេទណាទៅ? តើពួកគេមានការយល់ដឹងខាងវិញ្ញាណដែរឬទេ? (គ្មានទេ។) ពួកគេគ្មានការយល់ដឹងខាងវិញ្ញាណទេ ហើយពួកគេមិនយល់ពីសេចក្ដីពិតឡើយ។ តើពួកគេគិតអ្វីទៅ? «ទ្រង់គង់នៅទីនោះ ហើយមានបន្ទូលប៉ប៉ាច់ប៉ប៉ោច ពេលដែលទ្រង់គ្មានអ្វីធ្វើ ហើយបោកបញ្ឆោតពួកទូលបង្គំដោយប្រើសំនួនវោហារពីរបីឃ្លា។ ប្រសិនបើទូលបង្គំធ្វើតាមវិធីសាស្ត្ររបស់ទ្រង់ ទូលបង្គំក៏អាចប្រកបគ្នាបានដែរ!» មនុស្សដែលគ្មានការយល់ដឹងខាងវិញ្ញាណ មើលតែទៅលើសំបកក្រៅនៃរឿងរ៉ាវ ហើយត្រាប់តាមខ្ញុំទាំងងងឹតងងល់ប៉ុណ្ណោះ។ អ្នកដឹកនាំទាំងនេះគួរតែត្រូវដកហូតតំណែង ដោយសារការត្រាប់តាមឥរិយាបថនេះ ហើយអ្នកណាដែលធ្វើដូចពួកគេ ក៏គួរតែត្រូវដកហូតតំណែងដូចគ្នាដែរ។ ហេតុអ្វីបានជាខ្ញុំនិយាយអំពីរឿងនេះ? គឺខ្ញុំកំពុងដាស់តឿនស្មារតីអ្នករាល់គ្នា មុនពេលអ្នករាល់គ្នាប្រព្រឹត្តឥរិយាបថនេះ ដើម្បីកុំឱ្យអ្នករាល់គ្នាដើរផ្លូវខុស។ ខ្ញុំអាចនិយាយអំពីរឿងទាំងនេះបាន ប៉ុន្តែប្រសិនបើអ្នកនិយាយអំពីរឿងទាំងនេះ តើអ្នកអាចនិយាយក្នុងរបៀបដែលឱ្យគេយល់បានដែរឬទេ? អ្នកមិនអាចធ្វើបានឡើយ។ ដូច្នេះ ហេតុអ្វីបានជាខ្ញុំនិយាយអំពីពាក្យពោល និងសំនួនវោហារទាំងនេះ? តើខ្ញុំនិយាយអំពីរឿងទាំងនេះ ក្នុងលក្ខខណ្ឌអ្វីទៅ? នៅពេលមនុស្សយល់ពីគោលគំនិត និងនិយមន័យនៃសេចក្ដីពិត ហើយបន្ទាប់មក ប្រសិនបើនៅលើមូលដ្ឋានគ្រឹះនោះ ខ្ញុំចូលកាន់តែជ្រៅ និងវែកញែករឿងរ៉ាវជាច្រើនទៀតដែលមនុស្សគិតថាជាសេចក្ដីពិត នោះមនុស្សមិនអាចចាប់យល់ពីរឿងនេះបានឡើយ។ ពួកគេមិនដឹងថាពួកគេគួរត្រិះរិះពីរឿងនេះដោយរបៀបណាទេ ហើយក៏មិនដឹងថាពួកគេគួរភ្ជាប់វាទៅនឹងរឿងអ្វីផ្សេងទៀតដែរ។ គឺដោយសារតែអ្នករាល់គ្នាមិនយល់ ទើបខ្ញុំប្រាប់អ្នករាល់គ្នានូវរឿងរ៉ាវមួយចំនួនអំពីសំនួនវោហារ។ នេះគឺជារឿងចាំបាច់។ មនុស្សមួយចំនួនគិតថា ពួកគេស្ថិតនៅកម្រិតសាកលវិទ្យាល័យទៅហើយ នៅពេលនិយាយដល់សេចក្ដីពិត ហើយឆ្ងល់ថា ហេតុអ្វីបានជាពួកគេនៅតែរៀនវគ្គសិក្សាកម្រិតសាលាបឋមសិក្សាទាំងនេះឡើងវិញទៀត។ ពួកគេមិនអាចយល់បានទេថា នេះមិនមែនជាថ្នាក់បឋមសិក្សាឡើយ ពោលគឺវាជាថ្នាក់សាកលវិទ្យាល័យរួចទៅហើយ។ អ្នករាល់គ្នានៅមិនទាន់រៀនដល់សាកលវិទ្យាល័យនៅឡើយទេ។ អ្នករាល់គ្នានៅត្រឹមកម្រិតបឋមសិក្សារហូតមក ប៉ុន្តែអ្នករាល់គ្នាគិតថា អ្នករាល់គ្នាបានរៀនដល់សាកលវិទ្យាល័យទៅហើយ ហើយអ្នករាល់គ្នាមានអារម្មណ៍អំនួតចំពោះខ្លួនឯង។ គួរឱ្យស្ដាយ អារម្មណ៍នេះគឺខុសហើយ។ វាគឺជាអារម្មណ៍ដែលយល់ខុស ពោលគឺអ្នករាល់គ្នានៅឆ្ងាយណាស់ទម្រាំតែរៀនដល់សាកលវិទ្យាល័យ។ ហេតុដូច្នេះហើយ ខ្ញុំសូមក្រើនរំលឹកអ្នករាល់គ្នាម្តងទៀតថា៖ កុំធ្វើរឿងដែលខ្ញុំទើបតែបាននិយាយអម្បាញ់មិញនេះឱ្យសោះ។ ចូរប្រកបគ្នាដោយស្មោះត្រង់អំពីអ្វីដែលអ្នករាល់គ្នាយល់ ហើយប្រសិនបើអ្នករាល់គ្នាមិនយល់ទេ កុំនិយាយផ្ដេសផ្ដាសឱ្យសោះ។ ការប្រកបគ្នាអំពីសេចក្ដីពិត មិនមែនជាការនិយាយប៉ប៉ាច់ប៉ប៉ោចឡើយ។ គ្មាននរណាម្នាក់មានពេលខ្ជះខ្ជាយស្ដាប់អ្នកនិយាយប៉ប៉ាច់ប៉ប៉ោចនោះទេ។ កុំត្រាប់តាមខ្ញុំទាំងងងឹតងងល់ ហើយកុំនិយាយអំពី គូជាន ដែលជាស្ដេចនៃនគរយៀក ឬអំពីប្រវត្តិសាស្ត្រសម័យទំនើប ឬប្រវត្តិសាស្ត្រសម័យបុរាណ ដោយសារតែខ្ញុំបាននិយាយអំពីការដេកលើគំនរមែកឈើ និងលិទ្ធទឹកប្រមាត់ឱ្យសោះ។ តើការនិយាយអំពីរឿងទាំងនោះមានប្រយោជន៍អ្វីទៅ? តើមនុស្សសុខចិត្តស្ដាប់រឿងទាំងនោះដែរឬទេ? ទោះបីជាមនុស្សសុខចិត្តស្ដាប់ក៏ដោយ ក៏រឿងទាំងនោះមិនមែនជាសេចក្ដីពិតដែរ។
អម្បាញ់មិញនេះ ខ្ញុំបាននិយាយអំពីរបៀបដែលមនុស្សដែលជឿ និងដើរតាមព្រះជាម្ចាស់ មិនចាំបាច់ស៊ូទ្រាំនឹងការធ្វើឱ្យអាម៉ាស់មុខ និងការរែកពុនបន្ទុកដ៏ធ្ងន់ឡើយ កុំថាឡើយដល់អនុវត្តការស៊ូទ្រាំនឹងការធ្វើឱ្យអាម៉ាស់មុខ និងការរែកពុនបន្ទុកដ៏ធ្ងន់នោះ។ ហេតុអ្វីបានជាមនុស្សម្នាក់មិនអាចអនុវត្តឃ្លាដ៏ «ល្អ» និងផ្នត់គំនិតដ៏ «ខ្ពង់ខ្ពស់» បែបនេះបាន? តើបញ្ហានៅត្រង់ណាទៅ? ហេតុអ្វីបានជាមនុស្សម្នាក់មិនអាចមានផ្នត់គំនិតនៃការស៊ូទ្រាំនឹងការធ្វើឱ្យអាម៉ាស់មុខ និងការរែកពុនបន្ទុកដ៏ធ្ងន់បាន? បើនិយាយក្នុងន័យជាគោលលទ្ធិ គឺដោយសារតែការស៊ូទ្រាំនឹងការធ្វើឱ្យអាម៉ាស់មុខ និងការរែកពុនបន្ទុកដ៏ធ្ងន់ មិនមែនជាសេចក្ដីពិតឡើយ។ ឃ្លានេះមិនមែនជាព្រះបន្ទូលរបស់ព្រះជាម្ចាស់ទេ។ វាមិនមែនជាសេចក្ដីតម្រូវរបស់ព្រះជាម្ចាស់សម្រាប់មនុស្សជាតិឡើយ ហើយវាក៏មិនមែនជាគោលការណ៍នៃសកម្មភាពដែលទ្រង់បានប្រទានដល់អស់អ្នកដែលដើរតាមទ្រង់ដែរ។ ហេតុអ្វីបានជាខ្ញុំនិយាយថា ឃ្លានេះមិនមែនជាសេចក្ដីពិត ហើយមិនមែនជាគោលការណ៍នៃការអនុវត្ត? ជាដំបូង ចូរយើងមើលទៅលើពាក្យ «ការធ្វើឱ្យអាម៉ាស់មុខ» នៅក្នុងឃ្លា ការស៊ូទ្រាំនឹងការធ្វើឱ្យអាម៉ាស់មុខ និងការរែកពុនបន្ទុកដ៏ធ្ងន់។ តើ «ការធ្វើឱ្យអាម៉ាស់មុខ» សំដៅទៅលើអ្វី? គឺការប្រមាថមើលងាយ និងរងភាពអាម៉ាស់។ ដូច្នេះ នៅពេលមនុស្សជឿលើព្រះជាម្ចាស់ ហើយព្រះជាម្ចាស់មានអធិបតេយ្យភាពលើវាសនារបស់ពួកគេ តាមរយៈការចុះចូលនឹងព្រះជាម្ចាស់ តើពួកគេកំពុងត្រូវបានធ្វើឱ្យអាម៉ាស់មុខដែរឬទេ? តើពួកគេកំពុងស៊ូទ្រាំនឹងការប្រមាថមើលងាយដែរឬទេ? (មិនមែនទេ។) តើមនុស្សចាំបាច់ត្រូវស៊ូទ្រាំ ហើយនិយាយថា «ដើម្បីសម្រេចបាននូវការចុះចូលនឹងព្រះជាម្ចាស់ ខ្ញុំត្រូវតែសង្កត់ភ្លើងនៅក្នុងចិត្តរបស់ខ្ញុំ សង្កត់កំហឹងនៅក្នុងចិត្តរបស់ខ្ញុំ សង្កត់ការត្អូញត្អែរនៅក្នុងចិត្តរបស់ខ្ញុំ និងសង្កត់អារម្មណ៍មិនសុខចិត្តនៅក្នុងចិត្តរបស់ខ្ញុំ។ ខ្ញុំគួរតែស៊ូទ្រាំនឹងវា ហើយមិនត្រូវបញ្ចេញសំឡេងឡើយ។ ចំពោះខ្ញុំ រឿងទាំងអស់នេះគឺជាការធ្វើឱ្យអាម៉ាស់មុខ ដូច្នេះ ខ្ញុំនឹងសង្កត់ពួកវាទុក» ដែរឬទេ? តាមរយៈការធ្វើបែបនេះ តើពួកគេកំពុងអនុវត្តសេចក្ដីពិតដែរឬទេ? (មិនមែនទេ។) តើពួកគេកំពុងអនុវត្តអ្វីទៅ? គឺទង្វើបះបោរ ភាពក្លែងក្លាយ និងការធ្វើពុត។ ដើម្បីសម្រេចបាននូវការអនុវត្តសេចក្ដីពិត ហើយដើម្បីសម្រេចបាននូវការចុះចូលនឹងសេចក្ដីពិត ព្រមទាំងការចុះចូលនឹងអធិបតេយ្យភាព និងការរៀបចំរបស់ព្រះជាម្ចាស់ រឿងដំបូងដែលអ្នកត្រូវតែធ្វើ មិនមែនជាការស៊ូទ្រាំនឹងការឈឺចាប់ណាមួយឡើយ ហើយអ្នកក៏មិនចាំបាច់ស៊ូទ្រាំនឹងការប្រមាថមើលងាយណាមួយដែរ។ តើអធិបតេយ្យភាព និងការរៀបចំដែលព្រះជាម្ចាស់មានសម្រាប់អ្នក ព្រមទាំងសេចក្ដីតម្រូវដែលទ្រង់មានសម្រាប់អ្នក គឺជាការធ្វើឱ្យអាម៉ាស់មុខដែរឬទេ? (មិនមែនទេ។) ទ្រង់មិនមែនកំពុងធ្វើឱ្យអ្នកអាម៉ាស់មុខឡើយ។ ព្រះជាម្ចាស់មិនមែនកំពុងធ្វើឱ្យអ្នកអាម៉ាស់មុខ តាមរយៈការលាតត្រដាងអ្នក ការជំនុំជម្រះអ្នក ការវាយផ្ចាលអ្នក ការល្បងលអ្នក និងការបន្សុទ្ធអ្នកឡើយ។ ផ្ទុយទៅវិញ ក្នុងពេលដំណាលគ្នាដែលទ្រង់កំពុងលាតត្រដាងការបញ្ចេញឱ្យឃើញនិស្ស័យពុករលួយរបស់អ្នក គឺទ្រង់កំពុងធ្វើឱ្យអ្នកស្គាល់ខ្លួនឯង ធ្វើឱ្យអ្នកបោះនិស្ស័យពុករលួយចោល និងបះបោរប្រឆាំងនឹងនិស្ស័យទាំងនោះ រួចហើយប្រព្រឹត្តស្របតាមសេចក្ដីតម្រូវរបស់ព្រះជាម្ចាស់។ តើរឿងនេះនឹងសម្រេចបានលទ្ធផលអ្វីទៅ? អ្នកនឹងអាចចុះចូលនឹងព្រះជាម្ចាស់ យល់ពីសេចក្ដីពិត ក្លាយជាមនុស្សដែលធ្វើឱ្យព្រះជាម្ចាស់គាប់ព្រះហឫទ័យ និងក្លាយជាមនុស្សដែលព្រះជាម្ចាស់ពេញព្រះទ័យ។ ហេតុដូច្នេះហើយ ក្នុងអំឡុងពេល និងដំណើរការដែលអ្នកកំពុងសម្រេចរឿងទាំងនេះ តើមានរឿងណាមួយដែលអ្នកឆ្លងកាត់ គឺជាការប្រមាថមើលងាយដែរឬទេ? តើមានរឿងណាមួយដែលព្រះជាម្ចាស់កំពុងធ្វើឱ្យអ្នកអាម៉ាស់មុខដែរឬទេ? (គ្មានទេ។) ឧទាហរណ៍៖ នៅពេលព្រះជាម្ចាស់លាតត្រដាងអ្នក នៅពេលទ្រង់លាតត្រដាងពីភាពក្រអឺតក្រទម សេចក្ដីទុច្ចរិត សេចក្ដីបញ្ឆោត ភាពរឹងទទឹង ឬទង្វើកាចសាហាវរបស់អ្នក តើមានរឿងណាមួយក្នុងចំណោមរឿងទាំងនេះ ដែលមិនមែនជាការពិតដែរឬទេ? (គ្មានទេ។) រឿងទាំងនោះសុទ្ធតែជាការពិត។ មិនថាព្រះបន្ទូលដែលព្រះជាម្ចាស់លាតត្រដាងអ្នក និងមានព្រះបន្ទូលទៅកាន់អ្នក មានលក្ខណៈបែបណានោះទេ ក៏ព្រះបន្ទូលទាំងនោះសុទ្ធតែជាការពិតដែរ។ ទោះបីជាមនុស្សអាចទទួលស្គាល់រឿងនេះ ឬអត់ក៏ដោយ ហើយទោះបីជាមនុស្សអាចយល់ និងទទួលយកបានកម្រិតណាក៏ដោយ ក៏រឿងទាំងនេះសុទ្ធតែជាការពិតដែរ។ រឿងទាំងនោះមិនមែនគ្មានមូលដ្ឋានឡើយ ហើយក៏មិនមែនជាការនិយាយបំផ្លើសដែរ ហើយប្រាកដណាស់ថារឿងទាំងនោះមិនទម្លាក់កំហុសលើអ្នកឡើយ។ ដូច្នេះ តើរឿងទាំងនោះធ្វើឱ្យអ្នកអាម៉ាស់មុខដែរឬទេ? (មិនមែនទេ។) រឿងទាំងនោះមិនត្រឹមតែមិនធ្វើឱ្យអ្នកអាម៉ាស់មុខប៉ុណ្ណោះទេ ប៉ុន្តែពួកវាធ្វើជាការក្រើនរំលឹក ដោយព្រមានអ្នកកុំឱ្យដើរតាមផ្លូវរបស់មនុស្សអាក្រក់ ឬដើរតាមសាតាំងឡើយ ហើយធ្វើឱ្យអ្នកអាចដើរលើផ្លូវដ៏ត្រឹមត្រូវក្នុងជីវិតបាន។ ឥទ្ធិពល និងលទ្ធផលដែលរឿងទាំងនេះមានទៅលើអ្នក គឺវិជ្ជមាន។ លក្ខណៈនៃសកម្មភាពរបស់ព្រះជាម្ចាស់ទាំងនេះ គឺត្រឹមត្រូវទាំងស្រុង។ ទ្រង់កំពុងធ្វើរឿងទាំងនេះដើម្បីសង្គ្រោះអ្នក ហើយរឿងទាំងនោះគឺស្របតាមសេចក្ដីពិតទាំងស្រុង។ នេះគឺជាការរងទុក្ខដែលមនុស្សគួរតែស៊ូទ្រាំ ហើយជាការរងទុក្ខដែលពួកគេត្រូវតែស៊ូទ្រាំ ដើម្បីបោះចោលនិស្ស័យពុករលួយរបស់ពួកគេ អាចបំពេញតាមបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ និងក្លាយជាភាវៈដែលព្រះបានបង្កើតពិតប្រាកដ។ អាកប្បកិរិយាដែលមនុស្សគួរតែមាន គឺការទទួលយកការរងទុក្ខនេះដោយសកម្ម ជាជាងការស៊ូទ្រាំនឹងវាទុកដូចជាការប្រមាថមើលងាយ។ ការរងទុក្ខនេះមិនមែនជាការធ្វើឱ្យអាម៉ាស់មុខទេ វាមិនមែនជាការចំអកឡើយ ហើយវាក៏មិនមែនជាការវាយប្រហារលើមនុស្សដែរ កុំថាឡើយដល់ការដែលព្រះជាម្ចាស់លេងសើចនឹងមនុស្សនោះ។ វាកើតឡើងទាំងស្រុងដោយសារតែមនុស្សមាននិស្ស័យពុករលួយ បះបោរប្រឆាំងនឹងព្រះជាម្ចាស់ និងមិនស្រឡាញ់សេចក្ដីពិត។ ការឈឺចាប់នេះកើតឡើងនៅក្នុងមនុស្ស ដោយសារតែព្រះបន្ទូលរបស់ព្រះជាម្ចាស់ និងសេចក្ដីតម្រូវរបស់ព្រះជាម្ចាស់សម្រាប់មនុស្ស ដូច្នេះ តើមានផ្នែកណាមួយនៃការឈឺចាប់នេះ ដែលព្រះជាម្ចាស់មានព្រះរាជបំណងប្រទានឱ្យមនុស្ស ឬប្រទានឱ្យពួកគេបន្ថែម ហើយដែលមនុស្សមិនគួរទទួលរងដែរឬទេ? គឺគ្មានរឿងបែបនោះឡើយ។ ផ្ទុយទៅវិញ ប្រសិនបើមនុស្សរងការឈឺចាប់នេះតិចពេក ពួកគេមិនអាចបោះចោលនិស្ស័យពុករលួយរបស់ខ្លួនបានឡើយ។ មិនថានិស្ស័យបះបោររបស់មនុស្សមានភាពធ្ងន់ធ្ងរប៉ុនណានោះទេ ហើយមិនថាពួកគេអាចទទួលស្គាល់ និងទទួលយកការលាតត្រដាងរបស់ព្រះជាម្ចាស់អំពីនិស្ស័យពុករលួយរបស់ពួកគេបានកម្រិតណាក៏ដោយ ក៏នៅទីបំផុត អ្វីដែលព្រះជាម្ចាស់ប្រទានដល់មនុស្ស មិនមែនជាការធ្វើឱ្យអាម៉ាស់មុខឡើយ ហើយអ្វីដែលពួកគេទទួលរង ក៏មិនមែនជាការប្រមាថមើលងាយដែរ។ ផ្ទុយទៅវិញ វាគឺជាអ្វីដែលមនុស្សគួរតែទទួលរង។ វាគឺជាការឈឺចាប់ដែលមនុស្សម្នាក់ដែលត្រូវបានសាតាំងធ្វើឱ្យពុករលួយយ៉ាងជ្រាលជ្រៅគួរតែទទួលរង មនុស្សគួរតែស៊ូទ្រាំនឹងការរងទុក្ខនេះ។ ហេតុអ្វីបានជាខ្ញុំនិយាយថា ពួកគេគួរតែស៊ូទ្រាំនឹងវា? ពីព្រោះមនុស្សបះបោរចំពោះព្រះជាម្ចាស់យ៉ាងខ្លាំង ហើយបានក្លាយជាពួកសាតាំងទៅហើយ។ ប្រសិនបើមនុស្សចង់បោះចោលនិស្ស័យពុករលួយទាំងនេះ ហើយទទួលយកសេចក្ដីសង្គ្រោះរបស់ព្រះជាម្ចាស់ ពួកគេត្រូវតែស៊ូទ្រាំនឹងការរងទុក្ខនេះ។ នេះជារឿងត្រឹមត្រូវ និងសមរម្យទាំងស្រុង។ វាគឺជាផ្លូវដែលមនុស្សត្រូវតែឆ្លងកាត់ ហើយវាគឺជាការរងទុក្ខដែលពួកគេត្រូវតែស៊ូទ្រាំ មិនមែនជារឿងដែលព្រះជាម្ចាស់ប្រទានឱ្យពួកគេឡើយ។ វាប្រៀបដូចជាពេលដែលអ្នកឈឺក្រពះ បន្ទាប់ពីផឹកទឹកត្រជាក់អ៊ីចឹង។ តើត្រូវបន្ទោសនរណាទៅ? បន្ទោសទឹកត្រជាក់ឬ? (មិនមែនទេ។) តើនរណាជានាំទុក្ខលំបាកនេះមកឱ្យអ្នក? (គឺពួកយើងខ្លួនឯង។) គឺអ្នកហ្នឹងហើយជាអ្នកនាំវាមកដាក់ខ្លួនឯង។ លទ្ធផលនេះ និងដំណើរការនេះដែលមនុស្សទទួលរង គឺជាទង្វើរបស់ពួកគេផ្ទាល់។ គ្មានការប្រមាថមើលងាយ ឬការធ្វើឱ្យអាម៉ាស់មុខដែលត្រូវនិយាយដល់នៅក្នុងរឿងនេះឡើយ។ មនុស្សមួយចំនួនមិនយល់ពីរឿងនេះតាមរបៀបនេះទេ។ ពួកគេមិនទទួលយកសេចក្ដីពិតឡើយ។ តើពួកគេគិតអ្វីទៅ? «ដំណាក់របស់ព្រះជាម្ចាស់បានឱ្យខ្ញុំធ្វើជាអ្នកដឹកនាំ។ ដំណាក់របស់ព្រះជាម្ចាស់បានដាក់ខ្ញុំឱ្យកាន់តំណែងនេះ ហើយខ្ញុំបានបំពេញការងាររបស់ខ្ញុំជាអ្នកដឹកនាំដោយក្ដីរីករាយ។ ខ្ញុំមិនដែលនឹកស្មានសោះថា ដំណាក់របស់ព្រះជាម្ចាស់នឹងដកហូតតំណែងខ្ញុំ ដោយសារតែខ្ញុំបំពេញការងារមិនបានល្អ និងប្រព្រឹត្តកំហុសនោះទេ។ តើខ្ញុំបានក្លាយជាអ្វីទៅហើយ? តើខ្ញុំនៅមានសេចក្ដីទៀងត្រង់ និងសេចក្ដីថ្លៃថ្នូរទៀតដែរឬទេ? តើខ្ញុំនៅមានសេរីភាពណាមួយជាមនុស្សទៀតដែរឬទេ? តើខ្ញុំនៅមានស្វ័យភាពទៀតដែរឬទេ?» ពួកគេគិតថា មនុស្សមិនគួរចុះចូលនឹងការចាត់ចែង និងការរៀបចំរបស់ព្រះជាម្ចាស់ ដោយគ្មានជម្រើសណាមួយនៅក្នុងរឿងនេះឡើយ ហើយថាប្រសិនបើមនុស្សចុះចូលទាំងស្រុង នោះពួកគេគឺជាមនុស្សល្ងង់ និងជាមនុស្សដែលគ្មានសេចក្ដីថ្លៃថ្នូរ ហើយថាពួកគេរស់នៅក្នុងរបៀបដែលទន់ខ្សោយ និងកើតទុក្ខខ្លាំងពេក។ ហេតុដូច្នេះហើយ មនុស្សប្រភេទនេះគិតថា នៅពេលមនុស្សទទួលយកការជំនុំជម្រះ ការវាយផ្ចាល និងការលួសកាត់ ពួកគេត្រូវតែស៊ូទ្រាំនឹងការធ្វើឱ្យអាម៉ាស់មុខ ដូចពាក្យពោលថា «នៅក្រោមដំបូលទាប មនុស្សគ្មានជម្រើសអ្វីក្រៅពីឱនក្បាលឡើយ»។ មើលចុះ នេះគឺជាទស្សនវិជ្ជាបែបសាតាំងមួយទៀតហើយ។ ឃ្លាដ៏ល្បីល្បាញនេះ ធ្វើឱ្យមនុស្សឱនក្បាល។ តើពួកគេកំពុងគិតអ្វីទៅ? តើពួកគេកំពុងចុះចូលដោយស្ម័គ្រចិត្ត ឬកំពុងស៊ូទ្រាំនឹងការធ្វើឱ្យអាម៉ាស់មុខ និងការរែកពុនបន្ទុកដ៏ធ្ងន់? (គឺចំណុចទីពីរ។) ពួកគេគិតថា ពួកគេកំពុងស៊ូទ្រាំនឹងការធ្វើឱ្យអាម៉ាស់មុខ និងការរែកពុនបន្ទុកដ៏ធ្ងន់។ ពួកគេមិនកំពុងចុះចូលដោយស្ម័គ្រចិត្តឡើយ។ ការចុះចូលរបស់ពួកគេមិនមែនដោយស្ម័គ្រចិត្តទេ ហើយវាក៏មិនបរិសុទ្ធដែរ។ ផ្ទុយទៅវិញ ពួកគេគ្មានជម្រើសអ្វីក្រៅពីចុះចូលឡើយ។ ដូច្នេះ ពួកគេចាត់ទុកការគ្មានជម្រើសនេះ ថាជាការធ្វើឱ្យអាម៉ាស់មុខមួយប្រភេទ។ ដោយសារតែមនុស្សប្រភេទនេះអាចគិតបែបនេះ តើគេចាត់ទុកការអនុវត្តការចុះចូលនឹងព្រះបន្ទូលរបស់ព្រះជាម្ចាស់ ថាជាការអនុវត្តសេចក្ដីពិតដែរឬទេ? អត់ទេ។ គេមិនចាត់ទុកការចុះចូលថាជាសេចក្ដីពិតឡើយ។ ផ្ទុយទៅវិញ គេចាត់ទុកការស៊ូទ្រាំនឹងការធ្វើឱ្យអាម៉ាស់មុខ និងការរែកពុនបន្ទុកដ៏ធ្ងន់ ថាជាសេចក្ដីពិត។ តើលក្ខណៈនៃរឿងទាំងនេះ មិនខុសគ្នាទេឬ? (ខុសគ្នា។) ទោះបីជាមនុស្សដែលចុះចូលដោយស្ម័គ្រចិត្ត និងអស់អ្នកដែលស៊ូទ្រាំនឹងការធ្វើឱ្យអាម៉ាស់មុខ និងការរែកពុនបន្ទុកដ៏ធ្ងន់ សុទ្ធតែចុះចូលដូចគ្នាក៏ដោយ ហើយទោះបីជាមនុស្សទាំងពីរប្រភេទនេះមិនបង្កបញ្ហា ឬមិនទាស់ទទឹង ហើយពីខាងក្រៅ មនុស្សទាំងពីរប្រភេទនេះមើលទៅហាក់ដូចជាស្ដាប់បង្គាប់ មានឥរិយាបថល្អ និងជាមនុស្សល្អក៏ដោយ ក៏ការចុះចូលដោយស្ម័គ្រចិត្ត ព្រមទាំងការស៊ូទ្រាំនឹងការធ្វើឱ្យអាម៉ាស់មុខ និងការរែកពុនបន្ទុកដ៏ធ្ងន់ នៅតែមានលក្ខណៈខុសគ្នាដដែល។ មនុស្សដែលចុះចូលដោយស្មោះសរ ចាត់ទុកការចុះចូលថាជាការទទួលខុសត្រូវ ជាភារកិច្ច និងជាកាតព្វកិច្ចរបស់ពួកគេ។ ពួកគេចាត់ទុកវាជាភារកិច្ចដែលពួកគេត្រូវតែធ្វើ និងជាសេចក្ដីពិត។ ទោះបីជាអស់អ្នកដែលមិនចុះចូលដោយស្មោះសរ មិនទាស់ទទឹងពីខាងក្រៅក៏ដោយ ក៏នៅក្នុងចិត្តរបស់ពួកគេ ពួកគេគិតថា ពួកគេកំពុងស៊ូទ្រាំនឹងការធ្វើឱ្យអាម៉ាស់មុខ និងការរែកពុនបន្ទុកដ៏ធ្ងន់ដែរ ហើយនៅក្នុងក្រសែភ្នែករបស់ពួកគេ ការស៊ូទ្រាំនឹងការធ្វើឱ្យអាម៉ាស់មុខ និងការរែកពុនបន្ទុកដ៏ធ្ងន់ គឺជាសេចក្ដីពិតដ៏ខ្ពង់ខ្ពស់បំផុត។ ពួកគេចាត់ទុកការស៊ូទ្រាំនឹងការធ្វើឱ្យអាម៉ាស់មុខ ថាជាការអនុវត្តសេចក្ដីពិត ហើយចុះតើពួកគេចាត់ទុកការចុះចូលថាជាអ្វីទៅ? ពួកគេចាត់ទុកការចុះចូលថាជាការស៊ូទ្រាំនឹងការធ្វើឱ្យអាម៉ាស់មុខ មិនមែនជាការអនុវត្តសេចក្ដីពិតឡើយ។ តើនេះមិនមែនជាការយល់ខុសបញ្ច្រាសទេឬ? តើនេះហៅថាអ្វីទៅ? (ពួកគេយល់បញ្ច្រាស។) ពួកគេយល់បញ្ច្រាសហើយ។ ពួកគេចាត់ទុកសេចក្ដីពិត ថាជាទស្សនវិជ្ជាសម្រាប់ការប្រព្រឹត្តក្នុងលោកីយ៍។ ពួកគេចាត់ទុកគោលលទ្ធិ និងទស្សនវិជ្ជារបស់មនុស្សសម្រាប់ការប្រព្រឹត្តក្នុងលោកីយ៍ ថាជាសេចក្ដីពិត។ តើនេះមិនមែនជាការបង្វែរខ្មៅទៅជាសទេឬ? (មែនហើយ។) វាគឺជាការបង្វែរខ្មៅទៅជាស។ ចុះតើបញ្ហានេះគួរត្រូវបានដោះស្រាយយ៉ាងដូចម្ដេច? មនុស្សត្រូវតែយល់ថា ទុក្ខលំបាកដែលពួកគេទទួលរងនេះ មិនមែនជាការធ្វើឱ្យអាម៉ាស់មុខទេ ហើយវាក៏មិនមែនជាការដែលនរណាម្នាក់កំពុងព្យាយាមធ្វើឱ្យពួកគេអាម៉ាស់មុខដែរ។ ដូច្នេះ តើអ្វីទៅដែលបណ្ដាលឱ្យមានទុក្ខលំបាកដែលមនុស្សទទួលរងនេះ? (គឺនិស្ស័យពុករលួយរបស់មនុស្ស។) ត្រូវហើយ។ ប្រសិនបើអ្នកគ្មាននិស្ស័យពុករលួយទេ ហើយអ្នកយល់ពីសេចក្ដីពិត អាចចុះចូលនឹងព្រះជាម្ចាស់ អាចចុះចូលទាំងស្រុងនឹងអធិបតេយ្យភាព និងការរៀបចំរបស់ព្រះជាម្ចាស់ ព្រមទាំងអាចកោតខ្លាចដល់ព្រះជាម្ចាស់ ហើយគេចចេញពីសេចក្ដីអាក្រក់ នោះអ្នកនឹងមិនចាំបាច់រងទុក្ខលំបាកនេះឡើយ។ ហេតុដូច្នេះហើយ ការធ្វើឱ្យអាម៉ាស់មុខនេះគឺមិនមានឡើយ។ អ្នកយល់ហើយ តើមែនទេ?
