ការកែតម្រូវទំនាក់ទំនងរវាងមនុស្ស និងព្រះជាម្ចាស់ គឺជារឿងសំខាន់
ដើម្បីបង្កើតបានទំនាក់ទំនងធម្មតាមួយជាមួយព្រះជាម្ចាស់ រឿងដ៏សំខាន់បំផុត គឺជាសំណួរអំពីរបៀបប្រព្រឹត្តចំពោះព្រះបន្ទូលរបស់ទ្រង់។ មិនថាព្រះជាម្ចាស់មានបន្ទូលបែបណា មានបន្ទូលអំពីប្រធានបទអ្វី ឬក៏មានបន្ទូលនៅកម្រិតណាឡើយ ការពិតនោះគឺថា គ្រប់យ៉ាងដែលព្រះអង្គមានបន្ទូល គឺជាអ្វីដែលមនុស្សត្រូវការបំផុត ជាអ្វីដែលមនុស្សគួរតែយល់ និងទទួលបានការផ្គត់ផ្គង់។ ជាងនេះទៅទៀត ព្រះបន្ទូលដែលព្រះជាម្ចាស់មានបន្ទូលនោះ គឺស្ថិតនៅក្នុងដែននៃចិត្ត និងគំនិតរបស់មនុស្សតែម្ដង ពោលគឺស្ថិតក្នុងដែនសមត្ថភាពយល់ពីកំណើតរបស់មនុស្ស។ ព្រះបន្ទូលទាំងនោះ គឺច្បាស់លាស់ និងងាយស្រួលយល់ចំពោះមនុស្ស។ អ្វីដែលព្រះជាម្ចាស់មានបន្ទូល ឬធ្វើ មិនថាជាព្រះវិញ្ញាណបរិសុទ្ធកំពុងធ្វើការក្នុងបុគ្គលម្នាក់ ឬជាការរៀបចំរបស់ព្រះជាម្ចាស់ចំពោះមនុស្ស ព្រឹត្តិការណ៍ អ្វីៗ ឬមជ្ឈដ្ឋាននានាឡើយ វាមិនលើសពីវិសាលភាពនៃសមត្ថភាពពីកំណើតរបស់មនុស្ស ឬលើសពីពិភពនៃគំនិតរបស់ពួកគេឡើយ ផ្ទុយទៅវិញ វាមានលក្ខណៈជាក់លាក់ ពិតប្រាកដ និងជាក់ស្ដែង។ ប្រសិនបើបុគ្គលម្នាក់មិនអាចយល់ពីព្រះបន្ទូល បុគ្គលនោះមានបញ្ហាហើយ។ វាមានន័យថា គេមានគុណសម្បត្តិអន់ខ្លាំងណាស់។ យ៉ាងណាក៏ដោយ ឥរិយាបថនៃការមានបន្ទូល និងសំនៀងរបស់ព្រះជាម្ចាស់ កម្លាំងជំរុញនៃការថ្លែងព្រះបន្ទូលរបស់ទ្រង់ និងគ្រប់ទាំងព្រះបន្ទូលដែលទ្រង់ប្រទានដល់មនុស្ស សុទ្ធតែជាអ្វីដែលពួកអ្នកជឿលើព្រះជាម្ចាស់ត្រូវយល់ និងជាគ្រប់យ៉ាងដែលមនុស្សអាចយល់បាន។ នោះព្រោះតែព្រះជាម្ចាស់កំពុងមានបន្ទូលទៅកាន់មនុស្ស ហើយអ្វីដែលទ្រង់មានបន្ទូល គឺជាភាសាមនុស្ស ហើយនៅក្នុងការសម្ដែងចេញព្រះបន្ទូលរបស់ទ្រង់នេះ ព្រះអង្គបញ្ជូន និងប្រទានព្រះបន្ទូលទាំងនោះដល់មនុស្សនៅក្នុងភាសាមួយដែលសាមញ្ញបំផុត ហើយជាវាក្យសព្ទដែលមនុស្សប្រើ និងងាយយល់ ដូច្នេះ មនុស្សដែលមានគំនិត និងទស្សនៈផ្សេងៗគ្នា មានកម្រិតអក្ខរកម្មផ្សេងៗគ្នា និងមានប្រវត្តិអប់រំ និងគ្រួសារខុសៗគ្នា សុទ្ធតែអាចទទួល និងយល់ព្រះបន្ទូលទាំងនោះបាន។ មានចំណុចខ្លះដែលអ្នកគួរយល់នៅក្នុងគ្រប់ព្រះបន្ទូលដែលព្រះជាម្ចាស់មានបន្ទូល៖ គ្មានអ្វីមួយអាថ៌កំបាំង ឬពិបាកយល់ពេកនៅក្នុងព្រះបន្ទូលរបស់ទ្រង់ គ្មានព្រះបន្ទូលណាដែលមនុស្សមិនអាចកាត់ស្រាយបានឡើយ។ ដរាបណាគេមានគុណសម្បត្តិជាក់លាក់ និងផ្តោតលើការអនុវត្ត និងការដកពិសោធន៍ព្រះបន្ទូលព្រះជាម្ចាស់ នោះពួកគេអាចមានការយល់ដឹងពីសេចក្តីពិត និងយល់ពីបំណងព្រះហឫទ័យព្រះជាម្ចាស់ហើយ។ សេចក្តីពិតដែលព្រះជាម្ចាស់សម្ដែងចេញ គឺចេញពីទ្រង់ ប៉ុន្តែទម្រង់នៃភាសាដែលព្រះអង្គប្រើដើម្បីសម្ដែងចេញព្រះបន្ទូលទាំងនោះ ដែលមានឃ្លាឃ្លោងជាក់លាក់ផងនោះ សុទ្ធតែជាភាសារបស់មនុស្សទាំងអស់។ ព្រះបន្ទូលទាំងនោះមិនឆ្ងាយពីព្រំដែននៃភាសារបស់មនុស្សឡើយ។ មិនថាព្រះជាម្ចាស់មានបន្ទូលដោយប្រើទម្រង់ ប្រើវិធីសាស្ត្រ ឬសំនៀងបែបណា មិនថាទ្រង់ប្រើឃ្លាឃ្លោងពីលោកខាងលិច ឬលោកខាងកើត មិនថាទ្រង់មានបន្ទូលក្នុងភាសាមនុស្សបែបបុរាណកាល ឬសម័យទំនើបនោះទេ តើមានភាសាណាមួយនៅក្នុងព្រះបន្ទូលរបស់ទ្រង់ ដែលមនុស្សជាតិពិបាកយល់ ឬមិនមែនជាភាសារបស់មនុស្សដែរឬទេ? (គឺអត់ទេ)។ មកដល់សព្វថ្ងៃ មិនទាន់មាននរណាម្នាក់រកឃើញនៅឡើយទេ។ អ្នកខ្លះនិយាយថា៖ «ចំណុចនេះមិនត្រឹមត្រូវនោះទេ។ ខ្ញុំបានរកឃើញពាក្យពីរនេះ៖ 'សេចក្តីសុចរិត' និង 'ឫទ្ធានុភាព'» គឺជាសេចក្តីពណ៌នា ឬប្រយោគចំនួនពីរអំពីទិដ្ឋភាពមួយនៃសារជាតិរបស់ព្រះ ប៉ុន្តែតើពាក្យទាំងនេះក៏មិនស្ថិតក្នុងចំណោមមនុស្សលោកដែរទេឬអី? (មែនហើយ ពាក្យនេះស្ថិតក្នុងចំណោមមនុស្សមែន)។ មិនថាអ្នកមានការចេះដឹងច្រើនកម្រិតណាអំពីពាក្យទាំងពីរនេះទេ យ៉ាងហោចណាស់ អ្នកអាចត្រឹមរកឃើញនិយមន័យដើមជាមូលដ្ឋានបំផុតនៅក្នុងវចនានុក្រមប៉ុណ្ណោះ ហើយតាមរយៈការប្រៀបធៀបនិយមន័យដើមបំផុតនោះជាមួយសារជាតិព្រះជាម្ចាស់ ជាមួយនិស្ស័យរបស់ទ្រង់ ព្រមទាំងជាមួយកម្មសិទ្ធិ និងលក្ខណៈរបស់ព្រះជាម្ចាស់ ដោយប្រៀបធៀបបែបនេះ ព្រះបន្ទូលកាន់តែច្បាស់លាស់ និងលែងពិបាកយល់សម្រាប់មនុស្សទៀតហើយ។ ដោយបញ្ចូលជាមួយការអធិប្បាយដ៏វែងអន្លាយនៃការពិត សេចក្តីអត្ថាធិប្បាយ និងសេចក្ដីពន្យល់អំពីពាក្យទាំងនេះក្នុងព្រះបន្ទូលព្រះជាម្ចាស់ នោះពាក្យទាំងនេះនឹងកាន់តែច្បាស់លាស់ចំពោះមនុស្សទាំងអស់ កាន់តែមានរូបភាពរស់រវើក កាន់តែពិតច្បាស់ កាន់តែកៀកសារជាតិ កម្មសិទ្ធិ និងលក្ខណៈរបស់ព្រះជាម្ចាស់ ដែលមនុស្សគួរដឹង។ ដូច្នេះ វាក្យសព្ទ និងប្រយោគដែលត្រូវពាក់ព័ន្ធជាមួយនិស្ស័យព្រះជាម្ចាស់នោះ ហាក់លែងជារឿងអាថ៌កំបាំង ឬពិបាកយល់សម្រាប់អ្នករាល់គ្នាទៀតឡើយ។ សូមប្រាប់ខ្ញុំមើល៍៖ នៅក្នុងសេចក្តីពិតទាំងនោះ តើមានអ្វីមួយពិបាកយល់ដែលប៉ះពាល់ដល់ការអនុវត្តតាមធម្មតារបស់មនុស្ស ប៉ះពាល់ដល់ផ្លូវដែលពួកគេដើរ និងគោលការណ៍នៃសេចក្តីពិតដែរឬទេ? (អត់ទេ)។ ជាថ្មីម្ដងទៀត វាគ្មានអ្វីមួយដែលពិបាកយល់នោះឡើយ។
តាំងពីខ្ញុំចាប់ផ្ដើមសម្ដែងចេញព្រះបន្ទូលរបស់ខ្ញុំ និងប្រទានសេចក្ដីអធិប្បាយមក ខ្ញុំខំប្រឹងប្រើភាសាមនុស្សខ្លាំងណាស់ ពោលគឺជាភាសាមួយដែលមនុស្សអាចយល់បាន អាចផ្សារភ្ជាប់ និងអាចទទួលយកបាន ដើម្បីផ្សាយ និងប្រកបគ្នាពីសេចក្តីពិត ហើយពិភាក្សាពីគោលការណ៍នៃសេចក្តីពិត ដើម្បីឱ្យអ្នករាល់គ្នាអាចយល់ពីសេចក្តីពិតកាន់តែច្បាស់។ តើនេះមិនមែនជាវិធីសាស្ត្របែបមនុស្សទេឬអី? តើវិធីសាស្ត្រនេះមានគុណសម្បត្តិអ្វីខ្លះសម្រាប់អ្នករាល់គ្នា? វាធ្វើឱ្យអ្នករាល់គ្នាអាចយល់កាន់តែច្រើនពីសេចក្តីពិត។ តើខ្ញុំមានគោលបំណងអ្វីក្នុងការមានបន្ទូលបែបនេះ? គឺដើម្បីឱ្យអ្នករាល់គ្នាអាចស្ដាប់ឮភាសាមួយដែលសម្បូរបែប និងចម្រុះជាង ក្រោយមក ប្រើភាសាចម្រុះនោះ ដើម្បីធ្វើឱ្យមនុស្សកាន់តែងាយយល់ពីសេចក្តីពិត និងកុំពួកគេមានអារម្មណ៍ធុញទ្រាន់។ ភាសាផ្សេងៗនៃព្រះគម្ពីរ ទាំងសញ្ញាចាស់ និងសញ្ញាថ្មី សុទ្ធតែស្ថិតក្នុងប្រភេទក្រៀមភាសា ដែលមនុស្សអាចប្រាប់ភ្លាមៗបានថា ពាក្យជាក់លាក់ទាំងនោះគឺជាពាក្យព្រះគម្ពីរ ថាពាក្យទាំងនោះចេញពីព្រះគម្ពីរ។ ពាក្យទាំងនេះផ្ដល់នូវសញ្ញា ឬនិមិត្តរូបជាក់លាក់។ អ្វីដែលខ្ញុំត្រូវធ្វើ គឺត្រូវធ្វើយ៉ាងណាឱ្យស្ទីល និងពាក្យពេចន៍នៃភាសាបច្ចុប្បន្ន គ្មានលក្ខណៈនិមិត្តរូប ដើម្បីឱ្យមនុស្សអាចឃើញថា ភាសានេះលើសពីពាក្យព្រះគម្ពីរ។ ទោះបីមនុស្សអាចឃើញថា ចេញពីខ្លឹមសារ និងសំនៀងនៃព្រះបន្ទូលព្រះជាម្ចាស់ ហើយប្រភព និងព្រះបន្ទូលដែលព្រះជាម្ចាស់ថ្លែងនៅក្នុងព្រះគម្ពីរ ហាក់ដូចជាតែមួយក៏ដោយ ក៏ពួកគេអាចឃើញនៅក្នុងពាក្យពេចន៍នោះថា ព្រះបន្ទូលរបស់ទ្រង់ គឺលើសពីព្រះគម្ពីរ លើសពីព្រះគម្ពីរសញ្ញាចាស់ និងសញ្ញាថ្មី និងថែមទាំងខ្ពស់ជាងវាក្យសព្ទខាងវិញ្ញាណដែលមនុស្សខាងវិញ្ញាណទាំងអស់បានប្រើជាងមួយពាន់ឆ្នាំនេះទៀតផង។ ដូច្នេះ ក្នុងចំណោមពាក្យពេចន៍ទាំងនោះ តើមានព្រះបន្ទូលអ្វីខ្លះដែលព្រះជាម្ចាស់មានបន្ទូលសព្វថ្ងៃ? ព្រះបន្ទូលមួយចំនួន គឺជាភាសាកោតសរសើរបែបវិជ្ជមានដែលមនុស្សប្រើជាញឹកញាប់ រីឯព្រះបន្ទូល និងភាសារបស់ទ្រង់ខ្លះទៀត មានទំនោរលាតត្រដាង និងបង្ហាញចេញនូវនិស្ស័យពុករលួយរបស់មនុស្ស។ ក៏មានកិច្ចការឯកទេសមួយចំនួនទាក់ទងនឹងអក្សរសិល្ប៍ តន្ត្រី របាំ ការបកប្រែ ជាដើម ផងដែរ។ នេះមានន័យថា មិនថាមនុស្សមានភារកិច្ច ឬមានចំណេះវិជ្ជាជីវៈបែបណាទេ គឺត្រូវឱ្យគេមានអារម្មណ៍ថា សេចក្តីពិតដែលខ្ញុំមានបន្ទូល គឺទាក់ទងយ៉ាងស្និទ្ធស្នាលជាមួយនឹងជីវិតពិត និងភារកិច្ចដែលពួកគេបំពេញ ហើយយល់ថា វាគ្មានការមិនជាប់ទាក់ទងណាមួយរវាងសេចក្តីពិតនៅក្នុងទិដ្ឋភាពណាមួយនៃជីវិតជាក់ស្ដែងរបស់មនុស្ស ឬក្នុងភារកិច្ចដែលពួកគេបំពេញនោះឡើយ។ ដូច្នេះ តើសេចក្តីពិតទាំងនេះគ្មានប្រយោជន៍ចំពោះអ្នករាល់គ្នាទេឬ? (មែនហើយ)។ ប្រសិនបើខ្ញុំមិនយកចិត្តទុកដាក់ចំពោះរឿងបែបនេះ និងចៀសវាងជាដាច់ខាតចំពោះអ្វីដែលពាក់ព័ន្ធនឹងប្រធានបទនៃការបកប្រែ ភាពយន្ត សិល្បៈ ការនិពន្ធ និងតន្ត្រី ហើយខ្ញុំមិនដែលប្រើពាក្យពេចន៍បែបនេះ និងមានចេតនាចៀសវាងពីចំណុចទាំងនេះ ពេលនោះ តើខ្ញុំនឹងអាចបំពេញកិច្ចការរបស់ខ្ញុំបានល្អដែរឬទេ? ប្រសិនបើបែបនេះ ខ្ញុំអាចបំពេញផ្នែកមួយនៃកិច្ចការរបស់ខ្ញុំបានមែន ប៉ុន្តែវានឹងមានការពិបាកក្នុងការប្រាស្រ័យទាក់ទងជាមួយអ្នករាល់គ្នាមិនខាន។ ហេតុដូចនេះ ខ្ញុំខំសិក្សាទាំងឈឺចាប់ ដើម្បីឱ្យចេះស្ទាត់នូវភាសាបែបនេះ។ ម្យ៉ាង ការនេះអាចជួយឱ្យអ្នករាល់គ្នាមានទ្រឹស្ដី និងគោលការណ៍នៃការងារវិជ្ជាជីវៈរបស់អ្នក តែម្យ៉ាងទៀត នៅពេលអ្នករាល់គ្នាបំពេញភារកិច្ចរបស់អ្នកនៅក្នុងផ្នែកទាំងនេះ វាជួយឱ្យអ្នកមានអារម្មណ៍ថា ការងារវិជ្ជាជីវៈដែលពាក់ព័ន្ធនឹងភារកិច្ចរបស់អ្នកនោះ មិនត្រូវបានដាច់ចេញពីសេចក្តីពិតទេ។ មិនថាអ្នកមានជំនាញ មានអំណោយទានបែបណា មិនថាអ្នករៀនឯកទេសវិជ្ជាជីវៈអ្វីនោះទេ អ្នកអាចអាន និងយល់ពីព្រះបន្ទូលទាំងនេះបាន ហើយព្រះបន្ទូលទាំងនេះជួយឱ្យអ្នកសម្រេចគោលដៅនៃការចូលទៅក្នុងសេចក្តីពិត ក្នុងពេលអ្នកកំពុងបំពេញភារកិច្ចរបស់អ្នក។ តើនេះមិនមែនជារឿងល្អទេឬអី? (នេះជារឿងល្អ)។ វាគឺជារឿងល្អ។ ដូច្នេះ តើត្រូវធ្វើដូចម្ដេច ដើម្បីសម្រេចលទ្ធផលល្អនេះ? ការនេះតម្រូវឱ្យព្រះជាម្ចាស់មានចំណុចមួយចំនួននៅក្នុងភាពជាមនុស្សរបស់ទ្រង់។ តើចំណុចទាំងនោះមានអ្វីខ្លះទៅ? ភាពជាមនុស្សធម្មតារបស់ព្រះដែលយកកំណើតជាមនុស្ស ត្រូវតែយល់បានខ្លះអំពីជំនាញផ្សេងៗ ទោះបីខ្ញុំមិនបាច់ប្រឹងរៀនជំនាញទាំងនោះឱ្យស្ទាត់ក៏ដោយ។ បែបនេះ ខ្ញុំអាចប្រើចំណេះពីគ្រប់ផ្នែក នៅពេលខ្ញុំប្រកបគ្នាពីសេចក្តីពិត និងធ្វើបន្ទាល់ពីព្រះជាម្ចាស់។ ការនេះជួយឱ្យមនុស្សនៅក្នុងវិស័យណា ក៏អាចយល់ និងចាប់បានទីបន្ទាល់នៃដំណាក់ព្រះជាម្ចាស់ ក៏ដូចជាការងារភាពយន្តនានាដែលផ្តល់ប្រយោជន៍យ៉ាងខ្លាំងដល់កិច្ចការផ្សាយដំណឹងល្អ។ ប្រសិនបើខ្ញុំត្រូវប្រើតែភាសានៃដំណាក់ព្រះជាម្ចាស់ ដើម្បីប្រកបគ្នាពីសេចក្តីពិត ហើយគ្មានភាសា និងចំណេះដឹងពីវិស័យឯកទេសនានានៅក្នុងសង្គមទេ នោះលទ្ធផលនឹងអន់បំផុតមិនខាន។ ដូច្នេះ ដើម្បីបំពេញកិច្ចការនេះឱ្យបានល្អ តើខ្ញុំត្រូវសម្រេចអ្វីខ្លះទៅ? ខ្ញុំត្រូវតែមានចំណេះដឹងផ្នែកវិជ្ជាជីវៈនៅកម្រិតណាមួយ ដូច្នេះហើយបានជាពេលខ្លះ ខ្ញុំស្ដាប់ចម្រៀង មើលព័ត៌មាន អានទស្សនាវដ្ដី និងអានកាសែតម្ដងម្កាលនោះ។ ពេលខ្លះ ខ្ញុំក៏ត្រូវយកចិត្តទុកដាក់ចំពោះកិច្ចការខ្លះរបស់អ្នកមិនជឿព្រះដែរ។ កិច្ចការរបស់អ្នកមិនជឿព្រះ រួមមានកិច្ចការផ្សេងៗជាច្រើន ហើយភាសារបស់ពួកគេខ្លះ ក៏អវត្តមានពីដំណាក់ព្រះជាម្ចាស់ដែរ។ ប៉ុន្តែបើភាសានោះត្រូវបានយកមកប្រើជាភាសានៃសេចក្តីអធិប្បាយ ពេលខ្លះ វានឹងមានប្រសិទ្ធភាពខ្ពស់ ហើយវានឹងជួយដល់អ្នករាល់គ្នា និងធ្វើឱ្យអ្នករាល់គ្នាមានអារម្មណ៍ថា ផ្លូវជំនឿលើព្រះជាម្ចាស់ គឺធំទូលាយ មិនមែនគួរឱ្យធុញទ្រាន់ ឬមិនគួរឱ្យចាប់អារម្មណ៍នោះទេ។ ការនេះនឹងមានប្រយោជន៍យ៉ាងខ្លាំងសម្រាប់អ្នករាល់គ្នា ហើយអ្នករាល់គ្នាគួរតែរៀនសូត្រពីចំណុចមួយចំនួនដែលមានប្រយោជន៍ចេញពីការនេះ។ ទោះបីអ្នករាល់គ្នាភាគច្រើននឹងមិនមានជោគជ័យក្នុងការរៀនសូត្ររបស់អ្នកក៏ដោយ ក៏អ្នកដែលមានគុណសម្បត្តិគ្រប់គ្រាន់ នឹងអាចរៀនបានអ្វីដែលមានប្រយោជន៍ដល់ការបំពេញភារកិច្ចរបស់ខ្លួនដែរ។ កាលណាខ្ញុំទំនេរ ខ្ញុំនឹងរៀនសូត្របានពីរបីចំណុច តាមរយៈការមើលព័ត៌មាន និងការស្ដាប់តន្ត្រី។ ការនេះមិនត្រូវការឱ្យខ្ញុំខំប្រឹងខ្លាំងនោះទេ។ ខ្ញុំគ្រាន់តែយកពេលទំនេររបស់ខ្ញុំទៅរៀនអ្វីមួយ មើលអ្វីមួយ ស្ដាប់អ្វីមួយ ហើយជាលទ្ធផល ខ្ញុំចេះស្ទាត់អំពីពីរបីចំណុច។ តើការចេះស្ទាត់លើចំណុចទាំងនេះមានឥទ្ធិពលលើការងាររបស់ខ្ញុំដែរឬទេ? គឺមានឥទ្ធិពលមិនតិចទេ ពោលគឺមែនទែនទៅ ខ្ញុំចាំបាច់ត្រូវតែធ្វើបែបនេះតែម្ដង។ វាមានប្រយោជន៍ដល់កិច្ចការនៃដំណាក់ព្រះជាម្ចាស់ និងដល់ការផ្សាយដំណឹងល្អ។ ដោយប្រាប់រឿងទាំងនេះដល់អ្នករាល់គ្នា តើខ្ញុំចង់មានន័យដូចម្ដេចទៅ? ខ្ញុំចង់មានន័យថា ចំពោះព្រះបន្ទូលដែលព្រះជាម្ចាស់មានបន្ទូលទាំងនេះ អ្នករាល់គ្នាគួរតែអាចទទួលបាន មានន័យថា ព្រះបន្ទូលទាំងនេះគួរតែងាយស្រួលយល់ និងងាយស្រួលយកទៅអនុវត្ត។ យ៉ាងហោចណាស់ ព្រះបន្ទូលទាំងនេះគឺជាអ្វីមួយដែលភាពជាមនុស្សគួរតែមាន។ នៅពេលខ្ញុំនិយាយថា ទាំងនេះគឺជាអ្វីដែលភាពជាមនុស្សគួរតែមាន ខ្ញុំចង់មានន័យថា នៅពេលព្រះជាម្ចាស់ធ្វើកិច្ចការរបស់ទ្រង់ និងសម្ដែងចេញព្រះបន្ទូលរបស់ទ្រង់ កិច្ចការ និងព្រះបន្ទូលទាំងនោះត្រូវបានកែច្នៃឆ្លងកាត់តាមរយៈភាពជាមនុស្សរបស់ទ្រង់រួចទៅហើយ។ តើពាក្យថា «ត្រូវបានកែច្នៃ» មានន័យដូចម្ដេច? ឧទាហរណ៍ វាប្រៀបដូចជាស្រូវសាលីដែលត្រូវបានបោកបែន រួចកិនទៅជាម្សៅ ក្រោយមកផលិតជានំប៉័ង នំខេក និងគុយទាវអ៊ីចឹង។ បន្ទាប់ពីត្រូវបានកែច្នៃរួច របស់ទាំងនេះត្រូវបានប្រគល់ដល់អ្នករាល់គ្នា ហើយចុងក្រោយ អ្វីដែលអ្នករាល់គ្នាទទួលបាន គឺជាផលិតផលសម្រេច ជាម្ហូបអាហារដែលបានរៀបចំរួចជាស្រេច។ តើអ្នករាល់គ្នាមានចំណែកអ្វីនៅក្នុងដំណើរការនេះ? នោះគឺត្រូវហូប និងផឹកព្រះបន្ទូលដែលព្រះជាម្ចាស់មានបន្ទូលនៅថ្ងៃនេះឱ្យបានទាំងស្រុង ឱ្យបានលឿនតាមតែអ្នកអាចធ្វើទៅបាន។ ហូប និងផឹកព្រះបន្ទូលឱ្យបានច្រើន ទទួលយកព្រះបន្ទូលឱ្យបានច្រើន និងដកពិសោធន៍ព្រះបន្ទូល គិតវិភាគលើព្រះបន្ទូលឱ្យបានល្អិតល្អន់ ហើយស្រូបយកបន្តិចម្ដងៗ។ អនុវត្តព្រះបន្ទូលទាំងនោះនៅក្នុងជីវិតអ្នករាល់គ្នា នៅក្នុងកម្ពស់អ្នករាល់គ្នា និងអនុញ្ញាតឱ្យព្រះបន្ទូលព្រះជាម្ចាស់គ្រប់គ្រងលើជីវិតប្រចាំថ្ងៃរបស់អ្នក និងភារកិច្ចដែលអ្នកបំពេញ។ គ្រប់ព្រះបន្ទូលដែលព្រះជាម្ចាស់មានបន្ទូល គឺស្ថិតក្នុងភាសារបស់មនុស្សជាតិ ហើយទោះបីព្រះបន្ទូលទាំងនោះងាយស្រួលយល់ក៏ដោយ ក៏សេចក្តីពិតនៅក្នុងព្រះបន្ទូលទាំងនោះ មិនងាយស្រួលយល់ ឬងាយស្រួលចូលនោះដែរ ហើយទោះបីភាសានោះងាយស្រួលយល់ក៏ដោយ ក៏ការចូលក្នុងសេចក្តីពិត គឺជាដំណើរការមួយមានច្រើនដំណាក់កាលដែរ។ ព្រះជាម្ចាស់បានមានបន្ទូលយ៉ាងច្រើន និងបានដឹកនាំមនុស្សមកដល់ពេលបច្ចុប្បន្ន ហើយគ្រប់ព្រះបន្ទូលដែលទ្រង់មានបន្ទូល កំពុងតែត្រូវបានសម្រេចនៅក្នុងអ្នករាល់គ្នាបន្តិចម្ដងៗ ហើយសេចក្តីពិតដែលទ្រង់សម្ដែងចេញ ក៏ដូចជានីតិវិធីដែលណែនាំមនុស្ស នៅពេលពួកគេចូលក្នុងសេចក្តីពិត និងដើរលើផ្លូវនៃសេចក្តីសង្រ្គោះ គឺហាក់ដូចជាច្បាស់លាស់ និងជាក់ស្ដែង កំពុងក្លាយជាការពិតនៅក្នុងអ្នករាល់គ្នា និងកំពុងត្រូវបានសម្រេចបន្តិចម្ដងៗ។ លទ្ធផលបែបនេះត្រូវបានសម្ដែងចេញនៅក្នុងអ្នកបន្តិចម្ដងៗ។ ត្រង់ចំណុចនេះ គ្មានអ្វីដែលពិបាកយល់នោះទេ។ ឥឡូវ សូមកុំយកចិត្តទុកដាក់លើរបៀបដែលព្រះបន្ទូលព្រះជាម្ចាស់ត្រូវបានកែច្នៃតាមរយៈភាពជាមនុស្សរបស់ទ្រង់ឡើយ។ មិនចាំបាច់ត្រូវពិនិត្យមើលដំណើរការនេះទេ ពោលគឺនេះជាអាថ៌កំបាំងមួយដែលមនុស្សមិនអាចសិក្សាយល់បានឡើយ។ សូមគិតត្រឹមថា អ្នកទទួលយកសេចក្តីពិតប៉ុណ្ណោះទៅបានហើយ។ នេះជាជម្រើសដ៏វៃឆ្លាតបំផុត និងជាអាកប្បកិរិយាដែលត្រឹមត្រូវបំផុត។ ការតែងតែចង់ពិនិត្យមើលរឿងទាំងនេះ គឺជារឿងគ្មានប្រយោជន៍ឡើយ។ វាជាការខ្ជះខ្ជាយពេលវេលា និងកម្លាំង។ សេចក្តីពិតមិនមែនជាអ្វីមួយដែលទទួលបានតាមរយៈការសិក្សា ឬត្រូវបានរកឃើញដោយវិទ្យាសាស្ត្រនោះទេ។ សេចក្តីពិតត្រូវបានសម្ដែងចេញដោយព្រះជាម្ចាស់ដោយផ្ទាល់ព្រះអង្គ ហើយអាចយល់ និងដឹងពីសេចក្តីពិតបាន តាមរយៈបទពិសោធតែប៉ុណ្ណោះ។ មនុស្សអាចទទួលបានសេចក្តីពិត តាមរយៈការដកពិសោធន៍កិច្ចការរបស់ព្រះជាម្ចាស់តែប៉ុណ្ណោះ។ ប្រសិនបើគេប្រើតែដំណើរការផ្លូវចិត្ត ដើម្បីសិក្សា តែមិនអនុវត្ត និងគ្មានបទពិសោធទេ នោះគេមិនអាចទទួលបានសេចក្តីពិតឡើយ។ តើអ្វីទៅអាចជាអាកប្បកិរិយាវិជ្ជមានចំពោះព្រះបន្ទូលព្រះជាម្ចាស់ ក្រៅពីការមិនពិនិត្យមើលរឿងរ៉ាវ? គឺជាការទទួលយក ការសហការ និងការស្ដាប់បង្គាប់ដោយមិនសម្របសម្រួល។ តាមពិតទៅ ប្រសិនបើនរណាម្នាក់មានលក្ខណៈសម្បត្តិល្អបំផុតសម្រាប់ការសិក្សានេះ អ្នកនោះគឺជារូបខ្ញុំតែម្ដង ប៉ុន្តែខ្ញុំមិនដែលធ្វើបែបនេះទេ។ ខ្ញុំមិនដែលមានបន្ទូលថា៖ «តើព្រះបន្ទូលទាំងនេះចេញមកពីណា? តើនរណាប្រាប់ព្រះបន្ទូលទាំងនេះដល់ខ្ញុំ? តើខ្ញុំដឹងព្រះបន្ទូលទាំងនេះដោយរបៀបណា? តើខ្ញុំចាប់ផ្ដើមដឹងព្រះបន្ទូលទាំងនេះនៅពេលណា? តើអ្នកដទៃដឹងព្រះបន្ទូលទាំងនេះដែរឬទេ? កាលណាខ្ញុំមានបន្ទូលទាំងនេះ តើព្រះបន្ទូលទាំងនេះនឹងទទួលបានលទ្ធផលដែរឬទេ? តើព្រះបន្ទូលទាំងនេះនឹងបង្កើតបានអ្វីខ្លះ? ខ្ញុំដឹកនាំមនុស្សជាច្រើន តើខ្ញុំនឹងធ្វើអ្វីខ្លះ ប្រសិនបើចុងក្រោយខ្ញុំមិនសម្រេចបានលទ្ធផលដែលប៉ងប្រាថ្នា បើខ្ញុំមិននាំពួកគេទៅរកផ្លូវនៃសេចក្តីសង្រ្គោះ?» សូមប្រាប់ខ្ញុំមើល៍ តើគួរពិនិត្យមើលចំណុចទាំងនេះដែរឬទេ? (អត់ទេ មិនត្រូវមើលចំណុចទាំងនេះទេ)។ ខ្ញុំមិនដែលពិនិត្យមើលចំណុចទាំងនេះឡើយ។ មិនថាអ្វីដែលខ្ញុំចង់មានបន្ទូល