វាសនា និងលទ្ធផល

ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់  សម្រង់សម្ដីទី ៥៨០

នៅក្នុងពន្លឺនៃផ្លេកបន្ទោរមួយ រាល់សត្វទាំងអស់ត្រូវបានបង្ហាញក្នុងទម្រង់ដ៏ពិតរបស់វា។ ដូចគ្នានេះដែរ ដោយត្រូវបានបំភ្លឺដោយពន្លឺរបស់ខ្ញុំ មនុស្សក៏បានទទួលភាពបរិសុទ្ធដែលគេធ្លាប់មានឡើងវិញ។ ឱពិភពលោកចាស់ដ៏ពុករលួយអើយ! នៅទីបំផុត វាបានដួលរលំទៅក្នុងទឹកដែលគួរឱ្យខ្ពើម ហើយវាបានរលាយទៅជាភក់ជ្រាំ ដោយលិចនៅខាងក្រោមផ្ទៃដី! ឱមនុស្សជាតិទាំងអស់ដែលជាការបង្កើតរបស់ខ្ញុំអើយ! នៅទីបំផុត ពួកគេបានត្រឡប់មករកជីវិតសារជាថ្មីនៅក្នុងពន្លឺ ពួកគេបានរកឃើញមូលដ្ឋានគ្រឹះនៃជីវិត ហើយឈប់ជាប់គាំងនៅក្នុងភក់ជ្រាំទៀតហើយ! ឱរបស់សព្វសារពើនៃការបង្កើតជាច្រើនដែលខ្ញុំកាន់នៅក្នុងព្រះហស្តរបស់ខ្ញុំអើយ! តាមរយៈព្រះបន្ទូលរបស់ខ្ញុំ តើពួកវាមិនអាចផ្លាស់ប្រែជាថ្មីបានយ៉ាងដូចម្តេចទៅ? នៅក្នុងពន្លឺ តើពួកវាមិនអាចធ្វើតាមតួនាទីរបស់ពួកវាបានយ៉ាងដូចម្តេចទៅ? ផែនដីលែងនៅស្ងៀម ហើយនៅទ្រឹងដូចស្លាប់តទៅទៀតហើយ ស្ថានសួគ៌លែងសោះកក្រោះ និងទុក្ខព្រួយតទៅទៀតហើយ។ ដោយមិនត្រូវបានចែកខណ្ឌដោយលំហតទៅទៀត ស្ថានសួគ៌ និងផែន រួមគ្នាតែមួយ និងមិនដែលកាត់ចេញពីគ្នាម្តងទៀតនោះទេ។ ក្នុងឱកាសដ៏រីករាយ និងពេលវេលាដ៏សប្បាយនេះ សេចក្តីសុចរិត និងភាពបរិសុទ្ធរបស់ខ្ញុំបានពង្រីកទូទាំងពិភពលោក ហើយមនុស្សជាតិទាំងអស់កោតសរសើរដល់សេចក្តីសុចរិត និងភាពបរិសុទ្ធនោះឥតឈប់ឈរ។ ទីក្រុងទាំងឡាយនៃស្ថានសួគ៌ កំពុងតែសើចដោយក្តីសប្បាយរីករាយ។ ហើយនគរនៃផែនដីកំពុងរាំច្រៀងយ៉ាងសប្បាយ។ នៅពេលនេះ តើនរណាមិនរីករាយ ហើយតើនរណាមិនយំ? ផែនដីដែលនៅក្នុងសភាវៈដំបូងរបស់ខ្លួន គឺជាកម្មសិទ្ធិរបស់ស្ថានសួគ៌ ហើយស្ថានសួគ៌រួបរួមជាមួយផែនដី។ មនុស្សគឺជាខ្សែភ្ជាប់រវាងស្ថានសួគ៌ និងផែនដី ហើយដោយសារតែភាពបរិសុទ្ធ និងការផ្លាស់ប្រែជាថ្មីរបស់មនុស្ស នោះស្ថានសួគ៌លែងលាក់បាំងពីផែនដីតទៅទៀតហើយ ចំណែកផែនដីក៏លែងស្ងប់ស្ងាត់ចំពោះស្ថានសួគ៌ដែរ។ ទឹកមុខរបស់មនុស្សជាតិ ពោរពេញទៅដោយស្នាមញញឹមនៃភាពរីករាយ ហើយនៅក្នុងចិត្តរបស់ពួកគេ មានបង្កប់នូវភាពផ្អែមល្ហែមមួយ ដែលភាពផ្អែមល្ហែមនោះ មិនផ្លាស់ប្តូរនោះទេ។ មនុស្សមិនឈ្លោះទាស់ទែងជាមួយមនុស្ស ឬក៏វាយគ្នានោះទេ។ តើនៅក្នុងពន្លឺរបស់ខ្ញុំ មានមនុស្សដែលមិនរស់នៅដោយសុខក្សេមក្សាន្តជាមួយអ្នកដទៃឬទេ? តើនៅក្នុងរជ្ជកាលរបស់ខ្ញុំ មានមនុស្សដែលធ្វើឱ្យខូចកិត្តិយសព្រះនាមរបស់ខ្ញុំឬទេ? មនុស្សទាំងអស់តម្រង់ការសម្លឹងដោយគោរពរបស់ពួកគេឆ្ពោះមករកខ្ញុំ ហើយនៅក្នុងចិត្តរបស់ពួកគេ ពួកគេស្រែករកខ្ញុំដោយអាថ៌កំបាំង។ ខ្ញុំបានតាមរកមើលគ្រប់សកម្មភាពរបស់មនុស្សជាតិ៖ នៅក្នុងចំណោមមនុស្សដែលបានលាងសម្អាត គ្មាននរណាម្នាក់ដែលមិនស្តាប់បង្គាប់ខ្ញុំនោះទេ ហើយក៏គ្មាននរណាម្នាក់ផ្ទេរការជំនុំជម្រះថ្វាយខ្ញុំនោះដែរ។ គ្រប់មនុស្សជាតិទាំងអស់ត្រូវបានផ្សព្វផ្សាយដោយនិស្ស័យរបស់ខ្ញុំ។ មនុស្សទាំងអស់កំពុងតែមកស្គាល់ខ្ញុំ កំពុងតែមកកាន់តែជិតខ្ញុំ ហើយកំពុងតែស្រឡាញ់ខ្ញុំ។ ខ្ញុំឈរយ៉ាងមាំមួននៅក្នុងវិញ្ញាណរបស់មនុស្ស ខ្ញុំត្រូវបានលើកតម្កើងទៅកាន់កំពូលដ៏ខ្ពស់បំផុតនៅក្នុងក្រសែភ្នែករបស់មនុស្ស ហើយខ្ញុំហូរតាមលោហិតនៅក្នុងសរសៃឈាមរបស់មនុស្ស។ ការលើកតម្កើងដ៏រីករាយនៅក្នុងចិត្តរបស់មនុស្ស បំពេញគ្រប់ទីកន្លែងនៅលើផែនដី ខ្យល់មានសភាពត្រជាក់និងបរិសុទ្ធ អ័ភ្រដ៏ក្រាស់ក៏លែងក្រាលគ្របលើដីតទៅទៀត ហើយព្រះអាទិត្យបញ្ចេញរស្មីយ៉ាងត្រចះត្រចង់។

(ដកស្រង់ពី «ព្រះបន្ទូលរបស់ព្រះជាម្ចាស់ ថ្លែងទៅកាន់សកលលោកទាំងមូល» ជំពូកទី ១៨ នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)

ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់  សម្រង់សម្ដីទី ៥៨១

នគរព្រះកំពុងពង្រីកនៅក្នុងចំណោមមនុស្ស វាកំពុងតែលេចរូបរាងនៅក្នុងចំណោមមនុស្ស ហើយវាកំពុងតែឈរនៅក្នុងចំណោមមនុស្ស។ គ្មានកម្លាំងណាអាចបំផ្លាញនគររបស់ខ្ញុំបានទេ។ នៅក្នុងចំណោមប្រជារាស្ត្ររបស់ខ្ញុំដែលនៅក្នុងនគរព្រះនាពេលបច្ចុប្បន្ននេះ តើមាននរណាម្នាក់ក្នុងចំណោមអ្នករាល់គ្នា ដែលមិនមែនជាមនុស្សម្នាក់នៅក្នុងចំណោមមនុស្សទាំងអស់? តើនរណាក្នុងចំណោមអ្នករាល់គ្នា ដែលដេកនៅខាងក្រៅស្ថានភាពរបស់មនុស្ស? នៅពេលដែលចំណុចចាប់ផ្តើមថ្មីរបស់ខ្ញុំត្រូវបានប្រកាសដល់ហ្វូងមនុស្សទាំងឡាយ តើមនុស្សនឹងមានប្រតិកម្មយ៉ាងដូចម្តេច? អ្នករាល់គ្នាបានឃើញដោយផ្ទាល់ភ្នែករបស់អ្នករាល់គ្នាហើយ អំពីសភាពរបស់មនុស្សជាតិ តើអ្នកនៅតែមិនមានសង្ឃឹមពិតប្រាកដក្នុងការស៊ូទ្រាំជារៀងរហូតនៅក្នុងពិភពលោកនេះឬ? ខ្ញុំកំពុងតែយាងគ្រប់ទីកន្លែងជាមួយប្រជារាស្ត្ររបស់ខ្ញុំ ហើយខ្ញុំរស់នៅកណ្តាលចំណោមពួកគេ។ បច្ចុប្បន្ននេះ អស់អ្នកដែលមានសេចក្តីស្រលាញ់ពិតចំពោះខ្ញុំ មនុស្សប្រភេទនេះគឺជាមនុស្សដែលមានព្រះពរ។ មានពរហើយអស់អ្នកណាដែលថ្វាយខ្លួនដល់ខ្ញុំ ពួកគេនឹងស្នាក់នៅក្នុងនគររបស់ខ្ញុំយ៉ាងពិតប្រាកដ។ មានពរហើយអស់អ្នកណាដែលស្គាល់ខ្ញុំ ពួកគេនឹងកាន់កាប់អំណាចនៅក្នុងនគររបស់ខ្ញុំយ៉ាងពិតប្រាកដ។ មានពរហើយអស់អ្នកណាដែលដើរតាមខ្ញុំ ពួកគេនឹងគេចផុតពីចំណងរបស់សាតាំង ហើយរីករាយនឹងព្រះពររបស់ខ្ញុំយ៉ាងពិតប្រាកដ។ មានពរហើយអស់អ្នកណាដែលអាចបោះបង់ខ្លួនឯង ដ្បិតពួកគេនឹងចូលទៅក្នុងទ្រព្យសម្បត្តិរបស់ខ្ញុំ ហើយទទួលបានអំណោយនៃនគររបស់ខ្ញុំទុកជាមរតក។ ខ្ញុំនឹងចងចាំអស់អ្នកដែលរត់ស្វះស្វែងដើម្បីខ្ញុំ ខ្ញុំនឹងឱបអស់អ្នកដែលបានចំណាយដើម្បីខ្ញុំដោយអំណរ ហើយខ្ញុំនឹងប្រទានភាពរីករាយដល់អស់អ្នកណាដែលថ្វាយតង្វាយដល់ខ្ញុំ។ ខ្ញុំនឹងប្រទានពរដល់អស់អ្នកណាដែលស្វែងរកភាពរីករាយនៅក្នុងព្រះបន្ទូលរបស់ខ្ញុំ។ ពួកគេនឹងក្លាយជាសរសដែលទប់បង្គោលនគររបស់ខ្ញុំយ៉ាងពិតប្រាកដ ពួកគេនឹងមានភាពបរិបូរណ៍ដែលមិនអាចប្រៀបផ្ទឹមបាននៅក្នុងដំណាក់របស់ខ្ញុំ ហើយគ្មាននរណាម្នាក់អាចប្រៀបផ្ទឹមជាមួយពួកគេបានទេ។ តើអ្នករាល់គ្នាធ្លាប់បានទទួលយកព្រះពរ ដែលបានផ្តល់ដល់អ្នករាល់គ្នាហើយឬនៅ? តើអ្នករាល់គ្នាធ្លាប់ស្វែងរកសេចក្តីសន្យា ដែលបានធ្វើសម្រាប់អ្នករាល់គ្នាហើយឬនៅ? ក្រោមការចង្អុលបង្ហាញនៃពន្លឺរបស់ខ្ញុំ អ្នករាល់គ្នាប្រាកដជានឹងយកឈ្នះការហ៊ុមព័ទ្ធនៃកម្លាំងរបស់ភាពងងឹត។ នៅកណ្តាលភាពងងឹត អ្នកប្រាកដជានឹងមិនបាត់បង់ពន្លឺដែលកំពុងដឹកនាំអ្នកនោះទេ។ អ្នកប្រាកដជានឹងក្លាយជាម្ចាស់នៃរបស់សព្វសារពើទាំងអស់។ អ្នកប្រាកដជានឹងក្លាយជាអ្នកដែលមានជ័យជម្នះម្នាក់នៅចំពោះមុខសាតាំង។ នៅពេលដែលអាណាចក្រនៃនាគដ៏ធំមានសម្បុរក្រហមដួលរលំ នោះអ្នកប្រាកដជានឹងក្រោកឈរនៅកណ្តាលហ្វូងមនុស្សជាច្រើន ដើម្បីធ្វើបន្ទាល់អំពីភាពជោគជ័យរបស់ខ្ញុំ។ អ្នកប្រាកដជានឹងឈរយ៉ាងរឹងមាំ និងមិនរង្គោះរង្គើ នៅក្នុងដែនដីនៃស៊ីនីម។ តាមរយៈការរងទុក្ខដែលអ្នកស៊ូទ្រាំ អ្នកនឹងទទួលព្រះពររបស់ខ្ញុំជាមរតក ហើយនឹងផ្សាយសីរីរុងរឿងរបស់ខ្ញុំទៅទូទាំងពិភពលោកទាំងមូលជាក់ជាមិនខាន។

(ដកស្រង់ពី «ព្រះបន្ទូលរបស់ព្រះជាម្ចាស់ ថ្លែងទៅកាន់សកលលោកទាំងមូល» ជំពូកទី ១៩ នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)

ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់  សម្រង់សម្ដីទី ៥៨២

នៅពេលដែលព្រះបន្ទូលរបស់ខ្ញុំបានសម្រេច នោះនគរព្រះនឹងលេចរូបរាងឡើងបន្តិចម្តងៗនៅលើផែនដី ហើយមនុស្សនឹងត្រឡប់មកភាពប្រក្រតីវិញបន្តិចម្តងៗ ដូច្នេះ នៅក្នុងព្រះហឫទ័យរបស់ខ្ញុំ គឺមាននគរព្រះបានបង្កើតនៅលើផែនដីហើយ។ នៅក្នុងនគរនោះ រាស្ដ្ររបស់ព្រះជាម្ចាស់ទាំងអស់ ស្តារជីវិតជាមនុស្សប្រក្រតីឡើងវិញ។ រដូវរងារដ៏ត្រជាក់ក៏បាត់ទៅ ដោយត្រូវជំនួសដោយពិភពទីក្រុងនៃរដូវផ្ការីក ជាកន្លែងដែលមានផ្ការីកពេញមួយឆ្នាំ។ មនុស្សមិនប្រឈមមុខនឹងភាពងងឹត មិនប្រឈមមុខនឹងពិភពមនុស្សដែលអកុសល ហើយពួកគេមិនអត់ធន់នឹងភាពត្រជាក់នៃពិភពរបស់មនុស្សតទៅទៀតទេ។ មនុស្សមិនឈ្លោះគ្នា ប្រទេសជាតិមិនធ្វើសង្គ្រាមប្រឆាំងគ្នា លែងមានការកាប់សម្លាប់គ្នា និងលែងមានឈាមដែលហូរចេញពីការសម្លាប់គ្នាតទៅទៀត។ ដែនដីទាំងអស់ពេញទៅដោយសុភមង្គល ហើយគ្រប់ទីកន្លែងពោរពេញទៅដោយភាពកក់ក្តៅរវាងមនុស្ស និងមនុស្ស។ ខ្ញុំផ្លាស់ទៅគ្រប់កន្លែងនៃពិភពលោក ខ្ញុំរីករាយពីលើកំពូលបល្ល័ង្កនៃខ្ញុំ ហើយខ្ញុំគង់នៅក្នុងចំណោមដួងផ្កាយទាំងពួង។ ពួកទេវតាច្រៀងចម្រៀងថ្មី និងរាំរបាំថ្មីថ្វាយដល់ខ្ញុំ។ ភាពងាយរងគ្រោះរបស់ពួកគេ លែងធ្វើឱ្យពួកគេស្រក់ទឹកភ្នែកតទៅទៀតហើយ។ ខ្ញុំលែងឮសំឡេងពួកទេវតាយំខ្សឹកខ្សួលនៅចំពោះព្រះភ័ក្ត្រខ្ញុំតទៅទៀតហើយ ហើយក៏លែងមាននរណាម្នាក់រអ៊ូរទាំដាក់ខ្ញុំអំពីការលំបាកតទៅទៀតដែរ។ ថ្ងៃនេះ អ្នករាល់គ្នារស់នៅចំពោះមុខខ្ញុំ។ ថ្ងៃស្អែក អ្នករាល់គ្នានឹងរស់នៅក្នុងនគររបស់ខ្ញុំ។ តើនេះមិនមែនជាព្រះពរដ៏ធំបំផុតដែលខ្ញុំប្រទានដល់មនុស្សទេឬអី? ដោយសារតែអ្នកបានលះបង់នៅថ្ងៃនេះ អ្នកនឹងទទួលព្រះពរនៅពេលអនាគត ហើយនឹងរស់នៅក្នុងសិរីរុងរឿងរបស់ខ្ញុំ។ តើអ្នករាល់គ្នានៅតែមិនចង់ជាប់ពាក់ព័ន្ធជាមួយនឹងសារជាតិនៃព្រះវិញ្ញាណរបស់ខ្ញុំមែនទេ? តើអ្នកនៅតែចង់សម្លាប់ខ្លួនឯងមែនទេ? មនុស្សចង់តាមរកសេចក្តីសន្យាដែលពួកគេអាចមើលឃើញ ទោះបីជាសេចក្តីសន្យាទាំងនោះមិនឋិតឋេរក៏ដោយ ក៏គ្មាននរណាម្នាក់ចង់ទទួលសេចក្តីសន្យានៃថ្ងៃស្អែកទេ ទោះបីជាសេចក្តីសន្យានោះនៅអស់កល្បជានិច្ចក៏ដោយ។ របស់ដែលមនុស្សមើលឃើញ គឺជារបស់ដែលខ្ញុំនឹងបំផ្លាញឱ្យសាបសូន្យ ចំណែកឯរបស់ដែលមនុស្សមើលមិនឃើញ គឺជារបស់ដែលខ្ញុំនឹងធ្វើឱ្យសម្រេច។ នេះគឺជាភាពខុសគ្នារវាងព្រះជាម្ចាស់ និងមនុស្ស។

(ដកស្រង់ពី «ព្រះបន្ទូលរបស់ព្រះជាម្ចាស់ ថ្លែងទៅកាន់សកលលោកទាំងមូល» ជំពូកទី ២០ នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)

ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់  សម្រង់សម្ដីទី ៥៨៣

នៅក្នុងពន្លឺរបស់ខ្ញុំ មនុស្សមើលឃើញពន្លឺម្តងទៀត។ នៅក្នុងព្រះបន្ទូលរបស់ខ្ញុំ មនុស្សស្វែងរកអ្វីៗដែលពួកគេរីករាយ។ ខ្ញុំបានយាងមកពីទិសខាងកើត ខ្ញុំចេញមកពីទិសខាងកើត។ នៅពេលដែលសិរីល្អរបស់ខ្ញុំបញ្ចេញពន្លឺឡើង នោះជាតិសាសន៍ទាំងអស់ត្រូវបានបំភ្លឺ គ្រប់យ៉ាងត្រូវបាននាំមកនៅក្នុងពន្លឺ មិនមែនអ្វីមួយនៅក្នុងភាពងងឹតឡើយ។ នៅក្នុងនគរព្រះ ជីវិតដែលរាស្ត្ររបស់ព្រះជាម្ចាស់រស់នៅជាមួយព្រះជាម្ចាស់ គឺមានសេចក្តីសុខមិនអាចវាស់ស្ទង់បាន។ ទឹករាំដោយអំណរក្នុងជីវិតដ៏មានព្រះពររបស់មនុស្ស ភ្នំរីករាយជាមួយមនុស្សដែលជាភាពបរិបូរណ៍របស់ខ្ញុំ។ មនុស្សទាំងអស់តស៊ូ ធ្វើការយ៉ាងប្រឹងប្រែង ដោយបង្ហាញភក្តីភាពរបស់ពួកគេនៅក្នុងនគររបស់ខ្ញុំ។ នៅក្នុងនគរព្រះ ការបះបោរលែងមានតទៅទៀតហើយ ការទាស់ទទឹងក៏លែងមានទៀតដែរ។ ស្ថានសួគ៌ និងផែនដីពឹងអាស្រ័យគ្នាទៅវិញទៅមក ខ្ញុំនិងមនុស្សចូលមកជិតគ្នាដោយអារម្មណ៍ដ៏ជ្រាលជ្រៅ ដោយផ្អែកខ្នងដាក់គ្នា តាមរយៈសុភមង្គលដ៏ផ្អែមល្ហែមរបស់ជីវិត...។ នៅពេលនេះ ខ្ញុំចាប់ផ្តើមជីវិតរបស់ខ្ញុំនៅស្ថានសួគ៌ជាផ្លូវការ។ ការរំខានរបស់សាតាំងលែងមានតទៅទៀត ហើយមនុស្សចូលទៅក្នុងទីសម្រាក។ ទូទាំងសាកលលោកទាំងមូល រាស្ត្ររើសតាំងរបស់ខ្ញុំរស់នៅក្នុងសិរីល្អរបស់ខ្ញុំ ដោយទទួលព្រះពរមិនអាចប្រៀបធៀបបាន មិនដូចជាមនុស្សដែលរស់នៅក្នុងចំណោមមនុស្សនោះទេ ប៉ុន្តែជាមនុស្សដែលរស់នៅជាមួយព្រះជាម្ចាស់។ មនុស្សទាំងអស់បានឆ្លងកាត់សេចក្តីពុករលួយរបស់សាតាំង ហើយបានផឹកភាពល្វីងជូរចត់ និងភាពផ្អែមល្ហែមនៃជីវិតរហូតទាល់តែអស់។ ពេលនេះ តើបុគ្គលម្នាក់អាចមិនអរសប្បាយក្នុងការរស់នៅក្នុងពន្លឺរបស់ខ្ញុំបានយ៉ាងដូចម្ដេចកើត? តើបុគ្គលម្នាក់អាចរំលងពេលវេលាដ៏ស្រស់បំព្រងនេះ ហើយបណ្តោយឱ្យវាកន្លងទៅបានយ៉ាងដូចម្ដេចកើត? ម្នាលបណ្ដាជនទាំងឡាយអើយ! ចូរច្រៀងចម្រៀងនៅក្នុងចិត្តរបស់អ្នក ហើយរាំដោយក្តីអំណរដើម្បីខ្ញុំ! ចូរលើកចិត្តដ៏ស្មោះស្ម័គ្ររបស់អ្នកឡើង ហើយថ្វាយវាមកខ្ញុំ! ចូរទូងស្គររបស់អ្នក ហើយលេងយ៉ាងរីករាយដើម្បីខ្ញុំ! ខ្ញុំបញ្ចេញសេចក្តីអំណររបស់ខ្ញុំទៅទូទាំងសាកលលោកទាំងមូល! ខ្ញុំបើកសម្តែងព្រះភ័ក្ត្រដ៏រុងរឿងរបស់ខ្ញុំចំពោះមនុស្ស! ខ្ញុំនឹងស្រែកដោយសម្លេងយ៉ាងឮ! ខ្ញុំនឹងទៅហួសពីសាកលលោក! ខ្ញុំសោយរាជ្យនៅក្នុងមនុស្សរួចហើយ! ខ្ញុំត្រូវបានមនុស្សលើកតម្កើង! ខ្ញុំរសាត់នៅក្នុងផ្ទៃមេឃពណ៌ខៀវនៅខាងលើ ហើយមនុស្សដើរជាមួយខ្ញុំ។ ខ្ញុំយាងក្នុងចំណោមមនុស្ស ហើយរាស្ត្ររបស់ខ្ញុំនៅជុំវិញខ្ញុំ! ចិត្តរបស់មនុស្សសប្បាយរីករាយ ចម្រៀងរបស់ពួកគេអង្រួនសាកលលោក ដោយបន្ទរស្ថានសួគ៌! សាកលលោកលែងគ្របដណ្តប់ដោយអ័ព្ទតទៅទៀតហើយ លែងមានភក់ជ្រាំតទៅទៀត និងលែងមានគំនរសំរាមតទៅទៀត។ ឱមនុស្សបរិសុទ្ធនៃសាកលលោកអើយ! នៅក្រោមការត្រួតពិនិត្យរបស់ខ្ញុំ អ្នកបង្ហាញទឹកមុខពិតរបស់អ្នក។ អ្នកមិនមែនជាមនុស្សដែលគ្រប់ដណ្តប់ដោយភាពកខ្វក់នោះទេ ប៉ុន្តែជាពួកបរិសុទ្ធដែលបរិសុទ្ធដូចកែវចរណៃ អ្នកទាំងអស់គ្នាជាមនុស្សជាទីស្រឡាញ់របស់ខ្ញុំ អ្នកទាំងអស់គ្នាជាក្តីអំណររបស់ខ្ញុំ! របស់សព្វសារពើបានត្រឡប់ជាមានជីវិត! ពួកបរិសុទ្ធទាំងអស់បានត្រឡប់មកបម្រើខ្ញុំនៅស្ថានសួគ៌ ដោយចូលទៅក្នុងការឱបក្រសោបដ៏កក់ក្តៅរបស់ខ្ញុំ លែងយំ លែងព្រួយបារម្ភតទៅទៀតហើយ ដោយថ្វាយខ្លួនចំពោះខ្ញុំ ត្រឡប់មកដំណាក់របស់ខ្ញុំ ហើយនៅក្នុងស្រុកកំណើតរបស់ពួកគេ ពួកគេនឹងស្រឡាញ់ខ្ញុំដោយគ្មានទីបញ្ចប់! ភាពអស់កល្បទាំងអស់មិនដែលផ្លាស់ប្តូរឡើយ! ឯណាទៅក្តីទុក្ខព្រួយ! ឯណាទៅទឹកភ្នែក! ឯណាទៅសាច់ឈាម! ផែនដីកន្លងផុតទៅ ប៉ុន្តែស្ថានសួគ៌ស្ថិតនៅអស់កល្បជានិច្ច។ ខ្ញុំលេចមកចំពោះមនុស្សទាំងអស់ ហើយមនុស្សទាំងអស់សរសើរតម្កើងខ្ញុំ។ ជីវិតនេះ ភាពស្រស់បំព្រងនេះ ចាប់ពីពេលដែលមិនអាចបំភ្លេចបាននេះ រហូតដល់ចុងបញ្ចប់ នឹងមិនផ្លាស់ប្តូរឡើយ។ នេះគឺជាជីវិតនៃនគរព្រះ។

(ដកស្រង់ពី «ព្រះបន្ទូលរបស់ព្រះជាម្ចាស់ ថ្លែងទៅកាន់សកលលោកទាំងមូល» ចូរអរសប្បាយ ម្នាលជនទាំងឡាយអើយ! នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)

ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់  សម្រង់សម្ដីទី ៥៨៤

ប្រាកដណាស់ ខ្ញុំបានធ្វើកិច្ចការជាច្រើនក្នុងចំណោមអ្នករាល់គ្នា និងបាននិយាយពាក្យពេចន៍មួយចំនួនផងដែរ។ តែទោះយ៉ាងនេះក្ដី ខ្ញុំមិនអាចជួយឱ្យមានអារម្មណ៍ថាបន្ទូលនិងកិច្ចការរបស់ខ្ញុំ មិនបានបំពេញបំណងនៃកិច្ចការរបស់ខ្ញុំនៅគ្រាចុងក្រោយនេះទាំងស្រុងឡើយ។ សម្រាប់គ្រាចុងក្រោយនេះ កិច្ចការរបស់ខ្ញុំគឺមិនមែនសម្រាប់ជាប្រយោជន៍ដល់បុគ្គលណាម្នាក់ ឬមនុស្សមួយចំនួននោះទេ ប៉ុន្តែគឺដើម្បីបង្ហាញពីនិស្ស័យរបស់ខ្ញុំវិញ។ ប៉ុន្តែ ដោយសារហេតុផលដ៏ច្រើនអនេក ប្រហែលដោយសារតែការខ្វះពេលវេលា ឬមមាញឹកនឹងការងារខ្លាំងពេក មនុស្សមិនបានស្គាល់ខ្ញុំតាមរយៈនិស្ស័យរបស់ខ្ញុំនោះទេ។ ដូច្នេះខ្ញុំចាប់ផ្ដើមផែនការថ្មីរបស់ខ្ញុំ ដែលជាកិច្ចការចុងក្រោយរបស់ខ្ញុំ ហើយបើកទំព័រថ្មីនៅក្នុងកិច្ចការរបស់ខ្ញុំ ដើម្បីឱ្យអស់អ្នកដែលឃើញខ្ញុំ ពួកគេនឹងញាប់ញ័រដួងចិត្ត ស្រក់ទឹកភ្នែក និងស្រែកយំឥតឈប់ឈរចំពោះអត្ថិភាពរបស់ខ្ញុំ។ នេះក៏ព្រោះតែខ្ញុំនាំមកឱ្យពិភពលោកនូវទីបញ្ចប់របស់មនុស្សជាតិហើយចាប់ពីពេលនេះតទៅ ខ្ញុំលាតត្រដាងនិស្ស័យទាំងមូលរបស់ខ្ញុំ ចំពោះមុខមនុស្សជាតិ ដើម្បីឱ្យអស់អ្នកដែលស្គាល់ខ្ញុំ និងអស់អ្នកដែលមិនស្គាល់ អាចសប្បាយភ្នែកដែលឃើញថា ខ្ញុំពិតជាបានមកកាន់ពិភពមនុស្ស គឺបានមកកាន់ផែនដី ជាកន្លែងដែលអ្វីៗគ្រប់យ៉ាងពហុគុណឡើង។ នេះជាផែនការរបស់ខ្ញុំ និងជា «ការសារភាព» តែមួយគត់របស់ខ្ញុំ ចាប់តាំងពីពេលដែលខ្ញុំបង្កើតមនុស្សជាតិមក។ សូមឱ្យអ្នករាល់គ្នាយកចិត្តទុកដាក់ទាំងស្រុងចំពោះរាល់ចលនារបស់ខ្ញុំ ដ្បិតដំបងរបស់ខ្ញុំសង្កត់ជិតដល់មនុស្សជាតិម្ដងទៀតហើយ គឺជិតដល់អស់អ្នកដែលប្រឆាំងនឹងខ្ញុំ។

ខ្ញុំចាប់ផ្តើមកិច្ចការដែលខ្ញុំត្រូវធ្វើរួមជាមួយស្ថានសួគ៌។ ដូច្នេះហើយ បានជាខ្ញុំប្រជ្រៀតផ្លូវទៅមុខឆ្លងកាត់ហ្វូងមនុស្សច្រើនតំណ ហើយធ្វើដំណើរចុះឡើងរវាងស្ថានសួគ៌និងផែនដី ដោយគ្មាននរណាម្នាក់ដឹងពីចលនារបស់ខ្ញុំ ឬក៏ចាប់អារម្មណ៍អំពីបន្ទូលរបស់ខ្ញុំឡើយ។ ហេតុដូចនេះ ផែនការរបស់ខ្ញុំនៅតែបន្តជឿនលឿនទៅមុខដោយរលូន។ វាគ្រាន់តែថា ញាណទាំងអស់របស់អ្នករាល់គ្នាបានប្រែទៅជាស្ពឹកខ្លាំងរហូតដល់ថ្នាក់មិនចាប់ភ្លឹកនឹងជំហាននៃកិច្ចការរបស់ខ្ញុំប៉ុណ្ណោះ។ ប៉ុន្តែ ប្រាកដជានឹងមានថ្ងៃមួយដែលអ្នករាល់គ្នានឹងដឹងពីចេតនារបស់ខ្ញុំ។ ថ្ងៃនេះ ខ្ញុំរស់នៅរួមជាមួយអ្នករាល់គ្នា និងរងទុក្ខរួមជាមួយអ្នករាល់គ្នា ហើយខ្ញុំបានយល់ដឹងតាំងពីយូរយារមកហើយអំពីអាកប្បកិរិយាដែលមនុស្សជាតិមានចំពោះខ្ញុំ។ ខ្ញុំមិនចង់និយាយពីរឿងនេះបន្ថែមទៀតទេ ហើយខ្ញុំពិតជាមិនចង់ធ្វើឱ្យអ្នករាល់គ្នាអាម៉ាស់មុខ តាមរយៈការលើកយកឧទាហរណ៍បន្ថែមទៀត អំពីប្រធានបទដ៏ឈឺចាប់នេះមកនិយាយឡើយ។ ខ្ញុំសង្ឃឹមតែម្យ៉ាងគត់ថា អ្នករាល់គ្នាចងចាំទុកក្នុងចិត្ត នូវអ្វីៗទាំងអស់ដែលខ្លួនបានធ្វើ ដើម្បីឱ្យយើងទាំងអស់គ្នាអាចបញ្ចូលរឿងរ៉ាវរបស់ខ្លួនជាមួយគ្នានៅថ្ងៃដែលយើងទាំងអស់គ្នាជួបគ្នាម្តងទៀត។ ខ្ញុំមិនចង់ចោទប្រកាន់ខុសទៅលើអ្នកណាម្នាក់ក្នុងចំណោមអ្នករាល់គ្នាឡើយ ដ្បិតខ្ញុំតែងតែប្រព្រឹត្ដដោយយុត្ដិធម៌ មិនលំអៀង និងប្រកបដោយកិត្ដិយស។ ពិតមែនហើយ ខ្ញុំក៏សង្ឃឹមដែរថា អ្នករាល់គ្នាអាចទៀងត្រង់ ហើយមិនធ្វើអ្វីដែលប្រឆាំងនឹងស្ថានសួគ៌ និងផែនដី ឬមនសិការផ្ទាល់ខ្លួនឡើយ។ នេះជាបញ្ហាតែមួយគត់ដែលខ្ញុំសួរអំពីអ្នករាល់គ្នា។ មនុស្សជាច្រើនមានអារម្មណ៍រសាប់រសល់ និងងាយឈឺចាប់ ព្រោះពួកគេបានប្រព្រឹត្តខុសធ្ងន់ធ្ងរពេក ហើយមនុស្សជាច្រើនមានអារម្មណ៍ខ្មាសខ្លួនឯង ពីព្រោះពួកគេមិនធ្លាប់ធ្វើអំពើល្អអ្វីមួយសោះ។ តែទោះជាយ៉ាងនេះក្ដី ក៏មានមនុស្សជាច្រើនដែលគ្មានអារម្មណ៍អាម៉ាស់មុខចំពោះអំពើបាបរបស់ខ្លួនដែរ ដោយប្រែក្លាយពីអាក្រក់ទៅជាកាន់តែអាក្រក់ ដោយហែកចេញអស់របាំងមុខដែលបិទបាំងលក្ខណៈគួរឱ្យខ្ពើមរបស់ពួកគេដែលមិនទាន់ត្រូវបានលាតត្រដាងពេញលេញដើម្បីសាកល្បងនិស្ស័យរបស់ខ្ញុំ។ ខ្ញុំមិនខ្វល់ និងមិនយកចិត្តទុកដាក់ចំពោះសកម្មភាពរបស់នរណាម្នាក់ឡើយ។ ផ្ទុយទៅវិញ ខ្ញុំធ្វើកិច្ចការដែលខ្ញុំគួរតែធ្វើដូចជា ប្រមូលព័ត៌មាន ឬធ្វើដំណើរជុំវិញផែនដី ឬធ្វើអ្វីមួយដែលខ្ញុំចាប់អារម្មណ៍។ នៅសម័យកាលដែលសំខាន់ៗ ខ្ញុំបន្តធ្វើកិច្ចការរបស់ខ្ញុំនៅក្នុងចំណោមមនុស្ស តាមផែនការដូចដើម មិនយឺតពេក ហើយក៏មិនឆាប់ពេក និងដោយងាយស្រួល ព្រមទាំងមានប្រសិទ្ធភាពលឿន។ ទោះយ៉ាងណាក៏ដោយនៅរាល់ជំហាននៃកិច្ចការរបស់ខ្ញុំ អ្នកខ្លះត្រូវបានបោះចោលទៅម្ខាង ដ្បិតខ្ញុំស្អប់ការបញ្ជោររបស់ពួកគេ និងការស្ដាប់បង្គាប់ក្លែងក្លាយរបស់ពួកគេ។ អ្នកទាំងនោះដែលគួរឱ្យស្អប់ខ្ពើមចំពោះខ្ញុំ ប្រាកដជានឹងត្រូវបានបោះបង់ចោល ទោះមានចេតនា ឬអចេតនាក៏ដោយ។ សរុបសេចក្ដីមក ខ្ញុំចង់ឱ្យអ្នកដែលខ្ញុំស្អប់នៅឆ្ងាយពីខ្ញុំ។ មិនចាំបាច់និយាយទេ ខ្ញុំនឹងមិនប្រណីដល់មនុស្សអាក្រក់ ដែលបន្តនៅក្នុងដំណាក់របស់ខ្ញុំឡើយ។ ដោយសារតែថ្ងៃដាក់ទោសមនុស្សជិតមកដល់ហើយ នោះខ្ញុំមិនបាច់ប្រញាប់បណ្ដេញអស់អ្នកដែលគួរឱ្យស្អប់ទាំងនោះចេញពីផ្ទះរបស់ខ្ញុំទេ ដ្បិតខ្ញុំមានផែនការផ្ទាល់ខ្លួនខ្ញុំហើយ។

(ដកស្រង់ពី «ចូរត្រៀមខ្លួនធ្វើអំពើល្អឱ្យបានគ្រប់គ្រាន់សម្រាប់ទិសដៅរបស់អ្នក» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)

ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់  សម្រង់សម្ដីទី ៥៨៥

ឥឡូវនេះគឺជាពេលដែលខ្ញុំកំណត់ពីទីបញ្ចប់សម្រាប់មនុស្សម្នាក់ៗហើយ មិនមែនជាដំណាក់កាលដែលខ្ញុំចាប់ផ្តើមកែខៃមនុស្សទេ។ ខ្ញុំសរសេរនៅក្នុងសៀវភៅកំណត់ត្រារបស់ខ្ញុំម្តងមួយៗ នូវពាក្យសំដី និងអំពើរបស់មនុស្សម្នាក់ៗ បែបបទដែលពួកគេបានដើរតាមខ្ញុំ ចរិតលក្ខណៈជាប់នឹងខ្លួនរបស់ពួកគេ ហើយនិងអាកប្បកិរិយាដែលពួកគេបានប្រកាន់យកចុងក្រោយ។ តាមវិធីនេះ មិនថាពួកគេជាមនុស្សប្រភេទណាក៏ដោយ គ្មាននរណាម្នាក់អាចរត់គេចពីព្រះហស្ដរបស់ខ្ញុំបានទេ ហើយមនុស្សទាំងអស់នឹងនៅតាមប្រភេទរបស់ខ្លួនដូចដែលខ្ញុំចាត់ចែង។ ខ្ញុំកំណត់ទិសដៅរបស់មនុស្សម្នាក់ៗដោយមិនផ្អែកលើអាយុ អតីតភាព ទំហំនៃការរងទុក្ខ និងជាពិសេស កម្រិតដែលពួកគេសុំឱ្យមានក្ដីអាណិតទេ ប៉ុន្តែយោងទៅលើថាតើពួកគេមានសេចក្ដីពិត ឬអត់។ មិនមានជម្រើសផ្សេងក្រៅពីនេះទេ។ អ្នករាល់គ្នាត្រូវដឹងថា អស់អ្នកដែលមិនធ្វើតាមបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ ក៏នឹងត្រូវទទួលទណ្ឌកម្មផងដែរ។ នេះគឺជាការពិតដែលមិនអាចផ្លាស់ប្តូរបាន។ ហេតុដូចនេះ អស់អ្នកដែលទទួលទណ្ឌកម្មទាំងនោះ ត្រូវទទួលទណ្ឌកម្មយ៉ាងខ្លាំងសម្រាប់សេចក្ដីសុចរិតរបស់ព្រះជាម្ចាស់ និងជាសំណងសម្រាប់អំពើទុច្ចរិតយ៉ាងច្រើនរបស់ពួកគេ។ ខ្ញុំមិនបានធ្វើការកែប្រែអ្វីមួយឡើយចំពោះផែនការរបស់ខ្ញុំតាំងពីពេលវាចាប់ផ្ដើមមកម៉្លេះ។ វាគ្រាន់តែថា តាមការគិតរបស់មនុស្ស អ្នកដែលខ្ញុំណែនាំបន្ទូលរបស់ខ្ញុំទាំងអស់នោះ ហាក់ដូចជាកំពុងថយចំនួនចុះ គឺដូចជាអ្នកដែលខ្ញុំពិតជាយល់ព្រម។ ទោះយ៉ាងណាក៏ដោយ ខ្ញុំនៅតែរក្សាផែនការរបស់ខ្ញុំមិនឱ្យផ្លាស់ប្តូរដាច់ខាត។ ផ្ទុយទៅវិញ វាគឺជាជំនឿ និងសេចក្ដីស្រឡាញ់របស់មនុស្សទេដែលកំពុងតែផ្លាស់ប្តូរជានិច្ច កំពុងតែថយចុះជានិច្ច រហូតដល់កម្រិតដែលវាអាចធ្វើឱ្យមនុស្សម្នាក់ៗបែរចេញពីការលុតក្រាបចំពោះខ្ញុំ ទៅជាព្រងើយកន្តើយចំពោះខ្ញុំ ហើយថែមទាំងបណ្តេញខ្ញុំចេញទៀត។ អាកប្បកិរិយារបស់ខ្ញុំចំពោះអ្នករាល់គ្នានឹងមិនក្តៅ ហើយក៏មិនត្រជាក់ដែរ រហូតដល់ខ្ញុំមានអារម្មណ៍ខ្ពើមរអើម និងស្អប់ខ្ពើមខ្លាំង ទើបទីបំផុតដាក់ចេញនូវការដាក់ទោស។ ទោះយ៉ាងណាក៏ដោយ នៅថ្ងៃដាក់ទោសអ្នករាល់គ្នា ខ្ញុំក៏នឹងនៅតែមើលឃើញអ្នករាល់គ្នាដែរ ប៉ុន្តែអ្នករាល់គ្នានឹងមិនអាចមើលឃើញខ្ញុំទៀតទេ។ ដោយសារតែជីវិតក្នុងចំណោមអ្នករាល់គ្នាបានក្លាយជាគួរឱ្យធុញទ្រាន់ និងល្អក់កករចំពោះខ្ញុំ ដូច្នេះមិនចាំបាច់និយាយអ្វីទេ ខ្ញុំបានជ្រើសរើសកន្លែងផ្សេងទៀតដើម្បីគង់នៅ ដែលល្អប្រសើរជាងមុនដើម្បីចៀសផុតពីការឈឺចាប់ដោយសារពាក្យសំដីព្យាបាទរបស់អ្នករាល់គ្នា និងគេចផុតពីឥរិយាបថដ៏ថោកទាបដែលមិនអាចទ្រាំបានរបស់អ្នករាល់គ្នា ដែលអ្នករាល់គ្នាលែងអាចបំភាន់ខ្ញុំ ឬប្រព្រឹត្ដចំពោះខ្ញុំតាមបែបបង្គ្រប់កិច្ចទៀតហើយ។ មុនពេលខ្ញុំចាកចេញពីអ្នករាល់គ្នាខ្ញុំនៅតែត្រូវដាស់តឿនអ្នករាល់គ្នាឱ្យចៀសវាងធ្វើអ្វីមួយដែលមិនស្របតាមសេចក្ដីពិត។ ផ្ទុយទៅវិញ គួរតែធ្វើនូវអ្វីដែលគាប់ចិត្តទាំងអស់គ្នា ដែលផ្ដល់ប្រយោជន៍ដល់ទាំងអស់គ្នា និងដែលមានប្រយោជន៍ដល់ទិសដៅផ្ទាល់ខ្លួនរបស់អ្នក បើមិនដូច្នេះទេ អ្នកដែលរងទុក្ខនៅក្នុងគ្រោះមហន្តរាយ នឹងមិនមែនជានរណាផ្សេងក្រៅពីអ្នកឡើយ។

(ដកស្រង់ពី «ចូរត្រៀមខ្លួនធ្វើអំពើល្អឱ្យបានគ្រប់គ្រាន់សម្រាប់ទិសដៅរបស់អ្នក» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)

ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់  សម្រង់សម្ដីទី ៥៨៦

ខ្ញុំបានបង្ហាញសេចក្ដីមេត្ដាករុណាដល់អស់អ្នកដែលស្រឡាញ់ខ្ញុំ និងបដិសេធខ្លួនឯង។ ទន្ទឹមនឹងនេះ ទណ្ឌកម្មដែលដាក់ទៅលើមនុស្សអាក្រក់ គឺជាភស្ដុតាងយ៉ាងច្បាស់អំពីនិស្ស័យដ៏សុចរិតរបស់ខ្ញុំ ហើយថែមទាំងជាទីបន្ទាល់អំពីសេចក្តីក្រោធរបស់ខ្ញុំផង។ ពេលមហន្តរាយមកដល់ អស់អ្នកដែលប្រឆាំងនឹងខ្ញុំ ពួកគេនឹងស្រក់ទឹកភ្នែក ព្រោះពួកគេរងទុក្ខដោយសារភាពអត់ឃ្លាន និងគ្រោះកាចសាហាវ។ រីឯអស់អ្នកដែលបានប្រព្រឹត្ដអំពើអាក្រក់គ្រប់បែបយ៉ាង ប៉ុន្តែបានដើរតាមខ្ញុំអស់រយៈពេលជាច្រើនឆ្នាំ ពួកគេក៏នឹងមិនរួចផុតពីត្រូវរងទុក្ខទោសព្រោះអំពើបាបរបស់ពួកគេឡើយ ពួកគេក៏នឹងធ្លាក់ចូលក្នុងមហន្តរាយដូចគ្នា រឿងបែបនេះ រាប់សិបលានឆ្នាំ កម្រនឹងបានឃើញម្ដង ហើយពួកគេនឹងរស់ក្នុងសភាពស្លន់ស្លោ និងភ័យខ្លាចជានិច្ច។ ដោយឡែក អ្នកដើរតាមខ្ញុំទាំងអស់ដែលមានភក្ដីភាពចំពោះខ្ញុំ នឹងរីករាយ ហើយត្រេកអរនឹងអានុភាពរបស់ខ្ញុំ។ ពួកគេនឹងមានអារម្មណ៍ពេញចិត្តពេញថ្លើមរកថ្លែងមិនបាន និងរស់នៅក្នុងសេចក្ដីអំណរ ដែលពីមុនមក ខ្ញុំមិនធ្លាប់ប្រទានដល់មនុស្សជាតិឡើយ។ ដ្បិតខ្ញុំឱ្យតម្លៃខ្លាំងទៅលើអំពើល្អរបស់មនុស្ស ហើយស្អប់ខ្ពើមខ្លាំងចំពោះអំពើអាក្រក់របស់ពួកគេ។ តាំងពីពេលដែលខ្ញុំចាប់ផ្តើមដឹកនាំមនុស្សជាតិមក ខ្ញុំមានសេចក្តីសង្ឃឹមយ៉ាងខ្លាំងក្នុងការទទួលបានមនុស្សមួយក្រុមដែលមានចិត្តគំនិតដូចខ្ញុំ។ ទន្ទឹមនឹងនេះ ខ្ញុំមិនដែលភ្លេចអស់ណាអ្នកដែលគ្មានចិត្តគំនិតតែមួយនឹងខ្ញុំឡើយ។ ក្នុងព្រះហឫទ័យខ្ញុំ ខ្ញុំតែងស្អប់ពួកគេជានិច្ច ហើយខ្ញុំរង់ចាំឱកាសដើម្បីផ្ដន្ទាទោសពួកគេឱ្យសប្បាយភ្នែកម្ដង។ ឥឡូវនេះ នៅទីបំផុត ថ្ងៃរបស់ខ្ញុំបានមកដល់ហើយ ហើយខ្ញុំមិនចាំបាច់រង់ចាំទៀតទេ!

