ញ. ស្ដីពីរបៀបដេញតាមការស្រឡាញ់ព្រះជាម្ចាស់

៤៣៦. ជាងនេះទៅទៀត លក្ខណៈពិតរបស់ព្រះជាម្ចាស់ គឺមិនត្រឹមតែឱ្យមនុស្សជឿលើទ្រង់ប៉ុណ្ណោះទេ គឺឱ្យគេស្រឡាញ់ទ្រង់។ ប៉ុន្តែ មនុស្សជាច្រើនក្នុងចំណោមអ្នកដែលជឿលើព្រះជាម្ចាស់ គឺសុទ្ធតែអសមត្ថភាព រកមិនឃើញ «អាថ៌កំបាំង» នេះ។ មនុស្សមិនហ៊ានស្រឡាញ់ព្រះជាម្ចាស់ ហើយក៏មិនព្យាយាមស្រឡាញ់ទ្រង់ដែរ។ ពួកគេពុំដែលធ្លាប់រកឃើញសោះថា ព្រះជាម្ចាស់មានលក្ខណៈគួរឱ្យស្រឡាញ់ច្រើនណាស់។ ពួកគេពុំធ្លាប់រកឃើញសោះថា ព្រះជាម្ចាស់ គឺជាព្រះដែលស្រឡាញ់មនុស្ស និងជាព្រះដ៏គង់នៅ ដើម្បីឱ្យមនុស្សស្រឡាញ់។ សោភ័ណភាពរបស់ព្រះជាម្ចាស់ ត្រូវបានស្ដែងចេញមក តាមរយៈកិច្ចការរបស់ទ្រង់៖ លុះត្រាតែ មនុស្សមានបទពិសោធពីកិច្ចការរបស់ទ្រង់ ទើបពួកគេអាចរកឃើញសោភ័ណភាពរបស់ទ្រង់។ មានតែតាមរយៈបទពិសោធជាក់ស្ដែងរបស់គេទេ ទើបគេអាចស្ងើចសរសើរពី សោភ័ណភាពរបស់ព្រះជាម្ចាស់បាន ហើយប្រសិនបើមិនមានការកត់សម្គាល់ពីបទពិសោធនេះនៅក្នុងជីវិតពិតទេ ក៏គ្មាននរណាម្នាក់អាចរកឃើញសោភណភាពរបស់ព្រះជាម្ចាស់ដែរ។ ព្រះជាម្ចាស់មានលក្ខណៈគួរឱ្យស្រឡាញ់ច្រើនណាស់ ប៉ុន្តែប្រសិនបើគ្មានចំណងទំនាក់ទំនងពិតជាមួយនឹងទ្រង់ទេ មនុស្សក៏មិនអាចរកឃើញលក្ខណៈដ៏គួរឱ្យស្រឡាញ់ទាំងនេះដែរ។ មានន័យថា ប្រសិនបើព្រះជាម្ចាស់មិនបានក្លាយជាសាច់ឈាមទេ មនុស្សច្បាស់ជាមិនអាចមានចំណងទំនាក់ទំនងពិតជាមួយនឹងព្រះជាម្ចាស់ឡើយ ហើយប្រសិនបើពួកគេមិនអាចមានចំណងទំនាក់ទំនងពិតជាមួយទ្រង់ទេ នោះពួកគេច្បាស់ជាមិនអាចស្គាល់កិច្ចការរបស់ទ្រង់ឡើយ ហើយសេចក្ដីស្រឡាញ់របស់គេចំពោះព្រះអង្គ ក៏ច្បាស់ជាត្រូវសៅហ្មង ដោយភាពក្លែងក្លាយជា និងការស្រមើស្រមៃជាច្រើន។ សេចក្ដីស្រឡាញ់របស់ព្រះជាម្ចាស់ នៅឯស្ថានសួគ៌ មិនជាក់ស្ដែងដូចជាសេចក្ដីស្រឡាញ់របស់ព្រះជាម្ចាស់នៅផែនដីនេះទេ ដ្បិតការដែលមនុស្សស្គាល់ព្រះជាម្ចាស់ដែលគង់នៅស្ថានសួគ៌ គឺផ្អែកទៅលើការស្រមើស្រមៃរបស់គេ មិនមែនផ្អែកលើអ្វីដែលគេមើលឃើញផ្ទាល់នឹងភ្នែក និងផ្អែកលើអ្វីដែលគេបានពិសោធដោយខ្លួនឯង។ ពេលព្រះជាម្ចាស់យាងមកផែនដី មនុស្សអាចមើលឃើញសោភ័ណភាព និងទង្វើរបស់ទ្រង់ផ្ទាល់ ហើយពួកគេក៏អាចមើលឃើញ គ្រប់យ៉ាងទាក់ទងទៅនឹងនិស្ស័យជាក់ស្ដែង និងនិស្ស័យធម្មតារបស់ទ្រង់ ដែលសេចក្ដីទាំងអស់នេះមានលក្ខណៈជាក់ស្ដែង លើសពីការដែលគេស្គាល់ព្រះជាម្ចាស់ដែលគង់នៅឯស្ថានសួគ៌ រាប់ពាន់ដង។ បើទោះបីមនុស្សស្រឡាញ់ព្រះជាម្ចាស់ដែលគង់នៅឯស្ថានសួគ៌ខ្លាំងប៉ុនណា ក៏សេចក្ដីស្រឡាញ់នេះគ្មានអ្វីជាក់ស្ដែងដែរ ហើយពោរពេញទៅដោយគំនិតរបស់មនុស្ស។ បើទោះបីជាសេចក្ដីស្រឡាញ់របស់មនុស្ស ចំពោះព្រះដែលគង់នៅលើផែនដីនេះ មានតិចតួចស្តួចស្ដើងម្ដេចក្ដី ក៏សេចក្ដីស្រឡាញ់នេះ ជាសេចក្ដីស្រឡាញ់ជាក់ស្ដែងដែរ បើទោះបីជាមានតិចតួចប៉ុនណាក្ដី ក៏សេចក្ដីស្រឡាញ់នេះ នៅតែជាសេចក្ដីស្រឡាញ់ពិត។ ព្រះជាម្ចាស់ធ្វើឱ្យមនុស្សស្គាល់ទ្រង់ តាមរយៈកិច្ចការជាក់ស្ដែង ហើយទ្រង់ទទួលបាននូវសេចក្ដីស្រឡាញ់របស់គេ តាមរយៈចំណេះដឹងនេះហើយ។ គឺដូចជា ពេត្រុសដែរ៖ ប្រសិនបើគាត់មិនធ្លាប់រស់នៅ ជាមួយព្រះយេស៊ូវ នោះគាត់មុខជាមិនអាចស្រឡាញ់ព្រះយេស៊ូវឡើយ។ ដូច្នេះ ភក្ដីភាពដែលគាត់មាន ចំពោះព្រះយេស៊ូវ ក៏ផ្អែកលើចំណងទំនាក់ទំនងរបស់គាត់ជាមួយនឹងព្រះយេស៊ូវដែរ។ ដើម្បីឱ្យមនុស្សស្រឡាញ់ព្រះជាម្ចាស់ ទ្រង់បានយាងមកក្នុងចំណោមមនុស្សលោក ហើយរស់នៅជាមួយពួកគេ ហើយអស់ទាំងសេចក្ដីដែលព្រះអង្គបើកសម្ដែងឱ្យមនុស្សបានឃើញ និងមានបទពិសោធ សុទ្ធតែជាតថភាពរបស់ព្រះជាម្ចាស់។

(ដកស្រង់ពី «អស់អ្នកណាដែលស្រឡាញ់ព្រះជាម្ចាស់នឹងរស់នៅក្នុងពន្លឺរបស់ទ្រង់អស់កល្បជានិច្ច» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)

៤៣៧. តាមនិយមន័យ «សេចក្តីស្រឡាញ់» គឺសំដៅលើមនោសញ្ចេតនាដ៏បរិសុទ្ធ និងឥតសៅហ្មង ជាទីដែលអ្នកប្រើដួងចិត្តរបស់អ្នកដើម្បីស្រឡាញ់ ដើម្បីសម្តែងអារម្មណ៍ និងដើម្បីគិតពិចារណា។ នៅក្នុងសេចក្តីស្រឡាញ់ គ្មានលក្ខខណ្ឌ គ្មានរនាំងខណ្ឌចែក និងគ្មានគម្លាតនោះទេ។ នៅក្នុងសេចក្តីស្រឡាញ់ គ្មានមន្ទិលសង្ស័យគ្មានការបោកបញ្ឆោត និងគ្មានកលល្បិចនោះទេ។ នៅក្នុងសេចក្តីស្រឡាញ់ គ្មានទេគម្លាតពីគ្នា និងគ្មានភាពមន្ទិលសៅហ្មងឡើយ។ បើអ្នកស្រឡាញ់ នោះអ្នកនឹងមិនបោកបញ្ឆោត ត្អូញត្អែរ ផិតក្បត់ បះបោរ ទាមទារ ឬស្វែងរកផលប្រយោជន៍អ្វីមួយ ឬដើម្បីទទួលបានលាភសក្ការៈក្នុងចំនួនណាមួយឡើយ។ បើអ្នកស្រឡាញ់ នោះអ្នកនឹងលះបង់ខ្លួនឯងដោយក្តីរីករាយ សុខចិត្តរងការលំបាក ដោយក្តីរីករាយ អ្នកនឹងមានការចុះសម្រុងជាមួយនឹងខ្ញុំ អ្នកនឹងបោះបង់ចោលអ្វីទាំងអស់ដែលអ្នកមានដើម្បីខ្ញុំ អ្នកនឹងលះបង់គ្រួសាររបស់អ្នក អនាគតរបស់អ្នក យុវភាពរបស់អ្នក និងជីវិតអាពាហ៍ពិពាហ៍របស់អ្នក។ ពុំនោះសោត ក្តីស្រឡាញ់របស់អ្នក នឹងមិនមែនជាក្តីស្រឡាញ់ដែលពិតប្រាកដនោះទេ គ្រាន់តែជាការបោកបញ្ឆោត និងការផិតក្បត់ប៉ុណ្ណោះ! តើក្តីស្រឡាញ់របស់អ្នក គឺជាក្តីស្រឡាញ់ប្រភេទណា? តើវាជាក្តីស្រឡាញ់ពិតប្រាកដមែនដែរឬទេ? ឬមួយក្លែងក្លាយ? តើអ្នកបានលះបង់ច្រើនប៉ុនណាហើយ? តើអ្នកបានថ្វាយច្រើនប៉ុនណាហើយ? តើខ្ញុំទទួលបានក្តីស្រឡាញ់អ្នក ច្រើនប៉ុនណាហើយ? តើអ្នកដឹងដែរឬទេ? ដួងចិត្តរបស់អ្នកពោរពេញទៅដោយសេចក្តីអាក្រក់ អំពើក្បត់ និងការបោកបញ្ឆោត ហើយបើបែបនេះ តើក្តីស្រឡាញ់របស់អ្នកស្មោកគ្រោកខ្លាំងប៉ុនណា? អ្នករាល់គ្នាគិតថា អ្នកបានលះបង់ច្រើនគ្រប់គ្រាន់ហើយសម្រាប់ខ្ញុំ។ អ្នករាល់គ្នាគិតថាក្តីស្រឡាញ់របស់អ្នករាល់គ្នាចំពោះខ្ញុំ វាច្រើនគ្រប់គ្រាន់ហើយ។ បើដូច្នោះមែន តើហេតុអ្វីបានជាពាក្យសម្តី និងទង្វើរបស់អ្នករាល់គ្នា តែងតែបះបោរ និងបោកបញ្ឆោតទៅវិញ? អ្នករាល់គ្នាដើរតាមខ្ញុំ ប៉ុន្តែអ្នកមិនទទួលស្គាល់បន្ទូលរបស់ខ្ញុំឡើយ។ តើនេះចាត់ទុកជាក្តីស្រឡាញ់បានដែរឬទេ? អ្នករាល់គ្នាដើរតាមខ្ញុំ ប៉ុន្តែបែរជាទុកខ្ញុំចោលទៅវិញ។ តើនេះចាត់ទុកជាក្តីស្រឡាញ់ដែរឬទេ? អ្នករាល់គ្នាដើរតាមខ្ញុំ ប៉ុន្តែអ្នករាល់គ្នាមិនទុកចិត្តខ្ញុំ។ តើនេះចាត់ទុកជាក្តីស្រឡាញ់ដែរឬទេ? អ្នករាល់គ្នាដើរតាមខ្ញុំ ប៉ុន្តែអ្នករាល់គ្នាមិនអាចទទួលថាខ្ញុំមានពិតនោះទេ។ តើនេះចាត់ទុកជាក្តីស្រឡាញ់បានដែរឬទេ? អ្នករាល់គ្នាដើរតាមខ្ញុំ ប៉ុន្តែអ្នករាល់គ្នាមិនប្រព្រឹត្តនឹងខ្ញុំឱ្យស័ក្តិសមឋានៈរបស់ខ្ញុំទេ ហើយអ្នកតែងធ្វើឱ្យខ្ញុំមានការពិបាកជានិច្ច។ តើនេះចាត់ទុកជាក្តីស្រឡាញ់បានដែរឬទេ? អ្នករាល់គ្នាដើរតាមខ្ញុំ ប៉ុន្តែអ្នករាល់ព្យាយាមបន្លំខ្ញុំ និងបោកបញ្ឆោតខ្ញុំគ្រប់រឿងទាំងអស់។ តើនេះចាត់ទុកជាក្តីស្រឡាញ់បានទេ? អ្នករាល់គ្នាបម្រើខ្ញុំ ប៉ុន្តែអ្នករាល់គ្នាមិនខ្លាចរអាចំពោះខ្ញុំសោះឡើយ។ តើនេះចាត់ទុកជាក្តីស្រឡាញ់បានទេ? អ្នករាល់គ្នាទាស់ទទឹងនឹងខ្ញុំសព្វគ្រប់បែបយ៉ាងទាំងអស់។ តើទាំងអស់នេះ ចាត់ទុកជាក្តីស្រឡាញ់បានដែរឬទេ? អ្នករាល់គ្នាបានលះបង់ជាច្រើន វាជាការពិត ប៉ុន្តែអ្នករាល់គ្នា មិនដែលបានអនុវត្តទៅតាមអ្វីដែលខ្ញុំតម្រូវឱ្យអ្នកធ្វើនោះទេ។ តើនេះអាចចាត់ទុកជាក្តីស្រឡាញ់បានទេ? តាមការគិតពិចារណាដោយយកចិត្តទុកដាក់ បង្ហាញថា នៅក្នុងចិត្តរបស់អ្នករាល់គ្នា គ្មានសេចក្តីស្រឡាញ់ចំពោះខ្ញុំសូម្បីបន្តិចសោះឡើយ។ បន្ទាប់ពីបំពេញកិច្ចការអស់ពេលជាច្រើនឆ្នាំ និងតាមរយៈពាក្យសម្តីជាច្រើនដែលខ្ញុំមានបន្ទូល តើអ្នករាល់គ្នា ទទួលបានច្រើនប៉ុនណាហើយ? តើការនេះមិនសមនឹងពិចារណាឡើងវិញដោយយកចិត្តទុកដាក់ទេឬអី?

