កិច្ចការ និងការចូលទៅក្នុង (៩)

ប្រពៃណី និងទស្សនៈជនជាតិភាគតិចដ៏ចាក់ឫសយ៉ាងជ្រៅបានជះឥទ្ធិពលយ៉ាងខ្លាំងតាំងពីយូរទៅលើស្មារតីដ៏បរិសុទ្ធ និងដូចក្មេងរបស់មនុស្ស ហើយវាបានវាយប្រហារព្រលឹងរបស់មនុស្ស ដោយគ្មានភាពជាមនុស្សសូម្បីតែបន្ដិច ធ្វើដូចពួកគេគ្មានអារម្មណ៍ ឬមិនស្គាល់ខ្លួនអ្នកអ៊ីចឹង។ វិធីសាស្ត្ររបស់ពួកអារក្សទាំងនេះពិតជាឃោរឃៅណាស់ ហើយវាប្រៀបបីដូចជា “ការអប់រំ” និង “ការចិញ្ចឹមបីបាច់” នោះបានក្លាយជាវិធីសាស្ត្របែបប្រពៃណីដែលស្ដេចអារក្សប្រើ ដើម្បីសម្លាប់មនុស្សអ៊ីចឹង។ តាមរយៈការប្រើប្រាស់ “ការបង្រៀនដ៏ជ្រាលជ្រៅ” របស់វា វាគ្របបាំងទាំងស្រុងនូវព្រលឹងដ៏អាក្រក់របស់វា ដោយពាក់ស្បែកចៀម ដើម្បីទទួលបានការទុកចិត្តរបស់មនុស្ស ហើយបន្ទាប់មក ឆក់យកឱកាស នៅពេលដែលមនុស្សកំពុងតែដេកលង់លក់យ៉ាងស្កប់ស្កល់ ដើម្បីលេបត្របាក់គេទាំងស្រុង។ ឱ មនុស្សជាតិដ៏កំសត់អើយ តើពួកគេអាចដឹងយ៉ាងដូចម្ដេចទៅថា ទឹកដីដែលពួកគេបានធំធាត់នេះជាទឹកដីរបស់អារក្ស ដឹងថាម្នាក់ដែលបានចិញ្ចឹមពួកគេនោះ តាមពិតជាខ្មាំងសត្រូវដែលធ្វើបាបពួកគេទៅ។ ប៉ុន្តែ មនុស្សមិនបានភ្ញាក់ខ្លួនទាល់តែសោះ ហើយតាមរយៈការបំពេញភាពស្រេកឃ្លានរបស់ខ្លួន គេបែរជាត្រៀមខ្លួនសងគុណ “ឪពុកម្ដាយ” របស់គេចំពោះ “ភាពសប្បុរស” ដែលពួកគេបានចិញ្ចឹមខ្លួនទៅវិញ។ នេះហើយជាចរិតរបស់មនុស្សនោះ។ នៅថ្ងៃនេះ គេនៅតែមិនដឹងថា ស្ដេចដែលបានចិញ្ចឹមគេមកនោះ គឺជាខ្មាំងសត្រូវរបស់គេឡើយ។ ឆ្អឹងខ្មោចមានពាសពេញផែនដី អារក្សធ្វើឲ្យមានការឈ្លក់វង្វេងនឹងការសប្បាយដោយគ្មានឈប់ ហើយបន្តលេបត្របាក់សាច់ឈាមរបស់មនុស្សនៅក្នុង “ស្ថានមច្ចុរាជ” តាមរយៈការធ្វើឲ្យផ្នូរខ្មោចមានពេញដោយគ្រោងឆ្អឹងរបស់មនុស្ស ហើយចង់លេបយកសំណល់ចុងក្រោយនៃរូបកាយដ៏រហែករយ៉ៃរបស់មនុស្ស។ មនុស្សពិតជាល្ងង់ខ្លៅណាស់ ហើយមិនដែលចាត់ទុកអារក្សជាខ្មាំងសត្រូវរបស់គេឡើយ ប៉ុន្តែបែរជាបម្រើវាយ៉ាងអស់ពីចិត្តរបស់ខ្លួនទៅវិញ។ មនុស្សដ៏ថោកទាបបែបនេះមិនអាចស្គាល់ព្រះជាម្ចាស់បានឡើយ។ តើការយាងត្រលប់មកជាសាច់ឈាមនៅក្នុងចំណោមពួកគេ ដើម្បីអនុវត្តកិច្ចការសង្រ្គោះរបស់ទ្រង់ជារឿងងាយស្រួលសម្រាប់ព្រះជាម្ចាស់ឬ? តើមនុស្សដែលបានធ្លាក់ទៅក្នុងស្ថានឃុំព្រលឹងហើយនោះ អាចបំពេញតាមសេចក្តីតម្រូវរបស់ព្រះជាម្ចាស់ដោយរបៀបណាទៅ? ព្រះជាម្ចាស់ផ្ទំមិនលក់ជាច្រើនយប់សម្រាប់ជាប្រយោជន៍ដល់កិច្ចការរបស់មនុស្សជាតិ។ ចេញពីទីដ៏ខ្ពង់ខ្ពស់ទៅកាន់ទីជម្រៅដ៏ទាបបំផុត ទ្រង់បានយាងចុះទៅកាន់ស្ថាននរកដ៏អ៊ូអរដែលមនុស្សរស់នៅដើម្បីចំណាយពេលដ៏ខ្លីជាមួយគេ ព្រះអង្គមិនដែលរអ៊ូរទាំអំពីភាពកខ្វក់នៅក្នុងចំណោមមនុស្សឡើយ ហើយទ្រង់ក៏មិនដែលស្ដីបន្ទោសមនុស្សសម្រាប់ការមិនស្ដាប់បង្គាប់របស់គេដែរ ប៉ុន្តែបែរជាស៊ូទ្រាំរងការប្រមាថមើលងាយដ៏ខ្លាំងបំផុត នៅពេលដែលទ្រង់អនុវត្តកិច្ចការរបស់ទ្រង់ដោយផ្ទាល់។ តើព្រះជាម្ចាស់អាចក្លាយជាកម្មសិទ្ធិនៃស្ថាននរកយ៉ាងដូចម្ដេចទៅ? តើព្រះអង្គអាចចំណាយពេលនៃព្រះជន្មរបស់ទ្រង់នៅស្ថាននរកយ៉ាងដូចម្ដេច? ប៉ុន្តែសម្រាប់ជាប្រយោជន៍ដល់មនុស្សទាំងអស់ ដើម្បីឲ្យមនុស្សជាតិទាំងមូលអាចសម្រាកបានកាន់តែឆាប់តាមតែអាចធ្វើទៅបាន ព្រះអង្គបានរងការប្រមាថមើលងាយ និងភាពអយុត្តិធម៌ក្នុងការយាងមកផែនដី​ ហើយបានចូលទៅក្នុង “ស្ថាននរក” និង”ស្ថានឃុំព្រលឹង” ចូលទៅក្នុងរូងខ្លាដោយអង្គទ្រង់ ដើម្បីសង្រ្គោះមនុស្ស។ តើមនុស្សមានគុណសម្បត្តិអ្វីទៅដែលហ៊ានមកប្រឆាំងនឹងព្រះជាម្ចាស់នោះ? តើគេអាងលើហេតុផលអ្វីខ្លះក្នុងការរអ៊ូរទាំអំពីព្រះជាម្ចាស់? តើគេអាចមានថ្លើមធំក្នុងការសម្លឹងមើលព្រះជាម្ចាស់បានយ៉ាងដូចម្ដេច? ព្រះជាម្ចាស់នៃស្ថានសួគ៌បានយាងចុះមកកាន់ទឹកដីដ៏អបាយមុខស្មោកគ្រោកបំផុតនេះ ហើយទ្រង់មិនដែលសម្ដែងព្រះទ័យឈឺចាប់របស់ទ្រង់ ឬរអ៊ូរទាំអំពីមនុស្សសោះឡើយ ផ្ទុយទៅវិញ ទ្រង់បែរជាសម្ងំទទួលយកការបំផ្លិចបំផ្លាញ[១] និងការសង្កត់សង្កិនរបស់មនុស្សទៅវិញ។ ព្រះអង្គមិនដែលតបតចំពោះការទាមទារដ៏គ្មានហេតុផលរបស់មនុស្ស ទ្រង់មិនដែលទាមទារជ្រុលពេកពីមនុស្ស ហើយក៏មិនដែលទាមទារដោយគ្មានហេតុផលពីមនុស្សដែរ ដោយគ្មានការរអ៊ូរទាំ ទ្រង់គ្រាន់តែធ្វើតាមការទាមទារគ្រប់យ៉ាងរបស់មនុស្ស មានជាអាទិ៍៖ ការបង្រៀន ការបំភ្លឺ ការប្រៀនប្រដៅ ការបន្សុទ្ធនៃព្រះបន្ទូល ការរំឭក ការដាស់តឿន ការលួងលោម ការជំនុំជម្រះ និងការបើកសម្ដែង។ តើមានជំហានរបស់ទ្រង់ណាខ្លះដែលមិនប្រទានជីវិតដល់មនុស្សទៅ? ទោះបីទ្រង់បានដកអនាគត និងវាសនារបស់មនុស្សក៏ដោយ តើមានជំហានណាខ្លះដែលព្រះជាម្ចាស់បានអនុវត្តមិនមែនជាប្រយោជន៍ដល់វាសនារបស់មនុស្សទៅ? តើមានជំហានណាខ្លះដែលមិនមែនជាប្រយោជន៍សម្រាប់ការរស់រានរបស់មនុស្ស? តើមានជំហានណាខ្លះដែលមិនមែនដើម្បីរំដោះមនុស្សឲ្យមានសេរីភាពពីទុក្ខវេទនា និងពីការសង្កត់សង្កិនរបស់កម្លាំងដ៏ខ្មៅងងឹតដូចយប់នេះទៅ? តើមានជំហានណាខ្លះដែលមិនមែនជាប្រយោជន៍សម្រាប់មនុស្សទៅ? តើមាននរណាអាចយល់អំពីព្រះហឫទ័យរបស់ព្រះជាម្ចាស់ ដែលដូចជាទឹកចិត្តរបស់អ្នកម្ដាយដ៏ពេញដោយសេចក្តីស្រឡាញ់ទៅ? តើមាននរណាអាចយល់អំពីព្រះហឫទ័យដ៏ក្លៀវក្លារបស់ព្រះជាម្ចាស់? ព្រះហឫទ័យឆេះឆួល និងសេចក្តីរំពឹងទុកដ៏ក្លៀវក្លារបស់ព្រះជាម្ចាស់ត្រូវបានតបស្នងដោយដួងចិត្តដ៏ត្រជាក់ ដោយកែវភ្នែកដ៏គ្មានមេត្តា មិនអើពើ ព្រមទាំងដោយពាក្យស្ដីបន្ទោស និងការប្រមាថមើលងាយដដែលៗរបស់មនុស្សទៅវិញ។ មនុស្សបែរជាតបស្នងចំពោះព្រះជាម្ចាស់ជាមួយពាក្យសម្ដីគំរោះគំរើយ ពាក្យបញ្ឈឺ និងពាក្យបន្ទាបបន្ថោកទៅវិញ។ ទឹកព្រះទ័យរបស់ទ្រង់ត្រូវបានតបស្នងមកវិញដោយពាក្យចំអក ពាក្យជាន់ឈ្លី និងពាក្យបដិសេធរបស់គេ ដោយការយល់ច្រឡំ ការទួញថ្ងូរ ការឃ្លាតឆ្ងាយ និងការគេចវេះ ព្រមទាំងដោយគ្មានអ្វីក្រៅពីការបោកបញ្ឆោត ការវាយប្រហារ និងចិត្តជូរចត់ឡើយ។ ពាក្យសម្ដីដ៏កក់ក្ដៅត្រូវបានតបមកវិញដោយការចងចិញ្ចើម និងកាយវិការព្រមានបែបរឹងទទឹងរាប់ពាន់ដង។ ព្រះជាម្ចាស់មានតែអត់ទ្រាំ ឱនព្រះសិរសាចុះ ហើយបម្រើមនុស្សដូចជាសត្វគោដែលស្ម័គ្រព្រម។[២] ព្រះអង្គបានប្រឈមជាមួយព្រះអាទិត្យ ព្រះចន្ទ និងហ្វូងតារាជាច្រើនដង ហើយមានពេលជាច្រើនដងដែលទ្រង់បានចាកចេញតាំងពីព្រឹកព្រលឹម ហើយត្រលប់មកវិញនាពេលព្រលប់ ផ្ទំផ្អៀងផ្អង រងការឈឺចាប់រាប់ពាន់ដងខ្លាំងជាងការឈឺចាប់ចេញពីការចាកចេញរបស់ទ្រង់ពីព្រះវរបិតារបស់ទ្រង់ទៅទៀត ទ្រង់រងការវាយប្រហារ និងការល្មើសរបស់មនុស្ស ព្រមទាំងការដោះស្រាយ និងការលួសកាត់របស់មនុស្ស។ ការបន្ទាបខ្លួន និងការលាក់បាំងរបស់ព្រះជាម្ចាស់ត្រូវបានតបស្នងដោយបុរេនិច្ឆ័យ[៣]​ របស់មនុស្សដោយទស្សនៈអយុត្តិធម៌ និងការប្រព្រឹត្តដោយអយុត្តិធម៌របស់មនុស្ស ហើយរបៀបដែលព្រះជាម្ចាស់ធ្វើការដោយគ្មានសូរសំឡេងនៅក្នុងភាពងងឹតអាប់អួរ ការអត់ទ្រាំ និងការអត់ឱនរបស់ទ្រង់បែរជាត្រូវតបស្នងដោយកែវភ្នែកសម្លក់ដ៏លោភលន់របស់មនុស្សទៅវិញ។ មនុស្សព្យាយាមជាន់ឈ្លីព្រះជាម្ចាស់ឲ្យសុគត ដោយគ្មានចិត្តសោកស្ដាយ ហើយព្យាយាមជាន់ពន្លិចព្រះជាម្ចាស់ឲ្យលិចលង់ទៅក្នុងដី។ ឥរិយាបថរបស់មនុស្សនៅក្នុងទង្វើរបស់គេចំពោះព្រះជាម្ចាស់គឺជា “ភាពវៃឆ្លាតដ៏កម្រ” មួយ ហើយព្រះជាម្ចាស់ដែលត្រូវបានមនុស្សសម្លុតកំហែង និងប្រមាថមើលងាយនោះ ត្រូវបានជាន់សំបែតនៅក្រោមជើងរបស់មនុស្សរាប់ម៉ឺននាក់ ខណៈពេលដែលមនុស្សទាំងនោះខំតាំងខ្លួនជាមេដឹកនាំដ៏ជោគជ័យ ដែលចង់កាន់អំណាចផ្ដាច់ការ[៤] ដើម្បីទទួលការកោតសរសើរពីមហាជនដែលនៅពីក្រោយផ្ទាំងសំពត់ស ដោយធ្វើឲ្យព្រះជាម្ចាស់ដែលជាអ្នកដឹកនាំរឿងនៅពីក្រោយឆាកដ៏មានព្រះទ័យទុកដាក់ និងគោរពតាមច្បាប់នោះ មិនទទួលបានការអនុញ្ញាតឲ្យតបត ឬបង្កបញ្ហាឡើយ។ ព្រះជាម្ចាស់ត្រូវតែដើរតួជាអធិរាជចុងក្រោយ ទ្រង់ត្រូវតែក្លាយជាតុក្កតាអាយ៉ង[៥] ដែលគ្មានសេរីភាពទាល់តែសោះ។ ទង្វើរបស់មនុស្សមិនអាចបរិយាយបានឡើយ ដូច្នេះ តើគេមានគុណសម្បត្តិអ្វីទៅបានជាហ៊ានទាមទារនេះទាមទារនោះពីព្រះជាម្ចាស់? តើគេមានគុណសម្បត្តិអ្វីទៅបានជាហ៊ានដាក់សំណើជូនព្រះជាម្ចាស់? តើគេមានគុណសម្បត្តិអ្វីទៅបានជាហ៊ានទាមទារឲ្យព្រះជាម្ចាស់យល់ពីសេចក្តីកម្សោយរបស់គេ? តើគេសក្ដិសមទទួលបានសេចក្តីមេត្តាករុណារបស់ព្រះជាម្ចាស់ដោយរបៀបណា? តើគេសក្ដិសមទទួលបានសេចក្តីសប្បុរសរបស់ព្រះជាម្ចាស់ម្ដងហើយម្ដងទៀតយ៉ាងដូចម្ដេច? តើគេសក្ដិសមទទួលបានការអត់ទោសរបស់ព្រះជាម្ចាស់ម្ដងហើយម្ដងទៀតដោយរបៀបណា? តើមនសិការរបស់គេនៅឯណា? គេបានធ្វើឲ្យព្រះជាម្ចាស់ខូចព្រះទ័យតាំងពីយូរ គេបានធ្វើឲ្យព្រះហឫទ័យរបស់ទ្រង់ខ្ទេចខ្ទីជាបំណែកតូចៗតាំងពីយូរ។ ព្រះជាម្ចាស់បានយាងមកនៅក្នុងចំណោមមនុស្សដែលស្វាហាប់ និងប្រុងប្រយ័ត្ន ទាំងសង្ឃឹមថា មនុស្សនឹងធ្វើល្អចំពោះទ្រង់ ទោះបីជាផ្ដល់នូវភាពកក់ក្ដៅតែបន្ដិចក៏ដោយ។ ប៉ុន្តែ ព្រះហឫទ័យរបស់ព្រះជាម្ចាស់មិនទទួលបានការលួងលោមពីមនុស្សឡើយ អ្វីដែលទ្រង់បានទទួល គឺជាការគប់ដុំព្រិល[៦] ការវាយប្រហារ និងទារុណកម្ម។ ដួងចិត្តរបស់មនុស្សលោភលន់ខ្លាំង បំណងរបស់គេធំពេក គេមិនចេះស្កប់ស្កល់ គេតែងតែមានចរិតអាក្រក់ និងក្លាហានជ្រុល គេមិនដែលអនុញ្ញាតឲ្យព្រះជាម្ចាស់មានសេរីភាព ឬមានសិទ្ធិបញ្ចេញមតិ ហើយគ្មានទុកជម្រើសឲ្យព្រះជាម្ចាស់ទាល់តែសោះ ក្រៅពីឲ្យទ្រង់ចុះចូល រហូតដល់រងការប្រមាថមើលងាយ និងឲ្យមនុស្សត្រួតត្រាលើទ្រង់តាមអំពើចិត្តរបស់គេ។

