ចំណុចទីប្រាំបី៖ ពួកគេចង់ឱ្យអ្នកដទៃចុះចូលតែពួកគេប៉ុណ្ណោះ មិនមែនចុះចូលនឹងសេចក្តីពិត ឬព្រះជាម្ចាស់ទេ (ផ្នែកទីបី)
សេចក្ដីបន្ថែម៖ ការវែកញែកអំពីវប្បធម៌ប្រពៃណីបូព៌ា និងបស្ចិមលោក
ចូរប្រាប់ខ្ញុំ តើសេចក្ដីពិតគឺជាអ្វី? តើពួកយើងមិនធ្លាប់បានប្រកបគ្នាអំពីប្រធានបទនេះពីមុនមកទេឬអី? (មែនហើយ ពួកយើងធ្លាប់បានប្រកបគ្នាហើយ។) បើដូច្នេះមែន ចូរប្រាប់ខ្ញុំថាតើសេចក្ដីពិតគឺជាអ្វី ដោយប្រើពាក្យសម្ដីរបស់អ្នករាល់គ្នាផ្ទាល់។ (សេចក្ដីពិតគឺជាគោលការណ៍ និងលក្ខខណ្ឌវិនិច្ឆ័យ ដែលមនុស្ស ព្រឹត្តិការណ៍ និងរបស់ផ្សេងៗទាំងអស់ត្រូវបានវាស់ស្ទង់។) ល្អ។ តើមានអ្នកណាផ្សេងទៀតទេ? តើមានរបៀបនិយាយផ្សេងពីនេះដែរឬទេ? កុំគិតថាតើត្រូវប្រើពាក្យពេចន៍នៃគោលលទ្ធិមួយណា ឬត្រូវជ្រើសរើសឃ្លាណាមួយនៃព្រះបន្ទូលរបស់ព្រះជាម្ចាស់សម្រាប់ចម្លើយរបស់អ្នកឡើយ គ្រាន់តែឆ្លើយដោយប្រើពាក្យសម្ដីចេញពីបទពិសោធជាក់ស្ដែង និងការយល់ដឹងជាក់ស្ដែងរបស់អ្នកផ្ទាល់ទៅបានហើយ។ វាមិនអីទេ ប្រសិនបើចម្លើយទាំងនោះមិនសូវស៊ីជម្រៅនោះ។ មនុស្សខ្លះនិយាយថា «ព្រះបន្ទូលរបស់ព្រះជាម្ចាស់ គឺជាសេចក្ដីពិត»។ ទោះបីជាពាក្យនេះត្រឹមត្រូវក៏ដោយ ប្រសិនបើអ្នកគ្រាន់តែអាចនិយាយពាក្យទាំងនេះ ប៉ុន្តែមិនយល់ពីអត្ថន័យពិតប្រាកដរបស់វាទេ នោះពាក្យទាំងនេះគ្រាន់តែជាគោលលទ្ធិសម្រាប់អ្នកប៉ុណ្ណោះ។ ឥឡូវនេះ ចូរយើងឈានទៅមុខមួយជំហានទៀត តើសេចក្ដីពិតគឺជាអ្វី? តើព្រះបន្ទូលរបស់ព្រះជាម្ចាស់គឺជាអ្វី? តើសារជាតិនៃព្រះបន្ទូលរបស់ព្រះជាម្ចាស់គឺជាអ្វី? តើសេចក្ដីពិតគឺជាលក្ខខណ្ឌវិនិច្ឆ័យដែលមនុស្សបង្កើតឡើងតាមរយៈការគិត និងការពិចារណាដែរឬទេ? (ទេ មិនមែនទេ។) តើសេចក្ដីពិតគឺជាបទពិសោធដែលមនុស្សដកស្រង់បាន និងចំណេះដឹងដែលពួកគេទទួលបាន ឬជាប្រភេទវប្បធម៌សង្គម ឬជាវប្បធម៌ប្រពៃណីដែលបង្កើតឡើងនៅក្នុងបរិបទសង្គមណាមួយដែរឬទេ? (ទេ មិនមែនទេ។) បើដូច្នេះ តើសេចក្ដីពិតគឺជាគោលការណ៍ដែលមនុស្សដកស្រង់បានដោយខ្លួនឯង សម្រាប់ការប្រព្រឹត្តខ្លួន និងទង្វើរបស់ពួកគេដែរឬទេ? (ទេ មិនមែនទេ។) ដូច្នេះ តើវាជាអ្វីឱ្យប្រាកដទៅ? តើពួកយើងអាចកំណត់ឱ្យច្បាស់ពីគោលការណ៍ដែលបាននិយាយនៅទីនេះដោយរបៀបណា ដើម្បីឱ្យគោលការណ៍ទាំងនោះមានអត្ថន័យច្បាស់លាស់ ហើយមនុស្សដឹងថាវាជាសេចក្ដីពិតភ្លាមៗនៅពេលដែលពួកគេឮវា? តើពួកយើងអាចនិយាយរឿងនេះដោយរបៀបណា ដើម្បីឱ្យមនុស្សមានអារម្មណ៍ថាវាខ្លីខ្លឹម និងច្បាស់លាស់? (សេចក្ដីតម្រូវរបស់ព្រះជាម្ចាស់ចំពោះមនុស្ស សុទ្ធតែជាសេចក្ដីពិត។) សេចក្ដីតម្រូវរបស់ព្រះជាម្ចាស់ចំពោះមនុស្ស សុទ្ធតែជាសេចក្ដីពិត នោះគឺត្រឹមត្រូវហើយ ប៉ុន្តែតើអ្នករាល់គ្នាអាចនិយាយឱ្យកាន់តែច្បាស់លាស់ជាងនេះយ៉ាងដូចម្ដេច? (សេចក្ដីពិតគឺជាតថភាពនៃអ្វីៗដែលវិជ្ជមានទាំងអស់។) នេះជាអ្វីដែលធ្លាប់ត្រូវបានគេនិយាយជាញឹកញាប់ពីមុនមក។ ពួកយើងតែងតែនិយាយថា ព្រះបន្ទូលរបស់ព្រះជាម្ចាស់ សេចក្ដីតម្រូវរបស់ទ្រង់ចំពោះមនុស្ស និងតថភាពនៃអ្វីៗដែលវិជ្ជមានទាំងអស់ គឺជាសេចក្ដីពិត តើមានអ្វីផ្សេងទៀតទេ? (សេចក្ដីពិតគឺជាលក្ខខណ្ឌវិនិច្ឆ័យ និងជាផ្លូវសម្រាប់មនុស្សក្នុងការចាត់ចែងកិច្ចការ និងប្រព្រឹត្តខ្លួន។) សេចក្ដីពិតគឺជាលក្ខខណ្ឌវិនិច្ឆ័យ និងជាផ្លូវសម្រាប់មនុស្សក្នុងការចាត់ចែងកិច្ចការ និងប្រព្រឹត្តខ្លួន ចំណុចនេះក៏ត្រឹមត្រូវដែរ។ ឥឡូវនេះ ចូរដាក់ទិដ្ឋភាពទាំងអស់នេះបញ្ចូលគ្នា ហើយផ្ដល់និយមន័យសេចក្ដីពិត នៅក្នុងប្រយោគដ៏ខ្លីខ្លឹមមួយ។ (ព្រះជាម្ចាស់គឺជាសេចក្ដីពិត។) ព្រះជាម្ចាស់គឺជាសេចក្ដីពិត ការនិយាយបែបនេះគឺទូលំទូលាយបន្តិច ហើយក៏ទូទៅពេកដែរ។ វាចាំបាច់ត្រូវតែជាក់លាក់ជាងនេះ ដើម្បីឱ្យនៅពេលដែលមនុស្សឮវា ពួកគេមានអារម្មណ៍ថាវាជានិយមន័យដ៏ច្បាស់លាស់ មិនមែនទទេសោះទេ ប៉ុន្តែពិតជាជាក់លាក់ និងជាក់ស្ដែង ហើយគិតថាវាស្ដាប់ទៅស័ក្ដិសម។ ចូរសាកល្បងសង្ខេបវាម្ដងទៀត តើអ្នករាល់គ្នាអាចនិយាយវាឱ្យកាន់តែច្បាស់លាស់ជាងនេះយ៉ាងដូចម្ដេចទៅ? (ខាងលើធ្លាប់បានប្រកបគ្នាស្ដីពីរឿងនេះពីមុនមកថា សេចក្ដីពិតគឺជាលក្ខខណ្ឌវិនិច្ឆ័យសម្រាប់ការប្រព្រឹត្តខ្លួន ទង្វើ និងការថ្វាយបង្គំព្រះជាម្ចាស់របស់មនុស្ស។) តើការនិយាយបែបនេះមិនខ្លីខ្លឹមទេឬអី? (មែនហើយ គឺខ្លីខ្លឹម។) សេចក្ដីពិតគឺជាលក្ខខណ្ឌវិនិច្ឆ័យសម្រាប់ការប្រព្រឹត្តខ្លួន ទង្វើ និងការថ្វាយបង្គំព្រះជាម្ចាស់របស់មនុស្ស។ ហេតុអ្វីបានជាផ្ដល់និយមន័យវាថាជាលក្ខខណ្ឌវិនិច្ឆ័យ? តើពួកយើងគួរយល់ពីពាក្យ «លក្ខខណ្ឌវិនិច្ឆ័យ» នេះតាមន័យត្រង់ដោយរបៀបណា? (ជាគោលការណ៍ជាក់លាក់មួយ។) ជាគោលការណ៍ ឬច្បាប់ដ៏ច្បាស់លាស់មួយ វាក៏អាចហៅថាជាបទប្បញ្ញត្តិបានដែរ។ ដូច្នេះ តើ «លក្ខខណ្ឌវិនិច្ឆ័យ» សំដៅលើអ្វី? (ស្ដង់ដាមួយ។) វាសំដៅលើស្ដង់ដា ច្បាប់ និងគោលការណ៍ដ៏ច្បាស់លាស់មួយ។ នោះហើយជាអ្វីដែលពួកយើងហៅថា លក្ខខណ្ឌវិនិច្ឆ័យ។ លក្ខខណ្ឌវិនិច្ឆ័យសម្រាប់ការប្រព្រឹត្តខ្លួន ទង្វើ និងការថ្វាយបង្គំព្រះជាម្ចាស់របស់មនុស្ស ប្រសិនបើនិយមន័យទាំងនេះត្រឹមត្រូវ បើដូច្នេះ តើលក្ខខណ្ឌវិនិច្ឆ័យនេះទាក់ទងនឹងអ្វី? តើវាសំដៅលើអ្វីនៅទីនេះ? វាដូចដែលបានផ្ដល់និយមន័យពីមុនមកអ៊ីចឹង៖ លក្ខខណ្ឌវិនិច្ឆ័យសម្រាប់ការប្រព្រឹត្តខ្លួន ទង្វើ និងការថ្វាយបង្គំព្រះជាម្ចាស់របស់មនុស្ស។ នេះហើយគឺជាសេចក្ដីពិត។ ឥឡូវនេះ នៅពេលដែលនរណាម្នាក់អានប្រយោគនោះ តើពួកគេអាចគិតថា «វប្បធម៌ប្រពៃណីរបស់យើង ក៏ជាសេចក្ដីពិតដែរ» ឬទេ? តើរឿងនេះអាចចាត់ចូលក្នុងប្រភេទនៃសេចក្ដីពិតបានដែរឬទេ? (ទេ មិនអាចទេ។) គឺមិនអាចទេ។ តើពួកគេអាចនិយាយថា «ពួកយើងមានសេចក្ដីសន្និដ្ឋានពីការស្រាវជ្រាវបែបវិជ្ជាសិក្សាមួយ ដែលជាសេចក្ដីពិត» ឬ «ប្រជាជនរបស់យើងមានវប្បធម៌មួយ ឬបទពិសោធមួយ ឬស្ដង់ដាសីលធម៌ដ៏ល្អមួយ ដែលក៏ជាសេចក្ដីពិតដែរ» បានឬទេ? តើសេចក្ដីពិតអាចត្រូវបានផ្ដល់និយមន័យបែបនេះបានដែរឬទេ? (ទេ មិនអាចទេ។) ហេតុអ្វីបានជាពួកយើងមិនអាចប្រើរឿងទាំងនេះ ដើម្បីផ្ដល់និយមន័យសេចក្ដីពិតបាន? ហេតុអ្វីបានជាពួកយើងនិយាយថា រឿងទាំងនេះមិនមានទំនាក់ទំនងអ្វីនឹងសេចក្ដីពិតសោះដូច្នេះ? (រឿងទាំងនោះមិនមានទំនាក់ទំនងអ្វីនឹងការថ្វាយបង្គំព្រះជាម្ចាស់ឡើយ។) ត្រឹមត្រូវហើយ។ រឿងទាំងនោះប្រហែលជាទាក់ទងនឹងការប្រព្រឹត្តខ្លួនរបស់មនុស្ស ប៉ុន្តែវាមិនទាក់ទងនឹងការថ្វាយបង្គំព្រះជាម្ចាស់ឡើយ។ តើការប្រព្រឹត្តខ្លួនដែលពួកគេនិយាយនោះ សំដៅលើអ្វី? តើស្ដង់ដា និងច្បាប់របស់ពួកគេគឺជាអ្វី? គឺជាអាកប្បកិរិយាល្អដែលកើតចេញពីសាតាំង។ រឿងទាំងនោះមិនមែនទាក់ទងនឹងការថ្វាយបង្គំព្រះជាម្ចាស់ឡើយ ប៉ុន្ដែទាក់ទងនឹងការថ្វាយបង្គំ និងការការពារសាតាំងទៅវិញទេ។ រឿងទាំងនោះគឺជាបណ្ដុំនៃពាក្យសម្ដី ឬវប្បធម៌អំពីការប្រព្រឹត្តខ្លួន ដែលកើតចេញពីការស្រមើស្រមៃ និងសញ្ញាណរបស់មនុស្ស ហើយចេញពីអ្វីដែលមនុស្សជឿថាជាសីលធម៌ល្អ ឬអាកប្បកិរិយាល្អ។ រឿងទាំងនោះមិនពាក់ព័ន្ធនឹងសេចក្ដីពិត ឬការថ្វាយបង្គំព្រះជាម្ចាស់ឡើយ ពោលគឺវាមិនមានទំនាក់ទំនងអ្វីនឹងការថ្វាយបង្គំព្រះជាម្ចាស់ទាល់តែសោះ។
ជនជាតិចិនបានសរុបចេញជាវប្បធម៌ប្រពៃណីមួយ ដែលស័ក្ដិសមសម្រាប់តែជនជាតិចិនប៉ុណ្ណោះ ហើយដែលជនជាតិបស្ចិមលោកមិនអាចទទួលយកបានឡើយ។ ជនជាតិបស្ចិមលោកមានវីរបុរសជាតិ ស្មារតីនៃសេចក្ដីសុចរិតខាងសីលធម៌ជាតិ និងវប្បធម៌ជាតិជារបស់ខ្លួន ប៉ុន្តែប្រសិនបើពួកគេនាំយកវប្បធម៌របស់ពួកគេមកកាន់បូព៌ា តើមនុស្សនៅទីនោះនឹងទទួលយកវប្បធម៌ទាំងនោះដែរឬទេ? (ទេ ពួកគេមិនទទួលយកទេ។) វប្បធម៌ទាំងនោះក៏មិនត្រូវបានគេទទួលយកដូចគ្នាដែរ។ ហេតុដូច្នេះហើយ ទោះបីជាមនុស្សវាយតម្លៃវប្បធម៌ទាំងនេះខ្ពស់កម្រិតណា ឬទោះបីជាពួកគេយល់ថាប្រពៃណីទាំងនេះខ្ពង់ខ្ពស់កម្រិតណាក៏ដោយ តើមានទំនាក់ទំនងអ្វីរវាងរឿងទាំងនេះ និងសេចក្ដីពិតដែរឬទេ? (ទេ មិនមានទេ។) គឺមិនមានទំនាក់ទំនងអ្វីឡើយ។ ឧទាហរណ៍ មានវប្បធម៌ប្រពៃណីមួយប្រភេទនៅបូព៌ា ដែលចែងថាសត្វទីទុយមិនមែនជាសត្វនាំសិរីសួស្ដីឡើយ។ តើមនុស្សនិយាយបែបណា? «អ្នកមិនគួរខ្លាចសត្វទីទុយដែលយំនោះទេ ប៉ុន្តែគួរខ្លាចសត្វទីទុយដែលសើចវិញ។ ពេលឮពួកវាស្រែក រឿងអាក្រក់ច្បាស់ជានឹងកើតឡើងមិនខាន»។ នៅក្នុងវប្បធម៌ប្រពៃណីបូព៌ា សត្វទីទុយត្រូវបានគេជឿថាជាសត្វមិននាំសិរីសួស្ដី និងនាំអពមង្គល។ ដូច្នេះ តើប្រជាជនបូព៌ាចូលចិត្តសត្វដ៏ «ចង្រៃ» នេះដែរឬទេ? (ទេ ពួកគេមិនចូលចិត្តទេ។) តើការមិនចូលចិត្តនេះផ្អែកលើអ្វី? វាផ្អែកលើវប្បធម៌ប្រពៃណីបូព៌ា និងអ្វីដែលបានបន្សល់ទុកពីមួយជំនាន់ទៅមួយជំនាន់ ដែលចែងថា «ការឮសត្វទីទុយបន្លឺសម្លេង គឺជាប្រផ្នូលនៃការស្លាប់នៅក្នុងគ្រួសារ»។ នេះប្រហែលជាច្បាប់មួយដែលមនុស្សបានសន្និដ្ឋានចេញមក ឬជាការស្រមើស្រមៃរបស់មនុស្ស ឬជាការចៃដន្យ ហើយចាប់ពីពេលនោះមក មនុស្សជឿនៅក្នុងចិត្តរបស់ពួកគេថាសត្វទីទុយគឺអាក្រក់។ ពួកគេគិតថា មិនគួរមាននរណាម្នាក់ថ្វាយបង្គំពួកវា ឬចាត់ទុកពួកវាជាសត្វនាំសិរីសួស្ដីឡើយ ហើយថា ប្រសិនបើពួកគេឃើញសត្វទីទុយ ពួកគេគួរតែប្រញាប់ដេញវាចេញ ហើយមិនត្រូវស្វាគមន៍វាឡើយ។ តើនេះមិនមែនជាប្រភេទវប្បធម៌មួយទេឬអី? (មែនហើយ គឺជាវប្បធម៌មួយ។) មិនថាវប្បធម៌ប្រភេទនេះវិជ្ជមាន ឬអវិជ្ជមាននោះទេ វាគឺជាកេរដំណែលប្រជាប្រិយមួយប្រភេទ។ សម្រាប់ពេលនេះ កុំទាន់និយាយថាតើវាត្រូវ ឬខុសអី គ្រាន់តែនិយាយថា វប្បធម៌ប្រភេទនេះត្រូវបានមនុស្សគ្រប់គ្នានៅបូព៌ា ជាពិសេសនៅក្នុងប្រទេសចិន ទទួលយកយ៉ាងពេញលេញ។ មនុស្សគ្រប់គ្នានៅទីនោះជឿនៅក្នុងចិត្តរបស់ពួកគេថា សត្វទីទុយគឺជាសត្វអាក្រក់ និងមិននាំសិរីសួស្ដីឡើយ ដូច្នេះ ពួកគេនឹងប្រញាប់គេចចេញ ប្រសិនបើពួកគេឃើញសត្វនេះ។ ប៉ុន្តែនៅបស្ចិមលោក មនុស្សមួយចំនួនជឿថាសត្វទីទុយគឺជាប្រភេទសត្វនាំសិរីសួស្ដី ហើយប្រើប្រាស់រូបសំណាក និងគំនូរសត្វទីទុយជាគ្រឿងតុបតែង។ ស្នាដៃប៉ាក់គ្រប់ប្រភេទ និងរូបតំណាងគ្រប់ប្រភេទ ក៏មានរចនាម៉ូដសត្វទីទុយដែរ ហើយសត្វទីទុយត្រូវបានគេចាត់ទុកជាសត្វនាំសិរីសួស្ដី។ តើសត្វនាំសិរីសួស្ដីមានន័យដូចម្ដេច? គឺមានន័យថា សត្វនេះប្រហែលជានាំសំណាងល្អដល់អ្នក ហើយអ្នកនឹងមិនជួបប្រទះនឹងសំណាងអាក្រក់ឡើយ បន្ទាប់ពីឮវាយំ ឬឃើញវានោះ។ នេះគឺជាប្រភេទវប្បធម៌ប្រពៃណីដ៏ពេញនិយមមួយនៅបស្ចិមលោក។ ពួកយើងនឹងមិនធ្វើការវិនិច្ឆ័យថាតើវប្បធម៌មួយណាត្រូវ ហើយមួយណាខុសនោះទេ ពួកយើងនឹងមិនវិនិច្ឆ័យលើរឿងនេះឡើយ។ ប៉ុន្តែ តាមរយៈរឿងនេះ ពួកយើងអាចឃើញថា សត្វប្រភេទដូចគ្នាដែលព្រះជាម្ចាស់បានបង្កើតមក ត្រូវបានមើលតាមទស្សនៈ និងសញ្ញាណខុសៗគ្នានៅបូព៌ា និងបស្ចិមលោក ដែលលើសពីនេះទៅទៀត គឺខុសគ្នាស្រឡះតែម្ដង។ ប្រជាជនបូព៌ាមិនចាត់ទុកវាជារឿងល្អទេ ហើយមិនថាសត្វទីទុយសើច ឬយំនោះទេ វាមិនត្រូវបានគេចាត់ទុកថាល្អសម្រាប់ពួកគេឡើយ ចំណែកឯប្រជាជនបស្ចិមលោកវិញ គិតថាវាជាសត្វនាំសិរីសួស្ដី មិនថាវាយំ ឬសើចនោះទេ ហើយថា គ្រាន់តែឃើញវាក៏ប្រហែលជានាំសំណាងល្អដល់ពួកគេដែរ ដូច្នេះ ពួកគេចាត់ទុកសត្វទីទុយជាសត្វនាំសិរីសួស្ដី។ ទស្សនៈពីរបែបនេះ និងរបៀបប្រព្រឹត្តចំពោះសត្វទីទុយ គឺចេញមកពីវប្បធម៌ប្រពៃណី៖ មួយជឿថាសត្វទីទុយជាសត្វចង្រៃ ហើយមួយទៀតមើលឃើញពួកវាជាសត្វនាំសិរីសួស្ដី។ ក្រឡេកមើលពេលនេះ តើមួយណាស្របតាមសេចក្ដីពិត ហើយមួយណាមិនស្រប? (គ្មានមួយណាស្របតាមសេចក្ដីពិតឡើយ។) តើអ្នករាល់គ្នាផ្អែកលើអ្វីក្នុងការអះអាងបែបនោះ? (គ្មានទស្សនៈណាមួយចេញមកពីព្រះជាម្ចាស់ឡើយ។) ត្រឹមត្រូវហើយ។ នៅពេលមនុស្សនិយាយថាសត្វទីទុយមិនមែនជាសត្វនាំសិរីសួស្ដី តើពួកគេផ្អែកលើអ្វី? គឺផ្អែកលើវប្បធម៌ប្រពៃណីបូព៌ា អ្វីដែលពួកគេជឿថានាំសិរីសួស្ដី ឬមិននាំសិរីសួស្ដី ឬនាំមកនូវគ្រោះមហន្តរាយ សំណាងអាក្រក់ ឬសំណាងល្អ សុទ្ធតែត្រូវបានវាស់ស្ទង់ទៅតាមវប្បធម៌ប្រពៃណី។ វាជារបៀបនៃការមើលរឿងរ៉ាវដែលកើតចេញពីការស្រមើស្រមៃ និងសញ្ញាណ ហើយវប្បធម៌ប្រភេទនេះក៏កើតចេញមកពីការទាំងនោះ។ ជនជាតិបស្ចិមលោកគិតថាសត្វប្រភេទនេះអាចនាំសំណាងល្អដល់មនុស្ស ហើយពិតណាស់ នេះគឺល្អជាងបន្តិច និងជឿនលឿនជាងការចាត់ទុក និងការមើលឃើញវាថាជាសត្វចង្រៃ។ វាធ្វើឱ្យមនុស្សមានអារម្មណ៍ថាវាជាសត្វដ៏ល្អមួយ ហើយយ៉ាងហោចណាស់ ពួកគេនឹងមានអារម្មណ៍ស្ងប់ និងនឹងនរ បន្ទាប់ពីបានឃើញវា ដែលនេះគឺល្អជាងការមានអារម្មណ៍ថាចង្រៃ។ ប៉ុន្តែ តើអ្នកអាចទទួលបានអ្វីពីការយល់ដឹងអំពីវាបែបនេះ? តើសត្វទីទុយពិតជាអាចនាំសំណាងល្អដល់អ្នកបានមែនឬ? (ទេ ពួកវាមិនអាចទេ។) ប្រសិនបើអ្នកកើតនៅប្រទេសចិន តើសត្វទីទុយពិតជាអាចកំណត់សំណាងរបស់អ្នកបានមែនឬ? ក៏មិនអាចដែរ។ ដូច្នេះ តើអ្នកអាចឃើញអ្វីពីរឿងនេះ? មិនថាអ្នកជឿថាសត្វនេះអាចនាំសំណាងអាក្រក់ ឬសំណាងល្អដល់អ្នកនោះទេ វាគ្រាន់តែជាជំនឿ និងសញ្ញាណរបស់មនុស្សប៉ុណ្ណោះ មិនមែនជាការពិតឡើយ។ តើនេះបញ្ជាក់ពីអ្វី? (បញ្ជាក់ថា វប្បធម៌ប្រពៃណីមិនមែនជាសេចក្ដីពិតឡើយ។) ត្រឹមត្រូវហើយ គ្មានវប្បធម៌ណាមួយជាសេចក្ដីពិតឡើយ។ ដូច្នេះ តើអ្នកគួរប្រព្រឹត្តចំពោះសត្វទីទុយតាមរបៀបដែលស្របតាមសេចក្ដីពិតយ៉ាងដូចម្ដេច? រឿងនេះពាក់ព័ន្ធនឹងលក្ខខណ្ឌវិនិច្ឆ័យសម្រាប់ការប្រព្រឹត្តខ្លួន ទង្វើ និងការថ្វាយបង្គំព្រះជាម្ចាស់របស់មនុស្ស។ តើអ្វីទៅជាលក្ខខណ្ឌវិនិច្ឆ័យនៅទីនេះ? ពោលគឺ តើអ្នកគួរមើលសត្វនេះពីទស្សនៈបែបណា ហើយតើអ្នកគួរប្រព្រឹត្តចំពោះវាយ៉ាងដូចម្ដេច នៅពេលដែលវាលេចមកនៅចំពោះមុខអ្នក មិនថាវាកំពុងយំ ឬសើចនោះទេ រឿងទាំងនេះពាក់ព័ន្ធនឹងលក្ខខណ្ឌវិនិច្ឆ័យ។ តើអ្វីទៅជាលក្ខខណ្ឌវិនិច្ឆ័យ? (គឺសេចក្ដីពិត។) លក្ខខណ្ឌវិនិច្ឆ័យ គឺជាសេចក្ដីពិត។ នៅពេលនិយាយអំពីរបៀបដែលអ្នកគួរប្រព្រឹត្តចំពោះសត្វទីទុយ តើអ្នកគួរផ្អែកលើអ្វី? (ផ្អែកលើព្រះបន្ទូលរបស់ព្រះជាម្ចាស់។) ហើយតើព្រះបន្ទូលរបស់ព្រះជាម្ចាស់ថ្លែងបែបណា អំពីការប្រព្រឹត្តចំពោះសត្វប្រភេទនេះ? ព្រះបន្ទូលរបស់ទ្រង់មិនបានថ្លែងជាក់លាក់ថា «អ្នកត្រូវតែប្រព្រឹត្តចំពោះសត្វទីទុយឱ្យបានត្រឹមត្រូវ ហើយមិនអាចលម្អៀងក្នុងរឿងនេះឡើយ។ អ្នកមិនអាចនិយាយថាសត្វទីទុយជាសត្វអពមង្គល ឬថាពួកវានឹងនាំសំណាងល្អដល់អ្នកឡើយ។ អ្នកត្រូវតែប្រព្រឹត្តចំពោះសត្វទីទុយដោយសត្យានុម័ត និងដោយយុត្តិធម៌»។ ព្រះជាម្ចាស់មិនបានមានព្រះបន្ទូលបែបនេះឡើយ។ ដូច្នេះ តើអ្នកត្រូវមានមូលដ្ឋានអ្វី ដើម្បីឱ្យទស្សនៈរបស់អ្នកចំពោះសត្វទីទុយ ស្របតាមលក្ខខណ្ឌវិនិច្ឆ័យ ស្របតាមសេចក្ដីពិត? (គឺការពិតដែលថា ព្រះជាម្ចាស់បានបង្កើតរបស់សព្វសារពើ។) មូលដ្ឋានរបស់អ្នក គួរតែជាការពិតដែលថា ព្រះជាម្ចាស់បានបង្កើតរបស់សព្វសារពើ នេះហើយគឺជាសេចក្ដីពិត។ នៅក្នុងព្រះហស្តរបស់ព្រះជាម្ចាស់ របស់សព្វសារពើមានមុខងារ បេសកកម្ម និងតម្លៃនៃការមានវត្តមានរបស់ខ្លួន។ តើមានអ្វីផ្សេងទៀតទេ? (របស់សព្វសារពើគឺសុទ្ធតែល្អ ពីទស្សនៈរបស់ព្រះជាម្ចាស់។) ត្រឹមត្រូវហើយ របស់សព្វសារពើដែលព្រះជាម្ចាស់បានបង្កើតមក គឺសុទ្ធតែល្អ មានតម្លៃក្នុងការមានវត្តមាន និងចាំបាច់ត្រូវតែមានវត្តមាន។ ដរាបណារបស់ណាមួយចេញមកពីព្រះជាម្ចាស់ ហើយត្រូវបានបង្កើតឡើងដោយទ្រង់ នោះវានឹងមិនមែនជារបស់ដែលមិនចាំបាច់ឡើយ។ តើពាក្យ «មិនមែនជារបស់ដែលមិនចាំបាច់ឡើយ» នេះមានន័យដូចម្ដេច? គឺមានន័យថា វានឹងមិននាំសំណាងអាក្រក់ដល់មនុស្សដោយចៃដន្យឡើយ។ តើសត្វទីទុយតូចមួយ ពិតជាអាចនាំសំណាងអាក្រក់ដល់អ្នកដោយចៃដន្យបានមែនឬ? បើបែបនោះ តើមិនធ្វើឱ្យសត្វទីទុយមានអំណាចខ្លាំងពេកទេឬអី? តើមួយណាខ្ពស់ជាង៖ មនុស្ស ឬសត្វទីទុយ? មនុស្សគឺជាអ្នកគ្រប់គ្រងរបស់សព្វសារពើ ហើយបើនិយាយឱ្យកាន់តែត្រឹមត្រូវ គឺពួកគេគ្រប់គ្រងវាសនារបស់សត្វទីទុយ ហើយពួកគេអាចកម្ចាត់សត្វទីទុយទាំងអស់ចោលបានយ៉ាងងាយ។ វាជារឿងមិនអាចទៅរួចឡើយ ដែលសត្វទីទុយអាចផ្លាស់ប្ដូរវាសនារបស់មនុស្សបាននោះ។ ដូច្នេះ តើរបៀបនៃការប្រព្រឹត្តចំពោះសត្វនេះមួយណា ដែលស្របតាមសេចក្ដីពិត? គឺការប្រព្រឹត្តចំពោះវា ទៅតាមព្រះបន្ទូលរបស់ព្រះជាម្ចាស់។ ព្រះជាម្ចាស់បានបង្កើតរបស់សព្វសារពើ សត្វផ្សេងៗគ្រប់ប្រភេទ និងមនុស្សផងដែរ។ សត្វទីទុយគឺជាសត្វលោក ដូច្នេះ ពួកយើងគួរតែប្រព្រឹត្តចំពោះពួកវា ទៅតាមទស្សនៈដែលពួកយើងប្រព្រឹត្តចំពោះភាវៈទាំងអស់ដែលព្រះបានបង្កើត។ ទីមួយ ពួកយើងមិនអាចបំផ្លាញច្បាប់នៃការរស់រានរបស់វាតាមទំនើងចិត្តឡើយ។ ឧទាហរណ៍ ទម្លាប់ និងលក្ខណៈរបស់សត្វទីទុយ គឺដេកនៅពេលថ្ងៃ ហើយប្រមាញ់ និងសកម្មនៅពេលយប់។ ប្រសិនបើអ្នកជួបសត្វទីទុយដែលរងរបួស ហើយអ្នកមានចិត្តល្អយកវាមកចិញ្ចឹម តើអ្នកគួរប្រព្រឹត្តចំពោះវាយ៉ាងដូចម្ដេច? (ទៅតាមទម្លាប់របស់វា។) ត្រឹមត្រូវហើយ អ្នកត្រូវតែគោរពច្បាប់នៃការរស់នៅរបស់វា។ កុំគិតចង់ឱ្យវាដេកនៅពេលយប់ ដោយបញ្ចុកថ្នាំដេកឱ្យវា ប្រសិនបើវាមិនដេកនោះ។ នេះគឺជារឿងខុសឆ្គង។ ប្រសិនបើវាតែងតែបន្លឺសម្លេងឮរំខាននៅពេលយប់ ហើយរំខានដល់ការសម្រាករបស់អ្នក នោះអ្នកអាចផ្លាស់ទីវាទៅកន្លែងណាមួយដែលវានឹងមិនរំខានអ្នកបាន ប៉ុន្តែអ្នកមិនអាចបង្អាក់ច្បាប់នៃការរស់នៅរបស់វា ឬបំពានលើរបៀបនៃការរស់រានរបស់វាឡើយ។ តើនេះមិនមែនជារបៀបដ៏ត្រឹមត្រូវក្នុងការប្រព្រឹត្តចំពោះវាទេឬអី? (មែនហើយ គឺត្រឹមត្រូវ។) នេះគួរតែជាទស្សនៈរបស់អ្នកចំពោះរបស់សព្វសារពើដែលព្រះជាម្ចាស់បានបង្កើតមក។ ទីមួយ ត្រូវមានទស្សនៈត្រឹមត្រូវ។ នេះគឺជាជំហានដំបូងដែលអ្នកគួរធ្វើ នៅពេលធ្វើកិច្ចការអ្វីមួយ។ ទីពីរ អ្នកត្រូវតែប្រើប្រាស់ទស្សនៈដ៏ត្រឹមត្រូវនេះ នៅពេលធ្វើកិច្ចការ ឬដោះស្រាយកិច្ចការផ្សេងៗ ដើម្បីឱ្យអ្វីដែលអ្នកធ្វើ ស្របតាមសេចក្ដីពិត។ ទាំងនេះគឺជាលក្ខខណ្ឌវិនិច្ឆ័យ។ និយាយឱ្យសាមញ្ញទៅ លក្ខខណ្ឌវិនិច្ឆ័យ គឺជាវិធាន និងច្បាប់ដ៏ច្បាស់លាស់។ ឧទាហរណ៍ នៅពេលសត្វឆ្មាឃើញសត្វកណ្ដុរ វាចង់ចាប់សត្វកណ្ដុរនោះ។ ឧបមាថា អ្នកគិតថាសត្វកណ្ដុរក៏ជាភាវៈដែលព្រះជាម្ចាស់បានបង្កើតមកដែរ ហើយចង់ឃាត់សត្វឆ្មា និងរារាំងវាមិនឱ្យចាប់សត្វកណ្ដុរ តើនេះជារឿងខុសឆ្គងដែរឬទេ? (មែនហើយ គឺខុសឆ្គង។) តើអ្នកគិតយ៉ាងណាចំពោះវិធីសាស្ត្រនេះ? (វាបំពានច្បាប់។) វាផ្ទុយនឹងច្បាប់ធម្មជាតិ។ នៅពេលមនុស្សមួយចំនួនឃើញត្រីនៅក្នុងទឹក ពួកគេគិតថា៖ «អ្នកណាក៏និយាយថា ត្រីមិនអាចរស់នៅដោយគ្មានទឹកបានដែរ។ ប៉ុន្តែ ខ្ញុំនឹងព្យាយាមធ្វើគ្រប់យ៉ាងដើម្បីយកវាចេញពីទឹក ហើយឱ្យវារស់នៅលើគោកវិញ»។ នេះបណ្ដាលឱ្យត្រីនោះងាប់មិនយូរប៉ុន្មានក្រោយមក។ តើនេះហៅថាអ្វី? (មិនសមហេតុផល។) នេះគឺរឿងមិនសមហេតុផលឡើយ។ តាមរយៈការពិភាក្សាអំពីសត្វទីទុយ តើអ្នករាល់គ្នាអាចយល់តិចឬច្រើនអំពីអ្វីទៅជាលក្ខខណ្ឌវិនិច្ឆ័យ និងថាតើវាផ្អែកលើអ្វីដែរឬទេ? (វាផ្អែកលើព្រះបន្ទូលរបស់ព្រះជាម្ចាស់។) ត្រឹមត្រូវហើយ វាផ្អែកលើព្រះបន្ទូលរបស់ព្រះជាម្ចាស់។ ដូច្នេះ តើអ្នករាល់គ្នាគួរប្រព្រឹត្តចំពោះសត្វទីទុយយ៉ាងដូចម្ដេចនៅថ្ងៃអនាគត? ប្រសិនបើនៅល្ងាចមួយ មានសត្វទីទុយយំនៅក្បែរបង្អួចរបស់អ្នក តើអ្នកគួរដោះស្រាយយ៉ាងដូចម្ដេច? យ៉ាងហោចណាស់ ពួកយើងដឹងថាវាមានសិទ្ធិយំ ហើយពួកយើងគួរតែអនុញ្ញាតឱ្យវាមានសិទ្ធិនោះ។ ប្រសិនបើវារំខានខ្លាំងពេក អ្នកអាចដេញវាចេញបាន ប៉ុន្តែមិនចាំបាច់បារម្ភថាតើអ្នកនឹងជួបសំណាងអាក្រក់នៅថ្ងៃបន្ទាប់ឬអត់នោះទេ។ វាមិនចាំបាច់គិតបែបនេះទេ ព្រោះវាសនា ជីវិត និងសេចក្ដីស្លាប់របស់មនុស្ស គឺសុទ្ធតែស្ថិតនៅក្នុងព្រះហស្តរបស់ព្រះជាម្ចាស់ និងស្ថិតក្រោមអធិបតេយ្យភាពរបស់ទ្រង់ទាំងអស់។ មនុស្សមិនយល់ពីសេចក្ដីពិតទេ ដូច្នេះ ពួកគេងាយនឹងមានការលំអៀងចំពោះរឿងរ៉ាវផ្សេងៗ ហើយថែមទាំងអាចមានការស្រមើស្រមៃ និងសញ្ញាណ ឬក្លាយជាមានអបិយជំនឿខ្លះៗទៀតផង។ នេះនាំឱ្យមនុស្សមានទស្សនៈមិនត្រឹមត្រូវលើរឿងជាច្រើន ហើយមិនអាចប្រព្រឹត្តស្របតាមគោលការណ៍សេចក្ដីពិត ឬបំពេញតាមលក្ខខណ្ឌវិនិច្ឆ័យសម្រាប់ការប្រព្រឹត្តខ្លួន ទង្វើ និងការថ្វាយបង្គំព្រះជាម្ចាស់របស់មនុស្ស នៅក្នុងគ្រប់រឿងទាំងអស់។ តើអ្វីជាមូលហេតុនៃរឿងនេះ? (ការមិនយល់ពីសេចក្ដីពិត។) រឿងនេះបណ្ដាលមកពីការមិនយល់ពីសេចក្ដីពិត។
នៅពេលប្រជាជនបូព៌ាមួយចំនួនទាក់ទងជាមួយជនជាតិបស្ចិមលោក ពួកគេឃើញលក្ខណៈពិសេសរបស់ជនជាតិបស្ចិមលោក ដូចជាខ្ទង់ច្រមុះខ្ពស់ ភ្នែកធំៗ ពណ៌សក់ផ្សេងៗគ្នា និងរូបរាងឆើតឆាយបស់ពួកគេ ហើយក៏បង្កើតឱ្យមានអារម្មណ៍ច្រណែន ឬកោតសរសើរចំពោះពួកគេដោយមិនដឹងខ្លួន។ បន្ទាប់មក តាមរយៈការទាក់ទងគ្នាជាបន្តបន្ទាប់ ពួកគេបន្ដទទួលយកវប្បធម៌បស្ចិមលោក។ ហេតុអ្វីបានជាពួកគេអាចទទួលយកវប្បធម៌នេះបាន? គឺដោយសារតែអារម្មណ៍ច្រណែននៅក្នុងចិត្តរបស់ពួកគេ និងបំណងប្រាថ្នារបស់ពួកគេដែលចង់ឱ្យដូចជាជនជាតិបស្ចិមលោក។ ពួកគេគិតថា រូបរាងខាងក្រៅត្រូវបានព្រះជាម្ចាស់កំណត់ទុក ហើយមិនអាចផ្លាស់ប្ដូរបានទេ ប៉ុន្តែពួកគេនឹងមានភាពថ្លៃថ្នូរ ប្រសិនបើពួកគេអាចធ្វើធ្វើឱ្យខ្លួនស្របនឹងរបៀបរស់នៅរបស់ជនជាតិបស្ចិមលោក ដូចជារបៀបដែលពួកគេហូបចុក ស្លៀកពាក់ និងរបៀបដែលពួកគេប្រើប្រាស់របស់របរ ក៏ដូចជារបៀបនិយាយស្ដី របៀបគិត និងវប្បធម៌របស់ពួកគេ។ តើអ្នកគិតយ៉ាងណាចំពោះគំនិតបែបនេះ? តើមនុស្សគ្រប់គ្នាមានគំនិតនេះដែរឬទេ? (មែនហើយ ពួកគេសុទ្ធតែមាន។) ប្រជាជនបូព៌ាមួយចំនួនចូលចិត្តយកតម្រាប់តាមជនជាតិបស្ចិមលោក ហើយរឿងដំបូងដែលពួកគេយកតម្រាប់តាម គឺការផឹកកាហ្វេ។ ពួកគេមានអារម្មណ៍ថា ការដែលប្រជាជនបូព៌ាផឹកតែ គឺជារឿងសាមញ្ញពេក និងមិនសូវមានភាពទំនើប ដូច្នេះ ពួកគេរៀនផឹកកាហ្វេពីជនជាតិបស្ចិមលោក។ ជាពិសេស ប្រជាជនបូព៌ាមួយចំនួនឃើញជនជាតិបស្ចិមលោកជាច្រើនប្រញាប់ប្រញាល់ទៅធ្វើការរៀងរាល់ព្រឹក ដោយកាន់កែវកាហ្វេជាប់នឹងដៃ ហើយយូរៗទៅ ពួកគេក៏រៀនធ្វើបែបនេះដែរ ជួនកាលសូម្បីតែនៅពេលដែលពួកគេមិនរវល់ពិតប្រាកដក៏ដោយ។ នេះហៅថាការយកតម្រាប់តាម។ តាមពិត ប្រជាជនបូព៌ាមិនមានទម្លាប់នេះទេ ប៉ុន្តែពួកគេគិតថាទំនៀមទម្លាប់របស់ជនជាតិបស្ចិមលោកគឺល្អ ខ្ពង់ខ្ពស់ និងថ្លៃថ្នូរ។ ពួកគេជឿថា ប្រសិនបើពួកគេមិនមានទម្លាប់នេះទេ នោះពួកគេត្រូវតែរៀន និងយកតម្រាប់តាម ហើយប្រសិនបើពួកគេរៀនវា ហើយរស់នៅតាមទម្លាប់នេះ ពួកគេគិតថាពួកគេច្បាស់ជានឹងចូលរួមក្នុងជួរជនជាតិបស្ចិមលោក ហើយក្លាយជាជនជាតិបស្ចិមលោកម្នាក់មិនខាន។ នេះគឺជាប្រភេទនៃការគោរពបូជាជនជាតិបស្ចិមលោក។ ប្រសិនបើអ្នកពិតជាចូលចិត្តអ្វីមួយមែន នោះចូររៀនសូត្រពីវាចុះ ប៉ុន្តែប្រសិនបើអ្នកគ្រាន់តែរៀនទំនៀមទម្លាប់ប្រភេទនេះ ដើម្បីធ្វើជាសំបកក្រៅសម្រាប់អួតបង្ហាញដល់អ្នកដទៃ នោះគឺជាការយកតម្រាប់តាមហើយ។ ប្រសិនបើនរណាម្នាក់មិនយល់ពីសេចក្ដីពិតទេ ពួកគេនឹងគ្មានលក្ខខណ្ឌវិនិច្ឆ័យនៅក្នុងកិច្ចការអ្វីដែលពួកគេធ្វើឡើយ ហើយពួកគេនឹងប្រៀបដូចជារុយគ្មានក្បាល ដែលគ្មានគោលដៅ និងគ្មានទិសដៅអ៊ីចឹង។ នៅពេលពួកគេឃើញជនជាតិបស្ចិមលោក ពួកគេនឹងរៀនពីរបៀបដែលជនជាតិបស្ចិមលោកប្រព្រឹត្ត នៅពេលពួកគេឃើញអ្វីដែលពេញនិយមនៅក្នុងពិភពលោក ពួកគេនឹងរៀនពីរឿងនោះ។ អ្នកគ្មានជំនឿគឺបែបនេះឯង ហើយប្រសិនបើនរណាម្នាក់ដែលជឿលើព្រះជាម្ចាស់ ធ្វើរឿងដូចគ្នានេះ តើពួកគេជាមនុស្សប្រភេទណា? (ជាអ្នកមិនជឿ។) ត្រឹមត្រូវហើយ។ តើពួកគេមានស្ដង់ដា ឬគោលការណ៍ណាមួយនៅពេលធ្វើកិច្ចការដែរឬទេ? (ទេ ពួកគេមិនមានទេ។) ពួកគេគ្មានគោលការណ៍ឡើយ។ ហេតុអ្វី? ពីព្រោះពួកគេកោតសរសើរនិន្នាការលោកីយ៍ និងសេចក្ដីទុច្ចរិត ពួកគេមិនកោតសរសើរព្រះជាម្ចាស់ទេ ពួកគេមិនស្រឡាញ់សេចក្ដីពិតនៅក្នុងចិត្តរបស់ពួកគេឡើយ ហើយពួកគេមិនទទួលយក និងមិនស្វែងរកសេចក្ដីពិតឡើយ។ មនុស្សបែបនេះ សុទ្ធតែជាអ្នកមិនជឿ។ ដោយសារមនុស្សប្រភេទនេះមានសារជាតិទាំងនេះ ទោះបីជាពួកគេនៅក្នុងពួកជំនុំ អានព្រះបន្ទូលរបស់ព្រះជាម្ចាស់ និងស្ដាប់សេចក្ដីអធិប្បាយក៏ដោយ ក៏ពួកគេនៅតែមិនអាចរកឃើញលក្ខខណ្ឌវិនិច្ឆ័យសម្រាប់ការប្រព្រឹត្តខ្លួន ទង្វើ និងការថ្វាយបង្គំព្រះជាម្ចាស់របស់មនុស្សបានឡើយ។ នេះមានន័យដោយប្រយោលថា ពួកគេមិនអាចទទួលបានសេចក្ដីពិតឡើយ។ តើមិនមែនអ៊ីចឹងទេឬអី? (មែនហើយ គឺអ៊ីចឹង។) ការយកតម្រាប់តាមអ្នកដទៃផឹកកាហ្វេ អាចបញ្ចេញឱ្យឃើញពីចំណូលចិត្តរបស់មនុស្សម្នាក់ ផ្លូវដែលពួកគេដើរ និងគោលការណ៍នៃទង្វើរបស់ពួកគេ។ ចូរប្រាប់ខ្ញុំ តើការផឹកតែគឺជាសេចក្ដីពិត ឬការផឹកកាហ្វេគឺជាសេចក្ដីពិត? (គ្មានមួយណាពាក់ព័ន្ធនឹងសេចក្ដីពិតឡើយ។) និយាយបានល្អ។ ដូច្នេះ តើសេចក្ដីពិតគឺជាអ្វី? មនុស្សខ្លះនិយាយថា៖ «អ្វីៗទាំងអស់ដែលចេញមកពីព្រះជាម្ចាស់ គឺជាសេចក្ដីពិត។ ព្រះបន្ទូលរបស់ព្រះជាម្ចាស់ដែលថ្លែងថា វាជារឿងល្អសម្រាប់អ្នកក្នុងការហូបអាហារតាមរដូវកាល គឺជាសេចក្ដីពិត»។ នេះគឺត្រឹមត្រូវហើយ។ សេចក្ដីពិតគឺជាលក្ខខណ្ឌវិនិច្ឆ័យសម្រាប់ការប្រព្រឹត្តខ្លួន ទង្វើ និងការថ្វាយបង្គំព្រះជាម្ចាស់របស់មនុស្ស។ ដូច្នេះ តើលក្ខខណ្ឌវិនិច្ឆ័យសម្រាប់ការប្រព្រឹត្តខ្លួនរួមមានអ្វីខ្លះ? វាពាក់ព័ន្ធនឹងគ្រប់ទិដ្ឋភាពនៃសេចក្ដីពិតទាក់ទងនឹងការប្រព្រឹត្តខ្លួន។ ចុះចំណែកលក្ខខណ្ឌវិនិច្ឆ័យសម្រាប់ទង្វើវិញ? គឺជារបៀប និងមធ្យោបាយដែលអ្នកដោះស្រាយរឿងរ៉ាវផ្សេងៗ។ មិនបាច់និយាយក៏ដឹងដែរថា ពួកយើងទាំងអស់គ្នាដឹងពីលក្ខខណ្ឌវិនិច្ឆ័យសម្រាប់ការថ្វាយបង្គំព្រះជាម្ចាស់ហើយ។ វិសាលភាពនៃលក្ខខណ្ឌវិនិច្ឆ័យនេះ សំដៅលើរឿងទាំងនេះ ហើយរឿងទាំងនោះសុទ្ធតែពាក់ព័ន្ធនឹងសេចក្ដីពិត។ ឧបមាថា មាននរណាម្នាក់និយាយថា «ហេតុអ្វីបានជាអ្នកមិនចូលចិត្តតែ?» ហើយអ្នកនិយាយថា «តើការដែលខ្ញុំមិនចូលចិត្តតែ គឺមិនស្របនឹងសេចក្ដីពិតមែនទេ?» មនុស្សម្នាក់ទៀតនិយាយថា៖ «អ្នកនៅបស្ចិមលោក ដូច្នេះ ហេតុអ្វីបានជាអ្នកមិនរៀនផឹកកាហ្វេ? ការមិនផឹកកាហ្វេ គឺគ្មានរសនិយមទាល់តែសោះ!» ហើយអ្នកនិយាយថា «តើអ្នកកំពុងព្យាយាមថ្កោលទោសខ្ញុំមែនទេ? តើការមិនផឹកកាហ្វេគឺជាអំពើបាបមែនទេ? តើ «រសនិយម» គឺជាសេចក្ដីពិតមែនទេ? តើរសនិយមមានតម្លៃប៉ុនណាទៅ?» វាពិតជាគ្មានតម្លៃទាល់តែសោះ មែនទេ? ការមិនយល់ពីសេចក្ដីពិត ទើបជារឿងដែលគ្មានតម្លៃពិតប្រាកដ! តើមនុស្សគួរយល់អ្វីខ្លះ តាមរយៈឧទាហរណ៍នេះ? ពួកគេគួរយល់ថាតើពួកគេគួរមានទស្សនៈបែបណាចំពោះមនុស្ស ព្រឹត្តិការណ៍ និងរបស់ផ្សេងៗទាំងនេះ ហើយត្រូវដោះស្រាយជាមួយរឿងទាំងនោះយ៉ាងដូចម្ដេច ទៅតាមអ្វីដែលព្រះជាម្ចាស់តម្រូវ ដើម្បីឱ្យពួកគេបំពេញតាមស្ដង់ដាដែលព្រះជាម្ចាស់តម្រូវជាចាំបាច់។ តើមនុស្សគួរយល់ និងស្វែងរកអ្វីខ្លះពីរឿងទាំងអស់នេះ? គឺលក្ខខណ្ឌវិនិច្ឆ័យដែលពួកគេគួរធ្វើតាម ដើម្បីដោះស្រាយជាមួយរឿងរ៉ាវគ្រប់ប្រភេទ។
តើអ្នករាល់គ្នាគិតថា វប្បធម៌ប្រពៃណី ឬមនោសញ្ចេតនាជាតិ ស័ក្ដិសមនឹងពាក្យ «លក្ខខណ្ឌវិនិច្ឆ័យ» ដែរឬទេ? (ទេ មិនស័ក្ដិសមទេ។) ឧទាហរណ៍ «ការធ្វើជាមនុស្ស មានន័យថាអ្នកត្រូវតែស្រឡាញ់ប្រទេសជាតិរបស់អ្នក» តើនេះគឺជាលក្ខខណ្ឌវិនិច្ឆ័យដែរឬទេ? (ទេ មិនមែនទេ។) «ការធ្វើជាមនុស្ស មានន័យថាអ្នកត្រូវតែកតញ្ញូវេទីចំពោះឪពុកម្ដាយរបស់អ្នក» តើនេះគឺជាលក្ខខណ្ឌវិនិច្ឆ័យដែរឬទេ? (ទេ មិនមែនទេ។) អ្នកខ្លះក៏និយាយដែរថា «ស្ត្រីត្រូវតែមានគុណធម៌» ឬ «ស្ត្រីត្រូវតែធ្វើតាមការស្ដាប់បង្គាប់ទាំងបី និងគុណធម៌ទាំងបួន» ប៉ុន្តែ តើទាំងនេះគឺជាលក្ខខណ្ឌវិនិច្ឆ័យដែរឬទេ? (ទេ មិនមែនទេ។) «បុរសអាចមានប្រពន្ធតែមួយប៉ុណ្ណោះ ហើយត្រូវតែស្មោះត្រង់» តើនេះគឺជាលក្ខខណ្ឌវិនិច្ឆ័យដែរឬទេ? តើវាអាចចាត់ទុកជាសេចក្ដីពិតបានដែរឬទេ? (ទេ មិនមានទេ។) វាគឺជាឥរិយាបថ និងសីលធម៌ដ៏ត្រឹមត្រូវមួយ ហើយជារឿងជាមូលដ្ឋាន និងជាគ្រឹះបំផុតនៅក្នុងភាពជាមនុស្ស ប៉ុន្តែវាមិនទាន់ដល់កម្រិតជាសេចក្ដីពិតឡើយ។ វាស្របតាមស្ដង់ដាសីលធម៌ និងឥរិយាបថនៃភាពជាមនុស្សធម្មតា ប៉ុន្តែតើវាអាចត្រូវបានចាត់ទុកថាជាលក្ខខណ្ឌវិនិច្ឆ័យដែរឬទេ? តើលក្ខខណ្ឌវិនិច្ឆ័យសំដៅលើអ្វី? (គឺសេចក្ដីពិត។) លក្ខខណ្ឌវិនិច្ឆ័យសំដៅលើសេចក្ដីពិត ហើយអ្វីក៏ដោយដែលមិនទាន់ដល់កម្រិតជាសេចក្ដីពិត នោះមិនមែនជាលក្ខខណ្ឌវិនិច្ឆ័យឡើយ។ តើអ្នកឃើញទេ? តើសេចក្ដីតម្រូវសម្រាប់បុរស និងស្ត្រីនៅក្នុងវប្បធម៌ប្រពៃណី ដែលខ្ញុំទើបតែបានលើកឡើងនោះ គឺជាសេចក្ដីតម្រូវរបស់ព្រះជាម្ចាស់ដែរឬទេ? (ទេ មិនមែនទេ។) ចុះតើព្រះជាម្ចាស់តម្រូវឱ្យបុរសធ្វើអ្វី? តើព្រះគម្ពីរចែងបែបណា? (ថាពួកគេត្រូវនឿយហត់បែកញើស ដើម្បីចិញ្ចឹមគ្រួសាររបស់ពួកគេ។) នេះគឺជាសេចក្ដីតម្រូវរបស់ព្រះជាម្ចាស់សម្រាប់បុរស ហើយវាជាអ្វីដែលជាមូលដ្ឋានបំផុត ដែលបុរសម្នាក់គួរតែអាចធ្វើបាន។ ចុះចំណែកការកំណត់របស់ព្រះជាម្ចាស់សម្រាប់ស្ត្រីវិញ? (ថាបំណងប្រាថ្នារបស់ពួកគេ នឹងមានចំពោះប្ដីរបស់ពួកគេ។) ដោយសារនេះគឺជាអ្វីដែលព្រះបន្ទូលរបស់ព្រះជាម្ចាស់បានថ្លែង ដូច្នេះ វាគឺជាសេចក្ដីពិត ហើយវាគឺជាអ្វីដែលមនុស្សគួរតែប្រកាន់តាម។ អ្វីក៏ដោយដែលចេញមកពីវប្បធម៌ប្រពៃណី ឬគម្ពីរសីលធម៌របស់មនុស្ស ទោះបីជាវាត្រឹមត្រូវកម្រិតណាក៏ដោយ ក៏វាមិនមែនជាសេចក្ដីពិតឡើយ។ ហេតុអ្វីបានជាខ្ញុំនិយាយថា វាមិនមែនជាសេចក្ដីពិត? (ពីព្រោះព្រះជាម្ចាស់មិនបានមានព្រះបន្ទូលថ្លែងបែបនោះឡើយ។) អ្វីដែលព្រះជាម្ចាស់មិនបានមានព្រះបន្ទូលថ្លែង ច្បាស់ណាស់ថាមិនមែនជាសេចក្ដីពិតឡើយ ហើយអ្វីដែលមិនមានទំនាក់ទំនងអ្វីនឹងសេចក្ដីតម្រូវក្នុងព្រះបន្ទូលរបស់ព្រះជាម្ចាស់ ក៏មិនមែនជាសេចក្ដីពិតដែរ។ តើស្ដង់ដាអ្វីខ្លះ ដែលប្រជាជនបូព៌ាប្រើដើម្បីផ្ដល់និយមន័យដល់ស្ត្រី? ពួកគេជឿថា ស្ត្រីល្អត្រូវតែទន់ភ្លន់ និងមានគុណធម៌ មានការអប់រំ និងថ្លៃថ្នូរ គួរឱ្យស្រឡាញ់ និងមានរាងតូចច្រឡឹងជាមុនសិន ហើយថា បន្ទាប់ពីរៀបការរួច ពួកគេត្រូវតែមើលថែអ្នកដទៃទាំងអស់នៅក្នុងគ្រួសារ ទាំងក្មេងទាំងចាស់ ដោយមិនត្អូញត្អែរឡើយ។ ពួកគេគ្រាន់តែជាមនុស្សដែលឱ្យគេជាន់ឈ្លីប៉ុណ្ណោះ។ នេះគឺជារូបភាពនៃស្ត្រីដែលប្រជាជនបូព៌ាបានបង្កើតឡើង ទាំងនេះគឺជាស្ដង់ដាដែលពួកគេតម្រូវឱ្យស្រ្ដីមាន។ ឥឡូវនេះ ចូរពួកយើងមើលថាតើស្ដង់ដាដែលជនជាតិបស្ចិមលោកតម្រូវឱ្យស្ត្រីមានគឺជាអ្វី ពោលគឺ អ្វីដែលពួកគេអប់រំ និងគាំទ្រតាមរយៈគំនិត និងទស្សនៈរបស់ពួកគេ។ ជនជាតិបស្ចិមលោកជឿថា ស្ត្រីគួរតែឯករាជ្យ មានសេរីភាព និងមានសមភាព សរុបមក ទាំងនេះគឺជាសិទ្ធិស្ត្រីដែលបស្ចិមលោកគាំទ្រ។ សិទ្ធិទាំងនេះមាននិយមន័យ និងសេចក្ដីតម្រូវជាមូលដ្ឋានសម្រាប់ស្ត្រី ពោលគឺ សិទ្ធិទាំងនេះបង្ហាញពីទស្សនៈទូទៅជាមូលដ្ឋាន សម្រាប់របៀបរស់នៅ និងរូបរាងខាងក្រៅរបស់ស្ត្រី។ តើទស្សនៈទូទៅនេះគឺជាអ្វី? គឺថាស្ត្រីមិនគួរចុះញ៉ម គួរឱ្យអាណិត និងស្លូតបូតពេញមួយថ្ងៃ ដូចជាមនុស្សដែលឱ្យគេជាន់ឈ្លីឡើយ។ ពួកគេគិតថា នេះគឺជារឿងអាក្រក់ ហើយថាស្ត្រីត្រូវតែរឹងមាំ និងក្លាហាន។ ទាំងនេះគឺជាស្ដង់ដាតម្រូវជាចាំបាច់សម្រាប់ស្ត្រី នៅក្នុងចិត្តរបស់ជនជាតិបស្ចិមលោក។ ពួកគេជឿថា ស្ត្រីមិនចាំបាច់ត្រូវធ្វើដូចជាអាយ៉ង ដែលទ្រាំទទួលសេចក្ដីលំបាកវេទនាដោយស្លូតបូតជារៀងរាល់ថ្ងៃ ដោយរង់ចាំឱ្យអ្នកដទៃស្ដីបន្ទោស ឬបញ្ជាពួកគេឡើយ។ ពួកគេគិតថា មិនចាំបាច់មានរឿងនេះទេ។ ជនជាតិបស្ចិមលោកគាំទ្រឱ្យស្ត្រីមានគំនិតផ្ដួចផ្ដើម ឯករាជ្យ និងក្លាហាននៅក្នុងទង្វើរបស់ពួកគេ។ ពិតណាស់ អ្វីដែលពួកយើងយល់ ប្រហែលជាមិនស្របគ្នាទាំងស្រុងជាមួយនឹងការគិតរបស់ពួកគេទេ ប៉ុន្តែជាទូទៅ នេះគឺជាភាពខុសគ្នាចម្បងរវាងស្ត្រីបូព៌ា និងស្ត្រីបស្ចិមលោក។ តើទស្សនៈទាំងពីរនេះ មួយណាត្រឹមត្រូវ? (គ្មានមួយណាត្រឹមត្រូវឡើយ។) តាមពិតទៅ នេះមិនមែនជារឿងត្រូវ និងខុសឡើយ។ ក្រោមបរិបទសង្គមបូព៌ា នៅក្នុងសហគមន៍បែបនេះ អ្នកត្រូវតែរស់នៅបែបនោះ។ តើអ្នកអាចបះបោរបានទេ ប្រសិនបើអ្នកចង់នោះ? នៅក្នុងគ្រួសារមួយ អ្នកប្រឈមនឹងសេចក្ដីស្លាប់ ប្រសិនបើអ្នកបះបោរ។ នៅបស្ចិមលោក អ្នកអាចរស់នៅដូចស្ត្រីបស្ចិមលោកបាន ប៉ុន្តែមិនថាអ្នករស់នៅបែបណា ក្រោមបរិបទសង្គមណា ឬនៅក្នុងសហគមន៍ណានោះទេ តើទស្សនៈមួយណាដែលស្របតាមសេចក្ដីពិត? (គ្មានទស្សនៈណាមួយស្របតាមសេចក្ដីពិតឡើយ។) គ្មានទស្សនៈណាមួយស្របតាមសេចក្ដីពិតឡើយ គឺសុទ្ធតែបំពានលើសេចក្ដីពិតទាំងអស់។ ហេតុអ្វីបានជាខ្ញុំនិយាយបែបនេះ? ប្រជាជនបូព៌ាចង់ឱ្យស្ត្រីស្លូតបូតគោរពតាមជានិច្ច បង្ហាញពីការស្ដាប់បង្គាប់ទាំងបី និងគុណធម៌ទាំងបួន មានគុណធម៌ និងទន់ភ្លន់ តើដើម្បីគោលបំណងអ្វី? គឺដើម្បីធ្វើឱ្យពួកគេងាយស្រួលគ្រប់គ្រង។ នេះគឺជាមនោគមវិជ្ជាដ៏អាក្រក់ជួជាតិ ដែលបានរីកដុះដាលចេញពីវប្បធម៌ប្រពៃណីបូព៌ា ហើយតាមពិត វាបង្កគ្រោះថ្នាក់ដល់មនុស្ស ដែលទីបំផុត នាំឱ្យស្ត្រីរស់នៅក្នុងជីវិតដែលគ្មានទិសដៅ ឬគ្មានគំនិតជារបស់ខ្លួនឯង។ ស្ត្រីទាំងនេះមិនដឹងថាពួកគេគួរធ្វើអ្វី ត្រូវធ្វើដោយរបៀបណា ឬទង្វើណាត្រូវ ឬខុសឡើយ។ ពួកគេថែមទាំងលះបង់ជីវិតរបស់ពួកគេសម្រាប់គ្រួសាររបស់ពួកគេទៀតផង ប៉ុន្តែនៅតែមានអារម្មណ៍ថា ពួកគេមិនទាន់បានធ្វើគ្រប់គ្រាន់នៅឡើយ។ តើនេះគឺជាប្រភេទនៃការបង្កគ្រោះថ្នាក់ដល់ស្ត្រីដែរឬទេ? (មែនហើយ គឺអ៊ីចឹង។) ពួកគេមិនទាំងតស៊ូប្រឆាំងផង នៅពេលដែលសិទ្ធិផ្ទាល់ខ្លួនរបស់ពួកគេ ដែលជាសិទ្ធិដែលពួកគេគួរមាន ត្រូវបានគេដកហូតយកនោះ។ ហេតុអ្វីបានជាពួកគេមិនតស៊ូប្រឆាំង? ពួកគេនិយាយថា៖ «ការតស៊ូប្រឆាំងគឺជារឿងខុសឆ្គង វាមិនមានគុណធម៌ឡើយ។ មើលអ្នកនេះអ្នកនោះទៅ ពួកគេធ្វើបានល្អជាងខ្ញុំឆ្ងាយណាស់ ហើយបានរងទុក្ខច្រើនជាងខ្ញុំទៅទៀត ប៉ុន្តែពួកគេមិនដែលត្អូញត្អែរឡើយ»។ ហេតុអ្វីបានជាពួកគេគិតបែបនេះ? (ពួកគេរងឥទ្ធិពលពីការគិតតាមវប្បធម៌ប្រពៃណី។) គឺវប្បធម៌ប្រពៃណីនេះហើយ ដែលបានចាក់ឫសយ៉ាងជ្រៅនៅក្នុងចិត្តគំនិតរបស់ពួកគេ ហើយបណ្ដាលឱ្យពួកគេរងទុក្ខយ៉ាងខ្លាំង។ តើពួកគេអាចស៊ូទ្រាំនឹងការធ្វើបាបប្រភេទនេះបានដោយរបៀបណា? ពួកគេដឹងច្បាស់ណាស់ថា ការធ្វើបាបប្រភេទនេះគឺឈឺចាប់ ដែលវាធ្វើឱ្យពួកគេមានអារម្មណ៍ថាគ្មានជំនួយ និងធ្វើឱ្យពួកគេឈឺចាប់ក្នុងចិត្ត ដូច្នេះ តើពួកគេនៅតែអាចទ្រាំនឹងរឿងនេះបានដោយរបៀបណា? តើអ្វីជាមូលហេតុពីខាងក្រៅ? គឺថា នេះជាបរិបទសង្គមរបស់ពួកគេ ដូច្នេះ ពួកគេមិនអាចរំដោះខ្លួនបានទេ ប៉ុន្តែបានត្រឹមតែសុខចិត្តទ្រាំទ្រយ៉ាងស្លូតបូតប៉ុណ្ណោះ។ នេះក៏ជាការយល់ឃើញផ្ទាល់ខ្លួនរបស់ពួកគេផងដែរ។ ពួកគេមិនយល់ពីសេចក្ដីពិត ឬរបៀបដែលស្ត្រីគួររស់នៅដោយសេចក្ដីថ្លៃថ្នូរ ឬរបៀបដ៏ត្រឹមត្រូវសម្រាប់ស្ត្រីក្នុងការរស់នៅឡើយ។ គ្មាននរណាម្នាក់បានប្រាប់ពួកគេពីរឿងទាំងនេះឡើយ។ តាមដែលពួកគេដឹង តើអ្វីទៅជាលក្ខខណ្ឌវិនិច្ឆ័យសម្រាប់ការប្រព្រឹត្តខ្លួន និងទង្វើរបស់ស្ត្រី? គឺវប្បធម៌ប្រពៃណី។ ពួកគេគិតថា អ្វីដែលបានបន្ដតៗគ្នាពីមួយជំនាន់ទៅមួយជំនាន់គឺជារឿងត្រឹមត្រូវ ហើយថា ប្រសិនបើនរណាម្នាក់បំពានលើវា នោះមនសិការរបស់ពួកគេនឹងថ្កោលទោសពួកគេ។ នេះគឺជា «លក្ខខណ្ឌវិនិច្ឆ័យ» របស់ពួកគេ។ ប៉ុន្តែ តើលក្ខខណ្ឌវិនិច្ឆ័យនេះពិតជាត្រឹមត្រូវដែរឬទេ? តើវាគួរតែត្រូវបានដាក់ក្នុងសញ្ញាសម្រង់ដែរឬទេ? (មែនហើយ គួរតែដាក់។) លក្ខខណ្ឌវិនិច្ឆ័យនេះមិនស្របតាមសេចក្ដីពិតឡើយ។ មិនថាអាកប្បកិរិយារបស់នរណាម្នាក់ត្រូវបានគេយល់ស្រប ឬមើលឃើញថាល្អកម្រិតណានោះទេ ក្រោមការគ្រប់គ្រងនៃការគិត និងទស្សនៈប្រភេទនេះ តើវាពិតជាលក្ខខណ្ឌវិនិច្ឆ័យមែនឬ? វាមិនមែនទេ ព្រោះវាផ្ទុយនឹងសេចក្ដីពិត និងភាពជាមនុស្ស។ អស់រយៈពេលជាយូរមកហើយ ស្ត្រីនៅបូព៌ាត្រូវមើលថែគ្រួសារទាំងមូលរបស់ពួកគេ ហើយពួកគេត្រូវទទួលខុសត្រូវលើរឿងរ៉ាវកំប៉ិកកំប៉ុកទាំងអស់។ តើនេះយុត្តិធម៌ដែរឬទេ? (ទេ មិនយុត្តិធម៌ទេ។) បើដូច្នេះ តើពួកគេអាចស៊ូទ្រាំនឹងរឿងនេះបានដោយរបៀបណា? ពីព្រោះពួកគេត្រូវបានចងចងរឹតដោយការគិត និងទស្សនៈប្រភេទនេះ។ ការដែលពួកគេអាចស៊ូទ្រាំនឹងរឿងនេះបាន បង្ហាញថា នៅក្នុងជម្រៅចិត្តរបស់ពួកគេ ពួកគេជឿជាក់ប្រហែល៨០% ថាវាជារឿងត្រឹមត្រូវដែលត្រូវធ្វើ ហើយថា ប្រសិនបើពួកគេគ្រាន់តែស៊ូទ្រាំ នោះពួកគេនឹងអាចបំពេញតាមស្ដង់ដានៃវប្បធម៌ប្រពៃណីបាន។ ដូច្នេះ ពួកគេកំពុងដើរឆ្ពោះទៅរកទិសដៅនោះ ឆ្ពោះទៅរកស្ដង់ដាទាំងនោះ។ ប្រសិនបើនៅក្នុងជម្រៅចិត្តរបស់ពួកគេ ពួកគេគិតថាវាជារឿងខុសឆ្គង ហើយថាពួកគេមិនគួរធ្វើវាទេ ថាវាមិនស្របតាមភាពជាមនុស្សទេ ហើយថាវាផ្ទុយនឹងភាពជាមនុស្ស និងសេចក្ដីពិត តើពួកគេនៅតែអាចធ្វើវាបានដែរឬទេ? (ទេ ពួកគេមិនអាចទេ។) ពួកគេនឹងត្រូវគិតរកវិធីដើម្បីគេចចេញពីមនុស្សទាំងនោះ និងឈប់ធ្វើជាទាសកររបស់ពួកគេទៀត។ ប៉ុន្តែ ស្ត្រីភាគច្រើនមិនហ៊ានធ្វើបែបនេះទេ តើពួកគេគិតអ្វី? ពួកគេគិតថា ពួកគេអាចរស់រានមានជីវិតដោយគ្មានសហគមន៍នោះបាន ប៉ុន្តែពួកគេនឹងរងនូវការមាក់ងាយយ៉ាងខ្លាំង ប្រសិនបើពួកគេចាកចេញ ហើយនឹងត្រូវរងផលវិបាកជាក់លាក់ណាមួយមិនខាន។ បន្ទាប់ពីថ្លឹងថ្លែងរួច ពួកគេគិតថា ប្រសិនបើពួកគេធ្វើបែបនេះ មិត្តរួមការងាររបស់ពួកគេនឹងនិយាយដើមថាពួកគេគ្មានគុណធម៌ សង្គមនឹងថ្កោលទោសពួកគេតាមរបៀបមួយចំនួន ហើយមានមតិមួយចំនួនចំពោះពួកគេ ហើយរឿងទាំងអស់នេះនឹងនាំមកនូវផលវិបាកយ៉ាងធ្ងន់ធ្ងរ។ ទីបំផុត ពួកគេពិចារណាពីរឿងនេះ ហើយគិតថា៖ «យកល្អគ្រាន់តែស៊ូទ្រាំនឹងវាទៅបានហើយ។ បើមិនដូច្នេះទេ សម្ពាធនៃការថ្កោលទោសនឹងសង្កត់ខ្ញុំឱ្យបាក់បែកមិនខាន!» នេះហើយជាស្ថានភាពរបស់ស្ត្រីបូព៌ា ពីមួយជំនាន់ទៅមួយជំនាន់។ តើពួកគេត្រូវស៊ូទ្រាំនឹងអ្វីខ្លះ នៅពីក្រោយការប្រព្រឹត្តល្អទាំងអស់នេះ? គឺការដកហូតសេចក្ដីថ្លៃថ្នូរ និងសិទ្ធិជាមនុស្សរបស់ពួកគេ។ តើគំនិត និងទស្សនៈទាំងនេះស្របតាមសេចក្ដីពិតដែរឬទេ? (ទេ មិនស្របទេ។) វាមិនស្របតាមសេចក្ដីពិតឡើយ។ ពួកគេត្រូវបានគេដកហូតសេចក្ដីថ្លៃថ្នូរ និងសិទ្ធិមនុស្សរបស់ពួកគេ ហើយបាត់បង់សេចក្ដីសុចរិតរបស់ពួកគេ លំហសម្រាប់រស់នៅ និងការគិតដោយឯករាជ្យ ព្រមទាំងសិទ្ធិក្នុងការនិយាយ និងបញ្ចេញបំណងប្រាថ្នារបស់ពួកគេផ្ទាល់ អ្វីគ្រប់យ៉ាងដែលពួកគេធ្វើ គឺសម្រាប់មនុស្សនៅផ្ទះទាំងនោះ។ តើគោលបំណងរបស់ពួកគេក្នុងការធ្វើបែបនេះគឺជាអ្វី? គឺដើម្បីបំពេញតាមស្ដង់ដាដែលវប្បធម៌ប្រពៃណីតម្រូវសម្រាប់ស្ត្រី និងដើម្បីឱ្យអ្នកដទៃសរសើរពួកគេ ដោយហៅពួកគេថាជាប្រពន្ធល្អ និងជាមនុស្សល្អ។ តើនេះមិនមែនជាប្រភេទនៃការធ្វើទារុណកម្មមួយប្រភេទទេឬអី? (មែនហើយ គឺអ៊ីចឹង។) តើរបៀបនៃការគិតនេះត្រឹមត្រូវ ឬវៀចវេរ? (វាវៀចវេរ។) តើវាស្របតាមសេចក្ដីពិតដែរឬទេ? (ទេ មិនស្របទេ។) ព្រះជាម្ចាស់បានបង្កើតឆន្ទៈសេរីសម្រាប់មនុស្សជាតិ ហើយតើគំនិតអ្វីខ្លះដែលចេញមកពីឆន្ទៈសេរីនេះ? តើគំនិតទាំងនោះស្របតាមភាពជាមនុស្សដែរឬទេ? យ៉ាងហោចណាស់ គំនិតទាំងនេះត្រូវតែស្របតាមភាពជាមនុស្ស។ ក្រៅពីនេះ ទ្រង់ក៏មានបំណងឱ្យមនុស្សមានទស្សនៈ និងការយល់ដឹងដ៏ត្រឹមត្រូវចំពោះមនុស្ស ព្រឹត្តិការណ៍ និងរបស់ផ្សេងៗទាំងអស់នៅក្នុងដំណើរជីវិតរបស់ពួកគេ ហើយបន្ទាប់មក ជ្រើសរើសផ្លូវដ៏ត្រឹមត្រូវដើម្បីរស់នៅ និងថ្វាយបង្គំព្រះជាម្ចាស់។ ជីវិតដែលរស់នៅតាមរបៀបនេះ គឺជាជីវិតដែលព្រះជាម្ចាស់បានប្រទានឱ្យ ហើយមនុស្សគួរតែរីករាយនឹងជីវិតនេះ។ ក៏ប៉ុន្តែ មនុស្សត្រូវបានរឹតត្បិត ចងរឹត និងធ្វើឱ្យវៀចវេរដោយអ្វីដែលហៅថាវប្បធម៌ប្រពៃណី និងគម្ពីរសីលធម៌ទាំងនេះពេញមួយជីវិតរបស់ពួកគេ ហើយទីបំផុត តើពួកគេក្លាយជាអ្វី? ពួកគេក្លាយជាអាយ៉ងនៃវប្បធម៌ប្រពៃណី។ តើនេះមិនមែនបណ្ដាលមកពីមនុស្សមិនយល់ពីសេចក្ដីពិតទេឬអី? (មែនហើយ គឺអ៊ីចឹង។) តើអ្នករាល់គ្នានឹងជ្រើសរើសដើរលើផ្លូវនេះនៅថ្ងៃអនាគតដែរឬទេ? (ទេ ខ្ញុំមិនជ្រើសរើសទេ។) ដូច្នេះ តើអ្នកគួរធ្វើដូចម្ដេច? ឧបមាថា អ្នកនិយាយថា «ខ្ញុំនឹងតស៊ូប្រឆាំងនឹងពួកគេ» ឬ «ខ្ញុំនឹងលែងបម្រើពួកគេទៀតហើយ។ ខ្ញុំមានសិទ្ធិមនុស្ស ហើយខ្ញុំមានសេចក្ដីទៀងត្រង់របស់ខ្ញុំ»។ តើការធ្វើបែបនេះត្រឹមត្រូវដែរឬទេ? (ទេ មិនត្រឹមត្រូវទេ។) ការធ្វើបែបនេះគឺមិនត្រឹមត្រូវឡើយ។ នេះគឺជាការផ្លាស់ប្ដូរពីភាពជ្រុលហួសហេតុមួយ ទៅភាពជ្រុលហួសហេតុមួយទៀត ហើយវាមិនមែនជាការធ្វើបន្ទាល់អំពីព្រះជាម្ចាស់ ឬការលើកតម្កើងទ្រង់ឡើយ។ ដូច្នេះ តើអ្នកគួរប្រព្រឹត្តយ៉ាងដូចម្ដេច? (ស្របតាមគោលការណ៍។) ពិតណាស់ ការប្រព្រឹត្តស្របតាមគោលការណ៍គឺជារឿងត្រឹមត្រូវ ហើយអ្នកគួរតែប្រព្រឹត្តចំពោះមនុស្សគ្រប់គ្នាស្របតាមគោលការណ៍ ដោយប្រព្រឹត្តចំពោះពួកគេជាបងប្អូនប្រុសស្រី ប្រសិនបើពួកគេជឿលើព្រះជាម្ចាស់ ហើយជាអ្នកគ្មានជំនឿ ប្រសិនបើពួកគេមិនជឿ។ មិនចាំបាច់ធ្វើអយុត្តិធម៌ចំពោះខ្លួនឯង បំភ្លៃសេចក្ដីទៀងត្រង់របស់អ្នក ឬបោះបង់សេចក្ដីថ្លៃថ្នូរ និងសិទ្ធិរបស់អ្នក ដោយលះបង់ជីវិតរបស់អ្នកសម្រាប់ពួកគេឡើយ។ ពួកគេមិនស័ក្ដិសមឱ្យអ្នកធ្វើបែបនេះសម្រាប់ពួកគេឡើយ។ មានតែមួយអង្គគត់នៅក្នុងពិភពលោកនេះ ដែលស័ក្ដិសមនឹងឱ្យអ្នកចំណាយជីវិតរបស់អ្នកសម្រាប់ទ្រង់។ តើជាអ្នកណា? (គឺព្រះជាម្ចាស់។) ហេតុអ្វី? ពីព្រោះព្រះជាម្ចាស់គឺជាសេចក្ដីពិត ហើយព្រះបន្ទូលរបស់ទ្រង់គឺជាលក្ខខណ្ឌវិនិច្ឆ័យសម្រាប់ការរស់នៅ ការប្រព្រឹត្តខ្លួន និងទង្វើរបស់មនុស្ស។ ដរាបណាអ្នកមានព្រះជាម្ចាស់ និងព្រះបន្ទូលរបស់ព្រះជាម្ចាស់ នោះអ្នកនឹងមិនងាកចេញពីផ្លូវត្រឹមត្រូវឡើយ ហើយអ្នកនឹងមានភាពត្រឹមត្រូវនៅក្នុងរបៀបដែលអ្នកប្រព្រឹត្តខ្លួន និងទង្វើរបស់អ្នក។ នេះគឺជាប្រសិទ្ធផលចុងក្រោយ ដែលព្រះបន្ទូលរបស់ព្រះជាម្ចាស់សម្រេចបានលើនរណាម្នាក់ បន្ទាប់ពីគេត្រូវបានសង្គ្រោះ។
«តើសេចក្ដីពិតគឺជាអ្វី?» គឺជាប្រធានបទដ៏ធំទូលាយខ្លាំងមួយ។ ពួកយើងទើបតែបានលើកឧទាហរណ៍មួយចំនួន ដែលមួយក្នុងចំណោមនោះ គឺរបៀបប្រព្រឹត្តចំពោះសត្វទីទុយ។ តើមានឧទាហរណ៍អ្វីផ្សេងទៀត? (ប្រជាជនបូព៌ាយកតម្រាប់តាមជនជាតិបស្ចិមលោកផឹកកាហ្វេ។) (ស្ដង់ដាដែលប្រជាជនបូព៌ា និងបស្ចិមលោកតម្រូវជាចាំបាច់ចំពោះស្ត្រី។) ទាំងនេះគឺជាឧទាហរណ៍ដ៏ច្បាស់លាស់បំផុត។ ដូច្នេះ រវាងទស្សនៈរបស់ប្រជាជនបូព៌ា និងបស្ចិមលោកលើរឿងរ៉ាវផ្សេងៗ តើមួយណាជាលក្ខខណ្ឌវិនិច្ឆ័យ? (គ្មានមួយណាឡើយ។) គ្មានមួយណាពាក់ព័ន្ធនឹងសេចក្ដីពិតឡើយ ទាំងពីរនេះសុទ្ធតែជាទស្សនៈ និងមតិរបស់មនុស្ស។ បើនិយាយឱ្យកាន់តែច្បាស់ ទាំងពីរនេះសុទ្ធតែជាទស្សនៈខុសឆ្គង និងភាពខុសទំនង។ វាមិនមែនជាលក្ខខណ្ឌវិនិច្ឆ័យទេ វាគឺជាឧបាយកលរបស់សាតាំង ទ្រឹស្ដី និងទស្សនៈវិជ្ជារបស់សាតាំង ដែលបង្កគ្រោះថ្នាក់ដល់មនុស្ស។ តើអ្នកយល់ពីរឿងនេះកាន់តែច្បាស់បន្តិចដែរឬទេ បន្ទាប់ពីបានប្រកបគ្នាអំពីរឿងនេះរួច? (មែនហើយ ពួកយើងយល់។) ប្រសិនបើខ្ញុំមិនបាននិយាយអំពីរឿងនេះទេ ប្រហែលជានៅថ្ងៃណាមួយ អ្នករាល់គ្នាអាចនឹងពិចារណាយកតម្រាប់តាមជនជាតិបស្ចិមលោក ដោយផឹកកាហ្វេ និងហូបហាំប៊ឺហ្គឺ ដើម្បីធ្វើតាមពួកគេ។ តើការធ្វើបែបនោះស្របតាមគោលការណ៍ដែរឬទេ? ទោះបីជាអ្នកហូបអាហារបស្ចិមលោកជារៀងរាល់ថ្ងៃក៏ដោយ ក៏វានឹងឥតប្រយោជន៍ទាំងអស់ ប្រសិនបើអ្នកមិនដេញតាមសេចក្ដីពិតនោះ អ្នកនៅតែមិនមានលក្ខខណ្ឌវិនិច្ឆ័យសម្រាប់របៀបប្រព្រឹត្តខ្លួនដដែល។ គន្លឹះសំខាន់គឺថាតើអ្នកអាចស្វែងរកសេចក្ដីពិត និងប្រព្រឹត្តស្របតាមគោលការណ៍បានដែរឬទេ នេះទើបមានប្រយោជន៍សម្រាប់អ្នក។ តាមរយៈការដែលខ្ញុំប្រកបគ្នាបែបនេះ តើអ្នករាល់គ្នាមានការយល់ដឹងខ្លះៗអំពីសេចក្ដីពិត និងលក្ខខណ្ឌវិនិច្ឆ័យដែរឬទេ? (មែនហើយ ពួកយើងមាន។) តើមានសេចក្ដីពិតនៅក្នុងវប្បធម៌ប្រពៃណី ឬលក្ខខណ្ឌវិនិច្ឆ័យផ្នែកសីលធម៌របស់មនុស្សដែរឬទេ? (ទេ មិនមានទេ។) តើមានសេចក្ដីពិតនៅក្នុងគម្ពីរសីលធម៌ដែរឬទេ? (ទេ មិនមានទេ។) ឥឡូវនេះ តើអ្នកអាចប្រាកដថាព្រះបន្ទូលរបស់ព្រះជាម្ចាស់គឺជាសេចក្ដីពិតបានដែរឬទេ? (មែនហើយ ពួកយើងអាច។) បន្ទាប់ពីបានបញ្ជាក់ថាព្រះបន្ទូលរបស់ព្រះជាម្ចាស់គឺជាសេចក្ដីពិតហើយ អ្នកត្រូវតែពិចារណាថា៖ តើព្រះបន្ទូលរបស់ព្រះជាម្ចាស់គឺជាអ្វី? តើគោលការណ៍អ្វីខ្លះដែលតម្រូវនៅក្នុងព្រះបន្ទូលរបស់ទ្រង់? តើលក្ខខណ្ឌវិនិច្ឆ័យអ្វីខ្លះដែលទ្រង់បានប្រាប់ដល់មនុស្ស? តើមនុស្សគួរប្រព្រឹត្តយ៉ាងដូចម្ដេចឱ្យប្រាកដ ដើម្បីឱ្យស្របតាមព្រះបន្ទូលរបស់ព្រះជាម្ចាស់ ហើយតើគោលការណ៍ដ៏ត្រឹមត្រូវសម្រាប់ការធ្វើបែបនេះគឺជាអ្វី? នេះគឺជាអ្វីដែលអ្នកត្រូវតែស្វែងរក ប៉ុន្តែសម្រាប់ពេលនេះ គឺមានតែប៉ុណ្ណឹងទេអំពីប្រធានបទនេះ។
ផ្នែកបំពេញបន្ថែម៖
មួយថ្ងៃក្នុងជីវិតរបស់ស៊ាវជា
ចូរយើងបន្តទៅប្រធានបទបន្ទាប់ទៀត។ តើគួរនិយាយអំពីអ្វីទៅ? ខ្ញុំគួរតែនិទានរឿងមួយ។ រឿងរ៉ាវក៏ទាក់ទងនឹងសេចក្ដីពិត និងលក្ខខណ្ឌវិនិច្ឆ័យសម្រាប់ការប្រព្រឹត្តខ្លួនរបស់មនុស្ស សកម្មភាព និងការថ្វាយបង្គំព្រះជាម្ចាស់ដែរ។ ចូរស្ដាប់ថាតើរឿងនេះមានទំនាក់ទំនងអ្វីជាមួយនឹងសេចក្ដីពិត និងលក្ខខណ្ឌវិនិច្ឆ័យសម្រាប់ ឥរិយាបថរបស់មនុស្ស។ រឿងនេះនិយាយអំពីមួយថ្ងៃក្នុងជីវិតរបស់ស៊ាវជា។ តួអង្គសំខាន់របស់យើងគឺស៊ាវជា ហើយតើរឿងនេះកើតឡើងក្នុងរយៈពេលប្រហែលប៉ុន្មាន? (មួយថ្ងៃ។) មួយថ្ងៃ។ មនុស្សខ្លះអាចនិយាយថា៖ «តើរឿងរ៉ាវមួយថ្ងៃ សមនឹងយកមកនិយាយដែរឬទេ?» គឺវាអាស្រ័យលើអ្វីដែលអ្នកនិយាយប៉ុណ្ណោះ។ ប្រសិនបើវាគ្រាន់តែជាការនិយាយដើមគេ និងរឿងត្រូវរឿងខុស នោះវាមិនសមនឹងយកមកនិយាយទេ។ ប៉ុន្តែ ប្រសិនបើវាទាក់ទងនឹងសេចក្ដីពិតវិញ កុំថាឡើយមួយថ្ងៃ សូម្បីតែរឿងរ៉ាវមួយនាទី ក៏សមនឹងយកមកនិយាយដែរ មែនទេ? (មែនហើយ។)
ស៊ាវជាគឺជាមនុស្សម្នាក់ដែលមានចិត្តក្លៀវក្លាក្នុងការ ដេញតាម និងមានចិត្តក្លៀវក្លាក្នុងការបំពេញភារកិច្ច របស់គាត់ ហើយរឿងរ៉ាវរបស់គាត់ចាប់ផ្ដើមនៅពេលព្រលឹម បន្ទាប់ពីគាត់ទើបតែក្រោកពីគេង។ នៅពេលក្រោកពីព្រលឹម បន្ទាប់ពីអានព្រះបន្ទូលរបស់ព្រះជាម្ចាស់ និងអនុវត្តការថ្វាយបង្គំរួចហើយ ស៊ាវជាក៏ទៅញ៉ាំអាហារពេលព្រឹក។ គាត់ដួសបបរមួយចាន និងបន្លែបន្តិចបន្តួច។ ពេលឃើញស៊ុត គាត់ក៏គិតក្នុងចិត្តថា៖ «គួរតែយកពីរគ្រាប់។ មួយថ្ងៃស៊ុតចំនួនពីរគ្រាប់ គឺមានជីវជាតិគ្រប់គ្រាន់ហើយ»។ ប៉ុន្តែ នៅពេលលូកដៃទៅយក គាត់ក៏ស្ទាក់ស្ទើរ «តើយកពីរ ឬយកមួយ? បើគេឃើញខ្ញុំយកពីរ វាមិនល្អមើលទេ។ វាលោភលន់ពេកហើយ គេនឹងគិតថាខ្ញុំជាមនុស្សល្មោភមិនខាន។ ជាការល្អ យកតែមួយគ្រាប់បានហើយ»។ គាត់ដកដៃមកវិញ រួចក៏លូកទៅម្ដងទៀត ហើយចាប់យកស៊ុតមួយគ្រាប់។ នៅពេលនោះ មានម្នាក់ទៀតក៏មកយកស៊ុតដែរ ហើយបេះដូងរបស់ស៊ាវជាក៏លោតឌុកដាក់ៗនៅពេលគេធ្វើបែបនោះ។ គាត់គិតថា៖ «តាមពិតទៅ កុំញ៉ាំស៊ុតអីល្អជាង។ ខ្ញុំមានបបរ និងបន្លែ ព្រមទាំងមាននំប៉ាវ ហើយអាហារពេលព្រឹកប៉ុណ្ណឹងគឺគ្រប់គ្រាន់ហើយ។ ខ្ញុំមិនគួរលោភលន់ពេកទេ។ ហើយចាំបាច់ចង់ញ៉ាំស៊ុតធ្វើអី? ប្រសិនបើឱ្យគេឃើញ វាមិនល្អមើលទេ តើនេះមិនមែនជាការលង់នឹងភាពស្រណុកសុខស្រួលទេឬអី? ខ្ញុំមិនយកសូម្បីតែមួយគ្រាប់»។ ដោយគិតបែបនេះ ស៊ាវជាក៏ដាក់ស៊ុតទៅកន្លែងដើមវិញ ហើយប៉ុន្មាននាទីក្រោយមក បន្ទាប់ពីញ៉ាំអាហារពេលព្រឹករួច គាត់ក៏ចាប់ផ្ដើមបំពេញភារកិច្ចរបស់ខ្លួន។ គាត់រវល់នឹងការងារ ដែលត្រូវធ្វើភ្លាមៗ ដោយធ្វើចប់មួយហើយមួយទៀត។ ពេលវេលាកន្លងផុតទៅយ៉ាងលឿន មួយប៉ប្រិចភ្នែកក៏ដល់ម៉ោងញ៉ាំអាហារថ្ងៃត្រង់។ អ្នកផ្សេងទៀតបានទៅញ៉ាំបាយអស់ហើយ ប៉ុន្តែស៊ាវជាមើលនាឡិកា ឃើញថាម៉ោង ១២:៤០ រសៀល «ចាំបន្តិចទៀតសិន។ ខ្ញុំមិនគួរប្រញាប់ទៅញ៉ាំបាយ ពេលគេទៅញ៉ាំបាយអស់នោះទេ។ ប្រសិនបើខ្ញុំប្រញាប់ទៅញ៉ាំជាមួយគេ នោះមិនដូចជាពួកគេដែរហើយឬ ហាក់ដូចជាល្មោភញ៉ាំណាស់អ៊ីចឹង។ ខ្ញុំនឹងចាំបន្តិចទៀតសិន»។ គាត់ក៏បន្តរវល់នឹងការងារក្នុងដៃទៀត ប៉ុន្តែពោះរបស់គាត់មិនស្តាប់បង្គាប់សោះ គាត់ចាប់ផ្ដើមកូរពោះ។ គាត់យកដៃខ្ទប់ពោះ ហើយសម្លឹងមើលកុំព្យូទ័រទាំងអារម្មណ៍មិននៅនឹងខ្លួន ដោយគិតថា៖ «ខ្ញុំឃ្លានណាស់! ថ្ងៃត្រង់នេះមានម្ហូបអីញ៉ាំទៅ? តើអាចមានសាច់ដែរឬទេ? ប្រសិនបើបានញ៉ាំសាច់បន្តិច ពិតជាល្អណាស់!» គាត់គិតបណ្ដើរ កូរពោះបណ្តើរ ហើយគាត់ទ្រាំចាំយ៉ាងលំបាក ទម្រាំតែអ្នកផ្សេងទៀតញ៉ាំបាយរួច ហើយត្រឡប់មកវិញ។ មានម្នាក់និយាយថា៖ «ម៉េចក៏មិនទៅញ៉ាំបាយ? ឆាប់ទៅញ៉ាំទៅ បាយត្រជាក់អស់ហើយ»។ ស៊ាវជាតបថា៖ «មិនអីទេ ខ្ញុំមិនទាន់ធ្វើការងារក្នុងដៃរួចរាល់ ចាំធ្វើរួចចាំទៅញ៉ាំ»។ «ចុះញ៉ាំបាយរួច ចាំមកធ្វើវិញទៅ មិនល្អជាង?» «មិនអីទេ ជិតរួចហើយ»។ ដូច្នេះ ស៊ាវជាខំទ្រាំឃ្លាន ហើយធ្វើការងារក្នុងដៃបន្តទៀត។ តាមពិតទៅ ឥឡូវនេះគាត់ឃ្លានខ្លាំងណាស់ គ្មានអារម្មណ៍ធ្វើការទៀតទេ ប៉ុន្តែគាត់ទ្រាំឃ្លាន ហើយបន្តធ្វើពុតនៅទីនោះ។ មួយសន្ទុះក្រោយមក គាត់មើលនាឡិកាម្ដងទៀត ឃើញថាម៉ោង ១:៣០ រសៀលហើយ ក៏គិតថា៖ «ល្មមហើយ ខ្ញុំគួរតែទៅញ៉ាំបាយថ្ងៃត្រង់ហើយឥលូវនេះ»។ គាត់បម្រុងនឹងក្រោកទៅញ៉ាំបាយ ស្រាប់តែមានបងស្រីម្នាក់លើកថាសបាយម្ហូបមកដល់មុខគាត់ ហើយនិយាយថា៖ «ថ្ងៃណាស់ហើយ! ម៉េចក៏មិនទៅញ៉ាំបាយ? ទោះរវល់យ៉ាងណាក៏ត្រូវញ៉ាំបាយដែរ ប្រសិនបើមិនញ៉ាំបាយទៀងពេលទេ នឹងមានបញ្ហាក្រពះមិនខាន»។ គាត់តបថា៖ «មិនអីទេ រួចដៃ ខ្ញុំនឹងទៅញ៉ាំ»។ «មិនបាច់ទៅទេ ខ្ញុំយកបាយមកឱ្យហើយ ឆាប់ញ៉ាំទៅ»។ «ប្រញាប់ធ្វើអី ខ្ញុំមិនទាន់ឃ្លានផង»។ កំពុងតែនិយាយថាមិនឃ្លាន ស្រាប់តែពោះកូរលឺគ្រូកៗដូចផ្គរលាន់។ ស៊ាវជាយកដៃខ្ទប់ពោះ ញញឹមទាំងអាម៉ាស់ រួចនិយាយទៅកាន់បងស្រីនោះថា៖ «កុំបារម្ភរឿងយកបាយមកឱ្យខ្ញុំទៀតអី»។ «ប៉ុន្តែប្រសិនបើមិនយកមកឱ្យទេ បាយត្រជាក់អស់ ត្រូវយកទៅកម្ដៅម្ដងទៀត នេះកម្ដៅមួយសារហើយ»។ «អរគុណហើយ!» ស៊ាវជាលេបទឹកមាត់បណ្ដើរ ទទួលយកបាយដែលបងស្រីយកមកឱ្យបណ្ដើរ។ ស៊ាវជាក្រឡេកមើលបាយនៅលើថាស គាត់សប្បាយចិត្តណាស់៖ មាននំប៉ាវពីរ មានបន្លែ មានសាច់ និងមានស៊ុប។ ស៊ាវជាមានគំនិតផ្សេងទៀត ពេលឃើញនំប៉ាវ ក៏និយាយទៅកាន់បងស្រីថា៖ «ខ្ញុំញ៉ាំនំប៉ាវពីរមិនអស់ទេ។ មួយរយៈនេះរវល់ពេក ដេកមិនលក់ មិនសូវឃ្លានទេ តើវាមិនខ្ជះខ្ជាយទេឬ ប្រសិនបើឱ្យនំប៉ាវខ្ញុំពីរនោះ? យកមួយទៅវិញចុះ»។ «មិនអីទេ ប្រសិនបើញ៉ាំមិនអស់ ចាំយកទៅវិញចុះ» បងស្រីតបដូច្នេះ រួចក៏ដើរចេញទៅ។ ស៊ាវជាគិតក្នុងចិត្តថា៖ «ឆាប់ទៅៗ ខ្ញុំឃ្លានចង់ស្លាប់ហើយ»។ គាត់លើកចានស៊ុប មើលឆ្វេងមើលស្ដាំ គ្មានមនុស្ស ប៉ុន្តែនៅតែមានអារម្មណ៍អាម៉ាស់បន្តិចដែរ រួចក៏ហុតតិចៗ។ បន្ទាប់មក គាត់សម្លឹងមើលសាច់ «អីយ៉ា! អាចធុំក្លិនសាច់ជ្រូកខតាំងពីចម្ងាយ ប៉ុន្តែខ្ញុំមិនអាចញ៉ាំភ្លាមៗបានទេ ព្រោះខ្ញុំត្រូវញ៉ាំបន្លែមុន។ ខ្ញុំនឹងញ៉ាំសាច់បានតិចតួច ប្រសិនបើខ្ញុំញ៉ាំបន្លែឆ្អែត ប្រសិនបើមិនអ៊ីចឹងទេ ខ្ញុំអាចញ៉ាំសាច់អស់កន្លះចាន តើវាមិនគួរឱ្យអាម៉ាស់ទេឬ!» គាត់គិតមួយសន្ទុះ ហើយក៏ធ្វើតាមនោះ។ គាត់ញ៉ាំនំប៉ាវ និងបន្លែ ហើយហុតស៊ុប។ ពេលកំពុងញ៉ាំ គាត់មានអារម្មណ៍ថាចង់ញ៉ាំសាច់បន្តិច ក៏ចាប់សាច់ជ្រូកខមួយដុំ។ គាត់ដាក់ចូលមាត់ បិទភ្នែកភ្លក្សរសជាតិយ៉ាងយកចិត្តទុកដាក់ «ឆ្ងាញ់ណាស់! សាច់ពិតជាឆ្ងាញ់មែន ប៉ុន្តែមិនអាចញ៉ាំច្រើនទេ ញ៉ាំមួយម៉ាត់បានហើយ បន្ទាប់មកញ៉ាំបន្លែឱ្យច្រើន ហុតស៊ុបឱ្យច្រើន»។ គាត់បន្តញ៉ាំនំប៉ាវ ប៉ុន្តែចេះតែសម្លឹងមើលសាច់ពេលកំពុងញ៉ាំបន្លែ «តើគួរញ៉ាំសាច់នេះឬអត់? ឆ្ងាញ់យ៉ាងនេះ ប្រសិនបើមិនញ៉ាំពិតជាគួរឱ្យស្តាយណាស់»។ គាត់ក៏ចាប់ផ្ដើមលេបទឹកមាត់ម្ដងទៀត រួចគិតថា «ខ្ញុំដឹងហើយ! ខ្ញុំនឹងបេះនំប៉ាវជាដុំតូចៗ យកទៅជ្រលក់ទឹកស៊ុប នេះមិនដូចជាបានញ៉ាំសាច់ដែរទេឬ? ធ្វើបែបនេះអាចឱ្យគេឃើញថាខ្ញុំមិនបានញ៉ាំសាច់ ប៉ុន្តែខ្ញុំនៅតែបានញ៉ាំរសជាតិសាច់ទៀត នេះពិតជាល្អណាស់!» ដោយគិតដូច្នេះ គាត់ក៏យកនំប៉ាវបន្តិចដាក់ចូលក្នុងទឹកសាច់ រួចក៏ស្រង់មកញ៉ាំ មានអារម្មណ៍ថាឆ្ងាញ់ណាស់ ស្ទើរតែដូចសាច់ដែរ។ បន្ទាប់មកស៊ាវជាក៏បេះនំប៉ាវទាំងមូលភ្លាមៗ ដាក់ចូលក្នុងទឹកស៊ុប... មិនដល់ដប់នាទីផង គាត់ញ៉ាំអស់រលីង ស៊ុបក៏ញ៉ាំអស់ដែរ។ គាត់ញ៉ាំនំប៉ាវអស់តែមួយទេ ដោយទ្រាំនឹងចំណង់ចង់ញ៉ាំមួយទៀត ហើយទប់ចិត្តខ្លួនឯង។ បន្ទាប់ពីម្ហូបអាហារទាំងអស់ត្រូវបានញ៉ាំអស់តាមអ្វីដែលគាត់បានគិតទុក ស៊ាវជាស្ទើរតែឆ្អែតហើយ ហើយមិនគិតថាគាត់ត្រូវការថែមទៀតទេ។ បន្ទាប់មក គាត់គិតថា៖ «អីយ៉ា! វាមិនសូវសមទេ ដែលញ៉ាំលឿនយ៉ាងនេះ ហាក់ដូចជាខ្ញុំឃ្លានខ្លាំងណាស់អ៊ីចឹង។ តាមពិតគឺឃ្លានមែន ប៉ុន្តែប្រសិនបើឱ្យគេឃើញបែបនេះ មិនល្អទេ ត្រូវញ៉ាំយឺតៗ។ ប៉ុន្តែឥឡូវញ៉ាំអស់ហើយ ធ្វើម៉េចទៅ? ខ្ញុំមានវិធី ទុកដប់នាទីទៀត ចាំយកទៅវិញ»។ គាត់កាន់នាឡិកា ហើយសម្លឹងមើលមុខនាឡិកា «ប្រាំនាទី... ដប់... ដប់ប្រាំ... អូខេ ម៉ោងពីរហើយ។ ល្អណាស់ យកទៅវិញចុះ!» ដោយចិត្តសប្បាយរីករាយ គាត់ក៏យកសាច់ជ្រូកខ និងនំប៉ាវដែលនៅសល់ទៅទុកវិញ។
ម៉ោងពីររសៀលជាងហើយទើបស៊ាវជាត្រឡប់មកវិញ។ បងប្អូនប្រុសស្រីរបស់គាត់បានទៅសម្រាកពេលថ្ងៃអស់ហើយ ហើយគាត់គ្មានអ្វីត្រូវធ្វើតែម្នាក់ឯងទេ ដូច្នេះគាត់មានអារម្មណ៍ធុញទ្រាន់យ៉ាងខ្លាំង។ គាត់គិតថា៖ «តើខ្ញុំគួរគេងមួយសន្ទុះដែរឬទេ? ក្រោយពេលញ៉ាំបាយ គេងបន្ដិចក៏ល្អ។ ប៉ុន្តែមិនបានទេ ប្រសិនបើខ្ញុំគេង ពេលអ្នកផ្សេងទៀតគេង តើខ្ញុំនឹងក្លាយជាមនុស្សបែបណាទៅ? ខ្ញុំមិនអាចគេងទេ។ ខ្ញុំត្រូវតែទ្រាំ។ ប៉ុន្តែធ្វើម៉េចទើបមិនងងុយ? ខ្ញុំមិនអាចគេងលក់ទេពេលកំពុងឈរ ប៉ុន្តែប្រសិនបើខ្ញុំចេះតែឈររហូត ខ្ញុំនឹងធ្វើឱ្យគេភ្ញាក់ផ្អើល ប្រសិនបើស្រាប់តែមាននរណាម្នាក់ចូលមក។ ទេ ខ្ញុំមិនអាចឈរបានទេ។ អ៊ីចឹង ខ្ញុំគ្រាន់តែអង្គុយមុខកុំព្យូទ័រទៅបានហើយ។ ប្រសិនបើនរណាម្នាក់ឃើញខ្ញុំ គេនឹងគិតថាខ្ញុំកំពុងធ្វើការ ប៉ុន្តែតាមពិតខ្ញុំកំពុងសម្រាក។ នេះជាគំនិតល្អ»។ ដូច្នេះ គាត់ក៏អង្គុយមុខកុំព្យូទ័រដូចធម្មតា ដោយសម្លឹងមើលវាទាំងភ្លឹក ប៉ុន្តែមិនដល់ប្រាំនាទីផង គាត់ក៏គេងលក់ ហើយស្រមុកលើក្តារចុច។ សែសិបនាទីក្រោយមក ស៊ាវជាស្រាប់តែភ្ញាក់ពីគេងយ៉ាងស្កប់ស្កល់ ហើយស្ទុះក្រោកឡើង «តើខ្ញុំមិនមែនឈរទេឬ? ម៉េចក៏ខ្ញុំគេងលក់ទៅវិញ?» គាត់មើលម៉ោង ឃើញថាជិតយឺតហើយ ក៏ទៅលុបមុខនៅពេលដែលគ្មាននរណានៅទីនោះ។ ពេលនោះ ពេលឃើញខ្លួនឯងនៅក្នុងបន្ទប់ទឹក គាត់និយាយថា «អូ ទេ! មុខរបស់ខ្ញុំសុទ្ធតែស្នាមក្ដារចុច! តើឱ្យគេឃើញសភាពខ្ញុំបែបនេះបានយ៉ាងម៉េចទៅ?» គាត់ប្រញាប់លុបមុខ ដោយដុសផង និងទះថ្នមៗផង ហើយនៅក្នុងបន្ទប់ទឹកមួយសន្ទុះធំ។ បន្ទាប់មក គាត់ឆ្លុះកញ្ចក់មើល ហើយឃើញថាស្នាមក្ដារចុចបាត់ស្ទើរអស់ហើយ ក៏ត្រេកអរក្នុងចិត្តថា៖ «គ្មាននរណាចាប់អារម្មណ៍ទេ លុះត្រាតែគេពិនិត្យមើលមែនទែន»។ បន្ទាប់ពីនេះ គាត់សិតសក់ និងសម្រួលកអាវ ហើយស្រាប់តែដឹងថា កអាវពណ៌ស្រាលរបស់គាត់រលើបដោយសារខ្លាញ់បន្តិច ហើយពេលពិនិត្យមើលកាន់តែច្បាស់ ចុងដៃអាវក៏កខ្វក់បន្តិចដែរ។ គាត់គិតក្នុងចិត្តថា «ខ្ញុំមិនបានលាងសម្អាត ឬផ្លាស់ខោអាវប៉ុន្មានថ្ងៃហើយ ប៉ុន្តែការមិនលាងសម្អាតក៏មានប្រយោជន៍ដែរ។ កខ្វក់បន្តិចបន្តួចមិនធ្វើឲ្យនរណាម្នាក់ឈឺចាប់ទេ ហើយខ្ញុំក៏មិនរំខានចិត្តនឹងការប្រឡាក់បន្តិចបន្តួចឡើយ។ ម្យ៉ាងវិញទៀត ការមើលទៅរញ៉េរញ៉ៃបន្តិច បែបមើលទៅមានជីវិតខាងវិញ្ញាណជាង មែនទេ? គាត់គ្រាន់តែបត់កអាវ និងដៃអាវចេញមកក្រៅ ហើយត្រឡប់ដៃអាវក្រៅឡើងលើ ដើម្បីបញ្ចេញកន្លែងកខ្វក់ទាំងអស់មក។ ដោយពេញចិត្តយ៉ាងខ្លាំង គាត់ក៏មានកម្លាំងចិត្តឡើងវិញ ហើយដើរចេញពីបន្ទប់ទឹកយ៉ាងស្ងប់ស្ងាត់។ មួយសន្ទុះក្រោយមក មនុស្សភាគច្រើនបាននៅកន្លែងរបស់ខ្លួន និងចាប់ផ្ដើមរវល់នឹងការងារ។ នៅពេលស៊ាវជាឃើញថា អ្នកផ្សេងទៀតបានមកដល់អស់ហើយ គាត់និយាយថា៖ «អ្នករាល់គ្នាមិនបានគេងយូរទេ! អ្នករាល់គ្នាពិតជាទ្រាំទ្រនឹងការលំបាក ហើយអាចបង់ថ្លៃបានមែនទេ! ខ្ញុំមិនបានគេងសូម្បីបន្តិច គឺគ្រាន់តែបិទភ្នែកមួយភ្លែតមុននឹងលុបមុខនឹងទឹកបន្តិច។ ប្រសិនបើមិនអ៊ីចឹងទេ គ្មានកម្លាំងទេ»។ គ្មាននរណាតបឡើយ។ គាត់មានអារម្មណ៍ធុញទ្រាន់យ៉ាងខ្លាំង ក៏ចាប់ផ្ដើមធ្វើការដែរ។ ដោយសារគាត់បានញ៉ាំស៊ុបច្រើនពេកនៅពេលថ្ងៃត្រង់ គាត់ចេះតែចង់ទៅបន្ទប់ទឹក ប៉ុន្តែគាត់ទ្រាំ ដោយគិតថា៖ «ប្រសិនបើខ្ញុំទៅ តើគេមិនគិតថាខ្ញុំខ្ជិលទេឬ? កេរ្តិ៍ឈ្មោះបែបនោះមិនល្អទេ ដូច្នេះខ្ញុំមិនអាចទៅបានទេ»។ ហេតុនេះ គាត់ក៏ទ្រាំ ទម្រាំតែមានម្នាក់ទៀតទៅបន្ទប់ទឹក ហើយគាត់ក៏ឃើញឱកាស។ គាត់ប្រញាប់ទៅតម្រង់ជួរភ្លាម ដោយគិតថា «វាពិតជាល្អណាស់ដែលគ្រាន់តែដើរតាមគេតាមឯង ព្រោះនឹងគ្មាននរណានិយាយអ្វីពីខ្ញុំទេ»។
វាជាពេលរសៀលដ៏មមាញឹកមួយ។ ស៊ាវជាបានធ្វើការងារជាច្រើន ដោយបានប្រកបគ្នាជាមួយអ្នកនេះ សួរសំណួរអ្នកនោះ ស្វែងរកឯកសារ និងធ្វើកិច្ចការគ្រប់ប្រភេទដែលពាក់ព័ន្ធនឹងភារកិច្ចរបស់គាត់។ បន្ទាប់ពីភាពមមាញឹកទាំងអស់នេះ ទីបំផុតក៏ដល់ពេលញ៉ាំអាហារពេលល្ងាច។ លើកនេះ ស៊ាវជាបានទៅយឺតជាងអ្នកដទៃបន្តិច ប៉ុន្តែគាត់បានញ៉ាំរួចរាល់ស្ទើរតែទាន់ពេលវេលា។ អំឡុងពេល ក្រោយអាហារពេលល្ងាច គឺជាពេលវេលាដ៏សប្បាយរីករាយបំផុតប្រចាំថ្ងៃរបស់ស៊ាវជា ព្រោះវាជាពេលតែមួយគត់ដែលគាត់អាចផឹកកាហ្វេមួយពែងដែលគាត់ចូលចិត្តដោយចិត្តស្ងប់ គ្មានការបន្ទោសខ្លួនឯង ឬការរិះគន់ពីអ្នកដទៃឡើយ ប៉ុន្តែប្រកបដោយចិត្តស្ងប់សុខ។ ហេតុអ្វី? ពីព្រោះគាត់មានហេតុផលគ្រប់គ្រាន់ថាហេតុអ្វីបានជាគាត់ត្រូវផឹកកាហ្វេ ហើយហេតុផលទាំងនោះគឺត្រឹមត្រូវទាំងស្រុងក្នុងកែវភ្នែករបស់អ្នកដទៃ។ ដូច្នេះ នេះជាពេលវេលាដ៏សប្បាយរីករាយបំផុតរបស់គាត់។ នៅពេលគាត់ឆុងកាហ្វេ គាត់បានរអ៊ូដាក់ខ្លួនឯងថា «អ្ហ៎ា ថ្ងៃនេះត្រូវធ្វើការថែមម៉ោងទៀតហើយ។ មិនដឹងថាត្រូវធ្វើដល់ម៉ោងប៉ុន្មានទេ។ ចាំមើលថាកាហ្វេនេះអាចជួយឱ្យខ្ញុំទ្រាំបានយូរប៉ុនណា»។ គាត់បានដាក់ទម្លាក់ពែងកាហ្វេដែលទើបនឹងឆុងរួចនោះទៅលើតុខ្លាំងៗ ហាក់ដូចចង់ប្រាប់គ្រប់គ្នាថា «ហើយ យ៉ាងម៉េច? ខ្ញុំកំពុងផឹកកាហ្វេរបស់ខ្ញុំ តើអ្នកនឹងធ្វើអ្វីដែរ!»។ គាត់បានក្រឡេកមើលអ្នកដទៃនៅជុំវិញគាត់។ គ្មាននរណាម្នាក់កំពុងមើលគាត់ទេ ប៉ុន្តែគាត់នៅតែលើកពែងកាហ្វេឡើងក្រេបមួយម៉ាត់ដោយមិនខ្វល់ ហើយគិតថា៖ «គេគ្រប់គ្នានិយាយថាកាហ្វេល្អ ហើយវាពិតជាល្អមែន។ កាហ្វេមានរសជាតិឆ្ងាញ់ប្លែករាល់ថ្ងៃ ដោយផ្ដល់នូវបទពិសោធផ្សេងៗគ្នា។ វាពិតជាអស្ចារ្យណាស់!»។ ដោយក្តី រីករាយ គាត់បានក្រេបកាហ្វេរបស់គាត់ដោយមោទនភាព រួចក៏សម្លឹងមើលជុំវិញខ្លួនដោយភាពស្រពេចស្រពិល ដើម្បីរកមើលការងារសម្រាប់ពេលល្ងាច។ គាត់គ្មានគោលដៅអ្វីក្នុងចិត្តសោះឡើយ ហើយមានអារម្មណ៍ថាអស់កម្លាំងបន្ទាប់ពីរវល់ពេញមួយថ្ងៃ ប៉ុន្តែគាត់បានបង្ខំខ្លួនឯងឱ្យបន្តទៅមុខទៀត។ គាត់មិនអាចងងុយដេក ហើយមិនអាចឱ្យអ្នកដទៃឃើញថាគាត់ហត់នឿយ ឬមានអាកប្បកិរិយាធ្វើឱ្យតែរួចពីដៃ មិនទទួលខុសត្រូវ ឬដែលគ្មានការកោតខ្លាចណាមួយក្នុងការចាត់ចែងការងារ ឬភារកិច្ចរបស់គាត់ឡើយ។ គាត់បានបង្ខំខ្លួនឯងឱ្យមានកម្លាំងឡើងវិញ ហើយអង្គុយនៅមុខកុំព្យូទ័រដើម្បីបន្តធ្វើការ ហើយក៏ផឹកកាហ្វេអស់មួយពែងហើយមួយពែងទៀតតាមធម្មតា។ គាត់កាន់តែផឹក គាត់កាន់តែស្វាង ហើយកាន់តែបាត់ងងុយ។ ស៊ាវជាបានក្រឡេកមើលនាឡិការបស់គាត់ម្ដងម្កាល ដោយគិតថា៖ «ម៉ោងមួយកន្លងផុតទៅហើយ ប៉ុន្តែខ្ញុំមិនអាចដេកបានទេ ព្រោះខ្ញុំបានកំណត់គោលដៅសម្រាប់ខ្លួនឯងថាត្រូវនៅដល់ម៉ោងបី។ សូម្បីតែម៉ោង ២:៥០ នាទីទៀបភ្លឺ ក៏ខ្ញុំមិនអាចទៅដេកបានដែរ ព្រោះនោះនឹងជាការបំពានពាក្យសន្យារបស់ខ្ញុំ ហើយខ្ញុំនឹងគ្មានអ្វីត្រូវទូលថ្វាយព្រះជាម្ចាស់ឡើយ។ នេះគឺជាការសន្យាដែលភាវៈព្រះបានបង្កើតមកគួរតែរក្សា ដូច្នេះខ្ញុំត្រូវតែគោរពតាម។ ខ្ញុំបាននិយាយថា ខ្ញុំនឹងដេកនៅម៉ោង ៣ ទៀបភ្លឺ ដូច្នេះខ្ញុំនឹងដេកនៅម៉ោង ៣ ទៀបភ្លឺមែន ទោះបីជាខ្ញុំត្រូវផឹកកាហ្វេច្រើនប៉ុនណាក៏ដោយ»។ ដូច្នេះ គាត់បានផឹកកាហ្វេ ហើយប្រឹងទប់នឹងភាពហត់នឿយរបស់គាត់ ដោយបង្ខំ និងគ្រប់គ្រងខ្លួនឯងនៅក្នុងចិត្ត។ នៅម៉ោងបី ស៊ាវជាមានកិច្ចការសំខាន់មួយត្រូវបំពេញ ដូច្នេះគាត់បានយកទូរសព្ទរបស់គាត់ ហើយផ្ញើសារមួយដែលមានខ្លឹមសារថា៖ «បងស្រីឈ្មោះនេះឈ្មោះនោះ នេះគឺស៊ាវជា។ ខ្ញុំមានរឿងសំខាន់ចង់រំលឹកអ្នក កុំឱ្យភ្លេចថាមានការជួបជុំក្រុមនៅព្រឹកស្អែក ម៉ោង ១០។ អ្នកត្រូវតែមកចូលរួមកុំបីខាន ហើយកុំមកយឺតឱ្យសោះ។ ចុះហត្ថលេខាខាងក្រោម៖ ស៊ាវជា»។ ស្របពេលដែលមានអារម្មណ៍ធូរចិត្តបន្ទាប់ពីផ្ញើសាររួច ស៊ាវជាក៏បានគិតដែរថា៖ «ផ្ញើគឺផ្ញើទៅហើយ ប៉ុន្តែចុះប្រសិនបើគាត់មិនទទួលបានវាវិញ? តើគាត់ដឹងទេថាខ្ញុំបានផ្ញើសារទៅគាត់? ខ្ញុំមិនទាន់អាចដេកបានទេ។ ខ្ញុំត្រូវរង់ចាំមើលថាតើគាត់ឆ្លើយតបឬអត់»។ បន្ទាប់ពីរង់ចាំអស់កន្លះម៉ោង នៅតែគ្មានការឆ្លើយតប ហើយគាត់ក៏គិតថា៖ «តើគាត់ដេកលក់ហើយឬ? ហេតុអ្វីបានជាគាត់ដេកលឿនម្ល៉េះ? គ្មានកំណើតមែន ម៉ោងបីសោះដេកបាត់ទៅហើយ»។ គាត់បានរង់ចាំរហូតដល់បងស្រីនោះឆ្លើយតបមកវិញនៅម៉ោង ៣:៥០ នាទីទៀបភ្លឺថា៖ «ខ្ញុំមិនបានភ្លេចរឿងម៉ោង ១០ ព្រឹកស្អែកទេ។ ខ្ញុំសង្ឃឹមថា អ្នកក៏មិនភ្លេចដែរ ហើយមកឱ្យទាន់ពេល»។ ស៊ាវជាបានអានវា ហើយគិតថា «អូហ៍ តើគាត់ជាមនុស្សប្រភេទណា? ហេតុអ្វីបានជាគាត់ដេកក្រោយខ្ញុំទៅវិញ?» ប៉ុន្តែគាត់ទ្រាំលែងបានទៀតហើយ។ «លែងផឹកកាហ្វេទៀតហើយ! ប្រសិនបើខ្ញុំផឹកទៀត នោះខ្ញុំនឹងដេកមិនលក់សោះឡើយនៅយប់នេះ។ ខ្ញុំត្រូវតែទៅដេក ព្រោះខ្ញុំត្រូវក្រោកពីដេកនៅម៉ោង ៥:៣០ នាទីព្រឹក យ៉ាងយូរបំផុតម៉ោង ៦ ព្រឹក។ ខ្ញុំមិនអាចយឺតជាងបងប្អូនប្រុសស្រីដទៃទៀតរបស់ខ្ញុំបានទេ ព្រោះខ្ញុំត្រូវឱ្យគ្រប់គ្នាឃើញខ្ញុំកំពុងអធិដ្ឋាន អានព្រះបន្ទូលរបស់ព្រះជាម្ចាស់ និងស្ដាប់ការអធិប្បាយ បន្ទាប់ពីពួកគេក្រោកពីដេក។ ដូច្នេះ ខ្ញុំមិនអាចក្រោកយឺតបានទេ។ នេះសុទ្ធតែមកពីសារមួយនេះហើយ ទើបខ្ញុំមិនអាចទៅដេកពីព្រលប់បាន។ ប៉ុន្តែមិនអីទេ អ្នកដទៃដឹងថាខ្ញុំបាននៅដល់យប់ជ្រៅ។ ទោះយ៉ាងណា ខ្ញុំបានសម្រេចគោលដៅរបស់ខ្ញុំហើយ ហើយនឹងព្យាយាមដេកនៅត្រឹមម៉ោងបួននៅថ្ងៃស្អែក»។ ខណៈពេលដែលស៊ាវជាព្យាយាមគិត គាត់ទប់អារម្មណ៍ងងុយមិនបានរហូតដល់ថ្នាក់គាត់មិនបានដោះសម្លៀកបំពាក់ចេញផង នៅពេលគាត់ត្រឡប់ទៅដល់បន្ទប់របស់គាត់។ គាត់បានទម្លាក់ខ្លួនទៅលើគ្រែ ហៀបនឹងដេកលក់ទៅហើយ ប៉ុន្តែនៅតែបង្ខំខ្លួនឯងឱ្យចងចាំថា៖ កុំញ៉ាំស៊ុតនៅពេលព្រឹក ញ៉ាំនំប៉ាវតែមួយបានហើយសម្រាប់អាហារថ្ងៃត្រង់ កុំញ៉ាំសាច់ជ្រូកខ ត្រូវដេកនៅម៉ោង ៣ ទៀបភ្លឺ នៅមានសារត្រូវផ្ញើ...។ ស៊ាវជាគិតចុះគិតឡើងរហូតដល់ទីបំផុតគាត់ដេកស្ងៀម ហើយដេកលក់ទៅក្នុងភាពនឿយហត់ អស់កម្លាំង សុបិន និងការមមើមាយ។ ហើយនេះគឺសកម្មភាពមួយថ្ងៃនៅក្នុងជីវិតរបស់ស៊ាវជា។
ចូរប្រាប់ខ្ញុំមើល៍ តើរឿងនោះនិយាយអំពីអ្វី? តើវាមិនហត់នឿយទេឬសម្រាប់ស៊ាវជា ដែលត្រូវតែធ្វើពុតបែបនោះជានិច្ច? (មែនហើយ គឺហត់នឿយណាស់។) មនុស្សយន្តមិនចេះហត់នឿយក្នុងការធ្វើរឿងដដែលៗពេញមួយថ្ងៃឡើយ ព្រោះពួកវាមិនមានវិញ្ញាណ និងការយល់ដឹងខុសត្រូវនោះឡើយ ប៉ុន្តែសម្រាប់មនុស្សវិញ វាពិតជាការងារមួយគួរឲ្យល្វើយខ្លាំងណាស់។ ហេតុអ្វីបានជាស៊ាវជារស់នៅបែបនោះ ទាំងដែលគាត់ហត់នឿយខ្លាំង? ហេតុអ្វីបានជាគាត់ធ្វើបែបនេះ? តើគាត់មានគម្រោងការដែរឬទេ? (មាន គាត់មាន។) តើគម្រោងការរបស់គាត់ផ្ដោតលើអ្វី? (គឺការបង្អួតអ្នកដទៃ។) តើការបង្អួតនោះមានផលប្រយោជន៍អ្វីដល់គាត់ដែរឬទេ? (វាអាចធ្វើឱ្យមនុស្សកោតសរសើរគាត់។) វាអាចធ្វើឱ្យមនុស្សកោតសរសើរគាត់។ តើរបៀបរបស់ស៊ាវជា គឺជារឿងដែលអ្នករាល់គ្នាធ្លាប់ស្គាល់ដែរឬទេ? តើមនុស្សប្រភេទណាដែលប្រព្រឹត្តតាមរបៀបនោះ? (ពួកផារីស៊ី។) ត្រឹមត្រូវហើយ។ ពួកផារីស៊ីយកឥរិយាបថល្អៗ និងឥរិយាបថ ព្រមទាំងការអនុវត្តដែលស្របតាមសញ្ញាណរបស់មនុស្ស ហើយសម្ដែងវានៅចំពោះមុខអ្នកដទៃ ដើម្បីឱ្យពួកគេមើលទៅល្អ និងត្រូវបានគេគោរពបូជា។ ពួកគេប្រើវិធីសាស្ត្រនេះដើម្បីសម្រេចគោលដៅរបស់ខ្លួនក្នុងការបំភ័ន្តមនុស្ស។ តើសារជាតិចម្បងនៃការដែលពួកគេធ្វើពុតតាមរបៀបនេះ និងការប្រព្រឹត្តនូវឥរិយាបថល្អៗគ្រប់បែបយ៉ាងដើម្បីសម្ដែងឱ្យអ្នកដទៃមើលនោះ គឺជាអ្វី? វាគឺជាការធ្វើពុត ល្បិចកល ការបំភ័ន្ត តើមានអ្វីទៀតទេ? (ការក្លែងបន្លំខាងវិញ្ញាណ។) នៅក្នុងមួយថ្ងៃរបស់ស៊ាវជា តើមានរឿងប៉ុន្មានដែលពាក់ព័ន្ធនឹងនិស្ស័យ ហើយជារឿងធម្មតាសម្រាប់អស់អ្នកដែលមានសមត្ថភាពក្នុងការក្លែងបន្លំ? ការញ៉ាំស៊ុត នំប៉ាវ សាច់ជ្រូកខ និងការផឹកកាហ្វេ។ ទាំងនេះសុទ្ធតែជារឿងខាងក្រៅ ប៉ុន្តែតើអ្នកអាចមើលឃើញសារជាតិអ្វីនៅក្នុងរឿងទាំងនេះ? ការធ្វើពុត និងការទប់ចិត្ត។ ធ្វើពុតជាអ្វី? (ធ្វើពុតជារងទុក្ខ។) តើមនុស្សមើលឃើញការរងទុក្ខជារឿងល្អ ឬរឿងអាក្រក់? (ជារឿងល្អ។) ការរងទុក្ខគឺជាឥរិយាបថល្អមួយដែលមនុស្សគ្រប់គ្នាឱ្យតម្លៃយ៉ាងខ្លាំង។ តើមនុស្សចាត់ទុកវាជាអ្វី? ពួកគេចាត់ទុកវាថាជាការអនុវត្តសេចក្ដីពិត។ ដូច្នេះ ស៊ាវជាមិនស្ទាក់ស្ទើរក្នុងការរងទុក្ខ និងបង់ថ្លៃឡើយ។ តើការរងទុក្ខរបស់គាត់រួមមានអ្វីខ្លះ? មិនញ៉ាំអាហារឆ្ងាញ់ៗ នៅដល់យប់ជ្រៅ ក្រោកពីព្រលឹម និងលត់ដំរូបកាយរបស់គាត់។ តើការរងទុក្ខប្រភេទនេះមានសារជាតិអ្វី? ពួកវាសុទ្ធតែជាការធ្វើពុត។ គាត់មិនបានរងទុក្ខដើម្បីសេចក្ដីពិត ឬសេចក្ដីសុចរិតទេ ប៉ុន្តែដើម្បីការឱ្យតម្លៃ និងការគោរពបូជាពីអ្នកដទៃ និងដើម្បីកេរ្តិ៍ឈ្មោះល្អ និងកិត្យានុភាពសម្រាប់ខ្លួនឯង។ តើគាត់បានរងទុក្ខដើម្បីសេចក្ដីពិតដែរឬទេ? (ទេ គាត់មិនបានធ្វើទេ។) តើទង្វើមួយណាខ្លះរបស់គាត់ដែលស្របតាមគោលការណ៍សេចក្ដីពិត ហើយជាការបះបោរទាស់នឹងខ្លួនឯង និងការទុកផលប្រយោជន៍ផ្ទាល់ខ្លួនមួយឡែកដើម្បីសេចក្ដីពិត? តើមានទង្វើណាមួយទេ? (ទេ គ្មានទេ។) តើការរងទុក្ខរបស់គាត់មានសារជាតិអ្វី? តើវាជាការអនុវត្តសេចក្ដីពិតមែនទេ? តើវាជាការបង្ហាញចេញនូវសេចក្ដីស្រឡាញ់របស់គាត់ចំពោះសេចក្ដីពិតមែនទេ? (ទេ មិនមែនទេ។) ចុះវាជាអ្វីទៅវិញ? (ជាការធ្វើពុត។) វាជាការធ្វើពុត វាជាការមិនពេញចិត្តនឹងសេចក្ដីពិត វាជាល្បិចកល ការធ្វើពុត ការក្លែងបន្លំ និងការបំភ័ន្ត វាសុទ្ធតែជាទង្វើ និងជម្រើសដែលផ្អែកលើការស្រមើស្រមៃ និងសញ្ញាណផ្ទាល់ខ្លួនរបស់គាត់ ហើយផ្ដោតលើផលប្រយោជន៍ផ្ទាល់ខ្លួនរបស់គាត់ និងវាមិនពាក់ព័ន្ធនឹងសេចក្ដីពិតទាល់តែសោះ។ គាត់មិនបានស្វែងរកសេចក្ដីពិតទេ ដូច្នេះទង្វើរបស់គាត់ក៏មិនមែនជាសេចក្ដីពិតដែរ។ វាមិនត្រឹមតែមិនពាក់ព័ន្ធនឹងសេចក្ដីពិតទាល់តែសោះ ប៉ុន្តែវាក៏ផ្ទុយគ្នាទាំងស្រុងពីតម្រូវការនៃភាពជាមនុស្សធម្មតាដែលមាននៅក្នុងជម្រៅចិត្តរបស់គាត់ផងដែរ។ តើការញ៉ាំស៊ុតជាអំពើបាបដែរឬទេ? (ទេ មិនមែនទេ។) ប៉ុន្តែសម្រាប់ស៊ាវជាបានមើលឃើញការញ៉ាំស៊ុតថា ជាការលោភលន់មួយ។ ស៊ុត គឺជាប្រភេទអាហារដែលព្រះជាម្ចាស់បានបង្កើតសម្រាប់មនុស្ស។ ប្រសិនបើអ្នកមានលទ្ធភាពញ៉ាំវា នោះវាមិនមែនជាការលោភលន់ទេក្នុងការធ្វើដូច្នេះ ប៉ុន្តែប្រសិនបើអ្នកគ្មានលទ្ធភាពញ៉ាំវាទេ ហើយអ្នកលួចញ៉ាំស៊ុតរបស់អ្នកដទៃ នោះទើបជាការលោភលន់។ តើស៊ាវជាបានកំណត់និយមន័យរឿងនេះដោយរបៀបណា? គាត់ជឿថាការញ៉ាំស៊ុត គឺជាការលោភលន់ ហើយកាន់តែលោភលន់ទៀតនោះ ប្រសិនបើអ្នកដទៃបានឃើញវា។ គាត់គិតថា ប្រសិនបើគាត់អាចញ៉ាំស៊ុត ដោយគ្មាននរណាម្នាក់ឃើញ នៅកំបាំងភ្នែកពួកគេ នោះវាមិនមែនជាការលោភលន់ទេ។ តើអ្វីជាស្តង់ដាររបស់គាត់សម្រាប់វាស់វែងភាពលោភលន់? វាផ្អែកលើថាតើមាននរណាម្នាក់បានឃើញឬអត់។ តើគាត់បានផ្អែកលើព្រះបន្ទូលរបស់ព្រះជាម្ចាស់ដែរឬទេ? ទេ វាគឺជាទស្សនៈផ្ទាល់ខ្លួនរបស់គាត់។ តាមពិតទៅ តើអ្នកដទៃមានគំនិត ឬទស្សនៈអ្វីដែរឬទេចំពោះរឿងញ៉ាំស៊ុតនេះ? (ទេ ពួកគេគ្មានទេ។) នេះគ្រាន់តែជាទ្រឹស្ដីមួយដែលស៊ាវជាបានប្រឌិតឡើងដោយខ្លួនឯងសុទ្ធសាធ។ គាត់ជឿថាការញ៉ាំស៊ុត សម្រាប់អាហារពេលព្រឹក គឺជាការលោភលន់ ការជាប់ជំពាក់នឹងសេចក្ដីសុខស្រួល និងការគិតគូរដល់សាច់ឈាម។ ផ្អែកលើទស្សនៈរបស់គាត់ ចុះតើអស់អ្នកដែលញ៉ាំស៊ុត មិនមែនសុទ្ធតែជាអ្នកស្វែងរកសេចក្ដីសុខស្រួល និងគិតគូរដល់សាច់ឈាមទេឬអី? ន័យបង្កប់របស់គាត់គឺ៖ «នៅពេលដែលអ្នករាល់គ្នាញ៉ាំស៊ុត អ្នកកំពុងគិតគូរដល់សាច់ឈាម។ ខ្ញុំមិនគិតគូរដល់សាច់ឈាមទេ ខ្ញុំអាចទប់ចិត្តបាន ដូច្នេះខ្ញុំមិនញ៉ាំស៊ុតទេ។ ដាក់ស៊ុតនៅចំពោះមុខខ្ញុំ ហើយខ្ញុំនៅតែអាចដាក់វាចុះវិញបាន ទោះបីជាខ្ញុំបានកាន់វានៅក្នុងដៃហើយក៏ដោយ។ នោះគឺជាការតាំងចិត្ត និងការប្ដេជ្ញាចិត្តដែលខ្ញុំមាន ហើយនោះគឺជាកម្រិតដែលខ្ញុំស្រឡាញ់សេចក្ដីពិត។ តើអ្នករាល់គ្នាអាចធ្វើបែបនោះបានទេ? ប្រសិនបើអ្នករាល់គ្នាធ្វើមិនបានទេ នោះអ្នករាល់គ្នាមិនស្រឡាញ់សេចក្ដីពិតទេ»។ តើគាត់ចាត់ទុកគំនិតរបស់គាត់ជាអ្វី? ជាបទដ្ឋានសម្រាប់វាស់វែងខុស និងត្រូវ។ តើនេះមិនមែនជាការក្លែងបន្លំទេឬ? (មែនហើយ គឺមែន។) នេះគឺជាការក្លែងបន្លំ។