មិនថាខ្ញុំចង់ប្រាប់អ្នករាល់គ្នាពីអ្វីនោះទេ ខ្ញុំប្រាប់អ្នកដោយផ្ទាល់។ ខ្ញុំមិនបាច់ត្រូវឆ្លងកាត់ដំណើរការសិក្សារិះគិតពីវានោះទេ។ គ្រប់យ៉ាងដែលខ្ញុំត្រូវពិចារណានោះគឺ ថាតើអ្នករាល់គ្នាអាចយល់បានឬអត់ ប្រសិនបើខ្ញុំមានបន្ទូលក្នុងរបៀបជាក់លាក់ណាមួយ ថាតើខ្ញុំមានបន្ទូលកាន់តែច្បាស់លាស់ ខ្ញុំត្រូវផ្ដល់ជាឧទាហរណ៍ និងសាច់រឿងកាន់តែច្រើន ដែលអ្នករាល់គ្នានឹងទទួលបានព័ត៌មានកាន់តែជាក់លាក់ និងផ្លូវអនុវត្តន៍កាន់តែជាក់លាក់ ថាតើអ្នករាល់គ្នាបានយល់ពីអ្វីដែលខ្ញុំមានបន្ទូល ថាតើមានអ្វីមួយនៅក្នុងពាក្យពេចន៍ ក្នុងស្ទីល និងសំនៀងនៃព្រះបន្ទូលរបស់ខ្ញុំ ឬនៅក្នុងវេយ្យករណ៍ ឬឃ្លាឃ្លោង បានធ្វើឱ្យអ្នករាល់គ្នាយល់ច្រឡំ ឬងឿងឆ្ងល់ ឬថាតើមានអ្វីមួយនៅក្នុងសុន្ទរកថារបស់ខ្ញុំដែលធ្វើឱ្យអ្នករាល់គ្នាមានអារម្មណ៍មិនទាន់យល់ មានអាថ៌កំបាំង ឬមិនទាន់ច្បាស់ដែរឬអត់។ ខ្ញុំត្រូវតែអង្កេត និងពិចារណាពីចំណុចទាំងនេះ។ ខ្ញុំមិនពិនិត្យមើលចំណុចផ្សេងទៀតឡើយ។ វាជារឿងធម្មតាទៅហើយសម្រាប់ខ្ញុំដែលមិនត្រូវពិនិត្យមើលរឿងទាំងនេះនោះ ប៉ុន្តែតើវាជារឿងធម្មតាសម្រាប់អ្នករាល់គ្នាដែរឬទេ? សម្រាប់អ្នករាល់គ្នា ការពិនិត្យមើលចំណុចទាំងនេះ គឺជារឿងធម្មតាទៅហើយ ប៉ុន្តែវានឹងក្លាយជារឿងចម្លែកដែលមិនពិនិត្យមើល។ ការនេះចេញមកពីការជំរុញនៃសភាវគតិ និងធម្មជាតិរបស់មនុស្សជាតិដែលពុករលួយ។ អ្នករាល់គ្នាច្បាស់ជាពិនិត្យមើលចំណុចទាំងនេះ។ ប៉ុន្តែ មានរឿងមួយដែលអាចដោះស្រាយបញ្ហានេះបាន។ នៅពេលមនុស្សចាប់ផ្ដើមមានទំនាក់ទំនងបន្តិចម្ដងៗជាមួយព្រះជាម្ចាស់ នោះទំនាក់ទំនងរវាងមនុស្ស និងព្រះជាម្ចាស់ រីកចម្រើនឡើងកាន់តែក្លាយជាធម្មតា ហើយមនុស្សកំណត់គោលជំហររបស់ខ្លួនបានត្រឹមត្រូវ និងផ្ដល់ឱ្យព្រះជាម្ចាស់នូវតំណែងត្រឹមត្រូវនៅក្នុងដួងចិត្តរបស់ខ្លួន។ កាលណាវាដំណើរការទៅកាន់តែប្រសើរនៅក្នុងទិសដៅមួយកាន់តែល្អ នោះការយល់ដឹង ចំណេះដឹង ភាពប្រាកដប្រជា និងការទទួលយករបស់មនុស្សចំពោះអ្វីដែលព្រះជាម្ចាស់ធ្វើ នឹងមានភាពស៊ីជម្រៅក្នុងកម្រិតណាមួយ ហើយនៅពេលវាដំណើរការបែបនេះ នោះភាពប្រាកដប្រជា ការយល់ដឹង ចំណេះដឹង និងការទទួលស្គាល់របស់មនុស្សចំពោះព្រះដែលយកកំណើតជាមនុស្ស ក៏នឹងកាន់តែស៊ីជម្រៅផងដែរ។ កាលណាចំណុចទាំងនេះកាន់តែស៊ីជម្រៅ នោះការសិក្សា និងភាពសង្ស័យរបស់អ្នករាល់គ្នាចំពោះព្រះជាម្ចាស់ នឹងមានកាន់តែតិច កាន់តែតូចទៅៗ។
ហេតុអ្វីបានជាមនុស្សត្រូវសិក្សាពីព្រះជាម្ចាស់? នោះព្រោះតែពួកគេមានសញ្ញាណ និងការស្រមើស្រមៃច្រើនពេកអំពីព្រះជាម្ចាស់ មានកត្តាមិនច្បាស់លាស់ច្រើនពេក មានភាពសង្ស័យច្រើនពេក មានចំណុចច្រើនពេកដែលពួកគេមិនយល់ មានរឿងច្រើនពេកដែលពួកគេមិនអាចពន្យល់បាន មានអាថ៌កំបាំងច្រើនពេក ជាដើម ដូច្នេះហើយបានជាពួកគេចង់ឈ្វេងយល់ពីរឿងទាំងនេះតាមរយៈការសិក្សា។ ការសិក្សាណាដែលនាំឱ្យអ្នកប្រើបាតុភូតខាងក្រៅ ប្រើចំណេះជំនាញ ឬការវិនិច្ឆ័យខាងគំនិតរបស់អ្នក ការសិក្សានោះនឹងមិននាំទៅរកការយល់ដឹងឡើយ។ អ្នកនឹងខ្ជះខ្ជាយកម្លាំងជាច្រើន ហើយអ្នកនឹងនៅតែមិនយល់ពីអត្ថន័យអំពីព្រះជាម្ចាស់ និងសេចក្តីពិតដដែល។ ប៉ុន្តែ សម្រាប់អស់អ្នកដែលដេញតាមសេចក្តីពិត វាកម្រត្រូវការពេលពីរបីឆ្នាំ ដើម្បីទទួលបានលទ្ធផល ទទួលបានចំណេះដឹងពិតប្រាកដអំពីព្រះជាម្ចាស់ និងបង្កើតបានដួងចិត្តនៃការគោរព និងការស្ដាប់បង្គាប់ណាស់។ មនុស្សខ្លះមិនជឿថា ព្រះបន្ទូលព្រះជាម្ចាស់ គឺពិតប្រាកដ និងជាក់ស្ដែងឡើយ ដូច្នេះ ពួកគេតែងតែចង់សិក្សាពីព្រះជាម្ចាស់ សិក្សាពីព្រះបន្ទូលព្រះជាម្ចាស់ និងថែមទាំងចង់សិក្សាពីព្រះដែលយកកំណើតជាមនុស្សទៀតផង។ រឿងរ៉ាវនៃជីវិត និងវិញ្ញាណ មិនអាចសិក្សាបានទេ។ កាលណាថ្ងៃនោះមកដល់ ជាថ្ងៃដែលអ្នកត្រូវដកពិសោធន៍សេចក្តីពិត និងដាក់ចិត្តគំនិតទាំងស្រុង រាល់តម្លៃដែលអ្នកត្រូវបង់ និងរាល់ការសង្កត់ធ្ងន់របស់អ្នកទៅលើការអនុវត្តសេចក្តីពិត និងការបំពេញភារកិច្ចរបស់អ្នក នោះអ្នកនឹងបានដើរលើផ្លូវនៃសេចក្តីសង្រ្គោះ ហើយអ្នកនឹងលែងសិក្សាពីព្រះដែលយកកំណើតជាមនុស្សទៀតហើយ។ ពេលនោះ សំណួរចំពោះថាតើព្រះអង្គជាមនុស្ស ឬជាព្រះជាម្ចាស់ នឹងត្រូវបានឆ្លើយរួចហើយ។ មិនថាភាពជាមនុស្សរបស់ទ្រង់ធម្មតាបែបណា មិនថាទ្រង់ស្រដៀងនឹងមនុស្សធម្មតាយ៉ាងណា ការនោះនឹងលែងសំខាន់ទៀតហើយ។ អ្វីដែលសំខាន់បំផុតគឺថា នៅទីបំផុត អ្នកនឹងរកឃើញពីសារជាតិជាព្រះរបស់ទ្រង់ ហើយនៅទីបំផុត ទទួលស្គាល់សេចក្តីពិតដែលព្រះអង្គសម្ដែងចេញ ហើយពេលនោះ អ្នកនឹងទទួលបានចេញពីជម្រៅចិត្តរបស់អ្នកពីការពិតដែលថា បុគ្គលនេះគឺជាសាច់ឈាមរបស់ព្រះជាម្ចាស់ដែលយកកំណើតជាមនុស្ស។ ព្រោះតែការពិតពីរបី ដំណើរការពីរបី បទពិសោធពីរបី និងព្រោះតែពីរបីមេរៀនដែលអ្នករៀនបានចេញពីការជំពប់ដួល និងការបរាជ័យ នៅក្នុងជម្រៅចិត្ត អ្នកនឹងអាចយល់បានបន្តិចពីសេចក្តីពិត និងទទួលស្គាល់ថា អ្នកបានធ្វើខុស។ អ្នកនឹងលែងសង្ស័យ ឬសិក្សាពីបុគ្គលនេះទៀតហើយ ប៉ុន្តែអ្នកនឹងមានអារម្មណ៍ថា ព្រះអង្គគឺជាព្រះដ៏ជាក់ស្ដែង យល់ថារឿងនេះត្រូវបានដោះស្រាយ និងជាការពិតមួយដែលមិនអាចប្រកែកបានឡើយ។ ពេលនោះ អ្នកនឹងទទួលស្គាល់ទាំងស្រុងថា ព្រះអង្គជាព្រះដែលយកកំណើតជាមនុស្ស ដោយគ្មានសង្ស័យអ្វីឡើយ។ មិនថាព្រះអង្គមានភាពជាមនុស្សធម្មតាបែបណា ហើយទោះបីទ្រង់មានបន្ទូល និងធ្វើការដូចមនុស្សធម្មតា មិនមែនជាបុគ្គលអច្ឆរិយៈ ឬអស្ចារ្យក៏ដោយ ក៏អ្នកនឹងមិនសង្ស័យពីទ្រង់ ឬមើលងាយទ្រង់ដែរ។ កាលពីមុន អ្នកនឹងយល់ថា ព្រះដែលយកកំណើតជាមនុស្សមិនស្របតាមសញ្ញាណរបស់អ្នកទេ ដូចនេះ អ្នកក៏សិក្សា មើលងាយ សើចចំអក និងមានចិត្តប្រឆាំងនឹងទ្រង់ ប៉ុន្តែសព្វថ្ងៃនេះ អ្វីៗខុសពីមុនហើយ។ សព្វថ្ងៃ នៅពេលអ្នកភ្លក់ និងស្ដាប់ព្រះបន្ទូលរបស់ទ្រង់យ៉ាងល្អិតល្អន់ អ្នកទទួលយកគ្រប់យ៉ាងដែលព្រះអង្គសម្ដែងចេញដោយមានទស្សនៈមួយផ្សេង។ តើទស្សនៈមួយផ្សេងនោះ គឺជាអ្វីទៅ? «ខ្ញុំជាភាវៈដែលព្រះបង្កើតមក។ ព្រះគ្រីស្ទអាចមានកម្ពស់មិនខ្ពស់ ព្រះសូរសៀងទ្រង់អាចមិនខ្លាំង ហើយទ្រង់អាចមើលទៅមិនមានលក្ខណៈពិសេសមែន ប៉ុន្តែព្រះអង្គមានអត្តសញ្ញាណខុសប្លែកពីខ្ញុំ។ ព្រះអង្គមិនមែនជាសមាជិកនៃមនុស្សជាតិដែលពុករលួយទេ។ ព្រះអង្គមិនមែនជាម្នាក់ក្នុងចំណោមពួកយើងឡើយ។ យើងគ្មានឋានៈស្មើទ្រង់ ហើយក៏គ្មានជំហរស្មើទ្រង់ដែរ»។ ត្រង់នេះបង្ហាញពីភាពខុសគ្នាមួយចេញពីទស្សនៈមុនរបស់អ្នក។ តើភាពខុសគ្នានោះកើតឡើងដោយរបៀបណា? នៅក្នុងជម្រៅចិត្តអ្នក អ្នកបានធ្វើការផ្លាស់ប្ដូរមួយចេញពីដំបូងឡើយ អ្នកមិនទទួលយក និងសិក្សាដោយអចេតនា ទៅជាការទទួលស្គាល់ព្រះបន្ទូលរបស់ទ្រង់ថាជាជីវិត ជាផ្លូវអនុវត្តន៍របស់អ្នក ទៅជាការយល់ថា ព្រះអង្គមានសេចក្តីពិត យល់ថា ទ្រង់ជាសេចក្តីពិត ជាផ្លូវ និងជាជីវិត យល់ថា ព្រះអង្គហាក់មានស្រមោលព្រះជាម្ចាស់ និងមានការបង្ហូរចេញនូវនិស្ស័យរបស់ទ្រង់ ព្រមទាំងយល់ទៀតថា បញ្ជាបេសកកម្ម និងកិច្ចការរបស់ព្រះជាម្ចាស់ គឺស្ថិតនៅក្នុងរូបអង្គរបស់ទ្រង់។ នេះគឺជាពេលដែលអ្នកនឹងទទួលស្គាល់ និងទទួលយកទ្រង់ទាំងស្រុង។ កាលណាប្រតិកម្ម និងអាកប្បកិរិយាដែលអ្នកមានចំពោះទ្រង់ បានក្លាយជាសភាវគតិ និងប្រតិកម្មត្រឹមត្រូវ ដែលភាវៈដែលព្រះបង្កើតមកគួរមាន ពោលគឺ កាលណាអ្នកអាចចាត់ទុកបុត្រមនុស្សដែលគង់ក្នុងសាច់ឈាមនេះថាជាព្រះជាម្ចាស់ ហើយទោះបីគេប្រាប់អ្នកឱ្យសិក្សាក៏ដោយ ក៏អ្នកលែងសិក្សាពីទ្រង់ទៀតដែរ ពោលគឺដូចជាពេលដែលអ្នកមិនសិក្សាពីមូលហេតុដែលអ្នកបានកើតមកពីម្ដាយ និងឪពុករបស់អ្នក ឬពីមូលហេតុដែលអ្នកមានលក្ខណៈដូចពួកគាត់អ៊ីចឹងដែរ។ កាលណាអ្នកដើរដល់ចំណុចនេះ អ្នកមានសភាវគតិឈប់សិក្សាពីរឿងបែបនេះទៀតហើយ។ ទាំងនេះមិនមែនជាប្រធានបទទាក់ទងនឹងវិសាលភាពនៃជីវិតប្រចាំថ្ងៃរបស់អ្នកទេ ហើយក៏មិនមែនជាសំណួរទៀតដែរ។ អាកប្បកិរិយារបស់អ្នកចំពោះរឿងទាំងនេះបានវិវឌ្ឍចេញពីការសិក្សាដើមដំបូងដែលមានលក្ខណៈបែបប្រតិកម្ម ទៅជាការមានសភាវគតិបដិសេធការសិក្សា ហើយជាមួយនឹងការផ្លាស់ប្ដូរក្នុងសភាវគតិរបស់អ្នកនេះ ព្រះដែលយកកំណើតជាមនុស្ស នឹងកើនឡើងកាន់តែខ្ពស់នៅក្នុងឋានៈ និងរង្វាស់ មិនអាចជំនួសបានដោយបុគ្គលណាម្នាក់ឡើយ ហើយទ្រង់ក្លាយជាព្រះជាម្ចាស់ដោយផ្ទាល់ព្រះអង្គនៅក្នុងដួងចិត្តរបស់អ្នក ដោយមានឋានៈជាព្រះជាម្ចាស់។ ពេលនោះ ទំនាក់ទំនងរបស់អ្នកជាមួយព្រះជាម្ចាស់ នឹងក្លាយជាធម្មតាទាំងស្រុង។ ហេតុអ្វីបានជាបែបនេះ? នោះព្រោះតែអ្នកមើលមិនឃើញពិភពខាងវិញ្ញាណ ហើយព្រះជាម្ចាស់នៃពិភពខាងវិញ្ញាណ មានការពិបាកយល់សម្រាប់មនុស្ស។ ទ្រង់គង់នៅកន្លែងណា មានលក្ខណៈបែបណា មានអាកប្បកិរិយាយ៉ាងណាចំពោះមនុស្ស ទ្រង់មានអាការៈបែបណា នៅពេលទ្រង់មានបន្ទូលជាមួយមនុស្ស ពោលគឺមនុស្សមិនដឹងពីចំណុចទាំងនេះឡើយ។ សព្វថ្ងៃនេះ ព្រះមួយអង្គដែលគង់នៅចំពោះអ្នក គឺជាព្រះមួយអង្គដែលស្ថិតក្នុងទម្រង់ និងលក្ខណៈ ដែលគេហៅថាជាព្រះជាម្ចាស់។ ដំបូងឡើយ អ្នកមិនយល់ពីទ្រង់ អ្នកទាស់ទទឹង សង្ស័យ សន្មត យល់ច្រឡំ និងថែមទាំងមើលងាយទ្រង់ទៀតផង។ បន្ទាប់មក អ្នកដកពិសោធន៍ពីព្រះបន្ទូលរបស់ទ្រង់ ហើយបន្តទទួលយកព្រះបន្ទូលទ្រង់ទុកជាជីវិត និងសេចក្តីពិត ជាគោលការណ៍នៃការអនុវត្តរបស់អ្នក ព្រមទាំងជាគោលបំណង និងទិសដៅនៃផ្លូវដែលអ្នកដើរ។ ហើយចាប់ពីពេលនោះមក អ្នកទទួលយកបុគ្គលដ៏ស្មោះត្រង់សប្បុរសរូបនេះ ហាក់ដូចជាព្រះអង្គផ្ទាល់ជារូបអង្គជាក់ស្ដែងអំពីព្រះជាម្ចាស់នៅក្នុងដួងចិត្តរបស់អ្នក ដែលអ្នកមើលមិនឃើញអ៊ីចឹង។ នៅពេលអ្នកចាប់ផ្ដើមមានអារម្មណ៍បែបនេះ តើទំនាក់ទំនងរបស់អ្នកជាមួយព្រះជាម្ចាស់ នឹងក្លាយជារឿងប្រហោងក្នុងទេឬ? (អត់ទេ)។ អត់ទេ វានឹងមិនប្រហោងក្នុងឡើយ។ កាលណាអ្នកយកព្រះជាម្ចាស់ ដែលជារូបអង្គមួយមិនច្បាស់លាស់ មើលមិនឃើញ រួចចាត់ទុកទ្រង់ថារូបអង្គមួយច្បាស់លាស់ រហូតដល់ចំណុចមួយដែលព្រះអង្គបានត្រលប់ជាសាច់ឈាម ជាបុគ្គលម្នាក់ស្ថិតក្នុងចំណោមមនុស្ស ដែលគ្មាននរណាម្នាក់នឹងក្រឡេកមើលម្ដងទៀត បើអ្នកនៅតែអាចថែរក្សាទំនាក់ទំនងនៃភាវៈដែលព្រះបង្កើតមក និងព្រះអាទិករជាមួយទ្រង់បាន ពេលនោះ ទំនាក់ទំនងរបស់អ្នកជាមួយព្រះជាម្ចាស់ នឹងក្លាយជាធម្មតាតាមតែអាចធ្វើទៅបានមិនខាន។ ពេលនោះ មិនថាអ្នកប្រព្រឹត្តចំពោះទ្រង់បែបណាទេ ជារួមមក វានឹងក្លាយជាប្រតិកម្មបែបសភាវគតិមួយរបស់ភាវៈដែលព្រះបង្កើតមកគួរតែមាន។ បើគេចង់ឱ្យអ្នកសង្ស័យ ឬសិក្សាពីទ្រង់ អ្នកមិនអាចសង្ស័យពីទ្រង់បានទេ ហើយអ្នកក៏នឹងមិនព្យាយាមសិក្សាពីទ្រង់ ដោយសួរថា៖ «ហេតុអ្វីបានជាព្រះជាម្ចាស់មានបន្ទូលបែបនេះ? ហេតុអ្វីបានជាទ្រង់មានកាយវិការបែបនេះ? ហេតុអ្វីបានជាទ្រង់ញញឹម និងប្រព្រឹត្តបែបនេះ? នោះដែរ»។ រឿងទាំងនេះមិនអាចជារឿងធម្មតាសម្រាប់អ្នកទេ។ អ្នកនឹងនិយាយមកកាន់ខ្លួនឯងថា៖ «ព្រះជាម្ចាស់គឺបែបនេះ ហើយទ្រង់គួរតែបែបនេះ មែនហើយ! មិនថាព្រះអង្គធ្វើអ្វីឡើយ ទំនាក់ទំនងរបស់ខ្ញុំជាមួយទ្រង់ នឹងធម្មតា និងមិនប្រែប្រួលឡើយ»។
នៅក្នុងគំនិត និងសញ្ញាណរបស់មនុស្សទាំងអស់ ការត្រលប់ជាមនុស្សធម្មតារបស់ព្រះជាម្ចាស់ តាមរយៈការយកកំណើតជាមនុស្ស គឺជាទម្រង់ចុងក្រោយដែលព្រះជាម្ចាស់គួរតែយក ពីព្រោះមនុស្សធម្មតាគឺទន់ទាបនៅក្នុងសង្គម និងជាទីគួរឱ្យស្អប់ខ្ពើមពីសំណាក់អ្នកដទៃ ហើយព្រះជាម្ចាស់ដែលមានឋានៈខ្ពង់ខ្ពស់បំផុតនោះ មិនគួរយកកំណើតជាបុគ្គលម្នាក់ដែលមិនអស្ចារ្យនោះឡើយ។ នេះជាអ្វីមួយផ្ទុយពីសញ្ញាណរបស់មនុស្ស។ ការពិតដែលអ្នកអាចទទួលយក និងទទួលស្គាល់ថា ព្រះជាម្ចាស់គឺជាព្រះរបស់អ្នក នៅពេលដែលព្រះអង្គបានត្រលប់ជាមនុស្សមិនអស្ចារ្យនាពេលសព្វថ្ងៃ នោះគឺជាទីបន្ទាល់មួយទៅហើយ។ ដូច្នេះហើយ តើវាអាចមានឥទ្ធិពល ឬប៉ះពាល់អ្វីខ្លះដល់ទំនាក់ទំនងធម្មតារបស់អ្នកជាមួយព្រះជាម្ចាស់? គឺគ្មានប៉ះពាល់ឡើយ។ ដោយគិតដល់រឿងនេះ ការដែលអ្នកអាចទទួលស្គាល់ព្រះគ្រីស្ទជាព្រះជាម្ចាស់របស់អ្នក គឺជាលក្ខខណ្ឌដ៏សំខាន់បំផុតសម្រាប់ការវាស់វែងទំនាក់ទំនងរវាងអ្នក និងព្រះជាម្ចាស់។ មនុស្សជាច្រើនជឿលើព្រះជាម្ចាស់ ប៉ុន្តែមិនទទួលស្គាល់ថា ព្រះជាម្ចាស់ជាសេចក្តីពិតទេ ដូច្នេះ តើអស់អ្នកដែលមិនទទួលស្គាល់ថា ព្រះជាម្ចាស់គឺជាសេចក្តីពិត អាចទទួលស្គាល់ថា ព្រះជាម្ចាស់គឺជាព្រះជាម្ចាស់របស់ពួកគេដែរឬទេ? អស់អ្នកដែលមិនទទួលស្គាល់ថា ព្រះជាម្ចាស់គឺជាសេចក្តីពិត តើពួកគេមានទំនាក់ទំនងបែបណាដែរជាមួយព្រះជាម្ចាស់? តើពួកគេអាចស្ដាប់បង្គាប់ព្រះជាម្ចាស់យ៉ាងពិតប្រាកដែរឬទេ? តើពួកគេអាចមិនស្ដាប់បង្គាប់ព្រះជាម្ចាស់ដែរឬទេ? អ្នកត្រូវតែមើលចំណុចទាំងនេះឱ្យបានច្បាស់។ ទាំងរូបអ្នក និងព្រះដែលយកកំណើតជាមនុស្ស មានរូបរាងជាមនុស្ស ទម្រង់ជាមនុស្ស ចំណង់ចំណូលចិត្តជាមនុស្ស ភាសាជាមនុស្ស ហើយអ្នកទាំងពីរក៏រស់នៅក្នុងពិភពលោករបស់មនុស្សផងដែរ។ ប៉ុន្តែ អ្នកអាចកំណត់គោលជំហររបស់អ្នកឱ្យបានត្រឹមត្រូវ អ្នកអាចប្រាប់ពីភាពខុសគ្នារវាងឋានៈរបស់អ្នក និងឋានៈរបស់ព្រះជាម្ចាស់បាន ហើយអ្នកអាចកែប្រែទំនាក់ទំនងរបស់អ្នកជាមួយព្រះជាម្ចាស់បាន។ អ្នកមិនត្រូវទៅហួសពីទំនាក់ទំនងនេះឡើយ ហើយអ្នកក៏មិនត្រូវប្រព្រឹត្តហួសពីទំនាក់ទំនងនេះនោះដែរ។ ប្រសិនបើអ្នកអាចសម្រេចបានកម្ពស់នេះ ពេលនោះសម្រាប់ព្រះជាម្ចាស់ អ្នកមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ ហើយគ្មានកម្លាំងណាអាចបំផ្លាញទំនាក់ទំនងរបស់អ្នកជាមួយព្រះជាម្ចាស់បានឡើយ។ ការណ៍នេះគួរតែជាទំនាក់ទំនងដែលមានស្ថិរភាពបំផុត ហើយវានឹងបំពេញតាមបទដ្ឋានមិនខាន។ ប្រសិនបើទំនាក់ទំនងរបស់អ្នកជាមួយរូបកាយខាងសាច់ឈាមនេះ មិនឡើងដល់កម្រិតនៃទំនាក់ទំនងរវាងមនុស្ស និងព្រះជាម្ចាស់នោះទេ បើអ្នកគ្មានទំនាក់ទំនងបែបនេះទេ នោះនៅពេលអ្នកនិយាយថា៖ «ខ្ញុំមានទំនាក់ទំនងល្អជាមួយព្រះជាម្ចាស់ដែលគង់នៅស្ថានសួគ៌ ហើយវាជាទំនាក់ទំនងធម្មតាបំផុតមួយ» តើការនេះពិតដែរឬទេ? វាមិនពិតទេ។ អ្នកនិយាយថា អ្នកមានទំនាក់ទំនងល្អជាមួយព្រះជាម្ចាស់ ប៉ុន្តែតើធ្លាប់មានអ្នកណាម្នាក់ឃើញទំនាក់ទំនងបែបនោះដែរឬទេ? តើវាបានបង្ហាញនៅកន្លែងណា? វាគ្មានមូលដ្ឋានជាក់លាក់ឡើយ។ ព្រោះតែមនុស្សរស់នៅក្នុងសាច់ឈាមរបស់ខ្លួន និងមិនអាចជ្រាបចូលក្នុងពិភពខាងវិញ្ញាណ ឬចូលទៅកាន់ព្រះជាម្ចាស់បាន ពេលនោះ តើពួកគេអាចមានទំនាក់ទំនងជាមួយព្រះវិញ្ញាណបានដោយរបៀបណា? ពេលនោះ តើអ្នករាល់គ្នាអាចសម្រេចបានទំនាក់ទំនងធម្មតាមួយរវាងមនុស្ស និងព្រះជាម្ចាស់ ដែលជាព្រះជាម្ចាស់ខាងសាច់ឈាមដែរឬទេ? (អត់ទេ)។ តើការលំបាកស្ថិតនៅត្រង់ណាដែរ? មាននូវសេចក្តីពិតជាច្រើនដែលមនុស្សមិនយល់។ តើការដែលមនុស្សមិនយល់នេះមានន័យដូចម្ដេច? វាមានន័យថា មនុស្សជាតិដែលពុករលួយនេះ មានទស្សនៈ និងយោបល់ ដែលមិនស្របជាមួយទស្សនៈ និងយោបល់របស់ព្រះជាម្ចាស់ដែលយកកំណើតជាមនុស្សទៅតាមរបៀបជាច្រើន មានន័យថា គោលការណ៍ដែលមនុស្សដោះស្រាយបញ្ហាផ្សេងៗ គឺមិនស្របតាមគោលការណ៍របស់ព្រះជាម្ចាស់ដែលយកកំណើតជាមនុស្ស និងមានន័យទៀតថា មនុស្សមានសញ្ញាណ និងការស្រមើស្រមៃជាច្រើនអំពីព្រះជាម្ចាស់។ បញ្ហាទាំងនោះនៅមិនទាន់ត្រូវបានដោះស្រាយនៅឡើយទេ។ តើឫសគល់នៃបញ្ហាទាំងនេះស្ថិតនៅត្រង់ណា? តើកត្តាអ្វីដែលកំពុងជះឥទ្ធិពលលើទំនាក់ទំនងរវាងព្រះជាម្ចាស់ និងមនុស្សជាតិ? វាគឺជានិស្ស័យដ៏ពុករលួយរបស់មនុស្សជាតិ។ ពោលគឺមនុស្សជាតិនៅតែឈរខាងសាតាំង កំពុងរស់នៅដោយពឹងអាងលើសារជាតិពិសពុលរបស់សាតាំង ហើយនោះជានិស្ស័យ និងសារជាតិរបស់សាតាំង ដែលមនុស្សសម្ដែងចេញ។ សារជាតិរបស់ព្រះជាម្ចាស់ គឺជាសេចក្តីពិត។ សារជាតិរបស់ទ្រង់ គឺមិនចេះប្រែប្រួលឡើយ។ ដូច្នេះ តើនរណាទៅដែលត្រូវផ្លាស់ប្ដូរ ដើម្បីសម្រេចឲ្យស្របតាមព្រះជាម្ចាស់? ពិតណាស់ ច្បាស់ជាមនុស្សជាតិហើយ។ នេះគឺជារឿងមួយដាច់ស្រេច។ ដូច្នេះ តើមនុស្សជាតិគួរតែផ្លាស់ប្ដូរដោយរបៀបណា? ពួកគេត្រូវតែចុះចូលចំពោះកិច្ចការរបស់ព្រះជាម្ចាស់ ទទួលយកសេចក្តីពិត ទទួលយកការជំនុំជម្រះ និងការវាយផ្ចាល ព្រមទាំងទទួលយកការលួសកាត់ និងការដោះស្រាយ។ នេះគឺជាផ្លូវតែមួយគត់របស់មនុស្ស ដើម្បីឈានទៅរកភាពស្រុះស្រួលជាមួយព្រះជាម្ចាស់។ មានតែពេលដែលអ្នកបោះជំហានលើផ្លូវនេះទេ ទើបអ្នកអាចចាប់ផ្ដើមយល់ពីសេចក្តីពិត កម្ចាត់ចោលនិស្ស័យពុករលួយរបស់អ្នក ហើយមើលឃើញមនុស្ស និងអ្វីៗស្របតាមព្រះបន្ទូលព្រះជាម្ចាស់ និងសេចក្តីពិតបានបន្តិចម្ដងៗ។ បែបនេះ គោលការណ៍ដែលអ្នកប្រព្រឹត្ត ទស្សនៈដែលអ្នកមើលឃើញអ្វីៗ ការមើលឃើញរបស់អ្នកចំពោះជីវិត និងគុណតម្លៃរបស់អ្នក នឹងស្របតាមព្រះជាម្ចាស់គ្រប់យ៉ាងមិនខាន។ រនាំងរវាងអ្នក និងព្រះជាម្ចាស់ នឹងមានកាន់តែតិចទៅៗ វានឹងលែងមានភាពផ្ទុយគ្នាទៀតហើយ អ្នកនឹងសិក្សាពីព្រះជាម្ចាស់កាន់តែតិចទៅៗ ការស្ដាប់បង្គាប់របស់អ្នកនឹងរីកចម្រើនឡើងដោយឯកឯង ហើយអ្នកនឹងទទួលបានភាពស្របគ្នាទាំងស្រុងជាមួយព្រះជាម្ចាស់បន្តិចម្ដងៗ។
