កិច្ចការ និងការចូលទៅក្នុង (១០)

ការដែលមនុស្សជាតិបានវិវឌ្ឍមកដល់ចម្ងាយនេះ គឺជាស្ថានភាពមួយមិនធ្លាប់កើតមានពីមុនមកឡើយ។ កិច្ចការរបស់ព្រះជាម្ចាស់ និងការចូលទៅក្នុងរបស់មនុស្សត្រូវចម្រើនឡើងទៅទន្ទឹមគ្នា ដូច្នេះ កិច្ចការរបស់ព្រះជាម្ចាស់ក៏ជាព្រឹត្តិការណ៍ដ៏អស្ចារ្យមួយដែលគ្មានគូប្រៀបផងដែរ។ ការចូលទៅក្នុងរបស់មនុស្សនាពេលបច្ចុប្បន្ន គឺជាឫទ្ធិបាដិហារិយ៍មួយដែលមនុស្សមិនធ្លាប់ស្រមៃឃើញពីមុនមកឡើយ។ កិច្ចការរបស់ព្រះជាម្ចាស់បានចូលដល់កម្រិតកំពូលនៃកិច្ចការ ហើយជាលទ្ធផល «ការចូលទៅក្នុង» របស់មនុស្ស[១] ក៏បានមកដល់ចំណុចកំពូលរបស់វាផងដែរ។ ព្រះជាម្ចាស់បានបន្ទាបអង្គទ្រង់ដោយផ្ទាល់តាមតែអាចធ្វើទៅបាន ហើយព្រះអង្គមិនដែលប្រកែកតវ៉ានឹងមនុស្សជាតិ ឬចក្រវាឡ និងរបស់សព្វសារពើឡើយ។ ក្នុងគ្រានេះ មនុស្សឈរពីលើព្រះសិរសារបស់ព្រះជាម្ចាស់ ហើយការសង្កត់សង្កិនរបស់មនុស្សចំពោះព្រះជាម្ចាស់បានឡើងដល់កម្រិតកំពូលរបស់វា។ អ្វីៗទាំងអស់បានឡើងដល់កម្រិតកំពូលរបស់វា ហើយវាដល់ពេលសម្រាប់ថ្ងៃនៃសេចក្តីសុចរិតត្រូវលេចមកហើយ។ ហេតុអ្វីបានជាបន្តបណ្ដោយឲ្យភាពស្រងេះស្រងោចគ្របសណ្ដប់លើទឹកដី ហើយសេចក្តីងងឹតគ្របបាំងលើមនុស្សទាំងអស់បែបនេះ? ព្រះជាម្ចាស់បានទតមើលអស់រយៈពេលជាច្រើនពាន់ឆ្នាំ ពោលគឺរាប់ពាន់ឆ្នាំ ហើយសេចក្តីអត់ធ្មត់របស់ទ្រង់ក៏បានចូលដល់ដែនកំណត់ផងដែរ។ ព្រះអង្គបានកំពុងតែទតមើលគ្រប់ទាំងចលនារបស់មនុស្សជាតិ ព្រះអង្គបានកំពុងតែសង្កេតមើលថាតើសេចក្តីទុច្ចរិតរបស់មនុស្សនឹងរាលដាលដល់ពេលណា តែមនុស្ស ដែលមានភាពស្ពឹកស្រពន់តាំងពីយូរមកនោះ គ្មានអារម្មណ៍ដឹងសោះឡើយ។ តើនរណាបានសង្កេតមើលទង្វើរបស់ព្រះជាម្ចាស់ទៅ? តើមាននរណាធ្លាប់ងើបមុខរបស់ខ្លួនឡើង ហើយក្រឡេកមើលទៅឆ្ងាយ? តើមាននរណាធ្លាប់បានស្ដាប់ដោយយកចិត្តទុកដាក់ដែរឬទេ? តើនរណាធ្លាប់ស្ថិតនៅក្នុងព្រះហស្តរបស់ព្រះដ៏មានគ្រប់ព្រះចេស្ដា? មនុស្សទាំងអស់ត្រូវបានញាំញីដោយសេចក្តីភ័យខ្លាចបែបស្រមើស្រមៃ។[២] តើស្មៅស្ងួត និងចំបើងមួយគំនរមានប្រយោជន៍អ្វីទៅ? រឿងតែមួយគត់ដែលពួកគេអាចធ្វើបានគឺធ្វើទារុណកម្មព្រះដែលយកកំណើតជាមនុស្សរហូតដល់សុគត។ ទោះបីពួកគេគ្មានអ្វីក្រៅពីជាស្មៅស្ងួត និងចំបើងមួយពំនូកក្ដី ក៏វានៅតែមានរឿងមួយដែលពួកគេធ្វើ «ដោយអស់ពីកម្លាំង»[៣] ដែរ៖ ដោយការធ្វើទារុណកម្មព្រះជាម្ចាស់រហូតដល់សុគត ហើយបន្ទាប់មក ស្រែកឡើងថា «ការនេះធ្វើឲ្យដួងចិត្តរបស់មនុស្សរីករាយ»។ ឱពួកទាហានបង្គារ និងមេបញ្ជាការក្ដាមទាំងឡាយអើយ! អ្វីដែលគួរឲ្យកត់សម្គាល់នោះគឺថានៅក្នុងចំណោមចរន្តមនុស្សដែលមិនអាចបញ្ឈប់បាននោះ ពួកគេចាប់អារម្មណ៍ទៅលើព្រះជាម្ចាស់ ដោយឡោមព័ទ្ធទ្រង់ជាមួយនឹងការបិទផ្លូវមិនឲ្យចូលទៀត។ សេចក្តីក្លៀវក្លារបស់ពួកគេឆេះកាន់តែក្ដៅឡើងៗ[៤] ពួកគេបានឡោមព័ទ្ធព្រះជាម្ចាស់ទាំងហ្វូងតែម្ដង ដើម្បីកុំឲ្យទ្រង់អាចកម្រើកបានសូម្បីតែមួយចំអាម។ នៅក្នុងដៃរបស់ពួកគេ ពួកគេកាន់អាវុធគ្រប់ប្រភេទ ហើយមើលទៅកាន់ព្រះជាម្ចាស់ ហាក់ដូចជាមើលទៅកាន់ខ្មាំងសត្រូវ ទាំងកែវភ្នែកពេញដោយកំហឹង។ ពួកគេកំពុងរមាស់ដៃចង់ «ចាប់ហែកព្រះជាម្ចាស់ជាចំរៀកៗ»។ ឡប់សតិអស់ហើយ! ហេតុអ្វីបានជាមនុស្ស និងព្រះជាម្ចាស់ក្លាយជាខ្មាំងសត្រូវមិនអាចជានានឹងគ្នាវិញដូច្នេះ? តើវាអាចដោយសារតែមានការចងគំនុំមួយរវាងព្រះជាម្ចាស់ ដែលគួរឲ្យស្រឡាញ់បំផុត និងមនុស្សឬ? តើវាអាចដោយសារតែសកម្មភាពរបស់ព្រះជាម្ចាស់គ្មានផ្ដល់ប្រយោជន៍អ្វីដល់មនុស្សឬ? តើសកម្មភាពទាំងនោះបង្កជាទុក្ខទោសដល់មនុស្សឬ? មនុស្សសម្លឹងមិនដាក់ភ្នែកចំពោះព្រះជាម្ចាស់ ទាំងភ័យខ្លាចយ៉ាងខ្លាំងថា ទ្រង់នឹងទម្លាយរបាំងបិទផ្លូវរបស់មនុស្ស ត្រឡប់ទៅកាន់ស្ថានសួគ៌ជាន់ទីបីវិញ ហើយបោះមនុស្សឲ្យធ្លាក់ទៅក្នុងគុកងងឹតជាថ្មីម្ដងទៀត។ មនុស្សប្រយ័ត្នប្រយែងចំពោះព្រះជាម្ចាស់ គេស្ថិតនៅក្នុងសភាពព្រួយបារម្ភ ហើយរញីរញ័រពីចម្ងាយ ទាំងកាន់ «កាំភ្លើងយន្ត» តម្រង់ទៅកាន់ព្រះជាម្ចាស់ដែលគង់នៅកណ្ដាលចំណោមមនុស្ស។ ឯគ្រប់ទាំងចលនាចំពោះព្រះជាម្ចាស់វិញ វាប្រៀបដូចជាមនុស្សចង់បោសសម្អាតអ្វីៗទាំងអស់អំពីទ្រង់ ពោលគឺព្រះកាយទាំងស្រុងរបស់ទ្រង់ និងអ្វីៗទាំងអស់ដែលទ្រង់ស្លៀកពាក់ ដោយមិនបន្សល់ទុកដានអ្វីឡើយ។ ទំនាក់ទំនងរវាងមនុស្ស និងព្រះជាម្ចាស់មិនអាចប៉ះប៉ូវបានឡើយ។ មនុស្សគ្មានការយល់ដឹងអំពីព្រះជាម្ចាស់ទេ។ ក្នុងពេលនេះ មនុស្សធ្វើអ្វីៗទាំងបិទភ្នែកគ្មានគោលបំណងច្បាស់លាស់ ដោយមិនព្រមមើលពីអត្ថិភាពរបស់ខ្ញុំ និងដោយមិនអត់ទោសដល់ការជំនុំជម្រះរបស់ទ្រង់។ ហេតុដូចនេះ នៅពេលដែលមនុស្សមិនបានរំពឹងទុក ខ្ញុំក៏ចាកចេញទៅស្ងាត់ៗ ហើយខ្ញុំនឹងលែងប្រៀបធៀបថានរណាខ្ពស់ និងនរណាទាបជាមួយមនុស្សទៀតហើយ។ មនុស្សជាតិគឺជា «សត្វ» ដ៏ទាបបំផុតនៅក្នុងចំណោមសត្វទាំងអស់ ហើយខ្ញុំលែងយកព្រះទ័យទុកដាក់ចំពោះគេទៀតហើយ។ ខ្ញុំបានដកយកព្រះគុណខ្ញុំទាំងអស់ត្រឡប់មកទីកន្លែង ដែលខ្ញុំគង់នៅយ៉ាងមានសុខសន្តិភាពតាំងពីយូរណាស់មកហើយ។ ដោយសារតែមនុស្សមិនស្ដាប់បង្គាប់បែបនេះ តើគេមានហេតុផលអ្វីដែលត្រូវរីករាយនឹងព្រះគុណដ៏មានតម្លៃរបស់ខ្ញុំទៀតទៅ? ខ្ញុំមិនព្រមប្រទានព្រះគុណរបស់ខ្ញុំយ៉ាងអសារឥតការទៅកាន់កម្លាំងដែលប្រឆាំងនឹងខ្ញុំនោះឡើយ។ ខ្ញុំបានប្រទានផលផ្លែដ៏មានតម្លៃរបស់ខ្ញុំដល់ពួកកសិករនៃស្រុកកាណាន ជាអ្នកដែលមានចិត្តក្លៀវក្លា និងស្វាគមន៍ការវិលត្រលប់មកវិញរបស់ខ្ញុំយ៉ាងអស់ពីចិត្ត។ សេចក្តីប្រាថ្នាតែមួយគត់របស់ខ្ញុំគឺចង់ឲ្យផ្ទៃមេឃនៅស្ថិតស្ថេរអស់កល្បជានិច្ច ហើយជាងនេះទៅទៀត គឺចង់ឲ្យមនុស្សមិនមានវ័យចាស់ ចង់ឲ្យផ្ទៃមេឃ និងមនុស្សនៅសម្រាកអស់កល្បជានិច្ច និងចង់ឲ្យ «ផ្លែស្រល់ និងដើមស្រល់» ដ៏ខៀវស្រងាត់គ្រប់រដូវកាលទាំងនោះនៅហែហមតាមព្រះជាម្ចាស់ជារៀងរហូត ព្រមទាំងនៅហែហមផ្ទៃមេឃជានិច្ចនិរន្តរ៍នៅក្នុងការចូលទៅក្នុងយុគសម័យដ៏ល្អវិសេសជាមួយគ្នា។