តាំងពីដើមកំណើតពិភពលោកមករហូតដល់ពេលបច្ចុប្បន្ននេះ ព្រះជាម្ចាស់បានរងការឈឺចាប់យ៉ាងខ្លាំង ហើយក៏ជួបការវាយប្រហារយ៉ាងច្រើនដែរ។ សូម្បីតែនៅថ្ងៃនេះ មនុស្សនៅតែមិនបន្ធូរការទាមទាររបស់គេចំពោះព្រះជាម្ចាស់ឡើយ គេនៅតែពិនិត្យពិច័យព្រះជាម្ចាស់ នៅតែមិនអត់ឱនចំពោះទ្រង់ ហើយគ្មានធ្វើអ្វីសោះ ក្រៅពីផ្ដល់ដំបូន្មានដល់ទ្រង់ រិះគន់ទ្រង់ ហើយប្រៀនប្រដៅទ្រង់ ធ្វើដូចជាខ្លាចយ៉ាងខ្លាំងថា ព្រះជាម្ចាស់នឹងដើរផ្លូវខុស ខ្លាចថាព្រះជាម្ចាស់នៅលើផែនដីមានភាពឃោរឃៅ គ្មានហេតុផល ឬប្រព្រឹត្តហិង្សា ឬខ្លាចថាទ្រង់គ្មានតម្លៃអ្វីសោះអ៊ីចឹង។ មនុស្សតែងតែមានឥរិយាបថបែបនេះចំពោះព្រះជាម្ចាស់។ តើទង្វើបែបនេះអាចធ្វើឲ្យព្រះជាម្ចាស់មិនព្រួយព្រះទ័យយ៉ាងម៉េចកើតទៅ? នៅក្នុងការត្រលប់ជាសាច់ឈាម ព្រះជាម្ចាស់បានរងការឈឺចាប់ និងការប្រមាថមើលងាយយ៉ាងច្រើនសន្ធឹក បើដូច្នេះ តើនេះមិនកាន់តែអាក្រក់ទៀតទេឬអីក្នុងការឲ្យព្រះជាម្ចាស់ទទួលយកសេចក្តីបង្រៀនរបស់មនុស្ស? ការយាងមករបស់ទ្រង់នៅចំណោមមនុស្សបាននាំឲ្យទ្រង់គ្មានសេរីភាពសោះ ដូចទ្រង់បានជាប់គុកនៅក្នុងស្ថានឃុំព្រលឹង ហើយទ្រង់បានទទួលយកការវះកាត់ពិនិត្យមើលពីសំណាក់មនុស្ស ដោយគ្មានការប្រឆាំងសូម្បីតែបន្ដិច។ តើនេះមិនគួរឲ្យអាម៉ាស់ទេឬ? តាមរយៈការយាងមកនៅក្នុងចំណោមគ្រួសាររបស់មនុស្សធម្មតា “ព្រះយេស៊ូវ” បានជួបនូវភាពអយុត្តិធម៌ដ៏ធំបំផុត។ កាន់តែរងការប្រមាថខ្លាំងទៀតនោះគឺថា ទ្រង់បានយាងមកកាន់ពិភពលោកដ៏ហុយសំពោងនេះ ហើយបន្ទាបអង្គទ្រង់ដល់ជម្រៅដ៏ទាបបំផុត ព្រមទាំងទទួលយកសាច់ឈាមនៃភាពសាមញ្ញបំផុត។ តាមរយៈការត្រលប់ជាមនុស្សដ៏ស្គមស្គាំង តើព្រះដ៏ខ្ពង់ខ្ពស់បំផុតមិនជួបទុក្ខលំបាកទេឬ? តើទ្រង់ធ្វើបែបនេះមិនមែនសម្រាប់មនុស្សជាតិទេឬ? តើធ្លាប់មានពេលណាមួយដែលទ្រង់មានព្រះតម្រិះសម្រាប់អង្គទ្រង់ដែរឬទេ? ក្រោយពេលទ្រង់ត្រូវបានគេបដិសេធ និងធ្វើគុត ដោយសាសន៍យូដា ព្រមទាំងត្រូវបានចំអក និងមើលងាយ ដោយមនុស្ស ទ្រង់មិនដែលរអ៊ូរទាំដាក់ស្ថានសួគ៌ ឬតវ៉ាទៅកាន់ផែនដីឡើយ។ នៅថ្ងៃនេះ សោកនាដកម្មដ៏ចំណាស់នៃរាជ្យមួយពាន់ឆ្នាំនេះបានលេចមកជាថ្មីនៅក្នុងចំណោមមនុស្សដូចជាសាសន៍យូដានេះ។ តើពួកគេមិនប្រព្រឹត្តអំពើបាបដដែលទេឬ? តើអ្វីទៅដែលធ្វើឲ្យមនុស្សសមទទួលបានព្រះបន្ទូលសន្យារបស់ព្រះជាម្ចាស់? តើគេមិនប្រឆាំងនឹងព្រះជាម្ចាស់ ហើយបន្ទាប់មកទទួលយកព្រះពររបស់ទ្រង់ទេឬ? ហេតុអ្វីបានជាមនុស្សមិនដែលទទួលបានសេចក្តីយុត្តិធម៌ ឬស្វែងរកសេចក្តីពិត? ហេតុអ្វីបានជាគេមិនដែលចាប់អារម្មណ៍លើកិច្ចការដែលព្រះជាម្ចាស់ធ្វើ? តើសេចក្តីសុចរិតរបស់គេនៅឯណា? តើសេចក្តីយុត្តិធម៌របស់គេនៅឯណា? តើគេមានចិត្តក្លាហានតំណាងឲ្យព្រះជាម្ចាស់ដែរឬទេ? តើអារម្មណ៍នៃសេចក្តីយុត្តិធម៌របស់គេនៅឯណា? តើអ្វីដែលជាសំណព្វរបស់មនុស្សនោះ ជាសំណព្វរបស់ព្រះជាម្ចាស់នៅកម្រិតណាទៅ? មនុស្សមិនអាចប្រាប់អំពីភាពខុសគ្នារបស់ចំណុចទាំងពីរ[៧] នេះឡើយ ព្រោះថាគេតែងតែច្រឡំរវាងខ្មៅ និងស[៨] គេបង្រ្កាបសេចក្តីយុត្តិធម៌ និងសេចក្តីពិត ហើយប្រកាន់ខ្ជាប់នូវសេចក្តីអយុត្តិធម៌ និងសេចក្តីទុច្ចរិតនៅពាសពេញមេឃ។ គេបណ្ដេញពន្លឺ ហើយស្ថិតនៅក្នុងសេចក្តីងងឹត។ អស់អ្នកដែលស្វែងរកសេចក្តីពិត និងសេចក្ដីយុត្តិធម៌ បែរជាបណ្ដេញពន្លឺ ហើយអស់អ្នកដែលស្វែងរកព្រះជាម្ចាស់ បែរជាជាន់ឈ្លីទ្រង់នៅក្រោមជើងរបស់គេ ព្រមទាំងលើកតម្កើងខ្លួនអ្នកឡើងខ្ពស់ទៅវិញ។ មនុស្សគ្មានអ្វីខុសពីពួកចោរឡើយ។[៩] តើវិចារណញ្ញាណរបស់គេនៅឯណា? តើនរណាអាចប្រាប់អំពីអ្វីដែលត្រូវ និងអ្វីដែលខុស? តើនរណាអាចប្រកាន់សេចក្តីយុត្តិធម៌បាន? តើនរណាព្រមរងទុក្ខសម្រាប់សេចក្តីពិត? ឱមនុស្សអើយ អ្នកដូចជាពិសពុល និងកាចសាហាវពេកហើយ! នៅពេលដែលពួកគេបានឆ្កាងព្រះជាម្ចាស់ ពួកគេបានទះដៃហ៊ោកញ្រ្ជៀវគ្មានឈប់ឡើយ។ ពួកគេដូចជាមាន់ឆ្កែអ៊ីចឹង ពួកគេបានស៊ុមគ្រលំសមគំនិតនឹងគ្នា ពួកគេបានតាំងឡើងនូវនគររបស់ខ្លួន ពួកគេបានជ្រៀតជ្រែកស្ងាត់ៗ បិទភ្នែក ស្រែកលូដូចឆ្កួត ជុំក្បាលគ្នា ពេញដោយបរិយាកាសដ៏ល្អក់កករ ទាំងប្រញាប់ប្រញាល់ និងសកម្ម ហើយអស់អ្នកដែលចូលរួមពាក់ព័ន្ធជាមួយគេទាំងងងឹតងងល់ ចេះតែលេចមុខឡើង ទាំងលើកឡើងនូវឈ្មោះបុព្វបុរស “ដ៏ល្បីល្បាញ” របស់គេ។ ឆ្កែមាន់ទាំងនេះបានបំភ្លេចចោលព្រះជាម្ចាស់តាំងពីយូរ ហើយមិនដែលយកចិត្តទុកដាក់ចំពោះសភាពនៃព្រះហឫទ័យរបស់ព្រះជាម្ចាស់ឡើយ។ ដូច្នេះ វាគ្មានអ្វីគួរឲ្យភ្ញាក់ផ្អើលឡើយដែលព្រះជាម្ចាស់មានបន្ទូលថា មនុស្សប្រៀបដូចជាសត្វឆ្កែ ឬសត្វមាន់ គឺដូចសត្វឆ្កែមួយក្បាលដែលព្រុសនាំឲ្យឆ្កែរាប់រយផ្សេងទៀតព្រុសដែរ ពោលគឺគេបាននាំមកជាមួយសំឡេងឡូឡាចូលក្នុងកិច្ចការរបស់ព្រះជាម្ចាស់រហូតដល់ពេលបច្ចុប្បន្ន ដោយមិនខ្វល់ថាកិច្ចការរបស់ព្រះជាម្ចាស់ជាអ្វី មិនខ្វល់ថាវាមានសេចក្តីយុត្តិធម៌ឬអត់ មិនខ្វល់ថាព្រះជាម្ចាស់មានកន្លែងដាក់ព្រះបាទាឬអត់ មិនខ្វល់ថាថ្ងៃស្អែកទៅជាយ៉ាងណា មិនខ្វល់អំពីភាពទន់ទាបរបស់វា និងមិនខ្វល់អំពីភាពស្មោកគ្រោករបស់វានោះឡើយ។ មនុស្សមិនដែលគិតអំពីរឿងទាំងនេះឡើយ គេមិនដែលខ្វល់ខ្វាយអំពីថ្ងៃស្អែក ហើយគេគិតតែពីប្រមូលយកអ្វីៗគ្រប់យ៉ាងដែលមានប្រយោជន៍ និងមានតម្លៃចំពោះគេតែប៉ុណ្ណោះ ដោយគ្មានគិតគូរទាល់តែសោះអំពីព្រះជាម្ចាស់ លើកលែងតែរបស់សំណល់។[១០] ឱ មនុស្សជាតិអើយ ម្ដេចក៏អ្នកឃោរឃៅយ៉ាងនេះ! គេគ្មានចិត្តគិតគូរអំពីព្រះជាម្ចាស់សោះ ហើយក្រោយពេលសម្ងំលេបត្របាក់អ្វីៗគ្រប់យ៉ាងរបស់ព្រះជាម្ចាស់រួចហើយ គេក៏ទាត់ព្រះជាម្ចាស់ចោលឲ្យនៅឆ្ងាយពីគេ ដោយលែងខ្វល់ចំពោះអត្ថិភាពរបស់ទ្រង់តទៅទៀត។ គេរីករាយនឹងព្រះជាម្ចាស់ តែប្រឆាំងនឹងទ្រង់ ហើយជាន់ឈ្លីព្រះជាម្ចាស់នៅក្រោមជើងគេ ខណៈពេលដែលមាត់របស់គេអរព្រះគុណ និងសរសើរតម្កើងព្រះជាម្ចាស់។ គេអធិស្ឋាន និងពឹងអាងលើព្រះជាម្ចាស់ ក្នុងពេលដែលគេកំពុងតែបោកបញ្ឆោតទ្រង់។ គេ “លើកតម្កើង” ព្រះនាមរបស់ព្រះជាម្ចាស់ ហើយសម្លឹងមើលព្រះភ័ក្ត្ររបស់ទ្រង់ តែគេក៏អង្គុយនៅលើបល្ល័ង្ករបស់ព្រះជាម្ចាស់ ដោយឥតអៀនខ្មាស ដើម្បីជំនុំជម្រះ “សេចក្តីទុច្ចរិត” របស់ព្រះជាម្ចាស់ដែរ។ តាមរយៈមាត់របស់គេ គេពោលពាក្យថា គេបានជំពាក់គុណព្រះជាម្ចាស់ ហើយគេមើលទៅព្រះបន្ទូលរបស់ព្រះជាម្ចាស់ ប៉ុន្តែនៅក្នុងដួងចិត្តរបស់គេវិញ គេបោះសម្ដីប្រមាថព្រះជាម្ចាស់។ គេ “អត់ទ្រាំ” ចំពោះព្រះជាម្ចាស់ តែប្រឆាំងនឹងទ្រង់ ហើយមាត់របស់គេនិយាយថា វាជាប្រយោជន៍របស់ព្រះជាម្ចាស់។ នៅក្នុងដៃរបស់គេ គេប្រកាន់ខ្ជាប់សេចក្តីរបស់ព្រះជាម្ចាស់ ហើយនៅក្នុងមាត់របស់គេ គេទំពារអាហារដែលព្រះជាម្ចាស់បានប្រទានដល់គេ តែភ្នែករបស់គេសម្លក់សម្លឹងមើលទៅកាន់ព្រះជាម្ចាស់ ដោយគ្មានអារម្មណ៍ ធ្វើដូចគេចង់លេបយកអ្វីៗគ្រប់យ៉ាងរបស់ទ្រង់អ៊ីចឹង។ គេសម្លឹងមើលសេចក្តីពិត តែបន្តទទូចថា នេះជាកលល្បិចរបស់សាតាំង។ គេសម្លឹងមើលសេចក្តីយុត្តិធម៌ តែបង្ខំឲ្យបដិសេធខ្លួនអ្នក។ គេសម្លឹងមើលទង្វើរបស់មនុស្ស ហើយនៅតែទទូចថា ទង្វើទាំងនោះជាលក្ខណៈរបស់ព្រះជាម្ចាស់។ គេសម្លឹងមើលអំណោយទានពីធម្មជាតិរបស់មនុស្ស ហើយទទូចថា ទាំងនោះជាសេចក្តីពិត។ គេសម្លឹងមើលទង្វើរបស់ព្រះជាម្ចាស់ ហើយទទូចថា ទង្វើទាំងនោះក្រអឺតក្រទម ក្អេងក្អាង អួត និងរាប់ខ្លួនជាសុចរិត។ នៅពេលដែលមនុស្សមើលទៅកាន់ព្រះជាម្ចាស់ គេទទូចឲ្យបិទផ្លាកលើទ្រង់ជាមនុស្ស ហើយព្យាយាមចាប់បង្ខំឲ្យទ្រង់គង់នៅលើកៅអីរបស់ភាវៈដែលត្រូវបានព្រះបង្កើតមក ដែលជាដៃគូសម្ងាត់របស់សាតាំង។ គេដឹងយ៉ាងច្បាស់ថា ទាំងនោះជាព្រះសូរសៀងរបស់ព្រះជាម្ចាស់ តែគេនៅតែហៅព្រះបន្ទូលទាំងនោះជាសំណេររបស់មនុស្សប៉ុណ្ណោះ។ គេដឹងយ៉ាងច្បាស់ថា ព្រះវិញ្ញាណបានលេចមកនៅក្នុងសាច់ឈាម និងដឹងថាព្រះជាម្ចាស់បានត្រលប់ជាសាច់ឈាម ប៉ុន្តែគេនៅតែនិយាយថា សាច់ឈាមនេះគឺជាពូជពង្សរបស់សាតាំងតែប៉ុណ្ណោះ។ គេដឹងយ៉ាងច្បាស់ថា ព្រះជាម្ចាស់បន្ទាបខ្លួន និងលាក់កំបាំង តែគេនិយាយថា សាតាំងត្រូវបានរងភាពអាម៉ាស់ ហើយព្រះជាម្ចាស់បានឈ្នះ។ នេះពិតជាមនុស្សគ្មានប្រយោជន៍មែន! ​ឱមនុស្សអើយ អ្នកគ្មានតម្លៃស្មើនឹងឆ្កែយាមផ្ទះផង! គេមិនចេះវែកញែករវាងខ្មៅ និងស ហើយថែមទាំងបំភ្លៃឲ្យខ្មៅក្លាយជាសទៀតផង។ តើកម្លាំងទ័ព និងការឡោមព័ទ្ធរបស់មនុស្សអាចអនុញ្ញាតឲ្យព្រះជាម្ចាស់រួចព្រះកាយដែរឬទេ? ក្រោយពេលមានចេតនាប្រឆាំងនឹងព្រះជាម្ចាស់ មនុស្សបានវក់វីក្នុងចិត្ត ឬថែមទាំងគិតដល់ការធ្វើគុតទ្រង់ ដោយមិនទុកឱកាសឲ្យព្រះជាម្ចាស់បង្ហាញអង្គទ្រង់នោះឡើយ។ តើឯណាទៅជាសេចក្តីសុចរិត? តើឯណាទៅជាសេចក្តីស្រឡាញ់? គេអង្គុយនៅជិតព្រះជាម្ចាស់ ហើយរុញព្រះជាម្ចាស់ឲ្យមកត្រឹមជង្គង់របស់គេ ដើម្បីឲ្យទ្រង់អង្វរសុំការអត់ទោស ឲ្យទ្រង់ស្ដាប់បង្គាប់តាមការរៀបចំរបស់គេគ្រប់យ៉ាង ឲ្យទ្រង់យល់ព្រមធ្វើតាមឧបាយកលរបស់គេ ព្រមទាំងឲ្យព្រះជាម្ចាស់ស្ដាប់តាមការណែនាំរបស់គេនៅក្នុងគ្រប់កិច្ចការដែលទ្រង់ធ្វើ បើមិនដូច្នោះទេ គេនឹងឆេះដុំ[១១] និងច្រឡោតខឹងមិនខាន។ តើការស្ថិតនៅក្រោមឥទ្ធិពលនៃសេចក្តីខ្មៅងងឹតដែលបំភ្លៃខ្មៅឲ្យទៅជាសនេះអាចធ្វើឲ្យព្រះជាម្ចាស់មិនព្រួយព្រះទ័យយ៉ាងដូចម្ដេចកើតទៅ? តើទ្រង់អាចមិនព្រួយបារម្ភយ៉ាងដូចម្ដេចកើតទៅ? ហេតុអ្វីបានជាគេនិយាយថា នៅពេលដែលព្រះជាម្ចាស់ចាប់ផ្ដើមធ្វើកិច្ចការចុងក្រោយបំផុតរបស់ទ្រង់ វាដូចជាកិច្ចការនៃការបង្កើតផ្ទៃមេឃ និងផែនដី? ទង្វើរបស់មនុស្ស “សម្បូរបែប” ពេកហើយ គឺដូចជា “អណ្ដូងទឹកដ៏រស់ដែលហូរចេញជារៀងរហូត” ទៅ “ចម្អែត” វាលស្រែនៃដួងចិត្តរបស់មនុស្សមិនចេះចប់មិនចេះហើយ ក្នុងពេលដែល “អណ្ដូងទឹកដ៏រស់” របស់មនុស្សនោះ ប្រកួតប្រជែងនឹងព្រះជាម្ចាស់ ដោយគ្មានការនឹករអែង។[១២] អណ្ដូងទាំងពីរនេះមិនអាចផ្សះផ្សាគ្នាបានឡើយ ហើយវាផ្ដល់ឲ្យមនុស្សជំនួសកន្លែងរបស់ព្រះជាម្ចាស់ ដោយគ្មានការគិតគូរអំពីផលវិបាក ខណៈពេលដែលមនុស្សសហការជាមួយវា ដោយគ្មានការគិតគូរអំពីគ្រោះថ្នាក់ដែលពាក់ព័ន្ធទេ។ តើផលប៉ះពាល់គឺជាអ្វីខ្លះទៅ? គេបណ្ដេញព្រះជាម្ចាស់ទៅជ្រុងម្ខាង ហើយដាក់ទ្រង់នៅកន្លែងដ៏សែនឆ្ងាយ ជាទីដែលមនុស្សមិនចង់ខ្វល់ខ្វាយចំពោះទ្រង់ ព្រោះគេខ្លាចថា ទ្រង់នឹងទទួលបានការចាប់អារម្មណ៍របស់គេ ហើយខ្លាចទៀតថា អណ្តូងទឹកដ៏រស់របស់ព្រះជាម្ចាស់នឹងទាក់ចិត្តរបស់មនុស្ស ហើយទទួលបានមនុស្ស។ ដូច្នេះ ក្រោយពេលជួបក្តីកង្វល់ខាងលោកីយ៍អស់រយៈពេលជាច្រើនឆ្នាំ គេសមគំនិតគ្នា ប្រើឧបាយកលប្រឆាំងនឹងព្រះជាម្ចាស់ ហើយថែមទាំងដាក់ព្រះជាម្ចាស់ជាគោលដៅនៃការជេរប្រមាថរបស់គេទៀតផង។ វាដូចព្រះជាម្ចាស់បានក្លាយជាដុំឈើនៅក្នុងភ្នែករបស់គេ ហើយគេស្រេកឃ្លានចង់ចាប់ព្រះជាម្ចាស់ បោះទ្រង់ទៅក្នុងភ្លើង ដើម្បីបន្សុទ្ធ និងលាងជម្រះទ្រង់អ៊ីចឹង។ ដោយឃើញភាពមិនសុខស្រួលរបស់ព្រះជាម្ចាស់ មនុស្សគក់ទ្រូងបណ្ដើរសើចបណ្ដើរ រាំដោយអំណរ ទាំងពោលថា ព្រះជាម្ចាស់ក៏ត្រូវបានបោះចូលទៅក្នុងការបន្សុទ្ធដែរ ហើយថែមទាំងពោលទៀតថា គេនឹងដុតសម្អាតភាពមិនបរិសុទ្ធដ៏ស្មោកគ្រោករបស់ព្រះជាម្ចាស់ ធ្វើដូចទង្វើរបស់គេនេះសមទំនង និងសមហេតុផល ជាវិធីសាស្ត្រដ៏យុត្តិធម៌ និងសមគួរមកពីស្ថានសួគ៌អ៊ីចឹង។ អាកប្បកិរិយាហិង្សារបស់មនុស្សនេះហាក់ដូចជាមានចេតនាផង និងមិនដឹងខ្លួនផង។ មនុស្សលាតត្រដាងទឹកមុខដ៏កខ្វក់ និងព្រលឹងដ៏ស្មោកគ្រោកកាចសាហាវរបស់គេផង និងទឹកមុខដ៏គួរឲ្យអាណិតដូចអ្នកសុំទានផង។ ក្រោយពេលច្រឡោតខឹងយ៉ាងខ្លាំង គេប្រើរូបរាងដ៏គួរឲ្យអាណិត ហើយអង្វរករសុំការអត់ទោសពីស្ថានសួគ៌ ធ្វើដូចជាកូនឆ្កែដ៏គួរឲ្យអាណិតបំផុត។ មនុស្សតែងតែប្រព្រឹត្តនៅក្នុងរបៀបដែលមិនអាចរំពឹងទុក គេតែងតែ “ជិះលើខ្នងសត្វខ្លា ដើម្បីបន្លាចអ្នកដទៃ”[ក] គេតែងតែសម្ដែង មិនដែលគិតគូរទាល់តែសោះអំពីព្រះហឫទ័យរបស់ព្រះជាម្ចាស់ ហើយក៏មិនដែលប្រៀបធៀបនឹងឋានៈរបស់គេដែរ។ គេគ្រាន់តែសម្ងំប្រឆាំងនឹងព្រះជាម្ចាស់ ធ្វើដូចជាព្រះជាម្ចាស់បានធ្វើខុសចំពោះគេ ហើយមិនគួរប្រព្រឹត្តចំពោះគេបែបនោះ និងធ្វើដូចស្ថានសួគ៌គ្មានភ្នែកចេះតែបង្កការលំបាកដល់គេអ៊ីចឹង។ ដូច្នេះ មនុស្សចេះតែសម្ងំអនុវត្តផែនការដ៏ឃោរឃៅ ហើយគេមិនបន្ធូរការទាមទាររបស់គេពីព្រះជាម្ចាស់សោះឡើយ គេសម្លឹងមើលដោយកែវភ្នែកចង់ស៊ីសាច់ហុតឈាម សម្លក់សម្លឹងយ៉ាងឃោរឃៅចំពោះគ្រប់ទាំងចលនារបស់ព្រះជាម្ចាស់ ទាំងមិនដែលគិតថា គេជាសត្រូវរបស់ព្រះជាម្ចាស់ ហើយសង្ឃឹមថា ថ្ងៃមួយនឹងមកដល់ ជាពេលដែលព្រះជាម្ចាស់នឹងញែកអ័ព្ទ ធ្វើឲ្យអ្វីៗគ្រប់យ៉ាងមានភាពច្បាស់ក្រឡែត និងសង្រ្គោះគេពី “មាត់ខ្លា” ហើយសងសឹងជំនួសគេ។ ទោះបីជាសព្វថ្ងៃនេះក៏ដោយ ក៏មនុស្សនៅតែគិតថា ពួកគេមិនបានប្រឆាំងនឹងព្រះជាម្ចាស់ ដូចជាមនុស្សជាច្រើនទៀតនៅគ្រប់សម័យកាលនោះឡើយ បើដូច្នេះ តើពួកគេអាចដឹងយ៉ាងដូចម្ដេចថា ពួកគេបានវង្វេងនៅក្នុងគ្រប់កិច្ចការដែលគេធ្វើ ហើយដឹងទៀតថា អ្វីៗគ្រប់យ៉ាងដែលពួកគេបានយល់នោះ ត្រូវបានហូរចូលទៅក្នុងសមុទ្រតាំងពីយូរ?

