ដ. ស្ដីពីរបៀបសម្រេចបានចំណេះដឹងអំពីព្រះជាម្ចាស់
៤៥៣. កិច្ចការទាំងបីដំណាក់កាលនេះ ជាកិច្ចការទាំងអស់របស់ព្រះជាម្ចាស់ ក្នុងការសង្គ្រោះមនុស្សជាតិ។ មនុស្សត្រូវស្គាល់ពីកិច្ចការរបស់ព្រះជាម្ចាស់ និងស្គាល់ពីនិស្ស័យរបស់ទ្រង់នៅក្នុងកិច្ចការនៃការសង្គ្រោះនេះ។ ប្រសិនបើគ្មានការពិតនេះទេ ចំណេះដឹងដែលអ្នកមានអំពីព្រះជាម្ចាស់ គ្មានអ្វីក្រៅតែពីពាក្យពេចន៍អត់ប្រយោជន៍ គ្មានអ្វីក្រៅតែពីការនិយាយអួតពីខ្លួនឯងឡើយ។ ចំណេះដឹងបែបនេះ មិនអាចនិយាយឱ្យមនុស្សជឿជាក់បានទេ ហើយក៏មិនអាចយកឈ្នះមនុស្សបានដែរ។ វាផ្ទុយទៅនឹងតថភាព ហើយវាមិនមែនជាសេចក្ដីពិតឡើយ។ ចំណេះដឹងនេះអាចគ្រប់គ្រាន់បរិបូរ និងពីរោះស្ដាប់ក៏ពិតមែន ក៏ប៉ុន្តែប្រសិនបើវាផ្ទុយទៅនឹងនិស្ស័យរបស់ព្រះជាម្ចាស់ នោះព្រះជាម្ចាស់នឹងមិនទុកអ្នកឡើយ។ ទ្រង់មិនត្រឹមតែមិនសរសើរចំណេះដឹងរបស់អ្នកទេ តែទ្រង់ក៏នឹងផ្ដន្ទាទោសអ្នកទៀតផង ដ្បិតអ្នកគឺជាមនុស្សមានបាប ដែលបានប្រមាថទ្រង់។ ពាក្យពេចន៍អំពីការស្គាល់ព្រះជាម្ចាស់ មិនមែនចេះតែនិយាយចេញមកដោយងាយៗនោះទេ។ ទោះបីអ្នកអាចពូកែនិយាយបញ្ចុះបញ្ចូល និងពូកែនិយាយឱ្យគេជឿ ហើយទោះបីពាក្យសម្ដីរបស់អ្នកវាងវៃ ដែលអាចនិយាយពីខ្មៅឱ្យទៅជាស ពីសឱ្យទៅជាខ្មៅបានក៏ដោយ ក៏អ្នកនៅតែគ្មានសមត្ថភាពនិយាយពីការស្គាល់ព្រះជាម្ចាស់ដដែល។ ព្រះជាម្ចាស់ ពុំមែនជាបុគ្គលដែលអ្នកអាចវិនិច្ឆ័យបានឆាប់ ឬសរសើរតម្កើងតាមធម្មតា ឬនិយាយមើលងាយម្ដងហើយម្ដងទៀតបានឡើយ។ អ្នកអាចនិយាយសរសើរមនុស្សគ្រប់គ្នាបាន ប៉ុន្តែអ្នកពិបាករកពាក្យមកពណ៌នាអំពីព្រះគុណដ៏មហិមារបស់ព្រះជាម្ចាស់ឱ្យត្រូវណាស់។ នេះជាចំណុចដែលមនុស្សបរាជ័យគ្រប់គ្នាសុទ្ធតែដឹង។ ទោះបីជាមានអ្នកជំនាញខាងភាសាជាច្រើន ដែលអាចរៀបរាប់ពីព្រះជាម្ចាស់បានក៏ដោយ ក៏សុក្រឹតភាពនៃអ្វីដែលពួកគេបានរៀបរាប់នោះ គ្រាន់តែជាចំណែកមួយភាគរយនៃសេចក្ដីពិតដែលរាស្ត្ររបស់ព្រះជាម្ចាស់បាននិយាយប៉ុណ្ណោះ ជាមនុស្សមិនសូវសម្បូរវាចារ តែពួកគេមានបទពិសោធច្រើនដែលពួកគេអាចលើកមកនិយាយបាន។ ដូច្នេះ យើងអាចមើលឃើញថា ចំណេះដឹងអំពីព្រះជាម្ចាស់ ស្ថិតនៅលើសុក្រឹតភាពនិងភាពពិតជាក់ស្ដែង មិនមែនស្ថិតលើការប្រើប្រាស់ពាក្យសម្ដីដ៏ឈ្លាសវៃ ឬវោហារសព្ទសម្បូរបែបអ្វីទេ ហើយចំណេះដឹងរបស់មនុស្ស និងចំណេះដឹងអំពីព្រះជាម្ចាស់ ពុំមានអ្វីពាក់ព័ន្ធគ្នាសោះឡើយ។ មេរៀនអំពីការស្គាល់ព្រះជាម្ចាស់ ខ្ពង់ខ្ពស់ជាងវិទ្យាសាស្ត្រពិតរបស់មនុស្សជាតិទៅទៀត។ មានមនុស្សតិចតួចបំផុតដែលអាចសម្រេចការយល់ដឹងអំពីមេរៀននេះបាន។ ពួកគេជាអ្នកដែលស្វែងរកដើម្បីបានស្គាល់ព្រះជាម្ចាស់។ ត្រឹមតែជាបុគ្គលម្នាក់ដែលមានទេពកោសល្យ ក៏មិនអាចសម្រេចការយល់ដឹងមេរៀននេះបានដែរ។ ដូច្នេះ អ្នករាល់គ្នាមិនត្រូវចាត់ទុកការស្គាល់ព្រះជាម្ចាស់និងការដេញតាមសេចក្ដីពិត ថាជារឿងដែលសូម្បីតែកូនក្មេងក៏អាចសម្រេចបាននោះទេ។ ប្រហែលជាអ្នកមានជោគជ័យពេញលេញក្នុងជីវិតគ្រួសារ ឬក្នុងអាជីពការងារ ឬក្នុងជីវិតអាពាហ៍ពិពាហ៍របស់អ្នក ប៉ុន្តែពេលនិយាយដល់សេចក្ដីពិត និងមេរៀនពីការស្គាល់ព្រះជាម្ចាស់វិញ អ្នកគ្មានអ្វីសម្រាប់អួតអាងពីខ្លួនឯងទេ ហើយអ្នកក៏គ្មានសម្រេចលទ្ធផលអ្វីដែរ។ អាចនិយាយបានថា ការអនុវត្តសេចក្ដីពិត គឺជារឿងលំបាកបំផុតសម្រាប់អ្នករាល់គ្នា ហើយការស្គាល់ព្រះជាម្ចាស់ កាន់តែជារឿងលំបាកជាងនេះទៀតហើយ។ នេះគឺជាការលំបាករបស់អ្នករាល់គ្នា ហើយនេះក៏ជាការលំបាកដែលមនុស្សជាតិទាំងមូលបានជួបប្រទះដែរ។ នៅក្នុងចំណោមមនុស្សដែលមានស្នាដៃខ្លះនៅក្នុងបុព្វហេតុនៃការស្វែងរកដើម្បីស្គាល់ព្រះជាម្ចាស់ សឹងតែគ្មានមនុស្សណាម្នាក់ដែលត្រូវតាមស្ដង់ដានោះទេ។ មនុស្សមិនដឹងថា ការស្គាល់ព្រះជាម្ចាស់មានអត្ថន័យយ៉ាងណាទេ ក៏មិនដឹងថាហេតុអ្វីចាំបាច់ត្រូវស្គាល់ព្រះជាម្ចាស់ដែរ រឹតតែមិនដឹងថាមនុស្សត្រូវឈានដល់កម្រិតណា ទើបអាចស្គាល់ព្រះជាម្ចាស់បាន។ នេះគឺជារឿងដែលធ្វើឱ្យមនុស្សទាល់គំនិតបំផុត ហើយនិយាយឱ្យខ្លី នេះគឺជាប្រស្នាធំបំផុតដែលមនុស្សបានជួបប្រទះ។ គ្មាននរណាម្នាក់អាចដោះប្រស្នានេះបានទេ ក៏គ្មាននរណាម្នាក់ព្រមឆ្លើយដោះប្រស្នានេះដែរ ដ្បិតរហូតមកទល់សព្វថ្ងៃនេះ គ្មានមនុស្សណាម្នាក់នៅក្នុងចំណោមមនុស្សជាតិនេះ បានសម្រេចជោគជ័យណាមួយនៅក្នុងការសិក្សាអំពីរឿងនេះឡើយ។ ប្រហែលជាពេលដែលប្រស្នាអំពីកិច្ចការទាំងបីដំណាក់កាលនេះ ត្រូវបានបកស្រាយឱ្យមនុស្សជាតិដឹង ពេលនោះនឹងលេចចេញបន្តកន្ទុយគ្នានូវក្រុមមនុស្សមានទេពកោសល្យ ដែលស្គាល់ព្រះជាម្ចាស់។ ជាការពិតណាស់ ខ្ញុំសង្ឃឹមថារឿងនឹងទៅជាបែបនេះ ហើយជាងនេះទៀត ខ្ញុំកំពុងស្ថិតនៅក្នុងដំណើរការនៃការបំពេញកិច្ចការនេះ ហើយខ្ញុំសង្ឃឹមថានឹងបានឃើញមនុស្សមានទេពកោសល្យបែបនេះលេចមកជាច្រើនទៀត នៅពេលដ៏ខ្លីខាងមុខនេះ។ ពួកគេនឹងក្លាយជាមនុស្សដែលធ្វើបន្ទាល់ពីការពិតនៃកិច្ចការទាំងបីដំណាក់កាលនេះ ហើយពិតណាស់ ពួកគេក៏នឹងក្លាយជាមនុស្សដំបូងគេដែលធ្វើបន្ទាល់ពីកិច្ចការទាំងបីដំណាក់កាលនេះផងដែរ។ ប៉ុន្តែ ប្រសិនបើមនុស្សមានទេពកោសល្យបែបនេះ មិនលេចមកនៅថ្ងៃដែលកិច្ចការរបស់ព្រះជាម្ចាស់មកដល់ទីបញ្ចប់ ឬប្រសិនបើមានមនុស្សបែបនេះតែម្នាក់ ឬពីរនាក់ ដែលត្រូវព្រះជាម្ចាស់ប្រោសឱ្យបានគ្រប់លក្ខណ៍ដោយផ្ទាល់ នោះគ្មានអ្វីដែលតឹងចិត្ត និងគួរឱ្យសោកស្ដាយជាងនេះទៀតទេ។ យ៉ាងណាមិញ នេះគ្រាន់តែជាសេណារីយោដ៏អាក្រក់បំផុតប៉ុណ្ណោះ។ ទោះបីជាករណីទៅជាបែបណាក៏ដោយ ខ្ញុំនៅតែសង្ឃឹមថា អ្នកដែលដេញតាមយ៉ាងពិតប្រាកដ នឹងអាចទទួលបានព្រះពរនេះមិនខាន។ តាំងពីគ្រាដំបូងមក គឺមិនធ្លាប់មានកិច្ចការបែបនេះឡើយ។ កិច្ចការបែបនេះ មិនធ្លាប់កើតមាននៅក្នុងប្រវត្តិសាស្ត្រនៃការវិវដ្តរបស់មនុស្សជាតិឡើយ។ ប្រសិនបើអ្នកពិតជាអាចក្លាយជាមនុស្សម្នាក់ក្នុងចំណោមមនុស្សដំបូងគេដែលស្គាល់ព្រះជាម្ចាស់មែន តើនេះមិនក្លាយជាកិត្តិយសដ៏ខ្ពង់ខ្ពស់បំផុតនៅក្នុងចំណោមសត្តនិករទាំងអស់ទេឬអី? នៅក្នុងចំណោមមនុស្សជាតិ តើមានសត្តនិករណាមួយដែលត្រូវព្រះជាម្ចាស់សរសើរជាងនេះទេ? កិច្ចការបែបនេះ មិនងាយនឹងសម្រេចបានឡើយ ប៉ុន្តែនៅទីបំផុត ក៏នៅតែអាចទទួលរង្វាន់បានដដែល។ នៅទីបញ្ចប់ មនុស្សដែលអាចសម្រេចការស្គាល់ព្រះជាម្ចាស់បាន នឹងទទួលបានកិត្តិយសដ៏ធំបំផុតពីព្រះជាម្ចាស់ ហើយនឹងក្លាយជាមនុស្សមួយក្រុមគត់ដែលមានសិទ្ធិអំណាចរបស់ព្រះជាម្ចាស់ ទោះជាពួកគេមានភេទ ឬមានសញ្ជាតិអ្វីក៏ដោយ។ នេះគឺជាកិច្ចការបច្ចុប្បន្ន ហើយក៏ជាកិច្ចការនៅថ្ងៃអនាគតដែរ ជាកិច្ចការចុងក្រោយបង្អស់ និងជាកិច្ចការដ៏ខ្ពង់ខ្ពស់បំផុតដែលត្រូវសម្រេចឱ្យបានក្នុងកិច្ចការរយៈពេល ៦ ០០០ ឆ្នាំនេះ ហើយក៏ជារបៀបបំពេញកិច្ចការដែលបើកសម្ដែងពីជំពូកមនុស្សនីមួយៗផងដែរ។ តាមរយៈកិច្ចការនៃការធ្វើឱ្យមនុស្សជាតិស្គាល់ព្រះជាម្ចាស់ ឋានៈខុសៗគ្នារបស់មនុស្ស ត្រូវបានបើកសម្ដែងឱ្យដឹង៖ អ្នកណាដែលស្គាល់ព្រះជាម្ចាស់ មានលក្ខណៈសម្បត្តិគ្រប់គ្រាន់នឹងទទួលបានព្រះពរពីព្រះជាម្ចាស់ និងទទួលបានសេចក្ដីសន្យារបស់ទ្រង់ ឯមនុស្សដែលមិនស្គាល់ព្រះជាម្ចាស់ទេ គ្មានលក្ខណៈសម្បត្តិទទួលបានព្រះពរពីព្រះជាម្ចាស់ និងមិនទទួលបានសេចក្ដីសន្យារបស់ទ្រង់ឡើយ។ អ្នកណាដែលស្គាល់ព្រះជាម្ចាស់ គឺជាមនុស្សជំនិតរបស់ព្រះជាម្ចាស់ ហើយអ្នកណាដែលមិនស្គាល់ព្រះជាម្ចាស់ទេ មិនអាចហៅថាជាមនុស្សជំនិតរបស់ព្រះជាម្ចាស់បានឡើយ។ មនុស្សជំនិតរបស់ព្រះជាម្ចាស់ អាចទទួលព្រះពរគ្រប់យ៉ាងពីព្រះជាម្ចាស់ ចំណែកឯមនុស្សមិនជំនិតនឹងទ្រង់វិញ គេមិនស័ក្តិសមនឹងទទួលកិច្ចការណាមួយរបស់ទ្រង់ឡើយ។ មិនថាជាទុក្ខវេទនា ការបន្សុទ្ធ ឬការជំនុំជម្រះនោះទេ កិច្ចការទាំងអស់នេះ គឺសុទ្ធតែដើម្បីឱ្យមនុស្សសម្រេចបាននូវការស្គាល់ព្រះជាម្ចាស់នៅទីបំផុត ហើយដើម្បីឱ្យមនុស្សអាចចុះចូលនឹងព្រះជាម្ចាស់បាន។ នេះហើយគឺជាផលដែលនឹងត្រូវសម្រេចបាននៅទីបំផុត។
(ដកស្រង់ពី «ការស្គាល់ដំណាក់កាលទាំងបីនៃកិច្ចការរបស់ព្រះជាម្ចាស់ គឺជាផ្លូវនាំទៅរកការស្គាល់ព្រះជាម្ចាស់» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)
