ឋ. ស្ដីពីរបៀបបម្រើព្រះជាម្ចាស់ និងធ្វើបន្ទាល់អំពីទ្រង់

៤៦៩. តាំងពីដើមដំបូងដែលកិច្ចការរបស់ព្រះជាម្ចាស់បានចាប់ផ្ដើមនៅទូទាំងសាកលលោកមក ព្រះអង្គបានតម្រូវទុកមនុស្សជាច្រើនជាមុនរួចស្រេចដើម្បីបម្រើទ្រង់ ដោយរាប់ទាំងមនុស្សមកពីគ្រប់ដំណើរជីវិតផង។ គោលបំណងរបស់ទ្រង់ គឺដើម្បីបំពេញតាមបំណងព្រះហឫទ័យរបស់ទ្រង់ និងដើម្បីធ្វើឱ្យកិច្ចការរបស់ទ្រង់នៅលើផែនដី បានសម្រេចទៅយ៉ាងរលូន។ នេះគឺជាគោលបំណងរបស់ព្រះជាម្ចាស់ក្នុងការរើសតាំងមនុស្សឱ្យបម្រើទ្រង់។ មនុស្សគ្រប់រូបដែលបម្រើព្រះជាម្ចាស់ ត្រូវតែយល់ពីបំណងព្រះហឫទ័យរបស់ទ្រង់។ គឺកិច្ចការរបស់ទ្រង់នេះហើយ ដែលធ្វើឱ្យមនុស្សមើលឃើញពីព្រះប្រាជ្ញាញាណ និងសព្វានុភាពរបស់ព្រះជាម្ចាស់ ព្រមទាំងគោលការណ៍នៃកិច្ចការរបស់ទ្រង់នៅលើផែនដីបានកាន់តែច្បាស់។ ព្រះជាម្ចាស់ពិតជាបានយាងមកកាន់ផែនដីដើម្បីបំពេញកិច្ចការរបស់ទ្រង់មែន ដើម្បីភ្ជាប់ទំនាក់ទំនងជាមួយមនុស្ស ដើម្បីឱ្យពួកគេអាចស្គាល់កិច្ចការរបស់ទ្រង់បានកាន់តែច្បាស់។ សព្វថ្ងៃ មានមនុស្សមួយក្រុមពោលគឺអ្នករាល់គ្នានេះឯង ដែលមានសំណាងបានបម្រើព្រះដ៏ជាក់ស្ដែង។ នេះពិតជាព្រះពរដ៏ច្រើនឥតគណនាសម្រាប់អ្នករាល់គ្នា ដែលព្រះជាម្ចាស់បានរើសតាំងអ្នករាល់គ្នាឡើង។ ព្រះជាម្ចាស់តែងតែមានគោលការណ៍របស់ទ្រង់នៅក្នុងការរើសតាំងមនុស្សឱ្យបម្រើទ្រង់។ ការបម្រើព្រះជាម្ចាស់មិនមែនជារឿងសាមញ្ញគួរឱ្យសប្បាយរីករាយ ដូចអ្វីដែលមនុស្សស្រមើស្រមៃឡើយ។ សព្វថ្ងៃនេះ អ្នករាល់គ្នាមើលឃើញហើយថា មនុស្សទាំងអស់ដែលបម្រើនៅចំពោះព្រះភក្រ្តព្រះជាម្ចាស់ គឺពួកគេបម្រើទ្រង់ដោយសារតែពួកគេមានការណែនាំពីព្រះជាម្ចាស់ និងមានកិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធ និងដោយសារតែពួកគេជាមនុស្សដែលស្វែងរកសេចក្ដីពិត។ លក្ខខណ្ឌទាំងនេះតិចតួចណាស់សម្រាប់អ្នកដែលបម្រើព្រះនោះ។

(ដកស្រង់ពី «ការបម្រើសាសនា ត្រូវតែផាត់ចោលជាដាច់ខាត» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)

៤៧០. អស់អ្នកដែលបម្រើព្រះជាម្ចាស់ គួរតែជាអ្នកជិតស្និទ្ធរបស់ព្រះជាម្ចាស់ ពួកគេគួរតែផ្គាប់ព្រះហឫទ័យព្រះជាម្ចាស់ ហើយមានភាពស្មោះត្រង់បំផុតចំពោះព្រះជាម្ចាស់។ មិនថាអ្នកធ្វើសកម្មភាពជាឯកជន ឬនៅទីសាធារណៈ អ្នកអាចទទួលបានសេចក្តីអំណររបស់ព្រះជាម្ចាស់នៅចំពោះព្រះជាម្ចាស់ អ្នកអាចឈរមាំនៅចំពោះព្រះជាម្ចាស់ ហើយទោះបីមនុស្សដទៃប្រព្រឹត្តនឹងអ្នកយ៉ាងណា ក៏អ្នកតែងតែដើរតាមផ្លូវដែលអ្នកគួរតែដើរជានិច្ច ហើយយកចិត្តទុកដាក់ដល់បន្ទុករបស់ព្រះជាម្ចាស់យ៉ាងល្អិតល្អន់។ មានតែមនុស្សជំពូកនេះទេ ទើបជាមិត្តសម្លាញ់របស់ព្រះជាម្ចាស់។ មិត្តសម្លាញ់របស់ព្រះជាម្ចាស់ទាំងអស់នោះ អាចបម្រើទ្រង់ដោយផ្ទាល់ ព្រោះពួកគេត្រូវបានប្រគល់នូវបញ្ជាបេសកកម្មដ៏អស្ចារ្យ និងបន្ទុករបស់ព្រះជាម្ចាស់ ពួកគេអាចយកព្រះហឫទ័យរបស់ព្រះជាម្ចាស់ដាក់នៅក្នុងដួងចិត្តរបស់ពួកគេ ហើយយកបន្ទុករបស់ព្រះជាម្ចាស់ធ្វើជាបន្ទុករបស់ពួកគេផ្ទាល់ ហើយពួកគេមិនគិតពីអនាគតរបស់ពួកគេឡើយ៖ សូម្បីតែនៅពេលដែលពួកគេមិនមានការរំពឹងទុក ហើយពួកគេឈរមាំទាំងមិនបានទទួលអ្វីសោះ ក៏ពួកគេនៅតែជឿលើព្រះជាម្ចាស់ដោយចិត្តស្រទ្បាញ់។ ហេតុដូច្នេះ មនុស្សជំពូកនេះគឺជាមិត្តសម្លាញ់របស់ព្រះជាម្ចាស់។ មិត្តសម្លាញ់របស់ព្រះជាម្ចាស់ ក៏ជាអ្នកជិតស្និទ្ធរបស់ទ្រង់ដែរ។ មានតែអ្នកជិតស្និទ្ធរបស់ព្រះជាម្ចាស់ប៉ុណ្ណោះ ទើបអាចចែករំលែកនូវភាពល្វើយរបស់ទ្រង់ និងព្រះតម្រិះរបស់ទ្រង់ ហើយទោះបីសាច់ឈាមរបស់ពួកគេឈឺចាប់ និងខ្សោយក៏ដោយ ក៏ពួកគេអាចស៊ូទ្រាំនឹងការឈឺចាប់ និងលះបង់អ្វីដែលពួកគេចូលចិត្ត ដើម្បីផ្គាប់ព្រះហឫទ័យព្រះជាម្ចាស់។ ព្រះជាម្ចាស់ដាក់បន្ទុកកាន់តែច្រើនដល់មនុស្សជំពូកនេះ ហើយអ្វីដែលព្រះជាម្ចាស់សព្វព្រះហឫទ័យ ត្រូវបានស្តែងចេញតាមរយៈទីបន្ទាល់របស់មនុស្សជំពូកនេះ។ ដូច្នេះ មនុស្សទាំងនេះគាប់ព្រះហឫទ័យព្រះជាម្ចាស់ ពួកគេជាអ្នកបម្រើរបស់ព្រះជាម្ចាស់ ដែលដើរតាមបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ ហើយមានតែមនុស្សជំពូកនេះប៉ុណ្ណោះ ដែលអាចគ្រងរាជ្យជាមួយព្រះជាម្ចាស់បាន។ នៅពេលដែលអ្នកបានក្លាយជាមិត្តសម្លាញ់របស់ព្រះជាម្ចាស់ ពិតប្រាកដណាស់ ជាពេលដែលអ្នកនឹងគ្រងរាជ្យជាមួយនឹងព្រះជាម្ចាស់។

(ដកស្រង់ពី «របៀបបម្រើ ស្របគ្នាទៅនឹងបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)

៤៧១. អ្នកដែលបម្រើព្រះជាម្ចាស់ដោយពិតប្រាកដ គឺជាមនុស្សម្នាក់ដែលធ្វើតាមបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ ជាអ្នកស័ក្តិសមឱ្យព្រះជាម្ចាស់ប្រើ និងជាអ្នកដែលអាចលះបង់នូវសញ្ញាណសាសនារបស់ពួកគេបាន។ ប្រសិនបើអ្នកចង់ហូប និងផឹកព្រះបន្ទូលរបស់ព្រះជាម្ចាស់ ដើម្បីឱ្យទទួលបានផលផ្លែនោះ ដូច្នេះ អ្នកត្រូវតែលះបង់សញ្ញាណសាសនារបស់អ្នក។ ប្រសិនបើអ្នកមានបំណងចង់បម្រើព្រះជាម្ចាស់ នោះវារឹតតែចាំបាច់ក្នុងការបោះបង់សញ្ញាណសាសនាជាមុនសិន ហើយស្ដាប់បង្គាប់តាមព្រះបន្ទូលរបស់ព្រះជាម្ចាស់នៅគ្រប់ការទាំងអស់ដែលអ្នកធ្វើ។ នេះជាអ្វីដែលអ្នកបម្រើព្រះគួរមាន។ ប្រសិនបើអ្នកខ្វះចំណេះដឹងនេះ នោះនៅពេលអ្នកបម្រើព្រះជាម្ចាស់ អ្នកនឹងបង្កការរំខាន និងភាពវឹកវរ ហើយប្រសិនបើអ្នកនៅប្រកាន់ខ្ជាប់តាមសញ្ញាណរបស់ខ្លួនទៀត នោះអ្នកនឹងចៀសមិនផុតពីត្រូវព្រះជាម្ចាស់វាយផ្ដួល និងមិនអាចក្រោកឈរឡើងវិញបានឡើយ។ ចូរយកពេលបច្ចុប្បន្ននេះធ្វើជាឧទាហរណ៍ចុះ។ ព្រះសូរសៀង និងកិច្ចការបច្ចុប្បន្នជាច្រើន មិនស៊ីគ្នាទៅនឹងព្រះគម្ពីរ និងកិច្ចការដែលព្រះជាម្ចាស់បានបំពេញនាពេលកន្លងមកទេ ហើយប្រសិនបើអ្នកមិនចង់ស្ដាប់បង្គាប់ទេ នោះអ្នកអាចនឹងដួលគ្រប់ពេលទាំងអស់បាន។ ប្រសិនបើអ្នកចង់បម្រើឱ្យស្របទៅតាមព្រះហឫទ័យរបស់ព្រះជាម្ចាស់ នោះអ្នកត្រូវលះបង់សញ្ញាណសាសនារបស់អ្នក ហើយកែតម្រូវទស្សនផ្ទាល់ខ្លួនរបស់អ្នកជាមុនសិន។ ភាគច្រើន អ្វីដែលគេនិយាយនាពេលអនាគត នឹងមិនដូចគ្នានឹងអ្វីដែលគេបាននិយាយកាលពីពេលអតីតកាលឡើយ ហើយបច្ចុប្បន្ននេះ ប្រសិនបើអ្នកខ្វះឆន្ទះក្នុងការស្ដាប់បង្គាប់ អ្នកនឹងមិនអាចដើរលើមាគ៌ានៅខាងមុខបានឡើយ។ ប្រសិនបើវិធីសាស្រ្តបំពេញកិច្ចការណាមួយរបស់ព្រះជាម្ចាស់ បានចាក់ឫសក្នុងខ្លួនអ្នក ហើយអ្នកមិនដែលបោះបង់វិធីសាស្រ្តនោះចោលទេ ដូច្នេះ វិធីសាស្រ្តនោះនឹងក្លាយជាសញ្ញាណសាសនារបស់អ្នក។ ប្រសិនបើលក្ខណៈរបស់ព្រះជាម្ចាស់ បានចាក់ឫសនៅក្នុងខ្លួនអ្នក នោះអ្នកបានទទួលសេចក្តីពិត ហើយប្រសិនបើព្រះបន្ទូល និងសេចក្តីពិតរបស់ព្រះជាម្ចាស់ អាចក្លាយជាជីវិតរបស់អ្នកបាន នោះអ្នកនឹងលែងមានសញ្ញាណអំពីព្រះជាម្ចាស់ទៀតហើយ។ អ្នកដែលមានចំណេះដឹងពិតប្រាកដអំពីព្រះជាម្ចាស់ នឹងគ្មានសញ្ញាណអ្វីឡើយ ហើយនឹងមិនកាន់តាមគោលលទ្ធិណាមួយដែរ។

(ដកស្រង់ពី «មានតែអ្នកដែលស្គាល់កិច្ចការរបស់ព្រះជាម្ចាស់ក្នុងពេលបច្ចុប្បន្ននេះទេ ដែលអាចបម្រើព្រះជាម្ចាស់បាន» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)

៤៧២. ការបម្រើព្រះជាម្ចាស់ មិនមែនជាកិច្ចការសាមញ្ញឡើយ។ អ្នកណាដែលមិនទាន់បានផ្លាស់ប្ដូរនិស្ស័យពុករលួយរបស់ខ្លួននៅឡើយទេនោះ មិនអាចបម្រើព្រះជាម្ចាស់បានទេ។ ប្រសិនបើនិស្ស័យរបស់អ្នកមិនទាន់បានវិនិច្ឆ័យ និងវាយផ្ចាលពីព្រះបន្ទូលរបស់ព្រះជាម្ចាស់ទេ នោះនិស្ស័យរបស់អ្នក នៅតែតំណាងឱ្យសាតាំងដដែល ហើយការបម្រើព្រះរបស់អ្នក គឺផ្អែកតាមនិស្ស័យបែបសាតាំង ដែលនេះបញ្ជាក់ថា អ្នកបម្រើព្រះគ្រាន់តែដើម្បីបង្ហាញចេតនាល្អប៉ុណ្ណោះ។ អ្នកបម្រើព្រះជាម្ចាស់ទៅតាមចរិតពីកំណើតរបស់អ្នក និងតាមចំណង់ចំណូលចិត្តផ្ទាល់ខ្លួនអ្នក។ ជាងនេះទៅទៀត អ្នកតែងតែគិតថា កិច្ចការដែលអ្នកព្រមធ្វើនោះ គឺសុទ្ធតែជាកិច្ចការដែលគាប់ព្រះហឫទ័យព្រះជាម្ចាស់ទាំងអស់ ហើយកិច្ចការដែលអ្នកមិនចង់ធ្វើ គឺសុទ្ធតែជាកិច្ចការដែលព្រះជាម្ចាស់ស្អប់។ ដូច្នេះ អ្នកក៏ធ្វើកិច្ចការគ្រប់យ៉ាងទៅតាមចំណង់ចំណូលចិត្តផ្ទាល់ខ្លួនរបស់អ្នកទាំងស្រុង។ តើទង្វើបែបនេះ អាចរាប់ថាជាការបម្រើព្រះជាម្ចាស់បានដែរឬទេ? នៅទីបំផុត និស្ស័យជីវិតរបស់អ្នកនឹងគ្មានការផ្លាស់ប្តូរសូម្បីតែបន្តិចសោះឡើយ តែផ្ទុយទៅវិញ ការបម្រើព្រះរបស់អ្នក កាន់តែធ្វើឱ្យអ្នកមានចិត្តរឹងរូសខ្លាំងឡើង ហេតុនេះ អ្នកក៏ប្រកាន់ខ្ជាប់តាមនិស្ស័យពុករលួយរបស់ខ្លួនដោយបែបនេះ។ ហេតុនេះហើយទើបអ្នកបង្កើតជាច្បាប់ទម្លាប់នៅក្នុងបម្រើព្រះជាម្ចាស់ ដែលភាគច្រើនផ្អែកលើចរិតផ្ទាល់ខ្លួនរបស់អ្នក និងផ្អែកលើបទពិសោធដែលទទួលបានពីការបម្រើព្រះតាមនិស្ស័យផ្ទាល់ខ្លួនរបស់អ្នក។ ទាំងនេះជាបទពិសោធ និងជាមេរៀនរបស់មនុស្ស ជាទស្សនៈវិជ្ជានៃការរស់នៅរបស់មនុស្សនៅក្នុងពិភពលោកនេះ។ មនុស្សដែលមានលក្ខណៈបែបនេះ អាចចាត់ថ្នាក់ជាពួកផារីស៊ី និងជាអ្នកដឹកនាំសាសនាបាន។ ប្រសិនបើពួកគេមិនភ្ញាក់ខ្លួន និងប្រែចិត្តទេ នោះពួកគេនឹងក្លាយជាព្រះគ្រីស្ទក្លែងក្លាយ និងជាពួកទទឹងនឹងព្រះគ្រីស្ទ ដែលបោកបញ្ឆោតមនុស្សនៅគ្រាចុងក្រោយមិនខាន។ ព្រះគ្រីស្ទក្លែងក្លាយ និងពួកទទឹងនឹងព្រះគ្រីស្ទដែលគេនិយាយនោះ នឹងលេចមកពីក្នុងចំណោមមនុស្សប្រភេទនេះឯង។ ប្រសិនបើអ្នកណាដែលបម្រើព្រះជាម្ចាស់ ធ្វើតាមចរិតផ្ទាល់របស់គេ និងប្រព្រឹត្តទៅតាមបំណងរបស់គេផ្ទាល់ អ្នកនោះនឹងប្រឈមនឹងការផាត់ចោលនៅពេលណាមួយជាក់ជាមិនខាន។ អ្នកណាដែលប្រើបទពិសោធរាប់សិបឆ្នាំដែលខ្លួនទទួលបានពីការបម្រើព្រះ ដើម្បីយកឈ្នះចិត្តមនុស្ស ដើម្បីបង្រៀននិងគ្រប់គ្រងមនុស្ស និងដើម្បីឱ្យបានខ្ពស់មុខខ្ពស់មាត់ តែមិនដែលកែប្រែចិត្ត មិនដែលលន់តួបាប និងមិនដែលលះបង់ប្រយោជន៍ពីមុខតំណែងរបស់ខ្លួនទេនោះ មនុស្សទាំងនេះនឹងត្រូវដួលចុះនៅចំពោះព្រះជាម្ចាស់មិនខាន។ ពួកគេជាប្រភេទមនុស្សដូចជាប៉ុលដែរ ដែលចូលចិត្តអួតអាងអំពីឋានៈបុណ្យសក្តិខ្ពង់ខ្ពស់របស់ខ្លួន និងសម្ញែងពីគុណសម្បត្តិរបស់ពួកគេ។ ព្រះជាម្ចាស់នឹងមិនប្រោសមនុស្សបែបនេះឱ្យបានគ្រប់លក្ខណ៍ឡើយ។ ការបម្រើព្រះបែបនេះ គឺជាការជ្រៀតជ្រែកដល់កិច្ចការរបស់ព្រះជាម្ចាស់វិញទេ។ មនុស្សតែងតែប្រកាន់ខ្ជាប់ទៅនឹងទម្លាប់ចាស់។ ពួកគេប្រកាន់ខ្ជាប់ទៅនឹងសញ្ញាណចាស់ៗ ទៅនឹងអ្វីគ្រប់យ៉ាងដែលកន្លងហួសទៅ។ នេះហើយគឺជាឧបសគ្គដ៏ធំក្នុងការបម្រើព្រះជាម្ចាស់របស់ពួកគេនោះ។ ប្រសិនបើអ្នកមិនអាចលះបង់អ្វីទាំងនេះបានទេ នោះវានឹងនៅរួបរឹតជីវិតរបស់អ្នកទាំងមូលមិនខាន។ ទោះបីនៅពេលអ្នកបម្រើព្រះជាម្ចាស់ អ្នកប្រឹងរត់ដល់បាក់ជើង ឬធ្វើការធ្ងន់ដល់បាក់ខ្នង ឬទោះបីអ្នកត្រូវស្លាប់ដោយសារតែជំនឿរបស់អ្នកក៏ដោយ ក៏ទ្រង់នឹងមិនសរសើរអ្នកសូម្បីបន្តិចណាដែរ។ ផ្ទុយទៅវិញ ទ្រង់នឹងមានបន្ទូលថា អ្នកជាមនុស្សប្រព្រឹត្តអាក្រក់។

