ជំពូកទី ១០៖ ព្រះបន្ទូលព្រះជាម្ចាស់ ថ្លែងទៅកាន់សកលលោកទាំងមូល

យុគសម័យនៃនគរព្រះ គឺខុសគ្នាពីសម័យមុនៗទាំងអស់។ មិនខ្វល់ថាតើមនុស្សមានសកម្មភាពយ៉ាងណានោះទេ ផ្ទុយទៅវិញ ខ្ញុំបានយាងចុះមកលើផែនដីដើម្បីអនុវត្តកិច្ចការរបស់ខ្ញុំដោយផ្ទាល់ ជាកិច្ចការដែលមនុស្សជាតិអាចមិននឹកគិតដល់ ហើយក៏មិនសម្រេចបាន។ អស់រយៈពេលច្រើនឆ្នាំណាស់មកហើយ ចាប់តាំងពីពេលបង្កើតពិភពលោកមក កិច្ចការនេះមានត្រឹមតែការកសាងក្រុមជំនុំប៉ុណ្ណោះ ប៉ុន្តែគេមិនដែលឮអំពីការកសាងនគរព្រះទេ។ ទោះបីជាខ្ញុំមានព្រះបន្ទូលអំពីរឿងនេះដោយផ្ទាល់ព្រះឱស្ឋខ្ញុំក៏ដោយ តើមាននរណាម្នាក់ដែលដឹងពីលក្ខណៈរបស់វាឬទេ? ខ្ញុំធ្លាប់យាងចុះមកក្នុងពិភពមនុស្ស ហើយបានមានបទពិសោធ និងបានសង្កេតមើលការរងទុក្ខរបស់ពួកគេ ប៉ុន្តែខ្ញុំបានធ្វើដូច្នោះដោយមិនបានបំពេញគោលបំណងនៃការយកកំណើតជាមនុស្សរបស់ខ្ញុំទេ។ នៅពេលការកសាងនៃនគរព្រះបានចាប់ផ្ដើម នោះសាច់ឈាមដែលយកកំណើតជាមនុស្សរបស់ខ្ញុំក៏បានចាប់ផ្ដើមអនុវត្តកិច្ចការព័ន្ធកិច្ចរបស់ខ្ញុំជាផ្លូវការ ពោលគឺ ស្ដេចនៃនគរព្រះបានឡើងកាន់អំណាចគ្រប់គ្រងរបស់ទ្រង់ជាផ្លូវការ។ តាមរយៈសេចក្ដីនេះ វាបញ្ជាក់ច្បាស់ថា ការចុះមកនៃនគរព្រះចូលមកក្នុងពិភពមនុស្ស ខុសឆ្ងាយពីការគ្រាន់តែជាការបង្ហាញឱ្យឃើញដែលគ្មានខ្លឹមសារ គឺជាការពិតជាក់ស្ដែងមួយ នេះជាចំណុចមួយនៃអត្ថន័យនៃ «ភាពជាក់ស្ដែងនៃការអនុវត្ត។» មនុស្សមិនដែលបានឃើញទង្វើណាមួយរបស់ខ្ញុំឡើយ ហើយក៏មិនដែលបានឮព្រះសូរសៀងណាមួយរបស់ខ្ញុំផងដែរ។ ទោះជាពួកគេបានឃើញទង្វើរបស់ខ្ញុំក្ដី តើពួកគេនឹងរកឃើញអ្វីខ្លះ? ហើយប្រសិនបើពួកគេបានឮខ្ញុំមានព្រះបន្ទូល