៤៥៤. កម្មសិទ្ធិ និងភាវៈរបស់ព្រះជាម្ចាស់ សារជាតិរបស់ព្រះជាម្ចាស់ និស្ស័យរបស់ព្រះជាម្ចាស់ គឺសុទ្ធតែត្រូវបានបើកសម្ដែងឱ្យមនុស្សស្គាល់តាមរយៈព្រះបន្ទូលរបស់ទ្រង់។ កាលណាមនុស្សស្គាល់ព្រះបន្ទូលរបស់ទ្រង់ គេនឹងចាប់ផ្ដើមយល់ពីគោលបំណងដែលនៅពីក្រោយព្រះបន្ទូល ដែលព្រះជាម្ចាស់ថ្លែង និងយល់ពីប្រភព ព្រមទាំងសាវតារនៃព្រះបន្ទូលរបស់ព្រះជាម្ចាស់ រួចយល់ និងអរគុណដល់ឥទ្ធិពលដែលបានគ្រោងទុកនៃព្រះបន្ទូលរបស់ព្រះជាម្ចាស់នៅក្នុងដំណើរការនៃការយកព្រះបន្ទូលទាំងនេះទៅអនុវត្ត។ សម្រាប់មនុស្សទាំងអស់នេះជាសេចក្ដីគ្រប់យ៉ាងដែលមនុស្សត្រូវតែឆ្លងកាត់ ត្រូវតែយល់ និងត្រូវតែទទួលឱ្យបាន ដើម្បីទទួលបានសេចក្ដីពិត និងជីវិត យល់ពីបំណងរបស់ព្រះជាម្ចាស់ បានបំផ្លាស់បំប្រែនិស្ស័យរបស់ខ្លួន ហើយអាចស្ដាប់ បង្គាប់អធិបតេយ្យភាព និងការចាត់ចែងរបស់ព្រះជាម្ចាស់។ ក្នុងពេលជាមួយគ្នា មនុស្សដែលឆ្លងកាត់ យល់ដឹង ហើយទទួលបានសេចក្ដីទាំងនេះ នោះគេនឹងទទួលបានការយល់ដឹងអំពីព្រះជាម្ចាស់បន្តិចម្ដងៗ ហើយនៅពេលនេះ គេក៏នឹងបានទទួលកម្រិតខុសគ្នានៃចំណេះដឹងអំពីព្រះអង្គដែរ។ ការយល់ដឹង និងចំណេះដឹងនេះ មិនមែនកើតចេញមកពីអ្វីម្យ៉ាងដែលមនុស្សធ្លាប់ស្រមៃ ឬប្រឌិតឡើងទេ ប៉ុន្តែកើតចេញពីអ្វីដែលគេឱ្យតម្លៃ គេឆ្លងកាត់ គេដឹង និងបញ្ជាក់ក្នុងខ្លួនគេផ្ទាល់។ លុះត្រាតែគេឱ្យតម្លៃ ស្គាល់ ដឹង និងបញ្ជាក់ពីសេចក្ដីទាំងនេះ ទើបចំណេះដឹងរបស់មនុស្សចំពោះព្រះជាម្ចាស់ទទួលបាននូវខ្លឹមសារ។ មានតែចំណេះដឹងដែលមនុស្សម្នាក់នោះទទួលបាននៅពេលនេះប៉ុណ្ណោះ ទើបជាចំណេះដឹងជាក់ស្ដែង ពិតប្រាកដ និងត្រឹមត្រូវ ហើយដំណើរការនៃការទទួលបានការយល់ដឹង និងចំណេះដឹងពិតប្រាកដអំពីព្រះជាម្ចាស់ តាមរយៈការឱ្យតម្លៃ ការឆ្លងកាត់ ការដឹង និងការបញ្ជាក់ពីព្រះបន្ទូលរបស់ទ្រង់នេះ មិនមែនជាអ្វីផ្សេងក្រៅពីការប្រាស្រ័យគ្នាពិតប្រាកដរវាងមនុស្សនិងព្រះជាម្ចាស់នោះឡើយ។ ក្នុងទំនាក់ទំនងបែបនេះ មនុស្សគឺពិតជាដឹង និងចាប់ផ្ដើមយល់ពីចេតនារបស់ព្រះជាម្ចាស់ ពិតជាចាប់ផ្ដើមយល់ និងស្គាល់ពីកម្មសិទ្ធិ និងភាវៈរបស់ព្រះជាម្ចាស់ ពិតជាចាប់ផ្ដើមយល់ និងស្គាល់ពីសារជាតិរបស់ព្រះជាម្ចាស់ ចាប់ផ្ដើមយល់ និងស្គាល់អំពីនិស្ស័យរបស់ព្រះជាម្ចាស់យ៉ាងពិតប្រាកដ ឈានដល់ការជឿជាក់យ៉ាងពិតប្រាកដ ព្រមទាំងនិយមន័យដ៏ត្រឹមត្រូវអំពីការពិតនៃអំណាចគ្រប់គ្រងរបស់ព្រះជាម្ចាស់លើសត្តនិករទាំងអស់ និងទទួលបានការអត់ធ្មត់ដ៏សំខាន់ និងចំណេះដឹងពីអត្តសញ្ញាណ និងឋានៈរបស់ព្រះជាម្ចាស់។ នៅក្នុងទំនាក់ទំនងប្រភេទនេះ មនុស្សផ្លាស់ប្ដូរគំនិតរបស់គេចំពោះព្រះជាម្ចាស់ លែងស្រមៃពីទ្រង់ដោយពុំមានអ្វីសោះ ឬសង្ស័យចំពោះព្រះអង្គតាមទំនើងចិត្ត ឬយល់ខុសចំពោះទ្រង់ ឬថ្កោលទោសទ្រង់ ឬទិតៀនទ្រង់ ឬសង្ស័យ ទ្រង់បន្តិចម្ដងៗទៀតហើយ។ ដូច្នេះ មនុស្សនឹងមានការជំទាស់ជាមួយព្រះជាម្ចាស់រឹតតែតិចទៅៗ គេនឹងមានជម្លោះជាមួយនឹងព្រះជាម្ចាស់រឹតតែតិច ហើយឱកាសដែលមនុស្សបះបោរទាស់នឹងព្រះជាម្ចាស់ ក៏មានរឹតតែតិចទៅដែរ។ ផ្ទុយទៅវិញ ការយកចិត្តទុកដាក់របស់មនុស្ស និងការស្ដាប់បង្គាប់របស់គេចំពោះព្រះជាម្ចាស់ នឹងកើនឡើងកាន់តែខ្លាំង ហើយការកោតខ្លាចរបស់គេចំពោះព្រះជាម្ចាស់ ក៏កាន់តែពិតប្រាកដ ហើយជ្រាលជ្រៅដែរ។ នៅក្នុងការប្រាស្រ័យបែបនេះ មនុស្សនឹងទទួលបានត្រឹមតែការផ្ដល់ជូននូវសេចក្ដីពិត និងពិធីបុណ្យជ្រមុជនៃជីវិតប៉ុណ្ណោះ ប៉ុន្តែក្នុងពេលជាមួយគ្នា គេក៏នឹងទទួលបាននូវចំណេះដឹងពិតប្រាកដអំពីព្រះជាម្ចាស់ដែរ។ នៅក្នុងទំនាក់ទំនងបែបនេះ មនុស្សនឹងមិនត្រឹមតែបានបំផ្លាស់បំប្រែនិស្ស័យរបស់គេ ហើយទទួលបានសេចក្ដីសង្គ្រោះនោះទេ តែក្នុងពេលជាមួយគ្នា គេក៏ទទួលបាននូវការគោរពកោតខ្លាច និងការថ្វាយបង្គំដ៏ពិតប្រាកដដែលមនុស្សមានចំពោះព្រះជាម្ចាស់ដែរ។ ដោយសារការមានទំនាក់ទំនងបែបនេះ សេចក្ដីជំនឿដែលមនុស្សមានចំពោះព្រះជាម្ចាស់នឹងលែងជាក្រដាសទទេ ឬជាសេចក្ដីសន្យាដែលផ្ដល់ជូនត្រឹមបបូរមាត់ ឬជាទម្រង់នៃការព្យាយាមឱ្យបាន និងការគោរពស្រឡាញ់ទាំងងងឹតងងល់ទៀតហើយ។ មានតែទំនាក់ទំនងបែបនេះទេ ទើបជីវិតរបស់មនុស្សលូតលាស់ទៅរកភាពចាស់ទុំពីមួយថ្ងៃទៅមួយថ្ងៃ ហើយមានតែពេលនេះទេ ទើបនិស្ស័យរបស់គេនឹងត្រូវបំផ្លាស់បំប្រែបន្តិចម្ដងៗ ហើយសេចក្ដីជំនឿរបស់គេលើព្រះជាម្ចាស់ នឹងប្ដូរពីសេចក្ដីជំនឿដ៏ស្រពេចស្រពិល និងមិនច្បាស់លាស់ ទៅជាការស្ដាប់បង្គាប់ និងការយកចិត្តទុកដាក់ពិតប្រាកដ ទៅជាការគោរពកោតខ្លាចដ៏ពិតបន្តិចម្ដងៗ ហើយមនុស្សក៏នឹងវិវឌ្ឍពីជំហរអសកម្មទៅជាជំហរសកម្ម ពីជំហរអវិជ្ជមានទៅជាជំហរវិជ្ជមានសន្សឹមៗនៅក្នុងដំណើរការនៃការដើរតាមព្រះជាម្ចាស់។ គឺមានតែទំនាក់ទំនងបែបនេះទេ ទើបមនុស្សឈានដល់ការស្គាល់ និងការយល់ពីព្រះជាម្ចាស់ពិតប្រាកដ ជាចំណេះដឹងពិតប្រាកដអំពីព្រះជាម្ចាស់។
(ដកស្រង់ពី «អារម្ភកថា» នៃសៀវភៅ «ព្រះបន្ទូល» ភាគ២៖ អំពីការស្គាល់ព្រះជាម្ចាស់)
៤៥៥. ចំណេះដឹងអំពីសិទ្ធិអំណាចរបស់ព្រះជាម្ចាស់ ព្រះចេស្ដារបស់ព្រះជាម្ចាស់ អត្តសញ្ញាណរបស់ព្រះជាម្ចាស់ផ្ទាល់ព្រះអង្គ និងសារជាតិរបស់ព្រះជាម្ចាស់ គឺមិនអាចសម្រេចបានដោយពឹងផ្អែកលើការគិតស្រមៃរបស់អ្នកបានទេ។ ដោយសារតែអ្នកមិនអាចពឹងផ្អែកលើការគិតស្រមៃដើម្បីស្គាល់សិទ្ធិអំណាចរបស់ព្រះជាម្ចស់ នោះតើតាមវិធីណាដែលអ្នកអាចសម្រេចបាននូវចំណេះដឹងមួយដ៏ពិតប្រាកដអំពីសិទ្ធិអំណាចរបស់ព្រះជាម្ចាស់? វិធីដើម្បីអាចសម្រេចបាន គឺតាមរយៈការទទួលទានព្រះបន្ទូលរបស់ព្រះជាម្ចាស់ តាមរយៈការប្រកបគ្នា និងតាមរយៈការមានបទពិសោធអំពីព្រះបន្ទូលរបស់ព្រះជាម្ចាស់។ ដូច្នេះ អ្នកនឹងមានបទពិសោធជាក់ស្តែងបន្តិចម្តងៗ និងការបញ្ជាក់អះអាងពីសិទ្ធិអំណាចរបស់ព្រះជាម្ចាស់ ហើយអ្នកនឹងទទួលបានការយល់ដឹងបន្តិចម្តងៗ និងចំណេះដឹងបន្ថែមអំពីសិទ្ធិអំណាចរបស់ព្រះជាម្ចាស់។ នេះគឺជាវិធីតែមួយគត់ដើម្បីសម្រេចបាននូវចំណេះដឹងអំពីសិទ្ធិអំណាចរបស់ព្រះជាម្ចាស់ គឺមិនមានផ្លូវកាត់នោះទេ។ ការស្នើមិនឱ្យអ្នករាល់គ្នាគិតស្រមៃ មិនដូចគ្នាទៅនឹងការធ្វើឱ្យអ្នករាល់គ្នាអង្គុយស្ងៀមរង់ចាំការបំផ្លាញ ឬបញ្ឈប់អ្នករាល់គ្នាមិនឱ្យធ្វើអ្វីមួយនោះទេ។ ការមិនប្រើប្រាស់ខួរក្បាលដើម្បីគិត និងគិតស្រមៃ មានន័យថាជាការមិនប្រើភាពតក្កៈ និងការសន្និដ្ឋាន មិនប្រើចំណេះដឹងដើម្បីវិភាគ និងមិនប្រើវិទ្យាសាស្ត្រជាមូលដ្ឋាន ប៉ុន្តែផ្ទុយទៅវិញ ជាការសរសើរ ការបញ្ជាក់អះអាង និងការបញ្ជាក់ថា ព្រះជាម្ចាស់ដែលអ្នកជឿមានសិទ្ធិអំណាច បញ្ជាក់ថា ទ្រង់កាន់កាប់អធិបតេយ្យភាពលើជោគវាសនារបស់អ្នក ហើយថា ព្រះចេស្ដារបស់ទ្រង់បញ្ជាក់ថា ទ្រង់គឺជាព្រះជាម្ចាស់ផ្ទាល់ព្រះអង្គដ៏ពិតគ្រប់ពេលវេលា តាមរយៈព្រះបន្ទូលរបស់ព្រះជាម្ចាស់ តាមរយៈការពិត និងតាមរយៈគ្រប់យ៉ាងដែលអ្នកជួបប្រទះនៅក្នុងជីវិត។ នេះគឺជាវិធីតែមួយគត់ដែលគ្រប់គ្នាអាចសម្រេចបានការយល់ដឹងអំពីព្រះជាម្ចាស់។ មនុស្សមួយចំនួននិយាយថា ពួកគេមានបំណងចង់ស្វែងរកវិធីដ៏សាមញ្ញមួយក្នុងការសម្រេចបានគោលបំណងនេះ ប៉ុន្តែតើអ្នករាល់គ្នាអាចគិតដល់វិធីបែបនេះឬទេ? ខ្ញុំសូមប្រាប់អ្នករាល់គ្នាថា មិនចាំបាច់គិតនោះទេ៖ គ្មានផ្លូវណាផ្សេងនោះទេ! វិធីតែមួយគត់ គឺស្គាល់ និងបញ្ជាក់អះអាងយ៉ាងខ្ជាប់ខ្ជួន និងយ៉ាងយកចិត្តទុកដាក់អំពីកម្មសិទ្ធិ និងលក្ខណៈរបស់ទ្រង់ តាមរយៈព្រះបន្ទូលនីមួយៗដែលទ្រង់ថ្លែង និងតាមរយៈអ្វីៗដែលទ្រង់ធ្វើ។ នេះគឺជាវិធីតែមួយគត់ដើម្បីស្គាល់ព្រះជាម្ចាស់។ ចំពោះកម្មសិទ្ធិ និងលក្ខណៈរបស់ទ្រង់ ព្រមទាំងគ្រប់យ៉ាងរបស់ព្រះជាម្ចាស់ មិនមែនឥតសារៈសំខាន់ និងទទេសូន្យនោះទេ ប៉ុន្តែពួកវាពិតប្រាកដមែន។
(ដកស្រង់ពី «ព្រះជាម្ចាស់ផ្ទាល់ព្រះអង្គ ជាព្រះតែមួយអង្គគត់ I» នៃសៀវភៅ «ព្រះបន្ទូល» ភាគ២៖ អំពីការស្គាល់ព្រះជាម្ចាស់)
៤៥៦. ព្រះជាម្ចាស់ធ្វើកិច្ចការជំនុំជម្រះ និងការកាត់ទោស ដើម្បីឱ្យមនុស្សអាចទទួលបានចំណេះដឹងអំពីទ្រង់ និងដើម្បីជាប្រយោជន៍ដល់ការធ្វើទីបន្ទាល់របស់ទ្រង់។ បើគ្មានការជំនុំជម្រះរបស់ទ្រង់ចំពោះនិស្ស័យពុករលួយរបស់មនុស្សទេ មនុស្សអាចនឹងមិនដឹងអំពីនិស្ស័យសុចរិតរបស់ទ្រង់ដែលមិនលើកលែងចំពោះការរំលងនោះឡើយ ហើយមនុស្សក៏មិនអាចកែប្រែចំណេះដឹងរបស់គេអំពីព្រះជាម្ចាស់ឱ្យទៅជាថ្មីបានដែរ។ សម្រាប់ជាប្រយោជន៍ដល់ការធ្វើទីបន្ទាល់របស់ទ្រង់ និងការគ្រប់គ្រងរបស់ទ្រង់ ទ្រង់ធ្វើឱ្យភាពទាំងស្រុងរបស់ទ្រង់ដឹងសុះសាយជាសាធារណៈ ដើម្បីឱ្យមនុស្សអាចមានចំណេះដឹងអំពីព្រះជាម្ចាស់តាមរយៈការលេចមករបស់ទ្រង់ជាសាធារណៈ ដើម្បីឱ្យគេទទួលបានការបំផ្លាស់បំប្រែនិស្ស័យរបស់គេ និងដើម្បីធ្វើទីបន្ទាល់អំពីទ្រង់ឱ្យលាន់ឮកងរំពង។ ការបំផ្លាស់បំប្រែនិស្ស័យរបស់មនុស្ស គឺសម្រេចទៅបានតាមរយៈកិច្ចការជាច្រើនប្រភេទខុសៗគ្នា។ បើគ្មានការផ្លាស់ប្រែនិស្ស័យរបស់គេទេ មនុស្សនឹងមិនអាចធ្វើទីបន្ទាល់អំពីព្រះជាម្ចាស់ និងធ្វើតាមព្រះហឫទ័យរបស់ព្រះជាម្ចាស់បានឡើយ។ ការបំផ្លាស់បំប្រែនិស្ស័យរបស់មនុស្ស បញ្ជាក់ថា មនុស្សត្រូវបានដោះលែងឱ្យមានសេរីភាពពីបាវបម្រើរបស់សាតាំង និងពីឥទ្ធិពលនៃភាពងងឹត និងបានក្លាយជាគំរូ និងជាសំណាកដ៏ពិតប្រាកដនៃកិច្ចការរបស់ព្រះជាម្ចាស់ ជាស្មរបន្ទាល់របស់ព្រះជាម្ចាស់ និងជាមនុស្សម្នាក់ដែលធ្វើតាមព្រះហឫទ័យរបស់ព្រះជាម្ចាស់។ សព្វថ្ងៃនេះ ព្រះជាម្ចាស់ដែលយកកំណើតជាមនុស្ស បានមកបំពេញកិច្ចការរបស់ទ្រង់នៅលើផែនដី ហើយទ្រង់តម្រូវឱ្យមនុស្សមានចំណេះដឹងអំពីទ្រង់ ស្ដាប់បង្គាប់ទ្រង់ ធ្វើទីបន្ទាល់អំពីទ្រង់ ស្គាល់ពីកិច្ចការជាក់ស្ដែង និងកិច្ចការធម្មតារបស់ទ្រង់ ស្ដាប់តាមគ្រប់ព្រះបន្ទូល និងកិច្ចការរបស់ទ្រង់ ដែលមិនដូចគ្នាទៅនឹងសញ្ញាណរបស់មនុស្សឡើយ និងដើម្បីធ្វើទីបន្ទាល់អំពីកិច្ចការដែលទ្រង់ធ្វើដើម្បីប្រោសលោះមនុស្ស ក៏ដូចជាទង្វើដែលទ្រង់បានធ្វើដើម្បីបង្ក្រាបមនុស្ស។ អស់អ្នកណាដែលធ្វើទីបន្ទាល់អំពីព្រះជាម្ចាស់ ត្រូវមានចំណេះដឹងអំពីព្រះជាម្ចាស់។ មានតែទីបន្ទាល់បែបនេះទេដែលមានលក្ខណៈសុក្រឹត និងពិតប្រាកដ ហើយមានតែការធ្វើទីបន្ទាល់បែបនេះទេ ដែលអាចធ្វើឱ្យសាតាំងអាម៉ាស់មុខបាន។ ព្រះជាម្ចាស់ប្រើអស់អ្នកណាដែលបានមកស្គាល់ទ្រង់ តាមរយៈការឆ្លងកាត់ការជំនុំជម្រះ និងការកាត់ទោសរបស់ទ្រង់ ដោយត្រូវប្រឈមមុខ និងត្រូវកាត់ចេញ ដើម្បីធ្វើទីបន្ទាល់អំពីទ្រង់បាន។ ទ្រង់ប្រើអស់អ្នកណាដែលត្រូវសាតាំងធ្វើឱ្យពុករលួយ ធ្វើទីបន្ទាល់អំពីទ្រង់ ហើយទ្រង់ក៏ប្រើអស់អ្នកណាដែលត្រូវបានបំផ្លាស់បំប្រែនិស្ស័យ និងអ្នកដែលទទួលបានព្រះពររបស់ទ្រង់ ដើម្បីធ្វើទីបន្ទាល់អំពីទ្រង់។ ទ្រង់មិនត្រូវការឱ្យមនុស្សសរសើរទ្រង់ដោយបបូរមាត់របស់ពួកគេឡើយ ហើយទ្រង់ក៏មិនត្រូវការការសរសើរតម្កើង និងទីបន្ទាល់របស់មនុស្សដែលមានលក្ខណៈដូចសាតាំងដែរ ដែលមនុស្សទាំងនេះមិនត្រូវបានទ្រង់ប្រោសលោះឡើយ។ មានតែអ្នកដែលស្គាល់ព្រះជាម្ចាស់ប៉ុណ្ណោះ ដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ក្នុងការធ្វើទីបន្ទាល់អំពីទ្រង់បាន ហើយមានតែអស់អ្នកណាដែលត្រូវបានបំផ្លាស់បំប្រែនិស្ស័យរបស់ពួកគេប៉ុណ្ណោះ ដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ក្នុងការធ្វើទីបន្ទាល់អំពីទ្រង់។ ព្រះជាម្ចាស់នឹងមិនអនុញ្ញាតឱ្យមនុស្សនាំយកសេចក្តីអាម៉ាស់មកដាក់លើព្រះនាមទ្រង់ដោយចេតនាបានឡើយ។
(ដកស្រង់ពី «មានតែអស់អ្នកដែលស្គាល់ព្រះជាម្ចាស់ប៉ុណ្ណោះដែលអាចធ្វើទីបន្ទាល់អំពីព្រះជាម្ចាស់បាន» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)
៤៥៧. ការស្គាល់ពីសារជាតិរបស់ព្រះជាម្ចាស់ មិនមែនជារឿងឥតបានការទេ។ អ្នករាល់គ្នាត្រូវតែយល់អំពីនិស្ស័យរបស់ទ្រង់។ តាមវិធីនេះ អ្នកនឹងបានស្គាល់ពីសារជាតិរបស់ព្រះជាម្ចាស់បន្តិចម្ដងៗ ទាំងមិនដឹងខ្លួន។ កាលណាអ្នកបានដឹងអំពីរឿងនេះហើយ អ្នកប្រាកដជាឃើញខ្លួនឯងកំពុងឈានជើងចូលក្នុងសភាពដែលខ្ពង់ខ្ពស់ជាងមុន និងស្រស់បំព្រងជាងមុន។ ទីបំផុត អ្នកនឹងមានអារម្មណ៍ខ្មាសចំពោះព្រលឹងដ៏អាក្រក់របស់អ្នក ហើយលើសពីនេះ អ្នកនឹងមានអារម្មណ៍ថា គ្មានកន្លែងណាដើម្បីលាក់ពីភាពអាម៉ាស់របស់អ្នកបានឡើយ។ គ្រានោះ អ្នកនឹងកាន់តែលែងប្រព្រឹត្តទង្វើដែលបំពានដល់និស្ស័យរបស់ព្រះជាម្ចាស់តទៅទៀត ដួងចិត្តរបស់អ្នកនឹងចូលទៅកាន់តែកៀកនឹងព្រះជាម្ចាស់ ហើយសេចក្ដីស្រឡាញ់របស់អ្នកចំពោះព្រះអង្គ ក៏កាន់តែចម្រើនឡើងនៅក្នុងដួងចិត្តរបស់អ្នកដែរ។ នេះហើយជាសញ្ញារបស់មនុស្សជាតិដែលកំពុងចូលទៅក្នុងសភាពស្រស់បំព្រង។ ដោយឡែក អ្នករាល់គ្នាមិនទាន់សម្រេចរឿងនេះបាននៅឡើយទេ។ កាលណាអ្នករាល់គ្នាប្រញាប់ប្រញាល់សម្រេចជោគវាសនារបស់ខ្លួន តើនរណាខ្លះមានចិត្តចង់ព្យាយាមស្គាល់ពីសារជាតិរបស់ព្រះជាម្ចាស់? បើនៅតែបែបនេះ អ្នករាល់គ្នានឹងប្រព្រឹត្តរំលងទាស់នឹងបញ្ញត្តិគ្រប់គ្រងទាំងមិនដឹងខ្លួន ដ្បិតអ្នករាល់គ្នាយល់ដឹងអំពីនិស្ស័យរបស់ព្រះជាម្ចាស់បានតិចតួចណាស់។ ដូច្នេះតើកិច្ចការដែលអ្នករាល់គ្នាធ្វើពេលនេះ មិនមែនកំពុងចាក់គ្រឹះសម្រាប់ការប្រព្រឹត្តទាស់នឹងនិស្ស័យរបស់ព្រះជាម្ចាស់ទេឬអី? ថាខ្ញុំបង្គាប់ឱ្យអ្នករាល់គ្នាយល់អំពីនិស្ស័យរបស់ព្រះជាម្ចាស់ គឺមិនដាច់ចេញពីកិច្ចការរបស់ខ្ញុំទេ។ ដ្បិតប្រសិនបើអ្នករាល់គ្នាប្រព្រឹត្តរំលងនឹងបញ្ញត្តិគ្រប់គ្រងជារឿយៗ តើមាននរណាក្នុងចំណោមអ្នករាល់គ្នាដែលនឹងគេចផុតពីទណ្ឌកម្មបាន? តើពេលនោះ កិច្ចការរបស់ខ្ញុំនឹងទៅជាអសារឥតការទាំងស្រុងទៅហើយមែនទេ? ហេតុនេះ ខ្ញុំនៅតែបង្គាប់ឱ្យអ្នករាល់គ្នាប្រុងប្រយ័ត្នចំពោះជំហានដែលអ្នកដើរ បន្ថែមទៅលើការពិនិត្យពិច័យ ការប្រព្រឹត្តរបស់អ្នកផ្ទាល់។ នេះគឺជាសេចក្ដីបង្គាប់ដ៏ឧត្ដមដែលខ្ញុំបង្គាប់ពីអ្នករាល់គ្នា ហើយខ្ញុំសង្ឃឹមថា អ្នករាល់គ្នានឹងពិចារណាពីសេចក្ដីបង្គាប់នេះដោយយកចិត្តទុកដាក់ ហើយគិតគូរអំពីសេចក្ដីបង្គាប់នេះដោយស្មោះអស់ពីចិត្ត។ គង់មានថ្ងៃមួយមកដល់ គឺជាពេលដែលទង្វើរបស់អ្នករាល់គ្នា ជំរុញឱ្យខ្ញុំមានសេចក្ដីក្រោធយ៉ាងខ្លាំងក្លា នោះលទ្ធផលដែលត្រូវពិចារណា គឺជារបស់អ្នករាល់គ្នាសុទ្ធសាធ ហើយគ្មានអ្នកផ្សេងណា មកទទួលការដាក់ទោសជំនួសអ្នកឡើយ។
(ដកស្រង់ពី «ការយល់ដឹងអំពីនិស្ស័យរបស់ព្រះជាម្ចាស់ ពិតជាសំខាន់ក្រៃលែង» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)
៤៥៨. តើការស្គាល់ព្រះជាម្ចាស់មានន័យដូចម្ដេច? មានន័យថា អាចដឹងពីសេចក្ដីអំណរ សេចក្ដីក្រោធ សេចក្ដីទុក្ខ និងសេចក្ដីសុខរបស់ទ្រង់បាន ព្រមទាំងស្គាល់ពីនិស្ស័យរបស់ទ្រង់ផង។ នេះហើយគឺជាអត្ថន័យនៃការស្គាល់ព្រះជាម្ចាស់យ៉ាងពិតប្រាកដនោះ។ អ្នកអះអាងថា អ្នកបានឃើញទ្រង់ ប៉ុន្ដែអ្នកបែរជាមិនដឹងពីសេចក្ដីអំណរ សេចក្ដីក្រោធ សេចក្ដីទុក្ខ និងសេចក្ដីសុខរបស់ទ្រង់ទៅវិញ ហើយអ្នកក៏មិនស្គាល់និស្ស័យរបស់ទ្រង់ដែរ។ អ្នកមិនដឹងពីសេចក្ដីសុចរិតរបស់ទ្រង់ មិនដឹងពីភាពពេញដោយសេចក្ដីមេត្តាករុណារបស់ទ្រង់ឡើយ ហើយអ្នកក៏មិនដឹងថា ទ្រង់សព្វព្រះហឫទ័យលើអ្វី ឬទ្រង់ស្អប់ខ្ពើមអ្វីនោះដែរ។ នេះមិនមែនជាការស្គាល់ព្រះជាម្ចាស់ទេ។ មនុស្សមួយចំនួនអាចដើរតាមព្រះជាម្ចាស់បាន ប៉ុន្តែមិនប្រាកដថា ពួកគេជឿលើព្រះជាម្ចាស់ពិតប្រាកដនោះទេ។ ដើម្បីជឿលើព្រះជាម្ចាស់យ៉ាងពិតប្រាកដ គឺត្រូវស្ដាប់បង្គាប់ព្រះជាម្ចាស់។ អស់អ្នកណាដែលមិនស្ដាប់បង្គាប់ព្រះជាម្ចាស់ពិតប្រាកដទេ អ្នកនោះមិនជឿលើព្រះជាម្ចាស់ពិតប្រាកដឡើយ។ ភាពខុសគ្នា គឺស្ថិតនៅត្រង់នេះឯង។ នៅពេលដែលអ្នកបានដើរតាមព្រះជាម្ចាស់អស់ពេលជាច្រើនឆ្នាំ ហើយមានការចេះដឹង និងការយល់ដឹងពីព្រះជាម្ចាស់ នៅពេលដែលអ្នកមានការយល់ដឹងខ្លះ និងដឹងពីបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ នៅពេលដែលអ្នកដឹងពីព្រះហឫទ័យទុកដាក់របស់ព្រះជាម្ចាស់ក្នុងការសង្រ្គោះមនុស្សហើយ គឺពេលនោះឯង ដែលអ្នកជឿលើព្រះជាម្ចាស់ ស្ដាប់បង្គាប់ព្រះជាម្ចាស់ ស្រឡាញ់ព្រះជាម្ចាស់ និងថ្វាយបង្គំព្រះជាម្ចាស់យ៉ាងពិតប្រាកដនោះ។ ប្រសិនបើអ្នកជឿលើព្រះជាម្ចាស់ ប៉ុន្តែមិនដេញតាមដើម្បីបានស្គាល់ព្រះជាម្ចាស់ មិនដឹងពីបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ និងមិនដឹងពីនិស្ស័យ និងកិច្ចការរបស់ព្រះជាម្ចាស់ទេ នោះអ្នកត្រឹមជាអ្នកដើរតាមម្នាក់ ដែលរត់ដេញតាមព្រះជាម្ចាស់ និងធ្វើតាមអ្វីដែលមនុស្សភាគច្រើនធ្វើប៉ុណ្ណោះ។ នោះមិនអាចរាប់ថាជាការចុះចូលនោះទេ ក៏មិនអាចរាប់ថាជាការថ្វាយបង្គំយ៉ាងពិតប្រាកដនោះដែរ។ តើការថ្វាយបង្គំពិតប្រាកដកើតឡើងយ៉ាងដូចម្ដេច? មនុស្សគ្រប់គ្នាដែលមើលឃើញព្រះជាម្ចាស់ និងស្គាល់ព្រះជាម្ចាស់ពិតប្រាកដ សុទ្ធតែថ្វាយបង្គំ និងគោរពទ្រង់ទាំងអស់ គ្មានលើកលែងអ្នកណាម្នាក់ឡើយ។ ពួកគេគ្រប់គ្នាត្រូវតែឱនក្បាល ថ្វាយបង្គំទ្រង់។ បច្ចុប្បន្ននេះ ជាពេលដែលព្រះជាម្ចាស់ដែលយកកំណើតជាមនុស្សកំពុងបំពេញកិច្ចការ កាលណាមនុស្សមានការយល់ដឹងអំពីនិស្ស័យរបស់ទ្រង់ ព្រមទាំងកម្មសិទ្ធិ និងលក្ខណៈរបស់ទ្រង់បានកាន់តែច្រើន នោះពួកគេនឹងកាន់តែឱ្យតម្លៃលើចំណុចទាំងអស់នេះខ្លាំងឡើង ហើយពួកគេក៏នឹងកាន់តែគោរពទ្រង់ខ្លាំងឡើងផងដែរ។ ជាទូទៅ កាលណាមនុស្សមានការយល់ដឹងអំពីព្រះជាម្ចាស់កាន់តែតិចតួច នោះពួកគេនឹងកាន់តែធ្វេសប្រហែសខ្លាំង ដូច្នេះហើយ ពួកគេក៏ចាត់ទុកព្រះជាម្ចាស់ជាមនុស្ស។ ប្រសិនបើមនុស្សពិតជាបានស្គាល់ និងបានឃើញព្រះជាម្ចាស់ពិតមែន នោះពួកគេមុខជាភ័យញ័រខ្លួន និងក្រាបចុះទៅលើដីមិនខាន។ «ព្រះអង្គដែលយាងមកក្រោយខ្ញុំ គឺមានព្រះចេស្ដាខ្លាំងលើសខ្ញុំទៅទៀត ខ្ញុំមិនស័ក្តិសមនឹងកាន់សុព័ណ៌បាទថ្វាយទ្រង់ផង» (ម៉ាថាយ ៣:១១)។ ហេតុអ្វីបានជាយ៉ូហាននិយាយដូច្នេះ? ទោះបីជាក្នុងចិត្តគាត់គ្មានការយល់ដឹងជ្រៅជ្រះអំពីព្រះជាម្ចាស់ក៏ដោយ ក៏គាត់ដឹងថា ព្រះជាម្ចាស់គួរឱ្យស្ញប់ស្ញែងដែរ។ សព្វថ្ងៃនេះ តើមានមនុស្សប៉ុន្មាននាក់ ដែលអាចគោរពព្រះជាម្ចាស់បានទៅ? ប្រសិនបើពួកគេមិនទាំងស្គាល់ពីនិស្ស័យរបស់ទ្រង់ផង នោះតើឱ្យពួកគេអាចគោរពព្រះជាម្ចាស់បានយ៉ាងដូចម្ដេចទៅ? ប្រសិនបើមនុស្សមិនដឹងពីសារជាតិរបស់ព្រះគ្រីស្ទ ហើយមិនស្គាល់ពីនិស្ស័យរបស់ព្រះជាម្ចាស់ទេ នោះពួកគេនឹងរឹតតែមិនអាចថ្វាយបង្គំព្រះដ៏ពិតបានយ៉ាងពិតប្រាកដទៀតហើយ។ ប្រសិនបើពួកគេមើលឃើញតែលក្ខណៈពីខាងក្រៅរបស់ព្រះគ្រីស្ទដែលសាមញ្ញនិងធម្មតា តែមិនដឹងពីសារជាតិរបស់ទ្រង់ នោះពួកគេងាយនឹងចាត់ទុកព្រះគ្រីស្ទជាមនុស្សធម្មតាណាស់។ ពួកគេអាចនឹងប្រកាន់អាកប្បកិរិយាមិនគោរពចំពោះទ្រង់ ហើយអាចបោកប្រាស់ទ្រង់ ទាស់ទទឹងនឹងទ្រង់ មិនស្ដាប់បង្គាប់ទ្រង់ និងវិនិច្ឆ័យទ្រង់ផង។ ពួកគេអាចរាប់ខ្លួនឯងជាសុចរិត ហើយមិនយកចិត្តទុកដាក់នឹងព្រះបន្ទូលរបស់ទ្រង់។ ពួកគេថែមទាំងអាចបង្កើតសញ្ញាណផ្សេងៗ ធ្វើការថ្កោលទោស និងប្រមាថដល់ព្រះជាម្ចាស់ថែមទៀតផង។ ដើម្បីដោះស្រាយបញ្ហាទាំងនេះ មនុស្សត្រូវតែស្គាល់ពីសារជាតិ និងភាពជាព្រះរបស់ព្រះគ្រីស្ទ។ នេះគឺជាទិដ្ឋភាពដ៏សំខាន់នៅក្នុងការស្គាល់ព្រះជាម្ចាស់ ហើយមនុស្សគ្រប់គ្នាដែលជឿលើព្រះដ៏ជាក់ស្ដែង ត្រូវតែចូល និងសម្រេចឱ្យបាននូវទិដ្ឋភាពនេះ។
(ដកស្រង់ពី «ផ្នែកទី៣» នៃសៀវភៅ «ព្រះបន្ទូល» ភាគ៣៖ ការថ្លែងព្រះបន្ទូលអំពីព្រះគ្រីស្ទនៃគ្រាចុងក្រោយ)
៤៥៩. វាជាការចាត់តាំងរបស់ស្ថានសួគ៌ និងត្រូវទទួលស្គាល់ដោយផែនដីក្នុងការជឿលើព្រះជាម្ចាស់ និងស្គាល់ព្រះជាម្ចាស់ ហើយសព្វថ្ងៃនេះ ក្នុងអំឡុងសម័យដែលព្រះជាម្ចាស់យកកំណើតជាមនុស្សកំពុងបំពេញកិច្ចការរបស់ទ្រង់ដោយផ្ទាល់ គឺពេលវេលាដ៏ល្អជាពិសេសក្នុងការស្គាល់ព្រះជាម្ចាស់។ ការផ្គាប់ព្រះហឫទ័យព្រះជាម្ចាស់ គឺជាអ្វីដែលអាចសម្រេចទៅបានដោយការកសាងមូលដ្ឋានគ្រឹះនៃការស្វែងយល់ពីបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ ហើយដើម្បីស្វែងយល់ពីបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់បាន ចាំបាច់ត្រូវមានចំណេះដឹងខ្លះៗអំពីព្រះជាម្ចាស់។ ចំណេះដឹងអំពីព្រះជាម្ចាស់នេះ គឺជានិមិត្តដែលមនុស្សម្នាក់ជឿលើព្រះជាម្ចាស់ត្រូវតែមាន។ វាគឺជាមូលដ្ឋានគ្រឹះនៃជំនឿរបស់មនុស្សចំពោះព្រះជាម្ចាស់។ បើសិនគ្មានចំណេះដឹងនេះទេ ជំនឿរបស់មនុស្សចំពោះព្រះជាម្ចាស់ នឹងមានដោយស្រពេចស្រពិល នៅក្នុងចំណោមទ្រឹស្ដីទទេសូន្យ។ បើទោះបីវាជាការតាំងចិត្តរបស់មនុស្សបែបនេះដើម្បីដើរតាមព្រះជាម្ចាស់ក៏ពិតមែន ក៏ពួកគេនឹងមិនទទួលបានអ្វីសោះឡើយ។ អស់អ្នកដែលមិនទទួលបានអ្វីសោះនៅក្នុងអូរនេះ គឺជាអ្នកដែលនឹងត្រូវផាត់ចោល ពោលគឺពួកគេគឺជាមនុស្សកេងប្រវ័ញ្ច។ ... ប្រសិនបើមនុស្សពុំអាចទទួលបាននិមិត្តទេ នោះពួកគេមិនអាចទទួលបានកិច្ចការថ្មីរបស់ព្រះជាម្ចាស់ឡើយ ហើយប្រសិនបើមនុស្សមិនអាចស្ដាប់បង្គាប់តាមកិច្ចការថ្មីរបស់ព្រះជាម្ចាស់ទេ នោះមនុស្សនឹងមិនអាចយល់ពីបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់បានឡើយ ហើយដូចនេះ ចំណេះដឹងអំពីព្រះជាម្ចាស់នឹងក្លាយជាគ្មានបានការអ្វីទាំងអស់។ នៅមុនពេលមនុស្សអនុវត្តតាមព្រះបន្ទូលរបស់ព្រះជាម្ចាស់បាន គេត្រូវស្គាល់ព្រះបន្ទូលរបស់ព្រះជាម្ចាស់សិន ពោលគឺគេត្រូវយល់ពីបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់។ មានតែបែបនេះទេ ទើបអាចអនុវត្តតាមព្រះបន្ទូលរបស់ព្រះជាម្ចាស់បានសុក្រិតល្អ និងស្របតាមបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់។ នេះគឺជាអ្វីដែលអ្នកស្វែងរកសេចក្តីពិតគ្រប់គ្នាត្រូវមាន ហើយវាក៏ជាដំណើរការដែលមនុស្សគ្រប់គ្នាព្យាយាមចង់ស្គាល់ព្រះជាម្ចាស់ត្រូវឆ្លងកាត់ផងដែរ។ ដំណើរការនៃការស្គាល់ព្រះបន្ទូលរបស់ព្រះជាម្ចាស់ គឺជាដំណើរការនៃការស្គាល់ព្រះជាម្ចាស់ និងកិច្ចការរបស់ព្រះជាម្ចាស់។ ដូចនេះការស្គាល់និមិត្ត មិនគ្រាន់តែសំដៅលើការស្គាល់សភាពជាមនុស្សរបស់ព្រះជាម្ចាស់ដែលយកកំណើតជាមនុស្សនោះទេ ប៉ុន្តែក៏រាប់បញ្ចូលទាំងការស្គាល់ព្រះបន្ទូល និងកិច្ចការរបស់ព្រះជាម្ចាស់ផងដែរ។ មនុស្សស្វែងយល់ពីបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់តាមរយៈព្រះបន្ទូលរបស់ព្រះជាម្ចាស់ ហើយពួកគេស្គាល់ពីនិស្ស័យរបស់ព្រះជាម្ចាស់ និងស្គាល់ថាព្រះជាម្ចាស់ជានរណាតាមរយៈកិច្ចការរបស់ព្រះជាម្ចាស់។ ជំនឿលើព្រះជាម្ចាស់ គឺជាជំហានដំបូងក្នុងការស្គាល់ព្រះជាម្ចាស់។ ដំណើរការនៃការវិវឌ្ឍទៅមុខ ដោយចាប់ពីជំនឿដំបូងលើព្រះជាម្ចាស់ រហូតដល់ជំនឿដ៏ជ្រាលជ្រៅលើទ្រង់ គឺជាដំណើរការនៃការស្គាល់ព្រះជាម្ចាស់ ជាដំណើរការនៃការឆ្លងកាត់បទពិសោធ នៅក្នុងកិច្ចការរបស់ព្រះជាម្ចាស់។ ប្រសិនបើអ្នកគ្រាន់តែជឿលើព្រះជាម្ចាស់ ដើម្បីគ្រាន់តែជឿលើព្រះជាម្ចាស់ប៉ុណ្ណោះ និងមិនមែនដើម្បីស្គាល់ទ្រង់ទេ នោះពុំមានសេចក្តីពិតនៅក្នុងសេចក្តីជំនឿរបស់អ្នកឡើយ ហើយសេចក្តីជំនឿរបស់អ្នក មិនអាចក្លាយជាបរិសុទ្ធបានឡើយ និងគ្មានអ្វីដែលត្រូវឆ្ងល់អំពីរឿងនេះនោះទេ។ ក្នុងអំឡុងពេលដែលមនុស្សឆ្លងកាត់បទពិសោធក្នុងកិច្ចការរបស់ព្រះជាម្ចាស់ ប្រសិនបើគេស្គាល់ព្រះជាម្ចាស់បន្តិចម្ដងៗ នោះនិស្ស័យរបស់គេនឹងត្រូវផ្លាស់ប្រែបន្តិចម្ដងៗ ហើយជំនឿរបស់ពួកគេនឹងកាន់តែពិតឡើងៗ។ តាមរបៀបនេះ នៅពេលដែលមនុស្សសម្រេចបាននូវជំនឿរបស់គេលើព្រះជាម្ចាស់ គេនឹងត្រូវព្រះជាម្ចាស់ទទួលយកទាំងស្រុង។ មូលហេតុដែលព្រះជាម្ចាស់បានចំណាយពេលយ៉ាងយូរដើម្បីត្រលប់ជាសាច់ឈាមជាលើកទីពីរដើម្បីបំពេញកិច្ចការរបស់ទ្រង់ដោយផ្ទាល់ គឺដើម្បីឱ្យមនុស្សអាចស្គាល់ទ្រង់ និងអាចឃើញទ្រង់បាន។ ការស្គាល់ព្រះជាម្ចាស់(ក) គឺជាលទ្ធផលចុងក្រោយដែលត្រូវសម្រេចឱ្យបាននៅទីបញ្ចប់នៃកិច្ចការរបស់ព្រះជាម្ចាស់។ វាគឺជាលក្ខខណ្ឌចុងក្រោយដែលព្រះជាម្ចាស់បានបង្កើតមនុស្សលោក។ មូលហេតុដែលទ្រង់ធ្វើបែបនេះ គឺដើម្បីធ្វើទីបន្ទាល់ចុងក្រោយរបស់ទ្រង់។ ទ្រង់បំពេញកិច្ចការនេះដើម្បីឱ្យទីបំផុត មនុស្សអាចត្រឡប់មករកទ្រង់វិញដោយពេញលេញ។ មនុស្សអាចមកស្រឡាញ់ព្រះជាម្ចាស់វិញបានដោយសារការស្គាល់ព្រះជាម្ចាស់ ហើយដើម្បីស្រឡាញ់ព្រះជាម្ចាស់បាន គេត្រូវស្គាល់ព្រះជាម្ចាស់។ មិនថាគេស្វែងរកដោយបែបណា ឬគេស្វែងរកចង់បានអ្វីនោះទេ គេត្រូវតែសម្រេចបាននូវចំណេះដឹងអំពីព្រះជាម្ចាស់។ មានតែរបៀបនេះទេ ទើបមនុស្សអាចផ្គាប់ព្រះហឫទ័យរបស់ព្រះជាម្ចាស់បាន។ មានតែការស្គាល់ព្រះជាម្ចាស់ប៉ុណ្ណោះ ដែលអាចឱ្យមនុស្សមានសេចក្តីជំនឿពិតលើព្រះជាម្ចាស់ ហើយមានតែការស្គាល់ព្រះជាម្ចាស់ប៉ុណ្ណោះដែលអាចឱ្យគេគោរពកោតខ្លាច និងស្ដាប់បង្គាប់ព្រះជាម្ចាស់ដោយពិតប្រាកដ។ អស់អ្នកដែលពុំស្គាល់ព្រះជាម្ចាស់ នឹងមិនអាចស្ដាប់បង្គាប់ និងគោរពកោតខ្លាចព្រះជាម្ចាស់ដោយពិតប្រាកដបានឡើយ។ ការស្គាល់ព្រះជាម្ចាស់ រួមបញ្ចូលនូវការស្គាល់និស្ស័យរបស់ទ្រង់ ការយល់ដឹងអំពីបំណងព្រះហឫទ័យរបស់ទ្រង់ និងការស្គាល់ពីលក្ខណៈរបស់ទ្រង់។ ប៉ុន្តែ មិនថានរណាម្នាក់ស្គាល់អំពីទិដ្ឋភាពណាមួយនោះទេ គឺចំណុចនីមួយៗតម្រូវឱ្យមនុស្សឱ្យតម្លៃខ្ពស់ និងត្រូវមានឆន្ទៈស្ដាប់បង្គាប់ បើគ្មានចំណុចណាមួយទេ គ្មាននរណាម្នាក់អាចបន្តស្ដាប់បង្គាប់បានរហូតដល់ទីបញ្ចប់ឡើយ។