សញ្ញាមួយទៀតដែលស៊ាវជាបានបង្ហាញឱ្យឃើញនោះគឺ គាត់មិនព្រមទៅញ៉ាំបាយនៅពេលដល់ម៉ោងសម្រាកបាយថ្ងៃត្រង់នោះទេ។ តើគាត់បានធ្វើអ្វីជំនួសវិញ? (គាត់បានពន្យារពេល។) គាត់ទ្រាំឃ្លាន ហើយពន្យារពេលមិនទៅញ៉ាំបាយ។ ប៉ុន្តែហេតុអ្វី? (ដើម្បីធ្វើឱ្យអ្នកដទៃមើលឃើញ។) គាត់កំពុងតែសម្ដែង ហើយធ្វើបែបនេះដើម្បីឱ្យអ្នកដទៃមើលឃើញ។ តើគាត់ចង់ឱ្យអ្នកដទៃឃើញ និងយល់អ្វីពីរឿងនេះ? គាត់ចង់បង្ហាញអ្នកដទៃថា គាត់អាចទ្រាំទ្រនឹងការរងទុក្ខបានខ្លាំងកម្រិតណា ហើយថាគាត់មានការយកចិត្តទុកដាក់ មានភក្ដីភាព ហ្មត់ចត់ និងទទួលខុសត្រូវកម្រិតណានៅក្នុងការងាររបស់គាត់! គាត់ចង់ឱ្យមនុស្សឃើញថា គាត់ពិតជាមនុស្សអស្ចារ្យមែន! នោះគាត់នឹងសម្រេចគោលដៅរបស់គាត់ហើយ នោះគឺជាការវាយតម្លៃដែលគាត់ចង់បាន។ តើការវាយតម្លៃនោះមានន័យដូចម្ដេចចំពោះគាត់? វាគឺជាជីវិតរបស់គាត់ ជាអ្វីដែលសំខាន់បំផុតសម្រាប់គាត់។ តើនេះជាសេចក្ដីស្រឡាញ់ចំពោះសេចក្ដីពិតដែរឬទេ? (ទេ មិនមែនទេ។) ដូច្នេះ តើមនុស្សដូចជាគាត់ចូលចិត្តអ្វី? ពួកគេមិនស្ទាក់ស្ទើរក្នុងការសម្ដែង ប្រើល្បិចកល និងឧបាយកល ហើយបោកបញ្ឆោតអ្នកដទៃដោយពាក់មុខក្លែងក្លាយ ដោយបង្ហាញពួកគេថា ខ្លួនអាចរងទុក្ខបានខ្លាំងកម្រិតណា ហើយដោយហេតុនេះ ក៏ទទួលបានការបញ្ចេញមតិពីពួកគេដូចជា៖ «អ្នកពិតជាចេះរងទុក្ខមែន។ អ្នកគឺជាមនុស្សដែលស្រឡាញ់ព្រះជាម្ចាស់ពិតប្រាកដ ហើយអ្នកបំពេញភារកិច្ចរបស់អ្នកដោយភក្ដីភាព»។ ពួកគេមិនស្ទាក់ស្ទើរក្នុងការប្រើរូបភាពក្លែងក្លាយ និងល្បិចដើម្បីបិទបាំងការពិត បោកបញ្ឆោតព្រះជាម្ចាស់ និងបោកប្រាស់មនុស្សឡើយ គឺដើម្បីតែទទួលបានពាក្យល្អមួយម៉ាត់ ឬការវាយតម្លៃល្អពីអ្នកដទៃប៉ុណ្ណោះ។ តើនេះជានិស្ស័យអ្វី? (ជានិស្ស័យដ៏អាក្រក់។) នេះគឺជាភាពអាក្រក់។ ពួកគេពូកែធ្វើពុត សម្ដែង និងលេងល្បិចណាស់! គ្រាន់តែជាការញ៉ាំបាយមួយពេលសោះ តើមានបញ្ហាអ្វីទៅក្នុងការទៅញ៉ាំដោយចិត្តស្ងប់នោះ? តើមានមនុស្សរស់ណាដែលមិនញ៉ាំបាយនោះ? តើការញ៉ាំបាយទៀងពេលជាអំពើបាបឬ? តើការរកអ្វីញ៉ាំនៅពេលឃ្លានជាអំពើបាបឬ? (ទេ មិនមែនទេ។) វាជាតម្រូវការខាងរាងកាយ វាជារឿងសមហេតុផល។ មនុស្សទាំងនេះចាត់ទុកតម្រូវការសមហេតុផលទាំងអស់ថាជាការមិនសមហេតុផល ហើយកាត់ទោសរឿងទាំងនោះ។ តើពួកគេលើកកម្ពស់អ្វី? ពួកគេលើកកម្ពស់ការលត់ដំរូបកាយជានិច្ច ការបិទបាំងការពិត និងការបង្ហាញរូបភាពក្លែងក្លាយ ដើម្បីឱ្យអ្នកដទៃអាចឃើញថាពួកគេរងទុក្ខយ៉ាងណា ថាពួកគេទប់ចិត្តមិនជាប់ជំពាក់នឹងសេចក្ដីសុខស្រួលយ៉ាងណា ហើយថាពួកគេបង់ថ្លៃគ្រប់យ៉ាង និងលះបង់ពេលវេលា កម្លាំងកាយ និងអ្វីៗគ្រប់យ៉ាងដែលពួកគេមានសម្រាប់ការងាររបស់ពួកគេយ៉ាងណា។ នេះគឺជាអ្វីដែលពួកគេចង់ឱ្យមនុស្សមើលឃើញ។ តើនេះជាអ្វីដែលពួកគេធ្វើពិតប្រាកដមែនទេ? ទេ មិនមែនទេ។ ពួកគេបំភាន់អ្នកដទៃដោយរូបភាពក្លែងក្លាយ ហើយនេះគឺជាការបង្ហាញចេញនៃនិស្ស័យអាក្រក់។ ពួកគេខំប្រឹងធ្វើដល់ថ្នាក់នេះចំពោះរឿងតូចតាចដូចជាការញ៉ាំបាយមួយពេល តើពួកគេជាមនុស្សប្រភេទណា? តើនេះជាអ្វីដែលមនុស្សដែលមានភាពជាមនុស្សធម្មតាគួរធ្វើឬ? (ទេ មិនមែនទេ។) មិនមែនទេ។ វាពិតជាពិសពុលពេកហើយ! តើមនុស្សភាគច្រើននឹងគាំទ្រ ឬមានអារម្មណ៍ស្អប់ខ្ពើម ប្រសិនបើពួកគេឮអំពីនរណាម្នាក់ដែលសម្ដែងខ្លាំងម្ល៉េះចំពោះរឿងតូចតាចមួយ? (ពួកគេនឹងមានអារម្មណ៍ស្អប់ខ្ពើម។) តើអ្នករាល់គ្នាអាចធ្វើបែបនេះដែរឬទេ? (ជួនកាលដែរ។) ធ្ងន់ធ្ងរដូចនេះឬ? (ទេ។) ការឃ្លានគឺជាអារម្មណ៍មួយដែលពិបាកទ្រាំ ប៉ុន្តែមនុស្សមួយចំនួនអាចស៊ូទ្រាំនឹងការរងទុក្ខនេះបាន។ ប្រសិនបើអ្នកឱ្យពួកគេចុះចូលនឹងព្រះបន្ទូលរបស់ព្រះជាម្ចាស់ ខិតខំប្រឹងប្រែងលើព្រះបន្ទូលរបស់ទ្រង់ អនុវត្តតាមគោលការណ៍ព្រះបន្ទូលរបស់ព្រះជាម្ចាស់ និងនិយាយដោយស្មោះត្រង់ នោះពួកគេនឹងយល់ថាវាពិបាក និងនឿយហត់ពេកហើយ។ ចំពោះមនុស្សទាំងនេះ ការលះបង់ផលប្រយោជន៍ និងមុខមាត់ផ្ទាល់ខ្លួនរបស់ពួកគេ គឺពិបាកជាងការឡើងទៅស្ថានសួគ៌ទៅទៀត ប៉ុន្តែពួកគេសុខចិត្តទុកព្រះបន្ទូលរបស់ព្រះជាម្ចាស់មួយឡែក អនុវត្តតាមការស្រមើស្រមៃផ្ទាល់ខ្លួនរបស់ពួកគេ និងការពារផលប្រយោជន៍សាច់ឈាមផ្ទាល់ខ្លួនរបស់ពួកគេ មិនថាត្រូវបង់ថ្លៃអ្វីក៏ដោយ។ តើនេះមិនមែនជាការបង្ហាញចេញនៃការមិនស្រឡាញ់សេចក្ដីពិតទេឬ? (មែនហើយ គឺមែន។) វាជាទិដ្ឋភាពមួយ។
តើសញ្ញាអ្វីផ្សេងទៀតដែលស៊ាវជាបានបង្ហាញការបង្ហាញចេញ? គាត់ងងុយដេកខ្លាំងណាស់ ប៉ុន្តែមិនបានទៅដេកទេ។ ចូរប្រាប់ខ្ញុំមើល៍ ប្រសិនបើនរណាម្នាក់ងងុយដេក ហើយទៅដេកមួយសន្ទុះ ឬមួយស្របក់ ហើយបន្ទាប់មកមានកម្លាំងធ្វើការវិញ តើនេះមិនមែនជារឿងសមហេតុផលទេឬ? (មែនហើយ គឺសមហេតុផល។) វាសមហេតុផល។ តើមាននរណាម្នាក់នឹងកាត់ទោសស៊ាវជាដោយសារតែការដេកដែរឬទេ? (ទេ ពួកគេនឹងមិនធ្វើទេ។) ដូច្នេះ ហេតុអ្វីបានជាគាត់ភ័យខ្លាចខ្លាំងម្ល៉េះ ប្រសិនបើគ្មាននរណាម្នាក់កាត់ទោសគាត់នោះ? តើគាត់ខ្លាចអ្វី? (ខ្លាចបែកការណ៍។) ត្រឹមត្រូវហើយ គាត់ខ្លាចបែកការណ៍។ នៅក្នុងការស្រមើស្រមៃរបស់គាត់ គាត់ជឿថាគាត់ត្រូវបានមនុស្សគ្រប់គ្នាវាយតម្លៃខ្ពស់យ៉ាងខ្លាំង ថាគ្រប់គ្នាគិតថាគាត់ពូកែទ្រាំទ្រនឹងការរងទុក្ខជាពិសេស ហើយមានចិត្តគោរពប្រតិបត្តិយ៉ាងខ្លាំង។ គាត់មានអារម្មណ៍ថា ប្រសិនបើសារជាតិពិតរបស់គាត់ត្រូវបានលាតត្រដាង ហើយគ្រប់គ្នាបានរកឃើញថាគាត់មិនមែនជាមនុស្សប្រភេទនោះទេ នោះរូបភាពល្អរបស់គាត់ទាំងមូលនឹងរលាយបាត់។ គាត់មិនអាចទទួលយកគំនិតនេះបានទេ ដូច្នេះហើយគាត់បានទប់ចិត្តសូម្បីតែចំពោះការដេកមួយស្របក់។ គាត់តឹងរ៉ឹងចំពោះខ្លួនឯងដល់ថ្នាក់ហ្នឹង។ តើគាត់ជាមនុស្សប្រភេទណា? តើគាត់មិនមែនមានជំងឺសរសៃប្រសាទទេឬ? មនុស្សបែបនេះតែងតែស្ដាប់ការអធិប្បាយ អានព្រះបន្ទូលរបស់ព្រះជាម្ចាស់ និងជួបជុំគ្នាដើម្បីប្រកបគ្នា ដូច្នេះហេតុអ្វីបានជាពួកគេមិនផ្ដោតលើសេចក្ដីពិត? វាពិតជាល្អណាស់សម្រាប់អ្នកក្នុងការពិចារណាលើគោលការណ៍សេចក្ដីពិត។ ចូរមើលថាតើព្រះបន្ទូលរបស់ព្រះជាម្ចាស់ថ្លែងដូចម្ដេច៖ តើមានសេចក្ដីថ្លែងការណ៍ណាមួយអំពីការដេកមួយស្របក់របស់មនុស្សនៅក្នុងព្រះបន្ទូលរបស់ព្រះជាម្ចាស់ដែរឬទេ? (ទេ គ្មានទេ។) ព្រះជាម្ចាស់មិនបានធ្វើសេចក្ដីថ្លែងការណ៍ណាមួយអំពីរឿងនេះទេ ហើយទ្រង់ក៏មិនបានទាំងមានព្រះបន្ទូលដល់វាផង។ អ្នកណា ដែលមានការគិតនៃភាពជាមនុស្សធម្មតា គួរតែដឹងពីរបៀបចាត់ចែងរឿងនេះ។ វាសមហេតុផលក្នុងការដេកមួយស្របក់នៅពេលដែលអ្នកងងុយ។ វាជារឿងសមហេតុផលក្នុងការសម្រាកនៅពេលថ្ងៃត្រង់នារដូវក្ដៅ។ ជាពិសេស មនុស្សចាស់មួយចំនួន ដែលរាងកាយ និងកម្លាំងរបស់ពួកគេស៊ូមិនដល់ គឺត្រូវការដេកមួយសន្ទុះក្រោយ បាយថ្ងៃត្រង់ហើយ។ នេះមិនផ្អែកលើទម្លាប់នៃការរស់នៅរបស់ពួកគេទេ ប៉ុន្តែផ្អែកលើតម្រូវការរាងកាយរបស់ពួកគេ។ ព្រះជាម្ចាស់បានប្រទានឱ្យអ្នកនូវការដឹង ស្មារតី និងការឆ្លើយតបនៃភាពជាមនុស្សធម្មតា ដើម្បីអនុញ្ញាតឱ្យអ្នកចាត់ចែងរបបអាហារប្រចាំថ្ងៃ ការងារ និងការសម្រាករបស់អ្នកស្របតាមការងារ និងបរិយាកាសផ្ទាល់ខ្លួនរបស់អ្នក ពោលអ្នកមិនគួរធ្វើបាបខ្លួនឯងឡើយ។ ឧទាហរណ៍ ឧបមាថាអ្នកមិនញ៉ាំអាហារឆ្ងាញ់ៗ ហើយនិយាយថា «ព្រះជាម្ចាស់មិនអនុញ្ញាតឱ្យមនុស្សញ៉ាំអាហារឆ្ងាញ់ៗទេ ការញ៉ាំអាហារឆ្ងាញ់ៗជានិច្ច ធ្វើឱ្យមនុស្សល្មោភ»។ ព្រះជាម្ចាស់មិនដែលមានព្រះបន្ទូលបែបនេះទេ ហើយទ្រង់ក៏គ្មានសេចក្ដីតម្រូវបែបនេះសម្រាប់មនុស្សដែរ។ ប៉ុន្តែនេះគឺជាអ្វីដែលស៊ាវជាបានគិត ហើយគាត់គិតថាព្រះជាម្ចាស់ប្រហែលជាគិតដូចគ្នាដែរ។ គាត់គិតថា ប្រសិនបើនរណាម្នាក់ទៅដេកលឿនពេក នេះគឺជាការត្រេកត្រអាលនឹងសេចក្ដីសុខស្រួល ហើយព្រះជាម្ចាស់មិនសព្វព្រះទ័យនឹងការនេះទេ។ តើនេះមិនមែនជាការមិនយល់ពីសេចក្ដីពិតទេឬ? (មែនហើយ គឺមែន។) នៅពេលដែលស៊ាវជាមិនយល់ពីសេចក្ដីពិត គាត់គួរតែស្វែងរកវា ប៉ុន្តែគាត់មិនបានធ្វើបែបនោះទេ ដោយគាត់គ្រាន់តែប្រព្រឹត្តតាមឆន្ទៈផ្ទាល់ខ្លួនរបស់គាត់ប៉ុណ្ណោះ។ តើគាត់បានធ្វើរឿងនេះដល់កម្រិតណា? គាត់បានផឹកកាហ្វេបីឬបួនពែងក្នុងមួយថ្ងៃ ដើម្បីគ្រាន់តែអាចនៅដល់យប់ជ្រៅ។ មនុស្សមួយចំនួននិយាយថា៖ «ខ្ញុំបានផឹកកាហ្វេជាច្រើនខណៈពេលកំពុងបំពេញភារកិច្ចរបស់ខ្ញុំក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ ដើម្បីឱ្យខ្ញុំអាចធ្វើកិច្ចការនៃព្រះដំណាក់របស់ព្រះជាម្ចាស់បាន»។ ប្រសិនបើមនុស្សម្នាក់ទៀតនិយាយថា៖ «តើនរណាបង្ខំឱ្យអ្នកផឹកកាហ្វេ? តើមិនមែនអ្នកខ្លួនឯងទេឬដែលជ្រើសរើសផឹកវា?» នោះពួកគេនឹងគិតក្នុងចិត្តថា៖ «តើអ្នកដឹងទេថាហេតុអ្វីបានជាខ្ញុំផឹកកាហ្វេ? វាមិនមែនដើម្បីនៅដល់យប់ជ្រៅទេ គឺដើម្បីសម្រកទម្ងន់។ តើអ្នកមិនដឹងរឿងហ្នឹងទេឬ? ប៉ុន្តែខ្ញុំមិនអាចប្រាប់អ្នករឿងហ្នឹងបានទេ ព្រោះបើប្រាប់ទៅ អ្នកនឹងដឹងមិនខាន។ តើខ្ញុំនឹងមើលទៅស្គមដែរឬទេ ប្រសិនបើអ្នកស្គមជាងខ្ញុំនោះ?» នេះពិតជាការគិតគូរល្អិតល្អន់ណាស់ មែនទេ? តើមានទស្សនៈ និងគំនិតអ្វីខ្លះនៅក្នុងរឿងនេះ? តើមានការយល់ដឹង ឬវិចារណញាណនៃភាពជាមនុស្សធម្មតាដែរឬទេ? (ទេ គ្មានទេ។) ទេ មានតែការប្រជែងប្រាជ្ញា ល្បិចកល និងឧបាយកល ការធ្វើពុត ការក្លែងបន្លំ និងការបំភ័ន្ត នៅក្នុងរឿងនេះប៉ុណ្ណោះ។ មានតែប៉ុណ្ណឹងឯង។ មាន ការគិតគូរល្អិតល្អន់នៅពេលមានរឿងអ្វីមួយកើតឡើង។ ពួកគេដាច់ខាតមិនប្រាប់នរណាម្នាក់ពីទស្សនៈ និងគំនិតស្មោះត្រង់របស់ពួកគេឡើយ កុំថាឡើយអនុញ្ញាតឱ្យគ្រប់គ្នាដឹង ឬអនុញ្ញាតឱ្យព្រះជាម្ចាស់ទតឃើញនោះ។ ចិត្តគំនិតរបស់ពួកគេមិនមែនបែបនេះទេថា៖ «ខ្ញុំបើកចំហខ្លួនឯង។ ទង្វើរបស់ខ្ញុំស្របតាមគំនិតរបស់ខ្ញុំ ហើយខ្ញុំគឺជាមនុស្សបែបហ្នឹង»។ ចិត្តគំនិតរបស់ពួកគេច្បាស់ជាមិនមែនបែបនេះទេ ចុះតើវាជាអ្វីទៅវិញ? ពួកគេលាក់ បាំង និងធ្វើពុតតាមដែលអាចធ្វើទៅបាន ដោយសារខ្លាចក្រែង រូបភាពដែលអ្នកដទៃមើលមកលើពួកគេមិនអស្ចារ្យ មិនគោរពប្រតិបត្តិ ឬមិនមានភាពខាងវិញ្ញាណគ្រប់គ្រាន់។
ហេតុអ្វីបានជាស៊ាវជាចង់នៅដល់យប់ជ្រៅ? ការងារជាច្រើនប្រភេទមិនតម្រូវឱ្យនៅដល់យប់ជ្រៅទេ ហើយមនុស្សភាគច្រើនងងុយដេកក្រោយ ម៉ោង ១០ យប់។ ទោះបីជាពួកគេបន្តធ្វើការក៏ដោយ ក៏វានឹងគ្មានប្រសិទ្ធភាពដែរ ព្រោះថាមពលមនុស្សមានកម្រិត។ ប៉ុន្តែស៊ាវជាតែងតែបង្ខំខ្លួនឯង ដោយមិនខ្វល់ថាតើវាមានប្រសិទ្ធភាពឬអត់ ទោះបីជាគាត់ដឹងច្បាស់ថា វាមិនមានប្រសិទ្ធភាពក៏ដោយ។ ហេតុអ្វីបានជាគាត់ផ្ញើសារមុនពេលដេក? (ដើម្បីឱ្យអ្នកដទៃចាប់អារម្មណ៍។) ដើម្បីឱ្យអ្នកដទៃមើលឃើញថា គាត់បានចូលដេកនៅម៉ោងបី។ ទោះបីជាអ្នកមិនដេកពេញមួយយប់ក៏ដោយ តើទីបំផុតទៅមិនមែនអ្នកទេឬដែលងងុយដេកនោះ? ហើយតើមិនមែនអ្នកទេឬដែលនាំទុក្ខដាក់ខ្លួននោះ? មនុស្សមួយចំនួននៅដល់យប់ជ្រៅ ហើយផ្ញើសារនៅម៉ោង ៣ ទៀបភ្លឺ។ នៅពេលអ្នកទទួលឆ្លើយតបនៅម៉ោង ៤ ទៀបភ្លឺ ពួកគេរង់ចាំរហូតដល់ម៉ោង ៥ ទៀបភ្លឺ ឆ្លើយតប ដើម្បីបង្ហាញថាពួកគេចូលដេកយឺតជាងហ្នឹងទៅទៀត។ ពួកគេធ្វើទុក្ខខ្លួនឯង និងធ្វើបាបគ្នាទៅវិញទៅមកតាមរបៀបនេះ ហើយនៅទីបំផុត គ្មាននរណាម្នាក់បានដេកសោះពេញមួយយប់។ តើពួកគេមិនមែនជាជនល្ងីល្ងើមួយគូដែលធ្វើរឿងមិនគិតមុខគិតក្រោយទេឬ? តើនេះជាឥរិយាបថប្រភេទណា? វាជាឥរិយាបថល្ងង់ខ្លៅ។ តើឥរិយាបថបែបនេះមកពីណា? វាសុទ្ធតែមកពីនិស្ស័យពុករលួយ។ សម្រាប់ពេលនេះ យើងនឹងមិនពិនិត្យមើលថាតើឥរិយាបថនេះកើតចេញពីនិស្ស័យពុករលួយមួយណាទេ យើងគ្រាន់តែនិយាយថាវាគួរឱ្យអស់សំណើចប៉ុនណាប៉ុណ្ណោះ។ មនុស្សទាំងនេះអាចផ្លាស់ប្ដូរឥរិយាបថ និងការអនុវត្តដ៏គួរឱ្យអស់សំណើចបែបនេះបាន ដោយជ្រើសរើសព្រះបន្ទូលណាមួយរបស់ព្រះជាម្ចាស់មកអនុវត្ត។ ព្រះបន្ទូលណាមួយរបស់ទ្រង់ អាចឱ្យពួកគេរស់នៅដោយសុខសាន្ត និងមានសុវត្ថិភាព ហើយធ្វើឱ្យជីវិតរបស់ពួកគេកាន់តែមានភាពជាក់ស្តែង និងពិតប្រាកដ។ ហេតុអ្វីបានជាពួកគេមិនជ្រើសរើសរស់នៅស្របតាមព្រះបន្ទូលរបស់ព្រះជាម្ចាស់? ហេតុអ្វីបានជាពួកគេធ្វើទុក្ខខ្លួនឯងបែបនេះ? តើពួកគេមិនមែនកំពុងទទួលផលដែលខ្លួនបានសាបព្រោះទេឬ? (មែនហើយ គឺមែន។) ទោះបីជាមនុស្សបែបនេះរងទុក្ខខ្លាំងប៉ុនណាក៏ដោយ ក៏វាតែងតែឥតប្រយោជន៍ដែរ ហើយទោះបីជាពួកគេស៊ូទ្រាំនឹងការរងទុក្ខខ្លាំងប៉ុនណាក៏ដោយ ក៏ពួកគេជាអ្នកទទួលផលវិបាកដែរ។ មនុស្សមួយចំនួននិយាយថា៖ «ខ្ញុំបានជឿលើព្រះជាម្ចាស់អស់រយៈពេលជាច្រើនឆ្នាំមកហើយ ហើយខ្ញុំបានធ្វើជាអ្នកដឹកនាំអស់រយៈពេល ២០ឆ្នាំ។ ខ្ញុំតែងតែនៅដល់យប់ជ្រៅ និងមិនបានដេក ហើយចុងក្រោយ ខ្ញុំកើតជំងឺខ្សោយសរសៃប្រសាទ»។ ខ្ញុំនិយាយថា៖ «អ្នកកើតជំងឺខ្សោយសរសៃប្រសាទ គឺចាត់ទុកថា ស្រាលខ្លះហើយ។ ប្រសិនបើអ្នកបន្តធ្វើទុក្ខខ្លួនឯងដោយល្ងង់ខ្លៅ និងប្រព្រឹត្តបែបហ្នឹងទៀត នោះជំងឺវិកលចរិតនឹងនៅមិនឆ្ងាយឡើយ»។ តើមនុស្សម្នាក់អាចមានសុខភាពល្អបានទេ ប្រសិនបើពួកគេមិនដេកនៅពេលយប់ តែងតែតានតឹង ហើយរាងកាយរបស់ពួកគេដំណើរការមិនប្រក្រតីនោះ? ពួកគេបាននាំរឿងនេះមកដាក់ខ្លួនឯង! ឧបមាថាអ្នកប្រាប់ពួកគេថា «ធ្វើបែបហ្នឹងមិនកើតទេ។ ត្រូវខំប្រឹងរៀបចំការងាររបស់អ្នកនៅពេលថ្ងៃ ហើយបង្កើនប្រសិទ្ធភាពការងារឱ្យបានច្រើន។ ពេលគ្រប់គ្នាពិភាក្សាការងារ កុំនិយាយរឿងឥតប្រយោជន៍ច្រើន ហើយកុំនិយាយតែរឿងមិនសំខាន់។ អ្នកគួរតែក្តោបឱ្យជាប់នូវចំណុចសំខាន់ៗ ខ្លឹមសារ និងប្រធានបទនៃរឿងដែលពិភាក្សា ហើយនៅពេលចប់ការពិភាក្សា ម្នាក់ៗត្រូវទៅបំពេញភារកិច្ចរៀងៗខ្លួន។ កុំនិយាយរាយមាយមិនចប់មិនហើយ ហើយកុំបង្អង់យូរឱ្យខាតពេល»។ ពួកគេនឹងមិនស្ដាប់អ្នកទេ។ ពួកគេមិនពូកែខាងបញ្ចេញមតិទេ ក៏មិនពូកែដកបទពិសោធឡើយ ពួកគេគ្រាន់តែនិយាយរឿងមិនបានការ ដើម្បីបំផ្លាញពេលវេលារហូតដល់ម៉ោងមួយ ឬពីរទៀបភ្លឺ ដោយមិនដេក ឬមិនឱ្យអ្នកផ្សេងដេកឡើយ។ តើនេះមិនមែនជាការធ្វើទុក្ខ និងធ្វើបាបអ្នកដទៃទេឬ? ទីបំផុត ពួកគេគិតថា «ព្រះជាម្ចាស់អើយ ព្រះអង្គបានទតឃើញហើយ មែនទេ? ម៉ោងបីហើយ ទូលបង្គំនៅតែមិនទាន់ដេកទៀត!» ព្រះជាម្ចាស់បានទតឃើញវា។ ទ្រង់មិនត្រឹមតែបានទតឃើញសម្បក ក្រៅរបស់ពួកគេប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងពីជម្រៅចិត្តរបស់ពួកគេទៀតផង ហើយទ្រង់មានបន្ទូលថា៖ «ចិត្តរបស់អ្នកស្មោកគ្រោកណាស់។ អ្នកនៅដល់យប់ជ្រៅដោយ រធ្វើទុក្ខខ្លួនឯងនូវអ្វីដែលឥតប្រយោជន៍ ប៉ុន្តែព្រះជាម្ចាស់នឹងមិនចងចាំរឿងនេះឡើយ។ នៅពេលដល់ម៉ោងដេក អ្នកមិនទៅដេកទេ ប៉ុន្តែបែរជាបង្ខំខ្លួនឯងឱ្យទ្រាំទៅវិញ។ អ្នកបាននាំទុក្ខដាក់ខ្លួនឯងហើយ!» នៅពេលមនុស្សងងុយដេក ត្របកភ្នែករបស់ពួកគេបិទដោយឯកឯង។ នេះគឺជាសភាវគតិ ដូច្នេះអ្នកសមនឹងរងទុក្ខហើយ ប្រសិនបើអ្នកតែងតែប្រឆាំងនឹងសភាវគតិ និងក្រឹត្យវិន័យនៃធម្មជាតិ! ព្រះជាម្ចាស់នឹងមិនសុំឱ្យអ្នកស៊ូទ្រាំនឹងការរងទុក្ខដែលឥតប្រយោជន៍ ឬបណ្តាលមកពីការបំពានក្រឹត្យវិន័យនៃធម្មជាតិ ឬការបំពានគោលការណ៍ ឬសេចក្ដីពិតឡើយ។ ប្រសិនបើអ្នកទទូចចង់រងទុក្ខបែបនេះ នោះតាមចិត្តចុះ។ មនុស្សមួយចំនួន នៅពេលពួកគេឮថានរណាម្នាក់មិនចូលដេករហូតដល់ម៉ោង ៣ ទៀបភ្លឺ ពួកគេគិតថា៖ «តើនេះមិនដូចខ្ញុំទេឬ? អ៊ីចឹង នៅពេលអនាគត ខ្ញុំនឹងចូលដេកនៅម៉ោង ៣:៣០ នាទីទៀបភ្លឺដែរ»។ បន្ទាប់មក ពួកគេឮថានរណាម្នាក់ដេកនៅម៉ោង ៣:៣០ នាទីទៀបភ្លឺ ដូច្នេះពួកគេចង់ដេកនៅម៉ោង ៤ ទៀបភ្លឺវិញ។ តើនេះមិនមែនជាជំងឺផ្លូវចិត្តទេឬ? អ្នកអាចប្រកួតប្រជែងលើអ្វីក៏បានដែរ ប៉ុន្តែអ្នកបែរជាជ្រើសរើសប្រកួតប្រជែងថាអ្នកណាដេកយឺតជាងគេទៅវិញ នេះមានន័យថា អ្នកមានស្មារតីមិនប្រក្រតីហើយ។ តើមនុស្សបែបនេះមានបញ្ហាជាមួយនឹងការយល់ដឹងដែរឬទេ? (មែនហើយ គឺមាន។) ពួកគេមិនអាចយល់ពីសេចក្ដីពិតបានទេ។ នៅពេលអ្នកមានពេល ចូរឈប់ខិតខំប្រឹងប្រែង ឈប់ប្រើខួរក្បាលគិត និងឈប់យកចិត្តទុកដាក់លើរឿងដូចជាឥរិយាបថខាងក្រៅ ការធ្វើពុត និងការក្លែងបន្លំទៀតទៅ។ ចុះតើអ្នកគួរខិតខំប្រឹងប្រែងលើអ្វីវិញ? ចូរមើល៍ ថាតើព្រះបន្ទូលរបស់ព្រះជាម្ចាស់លាតត្រដាងពីធម្មជាតិពុករលួយ និងនិស្ស័យអាក្រក់របស់មនុស្សជាតិយ៉ាងដូចម្ដេច ហើយថាតើទ្រង់លាតត្រដាងពីការធ្វើឱ្យតែរួចពីដៃរបស់មនុស្សយ៉ាងដូចម្ដេច។ ចូរខិតខំប្រឹងប្រែងប្រៀបធៀបខ្លួនឯងទៅនឹងព្រះបន្ទូលទាំងនេះរបស់ព្រះជាម្ចាស់ដែលលាតត្រដាងមនុស្ស ចូរឆ្លុះបញ្ចាំង ថាតើអ្នកមានការបង្ហាញចេញដែលព្រះជាម្ចាស់លាតត្រដាងចំនួនប៉ុន្មាន ហើយថាតើអ្នកតែងតែប្រព្រឹត្ត ឬបញ្ចេញឱ្យឃើញការបង្ហាញចេញទាំងនោះចំនួនប៉ុន្មាន។ វាជារឿងដ៏អស្ចារ្យណាស់ក្នុងការសង្ខេបរឿងទាំងនេះ! វាគួរឱ្យស្អប់ខ្ពើមណាស់សម្រាប់មនុស្សម្នាក់ដែលតែងតែខិតខំប្រឹងប្រែងលើរឿងស៊ុត ឬនំប៉ាវពីរបី ឬលើរឿងជ្រលក់របស់ញ៉ាំទៅក្នុងទឹកស៊ុប! តើវាជាអ្វីទៅ? វាគឺជាការគិតគូរដោយល្បិច និងខ្វះប្រាជ្ញា។ តើមនុស្សបែបនោះជាអ្វី? (ជាជនល្ងីល្ងើ។) និយាយបានល្អ។ ចំពោះមនុស្សដែលតែងតែគិតថាតើត្រូវញ៉ាំស៊ុតប៉ុន្មាន ឬតែងតែគិតអំពីការផឹកកាហ្វេដើម្បីនៅដល់យប់ជ្រៅ វាមិនមែនជារឿងបំផ្លើសទេក្នុងការហៅពួកគេថាជាពួកល្មោភស៊ី និងជាជនល្ងីល្ងើ។ តើពួកគេល្ងង់ត្រង់ចំណុចណា? ហេតុអ្វីបានជាយើងនិយាយថាមនុស្សទាំងនេះល្ងង់? (អ្វីដែលពួកគេរងទុក្ខ គឺគ្មានតម្លៃទាល់តែសោះ។) វាពិតជាគ្មានតម្លៃមែន។ ហេតុអ្វីបានជាអ្នកចង់ធ្វើរឿងក្មេងខ្ចីបែបនេះ? តើអ្នកគិតថាការមិនញ៉ាំស៊ុតមួយជីវិតនឹងអាចឱ្យអ្នកយល់ពីសេចក្ដីពិតបានឬ? តើការប្រព្រឹត្តតាមរបៀបនេះមិនមែនជាការល្ងង់ខ្លៅទេឬ? (មែនហើយ គឺមែន។) កុំធ្វើរឿងល្ងង់ខ្លៅ។ តើមនុស្សប្រភេទណាដែលទំនងជាធ្វើរឿងល្ងង់ខ្លៅ? (មនុស្សដែលខ្វះការយល់ដឹងខាងវិញ្ញាណ។) តើមនុស្សទាំងនេះមានសមត្ថភាពយល់ពីសេចក្ដីពិតដែរឬទេ? (ទេ ពួកគេគ្មានទេ។) មនុស្សមួយចំនួននិយាយថា៖ «គុណសម្បត្តិរបស់ពួកគេល្អ ហើយពួកគេអាចអធិប្បាយបានយ៉ាងស្ទាត់ជំនាញ»។ ពួកគេប្រហែលជាអធិប្បាយបានយ៉ាងស្ទាត់ជំនាញ ប៉ុន្តែហេតុអ្វីបានជាពួកគេតែងតែចូលរួមក្នុងសកម្មភាពក្មេងខ្ចី នៅពេល ត្រូវប្រព្រឹត្ត? ហេតុអ្វីបានជាពួកគេប្រព្រឹត្តតាមរបៀបដែលមិនទាន់ចាស់ទុំ និងគួរឱ្យអស់សំណើចបែបនេះ? តើមានរឿងអ្វីកើតឡើងនៅទីនេះ? ពួកគេនិយាយផ្សេង តែធ្វើផ្សេងទៅវិញ។ អ្វីដែលពួកគេនិយាយ គឺជាការយល់ដឹងតាមគោលលទ្ធិរបស់ពួកគេ ហើយអ្វីដែលពួកគេអនុវត្ត គឺជារឿងដែលពួកគេយល់ និងអាចទទួលយកបានយ៉ាងពិតប្រាកដ។ នៅក្នុងជម្រៅចិត្ត តើពួកគេគាំទ្រ ឬទទួលស្គាល់គោលលទ្ធិដែលពួកគេអធិប្បាយដែរឬទេ? (ទេ ពួកគេមិនទទួលស្គាល់ទេ។) ពួកគេមិនទទួលស្គាល់ថារឿងទាំងនោះគឺជាសេចក្ដីពិត ឬជាលក្ខខណ្ឌវិនិច្ឆ័យដែលពួកគេគួរអនុវត្ត និងគោរពតាមឡើយ។ តាមពិតទៅ វាគឺជាឧបាយកល និងសញ្ញាណនៅក្នុងចិត្តរបស់ពួកគេ គំនិត និងការអនុវត្តក្លែងក្លាយ រួមទាំង ឥរិយាបថដែលអ្នកដទៃចាត់ទុកថាល្អ ដែលពួកគេជឿជាក់យ៉ាងពិតប្រាកដថាជាលក្ខខណ្ឌវិនិច្ឆ័យ និងជាផ្លូវនៃការអនុវត្ត។ តើមនុស្សបែបនេះនឹងមិនត្រូវបានបោះបង់ចោលទេឬ ប្រសិនបើពួកគេមិនដែលកែប្រែខ្លួនឯងវិញនោះ? តើពួកគេនឹងមានឱកាសទទួលបានសេចក្ដីសង្គ្រោះដែរឬទេ? មើលទៅ គឺមានសង្ឃឹមតិចតួចណាស់។
ចូរប្រាប់ខ្ញុំមើល៍ តើវាសមហេតុផលទេក្នុងការកាន់ឆត្រ ឬពាក់មួកចំបើងនៅក្រោមពន្លឺថ្ងៃក្ដៅ? (មែនហើយ គឺសមហេតុផល។) មនុស្សដែលធ្វើការនៅក្រោមពន្លឺថ្ងៃនឹងរលាកស្បែកយ៉ាងឆាប់រហ័ស ប្រសិនបើពួកគេមិនពាក់មួក។ ដូច្នេះវាពិតជាសមហេតុផលណាស់ក្នុងការធ្វើបែបនេះ។ មនុស្សមួយចំនួនមិនគិតបែបនេះទេ ហើយនិយាយថា៖ «ពាក់មួកចំបើងឬ? តើនោះមិនមែនជាការប្រមាថដល់ខ្ញុំទេឬ? តើខ្ញុំអាចពាក់មួកបានឬ? ខ្ញុំមិនខ្លាចការរងទុក្ខទេ ហើយក៏មិនខ្លាចខ្មៅដែរ។ តាមពិតទៅ វាផ្ដល់សុខភាពល្អ»។ ប្រសិនបើនេះគឺជាអ្វីដែលពួកគេគិតពិតប្រាកដមែន នោះវាមិនមែនជាបញ្ហាទេ ប៉ុន្តែចំណុចសំខាន់គឺថា នៅក្នុងជម្រៅចិត្តមនុស្សមួយចំនួនមិនគិតបែបនេះទេ។ ពួកគេគិតថា «មើលអ្នករាល់គ្នាចុះ ពាក់មួកចំបើងដោយសារតែអ្នកខ្លាចខ្មៅ ឬខ្លាចរលាកស្បែកនៅថ្ងៃក្ដៅ។ ខ្ញុំនឹងមិនពាក់វាទេ! តើមានអ្វីត្រូវខ្លាចចំពោះការខ្មៅ ឬរលាកថ្ងៃនោះ? ព្រះជាម្ចាស់សព្វព្រះទ័យនឹងការទាំងនោះ ដូច្នេះខ្ញុំមិនខ្វល់ពីអ្វីដែលអ្នកដទៃគិតទេ!» តើអ្នកគិតយ៉ាងណាចំពោះមនុស្សដែលនិយាយបែបនេះ? តើអ្នកគិតថា ពួកគេបោកបញ្ឆោតបន្តិច និងក្លែងក្លាយបន្តិចដែរឬទេ? តាមពិតទៅ មានបំណងនៅពីក្រោយការបដិសេធមិនពាក់មួករបស់ពួកគេ គឺដើម្បីបង្ហាញមនុស្សថាពួកគេអាចរងទុក្ខបាន ហើយថាពួកគេពិតជានៅឯខាងវិញ្ញាណមែន។ ឥរិយាបថពុតត្បុតបែបនេះ គួរឱ្យស្អប់ខ្ពើមណាស់! តើមនុស្សដែលពូកែធ្វើពុតបែបនេះ អាចបំពេញភារកិច្ចរបស់ពួកគេបានល្អដែរឬទេ? តើពួកគេអាចរងទុក្ខ និងបង់ថ្លៃសម្រាប់ភារកិច្ចរបស់ពួកគេបានដែរឬទេ? នៅពេលដែលពួកគេខ្មៅ ឬរលាកស្បែក តើពួកគេនឹងមិនត្អូញត្អែរ និងបន្ទោសព្រះជាម្ចាស់ទេឬ? ពួកផារិស៊ីដែលពុតត្បុត មិនដែលអនុវត្តសេចក្ដីពិតទេ ប៉ុន្តែធ្វើពុតឯខាងវិញ្ញាណ។ តើពួកគេអាចរងទុក្ខ និងបង់ថ្លៃពិតប្រាកដមែនឬ? ផ្អែកលើសារជាតិរបស់ពួកអ្នកធ្វើពុត អ្នកអាចឃើញថាពួកគេគ្មានសេចក្ដីស្រឡាញ់ចំពោះសេចក្ដីពិតទាល់តែសោះ ហើយថាពួកគេកាន់តែគ្មានសមត្ថភាពក្នុងការរងទុក្ខ ឬបង់ថ្លៃសម្រាប់វាទៅទៀត។ លើសពីនេះ មិនថាពួកគេឮព្រះបន្ទូលនៃសេចក្ដីពិតច្រើនប៉ុនណាក៏ដោយ ក៏ពួកគេមិនដែលស្ដាប់ ឬយល់ថាវាជាសេចក្ដីពិតឡើយ ផ្ទុយទៅវិញ ពួកគេចាត់ទុក និងអធិប្បាយវាថាជាប្រភេទនៃទ្រឹស្ដីខាងវិញ្ញាណមួយទៅវិញ។ ពួកមនុស្សមានពុតប្រភេទនេះ មិនយល់ថាហេតុអ្វីបានជាមនុស្សជឿលើព្រះជាម្ចាស់ ហេតុអ្វីបានជាទ្រង់ចង់ផ្តល់នូវសេចក្ដីពិតដល់មនុស្ស ថាតើដំណើរការនៃការទទួលយកសេចក្ដីសង្គ្រោះរបស់ព្រះជាម្ចាស់របស់មនុស្សមានលក្ខណៈដូចម្ដេច ថាតើសារៈសំខាន់របស់វាស្ថិតនៅត្រង់ណា ហើយថាតើព្រះជាម្ចាស់ពិតជាមានន័យដូចម្ដេចចំពោះសេចក្ដីសង្គ្រោះ។ ពួកគេមិនយល់ពីសេចក្ដីពិតទាំងនេះសោះឡើយ។ ប្រសិនបើមានមនុស្សមានពុតម្នាក់នៅក្នុងពួកជំនុំ ដែលមិនស្រឡាញ់សេចក្ដីពិត ប៉ុន្តែស្រឡាញ់ភាពក្លែងក្លាយ នោះពួកគេពិតជាពួកផារិស៊ីមែនហើយ។ ពួកគេយកចិត្តទុកដាក់លើឥរិយាបថ រូបភាពខាងក្រៅ និងការវាយតម្លៃរបស់មនុស្សនៅក្នុងចិត្តរបស់ពួកគេ ហើយមិនថាពួកគេឮសេចក្ដីពិតច្រើនប៉ុនណាក៏ដោយ ក៏ពួកគេមិនដែលយកវាទៅអនុវត្តដែរ។ អ្វីគ្រប់យ៉ាងដែលពួកគេនិយាយគឺត្រឹមត្រូវ ហើយពួកគេអាចនិយាយគោលលទ្ធិគ្រប់ប្រភេទបាន ប៉ុន្តែពួកគេមិនអនុវត្តអ្វីដែលពួកគេអធិប្បាយឡើយ។ ប្រសិនបើនរណាម្នាក់ពិតជាដើរតាមគន្លងរបស់ពួកគេ តើពួកគេជាមនុស្សប្រភេទដូចគ្នាដែរឬទេ? (មែនហើយ គឺមែន។) តើមនុស្សដែលមានការគិតធម្មតានឹងមើលឃើញការបង្ហាញចេញរបស់អ្នកធ្វើពុតនេះយ៉ាងដូចម្ដេច? ពួកគេនឹងគិតថា «វិធីសាស្ត្រនៃការអនុវត្តរបស់ពួកគេគឺខុសមែនទេ? ហេតុអ្វីបានជាវាចម្លែកម្ល៉េះ? នៅពេលដល់ម៉ោងបាយហើយ ពួកគេគួរតែទៅញ៉ាំបាយទៅ ហេតុអ្វីបានជាពួកគេនៅបង្អែបង្អង់ដល់ណាទៀត?» ពួកគេនឹងនិយាយថាមនុស្សនេះចម្លែកណាស់ ដែលថាពួកគេយល់រឿងខុសពីអ្នកដទៃ តាមរបៀបដែលវៀចវេរ ហើយពួកគេនឹងមិនទទួលឥទ្ធិពលពីម្នាក់នោះឡើយ។ ប៉ុន្តែប្រសិនបើនរណាម្នាក់ជាមនុស្សប្រភេទដូចគ្នានឹងមនុស្សមានពុតនេះ ហើយយកចិត្តទុកដាក់ជាពិសេសលើឥរិយាបថខាងក្រៅ និងមតិរបស់អ្នកដទៃ នោះពួកគេនឹងប្រៀបធៀប ហើយប្រកួតប្រជែងជាមួយពួកគេ។ វាដូចជារបៀបដែលស៊ាវជាបានផ្ញើសារនៅម៉ោង ៣ ទៀបភ្លឺ ហើយអ្នកទទួលសារបានឆ្លើយតបនៅម៉ោង ៤ ទៀបភ្លឺ ដោយគិតថា៖ «អ្នកបានផ្ញើសារមកខ្ញុំនៅម៉ោង ៣ ទៀបភ្លឺ ដូច្នេះខ្ញុំនឹងឆ្លើយតបនៅម៉ោង ៤ ទៀបភ្លឺ» ហើយបន្ទាប់មកស៊ាវជាបានគិតថា «អ្នកបានឆ្លើយតបមកខ្ញុំនៅម៉ោង ៤ ទៀបភ្លឺ ដូច្នេះខ្ញុំនឹងផ្ញើសាររបស់ខ្ញុំនៅម៉ោង ៥ ទៀបភ្លឺ»។ យូរៗទៅ ដោយការប្រកួតប្រជែងគ្នាបែបនេះ គ្រប់គ្នាក៏ក្លាយជាមនុស្សមានពុតបន្តិចម្ដងៗ។ ប្រសិនបើអ្នកដឹកនាំពួកជំនុំម្នាក់ជាមនុស្សប្រភេទនេះ ហើយបងប្អូនប្រុសស្រីខ្វះការយល់ដឹង នោះពួកគេស្ថិតក្នុងគ្រោះថ្នាក់ហើយ ពួកគេអាចនឹងត្រូវបានបំភ័ន្ត គ្រប់ពេល។ ហេតុអ្វីបានជាខ្ញុំនិយាយបែបនេះ? វាងាយស្រួលណាស់សម្រាប់មនុស្សម្នាក់ដែលមិនយល់ពីសេចក្ដីពិតត្រូវបានបំភ័ន្ត និងទទួលឥទ្ធិពលពីឥរិយាបថល្អខាងក្រៅរបស់អ្នកដទៃ។ ដោយសារពួកគេមិនដឹងថាអ្វីត្រូវ ពួកគេជឿតាមសញ្ញាណរបស់ពួកគេថាឥរិយាបថបែបនោះគឺល្អ។ ប្រសិនបើនរណាម្នាក់ផ្សេងទៀតអាចអនុវត្តឥរិយាបថទាំងនោះបាន នោះមនុស្សនោះនឹងក្លាយជាកម្មវត្ថុនៃការគោរពបូជារបស់ពួកគេ ហើយពួកគេនឹងគិតថាមនុស្សនោះគួរតែធ្វើជាអ្នកដឹកនាំ ត្រូវបានធ្វើឱ្យគ្រប់លក្ខណ៍ និងត្រូវបានព្រះជាម្ចាស់ស្រឡាញ់។ ពួកគេនឹងពេញចិត្តចំពោះឥរិយាបថបែបនេះ ហើយទទួលស្គាល់វានៅក្នុងជម្រៅចិត្តរបស់ពួកគេ។ តើនឹងមានអ្វីកើតឡើងប្រសិនបើពួកគេទទួលស្គាល់វា? ពួកគេនឹងដើរតាមមនុស្សនោះ។ ប្រសិនបើពួកគេទាំងពីរនាក់ជាអ្នកដឹកនាំ ពួកគេនឹងប្រៀបធៀប ហើយប្រកួតប្រជែងគ្នា។ ម្ដងនោះ អ្នកដឹកនាំ និងអ្នកធ្វើការមកពីពួកជំនុំនៅក្នុងប្រទេសផ្សេងៗគ្នា បានជួបជុំគ្នាតាមអ៊ីនធឺណិត។ បន្ទាប់ពីខ្ញុំបានចូលអ៊ីនធឺណិត ហើយស្ដាប់មួយសន្ទុះ ខ្ញុំមានអារម្មណ៍ថាមានអ្វីមួយមិនប្រក្រតី។ ខ្ញុំបានគិតថា «តើអ្នកទាំងនេះកំពុងធ្វើអ្វីនៅទីនេះ? តើពួកគេកំពុងអធិប្បាយឬ?» បន្ទាប់ពីយល់អំពីស្ថានភាពរួចមក ខ្ញុំបានដឹងថាពួកគេកំពុងអធិដ្ឋាន។ ខ្ញុំឆ្ងល់ក្នុងចិត្តថា ហេតុអ្វីបានជាពួកគេអធិដ្ឋានបែបនោះ។ វាស្ដាប់ទៅគួរឱ្យខ្លាច វាដូចជាពួកគេកំពុងបញ្ចេញចង្កូម និងក្រញាំរបស់ពួកគេអ៊ីចឹង។ នោះមិនមែនជារឿងធំដុំទេ ប៉ុន្តែតើអ្វីជាបញ្ហាចម្បង? ពួកគេហាក់ដូចជាកំពុងអធិដ្ឋានទាំងបើកភ្នែក មិនមែននៅចំពោះព្រះជាម្ចាស់ ហើយមិននិយាយអ្វីដែលមាននៅក្នុងចិត្តរបស់ពួកគេឡើយ។ ផ្ទុយទៅវិញ ពួកគេកំពុងប្រកួតប្រជែងគ្នាដើម្បីមើលថាអ្នកណាពូកែវោហារស័ព្ទជាងគេ អ្នកណាអាចនិយាយគោលលទ្ធិបានច្រើនជាងគេ ហើយអ្នកណានិយាយបានទូលំទូលាយ និងស៊ីជម្រៅជាងគេ។ ស្ដាប់ទៅដូចជាការប្រកួតនៅក្នុងសង្វៀនមួយអ៊ីចឹង ហើយពិតជាមិនដូចជាការអធិដ្ឋានទៅកាន់ព្រះជាម្ចាស់ឡើយ។ តើអ្នកទាំងនេះមិនទាន់ចប់ទៀតទេឬអី? តើពួកគេមិនត្រូវបានគេកាត់ចោលហើយទេឬ? ប្រសិនបើមានមនុស្សបែបនេះធ្វើជាអ្នកដឹកនាំ តើអ្នកនៅក្រោមពួកគេត្រូវស៊ូទ្រាំនឹងការរងទុក្ខខ្លាំងប៉ុនណាទៅ? តើមនុស្សនៅក្រោមពួកគេមិនកំពុងត្រូវបានធ្វើបាបទេឬ? មនុស្សម្នាក់ៗបានអធិដ្ឋានយ៉ាងក្លៀវក្លាយ៉ាងហោចណាស់ ២០ នាទី ហើយទោះបីជាមានការកំណត់ពីខាងលើថា ការជួបជុំមិនគួរត្រូវបានគ្រប់គ្រងដោយមនុស្សណាម្នាក់ ហើយថាមនុស្សអាចប្រកបគ្នាត្រឹមតែ ៥ ទៅ ១០ នាទីក៏ដោយ ក៏ពួកគេនៅតែចំណាយពេលអធិដ្ឋានយ៉ាងយូរដោយឥតអៀនខ្មាសដដែល។ ក្រោយមក ទីបំផុតខ្ញុំបានយល់ថាហេតុអ្វីបានជាការជួបជុំជាច្រើនអូសបន្លាយពីព្រឹកដល់យប់៖ អ្នកដែលហៅថាជាអ្នកដឹកនាំទាំងនេះ ចំណាយពេលយូរគ្រាន់តែដើម្បីអធិដ្ឋាន ម្នាក់ហើយម្នាក់ទៀត ខណៈពេលដែលអ្នកនៅក្រោមពួកគេរងទុក្ខ។ អ្នកដឹកនាំក្លែងក្លាយទាំងនេះនៅទីនោះដើម្បីប្រកួតសម្តីគ្នា ដើម្បីនិយាយប៉ប៉ាច់ប៉ប៉ោច ដោយអ្នកខ្លះនិយាយមិនដឹងក្បាលកន្ទុយ រហូតដល់ភ្លេចថាពួកគេបាននិយាយអ្វីខ្លះរួចហើយផង។ ចំពោះពួកគេ វាមិនអីទេ ឱ្យតែពួកគេនិយាយបានយូរជាងអ្នកដទៃ។ ខ្ញុំងឿងឆ្ងល់៖ នៅពេលមនុស្សម្នាក់អធិដ្ឋាន ពួកគេគួរតែអធិដ្ឋានទៅកាន់ព្រះជាម្ចាស់ទាំងបិទភ្នែក ដូច្នេះហេតុអ្វីបានជាពួកគេបើកភ្នែកទៅវិញ? តើការបើកភ្នែក និងមើលរបៀបដែលអ្នកដទៃអធិដ្ឋាន ពិតជាមិនរំខានដល់ចិត្តរបស់ពួកគេទេឬ? ជាពិសេស ការត្រូវគិតអំពីរបៀបដែលអ្នកដទៃអធិដ្ឋាន និងពាក្យពេចន៍ដែលពួកគេប្រើ ហើយចង់ពូកែជាងពួកគេ ដោយមានចិត្តពោរពេញទៅដោយរឿងបែបនេះ តើអាចទៅរួចទេក្នុងការអធិដ្ឋានទៅកាន់ព្រះជាម្ចាស់ និងនិយាយចេញពីចិត្តនោះ? តើនេះមិនមែនជាហេតុផលមិនប្រក្រតីទេឬ? តើទាំងនេះមិនមែនសុទ្ធតែជាការបង្ហាញចេញនៃភាពខាងវិញ្ញាណក្លែងក្លាយរបស់អ្នកដឹកនាំក្លែងក្លាយ និងអ្នកធ្វើការក្លែងក្លាយទេឬ? វាជារឿងល្អសម្រាប់មនុស្សគ្រប់គ្នាក្នុងការជួបជុំគ្នា ហើយអានព្រះបន្ទូលរបស់ព្រះជាម្ចាស់ និងប្រកបគ្នាអំពីសេចក្ដីពិត ប៉ុន្តែមនុស្សមួយចំនួនបានរាយការណ៍ថា៖ «អូ អ្នកមិនដឹងទេ។ នៅពេលដែលអ្នកដឹកនាំទាំងនោះជួបជុំគ្នា និងអធិដ្ឋាន វាដូចជាពួកគេកំពុងសូត្រគម្ពីរអ៊ីចឹង ពួកគេនៅតែនិយាយអំពីរឿងមួយ ហើយវានៅតែជារឿងដដែលរាល់ពេលដែលយើងជួបជុំគ្នា។ ខ្ញុំធុញទ្រាន់នឹង ស្ដាប់វាណាស់»។ តើការជួបជុំបែបនេះជួយស្ថាបនាមនុស្សយ៉ាងដូចម្ដេច? អ្នកដឹកនាំ និងអ្នកធ្វើការក្លែងក្លាយតែងតែធ្វើបែបនេះ តើពួកគេអាចស្របតាមបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់បានដែរឬទេ? ពួកគេមិនយកចិត្តទុកដាក់លើការប្រកបគ្នាអំពីសេចក្ដីពិតដើម្បីជួយឱ្យមនុស្សយល់ពីវា ឬដោះស្រាយបញ្ហាដោយការប្រកបគ្នាអំពីសេចក្ដីពិតឡើយ ផ្ទុយទៅវិញ ពួកគេចូលរួមក្នុងភាពខាងវិញ្ញាណក្លែងក្លាយនៃសាសនា។ តើនេះមិនមែនជាការដឹកនាំមនុស្សឱ្យវង្វេងទេឬ? តើអ្វីជាបញ្ហានៅទីនេះ? ពួកគេមិនយល់ពីបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ទាល់តែសោះ ហើយក៏មិនយល់ពីសេចក្ដីតម្រូវរបស់ទ្រង់សម្រាប់មនុស្សដែរ។ ពួកគេគ្រាន់តែចូលរួមក្នុងពិធីសាសនា និងអួតអាងប៉ុណ្ណោះ! អ្វីដែលអាក្រក់ជាងនេះទៅទៀតនោះគឺថា ពួកគេប្រើការអធិដ្ឋានដើម្បីលាតត្រដាង វាយប្រហារ និងកាត់ទោសអ្នកដទៃ ខណៈពេលដែលអ្នកខ្លះប្រើការអធិដ្ឋានដើម្បីរាប់ខ្លួនឯងថាជាសុចរិត។ ការអធិដ្ឋានរបស់ពួកគេហាក់ដូចជាសម្រាប់ឱ្យព្រះជាម្ចាស់សណ្ដាប់ ប៉ុន្តែតាមពិតទៅ គឺសម្រាប់ឱ្យមនុស្សស្ដាប់តែប៉ុណ្ណោះ។ ដូច្នេះ មនុស្សទាំងនេះគ្មានចិត្តកោតខ្លាចព្រះជាម្ចាស់សូម្បីបន្តិចសោះឡើយ ពួកគេសុទ្ធតែជាអ្នកមិនជឿដែលកំពុងរំខានដល់កិច្ចការនៃព្រះដំណាក់របស់ព្រះជាម្ចាស់។ អ្នកដឹកនាំក្លែងក្លាយទាំងនេះ បញ្ចេញឱ្យឃើញភាពអាក្រក់ជាច្រើននៅក្នុងការអធិដ្ឋានរបស់ពួកគេ។ អ្នកខ្លះអធិដ្ឋាន ដោយនិយាយរឿងដូចជា៖ «ព្រះជាម្ចាស់អើយ មនុស្សមួយចំនួនបានយល់ច្រឡំចំពោះទូលបង្គំ។ ទូលបង្គំមិនមានចេតនាបែបនោះទេ។ ទូលបង្គំកំពុងអធិដ្ឋានទៅកាន់ព្រះអង្គ ទូលបង្គំមិនមានអារម្មណ៍អវិជ្ជមានទេ ហើយអ្នកដទៃអាចគិតអ្វីដែលពួកគេចូលចិត្តចុះ»។ អ្នកខ្លះនិយាយគោលលទ្ធិ ហើយអ្នកផ្សេងទៀតប្រកួតប្រជែងគ្នាថានរណាស្ដាប់ការអធិប្បាយបានច្រើនជាងគេ នរណាចងចាំទំនុកច្រៀង ឬព្រះបន្ទូលរបស់ព្រះជាម្ចាស់បានច្រើនជាងគេ នរណាអធិដ្ឋានបានយូរជាងគេ នរណាពូកែវោហារស័ព្ទជាងគេ ឬនរណាមានវិធីអធិដ្ឋានប្លែកៗជាងគេ ហើយចូលរួមក្នុងប្រភេទនៃការអធិដ្ឋានផ្សេងៗគ្នាជាច្រើន។ តើនេះជាការអធិដ្ឋានឬ? (ទេ មិនមែនទេ។) តើវាជាអ្វី? វាគឺជាការធ្វើអំពើអាក្រក់ ដោយគ្មានសីលធម៌ និងដោយគ្មានការញញើតឡើយ! វាគឺជាការលេងសើច និងជាន់ឈ្លីលើសេចក្ដីពិត ការមិនគោរព និងការប្រមាថព្រះជាម្ចាស់! ពួកអារក្ស និងពួកអ្នកមិនជឿទាំងនេះ ហ៊ាននិយាយអ្វីក៏បានតាមរយៈការអធិដ្ឋាន ចូរប្រាប់ខ្ញុំមើល៍ តើពួកគេជាអ្នកជឿពិតប្រាកដដែរឬទេ? តើពួកគេមានចិត្តគោរពប្រតិបត្តិដែរឬទេ? (ទេ ពួកគេគ្មានទេ។) មនុស្សបែបនេះក្លាយជាមនុស្សអវិជ្ជមាននៅពេលដែលឋានៈជាអ្នកដឹកនាំរបស់ពួកគេត្រូវបានដកចេញ ពួកគេមិនឆ្លុះបញ្ចាំងពីខ្លួនឯងទាល់តែសោះ ប៉ុន្តែត្អូញត្អែរគ្រប់ទីកន្លែងថា៖ «ខ្ញុំបានរងទុក្ខយ៉ាងខ្លាំងនៅក្នុងការងារបម្រើ ព្រះជាម្ចាស់ ប៉ុន្តែពួកគេនៅតែនិយាយថា ខ្ញុំមិនបានធ្វើការងារជាក់ស្តែងអ្វីសោះ ហើយថាខ្ញុំជាអ្នកដឹកនាំក្លែងក្លាយ រួចក៏បណ្ដេញខ្ញុំចេញតែម្តង។ លើសពីនេះទៅទៀត តើមានមនុស្សប៉ុន្មាននាក់ដែលអាចនិយាយគោលលទ្ធិបានទូលំទូលាយដូចខ្ញុំ? តើមានប៉ុន្មាននាក់ដែលមានសេចក្ដីស្រឡាញ់ដូចខ្ញុំ? ខ្ញុំបានបោះបង់ចោលគ្រួសារ និងអាជីពរបស់ខ្ញុំ ហើយចំណាយពេលរាល់ថ្ងៃនៅក្នុងពួកជំនុំជួបជុំគ្នាជាមួយបងប្អូនប្រុសស្រីរបស់ខ្ញុំ ដោយនិយាយម្ដងៗបីឬប្រាំថ្ងៃ។ តើពួកគេអាចបណ្ដេញខ្ញុំចេញបែបហ្នឹងបានដោយរបៀបណា?» ពួកគេមិនព្រមចុះចូល និងមានការត្អូញត្អែរ។ ក៏មានអ្នកខ្លះដើរផ្សព្វផ្សាយអះអាងថា៖ «កុំធ្វើជាអ្នកដឹកនាំនៅក្នុងព្រះដំណាក់របស់ព្រះជាម្ចាស់អី។ ប្រសិនបើអ្នកត្រូវបានជ្រើសរើសជាអ្នកដឹកនាំ អ្នកនឹងមានបញ្ហា ហើយនៅពេលដែលអ្នកត្រូវបានបណ្ដេញចេញ អ្នកសូម្បីតែឱកាសធ្វើជាអ្នកជឿធម្មតាម្នាក់ក៏គ្មានដែរ»។ តើពាក្យទាំងនេះជាអ្វី? ពួកវាគឺជាពាក្យដែលខុសទំនង និងគួរឱ្យអស់សំណើចបំផុត ហើយវាក៏អាចនិយាយបានថាជាពាក្យនៃការមិនចុះចូល ការមិនពេញចិត្ត និងការប្រមាថទាស់នឹងព្រះជាម្ចាស់ផងដែរ។ តើនេះមិនមែនជាអត្ថន័យនៃពាក្យទាំងនោះទេឬ? (មែនហើយ គឺមែន។) តើមានអ្វីបង្កប់នៅក្នុងពាក្យសម្តីទាំងនោះ? វាគឺជាការវាយប្រហារ ពោលគឺពាក្យទាំងនោះមិនមែនជាការវិនិច្ឆ័យធម្មតាឡើយ! មនុស្សទាំងនេះមិននិយាយថាពួកគេត្រូវបានបណ្ដេញចេញដោយសារតែការធ្វើអាក្រក់តាមអំពើចិត្ត និងការបរាជ័យក្នុងការធ្វើការងារជាក់ស្តែងណាមួយទេ ប៉ុន្តែត្អូញត្អែរថាព្រះជាម្ចាស់មិនសុចរិតចំពោះពួកគេ ថាទ្រង់មិនបានគិតគូរដល់មុខមាត់របស់ពួកគេនៅក្នុងសកម្មភាពរបស់ទ្រង់ ហើយថាទ្រង់មិនយល់ពីអារម្មណ៍របស់ពួកគេ និងការលះបង់ផ្លូវចិត្តរបស់ពួកគេឡើយ។ ចិត្តគំនិតរបស់ពួកគេគឺជាចិត្តគំនិតរបស់អ្នកមិនជឿ ពួកគេគ្មានតថភាពនៃសេចក្ដីពិតទាល់តែសោះ!
