ច. ស្ដីពីរបៀបប្រតិបត្តិការស្ដាប់បង្គាប់ចំពោះព្រះជាម្ចាស់
៣៩១. ព្រះជាម្ចាស់បានបង្កើតមនុស្សលោក និងដាក់ពួកគេនៅលើផែនដី ហើយទ្រង់បានដឹកនាំពួកគេចាប់តាំងពីពេលនោះមក។ ក្រោយមក ទ្រង់ក៏បានសង្គ្រោះពួកគេ និងធ្វើជាតង្វាយលោះបាបសម្រាប់មនុស្សជាតិ។ នៅទីបំផុត ទ្រង់នៅតែត្រូវយកឈ្នះលើមនុស្សជាតិ សង្គ្រោះមនុស្សលោកទាំងមូល និងស្រោចស្រង់ពួកគេទៅរកលក្ខណៈដើមរបស់ពួកគេវិញ។ នេះគឺជាកិច្ចការដែលទ្រង់បានចូលរួមធ្វើ ចាប់តាំងពីគ្រាដំបូងមកម៉្លេះ ជាការស្រោចស្រង់មនុស្សទៅរករូបអង្គ និងលក្ខណៈដើមរបស់ពួកគេវិញ។ ព្រះជាម្ចាស់នឹងបង្កើតនគរស្ថានសួគ៌របស់ទ្រង់ និងស្រោចស្រង់លក្ខណៈដើមរបស់មនុស្សជាតិត្រឡប់មកវិញ ដែលមានន័យថា ព្រះជាម្ចាស់នឹងស្រោចស្រង់នូវសិទ្ធិអំណាចរបស់ទ្រង់នៅលើផែនដី និងក្នុងចំណោមសត្តនិករទាំងអស់ត្រឡប់មកវិញ។ មនុស្សជាតិបានបាត់បង់នូវចិត្ត ដែលកោតខ្លាចព្រះជាម្ចាស់ ក៏ដូចជាមុខងារដែលប្រគល់ឱ្យសត្តនិកររបស់ព្រះជាម្ចាស់ ក្រោយពីត្រូវសាតាំងធ្វើឱ្យពុករលួយ ហើយបានក្លាយជាសត្រូវមិនស្ដាប់បង្គាប់ព្រះជាម្ចាស់។ ក្រោយមកទៀត មនុស្សជាតិរស់នៅក្រោមដែនត្រួតត្រារបស់សាតាំង និងបានដើរតាមការបញ្ជារបស់សាតាំង។ ហេតុនេះ ព្រះជាម្ចាស់គ្មានផ្លូវណាត្រូវបំពេញកិច្ចការក្នុងចំណោមសត្តនិកររបស់ទ្រង់ឡើយ ហើយកាន់តែមិនអាចយកឈ្នះលើការគោរពកោតខ្លាចដែលពោរពេញដោយការខ្លាចរអារនោះទេ។ មនុស្សលោកត្រូវបានព្រះជាម្ចាស់បង្កើតមក ហើយត្រូវថ្វាយបង្គំព្រះជាម្ចាស់ ប៉ុន្តែពួកគេទៅជាបែរខ្នងដាក់ទ្រង់ និងថា្វយបង្គំសាតាំងទៅវិញ។ សាតាំងបានក្លាយជាព្រះក្លែងក្លាយនៅក្នុងដួងចិត្តរបស់ពួកគេ។ ហេតុនេះ ព្រះជាម្ចាស់បានបាត់បង់នូវកន្លែងរបស់ទ្រង់នៅក្នុងដួងចិត្តរបស់ពួកគេ ដែលមានន័យថា ទ្រង់បានបាត់បង់នូវអត្ថន័យនៅពីក្រោយការបង្កើតមនុស្សជាតិរបស់ទ្រង់។ ហេតុនេះ ដើម្បីស្រោចស្រង់នូវអត្ថន័យនៅពីក្រោយការបង្កើតមនុស្សជាតិរបស់ទ្រង់ត្រឡប់មកវិញ ទ្រង់ត្រូវតែស្រោចស្រង់នូវភាពជាមនុស្សដើមរបស់ពួកគេត្រឡប់មកវិញ និងបំផ្លាស់បំប្រែនិស្ស័យពុករលួយរបស់ពួកគេចេញ។ ដើម្បីទាមទារយកមនុស្សពីសាតាំងវិញ ទ្រង់ត្រូវសង្គ្រោះពួកគេឱ្យរួចពីបាបសិន។ មានតែតាមរបៀបនេះទេ ទើបព្រះជាម្ចាស់អាចស្រោចស្រង់លក្ខណៈដើម និងមុខងាររបស់ពួកគេត្រឡប់មកវិញ ហើយចុងក្រោយ ក៏ស្រោចស្រង់នូវនគរស្ថានសួគ៌របស់ទ្រង់ត្រឡប់មកវិញ។ ការបំផ្លាញជាចុងក្រោយបង្អស់លើកូនដែលមិនស្ដាប់បង្គាប់ទាំងនោះ ក៏នឹងត្រូវអនុវត្តដើម្បីឱ្យមនុស្សបានថ្វាយបង្គំព្រះជាម្ចាស់ប្រសើរជាងមុនដែរ ហើយនឹងរស់នៅលើផែនដីនេះបានប្រសើរជាងមុន។ ដោយសារព្រះជាម្ចាស់បានបង្កើតមនុស្សលោកមក ទើបទ្រង់ត្រូវធ្វើឱ្យពួកគេថ្វាយបង្គំទ្រង់។ ដោយសារទ្រង់ចង់ស្រោចស្រង់មុខងារដើមរបស់មនុស្សជាតិត្រឡប់មកវិញ ទើបទ្រង់ត្រូវស្រោចស្រង់មុខងារនោះឱ្យបានទាំងស្រុង ដោយគ្មានការផិតក្បត់ឡើយ។ ការស្រោចស្រង់សិទ្ធិអំណាចរបស់ទ្រង់មានន័យថា ការធ្វើឱ្យមនុស្សថ្វាយបង្គំទ្រង់ និងចុះចូលចំពោះទ្រង់។ វាមានន័យថាព្រះជាម្ចាស់នឹងធ្វើឱ្យមនុស្សជាតិរស់នៅដោយសារទ្រង់ និងធ្វើឱ្យសត្រូវរបស់ទ្រង់វិនាសហិនហោច ដោយសារសិទ្ធិអំណាចរបស់ទ្រង់។ វាមានន័យថា ព្រះជាម្ចាស់នឹងធ្វើឱ្យសព្វសារពើររបស់ទ្រង់បន្តស្ថិតនៅក្នុងចំពោះមនុស្សជាតិ ដោយគ្មានការប្រឆាំងទាស់ពីនរណាម្នាក់ឡើយ។ នគរស្ថានសួគ៌ដែលព្រះជាម្ចាស់ចង់បង្កើត គឺជានគរស្ថានសួគ៌របស់ទ្រង់ផ្ទាល់។ មនុស្សជាតិដែលទ្រង់ចង់បាន គឺជាមនុស្សដែលនឹងថ្វាយបង្គំទ្រង់ ជាមនុស្សដែលនឹងចុះចូលចំពោះទ្រង់ទាំងស្រុង និងផ្សាយនូវសិរីល្អរបស់ទ្រង់។ ប្រសិនបើព្រះជាម្ចាស់ពុំបានសង្គ្រោះមនុស្សជាតិដែលពុករលួយទេ នោះអត្ថន័យពីក្រោយការបង្កើតមនុស្សជាតិរបស់ទ្រង់ នឹងត្រូវបាត់បង់។ ទ្រង់នឹងមិនមានសិទ្ធិអំណាចកាន់តែច្រើនក្នុងចំណោមមនុស្សជាតិ ហើយនគរស្ថានសួគ៌របស់ទ្រង់នឹងលែងអាចកើតមាននៅលើផែនដីនេះទៀតហើយ។ ប្រសិនបើព្រះជាម្ចាស់ពុំបានបំផ្លាញសត្រូវទាំងនោះដែលមិនស្ដាប់បង្គាប់ទ្រង់ទេ ទ្រង់នឹងមិនអាចទទួលបាននូវសិរីល្អពេញលេញរបស់ទ្រង់បានឡើយ ហើយទ្រង់ក៏នឹងមិនអាចបង្កើតនគរស្ថានសួគ៌របស់ទ្រង់នៅលើផែនដីនេះបានដែរ។ ទាំងអស់នេះ នឹងក្លាយជាទីសម្គាល់នៃការបញ្ចប់កិច្ចការរបស់ទ្រង់ និងជាជោគជ័យដ៏អស្ចារ្យរបស់ទ្រង់៖ ក្នុងការបំផ្លាញដល់អ្នកដែលនៅស្ថិតក្នុងចំណោមមនុស្សជាតិដែលមិនស្ដាប់បង្គាប់ទ្រង់ និងក្នុងការនាំអ្នកដែលបានធ្វើឱ្យពេញខ្នាតចូលទៅក្នុងសេចក្ដីសម្រាក។ នៅពេលដែលមនុស្សលោកត្រូវបានស្រោចស្រង់មកជាលក្ខណៈដើមរបស់ពួកគេវិញ ហើយនៅពេលដែលពួកគេអាចបំពេញភារកិច្ចរៀងៗខ្លួន រក្សាទីតាំងត្រឹមត្រូវរបស់ខ្លួន និងចុះចូលនឹងការរៀបចំទាំងអស់របស់ព្រះជាម្ចាស់បាន នោះព្រះជាម្ចាស់នឹង ទទួលយកមនុស្សមួយក្រុមនៅលើផែនដីដែលថ្វាយបង្គំទ្រង់ ហើយទ្រង់ក៏នឹងបានបង្កើតនគរមួយនៅលើផែនដីដែលថ្វាយបង្គំទ្រង់ផងដែរ។
(ដកស្រង់ពី «ព្រះជាម្ចាស់ និងមនុស្សលោក នឹងចូលទៅក្នុងសេចក្ដីសម្រាករួមគ្នា» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)
៣៩២. ដោយសារអ្នកជឿលើព្រះជាម្ចាស់ អ្នកត្រូវតែស្ដាប់បង្គាប់ទ្រង់។ ប្រសិនបើអ្នកមិនអាចធ្វើបែបនេះបានទេ មិនថាអ្នកជឿ ឬក៏មិនជឿលើព្រះជាម្ចាស់នោះទេ គឺគ្មានបានការអ្វីនោះឡើយ។ ប្រសិនបើអ្នកបានជឿលើព្រះជាម្ចាស់អស់រយៈពេលជាច្រើនឆ្នាំមកហើយ ប៉ុន្តែមិនដែលស្ដាប់បង្គាប់ទ្រង់ ហើយមិនទទួលយកលក្ខណៈពេញលេញនៃព្រះបន្ទូលរបស់ទ្រង់ ហើយផ្ទុយទៅវិញបែរជាសុំឱ្យព្រះជាម្ចាស់ចុះចូលនឹងអ្នក និងធ្វើតាមគំនិតរបស់អ្នក ដូច្នេះ អ្នកជាមនុស្សបះបោរប្រឆាំងនឹងទ្រង់ខ្លាំងជាងគេបំផុត អ្នកជាមនុស្សមិនជឿលើព្រះជាម្ចាស់ទេ។ តើមនុស្សបែបនេះអាចស្ដាប់បង្គាប់ព្រះបន្ទូល និងកិច្ចការរបស់ព្រះជាម្ចាស់ដែលមិនស្របទៅនឹងគំនិតរបស់មនុស្សដូចម្ដេចបាន? មនុស្សដែលមិនគោរព ហើយទាស់ទទឹងនឹងព្រះជាម្ចាស់ដោយចេតនា អ្នកទាំងនោះហើយជាមនុស្សដែលបះបោរខ្លាំងជាងគេបំផុត។ ពួកគេជាសត្រូវរបស់ព្រះជាម្ចាស់ ជាពួកទទឹងនឹងព្រះគ្រីស្ទ។ ដួងចិត្តរបស់ពួកគេតែងប្រទូសទាស់នឹងកិច្ចការថ្មីរបស់ព្រះជាម្ចាស់។ ពួកគេមិនដែលមានទំនោរចិត្តចង់ចុះចូលសោះឡើយ ហើយពួកគេក៏មិនធ្លាប់បានចុះចូលដោយអរសប្បាយ ឬក៏បន្ទាបខ្លួនពួកគេដែរ។ ពួកគេលើកតម្កើងពីខ្លួនឯងនៅចំពោះមុខអ្នកដទៃ និងមិនដែលចុះចូលនឹងនរណាម្នាក់ឡើយ។ នៅមុខព្រះជាម្ចាស់ ពួកគេចាត់ទុកខ្លួនឯងជាមនុស្សពូកែអធិប្បាយព្រះបន្ទូល និងជាមនុស្សដែលមានជំនាញជាងគេក្នុងការធ្វើកិច្ចការដើម្បីអ្នកដទៃ។ ពួកគេមិនដែលលះបង់ចោល «រតនសម្បត្តិ» ដែលពួកគេមាននោះទេ ប៉ុន្តែចាត់ទុកវាជាមរតកគ្រួសារសម្រាប់ថ្វាយបង្គំ សម្រាប់អធិប្បាយប្រាប់អ្នកដទៃ ហើយពួកគេប្រើវាដើម្បីប្រៀនប្រដៅដល់ពួកល្ងង់ខ្លៅដែលចាត់ទុកពួកគេដូចរូបព្រះ។ ជាការពិត នៅក្នុងពួកជំនុំមានមនុស្សបែបនេះច្រើនណាស់។ អាចនិយាយបានថា ពួកគេជា «វីរជនដែលគ្មាននរណាអាចយកឈ្នះបាន» ដែលស្នាក់នៅក្នុងដំណាក់របស់ព្រះជាម្ចាស់ពីមួយជំនាន់ទៅមួយជំនាន់។ ពួកគេយកការអធិប្បាយព្រះបន្ទូល (គោលលទ្ធិ) ទុកជាភារកិច្ចដ៏ឧត្ដុង្គឧត្ដមរបស់ពួកគេ។ ពីមួយឆ្នាំទៅមួយឆ្នាំ ពីមួយជំនាន់ទៅមួយជំនាន់ ពួកគេចាប់ផ្ដើមអនុវត្តភារកិច្ច «ពិសិដ្ឋ និងមិនអាចបំពានបាន» យ៉ាងស្វាហាប់។ គ្មាននរណាម្នាក់ហ៊ានប៉ះពួកគេឡើយ។ គ្មានមនុស្សណាម្នាក់ហ៊ានស្ដីបន្ទោសពួកគេដោយបើកចំហឡើយ។ ពួកគេក្លាយជា «ស្ដេច» នៅក្នុងដំណាក់របស់ព្រះជាម្ចាស់ដោយធ្វើខ្លួនជាមនុស្សអាក្រក់ឃោរឃៅ នៅពេលពួកគេសង្កត់សង្កិនអ្នកដទៃពីមួយជំនាន់ទៅមួយជំនាន់។ ពួកវិញ្ញាណអាក្រក់ទាំងនេះចង់ពួតដៃគ្នា និងបំផ្លាញកិច្ចការរបស់ខ្ញុំ តើខ្ញុំអាចឱ្យពួកអារក្សមានជីវិតទាំងអស់នេះ កើតមាននៅចំពោះព្រះនេត្ររបស់ខ្ញុំដូចម្ដេចបាន? សូម្បីតែអស់អ្នកដែលស្ដាប់បង្គាប់តែពាក់កណ្ដាលក៏មិនអាចបន្តរហូតដល់ចុងបញ្ចប់បានដែរ ហើយស្ដេចផ្ដាច់ការដែលមិនមានការស្ដាប់បង្គាប់សូម្បីតែបន្តិចនៅក្នុងដួងចិត្តរបស់ពួកគេរឹតតែមិនអាចបន្តទៅដល់ចុងបញ្ចប់បាន! មនុស្សមិនងាយនឹងយល់ពីកិច្ចការរបស់ព្រះជាម្ចាស់បានឡើយ។ សូម្បីតែមួយចំណែកតូចនៃកិច្ចការដែលចុងក្រោយធ្វើឱ្យពួកគេទៅជាគ្រប់លក្ខណ៍ ក៏មនុស្សមិនអាចទទួលយកបានដែរ ទោះបីជាគេប្រើអស់ទាំងកម្លាំងដែលពួកគេមានក៏ដោយ។ ដូច្នេះ តើកូនចៅនៃមហាទេវតាដែលព្យាយាមចង់បំផ្លាញកិច្ចការរបស់ព្រះជាម្ចាស់នោះជាអ្វី? តើពួកគេមិនមានក្ដីសង្ឃឹមថាព្រះជាម្ចាស់នឹងទទួលយកសូម្បីតែបន្តិចឬ? គោលបំណងរបស់ខ្ញុំក្នុងការយកឈ្នះ គឺមិនមែនគ្រាន់តែយកឈ្នះដើម្បីឱ្យតែឈ្នះនោះឡើយ ប៉ុន្តែគឺឈ្នះដើម្បីបើកសម្ដែងពីសេចក្តីសុចរិត និងសេចក្តីទុច្ចរិត ដើម្បីទទួលបានភស្តុតាងសម្រាប់ការដាក់ទោសមនុស្ស ដើម្បីថ្កោលទោសមនុស្សអាក្រក់ ហើយលើសពីនេះ គឺឈ្នះដើម្បីជាប្រយោជន៍ដល់ការកែប្រែអស់អ្នកដែលព្រមស្ដាប់បង្គាប់ឱ្យបានគ្រប់លក្ខណ៍។ នៅចុងបំផុត មនុស្សនឹងត្រូវបែងចែកទៅតាមជំពូក ហើយមនុស្សដែលត្រូវធ្វើឱ្យគ្រប់លក្ខណ៍ គឺជាមនុស្សដែលមានចិត្តគំនិតពោរពេញទៅដោយការស្ដាប់បង្គាប់។ នេះគឺជាកិច្ចការដែលត្រូវសម្រេចឱ្យបាននៅទីបំផុត។ ហើយខណៈនោះ អស់អ្នកណាដែលគ្រប់ទង្វើរបស់គេមានលក្ខណៈបះបោរ នឹងត្រូវដាក់ទោស រួចបញ្ជូនទៅដុតនៅក្នុងភ្លើង ពួកគេជារបស់ដែលត្រូវបណ្តាសាអស់កល្បជានិច្ច។ នៅពេលនោះមកដល់ «វីរជនដ៏អស្ចារ្យដែលគ្មានរណាអាចយកឈ្នះបាន» នៅក្នុងសម័យអតីតកាល នឹងក្លាយជា «មនុស្សកំសាកទន់ខ្សោយ និងគ្មានអំណាច» ដែលទាបបំផុត និងត្រូវគេគេចចេញ។ មានតែ ចំណុចនេះទេដែលបង្ហាញពីគ្រប់ទិដ្ឋភាពនៃសេចក្តីសុចរិតរបស់ព្រះជាម្ចាស់បាន ហើយនិស្ស័យរបស់ទ្រង់មិនអាចឱ្យមនុស្សប្រមាថបានឡើយ ហើយមានតែចំណុចនេះទេ ដែលអាចធ្វើឱ្យសេចក្តីសម្អប់នៅក្នុងចិត្តខ្ញុំបានស្ងប់ទៅវិញ។ តើអ្នករាល់គ្នាមិនយល់ស្របទេឬអីថា កិច្ចការនេះសមហេតុផលទាំងស្រុង?
(ដកស្រង់ពី «អស់អ្នកណាដែលស្ដាប់បង្គាប់ ព្រះជាម្ចាស់ដោយដួងចិត្តពិត នឹងត្រូវព្រះជាម្ចាស់ទទួលយក ជាប្រាកដ» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)
៣៩៣. កិច្ចការដែលព្រះជាម្ចាស់ធ្វើ ខុសគ្នាពីពេលមួយទៅពេលមួយ។ ប្រសិនបើអ្នកស្ដាប់បង្គាប់តាមកិច្ចការរបស់ព្រះជាម្ចាស់បានល្អនៅដំណាក់កាលមួយ តែការស្ដាប់បង្គាប់របស់អ្នកចំពោះកិច្ចការរបស់ទ្រង់បែរជាមិនបានល្អនៅដំណាក់កាលមួយទៀត ឬក៏អ្នកមិនអាចស្ដាប់បង្គាប់បាន នោះព្រះជាម្ចាស់នឹងបោះបង់អ្នកចោល។ ប្រសិនបើអ្នកដើរទាន់ព្រះជាម្ចាស់ នៅពេលទ្រង់បោះជំហាននេះ នោះអ្នកត្រូវបន្តដើរឱ្យទាន់នៅពេលទ្រង់បោះជំហានបន្ទាប់ទៀត។ គឺមានតែពេលនោះទេ ទើបអ្នកនឹងអាចក្លាយទៅជាមនុស្សម្នាក់ ដែលស្ដាប់បង្គាប់ព្រះវិញ្ញាណបរិសុទ្ធ។ ដោយសារតែអ្នកជឿលើព្រះជាម្ចាស់ អ្នកត្រូវរក្សាការស្ដាប់បង្គាប់របស់អ្នកឱ្យបានឋិតថេរ។ អ្នកមិនអាចគ្រាន់តែស្ដាប់បង្គាប់នៅពេលអ្នកសប្បាយចិត្ត ហើយមិនស្ដាប់បង្គាប់នៅពេលអ្នកមិនសប្បាយចិត្តនោះទេ។ ការស្ដាប់បង្គាប់បែបនេះ ព្រះជាម្ចាស់មិនសរសើរឡើយ។ ប្រសិនបើអ្នកមិនអាចដើរតាមជំហាននៃកិច្ចការថ្មីដែលខ្ញុំបានរៀបចំ និងបន្តប្រកាន់ខ្ជាប់តាមសុភាសិតចាស់ពីមុនមកទេនោះ តើអាចមានការរីកចម្រើននៅក្នុងជីវិតរបស់អ្នកដោយរបៀបណា? កិច្ចការរបស់ព្រះជាម្ចាស់ គឺដើម្បីទំនុកបម្រុងដល់អ្នកតាមរយៈព្រះបន្ទូលរបស់ទ្រង់។ នៅពេលអ្នកស្ដាប់បង្គាប់ និងទទួលយកព្រះបន្ទូលរបស់ទ្រង់ នោះព្រះវិញ្ញាណបរិសុទ្ធនឹងធ្វើការនៅក្នុងខ្លួនឯងជាប្រាកដ។ ព្រះវិញ្ញាណបរិសុទ្ធធ្វើកិច្ចការដូចគ្នាបេះបិទនឹងអ្វីដែលខ្ញុំមានបន្ទូល។ ចូរធ្វើដូចអ្វីដែលខ្ញុំបានមានបន្ទូលចុះ នោះព្រះវិញ្ញាណបរិសុទ្ធនឹងធ្វើការនៅក្នុងខ្លួនអ្នកជាប្រាកដ។ ខ្ញុំបានបញ្ចេញនូវពន្លឺថ្មីមួយសម្រាប់ឱ្យអ្នករាល់គ្នាបានឃើញ ដោយនាំយកអ្នករាល់គ្នាទៅក្នុងពន្លឺបច្ចុប្បន្ន ហើយនៅពេលដែលអ្នកដើរទៅក្នុងពន្លឺនេះ ព្រះវិញ្ញាណបរិសុទ្ធនឹងធ្វើការនៅក្នុងអ្នកភ្លាមៗ។ មានមនុស្សមួយចំនួនដែលចចេសរឹងរូស និយាយថា «ខ្ញុំនឹងមិនធ្វើតាមអ្វីដែលអ្នកនិយាយឡើយ»។ នៅក្នុងករណីនេះ ខ្ញុំប្រាប់អ្នកចុះថា អ្នកបានមកដល់ចុងបញ្ចប់នៃផ្លូវហើយ។ អ្នកត្រូវក្រៀមស្វិត និងគ្មានជីវិតទៀតឡើយ។ ហេតុដូចនេះ នៅក្នុងបទពិសោធនៃការបំផ្លាស់បំប្រែនិស្ស័យរបស់អ្នក គ្មានអ្វីសំខាន់ជាងការរក្សាជំហានឱ្យទាន់នឹងពន្លឺបច្ចុប្បន្ននេះឡើយ។ ព្រះវិញ្ញាណបរិសុទ្ធមិនត្រឹមតែធ្វើការក្នុងខ្លួនមនុស្សណាម្នាក់ដែលព្រះជាម្ចាស់ប្រើការនោះទេ ប៉ុន្តែក៏ធ្វើការនៅក្នុងពួកជំនុំផងដែរ។ ទ្រង់អាចធ្វើការនៅក្នុងមនុស្សគ្រប់គ្នាបាន។ ទ្រង់អាចនឹងកំពុងធ្វើការក្នុងខ្លួនអ្នកក្នុងអំឡុងពេលបច្ចុប្បន្ន ហើយអ្នកនឹងបានស្គាល់កិច្ចការនេះ។ នៅក្នុងអំឡុងពេលបន្ទាប់ទៀត ទ្រង់អាចនឹងធ្វើការក្នុងខ្លួនមនុស្សផ្សេងទៀត ដែលក្នុងករណីនេះ អ្នកត្រូវតែប្រញាប់ដើរតាម។ នៅពេលអ្នកដើរតាមពន្លឺបច្ចុប្បន្នកាន់តែកៀក នោះជីវិតរបស់អ្នកនឹងកាន់តែរីកចម្រើនឡើង។ មិនថាចរិតលក្ខណៈរបស់មនុស្សម្នាក់បែបណានោះទេ ប្រសិនបើព្រះវិញ្ញាណបរិសុទ្ធធ្វើការក្នុងពួកគេ នោះអ្នកត្រូវតែដើរតាម។ ចូរថ្លឹងថ្លែងបទពិសោធរបស់ពួកគេតាមរយៈបទពិសោធរបស់អ្នកផ្ទាល់ នោះអ្នកនឹងទទួលបានអ្វីកាន់តែខ្ពស់។ ការធ្វើបែបនេះ នោះអ្នកនឹងរីកចម្រើនកាន់តែឆាប់។ នេះគឺជាផ្លូវនៃភាពគ្រប់លក្ខណ៍សម្រាប់មនុស្ស និងជាមធ្យោបាយ ដែលជីវិតបានរីកចម្រើនធំធាត់។ ផ្លូវដែលនាំឱ្យគ្រប់លក្ខណ៍គឺអាចសម្រេចបាន តាមរយៈការស្ដាប់បង្គាប់របស់អ្នកចំពោះកិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធ។ អ្នកពុំដឹងថាព្រះជាម្ចាស់នឹងធ្វើឱ្យអ្នកបានគ្រប់លក្ខណ៍តាមរយៈមនុស្សប្រភេទណានោះទេ ក៏មិនដឹងថា ទ្រង់អនុញ្ញាតឱ្យអ្នកទទួលបាន ឬមើលឃើញអស់ទាំងសេចក្ដីតាមរយៈមនុស្ស តាមព្រឹត្តិការណ៍ ឬតាមវត្ថុអ្វីឡើយ។ ប្រសិនបើអ្នកអាចដាក់ជើងនៅលើគន្លងផ្លូវដ៏ត្រឹមត្រូវ នោះអាចបង្ហាញថា អ្នកមានក្ដីសង្ឃឹមដ៏ធំធេងដើម្បីឱ្យព្រះជាម្ចាស់ធ្វើឱ្យគ្រប់លក្ខណ៍។ ប្រសិនបើអ្នកមិនអាចធ្វើបានទេ នោះបង្ហាញថាអនាគតរបស់អ្នកងងឹតសូន្យឈឹង គ្មានពន្លឺអ្វីឡើយ។ នៅពេលអ្នកចាប់ផ្ដើមដើរនៅលើផ្លូវត្រូវ អ្នកនឹងទទួលការបើកសម្ដែងក្នុងគ្រប់ការទាំងអស់។ មិនថាព្រះវិញ្ញាណបរិសុទ្ធបើកសម្ដែងអ្វីខ្លះចំពោះអ្នកដទៃនោះទេ ប្រសិនបើអ្នកបន្តឋិតនៅលើមូលដ្ឋានចំណេះដឹងរបស់ពួកគេដើម្បីទទួលបានបទពិសោធលើអ្វីៗដោយខ្លួនឯង នោះបទពិសោធនេះ នឹងក្លាយជាចំណែកមួយនៃជីវិតរបស់អ្នក ហើយអ្នកនឹងអាចផ្គត់ផ្គង់ដល់អ្នកដទៃបាន តាមរយៈបទពិសោធនេះ។ អស់អ្នកណាដែលផ្គត់ផ្គង់អ្នកដទៃ ដោយពាក្យសម្ដីដូចជាសត្វសេក ជាមនុស្សដែលមិនធ្លាប់មានបទពិសោធអ្វីសោះឡើយ។ អ្នកត្រូវស្វែងយល់ដើម្បីរកវិធីអនុវត្តមួយ នៅមុនពេលដែលអ្នកអាចចាប់ផ្ដើមនិយាយអំពីបទពិសោធ និងចំណេះដឹងជាក់ស្តែងរបស់អ្នក តាមរយៈការបំភ្លឺ និងការបង្ហាញរបស់អ្នកដទៃ។ ការនេះនឹងមានប្រយោជន៍យ៉ាងច្រើនសម្រាប់ជីវិតផ្ទាល់ខ្លួនរបស់អ្នក។ អ្នកគប្បីឆ្លងកាត់បទពិសោធបែបនេះ ដោយស្ដាប់បង្គាប់តាមគ្រប់អ្វីដែលមកពីព្រះជាម្ចាស់។ អ្នកគប្បីព្យាយាមស្វែងយល់ពីបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ ក្នុងគ្រប់ការទាំងអស់ និងរៀនសូត្រមេរៀននានាក្នុងគ្រប់ការទាំងអស់ ដើម្បីឱ្យជីវិតរបស់អ្នកចម្រើនឡើង។ ការអនុវត្តបែបនេះ ជួយឱ្យមានការរីកចម្រើនយ៉ាងឆាប់រហ័ស។
(ដកស្រង់ពី «អស់អ្នកណាដែលស្ដាប់បង្គាប់ ព្រះជាម្ចាស់ដោយដួងចិត្តពិត នឹងត្រូវព្រះជាម្ចាស់ទទួលយក ជាប្រាកដ» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)
៣៩៤. ការចុះចូលនឹងកិច្ចការរបស់ព្រះជាម្ចាស់ ត្រូវតែពិត និងជាក់ស្ដែង ហើយត្រូវស្ដែងចេញតាមការរស់នៅ។ ការចុះចូលបែបលំៗតែមួយមុខ មិនអាចទទួលបានការសរសើរតម្កើងពីព្រះជាម្ចាស់ឡើយ ហើយការស្ដាប់បង្គាប់ កត្តាមិនសំខាន់នៃព្រះបន្ទូលរបស់ព្រះជាម្ចាស់ដោយគ្មានការព្យាយាមផ្លាស់ប្តូរនិស្ស័យរបស់មនុស្សណាម្នាក់ នោះក៏មិនត្រូវនឹងព្រះហឫទ័យរបស់ព្រះជាម្ចាស់ដែរ។ ការស្ដាប់បង្គាប់ព្រះជាម្ចាស់ និងការចុះចូលចំពោះកិច្ចការរបស់ព្រះជាម្ចាស់ គឺជារឿងតែមួយ និងដូចគ្នា។ អស់អ្នកណាដែលគ្រាន់តែចុះចូលនឹងព្រះជាម្ចាស់ តែមិនចុះចូលនឹងកិច្ចការរបស់ទ្រង់ មិនអាចចាត់ទុកថា ស្ដាប់បង្គាប់បានឡើយ ហើយអ្នកដែលមិនចុះចូលដោយពិតប្រាកដ តែគ្រាន់តែបញ្ចើចបញ្ចើតែពីខាងក្រៅ កាន់តែមិនអាចចាត់ទុកថា ស្ដាប់បង្គាប់បានដែរ។ អស់អ្នកណាដែលចុះចូលចំពោះព្រះជាម្ចាស់ពិតប្រាកដ សុទ្ធតែអាចទទួលបានផលពីកិច្ចការរបស់ព្រះជាម្ចាស់ និងសម្រេចនូវការយល់ដឹងអំពីនិស្ស័យ និងកិច្ចការរបស់ព្រះជាម្ចាស់បាន។ មានតែមនុស្សប្រភេទនេះទេទើបអាចចុះចូលនឹងព្រះជាម្ចាស់បាន។ មនុស្សបែបនេះអាចទទួលបានចំណេះដឹងថ្មី និងធ្វើការបំផ្លាស់បំប្រែជាថ្មីពីកិច្ចការថ្មី។ មានតែមនុស្សបែបនេះទេ ដែលព្រះជាម្ចាស់លើកសរសើរ មានតែមនុស្សបែបនេះទេ ដែលត្រូវប្រោសឱ្យបានគ្រប់លក្ខណ៍ ហើយមានតែមនុស្សទាំងអស់នេះទេដែលជាអ្នកដែលអាចឱ្យនិស្ស័យរបស់ពួកគេបំផ្លាស់បំប្រែបាន។ អស់អ្នកណាដែលព្រះជាម្ចាស់សរសើរតម្កើង គឺជាមនុស្សដែលចុះចូលនឹងព្រះជាម្ចាស់ដោយអរសប្បាយ និងចុះចូលចំពោះព្រះបន្ទូល និងកិច្ចការរបស់ទ្រង់។ មានតែមនុស្សបែបនេះទេ ដែលជាមនុស្សត្រឹមត្រូវ មានតែមនុស្សបែបនេះទេ ដែលចង់បានព្រះជាម្ចាស់ និងស្វែងរកព្រះជាម្ចាស់ដោយស្មោះត្រង់។
(ដកស្រង់ពី «អស់អ្នកណាដែលស្ដាប់បង្គាប់ ព្រះជាម្ចាស់ដោយដួងចិត្តពិត នឹងត្រូវព្រះជាម្ចាស់ទទួលយក ជាប្រាកដ» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)
៣៩៥. ក្នុងអំឡុងពេលដែលព្រះជាម្ចាស់គង់នៅក្នុងសាច់ឈាម ការចុះចូលដែលព្រះអង្គតម្រូវពីមនុស្ស មិនពាក់ព័ន្ធនឹងការឈប់ធ្វើការជំនុំជម្រះ ឬការប្រឆាំង ដូចជាពួកគេស្រមើស្រមៃនោះឡើយ។ ផ្ទុយទៅវិញ ព្រះអង្គតម្រូវឱ្យមនុស្សប្រើប្រាស់ព្រះបន្ទូលរបស់ទ្រង់ធ្វើជាគោលការណ៍របស់ពួកគេក្នុងការរស់នៅតាម និងទុកជាមូលដ្ឋានគ្រឹះនៃការរស់រានរបស់ពួកគេ តម្រូវឱ្យពួកគេយកសារជាតិនៃព្រះបន្ទូលរបស់ទ្រង់ទៅអនុវត្តទាំងស្រុង ព្រមទាំងតម្រូវឱ្យពួកគេបំពេញតាមបំណងព្រះហឫទ័យរបស់ទ្រង់ទាំងស្រុង។ ទិដ្ឋភាពមួយនៃការតម្រូវឱ្យមនុស្សចុះចូលចំពោះព្រះជាម្ចាស់ដែលយកកំណើតជាមនុស្ស សំដៅទៅលើការអនុវត្តតាមព្រះបន្ទូលរបស់ទ្រង់ ចំណែកឯទិដ្ឋភាពមួយទៀតសំដៅលើការអាចចុះចូលចំពោះភាពសាមញ្ញ និងភាពជាក់ស្ដែងរបស់ទ្រង់។ ទិដ្ឋភាពទាំងពីរនេះត្រូវតែដាច់ខាតតែម្ដង។ អស់អ្នកដែលអាចសម្រេចបានទិដ្ឋភាពទាំងពីរនេះ គឺជាអ្នកដែលមានសេចក្តីស្រឡាញ់ដ៏ពិតចំពោះព្រះជាម្ចាស់នៅក្នុងដួងចិត្តរបស់ពួកគេ។ ពួកគេជាមនុស្សដែលត្រូវបានព្រះជាម្ចាស់ទទួលយក ហើយពួកគេស្រឡាញ់ព្រះជាម្ចាស់ ដូចជាពួកគេស្រឡាញ់ជីវិតរបស់ខ្លួនផងដែរ។ ...