(ដកស្រង់ពី «មនុស្សជាច្រើនត្រូវបានត្រាស់ហៅ តែមានមនុស្សតិចណាស់ដែលត្រូវបានជ្រើសរើស» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)

៤៣៨. គ្មានមេរៀនណាដែលជ្រាលជ្រៅជាងមេរៀនអំពីការស្រឡាញ់ព្រះជាម្ចាស់នោះទេ ហើយអាចនិយាយបានថា មេរៀនដែលមនុស្សរៀនអំពីជំនឿក្នុងមួយជីវិតគឺរៀនអំពីរបៀបស្រឡាញ់ព្រះជាម្ចាស់នេះឯង។ និយាយឱ្យចំគឺថា ប្រសិនបើអ្នកជឿលើព្រះជាម្ចាស់ អ្នកត្រូវតែស្រឡាញ់ព្រះជាម្ចាស់។ ប្រសិនបើអ្នកគ្រាន់តែជឿលើព្រះជាម្ចាស់ ប៉ុន្តែមិនស្រឡាញ់ទ្រង់ និងមិនបានស្គាល់ព្រះអង្គ ហើយមិនដែលស្រឡាញ់ព្រះអង្គដោយសេចក្ដីស្រឡាញ់ពិតប្រាកដដែលចេញពីក្នុងចិត្តរបស់អ្នកទេ នោះជំនឿរបស់អ្នកលើព្រះជាម្ចាស់គឺឥតប្រយោជន៍ឡើយ។ ប្រសិនបើអ្នកគ្មានសេចក្ដីស្រឡាញ់ចំពោះព្រះជាម្ចាស់នៅក្នុងជំនឿរបស់អ្នកលើព្រះជាម្ចាស់ទេ នោះអ្នករស់នៅដោយអសារឥតការ ហើយជីវិតទាំងមូលរបស់អ្នកគឺទាបបំផុតក្នុងចំណោមជីវិតទាំងអស់។ ប្រសិនបើពេញមួយជីវិតរបស់អ្នក អ្នកមិនដែលស្រឡាញ់ និងបំពេញព្រះហឫទ័សព្រះជាម្ចាស់សោះ នោះតើអ្វីទៅជាប្រយោជន៍នៃការរស់នៅរបស់អ្នក? ហើយតើអ្វីទៅជាប្រយោជន៍នៃជំនឿរបស់អ្នកលើព្រះជាម្ចាស់? តើនោះមិនមែនជាការខ្ជះខ្ជាយនូវការខិតខំទេឬអី? និយាយឱ្យចំគឺថា ប្រសិនបើមនុស្សជឿ និងស្រឡាញ់ព្រះជាម្ចាស់ នោះពួកគេត្រូវតែបង់ថ្លៃ។ ជាជាងការព្យាយាមធ្វើសកម្មភាពតាមរបៀបមួយចំនួននៅខាងក្រៅ ពួកគេគួរតែស្វះស្វែងរកពន្លឺពិតប្រាកដនៅខាងក្នុងជម្រៅនៃដួងចិត្តរបស់ពួកគេ។ ប្រសិនបើអ្នកសាទរចំពោះការច្រៀងរាំ ប៉ុន្តែគ្មានសមត្ថភាពអនុវត្តនូវសេចក្តីពិត តើអ្នកអាចនិយាយថាស្រឡាញ់ព្រះជាម្ចាស់បានយ៉ាងដូចម្ដេចទៅ? ការស្រឡាញ់ព្រះជាម្ចាស់តម្រូវឱ្យមានការស្វះស្វែងរកបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ក្នុងគ្រប់ការទាំងអស់ និងតម្រូវឱ្យអ្នកស្ទង់មើលជ្រៅទៅខាងក្នុង នៅពេលមានរឿងអ្វីមួយកើតឡើងចំពោះអ្នក ការព្យាយាមយល់ពីបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ និងការព្យាយាមដឹងនូវអ្វីៗដែលជាបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ នោះហើយទើបជាកិច្ចការដែលទ្រង់ប្រាប់ឱ្យអ្នកសម្រេចឱ្យបាន និងជារបៀបដែលអ្នកគួរតែយកចិត្តទុកដាក់ចំពោះបំណងព្រះហឫទ័យរបស់ទ្រង់។ ឧទាហរណ៍៖ មានរឿងអ្វីមួយកើតឡើងដែលតម្រូវឱ្យអ្នកស៊ូទ្រាំនឹងការលំបាក នៅពេលនោះអ្នកគួរតែយល់អំពីបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ និងរបៀបដែលអ្នកគួរតែយកចិត្តទុកដាក់ចំពោះបំណងព្រះហឫទ័យរបស់ទ្រង់។ អ្នកមិនត្រូវបំពេញចិត្តខ្លួនឯងទេ៖ ជាដំបូង ត្រូវទុកចោលខ្លួនឯងទៅម្ខាងសិន។ គ្មានអ្វីដែលអន់ជាងសាច់ឈាមទៅទៀតនោះទេ។ អ្នកត្រូវតែប្រឹងប្រែងបំពេញបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ ហើយអ្នកត្រូវតែបំពេញករណីយកិច្ចរបស់អ្នក។ ដោយមានគំនិតបែបនេះ ព្រះជាម្ចាស់នឹងនាំមកឱ្យអ្នកនូវការបំភ្លឺយ៉ាងពិសេសនៅក្នុងរឿងនេះ ហើយចិត្តរបស់អ្នកក៏នឹងបានសុខស្រួលផងដែរ។

(ដកស្រង់ពី «មានតែការស្រលាញ់ព្រះជាម្ចាស់តែប៉ុណ្ណោះទើបជាការជឿលើព្រះជាម្ចាស់ពិតប្រាកដ» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)

៤៣៩. សព្វថ្ងៃនេះ អ្នករាល់គ្នាសុទ្ធតែដឹងហើយថា ជំនឿរបស់មនុស្សលើព្រះជាម្ចាស់ មិនមែនដើម្បីតែសេចក្ដីសង្រ្គោះខាងព្រលឹង និងភាពសុខស្រួលខាងសាច់ឈាមតែប៉ុណ្ណោះទេ ហើយក៏មិនមែនដើម្បីធ្វើឱ្យជីវិតរបស់ពួកគេបានសម្បូរហូរហៀរដោយការស្រឡាញ់ព្រះជាម្ចាស់ដែរ ។ល។ និង ។ល។ ក្នុងកាលៈទេសៈបច្ចុប្បន្ន ប្រសិនបើអ្នកស្រឡាញ់ព្រះជាម្ចាស់ដើម្បីតែភាពសុខស្រួលខាងសាច់ឈាម ឬការសប្បាយមួយពេល ដូច្នេះ បើទោះបីជាចុងក្រោយ សេចក្តីស្រឡាញ់របស់អ្នកចំពោះព្រះជាម្ចាស់ឈានដល់ចំណុចខ្ពស់បំផុត ហើយអ្នកលែងសុំអ្វីទៀតក៏ដោយ ក៏សេចក្តីស្រឡាញ់ដែលអ្នកស្វែងរកនេះ នៅតែជាសេចក្តីស្រឡាញ់មួយដែលមានភាពហ្មងសៅ មិនគាប់ព្រះទ័យព្រះជាម្ចាស់ដដែល។ អ្នកដែលប្រើសេចក្តីស្រឡាញ់ចំពោះព្រះជាម្ចាស់ដើម្បីធ្វើឱ្យជីវិតស្រអាប់គ្មានពន្លឺរបស់គេបានសម្បូរហូរហៀរឡើង និងដើម្បីបំពេញចន្លោះប្រហោងនៅក្នុងដួងចិត្តរបស់ពួកគេ គឺជាប្រភេទមនុស្សដែលលោភលន់ចង់បានជីវិតមួយដែលងាយស្រួល មិនមែនជាអ្នកដែលស្វែងរកដើម្បីស្រឡាញ់ព្រះជាម្ចាស់ដោយពិតប្រាកដឡើយ។ សេចក្ដីស្រឡាញ់បែបនេះមិនមែនចេញពីចិត្តទេ តែជាការស្វែងរកការស្កប់ស្កល់ចិត្ត ហើយព្រះជាម្ចាស់មិនសព្វព្រះទ័យចង់បានសេចក្ដីស្រឡាញ់បែបនេះទេ។ ដូច្នេះ តើអ្នកមានសេចក្តីស្រឡាញ់បែបណាដែរ? តើអ្នកស្រឡាញ់ព្រះជាម្ចាស់ដើម្បីអ្វី? ពេលនេះ តើនៅក្នុងចិត្តអ្នកមានសេចក្តីស្រឡាញ់ពិតប្រាកដចំពោះព្រះជាម្ចាស់ច្រើនប៉ុនណាដែរ? សេចក្តីស្រឡាញ់របស់អ្នករាល់គ្នាភាគច្រើន គឺជាប្រភេទនៃសេចក្ដីស្រឡាញ់ដែលបានរៀបរាប់ពីខាងលើ។ សេចក្តីស្រឡាញ់បែបនេះ គ្រាន់តែអាចរក្សាឈ្មោះថាជាសេចក្ដីស្រឡាញ់ប៉ុណ្ណោះ តែមិនអាចឋិតថេរអស់កល្បជានិច្ចបានទេ ហើយក៏មិនអាចចាក់ឫសនៅក្នុងខ្លួនមនុស្សបានដែរ។ សេចក្តីស្រឡាញ់ប្រភេទនេះ គឺប្រៀបដូចផ្កាដែលរីក ហើយរោយទៅវិញ គ្មានផ្លែសោះឡើយ។ អាចនិយាយម្យ៉ាងទៀតបានថា ក្រោយពីអ្នកបានស្រឡាញ់ព្រះជាម្ចាស់ដោយបែបនេះម្ដងរួចហើយ ប្រសិនបើគ្មានអ្នកណាម្នាក់ដឹកនាំអ្នកនៅផ្លូវខាងមុខនោះទេ នោះអ្នកនឹងដួលមិនខាន។ ប្រសិនបើអ្នកគ្រាន់តែស្រឡាញ់ព្រះជាម្ចាស់ក្នុងពេលដែលកំពុងស្រឡាញ់ទ្រង់ ប៉ុន្តែក្រោយមក និស្ស័យរបស់អ្នកនៅតែមិនផ្លាស់ប្តូរ នោះអ្នកនឹងនៅតែមិនអាចគេចចេញពីស្រមោលឥទ្ធិពលនៃភាពងងឹតបានដដែល ហើយអ្នកនឹងនៅតែមិនអាចគេចចេញពីចំណងនិងឧបាយកលរបស់សាតាំងបានដដែល។ មនុស្សដែលមានលក្ខណៈបែបនេះ មិនអាចឱ្យព្រះជាម្ចាស់ទទួលយកបានទាំងស្រុងនោះទេ។ នៅទីបញ្ចប់ វិញ្ញាណ ព្រលឹង និងរូបកាយរបស់គេ នឹងនៅតែជាកម្មសិទ្ធិរបស់អារក្សសាតាំងដដែល។ រឿងនេះគ្មានអ្វីគួរឆ្ងល់ឡើយ។ អស់អ្នកណាដែលព្រះជាម្ចាស់មិនអាចទទួលយកបានទាំងស្រុងទេ នឹងត្រូវត្រលប់ទៅកាន់កន្លែងដើមរបស់គេវិញ ពោលគឺ គេត្រូវត្រលប់ទៅខាងសាតាំងវិញ ហើយគេនឹងត្រូវចុះបឹងភ្លើង និងស្ពាន់ធ័រ ដើម្បីទទួលយកការដាក់ទោសពីព្រះជាម្ចាស់នៅដំណាក់កាលបន្ទាប់។ អ្នកដែលព្រះជាម្ចាស់ទទួលយក គឺជាអ្នកដែលលះបង់សាតាំងចោល ហើយគេចចេញពីដែនត្រួតត្រារបស់វា។ ពួកគេត្រូវបានបង់លេខរៀងផ្លូវការនៅក្នុងចំណោមរាស្រ្តនៃនគរព្រះ។ រាស្រ្តនៃនគរព្រះមានវត្តមានតាមរបៀបបែបនេះឯង។ តើអ្នកសុខចិត្តក្លាយជាមនុស្សប្រភេទនេះដែរឬទេ? តើអ្នកសុខចិត្តឱ្យព្រះជាម្ចាស់ទទួលយកអ្នកដែរឬទេ? តើអ្នកសុខចិត្តគេចចេញពីដែនត្រួតត្រារបស់សាតាំង ហើយត្រលប់ទៅរកព្រះជាម្ចាស់វិញដែរឬទេ? តើពេលនេះអ្នកជាកម្មសិទ្ធិរបស់សាតាំង ឬអ្នកត្រូវបានបង់លេខរៀងនៅក្នុងចំណោមរាស្រ្តនៃនគរព្រះហើយ?

(ដកស្រង់ពី «តើអ្នកជឿគួរប្រកាន់យកទស្សនៈបែបណា» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)

៤៤០. មនុស្សធ្លាប់រស់នៅក្រោមស្រមោលឥទ្ធិពលនៃសេចក្ដីងងឹត ដោយត្រូវជាប់ចំណងឥទ្ធិពលរបស់សាតាំង មិនអាចគេចចេញបានឡើយ ហើយនិស្ស័យរបស់គេ ដែលត្រូវសាតាំងកែប្រែរួចហើយនោះ ក៏រឹតតែពុករលួយខ្លាំងឡើងៗ។ អាចនិយាយបានថា មនុស្សតែងតែរស់នៅក្នុងនិស្ស័យដ៏ពុករលួយបែបសាតាំងរបស់ខ្លួនជានិច្ច មិនអាចស្រឡាញ់ព្រះជាម្ចាស់ដោយពិតប្រាកដបានឡើយ។ ដូច្នេះហើយ ប្រសិនបើមនុស្សចង់ស្រឡាញ់ព្រះជាម្ចាស់ គេត្រូវតែលះបង់ការរាប់ខ្លួនឯងជាសុចរិត ការរាប់ខ្លួនឯងជាសំខាន់ ភាពក្រអឺតក្រទម ការអួតខ្លួនហួសហេតុ និងលក្ខណៈស្រដៀងគ្នានេះ ពោលគឺគ្រប់យ៉ាងដែលជានិស្ស័យរបស់សាតាំងចេញ។ បើពុំដូច្នោះទេ សេចក្ដីស្រឡាញ់របស់គេ ត្រឹមជាសេចក្ដីស្រឡាញ់មិនបរិសុទ្ធ ជាសេចក្ដីស្រឡាញ់បែបសាតាំង និងជាសេចក្ដីស្រឡាញ់ដែលមិនអាចទទួលបានការពេញព្រះទ័យពីព្រះជាម្ចាស់ជាដាច់ខាត។ គ្មាននរណាម្នាក់ អាចស្រឡាញ់ព្រះជាម្ចាស់ដោយពិតប្រាកដ ដោយមិនឆ្លងកាត់ការប្រោសឱ្យបានគ្រប់លក្ខណ៍ ការដោះស្រាយជាមួយ ការបំបាក់ធ្មុង ការលួសកាត់ ការប្រៀនប្រដៅ ការវាយផ្ចាល និងការបន្សុទ្ធពីព្រះវិញ្ញាណបរិសុទ្ធដោយផ្ទាល់នោះទេ។

(ដកស្រង់ពី «មនុស្សពុករលួយ មិនអាចតំណាងព្រះជាម្ចាស់បានឡើយ» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)