ចាប់ពីថ្ងៃនេះតទៅ ព្រះជាម្ចាស់នឹងប្រោសអ្នកដែលគ្មានសញ្ញាណសាសនាឱ្យបានគ្រប់លក្ខណ៍ជាផ្លូវការ ជាអ្នកដែលព្រមលះបង់អ្វីដែលជារបស់ចាស់ផ្ទាល់ខ្លួនចោល និងជាអ្នកដែលស្ដាប់បង្គាប់ព្រះជាម្ចាស់ដោយស្មោះអស់ពីចិត្ត។ ព្រះអង្គនឹងប្រោសឱ្យអ្នកដែលស្រេកឃ្លានព្រះបន្ទូលរបស់ព្រះជាម្ចាស់បានគ្រប់លក្ខណ៍។ មនុស្សទាំងអស់នេះគួរតែក្រោកឡើង និងបម្រើព្រះជាម្ចាស់។ ព្រះជាម្ចាស់មានមានព្រះប្រាជ្ញាញាណពេញបរិបូរគ្មានទីបញ្ចប់ និងគ្មានដែនកំណត់។ កិច្ចការដ៏អស្ចារ្យនិងព្រះបន្ទូលដ៏មានតម្លៃរបស់ទ្រង់ កំពុងរង់ចាំឱ្យមនុស្សកាន់តែច្រើនឡើងៗត្រេកអរទទួលយក។ បច្ចុប្បន្ននេះ អ្នកដែលមានសញ្ញាណសាសនា អ្នកដែលអួតអាងពីឋានៈ និងអ្នកដែលមិនអាចលះបង់ខ្លួនឯងបាន នឹងពិបាកទទួលយកអ្វីៗដែលថ្មីទាំងនេះណាស់។ ព្រះវិញ្ញាណបរិសុទ្ធគ្មានឱកាសប្រោសឱ្យមនុស្សទាំងនេះបានគ្រប់លក្ខណ៍ឡើយ។ ប្រសិនបើមនុស្សម្នាក់ គ្មានការតាំងចិត្តក្នុងការស្ដាប់បង្គាប់ ហើយគ្មានការស្រេកឃ្លានព្រះបន្ទូលរបស់ព្រះជាម្ចាស់ទេ នោះពួកគេគ្មានផ្លូវនឹងទទួលយកអ្វីៗដែលថ្មីទាំងនេះទេ។ ពួកគេនឹងកាន់តែបះបោរខ្លាំងឡើង កាន់តែមានល្បិចកល ហើយចុងបញ្ចប់ ពួកគេនឹងដើរនៅលើផ្លូវខុសមិនខាន។ ក្នុងការបំពេញកិច្ចការរបស់ទ្រង់នៅពេលនេះ ព្រះជាម្ចាស់នឹងលើកមនុស្សជាច្រើននាក់ថែមទៀត ជាអ្នកដែលស្រឡាញ់ទ្រង់ពិតប្រាកដ និងជាអ្នកដែលអាចទទួលយកពន្លឺថ្មីបាន ហើយទ្រង់នឹងកាត់បន្ថយអ្នកដឹកនាំសាសនាណាដែលអួតអាងពីឋានៈរបស់ខ្លួនចេញឱ្យអស់។ ចំពោះមនុស្សណាដែលរឹងត្អឹង មិនចង់ផ្លាស់ប្រែ គឺទ្រង់មិនត្រូវការពួកគេសូម្បីតែម្នាក់ណាឡើយ។ តើអ្នកចង់ក្លាយជាមនុស្សម្នាក់ក្នុងចំណោមមនុស្សទាំងនេះដែរឬទេ? តើអ្នកបម្រើព្រះជាម្ចាស់ទៅតាមចំណង់ចំណូលចិត្តផ្ទាល់ខ្លួន ឬក៏តាមអ្វីដែលព្រះជាម្ចាស់តម្រូវ? ចំណុចនេះ អ្នកត្រូវតែដឹងដោយខ្លួនឯង។ តើអ្នកជាអ្នកដឹកនាំសាសនាម្នាក់ ឬក៏ជាទារកទើបនឹងកើត ដែលត្រូវព្រះជាម្ចាស់ប្រោសឱ្យបានគ្រប់លក្ខណ៍? តើការបម្រើព្រះរបស់អ្នកទទួលបានការសរសើរពីព្រះវិញ្ញាណបរិសុទ្ធច្រើនប៉ុនណា? តើព្រះជាម្ចាស់មិនយកព្រះទ័យទៅចាំពីការបម្រើរបស់អ្នកនោះច្រើនប៉ុនណា? តាមរយៈការបម្រើព្រះជាម្ចាស់រាប់សិបឆ្នាំមកនេះ តើជីវិតរបស់អ្នកបានផ្លាស់ប្ដូរច្រើនប៉ុនណាហើយ? តើអ្នកដឹងច្បាស់អំពីចំណុចទាំងអស់នេះដែរឬទេ? ប្រសិនបើអ្នកមានសេចក្តីជំនឿពិតប្រាកដមែន នោះអ្នកនឹងលះបង់សញ្ញាណសាសនាចាស់ៗរបស់អ្នកកាលពីមុនចោល ហើយអាចបម្រើព្រះជាម្ចាស់បានកាន់តែប្រសើរជាងមុនតាមរបៀបថ្មីមួយមិនខាន។ ឥឡូវនេះ ក្រោកឈរក៏មិនទាន់ហួសពេលដែរ។ សញ្ញាណសាសនាចាស់ៗ អាចធ្វើឱ្យជីវិតរបស់មនុស្ស្មម្នាក់ទាំងមូល ត្រូវអសារបង់បាន។ បទពិសោធដែលមនុស្សម្នាក់ទទួលបាន អាចឱ្យគេឃ្លាតឆ្ងាយពីព្រះជាម្ចាស់ ហើយធ្វើអ្វីតាមតែអំពើចិត្តរបស់គេបាន។ ប្រសិនបើអ្នកមិនលះបង់អ្វីទាំងនេះចោលទេ នោះវានឹងក្លាយជាថ្មជំពប់ជើងដែលរារាំងដល់ការរីកចម្រើននៅក្នុងជីវិតរបស់អ្នកមិនខាន។ ព្រះជាម្ចាស់តែងប្រោសអ្នកដែលបម្រើទ្រង់ឱ្យបានគ្រប់លក្ខណ៍ ហើយមិនងាយផាត់ពួកគេចោលឡើយ។ ប្រសិនបើអ្នកពិតជាទទួលយកការជំនុំជម្រះ និងការវាយផ្ចាលពីបន្ទូលរបស់ព្រះជាម្ចាស់មែន ប្រសិនបើអ្នកអាចលះបង់ការអនុវត្ត និងក្បួនច្បាប់សាសនាចាស់ៗចោលបាន ហើយឈប់ប្រើសញ្ញាណសាសនាចាស់គំរឹលជាខ្នាតដើម្បីវាស់ព្រះបន្ទូលរបស់ព្រះជាម្ចាស់ក្នុងពេលសព្វថ្ងៃនេះ នោះអ្នកនឹងមានអនាគតមិនខាន។ ប៉ុន្តែ ប្រសិនបើអ្នកប្រកាន់ខ្ជាប់តាមវិធីចាស់ ប្រសិនបើអ្នកនៅតែឱ្យតម្លៃវាខ្លាំងដដែល នោះអ្នកគ្មានផ្លូវត្រូវបានសង្គ្រោះឡើយ។ ព្រះជាម្ចាស់មិនឱ្យតម្លៃមនុស្សបែបនេះទេ។ ប្រសិនបើអ្នកពិតជាចង់ឱ្យព្រះជាម្ចាស់ប្រោសអ្នកឱ្យបានគ្រប់លក្ខណ៍មែន នោះអ្នកត្រូវតែតាំងចិត្តលះបង់អ្វីៗទាំងអស់កាលពីមុនចេញ។ បើទោះបីជាអ្វីៗដែលបានធ្វើកាលពីមុននោះត្រូវក៏ដោយ ហើយទោះបីវាជាកិច្ចការរបស់ព្រះជាម្ចាស់ក៏ដោយ ក៏អ្នកត្រូវតែលះបង់ និងឈប់ប្រកាន់ខ្ជាប់តាមកិច្ចការនោះដែរ។ ទោះបីដឹងច្បាស់ថាកិច្ចការនោះជាកិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធ ជាកិច្ចការដែលព្រះវិញ្ញាណបរិសុទ្ធធ្វើផ្ទាល់ក៏ដោយ ក៏នៅថ្ងៃនេះ អ្នកត្រូវតែលះបង់កិច្ចការនោះចោលដែឬ។ ដាច់ខាត អ្នកមិនត្រូវប្រកាន់តាមកិច្ចការនោះទៀតទេ។ ព្រះជាម្ចាស់តម្រូវឱ្យធ្វើបែបនេះ។ អ្វីៗគ្រប់យ៉ាងត្រូវតែផ្លាស់ថ្មីវិញ។ នៅក្នុងកិច្ចការនិងព្រះបន្ទូលរបស់ព្រះជាម្ចាស់ ទ្រង់មិនដែលមានបន្ទូលសម្អាងទៅលើរឿងចាស់ៗដែលកន្លងហួសទៅហើយទេ ហើយទ្រង់ក៏មិនជីកកកាយពីរឿងរ៉ាវចាស់ៗដែរ។ ព្រះជាម្ចាស់ជាព្រះដែលតែងតែថ្មីជានិច្ច និងមិនដែលចាស់ឡើយ ហើយទ្រង់មិនទាំងប្រកាន់តាមព្រះបន្ទូលរបស់ទ្រង់ផ្ទាល់កាលពីអតីតកាលផង។ ចំណុចនេះសបញ្ជាក់់ឱ្យឃើញថា ព្រះជាម្ចាស់មិនគោរពតាមក្បួនច្បាប់ណាមួយឡើយ។ ដូច្នេះ ក្នុងនាមជាមនុស្សម្នាក់ ប្រសិនបើអ្នកតែងតែប្រកាន់ខ្ជាប់ទៅនឹងរឿងពីអតីតកាល ប្រសិនបើអ្នកមិនព្រមលះបង់វាចោលទេ ហើយប្រណិប័តន៍យ៉ាងខ្ជាប់ខ្ជួនទៅតាមក្បួនច្បាប់ ចំណែកឯព្រះជាម្ចាស់វិញ លែងប្រើមធ្យោបាយដែលទ្រង់បានប្រើពីមុនដើម្បីបំពេញកិច្ចការទ្រង់ទៀតនោះ ដូច្នេះ តើពាក្យសម្ដី និងសកម្មភាពរបស់អ្នក មិនមែនជាការរំខានទេឬអ្វី? តើអ្នកមិនមែនក្លាយជាសត្រូវរបស់ព្រះជាម្ចាស់ទេឬអ្វី? តើអ្នកព្រមឱ្យជីវិតរបស់អ្នកទាំងមូលប្រែជាក្រឡាប់ចក្រ និងត្រូវបំផ្លាញដោយសារតែវិធីចាស់គំរឹលទាំងនេះដែរទេ? អ្វីៗដែលចាស់គំរឹលទាំងអស់នេះ នឹងធ្វើឱ្យអ្នកក្លាយជាមនុស្សម្នាក់ដែលរារាំងដល់កិច្ចការរបស់ព្រះជាម្ចាស់។ តើអ្នកចង់ក្លាយជាមនុស្សបែបនេះមែនទេ? ប្រសិនបើអ្នកពិតជាមិនចង់ក្លាយជាមនុស្សបែបនេះទេ ដូច្នេះ ចូរប្រញាប់បញ្ឈប់ទង្វើដែលអ្នកកំពុងធ្វើ ហើយបកក្រោយ ចាប់ផ្ដើមសាជាថ្មីវិញ។ ព្រះជាម្ចាស់នឹងមិនចងចាំពីការបម្រើរបស់អ្នកកាលពីអតីតកាលឡើយ។

(ដកស្រង់ពី «ការបម្រើសាសនា ត្រូវតែផាត់ចោលជាដាច់ខាត» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)

៤៧៣. មនុស្សគ្រប់រូបដែលមានការតាំងចិត្ត អាចបម្រើព្រះជាម្ចាស់បាន ក៏ប៉ុន្តែមានតែអ្នកដែលយកចិត្តទុកដាក់បំផុតចំពោះបំណងព្រះទ័យរបស់ព្រះជាម្ចាស់ និងយល់ពីព្រះហឫទ័យរបស់ព្រះជាម្ចាស់ប៉ុណ្ណោះ ទើបមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ និងមានសិទ្ធិបម្រើព្រះជាម្ចាស់បាន។ ខ្ញុំបានរកឃើញចំណុចមួយនេះក្នុងចំណោមអ្នករាល់គ្នាគឺ៖ មនុស្សជាច្រើនជឿថា ដរាបណាពួកគេខ្នះខ្នែងផ្សាយដំណឹងល្អសម្រាប់ព្រះជាម្ចាស់ ដើរប្រាប់គេអំពីព្រះជាម្ចាស់ ថ្វាយខ្លួន និងលះបង់អ្វីៗទាំងអស់សម្រាប់ព្រះជាម្ចាស់ ។ល។ នេះហើយគឺជាការបម្រើព្រះជាម្ចាស់។ សូម្បីតែអ្នកកាន់សាសនាជាច្រើនបានជឿថា ការបម្រើព្រះជាម្ចាស់ គឺជាការដើរកាន់ព្រះគម្ពីរក្នុងដៃ ដោយផ្សព្វផ្សាយដំណឹងល្អអំពីនគរស្ថានសួគ៌ និងសង្រ្គោះមនុស្ស ដោយឱ្យពួកគេប្រែចិត្ត និងលន់តួបាប។ ក៏មានអ្នកដឹកនាំសាសនាជាច្រើនគិតថា ការបម្រើព្រះជាម្ចាស់មានដូចជា ការអធិប្បាយនៅក្នុងវិហារ បន្ទាប់ពីបានទទួលការសិក្សា និងការបណ្តុះបណ្តាលជ្រៅជ្រះនៅក្នុងសាលាព្រះគម្ពីរ និងការបង្រៀនមនុស្សតាមរយៈការអានអត្ថបទគម្ពីរ។ លើសពីនេះ មានមនុស្សនៅតំបន់ក្រីក្រដែលជឿថា ការបម្រើព្រះជាម្ចាស់ គឺជាការប្រោសជំងឺ និងដេញអារក្សចេញពីបងប្អូនប្រុសស្រីរបស់ពួកគេ ឬជាការអធិស្ឋានសម្រាប់ពួកគេ ឬបម្រើពួកគេ។ ក្នុងចំណោមអ្នករាល់គ្នា មានមនុស្សជាច្រើនដែលជឿថា ការបម្រើព្រះជាម្ចាស់ គឺជាការហូប និងផឹកព្រះបន្ទូលរបស់ព្រះជាម្ចាស់ អធិស្ឋានទៅព្រះជាម្ចាស់ជារៀងរាល់ថ្ងៃ ក៏ដូចជាការទៅសួរសុខទុក្ខ និងធ្វើកិច្ចការនៅតាមក្រុមជំនុំគ្រប់ទីកន្លែង។ មានបងប្អូនប្រុសស្រីផ្សេងទៀតដែលជឿថា ការបម្រើព្រះជាម្ចាស់ គឺជាការដែលមិនរៀបអាពាហ៍ពិពាហ៍ ឬចិញ្ចឹមគ្រួសារ ហើយថ្វាយខ្លួនទាំងស្រុងទៅព្រះជាម្ចាស់។ ប៉ុន្តែមានមនុស្សតិចណាស់ដែលដឹងថា ការបម្រើព្រះជាម្ចាស់ តាមការពិតគឺជាអ្វីនោះ។ ទោះបីជាមានមនុស្សជាច្រើនដែលបម្រើព្រះជាម្ចាស់ ប្រៀបដូចជាផ្កាយនៅលើមេឃក៏ដោយ ក៏ចំនួនអ្នកដែលអាចបម្រើដោយផ្ទាល់ និងចំនួនអ្នកដែលអាចបម្រើស្របទៅនឹងបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ គឺមានចំនួនតិចតួចបំផុត។ ហេតុអ្វីខ្ញុំនិយាយដូច្នេះ? ខ្ញុំនិយាយដូច្នេះពីព្រោះអ្នករាល់គ្នាមិនយល់ពីសារជាតិនៃឃ្លាដែលថា «ការបម្រើព្រះជាម្ចាស់» ហើយអ្នកយល់តិចតួចបំផុតអំពីរបៀបបម្រើ ស្របទៅនឹងបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់។ វាមាននូវតម្រូវការបន្ទាន់ដែលតម្រូវឱ្យមនុស្សយល់ដឹងឱ្យប្រាកដពីប្រភេទនៃការបម្រើចំពោះព្រះជាម្ចាស់ប្រកបដោយសុខុដុមរមនានឹងបំណងព្រះហឫទ័យរបស់ទ្រង់។