រវាងទុក្ខលំបាក និងការធ្វើឱ្យអាម៉ាស់មុខ តើមួយណាជារឿងវិជ្ជមាន? តើមានភាពខុសគ្នារវាងរឿងទាំងពីរនេះដែរឬទេ? (មាន។) ទុក្ខលំបាកគឺជារឿងវិជ្ជមាន។ ប្រសិនបើអ្នកស្ម័គ្រចិត្តទទួលយកការជំនុំជម្រះ ការវាយផ្ចាល ការលួសកាត់ ហើយស្ម័គ្រចិត្តរងទុក្ខលំបាកនេះ នោះការបកស្រាយរបស់អ្នកចំពោះទុក្ខលំបាកនេះ នឹងទៅជាថា «ខ្ញុំគួរតែរងទុក្ខលំបាកនេះ។ មិនថាព្រះជាម្ចាស់ធ្វើអ្វីនោះទេ ទោះបីជាខ្ញុំមិនយល់ពីវា ហើយចិត្តខ្ញុំពិបាកទទួលយកវា ហើយខ្ញុំមានភាពអវិជ្ជមាន និងទន់ខ្សោយក៏ដោយ ក៏អ្វីគ្រប់យ៉ាងដែលទ្រង់ធ្វើ គឺសុទ្ធតែត្រឹមត្រូវដែរ។ ខ្ញុំមាននិស្ស័យពុករលួយ ហើយមិនគួរប្រកែកជាមួយព្រះជាម្ចាស់ឡើយ។ មិនថាចិត្តខ្ញុំពិបាកទទួលយកវាប៉ុនណាក៏ដោយ ក៏ទុក្ខលំបាកនេះត្រូវបានបណ្ដាលមកពីកំហុសរបស់ខ្ញុំផ្ទាល់ដែរ។ ព្រះជាម្ចាស់មិនខុសទេ។ អ្វីគ្រប់យ៉ាងដែលព្រះជាម្ចាស់ធ្វើ គឺសុទ្ធតែត្រឹមត្រូវ។ ខ្ញុំសមនឹងរងទុក្ខលំបាកនេះ។ តើនរណាធ្វើឱ្យខ្ញុំមាននិស្ស័យពុករលួយ? តើនរណាធ្វើឱ្យខ្ញុំទាស់ទទឹងនឹងព្រះជាម្ចាស់? តើនរណាធ្វើឱ្យខ្ញុំប្រព្រឹត្តសេចក្ដីអាក្រក់? រឿងទាំងនោះមិនមែនព្រះជាម្ចាស់ប្រទានមកឱ្យខ្ញុំឡើយ។ ពួកវាត្រូវបានជំរុញដោយធម្មជាតិរបស់ខ្ញុំផ្ទាល់។ ខ្ញុំគួរតែរងទុក្ខលំបាកនេះ»។ ចុះតើវាជារឿងវិជ្ជមានដែរឬទេ ដែលមនុស្សរងទុក្ខលំបាកនេះ? (វិជ្ជមាន។) ប្រសិនបើមនុស្សយល់ពីរឿងនេះក្នុងផ្លូវវិជ្ជមាន ហើយយល់រឿងនេះចេញពីព្រះជាម្ចាស់ នោះទុក្ខលំបាកនេះគឺជារឿងវិជ្ជមាន។ ក៏ប៉ុន្តែ ឧបមាថា ពួកគេនិយាយថា៖ «ខ្ញុំអាចចុះចូលបាន ប៉ុន្តែទោះបីជាខ្ញុំចុះចូលក៏ដោយ ក៏ខ្ញុំនៅតែត្រូវពន្យល់ពីហេតុផលរបស់ខ្ញុំឱ្យបានច្បាស់លាស់ដែរ ហើយខ្ញុំត្រូវតែចែករំលែកពីអ្វីដែលខ្ញុំគិតនៅក្នុងចិត្ត និងអ្វីដែលខ្ញុំធ្វើឱ្យបានច្បាស់លាស់។ ខ្ញុំមិនអាចគ្រាន់តែចុះចូលក្នុងរបៀបដ៏កំសាក និងច្របូកច្របល់បែបនេះបានឡើយ។ បើមិនដូច្នេះទេ ខ្ញុំនឹងស្លាប់ ដោយសារតែការលាក់ទុក្ខរឿងរ៉ាវនៅក្នុងចិត្តមិនខាន»។ ពួកគេតែងតែចង់ពន្យល់រឿងរ៉ាវឱ្យបានច្បាស់លាស់ និងក្បោះក្បាយ ពន្យល់ពីដំណើរដើមទងនៃរឿងរ៉ាវឱ្យបានច្បាស់លាស់ និយាយអំពីហេតុផលរបស់ពួកគេ និយាយអំពីអ្វីដែលពួកគេគិត និយាយអំពីការលះបង់របស់ពួកគេ និងនិយាយអំពីភាពត្រឹមត្រូវរបស់ពួកគេ។ ពួកគេមិនសុខចិត្តធ្វើជាមនុស្សដែលចុះចូលនឹងព្រះជាម្ចាស់ឡើយ ពោលគឺមិនសុខចិត្តបញ្ឈប់ការដោះសា ការការពារខ្លួនឯង ឬការនិយាយអំពីហេតុផលរបស់ពួកគេផ្ទាល់ឡើយ។ ពួកគេមិនសុខចិត្តប្រព្រឹត្តបែបនោះទេ។ ក្នុងករណីនោះ តើពួកគេចាត់ទុកការចុះចូលថាជាអ្វីទៅ? ពួកគេចាត់ទុកការចុះចូលថាជាការស៊ូទ្រាំនឹងការប្រមាថមើលងាយ។ តើពួកគេគិតអ្វីនៅក្នុងចិត្ត? «ខ្ញុំត្រូវតែស៊ូទ្រាំនឹងការប្រមាថមើលងាយទាំងអស់នេះ ដើម្បីធ្វើឱ្យព្រះជាម្ចាស់ពេញព្រះទ័យនឹងខ្ញុំ ហើយមានព្រះបន្ទូលថា ខ្ញុំបានចុះចូល»។ តើការធ្វើឱ្យអាម៉ាស់មុខនេះ ពិតជាមានមែនឬ? ប្រសិនបើវាមិនមានទាល់តែសោះ ហេតុអ្វីបានជាពួកគេនៅតែពន្យល់រឿងរ៉ាវឱ្យច្បាស់លាស់ និងក្បោះក្បាយ ដើម្បីបោះចោល «ការធ្វើឱ្យអាម៉ាស់មុខ» នេះទៀត? នេះមិនមែនជាការចុះចូលពិតប្រាកដឡើយ។ ទោះបីជាចេតនាដែលអ្នកធ្វើរឿងរ៉ាវនានាគឺត្រឹមត្រូវក៏ដោយ ក៏ព្រះជាម្ចាស់សព្វព្រះហឫទ័យចង់ចាត់ចែងរឿងរ៉ាវតាមរបៀបនេះដែរ។ អ្នកមិនចាំបាច់ដោះសាការពារខ្លួនទេ អ្នកមិនចាំបាច់ប្រកែកឡើយ។ តើយ៉ូបបានធ្វើរឿងរ៉ាវនានាល្អជាងអ្នកដែរឬទេ? (គាត់ធ្វើបានល្អជាង។) នៅពេលយ៉ូបត្រូវបានល្បងល ប្រសិនបើគាត់ប្រកែក និងដោះសាការពារខ្លួន តើព្រះជាម្ចាស់នឹងព្រះសណ្ដាប់ដែរឬទេ? អត់ទេ ទ្រង់នឹងមិនព្រះសណ្ដាប់ឡើយ។ នេះគឺជាការពិត។ តើយ៉ូបបានដឹងទេថា ព្រះជាម្ចាស់មិនព្រះសណ្ដាប់ពាក្យដោះសាការពារខ្លួនរបស់មនុស្សនោះ? យ៉ូបមិនបានដឹងទេ ប៉ុន្តែយ៉ូបមិនបានដោះសាការពារខ្លួនឡើយ។ នេះគឺជាកម្ពស់ដែលគាត់មាន។ គាត់ពិតជាបានចុះចូលមែន។ តើយ៉ូបបានធ្វើរឿងអាក្រក់អ្វីខ្លះ ទើបបានជាព្រះជាម្ចាស់ប្រព្រឹត្តចំពោះគាត់បែបនោះ? គាត់មិនបានធ្វើរឿងអាក្រក់អ្វីឡើយ។ ព្រះជាម្ចាស់បានមានព្រះបន្ទូលថា យ៉ូបកោតខ្លាចដល់ទ្រង់ ហើយគេចចេញពីសេចក្ដីអាក្រក់ ព្រមទាំងជាមនុស្សគ្រប់លក្ខណ៍។ បើនិយាយនៅក្នុងបរិបទនៃ «ការធ្វើឱ្យអាម៉ាស់មុខ» ព្រះជាម្ចាស់មិនគួរធ្វើឱ្យយ៉ូបរងការប្រមាថមើលងាយទាំងនោះឡើយ ហើយមិនគួរប្រគល់គាត់ទៅឱ្យសាតាំង និងបណ្ដោយឱ្យសាតាំងល្បួងគាត់ ព្រមទាំងដកហូតទ្រព្យសម្បត្តិទាំងអស់របស់គាត់ឡើយ។ បើមើលទៅលើរឿងនេះក្នុងន័យជាតក្កវិជ្ជារបស់មនុស្សដែលមិនចុះចូល យ៉ូបបានរងទុក្ខលំបាក ហើយគាត់បានរងការប្រមាថមើលងាយយ៉ាងខ្លាំង។ នៅពេលគាត់ទទួលបានការល្បងលទាំងនោះ គាត់កំពុងស៊ូទ្រាំនឹងការធ្វើឱ្យអាម៉ាស់មុខ និងការរែកពុនបន្ទុកដ៏ធ្ងន់ ដើម្បីទទួលបានព្រះពរកាន់តែធំធេងពីព្រះជាម្ចាស់ បន្ទាប់ពីរឿងនោះបានកន្លងផុតទៅ។ តាមការពិត តើនេះជារឿងពិតដែរឬទេ? (មិនពិតទេ។) តើនេះជារបៀបដែលយ៉ូបគិត និងអនុវត្តដែរឬទេ? (មិនមែនទេ។) តើគាត់អនុវត្តយ៉ាងដូចម្ដេច? តើគាត់ប្រព្រឹត្តយ៉ាងដូចម្ដេចចំពោះការល្បងលទាំងនេះ? គាត់មិនចាំបាច់ស៊ូទ្រាំឡើយ ហើយគាត់ក៏មិនគិតថា គាត់កំពុងរងការប្រមាថមើលងាយដែរ។ តើគាត់គិតអ្វីទៅ? (ព្រះជាម្ចាស់ប្រទានឱ្យ ហើយទ្រង់ក៏បានយកទៅវិញ។) ត្រូវហើយ។ មនុស្សគឺមកពីព្រះជាម្ចាស់។ ព្រះជាម្ចាស់ប្រទានជីវិតដល់អ្នក ហើយប្រទានខ្យល់ដង្ហើមដល់អ្នក។ អ្នកគឺមកពីព្រះជាម្ចាស់ទាំងស្រុង ដូច្នេះ តើអ្វីៗទាំងអស់ដែលអ្នកទទួលបាន មិនមែនជារបស់ដែលព្រះជាម្ចាស់ប្រទានឱ្យអ្នកទេឬ? តើអ្នកមានអ្វីដែលត្រូវអួតនោះ? អ្វីៗគ្រប់យ៉ាងត្រូវបានប្រទានដោយព្រះជាម្ចាស់ ដូច្នេះ ប្រសិនបើព្រះជាម្ចាស់សព្វព្រះហឫទ័យចង់យកវាទៅវិញ តើមានអ្វីដែលអ្នកត្រូវរកហេតុផលនោះ? នៅពេលទ្រង់ប្រទានអ្វីម្យ៉ាងដល់អ្នក អ្នកក៏សប្បាយចិត្ត ហើយនៅពេលទ្រង់មិនប្រទានអ្វីម្យ៉ាងដល់អ្នក អ្នកក៏មិនសប្បាយចិត្ត ត្អូញត្អែរអំពីព្រះជាម្ចាស់ ទាមទារវាពីព្រះជាម្ចាស់ ហើយឈ្លោះជាមួយព្រះជាម្ចាស់។ ថាតើព្រះជាម្ចាស់ប្រទានអ្វីម្យ៉ាងដល់អ្នកឬក៏អត់នោះ គឺអាស្រ័យលើព្រះជាម្ចាស់។ គ្មានអ្វីដែលមនុស្សត្រូវរកហេតុផលឡើយ។ តើនេះជារបៀបដែលយ៉ូបបានប្រព្រឹត្តដែរឬទេ? (មែនហើយ។) នេះគឺជារបៀបដែលយ៉ូបបានប្រព្រឹត្ត។ តើនៅក្នុងចិត្តរបស់គាត់មានអារម្មណ៍អយុត្តិធម៌ដែរឬទេ? (គ្មានទេ។) អត់ទេ គឺគ្មានឡើយ។ បើមើលទៅលើរឿងនេះពីសំបកក្រៅ យ៉ូបមានហេតុផលគ្រប់គ្រាន់ក្នុងការត្អូញត្អែរពីភាពអយុត្តិធម៌ រកលេសឱ្យសមហេតុផល ដោះសាការពារខ្លួន តាំងខ្លួនប្រឆាំងនឹងព្រះជាម្ចាស់ ហើយពន្យល់រឿងគ្រប់យ៉ាងដល់ព្រះជាម្ចាស់ឱ្យបានច្បាស់លាស់ និងក្បោះក្បាយ។ គាត់គឺជាមនុស្សដែលស័ក្តិសមបំផុតក្នុងការធ្វើរឿងទាំងនេះ ប៉ុន្តែតើគាត់បានធ្វើវាដែរឬទេ? អត់ទេ គាត់មិនបានធ្វើឡើយ។ គាត់មិនបាននិយាយអ្វីមួយម៉ាត់ឡើយ គ្រាន់តែធ្វើរឿងពីរបីយ៉ាងប៉ុណ្ណោះគឺ៖ គាត់ហែកអាវ និងកោរសក់របស់ខ្លួន ហើយលុតក្រាបដល់ដី ថ្វាយបង្គំ។ តើសកម្មភាពបន្តបន្ទាប់គ្នានេះ ធ្វើឱ្យអ្នកដទៃមើលឃើញថាគាត់ជាមនុស្សប្រភេទណា? ជាមនុស្សដែលកោតខ្លាចដល់ព្រះជាម្ចាស់ ហើយគេចចេញពីសេចក្ដីអាក្រក់ និងជាមនុស្សគ្រប់លក្ខណ៍។ តើអ្វីទៅជានិយមន័យនៃមនុស្សគ្រប់លក្ខណ៍? គឺជាមនុស្សម្នាក់ដែលមិនវិនិច្ឆ័យចំពោះអ្វីដែលព្រះជាម្ចាស់ធ្វើ ផ្ទុយទៅវិញ គេសរសើរតម្កើង និងចុះចូលនឹងរឿងនោះ ហើយមិនថាគេរងទុក្ខលំបាកខ្លាំងប៉ុនណានោះទេ ក៏គេមិននិយាយថា «ខ្ញុំបានរងភាពអយុត្តិធម៌ហើយ។ នេះគឺជាការប្រមាថមើលងាយ» ឡើយ។ មិនថាគេរងទុក្ខលំបាកខ្លាំងប៉ុនណានោះទេ ក៏គេមិនដែលបង្ហាញពាក្យសម្ដីបែបនេះសូម្បីតែមួយម៉ាត់ ឬនិយាយពាក្យសម្ដីបែបនេះសូម្បីតែមួយម៉ាត់ឡើយ។ តើនេះហៅថាអ្វីទៅ? អ្នកគ្មានជំនឿហៅវាថា «ការលះបង់ខ្លួនឯង»។ តើតក្កវិជ្ជានៅត្រង់ណាទៅ? តើវាជារឿងនេះមែនឬ? (មិនមែនទេ។) «ការលះបង់ខ្លួនឯង» គឺជាជំងឺផ្លូវចិត្ត និងជារឿងផ្ដេសផ្ដាស។ មិនថាយ៉ូបជួបប្រទះរឿងធំដុំប៉ុនណា ឬឈឺចាប់ប៉ុនណាក៏ដោយ ក៏គាត់មិនដែលប្រកែកជាមួយព្រះជាម្ចាស់ ឬឈ្លោះជាមួយទ្រង់ឡើយ។ គាត់គ្រាន់តែចុះចូលប៉ុណ្ណោះ។ តើអ្វីទៅជាហេតុផលដំបូងរបស់គាត់ក្នុងការចុះចូល? គឺការកោតខ្លាចព្រះជាម្ចាស់។ សមត្ថភាពរបស់គាត់ក្នុងការចុះចូល បានមកពីការយល់ដឹងរបស់គាត់អំពីព្រះជាម្ចាស់។ គាត់ជឿថា អ្វីៗគ្រប់យ៉ាងគឺមកពីព្រះជាម្ចាស់ ហើយថាអ្វីគ្រប់យ៉ាងដែលព្រះជាម្ចាស់ធ្វើ គឺសុទ្ធតែត្រឹមត្រូវ។
ប្រធានក្រុម និងអ្នកមើលការខុសត្រូវមួយចំនួនដែលត្រូវបានដកហូតតំណែង យំមិនឈប់ ឡូឡារករឿង និងរំជួលចិត្ត។ ពួកគេគិតថា ពួកគេបានរងភាពអយុត្តិធម៌ ត្អូញត្អែរថាព្រះជាម្ចាស់មិនសុចរិត ហើយគិតថាបងប្អូនប្រុសស្រីបានធ្វើខុសចំពោះពួកគេ តាមរយៈការលាតត្រដាង និងរាយការណ៍ពីពួកគេ ដោយនិយាយថា៖ «អ្នករាល់គ្នាគ្មានមនសិការទេ។ ខ្ញុំល្អចំពោះអ្នករាល់គ្នាខ្លាំងណាស់ ប៉ុន្តែអ្នករាល់គ្នាតបស្នងខ្ញុំរបៀបនេះទៅវិញ! ព្រះជាម្ចាស់មិនសុចរិតឡើយ។ ខ្ញុំបានរងភាពអយុត្តិធម៌យ៉ាងធំធេង ប៉ុន្តែព្រះជាម្ចាស់មិនបានការពារខ្ញុំទេ។ ពួកគេគ្រាន់តែដកហូតតំណែងខ្ញុំយ៉ាងឃោរឃៅប៉ុណ្ណោះ។ អ្នករាល់គ្នាសុទ្ធតែមើលងាយខ្ញុំ ហើយព្រះជាម្ចាស់ក៏មើលងាយខ្ញុំដែរ!» ពួកគេគិតថា ពួកគេត្រូវបានប្រព្រឹត្តដាក់យ៉ាងអយុត្តិធម៌បំផុត ហើយក៏ឡូឡារករឿង។ ចូរប្រាប់ខ្ញុំមើល៍ តើមនុស្សបែបនេះអាចឈានដល់ការចុះចូលបានដែរឬទេ? តាមអ្វីដែលខ្ញុំមើលឃើញ វាមិនងាយឡើយ។ ដូច្នេះ តើគេមិនចប់ទៅហើយទេឬ? តើអ្នកឡូឡារករឿងដើម្បីអ្វីទៅ? ប្រសិនបើអ្នកអាចទទួលយកវាបាន នោះចូរទទួលយកវាចុះ។ ប្រសិនបើអ្នកមិនអាចទទួលយកសេចក្ដីពិតបាន ហើយមិនអាចចុះចូលនឹងសេចក្ដីពិតបានទេ នោះចូរចេញពីដំណាក់របស់ព្រះជាម្ចាស់ទៅ! កុំជឿលើព្រះជាម្ចាស់អី។ គ្មាននរណាម្នាក់បង្ខំអ្នកឡើយ។ តើអ្នកបានរងភាពអយុត្តិធម៌អ្វីទៅ? តើអ្នកឡូឡារករឿងដើម្បីអ្វីទៅ? នេះគឺជាដំណាក់របស់ព្រះជាម្ចាស់។ ប្រសិនបើអ្នកពូកែខ្លាំង ចូរទៅឡូឡារករឿងនៅក្នុងសង្គមទៅ ហើយទៅរកពួកសាតាំង និងពួកស្ដេចអារក្ស ដើម្បីឡូឡារករឿងដាក់ពួកវាទៅ។ កុំឡូឡារករឿងនៅក្នុងដំណាក់របស់ព្រះជាម្ចាស់អី។ តើវាជារឿងធំដុំអ្វីទៅ ប្រសិនបើអ្នកត្រូវបានដកហូតពីតំណែងជាប្រធានក្រុមនោះ? អ្នកនៅតែអាចរស់បាន ប្រសិនបើអ្នកមិនមែនជាប្រធានក្រុម តើមែនទេ? អ្នកនឹងមិនជឿលើព្រះជាម្ចាស់ទេឬ ប្រសិនបើអ្នកមិនមែនជាប្រធានក្រុមនោះ? យ៉ូបបានរងទុក្ខលំបាកយ៉ាងធំធេង ប៉ុន្តែតើគាត់បាននិយាយអ្វីខ្លះទៅ? គាត់មិនបានបញ្ចេញពាក្យត្អូញត្អែរសូម្បីមួយម៉ាត់ ហើយថែមទាំងបានសរសើរតម្កើងព្រះជាម្ចាស់ទៀតផង ដោយនិយាយថា «សូមតម្កើងព្រះនាមព្រះយេហូវ៉ា» (យ៉ូប ១:២១)។ តើគាត់បានសរសើរតម្កើងព្រះនាមព្រះយេហូវ៉ា ដោយសារតែគាត់ទទួលបានរង្វាន់ និងអត្ថប្រយោជន៍យ៉ាងច្រើនសន្ធឹកសន្ធាប់មែនទេ? មិនមែនទេ។ នោះគ្រាន់តែជារបៀបដែលគាត់យល់ និងជារបៀបដែលគាត់អនុវត្តប៉ុណ្ណោះ។ តើនេះមិនពាក់ព័ន្ធនឹងចរិតលក្ខណៈរបស់មនុស្សម្នាក់ដែរទេឬ? (ពាក់ព័ន្ធ។) មនុស្សមួយចំនួនមានចរិតលក្ខណៈថោកទាប ហើយនៅពេលពួកគេរងភាពអយុត្តិធម៌បន្តិចបន្តួច ពួកគេគិតថា ពួកគេត្រូវបានប្រព្រឹត្តដាក់យ៉ាងអយុត្តិធម៌បំផុត ហើយថាមនុស្សគ្រប់គ្នានៅលើលោកនេះ គួរតែមានអារម្មណ៍ខុសអំពីរឿងនេះ ហើយសុំការអភ័យទោសពីពួកគេ។ មនុស្សទាំងនេះពិតជានាំបញ្ហាមែន! តើអ្នកនឹងពន្យល់ពាក្យ «ការប្រមាថមើលងាយ» យ៉ាងដូចម្ដេច? ការរងការប្រមាថមើលងាយ គឺជាហេតុការណ៍ធម្មតាមួយចំពោះអ្នកគ្មានជំនឿ ប៉ុន្តែនៅក្នុងដំណាក់របស់ព្រះជាម្ចាស់ មានរបៀបនិយាយផ្សេងមួយទៀតថា៖ ការរងទុក្ខលំបាក និងការប្រមាថមើលងាយ ដើម្បីទទួលបានសេចក្ដីពិត គឺជាទុក្ខលំបាកដែលមនុស្សគួរតែទទួលរង។ មិនថាពួកគេត្រូវបានលួសកាត់ ឬត្រូវបានដកហូតតំណែងក៏ដោយ ក៏មនុស្សដែលយល់ពីសេចក្ដីពិត មិនចាត់ទុកវាថាជាការប្រមាថមើលងាយឡើយ។ ពួកគេគិតថា ពួកគេសមនឹងរងទុក្ខលំបាក ហើយថាមនុស្សមិនអាចចុះចូលនឹងរឿងនេះបាន គឺដោយសារតែពួកគេមាននិស្ស័យពុករលួយ ប៉ុន្តែរឿងនោះមិនមែនជាការប្រមាថមើលងាយឡើយ។ តើនរណាដែលរងការប្រមាថមើលងាយពិតប្រាកដនោះ? គឺព្រះជាម្ចាស់ជាអ្នកដែលរងការប្រមាថមើលងាយ។ ព្រះជាម្ចាស់សង្គ្រោះមនុស្សជាតិ ប៉ុន្តែមនុស្សមិនយល់ឡើយ។ មើលចុះ បន្ទាប់ពីព្រះជាម្ចាស់បាននាំពួកសាសន៍អ៊ីស្រាអែលចេញពីស្រុកអេហ្ស៊ីប ពួកគេបានថ្វាយបង្គំរូបព្រះ។ នៅពេលពួកគេគ្មានអ្វីហូប ពួកគេបានត្អូញត្អែរអំពីព្រះជាម្ចាស់ ហើយព្រះជាម្ចាស់ត្រូវទម្លាក់នំម៉ាណា និងអាហារផ្សេងទៀតឱ្យពួកគេ។ បន្ទាប់ពីបានសុខស្រួលពីរបីថ្ងៃ ពួកគេមិនបានយកចិត្តទុកដាក់ចំពោះព្រះជាម្ចាស់ឡើយ ប៉ុន្តែនៅពេលពួកគេជួបប្រទះការលំបាក ពួកគេក៏ស្វែងរកទ្រង់ម្ដងទៀត។ តើអ្នករាល់គ្នាមិនយល់ថា ទ្រង់បានរងការប្រមាថមើលងាយយ៉ាងខ្លាំងទេឬ? តើព្រះជាម្ចាស់ដែលយកកំណើតជាមនុស្ស មិនរងការប្រមាថមើលងាយយ៉ាងខ្លាំងទេឬ នៅពេលទ្រង់ត្រូវបានបដិសេធដោយមនុស្សគ្រប់យុគសម័យនោះ? មនុស្សគ្មានបានការអ្វីឡើយ ហើយក៏គ្មានសមត្ថភាពធ្វើអ្វីដែរ។ ពួកគេរីករាយនឹងព្រះគុណយ៉ាងច្រើនសន្ធឹកសន្ធាប់ដែលព្រះជាម្ចាស់ប្រទានឱ្យ ហើយរីករាយនឹងសេចក្ដីពិតយ៉ាងច្រើនសន្ធឹកសន្ធាប់ដែលព្រះជាម្ចាស់ផ្គត់ផ្គង់ ប៉ុន្តែពួកគេមានអារម្មណ៍ថា វាអយុត្តិធម៌ជាពិសេស នៅពេលពួកគេរងទុក្ខលំបាកបន្តិចបន្តួចដែលពួកគេសមនឹងទទួលរង។ តើមនុស្សរងភាពអយុត្តិធម៌អ្វីទៅ? មានមនុស្សមួយចំនួនដែលជាធម្មតារាងមានភាពក្លៀវក្លាបន្តិច ប៉ុន្តែនៅពេលពួកគេរងទុក្ខលំបាកបន្តិចបន្តួច ពោលគឺនៅពេលបងប្អូនប្រុសស្រីលួសកាត់ពួកគេ ឬមាននរណាម្នាក់និយាយរឿងមិនពីរោះស្ដាប់ដាក់ពួកគេ ឬគ្មាននរណាម្នាក់គាំទ្រពួកគេ ឬបញ្ជោរពួកគេ ពួកគេមានអារម្មណ៍តូចចិត្ត មានអារម្មណ៍ថាពួកគេបានរងទុក្ខលំបាកយ៉ាងខ្លាំង ហើយអ្នកដទៃធ្វើខុសចំពោះពួកគេ រួចក៏ត្អូញត្អែរថា «អ្នករាល់គ្នាសុទ្ធតែមើលងាយខ្ញុំ ហើយគ្មាននរណាម្នាក់យកចិត្តទុកដាក់ចំពោះខ្ញុំឡើយ។ ខ្ញុំត្រូវបានតម្រូវទុកមកឱ្យគេធ្វើបាបហើយ!» តើអ្នកឡូឡារករឿងដើម្បីអ្វីទៅ? តើវាមានប្រយោជន៍អ្វីទៅ ក្នុងការនិយាយរឿងទាំងនោះ? តើមានពាក្យសម្ដីណាមួយក្នុងចំណោមពាក្យសម្ដីទាំងនោះ ស្របតាមសេចក្ដីពិតដែរឬទេ? (គ្មានទេ។) ចុះតើនេះមានន័យដូចម្ដេច? តើនេះគឺជាការធ្វើឱ្យអាម៉ាស់មុខឬ? អ្នកគ្មានសមត្ថភាពមើលឃើញទុក្ខលំបាកដែលអ្នកសមនឹងទទួលរងឱ្យបានច្បាស់លាស់ឡើយ ហើយមិនទទួលយកវាទេ។ អ្នកបានស្ដាប់សេចក្ដីអធិប្បាយច្រើនយ៉ាងនេះ ប៉ុន្តែមិនយល់ពីរបៀបដែលមនុស្សគួរអនុវត្តសេចក្ដីពិត និងរបៀបដែលពួកគេគួរចុះចូលឡើយ។ អ្នកមិនដឹងពីរឿងទាំងនេះទាល់តែសោះ ហើយនៅតែគិតថា អ្នកបានរងការប្រមាថមើលងាយយ៉ាងខ្លាំងទៀត។ តើអ្នកមិនកំពុងខ្វះវិចារណញ្ញាណទេឬ? ចំពោះមនុស្សដែលទទួលយកសេចក្ដីសង្គ្រោះរបស់ព្រះជាម្ចាស់ តើការប្រមាថមើលងាយនេះមានដែរឬទេ? (គ្មានទេ។) ទោះបីជាពេលខ្លះ បងប្អូនប្រុសស្រីពិតជាកំពុងប្រព្រឹត្តចំពោះអ្នកយ៉ាងអយុត្តិធម៌ក៏ដោយ តើអ្នកគួរឆ្លងកាត់វាយ៉ាងដូចម្ដេច? ឧទាហរណ៍៖ មានលុយហាសិបដុល្លារនៅកន្លែងណាមួយ ហើយបន្ទាប់ពីអ្នកដើរកាត់ទីនោះ លុយនោះក៏បាត់ទៅ ហើយមនុស្សគ្រប់គ្នាសង្ស័យថាអ្នកជាអ្នកយក។ តើអ្នកនឹងធ្វើដូចម្ដេច? អ្នកនឹងមានអារម្មណ៍តូចចិត្ត និងខកចិត្តនៅខាងក្នុងថា៖ «ទោះបីជាខ្ញុំក្រក៏ដោយ ក៏ខ្ញុំនៅតែមានសីលធម៌ក្នុងខ្លួនដែរ។ ខ្ញុំនៅតែខ្វល់ពីសេចក្ដីថ្លៃថ្នូររបស់ខ្ញុំ។ ខ្ញុំមិនដែលយកអ្វីដែលជារបស់អ្នកដទៃឡើយ។ ដៃរបស់ខ្ញុំគឺស្អាតស្អំទាំងស្រុង។ អ្នករាល់គ្នាតែងតែមើលងាយខ្ញុំ ហើយខ្ញុំគឺជាមនុស្សដំបូងគេដែលអ្នករាល់គ្នាសង្ស័យ នៅពេលរឿងនេះកើតឡើង។ ព្រះជាម្ចាស់មិនបានបញ្ជាក់រឿងរ៉ាវឱ្យបានច្បាស់លាស់ជំនួសខ្ញុំឡើយ។ មើលទៅ ទ្រង់ក៏មិនពេញព្រះហឫទ័យនឹងខ្ញុំដែរ!» អ្នកក៏ឡូឡារករឿង។ តើនេះរាប់ថាជាការធ្វើឱ្យអាម៉ាស់មុខដែរឬទេ? (មិនរាប់ទេ។) ដូច្នេះ តើអ្នកគួរធ្វើដូចម្ដេចក្នុងស្ថានភាពនេះ? ប្រសិនបើអ្នកយកលុយនោះ ចូរទទួលស្គាល់ទៅ ហើយសន្យាថាអ្នកនឹងមិនយកអ្វីទៀតជាដាច់ខាត។ ប្រសិនបើអ្នកមិនបានយកលុយនោះទេ ចូរនិយាយថា៖ «ខ្ញុំមិនបានយកលុយនោះទេ។ ព្រះជាម្ចាស់ពិនិត្យអង្កេតជម្រៅចិត្តរបស់មនុស្ស។ អ្នកណាដែលយកលុយនោះ គឺដឹងខ្លួនឯងហើយ ហើយព្រះជាម្ចាស់ក៏ជ្រាបដែរ។ ខ្ញុំនឹងមិននិយាយអ្វីទៀតឡើយ»។ អ្នកមិនចាំបាច់និយាយថា «អ្នករាល់គ្នាមើលងាយខ្ញុំ។ អ្នករាល់គ្នាសុទ្ធតែចង់ធ្វើបាបខ្ញុំ» ឡើយ។ តើការនិយាយរឿងទាំងនោះមានប្រយោជន៍អ្វីទៅ? តើការនិយាយរឿងប្រភេទនោះច្រើនល្អដែរឬទេ? (មិនល្អទេ។) ហេតុអ្វីមិនល្អ? ប្រសិនបើអ្នកនិយាយរឿងប្រភេទនោះច្រើន វាបញ្ជាក់ពីការពិតមួយថា៖ ព្រះជាម្ចាស់មិននៅក្នុងចិត្តរបស់អ្នកឡើយ។ អ្នកមិនជឿលើព្រះជាម្ចាស់ទេ ហើយអ្នកគ្មានសេចក្ដីជំនឿពិតប្រាកដលើព្រះជាម្ចាស់ឡើយ។ នៅពេលអ្នកនិយាយការពិតនៃរឿងនេះ ព្រះជាម្ចាស់ជ្រាបហើយ។ ទ្រង់ពិនិត្យអង្កេតជម្រៅចិត្តរបស់មនុស្ស ហើយពិនិត្យពិច័យអ្វីៗគ្រប់យ៉ាងដែលមនុស្សនិយាយ និងធ្វើ។ អ្នកដទៃចង់មើលឃើញរឿងនេះយ៉ាងណា គឺអាស្រ័យលើពួកគេ។ អ្នកជឿថា ព្រះជាម្ចាស់ជ្រាបពីរឿងទាំងអស់នេះ ហើយមិនចាំបាច់និយាយច្រើនឡើយ។ តើអ្នកចាំបាច់ត្រូវមានអារម្មណ៍តូចចិត្តដែរឬទេ? អត់ទេ អ្នកមិនចាំបាច់ឡើយ។ តើរឿងនេះមានផលវិបាកអ្វីទៅ? អ្នកមានអារម្មណ៍ថា អ្នកបានរងភាពអយុត្តិធម៌ នៅពេលអ្នកត្រូវបានមួលបង្កាច់ និងត្រូវបានវិនិច្ឆ័យដោយសារតែជឿលើព្រះជាម្ចាស់ ប៉ុន្តែតើអ្នកអាចនិយាយអំពីរឿងនេះឱ្យបានច្បាស់លាស់ដែរឬទេ? តាមរយៈការគិតតែពីការពារខ្លួនឯងទល់នឹងពួកគេ អ្នកកំពុងពន្យារពេលរឿងត្រឹមត្រូវហើយ។ នេះគឺជារឿងឥតប្រយោជន៍ តើមែនទេ? តើការប្រកែកជាមួយពួកគេមានប្រយោជន៍អ្វីទៅ? នេះមិនមែនជាការអនុវត្តសេចក្ដីពិតឡើយ។