៤៤១. នៅពេលដែលមនុស្សទំនាក់ទំនងជាមួយព្រះជាម្ចាស់ដោយចេញពីចិត្តរបស់ពួកគេ នៅពេលដែលចិត្តរបស់ពួកគេ អាចវិលត្រឡប់មករកទ្រង់វិញបានទាំងស្រុង នេះគឺជាជំហានដំបូងនៃសេចក្តីស្រឡាញ់របស់មនុស្សចំពោះព្រះជាម្ចាស់។ ប្រសិនបើអ្នកចង់ស្រឡាញ់ព្រះជាម្ចាស់ ដំបូងអ្នកត្រូវតែបង្វែរចិត្តរបស់អ្នកទៅរកព្រះអង្គជាមុនសិន។ តើអ្វីកំពុងបង្វែរចិត្តអ្នកទៅរកព្រះជាម្ចាស់? គឺនៅពេលដែលអ្វីៗគ្រប់យ៉ាងដែលអ្នកស្វែងរកនៅក្នុងចិត្តរបស់អ្នក គឺសម្រាប់ជាប្រយោជន៍នៃការស្រឡាញ់ និងការទទួលបានព្រះជាម្ចាស់។ នេះបង្ហាញថា អ្នកបានបង្វែរចិត្តរបស់អ្នកទាំងស្រុងទៅរកព្រះជាម្ចាស់ហើយ។ ក្រៅពីព្រះជាម្ចាស់ និងព្រះបន្ទូលរបស់ព្រះអង្គ គឺស្ទើរតែគ្មានអ្វីផ្សេងទៀតឡើយនៅក្នុងចិត្តរបស់អ្នកដូចជា (គ្រួសារ ទ្រព្យសម្បត្តិ ប្តី ប្រពន្ធ និងកូនៗជាដើម)។ ទោះបីជាមានរឿងបែបនេះក៏ដោយក្តី ក៏រឿងទាំងនោះមិនអាចក្តោបក្តាប់ចិត្តរបស់អ្នកបានឡើយ ហើយអ្នកនឹងលែងខ្វល់ពីអនាគតខាងមុខរបស់អ្នក គឺមានតែការស្វែងរក ការស្រឡាញ់ព្រះជាម្ចាស់ប៉ុណ្ណោះ។ នៅពេលនោះហើយដែលអ្នកនឹងបង្វែរចិត្តរបស់អ្នកទាំងស្រុងទៅរកព្រះជាម្ចាស់។ ឧបមាថា អ្នកនៅតែរៀបផែនការសម្រាប់ខ្លួនឯងនៅក្នុងចិត្តរបស់អ្នក ហើយអ្នកកំពុងស្វែងរកផលចំណេញសម្រាប់ខ្លួនឯង ដោយគិតថា៖ «តើនៅពេលណាខ្ញុំអាចធ្វើការសំណូមពរដ៏តូចពីព្រះជាម្ចាស់បាន? តើនៅពេលណា ក្រុមគ្រួសារខ្ញុំនឹងក្លាយជាអ្នកមាន? តើធ្វើយ៉ាងដូចម្តេច ទើបខ្ញុំអាចមានសម្លៀកបំពាក់ល្អៗនឹងគេ? ...» ប្រសិនបើអ្នកកំពុងរស់នៅក្នុងសភាពបែបនោះ វាសបញ្ជាក់ថាចិត្តរបស់អ្នកមិនបានបែរទៅរកព្រះជាម្ចាស់ទាំងស្រុងនៅឡើយទេ។ ប្រសិនបើអ្នកមានតែព្រះបន្ទូលរបស់ព្រះជាម្ចាស់នៅក្នុងដួងចិត្តអ្នក ហើយអ្នកអាចអធិស្ឋានដល់ព្រះជាម្ចាស់ ព្រមទាំងចូលទៅជិតព្រះអង្គគ្រប់ពេលវេលា ដូចជាព្រះអង្គគង់នៅជិតអ្នក ដូចជាព្រះជាម្ចាស់នៅក្នុងអ្នកដែរ ហើយអ្នកស្ថិតនៅក្នុងទ្រង់ ប្រសិនបើអ្នកស្ថិតក្នុងសភាពបែបនេះ វាមានន័យថាចិត្តរបស់អ្នកស្ថិតនៅក្នុងវត្តមានរបស់ព្រះជាម្ចាស់។ ប្រសិនបើអ្នកអធិស្ឋានដល់ព្រះជាម្ចាស់ ហើយទទួលទានព្រះបន្ទូលរបស់ព្រះអង្គជារាល់ថ្ងៃ គឺអ្នកតែងតែគិតពីកិច្ចការនៃពួកជំនុំ ហើយបើអ្នកបង្ហាញការគិតពីបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ សូមប្រើដួងចិត្តរបស់អ្នកដើម្បីស្រឡាញ់ព្រះអង្គយ៉ាងពិតប្រាកដ ព្រមទាំងបំពេញព្រះហឫទ័យរបស់ព្រះអង្គ នោះចិត្តរបស់អ្នកនឹងបានជាកម្មសិទ្ធរបស់ព្រះជាម្ចាស់។ ប្រសិនបើចិត្តរបស់អ្នក ត្រូវបានក្តោបក្តាប់ដោយរបស់អ្វីផ្សេង នោះមានន័យថា ចិត្តរបស់អ្នកនៅតែក្តោបក្តាប់ដោយសាតាំងដដែល ហើយវាមិនបានងាកមករកព្រះជាម្ចាស់ពិតប្រាកដនោះឡើយ។ នៅពេលដួងចិត្តរបស់នរណាម្នាក់ បានបែរទៅរកព្រះជាម្ចាស់ដោយពិតប្រាកដ នោះពួកគេនឹងមានក្តីស្រឡាញ់ដោយពិតត្រង់ និងប្រកបដោយឆន្ទៈចំពោះព្រះជាម្ចាស់ ហើយនឹងអាចយល់ពីកិច្ចការរបស់ព្រះជាម្ចាស់ទៀតផង។ ទោះបីពួកគេអាចនៅមានភាពល្ងីល្ងើ និងមិនសមហេតុផលក៏ដោយ ក៏ពួកគេនៅតែបង្ហាញការយកចិត្តទុកដាក់ចំពោះផលប្រយោជន៍នៃដំណាក់របស់ព្រះជាម្ចាស់ កិច្ចការរបស់ព្រះអង្គ និងការផ្លាស់ប្តូរនិស្ស័យផ្ទាល់ខ្លួន ព្រមទាំងមានចេតនាល្អ។ មនុស្សខ្លះតែងតែអះអាងថា អ្វីគ្រប់យ៉ាងដែលពួកគេធ្វើ គឺដើម្បីក្រុមជំនុំ តែតាមពិតទៅ ពួកគេកំពុងធ្វើដើម្បីផលប្រយោជន៍ខ្លួនឯងតែប៉ុណ្ណោះ។ មនុស្សប្រភេទនេះ គឺមានចេតនាមិនល្អ។ ពួកគេជាមនុស្សមិនស្មោះត្រង់ និងបោកបញ្ឆោត ហើយភាគច្រើននៃអ្វីដែលពួកគេធ្វើ គឺដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួន។ មនុស្សប្រភេទនេះមិនបានស្រឡាញ់ព្រះជាម្ចាស់ឡើយ។ ចិត្តរបស់ពួកគេនៅតែជារបស់សាតាំង ហើយមិនអាចងាកទៅរកព្រះជាម្ចាស់បានឡើយ។ ដូច្នេះព្រះជាម្ចាស់ មិនទទួលយកមនុស្សប្រភេទនេះឡើយ។

(ដកស្រង់ពី «សេចក្ដីស្រឡាញ់ពិតចំពោះព្រះជាម្ចាស់ គឺធ្វើឡើងប្រកបដោយឆន្ទៈ» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)

៤៤២. នៅគ្រប់ជំហាននៃកិច្ចការដែលព្រះជាម្ចាស់ធ្វើនៅក្នុងខ្លួនមនុស្ស ពីខាងក្រៅទំនងជាអន្តរកម្មរវាងមនុស្ស ដែលហាក់ដូចជាកើតចេញពីការរៀបចំរបស់មនុស្ស ឬពីការជ្រៀតជ្រែករបស់មនុស្ស។ ប៉ុន្តែនៅពីក្រោយឆាក គ្រប់ជំហាននៃកិច្ចការ និងអ្វីគ្រប់យ៉ាងដែលកើតឡើង គឺសុទ្ធតែជាការភ្នាល់ដែលសាតាំងធ្វើឡើងនៅចំពោះព្រះជាម្ចាស់ ហើយទាមទារឱ្យមនុស្សប្រកាន់ខ្ជាប់នូវទីបន្ទាល់របស់ខ្លួនអំពីព្រះជាម្ចាស់។ ចូរយករឿងរបស់យ៉ូប នៅពេលដែលគាត់ត្រូវបានសាកល្បងមកធ្វើជាឧទាហរណ៍៖ នៅពីក្រោយឆាក សាតាំងកំពុងតែភ្នាល់ជាមួយព្រះជាម្ចាស់ ហើយអ្វីដែលបានកើតឡើងដល់យ៉ូបគឺជាទង្វើរបស់មនុស្ស និងការជ្រៀតជ្រែករបស់មនុស្ស។ នៅពីក្រោយជំហាននីមួយៗនៃកិច្ចការដែលព្រះជាម្ចាស់ធ្វើនៅក្នុងអ្នក អ្នករាល់គ្នាគឺជាការភ្នាល់របស់សាតាំងជាមួយព្រះជាម្ចាស់ និយាយរួម នៅពីក្រោយអ្វីគ្រប់យ៉ាង គឺជាចម្បាំងមួយ។ ឧទាហរណ៍ថា ប្រសិនបើអ្នករើសអើងចំពោះបងប្អូនប្រុសស្រីរបស់អ្នក នោះអ្នកនឹងបញ្ចេញពាក្យសម្ដីដែលអ្នកចង់និយាយ ជាពាក្យសម្ដីដែលអ្នកមានអារម្មណ៍ថា អាចនឹងមិនគាប់ព្រះហឫទ័យព្រះជាម្ចាស់ ប៉ុន្តែប្រសិនបើអ្នកមិននិយាយចេញមកទេ នោះអ្នកនឹងមានអារម្មណ៍មិនស្រួលចិត្ត ហើយនៅខណៈនោះ ការតយុទ្ធមួយនឹងចាប់ផ្ដើមនៅក្នុងខ្លួនអ្នក៖ «តើខ្ញុំនិយាយ ឬអត់?» នេះហើយជាចម្បាំង។ ដូច្នេះ វាមានការតយុទ្ធនៅក្នុងអ្វីគ្រប់យ៉ាងដែលអ្នកជួបប្រទះ ហើយនៅពេលមានការតយុទ្ធនៅក្នុងខ្លួនអ្នក ដោយសារតែអ្នកសហការពិតប្រាកដ និងរងទុក្ខពិតប្រាកដ នោះព្រះជាម្ចាស់ធ្វើការនៅក្នុងខ្លួនឯង។ នៅទីបំផុត អ្នកអាចទុកចោលបញ្ហានេះនៅក្នុងខ្លួនឯង ហើយកំហឹងក៏រលត់បាត់ជាធម្មតា។ នេះជាឥទ្ធិពលនៃការសហការរបស់អ្នកជាមួយព្រះជាម្ចាស់។ អ្វីគ្រប់យ៉ាងដែលមនុស្សធ្វើ តម្រូវឱ្យពួកគេបង់ថ្លៃជាក់លាក់មួយនៅក្នុងការខិតខំប្រឹងប្រែងរបស់ពួកគេ។ បើគ្មានការលំបាកពិតប្រាកដទេ ពួកគេមិនអាចបំពេញព្រះហឫទ័យព្រះជាម្ចាស់បានឡើយ ពួកគេសូម្បីតែឈានជិតដល់កម្រិតនៃការបំពេញព្រះហឫទ័យព្រះជាម្ចាស់ក៏អត់ដែរ ហើយពួកគេគ្រាន់តែកំពុងព្រោកប្រាជ្ញពីពាក្យស្លោកឥតខ្លឹមសារតែប៉ុណ្ណោះ! តើពាក្យស្លោកឥតខ្លឹមសារទាំងនេះអាចបំពេញព្រះហឫទ័យព្រះជាម្ចាស់បានឬទេ? នៅពេលព្រះជាម្ចាស់ និងសាតាំង ច្បាំងគ្នានៅក្នុងពិភពខាងវិញ្ញាណ តើអ្នកគួរតែបំពេញព្រះហឫទ័យព្រះជាម្ចាស់យ៉ាងដូចម្តេច ហើយតើអ្នកគួរតែប្រកាន់ខ្ជាប់នូវទីបន្ទាល់របស់ខ្លួនអំពីទ្រង់យ៉ាងដូចម្តេច? អ្នកគួរតែដឹងថា អ្វីគ្រប់យ៉ាងដែលកើតឡើងចំពោះអ្នក គឺជាការល្បងលដ៏ធំ និងជាពេលដែលព្រះជាម្ចាស់ត្រូវការឱ្យអ្នកធ្វើនូវបន្ទាល់។ ថ្វីបើមើលពីខាងក្រៅវាហាក់ដូចជាមិនសំខាន់ក៏ដោយ ក៏នៅពេលរឿងទាំងនេះកើតឡើង វាបង្ហាញឱ្យដឹងថាតើអ្នកស្រលាញ់ព្រះជាម្ចាស់ ឬអត់។ ប្រសិនបើអ្នកធ្វើបាន នោះអ្នកនឹងអាចប្រកាន់ខ្ជាប់នូវទីបន្ទាល់របស់ខ្លួនអំពីទ្រង់បាន ហើយប្រសិនបើអ្នកមិនបានអនុវត្តនូវសេចក្ដីស្រឡាញ់ដល់ទ្រង់ទេ នេះបង្ហាញឱ្យដឹងថា អ្នកមិនមែនជាមនុស្សដែលអនុវត្តនូវសេចក្តីពិតនោះទេ ហើយអ្នកគឺគ្មានការពិត និងគ្មានជីវិតដែរ អ្នកគឺជាអង្កាម! អ្វីគ្រប់យ៉ាងដែលកើតឡើងចំពោះមនុស្សគឺកើតឡើងនៅពេលដែលព្រះជាម្ចាស់ត្រូវការឱ្យពួកគេប្រកាន់ខ្ជាប់នូវទីបន្ទាល់របស់ពួកគេអំពីទ្រង់។ ថ្វីបើគ្មានបញ្ហាធំដុំកើតឡើងចំពោះអ្នកនៅពេលនេះក្ដី ហើយអ្នកក៏មិនធ្វើបន្ទាល់ឱ្យបានអស្ចារ្យក្ដី ក៏រាល់សេចក្ដីលម្អិតនៃជីវិតប្រចាំថ្ងៃរបស់អ្នកនៅតែជាបញ្ហាក្នុងការធ្វើបន្ទាល់ពីព្រះជាម្ចាស់ដដែល។ ប្រសិនបើអ្នកអាចឈ្នះការកោតសរសើរពីបងប្អូនប្រុសស្រីរបស់អ្នក ពីសមាជិកគ្រួសាររបស់អ្នក និងពីមនុស្សគ្រប់គ្នាជុំវិញអ្នក ហើយប្រសិនបើថ្ងៃណាមួយ អ្នកមិនជឿមកកោតសរសើរនូវអ្វីគ្រប់យ៉ាងដែលអ្នកធ្វើ និងឃើញថាអ្វីគ្រប់យ៉ាងដែលព្រះជាម្ចាស់ធ្វើគឺអស្ចារ្យ នោះមានន័យថាអ្នកបានធ្វើបន្ទាល់ហើយ។ ទោះបីអ្នកគ្មានពន្លឺខាងក្នុង និងមានគុណសម្បត្តិអន់ក៏ដោយ តាមរយៈការដែលព្រះជាម្ចាស់ជាម្ចាស់ប្រោសឱ្យអ្នកគ្រប់លក្ខណ៍ នោះអ្នកអាចបំពេញព្រះហឫទ័យរបស់ទ្រង់ ហើយយកចិត្តទុកដាក់ចំពោះបំណងព្រះហឫទ័យរបស់ទ្រង់ដោយការបង្ហាញអ្នកដទៃអំពីកិច្ចការដ៏អស្ចារ្យដែលទ្រង់បានធ្វើនៅក្នុងមនុស្សដែលមានគុណសម្បត្តិអន់បំផុត។ នៅពេលមនុស្សភ្ញាក់ខ្លួនស្គាល់ព្រះជាម្ចាស់វិញ ហើយក្លាយជាអ្នកមានជ័យជម្នះនៅចំពោះមុខសាតាំង និងមានភក្ដីភាពចំពោះព្រះជាម្ចាស់បំផុត នោះគ្មាននរណាម្នាក់ដែលមានបង្អែករឹងមាំជាងក្រុមមនុស្សនេះឡើយ ហើយនេះជាទីបន្ទាល់ដ៏អស្ចារ្យបំផុត។ ទោះបីជាអ្នកគ្មានសមត្ថភាពធ្វើកិច្ចការអស្ចារ្យបានក៏ដោយ ក៏អ្នកអាចបំពេញព្រះហឫទ័យព្រះជាម្ចាស់បានដែរ។ អ្នកដទៃមិនអាចទុកចោលសញ្ញាណរបស់ពួកគេបានទេ ប៉ុន្តែអ្នកអាចធ្វើបាន អ្នកដទៃមិនអាចធ្វើបន្ទាល់ពីព្រះជាម្ចាស់ក្នុងបទពិសោធជាក់ស្តែងរបស់ពួកគេបានទេ ប៉ុន្តែអ្នកអាចប្រើសកម្មភាព និងកម្ពស់ជាក់ស្ដែងរបស់អ្នកដើម្បីតបស្នងសេចក្ដីស្រឡាញ់របស់ព្រះជាម្ចាស់ និងធ្វើបន្ទាល់ពីទ្រង់យ៉ាងខ្ទរខ្ទារ។ នេះទើបរាប់ជាការស្រឡាញ់ព្រះជាម្ចាស់ពិតប្រាកដមែន។