តើអ្នករាល់គ្នាជាធម្មតាអធិដ្ឋានយូរប៉ុនណាក្នុងអំឡុងពេលនៃការជួបជុំគ្នា? តើវាត្រូវការពេលអ្នករាល់គ្នាច្រើនពេកដែរឬទេ? តើការអធិដ្ឋានរបស់អ្នករាល់គ្នាធ្លាប់ធ្វើឱ្យមនុស្សធុញទ្រាន់ដែរឬទេ? មនុស្សមួយចំនួនចំណាយពេលអធិដ្ឋានយ៉ាងយូរ ហើយគ្រប់គ្នាមានអារម្មណ៍ជិនឆ្អន់នឹងការស្ដាប់ពួកគេណាស់ ប៉ុន្តែមនុស្សទាំងនេះនៅតែគិតថាពួកគេនៅឯខាងវិញ្ញាណខ្លាំងជាងគេ ហើយជឿថា នេះគឺជាអ្វីដែលពួកគេទទួលបាន និងសម្រេចបានក្នុងរយៈពេលជាច្រើនឆ្នាំនៃការជឿលើព្រះជាម្ចាស់។ ពួកគេមិនហត់នឿយទេ សូម្បីតែបន្ទាប់ពីអធិដ្ឋានអស់រយៈពេលពីរបីម៉ោងក៏ដោយ ដែលក្នុងអំឡុងពេលនោះ ពួកគេគ្រាន់តែនិយាយដដែលៗនូវរឿងចាស់ៗ និងមិនពាក់ព័ន្ធអ្វីសោះ ដោយនិយាយពាក្យពេចន៍ និងគោលលទ្ធិទាំងអស់នោះ ព្រមទាំងពាក្យស្លោកដែលពួកគេចេះ ឬរឿងដែលពួកគេបានឮពីអ្នកដទៃ ឬក៏រឿងដែលពួកគេបានប្រឌិតឡើង។ ពួកគេធ្វើបែបនេះមិនថាគ្រប់គ្នាធុញទ្រាន់ឬអត់នោះទេ ហើយមិនថាពួកគេចូលចិត្តឬអត់នោះឡើយ។ តើនេះជារបៀបដែលអ្នករាល់គ្នាអធិដ្ឋានមែនទេ? ចូរប្រាប់ខ្ញុំមើល៍ តើវាត្រឹមត្រូវទេក្នុងការអធិដ្ឋានខ្លី ឬវែង? (គ្មានត្រូវ ឬខុសទេ។) ត្រឹមត្រូវហើយ។ អ្នកមិនអាចធ្វើការវិនិច្ឆ័យថា មួយណាត្រូវ ឬខុសនោះទេ អ្នកគួរតែអធិដ្ឋានទៅកាន់ព្រះជាម្ចាស់ស្របតាមដួងចិត្តដែលអ្នកត្រូវការផ្ទាល់តែប៉ុណ្ណោះ។ ជួនកាល ការអធិដ្ឋានមិនតម្រូវឱ្យមានពិធីការអ្វីទេ ខណៈពេលខ្លះ វាត្រូវការ ពោលវាអាស្រ័យលើបរិយាកាស និងអ្វីដែលបានកើតឡើង។ ប្រសិនបើអ្នករាល់គ្នាគិតថាការអធិដ្ឋានអាចចំណាយពេលយូរ នោះចូរអធិដ្ឋានទៅកាន់ព្រះជាម្ចាស់ជាលក្ខណៈឯកជនអំពីបញ្ហាផ្ទាល់ខ្លួនរបស់អ្នកចុះ។ កុំអធិដ្ឋានអំពីរឿងទាំងអស់នោះនៅក្នុងការជួបជុំគ្នា ហើយចំណាយពេលអ្នករាល់គ្នាឡើយ។ នេះហៅថាហេតុផល។ ដើម្បីមុខមាត់ និងកេរ្តិ៍ឈ្មោះរបស់ពួកគេ មនុស្សមួយចំនួនមិនយកចិត្តទុកដាក់លើរឿងនេះទេ។ នោះគឺជាការល្ងង់ខ្លៅ និងខ្វះវិចារណញ្ញាណ។ តើមនុស្សដែលខ្វះវិចារណញ្ញាណមានភាពអៀនខ្មាសដែរឬទេ? ពួកគេមិនទាំងដឹងផងថាគ្រប់គ្នាមិនចង់មើលពួកគេអធិដ្ឋានឡើយ។ តើមនុស្សដែលគ្មានសូម្បីតែការយល់ដឹង ឬការដឹងបន្តិចបន្តួចនេះ អាចយល់ពីសេចក្ដីពិតបានដែរឬទេ? ពួកគេមិនអាចទេ។ គោលការណ៍សេចក្ដីពិតដែលព្រះជាម្ចាស់តម្រូវឱ្យមនុស្សអនុវត្ត សុទ្ធតែមាននៅក្នុងព្រះបន្ទូលរបស់ទ្រង់ ហើយរាល់ព្រះបន្ទូលដែលព្រះជាម្ចាស់ប្រកបអំពីការអនុវត្តសេចក្ដីពិត សុទ្ធតែមាន ហើយ ជាគោលការណ៍ មនុស្សគ្រាន់តែត្រូវពិចារណាដោយប្រុងប្រយ័ត្នលើព្រះបន្ទូលទាំងនោះប៉ុណ្ណោះ។ មានគោលការណ៍ជាច្រើននៅក្នុងព្រះបន្ទូលរបស់ព្រះជាម្ចាស់អំពីការអនុវត្តសេចក្ដីពិត ពោលមានគោលការណ៍ និងផ្លូវសម្រាប់របៀបអនុវត្តនៅក្នុងគ្រប់បញ្ហា ស្ថានភាពនានា និងបរិបទទាំងអស់ ដែលចំណុចសំខាន់គឺថាតើអ្នកមានការយល់ដឹងខាងវិញ្ញាណ និងមានសមត្ថភាពយល់ដឹងដែរឬទេ។ ប្រសិនបើនរណាម្នាក់មានសមត្ថភាពយល់ដឹងការនេះ នោះពួកគេអាចយល់ពីសេចក្ដីពិតបានហើយ។ ប៉ុន្តែប្រសិនបើពួកគេគ្មានទេ អ្វីដែលពួកគេនឹងយល់គឺមានតែបទប្បញ្ញត្តិប៉ុណ្ណោះ មិនថាព្រះបន្ទូលរបស់ព្រះជាម្ចាស់លម្អិតយ៉ាងណាក៏ដោយ ហើយនេះមិនមែនជាការយល់ពីសេចក្ដីពិតទេ។ ដូច្នេះ ព្រះជាម្ចាស់ប្រទានគោលការណ៍មួយដល់អ្នក ដើម្បីឱ្យអ្នកអាចសម្របវាទៅតាមកាលៈទេសៈផ្សេងៗគ្នាបាន។ តាមរយៈការស្ដាប់ព្រះបន្ទូលរបស់ទ្រង់ និងការស្គាល់ទ្រង់ តាមរយៈបទពិសោធផ្សេងៗ និងតាមរយៈការប្រកបគ្នា ក៏ដូចជាការបំភ្លឺពីព្រះវិញ្ញាណបរិសុទ្ធ អ្នកនឹងយល់ពីទិដ្ឋភាពមួយនៃគោលការណ៍ដែលទ្រង់មានបន្ទូល និងស្ដង់ដារដែលទ្រង់តម្រូវសម្រាប់រឿងមួយប្រភេទ។ នោះអ្នកនឹងបានយល់ពីទិដ្ឋភាពនៃសេចក្ដីពិតនោះហើយ។ ប្រសិនបើព្រះជាម្ចាស់ត្រូវពន្យល់គ្រប់យ៉ាងយ៉ាងលម្អិត ហើយប្រាប់មនុស្សពីរបៀបប្រព្រឹត្តនៅក្នុងរឿងនេះ ឬរឿងនោះ នោះគោលការណ៍ដែលទ្រង់មានបន្ទូលនឹងគ្មានប្រយោជន៍ឡើយ។ ប្រសិនបើព្រះជាម្ចាស់ប្រើវិធីសាស្ត្រនេះ ហើយប្រាប់មនុស្សជាតិពីបទប្បញ្ញត្តិសម្រាប់រឿងមួយហើយរឿងមួយទៀត តើមនុស្សនឹងទទួលបានអ្វីនៅទីបំផុត? គ្រាន់តែជាការអនុវត្ត និងឥរិយាបថខ្លះៗប៉ុណ្ណោះ។ ពួកគេនឹងមិនអាចយល់ពីបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ ឬព្រះបន្ទូលរបស់ទ្រង់ឡើយ។ ប្រសិនបើមនុស្សមិនយល់ពីព្រះបន្ទូលរបស់ព្រះជាម្ចាស់ទេ នោះពួកគេនឹងមិនអាចយល់ពីសេចក្ដីពិតបានឡើយ។ តើវា មិនមែនបែបហ្នឹងទេឬ? (មែនហើយ គឺមែន។) តើអ្នករាល់គ្នាអាចយល់ពីសេចក្ដីពិតដែរឬទេ? មនុស្សភាគច្រើនមិនអាចទេ ហើយមានតែមនុស្សមួយចំនួនតូចប៉ុណ្ណោះដែលមានការយល់ដឹងខាងវិញ្ញាណ និងស្រឡាញ់សេចក្ដីពិត ទើបអាចសម្រេចរឿងនេះបានយ៉ាងពិតប្រាកដ។ ដូច្នេះ តើអ្វីជាលក្ខខណ្ឌចាំបាច់សម្រាប់អ្នកដែលអាចសម្រេចរឿងនេះបាន? ពួកគេអាចសម្រេចវាបាន ប្រសិនបើពួកគេមានការយល់ដឹងខាងវិញ្ញាណ មានសមត្ថភាពយល់ដឹង ស្វែងរកដោយស្មោះ និងស្រឡាញ់សេចក្ដីពិត និងរឿងវិជ្ជមាន។ ចំពោះអ្នកដែលនៅសល់ដែលមិនអាចសម្រេចវាបាន ក្នុងទិដ្ឋភាពមួយ គឺដោយសារតែបញ្ហាគុណសម្បត្តិ ឬការយល់ដឹងរបស់ពួកគេ ហើយក្នុងទិដ្ឋភាពមួយទៀត វាគឺជាបញ្ហាពេលវេលាប៉ុណ្ណោះ។ វាដូចជាមនុស្សដែលមានអាយុ ២០ ឆ្នាំអ៊ីចឹង ប្រសិនបើអ្នកសុំឱ្យពួកគេសម្រេចនូវអ្វីដែលមនុស្សដែលមានអាយុ ៥០ ឆ្នាំអាច និងគួរសម្រេចបាន តើនេះមិនមែនជាការបង្ខំឱ្យពួកគេធ្វើអ្វីដែលហួសពីសមត្ថភាពរបស់ពួកគេទេឬ? (មែនហើយ គឺមែន។) ឥឡូវនេះ ចូរគិតមើល៍ តើសមត្ថភាពរបស់មនុស្សក្នុងការយល់ពីសេចក្ដីពិត ទាក់ទងនឹងអ្វី? (គុណសម្បត្តិរបស់ពួកគេ។) វាទាក់ទងនឹងគុណសម្បត្តិរបស់ពួកគេ។ តើមានអ្វីផ្សេងទៀត? (ថាតើពួកគេស្វែងរកសេចក្ដីពិតឬអត់។) វាមានទំនាក់ទំនងជាក់លាក់ទៅនឹងការស្វែងរករបស់ពួកគេ។ មនុស្សមួយចំនួនពិតជាមានសមត្ថភាពគ្រប់គ្រាន់ទាក់ទងនឹងការយល់ដឹង ល្បឿននៃការគិត និងកម្រិតនៃភាពឆ្លាតវៃ ហើយអាចយល់ពីសេចក្ដីពិតបាន ប៉ុន្តែពួកគេបែជាមិនស្រឡាញ់ ឬស្វែងរកសេចក្ដីពិតទេ។ ពួកគេមិនមានអារម្មណ៍អ្វីចំពោះសេចក្ដីពិតនៅក្នុងចិត្តរបស់ពួកគេឡើយ ហើយពួកគេមិនខិតខំប្រឹងប្រែងក្នុងទិដ្ឋភាពនេះទេ។ ចំពោះមនុស្សបែបនេះ សេចក្ដីពិតនឹងតែងតែជាអ្វីដែលស្រពេចស្រពិល និងមិនអាចស្គាល់បាន ហើយមិនថាពួកគេជឿលើព្រះជាម្ចាស់ប៉ុន្មានឆ្នាំក៏ដោយ ក៏វានឹងគ្មានប្រយោជន៍ដែរ។
មែនហើយ ខ្ញុំបាននិយាយរៀបរាប់ពីរឿងរបស់ខ្ញុំចប់អស់ហើយ។ តើដំណើររឿង និងខ្លឹមសារនៃរឿងទាំងនេះ អាចជួយឱ្យអ្នករាល់គ្នាយល់ពីសេចក្ដីពិតខ្លះៗដែរឬទេ? (មែនហើយ គឺអាច។) ហេតុអ្វីបានជាខ្ញុំនិយាយរឿងទាំងនេះ? តើចាំបាច់ទេក្នុងការនិយាយរឿងទាំងនេះ ប្រសិនបើវាមិនពាក់ព័ន្ធនឹងស្ថានភាពរស់នៅរបស់មនុស្ស និស្ស័យដែលពួកគេបង្ហាញចេញ និងគំនិតរបស់ពួកគេនៅក្នុងជីវិតពិតនោះ? (ទេ មិនចាំបាច់ទេ។) វានឹងមិនចាំបាច់ទេ។ រឿងរ៉ាវដែលយើងបានពិភាក្សា សុទ្ធតែជាបាតុភូត និងសភាពទូទៅដែលមនុស្សតែងតែបង្ហាញចេញនៅក្នុងជីវិតរបស់ពួកគេ ហើយវាទាក់ទងនឹងនិស្ស័យ ទស្សនៈ និងគំនិតរបស់មនុស្ស។ ប្រសិនបើក្រោយពីបានស្ដាប់រឿងទាំងនេះហើយ អ្នករាល់គ្នាគិតថាវាគ្រាន់តែជារឿងនិទាន ថាវាគួរឱ្យអស់សំណើចបន្តិច និងគួរឱ្យចាប់អារម្មណ៍បន្តិច ប៉ុន្តែមានតែប៉ុណ្ណឹង ហើយអ្នកមិនអាចយល់ពីសេចក្ដីពិតនៅក្នុងរឿងទាំងនោះបានទេ នោះវានឹងគ្មានប្រយោជន៍សម្រាប់អ្នករាល់គ្នាឡើយ។ អ្នករាល់គ្នាត្រូវតែយល់ពីសេចក្ដីពិតខ្លះៗអំពីរឿងទាំងនេះ យ៉ាងហោចណាស់ វានឹងមានឥទ្ធិពលកែតម្រូវលើឥរិយាបថរបស់អ្នករាល់គ្នាបាន ជាពិសេសទស្សនៈរបស់អ្នករាល់គ្នាចំពោះរឿងមួយចំនួន ហើយអាចឱ្យអ្នករាល់គ្នាងាកចេញពីវិធីសាស្ត្រនៃការយល់ដឹងដ៏វៀចវេររបស់អ្នករាល់គ្នា និងមានការយល់ដឹងដ៏បរិសុទ្ធអំពីរឿងប្រភេទនេះ។ នេះមិនមែនគ្រាន់តែដើម្បីផ្លាស់ប្ដូរឥរិយាបថរបស់អ្នករាល់គ្នាប៉ុណ្ណោះទេ ប៉ុន្តែដើម្បីដោះស្រាយសភាពទាំងនេះដែលបង្កើតឡើងដោយនិស្ស័យពុករលួយ ពីឫសគល់តែម្ដង។ តើអ្នកយល់ទេ? ឥឡូវនេះ ចូរយើងប្រកបគ្នាអំពីប្រធានបទសំខាន់៕
ការវែកញែកអំពីរបៀបដែលពួកទទឹងនឹងព្រះគ្រីស្ទឱ្យអ្នកដទៃចុះចូលតែពួកគេប៉ុណ្ណោះ មិនមែនចុះចូលនឹងសេចក្ដីពិត ឬព្រះជាម្ចាស់ទេ
IV. ការវែកញែកអំពីការដែលពួកទទឹងនឹងព្រះគ្រីស្ទធ្វើពុតជាតួអង្គនៃសេចក្ដីពិត នៅពេលដែលពួកគេទទួលបានបទពិសោធ និងចំណេះដឹងបន្តិចបន្តួច
លើកមុន ពួកយើងបានប្រកបគ្នាអំពីចំណុចទីប្រាំបីនៃការស្ដែងចេញរបស់ពួកទទឹងនឹងព្រះគ្រីស្ទ គឺពួកគេឱ្យអ្នកដទៃចុះចូលចំពោះតែពួកគេប៉ុណ្ណោះ មិនមែនចុះចូលនឹងសេចក្ដីពិត ឬព្រះជាម្ចាស់ទេ។ ចំណុចទីប្រាំបីនេះ ត្រូវបានបែងចែកជាប្រធានបទរងសរុបចំនួនបួន។ យើងបានប្រកបគ្នាអំពីប្រធានបទរងបីដំបូងរួចរាល់ហើយ ដូច្នេះតើប្រធានបទរងទីបួន គឺជាអ្វី? (ពួកទទឹងនឹងព្រះគ្រីស្ទធ្វើពុតជាតួអង្គនៃសេចក្ដីពិត នៅពេលដែលពួកគេទទួលបានបទពិសោធ និងចំណេះដឹងបន្តិចបន្តួច ហើយបានរៀនមេរៀនមួយចំនួន។) នេះគឺជាប្រធានបទរងទីបួននៃចំណុចទីប្រាំបី។ ជាការពិតណាស់ នេះក៏ពាក់ព័ន្ធនឹងទិដ្ឋភាពមួយនៃការស្ដែងចេញនៃប្រធានបទរបស់ចំណុចទីប្រាំបីផងដែរ គឺវា ពាក់ព័ន្ធគ្នា។ តើប្រធានបទនេះគឺជាអ្វី? គឺពួកគេឱ្យអ្នកដទៃចុះចូលតែពួកគេប៉ុណ្ណោះ មិនមែនចុះចូលនឹងសេចក្ដីពិត ឬព្រះជាម្ចាស់ទេ។ ចូរយើងបំបែកប្រធានបទរងនេះ ហើយនិយាយអំពីវាបន្តិចម្ដងៗ។ តើបទពិសោធ ចំណេះដឹង និងមេរៀន នីមួយៗគឺជាអ្វី? តើមនុស្សប្រភេទណាដែលមានរបស់ទាំងនេះ? តើមនុស្សប្រភេទណាដែលចូលចិត្តបំពាក់ឱ្យខ្លួនឯងនូវរឿងទាំងនេះ? តើមនុស្សប្រភេទណាដែលផ្ដោតសំខាន់លើការបំពាក់ឱ្យខ្លួនឯងនូវរឿងទាំងនេះ ជាជាងបំពាក់ឱ្យខ្លួនឯងនូវសេចក្ដីពិត? តើមនុស្សប្រភេទណាដែលចាត់ទុករឿងទាំងនេះជាសេចក្ដីពិត? ជាដំបូង រឿងមួយគឺប្រាកដណាស់៖ ទោះបីជាគុណសម្បត្តិរបស់មនុស្សទាំងនេះយ៉ាងណាក៏ដោយ ហើយទោះបីជាការយល់ ឃើញរបស់ពួកគេយ៉ាងណាក៏ដោយ ក៏ពួកគេមានសេចក្តីស្រឡាញ់យ៉ាងខ្លាំងចំពោះចំណេះដឹង ហើយការស្រឡាញ់របស់ពួកគេចំពោះចំណេះដឹងគឺលើសពីការស្រឡាញ់របស់ពួកគេចំពោះតថភាពនៃសេចក្ដីពិត។ គោលដៅ និងទិសដៅដែលពួកគេដេញតាម នៅក្នុងជំនឿរបស់ពួកគេលើព្រះជាម្ចាស់ គឺដើម្បីទទួលបានអ្វីដែលហៅថា បទពិសោធ និងចំណេះដឹង។ ពួកគេចង់ប្រើប្រាស់ចំណេះដឹង និងបទពិសោធនេះដើម្បីបំពាក់ និងតុបតែងខ្លួនឯង ដើម្បីឱ្យពួកគេមើលទៅកាន់តែថ្លៃថ្នូរ កាន់តែទាន់សម័យ កាន់តែមានការអប់រំ ហើយកាន់តែអាចត្រូវបានគេលើកតម្កើង និងគោរពបូជា។ ដោយមានចំណេះដឹង និងបទពិសោធនេះ ពួកគេគិតថាជីវិតរបស់ពួកគេកាន់តែមានតម្លៃ កាន់តែមានភាពពេញលេញ និងកាន់តែពោរពេញដោយភាពជឿជាក់លើខ្លួនឯង។ តាមទស្សនៈរបស់ពួកគេ ពួកគេជឿលើព្រះជាម្ចាស់ ដើម្បីបំពាក់ឱ្យខ្លួនឯងនូវចំណេះដឹងនេះ និងពាក្យ ពេចន៍ដែលទាក់ទងនឹងទ្រឹស្ដីសាសនា ព្រមទាំងទិដ្ឋភាពផ្សេងៗនៃចំណេះដឹងទូទៅ ចំណេះដឹង និងមេរៀន។ ពួកគេជឿថា តាមរយៈការបំពាក់ឱ្យខ្លួនឯងនូវរបស់ទាំងនេះ ពួកគេអាចមានកន្លែងមួយនៅក្នុងដំណាក់របស់ព្រះជាម្ចាស់ និងនៅក្នុងក្រុមមនុស្សនេះ។ ហេតុដូច្នេះហើយ អ្វីដែលពួកគេគិត គោរពបូជា និងធ្វើតាមនៅក្នុងចិត្តរបស់ពួកគេជារៀងរាល់ថ្ងៃ គឺសុទ្ធតែទាក់ទងនឹងចំណេះដឹង បទពិសោធ និងអ្វីៗផ្សេងទៀត។
ដំបូងឡើយ ចូរយើងមើលថាតើមានចំណេះដឹង បទពិសោធ និងមេរៀនប្រភេទណាខ្លះ ព្រមទាំងប្រភេទមួយណាដែលអាចហៅថាជាការធ្វើពុតជាតំណាងនៃសេចក្ដីពិត។ ជាដំបូង គេអាចនិយាយបានយ៉ាងប្រាកដថា រឿងទាំងនេះគ្មានពាក់ព័ន្ធនឹងសេចក្ដីពិតទេ មិនស្របតាមសេចក្ដីពិតទេ ហើយដើរផ្ទុយពីសេចក្ដីពិត។ ទាំងនេះប្រហែលជារឿងដែលត្រឹមត្រូវយោងទៅតាមសញ្ញាណរបស់មនុស្ស ជាអ្វីដែលយោងទៅតាមសញ្ញាណរបស់ពួកគេ គឺជារឿងវិជ្ជមាន ស្រស់ស្អាត និងល្អ។ ប៉ុន្តែតាមការពិត នៅក្នុងព្រះនេត្ររបស់ព្រះជាម្ចាស់ រឿងទាំងនេះមិនទាក់ទងនឹងសេចក្ដីពិតឡើយ ហើយរឿងទាំងនេះក៏ជាមូលដ្ឋាននៃប្រភពនៃការថ្កោលទោសរបស់មនុស្សចំពោះសេចក្ដីពិត ជាឫសគល់ និងជាប្រភពនៃការទាស់ទទឹងរបស់មនុស្សចំពោះព្រះជាម្ចាស់ និងសញ្ញាណរបស់ពួកគេអំពីទ្រង់។ បទពិសោធ ចំណេះដឹង និងមេរៀន តើមានភាពខុសគ្នានៃអាយុ និងយេនឌ័រ ក្នុងចំណោមអ្នកដែលទទួលបានរឿងទាំងនេះដែរឬទេ? (ទេ មិនមានទេ។) ភាគច្រើនគឺមិនមានទេ។ មនុស្សមួយចំនួនមានអំណោយទាន។ តើអំណោយទានគឺជាអ្វី? ជាឧទាហរណ៍ បន្ទាប់ពីមនុស្សមួយចំនួនស្ដាប់ទ្រឹស្ដី ឬពាក្យសម្ដីអ្វីមួយ ហើយយល់ពីគោលគំនិតស្នូល ឬគោលគំនិតជាមូលដ្ឋាននៃទ្រឹស្ដីបែបនេះ គំនិតរបស់ពួកគេរហ័សរហួនណាស់។ ពួកគេដឹងភ្លាមៗពីរបៀបពន្យល់ទ្រឹស្ដី ឬពាក្យសម្ដីបែបនេះ និងរបៀបប្រែក្លាយវាទៅជាភាសារបស់ពួកគេផ្ទាល់ ដែលពួកគេប្រើដើម្បីនិយាយជាមួយអ្នកដទៃ។ បន្ទាប់ពីស្ដាប់រឿងទាំងនេះ ពួកគេចងចាំវាយ៉ាងឆាប់រហ័ស។ នេះមិនមែនមានន័យថាពួកគេមានការយល់ដឹងខ្ពស់នោះទេ ពួកគេគ្រាន់តែមានការចងចាំល្អខ្លាំងប៉ុណ្ណោះ ដែលនេះគឺជាប្រភេទនៃអំណោយទានពិសេស។ តើមាននរណាម្នាក់ដែលមានអំណោយទានបែបនេះដែរឬទេ? (មាន។) មានមនុស្សបែបនេះ ដែលបន្ទាប់ពីអ្នកនិយាយរឿងមួយ ពួកគេអាចប្រើរឿងនោះភ្លាមៗដើម្បីទាញការសន្និដ្ឋានអំពីរឿងមួយទៀត។ នៅពេលដែលគេបង្ហាញព័ត៌មានអំពីទិដ្ឋភាពមួយនៃប្រធានបទមួយ ពួកគេអាចអនុវត្តវាទៅផ្នែកផ្សេងទៀតបាន។ ពួកគេពូកែខាងប្រើប្រាស់ប្រធានបទដែលកំពុងពិភាក្សា ដើម្បីលើកឡើងគំនិតរបស់ពួកគេផ្ទាល់។ ពួកគេពូកែខ្លាំងណាស់ នៅពេលនិយាយអំពីរឿងខាងក្រៅ និងទ្រឹស្ដី ពោលគឺរឿងដែលទាក់ទងនឹងតក្កវិជ្ជា និងភាសាទាំងនេះ។ មានន័យថា ពួកគេពូកែខាងលេងពាក្យសម្ដី និងប្រើទ្រឹស្ដីដើម្បីទាក់ទាញ និងបញ្ចុះបញ្ចូលអ្នកដទៃ។ មានមនុស្សមួយចំនួនដែលមានអំណោយទានប្រភេទនេះ។ ពួកគេពូកែវោហារសព្ទ ដោយមានការគិត និងប្រតិកម្មយ៉ាងរហ័សរហួនបំផុត។ ពេលឮទិដ្ឋភាពមួយនៃសេចក្ដីពិត ដោយសារតែភាពឆ្លាតវៃរាក់កំភែល និងអំណោយទានរបស់ពួកគេ ពួកគេយល់ពីទិដ្ឋភាពនៃសេចក្ដីពិតនេះថាជាប្រភេទចំណេះដឹង និងការសិក្សា ហើយបន្ទាប់មកក៏ប្រើប្រាស់ការសិក្សាបែបនេះដើម្បីប្រកបគ្នាជាមួយអ្នកដទៃ និងធ្វើអ្វីដែលហៅថាកិច្ចការនៃការស្រោចស្រព និងការ ឃុំគ្រង។ តើនេះមានឥទ្ធិពលអ្វីដល់មនុស្ស? តើមានលទ្ធផលល្អដែរឬទេ? (ទេ មិនមានទេ។) ហេតុអ្វីបានជាដូច្នេះ? (វាមិនអាចអនុវត្តជាក់ស្ដែងបានទេ ហើយមនុស្សគ្មានផ្លូវអនុវត្តឡើយ នៅពេលដែលពួកគេឮវា។) បន្ទាប់ពីស្ដាប់អ្វីដែលមនុស្សទាំងនេះបាននិយាយ អ្នកដទៃគិតថាគ្រប់យ៉ាងដែលពួកគេនិយាយគឺត្រឹមត្រូវ គ្មានពាក្យមួយម៉ាត់ណាខុស ហើយគ្មានពាក្យមួយម៉ាត់ណាដែលដើរផ្ទុយពីគោលការណ៍ឡើយ គឺសុទ្ធតែត្រឹមត្រូវទាំងអស់។ ប៉ុន្តែ នៅពេលយកវាទៅអនុវត្ត ពួកគេមានអារម្មណ៍ថាពាក្យទាំងនេះគឺទទេស្អាត គ្មានគោលដៅ ឬទិសដៅឡើយពេលកំពុងអនុវត្ត ហើយពាក្យទាំងនេះមិនអាចប្រើជាគោលការណ៍នៃការអនុវត្តបានទេ។ ដូច្នេះ តើពាក្យទាំងនេះគឺជាអ្វី? (គោលលទ្ធិ។) វាគឺជាប្រភេទគោលលទ្ធិ ដែលជាប្រភេទនៃចំណេះដឹង។ ការ ស្ដែងចេញបែបនេះរបស់ពួកទទឹងនឹងព្រះគ្រីស្ទ គឺពិតជាច្បាស់លាស់ និងលេចធ្លោខ្លាំងណាស់។ ពួកគេចាត់ទុកសេចក្ដីពិតជាចំណេះដឹង ជាអ្វីមួយបែបវិជ្ជាការ ជាទ្រឹស្ដី។ ខណៈពេលដែលយល់អ្វីៗតែពាក់កណ្ដាល ពួកគេតែងតែទាមទារឱ្យអ្នកដទៃធ្វើនេះ ឬធ្វើនោះ។ នៅពេលដែលអ្នកដទៃមិនយល់ ហើយសុំឱ្យពួកគេពន្យល់ឱ្យបានលម្អិត ពួកទទឹងនឹងព្រះគ្រីស្ទមិនអាចពន្យល់ឱ្យបានច្បាស់លាស់ទេ ផ្ទុយទៅវិញ បែរជាតបតថា៖ «អ្នកមិនស្រឡាញ់សេចក្ដីពិតទេ។ បើអ្នកស្រឡាញ់សេចក្ដីពិត អ្នកនឹងអាចយល់ពីអ្វីដែលខ្ញុំនិយាយ ហើយមានផ្លូវក្នុងការអនុវត្ត»។ ពេលឮបែបនេះ អ្នកខ្លះដែលវង្វេងវង្វាន់ និងខ្វះការវែកញែក ក៏គិតថា៖ «ត្រូវហើយ។ បើខ្ញុំពិតជាស្រឡាញ់សេចក្ដីពិតមែន ខ្ញុំច្បាស់ជាអាចយល់ពាក្យសម្ដីរបស់ពួកគេបាន»។ មនុស្សដែលគ្មានការវែកញែក គិតថាអ្វីដែលបុគ្គលនេះនិយាយគឺត្រឹមត្រូវ គឺថា ខ្លួនឯងមិនយល់ពីសេចក្ដីពិតនោះទេ។ ពួកគេដាក់ការទទួលខុសត្រូវលើខ្លួនឯង ហើយក៏ត្រូវបានបំភាន់ដោយពួកទទឹងនឹងព្រះគ្រីស្ទរហូតដល់បាត់បង់ទិសដៅ។
ឥឡូវនេះ ចូរយើងនិយាយអំពីបទពិសោធ។ បទពិសោធ គឺជាវិធីសាស្ត្រមួយដែលត្រូវបានសរុបចេញមក ក្នុងរយៈពេលដ៏យូរនៃការឆ្លងកាត់រឿងរ៉ាវផ្សេងៗ។ តើមនុស្សដែលទើបតែធ្វើការបានពីរថ្ងៃ មានបទពិសោធដែរឬទេ? (ពួកគេគ្មានទេ។) ចំណែកអ្នកដែលបានធ្វើការរយៈពេល ១០ ឬ ២០ ឆ្នាំ ច្បាស់ជាមានបទពិសោធហើយ។ មនុស្សមួយចំនួនមានអារម្មណ៍ថា ពួកគេមានបទពិសោធពីការធ្វើការជាច្រើនឆ្នាំ ថានៅពេលនិយាយដល់អ្វីដែលពួកគេគួរធ្វើនៅពេលប្រឈមមុខនឹងបញ្ហាជាក់លាក់ របៀបដោះស្រាយជាមួយមនុស្សប្រភេទជាក់លាក់ និងប្រភេទគោលលទ្ធិណាដែលពួកគេគួរនិយាយទៅកាន់មនុស្សប្រភេទណា ពួកគេដឹងទាំងអស់។ ជាលទ្ធផល នៅពេលដែលថ្ងៃមួយ មានរឿងថ្មីដែលពួកគេមិនដឹងកើតឡើង ពួកគេក៏បើកមើលកំណត់ត្រានៃការងាររយៈពេល ២០ ឆ្នាំកន្លងមករបស់ពួកគេ យកមកពិចារណា ហើយបន្ទាប់មកក៏យកពាក្យសម្ដី និងការអនុវត្តចាស់ៗទាំងនេះមកអនុវត្តដោយមិនបែងចែកឱ្យបានត្រឹមត្រូវ។ នៅពេលដែលពួកគេធ្វើបែបនេះ អ្នកដែលមិនយល់ពីសេចក្ដីពិត នៅតែគិតថាអ្វីដែលពួកគេកំពុងធ្វើគឺស្របតាមសេចក្ដីពិត ចំណែកអ្នកដែលយល់ពីសេចក្ដីពិតឃើញដូច្នេះ ក៏និយាយថា៖ «បុគ្គលនេះកំពុងធ្វើការទាំងងងឹតងងល់ហើយ។ ពួកគេគ្មានគោលការណ៍នៅក្នុងការងាររបស់ពួកគេទេ ពួកគេពឹងផ្អែកទាំងស្រុងលើបទពិសោធ ហើយមិនយល់ពីបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ទេ ហើយពួកគេក៏មិនយល់ពីរបៀបធ្វើយ៉ាងណា ដើម្បីការពារផលប្រយោជន៍ដំណាក់របស់ព្រះជាម្ចាស់ និងស្របតាមគោលការណ៍នៃដំណាក់របស់ព្រះជាម្ចាស់អំពីរបៀបប្រព្រឹត្តចំពោះមនុស្សដែរ។ ពួកគេកំពុងតែអនុវត្តបទប្បញ្ញត្តិដោយងងឹតងងល់ហើយ»។ មានបញ្ហាមួយនៅទីនេះ។ ប្រសិនបើមនុស្សធម្មតាទើបតែធ្វើការបានរយៈពេលខ្លី ពួកគេប្រហែលជាគ្មានទុនដើម្បីនិយាយថា៖ «ខ្ញុំមានបទពិសោធ ខ្ញុំមិនខ្លាចទេ។ ខ្ញុំបានធ្វើការជាច្រើនឆ្នាំមកហើយ។ តើមនុស្សប្រភេទណាដែលខ្ញុំមិនធ្លាប់ឃើញ ហើយមានរឿងអ្វីដែលខ្ញុំមិនធ្លាប់ដោះស្រាយនោះ?»។ ប៉ុន្តែមនុស្សទាំងនេះហ៊ាននិយាយបែបនេះ។ សូម្បីតែបើអ្នកធ្លាប់ដោះស្រាយរឿងជាច្រើន និងមនុស្សច្រើនប្រភេទក៏ដោយ តើអ្នកអាចធានាបានទេថា អ្នកកំពុងប្រព្រឹត្តស្របតាមគោលការណ៍សេចក្ដីពិត ក្នុងការដោះស្រាយរាល់បញ្ហា និងពេលប្រព្រឹត្តចំពោះមនុស្សគ្រប់រូបនោះ? តាមការពិត នេះមិនមែនជារឿងដែលអ្នកហ៊ានធានានោះទេ។ ប៉ុន្តែ សម្រាប់អ្នកដែលចាត់ទុកបទពិសោធ និងទម្លាប់ធ្វើការងារជាសេចក្ដីពិត ប្រសិនបើនរណាម្នាក់លើកការជំទាស់ ចំពោះពួកគេ ពួកគេនិយាយថា៖ «ខ្ញុំបានធ្វើការ ជាច្រើនឆ្នាំមកហើយ។ ខ្ញុំបានដើរឆ្លងស្ពានច្រើនជាងអ្នកដើរផ្លូវទៅទៀត ចុះហេតុអីបានជាអ្នកនៅតែហ៊ានមិនយល់ស្របជាមួយខ្ញុំ? ត្រឡប់ទៅផ្ទះ ហើយអធិស្ឋានទៅ!»។ នៅចំពោះមុខពួកគេ គ្មាននរណាម្នាក់ហ៊ាននិយាយពាក្យថា «ទេ» លើកឡើងមតិខុសគ្នា ឬបញ្ចេញពាក្យ ជំទាស់សូម្បីមួយម៉ាត់ឡើយ។ តើនេះគឺជាឥរិយាបថ អ្វី? នេះគឺជាការចាត់ទុកបទពិសោធជាសេចក្ដីពិត ហើយជឿថាខ្លួនឯងគឺជារូបតំណាងនៃសេចក្ដីពិត។ អ្នកខ្លះនិយាយថា៖ «ខ្ញុំមិនចាត់ទុកខ្លួនឯងថាជា រូបតំណាងនៃសេចក្ដីពិតទេ តើនរណាហ៊ានទទួលងារបែបនេះ? មានតែព្រះទេដែលជាសេចក្ដីពិត។ ខ្ញុំមិនដែលធ្វើបែបនោះទេ ហើយខ្ញុំក៏មិនដែលគិតបែបនោះដែរ»។ តាមការគិតផ្ទាល់ខ្លួន អ្នកមិនគិតបែបនោះទេ ហើយអ្នកក៏មិនមានបំណងធ្វើបែបនោះដែរ។ ប៉ុន្តែជាក់ស្ដែង របៀបធ្វើការងាររបស់អ្នក ឥរិយាបថបស់អ្នក និងសារជាតិនៃសកម្មភាពរបស់អ្នក ទីបំផុតបានកំណត់លក្ខណៈអ្នកថាជាមនុស្សម្នាក់ដែលចាត់ទុកខ្លួនឯងជា រូបតំណាងនៃសេចក្ដីពិត។ ហេតុអ្វីបានជាអ្នកធ្វើឱ្យមនុស្សធ្វើតាមសំណើរបស់អ្នកគ្រប់ចំណុចម៉្លេះ? ប្រសិនបើអ្នកមិនចាត់ទុកខ្លួនឯងថាជាព្រះជាម្ចាស់ ហើយគ្រាន់តែជាមនុស្សធម្មតាម្នាក់ តើអ្នកមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ដើម្បីឱ្យអ្នកដទៃស្ដាប់បង្គាប់អ្នកដែរឬទេ? (ទេ ខ្ញុំមិនមានទេ។) មានកាលៈទេសៈមួយដែលមនុស្សអាចស្ដាប់បង្គាប់អ្នកបាន នោះគឺប្រសិនបើអ្នកយល់ពីសេចក្ដីពិត ពោលគឺប្រសិនបើអ្នកជាមនុស្សម្នាក់ដែលយល់ពីសេចក្ដីពិត។ ប៉ុន្តែម្យ៉ាងវិញទៀត សូម្បីតែអ្នកជាមនុស្សដែលយល់ពីសេចក្ដីពិតក៏ដោយ ក៏អ្នកនៅតែគ្រាន់តែជាមនុស្សធម្មតាម្នាក់ដដែល តើមនុស្សធម្មតាអាចក្លាយជារូបតំណាងនៃសេចក្ដីពិតបានដែរឬទេ? (ទេ ពួកគេមិនអាចទេ។) ប្រសិនបើគេអាចយល់នូវរាល់ព្រះបន្ទូលដែលព្រះជាម្ចាស់បានមានបន្ទូល និងគ្រប់សេចក្ដីពិតដែលព្រះជាម្ចាស់តម្រូវឱ្យមនុស្សយល់ តើបុគ្គលនោះអាចក្លាយជា រូបតំណាងនៃសេចក្ដីពិតបានដែរឬទេ? (ទេ ពួកគេមិនអាចទេ។) អ្នកខ្លះនិយាយថា៖ «នោះប្រហែលជាដោយសារតែអ្នកទាំងនោះមិនទាន់ត្រូវបានប្រោសឱ្យគ្រប់លក្ខណ៍។ ពេត្រុសគឺជាមនុស្សម្នាក់ដែលត្រូវបានប្រោសឱ្យគ្រប់លក្ខណ៍។ តើពេត្រុសអាចត្រូវបានគេហៅថាជា រូបតំណាងនៃសេចក្ដីពិតដែរឬទេ?»។ ការត្រូវបានប្រោសឱ្យគ្រប់លក្ខណ៍មិនធ្វើឱ្យមនុស្សម្នាក់ក្លាយជា រូបតំណាងនៃសេចក្ដីពិតនោះទេ ហើយតើអ្នកដឹងពីមូលហេតុដែរឬទេ? (មានភាពខុសគ្នានៅក្នុងសារជាតិ។) មានភាពខុសគ្នានៅក្នុងសារជាតិ នេះគឺជាទិដ្ឋភាពមួយនៃរឿងនេះ។ ថាតើមនុស្សអាចក្លាយជា រូបតំណាងនៃសេចក្ដីពិតបានឬយ៉ាងណា នេះគឺជាបញ្ហាដែលយើងត្រូវពិភាក្សា។ ហេតុអ្វីបានជាគេនិយាយថា មនុស្សមិនអាចក្លាយជា រូបតំណាងនៃសេចក្ដីពិតទាល់តែសោះ? តើ រូបតំណាងនៃសេចក្ដីពិត គ្រាន់តែជាបញ្ហានៃសារជាតិ ប៉ុណ្ណោះឬ? មនុស្សមួយចំនួននិយាយថា៖ «មនុស្សកើតមកជាវៈដែលព្រះបានបង្កើត ហើយអង្គដែលគង់នៅស្ថានសួគ៌ គឺជាព្រះអាទិករតាំងពីដើមមក។ យើងមិនចាំបាច់ជជែកវែកញែកអំពីរឿងនេះទេ ព្រះជាម្ចាស់នឹងនៅតែជា រូបតំណាងនៃសេចក្ដីពិតជានិច្ច។ ចុះតើមកពីព្រះគ្រីស្ទយល់សេចក្ដីពិត និងមានសេចក្ដីពិត ទើបបានជាទ្រង់ជា រូបតំណាងនៃសេចក្ដីពិតមែនទេ? ប្រសិនបើយើងទទួលបានសេចក្ដីពិតទាំងអស់ពីព្រះជាម្ចាស់ តើយើងក៏អាចត្រូវបានគេហៅថាជា រូបតំណាងនៃសេចក្ដីពិតដែរឬទេ?»។ អ្នកខ្លះទៀតនិយាយថា៖ «យើងមិនអាចទេ។ ពីមុន ខ្ញុំធ្លាប់គិតថា នៅពេលដែលមនុស្សយល់ដឹងពីសេចក្ដីពិតកាន់តែច្រើន ពួកគេអាចក្លាយជាគ្រីស្ទ និងក្លាយជាព្រះ។ ឥឡូវនេះ ខ្ញុំដឹងថាសារជាតិនេះគឺមិនអាចជំនួសបាន ហើយក៏មិនអាចផ្លាស់ប្ដូរបានដែរ»។ ការយល់ដឹងរបស់ពួកគេបានឈានដល់ចំណុចនេះ។ ដូច្នេះ តើអ្នកមានសមត្ថភាពយល់ពីរឿងនេះឱ្យបានកាន់តែស៊ីជម្រៅដែរឬទេ? អ្នកគួរតែយល់ពីរឿងនេះ ភ្លាមៗបន្ទាប់ពីខ្ញុំបានប្រកបគ្នាជាមួយពួកអ្នករួច។ នៅពេលដែលយើងនិយាយអំពី រូបតំណាងនៃសេចក្ដីពិត តើ «រូបតំណាង» នេះគឺជាអ្វីឱ្យប្រាកដទៅ? ពាក្យនេះមានលក្ខណៈអរូបីបន្តិច ដូច្នេះ ចូរយើងបកស្រាយវាដោយពាក្យសាមញ្ញបំផុត។ ព្រះជាម្ចាស់ផ្ទាល់ព្រះអង្គគឺជាសេចក្តីពិត ហើយទ្រង់មានសេចក្តីពិតគ្រប់យ៉ាង។ ព្រះជាម្ចាស់ជាប្រភពនៃសេចក្តីពិត។ គ្រប់រឿងវិជ្ជមាននីមួយៗ និងគ្រប់សេចក្ដីពិតនីមួយៗសុទ្ធតែមកពីព្រះជាម្ចាស់។ ទ្រង់អាចដាក់ការវិនិច្ឆ័យលើភាពត្រឹមត្រូវ និងភាពមិនត្រឹមត្រូវនៃរបស់សព្វសារពើ និងគ្រប់ព្រឹត្តិការណ៍ទាំងអស់។ ទ្រង់អាចដាក់ការវិនិច្ឆ័យលើអ្វីដែលបានកើតឡើង អ្វីដែលកំពុងកើតឡើង និងរឿងរ៉ាវនៅថ្ងៃខាងមុខដែលមនុស្សមិនទាន់បានដឹង។ ព្រះជាម្ចាស់ជាចៅក្រមតែមួយរូបដែលអាចដាក់ការវិនិច្ឆ័យទៅលើសេចក្ដីត្រឹមត្រូវ និងសេចក្ដីមិនត្រឹមត្រូវនៃអ្វីៗទាំងអស់ ហើយការនេះមានន័យថាភាពត្រឹមត្រូវ និងភាពមិនត្រឹមត្រូវនៃអ្វីៗទាំងអស់អាចត្រូវបានវិនិច្ឆ័យដោយព្រះជាម្ចាស់ ទ្រង់ជ្រាបពីលក្ខណវិនិច្ឆ័យសម្រាប់គ្រប់យ៉ាង។ ទ្រង់អាចសម្តែងចេញសេចក្តិពិតបានគ្រប់ពេល និងគ្រប់ទីកន្លែង។ ព្រះជាម្ចាស់ជារូបតំណាងឱ្យសេចក្ដីពិត ដែលមានន័យថាទ្រង់ផ្ទាល់ព្រះអង្គមាននូវសារជាតិនៃសេចក្ដីពិត។ បើទោះបីជាមនុស្សយល់ពីសេចក្ដីពិតជាច្រើន ហើយត្រូវបានព្រះជាម្ចាស់ប្រោសឱ្យគ្រប់លក្ខណ៍ តើពេលនោះ គេនឹងមានអ្វីទាក់ទងជាមួយនឹងការតាំងតំណាងនៃសេចក្ដីពិតដែរឬទេ? អត់ទេ។ នេះជាភាពប្រាកដប្រជា។ នៅពេលដែលមនុស្សត្រូវបានប្រោសឱ្យគ្រប់លក្ខណ៍ ទាក់ទងនឹងកិច្ចការបច្ចុប្បន្នរបស់ព្រះជាម្ចាស់ និងស្តង់ដា ផ្សេងៗដែលព្រះជាម្ចាស់តម្រូវដល់មនុស្ស គេនឹង មានការវិនិច្ឆ័យ និងវិធីសាស្រ្តអនុវត្តន៍ត្រឹមត្រូវ ហើយ គេនឹងយល់ទាំងស្រុងអំពីបំណងព្រះហឬទ័យព្រះជាម្ចាស់។ គេ អាចវែកញែករវាងអ្វីដែលមកពីព្រះជាម្ចាស់ និងអ្វីដែលមកពីមនុស្ស រវាងអ្វីដែលត្រូវនិងអ្វីដែលខុស។ ប៉ុន្តែ មានរឿងខ្លះទៀតដែលមនុស្សបន្តមិនអាចសម្រេចបាន និងមិនទាន់ច្បាស់លាស់ ជាអ្វីដែល គេអាចដឹងនៅក្រោយពេលដែលព្រះជាម្ចាស់បានមានបន្ទូលប្រាប់ការទាំងនោះដល់គេប៉ុណ្ណោះ តើមនុស្សអាចដឹង ឬទស្សន៍ទាយអ្វីដែលមិនទាន់ដឹង ឬអ្វីដែលព្រះជាម្ចាស់មិនទាន់បានប្រាប់ដល់គេនោះបានទេ? ដាច់ខាតមិនបានទេ។ លើសពីនេះទៅទៀត ទោះបីជាមនុស្សបានទទួលបាននូវសេចក្ដីពិតពីព្រះជាម្ចាស់ មាន តថភាពនៃសេចក្ដី និងស្គាល់ពីសារជាតិនៃសេចក្ដីពិតជាច្រើន ហើយមាននូវសមត្ថភាពញែកអ្វីដែលត្រឹមត្រូវចេញពីអ្វីដែលខុស តើ គេមានសមត្ថភាពត្រួតត្រា និងគ្រប់គ្រងរបស់សព្វសារពើរដែរឬទេ? គេនឹងមិនមានសមត្ថភាពនេះទេ។ នោះហើយជាភាពខុសគ្នារវាងព្រះជាម្ចាស់ និងមនុស្ស។ ភារៈដែលព្រះបានបង្កើត អាចទទួលបានសេចក្ដីពិតតែពីប្រភពនៃសេចក្ដីពិតប៉ុណ្ណោះ។ តើពួកគេអាចទទួលបានសេចក្ដីពិតពីមនុស្សដែរឬទេ? តើមនុស្សជាសេចក្ដីពិតឬ? តើមនុស្សអាចផ្តល់នូវសេចក្ដីពិតដែរឬទេ? គេមិនអាចទេ ហើយនៅក្នុងនោះមានភាពខុសគ្នា។ អ្នកគ្រាន់តែអាចទទួលបានសេចក្តីពិតប៉ុណ្ណោះ មិនអាចផ្តល់សេចក្តីពិតបានទេ។ តើគេអាចហៅអ្នកថាជាមនុស្សដែលមានសេចក្ដីពិតដែរឬទេ? តើគេអាចហៅអ្នកថា ជារូបតំណាងនៃសេចក្តីពិតបានដែរឬទេ? ដាច់ខាតមិនអាចទេ។ តើអ្វីជាសារជាតិពិតប្រាកដនៃរូបតំណាងនៃសេចក្ដីពិត? វាជាប្រភពដែលផ្គត់ផ្គង់សេចក្ដីពិត និងជាប្រភពនៃការត្រួតត្រា និងមានអធិបតេយ្យភាពលើ របស់ សព្វសារពើ ហើយវាក៏ជាលក្ខណវិនិច្ឆ័យ និងស្តង់ដា តែមួយគត់ តាមរយៈរបស់សព្វសារពើ និងគ្រប់ព្រឹត្តិការណ៍ទាំងអស់ត្រូវបានវិនិច្ឆ័យផងដែរ។ នេះហើយគឺជាអ្នកតំណាងនៃសេចក្ដីពិត។ ពួកទទឹងនឹងព្រះគ្រីស្ទតែងតែបដិសេធមិន ព្រមទទួលយកចំណុចនេះទេ។ ពួកគេជឿថាចំណេះដឹងគឺជាកម្លាំង ថាបទពិសោធគឺជាអាវុធសម្រាប់មនុស្សបំពាក់ឱ្យខ្លួនឯងដើម្បីក្លាយជាអ្នកមានអំណាច ហើយជឿថានៅពេលដែលមនុស្សមានបទពិសោធ ចំណេះដឹង និងមេរៀនទាំងនេះ ពួកគេអាចគ្រប់គ្រងអ្វីៗទាំងអស់បាន។ ពួកគេអាចត្រួតត្រាវាសនារបស់មនុស្ស គ្រប់គ្រង និងជះឥទ្ធិពលលើ គំនិតរបស់មនុស្ស ហើយថែមទាំងអាចជះឥទ្ធិពលលើ ឥរិយាបថរបស់មនុស្សទៀតផង។ ឬក៏ មនុស្សមួយចំនួននឹងគិតថា រឿងទាំងនេះអាចណែនាំមនុស្ស ផ្លាស់ប្ដូរចិត្តគំនិតរបស់មនុស្ស និងផ្លាស់ប្ដូរនិស្ស័យរបស់មនុស្សបាន។ តើទាមងនេះគឺជាគំនិតប្រភេទអ្វី? (ជាគំនិតរបស់ពួកទទឹងនឹងព្រះគ្រីស្ទ។) ទាំងនេះគឺជាគំនិតរបស់ពួកទទឹងនឹងព្រះគ្រីស្ទ។ ហេតុអ្វីបានជាព្រះជាម្ចាស់អាចមានអធិបតេយ្យភាពលើវាសនារបស់មនុស្សជាតិបាន? ព្រះជាម្ចាស់គឺជាតថភាពនៃអ្វីៗដែលវិជ្ជមានទាំងអស់ ហើយព្រះបន្ទូលរបស់ទ្រង់គឺជាតថភាពនៃ អ្វីៗដែលវិជ្ជមានទាំងអស់។ តើសារជាតិរបស់ព្រះជាម្ចាស់គឺជាអ្វី? សារជាតិរបស់ទ្រង់គឺជាសេចក្ដីពិត ហើយនោះហើយជាមូលហេតុដែលទ្រង់អាចមានអធិបតេយ្យភាពលើវាសនារបស់មនុស្សជាតិ។ ពួកទទឹងនឹងព្រះគ្រីស្ទមើលមិនឃើញ ឬមិនទទួលស្គាល់ចំណុចនេះទេ កុំថាឡើយឱ្យពួកគេទទួលយកវានោះ។ ពួកគេចាត់ទុកជាសេចក្ដីពិតនូវអ្វីដែលមកពីមនុស្ស មកពីចំណេះដឹង និងមកពីសង្គម ហើយដែលត្រូវបានមនុស្សជាតិដ៏អាក្រក់លើកតម្កើង ហើយពួកគេព្យាយាមប្រើប្រាស់រឿងទាំងនេះដើម្បីបំភាន់មនុស្ស គ្រប់គ្រងមនុស្ស និងទទួលបាន ជំហរមួយនៅក្នុងពួកជំនុំ និងក្នុងចំណោមរាស្ដ្ររើសតាំងរបស់ព្រះជាម្ចាស់។ តើគោលបំណងរបស់ពួកគេក្នុងការបំភាន់មនុស្សគឺជាអ្វី? តើគោលបំណងរបស់ពួកគេក្នុងការសិក្សា និងបំពាក់ឱ្យខ្លួនឯងនូវរឿងទាំងនេះគឺជាអ្វី? គឺដើម្បីធ្វើឱ្យមនុស្សស្ដាប់បង្គាប់ពួកគេ និងស្ដាប់ពាក្យសម្ដីរបស់ពួកគេ។ តើគោលបំណងរបស់ពួកគេក្នុងការធ្វើឱ្យមនុស្សស្ដាប់ពាក្យសម្ដីរបស់ពួកគេគឺជាអ្វី? (ដើម្បីគ្រប់គ្រងពួកគេ។) ត្រូវហើយ គោលបំណងរបស់ពួកគេគឺដើម្បីគ្រប់គ្រងពួកគេ។ នេះមានន័យថា នៅពេលដែលពួកគេបញ្ចេញពាក្យសម្ដីអ្វីមួយ មនុស្សនឹងព្រមតាមពួកគេ ហើយត្រូវបានពួកគេគ្រប់គ្រងដោយឧបាយកល ក្លាយជាឧបករណ៍ និងជាទាសកររបស់ពួកគេ។ ដោយសារតែមនុស្សទទួលយកទស្សនៈរបស់ពួកគេ និងទទួលយកអ្វីដែលហៅថាបទពិសោធ ចំណេះដឹង និងមេរៀនរបស់ពួកគេ មនុស្សទាំងនេះក៏គោរពបូជាពួកគេ។ តើការគោរពបូជាពួកគេ មិនមែនមានន័យថាស្ដាប់ពួកគេទេឬ? (មែនហើយ គឺអ៊ីចឹងមែន។) តើការស្ដាប់ពួកគេ មិនមែនមានន័យថាមនុស្សទាំងនេះអាចត្រូវពួកគេគ្រប់គ្រងដោយឧបាយកលយ៉ាងងាយស្រួលទេឬ? តើពួកទទឹងនឹងព្រះគ្រីស្ទមិនបានទទួលជោគជ័យទេឬ? (មែនហើយ ពួកគេជោគជ័យហើយ។) ពេលដែលនរណាម្នាក់ស្ដាប់ពួកគេ តើនេះមិនមែនមានន័យថា ពួកគេត្រូវបាននាំឱ្យឃ្លាតចេញ ពីព្រះជាម្ចាស់ទេឬ? (មែនហើយ គឺអ៊ីចឹងមែន។) រឿងនេះធ្វើឱ្យពួកទទឹងនឹងព្រះគ្រីស្ទសប្បាយចិត្ត។ នេះគឺជាគោលបំណងរបស់ពួកគេ។ តាមពិតទៅ នៅជ្រៅក្នុងចិត្តរបស់ពួកគេ ពួកគេមិន ចាំបាច់ជឿជាក់យ៉ាងមុតមាំថាពួកគេគឺជា រូបតំណាងនៃសេចក្ដីពិត ហើយថាពួកគេគឺជាសេចក្ដីពិតនោះទេ ប៉ុន្តែពួកគេពិតជាគិតបែបនោះ ហើយធ្វើសកម្មភាពបែបនោះមែន។ ហេតុអ្វីបានជាពួកគេគិត និងធ្វើសកម្មភាពបែបនេះ? ពួកគេជឿថា ចំណេះដឹង បទពិសោធ និងអ្វីៗទាំងអស់ដែលបានមកពីអំណោយទានរបស់ពួកគេគឺត្រឹមត្រូវ ហើយពួកគេចង់ប្រើប្រាស់រឿងទាំងនេះដើម្បីគ្រប់គ្រងមនុស្ស និងក្ដោបក្ដាប់មនុស្សយ៉ាងណែននៅក្នុងដៃរបស់ពួកគេ។ ចំណេះដឹង បទពិសោធ និងមេរៀនមួយចំនួនរបស់ពួកគេ ជាក់ស្ដែងគឺជាពាក្យរបស់អារក្សដែលមានបំណងបោកបញ្ឆោតមនុស្ស។ ចំណែកមួយចំនួនទៀត ទោះបីជាមិនជាក់ស្ដែងក្ដី ក៏មានលាក់ទុកនូវ ឧបាយកល ល្បិចកល និងការឃុបឃិតនៅខាងក្នុង ហើយអ្នកដែលមិនអាចមើលធ្លុះរឿងទាំងនេះ នឹងត្រូវទទួលរងការបំភាន់ជាមិនខាន។ តើអ្វីទៅជាផលវិបាកនៃការ ត្រូវបាន បំភាន់? មនុស្សកាន់តែឃ្លាតឆ្ងាយពីព្រះជាម្ចាស់ ហើយលែងយល់ពីសេចក្ដីពិត ដោយចាត់ទុកចំណេះដឹង បទពិសោធ និងមេរៀនរបស់មនុស្សជាសេចក្ដីពិត ហើយទុកព្រះបន្ទូលរបស់ព្រះជាម្ចាស់ មួយឡែក។ មនុស្សប្រែជាស្រពិចស្រពិលយ៉ាងខ្លាំងអំពីព្រះបន្ទូលរបស់ព្រះជាម្ចាស់ ប៉ុន្តែពួកគេខ្វាយខ្វល់យ៉ាងខ្លាំង និងលើកតម្កើងចំណេះដឹង និងបទពិសោធនេះ ថែមទាំងប្រឹងប្រែងអនុវត្ត និងយកវាទៅប្រើប្រាស់ទៀតផង។ នេះគឺជាគោលបំណងនៃសកម្មភាពរបស់ពួកទទឹងនឹងព្រះគ្រីស្ទ។ ប្រសិនបើពួកគេមិនមានមហិច្ឆតាចង់ប្រើឧបាយកល គ្រប់គ្រងមនុស្ស ត្រួតត្រាមនុស្ស និងធ្វើឱ្យពួកគេស្ដាប់បង្គាប់ទេ តើពួកគេនឹងបំពាក់ឱ្យខ្លួនឯងនូវរឿងទាំងនេះដែរឬទេ? ពួកគេនឹងមិនខំប្រឹងលើ រឿងនេះឡើយ។ ពួកគេមានគោលដៅមួយ។ គោលបំណងរបស់ពួកគេគឺច្បាស់លាស់ណាស់។ តើគោលបំណងដ៏ច្បាស់លាស់នេះគឺជាអ្វី? (ដើម្បីត្រួតត្រាមនុស្ស។) គឺដើម្បី ត្រួតត្រាមនុស្ស។ មិនថាពួកគេ ត្រួតត្រាមនុស្សមួយក្រុមទាំងមូល ឬ ត្រួតត្រាត្រឹមតែមួយផ្នែកនោះទេ បើគ្មានមូលដ្ឋានទ្រឹស្ដី តើពួកគេអាច ត្រួតត្រានរណាម្នាក់បានដែរឬទេ? ជាដំបូង ពួកគេត្រូវស្វែងរកសំណុំនៃគំនិត និងទ្រឹស្ដីដែលស្របតាមសញ្ញាណ និងការស្រមើស្រមៃរបស់មនុស្សបំផុត ហើយស័ក្តិសមបំផុតសម្រាប់ចំណូលចិត្តរបស់មនុស្ស រួចប្រើប្រាស់គ្រប់មធ្យោបាយដែលអាចធ្វើទៅបាន ដើម្បីផ្សព្វផ្សាយគំនិត និងទ្រឹស្ដីទាំងនោះក្នុងចំណោមមនុស្ស។ នេះមានន័យថា លាងខួរក្បាលមនុស្ស ធ្វើការលើគំនិតរបស់ពួកគេ បញ្ជ្រាបមនោគមវិជ្ជាទៅដល់ពួកគេជាបន្តបន្ទាប់ ហើយធ្វើឱ្យមនុស្ស ស្ដាប់តាម ស៊ាំជាមួយ និងទទួលយកគំនិត និងទស្សនៈទាំងនេះជានិច្ច។ តាមពិតទៅ មនុស្សកំពុង ត្រូវគេបញ្ជ្រាបមនោគមវិជ្ជា និងលាងខួរក្បាលដោយមិនដឹងខ្លួន ហើយពួកគេទទួលយកទស្សនៈទាំងនេះដោយមិនដឹងខ្លួន។ ដោយសារតែមនុស្សមិនមានសមត្ថភាពពីខាងក្នុងដើម្បីបែងចែកខុសនិងត្រូវ មុនពេលយល់ពីសេចក្ដីពិត ពួកគេគ្មានសមត្ថភាពទប់ទល់នឹងរឿងទាំងនេះឡើយ ពោលគឺពួកគេគ្មានអង់ទីគ័រសម្រាប់ប្រឆាំងនឹងរឿងទាំងនេះទេ។ នៅពេលដែលមនុស្សទទួលយកទស្សនៈខុសទំនងទាំងនេះ ពួកគេក៏ត្រូវ ទស្សនៈទាំងនេះចាប់ ក្រសោបយ៉ាងឆាប់រហ័ស។ តើពាក្យថា «ត្រូវ ចាប់ក្រសោប» មានន័យដូចម្ដេច? វាមានន័យថា បន្ទាប់ពីទទួលយកទស្សនៈទាំងនេះហើយ មនុស្សកាន់តែជឿស៊ប់ថារឿងទាំងនេះគឺត្រឹមត្រូវ ហើយតែងតែប្រើប្រាស់ទស្សនៈទាំងនេះដើម្បីបញ្ចុះបញ្ចូលខ្លួនឯង និងអ្នកដទៃជានិច្ច។ ពួកគេត្រូវបានគេបំភាន់ និងត្រួតត្រា ហើយនេះជារបៀបដែលសាតាំងសម្រេចគោលដៅរបស់វា នៅពេលបំភាន់មនុស្ស។