(ដកស្រង់ពី «មានតែអស់អ្នកដែលស្គាល់ព្រះជាម្ចាស់ប៉ុណ្ណោះដែលអាចធ្វើទីបន្ទាល់អំពីព្រះជាម្ចាស់បាន» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)
លេខយោង៖
(ក) អត្ថបទដើមសរសេរថា «កិច្ចការនៃការស្គាល់ព្រះជាម្ចាស់»។
៤៦០. ឥទ្ធិពលនៃមេរៀនក្នុងការស្គាល់ព្រះជាម្ចាស់ មិនអាចសម្រេចទៅបានក្នុងពេលមួយថ្ងៃឬពីរថ្ងៃនោះទេ៖ មនុស្សត្រូវប្រមូលយកបទពិសោធ ឆ្លងកាត់ទុក្ខវេទនា និងសម្រេចនូវការចុះចូលដោយពិតប្រាកដ។ ដំបូងបង្អស់ ត្រូវចាប់ផ្ដើមពីកិច្ចការ និងព្រះបន្ទូលរបស់ព្រះជាម្ចាស់។ វាជាការចាំបាច់ដែលអ្នកត្រូវយល់ដឹងថាចំណេះដឹងអំពីព្រះជាម្ចាស់ ត្រូវរួមបញ្ចូលអ្វីខ្លះ ថាតើត្រូវទទួលបានចំណេះដឹងនេះដោយរបៀបណា និងថាតើត្រូវមើលឃើញព្រះជាម្ចាស់នៅក្នុងបទពិសោធរបស់អ្នកដោយបែបណា។ នេះគឺអ្វីដែលមនុស្សគ្រប់គ្នាត្រូវធ្វើ នៅពេលដែលពួកគេមិនទាន់ស្គាល់ទ្រង់នៅឡើយ។ គ្មាននរណាម្នាក់អាចយល់ពីកិច្ចការ និងព្រះបន្ទូលរបស់ព្រះជាម្ចាស់ក្នុងពេលតែមួយជាមួយគ្នានោះទេ ហើយគ្មាននរណាម្នាក់អាចសម្រេចការយល់ដឹងអំពីលក្ខណៈទាំងស្រុងរបស់ព្រះជាម្ចាស់បានក្នុងពេលដ៏ខ្លីឡើយ។ ក្នុងការទទួលបានបទពិសោធនេះ មានដំណើរការចាំបាច់មួយ បើគ្មានដំណើរការនេះទេ គ្មាននរណាម្នាក់អាចស្គាល់ព្រះជាម្ចាស់ ឬដើរតាមទ្រង់ដោយស្មោះត្រង់បាននោះឡើយ។ កាលណាព្រះជាម្ចាស់បំពេញកិច្ចការកាន់តែច្រើន ពេលនោះមនុស្សក៏ស្គាល់ទ្រង់កាន់តែច្រើនដែរ។ កាលណាកិច្ចការរបស់ព្រះជាម្ចាស់កាន់តែខុសគ្នាពីសញ្ញាណរបស់មនុស្ស ពេលនោះចំណេះដឹងរបស់មនុស្សអំពីទ្រង់ក៏កាន់តែផ្លាស់ជាថ្មី និងជ្រាលជ្រៅជាងមុនដែរ។ ប្រសិនបើកិច្ចការរបស់ព្រះជាម្ចាស់ នៅតែដដែលជារៀងរហូត និងគ្មានការប្រែប្រួល នោះចំណេះដឹងរបស់មនុស្សចំពោះទ្រង់ ក៏នឹងមិនមានច្រើនដែរ។ អ្នករាល់គ្នាគប្បីត្រូវដឹងឱ្យបានច្បាស់អំពីនិមិត្តទាំងនេះនៅចន្លោះពេលនៃការបង្កើត និងពេលបច្ចុប្បន្ន អ្វីដែលព្រះជាម្ចាស់បានធ្វើក្នុងសម័យក្រឹត្យវិន័យ អ្វីដែលទ្រង់បានធ្វើក្នុងសម័យព្រះគុណ និងអ្វីដែលទ្រង់ធ្វើក្នុងសម័យនៃនគរព្រះ។ ឯងរាល់គ្នាត្រូវតែស្គាល់នូវកិច្ចការរបស់ព្រះជាម្ចាស់។
(ដកស្រង់ពី «មានតែអស់អ្នកដែលស្គាល់ព្រះជាម្ចាស់ប៉ុណ្ណោះដែលអាចធ្វើទីបន្ទាល់អំពីព្រះជាម្ចាស់បាន» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)
៤៦១. ក្នុងអំឡុងពេលដែលគាត់ដើរតាមព្រះយេស៊ូវ ពេត្រុសបានបង្កើតទស្សនៈជាច្រើនអំពីទ្រង់ ហើយតែងតែវិនិច្ឆ័យទ្រង់តាមទស្សនៈរបស់គាត់ផ្ទាល់។ ទោះបីពេត្រុសមានកម្រិតការយល់ដឹងខ្លះអំពីព្រះវិញ្ញាណក៏ដោយ ក៏ការយល់ដឹងរបស់គាត់មិនសូវជាច្បាស់លាស់ឡើយ ដែលជាហេតុនាំឱ្យគាត់និយាយថា៖ «ខ្ញុំត្រូវដើរតាមព្រះដែលព្រះវរបិតាដែលគង់នៅស្ថានសួគ៌ចាត់ឱ្យមក។ ខ្ញុំត្រូវតែទទួលស្គាល់ព្រះអង្គដែលត្រូវបានជ្រើសរើសដោយព្រះវិញ្ញាណបរិសុទ្ធ»។ គាត់មិនបានយល់អំពីកិច្ចការដែលព្រះយេស៊ូវបានធ្វើ ហើយក៏ខ្វះនូវភាពច្បាស់លាស់អំពីកិច្ចការទាំងនោះផងដែរ។ ក្រោយពេលដើរតាមទ្រង់បានមួយរយៈ ពេត្រុសកាន់តែចាប់អារម្មណ៍នឹងអ្វីដែលទ្រង់បានធ្វើ និងមានបន្ទូល ហើយក៏ចាប់អារម្មណ៍ខ្លាំងលើព្រះយេស៊ូវផ្ទាល់ផងដែរ។ គាត់ចាប់ផ្ដើមមានអារម្មណ៍ថា ព្រះយេស៊ូវបានបណ្ដាលឱ្យមានសេចក្តីស្រឡាញ់ និងការគោរពបែបនេះ។ គាត់ចូលចិត្តចំណាយពេលជាមួយទ្រង់ និងនៅជិតទ្រង់ ហើយការស្ដាប់ព្រះបន្ទូលរបស់ព្រះយេស៊ូវបានផ្តល់ជាការគាំទ្រ និងជំនួយដល់គាត់ទៀតផង។ ក្នុងអំឡុងពេលដែលគាត់ដើរតាមព្រះយេស៊ូវ ពេត្រុសបានសង្កេត និងរៀនសូត្រនូវអ្វីៗគ្រប់យ៉ាងអំពីព្រះជន្មរបស់ទ្រង់ដូចជា សកម្មភាព ពាក្យសម្ដី ចលនា និងការសម្ដែងចេញរបស់ទ្រង់។ គាត់បានទទួលនូវការយល់ដឹងដ៏ស៊ីជម្រៅថា ព្រះយេស៊ូវមិនដូចជាបុរសទូទៅនោះឡើយ។ ទោះបីរូបរាងជាមនុស្សរបស់ទ្រង់លើសពីធម្មតាក៏ដោយ ប៉ុន្តែ ទ្រង់ពេញដោយសេចក្តីស្រឡាញ់ ចិត្តអាណិតអាសូរ និងការអត់ឱនចំពោះមនុស្សលោក។ គ្រប់យ៉ាងដែលទ្រង់ធ្វើ ឬមានបន្ទូល គឺជាជំនួយដ៏ធំចំពោះអ្នកដទៃ ហើយពេត្រុសបានឃើញ និងបានទទួលពីព្រះយេស៊ូវនូវសេចក្តីដែលគាត់មិនធ្លាប់បានឃើញ ឬធ្លាប់មានកាលពីមុនឡើយ។ គាត់បានឃើញថា ទោះបីព្រះយេស៊ូវមិនមានឋានៈខ្ពង់ខ្ពស់ ឬគ្មានភាពជាមនុស្សប្លែកពីគេក៏ដោយ ក៏ទ្រង់ពិតជាមានលក្ខណសម្បត្តិដ៏អស្ចារ្យ និងខុសប្លែកពីធម្មតា។ ទោះបីពេត្រុសមិនអាចពន្យល់បានទាំងស្រុងក្ដី ក៏គាត់អាចមើលឃើញថា ព្រះយេស៊ូវមានកិរិយាខុសប្លែកពីអ្នកឯទៀត ព្រោះថា កិច្ចការដែលទ្រង់បានធ្វើ ខុសប្លែកពីកិច្ចការដែលមនុស្សធម្មតាធ្វើប្រាកដមែន។ ចាប់តាំងពីពេលដែលគាត់មានទំនាក់ទំនងជាមួយព្រះយេស៊ូវ ពេត្រុសក៏បានឃើញដែរថា អត្តចរិតរបស់ទ្រង់ខុសប្លែកពីអត្តចរិតរបស់មនុស្សទូទៅដែរ។ ទ្រង់តែងតែប្រព្រឹត្តដោយចរិតនឹងធឹង មិនតក់ក្រហល់ មិននិយាយបំផ្លើស ឬមិនមើលស្រាលប្រធានបទអ្វីមួយទេ ហើយទ្រង់បានបញ្ចេញកិរិយាមាយាទក្នុងជីវិតរបស់ទ្រង់ តាមរបៀបមួយដែលសម្ដែងពីអត្តចរិតមួយដែលសាមញ្ញផង និងគួរឱ្យស្ងើចសរសើរផង។ នៅក្នុងការសន្ទនា ព្រះយេស៊ូវបានមានបន្ទូលត្រង់ៗ និងប្រកបដោយព្រះគុណ តែងតែប្រាស្រ័យទាក់ទងដោយឫកពាររីករាយ តែស្ងប់ស្ងាត់ ហើយទ្រង់មិនដែលបាត់បង់សេចក្តីថ្លៃថ្នូររបស់ទ្រង់ឡើយ ក្នុងពេលដែលកំពុងតែធ្វើកិច្ចការរបស់ទ្រង់។ ពេត្រុសបានឃើញថា ពេលខ្លះព្រះយេស៊ូវមិនសូវមាត់ក ប៉ុន្តែពេលខ្លះទៀត ទ្រង់មានបន្ទូលឥតឈប់។ ពេលខ្លះ ទ្រង់មានព្រះទ័យរីករាយយ៉ាងខ្លាំង ដូចជាសត្វព្រាបដែលអរកញ្ឆេង និងប្រលែងលេង ហើយមានពេលខ្លះទៀត ទ្រង់កើតទុក្ខយ៉ាងខ្លាំងដោយមិនមានបន្ទូលអ្វីសោះ ហើយមើលទៅដូចជា ទ្រង់មានពេញដោយទុក្ខព្រួយ ដូចជាអ្នកម្ដាយម្នាក់ដែលស្គមស្គាំង និងល្ហិតល្ហៃ។ ពេលខ្លះ ទ្រង់ពេញដោយកំហឹង ដូចជាទាហានដ៏អង់អាចដែលសម្រុកទៅសម្លាប់ខ្មាំង ហើយពេលខ្លះទៀត ទ្រង់ដូចជាសត្វសិង្ហដែលកំពុងគ្រហឹម។ ពេលខ្លះ ទ្រង់សើច ហើយពេលខ្លះទៀត ទ្រង់បានអធិស្ឋាន ហើយយំសោកផង។ ទោះបីជាព្រះយេស៊ូវប្រព្រឹត្តយ៉ាងណាក៏ដោយ ក៏ពេត្រុសកាន់តែមានចិត្តស្រឡាញ់ និងការគោរពចំពោះទ្រង់ឥតដែនកំណត់។ សំណើចរបស់ព្រះយេស៊ូវបានធ្វើឱ្យគាត់ពេញដោយសេចក្តីសុខ ទុក្ខសោករបស់ទ្រង់បានធ្វើឱ្យគាត់លិចលង់ក្នុងទុក្ខព្រួយ កំហឹងទ្រង់បានធ្វើឱ្យគាត់ខ្លាច ខណៈពេលដែលព្រះទ័យមេត្តា ការអត់ទោស និងការទាមទារដ៏តឹងរ៉ឹងដែលទ្រង់ចង់បានពីមនុស្ស បានធ្វើឱ្យគាត់ស្រឡាញ់ព្រះយេស៊ូវ និងបង្កើតជាការគោរព និងការស្រេកឃ្លានចង់បានទ្រង់យ៉ាងពិតប្រាកដ។ ពិតណាស់ ក្រោយពេលពេត្រុសបានរស់នៅជាមួយព្រះយេស៊ូវ អស់រយៈពេលជាច្រើនឆ្នាំ ទើបគាត់ចាប់ផ្ដើមទទួលស្គាល់ការទាំងអស់នេះបន្តិចម្ដងៗ។
(ដកស្រង់ពី «របៀបដែលពេត្រុសចាប់ផ្ដើមស្គាល់ព្រះយេស៊ូវ» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)