កិច្ចការចុងក្រោយរបស់ខ្ញុំ គឺមិនត្រឹមតែសម្រាប់ជាប្រយោជន៍ដល់ការដាក់ទោសមនុស្សប៉ុណ្ណោះទេ ប៉ុន្តែក៏សម្រាប់ជាប្រយោជន៍ដល់ការរៀបចំទិសដៅរបស់មនុស្សផងដែរ។ លើសពីនេះទៅទៀត គឺដើម្បីឱ្យមនុស្សទាំងអស់អាចស្គាល់ពីអំពើ និងសកម្មភាពរបស់ខ្ញុំ។ ខ្ញុំចង់ឱ្យមនុស្សរាល់គ្នាឃើញថា គ្រប់យ៉ាងដែលខ្ញុំបានធ្វើ គឺត្រឹមត្រូវ ហើយគ្រប់យ៉ាងដែលខ្ញុំបានធ្វើ គឺជាការបង្ហាញពីនិស្ស័យរបស់ខ្ញុំ។ វាមិនមែនជាទង្វើរបស់មនុស្ស និងធម្មជាតិដាច់ខាត ដែលបានធ្វើឱ្យកើតមានមនុស្សជាតិឡើងមក ប៉ុន្តែខ្ញុំទេដែលជាអ្នកដែលចិញ្ចឹមបីបាច់រាល់ភាវរស់ទាំងអស់ដែលត្រូវបានបង្កើតមក។ បើគ្មានអត្ថិភាពរបស់ខ្ញុំទេ មនុស្សជាតិនឹងត្រូវវិនាស ហើយទទួលរងនូវទុក្ខទោសជាមិនខាន។ គ្មានមនុស្សណាម្នាក់នឹងបានឃើញព្រះអាទិត្យ និងព្រះចន្ទដ៏សែនស្អាត ឬពិភពលោកដ៏ស្រស់បំព្រងម្ដងទៀតឡើយ មនុស្សជាតិនឹងជួបប្រទះតែរាត្រីដ៏ត្រជាក់ និងស្រមោលនៃសេចក្ដីស្លាប់ដែលមិនអាចទប់ទល់បាន។ ខ្ញុំជាសេចក្ដីសង្គ្រោះតែមួយគត់របស់មនុស្សជាតិ។ ខ្ញុំជាសេចក្ដីសង្ឃឹមតែមួយគត់របស់មនុស្សជាតិ ហើយជាងនេះទៅទៀត ខ្ញុំជាព្រះដែលទ្រទ្រង់អត្ថិភាពនៃមនុស្សជាតិទាំងអស់។ បើគ្មានខ្ញុំទេ មនុស្សជាតិនឹងឈានដល់ភាពនៅទ្រឹងយ៉ាងឆាប់រហ័ស។ បើគ្មានខ្ញុំទេ មនុស្សជាតិនឹងរងគ្រោះមហន្តរាយ ហើយត្រូវពួកខ្មោចគ្រប់បែបយ៉ាងជាន់ឈ្លីក្រោមជើង ទោះបីជាគ្មាននរណាម្នាក់យកចិត្តទុកដាក់ចំពោះខ្ញុំក្ដី។ ខ្ញុំបានធ្វើកិច្ចការដែលគ្មានអ្នកណាម្នាក់អាចធ្វើបាន ហើយខ្ញុំគ្រាន់តែសង្ឃឹមថា មនុស្សអាចតបស្នងខ្ញុំវិញដោយការធ្វើអំពើល្អខ្លះៗតែប៉ុណ្ណោះ។ ទោះបីជាមានតែមនុស្សតិចតួចអាចតបស្នងខ្ញុំវិញក៏ដោយ ក៏ខ្ញុំនៅតែបញ្ចប់ដំណើររបស់ខ្ញុំនៅក្នុងពិភពមនុស្សដដែល ហើយចាប់ផ្តើមជំហានបន្ទាប់នៃកិច្ចការដែលខ្ញុំកំពុងបង្ហាញឱ្យឃើញ ព្រោះការប្រញាប់ប្រញាល់ទាំងអម្បាលម៉ានរបស់ខ្ញុំនៅក្នុងចំណោមមនុស្ស ក្នុងរយៈពេលជាច្រើនឆ្នាំមកនេះ ទទួលបានផ្លែផ្កា ហើយខ្ញុំក៏សព្វព្រះហឫទ័យណាស់ដែរ។ អ្វីដែលខ្ញុំយកចិត្តទុកដាក់មិនមែនជាចំនួនមនុស្សទេ តែផ្ទុយទៅវិញ គឺជាអំពើល្អរបស់ពួកគេ។ ទោះក្នុងករណីណាក៏ដោយ ខ្ញុំសង្ឃឹមថា អ្នករាល់គ្នាត្រៀមខ្លួនធ្វើអំពើល្អឱ្យបានគ្រប់គ្រាន់សម្រាប់ទិសដៅរបស់ខ្លួនឯងផ្ទាល់។ ពេលនោះខ្ញុំនឹងសព្វព្រះហឫទ័យ បើមិនដូច្នោះទេគ្មាននរណាម្នាក់អាចរួចផុតពីមហន្តរាយដែលនឹងកើតឡើងឡើយ។ មហន្តរាយនេះកើតចេញពីខ្ញុំ ហើយប្រាកដណាស់ថា ខ្ញុំក៏ជាអ្នកចាត់ចែងវាយ៉ាងហ្មត់ចត់ដែរ។ បើអ្នករាល់គ្នាមិនអាចធ្វើខ្លួនឱ្យល្អ ក្នុងព្រះនេត្ររបស់ខ្ញុំទេ នោះអ្នករាល់គ្នានឹងគេចមិនផុតពីការរងទុក្ខដោយសារមហន្តរាយឡើយ។ ក្នុងអំឡុងពេលរងទុក្ខខ្លាំង សកម្មភាព និងអំពើរបស់អ្នករាល់គ្នា មិនត្រូវបានចាត់ទុកថាសមស្របទាំងស្រុងឡើយ ដ្បិតសេចក្ដីជំនឿ និងសេចក្ដីស្រឡាញ់របស់អ្នករាល់គ្នាប្រហោងក្នុង ហើយវាគ្រាន់តែបង្ហាញថាអ្នករាល់គ្នាជាមនុស្សកំសាក ឬរឹងរូសប៉ុណ្ណោះ។ ចំពោះបញ្ហានេះ ខ្ញុំនឹងធ្វើការវិនិច្ឆ័យតែទៅលើសេចក្ដីល្អ ឬសេចក្ដីអាក្រក់ប៉ុណ្ណោះ។ ខ្ញុំនៅតែបារម្ភអំពីរបៀបដែលអ្នករាល់គ្នាប្រព្រឹត្ត និងសម្ដែងអំពីខ្លួនឯង ហើយខ្ញុំនឹងកំណត់ទីបញ្ចប់របស់អ្នករាល់គ្នាដោយផ្អែកលើមូលដ្ឋាននេះ។ ទោះជាយ៉ាងណាក៏ដោយ ខ្ញុំត្រូវតែធ្វើការនេះឱ្យបានច្បាស់លាស់៖ ចំពោះអស់អ្នកដែលបង្ហាញខ្ញុំថា គ្មានភក្ដីភាពទាល់តែសោះ ក្នុងអំឡុងពេលរងទុក្ខខ្លាំង ខ្ញុំនឹងមិនប្រោសប្រណីទៀតឡើយ ដ្បិតសេចក្ដីមេត្តាករុណារបស់ខ្ញុំលាតសន្ធឹងដល់ត្រឹមនេះតែប៉ុណ្ណោះ។ ជាងនេះទៅទៀត ខ្ញុំគ្មានចំណូលចិត្តចំពោះអ្នកណាដែលធ្លាប់ក្បត់ខ្ញុំម្តងហើយនោះទេ ហើយខ្ញុំពិតជាមិនចូលចិត្តសេពគប់ជាមួយអ្នកណាដែលលក់ផលប្រយោជន៍មិត្តភក្តិរបស់ខ្លួនឡើយ។ មិនខ្វល់ថាបុគ្គលនោះជាអ្វីនោះទេ នេះជានិស្ស័យរបស់ខ្ញុំ។ ខ្ញុំត្រូវតែប្រាប់អ្នករាល់គ្នាដូចនេះថា៖ អ្នកណាដែលធ្វើឱ្យខ្ញុំខូចចិត្ត ពួកគេនឹងមិនទទួលបានការប្រោសប្រណីពីខ្ញុំជាលើកទីពីរឡើយ ចំណែកឯអ្នកណាដែលស្មោះត្រង់ចំពោះខ្ញុំ ពួកគេនឹងស្ថិតនៅក្នុងដួងព្រះហឫទ័យរបស់ខ្ញុំជារៀងរហូត។

(ដកស្រង់ពី «ចូរត្រៀមខ្លួនធ្វើអំពើល្អឱ្យបានគ្រប់គ្រាន់សម្រាប់ទិសដៅរបស់អ្នក» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)

ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់  សម្រង់សម្ដីទី ៥៨៧

នៅក្នុងពិភពលោកដ៏ធំល្វឹងល្វើយ មហាសមុទ្រនាំដីល្បាប់ចូលទៅក្នុងស្រែចំការចម្ការ ហើយស្រែចម្ការជន់ទឹកឡើងចូលទៅក្នុងមហាសមុទ្រម្ដងហើយម្ដងទៀត។ ក្រៅពីព្រះអង្គដែលគ្រប់គ្រងលើអ្វីៗទាំងអស់ក្នុងចំណោមរបស់សព្វសារពើ នោះគ្មាននរណាម្នាក់អាចដឹកនាំ និងណែនាំពូជមនុស្សនេះបានឡើយ។ គ្មាននរណាម្នាក់ខ្លាំងពូកែដែលធ្វើការងារ ឬក៏ធ្វើការរៀបចំសម្រាប់ពូជមនុស្សនេះទេ ព្រោះមានមនុស្សតិចតួចណាស់ដែលអាចដឹកនាំពូជមនុស្សនេះឆ្ពោះទៅកាន់ទិសដៅនៃពន្លឺ និងរំដោះពួកគេពីភាពអយុត្តិធម៌នៅលើផែនដីនេះ។ ព្រះជាម្ចាស់សោយសោកចំពោះអនាគតរបស់មនុស្ស ទ្រង់ព្រួយព្រះហឫទ័យនៅពេលដែលមនុស្សធ្លាក់ចុះ ហើយទ្រង់ឈឺព្រះហឫទ័យដែលមនុស្សដើរមួយជំហានម្ដងៗទៅរកភាពពុករលួយ និងផ្លូវដែលមិនអាចត្រលប់ក្រោយវិញបាន។ គ្មាននរណាម្នាក់ធ្លាប់បានគិតថា តើគោលដៅមួយណាដែលមនុស្សបានធ្វើឱ្យព្រះហឫទ័យរបស់ព្រះជាម្ចាស់ខ្ទេចខ្ទាំ និងបានបោះបង់ចោលទ្រង់ទៅស្វែងរកមេកំណាចដែលអាចត្រូវបាននាំទៅ។ ប្រាកដណាស់ថា គឺដោយសារមូលហេតុនេះហើយបានជាគ្មាននរណាម្នាក់មានអារម្មណ៍ដឹងពីសេចក្ដីក្រោធរបស់ព្រះជាម្ចាស់ ហើយគ្មាននរណាម្នាក់ស្វែងរកវិធីដើម្បីផ្គាប់ដល់ព្រះហឫទ័យរបស់ព្រះជាម្ចាស់ ឬក៏ព្យាយាមចូលទៅជិតព្រះជាម្ចាស់ទេ ហើយលើសពីនោះទៅទៀត ដោយសារមូលហេតុនេះហើយ បានជាគ្មាននរណាម្នាក់យល់ច្បាស់ពីការព្រួយព្រះហឫទ័យ និងការឈឺចាប់របស់ព្រះជាម្ចាស់។ ទោះបីជាក្រោយពេលដែលស្ដាប់ឮព្រះសូរសៀងរបស់ព្រះជាម្ចាស់ហើយក៏ដោយ ក៏មនុស្សនៅតែបន្ដដើរលើផ្លូវរបស់ខ្លួន នៅតែបន្ដវង្វេងចេញពីព្រះជាម្ចាស់ ដោយការគេចចេញពីព្រះគុណ និងការយកព្រះហឫទ័យទុកដាក់របស់ព្រះជាម្ចាស់ ព្រមទាំងគេចចេញពីសេចក្ដីពិតរបស់ទ្រង់ ដោយព្រមលក់ខ្លួនទៅឱ្យអារក្សសាតាំង ដែលជាខ្មាំងសត្រូវរបស់ព្រះជាម្ចាស់។ បើមនុស្សនៅក្បាលរឹងបែបនេះ តើព្រះជាម្ចាស់នឹងប្រព្រឹត្ដយ៉ាងណាចំពោះមនុស្សដែលបានបោះបង់ទ្រង់ចោល ដោយគ្មានងាកក្រោយសូម្បីតែបន្ដិច? គ្មាននរណាម្នាក់ដឹងឡើយថា មូលហេតុដែលនាំឱ្យទ្រង់រំឭក និងដាស់តឿនម្ដងហើយម្ដងទៀត នោះគឺដោយសារទ្រង់បានរៀបចំគ្រោះមហន្ដរាយមួយដែលមិនធ្លាប់មានពីមុនមក នៅក្នុងព្រះហស្ដទ្រង់ ជាគ្រោះមហន្ដរាយមួយដែលសាច់ឈាម និងព្រលឹងរបស់មនុស្សមិនអាចទ្រាំទ្របាននោះទេ។ គ្រោះមហន្ដរាយនេះមិនមែនគ្រាន់តែជាទណ្ឌកម្មនៃសាច់ឈាមប៉ុណ្ណោះទេ ប៉ុន្ដែក៏ជាទណ្ឌកម្មនៃព្រលឹងដែរ។ អ្នកត្រូវដឹងពីចំណុចនេះ៖ នៅពេលដែលផែនការរបស់ព្រះជាម្ចាស់បរាជ័យ ហើយនៅពេលដែលការរំឭក និងការដាស់តឿនរបស់ទ្រង់មិនត្រូវបានតបស្នង តើទ្រង់នឹងសម្ដែងសេចក្ដីក្រោធប្រភេទណាទៅ? គឺសេចក្ដីក្រោធដែលមិនធ្លាប់មានអ្នកជួបប្រទះ ឬក៏ធ្លាប់ឮពីមុនមកទេ។ ដូច្នេះហើយបានជាខ្ញុំនិយាយថា គ្រោះមហន្ដរាយនេះមិនធ្លាប់មានពីមុនមកទេ ហើយក៏នឹងមិនកើតឡើងម្ដងទៀតដែរ។ ដ្បិតផែនការរបស់ព្រះជាម្ចាស់ គឺបង្កើតមនុស្សជាតិតែមួយដង និងសង្គ្រោះមនុស្សជាតិតែមួយដងនេះប៉ុណ្ណោះ។ នេះគឺជាលើកដំបូង ហើយក៏ជាលើកចុងក្រោយដែរ។ ដូច្នេះហើយ គ្មាននរណាម្នាក់អាចយល់ពីបំណងព្រះហឫទ័យក្នុងការទទួលយកការឈឺចាប់ និងការគិតទុកជាមុនដ៏ក្លៀវក្លា ដែលព្រះជាម្ចាស់ជួយសង្គ្រោះមនុស្សនៅគ្រានេះទេ។

(ដកស្រង់ពី «ព្រះជាម្ចាស់ គឺជាប្រភពនៃជីវិតមនុស្ស» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)

ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់  សម្រង់សម្ដីទី ៥៨៨

មនុស្សយល់ដឹងបានតិចពីកិច្ចការសព្វថ្ងៃ និងកិច្ចការទៅអនាគត ប៉ុន្តែគេមិនយល់ពីទិសដៅដែលមនុស្សជាតិនឹងចូលទៅដល់នោះទេ។ ក្នុងនាមជាសត្តនិករមួយ មនុស្សគប្បីបំពេញភារកិច្ចរបស់សត្តនិករនោះ៖ មនុស្សគប្បីធ្វើតាមអ្វីគ្រប់យ៉ាងដែលព្រះជាម្ចាស់ទ្រង់ធ្វើ។ អ្នករាល់គ្នាគប្បីបន្តនៅក្នុងផ្លូវដែលខ្ញុំប្រាប់អ្នករាល់គ្នា។ អ្នកគ្មានវិធីគ្រប់គ្រងលើអ្វីៗដោយខ្លួនឯងឡើយ ហើយអ្នកក៏គ្មានភាពម្ចាស់ការលើខ្លួនឯងដែរ។ គ្រប់ការទាំងអស់ត្រូវស្ថិតក្រោមការចាត់ចែងរបស់ព្រះជាម្ចាស់ ហើយគ្រប់ការទាំងអស់ត្រូវស្ថិតនៅក្រោមព្រះហស្ដរបស់ទ្រង់។ ប្រសិនបើកិច្ចការរបស់ព្រះជាម្ចាស់ផ្ដល់ទីបញ្ចប់មួយដល់មនុស្ស ដែលជាគោលដៅដ៏អស្ចារ្យណាមួយ នៅមុនពេលពេលកំណត់ ហើយប្រសិនបើព្រះជាម្ចាស់បានប្រើរឿងនេះដើម្បីល្បួងមនុស្ស និងធ្វើឱ្យមនុស្សដើរតាមទ្រង់ ប្រសិនបើទ្រង់បានព្រមព្រៀងគ្នាជាមួយមនុស្ស នោះចំណុចនេះមិនមែនជាការយកឈ្នះទេ ហើយវាក៏មិនមែនដើម្បីកែខៃជីវិតរបស់មនុស្សដែរ។ ប្រសិនបើព្រះជាម្ចាស់ប្រើចុងបញ្ចប់របស់មនុស្សដើម្បីគ្រប់គ្រងលើគេ និងដើម្បីទទួលបានដួងចិត្តរបស់គេ នោះទ្រង់នឹងមិនប្រោសឱ្យមនុស្សបានគ្រប់លក្ខណ៍នោះទេ ហើយទ្រង់ក៏មិនអាចទទួលយកមនុស្សបានដែរ តែផ្ទុយទៅវិញ ទ្រង់នឹងប្រើគោលដៅនេះដើម្បីគ្រប់គ្រងលើគេ។ មនុស្សមិនខ្វាយខ្វល់នឹងអ្វីផ្សេងក្រៅពីចុងបញ្ចប់នៃអនាគត ដែលជាគោលដៅចុងក្រោយបង្អស់នោះឡើយ និងមិនខ្វល់ថាតើមានអ្វីល្អៗដើម្បីសង្ឃឹមទុកដែរឬអត់នោះទេ។ ប្រសិនបើមនុស្សត្រូវបានប្រទាននូវក្ដីសង្ឃឹមមួយដ៏ស្រស់បំព្រងក្នុងអំឡុងពេលនៃកិច្ចការនៃការយកឈ្នះ ហើយនៅមុនពេលនៃការយកឈ្នះលើមនុស្ស បើមនុស្សត្រូវប្រាប់អំពីទិសដៅដ៏ត្រឹមត្រូវមួយដើម្បីស្វែងរក នោះការយកឈ្នះលើមនុស្សមិនត្រឹមតែមិនអាចសម្រេចផលបាននោះទេ ប៉ុន្តែលទ្ធផលនៃកិច្ចការយកឈ្នះនោះ ក៏មិនមានឥទ្ធិពលអ្វីដែរ។ នេះបានន័យថា កិច្ចការនៃការយកឈ្នះនេះ សម្រេចផលទៅបានតាមរយៈការដកចេញនូវវាសនា និងសេចក្តីសង្ឃឹមទៅអនាគតរបស់មនុស្ស និងតាមរយៈការជំនុំជម្រះ និងការវាយផ្ចាលលើនិស្ស័យបះបោររបស់មនុស្ស។ កិច្ចការនេះមិនអាចសម្រេចទៅបានតាមរយៈការព្រមព្រៀងគ្នាជាមួយមនុស្សទេ ពោលគឺមិនមែនតាមរយៈការផ្ដល់ព្រះពរ និងព្រះគុណដល់មនុស្សទេ តែផ្ទុយទៅវិញ គឺតាមរយៈការបើកឱ្យឃើញនូវភាពស្មោះត្រង់របស់មនុស្ស តាមរយៈការដកយកនូវ «សេរីភាព» របស់គេ និងការលុបបំបាត់នូវក្ដីសេចក្ដីសង្ឃឹមទៅអនាគតរបស់គេ។ នេះហើយគឺជាសារជាតិនៃកិច្ចការនៃកាយកឈ្នះ។ ប្រសិនបើមនុស្សត្រូវប្រទានឱ្យនូវសេចក្ដីសង្ឃឹមដ៏ស្រស់បំព្រងមួយតាំងពីដើមដំបូងមក ហើយកិច្ចការនៃការវាយផ្ចាល និងការជំនុំជម្រះ ត្រូវធ្វើឡើងនៅពេលក្រោយ ដូច្នេះ មនុស្សនឹងទទួលនូវការវាយផ្ចាល និងការជំនុំជម្រះនេះ ដោយផ្អែកលើមូលដ្ឋានដែលគេមានក្ដីសង្ឃឹមទៅអនាគតហើយនៅទីបញ្ចប់ ការស្ដាប់បង្គាប់ និងការថ្វាយបង្គំព្រះអាទិករដោយឥតលក្ខខណ្ឌពីសត្តនិករទាំងអស់របស់ទ្រង់ នឹងមិនអាចសម្រេចទៅបានឡើយ ហើយនឹងមានតែការស្ដាប់បង្គាប់ដែលងងឹតងងល់ និងល្ងង់ខ្លៅប៉ុណ្ណោះ ឬបើមិនដូច្នេះទេ មនុស្សនឹងទាមទារដោយងងឹតងងល់ពីព្រះជាម្ចាស់ ហើយវានឹងមិនអាចយកឈ្នះលើដួងចិត្តរបស់មនុស្សបានទាំងស្រុងឡើយ។ ដោយហេតុនេះ កិច្ចការនៃការយកឈ្នះនឹងមិនអាចទទួលបានមនុស្ស ឬមិនអាចធ្វើទីបន្ទាល់អំពីព្រះជាម្ចាស់បានឡើយ។ សត្តនិករបែបនេះ នឹងមិនអាចបំពេញភារកិច្ចរបស់ពួកគេបានឡើយ និងគ្រាន់តែទាមទារចង់ចរចាជាមួយព្រះជាម្ចាស់ប៉ុណ្ណោះ ហើយនេះមិនមែនជាការយកឈ្នះទេ ប៉ុន្តែជាសេចក្ដីមេត្តាករុណា និងជាព្រះពរ។ បញ្ហាធំបំផុតសម្រាប់មនុស្សគឺថា គេមិនគិតអ្វីក្រៅពីវាសនា និងក្ដីសង្ឃឹមទៅអនាគតរបស់គេឡើយ និងយករឿងទាំងនេះជានិមិត្តរូប។ មនុស្សស្វែងរកព្រះជាម្ចាស់ក៏ព្រោះតែវាសនា និងក្ដីសង្ឃឹមទៅអនាគតរបស់ពួកគេដែរ។ គេមិនថ្វាយបង្គំព្រះជាម្ចាស់ ដោយព្រោះគេស្រឡាញ់ទ្រង់នោះទេ។ ហេតុនេះហើយ នៅក្នុងការយកឈ្នះលើមនុស្ស ភាពអត្មានិយមរបស់មនុស្សសេចក្តីលោភលន់ និងអ្វីៗដែលរារាំងខ្លាំងបំផុតដល់ការថ្វាយបង្គំរបស់គេចំពោះព្រះជាម្ចាស់ គឺត្រូវតែគិតគូរ និងត្រូវផាត់ចោល។ តាមរយៈការធ្វើបែបនេះនោះឥទ្ធិពលនៃការយកឈ្នះលើមនុស្ស នឹងអាចសម្រេចទៅបាន។ ជាលទ្ធផល នៅក្នុងដំណាក់កាលដំបូងនៃការយកឈ្នះលើមនុស្ស វាចាំបាច់ក្នុងការបោសសម្អាតនូវសេចក្ដីប្រាថ្នាដ៏ច្រើនលើសលប់ និងចំណុចខ្សោយដែលចេះស្លាប់របស់មនុស្ស ហើយតាមរយៈនេះ ត្រូវបើកបង្ហាញនូវសេចក្តីស្រឡាញ់របស់មនុស្សចំពោះព្រះជាម្ចាស់ និងត្រូវបំផ្លាស់បំប្រែចំណេះដឹងអំពីជីវិតមនុស្ស ទស្សនៈរបស់គេអំពីព្រះជាម្ចាស់និងអត្ថន័យនៃការរស់នៅរបស់គេ។ តាមរបៀបនេះ សេចក្តីស្រឡាញ់របស់មនុស្សចំពោះព្រះជាម្ចាស់ត្រូវបានបន្សុទ្ធ ពោលគឺ ដួងចិត្តរបស់មនុស្សត្រូវបានយកឈ្នះ។ ប៉ុន្តែ តាមរយៈអាកប្បកិរិយារបស់ព្រះជាម្ចាស់ចំពោះសត្តនិករទាំងអស់ ព្រះជាម្ចាស់មិនគ្រាន់តែយកឈ្នះដើម្បីតែការយកឈ្នះប៉ុណ្ណោះទេ។ តែផ្ទុយទៅវិញ ទ្រង់យកឈ្នះដើម្បីទទួលយកមនុស្សសម្រាប់សិរីល្អរបស់ទ្រង់ និងដើម្បីស្រោចស្រង់លក្ខណៈដើម និងដំបូងបង្អស់របស់មនុស្សត្រឡប់មកវិញ។ បើទ្រង់គ្រាន់តែយកឈ្នះ ដើម្បីតែការយកឈ្នះនោះ នោះអត្ថន័យនៃកិច្ចការនៃការយកឈ្នះនឹងត្រូវបាត់បង់។ នេះគឺបានន័យថា ប្រសិនបើព្រះជាម្ចាស់បានលាងសម្អាតព្រះហស្ដ ឈប់ពាក់ព័ន្ធនឹងមនុស្ស និងលែងយកព្រះហឫទ័យទុកដាក់ចំពោះការស្លាប់រស់របស់មនុស្ស បន្ទាប់ពីការយកឈ្នះលើមនុស្ស នោះវាមិនមែនជាកិច្ចការនៃការគ្រប់គ្រងមនុស្សជាតិឡើយ ហើយការយកឈ្នះលើមនុស្ស នឹងគ្រាន់តែដើម្បីជាការប្រោសលោះ របស់ទ្រង់ប៉ុណ្ណោះ។ មានតែការទទួលបានមនុស្សក្រោយពេលការយកឈ្នះលើពួកគេ និងការដែលមនុស្សមកដល់ទិសដៅដ៏អស្ចារ្យនៅទីបំផុតប៉ុណ្ណោះ ដែលជាចំណុចសំខាន់នៃគ្រប់កិច្ចការនៃសេចក្ដីសង្គ្រោះ ហើយមានតែបែបនេះទេដែលគោលបំណងនៃសេចក្ដីសង្គ្រោះអាចសម្រេចទៅបាន។ ម្យ៉ាងវិញទៀត មានតែការមកដល់របស់មនុស្សនៅទិសដៅដ៏ស្រស់ស្អាត និងច្រកចូលទៅកាន់សេចក្ដីសម្រាករបស់គេប៉ុណ្ណោះ ដែលជាក្ដីសង្ឃឹមទៅអនាគតដែលសត្តនិករទាំងអស់ប្រាថ្នាចង់បាន និងកិច្ចការដែលព្រះអាទិករគប្បីបំពេញ។ ប្រសិនបើមនុស្សត្រូវធ្វើកិច្ចការនេះ នោះវានឹងមានដែនកំណត់ខ្លាំងណាស់៖ កិច្ចការនេះ អាចនាំមនុស្សទៅកាន់ចំណុចណាមួយ ប៉ុន្តែវាមិនអាចនាំមនុស្សទៅកាន់ទិសដៅដ៏អស់កល្បជានិច្ចបានឡើយ។ មនុស្សមិនអាចសម្រេចចិត្តលើវាសនារបស់មនុស្សបាននោះទេ ហើយជាងនេះទៅទៀត គេមិនអាចធានានូវក្ដីសង្ឃឹមទៅអនាគត និងទិសដៅទៅអនាគតរបស់មនុស្សបានឡើយ។ ក៏ប៉ុន្តែ កិច្ចការដែលព្រះជាម្ចាស់បំពេញ គឺខុសគ្នា។ ដោយសារទ្រង់បានបង្កើតមនុស្ស ទើបទ្រង់ដឹកនាំពួកគេ។ ដោយសារទ្រង់សង្គ្រោះមនុស្ស ទើបទ្រង់នឹងសង្គ្រោះគេដោយហ្មត់ចត់ និងទទួលយកគេទាំងស្រុង។ ដោយសារទ្រង់ដឹកនាំមនុស្ស ទើបទ្រង់នឹងនាំគេទៅកាន់ទិសដៅដែលត្រឹមត្រូវ។ ហើយដោយសារទ្រង់បានបង្កើត និងគ្រប់គ្រងលើមនុស្ស ទើបទ្រង់ត្រូវតែទទួលខុសត្រូវលើវាសនា និងក្ដីសង្ឃឹមទៅអនាគតរបស់មនុស្សលោក។ កិច្ចការនេះហើយ គឺជាកិច្ចការដែលព្រះអាទិករបានបំពេញ។ ថ្វីបើកិច្ចការនៃការយកឈ្នះសម្រេចទៅបានតាមរយៈការបោសសម្អាតក្ដីសង្ឃឹមទៅអនាគតរបស់មនុស្សក្ដី ក៏នៅទីបំផុត មនុស្សត្រូវនាំទៅក្នុងទិសដៅដែលត្រឹមត្រូវដែលព្រះជាម្ចាស់បានរៀបចំសម្រាប់គេដដែល។ ច្បាស់ណាស់ នេះគឺដោយសារព្រះជាម្ចាស់គិតគូរពីមនុស្ស ទើបមនុស្សទទួលបានការធានាចំពោះគោលដៅ និងវាសនារបស់គេ។ ត្រង់ចំណុចនេះ ទិសដៅដែលសមស្របដែលសំដៅដល់នោះ គឺមិនមែនជាការសង្ឃឹម និងសេចក្ដីសង្ឃឹមទៅអនាគតរបស់មនុស្ស ដែលបានបោសសម្អាតកាលពីពេលកន្លងមកទេ។ ចំណុចទាំងពីរនេះមានលក្ខណៈខុសគ្នា។ អ្វីអស់ទាំងដែលមនុស្សសង្ឃឹមចង់បាន និងស្វែងរក គឺជាការស្រេកឃ្លានដែលកើតចេញពីការស្វែងរកចំណង់ហួសប្រមាណខាងសាច់ឈាម ជាជាងទិសដៅដែលមនុស្សត្រូវស្វែងរក។ អ្វីដែលព្រះជាម្ចាស់បានត្រៀមរៀបចំសម្រាប់មនុស្ស គឺជាព្រះពរ និងការសន្យាដែលត្រូវប្រទានដល់មនុស្ស នៅពេលដែលមនុស្សត្រូវបានប្រោសឱ្យបរិសុទ្ធ ដែលព្រះជាម្ចាស់បានរៀបចំសម្រាប់មនុស្ស ក្រោយពីបង្កើតពិភពលោកនេះ ហើយមិនមានជាប់ជំពាក់នឹងជម្រើស សញ្ញាណ ការស្រមៃ ឬសាច់ឈាមរបស់មនុស្សឡើយ។ ទិសដៅនេះមិនបានត្រៀមរៀបចំសម្រាប់មនុស្សជាក់លាក់ណាមួយឡើយ ប៉ុន្តែវាជាកន្លែងសម្រាករបស់មនុស្សជាតិទាំងមូល។ ហេតុដូចនេះ ទិសដៅនេះ គឺជាទិសដៅស័ក្តិសមបំផុតសម្រាប់មនុស្សលោក។

(ដកស្រង់ពី «ការស្រោចស្រង់ជីវិតធម្មតារបស់មនុស្សត្រឡប់មកវិញ និងការនាំមនុស្សទៅកាន់ទិសដៅដ៏អស្ចារ្យមួយ» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)

ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់  សម្រង់សម្ដីទី ៥៨៩

ព្រះអាទិករមានគោលបំណងចាត់ចែងលើរបស់សព្វសារពើទាំងអស់ដែលបានបង្កើតមក។ អ្នកមិនត្រូវលះបង់ ឬមិនស្ដាប់បង្គាប់តាមអ្វីគ្រប់យ៉ាងដែលទ្រង់ធ្វើនោះឡើយ ហើយអ្នកក៏មិនត្រូវបះបោរទាស់នឹងទ្រង់ដែរ។ នៅពេលកិច្ចការដែលទ្រង់បំពេញ សម្រេចតាមព្រះរាជបំណងរបស់ទ្រង់ នោះទ្រង់នឹងទទួលបានសិរីរុងរឿងតាមរយៈការនេះ។ សព្វថ្ងៃនេះ ហេតុអ្វីបានជាគេមិនថា អ្នកជាកូនចៅរបស់ពួកសាសន៍ម៉ូអាប់ ឬជាកូននៃនាគដ៏ធំមានសម្បុរក្រហម? ហេតុអ្វីបានជាគ្មានការនិយាយពីរាស្ដ្ររើសតាំង និងមានតែការនិយាយពីសត្ដនិករដែលបង្កើតមកទៅវិញ? សត្ដនិករដែលបានបង្កើតមក នេះគឺជាងារដំបូងរបស់មនុស្ស ហើយវាជាអត្តសញ្ញាណនៅជាប់នឹងខ្លួនគេ។ ឈ្មោះខុសគ្នាដោយសារតែអាយុ និងសម័យកាលនៃកិច្ចការខុសគ្នាប៉ុណ្ណោះ។ ការពិត មនុស្សជាសត្តនិករធម្មតាមួយ។ សត្តនិករទាំងអស់ មិនថាពួកគេពុករលួយខ្លាំងយ៉ាងណា ឬបរិសុទ្ធយ៉ាងណានោះទេ គឺត្រូវតែបំពេញភារកិច្ចរបស់ខ្លួនដែលជាភាវៈដែលត្រូវបានបង្កើតមកនេះ។ នៅពេលព្រះជាម្ចាស់បំពេញកិច្ចការនៃការយកឈ្នះ ទ្រង់មិនគ្រប់គ្រងលើអ្នកដោយប្រើក្ដីសង្ឃឹមទៅអនាគត វាសនា ឬទិសដៅរបស់អ្នកឡើយ។ តាមពិតទៅ ពុំចាំបាច់ត្រូវធ្វើកិច្ចការដោយបែបនេះទេ។ គោលបំណងនៃកិច្ចការនៃការយកឈ្នះ គឺដើម្បីធ្វើឱ្យមនុស្សបំពេញភារកិច្ចរបស់ខ្លួនដែលបានបង្កើតមក ដើម្បីធ្វើឱ្យគេថ្វាយបង្គំព្រះអាទិករ។ មានតែក្រោយពេលនោះទេ ទើបមនុស្សអាចចូលទៅក្នុងទិសដៅដ៏អស្ចារ្យនោះបាន។ វាសនារបស់មនុស្សត្រូវគ្រប់គ្រងនៅក្នុងព្រះហស្ដរបស់ព្រះជាម្ចាស់។ អ្នកមិនមានសមត្ថភាពគ្រប់គ្រងលើខ្លួនឯងឡើយ៖ បើទោះបីជាមនុស្សតែងតែមានការប្រញាប់ប្រញាល់ និងរវល់នឹងរឿងផ្សេងៗរបស់ខ្លួនឯងក៏ដោយ ក៏គេនៅតែគ្មានសមត្ថភាពនៅក្នុងការគ្រប់គ្រងខ្លួនឯងដដែល។ ប្រសិនបើអ្នកអាចស្គាល់ពីក្ដីសង្ឃឹមទៅអនាគតរបស់ខ្លួនឯង ប្រសិនបើអ្នកអាចគ្រប់គ្រងលើវាសនារបស់ខ្លួនឯងបាន តើអ្នកនៅតែជាសត្តនិករដែលបានបង្កើតមកទៀតឬអី? និយាយឱ្យខ្លី មិនថាព្រះជាម្ចាស់បំពេញកិច្ចការដោយបែបណានោះទេគ្រប់កិច្ចការទាំងអស់របស់ទ្រង់ គឺសុទ្ធតែដើម្បីជាប្រយោជន៍ដល់មនុស្ស។ ឧទាហរណ៍ ស្ថានសួគ៌ និងផែនដី និងរបស់សព្វសារពើទាំងអស់ដែលព្រះជាម្ចាស់បានបង្កើតមកដើម្បីបម្រើដល់មនុស្ស៖ ព្រះចន្ទ ព្រះអាទិត្យ និងដួងតារា ដែលទ្រង់បានបង្កើតមកសម្រាប់មនុស្ស សត្វ និងរុក្ខជាតិ រដូវផ្ការីក រដូវក្ដៅ រដូវលំហើយ និងរដូវរងា ព្រមទាំងអ្វីៗផ្សេងទៀត ពោលគឺទាំងអស់នេះសុទ្ធតែត្រូវបានបង្កើតឡើងសម្រាប់អត្ថិភាពរបស់មនុស្ស។ ដូច្នេះហើយ មិនថាព្រះជាម្ចាស់ដាក់ទោស និងជំនុំជម្រះមនុស្សដោយបែបណានោះទេ អ្វីទាំងអស់នេះ គឺសុទ្ធតែដើម្បីជាជាប្រយោជន៍ដល់សេចក្ដីសង្គ្រោះរបស់មនុស្ស។ បើទោះបីជាទ្រង់ដកយកក្ដីសង្ឃឹមខាងសាច់ឈាមរបស់គេក៏ពិតមែន នោះក៏ដើម្បីតែការបន្សុទ្ធមនុស្សតែប៉ុណ្ណោះ ហើយការបន្សុទ្ធមនុស្សនេះ គឺធ្វើឡើងដើម្បីឱ្យមនុស្សអាចរួចផុតពីការស្លាប់បាន។ ទិសដៅរបស់មនុស្សស្ថិតក្នុងព្រះហស្ដរបស់ព្រះអាទិករ ដូច្នេះ តើមនុស្សអាចគ្រប់គ្រងខ្លួនឯងបានដោយរបៀបណាទៅ?

(ដកស្រង់ពី «ការស្រោចស្រង់ជីវិតធម្មតារបស់មនុស្សត្រឡប់មកវិញ និងការនាំមនុស្សទៅកាន់ទិសដៅដ៏អស្ចារ្យមួយ» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)

ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់  សម្រង់សម្ដីទី ៥៩០

នៅពេលដែលកិច្ចការនៃការយកឈ្នះត្រូវបានបញ្ចប់ជាស្ថាពរ មនុស្សនឹងត្រូវនាំទៅកាន់ពិភពលោកមួយដ៏ស្រស់បំព្រង។ ជាការពិតណាស់ ជីវិតនេះនឹងមាននៅលើផែនដី ប៉ុន្តែវានឹងខុសគ្នាទាំងស្រុងពីជីវិតរបស់មនុស្សក្នុងពេលបច្ចុប្បន្ននេះ។ វាគឺជាជីវិតដែលមនុស្សនឹងត្រូវមាន ក្រោយពីមនុស្សជាតិទាំងមូលត្រូវបានយកឈ្នះ វានឹងក្លាយជាការចាប់ផ្ដើមជាថ្មីសម្រាប់មនុស្សនៅលើផែនដី ហើយការដែលធ្វើឱ្យមនុស្សមានជីវិតមួយបែបនេះ នឹងក្លាយជាសេចក្ដីសំអាងដែលបញ្ជាក់ថាមនុស្សបានចូលទៅក្នុងពិភពថ្មីមួយដែលស្រស់បំព្រង។ វានឹងក្លាយជាការចាប់ផ្ដើមនៃជីវិតរបស់មនុស្ស និងព្រះជាម្ចាស់នៅលើផែនដី។ ការលើកឡើងសម្រាប់ជីវិតដ៏ស្រស់បំព្រងក្រោយពីមនុស្សត្រូវបានបន្សុទ្ធ និងយកឈ្នះរួចមក គឺគេនឹងត្រូវចុះចូលនៅចំពោះព្រះអាទិករ។ ហេតុនេះហើយ កិច្ចការនៃការយកឈ្នះ គឺជាដំណាក់កាលចុងក្រោយនៃកិច្ចការរបស់ព្រះជាម្ចាស់ នៅមុនពេលដែលមនុស្សចូលទៅក្នុងគោលដៅដ៏អស្ចារ្យនេះ។ ជីវិតបែបនេះ គឺជាជីវិតរបស់មនុស្សនៅលើផែនដីនាពេលអនាគត ជាជីវិតដ៏ស្រស់បំព្រងនៅលើផែនដី ជាជីវិតដែលមនុស្សទន្ទឹងចង់បាន ជាប្រភេទនៃជីវិតដែលមនុស្សមិនធ្លាប់ឈានដល់នៅក្នុងប្រវត្តិសាស្រ្តពិភពលោកឡើយ។ វាគឺជាលទ្ធផលចុងក្រោយនៃកិច្ចការគ្រប់គ្រងរយៈពេល ៦ ០០០ ឆ្នាំ។ វាគឺជាអ្វីដែលមនុស្សស្រេកឃ្លានចង់បានបំផុត ហើយវាក៏ជាការសន្យារបស់ព្រះជាម្ចាស់ចំពោះមនុស្សផងដែរ។ ប៉ុន្តែ ការសន្យានេះ មិនអាចចូលមកដល់ភ្លាមៗនោះទេ។ មនុស្សនឹងចូលទៅក្នុងទិសដៅអនាគត នៅពេលណាដែលកិច្ចការនៃគ្រាចុងក្រោយបង្អស់ ត្រូវបានបញ្ចប់រួចរាល់ និងពេលដែលមនុស្សត្រូវបានយកឈ្នះរួចទាំងស្រុងតែប៉ុណ្ណោះ ពោលគឺនៅពេលណាដែលសាតាំងត្រូវបានយកឈ្នះទាំងស្រុង។ បន្ទាប់ពីមនុស្សត្រូវបានបន្សុទ្ធរួច គេនឹងលែងមានធម្មជាតិដែលមានបាបទៀតហើយ ដ្បិតព្រះជាម្ចាស់បានយកឈ្នះលើសាតាំងជាស្រេចហើយ មានន័យថា នឹងគ្មានការឈ្លានពានដោយកម្លាំងកម្រោល ហើយគ្មានកម្លាំងណាមួយដែលអាចវាយប្រហារលើសាច់ឈាមរបស់មនុស្សបានឡើយ។ ដូចនេះហើយ មនុស្សនឹងត្រូវដោះលែងឱ្យមានសេរីភាព និងបានបរិសុទ្ធ គេនឹងបានចូលទៅក្នុងភាពអស់កល្បជានិច្ច។ ទាល់តែអំណាចទទឺងនៃភាពងងឹតត្រូវបានដាក់ជាបាវបម្រើ ទើបមនុស្សអាចត្រូវបានដោះលែងឱ្យមានសេរីភាពនៅគ្រប់ទីកន្លែងដែលមនុស្សទៅដល់បាន ហេតុដូច្នេះ គេនឹងគ្មានការបះបោរ ឬការប្រឆាំងទាស់ឡើយ។ សាតាំងគ្មានអ្វីក្រៅតែពីត្រូវចាប់ធ្វើជាបាវបម្រើទេ ហើយអ្វីគ្រប់យ៉ាងនឹងត្រូវល្អប្រសើរសម្រាប់មនុស្ស។ ស្ថានភាពបច្ចុប្បន្ន កើតមានដោយសារសាតាំងនៅបន្តបង្កបញ្ហានៅគ្រប់ទីកន្លែងនៅលើផែនដី ហើយដោយសារកិច្ចការនៃការគ្រប់គ្រងរបស់ព្រះជាម្ចាស់ទាំងមូល មិនទាន់សម្រេចដល់ទីបញ្ចប់នៅឡើយ។ នៅពេលដែលសាតាំងត្រូវបានយកឈ្នះរួច មនុស្សនឹងត្រូវដោះលែងឱ្យមានសេរីភាពទាំងស្រុង នៅពេលមនុស្សទទួលយកព្រះជាម្ចាស់ និងចេញផុតពីដែនត្រួតត្រារបស់សាតាំង នោះគេនឹងអាចឃើញព្រះអាទិត្យនៃសេចក្ដីសុចរិត។ ជីវិតជាមនុស្សធម្មតានឹងត្រូវទទួលបានជាថ្មី។ គ្រប់ការទាំងអស់ដែលត្រូវគ្រប់គ្រងដោយមនុស្សធម្មតាដូចជា សមត្ថភាពក្នុងការយល់ដឹងពីអំពើល្អ និងអំពើអាក្រក់ និងការយល់ដឹងអំពីរបៀបទទួលទាន និងស្លៀកពាក់ដោយខ្លួនឯង ព្រមទាំងសមត្ថភាពក្នុងការរស់នៅដោយសាមញ្ញ អ្វីៗគ្រប់សព្វបែបយ៉ាងនេះនឹងត្រូវទទួលបានជាថ្មី។ ប្រសិនបើអេវ៉ាមិនត្រូវបានសត្វពស់ល្បួងទេ មនុស្សគួរតែមានជីវិតធម្មតាបែបនេះក្រោយដែលគេត្រូវបានបង្កើតឡើងនៅគ្រាដំបូង។ មនុស្សគួរតែចេះហូបចុក និងស្លៀកពាក់ ហើយនិងដឹកនាំជីវិតមនុស្សធម្មតានៅផែនដីនេះ។ ប៉ុន្តែ ក្រោយពេលមនុស្សត្រូវបានដកសិទ្ធិ ជីវិតមួយនេះក្លាយជាការស្រមើស្រមៃដែលមិនអាចសម្រេចបាន ហើយសូម្បីតែសព្វថ្ងៃនេះក៏មនុស្សមិនហ៊ានស្រមៃអំពីរឿងបែបនោះផង។ ការពិត ជីវិតដ៏ស្រស់បំព្រងដែលមនុស្សទង្ទឹងចង់បាននោះ គឺចាំបាច់ខ្លាំងណាស់។ ប្រសិនបើមនុស្សគ្មានទិសដៅបែបនោះទេ ជីវិតដែលខ្វះខាតនៅលើផែនដីនេះ នឹងមិនបញ្ចប់ឡើយ ហើយប្រសិនបើពុំមានជីវិតដ៏ស្រស់បំព្រងទេ នោះនឹងគ្មានការបញ្ចប់វាសនារបស់សាតាំង ឬសម័យដែលសាតាំងក្ដោបក្ដាប់អំណាចនៅលើផែនដីនេះឡើយ។ មនុស្សត្រូវចូលមកដល់ពិភពមួយដែលមិនអាចទៅដល់បានតាមអំណាចនៃភាពងងឹត ហើយនៅពេលដែលមនុស្សធ្វើបែបនេះបង្ហាញថា សាតាំងត្រូវបានយកឈ្នះហើយ។ ដោយបែបនេះ នៅពេលដែលគ្មានការរំខានដោយសាតាំង ព្រះជាម្ចាស់នឹងគ្រប់គ្រងលើមនុស្សដោយផ្ទាល់ព្រះអង្គ ហើយទ្រង់នឹងបញ្ជា និងគ្រប់គ្រងលើជីវិតមនុស្សទាំងមូល។ មានតែពេលនោះទេទើបសាតាំងត្រូវបានយកឈ្នះដោយពិតប្រាកដ។ ជីវិតរបស់មនុស្សសព្វថ្ងៃនេះ គឺជាជីវិតដែលស្មោកគ្រោក ជាជីវិតដែលរងរុក្ខវេទនា និងទុក្ខលំបាក។ កិច្ចការនេះ មិនអាចហៅថា ការបង្ក្រាបសាតាំងនោះទេ។ មនុស្សមិនទាន់បានគេចចេញពីសមុទ្រទុក្ខនៅឡើយទេ ហើយមិនទាន់បានគេចចេញពីទុក្ខលំបាកនៃជីវិតរបស់មនុស្ស ឬឥទ្ធិពលរបស់សាតាំងនៅឡើយទេ ហើយគេនៅតែមានចំណេះតិចតួចបំផុតអំពីព្រះជាម្ចាស់។ គ្រប់ទុក្ខលំបាករបស់មនុស្ស ត្រូវបានបង្កើតឡើងដោយសាតាំង។ គឺសាតាំងនេះហើយ ដែលនាំទុក្ខវេទនាចូលមកក្នុងជីវិតមនុស្ស ហើយមានតែការដែលសាតាំងត្រូវបានធ្វើឱ្យទៅជាបាវបម្រើប៉ុណ្ណោះ ទើបមនុស្សអាចគេចផុតពីសមុទ្រទុក្ខបានទាំងស្រុង។ ក៏ប៉ុន្តែ ការឱ្យសាតាំងធ្វើជាបាវបម្រើ គឺអាចសម្រេចទៅបានតាមរយៈការយកឈ្នះ និងការទទួលយកដួងចិត្តមនុស្ស តាមរយៈការធ្វើឱ្យមនុស្សក្លាយជារបឹបនៅក្នុងសង្គ្រាមជាមួយសាតាំង។

(ដកស្រង់ពី «ការស្រោចស្រង់ជីវិតធម្មតារបស់មនុស្សត្រឡប់មកវិញ និងការនាំមនុស្សទៅកាន់ទិសដៅដ៏អស្ចារ្យមួយ» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)

ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់  សម្រង់សម្ដីទី ៥៩១

សព្វថ្ងៃ ការដែលមនុស្សស្វែងរកដើម្បីក្លាយជាអ្នកដែលមានជ័យជម្នះ និងដើម្បីឱ្យបានគ្រប់លក្ខណ៍ គឺជាអ្វីដែលគេស្វែងរក នៅមុនពេលដែលគេមានជីវិតធម្មតានៅលើផែនដី ហើយអ្វីទាំងអស់នេះ គឺជាវត្ថុបំណងដែលគេស្វែងរក មុនពេលដែលសាតាំងត្រូវបានដាក់ឱ្យជាប់ចំណង។ ជាមូលដ្ឋាន ការដែលមនុស្សស្វែងរកដើម្បីក្លាយជាអ្នកដែលមានជ័យជម្នះ និងដើម្បីធ្វើឱ្យបានគ្រប់លក្ខណ៍ ឬដើម្បីឱ្យបានប្រើការល្អ គឺត្រូវគេចចេញពីឥទ្ធិពលរបស់សាតាំង៖ ការស្វែងរករបស់មនុស្ស គឺដើម្បីក្លាយជាអ្នកដែលមានជ័យជម្នះ ប៉ុន្តែលទ្ធផលចុងក្រោយ គឺជាការគេចចេញពីឥទ្ធិពលរបស់សាតាំង។ មានតែការគេចចេញពីឥទ្ធិពលរបស់សាតាំងប៉ុណ្ណោះដែលអាចឱ្យមនុស្សដឹកនាំជីវិតធម្មតានៅលើផែនដីនេះបាន ជាជីវិតដែលថ្វាយបង្គំព្រះជាម្ចាស់។ សព្វថ្ងៃនេះ ការដែលមនុស្សស្វែងរកដើម្បីក្លាយជាអ្នកដែលមានជ័យជម្នះ និងដើម្បីឱ្យបានគ្រប់លក្ខណ៍ គឺជារឿងដែលត្រូវស្វែងរក នៅពេលមានជីវិតធម្មតានៅលើផែនដី។ គេស្វែងរកចំណុចទាំងនេះ សំខាន់គឺដើម្បីបានបន្សុទ្ធឱ្យស្អាត និងដើម្បីប្រតិបត្តិតាមសេចក្ដីពិត និងដើម្បីថ្វាយបង្គំព្រះអាទិករ។ ប្រសិនបើមនុស្សមានជីវិតធម្មតានៅលើផែនដី ជាជីវិតមួយដែលគ្មានការលំបាក និងទុក្ខវេទនា នោះមនុស្សនឹងមិនចូលពាក់ព័ន្ធនៅក្នុងការស្វែងរក ដើម្បីឱ្យក្លាយជាអ្នកដែលមានជ័យជម្នះឡើយ។ «ការក្លាយជាអ្នកដែលមានជ័យជម្នះ» និង «ការប្រោសឱ្យបានគ្រប់លក្ខណ៍» គឺជាវត្ថុបំណងដែលព្រះជាម្ចាស់ប្រទានឱ្យមនុស្សស្វែងរក ហើយតាមរយៈការស្វែងរកគោលដៅទាំងនេះ ទ្រង់ធ្វើឱ្យមនុស្សប្រតិបត្តិតាមសេចក្ដីពិត និងរស់នៅក្នុងជីវិតមួយដែលមានន័យ។ វត្ថុបំណងនេះ គឺដើម្បីធ្វើឱ្យមនុស្សបានបរិបូរ និងដើម្បីទទួលយកគេ ហើយការស្វែងរកដើម្បីបានក្លាយជាអ្នកដែលមានជ័យជម្នះ និងដើម្បីត្រូវបានប្រោសឱ្យបានគ្រប់លក្ខណ៍ គឺគ្រាន់តែជាមធ្យោបាយមួយប៉ុណ្ណោះ។ ប្រសិនបើទៅថ្ងៃអនាគត មនុស្សចូលទៅក្នុងទិសដៅដ៏អស្ចារ្យនេះ នោះនឹងលែងមានការសម្អាងដើម្បីបានក្លាយជាអ្នកដែលមានជ័យជម្នះ និងដើម្បីត្រូវបានប្រោសឱ្យបានគ្រប់លក្ខណ៍ទៀតហើយ គឺមានត្រឹមតែសត្តនិករដែលបានបង្កើតមក ដែលបំពេញភារកិច្ចរៀងៗខ្លួនតែប៉ុណ្ណោះ។ សព្វថ្ងៃនេះ មនុស្សត្រូវបានត្រាស់ឱ្យស្វែងរកចំណុចទាំងអស់នេះ គឺគ្រាន់តែដើម្បីកំណត់ពីទំហំកិច្ចការសម្រាប់មនុស្សប៉ុណ្ណោះ ដើម្បីឱ្យការស្វែងរករបស់មនុស្ស កាន់តែមានគោលដៅ និងជាក់ស្ដែងជាងមុន។ បើពុំដូច្នោះទេ មនុស្សនឹងត្រូវរស់នៅក្នុងភាពអរូបីបែបស្រពេចស្រពិល និងស្វែងរកច្រកចូលទៅក្នុងជីវិតដ៏អស់កល្បជានិច្ច ហើយប្រសិនបើបែបនេះមែន តើមនុស្សមិនគួរឱ្យសង្វេគកាន់តែខ្លាំងជាងមុនទេឬអី? ការបន្តស្វែងរកនៅក្នុងផ្លូវនេះ ដោយគ្មានគោលដៅ ឬគ្មានគោលការណ៍ តើនេះមិនមែនជាការបោកបញ្ឆោតខ្លួនឯងទេឬអី? ចុងក្រោយ ការស្វែងរកបែបនេះ នឹងគ្មានផលផ្លែអ្វីឡើយ។ នៅទីបំផុត មនុស្សនឹងនៅតែរស់នៅក្រោមដែនត្រួតត្រារបស់សាតាំងដដែល និងមិនអាចរំដោះខ្លួនចេញពីដែនត្រួតត្រានេះបានឡើយ។ ហេតុអ្វីបានជាត្រូវដាក់ខ្លួនឯងទៅក្នុងការស្វែងរកដែលគ្មានគោលដៅបែបនេះ? នៅពេលមនុស្សចូលទៅក្នុងទិសដៅដ៏អស់កល្បជានិច្ច នោះមនុស្សនឹងថ្វាយបង្គំព្រះអាទិករ ហើយដ្បិតមនុស្សបានទទួលនូវសេចក្ដីសង្គ្រោះ និងបានចូលក្នុងភាពអស់កល្បជានិច្ច នោះមនុស្សនឹងមិនស្វែងរកវត្ថុបំណងណាមួយឡើយ ហើយបន្ថែមលើនេះ គេក៏នឹងមិនត្រូវការព្រួយបារម្ភចំពោះការឡោមព័ទ្ធពីសំណាក់សាតាំងដែរ។ នៅពេលនេះ មនុស្សនឹងដឹងពីកន្លែងរបស់គេ ហើយនឹងបំពេញភារកិច្ចរបស់គេ ហើយបើទោះបីជាពួកគេមិនត្រូវបានវាយផ្ចាល ឬជំនុំជម្រះក្ដី ក៏មនុស្សម្នាក់ៗនឹងត្រូវបំពេញភារកិច្ចរបស់ពួកគេដែរ។ នៅពេលនោះ មនុស្សនឹងមានទាំងអត្តសញ្ញាណនិងឋានៈជាសត្តនិករ។ នឹងលែងមានភាពខុសគ្នារវាងខ្ពស់និងទាប។ មនុស្សម្នាក់ៗ នឹងគ្រាន់តែត្រូវបំពេញមុខងារផ្សេងៗគ្នាតែប៉ុណ្ណោះ។ បែបនេះក្ដី ក៏មនុស្សនៅតែបន្តរស់នៅក្នុងទិសដៅដែលត្រឹមត្រូវ និងសមស្របសម្រាប់មនុស្សជាតិ។ មនុស្សនឹងបំពេញភារកិច្ចរបស់ខ្លួនដើម្បីបានថ្វាយបង្គំព្រះអាទិករ ហើយគឺមនុស្សជាតិនេះហើយ ដែលនឹងត្រូវក្លាយជាមនុស្សជាតិអស់កល្បជានិច្ច។ នៅពេលនោះ មនុស្សនឹងបានទទួលនូវជីវិតមួយដែលព្រះជាម្ចាស់បានបំភ្លឺ ជាជីវិតមួយដែលស្ថិតក្រោមការបីបាច់ និងការការពារពីព្រះជាម្ចាស់ ជាជីវិតមួយសមប្រកបជាមួយព្រះជាម្ចាស់។ មនុស្សជាតិនឹងដឹកនាំជីវិតធម្មតាមួយនៅលើផែនដី ហើយមនុស្សទាំងអស់នឹងចូលទៅក្នុងផ្លូវដែលត្រឹមត្រូវ។ នៅទីបំផុត ផែនការនៃការគ្រប់គ្រងរយៈពេល ៦ ០០០ ឆ្នាំ នឹងបានបង្ក្រាបលើសាតាំង ដែលមានន័យថា ព្រះជាម្ចាស់នឹងបានស្រោចស្រង់នូវរូបភាពដើមរបស់មនុស្ស ដែលទ្រង់បានបង្កើតមក យ៉ាងនោះ ទើបបំណងព្រះហឫទ័យដើមរបស់ព្រះជាម្ចាស់ នឹងបានសម្រេចជោគជ័យ។ កាលដើមដំបូងឡើយ មុនពេលដែលមនុស្សជាតិត្រូវបានសាតាំងធ្វើឱ្យពុករលួយ មនុស្សជាតិបានដឹកនាំជីវិតធម្មតានៅលើផែនដី។ ក្រោយមក នៅពេលដែលមនុស្សត្រូវបានសាតាំងធ្វើឱ្យពុករលួយ មនុស្សបាត់បង់នូវជីវិតធម្មតានេះ ហេតុដូច្នេះហើយ ទើបចាប់ផ្ដើមមានកិច្ចការនៃការគ្រប់គ្រងរបស់ព្រះជាម្ចាស់ និងចម្បាំងជាមួយសាតាំង ដើម្បីស្រោចស្រង់ជីវិតធម្មតារបស់មនុស្សត្រឡប់មកវិញ។ មានតែពេលដែលកិច្ចការនៃការគ្រប់គ្រងរយៈពេល ៦ ០០០ ឆ្នាំរបស់ព្រះជាម្ចាស់ ឈានដល់ទីបញ្ចប់ប៉ុណ្ណោះ ទើបជីវិតរបស់មនុស្សជាតិទាំងមូល នឹងចាប់ផ្ដើមនៅលើផែនដីជាផ្លូវការ។ មានតែបែបនេះប៉ុណ្ណោះ ដែលមនុស្សនឹងមានជីវិតដ៏អស្ចារ្យ ហើយព្រះជាម្ចាស់នឹងស្រោចស្រង់បំណងព្រះហឫទ័យរបស់ទ្រង់នៅក្នុងការបង្កើតមនុស្សកាលពីដើមដំបូង ក៏ដូចជាលក្ខណៈជាមនុស្សដើមត្រឡប់មកវិញ។ ហេតុដូច្នេះ ពេលណាដែលមនុស្សមានជីវិតធម្មតានៅលើផែនដី មនុស្សនឹងមិនស្វែងរកដើម្បីក្លាយជាអ្នកដែលមានជ័យជម្នះ ឬដើម្បីឱ្យបានគ្រប់លក្ខណ៍ឡើយ ដ្បិតមនុស្សនឹងត្រលប់ជាបរិសុទ្ធ។ «អ្នកដែលមានជ័យជម្នះ» និង «ការធ្វើឱ្យបានគ្រប់លក្ខណ៍» ដែលមនុស្សនិយាយមកនេះ គឺជាគោលដៅដែលប្រទានឱ្យមនុស្សស្វែងរកក្នុងអំឡុងចម្បាំងរវាងព្រះជាម្ចាស់និងសាតាំង ហើយចំណុចទាំងនេះកើតមានដោយសារមនុស្សត្រូវបានធ្វើឱ្យពុករលួយប៉ុណ្ណោះ។ តាមរយៈការប្រទាននូវគោលដៅ និងការជំរុញឱ្យអ្នកស្វែងរកគោលដៅនេះហើយដែលសាតាំងនឹងត្រូវបរាជ័យ។ ការសុំឱ្យអ្នកក្លាយជាអ្នកដែលមានជ័យជម្នះ ឬឱ្យបានគ្រប់លក្ខណ៍ ឬឱ្យអាចប្រើការបាននោះ គឺតម្រូវឱ្យអ្នកធ្វើទីបន្ទាល់ ដើម្បីឱ្យសាតាំងអាម៉ាស់មុខ។ នៅទីបំផុត មនុស្សនឹងដឹកនាំជីវិតធម្មតានៅលើផែនដី ហើយមនុស្សនឹងក្លាយជាបរិសុទ្ធ។ នៅពេលការនេះកើតឡើង តើមនុស្សនឹងនៅតែស្វែងរកដើម្បីក្លាយជាអ្នកដែលមានជ័យជម្នះទៀតដែរឬទេ? តើពួកគេមិនមែនសុទ្ធតែជាសត្តនិករនៃការបង្កើតទេឬអី? ការនិយាយអំពីការក្លាយជាអ្នកដែលមានជ័យជម្នះ និងការធ្វើឱ្យបានគ្រប់លក្ខណ៍ ពាក្យសម្ដីទាំងអស់នេះគឺសុទ្ធតែតម្រង់ទៅរកសាតាំង និងទៅរកភាពស្មោកគ្រោករបស់មនុស្ស។ តើពាក្យថា «អ្នកដែលមានជ័យជម្នះ» មិនមែននិយាយសំដៅទៅលើជ័យជម្នះលើសាតាំង និងអំណចទទឹងទេឬ? នៅពេលអ្នកនិយាយថា អ្នកត្រូវបានប្រោសឱ្យគ្រប់លក្ខណ៍ តើមានអ្វីខ្លះនៅក្នុងខ្លួនឯងដែលត្រូវបានធ្វើឱ្យគ្រប់លក្ខណ៍? តើវាមិនមែនជាការដែលអ្នកលះបង់ចេញពីក្នុងខ្លួនឯងនូវនិស្ស័យពុករលួយរបស់សាតាំង ដើម្បីឱ្យអ្នកអាចសម្រេចនូវសេចក្ដីស្រឡាញ់ដ៏មហិមាចំពោះព្រះជាម្ចាស់ទេឬ? គេបាននិយាយថា ចំណុចបែបនេះមានទំនាក់ទំនងជាមួយរឿងស្មោកគ្រោកនៅក្នុងខ្លួនមនុស្ស និងជាប់ពាក់ព័ន្ធជាមួយសាតាំងមិនមែននិយាយពាក់ព័ន្ធនឹងព្រះជាម្ចាស់ឡើយ។