តើពួកគេនឹងបានយល់អ្វីខ្លះ? នៅពាសពេញពិភពលោក មនុស្សគ្រប់រូបរស់នៅក្នុងសេចក្ដីមេត្តា‌ករុណា និងសេចក្ដីសន្ដោសប្រណីរបស់ខ្ញុំ តែទោះដូច្នោះក្ដី មនុស្សជាតិទាំងអស់សុទ្ធតែស្ថិតនៅក្រោមការជំនុំជម្រះរបស់ខ្ញុំ និងដាក់ឱ្យស្ថិតក្រោមការល្បងលរបស់ខ្ញុំផងដែរ។ ខ្ញុំពោរពេញដោយសេចក្ដីមេត្តា‌ករុណា និងការស្រឡាញ់ចំពោះមនុស្ស សូម្បីតែពេលពួកគេទាំងអស់បានក្លាយជាពុករលួយដល់កម្រិតណាក៏ដោយ។ ខ្ញុំបានធ្វើការវាយផ្ចាលពួកគេ សូម្បីតែពេលពួកគេទាំងអស់បានចុះចូលនៅពីមុខរាជបល្ល័ង្ករបស់ខ្ញុំក៏ដោយ។ ទោះយ៉ាងណាក៏ដោយ តើមានមនុស្សណាម្នាក់ដែលមិនស្ថិតក្នុងការរងទុក្ខ និងការបន្សុទ្ធដែលខ្ញុំបានដាក់ចេញឬទេ? មនុស្សច្រើនណាស់កំពុងរាវរកពន្លឺឆ្លងកាត់ភាពងងឹត ហើយមនុស្សច្រើនណាស់កំពុងតស៊ូយ៉ាងល្វីងជូចត់ឆ្លងកាត់ការល្បងលរបស់ពួកគេ។ យ៉ូបមានជំនឿ ប៉ុន្តែតើគាត់មិនបានស្វែងរកផ្លូវចេញសម្រាប់ខ្លួនគាត់ទេឬ? ទោះបីជារាស្ត្ររបស់ខ្ញុំអាចឈរយ៉ាងរឹងមាំក្នុងការប្រឈមមុខនឹងការល្បងលក៏ដោយ តើមានអ្នកណាម្នាក់ដែលមិននិយាយរឿងនេះឮៗ បែរជាមានជំនឿក្នុងជម្រៅចិត្តដែរឬទេ? តើវាមិនសមទេឬដែលថា មនុស្សនិយាយពីជំនឿរបស់ខ្លួន ក្នុងពេលដែលពួកគេកំពុងតែលាក់ទុកការសង្ស័យនៅក្នុងដួងចិត្តរបស់ខ្លួននោះ? មិនមានមនុស្សណាម្នាក់ដែលបានឈរយ៉ាងជាប់មាំនៅក្នុងការល្បងល ឬដែលចុះចូលពិតប្រាកដនៅពេលទទួលការល្បងលនោះទេ។ ប្រសិនបើខ្ញុំមិនបានបាំងព្រះភក្ត្ររបស់ខ្ញុំដើម្បីគេចពីការក្រឡេកមើលពិភពលោកនេះទេ នោះមនុស្សជាតិទាំងមូលនឹងដួលរលំនៅក្រោមការសម្លឹងមើលទាំងក្ដៅក្រហាយរបស់ខ្ញុំ ដ្បិតខ្ញុំមិនសុំអ្វីពីមនុស្សឡើយ។