៤៦២. ប្រសិនបើអ្នកចង់ស្គាល់ព្រះជាម្ចាស់ ចង់ស្គាល់ទ្រង់ដោយពិតប្រាកដ ចង់យល់ពីទ្រង់ឱ្យបានពិតប្រាកដ ចូរកុំដាក់កំហិតខ្លួនឯងត្រឹមដំណាក់កាលទាំងបីនៃកិច្ចការរបស់ព្រះជាម្ចាស់ ឬត្រឹមដំណើររឿងអំពីកិច្ចការដែលទ្រង់បានធ្វើកាលពីមុនឡើយ។ ប្រសិនបើអ្នកព្យាយាមស្គាល់ទ្រង់តាមវិធីនេះ នោះមានន័យថាអ្នកកំពុងតែដាក់កំហិតព្រះជាម្ចាស់ ដោយកំណត់ព្រំដែនទ្រង់ហើយ។ អ្នកកំពុងតែចាត់ទុកព្រះជាម្ចាស់ដូចវត្ថុដ៏តូចបំផុតមួយ។ តើការធ្វើដូច្នោះនឹងជះឥទ្ធិពលយ៉ាងណាដល់មនុស្ស? អ្នកនឹងមិនអាចដឹងអំពីការអស្ចារ្យ និងភាពឧដុង្គឧត្ដមរបស់ព្រះជាម្ចាស់ ក៏ដូចជាព្រះចេស្ដា សព្វានុភាព ព្រមទាំងវិសាលភាពនៃសិទ្ធិអំណាចរបស់ទ្រង់សោះឡើយ។ ការយល់ដឹងបែបនេះនឹងមានឥទ្ធិពលលើសមត្ថភាពរបស់អ្នកក្នុងការទទួលយកការពិតដែលថា ព្រះជាម្ចាស់ជាអ្នកដឹកនាំនៃរបស់សព្វសារពើ ក៏ដូចជាចំណេះដឹងរបស់អ្នកអំពីអត្តសញ្ញាណ និងឋានៈពិតរបស់ព្រះជាម្ចាស់។ ម៉្យាងទៀត ប្រសិនបើការយល់ដឹងរបស់អ្នកអំពីព្រះជាម្ចាស់ត្រូវបានកម្រិតឱ្យនៅតែក្នុងវិសាលភាពនេះ នោះអ្វីៗដែលអ្នកអាចទទួលបានក៏នៅមានកម្រិតដូចគ្នាដែរ។ ហេតុនេះហើយអ្នកត្រូវតែពង្រីកវិសាលភាពរបស់អ្នក និងពង្រីកព្រំដែនចំណេះរបស់អ្នកឱ្យធំទូលាយ។ អ្នកគួរតែស្វះស្វែងដើម្បីបានយល់អំពីការទាំងអស់នេះ ដូចជា វិសាលភាពនៃកិច្ចការរបស់ព្រះជាម្ចាស់ ការគ្រប់គ្រងរបស់ទ្រង់ ការដឹកនាំរបស់ទ្រង់ និងរបស់សព្វសារពើដែលទ្រង់គ្រប់គ្រង និងត្រួតត្រាលើ។ អ្នកគួរតែបែរមកយល់ពីសកម្មភាពរបស់ព្រះជាម្ចាស់តាមរយៈចំណុចទាំងនេះ។ ដោយមានការយល់ដឹងបែបនេះ អ្នកនឹងយល់ថា ព្រះជាម្ចាស់ត្រួតត្រា គ្រប់គ្រង និងទំនុកបម្រុងដល់របស់សព្វសារពើដោយមិនដឹងខ្លួន ហើយអ្នកក៏នឹងយល់យ៉ាងប្រាកដថា អ្នកគឺជាចំណែកមួយ និងជាសមាជិកនៃរបស់សព្វសារពើនោះ។ ដោយសារព្រះជាម្ចាស់ទំនុកបម្រុងដល់របស់សព្វសារពើ ដូច្នេះអ្នកក៏កំពុងតែទទួលយកការគ្រប់គ្រង និងការទំនុកបម្រុងរបស់ព្រះជាម្ចាស់ដែរ។ នេះគឺជាការពិតដែលគ្មាននរណាម្នាក់អាចប្រកែកបានឡើយ។
(ដកស្រង់ពី «ព្រះជាម្ចាស់ផ្ទាល់ព្រះអង្គ ជាព្រះតែមួយអង្គគត់ VIII» នៃសៀវភៅ «ព្រះបន្ទូល» ភាគ២៖ អំពីការស្គាល់ព្រះជាម្ចាស់)
៤៦៣. ទោះបីជាមានការយល់ដឹងច្រើនប៉ុនណាអំពីព្រះជាម្ចាស់នៅក្នុងចិត្តរបស់មនុស្សក៏ដោយ ក៏នោះគឺជាទំហំនៃទីតាំងដែលទ្រង់គង់នៅក្នុងចិត្តរបស់ពួកគេដែរ។ ទោះបីជាមានកម្រិតនៃចំណេះដឹងដ៏អស្ចា្យអំពីព្រះជាម្ចាស់នៅក្នុងចិត្តរបស់ពួកគេក៏ដោយ ក៏នោះគឺជាភាពអស្ចារ្យដែលព្រះជាម្ចាស់គង់នៅក្នុងចិត្តរបស់ពួកគេដែរ។ ប្រសិនបើព្រះជាម្ចាស់ដែលអ្នកស្គាល់ គឺទទេ និងមិនច្បាស់លាស់ នោះព្រះជាម្ចាស់ដែលអ្នកជឿក៏ទទេ ហើយក៏មិនច្បាស់លាស់ដែរ។ ព្រះជាម្ចាស់ដែលអ្នកស្គាល់ គឺត្រូវបានកំណត់ត្រឹមទំហំនៃជីវិតផ្ទាល់ខ្លួនរបស់អ្នក ហើយមិនមានអ្វីពាក់ព័ន្ធនឹងព្រះជាម្ចាស់ផ្ទាល់ព្រះអង្គដ៏ពិតប្រាកដនោះទេ។ ដូច្នេះហើយ ការស្គាល់សកម្មភាពជាក់ស្តែងរបស់ព្រះជាម្ចាស់ ការស្គាល់ការពិតរបស់ព្រះជាម្ចាស់ និងសព្វានុភាពរបស់ទ្រង់ ការស្គាល់អត្តសញ្ញាណពិតរបស់ព្រះជាម្ចាស់ផ្ទាល់ព្រះអង្គ ការស្គាល់ពីកម្មសិទ្ធិ និងលក្ខណៈរបស់ទ្រង់ ការស្គាល់សកម្មភាពដែលទ្រង់បានសម្តែងឱ្យឃើញនៅក្នុងចំណោមរបស់សព្វសារពើដែលទ្រង់បានបង្កើត ទាំងអស់នេះមានសារៈសំខាន់ណាស់សម្រាប់មនុស្សម្នាក់ៗ ដែលស្វែងរកចំណេះដឹងអំពីព្រះជាម្ចាស់។ ពួកវាមានមានឥទ្ធិពលផ្ទាល់មួយទៅលើថាតើមនុស្សអាចចូលទៅក្នុងតថភាពនៃសេចក្តីពិតបានទេ។ ប្រសិនបើអ្នកកម្រិតដែនកំណត់នៃការយល់ដឹងរបស់អ្នកអំពីព្រះជាម្ចាស់ ត្រឹមតែជាពាក្យសម្តី ប្រសិនបើអ្នកកម្រិតដែនកំណត់វាត្រឹមជាបទពិសោធតិចតួចផ្ទាល់ខ្លួនរបស់អ្នក ត្រឹមអ្វីដែលអ្នកវាស់ស្ទង់ពីព្រះគុណរបស់ព្រះជាម្ចាស់ ឬក៏ត្រឹមទីបន្ទាល់តិចតួចរបស់អ្នកចំពោះព្រះជាម្ចាស់ នោះខ្ញុំសូមប្រាប់ថា ព្រះជាម្ចាស់ដែលអ្នកជឿគឺពិតជាមិនមែនជាព្រះជាម្ចាស់ផ្ទាល់ព្រះអង្គដ៏ពិតនោះទេ។ មិនត្រឹមតែប៉ុណ្ណោះទេ ថែមទាំងអាចនិយាយបានថា ព្រះជាម្ចាស់ដែលអ្នកជឿ គឺជាព្រះជាម្ចាស់នៅក្នុងក្តីស្រមៃ មិនមែនជាព្រះជាម្ចាស់ដ៏ពិតនោះទេ។ នេះដោយសារតែព្រះជាម្ចាស់ដ៏ពិត គឺជាព្រះមួយអង្គដែលត្រួតត្រាលើអ្វីៗគ្រប់យ៉ាង ដែលយាងក្នុងអ្វីៗគ្រប់យ៉ាង និងដែលគ្រប់គ្រងលើអ្វីៗគ្រប់យ៉ាង។ ទ្រង់គឺជាព្រះមួយអង្គដែលកាន់កាប់វាសនារបស់មនុស្សជាតិទាំងអស់ និងអ្វីៗគ្រប់យ៉ាងដែលមាននៅក្នុងព្រះហស្ដរបស់ទ្រង់។ កិច្ចការ និងសកម្មភាពរបស់ព្រះជាម្ចាស់ដែលខ្ញុំកំពុងតែនិយាយ គឺមិនត្រូវបានកំណត់ត្រឹមតែជាមនុស្សមួយចំណែកដ៏តូចនោះទេ។ មានន័យថា ពួកគេមិនត្រូវបានកំណត់ត្រឹមតែមនុស្សដែលដើរតាមទ្រង់ពេលនេះនោះទេ។ ស្នាព្រះហស្ដរបស់ទ្រង់ត្រូវបានបង្ហាញនៅក្នុងរបស់សព្វសារពើ នៅក្នុងការរស់រាននៃរបស់សព្វសារពើ និងនៅក្នុងបទបញ្ញត្តិនៃការផ្លាស់ប្តូរនៃរបស់សព្វសារពើ។ ប្រសិនបើអ្នកមិនអាចមើលឃើញ ឬស្គាល់ស្នាព្រះហស្ដណាមួយរបស់ព្រះជាម្ចាស់នៅក្នុងរបស់សព្វសារពើនៃការបង្កើតរបស់ទ្រង់ នោះអ្នកមិនអាចនាំទីបន្ទាល់ចំពោះស្នាព្រះហស្ដណាមួយរបស់ទ្រង់នោះទេ។ ប្រសិនបើអ្នកមិនអាចនាំយកទីបន្ទាល់ថ្វាយព្រះជាម្ចាស់ ប្រសិនបើអ្នកបន្តនិយាយពី «ព្រះជាម្ចាស់» ដ៏តូចដែលអ្នកស្គាល់ ព្រះជាម្ចាស់នោះហើយដែលត្រូវបានកម្រិតដែនកំណត់ទៅតាមទស្សនៈផ្ទាល់របស់អ្នក និងមានវត្តមានតែនៅក្នុងដែនកំណត់តូចចង្អៀតនៃចិត្តរបស់អ្នក ប្រសិនបើអ្នកបន្តនិយាយអំពីព្រះជាម្ចាស់ប្រភេទនោះ នោះព្រះជាម្ចាស់នឹងមិនដែលសរសើរសេចក្តីជំនឿរបស់អ្នកនោះទេ។ នៅពេលដែលអ្នកនាំយកទីបន្ទាល់សម្រាប់ព្រះជាម្ចាស់ ប្រសិនបើអ្នកធ្វើដូច្នោះត្រឹមតែអំពីរបៀបដែលអ្នករីករាយនឹងព្រះគុណរបស់ព្រះជាម្ចាស់ របៀបដែលអ្នកទទួលយកសេចក្ដីប្រៀនប្រដៅរបស់ព្រះជាម្ចាស់ និងការវាយផ្ចាលរបស់ទ្រង់ និងរបៀបដែលអ្នករីករាយនឹងព្រះពររបស់ទ្រង់នៅក្នុងទីបន្ទាល់របស់អ្នកសម្រាប់ទ្រង់ នោះគ្មានផ្លូវដែលនៅជិត ឬក្បែរចំណុចដែលអាចធ្វើឱ្យព្រះជាម្ចាស់សព្វព្រះហឫទ័យនោះទេ។ ប្រសិនបើអ្នកចង់នាំយកទីបន្ទាល់សម្រាប់ព្រះជាម្ចាស់ តាមវិធីដែលស្របតាមបំណងព្រះហឫទ័យរបស់ទ្រង់ ដើម្បីនាំយកទីបន្ទាល់សម្រាប់ព្រះជាម្ចាស់ផ្ទាល់ព្រះអង្គដ៏ពិត នោះអ្នកត្រូវតែមើលឃើញអ្វីដែលព្រះជាម្ចាស់មាន និងអ្វីជាទ្រង់ចេញពីសកម្មភាពរបស់ទ្រង់។ អ្នកត្រូវតែមើលសិទ្ធិអំណាចរបស់ព្រះជាម្ចាស់ចេញពីការគ្រប់គ្រងអ្វីៗគ្រប់យ៉ាងរបស់ទ្រង់ ហើយមើលសេចក្តីពិតនៃវិធីដែលទ្រង់ប្រទានសម្រាប់មនុស្សជាតិទាំងអស់។ ប្រសិនបើអ្នកត្រឹមតែទទួលស្គាល់ថា ការទ្រទ្រង់ប្រចាំថ្ងៃរបស់អ្នក និងវត្ថុចាំបាច់នៅក្នុងជីវិតរបស់អ្នកមកពីព្រះជាម្ចាស់ ប៉ុន្តែអ្នកបរាជ័យក្នុងការមើលឃើញសេចក្តីពិត ដែលព្រះជាម្ចាស់បានយករបស់សព្វសារពើនៃការបង្កើតរបស់ទ្រង់សម្រាប់ការផ្គត់ផ្គង់មនុស្សជាតិ ហើយតាមរយៈការត្រួតត្រាលើរបស់សព្វសារពើ ទ្រង់កំពុងតែដឹកនាំមនុស្សជាតិទាំងអស់ នោះអ្នកនឹងមិនអាចនាំយកទីបន្ទាល់សម្រាប់ព្រះជាម្ចាស់បានទេ។ តើអ្វីជាបំណងព្រះហឫទ័យរបស់ខ្ញុំក្នុងការនិយាយរឿងទាំងអស់នេះ? នោះគឺ អ្នករាល់គ្នាមិនយកចិត្តទុកដាក់តិចតួចចំពោះរឿងនេះ នោះគឺអ្នកមិនជឿដោយច្រឡំថា ប្រធានបទដែលខ្ញុំបាននិយាយទាំងនេះ មិនទាក់ទង់នឹងច្រកចូលទៅកាន់ជីវិតផ្ទាល់ខ្លួនរបស់អ្នក ហើយអ្នកមិនយកប្រធានបទទាំងនេះត្រឹមតែជាប្រភេទនៃចំណេះដឹង ឬគោលលទ្ធិប៉ុណ្ណោះទេ។ ប្រសិនបើអ្នករាល់គ្នាស្តាប់អ្វីដែលខ្ញុំកំពុងតែនិយាយ ដោយអាកប្បកិរិយាប្រភេទនោះ នោះអ្នករាល់គ្នានឹងមិនទទួលបានអ្វីសូម្បីតែមួយនោះទេ។ អ្នករាល់គ្នានឹងបាត់បង់ឱកាសដ៏អស្ចារ្យនេះដើម្បីស្គាល់ព្រះជាម្ចាស់។
(ដកស្រង់ពី «ព្រះជាម្ចាស់ផ្ទាល់ព្រះអង្គ ជាព្រះតែមួយអង្គគត់ IX» នៃសៀវភៅ «ព្រះបន្ទូល» ភាគ២៖ អំពីការស្គាល់ព្រះជាម្ចាស់)
