ជំពូកទី ៨៖ ព្រះបន្ទូលព្រះជាម្ចាស់ ថ្លែងទៅកាន់សកលលោកទាំងមូល

នៅពេលការបើកសម្ដែងរបស់ខ្ញុំឈានដល់កម្រិតកំពូល និងនៅពេលការជំនុំជម្រះរបស់ខ្ញុំឈានដល់ទីបញ្ចប់ វានឹងដល់ពេលដែលរាស្ត្ររបស់ខ្ញុំទាំងអស់ត្រូវបានបើកសម្ដែង និងប្រទានឱ្យពេញខ្នាត។ ខ្ញុំយាងទៅគ្រប់ជ្រុងជ្រោយនៃចក្កវាឡទាំងមូល ដើម្បីស្វែងរកម្ដងហើយម្ដងទៀត ក្រែងលោឃើញអស់អ្នកណាដែលធ្វើតាមបំណងព្រះហឫទ័យរបស់ខ្ញុំ ហើយស័ក្តិសមនឹងឱ្យខ្ញុំប្រើ។ តើអ្នកណាអាចក្រោកឡើង និងសហការជាមួយខ្ញុំបាន? សេចក្ដីស្រឡាញ់របស់មនុស្សចំពោះខ្ញុំ គឺតូចពេកក្រៃ ហើយសេចក្ដីជំនឿរបស់ពួកគេលើខ្ញុំក៏តូចបំផុតផងដែរ។ ប្រសិនបើខ្ញុំមិនបានតម្រង់ទម្ងន់នៃព្រះបន្ទូលរបស់ខ្ញុំទៅរកចំណុចខ្សោយរបស់មនុស្សទេ ពួកគេមុខជាអួតអាង និងនិយាយបំផ្លើស សម្ញែងគំនិត និងគិតឃើញពីទ្រឹស្ដីបំប៉ោងផ្សេងៗ ហាក់ដូចជាពួកគេមានសព្វញ្ញុញាណ និងដឹងសព្វគ្រប់អំពីបញ្ហាលោកីយ៍ដូច្នោះដែរ។ ក្នុងចំណោមអ្នកដែល «មានភក្ដីភាព» ចំពោះខ្ញុំកាលពីមុន និងក្នុងចំណោមអ្នកដែលសព្វថ្ងៃនេះ «ឈរយ៉ាងជាប់មាំ» នៅចំពោះព្រះភក្ត្រខ្ញុំ តើអ្នកណានៅតែហ៊ាននិយាយពេញដោយអំនួតទៀត? តើអ្នកណាដែលមិនរីករាយជាសម្ងាត់ចំពោះក្ដីសង្ឃឹមផ្ទាល់ខ្លួនរបស់ពួកគេ? នៅពេលខ្ញុំមិនបានបើកបង្ហាញឱ្យមនុស្សយល់ដោយផ្ទាល់ទេ ពួកគេគ្មានកន្លែងលាក់បាំង ហើយត្រូវរងទារុណកម្មដោយភាពអាម៉ាស់។ បើខ្ញុំមានព្រះបន្ទូលតាមលក្ខណៈផ្សេង តើនឹងមានដូច្នោះច្រើនប៉ុន្មានទៀត? មនុស្សនឹងមានញាណដឹងបានកាន់តែប្រសើរអំពីភាពជាប់បំណុល ដោយជឿថាគ្មានអ្វីដែលអាចព្យាបាលពួកគេបានទេ ហើយសុទ្ធតែនឹងត្រូវបានចងរឹតយ៉ាងតឹងណែនដោយភាពអកម្មរបស់ពួកគេ។ នៅពេលមនុស្សអស់សង្ឃឹម ការគំនាប់របស់នគរព្រះបន្លឺសំឡេងជាផ្លូវការ ពោលគឺដូចដែលមនុស្សនិយាយថា «ជាពេលដែលព្រះវិញ្ញាណដ៏មានកម្លាំងខ្លាំងឡើងប្រាំពីរដង ចាប់ផ្ដើមធ្វើកិច្ចការ។» និយាយម៉្យាងទៀតគឺថា នេះជាពេលដែលជីវិតរបស់នគរព្រះចាប់ផ្តើមជាផ្លូវការនៅលើផែនដី វាជាពេលដែលភាពជាព្រះរបស់ខ្ញុំចេញមកធ្វើការដោយផ្ទាល់ (ដោយគ្មាន «ដំណើរការ» ផ្លូវចិត្តឡើយ)។ មនុស្សទាំងអស់ប្រញាប់ប្រញាល់យ៉ាងមមាញឹក ប្រៀបដូចជាពួកគេត្រូវបានធ្វើឱ្យរស់ឡើងវិញ ឬដាស់ឱ្យភ្ញាក់ពីសុបិន ហើយនៅពេលភ្ញាក់ដឹងខ្លួន ពួកគេភ្ញាក់ផ្អើលដោយឃើញខ្លួនឯងស្ថិតក្នុងស្ថានភាពបែបនេះ។ កាលពីមុន ខ្ញុំបាននិយាយយ៉ាងច្រើនអំពីការកសាងក្រុមជំនុំ ខ្ញុំបានបើកឱ្យដឹងអាថ៌កំបាំងជាច្រើន ប៉ុន្តែនៅពេលកិច្ចការនោះឈានដល់កម្រិតកំពូល វាបានឈានដល់ទីបញ្ចប់យ៉ាងទាន់ហន់។ តែទោះយ៉ាងណា ការកសាងនគរព្រះគឺមានលក្ខណៈខុសគ្នា។ មានតែដល់ពេលដែលសង្គ្រាមនៅក្នុងពិភពខាងវិញ្ញាណឈានដល់ដំណាក់កាលចុងក្រោយរបស់វាទេ ទើបខ្ញុំចាប់ផ្តើមកិច្ចការរបស់ខ្ញុំជាថ្មីនៅលើផែនដី។ និយាយឱ្យចំគឺថា ទាល់តែដល់ពេលដែលមនុស្សទាំងអស់ស្ថិតនៅលើព្រំដែននៃការដកថយ ទើបខ្ញុំចាប់ផ្ដើម និងលើកឡើងកិច្ចការថ្មីរបស់ខ្ញុំជាផ្លូវការ។ ភាពខុសគ្នារវាងការកសាងនគរព្រះ និងការកសាងក្រុមជំនុំគឺថា ក្នុងការកសាងក្រុមជំនុំ ខ្ញុំបានធ្វើការតាមរយៈភាពជាមនុស្សដែលគ្រប់គ្រងដោយភាពជាព្រះ ខ្ញុំបានដោះស្រាយដោយផ្ទាល់ជាមួយធម្មជាតិដើមរបស់មនុស្ស ដោយបើកឱ្យដឹងពីខ្លួនដ៏អាក្រក់របស់ពួកគេដោយផ្ទាល់ និងបើកបង្ហាញពីលក្ខណៈរបស់ពួកគេ។ ជាលទ្ធផល ពួកគេបានបែរមកស្គាល់ខ្លួនឯងនៅលើមូលដ្ឋាននេះ ដូច្នេះហើយពួកគេមានភាពជឿជាក់នៅក្នុងដួងចិត្តរបស់ពួកគេ និងនៅក្នុងពាក្យសម្ដីរបស់ពួកគេ។ ឯការកសាងនគរព្រះវិញ ខ្ញុំធ្វើការដោយផ្ទាល់តាមរយៈភាពជាព្រះរបស់ខ្ញុំ ហើយអនុញ្ញាតឱ្យមនុស្សទាំងអស់ស្គាល់ពីកម្មសិទ្ធិ និងលក្ខណៈរបស់ខ្ញុំ នៅលើគ្រឹះនៃការចេះដឹងរបស់ពួកគេស្ដីពីព្រះបន្ទូលរបស់ខ្ញុំ ហើយនៅទីបញ្ចប់ អនុញ្ញាតឱ្យពួកគេស្គាល់ខ្ញុំដូចសាច់ឈាមដែលយកកំណើតជាមនុស្ស។ ម្ល៉ោះហើយ វាបញ្ចប់បាននូវការតាមរកព្រះដ៏ស្រពេចស្រពិលរបស់មនុស្ស ម្ល៉ោះហើយទើបពួកគេឈប់ទុកកន្លែងនៅក្នុងដួងចិត្តរបស់ពួកគេឱ្យព្រះជាម្ចាស់នៅក្នុងស្ថានសួគ៌ ពោលគឺ ខ្ញុំចង់ឱ្យមនុស្សជាតិដឹងពីទង្វើដែលខ្ញុំធ្វើនៅខណៈពេលខ្ញុំជាសាច់ឈាមដែលយកកំណើតជាមនុស្ស ដូច្នេះហើយខ្ញុំនឹងបញ្ចប់ពេលវេលារបស់ខ្ញុំនៅលើផែនដី។