ក្រុមមនុស្សដែលព្រះជាម្ចាស់យកកំណើតជាមនុស្សសព្វព្រះហឫទ័យចង់ទទួលយកនៅថ្ងៃនេះ គឺជាអស់អ្នកដែលប្រតិបត្តិតាមបំណងព្រះហឫទ័យរបស់ទ្រង់។ ពួកគេគ្រាន់តែត្រូវការចុះចូលនឹងកិច្ចការរបស់ទ្រង់តែប៉ុណ្ណោះ ហើយឈប់ខ្វល់ខ្វាយចិត្តឥតឈប់អំពីព្រះតម្រិះរបស់ព្រះជាម្ចាស់ដែលគង់នៅស្ថានសួគ៌ ឈប់រស់នៅក្នុងភាពស្រពេចស្រពិល ហើយឈប់បង្កការលំបាកដល់ព្រះជាម្ចាស់ដែលគង់នៅក្នុងសាច់ឈាម។ អស់អ្នកដែលអាចស្ដាប់បង្គាប់ទ្រង់បាន គឺជាអស់អ្នកដែលស្ដាប់តាមព្រះបន្ទូលរបស់ទ្រង់ទាំងស្រុង ហើយចុះចូលតាមការរៀបចំរបស់ទ្រង់។ មនុស្សបែបនេះមិនខ្វល់ទាល់តែសោះចំពោះអ្វីដែលព្រះជាម្ចាស់គង់នៅស្ថានសួគ៌អាចសព្វព្រះហឫទ័យ ឬប្រភេទនៃកិច្ចការអ្វីដែលព្រះជាម្ចាស់គង់នៅស្ថានសួគ៌អាចកំពុងតែធ្វើនៅក្នុងចំណោមមនុស្សជាតិនោះឡើយ ប៉ុន្តែពួកគេថ្វាយដួងចិត្តរបស់ពួកគេទាំងស្រុងដល់ព្រះជាម្ចាស់ដែលគង់នៅលើផែនដី ហើយពួកគេដាក់ចិត្តដាក់កាយរបស់ពួកគេទាំងអស់នៅចំពោះទ្រង់។ ពួកគេមិនដែលពិចារណាចំពោះសុវត្ថិភាពផ្ទាល់ខ្លួន ហើយក៏មិនរអ៊ូរទាំងចំពោះភាពសាមញ្ញ និងភាពជាក់ស្ដែងរបស់ព្រះជាម្ចាស់ដែលគង់នៅក្នុងសាច់ឈាមនោះដែរ។ អស់អ្នកដែលចុះចូលចំពោះព្រះជាម្ចាស់ដែលគង់នៅក្នុងសាច់ឈាម អាចត្រូវបានព្រះអង្គប្រោសឱ្យគ្រប់លក្ខណ៍។ អស់អ្នកដែលជឿលើព្រះជាម្ចាស់ដែលគង់នៅស្ថានសួគ៌នឹងមិនទទួលបានអ្វីឡើយ។ នោះគឺដោយសារតែនេះមិនមែនជាព្រះជាម្ចាស់ដែលគង់នៅស្ថានសួគ៌ទេ ប៉ុន្តែគឺព្រះជាម្ចាស់ដែលគង់នៅលើផែនដីទេ ដែលប្រទានសេចក្តីសន្យា និងព្រះពរដល់មនុស្ស។ មនុស្សមិនគួរលើកតម្កើងព្រះជាម្ចាស់ដែលគង់នៅស្ថានសួគ៌ ក្នុងពេលដែលខ្លួនឃើញព្រះជាម្ចាស់ដែលគង់នៅលើផែនដីគ្រាន់តែជាមនុស្សសាមញ្ញបំផុតម្នាក់នោះឡើយ ព្រោះទង្វើបែបនេះមិនយុត្តិធម៌ទេ។ ព្រះជាម្ចាស់ដែលគង់នៅស្ថានសួគ៌គឺជាព្រះដ៏ធំអស្ចារ្យ និងប្រកបដោយព្រះប្រាជ្ញាញាណគួរឱ្យស្ញប់ស្ញែង ប៉ុន្តែការនេះមិនមានទាល់តែសោះ។ ព្រះជាម្ចាស់ដែលគង់នៅលើផែនដីគឺជាព្រះដ៏សាមញ្ញ និងតូចទាបបំផុត ហើយក៏ធម្មតាបំផុតផងដែរ។ ព្រះអង្គមិនមានព្រះតម្រិះដ៏អស្ចារ្យ ឬធ្វើសកម្មភាពដ៏គួរឱ្យភ្ញាក់ផ្អើលអ្វីឡើយ។ ព្រះអង្គគ្រាន់តែធ្វើការ និងមានបន្ទូលនៅក្នុងរបៀបដ៏សាមញ្ញ និងធម្មតាបំផុតប៉ុណ្ណោះ។ ទោះបីជាព្រះអង្គមិនមានបន្ទូលតាមរយៈផ្គរលាន់ ឬបង្កជាព្យុះភ្លៀងក៏ដោយ ក៏ព្រះអង្គជាការយកកំណើតជាមនុស្សដ៏ពិតនៃព្រះជាម្ចាស់ដែលគង់នៅស្ថានសួគ៌ដែរ ហើយព្រះអង្គក៏ជាព្រះជាម្ចាស់ដែលកំពុងតែមានព្រះជន្មរស់នៅកណ្ដាលចំណោមមនុស្សដែរ។ មនុស្សមិនត្រូវលើកតម្កើងព្រះមួយអង្គដែលពួកគេអាចយល់ និងស្របតាមការស្រមើស្រមៃរបស់ពួកគេថាជាព្រះជាម្ចាស់ ខណៈពេលដែលពួកគេមើលឃើញព្រះជាម្ចាស់មួយអង្គដែលពួកគេមិនអាចទទួលយក ព្រមទាំងមិនអាចស្រមើស្រមៃថាជាមនុស្សទន់ទាបនោះឡើយ។ ការទាំងអស់នេះចេញមកពីការបះបោររបស់មនុស្ស។ នេះហើយជាគ្រប់ទាំងប្រភពនៃការប្រឆាំងរបស់មនុស្សជាតិចំពោះព្រះជាម្ចាស់នោះ។
(ដកស្រង់ពី «អស់អ្នកដែលស្រឡាញ់ព្រះជាម្ចាស់យ៉ាងពិតប្រាកដ គឺជាអ្នកដែលអាចចុះចូលទាំងស្រុងចំពោះភាពជាក់ស្ដែងរបស់ទ្រង់» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)
៣៩៦. គន្លឹះក្នុងការស្ដាប់បង្គាប់ព្រះជាម្ចាស់ គឺការឱ្យតម្លៃពន្លឺថ្មី ហើយអាចទទួលយក និងប្រតិបត្តិតាមពន្លឺថ្មីនោះផងដែរ។ នេះហើយគឺជាការស្ដាប់បង្គាប់ដ៏ពិត។ អស់អ្នកណាដែលមិនមានចិត្តស្រេកឃ្លានចង់បានព្រះជាម្ចាស់ គឺគ្មានបំណងចង់ចុះចូលនឹងទ្រង់ឡើយ ហើយដោយសារតែលទ្ធផលស្កប់ចិត្តជាមួយស្ថានភាពបច្ចុប្ប្នន្នរបស់ខ្លួននេះ បានបណ្ដាលឱ្យពួកគេទាស់ទទឹងនឹងព្រះជាម្ចាស់។ មនុស្សបែបនេះមិនអាចស្ដាប់បង្គាប់ព្រះជាម្ចាស់បានឡើយ ដោយសារតែគេបានងប់ងល់ជាមួយទិដ្ឋភាពពីអតីតកាល។ ទិដ្ឋភាពពីអតីតកាលទាំងនេះ បានផ្ដល់ឱ្យមនុស្សនូវការយល់ឃើញ និងការស្រមើស្រមៃគ្រប់យ៉ាងអំពីព្រះជាម្ចាស់ ហើយទាំងនេះបានក្លាយជារូបភាពរបស់ព្រះនៅក្នុងគំនិតរបស់គេ។ ដូច្នេះ អ្វីដែលពួកគេជឿ គឺជាសញ្ញាណរបស់ពួកគេផ្ទាល់ ហើយក្លាយជាបទដ្ឋាននៃការស្រមើស្រមៃរបស់ពួកគេ។ បើអ្នកប្រៀបធៀបព្រះជាម្ចាស់ដែលធ្វើកិច្ចការជាក់ស្ដែងនាពេលបច្ចុប្បន្ន ជាមួយនឹងព្រះនៃការស្រមើស្រមៃរបស់អ្នក នោះសេចក្តីជំនឿរបស់អ្នកចេញមកពីអារក្សសាតាំង ហើយវាត្រូវបង្ខូច ដោយសារសេចក្តីលម្អៀងរបស់អ្នក។ ព្រះជាម្ចាស់មិនចង់បានសេចក្តីជំនឿបែបនេះទេ មិនថា គុណសម្បត្តិនិងការតាំងចិត្តរបស់គេខ្ពស់ប៉ុនណា ហើយទោះជាពួកគេបានប្ដូរផ្ដាច់ប្រឹងប្រែងពេញមួយជីវិតចំពោះកិច្ចការរបស់ទ្រង់ ហើយត្រូវបានស្លាប់ដោយសារតែសេចក្តីជំនឿរបស់ខ្លួនក៏ដោយ ក៏ព្រះជាម្ចាស់មិនសរសើរមនុស្ស ដែលមានសេចក្តីជំនឿបែបនេះឡើយ។ ទ្រង់គ្រាន់តែប្រទានព្រះគុណបន្ដិចបន្ដួចដល់ពួកគេ ហើយអនុញ្ញាតឱ្យពួកគេរីករាយនឹងព្រះគុណនោះតែមួយដងប៉ុណ្ណោះ។ មនុស្សបែបនេះគ្មានសមត្ថភាពប្រតិបត្តិតាមសេចក្តីពិតឡើយ។ ព្រះវិញ្ញាណបរិសុទ្ធមិនធ្វើការនៅក្នុងពួកគេទេ ហើយព្រះជាម្ចាស់នឹងផាត់ពួកគេម្ដងម្នាក់ៗចោលមិនខាន។ អស់អ្នកដែលមិនស្ដាប់បង្គាប់ព្រះជាម្ចាស់នៅក្នុងសេចក្តីជំនឿរបស់គេ និងមានចេតនាអាក្រក់ មិនថាអ្នកទាំងនោះក្មេង ឬចាស់ឡើយ ពួកគេសុទ្ធតែទាស់ទទឹង និងបង្អាក់ដល់កិច្ចការរបស់ព្រះជាម្ចាស់ ហើយមនុស្សបែបនេះនឹងត្រូវព្រះជាម្ចាស់ផាត់ចោល ដោយគ្មានអ្វីសង្ស័យឡើយ។ មនុស្សដែលមិនស្ដាប់បង្គាប់ព្រះជាម្ចាស់សូម្បីតែបន្តិច មនុស្សដែលគ្រាន់តែទទួលស្គាល់ព្រះនាមទ្រង់ ហើយមានការយល់ដឹងខ្លះអំពីព្រះហឫទ័យដ៏សប្បុរស និងព្រះទ័យស្រឡាញ់របស់ព្រះជាម្ចាស់ ប៉ុន្តែដើរមិនទាន់លំអានព្រះបាទារបស់ព្រះវិញ្ញាណបរិសុទ្ធ ហើយមិនស្ដាប់បង្គាប់តាមកិច្ចការបច្ចុប្បន្ន និងមិនស្ដាប់តាមព្រះបន្ទូលនៃព្រះវិញ្ញាណបរិសុទ្ធ គឺជាមនុស្សដែលរស់នៅក្នុងចំណោមព្រះគុណនៃព្រះ ប៉ុន្តែពួកគេនឹងមិនត្រូវបានទ្រង់ទទួលយក ឬប្រោសឱ្យបានគ្រប់លក្ខណ៍នោះទេ។ ព្រះជាម្ចាស់ប្រោសឱ្យមនុស្សទៅជាគ្រប់លក្ខណ៍ តាមរយៈការស្ដាប់បង្គាប់របស់គេ តាមរយៈការហូប ការផឹក និងការរីករាយជាមួយព្រះបន្ទូលរបស់ព្រះជាម្ចាស់ និងតាមរយៈការរងទុក្ខ និងការបន្សុទ្ធនៅក្នុងជីវិតរបស់គេ។ មានតែតាមរយៈសេចក្តីជំនឿបែបនេះទេ ទើបនិស្ស័យរបស់មនុស្សអាចត្រូវបានផ្លាស់ប្រែ ហើយពួកគេអាចមានចំណេះដឹងដ៏ពិតអំពីព្រះជាម្ចាស់។ ការមិនស្កប់ចិត្តជាមួយការរស់នៅក្នុងព្រះគុណនៃព្រះ ការខំស្វែងរក និងការស្រេកឃ្លានចង់បានសេចក្តីពិតយ៉ាងខ្នះខ្នែង និងការព្យាយាមឱ្យព្រះជាម្ចាស់ទទួលយក នេះហើយជាអត្ថន័យនៃការស្ដាប់បង្គាប់តាមព្រះជាម្ចាស់ដោយបញ្ញាចិត្ត និងជាប្រភេទនៃសេចក្តីជំនឿដែលព្រះអង្គចង់បាន។ មនុស្សដែលមិនធ្វើអ្វីសោះ ក្រៅពីរីករាយនឹងព្រះគុណនៃព្រះ មិនអាចត្រូវបានប្រោសឱ្យគ្រប់លក្ខណ៍ ឬត្រូវបំផ្លាស់បំប្រែបានឡើយ។ រីឯការស្ដាប់បង្គាប់ ការគោរពប្រតិបត្តិដល់ព្រះ សេចក្តីស្រឡាញ់ និងចិត្តអត់ធ្មត់របស់ពួកគេ សុទ្ធតែជាទង្វើលំៗទាំងអស់។ មនុស្សដែលគ្រាន់តែរីករាយនឹងព្រះគុណនៃព្រះមិនអាចស្គាល់ព្រះជាម្ចាស់យ៉ាងពិតប្រាកដឡើយ ហើយបើទោះបីជាពួកគេស្គាល់ព្រះជាម្ចាស់ក៏ដោយ ប៉ុន្តែចំណេះដឹងរបស់គេនៅមានកម្រិតលំៗ ហើយគេនិយាយសេចក្តីមួយចំនួនដូចជា «ព្រះជាម្ចាស់ស្រឡាញ់មនុស្ស» ឬ «ព្រះជាម្ចាស់មានព្រះហឫទ័យអាណិតមេត្តាចំពោះមនុស្ស»។ កត្តានេះមិនតំណាងឱ្យជីវិតរបស់មនុស្ស ហើយក៏មិនបង្ហាញថា មនុស្សពិតជាស្គាល់ព្រះជាម្ចាស់នោះឡើយ។ ប្រសិនបើមនុស្សមិនស្ដាប់បង្គាប់ព្រះជាម្ចាស់ទេ នោះព្រះបន្ទូលរបស់ព្រះជាម្ចាស់មិនអាចបន្សុទ្ធពួកគេ ហើយកាលណាសេចក្តីល្បងលរបស់ទ្រង់មកដល់ ពួកគេក៏មិនអាចស្ដាប់បង្គាប់ព្រះជាម្ចាស់ដែរ។ ផ្ទុយទៅវិញ បើពួកគេមានចិត្តសង្ស័យ និងជំពប់ដួល នោះពួកគេមិនមានការស្ដាប់បង្គាប់សោះឡើយ មានក្បួនច្បាប់ និងការរឹតត្បិតជាច្រើន ទាក់ទងនឹងសេចក្តីជំនឿជឿលើព្រះជាម្ចាស់នៅក្នុងពួកគេដូចជា បទពិសោធចាស់ៗដែលជាលទ្ធផលចេញពីសេចក្តីជំនឿរយៈពេលជាច្រើនឆ្នាំ ឬពីក្បួនច្បាប់ផ្សេងៗដែលផ្អែកលើព្រះគម្ពីរ។ តើមនុស្សបែបនេះអាចស្ដាប់បង្គាប់ព្រះជាម្ចាស់បានដែរឬទេ? មនុស្សទាំងនេះ ពោរពេញដោយនិស្ស័យជាមនុស្ស។ តើពួកគេអាចស្ដាប់បង្គាប់ព្រះជាម្ចាស់ដោយរបៀបណា? «ការស្ដាប់បង្គាប់» របស់គេ គឺស្របតាមចំណង់ចំណូលចិត្តផ្ទាល់ខ្លួន។ តើព្រះជាម្ចាស់ចង់បានការស្ដាប់បង្គាប់បែបនេះដែរឬទេ? នេះមិនមែនជាការស្ដាប់បង្គាប់ព្រះជាម្ចាស់ឡើយ ប៉ុន្តែវាជាការប្រកាន់ខ្ជាប់តាមច្បាប់វិន័យនានា ជាការបំពេញចិត្ត និងជាការធ្វើឱ្យចិត្តរបស់ពួកគេបានស្ងប់ប៉ុណ្ណោះ។ ប្រសិនបើអ្នកនិយាយថា នេះជាការស្ដាប់បង្គាប់ដល់ព្រះជាម្ចាស់ តើអ្នកមិនប្រមាថទ្រង់ទៅហើយទេឬអី?
(ដកស្រង់ពី «អ្នកគួរតែស្ដាប់បង្គាប់ព្រះជាម្ចាស់ នៅក្នុងជំនឿដែលអ្នកជឿដល់ទ្រង់» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)
៣៩៧. អស់អ្នកណាដែលមិនព្យាយាមស្ដាប់បង្គាប់ព្រះជាម្ចាស់នៅក្នុងសេចក្តីជំនឿរបស់គេ គឺទាស់ទទឹងនឹងទ្រង់ហើយ។ ព្រះជាម្ចាស់បង្គាប់ឱ្យមនុស្សស្វែងរកសេចក្តីពិត ឱ្យគេស្រេកឃ្លានព្រះបន្ទូលរបស់ទ្រង់ ឱ្យគេហូប និងផឹកពីព្រះបន្ទូលទ្រង់ ហើយប្រតិបត្តិតាមព្រះបន្ទូលទាំងនោះ ដើម្បីឱ្យគេអាចសម្រេចបាននូវការស្ដាប់បង្គាប់តាមព្រះជាម្ចាស់។ ប្រសិនបើចំណុចទាំងនេះ គឺជាចេតនាដ៏ពិតរបស់អ្នក នោះព្រះជាម្ចាស់នឹងច្បាស់ជាលើកអ្នកឡើង ហើយទ្រង់នឹងសម្ដែងព្រះគុណរបស់ទ្រង់ដល់អ្នកជាប្រាកដ។ ការនេះគ្មានអ្វីដែលត្រូវសង្ស័យ និងប្រែប្រួលបានឡើយ។ ប្រសិនបើអ្នកគ្មានចេតនាស្ដាប់បង្គាប់ព្រះជាម្ចាស់ ហើយអ្នកមានគោលបំណងផ្សេង ដូច្នេះ គ្រប់យ៉ាងដែលអ្នកនិយាយនិងធ្វើ គឺទាំងពាក្យអធិស្ឋានរបស់អ្នកនៅចំពោះព្រះជាម្ចាស់ ព្រមទាំងគ្រប់ទង្វើរបស់អ្នក នឹងក្លាយជាការទាស់ទទឹងនឹងទ្រង់ជាក់ជាមិនខាន។ អ្នកប្រហែលជាមនុស្សម្នាក់ដែលនិយាយស្ដីទន់ភ្លន់ និងមានចរិតស្លូតបូត គ្រប់ទង្វើនិងកាយវិការរបស់អ្នកអាចមើលទៅមានភាពរម្យទម ហើយអ្នកអាចធ្វើខ្លួនដូចជាមនុស្សម្នាក់ដែលស្ដាប់បង្គាប់ ប៉ុន្តែពេលដែលនិយាយដល់ចេតនា និងទស្សនៈរបស់អ្នកចំពោះសេចក្តីជំនឿលើព្រះជាម្ចាស់វិញ គ្រប់យ៉ាងដែលអ្នកធ្វើ សុទ្ធតែទាស់ទទឹងនឹងព្រះជាម្ចាស់ គ្រប់យ៉ាងដែលអ្នកធ្វើ សុទ្ធតែអាក្រក់ទាំងអស់។ មនុស្សដែលមើលទៅស្ដាប់បង្គាប់ដូចជាសត្វចៀម ប៉ុន្តែដួងចិត្តរបស់គេពេញដោយចេតនាអាក្រក់ គឺប្រៀបដូចជាសត្វចចកដែលពាក់ស្បែកចៀមដូច្នោះដែរ។ ពួកគេប្រមាថព្រះជាម្ចាស់ដោយផ្ទាល់ ហើយព្រះអង្គនឹងមិនត្រាប្រណីដល់ពួកគេណាម្នាក់ឡើយ។ ព្រះវិញ្ញាណបរិសុទ្ធនឹងបើកសម្ដែងពីពួកគេម្ដងម្នាក់ៗ ហើយបង្ហាញដល់មនុស្សគ្រប់គ្នាឱ្យឃើញថា ពួកមនុស្សកំពុត ច្បាស់ជាត្រូវព្រះវិញ្ញាណបរិសុទ្ធស្អប់ខ្ពើម និងបដិសេធជាមិនខាន។ ចូរកុំបារម្ភឡើយ៖ ព្រះជាម្ចាស់នឹងគិតបញ្ជី ហើយចាត់ការជាមួយនឹងពួកគេម្នាក់ៗវិញមិនខាន។
(ដកស្រង់ពី «អ្នកគួរតែស្ដាប់បង្គាប់ព្រះជាម្ចាស់ នៅក្នុងជំនឿដែលអ្នកជឿដល់ទ្រង់» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)
៣៩៨. ចំពោះការវាស់ស្ទង់ថាតើមនុស្សអាចស្ដាប់បង្គាប់ព្រះជាម្ចាស់ឬអត់ ចំណុចគន្លឹះសំខាន់ដែលត្រូវក្រលេកមើលនោះគឺមើលថា តើពួកគេមានបំណងចិត្តចង់បានអ្វីហួសប្រមាណពីព្រះជាម្ចាស់ដែរឬទេ ហើយមើលថាតើពួកគេមាននូវកម្លាំងជំរុញលាក់កំបាំងដែរឬទេ។ ប្រសិនបើមនុស្សតែងតែធ្វើការទាមទារពីព្រះជាម្ចាស់ វាបញ្ជាក់ថាពួកគេមិនស្ដាប់បង្គាប់ទ្រង់ឡើយ។ អ្វីៗដែលបានកើតឡើងចំពោះអ្នក ប្រសិនបើអ្នកមិនអាចទទួលវាពីព្រះជាម្ចាស់ មិនអាចស្វែងរកឃើញសេចក្ដីពិត គឺតែងតែនិយាយចេញពីមូលហេតុចង់បានរបស់ខ្លួន និងតែងតែមានអារម្មណ៍ថាមានតែខ្លួនឯងទេដែលត្រូវជានិច្ច ហើយថែមទាំងអាចមានការសង្ស័យថា ព្រះជាម្ចាស់ជាសេចក្តីពិតនិងសុចរិត នោះអ្នកនឹងមានបញ្ហា។ មនុស្សបែបនេះមានការក្រអឺតក្រទម និងបះបោរទាស់នឹងព្រះជាម្ចាស់។ មនុស្សដែលតែងតែធ្វើការទាមទារពីព្រះជាម្ចាស់ មិនអាចស្ដាប់បង្គាប់ទ្រង់ដោយពិតប្រាកដឡើយ។ ប្រសិនបើអ្នកទាមទារពីព្រះជាម្ចាស់ នោះបញ្ជាក់ថាអ្នកកំពុងតែធ្វើការដាក់លក្ខខណ្ឌជាមួយព្រះជាម្ចាស់ ដោយអ្នកកំពុងជ្រើសយកគំនិតរបស់ខ្លួន និងប្រព្រឹត្តតាមគំនិតរបស់ខ្លួន។ ត្រង់នេះ អ្នកបានក្បត់នឹងព្រះជាម្ចាស់ ហើយអ្នកគ្មានការស្ដាប់បង្គាប់ឡើយ។ ការទាមទារពីព្រះជាម្ចាស់គឺជារឿងលេលា។ ប្រសិនបើអ្នកពិតជាជឿថាទ្រង់ជាព្រះជាម្ចាស់ នោះអ្នកនឹងមិនហ៊ានទាមទារពីព្រះអង្គឡើយ ហើយអ្នកក៏មិនមានលក្ខណៈគ្រប់គ្រាន់ក្នុងការទាមទារពីទ្រង់ដែរ មិនថាទាំងនោះសមហេតុផល ឬអត់នោះទេ។ ប្រសិនបើអ្នកមានសេចក្តីជំនឿពិតប្រាកដលើព្រះជាម្ចាស់ និងជឿថា ទ្រង់ជាព្រះជាម្ចាស់ នោះអ្នកនឹងគ្មានជម្រើសអ្វីក្រៅតែពីថ្វាយបង្គំនិងស្ដាប់បង្គាប់ទ្រង់ឡើយ។ មនុស្សសព្វថ្ងៃនេះ មិនត្រឹមតែធ្វើការសម្រេចចិត្តដោយខ្លួនឯងប៉ុណ្ណោះទេ ប៉ុន្តែពួកគេថែមទាំងទូលសុំឱ្យព្រះជាម្ចាស់ធ្វើតាមបំណងរបស់ពួកគេថែមទៀតផង។ ពួកគេមិនត្រឹមតែជ្រើសរើសមិនស្តាប់បង្គាប់ព្រះជាម្ចាស់ប៉ុណ្ណោះទេ ប៉ុន្តែពួកគេថែមទាំងទូលសុំឱ្យព្រះជាម្ចាស់ស្តាប់បង្គាប់ពួកគេថែមទៀតផង។ តើនេះមិនមែនគ្មានហេតុផលទេឬអី? ដូច្នេះ ប្រសិនបើមនុស្សគ្មានជំនឿច្បាស់លាស់ គ្មានជំនឿជាគ្រឹះទេ នោះពួកគេមិនអាចទទួលបានការសរសើរពីព្រះជាម្ចាស់ឡើយ។ នៅពេលដែលមនុស្សអាចធ្វើការទាមទារពីព្រះជាម្ចាស់តិចជាងមុន នោះសេចក្ដីជឿជាក់ពិតប្រាកដ និងការស្ដាប់បង្គាប់របស់ពួកគេនឹងរីកចម្រើនឡើង ហើយគំនិតមានហេតុផលរបស់ពួកគេក៏នឹងអាចមានលក្ខណៈធម្មតា។ ជារឿយៗ គឺបែបនេះឯង បើមនុស្សមានទំនោរទៅរកហេតុផលកាន់តែច្រើន ហើយបើពួកគេផ្ដល់នូវហេតុផលកាន់តែច្រើន នោះវាកាន់តែពិបាកក្នុងការដោះស្រាយជាមួយពួកគេមិនខាន។ ពួកគេមិនគ្រាន់តែមានការទាមទារច្រើនប៉ុណ្ណោះទេ ប៉ុន្តែពួកគេក៏លោភលន់កាន់តែខ្លាំងផងដែរ ពេលទទួលបានអ្វីបន្ដិចបន្ដួច។ ពេលដែលស្កប់ចិត្តនៅផ្នែកមួយរួច ពួកគេក៏ទាមទារនៅផ្នែកមួយទៀត ពួកគេត្រូវតែស្កប់ចិត្តនៅគ្រប់ផ្នែក ហើយបើពួកគេមិនបានទទួលទេ នោះពួកគេចាប់ផ្ដើមរអ៊ូរទាំ ហើយចាត់ទុកខ្លួនឯងថាអស់សង្ឃឹម។ ក្រោយមក ពួកគេមានអារម្មណ៍ថា ខ្លួនជំពាក់គុណគេ និងស្ដាយក្រោយ ហើយពួកគេយំយ៉ាងខ្លាំងរហូតដល់ចង់ស្លាប់។ តើការធ្វើបែបនេះមានប្រយោជន៍អ្វីទៅ? តើការនេះមិនមែនគ្មានហេតុផលទេឬ? បញ្ហាជាបន្តបន្ទាប់នេះ ត្រូវតែដោះស្រាយពីឫសគល់មកទើបបាន។ ប្រសិនបើអ្នកមាននិស្ស័យពុករលួយ ហើយមិនបានដោះស្រាយវាទេ ហើយប្រសិនបើអ្នកទទូចបន្តរង់ចាំរហូតដល់មានបញ្ហាកើតឡើង ឬបង្កគ្រោះមហន្តរាយទើបព្រមដោះស្រាយ តើអ្នកអាចប៉ះប៉ូវការខាតបង់នេះបានដោយរបៀបណាទៅ? តើការគិតគូរនេះមិនមែនយឺតពេលបន្តិចទៅហើយទេឬអី? ដូច្នេះហើយ ដើម្បីដោះស្រាយនិស្ស័យពុករលួយឱ្យបានទាំងស្រុង អ្នកត្រូវតែស្វែងរកសេចក្តីពិត ដើម្បីដោះស្រាយបញ្ហានេះ នៅពេលដែលបញ្ហានេះកើតឡើងដំបូង។ អ្នកត្រូវតែដោះស្រាយនិស្ស័យពុករលួយក្នុងសភាពកំពុងរីកដុះដាល ដោយធានាថានឹងមិនបង្កឱ្យមានកំហុសណាមួយឡើយ ហើយទប់ស្កាត់បញ្ហាកុំឱ្យកើតមាននាពេលអនាគត។ ប្រសិនបើនិស្ស័យពុករលួយបានចាក់ឫស ហើយក្លាយជាគំនិត ឬទស្សនៈរបស់បុគ្គលណាម្នាក់ហើយ នោះវានឹងអាចដឹកនាំមនុស្សឱ្យប្រព្រឹត្តអំពើអាក្រក់បានជាក់ជាមិនខាន។ ដូច្នេះហើយ គោលបំណងសំខាន់នៃការឆ្លុះបញ្ចាំងពីខ្លួនឯង និងការស្គាល់ពីខ្លួនឯង គឺដើម្បីរកឱ្យឃើញនូវនិស្ស័យពុករលួយ ហើយប្រញាប់ស្វែងរកសេចក្តីពិតមកដោះស្រាយនិស្ស័យពុករលួយនោះឱ្យបានឆាប់។ អ្នកត្រូវដឹងថាក្នុងធម្មជាតិរបស់អ្នកមានអ្វីខ្លះ អ្នកចូលចិត្តអ្វីខ្លះ អ្នកដេញតាមអ្វីខ្លះ ហើយអ្នកចង់សម្រេចបានអ្វីខ្លះ។ អ្នកត្រូវវិភាគរឿងទាំងនេះទៅតាមព្រះបន្ទូលរបស់ព្រះជាម្ចាស់ ដើម្បីចង់ដឹងថាតើអ្វីទាំងនោះស្របតាមបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ដែរឬទេ ហើយហេតុអ្វីបានជាវាមានកំហុសឆ្គងកើតឡើង។ នៅពេលដែលអ្នកយល់ពីរឿងទាំងនេះហើយ អ្នកត្រូវតែដោះស្រាយបញ្ហាហេតុផលមិនប្រក្រតី ពោលគឺបញ្ហានៃភាពគ្មានហេតុផលនេះឯង។ នេះមិនត្រឹមតែជាបញ្ហានិស្ស័យពុករលួយប៉ុណ្ណោះទេ ប៉ុន្តែក៏ជាបញ្ហានៃការខ្វះហេតុផលទៀតផង។ ជាពិសេស ចំណុចណាដែលពាក់ព័ន្ធនឹងផលប្រយោជន៍របស់មនុស្ស មនុស្សដែលខ្វល់ខ្វាយនឹងផលប្រយោជន៍ខ្លាំងហួសហេតុ អាចក្លាយជាមនុស្សដែលគ្មានហេតុផលបាន។ នេះគឺជាបញ្ហាផ្លូវចិត្ត ហើយនេះក៏ជាចំណុចខ្សោយរបស់មនុស្សផងដែរ។ មនុស្សមួយចំនួនមានអារម្មណ៍ថា ពួកគេមានគុណសម្បត្តិ និងមានអំណោយទានខាងអ្វីមួយ ហើយពួកគេតែងចង់ធ្វើជាអ្នកដឹកនាំដើម្បីបានលេចមុខលេចមាត់ ដូច្នេះ ពួកគេទូលសុំឱ្យព្រះជាម្ចាស់ប្រើពួកគេ។ ប្រសិនបើព្រះជាម្ចាស់មិនប្រើពួកគេទេ នោះពួកគេនឹងនិយាយថា៖ «ហេតុអ្វីបានជាព្រះជាម្ចាស់មិនសព្វព្រះទ័យនឹងទូលបង្គំ? ព្រះជាម្ចាស់អើយ ប្រសិនបើទ្រង់ប្រើទូលបង្គំឱ្យធ្វើរឿងអ្វីមួយដែលសំខាន់ នោះទូលបង្គំសន្យាថា នឹងលះបង់ដើម្បីទ្រង់»។ តើបំណងប្រភេទនេះត្រឹមត្រូវដែរឬទេ? ការលះបង់ដើម្បីព្រះជាម្ចាស់គឺជារឿងល្អហើយ ប៉ុន្តែនៅពីក្រោយបំណងរបស់ពួកគេក្នុងការលះបង់ដើម្បីព្រះជាម្ចាស់នោះ មានបង្កប់ការជំរុញទឹកចិត្តជាច្រើន។ អ្វីដែលគេស្រឡាញ់ពិតប្រាកដនោះ គឺជាឋានៈ ហើយពួកគេផ្ដោតការយកចិត្តទុកដាក់លើឋានៈនេះឯង។ ប្រសិនបើមនុស្សពិតជាស្តាប់បង្គាប់មែននោះ ពួកគេមុខជាអាចដើរតាមព្រះជាម្ចាស់អស់ពីចិត្ត មិនថាតើព្រះជាម្ចាស់ប្រើពួកគេឬអត់នោះទេ ហើយពួកគេមុខជាអាចលះបង់ដើម្បីព្រះជាម្ចាស់បាន មិនថាពួកគេមានឋានៈឬអត់នោះទេ។ មានតែមនុស្សទាំងនេះប៉ុណ្ណោះ ដែល អាចចាត់ទុកថាមានហេតុផល និងស្តាប់បង្គាប់ព្រះជាម្ចាស់បាន។
(ដកស្រង់ពី «មនុស្សធ្វើការទាមទារពីព្រះជាម្ចាស់ច្រើនពេកហើយ» នៃសៀវភៅ «ព្រះបន្ទូល» ភាគ៣៖ ការថ្លែងព្រះបន្ទូលអំពីព្រះគ្រីស្ទនៃគ្រាចុងក្រោយ)
៣៩៩. នៅពេលដែលប្រឈមជាមួយបញ្ហាជាក់ស្ដែងនៃជីវិតនេះ តើអ្នកគួរតែមានចំណេះដឹង និងការយល់ដឹងយ៉ាងដូចម្ដេចអំពីសិទ្ធិអំណាចរបស់ព្រះជាម្ចាស់ និងអធិបតេយ្យភាពរបស់ទ្រង់? នៅពេលដែលអ្នកជួបបញ្ហាទាំងនេះ ហើយមិនដឹងពីរបៀបត្រូវស្វែងយល់ ដោះស្រាយ និងដកពិសោធន៍នូវការទាំងនេះ តើអ្នកគួរតែមានអាកប្បកិរិយាបែបណាដើម្បីបង្ហាញពីចេតនារបស់អ្នកក្នុងការចុះចូល បំណងរបស់អ្នកក្នុងការចុះចូល និងភាពជាក់ស្ដែងនៃការចុះចូលរបស់អ្នកចំពោះអធិបតេយ្យភាព និងការរៀបចំរបស់ព្រះជាម្ចាស់? ជាដំបូង អ្នកត្រូវតែរៀនចេះរង់ចាំ បន្ទាប់មក អ្នកត្រូវរៀនស្វែងរក ហើយបន្ទាប់មកទៀត អ្នកត្រូវរៀនចុះចូល។ «ការរង់ចាំ» មានន័យថា រង់ចាំពេលកំណត់របស់ព្រះជាម្ចាស់ រង់ចាំមនុស្ស ព្រឹត្តិការណ៍ និងអ្វីៗដែលទ្រង់បានរៀបចំទុកសម្រាប់អ្នក រង់ចាំព្រះហឫទ័យរបស់ទ្រង់បើកសម្ដែងបន្ដិចម្ដងៗដល់អ្នក។ «ការស្វែងរក» មានន័យថាជាការសង្កេត និងការយល់ដឹងអំពីគោលបំណងដ៏ហ្មត់ចត់របស់ព្រះជាម្ចាស់សម្រាប់អ្នក តាមរយៈមនុស្ស ព្រឹត្តិការណ៍ និងអ្វីៗដែលទ្រង់បានគូរវាស ការយល់ដឹងអំពីសេចក្តីពិតតាមរយៈការទាំងនេះ ការយល់ដឹងអំពីអ្វីដែលមនុស្សត្រូវសម្រេច និងផ្លូវដែលគេត្រូវប្រកាន់ខ្ជាប់ ការយល់ដឹងអំពីលទ្ធផលដែលព្រះជាម្ចាស់ចង់សម្រេចនៅក្នុងមនុស្ស និងសមិទ្ធិផលអ្វីខ្លះដែលទ្រង់ចង់សម្រេចបាននៅក្នុងពួកគេ។ ចំណែកឯ «ការចុះចូល» វិញ សំដៅទៅលើការទទួលយកមនុស្ស ព្រឹត្តិការណ៍ និងអ្វីៗដែលព្រះជាម្ចាស់បានចាត់ចែង ទទួលយកអធិបតេយ្យភាពរបស់ទ្រង់ ហើយតាមរយៈការទាំងនេះ អ្នកចាប់ផ្ដើមដឹងអំពីរបៀបដែលព្រះអាទិករត្រួតត្រាវាសនារបស់មនុស្ស របៀបដែលទ្រង់ផ្គត់ផ្គង់ដល់មនុស្សជាមួយព្រះជន្មរបស់ទ្រង់ និងរបៀបដែលទ្រង់សម្រេចសេចក្តីពិតនៅខាងក្នុងមនុស្ស។ របស់សព្វសារពើដែលស្ថិតនៅក្រោមការរៀបចំ និងអធិបតេយ្យភាពរបស់ព្រះជាម្ចាស់ ស្ដាប់បង្គាប់តាមច្បាប់ធម្មជាតិ ហើយប្រសិនបើអ្នកតាំងចិត្តអនុញ្ញាតឱ្យព្រះជាម្ចាស់រៀបចំ និងបញ្ជាអ្វីៗទាំងអស់សម្រាប់អ្នក នោះអ្នកគួរតែរៀនរង់ចាំ អ្នកគួរតែរៀនស្វែងរក ហើយអ្នកគួរតែរៀនចុះចូល។ នេះគឺជាអាកប្បកិរិយាមួយដែលមនុស្សគ្រប់គ្នាដែលចង់ចុះចូលចំពោះសិទ្ធិអំណាចរបស់ព្រះជាម្ចាស់ត្រូវតែមាន ដ្បិតនេះជាគុណសម្បត្តិមូលដ្ឋានដែលត្រូវតែមាន សម្រាប់មនុស្សគ្រប់គ្នាដែលចង់ទទួលយកអធិបតេយ្យភាព និងការរៀបចំរបស់ព្រះជាម្ចាស់។ ដើម្បីមានអាកប្បកិរិយាបែបនេះ ដើម្បីមានគុណសម្បត្តិបែបនេះ អ្នកត្រូវតែខំប្រឹងកាន់តែខ្លាំងឡើង។ នេះជាផ្លូវតែមួយគត់ដែលអ្នកអាចចូលទៅក្នុងការពិតបាន។
(ដកស្រង់ពី «ព្រះជាម្ចាស់ផ្ទាល់ព្រះអង្គ ជាព្រះតែមួយអង្គគត់ III» នៃសៀវភៅ «ព្រះបន្ទូល» ភាគ២៖ អំពីការស្គាល់ព្រះជាម្ចាស់)
៤០០. នៅពេលដែលលោកណូអេធ្វើកិច្ចការទៅតាមការណែនាំរបស់ព្រះជាម្ចាស់ គាត់មិនបានដឹងពីចេតនារបស់ព្រះជាម្ចាស់ឡើយ។ គាត់មិនបានដឹងថាតើព្រះជាម្ចាស់ចង់សម្រេចកិច្ចការអ្វីនោះទេ។ ព្រះជាម្ចាស់គ្រាន់តែបង្គាប់ និងណែនាំគាត់ឱ្យធ្វើកិច្ចការតែប៉ុណ្ណោះ ដោយពុំបានពន្យល់អ្វីច្រើនទេ ឯលោកណូអេវិញ ក៏បានស្តាប់តាម រួចធ្វើកិច្ចការនោះតែម្តង។ គាត់មិនបានព្យាយាមជីកឫសជីគល់ចង់ដឹងពីបំណងរបស់ព្រះជាម្ចាស់ឡើយ ហើយគាត់ក៏មិនបានទាស់ទទឹងនឹងព្រះជាម្ចាស់ ឬបង្ហាញភាពមិនស្មោះត្រង់នោះដែរ។ គាត់គ្រាន់តែចេញទៅធ្វើកិច្ចការនោះ ដោយដួងចិត្តបរិសុទ្ធ និងធម្មតាប៉ុណ្ណោះ។ អ្វីក៏ដោយដែលព្រះជាម្ចាស់បង្គាប់ឱ្យគាត់ធ្វើ គាត់ក៏ធ្វើតាម ហើយការស្តាប់បង្គាប់ និងការស្ដាប់តាមព្រះបន្ទូលរបស់ទ្រង់ បានបញ្ជាក់ពីជំនឿរបស់គាត់ទៅលើកិច្ចការដែលគាត់បានធ្វើ។ គាត់បានប្រព្រឹត្ដដោយត្រង់ៗ និងដោយសាមញ្ញចំពោះអ្វីដែលព្រះជាម្ចាស់បានប្រគល់ឱ្យគាត់ធ្វើតាមរបៀបនេះឯង។ សារជាតិរបស់គាត់ ពោលគឺសារជាតិនៃទង្វើរបស់គាត់ គឺការស្ដាប់បង្គាប់ មិនមែនការសន្មត មិនមែនជាការទាស់ទទឹង ហើយជាងនេះទៅទៀត ក៏មិនមែនជាការគិតពីប្រយោជន៍ផ្ទាល់ខ្លួន ឬការចំណេញនិងការខាតបង់របស់គាត់នោះដែរ។ ជាងនេះទៀត នៅពេលដែលព្រះជាម្ចាស់មានបន្ទូលថា ព្រះអង្គនឹងបំផ្លាញពិភពលោកដោយទឹកជំនន់ លោកណូអេ ក៏មិនបានសួរដេញដោលថា តើរឿងនោះកើតឡើងពេលណា ឬសួរថាតើនឹងមានអ្វីកើតឡើងនោះដែរ ហើយគាត់ក៏មិនបានសួរព្រះជាម្ចាស់ថាតើព្រះអង្គនឹងបំផ្លាញពិភពលោកយ៉ាងដូចម្ដេចនោះដែរ។ គាត់គ្រាន់តែធ្វើតាមអ្វីដែលព្រះជាម្ចាស់បានណែនាំគាត់ប៉ុណ្ណោះ។ មិនថាព្រះជាម្ចាស់សព្វព្រះហឫទ័យចង់ឱ្យធ្វើកិច្ចការអ្វី និងធ្វើកិច្ចការនោះជាមួយនឹងអ្វីនោះទេ គាត់ធ្វើតាមដែលព្រះជាម្ចាស់បានបង្គាប់ឱ្យធ្វើ ហើយគាត់ក៏ចាប់ផ្តើមបំពេញកិច្ចការនោះភ្លាមៗដែរ។ គាត់បានធ្វើតាមការណែនាំរបស់ព្រះជាម្ចាស់ ដោយមានអាកប្បកិរិយាចង់គាប់ព្រះហឫទ័យរបស់ព្រះជាម្ចាស់។ តើគាត់ធ្វើកិច្ចការនោះ ដើម្បីជួយឱ្យខ្លួនគាត់រួចផុតពីគ្រោះមហន្តរាយមែនទេ? អត់ទេ! តើគាត់មានបានសួរព្រះជាម្ចាស់ថានៅសល់ពេលយូរប៉ុនណាទៀត ទម្រាំដល់ពេលដែលពិភពលោកត្រូវបំផ្លាញចោលដែរទេ? គាត់មិនបានសួរទេ។ តើគាត់មានបានសួរព្រះជាម្ចាស់ ឬតើគាត់បានដឹងថាត្រូវចំណាយពេលយូរប៉ុនណា ដើម្បីសាងសង់ទូកធំនោះឱ្យរួចដែរទេ? គាត់ក៏មិនបានដឹងរឿងនោះដែរ។ គាត់គ្រាន់តែបានស្ដាប់បង្គាប់ ស្តាប់តាមបន្ទូល និងប្រព្រឹត្ដតាមនោះប៉ុណ្ណោះ។
(ដកស្រង់ពី «កិច្ចការរបស់ព្រះជាម្ចាស់ និស្ស័យរបស់ព្រះជាម្ចាស់ និងព្រះជាម្ចាស់ផ្ទាល់ព្រះអង្គ I» នៃសៀវភៅ «ព្រះបន្ទូល» ភាគ២៖ អំពីការស្គាល់ព្រះជាម្ចាស់)
៤០១. នៅក្នុងជំនឿរបស់គាត់លើព្រះជាម្ចាស់ ពេត្រុសបានព្យាយាមផ្គាប់ព្រះហឫទ័យរបស់ព្រះជាម្ចាស់នៅគ្រប់ការទាំងអស់ ហើយបានព្យាយាមស្ដាប់បង្គាប់នូវគ្រប់ការទាំងអស់ដែលមកអំពីព្រះជាម្ចាស់។ គាត់អាចទទួលយកនូវការវាយផ្ចាល និងការជំនុំជម្រះ ក៏ដូចជាការបន្សុទ្ធ ទុក្ខសោក និងការបន្តទៅមុខដោយគ្មានអ្វីសោះនៅក្នុងជីវិតរបស់គាត់ ដោយគ្មានការតវ៉ាសូម្បីតែបន្តិច ហើយគ្មានអ្វីអាចផ្លាស់ប្ដូរសេចក្ដីស្រឡាញ់របស់គាត់ចំពោះព្រះជាម្ចាស់បានឡើយ។ តើនេះមិនមែនជាសេចក្ដីស្រឡាញ់ដ៏ជ្រាលជ្រៅបំផុតចំពោះព្រះជាម្ចាស់ទេឬអី? តើនេះមិនមែនជាការបំពេញភារកិច្ចក្នុងនាមជាសត្តនិកររបស់ព្រះជាម្ចាស់ទេឬអី? មិនថានៅក្នុងការវាយផ្ចាល ការជំនុំជម្រះ ឬទុក្ខសោកនោះទេអ្នកតែងអាចសម្រេចបាននូវការស្ដាប់បង្គាប់រហូតដល់ស្លាប់បាន ហើយនេះគឺជាអ្វីដែលសត្តនិកររបស់ព្រះជាម្ចាស់គប្បីសម្រេចឱ្យបាន នេះគឺជាភាពស្អាតបរិសុទ្ធនៃសេចក្ដីស្រឡាញ់ចំពោះព្រះជាម្ចាស់។ ប្រសិនបើមនុស្សសម្រេចបានចំណុចនេះបានកាន់តែច្រើន នោះគេនឹងមានលក្ខណៈសម្បត្តិជាសត្តនិកររបស់ព្រះជាម្ចាស់ ហើយគ្មានអ្វីផ្សេងដែលអាចផ្គាប់បំណងព្រះហឫទ័យរបស់ព្រះអាទិករបានប្រសើរជាងនេះឡើយ។ ឧបមាថា អ្នកអាចធ្វើការថ្វាយព្រះជាម្ចាស់បាន ប៉ុន្តែអ្នកមិនស្ដាប់បង្គាប់ព្រះជាម្ចាស់ និងមិនអាចស្រឡាញ់ព្រះជាម្ចាស់ដោយពិតប្រាកដបាន។ តាមរបៀបនេះអ្នកមិនត្រឹមតែនឹងមិនបានបំពេញភារកិច្ច ជាសត្តនិកររបស់ព្រះជាម្ចាស់ប៉ុណ្ណោះ ទេ ប៉ុន្តែអ្នកក៏នឹងត្រូវព្រះជាម្ចាស់ថ្កោលទោសដែរ ដ្បិតអ្នកគឺជាមនុស្សម្នាក់ដែលមិនមានសេចក្ដីពិត ជាអ្នកដែលមិនអាចស្ដាប់បង្គាប់ព្រះជាម្ចាស់បាន ហើយជាមនុស្សមិនស្ដាប់បង្គាប់ព្រះជាម្ចាស់។ អ្នកគ្រាន់តែខ្វល់អំពីការធ្វើការថ្វាយព្រះជាម្ចាស់ប៉ុណ្ណោះនិងមិនខ្វល់អំពីការប្រតិបត្តិសេចក្ដីពិត ឬស្វែងយល់អំពីខ្លួនឯងឡើយ។ អ្នកពុំយល់ ឬស្គាល់ព្រះអាទិករទេ ហើយអ្នកមិនស្ដាប់បង្គាប់ ឬស្រឡាញ់ព្រះអាទិករឡើយ។ អ្នកគឺជាមនុស្សម្នាក់ដែលមិនស្ដាប់បង្គាប់ព្រះជាម្ចាស់តាំងពីកំណើតមក ហើយមនុស្សបែបអ្នកនេះ មិនត្រូវបានព្រះអាទិករសព្វព្រះហឫទ័យឡើយ។
