ង. ស្ដីពីរបៀបក្លាយជាមនុស្សស្មោះត្រង់
៣៨៤. អ្នករាល់គ្នាត្រូវដឹងថា ព្រះជាម្ចាស់សព្វព្រះហឫទ័យនឹងមនុស្សទៀងត្រង់។ សារជាតិរបស់ព្រះជាម្ចាស់ គឺស្មោះត្រង់ ដូច្នេះហើយ ព្រះបន្ទូលរបស់ទ្រង់តែងអាចជឿទុកចិត្តបានជានិច្ច។ លើសពីនេះទៅទៀត ទង្វើរបស់ព្រះជាម្ចាស់គ្មានកំហុសឆ្គង និងគ្មានមន្ទិលសង្ស័យឡើយ ហេតុនេះហើយទើបព្រះជាម្ចាស់សព្វព្រះហឫទ័យនឹងមនុស្សណាដែលស្មោះត្រង់នឹងទ្រង់ឥតងាករេរ។ ភាពស្មោះត្រង់ គឺមានន័យថា អ្នកប្រគល់ដួងចិត្តរបស់អ្នកថ្វាយដល់ព្រះជាម្ចាស់ បង្ហាញភាពពិតថ្វាយព្រះជាម្ចាស់គ្រប់រឿងទាំងអស់ ស្មោះត្រង់ឥតលាក់លៀមចំពោះព្រះជាម្ចាស់គ្រប់រឿងទាំងអស់ មិនដែលលាក់បាំងការពិត មិនព្យាយាមបោកបញ្ឆោតអ្នកដែលនៅលើអ្នកនិងនៅក្រោមអ្នក ហើយមិនធ្វើអ្វីគ្រាន់តែដើម្បីចង់បានការគាំទ្រពីព្រះជាម្ចាស់ឡើយ។ សរុបសេចក្ដីមក ដើម្បីមានភាពស្មោះត្រង់បាន គឺត្រូវមានភាពបរិសុទ្ធនៅក្នុងសកម្មភាព និងពាក្យសម្ដីរបស់អ្នក ហើយមិនត្រូវបោកបញ្ឆោតព្រះជាម្ចាស់ ឬបោកបញ្ឆោតមនុស្សឡើយ។ អ្វីដែលខ្ញុំមានបន្ទូលនេះ គឺងាយស្រួលណាស់ ប៉ុន្តែចំពោះអ្នករាល់គ្នាវិញ វាពិបាកក្រៃលែង ព្រោះមនុស្សជាច្រើនសុខចិត្តឱ្យគេដាក់ទោសធ្លាក់នរក ក៏មិនព្រមនិយាយពាក្យពិត និងធ្វើរឿងស្មោះត្រង់ដែរ។ គ្មានអ្វីប្លែកទេដែលខ្ញុំនៅមានការប្រព្រឹត្តផ្សេងទៀតចំពោះអ្នកដែលមិនស្មោះត្រង់នោះ។ ជាការពិតណាស់ ខ្ញុំដឹងយ៉ាងច្បាស់ថា អ្នករាល់គ្នាពិបាកនឹងធ្វើជាមនុស្សស្មោះត្រង់ណាស់។ ដោយសារតែអ្នករាល់គ្នាសុទ្ធតែមានភាពឆ្លាតវៃ សុទ្ធតែពូកែខាងវាស់ស្ទង់មនុស្សដោយប្រើម៉ែត្រដ៏ខ្លីរបស់ខ្លួន ហេតុនេះហើយទើបធ្វើឱ្យកិច្ចការរបស់ខ្ញុំកាន់តែសាមញ្ញជាងមុន។ ហើយដោយសារតែអ្នករាល់គ្នាឱបក្រសោបអាថ៌កំបាំងរបស់ខ្លួននៅជាប់នឹងទ្រូងមិនលែង ដូច្នេះ ចាំខ្ញុំដាក់អ្នករាល់គ្នាម្តងមួយៗចូលទៅក្នុងគ្រោះមហន្តរាយ ដើម្បីឱ្យភ្លើង «ផ្ដល់មេរៀន» ដល់អ្នករាល់គ្នា ដើម្បីឱ្យក្រោយមកទៀត អ្នករាល់គ្នាអាចលះបង់ចិត្ដគំនិតដើម្បីជឿលើបន្ទូលរបស់ខ្ញុំ។ នៅទីបំផុត ខ្ញុំនឹងអាចឮសម្ដីចេញពីមាត់របស់អ្នករាល់គ្នាថា «ព្រះជាម្ចាស់ជាព្រះដ៏ស្មោះត្រង់» ពេលនោះ អ្នករាល់គ្នានឹងទះទ្រូង រួចពោលទាំងកំសត់ថា៖ «ដួងចិត្តមនុស្ស អីក៏វៀចវេរដល់ម្ល៉េះ!»។ ពេលនេះ តើអ្នករាល់គ្នាមានអារម្មណ៍បែបណា? ខ្ញុំស្រម៉ៃថា អ្នករាល់គ្នានឹងគ្មានអារម្មណ៍ត្រេកអរដូចពេលនេះទេ ហើយអ្នករាល់គ្នាក៏នឹងគ្មានអារម្មណ៍ «ជ្រាលជ្រៅ និងពិបាកយល់» ដូចពេលនេះដែរ។ នៅចំពោះព្រះភក្រ្តព្រះជាម្ចាស់ មនុស្សខ្លះសុទ្ធតែធ្វើខ្លួនសមសួន និងត្រឹមត្រូវ ពួកគេទ្រាំលេបការឈឺចាប់ដើម្បីបង្ហាញ «ឫកពារល្អ» ប៉ុន្ដែនៅចំពោះព្រះភក្រ្តព្រះវិញ្ញាណវិញ ពួកគេបញ្ចេញចង្កូម និងក្រញាំរបស់ពួកគេដាក់ទ្រង់។ តើអ្នកនឹងរាប់មនុស្សបែបនេះចូលក្នុងចំណោមជួរមនុស្សស្មោះត្រង់ដែរឬទេ? ប្រសិនបើអ្នកជាមនុស្សលាក់ពុតដែលមានជំនាញក្នុង «ការទំនាក់ទំនងគ្នា» ដូច្នេះ ខ្ញុំហ៊ាននិយាយថា