មានតែតាមរយៈការយល់ដឹងពីសេចក្តីពិតប៉ុណ្ណោះ ទើបមនុស្សអាចស្គាល់ពីកិច្ចការរបស់ព្រះជាម្ចាស់បាន
ព្រះជាម្ចាស់មានអធិបតេយ្យភាពលើវាសនារបស់មនុស្សជាតិទាំងអស់ និងលើគ្រប់យ៉ាងនៅក្នុងចក្រវាលនេះ។ ចំពោះអធិបតេយ្យភាពរបស់ព្រះជាម្ចាស់ តើមនុស្សមើលឃើញការពិតអ្វីខ្លះ? មិនថាពិភពលោកធំប៉ុនណា ឬចក្រវាលនេះធំខ្លាំងប៉ុនណានោះទេ រាប់ចាប់តាំងពីអ្វីៗដែលធំបំផុត រហូតដល់អ្វីៗដែលតូចបំផុត ព្រះជាម្ចាស់មានអធិបតេយ្យភាពលើរបស់គ្រប់យ៉ាង និងចាត់ចែងរបស់សព្វសារពើទាំងអស់។ មិនថាមនុស្សមានបំណងប្រាថ្នា មហិច្ឆតា ការចង់បាន ឬមិនថាពួកគេមានបំណងបង្កើតទិសដៅបែបណាទេ នៅកន្លែងណាដែលព្រះជាម្ចាស់ទ្រង់គង់នៅ អធិបតេយ្យភាព និងការចាត់ចែងរបស់ទ្រង់ទាំងអស់ មិនរងឥទ្ធិពលដោយសារអ្វីទាំងអស់នេះសូម្បីបន្តិចណាឡើយ។ តើព្រះជាម្ចាស់មានគោលការណ៍អ្វីខ្លះដើម្បីមានអធិបតេយ្យភាពនិងចាត់ចែងរបស់សព្វសារពើ? តើគោលការណ៍នោះផ្អែកលើមូលដ្ឋានអ្វី? ក្នុងការដែលព្រះជាម្ចាស់ធ្វើអ្វីទាំងអស់នេះ តើព្រះជាម្ចាស់មានគោលដៅអ្វី? តើគោលដៅនោះពាក់ព័ន្ធជុំវិញរឿងអ្វី? (ពាក់ព័ន្ធជុំវិញផែនការគ្រប់គ្រងរបស់ព្រះជាម្ចាស់។) ចម្លើយនេះគឺត្រឹមត្រូវហើយ។ គ្រប់យ៉ាងដែលព្រះជាម្ចាស់ធ្វើ គឺពាក់ព័ន្ធជុំវិញផែនការគ្រប់គ្រងរបស់ទ្រង់។ សម្ដីទាំងនេះហាក់រៀងភាន់ច្រឡំបន្តិច ប៉ុន្តែវាមានន័យបង្កប់ជ្រាលជ្រៅណាស់។ ខ្ញុំចង់បានន័យថា គ្រប់កិច្ចការដែលព្រះជាម្ចាស់បំពេញ មិនប្រែប្រួលទៅតាមបំណងប្រាថ្នារបស់មនុស្សឡើយ។ អធិបតេយ្យភាព និងការចាត់ចែងរបស់ព្រះជាម្ចាស់ វិធីដែលទ្រង់ចាត់ចែងបណ្ដាប្រទេស មនុស្ស ឬក្រុមជាតិសាសន៍ ឬអ្វីៗដែលទ្រង់រៀបចំឱ្យកើតឡើងនៅកន្លែងណាមួយ មិនប្រែប្រួលទៅតាមបំណងប្រាថ្នារបស់មនុស្សឡើយ។ ព្រះជាម្ចាស់មិនស្ថិតក្រោមការដាក់កំហិតនៃពេលវេលា លំហ ភូមិសាស្រ្ត ឬមនុស្សឡើយ។ គ្រប់យ៉ាងដែលទ្រង់បំពេញ គឺត្រូវធ្វើឡើងស្របទៅតាមផែនការរបស់ទ្រង់ទាំងស្រុង ហើយគ្មានមនុស្សណាអាចប្រឆាំង ឬរំខានបានឡើយ។ មិនថាអ្នកសុខចិត្តឬអត់នោះទេ ហើយមិនថាមនុស្សមានសេចក្ដីប្រាថ្នាជាក់លាក់បែបណាទេ ឬជាក្រុមជាតិសាសន៍ជាក់លាក់ណាឡើយ គ្មានមនុស្សណា ឬរបស់ណាដែលអាចរំខាន បំផ្លាញ ឬផ្លាស់ប្ដូរអ្វីដែលបានព្រះជាម្ចាស់បានសម្រេចព្រះទ័យធ្វើរួចហើយនោះបានឡើយ។ (យើងបានរៀនពីសិទ្ធិអំណាចរបស់ព្រះជាម្ចាស់រួចហើយ។) នេះគឺជាសិទ្ធិអំណាចរបស់ព្រះជាម្ចាស់។ ចាប់តាំងពីគ្រាដំបូងដែលព្រះជាម្ចាស់បានបង្កើតមនុស្ស រហូតដល់ពេលដែលពួកគេចម្រើនធំធាត់មួយដំណាក់ម្ដងៗ មនុស្សជាតិបានក្ដោបក្រសោបរាស្រ្តរើសតាំងរបស់ព្រះជាម្ចាស់ ពួកសាសន៍ដទៃ និងអ្នកដែលប្រឆាំងទាស់នឹងព្រះជាម្ចាស់។ ព្រះជាម្ចាស់ចាត់ទុកមនុស្សប្រភេទទាំងអស់នេះថាជាមនុស្ស ប៉ុន្តែតើទ្រង់ប្រព្រឹត្តដាក់ប្រភេទមនុស្សខុសគ្នាតាមរបៀបខុសគ្នាដែរឬទេ? តើព្រះជាម្ចាស់ដឹកនាំរាស្រ្តរើសតាំងរបស់ទ្រង់តាមវិធីជាក់លាក់ណាមួយដែរឬទេ? (មែនហើយ ទ្រង់ដឹកនាំតាមវិធីខុសៗគ្នា។) ព្រះជាម្ចាស់ប្រព្រឹត្តដាក់រាស្រ្តរើសតាំងរបស់ទ្រង់ ខុសពីទ្រង់ប្រព្រឹត្តដាក់មនុស្សដទៃ។ ប៉ុន្តែក្នុងចំណោមរាស្រ្តរើសតាំងរបស់ព្រះជាម្ចាស់ មានមនុស្សខ្លះអាចដើរតាម និងស្ដាប់បង្គាប់ទ្រង់បាន ហើយមានអ្នកខ្លះមិនស្ដាប់បង្គាប់ ហើយទាស់ទទឹងនឹងទ្រង់។ ដូច្នេះ តើព្រះជាម្ចាស់ប្រព្រឹត្តដាក់ពួកគេយ៉ាងដូចម្ដេចវិញ? តើព្រះជាម្ចាស់ទ្រង់ព្រះតម្រិះបែបណាចំពោះទស្សនៈរបស់ពួកគេចំពោះទ្រង់? (ព្រះជាម្ចាស់ពេញដោយសេចក្ដីមេត្ដាករុណា និងសេចក្ដីស្រឡាញ់ចំពោះអ្នកដែលស្ដាប់បង្គាប់ទ្រង់ ប៉ុន្តែនៅពេលមនុស្សមិនស្ដាប់បង្គាប់ ឬទាស់ទទឹងនឹងទ្រង់ នោះព្រះអង្គនឹងអនុវត្តនិស្ស័យសុចរិតរបស់ទ្រង់មកលើពួកគេ។) ត្រឹមត្រូវណាស់។ មិនថាអ្នកគិតថាខ្លួនអ្នកជារាស្ដ្ររើសតាំងរបស់ព្រះជាម្ចាស់ឬអត់ទេ ឬជាមនុស្សម្នាក់ក្នុងចំណោមអ្នកដើរតាមទ្រង់ឬអត់នោះទេ ឬបានចូលរួមចំណែកតាមវិធីខ្លះដល់ដំណាក់របស់ព្រះជាម្ចាស់ឬអត់នោះទេ ត្រង់កន្លែងណាដែលព្រះជាម្ចាស់ទ្រង់គង់នៅ នោះព្រះអង្គពុំទតមើលរបស់ខាងក្រៅនេះឡើយ។ ព្រះជាម្ចាស់មាននិស្ស័យសុចរិត ហើយមានគោលការណ៍នៅក្នុងប្រព្រឹត្តចំពោះមនុស្ស៖ អស់អ្នកណាដែលគួរជំនុំជម្រះ អ្នកនោះក៏ត្រូវជំនុំជម្រះ អស់អ្នកណាដែលគួរដាក់ទោស អ្នកនោះក៏ត្រូវដាក់ទោស ហើយអស់អ្នកណាដែលគួរបំផ្លាញចោល អ្នកនោះក៏ត្រូវបំផ្លាញចោល។ ឧទាហរណ៍ ពាក់ព័ន្ធនឹងការពិតដែលពួកសាសន៍យូដាត្រូវបានបណ្ដេញចេញពីស្រុកយូដា និងដំណឹងល្អអំពីនគរស្ថានសួគ៌របស់ព្រះអម្ចាស់យេស៊ូវដែលត្រូវបានផ្សាយទៅកាន់ពួកសាសន៍ដទៃ តើមានអ្វីដែលវាយប្រហារដល់អ្នករាល់គ្នា? តាមសញ្ញាណ និងការស្រមើស្រមៃរបស់មនុស្ស និងតាមសាសនាយូដា មានតែពួកសាសន៍យូដាប៉ុណ្ណោះដែលជារាស្រ្តរើសតាំងរបស់ព្រះជាម្ចាស់។ ពួកគេគឺជាបុត្រាបុត្រីដ៏មានតម្លៃរបស់ព្រះជាម្ចាស់ ហើយជាមនុស្សដែលព្រះជាប់ព្រះទ័យជាមួយខ្លាំងបំផុត។ ពួកគេជាកែវព្រះនេត្ររបស់ទ្រង់។ យោងតាមសម្ដីរបស់មនុស្ស ពួកសាសន៍យូដា គឺជាបុត្រាបុត្រីដែលទ្រង់ស្រឡាញ់ខ្លាំងបំផុត ហើយមនុស្សគួរចាត់ទុកគេដូចជាកូនជាទីស្រឡាញ់ និងការពារកូនរបស់ពួកគេ ហើយមិនត្រូវឱ្យអ្នកណាធ្វើឱ្យគេឈឺចាប់ ឬខូចខិលបែបណាមួយឡើយ។ មនុស្សគិតថា មិនថាពួកសាសន៍យូដាអធិស្ឋានសូមអ្វីនោះទេ ព្រះជាម្ចាស់នឹងប្រទានដល់ពួកគេ ហើយប្រទានដល់ពួកគេច្រើនជាងអ្វីដែលពួកគេទូលសូម ឬស្រមើស្រមៃទៅទៀត។ ប៉ុន្តែ តើនោះជាអ្វីដែលព្រះជាម្ចាស់បានធ្វើដែរឬទេ? (មិនមែនទេ។) ដូច្នេះ តើព្រះជាម្ចាស់បានធ្វើអ្វីខ្លះ? ដោយសារពួកសាសន៍យូដាបានឆ្កាងព្រះអម្ចាស់យេស៊ូវទៅនឹងឈើឆ្កាង ព្រះជាម្ចាស់ទ្រង់ក្រោធជាខ្លាំង ហើយធ្វើឱ្យពួករ៉ូម៉ាំងបញ្ជូនកងទ័ពទៅឈ្លានពានស្រុកយូដា និងបណ្ដេញពួកសាសន៍យូដាចេញពីស្រុកកំណើតរបស់ពួកគេ។ នោះគឺជារូបភាពនៃការកាប់សម្លាប់គ្នានិងការសម្លាប់រង្គាល។ មនុស្សច្រើនរាប់មិនអស់បានស្លាប់ ហើយឈាមហូរដូចជាទន្លេ។ វិធីតែម្យ៉ាងគត់ដែលពួកសាសន៍យូដារួចជីវិត គឺត្រូវគេចខ្លួនទៅកាន់បណ្ដាប្រទេសជាច្រើននៅជុំវិញពិភពលោក។ តាមរយៈការពិតនេះ តើអ្នករាល់គ្នាបានឃើញពីសារជាតិអ្វីខ្លះក្នុងនិស្ស័យរបស់ព្រះជាម្ចាស់? (គឺថានិស្ស័យសុចរិតរបស់ព្រះជាម្ចាស់ ពុំអត់ឱនចំពោះការប្រមាថឡើយ។) សូមកុំទាន់ចាប់ផ្ដើមនិយាយអំពីនិស្ស័យរបស់ព្រះជាម្ចាស់អី សូមយើងប្រើមនុស្សមកធ្វើជាឧទាហរណ៍សិន។ នៅក្នុងជីវិតជាក់ស្ដែង ប្រសិនបើនរណាម្នាក់មានកូនដែលពួកគេស្រឡាញ់ខ្លាំងបំផុត និងចង់ឱ្យកូននោះទទួលមរតកទ្រព្យរបស់ពួកគេ និងអ្វីដែលពួកគេមាន តើពួកគេនឹងធ្វើបែបណា? រឿងមួយគឺ ពួកគេនឹងតឹងរឹងចំពោះកូននោះ ដើម្បីឱ្យកូននោះធំឡើងក្លាយជាមនុស្សជោគជ័យ និងអាចជំនួសដៃជើងឪពុកម្ដាយរបស់គេបាន។ ប៉ុន្តែអ្វីដែលសំខាន់ជាងនេះគឺ ពួកគេនឹងការពារកូននោះ ហើយមិនឱ្យកូននោះធ្លាក់ចូលក្នុងការធ្វើបាប ឬគ្រោះថ្នាក់អ្វីឡើយ។ គោលបំណងនៃការធ្វើបែបនេះ គឺដើម្បីឱ្យកូននោះអាចរស់នៅ និងទទួលមរតកគ្រប់យ៉ាងដែលឪពុកម្ដាយគេមាន។ តើមានអ្វីដែលជំរុញលើកទឹកចិត្តមនុស្សឱ្យធ្វើរឿងទាំងអស់នេះ? តើមនុស្សប្រព្រឹត្តដាក់កូនដែលពួកគេមិនស្រឡាញ់ ឬមនុស្សចម្លែកមុខតាមរបៀបដូចគ្នានេះដែរឬទេ? តើពួកគេធ្វើដូចគ្នាដែរឬទេ? (អត់ទេ ពួកគេមិនធ្វើដូចគ្នាឡើយ។) ជាក់ស្ដែងណាស់ គ្រប់យ៉ាងដែលមនុស្សធ្វើសម្រាប់កូនដែលពួកគេស្រឡាញ់ជាងគេ គឺទទួលបានការជំរុញចិត្តពីភាពអាត្មានិយម មនោសញ្ចេតនា និងចំណង់ផ្ទាល់ខ្លួន។ អ្វីទាំងអស់នេះ ជាផ្នែកនៃសារជាតិនៃធម្មជាតិរបស់មនុស្ស។ តើនៅក្នុងមនោសញ្ចេតនា និងភាពអាត្មានិយមរបស់មនុស្សមានសេចក្ដីពិតដែរឬទេ? តើមានយុត្តិធម៌ដែរឬទេ? (គ្មាននោះទេ។) មនុស្សបង្ហាញពីខ្លួនឯងតាមរបៀបនោះឯង។ ប៉ុន្តែមើលពីកិច្ចការដែលព្រះជាម្ចាស់ធ្វើនៅទ្វីបអាស៊ី អឺរ៉ុប និងអាមេរិក គឺព្រះជាម្ចាស់សព្វព្រះទ័យឱ្យរាស្រ្តរើសតាំងរបស់ទ្រង់ ពោលគឺពួកសាសន៍យូដា ទៅផ្សាយដំណឹងល្អពីស្រុកយូដាទៅកាន់ពួកសាសន៍ដទៃនៅជុំវិញពិភពលោក។ តើពួកគេនឹងត្រូវផ្សាយដំណឹងល្អនោះតាមរបៀបណា? ព្រះជាម្ចាស់ប្រើវិធីសាស្រ្តមួយដែលឱ្យពួកឈ្លានពានជាតិសាសន៍ដទៃ ធ្វើការឆ្មក់ចូល និងកាន់កាប់ទឹកដីរបស់ពួកសាសន៍យូដា ដោយបណ្ដេញពួកសាសន៍យូដា ជាអ្នកដែលផ្សាយដំណឹងអំពីព្រះយេស៊ូវដ៏ជាព្រះសង្គ្រោះដែលកំពុងរស់នៅទីនោះចេញ និងធ្វើឱ្យពួកគេបាត់បង់ស្រុកកំណើត មិនអាចត្រឡប់មកវិញបាន។ ក្រោយមក ពួកគេសាសន៍យូដាបានទៅរស់នៅតាមគ្រប់ទីកន្លែងនៃផែនដីនេះ ដែលនៅទីនោះ ពួកគេបានរួចជីវិត និងចាប់ផ្ដើមផ្សាយដំណឹងល្អអំពីព្រះយេស៊ូវដ៏ជាព្រះសង្គ្រោះ រហូតដល់ដំណឹងល្អនោះបានផ្សាយទៅគ្រប់ប្រទេសនៅក្នុងពិភពលោកបន្តិចម្ដងៗ និងទៅគ្រប់ជ្រុងជ្រោយនៃផែនដីនេះ។ ចំណុចនេះបញ្ជាក់ពីការពិតមួយថា៖ កិច្ចការរបស់ព្រះជាម្ចាស់ គឺពិតប្រាកដខ្លាំងណាស់។ តើចំណុចនេះត្រូវបង្ហាញឱ្យឃើញត្រង់កន្លែងណា? នៅក្នុងការពិតដែលព្រះជាម្ចាស់បានជ្រើសប្រើវិធីសាស្រ្តពិសេស និងខុសពីធម្មតា ដើម្បីរុញច្រានពួកសាសន៍អ៊ីស្រាអែលឱ្យចេញទៅកាន់ប្រទេសផ្សេងៗគ្នាជាច្រើន និងផ្សាយដំណឹងល្អអំពីព្រះអម្ចាស់យេស៊ូវ។ ប្រសិនបើទ្រង់បណ្ដោយឱ្យពួកសាសន៍អ៊ីស្រាអែលធ្វើការសម្រេចចិត្ត ដើម្បីផ្លាស់ទីទៅកាន់គ្រប់ប្រទេស ផ្សាយដំណឹងល្អ និងធ្វើបន្ទាល់អំពីព្រះជាម្ចាស់ ពួកគេមុខជាមិនអាចបោះបង់គ្រួសារ និងស្រុកកំណើតដូនតារបស់ពួកគេបានឡើយ។ ហាក់ដូចជាព្រះជាម្ចាស់ធ្វើឱ្យពួកគេសប្បាយចិត្ត ដើម្បីឱ្យពួកគេចាប់ផ្ដើមដើរនៅលើផ្លូវពួកគេ ដើម្បីឱ្យពួកគេអាចចេញក្រៅ និងផ្សាយដំណឹងល្អអំពីព្រះអម្ចាស់យេស៊ូវបានដូច្នោះដែរ។ នេះគឺជាតម្លៃដែលព្រះជាម្ចាស់បានលះបង់ដើម្បីផ្សាយដំណឹងល្អអំពីនគរស្ថានសួគ៌។ ទ្រង់បានធ្វើឱ្យរាស្រ្តរើសតាំងរបស់ទ្រង់ជួបប្រទះសង្គ្រាម ការកាប់សម្លាប់គ្នា និងការនិរទេសខ្លួន។ ពួកសាសន៍យូដាត្រូវបានបង្ខំឱ្យដើរខ្ចាត់ព្រាត់នៅលើផែនដីដោយគ្មានផ្ទះសម្បែង ដោយផ្សាយដំណឹងល្អនៅគ្រប់ប្រទេស។ ក្នុងភ្នែកមនុស្ស វិធីសាស្រ្តទាំងនេះ ដូចជាខ្វះការយកចិត្តទុកដាក់ពេកហើយ តែតើអាចនិយាយថាសារជាតិរបស់ព្រះជាម្ចាស់ «ខ្វះការយកព្រះទ័យទុកដាក់» បានទេ? ច្បាស់ណាស់ គឺមិនអាចទេ ដោយសារនោះមិនរាប់ថា ខ្វះការយកព្រះទ័យទុកដាក់ឡើយ។ នេះគឺដោយសារក្នុងនិស្ស័យ និងសារជាតិរបស់ព្រះជាម្ចាស់ គ្មានភាពអាត្មានិយម ឬមនោសញ្ចេតនាឡើយ។ ទ្រង់បំពេញកិច្ចការទាំងអស់នេះដើម្បីការរីកចម្រើនរបស់មនុស្សជាតិទាំងអស់ ដើម្បីឱ្យជំហានបន្ទាប់នៃការរីកចម្រើននេះ នឹងសម្រេចបានជោគជ័យ ហើយបានក្លាយជាការពិតទាំងស្រុង ស្របទៅតាមជំហាននៃផែនការគ្រប់គ្រងរបស់ព្រះជាម្ចាស់។ ដូច្នេះ ព្រះជាម្ចាស់ត្រូវតែធ្វើបែបនេះ។ គ្មានវិធីផ្សេងទៀតឡើយ។ ជំហាននៃកិច្ចការរបស់ព្រះជាម្ចាស់បានវិវឌ្ឍមកដល់ចំណុចនេះហើយ ហើយសកម្មភាពរបស់ទ្រង់បាននាំមកនូវលទ្ធផលឆាប់រហ័ស និងល្អប្រសើរ ដូច្នេះ កិច្ចការទាំងនោះ គឺសមរម្យហើយ។ ពេលពិនិត្យមើលពីសារជាតិរបស់ព្រះជាម្ចាស់ មានតែព្រះជាម្ចាស់ប៉ុណ្ណោះដែលអាចធ្វើកិច្ចការនេះបាន គ្មានប្រទេសណា ឬជាតិសាសន៍ណាអាចធ្វើបានឡើយ។ និស្ស័យរបស់ព្រះជាម្ចាស់ គឺសុចរិត។ ពេលពិនិត្យមើលអាកប្បកិរិយារបស់ព្រះជាម្ចាស់ចំពោះពួកសាសន៍យូដា គួរតែផ្ដល់ជាការបំភ្លឺខ្លះសម្រាប់រាស្ដ្ររើសតាំងរបស់ព្រះជាម្ចាស់នាពេលសព្វថ្ងៃនេះ។ ព្រះជាម្ចាស់បានបង្កើតមនុស្ស ហើយព្រះជាម្ចាស់មានសេចក្ដីស្រឡាញ់ មានព្រះទ័យដក់ជាប់ មានសេចក្ដីមេត្តាករុណា និងសេចក្ដីអាណិតស្រឡាញ់ដល់មនុស្ស ប៉ុន្តែនៅពេលព្រះជាម្ចាស់ប្រទានបេសកកម្មដល់មនុស្ស តើក្នុងព្រះនេត្រព្រះអង្គ មនុស្សជាអ្វីវិញ? តើអ្នករាល់គ្នាអាចយល់ពីអត្ថន័យនៅកម្រិតនេះដែរទេ? មនុស្សខ្លះនិយាយថា៖ «តាមទស្សនៈនេះ នៅក្នុងព្រះនេត្រព្រះជាម្ចាស់ មនុស្សគ្មានតម្លៃអ្វីឡើយ។ ពួកគេគ្រាន់តែជាកូនអុកប៉ុណ្ណោះ។ ទ្រង់មានបន្ទូលឱ្យអ្នកទៅណា អ្នកត្រូវទៅនោះ ហើយទ្រង់ឱ្យអ្នកធ្វើអ្វី អ្នកត្រូវធ្វើនោះ»។ តើសម្ដីទាំងនេះត្រឹមត្រូវដែរឬទេ? មិនត្រឹមត្រូវទេ។ មើលពីសម្បកក្រៅហាក់ដូចជាបែបនេះមែន តែការពិត មិនដូច្នោះទេ។ ក្នុងភាសាមនុស្ស នេះមានន័យថា ពេលព្រះជាម្ចាស់ធ្វើសកម្មភាព ព្រះអង្គមិនបានខ្វល់ព្រះទ័យនឹងរឿងអស់នោះច្រើនពេកទេ។ ព្រះអង្គពុំមានព្រះតម្រិះ ឬសញ្ញាណបែបប្រពៃណីតាមរបៀបមនុស្សឡើយ ហើយទ្រង់ក៏មិនស្ថិតក្រោមការដាក់កំហិតពីអ្វីៗដែរ។ គ្រប់យ៉ាងដែលព្រះជាម្ចាស់ធ្វើ គឺជាការរំដោះ ជាសេរីភាព មានលក្ខណៈជាសាធារណៈ មានតម្លាភាព និងទៀងត្រង់។ ម្យ៉ាង គឺព្រះអង្គអនុវត្តតាមជំហាននៃផែនការគ្រប់គ្រងរបស់ទ្រង់ ដើម្បីឱ្យគ្រប់យ៉ាងរីកចម្រើនជាប្រក្រតី។ ម្យ៉ាងទៀត គឺដើម្បីឱ្យមនុស្សនៅថ្ងៃអនាគតអាចរីកចម្រើន និងធ្វើដំណើរទៅមុខបានជាធម្មតានៅក្នុងព្រះហស្តរបស់ព្រះជាម្ចាស់ ស្របទៅតាមផែនការគ្រប់គ្រងរបស់ទ្រង់។ ការរីកចម្រើនរបស់មនុស្សត្រូវផ្សារភ្ជាប់យ៉ាងជិតស្និទ្ធទៅនឹងផែនការគ្រប់គ្រងរបស់ព្រះជាម្ចាស់។ ប្រសិនបើព្រះជាម្ចាស់មិនបានធ្វើបែបនេះទេ ដោយរងការឈឺចាប់នៃការលះបង់អ្វីដែលទ្រង់ស្រឡាញ់ដើម្បីអនុវត្តជំហាននេះ នោះមុខជាពិបាកនឹងឱ្យមនុស្សរីកចម្រើនទៅបានសូម្បីតែបន្តិចណាឡើយ។ ហេតុនេះហើយទើបខ្ញុំនិយាយថា ព្រះជាម្ចាស់បានព្រះតម្រិះគ្រប់ជម្រើសដែលទ្រង់សម្រេចព្រះទ័យ គ្រប់ជំហានដែលទ្រង់យាងដើរ និងគ្រប់យ៉ាងនៅក្នុងផែនការគ្រប់គ្រងរបស់ទ្រង់។ ក្នុងនោះសុទ្ធតែមានព្រះចេស្ដា សិទ្ធិអំណាច និងព្រះប្រាជ្ញាញាណរបស់ទ្រង់។ តែងតែមានរបស់មួយចំនួនដែលព្រះជាម្ចាស់ធ្វើហើយ ដែលមនុស្សពុំយល់។ តើហេតុអ្វីបានជាពួកគេមិនអាចយល់បាន? ដោយសារមនុស្សមានសញ្ញាណ។ សញ្ញាណខ្លះក្នុងចំណោមសញ្ញាណទាំងនោះ គឺជាការស្រមើស្រមៃ សញ្ញាណខ្លះទទួលរងឥទ្ធិពលពីវប្បធម៌ប្រពៃណី និងការគិតរបស់មនុស្ស ហើយសញ្ញាណខ្លះ គឺជាបំណងអាត្មានិយម និងការវិនិច្ឆ័យរបស់មនុស្ស។ របស់ទាំងអស់នេះជះឥទ្ធិពលលើការយល់ដឹងរបស់មនុស្សចំពោះព្រះជាម្ចាស់ ក៏ដូចជាទស្សនៈរបស់ពួកគេចំពោះព្រះជាម្ចាស់ផងដែរ។
ចំពោះការដែលពួកសាសន៍យូដាត្រូវបានគេបណ្ដេញចេញពីស្រុកយូដា តើអ្នករាល់គ្នាមានសេចក្ដីសន្និដ្ឋានបែបណា? (សន្និដ្ឋានថា ព្រះជាម្ចាស់ពុំមានព្រះទ័យអាត្មានិយមដូចជាមនុស្សឡើយ។ អ្វីគ្រប់យ៉ាងដែលព្រះជាម្ចាស់ធ្វើ គឺទៀងត្រង់ និងដើម្បីការរីកចម្រើនរបស់មនុស្សជាតិទាំងអស់។) ប្រសិនបើស្ថានភាពនេះកើតមានលើអ្នករាល់គ្នា ហើយមានការកាប់សម្លាប់គ្នា ឈាមហូរដូចស្ទឹង មានបរាជ័យ និងការបាត់បង់ជីវិតកើតមានដល់គ្រួសារអ្នក ហើយគ្រួសារអ្នកត្រូវបែកបាក់គ្នា តើអ្នករាល់គ្នាយល់យ៉ាងណាដែរ? (អាស្រ័យលើភាពជាមនុស្សរបស់យើង និងទំហំនៃសេចក្ដីពុករលួយដែលបង្កដោយសាតាំង យើងមានការយល់ច្រឡំ ការខកចិត្ត និងការបកស្រាយខុសជាច្រើន ប៉ុន្តែពេលនេះ តាមរយៈការប្រកបគ្នារបស់ព្រះជាម្ចាស់ យើងដឹងថា គ្រប់យ៉ាងដែលព្រះជាម្ចាស់ធ្វើ គឺមានន័យ និងបំណងព្រះហឫទ័យរបស់ទ្រង់។ មិនថាយើងឆ្លងកាត់ការរងទុក្ខច្រើនប៉ុនណានោះទេ យើងគួរព្រមចុះចូលនឹងគ្រប់ទាំងការចាត់ចែងរបស់ព្រះជាម្ចាស់ និងខំប្រឹងឱ្យអស់ពីលទ្ធភាពដើម្បីសហប្រតិបត្តិការជាមួយទ្រង់ ដោយចែកចាយ និងធ្វើបន្ទាល់អំពីកិច្ចការរបស់ព្រះជាម្ចាស់នៅគ្រាចុងក្រោយ។ ពេលប្រឈមនឹងការពិតនេះ តើមនុស្សមានជម្រើសដែរឬទេ? មនុស្សគ្មានសិទ្ធិដើម្បីជ្រើសរើសអ្វីដែលព្រះជាម្ចាស់សម្រេចព្រះទ័យធ្វើរួចហើយនោះទេ។ បន្ទាប់ពីបានឮបន្ទូលទាំងនេះហើយ តើមនុស្សនៅតែយល់ថា ព្រះជាម្ចាស់គឺជាសេចក្ដីស្រឡាញ់ទៀតទេ? ពួកគេប្រែជាក្រៀមក្រំចិត្ត និងនិយាយថា៖ «ប្រសិនបើមនុស្សគ្មានជម្រើសអ្វីផ្សេងក្រៅពីការពិតទាំងនេះទេ ដូច្នេះតើមនុស្សដើរតួនាទីជាអ្វីឱ្យពិតប្រាកដទៅនៅក្នុងកិច្ចការនៃផែនការគ្រប់គ្រងរបស់ព្រះជាម្ចាស់នោះ?» តើអ្នករាល់គ្នាដឹងដែរឬទេ? (យើងជាភាវៈដែលព្រះបង្កើតមក។) អ្នកត្រឹមជាភាវៈដែលព្រះបង្កើតមកប៉ុណ្ណោះ។ អ្នករាល់គ្នាសុទ្ធតែជាវត្ថុឆ្លុះបញ្ចាំង។ អ្នកជាកម្មវត្ថុនៃការជំនុំជម្រះ និងការវាយផ្ចាលរបស់ព្រះជាម្ចាស់ ប៉ុន្តែជាងនេះទៅទៀត អ្នកគឺជាវត្ថុនៃសេចក្ដីសង្គ្រោះរបស់ទ្រង់។ នេះគឺជាតួនាទីដែលអ្នករាល់គ្នាដើរតួ។ ក្នុងនាមជាភាវៈដែលព្រះបង្កើតមក តើអ្នកមានមុខងារអ្វី? ចំណុចនេះពាក់ព័ន្ធនឹងការអនុវត្ត និងភារកិច្ចរបស់មនុស្សម្នាក់ៗ។ អ្នកគឺជាភាវៈដែលព្រះបានបង្កើតមក ហើយប្រសិនបើព្រះជាម្ចាស់ប្រទានទេពកោសល្យខាងចម្រៀង ហើយដំណាក់របស់ព្រះជាម្ចាស់រៀបចំឱ្យអ្នកច្រៀង នោះអ្នកត្រូវច្រៀងឱ្យបានល្អ។ ប្រសិនបើអ្នកមានទេពកោសល្យខាងផ្សាយដំណឹងល្អ ហើយដំណាក់របស់ព្រះរៀបចំឱ្យអ្នកចេញទៅក្រៅ ដើម្បីផ្សាយដំណឹងល្អ នោះអ្នកគួរចេញទៅក្រៅ និងផ្សាយដំណឹងល្អឱ្យបានល្អ។ នៅពេលដែលរាស្រ្តរើសតាំងរបស់ព្រះជាម្ចាស់ជ្រើសរើសអ្នកឱ្យធ្វើជាអ្នកដឹកនាំ អ្នកគួរទទួលយកបញ្ជាបេសកកម្មជាអ្នកដឹកនាំនេះ ហើយដឹកនាំរាស្រ្តរើសតាំងរបស់ព្រះជាម្ចាស់ឱ្យហូបនិងផឹកព្រះបន្ទូលរបស់ព្រះជាម្ចាស់ ប្រកបគ្នាពីសេចក្ដីពិត និងចូលទៅក្នុងតថភាព។ ក្នុងការធ្វើបែបនេះ នោះអ្នកនឹងបានបំពេញភារកិច្ចរបស់អ្នកបានល្អមិនខាន។ បញ្ជាបេសកកម្មដែលព្រះជាម្ចាស់ប្រទានដល់អ្នក គឺពិតជាសំខាន់ និងមានន័យខ្លាំងណាស់! ដូច្នេះ តើអ្នកគួរទទួលយកបញ្ជាបេសកកម្មនេះ និងបំពេញមុខងាររបស់អ្នកតាមរបៀបណា? បញ្ហានេះគឺជាបញ្ហាធំបំផុតមួយដែលអ្នកជួបប្រទះ ហើយអ្នកត្រូវធ្វើការជ្រើសរើស។ អ្នកប្រហែលអាចនិយាយថា នេះគឺជាពេលវេលាដ៏សំខាន់មួយដែលត្រូវសម្រេចថា តើអ្នកអាចទទួលបានសេចក្ដីពិត និងត្រូវបានព្រះជាម្ចាស់ប្រោសឱ្យគ្រប់លក្ខណ៍ឬអត់។ ប្រសិនបើអ្នកធ្វើអ្វីដោយពឹងផ្អែកលើបំណងផ្ទាល់ខ្លួនរបស់អ្នក ហើយប្រព្រឹត្តអំពើហិង្សាយង់ឃ្នងសព្វគ្រប់បែបយ៉ាង នោះអ្នកមិនត្រឹមតែមិនបំពេញបញ្ជាបេសកកម្មរបស់ព្រះជាម្ចាស់ប៉ុណ្ណោះទេ តែអ្នកក៏នឹងរំខានដល់កិច្ចការនៃដំណាក់របស់ព្រះជាម្ចាស់ផងដែរ។ ហេតុនេះអ្នកត្រូវតែទទួលទោស ដូចការដាក់ទោសចំពោះលោកប៉ុលដែរ។ នៅពេលព្រះជាម្ចាស់មានបន្ទូលប្រាប់អ្នកឱ្យធ្វើកិច្ចការអ្វីមួយ តើពេលនោះអ្នកមានមុខងារជាអ្វីដែរ? គឺត្រូវធ្វើកិច្ចការឱ្យបានល្អ និងមិនត្រូវឱ្យកិច្ចការនោះរញ៉េរញ៉ៃឡើយ។ ក្នុងការធ្វើបែបនេះ អ្នកកំពុងបំពេញការបម្រើរបស់អ្នកបានល្អហើយ។ មិនថាព្រះជាម្ចាស់មានបន្ទូលប្រាប់ឱ្យអ្នកផ្ដល់ការបម្រើអ្វីទេ អ្នកត្រូវតែធ្វើកិច្ចការនោះឱ្យបានល្អប្រកបដោយការស្ដាប់បង្គាប់។ ក្នុងការធ្វើបែបនេះ អ្នកគឺជាមនុស្សម្នាក់ដែលស្ដាប់តាម និងស្ដាប់បង្គាប់ហើយ។ ប្រសិនបើអ្នកមិនបំពេញការងារដោយស្មោះត្រង់ ដោយតែងតែមានបំណងផ្ទាល់ខ្លួនជាប់ជានិច្ច និងតែងតែចង់ដឹកនាំដូចជាស្ដេច នោះអ្នកគឺជាសាតាំង និងជាពួកទទឹងនឹងព្រះគ្រីស្ទ ហើយអ្នកត្រូវតែទទួលទោស។ មនុស្សខ្លះពុំយល់ពីសេចក្ដីពិត ឬដេញតាមសេចក្ដីពិតទេ។ ពួកគេគ្រាន់តែខំប្រឹងបំពេញកិច្ចការពួកគេប៉ុណ្ណោះ។ ពេលនោះក្នុងនាមជាភាវៈដែលព្រះបានបង្កើតមក តើពួកគេមានមុខងារអ្វី? គ្រាន់តែត្រូវបំពេញកិច្ចការ និងផ្ដល់ការបម្រើប៉ុណ្ណោះ។ ដូច្នេះ សរុបមក នៅក្នុងព្រះនេត្រព្រះជាម្ចាស់ តើភាវៈដែលព្រះបានបង្កើតមកគួរបំពេញភារកិច្ចណាឱ្យប្រាកដ ហើយតើពួកគេគួររស់នៅក្នុងលក្ខណៈដូចជាមនុស្សបែបណា? ចំណុចនេះជាប់ពាក់ព័ន្ធនឹងការអនុវត្តរបស់អ្នករាល់គ្នា។ យោងតាមសញ្ញាណ និងការស្រមើស្រមៃរបស់មនុស្ស នៅក្នុងព្រះនេត្រព្រះជាម្ចាស់ ព្រះអង្គមានព្រះទ័យដក់ជាប់ យកព្រះទ័យទុកដាក់ ការពារ មើលថែ និងប្រទានព្រះគុណដល់ភាវៈដែលព្រះបានបង្កើតមក។ ក្រោយមក ទ្រង់ប្រៀនប្រដៅ លួសកាត់ និងដោះស្រាយជាមួយពួកគេ ស្រឡាញ់ពួកគេអស់ពីព្រះទ័យទ្រង់ និងក្ដាប់ពួកគេណែនក្នុងព្រះហស្ដទ្រង់។ ចុងក្រោយ ព្រះជាម្ចាស់មានបំណងព្រះហឫទ័យតែមួយគត់ក្នុងការប្រោសពួកគេឱ្យបានគ្រប់លក្ខណ៍ ធានាសុវត្ថិភាពពួកគេ និងធ្វើយ៉ាងណាកុំឱ្យមានរឿងអ្វីកើតឡើងដល់ពួកគេ រហូតដល់ពួកគេត្រូវបានប្រោសឱ្យគ្រប់លក្ខណ៍។ ពួកគេគិតថា ភាវៈដែលព្រះបង្កើតមក គឺមានលក្ខណៈបែបនេះឯង នៅក្នុងព្រះនេត្រព្រះជាម្ចាស់។ នៅពេលមនុស្សជួបប្រទះរឿងនេះ ពួកគេគិតថា៖ «ព្រះជាម្ចាស់គឺជាព្រះដ៏គួរឱ្យស្រឡាញ់តែមួយព្រះអង្គគត់! ព្រះជាម្ចាស់របស់យើងពិតជាមហិមាខ្លាំងណាស់! ព្រះអង្គស័ក្តិសមឱ្យយើងស្រឡាញ់ទ្រង់ណាស់! ព្រះជាម្ចាស់ពេញដោយសេចក្ដីមេត្ដាករុណា និងគួរឱ្យស្រឡាញ់! ព្រះជាម្ចាស់អស្ចារ្យខ្លាំងណាស់!» ប៉ុន្តែប្រសិនបើអ្នកប្រៀបធៀបចំណុចនេះជាមួយនឹងការពិតវិញ តើទាំងអស់នេះគឺជាវិធីដែលព្រះជាម្ចាស់ប្រព្រឹត្តដាក់ភាវៈដែលព្រះបានបង្កើតមកដែរទេ? (មិនមែននោះទេ។) ដូច្នេះ តើព្រះជាម្ចាស់ប្រព្រឹត្តដាក់មនុស្សយ៉ាងដូចម្ដេចវិញ? តើមានសញ្ញាណ និងការស្រមើស្រមៃដទៃផ្សេងទៀតអ្វីខ្លះពាក់ព័ន្ធនឹងអាកប្បកិរិយាដែលព្រះជាម្ចាស់មានចំពោះការប្រព្រឹត្តរបស់ទ្រង់ចំពោះមនុស្ស? តើមានមនុស្សបែបណាដែលមិនអាចទទួលយកបានដែរឬទេ? មិនបាច់ឆ្ងល់ទេ នេះគឺជាការជំនុំជម្រះ ការវាយផ្ចាល ការល្បងល ការបន្សុទ្ធ ការលួសកាត់ ការប្រៀនប្រដៅ ការដកហូតសិទ្ធិពីព្រះជាម្ចាស់ ក៏ដូចជាការដោះស្រាយរបស់ទ្រង់ជាមួយមនុស្សផងដែរ។ អស់អ្នកណាដែលមិនអាចទទួលយកការជំនុះជម្រះ និងការវាយផ្ចាលពីព្រះជាម្ចាស់បាន តើអ្នកនោះជាមនុស្សបែបណា? អ្នកអាចនិយាយបានថា ពួកគេជាមនុស្សដែលមិនទទួលយកសេចក្ដីពិត ហើយអ្នកអាចនិយាយបានយ៉ាងប្រាកដថា មនុស្សដែលមិនទទួលយកសេចក្ដីពិត គឺជាអ្នកមិនជឿ។ ប្រសិនបើមនុស្សម្នាក់មិនអាចទទួលយកការជំនុំជម្រះ និងការវាយផ្ចាលពីព្រះជាម្ចាស់ទេ នោះពួកគេមិនអាចទទួលយកកិច្ចការរបស់ព្រះជាម្ចាស់បានឡើយ។ តើបញ្ហានេះមានលក្ខណៈបែបណា? លក្ខណៈនៃបញ្ហានេះគឺថា ពួកគេពុំទទួលយកសេចក្ដីពិត ហើយពួកគេបដិសេធកិច្ចការរបស់ព្រះជាម្ចាស់។ មនុស្សបែបនេះ នឹងជួបតែគ្រោះមហន្តរាយ និងការដាក់ទោសប៉ុណ្ណោះ។ មិនថាអ្នកជាមនុស្សបែបណាទេ ប្រសិនបើអ្នកជឿលើព្រះជាម្ចាស់ ប៉ុន្តែពុំទទួលយកសេចក្ដីពិតទេ អ្នកមិនអាចសង្គ្រោះបានឡើយ។ បន្ទាប់ពីមនុស្សម្នាក់ចាប់ផ្ដើមជឿលើព្រះជាម្ចាស់ហើយ មិនថាព្រះជាម្ចាស់ដាក់ពួកគេក្នុងមជ្ឍដ្ឋានបែបណា ដើម្បីលាតត្រដាងពួកគេទេ ក្នុងអំឡុងដំណើរនៃការលាតត្រដាងនេះ តើពួកគេអាចមើលឃើញព្រះពរ ព្រះទ័យខ្វល់ខ្វាយ ឬការការពារពីព្រះជាម្ចាស់ដែរឬទេ? (ពួកគេមើលមិនឃើញទេ។) សម្បកក្រៅ ពួកគេមើលមិនឃើញមែន ប៉ុន្តែបន្ទាប់ពីបានឆ្លងកាត់ការល្បងល និងការបន្សុទ្ធរួចហើយ តើពួកគេនឹងអាចមើលឃើញដែរឬទេ? ពួកគេប្រាកដជាមើលឃើញ។ ដូច្នេះ មានមនុស្សជាច្រើនដែលអាចមើលឃើញការការពារ និងព្រះពរពីព្រះជាម្ចាស់ បន្ទាប់ពីបានឆ្លងកាត់ការជំនុំជម្រះ និងការវាយផ្ចាលពីទ្រង់រួច។ ប៉ុន្តែមនុស្សដែលមិនស្រឡាញ់សេចក្ដីពិតទេ មិនអាចមើលឃើញអ្វីទាំងនេះបានសោះឡើយ។ ពួកគេនៅតែប្រកាន់ខ្ជាប់ទៅនឹងសញ្ញាណ និងការស្រមើស្រមៃរបស់ពួកគេដដែល ហើយពួកគេពេញទៅដោយការប្រឆាំង និងការបះបោរទាស់នឹងព្រះជាម្ចាស់។ ទាំងអស់នេះគឺសុទ្ធតែជាប្រភេទមនុស្សដែលមិនជឿ ជាមនុស្សទុច្ចរិត និងជាពួកទទឹងនឹងព្រះគ្រីស្ទ។ គ្រប់យ៉ាងដែលពួកគេធ្វើ គឺជាឧទាហរណ៍នៃរឿងដែលមិនត្រូវធ្វើ។ ប៉ុលជាឧទាហរណ៍ស្រាប់។ នៅពេលមនុស្សសម្លឹងទៅប៉ុល តើពួកគេមើលឃើញអ្វី? (ឃើញថា ប៉ុលបានដើរនៅលើផ្លូវរបស់ពួកទទឹងនឹងព្រះគ្រីស្ទ ហើយរឿងរបស់គាត់ គឺជាការព្រមានដល់យើងគ្រប់គ្នា។) ប៉ុលពុំបានដេញតាមសេចក្ដីពិតឡើយ។ គាត់គ្រាន់តែជឿលើព្រះជាម្ចាស់ដោយសារគាត់ស្វែងរកអនាគត និងទិសដៅសម្រាប់សាច់ឈាមរបស់គាត់ប៉ុណ្ណោះ។ គាត់គ្រាន់តែស្វែងរកដើម្បីបានរង្វាន់ និងមកុដប៉ុណ្ណោះ។ ព្រះជាម្ចាស់បានថ្លែងព្រះបន្ទូលជាច្រើន បានប្រៀនប្រដៅ បានបំភ្លឺ និងស្រាយបំភ្លឺមនុស្សយ៉ាងច្រើន ក៏ប៉ុន្តែមនុស្សពុំបានស្ដាប់បង្គាប់ព្រះជាម្ចាស់ ឬទទួលយកសេចក្ដីពិតនោះទេ។ មនុស្សតែងតែមិនស្ដាប់បង្គាប់ និងទាស់ទទឹងនឹងព្រះជាម្ចាស់ជាប់រហូត ហើយចុងក្រោយ ពួកគេក៏ក្លាយជាពួកទទឹងនឹងព្រះគ្រីស្ទ ហើយត្រូវថ្កោលទោស និងដាក់ទោស។ ប៉ុលបានក្លាយជាឧទាហរណ៍អំពីរឿងដែលមិនត្រូវធ្វើ។ តាមរយៈការពិនិត្យលើឧទាហរណ៍របស់ប៉ុលក្នុងនាមជាប្រភេទពួកទទឹងនឹងព្រះគ្រីស្ទនេះ យើងអាចមើលឃើញថា ប៉ុលបានដើរនៅលើផ្លូវនៃការទាស់ទទឹងនឹងព្រះជាម្ចាស់ និងផ្លូវនៃសេចក្ដីហិនវិនាស។ មនុស្សជាច្រើនបានរៀនសូត្រពីរឿងនេះ និងបានទទួលប្រយោជន៍ពីមេរៀននេះ។ ពួកគេបានបោះជំហាននៅលើផ្លូវនៃការស្វែងរកសេចក្ដីពិត និងនៅផ្លូវត្រឹមត្រូវរបស់អ្នកជឿ។ តើព្រះជាម្ចាស់មានបំណងព្រះហឫទ័យបែបណាចំពោះមនុស្សដែលអាចទទួលយកសេចក្ដីពិតបាន និងចំពោះអ្នកដែលបានទទួលប្រយោជន៍ពីមេរៀនរបស់ប៉ុល? (សេចក្ដីសង្គ្រោះ និងសេចក្ដីស្រឡាញ់។) តាមរយៈការលាតត្រដាង ការជំនុំជម្រះ និងការថ្កោលទោសចំពោះប៉ុលនេះ តើមនុស្សអាចមើលឃើញពីទិដ្ឋភាពណានៃនិស្ស័យរបស់ព្រះជាម្ចាស់? (និស្ស័យសុចរិតរបស់ទ្រង់។) ពេលនោះ នៅក្នុងព្រះនេត្ររបស់ព្រះជាម្ចាស់ តើប៉ុលបានក្លាយជាភាវៈដែលព្រះបានបង្កើតមកបែបណា? គាត់បានក្លាយជាវត្ថុបម្រើ។ មនុស្សសុទ្ធតែជាភាវៈដែលព្រះបានបង្កើតមកទាំងអស់ ទាំងអ្នកដែលទទួលប្រយោជន៍ ទាំងអ្នកដែលត្រូវលាតត្រដាង។ ក៏ប៉ុន្តែ ព្រះជាម្ចាស់ប្រព្រឹត្តចំពោះមនុស្សពីរប្រភេទនេះខុសពីគ្នាស្រឡះ។ តាមការពិត ក្នុងព្រះនេត្រព្រះជាម្ចាស់ មនុស្សពីរប្រភេទនេះគ្មានតម្លៃដូចតែសត្វស្រមោច និងសត្វដង្កូវដែរ ប៉ុន្តែព្រះជាម្ចាស់ប្រព្រឹត្តដាក់ពួកគេខុសពីគ្នា។ នោះគឺជានិស្ស័យសុចរិតរបស់ព្រះជាម្ចាស់។ ការដែលព្រះជាម្ចាស់មានអាកប្បកិរិយាខុសគ្នាចំពោះមនុស្សពីរប្រភេទនេះ តើទ្រង់ផ្អែកលើមូលដ្ឋានអ្វី? (គឺផ្អែកលើផ្លូវដែលពួកគេដើរតាម។) គឺផ្អែកលើរបៀបនៃការបង្ហាញពីខ្លួនពួកគេ ផ្អែកលើសារជាតិរបស់ពួកគេ អាកប្បកិរិយារបស់ពួកគេចំពោះសេចក្ដីពិត និងផ្អែកលើលើផ្លូវដែលបុគ្គលនោះកំពុងដើរ។ ពីសម្បកក្រៅ មើលទៅហាក់ដូចជាព្រះជាម្ចាស់គ្មានព្រះទ័យអាណិតដល់មនុស្សទេ ថាទ្រង់គ្មានមនោសញ្ចេតនា ហើយទង្វើរបស់ទ្រង់ដាច់ព្រះទ័យខ្លាំងណាស់។ តាមសញ្ញាណ និងការស្រមើស្រមៃរបស់មនុស្ស ពួកគេគិតថា៖ «ព្រះជាម្ចាស់មិនគួរណាប្រព្រឹត្តដាក់ប៉ុលតាមរបៀបនោះសោះ។ ប៉ុលបានធ្វើកិច្ចការជាច្រើន និងបានរងទុក្ខជាច្រើន។ ជាងនេះទៅទៀត គាត់ពិតជាមានភក្ដីភាពចំពោះព្រះជាម្ចាស់ពន់ពេកខ្លាំងណាស់។ ហេតុអ្វីបានជាព្រះជាម្ចាស់ប្រព្រឹត្តដាក់គាត់បែបនោះ?» តើការដែលមនុស្សនិយាយបែបនេះត្រឹមត្រូវដែរឬទេ? តើវាស្របតាមសេចក្ដីពិតដែរឬទេ? តើប៉ុលមានភក្ដីភាព ឬស្មោះស្ម័គ្រនឹងព្រះជាម្ចាស់ខ្លាំងដោយរបៀបណាទៅ? តើពួកគេមិនមែនកំពុងបំភ្លៃការពិតទេឬអី? ប៉ុលមានភក្ដីភាព និងស្មោះស្ម័គ្រ ក៏ដើម្បីទទួលបានព្រះពរដល់ខ្លួនគាត់ដែរ។ តើនោះរាប់ថាមានភក្ដីភាពចំពោះព្រះជាម្ចាស់ដែរឬទេ? នៅពេលមនុស្សពុំយល់ពីសេចក្ដីពិត មិនអាចមើលឃើញពីសារជាតិនៃបញ្ហានោះឱ្យបានច្បាស់ និងនិយាយទាំងងងឹតងងុលផ្អែកតាមអារម្មណ៍របស់ពួកគេ តើពួកគេមិនមែនកំពុងបះបោរប្រឆាំង និងទាស់ទទឹងនឹងទ្រង់ទេឬអី? ពុំចាំបាច់ឆ្ងល់ថាហេតុអ្វីមនុស្សគ្រប់គ្នាសរសើរប៉ុលនោះទេ! មនុស្សដែលជាគ្នីគ្នារបស់សាតាំង តែងតែសរសើរសាតាំង ហើយថែមទាំងនិយាយជំនួសមុខឱ្យសាតាំងផ្អែកតាមអារម្មណ៍របស់ពួកគេទៀតផង។ នេះមានន័យថា ទោះមនុស្សហាក់ដូចជាបានបែកចេញពីសាតាំងក្ដី ក៏ប៉ុន្តែពួកគេនៅតែជាប់ទាក់ទងគ្នាដដែល។ តាមពិត នៅពេលមនុស្សនិយាយជួសមុខឱ្យសាតាំង ពួកគេក៏និយាយដើម្បីខ្លួនពួកគេដែរ។ មនុស្សមានក្ដីអាណិតចំពោះប៉ុលដោយសារពួកគេក៏ដូចជាប៉ុលដែរ ហើយក៏បានដើរនៅលើផ្លូវដូចជាគាត់ដែរ។ យោងតាមសុភនិច្ឆ័យរបស់មនុស្ស ព្រះជាម្ចាស់គួរណាស់តែកុំប្រព្រឹត្តដាក់ប៉ុលតាមរបៀបនោះ ប៉ុន្តែអ្វីដែលទ្រង់បានធ្វើ គឺផ្ទុយគ្នាទាំងស្រុងទៅនឹងហេតុផលរបស់មនុស្ស។ នេះគឺជានិស្ស័យសុចរិតរបស់ព្រះជាម្ចាស់ ហើយវាគឺជាសេចក្ដីពិត។ ប្រសិនបើបុគ្គលម្នាក់និយាយស្របតាមសុភនិច្ឆ័យរបស់មនុស្ស នោះគេអាចនឹងនិយាយថា៖ «សូម្បីតែប៉ុលដែលគាត់បានធ្វើការ និងខំប្រឹងយ៉ាងច្រើនផង ក៏មិនបានសម្រេចអ្វីច្រើនដែរ។ បើគិតពីចំនួនឆ្នាំដែលគាត់បានរងទុក្ខវិញ គួរណាស់តែលើកលែងឱ្យគាត់។ សូម្បីតែបានត្រឹមជាអ្នកស៊ីឈ្នួល ក៏ល្មមគួរសមដែរ។ មិនគួរណាដាក់ទោស ឬបញ្ជូនគាត់ទៅស្ថាននរកឡើយ»។ ទាំងនេះគឺជាការដេញដោលរកហេតុផល និងជាអារម្មណ៍របស់មនុស្ស។ វាមិនមែនជាសេចក្ដីពិតទេ។ តើទិដ្ឋភាពរបស់ព្រះជាម្ចាស់មួយណាដែលគួរឱ្យស្រឡាញ់ជាងគេបំផុត? នោះគឺទ្រង់ពុំមានសុភនិច្ឆ័យរបស់មនុស្សឡើយ។ គ្រប់យ៉ាងដែលទ្រង់ធ្វើ គឺស្របតាមសេចក្ដីពិត និងសារជាតិរបស់ទ្រង់។ ព្រះអង្គបើកសម្ដែងពីនិស្ស័យសុចរិត។ ព្រះជាម្ចាស់ពុំយកព្រះទ័យទុកដាក់នឹងបំណងប្រាថ្នាជាក់លាក់របស់អ្នកឡើយ ហើយក៏ពុំខ្វល់ព្រះទ័យពីការពិតជាក់ស្ដែងនៃកិច្ចការដែលអ្នកបានធ្វើនោះដែរ។ ព្រះជាម្ចាស់កំណត់ថាអ្នកជាមនុស្សប្រភេទណា ផ្អែកតាមអ្វីដែលអ្នកធ្វើ អ្វីដែលអ្នកបើកសម្ដែង និងផ្លូវដែលអ្នកដើរ ហើយបន្ទាប់មក ទ្រង់ជ្រើសយកអាកប្បកិរិយាសមស្របដើម្បីប្រព្រឹត្តចំពោះអ្នក។ នេះគឺជាទីបញ្ចប់របស់ប៉ុល។ ពេលមើលពីបញ្ហារបស់ប៉ុល ហាក់ដូចជាព្រះជាម្ចាស់គ្មានសេចក្ដីស្រឡាញ់អ៊ីចឹង។ ពេត្រុស និងប៉ុលសុទ្ធតែជាភាវៈដែលព្រះបានបង្កើតមកដូចគ្នា តែក្នុងពេលដែលព្រះជាម្ចាស់លើកសរសើរនិងប្រទានពរដល់ប៉ុល ព្រះអង្គបែរជាលាតត្រដាង វែកញែក ជំនុំជម្រះ និងថ្កោលទោសប៉ុលទៅវិញ។ អ្នកមើលពុំឃើញពីសេចក្ដីស្រឡាញ់របស់ព្រះជាម្ចាស់ តាមរយៈវិធីដែលព្រះជាម្ចាស់សម្រេចពីទីបញ្ចប់របស់ប៉ុលនេះឡើយ។ ដូច្នេះ ផ្អែកតាមអ្វីដែលបានកើតឡើងចំពោះប៉ុល តើអ្នកអាចនិយាយថា ព្រះជាម្ចាស់ពុំមានក្ដីស្រឡាញ់បានដែរឬទេ? អ្នកមិនអាចនិយាយដូច្នេះបានឡើយ ដោយសារព្រះជាម្ចាស់ប្រៀនប្រដៅគាត់ជាច្រើនដង បានបំភ្លឺគាត់ ដោយប្រទានឱកាសឱ្យគាត់ប្រែចិត្តជាច្រើនដងផង តែប៉ុលនៅតែរឹងទទឹងប្រកែក និងដើរនៅលើផ្លូវនៃការទាស់ទទឹងនឹងព្រះជាម្ចាស់ដដែល។ ដូច្នេះ ចុងក្រោយ ព្រះជាម្ចាស់ក៏ថ្កោលទោស និងដាក់ទោសគាត់។ ពេលពិនិត្យមើលបញ្ហានេះពីសម្បកក្រៅ ហាក់ដូចជាមនុស្សគ្មានជម្រើសអ្វីឡើយនៅក្នុងកិច្ចការ និងសេចក្ដីសង្គ្រោះរបស់ព្រះជាម្ចាស់។ ទោះបីព្រះជាម្ចាស់ពុំបានជ្រៀតជ្រែកក្នុងការជ្រើសរើសរបស់មនុស្សក៏ពិតមែន ក៏ប៉ុន្តែ ប្រសិនបើមនុស្សម្នាក់ជ្រើសរើសផ្លូវក្នុងការស្វែងរកព្រះពរ នោះព្រះជាម្ចាស់នឹងថ្កោលទោស និងដាក់ទោសពួកគេ។ ហាក់ដូចជាព្រះជាម្ចាស់ពុំបណ្ដោយឱ្យមនុស្សជ្រើសរើសផ្លូវផ្ទាល់ខ្លួនរបស់ពួកគេដូច្នោះដែរ ដូចជាព្រះអង្គអនុញ្ញាតឱ្យពួកគេជ្រើសរើសត្រឹមផ្លូវនៃការដេញតាមសេចក្ដីពិតប៉ុណ្ណោះ ហើយមិនថាមនុស្សម្នាក់ត្រូវទទួលរងការជំនុំជម្រះ ការបន្សុទ្ធ ឬការប្រោសឱ្យបានគ្រប់លក្ខណ៍ឬអត់ទេ អ្វីៗសុទ្ធតែស្ថិតនៅលើព្រះជាម្ចាស់ទាំងអស់។ តើការស្វែងរកកិច្ចការរបស់ព្រះជាម្ចាស់តាមរបៀបនេះ និងការកំណត់ព្រះជាម្ចាស់តាមរបៀបនេះ មិនមែនជាកំហុសដែលគ្មានហេតុផល និងគួរឱ្យអស់សំណើចទេឬអី? មនុស្សពុំបានដឹងទាល់តែសោះថា និស្ស័យរបស់ព្រះជាម្ចាស់ គឺសុចរិត និងបរិសុទ្ធ។ គេតែងជ្រើសរើសដើរតាមផ្លូវខ្លួនគេផ្ទាល់ ជាផ្លូវនៃការទាស់ទទឹងនឹងព្រះជាម្ចាស់ជាប់ជានិច្ច តែមិនចង់ទទួលយកការជំនុំជម្រះ ឬការថ្កោលទោសពីព្រះជាម្ចាស់ឡើយ។ ចំណុចនេះ គឺគ្មានហេតុផលទាំងស្រុងតែម្ដង! មានមនុស្សជាច្រើនដែលគិតថា៖ «មនុស្សមិនអាចជ្រើសរើសឱ្យព្រះជាម្ចាស់ប្រព្រឹត្តដាក់ពួកគេតាមរបៀបណាបានឡើយ ក៏មិនអាចជ្រើសរើសបញ្ជាបេសកកម្មដែលព្រះជាម្ចាស់ប្រទានដល់ពួកគេ ការងារដែលទ្រង់តម្រូវឱ្យពួកគេធ្វើ ឬភារកិច្ចដែលទ្រង់តម្រូវឱ្យពួកគេបំពេញបានដែរ។ ចុងក្រោយ មនុស្សណាម្នាក់ដែលជ្រើសដើរលើផ្លូវផ្ទាល់ខ្លួន នឹងត្រូវថ្កោលទោស។ ព្រះជាម្ចាស់ប្រទានពរ និងសរសើរអ្នក លុះត្រាតែអ្នកជ្រើសរើសដើរលើផ្លូវដែលទ្រង់ដឹកនាំអ្នកដើរ និងលុះត្រាតែអ្នកជ្រើសរើសដើរលើផ្លូវនៃការដេញតាមសេចក្ដីពិតប៉ុណ្ណោះ»។ ត្រង់ចំណុចនេះ មនុស្សខ្លះយល់ឃើញថា ព្រះជាម្ចាស់អយុត្តិធម៌ និងជ្រៀតជ្រែកការជ្រើសរើសដោយសេរីរបស់មនុស្ស។ ប៉ុន្តែតើនេះគឺជាការពិតនៃបញ្ហានេះដែរទេ? (អត់ទេ។) ព្រះជាម្ចាស់ធ្វើកិច្ចការទាំងអស់នេះស្របទៅតាមគោលការណ៍។ នៅពេលដែលអ្នកពុំយល់ពីការពិត និងសេចក្ដីពិត នោះអ្នកងាយនឹងយល់ច្រឡំ និងវិនិច្ឆ័យព្រះជាម្ចាស់ណាស់ ប៉ុន្តែនៅពេលអ្នកយល់ពីការពិត និងសេចក្ដីពិតហើយ នោះអ្នកនឹងគិតថា ការយល់ច្រឡំទាំងអស់នេះគឺគ្មានតម្លៃ និងគួរស្អប់ខ្លាំងណាស់ ហើយថារឿងទាំងនេះមិនគួរនឹងកើតមានឡើយ។ មកដល់ចំណុចនេះ អ្នកនឹងដឹងថា គ្រប់យ៉ាងដែលព្រះជាម្ចាស់ធ្វើ គឺសុទ្ធតែត្រឹមត្រូវទាំងអស់។ មនុស្សមិនអាចមើលឃើញបញ្ហានេះដោយសារពួកគេអាត្មានិយម និងល្ងង់ខ្លៅខ្លាំងពេក។ ពួកគេពុំយល់ពីសេចក្ដីពិត ហើយមិនអាចមើលឃើញបញ្ហានេះច្បាស់ ដូច្នេះពួកគេក៏កំណត់ព្រះជាម្ចាស់ស្របទៅតាមសញ្ញាណ និងការស្រមើស្រមៃផ្ទាល់ខ្លួនពួកគេ។ នៅពេលដែលអ្នកយល់រឿងនេះហើយ អ្នកនឹងឈប់ការពារប៉ុល ឬឈប់យល់ច្រឡំចំពោះព្រះជាម្ចាស់ទៀតហើយ។ អ្នកនឹងនិយាយថា៖ «អ្វីដែលព្រះជាម្ចាស់ធ្វើ គឺត្រឹមត្រូវទាំងស្រុង។ មនុស្សគឺជាជនដែលពុករលួយ។ ពួកគេមានគំនិតចង្អៀតចង្អល់និងល្ងង់ខ្លៅ។ ពួកគេមិនយល់ពីស្ថានភាពឱ្យបានច្បាស់ទេ។ មិនថាបុគ្គលនោះយល់ថានិស្ស័យរបស់ព្រះជាម្ចាស់សុចរិតឬអត់នោះទេ ឬប្រសិនបើពួកគេមើលឃើញសេចក្ដីស្រឡាញ់តាមរយៈបញ្ហានេះ អ្វីគ្រប់យ៉ាងដែលព្រះជាម្ចាស់ធ្វើ គឺត្រឹមត្រូវ ហើយគឺជាការបង្ហាញចេញនូវសារជាតិ និងនិស្ស័យសុចរិតរបស់ទ្រង់។ អ្វីគ្រប់យ៉ាងគឺស្របទៅតាមសេចក្ដីពិត ហើយគ្មានអ្វីខុសឆ្គងនោះទេ!» ថ្ងៃនេះ នៅពេលព្រះជាម្ចាស់កែខៃអ្នករាល់គ្នា និងសង្គ្រោះអ្នករាល់គ្នា តើអ្នកគួរជ្រើសរើសផ្លូវមួយណា? តើព្រះជាម្ចាស់កំពុងជ្រៀតជ្រែកអ្នករាល់គ្នាមែនទេ? តើរាល់គ្នាគួរមានជម្រើសបែបណា? តើអ្នកគួររៀនសូត្រពីកំហុសរបស់ប៉ុលដែរឬទេ? តើអ្នកគួរធ្វើដូចប៉ុល និងដើរតាមផ្លូវនៃការដេញតាមសេចក្ដីពិតដែរឬទេ? តើអ្នកគួរមានអាកប្បកិរិយាបែបណាចំពោះបញ្ហានេះ? នោះគឺអាស្រ័យលើថា តើអ្នករាល់គ្នាយល់ពីសេចក្ដីពិតឬអត់។ តើការយល់ពីសេចក្ដីពិតនឹងដោះស្រាយបញ្ហាអ្វីខ្លះ? គោលបំណងនៃការយល់ពីសេចក្ដីពិត គឺដើម្បីធ្វើការដោះស្រាយនិស្ស័យពុករលួយរបស់មនុស្ស និងការលំបាកផ្សេងៗរបស់មនុស្ស។ នៅពេលអ្នកជួបប្រទះបញ្ហានានាដែលមិនអាចដោះស្រាយបាន ឬមានមនុស្ស ព្រឹត្តិការណ៍ និងរបស់អ្វីដែលមិនត្រូវនឹងសញ្ញាណរបស់អ្នក នោះសេចក្ដីពិតនឹងចាប់ផ្ដើមបំពេញមុខងាររបស់ខ្លួននៅក្នុងខ្លួនអ្នកមិនខាន។ ដូច្នេះ តើករណីរបស់ប៉ុលជួយដល់ច្រកចូលទៅក្នុងជីវិតផ្ទាល់របស់អ្នក និងការជ្រើសរើសផ្លូវរបស់អ្នកដែរឬទេ? (ករណីរបស់គាត់អាចជំរុញឱ្យយើងមកចំពោះព្រះជាម្ចាស់ និងឆ្លុះបញ្ចាំងពីខ្លួនឯង។) (អាចដករនាំង និងកាត់បន្ថយការយល់ច្រឡំរវាងព្រះជាម្ចាស់ និងមនុស្សបាន។) នោះគឺជាផ្នែកមួយ ហើយអ្នករាល់គ្នាបានរៀនសូត្រខ្លះពីការពិភាក្សានេះ។ ចំណុចសំខាន់បំផុតដែលត្រូវយល់ដឹង គឺសារៈសំខាន់នៃការជ្រើសរើសផ្លូវក្នុងការដេញតាមសេចក្ដីពិត និងមូលហេតុដែលព្រះជាម្ចាស់សរសើរ និងប្រទានពរដល់អ្នកដែលដេញតាមសេចក្ដីពិត។ ការយល់ពីចម្លើយនៃសំណួរនេះ គឺជារឿងសំខាន់បំផុត។
អម្បាញ់មិញ ខ្ញុំបានលើកឡើងពីរបៀបដែលពួកសាសន៍យូដាត្រូវបានគេនិរទេសខ្លួន និងរសាត់អណ្ដែតទៅគ្រប់ប្រទេសនៅជុំវិញពិភពលោក។ តើមនុស្សយល់ឃើញបែបណាចំពោះការពិតនេះ? តើពួកគេយល់ពីសេចក្ដីពិតអ្វីខ្លះ? ព្រឹត្តិការណ៍នេះគួរដាស់សតិមនុស្សឱ្យធ្វើការឆ្លុះបញ្ចាំងខ្លះហើយ។ ទីមួយ ឆ្លុះបញ្ចាំងថាតើពួកគេគួរអនុវត្តបែបណា ហើយទីពីរ ឆ្លុះបញ្ចាំងដើម្បីឱ្យពួកគេយល់ពីនិស្ស័យរបស់ព្រះជាម្ចាស់តាមរយៈព្រឹត្តិការណ៍នេះ។ ដំបូង សូមយើងជជែកគ្នាអំពីរបៀបដែលមនុស្សគួរអនុវត្តនៅក្នុងកាលៈទេសៈទាំងអស់នេះសិន។ គ្មានកិច្ចការណាដែលព្រះជាម្ចាស់បំពេញ ត្រូវប្រែប្រួលទៅតាមបំណងប្រាថ្នារបស់មនុស្សឡើយ។ ព្រះជាម្ចាស់មានផែនការរបស់ទ្រង់ផ្ទាល់ និងមានគោលការណ៍របស់ទ្រង់ផ្ទាល់សម្រាប់បំពេញកិច្ចការទាំងនេះ។ ដូច្នេះ តើមនុស្សគួរមានអាកប្បកិរិយាបែបណា? មិនថាពួកគេជួបប្រទះស្ថានភាពបែបណាទេ ឬមិនថាស្ថានភាពនោះស្របតាមសញ្ញាណរបស់ពួកគេឬអត់នោះទេ ពួកគេមិនគួរធ្វើខ្លួនឱ្យទាស់នឹងព្រះជាម្ចាស់ឡើយ។ មនុស្សខ្លះនិយាយថា៖ «ទោះបីខ្ញុំមិនស្ដាប់បង្គាប់ ហើយទាស់ទទឹងនឹងព្រះក៏ពិតមែន ក៏ប៉ុន្តែ តើខ្ញុំបំពេញភារកិច្ចខ្ញុំនៅមិនគ្រប់គ្រាន់ទៀតឬ? តើនេះជាអាកប្បកិរិយាបែបណាដែរ? ច្បាស់ណាសថា នេះគឺជាអាកប្បកិរិយាដែលមិនអាចទទួលយកបាន។ នេះមិនមែនជាការស្ដាប់បង្គាប់ពិតប្រាកដឡើយ។ ដូច្នេះ តើមនុស្សគួរអនុវត្ត «ការមិនគួរធ្វើខ្លួនឱ្យទាស់នឹងព្រះជាម្ចាស់» និងអនុវត្តវាដោយរបៀបណាឱ្យប្រាកដទៅ? មានគោលការណ៍អនុវត្តន៍ចំនួនពីរ៖ ទីមួយ គឺត្រូវសកម្មក្នុងការស្វែងរកបំណងព្រះហឫទ័យព្រះជាម្ចាស់ ត្រូវយល់ដឹងពីសេចក្ដីពិតណាដែលមនុស្សគួរយល់ដឹង និងចេះពីរបៀបសហប្រតិបត្តិការនិងអនុវត្តបញ្ជាបេសកកម្មរបស់ព្រះជាម្ចាស់។ នេះគឺជាផ្នែកដ៏សកម្មដែលមនុស្សគួរធ្វើ។ ទីពីរ គឺត្រូវពិនិត្យពិច័យ និងដឹងពីចំណុចដែលអ្នកយល់ខុសចំពោះព្រះជាម្ចាស់ ដឹងថាអ្នកមិនស្ដាប់បង្គាប់ទ្រង់ មានសញ្ញាណនិងការស្រមើស្រមៃ និងដឹងពីអ្វីៗដែលមិនចុះសម្រុងនឹងទ្រង់។ ចំណុចនេះនឹងធានាថា អ្នកអាចអនុវត្តសេចក្ដីពិតបានយ៉ាងសុក្រឹតក្នុងអំឡុងពេលនៃការបំពេញភារកិច្ចរបស់អ្នក អ្នកធ្វើអ្វីៗស្របតាមគោលការណ៍ អនុវត្តបញ្ជាបេសកកម្មរបស់ព្រះជាម្ចាស់ និងទទួលបានការលើកសរសើរពីព្រះជាម្ចាស់។ តើគោលការណ៍នៃការអនុវត្តទាំងនេះសាមញ្ញដែរឬទេ? (គោលការណ៍ទាំងនេះសាមញ្ញទេ។) តើខ្ញុំចង់មានន័យបែបណាចំពោះពាក្យ «សាមញ្ញ» នេះ? ហេតុផលនិងបន្ទូលទាំងនោះ គឺច្បាស់លាស់ខ្លាំងណាស់។ «មួយ» គឺមួយ ហើយ «ពីរ» គឺពីរ។ គ្រាន់តែស្ដាប់ឮភ្លាម អ្នកក៏ដឹងថាត្រូវអនុវត្តវាតាមរបៀបណាហើយ។ ក៏ប៉ុន្តែ តាមពិតទៅ ការអនុវត្តមិនសាមញ្ញនោះទេ ដោយសារមនុស្សមាននិស្ស័យពុករលួយ។ ពួកគេតែងជជែកដេញដោលអំពីរឿងផ្សេងៗ និងមានការស្រមើស្រមៃនិងសញ្ញាណជាច្រើន ក៏ដូចជាមានការយល់ខុសចំពោះព្រះជាម្ចាស់ផងដែរ។ មនុស្សត្រូវតែវែកញែករឿងទាំងនេះ និងទទួលយកការជំនុំជម្រះនិងការវាយផ្ចាលពីព្រះជាម្ចាស់ ប៉ុន្តែការនេះធ្វើឱ្យអ្នកដែលខ្វះការយល់ដឹងខាងវិញ្ញាណកើតមានសញ្ញាណថ្មីៗ៖ «មនុស្សសុទ្ធតែនិយាយថា ព្រះជាម្ចាស់គឺជាសេចក្ដីស្រឡាញ់ ដូច្នេះ ហេតុអ្វីបានជាព្រះជាម្ចាស់តែងតែលាតត្រដាង និងជំនុំជម្រះគំនិតនិងសញ្ញាណរបស់មនុស្សទៅវិញ? ខ្ញុំមើលមិនឃើញសេចក្ដីស្រឡាញ់នៅក្នុងអង្គព្រះជាម្ចាស់ឡើយ។ ខ្ញុំឃើញត្រឹមថា និស្ស័យរបស់ព្រះជាម្ចាស់មិនអត់ឱនចំពោះការប្រមាថប៉ុណ្ណោះ»។ តើនេះមិនមែនជាសញ្ញាណមួយក្នុងចំណោមសញ្ញាណផ្សេងៗរបស់មនុស្សទេឬអី? ប្រសិនបើដូចក្នុងសញ្ញាណនិងការស្រមើស្រមៃរបស់មនុស្សពុករលួយមែន ដែលថាព្រះជាម្ចាស់បានបង្ហាញចេញតែសេចក្ដីមេត្តាករុណា និងសេចក្ដីអាណិតស្រឡាញ់ក្នុងអំឡុងពេលនៃការបង្កើតមនុស្សជាតិទាំងអស់ ហើយមិនដែលបង្ហាញចេញសេចក្ដីសុចរិតឬសេចក្ដីក្រោធទេ ពេលនោះតើមនុស្សអាចរួចជីវិតមកដល់សព្វថ្ងៃនេះដែរឬទេ? (មិនអាចនោះទេ។) មនុស្សមុខជាត្រូវសាតាំងលេបត្របាក់តាំងពីយូរណាស់មកហើយ។ នៅពេលដោះស្រាយបញ្ហារបស់អារក្សនិងសាតាំង និងមនុស្សពុករលួយដែលទាស់ទទឹងនឹងព្រះជាម្ចាស់ អ្វីដែលព្រះជាម្ចាស់បង្ហាញចេញ និងរបៀបដែលទ្រង់បង្ហាញពីអង្គទ្រង់ គឺមិនមែនជាសេចក្ដីស្រឡាញ់ដែលមនុស្សនិយាយសំដៅដល់នោះទេ តែផ្ទុយទៅវិញ គឺជានិស្ស័យសុចរិត។ និស្ស័យនោះគឺការស្អប់ សេចក្ដីស្អប់ខ្ពើម ការជំនុំជម្រះ ការវាយផ្ចាល ការដាក់ទោស និងសេចក្ដីហិនវិនាស។ មានតែធ្វើបែបនេះទេ ទើបព្រះជាម្ចាស់អាចបើកសម្ដែងថា និស្ស័យរបស់ទ្រង់គឺសុចរិត បរិសុទ្ធ ហើយពុំអត់ឱនចំពោះការប្រមាថឡើយ ដោយធ្វើឱ្យសាតាំងអាម៉ាស់មុខទាំងស្រុង និងការពារមនុស្សជាតិពិតបានយ៉ាងមានប្រសិទ្ធភាព។ ព្រះជាម្ចាស់តែងតែដឹកនាំមនុស្សជាតិតាមរបៀបនេះឯង ហើយក៏បានសង្គ្រោះពួកគេក្នុងពេលជាមួយគ្នានោះដែរ។
មនុស្សត្រូវតែពិនិត្យពិច័យអ្វីគ្រប់យ៉ាងដែលមាននៅក្នុងចិត្តពួកគេដែលមិនចុះសម្រុងនឹងព្រះជាម្ចាស់ ឬការយល់ខុសណាមួយចំពោះទ្រង់ឱ្យបានញឹកញាប់។ តើការយល់ខុសកើតឡើងតាមរបៀបណា? តើហេតុអ្វីបានជាមនុស្សយល់ខុសចំពោះព្រះជាម្ចាស់? (ពីព្រោះផលប្រយោជន៍ផ្ទាល់ខ្លួនរបស់ពួកគេ ត្រូវរងការប៉ះពាល់។) បន្ទាប់ពីមនុស្សមើលឃើញការពិតអំពីពួកសាសន៍យូដាដែលត្រូវនិរទេសចេញពីស្រុកយូដា ពួកគេមានអារម្មណ៍ឈឺចាប់ ហើយនិយាយថា៖ «ពីដំបូងឡើយ ព្រះជាម្ចាស់បានស្រឡាញ់ពួកសាសន៍អ៊ីស្រាអែលខ្លាំងណាស់។ ព្រះអង្គបានដឹកនាំពួកគេចេញពីស្រុកអេសីព្ទ កាត់តាមសមុទ្រក្រហម ដោយបានប្រទាននំម៉ាណាពីលើស្ថានសួគ៌ និងទឹកផុសសម្រាប់ទទួលទាន រួចទ្រង់ក៏បានប្រទានក្រឹត្យវិន័យដោយផ្ទាល់ដើម្បីដឹកនាំពួកគេ និងបានបង្រៀនពួកគេពីរបៀបរស់នៅផង។ សេចក្ដីស្រឡាញ់របស់ព្រះជាម្ចាស់ចំពោះមនុស្ស គឺពេញហូរហៀរ។ មនុស្សដែលរស់នៅកាលពីជំនាន់នោះ គឺពិតជាមានព្រះពរខ្លាំងណាស់។ តើអាកប្បកិរិយារបស់ព្រះជាម្ចាស់អាចប្រែក្រឡាស់មួយរយប៉ែតសិបដឺក្រេត្រឹមមួយពព្រិចភ្នែកបានយ៉ាងដូចម្ដេចកើតទៅ? តើសេចក្ដីស្រឡាញ់របស់ទ្រង់បានបាត់ទៅណាអស់ហើយ?» អារម្មណ៍របស់មនុស្សមិនអាចឆ្លងផុតចំណុចនេះបានទេ ហើយពួកគេចាប់ផ្ដើមឆ្ងល់ថា៖ «តើព្រះជាម្ចាស់ជាសេចក្ដីស្រឡាញ់ ឬក៏មិនមែនទេ? ហេតុដូចម្ដេចបានជាអាកប្បកិរិយាដើមរបស់ទ្រង់ចំពោះពួកសាសន៍អ៊ីស្រាអែលលែងអាចមើលឃើញបានទៀតដូច្នេះអ៊ីចឹង? សេចក្ដីស្រឡាញ់របស់ទ្រង់បានបាត់ទៅវិញដោយគ្មានដានសោះ។ តើទ្រង់មានសេចក្ដីស្រឡាញ់ណាមួយដែរឬក៏អត់សោះទេ?» ការយល់ខុសរបស់មនុស្សចាប់ផ្ដើមពីចំណុចនេះទៅ។ តើមនុស្សកើតមានការយល់ខុសចេញពីបរិបទបែបណា? តើអាចថាមកពីសកម្មភាពរបស់ព្រះជាម្ចាស់មិនស្របគ្នាទៅនឹងសញ្ញាណ និងការស្រមើស្រមៃរបស់មនុស្សទេដឹង? តើការពិតនេះជាមូលហេតុដែលធ្វើឱ្យមនុស្សយល់ខុសចំពោះព្រះជាម្ចាស់មែនទេ? តើមូលហេតុដែលមនុស្សយល់ខុសចំពោះព្រះជាម្ចាស់មិនមែនដោយសារពួកគេកំណត់និយមន័យសេចក្ដីស្រឡាញ់របស់ទ្រង់ដោយខ្លួនគេទេឬអី? ពួកគេគិតថា៖ «ព្រះជាម្ចាស់គឺជាសេចក្ដីស្រឡាញ់។ ហេតុនេះហើយ ព្រះអង្គគួរប្រុងប្រយ័ត្ន និងការពារមនុស្ស និងប្រទានព្រះគុណនិងព្រះពរដល់ពួកគេ។ សេចក្ដីស្រឡាញ់របស់ព្រះជាម្ចាស់ គឺបែបនេះឯង។ ខ្ញុំពេញចិត្តនៅពេលដែលព្រះជាម្ចាស់ស្រឡាញ់មនុស្សតាមរបៀបនេះ។ ខ្ញុំអាចមើលឃើញជាពិសេសថា ព្រះជាម្ចាស់ស្រឡាញ់មនុស្សខ្លាំងប៉ុនណា នៅពេលដែលព្រះអង្គដឹកនាំពួកគេឆ្លងកាត់សមុទ្រក្រហម។ មនុស្សកាលពីជំនាន់នោះ មានសំណាងខ្លាំងណាស់! ខ្ញុំប្រាថ្នាចង់ក្លាយជាមនុស្សម្នាក់ក្នុងចំណោមនោះដែរ»។ នៅពេលដែលអ្នកមានការស្រឡាញ់ពេញចិត្តនឹងរឿងនេះ អ្នកចាត់ទុកសេចក្ដីស្រឡាញ់ដែលព្រះជាម្ចាស់បានបង្ហាញចេញនៅក្នុងករណីនោះថាជាសេចក្ដីពិតដ៏ខ្ពស់បំផុត ហើយជាទីសម្គាល់តែមួយគត់នៃសារជាតិរបស់ទ្រង់។ អ្នកកំណត់និយមន័យអំពីទ្រង់នៅក្នុងចិត្តរបស់អ្នក ហើយចាត់ទុកគ្រប់យ៉ាងដែលព្រះជាម្ចាស់បានធ្វើនៅពេលនោះថាជាសេចក្ដីពិតដ៏ខ្ពស់បំផុត។ អ្នកគិតថា នេះគឺជាផ្នែកដ៏គួរឱ្យស្រឡាញ់បំផុតរបស់ព្រះជាម្ចាស់ ហើយជាផ្នែកមួយដែលជំរុញចិត្តមនុស្សឱ្យគោរពនិងកោតខ្លាចទ្រង់ ហើយថានោះគឺជាសេចក្ដីស្រឡាញ់របស់ព្រះជាម្ចាស់។ តាមការពិត សកម្មភាពរបស់ព្រះជាម្ចាស់ គឺជាវិជ្ជមានស្រាប់ទៅហើយ ប៉ុន្តែដោយសារតែនិយមន័យដែលអ្នកបានកំណត់ ទើបនិយមន័យទាំងនោះបានក្លាយជាសញ្ញាណនៅក្នុងចិត្តអ្នក ហើយជាមូលដ្ឋានដែលប្រើដើម្បីកំណត់និយមន័យព្រះជាម្ចាស់។ និយមន័យទាំងនោះធ្វើឱ្យអ្នកយល់ខុសពីសេចក្ដីស្រឡាញ់របស់ព្រះជាម្ចាស់ ហាក់ដូចជាគ្មានអ្វីផ្សេងក្រៅពីសេចក្ដីមេត្តាករុណា ព្រះទ័យទុកដាក់ ការការពារ ការណែនាំ ព្រះគុណ និងព្រះពរឡើយ ហើយថាសេចក្ដីស្រឡាញ់របស់ព្រះជាម្ចាស់ គឺបែបនោះឯង។ ហេតុអ្វីបានជាអ្នកឱ្យតម្លៃទិដ្ឋភាពនៃសេចក្ដីស្រឡាញ់ទាំងនេះខ្លាំងអ្វីម្ល៉េះ? តើដោយសារតែវាផ្សារភ្ជាប់ទៅនឹងផលប្រយោជន៍ផ្ទាល់ខ្លួនរបស់អ្នកមែនទេ? (គឺបែបនេះមែន។) តើប្រយោជន៍ផ្ទាល់ខ្លួនមួយណាដែលផ្សារភ្ជាប់ទៅនឹងទិដ្ឋភាពនេះ? (ការសប្បាយខាងសាច់ឈាម និងជីវិតស្រណុកស្រួល។) នៅពេលមនុស្សជឿលើព្រះជាម្ចាស់ ពួកគេចង់ទទួលបានរបស់ទាំងនេះពីទ្រង់ គ្មានអ្វីផ្សេងក្រៅពីនេះឡើយ។ មនុស្សមិនចង់គិតអំពីការជំនុំជម្រះ ការវាយផ្ចាល ការល្បងល ការបន្សុទ្ធ ការរងទុក្ខដើម្បីព្រះជាម្ចាស់ ការលះបង់អ្វីៗ និងការលះបង់ខ្លួន ឬសូម្បីតែការលះបង់ជីវិតផ្ទាល់ខ្លួនរបស់ពួកគេឡើយ។ មនុស្សគ្រាន់តែចង់ទទួលបានសេចក្ដីស្រឡាញ់ ព្រះទ័យទុកដាក់ ការការពារ និងការណែនាំពីព្រះជាម្ចាស់ប៉ុណ្ណោះ ដូច្នេះ ពួកគេកំណត់និយមន័យសេចក្ដីស្រឡាញ់របស់ព្រះជាម្ចាស់ថាជាលក្ខណៈសម្គាល់តែមួយគត់នៃសារជាតិរបស់ទ្រង់ ហើយជាសារជាតិតែមួយគត់របស់ទ្រង់។ តើអ្វីៗដែលព្រះជាម្ចាស់បានធ្វើនៅពេលដឹកនាំពួកសាសន៍អ៊ីស្រាអែលឆ្លងកាត់សមុទ្រក្រហម មិនមែនបានក្លាយទៅជាសញ្ញាណរបស់មនុស្សទេឬអី? (បានក្លាយជាសញ្ញាណពួកគេមែន។) ចំណុចនេះបានបង្កើតជាបរិបទដែលមនុស្សកើតមានសញ្ញាណអំពីព្រះជាម្ចាស់។ ប្រសិនបើពួកគេមានសញ្ញាណអំពីព្រះជាម្ចាស់ ពេលនោះតើពួកគេអាចសម្រេចការយល់ដឹងពិតប្រាកដអំពីកិច្ចការនិងនិស្ស័យរបស់ព្រះជាម្ចាស់បានដែរឬទេ? ជាក់ស្ដែងណាស់ថា ពួកគេនឹងមិនត្រឹមតែមិនយល់នោះទេ ប៉ុន្តែពួកគេក៏នឹងបកស្រាយខុសអំពីរឿងនេះដែរ ហើយកើតមានសញ្ញាណអំពីរឿងនេះទៀតផង។ ចំណុចនេះបញ្ជាក់ថា ការយល់ដឹងរបស់មនុស្សនៅតូចចង្អៀតខ្លាំងណាស់ ហើយមិនមែនជាការយល់ដឹងពិតប្រាកដឡើយ។ ដ្បិតវាមិនមែនជាសេចក្ដីពិតទេ តែផ្ទុយទៅវិញ ជាប្រភេទនៃសេចក្ដីស្រឡាញ់និងការយល់ដឹងមួយដែលមនុស្សគិតអំពីព្រះជាម្ចាស់ផ្អែកតាមសញ្ញាណ ការស្រមើស្រមៃ បំណងប្រាថ្នាអាត្មានិយម និងការវិភាគផ្ទាល់ខ្លួនរបស់ពួកគេ។ វាមិនស្របតាមសារជាតិពិតរបស់ព្រះជាម្ចាស់ឡើយ។ ក្រៅពីតាមរយៈសេចក្ដីមេត្តាករុណា សេចក្ដីសង្គ្រោះ ព្រះទ័យទុកដាក់ ការការពារ និងតាមរយៈការស្ដាប់ពាក្យអធិស្ឋានរបស់ពួកគេ តើនៅមានរបៀបណាផ្សេងទៀតដែលព្រះជាម្ចាស់ស្រឡាញ់មនុស្សដែរឬទេ? (តាមរយៈការវាយផ្ចាល ការប្រៀនប្រដៅ ការលួសកាត់ ការដោះស្រាយជាមួយ ការជំនុំជម្រះ ការវាយផ្ចាល ការល្បងល និងការបន្សុទ្ធ។) ពិតជាត្រឹមត្រូវហើយ។ ព្រះជាម្ចាស់បង្ហាញសេចក្ដីស្រឡាញ់របស់ទ្រង់តាមវិធីជាច្រើនអនេក៖ តាមរយៈការវាយប្រហារ ការប្រៀនប្រដៅ ការស្ដីបន្ទោស និងតាមរយៈការជំនុំជម្រះ ការវាយផ្ចាល ការល្បងល ការបន្សុទ្ធ ។ល។ និង ។ល។ ទាំងអស់នេះ គឺសុទ្ធតែជាទិដ្ឋភាពនៃសេចក្ដីស្រឡាញ់របស់ព្រះជាម្ចាស់។ មានតែទស្សនៈនេះទេដែលលម្អិតស៊ីជម្រៅ និងស្របតាមសេចក្ដីពិត។ ប្រសិនបើអ្នកយល់ចំណុចនេះ នៅពេលអ្នកពិនិត្យពិច័យខ្លួនអ្នក ហើយដឹងថាអ្នកមានការយល់ខុសចំពោះព្រះជាម្ចាស់ ពេលនោះអ្នកនឹងដឹងពីកំហុសខ្លួនឯង និងធ្វើការងារសុចរិតដោយឆ្លុះបញ្ចាំងពីចំណុចដែលអ្នកបានប្រព្រឹត្តខុស តើអ៊ីចឹងមែនទេ? តើចំណុចនេះអាចជួយអ្នកឱ្យដោះស្រាយការយល់ខុសរបស់អ្នកចំពោះព្រះជាម្ចាស់បានទេ? (អាចដោះស្រាយបាន។) ដើម្បីសម្រេចចំណុចនេះបាន អ្នកត្រូវស្វែងរកសេចក្ដីពិត។ ឱ្យតែមនុស្សស្វែងរកសេចក្ដីពិត នោះពួកគេអាចកម្ចាត់នូវការយល់ខុសរបស់ពួកគេអំពីព្រះជាម្ចាស់បានហើយ ហើយនៅពេលដែលពួកគេបានកម្ចាត់បង់ការយល់ខុសរបស់ពួកគេអំពីព្រះជាម្ចាស់ហើយ នោះពួកគេអាចចុះចូលនឹងការរៀបចំរបស់ព្រះជាម្ចាស់បានមិនខាន។ ប្រសិនបើអ្នកអាចកម្ចាត់នូវការយល់ខុសរបស់អ្នកអំពីព្រះជាម្ចាស់បាន ដូច្នេះនៅពេលដែលអ្នកពិនិត្យពិច័យពីការនិរទេសខ្លួនរបស់ពួកសាសន៍យូដាចេញពីស្រុកយូដា អ្នកនឹងនិយាយថា៖ «អាកប្បកិរិយារបស់ព្រះជាម្ចាស់ចំពោះមនុស្សដែលជាភាវៈដែលទ្រង់បានបង្កើតមក គឺមិនគ្រាន់តែជាសេចក្ដីស្រឡាញ់ប៉ុណ្ណោះទេ តែទ្រង់ក៏ដឹកនាំដោយការវាយប្រហារ និងនិរទេសខ្លួនផងដែរ។ ចំពោះអាកប្បកិរិយារបស់មនុស្សចំពោះព្រះជាម្ចាស់ ពួកគេមិនគួរផ្ដល់ជម្រើសដល់ខ្លួនឯងឡើយ។ ពួកគេគួរមានអាកប្បកិរិយានៃការចុះចូល មិនមែនការទាស់ទទឹងនោះទេ។ តាមទស្សនៈនៃសញ្ញាណនិងការស្រមើស្រមៃរបស់មនុស្ស អាកប្បកិរិយារបស់ព្រះជាម្ចាស់ចំពោះពួកសាសន៍យូដា ហាក់ដូចជាគ្មានការយកព្រះទ័យទុកដាក់ទេ ប៉ុន្តែបើពិនិត្យក្នុងពេលនេះវិញ ព្រះជាម្ចាស់បានធ្វើកិច្ចការដ៏អស្ចារ្យមួយ។ គ្រប់យ៉ាងដែលទ្រង់បានបង្ហាញចេញ គឺជានិស្ស័យសុចរិត។ ព្រះជាម្ចាស់ប្រទានព្រះគុណនិងព្រះពរដល់មនុស្ស និងប្រទាននំប៉័ងដល់ពួកគេរាល់ថ្ងៃ ប៉ុន្តែទ្រង់ក៏អាចដកយកអ្វីទាំងអស់នោះមកវិញបានផងដែរ។ នោះគឺជាសិទ្ធិអំណាច សារជាតិ និងនិស្ស័យរបស់ព្រះជាម្ចាស់។
មនុស្សជាច្រើនមានសញ្ញាណអំពីការនិរទេសខ្លួនរបស់ពួកសាសន៍យូដាពីស្រុកយូដា ប៉ុន្តែមនុស្សដែលស្វែងរកសេចក្ដីពិត អាចទទួលបានការបំភ្លឺពីព្រឹត្តិការណ៍នេះ។ ប្រសិនបើមនុស្សម្នាក់មានសមត្ថភាពយល់បាន នោះព្រឹត្តិការណ៍នេះនឹងធ្វើឱ្យពួកគេឃើញថា និស្ស័យសុចរិតរបស់ព្រះជាម្ចាស់ ពុំអត់ឱនចំពោះការប្រមាថឡើយ។ ប៉ុន្តែមនុស្សខ្លះ ពុំមានសមត្ថភាពយល់នោះទេ។ ប្រសិនបើពួកគេមានអារម្មណ៍ថា អ្វីដែលព្រះជាម្ចាស់បានធ្វើពុំស្របតាមសញ្ញាណរបស់ពួកគេ នោះដំបូងពួកគេគួរយល់ស្របថា ព្រះជាម្ចាស់ទ្រង់សុចរិត ហើយថានិស្ស័យរបស់ទ្រង់ពុំអត់ឱនចំពោះការប្រមាថឡើយ។ ចំណុចនេះច្បាស់លាស់ខ្លាំងណាស់។ បន្ទាប់មក ពួកគេគួរអធិស្ឋាននិងស្វែងរកសេចក្ដីពិត ហើយពិនិត្យមើលកិច្ចការដែលពួកសាសន៍យូដាបានធ្វើដើម្បីប្រមាថដល់និស្ស័យរបស់ព្រះជាម្ចាស់ និងទទួលរងសេចក្ដីក្រោធរបស់ទ្រង់។ មានតែតាមរបៀបនេះប៉ុណ្ណោះទើបមនុស្សដោះស្រាយសញ្ញាណរបស់ពួកគេបានទាំងស្រុង បានយល់ពីនិស្ស័យរបស់ព្រះជាម្ចាស់តាមរយៈព្រឹត្តិការណ៍នេះ និងចុះចូលចំពោះការចាត់ចែងនិងការរៀបចំរបស់ព្រះជាម្ចាស់។ វាមិនមែនជាកិច្ចការងាយស្រួលទេ ដើម្បីឱ្យមនុស្សយល់ពីសេចក្ដីពិតនោះ។ ទោះពីមុនមកអ្នកធ្លាប់បានទទួលព្រះគុណនិងព្រះពរពីព្រះជាម្ចាស់ឬអត់ក៏ដោយ ឬបានធ្វើកិច្ចការតាមរយៈការទទួលយកការណែនាំនិងបញ្ជាបេសកកម្មរបស់ទ្រង់ ឬមិនថាអ្នកបានលះបង់អ្វីខ្លះ ឬបានបរិច្ចាគអ្វីខ្លះទេ ទោះបីមនុស្សចាត់ទុកថា អ្នកបានធ្វើការរួមចំណែកខ្លះក៏ដោយ ហើយទោះក្នុងកាលៈទេសៈណាក៏ដោយ ក៏អ្នកមិនគួរចាត់ទុកអ្វីទាំងនេះជាទុនដែរ។ នោះគឺជាចំណុចទីមួយ។ ចំណុចទីពីរគឺថា អ្នកមិនគួរចាត់ទុកអ្វីទាំងអស់នេះជារបស់ដែលអ្នកអាចគំរាមព្រះជាម្ចាស់ និងប្រើដើម្បីបញ្ជាឱ្យទ្រង់ប្រព្រឹត្តដាក់អ្នកតាមរបៀបណានោះដែរ។ រឿងដែលសំខាន់បំផុតគឺថា នៅពេលបន្ទូលនិងអាកប្បកិរិយារបស់ព្រះជាម្ចាស់ចំពោះអ្នក ពុំត្រូវគ្នានឹងសញ្ញាណរបស់អ្នក ឬផ្ទុយទៅនឹងសុជីវធម៌តាមធម្មតា នោះអ្នកមិនត្រូវទាស់ទទឹង ឬប្រឆាំងនឹងទ្រង់ឡើយ។ នេះគឺជាចំណុចទីបី។ តើអ្នកអាចសម្រេចចំណុចទាំងបីនេះបានទេ? ចំណុចទាំងបីនេះពាក់ព័ន្ធនឹងតថភាព។ តើសភាពទាំងនេះងាយស្រួលនឹងកើតមាននៅក្នុងខ្លួនមនុស្សដែរទេ? (ងាយស្រួលទេ។) ហេតុអ្វីបានជាសភាពទាំងនេះកើតមាននៅក្នុងខ្លួនមនុស្ស? តើហេតុអ្វីបានជាពួកគេបង្ហាញពីខ្លួនពួកគេតាមរបៀបនេះ? ព្រះជាម្ចាស់គ្រប់គ្រងពូជមនុស្សទាំងមូល ហើយមានអធិបតេយ្យភាពលើរបស់សព្វសារពើ ប៉ុន្តែ តើព្រះជាម្ចាត់ចាត់ទុកអ្វីទាំងនេះជាទុនដែរឬទេ? តើព្រះជាម្ចាស់ទាមទារការសរសើរចំពោះរឿងនេះដែរឬទេ? តើព្រះជាម្ចាស់បង្ហាញពីអង្គទ្រង់ដោយមានបន្ទូលថា៖ «ខ្ញុំបានធ្វើកិច្ចការអស្ចារ្យទាំងនេះដល់អ្នក។ ហេតុអ្វីបានជាអ្នករាល់គ្នាមិនអរគុណខ្ញុំ?» (ទ្រង់មិនដែលមានបន្ទូលបែបនេះទេ។) ក្នុងគំនិតរបស់ព្រះជាម្ចាស់ គ្មានរឿងទាំងអស់នេះឡើយ។ ដូច្នេះ តើហេតុអ្វីបានជាមនុស្សចង់បានការសរសើរពីព្រះចំពោះរឿងបន្តិចបន្ដួចដែលគេបានលះបង់ឬបានបរិច្ចាគ ឬអ្វីតិចតួចបំផុតដែលគេបានរួមចំណែកនោះ? តើហេតុអ្វីបានជាមនុស្សសម្ដែងចេញ និងបង្ហាញពីខ្លួនឯងតាមរបៀបនេះ? ចម្លើយគឺងាយស្រួលទេ។ ដោយសារតែនិស្ស័យរបស់មនុស្ស គឺពុករលួយ។ តើហេតុអ្វីបានជាព្រះជាម្ចាស់សម្ដែងចេញ និងបង្ហាញពីអង្គទ្រង់តាមរបៀបនេះ? ដោយសារសារជាតិរបស់ព្រះជាម្ចាស់ គឺសេចក្ដីពិត ហើយសេចក្ដីពិត គឺបរិសុទ្ធ។ នេះគឺជាចម្លើយ។ មនុស្សសម្ដែងចេញ និងបង្ហាញពីខ្លួនឯងតាមរបៀបនេះ ដោយសារពួកគេមាននិស្ស័យពុករលួយ។ តើបញ្ហានេះអាចដោះស្រាយបានដែរឬទេ? តើចំណុចទាំងបីដែលខ្ញុំទើបលើកឡើងអម្បាញ់មិញនេះអាចដោះស្រាយបានដែរឬទេ? (អាចដោះស្រាយបាន។) ក្នុងចំណោមចំណុចទាំងបីដែលខ្ញុំបានលើកឡើងនេះ គ្មានចំណុចណាមួយដែលងាយស្រួលអនុវត្តនោះទេ ប៉ុន្តែមានដំណោះស្រាយមួយ។ បន្ទាប់ពីស្ដាប់ឮចំណុចទាំងបីនេះ មនុស្សប្រហែលគិតថា៖ «គេមិនអនុញ្ញាតឱ្យយើងធ្វើបែបនេះទេ ហើយគេមិនអនុញ្ញាតឱ្យយើងធ្វើបែបនោះឡើយ។ យើងគ្រាន់តែធ្វើជាអាយ៉ងល្ងង់ខ្លៅទៅបានហើយ។» តើរឿងរ៉ាវគឺបែបនេះឬ? (ទេ មិនមែនទេ។) អ៊ីចឹង តើបែបណាវិញ? ចាំខ្ញុំប្រាប់អ្នករាល់គ្នាចុះ ព្រះជាម្ចាស់ពុំបណ្ដោយឱ្យអ្នកធ្វើរឿងទាំងនេះ ក៏ដើម្បីការការពារខ្លួនអ្នកផ្ទាល់ដែរ។ នេះគឺជាចំណុចទីមួយ។ វិធីសាស្រ្តក្នុងការដេញតាមរបស់អ្នក មិនស្របតាមសេចក្ដីពិតឡើយ ហើយក៏មិនមែនជាផ្លូវត្រឹមត្រូវដែរ។ ចូរកុំប្រព្រឹត្តកំហុសរបស់មនុស្សដែលកើតមុនអ្នកម្ដងទៀតឱ្យសោះ។ ប្រសិនបើអ្នកចាត់ទុកអ្វីៗដែលអ្នកលះបង់ និងបរិច្ចាគជាទុន និងជារបស់ដោះដូរ ដែលអ្នកអាចពឹងពាក់បាន ហើយនៅពេលដែលអាកប្បកិរិយារបស់ព្រះជាម្ចាស់ចំពោះអ្នកផ្ទុយទៅនឹងបំណងប្រាថ្នារបស់អ្នក ហើយអ្នកក៏ប្រឆាំងនឹងទ្រង់ នោះអាកប្បកិរិយារបស់អ្នកមិនស្របតាមសេចក្ដីពិត គ្មានភាពជាមនុស្ស ហើយក៏មិនត្រឹមត្រូវនោះដែរ។ ទោះបីជាអ្នកមានហេតុផលរាប់ពាន់ក៏ដោយ ក៏អាកប្បកិរិយារបស់អ្នកនៅតែខុសដដែល។ ទោះតាមរបៀបណាក៏ដោយ ក៏វាមិនស្របតាមសេចក្ដីពិតដែរ ហើយសុទ្ធតែជាការទាស់ទទឹងនឹងព្រះជាម្ចាស់។ បុគ្គលម្នាក់មិនគួរមានអាកប្បកិរិយាបែបនេះនោះទេ។ នេះគឺជាចំណុចទីពីរ។ ចំណុចទីបីគឺថា ប្រសិនបើអ្នកប្រកាន់អាកប្បកិរិយាបែបនេះ នោះអ្នកនឹងមិនដែលយល់ ឬទទួលបានសេចក្ដីពិតឡើយ។ អ្នកមិនត្រឹមតែមិនទទួលបានសេចក្ដីពិតទេ ប៉ុន្តែអ្នកក៏បានធ្វើឱ្យខ្លួនអ្នកបាត់បង់ឱកាសផងដែរ។ អ្នកនឹងបាត់បង់សេចក្ដីថ្លៃថ្នូរ និងភារកិច្ចដែលភាវៈដែលព្រះបានបង្កើតមកគួរមាន។ ប្រសិនបើអ្នកគិតថា៖ «ខ្ញុំប្រកាន់តាមអាកប្បកិរិយារបស់ខ្ញុំ ហើយគ្មាននរណាម្នាក់អាចធ្វើអ្វីបានឡើយ! ខ្ញុំជឿជាក់ថា ខ្ញុំត្រូវ ដូច្នេះ ខ្ញុំនឹងប្រកាន់តាមគំនិតរបស់ខ្ញុំ។ ការគិតរបស់ខ្ញុំស្របតាមសុភនិច្ឆ័យនិងសុជីវធម៌ ដូច្នេះ ខ្ញុំនឹងប្រកាន់់់តាមវារហូតដល់ទីបញ្ចប់!» ការប្រកាន់ខ្ជាប់តាមអ្វីដោយឥតងាករេ នឹងមិនផ្ដល់ប្រយោជន៍អ្វីដល់អ្នកឡើយ។ ព្រះជាម្ចាស់នឹងមិនផ្លាស់ប្ដូរអាកប្បកិរិយារបស់ទ្រង់ដោយសារការតាំងចិត្តរបស់អ្នក ឬដោយសារអ្នកប្រកាន់តាមរឿងអ្វីមួយឡើយ។ និយាយមួយបែបទៀតគឺ ព្រះជាម្ចាស់នឹងមិនដែលផ្លាស់ប្ដូរអាកប្បកិរិយារបស់ទ្រង់ គ្រាន់តែដោយសារអ្នកប្រកាន់ខ្ជាប់តាមអាកប្បកិរិយារបស់អ្នកនោះឡើយ។ ផ្ទុយទៅវិញ ព្រះជាម្ចាស់នឹងបន្តប្រកាន់អាកប្បកិរិយាណាមួយចំពោះអ្នកដែលស្របទៅតាមការបះបោរនិងការទាស់ទទឹងឥតងាករេរបស់អ្នកនោះ។ នេះគឺជាចំណុចទីបួន ហើយជាចំណុចដ៏សំខាន់បំផុត។ ក្នុងចំណោមចំណុចទាំងបួននេះ តើមានអ្វីដែលអ្នកមិនយល់ដែរឬទេ? តើអ្វីដែលខ្ញុំបានលើកឡើងមកនេះ គ្រាន់តែជាសម្ដីឥតបានការ ដែលពុំស័ក្ដិសមនឹងសភាពពិតរបស់មនុស្ស និងគ្មានប្រយោជន៍ដល់ផ្នែកជាក់ស្ដែងនៃជីវិតមនុស្សមែនទេ? (ពុំដូច្នោះឡើយ អ្វីៗទាំងអស់សុទ្ធតែមានប្រយោជន៍។) តើមានអ្វីដែលគ្រាន់តែជាទ្រឹស្តីឥតបានការ មិនមែនជាផ្លូវអនុវត្តដែរឬទេ? (គ្មានទេ។) តើចំណុចទាំងបួននេះមានប្រយោជន៍ដល់របៀបដែលមនុស្សគួរចូលទៅក្នុងតថភាពនៃសេចក្ដីពិតនៅក្នុងជីវិតប្រចាំថ្ងៃរបស់ពួកគេដែរឬទេ? (មានប្រយោជន៍។) ប្រសិនបើអ្នកមានការយល់ដឹងច្បាស់ពីចំណុចទាំងបួននេះ ត្រូវយកវាមកអនុវត្ត ហើយដកពិសោធន៍ចំណុចទាំងបួននេះ នោះទំនាក់ទំនងរបស់អ្នកជាមួយព្រះជាម្ចាស់នឹងនៅជាធម្មតា។ ចំណុចទាំងបួននេះនឹងការពារអ្នកក្នុងអំឡុងការល្បួងមួយចំនួន ឬនៅពេលប្រឈមនឹងមនុស្ស ព្រឹត្តិការណ៍ និងអ្វីៗគ្រប់ប្រភេទ។ នៅពេលអ្នកស្ថិតក្នុងសភាពបះបោរ ចូរគិតអំពីទិដ្ឋភាពនៃសេចក្ដីពិតទាំងនេះ ចូរប្រៀបធៀបខ្លួនអ្នកនឹងទិដ្ឋភាពទាំងនេះ ហើយអនុវត្តទៅតាមការគួរ។ ប្រសិនបើពីដំបូង អ្នកមិនអាចអនុវត្តបានទេ អ្នកគួរអធិស្ឋាន ហើយក្នុងពេលនោះដែរ ត្រូវដឹងពីមូលហេតុដែលព្រះជាម្ចាស់បានធ្វើអ្វីតាមរបៀបនេះ។ អ្នកក៏គួរធ្វើការឆ្លុះបញ្ចាំងនិងស្គាល់ពីសភាពពុករលួយ និងការបង្ហាញចេញដែលអ្នកមាន ដែលធ្វើឱ្យអ្នកមិនអាចអនុវត្ត ឬចុះចូលបាន។ ប្រសិនបើអ្នកអាចស្វែងរកសេចក្ដីពិតតាមរបៀបនេះបាន នោះសភាពរបស់អ្នកនឹងបានធម្មតា ហើយអ្នកនឹងចូលទៅក្នុងតថភាពនៃសេចក្ដីពិតទាំងនេះដោយឯកឯងមិនខាន។