ប្រសិនបើអ្នករាល់គ្នាចង់បម្រើស្របតាមបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ ជាដំបូងអ្នកត្រូវយល់ពីជំពូកមនុស្សដែលព្រះជាម្ចាស់គាប់ព្រះហឫទ័យ ជំពូកមនុស្សដែលព្រះជាម្ចាស់មិនសព្វព្រះទ័យ ជំពូកមនុស្សដែលត្រូវបានព្រះជាម្ចាស់ប្រោសឱ្យគ្រប់លក្ខណ៍ និងមនុស្សដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ ដើម្បីបម្រើព្រះជាម្ចាស់។ យ៉ាងហោចណាស់ អ្នករាល់គ្នាគួរតែមានចំណេះដឹងនេះ។ ម៉្យាងវិញទៀត អ្នករាល់គ្នាគួរតែដឹងពីគោលបំណងនៃកិច្ចការរបស់ព្រះជាម្ចាស់ និងកិច្ចការដែលព្រះជាម្ចាស់ត្រូវធ្វើនៅទីនេះ និងឥឡូវនេះ។ បន្ទាប់ពីបានយល់អំពីចំណុចនេះ និងតាមរយៈការដឹកនាំនៃព្រះបន្ទូលរបស់ព្រះជាម្ចាស់ ជាដំបូងអ្នករាល់គ្នាគួរតែបានចូលទៅឯទ្រង់ និងបានទទួលបញ្ជាបេសកកម្មរបស់ព្រះជាម្ចាស់ជាមុនសិន។ នៅពេលដែលអ្នករាល់គ្នាពិតជាបានស្គាល់ព្រះបន្ទូលរបស់ព្រះជាម្ចាស់ ហើយនៅពេលដែលអ្នកពិតជាស្គាល់កិច្ចការរបស់ព្រះជាម្ចាស់ អ្នករាល់គ្នានឹងមានលក្ខណៈគ្រប់គ្រាន់ដើម្បីបម្រើព្រះជាម្ចាស់។ ហើយកាលណាអ្នករាល់គ្នាបម្រើទ្រង់ នោះព្រះជាម្ចាស់នឹងបើកភ្នែកខាងឯព្រលឹងវិញ្ញាណរបស់អ្នករាល់គ្នា ហើយឱ្យអ្នករាល់គ្នាយល់ដឹងអំពីកិច្ចការរបស់ទ្រង់កាន់តែខ្លាំង និងមើលឃើញកិច្ចការនោះកាន់តែច្បាស់ជាងមុន។ នៅពេលដែលអ្នកចូលទៅកាន់ភាពពិតនេះ បទពិសោធរបស់អ្នកនឹងកាន់តែជ្រាលជ្រៅ និងពិតប្រាកដ ហើយអ្នករាល់គ្នាដែលមានបទពិសោធបែបនេះ នឹងអាចដើរនៅក្នុងក្រុមជំនុំនានា និងផ្តល់ការផ្គត់ផ្គង់ដល់បងប្អូនប្រុសស្រីរបស់អ្នក ដើម្បីឱ្យអ្នករាល់គ្នាអាចជួយចម្រើនកម្លាំងគ្នាទៅវិញទៅមក ដើម្បីបំពេញនូវភាពខ្វះខាតរបស់ខ្លួនផ្ទាល់ និងទទួលបានចំណេះដឹងកាន់តែច្រើនខាងព្រលឹងវិញ្ញាណរបស់អ្នករាល់គ្នា។ លុះត្រាតែអ្នករាល់គ្នាសម្រេចបានលទ្ធផលនេះ ទើបអ្នករាល់គ្នាអាចបម្រើស្របតាមបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ ហើយត្រូវបានព្រះជាម្ចាស់ប្រោសឱ្យគ្រប់លក្ខណ៍ នៅក្នុងការបម្រើព្រះរបស់អ្នក។

(ដកស្រង់ពី «របៀបបម្រើ ស្របគ្នាទៅនឹងបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)

៤៧៤. មនុស្សដែលអាចដឹកនាំពួកជំនុំ ចិញ្ចឹមជីវិតមនុស្ស ហើយធ្វើជាសាវ័កដល់អ្នកដទៃ ត្រូវតែមានបទពិសោធពិត។ ពួកគេត្រូវតែមានការយល់ដឹងដ៏ត្រឹមត្រូវអំពីរឿងរ៉ាវខាងព្រលឹងវិញ្ញាណ និងការឱ្យតម្លៃ និងបទពិសោធដ៏ត្រឹមត្រូវអំពីសេចក្ដីពិត។ គឺទាល់តែមនុស្សបែបនេះទេ ទើបមានលក្ខណៈសម្បត្តិគ្រប់គ្រាន់នឹងធ្វើជាអ្នកធ្វើការ ឬជាពួកសាវ័កដែលដឹកនាំពួកជំនុំបាន។ ពុំនោះទេ ពួកគេអាចបានត្រឹមតែដើរតាមប៉ុណ្ណោះ មិនអាចដឹកនាំបានទេ ក៏រឹតតែមិនអាចធ្វើជាសាវ័កដែលអាចផ្ដល់ជីវិតដល់អ្នកដទៃឡើយ។ នេះ គឺមកពីតួនាទីរបស់សាវ័ក គឺមិនមែនរត់ទៅរត់មក ឬក៏តយុទ្ធនោះឡើយ តួនាទីនេះគឺធ្វើកិច្ចការផ្ដល់ជីវិត និងដឹកនាំអ្នកដទៃក្នុងការបំផ្លាស់បំប្រែនិស្ស័យរបស់គេ។ មនុស្សដែលបំពេញតួនាទីនេះ ត្រូវបានដាក់បញ្ជាបេសកកម្មឱ្យស្ពាយទំនួលខុសត្រូវដ៏ធ្ងន់ធ្ងរមួយ ជាទំនួលខុសត្រូវដែលមិនមែននរណាក៏អាចស្ពាយបាននោះដែរ។ កិច្ចការប្រភេទនេះ ទាល់តែមនុស្សដែលមានលក្ខណៈជីវិត ជាមនុស្សដែលមានបទពិសោធពីសេចក្ដីពិត ទើបអាចធ្វើបាន។ កិច្ចការនេះពុំអាចធ្វើឡើងដោយមនុស្សដែលអាចត្រឹមតែលះបង់មនុស្សដែលអាចរត់ទៅមក ឬមនុស្សដែលព្រមលះបង់ខ្លួនឯងនោះឡើយ។ មនុស្សដែលពុំមានបទពិសោធពីសេចក្ដីពិត មនុស្សដែលមិនធ្លាប់ត្រូវបានកែតម្រូវ ឬវិនិច្ឆ័យពុំអាចធ្វើកិច្ចការប្រភេទនេះបានទេ។ មនុស្សគ្មានបទពិសោធ គឺជាមនុស្សដែលគ្មានភាពជាក់ស្ដែង ពុំអាចមើលឃើញតថភាពច្បាស់ឡើយ ពីព្រោះពួកគេផ្ទាល់គ្មានលក្ខណៈបែបនេះទេ។ ដូច្នេះមនុស្សប្រភេទនេះមិនត្រឹមតែមិនអាចធ្វើកិច្ចការដឹកនាំប៉ុណ្ណោះទេ តែប្រសិនបើពួកគេនៅតែគ្មានសេចក្ដីពិតយូរតទៅទៀត ពួកគេនឹងត្រូវផាត់ចោលហើយ។

(ដកស្រង់ពី «កិច្ចការរបស់ព្រះជាម្ចាស់ និងកិច្ចការរបស់មនុស្ស» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)

៤៧៥. ទាក់ទងនឹងកិច្ចការ មនុស្សជឿថាកិច្ចការគឺជាការមមាញឹកដើម្បីព្រះជាម្ចាស់ អធិប្បាយព្រះបន្ទូលគ្រប់ទីកន្លែង និងចំណាយដើម្បីផលប្រយោជន៍របស់ទ្រង់។ ទោះបីជាជំនឿនេះត្រឹមត្រូវក៏ដោយ ក៏វាត្រូវតែមួយចំហៀងពេកហើយ។ អ្វីដែលព្រះជាម្ចាស់តម្រូវពីមនុស្សគឺមិនមែនត្រឹមតែមមាញឹកដើម្បីទ្រង់ប៉ុណ្ណោះទេ។ លើសពីនេះ កិច្ចការនេះគឺទាក់ទងទៅនឹងព័ន្ធកិច្ច និងការផ្គត់ផ្គង់នៅក្នុងវិញ្ញាណ។ បងប្អូនប្រុសស្រីជាច្រើន សូម្បីតែបន្ទាប់ពីមានបទពិសោធជាច្រើនឆ្នាំទាំងនេះហើយក៏ដោយ ក៏មិនដែលគិតអំពីការធ្វើកិច្ចការសម្រាប់ព្រះជាម្ចាស់ដែរ ដោយសារតែមនុស្សគិតថាកិច្ចការគឺស្របគ្នាទៅនឹងអ្វីដែលព្រះជាម្ចាស់តម្រូវ។ ដូច្នេះហើយ មនុស្សមិនមានចំណាប់អារម្មណ៍អ្វីនៅក្នុងបញ្ហារបស់កិច្ចការនោះទេ ហើយនេះគឺពិតជាមូលហេតុដែលថា ការចូលទៅក្នុងរបស់មនុស្ស ក៏ត្រឹមតែមួយចំហៀងដែរនោះ។ អ្នករាល់គ្នាគួរតែចាប់ផ្តើមការចូលទៅក្នុងរបស់អ្នករាល់គ្នា ដោយការធ្វើកិច្ចការសម្រាប់ព្រះជាម្ចាស់ នោះទើបអ្នករាល់គ្នាអាចឆ្លងកាត់បទពិសោធគ្រប់ទិដ្ឋភាពបានកាន់តែប្រសើរ។ នេះគឺជាអ្វីដែលអ្នករាល់គ្នាគួរតែចូលទៅក្នុង។ កិច្ចការមិនសំដៅលើការមមាញឹកដើម្បីព្រះជាម្ចាស់នោះទេ ប៉ុន្តែវាសំដៅទៅលើថាតើជីវិតរបស់មនុស្ស និងអ្វីដែលមនុស្សស្ដែងចេញនៅក្នុងការរស់នៅ អាចថ្វាយការសព្វព្រះហឫទ័យដល់ព្រះជាម្ចាស់ឬអត់។ កិច្ចការសំដៅលើមនុស្សដែលប្រើប្រាស់ភក្ដីភាពរបស់ពួកគេចំពោះព្រះជាម្ចាស់ ហើយប្រើប្រាស់ចំណេះដឹងរបស់ពួកគេអំពីព្រះជាម្ចាស់ដើម្បីធ្វើបន្ទាល់អំពីព្រះជាម្ចាស់ ព្រមទាំងធ្វើព័ន្ធកិច្ចដល់មនុស្សដែរ។ នេះគឺជាទំនួលខុសត្រូវរបស់មនុស្ស ហើយនេះគឺជាអ្វីដែលមនុស្សទាំងអស់គួរតែយល់។ មនុស្សម្នាក់អាចនិយាយថា ការចូលទៅក្នុងរបស់អ្នករាល់គ្នាគឺជាកិច្ចការរបស់អ្នក ហើយថាអ្នកកំពុងតែស្វះស្វែងចូលទៅក្នុង អំឡុងពេលធ្វើកិច្ចការថ្វាយព្រះជាម្ចាស់។ ការមានបទពិសោធអំពីកិច្ចការរបស់ព្រះជាម្ចាស់ មិនគ្រាន់តែមានន័យថា អ្នកដឹងពីវិធីហូប និងផឹកព្រះបន្ទូលរបស់ទ្រង់នោះទេ។ ពិសេសជាងនេះទៅទៀត អ្នកត្រូវតែដឹងពីវិធីដើម្បីធ្វើបន្ទាល់អំពីព្រះជាម្ចាស់ និងអាចបម្រើទ្រង់ ព្រមទាំងអាចធ្វើព័ន្ធកិច្ច និងផ្គត់ផ្គង់ដល់មនុស្សទៀតផង។ នេះគឺជាកិច្ចការ ហើយវាក៏ជាការចូលទៅក្នុងរបស់អ្នកដែរ។ នេះគឺជាអ្វីដែលមនុស្សគ្រប់គ្នាគួរតែសម្រេចបាន។ មានមនុស្សជាច្រើនដែលគ្រាន់តែផ្តោតទៅលើការមមាញឹកដើម្បីព្រះជាម្ចាស់ និងអធិប្បាយព្រះបន្ទូលគ្រប់ទីកន្លែង ប៉ុន្តែពួកគេមើលរំលងបទពិសោធផ្ទាល់ខ្លួន ហើយធ្វើព្រងើយកន្តើយចំពោះការចូលទៅក្នុងជីវិតខាងវិញ្ញាណរបស់ពួកគេ។ នេះគឺជាអ្វីដែលបាននាំអស់អ្នកដែលបម្រើព្រះជាម្ចាស់ ឱ្យក្លាយជាអ្នកដែលទាស់ទទឹងនឹងព្រះជាម្ចាស់។ ...

មនុស្សម្នាក់ធ្វើការដើម្បីធ្វើឱ្យផ្គាប់បំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ ដើម្បីនាំអស់អ្នកដែលត្រូវនឹងព្រះហឫទ័យរបស់ព្រះជាម្ចាស់មកនៅចំពោះព្រះភ័ក្ត្ររបស់ទ្រង់ ដើម្បីនាំមនុស្សទៅកាន់ព្រះជាម្ចាស់ និងដើម្បីណែនាំកិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធ ព្រមទាំងសេចក្ដីណែនាំរបស់ព្រះជាម្ចាស់ដល់មនុស្សផង ហេតុនេះទើបធ្វើឱ្យផលផ្លែនៃកិច្ចការរបស់ព្រះជាម្ចាស់គ្រប់លក្ខណ៍។ ដូច្នេះហើយ វាចាំបាច់ដែលអ្នករាល់គ្នាមានភាពច្បាស់លាស់យ៉ាងហ្មត់ចត់ពាក់ព័ន្ធនឹងខ្លឹមសារនៃកិច្ចការ។ ក្នុងនាមជាមនុស្សម្នាក់ដែលព្រះជាម្ចាស់ប្រើ មនុស្សម្នាក់ៗមានតម្លៃក្នុងការធ្វើកិច្ចការសម្រាប់ព្រះជាម្ចាស់ ពោលគឺគ្រប់គ្នាមានឱកាសដើម្បីឱ្យព្រះវិញ្ញាណបរិសុទ្ធប្រើប្រាស់។ ទោះបីជាយ៉ាងណាក៏ដោយ មានចំណុចមួយដែលអ្នករាល់គ្នាត្រូវដឹង៖ នៅពេលដែលមនុស្សធ្វើកិច្ចការដែលព្រះជាម្ចាស់ដាក់បញ្ជាបេសកកម្មឱ្យ នោះមនុស្សត្រូវបានផ្តល់ឱកាសដើម្បីឱ្យព្រះជាម្ចាស់ប្រើប្រាស់។ ប៉ុន្តែអ្វីដែលមនុស្សនិយាយនិងដឹង មិនមែនជាកម្ពស់ទាំងមូលរបស់មនុស្សនោះទេ។ គ្រប់យ៉ាងដែលអ្នករាល់គ្នាអាចធ្វើ គឺស្គាល់ភាពខ្វះខាតផ្ទាល់ខ្លួនរបស់អ្នករាល់គ្នាឱ្យកាន់តែល្អប្រសើរជាងមុន ក្នុងអំឡុងដំណើរនៃកិច្ចការរបស់អ្នក ហើយមានការបំភ្លឺកាន់តែប្រសើរជាងមុនពីព្រះវិញ្ញាណបរិសុទ្ធ។ តាមរបៀបនេះ អ្នករាល់គ្នានឹងត្រូវបានធ្វើឱ្យមានសមត្ថភាពក្នុងការទទួលបាននូវការចូលទៅក្នុងដ៏ប្រសើរជាងមុន នៅក្នុងដំណើរនៃកិច្ចការរបស់អ្នក។

(ដកស្រង់ពី «កិច្ចការ និងច្រកចូល (២)» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)

៤៧៦. ការបម្រើដែលមានការបែកចេញពីព្រះសូរសៀងបច្ចុប្បន្នរបស់ព្រះវិញ្ញាណបរិសុទ្ធ គឺជាការបម្រើនៃសាច់ឈាម និងសញ្ញាណ ហើយវាមិនអាចស្របនឹងព្រះហឫទ័យរបស់ព្រះជាម្ចាស់ឡើយ។ ប្រសិនបើមនុស្សរស់នៅក្នុងសញ្ញាណសាសនា នោះពួកគេមិនអាចធ្វើអ្វីដែលសមនឹងបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ឡើយ ហើយទោះបីជាពួកគេបម្រើព្រះជាម្ចាស់ក្ដី ក៏ពួកគេបម្រើនៅក្នុងការស្រមើស្រមៃ និងសញ្ញាណដែរ ហើយមិនមានលក្ខណៈគ្រប់គ្រាន់ក្នុងការបម្រើស្របតាមបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ឡើយ។ អស់អ្នកដែលមិនអាចដើរតាមកិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធ មិនយល់ពីបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ឡើយ ហើយអស់អ្នកណាដែលមិនយល់ពីបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ក៏មិនអាចបម្រើព្រះជាម្ចាស់បានដែរ។ ព្រះជាម្ចាស់ចង់បានការបម្រើដែលស្របតាមព្រះហឫទ័យរបស់ព្រះអង្គ ទ្រង់មិនចង់បានការបម្រើដែលចេញពីសញ្ញាណ និងសាច់ឈាមឡើយ។ ប្រសិនបើមនុស្សមិនអាចដើរតាមជំហាននៃកិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធទេ នោះពួកគេរស់នៅក្នុងសញ្ញាណហើយ។ ការបម្រើរបស់មនុស្សបែបនេះកាត់ផ្ដាច់ និងមានការរំខាន ហើយការបម្រើបែបនេះធ្វើឡើងដោយផ្ទុយនឹងព្រះជាម្ចាស់។ ដូចនេះ អស់អ្នកណាដែលមិនអាចដើរតាមដានព្រះបាទារបស់ព្រះជាម្ចាស់ មិនអាចបម្រើព្រះជាម្ចាស់បានទេ ហើយអស់អ្នកដែលមិនអាចដើរតាមដានព្រះបាទរបស់ព្រះជាម្ចាស់ ភាគច្រើនប្រឆាំងទាស់នឹងព្រះជាម្ចាស់ ហើយមិនអាចស្របនឹងព្រះជាម្ចាស់ឡើយ។ «ការដើរតាមកិច្ចការនៃព្រះវិញ្ញាណបរិសុទ្ធ» មានន័យថា ជាការស្វែងយល់ពីបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់នាពេលបច្ចុប្បន្ន ជាការដែលអាចប្រព្រឹត្ដស្របនឹងតម្រូវការបច្ចុប្បន្នរបស់ព្រះជាម្ចាស់ ជាការដែលអាចស្ដាប់បង្គាប់ និងដើរតាមព្រះជាម្ចាស់នាពេលបច្ចុប្បន្ន និងជាការចូលទៅដែលស្របតាមព្រះសូរសៀងថ្មីបំផុតរបស់ព្រះជាម្ចាស់។ នេះទើបជាមនុស្សដែលដើរតាមកិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធ និងនៅក្នុងចរន្ដនៃព្រះវិញ្ញាណបរិសុទ្ធ។ មនុស្សបែបនេះ គឺមិនត្រឹមតែអាចទទួលនូវការសរសើរពីព្រះជាម្ចាស់ប៉ុណ្ណោះទេ តែថែមទាំងអាចស្គាល់នូវនិស្ស័យរបស់ព្រះជាម្ចាស់ដែលមាននៅក្នុងកិច្ចការចុងក្រោយរបស់ព្រះអង្គ និងអាចស្គាល់នូវសញ្ញាណ និងការមិនស្ដាប់បង្គាប់របស់មនុស្ស ព្រមទាំងធម្មជាតិរបស់មនុស្ស និងលក្ខណៈផ្សំរបស់គេផង តាមរយៈកិច្ចការចុងក្រោយបំផុតរបស់ព្រះអង្គ។ លើសពីនេះទៅទៀត ពួកគេអាចសម្រេចបាននូវការផ្លាស់ប្ដូរនិស្ស័យរបស់ពួកគេបន្ដិចម្ដងៗនៅក្នុងអំឡុងពេលដែលគេបម្រើដល់ទ្រង់។ មានតែមនុស្សបែបនេះប៉ុណ្ណោះ ទើបជាអ្នកដែលអាចទទួលបានព្រះជាម្ចាស់ និងជាអ្នកដែលបានរកឃើញផ្លូវដ៏ពិតយ៉ាងប្រាកដ។