មនុស្សរងទុក្ខលំបាកយ៉ាងច្រើន ក្នុងអំឡុងដំណើរការដកបទពិសោធសេចក្ដីសង្គ្រោះរបស់ព្រះជាម្ចាស់។ តើទុក្ខលំបាកដែលមនុស្សទទួលរង គឺជាការប្រមាថមើលងាយដែរឬទេ? (មិនមែនទេ។) វាប្រាកដជាមិនមែនឡើយ។ ហេតុអ្វីបានជាខ្ញុំនិយាយបែបនេះ? (ពីព្រោះមនុស្សមាននិស្ស័យពុករលួយ មនុស្សគួរតែរងទុក្ខលំបាកនេះ។) មនុស្សមាននិស្ស័យពុករលួយ។ នេះគឺជាផ្នែកនៃរឿងនេះ។ បន្ថែមលើនេះ ទោះបីជាអ្នកមិនយល់ពីទិដ្ឋភាពណាមួយនៃសេចក្ដីពិតក៏ដោយ ហើយទោះបីជាផ្នែកណាមួយនៅខាងក្នុងអ្នកនៅតែមានភាពអវិជ្ជមានក៏ដោយ ក៏អ្នកអាចលើកវាមកនិយាយ និងប្រកបគ្នាអំពីរឿងនោះបានដែរ។ អ្នកមិនចាំបាច់លាក់វាទុកនៅក្នុងចិត្តឡើយ។ តើអ្វីទៅជាគោលដៅនៃការប្រកបគ្នា? (គឺដើម្បីដោះស្រាយបញ្ហា។) គឺដើម្បីស្វែងរកសេចក្ដីពិត ឈានដល់ការយល់ពីសេចក្ដីពិត និងដោះស្រាយបញ្ហាដែលនៅខាងក្នុង។ អ្នកមិនចាំបាច់លាក់វាទុកនៅក្នុងចិត្តឡើយ។ អ្នកមិនចាំបាច់រងការប្រមាថមើលងាយទេ។ អ្នកមិនចាំបាច់ស៊ូទ្រាំ ដោយនិយាយថា «ខ្ញុំមិនយល់ទេ ប៉ុន្តែខ្ញុំនៅតែត្រូវគេបង្ខំឱ្យចុះចូលដដែល។ ខ្ញុំត្រូវតែយល់សិន មុនពេលខ្ញុំចុះចូល» ឡើយ។ ប្រសិនបើអ្នកមិនយល់ទេ អ្នកអាចប្រកបគ្នាបាន។ ការស្វែងរកសេចក្ដីពិត គឺជាផ្លូវដ៏ត្រឹមត្រូវ។ រឿងនេះមិនខុសឡើយ។ នៅពេលរឿងរ៉ាវមួយចំនួនត្រូវបានប្រកបគ្នា និងពន្យល់យ៉ាងច្បាស់លាស់ មនុស្សនឹងដឹងថាត្រូវធ្វើអ្វីហើយ។ អ្នកគួរតែមានអាកប្បកិរិយាស្វែងរកសេចក្ដីពិត ហើយដោះស្រាយបញ្ហាតាមរយៈការស្វែងរកសេចក្ដីពិត។ ប្រសិនបើអ្នកមិនយល់ពីសេចក្ដីពិត ហើយគ្រាន់តែអនុវត្តការចុះចូល នៅទីបំផុត អ្នកនឹងនៅតែមិនអាចដោះស្រាយបញ្ហារបស់អ្នកបានដដែល។ ហេតុដូច្នេះហើយ ទោះបីជាអ្នកត្រូវបានតម្រូវឱ្យចុះចូលក៏ដោយ ក៏អ្នកមិនត្រូវបានតម្រូវឱ្យចុះចូលក្នុងរបៀបដែលមានគំនិតច្របូកច្របល់ ឬគ្មានគោលការណ៍ដែរ។ ក៏ប៉ុន្តែ មានគោលការណ៍ជាមូលដ្ឋានបំផុតមួយ ដែលមានបង្កប់នៅក្នុងការចុះចូល នោះគឺនៅពេលអ្នកមិនយល់ អ្នកគួរតែចុះចូលជាមុនសិន មានចិត្តចុះចូល និងមានអាកប្បកិរិយាចុះចូល។ នេះគឺជាភាពមានវិចារណញ្ញាណដែលមនុស្សគួរតែមាន។ បន្ទាប់ពីសម្រេចបានរឿងនេះហើយ សឹមស្វែងរកបន្តិចម្ដងៗ។ តាមរបៀបនេះ អ្នកអាចជៀសវាងការប្រមាថដល់និស្ស័យរបស់ព្រះជាម្ចាស់បាន ហើយអាចត្រូវបានការពារ និងអាចដើរដល់ទីបញ្ចប់នៃផ្លូវនេះបាន។ តើព្រះបន្ទូលទាំងអស់ដែលព្រះជាម្ចាស់ប្រើដើម្បីលាតត្រដាង ថ្កោលទោស ហើយថែមទាំងជំនុំជម្រះ និងដាក់បណ្ដាសាមនុស្ស គឺមានគោលបំណងធ្វើឱ្យមនុស្សអាម៉ាស់មុខដែរឬទេ? (គ្មានទេ។) តើមនុស្សត្រូវការការអត់ធ្មត់ខ្លាំងបំផុត ដើម្បីស៊ូទ្រាំនឹងរឿងទាំងអស់នេះដែរឬទេ? (មិនត្រូវការទេ។) គឺអត់ទេ ពួកគេមិនត្រូវការឡើយ។ ផ្ទុយទៅវិញ មនុស្សត្រូវការសេចក្ដីជំនឿខ្លាំងបំផុត ដើម្បីទទួលយករឿងទាំងអស់នេះ។ មានតែតាមរយៈការទទួលយករឿងនេះប៉ុណ្ណោះ ទើបអ្នកអាចយល់បានយ៉ាងពិតប្រាកដថា តើធម្មជាតិពុករលួយរបស់សាតាំងជាអ្វីឱ្យប្រាកដ តើសារជាតិពុករលួយរបស់មនុស្សជាអ្វីឱ្យប្រាកដ តើប្រភពនៃការប្រឆាំងរបស់មនុស្សចំពោះព្រះជាម្ចាស់ជាអ្វីឱ្យប្រាកដ ហើយហេតុអ្វីបានជាមនុស្សមិនចុះសម្រុងជាមួយព្រះជាម្ចាស់។ អ្នកត្រូវតែស្វែងរកសេចក្ដីពិតនៅក្នុងព្រះបន្ទូលរបស់ព្រះជាម្ចាស់ មុនពេលអ្នកអាចដោះស្រាយបញ្ហាទាំងនេះបាន។ ប្រសិនបើអ្នកមិនទទួលយកសេចក្ដីពិតទេ ហើយមិនថាព្រះបន្ទូលរបស់ព្រះជាម្ចាស់ថ្លែងពីរឿងរ៉ាវច្បាស់លាស់ប៉ុនណាក៏ដោយ ក៏អ្នកមិនទទួលយកវាដែរ នោះអ្នកនឹងមិនអាចដោះស្រាយបញ្ហាទាំងនោះបានជាដាច់ខាត។ ទោះបីជាអ្នកយល់ថា «ព្រះបន្ទូលរបស់ព្រះជាម្ចាស់មិនធ្វើឱ្យយើងអាម៉ាស់មុខទេ ព្រះបន្ទូលទាំងនោះគ្រាន់តែលាតត្រដាងយើង ហើយគឺដើម្បីសេចក្ដីល្អរបស់យើងផ្ទាល់ប៉ុណ្ណោះ» ក៏ដោយ ក៏អ្នកទទួលស្គាល់រឿងនេះតែក្នុងន័យជាគោលលទ្ធិប៉ុណ្ណោះ។ អ្នកនឹងមិនអាចយល់ពីអត្ថន័យពិតប្រាកដនៃអ្វីគ្រប់យ៉ាងដែលព្រះជាម្ចាស់មានព្រះបន្ទូល ឬផលដែលព្រះបន្ទូលមានគោលបំណងចង់សម្រេចបានឡើយ។ អ្នកក៏នឹងមិនអាចយល់បានថា តើសេចក្ដីពិតដែលព្រះជាម្ចាស់មានព្រះបន្ទូល គឺជាអ្វីឱ្យប្រាកដនោះដែរ។ បន្ទាប់ពីបានប្រកបគ្នាតាមរបៀបនេះ តើវាមិនអាចធ្វើឱ្យមនុស្សមានអាកប្បកិរិយាសកម្ម និងវិជ្ជមានចំពោះការទទួលយកការត្រូវបានលួសកាត់ ការទទួលយកការត្រូវបានដកហូតតំណែង និងការទទួលយកកិច្ចការ ការរៀបចំ និងអធិបតេយ្យភាពដែលព្រះជាម្ចាស់អនុវត្ត ដែលមិនស្របតាមសញ្ញាណរបស់មនុស្ស ក្នុងកម្រិតណាមួយទេឬ? (អាច។) យ៉ាងហោចណាស់ ក៏មនុស្សនឹងគិតថា អ្វីគ្រប់យ៉ាងដែលព្រះជាម្ចាស់ធ្វើ គឺសុទ្ធតែត្រឹមត្រូវ ថាពួកគេមិនគួរយល់ពីរឿងនោះក្នុងផ្លូវអវិជ្ជមានឡើយ ហើយថាអាកប្បកិរិយាដែលពួកគេគួរតែមានជាដំបូង គឺការទទួលយកយ៉ាងសកម្ម ការចុះចូល ហើយបន្ទាប់មក សហការជាមួយរឿងនោះ។ អ្វីគ្រប់យ៉ាងដែលព្រះជាម្ចាស់ធ្វើចំពោះមនុស្ស មិនតម្រូវឱ្យពួកគេមានការអត់ធ្មត់ខ្លាំងឡើយ។ មានន័យថា អ្នកមិនចាំបាច់ស៊ូទ្រាំនឹងរឿងទាំងអស់នេះទេ។ តើអ្នកចាំបាច់ត្រូវធ្វើអ្វីខ្លះ? អ្វីដែលអ្នកត្រូវការ គឺការទទួលយក ការស្វែងរក និងការចុះចូល។ ឃ្លា «ការស៊ូទ្រាំនឹងការធ្វើឱ្យអាម៉ាស់មុខ» ដែលអ្នកគ្មានជំនឿប្រើ គឺច្បាស់ណាស់ថាជាការបំពានលើមនុស្ស។ គ្មានអ្វីដែលព្រះជាម្ចាស់ធ្វើ តម្រូវឱ្យអ្នកស៊ូទ្រាំនឹងការធ្វើឱ្យអាម៉ាស់មុខឡើយ។ អ្នកអាចអនុវត្តការអត់ធ្មត់ សេចក្ដីស្រឡាញ់ ការបន្ទាបខ្លួន ក៏ដូចជាការចុះចូល ការទទួលយក ភាពស្មោះត្រង់ ភាពបើកចំហ និងការស្វែងរក។ រឿងទាំងនេះគឺវិជ្ជមានគួរសម។ ដូច្នេះ តើតក្កវិជ្ជានៅពីក្រោយអ្វីដែលអ្នកគ្មានជំនឿកំពុងនិយាយ គឺជាអ្វីទៅ? វាគឺជាទស្សនវិជ្ជាបែបសាតាំង និងជាពាក្យកុហកបែបសាតាំង។ សរុបមក ការស៊ូទ្រាំនឹងការធ្វើឱ្យអាម៉ាស់មុខ មិនមែនជាគោលការណ៍ដែលអស់អ្នកជឿលើព្រះជាម្ចាស់គួរតែគោរពតាមឡើយ។ វាមិនមែនជាសេចក្ដីពិតទេ។ វាជារបស់បែបសាតាំង។ ការស៊ូទ្រាំនឹងការធ្វើឱ្យអាម៉ាស់មុខ មិនមែនជាអ្វីដែលព្រះជាម្ចាស់តម្រូវឱ្យមនុស្សធ្វើឡើយ ពីព្រោះគ្មានការធ្វើឱ្យអាម៉ាស់មុខណាមួយមាននៅត្រង់នេះទេ។ សកម្មភាពទាំងអស់របស់ព្រះជាម្ចាស់ចំពោះមនុស្ស គឺជាសកម្មភាពនៃសេចក្ដីស្រឡាញ់ សេចក្ដីសង្គ្រោះ ការមើលថែពួកគេ និងការការពារពួកគេ។ រឿងដែលព្រះជាម្ចាស់មានព្រះបន្ទូល និងកិច្ចការដែលទ្រង់ធ្វើនៅក្នុងមនុស្ស សុទ្ធតែជាភាពវិជ្ជមាន និងសុទ្ធតែជាសេចក្ដីពិត។ គ្មានចំណុចណាមួយនៃរឿងទាំងនោះ ដែលដូចគ្នាទៅនឹងរឿងរបស់សាតាំងឡើយ ហើយក៏គ្មានវិធីសាស្ត្រ និងមធ្យោបាយណាមួយរបស់សាតាំងដែរ។ មានតែតាមរយៈការទទួលយកព្រះបន្ទូលរបស់ព្រះជាម្ចាស់ប៉ុណ្ណោះ ទើបមនុស្សអាចត្រូវបានបន្សុទ្ធ និងត្រូវបានសង្គ្រោះ។
តើសកម្មភាពនៃ «ការស៊ូទ្រាំនឹងការធ្វើឱ្យអាម៉ាស់មុខ» ដែលសាតាំងនិយាយដល់នោះ បង្ហាញចេញនៅក្នុងមនុស្សតាមរបៀបណាខ្លះ? វាបង្ហាញចេញនៅក្នុងមនុស្សក្នុងទម្រង់នៃការធ្វើបាប ការរំលោភបំពាន ការបំផ្លិចបំផ្លាញ និងការជាន់ឈ្លី។ សរុបមក វានាំមហន្តរាយមកលើអ្នក។ ទោះបីជាអ្នកបានរងទុក្ខលំបាក ឬរងការប្រមាថមើលងាយក៏ដោយ ក៏និយាយឱ្យខ្លីទៅ អ្វីដែលមនុស្សទទួលបាននៅទីបំផុតពីរឿងរ៉ាវដែលសាតាំងធ្វើដាក់ពួកគេ គឺប្រាកដជាមិនមែនជាសេចក្ដីពិតឡើយ។ តើមនុស្សទទួលបានអ្វី? គឺការឈឺចាប់។ អ្វីដែលសាតាំងធ្វើឱ្យកើតមាននៅក្នុងមនុស្ស គឺទម្រង់រាប់មិនអស់នៃការធ្វើឱ្យអាម៉ាស់មុខ និងការសើចចំអក ព្រមទាំងការរំលោភបំពាន និងសេចក្ដីពុករលួយ។ ដូច្នេះ តើវាសម្រេចបានអ្វីខ្លះនៅក្នុងមនុស្ស ហើយធ្វើឱ្យពួកគេមានអារម្មណ៍យ៉ាងណា? វាធ្វើឱ្យមនុស្សស៊ូទ្រាំនឹងការថ្នាំងថ្នាក់ចិត្ត និងធ្វើការសម្រុះសម្រួលដើម្បីការពារខ្លួនឯង ហើយថែមទាំងធ្វើឱ្យពួកគេក្លាយជាមនុស្សវៀចវេរនៅខាងក្នុងទៀតផង។ មនុស្សរៀនប្រើកលល្បិច និងវិធីសាស្ត្រគ្រប់បែបយ៉ាង ដើម្បីដោះស្រាយ និងប្រឈមនឹងរឿងទាំងអស់នេះ ហើយរៀនបញ្ជោរអ្នកដទៃ ធ្វើពុត និងនិយាយពាក្យកុហក។ នៅពេលមនុស្សបញ្ចេញឱ្យឃើញ និងបង្ហាញចេញនូវរឿងទាំងអស់នេះ តើចិត្តរបស់ពួកគេស្ម័គ្រចិត្ត សប្បាយរីករាយ និងសុខសាន្ត ឬក៏ខឹងសម្បា និងឈឺចាប់? (គឺខឹងសម្បា និងឈឺចាប់។) តើកំហឹងនៅក្នុងចិត្តរបស់មនុស្សកើនឡើង ឬក៏ថយចុះ នៅពេលពួកគេកាន់តែស៊ូទ្រាំនឹងការធ្វើឱ្យអាម៉ាស់មុខនៅក្នុងពិភពលោកនេះ? (កើនឡើង។) ចុះតើមនុស្សមើលមកមនុស្សជាតិក្នុងរបៀបដែលកាន់តែប្រទូសរ៉ាយ ឬកាន់តែមានសេចក្ដីស្រឡាញ់? (ប្រទូសរ៉ាយ។) មនុស្សមើលមកមនុស្សជាតិក្នុងរបៀបដែលកាន់តែប្រទូសរ៉ាយ ហើយស្អប់មនុស្សគ្រប់គ្នាដែលពួកគេឃើញ។ ពេលមនុស្សនៅក្មេង ហើយទើបតែចូលក្នុងសង្គម ពួកគេមើលឃើញអ្វីៗគ្រប់យ៉ាងថាល្អអស្ចារ្យ ហើយទុកចិត្តអ្នកដទៃយ៉ាងងាយស្រួលបំផុត។ នៅពេលពួកគេឈានចូលវ័យសាមសិបឆ្នាំ ពួកគេលែងសូវទុកចិត្តអ្នកដទៃទៀតហើយ។ នៅពេលពួកគេឈានចូលវ័យសែសិបឆ្នាំ ពួកគេមិនទុកចិត្តចំពោះមនុស្សភាគច្រើនឡើយ ហើយនៅពេលពួកគេឈានចូលវ័យហាសិបឆ្នាំ ចិត្តរបស់ពួកគេពោរពេញទៅដោយសេចក្ដីស្អប់ ហើយពួកគេងាកមកធ្វើបាបអ្នកដទៃវិញ។ មុនពេលមនុស្សពោរពេញទៅដោយការស្អប់ តើពួកគេស៊ូទ្រាំនឹងអ្វីខ្លះ? គឺសុទ្ធតែការប្រមាថមើលងាយ និងការឈឺចាប់។ នៅពេលអ្នកគ្មានសមត្ថភាព និងអំណាចដូចអ្នកដទៃ នៅពេលអ្នកដទៃស្តីឱ្យអ្នក អ្នកត្រូវតែប្រញាប់ងក់ក្បាលទទួលស្គាល់ ហើយនៅពេលពួកគេជេរប្រមាថអ្នក អ្នកត្រូវតែស្ដាប់។ អ្នកមិនអាចធ្វើអ្វីបានឡើយ ប៉ុន្តែតើអ្នកគិតអ្វីនៅក្នុងចិត្ត? «ថ្ងៃណាមួយ ពេលដែលអញមានអំណាច អញនឹងសម្លាប់ឯងដោយផ្ទាល់ដៃ ហើយកម្ចាត់ពូជអម្បូររបស់ឯងបីជំនាន់ចោលមិនខាន!» ការស្អប់នៅក្នុងចិត្តរបស់អ្នក កាន់តែខ្លាំងឡើងៗ។ នេះគឺជាផលវិបាកដែលការស៊ូទ្រាំនឹងការធ្វើឱ្យអាម៉ាស់មុខ និងការរែកពុនបន្ទុកដ៏ធ្ងន់ នាំមកលើមនុស្សជាតិពុករលួយ។ មនុស្សគិតថា ការស៊ូទ្រាំនឹងការធ្វើឱ្យអាម៉ាស់មុខ និងការរែកពុនបន្ទុកដ៏ធ្ងន់ ដែលត្រូវបានសង្គមសរសើរ និងលើកស្ទួយ គឺជាអ្វីៗដែលវិជ្ជមាន ហើយថាវាគឺជាប្រភេទនៃផ្នត់គំនិត និងរបៀបនៃការគិត ដែលធ្វើឱ្យមនុស្សអាចខិតខំធ្វើការ និងប្រឹងប្រែងដើម្បីក្លាយជាមនុស្សកាន់តែរឹងមាំ។ ដូច្នេះ ហេតុអ្វីបានជានៅទីបំផុត វាធ្វើឱ្យមានកំហឹង និងសេចក្ដីនៅក្នុងមនុស្សទៅវិញ? (ពីព្រោះវាមិនមែនជាសេចក្ដីពិតទេ។) ត្រូវហើយ។ វាបង្កើតឱ្យមានផលវិបាកដ៏អាក្រក់នេះ ពីព្រោះវាមិនមែនជាសេចក្ដីពិតឡើយ។ តើអ្វីទៅដែលបង្កឱ្យមានគំនុំ និងការសម្លាប់សងសឹករាប់ជំនាន់នៅក្នុងសង្គម និងនៅក្នុងក្រុមបងធំ? (បន្ទាប់ពីមនុស្សរងការប្រមាថមើលងាយ ការស្អប់នៅក្នុងចិត្តរបស់ពួកគេក៏កើនឡើង ហើយពួកគេក៏សម្លាប់ដើម្បីសងសឹក។) ត្រូវហើយ ការសម្លាប់សងសឹកកើតឡើងរបៀបនោះឯង។ ពីមួយជំនាន់ទៅមួយជំនាន់ មនុស្សសម្លាប់គ្នាទៅវិញទៅមកយ៉ាងសាហាវឃោរឃៅ រហូតដល់មនុស្សជាតិត្រូវបានបំផ្លាញដោយមហន្តរាយ។ នេះគឺជាផលវិបាក។ មនុស្សជាតិបានរស់នៅស្របតាមទស្សនវិជ្ជា និងតក្កវិជ្ជារបស់សាតាំង ហើយបានវិវត្តបន្តិចម្ដងៗរហូតមកដល់ពេលបច្ចុប្បន្ននេះ ក្រោមអំណាចរបស់សាតាំង។ ទំនាក់ទំនងរវាងមនុស្ស កាន់តែវៀចវេរ កាន់តែឃ្លាតឆ្ងាយ កាន់តែខ្វះការទុកចិត្ត និងកាន់តែត្រជាក់ស្រេប។ តើវាបានឈានដល់ចំណុចណាហើយនៅពេលនេះ? វាបានឈានដល់ចំណុចមួយដែលចិត្តរបស់មនុស្សពីរនាក់ដែលគ្មានពាក់ព័ន្ធអ្វីនឹងគ្នាទាល់តែសោះ ពោរពេញទៅដោយសេចក្ដីស្អប់ចំពោះគ្នា និងការប្រទូសរ៉ាយដាក់គ្នាទៅវិញទៅមក។ កាលពីមុន អ្នកជិតខាងឧស្សាហ៍ប្រាស្រ័យទាក់ទងគ្នា និងរាប់អានគ្នាជាញឹកញាប់ ប៉ុន្តែឥឡូវនេះ មនុស្សម្នាក់អាចនឹងស្លាប់អស់រយៈពេលប្រាំ ឬប្រាំមួយថ្ងៃទៅហើយ ក៏អ្នកជិតខាងរបស់គេមិនដឹងដែរ។ គ្មាននរណាម្នាក់ទៅមើលគេឡើយ។ តើរឿងរ៉ាវបានឈានដល់ចំណុចនេះដោយរបៀបណា? វាបានឈានដល់ចំណុចនេះ ដោយសារតែសេចក្ដីស្អប់ចំពោះគ្នាទៅវិញទៅមកនេះឯង។ អ្នកមិនចង់ឱ្យអ្នកដទៃប្រទូសរ៉ាយដាក់អ្នកទេ ប៉ុន្តែក្នុងពេលជាមួយគ្នានេះ អ្នកបែរជាប្រទូសរ៉ាយដាក់អ្នកដទៃទៅវិញ នេះគឺជាវដ្ដដ៏កាចសាហាវមួយ។ វាគឺជាផលវិបាកដ៏អាក្រក់ និងជាមហន្តរាយដែលច្បាប់របស់សាតាំងបាននាំមកលើមនុស្សជាតិ។ ទស្សនៈ និងចំណាប់អារម្មណ៍ដែលមនុស្សមានចំពោះអ្នកដទៃនៅក្នុងចិត្តរបស់ពួកគេ គឺកាន់តែមិនល្អ ដូច្នេះ ពួកគេកាន់តែពូកែខាងស៊ូទ្រាំនឹងការធ្វើឱ្យអាម៉ាស់មុខ និងការរែកពុនបន្ទុកដ៏ធ្ងន់ ហើយកំហឹង និងសេចក្ដីស្អប់នៅក្នុងចិត្តរបស់ពួកគេក៏កើនឡើង រហូតដល់ទីបំផុត ពួកគេនិយាយថា៖ «វានឹងប្រសើរ ប្រសិនបើពួកគេស្លាប់ទាំងអស់ ហើយគ្មាននរណាម្នាក់នៅរស់!» តើចិត្តរបស់មនុស្សគ្រប់គ្នាមិនពោរពេញទៅដោយការស្អប់ប្រភេទនេះទេឬ? ពួកគេប្រាថ្នាចង់ឱ្យពិភពលោកនេះត្រូវបានបំផ្លាញឱ្យឆាប់តាមដែលអាចធ្វើទៅបាន ដោយនិយាយថា៖ «មនុស្សសុទ្ធតែអាក្រក់ដល់ឆ្អឹង។ ពួកគេសមតែត្រូវបានបំផ្លាញ!» អ្នកនិយាយថា អ្នកដទៃអាក្រក់ដល់ឆ្អឹង ចុះចំណែកខ្លួនអ្នកវិញយ៉ាងម៉េចដែរ? តើអាចទេដែលថាអ្នកពិតជាបានផ្លាស់ប្ដូរមែននោះ? ថាអ្នកសម្រេចបានសេចក្ដីសង្គ្រោះហើយនោះ? ក្នុងពេលជាមួយគ្នានៃការស្អប់អ្នកដទៃដែលអាក្រក់ដល់ឆ្អឹង អ្នកគួរតែល្អជាងពួកគេ។ ប្រសិនបើអ្នកអាក្រក់ដូចមនុស្សលោកីយ៍ដែរ នោះអ្នកគ្មានវិចារណញ្ញាណឡើយ។ នៅពេលមនុស្សដែលមានវិចារណញ្ញាណ មើលឃើញថាមនុស្សជាតិអាក្រក់ដល់ឆ្អឹង គេគួរតែដេញតាមសេចក្ដីពិត ហើយសម្ដែងចេញនូវលក្ខណៈជាមនុស្ស ដើម្បីធ្វើឱ្យព្រះជាម្ចាស់គាប់ព្រះហឫទ័យ នេះទើបជារឿងដែលស័ក្តិសម។ តាមរបៀបនេះ នៅពេលព្រះជាម្ចាស់បំផ្លាញពូជមនុស្សដ៏ទុច្ចរិតនេះ គេនឹងត្រូវបានលើកលែង។
តើអ្នករាល់គ្នាស្អប់ពូជមនុស្សដ៏ទុច្ចរិតនេះដែរឬទេ? (ស្អប់។) មនុស្សភាគច្រើនដែលជឿលើព្រះជាម្ចាស់ មានភាពជាមនុស្ស និងវិចារណញ្ញាណខ្លះ។ ពួកគេមានចិត្តល្អជាង ពួកគេប្រាថ្នាចង់បានពន្លឺ ហើយពួកគេប្រាថ្នាចង់ឱ្យព្រះជាម្ចាស់ និងសេចក្ដីពិតកាន់អំណាច។ ពួកគេមិនចូលចិត្តរឿងទុច្ចរិតឡើយ ហើយក៏មិនចូលចិត្តរឿងអយុត្តិធម៌ដែរ។ ពួកគេគួរតែពោរពេញទៅដោយក្ដីសង្ឃឹម សេចក្ដីស្រឡាញ់ និងការអត់ឱនចំពោះមនុស្សជាតិ ដូច្នេះ តើពួកគេម្ដេចនឹងអាចស្អប់មនុស្សជាតិបានទៅ? មនុស្សមួយចំនួននិយាយថា៖ «ពេលគិតត្រឡប់ទៅកាលពីខ្ញុំនៅរៀន គ្រូបានធ្វើបាបខ្ញុំ ប៉ុន្តែខ្ញុំមិនហ៊ានមាត់កឡើយ។ ខ្ញុំគ្រាន់តែត្រូវស៊ូទ្រាំនឹងរឿងនេះប៉ុណ្ណោះ។ ដូច្នេះ ខ្ញុំបានប្ដេជ្ញាចិត្តថាខិតខំរៀនសូត្រ ហើយចូលរៀននៅសាកលវិទ្យាល័យនៅថ្ងៃអនាគត។ ខ្ញុំនឹងបង្ហាញឱ្យអ្នកគ្រប់គ្នាឃើញពីសមត្ថភាពរបស់ខ្ញុំ ហើយពេលនោះ ខ្ញុំនឹងក្លាយជាអ្នកដែលធ្វើបាបអ្នករាល់គ្នាវិញម្ដង!» មនុស្សមួយចំនួននិយាយថា៖ «ពេលគិតត្រឡប់ទៅកាលពីខ្ញុំធ្វើការ មនុស្សមានអំណាចនៅក្នុងក្រុមហ៊ុនតែងតែធ្វើបាបខ្ញុំ ហើយខ្ញុំគិតថា “ចាំមើលតែដល់ថ្ងៃដែលខ្ញុំមានស្នាដៃល្អជាងអ្នករាល់គ្នាចុះ។ ពេលនោះ ខ្ញុំនឹងធ្វើឱ្យជីវិតអ្នករាល់គ្នារងទុក្ខវេទនាមិនខាន!”»។ មានអ្នកផ្សេងទៀតនិយាយថា៖ «ពេលគិតត្រឡប់ទៅកាលពីខ្ញុំរកស៊ី មេឈ្មួញតែងតែបោកប្រាស់ខ្ញុំ ហើយខ្ញុំគិតថា “ដល់ថ្ងៃដែលខ្ញុំក្លាយជាអ្នកមានស្ដុកស្ដម្ភ ខ្ញុំនឹងសងសឹកអ្នកវិញមិនខាន!”»។ ជីវិតរបស់មនុស្សម្នាក់ៗមិនងាយស្រួលឡើយ ហើយមនុស្សគ្រប់គ្នាសុទ្ធតែមានពេលដែលគេត្រូវអ្នកដទៃធ្វើបាប ពោលគឺគេមានមនុស្សដែលគេស្អប់នៅក្នុងចិត្ត ហើយចង់សងសឹកអ្នកទាំងនោះ។ នេះហើយជាស្ថានភាពរបស់ពិភពលោកសព្វថ្ងៃ។ វាពោរពេញទៅដោយសេចក្ដីស្អប់ និងពោរពេញទៅដោយការប្រទូសរ៉ាយ។ ការប្រទូសរ៉ាយរបស់មនុស្សចំពោះគ្នាទៅវិញទៅមក គឺខ្លាំងហួសហេតុពេកហើយ ហើយពួកគេមិនអាចត្រូវរ៉ូវគ្នាយ៉ាងចុះសម្រុង និងមិនមានទំនាក់ទំនងល្អនឹងគ្នាឡើយ។ ពិភពលោកនេះនឹងត្រូវវិនាសឆាប់ៗនេះ។ វាបានឈានដល់ទីបញ្ចប់ហើយ។ មនុស្សគ្រប់គ្នាសុទ្ធតែមានរឿងរ៉ាវដ៏គួរឱ្យឈឺចាប់នៅក្នុងចិត្តរបស់ខ្លួន កាលពីពេលដែលគេត្រូវនរណាម្នាក់ធ្វើបាបនៅកន្លែងណាមួយ ឬកាលពីពេលដែលគេត្រូវអ្នកដទៃធ្វើបាប មើលងាយ បោកប្រាស់ ឬធ្វើឱ្យប៉ះពាល់ នៅក្នុងក្រុមហ៊ុន អង្គការ ឬក្រុមមនុស្សណាមួយ។ រឿងទាំងនេះកើតឡើងនៅគ្រប់ទីកន្លែង។ តើនេះបញ្ជាក់ពីអ្វី? វាបញ្ជាក់ថា មនុស្សជាតិលែងមានមនុស្សណាម្នាក់ដូចជាលោកណូអេ នៅក្នុងចំណោមពួកគេទៀតហើយ។ តើវាមិនដូច្នោះទេឬ? (មែនហើយ។) ចិត្តរបស់មនុស្សគ្រប់គ្នាពោរពេញទៅដោយសេចក្ដីទុច្ចរិត ហើយពោរពេញទៅដោយការប្រទូសរ៉ាយចំពោះសេចក្ដីពិត ចំពោះអ្វីៗដែលវិជ្ជមាន និងចំពោះយុត្តិធម៌។ មនុស្សហួសនឹងសង្គ្រោះបានទៅហើយ។ គ្មានបុគ្គលណា គ្មានសេចក្ដីបង្រៀនណា និងគ្មានទ្រឹស្ដីណា ដែលអាចសង្គ្រោះមនុស្សជាតិបានឡើយ នេះគឺជាការពិតនៃបញ្ហានេះ។ មនុស្សមួយចំនួននៅតែសង្ឃឹមថា៖ «តើពេលណានឹងមានសង្គ្រាមលោកទៅ? ក្រោយសង្គ្រាម មនុស្សគ្រប់គ្នាដែលសមតែស្លាប់ នឹងស្លាប់អស់ ហើយមនុស្សដែលនៅសល់ អាចចាប់ផ្ដើមជីវិតថ្មីបាន។ សម័យកាលថ្មីមួយនឹងចាប់ផ្ដើម ហើយប្រទេសថ្មីមួយនឹងត្រូវបានបង្កើតឡើង»។ តើរឿងនេះអាចទៅរួចដែរឬទេ? អត់ទេ វាមិនអាចទៅរួចឡើយ។ មនុស្សមួយចំនួនដាក់ក្ដីសង្ឃឹមរបស់ខ្លួនទៅលើសាសនាផ្សេងៗគ្រប់ប្រភេទ ប៉ុន្តែឥឡូវនេះ សាសនាទាំងអស់កំពុងតែធ្លាក់ចុះ ហើយកំពុងតែដង្ហើមចង្រិត។ គ្រប់សាសនាសុទ្ធតែរលួយដល់ឆ្អឹង ហើយមានកេរ្តិ៍ឈ្មោះអាក្រក់។ តើខ្ញុំមានន័យដូចម្ដេចតាមរយៈពាក្យសម្ដីទាំងនេះ? ពាក្យសម្ដីទាំងនេះគឺដើម្បីធ្វើឱ្យមនុស្សយល់ពីការពិតមួយថា៖ ប្រសិនបើព្រះជាម្ចាស់មិនបានប្រើព្រះបន្ទូល និងសេចក្ដីពិតដើម្បីសង្គ្រោះមនុស្សជាតិទេ នោះសេចក្ដីស្អប់ និងនិស្ស័យកាចសាហាវដែលនៅជ្រៅក្នុងខ្លួនមនុស្ស នឹងកាន់តែអាក្រក់ទៅៗ ហើយកាន់តែរាលដាលខ្លាំងឡើងៗមិនខាន។ នៅទីបំផុត ភាពអាចទៅរួចតែមួយគត់សម្រាប់មនុស្សជាតិ គឺពួកគេនឹងបញ្ចប់ទៅដោយការបំផ្លិចបំផ្លាញខ្លួនឯង តាមរយៈការដែលមនុស្សសម្លាប់គ្នាទៅវិញទៅមកយ៉ាងសាហាវឃោរឃៅ។ នាពេលបច្ចុប្បន្ននេះ មនុស្សជាច្រើនចង់គេចចេញពីពូជមនុស្សដ៏ទុច្ចរិតនេះ ហើយទៅរស់នៅម្នាក់ឯងនៅក្នុងព្រៃភ្នំយ៉ាងជ្រៅ ឬនៅកន្លែងដែលគ្មានដាននៃជីវិតមនុស្ស។ តើលទ្ធផលនៃរឿងនេះគឺជាអ្វី? មនុស្សជាតិនឹងលែងបន្តពូជពង្សទៀតហើយ ហើយនឹងគ្មានជំនាន់ក្រោយឡើយ។ មនុស្សជាតិនឹងផុតពូជបន្ទាប់ពីជំនាន់បច្ចុប្បន្ននេះ ពោលគឺនឹងគ្មានកូនចៅតទៅមុខទៀតឡើយ។ ការទាស់ទទឹងរបស់មនុស្សជាតិចំពោះព្រះជាម្ចាស់ គឺធ្ងន់ធ្ងរពេកហើយ ដែលបានបញ្ឆេះព្រះពិរោធរបស់ទ្រង់តាំងពីដើមដំបូងមក។ មិនយូរទេពួកគេនឹងត្រូវវិនាស។ ហេតុអ្វីបានជាមានមនុស្សច្រើនម្ល៉េះដែលមិនរៀបការ? ពីព្រោះពួកគេខ្លាចត្រូវអ្នកដទៃបោកប្រាស់ មិនជឿថាមានមនុស្សណាម្នាក់ល្អទៀតឡើយ ហើយពោរពេញទៅដោយការប្រទូសរ៉ាយចំពោះអាពាហ៍ពិពាហ៍។ តើគួរបន្ទោសនរណាចំពោះរឿងនេះ? គឺបន្ទោសមនុស្សដែលពុករលួយជ្រៅពេក បន្ទោសសាតាំង និងពួកអារក្ស ហើយបន្ទោសមនុស្សដែលស្ម័គ្រចិត្តទទួលយកសេចក្ដីពុករលួយ។ អ្នកស្អប់អ្នកដទៃ ប៉ុន្តែតើអ្នកពិតជាល្អជាងពួកគេមែនឬ? អ្នកគ្មានសេចក្ដីពិតទេ ហើយការស្អប់អ្នកដទៃគឺគ្មានប្រយោជន៍ឡើយ។ ប្រសិនបើមនុស្សគ្មានសេចក្ដីពិត ហើយមិនយល់ពីសេចក្ដីពិតទេ នៅទីបំផុត ពួកគេនឹងឈានដល់ផ្លូវទាល់ ហើយធ្លាក់ចូលទៅក្នុងមហន្តរាយ ព្រមទាំងត្រូវបានបំផ្លាញ។ នេះគឺជាទីបញ្ចប់ដែលពួកគេនឹងជួបប្រទះ។ ប្រសិនបើព្រះជាម្ចាស់មិនសង្គ្រោះមនុស្សជាតិទេ នោះនឹងគ្មាននរណាម្នាក់នៅក្នុងមនុស្សជាតិពុករលួយ ដែលអាចយល់ពីសេចក្ដីពិតបានឡើយ។
តើ «ការធ្វើឱ្យអាម៉ាស់មុខ» គឺជាអ្វីឱ្យប្រាកដទៅ? តើអ្នកជឿចាំបាច់ត្រូវស៊ូទ្រាំនឹងការធ្វើឱ្យអាម៉ាស់មុខដែរឬទេ? តើ «ការធ្វើឱ្យអាម៉ាស់មុខ» នេះមានដែរឬទេ? (អត់ទេ វាមិនមានឡើយ។) វាមិនមានទេ ដូច្នេះ តើបញ្ហានេះមិនត្រូវបានដោះស្រាយហើយទេឬ? លើកក្រោយ អ្នកឮនរណាម្នាក់និយាយថា៖ «រឿងដំបូងដែលអ្នកត្រូវតែរៀនសូត្រក្នុងនាមជាអ្នកជឿ គឺការស៊ូទ្រាំ។ មិនថាមានរឿងអ្វីកើតឡើងក៏ដោយ ក៏អ្នកត្រូវតែទ្រាំទ្រ ហើយសង្កត់វាទុកនៅក្នុងចិត្ត»។ តើអ្នកគួរតែនិយាយអ្វីម្យ៉ាងទៅកាន់គេដែរឬទេ នៅពេលអ្នកឮគេនិយាយពាក្យសម្ដីទាំងនេះ? (គួរនិយាយ។) តើអ្នកគួរនិយាយអ្វីទៅ? អ្នកនិយាយថា៖ «តើអ្នកកំពុងស៊ូទ្រាំដើម្បីអ្វីទៅ? ប្រសិនបើអ្នកពិតជាកំពុងស៊ូទ្រាំនឹងការប្រមាថមើលងាយមែន នោះអ្នកគួរឱ្យអាណិតណាស់ ហើយវាបង្ហាញថាអ្នកមិនយល់ពីសេចក្ដីពិតឡើយ។ ប្រសិនបើអ្នកយល់ពីសេចក្ដីពិត ការប្រមាថមើលងាយនេះនឹងមិនមានឡើយ ហើយអ្នកនឹងស្ម័គ្រចិត្ត និងរីករាយក្នុងការទទួលយកកាលៈទេសៈទាំងអស់ដែលព្រះជាម្ចាស់ចាត់ចែងសម្រាប់អ្នក។ នេះគឺជាទុក្ខលំបាកដែលមនុស្សគួរតែទទួលរង មិនមែនជាការប្រមាថមើលងាយណាមួយឡើយ។ នេះគឺជាការដែលព្រះជាម្ចាស់លើកតម្កើងអ្នក។ ការពិតដែលថាយើងអាចរងទុក្ខលំបាកនេះ បញ្ជាក់ថាព្រះជាម្ចាស់នៅតែកំពុងផ្ដល់ឱកាសឱ្យយើង និងកំពុងធ្វើឱ្យយើងអាចត្រូវបានសង្គ្រោះ។ ប្រសិនបើយើងគ្មានសូម្បីតែឱកាសរងទុក្ខលំបាក ឬមិនស័ក្តិសមនឹងរងទុក្ខលំបាកនេះទេ នោះយើងនឹងគ្មានឱកាសត្រូវបានសង្គ្រោះឡើយ។ នេះមិនមែនជាការប្រមាថមើលងាយទេ។ អ្នកត្រូវតែយល់ឱ្យច្បាស់ពីរឿងនោះ ហើយមើលថាតើអ្វីដែលអ្នកកំពុងនិយាយ គឺពិតជាត្រឹមត្រូវដែរឬទេ។ ការប្រមាថមើលងាយនេះគឺមិនមានឡើយ ពោលគឺយើងជាមនុស្សពុករលួយ ហើយសមតែរងទុក្ខលំបាកនេះ»។ នៅពេលអ្នកឈឺ ការលេបថ្នាំ និងការទទួលការវះកាត់ គឺពាក់ព័ន្ធនឹងការរងទុក្ខលំបាកបន្តិចបន្តួច។ តើទុក្ខលំបាកដែលអ្នកទទួលរងដើម្បីព្យាបាលជំងឺរបស់អ្នក រាប់ថាជាការប្រមាថមើលងាយដែរឬទេ? នោះមិនមែនជាការប្រមាថមើលងាយឡើយ។ វាត្រូវបានធ្វើឡើងដើម្បីព្យាបាលអ្នក។ ជំនឿរបស់យើងលើព្រះជាម្ចាស់ និងបទពិសោធនៃការជំនុំជម្រះ និងការវាយផ្ចាល គឺដើម្បីបោះចោលនិស្ស័យពុករលួយរបស់យើង ហើយដើម្បីសម្ដែងចេញនូវរលក្ខណៈជាមនុស្ស រស់នៅស្របតាមសេចក្ដីតម្រូវរបស់ព្រះជាម្ចាស់ ចុះចូលនឹងព្រះជាម្ចាស់ ថ្វាយបង្គំទ្រង់ ព្រមទាំងរស់នៅឱ្យកាន់តែប្រសើរ និងរស់នៅប្រកបដោយសេចក្ដីថ្លៃថ្នូរកាន់តែខ្លាំង។ យើងសមតែរងទុក្ខលំបាកនេះ ដោយសារតែនិស្ស័យពុករលួយរបស់យើង។ ការរងទុក្ខលំបាកនេះ គឺដើម្បីជាប្រយោជន៍ដល់ការទទួលបានសេចក្ដីពិតនិងជីវិត។ យើងមិនអាចចាត់ទុកវាថាជាការប្រមាថមើលងាយបានឡើយ។ យើងគួរតែទទួលយកវាថាជាការទទួលខុសត្រូវ និងជាកាតព្វកិច្ចរបស់យើងដែលត្រូវបំពេញ ព្រមទាំងជាផ្លូវដែលយើងគួរតែដើរ។ នេះគឺជាការលើកតម្កើងរបស់ព្រះជាម្ចាស់ ហើយយើងត្រូវតែសរសើរតម្កើងព្រះជាម្ចាស់ដែលបានលើកតម្កើងយើង ព្រមទាំងសរសើរតម្កើងទ្រង់ចំពោះឱកាសដែលទ្រង់ប្រទានដល់យើង។ ដោយផ្អែកលើអ្វីគ្រប់យ៉ាងដែលយើងបានធ្វើ និងរបៀបដែលយើងបានប្រព្រឹត្ត យើងមិនស័ក្តិសមនឹងរងទុក្ខលំបាកនេះឡើយ ហើយយើងគួរតែត្រូវបានបំផ្លាញដូចមនុស្សលោកីយ៍ដែរ។ ប្រសិនបើយើងចាត់ទុកទុក្ខលំបាកដែលយើងគួរតែទទួលរង និងព្រះគុណទាំងអស់នេះដែលព្រះជាម្ចាស់បានប្រទានដល់យើង ថាជាការប្រមាថមើលងាយ នោះយើងកំពុងតែខ្វះមនសិការយ៉ាងធ្ងន់ធ្ងរ ហើយកំពុងធ្វើឱ្យព្រះជាម្ចាស់ឈឺព្រះហឫទ័យហើយ! យើងមិនស័ក្តិសមនឹងទទួលសេចក្ដីសង្គ្រោះរបស់ព្រះជាម្ចាស់ឡើយ»។ តើវាមិនដូច្នោះទេឬ? (មែនហើយ។) គោលលទ្ធិបន្តិចនេះ គឺសាមញ្ញណាស់។ តើមនុស្សម្នាក់មិនគួរតែអាចយល់ពីរឿងនេះ ដោយមិនចាំបាច់មានគេនិយាយទេឬ? ដោយការទទួលបានការបំភ្លឺតាមរបៀបនេះ និងការយល់ពីរឿងទាំងនេះ ចិត្តរបស់មនុស្សនឹងកាន់តែមានសេចក្ដីសុខសាន្ត ហើយពួកគេនឹងមិនប្រព្រឹត្តដោយគ្មានវិចារណញ្ញាណឡើយ នៅពេលមានរឿងរ៉ាវកើតឡើងចំពោះពួកគេ។ មនុស្សមួយចំនួនដឹងយ៉ាងច្បាស់នៅក្នុងចិត្តរបស់ពួកគេថា នេះគឺជាសេចក្ដីពិត ហើយថាពួកគេត្រូវតែទទួលយកវា ប៉ុន្តែនៅពេលពួកគេនិយាយស្ដី ពួកគេនៅតែនិយាយថាវាពិតជាអយុត្តិធម៌ណាស់ ហើយនិយាយចុះនិយាយឡើង រហូតដល់និយាយពាក្យសម្ដីដែលវិនិច្ឆ័យទាស់នឹងព្រះជាម្ចាស់ចេញមក។ កុំធ្វើរឿងបែបនេះឱ្យសោះ។ រាល់ពេលដែលមានរឿងកើតឡើងចំពោះអ្នក ចូរស្វែងរកសេចក្ដីពិត។ នេះគឺជារឿងសំខាន់ទីមួយ កុំមើលរំលងវាឱ្យសោះ។ ប្រសិនបើអ្នកទទួលស្គាល់ថា ព្រះជាម្ចាស់គឺជាសេចក្ដីពិត ជាផ្លូវ និងជាជីវិត នោះអ្នកមិនគួរចាត់ទុកកាលៈទេសៈណាមួយដែលព្រះជាម្ចាស់រៀបចំឡើង ថាជាកិច្ចការរបស់មនុស្សឡើយ។ ផ្ទុយទៅវិញ អ្នកគួរតែចាត់ទុកគ្រប់កាលៈទេសៈដែលព្រះជាម្ចាស់រៀបចំឡើង ថាជាឱកាសដើម្បីផ្លាស់ប្ដូរនិស្ស័យរបស់អ្នក និងជាឱកាសដើម្បីទទួលយកសេចក្ដីពិត។