(ដកស្រង់ពី «មានតែការស្រលាញ់ព្រះជាម្ចាស់តែប៉ុណ្ណោះទើបជាការជឿលើព្រះជាម្ចាស់ពិតប្រាកដ» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)

៤៤៣. អស់អ្នកដែលស្រឡាញ់ព្រះជាម្ចាស់ គឺជាអ្នកដែលស្រឡាញ់សេចក្ដីពិត ហើយកាលណាអ្នកដែលស្រឡាញ់សេចក្តីពិត យកសេចក្តីពិតទៅអនុវត្តកាន់តែច្រើន នោះពួកគេមានសេចក្តីពិតកាន់តែច្រើន។ កាលណាពួកគេយកសេចក្តីពិតទៅអនុវត្តកាន់តែច្រើន នោះពួកគេមានសេចក្តីស្រឡាញ់របស់ព្រះជាម្ចាស់កាន់តែច្រើន។ ហើយកាលណាពួកគេយកសេចក្ដីពិតទៅអនុវត្តកាន់តែច្រើន នោះពួកគេក៏ទទួលបានព្រះពរពីព្រះជាម្ចាស់កាន់តែច្រើនដែរ។ ប្រសិនបើអ្នកអនុវត្តបែបនេះបានរហូត នោះសេចក្ដីស្រឡាញ់ដែលព្រះជាម្ចាស់មានចំពោះអ្នក នឹងជួយឱ្យអ្នកមើលឃើញបន្តិចម្ដងៗ ដូចជា ពេត្រុសចាប់ផ្ដើមស្គាល់ព្រះជាម្ចាស់៖ លោកបាននិយាយថា ព្រះជាម្ចាស់មិនត្រឹមតែមានប្រាជ្ញាញាណ បង្កើតនូវផ្ទៃមេឃ ផែនដី និងរបស់សព្វសារពើនោះទេ តែលើសពីនេះទៀត ទ្រង់ក៏មានប្រាជ្ញាញាណ ក្នុងការអនុវត្តកិច្ចការជាក់ស្តែង ក្នុងមនុស្សផងដែរ។ ពេត្រុសបាននិយាយថា ទ្រង់មិនត្រឹមតែស័ក្ដិសមឱ្យមនុស្សស្រឡាញ់ ដោយព្រោះការដែលព្រះអង្គបង្កើតផ្ទៃមេឃ ផែនដី និងរបស់សព្វសារពើនោះទេ តែលើសពីនេះ គឺដោយព្រោះភាពវាងវៃក្នុងការបង្កើតមនុស្សលោក សង្គ្រោះមនុស្សលោក និងប្រោសឱ្យ មនុស្សលោកបានគ្រប់លក្ខណ៍ និងដើម្បីបន្សល់ទុកសេចក្ដីស្រឡាញ់ឱ្យពួកគេ។ ពេត្រុសបាននិយាយទៀតថា នៅក្នុងព្រះអង្គមានលក្ខណៈជាច្រើនដែលស័ក្ដិសមឱ្យ មនុស្សស្រឡាញ់។ ពេត្រុសទូលទៅព្រះយេស៊ូវថា «តើការបង្កើតផ្ទៃមេឃ ផែនដី និងរបស់សព្វសារពើ គឺជាហេតុផលតែមួយដែលធ្វើឱ្យទ្រង់ស័ក្ដិសមនឹងទទួលសេចក្ដីស្រឡាញ់ពីមនុស្សលោកមែនទេ? នៅក្នុងព្រះអង្គមានលក្ខណៈច្រើនទៀតដែលគួរឱ្យស្រឡាញ់។ ព្រះអង្គធ្វើការ និងមានចលនាក្នុងជីវិតជាក់ស្ដែង ព្រះវិញ្ញាណរបស់ទ្រង់ពាល់ទូលបង្គំពីខាងក្នុង ទ្រង់លត់ដំទូលបង្គំ ទ្រង់ទិតៀនទូលបង្គំ សេចក្ដីទាំងអស់នេះ រឹតតែសមឱ្យទ្រង់ទទួលនូវសេចក្ដីស្រឡាញ់ពីមនុស្សលោកថែមទៀតផង»។ ប្រសិនបើអ្នកចង់ឃើញ និងស្គាល់សេចក្ដីស្រឡាញ់ព្រះជាម្ចាស់ នោះអ្នកត្រូវតែស្រាវជ្រាវ និងស្វែងរកក្នុងជីវិតជាក់ស្ដែង ហើយត្រូវព្រមលះបង់សាច់ឈាមរបស់ខ្លួនដោយឡែក។ អ្នកត្រូវតែធ្វើការតាំងចិត្តបែបនេះ។ អ្នកត្រូវធ្វើជាមនុស្សម្នាក់ដែលមានការតាំងចិត្ត ជាមនុស្សដែលអាចផ្គាប់ព្រះហឫទ័យព្រះជាម្ចាស់ ក្នុងគ្រប់ការទាំងអស់ដោយមិនខ្ជិលច្រអូស ឬលោភនឹងការអាស្រ័យផលនៃសាច់ឈាម ក៏មិនរស់ដើម្បីសាច់ឈាម តែរស់ដើម្បីព្រះជាម្ចាស់។ ក៏មានពេលខ្លះ អ្នកក៏មិនបានផ្គាប់ព្រះហឫទ័យព្រះជាម្ចាស់បានដែរ។ មូលហេតុមកពីអ្នកមិនយល់ព្រះហឫទ័យទ្រង់ ដូច្នេះពេលក្រោយ អ្នកត្រូវផ្គាប់ព្រះហឫទ័យទ្រង់ឱ្យបាន មិនត្រូវផ្គាប់សាច់ឈាម ឡើយ ទោះបីជាត្រូវខំប្រឹងប្រែងជាងមុនក៏ដោយ។ កាលណាអ្នកមានបទពិសោធដូច្នេះហើយ អ្នកនឹងបានស្គាល់ ព្រះជាម្ចាស់។ អ្នកត្រូវតែមើលឃើញថា ព្រះជាម្ចាស់អាចបង្កើតផ្ទៃមេឃ ផែនដី និងរបស់សព្វសារពើ ឃើញថា ទ្រង់បានយកកំណើតជាសាច់ឈាម ដើម្បីឱ្យមនុស្សអាចនឹងមើលឃើញទ្រង់ ហើយមានចំណងទាក់ទងជាមួយទ្រង់យ៉ាងពិតប្រាកដ។ អ្នកនឹងមើលឃើញថា ទ្រង់អាចដើរក្នុងចំណោមមនុស្សលោក ហើយឃើញថា ព្រះវិញ្ញាណរបស់ទ្រង់អាចប្រោសមនុស្សឱ្យបានគ្រប់លក្ខណ៍ នៅក្នុងជីវិតជាក់ស្ដែង ដោយអនុញាតិឱ្យពួកគេមើលឃើញនូវលក្ខណៈគួរឱ្យស្រឡាញ់របស់ទ្រង់ និងស្គាល់ការលត់ដំ ការវាយផ្ចាល និងស្គាល់ព្រះពររបស់ព្រះអង្គ។ ប្រសិនបើអ្នកមានបទពិសោធបែបនេះរហូត នោះអ្នកនឹងមិនអាចដាច់ចេញពីព្រះជាម្ចាស់ក្នុងជីវិតជាក់ស្ដែងបានឡើយ ហើយប្រសិនបើថ្ងៃមួយសម្ពន្ធភាពរបស់អ្នកជាមួយនឹងព្រះជាម្ចាស់លែងប្រក្រតី នោះអ្នកនឹងអាចរងនូវការស្ដីបន្ទោស និងមានវិប្បដិសារី។ នៅពេលដែលអ្នកមានសម្ពន្ធភាពប្រក្រតីមួយ ជាមួយព្រះជាម្ចាស់ នោះអ្នកនឹងមិនចង់ទៅឆ្ងាយពីព្រះជាម្ចាស់ទេ ហើយប្រសិនបើថ្ងៃមួយព្រះជាម្ចាស់មានបន្ទូលថា ទ្រង់នឹងទៅឆ្ងាយពីអ្នក នោះអ្នកនឹងភ័យខ្លាច រួចនិយាយថា អ្នកស៊ូស្លាប់ ប្រសើរជាងឱ្យព្រះជាម្ចាស់ចេញឆ្ងាយពីអ្នក។ កាលណាអ្នកមាន អារម្មណ៍បែបនេះ នោះអ្នកគិតថា អ្នកមិនអាចចាកចេញឆ្ងាយពីព្រះជាម្ចាស់ឡើយ អ្នកនឹងមានមូលដ្ឋានគ្រឹះមួយ ហើយអ្នកនឹងត្រេកអរសប្បាយនឹងសេចក្ដីស្រឡាញ់របស់ព្រះជាម្ចាស់ យ៉ាងពិតប្រាកដ តាមវិធីនេះ។

(ដកស្រង់ពី «អស់អ្នកណាដែលស្រឡាញ់ព្រះជាម្ចាស់នឹងរស់នៅក្នុងពន្លឺរបស់ទ្រង់អស់កល្បជានិច្ច» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)

៤៤៤. តើសព្វថ្ងៃនេះ អ្នកស្រឡាញ់ព្រះជាម្ចាស់ខ្លាំងកម្រិតណាទៅ? តើអ្នកដឹងច្រើនកម្រិតណាអំពីគ្រប់កិច្ចការដែលព្រះជាម្ចាស់បានធ្វើនៅក្នុងអ្នក? ទាំងនេះគឺជារឿងដែលអ្នកគួរតែរៀនសូត្រ។ នៅពេលដែលព្រះជាម្ចាស់យាងមកដល់ផែនដី គ្រប់យ៉ាងដែលទ្រង់បានធ្វើនៅក្នុងមនុស្ស និងបានអនុញ្ញាតឱ្យមនុស្សមើលឃើញ គឺដើម្បីឱ្យមនុស្សនឹងស្រឡាញ់ទ្រង់ ព្រមទាំងស្គាល់ទ្រង់យ៉ាងពិតប្រាកដ។ ការដែលមនុស្សអាចរងទុក្ខសម្រាប់ព្រះជាម្ចាស់ និងអាចមកដល់ឆ្ងាយកម្រិតនេះ នៅក្នុងទិដ្ឋភាពមួយគឺដោយសារតែសេចក្តីស្រឡាញ់របស់ព្រះជាម្ចាស់ ហើយនៅក្នុងទិដ្ឋភាពមួយទៀត គឺដោយសារតែសេចក្តីសង្រ្គោះរបស់ព្រះជាម្ចាស់។ ជាងនេះទៅទៀត វាក៏ដោយសារតែការជំនុំជម្រះ និងកិច្ចការនៃការវាយផ្ចាលដែលព្រះជាម្ចាស់បានអនុវត្តនៅក្នុងមនុស្សដែរ។ ប្រសិនបើអ្នកគ្មានការជំនុំជម្រះ ការវាយផ្ចាល និងការល្បងលរបស់ព្រះជាម្ចាស់ទេ ហើយប្រសិនបើព្រះជាម្ចាស់មិនបានធ្វើឱ្យអ្នករាល់គ្នារងទុក្ខទេ នោះនិយាយឱ្យចំទៅ អ្នករាល់គ្នាមិនស្រឡាញ់ព្រះជាម្ចាស់យ៉ាងពិតប្រាកដឡើយ។ បើកិច្ចការរបស់ព្រះជាម្ចាស់នៅក្នុងមនុស្សមានកាន់តែធំ ហើយបើសិនទុក្ខលំបាករបស់មនុស្សមានកាន់តែខ្លាំង នោះវាស្ដែងចេញឱ្យឃើញកាន់តែច្បាស់ថា កិច្ចការរបស់ព្រះជាម្ចាស់កាន់តែមានអត្ថន័យ ហើយដួងចិត្តរបស់មនុស្សកាន់តែអាចស្រឡាញ់ព្រះជាម្ចាស់យ៉ាងពិតប្រាកដ។ តើអ្នករៀនពីរបៀបស្រឡាញ់ព្រះជាម្ចាស់យ៉ាងដូចម្ដេចទៅ? បើគ្មានការដាក់ទោស និងការបន្សុទ្ធ បើគ្មានការល្បងលដ៏ឈឺចាប់ទេ ហើយលើសពីនេះទៅទៀត បើគ្រប់កិច្ចការដែលព្រះជាម្ចាស់បានប្រទានមកដល់មនុស្សមានត្រឹមតែជាព្រះគុណ សេចក្តីស្រឡាញ់ និងសេចក្តីមេត្តាករុណ តើអ្នកនឹងអាចឡើងទៅដល់កម្រិតមួយនៃការស្រឡាញ់ព្រះជាម្ចាស់យ៉ាងពិតប្រាកដដោយរបៀបណាទៅ? នៅក្នុងន័យម្យ៉ាង ក្នុងអំឡុងពេលនៃការល្បងលរបស់ព្រះជាម្ចាស់ មនុស្សចាប់ផ្ដើមដឹងអំពីសេចក្តីកម្សោយរបស់ខ្លួន និងមើលឃើញថា គេជាមនុស្សមិនសំខាន់ គួរឱ្យស្អប់ខ្ពើម និងទន់ទាប និងមើលឃើញទៀតថា គេមិនមានអ្វី គឺគ្មានអ្វីសោះតែម្ដង។ នៅក្នុងន័យម្យ៉ាងទៀត ក្នុងអំឡុងពេលនៃការល្បងលរបស់ទ្រង់ ព្រះជាម្ចាស់បង្កើតនូវបរិយាកាសខុសៗគ្នាសម្រាប់មនុស្ស ដើម្បីឱ្យគេកាន់តែអាចមានបទពិសោធអំពីភាពគួរឱ្យស្រឡាញ់របស់ព្រះជាម្ចាស់។ ទោះបីជាការឈឺចាប់មានកម្រិតខ្លាំង ហើយពេលខ្លះ ពុំអាចជម្នះបាន ឬអាចដល់កម្រិតនៃភាពតានតឹងចិត្តខ្លាំងចេញពីការល្បងលនោះក៏ដោយ ក៏មនុស្សមើលឃើញពីភាពគួរឱ្យស្រឡាញ់នៃកិច្ចការរបស់ព្រះជាម្ចាស់នៅក្នុងមនុស្សដែរ ហើយមានតែតាមរយៈការឈរលើគ្រឹះនេះទេ ទើបមនុស្សកើតមានចិត្តស្រឡាញ់ដ៏ពិតប្រាកដចំពោះព្រះជាម្ចាស់។ សព្វថ្ងៃនេះ មនុស្សមើលឃើញថា ដោយមានព្រះគុណ សេចក្តីស្រឡាញ់ និងសេចក្តីមេត្តាករុណារបស់ព្រះជាម្ចាស់តែម្យ៉ាង គេគ្មានសមត្ថភាពស្គាល់ខ្លួនឯងយ៉ាងពិតប្រាកដ ហើយក៏មិនអាចស្គាល់ពីលក្ខណៈរបស់មនុស្សដែរ។ មានតែតាមរយៈការបន្សុទ្ធ និងការជំនុំជម្រះរបស់ព្រះជាម្ចាស់ ព្រមទាំងស្ថិតក្នុងអំឡុងពេលនៃដំណើរការបន្ទុទ្សដោយផ្ទាល់ទេ ទើបមនុស្សអាចដឹងអំពីសេចក្តីកម្សោយរបស់ខ្លួន ហើយដឹងទៀតថា គេគ្មានអ្វីសោះឡើយ។ ហេតុដូចនេះ សេចក្តីស្រឡាញ់របស់មនុស្សចំពោះព្រះជាម្ចាស់ត្រូវបានសង់ពីលើគ្រឹះនៃការបន្សុទ្ធ និងការជំនុំជម្រះរបស់ព្រះជាម្ចាស់។