(ដកស្រង់ពី «ស្គាល់កិច្ចការថ្មីបំផុតរបស់ព្រះជាម្ចាស់ និងដើរតាមដានព្រះបាទារបស់ព្រះអង្គ» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)

៤៧៧. ប្រសិនបើក្នុងពេលបម្រើព្រះជាម្ចាស់នាពេលបច្ចុប្បន្ននេះ អ្នកប្រកាន់ខ្ជាប់តាមរឿងរ៉ាវនៃការបើកសម្តែងដោយការបំភ្លឺរបស់ព្រះវិញ្ញាណបរិសុទ្ធនាពេលកន្លងមក នោះការបម្រើរបស់អ្នកនឹងបង្កឱ្យមានការរំខាន ហើយការអនុវត្តរបស់អ្នកនឹងហួសសម័យ ហើយក៏មិនខុសអ្វីពីពិធីសាសនាដែរ។ ប្រសិនបើអ្នកជឿថា អស់អ្នកណាដែលបម្រើព្រះជាម្ចាស់ត្រូវបន្ទាបខ្លួន ត្រូវមានភាពអត់ធ្មត់ និងត្រូវមានអ្វីៗផ្សេងទៀតតែសំបកក្រៅនោះ ហើយប្រសិនបើអ្នកយកចំណេះដឹងបែបនេះទៅអនុវត្តនាពេលបច្ចុប្បន្ន នោះចំណេះដឹងបែបនេះគ្រាន់តែជាសញ្ញាណសាសនាប៉ុណ្ណោះ ហើយការអនុវត្តបែបនេះបានក្លាយទៅជាការប្រតិបត្តដោយពុតត្បុត។ ពាក្យថា «សញ្ញាណសាសនា» សំដៅទៅលើអ្វីៗដែលហួសសម័យ និងចាស់គំរឹល (រួមទាំងការទទួលយកនូវព្រះបន្ទូលទាំងឡាយដែលព្រះជាម្ចាស់មានបន្ទូលពីមុនៗមក និងពន្លឺដែលបើកសម្តែងដោយផ្ទាល់ពីព្រះវិញ្ញាណបរិសុទ្ធដែរ) ប្រសិនបើយកសញ្ញាណទាំងនេះទៅអនុវត្តនាពេលបច្ចុប្បន្ន នោះវានឹងរំខានដល់កិច្ចការរបស់ព្រះជាម្ចាស់ ហើយមិនផ្តល់ប្រយោជន៍អ្វីដល់មនុស្សសោះឡើយ។ ប្រសិនបើមនុស្សមិនអាចដកសញ្ញាណនេះ (សញ្ញាណសាសនា) ចេញពីក្នុងខ្លួនពួកគេបានទេ នោះសញ្ញាណទាំងអស់នេះនឹងក្លាយជាឧបសគ្គយ៉ាងធំសម្រាប់មនុស្ស ក្នុងការបម្រើព្រះជាម្ចាស់។ មនុស្សដែលមានសញ្ញាណសាសនា មិនមានវិធីណាដើម្បីដើរតាមឱ្យទាន់ជំហាននៃកិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធបានឡើយ។ ពួកគេដើរយឺតជាងមួយជំហាន បន្ទាប់មកពីរជំហាន ហើយនេះគឺដោយសារតែសញ្ញាណសាសនាទាំងនេះឯងដែលធ្វើឱ្យមនុស្សរាប់ខ្លួនឯងជាសុចរិត និងក្រអឺតក្រទមហួសហេតុ។ ព្រះជាម្ចាស់មិនមានព្រះហឫទ័យនឹកអាឡោះអាល័យចំពោះបន្ទូលដែលទ្រង់បានថ្លែង និងកិច្ចការដែលទ្រង់បានធ្វើកន្លងមកឡើយ។ ប្រសិនបើការនោះហួសសម័យទៅហើយ ទ្រង់នឹងលុបវាចោល។ ពិតណាស់ តើអ្នកអាចបោះបង់ចោលសញ្ញាណរបស់អ្នកបានដែរទេ? ប្រសិនបើអ្នកប្រកាន់ខ្ជាប់តាមព្រះបន្ទូលដែលព្រះជាម្ចាស់បានថ្លែងកាលពីអតីតកាល តើនេះអាចបញ្ជាក់ថា អ្នកស្គាល់កិច្ចការរបស់ព្រះជាម្ចាស់ដែរឬទេ? ប្រសិនបើអ្នកមិនអាចទទួលយកពន្លឺរបស់ព្រះវិញ្ញាណបរិសុទ្ធនាពេលបច្ចុប្បន្ននេះបានទេ ផ្ទុយទៅវិញ បែរជាប្រកាន់ខ្ជាប់ទៅនឹងពន្លឺពីអតីតកាល តើនេះអាចបញ្ជាក់ថា អ្នកដើរតាមលំអានរបស់ព្រះជាម្ចាស់បានដែរឬទេ? តើអ្នកនៅតែមិនទាន់អាចបោះបង់ចោលសញ្ញាណសាសនាបានមែនទេ? បើដូច្នេះមែន នោះអ្នកនឹងក្លាយជាមនុស្សម្នាក់ដែលប្រឆាំងទាស់នឹងព្រះជាម្ចាស់ជាមិនខាន។

(ដកស្រង់ពី «មានតែអ្នកដែលស្គាល់កិច្ចការរបស់ព្រះជាម្ចាស់ក្នុងពេលបច្ចុប្បន្ននេះទេ ដែលអាចបម្រើព្រះជាម្ចាស់បាន» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)

៤៧៨. មនុស្សជាច្រើនបម្រើព្រះជាម្ចាស់ដោយអំណាចនៃចិត្តស្រឡាញ់របស់ពួកគេ ប៉ុន្តែពួកគេគ្មានការយល់ដឹងពីបញ្ញត្ដិរដ្ឋបាលរបស់ព្រះជាម្ចាស់ទេ ហើយក៏គ្មានការយល់ដឹងអ្វីច្រើនពីអត្ថន័យនៃព្រះបន្ទូលរបស់ព្រះជាម្ចាស់ដែរ។ ហេតុដូច្នេះហើយទើបចេតនាល្អរបស់គេ តែងនាំគេឱ្យធ្វើអ្វីៗដែលបង្អាក់ដល់ការរៀបចំរបស់ព្រះជាម្ចាស់ទៅវិញ។ ក្នុងករណីធ្ងន់ធ្ងរ ពួកគេនឹងត្រូវបណ្តេញចេញ លែងមានឱកាសដើរតាមព្រះជាម្ចាស់តទៅទៀត ហើយត្រូវបោះចូលទៅឋាននរក ហើយទំនាក់ទំនងទាំងអស់ជាមួយនឹងដំណាក់របស់ព្រះជាម្ចាស់ ក៏ត្រូវបញ្ចប់។ មនុស្សទាំងនេះ ធ្វើការនៅក្នុងដំណាក់របស់ព្រះជាម្ចាស់ដោយកំលាំងនៃចេតនាល្អតែល្ងង់ខ្លៅ ហើយចុងក្រោយ ក៏ធ្វើឱ្យនិស្ស័យរបស់ព្រះជាម្ចាស់ក្រោធ។ មនុស្សនាំយកទម្លាប់នៃការបម្រើពួកអ្នកដឹកនាំ និងម្ចាស់របស់ពួកគេមកប្រើក្នុងដំណាក់របស់ព្រះជាម្ចាស់ និងព្យាយាមអនុវត្តទម្លាប់ទាំងនោះ ដោយគិតទាំងឥតបានការថា ទម្លាប់ទាំងនោះ អាចអនុវត្តបានដោយងាយនៅទីនេះ។ ពួកគេមិនដែលនឹកស្រម៉ៃថា ព្រះជាម្ចាស់មិនមែនមាននិស្ស័យជាកូនចៀមទេ តែទ្រង់មាននិស្ស័យជាសត្វសិង្ហវិញទេតើ។ ដូច្នេះ អ្នកដែលទាក់ទងព្រះជាម្ចាស់ជាលើកដំបូង មិនអាចប្រាស្រ័យទាក់ទងជាមួយទ្រង់បានទេ ដ្បិតព្រះហឫទ័យរបស់ព្រះជាម្ចាស់ ខុសពីដួងចិត្ដមនុស្ស។ ទាល់តែអ្នកបានយល់ពីសេចក្ដីពិតបានច្រើនហើយ ទើបអ្នកអាចបន្ដស្វែងយល់ពីព្រះជាម្ចាស់បាន។ ចំណេះដឹងនេះមិនមែនមានតែពាក្យសម្ដី និងគោលលទ្ធិទេ តែក៏អាចប្រើជារតនសម្បត្តិបានផងដែរ តាមរយៈការជឿជាក់លើព្រះជាម្ចាស់កាន់តែខ្លាំង ហើយក៏ជាសេចក្ដីសម្អាងថា ព្រះជាម្ចាស់សព្វព្រះហឫទ័យនឹងអ្នកដែរ។ ប្រសិនបើអ្នកខ្វះតថភាពនៃចំណេះដឹង ហើយមិនបានបំពាក់បំប៉នខ្លួនដោយសេចក្ដីពិតទេ នោះការបម្រើដោយងប់ងល់របស់អ្នក នាំមកតែការជិនឆ្អន់ និងការស្អប់ខ្ពើមពីព្រះជាម្ចាស់ប៉ុណ្ណោះ។

(ដកស្រង់ពី «សេចក្ដីដាស់តឿនទាំងបី» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)

៤៧៩. នៅក្នុងសាសនា មនុស្សជាច្រើនរងទុក្ខយ៉ាងខ្លាំងពេញមួយជីវិតរបស់ពួកគេ៖ ពួកគេលត់ដំរូបកាយរបស់ខ្លួន និងផ្ទុកឈើឆ្កាងរបស់ខ្លួន ហើយពួកគេថែមទាំងបន្ដរងទុក្ខ ព្រមទាំងស៊ូទ្រាំនៅពេលដែលពួកគេហៀបនឹងស្លាប់! មនុស្សមួយចំនួននៅតែធ្វើការតមអាហារនៅថ្ងៃនៃសេចក្ដីស្លាប់របស់ខ្លួនចូលមកដល់។ ពួកគេបានបដិសេធខ្លួនឯងពេញមួយជីវិត គឺបដិសេធនូវម្ហូបអាហារឆ្ងាញ់ៗ និងសម្លៀកបំពាក់ល្អៗ ដោយផ្ដោតលើការរងទុក្ខតែប៉ុណ្ណោះ។ ពួកគេអាចលត់ដំរូបកាយរបស់ខ្លួន និងបោះបង់ចោលនូវផ្នែកខាងសាច់ឈាមរបស់គេ។ ស្មារតីសម្រាប់ការស៊ូទ្រាំរបស់ពួកគេ ពិតជាគួរឱ្យសរសើរ។ ប៉ុន្ដែការគិត បំណង និងឥរិយាបថផ្នែកចិត្ដគំនិត ព្រមទាំងធម្មជាតិដើមរបស់ពួកគេមិនទាន់ត្រូវបានដោះស្រាយ សូម្បីតែបន្ដិចនៅឡើយ។ ពួកគេខ្វះនូវចំណេះដឹង ដ៏ពិតប្រាកដអំពីខ្លួនឯង។ រូបភាពនៅក្នុងចិត្តរបស់ពួកគេអំពីព្រះជាម្ចាស់គឺទ្រង់ជាព្រះពីបុរាណ ជាព្រះដ៏ស្រពេចស្រពិល។ ការតាំងចិត្ដរបស់គេក្នុងការរងទុក្ខសម្រាប់ព្រះជាម្ចាស់កើតចេញពីការខ្នះខ្នែង និងលក្ខណៈវិជ្ជមានរបស់ពួកគេ។ ទោះបីជាពួកគេជឿលើព្រះជាម្ចាស់ក្ដី ក៏ពួកគេមិនយល់ពីទ្រង់ និងមិនស្គាល់ពីបំណងព្រះហឫទ័យរបស់ទ្រង់ឡើយ។ ពួកគេខំធ្វើការ ហើយនិងរងទុក្ខសម្រាប់ព្រះជាម្ចាស់ទាំងងងឹតងងល់។ ពួកគេមិនឱ្យតម្លៃលើអ្វីទាំងអស់ លើការយល់ឃើញ ខ្វល់ខ្វាយបន្ដិចបន្ដួចអំពីរបៀបដែលធានាឱ្យបានថា ការបម្រើរបស់ពួកគេពិតជាបានបំពេញបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ ហើយពួកគេក៏មិនសូវដឹងពីរបៀបទទួលបានចំណេះដឹងអំពីព្រះជាម្ចាស់។ ព្រះជាម្ចាស់ដែលពួកគេបម្រើ មិនមែនជាព្រះនៅក្នុងរូបអង្គពីដើមរបស់ទ្រង់ឡើយ ប៉ុន្ដែជាព្រះដែលពួកគេបានស្រមើស្រម៉ៃ ជាព្រះដែលពួកគេបានត្រឹមតែឮ ឬត្រឹមតែបានអាននៅក្នុងសំណេររឿងព្រេងតែប៉ុណ្ណោះ។ បន្ទាប់មក ពួកគេក៏ប្រើប្រាស់ការស្រមើស្រម៉ៃចេញជារូបរាង និងជំនឿស៊ប់ ដើម្បីរងទុក្ខសម្រាប់ព្រះជាម្ចាស់ និងទទួលយកកិច្ចការរបស់ព្រះជាម្ចាស់ ដែលព្រះជាម្ចាស់សព្វព្រះហឫទ័យចង់ឱ្យធ្វើ។ ការបម្រើរបស់ពួកគេគឺមិនត្រឹមត្រូវឡើយ ជាក់ស្ដែង គឺគ្មាននរណាម្នាក់ក្នុងចំណោមពួកគេពិតជាអាចបម្រើស្របតាមព្រះហឫទ័យរបស់ព្រះជាម្ចាស់បានឡើយ។ មិនថាពួកគេរងទុក្ខវេទនាដោយអំណរយ៉ាងណា ការយល់ឃើញរបស់ពួកគេកាលពីមុនចំពោះការបម្រើ និងចិត្ដគំនិតរបស់ពួកគេចំពោះលក្ខណៈរបស់ព្រះជាម្ចាស់ គឺនៅតែដដែល ដ្បិតពួកគេមិនបានឆ្លងកាត់ការជំនុំជម្រះ ការវាយផ្ចាល ការបន្សុទ្ធ និងការប្រទានឱ្យគ្រប់លក្ខណ៍របស់ព្រះជាម្ចាស់ឡើយ ហើយក៏មិនមាននរណាបានណែនាំពួកគេឱ្យប្រើប្រាស់សេចក្ដីពិតដែរ។ សូម្បីតែពេលដែលពួកគេជឿលើព្រះយេស៊ូវគ្រីស្ទ ជាព្រះសង្គ្រោះក៏គ្មាននរណាម្នាក់ក្នុងចំណោមពួកគេធ្លាប់បានឃើញព្រះសង្គ្រោះដែរ។ ពួកគេបានត្រឹមតែស្គាល់ទ្រង់តាមរយៈការនិទានប្រាប់ និងការឮតៗគ្នាតែប៉ុណ្ណោះ។ ជាលទ្ធផលការបម្រើរបស់ពួកគេ មានចំនួនមិនលើសពីការបម្រើម្ដងម្កាលដោយធ្វើទាំងបិទភ្នែក ដូចជាមនុស្សខ្វាក់បម្រើឪពុកឡើយ។ តើការបម្រើបែបនេះអាចទទួលបានអ្វី? ហើយតើនរណាយល់ព្រមឱ្យធ្វើវា? ចាប់តាំងពីដើមដំបូងរហូតមកដល់ចុងបំផុត ការបម្រើរបស់ពួកគេនៅតែដដែលជារហូតមក។ ពួកគេទទួលតែមេរៀនដែលមនុស្សបានរៀបចំ ហើយយកការបម្រើរបស់ពួកគេដោយផ្អែកលើលក្ខណៈធម្មជាតិរបស់គេ និងធ្វើតាមការពេញចិត្ដរបស់ខ្លួនតែប៉ុណ្ណោះ។ តើការធ្វើបែបនេះ អាចនាំឱ្យមានរង្វាន់អ្វីដែរ? សូម្បីតែពេត្រុសដែលជាអ្នកបានឃើញព្រះយេស៊ូវគ្រីស្ទ ក៏មិនបានដឹងពីរបៀបបម្រើដែលស្របតាមបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ដែរ គឺលោកបានដឹងអំពីការនេះក្នុងពេលចុងក្រោយ នៅពេលដែលលោកមានវ័យចំណាស់ទៅហើយ។ តើសេចក្ដីនេះបាននិយាយអ្វីខ្លះអំពីមនុស្សខ្វាក់ទាំងនោះ ដែលមិនមានបទពិសោធក្នុងការដោះស្រាយ ឬការទទួលការលួសកាត់សូម្បីតែបន្ដិច និងអស់អ្នកដែលមិនមាននរណាដឹកនាំនោះ? តើការបម្រើរបស់មនុស្សនៅក្នុងចំណោមអ្នករាល់គ្នានាពេលនេះ មិនដូចជាមនុស្សខ្វាក់ទាំងនោះទេឬអី? មនុស្សអស់ទាំងនោះដែលមិនបានទទួលការជំនុំជម្រះ មិនបានទទួលការលួសកាត់ និងការដោះស្រាយ និងអស់អ្នកដែលមិនមានការផ្លាស់ប្ដូរ តើពួកគេមិនត្រូវបានយកឈ្នះទាំងស្រុងទេឬ? តើមនុស្សបែបនេះមានប្រយោជន៍អ្វី? ប្រសិនបើការគិតរបស់អ្នក ចំណេះដឹងរបស់អ្នកអំពីជីវិត និងចំណេះដឹងរបស់អ្នកអំពីព្រះជាម្ចាស់ បង្ហាញពីការមិនមានការផ្លាស់ប្ដូរ ហើយអ្នកមិនទទួលបានអ្វីទាំងអស់ នោះអ្នកនឹងមិនទទួលបានអ្វីគួរឱ្យកត់សម្គាល់នៅក្នុងការបម្រើរបស់អ្នកឡើយ!

