ជំពូកទី ៦៖ ព្រះបន្ទូលព្រះជាម្ចាស់ ថ្លែងទៅកាន់សកលលោកទាំងមូល
ត្រូវមានការយល់ដឹងអំពីបញ្ហាខាងវិញ្ញាណ ត្រូវយកចិត្តទុកដាក់ចំពោះព្រះបន្ទូលរបស់ខ្ញុំ ហើយត្រូវមានសមត្ថភាពពិតប្រាកដក្នុងការចាត់ទុកព្រះវិញ្ញាណនិងអង្គរបស់ខ្ញុំ ព្រមទាំងព្រះបន្ទូលនិងអង្គរបស់ខ្ញុំ ជារបស់តែមួយមិនអាចញែកចេញពីគ្នាបាន ដើម្បីឱ្យមនុស្សរាល់គ្នាអាចបំពេញតាមបំណងព្រះហឫទ័យរបស់ខ្ញុំនៅចំពោះព្រះភ័ក្ត្ររបស់ខ្ញុំបាន។ ខ្ញុំបានដាក់ព្រះបាទាលើរបស់សព្វសារពើដែលមាន ខ្ញុំបានទតមើលទូទាំងសកលលោកដ៏ធំល្វឹងល្វើយនេះ ហើយខ្ញុំបានយាងដើរនៅក្នុងចំណោមមនុស្សរាល់គ្នា ដោយបានភ្លក់រសជាតិទាំងផ្អែមនិងល្វីងនៅក្នុងចំណោមមនុស្ស ប៉ុន្តែគ្មានមនុស្សណាម្នាក់បានស្គាល់ខ្ញុំពិតប្រាកដឡើយ ហើយក៏គ្មានអ្នកណាម្នាក់ចាប់អារម្មណ៍នឹងខ្ញុំក្នុងអំឡុងពេលខ្ញុំធ្វើដំណើរដែរ។ ព្រោះខ្ញុំស្ងៀមស្ងាត់ និងមិនដែលសម្ដែងឫទ្ធិអធិធម្មជាតិ ម្ល៉ោះហើយគ្មានអ្នកណាម្នាក់បានឃើញខ្ញុំពិតប្រាកដឡើយ។ សព្វថ្ងៃនេះមិនដូចកាលពីមុនទេ៖ ខ្ញុំនឹងធ្វើរឿងដែលមិនធ្លាប់បានឃើញ តាំងពីគ្រានៃការបង្កើតលោកីយ៍មក ខ្ញុំនឹងថ្លែងព្រះបន្ទូលដែលមិនធ្លាប់បានឮគ្រប់យុគសម័យទាំងអស់ ដ្បិតខ្ញុំប្រាប់មនុស្សរាល់គ្នាឱ្យមកស្គាល់ខ្ញុំនៅខាងសាច់ឈាមនេះវិញ។ ទាំងនេះគឺជាជំហាននៃការគ្រប់គ្រងរបស់ខ្ញុំ ប៉ុន្តែមនុស្សគ្មានការយល់ដឹងសូម្បីបន្តិចណាសោះ។ ទោះបើជាខ្ញុំបានមានបន្ទូលច្បាស់ៗហើយក្ដី ក៏មនុស្សនៅតែមិនយល់ដដែល ដ្បិតពួកគេពិបាកនឹងយល់បានណាស់។ តើនេះមិនមែនជាភាពអន់ខ្សោយរបស់មនុស្សទេឬអី? តើវាមិនមែនជាអ្វីពិតប្រាកដដែលខ្ញុំចង់ព្យាបាលទេឬ? ជាច្រើនឆ្នាំមកហើយ ខ្ញុំមិនបានធ្វើអ្វីទាំងអស់នៅក្នុងខ្លួនមនុស្ស ជាច្រើនឆ្នាំមកហើយ ទោះបីជាមានទំនាក់ទំនងដោយផ្ទាល់ជាមួយសាច់ឈាមរបស់ខ្ញុំដែលយកកំណើតជាមនុស្សក៏ដោយ ក៏គ្មាននរណាម្នាក់ធ្លាប់ឮសំឡេងដែលចេញពីភាពជាព្រះរបស់ខ្ញុំដោយផ្ទាល់ដែរ។ ដូច្នេះ មនុស្សខ្វះនូវការស្គាល់ខ្ញុំដោយជៀសមិនរួច តែទោះយ៉ាងណា រឿងនេះមិនបានជះឥទ្ធិពលដល់សេចក្ដីស្រឡាញ់របស់ពួកគេចំពោះខ្ញុំ ដែលឆ្លងកាត់ច្រើនយុគសម័យមកហើយនោះទេ។ យ៉ាងណាមិញ សព្វថ្ងៃនេះ ខ្ញុំបានធ្វើនៅក្នុងខ្លួនអ្នករាល់គ្នានូវកិច្ចការដ៏មហស្ចារ្យ ជាកិច្ចការដែលមិនអាចវាស់ស្ទង់បាន និងគ្មានព្រំដែន ហើយខ្ញុំបានថ្លែងនូវព្រះបន្ទូលជាច្រើនមកហើយ។ ហើយទោះយ៉ាងណា ក្រោមស្ថានភាពបែបនេះ នៅតែមានមនុស្សជាច្រើនដែលរឹងទទឹងនឹងខ្ញុំដោយផ្ទាល់នៅចំពោះព្រះភក្ត្រខ្ញុំ។ ឥឡូវនេះ ខ្ញុំសូមលើកឧទាហរណ៍ពីរបីប្រាប់អ្នកឱ្យដឹងចុះ។
រាល់ថ្ងៃនេះ អ្នកអធិស្ឋានដល់ព្រះដ៏ស្រពេចស្រពិល ដោយព្យាយាមយល់ពីបំណងព្រះហឫទ័យរបស់ខ្ញុំ និងចង់បានការយល់ដឹងអំពីជីវិត។ ប៉ុន្តែនៅពេលប្រឈមមុខនឹងព្រះបន្ទូលរបស់ខ្ញុំ អ្នកយល់ឃើញបែបផ្សេងទៅវិញ អ្នកគោរពព្រះបន្ទូលខ្ញុំ និងព្រះវិញ្ញាណរបស់ខ្ញុំរួមជាមួយគ្នា តែទាត់ចោលលក្ខណៈរបស់ខ្ញុំ ដោយជឿលើបុគ្គលដែលជាមូលដ្ឋានគ្រឹះខ្ញុំមិនអាចបញ្ចេញព្រះបន្ទូលបែបនេះថា ព្រះបន្ទូលទាំងនោះត្រូវបានដឹកនាំដោយព្រះវិញ្ញាណរបស់ខ្ញុំ។ តើអ្នកស្គាល់អ្វីទៅនៅក្នុងស្ថានភាពបែបនេះ? អ្នកជឿលើព្រះបន្ទូលរបស់ខ្ញុំដល់ចំណុចមួយដែលមិនទាន់មានសញ្ញាណអំពីភាពខ្លាំងខុសប្លែកគ្នាចំពោះសាច់ឈាមដែលអង្គខ្ញុំសណ្ឋិតនៅ។ អ្នកចំណាយពេលរាល់ថ្ងៃសិក្សាពីបន្ទូលនោះ ហើយនិយាយថា «ហេតុអ្វីបានជាទ្រង់ធ្វើអ្វីៗតាមរបៀបនោះ? តើព្រះបន្ទូលទាំងនោះពិតជាមកពីព្រះជាម្ចាស់មែនឬទេ? មិនអាចទៅរួចទេ! ទ្រង់មិនខុសពីខ្ញុំប៉ុន្មានទេ ទ្រង់ក៏ជាមនុស្សធម្មតាផងដែរ។» តើគេអាចពន្យល់ពីស្ថានភាពបែបនេះយ៉ាងដូចម្តេច?