នៅពេលការគំនាប់ចំពោះនគរព្រះបន្លឺសំឡេងឡើង ពោលគឺក៏ជាពេលដែលផ្គរលាន់ទាំងប្រាំពីរបញ្ចេញសូរសព្ទ សំឡេងនេះធ្វើឱ្យញ័រញាក់ស្ថានសួគ៌ និងផែនដី ដែលធ្វើឱ្យរញ្ជួយអស់សួគ៌ាលៃ និងធ្វើឱ្យដួងចិត្តរបស់មនុស្សគ្រប់រូបញាប់ញ័រ។ ចម្រៀងថ្វាយនគរព្រះក៏ធ្វើការប្រគំឡើងតាមពិធីការ នៅលើទឹកដីនាគដ៏ធំមានសម្បុរក្រហម ដោយបញ្ជាក់ថា ខ្ញុំបានបំផ្លាញប្រទេសនោះ ហើយបានបង្កើតព្រះនគររបស់ខ្ញុំ។ សំខាន់ជាងនេះទៅទៀតនោះគឺ នគររបស់ខ្ញុំត្រូវបានបង្កើតឡើងនៅលើផែនដី។ នៅពេលនេះ ខ្ញុំចាប់ផ្ដើមបញ្ជូនទេវតារបស់ខ្ញុំទៅគ្រប់ប្រទេសក្នុងពិភពលោកដើម្បីឱ្យពួកគេអាចឃ្វាលពួកកូនប្រុសរបស់ខ្ញុំ និងរាស្ត្ររបស់ខ្ញុំ នេះក៏ដើម្បីបំពេញតាមសេចក្ដីតម្រូវនៃជំហានបន្ទាប់នៃកិច្ចការរបស់ខ្ញុំ។ ទោះយ៉ាងណាក៏ដោយ ខ្ញុំផ្ទាល់ក៏យាងមកកន្លែងដែលនាគដ៏ធំមានសម្បុរក្រហមដេកពេន ហើយប្រកួតជាមួយវា។ នៅពេលមនុស្សជាតិទាំងអស់បែរមកស្គាល់ខ្ញុំក្នុងភាពជាសាច់ឈាម ហើយអាចមើលឃើញទង្វើរបស់ខ្ញុំក្នុងភាពជាសាច់ឈាម នោះជម្រករបស់នាគដ៏ធំមានសម្បុរក្រហមនឹងក្លាយទៅជាផេះ ហើយបាត់គ្មានសល់ដាន។ ដ្បិតអ្នកស្អប់នាគដ៏ធំមានសម្បុរក្រហមរហូតដល់ឆ្អឹង ក្នុងនាមជារាស្ត្រនៃនគររបស់ខ្ញុំ អ្នកត្រូវតែបំពេញតាមដួងព្រះហឫទ័យរបស់ខ្ញុំដោយប្រើសកម្មភាពរបស់អ្នក ហើយតាមរយៈវិធីនេះ អ្នកនាំភាពអាម៉ាស់ដល់នាគនេះ។ តើអ្នករាល់គ្នាពិតជាដឹងថា នាគដ៏ធំមានសម្បុរក្រហមគួរឱ្យស្អប់ឬទេ? តើអ្នករាល់គ្នាពិតជាមានអារម្មណ៍ថា វាជាសត្រូវរបស់ស្ដេចនៃនគរព្រះឬទេ? តើអ្នករាល់គ្នាពិតជាមានជំនឿថា អ្នកអាចធ្វើបន្ទាល់ដ៏អស្ចារ្យឱ្យខ្ញុំបានដែរឬទេ? តើអ្នករាល់គ្នាពិតជាជឿជាក់ថា អ្នកអាចយកឈ្នះនាគដ៏ធំមានសម្បុរក្រហមឬទេ? នេះហើយជាអ្វីដែលខ្ញុំសុំពីអ្នករាល់គ្នា។ អ្វីគ្រប់យ៉ាងដែលខ្ញុំត្រូវការ គឺដើម្បីឱ្យអ្នករាល់គ្នាអាចឈានដល់ជំហាននេះ។ តើអ្នករាល់គ្នានឹងអាចធ្វើការនេះបានឬទេ? តើអ្នករាល់គ្នាមានជំនឿថា អ្នកអាចសម្រេចការនេះបានឬទេ? តើមនុស្សមានសមត្ថភាពធ្វើអ្វីបានឱ្យពិតប្រាកដទៅ? តើវាមិនសមទេឬដែលថា ខ្ញុំធ្វើវាដោយអង្គឯង? ហេតុអ្វីបានជាខ្ញុំមានព្រះបន្ទូលថា ខ្ញុំយាងចុះមកដោយផ្ទាល់នៅទីតាំងដែលមានចម្បាំង? អ្វីដែលខ្ញុំចង់បានគឺជាជំនឿរបស់អ្នករាល់គ្នា មិនមែនជាអំពើរបស់អ្នករាល់គ្នាទេ។ មនុស្សទាំងអស់សុទ្ធតែគ្មានសមត្ថភាពក្នុងការទទួលយកព្រះបន្ទូលរបស់ខ្ញុំដោយត្រង់នោះទេ ហើយផ្ទុយទៅវិញ គឺបានត្រឹមតែអាចក្រឡេកមើលមួយភ្លែតប៉ុណ្ណោះ។ តើការនេះបានជួយអ្នករាល់គ្នាឱ្យសម្រេចគោលដៅរបស់ខ្លួនដែរឬទេ? តើអ្នករាល់គ្នាបែរមកស្គាល់ខ្ញុំតាមរបៀបនេះឬ? តាមពិត ក្នុងចំណោមមនុស្សនៅលើផែនដីនេះ គ្មាននរណាម្នាក់មានសមត្ថភាពមើលចំព្រះភក្ត្រខ្ញុំនោះទេ ហើយគ្មាននរណាម្នាក់អាចទទួលបានអត្ថន័យដ៏បរិសុទ្ធ និងអត្ថន័យដើមនៃព្រះបន្ទូលរបស់ខ្ញុំឡើយ។ ហេតុដូច្នេះហើយ ខ្ញុំបានដាក់ឱ្យដំណើរការនូវគម្រោងដែលមិនធ្លាប់មាននៅលើផែនដីពីមុនមក ដើម្បីសម្រេចគោលដៅរបស់ខ្ញុំ និងបង្កើតរូបអង្គរបស់ខ្ញុំនៅក្នុងដួងចិត្តរបស់មនុស្ស។ តាមវិធីនេះ ខ្ញុំនឹងបញ្ចប់នូវយុគសម័យដែលសញ្ញាណមានអំណាចខ្លាំងលើមនុស្ស។

សព្វថ្ងៃនេះ ខ្ញុំមិនមែនត្រឹមតែយាងចុះមកលើប្រទេសរបស់នាគដ៏ធំមានសម្បុរក្រហមប៉ុណ្ណោះទេ ខ្ញុំក៏កំពុងងាកទៅប្រឈមមុខនឹងសកលលោកទាំងមូលផងដែរ ដែលធ្វើឱ្យសួគ៌ាលៃទាំងមូលរញ្ជួយញាប់ញ័រ។ តើមានកន្លែងណាមួយដែលមិនទទួលរងការជំនុំជម្រះរបស់ខ្ញុំឬទេ? តើមានកន្លែងណាមួយដែលមិននៅក្រោមភាពអន្ដរាយដ៏ធំដែលខ្ញុំស្រោចពីលើវាដែរឬទេ? គ្រប់ទីកន្លែងដែលខ្ញុំយាងទៅ ខ្ញុំបានបាច «គ្រាប់ពូជនៃគ្រោះមហន្តរាយ» គ្រប់ប្រភេទ។ នេះជាវិធីធ្វើការមួយបែបរបស់ខ្ញុំ និងដោយគ្មានការសង្ស័យ ក៏ជាទង្វើនៃការសង្គ្រោះមនុស្សជាតិផងដែរ ហើយអ្វីដែលខ្ញុំពង្រីកទៅដល់ពួកគេ នៅតែជាប្រភេទនៃសេចក្ដីស្រឡាញ់។ ខ្ញុំចង់ឱ្យមនុស្សកាន់តែច្រើនបានស្គាល់ខ្ញុំ និងអាចមើលឃើញខ្ញុំ ហើយតាមរបៀបនេះ ពួកគេបែរមកគោរពព្រះជាម្ចាស់ដែលពួកគេមិនបានមើលឃើញអស់រយៈពេលច្រើនឆ្នាំមកហើយ ប៉ុន្តែដែលពេលនេះ ពួកគេមើលឃើញថាព្រះអង្គមានពិតប្រាកដមែន។ តើខ្ញុំបានបង្កើតពិភពលោកដោយសារមូលហេតុអ្វី? តើហេតុអ្វីបានជាខ្ញុំមិនកម្ទេចមនុស្សចោលឱ្យអស់រលីងទៅ ក្រោយពេលពួកគេបានក្លាយជាពុករលួយហើយ? តើមនុស្សជាតិទាំងមូលរស់នៅក្នុងគ្រោះមហន្តរាយដោយសារមូលហេតុអ្វី? តើអ្វីទៅជាគោលបំណងរបស់ខ្ញុំក្នុងការសណ្ឋិតក្នុងសាច់ឈាម? នៅពេលខ្ញុំអនុវត្តកិច្ចការរបស់ខ្ញុំ មនុស្សភ្លក់រសជាតិទាំងល្វីងជូរចត់ផង និងផ្អែមល្ហែមផង។ ក្នុងចំណោមមនុស្សទាំងអស់នៅក្នុងពិភពលោក តើអ្នកណាទៅដែលមិនរស់នៅក្នុងព្រះគុណរបស់ខ្ញុំ? ប្រសិនបើខ្ញុំមិនបានប្រទានឱ្យមនុស្សនូវព្រះពរផ្នែកសម្ភារៈទេ តើនៅលើលោកនេះ អ្នកណាទៅដែលនឹងអាចមានភាពសម្បូរសប្បាយបាន? តើវាអាចទៅរួចទេដែលថា ការអនុញ្ញាតឱ្យអ្នករាល់គ្នាមានឋានៈជារាស្ត្ររបស់ខ្ញុំ គឺជាព្រះពរ? បើអ្នករាល់គ្នាមិនមែនជារាស្ត្ររបស់ខ្ញុំទេ ប៉ុន្តែផ្ទុយទៅវិញជាអ្នកស៊ីឈ្នួល នោះអ្នករាល់គ្នានឹងមិនរស់នៅក្នុងព្រះពររបស់ខ្ញុំឡើយ មែនទេ? ក្នុងចំណោមអ្នករាល់គ្នា គ្មានម្នាក់ណាឡើយដែលមានសមត្ថភាពក្នុងការវាស់ស្ទង់ពីដើមកំណើតនៃព្រះបន្ទូលរបស់ខ្ញុំ។ មនុស្សជាតិ នៅឆ្ងាយពីការមានតម្លៃស្មើងារដែលខ្ញុំបានប្រទានឱ្យពួកគេ ព្រោះតែងារជា «អ្នកស៊ីឈ្នួល» ពួកគេច្រើននាក់ណាស់រក្សាការថ្នាំងថ្នាក់នៅក្នុងដួងចិត្តរបស់ពួកគេ ហើយព្រោះតែងារជា «រាស្ត្ររបស់ខ្ញុំ» ពួកគេច្រើននាក់ណាស់បង្កើតសេចក្ដីស្រឡាញ់ចំពោះខ្ញុំនៅក្នុងដួងចិត្តរបស់ពួកគេ។ ពួកគេមិនគួរព្យាយាមបន្លំខ្ញុំទេ ព្រះនេត្ររបស់ខ្ញុំមើលឃើញគ្រប់យ៉ាង! តើក្នុងចំណោមអ្នករាល់គ្នា នរណាទទួលយកដោយស្ម័គ្រចិត្ត ហើយតើក្នុងចំណោមអ្នករាល់គ្នា នរណាធ្វើការស្ដាប់បង្គាប់ទាំងស្រុង? បើសិនជាការគំនាប់ចំពោះនគរព្រះមិនបានបន្លឺសំឡេងឡើងទេ តើអ្នករាល់គ្នានឹងពិតជាអាចចុះចូលដល់ទីបញ្ចប់ឬទេ? អ្វីៗដែលមនុស្សមានសមត្ថភាពធ្វើ និងគិតបាន ព្រមទាំងចម្ងាយដែលពួកគេអាចទៅបាន សុទ្ធតែត្រូវបានខ្ញុំកំណត់ទុកជាមុនតាំងពីយូរយារណាស់មកហើយ។