អ្នកប្រាកដជាមនុស្សម្នាក់ដែលព្យាយាមលេងសើចនឹងព្រះជាម្ចាស់ហើយ។ ប្រសិនបើពាក្យសម្តីរបស់អ្នករអាក់រអួលលាយឡំនឹងលេសដោះសារ និងហេតុផលដែលគ្មានតម្លៃ នោះខ្ញុំហ៊ាននិយាយថា អ្នកជាមនុស្សដែលស្អប់មិនចង់អនុវត្តសេចក្តីពិតទេ។ ប្រសិនបើអ្នកមានការសម្ងាត់ច្រើនដែលអ្នកស្ទាក់ស្ទើរមិនចង់និយាយចេញមក ប្រសិនបើអ្នកមិនពេញចិត្តនឹងលាតត្រដាងពីអាថ៌កំបាំងរបស់អ្នក ពីការលំបាករបស់អ្នកនៅចំពោះមុខអ្នកដទៃ ដើម្បីស្វែងរកផ្លូវនៃពន្លឺទេ នោះខ្ញុំហ៊ាននិយាយថា អ្នកជាមនុស្សដែលមិនងាយនឹងទទួលបានសេចក្ដីសង្គ្រោះឡើយ ហើយអ្នកក៏មិនងាយនឹងងើបចេញផុតពីភាពងងឹតដែរ។ ប្រសិនបើអ្នកពេញចិត្តខ្លាំងនឹងការស្វែងរកផ្លូវនៃសេចក្តីពិត នោះអ្នកជាមនុស្សម្នាក់ដែលតែងតែរស់នៅក្នុងពន្លឺជាប់ជានិច្ចមិនខាន។ ប្រសិនបើអ្នកពេញចិត្តនឹងខ្លាំងធ្វើជាអ្នកស៊ីឈ្នួលនៅក្នុងដំណាក់របស់ព្រះជាម្ចាស់ ដោយបំពេញការងារដោយក្ដីឧស្សាហ៍ព្យាយាម មានមនសិការ មិនអួតអាង តែងតែផ្តល់ឱ្យគេ និងមិនដែលសុំអ្វីមកវិញ នោះខ្ញុំហ៊ាននិយាយថា អ្នកជាបុគ្គលបរិសុទ្ធស្មោះត្រង់ ពីព្រោះអ្នកមិនបានស្វែងរករង្វាន់ទេ គ្រាន់តែធ្វើជាមនុស្សស្មោះត្រង់ម្នាក់ប៉ុណ្ណោះ។ ប្រសិនបើអ្នកសុខចិត្តនិយាយចេញមកដោយឥតលាក់លៀម ប្រសិនបើអ្នកសុខចិត្តលះបង់អ្វីៗទាំងអស់របស់អ្នក ប្រសិនបើអ្នកអាចលះបង់ជីវិតរបស់អ្នកដើម្បីព្រះជាម្ចាស់ និងប្រកាន់ខ្ជាប់នូវទីបន្ទាល់របស់ខ្លួន ប្រសិនបើអ្នកស្មោះត្រង់រហូតដល់ថ្នាក់អ្នកគិតតែពីការបំពេញតាមបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ មិនខ្វល់ពីខ្លួនឯង ឬសុំអ្វីសម្រាប់ខ្លួនឯង នោះខ្ញុំហ៊ាននិយាយថា មនុស្សបែបនេះ គឺជាមនុស្សដែលបានធំធាត់នៅក្នុងពន្លឺ និងជាមនុស្សដែលត្រូវរស់នៅក្នុងនគរព្រះអស់កល្បជានិច្ច។
(ដកស្រង់ពី «សេចក្ដីដាស់តឿនទាំងបី» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)
៣៨៥. យើងសព្វព្រះហឫទ័យចំពោះអស់អ្នកដែលមិនសង្ស័យលើអ្នកដទៃ ហើយយើងចូលចិត្តអស់អ្នកដែលសុខចិត្តទទួលយកសេចក្តីពិត ព្រោះយើងបង្ហាញការយកព្រះទ័យទុកដាក់យ៉ាងខ្លាំងចំពោះមនុស្សទាំងពីរប្រភេទនេះ ដ្បិតពួកគេជាមនុស្សស្មោះត្រង់នៅក្នុងព្រះនេត្ររបស់យើង។ ប្រសិនបើអ្នកមានគំនិតបោកប្រាស់គេ នោះអ្នកនឹងមានការប្រុងប្រយ័ត្នខ្លួន ហើយមានការសង្ស័យចំពោះមនុស្សគ្រប់គ្នា និងគ្រប់បញ្ហា ហេតុនេះហើយ សេចក្ដីជំនឿរបស់អ្នកចំពោះយើង នឹងកើតឡើងពីមូលដ្ឋានគ្រឹះនៃការសង្ស័យ។ យើងមិនអាចទទួលស្គាល់សេចក្ដីជំនឿបែបនេះបានទេ។ ដោយសារគ្មានសេចក្ដីជំនឿពិតប្រាកដ នោះអ្នកនឹងកាន់តែមិនមានក្តីស្រឡាញ់ពិតប្រាកដ។ ហើយប្រសិនបើអ្នកអាចមានមន្ទិលសង្ស័យចំពោះព្រះជាម្ចាស់ និងទាយពីព្រះម្ចាស់តាមតែអំពើចិត្តរបស់អ្នក នោះអ្នកគឺជាជនបោកប្រាស់ខ្លាំងជាងគេបំផុត មិនចាំបាច់បកស្រាយអ្វីទេ។ អ្នកទាយថា ព្រះជាម្ចាស់អាចដូចជាមនុស្សបែបនេះថា៖ មានអំពើបាបដែលមិនអាចលើកលែងឱ្យបាន មានចរិតថោកទាប គ្មានភាពយុត្តិធម៌ និងហេតុផល