ខ្ញុំបានចំណាយពេលជាច្រើនថ្ងៃជាច្រើនយប់ជាមួយមនុស្ស ខ្ញុំបានគង់នៅក្នុងពិភពលោករួមជាមួយមនុស្ស ហើយខ្ញុំមិនដែលទាមទារអ្វីបន្ថែមពីមនុស្សឡើយ។ ខ្ញុំគ្រាន់តែចង្អុលបង្ហាញផ្លូវដល់មនុស្សឱ្យឆ្ពោះទៅមុខ ខ្ញុំគ្មានធ្វើអ្វីក្រៅពីចង្អុលបង្ហាញផ្លូវដល់មនុស្សទេ ហើយសម្រាប់ជាប្រយោជន៍ដល់វាសនារបស់មនុស្ស ខ្ញុំអនុវត្តកិច្ចការចាត់ចែងដោយឥតឈប់ឈរឡើយ។ តើមាននរណាយល់អំពីបំណងព្រះហឫទ័យរបស់ព្រះវរបិតាដែលគង់នៅស្ថានសួគ៌ទៅ? តើមាននរណាធ្លាប់ឆ្លងកាត់ចន្លោះផ្ទៃមេឃ និងផែនដីទៅ? ខ្ញុំមិនប្រាថ្នាចង់ចំណាយពេល «វ័យចំណាស់» របស់មនុស្សជាមួយគេឡើយ ដ្បិតមនុស្សចាស់គំរឹលពេកហើយ គេមិនយល់អ្វីទាល់តែសោះ។ រឿងតែមួយគត់ដែលគេដឹងគឺចូលខ្លួនទៅផឹកស៊ីនៅក្នុងពិធីជប់លៀងដែលខ្ញុំបានរៀបចំ មិនគិតពីអ្នកឯទៀត មិនខ្វល់ពីអ្វីទាំងអស់។ មនុស្សជាតិរិះថាំណាស់ សម្រែកតវ៉ា ភាពស្រងេះស្រងោច និងគ្រោះថ្នាក់នៅក្នុងចំណោមមនុស្សក៏ខ្លាំងផងដែរ ដូច្នេះហើយបានជាខ្ញុំមិនចង់ចែករំលែកផលផ្លែដ៏មានតម្លៃនៃការយកឈ្នះដែលទទួលបានក្នុងអំឡុងពេលនៃគ្រាចុងក្រោយនោះ។ ចូរឲ្យមនុស្សរីករាយនឹងព្រះពរដ៏ហូរហៀរដែលគេបានបង្កើតដោយខ្លួនឯងចុះ ដ្បិតមនុស្សមិនស្វាគមន៍ខ្ញុំទេ។ ហេតុអ្វីខ្ញុំគួរតែបង្ខំមនុស្សជាតិឱ្យញញឹមនោះ? គ្រប់ទាំងច្រកល្ហកនៃពិភពលោកគ្មានភាពកក់ក្ដៅទេ ហើយក៏គ្មានដាននិទាឃរដូវនៅគ្រប់ទាំងទេសភាពនៃពិភពលោកដែរ ព្រោះដូចជាសត្វមួយក្បាលដែលដេកត្រាំក្នុងទឹក មនុស្សគ្មាននូវភាពកក់ក្ដៅសូម្បីតែបន្ដិចឡើយ គេប្រៀបដូចជាសាកសពមួយ ហើយសូម្បីតែឈាមដែលហូរកាត់សរសៃឈាមរបស់គេ ក៏ដូចជាទឹកកកដែលធ្វើឲ្យរងាដល់បេះដូងអ៊ីចឹងដែរ។ តើឯណាទៅភាពកក់ក្ដៅ? មនុស្សបានដំព្រះជាម្ចាស់ជាប់នឹងឈើឆ្កាង ដោយគ្មានហេតុផល ហើយក្រោយមក គេគ្មានអារម្មណ៍ភ្នកនឹកព្រួយក្នុងចិត្តទាល់តែសោះ។ គ្មាននរណាម្នាក់មានអារម្មណ៍ស្ដាយក្រោយនោះឡើយ ហើយជនផ្ដាច់ការដ៏ឃោរឃៅទាំងនេះនៅតែរៀបគម្រោងម្ដងទៀត ដើម្បី «ចាប់ទាំងរស់»[៥] នូវបុត្រមនុស្ស ហើយនាំទ្រង់ទៅមុខក្រុមទាហានបាញ់សម្លាប់ ដើម្បីរម្ងាប់ចិត្តស្អប់ដែលពួកគេមាននៅក្នុងចិត្តរបស់គេ។ តើវាមានប្រយោជន៍អ្វីសម្រាប់ខ្ញុំដែលត្រូវបន្តស្ថិតនៅក្នុងទឹកដីដ៏គ្រោះថ្នាក់មួយនេះ? បើខ្ញុំបន្តនៅទៀត រឿងតែមួយគត់ដែលខ្ញុំនឹងនាំទៅកាន់មនុស្ស គឺមានតែជម្លោះ និងអំពើហិង្សា ព្រមទាំងបញ្ហាគ្មានទីបញ្ចប់ ដ្បិតខ្ញុំមិនដែលធ្លាប់នាំសន្ដិភាពទៅកាន់មនុស្សឡើយ គឺមានតែសង្រ្គាមប៉ុណ្ណោះ។ គ្រាចុងក្រោយរបស់មនុស្សជាតិត្រូវតែពោរពេញដោយសង្រ្គាម ហើយវាសនារបស់មនុស្សត្រូវតែដួលរលំនៅកណ្ដាលអំពើហិង្សា និងជម្លោះ។ ខ្ញុំមិនព្រមចូលរួមនៅក្នុង «សេចក្តីរីករាយ» នៃសង្រ្គាមឡើយ ខ្ញុំនឹងមិនអមដំណើរចំពោះការបង្ហូរឈាម និងយញ្ញបូជារបស់មនុស្សទេ ដ្បិតការបដិសេធរបស់មនុស្សបានធ្វើឲ្យខ្ញុំ «អស់ចិត្ត» ហើយខ្ញុំគ្មានព្រះទ័យទៅមើលសង្រ្គាមរបស់មនុស្សឡើយ ទុកឲ្យគេប្រយុទ្ធអស់ចិត្តរបស់គេទៅចុះ។ ខ្ញុំចង់សម្រាក ខ្ញុំចង់ផ្ទំ។ ចូរឲ្យពួកអារក្សក្លាយជាគូកនរបស់មនុស្សជាតិ ក្នុងអំឡុងពេលនៃគ្រាចុងក្រោយរបស់គេទៅចុះ! តើនរណាដឹងអំពីបំណងព្រះហឫទ័យរបស់ខ្ញុំទៅ? ដោយសារតែមនុស្សមិនស្វាគមន៍ខ្ញុំ ហើយគេមិនដែលរង់ចាំខ្ញុំ ដូច្នេះ ខ្ញុំមានតែធ្វើពិធីលាគ្នាទៅគេប៉ុណ្ណោះ ហើយខ្ញុំប្រទានវាសនារបស់មនុស្សជាតិទៅគេ ខ្ញុំបន្សល់ទុកគ្រប់ទាំងភាពសម្បូរហូរហៀររបស់ខ្ញុំដល់មនុស្ស សាបព្រោះជីវិតខ្ញុំនៅក្នុងចំណោមមនុស្ស ដាំគ្រាប់ពូជនៃជីវិតខ្ញុំនៅក្នុងវាលស្រែនៃដួងចិត្តរបស់មនុស្ស ធ្វើឲ្យគេមានអនុស្សាវរីយ៍ជារៀងរហូត បន្សល់ទុកសេចក្តីស្រឡាញ់គ្រប់យ៉ាងរបស់ខ្ញុំដល់មនុស្សជាតិ ព្រមទាំងផ្ដល់ដល់មនុស្សនូវអ្វីគ្រប់យ៉ាងដែលគេស្រឡាញ់នៅក្នុងខ្ញុំ ទុកជាអំណោយនៃសេចក្តីស្រឡាញ់ដែលយើងទន្ទឹងចង់បានពីគ្នាទៅវិញទៅមក។ ខ្ញុំប្រាថ្នាចង់ឲ្យយើងស្រឡាញ់គ្នាទៅវិញទៅមកជារៀងរហូត ចង់ឲ្យអតីតកាលរបស់យើងក្លាយជាអនុស្សាវរីយ៍ល្អៗដែលយើងផ្ដល់ទៅឲ្យគ្នាទៅវិញទៅមក ដ្បិតខ្ញុំបានប្រទានគ្រប់យ៉ាងរបស់ខ្ញុំទៅដល់មនុស្សជាតិរួចហើយ ដូច្នេះ តើមនុស្សអាចមានភាពរអ៊ូរទាំអ្វីទៀតទៅ? ខ្ញុំបានបន្សល់ទុកអ្វីៗទាំងអស់នៃជីវិតខ្ញុំដល់មនុស្សរួចហើយ ទាំងគ្មានរអ៊ូមួយម៉ាត់ ខ្ញុំបានខំប្រឹងធ្វើការយ៉ាងនឿយហត់ ដើម្បីព្យួររាស់ដីដ៏ស្រស់ស្អាតនៃសេចក្តីស្រឡាញ់សម្រាប់មនុស្សជាតិ ហើយខ្ញុំមិនដែលទាមទារសមល្មមណាមួយពីមនុស្សឡើយ ហើយក៏មិនបានធ្វើអ្វី ក្រៅពីចុះចូលចំពោះការរៀបចំចាត់ចែងរបស់មនុស្ស និងបង្កើតឲ្យមានអនាគតកាន់តែស្រស់ស្អាតសម្រាប់មនុស្សជាតិនោះដែរ។