មនុស្សដ៏ច្រើនលើសលុបទទួលយកការឆេះឆួលរបស់ខ្ញុំនៅក្នុងពន្លឺនៃទឹកព្រះភក្ត្ររបស់ខ្ញុំ។ មនុស្សដ៏ច្រើនលើសលុបដែលត្រូវបានជំរុញដោយការលើកទឹកចិត្តរបស់ខ្ញុំ ភ្ញាក់ឡើងឆ្ពោះទៅមុខស្វះស្វែងរក។ នៅពេលកម្លាំងរបស់សាតាំងវាយប្រហាររាស្ត្ររបស់ខ្ញុំ ខ្ញុំនៅទីនោះដើម្បីរារាំងពួកសាតាំង នៅពេលផែនការសម្ងាត់របស់សាតាំងធ្វើឱ្យអន្តរាយដល់ជីវិតរបស់ពួកគេ ខ្ញុំធ្វើឱ្យវារត់ត្របាញ់ជើងទៅតាមផ្លូវមួយ ទៅបាត់លែងវិលមកវិញតែម្ដង។ នៅលើផែនដី វិញ្ញាណអាក្រក់ៗគ្រប់បែបយ៉ាងតែងតែក្រវែលលបៗរកកន្លែងសម្រាក និងកំពុងស្វែងរកសាកសពមនុស្សដែលអាចស៊ីបានឥតឈប់ឈរ។ រាស្ត្រខ្ញុំអើយ! អ្នកត្រូវតែស្ថិតនៅក្នុងការថែទាំ និងការការពាររបស់ខ្ញុំជានិច្ច។ ចូរកុំប្រព្រឹត្តខុសគន្លងឡើយ! កុំប្រកាន់ឫកពាព្រហើន! អ្នករាល់គ្នាគួរតែថ្វាយភក្ដីភាពរបស់ខ្លួនទាំងអស់នៅក្នុងដំណាក់របស់ខ្ញុំ ហើយមានតែភក្ដីភាពប៉ុណ្ណោះដែលអ្នករាល់គ្នាអាចធ្វើការវាយលុកតបប្រឆាំងនឹងឧបាយកលរបស់អារក្សបាន។ ទោះស្ថិតក្នុងកាលៈទេសៈណាក៏ដោយ មិនគួរអ្នកប្រកាន់ឫកពាដូចដែលអ្នកបានធ្វើកាលពីមុនឡើយ ដោយធ្វើរឿងមួយនៅចំពោះព្រះភក្ត្រខ្ញុំ ហើយមួយទៀតនៅពីក្រោយខ្នងខ្ញុំ ប្រសិនបើអ្នកធ្វើបែបនេះ នោះអ្នកឃ្លាតឆ្ងាយពីការប្រោសលោះ។ តើខ្ញុំមិនបានថ្លែងនូវព្រះបន្ទូលទាំងនេះលើសពីគ្រប់គ្រាន់ទេឬ? វាច្បាស់ណាស់ ពីព្រោះនិស្ស័យចាស់របស់មនុស្សមិនអាចកែបានទេ រហូតដល់ថ្នាក់ខ្ញុំត្រូវតែធ្វើការក្រើនរំលឹកមនុស្សម្ដងហើយម្ដងទៀត។ កុំធុញធ្វើអ្វី! អ្វីគ្រប់យ៉ាងដែលខ្ញុំមានព្រះបន្ទូល គឺសម្រាប់ជាប្រយោជន៍ដល់ការធានាវាសនារបស់អ្នករាល់គ្នា! កន្លែងស្អុយ និងស្មោកគ្រោក ជាអ្វីដែលសាតាំងត្រូវការយ៉ាងពិតប្រាកដ បើអ្នកកាន់តែអស់សង្ឃឹមក្នុងការកែលម្អឡើងវិញបាន