អ្នកខ្លះដែលបានរៀនជំនាញវិជ្ជាជីវៈពិសេសមួយចំនួននៅក្នុងលោកីយ៍ ឬអ្នកដែលមានឋានៈសង្គមណាមួយនៅក្នុងសង្គម មានគំនិតរួមមួយបន្ទាប់ពីមកដល់ដំណាក់របស់ព្រះជាម្ចាស់ ដែលបង្កឱ្យមានការបង្ហាញចេញរួមមួយនៅក្នុងពួកគេ។ តើគំនិតនេះគឺជាអ្វី? ពួកគេចាត់ទុកខ្លួនឯងថាជាជនឆ្នើមនៅក្នុងសង្គម។ តើជនឆ្នើមគឺជាអ្វី? ពួកគេគឺជាមនុស្សដែលលេចធ្លោនៅក្នុងក្រុម។ ពួកគេទទួលបានការអប់រំកម្រិតខ្ពស់ពិសេសមួយចំនួន ហើយទេពកោសល្យ គុណសម្បត្តិ និងអំណោយទានរបស់ពួកគេគឺលើសមនុស្សដទៃមួយកម្រិត។ តើការដែលលើសមនុស្សដទៃមួយកម្រិត មានន័យដូចម្ដេច? វាមានន័យថាក្នុងចំណោមក្រុមមនុស្ស ពួកគេមានការគិត ភាពវៃឆ្លាត និងវោហារសាស្ត្រដ៏លេចធ្លោ ហើយពួកគេមានសមត្ថភាពពិសេសក្នុងការយល់ដឹងរឿង និងជំនាញជាក់លាក់មួយចំនួន។ នេះហើយហៅថាការ ដែលលើសមនុស្សដទៃមួយកម្រិត ហើយមនុស្សទាំងនេះត្រូវបានគេស្គាល់ថាជាជនឆ្នើមនៅក្នុងសង្គម។ ប្រទេសនីមួយៗតែងតែបណ្ដុះបណ្ដាលមនុស្សប្រភេទនេះ។ តើគោលបំណងនៃការបណ្ដុះបណ្ដាលមនុស្សប្រភេទនេះគឺជាអ្វី? គឺដើម្បីធ្វើឱ្យប្រទេសអភិវឌ្ឍន៍កាន់តែលឿន។ នៅពេលមនុស្សបែបនេះ បូជាខ្លួនចំពោះមុខតំណែងផ្សេងៗ ការអភិវឌ្ឍក៏មានសន្ទុះលឿននៅក្នុងគ្រប់វិស័យ។ តើឋានៈរបស់មនុស្សបែបនេះនៅក្នុងសង្គមខ្ពស់ ឬទាប? (ខ្ពស់។) ពួកគេពិតជាមិនមានឋានៈសាមញ្ញឡើយ។ ពួកគេមានទេពកោសល្យពិសេសមួយចំនួន បានរៀនចំណេះដឹងពិសេសមួយចំនួន និងទទួលបានការអប់រំពិសេសមួយចំនួន។ គុណសម្បត្តិ ទេពកោសល្យរបស់ពួកគេ និងចំណេះដឹងដែល ពួកគេបានរៀន គឺខ្ពស់ជាងមនុស្សសាមញ្ញ។ ប្រសិនបើមនុស្សទាំងនេះមកកាន់ពួកជំនុំ តើផ្នត់គំនិតរបស់ពួកគេគឺជាអ្វី? តើគំនិតដំបូងរបស់ពួកគេគឺជាអ្វី? ជាដំបូង ពួកគេគិតថា៖ «សត្វខ្លាឃ្មុំដែលចុះខ្សោយ នៅតែខ្លាំងជាងសត្វក្ដាន់។ ទោះបីជាបន្ទាប់ពីជឿលើព្រះជាម្ចាស់ ខ្ញុំមិនដេញតាមលោកីយ៍ ឬរីករាយនឹងកេរ្ដិ៍ឈ្មោះនៅទីនោះក៏ដោយ ដោយសារការអប់រំពិសេសដែលខ្ញុំទទួលបាន ព្រមទាំងចំណេះដឹងដែលខ្ញុំបានរៀន និងទេពកោសល្យដែលខ្ញុំ មាន ខ្ញុំគួរតែជាអ្នកដឹកនាំម្នាក់ក្នុងចំណោមអ្នករាល់គ្នា។ នៅក្នុងដំណាក់របស់ព្រះជាម្ចាស់ ខ្ញុំគួរតែជាបង្គោល និងជាសសរទ្រូង។ ខ្ញុំគួរតែជាមនុស្សម្នាក់ដែលដឹកនាំ និងណែនាំ»។ តើនេះមិនមែនជារបៀបដែលពួកគេគិតទេឬ? តើការគិតនេះផ្អែកលើអ្វី? ប្រសិនបើពួកគេជាកសិករទាបតូចម្នាក់ តើពួកគេហ៊ានគិតបែបនេះដែរឬទេ? (ពួកគេមុខជាមិនហ៊ានទេ។) ហេតុអ្វីបានជាមិនហ៊ាន? (ពួកគេគ្មានទុន។) ពួកគេគ្មានទុនដើម្បីគិតបែបនេះឡើយ។ ដូច្នេះ តើមនុស្សប្រភេទណាដែលអាចគិតបែបនេះបាន? ពួកគេសុទ្ធតែជាមនុស្សដែលមានចំណេះដឹង ទេពកោសល្យ អំណោយទាន និងអ្វីដែលហៅថាគុណសម្បត្តិជាក់លាក់ណាមួយ។ នៅពេលពួកគេមកដល់ដំណាក់របស់ព្រះជាម្ចាស់ ពួកគេគិតថា៖ «ខ្ញុំលែងដេញតាមលោកីយ៍ទៀតហើយ។ លោកីយ៍នេះអាក្រក់ពេក ដូច្នេះ ខ្ញុំនឹងមកកាន់ដំណាក់របស់ព្រះ ហើយដេញតាមនៅទីនោះ វិញ។ នៅក្នុងដំណាក់របស់ព្រះជាម្ចាស់ យ៉ាងហោចណាស់ខ្ញុំអាចទទួលបានតំណែងជាអ្នកដឹកនាំ ឬជាអ្នកធ្វើការម្នាក់»។ តើពួកគេមានបំណងល្អដែរឬទេ? (ពួកគេគ្មានទេ។) ហេតុអ្វីបានជាពួកគេមិនមានបំណងល្អ? រឿងដែលពួកគេបានរៀន និងឋានៈសង្គមរបស់ពួកគេ ធ្វើឱ្យពួកគេរងគ្រោះយ៉ាងធ្ងន់ធ្ងរ។ ប្រសិនបើពួកគេមិនដេញតាមសេចក្ដីពិតទេ ពួកគេនឹងមិនអាចចុះចេញពីតំណែងបែបនេះនៅក្នុងជីវិតរបស់ពួកគេឡើយ។ ពួកគេនឹងតែងតែមានអារម្មណ៍ថា ពួកគេខ្ពស់កប់ពពក ប៉ុន្តែតាមការពិត យោងតាមទស្សនៈរបស់ព្រះជាម្ចាស់ ពួកគេមិនមានអ្វីខុសប្លែកពីភាវៈដែលព្រះបានបង្កើតសាមញ្ញណាមួយឡើយ។ ពួកគេនឹងតែងតែដាក់ខ្លួនឯងឱ្យនៅខ្ពស់កប់ពពកជានិច្ច។ តើនេះមិនគ្រោះថ្នាក់ទេឬ? ប្រសិនបើពួកគេធ្លាក់ចុះ ពួកគេនឹងធ្លាក់យ៉ាងដំណំ ហើយជីវិតរបស់ពួកគេអាចនឹងជួបគ្រោះថ្នាក់! ហេតុអ្វីបានជាមនុស្សបែបនេះមានអារម្មណ៍ថា ពួកគេគួរតែមានឋានៈខ្ពស់ គួរតែត្រូវបានគេថ្វាយបង្គំ គួរតែមានមនុស្សជាច្រើននៅរុំព័ទ្ធពួកគេ គួរតែមានគេមកពិគ្រោះជាមួយពួកគេលើគ្រប់រឿងរ៉ាវ និងស្ដាប់យោបល់របស់ពួកគេ ហើយគួរតែត្រូវបានគេគិតដល់ និងដាក់ជាអាទិភាពក្នុងរឿងគ្រប់យ៉ាង? ហេតុអ្វីបានជាពួកគេគិតរឿងដែល «គួរតែ» ច្រើនយ៉ាងនេះ? ពីព្រោះពួកគេផ្តល់ភាពសំខាន់យ៉ាងខ្លាំងទៅលើឋានៈសង្គម ចំណេះដឹង និងរឿងពិសេសដែលពួកគេបានរៀន។ ពួកគេគិតថា «មិនថាសេចក្ដីពិតត្រូវបាននិយាយចេញមកច្រើនប៉ុនណា ឬខ្ពស់ប៉ុនណាទេ របស់ខ្ញុំទាំងនេះនៅតែមានតម្លៃដដែល វាមានតម្លៃជាងសេចក្ដីពិត ហើយមិនអាចត្រូវបានជំនួសដោយសេចក្ដីពិតឡើយ។ នៅក្នុងសង្គម ខ្ញុំគឺជាថៅកែក្រុមហ៊ុន។ ខ្ញុំគ្រប់គ្រងមនុស្សរាប់ពាន់នាក់។ គ្រាន់តែខ្ញុំគ្រវីដៃភ្លាម គ្រប់គ្នាត្រូវតែស្ដាប់ខ្ញុំ។ ខ្ញុំមានអំណាចធំធេងយ៉ាងនេះ ដូច្នេះ ចូរគិតមើលទៅថាតើខ្ញុំមានមុខតំណែង និងឋានៈប្រភេទណា! ក្នុងចំណោមមនុស្សតូចតាចទាំងនេះនៅក្នុងដំណាក់របស់ព្រះជាម្ចាស់ តើមានប៉ុន្មាននាក់ដែលខ្ពស់ជាងខ្ញុំ? នៅពេលខ្ញុំមើលជុំវិញ ខ្ញុំមិនឃើញមនុស្សពិសេសច្រើនទេ។ ប្រសិនបើខ្ញុំត្រូវគ្រប់គ្រងពួកគេ វាមិនមែនជាបញ្ហាឡើយ វាមិនមែនជារឿងធំដុំទេ!»។ ឧបមាថា អ្នកប្រាប់ពួកគេថា៖ «យល់ព្រម។ ល្អណាស់ដែលអ្នកមានមហិច្ឆតានេះ។ ខ្ញុំនឹងបំពេញបំណងប្រាថ្នារបស់អ្នក ខ្ញុំនឹងណែនាំអ្នកឱ្យធ្វើជាអ្នកដឹកនាំពួកជំនុំ។ អ្នកនាំមនុស្សទាំងនេះមកចំពោះព្រះជាម្ចាស់ ដើម្បីឱ្យពួកគេដឹងពីរបៀបអានព្រះបន្ទូលរបស់ព្រះជាម្ចាស់ និងអនុវត្តសេចក្ដីពិត ហើយអ្នកជួយគាំទ្រអ្នកដែលទន់ខ្សោយ អ្នកដែលអវិជ្ជមាន និងអ្នកដែលមិនបំពេញភារកិច្ចរបស់ខ្លួន»។ ពួកគេនឹងនិយាយថា៖ «រឿងនេះងាយស្រួលទេ។ កាលខ្ញុំនៅធ្វើជំនួញ ខ្ញុំធ្លាប់ធ្វើការងារបែបនោះទាំងអស់ ក៏ផ្តល់ការប្រឹក្សាដល់មនុស្សអំពីផ្នត់គំនិតរបស់ពួកគេ។ នេះជារឿងដែលខ្ញុំពូកែ»។ តើមានរឿងអ្វីកើតឡើង បន្ទាប់ពីមនុស្សជាងសាមសិបនាក់នៅក្នុងពួកជំនុំ ត្រូវបានដាក់នៅក្នុងដៃរបស់ពួកគេ? ក្នុងរយៈពេលមិនដល់ពីរខែផង អស់អ្នកដែលទន់ខ្សោយប្រែជាកាន់តែទន់ខ្សោយ អស់អ្នកដែលអវិជ្ជមានប្រែជាកាន់តែអវិជ្ជមាន ហើយអស់អ្នកដែលផ្សាយដំណឹងល្អមិនអាចទទួលបានមនុស្សឡើយ។ អស់អ្នកដែលមិនដឹងពីរបៀបអានព្រះបន្ទូលព្រះជាម្ចាស់ ប្រែជាងងុយដេកភ្លាមៗពេលដល់ម៉ោងជួបជុំ ហើយថែមទាំងលែងចង់ស្ដាប់សេចក្ដីអធិប្បាយពីខាងលើទៀតផង។ នៅពេលត្រូវគេសួរថា៖ «តើអ្នកមិនមានសមត្ថភាពខ្លាំងទេឬ?» ពួកគេនិយាយថា៖ «បាទ ខ្ញុំធ្លាប់ជាថៅកែ។ សមត្ថភាពរបស់ខ្ញុំ គឺច្បាស់ណាស់!»។ ទោះបីជាអ្នកជាថៅកែប្រភេទណានៅក្នុងលោកីយ៍នេះក៏ដោយ វាគឺគ្មានប្រយោជន៍ឡើយ។ ប្រសិនបើអ្នកមិនយល់ពីសេចក្ដីពិតទេ នោះអ្នកគ្រាន់តែជាមនុស្សខុសជំនាញក្នុងការធ្វើកិច្ចការពួកជំនុំប៉ុណ្ណោះ។ ប្រសិនបើមនុស្សទាំងនេះត្រូវបានអនុញ្ញាតឱ្យទទួលបន្ទុកលើកិច្ចការផ្សាយដំណឹងល្អ ពួកគេនឹងត្រឹមតែធ្វើតែសំបកក្រៅដែលគ្មានប្រយោជន៍ និងសើៗប៉ុណ្ណោះ ពួកគេនឹងមិនទទួលបានលទ្ធផលអ្វីឡើយ ហើយពួកជំនុំដែលមានមនុស្សរាប់សិបនាក់នឹងមិនត្រូវបានស្រោចស្រពយ៉ាងល្អនោះទេ។ តើមានរឿងអ្វីកើតឡើងនៅទីនេះ? មនុស្សដែលមានចំណេះដឹងបែបនេះ ធ្លាប់ជាថៅកែក្រុមហ៊ុន និងជាថ្នាក់ដឹកនាំប្រតិបត្តិនៅក្នុងសង្គម ដូច្នេះ ហេតុអ្វីបានជាពួកគេមិនអាចបញ្ចេញជំនាញរបស់ពួកគេ នៅពេលពួកគេមកដល់ដំណាក់របស់ព្រះជាម្ចាស់? (ព្រះវិញ្ញាណបរិសុទ្ធមិនថែរក្សាពួកគេទេ។) ការដែលព្រះវិញ្ញាណបរិសុទ្ធមិនថែរក្សាពួកគេ គឺជាទិដ្ឋភាពមួយ ប៉ុន្តែតើមូលហេតុចម្បងគឺជាអ្វី? ពួកគេមិនយល់ពីសេចក្ដីពិតទេ ដូច្នេះ នៅពេលនិយាយដល់សភាពរបស់មនុស្ស និស្ស័យពុករលួយរបស់មនុស្ស តម្រូវការរបស់ព្រះជាម្ចាស់សម្រាប់មនុស្ស ព្រះបន្ទូលរបស់ព្រះជាម្ចាស់ដែលលាតត្រដាងមនុស្ស និងរបៀបដែលព្រះជាម្ចាស់មានបន្ទូល ពួកគេខ្វះការយល់ដឹងខាងវិញ្ញាណ ហើយមិនអាចមើលធ្លុះនូវអ្វីដែលកំពុងកើតឡើងចំពោះរឿងទាំងនេះឡើយ ហើយពួកគេគ្រាន់តែធ្វើសកម្មភាពទាំងងងឹតងងល់ និងបែបសើៗប៉ុណ្ណោះ។ ពួកគេគិតថា កិច្ចការពួកជំនុំគឺដូចជាការគ្រប់គ្រងអាជីវកម្មមួយនៅក្នុងលោកីយ៍ ហើយដរាបណាពួកគេជំរុញគំនិតរបស់មនុស្ស និងបញ្ឆេះចិត្តសាទររបស់ពួកគេ នោះពួកគេបានធ្វើកិច្ចការបានល្អហើយ។ ពួកគេគិតថា ម្យ៉ាងវិញ ពួកគេគួរតែផ្តល់ការប្រឹក្សាដល់មនុស្សពីរបៀបគិតរបស់ពួកគេ ហើយម្យ៉ាងវិញទៀត ពួកគេត្រូវប្រើប្រាស់ឱ្យបានល្អនូវរបៀបដោះស្រាយរឿងរ៉ាវក្នុងលោកីយ៍ដែលពួកគេធ្លាប់ប្រើ ដោយព្យាយាមសូកប៉ាន់ថ្នាក់លើ និងទិញទឹកចិត្តថ្នាក់ក្រោម។ ពួកគេជឿថា ដរាបណាអ្នកធានាថាមនុស្សទទួលបានលុយ នោះពួកគេនឹងស្ដាប់ និងដើរតាមអ្នកហើយពោលគឺពួកគេគិតថាវាសាមញ្ញបែបនេះឯង។ រឿងខាងក្រៅមិនពាក់ព័ន្ធនឹងសេចក្ដីពិតទេ។ ក្នុងការជឿលើព្រះជាម្ចាស់ អ្វីៗគ្រប់យ៉ាងដែលមនុស្សធ្វើ សុទ្ធតែពាក់ព័ន្ធនឹងសេចក្ដីពិត និងការផ្លាស់ប្ដូរនិស្ស័យ។ តើការប្រើប្រាស់វិធីសាស្ត្រដូចគ្នានឹងអ្វីដែលពួកគេបានធ្វើនៅក្នុងលោកីយ៍ នឹងទទួលបានលទ្ធផលដែរឬទេ? (ទេ នឹងមិនបានទេ។) គឺនឹងមិនទទួលបានលទ្ធផលឡើយ។ នៅពេលនិយាយដល់របៀបដោះស្រាយជាមួយសភាពរបស់មនុស្ស របៀបដោះស្រាយជាមួយភាពទន់ខ្សោយរបស់មនុស្ស របៀបជួយគាំទ្រមនុស្សឱ្យបានល្អ របៀបដោះស្រាយជាមួយសញ្ញាណរបស់មនុស្សអំពីព្រះជាម្ចាស់ របៀបធ្វើឱ្យមនុស្សស្គាល់ខ្លួនឯងនៅពេលពួកគេបញ្ចេញឱ្យឃើញនិស្ស័យពុករលួយរបស់ពួកគេ និងរបៀបធ្វើឱ្យមនុស្សក្លាយជាមនុស្សស្មោះត្រង់ ពួកគេគឺទាល់គំនិតតែម្ដង ថែមទាំងនិយាយផ្ដេសផ្ដាស និងបង្ខំឱ្យគោរពបទប្បញ្ញត្តិទាំងងងឹតងងល់ទៀតផង។ ជាឧទាហរណ៍ ប្រសិនបើនរណាម្នាក់និយាយរឿងអ្វីមួយដែលបែបអ្នកខុសជំនាញ និងខ្វះការយល់ដឹងខាងវិញ្ញាណ ពួកគេនឹងនិយាយថាបុគ្គលនេះមានគុណសម្បត្តិខ្សោយ ហើយមិនដេញតាមសេចក្ដីពិតទេ។ ពួកគេគ្រាន់តែអនុវត្តបទប្បញ្ញត្តិទាំងងងឹតងងល់ ហើយពួកគេធ្វើបែបនេះបែបនោះរហូតដល់អ្នកដទៃគ្មានផ្លូវដើរទៅមុខរំខានពួកគេ និងធ្វើឱ្យពួកគបាត់បង់ទឹកចិត្ត។ អស់អ្នកដែលបំពេញភារកិច្ចរបស់ខ្លួន លែងមានកម្លាំងចិត្តធ្វើវាទៀតហើយ ចំណែកអស់អ្នកដែលអវិជ្ជមាន ប្រែជាកាន់តែអវិជ្ជមាន។ មនុស្សមួយចំនួននិយាយថា ប្រសិនបើមនុស្សបែបនេះដឹកនាំពួកជំនុំរបស់ពួកគេ សុខចិត្តពួកគេនៅអានព្រះបន្ទូលរបស់ព្រះជាម្ចាស់នៅផ្ទះប្រសើរជាង។ តើអ្វីទៅដែលបណ្ដាលឱ្យមានរឿងនេះ? នៅពេលពួកគេដឹកនាំពួកជំនុំ ពួកគេធ្វើឱ្យមនុស្សបាត់បង់ទឹកចិត្ត ដែលធ្វើឱ្យពួកគេលែងចង់ជឿលើព្រះជាម្ចាស់ទៀតហើយ។ ហេតុអ្វីបានជាមនុស្សលែងចង់ជឿ? ពីព្រោះដើមឡើយ មនុស្សមាននិមិត្តច្បាស់លាស់បន្តិចបន្តួចដែរ ប៉ុន្តែសកម្មភាពរបស់បុគ្គលនេះរំខាន និងធ្វើឱ្យពួកគេវង្វេងវង្វាន់។ ដំបូងឡើយ គ្មានសេចក្ដីពិតនៅក្នុងចិត្តរបស់មនុស្សទាំងនេះទេ មានត្រឹមតែការយល់ដឹងអំពីគោលលទ្ធិប៉ុណ្ណោះ។ បន្ទាប់ពីពួកគេត្រូវបានរំខានដោយបុគ្គលនេះ ពួកគេប្រែជាកាន់តែវង្វេងវង្វាន់ ហើយពួកគេលែងអាចចាប់យល់ពីកិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធបានទៀតហើយ។ អត្ថិភាពរបស់ព្រះជាម្ចាស់ផ្ទាល់ព្រះអង្គ ក៏ប្រែជាស្រពិចស្រពិលបន្តិចដែរ។ ដូច្នេះ តើពួកគេប្រើប្រាស់វិធីសាស្ត្រប្រភេទណា ដើម្បីនាំមនុស្សមកដល់ចំណុចនេះ? ជាឧទាហរណ៍ តើសេចក្ដីថ្លែងដែលថា «មនុស្សត្រូវបានបង្កើតដោយព្រះជាម្ចាស់» គឺជាសេចក្ដីពិតឬទេ? (មែន។) អ្នកត្រូវតែប្រើប្រាស់ការយល់ឃើញ ការយល់ដឹង និងបទពិសោធជាក់ស្តែងរបស់អ្នក ដើម្បីបញ្ជាក់ឱ្យឃើញពីសេចក្ដីថ្លែងនេះ ដើម្បីឱ្យបងប្អូនប្រុសស្រីអាចជឿជាក់កាន់តែមុតមាំថាសេចក្ដីថ្លែងនេះគឺជាសេចក្ដីពិត និងត្រឹមត្រូវ ហើយជឿជាក់ថាមនុស្សជាតិពិតជាមកពីព្រះជាម្ចាស់មែន ដោយហេតុនេះ អាចបង្កើនសេចក្ដីជំនឿរបស់ពួកគេលើព្រះជាម្ចាស់។ ពេលដែលមនុស្សម្នាក់មានសេចក្ដីជំនឿលើព្រះជាម្ចាស់ នៅពេលពួកគេទទួលយកសេចក្តីប្រៀនប្រដៅ ឬរងទុក្ខលំបាកខ្លះ ឬការធ្វើទុក្ខបុកម្នេញ ពួកគេនឹងមានកម្លាំងនៅក្នុងចិត្ត។ នេះគឺជាការពិត។ ប៉ុន្តែ តើមនុស្សទាំងនេះនិយាយអ្វីខ្លះ? «មានកម្មវិធីទូរទស្សន៍មួយនិយាយថា គេបានរកឃើញថាមនុស្សធ្លាប់រស់នៅជាកុលសម្ព័ន្ធតាំងពី១០០លានឆ្នាំមុនម្ល៉េះ»។ នៅពេលដែលពួកគេអួតអាងពីចំណេះដឹងរបស់ពួកគេ និងនិយាយអំពីប្រវត្តិសាស្ត្របែបនេះ គ្រប់គ្នាដែលបានឮពួកគេ មានការច្របូកច្របល់ថា៖ «តើគេមិននិយាយថាមនុស្សត្រូវបានបង្កើតដោយព្រះជាម្ចាស់ទេឬ? ពេលអ្នកនិយាយបែបនោះ វាស្ដាប់ទៅហាក់ដូចជាមិនមែនដូច្នេះទេ។ តើមនុស្សមកពីសត្វស្វាឬ?»។ មើលចុះ តើពួកគេបាននាំមនុស្សទៅទីណា? តើនេះមិនមែនជាការបង្កគ្រោះថ្នាក់ដល់មនុស្សទេឬ? (មែនហើយ។) ពេលណាមានឱកាស ពួកគេអួតអាងពីចំណេះដឹងរបស់ពួកគេ ហើយនិយាយអំពីប្រវត្តិសាស្ត្រ ទស្សនវិជ្ជា ព្រមទាំងរបៀបដែលពួកគេទាក់ទង និងឃុបឃិតជាមួយមន្ត្រីរដ្ឋាភិបាលនៅក្នុងលោកីយ៍ ពោលគឺគ្រាន់តែអួតអាងពីរឿងទាំងនេះប៉ុណ្ណោះ។ នៅពេលដែលពួកគេអួតអាងបែបនេះ ហើយនៅពេលដែលបងប្អូនប្រុសស្រីមួយចំនួនដែលមានកម្ពស់ខាងវិញ្ញាណនៅទាប ទន់ខ្សោយ និងមានជំនឿតិចតួច បានឮរឿងទាំងនេះ តើចិត្តរបស់ពួកគេទៅទីណា? (រត់ទៅរកលោកីយ៍ហើយ។) ត្រឹមត្រូវហើយ។ តើនេះស្មើនឹងអ្វី? មនុស្សទាំងនេះដែលត្រូវបានប្រគល់ឱ្យពួកគេ ត្រូវបានពួកគេធ្វើឱ្យបាត់បង់ហើយ។ ពួកគេច្បាស់ជាមនុស្សមិនជំនាញហើយ។ មិនត្រឹមតែពួកគេមិនយល់ពីបញ្ហានៃការចូលទៅក្នុងជីវិតប៉ុណ្ណោះទេ ថែមទាំងមិនយល់ពីការងាររបស់ពួកគេទៀតផង កុំថាឡើយបញ្ហាខាងវិញ្ញាណនៅក្នុងជីវិត ឬការផ្លាស់ប្ដូរនិស្ស័យនោះ។ ពួកគេមិនយល់ពីរឿងទាំងនេះទាល់តែសោះ ប៉ុន្តែពួកគេនៅតែធ្វើពុតជាមនុស្សដែលយល់ពីសេចក្ដីពិត ហើយចង់ធ្វើជាអ្នកគង្វាលដើម្បីដឹកនាំរាស្ដ្ររើសតាំងរបស់ព្រះជាម្ចាស់។ តើនេះមិនគួរឱ្យអស់សំណើចទេឬ? ប្រសិនបើអ្នកមិនយល់ពីបញ្ហាខាងវិញ្ញាណនៅក្នុងជីវិតទេ តើអ្នកគួរធ្វើដូចម្ដេចនៅពេលត្រូវបានជ្រើសរើសជាអ្នកដឹកនាំ? អ្នកនិយាយថា៖ «ខ្ញុំគឺជាមនុស្សមិនជំនាញ ហើយខ្ញុំមិនដែលដឹកនាំពួកជំនុំទេ។ ខ្ញុំត្រូវតែស្វែងរក និងមើលថាតើការរៀបចំកិច្ចការបានចែងយ៉ាងដូចម្ដេចខ្លះអំពីរឿងនេះ ហើយស្វែងរកអ្នកដែលយល់ពីរឿងនេះ ដើម្បីប្រកបគ្នាអំពីរបៀបដែលកិច្ចការគួរត្រូវបានអនុវត្ត ឬស្វែងរកបងប្អូនប្រុសស្រីណាដែលយល់ពីសេចក្ដីពិត ហើយសហការជាមួយពួកគេ»។ តើនេះគឺជាអាកប្បកិរិយាត្រឹមត្រូវដែរឬទេ? (ត្រឹមត្រូវហើយ។) ប៉ុន្តែមនុស្សមួយចំនួនមិនធ្វើបែបនេះទេ។ ពួកគេធ្វើឫកពាធំ ហើយនិយាយថា៖ «អ្នកចង់ឱ្យខ្ញុំសហការជាមួយអ្នកដទៃឬ តើនរណាមានគុណវុឌ្ឍិចាស់ទុំជាងខ្ញុំ? តើនរណាមានឋានៈសង្គមខ្ពស់ជាងខ្ញុំ? ខ្ញុំមានឈ្មោះបោះសំឡេងណាស់នៅក្នុងសង្គម។ អ្នកណាជួបខ្ញុំក៏ត្រូវតែគោរពខ្ញុំបន្តិចដែរ»។ ពួកគេគ្រាន់តែអួតអាង និងបង្ហាញពីសមត្ថភាពរបស់ពួកគេបែបនេះប៉ុណ្ណោះ។ នៅពេលពួកគេដឹកនាំពួកជំនុំបែបនេះ តើបងប្អូនប្រុសស្រីនៅតែមានក្ដីសង្ឃឹមក្នុងការចូលទៅក្នុងតថភាពនៃសេចក្ដីពិតដែរឬទេ? (គ្មានទេ។) ពួកគេគ្មានទេ។ ហើយទោះបីជាយ៉ាងនេះក្ដី ក៏មនុស្សទាំងនេះនៅតែតម្រូវឱ្យអ្នកដទៃរាយការណ៍គ្រប់រឿងទាំងអស់ប្រាប់ពួកគេដដែល។ ពួកអារក្សទាំងនេះធ្លាប់ចូលរៀននៅសាកលវិទ្យាល័យបន្តិចបន្តួច ហើយពួកគេមានចំណេះដឹងបន្តិចបន្តួច ហើយជាលទ្ធផល ពួកគេហ៊ានដើរអួតក្អេងក្អាង និង បោកប្រាស់គេនៅក្នុងសង្គម ព្រមទាំងធ្វើរឿងអាក្រក់គ្រប់បែបយ៉ាង។ ពួកគេមានមធ្យោបាយរស់រានមានជីវិតមួយចំនួន ដូច្នេះពួកគេចង់មកកាន់ដំណាក់របស់ព្រះជាម្ចាស់ដើម្បីសម្រេច បំណងអ្វីមួយ។ ដើម្បីទទួលបានឋានៈ និងនាំយកកិត្តិយសជូនបុព្វបុរសរបស់ពួកគេ ពួកគេថែមទាំងចង់ធ្វើពុតជារូបតំណាងនៃសេចក្ដីពិត ដើម្បីឱ្យរាស្ដ្ររើសតាំងរបស់ព្រះជាម្ចាស់ស្ដាប់ និងដើរតាមពួកគេទៀតផង។ តើ «រូបតំណាងនៃសេចក្ដីពិត» មានន័យយ៉ាងណាសម្រាប់ពួកគេ? វាមានន័យថា «រាល់គំនិត វិធីសាស្ត្រ និងមតិយោបល់នីមួយៗរបស់ខ្ញុំ អ្នក រាល់គ្នាត្រូវតែប្រកាន់ខ្ជាប់ជានិច្ចទុកជាសេចក្ដីពិត។ ខ្ញុំបានកំណត់ច្បាប់មួយសម្រាប់អ្នក៖ រាល់វិក្កយបត្រទាំងអស់ សូម្បីតែវិក្កយបត្រដែលក្រោមប្រាំដុល្លារ ក៏ត្រូវតែរាយការណ៍មកខ្ញុំដែរ»។ អ្នកដទៃនិយាយថា៖ «មិនគួរចាំបាច់រាយការណ៍ត្រឹមប្រាំដុល្លារទេ។ យើងក៏មានដែន សិទ្ធិអំណាចដែរ។ តើយើងមិនអាចគ្រាន់តែធ្វើទៅតាមគោលការណ៍ទេឬ?»។ តើពួកគេគិតយ៉ាងណា? «ធ្វើម៉េចនឹងបានទៅ? នេះជារឿងធំ។ ខ្ញុំជាអ្នកដឹកនាំ។ មានតែខ្ញុំម្នាក់គត់ដែលមានសិទ្ធិសម្រេចចុងក្រោយ!»។ ទោះបីជាពួកគេមិននិយាយចេញមកក្ដី ក៏នេះជារបៀបដែលពួកគេគិតនៅក្នុងចិត្តរបស់ពួកគេដែរ។ នេះជារបៀបដែលពួកគេគ្រប់គ្រងមនុស្ស។ ពួកគេអាចធ្វើរឿងអាក្រក់ ឬរឿងបោកបញ្ឆោតអ្នកដទៃ ណាក៏បាន។ នៅពេលពួកគេបោកប្រាស់ និងធ្វើបាបអ្នកដទៃ ពួកគេមិនព្រិចភ្នែកឡើយ ចិត្តរបស់ពួកគេក៏មិនរន្ធត់ទេ ហើយពួកគេមិនមានអារម្មណ៍រសាប់រសល់ក្នុងចិត្តទាល់តែសោះ។ នៅពេលដែលគេប្រគល់មុខតំណែងនៅក្នុងដំណាក់របស់ព្រះជាម្ចាស់ឱ្យ ពួកគេហ៊ានទទួលយកវា។ ពេលដែលពួកគេទទួលយកវាហើយ ពួកគេមិនចង់ចុះចេញទេ ហើយចង់ធ្វើពុតជា រូបតំណាងនៃសេចក្ដីពិត ដើម្បីធ្វើឱ្យអ្នកដទៃស្ដាប់បង្គាប់។ តើមនុស្សបែបនេះមានដែរឬទេ? (មាន។)
មានមនុស្សមួយចំនួន ទោះបីជាពួកគេជឿលើព្រះជាម្ចាស់ក៏ដោយ ក៏ពួកគេមិនព្រមលះបង់ខ្លួនដើម្បីទ្រង់ដោយស្ម័គ្រចិត្ត និងដោយក្ដីអំណរឡើយ ផ្ទុយទៅវិញ ពួកគេបំពេញភារកិច្ចរបស់ខ្លួនទាំងទើសទាល់។ ពួកគេគិតតែពីការធ្វើការដោយកម្លាំងដើម្បីទទួលបានព្រះពរ ប៉ុន្តែមិនព្រមខិតខំប្រឹងប្រែងដេញតាមសេចក្ដីពិតឡើយ។ នៅពេលបំពេញភារកិច្ចរបស់ខ្លួន ពួកគេតែងតែធ្វើឱ្យតែរួចពីដៃ ហើយមិនម៉ត់ចត់ឡើយ ហើយពួកគេស្កប់ស្កល់ត្រឹមតែទទួលបានលទ្ធផលខ្លះៗ ដើម្បីកុំឱ្យពួកគេត្រូវបានដកចេញប៉ុណ្ណោះ។ ប៉ុន្តែ ទោះបីជាមនុស្សពិតជាជឿលើទ្រង់ និងលះបង់ខ្លួនដើម្បីទ្រង់ ឬយ៉ាងណាក៏ដោយ ក៏ព្រះជាម្ចាស់ប្រទានឱកាសឱ្យមនុស្សប្រែចិត្តដែរ។ ព្រះជាម្ចាស់នឹងមិនថ្កោលទោសអ្នក ដោយសារតែអ្នកមិនយល់ពីសេចក្ដីពិត ឬធ្វើឱ្យតែរួចពីដៃនៅពេលបំពេញភារកិច្ចរបស់អ្នកឡើយ។ ព្រះជាម្ចាស់នឹងពិនិត្យពិច័យអ្នកជានិច្ច ដើម្បីមើលថាតើអ្នកអាចទទួលយកសេចក្ដីពិតបានឬអត់ ហើយថាតើអ្នកអាចប្រែចិត្តយ៉ាងពិតប្រាកដ និងដើរលើផ្លូវជីវិតដ៏ត្រឹមត្រូវដែរឬទេ។ វាអាស្រ័យលើរបៀបដែលអ្នកជ្រើសរើស។ មនុស្សមួយចំនួនមិនយល់ពីសេចក្ដីពិតណាមួយឡើយ នៅពេលដែលពួកគេចាប់ផ្ដើមបំពេញភារកិច្ចរបស់ខ្លួន ប៉ុន្តែដោយសារតែពួកគេឧស្សាហ៍ស្ដាប់សេចក្ដីអធិប្បាយ ព្រមទាំងឧស្សាហ៍ជួបជុំ និងប្រកបគ្នា ពួកគេក៏យល់ពីសេចក្ដីពិតបន្តិចម្ដងៗ។ ចិត្តរបស់ពួកគេប្រែជាកាន់តែភ្លឺស្វាងឡើងៗ ហើយពួកគេឃើញថាពួកគេខ្វះខាតច្រើនពេក គ្មានសេចក្ដីពិតទាល់តែសោះ ហើយគ្មានគោលការណ៍ក្នុងការបំពេញភារកិច្ចរបស់ខ្លួនឡើយ ដោយគ្រាន់តែធ្វើការងារខ្លះៗទៅតាមបំណងចិត្តរបស់ពួកគេផ្ទាល់ប៉ុណ្ណោះ។ ពួកគេមានអារម្មណ៍ថា ការបំពេញភារកិច្ចរបស់ខ្លួនតាមរបៀបនេះ គឺមិនស្របតាមបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ទេ ហើយចិត្តរបស់ពួកគេក៏មានវិប្បដិសារី។ ពួកគេចាប់ផ្ដើមខិតខំប្រឹងប្រែងដេញតាមសេចក្ដីពិត ហើយពួកគេទទួលបានលទ្ធផលកាន់តែល្អប្រសើរឡើង នៅពេលបំពេញភារកិច្ចរបស់ខ្លួន។ តាមរបៀបនេះ ម្យ៉ាងវិញ ពួកគេទទួលបានការចូលទៅក្នុងជីវិត ហើយម្យ៉ាងវិញទៀត ការបំពេញភារកិច្ចរបស់ពួកគេក៏ត្រូវតាមស្ដង់ដាបន្តិចម្ដងៗ។ នេះគឺជាបុគ្គលដែលអាចទទួលយកសេចក្ដីពិត ក្នុងការបំពេញភារកិច្ចរបស់ខ្លួន។ នៅពេលដែលការយល់ដឹងរបស់ពួកគេអំពីសេចក្ដីពិតប្រែជាកាន់តែច្បាស់លាស់បន្តិចម្ដងៗ ពួកគេអាចមើលឃើញយ៉ាងច្បាស់ពីការបញ្ចេញឱ្យឃើញសេចក្ដីពុករលួយរបស់ពួកគេផ្ទាល់។ ពួកគេអាចអធិស្ឋានទៅកាន់ព្រះជាម្ចាស់ និងពឹងផ្អែកលើព្រះជាម្ចាស់នៅក្នុងចិត្តរបស់ពួកគេ មានឆន្ទៈបោះបង់សេចក្ដីពុករលួយរបស់ពួកគេ អនុវត្តសេចក្ដីពិត និងដើរលើផ្លូវនៃការដេញតាមសេចក្ដីពិត។ នេះគឺជាការលូតលាស់បន្តិចម្ដងៗនៃជីវិត នៅក្នុងដំណើរការនៃការបំពេញភារកិច្ចរបស់ខ្លួន។ អស់អ្នកដែលដើរតាមព្រះជាម្ចាស់ សុទ្ធតែយល់ពីសេចក្ដីពិត និងចូលទៅក្នុងតថភាពនៃសេចក្ដីពិត នៅក្នុងដំណើរការនៃការបំពេញភារកិច្ចរបស់ពួកគេ។ ប្រសិនបើមនុស្សម្នាក់មិនស្រឡាញ់សេចក្ដីពិតទេ តើអាចមានការផ្លាស់ប្ដូរបែបនេះដែរឬទេ? ដាច់ខាតគឺមិនអាចទេ។ មនុស្សមួយចំនួនមានភាពក្រអឺតក្រទម និងការអួតខ្លួនហួសហេតុជាពិសេស។ នៅពេលដែលពួកគេមកដល់ដំណាក់របស់ព្រះជាម្ចាស់ ជាពិសេសក្រោយពេលបំពេញភារកិច្ចរបស់ខ្លួន កម្រិតនៃរឿងនេះក៏លេចឡើងយ៉ាងច្បាស់។ ដោយអោបដៃនៅនឹងទ្រូង ឬច្រត់ចង្កេះ ពួកគេបង្ហាញពីការទាស់ទទឹង និងការមិនពេញចិត្ត។ ហេតុអ្វីបានជាពួកគេក្រអឺតក្រទមម៉្លេះ? នៅក្នុងចិត្តរបស់ពួកគេ ពួកគេនិយាយថា៖ «ដើម្បីជឿលើព្រះ និងបំពេញភារកិច្ចរបស់ខ្ញុំ ខ្ញុំបានលះបង់លោកីយ៍ គ្រួសាររបស់ខ្ញុំ និងការងាររបស់ខ្ញុំ។ តើតម្លៃនេះមិនខ្ពស់ទេឬ? ខ្ញុំបានលះបង់ច្រើនណាស់សម្រាប់ព្រះ។ តើព្រះមិនគួរផ្ដល់សំណងខ្លះដល់ខ្ញុំទេឬ? លើសពីនេះទៅទៀត យោងតាមឋានៈ និងប្រាក់ចំណូលរបស់ខ្ញុំនៅក្នុងសង្គម តើដំណាក់របស់ព្រះមិនគួរយ៉ាងហោចណាស់ប្រព្រឹត្តចំពោះខ្ញុំឱ្យសមនឹងឋានៈ និងប្រាក់ចំណូលរបស់ខ្ញុំដែរទេឬ? ឥឡូវនេះ ដោយសារខ្ញុំកំពុងបំពេញភារកិច្ចរបស់ខ្ញុំ តើព្រះមិនអាចផ្ដល់ការអនុគ្រោះពិសេសខ្លះដល់ខ្ញុំទេឬ? ខ្ញុំគឺជាមនុស្សមានទេពកោសល្យពិសេសម្នាក់ ដែលល្អជាងមនុស្សធម្មតាឆ្ងាយណាស់។ ខ្ញុំគួរតែមានឋានៈនៅក្នុងដំណាក់របស់ព្រះ។ បើអ្នកដទៃអាចដឹកនាំបាន នោះខ្ញុំក៏អាចដឹកនាំបានដែរ។ ឋានៈរបស់ខ្ញុំមិនគួរទាបជាងអ្នកដទៃឡើយ ហើយខ្ញុំគួរតែទទួលបានការប្រព្រឹត្តចំពោះខ្ញុំ ខ្ពស់ជាងមនុស្សធម្មតា។ អ្វីដែលសំខាន់បំផុតនោះ តើព្រះអាចធានាដល់ខ្ញុំថា ខ្ញុំនឹងទទួលបានព្រះពរ និងមានគោលដៅដ៏ល្អនៅថ្ងៃអនាគតដែរឬទេ?»។ តាមរយៈគំនិតនៅក្នុងចិត្តរបស់ពួកគេ យើងអាចមើលឃើញថា ពួកគេបានមកដើម្បីធ្វើការដោះដូរជាមួយព្រះជាម្ចាស់ មិនមែនមកដើម្បីលះបង់ខ្លួនដើម្បីទ្រង់ដោយស្មោះត្រង់ឡើយ។ ពួកគេគិតតាមរបៀបដូចគ្នាទៅនឹងប៉ុលដែរ ដោយចង់បំពេញភារកិច្ចរបស់ខ្លួន ដើម្បីដោះដូរយកព្រះពររបស់ព្រះជាម្ចាស់។ ប៉ុន្តែវិចារណញ្ញាណរបស់ពួកគេគឺអាក្រក់ជាងប៉ុលឆ្ងាយណាស់ វាអន់ជាងប៉ុលឆ្ងាយណាស់។ ហេតុអ្វីបានជាខ្ញុំនិយាយបែបនេះ? ពីព្រោះប៉ុលពិតជារងទុក្ខច្រើនណាស់ ក្នុងរយៈពេលជាច្រើនឆ្នាំដែលគាត់បានផ្សាយដំណឹងល្អ ហើយផ្លែផ្កានៃការផ្សាយដំណឹងល្អរបស់គាត់ គឺល្អជាងមនុស្សធម្មតាឆ្ងាយណាស់។ យ៉ាងហោចណាស់ ស្នាមជើងរបស់គាត់បានទៅដល់ស្ទើរតែទូទាំងទ្វីបអឺរ៉ុប គាត់បានបង្កើតពួកជំនុំជាច្រើននៅទូទាំងទ្វីបអឺរ៉ុប។ ទាក់ទងនឹងរឿងនេះ ពួកទទឹងនឹងព្រះគ្រីស្ទទូទៅ មិនអាចប្រៀបធៀបទៅនឹងវិចារណញ្ញាណរបស់ប៉ុល ឬបរិមាណនៃការធ្វើការដោយកម្លាំងរបស់គាត់បានឡើយ។ ប៉ុន្តែបុគ្គលដែលខ្ញុំទើបតែបានលើកឡើង ប្រែជាក្រអឺតក្រទមយ៉ាងខ្លាំង ក្រោយពីបានបំពេញភារកិច្ចរបស់ខ្លួន។ តើនោះមិនមែនជាការខ្វះវិចារណញ្ញាណពេកទេឬ? ពួកគេពិតជាគ្មានវិចារណញ្ញាណទាល់តែសោះ ហើយប្រៀបដូចជាចោរប្លន់អ៊ីចឹង ពេលដែលពួកគេចាប់បានឱកាសដើម្បីទទួលបានព្រះពរ ពួកគេមិនព្រមលែងឱកាសនោះចេញពីដៃឡើយ។ មនុស្សបែបនេះតែងតែស្វែងរកឱកាសតាមអំពើចិត្ត ដើម្បីលេចមុខមាត់នៅក្នុងដំណាក់របស់ព្រះជាម្ចាស់ ទោះបីជាគ្រាន់តែបានក្លាយជាប្រធានក្រុម ឬជាអ្នកមើលការខុសត្រូវក៏ដោយ។ សរុបមក នៅពេលមកកាន់ដំណាក់របស់ព្រះជាម្ចាស់ ពួកគេមិនព្រមធ្វើជាអ្នកដើរតាមធម្មតាម្នាក់ឡើយ។ ទោះបីជានរណាអាចទទួលស្គាល់ថាខ្លួនឯងគឺជាភាវៈដែលព្រះបានបង្កើតធម្មតាម្នាក់ ថាពួកគេគ្រាន់តែជាភាវៈដែលព្រះបានបង្កើតធម្មតាម្នាក់ដូចជាភាវៈមានជីវិតដទៃទៀតក៏ដោយ ក៏ពួកគេនឹងមិនទទួលយកទស្សនៈនេះជាដាច់ខាត។ ពួកគេនឹងមិនបណ្ដោយឱ្យខ្លួនឯងរងការបន្ទាបបែបនេះឡើយ។ ពួកគេជឿថា ពួកគេគួរតែទទួលបានការប្រព្រឹត្តចំពោះពួកគេជាពិសេស ហើយថាព្រះជាម្ចាស់គួរតែប្រទានព្រះគុណ និងព្រះពរពិសេសដល់ពួកគេ។ ពួកគេក៏ចង់សោយសុខនឹងផលប្រយោជន៍ពិសេសនៃឋានៈ នៅក្នុងដំណាក់របស់ព្រះជាម្ចាស់ផងដែរ។ ពួកគេមិនអនុញ្ញាតឱ្យដំណាក់របស់ព្រះជាម្ចាស់សង្ស័យពីទេពកោសល្យរបស់ពួកគេឡើយ ហើយពួកគេរឹតតែមិនអនុញ្ញាតឱ្យមនុស្សសួរនាំអំពីការងាររបស់ពួកគេទៅទៀត។ គ្រប់គ្នាត្រូវតែមានសេចក្ដីជំនឿដាច់ខាតលើពួកគេ ពីព្រោះពួកគេបានលះបង់អ្វីៗគ្រប់យ៉ាងសម្រាប់ព្រះជាម្ចាស់ ហើយមានភាពស្មោះត្រង់ដាច់ខាតចំពោះទ្រង់។ តើនេះមិនមែនជាសំណើដែលគ្មានវិចារណញ្ញាណទេឬ? តើបុគ្គលនេះមានវិចារណញ្ញាណដែរឬទេ? តើមានមនុស្សបែបនេះប៉ុន្មាននាក់ទៅ? តើអាចមានប៉ុន្មានភាគរយនៅក្នុងពួកជំនុំទៅ? មនុស្សបែបនេះតែងតែគិតថា ពួកគេមានសមត្ថភាព និងទេពកោសល្យខ្លះៗ ដូច្នេះ ពួកគេអួតអាងថាពួកគេពូកែអស្ចារ្យប៉ុណ្ណា។ ដូច្នេះ តើអ្វីដែលហៅថាទេពកោសល្យនេះ មានន័យដូចម្ដេច? វាមានន័យថា ពួកគេអាចនិយាយអួតក្អេងក្អាង និយាយរឿងផ្ដេសផ្ដាសជាច្រើន បត់បែនរបៀបនិយាយទៅតាមអ្នកដែលពួកគេកំពុងនិយាយជាមួយ ហើយមានជំនាញក្នុងការបោកបញ្ឆោតខ្ពស់ជាងមនុស្សធម្មតា។ ពួកគេជឿថានេះគឺជាទេពកោសល្យ និងសមត្ថភាព ហើយពួកគេចង់ប្រើប្រាស់សមត្ថភាពនេះដើម្បីដើរអួតបង្ហាញខ្លួន និងបោកបញ្ឆោតមនុស្ស។ តើទេពកោសល្យពិតប្រាកដមានន័យដូចម្ដេច? វាមានន័យថា មានជំនាញពិសេស។ នៅពេលដែលព្រះជាម្ចាស់បានបង្កើតមនុស្ស ទ្រង់បានប្រទានជំនាញឯកទេសខុសៗគ្នាដល់មនុស្សប្រភេទផ្សេងៗគ្នា។ មនុស្សមួយចំនួនពូកែខាងអក្សរសាស្ត្រ អ្នកខ្លះពូកែខាងវេជ្ជសាស្ត្រ អ្នកខ្លះពូកែខាងរៀនជំនាញផ្សេងៗ អ្នកខ្លះពូកែខាងការស្រាវជ្រាវវិទ្យាសាស្ត្រ ជាដើម។ ជំនាញរបស់មនុស្សត្រូវបានប្រទានដោយព្រះជាម្ចាស់ ហើយគ្មានអ្វីគួរឱ្យអួតអាងឡើយ។ ទោះបីជាបុគ្គលម្នាក់មានជំនាញអ្វីក៏ដោយ វាមិនមានន័យថាបុគ្គលនោះយល់ពីសេចក្ដីពិតនោះទេ ហើយវារឹតតែមិនមានន័យថាបុគ្គលនោះមានតថភាពនៃសេចក្ដីពិតនោះដែរ។ មនុស្សមានជំនាញជាក់លាក់ ហើយប្រសិនបើពួកគេជឿលើព្រះជាម្ចាស់ ពួកគេគួរតែប្រើប្រាស់ជំនាញឯកទេសទាំងនេះដើម្បីបំពេញភារកិច្ចរបស់ខ្លួន។ នេះជារឿងដែលគាប់ព្រះហឫទ័យព្រះជាម្ចាស់។ ការអួតអាងអំពីជំនាញជាក់លាក់ណាមួយ ឬការចង់ប្រើប្រាស់វាដើម្បីធ្វើការដោះដូរជាមួយព្រះជាម្ចាស់។ នេះគឺជាការខ្វះវិចារណញ្ញាណពេកហើយ។ ព្រះជាម្ចាស់មិនពេញព្រះទ័យនឹងមនុស្សបែបនេះឡើយ។ មនុស្សមួយចំនួនចេះជំនាញជាក់លាក់ណាមួយ ដូច្នេះ នៅពេលដែលពួកគេមកដល់ដំណាក់របស់ព្រះជាម្ចាស់ ពួកគេមានអារម្មណ៍ថាពួកគេខ្ពស់ជាងអ្នកដទៃមួយកម្រិត ពួកគេចង់ទទួលបានការប្រព្រឹត្តជាពិសេសចំពោះខ្លួន ហើយពួកគេមានអារម្មណ៍ថាពួកគេមានប្រភពចិញ្ចឹមជីវិតដែលមានស្ថិរភាពអស់មួយជីវិត។ ពួកគេចាត់ទុកជំនាញនេះជាប្រភេទដើមទុនមួយ។ ពិតជាក្រអឺតក្រទមមែន! ដូច្នេះ តើអ្នកគួរមានទស្សនៈយ៉ាងណា ចំពោះអំណោយទាន និងជំនាញទាំងនេះ? ប្រសិនបើរឿងទាំងនេះមានប្រយោជន៍នៅក្នុងដំណាក់របស់ព្រះជាម្ចាស់ នោះវាគ្រាន់តែជាឧបករណ៍សម្រាប់អ្នក ដើម្បីបំពេញភារកិច្ចរបស់អ្នកប៉ុណ្ណោះ។ ពួកវាគ្មានពាក់ព័ន្ធនឹងសេចក្ដីពិតឡើយ។ ទោះបីជាអ្នកមានវាច្រើនប៉ុនណាក៏ដោយ អំណោយទាន និងទេពកោសល្យ គ្រាន់តែជាជំនាញរបស់មនុស្សប៉ុណ្ណោះ ហើយគ្មានពាក់ព័ន្ធនឹងសេចក្ដីពិតឡើយ។ អំណោយទាន និងជំនាញរបស់អ្នក មិនមានន័យថាអ្នកយល់ពីសេចក្ដីពិតនោះទេ ហើយវារឹតតែមិនមានន័យថាអ្នកមានតថភាពនៃសេចក្ដីពិតនោះដែរ។ ប្រសិនបើអ្នកប្រើប្រាស់អំណោយទាន និងជំនាញរបស់អ្នកដើម្បីបំពេញភារកិច្ចរបស់អ្នក និងបំពេញភារកិច្ចរបស់អ្នកឱ្យបានល្អ នោះពួកវាត្រូវបានប្រើប្រាស់ចំកន្លែងហើយ ហើយព្រះជាម្ចាស់សព្វព្រះទ័យនឹងការប្រើប្រាស់ពួកវាបែបនេះ។ ប៉ុន្តែ ប្រសិនបើអ្នកប្រើប្រាស់អំណោយទាន និងជំនាញរបស់អ្នកដើម្បីដើរអួតអាង ធ្វើបន្ទាល់អំពីខ្លួនឯង និងបង្កើតនគរឯករាជ្យមួយ នោះអំពើបាបរបស់អ្នកនឹងមានទំហំធំធេង ហើយអ្នកនឹងក្លាយជាអ្នកប្រព្រឹត្តបទល្មើសធ្ងន់ធ្ងរដែលទាស់ទទឹងនឹងព្រះជាម្ចាស់។ អំណោយទានត្រូវបានប្រទានដោយព្រះជាម្ចាស់។ ប្រសិនបើអ្នកមិនអាចប្រើប្រាស់ពួកវាដើម្បីបំពេញភារកិច្ចរបស់អ្នក និងធ្វើបន្ទាល់ថ្វាយព្រះជាម្ចាស់ទេ នោះអ្នកពិតជាគ្មានមនសិការ និងខ្វះវិចារណញ្ញាណពេកហើយ ហើយអ្នកនឹងជំពាក់ព្រះជាម្ចាស់យ៉ាងខ្លាំង។ នេះគឺជាការបះបោរដ៏ហួសហេតុ! ប៉ុន្តែ ទោះបីជាអ្នកប្រើប្រាស់អំណោយទាន និងជំនាញរបស់អ្នកបានល្អកម្រិតណាក៏ដោយ ក៏វាមិនមានន័យថាអ្នកមានតថភាពនៃសេចក្ដីពិតនោះដែរ។ ការអនុវត្តសេចក្ដីពិត និងការធ្វើសកម្មភាពតាមគោលការណ៍ ទើបមានន័យថាអ្នកមានតថភាពនៃសេចក្ដីពិត។ អំណោយទាន និងទេពកោសល្យ តែងតែជាអំណោយទាន និងទេពកោសល្យជានិច្ច។ ពួកវាគ្មានពាក់ព័ន្ធនឹងសេចក្ដីពិតឡើយ។ ទោះបីជាអ្នកមានអំណោយទាន និងទេពកោសល្យច្រើនប៉ុនណាក៏ដោយ ហើយទោះបីជាកេរ្តិ៍ឈ្មោះរបស់អ្នកខ្ពស់ប៉ុនណា ឬឋានៈរបស់អ្នកខ្ពស់ប៉ុនណាក៏ដោយ ក៏វានឹងមិនមានន័យថាអ្នកមានតថភាពនៃសេចក្ដីពិតជាដាច់ខាត។ អំណោយទាន និងទេពកោសល្យ នឹងមិនអាចក្លាយជាសេចក្ដីពិតឡើយ។ ពួកវាគ្មានពាក់ព័ន្ធនឹងសេចក្ដីពិតឡើយ។ ប៉ុន្តែ ពួកទទឹងនឹងព្រះគ្រីស្ទមិនគិតបែបនេះទេ ហើយគឺរឿងទាំងនេះឯង ដែលពួកគេឱ្យតម្លៃយ៉ាងខ្លាំង។ ជាឧទាហរណ៍ មនុស្សមួយចំនួនមានទេពកោសល្យខាងសម្ដែង។ បន្ទាប់ពីបានសម្ដែងជាតួឯកនៅក្នុងភាពយន្តដែលថតនៅក្នុងដំណាក់របស់ព្រះជាម្ចាស់ ពួកគេក៏ចាប់ផ្ដើមធ្វើឫកពាធំ។ សូម្បីតែមានមនុស្សបីនាក់ជួយផាត់មុខឱ្យពួកគេ ក៏នៅតែមិនគ្រប់គ្រាន់ដើម្បីបំពេញតម្រូវការរបស់ពួកគេដែរ។ ពីមុន ពួកគេធ្លាប់ជាមនុស្សធម្មតាម្នាក់ ប៉ុន្តែឥឡូវនេះ ក្រោយពីពួកគេជឿលើព្រះជាម្ចាស់ បន្ទាប់ពីបំពេញភារកិច្ចរបស់ខ្លួនជាតួសម្ដែង ពួកគេក៏ចាប់ផ្ដើមធ្វើឫកពាធំ។ តើពួកគេមិនមែនកំពុងរកសេចក្ដីស្លាប់ទេឬ? ខ្ញុំគិតថាពួកគេពិតជាកំពុងធ្វើបែបនោះមែន! ពួកគេមិនមានរូបរាងពិសេសអ្វីទេ ហើយជំនាញសម្ដែងរបស់ពួកគេក៏ស្ថិតក្នុងកម្រិតមធ្យមដែរ។ ពួកគេគ្រាន់តែស័ក្តិសមសម្រាប់ការសម្ដែងតួអង្គជាក់លាក់មួយចំនួន ដូច្នេះ ពួកគេត្រូវបានគេផ្ដល់តួនាទីមួយទៀត។ តើនេះមិនមែនជាការលើកតម្កើងពួកគេទេឬ? នៅពេលទទួលបានឱកាសដើម្បីបំពេញភារកិច្ចរបស់ខ្លួន ពួកគេថែមទាំងធ្វើឫកពាធំទៀតផង។ ពេលកំពុងសម្ដែង ពួកគេបញ្ជាមនុស្សឱ្យបម្រើពួកគេ ដោយយកតែ និងចាក់ទឹកឱ្យ ដែលធ្វើឱ្យបងប្អូនប្រុសស្រីទាំងអស់ដែលបានឃើញ ខឹងសម្បារ។ ខ្ញុំបាននិយាយថា៖ «ជម្រះពួកគេចេញទៅ!»។ ដូច្នេះ ពួកជំនុំក៏បានជម្រះពួកគេចេញ។ តើមនុស្សទាំងនេះមិនគួរត្រូវបានដកចេញទេឬ? ពួកគេគិតថា ពួកជំនុំមិនអាចផលិតភាពយន្តបានទេបើគ្មានពួកគេ ដូច្នេះ ពួកគេហ៊ានធ្វើឫកពាធំ។ ពួកគេមិននឹកស្មានដល់ផលវិបាកនេះឡើយ។ នេះគឺត្រូវបានជំរុញដោយធម្មជាតិរបស់ពួកគេ។ មនុស្សបែបនេះឱ្យតម្លៃលើចំណេះដឹង ទេពកោសល្យ ការសិក្សា និងបទពិសោធ។ ពួកគេចាត់ទុករឿងទាំងនេះថាសំខាន់ខ្លាំងពេក ប៉ុន្តែពួកគេបែរជាព្រងើយកន្តើយនឹងរឿងដ៏មានតម្លៃបំផុត។ នោះគឺសេចក្ដីពិត។ ពួកគេមិនដឹងទេថា សេចក្ដីពិតគ្រប់គ្រងនៅក្នុងដំណាក់របស់ព្រះជាម្ចាស់។ ប្រសិនបើពួកគេមិនដេញតាមសេចក្ដីពិតទេ ទោះបីជាចំណេះដឹងរបស់ពួកគេខ្ពស់ប៉ុនណា ឬវោហារសព្ទរបស់ពួកគេអស្ចារ្យប៉ុនណាក៏ដោយ ក៏ពួកគេនឹងមិនអាចឈរជាប់បានឡើយ។ មិនយូរមិនឆាប់ ពួកគេនឹងត្រូវបានលាតត្រដាង និងជម្រុះចោល។ តើមនុស្សងាយយល់គោលលទ្ធិបន្តិចបន្តួចនេះដែរឬទេ? អ្នកដែលបានជឿលើព្រះជាម្ចាស់អស់រយៈពេលជាច្រើនឆ្នាំ ប៉ុន្តែមិនអាចសូម្បីតែមើលធ្លុះរឿងនេះ គ្រាន់តែជាមនុស្សវង្វេងវង្វាន់ដែលគ្មានតម្លៃទាល់តែសោះ។ ប្រសិនបើពួកគេមានវិចារណញ្ញាណបន្តិច ពួកគេនឹងមិនក្រអឺតក្រទមបែបនេះឡើយ។ មនុស្សបែបនេះគឺជាពួកអារក្ស និងពួកសាតាំងដែលកំពុងបញ្ចេញធាតុពិតរបស់ខ្លួន។ ឥឡូវនេះ ខ្ញុំបានចង្អុលបង្ហាញពីរឿងនេះដោយផ្ទាល់ ដើម្បីឱ្យអ្នករាល់គ្នាក៏អាចយល់ពីវាបានយ៉ាងច្បាស់ផងដែរ ដើម្បីឱ្យអ្នករាល់គ្នាអាចវែកញែករឿងនេះបានបន្តិចបន្តួច និងមើលធ្លុះវា។ ប្រសិនបើខ្ញុំមិនបានចង្អុលបង្ហាញវាឱ្យបានច្បាស់ទេ តើអ្នករាល់គ្នានឹងអាចវែកញែកវាបែបនេះបានដែរឬទេ? តើអ្នករាល់គ្នាអាចបោសសម្អាតពួកគេចេញបានដែរឬទេ? មនុស្សមើលមិនឃើញពីបញ្ហានេះទេ ដូច្នេះ ខ្ញុំត្រូវតែនិយាយដោយត្រង់ៗ។ ប្រសិនបើខ្ញុំមិននិយាយដោយត្រង់ៗទេ បញ្ហានេះនឹងមិនអាចដោះស្រាយបានឡើយ។ ដោយពឹងផ្អែកត្រឹមតែគោលលទ្ធិបន្តិចបន្តួចដែលអ្នករាល់គ្នាយល់ នោះគ្មានបញ្ហាណាមួយអាចត្រូវបានដោះស្រាយឡើយ។