តើមាននរណាខ្លះបានទទួលយកសេចក្តីពិត? តើមាននរណាខ្លះបានស្វាគមន៍ព្រះជាម្ចាស់ដោយដៃចំហ? តើមាននរណាខ្លះប្រាថ្នាចង់ឃើញការលេចមករបស់ព្រះជាម្ចាស់ដោយចិត្តរីករាយ? អាកប្បកិរិយារបស់មនុស្សបានពុករលួយ ហើយភាពកខ្វក់របស់គេបានធ្វើឲ្យព្រះវិហាររបស់ព្រះជាម្ចាស់មើលទៅលែងស្គាល់តាំងពីយូរ។ ក្នុងពេលនេះ មនុស្សនៅតែបន្តធ្វើកិច្ចការរបស់គេ ដោយគ្មាននឹកនាដល់ព្រះជាម្ចាស់សោះឡើយ។ វាដូចការប្រឆាំងរបស់គេចំពោះព្រះជាម្ចាស់ត្រូវបានចារទុកនៅលើផ្ទាំងសិលា ហើយមិនអាចផ្លាស់ប្ដូរបានអ៊ីចឹង ហើយជាលទ្ធផល គេនឹងទទួលបណ្ដាសា ជាជាងរងទុក្ខចេញពីពាក្យសម្ដី និងទង្វើរបស់គេ។ តើមនុស្សបែបនេះអាចស្គាល់ព្រះជាម្ចាស់ដោយរបៀបណា? តើពួកគេអាចចូលសម្រាកជាមួយព្រះជាម្ចាស់យ៉ាងដូចម្ដេច? តើពួកគេអាចសក្ដិសមចូលទៅចំពោះព្រះជាម្ចាស់ដោយរបៀបណា? ដោយគ្មានអ្វីត្រូវសង្ស័យ ការថ្វាយខ្លួនចំពោះផែនការគ្រប់គ្រងរបស់ព្រះជាម្ចាស់គឺគ្មានអ្វីខុសនោះឡើយ ប៉ុន្តែ ចុះហេតុអ្វីបានជាមនុស្សតែងតែបំភ្លេចចោលកិច្ចការរបស់ព្រះជាម្ចាស់ និងភាពទាំងស្រុងរបស់ទ្រង់ ខណៈពេលដែលពួកគេកំពុងតែខំប្រឹងធ្វើការលះបង់ទាំងញើសឈាម និងទឹកភ្នែកដូច្នេះ? វាគ្មានអ្វីត្រូវសង្ស័យឡើយ ស្មារតីនៃការខំប្រឹងធ្វើការរបស់មនុស្សដោយមិនអាត្មានិយម គឺជារឿងមានតម្លៃ ប៉ុន្តែតើពួកគេអាចដឹងយ៉ាងដូចម្ដេចទៅថា “សូត្រ” ដែលគេត្បាញនោះ គ្មានសមត្ថភាពតំណាងឲ្យលក្ខណៈរបស់ព្រះជាម្ចាស់? គ្មានអ្វីដែលត្រូវសង្ស័យឡើយ ចេតនាល្អរបស់មនុស្សពិតជាមានតម្លៃ និងជាទ្រព្យដ៏កម្រមួយ ប៉ុន្តែតើពួកគេអាចលេប “កំណប់ទ្រព្យដ៏មានតម្លៃឥតគណនា” នោះដោយរបៀបណា?[១៣] អ្នករាល់គ្នាម្នាក់ៗគួរតែគិតអំពីអតីតកាលរបស់អ្នករាល់គ្នា៖ ហេតុអ្វីបានជាអ្នករាល់គ្នាតែងតែទទួលការវាយផ្ចាល និងការដាក់បណ្ដាសា ដោយគ្មានមេត្តាដូច្នេះ? ហេតុអ្វីបានជាមនុស្សតែងតែមាន “ទំនាក់ទំនងស្និទ្ធស្នាល” ជាមួយព្រះបន្ទូលដ៏មានឫទ្ធានុភាព និងការជំនុំជម្រះដ៏សុចរិត? តើព្រះជាម្ចាស់កំពុងតែកាត់ទោសពួកគេយ៉ាងពិតប្រាកដឬ? តើព្រះជាម្ចាស់កំពុងតែមានបំណងចង់បន្សុទ្ធពួកគេឬ? តើមនុស្សចូលទៅក្នុងការបន្សុទ្ធនោះដោយរបៀបណា? តើពួកគេដឹងយ៉ាងពិតប្រាកដអំពីកិច្ចការរបស់ព្រះជាម្ចាស់ដែរឬទេ? តើមានមេរៀនអ្វីខ្លះដែលយើងបានរៀនអំពីកិច្ចការរបស់ព្រះជាម្ចាស់ និងការចូលរបស់គេផ្ទាល់? ចូរឲ្យមនុស្សកុំភ្លេចសោះឡើយអំពីការដាស់តឿនរបស់ព្រះជាម្ចាស់ ហើយមានគតិជ្រៅជ្រះអំពីកិច្ចការរបស់ព្រះជាម្ចាស់ ព្រមទាំងយល់ឲ្យបានច្បាស់ ហើយគ្រប់គ្រងការចូលរបស់ខ្លួនឲ្យបានត្រឹមត្រូវ។