នោះអ្នកក៏កាន់តែប្រព្រឹត្តខុសគន្លង ដោយបដិសេធមិនចុះចូលនឹងការអត់ធ្មត់ បន្ទាប់មកពួកវិញ្ញាណមិនស្អាតទាំងនោះកាន់តែច្រើននឹងរកប្រយោជន៍ឱ្យខ្លួនពួកវាពីឱកាសជ្រៀតចូលក្នុងខ្លួនឯង។ ប្រសិនបើអ្នកបានដល់ចំណុចនេះ នោះភក្ដីភាពរបស់អ្នករាល់គ្នា នឹងគ្មានអ្វីក្រៅតែពីការនិយាយលេងឥតបានការ ដោយគ្មានការពិតអ្វីបន្តិចសោះ ហើយពួកវិញ្ញាណមិនស្អាត នឹងលេបសេចក្ដីតាំងចិត្តរបស់អ្នករាល់គ្នា ហើយប្រែក្លាយវាទៅជាការមិនស្ដាប់បង្គាប់ និងទៅជាផែនការសម្ងាត់បែបសាតាំងដែលត្រូវបានប្រើដើម្បីរំខានដល់កិច្ចការរបស់ខ្ញុំ។ មកដល់ចំណុចនេះ អ្នកអាចត្រូវបានខ្ញុំផ្ចាញ់ពេលណាក៏បាន។ គ្មាននរណាម្នាក់យល់ពីទម្ងន់នៃស្ថានភាពនេះទេ មនុស្សទាំងអស់បានត្រឹមតែធ្វើគធ្វើថ្លង់ចំពោះអ្វីៗដែលពួកគេឮ និងគ្មានការប្រុងប្រយ័ត្នអ្វីបន្តិចសោះឡើយ។ ខ្ញុំចាំថា គ្មានអ្វីត្រូវបានធ្វើកាលពីមុនទេ តើអ្នកពិតជានៅតែកំពុងរង់ចាំឱ្យខ្ញុំអត់ឱនដល់អ្នកដោយ «ការបំភ្លេចចោល» ម្តងទៀតឬ? ទោះបីជាមនុស្សបានប្រឆាំងខ្ញុំក្ដី ក៏ខ្ញុំនឹងមិនធ្វើការប្រឆាំងតបពួកគេវិញដែរ ដ្បិតពួកគេមានឋានៈតូចពេក ដូច្នេះហើយទើបខ្ញុំមិនបានធ្វើការទាមទារខ្ពស់ហួសហេតុពីពួកគេនោះទេ។ អ្វីគ្រប់យ៉ាងដែលខ្ញុំទាមទារ គឺឱ្យពួកគេឈប់ប្រព្រឹត្តខុសគន្លង និងឱ្យពួកគេស្ដាប់បង្គាប់ការទប់ស្កាត់។ ប្រាកដណាស់ថា វាមិនហួសពីសមត្ថភាពរបស់អ្នករាល់គ្នាក្នុងការបំពេញតាមលក្ខខណ្ឌពិសេសមួយនេះនោះទេ មែនទេ? មនុស្សភាគច្រើនកំពុងតែរង់ចាំឱ្យខ្ញុំបើកសម្ដែងពីអាថ៌កំបាំងឱ្យច្រើនថែមទៀតដើម្បីឱ្យពួកគេបានសប្បាយភ្នែកមើល។ ទោះយ៉ាងណាក៏ដោយ ថ្វីបើអ្នកបានងាកមកយល់ពីអាថ៌កំបាំងទាំងអស់នៃស្ថានសួគ៌ក៏ដោយ តែជាក់ស្ដែង តើអ្នកអាចធ្វើអ្វីបានជាមួយចំណេះដឹងទាំងនោះ? តើវានឹងបង្កើនក្ដីស្រឡាញ់របស់អ្នកចំពោះខ្ញុំបានទេ? តើវានឹងដាស់អារម្មណ៍ស្រឡាញ់របស់អ្នកចំពោះខ្ញុំដែរឬទេ? ខ្ញុំមិនមើលងាយមនុស្ស