(ដកស្រង់ពី «សេចក្ដីពិតនៅខាងក្នុងអំពីកិច្ចការនៃការយកឈ្នះ (៣)» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)

៤៨០. ព្រះយេស៊ូវអាចបំពេញបញ្ជាបេសកកម្មរបស់ព្រះជាម្ចាស់ដែលជាកិច្ចការនៃការប្រោសលោះមនុស្សទាំងអស់ ពីព្រោះទ្រង់បានយកចិត្ដទុកដាក់ចំពោះបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ដោយមិនចាំបាច់មានផែនការ ឬការរៀបចំណាមួយ សម្រាប់អង្គទ្រង់ឡើយ។ ដូច្នេះ ទ្រង់គឺជាមិត្តសម្លាញ់របស់ព្រះជាម្ចាស់ គឺជាព្រះជាម្ចាស់ផ្ទាល់ព្រះអង្គ ជាព្រះជាម្ចាស់ដែលអ្នករាល់គ្នាយល់ច្បាស់។ (តាមពិត ទ្រង់គឺជាព្រះជាម្ចាស់ផ្ទាល់ព្រះអង្គដែលត្រូវបានធ្វើបន្ទាល់ដោយព្រះជាម្ចាស់។ ខ្ញុំនិយាយអំពីរឿងនេះនៅទីនេះ ដើម្បីប្រើអង្គហេតុពីព្រះយេស៊ូវមកបង្ហាញពីបញ្ហានេះ។) ទ្រង់អាចដាក់ផែនការគ្រប់គ្រងរបស់ព្រះជាម្ចាស់នៅកណ្តាល ហើយទ្រង់តែងតែអធិស្ឋានដល់ព្រះវរបិតា ដែលគង់នៅស្ថានសួគ៌ និងបានស្វែងរកបំណងព្រះហឫទ័យរបស់ព្រះវរបិតា ដែលគង់នៅស្ថានសួគ៌។ ទ្រង់បានអធិស្ឋាន និងមានបន្ទូលថា៖ «ឱព្រះដ៏ជាព្រះវរ‌បិតា! សូមសម្រេចទៅតាមបំណងព្រះហឫទ័យរបស់ទ្រង់ចុះ កុំតាមចិត្តទូលបង្គំឡើយ ប៉ុន្តែសូមសម្រេចតាមផែនការរបស់ទ្រង់វិញ។ មនុស្សអាចនឹងខ្សោយ ប៉ុន្តែហេតុអ្វីទ្រង់យកព្រះទ័យទុកដាក់នឹងគេ? តើមនុស្សដែលប្រៀបដូចជាស្រមោច នៅក្នុងព្រះហស្ដរបស់ទ្រង់ មានតម្លៃអ្វីដែលទ្រង់ត្រូវយកព្រះទ័យទុកដាក់? នៅក្នុងដួងចិត្តទូលបង្គំ ទូលបង្គំគ្រាន់តែចង់សម្រេចតាមបំណងព្រះហឫទ័យរបស់ទ្រង់ ហើយទូលបង្គំចង់ឱ្យទ្រង់ធ្វើអ្វីដែលទ្រង់ចង់ធ្វើនៅក្នុងទូលបង្គំ តាមបំណងព្រះហឫទ័យរបស់ទ្រង់។» តាមផ្លូវទៅក្រុងយេរូសាឡិម ព្រះយេស៊ូវមានព្រះទ័យក្រៀមក្រំជាខ្លាំង ដូចជាកាំបិតកំពុងចាក់ចូលទៅក្នុងបេះដូងរបស់ទ្រង់ តែទ្រង់មិនមានបំណងងាកបែរពីព្រះបន្ទូលរបស់ទ្រង់សូម្បីតែបន្តិច ពោលគឺតែងតែមានកម្លាំងដ៏មានអានុភាព ដែលបង្ខំឱ្យទ្រង់ឆ្ពោះទៅកន្លែងដែលទ្រង់នឹងត្រូវគេឆ្កាង។ នៅទីបំផុត ទ្រង់ត្រូវបានគេដំដែកគោលជាប់នឹងឈើឆ្កាង ហើយត្រឡប់ដូចជាសាច់ឈាមមានបាបដែលបំពេញកិច្ចការនៃការប្រោសលោះរបស់មនុស្ស។ ទ្រង់បានផ្ដាច់ច្រវាក់នៃសេចក្តីស្លាប់ និងស្ថានឃុំព្រលឹង។ នៅចំពោះទ្រង់ សេចក្តីស្លាប់ ស្ថាននរក និងស្ថានឃុំព្រលឹង បានបាត់បង់អំណាចរបស់វា ហើយត្រូវបានទ្រង់យកឈ្នះរួចទៅហើយ។ ទ្រង់បានរស់នៅអស់រយៈពេលសាមសិបបីឆ្នាំ ជារយៈពេលដែលទ្រង់តែងតែខិតខំអស់ពីសមត្ថភាព ដើម្បីបំពេញតាមបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ ស្របតាមកិច្ចការរបស់ព្រះជាម្ចាស់នៅពេលនោះ ទាំងមិនដែលគិតពីផលប្រយោជន៍ ឬការខាតបង់ផ្ទាល់ខ្លួនឡើយ ហើយតែងតែគិតពីបំណងព្រះហឫទ័យរបស់ព្រះវរបិតា។ ដូច្នេះ បន្ទាប់ពីទ្រង់បានទទួលពិធីជ្រមុជទឹក ព្រះជាម្ចាស់ក៏មានបន្ទូលថា៖ «នេះគឺជាបុត្រស្ងួនភ្ងារបស់ខ្ញុំ ខ្ញុំសព្វព្រះទ័យនឹងទ្រង់ណាស់។» ដោយសារតែការបម្រើរបស់ទ្រង់នៅចំពោះព្រះជាម្ចាស់ ស្របនឹងបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ ទើបបានជាព្រះជាម្ចាស់ដាក់បន្ទុកដ៏ធ្ងន់នៃការប្រោសលោះមនុស្សទាំងអស់លើស្មារបស់ទ្រង់ និងធ្វើឱ្យទ្រង់សម្រេចកិច្ចការនោះបាន ហើយទ្រង់មានលក្ខណសម្បត្តិគ្រប់គ្រាន់ និងមានសិទ្ធិបំពេញកិច្ចការដ៏សំខាន់នេះ។ ពេញមួយជីវិតរបស់ទ្រង់ ទ្រង់បានស៊ូទ្រាំនឹងការរងទុក្ខដែលមិនអាចវាស់បានសម្រាប់ព្រះជាម្ចាស់ ហើយទ្រង់ត្រូវបានសាតាំងល្បួងជាច្រើនដងរាប់មិនអស់ ប៉ុន្តែទ្រង់មិនដែលខូចព្រះទ័យឡើយ។ ព្រះជាម្ចាស់បានប្រគល់កិច្ចការដ៏ធំសម្បើមដល់ទ្រង់ ពីព្រោះព្រះជាម្ចាស់បានទុកចិត្តលើទ្រង់ ហើយស្រឡាញ់ទ្រង់ ដូច្នេះព្រះជាម្ចាស់បានមានបន្ទូលដោយផ្ទាល់ថា «នេះគឺជាបុត្រស្ងួនភ្ងារបស់ខ្ញុំ ខ្ញុំសព្វព្រះទ័យនឹងទ្រង់ណាស់។» នៅពេលនោះ មានតែព្រះយេស៊ូវទេ ដែលអាចសម្រេចបញ្ជាបេសកកម្មនេះបាន ហើយនេះគឺជាទិដ្ឋភាពជាក់ស្តែងមួយនៃការបញ្ចប់កិច្ចការប្រោសលោះមនុស្សលោកទាំងអស់របស់ព្រះជាម្ចាស់ នៅក្នុងយុគសម័យនៃព្រះគុណ។

ប្រសិនបើអ្នករាល់គ្នាអាចផ្តោតការយកចិត្តទុកដាក់ចំពោះបន្ទុករបស់ព្រះជាម្ចាស់ ហើយបោះបង់ចោលសាច់ឈាមរបស់អ្នករាល់គ្នាដូចជាព្រះយេស៊ូវ នោះព្រះជាម្ចាស់នឹងប្រគល់កិច្ចការសំខាន់ៗដល់អ្នករាល់គ្នា ដើម្បីឱ្យអ្នករាល់គ្នានឹងបំពេញទៅតាមលក្ខខណ្ឌតម្រូវដើម្បីបម្រើព្រះជាម្ចាស់។ មានតែនៅក្នុងកាលៈទេសៈបែបនេះទេ ទើបអ្នករាល់គ្នាអាចនិយាយបានថា អ្នករាល់គ្នាកំពុងធ្វើតាមបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ ហើយបំពេញបញ្ជាបេសកកម្មរបស់ទ្រង់ ហើយមានតែពេលនោះទេ ទើបអ្នកហ៊ាននិយាយថា អ្នកពិតជាកំពុងបម្រើព្រះជាម្ចាស់។ បើប្រៀបធៀបនឹងគំរូរបស់ព្រះយេស៊ូវ តើអ្នកហ៊ាននិយាយទេថា អ្នកគឺជាមិត្តសម្លាញ់របស់ព្រះជាម្ចាស់? តើអ្នកហ៊ាននិយាយទេថា អ្នកកំពុងធ្វើតាមបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់? តើអ្នកហ៊ាននិយាយទេថា អ្នកពិតជាកំពុងបម្រើព្រះជាម្ចាស់? សព្វថ្ងៃនេះ អ្នកមិនយល់ពីរបៀបបម្រើព្រះជាម្ចាស់ទ្បើយ។ តើអ្នកហ៊ាននិយាយទេថា អ្នកគឺជាមិត្តសម្លាញ់របស់ព្រះជាម្ចាស់? បើអ្នកនិយាយថា អ្នកបម្រើព្រះជាម្ចាស់ តើអ្នកមិនប្រមាថដល់ទ្រង់ទេឬអី? សូមគិតមើលថា៖ តើអ្នកកំពុងបម្រើព្រះជាម្ចាស់ ឬកំពុងបម្រើខ្លួនឯង? អ្នកបម្រើសាតាំង តែអ្នកនិយាយដោយចចេសថា អ្នកកំពុងបម្រើព្រះជាម្ចាស់។ នៅក្នុងន័យនេះ តើអ្នកមិនប្រមាថព្រះជាម្ចាស់ទេឬអី? មនុស្សជាច្រើនលោភលន់ចង់បានផលប្រយោជន៍ជាបុណ្យសក្តិនៅពីក្រោយខ្នងរបស់ខ្ញុំ ពួកគេល្មោភស៊ី ពួកគេល្មោភដេក និងយកចិត្តទុកដាក់ចំពោះសាច់ឈាម គេតែងតែបារម្ភខ្លាចគ្មានវិធីបំប៉នសាច់ឈាម។ ពួកគេមិនបំពេញតាមតួនាទីត្រឹមត្រូវរបស់ពួកគេនៅក្នុងក្រុមជំនុំទេ តែពួកគេទទួលប្រយោជន៍ពីក្រុមជំនុំ ពុំនោះសោត ពួកគេក៏យកបន្ទូលរបស់ខ្ញុំទៅដាស់តឿនបងប្អូនប្រុសស្រី ដោយតាំងខ្លួនជាចៅហ្វាយលើអ្នកដទៃ តាមរយៈសិទ្ធិអំណាចជាអ្នកគ្រប់គ្រង។ មនុស្សជំពូកនេះ នៅតែនិយាយថា ពួកគេកំពុងធ្វើតាមបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ និងតែងតែនិយាយថា ពួកគេជាមិត្តសម្លាញ់របស់ព្រះជាម្ចាស់។ តើនេះមិនចម្លែកទេឬអី? ប្រសិនបើអ្នកមានបំណងដ៏ត្រឹមត្រូវ ប៉ុន្តែមិនអាចបម្រើតាមព្រះហឫទ័យរបស់ព្រះជាម្ចាស់ទេនោះ អ្នកនឹងក្លាយជាមនុស្សល្ងីល្ងើ។ ប៉ុន្តែប្រសិនបើបំណងរបស់អ្នកមិនត្រឹមត្រូវ ហើយអ្នកនៅតែនិយាយថា អ្នកជាអ្នកបម្រើព្រះជាម្ចាស់ នោះអ្នកគឺជាមនុស្សដែលទាស់ទទឹងនឹងព្រះជាម្ចាស់ ហើយអ្នកសមនឹងទទួលទណ្ឌកម្មពីព្រះជាម្ចាស់! ខ្ញុំគ្មានការអាណិតអាសូរចំពោះមនុស្សបែបនេះទេ! នៅក្នុងព្រះដំណាក់របស់ព្រះជាម្ចាស់ ពួកគេតែងតែជំហម លោភលន់ចង់បានភាពស្រណុកខាងសាច់ឈាម ហើយមិនគិតពីផលប្រយោជន៍របស់ព្រះជាម្ចាស់ឡើយ។ ពួកគេតែងតែស្វែងរកអ្វីដែលល្អសម្រាប់ពួកគេ ហើយពួកគេមិនបានយកចិត្តទុកដាក់ចំពោះបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ឡើយ។ ពួកគេមិនទទួលយកការត្រួតពិនិត្យនៃព្រះវិញ្ញាណរបស់ព្រះជាម្ចាស់ នៅក្នុងអ្វីដែលពួកគេធ្វើទ្បើយ។ ពួកគេតែងតែប្រើកលល្បិច និងបោកបញ្ឆោតបងប្អូនប្រុសស្រីរបស់ពួកគេ និងធ្វើជាមនុស្សមុខពីរ ដូចជាកញ្ជ្រោងនៅក្នុងចម្ការទំពាំងបាយជូរដែលតែងតែលួចយកផ្លែទំពាំងបាយជូរ ហើយជាន់កម្ទេចដើមនៅក្នុងចម្ការ។ តើមនុស្សជំពូកនេះអាចជាមិត្តសម្លាញ់របស់ព្រះជាម្ចាស់ដែរឬទេ? តើអ្នកសមនឹងទទួលព្រះពរពីព្រះជាម្ចាស់ដែរឬទេ? អ្នកមិនមានបន្ទុកសម្រាប់ជីវិតរបស់អ្នក និងក្រុមជំនុំសោះ តើអ្នកសមនឹងទទួលបញ្ជាបេសកកម្មរបស់ព្រះជាម្ចាស់ដែរឬទេ? តើនរណានឹងហ៊ានទុកចិត្តមនុស្សដូចជាអ្នក? នៅពេលអ្នកធ្វើការបម្រើព្រះជាម្ចាស់បែបនេះ តើព្រះជាម្ចាស់អាចនឹងប្រគល់កិច្ចការសំខាន់ជាងនេះដល់អ្នកដែរឬទេ? តើនេះនឹងមិនធ្វើឱ្យកិច្ចការមានភាពយឺតយ៉ាវទេឬអី?

(ដកស្រង់ពី «របៀបបម្រើ ស្របគ្នាទៅនឹងបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)