(ដកស្រង់ពី «មានតែតាមរយៈការឆ្លងកាត់ការល្បងលដ៏ឈឺចាប់ទេ ទើបអ្នកអាចដឹងអំពីភាពគួរឱ្យស្រឡាញ់របស់ព្រះជាម្ចាស់» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)

៤៤៥. សព្វថ្ងៃនេះ មនុស្សភាគច្រើនមិនមានចំណេះដឹងនេះឡើយ។ ពួកគេជឿថា ទុក្ខវេទនាគ្មានតម្លៃ ពួកគេត្រូវបានលោកីយ៍បោះបង់ចោល ជីវិតគ្រួសាររបស់ពួកគេជួបនូវបញ្ហា ពួកគេមិនត្រូវបានព្រះជាម្ចាស់ស្រឡាញ់ ហើយអនាគតរបស់ពួកគេមានភាពស្រពេចស្រពិល។ ទុក្ខវេទនារបស់មនុស្សមួយចំនួនឡើងដល់កម្រិតកំពូល ហើយគំនិតរបស់ពួកគេបែរទៅរកសេចក្តីស្លាប់។ នេះមិនមែនជាសេចក្តីស្រឡាញ់ដ៏ពិតចំពោះព្រះជាម្ចាស់ឡើយ។ មនុស្សបែបនេះគឺជាមនុស្សកំសាកវិញទេ ព្រោះពួកគេគ្មានការតស៊ូពុះពារ ទន់ជ្រាយ និងគ្មានកម្លាំងសោះ! ព្រះជាម្ចាស់មានព្រះទ័យចង់ឱ្យមនុស្សស្រឡាញ់ទ្រង់ ប៉ុន្តែបើមនុស្សស្រឡាញ់ទ្រង់កាន់តែខ្លាំង នោះមនុស្សនឹងជួបទុក្ខវេទនាកាន់តែខ្លាំង ហើយបើមនុស្សស្រឡាញ់ទ្រង់កាន់តែខ្លាំង នោះមនុស្សនឹងជួបការល្បងលកាន់តែខ្លាំងដែរ។ ប្រសិនបើអ្នកស្រឡាញ់ទ្រង់ នោះទុក្ខវេទនាសព្វបែបយ៉ាងនឹងធ្លាក់មកលើអ្នក ហើយប្រសិនបើអ្នកមិនស្រឡាញ់ទេ នោះអ្វីៗគ្រប់យ៉ាងនឹងប្រហែលជាដំណើរការយ៉ាងរលូនសម្រាប់អ្នក ហើយគ្រប់យ៉ាងដែលនៅជុំវិញអ្នកនឹងមានសុខសន្ដិភាព។ នៅពេលដែលអ្នកស្រឡាញ់ព្រះជាម្ចាស់ អ្នកនឹងមានអារម្មណ៍ថា មានរឿងជាច្រើននៅជុំវិញអ្នកដែលអ្នកមិនអាចយកឈ្នះបានឡើយ ហើយដោយសារតែកម្ពស់របស់អ្នកនៅទាបពេក ដូច្នេះ អ្នកនឹងត្រូវតែទទួលការបន្សុទ្ធ។ ជាងនេះទៅទៀត អ្នកនឹងគ្មានសមត្ថភាពបំពេញតាមព្រះហឫទ័យរបស់ព្រះជាម្ចាស់ឡើយ ហើយអ្នកនឹងតែងតែមានអារម្មណ៍ថា បំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់មានភាពខ្ពង់ខ្ពស់ពេក ដែលហួសពីការឈោងចាប់របស់មនុស្ស។ ដោយព្រោះតែការទាំងអស់នេះ អ្នកនឹងត្រូវបានបន្សុទ្ធ ដ្បិតមានសេចក្តីកម្សោយយ៉ាងច្រើននៅខាងក្នុងអ្នក ជាសេចក្តីកម្សោយដែលគ្មានសមត្ថភាពបំពេញតាមបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ឡើយ ដូច្នេះ អ្នកនឹងត្រូវបានបន្សុទ្ធនៅផ្នែកខាងក្នុង។ ប៉ុន្តែ អ្នករាល់គ្នាត្រូវតែមើលឃើញឱ្យច្បាស់ថា ការញែកជាបរិសុទ្ធនេះអាចសម្រេចបានតាមរយៈការបន្សុទ្ធតែប៉ុណ្ណោះ។ ដូច្នេះ ក្នុងអំឡុងពេលនៃគ្រាចុងក្រោយទាំងនេះ អ្នករាល់គ្នាត្រូវតែធ្វើបន្ទាល់អំពីព្រះជាម្ចាស់។ មិនថាទុក្ខវេទនារបស់អ្នកធំធេងប៉ុនណាឡើយ អ្នកគួរតែដើររហូតដល់ទីបំផុត ទោះដង្ហើមចុងក្រោយ ក៏អ្នកត្រូវបន្តស្មោះត្រង់នឹងព្រះ នៅក្រោមការចាត់ចែងពីទ្រង់ដែរ ពោលគឺមានតែបែបនេះទេ ទើបជាការស្រឡាញ់ព្រះជាម្ចាស់យ៉ាងពិតប្រាកដ ហើយមានតែបែបនេះទេ ទើបជាការធ្វើបន្ទាល់ដ៏រឹងមាំ និងលាន់កងរំពង។ នៅពេលដែលអ្នកត្រូវបានសាតាំងល្បួង អ្នកគួរតែនិយាយថា៖ «ដួងចិត្តរបស់ខ្ញុំជាកម្មសិទ្ធិរបស់ព្រះជាម្ចាស់ ហើយព្រះជាម្ចាស់បានទទួលយកខ្ញុំរួចហើយ។ ខ្ញុំមិនអាចបំពេញតាមចិត្តរបស់អ្នកឡើយ ព្រោះថាខ្ញុំត្រូវតែថ្វាយនូវអ្វីៗទាំងអស់របស់ខ្ញុំដើម្បីបំពេញតាមព្រះហឫទ័យរបស់ព្រះជាម្ចាស់»។ ប្រសិនបើអ្នកបំពេញតាមព្រះហឫទ័យរបស់ព្រះជាម្ចាស់កាន់តែច្រើន នោះព្រះជាម្ចាស់ប្រទានព្រះពរដល់អ្នកកាន់តែច្រើន ហើយកម្លាំងនៃសេចក្តីស្រឡាញ់របស់អ្នកចំពោះព្រះជាម្ចាស់ក៏កាន់តែខ្លាំងដែរ។ ជាមួយគ្នានេះដែរ អ្នកនឹងមានសេចក្តីជំនឿ និងការតាំងចិត្ត ហើយអ្នកនឹងមានអារម្មណ៍ថា គ្មានអ្វីមួយមានតម្លៃ ឬសំខាន់ជាងការលះបង់ជីវិតស្រឡាញ់ព្រះជាម្ចាស់ឡើយ។ គេអាចនិយាយបានថា ប្រសិនបើមនុស្សស្រឡាញ់ព្រះជាម្ចាស់ នោះគេនឹងគ្មានភាពសោកសៅឡើយ។ ទោះបីជាពេលខ្លះសាច់ឈាមរបស់អ្នកមានភាពទន់ខ្សោយ ហើយអ្នកជួបនូវបញ្ហាជាក់ស្ដែងជាច្រើនក៏ដោយ ក៏ក្នុងអំឡុងពេលទាំងនេះ អ្នកនឹងពឹងអាងលើព្រះជាម្ចាស់យ៉ាងពិតប្រាកដដែរ ហើយនៅក្នុងវិញ្ញាណរបស់អ្នក អ្នកនឹងទទួលបានការលួងលោម ព្រមទាំងមានអារម្មណ៍ជឿជាក់ថា អ្នកមានអ្វីមួយជាទីពំនាក់។ តាមរបៀបនេះ អ្នកនឹងអាចយកឈ្នះលើបរិយាកាសជាច្រើន ហើយអ្នកក៏នឹងមិនរអ៊ូរទាំអំពីព្រះជាម្ចាស់ ដោយសារតែការថប់បារម្ភដែលអ្នកមាននោះដែរ។ ផ្ទុយទៅវិញ អ្នកនឹងចង់ស្រែកច្រៀង រាំ និងអធិស្ឋាន ចង់ជួបជុំ និងប្រាស្រ័យទាក់ទង ចង់ទូលគំនិតរបស់អ្នកប្រាប់ដល់ព្រះជាម្ចាស់ ហើយអ្នកនឹងមានអារម្មណ៍ថា មនុស្ស រឿងរ៉ាវ និងអ្វីៗគ្រប់យ៉ាងដែលបានកើតឡើងជុំវិញអ្នក ដែលព្រះជាម្ចាស់បានរៀបចំទុកទាំងអំបាលម៉ាននេះ ពិតជាសក្ដិសមមែន។ ប្រសិនបើអ្នកមិនស្រឡាញ់ព្រះជាម្ចាស់ទេ នោះអ្វីៗគ្រប់យ៉ាងដែលអ្នកសម្លឹងមើលនឹងក្លាយជារឿងគួរឱ្យធុញទ្រាន់ចំពោះអ្នក ហើយគ្មានអ្វីមួយនឹងក្លាយជាទីគាប់ភ្នែករបស់អ្នកឡើយ។ នៅក្នុងដួងចិត្តរបស់អ្នក អ្នកនឹងគ្មានសេរីភាពឡើយ គឺមានតែការសង្កត់សង្កិនប៉ុណ្ណោះ ដួងចិត្តរបស់អ្នកនឹងតែងតែរអ៊ូរទាំអំពីព្រះជាម្ចាស់ ហើយអ្នកនឹងតែងតែមានអារម្មណ៍ថា អ្នករងទារុណកម្មច្រើនពេកហើយ ព្រមទាំងមានអារម្មណ៍ទៀតថា នេះជារឿងអយុត្តិធម៌ណាស់។ ប្រសិនបើអ្នកមិនដេញតាមដើម្បីជាប្រយោជន៍ឱ្យបានសេចក្តីសុខ ហើយបែរជាស្វះស្វែងបំពេញតាមព្រះហឫទ័យរបស់ព្រះជាម្ចាស់ និងមិនឱ្យសាតាំងចោទប្រកាន់ នោះការស្វះស្វែងបែបនេះនឹងផ្ដល់ឱ្យអ្នកមានកម្លាំងដ៏ខ្លាំងក្លាក្នុងការស្រឡាញ់ព្រះជាម្ចាស់មិនខាន។ មនុស្សអាចអនុវត្តតាមគ្រប់ទាំងសេចក្តីដែលព្រះជាម្ចាស់បានថ្លែង ហើយគ្រប់យ៉ាងដែលគេធ្វើ គឺដើម្បីអាចបំពេញតាមព្រះហឫទ័យរបស់ព្រះជាម្ចាស់ នេះហើយជាអត្ថន័យនៃការមានភាពពិតជាក់ស្ដែងនោះ។ ការស្វះស្វែងបំពេញតាមព្រះហឫទ័យរបស់ព្រះជាម្ចាស់ គឺជាការប្រើសេចក្តីស្រឡាញ់របស់អ្នកចំពោះព្រះជាម្ចាស់ ដោយអនុវត្តតាមព្រះបន្ទូលរបស់ទ្រង់ ហើយមិនថាក្នុងពេលណាឡើយ ទោះបីជាពេលដែលអ្នកដទៃគ្មានកម្លាំងចង់ធ្វើក៏ដោយ ក៏នៅខាងក្នុងអ្នកនៅតែមានដួងចិត្តដែលស្រឡាញ់ព្រះជាម្ចាស់ ជាដួងចិត្តមួយដែលស្រេកឃ្លានយ៉ាងជ្រាលជ្រៅចង់បានព្រះជាម្ចាស់ ព្រមទាំងនឹករឭកទ្រង់យ៉ាងខ្លាំង។ នេះហើយជាកម្ពស់ដ៏ពិតប្រាកដនោះ។

(ដកស្រង់ពី «មានតែតាមរយៈការឆ្លងកាត់ការល្បងលដ៏ឈឺចាប់ទេ ទើបអ្នកអាចដឹងអំពីភាពគួរឱ្យស្រឡាញ់របស់ព្រះជាម្ចាស់» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)

៤៤៦. គឺនៅក្នុងដំណាក់កាលដ៏ជូរចត់នៃការបន្សុទ្ធនេះហើយ ដែលមនុស្សអាចធ្លាក់ទៅក្នុងឥទ្ធិពលរបស់សាតាំងដោយងាយបំផុត ដូច្នេះ តើអ្នកគួរស្រឡាញ់ព្រះជាម្ចាស់បែបណាក្នុងដំណាក់កាលនៃការបន្សុទ្ធបែបនេះ? អ្នកត្រូវបោះបង់បំណងរបស់អ្នក ថ្វាយចិត្តនៅចំពោះព្រះជាម្ចាស់ ហើយថ្វាយពេលវេលាចុងក្រោយរបស់អ្នកទៅទ្រង់។ មិនថាព្រះជាម្ចាស់បន្សុទ្ធអ្នកយ៉ាងដូចម្តេចនោះទេ អ្នកគួរតែអាចអនុវត្តសេចក្តីពិត ដើម្បីបំពេញតាមបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ ហើយអ្នកគួរតែយកសេចក្តីពិតនោះដាក់ខ្លួន ដើម្បីស្វះស្វែងរកព្រះជាម្ចាស់ និងស្វះស្វែងប្រកបគ្នា។ ក្នុងដំណាក់កាលបែបនេះ អ្នកអកម្មកាន់តែច្រើន នោះអ្នកនឹងអវិជ្ជមានកាន់តែច្រើន ហើយអ្នកនឹងដើរថយក្រោយកាន់តែងាយ។ ទោះបីអ្នកមិនបំពេញតួនាទីរបស់អ្នកបានល្អប្រសើរក៏ដោយ តែនៅពេលដែលអ្នកចាំបាច់បំពេញតួនាទីរបស់អ្នក នោះចូរអ្នកបំពេញវាឱ្យអស់តាមដែលអ្នកអាចធ្វើបាន ហើយបំពេញវាដោយមិនប្រើអ្វីក្រៅពីសេចក្តីស្រឡាញ់ចំពោះព្រះជាម្ចាស់នោះទេ មិនថាអ្នកដទៃនិយាយអ្វី មិនថាពួកគេនិយាយថាអ្នកធ្វើបានល្អ ឬធ្វើមិនបានល្អនោះទេ គោលបំណងរបស់អ្នកគឺត្រឹមត្រូវ ហើយអ្នកមិនមែនត្រឹមត្រូវដោយខ្លួនឯងនោះទេ ដោយសារអ្នកកំពុងតែប្រព្រឹត្តក្នុងនាមព្រះជាម្ចាស់។ នៅពេលអ្នកដទៃនិយាយអ្វីមិនពិតពីអ្នក អ្នកអាចអធិស្ឋានទៅព្រះជាម្ចាស់ ហើយនិយាយថា «ឱ ព្រះជាម្ចាស់អើយ! ទូលបង្គំមិនបានសូមឱ្យអ្នកដទៃធ្វើបាបទូលបង្គំ ឬធ្វើល្អចំពោះទូលបង្គំ ឬឱ្យពួកគេយល់ ឬយល់ស្របជាមួយទូលបង្គំឡើយ។ ទូលបង្គំគ្រាន់តែសុំឱ្យទូលបង្គំអាចស្រឡាញ់ទ្រង់នៅក្នុងចិត្ត អាចមានចិត្តធូរស្បើយ និងឱ្យសតិសម្បជញ្ញៈរបស់ទូលបង្គំបានជ្រះស្រឡះប៉ុណ្ណោះ។ ទូលបង្គំមិនបានសុំឱ្យអ្នកដទៃសរសើរទូលបង្គំ ឬចាត់ទុកទូលបង្គំជាមនុស្សខ្ពង់ខ្ពស់នោះទេ ទូលបង្គំគ្រាន់តែស្វះស្វែងដើម្បីឱ្យទ្រង់សព្វព្រះហឫទ័យដោយចេញចិត្តទូលបង្គំប៉ុណ្ណោះ។ ទូលបង្គំបំពេញតួនាទីរបស់ទូលបង្គំ ដោយធ្វើគ្រប់យ៉ាងតាមដែលទូលបង្គំអាចធ្វើបាន ហើយទោះបីជាទូលបង្គំឆ្កួត ល្ងីល្ងើ ងងឹតមិនដឹងអីក៏ដោយ ក៏ទូលបង្គំដឹងថា ទ្រង់គួរឱ្យស្រឡាញ់ ហើយទូលបង្គំស្ម័គ្រចិត្តលះបង់គ្រប់យ៉ាងដែលទូលបង្គំមានទៅទ្រង់ប៉ុណ្ណោះ។» ពេលដែលអ្នកអធិស្ឋានតាមវិធីនេះ នោះសេចក្តីស្រឡាញ់របស់អ្នកចំពោះព្រះជាម្ចាស់កើតឡើង ហើយអ្នកមានអារម្មណ៍ស្រាកស្រាន្តក្នុងចិត្ត។ នេះជាអត្ថន័យនៃការអនុវត្តសេចក្តីស្រឡាញ់ចំពោះព្រះជាម្ចាស់។