ទោះបីកិច្ចការរបស់ព្រះជាម្ចាស់ច្រើនហូរហៀរ និងសម្បូរបែបក៏ដោយ ក៏ការចូលរបស់មនុស្សនៅស្ដួចស្ដើងណាស់។ ចេញពី «គម្រោង» រួមគ្នារវាងមនុស្ស និងព្រះជាម្ចាស់ សឹងតែគ្រប់យ៉ាងគឺជាកិច្ចការរបស់ព្រះជាម្ចាស់។ ចំពោះថាតើមនុស្សចូលបានច្រើនកម្រិតណាហើយនោះ គេសឹងតែគ្មានអ្វីនឹងបង្ហាញទាល់តែសោះ។ មនុស្សដែលលិចលង់ និងងងឹតងងល់ ថែមទាំងហ៊ានវាស់វែងកម្លាំងរបស់ខ្លួនទល់នឹងព្រះជាម្ចាស់នាពេលសព្វថ្ងៃ ទាំងដៃកាន់ «អាវុធសម័យបុរាណ» ទៀតផង។ «សត្វស្វាបុរាណ» ទាំងនេះដើរមិនទាំងត្រង់ខ្លួនផង ហើយពួកគេគ្មានខ្មាសអៀននឹងរូបកាយ «អាក្រាត» របស់ខ្លួននោះឡើយ។ តើអ្វីទៅដែលធ្វើឲ្យពួកគេមានគុណសម្បត្តិគ្រប់គ្រាន់មកវាយតម្លៃកិច្ចការរបស់ព្រះជាម្ចាស់នោះ? ភ្នែកជាច្រើនរបស់សត្វស្វាជើងបួនទាំងនេះបានពេញដោយកំហឹង ហើយពួកវាតតាំងនឹងព្រះជាម្ចាស់ ទាំងកាន់អាវុធថ្មពីបុរាណនៅក្នុងដៃរបស់ពួកវា ដោយព្យាយាមផ្ដួចផ្ដើមឲ្យមានការប្រកួតមួយរបស់មនុស្សស្វា ដែលពិភពលោកមិនធ្លាប់បានឃើញពីមុនមក ដើម្បីរៀបចំការប្រកួតនៃគ្រាចុងក្រោយរវាងមនុស្សស្វា និងព្រះជាម្ចាស់ ដែលនឹងក្លាយជាការប្រកួតដ៏ល្បីរន្ទឺមួយនៅទូទាំងទឹកដី។ ជាងនេះទៀត មនុស្សស្វាបុរាណកោងខ្លួនជាច្រើននេះ ជឿជាក់យ៉ាងខ្លាំងលើសមត្ថភាពរបស់ខ្លួន។ សក់របស់វាគ្របមុខយ៉ាងក្រាស់ ពេញដោយចេតនាឃាតកម្ម ហើយពួកវាលើកជើងខាងមុខរបស់វាឡើង។ ពួកវាមិនទាន់បានវិវត្តពេញលេញក្លាយជាមនុស្សសម័យទំនើបឡើយ ដូច្នេះ ពេលខ្លះ ពួកវាឈរត្រង់ខ្លួន ហើយពេលខ្លះទៀត ពួកវាវារ បែកញើសពេញថ្ងាស ដូចជាទឹកសន្សើម ពោលគឺវាស្ដែងឲ្យឃើញយ៉ាងច្បាស់ពីសេចក្តីខ្នះខ្នែងរបស់ពួកវាតែម្ដង។ ដោយមើលទៅកាន់គ្រាដើម មនុស្សស្វាបុរាណ គូកនរបស់ពួកវា កំពុងតែឈរជើងបួន ទាំងមានមាឌធំ និងកម្រើកយឺតៗ ព្យាយាមគេចពីការដាល់ ហើយគ្មានកម្លាំងវាយបក ពួកគេអាចទ្រតែខ្លួនប៉ុណ្ណោះ។ ក្នុងពេលមួយប៉ប្រិចភ្នែក ទាំងមើលមិនទាន់ផង «វីរបុរស» នៅក្នុងសង្វៀនក៏ដួលផ្ងារជើងទៅលើដីបាត់។ ជើងដែលឈរឆ្គងៗនៅលើដីអស់រយៈពេលជាច្រើនឆ្នាំនោះ ក្នុងពេលមួយរំពេច បែរជាត្រូវផ្ងារឡើងទៅវិញ ហើយមនុស្សស្វាលែងមានបំណងចង់ប្រយុទ្ធតទៅទៀត។ ចាប់ពីពេលនេះតរៀងមក ភាគច្រើននៃមនុស្សស្វាបុរាណទាំងនោះត្រូវបានបោសសម្អាតចេញពីផ្ទៃផែនដី ហើយនេះជា «រឿងសោកសង្រេង» យ៉ាងពិតប្រាកដ។ មនុស្សស្វាបុរាណនេះបានមកដល់ទីបញ្ចប់ក្នុងពេលមួយរំពេច។ ហេតុអ្វីបានជាវាប្រញាប់ចេញពីពិភពលោកដ៏អស្ចារ្យរបស់មនុស្សយ៉ាងឆាប់បែបនេះ? ហេតុអ្វីបានជាវាមិនពិភាក្សាអំពីជំហានយុទ្ធសាស្ត្របន្ទាប់ជាមួយគូកនរបស់វាអ៊ីចឹង? គួរឲ្យអាណិតណាស់ដែលវាបានធ្វើពិធីលាគ្នាទៅកាន់ពិភពលោក ដោយគ្មានបន្សល់ទុកនូវអាថ៌កំបាំងនៃការវាស់វែងកម្លាំងរបស់វាទល់នឹងព្រះជាម្ចាស់នោះ! ការដែលមនុស្សស្វាបុរាណស្លាប់ទៅ ទាំងគ្មានខ្សឹបប្រាប់មួយម៉ាត់ ហើយចាកចេញទៅ ដោយគ្មានបន្សល់ទុកនូវ «វប្បធម៌ និងសិល្បៈពីបុរាណ» ទៅកាន់ពូជពង្សរបស់វានេះ គឺជាការគ្មានគំនិតទាល់តែសោះ។ វាមិនមានពេលហៅជំនិតរបស់វាមកក្បែរខ្លួន ដើម្បីប្រាប់ពួកនោះអំពីសេចក្តីស្រឡាញ់របស់វាឡើយ វាបានលាចាកទៅ ដោយគ្មានបន្សល់ទុកសារនៅលើផ្ទាំងថ្មទាល់តែសោះ វាមិនបានដឹងអំពីមេឃា ហើយមិនបាននិយាយអ្វីសោះអំពីទុក្ខលំបាកដែលហួសថ្លែងរបស់វា។ នៅពេលវាដកដង្ហើមចុងក្រោយរបស់ខ្លួន វាមិនបានហៅពូជពង្សរបស់វាឲ្យមកក្បែររូបកាយដែលជិតស្លាប់របស់វា ដើម្បីប្រាប់ពួកវា «កុំឲ្យឡើងសង្វៀនប្រកួតជាមួយព្រះជាម្ចាស់» មុនពេលវាបិទភ្នែក ទាំងជើងបួនច្រងាងឡើងលើជារៀងរហូតនោះឡើយ។ បើមើលទៅ វាហាក់ដូចជាស្លាប់ទាំងជូរចត់...។ មួយរំពេច សំណើចដ៏អឺងកងក៏បានផ្ទុះឡើងចេញពីខាងក្រោមសង្វៀន។ មនុស្សស្វាកោងខ្នងមួយនៅក្នុងចំណោមមនុស្សស្វាជាច្រើនផ្សេងទៀត ដែលឈរនៅក្បែរនោះ ទាំងកាន់ «ដំបងថ្ម» មួយសម្រាប់ប្រមាញ់សត្វរម៉ាំង ឬចំណីជាសត្វព្រៃ ដែលមានភាពជឿនលឿនជាងមនុស្សស្វាពីបុរាណ ក៏ហក់ចូលទៅក្នុងសង្វៀន ពេញដោយកំហឹង ទាំងមានផែនការនៅក្នុងគំនិតរបស់វារួចហើយ។[6] បើមើលទៅ ទង្វើនេះហាក់គួរឲ្យកោតសរសើរណាស់។ ដោយមានជំនួយពី «កម្លាំង» នៃដំបងថ្ម វាអាចឈរត្រង់ខ្លួនបាន «បីនាទី»។ «ជើង» ទីបីអីក៏ «ខ្លាំង» ម្ល៉េះទេ! វាបានជួយទប់មនុស្សស្វាកោងខ្នងដ៏ធំ ឆ្គង ល្ងីល្ងើ ឲ្យឈរបានដល់ទៅបីនាទី ដូច្នេះ វាគ្មានអ្វីដែលត្រូវឆ្ងល់ឡើយថា មនុស្សស្វាបុរាណជាទីសក្ការៈ[៦] នេះប្រើអំណាចត្រួតត្រាខ្លាំងណាស់។ អ្វីដែលប្រាកដនោះគឺ ថ្មបុរាណអនុវត្ត «គោលការណ៍ល្អ ឬអាក្រក់ទៅតាមអ្វីដែលគេនិយាយ» ប៉ុណ្ណោះ៖ មានដៃកាំបិត មុខកាំបិត និងចុងកាំបិត គុណវិបត្តិតែមួយគត់គឺជាការខ្វះនូវភាពរលោងទៅនឹងមុខកាំបិតរបស់វា ហើយនេះពិតជាគួរឲ្យអាណិតណាស់។ ចូរមើលម្ដងទៀតទៅកាន់ «វីរបុរសតូច» នៃសម័យបុរាណ ដោយឈរនៅក្នុងសង្វៀន ដោយប្រព្រឹត្តដាក់អ្នកខាងក្រោមជាមួយនឹងការសម្លក់សម្លឹងដ៏គួរឲ្យស្អប់ខ្ពើម ធ្វើដូចជាពួកគេមិនដល់ខ្លួន ហើយវាជាវីរបុរសដ៏អង់អាច។ នៅក្នុងដួងចិត្តរបស់វា វាលួចលាក់ស្អប់ខ្ពើមអស់អ្នកដែលនៅខាងមុខឆាក។ «ប្រទេសកំពុងជួបបញ្ហា ហើយយើងម្នាក់ៗត្រូវទទួលខុសត្រូវចំពោះការនេះ ចុះហេតុអ្វីបានជាអ្នករាល់គ្នាកំពុងតែគេចវេះបែបនេះ? តើវាដោយសារតែអ្នកឃើញប្រទេសជួបមហន្តរាយហើយ តែអ្នកមិនចូលរួម ប្រយុទ្ធបង្ហូរឈាមទៀតឬ? ប្រទេសកំពុងតែជិតមហន្តរាយហើយ តើហេតុអ្វីបានជាអ្នករាល់គ្នាមិនក្លាយជាមនុស្សដំបូងដែលបង្ហាញក្ដីបារម្ភ និងជាមនុស្សចុងក្រោយដែលត្រូវរីករាយនឹងខ្លួនឯងដូច្នេះ? តើអ្នកអាចឈរមើលប្រទេសដួលរលំ ហើយប្រជាជនរបស់ខ្លួនធ្លាក់ទៅក្នុងសេចក្តីវិនាសម្ដេចកើតទៅ? តើអ្នករាល់គ្នាព្រមទទួលសេចក្តីអាម៉ាស់នៃការធ្លាក់ចុះរបស់ជាតិកើតឬ? មនុស្សអីក៏គ្មានការទទួលខុសត្រូវបែបនេះ!» ពេលវាគិតអំពីការនេះ ការប្រតាយប្រតប់គ្នាក៏ផ្ទុះឡើងនៅខាងមុខឆាក ហើយភ្នែករបស់វាកាន់តែខឹងឡើង ហាក់ដូចជាហៀបនឹងបាញ់[៨] ផ្កាឡើងអ៊ីចឹង។ វាពិតជាចង់ឲ្យព្រះជាម្ចាស់បរាជ័យនៅចំពោះការប្រយុទ្ធ ចង់សម្លាប់ព្រះជាម្ចាស់ ដើម្បីធ្វើឲ្យមនុស្សរីករាយ។ វាមិនដឹងឡើយថា ទោះបីជាការប្រើប្រាស់ថ្មរបស់វាអាចទទួលបានភាពល្បីល្បាញដ៏ស័ក្ដិសមក៏ដោយ ក៏វាមិនអាចយកព្រះជាម្ចាស់ធ្វើជាសត្រូវនោះដែរ។ មុននឹងវាមានពេលការពារខ្លួន មុននឹងវាមានពេលសម្រាក និងក្រោកឡើង វាយោលខ្លួនចុះឡើង ហើយភ្នែកទាំងពីររបស់វាក៏លែងមើលឃើញទស្សនីយភាព។ វាវិនាសទៅជាមួយដូនតាពីបុរាណរបស់វា ហើយមិនងើបឡើងវិញបានឡើយ។ ដោយតោងមនុស្សស្វាបុរាណយ៉ាងជាប់ វាលែងស្រែកទៀតហើយ ហើយក៏ទទួលស្គាល់ពីភាពអន់ជាងរបស់ខ្លួន លែងមានបំណងចង់ប្រឆាំងទៀតដែរ។ មនុស្សស្វាដ៏អន់ទាំងពីរនោះក៏ស្លាប់នៅមុខសង្វៀន។ អភ័ព្វអ្វីម្ល៉េះទេដែលបុព្វបុរសរបស់មនុស្សជាតិ ជាអ្នកដែលបានរស់រានរហូតដល់ពេលសព្វថ្ងៃ បែរជាត្រូវស្លាប់នៅក្នុងភាពអវិជ្ជានៅថ្ងៃដែលព្រះអាទិត្យនៃសេចក្តីសុចរិតបានលេចមកទៅវិញ! ល្ងីល្ងើអ្វីម្ល៉េះទេ ដែលពួកវាបានបណ្ដោយឲ្យព្រះពរដ៏ធំបែបនេះហោះរំលងពួកវាដូច្នេះ ដោយនៅថ្ងៃនៃព្រះពររបស់ខ្លួន មនុស្សស្វាដែលបានរង់ចាំអស់រយៈពេលជាច្រើនពាន់ឆ្នាំ បែរជាយកព្រះពរទៅស្ថានឃុំព្រលឹង ដើម្បី «រីករាយ» ជាមួយស្ដេចអារក្សទៅវិញ! ហេតុអ្វីមិនទុកព្រះពរទាំងនេះនៅក្នុងពិភពលោករបស់មនុស្សរស់ ដើម្បីរីករាយជាមួយកូនប្រុសកូនស្រីរបស់ពួកគេទៅ? ពួកគេពិតជាបង្កបញ្ហាមែន! អ្វីដែលខ្ជះខ្ជាយនោះគឺថា សម្រាប់ជាប្រយោជន៍ដល់ឋានៈបុណ្យសក្ដិតិចតួច កេរ្តិ៍ឈ្មោះ និងអំនួតហួសហេតុ ពួកគេត្រូវជួបរឿងអភ័ព្វដែលត្រូវបានគេសម្លាប់ ដោយព្យាយាមក្លាយជាបុគ្គលទីមួយបើកទ្វារមច្ចុរាជ និងក្លាយជាកូនៗរបស់វា។ រង្វាន់បែបនេះគឺគ្មានភាពចាំបាច់ឡើយ។ គួរឲ្យអាណិតអ្វីម្ល៉េះដែលមានដូនតាពីបុរាណបែបនេះ ជាអ្នកដែល «ពេញដោយស្មារតីជាតិនិយម» ដែលអាច «ត្រឹមតែតឹងតែងនឹងខ្លួនឯង តែបែរជាអត់ឱនចំពោះអ្នកដទៃ» ដោយឃុំខ្លួនឯងនៅក្នុងនរក ហើយឃុំអស់អ្នកដែលអន់ជាងខ្លួននៅខាងក្រៅទៅវិញ។ តើ «តំណាងរបស់មនុស្ស» បែបនេះអាចរកឃើញនៅកន្លែងណាបានទៅ? សម្រាប់ជាប្រយោជន៍ដល់ «សុខុមាលភាពនៃពូជពង្សរបស់ខ្លួន» និង «ជីវិតដ៏មានសន្ដិភាពរបស់មនុស្សជំនាន់ក្រោយ» ពួកគេមិនបណ្ដោយឲ្យព្រះជាម្ចាស់ចូលជ្រៀតជ្រែកនោះទេ ដូច្នេះហើយបានជាពួកគេមិនយកចិត្តទុកដាក់ចំពោះជីវិតរបស់ខ្លួននោះ។ ដោយគ្មានការអត់ធ្មត់ ពួកគេដាក់ចិត្តដាក់កាយចំពោះ «បុព្វហេតុជាតិ» ដោយចូលទៅក្នុងស្ថានឃុំព្រលឹង ទាំងមិនបាននិយាយអ្វីមួយម៉ាត់។ តើជាតិនិយមបែបនេះអាចរកឃើញនៅឯណាបានទៅ? ដោយប្រយុទ្ធទាស់នឹងព្រះជាម្ចាស់ ពួកគេមិនខ្លាចស្លាប់ មិនខ្លាចការបង្ហូរឈាម ហើយក៏មិនបារម្ភអំពីថ្ងៃស្អែកនោះដែរ។ ពួកគេគ្រាន់តែចូលសមរភូមិប្រយុទ្ធប៉ុណ្ណោះ។ គួរឲ្យអាណិតណាស់ ដ្បិតរឿងតែមួយគត់ដែលពួកគេទទួលបានសម្រាប់ «ស្មារតីប្ដូរផ្ដាច់» របស់ពួកគេនោះ គឺជាវិប្បដិសារីជារៀងរហូត និងការត្រូវបានឆេះដោយអណ្តាតភ្លើងនៃស្ថាននរកដែលឆេះជារៀងរហូតប៉ុណ្ណោះ!