ក្នុងចំណោមអ្នករាល់គ្នា តើនរណាទៅដែលគ្មានលក្ខណៈខាងលើនេះ? តើនរណាទៅដែលមិនត្រូវបានកាន់កាប់ដោយលក្ខណៈបែបនេះ? ពួកវាហាក់ដូចជាអ្វីៗដែលអ្នករក្សាទុកដូចរបស់ទ្រព្យផ្ទាល់ខ្លួន ដោយមិនដែលចង់ឱ្យពួកវាបាត់ទៅឡើយ។ កុំថាឡើយដល់ទៅថាអ្នកដេញតាមការខិតខំតាមគំនិតផ្ទាល់ខ្លួន តែផ្ទុយទៅវិញ អ្នករង់ចាំខ្ញុំធ្វើវាដោយអង្គខ្ញុំ។ ការពិតនឹងត្រូវបង្ហាញ គ្មានបុគ្គលណាម្នាក់ដែលមិនប្រឹងប្រែង ទៅជាស្គាល់ខ្ញុំដោយងាយនោះទេ។ ទាំងនេះមិនមែនជាព្រះបន្ទូលឥតបានការដែលខ្ញុំបង្រៀនដល់អ្នករាល់គ្នាឡើយ។ ខ្ញុំអាចផ្ដល់ឱ្យអ្នកនូវឧទាហរណ៍មួយទៀតចេញពីទស្សនៈផ្សេងទៀតសម្រាប់ជាសេចក្ដីសំអាងរបស់អ្នក។
ពេលនិយាយដល់ពេត្រុស មនុស្សមានរឿងល្អមិនចេះអស់និយាយអំពីគាត់។ ពួកគេនឹកឃើញឡើងវិញនូវការដែលគាត់មិនទទួលស្គាល់ព្រះជាម្ចាស់ចំនួនបីដង នឹកឃើញពីការដែលគាត់សាកល្បងព្រះជាម្ចាស់តាមរយៈការបម្រើសាតាំង និងចុងក្រោយគាត់ត្រូវបានគេឆ្កាងក្បាលចុះក្រោមដើម្បីព្រះជាម្ចាស់ ។ល។ ឥឡូវនេះ ខ្ញុំនឹងផ្ដោតលើការពិពណ៌នាឱ្យអ្នករាល់គ្នាដឹងពីរបៀបដែលពេត្រុសស្គាល់ខ្ញុំ និងពីលទ្ធផលចុងក្រោយរបស់គាត់។ ពេត្រុសមានគុណសម្បត្តិល្អ ប៉ុន្តែស្ថានភាពរបស់គាត់មិនដូចប៉ុលទេ៖ ឪពុកម្ដាយរបស់គាត់បានធ្វើទុក្ខបុកម្នេញខ្ញុំ ពួកគេជាអារក្សដែលត្រូវបានកាន់កាប់ដោយសាតាំង ហេតុដូច្នេះហើយ ពួកគេមិនបានបង្រៀនពេត្រុសអំពីព្រះជាម្ចាស់សោះឡើយ។ ពេត្រុសឆ្លាតវៃ មានទេពកោសល្យ និងត្រូវបានឪពុកម្ដាយរបស់គាត់ស្រឡាញ់ក្រៃលែងតាំងតែពីតូចមកម៉្លេះ។ ប៉ុន្តែពេលពេញវ័យ គាត់ក្លាយជាសត្រូវរបស់ពួកគេ ព្រោះគាត់មិនដែលឈប់តាមរកការស្គាល់ខ្ញុំ ហើយក្រោយមកក៏បែរខ្នងដាក់ពួកគេវិញ។ អ្វីដែលសំខាន់ជាងគេនោះគឺ នេះដោយសារតែគាត់ជឿថា ផ្ទៃមេឃ និងផែនដី ព្រមទាំងរបស់សព្វសារពើ ស្ថិតក្នុងព្រះហស្តនៃព្រះដ៏មានគ្រប់ចេស្ដា ហើយរឿងវិជ្ជមានទាំងអស់សុទ្ធតែមកអំពីព្រះជាម្ចាស់ ហើយត្រូវទ្រង់បញ្ចេញមកដោយផ្ទាល់ មិនបានឆ្លងកាត់ការកែច្នៃពីសំណាក់សាតាំងឡើយ។ ភាពផ្ទុយគ្នារវាងពេត្រុសនិងឪពុកម្ដាយគាត់ បានធ្វើឱ្យគាត់ដឹងកាន់តែច្រើនអំពីក្ដីអាណិតស្រឡាញ់ និងសេចក្ដីមេត្តាករុណារបស់ខ្ញុំ ម្ល៉ោះហើយធ្វើឱ្យគាត់កើនឡើងនូវសេចក្ដីប្រាថ្នាក្នុងការស្វែងរកខ្ញុំ។ គាត់មិនត្រឹមតែបានផ្ដោតលើការហូប និងផឹកព្រះបន្ទូលរបស់ខ្ញុំប៉ុណ្ណោះទេ តែថែមទាំងផ្ដោតលើការយល់ពីបំណងព្រះហឫទ័យរបស់ខ្ញុំផងដែរ ហើយមានការប្រុងប្រយ័ត្នជានិច្ចនៅក្នុងដួងចិត្តរបស់គាត់។ ជាលទ្ធផល គាត់តែងតែឆាប់ញាប់ញ័រនៅក្នុងវិញ្ញាណរបស់គាត់ ហេតុដូចនេះហើយគាត់បានធ្វើតាមដួងព្រះហឫទ័យរបស់ខ្ញុំនៅក្នុងអ្វីៗដែលគាត់បានធ្វើ។ គាត់បានរក្សាការផ្ដោតអារម្មណ៍ជាប្រចាំទៅលើការបរាជ័យរបស់មនុស្សនាពេលកន្លងមកដើម្បីជំរុញខ្លួនគាត់ឡើង ដោយភ័យខ្លាចថាក្លាយជាជាប់អន្ទាក់នៅក្នុងភាពបរាជ័យយ៉ាងខ្លាំង។ ដូច្នេះហើយគាត់ក៏បានផ្ចង់អារម្មណ៍ទៅលើការបញ្ជ្រាបសេចក្ដីជំនឿ និងសេចក្ដីស្រឡាញ់របស់អ្នកដែលបានស្រឡាញ់ព្រះជាម្ចាស់នៅយុគសម័យទាំងនោះចូលក្នុងខួរក្បាលរបស់គាត់។ តាមរបៀបនេះ ពោលគឺមិនមានតែទស្សនៈអវិជ្ជមានប៉ុណ្ណោះទេ ប៉ុន្តែសំខាន់ជាងនេះទៅទៀតគឺទស្សនៈវិជ្ជមាន គាត់បានរីកចម្រើនយ៉ាងឆាប់រហ័ស រហូតដល់ថ្នាក់ចំណេះដឹងរបស់គាត់បានក្លាយជាចំណេះដឹងដ៏អស្ចារ្យបំផុតនៅចំពោះព្រះភក្ត្រខ្ញុំ។ ពេលនោះ វាមិនពិបាកក្នុងការស្រមៃទេ អំពីរបៀបដែលគាត់ដាក់អ្វីគ្រប់យ៉ាងដែលគាត់មាននៅក្នុងព្រះហស្តរបស់ខ្ញុំ របៀបដែលគាត់បានលះបង់សូម្បីតែការសម្រេចចិត្តអំពីម្ហូបអាហារ សម្លៀកបំពាក់ ការដេក និងកន្លែងដែលគាត់រស់នៅ ហើយបែរមករីករាយនឹងភោគទ្រព្យរបស់ខ្ញុំអាស្រ័យតាមការសព្វព្រះហឫទ័យរបស់ខ្ញុំនៅក្នុងរបស់សព្វសារពើ។ ខ្ញុំបានដាក់គាត់ឱ្យស្ថិតក្រោមការល្បងលជាច្រើនរាប់មិនអស់ ពោលគឺជាការល្បងលដែលជាធម្មតាធ្វើឱ្យគាត់ស្ទើរតែស្លាប់ ប៉ុន្តែក្នុងចំណោមការល្បងលជាច្រើនរយនេះ គាត់មិនដែលបាត់បង់ជំនឿលើខ្ញុំ ឬមានអារម្មណ៍ខកចិត្តចំពោះខ្ញុំម្ដងណាឡើយ។ សូម្បីតែពេលខ្ញុំមានបន្ទូលថាខ្ញុំបានបោះបង់ចោលគាត់ក៏ដោយ ក៏គាត់នៅតែមិនធ្លាក់ទឹកចិត្ត ហើយនៅតែបន្តស្រឡាញ់ខ្ញុំតាមរបៀបជាក់ស្ដែង និងស្របតាមគោលការណ៍អនុវត្តពីមុន។ ខ្ញុំបានប្រាប់គាត់ថា ខ្ញុំនឹងមិនលើកសរសើរគាត់ទេ ទោះបីជាគាត់ស្រឡាញ់ខ្ញុំក៏ដោយ ហើយខ្ញុំនឹងបោះគាត់ចូលទៅក្នុងកណ្ដាប់ដៃរបស់សាតាំង។ ប៉ុន្តែក្រោមការល្បងលទាំងនេះ ដែលជាការល្បងលដែលមិនបានមកលើសាច់ឈាមរបស់គាត់ទេ តែជាពាក្យសម្ដីក្ដី គាត់នៅតែអធិស្ឋានដល់ខ្ញុំ ហើយនិយាយថា «ឱព្រះជាម្ចាស់អើយ! ក្នុងចំណោមស្ថានសួគ៌ និងផែនដី ព្រមទាំងរបស់សព្វសារពើ តើមានមនុស្សណាម្នាក់ ភាវៈណាមួយ ឬវត្ថុអ្វីមួយដែលមិនស្ថិតក្នុងព្រះហស្តរបស់ព្រះអង្គទេ ឱព្រះដ៏មានគ្រប់ចេស្ដាអើយ? នៅពេលព្រះអង្គពេញដោយសេចក្ដីមេត្តាករុណាចំពោះទូលបង្គំ ដួងចិត្តរបស់ទូលបង្គំត្រេកអរពន់ពេកណាស់ចំពោះសេចក្ដីមេត្តាករុណារបស់ព្រះអង្គ។ នៅពេលព្រះអង្គជំនុំជម្រះទូលបង្គំ ថ្វីបើទូលបង្គំអាចនឹងគ្មានតម្លៃក្ដី ក៏ទូលបង្គំដឹងកាន់តែច្បាស់ពីការមិនអាចវាស់ស្ទង់បាននៃអំពើរបស់ព្រះអង្គដែរ ព្រោះព្រះអង្គពោរពេញទៅដោយសិទ្ធិអំណាច និងព្រះប្រាជ្ញាញាណ។ ថ្វីបើសាច់ឈាមរបស់ទូលបង្គំរងការលំបាកក្ដី ក៏វិញ្ញាណរបស់ទូលបង្គំធូរស្បើយដែរ។ តើធ្វើដូចម្ដេចឱ្យទូលបង្គំអាចនឹងមិនលើកសរសើរដល់ព្រះប្រាជ្ញាញាណ និងអំពើរបស់ព្រះអង្គបានទៅ? ទោះបីជាទូលបង្គំត្រូវស្លាប់បន្ទាប់ពីបានស្គាល់ព្រះអង្គក៏ដោយ តើធ្វើដូចម្ដេចទូលបង្គំអាចនឹងមិនធ្វើដូច្នោះដោយរីករាយ និងសប្បាយបានទៅ? ព្រះដ៏មានគ្រប់ចេស្ដាតែមួយអង្គគត់អើយ! តើព្រះអង្គពិតជាមិនសព្វព្រះហឫទ័យឱ្យទូលបង្គំឃើញព្រះអង្គទេឬ? តើទូលបង្គំពិតជាមិនសមនឹងទទួលការជំនុំជម្រះរបស់ព្រះអង្គទេឬ? តើវាអាចមានអ្វីមួយនៅក្នុងខ្លួនទូលបង្គំដែលព្រះអង្គមិនចង់ឃើញមែនទេ?» ក្នុងអំឡុងពេលល្បងលបែបនេះ សូម្បីតែពេត្រុសក៏មិនអាចយល់ពីបំណងព្រះហឫទ័យរបស់ខ្ញុំបានត្រឹមត្រូវដែរ នេះបានបញ្ជាក់ច្បាស់ថា គាត់មានមោទនភាព និងកិត្តិយសសមនឹងត្រូវបានខ្ញុំប្រើប្រាស់ (ទោះបីជាគាត់បានទទួលការជំនុំជម្រះរបស់ខ្ញុំដើម្បីឱ្យមនុស្សជាតិអាចមើលឃើញឫទ្ធានុភាព និងសេចក្ដីក្រោធរបស់ខ្ញុំក៏ដោយ) ព្រមទាំងបញ្ជាក់ច្បាស់ថា គាត់មិនបានឈឺចាប់ដោយសារទុក្ខលំបាកទាំងនេះឡើយ។ ដោយសារតែភក្ដីភាពរបស់គាត់នៅចំពោះព្រះភក្ត្រខ្ញុំ និងដោយសារតែព្រះពររបស់ខ្ញុំដល់គាត់ គាត់បានធ្វើជាឧទាហរណ៍ និងជាគំរូដល់មនុស្សអស់ពេលច្រើនពាន់ឆ្នាំមកហើយ។ តើនេះមិនមែនជាអ្វីពិតប្រាកដដែលអ្នករាល់គ្នាគួរត្រាប់តាមទេឬ? ចូរគិតឱ្យបានវែងឆ្ងាយអំពីមូលហេតុដែលខ្ញុំបានប្រាប់ពីរឿងរ៉ាវដ៏វែងអន្លាយបែបនេះអំពីពេត្រុស។ ទាំងនេះគួរតែជាគោលការណ៍ដែលអ្នករាល់គ្នាធ្វើតាម។