តើអ្នករាល់គ្នាខ្លាចក្នុងការប្រាស្រ័យទាក់ទងជាមួយខ្ញុំមែនទេ? (អត់ទេ។) អ្នករាល់គ្នាប្រហែលមិនខ្លាចទេ ប៉ុន្តែខ្ញុំខ្លាច។ តើខ្ញុំខ្លាចអ្វីទៅ? អ្នករាល់គ្នាមានកម្ពស់ទាបខ្លាំងពេក និងមានសេចក្តីពិតជាច្រើនដែលអ្នករាល់គ្នាមិនយល់ ហើយខ្ញុំត្រូវពិចារណាមើលថាតើកម្ពស់របស់អ្នករាល់គ្នាអាចតាមទាន់អ្វីៗដែលខ្ញុំធ្វើ និងមានបន្ទូលដែរឬអត់។ ខ្ញុំមិនអាចមានបន្ទូល ឬធ្វើអ្វីៗទាំងនោះដោយផ្ទាល់បានទេ ប៉ុន្តែខ្ញុំត្រូវទុកគម្លាត និងពេលវេលាដល់អ្នករាល់គ្នាឱ្យបានគ្រប់គ្រាន់ ដើម្បីឆ្លងកាត់ និងដកពិសោធន៍សេចក្តីពិតទាំងនោះ។ បន្ទាប់មក ខ្ញុំនឹងរង់ចាំ។ ខ្ញុំរង់ចាំឱ្យអ្នករាល់គ្នាយល់ពីសេចក្តីពិត និងទទួលយកសេចក្តីពិតទាំងនោះបន្តិចម្ដងៗ ព្រមទាំងមានកម្ពស់រីកចម្រើនផង ហើយដល់ចំណុចនោះ ខ្ញុំនឹងសាកល្បងចូលទៅរកអ្នករាល់គ្នាសន្សឹមៗម្ដងទៀត។ ក្រោយមក ខ្ញុំសង្កេតមើលអ្នករាល់គ្នា ថាតើកម្ពស់របស់អ្នករាល់គ្នាបានរីកចម្រើនហើយឬនៅ។ ប្រសិនបើបានរីកចម្រើនហើយ ខ្ញុំនឹងមានបន្ទូលទៅអ្នករាល់គ្នាឱ្យបានច្រើនជាងនេះបន្តិច ប៉ុន្តែប្រសិនបើអ្នករាល់គ្នានៅតែមានកម្ពស់តូចទាបដដែល នោះខ្ញុំត្រូវនៅឆ្ងាយជាងនេះបន្តិចហើយ។ ហេតុអ្វីបានជាខ្ញុំត្រូវនៅឆ្ងាយពីអ្នករាល់គ្នាបន្តិច? ប្រសិនបើខ្ញុំចូលទៅជិតអ្នករាល់គ្នាខ្លាំងពេក ហើយសំណូមពរពីអ្នករាល់គ្នាច្រើនពេក លឿនខ្លាំងពេក នោះតក់ក្រហល់ពេក ងាយនឹងខាតបង់មិនខាន។ ហើយប្រសិនបើការតក់ក្រហល់ទៅជាខាតបង់ តើនឹងមានផលវិបាកអ្វីខ្លះ? ផលវិបាកអាចនឹងគ្រោះថ្នាក់លើសពីអ្វីដែលអ្នករាល់គ្នាអាចទ្រាំទ្របានទៅទៀត។ ក្នុងស្ថានភាពបច្ចុប្បន្ននេះ យើងមិនត្រឹមតែមិនអាចមានភាពចុះសម្រុងគ្នា និងភាពស្របគ្នានៅក្នុងការប្រាស្រ័យទាក់ទងរបស់យើងប៉ុណ្ណោះទេ ប៉ុន្តែសូម្បីតែការទាក់ទងរកគ្នាដោយស្មោះត្រង់ ក៏ពួកយើងគ្មានដែរ។ ប្រសិនបើខ្ញុំនៅទទូចចង់មានទំនាក់ទំនងជាមួយអ្នករាល់គ្នា ឬចង់រស់នៅជាមួយអ្នករាល់គ្នាឱ្យបានញឹកញាប់ ដោយបង្ហាត់បង្រៀនអ្នករាល់គ្នាពីគ្រប់ទិដ្ឋភាពនៃបញ្ហាដែលពាក់ព័ន្ធនឹងភារកិច្ចរបស់អ្នកទៀត នោះអ្នករាល់គ្នានឹងមានអារម្មណ៍តានតឹងខ្លាំងមិនខាន។ បែបនោះ អ្នករាល់គ្នានឹងមានអារម្មណ៍ថា ខ្លួនឯងកំពុងរងទុក្ខវិញទេ។ តើនោះមិនមែនជាអ្វីដែលខ្ញុំត្រូវតែស៊ូទ្រាំទេឬអី? ហើយនៅក្នុងការស៊ូទ្រាំនោះ តើខ្ញុំនឹងត្រូវរងទុក្ខដែរឬទេ? ខ្ញុំក៏នឹងត្រូវរងទុក្ខដូចគ្នាដែរ។ ប្រសិនបើការរងទុក្ខនោះមានប្រយោជន៍ចំពោះអ្នករាល់គ្នា ប្រសិនបើអាចជួយឱ្យអ្នករាល់គ្នារីកចម្រើនបានឆាប់ នោះខ្ញុំនឹងមិនខ្វល់ព្រះទ័យពីការរងទុក្ខបន្តិចបន្តួចនេះឡើយ។ ខ្ញុំនឹងទ្រាំទទួលឱ្យកាន់តែច្រើន មានបន្ទូលឱ្យកាន់តែតិច អត់ឱនឱ្យបានច្រើនជាងមុន និងរង់ចាំអ្នកឱ្យយូរជាងនេះបន្តិច ដោយមានព្រះទ័យអំណត់ជាងមុន។ រឿងនេះនឹងគ្មានបញ្ហាសម្រាប់ខ្ញុំឡើយ។ ប្រសិនបើអ្នករាល់គ្នារងទុក្ខមុនពេលកំណត់ តើការរងទុក្ខនេះអាចមានលទ្ធផលក្នុងកម្រិតណាមួយដែរឬទេ? ប្រហែលអាចមានលទ្ធផលសម្រាប់មនុស្សពិសេសមួយចំនួនតូច ជាមនុស្សដែលអាចយល់ពីសេចក្តីពិត និងជាអ្នកដែលមានទាំងសតិសម្បជញ្ញៈនិងហេតុផល ជាអ្នកដែលមានយុត្តិធម៌និងមានហេតុផល ហើយជាងនេះទៅទៀត ជាអ្នកដែលស្រឡាញ់សេចក្តីពិតខ្លាំង ជាអ្នកដែលអាចតស៊ូដេញតាមសេចក្តីពិតបានយ៉ាងខ្ជាប់ខ្ជួន ហើយជាអ្នកដែលមានចិត្តស្រឡាញ់ និងដេញតាមពន្លឺ និងអ្វីៗដែលវិជ្ជមានដោយឥតងាករេ ជាមនុស្សដូចពេត្រុស ដែលសកម្មនិងវិជ្ជមានក្នុងការដេញតាមសេចក្តីពិត ហើយមានតែអ្នកដែលមានភាពជាមនុស្សបែបនេះ មានការដេញតាមបែបនេះ និងមានសមត្ថភាពអាចយល់បានបែបនេះទេ ទើបអាចឆ្លងកាត់ការរងទុក្ខមុនពេលកំណត់បាន។ នៅក្នុងចំណោមអ្នករាល់គ្នា តើមានអ្នកណាដែលបំពេញតាមលក្ខខណ្ឌទាំងនេះដែរឬទេ? (គ្មានទេ។) បើដូច្នេះ កុំប្រកាន់ដែលខ្ញុំត្រូវមានបន្ទូលថា យើងនឹងត្រូវនៅឆ្ងាយពីគ្នា ដើម្បីកុំឱ្យអ្នករាល់គ្នាត្រូវឆ្លងកាត់ការរងទុក្ខបែបនេះនៅមុនពេលកំណត់។ ដូច្នេះ តើអ្នកនឹងត្រូវឆ្លងកាត់ការរងទុក្ខនេះនៅពេលណា? នៅពេលអ្នករាល់គ្នាបានរីកចម្រើនដល់កម្ពស់ណាមួយហើយ នោះព្រះជាម្ចាស់នឹងរៀបចំមជ្ឈដ្ឋាន មនុស្ស ព្រឹត្តិការណ៍ និងអ្វីៗសម្រាប់អ្នកដោយឯកឯង។ ដូចយ៉ូបអ៊ីចឹង នៅពេលដែលគាត់រីកចម្រើនដល់កម្ពស់ជាក់លាក់មួយហើយ សាតាំងក៏បានចូលមកចំពោះព្រះជាម្ចាស់ដោយចោទប្រកាន់គាត់ ហើយព្រះជាម្ចាស់បានអនុញ្ញាតឱ្យសាតាំងល្បួងយ៉ូប ប្រគល់គាត់ទៅក្នុងសេចក្តីល្បួង ដោយធ្វើឱ្យយ៉ូបបាត់បង់ទ្រព្យសម្បត្តិអស់រលីង។ តើសេចក្ដីនេះនៅឆ្ងាយសម្រាប់អ្នករាល់គ្នាដែរឬទេ? តើនៅឆ្ងាយកម្រិតណា? បញ្ហានេះមួយផ្នែក គឺអាស្រ័យលើការដេញតាមរបស់អ្នករាល់គ្នា ហើយមួយផ្នែកទៀត គឺអាស្រ័យលើសេចក្ដីតម្រូវនៃកិច្ចការរបស់ព្រះជាម្ចាស់ អាស្រ័យលើពេលវេលាដែលទ្រង់បានកំណត់ទុកនៅក្នុងផែនការរបស់ទ្រង់។ តើពេលវេលានោះគឺជាអ្វី? ពេលវេលានោះ គឺពេលវេលាដែលចូលមកដល់ ដែលមនុស្សត្រូវបំពាក់បំប៉នខ្លួនឱ្យចេះពីគ្រប់ទាំងសេចក្តីពិត និងយល់ពីសេចក្តីពិតនោះ។ ប៉ុន្តែ ប្រសិនបើកម្ពស់របស់អ្នកខ្លះនៅមិនទាន់រីកចម្រើនដល់កម្រិតនេះទេ តើត្រូវធ្វើដូចម្ដេច? នៅក្នុងពេលដែលស័ក្តិសម នោះព្រះជាម្ចាស់នឹងធ្វើសកម្មភាពមិនខាន។ តើអ្នកគិតថា អ្នកអាចលាក់ខ្លួនបានមែនទេ? គ្មាននរណាម្នាក់អាចគេចផុតពីបញ្ហានេះបានឡើយ។ នេះហៅថា ការត្រួតពិនិត្យការងាររបស់មនុស្ស ហើយមនុស្សគ្រប់គ្នា ត្រូវតែឆ្លងកាត់ការត្រួតពិនិត្យនេះ។ គ្មាននរណាដែលអាចដើរទៅមុនបានឡើយ ក៏គ្មាននរណាដែលអាចដើរពីក្រោយបានដែរ។ ឃ្លាថា «គ្មាននរណាដែលអាចដើរទៅមុនបាន» មានន័យថា ប្រសិនបើបុគ្គលម្នាក់មិនទាន់មានកម្ពស់ដល់កម្រិតនោះនៅឡើយទេ ហើយពួកគេមិនបានស្ដាប់សេចក្តីពិតឱ្យបានច្រើន ដូច្នេះ ពេលបុគ្គលនោះទូលសូមព្រះជាម្ចាស់ឱ្យសាកល្បងពួកគេ នោះព្រះអង្គនឹងមិនសាកល្បងពួកគេឡើយ។ គ្មាននរណាម្នាក់នឹងត្រូវលើកលែងពីការនេះនោះទេ ដ្បិតព្រះជាម្ចាស់ទ្រង់ព្រះតម្រិះឃើញថា មនុស្សម្នាក់ៗស្មើភាពគ្នា ហើយទ្រង់ប្រទានឱកាសដល់មនុស្សម្នាក់ៗស្មើៗគ្នា ហើយទ្រង់ទំនុកបម្រុងនិងធ្វើការសម្រាប់មនុស្សទាំងអស់ដូចៗគ្នា។ ដូច្នេះពេលនេះ តើការដែលខ្ញុំប្រកាន់យកអាកប្បកិរិយាស្របតាមសភាពនិងកម្ពស់ដែលអ្នករាល់គ្នាមាននេះ មិនមែនមានប្រយោជន៍ដល់អ្នករាល់គ្នាទេឬអី? (មានប្រយោជន៍។) គឺសមស្របសម្រាប់អ្នករាល់គ្នាតែម្ដង ជាអ្វីដែលអ្នករាល់គ្នាត្រូវការក្នុងពេលនេះតែម្ដង។ នៅពេលដែលអ្នករាល់គ្នាកំពុងបំពេញភារកិច្ចរបស់ខ្លួនតាមផ្នែកនីមួយៗជាធម្មតា នៅពេលនោះដែរ អ្នករាល់គ្នាក៏ទទួលបានការទំនុកបម្រុងនូវសេចក្តីពិតដែលអ្នករាល់គ្នាចាំបាច់ត្រូវមាន និងត្រូវយល់ដោយគ្មានការពន្យារពេលផងដែរ ដើម្បីឱ្យអ្នករាល់គ្នាអាចទទួលបានការទំនុកបម្រុងនិងជំនួយបានទាន់ពេល និងទៅតាមចំណែករបស់អ្នក។ ក្រោយមក នៅពេលអ្នករាល់គ្នាបំពេញភារកិច្ចរបស់ខ្លួន នោះអ្នកនឹងចេះរិះគិត ស្រូបយក និងដកពិសោធន៍សេចក្តីពិតទាំងនេះបន្តិចម្ដងៗ ព្រមទាំងរកឃើញគោលការណ៍នៃសេចក្តីពិត និងផ្លូវអនុវត្តន៍ផង។ បន្តិចម្ដងៗ អ្នកនឹងយល់ពីបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ ហើយហេតុនេះ ទំនាក់ទំនងរវាងមនុស្សនិងព្រះជាម្ចាស់ នឹងត្រូវបានកែតម្រូវឱ្យត្រឹមត្រូវឡើងវិញ ហើយអ្នកនឹងមានតួនាទីជាភាវៈដែលព្រះបង្កើតមក ពោលគឺ អ្នកត្រូវកាន់តំណែងរបស់អ្នក និងប្រកាន់ខ្ជាប់តាមភារកិច្ចរបស់អ្នក។ ហើយបន្ទាប់ពីនេះទៅ អាចនឹងមានមនុស្សខ្លះត្រូវឆ្លងកាត់ការល្បងលនិងការបន្សុទ្ធ ដោយមិនដឹងខ្លួន។ តើរឿងនោះនឹងកើតឡើងនៅពេលណា? ខ្ញុំនឹងប្រាប់អ្នករាល់គ្នាត្រឹមមួយប្រយោគថា៖ ការល្បងលនឹងកើតឡើងទៅតាមការគ្រោងទុក។ សេចក្ដីនេះហាក់ដូចជាអរូបីបន្តិច ប៉ុន្តែចំពោះព្រះជាម្ចាស់ អ្វីៗត្រូវតែកើតឡើងដោយបែបនេះឯង។ នៅពេលដែលព្រះជាម្ចាស់ដល់ពេលត្រូវធ្វើសកម្មភាពហើយ ទោះអ្នកខំប្រឹងបែបណា ក៏អ្នកនឹងមិនអាចលាក់ខ្លួនបានដែរ។ ឥឡូវ តើខ្ញុំនឹងត្រូវធ្វើបែបណា? ខ្ញុំនឹងត្រូវរក្សាតំណែងរបស់ខ្ញុំ កាន់កាប់តួនាទីរបស់ខ្ញុំ និងបំពេញកិច្ចការរបស់ខ្ញុំ ដោយគ្មានការស្ទាក់ស្ទើរ ឬការប្រញាប់ទៅមុខឡើយ ប៉ុន្តែខ្ញុំនឹងបំពេញកិច្ចការរបស់ខ្ញុំស្របទៅតាមលំដាប់លំដោយដែលបានកំណត់។ ផ្លូវឆ្ពោះទៅកាន់សេចក្តីសង្រ្គោះរបស់អ្នករាល់គ្នា ត្រូវបានបើកហើយ។ ខ្ញុំនឹងមិនបិទផ្លូវទាំងនោះទេ ហើយក៏មិនពន្យារពេលអ្នករាល់គ្នានោះដែរ។