ពិតជាគួរឲ្យចាប់អារម្មណ៍មែន! ហេតុអ្វីបានជាការយកកំណើតជាមនុស្សរបស់ព្រះជាម្ចាស់តែងតែត្រូវបានមនុស្សបដិសេធ និងជេរប្រមាថដូច្នេះ? ហេតុអ្វីបានជាមនុស្សមិនដែលមានការយល់ដឹងអំពីការយកកំណើតជាមនុស្សរបស់ព្រះជាម្ចាស់? តើវាអាចដោយសារតែព្រះជាម្ចាស់បានយាងមកមិនត្រូវពេលវេលាឬ? តើវាអាចដោយសារតែព្រះជាម្ចាស់បានយាងមកមិនត្រូវកន្លែងឬ? តើការនេះកើតឡើងបែបនេះ ដោយសារតែព្រះជាម្ចាស់បានប្រព្រឹត្តដោយអង្គទ្រង់ ដោយគ្មាន «ហត្ថលេខាយល់ព្រម» របស់មនុស្សឬ? តើវាអាចដោយសារតែព្រះជាម្ចាស់ធ្វើការសម្រេចព្រះទ័យ ដោយគ្មានការអនុញ្ញាតរបស់មនុស្សឬ? ការពិតនោះគឺថា ព្រះជាម្ចាស់បានជូនដំណឹងជាមុន។ ព្រះជាម្ចាស់មិនបានធ្វើខុសឡើយក្នុងការត្រលប់ជាសាច់ឈាម តើទ្រង់ចាំបាច់ត្រូវសុំការយល់ព្រមពីមនុស្សសិនឬ? ជាងនេះទៀត ព្រះជាម្ចាស់បានរំឭកមនុស្សតាំងពីយូរមកហើយ ប្រហែលមនុស្សបានភ្លេចផងមិនដឹង។ ការនេះមិនត្រូវស្ដីបន្ទោសមនុស្សឡើយ ដ្បិតមនុស្សត្រូវបានសាតាំងធ្វើឲ្យពុករលួយតាំងពីយូរណាស់មកហើយ រហូតដល់គេមិនអាចយល់អំពីអ្វីដែលស្ថិតនៅក្រោមស្ថានសួគ៌ មិននិយាយអ្វីសោះអំពីហេតុការណ៍នៃពិភពខាងវិញ្ញាណនោះ! ពិតជាគួរឲ្យអាម៉ាស់ណាស់ដែលបុព្វបុរសរបស់មនុស្ស ដែលជាមនុស្សស្វានោះ បានស្លាប់នៅក្នុងសង្វៀន ប៉ុន្តែការនេះមិនមែនជារឿងគួរឲ្យភ្ញាក់ផ្អើលឡើយ៖ ផ្ទៃមេឃ និងផែនដីមិនដែលស្រុះស្រួលគ្នាទេ តើមនុស្សស្វា ដែលមានគំនិតធ្វើពីថ្មទាំងនោះ អាចយល់យ៉ាងដូចម្ដេចទៅថា ព្រះជាម្ចាស់អាចត្រឡប់ជាសាច់ឈាមម្ដងទៀតនោះ? វាពិតជាគួរឲ្យសោកសៅណាស់ដែល «មនុស្សចាស់» ស្ថិតនៅក្នុង «វ័យហុកសិបឆ្នាំ» បែបនេះបែរជាស្លាប់ចំថ្ងៃនៃការលេចមករបស់ព្រះជាម្ចាស់ទៅវិញនោះ។ តើនេះមិនគួរឲ្យភ្ញាក់ផ្អើលទេឬដែលវាបានចាកចេញពីពិភពលោក ទាំងគ្មានទទួលព្រះពរចំពោះការយាងមកដល់នៃព្រះពរដ៏ធំបែបនេះ? ការយកកំណើតជាមនុស្សរបស់ព្រះជាម្ចាស់បានបញ្ជូននូវរលករញ្ជួយនៅទូទាំងសាសនា និងនភាល័យ វាបាន «បង្កឲ្យមានភាពច្របូកច្របល់» ទៅនឹងសណ្ដាប់ធ្នាប់ដើមនៃរង្វង់សាសនា ហើយវាបានធ្វើឲ្យរញ្ជួយដល់បេះដូងរបស់អស់អ្នកដែលស្រេកឃ្លានចង់បានការលេចមករបស់ព្រះជាម្ចាស់។ តើនរណាមិនស្រឡាញ់ទៅ? តើនរណាមិនទន្ទឹងចង់ឃើញព្រះជាម្ចាស់? ព្រះជាម្ចាស់បានស្ថិតនៅកណ្ដាលចំណោមមនុស្សដោយផ្ទាល់អស់រយៈពេលជាច្រើនឆ្នាំ តែមនុស្សមិនដែលដឹងអំពីការនេះឡើយ។ នៅថ្ងៃនេះ ព្រះជាម្ចាស់ផ្ទាល់បានលេចមក និងបង្ហាញអត្តសញ្ញាណរបស់ទ្រង់ទៅកាន់មហាជន តើការនេះអាចមិននាំនូវសេចក្តីរីករាយដល់ដួងចិត្តរបស់មនុស្សម្ដេចកើតទៅ? កាលពីមុន ព្រះជាម្ចាស់ធ្លាប់ចែករំលែកអំណរ និងទុក្ខព្រួយជាមួយមនុស្ស ហើយនៅថ្ងៃនេះ ទ្រង់បានជួបជុំឡើងវិញជាមួយមនុស្សជាតិ និងមានបន្ទូលចែករំលែករឿងព្រេងនិទានអំពីពេលវេលាដែលកន្លងផុតទៅជាមួយទ្រង់។ ក្រោយពេលទ្រង់បានយាងចេញពីស្រុកយូដា មនុស្សរកមិនឃើញដានរបស់ទ្រង់ឡើយ។ ពួកគេស្រេកឃ្លានចង់ជួបព្រះជាម្ចាស់ម្ដងទៀត ដោយមិនដឹងឡើយថា នៅថ្ងៃនេះ ពួកគេបានជួបទ្រង់ម្ដងទៀត ហើយបានជួបជុំជាមួយទ្រង់នោះឡើយ។ តើការនេះមិនអាចធ្វើឲ្យមានអារម្មណ៍នឹកនាអំពីម្សិលមិញម្ដេចកើតទៅ? នៅថ្ងៃនេះ កាលពីរពាន់ឆ្នាំមុន ស៊ីម៉ូន កូនយ៉ូណាស ដែលជាពូជពង្សរបស់សាសន៍យូដា បានមើលឃើញព្រះយេស៊ូវ ដែលជាព្រះសង្រ្គោះ បានបរិភោគរួមតុជាមួយទ្រង់ ហើយក្រោយបានដើរតាមទ្រង់អស់រយៈពេលជាច្រើនឆ្នាំរួចមក គាត់មានសេចក្តីស្រឡាញ់កាន់តែជ្រាលជ្រៅចំពោះទ្រង់៖ គាត់បានស្រឡាញ់ទ្រង់ចេញពីជម្រៅដួងចិត្តរបស់គាត់។ គាត់បានស្រឡាញ់ព្រះអម្ចាស់យេស៊ូវយ៉ាងជ្រាលជ្រៅ។ សាសន៍យូដាមិនដឹងអំពីរបៀបដែលទារកសក់ពណ៌មាស ប្រសូតនៅក្នុងស្នូកសត្វដ៏ត្រជាក់នេះ គឺជារូបភាពដំបូងអំពីការយកកំណើតរបស់ព្រះជាម្ចាស់នោះឡើយ។ ពួកគេទាំងអស់គ្នាបានគិតថា ទ្រង់ដូចជាពួកគេដែរ គ្មាននរណាម្នាក់គិតថា ទ្រង់មានលក្ខណៈខុសពីគេនោះឡើយ។ តើមនុស្សអាចស្គាល់ព្រះយេស៊ូវដ៏សាមញ្ញ និងធម្មតានេះដោយរបៀបណាទៅ? សាសន៍យូដាបានចាត់ទុកទ្រង់ជាកូនសាសន៍យូដាម្នាក់នាសម័យនោះ។ គ្មាននរណាម្នាក់បានមើលមកកាន់ទ្រង់ជាព្រះជាម្ចាស់ដ៏គួរឲ្យស្រឡាញ់ម្នាក់ឡើយ ហើយមនុស្សមិនបានធ្វើអ្វីឡើយ ក្រៅពីទាមទារទាំងងងឹតងងល់ពីទ្រង់ ដោយសុំឲ្យព្រះអង្គប្រទានដល់ពួកគេនូវព្រះគុណដ៏បរិបូរ និងហូរហៀរ ព្រមទាំងសេចក្តីសុខសាន្ត និងអំណរ។ ពួកគេបានដឹងត្រឹមថា ព្រះអង្គប្រៀបដូចជាសេដ្ឋីម្នាក់ ដែលមានអ្វីៗគ្រប់យ៉ាងដែលគេអាចសុំអ្វីក៏បានប៉ុណ្ណោះ។ ប៉ុន្តែ មនុស្សមិនដែលចាត់ទុកទ្រង់ជាព្រះមួយអង្គដែលគួរឲ្យស្រឡាញ់ឡើយ។ មនុស្សកាលគ្រានោះមិនបានស្រឡាញ់ទ្រង់ទេ ហើយពួកគេចេះតែប្រឆាំងទាស់នឹងទ្រង់ និងទាមទារពីទ្រង់ដោយគ្មានហេតុផលប៉ុណ្ណោះ។ ព្រះអង្គមិនដែលជំទាស់ទេ ប៉ុន្តែទ្រង់តែងតែប្រទានព្រះគុណដល់មនុស្ស ទោះបីជាមនុស្សមិនស្គាល់ទ្រង់ក៏ដោយ។ ព្រះអង្គមិនបានធ្វើអ្វីឡើយ ក្រៅពីសម្ងំប្រទានដល់មនុស្សនូវភាពកក់ក្ដៅ សេចក្តីស្រឡាញ់ និងសេចក្តីមេត្តាករុណា ហើយជាងនេះទៀត ព្រះអង្គបានប្រទានដល់មនុស្សនូវមធ្យោបាយថ្មីៗនៃការអនុវត្ត