ហើយក៏មិនវិនិច្ឆ័យវអំពីពួកគេដោយងាយៗដែរ។ ប្រសិនបើទាំងនេះមិនមែនជាស្ថានភាពជាក់ស្តែងរបស់មនុស្សទេ ខ្ញុំនឹងមិនពាក់លើក្បាលពួកគេនូវស្លាកបែបនេះយ៉ាងគាប់ជួនដូច្នេះសោះឡើយ។ ចូរគិតពីអតីតកាលឡើងវិញ៖ តើខ្ញុំធ្លាប់មួលបង្កាច់អ្នករាល់គ្នាប៉ុន្មានដងហើយ? តើខ្ញុំធ្លាប់បានមើលងាយអ្នករាល់គ្នាប៉ុន្មានដងហើយ? តើខ្ញុំធ្លាប់បានមើលមកអ្នករាល់គ្នាដោយមិនគិតពីស្ថានភាពជាក់ស្ដែងរបស់អ្នករាល់គ្នាប៉ុន្មានដងហើយ? តើព្រះសូរសៀងរបស់ខ្ញុំបានបរាជ័យក្នុងការយកឈ្នះអ្នករាល់គ្នាយ៉ាងអស់ពីចិត្តប៉ុន្មានដងហើយ? តើខ្ញុំបានមានព្រះបន្ទូលដោយគ្មានការបង្កើតសំឡេងត្រូវគ្នាដែលខ្ទរយ៉ាងជ្រៅនៅក្នុងខ្លួនអ្នករាល់គ្នាឬទេ? តើក្នុងចំណោមអ្នករាល់គ្នា អ្នកណាទៅដែលបានអានព្រះបន្ទូលរបស់ខ្ញុំដោយគ្មានការកោតខ្លាច និងញាប់ញ័រ ដោយភ័យខ្លាចយ៉ាងខ្លាំងថា ខ្ញុំនឹងវាយទម្លាក់ពួកអ្នកចូលទៅក្នុងជង្ហុកធំ? តើអ្នកណាទៅដែលមិនស៊ូទ្រាំនឹងការល្បងលមកពីព្រះបន្ទូលរបស់ខ្ញុំ? សិទ្ធិអំណាចមាននៅក្នុងព្រះសូរសៀងរបស់ខ្ញុំ ប៉ុន្តែនេះមិនមែនសម្រាប់កាត់សេចក្ដីតាមធម្មតាលើមនុស្សនោះទេ ផ្ទុយទៅវិញ ដោយគិតដល់ស្ថានភាពជាក់ស្ដែងរបស់ពួកគេ ខ្ញុំតែងតែបង្ហាញច្បាស់ដល់ពួកគេអំពីអត្ថន័យដែលមាននៅក្នុងព្រះបន្ទូលរបស់ខ្ញុំ។ តាមពិតទៅ តើមានអ្នកណាម្នាក់ដែលមានសមត្ថភាពក្នុងការស្គាល់ព្រះ‌ចេស្ដាដ៏មានសព្វានុភាពនៅក្នុងព្រះបន្ទូលរបស់ខ្ញុំឬទេ? តើមានអ្នកណាម្នាក់ដែលអាចទទួលបានមាសសុទ្ធបំផុតដែលកើតពីព្រះបន្ទូលរបស់ខ្ញុំឬទេ? តើខ្ញុំបានសម្ដែងត្រឹមតែប៉ុន្មានព្រះបន្ទូលទេឬ? តើមានអ្នកណាម្នាក់ដែលធ្លាប់រក្សាទុកនូវព្រះបន្ទូលរបស់ខ្ញុំជាកំណប់ទ្រព្យឬទេ?

