ជំពូកទី ៣០

ខ្ញុំធ្លាប់បានធ្វើការសង្ខេបពីការមិនស្ដាប់បង្គាប់ និងភាពទន់ខ្សោយរបស់មនុស្សនៅក្នុងចំណោមពួកគេរួចហើយ ដូច្នេះហើយ ខ្ញុំយល់ពីភាពទន់ខ្សោយរបស់មនុស្ស និងបានជ្រាបពីការមិនស្ដាប់បង្គាប់របស់ពួកគេ។ មុនពេលខ្ញុំយាងមកក្នុងចំណោមមនុស្ស ខ្ញុំបានយល់ពីសេចក្ដីអំណរ និងសេចក្ដីទុក្ខព្រួយរបស់មនុស្សជាយូរយារណាស់មកហើយ ហើយដោយសារតែមូលហេតុនេះ ទើបខ្ញុំអាចធ្វើអ្វីដែលមនុស្សមិនអាចធ្វើ មានបន្ទូលណាដែលមនុស្សមិនអាចនិយាយចេញមកបាន ហើយខ្ញុំអាចធ្វើរៀងបែបនេះបានយ៉ាងងាយ។ តើនេះមិនមែនជាភាពខុសគ្នារវាងខ្ញុំ និងមនុស្សទេឬអី? ហើយតើនេះមិនមែនជាភាពខុសគ្នាច្បាស់ក្រឡែតទេឬអី? តើកិច្ចការរបស់ខ្ញុំអាចឱ្យមនុស្សខាងសាច់និងឈាមសម្រេចបានដែរទេ? តើខ្ញុំអាចជាប្រភេទតែមួយនឹងភាវៈដែលព្រះបានបង្កើតមកទេ? មនុស្សបានចាត់ថ្នាក់ខ្ញុំជា «របស់ស្រដៀងនេះ» ហើយតើនេះមិនមែនដោយសារពួកគេមិនស្គាល់ខ្ញុំទេឬអី? ហេតុអ្វីបានជាខ្ញុំមិនព្រមឡើងទៅខ្ពស់ក្នុងចំណោមមនុស្ស តែបែរជាត្រូវបន្ទាបអង្គខ្ញុំទៅវិញ? ហេតុអ្វីបានជាមនុស្សជាតិនៅតែបដិសេធខ្ញុំ ហេតុអ្វីបានជាមនុស្សជាតិមិនអាចប្រកាសពីព្រះនាមរបស់ខ្ញុំបាន? នៅក្នុងព្រះទ័យខ្ញុំ មានទុក្ខព្រួយដ៏សែនធំ ប៉ុន្តែតើមនុស្សអាចដឹងយ៉ាងដូចម្ដេចបានទៅ? តើពួកគេអាចមើលឃើញយ៉ាងដូចម្ដេចបានទៅ? មនុស្សមិនដែលចាត់ទុកអ្វីដែលពាក់ព័ន្ធនឹងខ្ញុំថាជារឿងសំខាន់ជាងគេបំផុតនៅក្នុងជីវិតរបស់ពួកគេឡើយ ម្ល៉ោះហើយ ពួកគេក៏វង្វេងវង្វាន់ និងភាន់ភាំង ហាក់ដូចជាពួកគេទើបតែបានលេបថ្នាំងងុយគេងរួចដូច្នោះដែរ។ នៅពេលដែលខ្ញុំស្រែកហៅពួកគេ ពួកគេចេះតែបន្តយល់សប្ដិឥតឈប់ ដូច្នេះហើយ គ្មាននរណាម្នាក់ធ្លាប់បានចាប់ភ្លឹកពីកិច្ចការរបស់ខ្ញុំឡើយ។ សព្វថ្ងៃនេះ មនុស្សភាគច្រើនកំពុងស្ថិតក្នុងការលង់លក់នៅឡើយទេ។ ទាល់តែពេលដែលចម្រៀងជ័យនៃនគរព្រះបន្លឺឡើង ទើបពួកគេបើកភ្នែកកំពុងងោកងុយរបស់ពួកគេ រួចក៏ចាប់ផ្ដើមមានអារម្មណ៍ព្រួយចិត្តបន្តិចនៅក្នុងដួងចិត្តពួកគេ។ នៅពេលដែលព្រនង់របស់ខ្ញុំវាយទៅក្នុងចំណោមមនុស្សជាតិ ពួកគេនៅតែមិនសូវចាប់អារម្មណ៍ដដែល ហាក់ដូចជាវាសនារបស់ពួកគេគ្មានតម្លៃ ប្រៀបដូចជាគ្រាប់ខ្សាច់នៅឯសមុទ្រដូច្នោះដេរ។ ទោះបីជាមានពួកគេភាគច្រើនមានការយល់ដឹងខ្លះក៏ដោយ ក៏ពួកគេនៅតែមិនដឹងថា ជំហានរបស់ខ្ញុំបានមកឆ្ងាយប៉ុនណាហើយនោះទេ ដ្បិតមនុស្សមិនខ្វល់ខ្វាយចង់ដឹងពីព្រះទ័យរបស់ខ្ញុំឡើយ ដូច្នេះហើយទើបពួកគេមិនដែលអាចរំដោះខ្លួនចេញផុតពីចំណងរបស់សាតាំងបាន។ ខ្ញុំយាងនៅពីលើរបស់សព្វសារពើ ហើយរស់នៅក្នុងចំណោមរបស់សព្វសារពើផង ហើយក្នុងពេលជាមួយគ្នានោះ ខ្ញុំក៏ធ្វើជាតួឯកនៅក្នុងដួងចិត្តរបស់មនុស្សរាល់គ្នាផងដែរ។ ដោយសារហេតុផលនេះ មនុស្សមើលមកខ្ញុំដោយក្រសែភ្នែកខុសប្លែកពីមុន ដោយជឿថា ខ្ញុំពិសេសអស្ចារ្យ ឬថាខ្ញុំមិនអាចវាស់ស្ទង់បាន ហើយហេតុដូច្នេះហើយ ការជឿទុកចិត្តរបស់ពួកគេមកលើខ្ញុំ ក៏កាន់តែច្រើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ។ ខ្ញុំធ្លាប់ទម្រេតអង្គខ្ញុំនៅស្ថានសួគ៌ជាន់ទីបី ដោយអង្កេតមើលមនុស្ស និងរបស់ទាំងឡាយនៅក្នុងចក្រវាឡនេះ។ នៅពេលដែលខ្ញុំផ្ទំលក់ មនុស្សក៏នាំគ្នាស្ងាត់ ដោយខ្លាចខ្លាំងថានឹងរំខានការសម្រាករបស់ខ្ញុំ។ នៅពេលដែលខ្ញុំតើនឡើង ពួកគេក៏ចាប់ផ្ដើមមានចលនាភ្លាម ហាក់ដូចជាពួកគេកំពុងតែធ្វើកិច្ចការដើម្បីនាំសេចក្ដីអំណរថ្វាយដល់ខ្ញុំដែរ។ តើមនុស្សនៅលើផែនដីមិនមែនមានអាកប្បកិរិយាបែបនេះដាក់ខ្ញុំទេឬអី? តើនរណាក្នុងចំណោមមនុស្សបច្ចុប្បន្ននេះ ដែលចាត់ទុកអង្គខ្ញុំនៅឯស្ថានសួគ៌ និងអង្គខ្ញុំនៅលើផែនដីនេះជាព្រះតែមួយអង្គនោះ? តើនរណាមិនគោរពខ្ញុំដែលគង់នៅស្ថានសួគ៌? តើនរណាមិនមើលងាយខ្ញុំដែលគង់នៅផែនដី? ហេតុអ្វីបានជាមនុស្សតែងញែកខ្ញុំដាច់ពីគ្នា? ហេតុអ្វីបានជាមនុស្សតែងមានអាកប្បកិរិយាពីរផ្សេងគ្នាចំពោះខ្ញុំ? តើព្រះជាម្ចាស់ដែលយកកំណើតជាមនុស្សនៅលើផែនដី មិនមែនជាព្រះដែលតាំងសេចក្ដីបង្គាប់គ្រប់យ៉ាងនៅស្ថានសួគ៌ទេឬអី? តើអង្គខ្ញុំដែលគង់នៅឯស្ថានសួគ៌ មិនមែនជាអង្គខ្ញុំដែលគង់នៅលើផែនដីក្នុងពេលនេះទេឬអី? ហេតុអ្វីបានជាមនុស្សមើលឃើញខ្ញុំ ប៉ុន្តែមិនស្គាល់ខ្ញុំទៅវិញ? ហេតុអ្វីបានជាស្ថានសួគ៌ និងផែនដីមានគម្លាតឆ្ងាយពីគ្នាខ្លាំងម៉្លេះ? តើរឿងទាំងអស់នេះ មិនមានតម្លៃឱ្យមនុស្សពិនិត្យពិច័យឱ្យបានល្អិតល្អន់ទេឬអី?