(ដកស្រង់ពី «មានតែតាមរយៈការឆ្លងកាត់ការបន្សុទ្ធប៉ុណ្ណោះ ទើបមនុស្សអាចទទួលបានសេចក្តីស្រឡាញ់ពិត» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)

៤៤៧. តើមនុស្សគួរតែស្រឡាញ់ព្រះជាម្ចាស់បែបណានៅក្នុងដំណាក់កាលនៃការបន្សុទ្ធ? តាមរយៈការប្រើប្រាស់ការតាំងចិត្តក្នុងការស្រឡាញ់ព្រះជាម្ចាស់ ដើម្បីទទួលយកការបន្សុទ្ធរបស់ទ្រង់៖ ក្នុងអំឡុងពេលនៃការបន្សុទ្ធ អ្នកត្រូវបានធ្វើទារុណកម្មផ្នែកខាងក្នុង ដូចគេយកកាំបិតចាក់បេះដូងរបស់អ្នក ប៉ុន្តែអ្នកចង់បំពេញព្រះហឫទ័យរបស់ព្រះជាម្ចាស់ដោយប្រើប្រាស់បេះដូងរបស់អ្នកដែលស្រឡាញ់ទ្រង់ ហើយអ្នកមិនចង់យកចិត្តទុកដាក់ចំពោះសាច់ឈាមទេ។ នេះគឺជាអត្ថន័យនៃការអនុវត្តសេចក្តីស្រឡាញ់ចំពោះព្រះជាម្ចាស់។ អ្នកមានការឈឺចាប់ពីខាងក្នុង ហើយការឈឺចាប់របស់អ្នកបានឈានដល់ចំណុចជាក់លាក់មួយ ប៉ុន្តែអ្នកនៅតែចង់ចូលមកចំពោះព្រះភ័ក្រ្ដព្រះជាម្ចាស់ ហើយអធិស្ឋាន ដោយនិយាយថា «ឱ ព្រះជាម្ចាស់អើយ! អើយ ទូលបង្គំមិនអាចចាកចេញពីទ្រង់បានទេ។ ទោះបីជាមានភាពខ្មៅងងឹតនៅក្នុងខ្លួនទូលបង្គំក៏ដោយ ក៏ទូលបង្គំចង់បំពេញព្រះហឫទ័យទ្រង់ដែរ ទ្រង់ដឹងពីចិត្តរបស់ទូលបង្គំ ហើយទូលបង្គំចង់ឱ្យទ្រង់ផ្តល់ក្តីស្រឡាញ់មកក្នុងខ្លួនទូលបង្គំថែមទៀត។» នេះជាការអនុវត្តនៅក្នុងពេលនៃការបន្សុទ្ធ។ ប្រសិនបើអ្នកប្រើសេចក្តីស្រឡាញ់ចំពោះព្រះជាម្ចាស់ធ្វើជាមូលដ្ឋាន នោះការបន្សុទ្ធអាចនាំអ្នកទៅកាន់តែជិតព្រះជាម្ចាស់ និងធ្វើឱ្យអ្នកកាន់តែជិតស្និទ្ធជាមួយព្រះជាម្ចាស់។ ដោយសារអ្នកជឿលើព្រះជាម្ចាស់ អ្នកត្រូវតែថ្វាយចិត្តទៅព្រះជាម្ចាស់។ ប្រសិនបើអ្នកថ្វាយ និងដាក់ចិត្តរបស់អ្នកនៅចំពោះព្រះជាម្ចាស់ នោះក្នុងពេលនៃការបន្សុទ្ធ អ្នកនឹងមិនអាចបដិសេធព្រះជាម្ចាស់ ឬចាកចេញពីព្រះជាម្ចាស់បានទេ។ តាមរយៈវិធីនេះ ទំនាក់ទំនងរបស់អ្នកជាមួយព្រះជាម្ចាស់នឹងកាន់តែជិតស្និទ្ធ និងកាន់តែសាមញ្ញ ហើយទំនាក់ទំនងរបស់អ្នកជាមួយព្រះជាម្ចាស់នឹងកាន់តែញឹកញាប់ជាងមុន។ ប្រសិនបើអ្នកអនុវត្តវិធីនេះជានិច្ច នោះអ្នកនឹងចំណាយពេលកាន់តែច្រើននៅក្នុងពន្លឺ និងក្រោមការដឹកនាំនៃព្រះបន្ទូលរបស់ទ្រង់។ នឹងមានការផ្លាស់ប្តូរកាន់តែច្រើនឡើងៗ នៅក្នុងនិស្ស័យរបស់អ្នក ហើយចំណេះដឹងរបស់អ្នកនឹងកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ។ នៅថ្ងៃដែលការល្បងលរបស់ព្រះជាម្ចាស់ធ្លាក់មកដល់អ្នកមួយរំពេច នោះអ្នកមិនត្រឹមតែអាចឈរនៅខាងព្រះជាម្ចាស់បាននោះទេ អ្នកថែមទាំងអាចនាំទីបន្ទាល់ដល់ព្រះជាម្ចាស់ថែមទៀតផង។ នៅពេលនោះ អ្នកនឹងដូចជាយ៉ូប និងពេត្រុស។ ដោយការនាំយកទីបន្ទាល់ទៅថ្វាយព្រះជាម្ចាស់ នោះអ្នកនឹងស្រឡាញ់ព្រះជាម្ចាស់ដ៏ពិតប្រាកដ ហើយនឹងថ្វាយជីវិតរបស់អ្នកដល់ទ្រង់យ៉ាងរីករាយ។ អ្នកនឹងក្លាយជាទីបន្ទាល់របស់ព្រះជាម្ចាស់ និងជាមនុស្សម្នាក់ដែលព្រះជាម្ចាស់ស្រឡាញ់។ សេចក្តីស្រឡាញ់ដែលឆ្លងកាត់ការបន្សុទ្ធ គឺជាសេចក្តីស្រឡាញ់ដែលរឹងមាំ មិនទន់ខ្សោយនោះទេ។ មិនថាព្រះជាម្ចាស់ ដាក់អ្នកក្នុងការល្បងលរបស់ទ្រង់នៅពេលណា ឬដោយវិធីណានោះទេ អ្នកអាចថ្វាយក្តីបារម្ភអំពីការរស់នៅ និងការស្លាប់ បោះបង់គ្រប់យ៉ាងដើម្បីព្រះជាម្ចាស់ដោយរីករាយ ហើយស៊ូទ្រាំគ្រប់យ៉ាងដើម្បីព្រះជាម្ចាស់ដោយរីករាយ នោះសេចក្តីស្រឡាញ់របស់អ្នកនឹងបរិសុទ្ធ ហើយសេចក្តីជំនឿរបស់អ្នកមានលក្ខណៈពិតប្រាកដ។ មានតែធ្វើបែបនោះទេ ទើបអ្នកនឹងក្លាយជាមនុស្សម្នាក់ដែលព្រះជាម្ចាស់ស្រឡាញ់ពិតប្រាកដ ហើយព្រះជាម្ចាស់ប្រោសឱ្យអ្នកបានគ្រប់លក្ខណ៍យ៉ាងពិតប្រាកដ។

(ដកស្រង់ពី «មានតែតាមរយៈការឆ្លងកាត់ការបន្សុទ្ធប៉ុណ្ណោះ ទើបមនុស្សអាចទទួលបានសេចក្តីស្រឡាញ់ពិត» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)

៤៤៨. ព្រះជាម្ចាស់វាយផ្ចាល និងជំនុំជម្រះមនុស្ស ដោយសារតែវាជាកិច្ចការដែលទ្រង់ត្រូវតែធ្វើ ហើយលើសពីនេះទៅទៀត វាជាអ្វីមួយដែលមនុស្សត្រូវការ។ មនុស្សត្រូវតែទទួលការវាយផ្ចាល និងការជំនុំជម្រះ ហើយមានតែបែបនេះទេ ទើបគេអាចមានសេចក្តីស្រឡាញ់ចំពោះព្រះជាម្ចាស់។ ថ្ងៃនេះ អ្នករាល់គ្នាបានជឿលើព្រះអង្គទាំងស្រុងហើយ ប៉ុន្តែនៅពេលដែលអ្នកជួបឧបសគ្គដ៏កំប៉ិកកំប៉ុកបំផុត អ្នកបែរជាគិតថា អ្នកមានបញ្ហា។ កម្ពស់របស់អ្នកនៅតូចពេកហើយ ហើយអ្នកនៅតែត្រូវមានបទពិសោធអំពីការវាយផ្ចាល និងការជំនុំជម្រះបែបនេះជាច្រើនទៀត ដើម្បីទទួលបានចំណេះដឹងកាន់តែស៊ីជម្រៅ។ នៅថ្ងៃនេះ អ្នករាល់គ្នាមានការគោរពព្រះជាម្ចាស់ ហើយអ្នកកោតខ្លាចចំពោះព្រះជាម្ចាស់ ហើយអ្នករាល់គ្នាដឹងថា ទ្រង់ជាព្រះជាម្ចាស់ដ៏ពិត ប៉ុន្តែអ្នកមិនមានសេចក្តីស្រឡាញ់ដ៏ធំធេងចំពោះទ្រង់ឡើយ ហើយក៏គ្មានសេចក្តីស្រឡាញ់ដ៏បរិសុទ្ធដែរ។ ចំណែកឯចំណេះដឹងរបស់អ្នករាល់គ្នាវិញក៏រាក់កំផែលទៀត ហើយកម្ពស់របស់អ្នកវិញ ក៏នៅតែមិនគ្រប់គ្រាន់ដដែល។ នៅពេលដែលអ្នកជួបបរិយាកាសបែបនេះ អ្នកនៅតែមិនបានធ្វើបន្ទាល់ដ៏ពិត ឯច្រកចូលវិញ អ្នកមិនសូវមានការប្រុងប្រៀបជាមុនឡើយ ហើយអ្នកក៏គ្មានគំនិតអំពីការអនុវត្តដែរ។ មនុស្សភាគច្រើនជាមនុស្សអកម្ម និងគ្មានសកម្មភាព។ ពួកគេស្រឡាញ់ព្រះជាម្ចាស់លួចលាក់នៅក្នុងដួងចិត្តរបស់ពួកគេ ប៉ុន្តែពួកគេគ្មានវិធីក្នុងការអនុវត្ត ហើយក៏មិនដឹងច្បាស់អំពីគោលដៅរបស់គេនោះដែរ។ អស់អ្នកដែលត្រូវបានប្រោសឱ្យគ្រប់លក្ខណ៍ មិនគ្រាន់តែមានភាពជាមនុស្សសាមញ្ញប៉ុណ្ណោះទេ ប៉ុន្តែក៏មានសេចក្តីពិតដែលលើសពីខ្នាតវាស់នៃមនសិការ និងខ្ពស់ជាងបទដ្ឋាននៃមនសិការផងដែរ ហើយពួកគេមិនគ្រាន់តែប្រើប្រាស់មនសិការរបស់គេ ដើម្បីតបស្នងចំពោះសេចក្តីស្រឡាញ់របស់ព្រះជាម្ចាស់ប៉ុណ្ណោះទេ ប៉ុន្តែ លើសពីនេះ ពួកគេបានស្គាល់ព្រះជាម្ចាស់ និងបានឃើញថា ព្រះជាម្ចាស់ជាព្រះគួរឱ្យស្រឡាញ់ និងសក្តិសមទទួលសេចក្តីស្រឡាញ់របស់មនុស្ស ហើយបានឃើញទៀតថា នៅក្នុងព្រះជាម្ចាស់ មាននូវរឿងជាច្រើនទៀតដែលត្រូវស្រឡាញ់ ដូច្នេះ មនុស្សគ្មានអ្វីក្រៅពីស្រឡាញ់ទ្រង់នោះឡើយ! សេចក្តីស្រឡាញ់សម្រាប់ព្រះជាម្ចាស់របស់មនុស្សទាំងឡាយណាដែលត្រូវប្រោសឱ្យគ្រប់លក្ខណ៍ គឺត្រូវបំពេញតាមការជំរុញចិត្តរបស់ពួកគេរៀងៗខ្លួន។ សេចក្តីស្រឡាញ់របស់ពួកគេ ជាប្រភេទនៃសេចក្តីស្រឡាញ់ដែលស្ម័គ្រចិត្ត ដែលមិនសុំផលតបស្នងមកវិញឡើយ ហើយក៏មិនមែនជាការជួញដូរនោះដែរ។ ពួកគេស្រឡាញ់ព្រះជាម្ចាស់ ដោយសារតែចំណេះដឹងរបស់ពួកគេអំពីទ្រង់តែប៉ុណ្ណោះ។ មនុស្សបែបនេះមិនខ្វល់ឡើយថាតើព្រះជាម្ចាស់ប្រទានព្រះគុណដល់ពួកគេឬក៏អត់ ហើយមិនចេះស្កប់ចិត្តក្នុងការបំពេញតាមព្រះហឫទ័យរបស់ព្រះជាម្ចាស់នោះឡើយ។ ពួកគេមិនតថ្លៃជាមួយព្រះជាម្ចាស់ ហើយក៏មិនវាស់សេចក្តីស្រឡាញ់របស់ពួកគេចំពោះព្រះជាម្ចាស់ តាមរយៈមនសិការនោះដែរ៖ «ទ្រង់បានប្រទានពរទូលបង្គំ ដូច្នេះ ទូលបង្គំត្រូវតែស្រឡាញ់ទ្រង់វិញ ជាការសងគុណ។ ប្រសិនបើទ្រង់មិនប្រទានដល់ទូលបង្គំទេ នោះទូលបង្គំគ្មានអ្វីដែលត្រូវថ្វាយទ្រង់វិញឡើយ។» មនុស្សដែលត្រូវបានប្រោសឱ្យគ្រប់លក្ខណ៍ តែងតែជឿថា៖ «ព្រះជាម្ចាស់ជាព្រះអាទិករ ហើយទ្រង់អនុវត្តកិច្ចការរបស់ទ្រង់នៅក្នុងយើង។ ដោយសារតែខ្ញុំមានឱកាស លក្ខខណ្ឌ និងគុណសម្បត្តិនេះ ដើម្បីឱ្យទ្រង់ប្រោសឱ្យបានគ្រប់លក្ខណ៍ ដូច្នេះ ខ្ញុំគួរតែបន្តស្វែងរក ដើម្បីរស់នៅក្នុងជីវិតដែលមានអត្ថន័យ ហើយខ្ញុំគួរតែបំពេញតាមបំណងទ្រង់។»

(ដកស្រង់ពី «បទពិសោធរបស់ពេត្រុស៖ ចំណេះដឹងរបស់គាត់អំពីការវាយផ្ចាល និងការជំនុំជម្រះ» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)

៤៤៩. នៅក្នុងជីវិតរបស់គាត់ ពេត្រុសបានឆ្លងកាត់ការបន្សុទ្ធរាប់រយដង ហើយបានឆ្លងកាត់ការល្បងលដ៏ឈឺចាប់ជាច្រើន។ ការបន្សុទ្ធនេះ បានក្លាយជាមូលដ្ឋានគ្រឹះនៃសេចក្តីស្រឡាញ់ដ៏ឧត្តមរបស់គាត់ចំពោះព្រះជាម្ចាស់ និងជាបទពិសោធដ៏មានសារៈសំខាន់បំផុតនៅក្នុងជីវិតគាត់ទាំងមូល។ យើងអាចនិយាយបានម៉្យាងថា គាត់អាចមានសេចក្តីស្រឡាញ់ដ៏ឧត្តមចំពោះព្រះជាម្ចាស់ ដោយសារការតាំងចិត្តរបស់គាត់ក្នុងការស្រឡាញ់ព្រះជាម្ចាស់។ ប៉ុន្តែអ្វីដែលសំខាន់ជាងនេះ គឺដោយសារការបន្សុទ្ធ និងការឈឺចាប់ដែលគាត់បានឆ្លងកាត់។ ការឈឺចាប់នេះបានក្លាយជាមគ្គុទ្ទេសក៍បង្ហាញផ្លូវរបស់គាត់ក្នុងការស្រឡាញ់ព្រះជាម្ចាស់ ហើយជារឿងដែលគួរឱ្យចងចាំបំផុតសម្រាប់គាត់។ ប្រសិនបើមនុស្សមិនឆ្លងកាត់ការឈឺចាប់នៃការបន្សុទ្ធនៅពេលស្រឡាញ់ព្រះជាម្ចាស់ទេ នោះសេចក្តីស្រឡាញ់របស់ពួកគេពេញដោយភាពមិនបរិសុទ្ធ និងការពេញចិត្តផ្ទាល់ខ្លួន។ សេចក្តីស្រឡាញ់បែបនេះ គឺពេញដោយគំនិតរបស់សាតាំង ហើយមិនអាចជាមូលដ្ឋានក្នុងការបំពេញតាមបំណងព្រះហឫទ័យព្រះជាម្ចាស់បានទេ។ ការមានការតាំងចិត្តស្រឡាញ់ព្រះជាម្ចាស់ មិនដូចជាការស្រឡាញ់ព្រះដ៏ពិតប្រាកដនោះទេ។ ទោះបីអ្វីគ្រប់យ៉ាងដែលពួកគេគិតក្នុងចិត្ត គឺដើម្បីប្រយោជន៍នៃការស្រឡាញ់ព្រះជាម្ចាស់ និងធ្វើឱ្យព្រះជាម្ចាស់សព្វព្រះហឫទ័យ ហើយទោះបីជាគំនិតរបស់ពួកគេហាក់ដូចជាបូជាទាំងស្រុងចំពោះព្រះជាម្ចាស់ និងបោះបង់ចោលគំនិតរបស់មនុស្សក៏ដោយ ប៉ុន្តែនៅពេលដែលគំនិតពួកគេត្រូវបានយកទៅដាក់នៅចំពោះព្រះជាម្ចាស់ គំនិតបែបនោះ មិនទទួលបានការសរសើរ ឬក៏ព្រះពរពីព្រះជាម្ចាស់ឡើយ។ ទោះបីនៅពេលដែលមនុស្សបានយល់ច្បាស់ពីគ្រប់ទាំងសេចក្តីពិត នៅពេលដែលពួកគេដឹងពីសេចក្តីពិតទាំងនោះក៏ដោយ ក៏នេះមិនអាចហៅថាជាសញ្ញានៃការស្រឡាញ់ព្រះជាម្ចាស់បានទេ ហើយក៏មិនអាចនិយាយបានថា មនុស្សទាំងនេះស្រឡាញ់ព្រះជាម្ចាស់នោះដែរ។ ក្រៅពីយល់សេចក្តីពិតជាច្រើនដោយពុំឆ្លងកាត់ការបន្សុទ្ធ មនុស្សមិនអាចយកសេចក្តីពិតទាំងនេះទៅអនុវត្តបានទេ។ មានតែក្នុងអំឡុងពេលនៃការបន្សុទ្ធប៉ុណ្ណោះ ទើបមនុស្សអាចយល់អត្ថន័យពិតនៃសេចក្តីពិតទាំងនេះបាន ពេលនោះហើយទើបមនុស្សអាចស្ងើចសរសើរអត្ថន័យខាងក្នុងនៃសេចក្តីពិតយ៉ាងពិតប្រាកដ។ នៅពេលនោះ នៅពេលដែលពួកគេព្យាយាមម្តងទៀត ពួកគេអាចយកសេចក្តីពិតទៅអនុវត្តយ៉ាងសមរម្យ ហើយស្របនឹងព្រះហឫទ័យព្រះជាម្ចាស់។ ពេលនោះ គំនិត និងអំពើពុករលួយបែបមនុស្សរបស់ពួកគេត្រូវបានកាត់បន្ថយ ហើយមនោសញ្ចេតនាបែបមនុស្សរបស់ពួកគេត្រូវបានលុបបំបាត់។ មានតែពេលនោះទេ ទើបពួកគេអាចអនុវត្តការបង្ហាញសេចក្តីស្រឡាញ់ចំពោះព្រះដ៏ពិតមួយ។ លទ្ធផលនៃសេចក្តីពិតក្នុងការស្រឡាញ់ព្រះជាម្ចាស់ មិនអាចទទួលបានតាមរយៈចំណេះដឹងខាងនិយាយ ឬបំណងផ្លូវចិត្ត ហើយក៏មិនអាចទទួលបានត្រឹមតែការយល់សេចក្តីពិតនោះដែរ។ វាទាមទារឱ្យមនុស្សហ៊ានបង់ថ្លៃ មានន័យថាពួកគេឆ្លងកាត់ភាពល្វីងជូរចត់ជាច្រើនក្នុងអំឡុងពេលនៃការបន្សុទ្ធ ធ្វើបែបនោះទើបសេចក្តីស្រឡាញ់របស់ពួកគេក្លាយជាបរិសុទ្ធ និងសព្វព្រះហឫទ័យព្រះជាម្ចាស់។

(ដកស្រង់ពី «មានតែតាមរយៈការឆ្លងកាត់ការបន្សុទ្ធប៉ុណ្ណោះ ទើបមនុស្សអាចទទួលបានសេចក្តីស្រឡាញ់ពិត» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)

៤៥០. នៅជិតចុងបញ្ចប់នៃជីវិតរបស់គាត់ ក្រោយពេលដែលព្រះអង្គបានប្រោសគាត់ឱ្យគ្រប់លក្ខណ៍ ពេត្រុសបានមានប្រសាសន៍ថា៖ «ឱ ព្រះជាម្ចាស់អើយ! ប្រសិនបើទូលបង្គំត្រូវរស់នៅបានពីរបីឆ្នាំទៀត ទូលបង្គំប្រាថ្នាចង់មានសេចក្តីស្រឡាញ់ចំពោះទ្រង់កាន់តែបរិសុទ្ធ និងកាន់តែស៊ីជម្រៅ»។ នៅពេលដែលគាត់រៀបនឹងត្រូវគេដំភ្ជាប់ទៅនឹងឈើឆ្កាង នៅក្នុងដួងចិត្តរបស់គាត់ គាត់បានអធិស្ឋានថា៖ «ឱ ព្រះជាម្ចាស់អើយ! ឥឡូវនេះ ពេលកំណត់របស់ទ្រង់បានមកដល់ហើយ ដ្បិតពេលវេលាដែលទ្រង់បានរៀបចំសម្រាប់ទូលបង្គំនោះ បានមកដល់ហើយ។ ទូលបង្គំត្រូវតែជាប់ឆ្កាងសម្រាប់ទ្រង់ ទូលបង្គំត្រូវតែធ្វើបន្ទាល់នេះអំពីទ្រង់ ហើយទូលបង្គំសង្ឃឹមថា សេចក្តីស្រឡាញ់របស់ទូលបង្គំអាចបំពេញតាមសេចក្ដីតម្រូវរបស់ទ្រង់ និងសង្ឃឹមទៀតថា វាអាចកាន់តែបរិសុទ្ធ។ នៅថ្ងៃនេះ ការដែលទូលបង្គំអាចស្លាប់ និងជាប់ឆ្កាងដើម្បីទ្រង់ គឺជារឿងកម្សាន្តចិត្ត និងការធានាអះអាងចំពោះទូលបង្គំ ដ្បិតគ្មានការអ្វីមួយដែលធ្វើឱ្យទូលបង្គំស្កប់ចិត្ត ជាងការដែលទូលបង្គំអាចជាប់ឆ្កាងដើម្បីទ្រង់ និងបំពេញតាមបំណងរបស់ទ្រង់ និងការដែលទូលបង្គំអាចថ្វាយខ្លួន ថ្វាយជីវិតទូលបង្គំដល់ទ្រង់នោះឡើយ។ ឱ ព្រះជាម្ចាស់អើយ! ទ្រង់ពិតជាគួរឱ្យស្រឡាញ់ណាស់! បើទ្រង់អនុញ្ញាតឱ្យទូលបង្គំមានជីវិតរស់ នោះទូលបង្គំនឹងស្រឡាញ់ទ្រង់កាន់តែខ្លាំងជាងមុន។ ដរាបណាទូលបង្គំនៅមានជីវិតរស់ នោះទូលបង្គំនឹងស្រឡាញ់ទ្រង់។ ទូលបង្គំចង់ស្រឡាញ់ទ្រង់កាន់តែស៊ីជម្រៅ។ ទ្រង់ជំនុំជម្រះ ហើយវាយផ្ចាល និងល្បងលទូលបង្គំ ដោយសារតែទូលបង្គំជាមនុស្សមិនសុចរិត និងដោយសារតែទូលបង្គំបានប្រព្រឹត្តអំពើបាប ហើយនិស្ស័យដ៏សុចរិតរបស់ទ្រង់ស្ដែងឱ្យទូលបង្គំមើលឃើញកាន់តែច្បាស់។ នេះគឺជាព្រះពរមួយសម្រាប់ទូលបង្គំ ដ្បិតទូលបង្គំអាចស្រឡាញ់ទ្រង់កាន់តែជ្រាលជ្រៅ ហើយទូលបង្គំសុខចិត្តស្រឡាញ់ទ្រង់បែបនេះ ទោះបីជាទ្រង់មិនស្រឡាញ់ទូលបង្គំក៏ដោយ។ ទូលបង្គំសុខចិត្តសំឡឹងមើលពីនិស្ស័យដ៏សុចរិតរបស់ទ្រង់ ដ្បិតវាធ្វើឱ្យទូលបង្គំអាចរស់នៅក្នុងជីវិតដែលកាន់តែមានន័យ។ ទូលបង្គំមានអារម្មណ៍ថា ជីវិតរបស់ទូលបង្គំឥឡូវនេះ កាន់តែមានអត្ថន័យ ដ្បិតទូលបង្គំបានជាប់ឆ្កាងសម្រាប់ជាប្រយោជន៍ដល់ទ្រង់ ហើយវាជាជីវិតមួយដ៏មានន័យ ដែលអាចស្លាប់សម្រាប់ទ្រង់បាន។ ប៉ុន្តែ ទូលបង្គំនៅតែមិនទាន់មានអារម្មណ៍ស្កប់ចិត្តនៅឡើយទេ ដ្បិតទូលបង្គំដឹងតិចតួចពេកអំពីទ្រង់ ទូលបង្គំដឹងថា ទូលបង្គំមិនអាចបំពេញតាមបំណងរបស់ទ្រង់ទាំងស្រុង ហើយទូលបង្គំបានតបស្នងសងគុណទ្រង់វិញតែបន្ដិចបន្ដួចប៉ុណ្ណោះ។ នៅក្នុងជីវិតរបស់ទូលបង្គំ ទូលបង្គំគ្មានសមត្ថភាពសងគុណទ្រង់វិញបានទាំងស្រុងឡើយ ដ្បិតទូលបង្គំនៅឆ្ងាយណាស់។ នៅពេលដែលទូលបង្គំក្រឡេកមើលក្រោយក្នុងពេលនេះ ទូលបង្គំមានអារម្មណ៍ថា ទូលបង្គំបានជំពាក់ទ្រង់ច្រើនណាស់ ហើយទូលបង្គំមានតែពេលនេះប៉ុណ្ណោះ ដើម្បីតបស្នងចំពោះកំហុសឆ្គងទាំងប៉ុន្មានរបស់ទូលបង្គំ និងរាល់សេចក្តីស្រឡាញ់ដែលទូលបង្គំមិនទាន់បានតបស្នងចំពោះទ្រង់។»

(ដកស្រង់ពី «បទពិសោធរបស់ពេត្រុស៖ ចំណេះដឹងរបស់គាត់អំពីការវាយផ្ចាល និងការជំនុំជម្រះ» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)