៤៦៤. ទោះបីជាមនុស្សអាចស្រាវជ្រាវវិទ្យាសាស្ត្រ និងច្បាប់នានាដែលគ្រប់គ្រងលើរបស់សព្វសារពើបានយ៉ាងជ្រៅជ្រះក៏ដោយ ក៏ការស្រាវជ្រាវនោះនៅតែមានដែនកំណត់ដែរ ចំណែកឯព្រះជាម្ចាស់វិញ ទ្រង់គ្រប់គ្រងគ្រប់យ៉ាងទាំងអស់ ដែលចំពោះមនុស្ស នេះគឺជាការគ្រប់គ្រងដែលគ្មានដែនកំណត់ទេ។ មនុស្សម្នាក់អាចចំណាយពេលពេញមួយជីវិតដើម្បីស្រាវជ្រាវអំពីកិច្ចការដ៏តូចបំផុតរបស់ព្រះជាម្ចាស់ដោយមិនទទួលបានលទ្ធផលពិតប្រាកដអ្វីក៏មាន។ ដូច្នេះហើយ ប្រសិនបើអ្នកប្រើតែចំណេះដឹង និងអ្វីៗដែលអ្នកបានរៀនដើម្បីសិក្សាអំពីព្រះជាម្ចាស់ នោះអ្នកនឹងមិនអាចស្គាល់ព្រះជាម្ចាស់ ឬយល់ពីទ្រង់បានឡើយ។ ប៉ុន្តែប្រសិនបើអ្នកជ្រើសរើសយកផ្លូវស្វែងរកសេចក្ដីពិត និងស្វែងរកព្រះជាម្ចាស់ ហើយពិនិត្យមើលព្រះជាម្ចាស់តាមទស្សនៈនៃការបែរមកស្គាល់ទ្រង់ នោះថ្ងៃណាមួយ អ្នកនឹងទទួលស្គាល់ថា សកម្មភាព និងព្រះប្រាជ្ញាញាណរបស់ព្រះជាម្ចាស់ គឺមាននៅគ្រប់ទីកន្លែង ហើយអ្នកនឹងបានដឹងពីមូលហេតុដែលគេហៅព្រះជាម្ចាស់ថា ម្ចាស់នៃរបស់សព្វសារពើ និងជាប្រភពនៃជីវិតសម្រាប់របស់សព្វសារពើ។ កាលណាអ្នកទទួលបានការយល់ដឹងបែបនេះកាន់តែច្រើន នោះអ្នកនឹងកាន់តែយល់ពីមូលហេតុដែលគេហៅព្រះជាម្ចាស់ថាជាម្ចាស់នៃរបស់សព្វសារពើមិនខាន។ របស់សព្វសារពើ និងរបស់គ្រប់យ៉ាងទាំងអស់ រួមទាំងខ្លួនអ្នកផង សុទ្ធតែកំពុងទទួលបានការទំនុកបម្រុងពីព្រះជាម្ចាស់ជាហូរហែឥតដាច់។ អ្នកក៏នឹងអាចដឹងយ៉ាងច្បាស់ផងដែរថា នៅក្នុងពិភពលោកនេះ និងក្នុងចំណោមមនុស្សជាតិនេះ ក្រៅពីព្រះជាម្ចាស់ គ្មាននរណាម្នាក់ដែលអាចមានសមត្ថភាព និងសារជាតិក្នុងការត្រួតត្រា គ្រប់គ្រង និងថែរក្សាអត្ថិភាពនៃរបស់សព្វសារពើនេះបានឡើយ។ នៅពេលអ្នកឈានដល់ការយល់ដឹងបែបនេះ នោះអ្នកនឹងពិតជាទទួលស្គាល់ថា ព្រះជាម្ចាស់គឺជាព្រះរបស់អ្នក។ នៅពេលអ្នកឈានដល់ចំណុចនេះ អ្នកនឹងបានទទួលយកព្រះជាម្ចាស់ដោយពិតប្រាកដ ហើយអនុញ្ញាតឱ្យទ្រង់ធ្វើជាព្រះ និងជាម្ចាស់របស់អ្នក។ នៅពេលអ្នកបានទទួលការយល់ដឹងបែបនេះ ហើយជីវិតរបស់អ្នកបានឈានដល់ចំណុចបែបនេះ នោះព្រះជាម្ចាស់នឹងលែងសាកល្បង និងជំនុំជម្រះអ្នកទៀតហើយ ហើយទ្រង់ក៏នឹងមិនទាមទារអ្វីពីអ្នកទៀតដែរ ពីព្រោះអ្នកមុខជាយល់ពីព្រះជាម្ចាស់ មុខជាស្គាល់បំណងព្រះហឫទ័យរបស់ទ្រង់ ហើយមុខជាបានទទួលយកព្រះជាម្ចាស់ចូលក្នុងដួងចិត្ដរបស់អ្នកដោយពិតប្រាកដមិនខាន។
(ដកស្រង់ពី «ព្រះជាម្ចាស់ផ្ទាល់ព្រះអង្គ ជាព្រះតែមួយអង្គគត់ VIII» នៃសៀវភៅ «ព្រះបន្ទូល» ភាគ២៖ អំពីការស្គាល់ព្រះជាម្ចាស់)
៤៦៥. ជារឿយៗ មនុស្សនិយាយថា ការស្គាល់ព្រះជាម្ចាស់មិនមែនជារឿងងាយឡើយ។ យ៉ាងណាមិញ ខ្ញុំចង់និយាយថា ការស្គាល់ព្រះជាម្ចាស់ក៏មិនមែនជារឿងពិបាកដែរ។ ដ្បិតព្រះជាម្ចាស់បង្ហាញទង្វើរបស់ទ្រង់ជាញឹកញាប់ ដើម្បីឱ្យមនុស្សមើលឃើញ។ ព្រះជាម្ចាស់មិនដែលឈប់សន្ទនាជាមួយមនុស្សជាតិឡើយ ទ្រង់មិនដែលលាក់បាំងអង្គទ្រង់ពីមនុស្ស ហើយក៏មិនបានលាក់ព្រះភ័ក្ត្រទ្រង់ផ្ទាល់នោះដែរ។ ព្រះតម្រិះ យោបល់ ព្រះបន្ទូល និងសកម្មភាពរបស់ទ្រង់ ត្រូវបានបើកសម្ដែងឱ្យមនុស្សជាតិបានឃើញ។ ដូច្នេះ ដរាបណាមនុស្សចង់ស្គាល់ព្រះជាម្ចាស់ នោះគេនឹងអាចយល់ ហើយស្គាល់ទ្រង់តាមរយៈមធ្យោបាយ និងវិធីសាស្ត្រគ្រប់ប្រភេទមិនខាន។ ហេតុផលដែលមនុស្សគិតទាំងងងឹតងងល់ថា ព្រះជាម្ចាស់មានបំណងគេចវេះពីគេ គិតថាព្រះជាម្ចាស់មានបំណងលាក់ព្រះភ័ក្ត្រទ្រង់ពីមនុស្ស គិតថាព្រះជាម្ចាស់គ្មានបំណងចង់ឱ្យមនុស្សយល់ និងស្គាល់ទ្រង់នោះ គឺដោយសារតែគេមិនស្គាល់ថាទ្រង់ជានរណា ហើយក៏គ្មានចិត្តចង់យល់ពីព្រះជាម្ចាស់ដែរ។ លើសពីនេះទៅទៀត មនុស្សមិនខ្វល់ជាមួយព្រះតម្រិះ ព្រះបន្ទូល ឬទង្វើរបស់ព្រះជាម្ចាស់នោះឡើយ...។ និយាយដោយត្រង់ បើមនុស្សគ្រាន់តែប្រើពេលទំនេររបស់គេ ដើម្បីផ្ដោតអារម្មណ៍ និងយល់ពីព្រះបន្ទូល ឬទង្វើរបស់ព្រះអាទិករ ហើយបើគេយកចិត្តទុកដាក់តែបន្ដិចចំពោះព្រះតម្រិះរបស់ព្រះអាទិករ និងព្រះសូរសៀងនៃព្រះហឫទ័យរបស់ទ្រង់ នោះវានឹងមិនពិបាកសម្រាប់មនុស្សក្នុងការទទួលស្គាល់ថា ព្រះតម្រិះ ព្រះបន្ទូល និងទង្វើរបស់ព្រះអាទិករ ពិតជាច្បាស់ៗ និងមានតម្លាភាពនោះឡើយ។ ដូចគ្នាដែរ វានឹងត្រូវការកិច្ចខិតខំប្រឹងប្រែងតែបន្ដិចប៉ុណ្ណោះក្នុងការទទួលស្គាល់ថា ព្រះអាទិករគង់នៅក្នុងចំណោមមនុស្សគ្រប់ពេលវេលា ទទួលស្គាល់ថា ទ្រង់តែងតែសន្ទនាជាមួយមនុស្ស និងការបង្កើតទាំងអស់ និងទទួលស្គាល់ទៀតថា ទ្រង់កំពុងតែធ្វើសកម្មភាពថ្មីៗជារៀងរាល់ថ្ងៃ។ សារជាតិ និងនិស្ស័យរបស់ទ្រង់ត្រូវបានស្ដែងចេញនៅក្នុងកិច្ចសន្ទនារបស់ទ្រង់ជាមួយមនុស្ស ហើយព្រះតម្រិះ និងយោបល់របស់ទ្រង់ត្រូវបានស្ដែងចេញទាំងអស់នៅក្នុងសកម្មភាពរបស់ទ្រង់។ ទ្រង់គង់នៅជាមួយ និងទតឃើញមនុស្សជាតិគ្រប់ពេលវេលា។ ទ្រង់មានបន្ទូលស្ងាត់ៗទៅកាន់មនុស្សជាតិ និងការបង្កើតទាំងអស់ ដោយព្រះបន្ទូលស្ងាត់ៗថា៖ «ខ្ញុំគង់នៅក្នុងស្ថានសួគ៌ ហើយខ្ញុំស្ថិតនៅក្នុងចំណោមការបង្កើតរបស់ខ្ញុំ។ ខ្ញុំកំពុងតែបន្តទតមើល បន្តរង់ចាំ ហើយខ្ញុំគង់នៅខាងអ្នកហើយ...»។ ព្រះហស្តរបស់ទ្រង់ពោរពេញដោយភាពកក់ក្ដៅ និងរឹងមាំ។ ដានព្រះបាទាទ្រង់ជាពន្លឺ។ ព្រះសូរសៀងរបស់ទ្រង់ទន់ភ្លន់ និងពេញដោយព្រះគុណ។ ទម្រង់របស់ទ្រង់ឆ្លងកាត់ និងត្រឡប់មកវិញម្ដងហើយម្ដងទៀត ដោយក្រសោបយកមនុស្សជាតិទាំងអស់។ ទឹកព្រះភ័ក្ត្ររបស់ទ្រង់ស្រស់ស្អាត និងស្លូតបូត។ ទ្រង់មិនដែលចាកចោល ក៏មិនដែលបាត់សូន្យនោះដែរ។ ទោះថ្ងៃ ឬយប់ ទ្រង់ជាបុគ្គលជំនិតរបស់មនុស្សជាតិជានិច្ច គឺមិនដែលចាកចោលពួកគេឡើយ។
(ដកស្រង់ពី «ព្រះជាម្ចាស់ផ្ទាល់ព្រះអង្គ ជាព្រះតែមួយអង្គគត់ II» នៃសៀវភៅ «ព្រះបន្ទូល» ភាគ២៖ អំពីការស្គាល់ព្រះជាម្ចាស់)
៤៦៦. នៅពេលដែលមនុស្សមិនយល់អំពីព្រះជាម្ចាស់ ហើយមិនដឹងអំពីនិស្ស័យរបស់ទ្រង់ នោះដួងចិត្តរបស់គេមិនអាចបើកចំហចំពោះទ្រង់ឡើយ។ នៅពេលដែលពួកគេបានយល់អំពីព្រះជាម្ចាស់ នោះពួកគេនឹងចាប់ផ្ដើមកោតសរសើរ និងឱ្យតម្លៃលើអ្វីដែលមាននៅក្នុងព្រះហឫទ័យរបស់ទ្រង់ ដោយការចាប់អារម្មណ៍ និងសេចក្តីជំនឿ។ នៅពេលដែលអ្នកកោតសរសើរ និងឱ្យតម្លៃលើអ្វីដែលមាននៅក្នុងព្រះហឫទ័យរបស់ព្រះជាម្ចាស់ នោះដួងចិត្តរបស់អ្នកនឹងបើកចំហចំពោះទ្រង់បន្ដិចម្ដងៗមិនខាន។ នៅពេលដែលដួងចិត្តរបស់អ្នកបើកចំហចំពោះទ្រង់ នោះអ្នកនឹងមានអារម្មណ៍អាម៉ាស់ និងគួរឱ្យខ្ពើមអំពីកិច្ចសន្ទនារបស់អ្នកជាមួយព្រះជាម្ចាស់ អំពីការទាមទារចង់បានរបស់អ្នកពីព្រះជាម្ចាស់ និងអំពីបំណងប្រាថ្នាដ៏ខ្ជីខ្ជារបស់អ្នក។ នៅពេលដែលដួងចិត្តរបស់អ្នកបើកចំហយ៉ាងពិតប្រាកដចំពោះព្រះជាម្ចាស់ នោះអ្នកនឹងមើលឃើញថា ព្រះហឫទ័យរបស់ទ្រង់គឺជាពិភពលោកមួយដែលគ្មានដែនកំណត់ ហើយអ្នកនឹងចូលទៅក្នុងពិភពលោកមួយ ដែលអ្នកមិនធ្លាប់មានបទពិសោធពីមុនមកឡើយ។ នៅក្នុងពិភពមួយនេះ វាគ្មានការបោកប្រាស់ គ្មានការបោកបញ្ឆោត គ្មានសេចក្តីងងឹត ហើយក៏គ្មានការអាក្រក់ដែរ។ វាមានតែភាពស្មោះសរ និងសេចក្តីស្មោះត្រង់ មានតែពន្លឺ និងភាពត្រឹមត្រូវ មានតែសេចក្តីសុចរិត និងសេចក្តីសប្បុរសប៉ុណ្ណោះ។ វាជាពិភពមួយដែលពេញដោយសេចក្តីស្រឡាញ់ និងការយកចិត្តទុកដាក់ ពេញដោយសេចក្តីមេត្តាករុណា និងសេចក្តីអត់ឱន ហើយតាមរយៈពិភពមួយនេះ អ្នកមានអារម្មណ៍អំពីសេចក្តីសុខ និងសេចក្តីអំណរនៃការមានជីវិតរស់នៅទីនោះ។ ចំណុចទាំងនេះគឺជាអ្វីដែលព្រះជាម្ចាស់នឹងបើកសម្ដែងដល់អ្នក នៅពេលដែលអ្នកបើកចំហដួងចិត្តរបស់អ្នកដល់ទ្រង់។ ពិភពលោកដែលគ្មានដែនកំណត់នេះ គឺជាពិភពមួយ ដែលពេញដោយព្រះប្រាជ្ញាញាណ និងសព្វានុភាពរបស់ព្រះជាម្ចាស់ ហើយវាក៏ពេញដោយសេចក្តីស្រឡាញ់ និងសិទ្ធិអំណាចរបស់ទ្រង់ដែរ។ នៅក្នុងពិភពនេះ អ្នកអាចមើលឃើញគ្រប់ទាំងទិដ្ឋភាពនៃកម្មសិទ្ធិ និងលក្ខណៈរបស់ទ្រង់ មើលឃើញអ្វីដែលនាំឱ្យទ្រង់មានអំណរ អ្វីដែលនាំឱ្យទ្រង់ខ្វល់ខ្វាយ អ្វីដែលនាំឱ្យទ្រង់កើតទុក្ខ ព្រមទាំងអ្វីដែលនាំឱ្យទ្រង់ខ្ញាល់...