នៅពេលដែលខ្ញុំធ្វើកិច្ចការរបស់ខ្ញុំ ហើយក្នុងពេលដែលខ្ញុំបញ្ចេញព្រះសូរសៀងមក មនុស្សតែងចង់បន្ថែម «គ្រឿង» ទៅក្នុងព្រះសូរសៀងនោះជានិច្ច ហាក់ដូចជាច្រមុះរបស់ពួកគេ ពូកែស្រង់ក្លិនជាងខ្ញុំអ៊ីចឹង ហាក់ដូចជាពួកគេចូលចិត្តក្លិនមុតខ្លាំង ហើយហាក់ដូចជាខ្ញុំមិនជ្រាបពីអ្វីដែលមនុស្សត្រូវការដូច្នោះដែរ ម្ល៉ោះហើយ ខ្ញុំត្រូវតែ «រំខាន» មនុស្សឱ្យមក «បន្ថែមគ្រឿង» ដល់កិច្ចការរបស់ខ្ញុំ។ ខ្ញុំគ្មានចេតនាបន្ទច់បង្អាក់ភាពវិជ្ជមានរបស់មនុស្សទេ ខ្ញុំគ្រាន់តែបង្គាប់ឱ្យពួកគេបន្សុទ្ធខ្លួនពួកគេ ផ្អែកលើមូលដ្ឋាននៃការស្គាល់ខ្ញុំប៉ុណ្ណោះ។ ពីព្រោះពួកគេខ្វះខាតច្រើនខ្លាំងណាស់ ម្ល៉ោះហើយខ្ញុំប្រាប់ឱ្យពួកគេប្រឹងប្រែងបន្ថែមទៀត ដើម្បីបំពេញចំណុចខ្វះខាតរបស់ពួកគេ និងដើម្បីបំពេញតាមព្រះទ័យរបស់ខ្ញុំ។ មនុស្សធ្លាប់ស្គាល់ខ្ញុំតាមរយៈសញ្ញាណរបស់ពួកគេ ប៉ុន្តែពួកគេមិនដែលដឹងរឿងនេះទាល់តែសោះ ដូច្នេះហើយអារម្មណ៍ស្រឡាញ់ពេញចិត្តរបស់ពួកគេ មិនខុសអ្វីពីការចាត់ទុកដីខ្សាច់ថាជាមាសនោះទេ។ នៅពេលដែលខ្ញុំរំឮកពួកគេ ពួកគេគ្រាន់តែបាត់បង់អស់មួយចំណែកប៉ុណ្ណោះ ពួកគេមិនព្រមជំនួសផ្នែកដែលបានបាត់បង់ទៅជាមួយនឹងគ្រឿងមាសប្រាក់នោះវិញទេ តែពួកគេបែរជាបន្តសោយសុខនឹងផ្នែកដែលនៅសេសសល់ក្នុងដៃរបស់ពួកគេទៅវិញ ហេតុនេះហើយ ពួកគេតែងតែបន្ទាបខ្លួន និងអត់ធ្មត់នៅចំពោះព្រះភ័ក្រ្តខ្ញុំ។ ពួកគេមិនអាចចុះសម្រុងជាមួយខ្ញុំបានឡើយ ដ្បិតពួកគេមានសញ្ញាណច្រើនពេក។ ដូច្នេះ ខ្ញុំបានសម្រេចព្រះទ័យថានឹងរឹបអូសគ្រប់យ៉ាងជាកម្មសិទ្ធិ និងលក្ខណៈរបស់មនុស្ស ហើយគ្រវែងវាទៅឱ្យឆ្ងាយ ដើម្បីឱ្យពួកគេរាល់គ្នាអាចរស់នៅជាមួយខ្ញុំបាន លែងឃ្លាតឆ្ងាយពីខ្ញុំតទៅទៀត។ ដោយសារតែកិច្ចការរបស់ខ្ញុំ ទើបមនុស្សមិនយល់ពីបំណងព្រះហឫទ័យរបស់ខ្ញុំ។ អ្នកខ្លះជឿថា ខ្ញុំនឹងបញ្ចប់កិច្ចការរបស់ខ្ញុំជាលើកទីពីរ ហើយបោះពួកគេចូលទៅក្នុងឋាននរក។ អ្នកខ្លះជឿថា ខ្ញុំនឹងជ្រើសរើសវិធីថ្លែងព្រះបន្ទូលថ្មីទៀត ហើយពួកគេភាគច្រើនសុទ្ធតែភ័យញ័រខ្លួន៖ ពួកគេភ័យខ្លាចខ្លាំងថា ខ្ញុំនឹងបញ្ចប់កិច្ចការរបស់ខ្ញុំ ហើយទុកពួកគេចោល ម្ល៉ោះហើយពួកគេមិនដឹងត្រូវទៅទីកន្លែងណា ហើយភ័យខ្លាចខ្លាំងថា ខ្ញុំនឹងបោះបង់ចោលពួកគេម្ដងទៀត។ មនុស្សតែងតែប្រើប្រាស់សញ្ញាណចាស់ៗ ដើម្បីវាស់ស្ទង់កិច្ចការថ្មីរបស់ខ្ញុំ។ ខ្ញុំបានមានបន្ទូលថា មនុស្សមិនដែលយល់ពីវិធីសាស្ត្រដែលខ្ញុំធ្វើការនោះទេ។ តើម្ដងនេះពួកគេអាចបង្ហាញពីចំណុចល្អរបស់ខ្លួនគេបានដែរឬទេ? តើសញ្ញាណចាស់ៗរបស់មនុស្ស មិនមែនជាអាវុធដែលរំខានដល់កិច្ចការរបស់ខ្ញុំទេឬអី? នៅពេលដែលខ្ញុំមានបន្ទូលទៅកាន់មនុស្ស ពួកគេតែងតែគេចពីក្រសែព្រះនេត្ររបស់ខ្ញុំ ខ្លាចខ្លាំងថា ព្រះនេត្ររបស់ខ្ញុំនឹងទតមើលចំទៅពួកគេ។ ដូច្នេះហើយ ពួកគេក៏ឱនក្បាលចុះ ដូចជាទទួលយកការត្រួតពិនិត្យពីខ្ញុំអ៊ីចឹង។ តើនេះមិនមែនមកពីសញ្ញាណរបស់ពួកគេទេឬអី? ហេតុអ្វីបានជាខ្ញុំបន្ទាបអង្គខ្ញុំរហូតមកដល់សព្វថ្ងៃនេះ តែបែរជាគ្មាននរណាម្នាក់ចាប់អារម្មណ៍ទៅវិញ? តើខ្ញុំត្រូវឱនលំទោនដាក់មនុស្សឬ? ខ្ញុំយាងពីស្ថានសួគ៌មកកាន់ផែនដី ខ្ញុំយាងចុះពីទីខ្ពស់មកកាន់កន្លែងដ៏អាថ៌កំបាំងមួយ ហើយយាងមកក្នុងចំណោមមនុស្ស ព្រមទាំងបើកសម្ដែងពីគ្រប់យ៉ាងដែលជាកម្មសិទ្ធិ និងលក្ខណៈរបស់ខ្ញុំឱ្យមនុស្សបានដឹង។ ព្រះបន្ទូលរបស់ខ្ញុំស្មោះត្រង់ ឥតលាក់លៀម អត់ធ្មត់ និងសប្បុរស។ ប៉ុន្តែតើមាននរណាធ្លាប់បានឃើញពីកម្មសិទ្ធិ និងលក្ខណៈរបស់ខ្ញុំទេ? តើខ្ញុំនៅតែលាក់បំពួនមិនឱ្យមនុស្សឃើញទៀតឬយ៉ាងណា? ហេតុអ្វីបានខ្ញុំពិបាកជួបមនុស្សខ្លាំងដល់ម្ល៉េះ? តើនេះដោយសារតែមនុស្សរវល់នឹងកិច្ចការរបស់ពួកគេខ្លាំងពេកមែនទេ? តើនេះដោយសារតែខ្ញុំធ្វេសប្រហែសនឹងភារកិច្ចរបស់ខ្ញុំ ហើយមនុស្សសុទ្ធតែមានបំណងចង់ដេញតាមជោគជ័យឬយ៉ាងណា?