ពួកទទឹងនឹងព្រះគ្រីស្ទតែងតែគិតថាខ្លួនឯងមានទេពកោសល្យពិសេស។ ពួកគេគិតថាពួកគេអ្នកដែលបានបញ្ចប់ការសិក្សាពីសាកលវិទ្យាល័យ ដែលមានការចេះដឹងជ្រៅជ្រះ និងមានចំណេះដឹងយ៉ាងទូលំទូលាយ។ ពួកគេឱ្យតម្លៃខ្លាំងណាស់ និងចាត់ទុកចំណេះដឹង និងព្រមទាំងទ្រឹស្ដីខាងវិញ្ញាណដែលពួកគេបានរៀនថាសំខាន់ខ្លាំងណាស់ ហើយថែមទាំងចាត់ទុករឿងទាំងនេះដូចជាសេចក្ដីពិតទៀតផង។ លើសពីនេះទៅទៀត ពួកគេតែងតែយកចំណេះដឹង និងបទពិសោធទាំងនេះ ដែលពួកគេជឿថាត្រឹមត្រូវ មកប្រើដើម្បីណែនាំ បំភាន់ ឬបំពាក់គំនិតអ្នកដែលនៅជុំវិញពួកគេ។ ជាពិសេស ពួកគេតែងតែនិយាយអំពីអតីតកាលដ៏ «រុងរឿង» របស់ពួកគេ ដែលពួកគេប្រើដើម្បីបញ្ចុះបញ្ចូល និងធ្វើឱ្យអ្នកដទៃជឿជាក់ ព្រមទាំងធ្វើឱ្យអ្នកដទៃលើកតម្កើង និងគោរពបូជាពួកគេ។ តើអតីតកាលដ៏ «រុងរឿង» របស់ពួកគេទាំងនេះគឺជាអ្វីទៅ? អ្នកខ្លះនឹងនិយាយថា៖ «ខ្ញុំធ្លាប់ជាគ្រូបង្រៀននៅសាកលវិទ្យាល័យមួយ។ សិស្សរបស់ខ្ញុំទាំងអស់សុទ្ធតែជានិស្សិតថ្នាក់អនុបណ្ឌិត ឬបណ្ឌិត។ រាល់ពេលដែលខ្ញុំបង្រៀន គ្មានកៅអីទំនេរសូម្បីមួយ និស្សិតម្នាក់ៗអង្គុយស្ងៀមស្ងាត់ឈឹង ដោយសម្លឹងមកខ្ញុំដោយក្រសែភ្នែកគោរពបូជា និងកោតសរសើរ។ ខ្ញុំមិនទាំងភ័យផង។ វាពិតជាអស្ចារ្យ និងគួរឱ្យកោកសរសើរខ្លាំងណាស់! ខ្ញុំកើតមកមានទេពកោសល្យ និងភាពក្លាហានបែបនេះឯង»។ អ្នកខ្លះទៀតនឹងនិយាយថា៖ «ខ្ញុំបានរៀនបើកបរតាំងពីខ្ញុំអាយុ ១៤ ឆ្នាំម៉្លេះ។ ឥឡូវនេះ ខ្ញុំបានបើកបរជាង ៤០ ឆ្នាំហើយ ហើយជំនាញបើកបររបស់ខ្ញុំគឺកំពូលតែម្ដង»។ តើពួកគេមានន័យយ៉ាងណានៅពេលនិយាយបែបនេះ? ពួកគេមានន័យថា៖ «អ្នករាល់គ្នាទើបតែបើកបរបានប៉ុន្មានថ្ងៃសោះ។ តើអ្នករាល់គ្នាដឹងអ្វីខ្លះទៅ? អ្នកបើកបរចាស់វស្សាដូចជាខ្ញុំ បានបើកបរមួយជីវិតទៅហើយ។ ខ្ញុំមានបទពិសោធគ្រប់បែបយ៉ាង។ នៅថ្ងៃអនាគត អ្នកគួរតែសួរខ្ញុំ ប្រសិនបើមានរឿងអ្វីដែលអ្នកមិនយល់។ អ្នកត្រូវតែស្ដាប់អ្វីដែលខ្ញុំនិយាយ»។ នៅពេលដែលពួកគេមានជំនាញណាមួយ ពួកទទឹងនឹងព្រះគ្រីស្ទគិតថាខ្លួនឯងអស្ចារ្យ ពួកគេធ្វើខ្លួនឱ្យមើលទៅអាថ៌កំបាំង ហើយពួកគេដើរអួតបង្ហាញខ្លួន និងធ្វើបន្ទាល់អំពីខ្លួនឯង ដែលធ្វើឱ្យអ្នកដទៃលើកតម្កើង និងគោរពបូជាពួកគេ។ នៅពេលដែលមនុស្សប្រភេទនេះមានចំណុចខ្លាំង ឬអំណោយទានបន្តិចបន្តួច វាធ្វើឱ្យពួកគេគិតថាពួកគេល្អជាងអ្នកដទៃ ហើយប្រាថ្នាចង់ដឹកនាំពួកគេ។ នៅពេលដែលអ្នកដទៃមករកពួកគេដើម្បីសុំចម្លើយ ពួកទទឹងនឹងព្រះគ្រីស្ទនិយាយប្រដៅពួកគេពីទីខ្ពស់ ហើយប្រសិនបើមនុស្សទាំងនោះនៅតែមិនយល់ទៀត ពួកគេគ្រាន់តែសន្មតថាមកពីមនុស្សទាំងនោះមានគុណសម្បត្តិខ្សោយ ទោះបីជាតាមការពិត គឺពួកទទឹងនឹងព្រះគ្រីស្ទខ្លួនឯងដែលមិនបានពន្យល់ឱ្យបានច្បាស់លាស់ក៏ដោយ។ ជាឧទាហរណ៍ ពេលឃើញនរណាម្នាក់មិនអាចជួសជុលម៉ាស៊ីនដែលខូចបាន បុគ្គលទទឹងនឹងព្រះគ្រីស្ទម្នាក់នឹងនិយាយថា៖ «ម៉េចក៏អ្នកនៅតែមិនដឹងពីរបៀបធ្វើរឿងនេះទៀត? តើខ្ញុំមិនបានប្រាប់អ្នកពីរបៀបធ្វើវាហើយទេឬ? ខ្ញុំបានពន្យល់យ៉ាងច្បាស់ហើយ តែអ្នកនៅតែមិនយល់ទៀត។ អ្នកពិតជាមានគុណសម្បត្តិខ្សោយមែន។ អ្នករៀនមិនចេះសោះ រាល់ពេលដែលខ្ញុំបង្រៀនអ្នកពីរបៀបធ្វើរឿងនេះ»។ ប៉ុន្តែ នៅពេលដែលបុគ្គលនោះសុំឱ្យពួកគេជួសជុលម៉ាស៊ីននោះ ពួកគេនឹងមើលវាយ៉ាងយូរ ហើយក៏មិនដឹងពីរបៀបជួសជុលវាដែរ ហើយពួកគេថែមទាំងលាក់បាំងពីបុគ្គលនោះថាពួកគេមិនដឹងពីរបៀបជួសជុលវាទៀតផង។ បន្ទាប់ពីឱ្យបុគ្គលនោះចេញទៅ បុគ្គលទទឹងនឹងព្រះគ្រីស្ទនឹងលួចស្រាវជ្រាវ និងព្យាយាមរកវិធីជួសជុលម៉ាស៊ីននោះ ប៉ុន្តែពួកគេនៅតែមិនអាចជួសជុលវាបានដដែល។ ទីបំផុត ពួកគេនឹងដោះម៉ាស៊ីននោះជាបំណែកៗ ធ្វើឱ្យវារញ៉េរញ៉ៃទាំងស្រុង ហើយមិនអាចដំឡើងវាវិញបានឡើយ។ បន្ទាប់មក ដោយខ្លាចអ្នកដទៃឃើញរឿងនេះ ពួកគេនឹងលាក់បំណែកទាំងនោះ។ តើការមិនចេះធ្វើរឿងខ្លះៗ ជារឿងគួរឱ្យអាម៉ាស់ឬ? តើមាននរណាម្នាក់ដែលអាចធ្វើបានគ្រប់យ៉ាងដែរឬទេ? ការមិនចេះធ្វើរឿងខ្លះៗ មិនមែនជារឿងគួរឱ្យអាម៉ាស់អ្វីទេ។ កុំភ្លេចថា អ្នកគ្រាន់តែជាមនុស្សធម្មតាម្នាក់ប៉ុណ្ណោះ។ គ្មាននរណាម្នាក់លើកតម្កើងអ្នក ឬគោរពបូជាអ្នកឡើយ។ មនុស្សធម្មតា គឺគ្រាន់តែជាមនុស្សធម្មតាប៉ុណ្ណោះ។ ប្រសិនបើអ្នកមិនដឹងពីរបៀបធ្វើអ្វីមួយទេ គ្រាន់តែនិយាយថាអ្នកមិនដឹងពីរបៀបធ្វើវាទៅ។ ហេតុអ្វីបានជាអ្នកព្យាយាមបន្លំខ្លួនឯង? មនុស្សនឹងខ្ពើមអ្នក ប្រសិនបើអ្នកតែងតែបន្លំខ្លួនឯងជានិច្ចនោះ។ មិនយូរមិនឆាប់ អ្នកនឹងបែកធ្លាយដោយខ្លួនឯង ហើយនៅពេលនោះ អ្នកនឹងបាត់បង់សេចក្ដីថ្លៃថ្នូរ និងសេចក្ដីទៀងត្រង់របស់អ្នក។ នេះគឺជានិស្ស័យរបស់បុគ្គលទទឹងនឹងព្រះគ្រីស្ទ។ពួកគេតែងតែគិតថាខ្លួនឯងជាអ្នកចេះគ្រប់សព្វ ជាមនុស្សដែលអាចធ្វើបានគ្រប់យ៉ាង ដែលមានសមត្ថភាព និងស្ទាត់ជំនាញក្នុងគ្រប់កិច្ចការទាំងអស់។ តើនេះមិននាំឱ្យពួកគេជួបបញ្ហាទេឬ? តើពួកគេនឹងធ្វើដូចម្ដេច ប្រសិនបើពួកគេមានអាកប្បកិរិយាស្មោះត្រង់? ពួកគេនឹងនិយាយថា៖ «ខ្ញុំមិនស្ទាត់ជំនាញបច្ចេកទេសនេះទេ ខ្ញុំគ្រាន់តែមានបទពិសោធបន្តិចបន្តួចប៉ុណ្ណោះ។ ខ្ញុំបានយកអ្វីៗទាំងអស់ដែលខ្ញុំចេះដឹងមកប្រើប្រាស់ហើយ ប៉ុន្តែខ្ញុំមិនយល់ពីបញ្ហាថ្មីៗដែលយើងកំពុងជួបប្រទះទាំងនេះទេ។ ហេតុដូច្នេះហើយ យើងត្រូវតែរៀនចំណេះដឹងវិជ្ជាជីវៈមួយចំនួន ប្រសិនបើយើងចង់បំពេញភារកិច្ចរបស់យើងឱ្យបានល្អ។ ការស្ទាត់ជំនាញលើចំណេះដឹងវិជ្ជាជីវៈ នឹងធ្វើឱ្យយើងអាចបំពេញភារកិច្ចរបស់យើងប្រកបដោយប្រសិទ្ធភាព។ ព្រះជាម្ចាស់បានផ្ទុកផ្ដាក់ភារកិច្ចនេះដល់យើង ដូច្នេះ យើងមានការទទួលខុសត្រូវក្នុងការបំពេញវាឱ្យបានល្អ។ យើងគួរតែទៅរៀនចំណេះដឹងវិជ្ជាជីវៈនេះ ដោយមានអាកប្បកិរិយាទទួលខុសត្រូវចំពោះភារកិច្ចរបស់យើង»។ នេះគឺជាការអនុវត្តសេចក្ដីពិត។ មនុស្សដែលមាននិស្ស័យរបស់បុគ្គលទទឹងនឹងព្រះគ្រីស្ទ នឹងមិនធ្វើបែបនេះឡើយ។ ប្រសិនបើមនុស្សម្នាក់មានវិចារណញ្ញាណបន្តិច គេនឹងនិយាយថា៖ «ខ្ញុំដឹងត្រឹមតែប៉ុណ្ណេះទេ។ អ្នកមិនចាំបាច់លើកតម្កើងខ្ញុំទេ ហើយខ្ញុំក៏មិនចាំបាច់ធ្វើឫកពាធំដែរ។ តើធ្វើបែបនេះមិនងាយស្រួលជាងទេឬ? វាពិតជាវេទនាណាស់ ដែលតែងតែក្លែងបន្លំខ្លួនជានិច្ចនោះ។ ប្រសិនបើមានរឿងអ្វីដែលយើងមិនដឹង យើងអាចរៀនវាជាមួយគ្នា ហើយបន្ទាប់មកសហការគ្នាយ៉ាងចុះសម្រុង ដើម្បីបំពេញភារកិច្ចរបស់យើងឱ្យបានល្អ។ យើងត្រូវតែមានឥរិយាបថទទួលខុសត្រូវ»។ ពេលឃើញបែបនេះ មនុស្សនឹងគិតថា៖ «បុគ្គលនេះល្អជាងយើង នៅពេលដែលគេជួបប្រទះបញ្ហា គេមិនបង្ខំខ្លួនឯងទាំងងងឹតងងល់ឱ្យហួសពីដែនកំណត់របស់ខ្លួនទេ ហើយគេក៏មិនទម្លាក់វាទៅឱ្យអ្នកដទៃ ឬគេចវេះពីការទទួលខុសត្រូវដែរ។ ផ្ទុយទៅវិញ គេទទួលបន្ទុកវាដោយខ្លួនឯង ហើយដោះស្រាយវាដោយឥរិយាបថម៉ត់ចត់ និងទទួលខុសត្រូវ។ នេះគឺជាមនុស្សល្អម្នាក់ ដែលមានភាពម៉ត់ចត់ និងទទួលខុសត្រូវចំពោះការងារ និងភារកិច្ចរបស់ខ្លួន។ គេគួរឱ្យទុកចិត្ត។ ដំណាក់របស់ព្រះជាម្ចាស់ពិតជាត្រឹមត្រូវណាស់ ដែលបានប្រគល់ការងារដ៏សំខាន់នេះដល់គេ។ ព្រះជាម្ចាស់ពិតជាពិនិត្យពិច័យជម្រៅចិត្តរបស់មនុស្សមែន!»។ តាមរយៈការបំពេញភារកិច្ចរបស់គេតាមរបៀបនេះ គេនឹងបង្កើនជំនាញរបស់ខ្លួន និងទទួលបានការទទួលស្គាល់ពីមនុស្សគ្រប់គ្នា។ តើការទទួលស្គាល់នេះកើតឡើងដោយរបៀបណា? ជាដំបូង គេចាត់ទុកភារកិច្ចរបស់ខ្លួនដោយឥរិយាបថម៉ត់ចត់ និងទទួលខុសត្រូវ។ ទីពីរ គេអាចធ្វើជាមនុស្សស្មោះត្រង់ម្នាក់បាន ហើយគេមានឥរិយាបថជាក់ស្ដែង និងចូលចិត្តសិក្សារៀនសូត្រ។ ទីបី មិនអាចច្រានចោលបានទេថា គេមានការណែនាំ និងការបំភ្លឺពីព្រះវិញ្ញាណបរិសុទ្ធ។ មនុស្សបែបនេះមានព្រះពររបស់ព្រះជាម្ចាស់ នេះគឺជាអ្វីដែលអ្នកមានមនសិការ និងវិចារណញ្ញាណអាចសម្រេចបាន។ ទោះបីជាគេមាននិស្ស័យពុករលួយ ភាពខ្វះខាត និងចំណុចខ្សោយ ហើយគេមិនដឹងពីរបៀបធ្វើរឿងជាច្រើនក៏ដោយ ក៏គេនៅតែស្ថិតនៅលើផ្លូវនៃការអនុវត្តដ៏ត្រឹមត្រូវដដែល។ គេមិនក្លែងបន្លំខ្លួន ឬបោកបញ្ឆោតឡើយ គេមានឥរិយាបថម៉ត់ចត់ និងទទួលខុសត្រូវចំពោះភារកិច្ចរបស់ខ្លួន ព្រមទាំងមានឥរិយាបថប្រាថ្នាចង់បាន និងគោរពដោយស្មោះត្រង់ចំពោះសេចក្ដីពិត។ ពួកទទឹងនឹងព្រះគ្រីស្ទនឹងមិនអាចធ្វើរឿងទាំងនេះបានឡើយ ពីព្រោះរបៀបគិតរបស់ពួកគេនឹងតែងតែខុសពីអ្នកដែលស្រឡាញ់ និងដេញតាមសេចក្ដីពិតជានិច្ច។ ហេតុអ្វីបានជាពួកគេគិតខុសពីគេ? ពីព្រោះធម្មជាតិរបស់សាតាំងស្ថិតនៅក្នុងពួកគេ ពួកគេរស់នៅតាមនិស្ស័យរបស់សាតាំង ហើយតែងតែដេញតាមកេរ្តិ៍ឈ្មោះ និងឋានៈ ព្រមទាំងតែងតែប្រាថ្នាចង់សម្រេចគោលដៅរបស់ពួកគេក្នុងការកាន់អំណាចជានិច្ច។ ពួកគេតែងតែស្វែងរកមធ្យោបាយផ្សេងៗ ដើម្បីប្រើល្បិចកល និងឧបាយកល ដោយបំភាន់មនុស្សតាមគ្រប់មធ្យោបាយ ដើម្បីឱ្យគេគោរពបូជា និងដើរតាមពួកគេ។ ហេតុដូច្នេះហើយ ដើម្បីបំភាន់ភ្នែកមនុស្ស ពួកគេរកគ្រប់វិធីដើម្បីធ្វើបន្លំខ្លួន លេងល្បិច កុហក និងបោកបញ្ឆោត ដើម្បីធ្វើឱ្យអ្នកដទៃជឿថាពួកគេត្រូវគ្រប់រឿង ថាពួកគេមានសមត្ថភាពធ្វើបានគ្រប់យ៉ាង ហើយថាពួកគេអាចធ្វើអ្វីក៏បាន ថាពួកគេឆ្លាតជាងអ្នកដទៃ ថាពួកគេមានប្រាជ្ញាជាងអ្នកដទៃ ថាពួកគេយល់ច្រើនជាងអ្នកដទៃ ថាពួកគេពូកែគ្រប់រឿងជាងអ្នកដទៃ ហើយថាពួកគេលើសអ្នកដទៃក្នុងគ្រប់ទិដ្ឋភាពទាំងអស់ សូម្បីតែថាពួកគេគឺជាអ្នកពូកែដាច់គេក្នុងចំណោមអ្នកពូកែៗនៅក្នុងក្រុមណាមួយក៏ដោយ។ ពួកគេមានតម្រូវការបែបនេះ នេះគឺជានិស្ស័យរបស់ពួកទទឹងនឹងព្រះគ្រីស្ទ។ ដូច្នេះ ពួកគេរៀនធ្វើពុតជាអ្វីមួយដែលមិនមែនជាខ្លួនឯង ដោយបង្កើតចេញនូវការអនុវត្ត និងការស្ដែងចេញផ្សេងៗទាំងនេះ។
ចូរគិតមើល៖ តើមនុស្សដែលចូលចិត្តធ្វើពុតជាអ្វីមួយដែលមិនមែនជាខ្លួនឯង មាននិស្ស័យអ្វីទៅ? តើពួកគេធ្វើពុតជាអ្វី? ពួកគេមិនធ្វើពុតជាអារក្ស ឬជាតួអង្គអវិជ្ជមានឡើយ ពួកគេធ្វើពុតជាអ្វីមួយដែលខ្ពង់ខ្ពស់ ល្អ ស្រស់ស្អាត និងសប្បុរស ជាអ្វីមួយដែលមនុស្សលើកតម្កើង និងកោតសរសើរ។ ពួកគេធ្វើពុតជារឿងទាំងនេះដែលមនុស្សសរសើរ ឬពេញចិត្ត។ ពួកគេធ្វើពុតជាដឹង និងយល់គ្រប់យ៉ាង ពួកគេធ្វើពុតជាមានសេចក្ដីពិត ជាតួអង្គវិជ្ជមាន និងជាតថភាពនៃសេចក្ដីពិត។ តើនេះមិនមែនជាការធ្វើរឿងដែលនាំឱ្យវិនាសខ្លួនឯងទេឬ? តើពួកគេមានតថភាពនោះដែរឬទេ? តើពួកគេមានសារជាតិនោះដែរឬទេ? ទេ មិនមានទេ។ គឺដោយសារតែពួកគេមិនមានវានេះហើយ ទើបគេនិយាយថាពួកគេកំពុងធ្វើពុត។ ដូច្នេះ តើមាននរណាម្នាក់នឹងនិយាយថាពួកគេគឺជាតួអង្គនៃសេចក្ដីពិត ដោយសារតែពួកគេមានតថភាពនៃសេចក្ដីពិតដែរឬទេ? តើសេចក្ដីថ្លែងនេះសមហេតុផលដែរឬទេ? (ទេ មិនសមហេតុផលទេ។) ទោះបីជាអ្នកមានតថភាពនៃសេចក្ដីពិតខ្លះៗក៏ដោយ ក៏អ្នកមិនមែនជាតួអង្គនៃសេចក្ដីពិតទាល់តែសោះ។ ហេតុដូច្នេះហើយ នរណាក៏ដោយដែលធ្វើពុតជាតួអង្គនៃសេចក្ដីពិត គឺជាបុគ្គលដ៏ក្រអឺតក្រទម និងជាប្រភេទមនុស្សខុសទំនង! មនុស្សម្នាក់ដែលមានតថភាពនៃសេចក្ដីពិតតែបន្តិចបន្តួចសោះ តែហ៊ានធ្វើពុតជាតួអង្គនៃសេចក្ដីពិត គឺប្រៀបដូចជាតំណក់ទឹកតែមួយតំណក់ ដែលអះអាងថាខ្លួនជាសមុទ្រដ៏ធំល្វឹងល្វើយអ៊ីចឹង។ តើនេះមិនមែនជាភាពក្រអឺតក្រទមដល់កំពូលទេឬ? តើនេះមិនមែនជាភាពឥតអៀនខ្មាសយ៉ាងខ្លាំងទេឬ? ដើម្បីឱ្យមនុស្សម្នាក់ធ្វើពុតជាតួអង្គនៃសេចក្ដីពិត ពួកគេត្រូវតែមានដើមទុនដើម្បីធ្វើបែបនេះ។ ហើយតើពួកទទឹងនឹងព្រះគ្រីស្ទប្រើប្រាស់អ្វី ដើម្បីធ្វើពុតជាតួអង្គនៃសេចក្ដីពិត? គឺជារឿងទាំងនោះដែលខ្ញុំទើបតែបានលើកឡើង ជាចំណេះដឹង បទពិសោធ និងមេរៀន។ នេះរួមបញ្ចូលទាំងជំនាញពិសេស និងទេពកោសល្យដែលមនុស្សទទួលបានតាមរយៈការរៀនសូត្រ ក៏ដូចជាអំណោយទានដែលពួកគេមានពីកំណើតផងដែរ។ មនុស្សមួយចំនួនមានអំណោយទានក្នុងការនិយាយភាសាដទៃ ខណៈពេលដែលអ្នកខ្លះទៀតមានអំណោយទាន ឬមានវោហារសព្ទក្នុងការអធិប្បាយ។ អ្នកខ្លះទៀតបានរៀន ឬស្ទាត់ជំនាញវិជ្ជាជីវៈពិសេសមួយចំនួន។ ជាឧទាហរណ៍ មនុស្សមួយចំនួនមានភាពលេចធ្លោជាពិសេសខាងរបាំ តន្ត្រី វិចិត្រសិល្បៈ ភាសា ឬអក្សរសាស្ត្រ ខណៈពេលដែលអ្នកខ្លះទៀតពូកែខាងនយោបាយ ដែលមានន័យថាពួកគេពូកែជាពិសេសក្នុងការប្រើឧបាយកលលើមនុស្ស ថាពួកគេពូកែខាងការទូត ជាដើម។ សរុបមក នេះរួមបញ្ចូលទាំងមនុស្សដែលមានទេពកោសល្យពិសេសមកពីគ្រប់មជ្ឈដ្ឋានក្នុងសង្គម។ មនុស្សដែលមានទេពកោសល្យ ឬអំណោយទានពិសេសទាំងនេះ មិនប្រាកដជាមានឋានៈជាក់លាក់ ឬអាជីពច្បាស់លាស់នៅក្នុងសង្គមឡើយ។ មនុស្សមួយចំនួនរស់នៅកន្លែងតូចៗ ប៉ុន្តែពួកគេអាចនិយាយអំពីរឿងរ៉ាវយ៉ាងទូលំទូលាយ ចាប់ពីអតីតកាលរហូតដល់បច្ចុប្បន្នបានយ៉ាងច្បាស់លាស់ និងមានលំដាប់លំដោយសមហេតុផល ហើយមានវោហារជាពិសេស។ ប្រសិនបើមនុស្សដែលមានទេពកោសល្យពិសេសទាំងនេះ មាននិស្ស័យរបស់បុគ្គលទទឹងនឹងព្រះគ្រីស្ទ នៅពេលដែលពួកគេមកដល់ដំណាក់របស់ព្រះជាម្ចាស់ ពួកគេនឹងមិនស្កប់ស្កល់នឹងអ្វីដែលកំពុងមានឡើយ ពួកគេនឹងទុកមហិច្ឆតា និងបំណងប្រាថ្នាជាក់លាក់នៅក្នុងចិត្ត ហើយពួកគេនឹងត្រូវបានលាតត្រដាងបន្តិចម្ដងៗ។
ទាក់ទងនឹងចំណុចដែលពួកទទឹងនឹងព្រះគ្រីស្ទធ្វើពុតជាតួអង្គនៃសេចក្ដីពិត នៅពេលដែលពួកគេទទួលបានបទពិសោធ និងចំណេះដឹងបន្តិចបន្តួច ហើយបានរៀនមេរៀនមួយចំនួន យើងទើបតែបានពិភាក្សាអំពីវិសាលភាពនៃចំណេះដឹង បទពិសោធ និងមេរៀនបែបនេះ។ ហើយតើអ្វីទៅជាចំណុចសំខាន់នៃការពិភាក្សានេះ? (ការធ្វើពុត។) ត្រឹមត្រូវហើយ។ ចំណុចស្នូលគឺពួកទទឹងនឹងព្រះគ្រីស្ទធ្វើពុតជាតួអង្គនៃសេចក្ដីពិត។ ចំណេះដឹង បទពិសោធ មេរៀន គឹគ្មានរឿងណាមួយក្នុងចំណោមរឿងទាំងនេះជាសេចក្ដីពិតឡើយ ពួកវាគ្មានពាក់ព័ន្ធនឹងសេចក្ដីពិតទាល់តែសោះ។ រឿងទាំងនេះថែមទាំងដើរផ្ទុយពីសេចក្ដីពិត និងត្រូវបានព្រះជាម្ចាស់ថ្កោលទោសទៀតផង។ យកចំណេះដឹងជាឧទាហរណ៍ តើប្រវត្តិសាស្ត្ររាប់ថាជាទម្រង់មួយនៃចំណេះដឹងដែរឬទេ? (មែន។) តើចំណេះដឹង និងសៀវភៅប្រវត្តិសាស្ត្រអំពីប្រវត្តិសាស្ត្រមនុស្សជាតិ ប្រវត្តិសាស្ត្រនៃប្រទេស ឬក្រុមជនជាតិភាគតិចជាក់លាក់ ប្រវត្តិសាស្ត្រសម័យទំនើប ប្រវត្តិសាស្ត្រសម័យបុរាណ ឬសូម្បីតែប្រវត្តិសាស្ត្រក្រៅផ្លូវការមួយចំនួន កើតឡើងដោយរបៀបណា? (ពួកវាត្រូវបានសរសេរដោយមនុស្ស។) ដូច្នេះ តើរឿងដែលសរសេរដោយមនុស្ស ស្របតាមប្រវត្តិសាស្ត្រពិតដែរឬទេ? តើគំនិត និងទស្សនៈរបស់មនុស្ស មិនដើរផ្ទុយពីគោលការណ៍ មាគ៌ា និងមធ្យោបាយនៃសកម្មភាពរបស់ព្រះជាម្ចាស់ទេឬ? តើពាក្យសម្ដីទាំងនេះដែលមនុស្សនិយាយ មានពាក់ព័ន្ធនឹងប្រវត្តិសាស្ត្រពិតដែរឬទេ? (ទេ មិនមានទេ។) គឺគ្មានពាក់ព័ន្ធទាល់តែសោះ។ ហេតុដូច្នេះហើយ ទោះបីជាកំណត់ត្រាដែលមាននៅក្នុងសៀវភៅប្រវត្តិសាស្ត្រមានភាពត្រឹមត្រូវកម្រិតណាក៏ដោយ ក៏ពួកវាគ្រាន់តែជាចំណេះដឹងប៉ុណ្ណោះ។ ទោះបីជាអ្នកប្រវត្តិវិទូទាំងនោះពូកែប្រើវោហារសព្ទកម្រិតណា ហើយពួកគេរៀបរាប់ពីប្រវត្តិសាស្ត្រទាំងនេះបានច្បាស់លាស់ និងមានតក្កវិជ្ជាកម្រិតណាក៏ដោយ សេចក្ដីសន្និដ្ឋានដែលអ្នកនឹងទទួលបានបន្ទាប់ពីស្ដាប់ពួកគេរួចគឺអ្វី? (យើងនឹងដឹងពីព្រឹត្តិការណ៍ទាំងនោះ។) មែនហើយ អ្នកនឹងដឹងពីព្រឹត្តិការណ៍ទាំងនោះ។ ប៉ុន្តែ តើពួកគេរៀបរាប់ពីប្រវត្តិសាស្ត្រទាំងនេះ គ្រាន់តែក្នុងគោលបំណងដើម្បីប្រាប់អ្នកអំពីព្រឹត្តិការណ៍ទាំងនោះឬ? ពួកគេមានគំនិតជាក់លាក់មួយ ដែលពួកគេចង់បញ្ជ្រាបមនោគមវិជ្ជាដល់អ្នក។ ហើយតើអ្វីទៅជាចំណុចសំខាន់នៃការបញ្ជ្រាបមនោគមវិជ្ជារបស់ពួកគេ? នេះគឺជាអ្វីដែលយើងត្រូវវិភាគ និងវែកញែក។ សូមឱ្យខ្ញុំលើកឧទាហរណ៍មួយ ដើម្បីឱ្យអ្នករាល់គ្នាអាចយល់ពីអ្វីដែលពួកគេចង់បញ្ជ្រាបមនោគមវិជ្ជាដល់មនុស្ស។ បន្ទាប់ពីពិនិត្យមើលប្រវត្តិសាស្ត្រតាំងពីសម័យបុរាណរហូតដល់បច្ចុប្បន្ន ទីបំផុត មនុស្សបានបង្កើតពាក្យមួយឃ្លា ពួកគេបានសង្កេតឃើញការពិតមួយពីប្រវត្តិសាស្ត្រមនុស្សជាតិ នោះគឺ៖ «អ្នកឈ្នះជាស្ដេច អ្នកចាញ់ជាចោរ»។ តើនេះជាចំណេះដឹងឬទេ? (មែន។) ចំណេះដឹងនេះកើតចេញពីការពិតក្នុងប្រវត្តិសាស្ត្រ។ តើពាក្យមួយឃ្លានេះមានពាក់ព័ន្ធអ្វីនឹងមាគ៌ា និងមធ្យោបាយដែលព្រះជាម្ចាស់មានអធិបតេយ្យភាពលើរបស់សព្វសារពើដែរឬទេ? (ទេ មិនមានទេ។) តាមការពិត វាគឺផ្ទុយស្រឡះ វាផ្ទុយ និងប្រឆាំងនឹងមាគ៌ា និងមធ្យោបាយទាំងនោះ។ ដូច្នេះ អ្នកត្រូវបានគេបញ្ជ្រាបមនោគមវិជ្ជាដោយពាក្យមួយឃ្លានេះ ហើយប្រសិនបើអ្នកមិនយល់ពីសេចក្ដីពិត ឬប្រសិនបើអ្នកមិនជឿ តើអ្នកអាចនឹងគិតយ៉ាងណាបន្ទាប់ពីឮវា? តើអ្នកនឹងយល់ឃើញយ៉ាងណាចំពោះពាក្យមួយឃ្លានេះ? ជាដំបូង អ្នកប្រវត្តិសាស្ត្រ ឬសៀវភៅប្រវត្តិសាស្ត្រទាំងនេះ លើកឡើងពីព្រឹត្តិការណ៍ទាំងអស់នៃប្រភេទនេះ ដោយប្រើប្រាស់ភស្តុតាង និងព្រឹត្តិការណ៍ប្រវត្តិសាស្ត្រគ្រប់គ្រាន់ ដើម្បីបញ្ជាក់ពីភាពត្រឹមត្រូវនៃពាក្យមួយឃ្លានេះ។ ដំបូងឡើយ អ្នកប្រហែលជាគ្រាន់តែបានរៀនពាក្យមួយឃ្លានេះពីសៀវភៅមួយ ហើយគ្រាន់តែដឹងពីពាក្យមួយឃ្លានេះផ្ទាល់ប៉ុណ្ណោះ។ អ្នកប្រហែលជាយល់វាត្រឹមកម្រិតមួយ ឬដល់កម្រិតជាក់លាក់ណាមួយប៉ុណ្ណោះ រហូតទាល់តែអ្នកបានដឹងពីព្រឹត្តិការណ៍ទាំងនេះ។ ប៉ុន្តែ ពេលដែលអ្នកឮការពិតក្នុងប្រវត្តិសាស្ត្រទាំងនេះ ការទទួលស្គាល់ និងការយល់ស្របរបស់អ្នកចំពោះពាក្យមួយឃ្លានេះ នឹងកាន់តែស៊ីជម្រៅ។ អ្នកនឹងមិននិយាយដាច់ខាតថា «រឿងខ្លះមិនមែនបែបនោះទេ»។ ផ្ទុយទៅវិញ អ្នកនឹងនិយាយថា «វាគឺបែបនេះឯង ក្រឡេកមើលប្រវត្តិសាស្ត្រតាំងពីសម័យបុរាណរហូតដល់បច្ចុប្បន្ន មនុស្សជាតិបានវិវឌ្ឍតាមរបៀបនេះ គឺអ្នកឈ្នះជាស្ដេច អ្នកចាញ់ជាចោរ!»។ នៅពេលដែលអ្នកយល់ឃើញពីរឿងនេះតាមរបៀបបែបនេះ តើអ្នកនឹងមានទស្សនៈ និងអាកប្បកិរិយាយ៉ាងណាចំពោះការប្រព្រឹត្តខ្លួនរបស់អ្នក អាជីពរបស់អ្នក និងជីវិតប្រចាំថ្ងៃរបស់អ្នក ក៏ដូចជាមនុស្ស ព្រឹត្តិការណ៍ និងរបស់ផ្សេងៗដែលនៅជុំវិញអ្នក? តើការយល់ឃើញបែបនេះ នឹងផ្លាស់ប្ដូរអាកប្បកិរិយារបស់អ្នកដែរឬទេ? (មែន។) លើសពីអ្វីៗទាំងអស់ វាច្បាស់ជាផ្លាស់ប្ដូរ។ ដូច្នេះ តើវានឹងផ្លាស់ប្ដូរអាកប្បកិរិយារបស់អ្នកដោយរបៀបណា? តើវានឹងណែនាំ និងផ្លាស់ប្ដូរទិសដៅនៃជីវិតរបស់អ្នក និងវិធីសាស្ត្ររបស់អ្នកក្នុងការប្រព្រឹត្តក្នុងលោកីយ៍ដែរឬទេ? ប្រហែលជាពីមុន អ្នកធ្លាប់ជឿថា «ភាពសុខដុមគឺជាឃ្លាំងទ្រព្យ សេចក្ដីអត់ធ្មត់គឺជាភាពត្រចះត្រចង់» និង «មនុស្សល្អ ទើបមានជីវិតសុខសាន្ត»។ ឥឡូវនេះ អ្នកនឹងគិតថា «ដោយសារតែ 'អ្នកឈ្នះជាស្ដេច អ្នកចាញ់ជាចោរ' ប្រសិនបើខ្ញុំចង់ក្លាយជាមន្ត្រី ខ្ញុំនឹងត្រូវពិចារណាយ៉ាងប្រុងប្រយ័ត្នចំពោះអ្នកនេះឬអ្នកនោះ។ ពួកគេមិននៅខាងខ្ញុំទេ ដូច្នេះ ខ្ញុំមិនអាចដំឡើងតំណែងឱ្យពួកគេបានឡើយ ទោះបីជាពួកគេស័ក្តិសមនឹងទទួលបានការដំឡើងតំណែងក៏ដោយ»។ នៅពេលដែលអ្នកគិតពីរឿងរ៉ាវតាមរបៀបនេះ អាកប្បកិរិយារបស់អ្នកនឹងផ្លាស់ប្ដូរ ហើយវានឹងផ្លាស់ប្ដូរយ៉ាងឆាប់រហ័ស។ តើការផ្លាស់ប្ដូរនេះនឹងកើតឡើងដោយរបៀបណា? វាគឺដោយសារតែអ្នកបានទទួលយកគំនិត និងទស្សនៈដែលថា «អ្នកឈ្នះជាស្ដេច អ្នកចាញ់ជាចោរ»។ ការឮអង្គហេតុជាច្រើន នឹងធ្វើឱ្យអ្នកកាន់តែជឿជាក់លើភាពត្រឹមត្រូវនៃទស្សនៈនេះ នៅក្នុងជីវិតពិតរបស់មនុស្ស។ អ្នកនឹងជឿជាក់យ៉ាងជ្រាលជ្រៅថា អ្នកគួរតែអនុវត្តទស្សនៈនេះទៅលើសកម្មភាព និងការប្រព្រឹត្តរបស់អ្នកផ្ទាល់ ដើម្បីដេញតាមជីវិត និងអនាគតរបស់អ្នកនៅថ្ងៃមុខ។ ចុះតើគំនិត និងទស្សនៈនេះ មិនបានផ្លាស់ប្ដូរអ្នកទេឬ? (មែនហើយ។) ហើយខណៈពេលដែលវាកំពុងផ្លាស់ប្ដូរអ្នក វាក៏កំពុងធ្វើឱ្យអ្នកពុករលួយផងដែរ។ វាគឺបែបនេះឯង។ ចំណេះដឹងបែបនេះ ផ្លាស់ប្ដូរ និងធ្វើឱ្យអ្នកពុករលួយ។ ដូច្នេះ បើមើលពីឫសគល់នៃបញ្ហានេះ ទោះបីជាប្រវត្តិសាស្ត្រទាំងនេះត្រូវបានរៀបរាប់យ៉ាងត្រឹមត្រូវកម្រិតណាក៏ដោយ ទីបំផុត ពួកវាត្រូវបានសង្ខេបទៅជាពាក្យមួយឃ្លានេះ ហើយអ្នកត្រូវបានគេបញ្ជ្រាបមនោគមវិជ្ជាដោយគំនិតនេះ។ តើចំណេះដឹងនេះគឺជាតួអង្គនៃសេចក្ដីពិត ឬជាតក្កវិជ្ជារបស់សាតាំង? (ជាតក្កវិជ្ជារបស់សាតាំង។) ត្រឹមត្រូវហើយ។ តើខ្ញុំបានពន្យល់រឿងនេះលម្អិតគ្រប់គ្រាន់ហើយឬនៅ? (គ្រប់គ្រាន់ហើយ។) តើវាងាយស្រួលសម្រាប់មនុស្សក្នុងការយល់ពីគោលលទ្ធិបន្តិចបន្តួចនេះដែរឬទេ? ឥឡូវនេះ វាច្បាស់ហើយ។ ប្រសិនបើអ្នកមិនជឿលើព្រះជាម្ចាស់ទេ ទោះបីរស់ពីរជាតិក៏ដោយ ក៏អ្នកនៅតែមិនយល់ពីរឿងនេះឡើយ។ អ្នកកាន់តែរស់នៅ អ្នកនឹងកាន់តែមានអារម្មណ៍ថាអ្នកល្ងង់ខ្លៅ ហើយគិតថាអ្នកមិនទាន់ឃោរឃៅគ្រប់គ្រាន់ទេ ហើយថាអ្នកគួរតែឃោរឃៅជាងនេះ មានល្បិចកលជាងនេះ ពិសពុលជាងនេះ ហើយក្លាយជាមនុស្សដែលអាក្រក់ និងទុច្ចរិតជាងនេះ។ អ្នកនឹងគិតក្នុងចិត្តថា៖ «បើគេអាចសម្លាប់មនុស្សបាន នោះខ្ញុំត្រូវតែដុតភ្លើងបំផ្លាញ។ បើគេសម្លាប់មនុស្សម្នាក់ នោះខ្ញុំត្រូវតែសម្លាប់ ១០ នាក់។ បើគេសម្លាប់ដោយមិនបន្សល់ដាន នោះខ្ញុំនឹងធ្វើបាបមនុស្សដោយមិនឱ្យពួកគេដឹងខ្លួនឡើយ។ ខ្ញុំថែមទាំងធ្វើឱ្យកូនចៅរបស់ពួកគេអរគុណខ្ញុំរហូតដល់បីជំនាន់ទៀតផង!»។ នេះគឺជាឥទ្ធិពលដែលទស្សនៈវិជ្ជា ចំណេះដឹង បទពិសោធ និងមេរៀនរបស់សាតាំង បានបង្កឡើងចំពោះមនុស្សជាតិ។ តាមការពិត វាគ្រាន់តែជាការធ្វើបាប និងការធ្វើឱ្យពុករលួយប៉ុណ្ណោះ។ ហេតុដូច្នេះហើយ ទោះបីជាចំណេះដឹងប្រភេទណាដែលកំពុងត្រូវបានគេបង្រៀន ឬផ្សព្វផ្សាយនៅក្នុងលោកីយ៍នេះក៏ដោយ វានឹងបញ្ជ្រាបមនោគមវិជ្ជាដល់អ្នកនូវគំនិត ឬទស្សនៈមួយ។ ប្រសិនបើអ្នកមិនអាចវែកញែករឿងនេះបានទេ អ្នកនឹងត្រូវពុលជាមិនខាន។ សរុបមក រឿងមួយគឺប្រាកដណាស់នៅពេលនេះ៖ វាមិនសំខាន់ទេថា តើចំណេះដឹងនេះមកពីមនុស្សសាមញ្ញ ឬមកពីប្រភពផ្លូវការ ទោះបីជាវាត្រូវបានគោរពលើកតម្កើងដោយមនុស្សភាគតិច ឬគោរពដោយមនុស្សភាគច្រើនក៏ដោយ គ្មានរឿងណាមួយក្នុងចំណោមរឿងទាំងនេះ ពាក់ព័ន្ធនឹងសេចក្ដីពិតឡើយ។ សេចក្ដីពិតគឺជាតថភាពនៃអ្វីៗដែលវិជ្ជមានទាំងអស់។ ភាពត្រឹមត្រូវរបស់វាមិនត្រូវបានកំណត់ដោយចំនួនមនុស្សដែលទទួលស្គាល់វានោះទេ។ តថភាពនៃអ្វីៗដែលវិជ្ជមាន គឺខ្លួនវាផ្ទាល់ជាសេចក្ដីពិត។ គ្មាននរណាម្នាក់អាចផ្លាស់ប្ដូររឿងនេះបានទេ ហើយក៏គ្មាននរណាម្នាក់អាចបដិសេធវាបានដែរ។ សេចក្ដីពិតនឹងតែងតែជាសេចក្ដីពិតជានិច្ច។
ចូរយើងនិយាយអំពីការពិតដែលថា ព្រះជាម្ចាស់មានអធិបតេយ្យភាពលើរបស់សព្វសារពើ។ តាំងពីព្រះជាម្ចាស់ចាប់ផ្ដើមដឹកនាំមនុស្សជាតិមក ព្រះអង្គក៏បានកត់ត្រាទុកនូវប្រវត្តិសាស្ត្រ និងកំណត់ហេតុផងដែរ។ តើព្រះជាម្ចាស់ទតមើលប្រវត្តិសាស្ត្រមនុស្សជាតិយ៉ាងដូចម្ដេច? អ្វីដែលព្រះជាម្ចាស់ចង់ឱ្យមនុស្សមើលឃើញ គឺជាសេចក្ដីពិត ហើយការវាយតម្លៃ និងការសន្និដ្ឋានដែលមនុស្សធ្វើឡើងចំពោះរឿងរ៉ាវផ្សេងៗ មិនមែនជាសេចក្ដីពិតឡើយ។ ប៉ុន្តែ ហេតុអ្វីបានជាមនុស្សមិនមើលប្រវត្តិសាស្ត្រដោយផ្អែកលើព្រះបន្ទូលរបស់ព្រះជាម្ចាស់ និងសេចក្ដីពិត? ពីព្រោះមនុស្សស្អប់ខ្ពើមចំពោះសេចក្ដីពិត ស្អប់សេចក្ដីពិត ហើយមិនទទួលយកសេចក្ដីពិតសូម្បីតែបន្តិចទាល់តែសោះ។ នោះហើយជាមូលហេតុដែលពួកគេអាចបង្កើតបាននូវសំណុំទ្រឹស្ដីដែលមើលទៅហាក់ដូចជាមានហេតុផល តែគួរឱ្យអស់សំណើច និងមិនសមហេតុផល។ ជាឧទាហរណ៍ ព្រះអម្ចាស់យេស៊ូវបានចាប់កំណើតដោយព្រះវិញ្ញាណបរិសុទ្ធ។ នេះគឺជារឿងវិជ្ជមាន។ ចុះតើសាតាំងនិយាយយ៉ាងណាអំពីរឿងនេះ? សាតាំងមិនទទួលស្គាល់ការពិតនៃការចាប់កំណើតដោយព្រះវិញ្ញាណបរិសុទ្ធទេ ហើយថែមទាំងប្រមាថថា ព្រះអម្ចាស់យេស៊ូវគឺជាកូនឥតខាន់ស្លា ថាទ្រង់ប្រសូតចេញពីមនុស្សលោកទៅវិញ។ សាតាំងយកពាក្យដ៏ស្មោកគ្រោកបំផុតរបស់មនុស្សជាតិ ជាពាក្យសម្ដីដែលមនុស្សមើលងាយ និងស្អប់ខ្ពើម មកប្រើចំពោះការប្រសូតរបស់ព្រះអម្ចាស់យេស៊ូវ។ តើនេះមិនមែនជាការបំភ្លៃការពិតទេឬ? (មែនហើយ។) ការចាប់កំណើតដោយព្រះវិញ្ញាណបរិសុទ្ធ គឺជាកិច្ចការរបស់ព្រះជាម្ចាស់។ ហើយទោះបីជាវាមានទម្រង់បែបណាក៏ដោយ មានរឿងមួយដែលប្រាកដច្បាស់អំពីកិច្ចការរបស់ព្រះជាម្ចាស់៖ នោះគឺជាសេចក្ដីពិត ជាសេចក្ដីពិតដែលមិនអាចផ្លាស់ប្ដូរបាន។ ដូច្នេះ ហេតុអ្វីបានជាសាតាំងមិនទទួលយកការពិតដ៏ច្បាស់ក្រឡែតបែបនេះ ជាការពិតដែលត្រូវបានតម្រូវទុកជាមុន និងធ្វើបន្ទាល់ដោយព្រះជាម្ចាស់? ហេតុអ្វីបានជាសាតាំងធ្វើមិនដឹងមិនឮពីរឿងនេះ ហើយថែមទាំងពណ៌នាព្រះអម្ចាស់យេស៊ូវថាជាកូនឥតខាន់ស្លាដែលប្រសូតចេញពីមនុស្សលោកទៅវិញ? (វាស្អប់សេចក្ដីពិត វាស្អប់អ្វីវិជ្ជមាន។) វាមានចេតនាបង្ខូចកេរ្តិ៍ឈ្មោះព្រះជាម្ចាស់! សាតាំងដឹងច្បាស់បំផុតពីការពិតនេះ វាមើលឃើញរឿងនេះយ៉ាងច្បាស់ក្រឡែតនៅក្នុងពិភពខាងវិញ្ញាណ។ ចុះហេតុអ្វីបានជាវាធ្វើបែបនេះ? តើវាមានហេតុផលអ្វី តើវាមានចេតនាអ្វី? ហេតុអ្វីបានជាវាផ្សព្វផ្សាយពាក្យសម្ដីបែបនេះ? វាមានចេតនាមួលបង្កាច់ និងបង្ខូចកេរ្តិ៍ឈ្មោះព្រះជាម្ចាស់។ តើវាមានគោលបំណងអ្វីក្នុងការបង្ខូចកេរ្តិ៍ឈ្មោះព្រះជាម្ចាស់? គឺដើម្បីធ្វើឱ្យមនុស្សជឿថាព្រះយេស៊ូវគឺជាកូនឥតខាន់ស្លា ចាត់ទុករឿងនេះថាជារឿងគួរឱ្យអាម៉ាស់ ហើយដោយហេតុនេះ ពួកគេនឹងមិនជឿលើទ្រង់ឡើយ។ សាតាំងគិតថា៖ «ប្រសិនបើមនុស្សគ្មានសេចក្ដីជំនឿលើព្រះអង្គទេ នោះព្រះអង្គនឹងមិនអាចបញ្ចប់កិច្ចការរបស់ព្រះអង្គបានឡើយ តើមែនទេ?»។ តាមការពិត សេចក្ដីពិតនឹងនៅតែជាសេចក្ដីពិតជានិច្ច។ ទោះបីជាមនុស្សជាតិទាំងមូលបានបដិសេធវានៅពេលនោះក៏ដោយ ពីរពាន់ឆ្នាំក្រោយមក ទីបំផុត ព្រះអម្ចាស់យេស៊ូវមានអ្នកដើរតាម និងអ្នកដែលសរសើរតម្កើងទ្រង់នៅទូទាំងពិភពលោក ឈើឆ្កាងត្រូវបានដាក់តាំងបង្ហាញយ៉ាងលេចធ្លោនៅគ្រប់ទីកន្លែង ហើយសាតាំងបានទទួលបរាជ័យ។ តើពាក្យសម្ដីរបស់សាតាំងទទួលបានលទ្ធផលដែរឬទេ? (ទេ មិនបានទេ។) ហេតុដូច្នេះហើយ វាមិនមែនជាសេចក្ដីពិតទេ វាមិនអាចស្ថិតស្ថេរបានឡើយ ហើយការបង្ខូចកេរ្តិ៍ឈ្មោះទ្រង់ គឺគ្មានប្រយោជន៍ទេ។ ទោះបីជារឿងដែលព្រះជាម្ចាស់បានធ្វើនេះ ស្របតាមសញ្ញាណ និងការស្រមើស្រមៃរបស់មនុស្ស ឬទោះបីជាវាដើរផ្ទុយពីវប្បធម៌ប្រពៃណី ពាក្យសម្ដី ឬក្រមសីលធម៌របស់មនុស្សជាតិក៏ដោយ ក៏ព្រះជាម្ចាស់មិនខ្វាយខ្វល់ឡើយ។ ហេតុអ្វីបានជាព្រះជាម្ចាស់មិនខ្វាយខ្វល់? តើរឿងនេះពាក់ព័ន្ធនឹងអ្វី? ដោយសារព្រះជាម្ចាស់មានអធិបតេយ្យភាពលើអ្វីៗទាំងអស់ តើពាក្យរបស់អារក្សសាតាំងទាំងនេះ អាចបំផ្លាញកិច្ចការរបស់ព្រះជាម្ចាស់បានដែរឬទេ? អ្នករាល់គ្នាមិនអាចមើលធ្លុះរឿងនេះទេ តើមែនទេ? (ទេ ពួកយើងមិនអាចទេ។) ប្រាប់ខ្ញុំមក តើអ្វីៗទាំងអស់មិនមែនស្ថិតនៅក្នុងព្រះហស្ដរបស់ព្រះជាម្ចាស់ទេឬ? (មែនហើយ។) តើពាក្យរបស់អារក្សសាតាំង ត្រឹមតែពាក្យពីរបីម៉ាត់នោះ អាចបំផ្លាញផែនការគ្រប់គ្រងរបស់ព្រះជាម្ចាស់បានដែរឬទេ? តើវាអាចទៅរួចដែរឬទេ? (ទេ វាមិនអាចទៅរួចទេ។) សាតាំងចង់ទទួលបានជោគជ័យ ប៉ុន្តែតើវាអាចធ្វើបានដែរឬទេ? សេចក្ដីពិតនឹងនៅតែជាសេចក្ដីពិតជានិច្ច។ នេះគឺជាអំណាចនៃសេចក្ដីពិត។ អំណាចនៃសេចក្ដីពិត គឺជារឿងដែលគ្មាននរណាម្នាក់ រួមទាំងសាតាំងផង អាចផ្លាស់ប្ដូរបានឡើយ។ សូម្បីតែពេលនេះក៏ដោយ ក៏សាតាំងនៅតែបន្តផ្សព្វផ្សាយពាក្យសម្ដីនោះដដែល។ តើវាទទួលបានលទ្ធផលដែរឬទេ? ទេ វាមិនទទួលបានលទ្ធផលឡើយ។ កិច្ចការនៃយុគសម័យនៃព្រះគុណត្រូវបានបញ្ចប់ហើយ ដំណឹងល្អរបស់ព្រះអម្ចាស់យេស៊ូវត្រូវបានផ្សព្វផ្សាយរហូតដល់ចុងផែនដី ហើយកិច្ចការថ្មីនៃការជំនុំជម្រះនៅគ្រាចុងក្រោយ ត្រូវបានដំណើរការអស់រយៈពេលជាច្រើនឆ្នាំមកហើយ។ សាតាំងបានទទួលបរាជ័យ និងរងភាពអាម៉ាស់ជាយូរមកហើយ។ ដូច្នេះ តើមានប្រយោជន៍អ្វីនៅពេលនេះ សម្រាប់ការដែលសាតាំងខឹងសម្បារ និងខកចិត្តនោះ? ទេ គឺគ្មានប្រយោជន៍ឡើយ។ ហេតុដូច្នេះហើយ មិនថាជាទស្សនៈបែបណា ឬកម្រិតនៃចំណេះដឹងខ្ពស់ប៉ុនណា ឬមិនថាទស្សនៈនេះត្រូវបានប្រើ និងផ្សព្វផ្សាយក្នុងចំណោមមនុស្សចំនួនប៉ុន្មានក៏ដោយ ទាំងនេះគឺសុទ្ធតែគ្មានប្រយោជន៍ឡើយ វានឹងមិនអាចឈរជើងបានទេ។ កិច្ចការរបស់ព្រះជាម្ចាស់គឺមិនអាចបញ្ឈប់បានឡើយ សូម្បីតែសាតាំងក៏មិនអាចបញ្ឈប់វាបានដែរ។ តើមនុស្សតូចតាចពីរបីនាក់ ពិតជាគិតថាពួកគេអាចបញ្ឈប់កិច្ចការរបស់ព្រះជាម្ចាស់បានមែនឬ? នោះគឺជាការវង្វេងវង្វាន់ហើយ! អ្នករាល់គ្នាជាច្រើននាក់ បានធំដឹងក្ដីឡើងជាមួយនឹងពាក្យចចាមអារ៉ាមគ្មានមូលដ្ឋានទាំងនេះ ដោយទទួលយកទស្សនៈបំភាន់របស់សាតាំង ហើយក្បាលរបស់អ្នករាល់គ្នាពោរពេញទៅដោយរឿងរ៉ាវដូចជា តក្កវិជ្ជា ទស្សនវិជ្ជា ចំណេះដឹង និងវិទ្យាសាស្ត្ររបស់សាតាំង។ ចុះតើមានរឿងអ្វីកើតឡើងបន្ទាប់ពីនោះ? នៅពេលដែលព្រះបន្ទូលរបស់ព្រះជាម្ចាស់បានមកដល់អ្នករាល់គ្នា អ្នករាល់គ្នាទាំងអស់គ្នានៅតែបានឮព្រះសូរសៀងរបស់ព្រះជាម្ចាស់ ហើយបានត្រឡប់មកចំពោះព្រះជាម្ចាស់វិញ។ ពាក្យចចាមអារ៉ាមរបស់សាតាំង និងពាក្យរបស់អារក្ស គឺគ្មានប្រយោជន៍ឡើយ។ រឿងទាំងនោះមិនបានបញ្ឈប់កិច្ចការរបស់ព្រះជាម្ចាស់ពីការឈានទៅមុខ សូម្បីតែបន្តិចសោះឡើយ។ រាស្ដ្ររើសតាំងរបស់ព្រះជាម្ចាស់នៅគ្រប់ប្រទេស បានចាប់ផ្ដើមទទួលយកកិច្ចការរបស់ព្រះជាម្ចាស់នៅគ្រាចុងក្រោយ។ ជារៀងរាល់ថ្ងៃ ពួកគេហូប និង ផឹកព្រះបន្ទូលរបស់ព្រះជាម្ចាស់ ស្ដាប់សេចក្ដីអធិប្បាយ និងការប្រកបគ្នា។ ពួកគេបំពេញភារកិច្ចរបស់ខ្លួនសម្រាប់ព្រះជាម្ចាស់ និងធ្វើបន្ទាល់ថ្វាយទ្រង់។ សាតាំងរិះគិតពីរឿងនេះ ហើយនិយាយថា៖ «ហេតុអ្វីបានជាពាក្យបំភាន់ជាច្រើនរបស់ខ្ញុំមិនទទួលបានលទ្ធផលសោះអ៊ីចឹង? ខ្ញុំបានធ្វើរឿងជាច្រើនដើម្បីគាបសង្កត់ ចាប់ចង និងធ្វើបាបរាស្ដ្ររើសតាំងរបស់ព្រះ ហេតុអ្វីបានជារឿងទាំងនោះមិនសូវមានឥទ្ធិពលអ្វីសោះ? ហេតុអ្វីបានជាចំនួនអ្នកជឿលើព្រះ បែរជាកើនឡើងទៅវិញ?»។ បន្ទាប់មក វាក៏ដឹងនៅក្នុងចិត្តរបស់វាថា ព្រះជាម្ចាស់ពិតជាមានគ្រប់ព្រះចេស្ដាមែន បន្ទាប់ពីនោះ វាក៏រងភាពអាម៉ាស់យ៉ាងខ្លាំង ហេតុនេះហើយទើបមានពាក្យពោលថា៖ «សាតាំងនឹងតែងតែទទួលបរាជ័យនៅក្រោមព្រះហស្ដរបស់ព្រះជាម្ចាស់ជានិច្ច»។ តើនេះគឺជាការពិតដែរឬទេ? (មែនហើយ។) វាពិតជាព្រះបន្ទូលរបស់ព្រះជាម្ចាស់មែន ដែលអាចសម្រេចបាននូវអ្វីៗគ្រប់យ៉ាង! សាតាំង និងស្ដេចអារក្សទាំងអស់ កំពុងតែបម្រើការដល់ព្រះជាម្ចាស់។ នៅក្នុងព្រះហស្ដរបស់ព្រះជាម្ចាស់ ពួកគេគឺជាវត្ថុបម្រើ និងជាមនុស្សបន្ទាប់បន្សំ។ តើវត្ថុបម្រើ និងមនុស្សបន្ទាប់បន្សំទាំងនេះ មានពាក់ព័ន្ធអ្វីជាមួយពួកយើងដែរឬទេ? (ទេ។) ទេ ពួកគេមិនពាក់ព័ន្ធឡើយ។ ពួកយើងគ្រាន់តែត្រូវផ្ដោតលើការជឿលើព្រះជាម្ចាស់ប៉ុណ្ណោះ ពួកយើងគ្មានអ្វីពាក់ព័ន្ធនឹងពួកគេឡើយ។ មិនថាពួកគេជាស្ដេច ឬជាជនក្រៅច្បាប់នោះទេ ពួកគេគឺជាកម្មសិទ្ធិរបស់សាតាំង ហើយពួកគេនឹងត្រូវបំផ្លាញចោល។ ពួកយើងគ្រាន់តែត្រូវដើរតាមព្រះជាម្ចាស់ដោយអស់ពីចិត្ត ក្បត់សាតាំងជារៀងរហូត ហើយដើរទៅជាមួយព្រះជាម្ចាស់តែមួយអង្គគត់។ នេះទើបជារឿងត្រឹមត្រូវដែលត្រូវធ្វើ។