ថ្ងៃទី៣ ខែមីនា ឆ្នាំ១៩៩២

ខាង​ដើម៖ ជំពូកទី ៨៖ ព្រះបន្ទូលព្រះជាម្ចាស់ ថ្លែងទៅកាន់សកលលោកទាំងមូល

បន្ទាប់៖ ចម្រៀងជ័យនៃនគរព្រះ

គ្រោះមហន្តរាយផ្សេងៗបានធ្លាក់ចុះ សំឡេងរោទិ៍នៃថ្ងៃចុងក្រោយបានបន្លឺឡើង ហើយទំនាយនៃការយាងមករបស់ព្រះអម្ចាស់ត្រូវបានសម្រេច។ តើអ្នកចង់ស្វាគមន៍ព្រះអម្ចាស់ជាមួយក្រុមគ្រួសាររបស់អ្នក ហើយទទួលបានឱកាសត្រូវបានការពារដោយព្រះទេ?

ការកំណត់

  • អត្ថបទ
  • ប្រធានបទ

ពណ៌​ដិតច្បាស់

ប្រធានបទ

ប្រភេទ​អក្សរ

ទំហំ​អក្សរ

ចម្លោះ​បន្ទាត់

ចម្លោះ​បន្ទាត់

ប្រវែងទទឹង​ទំព័រ

មាតិកា

ស្វែងរក

  • ស្វែង​រក​អត្ថបទ​នេះ
  • ស្វែង​រក​សៀវភៅ​នេះ