នៅក្នុងចិត្តរបស់មនុស្ស ព្រះជាម្ចាស់គឺជាព្រះ ហើយមិនងាយនឹងទាក់ទងជាមួយទ្រង់ឡើយ ឯមនុស្សវិញគឺជាមនុស្ស ហើយងាយនឹងធូររលុងណាស់។ ទោះយ៉ាងណា ទង្វើរបស់មនុស្សនៅតែមិនអាចបង្ហាញនៅចំពោះព្រះភ័ក្ត្ររបស់ខ្ញុំបានដដែល។ តើមកពីសេចក្ដីតម្រូវរបស់ខ្ញុំខ្ពស់ពេកឬយ៉ាងណា? តើមកពីមនុស្សខ្សោយពេកឬយ៉ាងណា? ហេតុអ្វីបានជាមនុស្សតែងតែសម្លឹងមើលខ្នាតដែលខ្ញុំតម្រូវនោះពីចម្ងាយ? តើសេចក្ដីតម្រូវនោះ មនុស្សពិតជាមិនអាចទៅដល់បានមែនឬ? សេចក្ដីតម្រូវរបស់ខ្ញុំ ត្រូវបានថ្លឹងថ្លែងផ្អែកតាម «រូបរាង្គ» របស់មនុស្ស ដូច្នេះវាមិនដែលហួសពីកម្ពស់របស់មនុស្សនោះទេ។ ក៏ប៉ុន្តែ ទោះបីជាយ៉ាងនេះក្ដី ក៏មនុស្សនៅតែមិនអាចធ្វើតាមខ្នាតដែលខ្ញុំតម្រូវនេះបានដដែល។ មានពេលរាប់មិនអស់ទេ ដែលមនុស្សបោះបង់ខ្ញុំចោលនៅក្នុងចំណោមពួកគេ មានពេលរាប់មិនអស់ទេ ដែលមនុស្សបានសម្លឹងមើលមកខ្ញុំ ដោយក្រសែភ្នែកសើចចំអក ហាក់ដូចជារូបអង្គរបស់ខ្ញុំមានដុះបន្លាជុំជិត និងគួរជាទីសម្អប់នៃពួកគេដូច្នោះដែរ ម្ល៉ោះហើយ មនុស្សស្អប់ខ្ញុំណាស់ ហើយជឿថា ខ្ញុំគ្មានតម្លៃអ្វីទេ។ បែបនេះ ខ្ញុំក៏ត្រូវមនុស្សទាត់ទៅមុខទាត់ទៅក្រោយ។ មានពេលរាប់មិនអស់ទេ ដែលមនុស្សទិញយកខ្ញុំមកផ្ទះគេក្នុងតម្លៃថោក ហើយមានពេលរាប់មិនអស់ទេ ដែលពួកគេលក់ខ្ញុំចេញក្នុងតម្លៃថ្លៃ ហើយដោយសារតែហេតុនេះហើយ ទើបខ្ញុំធ្លាក់មកក្នុងស្ថានភាពដូចសព្វថ្ងៃនេះ។ មើលទៅមនុស្សនៅតែប្រើល្បិចបញ្ឆោតដាក់ខ្ញុំដដែល។ ពួកគេភាគច្រើននៅតែចង់លក់ខ្ញុំ ដើម្បីបានចំណេញរាប់រយលានដុល្លារដដែល ដ្បិតមនុស្សមិនដែលស្រឡាញ់ខ្ញុំនោះទេ។ មើលទៅខ្ញុំបានក្លាយជាអ្នកសម្របសម្រួលរវាងមនុស្សនិងមនុស្ស ឬបានក្លាយជាអាវុធនុយក្លេអ៊ែរ ដែលពួកគេទាស់ទែងគ្នា ឬបានក្លាយជាកិច្ចព្រមព្រៀងដែលពួកគេបានចុះហត្ថលេខា។ ដោយសារហេតុផលនេះហើយ ទើបសរុបជារួមមក ខ្ញុំគ្មានតម្លៃអ្វីទាល់តែសោះនៅក្នុងចិត្តរបស់មនុស្ស ខ្ញុំគ្រាន់តែជារបស់ប្រើប្រាស់ក្នុងផ្ទះដែលមិនចាំបាច់ប៉ុណ្ណោះ។ ប៉ុន្តែខ្ញុំមិនបានថ្កោលទោសមនុស្សដោយសារហេតុផលនេះទេ។ ខ្ញុំមិនធ្វើអ្វីក្រៅពីសង្គ្រោះមនុស្សឡើយ ហើយតែងមានព្រះទ័យក្ដួលអាណិតចំពោះមនុស្ស។