ខ្ញុំបានលើកឧទាហរណ៍អំពីចំណេះដឹង និងបទពិសោធរួចហើយ ដូច្នេះ ឥឡូវនេះ អ្នករាល់គ្នាគួរតែយល់ពីរឿងទាំងនេះបានត្រឹមត្រូវជាងមុនបន្តិចហើយ។ តើការប្រកបគ្នាអំពីរឿងទាំងនេះ មានគោលបំណងអ្វី? ម្យ៉ាងវិញ គឺដើម្បីឱ្យអ្នករាល់គ្នាអាចប្រើប្រាស់ការពិត និងឧទាហរណ៍ទាំងនេះ ដើម្បីវែកញែកពួកទទឹងនឹងព្រះគ្រីស្ទ ហើយក៏ដើម្បីឱ្យស្គាល់ទិដ្ឋភាពនៃនិស្ស័យរបស់ពួកទទឹងនឹងព្រះគ្រីស្ទនៅក្នុងខ្លួនអ្នករាល់គ្នាផ្ទាល់ផងដែរ។ ម្យ៉ាងវិញទៀត តើការពិភាក្សាបែបនេះ មិនអាចទប់ស្កាត់មនុស្សមួយចំនួនពីការធ្វើសកម្មភាពដោយផ្ដេសផ្ដាសទេឬ? (មែនហើយ។) កាលពីមុន មនុស្សមួយងាយនឹងពឹងផ្អែកលើបទពិសោធ និងវិធីសាស្ត្រចាស់គំរិល ក្នុងការបំពេញភារកិច្ចរបស់ពួកគេ ហើយពួកគេប្រកាន់ខ្ជាប់នូវរបៀបធ្វើការងាររបស់ពួកគេផ្ទាល់ ដូច្នេះ ពួកគេបានបង្អាក់ និងរំខានដល់កិច្ចការនៃដំណាក់របស់ព្រះជាម្ចាស់ ហើយជាលទ្ធផល ពួកគេក៏ត្រូវបានចាត់ការដោះស្រាយ។ ពួកគេឱ្យតម្លៃលើការអនុវត្ត និងបទពិសោធដែលហួសសម័យរបស់ពួកគេ លើសអ្វីៗទាំងអស់ ដោយមិនដែលគិតដល់រឿងដែលសំខាន់បំផុតនោះទេ៖ ថាតើព្រះជាម្ចាស់បានមានបន្ទូល ឬតម្រូវអ្វីខ្លះពីមនុស្ស ឬរបៀបប្រកាន់ខ្ជាប់នូវគោលការណ៍សេចក្ដីពិត។ ពួកគេក៏បានប្រកាន់ខ្ជាប់យ៉ាងរឹងរូសនូវការអនុវត្តហួសសម័យរបស់ពួកគេ ហើយថែមទាំងបានប្រើប្រាស់តក្កវិជ្ជាដ៏គួរឱ្យអស់សំណើចធ្វើជាមូលដ្ឋានសម្រាប់រឿងនេះទៀតផង៖ «ពួកយើងតែងតែធ្វើបែបនេះជានិច្ច» «នៅកន្លែងពួកយើង គេតែងតែធ្វើបែបនេះជានិច្ច។ នេះជារបៀបដែលដូនតារបស់ពួកយើងធ្លាប់ធ្វើ»។ ហេតុអ្វីបានជាពួកគេតែងតែសង្កត់ធ្ងន់លើរឿងបែបនេះ? នេះបញ្ជាក់ថា ពួកគេមិនទទួលយករឿងថ្មីៗទេ និងថាពួកគេមិនទទួលយកសេចក្ដីពិតឡើយ។ ពួកគេមិនអាចមើលធ្លុះពីភាពឆ្គាំឆ្គង ភាពថយក្រោយ និងភាពគួរឱ្យអស់សំណើចនៃវិធីសាស្ត្រហួសសម័យទាំងនេះឡើយ។ ពួកគេមិនបានដឹងថា មានវិធីសាស្ត្រថ្មីៗក្នុងការធ្វើអ្វីៗ ដែលជាវិធីសាស្ត្រជឿនលឿនជាង ត្រឹមត្រូវជាង និងស័ក្តិសមជាងនោះទេ។ ពួកគេតែងតែប្រកាន់ខ្ជាប់នូវរបៀបចាស់គំរិលរបស់ពួកគេ ដោយពឹងផ្អែកលើបទពិសោធចាស់ៗរបស់ពួកគេ ដោយគិតថាពួកគេជឿនលឿនណាស់ ថាពួកគេកំពុងតែអនុវត្តសេចក្ដីពិត។ តើមនុស្សទាំងនេះមិនមែនជាប្រភេទមនុស្សគួរឱ្យអស់សំណើចទេឬ? «នៅកន្លែងពួកយើង គេតែងតែធ្វើបែបនេះជានិច្ច» «របៀបដែលខ្ញុំធ្លាប់ធ្វើពីមុន» «ពួកយើងតែងតែធ្វើបែបនេះជានិច្ច»។ តើវិធីសាស្ត្រចាស់ៗ និងរឿងហួសសម័យទាំងនេះ អាចជំនួសគោលការណ៍សេចក្ដីពិតបានដែរឬទេ? តើការធ្វើអ្វីៗតាមរបៀបចាស់គំរិល មានន័យថាបុគ្គលនោះកំពុងអនុវត្តសេចក្ដីពិតមែនឬ? មនុស្សទាំងនោះមិនយល់អ្វីទាំងអស់ ហើយក៏មិនអាចមើលធ្លុះអ្វីទាំងអស់ដែរ។ តើពួកគេមិនមែនជាមនុស្សគំនិតចាស់គំរិល ដែលប្រកាន់ខ្ជាប់នូវវិធីសាស្ត្រចាស់ៗ និងមានភាពរឹងរូសទេឬ? វាពិតជាលំបាកខ្លាំងណាស់ សម្រាប់មនុស្សបែបនេះក្នុងការទទួលយកសេចក្ដីពិត! ប្រាប់ខ្ញុំមក មិនថារឿងអ្វីមួយថ្មី ឬចាស់នោះទេ តើអ្នកចូលទៅប្រឈមនឹងវាដោយរបៀបណា? តើអ្នកចាត់ចែងវាដោយរបៀបណា? តើអ្នកមានមូលដ្ឋានអ្វីដើម្បីចាត់ចែងវា? ប្រសិនបើមនុស្សគ្រប់គ្នាមានចំណេះដឹងត្រឹមតែបន្តិចបន្តួចអំពីរឿងអ្វីមួយ តើអ្នកដោះស្រាយវាដោយរបៀបណា ទើបត្រឹមត្រូវ និងស្របតាមគោលការណ៍? ជាដំបូង អ្នកត្រូវសួរនរណាម្នាក់ដែលមានជំនាញបង្គួរនៅក្នុងវិស័យនេះ។ ដរាបណាអ្នករកឃើញនរណាម្នាក់ដែលមានចំណេះដឹង នោះអ្នកនឹងមានផ្លូវហើយ។ ប្រសិនបើអ្នកមិនអាចរកឃើញនរណាម្នាក់ដែលមានចំណេះដឹងទេ អ្នកអាចដោះស្រាយបញ្ហានេះបានទាំងស្រុង តាមរយៈការចូលអ៊ីនធឺណិត ដើម្បីស្វែងរកដំបូន្មាន ឬស្វែងរកព័ត៌មាន។ ហើយខណៈពេលដែលអ្នកស្វែងរក អ្នកនៅតែត្រូវអធិស្ឋានទៅកាន់ព្រះជាម្ចាស់ និងពឹងផ្អែកលើទ្រង់ សូមឱ្យព្រះជាម្ចាស់បើកផ្លូវទៅមុខ។ តើយើងហៅរឿងនេះថាជាអ្វី? យើងហៅរឿងនេះថាជា គោលការណ៍នៃការអនុវត្ត។ អ្នករាល់គ្នាមួយចំនួនគិតនៅក្នុងចិត្តថា៖ «ខ្ញុំគឺជាអ្នកជំនាញនៅក្នុងវិស័យនេះ ដែលមានបទពិសោធយ៉ាងច្រើនសន្ធឹកសន្ធាប់។ ខ្ញុំថែមទាំងធ្លាប់ទទួលបានពានរង្វាន់សម្រាប់ការធ្វើការងារនេះទៀតផង ដូច្នេះ ខ្ញុំមានទុននេះហើយ។ ដោយសារការងារនេះត្រូវបានផ្ទុកផ្ដាក់ឱ្យខ្ញុំ ខ្ញុំគឺជាអ្នកទទួលខុសត្រូវ។ ខ្ញុំមានសិទ្ធិអំណាចក្នុងការសម្រេចចិត្ត ហើយអ្វីៗគ្រប់យ៉ាងគឺអាស្រ័យលើខ្ញុំ។ គ្រប់គ្នាគួរតែធ្វើតាមបញ្ជារបស់ខ្ញុំ និងស្ដាប់បង្គាប់ខ្ញុំ។ អ្វីដែលអ្នកដទៃនិយាយ គឺមិនសំខាន់ឡើយ ហើយអ្នកណាដែលមិនយល់ស្របជាមួយខ្ញុំ គួរតែបិទមាត់ទៅ!»។ តើរបៀបគិតបែបនេះត្រឹមត្រូវដែរឬទេ? វាពិតជាមិនត្រឹមត្រូវឡើយ។ អាកប្បកិរិយារបស់អ្នក និងនិស្ស័យដែលអ្នកកំពុងបញ្ចេញឱ្យឃើញ គឺមានបញ្ហាហើយ។ នៅក្នុងចិត្តរបស់អ្នក អ្នកគិតថាការទទួលយកការផ្ទុកផ្ដាក់នេះ ផ្ដល់សិទ្ធិឱ្យអ្នកប្រើអំណាច។ អ្នកចង់ធ្វើជាអ្នកមានសិទ្ធិសម្រេច ហើយគ្មាននរណាម្នាក់ផ្សេងទៀតត្រូវបានអនុញ្ញាតឱ្យបញ្ចេញមតិឡើយ។ វាហាក់ដូចជាអ្នកមិនត្រូវការការសហការពីអ្នកដទៃ ឬមិនត្រូវការឱ្យគ្រប់គ្នាបញ្ចេញមតិយោបល់របស់ពួកគេឡើយ។ អ្វីៗគ្រប់យ៉ាងគឺប្រព្រឹត្តទៅតាមអ្វីដែលអ្នកនិយាយ គឺសុទ្ធតែអាស្រ័យលើអ្នក។ តើនេះជានិស្ស័យប្រភេទអ្វី? តើនេះមិនមែនជាការក្រអឺតក្រទមពេក និងខ្វះវិចារណញ្ញាណទេឬ? នេះជានិស្ស័យរបស់អាទទឹងនឹងព្រះគ្រីស្ទ។ វាអាចថាអ្នកមានគុណសម្បត្តិប្រសើរជាងអ្នកដទៃបន្តិច អ្នកប្រហែលជាមានការយល់ឃើញបន្តិចបន្តួច និងមានបទពិសោធបន្តិចបន្តួចនៅក្នុងរឿងនេះ។ ទោះជាយ៉ាងណាក៏ដោយ មានរឿងមួយដែលអ្នកត្រូវតែយល់ឱ្យច្បាស់៖ គ្មានអ្វីណាមួយក្នុងរបស់ទាំងនេះដែលអ្នកមាន ជាសេចក្ដីពិតឡើយ។ ប្រសិនបើអ្នកជឿថាខ្លួនឯងមានគុណសម្បត្តិប្រសើរជាងអ្នកដទៃបន្តិច មានការយល់ដឹងបន្តិចបន្តួច មានទេពកោសល្យបន្តិចបន្តួច និងមានចំណេះដឹងមួយចំនួន ហើយអ្នកចាត់ទុករឿងទាំងនេះជាសេចក្ដីពិត ហើយជឿថាខ្លួនឯងគឺជាសេចក្ដីពិត ព្រមទាំងគិតថាគ្រប់គ្នាត្រូវតែធ្វើតាមបញ្ជារបស់អ្នក និងស្ដាប់បង្គាប់ការរៀបចំរបស់អ្នក តើនេះមិនមែនជានិស្ស័យរបស់អាទទឹងនឹងព្រះគ្រីស្ទទេឬ? ប្រសិនបើអ្នកពិតជាធ្វើបែបនេះមែន នោះអ្នកគ្មានអ្វីក្រៅពីជាអាទទឹងនឹងព្រះគ្រីស្ទឡើយ។ តើមានអ្វីខុស ក្នុងការដែលអ្នកចាត់ទុកអំណោយទានរបស់អ្នកជាសេចក្ដីពិតនោះ? គុណសម្បត្តិ ការយល់ឃើញ ទេពកោសល្យ និងចំណេះដឹងដែលអ្នកមាន គឺមិនខុសទេ។ ដូច្នេះ តើយើងកំពុងវែកញែកអ្វីនៅទីនេះ? អ្វីដែលយើងកំពុងវែកញែក គឺជានិស្ស័យរបស់អ្នក។ ជានិស្ស័យពុករលួយដែលអ្នកលាក់ទុកនៅពីក្រោយរឿងទាំងនេះ ជានិស្ស័យក្រអឺតក្រទម ជានិស្ស័យដែលរាប់ខ្លួនឯងជាសុចរិត។ នៅពេលដែលអ្នកចាត់ទុកអំណោយទានរបស់អ្នកជាសេចក្ដីពិត អ្នកជឿថាអ្នកមានសេចក្ដីពិត ដោយសារតែអ្នកមានអំណោយទានទាំងនេះ។ អ្នកជំនួសសេចក្ដីពិតដោយអំណោយទានបែបនេះ ដូច្នេះ តើនេះជានិស្ស័យប្រភេទអ្វី? តើនេះមិនមែនជានិស្ស័យរបស់អាទទឹងនឹងព្រះគ្រីស្ទទេឬ? ពួកទទឹងនឹងព្រះគ្រីស្ទទាំងអស់ ចាត់ទុកគំនិតរបស់ពួកគេផ្ទាល់ ការរៀនសូត្ររបស់ពួកគេផ្ទាល់ អំណោយទាន និងទេពកោសល្យរបស់ពួកគេផ្ទាល់ ជាសេចក្ដីពិត។ ពួកគេគិតថា ដោយមានអំណោយទានទាំងនេះ ពួកគេក៏មានសេចក្ដីពិតដែរ។ ហេតុដូច្នេះហើយ ពួកគេទាមទារឱ្យអ្នកដទៃស្ដាប់បង្គាប់ពួកគេ ធ្វើតាមបញ្ជារបស់ពួកគេ និងចុះចូលនឹងអំណាចរបស់ពួកគេ។ នេះហើយជាចំណុចដែលពួកទទឹងនឹងព្រះគ្រីស្ទដើរខុស។ តើអ្នកពិតជាមានសេចក្ដីពិតមែនឬ? អ្នកមិនមានការយល់ដឹងពិតប្រាកដអំពីព្រះជាម្ចាស់ទេ ហើយអ្នកក៏មិនមានចិត្តកោតខ្លាចព្រះជាម្ចាស់ដែរ កាន់តែមិនមែនជាមនុស្សដែលចុះចូលនឹងព្រះជាម្ចាស់ទៅទៀត ហើយអ្នកមិនមានសេចក្ដីពិតសូម្បីតែបន្តិចសោះឡើយ ប៉ុន្តែអ្នកបែរជាក្រអឺតក្រទម អួតខ្លួនហួសហេតុ និងរាប់ខ្លួនឯងជាសុចរិត ដោយគិតថាអ្នកមានសេចក្ដីពិត ហើយថាអ្នកដទៃគួរតែស្ដាប់បង្គាប់អ្នក និងធ្វើតាមបញ្ជារបស់អ្នក។ អ្នកគឺជាអាទទឹងនឹងព្រះគ្រីស្ទពិតប្រាកដហើយ។
កិច្ចការផ្សាយដំណឹងល្អ ពាក់ព័ន្ធនឹងគម្រោងផ្សេងៗដែលតម្រូវឱ្យមនុស្សសិក្សា និងរៀនសូត្រពីជំនាញ និងវិជ្ជាជីវៈផ្សេងៗ ប៉ុន្តែ មនុស្សមួយចំនួនមិនយល់ពីបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ទេ ហើយងាយនឹងដើរវង្វេងផ្លូវណាស់។ ពួកគេគ្រាន់តែសិក្សាពីចំណេះដឹង និងជំនាញវិជ្ជាជីវៈប៉ុណ្ណោះ ដោយមិនទទួលយកសេចក្ដីពិតសូម្បីតែបន្តិចសោះឡើយ។ តើមនុស្សនេះជាមនុស្សប្រភេទណា? (ជាមនុស្សដែលមាននិស្ស័យរបស់អាទទឹងនឹងព្រះគ្រីស្ទ ដែលផ្ដោតសំខាន់លើអំណោយទាន។) ត្រឹមត្រូវហើយ។ នេះគឺជាប្រភេទមនុស្សដែលពួកយើងកំពុងលាតត្រដាង។ មនុស្សប្រភេទនេះមាននិស្ស័យរបស់ពួកទទឹងនឹងព្រះគ្រីស្ទ ហើយក្នុងករណីធ្ងន់ធ្ងរ ពួកគេគឺជាអាទទឹងនឹងព្រះគ្រីស្ទតែម្ដង។ ពួកគេប្រាថ្នាចង់ប្រើប្រាស់ឱកាសនេះដើម្បីរៀនសូត្រពីរឿងទាំងនេះ ហើយបន្ទាប់មកក្លាយជាអ្នកដែលពូកែដាច់គេ ក្នុងចំណោមអ្នកដែលចេះវិជ្ជាជីវៈ ឬជំនាញនេះ ដើម្បីក្លាយជាអ្នកដែលចេះដឹង និងស្ទាត់ជំនាញបំផុតនៅក្នុងផ្នែកនេះ ដើម្បីឱ្យអ្នកដទៃពឹងផ្អែកលើពួកគេចំពោះគ្រប់រឿងទាំងអស់ ហើយស្ដាប់ពួកគេជំនួសឱ្យការអនុវត្តសេចក្ដីពិត ខណៈពេលដែលពួកគេកាន់តួនាទីដឹកនាំនៅក្នុងក្រុមនេះ។ បញ្ហាគឺនៅត្រង់នេះឯង។ តើមនុស្សប្រភេទណាដែលធ្វើបែបនេះ? គឺអ្នកដែលស្វែងរកតែការសិក្សា និងបំពាក់ខ្លួនឯងនូវចំណេះដឹង ការសិក្សា និងបទពិសោធគ្រប់បែបយ៉ាង អ្នកដែលពឹងផ្អែកលើគុណសម្បត្តិ ទេពកោសល្យ និងអំណោយទានរបស់ពួកគេ ដើម្បីធ្វើអ្វីៗគ្រប់យ៉ាង។ មិនយូរមិនឆាប់ ពួកគេទាំងអស់គ្នានឹងដើរផ្លូវបែបនេះជាមិនខាន។ នេះជារឿងដែលមិនអាចជៀសរួចឡើយ។ នេះគឺជាផ្លូវរបស់ប៉ុល។ មិនថាអ្នកស្ថិតនៅក្នុងផ្នែក ឬវិស័យណាក៏ដោយ ការមានចំណេះដឹង បទពិសោធ ឬមេរៀនដែលទទួលបានច្រើនជាងអ្នកដទៃបន្តិចបន្តួច គឺមិនគ្រប់គ្រាន់ដើម្បីបញ្ជាក់ថា អ្នកយល់ពីសេចក្ដីពិត ឬបានចូលទៅក្នុងតថភាពនៃសេចក្ដីពិតឡើយ ហើយវាក៏ពិតជាមិនមានន័យថា អ្នកទទួលបានសេចក្ដីពិតនោះដែរ។ ដូច្នេះ តើអ្វីទៅដែលបញ្ជាក់ពីរឿងនេះបានគ្រប់គ្រាន់? គឺការទទួលបានការយល់ដឹងកាន់តែច្បាស់អំពីគោលការណ៍សម្រាប់ការបំពេញភារកិច្ចប្រភេទនេះ ក៏ដូចជាស្ដង់ដាតម្រូវជាចាំបាច់របស់ដំណាក់របស់ព្រះជាម្ចាស់ សម្រាប់ការបំពេញភារកិច្ចនេះ ក្នុងអំឡុងពេលសិក្សាពីជំនាញវិជ្ជាជីវៈទាំងនេះ។ មានមនុស្សមួយចំនួនដែលប្រែជាកាន់តែទាស់ទទឹង នៅពេលដែលអ្នកកាន់តែព្យាយាមឱ្យពួកគេរៀនចំណេះដឹងវិជ្ជាជីវៈ ហើយគិតថាពួកគេមិនអាចបំពេញភារកិច្ចរបស់ខ្លួនបានទេ ដោយថែមទាំងនិយាយថា៖ «ការជឿលើព្រះជាម្ចាស់ គួរតែជារឿងនៃការផ្ដាច់ខ្លួនចេញពីពិភពដែលមិនជឿ ចុះហេតុអ្វីបានជាពួកយើងត្រូវរៀនពីជំនាញ និងចំណេះដឹងនៃពិភពដែលមិនជឿទៅវិញ?»។ ពួកគេមិនចង់រៀនសូត្រទេ។ នេះគឺជាភាពខ្ជិលច្រអូស។ ពួកគេមិនមានអាកប្បកិរិយាទទួលខុសត្រូវចំពោះការងាររបស់ពួកគេទេ ពួកគេខ្វះភាពស្មោះត្រង់ ហើយពួកគេមិនសុខចិត្តបញ្ចេញការខិតខំប្រឹងប្រែងណាមួយចំពោះរឿងបែបនេះឡើយ។ គោលបំណងនៃការរៀនសូត្រចំណេះដឹង និងជំនាញវិជ្ជាជីវៈ គឺដើម្បីបំពេញភារកិច្ចរបស់អ្នកឱ្យបានល្អ។ មានចំណេះដឹង និងចំណេះដឹងទូទៅជាច្រើនដែលអ្នកមិនទាន់បានជួបប្រទះ ដែលអ្នកចាំបាច់ត្រូវរៀនសូត្រ។ នេះគឺជាសេចក្ដីតម្រូវ និងការផ្ទុកផ្ដាក់របស់ព្រះជាម្ចាស់ចំពោះមនុស្ស។ ហេតុដូច្នេះហើយ ការរៀនសូត្ររឿងទាំងនេះនឹងមិនឥតប្រយោជន៍ឡើយ វាគឺដើម្បីតែបំពេញភារកិច្ចរបស់អ្នកឱ្យបានល្អប៉ុណ្ណោះ។ មនុស្សមួយចំនួនគិតថា បន្ទាប់ពីរៀនសូត្រជំនាញបែបនេះហើយ ពួកគេនឹងអាចឈរជើងបាននៅក្នុងដំណាក់របស់ព្រះជាម្ចាស់។ តើរបៀបគិតបែបនេះ មិនមែននាំឱ្យមានបញ្ហាទេឬ? ទស្សនៈនេះគឺខុសហើយ។ តើមាននរណាម្នាក់ដែលអាចដើរតាមផ្លូវនេះដែរឬទេ? អំណាចកាន់តែធំ វិសាលភាពការងារកាន់តែធំ ការទទួលខុសត្រូវដែលមនុស្សប្រភេទនេះត្រូវបានប្រគល់ឱ្យ គឺ កាន់តែធំ នោះពួកគេកាន់តែស្ថិតក្នុងគ្រោះថ្នាក់។ តើគ្រោះថ្នាក់នេះកើតឡើងដោយរបៀបណា? ជាការពិតណាស់ គឺដោយសារតែពួកគេមាននិស្ស័យពុករលួយ និងមាននិស្ស័យរបស់អាទទឹងនឹងព្រះគ្រីស្ទ។ នៅពេលធ្វើរឿងអ្វីមួយ ពួកគេផ្ដោតសំខាន់តែលើរបៀបធ្វើកិច្ចការនោះ និងធ្វើឱ្យតែរួចពីដៃប៉ុណ្ណោះ។ ពួកគេមិនស្វែងរកគោលការណ៍ឡើយ។ តាមរយៈដំណើរការនៃការបំពេញភារកិច្ចរបស់ពួកគេ ពួកគេមិនស្វែងយល់ពីបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ទេ ហើយពួកគេក៏មិនស្វែងយល់បន្ថែម ឬចាប់យល់គោលការណ៍សេចក្ដីពិតបន្ថែមទៀតដែរ។ ពួកគេមិនស្វែងរកគោលការណ៍ទេ ហើយពួកគេក៏មិនពិនិត្យពិច័យ ឬឆ្លុះបញ្ចាំងពីសេចក្ដីពុករលួយដែលពួកគេបញ្ចេញឱ្យឃើញ ទស្សនៈមិនត្រឹមត្រូវដែលកើតឡើងនៅក្នុងពួកគេ ឬសភាពខុសឆ្គងដែលពួកគេធ្លាក់ចូល ខណៈពេលកំពុងបំពេញភារកិច្ចរបស់ពួកគេដែរ។ ពួកគេផ្ដោតសំខាន់តែលើការអនុវត្តខាងក្រៅប៉ុណ្ណោះ ដោយយកចិត្តទុកដាក់តែលើការធ្វើឱ្យខ្លួនស្ទាត់ជំនាញ និងបំពាក់ខ្លួនឯងនូវចំណេះដឹងផ្សេងៗដែលតម្រូវឱ្យមាននៅក្នុងភារកិច្ចរបស់ពួកគេ។ ពួកគេជឿថា មិនថាគេស្ថិតនៅក្នុងការងារប្រភេទណាក៏ដោយ ចំណេះដឹងនាំមុខអ្វីៗទាំងអស់ ថាពួកគេនឹងប្រែជាខ្លាំងពូកែ និងអាចតាំងខ្លួននៅក្នុងក្រុមបាន ប្រសិនបើពួកគេមានចំណេះដឹង ហើយថា មិនថាពួកគេស្ថិតនៅក្នុងក្រុមណាក៏ដោយ អ្នកដែលមានកម្រិតចំណេះដឹងខ្ពស់ និងមានសញ្ញាបត្រសិក្សាខ្ពស់ គឺមានឋានៈខ្ពស់។ ជាឧទាហរណ៍ នៅក្នុងមន្ទីរពេទ្យមួយ ជាទូទៅ ប្រធានមន្ទីរពេទ្យគឺជាអ្នកដែលពូកែដាច់គេនៅក្នុងគ្រប់ទិដ្ឋភាពទាំងអស់នៃវិជ្ជាជីវៈនេះ និងមានជំនាញបច្ចេកទេសខ្លាំងជាងគេ ហើយមនុស្សបែបនេះគិតថា នៅក្នុងដំណាក់របស់ព្រះជាម្ចាស់ក៏មានករណីបែបនេះដែរ។ តើរបៀបនៃការយល់ពីរឿងរ៉ាវបែបនេះត្រឹមត្រូវដែរឬទេ? ទេ វាមិនត្រឹមត្រូវឡើយ។ នេះគឺដើរផ្ទុយពីពាក្យពោលដែលថា៖ «សេចក្ដីពិតគ្រងរាជ្យនៅក្នុងដំណាក់របស់ព្រះជាម្ចាស់»។ មនុស្សបែបនេះជឿថា ចំណេះដឹងគ្រងរាជ្យនៅក្នុងដំណាក់របស់ព្រះជាម្ចាស់ ថាអ្នកណាដែលមានចំណេះដឹង និងបទពិសោធ អ្នកណាដែលមានអតីតភាពការងារគ្រប់គ្រាន់ និងមានទុនគ្រប់គ្រាន់ នឹងអាចឈរជើងបាននៅក្នុងដំណាក់របស់ព្រះជាម្ចាស់ ហើយគ្រប់គ្នាត្រូវតែស្ដាប់ពួកគេ។ តើទស្សនៈនេះមិនខុសទេឬ? មនុស្សមួយចំនួនប្រហែលជាគិត និងធ្វើសកម្មភាពតាមរបៀបនេះដោយមិនដឹងខ្លួន ពួកគេដេញតាមរឿងនេះ ហើយប្រហែលជាថ្ងៃណាមួយ ពួកគេនឹងជួបផ្លូវទាល់។ ហេតុអ្វីបានជាពួកគេអាចនឹងជួបផ្លូវទាល់? តើមនុស្សដែលមិនស្រឡាញ់ ហើយក៏មិនដេញតាមសេចក្ដីពិត ដែលព្រងើយកន្តើយនឹងសេចក្ដីពិតទាំងស្រុង អាចស្គាល់ខ្លួនឯងបានដែរឬទេ? (ទេ មិនអាចទេ។) ហើយខណៈពេលដែលមិនស្គាល់ខ្លួនឯង ពួកគេបានបំពាក់ឱ្យខ្លួនឯងនូវចំណេះដឹងយ៉ាងច្រើន បានលះបង់តម្លៃខ្លះសម្រាប់ដំណាក់របស់ព្រះជាម្ចាស់ និងបានចូលរួមចំណែកមួយចំនួន។ តើពួកគេបានប្រែក្លាយរឿងទាំងនេះទៅជាអ្វី? ពួកគេបានប្រែក្លាយវាទៅជាទុន។ ហើយសម្រាប់ពួកគេ តើទុននេះគឺជាអ្វី? វាគឺជាកំណត់ត្រានៃការអនុវត្តសេចក្ដីពិតរបស់ពួកគេ ជាភស្តុតាងដែលបញ្ជាក់ថាពួកគេបានចូលទៅក្នុងតថភាពនៃសេចក្ដីពិត និងយល់ពីសេចក្ដីពិត។ នេះហើយជាអ្វីដែលពួកគេបានប្រែក្លាយរឿងទាំងនេះឱ្យទៅជាអ៊ីចឹង។ នៅក្នុងចិត្តរបស់បុគ្គលគ្រប់រូប ការយល់ពីសេចក្ដីពិត និងការចូលទៅក្នុងតថភាពនៃសេចក្ដីពិត ត្រូវបានចាត់ទុកថាជារឿងល្អ និងជារឿងវិជ្ជមាន។ ជាការពិតណាស់ មនុស្សប្រភេទនេះក៏មើលឃើញបែបនេះដែរ។ ទោះជាយ៉ាងណាក៏ដោយ គួរឱ្យសោកស្ដាយ ដែលពួកគេបានច្រឡំថាចំណេះដឹងគឺជាសេចក្ដីពិត។ ប៉ុន្តែ ពួកគេនៅតែមានអារម្មណ៍ល្អចំពោះការយល់ច្រឡំនេះដដែល។ នេះគឺជាសញ្ញាគ្រោះថ្នាក់។ តើមនុស្សប្រភេទណាដែលនឹងធ្វើសកម្មភាពបែបនេះ? មនុស្សដែលគ្មានការយល់ដឹងខាងវិញ្ញាណ សុទ្ធតែអាចធ្វើសកម្មភាពបែបនេះ ដោយឈានជើងចូលទៅក្នុងផ្លូវខុសដោយមិនដឹងខ្លួន។ ហើយនៅពេលដែលពួកគេដើរលើផ្លូវនោះហើយ អ្នកនឹងមិនអាចទាញពួកគេត្រឡប់មកវិញបានឡើយ។ ប្រសិនបើអ្នកប្រកបគ្នាជាមួយពួកគេអំពីសេចក្ដីពិត ចង្អុលបង្ហាញពីសភាពរបស់ពួកគេ និងលាតត្រដាងពួកគេ ពួកគេនឹងមិនយល់ឡើយ ពួកគេនឹងមិនអាចយករឿងនេះមកភ្ជាប់នឹងខ្លួនឯងបានទេ។ នេះគឺជាការកង្វះនៃការយល់ដឹងខាងវិញ្ញាណយ៉ាងធ្ងន់ធ្ងរ។ មនុស្សបែបនេះតាមធម្មជាតិចាត់ទុកចំណេះដឹង បទពិសោធ និងមេរៀនរបស់ពួកគេជាសេចក្ដីពិត។ ហើយនៅពេលដែលពួកគេចាត់ទុករឿងទាំងនេះជាសេចក្ដីពិត ស្ថានភាពជាក់លាក់មួយនឹងកើតឡើងជាមិនខាន។ នេះជារឿងដែលមិនអាចជៀសរួចឡើយ។ ឧបមាថា ព្រះជាម្ចាស់មានបន្ទូលរឿងមួយ ហើយមនុស្សប្រភេទនេះនិយាយរឿងមួយទៀត។ ទស្សនៈទាំងពីរនេះច្បាស់ជាខុសគ្នា។ ដូច្នេះ តើទស្សនៈរបស់អ្នកណាដែលមនុស្សប្រភេទនេះចាត់ទុកថាត្រឹមត្រូវ? ពួកគេនឹងជឿថាទស្សនៈរបស់ពួកគេផ្ទាល់ទើបត្រឹមត្រូវ។ ដូច្នេះ តើពេលនោះពួកគេនឹងអាចចុះចូលនឹងព្រះជាម្ចាស់បានដែរឬទេ? (ទេ។) តើពួកគេនឹងធ្វើអ្វី? ពួកគេនឹងប្រកាន់ខ្ជាប់នូវទស្សនៈរបស់ពួកគេផ្ទាល់ ហើយបដិសេធអ្វីដែលព្រះជាម្ចាស់បានមានបន្ទូល។ ក្នុងការធ្វើបែបនេះ តើពួកគេមិនមែនកំពុងចាត់ទុកខ្លួនឯងជារូបអង្គនៃសេចក្ដីពិតទេឬ? (មែនហើយ។) ពួកគេគិតថា ដូចជាអ្នកកាន់សាសនាព្រះពុទ្ធដែរ ទីបំផុតពួកគេទទួលបានជោគជ័យក្នុងការបណ្ដុះបណ្ដាលខ្លួនរបស់ពួកគេ។ ខណៈពេលដែលពួកគេបដិសេធព្រះជាម្ចាស់ ពួកគេធ្វើឱ្យអ្នកដទៃប្រព្រឹត្តចំពោះពួកគេដូចជាព្រះជាម្ចាស់ ហើយគិតថាពួកគេបានក្លាយជារូបអង្គនៃសេចក្ដីពិត។ នេះពិតជាខុសទំនងណាស់! ជាឧទាហរណ៍ ឧបមាថានរណាម្នាក់ស្ទាត់ជំនាញខ្លាំងនៅក្នុងផ្នែកចំណេះដឹង ឬការងារជាក់លាក់ណាមួយ។ ដោយសារខ្ញុំជាមនុស្សមិនជំនាញនៅក្នុងផ្នែកនេះ ខ្ញុំសួរពួកគេនូវសំណួរដែលទាក់ទងនឹងវិស័យនេះ ប៉ុន្តែនៅពេលដែលខ្ញុំធ្វើបែបនេះ ពួកគេចាប់ផ្ដើមអួតអាង។ តើមនុស្សនេះជាមនុស្សប្រភេទណា? ប្រាប់ខ្ញុំមក តើខ្ញុំខុសទេដែលសួរពួកគេនោះ? (ទេ។) ដូច្នេះ ហេតុអ្វីបានជាខ្ញុំសួរពួកគេ? ពីព្រោះរឿងមួយចំនួនពាក់ព័ន្ធនឹងការងារ និងវិជ្ជាជីវៈ ហើយដោយសារខ្ញុំមិនយល់ពីរឿងទាំងនោះ ខ្ញុំគួរតែសួរអ្នកដទៃ។ លើសពីនេះទៅទៀត ខ្ញុំដឹងថាពួកគេមានបទពិសោធ និងយល់ពីរឿងទាំងនេះ។ វាគឺជារឿងត្រឹមត្រូវទាំងស្រុង សម្រាប់ខ្ញុំក្នុងការសួរពួកគេ។ តើបំណង និងវិធីសាស្ត្ររបស់ខ្ញុំត្រឹមត្រូវដែរឬទេ? (ត្រឹមត្រូវហើយ។) វាមិនគួរមានអ្វីខុសចំពោះរឿងនេះទេ តើមែនទេ? ដូច្នេះ តើវិធីសាស្ត្រត្រឹមត្រូវដែលបុគ្គលនោះគួរប្រព្រឹត្តចំពោះរឿងនេះ គឺជាអ្វី? ពួកគេគួរតែប្រាប់ខ្ញុំនូវអ្វីៗទាំងអស់ដែលពួកគេយល់។ ហើយបន្ទាប់មក តើពួកគេគួរគិតយ៉ាងណាអំពីរឿងនេះ? តើវិធីគិតត្រឹមត្រូវអំពីរឿងនេះគឺជាអ្វី? តើវិធីខុសគឺជាអ្វី? តើមនុស្សធម្មតាដែលមានវិចារណញ្ញាណ នឹងគិតយ៉ាងណាអំពីរឿងនេះ? តើមនុស្សដែលមាននិស្ស័យរបស់អាទទឹងនឹងព្រះគ្រីស្ទ នឹងគិតយ៉ាងណាអំពីរឿងនេះ? មនុស្សមួយចំនួន ពេលឮថាខ្ញុំមិនយល់ ក៏និយាយថា៖ «អូ ព្រះអង្គមិនយល់ទេ! ព្រះអង្គមិនដឹងថាវាលំបាកប៉ុនណាសម្រាប់ពួកយើងក្នុងការធ្វើវានោះទេ! ព្រះអង្គមិនដឹងពីរឿងនេះទេ ហើយព្រះអង្គក៏មិនយល់ពីវាដែរ!» ខណៈពេលដែលពួកគេនិយាយ ពួកគេចាប់ផ្ដើមអួតអាង។ ហើយតើការអួតអាងនេះបង្ហាញពីអ្វី? គឺបង្ហាញថាមានបញ្ហាហើយ។ ជាធម្មតា មនុស្សទាំងនេះមានភាពថ្លៃថ្នូរ និងមានសេចក្ដីគោរពប្រតិបត្តិណាស់ ប៉ុន្តែហេតុអ្វីបានជាពួកគេស្រាប់តែចាប់ផ្ដើមអួតអាងទៅវិញ? (ពួកគេចាត់ទុកខ្លួនឯងជាសេចក្ដីពិត ដោយសារតែពួកគេយល់ពីចំណេះដឹងបន្តិចបន្តួច និងមានបទពិសោធបន្តិចបន្តួច។) ត្រឹមត្រូវហើយ។ ពីមុន នៅពេលដែលអ្នកដទៃសួរពួកគេ ពួកគេមិនគិតថាវាជារឿងធំដុំឡើយ។ ប៉ុន្តែនៅពេលដែលខ្ញុំសួរពួកគេ ពួកគេគិតថា៖ «តើព្រះអង្គមិនមែនជាសេចក្ដីពិតទេឬ? តើព្រះអង្គមិនគួរយល់អ្វីៗទាំងអស់ទេឬ? តើព្រះអង្គមិនយល់ពីរឿងបែបនេះបានដោយរបៀបណា? ប្រសិនបើព្រះអង្គមិនយល់ពីរឿងនេះទេ នោះខ្ញុំគឺនៅពីលើព្រះអង្គហើយ»។ ពួកគេចង់អួតអាងបន្តិច។ តើនេះមិនមែនជាអ្វីដែលពួកគេកំពុងគិតទេឬ? (មែនហើយ។) ពួកគេមិនមានអារម្មណ៍ថានេះជាកិត្តិយសឡើយ ផ្ទុយទៅវិញ និស្ស័យបែបសាតាំងមួយប្រភេទបានផ្ទុះចេញពីពួកគេមក។ ស្រាប់តែ ពួកគេមានអារម្មណ៍ថា ទីបំផុតពួកគេពិតជាខ្លាំងពូកែណាស់នៅរវាងមេឃ និងដី! តើនេះមិនមែនជាការយល់ឃើញខុសទេឬ? តើមនុស្សទាំងនេះមិនមែនជាមនុស្សល្ងង់ខ្លៅទេឬ? (មែនហើយ។) ខ្ញុំក៏គិតដូច្នេះដែរ។ មានតែមនុស្សល្ងង់ខ្លៅទេ ទើបគិតបែបនេះ។ តើពួកគេមិនមែនគ្រាន់តែយល់បន្តិចបន្តួចអំពីវិស័យនេះទេឬ? មានរឿងជាច្រើនដែលមនុស្សមិនដឹង ពួកគេគួរតែមានការស្គាល់ខ្លួនឯងបន្តិច។ មនុស្សមួយចំនួនដឹងបន្តិចបន្តួចអំពីក្រណាត់ ហើយស្ទើរតែអាចប្រាប់ពីប្រភេទសាច់ក្រណាត់បាន គ្រាន់តែតាមរយៈការស្ទាបវាប៉ុណ្ណោះ។ ប្រសិនបើអ្នកសរសើរពួកគេដោយនិយាយថា៖ «មើលទៅអ្នកហាក់ដូចជាយល់ដឹងពីក្រណាត់ច្បាស់ណាស់» ពួកគេនឹងឆ្លើយតបថា៖ «ត្រឹមត្រូវហើយ។ អ្នករាល់គ្នាមិនដឹងពីរឿងនេះទេ ដោយសារតែអ្នករាល់គ្នាមិនបានរៀនពីវា។ ខ្ញុំបានរៀនពីវា ខ្ញុំជាអ្នកជំនាញអំពីរឿងនេះជាងពួកអ្នករាល់គ្នាទៅទៀត។ ខ្ញុំមិនមែនមើលងាយអ្នកទេ គ្រាន់តែអ្នកពិតជាត្រូវរៀនសូត្របន្ថែមទៀត»។ តើនេះមិនគួរឱ្យស្អប់ខ្ពើមណាស់ទេឬ? បន្ទាប់មក មានមនុស្សដែលចេះធ្វើម្ហូបបន្តិចបន្តួច ហើយចាប់ផ្ដើមអួតអាងអំពីមុខម្ហូបប៉ុន្មានមុខដែលពួកគេអាចធ្វើបាន និងអាហារប៉ុន្មានពេលដែលពួកគេអាចចម្អិនបាន។ មនុស្សមួយចំនួនធ្លាប់ធ្វើជាគ្រូពេទ្យជើងទទេនៅតាមនៅតាមជនបទមួយរយៈ។ នៅពេលដែលបងប្អូនប្រុសស្រីរបស់ពួកគេមានជំងឺបន្តិចបន្តួច ហើយសុំឱ្យពួកគេម៉ាស្សា ឬចាក់ម្ជុលវិទ្យាសាស្ត្រ ឬជប់ខ្យល់ឱ្យពួកគេ ព្រមទាំងសួរថាតើវាអាចព្យាបាលឱ្យជាបានដែរឬទេ ពួកគេឆ្លើយតបថា៖ «តើអ្នកគិតថាជំងឺនេះអាចព្យាបាលបានយ៉ាងងាយស្រួលឬ? អ្នករាល់គ្នាមិនយល់ទេ។ ពួកយើងជាអ្នកប្រកបវិជ្ជាជីវៈពេទ្យ សុទ្ធតែដឹងថារាងកាយមនុស្សគឺស្មុគស្មាញណាស់។ មានអាថ៌កំបាំងចំពោះការដែលព្រះបង្កើតមនុស្សមក។ ដូច្នេះ វាអាស្រ័យលើកាលៈទេសៈ ថាតើអាចប្រើការចាក់ម្ជុលវិទ្យាសាស្ត្រ ឬការជប់ខ្យល់បានឬអត់»។ តាមការពិត ពួកគេក៏ដឹងតិចតួចណាស់ដែរ។ ពួកគេមិនអាចពន្យល់ឱ្យបានច្បាស់លាស់ពីស្ថានភាពជំងឺណាមួយ ឬព្យាបាលជំងឺជាច្រើនបានឡើយ។ ទោះជាយ៉ាងណាក៏ដោយ ដើម្បីរក្សាមុខមាត់ ពួកគេនៅតែធ្វើឫកពាធំ ធ្វើពុត និងធ្វើខ្លួនដូចជាអ្នកជំនាញអ៊ីចឹង។ ការស្ដែងចេញរបស់មនុស្សប្រភេទផ្សេងៗគ្នាទាំងនេះ បង្ហាញថាមនុស្សពុករលួយទាំងអស់ សុទ្ធតែមាននិស្ស័យរបស់សាតាំង និងនិស្ស័យរបស់អាទទឹងនឹងព្រះគ្រីស្ទ។ ទោះជាយ៉ាងណាក៏ដោយ នៅមានករណីធ្ងន់ធ្ងរជាងនេះទៅទៀត ដែលមនុស្សបន្លំខ្លួន និងធ្វើពុតរហូតដល់ទីបញ្ចប់។ មិនថាអ្នកដទៃសរសើរពួកគេឬអត់នោះទេ ពួកគេលាក់ទុកនូវគំនិតដ៏ខ្មៅងងឹតមួយនៅជ្រៅក្នុងខ្លួនពួកគេ។ តើគំនិតនេះគឺជាអ្វី? «ខ្ញុំនឹងមិនបណ្ដោយឱ្យនរណាម្នាក់ដឹងពីអត្តសញ្ញាណពិត និងសមត្ថភាពពិតរបស់ខ្ញុំឡើយ»។ ជាឧទាហរណ៍ ប្រសិនបើពួកគេគ្រាន់តែជាគ្រូពេទ្យជើងទទេម្នាក់ ពួកគេតែងតែព្យាយាមធ្វើឱ្យអ្នកដទៃគិតថាពួកគេជាគ្រូពេទ្យដ៏ល្បីល្បាញម្នាក់ ដោយមិនចង់ឱ្យនរណាម្នាក់ដឹងថាពួកគេជាគ្រូពេទ្យជើងទទេ ឬថាតើពួកគេពិតជាអាចព្យាបាលជំងឺបានឬអត់នោះទេ។ ពួកគេខ្លាចអ្នកដទៃដឹងពីការពិតនៃស្ថានភាពរបស់ពួកគេ។ ហើយតើពួកគេបិទបាំងខ្លួនឯងដល់កម្រិតណា? ដល់កម្រិតដែលគ្រប់គ្នាដែលទាក់ទងជាមួយពួកគេ គិតថាពួកគេមិនដែលធ្វើខុស និងគ្មានចំណុចខ្វះខាតអ្វីទាំងអស់ ថាពួកគេស្ទាត់ជំនាញលើគ្រប់យ៉ាងដែលពួកគេបានរៀន និងអាចធ្វើអ្វីៗគ្រប់យ៉ាងដែលអ្នកដទៃត្រូវការ។ ប្រសិនបើអ្នកដទៃសួរពួកគេថាតើពួកគេចេះធ្វើម្ហូបឬអត់ ពួកគេនឹងឆ្លើយថាចេះ។ នៅពេលត្រូវគេសួរថាតើពួកគេអាចរៀបចំពិធីជប់លៀងម៉ាន់ជូ-ហានបានឬអត់ ទោះបីជាពួកគេគិតក្នុងចិត្តថា «ខ្ញុំមិនអាចធ្វើវាបានទេ» ក៏ដោយ ក៏ពួកគេនឹងឆ្លើយថា «ចេះ!» នៅពេលត្រូវគេសួរបន្ត។ ប៉ុន្តែ នៅពេលត្រូវគេប្រាប់ឱ្យធ្វើវា ពួកគេនឹងរកលេសដើម្បីបដិសេធ។ តើនេះមិនមែនជាសេចក្ដីបញ្ឆោតទេឬ? ពួកគេធ្វើពុតជាដឹងគ្រប់យ៉ាង អាចធ្វើអ្វីៗបានទាំងអស់ អាចមានសមត្ថភាពធ្វើអ្វីក៏បាន។ តើពួកគេមិនមែនជាមនុស្សល្ងង់ទេឬ? ប៉ុន្តែ មិនថាពួកគេជាមនុស្សល្ងង់ ឬមានគុណសម្បត្តិបន្តិចបន្តួច មានសមត្ថភាពខ្លះ ឬមានអំណោយទានក៏ដោយ តើអ្វីទៅជារឿងមួយដែលពួកទទឹងនឹងព្រះគ្រីស្ទមានដូចគ្នា? គឺជាបំណងប្រាថ្នារបស់ពួកគេ ក្នុងការធ្វើពុតជាយល់អ្វីៗទាំងអស់ និងធ្វើពុតថាខ្លួនជាសេចក្ដីពិត។ ទោះបីជាពួកគេមិនអះអាងដោយផ្ទាល់ថាពួកគេជាសេចក្ដីពិតក៏ដោយ ក៏ពួកគេចង់ធ្វើពុតថាពួកគេគឺជាតថភាពនៃអ្វីៗវិជ្ជមានទាំងអស់ ថាពួកគេអាចធ្វើអ្វីៗបានទាំងអស់។ ដូច្នេះ តើអត្ថន័យបង្កប់នេះ មិនមែនមានន័យថាពួកគេគឺជាតំណាងឱ្យសេចក្ដីពិតទេឬ? ពួកគេជឿថាពួកគេគឺជាតំណាងឱ្យសេចក្ដីពិត ថាអ្វីៗគ្រប់យ៉ាងដែលពួកគេនិយាយគឺត្រឹមត្រូវ ថាវាគឺជាសេចក្ដីពិត។