ទោះនោះជាបញ្ហាអ្វីក៏ដោយ ប្រសិនបើអ្នកពុំយល់ពីសេចក្ដីពិតទេ នោះអ្នកនឹងធ្វើតាមសញ្ញាណនិងការស្រមើស្រមៃ ឬមិនដូច្នោះទេ អ្នកនឹងធ្វើអ្វីៗដោយមិនស្ដាប់បង្គាប់ និងទាស់ទទឹងមិនខាន។ ចំណុចនេះច្បាស់លាស់មួយរយភាគរយ។ ជួនកាលពីសម្បកក្រៅ មើលទៅដូចជាអ្នកមិនមែនកំពុងទាស់ទទឹងនឹងព្រះជាម្ចាស់ កំពុងធ្វើរឿងអាក្រក់ ឬកំពុងបង្កការបង្អាក់និងការរំខានពិតមែន ក៏ប៉ុន្តែ នោះពុំមានន័យថា ទង្វើរបស់អ្នកស្របតាមសេចក្ដីពិតនោះឡើយ។ ជួលកាល អ្នកអាចធ្វើអ្វីផ្អែកតាមសញ្ញាណនិងការស្រមើស្រមៃ ហើយទោះទង្វើនោះមិនចាត់ទុកជាការរំខាន ឬបង្កការខូចខាតក៏ដោយ ឱ្យតែវាមិនស្របតាមសេចក្ដីពិត នោះទង្វើរបស់អ្នកមិនស្របគ្នានឹងបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ឡើយ។ មានពេលខ្លះទៀត អ្នកអាចមានសញ្ញាណអំពីព្រះជាម្ចាស់នៅក្នុងចិត្តអ្នក។ ទោះបីជាអ្នកមិនធ្លាប់និយាយវាចេញមកក៏ដោយ ក៏អ្នកកំពុងលាក់ទុកសញ្ញាណនិងការស្រមើស្រមៃទាំងនេះនៅក្នុងចិត្តអ្នកដែរ ដោយគិតថា ព្រះជាម្ចាស់គួរធ្វើបែបនេះ ឬគួរធ្វើបែបនោះ និងបញ្ជាទ្រង់ថាគួរមានលក្ខណៈបែបណាទើបសម។ ពីសម្បកក្រៅ អ្នកពុំបានធ្វើអ្វីខុសមែន ប៉ុន្តែខាងក្នុងវិញ អ្នកកំពុងស្ថិតក្នុងសភាពនៃការបះបោរនិងការទាស់ទទឹងនឹងព្រះជាម្ចាស់ឥតឈប់។ ឧទាហរណ៍ ខ្ញុំទើបមានបន្ទូលអម្បាញ់មិញអំពីការមានសញ្ញាណ និងការកំណត់និយមន័យអំពីសេចក្ដីស្រឡាញ់របស់ព្រះជាម្ចាស់។ ថ្វីបើសញ្ញាណនិងការស្រមើស្រមៃរបស់អ្នកមិនបានធ្វើឱ្យអ្នកបង្កការរំខានឬការបង្អាក់ណាមួយដល់កិច្ចការព្រះជាម្ចាស់ក៏ដោយ ក៏ប៉ុន្តែសភាពរបស់អ្នកបញ្ជាក់ថា ដួងចិត្តរបស់អ្នកកំពុងដាក់កំហិត និងយល់ខុសចំពោះព្រះជាម្ចាស់ឥតឈប់ហើយ។ តាមរយៈចំណុចនេះ តើយើងអាចសន្និដ្ឋានបានយ៉ាងដូចម្ដេច? អាចសន្និដ្ឋានបាន អ្នកកំពុងទាស់ទទឹងនឹងព្រះជាម្ចាស់ឥតឈប់។ តើខ្ញុំមានបន្ទូលពីការពិតដែរទេ? (ទ្រង់មានបន្ទូលពីការពិត។) ប្រសិនបើមានថ្ងៃណាមួយនៅពេលដែលមានរឿងស្រដៀងគ្នានឹងពួកសាសន៍យូដាដែលនិរទេសខ្លួនចេញពីស្រុកយូដា កើតឡើងមែន នោះសញ្ញាណរបស់អ្នកនឹងមិនអាចឱ្យអ្នកនិយាយពាក្យ «អាមែន» ចំពោះទង្វើរបស់ព្រះជាម្ចាស់បានឡើយ ក៏មិនអាចឱ្យអ្នកមានការលើកសរសើរ ការកោតខ្លាច ឬការស្ដាប់បង្គាប់ដើម្បីឆ្លើយតបទៅនឹងទង្វើរបស់ព្រះជាម្ចាស់ដែរ។ ផ្ទុយទៅវិញ អ្នកនឹងមានការយល់ខុស រអ៊ូរទាំ ហើយថែមទាំងមានចិត្តប្រឆាំងនឹងព្រះជាម្ចាស់បន្តិចបន្តួចផង។ ក្នុងចិត្តអ្នក អ្នកនឹងនិយាយថា៖ «ព្រះជាម្ចាស់ ព្រះអង្គមិនគួរណាធ្វើដូច្នោះទេ។ ទង្វើនេះផ្ទុយទៅនឹងបំណងប្រាថ្នារបស់មនុស្សខ្លាំងណាស់! តើព្រះអង្គអាចប្រព្រឹត្តដាក់ភាវៈដែលទ្រង់បានបង្កើតមកតាមរបៀបនេះយ៉ាងដូចម្ដេចកើតទៅ? តើព្រះអង្គអាចប្រព្រឹត្តដាក់រាស្រ្តរើសតាំងរបស់ទ្រង់តាមតាមរបៀបនេះយ៉ាងដូចម្ដេចកើតទៅ? ក្រោយពីបានឃើញនូវអ្វីដែលទ្រង់បានធ្វើរួចហើយ ទូលបង្គំមិនអាចច្រៀងសរសើរទ្រង់ ឬសាទរនឹងទង្វើរបស់ទ្រង់ឡើយ។ ទូលបង្គំឈឺចាប់ក្នុងចិត្តណាស់ និងមានអារម្មណ៍ខ្លោចផ្សាជាខ្លាំង ហាក់ដូចព្រះជាម្ចាស់ដែលទូលបង្គំថ្វាយបង្គំឥតឈប់នោះ ពុំអាចពឹងពាក់បានដូច្នោះដែរ។ ព្រះជាម្ចាស់ដែលទូលបង្គំជឿ គឺមិនមែនដូច្នេះឡើយ។ ព្រះជាម្ចាស់ដែលទូលបង្គំជឿ មិនគួរប្រព្រឹត្តដាក់ភាវៈដែលទ្រង់បានបង្កើតមកតាមរបៀបនេះទេ។ ព្រះជាម្ចាស់ដែលទូលបង្គំជឿ មិនមែនឈាមត្រជាក់ ឬសាហាវឃោរឃៅបែបនេះទេ។ ព្រះជាម្ចាស់ដែលទូលបង្គំជឿ ប្រព្រឹត្តដាក់មនុស្សប្រៀបដូចជាទារក ទ្រង់ថ្នាក់ថ្នម និងយកព្រះទ័យទុកដាក់ ធ្វើឱ្យពួកគេមានអារម្មណ៍ថា ខ្លួនមានព្រះពរច្រើនឥតគណនា និងពេញដោយភាពកក់ក្ដៅ មិនមែនត្រជាក់ដូចទឹកកក ឬគ្មានព្រះទ័យខ្វល់ខ្វាយដូចពេលនេះទេ»។ នៅពេលចិត្តរបស់អ្នក កើតមានការទួញសោកទាំងនេះ នោះអ្នកពុំចាត់ទុកការពិតដែលកំពុងកើតមាននៅនឹងមុខអ្នក ថាជាកិច្ចការរបស់ព្រះជាម្ចាស់ឡើយ។ អ្នកមិនទទួលស្គាល់កិច្ចការទ្រង់ មិននិយាយពាក្យ «អាម៉ែន» ក៏មិនសរសើរកិច្ចការទ្រង់ដែរ។ បែបនេះ តើអារម្មណ៍និងសភាពរបស់អ្នក ជាការស្ដាប់បង្គាប់ព្រះជាម្ចាស់ ឬជាការប្រឆាំងនឹងទ្រង់ទៅ? (ជាការប្រឆាំងនឹងទ្រង់។) ច្បាស់ណាស់ថា នោះមិនមែនជាការស្ដាប់បង្គាប់ពិតប្រាកដនោះទេ។ ត្រង់ចំណុចនេះ គ្មានការស្ដាប់បង្គាប់ឡើយ គឺមានតែការខកចិត្ត ការប្រឆាំងទាស់ ការមិនស្ដាប់បង្គាប់ និងការខឹងសម្បាទៅវិញទេ។ តើភាវៈដែលព្រះបានបង្កើតមក គួរមានអាកប្បកិរិយាចំពោះព្រះអាទិករបែបនេះឬ? មិនគួរមានអាកប្បកិរិយាបែបនេះទេ។ ក្នុងចិត្តរបស់អ្នកមានការប្រទាំងប្រទូសគ្នា។ អ្នកគិតថា៖ «បើព្រះជាម្ចាស់បានធ្វើកិច្ចការនេះ ហេតុអ្វីបានជាមិនពេញចិត្តខ្ញុំអ៊ីចឹង? ហេតុអ្វីបានជាមនុស្សភាគច្រើនមិនទទួលយកកិច្ចការទ្រង់? ហេតុអ្វីបានជាទង្វើរបស់ទ្រង់ផ្ទុយទៅនឹងបំណងប្រាថ្នារបស់មនុស្ស ហើយហេតុអ្វីបានជាពួកគេប្រឡាក់សុទ្ធតែឈាម និងពោរពេញដោយការកាប់សម្លាប់គ្នាបែបនេះ?» នៅពេលនោះ ព្រះជាម្ចាស់នៅក្នុងចិត្តអ្នក និងព្រះអាទិករដែលមានពិតប្រាកដនៅក្នុងជីវិតពិតជាក់ស្ដែង មិនមែនជាព្រះតែមួយទេ ហើយក៏មិនស្របតាមគ្នាដែរ តើបែបនេះមែនទេ? (ពិតជាបែបនេះមែន។) ដូច្នេះ តើអ្នកគួរជឿលើព្រះជាម្ចាស់មួយណា? នៅពេលនេះ តើអ្នកគួរជ្រើសរើសជឿលើព្រះជាម្ចាស់ដែលជាសញ្ញាណកប់ជ្រៅនៅក្នុងចិត្តរបស់អ្នក ឬជឿលើព្រះជាម្ចាស់ដែលកំពុងបំពេញកិច្ចការពិតប្រាកដនៅនឹងមុខអ្នក? (ជឿលើព្រះជាម្ចាស់ដែលកំពុងបំពេញកិច្ចការពិតប្រាកដនៅនឹងមុខយើង។) ពាក់ព័ន្ធនឹងបំណងប្រាថ្នាផ្ទាល់ខ្លួនរបស់ពួកគេ មនុស្សសុខចិត្តជឿលើព្រះជាម្ចាស់ដែលកំពុងបំពេញកិច្ចការពិតប្រាកដនៅចំពោះមុខពួកគេហើយ ប៉ុន្តែដោយសារសញ្ញាណ បំណងអាត្មានិយម និងអារម្មណ៍របស់ពួកគេ ពួកគេជ្រើសរើសលាក់បាំងព្រះជាម្ចាស់នៅក្នុងចិត្តពួកគេ និងបង្ខំខ្លួនឯងឱ្យទទួលយកព្រះជាម្ចាស់ដែលកំពុងបំពេញកិច្ចការពិតប្រាកដនៅនឹងមុខពួកគេ។ ក៏ប៉ុន្តែនៅក្នុងចិត្តពួកគេវិញ ពួកគេនៅតែមិនអាចទទួលយកគ្រប់ទាំងការពិតនៃកិច្ចការដែលព្រះអាទិករកំពុងបំពេញនោះបានដដែល។ ពួកគេនៅតែលាក់បំពួនខ្លួនឯង និងរស់នៅក្នុងពិភពលោកដ៏តូចរបស់ខ្លួនដដែល ដោយនិយាយនិងប្រាស្រ័យទាក់ទងជាមួយព្រះជាម្ចាស់ក្នុងការស្រមើស្រមៃរបស់ពួកគេដោយមិនចេះនឿយហត់ឡើយ ចំណែកឯព្រះដ៏ពិតជាក់ស្ដែងវិញ ពួកគេតែងតែមើលទៅស្រពេចស្រពិលជាប់ជានិច្ច។ ថែមទាំងមានមនុស្សដែលគិតថា៖ «ខ្ញុំបន់ឱ្យតែគ្មានព្រះដ៏ពិតជាក់ស្ដែងនេះទេ។ ព្រះជាម្ចាស់របស់ខ្ញុំ គឺជាព្រះដែលខ្ញុំស្រមៃនៅក្នុងចិត្ត ជាព្រះដែលពេញដោយសេចក្ដីស្រឡាញ់ និងធ្វើឱ្យមនុស្សមានភាពកក់ក្ដៅពីទ្រង់។ ព្រះអង្គគឺជាព្រះដ៏ពិតជាក់ស្ដែង។ ព្រះដ៏ជាក់ស្ដែងមិនមែនជាព្រះដែលខ្ញុំបានស្រមៃដល់នោះទេ ពីព្រោះកិច្ចការដែលទ្រង់បំពេញ ធ្វើឱ្យខ្ញុំមិនសប្បាយចិត្តសោះ ហើយខ្ញុំមិនមានអារម្មណ៍កក់ក្ដៅពីទ្រង់ឡើយ។ ជាពិសេស ខ្ញុំមិនអាចមើលរម្លងរបៀបដែលទ្រង់ជំនុំជម្រះ វាយផ្ចាល ថ្កោលទោស និងផាត់មនុស្សជាច្រើនចោលបានឡើយ»។ តើអ្នកដែលនិយាយបែបនេះជាមនុស្សបែបណា? នេះគឺជាសម្ដីរបស់អ្នកមិនជឿ និងអ្នកដែលពុំទទួលយកសេចក្ដីពិត។ សភាពខុសៗគ្នាទាំងអម្បាលម៉ាននេះ កើតមាននៅក្នុងខ្លួនមនុស្ស នៅពេលពួកគេពុំយល់ពីកិច្ចការរបស់ព្រះជាម្ចាស់ និងនៅពេលដែលមានភាពផ្ទុយគ្មារវាងអ្វីដែលពួកគេស្រមៃ និងអ្វីដែលព្រះជាម្ចាស់ធ្វើពិតប្រាកដ។ ដូច្នេះ តើសភាពទាំងនេះកើតឡើងដោយរបៀបណា? ចំណុចមួយគឺ មនុស្សមាននិស្ស័យពុករលួយ ហើយចំណុចមួយទៀតគឺ នៅពេលមានរឿងអ្វីមួយកើតឡើង ហើយការពិតទាំងនោះពុំស្របតាមសញ្ញាណនិងការស្រមើស្រមៃរបស់មនុស្ស ដោយបដិសេធថាជំនឿរបស់ពួកគេក្លែងក្លាយ ធ្វើឱ្យក្ដីសុបិន្តរបស់ពួកគេខ្ទេចខ្ទី និងធ្វើឱ្យពួកគេមានអារម្មណ៍ថា ទេពកោសល្យនិងបំណងប្រាថ្នាចង់បានព្រះពររបស់ពួកគេ មិនអាចសម្រេចបាន ដូច្នេះ តើចុងក្រោយពួកគេសម្រេចចិត្តធ្វើបែបណា? រត់គេច សម្របសម្រួល និងប្រកែកដាច់អហង្ការ។ មនុស្សខ្លះថែមទាំងបដិសេធមិនប្រកាន់យកខាងណា ដោយនិយាយថា៖ «ខ្ញុំនឹងទទួលយកទាំងពីរខាង។ ព្រះជាម្ចាស់ដែលនៅក្នុងចិត្តខ្ញុំ គឺជាព្រះជាម្ចាស់ដើម និងជាសេចក្ដីស្រឡាញ់។ ហើយព្រះជាម្ចាស់ដែលកំពុងបំពេញកិច្ចការអស្ចារ្យ និងមានសិទ្ធិអំណាចនៅចំពោះមុខខ្ញុំ ក៏ជាព្រះជាម្ចាស់ដែរ។ ខ្ញុំនឹងទទួលយកព្រះទាំងពីរអង្គនេះ ហើយមិនលះបង់អង្គណាមួយចោលឡើយ»។ មនុស្សតែងរស់នៅក្នុងសភាពបែបនេះ ដោយបដិសេធមិនប្រកាន់យកខាងណា។ ក្នុងចិត្តមនុស្សតែងនឹងគំនិតជាប់ព័ន្ធនឹងព្រះជាម្ចាស់។ ពួកគេរត់ចុះរត់ឡើង លះបង់ខ្លួន ថ្វាយតង្វាយ និងធ្វើការដើម្បីព្រះដ៏ស្រពេចស្រពិលនេះ។ ពួកគេសុខចិត្តលះបង់តម្លៃគ្រប់យ៉ាងដើម្បីបំពេញភារកិច្ចរបស់ខ្លួន ដល់ថ្នាក់លះបង់ជីវិតផ្ទាល់ខ្លួន និងលះបង់គ្រប់យ៉ាងដែលពួកគេមានទៀតផង។ មិនថាមនុស្សធ្វើបែបណា ឬក្នុងខ្លួនពួកគេមានសភាពបែបណាទេ នៅពេលដែលក្នុងចិត្តរបស់ពួកគេមានព្រះបែបនេះ នៅក្នុងព្រះនេត្ររបស់ព្រះអាទិករ តើទង្វើរបស់មនុស្សល្អឬមួយក៏អាក្រក់ទៅ? តើទង្វើនោះជាការស្ដាប់បង្គាប់ ឬការទាស់ទទឹង? ច្បាស់ណាស់ ទង្វើទាំងនោះមិនមែនជាទង្វើល្អនោះទេ ហើយមិនសមនឹងលើកសរសើរឡើយ។ ចំណុចនេះក៏បង្ហាញដែរថា មនុស្សមិនបានស្ដាប់បង្គាប់ ឬលះបង់ខ្លួនពិតប្រាកដឡើយ។ តែផ្ទុយទៅវិញ ពួកគេពេញដោយការទាស់ទទឹង ការបះបោរ និងការប្រឆាំងទាស់។ ច្បាស់ណាស់ថា ដោយសារមនុស្សមានសភាពទាំងអស់នេះ និងតែងរស់នៅក្នុងសភាពទាំងនេះ ទើបនៅពេលដែលមនុស្សភ្ញាក់ពីការយល់សប្តិរបស់ពួកគេ និងរស់នៅក្នុងពិភពលោកពិតជាក់ស្ដែងវិញ ពួកគេក៏ដឹងថា កិច្ចការរបស់ព្រះជាម្ចាស់នៅក្នុងជីវិតពិត មិនអាចបំពេញតាមតម្រូវការខាងផ្លូវចិត្តនិងខាងវិញ្ញាណរបស់ពួកគេបានឡើយ។ តែផ្ទុយទៅវិញ កិច្ចការរបស់ទ្រង់បានធ្វើឱ្យមនុស្សឈឺចាប់តាមរបៀបជាច្រើន ធ្វើឱ្យពួកគេយល់ថា ព្រះអង្គសោះអង្គើយច្រើនបែបច្រើនយ៉ាង និងបំពេញកិច្ចការផ្ទុយទៅនឹងបំណងប្រាថ្នារបស់មនុស្ស។ ថែមទាំងមានមនុស្សខ្លះដែលមានមន្ទិលសង្ស័យ ក៏សួរថា៖ «តើព្រះជាម្ចាស់ ជាសេចក្ដីស្រឡាញ់មែនទេ? តើព្រះអង្គនៅស្រឡាញ់មនុស្សទៀតដែរឬទេ? គេបាននិយាយថា ព្រះជាម្ចាស់ខ្វល់ព្រះទ័យចំពោះមនុស្ស និងស្រឡាញ់មនុស្សដូចជាអង្គទ្រង់ដែរ។ តើអ្នកឃើញសេចក្ដីនេះនៅត្រង់ណា? ម្ដេចបានជាខ្ញុំមិនដែលបានឃើញអ៊ីចឹង?» នេះគឺជាបញ្ហាមួយ! មនុស្សតែងរស់នៅក្នុងសភាពទាំងនេះ ដោយធ្វើឱ្យមានការខ្វែងគំនិតគ្នារវាងមនុស្សនិងព្រះជាម្ចាស់កាន់តែខ្លាំងឡើងៗ ហើយគម្លាតរវាងមនុស្សនិងព្រះជាម្ចាស់ក៏កាន់តែធំទៅៗជាលំដាប់។ នៅពេលមនុស្សឃើញព្រះជាម្ចាស់ធ្វើរឿងអ្វីមួយដែលស្របតាមសញ្ញាណរបស់ពួកគេ ពួកគេគិតថា៖ «ព្រះជាម្ចាស់របស់ខ្ញុំបានធ្វើកិច្ចការដ៏សំខាន់បំផុត។ ព្រះអង្គគឺជាព្រះជាម្ចាស់ដែលខ្ញុំចង់ជឿលើទ្រង់ពិតប្រាកដ។ មានតែព្រះអង្គទេ ទើបជាព្រះជាម្ចាស់របស់ខ្ញុំ។ ខ្ញុំស្ម័គ្រចិត្តធ្វើជាភាវៈដែលទ្រង់បានបង្កើតមក។ មានតែព្រះអង្គទេ ទើបជាព្រះអាទិកររបស់ខ្ញុំ»។ ក៏ប៉ុន្តែ នៅពេលមានការលំបាក ភាពអវិជ្ជមាន ឬភាពទន់ខ្សោយកើតឡើងនៅក្នុងជីវិតរស់នៅប្រចាំថ្ងៃរបស់ពួកគេ ហើយព្រះជាម្ចាស់ក្នុងក្ដីស្រមៃពួកគេ មិនអាចជួយពួកគេបាន ឬបំពេញតាមតម្រូវការរបស់ពួកគេបានគ្រប់ពេល នោះសេចក្ដីជំនឿរបស់ពួកគេលើព្រះជាម្ចាស់ ក៏ថមថយ ឬដល់ថ្នាក់បាត់អស់សេចក្ដីជំនឿនោះផងក៏មាន។ តើសភាពទាំងអស់ដែលមនុស្សមាន និងគ្រប់ទាំងរបៀបដែលមនុស្សប្រព្រឹត្តនិងបង្ហាញពីខ្លួនឯងនេះ កើតឡើងដោយសារមូលហេតុអ្វី? នោះគឺដោយសារមនុស្សពុំស្គាល់ព្រះអាទិករទាល់តែសោះ។ អ្នកពុំស្គាល់ទ្រង់។ នោះគឺជាហេតុផលតែមួយគត់។ នេះគឺជាឫសគល់នៃការខ្វែងគំនិតគ្នា គម្លាត និងការយល់ច្រឡំរវាងមនុស្សនិងព្រះជាម្ចាស់។ ដូច្នេះ តើមនុស្សដោះស្រាយបញ្ហានេះដោយរបៀបណា? ទីមួយ មនុស្សត្រូវតែដោះស្រាយសញ្ញាណរបស់ពួកគេជាមុនសិន។ ទីពីរ មនុស្សត្រូវដកពិសោធន៍ ស្វែងរក និងសញ្ជឹងគិតពីគ្រប់ចំណុចនៃកិច្ចការដែលព្រះជាម្ចាស់ធ្វើនៅក្នុងចំណោមពួកគេ ហើយធ្វើឱ្យដល់ចំណុចដែលពួកគេអាចចុះចូលគ្រប់ទាំងការដែលព្រះជាម្ចាស់បានរៀបចំសម្រាប់ពួកគេ និងចំពោះមនុស្សគ្រប់គ្នា គ្រប់ទាំងព្រឹត្តិការណ៍ និងអ្វីដែលៗព្រះជាម្ចាស់បានចាត់ចែងសម្រាប់ពួកគេ។ តើការចុះចូលមានគោលបំណងអ្វី? ដើម្បីទទួលស្គាល់និងយល់ពីគ្រប់ទាំងសេចក្ដីពិត។
តើអ្នករាល់គ្នាយល់ថាប្រធានបទដែលយើងទើបបានពិភាក្សាគ្នាអម្បាញ់មិញនេះជ្រាលជ្រៅដែរឬទេ? តើអ្នករាល់គ្នាអាចយល់បានដែរឬទេ? តើអ្នករាល់គ្នាអាចក្ដាប់បានដែរឬទេ? (ពួកយើងអាចយល់និងក្ដាប់បាន។) អ្នកគួរតែអាចយល់ចំណុចនេះបានក្នុងលក្ខណៈជាទ្រឹស្ដី ប៉ុន្តែ តើការយល់បានក្នុងលក្ខណៈជាទ្រឹស្ដីរាប់ថាជាការយល់និងការទទួលយកសេចក្ដីពិតដែរឬទេ? (អត់ទេ។) ដូច្នេះ តើអ្វីទៅដែលរាប់ថាជាការយល់និងការទទួលយកសេចក្ដីពិតនោះ? អ្នកត្រូវតែពិនិត្យពិច័យខ្លួនអ្នកនៅក្នុងជីវិតរស់នៅប្រចាំថ្ងៃឱ្យបានញឹកញាប់ ប៉ុន្តែតើអ្នកគួរពិនិត្យពិច័យអ្វី? (ពិនិត្យពិច័យថាតើយើងមានសភាព ឬបានប្រព្រឹត្តខ្លួនតាមលក្ខណៈដែលព្រះជាម្ចាស់មានបន្ទូលនោះដែរឬអត់ ហើយតើមនុស្សមានសញ្ញាណនិងការយល់ច្រឡំអ្វីខ្លះអំពីព្រះជាម្ចាស់។) ប្រាកដណាស់។ អ្នកត្រូវតែពិនិត្យពិច័យចំណុចទាំងនេះ។ ពិនិត្យពិច័យថាតើអ្នកបង្ហាញចេញសេចក្ដីពុករលួយអ្វីខ្លះ ហើយអ្នកមានសញ្ញាណ និងការស្រមើស្រមៃអ្វីខ្លះ។ មនុស្សខ្លះនិយាយថា ពួកគេមិនអាចពិនិត្យពិច័យខ្លួនឯងបានទេ។ ចំណុចនោះងាយស្រួលដោះស្រាយទេ គ្រាន់តែមើលអ្នកដទៃសិនទៅបានហើយ។ អ្នកដទៃគឺជាកញ្ចក់សម្រាប់ឆ្លុះបញ្ចាំងពីខ្លួនអ្នក។ នៅពេលដែលអ្នកឃើញមនុស្សបង្ហាញចេញនិស្ស័យ ឬសភាពជាក់លាក់ណាមួយ ត្រូវបកវាត្រឡប់មកខ្លួនអ្នកវិញ ពិនិត្យពិច័យខ្លួនអ្នក ហើយប្រៀបធៀបខ្លួនអ្នក។ មើលថាតើអ្នកមានសញ្ញាណនិងការស្រមើស្រមៃដូចគ្នានេះដែរឬទេ និងមើលថាតើអ្នកមានសភាពដូចគ្នានេះដែរឬទេ? ប្រសិនបើអ្នកមាន ពេលនោះតើអ្នកគួរធ្វើបែបណា? តើអ្នកគួរបកអាក្រាតពីខ្លួនអ្នក និងវែកញែករឿងទាំងអស់នេះ ឬក៏ប្រកាន់យកនិងរង់ចាំឱ្យអ្វីទាំងនេះ «ចេញផ្លែផ្កា» សិន? (យើងគួរបកអាក្រាតពីខ្លួនឯង និងវែកញែកចំណុចទាំងនេះ។) អ្នកត្រូវលាតត្រដាង និងវែកញែកចំណុចទាំងនេះឱ្យអស់ ដើម្បីឱ្យមនុស្សគ្រប់គ្នាអាចទទួលបានប្រយោជន៍ ដើម្បីឱ្យតាមរយៈការលាតត្រដាងនិងវែកញែកនេះ មនុស្សគ្រប់គ្រងអាចអាចដឹងពីសភាពពុករលួយរបស់ពួកគេ អាចយល់ពីសេចក្ដីពិត ស្វែងរកដំណោះស្រាយ និងដោះស្រាយបញ្ហាទាំងអស់នេះរួមគ្នាយ៉ាងពិតប្រាកដ។ តើការវែកញែកពីសញ្ញាណនិងសភាពអកម្មនិងអវិជ្ជមានបានប្រយោជន៍អ្វី? (ដើម្បីឱ្យមនុស្សអាចស្វែងរកដំណោះស្រាយអំពីសញ្ញាណនិងសភាពអកម្មរបស់ពួកគេ។) ហើយតើការស្វែងរកច្រកចេញមានប្រយោជន៍អ្វី? ដើម្បីទទួលបានសេចក្ដីពិត។ ចំណុចនៃការកែប្រែសញ្ញាណរបស់អ្នក គឺដើម្បីធ្វើឱ្យអ្នកទទួលស្គាល់ថា សញ្ញាណនោះខុស ហើយថាអ្នកមិនមានគួរមានសញ្ញាណទាំងនោះឡើយ។ អ្នកគួរលះបង់សញ្ញាណទាំងនោះចោល មិនត្រូវប្រកាន់យកនោះទេ។ បន្ទាប់មក ត្រូវស្វែងរកអ្វីដែលត្រឹមត្រូវ អ្វីដែលវិជ្ជមានពិតប្រាកដ និងអ្វីជាដែលសេចក្ដីពិតឱ្យបានសកម្ម។ នៅពេលដែលអ្នកទទួលយកអ្វីដែលវិជ្ជមាន និងទទួលយកសេចក្ដីពិត ហើយចាត់ទុកទាំងអ្វីទាំងអស់នោះជាគោលការណ៍នៃការអនុវត្ត ការគិត និងទស្សនៈដែលអ្នកគួរមាន ពេលនោះនឹងមានការផ្លាស់ប្ដូរ ហើយអ្នកនឹងទទួលបានសេចក្ដីពិតមិនខាន។ ដូច្នេះ ពាក់ព័ន្ធនឹងសេចក្ដីពិតទាំងនេះ តើយើងគួរមានទស្សនៈបែបណាចំពោះពួកសាសន៍យូដាដែលនិរទេសចេញពីស្រុកយូដា? តើមនុស្សមានសញ្ញាណទូទៅបែបណាចំពោះព្រឹត្តិការណ៍នេះ? (ពួកគេមានសញ្ញាណថា ព្រះជាម្ចាស់មិនគួរណាបណ្ដេញពួកសាសន៍យូដាចេញពីស្រុកយូដាឡើយ ហើយទ្រង់គួរណាស់តែបានការពារពួកសាសន៍យូដាទើបត្រូវ។ មិនថាពួកគេទាស់ទទឹងនឹងទ្រង់បែបណាទេ ហើយទោះពួកគេបានឆ្កាងទ្រង់ទៅនឹងឈើឆ្កាងក៏ពិតមែន ក៏ព្រះអង្គគួរណាស់តែបានអត់ទោសបាបដល់ពួកគេជាអស់កល្ប ហើយមានតែបែបនោះទេ ទើបជាសេចក្ដីស្រឡាញ់របស់ព្រះជាម្ចាស់។) ទាំងនេះគឺជាសញ្ញាណរបស់មនុស្ស។ តើសញ្ញាណទាំងនេះមិនមែនខុសទំនងទេឬអី? ប្រសិនបើព្រះជាម្ចាស់ធ្វើតាមសញ្ញាណរបស់មនុស្ស តើទ្រង់នៅមាននិស្ស័យសុចរិតទៀតដែរឬទេ? ទោះបីមនុស្សមិនសប្បាយចិត្តចំពោះការត្រូវនិរទេសខ្លួន ប៉ុន្តែការទាស់ទទឹង និងការថ្កោលទោសព្រះជាម្ចាស់ គឺជាទង្វើជ្រុលហួស ដែលព្រះជាម្ចាស់មិនអាចទទួលយកបានឡើយ។ ទង្វើរបស់ពួកគេគ្មានអ្វីខុសគ្នាពីទង្វើរបស់សាតាំងនោះទេ ដូច្នេះ តើឱ្យព្រះជាម្ចាស់មិនក្រោធនឹងពួកគេយ៉ាងដូចម្ដេចកើតទៅ? មនុស្សមួយចំនួនមិនអាចទទួលយកសេចក្ដីពិតបានទេ ហើយគិតថា៖ «តើព្រះជាម្ចាស់អាចធ្វើដាក់មនុស្សបែបនេះយ៉ាងម៉េចកើតទៅ? មនុស្សមិនអាចទទួលយកសេចក្ដីស្រឡាញ់របៀបនេះបានឡើយ វាផ្ទុយទៅនឹងសុភនិច្ឆ័យទាំងស្រុង! មើលទៅមិនដូចសេចក្ដីស្រឡាញ់សោះឡើយ។ ប្រសិនបើព្រះជាម្ចាស់ប្រព្រឹត្តដាក់ពួកសាសន៍យូដារបៀបនេះ ព្រះអង្គគ្មានសេចក្ដីស្រឡាញ់ឡើយ។» ការបដិសេធសេចក្ដីស្រឡាញ់របស់ព្រះជាម្ចាស់ គឺជាសញ្ញាណរបស់មនុស្ស។ តើសញ្ញាណរបស់មនុស្សគឺជាអ្វី? (មនុស្សកំណត់និយមន័យអំពីសេចក្ដីស្រឡាញ់របស់ព្រះជាម្ចាស់។) ពិតណាស់ នៅពេលមនុស្សកំណត់និយមន័យអំពីអ្វីមួយ នោះគឺជាសញ្ញាណមួយ ហើយវាមិនស្របតាមសេចក្ដីពិត ក៏មិនមែនជាសេចក្ដីពិតដែរ។ តើមនុស្សបានកំណត់និយមន័យអ្វីខ្លះ? ពួកគេបានកំណត់និយមន័យអំពីរបៀបដែលព្រះជាម្ចាស់បំពេញកិច្ចការ។ ពួកគេគិតថា ដើម្បីឱ្យកិច្ចការនោះអាចក្លាយជាកិច្ចការរបស់ព្រះជាម្ចាស់បាន ព្រះជាម្ចាស់ត្រូវតែបំពេញកិច្ចការនោះតាមវិធីជាក់លាក់ណាមួយ ហើយថាព្រះជាម្ចាស់គួរបំពេញកិច្ចការតាមវិធីទាំងនេះទើបត្រូវ។ មនុស្សបានកំណត់និយមន័យអំពីរបៀបដែលព្រះជាម្ចាស់បំពេញកិច្ចការ ហើយនិយមន័យដែលបានកំណត់នេះ គឺជាសញ្ញាណរបស់ពួកគេ។ ដូច្នេះ តើមនុស្សមាននិយមន័យបែបណាខ្លះអំពីកិច្ចការរបស់ព្រះជាម្ចាស់? ចុះចំណែកនិយមន័យដែលធ្វើឱ្យពួកគេមានអារម្មណ៍មិនសប្បាយចិត្តចំពោះរបៀបដែលព្រះជាម្ចាស់បានបំពេញកិច្ចការនៅក្នុងស្ថានភាពនេះ ហើយធ្វើឱ្យពួកគេយល់ខុស និងប្រឆាំងទាស់នឹងទ្រង់នោះ? (មនុស្សគិតថា ព្រះជាម្ចាស់គួរណាស់តែបានប្រទានព្រះគុណនិងព្រះពរដ៏ច្រើនលើសលប់ដល់ពួកសាសន៍យូដា តែផ្ទុយទៅវិញ ព្រះអង្គបែរជាធ្វើខុសពីសញ្ញាណ និងការស្រមើស្រមៃទាំងនេះ និងខុសពីការរំពឹងទុករបស់ពួកគេ។ ព្រះអង្គបានបណ្ដេញពួកសាសន៍យូដាចេញ និងធ្វើឱ្យពួកគេដើរខ្ចាត់ព្រាត់នៅលើផែនដី។ មនុស្សពុំយល់ពីរឿងនេះទេ ហើយរឿងនេះធ្វើឱ្យកើតមានសញ្ញាណជាច្រើន។) មនុស្សជាច្រើនមានសញ្ញាណនិងការយល់ខុសចំពោះទង្វើដែលព្រះជាម្ចាស់បានធ្វើលើពួកសាសន៍យូដា។ និយាយមួយបែបទៀតគឺ មនុស្សមិនពេញចិត្តនឹងទង្វើរបស់ព្រះជាម្ចាស់ឡើយ ហើយគិតថា ព្រះអង្គមិនគួរណាធ្វើបែបនោះទេ។ តើនេះគឺជាសញ្ញាណដែរឬទេ? (គឺជាសញ្ញាណ។) បន្ទាប់មក នៅពេលដែលមនុស្សគិតថា ព្រះជាម្ចាស់ «មិនគួរ» ណាធ្វើបែបនោះ តើពួកគេមិនមែនកំពុងកំណត់និយមន័យអំពីកិច្ចការរបស់ព្រះជាម្ចាស់ទេឬអី? តើអ្នកដឹងបានដោយរបៀបណាទៅថា ព្រះជាម្ចាស់មិនគួរណាធ្វើបែបនោះ? តើអ្នកមានមូលដ្ឋានអ្វីដែលអ្នកថា ព្រះជាម្ចាស់មិនគួរណាធ្វើបែបនោះ? ប្រសិនបើអ្នកគិតថា ទ្រង់មិនគួរណាធ្វើបែបនោះ តែទ្រង់បែរជាបានធ្វើបែបនោះវិញ ដូច្នេះតើនោះមានន័យថា ព្រះជាម្ចាស់មិនមែនជាព្រះមែនទេ? តើនោះមានន័យថា អ្វីដែលព្រះជាម្ចាស់បានធ្វើ គឺខុសនិងមិនស្របតាមសេចក្ដីពិតមែនទេ? ពាក់ព័ន្ធនឹងចំណុចនេះ តើមនុស្សមិនមែនល្ងង់ខ្លៅទេឬអី? មនុស្សល្ងីល្ងើ ល្ងង់ខ្លៅ ក្រអឺតក្រទម និងរាប់ខ្លួនឯងជាសុចរិតហួសហេតុពេកហើយ ជាហេតុនាំឱ្យពួកគេងាយនឹងកើតមានសញ្ញាណអំពីព្រះជាម្ចាស់ និងកំណត់និយមន័យអំពីព្រះជាម្ចាស់បំផុត។ មនុស្សបែបនេះ មិនអាចទទួលយកសេចក្ដីពិតបានទេ រឿងនេះគ្រោះថ្នាក់ខ្លាំងណាស់ ហើយពួកគេមុខជាត្រូវផាត់ចោលមិនខាន។