ការកសាងនគរព្រះនេះ គឺសំដៅដោយផ្ទាល់ទៅរកពិភពខាងវិញ្ញាណ។ ពោលគឺ សភាពនៃសង្គ្រាមនៅក្នុងពិភពខាងវិញ្ញាណ ត្រូវបានពន្យល់ច្បាស់លាស់ដោយផ្ទាល់ក្នុងចំណោមរាស្ត្ររបស់ខ្ញុំទាំងអស់ ហើយនេះវាគ្រប់គ្រាន់ក្នុងការបង្ហាញថា មិនមែនមានតែនៅក្នុងក្រុមជំនុំប៉ុណ្ណោះទេ ប៉ុន្តែក៏មានច្រើនណាស់ដែរនៅក្នុងយុគសម័យនៃនគរព្រះ មនុស្សគ្រប់រូបមានការតយុទ្ធឥតឈប់ឈរ។ ទោះជាពួកគេមានរូបកាយយ៉ាងណាក៏ដោយ ក៏ពិភពខាងវិញ្ញាណត្រូវបានបើកឱ្យដឹងដោយផ្ទាល់ដែរ ហើយពួកគេមកទាក់ទងជាមួយជីវិតនៃពិភពខាងវិញ្ញាណ។ ម្ល៉ោះហើយនៅពេលអ្នករាល់គ្នាចាប់ផ្ដើមស្មោះត្រង់ អ្នករាល់គ្នាត្រូវតែរៀបចំខ្លួនឱ្យបានត្រឹមត្រូវសម្រាប់ផ្នែកបន្ទាប់នៃកិច្ចការរបស់ខ្ញុំ។ អ្នករាល់គ្នាគួរតែបញ្ឈប់បំណងក្នុងចិត្តរបស់ខ្លួនឱ្យអស់ មានតែបែបនោះទេទើបអ្នករាល់គ្នាអាចបំពេញដួងព្រះហឫទ័យរបស់ខ្ញុំបាន។ ខ្ញុំមិនខ្វល់ពីអ្វីៗដែលបានកើតឡើងនៅក្នុងក្រុមជំនុំកាលពីមុននោះទេ ឯសព្វថ្ងៃនេះ គឺនៅក្នុងសម័យកាលនៃនគរព្រះ។ តាំងតែពីដើមរៀងមក សាតាំងបាននិងកំពុងឈ្លបចាប់ពីក្រោយជំហាននីមួយៗនៅក្នុងផែនការរបស់ខ្ញុំ ហើយវាជាគ្រឿងបន្ទាប់បន្សំនៃព្រះប្រាជ្ញាញាណរបស់ខ្ញុំ វាតែងតែព្យាយាមរកផ្លូវ និងមធ្យោបាយដើម្បីបង្អាក់ផែនការដើមរបស់ខ្ញុំ។ ប៉ុន្តែ តើខ្ញុំអាចបង្អោនទៅតាមគ្រោងការបោកបញ្ឆោតរបស់វាបានឬទេ? អ្វីៗគ្រប់យ៉ាងនៅក្នុងស្ថានសួគ៌ និងនៅលើផែនដីសុទ្ធតែបម្រើខ្ញុំ តើគ្រោងការបោកបញ្ឆោតរបស់សាតាំងអាចខុសគ្នាដែរឬទេ? នេះច្បាស់ជាកន្លែងដែលព្រះប្រាជ្ញាញាណរបស់ខ្ញុំប្រសព្វគ្នា វាច្បាស់ណាស់ថា វាជាអ្វីដែលល្អអស្ចារ្យអំពីអំពើរបស់ខ្ញុំ ហើយវាជាគោលការណ៍ប្រតិបត្តិសម្រាប់ផែនការគ្រប់គ្រងទាំងមូលរបស់ខ្ញុំ។ នៅក្នុងយុគនៃការកសាងនគរព្រះនេះ ខ្ញុំនៅតែមិនគេចពីគ្រោងការបោកបញ្ឆោតរបស់សាតាំង ហើយខ្ញុំបន្តធ្វើកិច្ចការដែលខ្ញុំត្រូវធ្វើដដែល។ ក្នុងចំណោមសកលលោក និងរបស់សព្វសារពើ ខ្ញុំបានចាត់ទុកអំពើរបស់សាតាំងថាជាគ្រឿងបន្ទាប់បន្សំរបស់ខ្ញុំ។ តើនេះមិនមែនជាការបង្ហាញច្បាស់អំពីព្រះប្រាជ្ញាញាណរបស់ខ្ញុំទេឬ? តើនេះមិនច្បាស់ថាជាអ្វីដែលល្អអស្ចារ្យអំពីកិច្ចការរបស់ខ្ញុំទេឬ? ក្នុងឱកាសនៃការចូលទៅក្នុងយុគសម័យនៃនគរព្រះ របស់សព្វសារពើនៅក្នុងស្ថានសួគ៌ និងនៅលើផែនដីត្រូវបានផ្លាស់ប្រែខ្លាំងណាស់ ហើយពួកគេធ្វើការអបអរ និងត្រេកអរជាខ្លាំង។ តើអ្នករាល់គ្នាមិនដូចនេះទេឬ? តើនៅក្នុងដួងចិត្តរបស់អ្នកណាដែលមិនមានភាពផ្អែមនៃទឹកឃ្មុំ? តើអ្នកណាមិនត្រេកត្រអាលចំពោះសេចក្ដីអំណរ? តើអ្នកណាមិនរាំដោយក្ដីរីករាយ? តើអ្នកណាមិននិយាយពាក្យលើកសរសើរ?