លេខយោង៖

១. “ការបំផ្លិចបំផ្លាញ” ត្រូវបានប្រើដើម្បីបង្ហាញអំពីការមិនស្ដាប់បង្គាប់របស់មនុស្សជាតិ។

២. “ជួបជាមួយការចងចិញ្ចើម និងត្រូវបានតបមកវិញដោយការចងចិញ្ចើម និងកាយវិការព្រមានបែបរឹងទទឹងរាប់ពាន់ដង។ ព្រះជាម្ចាស់មានតែអត់ទ្រាំ ឱនព្រះសិរសាចុះ ហើយបម្រើមនុស្សដូចជាសត្វគោដែលស្ម័គ្រព្រម។” គឺជាប្រយោគតែមួយនៅប្រភពដើម ប៉ុន្តែនៅត្រង់នេះត្រូវបានបំបែកជាពីរប្រយោគ ដើម្បីធ្វើឲ្យសេចក្តីកាន់តែច្បាស់។ ប្រយោគទីមួយសំដៅទៅលើទង្វើរបស់មនុស្ស ខណៈឯប្រយោគទីពីរបង្ហាញពីទុក្ខវេទនាដែលព្រះជាម្ចាស់ត្រូវឆ្លងកាត់ និងបង្ហាញទៀតថា ព្រះជាម្ចាស់បន្ទាបអង្គទ្រង់ និងលាក់បាំង។

៣. “បុរេនិច្ឆ័យ” សំដៅទៅលើអាកប្បកិរិយាមិនស្ដាប់បង្គាប់របស់មនុស្ស។

៤. “កាន់អំណាចផ្ដាច់ការ” សំដៅទៅលើអាកប្បកិរិយាមិនស្ដាប់បង្គាប់របស់មនុស្ស។ ពួកគេលើកតម្កើងខ្លួនខ្ពស់ ដាក់ខ្នោះអ្នកដទៃឲ្យដើរតាមខ្លួន និងរងទុក្ខលំបាកសម្រាប់ពួកគេ។ ពួកគេជាកម្លាំងដែលប្រឆាំងនឹងព្រះជាម្ចាស់។

៥. “តុក្កតាអាយ៉ង” ត្រូវបានប្រើ ដើម្បីចំអកចំពោះអស់អ្នកដែលមិនស្គាល់ព្រះជាម្ចាស់។

៦. “ការគប់ដុំព្រិល” ត្រូវបានប្រើ ដើម្បីលើកឡើងអំពីអាកប្បកិរិយាដ៏ថោកទាបរបស់មនុស្ស។

៧. “មិនអាចប្រាប់អំពីភាពខុសគ្នារបស់ចំណុចទាំងពីរ” បង្ហាញពីពេលដែលមនុស្សបំភ្លៃព្រះហឫទ័យរបស់ព្រះជាម្ចាស់ឲ្យក្លាយជាអ្វីមួយដែលមានចរិតបែបសាតាំង ដោយសំដៅជាទូទៅលើអាកប្បកិរិយាដែលមនុស្សបដិសេធព្រះជាម្ចាស់។

៨. “ច្រឡំរវាងខ្មៅ និងស” សំដៅទៅលើការបញ្ចូលសេចក្តីពិតជាមួយសេចក្តីបំភាន់ ព្រមទាំងសេចក្តីសុចរិតជាមួយសេចក្តីអាក្រក់។

៩. “ពួកចោរ” ត្រូវបានប្រើ ដើម្បីបង្ហាញថា មនុស្សល្ងីល្ងើ ហើយខ្វះនូវគតិជ្រៅជ្រះ។

១០. “របស់សំណល់” ត្រូវបានប្រើដើម្បីបង្ហាញពីអាកប្បកិរិយាដែលមនុស្សគៀបសង្កត់ព្រះជាម្ចាស់។

១១. “ឆេះដុំ” សំដៅទៅលើមុខមាត់ដ៏អាក្រក់របស់មនុស្ស នៅពេលដែលក្ដៅក្រហាយ និងខឹងខ្លាំង។

១២. “គ្មានការនឹករអែង” សំដៅទៅលើពេលដែលមនុស្សធ្វេសប្រហែស ហើយមិនបានគោរពព្រះជាម្ចាស់សូម្បីតែបន្ដិច។

១៣. “កំណប់ទ្រព្យដ៏មានតម្លៃឥតគណនា” សំដៅទៅលើភាពទាំងស្រុងរបស់ព្រះជាម្ចាស់។

ក. ពាក្យនេះត្រូវបានបកប្រែដោយផ្អែកលើអត្ថបទដើម “hú jiǎ hǔ wēi” ដែលជាក្រៀមភាសាចិន។ ពាក្យនេះសំដៅទៅលើសាច់រឿងមួយដែលសត្វចចកបន្លាចដល់សត្វដទៃទៀតឲ្យចេញឆ្ងាយ តាមរយៈការដើរជាមួយសត្វខ្លា ដើម្បី “ខ្ចី” ភាពគួរឲ្យខ្លាច និងកិត្យានុភាពរបស់សត្វខ្លា។ នេះគឺជាន័យធៀបមួយ ដើម្បីសំដៅទៅលើមនុស្សដែល “ខ្ចី” កិត្យានុភាពរបស់មនុស្សផ្សេងទៀត ដើម្បីបន្លាច ឬសង្កត់សង្កិនអ្នកដទៃ។

ខាង​ដើម៖ កិច្ចការ និងការចូលទៅក្នុង (៨)

បន្ទាប់៖ និមិត្តអំពីកិច្ចការរបស់ព្រះជាម្ចាស់ (១)

តើយើងគួរអធិស្ឋានយ៉ាងដូចម្ដេច ដើម្បីឲ្យព្រះជាម្ចាស់ទ្រង់សណ្ដាប់? សូមទាក់ទងមកកាន់យើងខ្ញុំ ដើម្បីស្វែងរកដំណោះស្រាយ។

ខ្លឹមសារ​ពាក់ព័ន្ធ

អ្នកគួរតែស្ដាប់បង្គាប់ព្រះជាម្ចាស់ នៅក្នុងជំនឿដែលអ្នកជឿដល់ទ្រង់

ហេតុអ្វីបានជាអ្នកជឿលើព្រះជាម្ចាស់? មនុស្សភាគច្រើនត្រូវស្រឡាំង កាំង ដោយសារតែសំណួរនេះ។ ពួកគេតែងតែមានទស្សនៈពីរផ្ទុយគ្នាស្រឡះអំពីព្រះដ៏សកម្ម...

តើអ្នកជឿគួរប្រកាន់យកទស្សនៈអ្វី

តើមនុស្សបានទទួលអ្វីចាប់តាំងពីពួកគេចាប់ផ្តើមជឿលើព្រះជាម្ចាស់ជាលើកដំបូង? តើអ្នកបានដឹងអ្វីខ្លះពីព្រះជាម្ចាស់? ដោយសារជំនឿរបស់អ្នកលើព្រះជាម្ចាស់...

យកចិត្តទុកដាក់បន្ថែមលើតថភាព

មនុស្សគ្រប់រូបអាចក្លាយជាមនុស្សគ្រប់លក្ខណ៍ដោយសារព្រះជាម្ចាស់ ដូច្នេះហើយ គ្រប់គ្នាគួរតែយល់ថា ការបម្រើព្រះបែបណាសមស្របបំផុតនឹងព្រះហឫទ័យទ្រង់។...

ការកំណត់

  • អត្ថបទ
  • ប្រធានបទ

ពណ៌​ដិតច្បាស់

ប្រធានបទ

ប្រភេទ​អក្សរ

ទំហំ​អក្សរ

ចម្លោះ​បន្ទាត់

ចម្លោះ​បន្ទាត់

ប្រវែងទទឹង​ទំព័រ

មាតិកា

ស្វែងរក

  • ស្វែង​រក​អត្ថបទ​នេះ
  • ស្វែង​រក​សៀវភៅ​នេះ