ខ្ញុំបានប្រកបគ្នាចប់ហើយ អំពីអត្ថន័យនៃ «ការធ្វើឱ្យអាម៉ាស់មុខ»។ បន្ទាប់មកទៀត ខ្ញុំនឹងប្រកបគ្នាអំពីផ្នែកបន្ទាប់គឺថា តើការ «រែកពុនបន្ទុកដ៏ធ្ងន់» មានន័យដូចម្ដេច។ អម្បាញ់មិញនេះ យើងបាននិយាយអំពីរបៀបដែលបន្ទុកដ៏ធ្ងន់ដែលមនុស្សរែកពុន គឺជាបំណងប្រាថ្នា និងមហិច្ឆតាដ៏ធំធេងដែលនៅជ្រៅក្នុងចិត្តរបស់ពួកគេ ជាគោលដៅមួយដែលពួកគេសង្ឃឹមថានឹងសម្រេចបាន។ នៅពេលនិយាយដល់ការដែលអ្នកជឿលើព្រះជាម្ចាស់ត្រូវបានព្រះជាម្ចាស់សង្គ្រោះ និងទទួលយកការដឹកនាំរបស់ព្រះជាម្ចាស់ តើពួកគេចាំបាច់ត្រូវស៊ូទ្រាំនឹងការធ្វើឱ្យអាម៉ាស់មុខ និងការរែកពុនបន្ទុកដ៏ធ្ងន់ដែរឬទេ? អម្បាញ់មិញនេះ ខ្ញុំបាននិយាយថាឃ្លា «ការស៊ូទ្រាំនឹងការធ្វើឱ្យអាម៉ាស់មុខ» គឺមិនសមហេតុផលឡើយនៅក្នុងដំណាក់របស់ព្រះជាម្ចាស់។ អ្នកមិនចាំបាច់ស៊ូទ្រាំនឹងការធ្វើឱ្យអាម៉ាស់មុខទេ។ អ្នកមិនចាំបាច់មានអារម្មណ៍ថាអ្នកកំពុងទ្រាំទ្រនឹងទុក្ខលំបាកច្រើនយ៉ាងនេះឡើយ។ ចិត្តរបស់អ្នកមិនចាំបាច់មានអារម្មណ៍ថាត្រូវគេប្រព្រឹត្តដាក់យ៉ាងអយុត្តិធម៌នោះទេ ហើយក៏អ្នកមិនចាំបាច់ស៊ូទ្រាំនឹងការប្រមាថមើលងាយទាំងអស់នេះ ដើម្បីធ្វើឱ្យព្រះជាម្ចាស់គាប់ព្រះហឫទ័យ ហាក់ដូចជាអ្នកជាមនុស្សខ្ពង់ខ្ពស់ណាស់នោះដែរ។ អ្នកមិនចាំបាច់ធ្វើរឿងទាំងនេះឡើយ។ ដូច្នេះ តើការរែកពុនបន្ទុកដ៏ធ្ងន់ មានន័យដូចម្ដេច? ប្រសិនបើមនុស្សម្នាក់និយាយថា ព្រះជាម្ចាស់ធ្វើឱ្យមនុស្សរងទុក្ខលំបាកទាំងអស់នេះ ដើម្បីឱ្យពួកគេអាចរ៉ាប់រងការទទួលខុសត្រូវ និងបេសកកម្មកាន់តែធំ ព្រមទាំងទទួលបានព្រះពរកាន់តែធំធេង និងគោលដៅកាន់តែល្អប្រសើរ តើសេចក្ដីថ្លែងនោះនឹងសមហេតុផល និងមានវិចារណញ្ញាណដែរឬទេ? (អត់ទេ វាមិនសមហេតុផលទេ។) វាមិនសមហេតុផលឡើយ។ ចុះតើយើងគួរតែកំណត់លក្ខណៈវាយ៉ាងដូចម្ដេច? ព្រះជាម្ចាស់អនុញ្ញាតឱ្យមនុស្សត្រូវបានសង្គ្រោះ និងសម្រេចបាននូវការកោតខ្លាចដល់ព្រះជាម្ចាស់ ហើយគេចចេញពីសេចក្ដីអាក្រក់ ព្រមទាំងធ្វើឱ្យពួកគេរស់នៅឱ្យកាន់តែប្រសើរ។ តើព្រះជាម្ចាស់ធ្វើបែបនេះដើម្បីជាប្រយោជន៍ដល់មនុស្ស ឬដើម្បីជាប្រយោជន៍ដល់ទ្រង់ផ្ទាល់ឱ្យប្រាកដទៅ? (ដើម្បីជាប្រយោជន៍ដល់មនុស្ស។) ជាការពិតណាស់ គឺដើម្បីជាប្រយោជន៍ដល់មនុស្សហ្នឹងហើយ។ មនុស្សគឺជាអ្នកដែលទទួលបានផលប្រយោជន៍ធំបំផុត។ នោះហើយជាមូលហេតុដែលខ្ញុំនិយាយថា រឿងនេះគ្មានពាក់ព័ន្ធនឹងអ្វីដែលព្រះជាម្ចាស់ទទួលបានពីរឿងនេះឡើយ កុំថាឡើយដល់ទំហំនៃព្រះពរដែលមនុស្សអាចទទួលបាន តាមរយៈការរងទុក្ខលំបាកនេះនោះ។ អ្នកមិនចាំបាច់ស៊ូទ្រាំទេ ហើយអ្នកមិនចាំបាច់មាន «មហិច្ឆតាដ៏ធំធេង» ប្រភេទទាំងនេះឡើយ ហើយអ្នកក៏មិនចាំបាច់លះបង់អ្វីៗតាមរបៀបនេះដែរ។ តាមពិតទៅ អ្នកមិនបានលះបង់អ្វីឡើយ ហើយអ្នកក៏មិនបានបោះអ្វីចោលដែរ។ ផ្ទុយទៅវិញ នៅទីបំផុត គឺមនុស្សទទួលបានច្រើនបំផុត។ រឿងម្យ៉ាងគឺ មនុស្សបានយល់ពីលក្ខខណ្ឌវិនិច្ឆ័យផ្សេងៗទាំងអស់សម្រាប់ការប្រព្រឹត្តខ្លួន។ លើសពីនេះ មនុស្សអាចអនុលោមតាមសណ្ដាប់ធ្នាប់ទាំងមូលនេះ និងក្រឹត្យវិន័យទាំងអស់នេះដែលព្រះជាម្ចាស់បានដាក់ចេញ ហើយរស់នៅប្រកបដោយសណ្ដាប់ធ្នាប់។ តើរបៀបនៃការរស់នៅនេះ ប្រៀបធៀបទៅនឹងរបៀបដែលមនុស្សកំពុងរស់នៅសព្វថ្ងៃនេះ យ៉ាងម៉េចដែរ? (វាល្អប្រសើរជាង។) វាល្អប្រសើរជាងរបៀបដែលមនុស្សកំពុងរស់នៅសព្វថ្ងៃនេះ។ ដូច្នេះ ក្នុងចំណោមរបៀបនៃការរស់នៅទាំងពីរនេះ តើមួយណាដែលមានព្រះពរច្រើនជាង មានលក្ខណៈស្រដៀងនឹងភាវៈដែលព្រះបានបង្កើតពិតប្រាកដច្រើនជាង ហើយលើសពីនេះទៅទៀត គឺជាជីវិតដែលមនុស្សជាតិគួរតែមាននោះ? (គឺរបៀបទីមួយ។) ពិតណាស់ គឺរបៀបទីមួយ។ បន្ទាប់ពីរងទុក្ខលំបាកនេះ អ្នកយល់ពីបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ ហើយក្នុងពេលជាមួយគ្នានេះ អ្នកក៏យល់ពីសេចក្ដីពិតជាច្រើន និងមានការយល់ដឹងពីសេចក្ដីពិតជាមូលដ្ឋានគ្រឹះ អ្នករៀនពីរបៀបប្រព្រឹត្តខ្លួន ហើយមានសេចក្ដីពិតដែលដើរតួជាជីវិតនៅក្នុងភាពជាមនុស្សរបស់អ្នក។ តើរឿងនេះផ្ដល់តម្លៃដល់អ្នកដែរឬទេ? ដើមឡើយ មនុស្សគ្មានសេចក្ដីពិតទាល់តែសោះ។ ពួកគេគ្រាន់តែជាមនុស្សទុរគតដែលគ្មានតម្លៃ ដែលថោកទាបជាងស្រមោច និងមិនសមនឹងរស់នៅប៉ុណ្ណោះ ប៉ុន្តែឥឡូវនេះ អ្នកបានយល់ពីសេចក្ដីពិត ហើយនិយាយ និងប្រព្រឹត្តស្របតាមសេចក្ដីពិត។ មិនថាព្រះជាម្ចាស់ធ្វើឱ្យអ្នកធ្វើអ្វីក៏ដោយ ក៏អ្នកអាចស្ដាប់តាម និងប្រតិបត្តិវាបានយ៉ាងខ្ជាប់ខ្ជួន ហើយមិនថាព្រះជាម្ចាស់រៀបចំអ្វីសម្រាប់អ្នកក៏ដោយ ក៏អ្នកអាចចុះចូលនឹងរឿងទាំងនោះបានដែរ។ ដូច្នេះ តើអ្នកនឹងនៅតែវិនិច្ឆ័យព្រះជាម្ចាស់ទៀតដែរឬទេ? តើអ្នកនឹងបះបោរទាស់នឹងទ្រង់យ៉ាងសកម្មដែរឬទេ? ប្រសិនបើនរណាម្នាក់ញុះញង់អ្នកឱ្យបះបោរទាស់នឹងព្រះជាម្ចាស់ តើអ្នកនឹងធ្វើវាដែរឬទេ? (មិនធ្វើទេ។) ប្រសិនបើនរណាម្នាក់ប្រឌិតពាក្យកុហកអំពីព្រះជាម្ចាស់ដើម្បីបំភាន់អ្នក តើអ្នកនឹងជឿដែរឬទេ? (មិនជឿទេ។) គឺអត់ទេ អ្នកនឹងមិនជឿឡើយ។ ដូច្នេះ អ្នកនឹងមិនបះបោរទាស់នឹងព្រះជាម្ចាស់ឡើយ ទោះបីជាក្នុងន័យអត្តនោម័ត ឬសត្យានុម័តក៏ដោយ។ មនុស្សបែបនេះរស់នៅក្រោមការត្រួតត្រារបស់ព្រះជាម្ចាស់ទាំងស្រុង។ ដូច្នេះ តើមនុស្សបែបនេះនៅតែចាំបាច់ត្រូវទ្រាំទ្រនឹងការឈឺចាប់របស់មនុស្សសព្វថ្ងៃនេះទៀតដែរឬទេ? តើនៅតែមានការស្អប់ និងការឈឺចាប់នៅក្នុងចិត្តរបស់ពួកគេទៀតដែរឬទេ? តើមានរឿងរ៉ាវដ៏ក្រៀមក្រំ និងឈឺចាប់នៅក្នុងចិត្តរបស់ពួកគេដែរឬទេ? (គ្មានទេ។) ការឈឺចាប់នេះគឺមិនមានឡើយ។ នៅក្នុងគ្រប់យ៉ាងដែលពួកគេធ្វើ មនុស្សបែបនេះមានគោលការណ៍ ហើយមិនធ្វើអ្វីផ្ដេសផ្ដាសឡើយ។ លើសពីនេះ នៅពេលមានរឿងកើតឡើង ព្រះជាម្ចាស់មានសិទ្ធិអំណាចអធិបតេយ្យ ហើយសាតាំងមិនអាចធ្វើបាបអ្នកបានឡើយ។ អ្នករស់នៅជាមនុស្សពិតប្រាកដម្នាក់។ តើព្រះជាម្ចាស់នឹងបំផ្លាញមនុស្សបែបនេះដែរឬទេ? តើមនុស្សបែបនេះនឹងបំផ្លាញខ្លួនឯងដែរឬទេ? (មិនបំផ្លាញទេ។) គឺអត់ទេ ពួកគេនឹងមិនធ្វើដូច្នេះឡើយ។ ពួកគេគឺជាប្រភេទមនុស្សដែលខុសគ្នាស្រឡះ បើប្រៀបធៀបទៅនឹងមនុស្សពុករលួយសព្វថ្ងៃនេះ។ ចិត្តរបស់មនុស្សសព្វថ្ងៃនេះ ពោរពេញទៅដោយការស្អប់ និងការឈឺចាប់។ ពួកគេអាចធ្វើអត្តឃាតនៅគ្រប់ពេលវេលា ឬគ្រប់ទីកន្លែង វាយតប់ និងសម្លាប់មនុស្សនៅគ្រប់ពេលវេលា ឬគ្រប់ទីកន្លែង ហើយធ្វើរឿងអាក្រក់នៅគ្រប់ពេលវេលា ឬគ្រប់ទីកន្លែង ដែលនាំមហន្តរាយមកលើពិភពមនុស្ស។ ផ្ទុយទៅវិញ មនុស្សដែលត្រូវបានព្រះជាម្ចាស់សង្គ្រោះ និងទទួលបានសេចក្ដីពិតជាជីវិត អាចរស់នៅជាមួយគ្នាដោយសន្តិភាព ដោយគ្មានការប្រយុទ្ធគ្នា ឬសេចក្ដីស្អប់ចំពោះគ្នាឡើយ។ ពួកគេអាចចុះចូលនឹងការរៀបចំរបស់ព្រះជាម្ចាស់ ហើយចុះចូលដោយឯកភាពចិត្ត និងកម្លាំងចំពោះគ្រប់ព្រះបន្ទូលដែលព្រះជាម្ចាស់ថ្លែង។ មនុស្សទាំងនេះសុទ្ធតែរស់នៅក្នុងព្រះបន្ទូលរបស់ព្រះជាម្ចាស់ ហើយខិតខំធ្វើការក្នុងទិសដៅតែមួយ។ ដើម្បីឱ្យព្រះហឫទ័យរបស់ព្រះជាម្ចាស់ត្រូវបានប្រតិបត្តិ ដោយអ្នកយល់ពីសេចក្ដីពិត គាត់យល់ពីសេចក្ដីពិត នាងយល់ពីសេចក្ដីពិត ហើយពួកគេយល់ពីសេចក្ដីពិត តើមនុស្សនៅតែអាចមានទស្សនៈខុសគ្នានៅពេលពួកគេនៅជាមួយគ្នាដែរឬទេ? (មិនអាចទេ។) តាមរបៀបនេះ ពួកគេអាចឈានដល់ចំណុចមួយដែលមនុស្សគ្រប់គ្នាកំពុងរស់នៅចំពោះព្រះភ័ក្ត្រព្រះជាម្ចាស់ រស់នៅក្នុងព្រះបន្ទូលរបស់ទ្រង់ រស់នៅស្របតាមសេចក្ដីពិត ហើយចិត្តរបស់មនុស្សមានភាពចុះសម្រុងនឹងគ្នា។ តាមរបៀបនេះ តើនៅតែអាចមានការសម្លាប់រង្គាល និងការប្រយុទ្ធគ្នារវាងមនុស្សទៀតដែរឬទេ? (គ្មានទេ។) គឺគ្មានឡើយ។ តើមនុស្សនៅតែចាំបាច់ត្រូវស៊ូទ្រាំនឹងការឈឺចាប់ទៀតដែរឬទេ? គឺគ្មានការឈឺចាប់ឡើយ។ មនុស្សបែបនេះរស់នៅក្នុងជីវិតដ៏មានព្រះពរ ដោយគ្មានការប្រយុទ្ធគ្នា ឬការសម្លាប់រង្គាលឡើយ។ ដូច្នេះ តើមនុស្សគួរតែគ្រប់គ្រងរបស់សព្វសារពើដែលព្រះជាម្ចាស់បានផ្ទុកផ្ដាក់ឱ្យពួកគេដោយរបៀបណា? (ពួកគេគួរតែរស់នៅជាមួយគ្នាដោយសន្តិភាព។) ផ្នែកមួយនៃរឿងនេះ គឺថាពួកគេគួរតែរស់នៅជាមួយគ្នាដោយសន្តិភាព។ ផ្នែកមួយទៀត គឺថាពួកគេគួរតែគ្រប់គ្រងអ្វីៗគ្រប់យ៉ាងស្របតាមសណ្ដាប់ធ្នាប់ និងក្រឹត្យវិន័យដែលព្រះជាម្ចាស់បានដាក់ចេញ។ ដែលមានន័យថា សណ្ដាប់ធ្នាប់ទាំងមូលនេះ និងក្រឹត្យវិន័យ ព្រមទាំងភាវៈមានជីវិតទាំងអស់នេះ ជារបស់មនុស្សជាតិ ត្រូវបានប្រើប្រាស់ដោយមនុស្សជាតិ និងបង្កើតផលប្រយោជន៍សម្រាប់មនុស្សជាតិ។ តើមនុស្សជាតិប្រភេទនេះអស្ចារ្យយ៉ាងណាទៅ! នៅពេលនោះ បរិស្ថានរស់នៅរបស់មនុស្សជាតិ ត្រូវបានប្រគល់ឱ្យមនុស្សគ្រប់គ្រង។ ព្រះជាម្ចាស់ដាក់ចេញនូវសណ្ដាប់ធ្នាប់ និងក្រឹត្យវិន័យសម្រាប់ពិភពលោកនេះ ដើម្បីជាប្រយោជន៍ដល់មនុស្ស ហើយបន្ទាប់មក ព្រះជាម្ចាស់នឹងមិនជ្រៀតជ្រែកក្នុងរឿងនេះឡើយ។ ប្រសិនបើថ្ងៃណាមួយ អ្នកឃើញចចកស៊ីទន្សាយ តើអ្នកនឹងធ្វើអ្វី? អ្នកត្រូវតែបណ្ដោយឱ្យចចកស៊ីទន្សាយនោះទៅ។ អ្នកមិនអាចបញ្ឈប់ចចកមិនឱ្យស៊ីទន្សាយ ហើយបង្ខំចចកឱ្យស៊ីស្មៅបានឡើយ។ តើអ្នកកំពុងតែសាងកំហុសអ្វីទៅ? (គឺប្រឆាំងនឹងសណ្ដាប់ធ្នាប់ធម្មជាតិនៃរឿងនានា។) អ្នកកំពុងតែប្រឆាំងនឹងសណ្ដាប់ធ្នាប់ធម្មជាតិនៃរឿងនានាហើយ។ ទន្សាយស៊ីស្មៅ ហើយចចកស៊ីសាច់ ដូច្នេះ អ្នកត្រូវតែគោរពធម្មជាតិពីកំណើតរបស់ពួកវា ហើយបណ្ដោយឱ្យពួកវាវាវិវឌ្ឍដោយសេរី។ មិនចាំបាច់ជ្រៀតជ្រែកសកម្មភាព និងរបៀបរស់នៅរបស់ពួកវាដោយស្នាដៃមនុស្ស និងបន្ថែមពីលើនោះឡើយ។ អ្នកមិនចាំបាច់គ្រប់គ្រងរឿងទាំងនេះទេ។ ព្រះជាម្ចាស់បានរៀបចំរឿងទាំងនេះតាមរបៀបដែលវាគួរតែប្រព្រឹត្តទៅរួចរាល់ហើយ។ ប្រសិនបើមានកន្លែងខ្លះដែលមានភ្លៀងធ្លាក់ច្រើន ហើយអាកាសធាតុមិនសមស្រប នោះសត្វត្រូវតែផ្លាស់ទីជម្រក។ អ្នកនិយាយថា៖ «យើងត្រូវតែជួសជុលកន្លែងនេះ។ ម្ដេចបានជាវាតែងតែភ្លៀងច្រើនយ៉ាងនេះ? សត្វច្បាស់ជាហត់នឿយណាស់ដែលតែងតែផ្លាស់ទីជម្រកនោះ!» តើនេះមិនមែនជាភាពល្ងង់ខ្លៅម្ដងទៀតទេឬ? (មែនហើយ។) តើវាល្ងង់ខ្លៅយ៉ាងដូចម្ដេច? តើព្រះជាម្ចាស់មិនបានដាក់ចេញនូវអាកាសធាតុនេះទេឬ? (មែនហើយ។) ព្រះជាម្ចាស់បានដាក់ចេញនូវអាកាសធាតុនេះ ហើយអនុញ្ញាតឱ្យសត្វទាំងនេះរស់នៅក្នុងតំបន់នេះ។ តើព្រះជាម្ចាស់មិនបានដាក់ចេញនូវការផ្លាស់ទីជម្រករបស់ពួកវាទេឬ? (មែនហើយ។) ចុះហេតុអ្វីបានជាអ្នកចង់ចូលទៅរារាំង? ហេតុអ្វីបានជាអ្នកបញ្ចេញចេតនាល្អទាំងងងឹតងងល់ដូច្នេះ? តើការផ្លាស់ទីជម្រកមានចំណុចល្អអ្វីខ្លះ? នៅពេលសត្វមួយហ្វូងធំរស់នៅក្នុងតំបន់មួយអស់រយៈពេលកន្លះឆ្នាំ ពួកវាបានស៊ីស្មៅអស់រលីង។ ប្រសិនបើគ្មានភ្លៀងធ្លាក់ ហើយពួកវាមិនព្រមចាកចេញ តើនឹងទៅជាយ៉ាងណា? វានឹងចាំបាច់ត្រូវមានភ្លៀងធ្លាក់រហូត។ នៅពេលដីសើម សត្វទាំងនោះមិនអាចរស់នៅទីនោះបានទេ ហើយស្មៅនឹងត្រូវត្រាំក្នុងទឹកភ្លៀង ដូច្នេះ ពួកវាត្រូវតែចាកចេញ។ ការផ្លាស់ទីជម្រកនេះ ធ្វើឱ្យរាងកាយរបស់ពួកវារឹងមាំ ហើយផ្ដល់ឱកាសឱ្យស្មៅដុះឡើងវិញ។ នៅពេលពួកវាស៊ីស្មៅភាគច្រើននៅកន្លែងមួយទៀតអស់ វានឹងដល់ពេលដែលព្រិលធ្លាក់នៅទីនោះ ហើយអាចនិយាយបានថា ពួកវានឹងត្រូវបណ្ដេញចេញម្ដងទៀត ហើយត្រូវតែប្រញាប់ផ្លាស់ទីជម្រក។ ពួកវាធ្វើដំណើរត្រឡប់ទៅកន្លែងដើមរបស់ពួកវាវិញម្ដងទៀត។ ពេលនោះគ្មានភ្លៀងធ្លាក់ទេ ស្មៅក៏ដុះឡើងវិញ ហើយពួកវាអាចស៊ីស្មៅបានម្ដងទៀត។ តាមរបៀបនេះ ប្រព័ន្ធអេកូឡូស៊ីនេះបន្តរក្សាតុល្យភាពតាមបែបធម្មជាតិ។ មនុស្សមួយចំនួននិយាយថា៖ «សត្វវីលដឺប៊ីស តែងតែត្រូវសត្វតោស៊ី ពួកវាគួរឱ្យអាណិតណាស់! តើយើងមិនអាចធ្វើឱ្យសត្វវីលដឺប៊ីសឆ្លាតជាងនេះបានទេឬ?» ហេតុអ្វីបានជាអ្នកបញ្ចេញចេតនាល្អទាំងងងឹតងងល់ដូច្នេះ? តើអ្នកកំពុងព្យាយាមបង្ហាញថាអ្នកជាមនុស្សចិត្តល្អមែនទេ? សេចក្ដីចិត្តល្អរបស់អ្នកគឺជ្រុលហួសហេតុពេកហើយ។ ប្រសិនបើសត្វវីលដឺប៊ីសមានល្បិចកល នោះសត្វតោនឹងត្រូវអត់ឃ្លានមិនខាន។ តើអ្នកអាចទ្រាំមើលសត្វតោអត់ឃ្លានបានដែរឬទេ? មានអ្នកផ្សេងទៀតនិយាយថា៖ «សត្វតោគឺជាសត្វអាក្រក់។ ពួកវាខាំសត្វក្ដាន់ និងសត្វសេះបង្កង់។ វាពិតជាបង្ហូរឈាម និងសាហាវឃោរឃៅណាស់!» ប្រសិនបើអ្នកកម្ចាត់សត្វតោចោល នោះនឹងមានសត្វសេះបង្កង់ និងសត្វក្ដាន់ច្រើនពេកមិនខាន។ តើលទ្ធផលចុងក្រោយនឹងទៅជាយ៉ាងណា? ស្មៅនឹងត្រូវសត្វសេះបង្កង់ និងសត្វក្ដាន់ស៊ីអស់រលីង ហើយវាលស្មៅនឹងប្រែទៅជាវាលខ្សាច់។ តើអ្នកអាចទទួលយករឿងនោះបានដែរឬទេ? តើអ្នកនៅតែបញ្ចេញចេតនាល្អទាំងនេះទៀតដែរឬទេ? ដូច្នេះ តើអ្នកគួរធ្វើដូចម្ដេច? គឺបណ្ដោយឱ្យពួកវាវិវឌ្ឍដោយសេរីទៅ។ សត្វគឺបែបនេះហើយ។ ព្រះជាម្ចាស់បានដាក់ចេញនូវសណ្ដាប់ធ្នាប់ទាំងមូលនេះតាំងពីយូរយារណាស់មកហើយ ហើយអ្នកត្រូវតែទទួលយកវា ទោះបីជាអ្នកចង់ ឬមិនចង់ក៏ដោយ។ អ្វីៗគ្រប់យ៉ាងត្រូវតែដំណើរការទៅតាមអ្វីដែលត្រូវបានរៀបចំ។ ប្រសិនបើអ្នកប្រឆាំងនឹងសណ្ដាប់ធ្នាប់ធម្មជាតិ នោះជីវិតមិនអាចទ្រទ្រង់បានឡើយ។ ពេលអ្នកយល់ពីក្រឹត្យវិន័យទាំងអស់នេះ អ្នកនឹងគោរពក្រឹត្យវិន័យទាំងនោះ ហើយមើលឃើញរឿងទាំងនេះស្របតាមក្រឹត្យវិន័យទាំងនោះ។ ពេលនោះ អ្នកនឹងឃើញពីព្រះប្រាជ្ញាញាណនៃអធិបតេយ្យភាពរបស់ព្រះជាម្ចាស់លើអ្វីៗគ្រប់យ៉ាង។ លើសពីនេះទៅទៀត ក្រឹត្យវិន័យទាំងអស់នេះមានជាប់នឹងជីវិតពីកំណើត។ តើរឿងនេះកើតឡើងដោយរបៀបណា? (វាត្រូវបានកំណត់ដោយព្រះជាម្ចាស់។) វាត្រូវបានកំណត់ដោយព្រះជាម្ចាស់។ នេះហើយជារបៀបដែលព្រះជាម្ចាស់បានរៀបចំវា។ មនុស្សស្រាវជ្រាវពីវិទ្យាសាស្ត្រ ស្រាវជ្រាវពីជីវវិទ្យា និងស្រាវជ្រាវពីមុខវិជ្ជាសិក្សាគ្រប់ប្រភេទ។ ពួកគេបានធ្វើការស្រាវជ្រាវអស់រយៈពេលជាច្រើនឆ្នាំមកហើយ ប៉ុន្តែយល់ត្រឹមតែគោលលទ្ធិ និងសណ្ដាប់ធ្នាប់ដ៏សាមញ្ញប៉ុណ្ណោះ។ គ្មាននរណាម្នាក់មើលឃើញពីអធិបតេយ្យភាព ឬព្រះប្រាជ្ញាញាណរបស់ព្រះជាម្ចាស់ នៅក្នុងគោលលទ្ធិ និងបាតុភូតទាំងនេះឡើយ។ ហេតុអ្វីបានជាប្រព័ន្ធអេកូឡូស៊ី និងខ្សែច្រវាក់អាហារទាំងមូលនេះ លេចឡើងមកយ៉ាងស្មុគស្មាញ និងអស្ចារ្យយ៉ាងនេះ? មនុស្សគ្រាន់តែបញ្ជាក់ឱ្យច្បាស់ពីបាតុភូតមួយ ឬប្រកាសពីការពិតមួយដល់មនុស្សនៅក្នុងពិភពលោកនេះប៉ុណ្ណោះ ប៉ុន្តែគ្មាននរណាម្នាក់អាចរកឃើញ ឬមើលឃើញច្បាស់ថា អ្វីៗទាំងអស់នេះមកពីព្រះជាម្ចាស់ឡើយ ពោលគឺវាមិនមែនកើតឡើងមកដោយឯកឯងនោះទេ។ ប្រសិនបើយើងយល់ស្របតាមការនិយាយថា វាកើតឡើងមកដោយឯកឯង ដូច្នេះ ម្ដេចបានជាគ្មាននរណាម្នាក់ធ្លាប់ឃើញសត្វស្វាវិវត្តទៅជាមនុស្សសោះអ៊ីចឹង អស់រយៈពេលជាច្រើនឆ្នាំមកនេះ? ក្រឹត្យវិន័យទាំងអស់នេះ ត្រូវបានដាក់ចេញដោយព្រះជាម្ចាស់។ តើក្រឹត្យវិន័យទាំងនេះមានពាក់ព័ន្ធអ្វីនឹងសត្វស្វាវិវត្តទៅជាមនុស្សដែរឬទេ? (គ្មានទេ។) គឺគ្មានរឿងបែបនេះឡើយ។ ព្រះជាម្ចាស់បានដាក់ចេញនូវក្រឹត្យវិន័យទាំងអស់នេះ និងសណ្ដាប់ធ្នាប់ទាំងមូលនេះ។ ប្រសិនបើមនុស្សមានសំណាងគ្រប់គ្រាន់បាននៅសេសសល់ នៅពេលនោះ ពួកគេមិនត្រឹមតែគោរព ថែរក្សា និងគ្រប់គ្រងសណ្ដាប់ធ្នាប់ទាំងមូលនេះ និងក្រឹត្យវិន័យទាំងអស់នេះប៉ុណ្ណោះទេ អ្វីដែលសំខាន់ជាងនេះទៅទៀតនោះ គឺពួកគេក៏នឹងក្លាយជាអ្នកទទួលបានផលប្រយោជន៍ធំបំផុត ពីសណ្ដាប់ធ្នាប់ទាំងមូលនេះ និងក្រឹត្យវិន័យទាំងអស់នេះផងដែរ។ ព្រះជាម្ចាស់បានរៀបចំរឿងទាំងអស់នេះសម្រាប់មនុស្សជាតិ ហើយបានដាក់វាចេញសម្រាប់មនុស្ស ពោលគឺអ្វីៗគ្រប់យ៉ាងត្រូវបានរៀបចំរួចជាស្រេច សម្រាប់ការសោយសុខរបស់មនុស្ស។ ក្នុងចំណោមអ្វីៗគ្រប់យ៉ាង ភាវៈដែលព្រះបានបង្កើត ពោលគឺមនុស្ស គឺជាអ្នកដែលមានព្រះពរច្រើនបំផុត។ មនុស្សមានភាសា មានការគិត អាចឮព្រះសូរសៀងរបស់ព្រះជាម្ចាស់ អាចយល់ពីព្រះបន្ទូលរបស់ព្រះជាម្ចាស់ មានភាសាសម្រាប់ប្រាស្រ័យទាក់ទងជាមួយព្រះជាម្ចាស់ ហើយពូកែបំផុតក្នុងការយល់ពីព្រះបន្ទូលរបស់ព្រះជាម្ចាស់។ ចំណុចដែលធ្វើឱ្យពួកគេមានព្រះពរច្រើនបំផុតនោះគឺថា ព្រះជាម្ចាស់បានប្រទានដល់ពួកគេនូវទុនដ៏ធំបំផុត ដែលពួកគេអាចប្រើដើម្បីទទួលបានសេចក្ដីសង្គ្រោះ និងមកចំពោះទ្រង់។ នៅទីបំផុត អ្វីៗគ្រប់យ៉ាងដែលព្រះជាម្ចាស់បានធ្វើ ព្រមទាំងសណ្ដាប់ធ្នាប់ទាំងមូលនេះ និងក្រឹត្យវិន័យទាំងអស់ដែលព្រះជាម្ចាស់បានដាក់ចេញ នឹងតម្រូវឱ្យមនុស្សជាអ្នកគ្រប់គ្រង និងតម្រូវឱ្យមនុស្សជាអ្នកថែរក្សា។ មនុស្សទាំងឡាយណាដែលគ្រាន់តែស្រាវជ្រាវ បំផ្លាញ ធ្វើឱ្យអន្តរាយ និងធ្វើឱ្យខូចទ្រង់ទ្រាយដល់សណ្ដាប់ធ្នាប់ទាំងមូលនេះ និងក្រឹត្យវិន័យទាំងអស់នេះ ច្បាស់ជាត្រូវបានកម្ចាត់ចោល។ មនុស្សបានរងទុក្ខលំបាកយ៉ាងច្រើន។ តើគោលដៅដ៏ស្រស់បំព្រងដែលមនុស្សជឿនៅក្នុងចិត្តរបស់ពួកគេ ហើយដែលពួកគេដេញតាម និងប្រាថ្នាចង់បាននោះ ពិតជាមានមែនឬទេ? វាមិនមានពិតឡើយ។ វាគ្រាន់តែជាបំណងប្រាថ្នា និងមហិច្ឆតាដ៏ធំធេងរបស់មនុស្សប៉ុណ្ណោះ ហើយវាខុសពីអ្វីដែលព្រះជាម្ចាស់ចង់ប្រទានដល់មនុស្ស។ រឿងទាំងពីរនេះគឺជារឿងដាច់ដោយឡែកពីគ្នា ហើយគ្មានពាក់ព័ន្ធអ្វីនឹងគ្នាឡើយ។ ដូច្នេះ ផ្នែក «ការរែកពុនបន្ទុកដ៏ធ្ងន់» នៃការស៊ូទ្រាំនឹងការធ្វើឱ្យអាម៉ាស់មុខ និងការរែកពុនបន្ទុកដ៏ធ្ងន់ គឺមិនមាននៅក្នុងមនុស្សឡើយ។ តើខ្ញុំមានន័យដូចម្ដេចដែលថាវាមិនមាននោះ? គឺមានន័យថា គោលដៅដ៏ស្រស់បំព្រងដែលអ្នកជឿ និងអ្វីៗដែលអ្នកចង់សម្រេចបាន នៅក្នុងបំណងប្រាថ្នា និងមហិច្ឆតាដ៏ធំធេងដែលនៅជ្រៅក្នុងចិត្តរបស់អ្នក គឺមិនមានទាល់តែសោះ។ មិនថាអ្នករងទុក្ខលំបាកច្រើនប៉ុនណាក៏ដោយ ឬស៊ូទ្រាំនឹងការប្រមាថមើលងាយខ្លាំងប៉ុនណាក៏ដោយ ក៏នៅទីបំផុត គោលដៅដែលអ្នកប្រាថ្នាចង់បាន អ្វីៗដែលអ្នកចង់សម្រេចបាន អ្នកចង់ក្លាយជាបុគ្គលបែបណា និងអ្នកចង់ទទួលបានព្រះពរកម្រិតណា គឺសុទ្ធតែទទេស្អាត។ ទាំងនោះមិនមែនជារឿងដែលព្រះជាម្ចាស់ចង់ប្រទានដល់អ្នកឡើយ។ តើមានបញ្ហាអ្វីផ្សេងទៀតនៅត្រង់នេះ? ការស៊ូទ្រាំនឹងការធ្វើឱ្យអាម៉ាស់មុខ និងការរែកពុនបន្ទុកដ៏ធ្ងន់ គឺនៅពេលមនុស្សលាក់បាំងសមត្ថភាពពិតរបស់ខ្លួន តាមរយៈការស៊ូទ្រាំនឹងការប្រមាថមើលងាយ បន្ទាប់មករងការប្រមាថមើលងាយ ដើម្បីសម្រេចគោលដៅរបស់ពួកគេ។ តើគោលដៅទាំងនេះគឺជាអ្វី? ពួកវាគឺជាមហិច្ឆតា និងថែមទាំងបំណងប្រាថ្នាដែលនៅជ្រៅក្នុងចិត្តរបស់មនុស្ស។ ចុះនៅពេលអ្នកជឿរងទុក្ខលំបាក តើវាគឺដើម្បីបំពេញបំណងប្រាថ្នាដែរឬទេ? (មិនមែនទេ។) ចុះតើវាដើម្បីអ្វីទៅ? នៅពេលអ្នកជឿរងទុក្ខលំបាក តើគោលដៅដែលពួកគេចង់ដេញតាម និងសម្រេចឱ្យបាន គឺវិជ្ជមាន ឬក៏អវិជ្ជមាន? (វិជ្ជមាន។) តើវាមានពាក់ព័ន្ធនឹងបំណងប្រាថ្នាដែរឬទេ? (គ្មានទេ។) ចុះតើគោលដៅដ៏វិជ្ជមាននេះគឺជាអ្វី? (គឺដើម្បីបោះចោលនិស្ស័យពុករលួយរបស់ខ្លួន ក្លាយជាមនុស្សពិតប្រាកដម្នាក់ និងអាចរស់នៅឱ្យកាន់តែប្រសើរ។) គឺដើម្បីបោះចោលនិស្ស័យពុករលួយរបស់ខ្លួន ក្លាយជាមនុស្សពិតប្រាកដម្នាក់ និងអាចរស់នៅឱ្យកាន់តែប្រសើរ។ តើមានអ្វីផ្សេងទៀត? គឺដើម្បីក្លាយជាមនុស្សដែលត្រូវបានសង្គ្រោះ និងមិនបះបោរទាស់នឹងព្រះជាម្ចាស់ម្ដងទៀត។ តើអ្នករាល់គ្នាចង់ក្លាយជាមនុស្សដូចជាលោកយ៉ូប និងលោកពេត្រុសដែរឬទេ? (ចង់។) ដូច្នេះ តើនេះមិនមែនជាគោលដៅមួយទេឬ? (ជាគោលដៅមួយមែន។) តើគោលដៅនេះមានពាក់ព័ន្ធនឹងបំណងប្រាថ្នាដែរឬទេ? (គ្មានទេ។) គោលដៅនេះគឺជាការដេញតាមដ៏ត្រឹមត្រូវ ហើយគឺជាគោលដៅ និងជាផ្លូវដែលព្រះជាម្ចាស់បានប្រទានដល់មនុស្ស។ នេះគឺជារឿងត្រឹមត្រូវ។ នោះហើយជាមូលហេតុដែលខ្ញុំនិយាយថា ទុក្ខលំបាកដែលអ្នកទទួលរងដោយសារតែគោលដៅនៃការដេញតាមដ៏ត្រឹមត្រូវនេះ មិនមែនជាការស៊ូទ្រាំនឹងការធ្វើឱ្យអាម៉ាស់មុខឡើយ។ ផ្ទុយទៅវិញ វាគឺជាអ្វីដែលមនុស្សគួរតែដេញតាម ហើយវាគឺជាផ្លូវដែលមនុស្សគួរតែដើរ។ តើមនុស្សដែលគិតយ៉ាងជ្រៅនៅក្នុងចិត្តថា ខ្លួនគឺជាអ្នកដែលស៊ូទ្រាំនឹងការប្រមាថមើលងាយទាំងនោះ អាចដើរលើផ្លូវនេះបានដែរឬទេ? ពួកគេមិនអាចឡើយ ហើយពួកគេក៏មិនអាចសម្រេចគោលដៅនេះបានដែរ។