តើមាននរណាធ្លាប់សួរទាំងបារម្ភថា៖ «ដើរតាមទ្រង់ តើពួកទូលបង្គំ-ខ្ញុំម្ចាស់អាចត្រូវបានសង្រ្គោះដែរឬទេ?» ប្រហែល អ្នកខ្លះមិនធ្លាប់បានគិតពីសំណួរនេះទេ ប៉ុន្តែ មិនគិត មិនដូចគ្នានឹងការគ្មានមន្ទិលសង្ស័យឡើយ ហើយមន្ទិលសង្ស័យនេះ នៅតែអាចមានដដែល។ ដូច្នេះ ខ្ញុំនឹងប្រាប់អ្នកអំពីការពិត៖ អ្នកមិនបាច់បារម្ភនោះទេ។ ខ្ញុំគួរតែបារម្ភ មុនអ្នកគួរបារម្ភទៅទៀត។ គឺជារូបខ្ញុំវិញទេ ដែលគួរបារម្ភជាងគេបំផុតនោះ ប៉ុន្តែខ្ញុំមិនដែលបារម្ភឡើយ ដូច្នេះ តើអ្នកត្រូវបារម្ភពីរឿងអ្វីទៅ? តើអ្នកមិនមែនកំពុងបារម្ភច្រើនពេកទេឬអី? អ្នកបារម្ភច្រើនពេកហើយ ហើយអ្នកមិនបាច់ត្រូវបារម្ភពេកនោះទេ។ ខ្ញុំមិនដែលបារម្ភពីរឿងនេះ ក៏ព្រោះតែវាមិនមែនជារឿងដែលខ្ញុំត្រូវទទួលខុសត្រូវ។ តើនោះមិនមែនជារឿងល្អទេឬអី? ដូច្នេះ តើនរណាត្រូវទទួលខុសត្រូវលើរឿងនេះ? អ្នកខ្លះនិយាយថា៖ «ទ្រង់មានបន្ទូលបែបនេះ គឺគ្មានទំនួលខុសត្រូវពេកហើយ! ប្រសិនបើទ្រង់មិនទទួលខុសត្រូវទេ តើនរណាជាអ្នកទទួលខុសត្រូវទៅ?» ខ្ញុំមិនចាំបាច់ត្រូវទទួលខុសត្រូវឡើយ ព្រោះថាខ្ញុំមិនដែលមានការព្រួយព្រះទ័យបែបនេះនោះទេ។ ខ្ញុំគ្មានការចាំបាច់អ្វីត្រូវព្រួយព្រះទ័យ គ្មានការចាំបាច់អ្វីត្រូវពិនិត្យពិច័យបញ្ហានេះឡើយ។ ប្រសិនបើខ្ញុំត្រូវព្រួយព្រះទ័យមែន ទាំងមានបន្ទូលថា៖ «អូ! ខ្ញុំមិនអាចរ៉ាប់រងលើលទ្ធផល និងទិសដៅរបស់អ្នករាល់គ្នាបានទេ! ខ្ញុំត្រូវយកព្រះទ័យទុកដាក់សិក្សា និងវិភាគគ្រប់ជំហានដែលខ្ញុំដើរ និងគ្រប់ព្រះបន្ទូលដែលខ្ញុំថ្លែងមក ហើយធ្វើសកម្មភាព ក្រោយពីខ្ញុំបានឃើញលទ្ធផលហើយ» បែបនោះ ខ្ញុំនឹងធ្វេសប្រហែសមិនខាន។ ប៉ុន្តែ ខ្ញុំមិនដែលព្រួយព្រះទ័យឡើយ ខ្ញុំមិនដែលពិនិត្យពិច័យថារឿងនឹងអាចទៅជាបែបណានោះទេ។ ហេតុអ្វីបានជាបែបនេះ? អ្នកខ្លះនិយាយថា៖ «ព្រះអង្គបានទតធ្លុះបញ្ហានេះហើយ»។ អត់នោះទេ។ ជាទូទៅ អាចនិយាយថា មនុស្សម្នាក់បានមើលធ្លុះពីរឿងអ្វីមួយ លុះត្រាតែពួកគេបានស្រាវជ្រាវ និងវិភាគពីបញ្ហានោះសិន ប៉ុន្តែខ្ញុំមិនដែលមានសភាវគតិទៅពិនិត្យពិច័យបញ្ហានេះនោះទេ ប្រៀបដូចជាមនុស្សម្នាក់ដែលមិនដែលទៅពិនិត្យរកមូលហេតុដែលពួកគេមានមុខមាត់ដូចឪពុកម្ដាយរបស់ពួកគេដូច្នោះដែរ។ តាមសភាវគតិ ខ្ញុំមិនពិនិត្យពិច័យបញ្ហាបែបនេះទេ ពោលគឺ បញ្ហាទាំងនេះគ្មាននៅក្នុងព្រះតម្រិះរបស់ខ្ញុំឡើយ។ ការមិនពិនិត្យពិច័យពីអ្វីៗ នឹងក្លាយជាលទ្ធផលដ៏អស្ចារ្យមួយ ដូច្នេះ តើអ្នករាល់គ្នាមិនគួររៀនពីរបៀបធ្វើបែបនេះទេឬអី? អ្នកខ្លះប្រហែលអាចនិយាយថា៖ «ព្រះអង្គពុំពិនិត្យពិច័យអ្វីៗទៅតាមសភាវគតិឡើយ។ តើយើងត្រូវរៀនធ្វើបែបនេះដោយរបៀបណាទៅ? ពួកយើងមិនអាចរៀនពីអ្វីទាំងនោះបានឡើយ!» ក្នុងបញ្ហានេះ មានរឿងដែលចាំបាច់ត្រូវធ្វើការប្រកបគ្នាបន្តិច។ ការយកកំណើតជាមនុស្សរបស់ព្រះជាម្ចាស់ ការត្រលប់ជាសាច់ឈាមរបស់ទ្រង់ ការត្រលប់ជាមនុស្សរបស់ទ្រង់ ពោលគឺ ថាតើអង្គទ្រង់បានកើតឡើងដោយរបៀបណាឱ្យប្រាកដនោះ មិនមែនជាដំណើរការដែលតម្រូវឱ្យមានការពិនិត្យពិច័យឡើយ។ និយាយឱ្យចំទៅ គឺព្រះជាម្ចាស់បានត្រលប់ជាមនុស្សរួចហើយ។ នៅក្នុងកិច្ចការដែលព្រះជាម្ចាស់ធ្វើនៅក្នុងរូបអង្គជាមនុស្សនេះ និងរបៀបដែលព្រះអង្គបើកបង្ហាញ តើមានអាថ៌កំបាំងអ្វីដែរទេ? (មាន។) តើបញ្ហានេះតម្រូវឱ្យមានការស្រាវជ្រាវដែរឬទេ? បញ្ហានេះមិនតម្រូវឱ្យមានការស្រាវជ្រាវនោះទេ ប៉ុន្តែតម្រូវឱ្យអ្នករាល់គ្នាស្វែងរកការពិតនៃបញ្ហានោះ។ តើការពិតនៃបញ្ហានោះគឺជាអ្វី? តើអ្នករាល់គ្នាអាចមើលធ្លុះបញ្ហានោះដែរឬទេ? សារជាតិ ឋានៈ និងបេសកកម្មរបស់បុគ្គលម្នាក់ ត្រូវបានបញ្ចូលគ្នាតែមួយ។ បេសកកម្មរបស់ពួកគេ គឺជាសារជាតិរបស់ពួកគេ ជាសភាវគតិរបស់ពួកគេ។ សារជាតិរបស់ពួកគេ គឺជាអ្វីដែលពួកគេរស់នៅតាម ជាអ្វីដែលពួកគេបើកសម្ដែង ជាអ្វីដែលពួកគេព្រមធ្វើ និងអ្វីដែលចាក់បំពេញនៅក្នុងខ្លួនពួកគេ ហើយក៏ជាសភាវគតិ និងបេសកកម្មរបស់ពួកគេផងដែរ ដែលអ្វីទាំងអស់នេះអាចបង្កើតបានជាការរួមគ្នាតែមួយ។ តើសេចក្ដីនេះប្រាប់អ្នកអំពីរឿងអ្វី? នៅត្រង់ចំណុចនេះ មានការពិតមួយដែលអ្នករាល់គ្នាគួរតែអាចយល់បាន នោះគឺថា បញ្ហានៃការយកកំណើតជាមនុស្សរបស់ព្រះជាម្ចាស់ ជារឿងដែលមិនអាចប្រកែកបានឡើយ។ ព្រះជាម្ចាស់សម្ដែងចេញសេចក្តីពិតជាច្រើន ហើយកាលណាមនុស្សអានសេចក្តីពិតទាំងនោះកាន់តែច្រើន នោះពួកគេក៏យល់ពីសេចក្តីពិតទាំងនោះបានកាន់តែច្រើនដែរ។ កាលណាពួកគេអានកាន់តែច្រើន នោះពួកគេកាន់តែយល់ថា សេចក្តីទាំងនោះគឺជាសេចក្តីពិត ហើយកាលណាពួកគេដកពិសោធន៍និងអនុវត្តសេចក្ដីពិតកាន់តែច្រើន នោះដួងចិត្តរបស់ពួកគេនឹងកាន់តែភ្លឺឡើង ហើយនៅពេលរឿងនេះកើតឡើង នោះទំនាក់ទំនងរបស់ពួកគេជាមួយព្រះជាម្ចាស់ ក៏កាន់តែរីកចម្រើនធម្មតាទៅដែរ។ តើរឿងនេះពិតជាចាំបាច់ត្រូវធ្វើការស្រាវជ្រាវដែរឬទេ? ចូរធ្វើការស្រាវជ្រាវរឿងនេះតាមដែលអ្នកចង់ទៅចុះ។ អ្នកនឹងមិនយល់ពីអត្ថន័យនៃសេចក្តីពិតតាមរយៈការស្រាវជ្រាវឡើយ។ ការយល់ពីសេចក្តីពិត គឺអាស្រ័យលើបទពិសោធ។ នៅពេលដែលបុគ្គលម្នាក់ទទួលបានបទពិសោធកាន់តែច្រើន នោះពួកគេនឹងយល់ពីអត្ថន័យនៃសេចក្តីពិតដោយឯកឯង ហើយនៅពេលយល់ពីសេចក្តីពិតហើយ នោះពួកគេនឹងចាប់ផ្ដើមមានការស្គាល់ព្រះជាម្ចាស់ដោយឯកឯងមិនខាន។ ហេតុនេះហើយបានជាខ្ញុំមានបន្ទូលថា ដើម្បីបានដឹងពីកិច្ចការរបស់ព្រះជាម្ចាស់ គឺអាស្រ័យលើការយល់ពីសេចក្តីពិត។ មនុស្សគ្មានហេតុផលមួយចំនួន មិនស្រឡាញ់សេចក្តីពិតនោះទេ ក៏មិនដែលអនុវត្តសេចក្តីពិតនោះដែរ ហើយចាប់តាំងពីពេលដែលពួកគេចាប់ផ្ដើមជឿលើព្រះជាម្ចាស់មក ពួកគេបានសិក្សាពីទ្រង់រហូតមក។ មិនថាពួកគេសិក្សាបែបណានោះទេ តើពួកគេអាចស្គាល់ព្រះជាម្ចាស់តាមរបៀបនេះបានដែរឬទេ? គឺមិនអាចទៅរួចឡើយ។ ពិភពខាងសាសនាបានសិក្សាពីព្រះជាម្ចាស់អស់ពេលមួយសហស្សវត្សរ៍មកហើយ ហើយគ្មានបុគ្គលណាម្នាក់បានស្គាល់ទ្រង់ពិតប្រាកដនោះទេ។ ពួកគេជឿលើព្រះជាម្ចាស់រាប់សិបឆ្នាំមកហើយ ហើយចុងក្រោយ អ្វីដែលពួកគេអាចនិយាយបាន គឺថា៖ «ខ្ញុំជឿយ៉ាងមុតមាំលើព្រះវត្តមានដ៏គង់នៅរបស់ព្រះជាម្ចាស់»។ តើនេះជាសម្ដីរបស់បុគ្គលម្នាក់ដែលស្គាល់ព្រះជាម្ចាស់ឬ? សព្វថ្ងៃនេះ តើអ្នកនៅតែសិក្សាពីព្រះជាម្ចាស់ទៀតទេ? តើអ្នកបានសិក្សាពីទ្រង់អស់រយៈពេលប៉ុន្មានឆ្នាំហើយ? តើការសិក្សារបស់អ្នកមានលទ្ធផលណាមួយហើយឬនៅ? ខ្ញុំសូមប្រាប់អ្នកចុះថា៖ ព្រះជាម្ចាស់ដែលយកកំណើតជាមនុស្ស មិនដែលស្រាវជ្រាវថាទ្រង់ជានរណានោះទេ ហើយនៅក្នុងអង្គទ្រង់ ក៏គ្មានព្រះសូរសៀងផ្សេងទៀតនោះដែរ គឺមានព្រះសូរសៀងតែមួយប៉ុណ្ណោះ។ តាមរយៈការយល់ឃើញរបស់មនុស្ស គ្រប់យ៉ាងដែលទ្រង់ព្រះតម្រិះ រស់នៅ និងធ្វើ គឺជាគំនិត និងសកម្មភាពរបស់បុគ្គលម្នាក់ ហើយព្រះអង្គផ្ទាល់ក៏យល់ថា ទ្រង់ជាបុគ្គលម្នាក់ដែលកំពុងធ្វើសកម្មភាព និងកំពុងគិតផងដែរ។ ត្រង់ចំណុចនេះ តើមានរឿងអ្វីកំពុងកើតឡើង? នៅក្នុងអង្គទ្រង់ មានជីវិតតែមួយប៉ុណ្ណោះ គ្មានជីវិតណាផ្សេងទៀតឡើយ។ ដូច្នេះ តើជីវិតនេះមានសារជាតិអ្វីដែរ? បុគ្គលម្នាក់មិនអាចមើលធ្លុះពីសារជាតិនេះតាមសម្បកក្រៅ ដោយគិតថា សារជាតិនេះគឺដូចជាជីវិតរបស់មនុស្សធម្មតាម្នាក់បានឡើយ ប៉ុន្តែបើពិនិត្យមើលចំណុចនេះដោយពិចារណាអំពីបេសកកម្មរបស់ទ្រង់ និងសារជាតិនៃកិច្ចការដែលទ្រង់ធ្វើវិញ តើហេតុដូចម្ដេចបានជាមានស្រមោលរបស់ព្រះជាម្ចាស់គ្រងពីលើអង្គទ្រង់ទៅវិញ? ចំណុចនេះស័ក្តិសមនឹងត្រូវយល់ដឹងណាស់។ អ្វីដែលស័ក្តិសមក្នុងការស្វែងរក និងស៊ើបសួរឱ្យបានល្អិតល្អន់នោះគឺ ថាតើរូបអង្គខាងសាច់ឈាមដែលមានស្រមោលរបស់ព្រះជាម្ចាស់ និងមានការចាក់បង្ហូរនូវសារជាតិរបស់ព្រះជាម្ចាស់នេះ ជានរណាឱ្យប្រាកដ។ ពេលនោះ តើការដែលរូបអង្គខាងសាច់ឈាមនេះមិនដឹងពីមូលហេតុដែលទ្រង់គឺជាមនុស្សបែបនេះ ឬថាទ្រង់មានសារជាតិជាមនុស្សបែបណានោះ ជារឿងធម្មតាដែរឬទេ? ជារឿងធម្មតាខ្លាំងណាស់ មិនមែនជារឿងអធិធម្មជាតិអ្វីទេ។ អ្នកខ្លះនឹងនិយាយថា៖ «មិនមែនជារឿងអធិធម្មជាតិ? ស្ដាប់ទៅមិនដូចជាព្រះជាម្ចាស់សោះ។ ព្រះជាម្ចាស់គួរតែមានលក្ខណៈអធិធម្មជាតិ!» តើពាក្យថា «គួរតែ» នេះ ចេញមកពីណា? គឺចេញមកពីសញ្ញាណ និងការស្រមើស្រមៃរបស់មនុស្ស។ តាមពិតទៅ តើទង្វើដំបូងគេឬឥរិយាបថដំបូងគេណាមួយរបស់ព្រះជាម្ចាស់ ដែលមនុស្សដឹង ដែលមនុស្សមានការចាប់អារម្មណ៍? កាលពីដើមដំបូងឡើយ ព្រះជាម្ចាស់បានបង្កើតផ្ទៃមេឃ និងផែនដី ព្រមទាំងរបស់សព្វសារពើផង ហើយនៅថ្ងៃទីប្រាំមួយ ទ្រង់បានយកធូលីដីមកសូនធ្វើជាមនុស្សម្នាក់ ដែលទ្រង់ដាក់ឈ្មោះថា អ័ដាម។ ពេលនោះ ទ្រង់បានធ្វើឱ្យអ័ដាមដេកលក់ ហើយទ្រង់ក៏បានដកយកឆ្អឹងជំនីរមួយចេញពីរូបកាយគាត់ រួចទ្រង់ក៏បង្កើតជាមនុស្សម្នាក់ទៀត ឈ្មោះ អេវ៉ា។ បើមើលពីលំដាប់លំដោយនៃសកម្មភាព និងឥរិយាបថរបស់ព្រះជាម្ចាស់ទាំងស្រុង តើនេះមិនមែនជារូបភាពពិសេសមួយទេឬអី? សកម្មភាពនីមួយៗពិតខ្លាំងពេក ដែលវាមិនស្របទៅនឹងព្រះជាម្ចាស់នៅក្នុងការស្រមើស្រមៃ និងសញ្ញាណរបស់មនុស្សឡើយ។ ដូច្នេះពេលនេះ នៅពេលដែលមនុស្សចាប់ផ្ដើមមានទំនាក់ទំនងជាមួយព្រះជាម្ចាស់ដែលយកកំណើតជាមនុស្ស ស្ដាប់ឮព្រះបន្ទូលដែលទ្រង់ថ្លែងមក និងមើលឃើញកិច្ចការគ្រប់យ៉ាងដែលទ្រង់ធ្វើ រួចយកចំណុចទាំងអស់នោះមកប្រៀបធៀបជាមួយសកម្មភាព និងឥរិយាបថជាក់ស្ដែងរបស់ព្រះជាម្ចាស់ កាលទ្រង់បានបង្កើតមនុស្សនៅគ្រាដំបូង តើមានភាពល្អៀងគ្នាដែរឬទេ? តើមានភាពខុសគ្នាដែរឬទេ? អាចមាន ព្រោះអ្នកមិនធ្លាប់បានឃើញសកម្មភាពទាំងនោះទេ។ ក៏ប៉ុន្តែ ប្រសិនបើពិនិត្យមើលឱ្យជាក់ស្ដែង នៅពេលមនុស្សប្រៀបធៀបលក្ខណៈនិងប្រភពនៃព្រះសូរសៀងរបស់ព្រះជាម្ចាស់កាលពីគ្រាដំបូង ជាមួយនឹងលក្ខណៈនិងប្រភពនៃការថ្លែងព្រះបន្ទូលរបស់ទ្រង់នាពេលសព្វថ្ងៃនេះ គឺគ្មានភាពខុសគ្នាជាគោលឡើយ។ ហេតុអ្វីបានជាខ្ញុំមានបន្ទូលពីពាក្យ «ជាគោល» នេះ? ពាក្យ «ជាគោល» នេះ មានអត្ថន័យរបស់វា។ តើពាក្យ «ជាគោល» នៅទីនេះ មានអត្ថន័យដូចម្ដេច? ពាក្យនេះមានន័យថា នៅក្នុងដួងចិត្តរបស់មនុស្ស រឿងជាក់ស្ដែងដែលមនុស្សគិតថា ព្រះជាម្ចាស់ធ្វើ និងលក្ខណៈដែលមនុស្សគិតថា ទ្រង់មានបន្ទូលនោះ នៅតែមានធាតុអធិធម្មជាតិនៅឡើយ ចំណែកឯលក្ខណៈ វិធីសាស្ត្រ និងសំនៀងនៃព្រះបន្ទូលរបស់ព្រះជាម្ចាស់ដែលមនុស្សមើលឃើញ និងស្ដាប់ឮនាពេលសព្វថ្ងៃនេះ គឺជាក់ស្ដែងខ្លាំងណាស់ អាចយល់បាន និងអាចមើលឃើញបាន ដោយគ្មានធាតុអធិធម្មជាតិ និងគ្មានកន្លែងសម្រាប់មនុស្សស្រមើស្រមៃឡើយ។ ចំណុចទាំងពីរនេះ មានគម្លាតពីគ្នា ហើយចុងក្រោយទៅ តាមទស្សនៈយល់ឃើញរបស់អ្នករាល់គ្នា គម្លាតនោះ គឺមានលក្ខណៈជាគោលដូចគ្នាបេះបិទ។ ពាក្យ «ជាគោល» នេះ គឺមានប្រភពពីទីនេះឯង។
នៅថ្ងៃនេះ តើចាំបាច់ត្រូវនិយាយពីពាក្យពិតស្មោះត្រង់បំផុតទាំងនេះដល់អ្នករាល់គ្នាដែរឬទេ? (ពិតជាចាំបាច់។) ហេតុអ្វីបានជាត្រូវនិយាយបែបនេះ? មនុស្សជាច្រើនចេះតែមានអារម្មណ៍ថា បញ្ហាផ្សេងៗពាក់ព័ន្ធនឹងព្រះជាម្ចាស់ដែលយកកំណើតជាមនុស្ស គឺជារឿងអាថ៌កំបាំង មិនអាចវាស់ស្ទង់បាន ហើយតែងតែចង់សិក្សាអំពីបញ្ហាទាំងនោះជានិច្ច។ ការសិក្សាអំពីបញ្ហាទាំងនេះ រំខានដល់ទំនាក់ទំនងរបស់អ្នកជាមួយនឹងព្រះជាម្ចាស់។ តើអ្នកនៅតែអាចចូលទៅក្នុងសេចក្តីពិតបានដែរឬទេ ប្រសិនបើអ្នកតែងតែសិក្សាអំពីព្រះជាម្ចាស់ជាប់ជានិច្ចបែបនេះ? ប្រសិនបើអ្នកតែងតែសិក្សាអំពីទ្រង់ជាប់ជានិច្ច នោះអ្នកនឹងមិនចាត់ទុកព្រះបន្ទូលរបស់ទ្រង់ថាជាសេចក្តីពិតឡើយ ហើយទំនាក់ទំនងរបស់អ្នកជាមួយទ្រង់ ក៏នឹងនៅត្រូវបំភ្លៃ ភ្លាំងភ្លាត់ និងខុសប្រក្រតីដែរ។ ដូច្នេះ តើអ្នកអាចធ្វើឱ្យទំនាក់ទំនងរបស់អ្នកកាន់តែធម្មតាបានដោយរបៀបណា? គឺតាមរយៈការចាត់ទុកកិច្ចការគ្រប់យ៉ាងដែលទ្រង់ធ្វើជារឿងធម្មតា ដោយរួមបញ្ចូលទាំងរូបអង្គខាងសាច់ឈាមរបស់ទ្រង់ និងការស្វះស្វែង ដើម្បីទទួលយកទ្រង់នៅក្នុងចិត្តរបស់អ្នកបន្តិចម្ដងៗ។ ចូរទទួលយកទ្រង់នៅគ្រប់ទិដ្ឋភាពទាំងអស់ ទាំងលក្ខណៈនិងសំនៀងនៃព្រះបន្ទូលរបស់ទ្រង់ ព្រមទាំងការលេចមករបស់ទ្រង់ និងរូបអង្គខាងក្រៅរបស់ទ្រង់ផង។ អ្នកត្រូវតែទទួលយកចំណុចនេះ។ ប្រសិនបើអ្នកមិនទទួលយកទេ ប៉ុន្តែតែងតែសិក្សាពីទ្រង់ សិក្សាពីនេះ សិក្សាពីនោះ ដូច្នេះ នៅទីបំផុតទៅ អ្នកដែលរងគ្រោះ និងខាតបង់ធំបំផុត នឹងក្លាយជារូបអ្នកមិនខាន។ ការពិតដែលព្រះជាម្ចាស់លើកឡើងមកនេះ នឹងមិនផ្លាស់ប្ដូរឡើយ។ ព្រះជាម្ចាស់បានចាប់ផ្ដើមយុគសម័យថ្មី ហើយទ្រង់នឹងមានឥទ្ធិពលលើយុគសម័យថ្មីទាំងមូល និងដឹកនាំយុគសម័យថ្មីនេះទាំងមូល។ ការពិតនេះនឹងមិនផ្លាស់ប្ដូរនោះទេ។ ដូច្នេះ តើមនុស្សគួរជ្រើសរើសបែបណានៅក្នុងរឿងនេះ? គឺមិនត្រូវសិក្សាពីទ្រង់នោះទេ ប៉ុន្តែត្រូវទទួលយក និងស្គាល់ទ្រង់ ហើយបន្តកែតម្រូវទំនាក់ទំនងរបស់ពួកគេជាមួយព្រះជាម្ចាស់ជាបន្តបន្ទាប់ ព្រមទាំងរំឭកខ្លួនឯងគ្រប់ពេលថា៖ «ខ្ញុំគឺជាភាវៈដែលព្រះបង្កើតមក ហើយខ្ញុំជាមនុស្សជាតិដែលពុករលួយ។ ព្រះជាម្ចាស់មានសម្បកក្រៅជាមនុស្សធម្មតា ប៉ុន្តែព្រះអង្គមានសារជាតិជាព្រះ។ ការពិតដែលថា ទ្រង់គឺជាព្រះជាម្ចាស់នេះ គឺជារឿងមិនអាចប្រកែកបានឡើយ។ មិនថាព្រះអង្គធ្វើកិច្ចការអ្វីពីសម្បកក្រៅទេ មិនថាទ្រង់មានបន្ទូលបែបណាទេ ហើយមិនថាព្រះអង្គប្រព្រឹត្តយ៉ាងណាទេ គឺមិនស្ថិតក្នុងដែនសមត្ថកិច្ចនៃការសិក្សារបស់ខ្ញុំឡើយ។ នេះគឺជាហេតុផលដែលខ្ញុំគួរមាន ហើយនេះគឺជាឋានៈដែលខ្ញុំគួរតែប្រកាន់យក»។ ថ្ងៃនេះ ខ្ញុំមានបន្ទូលជាមួយអ្នករាល់គ្នាបន្តិចអំពីខ្លួនខ្ញុំ ដើម្បីឱ្យអ្នករាល់គ្នាអាចមានការយល់ដឹង និងភាពច្បាស់លាស់អំពីចំណុចទាំងនេះ កុំឱ្យចេះតែស្រពេចស្រពិលអំពីចំណុចទាំងនេះទៀត ធ្វើដូចជាខ្ញុំកំពុងតែបិទបាំងរឿងអ្វីមួយដែលខ្ញុំមិនចង់ឱ្យអ្នករាល់គ្នាដឹងអ៊ីចឹង។ តាមពិតទៅ ខ្ញុំគ្មានអាថ៌កំបាំងណាដែលខ្ញុំមិនអាចប្រាប់អ្នករាល់គ្នាបាននោះទេ។ ខ្ញុំគិតបែបនេះ ហើយខ្ញុំក៏ចាប់ផ្ដើមខំប្រឹងប្រែងធ្វើបែបនេះ។ នៅក្នុងរឿងនេះ គ្មានរឿងពិបាកយល់ ហើយក៏គ្មានអាថ៌កំបាំងអ្វីដែរ។ អ្នករាល់គ្នាឃើញខ្ញុំបែបណា គឺខ្ញុំបែបនោះឯង ហើយអ្វីលាក់បាំងដែលអ្នករាល់គ្នាមើលមិនឃើញបែបណា ក៏មានលក្ខណៈបែបនោះដែរ។ ការពិត គឺបែបនេះឯង។ ប៉ុន្តែ មានរឿងមួយដែលអ្នករាល់គ្នាត្រូវយល់៖ មិនថាអ្នកឃើញការពិត និងបាតុភូតពីខាងក្រៅនៅចំពោះមុខអ្នកបែបណាឡើយ ប្រសិនបើអ្នកមិនយល់ពីសេចក្តីពិតទេ នោះអ្នកនឹងចាត់ទុកបាតុភូតទាំងនោះជាសេចក្តីពិត និងការពិតមិនខាន ហើយប្រសិនបើអ្នកពិតជាយល់ពីសេចក្តីពិតមែន នោះអ្នកនឹងចាប់ផ្ដើមស្គាល់ពីសារជាតិនិងសេចក្ដីពិត តាមរយៈបាតុភូតនិងកត្ដាខាងក្រៅទាំងនោះ ដូច្នេះ ទំនាក់ទំនងរបស់អ្នកជាមួយព្រះជាម្ចាស់ នឹងកាន់តែធម្មតាជាងមុន។ សម្រាប់អ្នក អត្តសញ្ញាណ ឋានៈ និងសារជាតិរបស់ព្រះជាម្ចាស់ នឹងមិនដែលផ្លាស់ប្ដូរឡើយ។ ព្រះអង្គជាព្រះអាទិករ ជាព្រះដែលមានអធិបតេយ្យភាពលើរបស់សព្វសារពើ។ នេះជារឿងដែលមិនប្រែប្រួល។ អ្នកជាភាវៈដែលព្រះបានបង្កើតមក ហើយប្រសិនបើអ្នកតែងតែសិក្សាពីរូបអង្គខាងក្រៅនៃសាច់ឈាមរបស់ព្រះជាម្ចាស់ នោះអ្នកកំពុងមានបញ្ហាហើយ។ ទំនាក់ទំនងរបស់អ្នកជាមួយព្រះជាម្ចាស់ នឹងលែងមានទៀតហើយ មានន័យថា ទំនាក់ទំនងរបស់អ្នកក្នុងនាមជាភាវៈដែលព្រះបង្កើតមកជាមួយនឹងព្រះអាទិករ នឹងលែងមានទៀតហើយ។ មិនចាំបាច់ពន្យល់លម្អិតអំពីផលវិបាកនៃរឿងនេះនោះទេ។ ផលវិបាកគឺអាក្រក់ខ្លាំងណាស់។ រឿងគ្រប់យ៉ាងសុទ្ធតែអាចកើតជាផលវិបាកបាន ពោលគឺ រឿងគ្រប់យ៉ាងសុទ្ធតែអាចកើតឡើងបានទាំងអស់។ បើគ្មានទំនាក់ទំនងនេះទេ ក៏ពុំចាំបាច់ត្រូវនិយាយពីការប្រាស្រ័យទាក់ទងរវាងពួកយើងនោះដែរ។ តើបន្ទូលនេះច្បាស់លាស់ដែរឬទេ? ប្រសិនបើយើងចង់រក្សាទំនាក់ទំនងស្និទ្ធស្នាលរបស់យើង ចង់រក្សាទំនាក់ទំនងរបស់ពួកយើង ដូច្នេះ តើមនុស្សគួរមានឋានៈបែបណា? (គួរមានឋានៈជាភាវៈដែលព្រះបង្កើតមក។) គឺមានឋានៈជាភាវៈដែលព្រះបង្កើតមកជារៀងរហូត។ នេះគឺជាផ្លូវតែមួយគត់ដែលយើងអាចរាប់អានគ្នាបាន ជាផ្លូវតែមួយគត់ដែលទំនាក់ទំនងពិតប្រាកដមួយអាចកើតឡើងបាន។ ប្រសិនបើអ្នកមិនទទួលស្គាល់ថា អ្នកជាភាវៈដែលព្រះបង្កើតមកទេ នោះយើងគ្មានទំនាក់ទំនងអ្វីទាល់តែសោះ។ ខ្ញុំនឹងមិនពាក់ព័ន្ធជាមួយអ្នកទេ ហើយខ្ញុំក៏មិនចង់ដឹងថា អ្នកជានរណានោះដែរ។ គ្មានអ្វីនឹងចងពួកយើងជាប់គ្នានោះទេ។ ខ្ញុំនឹងមិនជ្រៀតជ្រែករឿងអ្នកឡើយ។ ចូររស់នៅតាមដែលអ្នកចង់ទៅចុះ គ្មានអ្វីពាក់ព័ន្ធជាមួយខ្ញុំនោះទេ។ អ្នកមិនបាច់សិក្សាពីខ្ញុំ ឬថ្កោលទោសខ្ញុំឡើយ។ អត្តសញ្ញាណនិងឋានៈរបស់ខ្ញុំ ព្រមទាំងគ្រប់យ៉ាងដែលខ្ញុំធ្វើ មិនមែនជាអ្វីដែលអ្នកជាមនុស្សធម្មតា អាចថ្កោលទោស ឬធ្វើសេចក្តីសន្និដ្ឋានបានឡើយ។ អ្វីទាំងនេះ មិនមែនមនុស្សជាអ្នកត្រូវវិនិច្ឆ័យនោះទេ ប៉ុន្តែគឺព្រះជាម្ចាស់វិញទេ។ ខ្ញុំមានបន្ទូលបែបនេះ ច្បាស់លាស់ហើយ មែនទេ? តើនេះមិនមែនជាការពិតទេឬអី? (ជាការពិត។) ដូច្នេះ ត្រង់ចំណុចនេះ តើមនុស្សគួរតែយល់ពីសេចក្តីពិតអ្វីខ្លះ? តើមនុស្សអាចមានទំនាក់ទំនងធម្មតាជាមួយព្រះជាម្ចាស់ដោយផ្អែកលើមូលដ្ឋានអ្វីដែរ? ពួកគេត្រូវតែដឹងថា ខ្លួនពួកគេគឺជាភាវៈដែលព្រះបង្កើតមក។ ប្រសិនបើអ្នកទទួលស្គាល់ថា អ្នកជាភាវៈដែលព្រះបង្កើតមក ហើយប្រសិនបើអ្នកមានមូលដ្ឋាននោះ ដូច្នេះ នៅពេលអ្នករីកចម្រើនទៅមុខ នោះនឹងមានរឿងជាច្រើនដែលអ្នកនឹងមិនវង្វេងផ្លូវឡើយ។ ក៏ប៉ុន្តែ ប្រសិនបើអ្នកតែងតែចង់សិក្សាពីទ្រង់ជាប់ជានិច្ច ហើយមិនបានគិតពីទំនាក់ទំនងនោះតាមទស្សនៈជាភាវៈដែលព្រះបង្កើតមកទេ នោះផលវិបាកនឹងធ្ងន់ធ្ងរមិនខាន ដែលអាក្រក់ហួសពីការសញ្ជឹងគិតទៅទៀត។ តើអ្នកយល់ពីចំណុចនេះហើយ មែនទេ?