មានមនុស្សមួយចំនួនដែលត្រូវបានខាងលើប្រគល់ភារកិច្ចពិសេសមួយ។ ពេលដឹងរឿងនេះ ពួកគេគិតក្នុងចិត្តថា៖ «កិច្ចការនេះត្រូវបានខាងលើផ្ទុកផ្ដាក់ឱ្យខ្ញុំ ដូច្នេះសិទ្ធិអំណាចរបស់ខ្ញុំកាន់តែធំហើយ។ ឥឡូវនេះ ខ្ញុំនឹងមានឱកាសបង្ហាញពីទេពកោសល្យ និងសិទ្ធិអំណាចរបស់ខ្ញុំហើយ។ ខ្ញុំនឹងធ្វើឱ្យអ្នកនៅខាងក្រោមឃើញថាខ្ញុំខ្លាំងប៉ុនណា»។ ពេលប្រាស្រ័យទាក់ទងជាមួយបងប្អូនប្រុសស្រី ពួកគេបញ្ជាអ្នកទាំងនោះតាមតែចិត្ត ដោយនិយាយថា៖ «ទៅធ្វើរឿងនេះទៅ!»។ ពេលគេសួរពីរបៀបធ្វើវា ពួកគេនិយាយថា៖ «តើអ្នកនឹងធ្វើវាឬអត់? បើមិនធ្វើទេ ខ្ញុំនឹងចាត់ការអ្នកមិនខាន! នេះគឺជាបញ្ជាពីខាងលើ។ តើអ្នកហ៊ានប្រមាថពួកគេដោយបង្អាក់កិច្ចការនេះឬ? ពេលខាងលើទាមទារឱ្យទទួលខុសត្រូវ តើនរណាអាចទទួលខុសត្រូវរឿងនេះបាន?»។ បងប្អូនប្រុសស្រីឆ្លើយតបថា៖ «ពួកយើងគ្រាន់តែចង់ស្វែងយល់ឱ្យច្បាស់ពីរឿងនេះ និងស្វែងរកគោលការណ៍សម្រាប់ធ្វើវាប៉ុណ្ណោះ មិនមែនចេះតែធ្វើវាទាំងងងឹតងងល់ និងអនុវត្តតាមវិធីណាមួយដែលយើងយល់ថាស័ក្តិសមនោះទេ។ អ្វីៗគ្រប់យ៉ាងត្រូវតែធ្វើឡើងតាមគោលការណ៍។ មិនថាជារឿងអ្វី ឬវាបន្ទាន់ ឬសំខាន់ប៉ុនណាក៏ដោយ មិនថាអ្នកណាជាអ្នកផ្ទុកផ្ដាក់វាឱ្យទេ ការប្រកាន់ខ្ជាប់នូវគោលការណ៍ គឺជាសេចក្ដីពិតដែលមិនអាចផ្លាស់ប្ដូរបានឡើយ។ នេះគឺជាភារកិច្ចរបស់យើង ហើយយើងត្រូវតែទទួលខុសត្រូវ។ ការស្វែងរកគោលការណ៍ គឺជាអ្វីដែលព្រះជាម្ចាស់តម្រូវពីយើង។ ពួកយើងកំពុងស្វែងរកគោលការណ៍ និងសួររកការបំភ្លឺដោយអាកប្បកិរិយាទទួលខុសត្រូវ។ នេះមិនមែនជារឿងខុសឆ្គងទេ។ អ្នកត្រូវតែបកស្រាយរឿងនេះឱ្យពួកយើងបានច្បាស់»។ ប៉ុន្តែ ពួកគេតបវិញថា៖ «តើមានអ្វីត្រូវនិយាយអំពីរឿងនេះទៅ? តើអ្វីដែលខាងលើបាននិយាយអាចខុសដែរឬទេ? ប្រញាប់ទៅធ្វើវាឱ្យរួចរាល់ទៅ!»។ បងប្អូនប្រុសស្រីក៏ឆ្លើយតបវិញថា៖ «ដោយសារខាងលើបាននិយាយដូច្នេះ ពួកយើងច្បាស់ជានឹងធ្វើវាឱ្យបានរហ័សមិនខាន។ ប៉ុន្តែ តើអ្នកអាចប្រាប់ពួកយើងឱ្យបានច្បាស់ថា គួរធ្វើវាដោយរបៀបណាដែរឬទេ? តើមានបទប្បញ្ញត្តិ ឬការណែនាំជាក់លាក់ណាមួយដែរឬទេ?»។ ពួកគេនិយាយថា៖ «ធ្វើតាមអ្វីដែលអ្នករាល់គ្នាយល់ថាគួរទៅ។ ការណែនាំពីខាងលើមិនបានលម្អិតដល់ថ្នាក់ហ្នឹងទេ។ រកវិធីដោះស្រាយដោយខ្លួនឯងទៅ!»។ តើនេះគឺជាមនុស្សប្រភេទណា? ចូរយើងទុកចេតនា ឬឫសគល់នៃការធ្វើបែបនេះរបស់ពួកគេមួយឡែកសិន ហើយចូរយើងពិនិត្យមើលនិស្ស័យរបស់ពួកគេជាមុនសិន។ តើវិធីសាស្ត្ររបស់ពួកគេនេះល្អដែរឬទេ? (ទេ មិនល្អទេ។) តើពួកគេអាចនឹកឃើញវិធីសាស្ត្របែបនេះបានដោយរបៀបណា? តើនេះគឺជាវិធីសាស្ត្រធម្មតាដែរឬទេ? (ទេ វាមិនធម្មតាទេ។) វាមិនធម្មតាឡើយ។ តើនេះគឺជាបញ្ហាសភាពផ្លូវចិត្តរបស់ពួកគេ ឬជាបញ្ហានិស្ស័យរបស់ពួកគេ? (ជាបញ្ហានិស្ស័យរបស់ពួកគេ។) ត្រឹមត្រូវហើយ និស្ស័យរបស់ពួកគេគឺមានបញ្ហា។ មានពាក្យមួយឃ្លាពោលថា «រង់ចាំឱកាសល្អ»។ វាមានន័យថា កាលពីមុន ពួកគេមិនដែលទទួលបានឱកាសសមស្របដើម្បីពង្រឹងអំណាចរបស់ពួកគេឡើយ ប៉ុន្តែ ឥឡូវនេះឱកាសបែបនេះបានមកដល់ហើយ ពួកគេនឹងចាប់យកវា ហើយប្រើវាជាលេសដើម្បីបញ្ចេញឫទ្ធិ។ តើនេះជានិស្ស័យប្រភេទណា? មិនថាអ្នកទទួលបានភារកិច្ចអ្វីពីខាងលើទេ គោលការណ៍នៃសកម្មភាពរបស់អ្នកមិនអាចផ្លាស់ប្ដូរឡើយ។ នៅពេលដែលខាងលើផ្ទុកផ្ដាក់ការងារ ឬភារកិច្ចណាមួយដល់អ្នក វាគ្រាន់តែជាការចាត់តាំងដែលត្រូវបានផ្ទុកផ្ដាក់ឱ្យអ្នកប៉ុណ្ណោះ។ វាក៏ជាភារកិច្ចរបស់អ្នកក្នុងការធ្វើវាផងដែរ។ ទោះជាយ៉ាងណាក៏ដោយ បន្ទាប់ពីទទួលបានការចាត់តាំងពីខាងលើ និងទទួលយកការងារនេះហើយ តើអ្នកអាចអះអាងថាខ្លួនឯងជាឯកអគ្គរាជទូតពេញសិទ្ធិ និងជាអ្នកជំនាញខាងសេចក្ដីពិតបានដែរឬទេ? តើឥឡូវនេះអ្នកមានសិទ្ធិអំណាចដើម្បីបញ្ជាអ្នកដទៃ និងធ្វើតាមតែចិត្តចង់បានដែរឬទេ? តើអ្នកត្រូវបានអនុញ្ញាតឱ្យធ្វើអ្វីៗតាមតែអំពើចិត្ត តាមការនឹកឃើញ និងតាមរបៀបផ្ទាល់ខ្លួនរបស់អ្នកបានដែរឬទេ? តើមានភាពខុសគ្នាអ្វីដែរឬទេ រវាងការដែលខាងលើផ្ទុកផ្ដាក់អ្នកដោយផ្ទាល់ឱ្យធ្វើអ្វីមួយ និងការបំពេញភារកិច្ចធម្មតារបស់អ្នកដូចដែលអ្នកធ្លាប់ធ្វើនោះ? គឺគ្មានភាពខុសគ្នាទេ ទាំងពីរនេះសុទ្ធតែជាភារកិច្ចរបស់អ្នក។ ដោយសារទាំងពីរនេះសុទ្ធតែជាភារកិច្ចរបស់អ្នក តើគោលការណ៍នៃការធ្វើកិច្ចការបានផ្លាស់ប្ដូរដែរឬទេ? ទេ វាមិនបានផ្លាស់ប្ដូរឡើយ។ ហេតុដូច្នេះហើយ មិនថាអ្នកទទួលបានភារកិច្ចរបស់អ្នកពីប្រភពណាក៏ដោយ ក៏សារជាតិ និងធម្មជាតិនៃភារកិច្ចរបស់អ្នកគឺនៅតែដដែល។ តើខ្ញុំមានន័យយ៉ាងណាចំពោះរឿងនេះ? វាមានន័យថា អ្នកត្រូវតែប្រព្រឹត្តតាមគោលការណ៍ មិនថាអ្នកកំពុងបំពេញភារកិច្ចអ្វីក៏ដោយ។ វាមិនមែនមានន័យថា គ្រាន់តែដោយសារខាងលើបានផ្ទុកផ្ដាក់អ្នកដោយផ្ទាល់ឱ្យធ្វើអ្វីមួយ នោះអ្នកអាចធ្វើវាតាមរបៀបណាក៏បានតាមតែចិត្តអ្នកចង់ ហើយថាអ្វីៗដែលអ្នកធ្វើនឹងសុទ្ធតែត្រឹមត្រូវ និងសមហេតុផលនោះទេ។ សូម្បីតែអ្នកមានសមត្ថភាពខ្លះៗក៏ដោយ តើអ្នកអាចងាកចេញពីផ្លូវនៃការស្វែងរកគោលការណ៍សេចក្ដីពិតបានដែរឬទេ? អ្នកនៅតែជាមនុស្សពុករលួយដដែល។ អ្នកមិនបានក្លាយជាព្រះទេ អ្នកមិនស្ថិតនៅក្នុងក្រុមពិសេសណាមួយឡើយ។ អ្នកនៅតែជាអ្នកដដែល ហើយអ្នកនឹងនៅតែជាមនុស្សជានិច្ច។ នៅក្នុងព្រះគម្ពីរ មានមនុស្សជាច្រើនដែលត្រូវបានព្រះជាម្ចាស់ត្រាស់ហៅដោយផ្ទាល់ ដូចជា៖ ម៉ូសេ ណូអេ អ័ប្រាហាំ យ៉ូប និងមនុស្សជាច្រើនទៀត។ ក៏មានមនុស្សជាច្រើនដែលធ្លាប់បានសន្ទនាជាមួយព្រះជាម្ចាស់ផងដែរ ទោះជាយ៉ាងណាក៏ដោយ គ្មាននរណាម្នាក់ក្នុងចំណោមមនុស្សទាំងនេះ ជឿថាខ្លួនឯងជាបុគ្គលពិសេស ឬជាសមាជិកនៃក្រុមពិសេសណាមួយឡើយ។ ក្នុងចំណោមមនុស្សទាំងនេះ អ្នកខ្លះបានឃើញព្រះជាម្ចាស់លេចមកក្នុងអណ្ដាតភ្លើងដោយផ្ទាល់ភ្នែក អ្នកខ្លះទៀតបានឮសូរសៀងរបស់ព្រះជាម្ចាស់ដោយផ្ទាល់ត្រចៀករបស់ពួកគេ អ្នកខ្លះបានឮអ្នកនាំសារពាំនាំព្រះបន្ទូលរបស់ព្រះជាម្ចាស់ ខណៈដែលអ្នកខ្លះទៀតទទួលបានការល្បងលរបស់ព្រះជាម្ចាស់ដោយផ្ទាល់។ ហើយតើមាននរណាម្នាក់ក្នុងចំណោមពួកគេ ដែលព្រះជាម្ចាស់ចាត់ទុកថាខុសប្លែកពីមនុស្សធម្មតាដែរឬទេ? (ទេ មិនមានទេ។) មិនមានទេ។ ព្រះជាម្ចាស់មិនទតឃើញបែបនោះឡើយ។ ប៉ុន្តែ ប្រសិនបើអ្នកយល់បែបនោះ ហើយតែងតែចាត់ទុកខ្លួនឯងថាជាបុគ្គលពិសេស តើអ្នកមាននិស្ស័យប្រភេទណា? (ជានិស្ស័យរបស់ពួកទទឹងនឹងព្រះគ្រីស្ទ។) វាពិតជាជានិស្ស័យរបស់ពួកទទឹងនឹងព្រះគ្រីស្ទមែន ដែលជារឿងគួរឱ្យភ័យខ្លាចណាស់! សូម្បីតែព្រះជាម្ចាស់បានដាក់ព្រះហស្តរបស់ទ្រង់នៅលើក្បាលរបស់អ្នក ហើយប្រទានអំណាចដល់អ្នកដើម្បីធ្វើអព្ភូតហេតុ ដោយមានព្រះចេស្ដារបស់ព្រះជាម្ចាស់គាំទ្រ ឬសម្រេចកិច្ចការជាក់លាក់ណាមួយក៏ដោយ ក៏អ្នកនៅតែជាមនុស្សជានិច្ច អ្នកមិនអាចក្លាយជារូបតំណាងនៃសេចក្ដីពិតបានឡើយ។ តើនេះមានន័យយ៉ាងណា? វាមានន័យថា អ្នកនឹងមិនមានសិទ្ធិប្រើប្រាស់ព្រះនាមរបស់ព្រះជាម្ចាស់ ដើម្បីប្រឆាំងនឹងសេចក្ដីពិត ហើយធ្វើអ្វីតាមតែចិត្តខ្លួនឡើយ នោះគឺជាអាកប្បកិរិយារបស់មហាទេវតា។ ជួនកាល ព្រះជាម្ចាស់ប្រើប្រាស់វិធីសាស្ត្រពិសេស ឬបណ្ដាញពិសេស ដើម្បីផ្ទុកផ្ដាក់មនុស្សមួយចំនួនឱ្យធ្វើរឿងពិសេស បំពេញកិច្ចការពិសេស ឬផ្សាយប្រាប់អំពីព្រឹត្តិការណ៍ ឬភារកិច្ចពិសេស។ នេះគឺដោយសារតែព្រះជាម្ចាស់ជឿថាមនុស្សទាំងនេះមានសមត្ថភាពទទួលបន្ទុកកិច្ចការបែបនេះ ថាពួកគេអាចបញ្ចប់កិច្ចការដែលព្រះជាម្ចាស់បានផ្ទុកផ្ដាក់ឱ្យពួកគេ ថាពួកគេស័ក្តិសមនឹងទទួលបានការទុកចិត្តពីព្រះជាម្ចាស់ គឺគ្មានអ្វីលើសពីនេះទៀតឡើយ។ សូម្បីតែពួកគេត្រូវបានព្រះជាម្ចាស់ផ្ទាល់ព្រះអង្គផ្ទុកផ្ដាក់ដោយផ្ទាល់ បានឮសូរសៀងចេញពីព្រះឱស្ឋរបស់ព្រះជាម្ចាស់ ឬបានសន្ទនាជាមួយព្រះជាម្ចាស់ក៏ដោយ ក៏ពួកគេនឹងមិនក្លាយជាមនុស្សដែលខុសប្លែកពីមនុស្សធម្មតាឡើយ ហើយពួកគេក៏នឹងមិនត្រូវបានលើកតម្កើងពីភាវៈដែលព្រះបានបង្កើតធម្មតា ទៅជាភាវៈដែលព្រះបានបង្កើតដ៏ពិសេស ឬខ្ពង់ខ្ពស់ជាងមុននោះដែរ។ រឿងនោះនឹងមិនកើតឡើងឡើយ។ ហេតុដូច្នេះហើយ នៅក្នុងចំណោមមនុស្សជាតិ នៅក្នុងដំណាក់របស់ព្រះជាម្ចាស់ មិនថាទេពកោសល្យ អត្តសញ្ញាណ ឋានៈ បទពិសោធ មេរៀនដែលពួកគេបានរៀន និងអ្វីៗផ្សេងៗទៀតបែបនេះរបស់បុគ្គលណាម្នាក់ ពិសេសយ៉ាងណាក៏ដោយ ក៏បុគ្គលនោះមិនអាចប្រែក្លាយទៅជារូបតំណាងនៃសេចក្ដីពិតបានឡើយ។ ប្រសិនបើនរណាម្នាក់ហ៊ានធ្វើពុតជារូបតំណាងនៃសេចក្ដីពិតតាមតែអំពើចិត្តបែបនេះ នោះបុគ្គលនោះច្បាស់ជាបុគ្គលទទឹងនឹងព្រះគ្រីស្ទមិនខាន។ ទោះបីជាមនុស្សមួយចំនួនជួនកាលបញ្ចេញឱ្យឃើញនិស្ស័យបែបនេះក៏ដោយ ក៏ពួកគេនៅតែអាចទទួលយកសេចក្ដីពិត និងប្រែចិត្តបានដែរ។ មនុស្សបែបនេះមាននិស្ស័យរបស់បុគ្គលទទឹងនឹងព្រះគ្រីស្ទ ហើយដើរតាមផ្លូវរបស់បុគ្គលទទឹងនឹងព្រះគ្រីស្ទ ប៉ុន្តែពួកគេនៅតែមានសង្ឃឹមក្នុងការទទួលបានសេចក្ដីសង្គ្រោះ។ ទោះជាយ៉ាងណាក៏ដោយ ប្រសិនបើនរណាម្នាក់តែងតែធ្វើពុតជារូបតំណាងនៃសេចក្ដីពិត បន្តជឿថាខ្លួនឯងត្រឹមត្រូវ ហើយបដិសេធមិនព្រមប្រែចិត្ត នោះបុគ្គលនោះគឺជាបុគ្គលទទឹងនឹងព្រះគ្រីស្ទពិតប្រាកដហើយ។ អ្នកណាដែលជាបុគ្គលទទឹងនឹងព្រះគ្រីស្ទ នឹងមិនទទួលយកសេចក្ដីពិតសូម្បីតែបន្តិចឡើយ។ សូម្បីតែពួកគេត្រូវបានលាតត្រដាង និងជម្រុះចោលក៏ដោយ ក៏ពួកគេនៅតែមិនអាចស្គាល់ខ្លួនឯងបានដែរ ហើយពួកគេក៏មិនអាចមានវិប្បដិសារីពិតប្រាកដបានដែរ។ ពួកអ្នកដឹកនាំ និងពួកអ្នកធ្វើការមួយចំនួន គ្រាន់តែមាននិស្ស័យរបស់ពួកទទឹងនឹងព្រះគ្រីស្ទប៉ុណ្ណោះ។ គោលការណ៍នៃការប្រព្រឹត្តខ្លួនរបស់ពួកគេ និងផ្លូវដែលពួកគេជ្រើសរើស គឺដូចគ្នាទៅនឹងរបស់បុគ្គលទទឹងនឹងព្រះគ្រីស្ទដែរ។ ពួកគេក៏ខ្វះភាពមានវិចារណញាណ និងមិនយល់ពីសេចក្ដីពិត មិនដឹងពីធម្មជាតិ និងផលវិបាកនៃសកម្មភាពរបស់ពួកគេ ហើយប្រព្រឹត្តដោយឥតពិចារណាដែរ។ ទោះជាយ៉ាងណាក៏ដោយ អ្វីដែលធ្វើឱ្យពួកគេខុសប្លែកពីគេនោះគឺថា អ្នកខ្លះក្នុងចំណោមពួកគេនៅតែអាចទទួលយកព្រះបន្ទូលមួយចំនួនដែលខ្ញុំបានមានបន្ទូល។ ព្រះបន្ទូលរបស់ខ្ញុំនៅតែអាចជំរុញពួកគេ និងធ្វើជាការព្រមានដល់ពួកគេបាន។ ទោះបីជាពួកគេមាននិស្ស័យរបស់បុគ្គលទទឹងនឹងព្រះគ្រីស្ទក៏ដោយ ក៏ពួកគេនៅតែអាចទទួលយកសេចក្ដីពិតបានខ្លះៗដែរ ពួកគេអាចទទួលយកការលួសកាត់បានខ្លះៗ ពួកគេអាចមានវិប្បដិសារីពិតប្រាកដ និងប្រែចិត្តបានក្នុងកម្រិតណាមួយ។ ចំណុចនេះហើយដែលធ្វើឱ្យពួកគេខុសប្លែកពីពួកទទឹងនឹងព្រះគ្រីស្ទ។ ទាំងនេះគឺជាមនុស្សដែលគ្រាន់តែមាននិស្ស័យរបស់ពួកទទឹងនឹងព្រះគ្រីស្ទប៉ុណ្ណោះ។ មានចំណុចរួមមួយរវាងការមានសារជាតិធម្មជាតិជាបុគ្គលទទឹងនឹងព្រះគ្រីស្ទ និងការមាននិស្ស័យរបស់ពួកទទឹងនឹងព្រះគ្រីស្ទ។ ជារួម ស្ថានភាពទាំងពីរនេះគឺដូចគ្នា ដោយលក្ខណៈរួមរវាងបុគ្គលទទឹងនឹងព្រះគ្រីស្ទ និងអ្នកដែលមាននិស្ស័យរបស់ពួកទទឹងនឹងព្រះគ្រីស្ទ គឺពួកគេទាំងពីរមាននិស្ស័យរបស់ពួកទទឹងនឹងព្រះគ្រីស្ទដូចគ្នា។ ទោះជាយ៉ាងណាក៏ដោយ មនុស្សមួយចំនួនក្នុងចំណោមពួកគេអាចទទួលយកសេចក្ដីពិត និងបង្ហាញពីវិប្បដិសារីពិតប្រាកដបាន។ បុគ្គលបែបនេះមិនមែនជាបុគ្គលទទឹងនឹងព្រះគ្រីស្ទទេ ប៉ុន្តែជាអ្នកដែលមាននិស្ស័យរបស់ពួកទទឹងនឹងព្រះគ្រីស្ទវិញ។ នេះគឺជាភាពខុសគ្នារវាងបុគ្គលទទឹងនឹងព្រះគ្រីស្ទ និងអ្នកដែលមាននិស្ស័យរបស់ពួកទទឹងនឹងព្រះគ្រីស្ទ។ អ្នកណាដែលមិនអាចទទួលយកសេចក្ដីពិតសូម្បីតែបន្តិច និងគ្មានវិប្បដិសារីពិតប្រាកដ គឺជាបុគ្គលទទឹងនឹងព្រះគ្រីស្ទពិតប្រាកដ។ អ្នកណាដែលអាចទទួលយកសេចក្ដីពិត និងមានវិប្បដិសារីពិតប្រាកដ គឺជាអ្នកដែលមាននិស្ស័យរបស់ពួកទទឹងនឹងព្រះគ្រីស្ទ ហើយអាចត្រូវបានសង្គ្រោះ។ អ្នករាល់គ្នាគួរតែអាចវែកញែកឱ្យបានច្បាស់លាស់រវាងមនុស្សពីរប្រភេទនេះ ហើយមិនត្រូវកំណត់លក្ខណៈទាំងងងឹតងងល់ឡើយ។ តើអ្នករាល់គ្នាជាប្រភេទមួយណា? មនុស្សមួយចំនួនប្រហែលជានិយាយថា៖ «ហេតុអ្វីបានជាខ្ញុំមានអារម្មណ៍ថា ខ្ញុំដូចគ្នាទៅនឹងបុគ្គលទទឹងនឹងព្រះគ្រីស្ទអ៊ីចឹង? ហាក់ដូចជាគ្មានភាពខុសគ្នាទាល់តែសោះ»។ អារម្មណ៍នេះគឺត្រឹមត្រូវហើយ គឺគ្មានភាពខុសគ្នាឱ្យឃើញច្បាស់ឡើយ។ ប្រសិនបើអ្នកអាចទទួលយកសេចក្ដីពិត និងបង្ហាញពីវិប្បដិសារីពិតប្រាកដ នោះគឺជាភាពខុសគ្នាតែមួយគត់ ហើយវាក៏ជាភាពខុសគ្នានៅក្នុងទិដ្ឋភាពនៃភាពជាមនុស្សផងដែរ។ ពោលគឺ បុគ្គលទទឹងនឹងព្រះគ្រីស្ទគឺជាមនុស្សអាក្រក់។ ម្យ៉ាងវិញទៀត អ្នកដែលមាននិស្ស័យរបស់ពួកទទឹងនឹងព្រះគ្រីស្ទ មិនមែនជាមនុស្សអាក្រក់ទេ ពួកគេគ្រាន់តែមាននិស្ស័យពុករលួយប៉ុណ្ណោះ។ នោះគឺជាភាពខុសគ្នាតែមួយគត់។ គ្មានភាពខុសគ្នានៅក្នុងនិស្ស័យពុករលួយរបស់ពួកគេទេ ពួកគេសុទ្ធតែដូចគ្នានៅក្នុងចំណុចនេះ ហើយនេះគឺជាចំណុចរួមមួយដែលពួកគេទាំងអស់គ្នាមាន។ សភាពផ្សេងៗនៃមនុស្សជាតិពុករលួយដែលព្រះបន្ទូលរបស់ព្រះជាម្ចាស់បានលាតត្រដាង គឺត្រឹមត្រូវទាំងស្រុង ហើយមិនឃ្លាតពីការពិតសូម្បីតែបន្តិចឡើយ។ នៅពេលដែលរាស្ដ្ររើសតាំងរបស់ព្រះជាម្ចាស់អានព្រះបន្ទូលរបស់ព្រះជាម្ចាស់ ពួកគេទាំងអស់គ្នាមានអារម្មណ៍ដូចគ្នា ពួកគេទាំងអស់គ្នាមានការយល់ដឹងដូចគ្នា ខុសគ្នាតែត្រង់ជម្រៅនៃបទពិសោធរបស់ពួកគេប៉ុណ្ណោះ។ ពួកគេទាំងអស់គ្នាទទួលស្គាល់ពីភាពក្រអឺតក្រទម និងការខ្វះវិចារណញ្ញាណរបស់ពួកគេផ្ទាល់។ ពួកគេទាំងអស់គ្នាអាចដឹងថា ពួកគេមាននិស្ស័យពុករលួយច្រើនពេក ថាសាតាំងបានធ្វើឱ្យមនុស្សជាតិពុករលួយយ៉ាងជ្រៅពេក ហើយថាវាមិនងាយស្រួលទេសម្រាប់ព្រះជាម្ចាស់ក្នុងការសង្គ្រោះមនុស្សជាតិ។ ទោះបីជាបាននិយាយច្រើនយ៉ាងនេះក៏ដោយ ក៏នៅតែមានរឿងជាច្រើនទៀតដែលត្រូវនិយាយដែរ។ ពួកគេទាំងអស់គ្នាទទួលស្គាល់ថាមនុស្សជាតិគឺកម្សត់ និងគួរឱ្យអាណិត ខ្វាក់ភ្នែក និងល្ងង់ខ្លៅ។ ពួកគេទាំងអស់គ្នាដឹងថា គឺសាតាំងនេះហើយដែលបានធ្វើឱ្យមនុស្សជាតិពុករលួយយ៉ាងជ្រាលជ្រៅពេក ថាឫសគល់នៃសេចក្ដីពុករលួយ និងសេចក្ដីទុច្ចរិតរបស់មនុស្សជាតិ គឺស្ថិតនៅលើការធ្វើឱ្យពុករលួយ និងការត្រួតត្រារបស់សាតាំងមកលើមនុស្សជាតិ។ បន្ទាប់ពីត្រូវបានសាតាំងធ្វើឱ្យពុករលួយ មនុស្សជាតិបានប្រឡាក់ប្រឡូសដោយពិសពុលរបស់សាតាំង ដោយហេតុនេះក៏បង្កើតបានជានិស្ស័យរបស់សាតាំង ហើយបាត់បង់ភាពមានវិចារណញាណ មនសិការ និងហេតុផលរបស់មនុស្សធម្មតា។ មនុស្សគ្មានសមត្ថភាពក្នុងការបែងចែករវាងត្រូវ និងខុសឡើយ។ ប្រសិនបើព្រះជាម្ចាស់មិនបានបង្កើតក្រឹត្យវិន័យសម្រាប់មនុស្សជាតិទេ មនុស្សនឹងមិនដឹងថាការវាយដំ ឬសម្លាប់នរណាម្នាក់ ការលួច ឬការប្រព្រឹត្តអំពើសហាយស្មន់ គឺត្រូវ ឬខុសឡើយ។ ពួកគេនឹងជឿថាសកម្មភាពរបស់ពួកគេគឺត្រឹមត្រូវ ហើយថាពួកគេគួរតែប្រព្រឹត្តតាមរបៀបនោះ។ ទោះជាយ៉ាងណាក៏ដោយ បន្ទាប់ពីព្រះជាម្ចាស់បានប្រកាសក្រឹត្យវិន័យ និងបញ្ញត្តិ មនុស្សបានដឹងថាការធ្វើរឿងទាំងនេះគឺជាអំពើបាប ហើយភាពមានវិចារណញាណរបស់ពួកគេក៏ប្រែជាធម្មតាបន្តិចវិញ។ ជាការពិតណាស់ នេះគ្រាន់តែជាកម្រិតរាក់បំផុតនៃភាពមានវិចារណញាណប៉ុណ្ណោះ ដែលវានឹងកាន់តែស៊ីជម្រៅតាមធម្មជាតិ នៅពេលដែលពួកគេយល់ពីសេចក្ដីពិត។ ឥឡូវនេះ ប្រសិនបើមនុស្សអាចយល់កាន់តែច្បាស់ពីសេចក្ដីពិតផ្សេងៗ ស្គាល់ខ្លួនឯង ស្វែងរកកន្លែងដ៏ស័ក្តិសមរបស់ខ្លួន និងវាយតម្លៃយ៉ាងត្រឹមត្រូវពីកម្រិតនៃគុណសម្បត្តិ ការយល់ដឹង និងសមត្ថភាពរបស់ពួកគេក្នុងការយល់ពីសេចក្ដីពិត ហើយប្រសិនបើពួកគេក៏អាចប្រើប្រាស់សេចក្ដីពិតជាស្តង់ដា និងពឹងផ្អែកលើព្រះបន្ទូលរបស់ព្រះជាម្ចាស់ ដើម្បីស្វែងយល់ពីរឿងរ៉ាវ ដូចជាថាតើអាកប្បកិរិយាផ្សេងៗដែលមនុស្សពុករលួយមានចំពោះព្រះជាម្ចាស់ មួយណាមានលក្ខណៈវិជ្ជមាន និងមួយណាមិនមាន ហើយមួយណាជាសញ្ញាណ និងការស្រមើស្រមៃ ហើយមួយណាស្របតាមសេចក្ដីពិត នោះភាពមានវិចារណញាណរបស់ពួកគេនឹងប្រែជាកាន់តែធម្មតាមិនខាន។ ហេតុដូច្នេះហើយ មានតែសេចក្ដីពិតទេដែលអាចផ្ដល់ជីវិតថ្មីដល់មនុស្សបាន។ ទោះជាយ៉ាងណាក៏ដោយ ប្រសិនបើអ្នកបំពាក់ឱ្យខ្លួនឯងនូវចំណេះដឹង ផ្ដោតសំខាន់លើការអនុវត្តជាក់លាក់ មួយចំនួន ហើយតែងតែអួតអាង តែងតែបង្ហាញពីខ្លួនឯង និងតែងតែអួតបង្ហាញនូវចំណេះដឹង ឬចំណេះវិជ្ជាដ៏ស្រពិចស្រពិល និងមិនសំខាន់បន្តិចបន្តួចនោះ ហើយមិនដេញតាមសេចក្ដីពិតទេ តើអ្នកនឹងអាចទទួលបានជីវិតថ្មីនេះដែរឬទេ? ទេ នោះគឺជាការគិតស្រមើស្រមៃប៉ុណ្ណោះ។ មិនត្រឹមតែអ្នកនឹងមិនទទួលបានវាប៉ុណ្ណោះទេ អ្នកនឹងបាត់បង់ឱកាសក្នុងការទទួលបានសេចក្ដីសង្គ្រោះទៀតផង ហើយនោះគឺគ្រោះថ្នាក់ខ្លាំងណាស់!
អ្នករាល់គ្នាម្នាក់ៗបានស្ដាប់សេចក្ដីអធិប្បាយជាច្រើនអំពីសេចក្ដីពិត ហើយឥឡូវនេះ អ្នករាល់គ្នាមានការវែកញែកតិចឬច្រើនចំពោះមនុស្សប្រភេទផ្សេងៗ។ ទោះបីជាអ្នករាល់គ្នាអាចវែកញែកមនុស្សអាក្រក់ និងមនុស្សខិលខូចបានក៏ដោយ ក៏អ្នករាល់គ្នានៅតែមិនអាចវែកញែកអ្នកដឹកនាំក្លែងក្លាយ និងពួកទទឹងនឹងព្រះគ្រីស្ទបានដែរ។ ឥឡូវនេះ ដំណាក់របស់ព្រះជាម្ចាស់កំពុងជម្រះចេញពីពួកជំនុំបណ្ដើរៗ នូវអស់អ្នកណាដែលមិនទទួលយកសេចក្ដីពិតសូម្បីតែបន្តិច ដែលនៅតែប្រព្រឹត្តយ៉ាងផ្ដេសផ្ដាស ហើយរំខាន និងបង្អាក់កិច្ចការនៃដំណាក់របស់ព្រះជាម្ចាស់។ នេះបង្ហាញថាកិច្ចការរបស់ព្រះជាម្ចាស់បានឈានដល់ដំណាក់កាលនេះហើយ ហើយរាស្ដ្ររើសតាំងរបស់ព្រះជាម្ចាស់កំពុងចាប់ផ្ដើមភ្ញាក់រឭកហើយ។ កាលពីមុន ពេលខ្ញុំទាក់ទងជាមួយមនុស្សមួយចំនួន ខ្ញុំតែងតែមានអារម្មណ៍ថាមាន «ក្លិន» ម្យ៉ាងភាយចេញពីពួកគេ។ តើជាក្លិនប្រភេទណា? វាប្រៀបដូចជាក្លិនរបស់សត្វព្រៃ និងសត្វសាហាវ ដែលបះរោម និងលូ មុនពេលដែលគេចូលទៅជិតពួកវាអ៊ីចឹង។ មនុស្សក៏បង្ហាញឥរិយាបថជាក់លាក់មួយចំនួនស្រដៀងនឹងសត្វដែរ។ តើឥរិយាបថទាំងនេះកើតឡើងដោយរបៀបណា? វាកើតចេញពីនិស្ស័យពុករលួយបែបសាតាំងដែលមនុស្សមាន។ តើខ្ញុំមានន័យយ៉ាងណាចំពោះពាក្យថា «ក្លិន»? ខ្ញុំមានន័យថា អ្នកមិនឃើញភាពស្មោះត្រង់ទេ នៅពេលអ្នកសម្លឹងមើលទៅក្នុងភ្នែករបស់ពួកគេ ផ្ទុយទៅវិញ អ្នកនឹងឃើញតែក្រសែភ្នែកឡេងឡង់ និងរេរា។ ពួកគេមានអារម្មណ៍ថា ពួកគេមិនអាចស្ទាបស្ទង់អ្នកបានទេ ដូច្នេះភ្នែករបស់ពួកគេរេរាពេលសម្លឹងមើលអ្នក។ អ្នកក៏មិនអាចរកឃើញភាពបើកចំហដោយស្មោះត្រង់ណាមួយនៅក្នុងពាក្យសម្ដីដែលពួកគេនិយាយដែរ ពីព្រោះនៅជ្រៅក្នុងចិត្ត ពួកគេគ្មានភាពស្មោះត្រង់ទាល់តែសោះ។ តើខ្ញុំមានន័យយ៉ាងណា ពេលខ្ញុំនិយាយថាពួកគេគ្មានភាពបើកចំហដោយស្មោះត្រង់? ខ្ញុំមានន័យថា មិនថាពួកគេទាក់ទងជាមួយនរណាទេ គឺមានរបាំងការពារមួយនៅជ្រៅក្នុងចិត្តរបស់ពួកគេ។ អ្នកអាចសម្គាល់ឃើញរបាំងការពារនេះបាន តាមរយៈក្រសែភ្នែករបស់ពួកគេ ទឹកសម្លេងរបស់ពួកគេ និងរបៀបនិយាយរបស់ពួកគេ។ វាគឺជាក្លិនមួយប្រភេទដែលពួកគេមាន វាផ្តល់ឱ្យគេនូវអារម្មណ៍ថា ទោះបីជាពួកគេបានស្ដាប់សេចក្ដីអធិប្បាយជាច្រើនក៏ដោយ ក៏ពួកគេនៅតែមិនយល់ពីសេចក្ដីពិត ហើយក៏មិនទាន់ចាប់ផ្ដើមដើរលើផ្លូវនៃសេចក្ដីសង្គ្រោះដែរ។ មិនថាអ្នកប្រកបគ្នាជាមួយពួកគេអំពីសេចក្ដីពិត ឬលាតត្រដាងពីនិស្ស័យពុករលួយរបស់មនុស្សជាតិយ៉ាងណាក៏ដោយ មិនថាអ្នកប្រព្រឹត្តចំពោះពួកគេ ផ្គត់ផ្គង់ពួកគេ គង្វាលពួកគេ ឬជួយពួកគេដោយស្មោះត្រង់យ៉ាងណាក៏ដោយ ក៏អ្នកនឹងមិនទទួលបានអាកប្បកិរិយាស្មោះត្រង់ពីពួកគេឡើយ។ ដូច្នេះ តើមានអ្វីលាក់ទុកនៅក្នុងចិត្តរបស់ពួកគេ? ការប្រុងប្រយ័ត្នការពារខ្លួន ការសង្ស័យ។ ទាំងនេះគឺជារឿងដែលកើតមានញឹកញាប់បំផុត លើសពីនេះទៅទៀត ក៏មានប្រភេទនៃការការពារខ្លួន និងបំណងចង់ឱ្យគេគិតថាពួកគេខ្ពស់ជានិច្ចផងដែរ។ ហេតុដូច្នេះហើយ ពាក្យសម្ដីរបស់ពួកគេ ក្រសែភ្នែករបស់ពួកគេ ទឹកមុខរបស់ពួកគេ ទាំងអស់នេះសុទ្ធតែបង្ហាញពីអ្វីមួយដែលមិនធម្មតាខ្លាំង។ ពោលគឺ អ្វីដែលអ្នកសម្គាល់ឃើញពីភ្នែក និងទឹកមុខរបស់ពួកគេ គឺត្រូវគ្នានឹងអ្វីដែលពួកគេកំពុងគិតនៅជ្រៅក្នុងចិត្តឡើយ។ សរុបមក មិនថាបុគ្គលណាម្នាក់ជាមនុស្សខ្លាចៗ ឬប្រុងប្រយ័ត្ន ឬមានការលំបាកនៅក្នុងចិត្តរបស់ពួកគេក៏ដោយ ប្រសិនបើអ្នកមិនអាចមើលឃើញភាពស្មោះត្រង់បើកចំហរបស់ពួកគេទេ តើវាមិនមែនជាបញ្ហាទេឬ? (មែនហើយ។) ពិតណាស់ វាគឺជាបញ្ហាមួយ។ ដូច្នេះ តើយើងអាចដឹងដោយរបៀបណា? យើងអាចដឹងពីអាកប្បកិរិយារបស់ពួកគេ ឬរបៀបដែលពួកគេនិយាយ។ ពួកគេមិននិយាយពីអ្វីដែលនៅក្នុងចិត្តរបស់ពួកគេទេ ផ្ទុយទៅវិញ ពួកគេជ្រើសរើសពាក្យសម្ដីដែលពួកគេគិតថាស័ក្តិសម ហើយប្រកបគ្នាជាមួយអ្នកអំពីរឿងដែលពួកគេបានគិតទុកជាមុន។ នេះគឺជាកលល្បិចការពារខ្លួនរបស់អ្នកគ្មានជំនឿ។ រាល់ពេលមានរឿងអ្វីកើតឡើងចំពោះពួកគេ ជាដំបូង ពួកគេបះរោមបន្លាឡើងដូចសត្វកាំប្រមា ដើម្បីការពារខ្លួនឯង។ សភាពពិតរបស់ពួកគេ សមត្ថភាព និងទេពកោសល្យរបស់ពួកគេ កំហុសដែលពួកគេបានធ្វើ ភាពវង្វេងវង្វាន់របស់ពួកគេសូម្បីតែការបោកបញ្ឆោត និងភាពពុតត្បុតរបស់ពួកគេសុទ្ធតែត្រូវបានរុំព័ទ្ធដោយបន្លារបស់ពួកគេ ដោយលាក់បាំងមិនឱ្យពិភពខាងក្រៅមើលឃើញ ហើយសូម្បីតែខ្ញុំក៏មើលមិនឃើញដែរ។ ពួកគេខិតខំយ៉ាងខ្លាំង ដើម្បីបិទបាំង និងរុំខ្ចប់ខ្លួនឯង ហើយក៏ដើម្បីការពារខ្លួនឯងផងដែរ។ តើរឿងទាំងនេះមកពីណា? មនុស្សជាតិទទួលបានរឿងទាំងនេះ បន្ទាប់ពីត្រូវបានសាតាំងធ្វើឱ្យពុករលួយ។ កាលពីដើមដំបូង បន្ទាប់ពីព្រះជាម្ចាស់បានបង្កើតអ័ដាម និងអេវ៉ា ទ្រង់បាននាំពួកគេទៅរស់នៅក្នុងសួនអេដែន ទ្រង់បានប្រាប់ពួកគេថា ផ្លែពីដើមឈើណាខ្លះដែលពួកគេអាចបរិភោគបាន និងផ្លែពីដើមឈើណាខ្លះដែលពួកគេមិនអាចបរិភោគបាន។ ពួកគេនៅអាក្រាតកាយ ហើយមិនខ្មាសអៀននៅចំពោះព្រះជាម្ចាស់ឡើយ។ ហើយតើពួកគេគិតយ៉ាងណាចំពោះរឿងនេះ? ពួកគេគិតថា នេះជារបៀបដែលព្រះជាម្ចាស់បានបង្កើតពួកគេមក ថាពួកគេមានអ្វីៗទាំងអស់ដែលព្រះជាម្ចាស់បានប្រទានឱ្យពួកគេ ហើយថាពួកគេមិនចាំបាច់លាក់បាំងពីព្រះជាម្ចាស់ឡើយ។ ពួកគេមិនដែលគិតចង់ធ្វើបែបនោះទេ។ ហេតុដូច្នេះហើយ មិនថាពួកគេនៅចំពោះព្រះជាម្ចាស់ក្នុងសភាពបែបណាក៏ដោយ ក៏ពួកគេតែងតែមានចិត្តបើកចំហជានិច្ច។ អ្នកអាចមើលឃើញភាពស្មោះត្រង់នៅក្នុងភ្នែករបស់ពួកគេ។ នៅជ្រៅក្នុងចិត្តរបស់ពួកគេ ពួកគេគ្មានការប្រយ័ត្នការពារខ្លួន ឬជញ្ជាំងការពារចំពោះព្រះជាម្ចាស់ឡើយ។ ពួកគេមិនចាំបាច់ការពារខ្លួនឯងនៅចំពោះព្រះជាម្ចាស់ទេ ពីព្រោះពួកគេដឹងនៅជ្រៅក្នុងចិត្តថា ព្រះជាម្ចាស់មិនបង្កការគំរាមកំហែងដល់ពួកគេឡើយ ពួកគេមានសុវត្ថិភាពទាំងស្រុង។ ព្រះជាម្ចាស់នឹងការពារ ស្រឡាញ់ និងថ្នាក់ថ្នមពួកគេប៉ុណ្ណោះ។ ព្រះជាម្ចាស់នឹងមិនធ្វើបាបពួកគេឡើយ។ នៅជ្រៅក្នុងចិត្ត នេះគឺជាគំនិតជាមូលដ្ឋាន និងរឹងមាំបំផុតរបស់ពួកគេ។ ប៉ុន្តែ តើរឿងនេះចាប់ផ្ដើមផ្លាស់ប្ដូរនៅពេលណា? (នៅពេលដែលពួកគេញ៉ាំផ្លែពីដើមឈើដឹងខុសត្រូវ។) តាមពិតទៅ ការញ៉ាំផ្លែឈើពីដើមដឹងខុសត្រូវ គឺជានិមិត្តរូប។ វាមានន័យថា ចាប់ពីពេលដែលសាតាំងបានល្បួងអេវ៉ាជាលើកដំបូង ពួកគេត្រូវបានសាតាំងល្បួងបន្តិចម្ដងៗ ដោយប្រព្រឹត្តអំពើបាប ធ្វើរឿងខុសឆ្គង និងដើរផ្លូវខុស បន្ទាប់មក ពិសពុលរបស់សាតាំងក៏បានចូលទៅក្នុងពួកគេ។ មិនយូរប៉ុន្មាន មុនពេលព្រះជាម្ចាស់យាងមកដល់ ពួកគេតែងតែលាក់ខ្លួនពីព្រះជាម្ចាស់ ដោយមិនចង់ឱ្យព្រះជាម្ចាស់រកពួកគេឃើញឡើយ។ ហេតុអ្វីបានជាពួកគេធ្វើបែបនេះ? ពួកគេមានអារម្មណ៍ថាឃ្លាតឆ្ងាយពីព្រះជាម្ចាស់។ ហើយតើភាពឃ្លាតឆ្ងាយនេះកើតឡើងដោយរបៀបណា? គឺដោយសារតែពួកគេមានអ្វីមួយខុសប្លែកនៅខាងក្នុងពួកគេ។ សាតាំងបានផ្ដល់ឱ្យពួកគេនូវគំនិត និងទស្សនៈជាក់លាក់មួយចំនួន វាបានផ្ដល់ឱ្យពួកគេនូវជីវិតម្យ៉ាង ដែលបណ្ដាលឱ្យពួកគេសង្ស័យ និងប្រយ័ត្នប្រយែងចំពោះព្រះជាម្ចាស់។ បន្ទាប់មក ពួកគេក៏ចាប់ផ្ដើមឆ្ងល់ភ្លាមៗថា តើព្រះជាម្ចាស់នឹងសើចចំអកឱ្យពួកគេឬអត់ ពេលឃើញពួកគេអាក្រាតកាយ។ តើគំនិតនេះមកពីណា? (មកពីសាតាំង។) ហេតុអ្វីបានជាពួកគេមិនគិតបែបនេះ មុនពេលសាតាំងល្បួងពួកគេ? នៅពេលនោះ ពួកគេមានជីវិតដើមដំបូងបំផុតដែលព្រះជាម្ចាស់បានប្រទានឱ្យ ពួកគេមិនខ្លាចព្រះជាម្ចាស់សើចចំអកឱ្យពួកគេទេ ហើយពួកគេក៏គ្មានគំនិតបែបនេះដែរ។ ប៉ុន្តែ បន្ទាប់ពីត្រូវបានសាតាំងល្បួង អ្វីៗគ្រប់យ៉ាងក៏ចាប់ផ្ដើមផ្លាស់ប្ដូរ។ ជាដំបូង ពួកគេគិតថា៖ «ពួកយើងមិនបានស្លៀកពាក់អ្វីទេ។ តើព្រះជាម្ចាស់នឹងមិនសើចចំអកឱ្យពួកយើងទេឬ? តើនេះមានន័យថាពួកយើងគ្មានភាពខ្មាសអៀនទេឬ?»។ សំណួរជាបន្តបន្ទាប់បានកើតឡើងនៅក្នុងគំនិតរបស់ពួកគេ។ ហើយនៅពេលដែលគំនិតទាំងនេះកើតឡើង ពួកគេមិនអាចទប់ចិត្តមិនឱ្យលាក់ខ្លួនពីព្រះជាម្ចាស់បានឡើយ។ ពួកគេច្បាស់ជាគិតក្នុងចិត្តថា៖ «តើព្រះជាម្ចាស់នឹងយាងមកនៅពេលណា? ប្រសិនបើព្រះជាម្ចាស់យាងមកមែន តើខ្ញុំគួរធ្វើដូចម្ដេច? ខ្ញុំត្រូវតែប្រញាប់លាក់ខ្លួនសិន!»។ ពួកគេមានអារម្មណ៍ថា ពួកគេត្រូវតែលាក់ខ្លួនជានិច្ច។ តើនេះគឺជានិស្ស័យពុករលួយដែរឬទេ? (មែនហើយ។) ការល្បួងរបស់សាតាំង គឺជាឫសគល់នៃនិស្ស័យពុករលួយនេះ។ នៅពេលដែលពួកគេប្រុងប្រយ័ត្ន និងលាក់ខ្លួនពីព្រះជាម្ចាស់ តើពួកគេនៅតែទុកចិត្តព្រះជាម្ចាស់នៅក្នុងចិត្តរបស់ពួកគេដែរឬទេ? តើពួកគេនៅតែពឹងផ្អែកលើទ្រង់ដែរឬទេ? (ទេ ពួកគេមិនពឹងផ្អែកទេ។) ដូច្នេះ តើមានអ្វីនៅសេសសល់? (ភាពប្រុងប្រយ័ត្ន។) អ្វីដែលនៅសេសសល់ គឺមានតែភាពប្រុងប្រយ័ត្ន និងការសង្ស័យ ក៏ដូចជាភាពឃ្លាតឆ្ងាយ ការភ័យខ្លាច និងភាពមន្ទិលប៉ុណ្ណោះ រឿងទាំងអស់នេះបានកើតឡើង។ ពួកគេថែមទាំងគិតថា៖ «តើព្រះជាម្ចាស់នឹងបង្កគ្រោះថ្នាក់ដល់ពួកយើងឬអត់? ពួកយើងកំពុងអាក្រាតកាយ ហើយគ្មានអ្វីសម្រាប់ការពារខ្លួនឡើយ។ តើព្រះជាម្ចាស់អាចវាយពួកយើងឬអត់? តើទ្រង់អាចសម្លាប់ពួកយើងឬអត់?»។ ពួកគេមិនដែលនឹកគិតសោះថា ជីវិតរបស់ពួកគេត្រូវបានព្រះជាម្ចាស់ប្រទានឱ្យ ហើយទ្រង់ច្បាស់ជានឹងមិនសម្លាប់ពួកគេដោយងាយៗបែបនេះឡើយ។ ចិត្តគំនិតរបស់ពួកគេប្រែជាស្រពេចស្រពិល ពួកគេមានការភាន់ច្រឡំហើយ។ ការដែលសាតាំងធ្វើឱ្យមនុស្សជាតិពុករលួយ នៅតែបន្តរហូតមកដល់បច្ចុប្បន្ន អាកប្បកិរិយារបស់មនុស្សជាតិចំពោះព្រះជាម្ចាស់ អាចមើលឃើញតាមរយៈក្រសែភ្នែករបស់មនុស្ស ហើយវាមិនដែលផ្លាស់ប្ដូរឡើយ។ ភាពស្មោះត្រង់បានបាត់បង់ទៅហើយ សេចក្ដីជំនឿពិតប្រាកដ ការទុកចិត្ត និងការពឹងផ្អែកលើព្រះជាម្ចាស់ ក៏បានបាត់បង់ទៅហើយដែរ។ តើឫសគល់នៃរឿងនេះស្ថិតនៅត្រង់ណា? (ស្ថិតនៅលើការដែលសាតាំងធ្វើឱ្យមនុស្សពុករលួយ។) ត្រឹមត្រូវហើយ វាស្ថិតនៅលើការដែលសាតាំងធ្វើឱ្យមនុស្សពុករលួយ។ សាតាំងបានបង្កគ្រោះថ្នាក់ដល់មនុស្សជាតិយ៉ាងធ្ងន់ធ្ងរ! ទោះបីជាមនុស្សអាចគិតថា ពេលវេលាមុនពេលសាតាំងធ្វើឱ្យមនុស្សជាតិពុករលួយ គឺល្អគួរសមក៏ដោយ តាមការពិត នៅពេលប្រៀបធៀបទៅនឹងពេលវេលាបន្ទាប់ពីត្រូវបានសង្គ្រោះ និងយល់ពីសេចក្ដីពិត ព្រមទាំងស្គាល់ព្រះជាម្ចាស់ អ្វីៗនៅពេលនោះនៅតែមិនល្អដូចពេលបន្ទាប់ពីត្រូវបានសង្គ្រោះឡើយ។ ប្រសិនបើអ្នករាល់គ្នាអាចជ្រើសរើសបាន តើអ្នករាល់គ្នានឹងជ្រើសរើសស្ថានភាពមួយណា? (ពេលបន្ទាប់ពីត្រូវបានសង្គ្រោះ។) តាមពិតទៅ វាមិនសមរម្យទេដែលមនុស្សជ្រើសរើសយកណាមួយ មនុស្សមិនអាចជ្រើសរើសបានឡើយ។ នេះត្រូវបានព្រះជាម្ចាស់តម្រូវទុកជាមុន វាគឺជាវាសនារបស់មនុស្សជាតិ។ មុនពេលត្រូវបានសាតាំងធ្វើឱ្យពុករលួយ ទោះបីជាមនុស្សមានការទុកចិត្ត និងពឹងផ្អែកលើព្រះជាម្ចាស់ក៏ដោយ ក៏មនុស្សដំបូងនៃមនុស្សជាតិ មិនយល់ពីសេចក្ដីពិត និងមិនដឹងថាព្រះជាម្ចាស់ជានរណាឡើយ។ សព្វថ្ងៃនេះ យ៉ាងហោចណាស់មនុស្សមានសញ្ញាណអំពីរឿងនេះ ពួកគេដឹងថាមនុស្សជាតិមកពីព្រះជាម្ចាស់ ថាពួកគេគឺជាភាវៈដែលព្រះបានបង្កើត ហើយព្រះជាម្ចាស់គឺជាព្រះអាទិកររបស់ពួកគេ។ ពួកគេដឹងថា ព្រះជាម្ចាស់គ្រប់គ្រងលើអ្វីៗទាំងអស់។ ប៉ុន្តែមនុស្សនៅសម័យនោះ មិនយល់ពីរឿងទាំងនេះទេ។ ពួកគេសាមញ្ញណាស់ មានន័យថាពួកគេមិនខ្លាចព្រះជាម្ចាស់ទតឃើញពួកគេ ឬសើចចំអកឱ្យពួកគេឡើយ ហើយពួកគេនឹងងាកទៅរកព្រះជាម្ចាស់ក្នុងរឿងគ្រប់យ៉ាង។ ជំនឿរបស់ពួកគេគឺសាមញ្ញបែបនេះឯង។ ប៉ុន្តែ តើពួកគេដឹងថាព្រះជាម្ចាស់ជានរណាដែរឬទេ? ទេ។ ហេតុដូច្នេះហើយ រាល់កិច្ចការទាំងអស់ដែលព្រះជាម្ចាស់បានធ្វើ សុទ្ធតែមានតម្លៃយ៉ាងជ្រាលជ្រៅ និងមានអត្ថន័យដ៏ធំធេងសម្រាប់មនុស្សជាតិ។ កិច្ចការទាំងអស់នេះសុទ្ធតែល្អ។ នៅពេលដែលយើងនិយាយអំពីប្រវត្តិសាស្ត្រនៃការបះបោររបស់មនុស្សជាតិប្រឆាំងនឹងព្រះជាម្ចាស់ តើអ្នករាល់គ្នាមានអារម្មណ៍សោកសៅខ្លាំងដែរឬទេ? ទំនាក់ទំនងដែលធ្លាប់តែស្និទ្ធស្នាលរវាងមនុស្សជាតិ និងព្រះជាម្ចាស់ បានប្រែជាឃ្លាតឆ្ងាយយ៉ាងខ្លាំង។ ព្រះជាម្ចាស់ការពារ និងស្រឡាញ់មនុស្សជាតិដោយស្មោះត្រង់ ប៉ុន្តែមនុស្សបែរជាសង្ស័យព្រះជាម្ចាស់ ពួកគេលាក់ខ្លួនពីព្រះជាម្ចាស់ និងឃ្លាតឆ្ងាយពីព្រះជាម្ចាស់ ថែមទាំងចាត់ទុកព្រះជាម្ចាស់ជាសត្រូវទៀតផង។ ការនិយាយបែបនេះ ពិតជានាំមកនូវសេចក្ដីសោកសៅយ៉ាងខ្លាំងមែន។ ប៉ុន្តែ យើងអាចបង្វែរសេចក្ដីស្អប់របស់យើងទៅលើសាតាំងតែប៉ុណ្ណោះ គឺសាតាំងនេះហើយដែលបានធ្វើឱ្យមនុស្សជាតិពុករលួយយ៉ាងធ្ងន់ធ្ងរបែបនេះ។ ទោះបីជាសាតាំងបានធ្វើឱ្យមនុស្សជាតិពុករលួយដល់កម្រិតនេះក៏ដោយ ក៏ព្រះជាម្ចាស់មានវិធីសង្គ្រោះមនុស្សជាតិដែរ។ មិនថាសាតាំងរំខានយ៉ាងណាក៏ដោយ ក៏វានឹងមិនប៉ះពាល់ដល់កិច្ចការសង្គ្រោះមនុស្សជាតិរបស់ព្រះជាម្ចាស់ឡើយ។ នេះគឺជាសព្វានុភាពរបស់ព្រះជាម្ចាស់ ជាសិទ្ធិអំណាចរបស់ព្រះជាម្ចាស់។
ពួកទទឹងនឹងព្រះគ្រីស្ទធ្វើពុតជារូបតំណាងនៃសេចក្ដីពិត នៅពេលដែលពួកគេទទួលបានបទពិសោធ និងចំណេះដឹងបន្តិចបន្តួច ហើយបានរៀនមេរៀនមួយចំនួន។ ពួកយើងបានប្រកបគ្នាស្ទើរតែគ្រប់គ្រាន់ហើយអំពីប្រធានបទនេះ។ តើអ្នករាល់គ្នាទទួលបានព័ត៌មានអ្វីខ្លះពីវា? តើអ្នករាល់គ្នាយល់ពីសេចក្ដីពិតអ្វីខ្លះ? (ពួកយើងមិនគួរឱ្យតម្លៃលើចំណេះដឹងទេ។) នេះគឺជាទិដ្ឋភាពមួយ។ តើមានអ្វីផ្សេងទៀតដែរឬទេ? (មនុស្សជាតិមិនមែនជាសេចក្ដីពិតឡើយ ហើយមិនគួរធ្វើពុតជាព្រះជាម្ចាស់ទេ។) ការធ្វើពុតជាសេចក្ដីពិត ពីធម្មជាតិរបស់វា មិនមែនជារឿងវិជ្ជមានឡើយ។ សេចក្ដីពិតមិនមែនជារឿងដែលនរណាម្នាក់អាចធ្វើពុតបានទេ វាគឺជាសារជាតិរបស់ព្រះជាម្ចាស់។ ព្រះជាម្ចាស់ផ្គត់ផ្គង់សេចក្ដីពិតមួយចំនួនដល់អ្នក ហើយការទទួលបានសេចក្ដីពិតបន្តិចបន្តួច គឺល្អគ្រប់គ្រាន់ទៅហើយ។ ប៉ុន្តែ មនុស្សមួយចំនួនចង់ក្លាយជារូបតំណាងនៃសេចក្ដីពិត។ នេះគឺជារឿងមិនអាចទៅរួចទេ។ ការអះអាងបែបនេះ គឺគ្មានមូលដ្ឋានទាល់តែសោះ។ លើសពីនេះទៅទៀត ប្រសិនបើមនុស្សចង់ទទួលបានសេចក្ដីសង្គ្រោះតាមរយៈការជឿលើព្រះជាម្ចាស់ ពួកគេត្រូវតែរៀនប្រព្រឹត្តខ្លួនដោយភាពប្រាកដប្រជា និងមិនត្រូវដេញតាមភាពល្អឥតខ្ចោះឡើយ។ ទោះបីជាពាក្យថា «ភាពល្អឥតខ្ចោះ» អាចមានក៏ដោយ ក៏គំនិតដែលថាមនុស្សដែលព្រះជាម្ចាស់បានបង្កើត អាចក្លាយជាមនុស្សល្អឥតខ្ចោះ គឺជារឿងដែលមិនអាចទទួលយកបានឡើយ។ ភាពល្អឥតខ្ចោះ អាចរកឃើញតែនៅក្នុងព្រះជាម្ចាស់ប៉ុណ្ណោះ។ ក្នុងចំណោមមនុស្ស ដែលពោរពេញទៅដោយសេចក្ដីពុករលួយ តើនរណាជាមនុស្សល្អឥតខ្ចោះ? អ្វីៗគ្រប់យ៉ាងដែលព្រះជាម្ចាស់បង្កើតមក គឺគ្មានខ្ចោះឡើយ។ នេះហើយជាអ្វីដែលយើងហៅថា «ភាពល្អឥតខ្ចោះ»។ ចូរពិចារណាមើលត្រីនៅក្នុងសមុទ្រ សត្វស្លាបនៅលើមេឃ សត្វបក្សី និងសត្វចតុបាទដែលដើរនៅលើផែនដី ពួកវាសុទ្ធតែល្អឥតខ្ចោះ។ តើអ្នកអាចរកឃើញអ្វីមួយដែលមិនល្អដែរឬទេ? បន្ទាប់មក មានខ្សែសង្វាក់ជីវសាស្ត្រដែលបង្កើតឡើងដោយភាវៈរស់ទាំងអស់ គឺវាពិតជាល្អឥតខ្ចោះណាស់! មនុស្សពុករលួយ អាចត្រឹមតែបង្កការបំផ្លិចបំផ្លាញ ធ្វើឱ្យវាលែងល្អឥតខ្ចោះ មានខ្ចោះ និងមានកង្វះខាតប៉ុណ្ណោះ។ ពិតជាអាត្មានិយម និងគួរឱ្យស្អប់ខ្ពើមណាស់! អ្វីៗគ្រប់យ៉ាងដែលព្រះជាម្ចាស់បង្កើតមក សុទ្ធតែល្អ។ ស្លឹកឈើមានគ្រប់រូបរាង សត្វធំ និងសត្វតូចមានគ្រប់ទំហំរាងកាយ ដែលនីមួយៗមានមុខងាររៀងៗខ្លួន។ ព្រះជាម្ចាស់មានការគិតគូរដល់មនុស្សជាតិខ្លាំងណាស់ ទោះជាយ៉ាងណាក៏ដោយ មនុស្សជាតិដែលត្រូវបានសាតាំងធ្វើឱ្យពុករលួយ បានបរាជ័យក្នុងការគ្រប់គ្រងរបស់សព្វសារពើ។ ផ្ទុយទៅវិញ មនុស្សជាតិបានបំផ្លាញរបស់សព្វសារពើ និងធ្វើឱ្យចេតនាដ៏ផ្ចិតផ្ចង់របស់ព្រះជាម្ចាស់ក្លាយជាអសារបង់។ មនុស្សមិនបានឱ្យតម្លៃលើរឿងទាំងអស់នេះទេ ផ្ទុយទៅវិញ ពួកគេបានបំផ្លាញវាយ៉ាងខ្លាំងក្លា ដោយខ្ជះខ្ជាយ និងបំផ្លាញធនធានទាំងអស់រហូតដល់កម្រិតធ្ងន់ធ្ងរបំផុត។ ហើយតើលទ្ធផលនៃរឿងនេះគឺជាអ្វី? តើលទ្ធផលចុងក្រោយគឺជាអ្វី? ពួកគេសាបព្រោះអ្វី នឹងច្រូតបានហ្នឹង! បរិស្ថានត្រូវបានបំផ្លាញ ខ្សែសង្វាក់អាហារត្រូវបានបង្អាក់ ខ្យល់ត្រូវបានបំពុល ហើយទឹកក៏ត្រូវបានបំពុល។ គ្មានអាហារធម្មជាតិនៅសេសសល់ឡើយ សូម្បីតែទឹកស្អាតសម្រាប់ផឹកក៏គ្មានដែរ។ ហេតុដូច្នេះហើយ គំនិតនៃ «ភាពល្អឥតខ្ចោះ» មិនមាននៅក្នុងចំណោមមនុស្សដែលត្រូវបានសាតាំងធ្វើឱ្យពុករលួយឡើយ។ បុគ្គលណាក៏ដោយ ដែលនៅក្រោមស្លាកនៃការដេញតាមសេចក្ដីពិត អះអាងថាខ្លួនល្អឥតខ្ចោះ ឬកំពុងដេញតាមភាពល្អឥតខ្ចោះ គឺកំពុងធ្វើការអះអាងដែលមិនសមហេតុផលឡើយ។ វាគឺជាការកុហកបោកប្រាស់ និងបំភាន់។ ហើយទោះជាយ៉ាងនេះក្ដី ក៏មនុស្សពុករលួយបែបនេះប្រាថ្នាចង់ធ្វើពុតជារូបតំណាងនៃសេចក្ដីពិតដែរ! ពួកគេបានធ្វើរឿងអាក្រក់ជាច្រើន ប៉ុន្តែនៅតែគិតថាពួកគេអាចធ្វើពុតជារូបតំណាងនៃសេចក្ដីពិតបានទៀត! តើនេះមិនមែនមានន័យថា ធម្មជាតិបែបសាតាំងរបស់ពួកគេមិនផ្លាស់ប្ដូរទេឬ? (មែនហើយ។) ការដែលគ្មានសេចក្ដីពិតទាល់តែសោះ ប៉ុន្តែនៅតែប្រាថ្នាចង់ធ្វើពុតជារូបតំណាងនៃសេចក្ដីពិត ពួកសាតាំងពិតជាគ្មានការខ្មាសអៀនមែន!
ថ្ងៃទី ២០ ខែវិច្ឆិកា ឆ្នាំ ២០១៩