ឥឡូវនេះពេលមើលមកឃ្លានេះ តើឃ្លា «ការស៊ូទ្រាំនឹងការធ្វើឱ្យអាម៉ាស់មុខ និងការរែកពុនបន្ទុកដ៏ធ្ងន់» គឺជាសេចក្ដីពិតដែរឬទេ? (មិនមែនទេ។) វាមិនមែនជាសេចក្ដីពិតឡើយ ហើយវាក៏មិនមែនជាលក្ខខណ្ឌវិនិច្ឆ័យសម្រាប់របៀបដែលមនុស្សគួរតែប្រព្រឹត្ត ប្រព្រឹត្តខ្លួន ឬថ្វាយបង្គំព្រះជាម្ចាស់ដែរ។ តើមនុស្សចាំបាច់ត្រូវស៊ូទ្រាំនឹងការធ្វើឱ្យអាម៉ាស់មុខ និងការរែកពុនបន្ទុកដ៏ធ្ងន់ ដើម្បីត្រូវបានព្រះជាម្ចាស់សង្គ្រោះដែរឬទេ? (មិនចាំបាច់ទេ។) តើវាត្រូវ ឬក៏ខុស ដែលនិយាយថាមនុស្សម្នាក់សម្រេចបានសេចក្ដីសង្គ្រោះ តាមរយៈការស៊ូទ្រាំនឹងការធ្វើឱ្យអាម៉ាស់មុខ និងការរែកពុនបន្ទុកដ៏ធ្ងន់នោះ? (គឺខុស។) តើវាខុសយ៉ាងដូចម្ដេច? ការស៊ូទ្រាំនឹងការធ្វើឱ្យអាម៉ាស់មុខ និងការរែកពុនបន្ទុកដ៏ធ្ងន់ មិនមែនជាការអនុវត្តសេចក្ដីពិតឡើយ ដូច្នេះ តើគេម្ដេចនឹងអាចទទួលបានសេចក្ដីសង្គ្រោះទៅ? នោះគឺដូចជាការនិយាយថា មនុស្សម្នាក់បានសម្លាប់អ្នកដទៃ ដុតបំផ្លាញរបស់របរ និងបានធ្វើរឿងអាក្រក់ជាច្រើន ហើយនៅទីបំផុត ក៏បានក្លាយជា «អ្នកដឹកនាំដែលប្រជាជនស្រឡាញ់» អ៊ីចឹង។ តើវាមិនប្រហាក់ប្រហែលនឹងការនិយាយបែបនេះទេឬ? (មែនហើយ។) នេះហើយជាអត្ថន័យរបស់វា។ គេច្បាស់ណាស់ថាកំពុងដើរលើផ្លូវនៃសេចក្ដីទុច្ចរិត ប៉ុន្តែបែរជាក្លាយជាមនុស្សវិជ្ជមានទៅវិញ។ នេះគឺជាភាពផ្ទុយគ្នា។ ប្រសិនបើគេនិយាយថា មនុស្សម្នាក់បានស៊ូទ្រាំនឹងការធ្វើឱ្យអាម៉ាស់មុខ និងការរែកពុនបន្ទុកដ៏ធ្ងន់ ហើយនៅទីបំផុត ក៏សម្រេចបានភាពចុះសម្រុងជាមួយព្រះជាម្ចាស់ ឬមនុស្សម្នាក់បានស៊ូទ្រាំនឹងការធ្វើឱ្យអាម៉ាស់មុខ និងការរែកពុនបន្ទុកដ៏ធ្ងន់ ហើយនៅទីបំផុត ក៏បានឈរយ៉ាងរឹងមាំក្នុងអំឡុងការល្បងល ឬមនុស្សម្នាក់បានស៊ូទ្រាំនឹងការធ្វើឱ្យអាម៉ាស់មុខ និងការរែកពុនបន្ទុកដ៏ធ្ងន់ ហើយនៅទីបំផុត ក៏បានបំពេញការផ្ទុកផ្ដាក់របស់ព្រះជាម្ចាស់ តើសេចក្ដីថ្លែងមួយណាដែលត្រឹមត្រូវ? (គ្មានមួយណាត្រឹមត្រូវទេ។) គ្មានមួយណាត្រឹមត្រូវឡើយ។ តើវាត្រឹមត្រូវដែរឬទេ ដែលនិយាយថានរណាម្នាក់បានស៊ូទ្រាំនឹងការធ្វើឱ្យអាម៉ាស់មុខ និងការរែកពុនបន្ទុកដ៏ធ្ងន់ ក្នុងពេលកំពុងផ្សាយដំណឹងល្អទូទាំងភូមិមួយនោះ? (មិនត្រឹមត្រូវទេ។) ខ្ញុំឃើញមនុស្សមួយចំនួនមិនប្រាកដក្នុងចិត្ត ដោយគិតថា៖ «តើវាត្រឹមត្រូវដែរឬទេ? ខ្ញុំគិតថាសេចក្ដីថ្លែងនោះត្រឹមត្រូវ តើមែនទេ? មានពេលជាច្រើនដែលមនុស្សត្រូវស៊ូទ្រាំនឹងការធ្វើឱ្យអាម៉ាស់មុខ និងការរែកពុនបន្ទុកដ៏ធ្ងន់ ក្នុងពេលកំពុងផ្សាយដំណឹងល្អ និងធ្វើបន្ទាល់ថ្វាយព្រះជាម្ចាស់»។ ការប្រើឃ្លានេះនៅក្នុងបរិបទនេះគឺត្រឹមត្រូវ តើមែនទេ? (អត់ទេ មិនត្រឹមត្រូវឡើយ។) ហេតុអ្វីបានជាមិនត្រឹមត្រូវ? ចូរប្រាប់ខ្ញុំមកមើល៍។ (ពីព្រោះផលដែលសម្រេចបានដោយការស៊ូទ្រាំនឹងការធ្វើឱ្យអាម៉ាស់មុខ និងការរែកពុនបន្ទុកដ៏ធ្ងន់ មិនវិជ្ជមានឡើយ។) តើនេះជាការអនុវត្តដ៏ត្រឹមត្រូវដែរឬទេ? ចូរវិភាគមើលថាតើឃ្លានេះខុសយ៉ាងដូចម្ដេច។ ចូរវែកញែកវា។ «តាមរយៈការស៊ូទ្រាំនឹងការធ្វើឱ្យអាម៉ាស់មុខ និងការរែកពុនបន្ទុកដ៏ធ្ងន់ ក្នុងពេលកំពុងផ្សាយដំណឹងល្អ ពួកគេបានធ្វើឱ្យមនុស្សជាច្រើនប្រែចិត្ត បង្កើតផ្លែផ្កាជាច្រើន និងបានប្រកាសពីព្រះនាមរបស់ព្រះជាម្ចាស់»។ តើអ្នកមិនដឹងទេឬថាតើសេចក្ដីថ្លែងនេះត្រឹមត្រូវ ឬអត់នោះ? ប្រសិនបើយើងអនុវត្តវាឱ្យស្របតាមគ្រប់សេចក្ដីថ្លែងដែលយើងបានប្រកបគ្នានៅថ្ងៃនេះ នោះការប្រើឃ្លានេះក្នុងស្ថានភាពនេះ គឺជារឿងមិនត្រឹមត្រូវឡើយ ប៉ុន្តែប្រសិនបើយើងគិតមួយជំហានទៀត អំពីពេលដែលកំពុងផ្សាយដំណឹងល្អ មនុស្សមួយចំនួនត្រូវអ្នកដែលអាចទទួលយកដំណឹងល្អ វាយដំ ឬស្រែកគំហកដាក់ ហើយបណ្ដេញចេញពីផ្ទះរបស់ពួកគេ តើនេះរាប់ថាជាការស៊ូទ្រាំនឹងការធ្វើឱ្យអាម៉ាស់មុខដែរឬទេ? (មិនរាប់ទេ។) ចុះតើនេះគឺជាអ្វីទៅ? (គឺជាទុក្ខលំបាកដែលអ្នកជឿត្រូវតែទទួលរង ក្នុងពេលកំពុងផ្សាយដំណឹងល្អ។) ត្រូវហើយ។ នេះគឺជាទុក្ខលំបាកដែលមនុស្សត្រូវតែទទួលររង។ នេះគឺជាការទទួលខុសត្រូវរបស់ពួកគេ ជាកាតព្វកិច្ចរបស់ពួកគេ និងជាការផ្ទុកផ្ដាក់ដែលព្រះជាម្ចាស់បានប្រទានដល់មនុស្ស។ វាដូចជាការសម្រាលកូនដែលតែងតែឈឺចាប់អ៊ីចឹង តើនេះមិនមែនជាទុក្ខលំបាកដែលត្រូវតែទទួលរងទេឬ? (មែនហើយ។) ប្រសិនបើស្ត្រីម្នាក់និយាយទៅកាន់កូនរបស់នាងថា «ម៉ាក់បានស៊ូទ្រាំនឹងការធ្វើឱ្យអាម៉ាស់មុខ និងការរែកពុនបន្ទុកដ៏ធ្ងន់ ដើម្បីបង្កើតកូនមកក្នុងពិភពលោកនេះ» តើការនិយាយបែបនោះ ជារឿងត្រឹមត្រូវដែរឬទេ? (មិនត្រឹមត្រូវទេ។) នាងបានរងទុក្ខលំបាក ចុះហេតុអ្វីបានជាការនិយាយបែបនេះគឺជារឿងខុសទៅវិញ? ពីព្រោះនេះគឺជាទុក្ខលំបាកដែលនាងត្រូវតែទទួលរង។ ឧទាហរណ៍៖ ប្រសិនបើចចកមួយក្បាលបានតាមប្រមាញ់អស់រយៈពេលជាច្រើនម៉ោង ទើបចាប់បានទន្សាយមួយក្បាល ហើយនិយាយថា «អញបានស៊ូទ្រាំនឹងការធ្វើឱ្យអាម៉ាស់មុខ និងការរែកពុនបន្ទុកដ៏ធ្ងន់ ដើម្បីបានស៊ីទន្សាយមួយក្បាល» តើការនិយាយបែបនេះ ត្រឹមត្រូវដែរឬទេ? (មិនត្រឹមត្រូវទេ។) ដើម្បីបានស៊ីទន្សាយ ចចកត្រូវតែលះបង់អ្វីម្យ៉ាងជាការតបស្នង។ ទន្សាយនឹងមិនគ្រាន់តែអង្គុយនៅស្ងៀម ហើយរង់ចាំឱ្យចចកស៊ីវានោះទេ។ តើមានកិច្ចការណាដែលងាយស្រួលបែបនោះទៅ? មិនថាកិច្ចការនោះជាអ្វីក៏ដោយ ក៏មនុស្សម្នាក់តែងតែត្រូវធ្វើការលះបង់ណាមួយជានិច្ច។ នេះមិនមែនជាការស៊ូទ្រាំនឹងការធ្វើឱ្យអាម៉ាស់មុខ និងការរែកពុនបន្ទុកដ៏ធ្ងន់ឡើយ។ ឥឡូវនេះ តើយើងបានចាត់ថ្នាក់ឃ្លា «ការស៊ូទ្រាំនឹងការធ្វើឱ្យអាម៉ាស់មុខ និងការរែកពុនបន្ទុកដ៏ធ្ងន់» យ៉ាងច្បាស់លាស់ថាជាអ្វីទៅ? (ជាឃ្លាអវិជ្ជមាន។) យើងបានចាត់ថ្នាក់វាថាជាឃ្លាអវិជ្ជមាន និងជាឃ្លាបែបប្រមាថ ហើយបានចាត់ថ្នាក់វាថាជាតក្កវិជ្ជារបស់សាតាំង និងជាទស្សនវិជ្ជារបស់សាតាំងសម្រាប់ការប្រព្រឹត្តក្នុងលោកីយ៍។ វាគ្មានពាក់ព័ន្ធអ្វីនឹងសេចក្ដីជំនឿលើព្រះជាម្ចាស់ ឬអ្វីៗដែលវិជ្ជមានឡើយ។ ប្រសិនបើនរណាម្នាក់និយាយថា៖ «ខ្ញុំបានផ្សាយដំណឹងល្អអស់រយៈពេលជាច្រើនឆ្នាំមកហើយ។ ខ្ញុំពិតជាបានស៊ូទ្រាំនឹងការធ្វើឱ្យអាម៉ាស់មុខ និងបានរែកពុនបន្ទុកដ៏ធ្ងន់មែន!» ការនិយាយបែបនេះគឺមិនសមរម្យឡើយ។ ការផ្សាយដំណឹងល្អគឺជាការទទួលខុសត្រូវរបស់អ្នក ហើយនេះគឺជាទុក្ខលំបាកដែលអ្នកគួរតែទទួលរង។ ទោះបីជាអ្នកមិនផ្សាយដំណឹងល្អក៏ដោយ តើអ្នកនឹងមិនរងទុក្ខលំបាកដោយគ្រាន់តែរស់នៅទេឬ? នេះគឺជាទុក្ខលំបាកដែលមនុស្សគួរតែទទួលរង វាជារឿងត្រឹមត្រូវ។ ឃ្លា «ការស៊ូទ្រាំនឹងការធ្វើឱ្យអាម៉ាស់មុខ និងការរែកពុនបន្ទុកដ៏ធ្ងន់» ជាមូលដ្ឋានត្រូវបានលុបបំបាត់ចោលពីដំណាក់របស់ព្រះជាម្ចាស់។ ប្រសិនបើនរណាម្នាក់លើកឡើងពីឃ្លានេះម្ដងទៀត តើអ្នកនឹងបកស្រាយវាយ៉ាងដូចម្ដេច? ប្រសិនបើនរណាម្នាក់និយាយថា៖ «ខ្ញុំបានស៊ូទ្រាំនឹងការធ្វើឱ្យអាម៉ាស់មុខ និងការរែកពុនបន្ទុកដ៏ធ្ងន់នៅក្នុងគុក ដើម្បីកុំឱ្យក្លាយជាយូដាស!» តើសេចក្ដីថ្លែងនេះត្រឹមត្រូវដែរឬទេ? (មិនត្រឹមត្រូវទេ។) ហេតុអ្វីបានជាមិនត្រឹមត្រូវ? «ដើម្បីកុំឱ្យក្លាយជាយូដាស» គឺជាគោលដៅដ៏យុត្តិធម៌បំផុត និងជារឿងដ៏យុត្តិធម៌បំផុតដែលត្រូវនិយាយ ដូច្នេះ តើវាមិនមែនជាការស៊ូទ្រាំនឹងការធ្វើឱ្យអាម៉ាស់មុខ និងការរែកពុនបន្ទុកដ៏ធ្ងន់យ៉ាងម៉េចកើតទៅ? (អ្នកជឿមិនគួរក្លាយជាយូដាសឡើយ។) ត្រូវហើយ។ តើវាសមហេតុផលយ៉ាងដូចម្ដេចទៅ ដែលអ្នកជឿម្នាក់ក្លាយជាយូដាសនោះ? តើវាមិនគួរឱ្យអស់សំណើចទេឬ ដែលនិយាយថាការមិនក្លាយជាយូដាស គឺជាការស៊ូទ្រាំនឹងការធ្វើឱ្យអាម៉ាស់មុខ និងការរែកពុនបន្ទុកដ៏ធ្ងន់នោះ? ការធ្វើបន្ទាល់ថ្វាយព្រះជាម្ចាស់ គឺជាបេសកកម្មរបស់អ្នក។ នេះគឺជាទីបន្ទាល់ដែលភាវៈដែលព្រះបានបង្កើត គួរតែប្រកាន់ខ្ជាប់ ហើយជាជំហរដែលពួកគេគួរតែឈរយ៉ាងរឹងមាំ។ សាតាំងមិនស័ក្តិសមនឹងទទួលបានការសរសើរពីមនុស្សឡើយ។ ព្រះជាម្ចាស់គឺជាអង្គដែលមនុស្សគួរតែថ្វាយបង្គំ ហើយវាជារឿងដែលត្រឹមត្រូវឥតខ្ចោះតាមធម្មជាតិ ក្នុងការថ្វាយបង្គំព្រះជាម្ចាស់។ នៅពេលសាតាំងព្យាយាមបង្ខំអ្នកឱ្យធ្វើតាមបំណងរបស់វា អ្នកគួរតែប្រកាន់ខ្ជាប់នូវទីបន្ទាល់របស់អ្នកថ្វាយប់ព្រះជាម្ចាស់ លះបង់ជីវិតរបស់អ្នក ហើយមិនត្រូវក្លាយជាយូដាសឡើយ។ រឿងនេះមិនស្មើនឹងការស៊ូទ្រាំនឹងការធ្វើឱ្យអាម៉ាស់មុខ និងការរែកពុនបន្ទុកដ៏ធ្ងន់ឡើយ។ ខ្ញុំបានពន្យល់ពីឃ្លានេះយ៉ាងច្បាស់ហើយនៅពេលនេះ។ ប្រសិនបើនរណាម្នាក់និយាយម្ដងទៀត អំពីរបៀបដែលពួកគេបានស៊ូទ្រាំនឹងការធ្វើឱ្យអាម៉ាស់មុខ និងការរែកពុនបន្ទុកដ៏ធ្ងន់ តើអ្នករាល់គ្នាគួរដោះស្រាយបញ្ហានេះដោយរបៀបណា? គេនឹងយល់ នៅពេលអ្នកឱ្យគេស្ដាប់សេចក្ដីអធិប្បាយដែលខ្ញុំបានអធិប្បាយនៅថ្ងៃនេះ។ នោះគឺជាវិធីដែលងាយស្រួលបំផុត។
គ. ឆន្ទៈប្រយុទ្ធដែលមិនព្រមចុះចាញ់
ការបង្ហាញចេញទីបីនៃការដេកលើគំនរមែកឈើ និងលិទ្ធទឹកប្រមាត់ គឺជាឆន្ទៈប្រយុទ្ធដែលមិនព្រមចុះចាញ់។ តើការមិនព្រមចុះចាញ់ ជានិស្ស័យប្រភេទណា? ជានិស្ស័យក្រអឺតក្រទម។ តើមនុស្សម្ដេចនឹងអាចមិនដែលបរាជ័យបានទៅ? តើមនុស្សម្ដេចនឹងអាចមិនដែលធ្វើអ្វីខុស មិនដែលនិយាយអ្វីខុស ឬមិនដែលប្រព្រឹត្តកំហុសសោះបានទៅ? អ្នកត្រូវតែទទួលស្គាល់ថា៖ «ខ្ញុំគឺជាមនុស្សធម្មតាម្នាក់ ហើយខ្ញុំគឺជាមនុស្សប្រក្រតីម្នាក់។ ខ្ញុំមានចំណុចគុណវិបត្តិ និងចំណុចខ្វះខាត។ ខ្ញុំមានពេលដែលខ្ញុំធ្វើរឿងខុស ហើយមានពេលដែលខ្ញុំនិយាយរឿងខុស។ ខ្ញុំអាចធ្វើរឿងខុស និងដើរតាមផ្លូវខុស។ ខ្ញុំគឺជាមនុស្សធម្មតាម្នាក់»។ ដូច្នេះ តើការមិនព្រមចុះចាញ់មានន័យដូចម្ដេច? គឺនៅពេលនរណាម្នាក់បរាជ័យ ជួបប្រទះនឹងឧបសគ្គ ឬវង្វេងចូលទៅក្នុងផ្លូវខុស ប៉ុន្តែមិនព្រមទទួលស្គាល់។ គេគ្រាន់តែបន្តទៅមុខយ៉ាងរឹងរូសប៉ុណ្ណោះ។ គេបរាជ័យ ប៉ុន្តែមិនបាក់ទឹកចិត្ត បរាជ័យ ប៉ុន្តែមិនទទួលស្គាល់កំហុសរបស់ខ្លួនឡើយ។ មិនថាមានមនុស្សប៉ុន្មាននាក់ស្ដីបន្ទោស ឬថ្កោលទោសគេក៏ដោយ ក៏គេមិនព្រមងាករេដែរ។ គេទទូចចង់ប្រយុទ្ធ ធ្វើការ និងដេញតាមក្នុងទិសដៅផ្ទាល់ខ្លួន និងឆ្ពោះទៅរកគោលដៅផ្ទាល់ខ្លួនរបស់គេ ហើយមិនខ្វល់ពីការលះបង់អ្វីឡើយ។ ឃ្លានេះសំដៅទៅលើប្រភេទផ្នត់គំនិតនេះ។ តើផ្នត់គំនិតនេះមិនពូកែខាងអូសទាញមនុស្សណាស់ទេឬ? តើឃ្លា «មិនព្រមចុះចាញ់» ជាធម្មតាត្រូវបានប្រើប្រាស់ក្នុងស្ថានភាពបែបណា? គ្រប់ស្ថានភាពទាំងអស់។ កន្លែងណាក៏ដោយដែលមានមនុស្សពុករលួយ កន្លែងនោះមានឃ្លានេះ កន្លែងនោះមានផ្នត់គំនិតនេះ។ ដូច្នេះ តើមនុស្សដែលគឺជាកម្មសិទ្ធិសាតាំង បង្កើតពាក្យពោលនេះឡើងដើម្បីអ្វី? គឺដើម្បីកុំឱ្យមនុស្សយល់ពីខ្លួនឯង កុំឱ្យទទួលស្គាល់កំហុសខ្លួនឯង និងកុំឱ្យទទួលយកកំហុសខ្លួនឯង។ ដើម្បីកុំឱ្យមនុស្សមើលឃើញតែផ្នែកនៃខ្លួនឯងដែលផុយស្រួយ ខ្សោយ និងគ្មានសមត្ថភាព ប៉ុន្តែផ្ទុយទៅវិញ ឱ្យមើលឃើញផ្នែកនៃខ្លួនឯងដែលមានសមត្ថភាព និងផ្នែកនៃខ្លួនឯងដែលខ្លាំងពូកែ និងក្លាហាន កុំឱ្យមើលស្រាលខ្លួនឯង ប៉ុន្តែគិតថាពួកគេមានសមត្ថភាព។ ដរាបណាអ្នកគិតថាអ្នកអាចធ្វើបាន នោះអ្នកអាចធ្វើបាន។ ដរាបណាអ្នកគិតថាអ្នកអាចជោគជ័យ នឹងមិនបរាជ័យ ហើយអាចក្លាយជាមនុស្សឆ្នើម នោះអ្នកនឹងក្លាយជាមនុស្សបែបនោះ។ ដរាបណាអ្នកមានការប្ដេជ្ញាចិត្ត និងការតាំងចិត្តនោះ មានបំណងប្រាថ្នា និងមហិច្ឆតាដ៏ធំធេងនោះ គឺអ្នកអាចសម្រេចវាបានទាំងអស់។ មនុស្សមិនមែនតូចតាចនោះទេ ពួកគេខ្លាំងពូកែ។ ពួកអ្នកគ្មានជំនឿមិមានពាក្យពោលមួយឃ្លាថា៖ «ឆាករបស់អ្នកធំប៉ុនណា គឺអាស្រ័យលើទំហំចិត្តរបស់អ្នក»។ មនុស្សមួយចំនួនចូលចិត្តពាក្យពោលនេះភ្លាមៗនៅពេលដែលពួកគេឮវា៖ «វ៉ាវ ខ្ញុំចង់បានពេជ្រដប់ការ៉ាត់ អ៊ីចឹងមានន័យថាខ្ញុំនឹងទទួលបានវាឬ? ខ្ញុំចង់បានឡាន ម៊ែកសឺដេស ប៊ែនស៍ មួយគ្រឿង អ៊ីចឹងមានន័យថាខ្ញុំនឹងទទួលបានវាឬ?» តើអ្វីដែលអ្នកទទួលបាន នឹងស្របទៅតាមទំហំនៃបំណងប្រាថ្នានៅក្នុងចិត្តរបស់អ្នកដែរឬទេ? (មិនស្របទេ។) ពាក្យពោលនេះគឺជាទស្សនៈខុសទំនង។ និយាយឱ្យចំទៅ ភាពក្រអឺតក្រទមរបស់អស់អ្នកដែលជឿ និងទទួលស្គាល់ឃ្លាថា «មិនព្រមចុះចាញ់» គឺគ្មានព្រំដែនឡើយ។ តើរបៀបគិតរបស់មនុស្សទាំងនេះ ផ្ទុយស្រឡះពីព្រះបន្ទូលមួយណារបស់ព្រះជាម្ចាស់? ព្រះជាម្ចាស់តម្រូវឱ្យមនុស្សយល់ពីខ្លួនឯង ហើយប្រព្រឹត្តខ្លួនតាមរបៀបជាក់ស្ដែង។ មនុស្សមាននិស្ស័យពុករលួយ។ ពួកគេមានចំណុចខ្វះខាត និងមាននិស្ស័យដែលទាស់ទទឹងនឹងព្រះជាម្ចាស់។ គ្មានមនុស្សណាដែលគ្រប់លក្ខណ៍នៅក្នុងចំណោមមនុស្សឡើយ។ គ្មាននរណាម្នាក់គ្រប់លក្ខណ៍ទេ។ ពួកគេគ្រាន់តែជាមនុស្សធម្មតាប៉ុណ្ណោះ។ តើព្រះជាម្ចាស់បានទូន្មានមនុស្សឱ្យប្រព្រឹត្តខ្លួនតាមរបៀបណា? (តាមរបៀបត្រឹមត្រូវ។) គឺត្រូវប្រព្រឹត្តខ្លួនតាមរបៀបត្រឹមត្រូវ ហើយប្រកាន់ខ្ជាប់តួនាទីរបស់ខ្លួនជាភាវៈដែលព្រះបានបង្កើត តាមរបៀបជាក់ស្ដែង។ តើព្រះជាម្ចាស់ធ្លាប់តម្រូវឱ្យមនុស្សមិនព្រមចុះចាញ់ដែរឬទេ? (មិនធ្លាប់ទេ។) ទេពុំធ្លាប់ឡើយ។ ចុះតើព្រះជាម្ចាស់មានព្រះបន្ទូលយ៉ាងណាអំពីមនុស្សដែលដើរតាមផ្លូវខុស ឬបញ្ចេញឱ្យឃើញនិស្ស័យពុករលួយ? (ទ្រង់មានព្រះបន្ទូលឱ្យទទួលស្គាល់ និងទទួលយករឿងនោះ។) ត្រូវទទួលស្គាល់ និងទទួលយកវា បន្ទាប់មកយល់ពីវា អាចកែប្រែខ្លួនឯងបាន ហើយឈានដល់ការអនុវត្តសេចក្ដីពិត។ ផ្ទុយទៅវិញ ការមិនព្រមចុះចាញ់ គឺនៅពេលមនុស្សមិនយល់ពីបញ្ហារបស់ខ្លួនឯង មិនយល់ពីកំហុសរបស់ខ្លួន មិនទទួលយកកំហុសរបស់ខ្លួន មិនកែប្រែខ្លួនឯងទោះក្នុងករណីណាក៏ដោយ ហើយមិនប្រែចិត្តទោះក្នុងករណីណាក៏ដោយ កុំថាឡើយដល់ការទទួលយកអធិបតេយ្យភាព ឬការរៀបចំរបស់ព្រះជាម្ចាស់នោះ។ ពួកគេមិនត្រឹមតែមិនស្វែងរកថាតើវាសនារបស់មនុស្សជាអ្វីឱ្យពិតប្រាកដ ឬថាតើការចាត់ចែង និងការរៀបចំរបស់ព្រះជាម្ចាស់ជាអ្វីនោះទេ ពោលគឺពួកគេមិនត្រឹមតែមិនស្វែងរករឿងទាំងនេះប៉ុណ្ណោះទេ ប៉ុន្តែផ្ទុយទៅវិញ ពួកគេបែរជាក្ដោបក្ដាប់វាសនារបស់ពួកគេនៅក្នុងដៃខ្លួនឯង។ ពួកគេចង់ធ្វើជាអ្នកសម្រេចចុងក្រោយ។ លើសពីនេះ ព្រះជាម្ចាស់តម្រូវឱ្យមនុស្សយល់ពីខ្លួនឯង វាយតម្លៃ និងដាក់ពិន្ទុខ្លួនឯងឱ្យបានសុក្រឹត ហើយធ្វើអ្វីក៏ដោយដែលពួកគេអាចធ្វើបានល្អ តាមរបៀបជាក់ស្ដែង និងត្រឹមត្រូវ ព្រមទាំងអស់ពីចិត្ត ពីគំនិត និងពីព្រលឹងរបស់ពួកគេ ចំណែកឯសាតាំងវិញ ធ្វើឱ្យមនុស្សប្រើប្រាស់និស្ស័យក្រអឺតក្រទមរបស់ពួកគេឱ្យអស់លទ្ធភាព និងបណ្ដោយឱ្យនិស្ស័យក្រអឺតក្រទមរបស់ពួកគេធ្វើអ្វីតាមចិត្ត។ វាធ្វើឱ្យមនុស្សក្លាយជាកំពូលមនុស្ស ក្លាយជាមនុស្សអស្ចារ្យ ហើយថែមទាំងមានថាមពលអស្ចារ្យទៀតផង ពោលគឺវាធ្វើឱ្យមនុស្សក្លាយជាអ្វីដែលពួកគេមិនអាចក្លាយទៅជាបាន។ ហេតុដូច្នេះ តើទស្សនវិជ្ជារបស់សាតាំងគឺជាអ្វី? គឺថា ទោះបីជាអ្នកខុសក៏ដោយ ក៏អ្នកមិនខុសដែរ ហើយដរាបណាអ្នកមានផ្នត់គំនិតមិនព្រមទទួលស្គាល់បរាជ័យ ហើយថាដរាបណាអ្នកមានផ្នត់គំនិតមិនព្រមចុះចាញ់ មិនយូរមិនឆាប់ នឹងមានថ្ងៃមួយដែលអ្នកក្លាយជាមនុស្សឆ្នើម ហើយមិនយូរមិនឆាប់ នឹងមានថ្ងៃមួយដែលបំណងប្រាថ្នា និងគោលដៅរបស់អ្នកនឹងលេចចេញជារូបរាង។ ដូច្នេះ តើការមិនព្រមចុះចាញ់ មានន័យថាអ្នកនឹងប្រើគ្រប់មធ្យោបាយដើម្បីសម្រេចអ្វីមួយដែរឬទេ? ដើម្បីសម្រេចគោលដៅរបស់អ្នក អ្នកមិនត្រូវទទួលស្គាល់ថាអ្នកអាចបរាជ័យឡើយ អ្នកមិនត្រូវជឿថាអ្នកគឺជាមនុស្សធម្មតាឡើយ ហើយអ្នកមិនត្រូវជឿថាអ្នកអាចដើរតាមផ្លូវខុសឡើយ។ បន្ថែមពីលើនេះ អ្នកត្រូវតែប្រើវិធីសាស្ត្រ ឬល្បិចកលសម្ងាត់គ្រប់បែបយ៉ាងដោយគ្មានការអៀនខ្មាស ដើម្បីធ្វើឱ្យបំណងប្រាថ្នា និងមហិច្ឆតាដ៏ធំធេងរបស់អ្នកលេចចេញជារូបរាង។ តើមានចំណុចណាមួយអំពីការមិនព្រមចុះចាញ់ ដែលក្នុងនោះមនុស្សប្រឈមមុខនឹងវាសនារបស់ពួកគេដោយអាកប្បកិរិយារង់ចាំ និងចុះចូលដែរឬទេ? (គ្មានទេ។) ទេពុំមានឡើយ។ មនុស្សទទូចចង់ក្ដោបក្ដាប់វាសនារបស់ពួកគេនៅក្នុងដៃខ្លួនឯងទាំងស្រុង។ ពួកគេចង់គ្រប់គ្រងវាសនារបស់ពួកគេផ្ទាល់។ មិនថាពួកគេនឹងដើរទៅផ្លូវណា ថាតើពួកគេនឹងទទួលបានព្រះពរឬអត់ ឬនឹងមានបែបបទជីវិតយ៉ាងណានោះទេ ពួកគេត្រូវតែជាអ្នកសម្រេចចុងក្រោយលើអ្វីៗទាំងអស់។ ពួកអ្នកគ្មានជំនឿមានពាក្យពោលមួយឃ្លាថា៖ «ឱកាសតែងតែផ្ដល់ឱ្យអ្នកដែលបានត្រៀមខ្លួនរួចរាល់»។ តើនេះជាពាក្យសម្ដីប្រភេទណាទៅ? មានមនុស្សជាច្រើនដែលចំណាយពេលជាច្រើនឆ្នាំ ឬចំណាយពេលពេញមួយជីវិតរបស់ពួកគេដើម្បីត្រៀមខ្លួន ប៉ុន្តែស្លាប់ទៅវិញដោយមិនដែលទទួលបានឱកាសសោះ។ តើឱកាសកើតមានឡើងដោយរបៀបណា? (មកពីព្រះជាម្ចាស់។) ប្រសិនបើព្រះជាម្ចាស់មិនរៀបចំឱកាសសម្រាប់អ្នកទេ ទោះបីជាការត្រៀមខ្លួនរបស់អ្នកច្រើនប៉ុនណាក៏ដោយ តើមានប្រយោជន៍ដែរឬទេ? (គ្មានប្រយោជន៍ទេ។) ប្រសិនបើព្រះជាម្ចាស់មិនមានគម្រោងប្រទានឱកាសឱ្យអ្នក ហើយវាមិនមែនជាវាសនាទេ មិនថាអ្នកចំណាយពេលប៉ុន្មានឆ្នាំដើម្បីត្រៀមខ្លួនក៏ដោយ តើវាមានប្រយោជន៍អ្វីទៅ? តើព្រះជាម្ចាស់នឹងអាណិតអាសូរអ្នក ហើយប្រទានឱកាសឱ្យអ្នក ដោយសារតែអ្នកបានចំណាយពេលជាច្រើនឆ្នាំដើម្បីត្រៀមខ្លួនដែរឬទេ? តើព្រះជាម្ចាស់នឹងធ្វើបែបនេះដែរឬទេ? (អត់ទេ។) ឱកាសនឹងមកដល់ ប្រសិនបើព្រះជាម្ចាស់បានរៀបចំវាសម្រាប់អ្នក ហើយប្រសិនបើព្រះជាម្ចាស់មិនបានរៀបចំវាសម្រាប់អ្នកទេ អ្នកនឹងមិនទទួលបានឱកាសឡើយ។ តើការមិនព្រមចុះចាញ់ មានប្រយោជន៍អ្វីដែរឬទេ? (គ្មានប្រយោជន៍ទេ។) មនុស្សមួយចំនួននិយាយថា៖ «ខ្ញុំមិនព្រមចុះចាញ់ឡើយ។ ខ្ញុំក្ដោបក្ដាប់វាសនារបស់ខ្ញុំនៅក្នុងដៃខ្លួនឯង!» ពាក្យសម្ដីរបស់ពួកគេគឺខ្លាំងក្លាណាស់ ប៉ុន្តែថាតើពួកគេអាចសម្រេចវាបានឬអត់នោះ គឺមិនអាស្រ័យលើពួកគេឡើយ។ ឧទាហរណ៍៖ មានស្ត្រីម្នាក់ដែលចង់បានកូនប្រុស។ គាត់បង្កើតបានកូនជាច្រើន ប៉ុន្តែចុងក្រោយសុទ្ធតែជាកូនស្រី។ អ្នកដទៃប្រាប់គាត់កុំឱ្យយកកូនទៀត ហើយនិយាយថាគាត់គ្មានវាសនាមានកូនប្រុសទេ ប៉ុន្តែគាត់មិនព្រមចុះញ៉មឡើយ ហើយនិយាយថា៖ «ខ្ញុំមិនជឿទេ។ ខ្ញុំនឹងមិនព្រមចុះចាញ់ឡើយ!» នៅពេលកូនទីដប់របស់គាត់ក៏ជាកូនស្រីដែរនោះ ទីបំផុតគាត់ក៏ព្រមចុះញ៉មថា៖ «មើលទៅ ខ្ញុំហាក់ដូចជាគ្មានវាសនាមានកូនប្រុសឡើយ»។ តើគាត់នៅតែមិនព្រមចុះចាញ់ទៀតឬទេ? តើគាត់នៅតែមានទំនុកចិត្តទៀតឬទេ? តើគាត់នៅតែហ៊ានយកកូនថែមទៀតឬទេ? អត់ទេ គាត់មិនហ៊ានឡើយ។ នៅពេលមនុស្សណាម្នាក់ធ្វើអាជីវកម្ម បុគ្គលនោះមានគម្រោងរកប្រាក់ឱ្យបានប្រាំសែនដុល្លារក្នុងរយៈពេលពីរឆ្នាំ។ នៅដើមដំបូង នៅពេលគាត់រកប្រាក់មិនបានសោះក្នុងរយៈពេលកន្លះឆ្នាំដំបូង គាត់និយាយថា៖ «មិនអីទេ។ ការរកប្រាក់មិនបានក្នុងកន្លះឆ្នាំដំបូង មិនមែនជាបញ្ហាឡើយ។ ខ្ញុំប្រាកដជានឹងរកប្រាក់បាននៅកន្លះឆ្នាំបន្ទាប់មិនខាន»។ បន្ទាប់ពីរយៈពេលជាងមួយឆ្នាំបានកន្លងផុតទៅ ហើយគាត់មិនទាន់រកប្រាក់បាន គាត់នៅតែមិនព្រមចុះចាញ់៖ «ខ្ញុំមិនព្រមចុះចាញ់ឡើយ។ ខ្ញុំជឿថាអ្វីៗទាំងអស់គឺស្ថិតនៅក្នុងដៃមនុស្ស ខ្ញុំមានឱកាសច្រើនណាស់!» នៅពេលដែលរយៈពេលពីរឆ្នាំបានកន្លងផុតទៅ គាត់រកប្រាក់មិនបានប្រាំម៉ឺនផង កុំថាឡើយដល់ប្រាំសែននោះ។ គាត់គិតថាគាត់មិនមានពេលគ្រប់គ្រាន់ និងមិនមានបទពិសោធគ្រប់គ្រាន់ ដូច្នេះគាត់ក៏ទៅរៀនបន្ថែមរយៈពេលពីរឆ្នាំទៀត។ បន្ទាប់ពីបួនឆ្នាំបានកន្លងផុតទៅ គាត់មិនត្រឹមតែរកប្រាក់មិនបានប្រាំសែនដុល្លារប៉ុណ្ណោះទេ ប៉ុន្តែគាត់ថែមទាំងខាតបង់ប្រាក់ដើមស្ទើរតែទាំងអស់ទៀតផង ប៉ុន្តែគាត់នៅតែមិនព្រមចុះចាញ់ឡើយ៖ «ខ្ញុំមានវាសនាមានលុយ។ តើខ្ញុំម្ដេចនឹងមិនអាចរកប្រាក់បានប្រាំសែនដុល្លារទៅ?» នៅពេលរយៈពេលជិតដប់ឆ្នាំបានកន្លងផុតទៅ តើគាត់នឹងនៅតែមានគោលដៅរកប្រាក់ឱ្យបានប្រាំសែនដុល្លារនេះទៀតឬទេ? ប្រសិនបើអ្នកសួរគាត់ម្ដងទៀតថា តើឆ្នាំនេះគាត់មានគម្រោងរកប្រាក់ឱ្យបានប៉ុន្មាន គាត់និយាយថា៖ «អូ ឱ្យតែអាចចិញ្ចឹមជីវិតរស់ គឺគ្រប់គ្រាន់ហើយ»។ តើគាត់នៅតែមិនព្រមចុះចាញ់ទៀតឬទេ? គាត់បានបរាជ័យហើយ តើមែនទេ? តើគាត់បរាជ័យដោយរបៀបណា? តើគាត់បរាជ័យដោយសារតែគោលដៅរកប្រាក់ចំណូលរបស់គាត់ខ្ពស់ពេកឬ? តើវាជារឿងបែបនេះឬ? មិនមែនទេ។ មិនថាជាទ្រព្យសម្បត្តិរបស់មនុស្ស កូនចៅ ទុក្ខលំបាកដែលពួកគេទទួលរងនៅក្នុងជីវិតរបស់ខ្លួន ឬពេលវេលា និងទីកន្លែងដែលពួកគេទៅនោះទេ ពួកគេមិនអាចសម្រេចលើរឿងណាមួយបានឡើយ។ មនុស្សមួយចំនួនចង់ចូលធ្វើការក្នុងរដ្ឋបាលសាធារណៈ ប៉ុន្តែពួកគេមិនដែលទទួលបានឱកាសសោះ តើនេះមកពីការខ្វះសមត្ថភាពឬ? ពួកគេមានសមត្ថភាព មានល្បិចកិច្ចកល និងចេះបញ្ចើចបញ្ចើអ្នកដទៃ ចុះហេតុអ្វីបានជាពួកគេពិបាកក្លាយជាមន្ត្រីរាជការម្ល៉េះ? មានមនុស្សជាច្រើនដែលមិនសូវមានសមត្ថភាពដូចពួកគេ បានក្លាយជាមន្ត្រី ហើយមនុស្សជាច្រើនដែលពួកគេមើលងាយ ក៏បានក្លាយជាមន្ត្រីដែរ។ មនុស្សទាំងនេះពូកែនិយាយ មានទេពកោសល្យពិតប្រាកដ និងមានការអប់រំខ្ពង់ខ្ពស់ ដូច្នេះប្រសិនបើពួកគេចង់ក្លាយជាមន្ត្រីរាជការ ហេតុអ្វីបានជាវាពិបាកម្ល៉េះ? ពេលពួកគេនៅក្មេង ពួកគេមិនព្រមចុះចាញ់ឡើយ ប៉ុន្តែពេលពួកគេចាស់ទៅ ហើយនៅត្រឹមតែជាស្មៀនធម្មតាទៀត ទីបំផុតពួកគេក៏ព្រមចុះចាញ់ ហើយនិយាយថា៖ «វាសនាមនុស្សគឺស្ថានសួគ៌ជាអ្នកកំណត់។ បើមានវាសនា វានឹងមកដល់។ បើគ្មានវាសនាទេ នោះមិនអាចទទួលបានដោយការខិតខំប្រឹងប្រែងឡើយ»។ ពួកគេបានចុះចាញ់នឹងវាសនារបស់ខ្លួនហើយ តើមែនទេ? តើមានអ្វីកើតឡើងចំពោះផ្នត់គំនិតមិនព្រមចុះចាញ់របស់ពួកគេនោះ? មនុស្សត្រូវរងភាពអាម៉ាស់នៅចំពោះមុខការពិត។