(ដកស្រង់ពី «ការស្រោចស្រង់ជីវិតធម្មតារបស់មនុស្សត្រឡប់មកវិញ និងការនាំមនុស្សទៅកាន់ទិសដៅដ៏អស្ចារ្យមួយ» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)

ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់  សម្រង់សម្ដីទី ៥៩២

នៅពេលមនុស្សសម្រេចជីវិតជាមនុស្សពិតនៅលើផែនដី ហើយអំណាចទាំងស្រុងរបស់សាតាំងត្រូវបានដាក់ជាបាវបម្រើ នោះមនុស្សនឹងរស់នៅលើផែនដីបានងាយស្រួល។ រឿងរ៉ាវនានានឹងមិនស្មុគស្មាញដូចជាពេលសព្វថ្ងៃនេះទេ៖ ទំនាក់ទំនងរបស់មនុស្ស ទំនាក់ទំនងសង្គម ទំនាក់ទំនងគ្រួសារដែលស្មុគស្មាញ នាំមកនូវបញ្ហាជាច្រើន នាំមកនូវការឈឺចាប់យ៉ាងក្រៃលែង! ជីវិតរបស់មនុស្សនៅទីនេះ គឺវេទនាខ្លាំងណាស់! នៅពេលណាដែលមនុស្សត្រូវបានយកឈ្នះរួចហើយ ដួងចិត្តនិងចិត្តគំនិតរបស់គេ នឹងត្រូវបំផ្លាស់បំប្រែ៖ គេនឹងមានដួងចិត្តមួយដែលគោរពកោតខ្លាច និងស្រឡាញ់ព្រះជាម្ចាស់។ នៅពេលណាដែលអស់អ្នកទាំងឡាយដែលស្ថិតក្នុងសាកលលោកនេះ ដែលស្វះស្វែងដើម្បីស្រឡាញ់ព្រះជាម្ចាស់ ត្រូវបានយកឈ្នះរួចហើយ ពោលគឺនៅពេលដែលសាតាំងត្រូវបានបង្ក្រាបរួចហើយ ហើយនៅពេលដែលសាតាំង ពោលគឺគ្រប់អំណាចនៃភាពងងឹតទាំងអស់ ត្រូវបានដាក់ឱ្យជាប់ចំណងរួច នោះជីវិតរបស់មនុស្សនៅលើផែនដីនឹងលែងមានបញ្ហាទៀត ហើយគេនឹងអាចរស់នៅនៅលើផែនដីបានដោយសេរី។ ប្រសិនបើជីវិតរបស់មនុស្សមិនមានទំនាក់ទំនងខាងសាច់ឈាម និងគ្មានភាពស្មុគស្មាញខាងសាច់ឈាមទេ នោះជីវិតនេះនឹងកាន់តែមានភាពងាយស្រួលជាងមុន។ ទំនាក់ទំនងរបស់មនុស្សខាងសាច់ឈាម មានភាពស្មុគស្មាញយ៉ាងខ្លាំង ហើយការដែលមនុស្សមានអ្វីទាំងអស់ទាំងនេះ គឺជាសេចក្ដីសម្អាងដែលបញ្ជាក់ថា គេមិនទាន់បានរំដោះខ្លួនចេញផុតពីឥទ្ធិពលរបស់សាតាំងឡើយ។ ប្រសិនបើអ្នកមានទំនាក់ទំនងដូចគ្នាជាមួយបងប្អូនប្រុស និងបងប្អូនស្រីរបស់អ្នក ប្រសិនបើអ្នកមានទំនាក់ទំនងដូចគ្នា ជាមួយសមាជិកគ្រួសាររបស់អ្នក នោះអ្នកនឹងគ្មានក្ដីកង្វល់ និងមិនចាំបាច់ត្រូវព្រួយបារម្ភអំពីនរណាម្នាក់ឡើយ។ គ្មានអ្វីល្អប្រសើរជាងនេះឡើយ ហើយបែបនេះ មនុស្សនឹងត្រូវសម្រាលការឈឺចាប់របស់គេបានពាក់កណ្ដាល។ ការរស់នៅក្នុងជីវិតមនុស្សដែលធម្មតានៅលើផែនដី មនុស្សនឹងមានលក្ខណៈស្រដៀងគ្នាទៅនឹងពួកទេវតា។ ថ្វីបីគេនៅជាសាច់ឈាមនៅឡើយ តែគេនឹងកាន់តែមានលក្ខណៈដូចទេវតាមួយអង្គដែរ។ នេះគឺជាការសន្យាចុងក្រោយ ជាការសន្យាចុងបង្អស់ដែលបានប្រទានមកឱ្យមនុស្ស។ សព្វថ្ងៃនេះ មនុស្សរងនូវការវាយផ្ចាល និងការជំនុំជម្រះ។ តើអ្នកគិតថា ជីវិតរបស់មនុស្សដែលជួបប្រទះនូវរឿងបែបនេះ គឺឥតន័យខ្លឹមសារមែនទេ? តើកិច្ចការនៃការវាយផ្ចាល និងការជំនុំជម្រះ អាចត្រូវធ្វើឡើងដោយគ្មានហេតុផលឬ? កាលពីមុន មានការនិយាយថា ដើម្បីវាយផ្ចាលនិងជំនុំជម្រះមនុស្ស គឺត្រូវដាក់មនុស្សទៅក្នុងជង្ហុកធំ ដែលមានន័យថាត្រូវដកចេញនូវវាសនា និងក្ដីសង្ឃឹមទៅអនាគតរបស់គេ។ ការនេះគឺដើម្បីតែរឿងមួយប៉ុណ្ណោះ៖ ការបន្សុទ្ធមនុស្សឱ្យបានបរិសុទ្ធ។ ក្រោយពេលដែលព្រះជាម្ចាស់បានលាងសម្អាតព្រះហស្ដរបស់ទ្រង់រួច មនុស្សមិនត្រូវដាក់ទៅក្នុងជង្ហុកធំដោយចេតនានោះទេ។ ផ្ទុយទៅវិញ ការធ្វើបែបនេះគឺដើម្បីជម្រះនូវការបះបោរនៅក្នុងខ្លួនមនុស្ស ប្រយោជន៍ឱ្យនៅចុងបំផុតទៅ អ្វីៗដែលនៅក្នុងខ្លួនមនុស្សនឹងត្រូវសម្អាតឱ្យបានស្អាត ដើម្បីឱ្យគេអាចមានចំណេះដឹងពិតប្រាកដអំពីព្រះជាម្ចាស់ និងមានលក្ខណៈដូចជាបុគ្គលបរិសុទ្ធមួយរូបដែរ។ ប្រសិនបើកិច្ចការនេះត្រូវធ្វើមែន នោះគ្រប់ការទាំងអស់នឹងត្រូវសម្រេចជោគជ័យ។ ជាការពិតណាស់ នៅពេលដែលអ្វីៗទាំងអស់នៅក្នុងខ្លួនមនុស្សដែលតម្រូវឱ្យមានការដោះស្រាយ ត្រូវបានដោះស្រាយរួចរាល់ ហើយមនុស្សធ្វើទីបន្ទាល់លាន់ឮកងរំពង នោះសាតាំងក៏នឹងត្រូវបានយកឈ្នះដែរ ហើយបើទោះបីជាអាចនៅមាននិស្ស័យដើមខ្លះៗក្នុងខ្លួនមនុស្ស ដែលមិនទាន់ត្រូវបានបន្សុទ្ធឱ្យបានបរិសុទ្ធទាំងស្រុងក្ដី ក៏នៅពេលដែលសាតាំងត្រូវបានយកឈ្នះហើយនោះ វានឹងលែងបង្កបញ្ហាអ្វីទៀតដែរ ហើយនៅពេលនោះ មនុស្សនឹងត្រូវបានបន្សុទ្ធឱ្យបានបរិសុទ្ធទាំងស្រុង។ មនុស្សពុំធ្លាប់ជួបប្រទះជីវិតបែបនេះឡើយ ប៉ុន្តែនៅពេលដែលសាតាំងត្រូវបានយកឈ្នះហើយ នោះគ្រប់ការទាំងអស់នឹងត្រូវបានដោះស្រាយ ហើយរឿងរ៉ាវកំប៉ិកកំប៉ុកនៅក្នុងខ្លួនមនុស្សនឹងត្រូវដោះស្រាយ ហើយនៅពេលណាដែលបញ្ហាធំត្រូវបានដោះស្រាយរួច នោះគ្រប់បញ្ហាដទៃផ្សេងទៀតនឹងត្រូវបញ្ចប់។ ក្នុងអំឡុងពេលនៃការយកកំណើតជាមនុស្សរបស់ព្រះជាម្ចាស់នៅលើផែនដី នៅពេលដែលទ្រង់បំពេញកិច្ចការដោយផ្ទាល់ព្រះអង្គគង់ក្នុងចំណោមមនុស្ស គ្រប់កិច្ចការដែលទ្រង់បំពេញគឺត្រូវធ្វើដើម្បីយកឈ្នះលើសាតាំង ហើយទ្រង់នឹងយកឈ្នះលើសាតាំងតាមរយៈការយកឈ្នះលើមនុស្ស និងតាមរយៈការធ្វើឱ្យអ្នករាល់គ្នាបានពេញខ្នាត។ នៅពេលអ្នករាល់គ្នាធ្វើទីបន្ទាល់លាន់ឮកងរំពង ចំណុចនេះក៏ជាសញ្ញាពីការយកឈ្នះលើសាតាំងផងដែរ។ ដំបូង ត្រូវយកឈ្នះលើមនុស្ស ហើយចុងក្រោយ ត្រូវធ្វើឱ្យមនុស្សបានគ្រប់លក្ខណ៍ ដើម្បីយកឈ្នះលើសាតាំង។ ក៏ប៉ុន្តែ រួមជាមួយនឹងការយកឈ្នះលើសាតាំង នេះក៏ជាសេចក្ដីសង្គ្រោះរបស់មនុស្សជាតិទាំងអស់ចេញផុតពីសមុទ្រទុក្ខដែលគ្មានន័យខ្លឹមសារនេះផងដែរ។ មិនខ្វល់ថាតើកិច្ចការនេះ ត្រូវបំពេញនៅទូទាំងសាកលលោកទាំងមូល ឬនៅប្រទេសចិននោះទេ គ្រប់ការទាំងអស់ គឺដើម្បីយកឈ្នះលើសាតាំង និងនាំមកនូវសេចក្ដីសង្គ្រោះដល់មនុស្សជាតិទាំងមូល ដើម្បីឱ្យមនុស្សអាចចូលទៅក្នុងសេចក្ដីសម្រាកបាន។ ព្រះជាម្ចាស់ដែលយកកំណើតជាមនុស្ស (ជាសាច់ឈាមធម្មតានេះ) ច្បាស់ណាស់ គឺដើម្បីយកឈ្នះលើសាតាំង។ កិច្ចការរបស់ព្រះជាម្ចាស់នៅខាងសាច់ឈាម គឺប្រើដើម្បីនាំមកនូវសេចក្ដីសង្គ្រោះដល់អស់អ្នកដែលស្ថិតក្រោមស្ថានសួគ៌ដែលស្រឡាញ់ព្រះជាម្ចាស់ កិច្ចការនេះគឺដើម្បីយកឈ្នះលើមនុស្សជាតិទាំងអស់ និងដើម្បីយកឈ្នះលើសាតាំងផងដែរ។ ចំណុចស្នូលនៃគ្រប់កិច្ចការគ្រប់់គ្រងទាំងអស់របស់ព្រះជាម្ចាស់ គឺមិនអាចកាត់ផ្ដាច់ចេញពីការយកឈ្នះលើសាតាំង ដើម្បីនាំមកនូវសេចក្ដីសង្គ្រោះដល់មនុស្សជាតិឡើយ។ ហេតុអ្វីភាគច្រើននៃកិច្ចការនេះ តែងមានការនិយាយអំពីការដែលឱ្យអ្នករាល់គ្នាធ្វើទីបន្ទាល់? ហើយតើការធ្វើទីបន្ទាល់នេះតម្រង់ទៅរកអ្នកណា? តើវាមិនមែនតម្រង់ទៅរកសាតាំងទេឬអី? ការធ្វើទីបន្ទាល់នេះ គឺធ្វើឡើងអំពីព្រះជាម្ចាស់ ហើយធ្វើឡើងដើម្បីធ្វើទីបន្ទាល់ថា កិច្ចការរបស់ព្រះជាម្ចាស់បានសម្រេចផលហើយ។ ការធ្វើទីបន្ទាល់គឺពាក់ព័ន្ធនឹងកិច្ចការនៃការយកឈ្នះលើសាតាំង។ ប្រសិនបើគ្មានចម្បាំងណាមួយជាមួយសាតាំងទេ នោះមនុស្សនឹងមិនតម្រូវឱ្យធ្វើទីបន្ទាល់ឡើយ។ ដោយសារសាតាំងត្រូវតែបរាជ័យ ក្នុងពេលជាមួយគ្នានឹងការសង្គ្រោះមនុស្ស ទើបព្រះជាម្ចាស់ត្រូវការឱ្យមនុស្សធ្វើទីបន្ទាល់អំពីទ្រង់នៅចំពោះមុខសាតាំង ដែលទ្រង់ប្រើវិធីនេះ ដើម្បីសង្គ្រោះមនុស្ស និងធ្វើចម្បាំងជាមួយសាតាំង។ ជាលទ្ធផល មនុស្សគឺជាកម្មវត្ថុនៃសេចក្ដីសង្គ្រោះ និងជាមធ្យោបាយនៅក្នុងការយកឈ្នះលើសាតាំង ហេតុដូច្នេះមនុស្សគឺជាចំណុចស្នូលនៃកិច្ចការគ្រប់គ្រងទាំងស្រុងរបស់ព្រះជាម្ចាស់ ចំណែកឯសាតាំងគឺគ្រាន់តែជាកម្មវត្ថុនៃការបំផ្លិចបំផ្លាញ និងជាសត្រូវប៉ុណ្ណោះ។ អ្នកអាចមានអារម្មណ៍ថា អ្នកពុំបានធ្វើអ្វីទាល់តែសោះ ប៉ុន្តែដោយសារការបំផ្លាស់បំប្រែនិស្ស័យរបស់អ្នក នោះក៏ចាប់កកើតមាននូវទីបន្ទាល់ឡើង ហើយការធ្វើទីបន្ទាល់នេះគឺតម្រង់ទៅរកសាតាំង និងមិនមែនធ្វើសំដៅលើមនុស្សឡើយ។ មនុស្សមិនស័ក្ដិសមនឹងត្រេកអរសប្បាយជាមួយទីបន្ទាល់បែបនេះឡើយ។ តើគេអាចយល់ពីកិច្ចការដែលព្រះជាម្ចាស់បំពេញបានដោយរបៀបណា? កម្មវត្ថុនៃចម្បាំងរបស់ព្រះជាម្ចាស់ គឺសាតាំង។ ចំណែកឯមនុស្ស គឺគ្រាន់តែជាកម្មវត្ថុនៃសេចក្ដីសង្គ្រោះប៉ុណ្ណោះ។ មនុស្សមាននិស្ស័យពុករលួយរបស់សាតាំង ហើយគ្មានសមត្ថភាពក្នុងការយល់ដឹងពីកិច្ចការនេះទេ។ នេះគឺដោយសារសេចក្ដីពុករលួយរបស់សាតាំង ហើយនិស្ស័យនេះមិនបានផ្ទេរទៅឱ្យមនុស្សទេ ប៉ុន្តែត្រូវដឹកនាំដោយសាតាំង។ សព្វថ្ងៃនេះ កិច្ចការចម្បងរបស់ព្រះជាម្ចាស់ គឺដើម្បីយកឈ្នះលើសាតាំង ពោលគឺដើម្បីយកឈ្នះលើមនុស្សឱ្យបានទាំងស្រុង ដើម្បីឱ្យមនុស្សអាចធ្វើទីបន្ទាល់ជាលើកចុងក្រោយ អំពីព្រះជាម្ចាស់នៅចំពោះមុខសាតាំងបាន។ តាមរបៀបនេះ គ្រប់ការទាំងអស់នឹងសម្រេចបានជោគជ័យ។ ក្នុងករណីជាច្រើន នៅនឹងភ្នែកទទេរបស់អ្នក ហាក់ដូចជាគ្មានកិច្ចការអ្វីដែលបានធ្វើឡើយ ប៉ុន្តែតាមការពិតកិច្ចការនេះបានបញ្ចប់រួចស្រេចទៅហើយ។ មនុស្សចង់មើលឃើញកិច្ចការទាំងអស់ចប់សព្វគ្រប់ ក៏ប៉ុន្តែខ្ញុំបានបញ្ចប់កិច្ចការរបស់ខ្ញុំរួចជាស្រេចដោយពុំបានឱ្យអ្នកមើលឃើញឡើយ ដ្បិតសាតាំងបានចុះចាញ់រួចទៅហើយ ដែលមានន័យថា សាតាំងត្រូវបានយកឈ្នះទាំងស្រុង ដោយគ្រប់ទាំងព្រះប្រាជ្ញាញាណ ព្រះចេស្ដា និងសិទ្ធិអំណាចទាំងអស់របស់ព្រះជាម្ចាស់បានធ្វើឱ្យសាតាំងបរាជ័យទៅហើយ។ ច្បាស់ណាស់ នេះគឺជាទីបន្ទាល់ដែលត្រូវកើតមាន ហើយបើទោះបីជាវាគ្មានការបើកសម្ដែងឱ្យបានច្បាស់ចំពោះមនុស្សក្ដី ទោះបីវាមិនអាចមើលឃើញដោយភ្នែកទទេក្ដី ក៏សាតាំងត្រូវបានយកឈ្នះរួចជាស្រេចទៅហើយ។ កិច្ចការនេះទាំងមូល គឺតម្រង់ទៅរកសាតាំង និងត្រូវអនុវត្តតាមរយៈចម្បាំងជាមួយសាតាំង។ ហេតុដូចនេះ មានរឿងជាច្រើនដែលមនុស្សពុំបានឃើញថាបានសម្រេចជោគជ័យរួចហើយនោះទេ ប៉ុន្តែនៅក្នុងព្រះនេត្ររបស់ព្រះជាម្ចាស់កិច្ចការនោះបានបញ្ចប់រួចរាល់ជាយូរណាស់មកហើយ។ នេះគឺជាសេចក្ដីពិតមួយក្នុងចំណោមសេចក្ដីពិតដ៏ជ្រាលជ្រៅនៃកិច្ចការរបស់ព្រះជាម្ចាស់។

(ដកស្រង់ពី «ការស្រោចស្រង់ជីវិតធម្មតារបស់មនុស្សត្រឡប់មកវិញ និងការនាំមនុស្សទៅកាន់ទិសដៅដ៏អស្ចារ្យមួយ» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)

ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់  សម្រង់សម្ដីទី ៥៩៣

អស់អ្នកណាដែលសុខចិត្តទទួលយកការធ្វើឱ្យបានគ្រប់លក្ខណ៍ មានឱកាសក្នុងការត្រូវបានប្រោសឱ្យគ្រប់លក្ខណ៍ ដូច្នេះមនុស្សគ្រប់គ្នានឹងបានធូរស្បើយ៖ នៅពេលអនាគត អ្នកនឹងសុទ្ធតែចូលទៅកាន់ទិសដៅមួយ។ ប៉ុន្តែ ប្រសិនបើអ្នកមិនព្រមទទួលយកការត្រូវបានប្រោសឱ្យបានគ្រប់លក្ខណ៍ និងមិនអាចចូលទៅក្នុងពិភពដ៏អស្ចារ្យទេ នោះវាគឺជាបញ្ហាផ្ទាល់ខ្លួនរបស់អ្នក។ អស់អ្នកណាដែលសុខចិត្តទទួលយកការប្រោសឱ្យគ្រប់លក្ខណ៍ និងស្មោះត្រង់ចំពោះព្រះជាម្ចាស់ អស់អ្នកដែលស្ដាប់បង្គាប់ និងអស់អ្នកដែលបំពេញនូវមុខងាររបស់ខ្លួនប្រកបដោយសេចក្ដីជំនឿ មនុស្សទាំងអស់នោះអាចត្រូវបានប្រោសឱ្យគ្រប់លក្ខណ៍។ សព្វថ្ងៃនេះ អស់អ្នកណាដែលមិនបំពេញភារកិច្ចរបស់ខ្លួនដោយស្មោះត្រង់អស់អ្នកណាដែលមិនស្មោះត្រង់ចំពោះព្រះជាម្ចាស់ អស់អ្នកណាដែលមិនចុះចូលនឹងព្រះជាម្ចាស់ ជាពិសេស អស់អ្នកណាដែលបានទទួលការបំភ្លឺ និងការបង្ហាញពីព្រះវិញ្ញាណបរិសុទ្ធ ប៉ុន្តែមិនបានយកទៅអនុវត្ត មនុស្សបែបនេះមិនអាចត្រូវបានប្រោសឱ្យគ្រប់លក្ខណ៍នោះទេ។ អស់អ្នកណាដែលសុខចិត្តមានចិត្តស្មោះត្រង់ និងស្ដាប់បង្គាប់ព្រះជាម្ចាស់ អាចត្រូវបានប្រោសឱ្យគ្រប់លក្ខណ៍ បើទោះបីជាពួកគេក្រអឺតក្រទមតិចតួចក្ដី ហើយអស់អ្នកណាដែលសុខចិត្តស្វែងរក នោះអាចត្រូវបានប្រោសឱ្យគ្រប់លក្ខណ៍។ មិនត្រូវព្រួយបារម្ភអំពីបញ្ហានេះឡើយ។ ឱ្យតែអ្នកសុខចិត្តស្វែងរកនៅក្នុងទិសដៅនេះ អ្នកនឹងអាចត្រូវបានប្រោសឱ្យគ្រប់លក្ខណ៍។ ខ្ញុំមិនអាចលះបង់ ឬផាត់ចោលនរណាម្នាក់ក្នុងចំណោមអ្នករាល់គ្នាបានទេ ប៉ុន្តែប្រសិនបើមនុស្សពុំខិតខំប្រឹងប្រែងធ្វើឱ្យបានល្អទេ នោះអ្នកកំពុងបំផ្លាញខ្លួនឯងហើយ។ មិនមែនខ្ញុំជាអ្នកផាត់អ្នកចោលទេ ប៉ុន្តែគឺខ្លួនឯងផ្ទាល់តែម្ដង។ ប្រសិនបើអ្នកខ្លួនឯងពុំបានខិតខំប្រឹងប្រែងធ្វើឱ្យបានល្អទេ ប្រសិនបើអ្នកខ្ជិលច្រអូស ឬមិនចង់បំពេញភារកិច្ចរបស់អ្នក ឬមិនស្មោះត្រង់ ឬមិនស្វែងរកសេចក្ដីពិត និងតែងតែធ្វើតាមចិត្តចង់ ប្រសិនបើអ្នកធ្វើអ្វីដោយខ្ជីខ្ជា ច្បាំងដើម្បីតែកេរ្តិ៍ឈ្មោះ និងលាភសម្ការៈផ្ទាល់ខ្លួន និងមិនច្បាស់លាស់ក្នុងការដោះស្រាយជាមួយភេទផ្ទុយគ្នា នោះអ្នកនឹងត្រូវរែកពន្ធបន្ទុកនៃបាបរបស់អ្នកផ្ទាល់។ អ្នកគ្មានតម្លៃសមនឹងទទួលបានការអាណិតអាសូរពីនរណាម្នាក់ឡើយ។ បំណងព្រះហឫទ័យរបស់ខ្ញុំ គឺដើម្បីធ្វើឱ្យអ្នករាល់គ្នាបានគ្រប់លក្ខណ៍ ហើយយ៉ាងហោចណាស់ ត្រូវបានយកឈ្នះ ដើម្បីឱ្យដំណាក់កាលនៃកិច្ចការនេះអាចបញ្ចប់ទៅបានដោយជោគជ័យ។ ព្រះជាម្ចាស់សព្វព្រះហឫទ័យចង់ឱ្យមនុស្សគ្រប់គ្នាបានគ្រប់លក្ខណ៍ ឱ្យទ្រង់ទទួលបានមនុស្សគ្រប់គ្នានៅទីបំផុត ឱ្យមនុស្សគ្រប់គ្នាត្រូវបានសម្អាតដោយសារទ្រង់ និងឱ្យគេក្លាយជាមនុស្សដែលទ្រង់សព្វព្រះហឫទ័យ។ បញ្ហាវាមិនមែនថា តើខ្ញុំមានព្រះបន្ទូលថាអ្នករាល់គ្នាអន់ថយ ឬក៏មានគុណសម្បត្តិទាបនោះទេ។ នេះគឺជាតថភាពទាំងស្រុង។ ព្រះបន្ទូលរបស់ខ្ញុំបែបនេះ ពុំបញ្ជាក់ថាខ្ញុំចង់បោះបង់អ្នករាល់គ្នាចោល ថាខ្ញុំបានបាត់បង់សេចក្ដីសង្ឃឹមចំពោះអ្នករាល់គ្នានោះទេ ក៏មិនមែនថាខ្ញុំមិនអាចសង្គ្រោះអ្នករាល់គ្នាបាននោះដែរ។ សព្វថ្ងៃនេះ ខ្ញុំបានយាងមកបំពេញកិច្ចការនៃសេចក្ដីសង្គ្រោះរបស់អ្នករាល់គ្នា ដែលមានន័យថា កិច្ចការដែលខ្ញុំធ្វើ គឺជាការបន្តកិច្ចការនៃសេចក្ដីសង្គ្រោះ។ មនុស្សគ្រប់គ្នាមានឱកាសក្នុងការត្រូវបានប្រោសឱ្យគ្រប់លក្ខណ៍៖ ប្រសិនបើអ្នកសុខចិត្ត ប្រសិនបើអ្នកស្វែងរក នៅទីបំផុតអ្នកនឹងអាចសម្រេចបានលទ្ធផលនេះ ហើយគ្មាននរណាម្នាក់ក្នុងចំណោមអ្នក នឹងត្រូវបោះបង់ចោលឡើយ។ ប្រសិនបើអ្នកមានគុណសម្បត្តិទាប នោះសេចក្ដីតម្រូវរបស់ខ្ញុំចំពោះអ្នកនឹងស្របទៅតាមគុណសម្បត្តិអន់ខ្សោយរបស់អ្នកដែរ។ ប្រសិនបើអ្នកមានគុណសម្បត្តិខ្ពស់ នោះសេចក្ដីតម្រូវរបស់ខ្ញុំចំពោះអ្នក នឹងស្របទៅតាមគុណសម្បត្តិខ្ពស់របស់អ្នកដែរ។ ប្រសិនបើអ្នកល្ងង់ខ្លៅ និងអវិជ្ជា នោះសេចក្ដីតម្រូវរបស់ខ្ញុំចំពោះអ្នកនឹងស្របទៅតាមភាពអវិជ្ជារបស់អ្នក។ ប្រសិនបើអ្នកចេះដឹង នោះសេចក្ដីតម្រូវរបស់ខ្ញុំចំពោះអ្នកនឹងស្របទៅតាមការចេះដឹងរបស់អ្នកដែរ។ ប្រសិនបើអ្នកចាស់ទុំ នោះសេចក្ដីតម្រូវរបស់ខ្ញុំចំពោះអ្នក នឹងស្របទៅតាមវ័យរបស់អ្នកដែរ។ ប្រសិនបើអ្នកអាចផ្ដល់បដិសណ្ឋារកិច្ចបាន នោះសេចក្ដីតម្រូវរបស់ខ្ញុំចំពោះអ្នកនឹងស្របទៅតាមសមត្ថភាពនេះដែរ។ ប្រសិនបើអ្នកនិយាយថា អ្នកមិនអាចផ្ដល់បដិសណ្ឋារកិច្ចបាន និងអាចបំពេញត្រឹមមុខងារជាក់លាក់ណាមួយ មិនថាវាជាការផ្សាយដំណឹងល្អ ឬមើលថែទាំពួកជំនុំ ឬក៏ចូលរួមក្នុងកិច្ចការទូទៅរបស់អ្នកដទៃនោះទេ ការប្រោសអ្នកឱ្យបានគ្រប់លក្ខណ៍នឹងស្របទៅតាមមុខងារដែលអ្នកធ្វើ។ ការដែលស្មោះត្រង់ ការដែលស្ដាប់បង្គាប់រហូតដល់ទីបញ្ចប់ និងការដែលស្វែងរកដើម្បីមានសេចក្ដីស្រឡាញ់ដ៏អស្ចារ្យចំពោះព្រះជាម្ចាស់ ទាំងនេះគឺជាកិច្ចការដែលអ្នកត្រូវសម្រេចឱ្យបាន ហើយពុំមានការអនុវត្តណាដែលល្អប្រសើរជាងកិច្ចការទាំងបីនេះទេ។ ចុងក្រោយ មនុស្សត្រូវតម្រូវឱ្យសម្រេចនូវចំណុចទាំងបីនេះ ហើយប្រសិនបើគេអាចសម្រេចកិច្ចការទាំងនេះបាន នោះគេនឹងត្រូវធ្វើឱ្យបានគ្រប់លក្ខណ៍។ ក៏ប៉ុន្តែ ក្រៅពីនេះ អ្នកត្រូវស្វែងរកដោយពិតប្រាកដ អ្នកត្រូវស្វែងរកសេចក្ដីខាងមុខទៀត និងសេចក្ដីដែលប្រសើរជាងនេះដោយសកម្ម និងមិនត្រូវអកម្មនៅក្នុងកិច្ចការទាំងនេះឡើយ។ ខ្ញុំបានមានព្រះបន្ទូលហើយថា មនុស្សគ្រប់រូបសុទ្ធតែមានឱកាសដើម្បីទទួលបានការប្រោសឱ្យបានគ្រប់លក្ខណ៍ និងមានលទ្ធភាពអាចត្រូវត្រូវបានប្រោសឱ្យបានគ្រប់លក្ខណ៍ ហើយនេះជាការពិត ប៉ុន្តែអ្នកមិនព្យាយាមចង់ធ្វើឱ្យបានល្អនៅក្នុងការស្វែងរករបស់អ្នកផ្ទាល់ឡើយ។ ប្រសិនបើអ្នកមិនសម្រេចនូវលក្ខខណ្ឌទាំងបីនេះទេ នោះនៅទីបំផុត អ្នកនឹងត្រូវផាត់ចោលជាមិនខាន។ ខ្ញុំចង់ឱ្យមនុស្សគ្រប់គ្នាដេញតាមឱ្យទាន់ ខ្ញុំចង់ឱ្យមនុស្សគ្រប់គ្នាមានកិច្ចការ និងការបំភ្លឺពីព្រះវិញ្ញាណបរិសុទ្ធ និងអាចស្ដាប់បង្គាប់បានរហូតដល់ទីបញ្ចប់ ដ្បិតនេះគឺជាភារកិច្ចដែលអ្នករាល់គ្នាគប្បីធ្វើ។ នៅពេលដែលអ្នករាល់គ្នាបានបំពេញភារកិច្ចរបស់អ្នករាល់គ្នាហើយ នោះអ្នករាល់គ្នានឹងត្រូវបានប្រោសឱ្យគ្រប់លក្ខណ៍ ហើយអ្នកក៏នឹងមាននូវទីបន្ទាល់លាន់ឮកងរំពងផងដែរ។ អស់អ្នកដែលមានទីបន្ទាល់ គឺជាអស់អ្នកដែលបានទទួលជ័យជម្នះលើសាតាំង និងទទួលបានការសន្យាររបស់ព្រះជាម្ចាស់ ហើយពួកគេគឺជាមនុស្សដែលនឹងត្រូវបន្តរស់នៅក្នុងទិសដៅដ៏អស្ចារ្យនេះ។

(ដកស្រង់ពី «ការស្រោចស្រង់ជីវិតធម្មតារបស់មនុស្សត្រឡប់មកវិញ និងការនាំមនុស្សទៅកាន់ទិសដៅដ៏អស្ចារ្យមួយ» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)

ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់  សម្រង់សម្ដីទី ៥៩៤

កាលដើមដំបូងឡើយ ព្រះជាម្ចាស់បានគង់ក្នុងសេចក្ដីសម្រាក។ នៅពេលនោះ ពុំមានមនុស្សលោក ឬអ្វីផ្សេងទៀតនៅលើផែនដីនេះទេ ហើយព្រះជាម្ចាស់ក៏មិនទាន់បានបំពេញកិច្ចការអ្វីនៅឡើយដែរ។ ទ្រង់ទើបតែបានចាប់ផ្ដើមកិច្ចការគ្រប់គ្រងរបស់ទ្រង់ នៅពេលដែលចាប់ផ្ដើមមានមនុស្សជាតិ និងបន្ទាប់ពីមនុស្សជាតិត្រូវបានធ្វើឱ្យពុករលួយប៉ុណ្ណោះ។ ចាប់ពីពេលនោះមក ទ្រង់លែងបានសម្រាកទៀតហើយ តែបែរជាចាប់ផ្ដើមរវល់ជាមួយមនុស្សជាតិដោយផ្ទាល់ព្រះអង្គទ្រង់វិញ។ នេះគឺដោយសារសេចក្ដីពុករលួយរបស់មនុស្សជាតិ និងដោយសារការបះបោររបស់មហាទេវតានេះហើយ ទើបព្រះជាម្ចាស់បាត់បង់សេចក្ដីសម្រាករបស់ទ្រង់។ ប្រសិនបើព្រះជាម្ចាស់ ពុំយកឈ្នះលើសាតាំង និងសង្គ្រោះមនុស្សជាតិដែលបានពុករលួយទេ នោះទ្រង់នឹងមិនអាចយាងចូលទៅក្នុងសេចក្ដីសម្រាកសារជាថ្មីបានឡើយ។ ដោយសារមនុស្សខ្វះនូវសេចក្ដីសម្រាក ដូច្នេះព្រះជាម្ចាស់ក៏ខ្វះនូវសេចក្ដីសម្រាកដែរ ហើយនៅពេលទ្រង់ចូលទៅក្នុងសេចក្ដីសម្រាកម្ដងទៀត នោះមនុស្សលោកក៏នឹងបានសម្រាកម្ដងទៀតដែរ។ ការរស់នៅក្នុងសេចក្ដីសម្រាក សំដៅលើជីវិតមួយដែលគ្មានចម្បាំង គ្មានភាពស្មោកគ្រោក និងគ្មានការតតាំងជាមួយសេចក្ដីទុច្ចរិត។ មានន័យថា ជីវិតនេះ គឺជាជីវិតមួយដែលគ្មានការរំខានពីសាតាំង (ក្នុងន័យនេះ «សាតាំង» សំដៅលើអំណាចសត្រូវ) និងសេចក្ដីពុករលួយរបស់សាតាំង ហើយជីវិតនេះនឹងមិនរងនូវការឈ្លានពានពីអំណាចណាមួយដែលប្រឆាំងទាស់នឹងព្រះជាម្ចាស់ឡើយ។ គឺជាជីវិតមួយដែលគ្រប់សព្វសារពើទាំងអស់ ដើរតាមប្រភេទរៀងៗខ្លួន និងអាចថ្វាយបង្គំព្រះអម្ចាស់ដែលបង្កើតសព្វសារពើបាន ហើយស្ថានសួគ៌និងផែនដី មានសភាពស្ងប់ស្ងាត់ទាំងស្រុង។ នេះគឺជាអត្ថន័យពាក្យថា «ជីវិតស្រាកស្រាន្តរបស់មនុស្ស»។ នៅពេលដែលព្រះជាម្ចាស់សម្រាក សេចក្ដីទុច្ចរិតនឹងលែងមាននៅលើផែនដីនេះទៀតហើយ ហើយក៏លែងមានការឈ្លានពានបន្ថែមទៀតពីអំណាចសត្រូវដែរ ហើយមនុស្សជាតិនឹងចូលទៅក្នុងពិភពថ្មីមួយ គេលែងជាមនុស្សជាតិដែលត្រូវសាតាំងធ្វើឱ្យពុករលួយទៀតហើយ ប៉ុន្តែផ្ទុយទៅវិញ ជាមនុស្សជាតិដែលត្រូវបានសង្គ្រោះ ក្រោយពីត្រូវបានសាតាំងធ្វើឱ្យពុករលួយ។ ថ្ងៃសម្រាករបស់មនុស្សជាតិ ក៏នឹងក្លាយជាថ្ងៃសម្រាករបស់ព្រះជាម្ចាស់ដែរ។ ព្រះជាម្ចាស់បានបាត់បង់សេចក្ដីសម្រាករបស់ទ្រង់ដោយសារមនុស្សជាតិមិនអាចចូលទៅក្នុងសេចក្ដីសម្រាកបាន មិនមែនដោយសារទ្រង់មិនអាចចូលទៅក្នុងសេចក្ដីសម្រាកបានតាំងពីដើមមកនោះទេ។ ការចូលទៅក្នុងសេចក្ដីសម្រាកពុំមានន័យថា អ្វីគ្រប់សព្វសារពើឈប់កម្រើក ឬឈប់វិវឌ្ឍនោះទេ ហើយវាក៏មិនមានន័យថា ព្រះជាម្ចាស់ឈប់បំពេញកិច្ចការ ឬមានន័យថា មនុស្សឈប់រស់នៅដែរ។ ទីសម្គាល់នៃការចូលទៅក្នុងសេចក្ដីសម្រាក គឺនៅពេលដែលសាតាំងត្រូវបានបំផ្លាញ នៅពេលដែលមនុស្សទុច្ចរិតដែលចូលដៃជើងក្នុងការប្រព្រឹត្តអំពើអាក្រក់របស់វា ត្រូវបានដាក់ទោស និងត្រូវកម្ចាត់ចោល និងនៅពេលដែលគ្រប់អំណាចទាំងអស់ដែលទទឹងនឹងព្រះជាម្ចាស់លែងកើតមាន។ ព្រះជាម្ចាស់ដែលយាងចូលទៅក្នុងសេចក្ដីសម្រាក សំដៅលើថា ទ្រង់នឹងលែងបំពេញកិច្ចការរបស់ទ្រង់ក្នុងសេចក្ដីសង្គ្រោះមនុស្សលោកទៀត។ មនុស្សជាតិចូលទៅក្នុងសេចក្ដីសម្រាក មានន័យថា មនុស្សជាតិទាំងមូលនឹងរស់នៅក្នុងពន្លឺរបស់ព្រះជាម្ចាស់ និងរស់នៅក្រោមព្រះពររបស់ទ្រង់ គ្មានសេចក្ដីពុករលួយរបស់សាតាំង ហើយសេចក្ដីទុច្ចរិតក៏នឹងលែងកើតមានទៀត។ ស្ថិតក្រោមការថែទាំរបស់ព្រះជាម្ចាស់ មនុស្សលោកនឹងរស់នៅតាមធម្មតានៅលើផែនដី។ នៅពេលដែលព្រះជាម្ចាស់ និងមនុស្សជាតិចូលទៅក្នុងសេចក្ដីសម្រាករួមគ្នា មានន័យថា មនុស្សជាតិត្រូវបានសង្គ្រោះ ហើយសាតាំងត្រូវបានបំផ្លាញ ហើយកិច្ចការរបស់ព្រះជាម្ចាស់ចំពោះមនុស្ស គឺមានលក្ខណៈពេញលេញទាំងស្រុង។ ព្រះជាម្ចាស់នឹងលែងបន្តបំពេញកិច្ចការចំពោះមនុស្សលោក ហើយពួកគេនឹងលែងរស់នៅក្រោមដែនត្រួតត្រារបស់សាតាំងទៀត។ ដូច្នេះ ព្រះជាម្ចាស់នឹងលែងជាប់រវល់ទៀត ហើយមនុស្សនឹងលែងត្រូវដើរឥតឈប់ទៀតហើយ។ ព្រះជាម្ចាស់និងមនុស្សជាតិ នឹងចូលទៅក្នុងសេចក្ដីសម្រាកក្នុងពេលជាមួយគ្នា។ ព្រះជាម្ចាស់នឹងត្រឡប់ទៅកាន់កន្លែងដើមរបស់ទ្រង់វិញ ហើយមនុស្សម្នាក់ៗនឹងត្រូវត្រឡប់ទៅកន្លែងរបស់គេរៀងៗខ្លួនវិញ។ ទាំងអស់នេះ គឺជាទិសដៅដែលព្រះជាម្ចាស់និងមនុស្សលោកនឹងត្រូវរស់នៅ នៅពេលការគ្រប់គ្រងទាំងស្រុងរបស់ព្រះជាម្ចាស់ត្រូវបានបញ្ចប់។ ព្រះជាម្ចាស់មានទិសដៅរបស់ទ្រង់ ហើយមនុស្សជាតិមានទិសដៅរបស់មនុស្សជាតិ។ នៅពេលកំពុងសម្រាក ព្រះជាម្ចាស់នឹងបន្តដឹកនាំមនុស្សលោកទាំងអស់នៅក្នុងជីវិតរស់នៅរបស់ពួកគេនៅលើផែនដី ហើយនៅពេលស្ថិតក្នុងពន្លឺរបស់ទ្រង់ពួកគេនឹងថ្វាយបង្គំព្រះជាម្ចាស់ដ៏ពិតតែមួយអង្គគត់នៅលើស្ថានសួគ៌។ ព្រះជាម្ចាស់នឹងលែងរស់នៅក្នុងចំណោមមនុស្សលោក ហើយមនុស្សលោកក៏នឹងលែងអាចរស់នៅជាមួយព្រះជាម្ចាស់នៅក្នុងទិសដៅរបស់ទ្រង់ទៀតបានដែរ។ ព្រះជាម្ចាស់និងមនុស្សលោក មិនអាចរស់នៅក្នុងពិភពដូចគ្នាបានទេ ក៏ប៉ុន្តែទាំងព្រះជាម្ចាស់និងមនុស្សលោក មានលក្ខណៈនៃការរស់នៅរៀងៗខ្លួន។ ព្រះជាម្ចាស់ គឺជាព្រះដែលដឹកនាំមនុស្សជាតិទាំងអស់ ហើយគ្រប់មនុស្សជាតិទាំងអស់ គឺជាការបង្ហាញឱ្យឃើញច្បាស់អំពីកិច្ចការគ្រប់គ្រងរបស់ព្រះជាម្ចាស់។ មនុស្សលោក គឺជាមនុស្សដែលត្រូវព្រះជាម្ចាស់ដឹកនាំនិងគ្មានសារជាតិដូចព្រះជាម្ចាស់ឡើយ។ «សម្រាក» មានន័យថា ត្រឡប់ទៅកាន់កន្លែងដើមរៀងៗខ្លួនវិញ។ ហេតុនេះ នៅពេលដែលព្រះជាម្ចាស់យាងចូលទៅក្នុងសេចក្ដីសម្រាក មានន័យថា ទ្រង់បានយាងត្រឡប់ទៅកាន់កន្លែងដើមរបស់ទ្រង់វិញហើយ។ ទ្រង់នឹងលែងរស់នៅលើផែនដីនេះ ឬគង់ក្នុងចំណោមមនុស្សជាតិ ដើម្បីរួមចំណែកក្នុងភាពសប្បាយរីករាយ និងទុក្ខសោករបស់ពួកគេទៀតហើយ។ នៅពេលដែលមនុស្សចូលទៅក្នុងសេចក្ដីសម្រាក មានន័យថា ពួកគេបានក្លាយជារបស់ពិតប្រាកដនៃការបង្កើតសព្វសារពើមក។ ពួកគេនឹងថ្វាយបង្គំព្រះជាម្ចាស់ពីផែនដីនេះ និងរស់នៅក្នុងជីវិតជាមនុស្សសាមញ្ញធម្មតា។ មនុស្សនឹងលែងរឹងចចេសនឹងព្រះជាម្ចាស់ ឬលែងប្រឆាំងនឹងទ្រង់ទៀតហើយ ហើយគេនឹងត្រូវត្រឡប់ទៅកាន់ជីវិតដើមរបស់អ័ដាម និងអេវ៉ាវិញ។ ទាំងអស់នេះ នឹងក្លាយជាជីវិត និងជាទិសដៅរៀងៗខ្លួនរបស់ព្រះជាម្ចាស់និងមនុស្សលោក បន្ទាប់ពីព្រះជាម្ចាស់និងមនុស្សលោកចូលទៅក្នុងសេចក្ដីសម្រាក។ ការបរាជ័យរបស់សាតាំង គឺជារឿងដែលមិនអាចគេចផុតបាន នៅក្នុងសង្គ្រាមរវាងសាតាំងនឹងព្រះជាម្ចាស់។ ដូច្នេះ ការចូលទៅក្នុងសេចក្ដីសម្រាករបស់ព្រះជាម្ចាស់ ក្រោយពីបញ្ចប់កិច្ចការគ្រប់គ្រងរបស់ទ្រង់ និងបញ្ចប់ការសង្គ្រោះមនុស្សជាតិទាំងស្រុង រួចចូលទៅក្នុងសេចក្ដីសម្រាក ក៏បានក្លាយជារឿងដែលមិនអាចគេចផុតដូចគ្នាដែរ។ កន្លែងសម្រាករបស់មនុស្សជាតិគឺនៅលើផែនដី ហើយកន្លែងសម្រាករបស់ព្រះជាម្ចាស់ គឺនៅឯស្ថានសួគ៌។ ពេលមនុស្សលោកថ្វាយបង្គំព្រះជាម្ចាស់ក្នុងសេចក្ដីសម្រាក ពួកគេនឹងរស់នៅលើផែនដីនេះ ហើយពេលព្រះជាម្ចាស់ដឹកនាំមនុស្សជាតិ ដែលនៅសេសសល់ក្នុងសេចក្ដីសម្រាក ទ្រង់នឹងដឹកនាំពួកគេពីស្ថានសួគ៌ មិនមែនពីផែនដីឡើយ។ ព្រះជាម្ចាស់នឹងនៅតែជាព្រះវិញ្ញាណដដែល ចំណែកមនុស្សនឹងនៅតែជាសាច់ឈាមដដែល។ ព្រះជាម្ចាស់ និងមនុស្សលោក សម្រាកក្នុងលក្ខណៈខុសគ្នា។ នៅពេលដែលព្រះជាម្ចាស់សម្រាក ទ្រង់នឹងយាងយក ហើយលេចឡើងក្នុងចំណោមមនុស្សលោក។ នៅពេលដែលមនុស្សលោកសម្រាក ព្រះជាម្ចាស់នឹងដឹកនាំពួកគេទៅលេងស្ថានសួគ៌ក៏ដូចជាទៅត្រេកអរ សប្បាយនឹងជីវិតនៅទីនោះផងដែរ។ បន្ទាប់ពីព្រះជាម្ចាស់ និងមនុស្សជាតិចូលទៅក្នុងសេចក្ដីសម្រាក សាតាំងនឹងលែងកើតមានទៀតហើយ។ ដូចគ្នានេះដែរ មនុស្សទុច្ចរិតទាំងនោះ ក៏នឹងលែងមានវត្តមាននៅលើផែនដីនេះទៀតដែរ។ នៅមុនពេលដែលព្រះជាម្ចាស់ និងមនុស្សជាតិសម្រាក មនុស្សទុច្ចរិតដែលធ្លាប់បានបៀតបៀនព្រះជាម្ចាស់នៅលើផែនដី ក៏ដូចជាសត្រូវដែលរឹងចចេសនឹងទ្រង់នៅលើផែនដីនេះ នឹងត្រូវបានបំផ្លាញរួចជាស្រេចហើយ។ ពួកគេនឹងត្រូវកម្ចាត់ចោលដោយគ្រោះមហន្តរាយយ៉ាងធំក្រៃលែងនៅគ្រាចុងក្រោយ។ នៅពេលដែលមនុស្សទុច្ចរិតទាំងនោះត្រូវវិនាសសាបសូន្យទាំងស្រុង ផែនដីនឹងលែងស្គាល់នូវការយាយីរបស់សាតាំងជាថ្មីទៀតហើយ។ ទាល់តែពេលនោះ ទើបមនុស្សជាតិនឹងទទួលបាននូវសេចក្ដីសង្គ្រោះទាំងស្រុង ហើយកិច្ចការរបស់ព្រះជាម្ចាស់ ក៏នឹងត្រូវបញ្ចប់ដោយទាំងស្រុងផងដែរ។ ទាំងនេះ គឺជាលក្ខខណ្ឌតម្រូវទុកមុន សម្រាប់ឱ្យព្រះជាម្ចាស់ និងមនុស្សជាតិ ចូលទៅក្នុងសេចក្ដីសម្រាក។

(ដកស្រង់ពី «ព្រះជាម្ចាស់ និងមនុស្សលោក នឹងចូលទៅក្នុងសេចក្ដីសម្រាករួមគ្នា» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)

ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់  សម្រង់សម្ដីទី ៥៩៥

ការខិតចូលទៅរកទីបញ្ចប់នៃគ្រប់សារពើទាំងអស់ បង្ហាញពីការបង្ហើយកិច្ចការរបស់ព្រះជាម្ចាស់ ក៏ដូចជាទីបញ្ចប់នៃការវិវឌ្ឍរបស់មនុស្សជាតិដែរ។ នេះមានន័យថាមនុស្សដែលត្រូវសាតាំងធ្វើឱ្យខូចអាក្រក់ នឹងបានឈានចូលដល់ដំណាក់កាលវិវឌ្ឍចុងក្រោយបង្អស់របស់ពួកគេ ហើយកូនចៅរបស់អ័ដាម និងអេវ៉ា នឹងត្រូវបានបញ្ចប់ការបន្តពូជពង្សរបស់ពួកគេដែរ។ វាក៏មានន័យថា មនុស្សជាតិដែលត្រូវបានសាតាំងធ្វើឱ្យពុករលួយបែបនេះ នឹងមិនអាចបន្តការវិវឌ្ឍទៅមុខទៀតបានឡើយ។ កាលដើមដំបូងឡើយ អ័ដាមនិងអេវ៉ា មិនត្រូវបានធ្វើឱ្យពុករលួយនោះទេ ប៉ុន្តែអ័ដាមនិងអេវ៉ា ដែលត្រូវបណ្ដេញចេញពីសួនច្បារអេដែន ត្រូវបានសាតាំងធ្វើឱ្យពុករលួយ។ នៅពេលដែលព្រះជាម្ចាស់និងមនុស្សលោក ចូលទៅក្នុងសេចក្ដីសម្រាករួមគ្នា ចុងក្រោយ អ័ដាមនិងអេវ៉ា (ដែលត្រូវបានបណ្តេញចេញសួនច្បារអេដែន) និងកូនចៅរបស់ពួកគេ នឹងចូលមកដល់ទីបញ្ចប់។ មនុស្សជាតិនាថ្ងៃអនាគត នឹងនៅតែមានកូនចៅរបស់អ័ដាមនិងអេវ៉ាដដែល ប៉ុន្តែពួកគេនឹងមិនមែនជាមនុស្សដែលរស់នៅក្រោមដែនត្រួតត្រារបស់សាតាំងទៀតឡើយ។ ផ្ទុយទៅវិញ ពួកគេនឹងក្លាយជាមនុស្សដែលត្រូវបានសង្គ្រោះ និងបន្សុទ្ធវិញ។ គេនឹងក្លាយជាមនុស្សជាតិ ដែលត្រូវបានជំនុំជម្រះ និងវាយផ្ចាល ហើយជាមនុស្សដែលបរិសុទ្ធ។ មនុស្សទាំងអស់នេះនឹងមិនមែនជាអំបូរមនុស្សដូចកាលពីដើមដំបូងឡើយ។ សឹងតែអាចនិយាយបានថា ពួកគេនឹងខុសគ្នាទាំងស្រុង ពីប្រភេទមនុស្សជាតិនៃអំបូររបស់អ័ដាម និងអេវ៉ាកាលពីដើមដំបូង។ មនុស្សទាំងនេះ នឹងត្រូវបានជ្រើសរើសចេញពីក្នុងចំណោមអ្នកដែលត្រូវបានសាតាំងធ្វើឱ្យពុករលួយ ហើយពួកគេនឹងក្លាយជាមនុស្សដែលឈរមាំដល់ទីបញ្ចប់ ក្នុងអំឡុងពេលនៃការជំនុំជម្រះ និងការវាយផ្ចាលរបស់ព្រះជាម្ចាស់។ ពួកគេនឹងក្លាយជាក្រុមមនុស្សដែលនៅសេសសល់ចុងក្រោយគេបង្អស់ ក្នុងចំណោមមនុស្សជាតិដែលពុករលួយ។ មានតែមនុស្សទាំងនេះទេ ដែលនឹងអាចចូលទៅក្នុងសេចក្ដីសម្រាកនៅពេលចុងក្រោយជាមួយព្រះជាម្ចាស់។ អ្នកណាដែលអាចឈរមាំដល់ទីបញ្ចប់ក្នុងអំឡុងពេលនៃកិច្ចការជំនុំជម្រះ និងកិច្ចការនៃការវាយផ្ចាលរបស់ព្រះជាម្ចាស់ ក្នុងអំឡុងគ្រាចុងក្រោយ ពោលគឺ ក្នុងអំឡុងកិច្ចការនៃការបន្សុទ្ធលើកចុងក្រោយ នឹងក្លាយជាមនុស្សដែលនឹងត្រូវចូលទៅក្នុងសេចក្ដីសម្រាកចុងក្រោយជាមួយព្រះជាម្ចាស់។ ដូច្នេះ អ្នកណាដែលចូលទៅក្នុងសេចក្ដីសម្រាក នឹងត្រូវផ្ដាច់ចេញពីឥទ្ធិពលរបស់សាតាំង ហើយត្រូវព្រះជាម្ចាស់ទទួលយក បន្ទាប់ពីបានឆ្លងកាត់កិច្ចការនៃការបន្សុទ្ធលើកចុងក្រោយរបស់ទ្រង់។ មនុស្សលោកទាំងអស់នេះដែលចុងក្រោយត្រូវព្រះជាម្ចាស់ទទួលយកនោះ នឹងចូលទៅក្នុងសេចក្ដីសម្រាកចុងក្រោយ។ គោលបំណងនៃកិច្ចការវាយផ្ចាល និងកិច្ចការជំនុំជម្រះរបស់ព្រះជាម្ចាស់ គឺមានន័យសំខាន់ដើម្បីបន្សុទ្ធមនុស្សជាតិ ដើម្បីជាប្រយោជន៍នៃការសម្រាកនៅទីចុងបំផុត។ គ្មានមនុស្សជាតិណាម្នាក់អាចត្រូវបានចាត់ថ្នាក់ទៅតាមប្រភេទខុសៗគ្នា ឬចូលទៅក្នុងសេចក្ដីសម្រាក ដោយគ្មានការសម្អាតឱ្យបានស្អាតបែបនេះបានឡើយ។ កិច្ចការនេះ គឺជាផ្លូវតែមួយគត់សម្រាប់ឱ្យមនុស្សជាតិចូលទៅក្នុងសេចក្ដីសម្រាកបាន។ មានតែកិច្ចការនៃការបន្សុទ្ធរបស់ព្រះជាម្ចាស់ប៉ុណ្ណោះ ទើបបន្សុទ្ធសេចក្ដីទុច្ចរិតរបស់មនុស្សលោកឱ្យបានស្អាត ហើយមានតែកិច្ចការនៃការវាយផ្ចាល និងកិច្ចការជំនុំជម្រះរបស់ទ្រង់ប៉ុណ្ណោះ ទើបនាំពន្លឺទៅដល់មនុស្សជាតិដែលមានចរិតរឹងចចេសបាន ដោយញែកអ្នកដែលអាចត្រូវបានសង្គ្រោះ ចេញពីអ្នកដែលមិនអាចត្រូវបានសង្គ្រោះ ហើយញែកអ្នកដែលនឹងត្រូវបន្តរស់នៅ ចេញពីអ្នកដែលនឹងមិនត្រូវបន្តរស់នៅ។ នៅពេលដែលកិច្ចការនេះត្រូវបានបញ្ចប់ អស់អ្នកណាដែលត្រូវអនុញ្ញាតឱ្យបន្តរស់នៅ នឹងត្រូវបន្សុទ្ធ និងចូលទៅក្នុងសភាពកាន់តែឧត្ដុង្គឧត្ដមរបស់មនុស្សជាតិ ដែលឱ្យពួកគេត្រេកអរសប្បាយនឹងជីវិតទីពីរដ៏អស្ចារ្យរបស់មនុស្សលោក នៅលើផែនដីនេះ។ និយាយឱ្យចំទៅ ពួកគេនឹងចាប់ផ្ដើមថ្ងៃសម្រាករបស់មនុស្សលោក និងរស់នៅព្រមគ្នាជាមួយព្រះជាម្ចាស់។ ក្រោយពេលដែលអស់អ្នកដែលមិនត្រូវអនុញ្ញាតឱ្យបន្តរស់នៅ ត្រូវបានវាយផ្ចាល និងជំនុំជម្រះរួច ចរិតពិតប្រាកដរបស់ពួកគេនឹងត្រូវបង្ហាញឱ្យឃើញទាំងស្រុង ក្រោយពីនោះមក ពួកគេនឹងត្រូវបំផ្លាញចោល ហើយពួកគេនឹងលែងទទួលបានការអនុញ្ញតឱ្យរស់នៅលើផែនដីនេះតទៅទៀត ដូចសាតាំងដែរ។ មនុស្សជាតិនាពេលអនាគត នឹងលែងរាប់បញ្ចូលមនុស្សប្រភេទនេះទៀតហើយ។ មនុស្សបែបនេះ មិនស័ក្ដិសមចូលទៅក្នុងទឹកដីនៃសេចក្ដីសម្រាកចុងក្រោយឡើយ ហើយពួកគេក៏មិនស័ក្តិសមនឹងមានថ្ងៃសម្រាកដែលព្រះជាម្ចាស់ និងមនុស្សជាតិត្រូវមានរួមគ្នាដែរ ដ្បិតពួកគេជាគោលដៅនៃការដាក់ទោស និងជាមនុស្សអាក្រក់ មនុស្សទុច្ចរិត។ ពួកគេត្រូវបានប្រោសលោះម្ដងរួចមកហើយ ហើយពួកគេក៏ធ្លាប់ត្រូវបានជំនុំជម្រះ និងវាយផ្ចាលរួចផងដែរ។ ពួកគេក៏ធ្លាប់បានបម្រើព្រះជាម្ចាស់ពីមុនមកទៀតផង។ ក៏ប៉ុន្តែ នៅពេលដែលគ្រាចុងក្រោយបានចូលមកដល់ ពួកគេនឹងត្រូវផាត់ចោល និងបំផ្លាញចោល ដោយសារសេចក្ដីអាក្រក់ និងចរិតរឹងចចេសរបស់ពួកគេ និងដោយសារពួកគេគ្មានសមត្ថភាពទទួលបាននូវការប្រោសលោះ។ ពួកគេនឹងលែងអាចមកចាប់ជាតិជាថ្មី នៅក្នុងពិភពលោកនាពេលអនាគត ហើយនឹងលែងបានរស់នៅក្នុងចំណោមអំបូរមនុស្សនាពេលអនាគតទៀតហើយ។ អ្នកប្រព្រឹត្តអាក្រក់ទាំងអស់ និងអស់អ្នកណាដែលមិនត្រូវបានសង្គ្រោះនឹងត្រូវបំផ្លាញចោល នៅពេលដែលពួកបរិសុទ្ធនៅក្នុងចំណោមមនុស្សលោក បានចូលទៅក្នុងសេចក្ដីសម្រាក ទោះបីពួកគេជាវិញ្ញាណរបស់មនុស្សស្លាប់ ឬជាមនុស្សដែលកំពុងរស់នៅជាសាច់ឈាមនៅឡើយក៏ដោយ។ និយាយពីវិញ្ញាណអាក្រក់ និងមនុស្សលោកដែលប្រព្រឹត្តអំពើអាក្រក់ ឬវិញ្ញាណនៃមនុស្សសុចរិត និងមនុស្សដែលប្រព្រឹត្តអំពើសុចរិត មិនថាពួកគេរស់នៅក្នុងយុគសម័យណានោះទេ អ្នកណាដែលប្រព្រឹត្តអាក្រក់ ចុងក្រោយនឹងត្រូវបំផ្លាញចោល ហើយអ្នកណាដែលសុចរិតនឹងនៅរស់រាន។ បុគ្គលម្នាក់ ឬវិញ្ញាណមួយ អាចនឹងទទួលបាននូវសេចក្ដីសង្គ្រោះ ឬអត់នោះ គឺមិនមែនសម្រេចទាំងស្រុងលើមូលដ្ឋាននៃកិច្ចការនៅយុគសម័យចុងក្រោយឡើយ។ ផ្ទុយទៅវិញ គឺត្រូវកំណត់ត្រង់ថា តើពួកគេបានប្រឆាំង ឬធ្លាប់រឹងចចេសដាក់ព្រះជាម្ចាស់ដែរឬអត់។ មនុស្សកាលពីសម័យមុន ដែលបានប្រព្រឹត្តអំពើបាប និងមិនអាចទទួលបាននូវសេចក្ដីសង្គ្រោះ នឹងក្លាយជាគោលដៅនៃការដាក់ទោសច្បាស់ណាស់ ហើយមនុស្សនៅក្នុងសម័យបច្ចុប្បន្ន ដែលប្រព្រឹត្តអាក្រក់ និងមិនអាចទទួលបានការសង្គ្រោះ ក៏នឹងក្លាយជាគោលដៅនៃការដាក់ទោសយ៉ាងប្រាកដដែរ។ មនុស្សលោកត្រូវបានបែងចែកប្រភេទទៅតាមមូលដ្ឋាននៃអំពើល្អនិងអាក្រក់ មិនមែនទៅតាមសម័យកាលដែលពួកគេរស់នៅឡើយ។ នៅពេលណាដែលពួកគេត្រូវបានចាត់ថ្នាក់ក្នុងលក្ខណៈនេះរួចហើយ ពួកគេនឹងមិនត្រូវដាក់ទោស ឬប្រទានរង្វាន់ភ្លាមៗនោះទេ។ ផ្ទុយទៅវិញ ព្រះជាម្ចាស់នឹងគ្រាន់តែបំពេញកិច្ចការរបស់ទ្រង់ក្នុងការដាក់ទោសអំពើអាក្រក់ និងប្រទានរង្វាន់ដល់អំពើល្អ បន្ទាប់ពីទ្រង់បានបញ្ចប់ការបំពេញកិច្ចការនៃការបង្ក្រាបរបស់ទ្រង់នៅគ្រាចុងក្រោយប៉ុណ្ណោះ។ តាមពិត ទ្រង់បានញែកមនុស្សជាល្អនិងអាក្រក់ តាំងពីទ្រង់បានចាប់ផ្ដើមបំពេញកិច្ចការរបស់ទ្រង់អំពីការសង្គ្រោះមនុស្សលោកមកម្ល៉េះ។ គ្រាន់តែថា ទ្រង់នឹងប្រទានរង្វាន់ដល់មនុស្សសុចរិត និងដាក់ទោសចំពោះមនុស្សទុច្ចរិត នៅពេលដែលកិច្ចការរបស់ទ្រង់បានឈានដល់ទីបញ្ចប់ប៉ុណ្ណោះ។ គ្រាន់តែមិនមែនថា ទ្រង់នឹងញែកពួកគេទៅតាមប្រភេទ នៅពេលបញ្ចប់កិច្ចការរបស់ទ្រង់ ហើយបន្ទាប់មក ចាប់ផ្ដើមកិច្ចការនៃការដាក់ទោសមនុស្សអាក្រក់ និងប្រទានរង្វាន់ដល់មនុស្សល្អភ្លាមៗប៉ុណ្ណោះ។ ផ្ទុយទៅវិញ កិច្ចការនេះនឹងត្រូវសម្រេចបាន លុះត្រាតែកិច្ចការរបស់ទ្រង់ត្រូវបានបញ្ចប់ទាំងស្រុងប៉ុណ្ណោះ។ គោលបំណងទាំងស្រុងនៃកិច្ចការចុងក្រោយរបស់ព្រះជាម្ចាស់ ក្នុងការដាក់ទោសលើមនុស្សអាក្រក់ និងប្រទានរង្វាន់ដល់មនុស្សល្អ គឺដើម្បីបន្សុទ្ធមនុស្សលោកទាំងអស់ឱ្យបានបរិសុទ្ធម៉ត់ហ្មង ដើម្បីឱ្យទ្រង់អាចនាំមនុស្សជាតិដែលបរិសុទ្ធម៉ត់ហ្មងនេះ ទៅក្នុងសេចក្ដីសម្រាកដ៏អស់កល្បជានិច្ច។ ដំណាក់កាលនៃកិច្ចការរបស់ទ្រង់នេះ មានសារៈសំខាន់ខ្លាំងបំផុត។ វាគឺជាដំណាក់កាលចុងក្រោយនៃកិច្ចការគ្រប់គ្រងទាំងស្រុងរបស់ព្រះជាម្ចាស់។ ប្រសិនបើព្រះជាម្ចាស់មិនបានបំផ្លាញមនុស្សទុច្ចរិត តែបែរជាអនុញ្ញាតឱ្យពួកគេបន្តរស់នៅវិញ នោះមនុស្សលោកទាំងមូលនឹងនៅតែមិនអាចចូលទៅក្នុងសេចក្ដីសម្រាកបានដដែល ហើយព្រះជាម្ចាស់នឹងមិនអាចនាំមនុស្សជាតិ ទៅក្នុងពិភពមួយដែលល្អប្រសើរជាងនេះបានឡើយ។ កិច្ចការបែបនេះ នឹងមិនអាចបង្ហើយបានឡើយ។ នៅពេលដែលកិច្ចការរបស់ទ្រង់ត្រូវបានបញ្ចប់ មនុស្សជាតិទាំងមូលនឹងក្លាយជាបរិសុទ្ធទាំងស្រុង។ ទាល់តែបែបនេះ ទើបព្រះជាម្ចាស់់អាចគង់ក្នុងសេចក្ដីសម្រាកបានដោយស្ងប់ព្រះទ័យ។

(ដកស្រង់ពី «ព្រះជាម្ចាស់ និងមនុស្សលោក នឹងចូលទៅក្នុងសេចក្ដីសម្រាករួមគ្នា» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)

ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់  សម្រង់សម្ដីទី ៥៩៦

បច្ចុប្បន្ននេះ មនុស្សនៅតែមិនអាចដោះលែងអ្វីគ្រប់យ៉ាងខាងសាច់ឈាមបានដដែល។ ពួកគេមិនអាចលះបង់ ការសប្បាយខាងសាច់ឈាម ខាងលោកិយ ប្រាក់កាស ឬនិស្ស័យពុករលួយរបស់ពួកគេបានឡើយ។ មនុស្សភាគច្រើនបន្តការព្យាយាមឱ្យបានរបស់ពួកគេក្នុងលក្ខណៈច្បោលៗ មិនប្រាកដប្រជា។ តាមពិតមនុស្សទាំងអស់នេះ មិនបានយកព្រះជាម្ចាស់ដាក់ក្នុងចិត្តរបស់ពួកគេឡើយ ហើយពួកគេថែមទាំងមិនកោតខ្លាចព្រះជាម្ចាស់ទៀតផង។ ពួកគេគ្មានព្រះជាម្ចាស់នៅក្នុងចិត្តរបស់ពួកគេឡើយ ហេតុដូច្នេះ ពួកគេមិនអាចយល់ពីអ្វីដែលព្រះជាម្ចាស់ធ្វើឡើយ ពួកគេកាន់តែគ្មានសមត្ថភាពជឿលើព្រះបន្ទូលដែលទ្រង់មានព្រះសូរសៀងមកថែមទៀតហើយ។ មនុស្សបែបនេះ ជាប់ជំពាក់ខាងសាច់ឈាមយ៉ាងក្រាស់ក្រែល។ ពួកគេត្រូវបានធ្វើឱ្យពុករលួយដល់ឆ្អឹង និងគ្មានសេចក្ដីពិតអ្វីបន្តិចសោះ។ លើសពីនេះ ពួកគេមិនជឿថា ព្រះជាម្ចាស់អាចត្រឡប់មកជាសាច់ឈាមបានឡើយ។ អ្នកណាដែលមិនជឿលើព្រះជាម្ចាស់ដែលយកកំណើតជាមនុស្ស ពោលគឺអ្នកណាដែលមិនជឿលើព្រះជាម្ចាស់ដែលអាចមើលឃើញ ឬមិនជឿលើកិច្ចការនិងព្រះបន្ទូលរបស់ទ្រង់ តែបែរជាថ្វាយបង្គំព្រះជាម្ចាស់នៅឯស្ថានសួគ៌ដែលមើលពុំឃើញវិញ គឺជាមនុស្សម្នាក់ដែលមិនមានព្រះជាម្ចាស់នៅក្នុងដួងចិត្តរបស់ពួកគេឡើយ។ មនុស្សបែបនេះ គឺជាពួកបះបោរ ហើយទទឹងទាស់នឹងព្រះជាម្ចាស់។ ពួកគេខ្វះភាពជាមនុស្ស និងខ្វះហេតុផល ពោលគឺគ្មានសេចក្ដីពិតសោះ។ ជាងនេះទៅទៀត ចំពោះមនុស្សទាំងអស់នេះ កាលណាព្រះជាម្ចាស់កាន់តែអាចមើលឃើញ និងកាន់តែរូបី ពួកគេនឹងកាន់តែលែងជឿ ហើយពួកគេចាត់ទុកព្រះជាម្ចាស់ដែលមិនអាចមើលឃើញ និងអរូបី ជាព្រះដែលគួរទុកចិត្ត និងគួរត្រេកអរខ្លាំងបំផុត។ អ្វីដែលពួកគេស្វែងរក គឺមិនមែនជាសេចក្ដីពិតជាក់ស្ដែងនោះទេ ក៏មិនមែនជាសារជាតិនៃជីវិតពិតប្រាកដដែរ ហើយរឹតតែមិនមែនជាបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់នោះដែរ។ ផ្ទុយទៅវិញ ពួកគេស្វែងរកសេចក្ដីសប្បាយរីករាយ។ មិនចាំបាច់ឆ្ងល់នោះទេ អ្វីដែលពួកគេជឿ និងអ្វីដែលពួកគេស្វែងរក គឺជាអ្វីដែលអាចបំពេញតាមចំណង់ចិត្តផ្ទាល់ខ្លួនរបស់ពួកគេបាន។ ពួកគេជឿលើព្រះជាម្ចាស់ គឺគ្រាន់តែដើម្បីបំពេញចំណង់ចិត្តផ្ទាល់ខ្លួនរបស់ពួកគេឱ្យស្កប់ស្កល់តែប៉ុណ្ណោះ មិនមែនដើម្បីស្វែងរកសេចក្ដីពិតឡើយ។ តើមនុស្សបែបនេះ មិនមែនជាអ្នកប្រព្រឹត្តអាក្រក់ទេឬអី? ពួកគេទុកចិត្តលើខ្លួនឯងជាខ្លាំង ហើយពួកគេមិនជឿថា ព្រះជាម្ចាស់ដែលគង់នៅឯស្ថានសួគ៌ នឹងបំផ្លាញ «មនុស្សល្អ» ដូចជាពួកគេនេះទាល់តែសោះ។ ផ្ទុយទៅវិញ ពួកគេជឿថា ព្រះជាម្ចាស់នឹងអនុញ្ញាតឱ្យពួកគេបន្តរស់នៅ ហើយនឹងប្រទានរង្វាន់ដល់ពួកគេឱ្យបានស័ក្តិសមថែមទៀត ដ្បិតពួកគេបានធ្វើរឿងជាច្រើនថ្វាយព្រះជាម្ចាស់ និងបានបង្ហាញនូវ «ភាពស្មោះត្រង់» យ៉ាងច្រើនចំពោះទ្រង់។ ប្រសិនបើពួកគេត្រូវស្វែងរកព្រះជាម្ចាស់ដែលអាចមើលឃើញ នៅពេលណាដែលបំណងចិត្តរបស់ពួកគេមិនត្រូវបានបំពេញតាម ពួកគេនឹងវាយបកមកព្រះជាម្ចាស់វិញ ឬចាប់ផ្ដើមខឹងសម្បារភ្លាមៗតែម្ដង។ ពួកគេបង្ហាញថា ខ្លួនឯងជាមនុស្សទុរយសថោកទាប ដែលព្យាយាមផ្គាប់តែបំណងចិត្តរបស់ខ្លួនឯងប៉ុណ្ណោះ។ ពួកគេមិនមែនជាមនុស្សដែលមានសេចក្ដីស្មោះត្រង់ក្នុងការព្យាយាមឱ្យបានសេចក្ដីពិតនោះឡើយ។ មនុស្សបែបនេះត្រូវបានហៅថា មនុស្សទុច្ចរិតដែលដើរតាមព្រះគ្រីស្ទ។ អស់អ្នកណាដែលមិនស្វែងរកសេចក្ដីពិត គេមិនអាចជឿលើសេចក្ដីពិតបានឡើយ ហើយក៏មិនអាចសម្រេចបាននូវលទ្ធផលនាពេលអនាគតរបស់មនុស្សជាតិបានដែរ ដ្បិតពួកគេមិនជឿលើកិច្ចការ និងព្រះបន្ទូលរបស់ព្រះជាម្ចាស់ដែលអាចមើលឃើញឡើយ ហើយសេចក្ដីនេះរាប់បញ្ចូលទាំងការមិនជឿលើទិសដៅអនាគតរបស់មនុស្សជាតិដែរ។ ហេតុនេះ បើទោះបីជាពួកគេដើរតាមព្រះជាម្ចាស់ដែលអាចមើលឃើញក្ដី ក៏ពួកគេនៅតែបន្តប្រព្រឹត្តអំពើអាក្រក់ និងមិនបានស្វែងរកសេចក្ដីពិតសោះឡើយ ហើយពួកគេក៏មិនបានអនុវត្តនូវសេចក្ដីពិតដែលខ្ញុំចង់បានដែរ។ ផ្ទុយទៅវិញ មនុស្សទាំងអស់នោះដែលមិនជឿថា ពួកគេនឹងត្រូវបំផ្លាញ នឹងក្លាយជាមនុស្សដែលនឹងត្រូវបំផ្លាញចោលវិញ។ ពួកគេគ្រប់គ្នាសុទ្ធតែជឿថា ខ្លួនគេជាមនុស្សឈ្លាសវៃណាស់ ហើយពួកគេគិតថា ពួកគេនោះជាមនុស្សដែលអនុវត្តសេចក្ដីពិត។ ពួកគេចាត់ទុកការប្រព្រឹត្តអាក្រក់របស់ខ្លួនជាសេចក្ដីពិត ហើយអរសប្បាយនឹងអំពើនោះ។ មនុស្សទុច្ចរិតបែបនេះ គឺជាមនុស្សដែលជឿជាក់លើខ្លួនឯងខ្លាំងបំផុត។ ពួកគេចាត់ទុកសេចក្ដីពិតជាគោលលទ្ធិ និងចាត់ទុកទង្វើអាក្រក់របស់ខ្លួនជាសេចក្ដីពិត ប៉ុន្តែចុងបញ្ចប់ទៅ ពួកគេបានត្រឹមតែច្រូតផលនៃទង្វើដែលពួកគេបានសាបព្រោះប៉ុណ្ណោះ។ នៅពេលណាដែលមនុស្សកាន់តែមានទំនុកចិត្តខ្លាំងលើខ្លួនឯង ហើយនៅពេលដែលពួកគេកាន់តែក្រអឺតក្រទមខ្លាំង ពួកគេនឹងកាន់តែមិនអាចទទួលបាននូវសេចក្ដីពិត។ នៅពេលណាដែលមនុស្សកាន់តែជឿលើព្រះជាម្ចាស់ដែលគង់នៅស្ថានសួគ៌ នោះពួកគេនឹងកាន់តែប្រឆាំងទាស់នឹងព្រះជាម្ចាស់។ មនុស្សទាំងអស់នេះ គឺជាមនុស្សដែលនឹងត្រូវដាក់ទោស។

(ដកស្រង់ពី «ព្រះជាម្ចាស់ និងមនុស្សលោក នឹងចូលទៅក្នុងសេចក្ដីសម្រាករួមគ្នា» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)

ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់  សម្រង់សម្ដីទី ៥៩៧

នៅមុនពេលដែលមនុស្សជាតិចូលទៅក្នុងសេចក្ដីសម្រាក ទោះបីជាជំពូកបុគ្គលនីមួយៗត្រូវទទួលទោសឬត្រូវទទួលរង្វាន់ នឹងត្រូវកំណត់លើលក្ខណៈថា តើពួកគេបានស្វែងរកសេចក្ដីពិតដែរឬអត់ ពួកគេស្គាល់ព្រះជាម្ចាស់ដែរឬអត់ ហើយពួកគេអាចចុះចូលចំពោះព្រះជាម្ចាស់ដែលអាចមើលឃើញដែរឬអត់។ អស់អ្នកណាដែលបានបម្រើដល់ព្រះជាម្ចាស់ដែលអាចមើលឃើញបាន ក៏ប៉ុន្តែមិនបានស្គាល់ទ្រង់ និងមិនបានចុះចូលនឹងទ្រង់ គឺខ្វះនូវសេចក្ដីពិត។ មនុស្សបែបនេះ គឺជាអ្នកប្រព្រឹត្តអំពើអាក្រក់ ហើយអ្នកប្រព្រឹត្តអំពើអាក្រក់ ច្បាស់ជានឹងក្លាយជារបស់ដែលត្រូវដាក់ទោស។ បន្ថែមលើនេះ ពួកគេនឹងត្រូវដាក់ទោសស្របទៅតាមទង្វើទុច្ចរិតរបស់ពួកគេ។ ព្រះជាម្ចាស់ គឺសម្រាប់ឱ្យមនុស្សលោកជឿតាម ហើយទ្រង់ក៏មានតម្លៃឱ្យពួកគេស្ដាប់បង្គាប់តាមដែរ។ អស់អ្នកណាដែលត្រឹមតែមានសេចក្ដីជំនឿ ចំពោះព្រះជាម្ចាស់ដែលស្រពេចស្រពិល និងមិនអាចមើលឃើញ គឺជាអ្នកដែលពុំជឿលើព្រះជាម្ចាស់ និងមិនអាចចុះចូលនឹងព្រះជាម្ចាស់បានឡើយ។ ប្រសិនបើមនុស្សទាំងអស់នេះ នៅតែមិនអាចជឿលើព្រះជាម្ចាស់ដែលអាចមើលឃើញ ពេលដែលកិច្ចការនៃការយកឈ្នះរបស់ទ្រង់បានបញ្ចប់ និងបន្តមិនស្ដាប់បង្គាប់ ហើយប្រឆាំងទាស់នឹងព្រះជាម្ចាស់ដែលអាចមើលឃើញនៅខាងសាច់ឈាម នោះច្បាស់ណាស់ថា «មនុស្សដែលជឿលើព្រះជាម្ចាស់ដែលស្រពេចស្រពិល» នឹងក្លាយជារបស់ដែលត្រូវបំផ្លាញ។ ដូចគ្នាដែរ មនុស្សមួយចំនួនក្នុងចំណោមអ្នករាល់គ្នា គឺជាមនុស្សដែលទទួលស្គាល់ព្រះជាម្ចាស់ដែលយកកំណើតជាមនុស្សត្រឹមតែបបូរមាត់ ប៉ុន្តែមិនអាចអនុវត្តសេចក្ដីពិតនៃការចុះចូលនឹងព្រះជាម្ចាស់ដែលយកកំណើតជាមនុស្សបាន ចុងក្រោយនឹងត្រូវផាត់ចោល និងបំផ្លាញចោល។ បន្ថែមលើនេះ នរណាម្នាក់ដែលទទួលស្គាល់ព្រះជាម្ចាស់ដែលអាចមើលឃើញ តាមបបូរមាត់របស់ពួកគេ ដោយហូប និងផឹកនូវសេចក្ដីពិតដែលទ្រង់បើកសម្ដែង ហើយក៏ស្វែងរកព្រះជាម្ចាស់ដ៏ស្រពេចស្រពិល និងមិនអាចមើលឃើញដែរនោះ ប្រាកដជានឹងក្លាយជាកម្មវត្ថុនៃការបំផ្លាញចោលមិនខាន។ ក្នុងចំណោមមនុស្សទាំងអស់នេះ គ្មាននរណាម្នាក់នឹងអាចបន្តរស់នៅរហូតដល់ពេលសម្រាកដែលនឹងត្រូវចូលមកដល់ ក្រោយពេលដែលកិច្ចការរបស់ព្រះជាម្ចាស់បានបញ្ចប់ឡើយ ហើយក៏គ្មាននរណាម្នាក់ស្រដៀងនឹងមនុស្សបែបនេះ ដែលអាចបន្តរស់នៅក្នុងពេលវេលានៃសេចក្ដីសម្រាកបានឡើយ។ មនុស្សអាក្រក់ គឺជាមនុស្សដែលមិនអនុវត្តសេចក្ដីពិត។ សារជាតិរបស់គេ គឺប្រឆាំងទាស់ ហើយរឹងចចេសនឹងព្រះជាម្ចាស់ ហើយពួកគេមិនមានបំណងចុះចូលនឹងទ្រង់សូម្បីបន្តិចសោះឡើយ។ មនុស្សបែបនេះ នឹងត្រូវបំផ្លាញចោលទាំងអស់។ ការដែលអ្នកមានសេចក្ដីពិតឬអត់ ហើយអ្នកប្រឆាំងទាស់នឹងព្រះជាម្ចាស់ឬអត់នោះ គឺអាស្រ័យលើសារជាតិរបស់អ្នក មិនមែនអាស្រ័យលើរូបកាយខាងក្រៅរបស់អ្នកឡើយ ក៏មិនមែនស្ថិតនៅលើរបៀបដែលអ្នកត្រូវនិយាយ ឬប្រព្រឹត្តរបស់ខ្លួនឯងម្ដងម្កាលនោះទេ។ បុគ្គលណាមួយនឹងត្រូវបំផ្លាញចោល ឬអត់នោះ គឺត្រូវកំណត់ទៅតាមសារជាតិរបស់មនុស្សម្នាក់ៗ។ គឺត្រូវសម្រេចទៅតាមសារជាតិដែលត្រូវបានបង្ហាញឱ្យឃើញតាមឥរិយាបថ និងតាមការព្យាយាមឱ្យបានសេចក្ដីពិតរបស់មនុស្សម្នាក់ៗ។ ក្នុងចំណោមមនុស្សដែលកំពុងបំពេញកិច្ចការដូចគ្នានឹងអ្នកដទៃទៀត និងអ្នកដែលធ្វើកិច្ចការក្នុងចំនួនដូចគ្នា ជាមនុស្សដែលមានសារជាតិជាមនុស្សល្អ និងជាអ្នកដែលមានសេចក្ដីពិត គេនឹងនឹងត្រូវអនុញ្ញាតឱ្យបន្តរស់នៅទៀត ចំណែកឯអ្នកដែលមានសារជាតិជាមនុស្សអាក្រក់ ហើយអ្នកដែលមិនស្ដាប់បង្គាប់ព្រះជាម្ចាស់ដែលអាចមើលឃើញ គឺជាអ្នកដែលនឹងត្រូវក្លាយរបស់ដែលត្រូវបំផ្លាញចោល។ គ្រប់កិច្ចការ និងព្រះបន្ទូលទាំង់អស់របស់ព្រះជាម្ចាស់ ដែលពាក់ព័ន្ធនឹងទិសដៅរបស់មនុស្សជាតិ នឹងត្រូវដោះស្រាយជាមួយមនុស្សឱ្យបានស័ក្តិសមទៅតាមសារជាតិរបស់បុគ្គលម្នាក់ៗ ហើយសូម្បីកំហុសបន្តិចបន្តួច ក៏នឹងមិនអាចកើតមានដែរ ហើយក៏នឹងគ្មានកំហុសឆ្គងសូម្បីបន្តិចសោះឡើយ។ ទាល់តែពេលដែលមនុស្សបំពេញកិច្ចការ ទើបអារម្មណ៍និងអត្ថន័យជាមនុស្ស ច្របល់បញ្ចូលគ្នា។ កិច្ចការដែលព្រះជាម្ចាស់បំពេញ គឺស័ក្តិសមបំផុត។ ទ្រង់ដាច់ខាតមិនក្លែងទាមទារសំណងពីសត្តនិករណាមួយឡើយ។ បច្ចុប្បន្ននេះ មានមនុស្សជាច្រើនដែលមិនអាចយល់អំពីទិសដៅអនាគតរបស់មនុស្សជាតិបាន ហើយជាមនុស្សដែលមិនជឿលើព្រះបន្ទូលដែលខ្ញុំថ្លែង។ មនុស្សគ្រប់គ្នាដែលមិនជឿ ក៏ដូចជាអ្នកដែលមិនអនុវត្តសេចក្ដីពិត គឺសុទ្ធតែជាពួកអារក្ស!

(ដកស្រង់ពី «ព្រះជាម្ចាស់ និងមនុស្សលោក នឹងចូលទៅក្នុងសេចក្ដីសម្រាករួមគ្នា» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)

ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់  សម្រង់សម្ដីទី ៥៩៨

បច្ចុប្បន្ននេះ អ្នកដែលស្វែងរក និងអ្នកដែលមិនស្វែងរក គឺជាមនុស្សពីរប្រភេទដែលខុសគ្នាស្រឡះ ហើយទិសដៅរបស់ពួកគេ ក៏ខុសគ្នាយ៉ាងខ្លាំងផងដែរ។ អស់អ្នកដែលស្វែងរកចំណេះដឹងអំពីសេចក្ដីពិត និងអនុវត្តនូវសេចក្ដីពិត គឺមនុស្សដែលព្រះជាម្ចាស់នឹងប្រទានសេចក្ដីសង្គ្រោះដល់គេ។ អស់អ្នកណាដែលមិនដឹងអំពីផ្លូវពិត គឺសុទ្ធតែជាពួកអារក្ស និងជាពួកសត្រូវ។ ពួកគេជាកូនចៅនៃមហាទេវតា ហើយនឹងក្លាយជារបស់ដែលត្រូវបំផ្លាញចោល។ សូម្បីតែអស់អ្នកណាដែលជឿស៊ប់លើព្រះជាម្ចាស់ដែលស្រពេចស្រពិល តើពួកគេមិនមែនជាពួកអារក្សទេឬអី? មនុស្សដែលមានសតិសម្បជញ្ញៈល្អ ប៉ុន្តែពុំទទួលយកផ្លូវពិត គឺសុទ្ធតែពួកជាអារក្ស។ សារជាតិរបស់ពួកគេ គឺជាមនុស្សដែលប្រឆាំងទាស់នឹងព្រះជាម្ចាស់។ អ្នកណាដែលមិនទទួលយកផ្លូវត្រូវ គឺជាអ្នកដែលប្រឆាំងទាស់នឹងព្រះជាម្ចាស់ ហើយទោះបីជាមនុស្សបែបនេះ ទទួលរងនូវទុក្ខលំបាកក្ដី ក៏ពួកគេនឹងនៅតែត្រូវបំផ្លាញចោលដដែល។ អស់អ្នកណាដែលមិនសុខចិត្តលះបង់លោកិយនេះ អស់អ្នកណាដែលមិនអាចអត់ទ្រាំបែកចេញពីឪពុកម្ដាយរបស់ពួកគេបាន និងអស់អ្នកណាដែលមិនអាចលះបង់នូវការសប្បាយរីករាយខាងសាច់ឈាមបាន គឺសុទ្ធតែជាមនុស្សរឹងចចេសនឹងព្រះជាម្ចាស់ ហើយអ្នកទាំងអស់នេះ នឹងក្លាយជារបស់ដែលត្រូវបំផ្លាញចោល។ ជាងនេះទៅទៀត នរណាម្នាក់ដែលមិនជឿលើព្រះជាម្ចាស់ដែលយកកំណើតជាមនុស្សគឺជាពួកអារក្ស ហើយនឹងត្រូវបំផ្លាញចោល។ អស់អ្នកណាដែលមានសេចក្ដីជំនឿ ប៉ុន្តែមិនបានអនុវត្តតាមសេចក្ដីពិត អស់អ្នកណាដែលមិនជឿលើព្រះជាម្ចាស់ដែលយកកំណើតជាមនុស្ស និងអស់អ្នកណាដែលមិនជឿលើអត្ថិភាពរបស់ព្រះជាម្ចាស់ក៏នឹងក្លាយទៅជារបស់ដែលត្រូវបំផ្លាញចោលផងដែរ។ អ្នកទាំងឡាយណាដែលនឹងត្រូវអនុញ្ញាតឱ្យបន្តរស់នៅ គឺសុទ្ធតែជាមនុស្សដែលបានឆ្លងកាត់នូវទុក្ខវេទនានៃការបន្សុទ្ធ និងប្រកាន់ខ្ជាប់នូវជំហរយ៉ាងរឹងមាំ។ មនុស្សទាំងអស់នេះ គឺជាមនុស្សដែលបានឆ្លងកាត់ការល្បងលយ៉ាងពិតប្រាកដ។ នរណាម្នាក់ដែលមិនទទួលស្គាល់ព្រះជាម្ចាស់ គឺជាសត្រូវ ពោលគឺ នរណាម្នាក់ដែលមិនទទួលស្គាល់ព្រះជាម្ចាស់ដែលយកកំណើតជាមនុស្ស (មិនថា ពួកគេនៅក្នុង ឬនៅក្រៅកិច្ចការបម្រើទេ) គឺសុទ្ធតែជាពួកទទឹងនឹងព្រះគ្រីស្ទ។ តើសាតាំងជានរណា តើអារក្សជានរណា ហើយតើសត្រូវរបស់ព្រះជាម្ចាស់ជានរណា ប្រសិនបើមិនមែនជាពួកតតាំងដែលមិនជឿលើព្រះជាម្ចាស់នោះ? តើពួកគេមិនមែនជាមនុស្សដែលរឹងទទឹងនឹងព្រះជាម្ចាស់ទេឬអី? តើពួកគេមិនជាមនុស្សដែលអះអាងថា ខ្លួនមានសេចក្ដីជំនឿ តែខ្វះនូវសេចក្ដីពិតទេឬអី? តើពួកគេមិនមែនជាពួកដែលគ្រាន់តែព្យាយាមចង់បានព្រះពរ តែមិនអាចធ្វើបន្ទាល់សម្រាប់ព្រះជាម្ចាស់ទេឬអី? សព្វថ្ងៃនេះ អ្នកនៅលាយឡំជាមួយនឹងពួកអារក្ស ទាំងមានសតិសម្បជញ្ញៈ និងសេចក្ដីស្រឡាញ់ចំពោះពួកវា ប៉ុន្តែ ក្នុងករណីនេះ តើអ្នកមិនកំពុងបន្ថែមសមានចិត្តចំពោះសាតាំងទេឬអី? តើអ្នកមិនមែននៅក្នុងក្រុមជាមួយនឹងពួកអារក្សទេឬអី? ប្រសិនបើមនុស្សសម័យនេះ នៅតែមិនអាចបែងចែកភាពខុសគ្នា រវាងអ្វីល្អនិងអ្វីអាក្រក់ទេ ហើយបន្តធ្វើជាមនុស្សគួរឱ្យស្រឡាញ់ និងមានមេត្តាធម៌ទាំងងងឹតងងល់ ដោយគ្មានបំណងចង់ឈ្វេងយល់ពីបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ ឬអាចដាក់បំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ទៅក្នុងចិត្តរបស់ខ្លួនដោយវិធីណាមួយបាន នោះចុងបញ្ចប់របស់ពួកគេរាល់គ្នានឹងកាន់អាក្រក់ទៅៗ។ អ្នកណាមួយដែលមិនជឿលើព្រះជាម្ចាស់ដែលសណ្ឋិតក្នុងសាច់ឈាម គឺជាសត្រូវរបស់ព្រះជាម្ចាស់។ ប្រសិនបើអ្នកអាចមានសតិសម្បជញ្ញៈ និងក្ដីស្រឡាញ់ចំពោះសត្រូវ តើអ្នកមិនមែនខ្វះស្មារតីនៃសេចក្ដីសុចរិតទេឬអី? ប្រសិនបើអ្នកចុះសម្រុងនឹងអស់អ្នកដែលខ្ញុំស្អប់ខ្ពើម និងអស់អ្នកដែលខ្ញុំមិនយល់ស្របនោះ ហើយនៅតែមានសេចក្ដីស្រឡាញ់ និងអារម្មណ៍ផ្ទាល់ខ្លួនដក់ជាប់ចំពោះពួកគេ ដូច្នេះ តើអ្នកមិនមែនជាមនុស្សរឹងចចេសទេឬអី? តើអ្នកមិនមែនកំពុងប្រឆាំងនឹងព្រះជាម្ចាស់ដោយចេតនាទេឬអី? តើមនុស្សបែបនេះ មានសេចក្ដីពិតដែរឬទេ? ប្រសិនបើមនុស្សដែលមានសតិសម្បជញ្ញៈចំពោះសត្រូវ មានសេចក្ដីស្រឡាញ់ចំពោះពួកអារក្ស និងមានសេចក្ដីសន្ដោសប្រណីចំពោះសាតាំង ដូច្នេះ តើពួកគេមិនមែនកំពុងតែរំខានដល់កិច្ចការរបស់ព្រះជាម្ចាស់ដោយចេតនាទេឬអី? អស់អ្នកណាដែលជឿតែលើព្រះយេស៊ូវគ្រីស្ទនិងមិនជឿលើព្រះជាម្ចាស់ដែលយកកំណើតជាមនុស្សក្នុងគ្រាចុងក្រោយ ក៏ដូចជាអស់អ្នកដែលអះអាងដោយបបូរមាត់ថា គេជឿលើព្រះជាម្ចាស់ដែលយកកំណើតជាមនុស្ស តែប្រព្រឹត្តអំពើអាក្រក់ គឺសុទ្ធតែជាពួកទទឹងនឹងព្រះគ្រីស្ទ ដោយមិនចាំបាច់និយាយដល់អ្នកណាដែលមិនបានជឿលើព្រះជាម្ចាស់ឡើយ។ មនុស្សអស់ទាំងនេះ នឹងក្លាយជារបស់ដែលត្រូវបំផ្លាញចោល។ ក្បួនខ្នាតដែលមនុស្សលោកវិនិច្ឆ័យអ្នកដទៃ គឺផ្អែកលើឥរិយាបថរបស់ពួកគេ។ អស់អ្នកណាដែលប្រព្រឹត្តអំពើល្អគឺជាមនុស្សសុចរិត រីឯអស់អ្នកណាប្រព្រឹត្តអំពើគួរឱ្យស្អប់ខ្ពើម គឺជាមនុស្សទុច្ចរិត។ ក្បួនខ្នាតដែលព្រះជាម្ចាស់ជំនុំជម្រះមនុស្សលោក គឺផ្អែកលើថា តើសារជាតិរបស់ពួកគេ ចុះចូលនឹងទ្រង់ដែរឬអត់។ នរណាម្នាក់ដែលចុះចូលនឹងព្រះជាម្ចាស់ គឺជាមនុស្សសុចរិត រីឯនរណាម្នាក់ដែលមិនចុះចូល គឺជាសត្រូវ និងជាមនុស្សទុច្ចរិត ទោះបីជាអាកប្បកិរិយារបស់មនុស្សម្នាក់នោះល្អឬអាក្រក់ ហើយទោះបីជាសម្ដីរបស់ពួកគេត្រឹមត្រូវឬមិនត្រូវឡើយ។ មនុស្សមួយចំនួនចង់ប្រើប្រាស់អំពើល្អ ដើម្បីទទួលបានទិសដៅល្អនាពេលអនាគត ហើយមនុស្សខ្លះទៀតចង់ប្រើប្រាស់សម្ដីល្អៗ ដើម្បីទទួលបានទិសដៅល្អមួយ។ មនុស្សគ្រប់គ្នាជឿទាំងខុសឆ្គងថា ព្រះជាម្ចាស់កំណត់លទ្ធផលរបស់មនុស្សក្រោយពីទ្រង់បានទតឃើញអាកប្បកិរិយារបស់ពួកគេឬក្រោយពីទ្រង់បានស្ដាប់ឮសម្ដីរបស់ពួកគេ។ ហេតុនេះ មនុស្សភាគច្រើនចង់ទាញយកផលចំណេញពីចំណុចនេះ ដើម្បីបោកបញ្ឆោតព្រះជាម្ចាស់ឱ្យប្រទាននូវការអនុគ្រោះដល់ពួកគេបានមួយគ្រា។ នៅពេលអនាគត មនុស្សដែលនឹងនៅរស់រានក្នុងសភាពនៃការសម្រាក សុទ្ធតែនឹងត្រូវឆ្លងកាត់នូវគ្រារងទុក្ខវេទនា ហើយក៏នឹងត្រូវធ្វើទីបន្ទាល់សម្រាប់ព្រះជាម្ចាស់ផងដែរ។ ពួកគេនឹងក្លាយជាមនុស្សដែលបានបំពេញភារកិច្ចរបស់ខ្លួន និងជាអ្នកដែលបានចុះចូលនឹងព្រះជាម្ចាស់ ដោយចេតនាពិត។ អស់អ្នកណាដែលគ្រាន់តែចង់ប្រើឱកាសនេះ មកបម្រើដោយមានចេតនាគេចវេសពីការអនុវត្តនូវសេចក្ដីពិត នឹងមិនត្រូវអនុញ្ញាតឱ្យបន្តរស់នៅទៀតឡើយ។ ព្រះជាម្ចាស់មានក្បួនខ្នាតសមស្រប សម្រាប់ការរៀបចំលទ្ធផលរបស់បុគ្គលម្នាក់ៗ។ ទ្រង់មិនមែនគ្រាន់តែសម្រេចព្រះទ័យ លើការទាំងអស់នេះ ស្របទៅតាមសម្ដី និងទង្វើរបស់មនុស្សម្នាក់ៗនោះឡើយ ហើយទ្រង់ក៏មិនសម្រេចព្រះទ័យផ្អែកតាមទង្វើរបស់មនុស្សម្នាក់ក្នុងអំឡុងពេលតែមួយគ្រានោះដែរ។ ទ្រង់នឹងមិនអត់ឱនជាដាច់ខាតចំពោះទង្វើអាក្រក់របស់មនុស្សណាម្នាក់ ដោយសារតែពួកគេបានបម្រើដល់ទ្រង់កាលពីមុនមកឡើយ ហើយទ្រង់ក៏នឹងមិនលើកលែងដល់នរណាម្នាក់ឱ្យរួចផុតពីសេចក្ដីស្លាប់ ដោយសារការលះបង់របស់ពួកគេ ចំពោះព្រះជាម្ចាស់តែមួយគ្រានោះឡើយ។ គ្មាននរណាម្នាក់អាចគេចផុតពីទុក្ខវេទនាសម្រាប់អំពើអាក្រក់របស់គេឡើយ ហើយគ្មាននរណាម្នាក់អាចគ្របបាំងអាកប្បកិរិយាអាក្រក់របស់ពួកគេ ហើយគេចចេញពីទុក្ខវេទនានៃសេចក្ដីអន្តរាយបានទេ។ ប្រសិនបើមនុស្សអាចបំពេញភារកិច្ចរបស់ពួកគេបានដោយពិតប្រាកដ នោះមានន័យថា ពួកគេស្មោះត្រង់ជានិច្ចចំពោះព្រះជាម្ចាស់ និងមិនព្យាយាមចង់បានរង្វាន់នោះទេ ទោះបីជាពួកគេទទួលបានព្រះពរ ឬទទួលសំណាងអាក្រក់ក៏ដោយ។ ប្រសិនបើមនុស្សស្មោះត្រង់ចំពោះព្រះជាម្ចាស់ នៅពេលដែលពួកគេឃើញព្រះពរ ប៉ុន្តែបាត់បង់ភាពស្មោះត្រង់របស់ពួកគេ នៅពេលដែលពួកគេមិនអាចមើលឃើញព្រះពរ ហើយនៅចុងបញ្ចប់ ប្រសិនបើពួកគេនៅតែមិនអាចធ្វើទីបន្ទាល់សម្រាប់ព្រះជាម្ចាស់ ឬបំពេញភារកិច្ចដែលត្រូវបានប្រគល់ជូនពួកគេ នោះពួកគេនឹងនៅតែជារបស់ដែលត្រូវបំផ្លាញចោលដដែល ទោះបីជាពួកគេធ្លាប់បានបម្រើព្រះជាម្ចាស់ដោយស្មោះត្រង់កាលពីមុនមក ឬក៏អត់ក្ដី។ និយាយឱ្យខ្លី មនុស្សទុច្ចរិតមិនអាចរស់រាននៅបានរហូតអស់កល្បជានិច្ចឡើយ ហើយពួកគេក៏មិនអាចចូលទៅក្នុងសេចក្ដីសម្រាកបានដែរ។ មានតែមនុស្សសុចរិតប៉ុណ្ណោះ ទើបជាម្ចាស់នៃសេចក្ដីសម្រាក។ នៅពេលណាដែលមនុស្សជាតិស្ថិតនៅលើផ្លូវត្រូវ មនុស្សនឹងមានជីវិតជាមនុស្សលោកសាមញ្ញធម្មតា។ ពួកគេរាល់គ្នានឹងបំពេញភារកិច្ចរបស់ពួកគេរៀងៗខ្លួន ហើយមានភាពស្មោះត្រង់ចំពោះព្រះជាម្ចាស់យ៉ាងក្រៃលែង។ ចុងក្រោយ ពួកគេនឹងបាត់បង់ចរិតរឹងចចេស និងនិស្ស័យពុករលួយរបស់ខ្លួន ហើយពួកគេនឹងរស់នៅសម្រាប់ព្រះជាម្ចាស់ និងដោយព្រោះព្រះជាម្ចាស់ ដោយគ្មានទាំងចរិតរឹងចចេស និងការចរិតរឹងទទឹងផង។ ពួកគេទាំងអស់នឹងអាចចុះចូលនឹងព្រះជាម្ចាស់ទាំងស្រុង។ នេះនឹងក្លាយជាជីវិតរបស់ព្រះជាម្ចាស់ និងមនុស្សជាតិ។ វានឹងក្លាយជាជីវិតនៃនគរស្ថានសួគ៌ ហើយវានឹងក្លាយជាជីវិតនៃសេចក្ដីសម្រាក។

(ដកស្រង់ពី «ព្រះជាម្ចាស់ និងមនុស្សលោក នឹងចូលទៅក្នុងសេចក្ដីសម្រាករួមគ្នា» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)

ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់  សម្រង់សម្ដីទី ៥៩៩

អស់អ្នកណាដែលអូសទាញកូនចៅ និងសាច់ញាតិរបស់ពួកគេដែលមិនជឿទាល់តែសោះទៅក្នុងព្រះវិហារ គឺជាមនុស្សអាត្មានិយមយ៉ាងក្រៃលែង ហើយពួកគេគ្រាន់តែបង្ហាញនូវចិត្តសប្បុរសតែប៉ុណ្ណោះ។ មនុស្សទាំងអស់នេះ គ្រាន់តែផ្ដោតទៅលើការធ្វើខ្លួនជាមនុស្សគួរឱ្យស្រឡាញ់ប៉ុណ្ណោះ ទោះបីជាពួកគេជឿ ឬមិនជឿ ហើយទោះបីវាគឺជាបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ ឬអត់ក៏ដោយ។ អ្នកខ្លះនាំប្រពន្ធរបស់គេមកចំពោះព្រះជាម្ចាស់ ឬអូសទាញឪពុកម្ដាយរបស់ពួកគេមកចំពោះព្រះជាម្ចាស់ ហើយទោះបីជាព្រះវិញ្ញាញបរិសុទ្ធយល់ស្របចំពោះរឿងនេះឬអត់ ឬទ្រង់កំពុងធ្វើការនៅក្នុងពួកគេឬអត់នោះ ក៏ពួកគេបន្ត «ជ្រើសរើសមនុស្សដែលមានសមត្ថភាព» សម្រាប់ព្រះជាម្ចាស់ទាំងងងឹតងងល់ដែរ។ តើការសន្ធឹងសេចក្ដីសប្បុរសចំពោះអ្នកមិនជឿទាំងអស់នេះ អាចទទួលបានអ្វីមកវិញ? បើទោះបីជាមនុស្សដែលគ្មានវត្តមានរបស់ព្រះវិញ្ញាណបរិសុទ្ធគង់ជាមួយ ខិតខំប្រឹងប្រែងដើរតាមព្រះជាម្ចាស់ ក៏ពួកគេនៅតែមិនអាចត្រូវបានសង្គ្រោះដូចជាមនុស្សដែលជឿដែរ។ អស់អ្នកណាដែលមិនទទួលបានសេចក្ដីសង្គ្រោះ គឺពិតជាមិនងាយស្រួលនឹងទទួលយកនោះទេ។ មនុស្សដែលមិនបានឆ្លងកាត់កិច្ចការ និងការល្បងលរបស់ព្រះវិញ្ញាណបរិសុទ្ធ ហើយមិនត្រូវបានព្រះជាម្ចាស់ដែលយកកំណើតជាមនុស្សប្រោសឱ្យគ្រប់លក្ខណ៍ គេច្បាស់ជាមិនអាចត្រូវបានធ្វើឱ្យពេញខ្នាតឡើយ។ ហេតុនេះ ចាប់តាំងពីពេលដែលពួកគេចាប់ផ្ដើមដើរតាមទ្រង់ត្រឹមតែឈ្មោះមក មនុស្សទាំងអស់នោះពុំមានវត្តមានរបស់ព្រះវិញ្ញាណបរិសុទ្ធគង់ជាមួយឡើយ។ ចំពោះរឿងលក្ខខណ្ឌនិងស្ថានភាពជាក់ស្ដែងរបស់ពួកគេ ពួកគេមិនអាចត្រូវបានធ្វើឱ្យពេញខ្នាតឡើយ។ ដូច្នេះ ព្រះវិញ្ញាណបរិសុទ្ធសម្រេចព្រះទ័យមិនចំណាយកម្លាំងឱ្យច្រើនលើពួកគេនោះទេ ហើយទ្រង់ក៏មិនប្រទាននូវការបំភ្លឺ ឬការណែនាំដល់ពួកគេ ដោយវិធីណាមួយដែរ។ ទ្រង់គ្រាន់តែអនុញ្ញាតឱ្យពួកគេដើរតាម ហើយនៅចុងបំផុត ទ្រង់ក៏បង្ហាញនូវលទ្ធផលរបស់ពួកគេ។ តែប៉ុណ្ណេះ គឺគ្រប់គ្រាន់ហើយ។ ចិត្តសាទរនិងបំណងរបស់មនុស្សជាតិ កើតចេញមកពីសាតាំង ហើយគ្មានផ្លូវណាដែលសេចក្ដីទាំងអស់នេះ អាចបំពេញកិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធបានឡើយ។ មិនថាមនុស្សមានលក្ខណៈបែបណានោះទេ ពួកគេត្រូវមានកិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធ។ តើមនុស្សលោកអាចធ្វើឱ្យមនុស្សលោកបានពេញខ្នាតដែរឬទេ? ហេតុអ្វីបានជាប្ដីស្រឡាញ់ប្រពន្ធ? ហេតុអ្វីបានប្រពន្ធស្រឡាញ់ប្ដី? ហេតុអ្វីបានជាកូនត្រូវមានកាតព្វកិច្ចចំពោះឪពុកម្ដាយរបស់ពួកគេ? ហេតុអ្វីបានជាឪពុកម្ដាយផ្ដោតការស្រឡាញ់លើកូនៗរបស់ពួកគេ? តើមនុស្សមានបំណងបែបណានៅក្នុងចិត្តរបស់ពួកគេឱ្យប្រាកដ? តើបំណងរបស់ពួកគេ មិនមែនដើម្បីសម្រេចផែនការផ្ទាល់ខ្លួន ឬបំពេញចំណង់ចិត្តអាត្មានិយមរបស់ខ្លួនគេផ្ទាល់ទេ មែនទេ? តើពួកគេពិតជាចង់ធ្វើការ ដើម្បីជាប្រយោជន៍ដល់ផែនការគ្រប់គ្រងរបស់ព្រះជាម្ចាស់មែនទេ? តើពួកគេពិតជាកំពុងធ្វើការ ដើម្បីជាប្រយោជន៍ដល់កិច្ចការរបស់ព្រះជាម្ចាស់មែនទេ? តើបំណងរបស់ពួកគេ គឺដើម្បីសម្រេចភារកិច្ចក្នុងនាមជាសត្តនិករដែលព្រះបានបង្កើតមកមែនទេ? អស់អ្នកណាដែលមិនអាចទទួលបាននូវវត្តមានរបស់ព្រះវិញ្ញាណបរិសុទ្ធ ចាប់តាំងពីពេលដែលពួកគេចាប់ផ្ដើមជឿលើព្រះជាម្ចាស់ នឹងមិនអាចទទួលបានកិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធឡើយ។ មនុស្សទាំងនេះ ត្រូវបានសម្រេចថាជារបស់ដែលត្រូវបំផ្លាញចោល។ ទោះបីមនុស្សម្នាក់មានសេចក្ដីស្រឡាញ់ចំពោះពួកគេខ្លាំងប៉ុនណា ក៏វាមិនអាចជំនួសនូវកិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធបានឡើយ។ សេចក្ដីអរសប្បាយនិងសេចក្ដីស្រឡាញ់របស់មនុស្ស តំណាងឱ្យបំណងរបស់មនុស្ស ប៉ុន្តែមិនអាចតំណាងឱ្យបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់បានឡើយ ហើយសេចក្ដីទាំងនេះក៏មិនអាចជំនួសកិច្ចការរបស់ព្រះជាម្ចាស់បានដែរ។ បើទោះបីជាមនុស្សណាម្នាក់លាតសន្ធឹងសេចក្ដីស្រឡាញ់ ឬសេចក្ដីករុណាយ៉ាងច្រើនលើសលប់តាមដែលគេមានចំពោះមនុស្សដែលគ្រាន់តែជឿលើព្រះជាម្ចាស់ត្រឹមតែឈ្មោះ និងធ្វើពុតជាដើរតាមទ្រង់ដោយគ្មានដឹងសោះថា ការជឿលើព្រះជាម្ចាស់មានន័យដូចម្ដេច នោះពួកគេនឹងនៅតែមិនអាចទទួលបាននូវសេចក្ដីអាណិតអាសូររបស់ព្រះជាម្ចាស់ ហើយពួកគេក៏នឹងមិនអាចទទួលបានកិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធដែរ។ ទោះបីជាមនុស្សដែលដើរតាមព្រះជាម្ចាស់ដោយចិត្តស្មោះ មានគុណសម្បត្តិអន់ខ្សោយ និងមិនអាចយល់ពីសេចក្ដីពិតបានច្រើនយ៉ាងណាក្ដី ក៏ពួកគេនៅតែអាចទទួលបាននូវកិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធម្ដងម្កាលដែរ។ ដោយឡែក អ្នកដែលត្រូវបានចាត់ទុកថាមានគុណសម្បត្តិល្អគួរសម ប៉ុន្តែមិនជឿដោយចិត្តស្មោះ គឺមិនអាចទទួលបានវត្តមានរបស់ព្រះវិញ្ញាណបរិសុទ្ធសោះឡើយ។ មនុស្សបែបនេះ គ្មានលទ្ធភាពនឹងទទួលបានសេចក្ដីសង្គ្រោះទាល់តែសោះ។ បើទោះបីជាពួកគេអានព្រះបន្ទូលរបស់ព្រះជាម្ចាស់ ឬស្ដាប់ការអធិប្បាយអំពីព្រះគម្ពីរម្ដងម្កាល ឬសូម្បីតែច្រៀងសរសើរតម្កើងដល់ព្រះជាម្ចាស់ក្ដី នៅទីបំផុត ពួកគេក៏នៅតែមិនអាចនៅរស់រានបានរហូតដល់ពេលវេលានៃសេចក្ដីសម្រាកបានដែរ។ ការដែលមនុស្សស្វែងរកដោយចិត្តស្មោះ ឬអត់នោះ មិនមែនកំណត់តាមការដែលមនុស្សដទៃវិនិច្ឆ័យពួកគេយ៉ាងណា ឬតាមការដែលមនុស្សនៅជុំវិញពួកគេ គិតពីពួកគេយ៉ាងណានោះទេ ប៉ុន្តែគឺត្រូវបានកំណត់តាមការដែលព្រះវិញ្ញាណបរិសុទ្ធបំពេញកិច្ចការយ៉ាងណាចំពោះពួកគេនិងតាមការដែលពួកគេបានទទួលនូវវត្តមានរបស់ព្រះវិញ្ញាណបរិសុទ្ធដែរ ឬមួយក៏អត់។ បន្ថែមលើនេះ វាអាស្រ័យលើថា តើនិស្ស័យរបស់ពួកគេបានបំផ្លាស់បំប្រែដែរឬអត់ ហើយតើពួកគេបានទទួលនូវចំណេះដឹងអំពីព្រះជាម្ចាស់ បន្ទាប់ពីឆ្លងកាត់កិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធ ក្នុងរយៈពេលជាក់លាក់ណាមួយដែរឬអត់។ ប្រសិនបើព្រះវិញ្ញាណបរិសុទ្ធកែខៃមនុស្សណាម្នាក់ និស្ស័យរបស់បុគ្គលនោះនឹងត្រូវបំផ្លាស់បំប្រែបន្តិចម្ដងៗ ហើយទស្សនៈរបស់ពួកគេចំពោះការជឿលើព្រះជាម្ចាស់ នឹងកាន់តែបរិសុទ្ធបន្តិចម្ដងៗដែរ។ មិនថាមនុស្សដើរតាមព្រះជាម្ចាស់យូរប៉ុនណានោះទេ ឱ្យតែពួកគេបានបំផ្លាស់បំប្រែ នោះមានន័យថា ព្រះវិញ្ញាណបរិសុទ្ធកំពុងកែខៃពួកគេហើយ។ ប្រសិនបើពួកគេមិនបានបំផ្លាស់បំប្រែទេ នោះមានន័យថា ព្រះវិញ្ញាណបរិសុទ្ធមិនមែនកំពុងកែខៃពួកគេឡើយ។ បើទោះបីជាពួកគេបានបម្រើកិច្ចការខ្លះក្ដី អ្វីដែលជំរុញឱ្យពួកគេធ្វើបែបនេះ គឺចំណង់ចិត្តចង់ទទួលបាននូវព្រះពរ។ ត្រឹមតែការបម្រើកិច្ចការម្ដងម្កាល មិនអាចជំនួសការឆ្លងកាត់នូវការបំផ្លាស់បំប្រែនិស្ស័យរបស់ពួកគេឡើយ។ ចុងបញ្ចប់ ពួកគេនឹងត្រូវបំផ្លាញចោល ដ្បិតនៅក្នុងនគរស្ថានសួគ៌ នឹងលែងត្រូវការអ្នកបម្រើទៀតហើយ ហើយក៏លែងត្រូវការមនុស្សដែលមិនទាន់បានបំផ្លាស់បំប្រែនិស្ស័យរបស់ពួកគេ ឱ្យមកបម្រើដល់អស់អ្នកដែលត្រូវបានប្រោសឱ្យគ្រប់លក្ខណ៍ និងអស់អ្នកដែលស្មោះត្រង់ចំពោះព្រះជាម្ចាស់ដែរ។ ព្រះបន្ទូលដែលថ្លែងកាលពីអតីតកាលថា «នៅពេលមនុស្សម្នាក់ជឿលើព្រះអម្ចាស់ ភ័ព្វសំណាងញញឹមស្វាគមន៍គ្រួសារគេទាំងមូល» គឺសមស្របសម្រាប់សម័យព្រះគុណ ប៉ុន្តែមិនជាប់ពាក់ព័ន្ធនឹងទិសដៅរបស់មនុស្សជាតិឡើយ។ ព្រះបន្ទូលទាំងនេះ ស័ក្តិសមសម្រាប់ដំណាក់កាលមួយក្នុងសម័យព្រះគុណតែប៉ុណ្ណោះ។ អត្ថន័យនៃព្រះបន្ទូលទាំងអស់នេះ ត្រូវបានតម្រង់ទៅរកភាពសុខសាន្ត និងព្រះពរខាងរូបកាយដែលមនុស្សចូលចិត្ត។ ព្រះបន្ទូលទាំងនេះ ពុំមែនមានន័យថា គ្រួសារទាំងមូលរបស់អ្នកដែលជឿលើព្រះអម្ចាស់ នឹងត្រូវបានសង្គ្រោះឡើយ ហើយព្រះបន្ទូលនេះក៏មិនមែនមានន័យថា នៅពេលនរណាម្នាក់ទទួលបានព្រះពរ នោះគ្រួសាររបស់គេទាំងមូលក៏អាចត្រូវនាំទៅកាន់សេចក្ដីសម្រាកបាននោះដែរ។ ការដែលនរណាម្នាក់ទទួលបានព្រះពរ ឬទទួលរងសំណាងអាក្រក់ឬអត់នោះ គឺត្រូវកំណត់ទៅតាមសារជាតិរបស់គេ មិនមែនទៅតាមសារជាតិទូទៅដែលមនុស្សម្នាក់អាចមានដូចគ្នានឹងអ្នកដទៃនោះទេ។ ព្រះបន្ទូលដែលពោលបែបនេះ ឬក្បួនខ្នាតបែបនេះ មិនមានសោះឡើយនៅនគរស្ថានសួគ៌។ ចុងក្រោយ ប្រសិនបើមនុស្សម្នាក់អាចរួចជីវិតបាន នោះគឺដោយសារពួកគេបានបំពេញតាមសេចក្ដីតម្រូវរបស់ព្រះជាម្ចាស់ ហើយចុងក្រោយ ប្រសិនបើពួកគេមិនអាចបន្តរស់នៅបានរហូតដល់ពេលសម្រាក នោះគឺដោយសារពួកគេរឹងចចេសចំពោះព្រះជាម្ចាស់ ហើយមិនបានបំពេញតាមសេចក្ដីតម្រូវរបស់ព្រះជាម្ចាស់។ មនុស្សគ្រប់គ្នាមានទិសដៅសមស្របមួយ។ ទិសដៅទាំងអស់នេះត្រូវបានកំណត់ទៅតាមសារជាតិរបស់បុគ្គលម្នាក់ៗ និងគ្មានអ្វីដែលពាក់ព័ន្ធនឹងមនុស្សដទៃទាល់តែសោះ។ ឥរិយាបថអាក្រក់របស់កូនមិនអាចផ្ទេរទៅឱ្យឪពុកម្ដាយបានឡើយ ហើយសេចក្ដីសុចរិតរបស់កូន ក៏មិនអាចចែករំលែកជាមួយឪពុកម្ដាយរបស់ពួកគេបានដែរ។ ឥរិយាបថអាក្រក់របស់ឪពុកម្ដាយ មិនអាចផ្ទេរទៅឱ្យកូនចៅបានឡើយ ហើយសេចក្ដីសុចរិតរបស់ឪពុកម្ដាយ ក៏មិនអាចចែករំលែកជាមួយកូនចៅរបស់ពួកគេបានដែរ។ មនុស្សគ្រប់គ្នាមានបាបរៀងៗខ្លួន ហើយមនុស្សគ្រប់គ្នាត្រេកអរសប្បាយនឹងព្រះពររបស់ពួកគេរៀងៗខ្លួន។ គ្មាននរណាម្នាក់អាចជំនួសបុគ្គលណាម្នាក់បានឡើយ។ នេះគឺជាសេចក្ដីសុចរិត។ តាមទស្សនៈរបស់មនុស្ស ប្រសិនបើឪពុកម្ដាយទទួលបានព្រះពរ នោះកូនចៅរបស់ពួកគេ គប្បីអាចទទួលបានភ័ព្វសំណាងដែរ ហើយប្រសិនបើកូនចៅប្រព្រឹត្តអាក្រក់ នោះឪពុកម្ដាយរបស់ពួកគេ ក៏ត្រូវតែទទួលរងបាបទាំងនោះដែរ។ នេះគឺជាទស្សនៈរបស់មនុស្សលោក និងជារបៀបដែលមនុស្សលោកប្រព្រឹត្តអំពើផ្សេងៗ។ វាមិនមែនជាទស្សនៈរបស់ព្រះជាម្ចាស់ឡើយ។ លទ្ធផលរបស់មនុស្សម្នាក់ ត្រូវកំណត់ទៅតាមសារជាតិដែលចេញមកពីទង្វើរបស់ពួកគេ ហើយលទ្ធផលនេះ តែងត្រូវកំណត់យ៉ាងសមស្របបំផុត។ គ្មាននរណាម្នាក់អាចរ៉ាប់រងបាបរបស់នរណាផ្សេងទៀតបានឡើយ ហើយបើទោះបីជាដូច្នេះក្ដី ក៏គ្មាននរណាម្នាក់អាចទទួលទណ្ឌកម្មជំនួសនរណាម្នាក់ទៀតបានដែរ។ ចំណុចនេះ គឺដាច់ខាតណាស់។ ការដែលឪពុកម្ដាយស្រឡាញ់ថែទាំកូនចៅរបស់ពួកគេ ពុំបង្ហាញថា ពួកគេអាចបំពេញអំពើសុចរិតជំនួសឱ្យកូនចៅរបស់ពួកគេបានឡើយ ហើយកាតព្វកិច្ចដែលកូនចៅត្រូវស្រឡាញ់ចំពោះឪពុកម្ដាយរបស់ពួកគេ ក៏មិនមានន័យថា ពួកគេអាចបំពេញអំពើសុចរិតជំនួសឪពុកម្ដាយរបស់ពួកគេដែរ។ នេះគឺជាអត្ថន័យពិតប្រាកដនៃព្រះបន្ទូលដែលថា «មានមនុស្សពីរនាក់នៅឯវាល ម្នាក់នឹងត្រូវយកទៅ ហើយម្នាក់នឹងត្រូវទុកឱ្យនៅ។ មានស្ត្រីពីរនាក់កំពុងកិនម្សៅ ម្នាក់នឹងត្រូវយកទៅ ម្នាក់នឹងត្រូវទុកឱ្យនៅ»។ មនុស្សមិនអាចយកកូនចៅរបស់ពួកគេដែលប្រព្រឹត្តអំពើអាក្រក់ទៅក្នុងសេចក្ដីសម្រាក ដោយសំអាងលើសេចក្ដីស្រឡាញ់ដ៏ជ្រាលជ្រៅរបស់ពួកគេ ចំពោះកូនចៅគេឡើយ ហើយគ្មាននរណាម្នាក់អាចយកប្រពន្ធ (ប្ដី) ទៅក្នុងសេចក្ដីសម្រាក ដោយសំអាងលើអំពើសុចរិតផ្ទាល់ខ្លួនរបស់ពួកគេបានដែរ។ នេះគឺជាបទបញ្ញត្តិគ្រប់គ្រងមួយ គឺគ្មានការលើកលែងចំពោះនរណាម្នាក់ឡើយ។ នៅចុងបញ្ចប់ អ្នកប្រព្រឹត្តអំពើសុចរិត គឺជាអ្នកប្រព្រឹត្តអំពើសុចរិត ហើយអ្នកប្រព្រឹត្តអំពើអាក្រក់ គឺជាអ្នកប្រព្រឹត្តអំពើអាក្រក់។ នៅទីបំផុត ពួកសុចរិតគង់នឹងត្រូវអនុញ្ញាតឱ្យរស់រានបន្ត រីឯអ្នកប្រព្រឹត្តអាក្រក់ នឹងត្រូវបំផ្លាញចោល។ មនុស្សបរិសុទ្ធ មាននូវភាពបរិសុទ្ធ។ ពួកគេមិនស្មោកគ្រោកនោះទេ។ មនុស្សស្មោកគ្រោក មាននូវភាពស្មោកគ្រោក ហើយគ្មានចំណែកណាមួយរបស់ពួកគេដែលបរិសុទ្ធឡើយ។ មនុស្សដែលនឹងត្រូវបំផ្លាញចោល គឺជាមនុស្សទុច្ចរិត ហើយមនុស្សដែលអាចរស់រានបន្តបាន គឺជាមនុស្សសុចរិត បើទោះបីជាកូនចៅរបស់មនុស្សទុច្ចរិតធ្វើនូវអំពើសុចរិត ហើយបើទោះបីជាឪពុកម្ដាយរបស់មនុស្សសុចរិត ប្រព្រឹត្តអំពើអាក្រក់ក៏ដោយ។ ប្ដីជឿ ប្រពន្ធមិនជឿ គ្មានអ្វីទាក់ទងគ្នាទេ ហើយកូនជឿនិងឪពុកម្ដាយមិនជឿ ក៏គ្មានអ្វីទាក់ទងគ្នាដែរ។ មនុស្សពីរប្រភេទនេះ គឺមិនចុះសម្រុងនឹងគ្នាទាល់តែសោះ។ នៅមុនពេលចូលទៅក្នុងសេចក្ដីសម្រាក មនុស្សមានសាច់ញាតិខាងរូបកាយ ប៉ុន្តែនៅពេលដែលមនុស្សបានចូលទៅក្នុងសេចក្ដីសម្រាកហើយ គេនឹងលែងមានសាច់ញាតិខាងរូបកាយដែលត្រូវរំឭកនឹកដល់ទៀតហើយ។ អស់អ្នកណាដែលបំពេញភារកិច្ចរបស់ខ្លួន គឺជាសត្រូវរបស់អស់អ្នកដែលមិនបំពេញភារកិច្ចរបស់ខ្លួន។ អស់អ្នកណាដែលស្រឡាញ់ព្រះជាម្ចាស់ និងអ្នកដែលស្អប់ទ្រង់ ប្រឆាំងទាស់នឹងគ្នាទៅវិញទៅមក។ អស់អ្នកណាដែលនឹងចូលទៅក្នុងសេចក្ដីសម្រាក និងអ្នកដែលនឹងត្រូវបំផ្លាញ គឺជាសត្តនិករពីរប្រភេទដែលមិនចុះសម្រុងនឹងគ្នាឡើយ។ សត្តនិករដែលបំពេញភារកិច្ចរបស់ខ្លួន នឹងអាចរួចជីវិតបាន ចំណែកឯសត្តនិករដែលមិនបានបំពេញភារកិច្ចរបស់ខ្លួន នឹងក្លាយជារបស់ដែលត្រូវបំផ្លាញចោល ជាងនេះទៅទៀត វានឹងត្រូវបន្តរហូតដល់ អស់កល្បជានិច្ច។ តើអ្នកស្រឡាញ់ប្ដីរបស់អ្នក ដើម្បីបំពេញភារកិច្ចរបស់អ្នក ក្នុងនាមជាសត្តនិករដែលបានបង្កើតមកមែនទេ? តើអ្នកស្រឡាញ់ប្រពន្ធរបស់អ្នក ដើម្បីបំពេញភារកិច្ចរបស់អ្នក ក្នុងនាមជាសត្តនិករដែលបានបង្កើតមកមែនទេ? តើអ្នកមានកាតព្វកិច្ចចំពោះឪពុកម្ដាយអ្នកដែលមិនជឿ ដើម្បីបំពេញភារកិច្ចរបស់អ្នក ក្នុងនាមជាសត្តនិករដែលបានបង្កើតមកមែនទេ? តើទស្សនៈរបស់មនុស្សចំពោះការជឿលើព្រះជាម្ចាស់នោះ ខុសឬក៏ត្រូវ? តើហេតុអ្វីបានជាអ្នកជឿលើព្រះជាម្ចាស់? តើអ្នកចង់បានអ្វី? តើអ្នកស្រឡាញ់ព្រះជាម្ចាស់ដល់កម្រិតណា? អស់អ្នកណាដែលមិនអាចបំពេញភារកិច្ចរបស់ខ្លួនបានក្នុងនាមជាសត្តនិករដែលបានបង្កើតមក និងអ្នកដែលមិនអាចខិតខំប្រឹងប្រែងឱ្យអស់ពីចិត្តបាននោះ នឹងក្លាយជារបស់ដែលត្រូវបំផ្លាញចោល។ មានសម្ពន្ធភាពខាងរូបកាយជាច្រើន កើតមានឡើងរវាងមនុស្សនាពេលសព្វថ្ងៃ ព្រមទាំងមានសម្ពន្ធភាពជាសាច់សាលោហិតផងដែរ ប៉ុន្តែនៅពេលអនាគត សម្ពន្ធភាពទាំងអស់នេះ នឹងត្រូវបែកខ្ចាត់ខ្ចាយអស់។ អ្នកជឿនិងអ្នកមិនជឿ មិនអាចនឹងចុះសម្រុងគ្នាបានទេ តែផ្ទុយទៅវិញ ពួកគេប្រឆាំងគ្នាទៅវិញទៅមក។ អស់អ្នកណាដែលស្ថិតក្នុងសេចក្ដីសម្រាកនឹងជឿថាមានព្រះជាម្ចាស់មួយអង្គ ហើយគេនឹងចុះចូលនឹងព្រះជាម្ចាស់ ចំណែកឯអ្នកដែលរឹងចចេសនឹងព្រះជាម្ចាស់ សុទ្ធតែនឹងត្រូវបំផ្លាញចោលទាំងអស់។ នឹងលែងមានក្រុមគ្រួសារ នៅលើផែនដីនេះតទៅទៀតហើយ។ តើអាចនឹងមានសម្ពន្ធភាពជាឪពុកម្ដាយ ឬកូនចៅ ឬប្ដីប្រពន្ធទៀត ដោយរបៀបណា? ភាពមិនចុះសម្រុងគ្នាខ្លាំងនៃការជំនឿ និងការមិនជឿ នឹងធ្វើឱ្យទំនាក់ទំនងខាងសាច់ឈាម ត្រូវញែកដាច់ពីគ្នាយ៉ាងខ្លាំង!

(ដកស្រង់ពី «ព្រះជាម្ចាស់ និងមនុស្សលោក នឹងចូលទៅក្នុងសេចក្ដីសម្រាករួមគ្នា» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)

ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់  សម្រង់សម្ដីទី ៦០០

ដំបូងឡើយ ក្នុងចំណោមមនុស្សជាតិ គ្មានក្រុមគ្រួសារឡើយ។ មានតែមនុស្សប្រុស និងមនុស្សស្រីតែប៉ុណ្ណោះ ជាមនុស្សពីរប្រភេទផ្សេងគ្នា។ ពុំមានប្រទេស ពុំមានក្រុមគ្រួសារអ្វីឡើយ ប៉ុន្តែដោយសារសេចក្ដីពុករលួយរបស់មនុស្ស មនុស្សគ្រប់ប្រភេទទាំងអស់បានរៀបចំខ្លួនគេជាក្រុមបក្ខពួក ហើយក្រោយមកក៏បង្កើតជាប្រទេស និងក្រុមជនជាតិនានា។ ប្រទេស និងក្រុមជនជាតិទាំងអស់នេះ រួមមានក្រុមគ្រួសារតូចៗ ហើយក្នុងលក្ខណៈនេះ មនុស្សគ្រប់ប្រភេទទាំងអស់ ត្រូវបានបែងចែកក្នុងចំណោមជាតិសាសន៍ជាច្រើន ផ្អែកតាមភាពខុសគ្នាខាងភាសា និងព្រំប្រទល់។ តាមពិតទៅ មិនថាមានជាតិសាសន៍ច្រើនប៉ុនណានៅក្នុងពិភពលោកនោះទេ មនុស្សមានបុព្វបុរសតែមួយប៉ុណ្ណោះ។ កាលដើមដំបូងឡើយ មានមនុស្សតែពីរប្រភេទតែប៉ុណ្ណោះ ហើយមនុស្សទាំងពីរប្រភេទនេះ គឺមនុស្សប្រុស និងមនុស្សស្រី។ ក៏ប៉ុន្តែ ដោយសារការវិវឌ្ឍន៍នៃកិច្ចការរបស់ព្រះជាម្ចាស់ ដោយសារចលនាប្រវត្តិសាស្រ្ត និងដោយសារការប្រែប្រួលទីតាំងភូមិសាស្រ្តក្នុងកម្រិតផ្សេងៗគ្នា មនុស្សទាំងពីរប្រភេទនេះ ក៏បានអភិវឌ្ឍទៅជាមនុស្សកាន់តែច្រើនប្រភេទថែមទៀត។ ជាធម្មតា មិនថាមនុស្សមានចម្រុះទៅដោយជាតិសាសន៍ច្រើនប៉ុនណានោះទេ មនុស្សទាំងអស់ នៅតែជាសត្តនិករដែលព្រះជាម្ចាស់បានបង្កើតមកដដែល។ មិនថាមនុស្សស្ថិតក្នុងជាតិសាសន៍ណាមួយឡើយ ពួកគេគឺជាសត្តនិកររបស់ទ្រង់។ ពួកគេទាំងអស់គ្នា គឺជាកូនចៅរបស់អ័ដាម និងអេវ៉ា។ ថ្វីបើពួកគេមិនត្រូវបានព្រះជាម្ចាស់បង្កើតមកដោយផ្ទាល់ព្រះហស្ដទ្រង់ក្ដី ក៏ពួកគេនៅតែជាកូនចៅរបស់អ័ដាមនិងអេវ៉ា ដែលព្រះជាម្ចាស់បានបង្កើតមកដោយផ្ទាល់ដដែល។ មិនថាមនុស្សស្ថិតនៅក្នុងប្រភេទមនុស្សបែបណានោះទេ ពួកគេទាំងអស់គឺជាសត្តនិកររបស់ទ្រង់។ ដោយសារពួកគេជាមនុស្សដែលព្រះជាម្ចាស់បានបង្កើតមក នោះទិសដៅរបស់ពួកគេ គឺជាទិសដៅដែលមនុស្សគប្បីមាន ហើយពួកគេត្រូវបានញែកពីគ្នា ទៅតាមក្រឹត្យក្រមសម្រាប់រៀបចំមនុស្សលោក។ នេះមានន័យថា ទីបំផុត អ្នកប្រព្រឹត្តអាក្រក់ និងអ្នកសុចរិតទាំងអស់ គឺសុទ្ធតែជាសត្តនិករទាំងអស់។ សត្តនិករដែលប្រព្រឹត្តអាក្រក់ ចុងក្រោយនឹងត្រូវបំផ្លាញចោល ហើយសត្តនិករដែលប្រព្រឹត្តសុចរិត នឹងត្រូវរួចជីវិត។ នេះគឺជាការរៀបចំដ៏សមស្របបំផុតសម្រាប់សត្តនិករទាំងពីរប្រភេទនេះ។ ដោយសារការមិនស្ដាប់បង្គាប់របស់ពួកគេ ទោះបីជាពួកគេជាសន្តនិករដែលព្រះបានបង្កើតមកក្ដី ក៏អ្នកប្រព្រឹត្តអាក្រក់មិនអាចប្រកែកបានឡើយថា សាតាំងបានចាប់ចងពួកគេឡើយ ហើយដោយហេតុនេះ មិនអាចទទួលបានសេចក្ដីសង្គ្រោះឡើយ។ ផ្អែកតាមការពិតដែលថាពួកគេនឹងត្រូវរួចជីវិតនោះ សត្តនិករដែលប្រព្រឹត្តខ្លួនដោយសុចរិត មិនអាចបដិសេធបានឡើយថា ព្រះជាម្ចាស់បានបង្កើតពួកគេឡើងមក តែនៅមិនទាន់ទទួលបាននូវសេចក្ដីសង្គ្រោះ បន្ទាប់ពីត្រូវបានសាតាំងធ្វើឱ្យពុករលួយ។ អ្នកប្រព្រឹត្តអាក្រក់ គឺជាអ្នកដែលមិនស្ដាប់បង្គាប់ព្រះជាម្ចាស់។ ពួកគេគឺជាសត្តនិករដែលមិនអាចទទួលបានសេចក្ដីសង្គ្រោះ ហើយត្រូវបានសាតាំងចាប់ទុកជាយូរណាស់មកហើយ។ មនុស្សដែលប្រព្រឹត្តអាក្រក់ក៏ជាមនុស្សដែរ។ ពួកគេជាមនុស្សដែលត្រូវបានធ្វើឱ្យពុករលួយដល់ឆ្អឹង និងមិនអាចទទួលសេចក្ដីសង្គ្រោះបានឡើយ។ មនុស្សដែលប្រព្រឹត្តសុចរិត ក៏ត្រូវបានធ្វើឱ្យពុករលួយដូចជាសត្តនិករផ្សេងដែរ ប៉ុន្តែពួកគេជាមនុស្សដែលអាចផ្ដាច់ខ្លួនចេញពីនិស្ស័យពុករលួយរបស់ពួកគេបាន និងមានសមត្ថភាពចុះចូលនឹងព្រះជាម្ចាស់បាន។ មនុស្សដែលប្រព្រឹត្តិសុចរិត មិនពេញប្រៀបទៅដោយសេចក្ដីសុចរិតនោះទេ។ តែផ្ទុយទៅវិញ ពួកគេបានទទួលនូវសេចក្ដីសង្គ្រោះ និងបានផ្ដាច់ចេញពីនិស្ស័យពុករលួយរបស់ពួកគេ។ ពួកគេអាចចុះចូលនឹងព្រះជាម្ចាស់បាន។ ពួកគេនឹងប្រកាន់ខ្ជាប់ដោយបែបនេះរហូតដល់ទីបញ្ចប់ បើទោះបីមិនចាំបាច់និយាយថា ពួកគេមិនធ្លាប់ត្រូវបានសាតាំងធ្វើឱ្យពុករលួយក៏ដោយ។ ក្រោយពីកិច្ចការរបស់ព្រះជាម្ចាស់បានបញ្ចប់ ក្នុងចំណោមសត្តនិករទាំងអស់របស់ទ្រង់ នឹងមានអ្នកដែលនឹងត្រូវបំផ្លាញចោល និងអ្នកដែលនឹងត្រូវរួចខ្លួន។ នេះគឺជានិន្នាការដែលមិនអាចជៀសផុតបានឡើយនៅក្នុងកិច្ចការគ្រប់គ្រងរបស់ទ្រង់។ គ្មាននរណាម្នាក់អាចបដិសេធកិច្ចការនេះបានឡើយ។ អ្នកធ្វើអាក្រក់ នឹងមិនត្រូវអនុញ្ញាតឱ្យរួចខ្លួនបានឡើយ។ អ្នកដែលចុះចូល និងដើរតាមព្រះជាម្ចាស់រហូដល់ទីបញ្ចប់ ប្រាកដជានឹងបាននៅរស់រាន។ ដោយសារកិច្ចការនេះ គឺជាកិច្ចការនៃការគ្រប់គ្រងរបស់មនុស្ស នោះនឹងមានអ្នកដែលត្រូវនៅ និងអ្នកដែលត្រូវផាត់ចោល។ ទាំងអស់នេះ គឺជាលទ្ធផលខុសៗគ្នាសម្រាប់មនុស្សពីរប្រភេទផ្សេងគ្នានេះ ហើយពួកគេគឺជាការរៀបចំដ៏ស័ក្ដិសមបំផុតសម្រាប់សត្តនិកររបស់ព្រះជាម្ចាស់។ ការរៀបចំចុងក្រោយបង្អស់របស់ព្រះជាម្ចាស់សម្រាប់មនុស្ស គឺដើម្បីញែកពួកគេ ដោយបំបែកក្រុមគ្រួសារ កម្ទេចក្រុមជនជាតិ និងរំលាយព្រំប្រទល់ប្រទេស នៅក្នុងការរៀបចំមួយដែលគ្មានក្រុមគ្រួសារ ឬព្រំប្រទល់ប្រទេសអ្វីឡើយ ដ្បិតក្រោយពីនោះមក មនុស្សគឺជាកូនចៅដែលចេញពីដូនតាតែមួយ និងជាស្នាព្រះហស្ដបង្កើតឡើងដោយព្រះជាម្ចាស់។ សរុបមក សត្តនិករដែលប្រព្រឹត្តិអាក្រក់នឹងត្រូវបានបំផ្លាញចោល ហើយសត្តនិករដែលស្ដាប់បង្គាប់ព្រះជាម្ចាស់ នឹងត្រូវរួចផុតជីវិត។ ក្នុងលក្ខណៈនេះ នឹងលែងមានក្រុមគ្រួសារ លែងមានប្រទេស ជាពិសេស គ្មានក្រុមជនជាតិនៅក្នុងគ្រានៃសេចក្ដីសម្រាក ដែលនឹងចូលមកដល់នោះឡើយ។ មនុស្សទាំងពីរប្រភេទនេះ នឹងក្លាយជាប្រភេទមនុស្សដែលបរិសុទ្ធជាងគេបំផុត។ កាលដើមដំបូងឡើយ អ័ដាម និងអេវ៉ាត្រូវបានបង្កើតមក ដើម្បីឱ្យមនុស្សអាចមើលថែសព្វសារពើទាំងអស់នៅលើផែនដីនេះបាន។ កាលពីដើម មនុស្សលោក គឺជាម្ចាស់នៃសព្វសារពើទាំងអស់។ បំណងព្រះហឫទ័យរបស់ព្រះយេហូវ៉ានៅក្នុងការបង្កើតមនុស្សលោក គឺដើម្បីឱ្យពួកគេរស់នៅលើផែនដីនេះ និងដើម្បីមើលថែទាំគ្រប់សារពើទាំងអស់ដែលនៅលើផែនដី ដ្បិតមនុស្សកាលពីដើមដំបូងឡើយ មិនត្រូវបានធ្វើឱ្យពុករលួយ និងមិនអាចប្រព្រឹត្តអំពើអាក្រក់បានឡើយ។ យ៉ាងណាក៏ដោយ ក្រោយពេលដែលមនុស្សត្រូវបានធ្វើឱ្យពុករលួយរួចហើយ ពួកគេលែងក្លាយជាអ្នកមើលថែគ្រប់សព្វសារពើទៀតហើយ។ គោលបំណងនៃសេចក្ដីសង្គ្រោះរបស់ព្រះជាម្ចាស់ គឺដើម្បីស្រោចស្រង់មុខងាររបស់មនុស្សមកវិញ ដើម្បីស្រោចស្រង់នូវមូលហេតុដើម និងការស្ដាប់បង្គាប់ពីដើមរបស់មនុស្ស ត្រឡប់មកវិញ។ ការដែលមនុស្សស្ថិតក្នុងសេចក្ដីសម្រាក នឹងក្លាយជាការតំណាងឱ្យលទ្ធផល ដែលព្រះជាម្ចាស់សង្ឃឹមសម្រេចបាន នៅក្នុងកិច្ចការនៃសេចក្ដីសង្គ្រោះរបស់ទ្រង់។ បើទោះបីជាជីវិតនេះលែងជាជីវិតមួយដូចជាជីវិតនៅក្នុងសួនច្បារអេដែនក្ដី ក៏សារជាតិរបស់ពួកគេនៅដូចគ្នាដដែល។ មនុស្សនឹងលែងក្លាយជាមនុស្សនៅដើមដំបូង ដែលមិនមានការពុករលួយ ប៉ុន្តែផ្ទុយទៅវិញ នឹងក្លាយជាមនុស្សជាតិដែលបានពុករលួយ និងក្រោយមកក៏ទទួលបាននូវសេចក្ដីសង្គ្រោះ។ មនុស្សទាំងអស់ដែលបានទទួលនូវសេចក្ដីសង្គ្រោះ ចុងក្រោយ (ពោលគឺ បន្ទាប់ពីកិច្ចការរបស់ព្រះជាម្ចាស់បានបំពេញរួច) នឹងចូលទៅក្នុងសេចក្ដីសម្រាក។ ដូចគ្នានេះដែរ លទ្ធផលនៃអ្នកដែលនឹងត្រូវទទួលទោស ក៏នឹងត្រូវបើកសម្ដែងឱ្យឃើញទាំងស្រុងនៅទីចុងបំផុតដែរ ហើយពួកគេនឹងត្រូវបំផ្លាញចោល បន្ទាប់ពីកិច្ចការរបស់ព្រះជាម្ចាស់ត្រូវបានបញ្ចប់។ ម្យ៉ាងវិញទៀតក្រោយពេលកិច្ចការរបស់ទ្រង់ត្រូវបានបញ្ចប់ អ្នកប្រព្រឹត្តអាក្រក់ទាំងអស់នោះ ព្រមទាំងអ្នកដែលត្រូវបានសង្គ្រោះ នឹងសុទ្ធតែត្រូវបើកបង្ហាញឱ្យឃើញទាំងអស់ ដ្បិតកិច្ចការនៃការបើកសម្ដែងគ្រប់ប្រភេទទាំងអស់របស់មនុស្ស (មិនថាពួកគេជាអ្នកប្រព្រឹត្តអាក្រក់ ឬក្នុងចំណោមអ្នកដែលត្រូវបានសង្គ្រោះឡើយ) នឹងត្រូវអនុវត្តចំពោះមនុស្សគ្រប់គ្នា ក្នុងពេលតែមួយ។ អ្នកប្រព្រឹត្តអំពើអាក្រក់នឹងត្រូវផាត់ចោល ហើយអ្នកដែលត្រូវបានអនុញ្ញាតឱ្យបន្តរស់នៅ នឹងត្រូវបើកបង្ហាញនៅក្នុងពេលជាមួយគ្នានោះដែរ។ ហេតុនេះ លទ្ធផលរបស់មនុស្សគ្រប់ប្រភេទទាំងអស់ នឹងត្រូវបើកសម្ដែងនៅក្នុងពេលជាមួយគ្នានោះដែរ។ ព្រះជាម្ចាស់នឹងមិនអនុញ្ញាតឱ្យមនុស្សមួយក្រុមណា ដែលមិនទទួលបានសេចក្ដីសង្គ្រោះ ចូលទៅក្នុងសេចក្ដីសម្រាកនៅមុនពេលញែកអ្នកប្រព្រឹត្តអាក្រក់ទុកមួយឡែក និងជំនុំជម្រះ និងដាក់ទោសលើពួកគេបន្តិចម្ដងៗនោះទេ។ កិច្ចការបែបនេះនឹងមិនស្របគ្នាជាមួយនឹងការពិតឡើយ។ នៅពេលអ្នកប្រព្រឹត្តិអាក្រក់ត្រូវបានបំផ្លាញ ហើយពេលដែលអ្នករួចខ្លួន ចូលទៅក្នុងសេចក្ដីសម្រាក នោះកិច្ចការរបស់ព្រះជាម្ចាស់នៅទូទាំងសាកលលោកទាំងមូល នឹងត្រូវបញ្ចប់។ នឹងលែងមានលំដាប់លំដោយអាទិភាពក្នុងចំណោមមនុស្សដែលទទួលបានព្រះពរ និងអ្នកដែលទទួលរងសំណាងអាក្រក់ទៀតហើយ។ អ្នកដែលទទួលបានព្រះពរនឹងរស់នៅជារៀងរហូត ចំណែកឯអ្នកដែលទទួលរងសំណាងអាក្រក់ នឹងត្រូវវិនាសហិនហោចអស់កល្បជានិច្ច។ ដំណាក់កាលទាំងពីរនៃកិច្ចការនេះ នឹងត្រូវបញ្ចប់ក្នុងពេលដំណាលគ្នា។ ច្បាស់ណាស់ គឺដោយសារការកើតមាននូវមនុស្សដែលមិនស្ដាប់បង្គាប់នេះហើយ ទើបត្រូវបើកសម្ដែងឱ្យឃើញនូវសេចក្ដីសុចរិតរបស់អ្នកដែលចុះចូល ហើយច្បាស់ណាស់ គឺដោយសារមានអ្នកដែលទទួលបាននូវព្រះពរនេះហើយ ទើបត្រូវបើកសម្ដែងពីសំណាងអាក្រក់ដែលអ្នកដែលមានឥរិយាបថអាក្រក់ទទួលរង។ ប្រសិនបើព្រះជាម្ចាស់ មិនលាតត្រដាងពីអ្នកប្រព្រឹត្តអាក្រក់ទេ នោះមនុស្សដែលចុះចូលនឹងព្រះជាម្ចាស់ដោយចិត្តស្មោះ នឹងមិនដែលឃើញព្រះអាទិត្យឡើយ។ ប្រសិនបើព្រះជាម្ចាស់ពុំបាននាំយកអ្នកដែលចុះចូលនឹងទ្រង់ ទៅកាន់ទិសដៅសមស្របណាមួយទេ នោះមនុស្សដែលមិនស្ដាប់បង្គាប់ព្រះជាម្ចាស់ នឹងមិនអាចទទួលបាននូវការដាក់ទោសដែលពួកគេសមនឹងទទួលបានឡើយ។ នេះគឺជាដំណើរការនៃកិច្ចការរបស់ព្រះជាម្ចាស់។ ប្រសិនបើទ្រង់មិនបានបំពេញកិច្ចការនៃការដាក់ទោសអំពើអាក្រក់ ហើយប្រទានរង្វាន់ដល់អំពើល្អទេ នោះសត្តនិកររបស់ទ្រង់ នឹងមិនអាចចូលទៅក្នុងទិសដៅរៀងៗខ្លួនរបស់ពួកគេបានឡើយ។ នៅពេលដែលមនុស្សបានចូលទៅក្នុងសេចក្ដីសម្រាករួចហើយ អ្នកប្រព្រឹត្តអាក្រក់នឹងត្រូវបានបំផ្លាញចោលហើយមនុស្សជាតិទាំងអស់ នឹងបានដើរនៅលើផ្លូវត្រូវ។ មនុស្សគ្រប់ប្រភេទទាំងអស់ នឹងបានចូលទៅក្នុងប្រភេទរៀងៗខ្លួន ស្របទៅតាមមុខងារដែលពួកគេគប្បីបំពេញ។ មានតែបែបនេះទេ ទើបជាថ្ងៃសម្រាករបស់មនុស្ស វានឹងក្លាយជារឿងដែលមិនអាចជៀសផុតបានសម្រាប់ការវិវឌ្ឍន៍របស់មនុស្ស ហើយមានតែពេលដែលមនុស្សជាតិចូលទៅក្នុងសេចក្ដីសម្រាកប៉ុណ្ណោះ ទើបសមិទ្ធផលដ៏អស្ចារ្យនិងសមិទ្ធផលចុងក្រោយបង្អស់របស់ព្រះជាម្ចាស់ បានចូលដល់ទីបញ្ចប់។ នេះគឺជាផ្នែកចុងបញ្ចប់នៃកិច្ចការរបស់ទ្រង់។ កិច្ចការនេះនឹងត្រូវបញ្ចប់នូវជីវិតដុនដាបរបស់មនុស្សនៅខាងសាច់ឈាម ក៏ដូចជាជីវិតរបស់មនុស្សដែលពុករលួយផងដែរ។ ចាប់ពេលនោះតទៅ មនុស្សលោកនឹងត្រូវចូលទៅក្នុងពិភពថ្មីមួយ។ បើទោះជាមនុស្សទាំងអស់ នឹងរស់នៅខាងសាច់ឈាមក្ដី ក៏សារជាតិនៃជីវិតនេះ និងជីវិតរបស់មនុស្សពុករលួយ នឹងមានភាពខុសគ្នាយ៉ាងខ្លាំងដែរ។ សារជាតិសំខាន់នៃការរស់នៅនេះ និងសារជាតិនៃវត្តមានរបស់មនុស្សដែលពុករលួយ ក៏ខុសគ្នាផងដែរ។ បើទោះជាជីវិតនេះនឹងមិនមែនជាជីវិតរបស់មនុស្សប្រភេទថ្មីក្ដី ក៏អាចនិយាយបានថា ជាជីវិតនៃមនុស្សដែលបានទទួលនូវសេចក្ដីសង្គ្រោះ ក៏ដូចជាជីវិតមួយដែលមនុស្សនិងវិចារណញាណ ទទួលបានមកវិញ។ មនុស្សទាំងអស់នេះ គឺជាមនុស្សដែលធ្លាប់មិនស្ដាប់បង្គាប់ព្រះជាម្ចាស់ ជាមនុស្សដែលត្រូវបានព្រះជាម្ចាស់បង្ក្រាប ហើយបន្ទាប់មកត្រូវបានទ្រង់សង្គ្រោះដោយសារទ្រង់។ មនុស្សទាំងអស់នេះ គឺជាមនុស្សដែលមិនគោរពព្រះជាម្ចាស់ ហើយក្រោយមកបានធ្វើទីបន្ទាល់សម្រាប់ទ្រង់។ ក្រោយពីពួកគេបានឆ្លងកាត់ និងបានរួចផុតពីការសាកល្បងរបស់ទ្រង់ វត្តមានរបស់ពួកគេ នឹងក្លាយជាវត្តមានដែលមានអត្តន័យបំផុត។ ពួកគេគឺជាមនុស្សដែលធ្វើទីបន្ទាល់អំពីព្រះជាម្ចាស់នៅចំពោះមុខសាតាំង ហើយគឺជាមនុស្សលោកដែលស័ក្តិសមនឹងរស់នៅ។ អ្នកដែលនឹងត្រូវបំផ្លាញចោល គឺជាអ្នកដែលមិនអាចធ្វើទីបន្ទាល់ចំពោះព្រះជាម្ចាស់បាន និងមិនស័ក្តិសមនឹងបន្តរស់នៅឡើយ។ ការបំផ្លាញលើពួកគេ នឹងមកពីលទ្ធផលនៃអាកប្បកិរិយាអាក្រក់របស់ពួកគេ ហើយការធ្វើឱ្យពួកគេវិនាសសាបសូន្យបែបនេះ គឺជាទិសដៅល្អបំផុត។ នៅពេលអនាគត នៅពេលដែលមនុស្សជាតិចូលទៅក្នុងពិភពដ៏ស្រស់ស្អាត នោះនឹងលែងមានទំនាក់ទំនងរវាងប្ដីនិងប្រពន្ធ ទំនាក់ទំនងរវាងឪពុក និងកូនស្រី ឬទំនាក់ទំនងរវាងម្ដាយនិងកូនប្រុសទៀតហើយ ដែលមនុស្សស្រមៃថា ពួកគេនឹងអាចរកឃើញ។ នៅពេលនោះ មនុស្សម្នាក់ៗនឹងដើរតាមប្រភេទរៀងៗខ្លួន ហើយក្រុមគ្រួសារនឹងត្រូវបែកខ្ញែកពីគ្នា។ ដោយរងបរាជ័យទាំងស្រុងបែបនេះ សាតាំងនឹងមិនរំខានមនុស្សជាតិជាថ្មីទៀតឡើយ ហើយមនុស្សលោកនឹងលែងមាននិស្ស័យពុករលួយរបស់សាតាំងទៀតដែរ។ មនុស្សដែលមិនស្ដាប់បង្គាប់ នឹងត្រូវបានបំផ្លាញចោល ហើយមានតែមនុស្សដែលចុះចូលប៉ុណ្ណោះ ដែលនឹងបន្តរស់នៅបាន។ ដូច្នេះ មានក្រុមគ្រួសារតិចតួចណាស់ដែលនឹងរួចផុតពីភាពហ្មងសៅនេះ។ តើទំនាក់ទំនងខាងរូបកាយអាចបន្តកើតមានបានដោយរបៀបណា? ជីវិតខាងសាច់ឈាមរបស់មនុស្សពីមុន នឹងត្រូវហាមឃាត់ជាដាច់ខាត។ តើទំនាក់ទំនងខាងរូបកាយអាចកើតមានក្នុងចំណោមមនុស្សបានដោយរបៀបណា? បើគ្មាននិស្ស័យពុករលួយរបស់សាតាំងទេ ជីវិតរបស់មនុស្សលោកនឹងលែងជាជីវិតចាស់ នៅក្នុងពេលអតីតកាលទៀតហើយ ប៉ុន្តែជាជីវិតថ្មីមួយ។ ឪពុកម្ដាយនឹងបាត់បង់កូនចៅ ហើយកូនចៅនឹងបាត់បង់ឪពុកម្ដាយ។ ប្ដីនឹងបាត់បង់ប្រពន្ធ ហើយប្រពន្ធនឹងបាត់បង់ប្ដី។ បច្ចុប្បន្ន ទំនាក់ទំនងខាងរូបកាយ កើតមានក្នុងចំណោមមនុស្សលោក ប៉ុន្តែពួកគេនឹងលែងកើតមានទៀតឡើយ នៅពេលដែលមនុស្សគ្រប់គ្នាបានចូលទៅក្នុងសេចក្ដីសម្រាក។ មានតែមនុស្សជាតិប្រភេទនេះទេ ទើបមាននូវសេចក្ដីសុចរិតនិងភាពបរិសុទ្ធ។ មានតែមនុស្សជាតិប្រភេទនេះទេ ទើបអាចថ្វាយបង្គំព្រះជាម្ចាស់បាន។

(ដកស្រង់ពី «ព្រះជាម្ចាស់ និងមនុស្សលោក នឹងចូលទៅក្នុងសេចក្ដីសម្រាករួមគ្នា» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)

ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់  សម្រង់សម្ដីទី ៦០១

ព្រះជាម្ចាស់បានបង្កើតមនុស្សលោក និងដាក់ពួកគេនៅលើផែនដី ហើយទ្រង់បានដឹកនាំពួកគេចាប់តាំងពីពេលនោះមក។ ក្រោយមក ទ្រង់ក៏បានសង្គ្រោះពួកគេ និងធ្វើជាតង្វាយលោះបាបសម្រាប់មនុស្សជាតិ។ នៅទីបំផុត ទ្រង់នៅតែត្រូវយកឈ្នះលើមនុស្សជាតិ សង្គ្រោះមនុស្សលោកទាំងមូល និងស្រោចស្រង់ពួកគេទៅរកលក្ខណៈដើមរបស់ពួកគេវិញ។ នេះគឺជាកិច្ចការដែលទ្រង់បានចូលរួមធ្វើ ចាប់តាំងពីគ្រាដំបូងមកម៉្លេះ ជាការស្រោចស្រង់មនុស្សទៅរករូបអង្គ និងលក្ខណៈដើមរបស់ពួកគេវិញ។ ព្រះជាម្ចាស់នឹងបង្កើតនគរស្ថានសួគ៌របស់ទ្រង់ និងស្រោចស្រង់លក្ខណៈដើមរបស់មនុស្សជាតិត្រឡប់មកវិញ ដែលមានន័យថា ព្រះជាម្ចាស់នឹងស្រោចស្រង់នូវសិទ្ធិអំណាចរបស់ទ្រង់នៅលើផែនដី និងក្នុងចំណោមសត្តនិករទាំងអស់ត្រឡប់មកវិញ។ មនុស្សជាតិបានបាត់បង់នូវចិត្ត ដែលកោតខ្លាចព្រះជាម្ចាស់ ក៏ដូចជាមុខងារដែលប្រគល់ឱ្យសត្តនិកររបស់ព្រះជាម្ចាស់ ក្រោយពីត្រូវសាតាំងធ្វើឱ្យពុករលួយ ហើយបានក្លាយជាសត្រូវមិនស្ដាប់បង្គាប់ព្រះជាម្ចាស់។ ក្រោយមកទៀត មនុស្សជាតិរស់នៅក្រោមដែនត្រួតត្រារបស់សាតាំង និងបានដើរតាមការបញ្ជារបស់សាតាំង។ ហេតុនេះ ព្រះជាម្ចាស់គ្មានផ្លូវណាត្រូវបំពេញកិច្ចការក្នុងចំណោមសត្តនិកររបស់ទ្រង់ឡើយ ហើយកាន់តែមិនអាចយកឈ្នះលើការគោរពកោតខ្លាចដែលពោរពេញដោយការខ្លាចរអារនោះទេ។ មនុស្សលោកត្រូវបានព្រះជាម្ចាស់បង្កើតមក ហើយត្រូវថ្វាយបង្គំព្រះជាម្ចាស់ ប៉ុន្តែពួកគេទៅជាបែរខ្នងដាក់ទ្រង់ និងថា្វយបង្គំសាតាំងទៅវិញ។ សាតាំងបានក្លាយជាព្រះក្លែងក្លាយនៅក្នុងដួងចិត្តរបស់ពួកគេ។ ហេតុនេះ ព្រះជាម្ចាស់បានបាត់បង់នូវកន្លែងរបស់ទ្រង់នៅក្នុងដួងចិត្តរបស់ពួកគេ ដែលមានន័យថា ទ្រង់បានបាត់បង់នូវអត្ថន័យនៅពីក្រោយការបង្កើតមនុស្សជាតិរបស់ទ្រង់។ ហេតុនេះ ដើម្បីស្រោចស្រង់នូវអត្ថន័យនៅពីក្រោយការបង្កើតមនុស្សជាតិរបស់ទ្រង់ត្រឡប់មកវិញ ទ្រង់ត្រូវតែស្រោចស្រង់នូវភាពជាមនុស្សដើមរបស់ពួកគេត្រឡប់មកវិញ និងបំផ្លាស់បំប្រែនិស្ស័យពុករលួយរបស់ពួកគេចេញ។ ដើម្បីទាមទារយកមនុស្សពីសាតាំងវិញ ទ្រង់ត្រូវសង្គ្រោះពួកគេឱ្យរួចពីបាបសិន។ មានតែតាមរបៀបនេះទេ ទើបព្រះជាម្ចាស់អាចស្រោចស្រង់លក្ខណៈដើម និងមុខងាររបស់ពួកគេត្រឡប់មកវិញ ហើយចុងក្រោយ ក៏ស្រោចស្រង់នូវនគរស្ថានសួគ៌របស់ទ្រង់ត្រឡប់មកវិញ។ ការបំផ្លាញជាចុងក្រោយបង្អស់លើកូនដែលមិនស្ដាប់បង្គាប់ទាំងនោះ ក៏នឹងត្រូវអនុវត្តដើម្បីឱ្យមនុស្សបានថ្វាយបង្គំព្រះជាម្ចាស់ប្រសើរជាងមុនដែរ ហើយនឹងរស់នៅលើផែនដីនេះបានប្រសើរជាងមុន។ ដោយសារព្រះជាម្ចាស់បានបង្កើតមនុស្សលោកមក ទើបទ្រង់ត្រូវធ្វើឱ្យពួកគេថ្វាយបង្គំទ្រង់។ ដោយសារទ្រង់ចង់ស្រោចស្រង់មុខងារដើមរបស់មនុស្សជាតិត្រឡប់មកវិញ ទើបទ្រង់ត្រូវស្រោចស្រង់មុខងារនោះឱ្យបានទាំងស្រុង ដោយគ្មានការផិតក្បត់ឡើយ។ ការស្រោចស្រង់សិទ្ធិអំណាចរបស់ទ្រង់មានន័យថា ការធ្វើឱ្យមនុស្សថ្វាយបង្គំទ្រង់ និងចុះចូលចំពោះទ្រង់។ វាមានន័យថាព្រះជាម្ចាស់នឹងធ្វើឱ្យមនុស្សជាតិរស់នៅដោយសារទ្រង់ និងធ្វើឱ្យសត្រូវរបស់ទ្រង់វិនាសហិនហោច ដោយសារសិទ្ធិអំណាចរបស់ទ្រង់។ វាមានន័យថា ព្រះជាម្ចាស់នឹងធ្វើឱ្យសព្វសារពើររបស់ទ្រង់បន្តស្ថិតនៅក្នុងចំពោះមនុស្សជាតិ ដោយគ្មានការប្រឆាំងទាស់ពីនរណាម្នាក់ឡើយ។ នគរស្ថានសួគ៌ដែលព្រះជាម្ចាស់ចង់បង្កើត គឺជានគរស្ថានសួគ៌របស់ទ្រង់ផ្ទាល់។ មនុស្សជាតិដែលទ្រង់ចង់បាន គឺជាមនុស្សដែលនឹងថ្វាយបង្គំទ្រង់ ជាមនុស្សដែលនឹងចុះចូលចំពោះទ្រង់ទាំងស្រុង និងផ្សាយនូវសិរីល្អរបស់ទ្រង់។ ប្រសិនបើព្រះជាម្ចាស់ពុំបានសង្គ្រោះមនុស្សជាតិដែលពុករលួយទេ នោះអត្ថន័យពីក្រោយការបង្កើតមនុស្សជាតិរបស់ទ្រង់ នឹងត្រូវបាត់បង់។ ទ្រង់នឹងមិនមានសិទ្ធិអំណាចកាន់តែច្រើនក្នុងចំណោមមនុស្សជាតិ ហើយនគរស្ថានសួគ៌របស់ទ្រង់នឹងលែងអាចកើតមាននៅលើផែនដីនេះទៀតហើយ។ ប្រសិនបើព្រះជាម្ចាស់ពុំបានបំផ្លាញសត្រូវទាំងនោះដែលមិនស្ដាប់បង្គាប់ទ្រង់ទេ ទ្រង់នឹងមិនអាចទទួលបាននូវសិរីល្អពេញលេញរបស់ទ្រង់បានឡើយ ហើយទ្រង់ក៏នឹងមិនអាចបង្កើតនគរស្ថានសួគ៌របស់ទ្រង់នៅលើផែនដីនេះបានដែរ។ ទាំងអស់នេះ នឹងក្លាយជាទីសម្គាល់នៃការបញ្ចប់កិច្ចការរបស់ទ្រង់ និងជាជោគជ័យដ៏អស្ចារ្យរបស់ទ្រង់៖ ក្នុងការបំផ្លាញដល់អ្នកដែលនៅស្ថិតក្នុងចំណោមមនុស្សជាតិដែលមិនស្ដាប់បង្គាប់ទ្រង់ និងក្នុងការនាំអ្នកដែលបានធ្វើឱ្យពេញខ្នាតចូលទៅក្នុងសេចក្ដីសម្រាក។ នៅពេលដែលមនុស្សលោកត្រូវបានស្រោចស្រង់មកជាលក្ខណៈដើមរបស់ពួកគេវិញ ហើយនៅពេលដែលពួកគេអាចបំពេញភារកិច្ចរៀងៗខ្លួន រក្សាទីតាំងត្រឹមត្រូវរបស់ខ្លួន និងចុះចូលនឹងការរៀបចំទាំងអស់របស់ព្រះជាម្ចាស់បាន នោះព្រះជាម្ចាស់នឹង ទទួលយកមនុស្សមួយក្រុមនៅលើផែនដីដែលថ្វាយបង្គំទ្រង់ ហើយទ្រង់ក៏នឹងបានបង្កើតនគរមួយនៅលើផែនដីដែលថ្វាយបង្គំទ្រង់ផងដែរ។ ទ្រង់នឹងមានជ័យជម្នះជាអស់កល្បជានិច្ចនៅលើផែនដីនេះ ហើយអ្នកដែលប្រឆាំងនឹងទ្រង់ នឹងត្រូវវិនាសហិនហោចជាអស់កល្បជានិច្ច។ កិច្ចការនេះនឹងស្រោចស្រង់នូវបំណងព្រះហឫទ័យដើមរបស់ទ្រង់នៅក្នុងការបង្កើតមនុស្សជាតិនេះត្រឡប់មកវិញ។ វានឹងស្រោចស្រង់នូវបំណងព្រះហឫទ័យរបស់ទ្រង់ក្នុងការបង្កើតគ្រប់សព្វសារពើ ហើយក៏នឹងស្រោចស្រង់នូវសិទ្ធិអំណាចរបស់ទ្រង់នៅលើផែនដី ក្នុងចំណោមគ្រប់សព្វសារពើ និងក្នុងចំណោមសត្រូវរបស់ទ្រង់ត្រឡប់មកវិញផងដែរ។ ទាំងអស់នេះ នឹងក្លាយជានិមិត្តរូបនៃជ័យជម្នះទាំងស្រុងរបស់ទ្រង់។ ចាប់ពីពេលនោះមក មនុស្សជាតិនឹងចូលទៅក្នុងសេចក្ដីសម្រាក និងចាប់ផ្ដើមជីវិតមួយដែលស្ថិតនៅលើផ្លូវត្រូវ។ ព្រះជាម្ចាស់ ក៏នឹងចូលទៅក្នុងសេចក្ដីសម្រាកជាអស់កល្បជានិច្ចជាមួយមនុស្សជាតិផងដែរ និងចាប់ផ្ដើមជីវិតដ៏អស់កល្បជានិច្ច រួមគ្នាដោយទ្រង់ផ្ទាល់ព្រះអង្គ និងដោយមនុស្សលោក។ ភាពស្មោកគ្រោក និងការមិនស្ដាប់បង្គាប់នៅលើផែនដី នឹងត្រូវបាត់អស់ ហើយអ្នកស្រែកទួញថ្ងូរ នឹងបានរសាយចិត្ត ហើយគ្រប់សព្វសារពើទាំងអស់នៅក្នុងពិភពលោកនេះ ដែលប្រឆាំងទាស់នឹងព្រះជាម្ចាស់ នឹងត្រូវឈប់កើតមានទៀត។ មានតែព្រះជាម្ចាស់ និងអ្នកដែលទទួលបាននូវសេចក្ដីសង្គ្រោះរបស់ទ្រង់ប៉ុណ្ណោះ ដែលនឹងនៅបន្តទៀត។ មានតែសព្វសារពើដែលទ្រង់បង្កើតមកប៉ុណ្ណោះ ដែលនឹងត្រូវនៅបន្តទៀត។

(ដកស្រង់ពី «ព្រះជាម្ចាស់ និងមនុស្សលោក នឹងចូលទៅក្នុងសេចក្ដីសម្រាករួមគ្នា» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)

ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់  សម្រង់សម្ដីទី ៦០២

មនុស្សនឹងត្រូវបានប្រោសឱ្យបានគ្រប់លក្ខណ៍ទាំងស្រុង នៅក្នុងយុគសម័យនៃនគរព្រះ។ ក្រោយកិច្ចការនៃការយកឈ្នះ មនុស្សនឹងត្រូវទទួលការបន្សុទ្ធ និងទុក្ខវេទនា។ អស់អ្នកណាដែលអាចយកឈ្នះ និងឈរធ្វើទីបន្ទាល់ក្នុងអំឡុងពេលនៃទុក្ខវេទនានេះ គឺជាមនុស្សដែលនឹងត្រូវបានប្រោសឱ្យគ្រប់លក្ខណ៍នៅទីចុងបញ្ចប់ ហើយពួកគេគឺជាអ្នកមានជ័យជម្នះ។ ក្នុងអំឡុងពេលនៃទុក្ខវេទនានេះ មនុស្សតម្រូវឱ្យទទួលយកការបន្សុទ្ធនេះ ហើយការបន្សុទ្ធនេះគឺជាហេតុការណ៍ចុងក្រោយនៃកិច្ចការរបស់ព្រះជាម្ចាស់។ វាជាពេលចុងក្រោយដែលមនុស្សនឹងត្រូវបន្សុទ្ធ មុនពេលធ្វើការបូកសរុបកិច្ចការទាំងអស់នៃការគ្រប់គ្រងរបស់ព្រះជាម្ចាស់ ហើយអស់អ្នកណាដែលដើរតាមព្រះជាម្ចាស់ ត្រូវទទួលយកការសាកល្បងចុងក្រោយនេះ ហើយពួកគេត្រូវទទួលយកការបន្សុទ្ធចុងក្រោយនេះ។ អស់អ្នកណាដែលត្រូវបានរុកគួនដោយទុក្ខវេទនា គឺគ្មានកិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធ និងការដឹកនាំរបស់ព្រះជាម្ចាស់ឡើយ ប៉ុន្តែអស់អ្នកដែលត្រូវបានព្រះជាម្ចាស់យកឈ្នះដោយពិតប្រាកដ ហើយពិតជាស្វែងរកព្រះជាម្ចាស់ នោះពួកគេនឹងឈររឹងមាំនៅចុងបញ្ចប់ ហើយពួកគេជាម្នាក់ដែលមានភាពជាមនុស្ស និងជាអ្នកដែលស្រឡាញ់ដល់ព្រះជាម្ចាស់យ៉ាងពិតប្រាកដ។ មិនថាព្រះជាម្ចាស់ធ្វើអ្វីនោះឡើយ មនុស្សដ៏មានជ័យទាំងនេះនឹងមិនបាត់និមិត្តឡើយ ហើយគេនឹងនៅតែអនុវត្តតាមសេចក្តីពិតដោយមិនបរាជ័យនៅក្នុងទីបន្ទាល់របស់ពួកគេនោះឡើយ។ ពួកគេជាម្នាក់ដែលនឹងងើបឡើងចេញពីទុក្ខវេទនាដ៏ធំនៅគ្រាចុងក្រោយ។ បើអ្នកដែលកេងចំណេញពីកាលៈទេសៈជ្រួលច្របល់ នៅតែអាចកេងចំណេញនាពេលសព្វថ្ងៃដដែល ដូច្នេះ គ្មាននរណាម្នាក់អាចគេចផុតពីទុក្ខវេទនាចុងក្រោយ ហើយគ្មាននរណាម្នាក់អាចគេចផុតពីការសាកល្បងចុងក្រោយឡើយ។ សម្រាប់មនុស្សដែលត្រូវបានយកឈ្នះ ទុក្ខវេទនាបែបនេះគឺជាការបន្សុទ្ធដ៏ធំបំផុតមួយ ប៉ុន្តែសម្រាប់មនុស្សដែលកេងចំណេញពីកាលៈទេសៈជ្រួលច្របល់ វាជាកិច្ចការនៃការផាត់ចោលទាំងស្រុង។ មិនថាពួកគេត្រូវបានសាកល្បងបែបណាឡើយ ចិត្តភក្ដីភាពរបស់អស់អ្នកដែលមានព្រះជាម្ចាស់នៅក្នុងដួងចិត្តរបស់ពួកគេនៅតែមិនផ្លាស់ប្ដូរដដែល ប៉ុន្តែសម្រាប់អស់អ្នកដែលមិនមានព្រះជាម្ចាស់នៅក្នុងដួងចិត្តរបស់ពួកគេវិញ នៅពេលដែលកិច្ចការរបស់ព្រះជាម្ចាស់មិនមានប្រយោជន៍សម្រាប់សាច់ឈាមរបស់ពួកគេ នោះពួកគេប្រាកដជាផ្លាស់ប្ដូរទស្សនៈរបស់ពួកគេអំពីព្រះជាម្ចាស់ ហើយថែមទាំងឃ្លាតឆ្ងាយចេញពីព្រះជាម្ចាស់ទៀតផង។ មនុស្សបែបនេះនឹងមិនឈររឹងមាំនៅក្នុងគ្រាចុងក្រោយឡើយ ដ្បិតពួកគេជាមនុស្សស្វែងរកតែព្រះពររបស់ព្រះជាម្ចាស់ ហើយគ្មានបំណងចង់លះបង់ខ្លួនសម្រាប់ព្រះជាម្ចាស់និងថ្វាយខ្លួនទាំងស្រុងដល់ទ្រង់ឡើយ។ មនុស្សគ្មានតម្លៃបែបនេះនឹងត្រូវបណ្ដេញចេញទាំងអស់ នៅពេលដែលកិច្ចការរបស់ព្រះជាម្ចាស់មកដល់ទីបញ្ចប់ហើយពួកគេមិនសក្តិសមនឹងឱ្យអាណិតឡើយ។ អស់អ្នកណាដែលគ្មានភាពជាមនុស្ស នឹងគ្មានសមត្ថភាពស្រឡាញ់ព្រះជាម្ចាស់យ៉ាងពិតប្រាកដឡើយ។ នៅពេលដែលបរិយាកាសមានសុវត្ថិភាព និងសន្តិសុខល្អ ឬមានប្រយោជន៍ដល់ពួកគេ ពួកគេក៏ស្ដាប់បង្គាប់ព្រះជាម្ចាស់ទាំងស្រុង ប៉ុន្តែពេលដែលការប៉ងប្រាថ្នារបស់គេត្រូវបានចរចា ឬជំទាស់នៅចុងបញ្ចប់ភ្លាមៗនោះ ពួកគេក៏បះបោរ។ ទោះបីជានៅក្នុងពេលតែមួយយប់ក៏ដោយ ក៏ពួកគេអាចប្រែប្រួលពីមនុស្សម្នាក់ដែលញញឹមញញែម «ចិត្តល្អ» ទៅក្លាយជាឃាតកមុខអាក្រក់ និងកាចសាហាវម្នាក់ដែរ ដោយចាត់ទុកអ្នកមានគុណរបស់ពួកគេកាលពីអតីតកាល ជាខ្មាំងសត្រូវស្លាប់រស់របស់ពួកគេតែមួយប៉ប្រិចភ្នែកប៉ុណ្ណោះ។ ប្រសិនបើពួកអារក្សទាំងនេះមិនត្រូវបានបណ្ដេញចេញទេ នោះពួកវានឹងសម្លាប់មនុស្សដោយគ្មានចិត្តអល់អែកនោះឡើយ ដូច្នេះ តើពួកវានឹងមិនក្លាយជាគ្រោះថ្នាក់កំបាំងមុខទេឬអី? កិច្ចការនៃការសង្រ្គោះមនុស្ស មិនត្រូវបានសម្រេច ក្រោយការសម្រេចនៃកិច្ចការយកឈ្នះនោះឡើយ។ ទោះបីជាកិច្ចការនៃការយកឈ្នះបានមកដល់ទីបញ្ចប់ក៏ដោយ ប៉ុន្តែកិច្ចការបន្សុទ្ធមនុស្សឱ្យបរិសុទ្ធមិនទាន់បានចប់នៅឡើយទេ។ កិច្ចការបែបនេះនឹងត្រូវសម្រេចបាន លុះត្រាតែមនុស្សត្រូវបានញែកជាបរិសុទ្ធទាំងស្រុង លុះត្រាតែមនុស្សដែលបានចុះចូលចំពោះព្រះជាម្ចាស់យ៉ាងពិតប្រាកដ ត្រូវបានប្រោសឱ្យគ្រប់លក្ខណ៍ និងលុះត្រាតែមនុស្សក្លែងបន្លំដែលគ្មានព្រះជាម្ចាស់នៅក្នុងដួងចិត្តរបស់ពួកគេទាំងនោះ ត្រូវបានកម្ចាត់ចោលឱ្យស្អាតសិន។ អស់អ្នកណាដែលមិនបំពេញតាមព្រះទ័យរបស់ព្រះជាម្ចាស់នៅក្នុងដំណាក់កាលចុងក្រោយនៃកិច្ចការរបស់ទ្រង់ នឹងត្រូវផាត់ចោលទាំងស្រុង ហើយអស់អ្នកណាដែលត្រូវផាត់ចោល គឺសុទ្ធតែមកពីអារក្ស។ នៅពេលដែលពួកគេគ្មានសមត្ថភាពបំពេញតាមព្រះទ័យព្រះជាម្ចាស់ ពួកគេបះបោរប្រឆាំងនឹងព្រះជាម្ចាស់ ហើយទោះបីជាមនុស្សទាំងនេះដើរតាមព្រះជាម្ចាស់នាពេលសព្វថ្ងៃក៏ដោយ ក៏វាមិនបញ្ជាក់បានថា ពួកគេជាមនុស្សដែលនឹងបន្តដើរតាមទ្រង់រហូតដល់ចុងក្រោយនោះដែរ។ នៅក្នុងឃ្លាថា «អស់អ្នកដែលដើរតាមព្រះជាម្ចាស់ដល់ទីចុងបញ្ចប់នឹងទទួលបានសេចក្តីសង្រ្គោះ» អត្ថន័យនៃពាក្យថា «ដើរតាម» គឺជាការឈររឹងមាំនៅក្នុងពេលជួបទុក្ខវេទនា។ សព្វថ្ងៃនេះ មនុស្សជាច្រើនជឿថា ការដើរតាមព្រះជាម្ចាស់ គឺជារឿងងាយស្រួល ប៉ុន្តែនៅពេលដែលកិច្ចការរបស់ព្រះជាម្ចាស់ជិតមកដល់ទីបញ្ចប់នោះអ្នកនឹងដឹងអំពីអត្ថន័យដ៏ពិត នៃពាក្យថា «ដើរតាម» មិនខាន។ ដោយគ្រាន់តែអ្នកនៅតែអាចដើរតាមព្រះជាម្ចាស់នាពេលសព្វថ្ងៃ ក្រោយត្រូវបានទ្រង់យកឈ្នះ ការនេះមិនបញ្ជាក់បានថា អ្នកជាម្នាក់នៅក្នុងចំណោមមនុស្សដែលនឹងត្រូវបានប្រោសឱ្យគ្រប់លក្ខណ៍នោះឡើយ។ អស់អ្នកណាដែលមិនអាចទ្រាំទ្រនឹងការសាកល្បង ជាអ្នកដែលគ្មានសមត្ថភាពមានជ័យជម្នះនៅក្នុងពេលជួបទុក្ខវេទនានាពេលចុងបញ្ចប់ គេនឹងគ្មានសមត្ថភាពឈររឹងមាំ ហើយគេនឹងមិនអាចដើរតាមព្រះជាម្ចាស់រហូតដល់ទីបញ្ចប់នោះឡើយ។ អស់អ្នកណាដែលដើរតាមព្រះជាម្ចាស់យ៉ាងពិតប្រាកដ អាចឈរមាំនឹងការសាកល្បងនៃកិច្ចការរបស់ពួកគេ ខណៈមនុស្សដែលមិនដើរតាមព្រះជាម្ចាស់យ៉ាងពិតប្រាកដ នឹងគ្មានសមត្ថភាពឈរមាំនឹងការសាកល្បងណាមួយរបស់ព្រះជាម្ចាស់ឡើយ។ មិនយូរមិនឆាប់ ពួកគេនឹងត្រូវបណ្ដេញចេញ ខណៈពេលដែលពួកអ្នកមានជ័យជម្នះនឹងបន្តនៅក្នុងនគរព្រះ។ មនុស្សម្នាក់ស្វែងរកព្រះជាម្ចាស់យ៉ាងពិតប្រាកដឬយ៉ាងណា គឺត្រូវកំណត់ដោយការសាកល្បងនៃកិច្ចការរបស់គេ ដែលជាការល្បងលរបស់ព្រះជាម្ចាស់ ហើយវាគ្មានទាក់ទងអ្វីជាមួយនឹងការសម្រេចចិត្តដែលមនុស្សធ្វើនោះឡើយ។ ព្រះជាម្ចាស់មិនបដិសេធបុគ្គលណាម្នាក់ដោយឥតហេតុផលឡើយ ហើយគ្រប់កិច្ចការដែលទ្រង់ធ្វើ អាចធ្វើឱ្យមនុស្សជឿជាក់ទាំងស្រុង។ ទ្រង់មិនធ្វើអ្វីមួយដែលមនុស្សមើលមិនឃើញ ឬធ្វើកិច្ចការណាមួយដែលមិនអាចធ្វើឱ្យមនុស្សជឿនោះទេ។ បើចង់ដឹងថា សេចក្តីជំនឿរបស់មនុស្សពិត ឬក្លែងក្លាយ គឺត្រូវបញ្ជាក់ដោយការពិត ហើយវាមិនអាចត្រូវបានសម្រេចចិត្តដោយមនុស្សឡើយ។ «ស្រូវមិនអាចធ្វើឱ្យក្លាយជាស្រងែបានឡើយ ហើយស្រងែក៏មិនអាចធ្វើឱ្យក្លាយជាស្រូវបានដែរ» នេះជាចំណុចមួយដែលគ្មានអ្វីគួរឱ្យសង្ស័យឡើយ។ អស់អ្នកណាដែលស្រឡាញ់ព្រះជាម្ចាស់យ៉ាងពិតប្រាកដ ចុងបញ្ចប់ គេនឹងបន្តនៅក្នុងនគរព្រះ ហើយព្រះជាម្ចាស់នឹងមិនធ្វើបាបនរណាម្នាក់ដែលស្រឡាញ់ទ្រង់យ៉ាងពិតប្រាកដឡើយ។ ដោយផ្អែកលើមុខងារ និងទីបន្ទាល់ផ្សេងៗរបស់ពួកគេ ពួកអ្នកមានជ័យជម្នះនៅក្នុងនគរព្រះ នឹងបម្រើក្នុងមុខងារជាសង្ឃ ឬជាអ្នកដើរតាមហើយអស់អ្នកដែលមានជ័យជម្នះនៅក្នុងពេលជួបទុក្ខវេទនា នឹងក្លាយជាសមាជិកនៃគណៈសង្ឃនៅក្នុងនគរព្រះ។ គណៈសង្ឃនឹងត្រូវបង្កើតឡើងនៅពេលដែលកិច្ចការនៃដំណឹងល្អនៅទូទាំងសកលលោកបានមកដល់ទីបញ្ចប់។ នៅពេលដែលគ្រានោះមកដល់ ការដែលមនុស្សគួរតែធ្វើនឹងក្លាយជាការបំពេញតាមភារកិច្ចរបស់គេនៅក្នុងនគររបស់ព្រះជាម្ចាស់ និងរស់នៅជាមួយព្រះជាម្ចាស់នៅក្នុងនគរព្រះ។ នៅក្នុងគណៈបូជាចារ្យ វានឹងមានមហាបូជាចារ្យ និងពួកបូជាចារ្យ ហើយអ្នកផ្សេងទៀតនឹងក្លាយជាពួកកូនប្រុស និងប្រជារាស្ត្ររបស់ព្រះជាម្ចាស់។ ការនេះត្រូវបានកំណត់ដោយទីបន្ទាល់របស់ពួកគេអំពីព្រះជាម្ចាស់ក្នុងអំឡុងពេលនៃទុក្ខវេទនា ហើយទាំងនេះមិនមែនជាងារដែលត្រូវបានផ្ដល់ជូនទាំងឥតហេតុផលនោះឡើយ។ នៅពេលដែលឋានៈរបស់មនុស្សត្រូវបានតាំងឡើង នោះកិច្ចការរបស់ព្រះជាម្ចាស់នឹងត្រូវឈប់ ដ្បិតមនុស្សម្នាក់ៗត្រូវបានចាត់ថ្នាក់ទៅតាមប្រភេទ និងត្រលប់ទៅកាន់មុខងារដើមរបស់គេ ហើយនេះគឺជាសញ្ញានៃការសម្រេចកិច្ចការរបស់ព្រះជាម្ចាស់ វាជាលទ្ធផលចុងក្រោយនៃកិច្ចការរបស់ព្រះជាម្ចាស់ និងការអនុវត្តរបស់មនុស្ស ហើយវាជារូបតំណាងឱ្យនិមិត្តនៃកិច្ចការរបស់ព្រះជាម្ចាស់ និងកិច្ចសហប្រតិបត្តិការរបស់មនុស្ស។ ចុងបញ្ចប់ មនុស្សនឹងរកឃើញសេចក្តីស្ងប់សុខនៅក្នុងនគរព្រះ ហើយព្រះជាម្ចាស់ក៏នឹងយាងត្រលប់ទៅកាន់ព្រះដំណាក់របស់ទ្រង់ ដើម្បីសម្រាកដែរ។ ការនេះនឹងបានជាលទ្ធផលចុងក្រោយនៃកិច្ចសហប្រតិបត្តិការរយៈពេល ៦ ០០០ ឆ្នាំ រវាងព្រះជាម្ចាស់និងមនុស្ស។

(ដកស្រង់ពី «កិច្ចការរបស់ព្រះជាម្ចាស់ និងការអនុវត្តរបស់មនុស្ស» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)

ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់  សម្រង់សម្ដីទី ៦០៣

អស់អ្នកនៅក្នុងចំណោមបងប្អូនប្រុសស្រីដែលតែងតែបង្ហាញនូវភាពអវិជ្ជមានរបស់ខ្លួន គឺជាកញ្ជះរបស់សាតាំង ហើយពួកគេរំខានដល់ពួកជំនុំ។ មនុស្សបែបនេះ នឹងត្រូវបណ្តេញ និងផាត់ចោលនៅថ្ងៃណាមួយជាមិនខាន។ នៅក្នុងជំនឿរបស់ពួកគេលើព្រះជាម្ចាស់ ប្រសិនបើមនុស្សមិនមានដួងចិត្តគោរពចំពោះព្រះជាម្ចាស់ ប្រសិនបើពួកគេមិនមានដួងចិត្តនៃការស្ដាប់បង្គាប់ចំពោះព្រះជាម្ចាស់នោះទេ នោះពួកគេមិនត្រឹមតែមិនអាចធ្វើកិច្ចការណាមួយសម្រាប់ទ្រង់ប៉ុណ្ណោះទេ តែផ្ទុយទៅវិញ ពួកគេនឹងក្លាយជាអ្នកដែលរំខានដល់កិច្ចការរបស់ទ្រង់ ហើយជាអ្នកដែលបំពានលើទ្រង់។ ការជឿលើព្រះជាម្ចាស់តែមិនស្តាប់បង្គាប់ ឬគោរពចំពោះទ្រង់ ហើយបែរជាទាស់ប្រឆាំងនឹងទ្រង់ទៅវិញ នោះគឺជាការបង្ខូចព្រះកិត្តិនាមយ៉ាងខ្លាំងចំពោះអ្នកជឿ។ ប្រសិនបើអ្នកជឿទាំងឡាយ គ្រាន់តែជាមនុស្សធម្មតា និងមិនចេះទប់ការនិយាយរបស់ខ្លួន ហើយប្រព្រឹត្ដដូចជាអ្នកមិនជឿ នោះពួកគេគឺអាក្រក់ជាងអ្នកមិនជឿទៅទៀត។ ពួកគេគឺជាអារក្សពីបុរាណ។ អស់អ្នកដែលបញ្ចេញសម្ដីពិសពុល និងរប៉ិលរប៉ូចនៅក្នុងក្រុមជំនុំ ជាអ្នកផ្សាយពាក្យចចាមអារាម បង្កជាភាពមិនចុះសម្រុងគ្នា និងបង្កជាបក្សពួកមនុស្សខូចក្នុងចំណោមបងប្អូនប្រុសស្រី គឺពួកគេគួរត្រូវបណ្តេញចេញពីក្រុមជំនុំ។ ប៉ុន្ដែដោយសារឥឡូវនេះជាយុគសម័យនៃកិច្ចការរបស់ព្រះជាម្ចាស់ដែលខុសពីមុន មនុស្សទាំងនេះត្រូវបានដាក់កម្រិត ដ្បិតពួកគេត្រូវបានកំណត់ថានឹងត្រូវផាត់ចោល។ អស់អ្នកដែលត្រូវបានធ្វើឱ្យពុករលួយដោយសាតាំង គឺមាននិស្ស័យពុករលួយ។ អ្នកខ្លះមិនមានអ្វីក្រៅពីនិស្ស័យពុករលួយឡើយ ខណៈពេលដែលអ្នកខ្លះទៀតមានភាពខុសប្លែកគ្នា៖ ពួកគេមិនត្រឹមតែមាននិស្ស័យរបស់សាតាំងដែលពុករលួយប៉ុណ្ណោះទេ ប៉ុន្តែធម្មជាតិរបស់ពួកគេក៏មានលក្ខណៈព្យាបាទផងដែរ។ មិនត្រឹមតែពាក្យសម្ដី និងសកម្មភាពរបស់ពួកគេ បង្ហាញពីការពុករលួយ និងនិស្ស័យសាតាំងរបស់ពួកគេប៉ុណ្ណោះទេ លើសពីនេះទៅទៀត មនុស្សទាំងនេះជាអារក្សសាតាំងដ៏ពិតប្រាកដ។ ឥរិយាបថរបស់ពួកគេកាត់ផ្ដាច់ និងរំខានដល់កិច្ចការរបស់ព្រះជាម្ចាស់ វារារាំងដល់ការចូលរបស់បងប្អូនប្រុសស្រីទៅក្នុងជីវិត ហើយវាធ្វើឱ្យខូចខាតដល់ជីវិតធម្មតារបស់ពួកជំនុំ។ មិនយូរមិនឆាប់ ចចកដែលពាក់រោមចៀមទាំងនេះ នឹងត្រូវបានកំចាត់ចោល។ អាកប្បកិរិយាដែលឥតមេត្តា និងអាកប្បកិរិយាដែលបដិសេធ គួរត្រូវបានទទួលយកដោយកញ្ជះរបស់សាតាំងទាំងនេះ។ មានតែការធ្វើដូច្នេះទេ ទើបអាចឈរនៅខាងព្រះជាម្ចាស់បាន ហើយអស់អ្នកដែលខកខានមិនបានធ្វើដូចេ្នះ គឺនឹងផុងទៅយ៉ាងជ្រៅជាមួយសាតាំង។ មនុស្សដែលជឿលើព្រះជាម្ចាស់ដ៏ពិតប្រាកដ តែងតែមានទ្រង់នៅក្នុងដួងចិត្តរបស់ខ្លួនជានិច្ច ហើយពួកគេតែងតែផ្ទុកនៅក្នុងខ្លួនគេនូវដួងចិត្តដែលគោរពដល់ព្រះជាម្ចាស់ និងដួងចិត្តដែលស្រឡាញ់ដល់ព្រះជាម្ចាស់។ អស់អ្នកដែលជឿលើព្រះជាម្ចាស់ គប្បីធ្វើអ្វីៗដោយប្រយ័ត្នប្រយែង និងដោយប្រុងប្រយ័ត្ន ហើយគ្រប់អ្វីដែលពួកគេធ្វើ គប្បីស្របតាមសេចក្ដីតម្រូវរបស់ព្រះជាម្ចាស់ ហើយអាចផ្គាប់ព្រះហឫទ័យរបស់ទ្រង់បាន។ ពួកគេមិនគួររឹងចចេស និងធ្វើអ្វីដែលពួកគេពេញចិត្ត ដែលមិនសមនឹងបែបបទរបស់ពួកបរិសុទ្ធឡើយ។ មនុស្សមិនត្រូវប្រព្រឹត្តអ្វីដែលមិនសមរម្យ លើកព្រះនាមព្រះជាម្ចាស់គ្រប់ទីកន្លែងដោយភាពក្រអឺតក្រទម និងបោកប្រាស់គ្រប់ទីកន្លែងនោះឡើយ។ នេះគឺជាប្រភេទនៃការប្រព្រឹត្ដិដែលបះបោរខ្លាំងបំផុត។ គ្រួសារមានច្បាប់ទម្លាប់របស់ខ្លួន ហើយប្រជាជាតិនានាមានច្បាប់របស់ខ្លួន ហើយតើនៅក្នុងដំណាក់របស់ព្រះជាម្ចាស់ មិនមានច្បាប់ទម្លាប់ច្រើនជាងនេះទេឬអី? តើនោះមិនកាន់តែមានបទដ្ឋានតឹងរ៉ឹងខ្លាំងទេឬអី? តើនោះមិនកាន់តែមានបញ្ញត្ដិរដ្ឋបាលច្រើនទេឬអី? មនុស្សមានសេរីភាពធ្វើអ្វីដែលពួកគេចង់ធ្វើ ប៉ុន្តែបញ្ញត្តិរដ្ឋបាលរបស់ព្រះជាម្ចាស់មិនអាចធ្វើការផ្លាស់ប្តូរតាមតែចិត្តនោះឡើយ។ ព្រះជាម្ចាស់គឺជាព្រះដែលមិនអត់ឱនចំពោះការប្រព្រឹត្តខុសរបស់មនុស្សឡើយ ទ្រង់គឺជាព្រះជាម្ចាស់ដែលប្រហារជីវិតមនុស្ស។ តើមនុស្សពិតជាមិនបានដឹងពីរឿងនេះហើយទេឬ?

(ដកស្រង់ពី «ការព្រមានដល់អស់អ្នកដែលមិនអនុវត្តនូវសេចក្តីពិត» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)

ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់  សម្រង់សម្ដីទី ៦០៤

គ្រប់ក្រុមជំនុំទាំងអស់សុទ្ធតែមានមនុស្សដែលបង្កបញ្ហាដល់ក្រុមជំនុំ ឬជ្រៀតជ្រែកក្នុងកិច្ចការរបស់ព្រះជាម្ចាស់។ ពួកគេទាំងអស់ជាសាតាំងដែលបានបន្លំខ្លួនជ្រៀតចូលក្នុងដំណាក់របស់ព្រះជាម្ចាស់។ មនុស្សបែបនេះពូកែសំដែងណាស់៖ ពួកគេមកនៅចំពោះខ្ញុំដោយការគោរពដ៏ខ្ពង់ខ្ពស់ ដោយឱនក្រាបថ្វាយបង្គំ រស់នៅដូចឆ្កែអង្គែស៊ី និងលះបង់ «អ្វីៗទាំងអស់» របស់ពួកគេ ដើម្បីសម្រេចគោលបំណងផ្ទាល់ខ្លួនរបស់ពួកគេ ប៉ុន្តែនៅចំពោះមុខបងប្អូនប្រុសស្រី ពួកគេបង្ហាញផ្នែកអាក្រក់របស់ពួកគេ។ នៅពេលពួកគេឃើញមនុស្សដែលអនុវត្តនូវសេចក្ដីពិត ពួកគេវាយវាយប្រហារមនុស្សទាំងនោះ ហើយដាក់មនុស្សទាំងនោះមួយឡែក។ នៅពេលដែលពួកគេឃើញមនុស្សដែលអស្ចារ្យជាងខ្លួន ពួកគេបញ្ចើចបញ្ចើ និងលែបខាយចំពោះមនុស្សទាំងនោះ។ ពួកគេធ្វើអ្វីតាមចិត្តនៅក្នុងក្រុមជំនុំ។ អាចនិយាយបានថា «មនុស្សរករឿងគេក្នុងក្រុមជំនុំ» បែបនេះ និង «មនុស្សចាំតែធ្វើតាមគេប្រាប់» បែបនេះ មាននៅក្នុងក្រុមជំនុំភាគច្រើន។ ពួកគេដើរចុះឡើងជាមួយគ្នា ព្រិចភ្នែក និងឱ្យសញ្ញាសម្ងាត់គ្នាទៅវិញទៅមក ហើយគ្មាននរណាម្នាក់ក្នុងចំណោមពួកគេអនុវត្តនូវសេចក្ដីពិតទេ។ អ្នកណាដែលពិសពុលខ្លាំងជាងគេ គឺជា «មេអារក្ស» ហើយអ្នកណាមានកិត្យានុភាពខ្ពស់បំផុតនឹងដឹកនាំពួកគេ ដោយលើកទង់របស់គេខ្ពស់ឡើង។ មនុស្សទាំងនេះទាស់ទែងគ្នានៅក្នុងក្រុមជំនុំ ដោយផ្សាយពីភាពអវិជ្ជមានរបស់ពួកគេ បង្ហាញពីការស្លាប់ ធ្វើអ្វីតាមដែលពួកគេពេញចិត្ត និយាយតាមដែលពួកគេពេញចិត្ត ហើយគ្មាននរណាម្នាក់ហ៊ានបញ្ឈប់ពួកគេទេ។ ពួកគេពោរពេញទៅដោយនិស្ស័យរបស់សាតាំង។ មិនយូរប៉ុន្មាន ពួកគេបណ្តាលឱ្យមានការរំខានជាងខ្យល់នៃសេចក្តីស្លាប់ចូលក្រុមជំនុំទៅទៀត។ អស់អ្នកដែលនៅក្នុងក្រុមជំនុំដែលអនុវត្តនូវសេចក្តីពិត ត្រូវបានបណ្តេញចេញ មិនអាចធ្វើអ្វីបានទាំងអស់ ខណៈអ្នកដែលរំខានដល់ពួកជំនុំ ហើយលាតត្រដាងពីសេចក្ដីស្លាប់ដោយភាពក្រេវក្រោធ ហើយមានច្រើនទៀត បែរជាមានមនុស្សភាគច្រើនដើរតាមពួកគេទៅវិញ។ ជាការពិត ពួកជំនុំបែបនេះគ្រប់គ្រងដោយសាតាំង ហើយអារក្សគឺជាស្តេចរបស់ពួកគេ។ ប្រសិនបើពួកជំនុំមិនក្រោកឡើង ហើយបដិសេធនឹងមេអារក្សនោះទេ នោះពួកគេមិនយូរមិនឆាប់នឹងត្រូវវិនាសអន្តរាយដែរ។ ចាប់ពីពេលនេះទៅ ចំណាត់ការត្រូវធ្វើឡើងទាស់ប្រឆាំងនឹងពួកជំនុំបែបនេះ។ ប្រសិនបើអស់អ្នកដែលមានសមត្ថភាព តែមិនអនុវត្តស្វែងរកនូវសេចក្ដីពិតបន្តិចបន្តួចនោះទេ ពេលនោះពួកជំនុំនោះនឹងត្រូវបណ្តេញចេញ។ ប្រសិនបើពួកជំនុំមិនមាននរណាម្នាក់ដែលមានឆន្ទៈអនុវត្តនូវសេចក្តីពិត ហើយគ្មាននរណាម្នាក់ដែលអាចធ្វើបន្ទាល់សម្រាប់ព្រះជាម្ចាស់បានទេ នោះពួកជំនុំនោះគប្បីនៅដាច់ឆ្ងាយពីគេទាំងស្រុង ហើយទំនាក់ទំនងរបស់ពួកជំនុំនោះជាមួយពួកជំនុំផ្សេងទៀត ត្រូវតែកាត់ផ្តាច់។ នេះគេហៅថា «ការបញ្ចុះសព»។ នេះជាអត្ថន័យនៃការបណ្ដេញអារក្សចេញ។ ប្រសិនបើពួកជំនុំមួយមានក្រុមមនុស្សរករឿងគេច្រើន ហើយពួកគេត្រូវបានដើរតាមដោយ «ពួកពលបរិវារ» ដែលខ្វះនូវយោបល់ទាំងស្រុង ហើយប្រសិនបើពួកជំនុំដែលសូម្បីតែបន្ទាប់ពីបានឃើញនូវសេចក្ដីពិតហើយ នៅតែមិនអាចបដិសេធបានចំពោះការចងភ្ជាប់ និងឧបាយកលនៃក្រុមមនុស្សដែលរករឿងទាំងនេះបានទេ នោះមនុស្សល្ងីល្ងើទាំងអស់នោះ នឹងត្រូវផាត់ចោលនៅទីបំផុត។ ពួកពលបរិវារទាំងនេះប្រហែលជាមិនបានធ្វើអ្វីមួយដែលអាក្រក់នោះទេ ប៉ុន្តែពួកគេកាន់តែមានភាពបោកបញ្ឆោត កាន់តែវង្វេង ហើយមនុស្សគ្រប់រូបដែលបែបនេះនឹងត្រូវផាត់ចោល។ មិនមាននរណាម្នាក់ឡើយដែលនឹងនៅសល់! អស់អ្នកដែលជាកម្មសិទ្ធិរបស់សាតាំងនឹងត្រូវត្រឡប់ទៅសាតាំងវិញ រីឯអស់អ្នកដែលជារបស់ព្រះជាម្ចាស់ ប្រាកដជាស្វែងរកនូវសេចក្តីពិត។ ការនេះគឺសម្រេចដោយធម្មជាតិរបស់ពួកគេ។ អស់អ្នកដែលដើរតាមសាតាំងទាំងអស់នឹងត្រូវវិនាស! គ្មានការអាណិតអាសូរណា នឹងត្រូវបានបង្ហាញដល់មនុស្សបែបនេះឡើយ។ ចូរឱ្យអ្នកដែលស្វែងរកសេចក្តីពិតនឹងត្រូវបានប្រទានឱ្យ ហើយចូរឱ្យពួកគេអាចរីករាយនឹងព្រះបន្ទូលរបស់ព្រះជាម្ចាស់នៅក្នុងដួងចិត្តដែលស្កប់របស់ពួកគេ។ ព្រះជាម្ចាស់ទ្រង់សុចរិត។ ទ្រង់នឹងមិនបង្ហាញការសព្វព្រះទ័យដោយលំអៀងចំពោះនរណាម្នាក់ឡើយ។ ប្រសិនបើអ្នកជាអារក្ស នោះអ្នកមិនអាចអនុវត្តនូវសេចក្ដីពិតបានឡើយ។ ប្រសិនបើអ្នកជាមនុស្សម្នាក់ដែលស្វែងរកសេចក្ដីពិត នោះវាប្រាកដច្បាស់ថា អ្នកនឹងមិនត្រូវបានចាប់ជាឈ្លើយដោយសាតាំងឡើយ។ ការនេះគឺហួសពីការសង្ស័យទាំងអស់។

(ដកស្រង់ពី «ការព្រមានដល់អស់អ្នកដែលមិនអនុវត្តនូវសេចក្តីពិត» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)

ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់  សម្រង់សម្ដីទី ៦០៥

មនុស្សដែលមិនខិតខំប្រឹងប្រែងដើម្បីមានការលូតលាស់ តែងតែប្រាថ្នាឱ្យអ្នកដទៃមានភាពអវិជ្ជមាន និងសោះអង្គើយដូចខ្លួនឯងជានិច្ច។ អ្នកដែលមិនអនុវត្តសេចក្តីពិត គឺច្រណែននឹងអ្នកដែលអនុវត្តសេចក្ដីពិត ហើយតែងតែព្យាយាមបោកបញ្ឆោតដល់អ្នកដែលល្ងីល្ងើ និងខ្វះការឈ្វេងយល់។ អ្វីៗដែលមនុស្សទាំងនេះសម្ដែងចេញមក អាចបណ្តាលឱ្យអ្នកទន់ខ្សោយ រអិលធ្លាក់ចុះក្រោម វិវឌ្ឍទៅជាសភាពមិនប្រក្រតី និងពេញទៅដោយភាពងងឹត ធ្វើឱ្យអ្នកឃ្លាតឆ្ងាយពីព្រះជាម្ចាស់ ព្រមទាំងស្រឡាញ់សាច់ឈាម និងបណ្ដែតបណ្ដោយខ្លួន។ មនុស្សដែលមិនស្រឡាញ់សេចក្ដីពិត ហើយតែងធ្វេសប្រហែសមិនអើពោះនឹងព្រះជាម្ចាស់ គឺគ្មានការស្គាល់ខ្លួនឯងឡើយ ហើយនិស្ស័យរបស់មនុស្សបែបនេះ អន្ទងចិត្តអ្នកដទៃឱ្យប្រព្រឹត្ដបាប និងប្រឆាំងនឹងព្រះជាម្ចាស់។ ពួកគេមិនអនុវត្តនូវសេចក្ដីពិត ហើយក៏មិនអនុញ្ញាតឱ្យអ្នកដទៃអនុវត្តនូវសេចក្ដីពិតដែរ។ ពួកគេស្រឡាញ់អំពើបាប ហើយមិនស្អប់ខ្ពើមនឹងខ្លួនឯងទេ។ ពួកគេមិនស្គាល់ពីខ្លួនឯង ហើយពួកគេបញ្ឈប់អ្នកដទៃមិនឱ្យស្គាល់ពីខ្លួនឯងផងដែរ។ ពួកគេក៏បញ្ឈប់អ្នកដទៃពីការចង់បានសេចក្ដីពិតដែរ។ អ្នកដែលពួកគេបោកបញ្ឆោត មិនអាចមើលឃើញពន្លឺបានទេ។ ពួកគេធ្លាក់ក្នុងភាពងងឹត មិនស្គាល់ខ្លួនឯង ពួកគេមិនច្បាស់អំពីសេចក្ដីពិត ហើយកាន់តែឃ្លាតឆ្ងាយទៅៗពីព្រះជាម្ចាស់។ ពួកគេមិនអនុវត្តនូវសេចក្ដីពិត ហើយពួកគេបញ្ឈប់អ្នកដទៃមិនឱ្យអនុវត្តនូវសេចក្តីពិត ដោយនាំមនុស្សល្ងីល្ងើទាំងនោះមករកពួកគេ។ ជាជាងការនិយាយថាពួកគេជឿលើព្រះជាម្ចាស់ វាជាការប្រសើរជាងក្នុងការនិយាយថា ពួកគេជឿលើបុព្វបុរសរបស់ពួកគេ ឬថាអ្វីដែលពួកគេជឿ គឺជារូបព្រះនៅក្នុងដួងចិត្តរបស់ពួកគេ។ វាជាការល្អបំផុតសម្រាប់មនុស្សទាំងនោះដែលអះអាងថាដើរតាមព្រះជាម្ចាស់ដើម្បីបើកភ្នែកពួកគេ ហើយមើលឱ្យបានជាក់ដើម្បីឃើញច្បាស់ថានរណាដែលពួកគេគួរជឿ៖ តើពិតជាព្រះជាម្ចាស់ ឬសាតាំង ដែលអ្នកជឿ? ប្រសិនបើអ្នកដឹងថាអ្វីដែលអ្នកជឿមិនមែនជាព្រះជាម្ចាស់ទេ តែជារូបព្រះផ្ទាល់ខ្លួនរបស់អ្នក នោះវាជាការល្អបំផុតប្រសិនបើអ្នកមិនបានអះអាងថាជាអ្នកជឿ។ ប្រសិនបើអ្នកពិតជាមិនដឹងថាអ្នកជឿលើអ្នកណាទេ ដូច្នេះជាថ្មីម្តងទៀត វាជាការល្អបំផុតប្រសិនបើអ្នកមិនបានអះអាងថាជាអ្នកជឿ។ ការនិយាយអ៊ីចឹងគឺជាការប្រមាថ! គ្មាននរណាម្នាក់បង្ខំអ្នកឱ្យជឿលើព្រះជាម្ចាស់នោះទេ។ កុំនិយាយថាអ្នករាល់គ្នាជឿលើខ្ញុំឡើយ។ ខ្ញុំមានព្រះបន្ទូលបែបនេះគ្រប់គ្រាន់ហើយ ហើយខ្ញុំមិនចង់ឮវាម្តងទៀតទេ ពីព្រោះអ្វីដែលអ្នករាល់គ្នាជឿ គឺរូបព្រះនៅក្នុងដួងចិត្តរបស់អ្នករាល់គ្នា និងពួកអ្នកដែលរករឿងនៅក្នុងពួកជំនុំរបស់អ្នករាល់គ្នា។ អស់អ្នកដែលគ្រវីក្បាលនៅពេលពួកគេឮពីសេចក្តីពិត ដែលញញឹមពេលដែលពួកគេឮអំពីការជជែកពីសេចក្ដីស្លាប់ គឺជាអ្នកដែលកើតចេញពីសាតាំង ហើយពួកគេគឺជាអ្នកដែលនឹងត្រូវបានផាត់ចោល។ មនុស្សជាច្រើននៅក្នុងពួកជំនុំគ្មានយោបល់ទេ។ នៅពេលមានអ្វីដែលបោកបញ្ឆោតកើតឡើង ពួកគេស្រាប់តែឈរនៅខាងសាតាំង។ ពួកគេថែមទាំងអាក់អន់ចិត្តចំពោះការដែលត្រូវហៅថាជាកញ្ជះរបស់សាតាំង។ ទោះបីជាមនុស្សអាចនិយាយថាពួកគេគ្មានយោបល់ ពួកគេតែងតែឈរនៅម្ខាងដោយគ្មានសេចក្ដីពិត ពួកគេមិនដែលឈរនៅម្ខាងនៃសេចក្តីពិតនៅចំពេលដែលសំខាន់នោះទេ ពួកគេមិនដែលក្រោកឈរ និងប្រកែកតវ៉ាចំពោះសេចក្ដីពិតឡើយ។ តើពួកគេពិតជាខ្វះនូវយោបល់មែនទេ? ហេតុអ្វីបានជាពួកគេស្រាប់តែយកខាងសាតាំង? ហេតុអ្វីបានជាពួកគេមិនដែលនិយាយពាក្យមួយម៉ាត់ដែលសមរម្យ និងសមហេតុផល ក្នុងការគាំទ្រសេចក្តីពិត? តើស្ថានភាពនេះកើតឡើងយ៉ាងពិតប្រាកដ ដោយសារតែការភាន់ច្រលំមួយពេលរបស់ពួកគេឬទេ? មនុស្សដែលមានយោបល់កាន់តែតិច នោះពួកគេកាន់តែមិនអាចឈរនៅខាងសេចក្តីពិតបាន។ តើនេះបង្ហាញពីអ្វី? តើវាមិនបង្ហាញថាមនុស្សដែលគ្មានយោបល់ គឺស្រលាញ់ការអាក្រក់ទេឬ? តើវាមិនបានបង្ហាញថាពួកគេជាមនុស្សដ៏ស្មោះត្រង់របស់សាតាំងទេឬ? ហេតុអ្វីពួកគេអាចឈរនៅខាងសាតាំង ហើយនិយាយភាសារបស់វា? រាល់ពាក្យសម្តី និងការប្រព្រឹត្តរបស់ពួកគេ ការបង្ហាញចេញនៅលើផ្ទៃមុខរបស់ពួកគេ គឺគ្រប់គ្រាន់ដើម្បីបញ្ជាក់ថា ពួកគេមិនមែនជាអ្នកដែលស្រឡាញ់សេចក្ដីពិតទេ។ ផ្ទុយទៅវិញ ពួកគេគឺជាមនុស្សដែលស្អប់សេចក្ដីពិត។ ការដែលពួកគេអាចឈរនៅខាងសាតាំង គឺគ្រប់គ្រាន់ដើម្បីបញ្ជាក់ថាសាតាំងពិតជាស្រឡាញ់អារក្សតូចៗទាំងនេះ ដែលបានលះបង់ជីវិតរបស់ពួកគេដើម្បីជាប្រយោជន៍ដល់សាតាំង។ តើហេតុការណ៍ទាំងអស់នេះមិនច្បាស់ពេញលេញទេឬអី? ប្រសិនបើអ្នកពិតជាមនុស្សដែលស្រឡាញ់សេចក្តីពិត ហេតុអ្វីបានជាអ្នកមិនយកចិត្តទុកដាក់ចំពោះអ្នកដែលអនុវត្តនូវសេចក្តីពិត ហើយហេតុអ្វីបានជាអ្នកធ្វើតាមអ្នកដែលមិនអនុវត្តសេចក្ដីពិតភ្លាមៗដូច្នេះ? តើនេះជាបញ្ហាប្រភេទអ្វី? ខ្ញុំមិនខ្វល់ថាអ្នកមានយោបល់ឬអត់។ ខ្ញុំមិនខ្វល់ថាអ្នកបានបង់ថ្លៃប៉ុន្មាននោះទេ។ ខ្ញុំមិនខ្វល់ថាតើកងកម្លាំងរបស់អ្នកធំប៉ុនណា ហើយខ្ញុំមិនខ្វល់ថាអ្នកគឺជាមនុស្សដែលរករឿងគេក្នុងពួកជំនុំ ឬជាអ្នកដឹកនាំដែលកាន់ទង់នោះទេ។ ប្រសិនបើកងកម្លាំងរបស់អ្នកគឺអស្ចារ្យ នោះគ្រាន់តែជាជំនួយពីកម្លាំងរបស់សាតាំងប៉ុណ្ណោះ។ ប្រសិនបើកិត្យានុភាពរបស់អ្នកខ្ពស់ ដូច្នេះនោះគឺគ្រាន់តែដោយសារតែមានមនុស្សជាច្រើននៅជុំវិញខ្លួនអ្នកដែលមិនអនុវត្តនូវសេចក្ដីពិតប៉ុណ្ណោះ។ ប្រសិនបើអ្នកមិនត្រូវបានបណ្តេញចេញទេ នោះគឺដោយសារតែពេលនេះមិនមែនជាពេលវេលាសម្រាប់កិច្ចការនៃការបណ្តេញចេញ។ ផ្ទុយទៅវិញវាដល់ពេលកិច្ចការនៃការផាត់ចោលហើយ។ មិនមានការប្រញាប់ក្នុងការបណ្តេញអ្នកឥឡូវនេះទេ។ ខ្ញុំគ្រាន់តែរង់ចាំថ្ងៃដែលខ្ញុំនឹងដាក់ទោសអ្នកបន្ទាប់ពីអ្នកត្រូវបានផាត់ចោល។ អស់អ្នកណាដែលមិនអនុវត្តនូវសេចក្ដីពិត នឹងត្រូវផាត់ចោល!