ដោយដឹកនាំមនុស្សចេញពីចំណងនៃក្រឹត្យវិន័យ។ មនុស្សមិនស្រឡាញ់ទ្រង់ទេ គេមានតែច្រណែនទ្រង់ និងទទួលស្គាល់តែទេពកោសល្យអស្ចារ្យរបស់ទ្រង់ប៉ុណ្ណោះ។ តើមនុស្សជាតិដែលខ្វាក់ភ្នែកអាចដឹងបានយ៉ាងដូចម្ដេចអំពីការប្រមាថដ៏ធំធេងដែលព្រះយេស៊ូវជាព្រះសង្រ្គោះដ៏គួរឲ្យស្រឡាញ់បានទទួល នៅពេលដែលព្រះអង្គបានយាងមកនៅចំណោមមនុស្សជាតិទៅ? គ្មាននរណាម្នាក់បានពិចារណាអំពីទុក្ខព្រួយរបស់ទ្រង់ គ្មាននរណាម្នាក់បានដឹងអំពីសេចក្តីស្រឡាញ់របស់ទ្រង់ចំពោះព្រះវរបិតា ហើយក៏គ្មាននរណាម្នាក់អាចដឹងអំពីភាពឯកោរបស់ទ្រង់នោះដែរ។ ទោះបីម៉ារីដែលជាមាតាផ្ដល់កំណើតរបស់ទ្រង់ក្ដី តើនាងអាចដឹងអំពីព្រះតម្រិះរបស់ព្រះអម្ចាស់យេស៊ូវដ៏មានសេចក្តីមេត្តាករុណាយ៉ាងដូចម្ដេចទៅ? តើនរណាបានដឹងអំពីទុក្ខលំបាកដែលមិនអាចពណ៌នាបាន ដែលកូនមនុស្សបានរងទុក្ខទៅ? ក្រោយពេលស្នើសុំពីទ្រង់ មនុស្សនៅជំនាន់នោះបានលែងគិតគូរ និងនឹកនាពីទ្រង់តទៅទៀត។ ដូច្នេះ ព្រះអង្គបានយាងត្រាច់ចរនៅតាមផ្លូវ ពីមួយថ្ងៃទៅមួយថ្ងៃ ពីមួយឆ្នាំទៅមួយឆ្នាំ ដោយរសាត់អណ្ដែតអស់រយៈពេលជាច្រើនឆ្នាំ រហូតដល់ព្រះអង្គរស់នៅបានព្រះជន្មសាមសិបបីឆ្នាំទាំងលំបាក ជារយៈពេលមួយដែលយូរផង និងខ្លីផង។ នៅពេលដែលមនុស្សត្រូវការទ្រង់ ពួកគេបានយាងទ្រង់ចូលទៅក្នុងផ្ទះរបស់ពួកគេទាំងស្នាមញញឹម ដោយព្យាយាមទាមទារពីទ្រង់ ហើយក្រោយពេលព្រះអង្គបានប្រទានដល់ពួកគេរួច ពួកគេក៏បណ្ដេញទ្រង់ចេញពីមាត់ទ្វាររបស់ពួកគេភ្លាមៗតែម្ដង។ មនុស្សបានបរិភោគអ្វីៗដែលត្រូវបានប្រទានមកចេញពីព្រះឱស្ឋរបស់ទ្រង់ ពួកគេបានផឹកពីព្រះលោហិតរបស់ទ្រង់ ពួកគេបានរីករាយនឹងព្រះគុណដែលទ្រង់បានប្រទានដល់ពួកគេ តែពួកគេក៏ប្រឆាំងនឹងទ្រង់ដែរ ដ្បិតពួកគេមិនដែលស្គាល់នរណាដែលបានប្រទានឲ្យពួកគេមានជីវិតនោះឡើយ។ នៅទីបំផុត ពួកគេបានដំទ្រង់ជាប់នឹងឈើឆ្កាង តែព្រះអង្គមិនបានមានបន្ទូលអ្វីសោះឡើយ។ សូម្បីតែសព្វថ្ងៃនេះ ព្រះអង្គនៅបន្តស្ងាត់ស្ងៀមដដែល។ មនុស្សបរិភោគសាច់របស់ទ្រង់ ពួកគេផឹកព្រះលោហិតរបស់ទ្រង់ ពួកគេបរិភោគអាហារដែលទ្រង់ធ្វើសម្រាប់ពួកគេ ហើយពួកគេដើរតាមផ្លូវដែលទ្រង់បានបើកចំហសម្រាប់ពួកគេ តែពួកគេនៅតែមានចេតនាបដិសេធទ្រង់ទៀត។ តាមពិតទៅ ពួកគេចាត់ទុកព្រះជាម្ចាស់ ដែលបានប្រទានជីវិតដល់ពួកគេនេះ ដូចជាខ្មាំងសត្រូវ ហើយបែរជាចាត់ទុកអស់អ្នកដែលជាទាសករដូចពួកគេ ជាព្រះវរបិតាដែលគង់នៅស្ថានសួគ៌ទៅវិញ។ បើបែបនេះ តើពួកគេមិនមានចេតនាប្រឆាំងនឹងទ្រង់ទេឬ? តើព្រះយេស៊ូវបានយាងមកសុគតលើឈើឆ្កាងដោយរបៀបណាទៅ? តើអ្នករាល់គ្នាដឹងដែរឬទេ? តើទ្រង់មិនត្រូវបានក្បត់ដោយយូដាស ដែលជាមនុស្សជំនិតនឹងទ្រង់ ហើយបានហូបពីទ្រង់ ផឹកពីទ្រង់ និងរីករាយនឹងទ្រង់ទេឬ? តើយូដាសមិនបានក្បត់ព្រះយេស៊ូវ ដោយសារតែគាត់គ្មានអ្វីក្រៅពីជាគ្រូធម្មតាមិនសំខាន់ម្នាក់ទេឬ? បើមនុស្សបានឃើញយ៉ាងប្រាកដថា ព្រះយេស៊ូវពិតជាអស្ចារ្យ និងជាព្រះមួយអង្គដែលមកពីស្ថានសួគ៌មែន តើពួកគេអាចដំទ្រង់ទាំងរស់ជាប់នឹងឈើឆ្កាងអស់រយៈពេលម្ភៃបួនម៉ោង រហូតដល់ទ្រង់ផុតដង្ហើមម្ដេចកើតទៅ? តើនរណាអាចស្គាល់ព្រះជាម្ចាស់បាន? មនុស្សគ្មានធ្វើអ្វីក្រៅពីរីករាយនឹងព្រះជាម្ចាស់ជាមួយសេចក្តីលោភមិនចេះចប់ តែមិនដែលស្គាល់ទ្រង់នោះឡើយ។ ព្រះអង្គបានប្រទានបន្ដិចបន្តួចដល់ពួកគេ ពួកគេបែរជាបានចិត្ត ហើយបង្គាប់ «ព្រះយេស៊ូវ» ឲ្យស្ដាប់តាមបញ្ជាទៅតាមការចង់បានរបស់ពួកគេទៅវិញ។ តើមាននរណាធ្លាប់បង្ហាញសេចក្តីមេត្តាករុណាទៅកាន់បុត្រមនុស្សមួយអង្គនេះ ដែលគ្មានកន្លែងផ្ទំព្រះសិរសាទ្រង់ផងទៅ? តើមាននរណាខ្លះធ្លាប់គិតគូរចង់ចូលរួមកម្លាំងជាមួយទ្រង់ ដើម្បីសម្រេចព្រះរាជបញ្ជារបស់ព្រះវរបិតាទៅ? តើមាននរណាខ្លះធ្លាប់គិតគូរអំពីទ្រង់? តើនរណាធ្លាប់ពិចារណាពីទុក្ខលំបាករបស់ទ្រង់? ដោយគ្មានសេចក្តីស្រឡាញ់សូម្បីតែបន្ដិច មនុស្សរុញព្រះអង្គចុះឡើង។ មនុស្សមិនដឹងពីប្រភពនៃពន្លឺ និងជីវិតរបស់ខ្លួនមកពីណាទេ ហើយក៏មិនធ្វើអ្វីក្រៅពីលួចលាក់រៀបគម្រោងម្ដងទៀត ដើម្បីឆ្កាង «ព្រះយេស៊ូវ» កាលពីរពាន់ឆ្នាំមុន ដែលទ្រង់បានជួបនូវការឈឺចាប់នៅក្នុងចំណោមមនុស្សនោះដែរ។ តើ «ព្រះយេស៊ូវ» ពិតជាបណ្ដាលឲ្យមានចិត្តស្អប់បែបនេះដែរឬ? តើទង្វើទាំងប៉ុន្មានដែលព្រះអង្គបានធ្វើត្រូវបានបំភ្លេចចោលអស់ហើយឬ? ចិត្តស្អប់ដែលមានអស់រយៈពេលរាប់ពាន់ឆ្នាំ នៅទីបំផុតនឹងត្រូវសម្ដែងចេញមកខាងក្រៅ។ អ្នកក៏មិនខុសអ្វីពីសាសន៍យូដាដែរ! តើ «ព្រះយេស៊ូវ» បានក្លាយជាសត្រូវនឹងអ្នករាល់គ្នាតាំងពីពេលណា បានជាអ្នករាល់គ្នាស្អប់ទ្រង់ខ្លាំងបែបនេះ? ព្រះអង្គបានធ្វើកិច្ចការជាច្រើន ក៏មានបន្ទូលច្រើនដែរ តើអ្វីៗទាំងនេះគ្មានប្រយោជន៍អ្វីដល់អ្នករាល់គ្នាទេឬ? ព្រះអង្គបានប្រទានព្រះជន្មទ្រង់ដល់អ្នករាល់គ្នា ដោយមិនបានសុំអ្វីមួយជាការសងគុណឡើយ ព្រះអង្គបានប្រទានអ្វីៗទាំងអស់របស់ទ្រង់ដល់អ្នករាល់គ្នា តើអ្នករាល់គ្នានៅតែចង់បរិភោគទ្រង់ទាំងរស់ទៀតឬ? ព្រះអង្គបានប្រទានអ្វីៗគ្រប់យ៉ាងរបស់ទ្រង់ដល់អ្នករាល់គ្នា ដោយគ្មានលាក់ទុកសោះឡើយ ហើយក៏មិនបានរីករាយនឹងសិរីល្អខាងលោកីយ៍ ភាពកក់ក្ដៅនៅក្នុងចំណោមមនុស្ស សេចក្តីស្រឡាញ់នៅក្នុងចំណោមមនុស្ស ឬគ្រប់ទាំងព្រះពរនៅក្នុងចំណោមមនុស្សនោះដែរ។ មនុស្សប្រព្រឹត្តចំពោះទ្រង់ឃោរឃៅពេកហើយ ព្រះអង្គមិនដែលរីករាយនឹងគ្រប់ទាំងភាពមានបាននៅលើផែនដីទេ ព្រះអង្គប្រទានព្រះហឫទ័យដ៏ស្មោះ និងអាណិតអាសូរទាំងស្រុងរបស់ទ្រង់ដល់មនុស្ស ព្រះអង្គបានប្រទានអ្វីៗទាំងអស់របស់ទ្រង់ដល់មនុស្សជាតិ តើមាននរណាបានផ្ដល់ភាពកក់ក្ដៅដល់ទ្រង់ទៅ? តើមាននរណាបានផ្ដល់នូវការកម្សាន្តចិត្តដល់ទ្រង់ទៅ? មនុស្សបានដាក់សម្ពាធគ្រប់យ៉ាងទៅលើទ្រង់ គេបានប្រគល់គ្រប់ទាំងរឿងអភ័ព្វដល់ទ្រង់ គេបានទម្លាក់បទពិសោធន៍ដ៏អាក្រក់បំផុតនៅក្នុងចំណោមមនុស្សទៅលើទ្រង់ គេស្ដីបន្ទោសទ្រង់សម្រាប់គ្រប់ទាំងរឿងអយុត្តិធម៌ ហើយព្រះអង្គព្រមទទួលយកទាំងស្ងាត់ស្ងៀម។ តើព្រះអង្គធ្លាប់ជំទាស់នឹងនរណាម្នាក់ហើយឬនៅ? តើទ្រង់ធ្លាប់សុំឲ្យមានការសងគុណតែបន្ដិចពីនរណាម្នាក់ហើយឬនៅ? តើធ្លាប់មាននរណាបង្ហាញការយល់ចិត្តចំពោះទ្រង់ដែរឬទេ? ក្នុងនាមជាមនុស្សធម្មតា ក្នុងចំណោមអ្នក តើនរណាមិនមានកុមារភាពដ៏អន្លង់អន្លោចទៅ? តើនរណាមានយុវវ័យដ៏ចម្រុះពណ៌ទៅ? តើនរណាមិនមានភាពកក់ក្ដៅពីមនុស្សជាទីស្រឡាញ់ទៅ? តើនរណាទៅដែលគ្មានសេចក្តីស្រឡាញ់ពីសាច់ញាតិ និងមិត្តភក្តិនោះ? តើនរណាគ្មានការគោរពពីអ្នកដទៃនោះ? តើនរណាដែលគ្មានគ្រួសារដ៏កក់ក្ដៅនោះ? តើនរណាដែលគ្មានការកម្សាន្តចិត្តពីមនុស្សជំនិតរបស់ពួកគេ? តើព្រះអង្គធ្លាប់រីករាយនឹងការទាំងនេះដែរឬទេ? ធ្លាប់មាននរណាផ្ដល់ភាពកក់ក្ដៅបន្ដិចដល់ទ្រង់ដែរឬទេ? ធ្លាប់មាននរណាផ្ដល់ការកម្សាន្តចិត្តតែបន្ដិចដល់ទ្រង់ឬទេ? តើមាននរណាបង្ហាញក្រមសីលធម៌ជាមនុស្សតែបន្ដិចដល់ទ្រង់ហើយឬនៅ? តើមាននរណាធ្លាប់អត់ទ្រាំចំពោះទ្រង់ដែរឬទេ? តើមាននរណាធ្លាប់នៅជាមួយទ្រង់ក្នុងគ្រាលំបាកឬទេ? តើមាននរណាធ្លាប់ឆ្លងកាត់ការលំបាកជាមួយទ្រង់ឬទេ? មនុស្សមិនដែលបន្ថយសេចក្តីតម្រូវរបស់ខ្លួនចំពោះទ្រង់ទេ។ គេគិតតែទាមទារពីទ្រង់ដោយគ្មានការក្រែងចិត្តឡើយ ធ្វើដូចជាការដែលទ្រង់បានយាងមកកាន់ពិភពលោករបស់មនុស្សនេះ ព្រះអង្គត្រូវតែក្លាយជាសត្វគោ ឬសត្វសេះរបស់មនុស្ស ជាអ្នកទោសរបស់គេ ហើយទ្រង់ត្រូវប្រទានអ្វីៗទាំងអស់របស់ទ្រង់ទៅកាន់មនុស្សអ៊ីចឹង។ បើមិនដូច្នេះទេ មនុស្សនឹងមិនអត់ឱនដល់ទ្រង់ នឹងមិនស្រួលដាក់ទ្រង់ នឹងមិនហៅទ្រង់ថាជាព្រះជាម្ចាស់ ព្រមទាំងមិនលើកតម្កើងទ្រង់នោះឡើយ។ មនុស្សមានអាកប្បកិរិយាតឹងរឹងខ្លាំងពេកចំពោះព្រះជាម្ចាស់ ធ្វើដូចជាគេត្រូវតែធ្វើបាបព្រះជាម្ចាស់រហូតដល់សុគត ទើបគេព្រមបន្ធូរបន្ថយសេចក្តីតម្រូវរបស់គេចំពោះព្រះជាម្ចាស់។ បើមិនដូច្នោះទេ មនុស្សនឹងមិនដែលបន្ធូរបន្ថយបទដ្ឋាននៃសេចក្តីតម្រូវរបស់ខ្លួនចំពោះព្រះជាម្ចាស់ឡើយ។ តើមនុស្សបែបនេះមិនឲ្យព្រះជាម្ចាស់ស្អប់ខ្ពើមម្ដេចកើតទៅ? តើនេះមិនមែនជាសោកនាដកម្មនាពេលសព្វថ្ងៃទេឬ? មនសិការរបស់មនុស្សមិនអាចត្រូវបានមើលឃើញទេ គេនៅតែនិយាយថា គេនឹងសងគុណចំពោះសេចក្តីស្រឡាញ់របស់ព្រះជាម្ចាស់ ប៉ុន្តែគេពិនិត្យពិច័យព្រះជាម្ចាស់ ហើយធ្វើបាបទ្រង់រហូតដល់សុគត។ តើនេះមិនមែនជា «រូបមន្តលាក់កំបាំង» ចំពោះសេចក្ដីជំនឿអំពីព្រះជាម្ចាស់របស់ពួកគេ ដែលត្រូវបានបន្សល់ទុកតជំនាន់ពីបុព្វបុរសរបស់ពួកគេទេឬ? នេះមិនខុសអ្វីពី «សាសន៍យូដា» ឡើយ ហើយនៅថ្ងៃនេះ ពួកគេនៅតែធ្វើកិច្ចការដដែល ពួកគេនៅតែអនុវត្តការប្រឆាំងចំពោះព្រះជាម្ចាស់ដដែល ហើយនៅតែជឿថា ពួកគេកំពុងតែលើកតម្កើងព្រះជាម្ចាស់ទៀត។ តើភ្នែកមនុស្សអាចស្គាល់ព្រះជាម្ចាស់ម្ដេចកើតទៅ? តើមនុស្ស ដែលរស់នៅក្នុងសាច់ឈាម អាចចាត់ទុកព្រះជាម្ចាស់ ជាព្រះដែលយកកំណើតជាមនុស្សដែលបានយាងមកចេញពីព្រះវិញ្ញាណម្ដេចកើតទៅ? នៅក្នុងចំណោមមនុស្ស តើមាននរណាខ្លះទៅដែលស្គាល់ទ្រង់? ឯណាទៅជាសេចក្តីពិតនៅចំណោមមនុស្សនោះ? ឯណាទៅជាសេចក្តីសុចរិតដ៏ពិត? តើមាននរណាអាចស្គាល់និស្ស័យរបស់ព្រះជាម្ចាស់? តើមាននរណាអាចបញ្ចប់ជាមួយព្រះជាម្ចាស់នៅឯស្ថានសួគ៌? គ្មានអ្វីដែលត្រូវឆ្ងល់ឡើយថា នៅពេលដែលព្រះអង្គបានយាងមកនៅកណ្ដាលចំណោមមនុស្ស គ្មាននរណាម្នាក់បានស្គាល់ព្រះជាម្ចាស់ទេ ហើយព្រះអង្គត្រូវបានគេបដិសេធទៀត។ តើមនុស្សអាចអត់ទ្រាំនឹងអត្ថិភាពរបស់ព្រះជាម្ចាស់យ៉ាងដូចម្ដេច? តើគេអាចអនុញ្ញាតឲ្យពន្លឺបណ្ដេញភាពងងឹតនៃពិភពលោកម្ដេចកើតទៅ? តើទាំងអស់នេះមិនមែនចេញពីការប្ដូរផ្ដាច់ដ៏លើកតម្កើងរបស់មនុស្សទេឬអី? តើនេះមិនមែនជាការចូលដ៏ទៀងត្រង់របស់មនុស្សទេឬ? តើកិច្ចការរបស់ព្រះជាម្ចាស់មិនត្រូវបានដាក់ជាចំណុចកណ្ដាលនៅជុំវិញការចូលទៅក្នុងរបស់មនុស្សទេឬ? ខ្ញុំចង់ឃើញថា អ្នករាល់គ្នារាប់បញ្ចូលកិច្ចការរបស់ព្រះជាម្ចាស់ជាមួយការចូលទៅក្នុងរបស់មនុស្សចុះ ហើយចាប់ផ្ដើមមានទំនាក់ទំនងល្អរវាងមនុស្ស និងព្រះជាម្ចាស់ ព្រមទាំងបំពេញភារកិច្ចដែលមនុស្សគួរតែធ្វើឲ្យបានអស់ពីសមត្ថភាពរបស់ខ្លួនទៅ។ ដោយធ្វើបែបនេះ កិច្ចការរបស់ព្រះជាម្ចាស់នឹងមកដល់ទីបញ្ចប់ជាបន្តបន្ទាប់ ដោយនៅទីបំផុត ទ្រង់ទទួលបានសិរីល្អរបស់ទ្រង់។