គ្មានញាណដឹងពីសេចក្ដីយុត្តិធម៌ តែងតែមានកលល្បិចកាចសាហាវ ជាមនុស្សលាក់ពុត និងខូច សព្វហប្ញទ័យនឹងអំពើអាក្រក់ និងអំពើខ្មៅងងឹត ជាដើម ។ល។ តើហេតុផលដែលមនុស្សមានគំនិតបែបនេះ មិនមែនដោយសារតែពួកគេមិនបានយល់ដឹងអ្វីទាល់តែសោះពីព្រះជាម្ចាស់ឬ? សេចក្ដីជំនឿបែបនេះ គឺគ្មានអ្វីក្រៅពីអំពើបាបនោះទេ! មានមនុស្សខ្លះទៀតថែមទាំងជឿថា អ្នកដែលអាចផ្គាប់ចិត្តយើងបាន គឺជាអ្នកដែលចេះបញ្ជោរ និងចេះលត់ក្រាប ហើយថាអ្នកដែលមិនមានជំនាញបែបនេះ នឹងមិនត្រូវបានស្វាគមន៍មកកាន់ដំណាក់របស់ព្រះជាម្ចាស់នោះទេ ហើយក៏នឹងបាត់បង់កន្លែងរបស់ខ្លួននៅទីនោះដែរ។ តើនេះជាចំណេះដឹងតែមួយគត់ ដែលអ្នករាល់គ្នាទទួលបានក្នុងរយៈពេលច្រើនឆ្នាំមកនេះឬ? តើនេះជាអ្វីដែលអ្នករាល់គ្នាបានទទួលឬ? ហើយការយល់ខុសរបស់អ្នករាល់គ្នាចំពោះយើងមិនបានឈប់ត្រឹងហ្នឹងនោះទេ ព្រោះថា អាក្រក់ជាងនេះទៀតនោះ គឺអ្នករាល់គ្នាបានប្រមាថព្រះវិញ្ញាណរបស់ព្រះជាម្ចាស់ និងនិយាយអាក្រក់ពីស្ថានសួគ៌។ ដូច្នេះហើយបានជាយើងនិយាយថា សេចក្ដីជំនឿរបស់អ្នករាល់គ្នាបែបនេះ បានត្រឹមតែធ្វើឱ្យអ្នករាល់គ្នាឃ្លាតកាន់តែឆ្ងាយពីយើង និងកាន់តែប្រឆាំងនឹងយើងខ្លាំងថែមទៀតប៉ុណ្ណោះ។
(ដកស្រង់ពី «វិធីស្គាល់ព្រះដែលគង់នៅលើផែនដី» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)
៣៨៦. សព្វថ្ងៃនេះ មនុស្សភាគច្រើនភ័យខ្លាចក្នុងការនាំយកទង្វើរបស់ខ្លួនមកចំពោះព្រះជាម្ចាស់ពេក ដ្បិតខណៈពេលដែលអ្នកបំភាន់សាច់ឈាមរបស់ទ្រង់ នោះអ្នកមិនអាចបំភាន់ព្រះវិញ្ញាណរបស់ទ្រង់បានឡើយ។ គ្រប់បញ្ហាដែលមិនអាចទ្រាំទ្រនឹងការពិនិត្យពិច័យរបស់ព្រះជាម្ចាស់បានទេ នោះទាស់ទទឹងនឹងសេចក្ដីពិត ហើយក៏គួរតែត្រូវបោះចោលទៅម្ខាងដែរ ទង្វើផ្ទុយពីនេះ គឺជាអំពើបាបទាស់នឹងព្រះជាម្ចាស់ហើយ។ ដូច្នេះ អ្នកត្រូវតែថ្វាយដួងចិត្តរបស់អ្នកនៅចំពោះព្រះជាម្ចាស់ គ្រប់ពេលទាំងអស់ ទាំងពេលអធិស្ឋាន ពេលនិយាយស្ដី និងពេលប្រកបគ្នាជាមួយបងប្អូនប្រុសស្រីរបស់អ្នក និងពេលអ្នកបំពេញភារកិច្ច និងប្រកបរបរចិញ្ចឹមជីវិតរបស់អ្នក។ នៅពេលដែលអ្នកបំពេញតួនាទីរបស់ខ្លួន នោះព្រះជាម្ចាស់គង់នៅជាមួយអ្នក ហើយដរាបណាចេតនារបស់អ្នកត្រឹមត្រូវ និងជាចេតនាសម្រាប់កិច្ចការនៅក្នុងដំណាក់របស់ព្រះជាម្ចាស់ នោះទ្រង់នឹងទទួលយករាល់កិច្ចការដែលអ្នកធ្វើ អ្នកគួរតែលះបង់ខ្លួនដោយចិត្តស្មោះស ដើម្បីបំពេញមុខងាររបស់ខ្លួន។ នៅពេលអ្នកអធិស្ឋាន ប្រសិនបើអ្នកមានសេចក្ដីស្រឡាញ់ចំពោះព្រះជាម្ចាស់នៅក្នុងចិត្ត ហើយស្វែងរកការថែរក្សា ការការពារ និងការពិនិត្យពិច័យពីព្រះជាម្ចាស់ ប្រសិនបើកិច្ចការទាំងអស់នេះគឺជាចេតនារបស់អ្នក នោះសេចក្ដីអធិស្ឋានរបស់អ្នកច្បាស់ជាមានប្រសិទ្ធភាព។ ឧទាហរណ៍ នៅពេលអ្នកអធិស្ឋាននៅក្នុងអង្គប្រជុំនានា ប្រសិនបើអ្នកបើកដួងចិត្ត រួចអធិស្ឋានទៅកាន់ព្រះជាម្ចាស់ ហើយទូលទ្រង់នូវអ្វីដែលមាននៅក្នុងចិត្តដោយមិនពោលពាក្យកុហក នោះសេចក្ដីអធិស្ឋានរបស់អ្នកនឹងមានប្រសិទ្ធភាពយ៉ាងពិតប្រាកដ។ ...
ដើម្បីក្លាយជាអ្នកជឿលើព្រះជាម្ចាស់ មានន័យថា រាល់អ្វីទាំងអស់ដែលអ្នកធ្វើ ត្រូវតែនាំមកចំពោះទ្រង់ ហើយឆ្លងកាត់ការពិនិត្យពិច័យរបស់ទ្រង់។ ប្រសិនបើអ្វីដែលអ្នកធ្វើ អាចយកមកដាក់ចំពោះព្រះភក្ត្រព្រះវិញ្ញាណនៃព្រះជាម្ចាស់បាន ប៉ុន្តែមិនអាចយកមកដាក់ចំពោះរូបកាយសាច់ឈាមរបស់ព្រះជាម្ចាស់ទេ នោះវាបង្ហាញឱ្យឃើញថា អ្នកមិនទាន់បានឆ្លងកាត់ការពិនិត្យពិច័យដោយព្រះវិញ្ញាណរបស់ទ្រង់នៅឡើយទេ។ តើព្រះវិញ្ញាណនៃព្រះជាម្ចាស់ គឺជានរណា? តើបុគ្គលដែលព្រះជាម្ចាស់ធ្វើបន្ទាល់ពីគេនោះ គឺជានរណា? តើទ្រង់ទាំងពីរអង្គនេះមិនមែនជាព្រះជាម្ចាស់តែមួយ ហើយដូចគ្នាទេឬអី? មនុស្សភាគច្រើនចាត់ទុកទ្រង់ទាំងពីរថាជាអង្គពីរផ្សេងគ្នា ដោយជឿថា ព្រះវិញ្ញាណព្រះជាម្ចាស់ គឺជាព្រះវិញ្ញាណរបស់ព្រះជាម្ចាស់ ហើយបុគ្គលដែលព្រះជាម្ចាស់ធ្វើបន្ទាល់ពីគេនោះ គ្រាន់តែជាមនុស្សលោកម្នាក់ប៉ុណ្ណោះ។ ប៉ុន្តែ តើអ្នកមិនមែនគិតខុសទេឬអី? តើបុគ្គលម្នាក់នេះ ធ្វើការជួសមុខឱ្យអ្នកណា? មនុស្សណាដែលមិនស្គាល់ព្រះជាម្ចាស់ដែលយកកំណើតជាមនុស្ស អ្នកទាំងនោះពុំមានការយល់ដឹងខាងវិញ្ញាណឡើយ។ ព្រះវិញ្ញាណនៃព្រះជាម្ចាស់ និងការត្រលប់ជាសាច់ឈាមរបស់ទ្រង់ គឺជាអង្គតែមួយ ព្រោះវិញ្ញាណរបស់ព្រះជាម្ចាស់បានគង់នៅក្នុងសាច់ឈាម។ ប្រសិនបើបុគ្គលម្នាក់នេះពុំមានចិត្តសណ្ដោសចំពោះអ្នកទេ តើវិញ្ញាណរបស់ព្រះជាម្ចាស់នឹងមានសេចក្ដីសន្ដោសដែរឬទេ? តើអ្នកមិនច្រឡំទេឬអី? សព្វថ្ងៃនេះ មនុស្សណាដែលពុំអាចទទួលយកការពិនិត្យពិច័យរបស់ព្រះជាម្ចាស់ នោះពុំអាចទទួលបានការយល់ព្រមពីទ្រង់ឡើយ ហើយមនុស្សណាដែលពុំស្គាល់ព្រះជាម្ចាស់ដែលយកកំណើតជាមនុស្សទេ នោះពុំអាចត្រូវបានប្រោសឱ្យគ្រប់លក្ខណ៍បានឡើយ។ ចូរមើលទង្វើទាំងអស់ដែលអ្នកធ្វើចុះ ក្រែងអាចយកកិច្ចការនោះ មកដាក់ចំពោះព្រះភក្ត្រព្រះជាម្ចាស់បាន។ ប្រសិនបើអ្នកពុំអាចនាំយកទង្វើទាំងអស់ដែលអ្នកធ្វើមកដាក់ចំពោះព្រះភក្ត្រព្រះជាម្ចាស់ទេ ការនោះបង្ហាញថា អ្នកគឺជាមនុស្សអាក្រក់ហើយ។ តើមនុស្សអាក្រក់អាចត្រូវបានប្រោសឱ្យគ្រប់លក្ខណ៍ដែរឬទេ? រាល់ទង្វើដែលអ្នកប្រព្រឹត្ត រាល់សកម្មភាព រាល់ចេតនា និងរាល់ប្រតិកម្មទាំងអស់របស់អ្នក គួរតែត្រូវបានយកមកចំពោះព្រះភក្ត្រព្រះជាម្ចាស់។ សូម្បីតែជីវិតខាងវិញ្ញាណប្រចាំថ្ងៃរបស់អ្នក រួមមានការអធិស្ឋានរបស់អ្នក ភាពជិតស្និទ្ធរបស់អ្នកចំពោះព្រះជាម្ចាស់ របៀបដែលអ្នកហូប និងផឹកព្រះបន្ទូលព្រះជាម្ចាស់ ការប្រកបគ្នារបស់អ្នកជាមួយបងប្អូនប្រុសស្រីរបស់អ្នក និងជីវិតរបស់អ្នកនៅក្នុងពួកជំនុំ រួមទាំងការបម្រើជាដៃគូរបស់អ្នក ក៏អាចត្រូវបានយកមកចំពោះព្រះភក្ត្រព្រះជាម្ចាស់ ដើម្បីធ្វើការពិនិត្យពិច័យផងដែរ។ ការអនុវត្តបែបនេះហើយដែលនឹងជួយអ្នកឱ្យសម្រេចបានភាពរីកចម្រើននៅក្នុងជីវិត។ ដំណើរការនៃការទទួលយកការពិនិត្យពិច័យរបស់ព្រះជាម្ចាស់ គឺជាដំណើរការនៃការបន្សុទ្ធ។ កាលណាអ្នកទទួលយកការពិនិត្យពិច័យរបស់ព្រះជាម្ចាស់កាន់តែច្រើន នោះអ្នកត្រូវបានបន្សុទ្ធ ហើយអ្នកកាន់តែស្របតាមព្រះហឫទ័យរបស់ព្រះជាម្ចាស់ ប្រយោជន៍កុំឱ្យអ្នកត្រូវនាំទៅរកឧបាយមុខ ហើយឱ្យដួងចិត្តរបស់អ្នក ស្ថិតនៅក្នុងព្រះវត្តមានរបស់ទ្រង់។ កាលណាអ្នកទទួលយកការពិនិត្យពិច័យរបស់ព្រះជាម្ចាស់កាន់តែច្រើន