(ដកស្រង់ពី «ការព្រមានដល់អស់អ្នកដែលមិនអនុវត្តនូវសេចក្តីពិត» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)

ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់  សម្រង់សម្ដីទី ៦០៦

មនុស្សដែលជឿលើព្រះជាម្ចាស់ពិតប្រាកដ គឺជាអ្នកដែលមានឆន្ទៈអនុវត្តតាមព្រះបន្ទូលរបស់ព្រះជាម្ចាស់ ហើយមានឆន្ទៈអនុវត្តនូវសេចក្តីពិត។ មនុស្សដែលពិតជាអាចឈររឹងមាំក្នុងការធ្វើបន្ទាល់របស់ពួកគេអំពីព្រះជាម្ចាស់ ក៏ជាអ្នកដែលមានឆន្ទៈអនុវត្តតាមព្រះបន្ទូលរបស់ទ្រង់ ហើយអាចឈរយ៉ាងពិតប្រាកដនៅខាងសេចក្តីពិតបានដែរ។ មនុស្សដែលចូលចិត្តប្រើកលល្បិច និងភាពអយុត្តិធម៌ ពួកគេទាំងអស់នោះខ្វះនូវសេចក្ដីពិត ហើយពួកគេទាំងអស់នាំនូវភាពអាម៉ាស់ទៅកាន់ព្រះជាម្ចាស់។ អ្នកដែលបង្កជម្លោះនៅក្នុងក្រុមជំនុំ គឺជាកញ្ជះរបស់សាតាំង ពួកគេជាតំណាងរបស់សាតាំង។ មនុស្សបែបនេះគឺរប៉ិលរប៉ូចណាស់។ អស់អ្នកដែលគ្មានយោបល់ ហើយមិនអាចឈរនៅខាងសេចក្ដីពិត អ្នកទាំងអស់នោះមានបំណងអាក្រក់ ហើយធ្វើឱ្យខូចដល់សេចក្ដីពិត។ លើសពីនេះទៅទៀត ពួកគេគឺជាអ្នកតំណាងពីបុរាណរបស់សាតាំង។ ពួកគេគឺលើសហួសពីការប្រោសលោះ ហើយនឹងត្រូវផាត់ចោលដោយធម្មជាតិ។ គ្រួសាររបស់ព្រះជាម្ចាស់ មិនអនុញ្ញាតឱ្យអស់អ្នកដែលមិនអនុវត្តនូវសេចក្តីពិត នៅសល់នោះឡើយ ហើយក៏មិនអនុញ្ញាតឱ្យនៅតែសល់ អស់អ្នកដែលជាអ្នកដែលមានចិត្តចង់រុះរើពួកជំនុំនោះដែរ។ ទោះយ៉ាងណា ពេលនេះមិនមែនជាពេលវេលាដើម្បីធ្វើកិច្ចការបណ្តេញចេញនោះទេ។ មនុស្សបែបនេះនឹងត្រូវបានលាតត្រដាង និងផាត់ចោលនៅទីបំផុត។ គ្មានកិច្ចការដែលគ្មានប្រយោជន៍ទៀត ដែលត្រូវលះបង់សម្រាប់មនុស្សទាំងនេះទេ។ អស់អ្នកដែលជាកម្មសិទ្ធិរបស់សាតាំង មិនអាចឈរនៅខាងសេចក្តីពិតបានឡើយ រីឯអស់អ្នកដែលស្វែងរកនូវសេចក្តីពិត គឺអាចឈរនៅខាងសេចក្ដីពិតបាន។ មនុស្សដែលមិនអនុវត្តនូវសេចក្តីពិត គឺមិនសមនឹងស្តាប់ឮផ្លូវនៃសេចក្តីពិត និងមិនសក្តិសមក្នុងការធ្វើបន្ទាល់ពីសេចក្តីពិតឡើយ។ សេចក្ដីពិតគឺមិនមែនសម្រាប់ត្រចៀករបស់ពួកគេទេ។ ផ្ទុយទៅវិញ វាត្រូវត្រឡប់ឆ្ពោះទៅឯអ្នកដែលអនុវត្តនូវសេចក្ដីពិត។ មុនពេលចុងបញ្ចប់របស់មនុស្សគ្រប់រូបត្រូវបានបើកសម្ដែង អស់អ្នកដែលយាយីដល់ពួកជំនុំ ហើយរំខានដល់កិច្ចការរបស់ព្រះជាម្ចាស់ នឹងត្រូវទុកចោលជាមុនសិនសម្រាប់ពេលឥឡូវនេះ ដើម្បីដោះស្រាយនៅពេលក្រោយ។ នៅពេលដែលកិច្ចការត្រូវបានបញ្ចប់ មនុស្សទាំងនេះនឹងត្រូវបានលាតត្រដាង ហើយបន្ទាប់មកពួកគេនឹងត្រូវផាត់ចោល។ សម្រាប់ពេលបច្ចុប្បន្ននេះ ខណៈពេលដែលសេចក្ដីពិតកំពុងត្រូវបានប្រទានឱ្យ សេចក្ដីពិតនឹងត្រូវគេមិនអើពើ។ នៅពេលដែលសេចក្តីពិតទាំងមូលត្រូវបានបើកសម្ដែងដល់មនុស្ស មនុស្សទាំងនោះនឹងត្រូវផាត់ចោល។ នោះគឺជាពេលវេលាដែលមនុស្សទាំងអស់នឹងត្រូវបានចាត់ថ្នាក់តាមប្រភេទរបស់ពួកគេ។ ឧបាយកលតូចតាចរបស់អ្នកដែលមិនមានយោបល់ នឹងនាំទៅដល់ការបំផ្លាញពួកគេ ដោយដៃរបស់មនុស្សអាក្រក់ ហើយពួកគេនឹងត្រូវល្បួងដោយការទាំងនោះ ដោយមិនវិលត្រឡប់មកវិញឡើយ។ ហើយការប្រព្រឹត្តបែបនេះ គឺជាអ្វីដែលពួកគេសមនឹងទទួល ព្រោះពួកគេមិនស្រឡាញ់សេចក្តីពិត ព្រោះពួកគេមិនអាចឈរនៅខាងនៃសេចក្តីពិតបាន ពីព្រោះពួកគេដើរតាមមនុស្សអាក្រក់ ហើយឈរនៅខាងមនុស្សអាក្រក់ ហើយដោយសារតែពួកគេឃុបឃិតជាមួយមនុស្សអាក្រក់ និងប្រឆាំងព្រះជាម្ចាស់។ ពួកគេដឹងយ៉ាងច្បាស់ថាអ្វីដែលមនុស្សអាក្រក់បញ្ចេញគឺជាអំពើអាក្រក់ ប៉ុន្តែពួកគេមានចិត្តរឹងរូស ហើយបែរខ្នងដាក់សេចក្ដីពិតដើម្បីដើរតាមពួកគេវិញ។ តើមនុស្សទាំងនេះដែលមិនអនុវត្តនូវសេចក្តីពិត ប៉ុន្តែជាអ្នកដែលបំផ្លាញ និងគួរឱ្យស្អប់ខ្ពើម មិនមែនសុទ្ធតែប្រព្រឹត្តអំពើអាក្រក់ទេឬអី? ទោះបីមានអ្នកខ្លះក្នុងចំណោមពួកគេដែលធ្វើខ្លួនគេថាជាស្តេច និងជាអ្នកដទៃទៀតដែលដើរតាមពួកគេក៏ដោយ តើធម្មជាតិដែលប្រឆាំងនឹងព្រះជាម្ចាស់របស់ពួកគេ មិនដូចគ្នាទាំងអស់ទេឬ? តើមានលេសអ្វីដែលពួកគេអាចអះអាងថាព្រះជាម្ចាស់មិនជួយសង្រ្គោះពួកគេនោះ? តើមានលេសអ្វីដែលពួកគេអាចអះអាងថាព្រះជាម្ចាស់មិនសុចរិត? តើវាមិនមែនជាអំពើអាក្រក់របស់ពួកគេដែលកំពុងតែបំផ្លាញពួកគេទេឬ? តើវាមិនមែនជាការបះបោររបស់ពួកគេដែលកំពុងទាញពួកគេធ្លាក់ចូលក្នុងនរកទេឬ? នៅទីបំផុតមនុស្សដែលអនុវត្តនូវសេចក្តីពិត នឹងត្រូវបានសង្គ្រោះ និងធ្វើឱ្យបានគ្រប់លក្ខណ៍ ដោយសារតែសេចក្ដីពិត។ នៅទីបំផុត អស់អ្នកដែលមិនអនុវត្តនូវសេចក្តីពិត នឹងនាំសេចក្តីអន្តរាយដល់ខ្លួនគេដោយសារតែសេចក្តីពិត។ ទាំងនេះគឺជាការបញ្ចប់ដែលរង់ចាំអ្នកដែលអនុវត្តនូវសេចក្តីពិត និងអ្នកដែលមិនអនុវត្តនូវសេចក្ដីពិត។ ខ្ញុំសូមណែនាំដល់អ្នកដែលមិនមានគម្រោងអនុវត្តនូវសេចក្តីពិត ឱ្យចាកចេញពីពួកជំនុំឱ្យបានឆាប់តាមដែលអាចធ្វើបាន ដើម្បីចៀសវាងប្រព្រឹត្តអំពើបាបកាន់តែច្រើន។ នៅពេលដែលពេលវេលាមកដល់ វានឹងយឺតពេលសម្រាប់ការសោកស្តាយ។ ជាពិសេសអ្នកដែលបង្កើតក្រុមមនុស្សខូច និងបង្កើតក្រុមបក្សពួក និងអ្នកដែលរករឿងក្នុងពួកជំនុំ ត្រូវតែចាកចេញឱ្យបានឆាប់។ មនុស្សបែបនេះ ដែលមានធម្មជាតិនៃចចកអាក្រក់ គឺមិនអាចផ្លាស់ប្តូរបានទេ។ វាជាការប្រសើរ ប្រសិនបើពួកគេចាកចេញពីពួកជំនុំ ឱ្យបានកាន់តែឆាប់បំផុត ដោយមិនត្រឡប់មកម្ដងទៀតដើម្បីរំខានដល់ជីវិតធម្មតារបស់បងប្អូនប្រុសស្រី ហើយដោយហេតុនេះ ជៀសវាងការដាក់ទោសរបស់ព្រះជាម្ចាស់។ អស់អ្នកដែលបានទៅជាមួយពួកគេ គប្បីប្រើឱកាសនេះដើម្បីឆ្លុះបញ្ចាំងពីខ្លួនអ្នក។ តើអ្នកនឹងចាកចេញពីពួកជំនុំទៅរួមជាមួយមនុស្សអាក្រក់ ឬនៅជាប់ ហើយដើរតាមដោយស្ដាប់បង្គាប់? អ្នកត្រូវតែពិចារណាពីបញ្ហានេះដោយយកចិត្តទុកដាក់។ ខ្ញុំផ្តល់ឱ្យអ្នករាល់គ្នានូវឱកាសមួយបន្ថែមទៀតដើម្បីជ្រើសរើស ហើយខ្ញុំរង់ចាំចម្លើយរបស់អ្នករាល់គ្នា។

(ដកស្រង់ពី «ការព្រមានដល់អស់អ្នកដែលមិនអនុវត្តនូវសេចក្តីពិត» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)

ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់  សម្រង់សម្ដីទី ៦០៧

ក្នុងនាមជាអ្នកជឿលើព្រះជាម្ចាស់ អ្នកគប្បីស្មោះត្រង់ចំពោះព្រះជាម្ចាស់តែមួយអង្គគត់នៅគ្រប់រឿងទាំងអស់ ហើយត្រូវស្របតាមបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់នៅគ្រប់រឿងទាំងអស់។ យ៉ាងណាក៏ដោយ ទោះបីជាមនុស្សគ្រប់រូបយល់ពីសារនេះក៏ដោយ តែដោយសារការលំបាកផ្សេងៗគ្នារបស់មនុស្ស ឧទាហរណ៍ ដោយសារភាពល្ងង់ខ្លៅ ភាពលេលា និងសេចក្ដីពុករលួយរបស់គេ ទើបមនុស្សមើលមិនឃើញពីសេចក្ដីពិតដែលជាក់ស្ដែងនិងសាមញ្ញបំផុតទាំងនេះទេ។ ដូច្នេះហើយ មុនពេលកំណត់ពីទីបញ្ចប់របស់អ្នករាល់គ្នា ខ្ញុំគួរតែប្រាប់អ្នករាល់គ្នាពីរឿងមួយចំនួនដែលមានសារៈសំខាន់បំផុតចំពោះអ្នករាល់គ្នាជាមុនសិន។ មុននឹងខ្ញុំបន្ត អ្នករាល់គ្នាគប្បីត្រូវយល់អំពីចំណុចនេះសិន៖ បន្ទូលដែលខ្ញុំថ្លែងចេញមក គឺជាសេចក្តីពិត សម្រាប់មនុស្សជាតិគ្រប់រូប។ បន្ទូលទាំងនេះ មិនសំដៅទៅលើតែបុគ្គល ឬប្រភេទមនុស្សជាក់លាក់ណាមួយឡើយ។ ដូច្នេះ អ្នករាល់គ្នាគប្បីត្រូវផ្តោតការស្វែងយល់ពីបន្ទូលរបស់ខ្ញុំតាមទស្សនៈនៃសេចក្តីពិត ហើយត្រូវមានអាកប្បកិរិយាដែលមានការផ្ចង់អារម្មណ៍ពេញលេញ និងមានភាពស្មោះត្រង់។ មិនត្រូវព្រងើយកន្តើយនឹងបន្ទូល ឬសេចក្តីពិតដែលខ្ញុំបានមានបន្ទូលមក សូម្បីតែមួយព្រះឱស្ឋក៏ដោយ ហើយមិនត្រូវមើលស្រាលបន្ទូលទាំងអស់ ដែលខ្ញុំបានថ្លែងចេញមកទេ។ នៅក្នុងជីវិតរបស់អ្នករាល់គ្នា ខ្ញុំទតឃើញថា អ្នករាល់គ្នាបានធ្វើរឿងជាច្រើន ដែលមិនទាក់ទងនឹងសេចក្ដីពិតសោះ ដូច្នេះហើយ ខ្ញុំសូមអ្នករាល់គ្នាជាពិសេស ឱ្យធ្វើជាបាវបម្រើនៃសេចក្តីពិត កុំឱ្យធ្លាក់ជាទាសករនៃសេចក្ដីទុច្ចរិត និងសេចក្តីអាក្រក់ ហើយអ្នករាល់គ្នាមិនត្រូវជាន់ឈ្លីសេចក្តីពិត ឬធ្វើឱ្យប្រឡាក់ប្រឡូសដល់ដំណាក់របស់ព្រះជាម្ចាស់នៅជ្រុងណាមួយឡើយ។ នេះជាសេចក្ដីដាស់តឿនរបស់ខ្ញុំចំពោះអ្នករាល់គ្នា។ ឥឡូវនេះ ខ្ញុំនឹងចូលមកប្រធានបទយើងវិញ។

ទីមួយ អ្នករាល់គ្នាគប្បីស្វែងរកការយល់ព្រមពីព្រះជាម្ចាស់សិន ដើម្បីវាសនារបស់អ្នករាល់គ្នា។ នេះគឺមានន័យថា ដោយសារអ្នករាល់គ្នាទទួលស្គាល់ថា អ្នកជាសមាជិកម្នាក់ក្នុងដំណាក់របស់ព្រះជាម្ចាស់ នោះអ្នករាល់គ្នាគប្បីធ្វើយ៉ាងណាឱ្យព្រះជាម្ចាស់ស្ងប់ព្រះទ័យ ហើយត្រូវបំពេញតាមបំណងព្រះហឫទ័យទ្រង់គ្រប់រឿងទាំងអស់។ អាចនិយាយបានថា គ្រប់សកម្មភាពរបស់អ្នក ត្រូវតែមានគោលការណ៍ ហើយត្រូវស្របតាមសេចក្តីពិត។ ប្រសិនបើអ្នកធ្វើរឿងនេះមិនបានទេ នោះអ្នកនឹងត្រូវព្រះជាម្ចាស់ស្អប់ខ្ពើមនិងបដិសេធមិនខាន ហើយមនុស្សគ្រប់គ្នាក៏នឹងបដិសេធអ្នកដែរ។ នៅពេលដែលអ្នកបានធ្លាក់ចូលទៅក្នុងស្ថានភាពបែបនេះហើយ ពេលនោះអ្នកមិនអាចរាប់បញ្ចូលជាសមាជិកក្នុងដំណាក់របស់ព្រះជាម្ចាស់បានទេ ដែលនេះមានន័យជាក់ច្បាស់ថា ព្រះជាម្ចាស់មិនយល់ព្រមនឹងអ្នកឡើយ។

ទីពីរ អ្នករាល់គ្នាត្រូវដឹងថា ព្រះជាម្ចាស់សព្វព្រះហឫទ័យនឹងមនុស្សទៀងត្រង់។ សារជាតិរបស់ព្រះជាម្ចាស់ គឺស្មោះត្រង់ ដូច្នេះហើយ ព្រះបន្ទូលរបស់ទ្រង់តែងអាចជឿទុកចិត្តបានជានិច្ច។ លើសពីនេះទៅទៀត ទង្វើរបស់ព្រះជាម្ចាស់គ្មានកំហុសឆ្គង និងគ្មានមន្ទិលសង្ស័យឡើយ ហេតុនេះហើយទើបព្រះជាម្ចាស់សព្វព្រះហឫទ័យនឹងមនុស្សណាដែលស្មោះត្រង់នឹងទ្រង់ឥតងាករេរ។ ភាពស្មោះត្រង់ គឺមានន័យថា អ្នកប្រគល់ដួងចិត្តរបស់អ្នកថ្វាយដល់ព្រះជាម្ចាស់ បង្ហាញភាពពិតថ្វាយព្រះជាម្ចាស់គ្រប់រឿងទាំងអស់ ស្មោះត្រង់ឥតលាក់លៀមចំពោះព្រះជាម្ចាស់គ្រប់រឿងទាំងអស់ មិនដែលលាក់បាំងការពិត មិនព្យាយាមបោកបញ្ឆោតអ្នកដែលនៅលើអ្នកនិងនៅក្រោមអ្នក ហើយមិនធ្វើអ្វីគ្រាន់តែដើម្បីចង់បានការគាំទ្រពីព្រះជាម្ចាស់ឡើយ។ សរុបសេចក្ដីមក ដើម្បីមានភាពស្មោះត្រង់បាន គឺត្រូវមានភាពបរិសុទ្ធនៅក្នុងសកម្មភាព និងពាក្យសម្ដីរបស់អ្នក ហើយមិនត្រូវបោកបញ្ឆោតព្រះជាម្ចាស់ ឬបោកបញ្ឆោតមនុស្សឡើយ។ អ្វីដែលខ្ញុំមានបន្ទូលនេះ គឺងាយស្រួលណាស់ ប៉ុន្តែចំពោះអ្នករាល់គ្នាវិញ វាពិបាកក្រៃលែង ព្រោះមនុស្សជាច្រើនសុខចិត្តឱ្យគេដាក់ទោសធ្លាក់នរក ក៏មិនព្រមនិយាយពាក្យពិត និងធ្វើរឿងស្មោះត្រង់ដែរ។ គ្មានអ្វីប្លែកទេដែលខ្ញុំនៅមានការប្រព្រឹត្តផ្សេងទៀតចំពោះអ្នកដែលមិនស្មោះត្រង់នោះ។ ជាការពិតណាស់ ខ្ញុំដឹងយ៉ាងច្បាស់ថា អ្នករាល់គ្នាពិបាកនឹងធ្វើជាមនុស្សស្មោះត្រង់ណាស់។ ដោយសារតែអ្នករាល់គ្នាសុទ្ធតែមានភាពឆ្លាតវៃ សុទ្ធតែពូកែខាងវាស់ស្ទង់មនុស្សដោយប្រើម៉ែត្រដ៏ខ្លីរបស់ខ្លួន ហេតុនេះហើយទើបធ្វើឱ្យកិច្ចការរបស់ខ្ញុំកាន់តែសាមញ្ញជាងមុន។ ហើយដោយសារតែអ្នករាល់គ្នាឱបក្រសោបអាថ៌កំបាំងរបស់ខ្លួននៅជាប់នឹងទ្រូងមិនលែង ដូច្នេះ ចាំខ្ញុំដាក់អ្នករាល់គ្នាម្តងមួយៗចូលទៅក្នុងគ្រោះមហន្តរាយ ដើម្បីឱ្យភ្លើង «ផ្ដល់មេរៀន» ដល់អ្នករាល់គ្នា ដើម្បីឱ្យក្រោយមកទៀត អ្នករាល់គ្នាអាចលះបង់ចិត្ដគំនិតដើម្បីជឿលើបន្ទូលរបស់ខ្ញុំ។ នៅទីបំផុត ខ្ញុំនឹងអាចឮសម្ដីចេញពីមាត់របស់អ្នករាល់គ្នាថា «ព្រះជាម្ចាស់ជាព្រះដ៏ស្មោះត្រង់» ពេលនោះ អ្នករាល់គ្នានឹងទះទ្រូង រួចពោលទាំងកំសត់ថា៖ «ដួងចិត្តមនុស្ស អីក៏វៀចវេរដល់ម្ល៉េះ!»។ ពេលនេះ តើអ្នករាល់គ្នាមានអារម្មណ៍បែបណា? ខ្ញុំស្រម៉ៃថា អ្នករាល់គ្នានឹងគ្មានអារម្មណ៍ត្រេកអរដូចពេលនេះទេ ហើយអ្នករាល់គ្នាក៏នឹងគ្មានអារម្មណ៍ «ជ្រាលជ្រៅ និងពិបាកយល់» ដូចពេលនេះដែរ។ នៅចំពោះព្រះភក្រ្តព្រះជាម្ចាស់ មនុស្សខ្លះសុទ្ធតែធ្វើខ្លួនសមសួន និងត្រឹមត្រូវ ពួកគេទ្រាំលេបការឈឺចាប់ដើម្បីបង្ហាញ «ឫកពារល្អ» ប៉ុន្ដែនៅចំពោះព្រះភក្រ្តព្រះវិញ្ញាណវិញ ពួកគេបញ្ចេញចង្កូម និងក្រញាំរបស់ពួកគេដាក់ទ្រង់។ តើអ្នកនឹងរាប់មនុស្សបែបនេះចូលក្នុងចំណោមជួរមនុស្សស្មោះត្រង់ដែរឬទេ? ប្រសិនបើអ្នកជាមនុស្សលាក់ពុតដែលមានជំនាញក្នុង «ការទំនាក់ទំនងគ្នា» ដូច្នេះ ខ្ញុំហ៊ាននិយាយថា អ្នកប្រាកដជាមនុស្សម្នាក់ដែលព្យាយាមលេងសើចនឹងព្រះជាម្ចាស់ហើយ។ ប្រសិនបើពាក្យសម្តីរបស់អ្នករអាក់រអួលលាយឡំនឹងលេសដោះសារ និងហេតុផលដែលគ្មានតម្លៃ នោះខ្ញុំហ៊ាននិយាយថា អ្នកជាមនុស្សដែលស្អប់មិនចង់អនុវត្តសេចក្តីពិតទេ។ ប្រសិនបើអ្នកមានការសម្ងាត់ច្រើនដែលអ្នកស្ទាក់ស្ទើរមិនចង់និយាយចេញមក ប្រសិនបើអ្នកមិនពេញចិត្តនឹងលាតត្រដាងពីអាថ៌កំបាំងរបស់អ្នក ពីការលំបាករបស់អ្នកនៅចំពោះមុខអ្នកដទៃ ដើម្បីស្វែងរកផ្លូវនៃពន្លឺទេ នោះខ្ញុំហ៊ាននិយាយថា អ្នកជាមនុស្សដែលមិនងាយនឹងទទួលបានសេចក្ដីសង្គ្រោះឡើយ ហើយអ្នកក៏មិនងាយនឹងងើបចេញផុតពីភាពងងឹតដែរ។ ប្រសិនបើអ្នកពេញចិត្តខ្លាំងនឹងការស្វែងរកផ្លូវនៃសេចក្តីពិត នោះអ្នកជាមនុស្សម្នាក់ដែលតែងតែរស់នៅក្នុងពន្លឺជាប់ជានិច្ចមិនខាន។ ប្រសិនបើអ្នកពេញចិត្តនឹងខ្លាំងធ្វើជាអ្នកស៊ីឈ្នួលនៅក្នុងដំណាក់របស់ព្រះជាម្ចាស់ ដោយបំពេញការងារដោយក្ដីឧស្សាហ៍ព្យាយាម មានមនសិការ មិនអួតអាង តែងតែផ្តល់ឱ្យគេ និងមិនដែលសុំអ្វីមកវិញ នោះខ្ញុំហ៊ាននិយាយថា អ្នកជាបុគ្គលបរិសុទ្ធស្មោះត្រង់ ពីព្រោះអ្នកមិនបានស្វែងរករង្វាន់ទេ គ្រាន់តែធ្វើជាមនុស្សស្មោះត្រង់ម្នាក់ប៉ុណ្ណោះ។ ប្រសិនបើអ្នកសុខចិត្តនិយាយចេញមកដោយឥតលាក់លៀម ប្រសិនបើអ្នកសុខចិត្តលះបង់អ្វីៗទាំងអស់របស់អ្នក ប្រសិនបើអ្នកអាចលះបង់ជីវិតរបស់អ្នកដើម្បីព្រះជាម្ចាស់ និងប្រកាន់ខ្ជាប់នូវទីបន្ទាល់របស់ខ្លួន ប្រសិនបើអ្នកស្មោះត្រង់រហូតដល់ថ្នាក់អ្នកគិតតែពីការបំពេញតាមបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ មិនខ្វល់ពីខ្លួនឯង ឬសុំអ្វីសម្រាប់ខ្លួនឯង នោះខ្ញុំហ៊ាននិយាយថា មនុស្សបែបនេះ គឺជាមនុស្សដែលបានធំធាត់នៅក្នុងពន្លឺ និងជាមនុស្សដែលត្រូវរស់នៅក្នុងនគរព្រះអស់កល្បជានិច្ច។ អ្នកគប្បីដឹងថា ក្នុងខ្លួនអ្នកមានសេចក្ដីជំនឿពិត និងភាពស្មោះត្រង់ពិតឬអត់ ថាតើអ្នកមានកំណត់ត្រានៃការរងទុក្ខដើម្បីព្រះជាម្ចាស់ឬអត់ ហើយថាតើអ្នកបានចុះចូលនឹងព្រះជាម្ចាស់ទាំងស្រុងឬអត់។ ប្រសិនបើអ្នកខ្វះចំណុចទាំងនេះ ដូច្នេះ នៅក្នុងខ្លួនអ្នក ច្បាស់ជានៅមានការមិនស្តាប់បង្គាប់ ការបោកបញ្ឆោត ការលោភលន់ និងការស្ដីបន្ទោសមិនខាន។ ដោយសារចិត្តរបស់អ្នកនៅមិនទាន់មានភាពស្មោះត្រង់នៅឡើយ ដូច្នេះ អ្នកមិនដែលទទួលបានការទទួលស្គាល់ជាវិជ្ជមានពីព្រះជាម្ចាស់ឡើយ ហើយក៏មិនដែលបានរស់នៅក្នុងពន្លឺដែរ។ វាសនារបស់មនុស្សម្នាក់នឹងទៅជាយ៉ាងណានៅទីបញ្ចប់នោះ គឺអាស្រ័យលើថាតើគេមានបេះដូងស្មោះត្រង់មានឈាមក្រហមច្រាលឬអត់ និងថាតើពួកគេមានព្រលឹងបរិសុទ្ធឬអត់។ ប្រសិនបើអ្នកជាមនុស្សម្នាក់ដែលគ្មានភាពស្មោះត្រង់សោះ ជាមនុស្សដែលមានចិត្តព្យាបាទ ជាមនុស្សដែលមានព្រលឹងមិនបរិសុទ្ធ នោះអ្នកច្បាស់ជាត្រូវធ្លាក់ចូលទៅក្នុងទីកន្លែងដែលមនុស្សត្រូវទទួលរងការដាក់ទោសមិនខាន ដូចដែលបានកត់ត្រាទុកនៅក្នុងកំណត់ត្រានៃវាសនារបស់អ្នកដូច្នោះដែរ។ ប្រសិនបើអ្នកអះអាងថា ខ្លួនជាមនុស្សស្មោះត្រង់ណាស់ ប៉ុន្ដែមិនដែលប្រព្រឹត្ដទៅតាមសេចក្តីពិត ឬនិយាយពាក្យពិតសូម្បីតែមួយម៉ាត់ ដូច្នេះ តើអ្នកនៅតែរង់ចាំឱ្យព្រះជាម្ចាស់ប្រទានរង្វាន់ដល់អ្នកទៀតឬអ្វី? តើអ្នកនៅតែសង្ឃឹមថាព្រះជាម្ចាស់នឹងចាត់ទុកអ្នកជាកែវព្រះនេត្ររបស់ទ្រង់ទៀតឬអ្វី? តើការគិតបែបនេះ មិនមែនខុសទំនងទេឬអ្វី? អ្នកបោកបញ្ឆោតព្រះជាម្ចាស់គ្រប់យ៉ាង។ តើដំណាក់របស់ព្រះជាម្ចាស់អាចទុកកន្លែងសម្រាប់បុគ្គលដូចជាអ្នក ដែលមានដៃកខ្វក់បែបនេះ បានយ៉ាងដូចម្ដេចទៅ?

រឿងទីបីដែលខ្ញុំចង់ប្រាប់អ្នករាល់គ្នាគឺរឿងនេះ។ នៅក្នុងដំណើរជីវិតរស់នៅរបស់មនុស្សគ្រប់រូបដែលមានសេចក្ដីជំនឿលើព្រះជាម្ចាស់ ពួកគេបានធ្វើរឿងជាច្រើនដែលទាស់ទទឹង និងបោកបញ្ឆោតព្រះជាម្ចាស់។ អំពើអាក្រក់ខ្លះ មិនចាំបាច់ត្រូវកត់ត្រាថាជាការប្រមាថនោះទេ ប៉ុន្ដែ អំពើខ្លះទៀត មិនអាចលើកលែងទោសឱ្យបានឡើយ ដ្បិតមានអំពើជាច្រើនដែលខុសទៅនឹងបញ្ញត្ដិរដ្ឋបាល ដែលជាការប្រមាថដល់និស្ស័យរបស់ព្រះជាម្ចាស់។ មនុស្សជាច្រើនដែលព្រួយអំពីវាសនារបស់ពួកគេផ្ទាល់ អាចចោទសួរអំពីអំពើទាំងនោះ។ អ្នករាល់គ្នាគួរដឹងថា អ្នករាល់គ្នាជាមនុស្សដែលមានធម្មជាតិក្រអឺតក្រទមនិងឆ្មើងឆ្មៃ ហើយមិនសុខចិត្តទទួលស្គាល់ការពិតទេ។ ហេតុនេះហើយ ខ្ញុំនឹងប្រាប់អ្នករាល់គ្នាបន្តិចម្តងៗ បន្ទាប់ពីអ្នករាល់គ្នាបានឆ្លុះបញ្ចាំងពីខ្លួនឯងរួច។ ខ្ញុំសូមដាស់តឿនអ្នករាល់គ្នា ឱ្យស្វែងយល់ឱ្យបានច្បាស់ជាងនេះអំពីខ្លឹមសារនៃបញ្ញត្ដិរដ្ឋបាល និងខិតខំប្រឹងប្រែងស្វែងយល់ពីនិស្ស័យរបស់ព្រះជាម្ចាស់។ បើមិនដូច្នោះទេ អ្នករាល់គ្នាមុខជាពិបាកបិទមាត់ឱ្យជិតណាស់ ហើយអណ្តាតរបស់អ្នកនឹងចេះតែគ្រលាស់គ្មានគិត បន្លឺសំឡេងខ្លាំងៗ ហើយអ្នករាល់គ្នានឹងប្រមាថដល់និស្ស័យរបស់ព្រះជាម្ចាស់ដោយមិនដឹងខ្លួនមិនខាន ចុងក្រោយក៏ត្រូវធ្លាក់ចូលទៅក្នុងភាពងងឹត បាត់បង់វត្តមានរបស់ព្រះវិញ្ញាណបរិសុទ្ធ និងបាត់បង់ពន្លឺ។ ដោយសារតែក្នុងសកម្មភាពរបស់អ្នករាល់គ្នា គ្មានគោលការណ៍ ដោយសារតែអ្នករាល់គ្នាធ្វើនិងនិយាយអ្វីដែលអ្នករាល់គ្នាមិនគួរធ្វើនិងនិយាយ ដូច្នេះហើយ អ្នករាល់គ្នានឹងត្រូវទទួលកម្មពៀរដែលស័ក្តិសម។ អ្នកគួរតែដឹងថា ទោះបីជានៅក្នុងពាក្យសម្ដីនិងការប្រព្រឹត្ដរបស់អ្នកគ្មានគោលការណ៍ក៏ដោយ តែព្រះជាម្ចាស់មានគោលការណ៍នៅក្នុងចំណុចទាំងពីរនេះណាស់។ មូលហេតុដែលអ្នកទទួលកម្មពៀរ គឺដោយសារតែអ្នកបានប្រមាថព្រះជាម្ចាស់ មិនមែនដោយសារអ្នកប្រមាថបុគ្គលណាម្នាក់ទេ។ នៅក្នុងជីវិតរបស់អ្នក ប្រសិនបើអ្នកប្រព្រឹត្ដអំពើប្រមាថដល់និស្ស័យរបស់ព្រះជាម្ចាស់ច្រើន នោះអ្នកនឹងក្លាយជាកូននរកមិនខាន។ ក្នុងភ្នែកមនុស្ស មើលទៅដូចជាអ្នកបានប្រព្រឹត្តតែអំពើមួយចំនួនតូចដែលមិនស្របនឹងសេចក្ដីពិតប៉ុណ្ណោះ មិនបានធ្វើអ្វីផ្សេងឡើយ។ ក៏ប៉ុន្តែ តើអ្នកដឹងទេថា នៅក្នុងព្រះនេត្ររបស់ព្រះជាម្ចាស់ អ្នកបានក្លាយជាមនុស្សម្នាក់ដែលគ្មានតង្វាយលោះបាបរួចទៅហើយ? ដោយសារតែអ្នកបានប្រព្រឹត្តខុសនឹងបញ្ញត្ដិរដ្ឋបាលរបស់ព្រះជាម្ចាស់ច្រើនដងមកហើយ ហើយជាងនេះទៅទៀត អ្នកមិនបានបង្ហាញពីសញ្ញានៃការប្រែចិត្តអ្វីទេ ហេតុដូច្នេះ អ្នកគ្មានអ្វីជាគ្រឿងពឹងអាងផ្សេង ក្រៅតែពីត្រូវធ្លាក់ទៅឋាននរក ជាកន្លែងដែលព្រះជាម្ចាស់ដាក់ទោសមនុស្សឡើយ។ ពេលកំពុងដើរតាមព្រះជាម្ចាស់ មានមនុស្សមួយចំនួនតូចទៀត បានប្រព្រឹត្ដអំពើមួយចំនួនដែលបានបំពានគោលការណ៍ ប៉ុន្តែបន្ទាប់ពីបានដោះស្រាយជាមួយ និងបានទទួលការណែនាំរួច ពួកគេក៏បានមើលឃើញពីសេចក្ដីពុករលួយរបស់ខ្លួនគេផ្ទាល់បន្តិចម្ដងៗ ហើយបន្ទាប់មកទៀត ក៏បានដើរលើផ្លូវនៃតថភាពដែលត្រឹមត្រូវវិញ ហើយសព្វថ្ងៃនេះ ពួកគេនៅតែបន្ទាបខ្លួនដដែល។ មនុស្សបែបនេះ គឺជាមនុស្សដែលនឹងត្រូវបន្ដរស់នៅរហូតដល់ទីបញ្ចប់។ ទោះយ៉ាងណាក៏ដោយ ក៏ខ្ញុំនៅតែស្វែងរកភាពស្មោះត្រង់ដដែល។ ប្រសិនបើអ្នកជាមនុស្សស្មោះត្រង់ និងជាមនុស្សម្នាក់ដែលធ្វើតាមគោលការណ៍ នោះអ្នកអាចក្លាយជាមនុស្សជំនិតរបស់ព្រះជាម្ចាស់បានហើយ។ នៅក្នុងសកម្មភាពរបស់អ្នក ប្រសិនបើអ្នកមិនបានប្រមាថដល់និស្ស័យរបស់ព្រះជាម្ចាស់ទេ ហើយបានស្វែងយល់ពីបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ និងមានចិត្តគោរពព្រះជាម្ចាស់ នោះសេចក្ដីជំនឿរបស់អ្នកនឹងស្របតាមបទដ្ឋានហើយ។ អ្នកណាដែលមិនគោរពព្រះជាម្ចាស់ និងគ្មានចិត្តញាប់ញ័រខ្លបខ្លាចទេ ភាគច្រើនគឺអាចប្រព្រឹត្តខុសនឹងបញ្ញត្ដិរដ្ឋបាលរបស់ព្រះជាម្ចាស់។ មនុស្សជាច្រើនបម្រើព្រះជាម្ចាស់ដោយអំណាចនៃចិត្តស្រឡាញ់របស់ពួកគេ ប៉ុន្តែពួកគេគ្មានការយល់ដឹងពីបញ្ញត្ដិរដ្ឋបាលរបស់ព្រះជាម្ចាស់ទេ ហើយក៏គ្មានការយល់ដឹងអ្វីច្រើនពីអត្ថន័យនៃព្រះបន្ទូលរបស់ព្រះជាម្ចាស់ដែរ។ ហេតុដូច្នេះហើយទើបចេតនាល្អរបស់គេ តែងនាំគេឱ្យធ្វើអ្វីៗដែលបង្អាក់ដល់ការរៀបចំរបស់ព្រះជាម្ចាស់ទៅវិញ។ ក្នុងករណីធ្ងន់ធ្ងរ ពួកគេនឹងត្រូវបណ្តេញចេញ លែងមានឱកាសដើរតាមព្រះជាម្ចាស់តទៅទៀត ហើយត្រូវបោះចូលទៅឋាននរក ហើយទំនាក់ទំនងទាំងអស់ជាមួយនឹងដំណាក់របស់ព្រះជាម្ចាស់ ក៏ត្រូវបញ្ចប់។ មនុស្សទាំងនេះ ធ្វើការនៅក្នុងដំណាក់របស់ព្រះជាម្ចាស់ដោយកំលាំងនៃចេតនាល្អតែល្ងង់ខ្លៅ ហើយចុងក្រោយ ក៏ធ្វើឱ្យនិស្ស័យរបស់ព្រះជាម្ចាស់ក្រោធ។ មនុស្សនាំយកទម្លាប់នៃការបម្រើពួកអ្នកដឹកនាំ និងម្ចាស់របស់ពួកគេមកប្រើក្នុងដំណាក់របស់ព្រះជាម្ចាស់ និងព្យាយាមអនុវត្តទម្លាប់ទាំងនោះ ដោយគិតទាំងឥតបានការថា ទម្លាប់ទាំងនោះ អាចអនុវត្តបានដោយងាយនៅទីនេះ។ ពួកគេមិនដែលនឹកស្រម៉ៃថា ព្រះជាម្ចាស់មិនមែនមាននិស្ស័យជាកូនចៀមទេ តែទ្រង់មាននិស្ស័យជាសត្វសិង្ហវិញទេតើ។ ដូច្នេះ អ្នកដែលទាក់ទងព្រះជាម្ចាស់ជាលើកដំបូង មិនអាចប្រាស្រ័យទាក់ទងជាមួយទ្រង់បានទេ ដ្បិតព្រះហឫទ័យរបស់ព្រះជាម្ចាស់ ខុសពីដួងចិត្ដមនុស្ស។ ទាល់តែអ្នកបានយល់ពីសេចក្ដីពិតបានច្រើនហើយ ទើបអ្នកអាចបន្ដស្វែងយល់ពីព្រះជាម្ចាស់បាន។ ចំណេះដឹងនេះមិនមែនមានតែពាក្យសម្ដី និងគោលលទ្ធិទេ តែក៏អាចប្រើជារតនសម្បត្តិបានផងដែរ តាមរយៈការជឿជាក់លើព្រះជាម្ចាស់កាន់តែខ្លាំង ហើយក៏ជាសេចក្ដីសម្អាងថា ព្រះជាម្ចាស់សព្វព្រះហឫទ័យនឹងអ្នកដែរ។ ប្រសិនបើអ្នកខ្វះតថភាពនៃចំណេះដឹង ហើយមិនបានបំពាក់បំប៉នខ្លួនដោយសេចក្ដីពិតទេ នោះការបម្រើដោយងប់ងល់របស់អ្នក នាំមកតែការជិនឆ្អន់ និងការស្អប់ខ្ពើមពីព្រះជាម្ចាស់ប៉ុណ្ណោះ។ មកដល់ត្រឹមនេះ អ្នកគួរតែបានឈ្វេងយល់ហើយថា ជំនឿលើព្រះជាម្ចាស់ មិនមែនគ្រាន់តែជាការសិក្សាអំពីទេវសាស្រ្តនោះទេ!

ទោះបីជាបន្ទូលដែលខ្ញុំដាស់តឿនអ្នករាល់គ្នានេះ ខ្លីក៏ពិតមែន ក៏ប៉ុន្តែអ្វីដែលខ្ញុំបានរៀបរាប់មកនេះ គឺជាចំណុចដែលអ្នករាល់គ្នាខ្វះខាតបំផុតនៅក្នុងខ្លួនអ្នករាល់គ្នា។ អ្នករាល់គ្នាគួរដឹងថា អ្វីដែលខ្ញុំមានបន្ទូលនៅពេលនេះ គឺដើម្បីកិច្ចការចុងក្រោយរបស់ខ្ញុំក្នុងចំណោមមនុស្ស ដើម្បីកំណត់ពីទីបញ្ចប់របស់មនុស្ស។ ខ្ញុំមិនចង់ធ្វើកិច្ចការអ្វីច្រើនទៀត ដែលគ្មានគោលបំណងនោះទេ ហើយខ្ញុំក៏មិនចង់បន្ដដឹកនាំមនុស្សដែលអស់សង្ឃឹមដូចជាឈើពុកនោះដែរ ហើយខ្ញុំកាន់តែមិនចង់បន្តដឹកនាំមនុស្សដែលលាក់បាំងចេតនាអាក្រក់ទៀតហើយ។ ប្រហែលជាថ្ងៃណាមួយ អ្នករាល់គ្នានឹងយល់ពីចេតនាស្មោះត្រង់បង្កប់នៅក្នុងបន្ទូលរបស់ខ្ញុំ និងការរួមចំណែករបស់ខ្ញុំសម្រាប់មនុស្សជាតិ។ ប្រហែលជាថ្ងៃណាមួយ អ្នករាល់គ្នានឹងយល់អំពីសារនេះ ដែលអាចឱ្យអ្នករាល់គ្នាកំណត់ពីទីបញ្ចប់របស់ខ្លួនឯងបាន។

(ដកស្រង់ពី «សេចក្ដីដាស់តឿនទាំងបី» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)

ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់  សម្រង់សម្ដីទី ៦០៨

ខ្ញុំបានផ្តល់ការព្រមានជាច្រើនដល់អ្នករាល់គ្នា ហើយបានផ្តល់ឱ្យអ្នករាល់គ្នានូវសេចក្តីពិតជាច្រើន ក្នុងគោលបំណងយកឈ្នះអ្នករាល់គ្នា។ មកដល់ឥឡូវនេះ អ្នករាល់គ្នាមានអារម្មណ៍ថាមានការលូតលាស់ច្រើនខ្លាំងជាងកាលដែលអ្នកបានធ្វើពីមុន ដោយអ្នកបានយល់ពីគោលការណ៍ជាច្រើននៃរបៀបដែលមនុស្សម្នាក់គប្បីមាន ហើយអ្នកបានក្លាយជាមនុស្សដែលមានសុភវិនិច្ឆ័យជាច្រើន ដែលមនុស្សស្មោះត្រង់គប្បីមាន។ ទាំងអស់នេះ គឺជាផលដែលអ្នករាល់គ្នាប្រមូលបានក្នុងរយៈពេលជាច្រើនឆ្នាំមកនេះ។ ខ្ញុំមិនបដិសេធនូវសមិទ្ធផលរបស់អ្នករាល់គ្នាទេ ប៉ុន្តែខ្ញុំក៏ត្រូវមានព្រះបន្ទូលដោយត្រង់ៗផងដែរថា ខ្ញុំក៏មិនបដិសេធចំពោះការមិនគោរព និងការបះបោរជាច្រើន ដែលអ្នករាល់គ្នាបានធ្វើទាស់នឹងខ្ញុំក្នុងរយៈពេលច្រើនឆ្នាំនេះផងដែរ ដ្បិតគ្មាននរណាម្នាក់បរិសុទ្ធក្នុងចំណោមអ្នករាល់គ្នាទេ។ ដោយគ្មានការលើកលែង អ្នកគឺជាមនុស្សដែលត្រូវបានសាតាំងធ្វើឱ្យពុករលួយ។ អ្នកគឺជាសត្រូវរបស់ព្រះគ្រីស្ទ។ មកដល់ពេលបច្ចុប្បន្ន អំពើរំលង និងការមិនស្តាប់បង្គាប់របស់អ្នករាល់គ្នា មានចំនួនច្រើនខ្លាំងណាស់ដែលមិនអាចរាប់បាន ដូច្នេះវាសឹងតែមិនអាចចាត់ទុកថាជាការចម្លែកនោះឡើយ ដែលខ្ញុំតែងតែធ្វើទុក្ខបុកម្នេញអ្នកនោះ។ ខ្ញុំមិនចង់រួមរស់ជាមួយអ្នករាល់គ្នាតាមរបៀបនេះទេ ប៉ុន្តែដើម្បីជាប្រយោជន៍នៃអនាគតរបស់អ្នករាល់គ្នា ដើម្បីជាប្រយោជន៍នៃទិសដៅរបស់អ្នករាល់គ្នា ខ្ញុំឥឡូវនេះ ខ្ញុំមានព្រះបន្ទូលម្តងទៀតនូវអ្វីដែលខ្ញុំបានមានព្រះបន្ទូលរួចហើយ។ ខ្ញុំសង្ឃឹមថាអ្នករាល់គ្នានឹងព្រមតាមខ្ញុំ ហើយលើសពីនេះទៀត អ្នករាល់គ្នានឹងអាចជឿនូវរាល់ព្រះបន្ទូលរបស់ខ្ញុំ ហើយពិចារណាអំពីផលប៉ះពាល់ដ៏ស៊ីជម្រៅចេញពីព្រះបន្ទូលរបស់ខ្ញុំ។ ចូរកុំសង្ស័យនូវអ្វីដែលខ្ញុំមានព្រះបន្ទូល ចូរកុំជ្រើសយកព្រះបន្ទូលរបស់ខ្ញុំតាមដែលអ្នកចង់បាន ហើយបោះព្រះបន្ទូលចោល ទៅតាមឆន្ទៈរបស់អ្នកនោះឡើយ។ បើធ្វើបែបនេះ ខ្ញុំនឹងមិនអាចអត់ឱនឱ្យនោះឡើយ។ ចូរកុំវិនិច្ឆ័យព្រះបន្ទូលរបស់ខ្ញុំ ហើយជាងនេះទៅទៀត អ្នកក៏មិនគួរមើលស្រាយព្រះបន្ទូលរបស់ខ្ញុំខ្លាំងពេកនោះដែរ ឬក៏និយាយថាខ្ញុំតែងតែល្បួងអ្នករាល់គ្នាជានិច្ច ឬកាន់តែអាក្រក់ជាងនេះ ថាអ្វីដែលខ្ញុំបានមានព្រះបន្ទូលប្រាប់អ្នក គឺមិនមានភាពត្រឹមត្រូវនោះឡើយ។ ការទាំងនេះក៏ខ្ញុំមិនអាចអត់ទ្រាំបានឡើយ។ ដោយសារតែអ្នករាល់គ្នាប្រព្រឹត្តចំពោះខ្ញុំ និងអ្វីដែលខ្ញុំមានព្រះបន្ទូលដោយមានការមន្ទិលបែបនេះ ដោយអ្នកមិនបានយកព្រះបន្ទូលរបស់ខ្ញុំមកគិតពិចារណា និងព្រងើយកន្តើយនឹងខ្ញុំ ខ្ញុំសូមប្រាប់អ្នករាល់គ្នាម្នាក់ៗដោយភាពប្រាកដប្រជាថា៖ ចូរកុំផ្សារភ្ជាប់នូវអ្វីដែលខ្ញុំមានព្រះបន្ទូលទៅនឹងទស្សនវិជ្ជាឡើយ។ ចូរកុំផ្សារភ្ជាប់ព្រះបន្ទូលរបស់ខ្ញុំទៅនឹងការកុហករបស់មនុស្សបោកប្រាស់នោះដែរ។ អ្នកក៏ពុំគួរឆ្លើយតបនឹងព្រះបន្ទូលរបស់ខ្ញុំដោយការមិនស្ដាប់បង្គាប់នោះឡើយ។ ប្រហែលជាគ្មាននរណាម្នាក់នាពេលអនាគត អាចប្រាប់អ្នករាល់គ្នានូវអ្វីដែលខ្ញុំកំពុងមានព្រះបន្ទូលប្រាប់អ្នក ឬមានព្រះបន្ទូលទៅកាន់អ្នករាល់គ្នាដោយក្តីសប្បុរស ឬក៏នាំអ្នករាល់គ្នាដើរឆ្លងកាត់ចំណុចទាំងនេះដោយអត់ធ្មត់បានឡើយ។ អ្នកនឹងលះបង់ពេលប៉ុន្មានថ្ងៃនោះដើម្បីរំឭកឡើងវិញនូវពេលវេលាល្អៗ ឬយំខ្លាំងៗ ឬស្រែកថ្ងូរដោយឈឺចាប់ ឬអ្នករាល់គ្នានឹងរស់នៅក្នុងភាពងងឹតដោយគ្មានការផ្តល់នូវសេចក្តីពិត ឬជីវិត ឬគ្រាន់តែរង់ចាំដោយគ្មានសង្ឃឹម ឬរស់នៅក្នុងភាពសោកស្តាយដ៏ជូរចត់ ដែលអ្នករាល់គ្នាបាត់បង់គ្រប់ទាំងវិចារណញ្ញាណទាំងអស់...។ ជាក់ស្ដែង គ្មាននរណាម្នាក់ក្នុងចំណោមអ្នករាល់គ្នា អាចគេចផុតពីភាពដែលអាចកើតមានទាំងនេះបានទេ។ ដោយសារតែគ្មាននរណាម្នាក់ក្នុងចំណោមអ្នករាល់គ្នា យកបាននូវកន្លែងមួយដែលអ្នករាល់គ្នាអាចថ្វាយបង្គំព្រះជាម្ចាស់ដ៏ពិតប្រាកដ ប៉ុន្តែជ្រមុជខ្លួនឯងចូលទៅក្នុងពិភពនៃភាពអសីលធម៌ និងការអាក្រក់ ដោយលាយបញ្ចូលទៅក្នុងជំនឿរបស់អ្នករាល់គ្នា ចូលទៅក្នុងវិញ្ញាណ ព្រលឹង និងរូបកាយរបស់អ្នករាល់គ្នា នោះមានរឿងរ៉ាវជាច្រើនដែលមិនទាក់ទងនឹងជីវិត និងសេចក្តីពិត ហើយដែលតាមពិតទៅ គឺផ្ទុយទៅនឹងរឿងរ៉ាវទាំងនោះវិញ។ ដូច្នេះហើយ អ្វីដែលខ្ញុំសង្ឃឹមចំពោះអ្នករាល់គ្នាគឺថាអ្នករាល់គ្នាអាចនឹងត្រូវនាំទៅកាន់ផ្លូវនៃពន្លឺបាន។ ក្តីសង្ឃឹមតែមួយគត់របស់ខ្ញុំគឺថា អ្នករាល់គ្នាអាចមានសមត្ថភាពយកចិត្តទុកដាក់លើខ្លួនឯង ថែទាំខ្លួនឯង ហើយថាអ្នកនឹងមិនផ្តោតសំខាន់លើទិសដៅរបស់អ្នកខ្លាំងពេក ខណៈពេលដែលកំពុងមើលទៅលើឥរិយាបថ និងអំពើរំលងរបស់អ្នកដោយភាពព្រងើយកន្ដើយនោះឡើយ។

(ដកស្រង់ពី «អំពើរំលងនឹងនាំមនុស្សទៅកាន់ស្ថាននរក» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)

ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់  សម្រង់សម្ដីទី ៦០៩

អស់រយៈពេលជាយូរមកហើយ មនុស្សដែលជឿលើព្រះជាម្ចាស់ សុទ្ធតែបានសង្ឃឹមយ៉ាងមុតមាំក្នុងការទទួលបានូវទិសដៅដ៏ស្រស់បំព្រងមួយ ហើយគ្រប់ទាំងអ្នកជឿព្រះជាម្ចាស់ទាំងអស់សង្ឃឹមថា សំណាងល្អនឹងមកដល់ពួកគេភ្លាមៗ។ ពួកគេទាំងអស់សង្ឃឹមថា នៅមុនពេលដែលពួកគេដឹងពីទិសដៅ ពួកគេនឹងបានអង្គុយដោយសេចក្ដីសុខសាន្ដ នៅកន្លែងមួយ ឬកន្លែងផ្សេងទៀតនៅឯស្ថានសួគ៌។ ជាមួយនឹងគំនិតដ៏ល្អរបស់ពួកគេ ប៉ុន្តែខ្ញុំមានបន្ទូលថា មនុស្សទាំងនេះមិនដែលដឹងថាតើពួកគេមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ដើម្បីទទួលបាននូវសំណាងល្អបែបនេះដែលធ្លាក់ពីលើមេឃ ឬសូម្បីតែអង្គុយលើកៅអីនៅទីនោះឡើយ។ នាពេលបច្ចុប្បន្ន អ្នករាល់គ្នាមានចំណេះដឹងល្អអំពីខ្លួនឯង តែអ្នករាល់គ្នានៅតែសង្ឃឹមថានឹងរួចផុតពីគ្រោះមហន្តរាយនៃគ្រាចុងក្រោយ និងព្រះហស្ដនៃព្រះដ៏មានគ្រប់ព្រះចេស្ដា នៅពេលដែលទ្រង់ដាក់ទោសមនុស្សអាក្រក់ទាំងឡាយ។ វាហាក់ដូចជាមានក្តីសុបិនដ៏ល្អ និងចង់បានអ្វីដែលពួកគេចូលចិត្តជាលក្ខណៈទូទៅរបស់មនុស្សទាំងអស់ដែលសាតាំងបានធ្វើឱ្យពុករលួយ ហើយមិនមែនជាគំនិតដ៏ឈ្លាសវៃរបស់មនុស្សណាម្នាក់នោះទេ។ ទោះបីយ៉ាងនេះក្តី ខ្ញុំនៅតែចង់បញ្ចប់នូវសេចក្តីប្រាថ្នាផ្ដេសផ្ដាសទាំងនេះរបស់អ្នករាល់គ្នា ក៏ដូចជាភាពចង់បានរបស់អ្នករាល់គ្នា ដើម្បីទទួលបាននូវព្រះពរ។ ដោយសារអំពើរំលងរបស់អ្នកមានចំនួនច្រើន ហើយការពិតនៃភាពបះបោររបស់អ្នករាល់គ្នាកាន់តែចម្រើនឡើង តើរឿងទាំងនេះអាចសមនឹងប្លង់មេដ៏គួរឱ្យស្រឡាញ់របស់អ្នករាល់គ្នាសម្រាប់អនាគតយ៉ាងដូចម្តេចទៅ? ប្រសិនបើអ្នកចង់បន្តទៅតាមអ្វីដែលអ្នកពេញចិត្ត នៅតែធ្វើខុសដោយមិនមានអ្វីបញ្ឈប់អ្នក តែក្នុងពេលជាមួយគ្នានេះអ្នកនៅតែចង់ឱ្យក្តីសុបិនរបស់អ្នកក្លាយជាការពិត នោះខ្ញុំជំរុញឱ្យអ្នកបន្តនៅក្នុងភាពល្ងង់ខ្លៅរបស់អ្នកចុះ ហើយកុំភ្ញាក់ឡើយ ដ្បិតអីក្ដីសុបិនរបស់អ្នក គឺជាក្តីសុបិនទទេ ហើយនៅចំពោះព្រះវត្តមានរបស់ព្រះជាម្ចាស់ដ៏សុចរិត ទ្រង់នឹងមិនលើកលែងដល់អ្នកនោះឡើយ។ ប្រសិនបើអ្នកចង់ឱ្យក្តីសុបិនរបស់អ្នកក្លាយជាការពិត ចូរកុំសុបិនអី។ ផ្ទុយទៅវិញ ត្រូវប្រឈមមុខនឹងសេចក្ដីពិត និងការពិតជារៀងរហូតវិញ។ នេះគឺជាមធ្យោបាយតែមួយគត់ ដែលអ្នកអាចត្រូវបានសង្រ្គោះ។ បើនិយាយឱ្យចំទៅ តើវិធីសាស្ត្រនេះមានជំហានអ្វីខ្លះ?

ជាដំបូង ត្រូវពិនិត្យមើលរាល់អំពើរំលងរបស់អ្នក ហើយពិនិត្យមើលឥរិយាបថ និងគំនិតណាមួយដែលអ្នកមាន ដែលមិនស្របទៅនឹងសេចក្តីពិត។

នេះគឺជារឿងមួយដែលអ្នកអាចធ្វើបានយ៉ាងងាយស្រួល ហើយខ្ញុំជឿជាក់ថាគ្រប់មនុស្សវៃឆ្លាតទាំងអស់អាចធ្វើបាន។ ទោះយ៉ាងណាក៏ដោយ លើកលែងតែអ្នកដែលមិនធ្លាប់ដឹងអំពីអត្ថន័យនៃអំពើរំលង និងសេចក្ដីពិតប៉ុណ្ណោះដែលមិនអាចធ្វើបាន ពីព្រោះនៅក្នុងកម្រិតមូលដ្ឋាន ពួកគេមិនមែនជាមនុស្សឆ្លាតវៃនោះទេ។ ខ្ញុំកំពុងមានព្រះបន្ទូលអំពីមនុស្សដែលត្រូវបានព្រះជាម្ចាស់ទទួលស្គាល់ ជាមនុស្សស្មោះត្រង់មិនបានបំពានធ្ងន់ធ្ងរលើបញ្ញត្ដិរដ្ឋបាលណាមួយ ហើយអាចងាយយល់ពីអំពើរំលងរបស់ខ្លួន។ ទោះបីរឿងមួយនេះខ្ញុំតម្រូវពីអ្នករាល់គ្នា ហើយងាយស្រួលនឹងសម្រេចបានក៏ដោយ ក៏នេះមិនមែនជារឿងតែមួយដែលខ្ញុំតម្រូវពីអ្នករាល់គ្នានោះឡើយ។ មិនថាមានបញ្ហាអ្វីក៏ដោយ ខ្ញុំសង្ឃឹមថាអ្នករាល់គ្នានឹងមិនសើចចំអកដោយសម្ងាត់ចំពោះសេចក្ដីតម្រូវនេះទេ ហើយជាពិសេសអ្នកនឹងមិនមើលងាយ ឬមើលស្រាលចំពោះសេចក្ដីតម្រូវនោះឡើយ។ អ្នកគប្បីធ្វើឱ្យបានម៉ឺងម៉ាត់ ហើយកុំបោះបង់សេចក្ដីតម្រូវចោលឡើយ។

ទីពីរ ចំពោះអំពើរំលង និងការមិនស្ដាប់បង្គាប់នីមួយៗរបស់អ្នក អ្នកគប្បីរកមើលសេចក្តីពិតដែលត្រូវគ្នា ហើយបន្ទាប់មកប្រើសេចក្តីពិតទាំងនេះដើម្បីដោះស្រាយបញ្ហាទាំងនោះ។ បន្ទាប់ពីនោះមក ចូរជំនួសអំពើរំលង និងគំនិតដែលមិនស្ដាប់បង្គាប់ ហើយនិងការប្រព្រឹត្ត ដោយការអនុវត្តនៃសេចក្តីពិតវិញ។

ទីបី អ្នកគប្បីជាមនុស្សដែលស្មោះត្រង់ មិនមែនជាមនុស្សដែលតែងតែឆ្លាតជ្រុល និងតែងតែបោកប្រាស់ជានិច្ចនោះឡើយ។ (ត្រង់ចំណុចនេះ ខ្ញុំស្នើដល់អ្នករាល់គ្នាម្តងទៀត ឱ្យធ្វើជាមនុស្សស្មោះត្រង់)។

ប្រសិនបើអ្នកអាចសម្រេចនូវកិច្ចការទាំងបីនេះបាន នោះអ្នកគឺជាមនុស្សម្នាក់ក្នុងចំណោមអ្នកដែលមានសំណាង ជាមនុស្សដែលសុបិនក្លាយជាការពិត និងទទួលបានសំណាងល្អ។ ប្រហែលជាអ្នករាល់គ្នានឹងធ្វើនូវសេចក្ដីតម្រូវទាំងបីដែលមិនទាក់ទាញទាំងនេះដោយម៉ឺងម៉ាត់នោះទេ ឬប្រហែលជាអ្នកនឹងធ្វើនូវសេចក្ដីតម្រូវទាំងនោះដោយគ្មានការទទួលខុសត្រូវដែរ។ ទោះជាមួយណាក៏ដោយ គោលបំណងរបស់ខ្ញុំ គឺបំពេញនូវក្តីសុបិនរបស់អ្នករាល់គ្នា ហើយដាក់ឧត្តមគតិរបស់អ្នករាល់គ្នាទៅជាការអនុវត្តន៍ ដោយមិនសើចចំអកដាក់អ្នករាល់គ្នា ឬក៏ធ្វើចាត់ទុកអ្នកដូចជាមនុស្សល្ងីល្ងើនោះឡើយ។

ការទាមទាររបស់ខ្ញុំអាចមានលក្ខណៈសាមញ្ញ ប៉ុន្តែអ្វីដែលខ្ញុំកំពុងមានព្រះបន្ទូលប្រាប់អ្នករាល់គ្នា មិនមានលក្ខណៈសាមញ្ញ ដូចជាមួយបូកមួយស្មើពីរនោះទេ។ ប្រសិនបើអ្វីដែលអ្នករាល់គ្នាធ្វើទាំងអស់ ជាការដែលនិយាយបែបធម្មតាអំពីការនេះ ឬនិយាយមិនច្បាស់លាស់ឥតប្រយោជន៍ និងថ្លែងសេចក្ដីដោយមិនស្មោះត្រង់នោះប្លង់មេរបស់អ្នករាល់គ្នា និងបំណងប្រាថ្នារបស់អ្នករាល់គ្នា នឹងនៅតែមិនអាចកើតឡើងនោះឡើយ។ ខ្ញុំនឹងមិនមានអារម្មណ៍អាណិតដល់អ្នករាល់គ្នាដែលរងទុក្ខអស់រយៈពេលជាច្រើនឆ្នាំ ហើយខំធ្វើការយ៉ាងខ្លាំងតែគ្មានចេញជាផលផ្លែនោះឡើយ។ ផ្ទុយទៅវិញ ខ្ញុំនឹងប្រព្រឹត្ដចំពោះអ្នកដែលមិនបានបំពេញតាមការទាមទាររបស់ខ្ញុំ តាមរយៈការដាក់ទោស មិនមែនផ្តល់រង្វាន់ទេ ហើយមិនមែនជាក្ដីអាណិតអាសូរដែរ។ អ្នករាល់គ្នាប្រហែលជាស្រមៃគិតថា ដោយបានធ្វើជាអ្នកដើរតាមទ្រង់អស់រយៈពេលជាច្រើនឆ្នាំ អ្នកបានខិតខំធ្វើការមិនថាជាអ្វីទេ ហើយអ្នកគួរទទួលបានបាយមួយចាននៅក្នុងដំណាក់របស់ព្រះជាម្ចាស់ ក្នុងនាមតែជាអ្នកស៊ីឈ្នួលប៉ុណ្ណោះ។ ខ្ញុំចង់មានបន្ទូលប្រាប់ថា ភាគច្រើននៃអ្នករាល់គ្នាគិតតាមរបៀបនេះ ដ្បិតអ្នករាល់គ្នាតែងតែស្វែងរកនូវគោលការណ៍ ពីរបៀបទាញយកប្រយោជន៍ ហើយមិនឱ្យមានការទាញយកប្រយោជន៍ពីខ្លួនឡើយ។ ដូច្នេះ ខ្ញុំប្រាប់អ្នករាល់គ្នាឥឡូវនេះដោយភាពម៉ឺងម៉ាត់ទាំងអស់ថា៖ ខ្ញុំមិនខ្វល់ថាកិច្ចខិតខំប្រឹងប្រែងរបស់អ្នកគួរឱ្យស្ញើចយ៉ាងណា សមត្ថភាពរបស់អ្នកខ្លាំងប៉ុនណា អ្នកធ្វើតាមខ្ញុំបានជាប់ប៉ុនណា កិត្តិនាមល្បីល្បាញប៉ុនណា ឬអាកប្បកិរិយារបស់អ្នកមានភាពប្រសើរប៉ុនណានោះទេ ដរាបណាអ្នកមិនបានបំពេញតាមការទាមទាររបស់ខ្ញុំ នោះអ្នកនឹងមិនអាចទទួលបាននូវការសរសើរពីខ្ញុំនោះឡើយ។ ចូរសរសេរចេញនូវគំនិត និងការគណនាទាំងនោះទាំងអស់របស់អ្នករាល់គ្នាឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន ហើយចាប់ផ្តើមធ្វើតាមសេចក្ដីតម្រូវរបស់ខ្ញុំយ៉ាងហ្មត់ចត់។ បើមិនដូច្នោះទេ ខ្ញុំនឹងធ្វើឱ្យមនុស្សទាំងអស់ទៅជាផេះផង់ ដើម្បីបញ្ចប់នូវកិច្ចការរបស់ខ្ញុំ ហើយដែលអាក្រក់បំផុតនោះ គឺធ្វើឱ្យឆ្នាំនៃកិច្ចការនិងការរងទុក្ខទាំងប៉ុន្មានរបស់ខ្ញុំ ត្រឡប់ទៅជាឥតប្រយោជន៍ ដ្បិតខ្ញុំមិនអាចយកខ្មាំងសត្រូវ និងមនុស្សដែលធ្វើការអាក្រក់ទាំងនោះ ហើយដែលមានរូបរាងរបស់សាតាំង ឱ្យចូលមកក្នុងនគររបស់ខ្ញុំ ឬយកចូលទៅក្នុងយុគសម័យបន្ទាប់បាននោះឡើយ។

(ដកស្រង់ពី «អំពើរំលងនឹងនាំមនុស្សទៅកាន់ស្ថាននរក» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)

ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់  សម្រង់សម្ដីទី ៦១០

ខ្ញុំមានសង្ឃឹមច្រើនណាស់។ ខ្ញុំសង្ឃឹមថាអ្នករាល់គ្នាអាចប្រព្រឹត្ដដោយខ្លួនឯងនូវឥរិយាបថសមរម្យ និងត្រឹមត្រូវ ដោយបំពេញកាតព្វកិច្ចរបស់អ្នកដោយស្មោះត្រង់មានសេចក្តីពិត និងភាពជាមនុស្ស ជាមនុស្សដែលអាចលះបង់អ្វីគ្រប់យ៉ាងដែលខ្លួនមាន និងសូម្បីតែជីវិតសម្រាប់ព្រះជាម្ចាស់ ហើយនិងអ្វីៗផ្សេងទៀត។ ក្តីសង្ឃឹមទាំងអស់នេះបានមកពីភាពមិនគ្រប់គ្រាន់របស់អ្នករាល់គ្នា ហើយនិងការពុករលួយ និងការមិនស្តាប់បង្គាប់របស់អ្នក។ ប្រសិនបើការសន្ទនាណាមួយដែលខ្ញុំមានជាមួយអ្នករាល់គ្នា មិនគ្រប់គ្រាន់ដើម្បីទាក់ទាញចំណាប់អារម្មណ៍របស់អ្នករាល់គ្នាទេ នោះទំនងជាអ្វីដែលខ្ញុំអាចធ្វើបាននៅពេលនេះ គឺខ្ញុំលែងមានព្រះបន្ទូលតទៅទៀត។ ទោះយ៉ាងណាក៏ដោយ អ្នករាល់គ្នាយល់នូវអ្វីជាលទ្ធផលដែលនឹងទៅជាយ៉ាងណា។ ខ្ញុំមិនដែលសម្រាកញឹកញាប់នោះទេ ដូច្នេះប្រសិនបើខ្ញុំមិនមានបន្ទូល ខ្ញុំនឹងធ្វើអ្វីម៉្យាងដើម្បីឱ្យមនុស្សមើល។ ខ្ញុំអាចធ្វើឱ្យអណ្តាតរបស់នរណាម្នាក់ទៅជារលួយ ឬធ្វើឱ្យនរណាម្នាក់ស្លាប់បែកជាបំណែក ឬធ្វើឱ្យមនុស្សមានភាពមិនធម្មតាផ្នែកសរសៃប្រសាទ និងធ្វើឱ្យពួកគេមើលទៅគួរឱ្យស្អប់តាមវិធីជាច្រើនយ៉ាង។ បន្ទាប់មកទៀត ខ្ញុំអាចធ្វើឱ្យមនុស្សរងនឹងទារុណកម្ម ដែលខ្ញុំបានបង្កើតជាពិសេសសម្រាប់ពួកគេ។ តាមវិធីនេះ ខ្ញុំនឹងមានអារម្មណ៍រីករាយ សប្បាយជាខ្លាំង និងពេញចិត្តយ៉ាងខ្លាំងផងដែរ។ មានពាក្យដែលគេតែងតែលើកឡើងថា «ធ្វើល្អបានល្អ ធ្វើអាក្រក់បានអាក្រក់» ចុះឥឡូវ ហេតុអ្វីបានជាមិនអ៊ីចឹង? ប្រសិនបើអ្នកមានបំណងជំទាស់នឹងខ្ញុំ ហើយធ្វើការជំនុំជម្រះចំពោះខ្ញុំ នោះខ្ញុំនឹងធ្វើឱ្យមាត់អ្នករលួយ ហើយនោះនឹងធ្វើឱ្យខ្ញុំរីករាយមិនឈប់ឈរនោះឡើយ។ នេះក៏ព្រោះតែទីបំផុត អ្វីដែលអ្នកបានធ្វើ មិនមែនជាសេចក្ដីពិត ហើយក៏មិនទាក់ទងនឹងជីវិតផងដែរ ដ្បិតអ្វីគ្រប់យ៉ាងដែលខ្ញុំធ្វើគឺជាសេចក្ដីពិត។ រាល់សកម្មភាពរបស់ខ្ញុំ គឺពាក់ព័ន្ធនឹងគោលការណ៍នៃកិច្ចការរបស់ខ្ញុំ និងបញ្ញត្តិរដ្ឋបាលដែលខ្ញុំបានដាក់ចេញ។ ហេតុដូច្នេះហើយ ខ្ញុំជំរុញឱ្យអ្នករាល់គ្នាម្នាក់ៗបង្កើននូវគុណធម៌ខ្លះៗឈប់ធ្វើអំពើអាក្រក់ច្រើនពេក ហើយធ្វើតាមការទាមទាររបស់ខ្ញុំក្នុងពេលទំនេររបស់អ្នក។ ពេលនោះខ្ញុំនឹងមានអារម្មណ៍រីករាយ។ ប្រសិនបើអ្នករាល់គ្នាត្រូវចែករំលែក (ឬបរិច្ចាគ) ទៅចំពោះសេចក្ដីពិតសូម្បីតែមួយភាគមួយពាន់នៃការខិតខំប្រឹងប្រែងដែលអ្នកធ្វើក្នុងសាច់ឈាមនោះ ខ្ញុំអាចមានព្រះបន្ទូលថា អ្នកនឹងមិនប្រព្រឹត្តនូវអំពើរំលង និងមានមាត់ដែលរលួយជាញឹកញាប់នោះឡើយ។ តើនេះមិនច្បាស់ទេឬអី?

បើអ្នកប្រព្រឹត្តនូវអំពើរំលងកាន់តែច្រើន នោះឱកាសរបស់អ្នកក្នុងការទទួលបាននូវទិសដៅល្អ គឺកាន់តែតិចដែរ។ ផ្ទុយទៅវិញ បើអ្នកប្រព្រឹត្តអំពើរំលងកាន់តែតិចនោះអ្នកកាន់តែមានឱកាសច្រើនក្នុងការទទួលបាននូវការសរសើរពីព្រះជាម្ចាស់។ ប្រសិនបើអំពើរំលងរបស់អ្នកកើនឡើង ដល់ចំណុចដែលខ្ញុំមិនអាចអភ័យទោសឱ្យអ្នកបាន នោះអ្នកនឹងត្រូវបាត់បង់ទាំងស្រុងនូវឱកាសនៃការដែលត្រូវអត់ទោស។ ដូច្នេះទិសដៅរបស់អ្នកនឹងមិននៅខាងលើទេ ប៉ុន្តែនៅខាងក្រោមវិញ។ ប្រសិនបើអ្នកមិនជឿខ្ញុំទេ ចូរអ្នកក្លាហាន ហើយប្រព្រឹត្តខុសចុះ នោះអ្នកនឹងឃើញនូវអ្វីដែលអ្នកត្រូវទទួលបាន។ ប្រសិនបើអ្នកជាមនុស្សដែលមានចិត្តស្មោះត្រង់ ដែលអនុវត្តនូវសេចក្តីពិត នោះអ្នកប្រាកដជានឹងមានឱកាសទទួលបានការលើកលែងទោស ចំពោះអំពើរំលងរបស់អ្នក ហើយអ្នកនឹងមិនស្ដាប់បង្គាប់កាន់តែតិចទៅៗ។ ប្រសិនបើអ្នកជាមនុស្សម្នាក់ដែលការអនុវត្តសេចក្ដីពិតរបស់ខ្លួនមានលក្ខណៈស្មោះអស់ពីចិត្តយ៉ាងខ្លាំង នោះអំពើរំលងរបស់អ្នកនៅចំពោះព្រះជាម្ចាស់ច្បាស់ជាកើនឡើង ហើយអ្នកនឹងមិនស្ដាប់បង្គាប់កាន់តែច្រើនឡើងៗ រហូតដល់អ្នកឈានដល់កម្រិត ដែលនឹងជាពេលនៃការបំផ្លាញជាសរុបចំពោះអ្នកតែម្ដង។ នេះជាពេលដែលសុបិនដ៏រីករាយនៃការទទួលបាននូវព្រះពររបស់អ្នកនឹងត្រូវវិនាស។ កុំចាត់ទុកអំពើរំលងរបស់អ្នកថាគ្រាន់តែជាកំហុសរបស់មនុស្សដែលមិនទាន់គ្រប់អាយុ ឬមនុស្សល្ងីល្ងើនោះឡើយ។ ចូរកុំប្រើលេសដែលអ្នកមិនបានអនុវត្តនូវសេចក្ដីពិត ពីព្រោះតែលក្ខណៈសម្បតិ្តមិនល្អរបស់អ្នក ដែលធ្វើឱ្យអ្នកមិនអាចធ្វើបាននោះឡើយ។ លើសពីនេះទៅទៀត មិនត្រូវចាត់ទុកអំពើរំលងដែលអ្នកបានប្រព្រឹត្ត ថាជាអំពើរបស់នរណាម្នាក់ផ្សេងនោះឡើយ។ ប្រសិនបើអ្នកពូកែក្នុងការអភ័យទោសឱ្យខ្លួនឯង និងប្រព្រឹត្តចំពោះខ្លួនឯងដោយសន្ដោសប្រណី នោះខ្ញុំសូមមានព្រះបន្ទូលថា អ្នកជាមនុស្សកំសាក ដែលមិនដែលទទួលបាននូវសេចក្ដីពិត ហើយអំពើរំលងរបស់អ្នកក៏មិនដែលឈប់ក្នុងការតាមលងអ្នកដែរ។ អំពើរំលងរបស់អ្នកនឹងទាសអ្នកចេញ មិនឱ្យទទូលបាននូវតម្រូវការនៃសេចក្តីពិត ហើយធ្វើឱ្យអ្នកនៅតែជាដៃគូស្មោះត្រង់របស់សាតាំងជានិច្ច។ ឱវាទរបស់ខ្ញុំចំពោះអ្នកនៅតែមានដូច្នេះ៖ ចូរកុំយកចិត្តទុកដាក់តែលើទិសដៅរបស់អ្នក ដោយមិនអាចកត់សម្គាល់ពីអំពើរំលងដែលលាក់កំបាំងរបស់អ្នកនោះឡើយ តែចូរប្រកាន់ខ្ជាប់នូវអំពើរំលងយ៉ាងម៉ឺងម៉ាត់ ហើយកុំមើលរំលងនូវអំពើរំលងទាំងនោះ ក្រៅពីការព្រួយបារម្ភចង់បានទិសដៅរបស់អ្នកឡើយ។

(ដកស្រង់ពី «អំពើរំលងនឹងនាំមនុស្សទៅកាន់ស្ថាននរក» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)

ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់  សម្រង់សម្ដីទី ៦១១

ថ្ងៃនេះ ខ្ញុំសូមដាស់តឿនអ្នករាល់គ្នា សម្រាប់ជាប្រយោជន៍ដល់ការរស់រានផ្ទាល់របស់អ្នករាល់គ្នា និងដើម្បីឱ្យកិច្ចការរបស់ខ្ញុំរីកចម្រើនទៅដោយរលូន និងដើម្បីឱ្យកិច្ចការដំបូងរបស់ខ្ញុំនៅក្នុងសាកលលោកទាំងមូល អាចត្រូវបានអនុវត្តត្រឹមត្រូវ និងឥតខ្ចោះ ដោយបើកសម្ដែងពីព្រះបន្ទូល សិទ្ធិអំណាច ឫទ្ធានុភាព និងការជំនុំជម្រះរបស់ខ្ញុំចំពោះមនុស្សនៅគ្រប់ប្រទេស និងគ្រប់ជាតិសាសន៍ទាំងអស់។ កិច្ចការដែលខ្ញុំធ្វើក្នុងចំណោមអ្នករាល់គ្នា គឺជាការចាប់ផ្ដើមនៃកិច្ចការរបស់ខ្ញុំនៅក្នុងសាកលលោកទាំងមូល។ ទោះបីជាឥលូវនេះ ដល់ពេលវេលានៃគ្រាចុងក្រោយហើយក៏ដោយ ចូរចាំថា «គ្រាចុងក្រោយ» គឺត្រឹមជាឈ្មោះសម្រាប់យុគសម័យមួយ ដូចជាយុគសម័យនៃក្រឹត្យវិន័យ និងយុគសម័យនៃព្រះគុណដែរ ហើយវាបង្ហាញពីយុគសម័យទាំងមូល មិនមែនត្រឹមតែពីរបីឆ្នាំ ឬក៏ពីរបីខែចុងក្រោយនោះទេ។ ប៉ុន្ដែ គ្រាចុងក្រោយមិនមានលក្ខណៈដូចគ្នានឹងយុគសម័យនៃព្រះគុណ និងយុគសម័យនៃក្រឹត្យវិន័យទេ។ កិច្ចការនៃគ្រាចុងក្រោយ មិនមែនត្រូវអនុវត្តនៅក្នុងប្រទេសអ៊ីស្រាអែលទេ ប៉ុន្ដែនៅក្នុងចំណោមសាសន៍ដទៃវិញ ហើយវាគឺជាជ័យជម្នះរបស់មនុស្សពីគ្រប់ជាតិសាសន៍ និងពីគ្រប់ពូជអំបូរទាំងអស់ដែលនៅក្រៅអ៊ីស្រាអែល នៅចំពោះបល្ល័ង្ករបស់ខ្ញុំ ប្រយោជន៍ឱ្យសិរីល្អរបស់ខ្ញុំនៅលើសាកលលោកទាំងមូលអាចបំពេញចក្រវាឡ និងលំហអាកាសបាន។ យ៉ាងនោះទើបខ្ញុំអាចទទួលបានសិរីល្អកាន់តែច្រើន ប្រយោជន៍ឱ្យជីវិតទាំងអស់នៅលើផែនដី អាចបញ្ជូនសិរីល្អរបស់ខ្ញុំទៅកាន់ជាតិសាសន៍ទាំងអស់ និងទៅដល់មនុស្សគ្រប់ជំនាន់ជារៀងរហូត ហើយឱ្យជីវិតទាំងអស់នៅលើស្ថានសួគ៌ និងនៅលើផែនដី អាចមើលឃើញសិរីល្អដែលខ្ញុំបានទទួលនៅលើផែនដី។ កិច្ចការដែលបានអនុវត្តនៅគ្រាចុងក្រោយ គឺជាកិច្ចការនៃការយកឈ្នះ។ វាមិនមែនជាការណែនាំពីជីវិតមនុស្សទាំងអស់នៅលើផែនដីទេ ប៉ុន្ដែជាការបញ្ចប់នៃជីវិតដែលរងវេទនាគ្មានទីបញ្ចប់ និងរាប់ពាន់ឆ្នាំនៅលើផែនដី។ ជាលទ្ធផល កិច្ចការនៃគ្រាចុងក្រោយ មិនអាចមានលក្ខណៈដូចជាកិច្ចការរាប់ពាន់ឆ្នាំនៅក្នុងប្រទេសអ៊ីស្រាអែលទេ ហើយក៏មិនអាចមានលក្ខណៈដូចជាកិច្ចការត្រឹមតែប៉ុន្មានឆ្នាំនៅក្នុងស្រុកយូដា ដែលបានបន្ដអស់រយៈពេលពីរពាន់ឆ្នាំ រហូតដល់ការមកយកនិស្ស័យជាមនុស្សជាលើកទីពីររបស់ព្រះជាម្ចាស់នោះដែរ។ មនុស្សនៃគ្រាចុងក្រោយ ជួបប្រទះតែនឹងការលេចមកជាសាច់ឈាមម្ដងទៀតនៃព្រះដ៏ប្រោសលោះប៉ុណ្ណោះ ហើយពួកគេទទួលកិច្ចការ និងព្រះបន្ទូលផ្ទាល់ខ្លួនរបស់ព្រះជាម្ចាស់។ វានឹងមិនដល់ពីរពាន់ឆ្នាំនោះទេ មុនពេលដែលគ្រាចុងក្រោយឈានដល់ទីបញ្ចប់ ព្រោះវាជារយៈពេលមួយខ្លី ដូចកាលដែលព្រះយេស៊ូវបានអនុវត្តកិច្ចការរបស់ទ្រង់ នៅយុគសម័យនៃព្រះគុណ ក្នុងស្រុកយូដាដែរ។ នេះគឺដោយសារតែគ្រាចុងក្រោយគឺជាការបញ្ចប់នៃយុគសម័យទាំងមូល។ វាជាការបង្ហើយ និងជាទីបញ្ចប់នៃផែនការគ្រប់គ្រងរបស់ព្រះជាម្ចាស់រយៈពេលប្រាំមួយពាន់ឆ្នាំ ហើយវាក៏បញ្ចប់ដំណើររងទុក្ខនៃជីវិតមនុស្សជាតិដែរ។ វាមិនយកមនុស្សជាតិទាំងអស់ចូលទៅក្នុងយុគសម័យថ្មី ឬក៏អនុញ្ញាតឱ្យជីវិតរបស់មនុស្សជាតិបន្ដទៅទៀតដែរ ព្រោះវាគ្មានសារៈសំខាន់អ្វីសម្រាប់ផែនការគ្រប់គ្រងរបស់ខ្ញុំ ឬក៏សម្រាប់អត្ថិភាពរបស់មនុស្សទេ។ ប្រសិនបើមនុស្សជាតិបន្ដធ្វើបែបនេះទៀត នោះមិនយូរមិនឆាប់ ពួកគេនឹងត្រូវបំផ្លាញដោយអារក្ស ហើយព្រលឹងទាំងអស់ដែលជាកម្មសិទ្ធិរបស់ខ្ញុំនឹងត្រូវបំផ្លាញដោយដៃរបស់វាជាមិនខាន។ កិច្ចការរបស់ខ្ញុំមានរយៈពេលប្រាំមួយពាន់ឆ្នាំប៉ុណ្ណោះ ហើយខ្ញុំបានសន្យាថាការគ្រប់គ្រងរបស់អារក្សលើមនុស្សជាតិទាំងមូល ក៏ស្ថិតនៅមិនលើសពីប្រាំមួយពាន់ឆ្នាំដែរ។ ដូច្នេះ ឥលូវនេះដល់ពេលហើយ។ ខ្ញុំនឹងមិនបន្ដ ហើយក៏មិនពន្យារពេលតទៅទៀតដែរ៖ ក្នុងអំឡុងពេលគ្រាចុងក្រោយ ខ្ញុំនឹងធ្វើឱ្យសាតាំងវិនាស ខ្ញុំនឹងយកសិរីល្អទាំងអស់របស់ខ្ញុំត្រលប់មកវិញ ហើយខ្ញុំនឹងទាមទារព្រលឹងទាំងអស់ដែលជាកម្មសិទ្ធិរបស់ខ្ញុំនៅលើផែនដីត្រលប់មកវិញ ដើម្បីឱ្យព្រលឹងដែលរងទុក្ខព្រួយទាំងអស់នេះអាចគេចផុតពីសមុទ្រទុក្ខ ដើម្បីឱ្យកិច្ចការទាំងមូលរបស់ខ្ញុំនៅលើផែនដីនឹងត្រូវបញ្ចប់។ ចាប់ពីថ្ងៃនេះតទៅ ខ្ញុំនឹងមិនត្រលប់មកជាសាច់ឈាមនៅលើផែនម្ដងទៀតឡើយ ហើយវិញ្ញាណគ្រប់គ្រងទាំងអស់របស់ខ្ញុំក៏នឹងមិនធ្វើកិច្ចការនៅលើផែនដីម្ដងទៀតដែរ។ ខ្ញុំនឹងមិនធ្វើកិច្ចការអ្វីទៀតឡើយនៅលើផែនដីនេះ ក្រៅតែពីកិច្ចការម្យ៉ាងគឺ៖ ខ្ញុំនឹងបង្កើតមនុស្សជាតិជាថ្មី ជាមនុស្សជាតិដែលបរិសុទ្ធ និងជាទីក្រុងដ៏ស្មោះត្រង់របស់ខ្ញុំនៅលើផែនដី។ ប៉ុន្ដែចូរដឹងថា ខ្ញុំនឹងមិនបំផ្លាញពិភពលោកទាំងមូលឡើយ ហើយខ្ញុំក៏នឹងមិនបំផ្លាញមនុស្សជាតិទាំងមូលដែរ។ ខ្ញុំនឹងរក្សាទុកមនុស្សមួយភាគបី ជាមនុស្សដែលស្រលាញ់ខ្ញុំ និងជាមនុស្សដែលខ្ញុំបានយកឈ្នះដោយហ្មត់ចត់ ហើយខ្ញុំនឹងធ្វើឱ្យមនុស្សមួយភាគបីនេះបង្កើតផលផ្លែ និងចម្រើនកូនចៅឡើងនៅលើផែនដី ដូចជាជនជាតិអ៊ីស្រាអែលបានធ្វើក្រោមក្រឹត្យវិន័យដែរ ដោយប្រទានឱ្យពួកគេមានហ្វូងចៀម គោក្របីជាច្រើន និងទ្រព្យសម្បត្តិទាំងអស់នៅលើផែនដី។ មនុស្សជាតិនេះនឹងនៅជាប់ជាមួយខ្ញុំជារៀងរហូត ប៉ុន្ដែមិនមែនជាមនុស្សជាតិដែលកខ្វក់គួរឱ្យស្អប់ខ្ពើមនាពេលសព្វថ្ងៃនេះទេ តែជាមនុស្សជាតិមួយក្រុមដែលខ្ញុំបានទទួលមក។ មនុស្សជាតិប្រភេទនេះនឹងមិនត្រូវបំផ្លាញ រំខាន ឬក៏ឡោមព័ទ្ធដោយសាតាំងឡើយ ហើយពួកគេគឺជាមនុស្សជាតិតែមួយក្រុមគត់ដែលរស់នៅលើផែនដីក្រោយពេលដែលខ្ញុំយកជ័យជម្នះលើសាតាំង។ នេះគឺជាមនុស្សជាតិមួយក្រុមដែលខ្ញុំបានយកឈ្នះនៅថ្ងៃនេះ និងបានទទួលសេចក្ដីសន្យារបស់ខ្ញុំ។ ដូច្នេះហើយ មនុស្សជាតិដែលត្រូវបានយកឈ្នះក្នុងអំឡុងពេលគ្រាចុងក្រោយ ក៏ជាមនុស្សជាតិដែលនឹងនៅរស់រានមានជីវិត និងទទួលព្រះពរដ៏នៅអស់កល្បជានិច្ចរបស់ខ្ញុំដែរ។ វានឹងក្លាយជាភស្ដុតាងតែមួយគត់អំពីជ័យជម្នះរបស់ខ្ញុំលើសាតាំង និងជាជ័យភណ្ឌតែមួយគត់នៃចម្បាំងរបស់ខ្ញុំជាមួយសាតាំង។ ខ្ញុំបានសង្គ្រោះជ័យភណ្ឌទាំងនេះចេញពីការគ្រប់គ្រងរបស់សាតាំង ហើយពួកគេជាការបង្ហាញយ៉ាងច្បាស់ និងជាផលផ្លែតែមួយនៃផែនការគ្រប់គ្រងរយៈពេលប្រាំមួយពាន់ឆ្នាំរបស់ខ្ញុំ។ ពួកគេមកពីគ្រប់ជាតិសាសន៍ និងគ្រប់និកាយ ពីគ្រប់ទីកន្លែង និងគ្រប់ប្រទេសទាំងអស់នៅលើសាកលលោក។ ពួកគេមកពីពូជអំបូរផ្សេងគ្នា មានភាសា ទំនៀមទម្លាប់ និងពណ៌សម្បុរផ្សេងគ្នា ហើយពួកគេបែកខ្ញែកទៅគ្រប់ប្រជាជាតិ និងគ្រប់និកាយទាំងអស់នៅលើសាកលលោក ព្រមទាំងគ្រប់ផ្នែកទាំងអស់នៅលើពិភពលោក។ នៅទីបំផុត ពួកគេនឹងមករួមគ្នាបង្កើតជាមនុស្សជាតិពេញលេញមួយក្រុម គឺជាក្រុមមនុស្សដែលកម្លាំងរបស់សាតាំងមិនអាចឈោងទៅដល់។ ក្នុងចំណោមមនុស្សជាតិទាំងនោះ អស់អ្នកដែលខ្ញុំមិនបានសង្គ្រោះ និងមិនបានយកឈ្នះ នឹងលិចលង់ទៅក្នុងជម្រៅសមុទ្រដោយស្ងាត់ៗ ហើយនឹងត្រូវឆេះដោយភ្លើងសន្ធោសន្ធៅអស់កល្បជានិច្ចរបស់ខ្ញុំ។ ខ្ញុំនឹងបំផ្លាញមនុស្សជាតិចាស់ និងកខ្វក់បំផុតនេះចោល ដូចដែលខ្ញុំបានបំផ្លាញពួកកូនប្រុសច្បងរបស់ជនជាតិអេស៊ីព្ទ និងគោក្របីរបស់ពួកគេដែរ ដោយទុកតែជនជាតិអ៊ីស្រាអែលដែលបានបរិភោគសាច់កូនចៀម និងបានផឹកឈាមកូនចៀម ព្រមទាំងបានលាបឈាមកូនចៀមនៅលើធ្នឹមទ្វាររបស់ពួកគេប៉ុណ្ណោះ។ តើមនុស្សដែលខ្ញុំបានយកឈ្នះ និងមនុស្សដែលនៅក្នុងគ្រួសាររបស់ខ្ញុំ មិនមែនជាមនុស្សដែលបរិភោគសាច់កូនចៀមដែលជារូបខ្ញុំ និងផឹកឈាមកូនចៀមដែលជារូបខ្ញុំ ព្រមទាំងបានប្រោសលោះដោយខ្ញុំ និងថ្វាយបង្គំខ្ញុំទេឬអី? តើសិរីល្អរបស់ខ្ញុំមិននៅជាមួយមនុស្សបែបនេះជានិច្ចទេឬអី? តើអ្នករាល់គ្នាដែលគ្មានសាច់កូនចៀមដែលជារូបខ្ញុំ មិនបានលិចលង់នៅក្នុងជម្រៅសមុទ្រដោយស្ងាត់ៗហើយទេឬអី? ថ្ងៃនេះ អ្នករាល់គ្នាជំទាស់នឹងខ្ញុំ ហើយថ្ងៃនេះព្រះបន្ទូលរបស់ខ្ញុំគ្រាន់តែដូចជាព្រះបន្ទូល ដែលព្រះយេហូវ៉ាបានមានបន្ទូលទៅកាន់កូនចៅរបស់អ៊ីស្រាអែលប៉ុណ្ណោះ។ ប៉ុន្ដែ ភាពរឹងរូសនៅក្នុងជម្រៅចិត្តរបស់អ្នករាល់គ្នាកំពុងជំរុញឱ្យសេចក្ដីក្រោធរបស់ខ្ញុំឆួលឡើង ដោយនាំការរងទុក្ខវេទនាបន្ថែមទៀតមកលើសាច់ឈាមរបស់អ្នករាល់គ្នា ការជំនុំជម្រះបន្ថែមទៀតមកលើអំពើបាបរបស់អ្នករាល់គ្នា និងសេចក្ដីក្រោធបន្ថែមទៀតមកលើសេចក្ដីទុច្ចរិតរបស់អ្នករាល់គ្នា។ តើនរណាអាចនៅរស់រានមានជីវិតបាននៅថ្ងៃនៃសេចក្ដីក្រោធរបស់ខ្ញុំ នៅពេលដែលអ្នករាល់គ្នាប្រព្រឹត្តចំពោះខ្ញុំដូចថ្ងៃនេះ? តើសេចក្ដីទុច្ចរិតរបស់នរណាដែលអាចគេចផុតពីព្រះនេត្រនៃការវាយផ្ចាលរបស់ខ្ញុំ? តើអំពើបាបរបស់នរណាដែលអាចគេចពីព្រះហស្ដរបស់ខ្ញុំ ដ៏ជាព្រះដ៏មានគ្រប់ចេស្ដាបាន? តើការប្រឆាំងទាស់របស់អ្នកណាដែលអាចគេចចេញពីការជំនុំជម្រះរបស់ខ្ញុំ ដ៏ជាព្រះដ៏មានគ្រប់ចេស្ដាបានទៅ? ខ្ញុំជាព្រះយេហូវ៉ា មានបន្ទូលដូច្នេះទៅកាន់អ្នករាល់គ្នាដែលជាកូនចៅនៃគ្រួសារសាសន៍ដទៃ ហើយព្រះបន្ទូលដែលខ្ញុំថ្លែងទៅកាន់អ្នករាល់គ្នា លើសពីព្រះសូរសៀងទាំងអស់ដែលខ្ញុំថ្លែងនៅយុគសម័យនៃក្រឹត្យវិន័យ និងយុគសម័យនៃព្រះគុណ ប៉ុន្ដែអ្នករាល់គ្នាបែរជារឹងរូសជាងជនជាតិអេស៊ីព្ទទាំងអស់នោះទៅវិញ។ តើអ្នករាល់គ្នាមិនមែនប្រមូលសេចក្ដីក្រោធរបស់ខ្ញុំទុក នៅពេលដែលខ្ញុំសម្រាកធ្វើកិច្ចការរបស់ខ្ញុំទេឬអី? តើអ្នករាល់គ្នាអាចគេចផុតពីដោយគ្មានគ្រោះថ្នាក់នៅថ្ងៃរបស់ខ្ញុំ ដែលជាព្រះដ៏មានគ្រប់ចេស្ដាយ៉ាងដូចម្ដេចបាន?

(ដកស្រង់ពី «គ្មាននរណាម្នាក់ដែលមានសាច់ឈាមអាចគេចផុតពីថ្ងៃនៃសេចក្ដីក្រោធបានឡើយ» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)

ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់  សម្រង់សម្ដីទី ៦១២

ពេលនេះ តើអ្នកយល់ហើយឬនៅថា អ្វីទៅជាការជំនុំជម្រះ ហើយអ្វីទៅជាសេចក្ដីពិត? ប្រសិនបើអ្នកយល់ហើយ នោះខ្ញុំសូមដាស់តឿនឱ្យអ្នកចុះចូលចំពោះការជំនុំជម្រះដោយស្ដាប់បង្គាប់ ពុំនោះទេ អ្នកនឹងមិនដែលមានឱកាសទទួលបានការសរសើរពីព្រះជាម្ចាស់ ឬត្រូវបានព្រះអង្គនាំចូលទៅក្នុងនគររបស់ទ្រង់ឡើយ។ អស់អ្នកដែលទទួលយកតែការជំនុំជម្រះ ប៉ុន្តែមិនធ្លាប់ត្រូវបានបន្សុទ្ធសោះ ពោលគឺ អស់អ្នកដែលគេចពីកិច្ចការនៃការជំនុំជម្រះ នោះនឹងត្រូវបានព្រះជាម្ចាស់ស្អប់ខ្ពើម និងបដិសេធ។ អំពើបាបរបស់ពួកគេ កើនច្រើនឡើងៗ និងកាន់តែអាក្រក់ជាងពួកផារិស៊ីទៅទៀត ដ្បិតពួកគេបានក្បត់ព្រះជាម្ចាស់ ហើយបះបោរទាស់ទទឹងនឹងទ្រង់ផង។ ជាងនេះទៅទៀត មនុស្សបែបនេះមិនសមនឹងធ្វើការបម្រើផង ពួកគេនឹងទទួលបាននូវការដាក់ទោសដែលកាន់តែធ្ងន់ធ្ងរ ជាការដាក់ទោសដ៏អស់កល្បជានិច្ច។ ព្រះជាម្ចាស់នឹងមិនទុកជនក្បត់ណាម្នាក់ដែលធ្លាប់បង្ហាញភក្ដីភាពចំពោះព្រះបន្ទូល តែក្រោយមក បែរជាក្បត់ទ្រង់វិញនោះឡើយ។ មនុស្សបែបនេះ នឹងទទួលបាននូវការផ្ដន្ទាទោស តាមរយៈទណ្ឌកម្ម ដល់វិញ្ញាណ ព្រលឹង និងរូបកាយ។ តើនេះមិនមែនជាការបើកសម្ដែងពីនិស្ស័យដ៏សុចរិតរបស់ព្រះជាម្ចាស់ទេឬអី? តើនេះមិនមែនជាបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ ក្នុងការជំនុំជម្រះមនុស្ស និងបកអាក្រាតគេទេឬអី? ក្នុងពេលជំនុំជម្រះ ព្រះជាម្ចាស់បញ្ជូនអស់អ្នកណាដែលប្រព្រឹត្តទង្វើអាក្រក់គ្រប់ប្រភេទ ទៅកាន់កន្លែងដែលពោរពេញដោយវិញ្ញាណអាក្រក់ ហើយបណ្ដោយឱ្យវិញ្ញាណអាក្រក់ទាំងអស់នេះ បំផ្លាញរូបកាយខាងសាច់ឈាមរបស់ពួកគេទៅតាមទង្វើចិត្តរបស់វា ហើយរូបកាយរបស់អ្នកទាំងនេះ បញ្ចេញជាក្លិនគំរង់សពមនុស្ស។ នេះហើយជាការផ្ដន្ទាទោសដ៏ស័ក្ដិសមសម្រាប់ពួកគេ។ ព្រះជាម្ចាស់កត់ត្រាពីអំពើបាបរបស់អ្នកជឿក្លែងក្លាយដែលគ្មានភាពស្មោះត្រង់ សាវ័កក្លែងក្លាយ និងអ្នកធ្វើការក្លែងក្លាយក្នុងសៀវភៅកំណត់ត្រារបស់គេ។ ក្រោយមក លុះដល់វេលាត្រឹមត្រូវ ព្រះអង្គក៏បណ្ដេញពួកគេឱ្យទៅក្នុងចំណោមវិញ្ញាណស្មោកគ្រោក ទុកឱ្យវិញ្ញាណស្មោកគ្រោកទាំងអស់នេះ បង្ខូចរូបកាយរបស់គេទាំងមូលតាមចិត្ត ដើម្បីកុំឱ្យគេកើតមកវិញ និងមិនឱ្យឃើញពន្លឺថ្ងៃម្ដងទៀតឡើយ។ មនុស្សកំពុតដែលធ្វើកិច្ចការបម្រើបានមួយគ្រា តែគ្មានសមត្ថភាពរក្សាភាពស្មោះត្រង់រហូតដល់ទីបញ្ចប់ ត្រូវបានព្រះជាម្ចាស់រាប់បញ្ចូលទៅក្នុងជំពូកមនុស្សអាក្រក់ ដើម្បីឱ្យគេធ្លាក់ចូលក្នុងបក្សពួកមនុស្សអាក្រក់ និងក្លាយជាចំណែកមួយនៃក្រុមមនុស្សគ្មានសណ្ដាប់ធ្នាប់របស់គេ។ ទីបំផុត ព្រះជាម្ចាស់នឹងធ្វើឱ្យពួកគេសាបសូន្យទៅ។ ព្រះជាម្ចាស់បណ្ដេញអស់អ្នកដែលពុំធ្លាប់មានភក្ដីភាពចំពោះព្រះគ្រីស្ទ ឬពុំធ្លាប់រួមចំណែកជាកម្លាំងអ្វីសោះចេញ ហើយក៏មិនខ្វល់ពីពួកគេដែរ លុះនៅពេលប្ដូរសម័យកាល ទ្រង់នឹងធ្វើឱ្យគេសាបសូន្យទៅ។ ពួកគេលែងមានវត្តមានលើផែនដី ហើយក៏មិនបានធ្វើដំណើរចូលទៅក្នុងនគរព្រះដែរ។ អស់អ្នកដែលមិនធ្លាប់ស្មោះត្រង់ចំពោះព្រះជាម្ចាស់ ប៉ុន្តែត្រូវកាលៈទេសៈបង្ខំឱ្យគេមានទំនាក់ទំនងជាមួយទ្រង់ដោយគ្រាន់តែបង្គ្រប់កិច្ច អ្នកនោះត្រូវបានរាប់បញ្ចូលទៅក្នុងអស់អ្នកដែលបម្រើរាស្ត្ររបស់ទ្រង់។ មនុស្សបែបនេះមានចំនួនតិចតួចណាស់ដែលនៅរស់រានមានជីវិត ខណៈដែលភាគច្រើនសុទ្ធតែត្រូវវិនាសទៅជាមួយនឹងអស់អ្នកដែលផ្ដល់ការបម្រើដែលមិនត្រូវនឹងបទដ្ឋាន។ ចុងក្រោយបំផុត ព្រះជាម្ចាស់នឹងនាំអស់អ្នកដែលមានគំនិតដូចព្រះជាម្ចាស់ ពោលគឺជារាស្ត្រ និងពួកកូនប្រុសរបស់ព្រះជាម្ចាស់ ព្រមទាំងអស់អ្នកដែលទ្រង់កំណត់ឱ្យធ្វើជាសង្ឃ ចូលទៅក្នុងនគររបស់ព្រះអង្គ។ ពួកគេនឹងក្លាយជាផលចម្រាញ់នៃកិច្ចការរបស់ព្រះជាម្ចាស់។ ចំពោះអស់អ្នកដែលមិនអាចរាប់បញ្ចូលក្នុងប្រភេទមនុស្សដែលព្រះជាម្ចាស់បានកំណត់ ពួកគេនឹងត្រូវរាប់បញ្ចូលជាមួយអ្នកមិនជឿ ហើយអ្នករាល់គ្នាប្រាកដជាអាចស្រមៃបានហើយថា លទ្ធផលរបស់ពួកគេនឹងទៅជាយ៉ាងណា។ អ្វីៗគ្រប់យ៉ាងដែលខ្ញុំគួរនិយាយ គឺខ្ញុំបាននិយាយប្រាប់អ្នករាល់គ្នារួចហើយ។ ផ្លូវដែលអ្នករាល់គ្នាជ្រើសរើស គឺជាជម្រើសផ្ទាល់ខ្លួនរបស់អ្នកតែម្នាក់ឯងប៉ុណ្ណោះ។ អ្វីដែលអ្នករាល់គ្នាគួរយល់គឺ កិច្ចការរបស់ព្រះជាម្ចាស់ មិនដែលរង់ចាំអ្នកណាម្នាក់ដែលមិនអាចដើរតាមលំអានរបស់ទ្រង់ទាន់នោះឡើយ ហើយនិស្ស័យសុចរិតរបស់ព្រះជាម្ចាស់ មិនបង្ហាញក្ដីសន្ដោសដល់មនុស្សម្នាក់ណាឡើយ។

(ដកស្រង់ពី «ព្រះគ្រីស្ទធ្វើកិច្ចការជំនុំជម្រះ ដោយសេចក្ដីពិត» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)

ខាង​ដើម៖ ច្រកចូលទៅកាន់ជិវិត VI

បន្ទាប់៖ ការស្គាល់ព្រះជាម្ចាស់ I

គ្រោះមហន្តរាយផ្សេងៗបានធ្លាក់ចុះ សំឡេងរោទិ៍នៃថ្ងៃចុងក្រោយបានបន្លឺឡើង ហើយទំនាយនៃការយាងមករបស់ព្រះអម្ចាស់ត្រូវបានសម្រេច។ តើអ្នកចង់ស្វាគមន៍ព្រះអម្ចាស់ជាមួយក្រុមគ្រួសាររបស់អ្នក ហើយទទួលបានឱកាសត្រូវបានការពារដោយព្រះទេ?

ការកំណត់

  • អត្ថបទ
  • ប្រធានបទ

ពណ៌​ដិតច្បាស់

ប្រធានបទ

ប្រភេទ​អក្សរ

ទំហំ​អក្សរ

ចម្លោះ​បន្ទាត់

ចម្លោះ​បន្ទាត់

ប្រវែងទទឹង​ទំព័រ

មាតិកា

ស្វែងរក

  • ស្វែង​រក​អត្ថបទ​នេះ
  • ស្វែង​រក​សៀវភៅ​នេះ