តើអ្នករាល់គ្នាយល់ពីបំណង និងដើមកំណើតនៃអ្វីៗទាំងអស់ដែលខ្ញុំបានថ្លែងប្រាប់ និងពិភាក្សាខាងលើនេះឬក៏អត់ទេ? ប្រសិនបើខ្ញុំមិនបានសួរបែបនេះទេ នោះមនុស្សភាគច្រើននឹងជឿថា ខ្ញុំគ្រាន់តែកំពុងមានព្រះបន្ទូលឥតបានការ ហើយពួកគេនឹងមិនអាចវាស់ស្ទង់ប្រភពនៃព្រះបន្ទូលរបស់ខ្ញុំបានទេ។ ប្រសិនបើអ្នករាល់គ្នាពិចារណាសេចក្ដីទាំងនោះដោយយកចិត្តទុកដាក់ នោះអ្នករាល់គ្នានឹងដឹងពីសារៈសំខាន់របស់ពួកវា។ យកល្អ អ្នកគួរតែអានសេចក្ដីទាំងនោះឱ្យបានដិតដល់៖ តើព្រះបន្ទូលរបស់ខ្ញុំមួយណាដែលមិនមានប្រយោជន៍ដល់អ្នក? តើមួយណាដែលគ្មានន័យក្នុងការធ្វើឱ្យជីវិតរបស់អ្នករីកចម្រើន? តើមួយណាដែលមិនថ្លែងអំពីការពិតនៃពិភពខាងវិញ្ញាណ? មនុស្សភាគច្រើនជឿថា ព្រះបន្ទូលរបស់ខ្ញុំ គ្មានហេតុផលជាក់ច្បាស់ និងថាព្រះបន្ទូលរបស់ខ្ញុំខ្វះនូវការពន្យល់ និងការបកស្រាយ។ តើព្រះបន្ទូលរបស់ខ្ញុំពិតជាអរូបី និងមិនអាចពន្យល់បានដូច្នោះមែនឬទេ? តើអ្នករាល់គ្នាពិតជាស្ដាប់បង្គាប់ព្រះបន្ទូលរបស់ខ្ញុំមែនឬទេ? តើអ្នករាល់គ្នាពិតជាព្រមទទួលព្រះបន្ទូលរបស់ខ្ញុំមែនឬទេ? តើអ្នករាល់គ្នាមិនចាត់ទុកព្រះបន្ទូលរបស់ខ្ញុំជារបស់លេងទេឬ? តើអ្នករាល់គ្នាមិនប្រើព្រះបន្ទូលរបស់ខ្ញុំធ្វើជាគ្រឿងបិទបាំងរូបរាងដ៏អាក្រក់របស់ខ្លួនទេឬ? នៅក្នុងពិភពលោកដ៏ធំធេងនេះ តើអ្នកណាខ្លះត្រូវបានខ្ញុំពិនិត្យមើលដោយផ្ទាល់? តើអ្នកណាខ្លះបានឮព្រះបន្ទូលនៃព្រះវិញ្ញាណរបស់ខ្ញុំដោយផ្ទាល់? មនុស្សច្រើនណាស់រាវរក និងស្វែងរកនៅក្នុងភាពងងឹត មនុស្សច្រើនណាស់អធិស្ឋាននៅពេលមានគ្រោះកាច មនុស្សច្រើនណាស់ អត់ឃ្លាន រងារ និងរង់ចាំក្នុងក្តីសង្ឃឹម ហើយមនុស្សច្រើនណាស់បានជាប់ចំណងរបស់សាតាំង ក្រៅពីនេះ មនុស្សច្រើនណាស់មិនដឹងថាត្រូវបត់ទៅណាទេ មនុស្សច្រើនណាស់ក្បត់ខ្ញុំក្នុងពេលពួកគេមានសុភមង្គល មនុស្សច្រើនណាស់រមិលគុណ ហើយមនុស្សច្រើនណាស់មានភក្ដីភាពនឹងគ្រោងការបោកបញ្ឆោតរបស់សាតាំង។ តើក្នុងចំណោមអ្នករាល់គ្នា អ្នកណាជាយ៉ូប? តើអ្នកណាជាពេត្រុស? ហេតុអ្វីបានជាខ្ញុំថ្លែងម្ដងហើយម្ដងទៀតអំពីយ៉ូប? ហេតុអ្វីបានជាខ្ញុំលើកឡើងអំពីពេត្រុសច្រើនដងខ្លាំងម្ល៉េះ? តើអ្នករាល់គ្នាធ្លាប់សម្គាល់ឃើញក្ដីសង្ឃឹមរបស់ខ្ញុំសម្រាប់អ្នករាល់គ្នាឬទេ? អ្នករាល់គ្នាគួរតែចំណាយពេលពិចារណារឿងទាំងនេះបន្ថែមទៀត។