លេខយោង៖

១. «’ការចូលទៅក្នុង’ របស់មនុស្ស» នៅត្រង់នេះចង់សំដៅលើឥរិយាបថមិនស្ដាប់បង្គាប់របស់មនុស្ស។ ជាជាងសំដៅលើការចូលរបស់មនុស្សទៅក្នុងជីវិត ដែលជាអត្ថន័យវិជ្ជមាន ពាក្យនេះសំដៅលើឥរិយាបថ និងសកម្មភាពអវិជ្ជមានរបស់ពួកគេ។ ជាទូទៅ វាសំដៅលើគ្រប់ទាំងទង្វើរបស់មនុស្សដែលប្រឆាំងនឹងព្រះជាម្ចាស់។

២. «ត្រូវបានញាំញីដោយសេចក្តីភ័យខ្លាចបែបស្រមើស្រមៃ» ត្រូវបានប្រើប្រាស់ ដើម្បីចំអកទៅកាន់ជីវិតនៃភាពជាមនុស្សដែលដើរខុសផ្លូវ។ វាសំដៅលើសភាពដ៏អាក្រក់នៃជីវិតរបស់មនុស្សជាតិ ដែលមនុស្សរស់នៅរួមគ្នាជាមួយពួកអារក្ស។

៣. «ដោយអស់ពីកម្លាំង» ត្រូវបាននិយាយនៅក្នុងន័យចំអក។

៤. «សេចក្តីក្លៀវក្លារបស់ពួកគេឆេះកាន់តែក្ដៅឡើងៗ» ត្រូវបាននិយាយក្នុងន័យចំអក ហើយវាសំដៅលើសភាពអាក្រក់របស់មនុស្ស។

៥. «ចាប់ទាំងរស់» សំដៅទៅលើឥរិយាបថហិង្សា និងគួរឲ្យស្អប់ខ្ពើមរបស់មនុស្ស។ មនុស្សមានភាពព្រៃផ្សៃ ហើយគ្មានការអត់ទោសបន្ដិចសោះឡើយចំពោះព្រះជាម្ចាស់ និងចេះតែទាមទារពីទ្រង់ដោយគ្មានហេតុផលឡើយ។

៦. «ទាំងមានផែនការនៅក្នុងគំនិតរបស់វារួចហើយ» ត្រូវបាននិយាយក្នុងន័យចំអក ហើយការនេះសំដៅលើរបៀបដែលមនុស្សមិនស្គាល់ខ្លួនឯង និងអវិជ្ជាអំពីកម្ពស់ដ៏ពិតរបស់ខ្លួន។ នេះគឺជាប្រយោគបែបមើលងាយ។

៧. «ទីសក្ការៈ» ត្រូវបាននិយាយក្នុងន័យចំអក។

៨. «បាញ់» បង្ហាញពីសភាពដ៏អាក្រក់របស់មនុស្ស ដែលពេញដោយកំហឹង នៅពេលដែលពួកគេប្រយុទ្ធចាញ់ព្រះជាម្ចាស់។ វាបង្ហាញពីកម្រិតនៃការប្រឆាំងរបស់ពួកគេចំពោះព្រះជាម្ចាស់។

ខាង​ដើម៖ កិច្ចការ និងការចូលទៅក្នុង (៩)

បន្ទាប់៖ និមិត្តអំពីកិច្ចការរបស់ព្រះជាម្ចាស់ (១)

តើយើងគួរអធិស្ឋានយ៉ាងដូចម្ដេច ដើម្បីឲ្យព្រះជាម្ចាស់ទ្រង់សណ្ដាប់? សូមទាក់ទងមកកាន់យើងខ្ញុំ ដើម្បីស្វែងរកដំណោះស្រាយ។

ខ្លឹមសារ​ពាក់ព័ន្ធ

យកចិត្តទុកដាក់បន្ថែមលើតថភាព

មនុស្សគ្រប់រូបអាចក្លាយជាមនុស្សគ្រប់លក្ខណ៍ដោយសារព្រះជាម្ចាស់ ដូច្នេះហើយ គ្រប់គ្នាគួរតែយល់ថា ការបម្រើព្រះបែបណាសមស្របបំផុតនឹងព្រះហឫទ័យទ្រង់។...

អ្នកគួរតែស្ដាប់បង្គាប់ព្រះជាម្ចាស់ នៅក្នុងជំនឿដែលអ្នកជឿដល់ទ្រង់

ហេតុអ្វីបានជាអ្នកជឿលើព្រះជាម្ចាស់? មនុស្សភាគច្រើនត្រូវស្រឡាំង កាំង ដោយសារតែសំណួរនេះ។ ពួកគេតែងតែមានទស្សនៈពីរផ្ទុយគ្នាស្រឡះអំពីព្រះដ៏សកម្ម...

តើអ្នកជឿគួរប្រកាន់យកទស្សនៈអ្វី

តើមនុស្សបានទទួលអ្វីចាប់តាំងពីពួកគេចាប់ផ្តើមជឿលើព្រះជាម្ចាស់ជាលើកដំបូង? តើអ្នកបានដឹងអ្វីខ្លះពីព្រះជាម្ចាស់? ដោយសារជំនឿរបស់អ្នកលើព្រះជាម្ចាស់...

ការកំណត់

  • អត្ថបទ
  • ប្រធានបទ

ពណ៌​ដិតច្បាស់

ប្រធានបទ

ប្រភេទ​អក្សរ

ទំហំ​អក្សរ

ចម្លោះ​បន្ទាត់

ចម្លោះ​បន្ទាត់

ប្រវែងទទឹង​ទំព័រ

មាតិកា

ស្វែងរក

  • ស្វែង​រក​អត្ថបទ​នេះ
  • ស្វែង​រក​សៀវភៅ​នេះ