(ដកស្រង់ពី «ជោគជ័យ ឬបរាជ័យ អាស្រ័យលើផ្លូវដែលមនុស្សដើរ» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)
៤០២. ការធ្វើទីបន្ទាល់យ៉ាងលាន់រំពងសម្រាប់ព្រះជាម្ចាស់ ទាក់ទងជាចម្បងថាតើអ្នកមានការយល់ដឹងអំពីព្រះដ៏ជាក់ស្ដែង និងថាតើអ្នកអាចចុះចូលចំពោះបុគ្គលម្នាក់នេះ ដែលមិនគ្រាន់តែសាមញ្ញ តែធម្មតា ហើយចុះចូលរហូតដល់ក្ស័យជីវិតដែរឬអត់។ តាមរយៈរបៀបនៃការចុះចូលនេះ បើអ្នកពិតជាធ្វើបន្ទាល់សម្រាប់ព្រះជាម្ចាស់មែន នោះមានន័យថា អ្នកត្រូវបានព្រះជាម្ចាស់ទទួលយកហើយ។ បើអ្នកអាចចុះចូលរហូតដល់ក្ស័យជីវិត ហើយនៅចំពោះទ្រង់ អ្នកគ្មានការរអ៊ូរទាំ មិនធ្វើការវិនិច្ឆ័យ មិនមួលបង្កាច់ មិនមានសញ្ញាណ និងមិនមានបំណងលាក់បាំង នោះព្រះជាម្ចាស់នឹងទទួលបានសិរីល្អមិនខាន។ ការចុះចូលនៅចំពោះមនុស្សធម្មតាម្នាក់ដែលត្រូវបានមើលឃើញដោយមនុស្ស និងអាចចុះចូលរហូតដល់ក្ស័យជីវិត ដោយគ្មានសញ្ញាណណាមួយ នេះហើយជាទីបន្ទាល់ដ៏ពិតប្រាកដនោះ។ ការពិតដែលព្រះជាម្ចាស់តម្រូវឱ្យមនុស្សចូលទៅនោះគឺដើម្បីឱ្យអ្នកអាចស្ដាប់បង្គាប់តាមព្រះបន្ទូលរបស់ទ្រង់ យកព្រះបន្ទូលទាំងនោះទៅអនុវត្ត ក្រាបចុះនៅចំពោះព្រះដ៏ជាក់ស្ដែង ហើយស្គាល់ពីសេចក្តីពុករលួយរបស់អ្នក បើកចំហដួងចិត្តរបស់អ្នកនៅចំពោះទ្រង់ ហើយនៅទីបំផុត ត្រូវបានទ្រង់ទទួលយក តាមរយៈព្រះបន្ទូលរបស់ទ្រង់ទាំងនេះ។ ព្រះជាម្ចាស់ទទួលបានសិរីល្អ នៅពេលដែលព្រះសូរសៀងទាំងនេះយកឈ្នះអ្នក និងធ្វើឱ្យអ្នកស្ដាប់បង្គាប់ទាំងស្រុងចំពោះទ្រង់ ហើយតាមរយៈការនេះ ព្រះអង្គបំបាក់មុខសាតាំង និងបញ្ចប់កិច្ចការរបស់ទ្រង់។ នៅពេលដែលអ្នកមិនមានសញ្ញាណណាមួយអំពីភាពជាក់ស្ដែងរបស់ព្រះជាម្ចាស់ដែលយកកំណើតជាមនុស្ស ពោលគឺនៅពេលដែលអ្នកបានឈររឹងមាំនៅក្នុងការល្បងលនេះ នោះអ្នកបានធ្វើបន្ទាល់នេះយ៉ាងល្អ។ បើថ្ងៃមួយមកដល់ ជាពេលដែលអ្នកមានការយល់ដឹងពេញលេញអំពីព្រះដ៏ជាក់ស្ដែង ហើយអ្នកអាចចុះចូលរហូតដល់ក្ស័យជីវិត ដូចជាពេត្រុស នោះអ្នកនឹងត្រូវបានព្រះជាម្ចាស់ទទួលយក និងប្រោសឱ្យបានគ្រប់លក្ខណ៍មិនខាន។ គ្រប់យ៉ាងដែលព្រះជាម្ចាស់ធ្វើដែលមិនស្របតាមសញ្ញាណរបស់អ្នក គឺជាការល្បងលមួយសម្រាប់អ្នក។ បើកិច្ចការរបស់ព្រះជាម្ចាស់ស្របតាមសញ្ញាណរបស់អ្នក នោះវានឹងមិនតម្រូវឱ្យអ្នករងទុក្ខ ឬត្រូវបន្សុទ្ធទេ។ នោះគឺដោយសារតែកិច្ចការរបស់ទ្រង់មានភាពជាក់ស្ដែងខ្លាំង ហើយមិនស្របតាមសញ្ញាណរបស់អ្នកនេះឡើយ ទើបវាតម្រូវឱ្យអ្នកបោះបង់សញ្ញាណបែបនេះចោល។ នេះហើយជាហេតុផលដែលវាជាការល្បងលមួយសម្រាប់អ្នកនោះ។ គឺដោយសារតែភាពជាក់ស្ដែងរបស់ព្រះជាម្ចាស់នេះហើយ ទើបមនុស្សទាំងអស់ស្ថិតនៅកណ្ដាលចំណោមនៃការល្បងលនោះ។ កិច្ចការរបស់ទ្រង់គឺជាក់ស្ដែង មិនមែនអធិធម្មជាតិទេ។ តាមរយៈការយល់ដឹងពេញលេញអំពីព្រះបន្ទូលជាក់ស្ដែងរបស់ទ្រង់ និងព្រះសូរសៀងជាក់ស្ដែងរបស់ទ្រង់ ដោយគ្មានសញ្ញាណណាមួយ ហើយអាចស្រឡាញ់ទ្រង់យ៉ាងពិតប្រាកដ ពេលដែលកិច្ចការរបស់ទ្រង់ចម្រើនឡើងកាន់តែជាក់ស្ដែង ទើបអ្នកនឹងត្រូវបានព្រះអង្គទទួលយក។ ក្រុមមនុស្សដែលព្រះជាម្ចាស់នឹងទទួលយក គឺជាអស់អ្នកដែលស្គាល់ព្រះជាម្ចាស់ ពោលគឺអស់អ្នកដែលស្គាល់ភាពជាក់ស្ដែងរបស់ទ្រង់។ លើសពីនេះ ពួកគេជាមនុស្សដែលអាចចុះចូលចំពោះកិច្ចការជាក់ស្ដែងរបស់ព្រះជាម្ចាស់។
(ដកស្រង់ពី «អស់អ្នកដែលស្រឡាញ់ព្រះជាម្ចាស់យ៉ាងពិតប្រាកដ គឺជាអ្នកដែលអាចចុះចូលទាំងស្រុងចំពោះភាពជាក់ស្ដែងរបស់ទ្រង់» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)
៤០៣. នៅមុនពេលដែលមនុស្សជាតិចូលទៅក្នុងសេចក្ដីសម្រាក ទោះបីជាជំពូកបុគ្គលនីមួយៗត្រូវទទួលទោសឬត្រូវទទួលរង្វាន់ នឹងត្រូវកំណត់លើលក្ខណៈថា តើពួកគេបានស្វែងរកសេចក្ដីពិតដែរឬអត់ ពួកគេស្គាល់ព្រះជាម្ចាស់ដែរឬអត់ ហើយពួកគេអាចចុះចូលចំពោះព្រះជាម្ចាស់ដែលអាចមើលឃើញដែរឬអត់។ អស់អ្នកណាដែលបានបម្រើដល់ព្រះជាម្ចាស់ដែលអាចមើលឃើញបាន ក៏ប៉ុន្តែមិនបានស្គាល់ទ្រង់ និងមិនបានចុះចូលនឹងទ្រង់ គឺខ្វះនូវសេចក្ដីពិត។ មនុស្សបែបនេះ គឺជាអ្នកប្រព្រឹត្តអំពើអាក្រក់ ហើយអ្នកប្រព្រឹត្តអំពើអាក្រក់ ច្បាស់ជានឹងក្លាយជារបស់ដែលត្រូវដាក់ទោស។ បន្ថែមលើនេះ ពួកគេនឹងត្រូវដាក់ទោសស្របទៅតាមទង្វើទុច្ចរិតរបស់ពួកគេ។ ព្រះជាម្ចាស់ គឺសម្រាប់ឱ្យមនុស្សលោកជឿតាម ហើយទ្រង់ក៏មានតម្លៃឱ្យពួកគេស្ដាប់បង្គាប់តាមដែរ។ អស់អ្នកណាដែលត្រឹមតែមានសេចក្ដីជំនឿ ចំពោះព្រះជាម្ចាស់ដែលស្រពេចស្រពិល និងមិនអាចមើលឃើញ គឺជាអ្នកដែលពុំជឿលើព្រះជាម្ចាស់ និងមិនអាចចុះចូលនឹងព្រះជាម្ចាស់បានឡើយ។ ប្រសិនបើមនុស្សទាំងអស់នេះ នៅតែមិនអាចជឿលើព្រះជាម្ចាស់ដែលអាចមើលឃើញ ពេលដែលកិច្ចការនៃការយកឈ្នះរបស់ទ្រង់បានបញ្ចប់ និងបន្តមិនស្ដាប់បង្គាប់ ហើយប្រឆាំងទាស់នឹងព្រះជាម្ចាស់ដែលអាចមើលឃើញនៅខាងសាច់ឈាម នោះច្បាស់ណាស់ថា «មនុស្សដែលជឿលើព្រះជាម្ចាស់ដែលស្រពេចស្រពិល» នឹងក្លាយជារបស់ដែលត្រូវបំផ្លាញ។ ដូចគ្នាដែរ មនុស្សមួយចំនួនក្នុងចំណោមអ្នករាល់គ្នា គឺជាមនុស្សដែលទទួលស្គាល់ព្រះជាម្ចាស់ដែលយកកំណើតជាមនុស្សត្រឹមតែបបូរមាត់ ប៉ុន្តែមិនអាចអនុវត្តសេចក្ដីពិតនៃការចុះចូលនឹងព្រះជាម្ចាស់ដែលយកកំណើតជាមនុស្សបាន ចុងក្រោយនឹងត្រូវផាត់ចោល និងបំផ្លាញចោល។ បន្ថែមលើនេះ នរណាម្នាក់ដែលទទួលស្គាល់ព្រះជាម្ចាស់ដែលអាចមើលឃើញ តាមបបូរមាត់របស់ពួកគេ ដោយហូប និងផឹកនូវសេចក្ដីពិតដែលទ្រង់បើកសម្ដែង ហើយក៏ស្វែងរកព្រះជាម្ចាស់ដ៏ស្រពេចស្រពិល និងមិនអាចមើលឃើញដែរនោះ ប្រាកដជានឹងក្លាយជាកម្មវត្ថុនៃការបំផ្លាញចោលមិនខាន។ ក្នុងចំណោមមនុស្សទាំងអស់នេះ គ្មាននរណាម្នាក់នឹងអាចបន្តរស់នៅរហូតដល់ពេលសម្រាកដែលនឹងត្រូវចូលមកដល់ ក្រោយពេលដែលកិច្ចការរបស់ព្រះជាម្ចាស់បានបញ្ចប់ឡើយ ហើយក៏គ្មាននរណាម្នាក់ស្រដៀងនឹងមនុស្សបែបនេះ ដែលអាចបន្តរស់នៅក្នុងពេលវេលានៃសេចក្ដីសម្រាកបានឡើយ។ មនុស្សអាក្រក់ គឺជាមនុស្សដែលមិនអនុវត្តសេចក្ដីពិត។ សារជាតិរបស់គេ គឺប្រឆាំងទាស់ ហើយរឹងចចេសនឹងព្រះជាម្ចាស់ ហើយពួកគេមិនមានបំណងចុះចូលនឹងទ្រង់សូម្បីបន្តិចសោះឡើយ។ មនុស្សបែបនេះ នឹងត្រូវបំផ្លាញចោលទាំងអស់។
(ដកស្រង់ពី «ព្រះជាម្ចាស់ និងមនុស្សលោក នឹងចូលទៅក្នុងសេចក្ដីសម្រាករួមគ្នា» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)