ទោះបីជាមានមនុស្សតិចតួចស្គាល់ខ្ញុំក៏ដោយ ក៏ខ្ញុំមិនបញ្ចេញសេចក្ដីក្រោធរបស់ខ្ញុំទៅលើមនុស្សដែរ ព្រោះមនុស្សខ្វះខាតខ្លាំងណាស់ ហើយវាពិបាកសម្រាប់ពួកគេក្នុងការទទួលបានកម្រិតដែលខ្ញុំទាមទារពីពួកគេ។ ម្ល៉ោះហើយ ខ្ញុំបានត្រាប្រណីដល់មនុស្សអស់រយៈពេលច្រើនពាន់ឆ្នាំមកហើយ តាំងពីដើមរហូតដល់សព្វថ្ងៃនេះ ខ្ញុំសង្ឃឹមថាអ្នករាល់គ្នានឹងមិនបន្ធូរបន្ថយឱ្យខ្លួនឯងព្រោះតែសេចក្ដីត្រាប្រណីរបស់ខ្ញុំទេ។ តាមរយៈពេត្រុស អ្នកគួរតែបែរមកស្គាល់ខ្ញុំ និងប្រឹងប្រែងធ្វើតាមខ្ញុំ ហើយតាមរយៈការផ្សងព្រេងទាំងអស់របស់គាត់ អ្នកគួរតែទទួលបានការបំភ្លឺដែលមិនធ្លាប់មានពីមុនមក ហើយថែមទាំងទទួលបានពិភពដែលមិនធ្លាប់មានមនុស្សទៅដល់។ នៅទូទាំងចក្កវាឡ និងផ្ទៃមេឃទាំងមូល ក្នុងចំណោមរបស់គ្រប់យ៉ាងនៅក្នុងស្ថានសួគ៌ និងនៅលើផែនដី ឃើញថារបស់សព្វសារពើនៅលើផែនដី និងនៅក្នុងស្ថានសួគ៌ទាំងអស់ សុទ្ធតែខំប្រឹងប្រែងគ្រប់យ៉ាងដើម្បីដំណាក់កាលចុងក្រោយនៃកិច្ចការរបស់ខ្ញុំ។ ច្បាស់ណាស់ថា អ្នករាល់គ្នាមិនចង់ធ្វើជាអ្នកឈរមើល ដោយទទួលបញ្ជាពីកម្លាំងរបស់សាតាំងទេ មែនទេ? សាតាំងធ្លាប់បង្ហាញពីការបំផ្លាញការស្គាល់ខ្ញុំនៅក្នុងដួងចិត្តរបស់មនុស្ស ដោយសង្កៀតធ្មេញ និងបញ្ចេញក្រញាំរបស់វានៅក្នុងការសម្លាប់ដ៏ឈឺផ្សាចុងក្រោយរបស់វា។ តើអ្នករាល់គ្នាចង់រងគ្រោះដោយសារគ្រោងការបោកបញ្ឆោតរបស់វានៅពេលនេះមែនឬទេ? តើអ្នករាល់គ្នាចង់បំផ្លាញជីវិតរបស់ខ្លួនឯងនៅពេលកិច្ចការរបស់ខ្ញុំត្រូវបានបញ្ចប់នៅទីបំផុតមែនឬទេ? តើអ្នករាល់គ្នាកំពុងរង់ចាំខ្ញុំបង្ហាញសេចក្ដីត្រាប្រណីរបស់ខ្ញុំម្ដងទៀតមែនឬទេ? ការដេញតាមចំណេះដឹងអំពីខ្ញុំគឺជាគន្លឹះ ប៉ុន្តែការផ្ដោតលើការអនុវត្តគឺមិនអាចខ្វះបាន។ ព្រះបន្ទូលរបស់ខ្ញុំត្រូវបានបើកសម្ដែងដល់អ្នករាល់គ្នាដោយផ្ទាល់ ហើយខ្ញុំសង្ឃឹមថា អ្នករាល់គ្នាអាចធ្វើតាមការណែនាំរបស់ខ្ញុំ និងលែងមានផែនការ និងមហិច្ឆតាសម្រាប់ខ្លួនឯងទៀត។
ថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ១៩៩២