។ នេះជាអ្វីដែលមនុស្សគ្រប់រូបអាចមើលឃើញ សម្រាប់អ្នកដែលបើកចំហដួងចិត្តរបស់គេ ហើយអនុញ្ញាតឱ្យព្រះជាម្ចាស់យាងចូល។ ព្រះជាម្ចាស់អាចយាងចូលក្នុងដួងចិត្តរបស់អ្នកបាន លុះត្រាតែអ្នកបើកចំហឱ្យទ្រង់យាងចូល។ អ្នកអាចមើលឃើញកម្មសិទ្ធិ និងលក្ខណៈរបស់ទ្រង់បាន ហើយអ្នកអាចមើលឃើញពីបំណងព្រះហឫទ័យរបស់ទ្រង់សម្រាប់អ្នកបាន លុះត្រាតែទ្រង់យាងចូលក្នុងដួងចិត្តរបស់អ្នក។ នៅពេលនោះ អ្នកនឹងស្វែងយល់ឃើញថា អ្វីៗគ្រប់យ៉ាងអំពីព្រះជាម្ចាស់ពិតជាមានតម្លៃ ព្រមទាំងដឹងទៀតថា កម្មសិទ្ធិ និងលក្ខណៈរបស់ទ្រង់ គឺជាកំណប់ទ្រព្យដ៏មានតម្លៃបំផុត។ បើប្រៀបធៀបជាមួយការនេះ មនុស្សដែលនៅជុំវិញអ្នក វត្ថុ និងព្រឹត្តិការណ៍នៅក្នុងជីវិតរបស់អ្នក ហើយថែមទាំងមនុស្សជាទីស្រឡាញ់របស់អ្នក ដៃគូរបស់អ្នក ព្រមទាំងអ្វីៗដែលអ្នកចូលចិត្តនោះ គឺគ្មានតម្លៃនឹងប្រៀបស្មើបានឡើយ។ អ្វីៗទាំងនេះគឺតូចតាច និងទន់ទាបណាស់។ អ្នកនឹងមានអារម្មណ៍ថា គ្មានវត្ថុខាងសម្ភារៈណានឹងអាចទាញអ្នកឱ្យត្រលប់មកវិញ ឬមានអារម្មណ៍ថា គ្មានវត្ថុសម្ភារៈណាមួយនឹងអាចទាក់ទាញអ្នកឱ្យបង់ថ្លៃណាមួយសម្រាប់វាឡើយ។ នៅក្នុងការបន្ទាបអង្គទ្រង់របស់ព្រះជាម្ចាស់ អ្នកនឹងមើលឃើញពីភាពធំធេង និងភាពខ្ពង់ខ្ពស់របស់ទ្រង់។ លើសពីនេះទៅទៀត អ្នកនឹងមើលឃើញនៅក្នុងស្នាព្រះហស្ដមួយចំនួនរបស់ព្រះជាម្ចាស់ដែលអ្នកធ្លាប់បានជឿតិចតួចអំពីព្រះប្រាជ្ញាញាណដ៏គ្មានព្រំដែន និងសេចក្តីអត់ឱនរបស់ទ្រង់ ហើយអ្នកនឹងមើលឃើញពីព្រះទ័យអត់ធ្មត់ ព្រះទ័យអត់ទ្រាំ និងការយល់របស់ទ្រង់ពីអ្នក។ ការនេះនឹងធ្វើឱ្យអ្នកមានការគោរពស្ញប់ស្ញែងចំពោះទ្រង់។ នៅថ្ងៃនោះ អ្នកនឹងមានអារម្មណ៍ថា មនុស្សជាតិកំពុងតែរស់នៅក្នុងពិភពលោកដ៏ស្មោកគ្រោក មានអារម្មណ៍ថា មនុស្សដែលនៅជិតអ្នក និងអ្វីៗដែលកើតឡើងនៅក្នុងជីវិតរបស់អ្នក ហើយថែមទាំងមនុស្សដែលអ្នកស្រឡាញ់ សេចក្តីស្រឡាញ់របស់ពួកគេចំពោះអ្នក ព្រមទាំងការការពារ និងក្ដីកង្វល់របស់ពួកគេដែលមានចំពោះអ្នកនោះ គឺមិនសក្ដិសមនឹងលើកឡើងនោះឡើយ។ គឺមានតែព្រះជាម្ចាស់មួយអង្គគត់ដែលជាព្រះដ៏ជាទីស្រឡាញ់របស់អ្នក ហើយមានតែព្រះជាម្ចាស់មួយអង្គប៉ុណ្ណោះដែលអ្នកត្រូវឱ្យតម្លៃយ៉ាងខ្ពស់បំផុត។ នៅពេលដែលថ្ងៃនោះមកដល់ ខ្ញុំជឿថា វានឹងមានមនុស្សខ្លះដែលនិយាយថា៖ សេចក្តីស្រឡាញ់របស់ព្រះជាម្ចាស់ពិតជាធំធេងណាស់ ហើយសារជាតិរបស់ទ្រង់ក៏បរិសុទ្ធដែរ គឺថានៅក្នុងព្រះជាម្ចាស់ គ្មានការបោកបញ្ឆោត គ្មានការអាក្រក់ គ្មានការច្រណែន ហើយក៏គ្មានជម្លោះនោះដែរ គឺមានតែសេចក្តីសុចរិត និងភាពពិតប្រាកដ ហើយអ្វីៗគ្រប់យ៉ាងដែលជាកម្មសិទ្ធិ និងលក្ខណៈរបស់ទ្រង់ គួរតែជាអ្វីដែលមនុស្សទន្ទឹងចង់បាន។ មនុស្សគួរតែស្វះស្វែង និងចង់បានវា។ តើសមត្ថភាពរបស់មនុស្សជាតិដែលចង់សម្រេចនោះ ត្រូវបានសង់ពីលើមូលដ្ឋានអ្វីទៅ? វាត្រូវបានសង់ពីលើមូលដ្ឋាននៃការយល់ដឹងអំពីនិស្ស័យរបស់ព្រះជាម្ចាស់ និងការយល់ដឹងរបស់ពួកគេអំពីសារជាតិរបស់ព្រះជាម្ចាស់។ ដូច្នេះ ការយល់ដឹងអំពីនិស្ស័យរបស់ព្រះជាម្ចាស់ ព្រមទាំងការយល់ដឹងអំពីកម្មសិទ្ធិ និងលក្ខណៈរបស់ទ្រង់ គឺជាមេរៀនពេញមួយជីវិតសម្រាប់មនុស្សគ្រប់រូប។ នេះជាគោលដៅពេញមួយជីវិតដែលត្រូវដេញតាមដោយមនុស្សគ្រប់រូប ដែលស្វះស្វែងចង់ផ្លាស់ប្ដូរនិស្ស័យរបស់ពួកគេ ព្រមទាំងស្វះស្វែងចង់ស្គាល់ព្រះជាម្ចាស់។
(ដកស្រង់ពី «កិច្ចការរបស់ព្រះជាម្ចាស់ និស្ស័យរបស់ព្រះជាម្ចាស់ និងព្រះជាម្ចាស់ផ្ទាល់ព្រះអង្គ III» នៃសៀវភៅ «ព្រះបន្ទូល» ភាគ២៖ អំពីការស្គាល់ព្រះជាម្ចាស់)
៤៦៧. ព្រះជាម្ចាស់ផ្ទាល់ព្រះអង្ក គឺជាព្រះជាម្ចាស់។ ទ្រង់នឹងមិនក្លាយជាផ្នែកមួយនៃការបង្កើតឡើង ហើយទោះបីជាទ្រង់ក្លាយជាសមាជិកម្នាក់នៃភាវៈដែលទ្រង់បង្កើតមកក៏ដោយ ក៏និស្ស័យ និងសារជាតិដែលមានតាំងពីដើមមករបស់ទ្រង់នឹងមិនផ្លាស់ប្ដូរឡើយ។ ដូច្នេះ ការស្គាល់ព្រះជាម្ចាស់ គឺមិនដូចគ្នាទៅនឹងការស្គាល់វត្ថុអ្វីមួយឡើយ។ ការស្គាល់ព្រះជាម្ចាស់ មិនមែនជាការពិនិត្យអ្វីមួយ ហើយក៏មិនដូចគ្នាទៅនឹងការយល់អំពីមនុស្សម្នាក់ដែរ។ ប្រសិនបើមនុស្សម្នាក់ប្រើគោលគំនិត ឬវិធីសាស្ត្រនៃការស្គាល់វត្ថុមួយ ឬការយល់ពីមនុស្សម្នាក់ ដើម្បីស្គាល់ព្រះជាម្ចាស់ នោះអ្នកនឹងមិនអាចទទួលបានចំណេះដឹងអំពីព្រះជាម្ចាស់ឡើយ។ ការស្គាល់ព្រះជាម្ចាស់មិនពឹងអាងលើបទពិសោធ ឬការស្រមើស្រមៃឡើយ ដូច្នេះ អ្នកមិនត្រូវប្រើបទពិសោធ ឬការស្រមើស្រមៃរបស់អ្នកទៅលើព្រះជាម្ចាស់ឡើយ។ ទោះបីអ្នកអាចមានបទពិសោធ និងការស្រមើស្រមៃច្រើនបែបណា ក៏វានៅតែមានកម្រិតដែរ។ លើសពីនេះ ការស្រមើស្រមៃរបស់អ្នកមិនឆ្លើយតបចំពោះតថភាពពិត ហើយក៏មិនឆ្លើយតបចំពោះសេចក្តីពិតដែរ ព្រោះវាមិនស្របជាមួយនិស្ស័យ និងសារជាតិដ៏ពិតរបស់ព្រះជាម្ចាស់ឡើយ។ អ្នកនឹងមិនដែលទទួលបានជោគជ័យឡើយ បើអ្នកពឹងអាងលើការស្រមើស្រមៃរបស់អ្នក ដើម្បីយល់អំពីសារជាតិរបស់ព្រះជាម្ចាស់នោះ។ ផ្លូវតែមួយគត់គឺ៖ ត្រូវទទួលយកអ្វីៗទាំងអស់ដែលមកពីព្រះជាម្ចាស់ បន្ទាប់មក ត្រូវដកពិសោធ និងយល់ដឹងអំពីវាបន្ដិចម្ដងៗ។ ថ្ងៃមួយនឹងមកដល់ ដែលព្រះជាម្ចាស់នឹងបំភ្លឺអ្នកឱ្យយល់ និងដឹងយ៉ាងពិតប្រាកដអំពីទ្រង់ ដោយសារតែកិច្ចសហប្រតិបត្តិការរបស់អ្នក និងដោយសារតែចិត្តស្រេកឃ្លានរបស់អ្នកចំពោះសេចក្តីពិត។
(ដកស្រង់ពី «ព្រះជាម្ចាស់ផ្ទាល់ព្រះអង្គ ជាព្រះតែមួយអង្គគត់ II» នៃសៀវភៅ «ព្រះបន្ទូល» ភាគ២៖ អំពីការស្គាល់ព្រះជាម្ចាស់)
៤៦៨. «ការកោតខ្លាចព្រះជាម្ចាស់ និងការគេចចេញពីសេចក្ដីអាក្រក់» និងការស្គាល់ព្រះជាម្ចាស់ ត្រូវបានផ្សារភ្ជាប់គ្នាឥតដាច់ដោយតំណជាច្រើន ហើយការផ្សារភ្ជាប់រវាងសេចក្ដីទាំងនេះបញ្ជាក់ចេញមកយ៉ាងច្បាស់ ដោយមិនបាច់ពន្យល់។ ប្រសិនបើមនុស្សម្នាក់ចង់ទទួលបានការគេចចេញពីសេចក្ដីអាក្រក់ ដំបូងគេត្រូវមានការកោតខ្លាចពិតចំពោះព្រះជាម្ចាស់ ប្រសិនបើគេចង់ទទួលបានការកោតខ្លាចពិតចំពោះព្រះជាម្ចាស់ ដំបូងគេត្រូវតែមានចំណេះដឹងពិតអំពីព្រះជាម្ចាស់ ប្រសិនបើគេចង់ទទួលបានចំណេះដឹងពិតអំពីព្រះជាម្ចាស់ ដំបូងគេត្រូវឆ្លងកាត់ព្រះបន្ទូលរបស់ព្រះជាម្ចាស់ ចូលទៅក្នុងតថភាពនៃព្រះបន្ទូលរបស់ព្រះជាម្ចាស់ ឆ្លងកាត់ការវាយផ្ចាល និងការជំនុំជម្រះរបស់ទ្រង់ ប្រសិនបើមនុស្សចង់ឆ្លងកាត់ព្រះបន្ទូលរបស់ព្រះជាម្ចាស់ ដំបូងគេត្រូវប្រឈមនឹងព្រះបន្ទូលរបស់ព្រះជាម្ចាស់ដោយមុខទល់នឹងមុខ ប្រឈមនឹងព្រះជាម្ចាស់ដោយមុខទល់នឹងមុខ និងទូលសុំព្រះជាម្ចាស់ឱ្យប្រទានឱកាសឆ្លងកាត់ព្រះបន្ទូលរបស់ព្រះជាម្ចាស់ក្នុងគ្រប់សណ្ឋាន គ្រប់ប្រភេទនៃបរិយាកាសទាក់ទងនឹងមនុស្ស ព្រឹត្តិការណ៍ និងវត្ថុបំណង ហើយប្រសិនបើគេចង់ប្រឈមជាមួយព្រះជាម្ចាស់ និងព្រះបន្ទូលរបស់ទ្រង់ដោយមុខទល់នឹងមុខ ដំបូងគេត្រូវមានចិត្តសាមញ្ញ និងស្មោះត្រង់ មានការត្រៀមខ្លួនទទួលសេចក្ដីពិត និងមានឆន្ទៈក្នុងការទ្រាំទ្រទុក្ខលំបាក មានការតាំងចិត្ត និងភាពក្លាហានក្នុងការគេចចេញពីសេចក្ដីអាក្រក់ និងមានមហិច្ឆតាចង់ក្លាយជាមនុស្សដែលត្រូវបានបង្កើតពិតប្រាកដ...។ តាមវិធីនេះ អ្នកនឹងចូលទៅកៀកព្រះជាម្ចាស់ ដោយឆ្ពោះទៅមុខមួយជំហានម្ដងៗ ដួងចិត្តរបស់អ្នកនឹងរឹតតែស្អាតបរិសុទ្ធ ហើយជីវិត និងគុណតម្លៃនៃការរស់រានរបស់អ្នក នឹងកាន់តែមានន័យ ក្នុងការដែលអ្នកចាប់ផ្ដើមស្គាល់ព្រះជាម្ចាស់ កាន់តែមានន័យ និងកាន់តែមានរស្មី។ លុះដល់ថ្ងៃមួយ អ្នកនឹងដឹងថា ព្រះ អាទិករលែងជាប្រស្នាទៀតហើយ ដឹងថាព្រះអាទិករមិនធ្លាប់លាក់បំពួនពីអ្នកឡើយ ដឹងថាព្រះអាទិករមិនធ្លាប់លាក់ព្រះភក្ត្រពីអ្នក ដឹងថាព្រះអាទិករនៅមិនឆ្ងាយពីអ្នក ដឹងថាព្រះអាទិករលែងជាព្រះដែលអ្នកចង់បានជាដរាប ក្នុងគំនិតរបស់អ្នកទៀតហើយ ប៉ុន្តែជាព្រះដែលអ្នកមិនអាចឈោងដល់ដោយអារម្មណ៍របស់អ្នក ដឹងថាទ្រង់ពិតជា និងប្រាកដជាកំពុងឈរការពារអ្នកពីខាងឆ្វេង ដល់ខាងស្ដាំអ្នក ទាំងផ្គត់ផ្គង់ជីវិតអ្នក ហើយគ្រប់គ្រងជោគវាសនារបស់អ្នកផង។ ទ្រង់មិនមែននៅជើងមេឃសន្លឹម ក៏មិនបានលាក់បំពួនអង្គទ្រង់យ៉ាងខ្ពស់នៅក្នុងពពកដែរ។ ទ្រង់នៅក្បែរអ្នកបង្កើយ ដោយគង់ជាម្ចាស់លើគ្រប់យ៉ាងជារបស់អ្នក ទ្រង់ជាអ្វីៗគ្រប់យ៉ាងដែលអ្នកមាន ហើយទ្រង់ជារបស់តែមួយគត់ដែលអ្នកមាន។ ព្រះជាម្ចាស់បែបនេះ អនុញ្ញាតឱ្យអ្នកស្រឡាញ់ទ្រង់ចេញពីចិត្ត ប្រតោងទ្រង់ឱ្យជាប់ ប្រទាញទ្រង់ឱ្យកៀក ស្ងើចសរសើរទ្រង់ ខ្លាចបាត់បង់ទ្រង់ ហើយមិនព្រមបោះបង់ទ្រង់តទៅទៀត លែងរឹងចចេសនឹងទ្រង់ ឬលែងគេចពីទ្រង់ ឬនៅឆ្ងាយពីទ្រង់។ គ្រប់យ៉ាងដែលអ្នកចង់បានគឺយកចិត្តទុកដាក់នឹងទ្រង់ តបស្នងគ្រប់យ៉ាងដែលទ្រង់ប្រទានឱ្យអ្នក ហើយចុះចូលនឹងអំណាចគ្រប់គ្រងរបស់ទ្រង់។ អ្នកលែងបដិសេធមិនឱ្យទ្រង់ដឹងនាំ មិនឱ្យទ្រង់ផ្គត់ផ្គង់ មិនឱ្យទ្រង់ការពារ និងមិនឱ្យទ្រង់ថែរក្សា លែងបដិសេធនូវអ្វីដែលទ្រង់បង្គាប់ និងបញ្ជាឱ្យអ្នកធ្វើទៀតហើយ។ គ្រប់យ៉ាងដែលអ្នកចង់បានគឺដើរតាមទ្រង់ នៅជិតទ្រង់ដោយសហការនឹងទ្រង់ គ្រប់យ៉ាងដែលអ្នកចង់បានគឺទទួលទ្រង់ធ្វើជាជីវិតតែមួយគត់របស់អ្នក ទទួលទ្រង់ធ្វើជាព្រះអម្ចាស់តែមួយគត់របស់អ្នក និងជាព្រះជាម្ចាស់តែមួយគត់របស់អ្នក។
(ដកស្រង់ពី «អារម្ភកថា» នៃសៀវភៅ «ព្រះបន្ទូល» ភាគ២៖ អំពីការស្គាល់ព្រះជាម្ចាស់)