នោះសាតាំងក៏អាប់មុខកាន់តែខ្លាំង ហើយសមត្ថភាពរបស់អ្នកក្នុងការបង់បោះចោលសាច់ឈាម ក៏កាន់តែប្រសើរឡើងដែរ។ ដូច្នេះ ការទទួលយកការពិនិត្យពិច័យរបស់ព្រះជាម្ចាស់ គឺជាមាគ៌ាមួយនៃការប្រព្រឹត្តដែលមនុស្សលោកគួរតែដើរតាម។ ទោះបីជាអ្នកប្រព្រឹត្តអ្វីក៏ដោយ ក៏អ្នកអាចនាំយកការប្រព្រឹត្តរបស់អ្នកមកចំពោះព្រះភក្ត្រព្រះជាម្ចាស់ ហើយស្វែងរកការពិនិត្យពិច័យរបស់ទ្រង់ និងព្យាយាមធ្វើតាមព្រះជាម្ចាស់បានដែរ សូម្បីតែពេលដែលអ្នកប្រាស្រ័យទាក់ទងជាមួយបងប្អូនប្រុសស្រីរបស់អ្នកក្ដី ដ្បិតការនេះនឹងធ្វើឱ្យការអនុវត្តរបស់អ្នកកាន់តែត្រឹមត្រូវ។ មានតែតាមរយៈការនាំយករាល់ទង្វើរបស់អ្នកមកចំពោះព្រះភក្ត្រព្រះជាម្ចាស់ ហើយទទួលយកការពិនិត្យពិច័យរបស់ព្រះជាម្ចាស់ទេ ទើបអ្នកអាចក្លាយទៅជាមនុស្សម្នាក់ដែលអាចរស់នៅក្នុងព្រះវត្តមានរបស់ព្រះជាម្ចាស់បាន។
(ដកស្រង់ពី «ព្រះជាម្ចាស់ប្រោសមនុស្សណាដែលស្របតាមព្រះហឫទ័យទ្រង់ឱ្យបានគ្រប់លក្ខណ៍» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)
៣៨៨. ទិសដៅ និងវាសនារបស់អ្នក មានសារៈសំខាន់ណាស់សម្រាប់អ្នករាល់គ្នា គឺវាសំខាន់ខ្លាំង។ អ្នករាល់គ្នាជឿថា ប្រសិនបើអ្នកមិនធ្វើអ្វីដោយយកចិត្តទុកដាក់ខ្ពស់ទេ វានឹងមានន័យថា អ្នកឈប់មានទិសដៅ ហើយថា អ្នកបានបំផ្លាញវាសនារបស់អ្នកហើយ។ ប៉ុន្តែតើវាធ្លាប់កើតឡើងចំពោះអ្នករាល់គ្នាទេ ដែលថាមនុស្សដែលខិតខំប្រឹងប្រែងដើម្បីតែទិសដៅរបស់ពួកគេ គឺកំពុងធ្វើការដោយឥតប្រយោជន៍នោះ? ការខិតខំបែបនេះមិនមានភាពពិតប្រាកដទេ ជាការខិតខំក្លែងក្លាយ និងបោកបញ្ឆោត។ ប្រសិនបើដូច្នោះមែន នោះអ្នកដែលធ្វើការដើម្បីតែទិសដៅរបស់ពួកគេ គឺស្ថិតនៅក្នុងកម្រិតនៃការបរាជ័យចុងក្រោយរបស់ពួកគេ ដ្បិតបរាជ័យក្នុងជំនឿរបស់មនុស្សម្នាក់ទៅលើព្រះជាម្ចាស់ គឺបណ្តាលមកពីការបោកបញ្ឆោត។ ខ្ញុំធ្លាប់បានព្រះបន្ទូលពីមុនហើយថា ខ្ញុំមិនចូលចិត្តមានការអែបអប ឬលុតក្រាប ឬប្រព្រឹត្តចំពោះខ្ញុំដោយភាពស្ងើចសរសើរនោះទេ។ ខ្ញុំសព្វព្រះទ័យចំពោះមនុស្សស្មោះត្រង់ ដើម្បីទទួលនូវសេចក្ដីពិត និងការរំពឹងទុករបស់ខ្ញុំ។ លើសពីនេះទៅទៀត ខ្ញុំសព្វព្រះទ័យនៅពេលដែលមនុស្សអាចបង្ហាញការយកចិត្តទុកដាក់ និងការគិតពិចារណាខ្លាំងបំផុតចំពោះដួងព្រះហឫទ័យរបស់ខ្ញុំ ហើយនិងពេលដែលពួកគេថែមទាំងអាចលះបង់អ្វីគ្រប់យ៉ាងដើម្បីជាប្រយោជន៍ដល់ខ្ញុំ។ មានតែវិធីនេះទេ ដែលអាចធ្វើឱ្យដួងព្រះហឫទ័យខ្ញុំបានធូរស្បើយ។
(ដកស្រង់ពី «អំពីទិសដៅ» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)
៣៨៩. ការដេញតាមសេចក្តីពិតគឺជារឿងដែលសំខាន់ជាងគេបំផុត ហើយតាមពិតទៅ ការអនុវត្តតាមសេចក្តីពិតគឺជារឿងដ៏សាមញ្ញបំផុត។ អ្នកគួរតែចាប់ផ្ដើមដោយធ្វើជាមនុស្សទៀងត្រង់ និងនិយាយការពិត ហើយបើកចិត្តរបស់អ្នក។ ប្រសិនបើមានរឿងអ្វីមួយដែលឱ្យអ្នកខ្មាសអៀនខ្លាំងមិនហ៊ាននិយាយជាមួយបងប្អូនប្រុសស្រីរបស់អ្នក នោះអ្នកគួរតែលុតជង្គង់ចុះ ហើយអធិស្ឋានទូលប្រាប់បញ្ហានោះដល់ព្រះជាម្ចាស់។ តើអ្នកគួរតែទូលប្រាប់ព្រះជាម្ចាស់អំពីរឿងអ្វីខ្លះ? ត្រូវប្រាប់ព្រះជាម្ចាស់អំពីអ្វីដែលមាននៅក្នុងដួងចិត្តរបស់អ្នក។ មិនត្រូវនិយាយលេងសើចឥតបានការ ឬប៉ុនប៉ងបោកបញ្ឆោតទ្រង់ឡើយ។ ត្រូវចាប់ផ្ដើមដោយភាពទៀងត្រង់។ ប្រសិនបើកន្លងមក អ្នកធ្លាប់ទន់ខ្សោយ នោះត្រូវទូលថា អ្នកធ្លាប់ទន់ខ្សោយ។ ប្រសិនបើកន្លងមក អ្នកជាមនុស្សអាក្រក់ ត្រូវទូលថា អ្នកជាមនុស្សអាក្រក់។ ប្រសិនបើកន្លងមក អ្នកជាមនុស្សបោកបញ្ឆោត ត្រូវទូលថា អ្នកជាមនុស្សបោកបញ្ឆោត។ ប្រសិនបើអ្នកធ្លាប់មានគំនិតកាចសាហាវ និងបោកបញ្ឆោត ត្រូវទូលប្រាប់ព្រះជាម្ចាស់អំពីគំនិតទាំងនោះចុះ។ ប្រសិនបើអ្នកតែងតែប្រជែងចង់បានមុខតំណែង ត្រូវទូលប្រាប់ទ្រង់អំពីការនេះចុះ។ ទុកឱ្យព្រះជាម្ចាស់ប្រៀនប្រដៅអ្នកចុះ។ ទុកឱ្យទ្រង់រៀបចំមជ្ឈដ្ឋានមួយសម្រាប់អ្នកចុះ។ ទុកឱ្យព្រះជាម្ចាស់ជួយអ្នកឱ្យឆ្លងផុតការលំបាករបស់អ្នកទាំងអស់ និងដោះស្រាយគ្រប់បញ្ហាទាំងអស់ដែលអ្នកមាន។ អ្នកគួរបើកចិត្តរបស់អ្នកចំពោះព្រះជាម្ចាស់។ មិនត្រូវបិទដួងចិត្តរបស់អ្នកឡើយ។ ទោះបើជាអ្នកខំលាក់បាំងទ្រង់យ៉ាងណាក៏ដោយ ក៏ទ្រង់នៅតែទតធ្លុះដួងចិត្តរបស់អ្នកដែរ។ ក៏ប៉ុន្តែ ប្រសិនបើអ្នកបើកដួងចិត្តចំពោះទ្រង់ នោះអ្នកអាចទទួលបានសេចក្តីពិតមិនខាន។ ដូច្នេះ តើអ្នកគួរជ្រើសរើសផ្លូវមួយណា? អ្នកគួរតែបើកដួងចិត្តរបស់អ្នក និងនិយាយជាមួយព្រះជាម្ចាស់ដោយស្មោះត្រង់។ អ្នកមិនគួរនិយាយអ្វីដែលក្លែងក្លាយ ឬលាក់បាំងពីខ្លួនឯងឡើយ ទោះក្នុងមធ្យោបាយណាមួយក៏ដោយ។ អ្នកគួរចាប់ផ្ដើមដោយធ្វើជាបុគ្គលស្មោះត្រង់ម្នាក់។ ជាច្រើនឆ្នាំមកនេះ យើងបានប្រកបគ្នាពីសេចក្តីពិតអំពីការធ្វើជាមនុស្សទៀងត្រង់ តែសព្វថ្ងៃនេះ នៅតែមានមនុស្សជាច្រើនដែលមិនចាប់អារម្មណ៍ដដែល ដែលនិយាយនិងប្រព្រឹត្តតាមចេតនា បំណងចិត្ត និងគោលបំណងផ្ទាល់ខ្លួនប៉ុណ្ណោះ ហើយជាមនុស្សដែលមិនព្រមប្រែចិត្តទាល់តែសោះ។ នេះមិនមែនជាអាកប្បកិរិយារបស់មនុស្សទៀងត្រង់ទេ។ ហេតុអ្វីក៏ព្រះជាម្ចាស់ត្រាស់បង្គាប់ឱ្យមនុស្សមានភាពទៀងត្រង់? តើនោះគឺដើម្បីងាយស្រួលក្នុងការស្វែងយល់ពីមនុស្សជាងមុនមែនទេ? គឺប្រាកដជាមិនដូច្នេះទេ។ ព្រះជាម្ចាស់តម្រូវឱ្យមនុស្សមានភាពទៀងត្រង់ ដ្បិតព្រះជាម្ចាស់សព្វព្រះទ័យ និងប្រទានពរដល់មនុស្សទៀងត្រង់។ ការធ្វើជាមនុស្សទៀងត្រង់ គឺជាការចាប់ផ្ដើមដោយធ្វើជាបុគ្គលម្នាក់ដែលភាពជាមនុស្សធម្មតា ជាបុគ្គលដែលព្រះជាម្ចាស់សព្វព្រះទ័យ និងជាបុគ្គលដែលស្រឡាញ់ព្រះជាម្ចាស់។ វាក៏ជាចំណុចបង្ហាញដ៏សំខាន់បំផុតមួយនៃការមានភាពជាមនុស្ស និងលក្ខណៈជាមនុស្សពិតផងដែរ។ ប្រសិនបើអ្នកណាដែលមិនធ្លាប់ទៀងត្រង់ ឬមិនត្រូវបានចាត់ទុកជាមនុស្សទៀងត្រង់ នោះពួកគេមិនអាចយល់ពីសេចក្តីពិត ឬទទួលបានសេចក្តីពិតឡើយ។ ប្រសិនបើអ្នកមិនជឿខ្ញុំទេ ទៅមើលដោយខ្លួនឯងចុះ ឬទៅដកពិសោធន៍វាដោយខ្លួនឯងចុះ។ មានតែធ្វើជាមនុស្សទៀងត្រង់ប៉ុណ្ណោះ ទើបអ្នកអាចបើកដួងចិត្តចំពោះព្រះជាម្ចាស់បាន ទើបអ្នកអាចទទួលយកសេចក្ដីពិតបាន ទើបសេចក្ដីពិតអាចក្លាយជាជីវិតរបស់អ្នកបាន ហើយទើបអ្នកអាចយល់ដឹង និងទទួលបានសេចក្ដីពិត។ ប្រសិនបើដួងចិត្តរបស់អ្នកតែងតែបិទជាប់ជានិច្ច ប្រសិនបើអ្នកមិនបាននិយាយរកនរណាម្នាក់ ហើយប្រសិនបើអ្នកមិនបើកដួងចិត្តទេ គ្មាននរណាម្នាក់អាចយល់ពីអ្នកបានឡើយ នោះរនាំងរបស់អ្នកនឹងខ្ពស់ខ្លាំងពេក ហើយអ្នកជាមនុស្សដែលបោកបញ្ឆោតខ្លាំងបំផុត។ ប្រសិនបើអ្នកជឿលើព្រះជាម្ចាស់ តែមិនអាចលាតត្រដាងពីខ្លួនឯងទៅកាន់ព្រះជាម្ចាស់បាន ប្រសិនបើអ្នកកុហកព្រះជាម្ចាស់ ឬនិយាយពន្លើសដើម្បីក្បត់ព្រះជាម្ចាស់ ប្រសិនបើអ្នកមិនអាចនិយាយទៅកាន់ព្រះជាម្ចាស់ដោយស្មោះត្រង់បាន ហើយនៅតែអាចនិយាយសាចុះសាឡើង និងលាក់បាំងចេតនារបស់ខ្លួន នោះនៅពេលអ្នកលាក់បាំង និងបិទបាំងអ្វីៗ អ្នកនឹងមានតែបង្កគ្រោះថ្នាក់ដល់ខ្លួនឯងប៉ុណ្ណោះ ហើយព្រះជាម្ចាស់នឹងបដិសេធអ្នក។ អ្នកនឹងមិនយល់ពីសេចក្ដីពិតណាមួយ ហើយអ្នកនឹងមិនទទួលបាននូវសេចក្ដីពិតបន្តិចណាសោះឡើយ។ ទាល់តែមនុស្សស្វះស្វែងឱ្យមានភាពស្មោះត្រង់ ទើបពួកគេអាចដឹងថាតើពួកគេពុករលួយខ្លាំងប៉ុនណា មិនថាពួកគេពិតជាមាននូវលក្ខណៈជាមនុស្សខ្លះៗ និងវាយតម្លៃអំពីខ្លួនឯង ឬមើលឃើញពីចំណុចខ្វះខាតរបស់ពួកគេយ៉ាងច្បាស់ឬអត់នោះឡើយ។ មានតែពេលដែលពួកគេអនុវត្តនូវភាពស្មោះត្រង់របស់ពួកគេប៉ុណ្ណោះ ទើបពួកគេអាចដឹងថាពួកគេបាននិយាយកុហកប៉ុន្មាន និងដឹងថាពួកគេមានភាពលាក់ពុត និងមិនស្មោះត្រង់ខ្លាំងកម្រិតណា។ មានតែក្នុងអំឡុងពេលនៃការដកបទពិសោធក្នុងការអនុវត្តនូវភាពស្មោះត្រង់ទេ ទើបមនុស្សអាចដឹងជាបន្តបន្ទាប់នូវសេចក្ដីពិតនៃសេចក្ដីពុករលួយរបស់គេ និងទទួលស្គាល់នូវសារជាតិជាធម្មជាតិរបស់ខ្លួន ហើយពេលនោះទើបនិស្ស័យពុករលួយរបស់ពួកគេត្រូវបានបន្សុទ្ធឥតឈប់ឈរ។ មានតែនៅក្នុងដំណើរនៃនិស្ស័យពុករលួយរបស់ពួកគេត្រូវបានបន្សុទ្ធឥតឈប់ឈរប៉ុណ្ណោះ ទើបមនុស្សនឹងអាចទទួលបានសេចក្ដីពិត។ ចូរចំណាយពេលរបស់អ្នករាល់គ្នាដកបទពិសោសពីព្រះបន្ទូលទាំងនេះ។ ព្រះជាម្ចាស់មិនប្រោសឱ្យគ្រប់លក្ខណ៍ដល់អ្នកដែលបោកប្រាស់ឡើយ។ ប្រសិនបើដួងចិត្តរបស់អ្នកមិនស្មោះត្រង់ ប្រសិនបើអ្នកមិនមែនជាបុគ្គលស្មោះត្រង់ទេ នោះអ្នកនឹងមិនត្រូវបានព្រះជាម្ចាស់ទទួលយកឡើយ។ ដូចគ្នានេះដែរ អ្នកនឹងមិនទទួលបានសេចក្ដីពិត ហើយក៏នឹងមិនអាចមានសមត្ថភាពទទួលបានព្រះជាម្ចាស់ឡើយ។ តើវាមានន័យយ៉ាងណា ប្រសិនបើអ្នកមិនទទួលបានព្រះជាម្ចាស់? ប្រសិនបើអ្នកមិនទទួលបានព្រះជាម្ចាស់ ហើយអ្នកមិនបានយល់ពីសេចក្ដីពិតទេ នោះអ្នកនឹងមិនស្គាល់ព្រះជាម្ចាស់ឡើយ ដូច្នះហើយ វានឹងគ្មានវិធីណាដែលអ្នកអាចត្រូវគ្នាជាមួយនឹងព្រះជាម្ចាស់ទេ ក្នុងករណីនេះ អ្នកគឺជាសត្រូវរបស់ព្រះជាម្ចាស់។ ប្រសិនបើអ្នកមិនស្របគ្នាមួយព្រះជាម្ចាស់ទេ នោះព្រះជាម្ចាស់មិនមែនជាព្រះជាម្ចាស់របស់អ្នកទេ។ ហើយប្រសិនបើព្រះជាម្ចាស់មិនមែនជាព្រះរបស់អ្នក នោះអ្នកមិនអាចត្រូវបានសង្រ្គោះឡើយ។ ប្រសិនបើអ្នកមិនស្វែងរកដើម្បីទទួលបានសេចក្ដីសង្រ្គោះនោះទេ ចុះហេតុអ្វីបានជាអ្នកជឿលើព្រះជាម្ចាស់? ប្រសិនបើអ្នកមិនអាចទទួលបានសេចក្ដីសង្គ្រោះ អ្នកនឹងក្លាយជាសត្រូវដ៏ជូរចត់នឹងព្រះជាម្ចាស់ជារៀងរហូត ហើយលទ្ធផលរបស់អ្នកនឹងត្រូវបានកំណត់។ ដូចនេះ ប្រសិនបើមនុស្សប្រាថ្នាចង់ឱ្យខ្លួនត្រូវបានសង្គ្រោះ នោះពួកគេត្រូវតែចាប់ផ្ដើមដោយការមានភាពស្មោះត្រង់។ មាននូវទីសម្គាល់មួយដែលដៅចំណាំអស់អ្នកដែលទីបំផុតត្រូវបានព្រះជាម្ចាស់ទទួលយក។ តើអ្នករាល់គ្នាដឹងថាវាជាអ្វីទេ? វាត្រូវបានសរសេរទុកក្នុងព្រះគម្ពីរ គឺគម្ពីរវិវរណៈ៖ «ហើយក្នុងមាត់របស់គេ គ្មានពិរុទ្ធសោះ ដ្បិតពួកគេគ្មានទោស នៅចំពោះបល្ល័ង្កព្រះជាម្ចាស់ឡើយ» (វិវរណៈ ១៤:៥)។ តើ «ពួកគេ» ជានរណា? ពួកគេជាអ្នកដែលត្រូវបានសង្រ្គោះ ត្រូវបានប្រោសឱ្យគ្រប់លក្ខណ៍ និងត្រូវបានព្រះជាម្ចាស់ទទួលយក។ តើព្រះជាម្ចាស់ពណ៌នាមនុស្សទាំងនេះដោយរបៀបណា? តើមានលក្ខណៈសម្បត្តិ និងការបង្ហាញឱ្យឃើញអ្វីខ្លះអំពីសកម្មភាពរបស់ពួកគេ? ពួកគេឥតសៅហ្មងឡើយ។ ពួកគេមិននិយាយកុហកទេ។ អ្នករាល់គ្នាប្រហែលជាអាចដឹងនិងយល់ ហើយថា ការមិននិយាយកុហកមានន័យបែបណានោះ៖ វាមានន័យថា ត្រូវស្មោះត្រង់។ «ឥតសៅហ្មង»៖ តើពាក្យនេះសំដៅដល់អ្វីដែរ? ពាក្យនេះមានន័យថា មិនធ្វើអំពើអាក្រក់។ តើការមិនធ្វើអំពើអាក្រក់ត្រូវធ្វើឡើងនៅលើមូលដ្ឋានអ្វីដែរ? មិនបាច់ឆ្ងល់ទេ គឺត្រូវធ្វើឡើងនៅលើមូលដ្ឋាននៃការកោតខ្លាចព្រះជាម្ចាស់។ ហេតុដូច្នេះ ការឥតសៅហ្មងមានន័យថាជាការកោតខ្លាចព្រះជាម្ចាស់ និងការគេចចេញពីអំពើអាក្រក់។ តើព្រះជាម្ចាស់កំណត់ថាមនុស្សម្នាក់ឥតសៅហ្មងយ៉ាងដូចម្ដេចទៅ? នៅក្នុងព្រះនេត្ររបស់ព្រះជាម្ចាស់ មានតែអ្នកដែលកោតខ្លាចព្រះជាម្ចាស់ និងគេចចេញពីអំពើអាក្រក់ប៉ុណ្ណោះ ទើបជាមនុស្សគ្រប់លក្ខណ៍។ ដូច្នេះ មនុស្សឥតសៅហ្មង គឺជាមនុស្សដែលកោតខ្លាចព្រះជាម្ចាស់ និងគេចចេញពីអំពើអាក្រក់ ហើយមានតែមនុស្សគ្រប់លក្ខណ៍ប៉ុណ្ណោះ ទើបឥតសៅហ្មង។ សេចក្ដីនេះត្រឹមត្រូវទាំងស្រុង។
(ដកស្រង់ពី «សូចនាករទាំងប្រាំមួយអំពីការរីកចម្រើននៃជីវិត» នៃសៀវភៅ «ព្រះបន្ទូល» ភាគ៣៖ ការថ្លែងព្រះបន្ទូលអំពីព្រះគ្រីស្ទនៃគ្រាចុងក្រោយ)
៣៩០. អ្នកគប្បីដឹងថា ក្នុងខ្លួនអ្នកមានសេចក្ដីជំនឿពិត និងភាពស្មោះត្រង់ពិតឬអត់ ថាតើអ្នកមានកំណត់ត្រានៃការរងទុក្ខដើម្បីព្រះជាម្ចាស់ឬអត់ ហើយថាតើអ្នកបានចុះចូលនឹងព្រះជាម្ចាស់ទាំងស្រុងឬអត់។ ប្រសិនបើអ្នកខ្វះចំណុចទាំងនេះ ដូច្នេះ នៅក្នុងខ្លួនអ្នក ច្បាស់ជានៅមានការមិនស្តាប់បង្គាប់ ការបោកបញ្ឆោត ការលោភលន់ និងការស្ដីបន្ទោសមិនខាន។ ដោយសារចិត្តរបស់អ្នកនៅមិនទាន់មានភាពស្មោះត្រង់នៅឡើយ ដូច្នេះ អ្នកមិនដែលទទួលបានការទទួលស្គាល់ជាវិជ្ជមានពីព្រះជាម្ចាស់ឡើយ ហើយក៏មិនដែលបានរស់នៅក្នុងពន្លឺដែរ។ វាសនារបស់មនុស្សម្នាក់នឹងទៅជាយ៉ាងណានៅទីបញ្ចប់នោះ គឺអាស្រ័យលើថាតើគេមានបេះដូងស្មោះត្រង់មានឈាមក្រហមច្រាលឬអត់ និងថាតើពួកគេមានព្រលឹងបរិសុទ្ធឬអត់។ ប្រសិនបើអ្នកជាមនុស្សម្នាក់ដែលគ្មានភាពស្មោះត្រង់សោះ ជាមនុស្សដែលមានចិត្តព្យាបាទ ជាមនុស្សដែលមានព្រលឹងមិនបរិសុទ្ធ នោះអ្នកច្បាស់ជាត្រូវធ្លាក់ចូលទៅក្នុងទីកន្លែងដែលមនុស្សត្រូវទទួលរងការដាក់ទោសមិនខាន ដូចដែលបានកត់ត្រាទុកនៅក្នុងកំណត់ត្រានៃវាសនារបស់អ្នកដូច្នោះដែរ។ ប្រសិនបើអ្នកអះអាងថា ខ្លួនជាមនុស្សស្មោះត្រង់ណាស់ ប៉ុន្ដែមិនដែលប្រព្រឹត្ដទៅតាមសេចក្តីពិត ឬនិយាយពាក្យពិតសូម្បីតែមួយម៉ាត់ ដូច្នេះ តើអ្នកនៅតែរង់ចាំឱ្យព្រះជាម្ចាស់ប្រទានរង្វាន់ដល់អ្នកទៀតឬអ្វី? តើអ្នកនៅតែសង្ឃឹមថាព្រះជាម្ចាស់នឹងចាត់ទុកអ្នកជាកែវព្រះនេត្ររបស់ទ្រង់ទៀតឬអ្វី? តើការគិតបែបនេះ មិនមែនខុសទំនងទេឬអ្វី? អ្នកបោកបញ្ឆោតព្រះជាម្ចាស់គ្រប់យ៉ាង។ តើដំណាក់របស់ព្រះជាម្ចាស់អាចទុកកន្លែងសម្រាប់បុគ្គលដូចជាអ្នក ដែលមានដៃកខ្វក់បែបនេះ បានយ៉ាងដូចម្ដេចទៅ?
(ដកស្រង់ពី «សេចក្ដីដាស់តឿនទាំងបី» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)