តើផ្នត់គំនិតមិនព្រមចុះចាញ់ នាំអ្វីខ្លះមកឱ្យមនុស្ស? វាបំប៉នបំណងប្រាថ្នា និងមហិច្ឆតារបស់ពួកគេ។ អ្វីដែលវានាំមកឱ្យមនុស្ស មិនមែនជាឥទ្ធិពល ឬការណែនាំជាវិជ្ជមាននោះទេ ផ្ទុយទៅវិញ វានាំមកនូវឥទ្ធិពលអវិជ្ជមាន និងអាក្រក់ដល់ពួកគេ។ មនុស្សខ្លួនឯងមិនប្រមាណខ្លួនឡើយ មិនដឹងអ្វីសោះពីវាសនាដែលស្ថានសួគ៌បានរៀបចំសម្រាប់ពួកគេ ហើយក៏មិនដឹងអ្វីសោះពីអធិបតេយ្យភាព ឬការរៀបចំរបស់ព្រះជាម្ចាស់ដែរ។ លើសពីនេះទៅទៀត ពួកគេទទួលបានអ្វីដែលហៅថាបង្អែកផ្លូវចិត្តនេះ។ តើទីបំផុតមានអ្វីកើតឡើង នៅពេលមនុស្សស្ថិតក្នុងស្ថានភាពមួយដែលពួកគេអាចត្រឹមតែត្រូវបានបំភាន់នោះ? ពួកគេធ្វើកិច្ចការជាច្រើនដោយឥតប្រយោជន៍ និងធ្វើកិច្ចការដែលគ្មានបានការជាច្រើន។ ដើម្បីសម្រេចគោលដៅរបស់ខ្លួន ម្យ៉ាងគឺថារាងកាយ និងចិត្តគំនិតរបស់មនុស្សរងការខាតបង់ និងការប៉ះទង្គិចផ្លូវចិត្តមិនតិចនោះទេ ហើយពួកគេក៏ប្រាកដជាបានធ្វើសេចក្ដីអាក្រក់ជាច្រើនផងដែរ ដើម្បីសម្រេចបាននូវបំណងប្រាថ្នា មហិច្ឆតាដ៏ធំធេង និងគោលដៅរបស់ពួកគេ។ តើសេចក្ដីអាក្រក់នេះនឹងនាំផលវិបាកអ្វីដល់មនុស្សនៅជាតិក្រោយរបស់ពួកគេ? វានឹងនាំមកត្រឹមតែការដាក់ទោសប៉ុណ្ណោះ។ អ្វីដែលនិស្ស័យពុករលួយនាំមកឱ្យមនុស្ស គឺបំណងប្រាថ្នា និងមហិច្ឆតាដ៏ធំធេង។ ក្នុងចំណោមរឿងដែលបំណងប្រាថ្នា និងមហិច្ឆតាដ៏ធំធេងរបស់មនុស្សធ្វើឱ្យពួកគេប្រព្រឹត្ត តើមានរឿងណាមួយដែលត្រឹមត្រូវដែរឬទេ? តើមានរឿងណាមួយដែលស្របតាមសេចក្ដីពិតដែរឬទេ? (គ្មានទេ។) តើរឿងទាំងនេះជាអ្វីទៅ? ពួកវាគ្រាន់តែជាអំពើអាក្រក់ប៉ុណ្ណោះ។ តើអំពើអាក្រក់នេះរួមបញ្ចូលអ្វីខ្លះ? គឺការប្រើល្បិចលើអ្នកដទៃ ការបោកប្រាស់អ្នកដទៃ ការធ្វើបាបអ្នកដទៃ និងការបញ្ឆោតអ្នកដទៃ។ នៅទីបំផុត មនុស្សជំពាក់អ្នកដទៃច្រើនពេក ហើយអាចនឹងចាប់ជាតិជាសត្វនៅជាតិក្រោយរបស់ពួកគេ។ អ្នកណាក៏ដោយដែលពួកគេជំពាក់ច្រើនបំផុត អ្នកណាក៏ដោយដែលពួកគេបញ្ឆោតច្រើនបំផុត ហើយអ្នកណាក៏ដោយដែលពួកគេបោកប្រាស់ច្រើនបំផុត នោះពួកគេនឹងទៅរស់នៅក្នុងផ្ទះរបស់អ្នកនោះក្នុងនាមជាសត្វមួយក្បាល ដែលមិនអាចនិយាយបាន និងត្រូវបានមនុស្សបញ្ជាឱ្យធ្វើនេះធ្វើនោះ។ ទោះបីជាពួកគេចាប់ជាតិជាមនុស្សក៏ដោយ ក៏ពួកគេនឹងរងទុក្ខវេទនាក្នុងជីវិតដែលពោរពេញដោយទុក្ខលំបាកគ្មានទីបញ្ចប់ដែរ។ ពួកគេត្រូវតែតបស្នងចំពោះអ្វីដែលពួកគេបានធ្វើ។ នេះគឺជាផលវិបាកដ៏អាក្រក់ដែលនឹងកើតឡើង។ ប្រសិនបើពួកគេមិនត្រូវបានដឹកមុខដោយឃ្លាថា «មិនព្រមចុះចាញ់» ទេនោះ មហិច្ឆតា និងបំណងប្រាថ្នារបស់ពួកគេនឹងមិនត្រូវបានបំប៉នឡើយ ហើយប្រសិនបើមហិច្ឆតា និងបំណងប្រាថ្នារបស់ពួកគេមិនលេចចេញជារូបរាងក្នុងរយៈពេលពីរឬបីឆ្នាំទេ មនុស្សប្រហែលជានឹងបោះបង់ពួកវាចោល ប៉ុន្តែនៅពេលសាតាំងបញ្ឆេះភ្លើងភ្លាម បំណងប្រាថ្នារបស់ពួកគេកាន់តែរីកធំឡើងៗ។ ភាពរីកធំឡើងនេះផ្ទាល់មិនមែនជាបញ្ហាទេ ប៉ុន្តែវាធ្វើឱ្យពួកគេឈានជើងចូលទៅក្នុងផ្លូវទុច្ចរិត។ នៅពេលនរណាម្នាក់ស្ថិតនៅលើផ្លូវទុច្ចរិត តើគេអាចធ្វើរឿងល្អបានដែរឬទេ? តើគេអាចធ្វើរឿងដែលមានមនុស្សធម៌បានដែរឬទេ? អត់ទេ គេមិនអាចធ្វើបានឡើយ។ គេនឹងប្រើគ្រប់មធ្យោបាយដើម្បីសម្រេចគោលបំណង និងគោលដៅរបស់ខ្លួន ស្បថថានឹងមិនព្រមឈប់ឡើយរហូតទាល់តែគោលដៅរបស់គេបានសម្រេច ហើយអាចធ្វើរឿងអាក្រក់គ្រប់បែបយ៉ាង។ មើលចុះ តើមានករណីដែលកូនសម្លាប់ឪពុកម្ដាយដើម្បីទទួលបានទ្រព្យសម្បត្តិរបស់ពួកគេដែរឬទេ? (មាន។) មានករណីច្រើនរាប់មិនអស់ ដែលមនុស្សសម្លាប់មិត្តភក្ដិ និងមនុស្សជាទីស្រឡាញ់ដោយផ្ទាល់ដៃ ដើម្បីតែផលប្រយោជន៍ផ្ទាល់ខ្លួន។ នៅពេលមនុស្សពីរនាក់ជួបប្រទះនឹងឱកាសដ៏មានអត្ថប្រយោជន៍ដូចគ្នា ហើយត្រូវតតាំងគ្នាដើម្បីទទួលបានឱកាសនោះ ពួកគេប្រើគ្រប់មធ្យោបាយដែលពួកគេអាចធ្វើបានដើម្បីទទួលបានវា។ តើពួកគេមានជំនឿអ្វីនៅគ្រាដ៏សំខាន់បំផុតនោះ? «ខ្ញុំមិនព្រមចុះចាញ់ឡើយ។ លើកនេះ ខ្ញុំដាច់ខាតមិនអាចបរាជ័យបានទេ។ ប្រសិនបើខ្ញុំខកខានឱកាសនេះ ខ្ញុំប្រហែលជាមិនអាចជួបប្រទះឱកាសដ៏ល្អបែបនេះម្ដងទៀតទេអស់មួយជីវិត។ ដូច្នេះ លើកនេះខ្ញុំត្រូវតែឈ្នះ។ ខ្ញុំដាច់ខាតត្រូវតែទទួលបានឱកាសនេះ។ មិនថាអ្នកណារារាំងផ្លូវខ្ញុំក៏ដោយ ខ្ញុំនឹងសម្លាប់អ្នកនោះចោលដោយគ្មានការលើកលែងឡើយ!» តើនៅទីបំផុតមានអ្វីកើតឡើង? ពួកគេសម្លាប់អ្នកម្ខាងទៀតនោះ។ ពួកគេប្រហែលជាបានសម្រេច និងបំពេញគោលដៅ ព្រមទាំងបំណងប្រាថ្នារបស់ពួកគេហើយ ប៉ុន្តែពួកគេក៏បានធ្វើសេចក្ដីអាក្រក់ដែរ ហើយវាបានបង្កជាមហន្តរាយ។ ចិត្តរបស់ពួកគេប្រហែលជាមិនស្ងប់អស់មួយជីវិត វាប្រហែលជាមានអារម្មណ៍ថាមានកំហុស ឬវាប្រហែលជាមិនដឹងខ្លួនទាល់តែសោះ។ ទោះជាយ៉ាងណាក៏ដោយ ការពិតដែលថាពួកគេមិនដឹងខ្លួនទាល់តែសោះនោះ មិនមែនមានន័យថាព្រះជាម្ចាស់មិនបានកំណត់រឿងនេះឡើយ។ ព្រះជាម្ចាស់មានវិធីចាត់ការរឿងនេះ។ បុគ្គលនេះប្រហែលជាបានសម្រេចគោលដៅរបស់ខ្លួននៅក្នុងជាតិនេះ គេប្រហែលជាធ្វើវាបានសម្រេច ប៉ុន្តែនៅជាតិក្រោយ គេនឹងត្រូវលះបង់តម្លៃតបស្នងយ៉ាងធ្ងន់ធ្ងរចំពោះអ្វីដែលគេបានធ្វើនៅក្នុងជាតិនេះ ដែលប្រហែលជាអំពើអាក្រក់មួយ។ គេប្រហែលជាត្រូវតបស្នងចំពោះរឿងនេះក្នុងមួយជាតិ ឬពីរជាតិ បីជាតិ ឬសូម្បីតែអស់កល្បជានិច្ច។ តម្លៃនេះគឺពិតជាធ្ងន់ធ្ងរពេកហើយ! ដូច្នេះ តើផលវិបាកនេះកើតឡើងដោយរបៀបណា? វាត្រូវបាននាំមកដោយពាក្យមួយឃ្លា ដោយជំនឿតែមួយប៉ុណ្ណោះ។ បុគ្គលនេះចង់ទទួលបានឱកាសនោះ។ គេមិនព្រមទទួលស្គាល់បរាជ័យ គេមិនបោះបង់ ហើយគេមិនអនុញ្ញាតឱ្យខ្លួនឯងបរាជ័យឡើយ។ គេចង់ក្ដោបក្ដាប់ឱកាសនោះឱ្យជាប់។ ជាលទ្ធផល វាបង្កជាមហន្តរាយ។ បន្ទាប់ពីមហន្តរាយត្រូវបានបង្កកើតឡើង រយៈពេលមួយឆ្នាំឬពីរឆ្នាំនឹងមិនគ្រប់គ្រាន់ដើម្បីតបស្នង និងប៉ះប៉ូវចំពោះផលវិបាកទាំងនោះឡើយ។ តើតម្លៃនេះមិនថ្លៃពេកទេឬ? ជីវិតរបស់មនុស្សមានរយៈពេលប៉ែតសិបទៅកៅសិបឆ្នាំ ហើយអ្នកដែលអាយុខ្លីគឺហាសិបទៅហុកសិបឆ្នាំ។ មិនថាអ្នកទទួលបានផលប្រយោជន៍ផ្ទាល់ខ្លួន ឋានៈ លុយកាក់ ឬរបស់ខាងសម្ភារៈផ្សេងៗទៀតនោះទេ ក៏អ្នកនឹងសោយសុខនឹងរបស់ទាំងនេះដោយដឹងខ្លួនបានរយៈពេលតែម្ភៃឬសាមសិបឆ្នាំប៉ុណ្ណោះ។ ក៏ប៉ុន្តែ សម្រាប់ការសោយសុខម្ភៃឬសាមសិបឆ្នាំនេះ អ្នកប្រហែលជាត្រូវលះបង់តម្លៃតបស្នងនៅក្នុងគ្រប់ជាតិរបស់អ្នក តបស្នងអស់កល្បជានិច្ច។ តើតម្លៃនេះមិនថ្លៃពេកទេឬ? (ថ្លៃពេកហើយ។) មនុស្សដែលមិនជឿលើព្រះជាម្ចាស់ មិនយល់ពីសេចក្ដីពិតឡើយ ហើយពួកគេក៏មិនដឹងថាព្រះជាម្ចាស់មានអធិបតេយ្យភាពលើរបស់សព្វសារពើទាំងអស់នេះដែរ។ ដូច្នេះ ពួកគេអាចធ្វើរឿងល្ងង់ខ្លៅដើម្បីតែបំណងប្រាថ្នាដ៏អាត្មានិយមរបស់ពួកគេ ជាបំណងប្រាថ្នាដ៏ងងឹតងងល់មួយភ្លែតដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួន ក្រោមការត្រួតត្រានៃសញ្ញាណមួយចំនួន ឬតក្កវិជ្ជាបែបសាតាំង ដែលបន្សល់ទុកឱ្យពួកគេនូវការស្ដាយក្រោយអស់កល្បជានិច្ច។ ពាក្យថា «អស់កល្បជានិច្ច» មិនមែនមានន័យថាម្ភៃឬសាមសិបឆ្នាំនៅក្នុងជាតិនេះទេ ប៉ុន្តែគឺមានន័យថា ពួកគេត្រូវតែរងទុក្ខនៅក្នុងគ្រប់ជាតិទាំងអស់ រួមទាំងជាតិនេះផងដែរ។ មនុស្សដែលមិនជឿលើព្រះជាម្ចាស់ នឹងមិនយល់ពីរឿងទាំងនេះឡើយ ហើយប្រសិនបើមនុស្សដែលជឿលើព្រះជាម្ចាស់មិនយល់ពីសេចក្ដីពិត ឬមិនស្គាល់ព្រះជាម្ចាស់ទេ ពួកគេក៏នឹងមិនយល់ពីរឿងទាំងនេះដែរ។ មនុស្សមួយចំនួនមិនធ្វើរឿងដែលជាសេចក្ដីអាក្រក់យ៉ាងច្បាស់ក្រឡែតនោះទេ។ នៅពេលអ្នកមើលពួកគេពីសំបកក្រៅ ពួកគេមិនសម្លាប់មនុស្ស ឬដុតបំផ្លាញអ្វីឡើយ ហើយក៏មិនរៀបអន្ទាក់ដាក់អ្នកដទៃដោយចំហដែរ ប៉ុន្តែពួកគេមានល្បិចកលសម្ងាត់ជាច្រើន។ នៅក្នុងព្រះនេត្ររបស់ព្រះជាម្ចាស់ ចរិតលក្ខណៈនៃសេចក្ដីអាក្រក់នេះ និងសេចក្ដីអាក្រក់យ៉ាងច្បាស់ក្រឡែតនោះ គឺដូចគ្នា។ តើខ្ញុំមានន័យយ៉ាងណាដែលថារឿងទាំងពីរនេះមានចរិតលក្ខណៈដូចគ្នា? ខ្ញុំមានន័យថា ពីទស្សនៈរបស់ព្រះជាម្ចាស់ គោលការណ៍ដែលទ្រង់ប្រើដើម្បីថ្កោលទោសរឿងបែបនេះ គឺដូចគ្នា។ ទ្រង់ប្រើវិធីសាស្ត្រដូចគ្នា និងសេចក្ដីពិតដូចគ្នាដើម្បីថ្កោលទោសរឿងទាំងនោះ។ រឿងទាំងអស់នេះដែលមនុស្សទាំងនោះបានធ្វើ ត្រូវបានព្រះជាម្ចាស់ថ្កោលទោស មិនថាពួកគេមានការជំរុញចិត្តអ្វីក្នុងការធ្វើរឿងទាំងនោះឡើយ ហើយមិនថាពួកគេបានធ្វើរឿងទាំងនោះនៅក្នុងដំណាក់របស់ព្រះជាម្ចាស់ ឬនៅខាងក្រៅក្នុងលោកីយ៍នោះទេ។ ប្រសិនបើអ្នកជឿលើព្រះជាម្ចាស់ ប៉ុន្តែនៅតែធ្វើរឿងទាំងនេះ តើលទ្ធផលដែលព្រះជាម្ចាស់ប្រទានឱ្យអ្នកនៅទីបញ្ចប់ នឹងមានអ្វីខុសប្លែកពីពួកអ្នកគ្មានជំនឿដែរឬទេ? ចូរប្រាប់ខ្ញុំមកមើល៍ តើព្រះជាម្ចាស់នឹងអត់ឱនឱ្យអ្នក ហើយផ្លាស់ប្ដូរនិស្ស័យសុចរិតរបស់ទ្រង់ ដោយសារតែការពិតដែលថាអ្នកបានជឿលើទ្រង់អស់ជាច្រើនឆ្នាំ ហើយបានបម្រើការសម្រាប់ពួកជំនុំអស់រយៈពេលពីរបីឆ្នាំដែរឬទេ? តើអ្នករាល់គ្នាគិតថារឿងនេះអាចទៅរួចដែរឬទេ? វាមិនអាចទៅរួចជាដាច់ខាត។ តើខ្ញុំមានន័យយ៉ាងណានៅពេលខ្ញុំនិយាយបែបនេះ? ប្រសិនបើអ្នកមិនយល់ពីសេចក្ដីពិតទេ សេចក្ដីអាក្រក់ដែលអ្នកធ្វើគឺអាក្រក់ ហើយនៅពេលអ្នកយល់ពីសេចក្ដីពិត សេចក្ដីអាក្រក់ដែលអ្នកធ្វើ ក៏នៅតែអាក្រក់ដដែល។ ពីទស្សនៈរបស់ព្រះជាម្ចាស់ វាសុទ្ធតែជាសេចក្ដីអាក្រក់ទាំងអស់។ សេចក្ដីអាក្រក់ទាំងពីរប្រភេទនេះគឺស្មើគ្នា។ គ្មានភាពខុសគ្នារវាងសេចក្ដីទាំងពីរនេះឡើយ។ ដរាបណារឿងអ្វីមួយមិនស្របតាមសេចក្ដីពិត នោះវាគឺជាសេចក្ដីអាក្រក់ហើយ។ ពីទស្សនៈរបស់ព្រះជាម្ចាស់ គ្មានភាពខុសគ្នានៃចរិតលក្ខណៈរវាងសេចក្ដីទាំងពីរនេះឡើយ។ ដោយសារពួកវាសុទ្ធតែអាក្រក់ មនុស្សត្រូវតែតបស្នងចំពោះសេចក្ដីអាក្រក់ដែលពួកគេបានធ្វើក្នុងករណីទាំងពីរនេះ ពួកគេត្រូវតែលះបង់។ នេះជានិស្ស័យសុចរិតរបស់ព្រះជាម្ចាស់។ មិនថាអ្នកសង្ស័យ ឬក៏ជឿវានោះទេ ក៏នេះគឺជាអ្វីដែលព្រះជាម្ចាស់ធ្វើ ហើយនេះជារបៀបដែលទ្រង់កំណត់រឿងរ៉ាវ។ តើខ្ញុំនិយាយបែបនេះមានន័យយ៉ាងណា? ខ្ញុំចង់ប្រាប់អ្នករាល់គ្នានូវការពិតមួយគឺ អ្នកមិនគួរសន្មតថា៖ «ព្រះជាម្ចាស់បានរើសតាំងខ្ញុំ ដូច្នេះខ្ញុំទទួលបានការសព្វព្រះហឫទ័យពីទ្រង់ហើយ។ ខ្ញុំយល់ពីសេចក្ដីពិតជាច្រើន។ ប្រសិនបើខ្ញុំធ្វើសេចក្ដីអាក្រក់បន្តិចបន្តួច ព្រះជាម្ចាស់នឹងមិនកំណត់លក្ខណៈវាបែបនេះ ឬថ្កោលទោសវាឡើយ។ ខ្ញុំអាចធ្វើអ្វីតាមចិត្តបាន។ ខ្ញុំអាចប្រព្រឹត្តសេចក្ដីអាក្រក់ដែលខ្ញុំកំពុងធ្វើ ក្រោមលេសថារងទុក្ខលំបាកដើម្បីអនុវត្តសេចក្ដីពិត។ ពេលនោះ ព្រះជាម្ចាស់នឹងមិនថ្កោលទោសវាទេ តើមែនទេ?» អ្នកខុសហើយ។ គោលការណ៍របស់ព្រះជាម្ចាស់សម្រាប់ការថ្កោលទោសសេចក្ដីអាក្រក់ គឺដូចគ្នា។ វាមិនសំខាន់ទេថាសេចក្ដីអាក្រក់នោះកើតឡើងនៅក្នុងកាលៈទេសៈណា ឬកើតឡើងនៅក្នុងក្រុមមនុស្សណាមួយនោះ។ ព្រះជាម្ចាស់មិនបែងចែករវាងពូជសាសន៍ផ្សេងៗគ្នាឡើយ ហើយក៏មិនបែងចែករវាងអស់អ្នកដែលទ្រង់បានរើសតាំង និងអស់អ្នកដែលទ្រង់មិនបានរើសតាំងនោះដែរ។ មិនថាគេជាអ្នកគ្មានជំនឿ ឬជាអ្នកជឿនោះទេ ក៏ព្រះជាម្ចាស់ទតមើលគេក្នុងលក្ខណៈដូចគ្នា។ តើអ្នករាល់គ្នាយល់ដែរទេ? (យល់ហើយ។)
«មិនព្រមចុះចាញ់» គឺជារឿងដែលមនុស្សនិយាយនៅពេលពួកគេត្រូវបានដឹកនាំដោយនិស្ស័យបែបសាតាំង ហើយវាគឺជាផ្នត់គំនិតដែលពិភពលោកបែបសាតាំងគាំទ្រ។ តើយើងចាត់ទុកផ្នត់គំនិតនេះជាអ្វី? (ជាជំងឺផ្លូវចិត្ត។) វាគឺជារបៀបនៃការគិត និងជាគោលការណ៍ដែលមនុស្សមានសម្រាប់ការរស់នៅ និងការធ្វើរឿងរ៉ាវ ដែលត្រូវបានគាំទ្រដោយមនុស្សមានជំងឺផ្លូវចិត្ត។ វាញុះញង់ និងជំរុញមនុស្សឱ្យប្រើគ្រប់មធ្យោបាយដែលអាចធ្វើទៅបាន ដើម្បីបំពេញបំណងប្រាថ្នា និងមហិច្ឆតាដ៏ធំធេងផ្ទាល់ខ្លួនរបស់ពួកគេ មិនដែលបាក់ទឹកចិត្តឡើយទោះបីជាស្ថិតក្នុងស្ថានភាពណាក៏ដោយ ដេញតាមរឿងនានាស្របតាមគោលការណ៍ «ប្រកាន់ជំហររបស់អ្នកឱ្យជាប់ ហើយកុំលែងឱ្យសោះ» ហើយមិនវិភាគថាតើបំណងប្រាថ្នា និងមហិច្ឆតាដ៏ធំធេងរបស់ពួកគេត្រឹមត្រូវឬអត់នោះទេ។ ដរាបណាពួកគេមានផ្នត់គំនិតនេះ វាស័ក្ដិសមនឹងទទួលបានការលើកតម្កើងហើយ។ ប្រសិនបើមនុស្សម្នាក់បានស្រាវជ្រាវអ្វីមួយដែលមានប្រយោជន៍ដល់មនុស្សជាតិ មិនព្រមចុះចាញ់ មិនបាក់ទឹកចិត្តដោយសារបរាជ័យ បន្តអភិវឌ្ឍក្នុងទិសដៅវិជ្ជមាន ហើយបន្តស្រាវជ្រាវដើម្បីឱ្យមនុស្សអាចរស់នៅបានកាន់តែប្រសើរនាពេលអនាគត នោះរឿងនេះអាចជារឿងដែលគួរឱ្យកោតសរសើរខ្លះដែរ។ ក៏ប៉ុន្តែ តើនេះជាគោលដៅដែលមនុស្សជាតិដេញតាមនៅក្នុងលោកីយ៍នេះឬ? តើមានអ្នកណាដែលធ្វើរឿងបែបនេះដោយមិនអាត្មានិយម ដើម្បីសេចក្ដីល្អរបស់មនុស្សជាតិដែរឬទេ? គឺគ្មានឡើយ។ ទោះបីជាមានមនុស្សមួយចំនួនដែលពីសំបកក្រៅ ធ្វើរឿងនានាក្រោមស្លាកនៃការធ្វើល្អដើម្បីមនុស្សជាតិក៏ដោយ ក៏នៅពីក្រោយរឿងនោះ ពួកគេកំពុងធ្វើវាដើម្បីកេរ្តិ៍ឈ្មោះ និងសមិទ្ធផលវិជ្ជាជីវៈផ្ទាល់ខ្លួនរបស់ពួកគេដែរ ដើម្បីឱ្យឈ្មោះរបស់ពួកគេត្រូវបានកត់ត្រាទុកក្នុងប្រវត្តិសាស្ត្រ។ ទាំងនេះគឺជាគោលដៅរបស់ពួកគេ ហើយគ្មានគោលដៅណាមួយក្នុងចំណោមគោលដៅទាំងនេះជារឿងត្រឹមត្រូវឡើយ។ ក្រៅពីរឿងទាំងនេះ តើផ្នត់គំនិតមិនព្រមចុះចាញ់ ដឹកនាំមនុស្សឱ្យធ្វើអ្វីខ្លះ? ជាដំបូង ផ្នត់គំនិតមិនព្រមចុះចាញ់ ប្រជែងនឹងដែនកំណត់ និងសភាវគតិរបស់មនុស្ស។ ឧទាហរណ៍៖ នៅលើទីលានកីឡា មនុស្សម្នាក់លោតត្រឡប់ខ្លួនបីដងជាប់គ្នា ហើយបេះដូងរបស់គាត់មិនអាចទ្រាំបានទៀត រួចគាត់ក៏និយាយថា៖ «ខ្ញុំមិនព្រមចុះចាញ់ឡើយ។ ខ្ញុំត្រូវតែប្រជែងនឹងដែនកំណត់របស់ខ្ញុំ ហើយប្រកួតប្រជែងនឹងកំណត់ត្រាពិភពលោកហ្គីណេស។ ខ្ញុំនឹងលោតត្រឡប់ខ្លួនដប់ដង!»។ ជាលទ្ធផល នៅពេលគាត់លោតត្រឡប់ខ្លួនបានប្រាំបីដង គាត់ក៏ស្លាប់បាត់។ ចុះបើគាត់គ្មានផ្នត់គំនិតនេះជំរុញគាត់ឱ្យធ្វើបែបនេះ តើនឹងទៅជាយ៉ាងណា? (គាត់នឹងធ្វើវាទៅតាមសមត្ថភាពរបស់គាត់។) ត្រូវហើយ។ តើព្រះជាម្ចាស់តម្រូវឱ្យមនុស្សធ្វើអ្វី? ព្រះជាម្ចាស់តម្រូវឱ្យមនុស្សរស់នៅក្នុងភាពជាមនុស្សធម្មតា ហើយអនុញ្ញាតឱ្យមនុស្សមានភាពទន់ខ្សោយ។ សភាវគតិខាងរូបកាយ និងសរីរាង្គរបស់មនុស្ស មានដែនកំណត់ក្នុងការទ្រាំទ្រ។ មនុស្សគួរតែដឹងច្បាស់ពីកម្រិតដែលពួកគេអាចសម្រេចបាន។ តើបុគ្គលនោះដឹងច្បាស់ពីផលវិបាកនៃការដែលគាត់លោតត្រឡប់ខ្លួនដប់ដងជាប់គ្នាដែរឬទេ? គាត់មិនបានដឹងច្បាស់ពីរឿងនេះទេ ហើយគាត់បានធ្វើវាទាំងងងឹតងងល់ ព្រមទាំងប្រជែងនឹងដែនកំណត់របស់គាត់ ដូច្នេះ តើការដែលគាត់ស្លាប់ត្រូវបន្ទោសអ្នកណាទៅ? (គឺបន្ទោសគាត់ខ្លួនឯងហ្នឹងហើយ។) ប្រភពដែលធ្វើឱ្យបុគ្គលនោះព្យាយាមលោតត្រឡប់ខ្លួនដប់ដង គឺដោយសារសាតាំងតែងតែជំរុញគាត់ថា៖ «អ្នកដាច់ខាតមិនត្រូវព្រមចុះចាញ់ឡើយ។ ការបោះបង់បន្ទាប់ពីលោតត្រឡប់ខ្លួនបានប្រាំដង គឺគួរឱ្យអាសូរណាស់។ អ្នកត្រូវលោតឱ្យបានប្រាំបីដង!» គាត់ក៏រិះគិតថា៖ «ប្រាំបីដងក៏មិនគ្រប់គ្រាន់ដែរ។ ខ្ញុំនឹងលោតត្រឡប់ខ្លួនដប់ដង!»។ ជាលទ្ធផល បន្ទាប់ពីលោតបានប្រាំបីដង បេះដូងរបស់គាត់ក៏ឈប់លោត ហើយខ្យល់ដង្ហើមរបស់គាត់ក៏ដាច់។ តើគាត់មិនមែនត្រូវបានសាតាំងលេងសើចទេឬ? ជាការពិតណាស់ យើងគ្រាន់តែលើករឿងនេះជាឧទាហរណ៍ប៉ុណ្ណោះ។ ប្រហែលជាមាននរណាម្នាក់ដែលអាចលោតត្រឡប់ខ្លួនបានម្ភៃដងដោយគ្មានបញ្ហា។ នៅពេលមនុស្សមានឆន្ទៈប្រយុទ្ធដែលមិនព្រមចុះចាញ់នេះ ពួកគេប្រយុទ្ធចុះប្រយុទ្ធឡើង ហើយទីបំផុតក៏បាត់បង់ជីវិតរបស់ពួកគេដោយឥតប្រយោជន៍។ ស្ថានភាពដែលប្រសើរជាងនេះបន្តិចគឺ ប្រសិនបើពួកគេគ្រាន់តែបាត់បង់ជីវិតរបស់ពួកគេដោយឥតប្រយោជន៍ក៏ពិតមែន ប៉ុន្តែមិនបានធ្វើសេចក្ដីអាក្រក់អ្វីសោះ។ ពេលនោះ ពួកគេប្រហែលជានៅតែមានឱកាសចាប់ជាតិជាមនុស្សនៅជាតិក្រោយរបស់ពួកគេ ហើយអាចដឹងថាការធ្វើជាមនុស្សម្ដងទៀតមានរសជាតិយ៉ាងណា។ ក៏ប៉ុន្តែ មនុស្សមួយចំនួនបានធ្វើសេចក្ដីអាក្រក់យ៉ាងធំធេង ហើយវាបានបង្កជាមហន្តរាយ ដូច្នេះ ពួកគេត្រូវតែលះបង់តម្លៃតបស្នងយ៉ាងធ្ងន់ធ្ងរចំពោះរឿងនេះអស់រយៈពេលជាច្រើនជាតិ។ ពួកគេត្រូវតែបន្តប៉ះប៉ូវចំពោះរឿងនេះ ហើយរងទុក្ខលំបាកនៅក្នុងគ្រប់ជាតិទាំងអស់។ ប្រសិនបើពួកគេមិនបានប៉ះប៉ូវវាឱ្យអស់នៅក្នុងជាតិនេះទេ នោះនៅមានជាតិក្រោយទៀត ហើយមិនដឹងថាត្រូវចំណាយពេលប៉ុន្មានជាតិទើបពួកគេអាចប៉ះប៉ូវវាអស់នោះទេ។ នេះហើយគឺជាលទ្ធផល។
នៅពេលមនុស្សមួយចំនួនបរាជ័យក្នុងការផ្សាយដំណឹងល្អ ពួកគេបដិសេធមិនព្រមចុះចាញ់នឹងរឿងនេះឡើយ ហើយនិយាយថា៖ «ខ្ញុំមិនព្រមចុះចាញ់ឡើយ។ លើកនេះខ្ញុំមិនអាចធ្វើឱ្យនរណាម្នាក់ប្រែចិត្តជឿបានទេ គឺខ្ញុំបានបរាជ័យហើយ។ លើកក្រោយ ខ្ញុំមិនអាចបរាជ័យបានទេ។ ខ្ញុំដាច់ខាតត្រូវតែធ្វើបន្ទាល់ថ្វាយព្រះជាម្ចាស់ ហើយក្លាយជាកូនប្រុសដែលយកឈ្នះ!» ការដែលមនុស្សមានការតាំងចិត្តនេះ គឺជារឿងល្អហើយ ប៉ុន្តែចុះចំណែកការពិតដែលថាពួកគេអាចនិយាយពាក្យ «មិនព្រមចុះចាញ់» នេះវិញ? តើនេះជានិស្ស័យអ្វីទៅ? តើនេះមិនមែនជានិស្ស័យរបស់មហាទេវតាទេឬ? តើព្រះជាម្ចាស់បានឱ្យពួកគេធ្វើបន្ទាល់តាមរបៀបនេះឬ? តើពួកគេយល់ពីសេចក្ដីពិតដែរឬទេ? តើអ្វីដែលពួកគេកំពុងធ្វើ គឺជាការធ្វើបន្ទាល់ថ្វាយព្រះជាម្ចាស់ដែរឬទេ? អ្វីដែលពួកគេកំពុងធ្វើ គឺកំពុងមិនគោរពដល់ព្រះជាម្ចាស់។ តើអ្នករាល់គ្នានឹងនិយាយថា មនុស្សទាំងនេះជាមនុស្សប្រភេទណា? (ជាមនុស្សក្បាលរឹង។) ពួកគេគឺជាមនុស្សក្បាលរឹង។ ពួកគេមិនយល់ពីសេចក្ដីពិតទេ ប៉ុន្តែពួកគេនិយាយថាពួកគេធ្វើបន្ទាល់ថ្វាយព្រះជាម្ចាស់។ គ្រាន់តែពួកគេមិនបានមិនគោរពព្រះជាម្ចាស់ គឺវាល្អណាស់ទៅហើយ។ តើពាក្យ «មិនព្រមចុះចាញ់» ជាពាក្យសម្ដីបែបណាទៅ? តើពាក្យទាំងនេះមានន័យដូចម្ដេច? វាមានន័យថា មិនព្រមទទួលស្គាល់បរាជ័យឡើយ។ តាមពិតទៅ មនុស្សទាំងនេះបានបរាជ័យហើយ ប៉ុន្តែពួកគេគិតថា តាមរយៈការមិនទទួលស្គាល់បរាជ័យ ពួកគេទទួលបានជ័យជម្នះខាងផ្លូវចិត្ត។ ពួកអ្នកគ្មានជំនឿ សុទ្ធតែវាយតម្លៃខ្ពស់ចំពោះផ្នត់គំនិតដែលមនុស្សបន្តប្រយុទ្ធបន្ទាប់ពីបរាជ័យជាច្រើនលើកច្រើនសា ហើយកាន់តែក្លាហានឡើងៗនៅពេលពួកគេប្រឈមមុខនឹងឧបសគ្គកាន់តែច្រើន។ ប្រសិនបើអ្នកធ្លាប់មានផ្នត់គំនិតបែបនេះ ហើយពឹងផ្អែកលើផ្នត់គំនិតបែបនេះដើម្បីប្រយុទ្ធសម្រេចគោលដៅមួយ នោះតើវាមិនគួរឱ្យអាម៉ាស់ទេឬ? តើពាក្យ «មិនព្រមចុះចាញ់» នេះ បង្ហាញជាចម្បងនូវទិដ្ឋភាពណាខ្លះនៃនិស្ស័យពុករលួយរបស់មនុស្ស? តើពាក្យទាំងនេះអាចតំណាងឱ្យទិដ្ឋភាពណាខ្លះនៃសារជាតិរបស់មនុស្ស? តើមនុស្សបែបនេះ ដែលសុខចិត្តស្លាប់ជាជាងត្រឡប់មកចុះចូល ហើយដែលសុខចិត្តស្លាប់ជាជាងទទួលស្គាល់បរាជ័យ មិនមែនជាមនុស្សក្រអឺតក្រទម និងខ្វះវិចារណញ្ញាណទេឬ? ការពិតដែលថាមនុស្សអាចក្រអឺតក្រទមដល់កម្រិតនេះ ហើយសុខចិត្តស្លាប់ជាជាងទទួលស្គាល់បរាជ័យ មិនមែនគ្រាន់តែជាបញ្ហានៃការខ្វះវិចារណញ្ញាណនោះទេ ពួកគេក៏ខ្វះភាពឆ្លាតវៃខ្លះដែរ ដូចជាមនុស្សដែលអស់សង្ឃឹមអ៊ីចឹង។ មនុស្សមួយចំនួននិយាយថា៖ «តើនេះមកពីពួកគេនៅក្មេង ហើយមិនចេះគិតមុខគិតក្រោយមែនទេ?» វាមានទំនាក់ទំនងគ្នា។ មានពាក្យពោលមួយឃ្លាដែលពេញនិយមនៅក្នុងសង្គមថា៖ «អ្នកត្រូវតែហ៊ានលះបង់អ្វីៗទាំងអស់ដើម្បីឈ្នះ»។ នេះតំណាងឱ្យផ្នត់គំនិតរបស់យុវជនដែលហ៊ានលះបង់អ្វីៗទាំងអស់ ដូចជាយុវជនឈាមរាវអ៊ីចឹង។ «ប្រសិនបើអ្នកសុខចិត្តប្រថុយជីវិតរបស់អ្នក អ្នកអាចសម្រេចបានអ្វីៗទាំងអស់» នេះហើយគឺជាផ្នត់គំនិតមិនព្រមចុះចាញ់។ តើមនុស្សចាស់មានស្មារតីបែបនេះដែរឬទេ? ពួកគេក៏មានស្មារតីបែបនេះដែរ។ មើលចុះ រង្វង់នយោបាយស្ទើរតែទាំងអស់សុទ្ធតែផ្សំឡើងពីមនុស្សពេញវ័យ និងមនុស្សចាស់ ការប្រកួតប្រជែងគឺស្វិតស្វាញណាស់! មនុស្សមាននិស្ស័យពុករលួយ ហើយរស់នៅស្របតាមនិស្ស័យពុករលួយរបស់ខ្លួន។ ពួកគេទាំងអស់គ្នាសុទ្ធតែមានផ្នត់គំនិតបែបនេះ មិនតិចក៏ច្រើនដែរ។ រឿងនេះមិនសូវមានទំនាក់ទំនងច្រើនជាមួយការដែលពួកគេចាស់ ឬក្មេងនោះទេ ប៉ុន្តែវាមានទំនាក់ទំនងដោយផ្ទាល់ទៅនឹងនិស្ស័យរបស់ពួកគេ។ ប្រសិនបើអ្នកជឿលើព្រះជាម្ចាស់ ហើយយល់ពីសេចក្ដីពិត អ្នកនឹងមើលឃើញរឿងនេះយ៉ាងច្បាស់ ហើយដឹងថាផ្នត់គំនិតបែបនេះមិនស្របតាមគោលការណ៍សេចក្ដីពិតឡើយ ហើយថាវាជានិស្ស័យពុករលួយ។ ប្រសិនបើអ្នកមិនយល់ពីសេចក្ដីពិតទេ អ្នកនឹងមិនអាចមើលឃើញរឿងនេះបានច្បាស់ឡើយ ហើយអ្នកនឹងគិតថា៖ «ការមានឆន្ទៈប្រយុទ្ធគឺជារឿងល្អ។ វាជារឿងត្រឹមត្រូវ។ តើមនុស្សម្ដេចនឹងអាចរស់នៅបានទៅ ប្រសិនបើពួកគេគ្មានឆន្ទៈប្រយុទ្ធសូម្បីតែបន្តិចនោះ? ប្រសិនបើពួកគេគ្មានឆន្ទៈប្រយុទ្ធសូម្បីតែបន្តិចទេ ពួកគេនឹងគ្មានស្មារតីសេសសល់នៅក្នុងខ្លួនដើម្បីបន្តរស់នៅឡើយ។ បើដូច្នេះ តើការរស់នៅមានន័យអ្វីទៅ? ពួកគេព្រមចុះចាញ់នឹងគ្រប់ស្ថានភាពដែលមិនអំណោយផល តើនេះទន់ខ្សោយ និងកំសាកប៉ុនណាទៅ!» មនុស្សទាំងអស់គិតថា ពួកគេត្រូវតែប្រយុទ្ធដើម្បីសេចក្ដីថ្លៃថ្នូរ ដរាបណាពួកគេនៅមានជីវិត។ តើពួកគេប្រយុទ្ធដើម្បីសេចក្ដីថ្លៃថ្នូរដោយរបៀបណា? គឺតាមរយៈការសង្កត់ធ្ងន់លើពាក្យថា «ប្រយុទ្ធ»។ មិនថាពួកគេជួបប្រទះនឹងស្ថានភាពបែបណានោះទេ ក៏ពួកគេព្យាយាមសម្រេចគោលដៅរបស់ខ្លួនតាមរយៈការប្រយុទ្ធ។ ផ្នត់គំនិតមិនព្រមចុះចាញ់ មានប្រភពចេញពីពាក្យថា «ប្រយុទ្ធ»។ អ្វីដែលពួកអទេវនិយម គោរពបូជាបំផុតនោះ គឺស្មារតីប្រយុទ្ធ។ ពួកគេប្រយុទ្ធជាមួយស្ថានសួគ៌ ពួកគេប្រយុទ្ធជាមួយផែនដី ពួកគេប្រយុទ្ធជាមួយអ្នកដទៃ នេះគឺជារឿងដែលធ្វើឱ្យពួកគេសប្បាយចិត្តបំផុត។ ពួកគេគិតថា កាលណាមនុស្សម្នាក់កាន់តែពូកែប្រយុទ្ធ នោះគេកាន់តែមានភាពជាវីរបុរស ពោលគឺវីរបុរសពោរពេញទៅដោយឆន្ទៈប្រយុទ្ធ។ នេះហើយជាប្រភពដែលផ្នត់គំនិតមិនព្រមចុះចាញ់បានកើតឡើង នេះគឺជាស្នូលនៃការប្រយុទ្ធ។ គ្រប់ប្រភេទនៃពួកអារក្សដែលគឺជាកម្មសិទ្ធិសាតាំង មិនដែលទទួលយកសេចក្ដីពិតឡើយ ដូច្នេះ តើពួកវារស់នៅស្របតាមអ្វីទៅ? ពួកវារស់នៅស្របតាមទស្សនវិជ្ជាបែបសាតាំងនៃការប្រយុទ្ធ។ ពួកវារស់នៅរាល់ថ្ងៃ គឺពួកវាប្រយុទ្ធ។ មិនថាពួកវាធ្វើអ្វីនោះទេ ក៏ពួកវាតែងតែព្យាយាមសម្រេចជ័យជម្នះតាមរយៈការប្រយុទ្ធ ហើយអួតអាងពីជ័យជម្នះរបស់ខ្លួន។ ពួកវាព្យាយាមប្រយុទ្ធដើម្បីសេចក្ដីថ្លៃថ្នូរនៅក្នុងគ្រប់យ៉ាងដែលពួកវាធ្វើ តើពួកវាអាចសម្រេចរឿងនោះបានដែរឬទេ? តើពួកវាកំពុងប្រកួតប្រជែង និងប្រយុទ្ធដើម្បីអ្វីឱ្យប្រាកដទៅ? ការប្រយុទ្ធទាំងអស់របស់ពួកវា គឺដើម្បីកេរ្តិ៍ឈ្មោះ លាភសក្ការៈ និងឋានៈ។ ការប្រយុទ្ធទាំងអស់របស់ពួកវា គឺដើម្បីតែផលប្រយោជន៍ផ្ទាល់ខ្លួនរបស់ពួកវាប៉ុណ្ណោះ។ ហេតុអ្វីបានជាពួកវាកំពុងប្រយុទ្ធ? គឺដើម្បីដើរតួជាវីរបុរស និងទទួលបានងារជាជនឆ្នើម។ ទោះជាយ៉ាងណាក៏ដោយ ការប្រយុទ្ធរបស់ពួកវាត្រូវតែបញ្ចប់ដោយសេចក្ដីស្លាប់ ហើយពួកវាត្រូវតែទទួលការដាក់ទោស។ នេះជារឿងដ៏ប្រាកដដែលគ្មានអ្វីត្រូវសង្ស័យឡើយ។ កន្លែងណាក៏ដោយដែលមានពួកសាតាំង និងពួកអារក្ស កន្លែងនោះមានការប្រយុទ្ធ។ ទីបំផុត នៅពេលពួកវាត្រូវបានបំផ្លាញ ការប្រយុទ្ធក៏នឹងបញ្ចប់ដែរ។ នេះនឹងក្លាយជាលទ្ធផលរបស់ពួកសាតាំង និងពួកអារក្ស។
តើផ្នត់គំនិតនៃការមានឆន្ទៈប្រយុទ្ធដែលមិនព្រមចុះចាញ់ គួរតែត្រូវបានបណ្ដុះ និងលើកស្ទួយដែរឬទេ? (មិនគួរទេ។) ចុះតើមនុស្សគួរតែប្រឈមមុខនឹងផ្នត់គំនិតនេះដោយរបៀបណា? (មនុស្សគួរតែបោះបង់វាចោល។) មនុស្សគួរតែញែកដឹងពីវា ថ្កោលទោសវា និងបោះបង់វាចោល។ ឃ្លានេះមិនមែនជាសេចក្ដីពិតទេ ហើយវាមិនមែនជាលក្ខខណ្ឌវិនិច្ឆ័យដែលមនុស្សគួរតែគោរពតាមឡើយ កុំថាឡើយដល់សេចក្ដីតម្រូវដែលព្រះជាម្ចាស់មានសម្រាប់មនុស្សជាតិនោះ។ វាគ្មានទំនាក់ទំនងអ្វីទៅនឹងព្រះបន្ទូលរបស់ព្រះជាម្ចាស់ឡើយ ហើយក៏គ្មានទំនាក់ទំនងអ្វីទៅនឹងសេចក្ដីតម្រូវរបស់ព្រះជាម្ចាស់សម្រាប់មនុស្សដែរ។ តើព្រះជាម្ចាស់តម្រូវអ្វីខ្លះពីមនុស្ស? ព្រះជាម្ចាស់មិនត្រូវការឱ្យអ្នកមានឆន្ទៈប្រយុទ្ធដែលមិនព្រមចុះចាញ់ឡើយ។ អ្វីដែលព្រះជាម្ចាស់ត្រូវការ គឺឱ្យមនុស្សយល់ពីសារជាតិពុករលួយរបស់ខ្លួនឯង ដឹងថាពួកគេជាមនុស្សប្រភេទណា ពួកគេជាមនុស្សបែបណា ពួកគេខ្វះខាតអ្វី ថាតើគុណសម្បត្តិរបស់ពួកគេខ្ពស់ឬទាប ថាតើសមត្ថភាពក្នុងការយល់ដឹងរបស់ពួកគេកម្រិតណា ថាតើពួកគេជាមនុស្សដែលពិតជាស្រឡាញ់ព្រះជាម្ចាស់ឬអត់ ហើយថាតើពួកគេជាមនុស្សដែលស្រឡាញ់សេចក្ដីពិតឬអត់។ ព្រះជាម្ចាស់ត្រូវការឱ្យអ្នកយល់ពីខ្លួនឯងឱ្យបានសុក្រឹតត្រឹមត្រូវតាមរបៀបទាំងនេះ បន្ទាប់មកធ្វើអ្វីដែលអ្នកអាចធ្វើបាន ទៅតាមកម្ពស់ផ្ទាល់ខ្លួនរបស់អ្នក និងទៅតាមគុណសម្បត្តិដែលអ្នកមាន ឱ្យអស់ពីសមត្ថភាពរបស់អ្នក។ តើរឿងនេះមានបង្កប់អត្ថន័យនៃ «ការប្រយុទ្ធ» ដែរឬទេ? (គ្មានទេ។) អ្នកមិនចាំបាច់ប្រយុទ្ធឡើយ។ មនុស្សមួយចំនួននិយាយថា៖ «តើខ្ញុំមិនអាចប្រយុទ្ធជាមួយនឹងនិស្ស័យពុករលួយរបស់ខ្ញុំបានទេឬ?» តើនិស្ស័យពុករលួយរបស់អ្នកអាចត្រូវបានយកឈ្នះតាមរយៈការប្រយុទ្ធដែរឬទេ? តើវាអាចត្រូវបានផ្លាស់ប្ដូរតាមរយៈការប្រយុទ្ធដែរឬទេ? (មិនអាចទេ។) អត់ទេ វាមិនអាចត្រូវបានផ្លាស់ប្ដូរឡើយ។ មនុស្សមួយចំនួននិយាយថា៖ «តើខ្ញុំអាចប្រយុទ្ធជាមួយនឹងកម្លាំងអាក្រក់របស់សាតាំងបានដែរឬទេ? តើខ្ញុំអាចប្រយុទ្ធជាមួយនឹងពួកទទឹងនឹងព្រះគ្រីស្ទបានដែរឬទេ? តើខ្ញុំអាចប្រយុទ្ធជាមួយនឹងមនុស្សអាក្រក់ មនុស្សដែលមាននិស្ស័យទុច្ចរិត និងមនុស្សដែលបង្កការបង្អាក់ និងការរំខានបានដែរឬទេ?» រឿងនេះប្រាកដជាមិនបានឡើយ។ ហេតុអ្វីក៏មិនបាន? ការប្រយុទ្ធផ្ទាល់ មិនមែនជាការអនុវត្តសេចក្ដីពិតឡើយ។ តើនៅពេលណាដែលព្រះបន្ទូលរបស់ព្រះជាម្ចាស់បានថ្លែងថា៖ «ចូរប្រយុទ្ធនឹងពួកទទឹងនឹងព្រះគ្រីស្ទ» «ចូរប្រយុទ្ធនឹងពួកផារិស៊ី» «ចូរប្រយុទ្ធនឹងពួកមនុស្សពុតត្បុត» ឬ «ចូរប្រយុទ្ធនឹងនិស្ស័យពុករលួយរបស់អ្នក» នោះ? តើព្រះជាម្ចាស់បានមានព្រះបន្ទូលពីរឿងទាំងនេះដែរឬទេ? (អត់ទេ។) ផ្ទុយទៅវិញ នៅក្នុងសង្គម នៅក្នុងពិភពលោកបែបសាតាំងនេះ មានការប្រយុទ្ធប្រឆាំងនឹងម្ចាស់ដី ការប្រយុទ្ធប្រឆាំងនឹងអ្នកកាន់អំណាច និងការប្រយុទ្ធប្រឆាំងនឹងបញ្ញវន្ត ក៏ដូចជាការប្រយុទ្ធគ្នារវាងមហាជន ការជល់មាន់ ការជល់ឆ្កែ ការជល់គោ ជាដើម។ ទោះជារឿងណាក៏ដោយ ក៏គ្មានរឿងណាមួយក្នុងចំណោមរឿងទាំងនេះជាអ្វីៗដែលល្អឡើយ។ ការប្រយុទ្ធគឺជាកលល្បិចដែលសាតាំងប្រើដើម្បីធ្វើបាបមនុស្ស និងនាំមហន្តរាយដល់ភាវៈមានជីវិត។ វាមិនអនុញ្ញាតឱ្យមនុស្សជាតិរួមរស់ជាមួយគ្នាដោយសុខសាន្តឡើយ។ ផ្ទុយទៅវិញ វាបង្កើតឱ្យមានការបែកបាក់គ្នារវាងមនុស្ស និងសេចក្ដីស្អប់រវាងមនុស្ស បន្ទាប់មកវាធ្វើឱ្យមនុស្សប្រយុទ្ធគ្នាឯង និងកាប់សម្លាប់គ្នាទៅវិញទៅមក ខណៈដែលវាឈរនៅម្ខាងចាំមើលការកម្សាន្ត និងភាពវឹកវរ។ ដោយសារនេះគឺជាឥរិយាបថបែបសាតាំង ប្រសិនបើមានឥរិយាបថ បាតុភូត ឬរឿងរ៉ាវមួយចំនួនកើតឡើងនៅក្នុងពួកជំនុំ និងនៅក្នុងដំណាក់របស់ព្រះជាម្ចាស់ ដែលពាក់ព័ន្ធនឹងការប្រយុទ្ធ តើអ្នករាល់គ្នានឹងយល់ឃើញរឿងទាំងនេះយ៉ាងដូចម្ដេច? តើអ្នករាល់គ្នានឹងលើកមេដៃគាំទ្រ និងយល់ស្រប ឬក៏បញ្ឈប់វា? (បញ្ឈប់វា។) អ្នករាល់គ្នាគួរតែបញ្ឈប់វា ពន្យល់រឿងរ៉ាវដល់ពួកគេឱ្យបានច្បាស់លាស់ ធ្វើឱ្យពួកគេយល់ ហើយប្រាប់ពួកគេថា ពួកគេត្រូវតែធ្វើរឿងរ៉ាវស្របតាមសេចក្ដីពិត ធ្វើរឿងរ៉ាវស្របតាមគោលការណ៍ និងប្រព្រឹត្តឱ្យស្របទាំងស្រុងទៅនឹងព្រះបន្ទូលរបស់ព្រះជាម្ចាស់។ អ្នករាល់គ្នាក៏អាចលួសកាត់ពួកគេបានដែរ ប៉ុន្តែការលួសកាត់ ការស្ដីបន្ទោស និងសូម្បីតែសេចក្ដីប្រៀនប្រដៅពួកគេ មិនមែនជាការប្រយុទ្ធឡើយ។ តើការប្រយុទ្ធសំដៅទៅលើអ្វី? ការប្រយុទ្ធ គឺជាការឈ្លោះទាស់ទែងគ្នាអំពីអ្វីខុសនិងអ្វីត្រូវ ទាក់ទងនឹងរឿងមួយជាមួយអ្នកដទៃដោយសារតែភាពឆាប់ខឹង ការប្រកែកគ្នាជាមួយមនុស្ស និងការគ្មានហេតុផល ការឡូឡារករឿង ថែមទាំងការប្រើល្បិចកលសម្ងាត់ និងផែនការបោកបញ្ឆោត ឬការប្រើឧបាយកល វិធីសាស្ត្រ និងមធ្យោបាយរបស់មនុស្សដើម្បីបង្ក្រាបបុគ្គលម្នាក់ឱ្យចុះចូល យកឈ្នះលើបុគ្គលនោះ និងធ្វើបាបគេម្ដងហើយម្ដងទៀតរហូតទាល់តែគេចុះចាញ់។ នេះហៅថាការប្រយុទ្ធ។ ការប្រយុទ្ធ គឺជាប្រភេទនៃឥរិយាបថ និងសកម្មភាពដែលឆាប់ខឹងសុទ្ធសាធ ហើយវាក៏ជាប្រភេទនៃឥរិយាបថ វិធីសាស្ត្រ និងមធ្យោបាយធ្វើរឿងរ៉ាវបែបសាតាំងសុទ្ធសាធផងដែរ។ វាគ្មានទំនាក់ទំនងអ្វីទៅនឹងសេចក្ដីពិតឡើយ។ មនុស្សមួយចំនួននិយាយថា៖ «តើវាខុសយ៉ាងដូចម្ដេចទៅ នៅពេលរាស្ដ្ររើសតាំងរបស់ព្រះជាម្ចាស់ក្រោកឈរឡើង ហើយប្រយុទ្ធជាមួយនឹងមនុស្សដូចជាពួកអ្នកដឹកនាំក្លែងក្លាយ ពួកទទឹងនឹងព្រះគ្រីស្ទ ពួកផារិស៊ី និងមនុស្សអាក្រក់នោះ? តើវាមិនមែនជារឿងល្អទេឬ ក្នុងការប្រយុទ្ធជាមួយនឹងអ្នកទាំងនោះរហូតទាល់តែពួកគេចុះចាញ់ ឬត្រូវបានបោសសម្អាតចេញនោះ? ពេលនោះ តើដំណាក់របស់ព្រះជាម្ចាស់នឹងមិនស្ងប់ស្ងាត់ទេឬ? ពេលនោះ តើបងប្អូនប្រុសស្រីនឹងមិនអាចរស់នៅក្នុងជីវិតពួកជំនុំរបស់ពួកគេដោយសេចក្ដីសុខសាន្តទេឬ? ហេតុអ្វីបានជាពួកយើងមិនត្រូវបានអនុញ្ញាតឱ្យប្រយុទ្ធនឹងមនុស្សទាំងនេះ?» តើវាត្រឹមត្រូវដែរឬទេ ក្នុងការប្រយុទ្ធនឹងមនុស្សទាំងនេះ? ជាដំបូង រឿងមួយដែលប្រាកដគឺថា ការប្រយុទ្ធគឺជារឿងខុស។ ហេតុអ្វីបានជាវាខុស? ព្រះជាម្ចាស់ដាក់ទោស និងថ្កោលទោសមនុស្សអាក្រក់ ដូច្នេះតើវាមានប្រយោជន៍អ្វីទៅ ប្រសិនបើមនុស្សប្រយុទ្ធជាមួយនឹងពួកគេនោះ? តើវាខុសយ៉ាងដូចម្ដេចទៅ នៅពេលមនុស្សធ្វើឱ្យពួកគេអាម៉ាស់មុខ ស្ដីបន្ទោសពួកគេ និងធ្វើបាបពួកគេនៅពេលពួកគេទំនេរគ្មានអ្វីធ្វើ ស្រែកគំហកដាក់ពួកគេ សង្កត់ពួកគេទៅលើដី និងរិះគន់ពួកគេនោះ? ព្រះជាម្ចាស់ដាក់ចេញនូវបញ្ញត្តិរដ្ឋបាល ហើយនៅក្នុងបញ្ញត្តិទាំងនោះ គ្មានពាក្យពេចន៍ណាដែលពាក់ព័ន្ធនឹងការប្រយុទ្ធឡើយ។ ព្រះជាម្ចាស់គ្រាន់តែចែងនូវបញ្ញត្តិរដ្ឋបាល ដែលនៅក្នុងនោះមានវិធីសាស្ត្រ និងគោលការណ៍សម្រាប់ចាត់ការមនុស្សគ្រប់ប្រភេទប៉ុណ្ណោះ។ បញ្ញត្តិទាំងនោះប្រាប់មនុស្សថា តើមនុស្សប្រភេទណាគួរតែត្រូវបានបណ្ដេញចេញ តើមនុស្សប្រភេទណាគួរតែត្រូវបានបោសសម្អាតចេញ តើមនុស្សប្រភេទណាគួរតែត្រូវបានដកហូតតំណែង តើមនុស្សប្រភេទណាគួរតែត្រូវបានបណ្ដុះបណ្ដាល តើមនុស្សប្រភេទណាគួរតែត្រូវបានប្រើប្រាស់ តើមនុស្សប្រភេទណាមិនគួរត្រូវបានប្រើប្រាស់ តើមនុស្សប្រភេទណាអាចត្រូវបានសង្គ្រោះ ហើយតើមនុស្សប្រភេទណាមិនអាចត្រូវបានសង្គ្រោះ។ ព្រះជាម្ចាស់គ្រាន់តែមានព្រះបន្ទូលប្រាប់មនុស្សពីគោលការណ៍ប៉ុណ្ណោះ។ ហេតុដូច្នេះហើយ ក្នុងនាមជាមនុស្ស តើអ្នករាល់គ្នាគួរបកស្រាយព្រះបន្ទូលរបស់ព្រះជាម្ចាស់ទាំងនេះយ៉ាងដូចម្ដេច? ព្រះបន្ទូលរបស់ព្រះជាម្ចាស់ទាំងអស់នេះ គឺជាសេចក្ដីពិត។ តើសេចក្ដីពិតគឺជាអ្វី? គឺថា នៅពេលព្រះជាម្ចាស់ធ្វើអ្វីមួយ ឬចាត់ចែងមនុស្សប្រភេទណាមួយ ទោះបីជាគេជាមនុស្សអាក្រក់ ដែលបានធ្វើរឿងអាក្រក់ បង្កការខាតបង់យ៉ាងខ្លាំងដល់កិច្ចការ និងផលប្រយោជន៍នៃដំណាក់របស់ព្រះជាម្ចាស់ក៏ដោយ ក៏ព្រះជាម្ចាស់នឹងនៅតែប្រើវិធីសាស្ត្ររបស់ទ្រង់ដើម្បីចាត់ការគេដែរ។ ទ្រង់នឹងមិនប្រើវិធីសាស្ត្របែបសាតាំង ឬវិធីសាស្ត្រឆាប់ខឹងណាមួយដើម្បីចាត់ការគេជាដាច់ខាត។ តើនេះហៅថាអ្វី? នេះហៅថាការប្រព្រឹត្តចំពោះមនុស្សដោយយុត្តិធម៌។ តើមានការប្រយុទ្ធបង្កប់នៅក្នុងភាពយុត្តិធម៌នេះដែរឬទេ? គ្មានទេ។ តើនេះគឺជាសេចក្ដីពិតដែរឬទេ? (ជាសេចក្ដីពិត។) មិនថាបុគ្គលនេះឆាប់ខឹងប៉ុនណា មានលក្ខណៈបែបសាតាំងប៉ុនណា និងអាក្រក់ប៉ុនណានោះទេ ក៏យើងចាត់ទុកព្រះបន្ទូលរបស់ព្រះជាម្ចាស់ជាការចង្អុលបង្ហាញដ៏ខ្ពង់ខ្ពស់បំផុត និងជាគោលការណ៍ដ៏ត្រឹមត្រូវដើម្បីប្រើចាត់ការបុគ្គលនោះ។ យើងមិនថ្កោលទោសគេ ឬរួមដៃគ្នាប្រឆាំងនឹងគេដោយសារតែភាពឆាប់ខឹងឡើយ យើងមិនធ្វើរឿងបែបនោះជាដាច់ខាត។ នេះហើយដែលហៅថាការប្រព្រឹត្តចំពោះមនុស្សដោយយុត្តិធម៌ ហើយទាំងនេះគឺជាគោលការណ៍ដែលព្រះជាម្ចាស់បានប្រទានដល់មនុស្ស។
នៅលោកខាងកើតមានឃ្លាដ៏ច្បាស់លាស់មួយថា «ឆន្ទៈប្រយុទ្ធដែលមិនព្រមចុះចាញ់»។ នៅលោកខាងលិច ក៏ប្រហែលជាមានឃ្លាមួយដែលមានអត្ថន័យដូចគ្នានេះដែរ។ ដរាបណាមនុស្សគ្រប់រូបត្រូវបានសាតាំងធ្វើឱ្យពុករលួយ ហើយរស់នៅក្រោមអំណាចរបស់សាតាំង ពួកគេសុទ្ធតែមាននិស្ស័យបែបសាតាំង ក្រអឺតក្រទម និងរាប់ខ្លួនឯងជាសុចរិតយ៉ាងខ្លាំង ហើយមិនចុះញ៉មនឹងនរណាម្នាក់ឡើយ។ នៅពេលពួកគេត្រូវបានជំរុញដោយនិស្ស័យប្រភេទនេះ ផ្នត់គំនិត និងរបៀបនៃការគិតដែលមិនព្រមចុះចាញ់ ប្រាកដជានឹងកើតមានឡើងនៅក្នុងខ្លួនមនុស្សមិនខាន។ មនុស្សទាំងអស់មើលឃើញការគិត និងផ្នត់គំនិតប្រភេទនេះ ដែលមនុស្សជាតិផ្សព្វផ្សាយ ថាជារឿងត្រឹមត្រូវ វិជ្ជមាន និងជារឿងដែលគ្រប់គ្រាន់ដើម្បីគាំទ្រមនុស្ស ខណៈដែលពួកគេបន្តដើរតាមផ្លូវរបស់ខ្លួន និងបន្តរស់នៅ។ មិនថាពួកគេមើលឃើញអ្វីដែលហៅថាផ្នត់គំនិត និងការគិតនេះថាត្រឹមត្រូវប៉ុនណា ហើយមិនថាពួកគេនិយាយថាវាត្រឹមត្រូវប៉ុនណានោះទេ ក៏យើងទាំងអស់គ្នាត្រូវតែមានការញែកដឹងចំពោះវា។ នៅទូទាំងមនុស្សជាតិទាំងមូល គ្មានពូជសាសន៍ណាមួយដែលក្នុងនោះសេចក្ដីពិតកាន់អំណាចឡើយ។ មិនថាគំនិត ឬវប្បធម៌ប្រពៃណីដែលពូជសាសន៍មួយបានបង្កើតឡើង ខ្ពង់ខ្ពស់ ចំណាស់ ឬអាថ៌កំបាំងប៉ុនណា ឬការអប់រំដែលទទួលបាន ឬចំណេះដឹងដែលខ្លួនមានយ៉ាងណានោះទេ ក៏រឿងមួយដែលប្រាកដគឺថា៖ គ្មានរឿងណាមួយក្នុងចំណោមរឿងទាំងនេះជាសេចក្ដីពិត ឬមានទំនាក់ទំនងអ្វីទៅនឹងសេចក្ដីពិតឡើយ។ មនុស្សមួយចំនួននិយាយថា៖ «សីលធម៌មួយចំនួន ឬសញ្ញាណសម្រាប់វាស់ស្ទង់ការត្រូវនិងខុស ត្រឹមត្រូវនិងមិនត្រឹមត្រូវ ខ្មៅនិងស ដែលមាននៅក្នុងវប្បធម៌ប្រពៃណី ហាក់ដូចជាកៀកនឹងសេចក្ដីពិតណាស់»។ ការពិតដែលថាពួកវាស្ដាប់ទៅហាក់ដូចជាកៀកនឹងសេចក្ដីពិត មិនមែនបញ្ជាក់ថាពួកវាមានអត្ថន័យកៀកនឹងសេចក្ដីពិតឡើយ។ ពាក្យសម្ដីរបស់មនុស្សជាតិដែលពុករលួយ មានប្រភពចេញពីសាតាំង ពាក្យសម្ដីទាំងនោះមិនដែលជាសេចក្ដីពិតឡើយ ផ្ទុយទៅវិញមានតែព្រះបន្ទូលរបស់ព្រះជាម្ចាស់ប៉ុណ្ណោះទើបជាសេចក្ដីពិត។ ហេតុដូច្នេះ មិនថាពាក្យសម្ដីមួយចំនួនរបស់មនុស្សជាតិ ហាក់ដូចជាកៀកនឹងព្រះបន្ទូលរបស់ព្រះជាម្ចាស់ប៉ុនណានោះទេ ក៏ពាក្យសម្ដីទាំងនោះមិនមែនជាសេចក្ដីពិតឡើយ ហើយមិនអាចក្លាយជាសេចក្ដីពិតបានទេ រឿងនេះគឺគ្មានអ្វីត្រូវសង្ស័យឡើយ។ ពួកវាគ្រាន់តែកៀកគ្នានៅក្នុងពាក្យពេចន៍ និងការសម្ដែងចេញប៉ុណ្ណោះ ប៉ុន្តែតាមពិតទៅ សញ្ញាណប្រពៃណីទាំងនេះ គឺមិនចុះសម្រុងជាមួយសេចក្ដីពិតនៃព្រះបន្ទូលរបស់ព្រះជាម្ចាស់ឡើយ។ ទោះបីជាអាចមានភាពកៀកគ្នាមួយចំនួននៅក្នុងន័យត្រង់នៃពាក្យសម្ដីទាំងនេះក៏ដោយ ក៏ពួកវាមិនមានប្រភពដូចគ្នាឡើយ។ ព្រះបន្ទូលរបស់ព្រះជាម្ចាស់មកពីព្រះអាទិករ ចំណែកឯពាក្យសម្ដី គំនិត និងទស្សនៈនៃវប្បធម៌ប្រពៃណី មកពីសាតាំង និងពួកអារក្ស។ មនុស្សមួយចំនួននិយាយថា៖ «គំនិត ទស្សនៈ និងពាក្យពោលដ៏ល្បីល្បាញនៃវប្បធម៌ប្រពៃណី ត្រូវបានទទួលស្គាល់ជាសកលថាវិជ្ជមាន ទោះបីជាពួកវាជាពាក្យកុហក និងទស្សនៈខុសទំនងក៏ដោយ តើពួកវាអាចក្លាយជាសេចក្ដីពិតបានដែរឬទេ ប្រសិនបើមនុស្សប្រកាន់ខ្ជាប់ពួកវាអស់រយៈពេលជាច្រើនរយ ឬជាច្រើនពាន់ឆ្នាំនោះ?» គឺមិនអាចជាដាច់ខាត។ ទស្សនៈបែបនេះគឺខុសទំនងដូចជាការនិយាយថាសត្វស្វាបានវិវត្តទៅជាមនុស្សអ៊ីចឹង។ វប្បធម៌ប្រពៃណីនឹងមិនអាចក្លាយជាសេចក្ដីពិតជាដាច់ខាត។ វប្បធម៌គឺនៅតែជាវប្បធម៌ ហើយមិនថាវាខ្ពង់ខ្ពស់ប៉ុនណានោះទេ ក៏វានៅត្រឹមតែជារឿងវិជ្ជមានមួយកម្រិត ដែលបង្កើតឡើងដោយមនុស្សជាតិពុករលួយប៉ុណ្ណោះ។ ប៉ុន្តែការមានភាពវិជ្ជមាន មិនស្មើនឹងការក្លាយជាសេចក្ដីពិតឡើយ ការមានភាពវិជ្ជមាន មិនធ្វើឱ្យវាក្លាយជាលក្ខខណ្ឌវិនិច្ឆ័យនោះទេ។ វាគ្រាន់តែមានភាពវិជ្ជមានមួយកម្រិតប៉ុណ្ណោះ គ្មានអ្វីលើសពីនេះឡើយ។ ដូច្នេះ តើពេលនេះយើងច្បាស់ហើយឬនៅថា នៅពីក្រោយ «ភាពវិជ្ជមាន» នេះ ឥទ្ធិពលនៃវប្បធម៌ប្រពៃណីមកលើមនុស្សជាតិ គឺល្អឬអាក្រក់នោះ? វាប្រាកដជាមានឥទ្ធិពលអាក្រក់ និងអវិជ្ជមានមកលើមនុស្សជាតិដោយគ្មានការសង្ស័យឡើយ។
ថ្ងៃនេះ យើងបានវែកញែកពាក្យពោលដែលថា «កុំសង្ស័យមនុស្សដែលអ្នកប្រើ ហើយកុំប្រើមនុស្សដែលអ្នកសង្ស័យ»។ នេះគឺជាប្រភេទនៃទស្សនវិជ្ជាសម្រាប់ការប្រព្រឹត្តក្នុងលោកីយ៍។ យើងក៏បានវែកញែកសំនួនវោហារស័ព្ទដ៏ល្បីល្បាញដែលមានសាវតារបែបប្រវត្តិសាស្រ្តផងដែរគឺ «ការដេកលើគំនរមែកឈើ និងលិទ្ធទឹកប្រមាត់»។ តើត្រឹមតែឃ្លាទាំងពីរនេះ មិនគ្រប់គ្រាន់ដើម្បីផ្ដល់ការយល់ដឹងថ្មីឱ្យអ្នករាល់គ្នាអំពីវប្បធម៌ប្រពៃណី និងទស្សនវិជ្ជាសម្រាប់ការប្រព្រឹត្តក្នុងលោកីយ៍របស់មនុស្សជាតិទៅហើយទេឬ? តើសារជាតិនៃវប្បធម៌ប្រពៃណី និងទស្សនវិជ្ជាសម្រាប់ការប្រព្រឹត្តក្នុងលោកីយ៍ ជាអ្វីឱ្យប្រាកដទៅ? ជាដំបូង អ្នករាល់គ្នាអាចប្រាកដបានថា រឿងទាំងនេះមិនមែនជាភាពវិជ្ជមានជាដាច់ខាត។ ពួកវាកើតចេញពីនិស្ស័យពុករលួយរបស់មនុស្ស ពោលគឺ សាតាំងគឺជាប្រភពរបស់រឿងទាំងនេះ។ តើពួកវានាំអ្វីខ្លះមកដល់មនុស្សជាតិ? ពួកវាបំភាន់ ពួកវាធ្វើឱ្យពុករលួយ ហើយពួកវាចង និងរឹតត្បិតមនុស្សជាតិ។ នេះគឺជារឿងដ៏ប្រាកដ និងគ្មានការសង្ស័យឡើយ។ អ្វីគ្រប់យ៉ាងដែលរឿងទាំងនេះនាំមកដល់មនុស្សជាតិ គឺជាឥទ្ធិពលអវិជ្ជមាន និងផលប៉ះពាល់អវិជ្ជមាន ដូច្នេះ តើពួកវាជាសេចក្ដីពិតដែរឬទេ? (មិនមែនទេ។) រឿងទាំងនោះមិនមែនជាសេចក្ដីពិតទេ ប៉ុន្តែមនុស្សជាតិនៅតែគោរពបូជាពួកវាថាជាសេចក្ដីពិតដដែល។ តើមានរឿងអ្វីនៅត្រង់នេះ? មនុស្សត្រូវបានបំភាន់ហើយ។ ដោយសារមនុស្សមិនត្រូវបានព្រះជាម្ចាស់សង្គ្រោះ មិនយល់ពីសេចក្ដីពិត និងមិនបានឮរឿងដ៏ត្រឹមត្រូវដែលព្រះជាម្ចាស់មានព្រះបន្ទូលអំពីឃ្លា និងបញ្ហាប្រភេទនេះ ទើបទីបំផុត ពួកគេក៏ទទួលយកគំនិត និងទស្សនៈដែលស្របតាមសញ្ញាណរបស់ពួកគេ ពួកគេគិតថាត្រឹមត្រូវ ល្អមួយកម្រិត និងដែលស្របតាមឆន្ទៈរបស់ពួកគេ។ រឿងទាំងនេះបានចូលទៅក្នុងចិត្តរបស់ពួកគេមុនគេ ហើយបានក្លាយជាមានឥទ្ធិពលគ្របដណ្ដប់នៅទីនោះ ដូច្នេះ មនុស្សប្រកាន់ខ្ជាប់ពួកវាអស់រយៈពេលរាប់រយ និងរាប់ពាន់ឆ្នាំ។ វប្បធម៌ប្រពៃណីទាំងនេះ ដែលជាទស្សនវិជ្ជាបែបសាតាំង បានចាក់ឫសគល់នៅក្នុងចិត្តរបស់មនុស្សជាយូរលង់មកហើយ ដោយបំភាន់ និងជះឥទ្ធិពលលើមនុស្សពីមួយជំនាន់ទៅមួយជំនាន់។ ប្រសិនបើអ្នករាល់គ្នាមិនទទួលយកសេចក្ដីពិតទេ អ្នករាល់គ្នានឹងបន្តត្រូវបានបំភាន់ និងរងឥទ្ធិពលពីទស្សនវិជ្ជាទាំងនេះ។ ថ្ងៃនេះ ខ្ញុំបានវែកញែក និងប្រកបគ្នាអំពីពាក្យពោល «កុំសង្ស័យមនុស្សដែលអ្នកប្រើ ហើយកុំប្រើមនុស្សដែលអ្នកសង្ស័យ» និងសំនួនវោហារស័ព្ទ «ការដេកលើគំនរមែកឈើ និងលិទ្ធទឹកប្រមាត់»។ ឃ្លាមួយក្នុងចំណោមឃ្លាទាំងនេះ គឺជាពាក្យពោល ចំណែកឯឃ្លាមួយទៀតគឺជាសំនួនវោហារស័ព្ទ។ នៅក្នុងឃ្លាទាំងពីរនេះ យើងអាចមើលឃើញថា តើវប្បធម៌បែបសាតាំងនៅក្នុងពិភពលោកទាំងមូលជាអ្វីឱ្យប្រាកដ៖ វាត្រូវបានផ្សំឡើងពីជំនឿខុសឆ្គង និងទស្សនៈខុសទំនង ដែលបំភាន់មនុស្ស ធ្វើឱ្យមនុស្សពុករលួយ ធ្វើឱ្យអន្តរាយដល់មនុស្ស និងធ្វើឱ្យប៉ះពាល់ដល់មនុស្ស។ ប្រសិនបើមនុស្សជាតិគោរពតាមទស្សនវិជ្ជាទាំងនេះរបស់សាតាំង នោះនៅពេលពួកគេឆ្លងកាត់ជីវិត មនុស្សនឹងកាន់តែពុករលួយឡើងៗ និងកាន់តែទុច្ចរិតឡើងៗប៉ុណ្ណោះ។ ពួកគេនឹងកាប់សម្លាប់គ្នាទៅវិញទៅមក ប្រយុទ្ធគ្នាឯង ហើយវានឹងគ្មានទីបញ្ចប់ឡើយ។ វានឹងគ្មានការទុកចិត្តគ្នារវាងមនុស្ស គ្មានការរួមរស់ជាមួយគ្នាដោយសុខដុមរមនា និងគ្មានសេចក្ដីស្រឡាញ់ចំពោះគ្នាទៅវិញទៅមកឡើយ។ សរុបមក អ្វីដែលវប្បធម៌នេះនាំមកដល់មនុស្សជាតិ គឺជាផលវិបាកដ៏អាក្រក់។ ក្រោមការណែនាំនៃអ្វីដែលហៅថាគំនិត និងផ្នត់គំនិតទាំងនេះ វាធ្វើឱ្យមនុស្សជាតិធ្វើសេចក្ដីអាក្រក់ជានិច្ច ទាស់ទទឹងនឹងព្រះជាម្ចាស់ជានិច្ច ប្រជែងនឹងដែនកំណត់សីលធម៌របស់មនុស្សជានិច្ច និងប្រើគ្រប់មធ្យោបាយដើម្បីសម្រេចគោលដៅរបស់ខ្លួន។ នៅទីបំផុត ពួកគេនឹងដើរតាមផ្លូវនៃការបំផ្លិចបំផ្លាញ ហើយត្រូវបានដាក់ទោស។ នេះគឺជាសារជាតិនៃវប្បធម៌របស់មនុស្ស។ និយាយអំពីពាក្យពោល តើអ្នករាល់គ្នាមានទស្សនៈយ៉ាងណាដែរចំពោះពាក្យទាំងនោះ? មនុស្សមួយចំនួនប្រហែលជានិយាយថា៖ «ពាក្យទាំងនោះមិនមែនជាគំនិតពិតប្រាកដដែលមនុស្សជាតិគាំទ្រឡើយ។ មនុស្សនៅក្នុងសង្គមជាន់ខ្ពស់ ដែលមានកម្រិតនៃការយល់ដឹងខ្ពស់គួរសម មិនគោរពតាមពាក្យទាំងនោះទេ»។ អម្បាញ់មិញនេះ យើងបានវែកញែកសំនួនវោហារស័ព្ទមួយដែលមនុស្សនៅក្នុងសង្គមជាន់ខ្ពស់យល់ស្របគឺ «ការដេកលើគំនរមែកឈើ និងលិទ្ធទឹកប្រមាត់»។ តើសំនួនវោហារស័ព្ទនេះមានកម្រិតខ្ពស់ដែរឬទេ? (អត់ទេ។) វាមិនមានកម្រិតខ្ពស់ទេ ប៉ុន្តែសំនួនវោហារស័ព្ទនេះ គំនិតទាំងនេះ និងផ្នត់គំនិតទាំងនេះ ពិតជាត្រូវបានកោតសរសើរ និងគាំទ្រដោយមនុស្សគ្រប់គ្នានៅគ្រប់សាលាឧត្តមសិក្សា និងនៅក្នុងគ្រប់វិស័យកម្រិតខ្ពស់នៃសង្គមមនុស្ស។ នេះគឺជាវប្បធម៌របស់មនុស្ស។ មនុស្សជាតិត្រូវបានបញ្ជ្រាប ធ្វើឱ្យស្ពឹកស្រពន់ និងធ្វើឱ្យពុករលួយដោយទិដ្ឋភាពទាំងនេះនៃវប្បធម៌ប្រពៃណី។ ហើយតើលទ្ធផលចុងក្រោយទៅជាយ៉ាង? គឺថាមនុស្សជាតិត្រូវបានបំភាន់ រឹតត្បិត និងចងដោយវប្បធម៌ប្រពៃណី ហើយប្រភេទនៃផ្នត់គំនិត និងទ្រឹស្ដីមួយក៏កើតមានឡើងដោយឯកឯង ដែលមនុស្សជាតិគាំទ្រ និងពង្រីក បញ្ជូនបន្តយ៉ាងទូលំទូលាយ និងធ្វើឱ្យមនុស្សទទួលយក។ នៅទីបំផុត វាចាប់យកចិត្តរបស់មនុស្សគ្រប់គ្នា ធ្វើឱ្យមនុស្សគ្រប់គ្នាផ្តល់ការគាំទ្រលើផ្នត់គំនិត និងគំនិតប្រភេទនេះ ហើយមនុស្សគ្រប់គ្នាត្រូវបានគំនិតនេះធ្វើឱ្យពុករលួយ។ នៅពេលមនុស្សត្រូវបានធ្វើឱ្យពុករលួយដល់កម្រិតណាមួយ ពួកគេលែងមានសញ្ញាណណាមួយអំពីការត្រូវឬខុសទៀតហើយ ពួកគេលែងចង់ញែកដឹងថាតើអ្វីទៅជាយុត្តិធម៌ និងអ្វីទៅជាសេចក្ដីទុច្ចរិតទៀតហើយ ហើយពួកគេក៏មិនស្ម័គ្រចិត្តញែកដឹងថាតើអ្វីទៅជា អ្វីៗដែលវិជ្ជមាន និងអ្វីទៅជាអ្វីៗដែលអវិជ្ជមានទៀតដែរ។ ថែមទាំងមានថ្ងៃមួយដែលពួកគេមិនច្បាស់ថា តើពួកគេពិតជាមនុស្សឬក៏អត់ ហើយមានមនុស្សដែលមានចិត្តវង្វេងវង្វាន់ ជាច្រើនដែលមិនដឹងថាខ្លួនឯងជាប្រុសឬជាស្រីឡើយ។ តើពូជមនុស្សបែបនេះ នៅឆ្ងាយពីការបំផ្លិចបំផ្លាញប៉ុនណាទៅ? តើមនុស្សជាតិបច្ចុប្បន្ននេះយ៉ាងម៉េចដែរ បើប្រៀបធៀបទៅនឹងមនុស្សនៅសម័យណូអេ? តើពួកគេមិនកាន់តែទុច្ចរិតជាងទេឬ? ពួកគេបានឈានដល់ចំណុចកំពូលនៃសេចក្ដីទុច្ចរិតរួចទៅហើយ ហើយទុច្ចរិតខ្លាំងដល់ថ្នាក់មានរឿងខ្លះដែលអ្នកមិនអាចស្ដាប់ចូលត្រចៀក ពោលគឺ បន្ទាប់ពីអ្នកឮរឿងទាំងនោះ អ្នកមានអារម្មណ៍ខ្ពើមរអើម។ មនុស្សសុទ្ធតែគួរឱ្យខ្ពើមរអើមដល់កម្រិតណាមួយ។ មើលពីសំបកក្រៅ រាងកាយរបស់មនុស្សមើលទៅដូចជាមនុស្ស ប៉ុន្តែអ្វីៗដែលពួកគេគិតនៅក្នុងចិត្ត តាមពិតមិនមែនជាអ្វីដែលមនុស្សគួរតែគិតឡើយ។ ពួកគេសុទ្ធតែគួរឱ្យខ្ពើមរអើម ហើយមិនអាចកែប្រែខ្លួនឯងបានឡើយ។ តើខ្ញុំមានន័យយ៉ាងណាដែលថាពួកគេមិនអាចកែប្រែខ្លួនឯងបាននោះ? ខ្ញុំមានន័យថា ប្រហែលជាមួយរយឆ្នាំ ឬពីររយឆ្នាំមុន មានមនុស្សកាន់តែច្រើនដែលស្ម័គ្រចិត្តស្ដាប់ព្រះជាម្ចាស់មានព្រះបន្ទូល និងបញ្ចេញសូរសៀង។ ពួកគេបានជឿជាក់ថាមានយុត្តិធម៌នៅក្នុងពិភពលោកនេះ ក៏ដូចជាសេចក្ដីសុចរិត និងភាពត្រឹមត្រូវផងដែរ។ មនុស្សបានស្ម័គ្រចិត្តទទួលយកការពិតបែបនេះ ហើយពួកគេបានប្រាថ្នាចង់ឱ្យវាលេចចេញជារូបរាង។ លើសពីនេះទៅទៀត ពួកគេសង្ឃឹមថានឹងមានថ្ងៃមួយដែលព្រះអង្គសង្គ្រោះនឹងយាងមក ដែលអាចសង្គ្រោះមនុស្សជាតិពីឥទ្ធិពលនៃសេចក្ដីងងឹត និងសេចក្ដីទុច្ចរិត។ ក៏ប៉ុន្តែ មួយរយឆ្នាំ ឬពីររយឆ្នាំក្រោយមក មានមនុស្សបែបនេះកាន់តែតិចទៅៗ។ តើមានមនុស្សប៉ុន្មាននាក់ដែលអាចយល់ពីព្រះបន្ទូលរបស់ព្រះជាម្ចាស់បាន? តើមានមនុស្សប៉ុន្មាននាក់ដែលអាចទទួលយកសេចក្ដីពិតបាន? ទោះបីជាមនុស្សជាច្រើនទទួលបានព្រះគុណរបស់ព្រះជាម្ចាស់ក៏ដោយ ចុះតើយ៉ាងម៉េចទៅ? ចំនួនមនុស្សដែលពិតជាដើរតាមទ្រង់ គឺកាន់តែតិចទៅៗ។ ដែលមានន័យថា នៅក្នុងពូជមនុស្ស មានមនុស្សកាន់តែតិចទៅៗ ដែលបន្ទាប់ពីបានឮព្រះបន្ទូលរបស់ព្រះជាម្ចាស់ហើយ ត្រូវបានជំរុញទឹកចិត្ត អាចស្រឡាញ់អ្វីៗដែលវិជ្ជមាន ប្រាថ្នាចង់បានពន្លឺ ប្រាថ្នាចង់បានយុត្តិធម៌ និងប្រាថ្នាចង់បានការយាងមកនៃនគររបស់ព្រះជាម្ចាស់ ភាពត្រឹមត្រូវ និងសេចក្ដីសុចរិត។ តើរឿងនេះបង្ហាញពីអ្វី? គឺថាទស្សនវិជ្ជា ច្បាប់ គំនិត និងអ្វីដែលហៅថាផ្នត់គំនិតរបស់សាតាំង បានបំភាន់ និងធ្វើឱ្យពូជមនុស្សទាំងមូលពុករលួយ។ តើពួកគេត្រូវបានបំភាន់ និងធ្វើឱ្យពុករលួយដល់កម្រិតណាទៅ? មនុស្សទាំងអស់បានទទួលយកទស្សនៈខុសទំនង និងពាក្យពោល របស់អារក្សនៃសាតាំងថាជាសេចក្ដីពិត។ ពួកគេទាំងអស់គ្នាថ្វាយបង្គំសាតាំង និងដើរតាមសាតាំង។ ពួកគេមិនយល់ពីព្រះបន្ទូលរបស់ព្រះជាម្ចាស់ ដែលជាព្រះអាទិករឡើយ។ មិនថាព្រះអាទិករមានព្រះបន្ទូលអ្វី ទ្រង់មានព្រះបន្ទូលច្រើនប៉ុនណា ហើយព្រះបន្ទូលរបស់ទ្រង់ច្បាស់លាស់ និងជាក់ស្ដែងប៉ុនណានោះទេ ក៏គ្មាននរណាម្នាក់យល់ឡើយ គ្មាននរណាម្នាក់យល់ដឹងឡើយ។ ពួកគេទាំងអស់សុទ្ធតែស្ពឹកស្រពន់ និងមិនរវៀស ហើយការគិត និងចិត្តគំនិតរបស់ពួកគេគឺច្របូកច្របល់។ តើពួកគេច្របូកច្របល់ដោយរបៀបណា? គឺសាតាំងដែលធ្វើឱ្យការគិត និងចិត្តគំនិតរបស់ពួកគេច្របូកច្របល់។ សាតាំងបានធ្វើឱ្យមនុស្សពុករលួយទាំងស្រុង។ នៅក្នុងសង្គមបច្ចុប្បន្ននេះ មានគំនិត មនោគមវិជ្ជា និងសេចក្ដីថ្លែងផ្សេងៗគ្នាគ្រប់បែបយ៉ាង។ មនុស្សជឿលើអ្វីក៏ដោយដែលពួកគេជ្រើសរើស ហើយដើរតាមអ្វីក៏ដោយដែលពួកគេជ្រើសរើស។ គ្មាននរណាម្នាក់អាចប្រាប់ពួកគេពីអ្វីដែលត្រូវធ្វើឡើយ ហើយក៏គ្មាននរណាម្នាក់មានសមត្ថភាពប្រាប់ពួកគេពីអ្វីដែលត្រូវធ្វើដែរ។ វាដល់កម្រិតនេះទៅហើយ។ ដូច្នេះ ការពិតដែលថាអ្នករាល់គ្នាអាចជ្រើសរើសជឿលើព្រះជាម្ចាស់ គឺជាព្រះពរមួយ។ ថ្ងៃនេះ អ្នករាល់គ្នាអាចយល់ពីអ្វីដែលព្រះជាម្ចាស់កំពុងមានព្រះបន្ទូល អ្នករាល់គ្នាមានស្មារតីនៃមនសិការបន្តិចបន្តួច អ្នករាល់គ្នាជឿអ្វីដែលព្រះជាម្ចាស់មានព្រះបន្ទូល ប្រាថ្នាចង់ឱ្យនគររបស់ព្រះជាម្ចាស់យាងមក ហើយប្រាថ្នាចង់រស់នៅក្នុងនគរនៃពន្លឺ យុត្តិធម៌ ភាពត្រឹមត្រូវ និងសេចក្ដីសុចរិត។ តើវាជារឿងកម្រឬទេ ដែលអ្នករាល់គ្នាមានភាពស្មោះសរនេះ? តើអ្នកទទួលបានវាដោយរបៀបណា? គឺតាមរយៈការការពាររបស់ព្រះជាម្ចាស់ និងព្រះវិញ្ញាណបរិសុទ្ធដែលធ្វើការនៅក្នុងអ្នក ដើម្បីផ្ដល់ឱ្យអ្នកនូវភាពច្បាស់លាស់ ទើបអ្នកអាចជឿលើព្រះជាម្ចាស់ និងដើរតាមទ្រង់បាន។ ប្រសិនបើព្រះជាម្ចាស់មិនបានធ្វើការនៅក្នុងអ្នករាល់គ្នាទេ តើអ្នករាល់គ្នាអាចនៅទីនេះឥឡូវនេះក្នុងនាមជាអ្នកជឿបានដែរឬទេ? តើអ្នករាល់គ្នាអាចផ្លាស់ប្ដូរតាមរបៀបដែលអ្នករាល់គ្នាបានផ្លាស់ប្ដូរឥឡូវនេះដែរឬទេ? មើលចុះ តើពួកអ្នកគ្មានជំនឿទាំងនោះនៅតែមានលក្ខណៈជាមនុស្សដែរឬទេនៅពេលនេះ? អ្នកប្រហែលជាមិនយល់ពីសេចក្ដីពិតច្រើនទេនៅពេលនេះ ហើយក្នុងករណីជាច្រើន ទស្សនៈរបស់អ្នកនៅតែដូចគ្នាបេះបិទទៅនឹងពួកអ្នកគ្មានជំនឿដដែល មិនថាពួកគេគិតអ្វីនោះទេ នោះក៏ជាអ្វីដែលអ្នកគិតដែរ។ ទោះបីជាពេលខ្លះអ្នកមិនទទួលយកទស្សនៈមួយចំនួនរបស់ពួកគេក៏ដោយ ក៏អ្នកគ្មានការញែកដឹង និងគ្មានផ្លូវផ្សេងទៀតត្រូវដើរដែរ។ នៅថ្ងៃដែលអ្នកយល់ពីសេចក្ដីពិត អ្នកនឹងអាចញែកដឹងបានថា ទស្សនៈរបស់ពួកគេគឺខុស និងទុច្ចរិត ហើយចិត្តរបស់អ្នកនឹងអាចបដិសេធទស្សនៈទាំងនោះបាន។ ពេលនោះ អ្នកនឹងមើលឃើញមុខមាត់បែបអារក្សរបស់ពួកគេយ៉ាងច្បាស់។ អ្នកនឹងមើលឃើញថា ពួកគេគឺជាពួកអារក្សរស់ មិនមែនជាមនុស្សឡើយ។ ពួកគេក្លែងខ្លួនជាមនុស្ស ប៉ុន្តែមិនធ្វើទង្វើជាមនុស្សឡើយ។ តើអ្នកអាចដឹងពីរឿងនេះដោយរបៀបណា? ពាក្យសម្ដីដែលពួកគេផ្សព្វផ្សាយ សុទ្ធតែពីរោះស្ដាប់ជាពិសេស និងអាចបំភាន់មនុស្សបាន ប៉ុន្តែអ្វីដែលពួកគេធ្វើ និងអនុវត្តគឺទុច្ចរិត និងគួរឱ្យខ្ពើមរអើមបំផុត ហើយវាពិតជាគ្មានភាពអៀនខ្មាស និងគ្មានវិចារណញ្ញាណទាល់តែសោះ។ អ្វីដែលហៅថាគំនិត និងអ្វីដែលហៅថាផ្នត់គំនិតដែលពួកគេប្រកាន់ខ្ជាប់ គឺទុច្ចរិត និងប្រតិកិរិយាយ៉ាងខ្លាំង ប្រឆាំងទាំងស្រុងនឹងព្រះបន្ទូលរបស់ព្រះជាម្ចាស់ និងសេចក្ដីពិត ហើយផ្ទុយស្រឡះពីព្រះបន្ទូលរបស់ព្រះជាម្ចាស់ និងសេចក្ដីពិត ប៉ុន្តែមនុស្សទាំងនេះចាត់ទុកវិចារណញ្ញាណខុសឆ្គង និងជំនឿខុសឆ្គងទាំងនេះថាជាសេចក្ដីពិត ហើយផ្សព្វផ្សាយពួកវាយ៉ាងខ្លាំងក្លា ដោយលើកស្ទួយពួកវាយ៉ាងសកម្ម និងជាសាធារណៈ ដើម្បីបំភាន់ និងធ្វើឱ្យមនុស្សជាតិពុករលួយ ដើម្បីឱ្យពួកគេអាចលាក់បាំងនូវអំពើអាក្រក់ដ៏ថោកទាប និងគ្មានភាពអៀនខ្មាសផ្សេងៗរបស់ពួកគេ ព្រមទាំងមុខមាត់ដ៏គួរឱ្យខ្ពើមរអើមរបស់ពួកគេ។ តាមរយៈរឿងនេះ អ្នកអាចមើលឃើញយ៉ាងច្បាស់ថា ពួកគេទាំងអស់សុទ្ធតែជាពួកអារក្ស ក៏ដូចជាសត្វតិរច្ឆាន និងវិញ្ញាណអសោច ដែលមិនអាចនិយាយដោយមានវិចារណញ្ញាណជាមួយបានឡើយ។ អ្នកមិនអាចនិយាយហេតុផលជាមួយពួកគេបានទេ ហើយមិនអាចនិយាយពាក្យល្អ ឬពាក្យពិតជាមួយពួកគេបានឡើយ។ នៅថ្ងៃដែលអ្នកអាចមើលឃើញច្បាស់ដល់កម្រិតនេះ អ្នកនឹងដឹងថាមនុស្សជាតិត្រូវបានធ្វើឱ្យពុករលួយយ៉ាងជ្រាលជ្រៅពេកហើយ ថាអ្នកក៏ពុករលួយដូចអ្នកដទៃអ៊ីចឹង ថាមានតែនៅពេលបច្ចុប្បន្ននេះទេ ដែលអ្នកជឿលើព្រះជាម្ចាស់ និងយល់ពីសេចក្ដីពិតមួយចំនួន ទើបអ្នកអាចសម្ដែងចេញនូវលក្ខណៈជាមនុស្សខ្លះ ផ្ដាច់ខ្លួនចេញពីឥទ្ធិពលរបស់ពួកអារក្ស និងសាតាំង ហើយញែកដឹងពួកវា ស្អប់ពួកវា និងបោះបង់ពួកវាចោល ថាបើគ្មានសេចក្ដីសង្គ្រោះរបស់ព្រះជាម្ចាស់ទេ អ្នកក៏នឹងដូចជាពួកវាអ៊ីចឹង គឺគ្មានអ្វីខុសគ្នាឡើយ ហើយថាអ្នកក៏អាចនឹងធ្វើរឿងអាក្រក់ ឬទុច្ចរិតគ្រប់បែបយ៉ាងបានដែរ។ ឥឡូវនេះ អ្នកកំពុងដេញតាមសេចក្ដីពិត ខិតខំប្រឹងប្រែងយ៉ាងខ្លាំងចំពោះសេចក្ដីពិត ផ្ដល់សារៈសំខាន់លើការអនុវត្ត និងប្រែក្លាយសេចក្ដីពិតទៅជាតថភាពផ្ទាល់ខ្លួនរបស់អ្នក។ នៅពេលអ្នកយល់ពីសេចក្ដីពិត អាចអនុវត្តសេចក្ដីពិត អាចសម្ដែងចេញនូវតថភាពនៃព្រះបន្ទូលរបស់ព្រះជាម្ចាស់ និងមានទីបន្ទាល់តាមរយៈបទពិសោធពិតប្រាកដ នោះចិត្តរបស់អ្នកនឹងរីករាយ និងសុខសាន្ត ផ្នត់គំនិត និងសភាពរបស់អ្នកនឹងកាន់តែប្រក្រតីឡើងៗ ទំនាក់ទំនងរបស់អ្នកជាមួយព្រះជាម្ចាស់នឹងកាន់តែជិតស្និទ្ធឡើងៗ និងកាន់តែប្រក្រតីឡើងៗ ហើយជីវិតប្រចាំថ្ងៃរបស់អ្នកនឹងកាន់តែប្រសើរឡើងៗ។ ប្រសិនបើអ្នកមិនអនុវត្តសេចក្ដីពិត តែងតែរស់នៅស្របតាមទស្សនវិជ្ជាបែបសាតាំង ហើយតែងតែយល់ច្រឡំលើព្រះជាម្ចាស់ និងសង្ស័យលើទ្រង់ នោះចិត្តរបស់អ្នកនឹងកាន់តែឃ្លាតឆ្ងាយទៅៗពីព្រះជាម្ចាស់ ជំនឿរបស់អ្នកលើព្រះជាម្ចាស់នឹងក្លាយជាឥតប្រយោជន៍ ហើយអ្នកនឹងមិនទទួលបានអ្វីសោះ។ ទោះបីជាអ្នកបានជឿលើព្រះជាម្ចាស់អស់រយៈពេលជាច្រើនឆ្នាំ យល់ពីពាក្យពេចន៍ និងគោលលទ្ធិជាច្រើន និងមិនទទួលយកគំនិត និងទស្សនៈដែលខុសទំនងផ្សេងៗរបស់ពួកអ្នកគ្មានជំនឿក៏ដោយ ក៏វាគ្មានប្រយោជន៍ដែរ។ នេះគឺដោយសារតែអ្នកមិនយល់ពីសេចក្ដីពិត ហើយអាចត្រឹមតែនិយាយអំពីពាក្យពេចន៍ និងគោលលទ្ធិមួយចំនួនប៉ុណ្ណោះ ហើយអ្នកនៅតែមិនអាចអនុវត្តសេចក្ដីពិតបានដដែល។ ដោយសារតែរឿងទាំងនោះដែលបានចូលទៅក្នុងចិត្តរបស់អ្នកមុនគេ និងបានក្លាយជាមានឥទ្ធិពលគ្របដណ្ដប់នៅទីនោះ នៅតែមានអំណាចលើអ្នក អ្នកអាចត្រឹមតែរស់នៅស្របតាមរឿងទាំងនេះប៉ុណ្ណោះ។ មិនថាអ្នកចង់ធ្វើអ្វីនោះទេ ហើយមិនថាអ្នកប្រឈមមុខនឹងស្ថានភាពបែបណានោះទេ អ្នកនឹងមិនអាចទប់ខ្លួនឯងមិនឱ្យត្រូវបានគ្រប់គ្រងដោយទស្សនវិជ្ជាបែបសាតាំងទាំងនេះបានឡើយ។ ដូច្នេះ ប្រសិនបើទស្សនវិជ្ជាបែបសាតាំងទាំងនេះមានអំណាចលើចិត្តរបស់អ្នក អ្នកនឹងមិនអាចអនុវត្តសេចក្ដីពិតបានឡើយ។ មនុស្សមួយចំនួននិយាយថា៖ «ខ្ញុំមិនអនុវត្តសេចក្ដីពិតទេ ហើយខ្ញុំក៏មិនដើរតាមសាតាំងដែរ»។ តើរឿងនេះអាចទៅរួចដែរឬទេ? គឺគ្មានផ្លូវកណ្ដាលឡើយ។ មានតែតាមរយៈការទទួលយកសេចក្ដីពិត ការយល់ពីសេចក្ដីពិត បន្ទាប់មកបោសសម្អាតចេញនូវរឿងបែបសាតាំងដែលបានចូលទៅក្នុងចិត្តរបស់អ្នកមុនគេទាំងនោះ និងបានក្លាយជាមានឥទ្ធិពលគ្របដណ្ដប់នៅទីនោះ ទើបអ្នកអាចធ្វើរឿងរ៉ាវស្របតាមសេចក្ដីពិតបាន។ នៅពេលសេចក្ដីពិតមានអំណាចលើចិត្តរបស់អ្នក ហើយព្រះបន្ទូលរបស់ព្រះជាម្ចាស់មានអំណាចលើចិត្តរបស់អ្នក អ្នកនឹងអាចអនុវត្តសេចក្ដីពិតបានដោយឯកឯង នៅក្នុងអ្វីដែលអ្នកនិយាយ និងធ្វើ។
តើមនុស្សចាត់ទុកតក្កវិជ្ជា និងគំនិតរបស់សាតាំង ព្រមទាំងបង្អែកផ្លូវចិត្តដែលគ្រប់គ្រងរបៀបរស់នៅរបស់មនុស្សថាជាអ្វី? ជាអាហារបំប៉នផ្លូវចិត្តឬ? ជាស៊ុបបំប៉នព្រលឹងឬ? តាមពិតទៅ ទាំងនេះគឺជារឿងដែលធ្វើឱ្យមនុស្សពុករលួយ ហើយប្រសិនបើមនុស្សម្នាក់ «លេបត្របាក់ពួកវា» នោះគេនឹងស្លាប់មិនខាន។ ប្រសិនបើមនុស្សបន្តទទួលយករឿងទាំងនេះ ហើយសន្សំរឿងបែបសាតាំងទុកនៅក្នុងខ្លួន តើវាបញ្ជាក់ពីអ្វី? គឺបញ្ជាក់ថាពួកគេមិនទាន់បានបោះចោលនិស្ស័យពុករលួយដើមរបស់ខ្លួននៅឡើយទេ ហើយបានបន្តទទួលយកសេចក្ដីពុករលួយថ្មីពីសាតាំងបន្ថែមពីលើនោះទៅទៀត។ នេះមានន័យថា ពួកគេចប់ហើយ។ វាជារឿងជៀសមិនរួចឡើយ ដែលពួកគេមិនអាចត្រូវបានសង្គ្រោះ។ អ្នកគួរតែបន្តញែកដឹង និងបដិសេធរឿងទាំងនេះ ព្រមទាំងបន្តបោះពួកវាចោល ដោយមិនរស់នៅស្របតាមរឿងទាំងនេះឡើយ ហើយទទួលយកព្រះបន្ទូលរបស់ព្រះជាម្ចាស់។ មានមនុស្សដែលនិយាយថា៖ «ខ្ញុំនឹងមិនទទួលយករឿងទាំងនេះទេ។ ព្រះបន្ទូលរបស់ព្រះជាម្ចាស់នឹងចូលមកក្នុងខ្លួនខ្ញុំដោយឯកឯង»។ រឿងនេះមិនអាចទៅរួចឡើយ។ អ្នកត្រូវតែស្វែងរកសេចក្ដីពិតយ៉ាងសកម្ម និងទទួលយកសេចក្ដីពិត ហើយតាមរយៈដំណើរការនៃការយល់ពីសេចក្ដីពិត អ្នកនឹងទទួលបានការញែកដឹងចំពោះវិចារណញ្ញាណខុសឆ្គង និងជំនឿខុសឆ្គងដោយឯកឯង ហើយនឹងបោះបង់ពួកវាចោលបន្តិចម្ដងៗ។ តាមរបៀបនេះ ព្រះបន្ទូលរបស់ព្រះជាម្ចាស់នឹងក្លាយជាគោលការណ៍របស់អ្នកសម្រាប់ការធ្វើរឿងរ៉ាវបន្តិចម្ដងៗ ហើយនៅពេលអ្នកធ្វើរឿងរ៉ាវ អ្នកនឹងដឹងថាវិធីធ្វើរឿងរ៉ាវមួយណាដែលស្របតាមបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ អ្នកនឹងអនុវត្តសេចក្ដីពិតយ៉ាងឯកឯងបំផុត ហើយទិដ្ឋភាពនៃនិស្ស័យពុករលួយរបស់អ្នកនេះ នឹងត្រូវបានផ្លាស់ប្ដូរ។ តើអ្នករាល់គ្នាគិតថារឿងនេះពិបាកធ្វើឬក៏អត់? តាមពិតវាមិនពិបាកឡើយ។ ការលំបាកតែមួយគត់ចំពោះរឿងនេះ គឺថាមនុស្សមិនយកវាទៅអនុវត្ត។ មនុស្សមួយចំនួនគិតថា៖ «រឿងនេះពិតជាពិបាកណាស់ ពិបាកជាងការឡើងស្ថានសួគ៌ទៅទៀត! តើនេះមិនមែនជាការបង្ខំត្រីឱ្យរស់នៅលើគោកទេឬ? តើនេះមិនមែនជាការដាក់ខ្ញុំក្នុងស្ថានភាពលំបាកទេឬ?» តើវាដូច្នោះមែនឬ? អត់ទេ វាមិនមែនដូច្នោះឡើយ។ អ្នកត្រូវតែប្រព្រឹត្តចំពោះបញ្ហាទាំងនេះឱ្យបានត្រឹមត្រូវ និងមានការញែកដឹងត្រឹមត្រូវចំពោះបញ្ហាទាំងនេះ។ ថ្ងៃនេះ ខ្ញុំបានចំណាយពេលយ៉ាងយូរក្នុងការប្រកបគ្នា និងវែកញែកត្រឹមតែទស្សនៈខុសទំនងបែបសាតាំងពីរបីប៉ុណ្ណោះ ប៉ុន្តែតើរឿងពីរបីនេះ ជារឿងតែមួយគត់ដែលត្រូវបានសន្សំទុកនៅក្នុងខ្លួនមនុស្សដែរឬទេ? (មិនមែនទេ។) មានច្រើនជាងនេះឆ្ងាយណាស់! ពេលក្រោយ ខ្ញុំនឹងប្រកបគ្នាអំពីប្រធានបទទាំងនេះជាបន្តបន្ទាប់។ ពីមុន ខ្ញុំមិនធ្លាប់ប្រកបគ្នាអំពីទិដ្ឋភាពនេះទេ ដូច្នេះ តើអ្នករាល់គ្នាធ្លាប់រិះគិតពីប្រធានបទទាំងនេះដោយខ្លួនឯងដែរឬទេ? អ្នករាល់គ្នាមិនធ្លាប់ឡើយ។ ប្រសិនបើអ្នករាល់គ្នារិះគិតពីប្រធានបទទាំងនេះ តើអ្នករាល់គ្នានឹងទទួលបានលទ្ធផលខ្លះដែរឬទេ? ប្រសិនបើអ្នករាល់គ្នាអាចខិតខំប្រឹងប្រែងខ្លះចំពោះសេចក្ដីពិត អ្នករាល់គ្នានឹងមានការញែកដឹងខ្លះចំពោះទស្សនៈខុសទំនងបែបសាតាំង ហើយអ្នករាល់គ្នានឹងមិនល្ងង់ខ្លៅទាំងស្រុងដូចពេលនេះឡើយ។ តើការប្រកបគ្នារបស់ខ្ញុំអំពីប្រធានបទទាំងនេះនៅថ្ងៃនេះ ហាក់ដូចជាតក់ក្រហល់ដែរឬទេ? តើមាននរណាម្នាក់និយាយថា៖ «តើពួកយើងមិនមែនកំពុងប្រកបគ្នាអំពីការញែកដឹងពីពួកទទឹងនឹងព្រះគ្រីស្ទទេឬ? ម្ដេចបានជាពួកយើងស្រាប់តែប្រកបគ្នាអំពីប្រធានបទទាំងនេះទៅវិញ?» ដែរឬទេ? បញ្ហាទាំងនេះសុទ្ធតែពាក់ព័ន្ធនឹងនិស្ស័យពុករលួយរបស់សាតាំង។ បញ្ហាទាំងនេះក៏សុទ្ធតែពាក់ព័ន្ធនឹងការដែលមនុស្សញែកដឹងពីនិស្ស័យពុករលួយរបស់សាតាំងផងដែរ ហើយមានប្រយោជន៍ដល់សមត្ថភាពរបស់មនុស្សក្នុងការយល់ពីសេចក្ដីពិតឱ្យបានសុក្រឹតត្រឹមត្រូវ។ យ៉ាងហោចណាស់ បន្ទាប់ពីប្រកបគ្នារួច មនុស្សនឹងដឹងថា៖ «តាមពិតទៅ ឃ្លាដ៏អស្ចារ្យនេះមិនមែនជាសេចក្ដីពិតឡើយ»។ ចាប់ពីពេលនេះតទៅ ទស្សនៈខុសទំនងដូចជា «ការដេកលើគំនរមែកឈើ និងលិទ្ធទឹកប្រមាត់» និង «កុំសង្ស័យមនុស្សដែលអ្នកប្រើ ហើយកុំប្រើមនុស្សដែលអ្នកសង្ស័យ» អាចនឹងត្រូវបានបោសសម្អាតចេញពីចិត្តរបស់អ្នក។ ប្រហែលជាមានអ្នកខ្លះក្នុងចំណោមអ្នករាល់គ្នាដែលមិនអាចបោសសម្អាតពួកវាចេញនៅពេលនេះបានទេ ប៉ុន្តែយ៉ាងហោចណាស់អ្នកដឹងថាឃ្លាទាំងនេះមិនមែនជាសេចក្ដីពិតឡើយ ហើយនៅពេលក្រោយដែលអ្នកឮនរណាម្នាក់និយាយឃ្លាទាំងនេះ អ្នកនឹងដឹងថាឃ្លាទាំងនេះគឺបំភាន់មនុស្ស ហើយអ្នកនឹងមិនទទួលយកពួកវាឡើយ។ ទោះបីជាចិត្តរបស់អ្នកមានអារម្មណ៍ថាឃ្លាទាំងនេះត្រឹមត្រូវខ្លះ ហើយថាពួកវានៅតែជារឿងល្អដែលត្រូវធ្វើក៏ដោយ ក៏អ្នកគិតដែរថា៖ «ព្រះជាម្ចាស់បានមានព្រះបន្ទូលថាឃ្លាទាំងនេះមិនមែនជាសេចក្ដីពិតឡើយ។ ខ្ញុំមិនអាចប្រព្រឹត្តស្របតាមពួកវាបានទេ»។ តើនេះមិនមានប្រយោជន៍សម្រាប់អ្នកទេឬ? (មានប្រយោជន៍។) តើគោលដៅរបស់ខ្ញុំក្នុងការនិយាយរឿងទាំងនេះគឺជាអ្វី? ហេតុអ្វីបានជាខ្ញុំវែកញែកឃ្លាទាំងនេះបែបនេះ? ពួកអ្នកជឿតែងតែនិយាយថា៖ «ពួកយើងត្រូវតែអនុវត្តសេចក្ដីពិត។ ព្រះបន្ទូលទាំងអស់របស់ព្រះជាម្ចាស់គឺជាសេចក្ដីពិត។ ព្រះបន្ទូលទាំងអស់របស់ព្រះជាម្ចាស់គឺជាអ្វីៗដែលវិជ្ជមាន ហើយជាអ្វីដែលពួកយើងគួរតែអនុវត្ត»។ ថ្ងៃណាមួយ អ្នកត្រូវបានលួសកាត់ ហើយឃ្លាថា «ការដេកលើគំនរមែកឈើ និងលិទ្ធទឹកប្រមាត់» និង «នៅពេលស្ថានសួគ៌ហៀបនឹងប្រគល់ការទទួលខុសត្រូវដ៏ធំដល់មនុស្សម្នាក់ ចិត្តរបស់គេត្រូវតែឆ្លងកាត់ការឈឺចាប់ជាមុនសិន» ក៏ផុសឡើងនៅក្នុងចិត្តរបស់អ្នក។ តើទាំងនេះជាសេចក្ដីពិតដែរឬទេ? តើនោះមិនមែនជារឿងកំប្លែងទេឬ? ប្រសិនបើគេសុំឱ្យអ្នកធ្វើបន្ទាល់ថ្វាយព្រះជាម្ចាស់ តើអ្នកនឹងធ្វើវាដោយរបៀបណា? អ្នកនិយាយថា៖ «អ្នកជឿត្រូវតែស៊ូទ្រាំនឹងការធ្វើឱ្យអាម៉ាស់មុខ និងការរែកពុនបន្ទុកដ៏ធ្ងន់ ដេកលើគំនរមែកឈើ និងលិទ្ធទឹកប្រមាត់ ហើយត្រូវតែមានឆន្ទៈប្រយុទ្ធដែលមិនព្រមចុះចាញ់ និងផ្នត់គំនិតដែលមិនព្រមចុះចាញ់»។ តើនេះជាការធ្វើបន្ទាល់ថ្វាយព្រះជាម្ចាស់ដែរឬទេ? (មិនមែនទេ។) តាមរយៈការចាត់ទុកតក្កវិជ្ជាបែបសាតាំងថាជាព្រះបន្ទូលរបស់ព្រះជាម្ចាស់ និងជាសេចក្ដីពិត ហើយធ្វើបន្ទាល់ឱ្យវា អ្នកមិនត្រឹមតែមិនបានធ្វើបន្ទាល់ថ្វាយព្រះជាម្ចាស់ឱ្យបានត្រឹមត្រូវប៉ុណ្ណោះទេ ប៉ុន្តែអ្នកថែមទាំងបានក្លាយជាការសើចចំអកសម្រាប់សាតាំង និងមិនគោរពព្រះជាម្ចាស់ទៀតផង។ តើអ្នកកំពុងធ្វើអ្វីហ្នឹង? ប្រសិនបើព្រះជាម្ចាស់ថ្កោលទោសអ្នកចំពោះរឿងនេះ អ្នកនឹងគិតថាវាមិនយុត្តិធម៌ឡើយ ហើយនិយាយថា៖ «ទូលបង្គំល្ងង់ខ្លៅណាស់។ ទូលបង្គំមិនយល់ទេ។ ព្រះជាម្ចាស់មិនដែលប្រកបគ្នាជាមួយទូលបង្គំអំពីរឿងនេះឡើយ»។ ប្រសិនបើទ្រង់មិនថ្កោលទោសអ្នកទេ ប៉ុន្តែលក្ខណៈនៃសកម្មភាពរបស់អ្នកគឺធ្ងន់ធ្ងរខ្លាំង តើព្រះជាម្ចាស់គួរធ្វើដូចម្ដេចចំពោះរឿងនេះ? ទុកអ្នកចោលយឡែកឬ? (អត់ទេ។) មិនចាំបាច់ធ្វើអ្វីឡើយ។ ចំណែកឯខ្ញុំវិញ ខ្ញុំនឹងគ្រាន់តែធ្វើឱ្យអ្នករាល់គ្នាយល់ឱ្យច្រើនបំផុតតាមដែលអាចធ្វើទៅបាន និងធ្វើឱ្យអ្នករាល់គ្នាដឹងឱ្យច្រើនបំផុតតាមដែលអាចធ្វើទៅបាន ទៅតាមកម្រិតនៃការយល់ដឹងរបស់អ្នករាល់គ្នា និងទៅតាមអ្វីដែលខ្ញុំអាចប្រាប់អ្នករាល់គ្នាបាន ថាតើសេចក្ដីពិតជាអ្វីឱ្យប្រាកដ ថាតើឃ្លាដែលអ្នករាល់គ្នាគិតថាល្អ និងត្រឹមត្រូវ មានទំនាក់ទំនងទៅនឹងសេចក្ដីពិតដែរឬទេ ហើយថាតើឃ្លាទាំងនោះជាសេចក្ដីពិតដែរឬទេ។ ខ្ញុំត្រូវតែធ្វើឱ្យអ្នករាល់គ្នាយល់ពីរឿងទាំងនេះ។ ប្រសិនបើបន្ទាប់ពីអ្នកដឹងពីរឿងទាំងនេះហើយ អ្នកនៅតែគិតតាមរបៀបដដែល ហើយនៅតែរឹងរូសដដែល នោះព្រះជាម្ចាស់នឹងមិនទុកអ្នកចោលមួយឡែកឡើយ ហើយទ្រង់ក៏នឹងមិនព្រងើយកន្តើយចំពោះអ្នកដែរ។ អ្នកសមនឹងទទួលការថ្កោលទោស ហើយព្រះជាម្ចាស់នឹងចាត់ការមិនខាន។ ហេតុអ្វីបានជាព្រះជាម្ចាស់នឹងធ្វើបែបនេះ? ប្រសិនបើអ្នកប្រព្រឹត្តតាមរបៀបនេះ ខណៈដែលមិនយល់ពីរឿងទាំងនេះ នោះព្រះជាម្ចាស់នឹងចាត់ទុករឿងនេះថាជាការដែលអ្នកល្ងង់ខ្លៅ និងអវិជ្ជា ប៉ុន្តែប្រសិនបើអ្នកដឹងពីរឿងទាំងនេះហើយ នៅតែប្រព្រឹត្តតាមរបៀបនេះទៀត នោះអ្នកកំពុងតែធ្វើខុសទាំងដឹងខ្លួនហើយ ហើយព្រះជាម្ចាស់ត្រូវតែចាត់ការរឿងនេះស្របតាមគោលការណ៍។
ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៩