៤៥១. មនុស្សត្រូវតែបន្តស្វែងរកការរស់នៅក្នុងជីវិតដែលមានអត្ថន័យ ហើយគេមិនគួរស្កប់ចិត្តជាមួយកាលៈទេសៈបច្ចុប្បន្នរបស់គេឡើយ។ ដើម្បីរស់នៅតាមរូបកាយរបស់ពេត្រុស គេត្រូវតែមានចំណេះដឹង និងបទពិសោធដូចជាពេត្រុស។ មនុស្សត្រូវតែបន្តស្វែងរកអ្វីៗដែលខ្ពស់ជាង និងជ្រាលជ្រៅជាង។ គេត្រូវតែមានសេចក្តីស្រឡាញ់កាន់តែជ្រាលជ្រៅ និងកាន់តែបរិសុទ្ធចំពោះព្រះជាម្ចាស់ ហើយមានជីវិតមួយដែលមានតម្លៃ និងមានន័យខ្លឹមសារ។ មានតែបែបនេះទេ ទើបជាជីវិត ហើយមានតែដូច្នេះប៉ុណ្ណោះ ទើបមនុស្សនឹងអាចក្លាយដូចជាពេត្រុស។ អ្នកត្រូវផ្ដោតទៅលើការប្រុងប្រៀបខ្លួនជាស្រេចឆ្ពោះទៅរកច្រកចូលរបស់អ្នកនៅខាងផ្នែកវិជ្ជមាន ហើយមិនត្រូវបណ្ដែតបណ្តោយខ្លួនឱ្យទៅប្រព្រឹត្តការអាក្រក់ឡើងវិញ ដោយសារតែភាពងាយស្រួលក្នុងពេលបច្ចុប្បន្ន តែបែរជាព្រងើយកន្ដើយចំពោះសេចក្តីពិតដែលកាន់តែជ្រាលជ្រៅ កាន់តែជាក់លាក់ និងកាន់តែជាក់ស្ដែងនោះឡើយ។ សេចក្តីស្រឡាញ់របស់អ្នកត្រូវតែជាក់ស្ដែង ហើយអ្នកត្រូវតែរកផ្លូវដើម្បីរំដោះខ្លួនចេញពីជីវិតដែលឥតកង្វល់ ពុករលួយនេះ ជាជីវិតដែលមានលក្ខណៈមិនខុសពីសត្វនោះឡើយ។ អ្នកត្រូវតែរស់នៅក្នុងជីវិតដែលមានអត្ថន័យ ជីវិតដ៏មានតម្លៃ ហើយអ្នកមិនត្រូវបញ្ឆោតខ្លួនឯង ឬចាត់ទុកជីវិតរបស់អ្នក ដូចជាតុក្កតាក្មេងលេងនោះឡើយ។ សម្រាប់មនុស្សគ្រប់គ្នាដែលចង់ស្រឡាញ់ព្រះជាម្ចាស់ នោះវាមាននូវសេចក្ដីពិត ដែលគេអាចទទួលបានជានិច្ច ហើយក៏មាននូវភាពយុត្តិធម៌ ដែលពួកគេអាចប្រកាន់ខ្ជាប់យ៉ាងមាំដែរ។ តើអ្នកគួរតែរស់នៅក្នុងជីវិតរបស់អ្នកយ៉ាងដូចម្ដេច? តើអ្នកគួរតែស្រឡាញ់ព្រះជាម្ចាស់ និងប្រើសេចក្តីស្រឡាញ់នេះ ដើម្បីបំពេញតាមបំណងព្រះហឫទ័យរបស់ទ្រង់ដោយរបៀបណា? គ្មានអ្វីមួយដែលសំខាន់ជាងនេះទៀតឡើយនៅក្នុងជីវិតរបស់អ្នក។ លើសពីនេះ អ្នកត្រូវតែមានការជំរុញចិត្ត និងការតស៊ូបែបនេះ ហើយមិនគួរធ្វើដូចជាមនុស្សដែលទន់ជ្រាយ ជាមនុស្សកំសាកនោះឡើយ។ អ្នកត្រូវតែរៀនពីរបៀបដកពិសោធន៍នូវជីវិតដែលមានន័យ និងដកពិសោធន៍នូវសេចក្តីពិតដ៏មានន័យ ហើយមិនគួរប្រព្រឹត្តនៅក្នុងរបៀបបែបបង្រ្គប់កិច្ចនោះឡើយ។ ជីវិតរបស់អ្នកនឹងកន្លងផុតទៅដោយអ្នកមិនដឹងខ្លួន ដល់ពេលនោះ តើអ្នកនឹងមានឱកាសម្ដងទៀត ដើម្បីស្រឡាញ់ព្រះជាម្ចាស់ដែរឬទេ? តើមនុស្សអាចស្រឡាញ់ព្រះជាម្ចាស់ ក្រោយពេលដែលគេស្លាប់បាត់បានដែរឬទេ? អ្នកត្រូវតែមានការជំរុញចិត្ត និងមនសិការដូចជាពេត្រុស ព្រោះថាជីវិតរបស់អ្នកក៏ត្រូវមានអត្ថន័យ ហើយអ្នកមិនត្រូវលេងហ្គេមជាមួយខ្លួនឯងនោះឡើយ។ ក្នុងនាមជាមនុស្សម្នាក់ និងក្នុងនាមជាបុគ្គលម្នាក់ដែលបន្តស្វែងរកព្រះជាម្ចាស់ អ្នកត្រូវតែចេះពិចារណាយ៉ាងប្រុងប្រយ័ត្នអំពីរបៀបដែលអ្នកប្រព្រឹត្តចំពោះជីវិតរបស់អ្នក របៀបដែលអ្នកគួរតែថ្វាយខ្លួនដល់ព្រះជាម្ចាស់ របៀបដែលអ្នកគួរតែមានសេចក្តីជំនឿដែលកាន់តែមានន័យនៅក្នុងព្រះជាម្ចាស់ ហើយដោយសារតែអ្នកស្រឡាញ់ព្រះជាម្ចាស់ ដូច្នេះ អ្នកក៏គួរតែដឹងអំពីរបៀបស្រឡាញ់ទ្រង់នៅក្នុងរបៀបមួយដែលកាន់តែបរិសុទ្ធ កាន់តែស្រស់ស្អាត និងកាន់តែល្អដែរ។

(ដកស្រង់ពី «បទពិសោធរបស់ពេត្រុស៖ ចំណេះដឹងរបស់គាត់អំពីការវាយផ្ចាល និងការជំនុំជម្រះ» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)

៤៥២. ប្រសិនបើមនុស្សចង់ស្រឡាញ់ព្រះជាម្ចាស់ ពួកគេត្រូវតែបានភ្លក់ និងមើលឃើញលក្ខណៈដ៏គួរឱ្យស្រឡាញ់របស់ព្រះ។ ទាល់តែដល់ពេលនោះ ទើបដួងចិត្តដែលស្រឡាញ់ព្រះ ដួងចិត្តដែលជំរុញចិត្តអ្នកដទៃឱ្យថ្វាយខ្លួន ដោយភក្ដីភាពដល់ព្រះជាម្ចាស់ អាចត្រូវបណ្ដុះឡើងនៅក្នុងពួកគេ។ ព្រះជាម្ចាស់មិនបង្ខំមនុស្សលោក ឱ្យស្រឡាញ់ទ្រង់ដោយពាក្យសម្ដី និងការសម្ដែងទឹកមុខ ឬដោយការស្រមើស្រមៃរបស់ពួកគេឡើយ ហើយព្រះអង្គក៏មិនបង្ខំពួកគេឱ្យស្រឡាញ់ទ្រង់ដែរ។ ផ្ទុយទៅវិញ ទ្រង់ទុកឱ្យគេស្រឡាញ់ទ្រង់ដោយឆន្ទៈរបស់គេផ្ទាល់ ហើយទ្រង់ទុកឱ្យគេមើលឃើញពីលក្ខណៈគួរឱ្យស្រឡាញ់របស់ទ្រង់ នៅក្នុងកិច្ចការ និងព្រះសូរសៀងទ្រង់វិញ បន្ទាប់មក ក៏មានការនឹកចាំពីសេចក្ដីស្រឡាញ់របស់ព្រះជាម្ចាស់នៅក្នុងពួកគេ។ មានតែតាមវិធីនេះទេ ទើបមនុស្សអាចធ្វើជាបន្ទាល់ពីព្រះជាម្ចាស់យ៉ាងពិតប្រាកដបាន។ មនុស្សមិនស្រឡាញ់ព្រះជាម្ចាស់ដោយសារតែអ្នកដទៃជំរុញឱ្យពួក គេធ្វើដូច្នេះ ហើយវាក៏មិនមែនជាសន្ទុះអារម្មណ៍តែមួយពេលនោះដែរ។ ពួកគេស្រឡាញ់ព្រះជាម្ចាស់ ដោយសារពួកគេបានឃើញពីលក្ខណៈគួរឱ្យស្រឡាញ់របស់ព្រះអង្គ ពួកគេបានឃើញថា ព្រះអង្គមានលក្ខណៈច្រើន ស័ក្ដិសមនឹងឱ្យមនុស្សស្រឡាញ់ ដោយសារពួកគេបានឃើញការសង្គ្រោះ ព្រះប្រាជ្ញាញាណ និងស្នាព្រះហស្តដ៏អស្ចារ្យរបស់ព្រះជាម្ចាស់ ហើយជាលទ្ធផល ពួកគេក៏ស្ងើចសរសើរ និងចង់បានព្រះជាម្ចាស់ពិតប្រាកដ ហើយក៏កើតមានចំណង់ចិត្ត ដែលធ្វើឱ្យគេមិនអាចរស់នៅដោយគ្មានព្រះជាម្ចាស់បាន។ ហេតុផលដែលមនុស្សដែលធ្វើបន្ទាល់ពិតពីព្រះជាម្ចាស់ អាចធ្វើបន្ទាល់ខ្ទរខ្ទារពីទ្រង់បាន គឺមកពីទីបន្ទាល់របស់ពួកគេចាក់គ្រឹះនៅលើការដឹងឮ និងការចង់បានព្រះជាម្ចាស់ពិតប្រាកដ។ ទីបន្ទាល់បែបនេះ មិនមែនត្រូវបានប្រទានមកស្របទៅនឹងសន្ទុះចិត្តឡើយ តែស្របទៅនឹងការស្គាល់ព្រះជាម្ចាស់ និងនិស្ស័យរបស់ទ្រង់វិញ។ ដោយសារតែពួកគេចាប់ផ្ដើមស្គាល់ព្រះជាម្ចាស់ ពួកគេគិតថា ពួកគេប្រាកដជាត្រូវធ្វើបន្ទាល់ពីព្រះអង្គ និងត្រូវធ្វើឱ្យពួកមនុស្សដែលចង់បានព្រះជាម្ចាស់ បានស្គាល់ទ្រង់ ហើយត្រូវដឹងពីលក្ខណៈគួរឱ្យស្រឡាញ់ និងភាពជាក់លាក់របស់ទ្រង់។ ទីបន្ទាល់របស់គេ កើតពីឆន្ទៈស្ម័គ្រចិត្តដូចគ្នានឹងសេចក្ដីស្រឡាញ់ដែលគេមានចំពោះព្រះជាម្ចាស់ដែរ។ ទីបន្ទាល់នេះ គឺជាទីបន្ទាល់ពិត ហើយមានសារៈសំខាន់ និងតម្លៃពិត។ ទីបន្ទាល់នេះ មិនមែនជាទីបន្ទាល់អសកម្ម ឬល្អតែខាងក្រៅ និងគ្មានន័យនោះទេ។ ហេតុផលមានតម្លៃ និងមានន័យបំផុត ដែលមានតែមនុស្សដែលពិតជាស្រឡាញ់ព្រះជាម្ចាស់ អាចមាននៅក្នុងជីវិតគេ ក៏ជាហេតុផលដែល ធ្វើឱ្យពួកគេជឿលើព្រះជាម្ចាស់ពិតប្រាកដ នោះគឺមនុស្សទាំងនេះ អាចរស់នៅក្នុងពន្លឺរបស់ព្រះជាម្ចាស់ ហើយអាចរស់នៅដើម្បីកិច្ចការ និងការគ្រប់គ្រងរបស់ព្រះអង្គបាន។ ដោយសារតែពួកគេរស់នៅក្នុងពន្លឺ មិនរស់នៅក្នុងសេចក្ដីងងឹត ទើបពួកគេមិនរស់ក្នុងជីវិតឥតន័យ តែរស់ក្នុងជីវិតដែលប្រកបដោយព្រះពរដែលមកពីព្រះជាម្ចាស់វិញ។ មានតែមនុស្សដែលស្រឡាញ់ព្រះជាម្ចាស់ទេ ទើបអាចធ្វើបន្ទាល់អំពីព្រះជាម្ចាស់ មានតែពួកគេទេ ទើបជាស្មរបន្ទាល់របស់ព្រះជាម្ចាស់ មានតែពួកគេទេ ទើបអាចទទួលបានព្រះពរពីព្រះជាម្ចាស់ ហើយមានតែពួកគេទេ ទើបអាចទទួលនូវសេចក្ដីសន្យារបស់ព្រះជាម្ចាស់។ មនុស្សដែលស្រឡាញ់ព្រះជាម្ចាស់ គឺជាមិត្តសម្លាញ់របស់ព្រះជាម្ចាស់ ពួកគេជាមនុស្សដែលព្រះជាម្ចាស់សព្វព្រះទ័យ ហើយពួកគេអាចអាស្រ័យផលនៃព្រះពរជាមួយគ្នានឹងព្រះជាម្ចាស់។ មានតែមនុស្សបែបនេះទេ ទើបរស់នៅអស់កល្បជានិច្ច ហើយមានតែពួកគេទេ ទើបអាចរស់នៅក្រោមការថែរក្សា និងការការពាររបស់ព្រះជាម្ចាស់បាន។ ព្រះជាម្ចាស់ គឺជាព្រះសម្រាប់ឱ្យមនុស្សស្រឡាញ់ ហើយទ្រង់ក៏ស័ក្ដិសមនឹងឱ្យមនុស្សគ្រប់គ្នាស្រឡាញ់ ប៉ុន្តែមិនមែនមនុស្សគ្រប់គ្នាសុទ្ធតែអាចស្រឡាញ់ទ្រង់បាននោះទេ ហើយមិនមែនមនុស្សគ្រប់គ្នាសុទ្ធតែអាចធ្វើបន្ទាល់ពីព្រះជាម្ចាស់ ហើយទទួលព្រះចេស្ដាជាមួយនឹងព្រះជាម្ចាស់ដែរ។ ពួកមនុស្សដែលស្រឡាញ់ព្រះជាម្ចាស់ពិតប្រាកដ គេអាចដើរគ្រប់ទីកន្លែងនៅក្រោមមេឃ ដោយគ្មាននរណាហ៊ានប្រឆាំងទាស់នឹងពួកគេឡើយ ហើយពួកគេពួកគេអាចប្រើអនុភាពនៅលើផែនដី ហើយគ្រប់គ្រងរាស្ត្រទាំងអស់របស់ព្រះជាម្ចាស់ ដោយសារពួកគេអាចធ្វើបន្ទាល់ពីព្រះជាម្ចាស់ និងអាចថ្វាយការប្រឹងប្រែងទាំងអស់របស់គេ សម្រាប់កិច្ចការរបស់ព្រះអង្គបាន។ មនុស្សទាំងនេះ មកជុំគ្នាពីគ្រប់ទីកន្លែង ក្នុងពិភពលោក។ ពួកគេនិយាយភាសាខុសៗគ្នា ហើយមានសម្បុរស្បែកខុសៗគ្នា តែវត្តមានជីវិតរបស់ពួកគេមានអត្ថន័យដូចៗគ្នា។ ពួកគេសុទ្ធតែមានដួងចិត្តដែលស្រឡាញ់ព្រះជាម្ចាស់ ពួកគេមានទីបន្ទាល់ដូចគ្នា និងមានការតាំងចិត្តដូចគ្នា ហើយមានសេចក្ដីប្រាថ្នាដូចគ្នាផង។ មនុស្សដែលស្រឡាញ់ព្រះជាម្ចាស់ គេអាចដើរពេញពិភពលោកដោយសេរី ចំណែកឯមនុស្សដែលធ្វើបន្ទាល់ពីព្រះជាម្ចាស់ អាចធ្វើដំណើរទៅទូទាំងសកលលោកទៀតផង។ មនុស្សទាំងនេះ ជាមនុស្សដែលព្រះជាម្ចាស់សព្វព្រះហឫទ័យ ពួកគេទទួលបានព្រះពរពីព្រះជាម្ចាស់ ហើយពួកគេនឹងរស់នៅក្នុងពន្លឺរបស់ទ្រង់អស់កល្បជានិច្ច។

(ដកស្រង់ពី «អស់អ្នកណាដែលស្រឡាញ់ព្រះជាម្ចាស់នឹងរស់នៅក្នុងពន្លឺរបស់ទ្រង់អស់កល្បជានិច្ច» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)

ខាង​ដើម៖ ឈ. ស្ដីពីរបៀបជ្រើសរើសផ្លូវដើររបស់ខ្លួននៅក្នុងសេចក្តីជំនឿ

បន្ទាប់៖ ដ. ស្ដីពីរបៀបសម្រេចបានចំណេះដឹងអំពីព្រះជាម្ចាស់

គ្រោះមហន្តរាយផ្សេងៗបានធ្លាក់ចុះ សំឡេងរោទិ៍នៃថ្ងៃចុងក្រោយបានបន្លឺឡើង ហើយទំនាយនៃការយាងមករបស់ព្រះអម្ចាស់ត្រូវបានសម្រេច។ តើអ្នកចង់ស្វាគមន៍ព្រះអម្ចាស់ជាមួយក្រុមគ្រួសាររបស់អ្នក ហើយទទួលបានឱកាសត្រូវបានការពារដោយព្រះទេ?

ការកំណត់

  • អត្ថបទ
  • ប្រធានបទ

ពណ៌​ដិតច្បាស់

ប្រធានបទ

ប្រភេទ​អក្សរ

ទំហំ​អក្សរ

ចម្លោះ​បន្ទាត់

ចម្លោះ​បន្ទាត់

ប្រវែងទទឹង​ទំព័រ

មាតិកា

ស្វែងរក

  • ស្វែង​រក​អត្ថបទ​នេះ
  • ស្វែង​រក​សៀវភៅ​នេះ