៤៨១. អ្វីដែលអ្នករាល់គ្នាបានពិសោធនិងបានឃើញ គឺប្រសើរជាងពួកបរិសុទ្ធ និងពួកហោរាពីគ្រប់សម័យកាលទៅទៀត ប៉ុន្តែតើអ្នករាល់គ្នាអាចធ្វើទីបន្ទាល់ឱ្យបានប្រសើរជាងពួកបរិសុទ្ធ និងពួកហោរាពីសម័យបុរាណទាំងនេះដែរឬទេ? អ្វីដែលខ្ញុំប្រទានឱ្យអ្នករាល់គ្នាឥឡូវនេះ គឺប្រសើរលើសម៉ូសេ ហើយច្រើនជាងដាវីឌផង ដូច្នេះ ខ្ញុំក៏សុំឱ្យទីបន្ទាល់របស់អ្នករាល់គ្នាល្អលើសម៉ូសេ ហើយសុំឱ្យពាក្យរបស់អ្នករាល់គ្នាអស្ចារ្យជាងដាវីឌផងដែរ។ ខ្ញុំប្រទានដល់អ្នករាល់គ្នាលើសគេមួយរយដង ដូច្នេះ ខ្ញុំតម្រូវឱ្យអ្នករាល់គ្នាតបស្នងមកខ្ញុំវិញដូចគ្នាផងដែរ។ អ្នកត្រូវតែដឹងថា ខ្ញុំគឺជាព្រះមួយអង្គដែលប្រទានជីវិតដល់មនុស្សលោក គឺជាអ្នករាល់គ្នាហើយដែលទទួលបាននូវជីវិតពីខ្ញុំ និងត្រូវធ្វើបន្ទាល់សម្រាប់ខ្ញុំ។ នេះជាភារកិច្ចដែលខ្ញុំប្រទានដល់អ្នករាល់គ្នា ហើយវាជាអ្វីដែលអ្នករាល់គ្នាគួរតែធ្វើសម្រាប់ខ្ញុំ។ ខ្ញុំបានប្រទាននូវសិរីល្អទាំងអស់របស់ខ្ញុំដល់អ្នករាល់គ្នា ខ្ញុំបានប្រទានដល់អ្នករាល់គ្នានូវជីវិត ដែលពួកអ៊ីស្រាអែលជារាស្ដ្ររើសតាំងរបស់ខ្ញុំ មិនធ្លាប់បានទទួលពីមុនឡើយ។ តាមត្រូវ អ្នករាល់គ្នាគួរតែធ្វើបន្ទាល់ពីខ្ញុំ ហើយថ្វាយភាពយុវវ័យរបស់អ្នក និងលះបង់ជីវិតរបស់អ្នកសម្រាប់ខ្ញុំ។ អស់អ្នកណាដែលខ្ញុំប្រទានសិរីល្អខ្ញុំដល់គេ អ្នកនោះនឹងត្រូវធ្វើបន្ទាល់ពីខ្ញុំ និងថ្វាយជីវិតរបស់គេសម្រាប់ខ្ញុំ។ នេះជាសេចក្ដីដែលខ្ញុំបានកំណត់ទុកយូរណាស់មកហើយ។ សំណាងល្អហើយដែលខ្ញុំប្រទានសិរីល្អរបស់ខ្ញុំដល់អ្នករាល់គ្នា ហើយភារកិច្ចរបស់អ្នករាល់គ្នា គឺត្រូវធ្វើបន្ទាល់ពីសិរីល្អរបស់ខ្ញុំ។ បើអ្នករាល់គ្នាជឿលើខ្ញុំ ដោយគ្រាន់តែចង់បានព្រះពរ នោះកិច្ចការរបស់ខ្ញុំនឹងទទួលបាននូវសារៈសំខាន់តិចតួចបំផុត ហើយអ្នករាល់គ្នានឹងមិនបំពេញភារកិច្ចរបស់អ្នករាល់គ្នាឡើយ។ ពួកអ៊ីស្រាអែលបានឃើញតែសេចក្តីមេត្តា សេចក្តីស្រឡាញ់ និងភាពធំឧត្ដមរបស់ខ្ញុំប៉ុណ្ណោះ ហើយពួកយូដាបានឃើញព្រះទ័យអត់ធ្មត់ និងការប្រោសលោះរបស់ខ្ញុំផ្ទាល់ភ្នែកដែរ។ ពួកគេបានឃើញកិច្ចការនៃព្រះវិញ្ញាណរបស់ខ្ញុំតិចតួចបំផុត គឺថាពួកគេយល់បានតែមួយភាគមួយម៉ឺននៃអ្វីដែលអ្នករាល់គ្នាបានឮ និងបានឃើញប៉ុណ្ណោះ។ អ្វីដែលអ្នករាល់គ្នាបានឃើញ គឺប្រសើរជាងពួកសម្ដេចសង្ឃដែលស្ថិតនៅក្នុងចំណោមពួកគេទៅទៀត។ សេចក្តីពិតដែលអ្នករាល់គ្នាយល់នាពេលសព្វថ្ងៃ គឺប្រសើរលើសសេចក្តីពិតដែលគេយល់ទៅទៀត។ អ្វីដែលអ្នករាល់គ្នាបានឃើញនាពេលសព្វថ្ងៃ គឺប្រសើរលើសអ្វីដែលគេបានឃើញ នៅក្នុងយុគសម័យនៃក្រឹត្យវិន័យក៏ដូចជាយុគសម័យនៃព្រះគុណទៅទៀត ហើយសេចក្ដីអ្វីដែលអ្នករាល់គ្នាបានពិសោធ ក៏លើសទាំងម៉ូសេ និងអេលីយ៉ាផងដែរ។ ដ្បិតអ្វីដែលពួកអ៊ីស្រាអែលបានយល់ គឺគ្រាន់តែជាក្រឹត្យវិន័យរបស់ព្រះយេហូវ៉ា ហើយអ្វីដែលពួកគេបានឃើញ គឺគ្រាន់តែជាប្រឹស្ដាង្គរបស់ព្រះយេហូវ៉ាប៉ុណ្ណោះ។ អ្វីដែលពួកយូដាបានយល់ គ្រាន់តែជាការប្រោសលោះរបស់ព្រះយេស៊ូវ។ អ្វីដែលពួកគេបានទទួល គ្រាន់តែជាព្រះគុណដែលព្រះយេស៊ូវបានប្រទានមក ហើយអ្វីដែលពួកគេបានឃើញ គឺគ្រាន់តែជារូបអង្គរបស់ព្រះយេស៊ូវ នៅក្នុងផ្ទះរបស់សាសន៍យូដាប៉ុណ្ណោះ។ អ្វីដែលអ្នករាល់គ្នាមើលឃើញសព្វថ្ងៃ គឺជាសិរីល្អរបស់ព្រះយេហូវ៉ា ការប្រោសលោះរបស់ព្រះយេស៊ូវ និងគ្រប់ទាំងទង្វើរបស់ខ្ញុំនៅសម័យនេះ។ ដូច្នេះ អ្នកក៏បានឮអំពីព្រះបន្ទូលនៃព្រះវិញ្ញាណរបស់ខ្ញុំដែរ ហើយបានកោតសរសើរព្រះប្រាជ្ញាញាណរបស់ខ្ញុំ ស្គាល់ពីឫទ្ធិបារមីរបស់ខ្ញុំ និងបានរៀនអំពីនិស្ស័យរបស់ខ្ញុំផង។ ខ្ញុំក៏បានប្រាប់អ្នករាល់គ្នាអំពីផែនការគ្រប់គ្រងទាំងអស់របស់ខ្ញុំដែរ។ អ្វីដែលអ្នករាល់គ្នាបានឃើញ មិនគ្រាន់តែជាព្រះជាម្ចាស់ដ៏ពេញដោយសេចក្តីស្រឡាញ់ និងក្តីមេត្តាប៉ុណ្ណោះទេ ប៉ុន្តែក៏ជាព្រះដ៏ពេញដោយសេចក្តីសុចរិតផងដែរ។ អ្នកបានឃើញកិច្ចការដ៏អស្ចារ្យរបស់ខ្ញុំ និងបានដឹងហើយថា ខ្ញុំពេញពោរដោយព្រះចេស្ដា និងសេចក្ដីក្រោធ។ លើសពីនេះទៅទៀត អ្នកដឹងថា ខ្ញុំធ្លាប់នាំសេចក្តីក្រោធរបស់ខ្ញុំមកលើពូជពង្សអ៊ីស្រាអែល ហើយដឹងថា នៅថ្ងៃនេះ សេចក្ដីក្រោធនេះបានមកដល់អ្នក រាល់គ្នាហើយ។ អ្នករាល់គ្នាយល់អំពីសេចក្តីលាក់កំបាំងរបស់ខ្ញុំនៅឯស្ថានសួគ៌ ច្រើន ជាងអេសាយ និងយ៉ូហានទៅទៀតផង ហើយអ្នករាល់គ្នាក៏ស្គាល់ពីភាពគួរឱ្យ ស្រឡាញ់ និងភាពគួរឱ្យគោរពរបស់ខ្ញុំ ច្រើនជាងពួកបរិសុទ្ធទាំងអស់ កាលពីអតីតកាលផងដែរ។ អ្វីដែលអ្នករាល់គ្នាបានទទួល មិនគ្រាន់តែជាសេចក្តីពិត ជាផ្លូវ និងជាជីវិតរបស់ខ្ញុំប៉ុណ្ណោះទេ ប៉ុន្តែជានិមិត្ត និងការបើកសម្ដែងដែលអស្ចារ្យជាងអ្វីដែលយ៉ូហានបានទទួលទៅទៀត។ អ្នករាល់គ្នាយល់នូវសេចក្តីលាក់កំបាំងច្រើនលើសនេះទៅទៀត ហើយក៏បានសម្លឹងឃើញព្រះភក្ត្រពិតរបស់ខ្ញុំផងដែរ។ អ្នករាល់គ្នាបានទទួលការជំនុំជម្រះរបស់ខ្ញុំកាន់តែច្រើន ហើយក៏ស្គាល់អំពីនិស្ស័យសុចរិតរបស់ខ្ញុំកាន់តែច្រើនផងដែរ។ ហើយទោះបីជាអ្នករាល់គ្នាបានកើតមកនៅគ្រាចុងក្រោយក៏ដោយ ប៉ុន្តែអ្នកក៏មានការយល់ដឹងបែបចាស់គំរិលពីអតីតកាល ហើយអ្នកក៏បានពិសោធរឿងរ៉ាវសព្វថ្ងៃ ដែលការទាំងអស់នេះ សុទ្ធតែត្រូវបានធ្វើឡើងដោយខ្ញុំផ្ទាល់។ អ្វីដែលខ្ញុំតម្រូវពីអ្នករាល់គ្នា មិនជ្រុលពេកឡើយ ដ្បិតខ្ញុំបានប្រទានដល់អ្នករាល់គ្នាច្រើនណាស់ ហើយអ្នករាល់គ្នាក៏បានឃើញរឿងរ៉ាវជាច្រើន នៅក្នុងខ្ញុំផងដែរ។ ដូច្នេះ ខ្ញុំសុំឱ្យអ្នករាល់គ្នាធ្វើបន្ទាល់ពីខ្ញុំទៅកាន់ពួកបរិសុទ្ធនាសម័យមុន ហើយនេះជាបំណងព្រះហឫទ័យតែមួយគត់របស់ខ្ញុំ។

(ដកស្រង់ពី «តើអ្នកដឹងអ្វីខ្លះអំពីសេចក្តីជំនឿ?» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)

៤៨២. អ្វីដែលខ្ញុំចង់បាន គឺជាភក្តីភាព និងការស្ដាប់បង្គាប់ សេចក្តីស្រឡាញ់ និងបន្ទាល់របស់អ្នកនៅពេលនេះ។ ទោះបីជាពេលនេះអ្នកមិនដឹងថា អ្វីទៅជាទីបន្ទាល់ ឬអ្វីទៅជាសេចក្តីស្រឡាញ់ក៏ដោយ ប៉ុន្តែអ្នកគួតែថ្វាយដល់ខ្ញុំ នូវអ្វីគ្រប់យ៉ាងរបស់អ្នក ហើយប្រគល់ដល់ខ្ញុំនូវទ្រព្យសម្បត្តិតែមួយគត់ដែលអ្នកមានគឺជាភក្តីភាព និងការស្ដាប់បង្គាប់របស់អ្នក។ អ្នកគួរតែដឹងថា ទីបន្ទាល់អំពីជ័យជម្នះរបស់ខ្ញុំលើអារក្សសាតាំងស្ថិត គឺនៅក្នុងភក្តីភាព និងការស្ដាប់បង្គាប់របស់មនុស្សហើយក៏ស្ថិតលើទីបន្ទាល់អំពីជ័យជម្នះទាំងស្រុងរបស់ខ្ញុំ ទៅលើមនុស្សផងដែរ។ ភារកិច្ចនៃសេចក្តីជំនឿរបស់អ្នកចំពោះខ្ញុំ គឺត្រូវធ្វើបន្ទាល់អំពីខ្ញុំ មានភក្តីភាពចំពោះខ្ញុំតែម្នាក់គត់ ហើយស្ដាប់បង្គាប់ដល់ទីបញ្ចប់។ មុនពេលខ្ញុំចាប់ផ្ដើមជំហានបន្ទាប់នៃកិច្ចការរបស់ខ្ញុំ តើអ្នកនឹងធ្វើបន្ទាល់អំពីខ្ញុំយ៉ាងដូចម្ដេច? តើអ្នកនឹងមានភក្តីភាព និងស្ដាប់បង្គាប់ចំពោះខ្ញុំដោយរបៀបណា? តើអ្នកដាក់ភក្តីភាពទាំងស្រុងរបស់អ្នកចំពោះកិច្ចការរបស់អ្នក ឬក៏អ្នកនឹងគ្រាន់តែបោះបង់វាចោល? តើអ្នកនឹងចុះចូលចំពោះគ្រប់ទាំងការរៀបចំរបស់ខ្ញុំ (ទោះបីជាត្រូវស្លាប់ ឬវិនាស) ឬក៏រត់យករួចខ្លួនទាំងពាក់កណ្ដាលទី ដើម្បីគេចវេសពីការវាយផ្ចាលរបស់ខ្ញុំ? ខ្ញុំវាយផ្ចាលអ្នក ដើម្បីឱ្យអ្នកនឹងធ្វើបន្ទាល់ពីខ្ញុំ មានភក្ដីភាព និងស្ដាប់បង្គាប់ចំពោះខ្ញុំ។ លើសពីនេះ ការវាយផ្ចាលនាពេលសព្វថ្ងៃ គឺដើម្បីបើកបង្ហាញពីជំហានបន្ទាប់នៃកិច្ចការរបស់ខ្ញុំ និងអនុញ្ញាតឱ្យកិច្ចការនេះវិវឌ្ឍទៅមុខ ដោយគ្មានការបង្អាក់។ ដូច្នេះ ខ្ញុំសូមដាស់តឿនអ្នកថា អ្នកគួរតែមានប្រាជ្ញា ហើយមិនត្រូវចាត់ទុកជីវិតរបស់អ្នក ក៏ដូចជាសារៈសំខាន់នៃវត្តមានជីវិតអ្នក ដូចជាគ្រាប់ខ្សាច់ដែលគ្មានតម្លៃនោះទេ។ តើអ្នកអាចដឹងថា កិច្ចការនាពេលខាងមុខរបស់ខ្ញុំ នឹងមានលក្ខណៈបែបណាឱ្យប្រាកដដែរឬទេ? តើអ្នកដឹងអំពីរបៀបដែលខ្ញុំនឹងធ្វើ ការនៅថ្ងៃខាងមុខ និងរបៀបដែលកិច្ចការរបស់ខ្ញុំនឹងបើកបង្ហាញដែរឬទេ? អ្នកគួរតែដឹងពីសារៈសំខាន់នៃបទពិសោធរបស់អ្នកអំពីកិច្ចការរបស់ខ្ញុំ ហើយលើសពីនេះទៅទៀត គឺដឹងអំពីសារៈសំខាន់នៃសេចក្តីជំនឿរបស់អ្នកចំពោះខ្ញុំ។ ខ្ញុំបានធ្វើកិច្ចការជាច្រើនរួចទៅហើយ។ តើខ្ញុំអាចបោះបង់ចោលទាំងពាក់កណ្ដាលទី ដូចអ្នកស្រមើស្រមៃយ៉ាងដូចម្ដេច? ខ្ញុំបានធ្វើការយ៉ាងច្រើនម្ល៉ឹងហើយ តើខ្ញុំអាចបំផ្លាញវាចោលយ៉ាងដូចម្ដេច? តាមពិតទៅ ខ្ញុំបានមកដើម្បីបញ្ចប់យុគសម័យនេះ។ នេះជាសេចក្តីពិត ប៉ុន្តែលើសពីនេះទៅទៀត អ្នកត្រូវតែដឹងថា ខ្ញុំកំពុងតែចាប់ផ្ដើមយុគសម័យមួយថ្មី ចាប់ផ្ដើមកិច្ចការមួយថ្មី ហើយអ្វីដែលសំខាន់បំផុតនោះគឺដើម្បីផ្សាយដំណឹងល្អអំពីនគរព្រះ។ ដូច្នេះ អ្នកគួរតែដឹងថា កិច្ចការបច្ចុប្បន្ន គឺគ្រាន់តែចាប់ផ្ដើមយុគសម័យមួយ និងចាក់គ្រឹះមូលដ្ឋាន សម្រាប់ការផ្សាយដំណឹងល្អនាពេលខាងមុខ ហើយបញ្ចប់សម័យកាលនេះ នៅពេលអនាគត។ កិច្ចការរបស់ខ្ញុំ មិនមែនសាមញ្ញដូចអ្វីដែលអ្នកគិតឡើយ ហើយក៏មិនមែនគ្មានតម្លៃ ឬគ្មានន័យដូចអ្វីដែលអ្នកជឿដែរ។ ដូច្នេះ ខ្ញុំនៅតែត្រូវនិយាយទៅកាន់អ្នកថា៖ អ្នកគួរតែថ្វាយជីវិតរបស់អ្នកដើម្បីកិច្ចការរបស់ខ្ញុំ ហើយលើសពីនេះ អ្នកគួរតែលះបង់ជីវិតរបស់អ្នកសម្រាប់សិរីល្អរបស់ខ្ញុំ។ ខ្ញុំបានទន្ទឹងរង់ចាំឱ្យអ្នកធ្វើបន្ទាល់ពីខ្ញុំយូរណាស់មកហើយ ហើយខ្ញុំក៏ទន្ទឹងឱ្យអ្នកផ្សាយដំណឹងល្អរបស់ខ្ញុំយូរជាងនេះទៅទៀត។ អ្នកគួរតែយល់អំពីអ្វីដែលមាននៅក្នុងព្រះហឫទ័យរបស់ខ្ញុំ។

(ដកស្រង់ពី «តើអ្នកដឹងអ្វីខ្លះអំពីសេចក្តីជំនឿ?» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)

៤៨៣. តើអ្នកអាចនិយាយប្រាប់ពីនិស្ស័យដែលព្រះជាម្ចាស់បានសម្តែងចេញនៅក្នុងយុគសម័យនីមួយៗឱ្យបានច្បាស់លាស់ ដោយប្រើភាសាសមស្របដែលអាចពន្យល់ពីសារៈសំខាន់នៃយុគសម័យនោះបានដែរទេ? ដោយបានដកពិសោធន៍ពីកិច្ចការរបស់ព្រះជាម្ចាស់នៃគ្រាចុងក្រោយ តើអ្នកអាចពិពណ៌នាពីនិស្ស័យសុចរិតរបស់ព្រះជាម្ចាស់ឱ្យបានពិស្តារបានដែរឬទេ? តើអ្នកអាចធ្វើបន្ទាល់ពីនិស្ស័យរបស់ព្រះជាម្ចាស់ឱ្យបានច្បាស់លាស់ និងត្រឹមត្រូវបានដែរឬទេ? តើអ្នកនឹងបន្តប្រាប់អ្វីដែលបានឃើញនិងបានដកពិសោធន៍នោះទៅដល់អ្នកកាន់សាសនាដែលជឿស៊ប់ ទុរគត និងគួរឱ្យអាណិត ដែលស្រេកឃ្លានចង់បានសេចក្តីសុចរិត និងកំពុងរង់ចាំឱ្យអ្នកមកឃ្វាលពួកគេនោះយ៉ាងដូចម្តេច? តើមនុស្សជំពូកណាដែលកំពុងរង់ចាំឱ្យអ្នកមកឃ្វាលពួកគេ? តើអ្នកអាចនឹកស្រមៃឃើញទេ? តើអ្នកដឹងពីអម្រែកនៅលើស្មារបស់អ្នក ពីបញ្ជាបេសកកម្មរបស់អ្នក និងពីទំនួលខុសត្រូវរបស់អ្នកដែរឬទេ? តើស្មារតីយល់ដឹងអំពីបេសកកម្មជាប្រវត្តិសាស្ត្ររបស់អ្នកនៅឯណា? តើអ្នកនឹងធ្វើខ្លួនឱ្យស័ក្តិសមជាម្ចាស់នៃយុគសម័យបន្ទាប់ដោយរបៀបណា? តើអ្នកមានស្មារតីជាម្ចាស់ខ្លាំងដែរឬទេ? តើអ្នកនឹងពន្យល់ពីម្ចាស់នៃរបស់សព្វសារពើយ៉ាងដូចម្តេច? តើនោះពិតជាម្ចាស់នៃគ្រប់សត្វមានជីវិត និងវត្ថុធាតុនៅក្នុងពិភពលោកនេះមែនទេ? តើអ្នកមានផែនការអ្វីខ្លះសម្រាប់ការរីកចម្រើនទៅមុខនៃដំណាក់កាលបន្ទាប់នៃកិច្ចការនេះ? តើមានមនុស្សប៉ុន្មាននាក់ដែលកំពុងរង់ចាំឱ្យអ្នកធ្វើជាអ្នកគង្វាលរបស់ពួកគេ? តើកិច្ចការរបស់អ្នកធ្ងន់ណាស់មែនទេ? ពួកគេទុរគត គួរឱ្យអាណិត ភ្នែកខ្វាក់ និងវង្វេងផ្លូវផង ទាំងកំពុងទ្រហោយំនៅទីងងឹតសួរថា តើផ្លូវនៅឯណា? ពួកគេស្រេកឃ្លានចង់ឃើញពន្លឺ ដូចជាទេពច្យុតដែលធ្លាក់ចុះមកភ្លាមៗ ដើម្បីបណ្តេញអំណាចនៃភាពអន្ធការ ដែលបានគ្របបាំងមនុស្សអស់ពេលរាប់សិបឆ្នាំមកហើយ។ តើមានអ្នកណាដែលអាចដឹងពីទំហំនៃក្ដីសង្ឃឹមយ៉ាងអន្ទះសារបស់ពួកគេ ដែលចង់ឃើញពន្លឺនោះទាំងថ្ងៃទាំងយប់ដែរឬទេ? សូម្បីនៅថ្ងៃណាមួយដែលមានពន្លឺចាំងជះទៅផុតហើយក្ដី ក៏មនុស្សដែលកំពុងរងទុក្ខយ៉ាងខ្លាំងទាំងនោះ នៅតែជាប់នៅក្នុងគុកងងឹត គ្មានក្ដីសង្ឃឹមទទួលបានការដោះលែងដែរ។ តើពេលណាទើបពួកគេលែងយំតទៅទៀត? វិញ្ញាណដ៏ផុយស្រួយទាំងនេះ រងគ្រោះអកុសលខ្លាំងណាស់ ពួកគេមិនដែលបានសម្រាកឡើយ ហើយពួកគេត្រូវជាប់នៅក្នុងសភាពបែបនេះជាយូរមកហើយ ដោយត្រូវជាប់ចំណងដែលគ្មានក្ដីមេត្តាករុណា និងជាប់ក្នុងប្រវត្តិសាស្ត្រដែលមិនចេះផ្លាស់ប្តូរ។ តើមាននរណាធ្លាប់ឮសំឡេងទ្រហោយំរបស់ពួកគេដែរទេ? តើមាននរណាធ្លាប់បានគិតគូរពីសភាពវេទនារបស់ពួកគេដែរទេ? តើអ្នកធ្លាប់គិតទេថា ព្រះជាម្ចាស់ព្រួយព្រះហឫទ័យ និងមានក្ដីសោកសង្រេងប៉ុនណាទេ? តើទ្រង់អាចទ្រាំមើលមនុស្សដែលមិនដឹងអ្វីសោះ ដែលទ្រង់បានបង្កើតមកដោយព្រះហស្តទ្រង់ផ្ទាល់ រងទណ្ឌកម្មបែបនេះយ៉ាងដូចម្តេចទៅ? ចុងក្រោយ មនុស្សបានក្លាយជាជនរងគ្រោះដែលត្រូវគេបំពុល។ ហើយទោះបីជាមនុស្សអាចរួចជីវិតរហូតដល់សព្វថ្ងៃនេះក៏ដោយ តើមាននរណាបានដឹងថា មនុស្សជាតិត្រូវអាកំណាចបំពុលមកជាយូរហើយនោះ? តើអ្នកភ្លេចខ្លួនហើយមែនទេថា អ្នកក៏ជាជនរងគ្រោះម្នាក់ក្នុងចំណោមនោះដែរ? ដោយក្ដីស្រឡាញ់របស់អ្នកចំពោះព្រះជាម្ចាស់ តើអ្នកគ្មានឆន្ទៈប្រឹងប្រែងជួយសង្គ្រោះអ្នកដែលនៅរស់រាន្តទាំងនេះទេឬ? តើអ្នកគ្មានបំណងលះបង់អស់ទាំងកម្លាំងរបស់ខ្លួន ដើម្បីតបស្នងចំពោះព្រះជាម្ចាស់ដែលស្រឡាញ់មនុស្សជាតិ ដូចជាសាច់ឈាមរបស់ទ្រង់ផ្ទាល់ទេឬអី? បន្ទាប់ពីបានគិតនិងបានធ្វើគ្រប់យ៉ាងហើយ តើអ្នកនឹងបកស្រាយពីការដែលព្រះជាម្ចាស់ប្រើអ្នកឱ្យរស់នៅក្នុងជីវិតពិសេសខុសពីធម្មតានេះយ៉ាងដូចម្តេចវិញ? តើអ្នកពិតជាមានការតាំងចិត្ត និងជំនឿចិត្ត ដើម្បីរស់នៅក្នុងជីវិតដ៏មានន័យ ជាបុគ្គលដែលស្មោះត្រង់ និងបម្រើព្រះជាម្ចាស់មែនទេ?

(ដកស្រង់ពី «តើអ្នកគួរដោះស្រាយជាមួយបេសកកម្មនាពេលអនាគតរបស់អ្នកយ៉ាងដូចម្តេច?» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)

៤៨៤. ការធ្វើទីបន្ទាល់អំពីព្រះជាម្ចាស់គឺគ្រាន់តែជាការនិយាយអំពីចំណេះដឹងរបស់អ្នកទាក់ទងនឹងកិច្ចការរបស់ព្រះជាម្ចាស់ អំពីរបៀបដែលព្រះជាម្ចាស់យកឈ្នះមនុស្ស អំពីរបៀបដែលទ្រង់សង្រ្គោះមនុស្ស អំពីរបៀបដែលទ្រង់បំផ្លាស់បំប្រែមនុស្សប៉ុណ្ណោះ។ វាជាការនិយាយអំពីរបៀបដែលទ្រង់ដឹកនាំមនុស្សឱ្យចូលទៅក្នុងតថភាពនៃសេចក្តីពិត ដោយអនុញ្ញាតព្រះអង្គយកឈ្នះ ប្រោសឱ្យគ្រប់លក្ខណ៍ និងសង្រ្គោះពួកគេ។ ការធ្វើទីបន្ទាល់មានន័យថាជាការនិយាយអំពីកិច្ចការរបស់ទ្រង់ និងអំពីគ្រប់យ៉ាងដែលអ្នកបានមានបទពិសោធ។ មានតែកិច្ចការរបស់ទ្រង់ប៉ុណ្ណោះ ទើបអាចតំណាងឱ្យទ្រង់ ហើយមានតែកិច្ចការរបស់ទ្រង់ប៉ុណ្ណោះ ទើបអាចបើកសម្ដែងទ្រង់ជាសាធារណៈនៅក្នុងភាពទាំងស្រុងរបស់ទ្រង់បាន។ កិច្ចការរបស់ទ្រង់ធ្វើបន្ទាល់អំពីទ្រង់។ កិច្ចការ និងព្រះសូរសៀងរបស់ទ្រង់តំណាងដោយផ្ទាល់អំពីព្រះវិញ្ញាណ។ កិច្ចការដែលទ្រង់ធ្វើត្រូវបានអនុវត្តដោយព្រះវិញ្ញាណ ហើយព្រះបន្ទូលដែលទ្រង់ថ្លែងត្រូវបានថ្លែងឡើងដោយព្រះវិញ្ញាណ។ ការទាំងនេះត្រូវបានសម្ដែងចេញ តាមរយៈព្រះដែលយកកំណើតជាសាច់ឈាមប៉ុណ្ណោះ តែនៅក្នុងភាពជាក់ស្ដែង ការទាំងនេះគឺជាការសម្ដែងចេញនៃព្រះវិញ្ញាណ។ គ្រប់កិច្ចការដែលទ្រង់ធ្វើ និងគ្រប់ទាំងព្រះបន្ទូលដែលទ្រង់ថ្លែង សុទ្ធតែតំណាងឱ្យសារជាតិរបស់ទ្រង់។ បន្ទាប់ពីព្រះអង្គដណ្ដប់អង្គទ្រង់នៅក្នុងសាច់ឈាម និងយាងមកនៅក្នុងចំណោមមនុស្ស បើព្រះជាម្ចាស់មិនមានបន្ទូល ឬធ្វើការ ហើយក្រោយមកសុំឱ្យអ្នករាល់គ្នាដឹងអំពីភាពពិតរបស់ទ្រង់ ភាពសាមញ្ញរបស់ទ្រង់ និងសព្វានុភាពរបស់ទ្រង់ទេ តើអ្នកអាចនឹងដឹងបានដែរឬទេ? តើអ្នកអាចនឹងដឹងដែរឬទេថាអ្វីទៅជាសារជាតិនៃព្រះវិញ្ញាណ? តើអ្នកអាចនឹងដឹងដែរឬទេថាអ្វីខ្លះទៅជាចរិតលក្ខណៈនៃសាច់ឈាមរបស់ទ្រង់? គឺដោយសារតែអ្នករាល់គ្នាបានមានបទពិសោធនូវជំហាននីមួយៗនៃកិច្ចការរបស់ទ្រង់រួចហើយ ទើបទ្រង់សុំឱ្យអ្នករាល់គ្នាធ្វើទីបន្ទាល់អំពីទ្រង់នោះ។ បើអ្នករាល់គ្នាគ្មានបទពិសោធបែបនេះទេ នោះទ្រង់ក៏នឹងមិនទទូចឱ្យអ្នករាល់គ្នាធ្វើទីបន្ទាល់ដែរ។ ដូច្នេះ នៅពេលដែលអ្នកធ្វើបន្ទាល់អំពីព្រះជាម្ចាស់ អ្នកមិនគ្រាន់តែធ្វើបន្ទាល់អំពីភាពខាងក្រៅនៃភាពជាមនុស្សធម្មតារបស់ទ្រង់ប៉ុណ្ណោះទេ ប៉ុន្តែក៏ធ្វើបន្ទាល់អំពីកិច្ចការដែលទ្រង់ធ្វើ និងផ្លូវដែលទ្រង់ដឹកនាំផងដែរ។ អ្នកត្រូវតែធ្វើបន្ទាល់អំពីរបៀបដែលព្រះអង្គបានយកឈ្នះអ្នក និងអំពីទិដ្ឋភាពដែលព្រះអង្គបានប្រោសអ្នកឱ្យបានគ្រប់លក្ខណ៍។ នេះគឺជាប្រភេទនៃទីបន្ទាល់ដែលអ្នកគួរតែធ្វើ។ ... មួយជំហានម្ដងៗ អ្នកបានមានបទពិសោធនូវការវាយផ្ចាល ការជំនុំជម្រះ ការបន្សុទ្ធ ការល្បងល ឧបសគ្គ និងទុក្ខលំបាក ហើយអ្នកក៏ត្រូវបានយកឈ្នះដែរ។ អ្នកបានបោះចោលការរំពឹងទុកខាងសាច់ឈាម ការជំរុញចិត្តផ្ទាល់ខ្លួនរបស់អ្នក និងចំណាប់អារម្មណ៍ជិតស្និទ្ធខាងសាច់ឈាម។ ម្យ៉ាងទៀត ព្រះបន្ទូលរបស់ព្រះជាម្ចាស់បានយកឈ្នះដួងចិត្តរបស់អ្នកទាំងស្រុង។ ទោះបីអ្នកមិនបានលូតលាស់នៅក្នុងជីវិតអ្នកបានច្រើនដូចអ្វីដែលទ្រង់ទាមទារក៏ដោយ ក៏អ្នកដឹងអំពីគ្រប់ទាំងសេចក្តីទាំងនេះ ហើយអ្នកបានជឿជាក់ទាំងស្រុងចំពោះអ្វីដែលទ្រង់ធ្វើដែរ។ ដូច្នេះ ការនេះអាចត្រូវបានហៅថាជាទីបន្ទាល់មួយដ៏ជាក់ស្ដែង និងពិត។ កិច្ចការដែលព្រះជាម្ចាស់បានយាងមកធ្វើ កិច្ចការនៃការជំនុំជម្រះ និងការវាយផ្ចាល គឺជាការយកឈ្នះមនុស្ស ប៉ុន្តែទ្រង់ក៏កំពុងតែបូកសរុបកិច្ចការរបស់ទ្រង់ កំពុងបញ្ចប់យុគសម័យ និងអនុវត្តកិច្ចការនៃការបូកសរុបផងដែរ។ ព្រះអង្គកំពុងតែបិទបញ្ចប់យុគសម័យទាំងមូល ដោយសង្រ្គោះមនុស្សជាតិទាំងអស់ ដោយរំដោះមនុស្សជាតិពីបាបតែម្ដងជាសូរេច។ ព្រះអង្គកំពុងទទួលបានមនុស្សជាតិដែលទ្រង់បានបង្កើតមកបានទាំងស្រុង។ អ្នកគួរតែធ្វើបន្ទាល់អំពីការទាំងអស់នេះ។ អ្នកបានមានបទពិសោធជាច្រើនរួចមកហើយអំពីកិច្ចការរបស់ព្រះជាម្ចាស់ អ្នកបានឃើញកិច្ចការរបស់ទ្រង់ផ្ទាល់នឹងភ្នែក ហើយក៏បានមានបទពិសោធដោយផ្ទាល់ផងដែរ។ នៅពេលដែលអ្នកបានចូលមកដល់ទីបញ្ចប់ អ្នកមិនត្រូវមិនអាចបំពេញមុខងារដែលជាភារៈរបស់អ្នកឡើយ។ នោះគឺជារឿងដ៏គួរឱ្យអាណិតណាស់! ទៅថ្ងៃអនាគត នៅពេលដែលដំណឹងល្អត្រូវបានផ្សព្វផ្សាយ អ្នកគួរតែអាចនិយាយចេញពីចំណេះដឹងរបស់អ្នកផ្ទាល់ ធ្វើបន្ទាល់អំពីគ្រប់យ៉ាងដែលអ្នកបានទទួលនៅក្នុងដួងចិត្តរបស់អ្នក ហើយធ្វើអ្វីៗគ្រប់យ៉ាងដែលអ្នកអាចធ្វើបាន ដើម្បីឈានទៅសម្រេចវា។ នេះគឺជាអ្វីដែលភាវៈត្រូវបង្កើតមកគួរតែមាន។ តើអ្វីទៅជាភាពសំខាន់ដ៏ពិតទាក់ទងនឹងដំណាក់កាលនៃកិច្ចការនេះរបស់ព្រះជាម្ចាស់? តើអ្វីទៅជាឥទ្ធិពលរបស់វា? តើមានចំនួនប៉ុន្មានហើយដែលត្រូវបានអនុវត្តនៅក្នុងមនុស្ស? តើមនុស្សគួរតែធ្វើអ្វីខ្លះ? នៅពេលដែលអ្នករាល់គ្នាអាចនិយាយច្បាស់ៗអំពីគ្រប់ទាំងកិច្ចការដែលព្រះយកកំណើតជាមនុស្សបានធ្វើ ចាប់តាំងពីយាងមកកាន់ផែនដី នោះទីបន្ទាល់របស់អ្នកនឹងមានភាពពេញលេញមិនខាន។ នៅពេលដែលអ្នកអាចនិយាយច្បាស់ៗអំពីចំណុចទាំងប្រាំនេះ រួមមាន ភាពសំខាន់នៃកិច្ចការរបស់ទ្រង់ ខ្លឹមសាររបស់វា សារជាតិរបស់វា និស្ស័យដែលវាតំណាងឱ្យ ព្រមទាំងគោលការណ៍របស់វា នោះវានឹងសបញ្ជាក់ឱ្យឃើញថា អ្នកមានសមត្ថភាពធ្វើបន្ទាល់អំពីព្រះជាម្ចាស់ ថាអ្នកមានចំណេះដឹងយ៉ាងពិតប្រាកដមែន។ សេចក្តីតម្រូវរបស់ខ្ញុំចំពោះអ្នករាល់គ្នាមិនខ្ពស់ពេកទេ ហើយក៏អាចសម្រេចបាន ដោយអស់អ្នកដែលស្ថិតនៅក្នុងការដេញតាមដ៏ពិតផងដែរ។ បើអ្នកតាំងចិត្តក្លាយជាស្មរបន្ទាល់ម្នាក់របស់ព្រះជាម្ចាស់ អ្នកត្រូវតែយល់អំពីអ្វីដែលព្រះជាម្ចាស់ស្អប់ និងអ្វីដែលព្រះជាម្ចាស់ស្រឡាញ់។ អ្នកបានមានបទពិសោធជាច្រើនហើយអំពីកិច្ចការរបស់ទ្រង់។ តាមរយៈកិច្ចការនេះ អ្នកប្រាកដជាដឹងអំពីនិស្ស័យរបស់ទ្រង់ យល់អំពីព្រះហឫទ័យរបស់ទ្រង់ និងសេចក្តីតម្រូវរបស់ទ្រង់ចំពោះមនុស្សជាតិ ហើយប្រើប្រាស់ចំណេះដឹងនេះ ដើម្បីធ្វើបន្ទាល់អំពីទ្រង់ និងបំពេញភារកិច្ចរបស់អ្នក។

(ដកស្រង់ពី «ការអនុវត្ត (៧)» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)

៤៨៥. ការឆ្លងកាត់ការជំនុំជម្រះ និងការវាយផ្ចាលពីព្រះជាម្ចាស់ នាំមកនូវផលចំណេញ និងទីបន្ទាល់ជាក់ស្ដែង ដូច្នេះ អ្នកគួរតែធ្វើបន្ទាល់អំពីព្រះជាម្ចាស់។ នៅពេលធ្វើទីបន្ទាល់ថ្វាយព្រះជាម្ចាស់ អ្នកគួរតែនិយាយឱ្យបានច្រើនអំពីរបៀបដែលព្រះជាម្ចាស់ជំនុំជម្រះ និងវាយផ្ចាលមនុស្ស ហើយទ្រង់ប្រើការល្បងលអ្វីខ្លះដើម្បីបន្សុទ្ធមនុស្ស និងផ្លាស់ប្ដូរនិស្ស័យរបស់ពួកគេ។ អ្នកក៏គួរនិយាយផងដែរថាតើមានសេចក្ដីពុករលួយច្រើនប៉ុនណាដែលបានបើកសម្ដែងតាមរយៈបទពិសោធរបស់អ្នករាល់គ្នា ថាតើអ្នកបានរងទុក្ខច្រើនប៉ុនណា ថាតើអ្នកបានរឿងទាស់ទទឹងនឹងព្រះជាម្ចាស់ច្រើប៉ុនណា ហើយចុងក្រោយតើព្រះជាម្ចាស់យកឈ្នះលើអ្នកដោយរបៀបណា។ ត្រូវនិយាយអំពីចំណេះដឹងពិតប្រាកដដែលអ្នកមានអំពីកិច្ចការបស់ព្រះ និងរបៀបដែលអ្នកគួរធ្វើជាបន្ទាល់ថ្វាយព្រះជាម្ចាស់ និងរបៀបតបស្នងសេចក្ដីស្រលាញ់របស់ទ្រង់វិញ។ អ្នករាល់គ្នាគួរបញ្ចូលខ្លឹមសារទៅក្នុងភាសាបែបនេះ ហើយធ្វើឱ្យវាមានលក្ខណៈធម្មតា។ មិនត្រូវនិយាយពីទ្រឹស្ដីឥតបានការនោះទេ។ ត្រូវនិយាយដោយការបន្ទាបខ្លួនឱ្យបានច្រើន ហើយត្រូវនិយាយចេញពីចិត្ត។ អ្នកគួរដកពិសោធន៍អ្វីៗតាមរបៀបនេះ។ មិនត្រូវបំពាក់បំប៉នខ្លួនឯងដោយទ្រឹស្ដីដែលមើលទៅហាក់ដូចជាជ្រាលជ្រៅ តែគ្មានន័យខ្លឹមសារ ដើម្បីខំបង្អួតគេឱ្យសោះ។ ការធ្វើបែបនេះ នឹងធ្វើឱ្យអ្នកមើលទៅក្រអឺតក្រទមខ្លាំង ព្រមទាំងគ្មានហេតុផលផង។ អ្នកគួរតែនិយាយឱ្យបានច្រើនពីរឿងពិតចេញពីបទពិសោធជាក់ស្ដែងរបស់អ្នក ហើយត្រូវនិយាយចេញពីចិត្តឱ្យបានច្រើន។ បែបនេះនឹងមានប្រយោជន៍ខ្លាំងបំផុតដល់អ្នកដទៃ និងមានលក្ខណៈសមរម្យបំផុតសម្រាប់ឱ្យពួកគេមើលឃើញ។ អ្នករាល់គ្នាធ្លាប់ជាមនុស្សដែលប្រឆាំងនឹងព្រះជាម្ចាស់ខ្លាំងជាងគេបំផុត ដែលមិនព្រមចុះចូលនឹងទ្រង់បន្តិចណាឡើយ ប៉ុន្តែពេលនេះ អ្នកត្រូវបានយកឈ្នះហើយ ដូច្នេះ មិនត្រូវភ្លេចចំណុចនេះឡើយ។ អ្នកគួរតែពិចារណា និងគិតអំពីបញ្ហាទាំងនេះឱ្យបានច្រើន។ នៅពេលមនុស្សយល់ពីបញ្ហាទាំងនេះច្បាស់ហើយ ពួកគេនឹងដឹងពីរបៀបធ្វើទីបន្ទាល់ បើមិនយល់ច្បាស់ទេ ពួកគេមុខជាប្រព្រឹត្តអំពើដែលគួរឱ្យខ្មាសអៀននិងគ្មានហេតុផលមិនខាន ដែលមិនមែនជាការធ្វើបន្ទាល់ថ្វាយព្រះជាម្ចាស់ឡើយ តែផ្ទុយទៅវិញ ជាការនាំភាពអាម៉ាស់ដល់ព្រះជាម្ចាស់វិញទេ។ បើគ្មានបទពិសោធពិត និងគ្មានការយល់ដឹងពីសេចក្តីពិតទេ នោះមិនអាចធ្វើបន្ទាល់ថ្វាយព្រះជាម្ចាស់បានឡើយ។ មនុស្សដែលជឿលើព្រះជាម្ចាស់ទាំងច្របូកច្របល់ និងភាន់ច្រឡំ នឹងមិនអាចធ្វើបន្ទាល់ថ្វាយព្រះជាម្ចាស់បានឡើយ។