អ្នកខ្លះនិយាយថា៖ «ប្រសិនបើខ្ញុំមិនទទួលស្គាល់ថា ខ្ញុំជាភាវៈដែលព្រះបង្កើតមកទេ ពេលនោះ តើយើងនឹងគ្មានអ្វីពាក់ព័ន្ធគ្នាទេ មែនទេ? តើយើងមិនស្គាល់គ្នាទេ មែនទេ? បើគ្មានទំនាក់ទំនងមួយនៅកម្រិតនេះទេ តើយើងអាចក្លាយជាមិត្តសម្លាញ់ មិត្តភក្តិ សាច់ញាតិនឹងគ្នាបាន ត្រូវទេ?» អត់ទេ។ ខ្ញុំគ្មាន «មិត្តសម្លាញ់» គ្មានមិត្តភក្តិ ហើយក៏គ្មានសាច់ញាតិបែបនេះដែរ។ បុគ្គលម្នាក់អាចសួរថា៖ «អ៊ីចឹង តើនរណាជាសាច់ញាតិពិតប្រាកដរបស់ទ្រង់ទៅ? តើពួកគេជាគ្រួសាររបស់ទ្រង់ មែនទេ?» អត់ទេ។ ខ្ញុំគ្មានសាច់ញាតិ ហើយក៏គ្មានបងប្អូនស្លាប់រស់នោះដែរ។ ខ្ញុំគ្មានអ្នកក្រោមបង្គាប់ ក៏គ្មានអ្នកបម្រើនោះដែរ។ សម្រាប់ព្រះអាទិករ របស់តែមួយគត់ដែលមានទំនាក់ទំនងជាមួយទ្រង់ គឺជាភាវៈដែលព្រះបង្កើតមក។ ចំពោះមនុស្សជាតិដែលព្រះបង្កើតមកទាំងអស់ ចំពោះភាវៈដែលព្រះបង្កើតមកទាំងអស់ ព្រះជាម្ចាស់មានអត្តសញ្ញាណតែមួយគត់ នោះគឺ ព្រះជាម្ចាស់ដែលបង្កើតរបស់សព្វសារពើ។ នោះគឺជាទំនាក់ទំនងតែមួយគត់។ ប្រសិនបើបុគ្គលម្នាក់សួរថា៖ «យើងមានទំនាក់ទំនងល្អគួរសម។ តើយើងមិនអាចធ្វើជាមិត្តភក្ដិនឹងគ្នាបានទេ មែនទេ? តើយើងមិនអាចក្លាយជាសម្លាញ់នឹងគ្នាបានទេ មែនទេ?» មិនបានទេ។ ខ្ញុំមិនស្គាល់អ្នកនោះទេ ហើយខ្ញុំក៏មិនដឹងថា អ្នកជានរណានោះដែរ។ ហេតុអ្វីខ្ញុំត្រូវធ្វើជាមិត្តនឹងអ្នក? សម្រាប់ពួកយើង គឺគ្មានទំនាក់ទំនងបែបនេះទេ។ ពួកគេនិយាយថា៖ «ត្រង់ចំណុចនេះ តើព្រះអង្គមិនមែនកំពុងមានបន្ទូលដាច់អហង្ការពេកទេឬអី? តើទ្រង់មិនមែនគ្មានទឹកព្រះទ័យទេឬអី?» អ្វីៗគឺច្បាស់លាស់បែបនេះឯង។ ខ្ញុំមិនត្រូវការទំនាក់ទំនងបែបនេះទេ។ ខ្ញុំមានបន្ទូល និងធ្វើអ្វីគ្រប់យ៉ាង គឺដើម្បីទំនុកបម្រុងដល់គោលដៅណាដែលខ្ញុំអាចទំនុកបម្រុងបានប៉ុណ្ណោះ។ តើនរណាជាគោលដៅទាំងនោះ? ពួកគេជាមនុស្សជាតិដែលព្រះបានបង្កើតមក ជាមនុស្សជាតិដែលស្រឡាញ់សេចក្តីពិត។ ពួកគេទាំងនេះ គឺជាគោលដៅដែលព្រះជាម្ចាស់នឹងសង្រ្គោះ ហើយមានតែទំនាក់ទំនងមួយនេះគត់។ ក្រៅពីទំនាក់ទំនងមួយនេះ ខ្ញុំមិនទទួលស្គាល់ទំនាក់ទំនងណាផ្សេងទៀតឡើយ។ តើអ្នកយល់ដែរឬទេ? (យល់ហើយ។) អ្នកខ្លះអាចនិយាយថា៖ «ទ្រង់ជាមនុស្សពិបាករាប់រកណាស់!» មិនមែនខ្ញុំពិបាករាប់រកនោះទេ ប៉ុន្តែបញ្ហាគឺត្រង់ថា ទំនាក់ទំនងបែបនេះ គ្មានផ្លូវនឹងកើតមានឡើយ។ ដូច្នេះ គេមិនត្រូវឱ្យនរណាម្នាក់និយាយថា៖ «ខ្ញុំបានទាក់ទងជាមួយទ្រង់រាប់សិបឆ្នាំមកហើយ។ តើយើងមិនមែនជាមិត្តភក្ដិនឹងគ្នាទេឬអី?» ប្រសិនបើអ្នកទទួលស្គាល់ថា អ្នកគឺជាភាវៈដែលព្រះបង្កើតមក នោះយើងមានទំនាក់ទំនងស្និទ្ធស្នាលបំផុត ទំនាក់ទំនងល្អបំផុត ទំនាក់ទំនងដ៏ត្រឹមត្រូវនិងបរិសុទ្ធបំផុត។ អ្នកខ្លះនិយាយថា៖ «ខ្ញុំបានបម្រើទ្រង់ច្រើនឆ្នាំមកហើយ។ តើយើងមិនស្គាល់គ្នាច្រើនគួរសមទេឬអី? តើខ្ញុំមិនមែនជាមនុស្សជំនិតរបស់ទ្រង់ ជាមិត្តសម្លាញ់របស់ទ្រង់ទេឬអី?» អត់ទេ។ ខ្ញុំគ្មានមិត្តសម្លាញ់ទេ។ អ្នកខ្លះនិយាយថា៖ «ព្រះអង្គតែងតែប្រាប់ខ្ញុំថា ទ្រង់ចូលចិត្តស្លៀកពាក់បែបណា ហើយទ្រង់សព្វព្រះទ័យនឹងមនុស្សបែបណា ហើយខ្ញុំក៏ប្រាប់ទ្រង់វិញដូចគ្នាដែរ។ គ្មានរឿងអ្វីដែលយើងមិនបានពិភាក្សាគ្នានោះទេ ដូច្នេះ តើយើងមិនមែនជាមិត្តភក្ដិនឹងគ្នាទេឬអី?» អត់ទេ។ ខ្ញុំមិនរាប់អានមិត្តភក្ដិជាមួយនឹងមនុស្សទេ។ ខ្ញុំគ្មានមិត្តភក្តិឡើយ។ ប្រសិនបើអ្នកជាភាវៈដែលព្រះបង្កើតមក នោះយើងមានរឿងដែលត្រូវពិភាក្សាគ្នា។ យើងអាចប្រាស្រ័យទាក់ទងគ្នា អាចកសាងទំនាក់ទំនង និងបង្កើតមិត្តភាពបាន។ ប៉ុន្តែ នៅពេលពួកយើងបង្កើតមិត្តភាពរវាងគ្នានឹងគ្នា តើពួកយើងជាមិត្តភក្ដិដែរឬទេ? អត់ទេ។ ទំនាក់ទំនងរវាងភាវៈដែលព្រះបង្កើតមក និងព្រះអាទិករ មិនដែលផ្លាស់ប្ដូរឡើយ។ អ្នកខ្លះបានទទួលខ្ញុំឱ្យស្នាក់នៅ និងការពារខ្ញុំ ហើយដោយសារហេតុផលនេះ ទើបពួកគេគិតថា ពួកគេមានគុណលើខ្ញុំ ថាពួកគេជាអ្នកសង្រ្គោះខ្ញុំ។ និយាយបែបនេះ ពុំត្រឹមត្រូវនោះទេ។ គ្រប់យ៉ាងត្រូវបានព្រះជាម្ចាស់រៀបចំរួចស្រេចអស់ហើយ។ ហើយប្រសិនបើពួកគេសួរថា៖ «តើព្រះអង្គមិនមែនជាមនុស្សរមិលគុណទេឬអី?» តើត្រូវបកស្រាយសំណួរនេះដោយរបៀបណា? ប្រសិនបើបុគ្គលម្នាក់យល់ពីអ្វីមួយមិនបានច្បាស់ទេ ពួកគេមិនអាចចេះតែអនុវត្តក្បួនច្បាប់តាមអំពើចិត្តឡើយ។ ការធ្វើបែបនេះ ងាយនឹងនាំទៅរកការវិនិច្ឆ័យណាស់។ ប្រសិនបើអ្នកដឹងថា ខ្លួនអ្នកគឺជាភាវៈដែលព្រះបង្កើតមក តើអ្នកគួរមានអាកប្បកិរិយាបែបណាចំពោះរឿងនេះ? ប្រសិនបើអ្នកបង្កើតទំនាក់ទំនងនេះឡើង ដើម្បីបង្ខំខ្ញុំ ឬដើម្បីចូលមកជិតខ្ញុំ ឬដើម្បីផ្គាប់ផ្គុនខ្ញុំ ពេលនោះ ខ្ញុំសូមប្រាប់អ្នកថា អ្នកយល់ច្រឡំហើយ។ ចូរកុំព្យាយាមធ្វើបែបនេះអី ហើយប្រសិនបើអ្នកព្យាយាមផ្គាប់ផ្គុនខ្ញុំ នោះខ្ញុំមុខជានឿយណាយនឹងអ្នកមិនខាន។ អ្នកខ្លះសួរថា៖ «តើព្រះអង្គនឹងមិនអត់ទ្រាំចំពោះរឿងនេះទេ មែនទេ?» អត់នោះទេ។ ការដែលមនុស្សព្យាយាមផ្គាប់ផ្គុនខ្ញុំ មិនមែនជារឿងត្រឹមត្រូវឡើយ ព្រោះមិនបង្កើតបានទំនាក់ទំនងធម្មតានោះទេ។ មានមនុស្សមួយចំនួនតូចដែលអាចនិយាយថា៖ «ខ្ញុំនៅក្មេង មានរូបសម្បត្តិស្រស់ស្អាត និងពូកែវោហារសព្ទ។ តើព្រះជាម្ចាស់មិនចូលចិត្តមនុស្សដូចខ្ញុំទេឬអី?» អ្នកមិនត្រូវនិយាយបែបនេះទេ។ ប្រសិនបើអ្នកមានគំនិតបែបនេះមែន អ្នកអាចស្វែងរកចម្លើយនៅក្នុងព្រះបន្ទូលរបស់ព្រះជាម្ចាស់បាន។ កុំធ្វើឱ្យខ្ញុំស្អប់ខ្ពើមអ្នកឱ្យសោះ។ តើខ្ញុំមានបន្ទូលនេះច្បាស់លាស់ហើយឬនៅ? គ្មានអ្វីច្បាស់លាស់ជាងនេះទៀតទេ។ ដូច្នេះ តើអ្នករាល់គ្នាគួរទទួលយកចំណុចនេះដោយរបៀបណា? (ទំនាក់ទំនងតែមួយគត់រវាងមនុស្សនិងព្រះជាម្ចាស់ គឺជាទំនាក់ទំនងរវាងភាវៈដែលព្រះបង្កើតមកនិងព្រះអាទិករ។) ត្រឹមត្រូវ។ មនុស្សត្រូវប្រកាន់ឋានៈខ្លួនឱ្យបានត្រឹមត្រូវ។ គ្រប់ពេល អ្នកមិនត្រូវអួតអាងពីលក្ខណៈសម្បត្តិរបស់អ្នក មិនត្រូវអាងលើអតីតភាពរបស់អ្នក ឬលេងខ្សែលើគេឡើយ ហើយមិនត្រូវប្រើទស្សនវិជ្ជាសម្រាប់ការរស់នៅណាមួយដោយមានចេតនាចង់កែប្រែអត្តសញ្ញាណរបស់អ្នក ឬទំនាក់ទំនងរបស់អ្នកជាមួយព្រះជាម្ចាស់ឡើយ។ ទោះស្ថិតក្រោមកាលៈទេសៈបែបណាក៏ដោយ ក៏មិនត្រូវព្យាយាមធ្វើបែបនេះដែរ ពុំដូច្នោះទេ អ្នកនឹងត្រូវបដិសេធមិនខាន។ កុំពាក់ព័ន្ធនឹងការតស៊ូឥតបានការនេះធ្វើអ្វី។ គ្មានប្រយោជន៍នោះទេ! ហេតុអ្វីបានជាមនុស្សតែងតែវិលទៅរកផ្លូវចាស់របស់ពួកគេវិញ? បន្ទាប់ពីពិភាក្សាគ្នានៅថ្ងៃនេះហើយ អ្នករាល់គ្នាភាគច្រើននឹងលែងយល់ច្រឡំអំពីចំណុចនេះម្ដងទៀតហើយ មែនទេ? (លែងយល់ច្រឡំហើយ)។ ចម្លើយនេះធ្វើឱ្យខ្ញុំលែងសូវបារម្ភទៀតហើយ។ ខ្ញុំមិនចង់ត្រាំត្រែងនៅក្នុងរឿងទាំងនេះទៀតទេ ដ្បិតវាធ្វើឱ្យខ្ញុំឈឺចាប់ណាស់! សម្រាប់មនុស្សដែលមានហេតុផល ពួកគេងាយនឹងយល់ពីចំណុចទាំងនេះទេ។ មានព្រះបន្ទូលរបស់ព្រះជាម្ចាស់ច្រើនខ្លាំងណាស់ដែលបានលើកឡើងពីចំណុចទាំងនេះ ហើយអ្នកដែលមានសមត្ថភាពយល់ដឹងពិតប្រាកដ គួរតែមិនពិបាកយល់នោះទេ។ សម្រាប់អ្នកដែលបានដើរតាមព្រះជាម្ចាស់អស់ពេលជាច្រើនឆ្នាំមកហើយ និងបានយល់ពីសេចក្តីពិតបានខ្លះផង អ្នកនោះនឹងគ្មានបញ្ហាក្នុងការយល់ពីសេចក្តីទាំងនេះឡើយ ដ្បិតមនុស្សបានរៀនសូត្រយ៉ាងច្រើនពីព្រះជាម្ចាស់ និងបានដឹងពីកិច្ចការរបស់ទ្រង់ទាំងស្រុង។
ថ្ងៃទី ២៣ ខែ មករា ឆ្នាំ ២០១៩