ពេត្រុសស្មោះត្រង់នឹងខ្ញុំអស់រយៈពេលជាច្រើនឆ្នាំ តែគាត់មិនដែលរអ៊ូរទាំ ឬត្អូញត្អែរអ្វីឡើយ សូម្បីតែយ៉ូបក៏មិនស្មើគាត់ដែរ ហើយឆ្លងកាត់ច្រើនយុគសម័យមកហើយ ពួកបរិសុទ្ធទាំងអស់អន់ជាងពេត្រុសឆ្ងាយណាស់។ គាត់មិនត្រឹមតែបានប្រឹងប្រែងស្គាល់ខ្ញុំប៉ុណ្ណោះទេ ប៉ុន្តែគាត់ថែមទាំងបានបែរមកស្គាល់ខ្ញុំក្នុងពេលដែលសាតាំងកំពុងអនុម័តគ្រោងការបោកបញ្ឆោតផងដែរ។ នេះបាននាំឱ្យពេត្រុសបម្រើខ្ញុំអស់រយៈពេលជាច្រើនឆ្នាំ ដោយតែងតែស្របតាមបំណងព្រះហឫទ័យរបស់ខ្ញុំ ដោយហេតុនេះហើយ គាត់មិនដែលត្រូវបានសាតាំងកេងប្រវ័ញ្ចបានឡើយ។ ពេត្រុសបានទាញយកមេរៀនពីសេចក្ដីជំនឿរបស់យ៉ូប ប៉ុន្តែក៏បានដឹងច្បាស់អំពីគុណវិបត្តិរបស់យ៉ូបផងដែរ។ ថ្វីដ្បិតយ៉ូបមានជំនឿដ៏មុតមាំក្ដី តែគាត់ខ្វះចំណេះដឹងអំពីបញ្ហាក្នុងពិភពខាងវិញ្ញាណ ដូច្នេះគាត់បាននិយាយពាក្យសម្ដីជាច្រើនដែលមិនត្រូវនឹងការពិត នេះបង្ហាញថាចំណេះដឹងរបស់យ៉ូបគឺរាក់សេចក្ដី និងមិនអាចគ្រប់លក្ខណ៍បាន។ ហេតុដូច្នេះហើយ ពេត្រុសបានផ្ដោតលើការមានញាណដឹងអំពីវិញ្ញាណជានិច្ច ហើយតែងតែយកចិត្តទុកដាក់ក្នុងការសង្កេតមើលកម្លាំងចលនានៃពិភពខាងវិញ្ញាណ។ ជាលទ្ធផល គាត់មិនត្រឹមតែអាចសម្គាល់ឃើញអ្វីម្យ៉ាងនៃបំណងប្រាថ្នារបស់ខ្ញុំប៉ុណ្ណោះទេ ប៉ុន្តែគាត់ថែមទាំងបានចំណេះដឹងបន្តិចបន្តួចអំពីគ្រោងការបោកបញ្ឆោតរបស់សាតាំងទៀតផង។ ដោយហេតុនេះ គាត់ស្គាល់ខ្ញុំបានកាន់តែប្រសើរឡើងជាងអ្នកដទៃឆ្លងកាត់ច្រើនយុគសម័យមកហើយ។