មនុស្សជាច្រើនមានសញ្ញាណនិងគំនិតផ្សេងៗជាច្រើនអំពីពួកសាសន៍យូដាដែលត្រូវនិរទេសចេញពីស្រុកយូដា ហើយពួកគេពុំយល់ពីបំណងរបស់ព្រះជាម្ចាស់ឡើយ ប៉ុន្តែរឿងនេះគឺជាបញ្ហាដែលងាយស្រួលដោះស្រាយនោះទេ។ ខ្ញុំនឹងប្រាប់អ្នករាល់គ្នាអំពីវិធីដោះស្រាយបញ្ហានេះ។ ចូរស្ដាប់និងគិតមើលថាតើអាចដោះស្រាយការលំបាករបស់អ្នករាល់គ្នាបានឬអត់។ វិធីងាយស្រួលដំបូងគេបំផុត គឺត្រូវឱ្យមនុស្សស្គាល់ថា ពួកគេជាភាវៈដែលព្រះបានបង្កើតមក ហើយថា ការដែលភាវៈដែលព្រះបានបង្កើតមក ត្រូវស្ដាប់បង្គាប់ព្រះអាទិករ គឺជាការរើសតាំងដោយស្ថានសួគ៌ និងការទទួលស្គាល់ដោយផែនដី។ ប្រសិនបើភាវៈដែលព្រះបានបង្កើតមកមានសញ្ញាណអំពីព្រះអាទិកររបស់ពួកគេឥតឈប់ ហើយមិនអាចចុះចូលនឹងទ្រង់បាន នោះជាការមិនស្ដាប់បង្គាប់ខ្លាំងបំផុត។ មនុស្សត្រូវតែយល់ថា មានគោលការណ៍សំខាន់មួយអំពីការប្រព្រឹត្តរបស់ព្រះអាទិករចំពោះភាវៈដែលព្រះបានបង្កើតមក ដែលនេះក៏ជាគោលការណ៍ដ៏ខ្ពស់បំផុតផងដែរ។ របៀបដែលព្រះអាទិករប្រព្រឹត្តចំពោះភាវៈដែលព្រះបានបង្កើតមក គឺមានផ្អែកទាំងស្រុងលើផែនការគ្រប់គ្រងរបស់ទ្រង់ និងលើសេចក្តីតម្រូវនៃកិច្ចការរបស់ទ្រង់។ ព្រះអង្គមិនចាំបាច់ពិគ្រោះជាមួយបុគ្គលណាម្នាក់ឡើយ ហើយទ្រង់ក៏ពុំចាំបាច់ឱ្យនរណាម្នាក់យល់ស្របជាមួយទ្រង់ដែរ។ អ្វីគ្រប់យ៉ាងដែលទ្រង់គួរតែធ្វើ ហើយទ្រង់គួរប្រព្រឹត្តចំពោះមនុស្សតាមរបៀបណានោះ គឺទ្រង់ធ្វើបែបនោះហើយ ហើយទោះបីជាទ្រង់ធ្វើកិច្ចការអ្វី ឬប្រព្រឹត្តចំពោះមនុស្សតាមរបៀបណាក៏ដោយ ក៏អ្វីៗសុទ្ធតែស្របតាមគោលការណ៍នៃសេចក្តីពិត និងគោលការណ៍ដែលព្រះអាទិករបំពេញកិច្ចការដែរ។ ក្នុងនាមជាភាវៈដែលព្រះបានបង្កើតមក កិច្ចការតែមួយគត់ដែលត្រូវធ្វើ គឺត្រូវចុះចូលចំពោះព្រះអាទិករ។ មនុស្សមិនគួរមានជម្រើសផ្ទាល់ខ្លួននោះទេ។ នេះជាមូលហេតុដែលភាវៈដែលព្រះបានបង្កើតមកគួរតែមាន ហើយប្រសិនបើមនុស្សម្នាក់គ្មានហេតុផលនេះទេ នោះពួកគេមិនសមនឹងហៅថាជាមនុស្សឡើយ។ មនុស្សត្រូវតែយល់ថា ព្រះអាទិករនឹងតែងតែជាព្រះជាម្ចាស់ដែលបង្កើតរបស់សព្វសារពើជានិច្ច។ ទ្រង់មានព្រះចេស្ដានិងគុណសម្បត្តិ ដើម្បីចាត់ចែងនិងគ្រប់គ្រងលើភាវៈដែលព្រះបានបង្កើតមកណាមួយតាមព្រះអង្គសព្វព្រះហឫទ័យ ហើយពុំចាំបាច់មានហេតុផលក្នុងការធ្វើរឿងនោះឡើយ។ នេះគឺជាសិទ្ធិអំណាចរបស់ទ្រង់។ គ្មានភាវៈណាមួយក្នុងចំណោមភាវៈព្រះបានបង្កើតមក មានសិទ្ធិឬមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ដើម្បីវិនិច្ឆ័យថាតើអ្វីដែលព្រះអាទិករធ្វើនោះ ត្រូវឬខុស ឬវិនិច្ឆ័យពីរបៀបដែលទ្រង់គួរធ្វើកិច្ចការឡើយ។ គ្មានសត្តនិករណាមួយមានសិទ្ធិជ្រើសរើសថាតើត្រូវទទួលយកការគ្រប់គ្រង និងការរៀបចំពីព្រះអាទិករឬអត់នោះទេ ហើយគ្មានសត្តនិករណាមួយដែលមានសិទ្ធិទាមទារឱ្យព្រះអាទិករត្រួតត្រា និងចាត់ចែងលើវាសនារបស់ពួកគេតាមរបៀបណាបានទេ។ នេះគឺជាសេចក្តីពិតដ៏ខ្ពស់បំផុត។ មិនថាព្រះអាទិករបានធ្វើអ្វីចំពោះភាវៈដែលទ្រង់បានបង្កើតមកទេ ហើយទោះព្រះអង្គបានធ្វើរឿងនោះតាមរបៀបណាក៏ដោយ ក៏មនុស្សដែលទ្រង់បានបង្កើតមកគួរតែធ្វើរឿងតែម្យ៉ាងគត់គឺ ស្វែងរក ចុះចូល ស្គាល់ និងទទួលយកគ្រប់យ៉ាងដែលព្រះអាទិករបានរៀបចំឱ្យកើតមានឡើង។ លទ្ធផលចុងក្រោយនោះគឺថា ព្រះអាទិករនឹងបានសម្រេចផែនការគ្រប់គ្រងរបស់ទ្រង់ ព្រមទាំងបញ្ចប់កិច្ចការរបស់ទ្រង់ ដោយធ្វើឱ្យផែនការគ្រប់គ្រងរបស់ទ្រង់វិវឌ្ឍទៅមុខដោយគ្មានឧបសគ្គអ្វីឡើយ។ ក្នុងពេលជាមួយគ្នានោះ ដោយសារតែភាវៈដែលព្រះបានបង្កើតមកបានទទួលយកការគ្រប់គ្រង និងការរៀបចំពីព្រះអាទិករ ដូច្នេះ ពួកគេនឹងទទួលបានសេចក្តីពិត បានយល់ពីបំណងព្រះហឫទ័យរបស់ព្រះអាទិករ និងបានស្គាល់ពីនិស្ស័យរបស់ទ្រង់។ នៅមានគោលការណ៍មួយទៀតដែលខ្ញុំត្រូវតែប្រាប់អ្នករាល់គ្នាឱ្យដឹង៖ មិនថាព្រះអាទិករធ្វើអ្វី មិនថាទ្រង់សម្ដែងចេញដោយរបៀបណា និងមិនថាអ្វីដែលទ្រង់ធ្វើនោះ គឺជាកិច្ចការធំឬតូចទេ ព្រះអង្គនៅតែជាព្រះអាទិករដដែល។ ចំណែកឯមនុស្សជាតិទាំងអស់ដែលទ្រង់បានបង្កើតមក ទោះបីពួកគេបានធ្វើអ្វី ហើយទោះបីពួកគេមានទេពកោសល្យ ឬអំណោយទានប៉ុនណាក៏ដោយ ក៏ពួកគេនៅតែជាភាវៈដែលព្រះបានបង្កើតមកដដែល។ ក្នុងនាមជាមនុស្សជាតិដែលព្រះបានបង្កើតមក មិនថាពួកគេបានទទួលព្រះគុណនិងព្រះពរពីព្រះអាទិករច្រើនប៉ុនណា ឬបានទទួលសេចក្តីមេត្តាករុណា សេចក្តីអាណិតស្រឡាញ់ ឬចិត្តប្រណីសន្ដោសច្រើនកម្រិតណាឡើយ ក៏ពួកគេមិនគួរជឿថា ខ្លួនពួកគេអាចលេចធ្លោរពីក្នុងចំណោមមហាជន ឬគិតថា ពួកគេអាចឈរនៅកម្រិតស្មើនឹងព្រះជាម្ចាស់ និងថាពួកគេមានឋានៈខ្ពង់ខ្ពស់នៅក្នុងចំណោមភាវៈដែលព្រះបានបង្កើតមកនោះដែរ។ មិនថាព្រះជាម្ចាស់បានប្រទានអំណោយទានដល់អ្នកច្រើនប៉ុនណា ឬទ្រង់បានប្រទានព្រះគុណដល់អ្នកច្រើនកម្រិតណា ឬទ្រង់បានប្រព្រឹត្តចំពោះអ្នកដោយព្រះទ័យសប្បុរសបែបណា ឬមិនថាទ្រង់បានប្រទានទេពកោសល្យពិសេសពីរបីដល់អ្នកក៏ដោយ ក៏អ្វីៗទាំងអស់នេះមិនមែនជាទ្រព្យរបស់អ្នកដែរ។ អ្នកគឺជាភាវៈដែលព្រះបានបង្កើតមក ដូច្នេះ អ្នកនឹងនៅតែជាភាវៈដែលព្រះបានបង្កើតមកជារៀងរហូតដដែល។ អ្នកមិនត្រូវគិតថា៖ «ខ្ញុំជាមនុស្សសំណព្វនៅក្នុងព្រះហស្តរបស់ព្រះជាម្ចាស់។ ព្រះជាម្ចាស់នឹងមិនផាត់ខ្ញុំចោលឡើយ ហើយអាកប្បកិរិយារបស់ព្រះជាម្ចាស់ចំពោះខ្ញុំនឹងតែងតែជាសេចក្តីស្រឡាញ់ ព្រះទ័យទុកដាក់ និងការបបោសអង្អែលលួងលោម ព្រមទាំងជាការខ្សឹបដោយបន្ទូលទន់ភ្លនល់ដើម្បីកម្សាន្តចិត្ត និងលើកទឹកចិត្តជានិច្ច»។ ផ្ទុយទៅវិញ នៅក្នុងព្រះនេត្ររបស់ព្រះអាទិករ អ្នកគ្មានអ្វីខុសពីភាវៈដែលព្រះបានបង្កើតមកដទៃផ្សេងទៀតឡើយ។ ព្រះជាម្ចាស់អាចប្រើអ្នកទៅតាមព្រះទ័យរបស់ទ្រង់ ហើយក៏អាចចាត់ចែងអ្នកទៅតាមបំណងប្រាថ្នារបស់ទ្រង់ផងដែរ ហើយព្រះអង្គអាចរៀបចំឱ្យអ្នកដើរតួនាទីអ្វីក៏បានក្នុងចំណោមមនុស្សគ្រប់ប្រភេទ គ្រប់ព្រឹត្តិការណ៍ និងអ្វីៗទាំងអស់ ទៅតាមព្រះហឫទ័យរបស់ទ្រង់។ មនុស្សគួរមានចំណេះដឹងបែបនេះ ហើយហើយពួកគេក៏គួរតែមានសុភនិច្ឆ័យបែបនេះផងដែរ។ ប្រសិនបើមនុស្សអាចយល់និងទទួលយកព្រះបន្ទូលទាំងនេះបាន នោះទំនាក់ទំនងរបស់ពួកគេជាមួយព្រះជាម្ចាស់នឹងកាន់តែធម្មតា ហើយពួកគេនឹងបង្កើតទំនាក់ទំនងត្រឹមត្រូវបំផុតជាមួយទ្រង់។ ប្រសិនបើមនុស្សអាចយល់ និងទទួលយកព្រះបន្ទូលទាំងនេះបានន នោះពួកគេនឹងតម្រង់ឋានៈរបស់ពួកគេបានត្រឹមត្រូវ ទទួលយកតួនាទីរបស់ពួកគេនៅទីនោះ ហើយប្រកាន់ខ្ជាប់តាមភារកិច្ចរបស់ខ្លួនមិនខាន។
បន្ទាប់ពីបានស្ដាប់បន្ទូលទាំងនេះហើយ តើអ្នករាល់គ្នាគិតបែបណា? តើអ្នកនៅតែយល់ខុសចំពោះព្រះជាម្ចាស់ទៀតដែរឬទេ? មនុស្សខ្លះនិយាយថា៖ «ពេលពិចារណាដល់ការដែលព្រះជាម្ចាស់ប្រព្រឹត្តចំពោះមនុស្សតាមរបៀបនេះ ពេលដែលព្រះជាម្ចាស់មានបន្ទូលថា ក្នុងព្រះនេត្រទ្រង់ មនុស្សដូចជាសត្វស្រមោច និងមិនខុសអ្វីពីសត្វដង្កូវ មើលទៅបន្ទូលនេះមិនមែនគ្រាន់តែជាទ្រឹស្ដីទេ តែគឺជាការពិត! មនុស្សមិនគួរឱ្យព្រះជាម្ចាស់សព្វព្រះទ័យឡើយ ហើយព្រះជាម្ចាស់ក៏មិនស្និទ្ធស្នាលនឹងមនុស្សដូចជាពួកគេធ្លាប់បានស្រមៃដែរ»។ ចិត្តរបស់មនុស្សក៏ប្រែជាចុះត្រជាក់ ប្រៀបដូចជាយកទឹកទៅចាក់លើអណ្ដាតភ្លើង ហើយកំដៅរបស់ពួកគេក៏បានថមថយវិញ។ តើអ្នករាល់គ្នានឹងនិយាយថា ការដែលចិត្តរបស់ពួកគេប្រែជាចុះត្រជាក់ ឬការដែលពួកគេមានការយល់ខុសចំពោះព្រះជាម្ចាស់ឥតឈប់ គឺជាការល្អជាទេ? (ការដែលចិត្តរបស់ពួកគេប្រែជាចុះត្រជាក់គឺជាការល្អជាទេ។) មានតែការធ្វើឱ្យចុះត្រជាក់មួយរយៈពេលប៉ុណ្ណោះ ទើបពួកគេអាចយល់ពីនិស្ស័យរបស់ព្រះជាម្ចាស់បាន។ ហេតុផលដែលភាវៈដែលព្រះបានបង្កើតមកគួរមាន គឺត្រូវប្រើសេចក្ដីពិតជាគោលការណ៍សម្រាប់គ្រប់រឿងទាំងអស់។ ពួកគេគួរប្រើសេចក្ដីពិតជាមូលដ្ឋានសម្រាប់របៀបដែលពួកគេគិតពីអ្វីទាំងអស់ ហើយពួកគេគួរប្រើសេចក្ដីពិតជាគោលការណ៍របស់ពួកគេ និងជាមូលដ្ឋានគ្រឹះសម្រាប់គ្រប់យ៉ាងដែលពួកគេធ្វើ។ នេះគឺជាផ្លូវដែលត្រឹមត្រូវ។ ប៉ុន្តែផ្ទុយទៅវិញ មនុស្សតែងមានអារម្មណ៍នៅក្នុងចិត្តពួកគេថា ទំនាក់ទំនងរបស់ពួកគេជាមួយព្រះជាម្ចាស់ គឺដូចជាទំនាក់ទំនងរបស់ពួកគេជាមួយបុគ្គលផ្សេងទៀតដែរ ហើយថាការប្រាស្រ័យទាក់របស់ពួកគេ គួរឈរលើមូលដ្ឋានស្មើភាពគ្នា។ តើនេះជាស្ថានភាពល្អដែរឬទេ? (មិនមែនទេ។) តើមិនមែនយ៉ាងដូចម្ដេចកើតទៅ? មនុស្សបានដាក់ខ្លួនឯងខុសស្ថានការណ៍។ ពួកគេពុំចាត់ទុកព្រះជាម្ចាស់ដូចជាព្រះជាម្ចាស់ឡើយ។ នេះដោយសារតែមនុស្សមានការយល់ខុសអំពីព្រះជាម្ចាស់ច្រើនពេក ប៉ុន្តែព្រះជាម្ចាស់ នឹងមិនផ្លាស់ប្ដូរអាកប្បកិរិយារបស់ទ្រង់ដោយសារការយល់ខុស ឬបញ្ហាការងារជាប់គាំងរបស់មនុស្សឡើយ។ ផ្ទុយទៅវិញ ព្រះអង្គមិនត្រឹមតែមិនផ្លាស់ប្ដូរអាកប្បកិរិយារបស់ទ្រង់ប៉ុណ្ណោះទេ តែព្រះអង្គក៏នឹងបន្តកែខៃមនុស្សស្របទៅតាមគោលការណ៍ដូចកាលពីលើកមុនដែរ ហើយរៀបចំនិងមានអធិបតេយ្យភាពលើជីវិតមនុស្សជាតិទាំងអស់ផង។ ក៏ប៉ុន្តែ មនុស្សតែងកើតមានសញ្ញាណអំពីព្រះជាម្ចាស់ ព្រមទាំងទាស់ទទឹង និងបះបោរប្រឆាំងនឹងទ្រង់ ដូច្នេះ មនុស្សត្រូវតែរងទុក្ខខ្លាំងបំផុត។ មនុស្សចង់ផ្គាប់ទ្រះទ័យព្រះជាម្ចាស់ និងធ្វើឱ្យទំនាក់ទំនងពួកគេជាមួយនឹងព្រះជាម្ចាស់បានប្រសើរឡើង ហើយពួកគេនិយាយអំពីអារម្មណ៍ ទុន ទេពកោសល្យ សមត្ថភាពរបស់ពួកគេ និងពីចំនួនដែលពួកគេបានលះបង់ច្រើនប៉ុនណា ពីស្នាដៃកាលពីមុន និងហេតុផលដទៃផ្សេងទៀតជាច្រើន។ នៅពេលមនុស្សតែងរស់នៅក្នុងសភាពទាំងនេះ តើពួកគេអាចទទួលបានសេចក្ដីពិតដែរឬទេ? មិនអាចទេ។ ប្រសិនបើអ្នកគ្មានចិត្តស្ដាប់បង្គាប់ព្រះជាម្ចាស់ទេ តែងមានទស្សនៈមិនត្រឹមត្រូវជាប់ជានិច្ច មិនអាចទទួលយកតួនាទីជាភាវៈដែលព្រះបានបង្កើតមក មានមហិច្ឆតាហួសហេតុ ហើយតែងចង់បានឋានៈខ្ពង់ខ្ពស់ ចុងក្រោយវានឹងធ្វើឱ្យអ្នកមិនអាចមានឥរិយាបថត្រឹមត្រូវចំពោះភារកិច្ចអ្នកឡើយ ឬមិនធ្វើឱ្យអ្នកមានការយល់ដឹងត្រឹមត្រូវអំពីសេចក្ដីតម្រូវនិងអាកប្បកិរិយារបស់ព្រះជាម្ចាស់ចំពោះអ្នកឡើយ។ ទោះបីជាអ្នកតែងត្រូវបានបន្សុទ្ធ និងរងទុក្ខជាបន្តបន្ទាប់ក្ដី ក៏អ្នកមិនអាចលះបង់សញ្ញាណនិងការស្រមើស្រមៃរបស់អ្នកបានដែរ ហើយអ្នកថែមទាំងគិតថា អ្នកគឺជាមនុស្សម្នាក់ដែលព្រះជាម្ចាស់ស្រឡាញ់បំផុត ហើយជាមនុស្សដែលទ្រង់ជាប់ព្រះទ័យលើខ្លាំងបំផុត។ ហេតុនេះហើយ នៅពេលអ្នកឃើញថា តាមពិតព្រះជាម្ចាស់ពុំបានធ្វើអ្វីតាមវិធីបែបនោះ ហើយថានោះគ្រាន់តែជាការគិតស្មានខាងអ្នក អ្នករងបរាជ័យ និងមានអារម្មណ៍រងការវាយប្រហារ។ អ្នកមានអារម្មណ៍ពោរពេញដោយការខកចិត្ត ហើយប្រៀបដូចជាគេបានប្រព្រឹត្តដាក់អ្នកមិនសមរម្យដូច្នោះដែរ។ អារម្មណ៍របស់អ្នកក៏រងការប៉ះទង្គិចធ្ងន់ធ្ងរខ្លាំងណាស់ដែរ។ តើការរងទុក្ខនេះមានតម្លៃដែរឬទេ? (គ្មានតម្លៃទេ។) មនុស្សបាននាំសេចក្ដីទុក្ខដាក់ខ្លួន ដោយសារការគិតស្មាន សញ្ញាណ និងការស្រមើស្រមៃរបស់ពួកគេ។ នេះគឺជាបញ្ហាធំបំផុតសម្រាប់ពួកគេ ហើយពួកគេត្រូវការផ្លាស់ប្ដូរទើបបាន! តើពួកគេគួរចាប់ផ្ដើមធ្វើរឿងនេះដោយរបៀបណា? តាមរយៈការដឹងថា ព្រះជាម្ចាស់គឺសុចរិតចំពោះមនុស្សគ្រប់គ្នា ហើយថាគ្រប់កិច្ចការដែលព្រះជាម្ចាស់បំពេញ គឺដើម្បីសង្គ្រោះពូជមនុស្ស។ ព្រះអង្គគ្មានរបៀបវារៈផ្សេងទៀតឡើយ។ អ្វីដែលមនុស្សគួរធ្វើ គឺទទួលយកតួនាទីក្នុងនាមជាភាវៈដែលព្រះបានបង្កើតមក ចុះចូលនឹងអធិបតេយ្យភាព ការចាត់ចែង និងការរៀបចំរបស់ព្រះអាទិករ ទទួលយកនិងចុះចូលនឹងគ្រប់កិច្ចការដែលព្រះអាទិករបំពេញ ស្វែងរកសេចក្ដីពិត និងបំណងព្រះហឫទ័យព្រះជាម្ចាស់នៅក្នុងរឿងទាំងនេះ ហើយទទួលស្គាល់ការប្រព្រឹត្តរបស់ព្រះជាម្ចាស់។ ប្រសិនបើមនុស្សតែងតែប្រើសញ្ញាណផ្ទាល់ខ្លួនដើម្បីវាយតម្លៃ និងកំណត់និយមន័យពីទង្វើរបស់ព្រះជាម្ចាស់ តែងធ្វើការទាមទារដោយគ្មានហេតុផលពីព្រះជាម្ចាស់ និងទទូចឱ្យព្រះជាម្ចាស់ធ្វើអ្វីតាមវិធីពួកគេ នោះពួកគេកំពុងបះបោរប្រឆាំងនឹងព្រះជាម្ចាស់ហើយ ហើយពួកគេមិនត្រឹមតែមិនអាចយល់ពីសេចក្ដីពិតបានប៉ុណ្ណោះទេ ប៉ុន្តែចុងក្រោយ ក៏នឹងគ្មានអ្វីសេសសល់សម្រាប់ពួកគេក្រៅតែពីត្រូវព្រះជាម្ចាស់ស្អប់ និងផាត់ចោលប៉ុណ្ណោះ។ ប្រសិនបើមនុស្សចង់ឱ្យព្រះជាម្ចាស់ប្រទានពរ រឿងតែម្យ៉ាងគត់ដែលពួកគេត្រូវធ្វើគឺ ស្វែងរក ចុះចូល ស្គាល់ និងទទួលយកគ្រប់កិច្ចការដែលព្រះអាទិករបំពេញ។ នេះគឺជាផ្លូវតែមួយគត់ដើម្បីឱ្យមនុស្សយល់ពីសេចក្ដីពិត ស្គាល់ព្រះជាម្ចាស់ សម្រេចបាននូវការស្ដាប់បង្គាប់ព្រះជាម្ចាស់ពិតប្រាកដ និងត្រូវបានព្រះសង្គ្រោះ។
ថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៨