(ដកស្រង់ពី «មានតែតាមរយៈការដេញតាមសេចក្ដីពិតប៉ុណ្ណោះ ទើបមនុស្សម្នាក់អាចសម្រេចបាននូវការផ្លាស់ប្ដូរនិស្ស័យ» នៃសៀវភៅ «ព្រះបន្ទូល» ភាគ៣៖ ការថ្លែងព្រះបន្ទូលអំពីព្រះគ្រីស្ទនៃគ្រាចុងក្រោយ)

៤៨៦. ដើម្បីធ្វើបន្ទាល់អំពីកិច្ចការរបស់ព្រះជាម្ចាស់ អ្នកត្រូវតែពឹងផ្អែកលើបទពិសោធ ចំណេះដឹង និងតម្លៃដែលអ្នកបានបង់។ មានតែធ្វើដូច្នេះទេ ទើបអ្នកអាចផ្គាប់ព្រះហឫទ័យរបស់ព្រះជាម្ចាស់បាន។ តើអ្នកជាមនុស្សម្នាក់ដែលធ្វើបន្ទាល់អំពីកិច្ចការរបស់ព្រះជាម្ចាស់ឬទេ? តើអ្នកមានសេចក្តីប្រាថ្នានេះទេ? ប្រសិនបើអ្នកអាចធ្វើបន្ទាល់អំពីព្រះនាមទ្រង់ ហើយលើសពីនេះទៅទៀត ធ្វើបន្ទាល់អំពីកិច្ចការរបស់ទ្រង់ ហើយប្រសិនបើអ្នកអាចរស់នៅតាមរូបភាពដែលទ្រង់តម្រូវពីរាស្ត្ររបស់ទ្រង់ នោះអ្នកគឺជាស្មរបន្ទាល់សម្រាប់ព្រះជាម្ចាស់។ តើអ្នកពិតជាធ្វើបន្ទាល់អំពីព្រះជាម្ចាស់យ៉ាងដូចម្តេច? អ្នកធ្វើវាដោយស្វែងរក និងចង់រស់នៅស្របតាមព្រះបន្ទូលរបស់ព្រះជាម្ចាស់ ហើយដោយធើ្វ បន្ទាល់ជាមួយនឹងពាក្យរបស់អ្នក នោះគឺអនុញ្ញាតឱ្យមនុស្សដឹងពីកិច្ចការរបស់ទ្រង់ និងមើលឃើញសកម្មភាពរបស់ទ្រង់។ ប្រសិនបើអ្នកពិតជាស្វែងរករបស់ទាំងនេះមែន នោះព្រះជាម្ចាស់នឹងប្រោសឱ្យអ្នកបានគ្រប់លក្ខណ៍។ ប្រសិនបើអ្វីទាំងអស់ដែលអ្នកស្វែងរក គឹដើម្បីឱ្យបានការប្រោសឱ្យគ្រប់លក្ខណ៍ពីព្រះជាម្ចាស់ ហើយទទួលបានព្រះពរនៅចុងបញ្ចប់ នោះទស្សនៈនៃសេចក្ដីជំនឿរបស់អ្នកលើព្រះជាម្ចាស់ គឺមិនសុទ្ធទេ។ អ្នកគប្បីស្វែងរកវិធីដើម្បីមើលឃើញការប្រព្រឹត្តិរបស់ព្រះជាម្ចាស់នៅក្នុងជីវិតពិត របៀបក្នុងការផ្គាប់ព្រះហឫទ័យទ្រង់នៅពេលដែលទ្រង់បើកសម្ដែងពីបំណងព្រះហឫទ័យរបស់ទ្រង់មកកាន់អ្នក និងស្វែងរកវិធីដែលអ្នកគួរធ្វើបន្ទាល់អំពីភាពអស្ចារ្យ និងអំពីព្រះប្រាជ្ញាញាណរបស់ទ្រង់ ហើយនិងរបៀបធ្វើបន្ទាល់អំពីការដែលទ្រង់ប្រៀនប្រដៅ និងដោះស្រាយជាមួយអ្នក។ ទាំងអស់នេះគឺជារឿងដែលអ្នកគប្បីពិចារណា។ ប្រសិនបើសេចក្តីស្រឡាញ់របស់អ្នកចំពោះព្រះជាម្ចាស់ គឺសម្រាប់តែការដែលអ្នកអាចចែកចាយនូវសិរីរុងរឿងរបស់ព្រះជាម្ចាស់ បន្ទាប់ពីទ្រង់ប្រោសឱ្យអ្នកបានគ្រប់លក្ខណ៍ នោះវានៅតែមិនទាន់គ្រប់គ្រាន់ ហើយមិនអាចបំពេញតាមសេចក្ដីតម្រូវរបស់ព្រះជាម្ចាស់នៅឡើយទេ។ អ្នកត្រូវតែអាចធ្វើបន្ទាល់អំពីកិច្ចការរបស់ព្រះជាម្ចាស់ បំពេញតាមការទាមទាររបស់ទ្រង់ និងទទួលយកបទពិសោធអំពីកិច្ចការដែលទ្រង់បានធ្វើចំពោះមនុស្ស តាមរបៀបជាក់ស្តែង។ មិនថាការឈឺចាប់ ការស្រក់ទឹកភ្នែក ឬការសោកសៅទេ អ្នកត្រូវតែទទួលនូវបទពិសោធនៃរឿងរ៉ាវទាំងអស់នេះ នៅក្នុងការអនុវត្តរបស់អ្នក។ រឿងរ៉ាវទាំងអស់នេះ នឹងនាំឱ្យអ្នកបានគ្រប់លក្ខណ៍ ជាមនុស្សម្នាក់ដែលធ្វើបន្ទាល់អំពីព្រះជាម្ចាស់។

(ដកស្រង់ពី «អស់អ្នកដែលនឹងត្រូវប្រោសឱ្យបានគ្រប់លក្ខណ៍ ត្រូវតែឆ្លងកាត់ការបន្សុទ្ធ» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)

៤៨៧. ទោះបីអ្នករាល់គ្នាមានសេចក្តីជំនឿដ៏ស្មោះក៏ដោយ ប៉ុន្តែនៅក្នុងចំណោមអ្នករាល់គ្នា គ្មាននរណាម្នាក់ដែលអាចរ៉ាយរាប់អំពីខ្ញុំបានទាំងស្រុងឡើយ ហើយក៏គ្មាននរណាម្នាក់ អាចធ្វើបន្ទាល់ពេញលេញអំពីគ្រប់ទាំងសេចក្តីដែលអ្នកមើលឃើញដែរ។ ចូរគិតអំពីការនេះចុះ៖ ថ្ងៃនេះ អ្នករាល់គ្នាភាគច្រើនធ្វេសប្រហែសនឹងភារកិច្ចរបស់ខ្លួន ដោយព្យាយាមដេញតាមសាច់ឈាម ចម្អែតសាច់ឈាម ហើយរីករាយនឹងសាច់ឈាម ទាំងមានចិត្តលោភផង។ អ្នកមានសេចក្តីពិតតិចតួចណាស់។ ដូច្នេះ តើអ្នកអាចធ្វើបន្ទាល់ អំពីរាល់ទាំងសេចក្តីដែលអ្នករាល់គ្នាបានឃើញយ៉ាងដូចម្ដេច? តើអ្នករាល់គ្នាពិតជាមានទំនុកចិត្តដែរឬទេថា អ្នកអាចក្លាយជាបន្ទាល់របស់ខ្ញុំ? ប្រសិនបើថ្ងៃមួយមកដល់ ពេលដែលអ្នកមិនអាចធ្វើបន្ទាល់ពីគ្រប់ទាំងសេចក្តីដែលអ្នកបានឃើញនៅថ្ងៃនេះ នោះអ្នកនឹងបាត់បង់មុខងារជាមនុស្ស ហើយការដែលអ្នកមានជីវិតនេះ គឺគ្មានន័យទាល់តែសោះ។ អ្នកនឹងមិនសមអ្វីធ្វើជាមនុស្សឡើយ។ អាចនិយាយបានថា អ្នកនឹងមិនមែនជាមនុស្សតែម្ដង! ខ្ញុំបានធ្វើកិច្ចការដ៏ច្រើន សន្ធឹកសន្ធាប់សម្រាប់អ្នករាល់គ្នា ប៉ុន្តែឥឡូវនេះ ដោយសារតែអ្នករាល់គ្នារៀនមិនបានអ្វីសោះ គ្មានដឹងអ្វីទាំងអស់ ហើយការលះបង់របស់អ្នកក៏គ្មានប្រសិទ្ធភាពទៀត ដូច្នេះ នៅពេលដែលខ្ញុំត្រូវពង្រីកកិច្ចការរបស់ខ្ញុំ នោះអ្នកនឹងបានត្រឹមជាមនុស្សម្នាក់ដែលឈរមើល ទាំងបិទមាត់យ៉ាងជិត ហើយគ្មានប្រយោជន៍អ្វីសោះឡើយ។ តើការនេះ មិនធ្វើឱ្យអ្នកក្លាយជាមនុស្សបាបអស់មួយជីវិតទេឬអី? លុះដល់វេលាកំណត់ តើអ្នកនឹងគ្មានអារម្មណ៍ស្ដាយក្រោយខ្លាំងបំផុតទេឬអី? តើអ្នកនឹងគ្មានអារម្មណ៍សោកសង្រេងទេឬអី? គ្រប់កិច្ចការដែលខ្ញុំធ្វើនាថ្ងៃនេះ មិនត្រូវបានធ្វើឡើងដោយភាពខ្ជិលច្រអូស និងភាពធុញទ្រាន់ឡើយ ប៉ុន្តែដើម្បីចាក់គ្រឹះសម្រាប់កិច្ចការនាពេលអនាគតរបស់ខ្ញុំវិញ។ វាមិនមែនដោយសារតែខ្ញុំអស់ផ្លូវ ហើយត្រូវបង្កើតអ្វីមួយថ្មីឡើយ។ អ្នកគួរតែយល់ពីកិច្ចការដែលខ្ញុំធ្វើ វាមិនមែនជាកិច្ចការដែលត្រូវសម្រេចឡើង ដោយកូនក្មេងលេងដីនៅតាមចិញ្ចើមថ្នល់ឡើយ ប៉ុន្តែវាជាកិច្ចការដែលត្រូវធ្វើឡើង ជាតំណាងឱ្យព្រះវរបិតារបស់ខ្ញុំ។ អ្នករាល់គ្នាគួរតែដឹងថា វាមិនមែនជាខ្ញុំទេ ដែលកំពុងតែធ្វើកិច្ចការទាំងអស់នេះតែម្នាក់ឯង ប៉ុន្តែខ្ញុំតំណាងឱ្យព្រះវរបិតាខ្ញុំវិញទេ។ បច្ចុប្បន្ននេះ តួនាទីរបស់អ្នករាល់គ្នាគឺត្រូវដើរតាម ស្ដាប់បង្គាប់ ផ្លាស់ប្ដូរ និងធ្វើបន្ទាល់យ៉ាងតឹងរឹងបំផុត។ អ្វីដែលអ្នករាល់គ្នាគួរតែយល់ គឺជាហេតុផលដែលនាំឱ្យអ្នករាល់គ្នាគួរតែជឿលើខ្ញុំ។ នេះជាសំណួរដ៏សំខាន់បំផុតដែលអ្នករាល់គ្នាម្នាក់ៗត្រូវយល់។ ព្រះវរបិតាខ្ញុំបានដៅអ្នករាល់គ្នាទុកជាមុនសម្រាប់ខ្ញុំ តាំងពីពេលដែលទ្រង់បានបង្កើតពិភពលោកមកម៉្លេះ សម្រាប់ជាប្រយោជន៍ដល់សិរីល្អទ្រង់។ ព្រះអង្គបានដៅកំណត់អ្នករាល់គ្នាទុកជាមុន សម្រាប់ជាប្រយោជន៍នៃកិច្ចការរបស់ខ្ញុំ និងជាប្រយោជន៍ដល់សិរីល្អរបស់ទ្រង់។ គឺដោយសារតែព្រះវរបិតារបស់ខ្ញុំ ទើបអ្នករាល់គ្នាជឿលើខ្ញុំ។ គឺដោយសារតែការកំណត់ទុកជាមុនរបស់ព្រះបិតាខ្ញុំ ទើបអ្នករាល់គ្នាដើរតាមខ្ញុំ។ គ្មានការណាមួយដែលកើតចេញពីការជ្រើសរើសរបស់អ្នករាល់គ្នាឡើយ។ អ្វីដែលកាន់តែសំខាន់ទៀតនោះគឺថា អ្នករាល់គ្នាយល់ថា អ្នករាល់គ្នាជាមនុស្សដែលព្រះវរបិតាខ្ញុំបានប្រទានដល់ខ្ញុំ សម្រាប់គោលបំណងនៃការធ្វើបន្ទាល់ពីខ្ញុំ។ ដោយសារតែទ្រង់បានប្រទានអ្នករាល់គ្នាដល់ខ្ញុំ នោះអ្នករាល់គ្នាគួរតែនៅជាប់ជាមួយផ្លូវដែលខ្ញុំបានប្រទានដល់អ្នករាល់គ្នា ក៏ដូចជាផ្លូវ និងពាក្យដែលខ្ញុំបង្រៀនដល់អ្នករាល់គ្នាដែរ ព្រោះថាវាជាភារកិច្ចរបស់អ្នករាល់គ្នាដែលត្រូវនៅជាប់ក្នុងផ្លូវរបស់ខ្ញុំ។ នេះជាគោលបំណងដើមនៃសេចក្តីជំនឿរបស់អ្នករាល់គ្នាចំពោះខ្ញុំ។ ដូច្នេះ ខ្ញុំប្រាប់អ្នករាល់គ្នាទៅចុះថា៖ អ្នករាល់គ្នាគ្រាន់តែជាមនុស្សដែលព្រះបិតារបស់ខ្ញុំប្រទានមកដល់ខ្ញុំ ដើម្បីឱ្យនៅជាប់ក្នុងផ្លូវរបស់ខ្ញុំប៉ុណ្ណោះ។ យ៉ាងណាមិញ អ្នករាល់គ្នាគ្រាន់តែជឿលើខ្ញុំ អ្នកមិនមែនជារបស់ខ្ញុំ ដោយសារតែអ្នករាល់គ្នាមិនមែនជាក្រុមគ្រួសារអ៊ីស្រាអែល ប៉ុន្តែអ្នកជាប្រភេទតែមួយនៃសត្វពស់ពីបុរាណវិញ។ អ្វីគ្រប់យ៉ាងដែលខ្ញុំកំពុងតែទាមទារឱ្យអ្នករាល់គ្នាធ្វើ គឺត្រូវធ្វើបន្ទាល់សម្រាប់ខ្ញុំ ប៉ុន្តែថ្ងៃនេះអ្នករាល់គ្នាត្រូវតែដើរតាមផ្លូវរបស់ខ្ញុំ។ អ្វីទាំងអស់នេះ គឺសម្រាប់ជាប្រយោជន៍ដល់ទីបន្ទាល់នាពេលអនាគត។ ប្រសិនបើអ្នករាល់គ្នាធ្វើការ ដូចជាមនុស្សដែលគ្រាន់តែស្ដាប់តាមផ្លូវរបស់ខ្ញុំ នោះអ្នកនឹងក្លាយជាមនុស្សគ្មានតម្លៃ ហើយសារៈសំខាន់នៃការដែលព្រះវរបិតាខ្ញុំបានប្រទានអ្នករាល់គ្នាមកខ្ញុំ នឹងត្រូវបាត់បង់មិនខាន។ អ្វីដែលខ្ញុំទទូចប្រាប់ដល់អ្នករាល់គ្នាគឺថា៖ អ្នករាល់គ្នាគួរតែដើរតាមផ្លូវរបស់ខ្ញុំ។

(ដកស្រង់ពី «តើអ្នកមានការយល់ដឹងយ៉ាងដូចម្ដេចអំពីព្រះជាម្ចាស់?» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)

ខាង​ដើម៖ ដ. ស្ដីពីរបៀបសម្រេចបានចំណេះដឹងអំពីព្រះជាម្ចាស់

បន្ទាប់៖ ឌ. ស្ដីពីរបៀបកម្ចាត់ចោលឥទ្ធិពលរបស់សាតាំង និងសម្រេចបានសេចក្តីសង្រ្គោះ

គ្រោះមហន្តរាយផ្សេងៗបានធ្លាក់ចុះ សំឡេងរោទិ៍នៃថ្ងៃចុងក្រោយបានបន្លឺឡើង ហើយទំនាយនៃការយាងមករបស់ព្រះអម្ចាស់ត្រូវបានសម្រេច។ តើអ្នកចង់ស្វាគមន៍ព្រះអម្ចាស់ជាមួយក្រុមគ្រួសាររបស់អ្នក ហើយទទួលបានឱកាសត្រូវបានការពារដោយព្រះទេ?

ការកំណត់

  • អត្ថបទ
  • ប្រធានបទ

ពណ៌​ដិតច្បាស់

ប្រធានបទ

ប្រភេទ​អក្សរ

ទំហំ​អក្សរ

ចម្លោះ​បន្ទាត់

ចម្លោះ​បន្ទាត់

ប្រវែងទទឹង​ទំព័រ

មាតិកា

ស្វែងរក

  • ស្វែង​រក​អត្ថបទ​នេះ
  • ស្វែង​រក​សៀវភៅ​នេះ