តាមបទពិសោធរបស់ពេត្រុសបង្ហាញថា វាមិនពិបាកទេក្នុងការមើលឃើញបែបនោះឱ្យតែមនុស្សចង់ស្គាល់ខ្ញុំមែន ពួកគេត្រូវតែផ្ដោតលើការពិចារណាយ៉ាងយកចិត្តទុកដាក់នៅក្នុងវិញ្ញាណរបស់ពួកគេ។ ខ្ញុំមិនសុំឱ្យអ្នក «ថ្វាយ» តង្វាយមួយចំនួនដល់ខ្ញុំក្រៅខ្លួននោះទេ នេះជាបញ្ហាបន្ទាប់បន្សំប៉ុណ្ណោះ។ ប្រសិនបើអ្នកមិនស្គាល់ខ្ញុំទេ នោះសេចក្ដីជំនឿ សេចក្ដីស្រឡាញ់ និងភក្ដីភាពទាំងអស់ដែលអ្នកនិយាយ គ្រាន់តែជាការបំភាន់ប៉ុណ្ណោះ វាជាការនិយាយផ្ដេសផ្ដាស ហើយអ្នកប្រាកដជាក្លាយជាមនុស្សដែលពូកែអួតនៅចំពោះព្រះភក្ត្រខ្ញុំ តែមិនស្គាល់ខ្លួនឯង។ ដូចនេះ អ្នកនឹងជាប់អន្ទាក់របស់សាតាំងម្ដងទៀត ហើយអ្នកមិនអាចដោះលែងខ្លួនឯងចេញបានទេ អ្នកនឹងក្លាយជាកូននៃសេចក្ដីវិនាស និងជាកម្មវត្ថុនៃការបំផ្លាញ។ យ៉ាងណាមិញ ប្រសិនបើអ្នកសោះអង្គើយ ហើយមិនយកចិត្តទុកដាក់ចំពោះព្រះបន្ទូលរបស់ខ្ញុំទេ នោះអ្នកមុខជាទាស់នឹងខ្ញុំដោយឥតសង្ស័យ។ នេះជាការពិត ហើយយកល្អ អ្នកគួរតែក្រឡេកមើលវិញ្ញាណដែលខុសប្លែកគ្នាជាច្រើនដែលត្រូវបានខ្ញុំវាយផ្ចាលតាមច្រកទ្វារនៃពិភពខាងវិញ្ញាណ។ តើវិញ្ញាណមួយណា ដែលប្រឈមមុខនឹងព្រះបន្ទូលរបស់ខ្ញុំ ដែលមិនអកម្ម ដែលមិនយកចិត្តទុកដាក់ និងដែលមិនព្រមទទួលយក? តើវិញ្ញាណមួយណាដែលមើលឃើញតែចំណុចអាក្រក់អំពីព្រះបន្ទូលរបស់ខ្ញុំ? តើវិញ្ញាណមួយណាដែលមិនបានព្យាយាមចាប់កំហុសនៃព្រះបន្ទូលរបស់ខ្ញុំ? តើវិញ្ញាណមួយណាដែលមិនបានប្រើព្រះបន្ទូលរបស់ខ្ញុំធ្វើជា «អាវុធទប់ទល់» ដើម្បី «ការពារ» ខ្លួនពួកគេ? ពួកគេមិនបានប្រើខ្លឹមសារនៃព្រះបន្ទូលរបស់ខ្ញុំធ្វើជាផ្លូវដើម្បីស្គាល់ខ្ញុំទេ ប៉ុន្តែធ្វើត្រឹមតែជារបស់លេងប៉ុណ្ណោះ។ បែបនេះ តើពួកគេមិនកំពុងប្រឆាំងនឹងខ្ញុំដោយផ្ទាល់ទេឬ? តើព្រះបន្ទូលរបស់ខ្ញុំជានរណា? តើព្រះវិញ្ញាណរបស់ខ្ញុំជានរណា? ខ្ញុំបានសួរអ្នករាល់គ្នានូវសំណួរបែបនេះច្រើនដងណាស់មកហើយ ក៏ប៉ុន្តែ តើអ្នករាល់គ្នាធ្លាប់ទទួលបានការយល់ដឹងជ្រៅជ្រះច្បាស់លាស់ជាងមុនអំពីសំណួរទាំងនេះឬទេ? តើអ្នករាល់គ្នាធ្លាប់បានឆ្លងកាត់បទពិសោធអំពីពួកវាឬទេ? ខ្ញុំរំលឹកអ្នករាល់គ្នាម្ដងទៀតថា៖ ប្រសិនបើអ្នកមិនស្គាល់ព្រះបន្ទូលរបស់ខ្ញុំ មិនព្រមទទួលយកព្រះបន្ទូលរបស់ខ្ញុំ ហើយមិនអនុវត្តព្រះបន្ទូលរបស់ខ្ញុំទេ នោះអ្នកនឹងត្រូវក្លាយជាវត្ថុដែលត្រូវខ្ញុំវាយផ្ចាលចៀសមិនផុតនោះទេ! អ្នកប្រាកដជានឹងក្លាយជាជនរងគ្រោះដោយសារសាតាំងមិនខាន!

ថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ១៩៩២

ខាង​ដើម៖ ជំពូកទី ៦៖ ព្រះបន្ទូលព្រះជាម្ចាស់ ថ្លែងទៅកាន់សកលលោកទាំងមូល

បន្ទាប់៖ ជំពូកទី ១០៖ ព្រះបន្ទូលព្រះជាម្ចាស់ ថ្លែងទៅកាន់សកលលោកទាំងមូល

គ្រោះមហន្តរាយផ្សេងៗបានធ្លាក់ចុះ សំឡេងរោទិ៍នៃថ្ងៃចុងក្រោយបានបន្លឺឡើង ហើយទំនាយនៃការយាងមករបស់ព្រះអម្ចាស់ត្រូវបានសម្រេច។ តើអ្នកចង់ស្វាគមន៍ព្រះអម្ចាស់ជាមួយក្រុមគ្រួសាររបស់អ្នក ហើយទទួលបានឱកាសត្រូវបានការពារដោយព្រះទេ?

ការកំណត់

  • អត្ថបទ
  • ប្រធានបទ

ពណ៌​ដិតច្បាស់

ប្រធានបទ

ប្រភេទ​អក្សរ

ទំហំ​អក្សរ

ចម្លោះ​បន្ទាត់

ចម្លោះ​បន្ទាត់

ប្រវែងទទឹង​ទំព័រ

មាតិកា

ស្វែងរក

  • ស្វែង​រក​អត្ថបទ​នេះ
  • ស្វែង​រក​សៀវភៅ​នេះ