មនុស្សជឿថា ពេលខ្ញុំបោះមនុស្សចូលទៅក្នុងនរក ខ្ញុំគ្មានអារម្មណ៍ពិបាកអ្វីទេ ប្រៀបដូចជាខ្ញុំកំពុងធ្វើការដោះដូរពិសេសមួយជាមួយស្ថាននរកអ៊ីចឹង ហើយហាក់ដូចខ្ញុំជាផ្នែកមួយដែលមានជំនាញខាងលក់មនុស្ស ហាក់ដូចជាខ្ញុំគឺជាអ្នកជំនាញបោកប្រាស់មនុស្ស ហើយអាចលក់ពួកគេក្នុងតម្លៃខ្ពស់ ឱ្យតែខ្ញុំមានពួកគេនៅក្នុងព្រះហស្ដរបស់ខ្ញុំ។ មាត់របស់មនុស្សមិនបាននិយាយបែបនេះទេ តែនៅក្នុងចិត្តរបស់ពួកគេវិញ គឺពួកគេជឿបែបនេះឯង។ ទោះបីជាពួកគេទាំងអស់សុទ្ធតែស្រឡាញ់ខ្ញុំក៏ដោយ ក៏ពួកគេលួចធ្វើបែបនេះស្ងាត់ៗដែរ។ តើខ្ញុំបានលះបង់តម្លៃជាច្រើន ហើយចំណាយយ៉ាងសន្ធឹកសន្ធាប់ ដើម្បីតែទទួលបានសេចក្ដីស្រឡាញ់បន្តិចបន្តួចប៉ុណ្ណេះពីពួកគេឬ? មនុស្សគឺជាជនឆបោក ហើយខ្ញុំតែងដើរតួនាទីជនដែលត្រូវគេបោក។ មើលទៅខ្ញុំដូចជាស្លូតត្រង់ពេកហើយ៖ នៅពេលដែលពួកគេបានឃើញចំណុចខ្សោយនេះ ពួកគេចេះតែបន្តបោកបញ្ឆោតខ្ញុំឥតឈប់។ ព្រះបន្ទូលចេញពីព្រះឱស្ឋរបស់ខ្ញុំ គ្មានបំណងធ្វើឱ្យមនុស្សស្លាប់ទេ ក៏គ្មានបំណងកំណត់ពីលក្ខណៈជាក់លាក់ណាមួយឱ្យពួកគេនោះដែរ។ ព្រះបន្ទូលទាំងនោះ គឺជាតថភាពរបស់មនុស្ស។ ប្រហែលព្រះបន្ទូលរបស់ខ្ញុំខ្លះ «ពន្លើសហួសពេក» ហើយក្នុងករណីនេះ ខ្ញុំមានតែ «សុំ» ឱ្យមនុស្សអភ័យទោសឱ្យខ្ញុំប៉ុណ្ណោះ។ ដោយសារតែខ្ញុំមិន «ប៉ិនប្រសប់» ក្នុងការប្រើភាសាមនុស្ស ទើបបន្ទូលរបស់ខ្ញុំភាគច្រើន មិនអាចបំពេញតាមការត្រូវការរបស់មនុស្សបាន។ ប្រហែលជាបន្ទូលរបស់ខ្ញុំខ្លះ ចាក់ដោតដួងចិត្តរបស់មនុស្ស ដូច្នេះខ្ញុំមានតែ «សុំ» ឱ្យពួកគេអត់ទ្រាំប៉ុណ្ណោះ។ ដោយសារតែខ្ញុំមិនពូកែខាងទស្សនវិទ្យាសម្រាប់ការរស់នៅរបស់មនុស្ស ហើយមិនច្បាស់អំពីវិធីដែលខ្ញុំមានបន្ទូល ម្ល៉ោះហើយបន្ទូលរបស់ខ្ញុំមួយចំនួនធំ ប្រហែលជាអាចធ្វើឱ្យមនុស្សមានការខ្មាសអៀន។ ប្រហែលជាមានបន្ទូលរបស់ខ្ញុំខ្លះ និយាយត្រូវចំដើមចមនៃជំងឺរបស់មនុស្ស រួចក៏ដឹងពីជំងឺរបស់ពួកគេ ដូច្នេះហើយទើបខ្ញុំណែនាំឱ្យពួកគេផឹកថ្នាំខ្លះ ដែលខ្ញុំបានរៀបចំសម្រាប់ពួកគេ ដ្បិតខ្ញុំគ្មានចេតនាធ្វើឱ្យពួកគេឈឺចាប់នោះទេ ហើយថ្នាំនេះក៏គ្មានផលរំខានអ្វីដែរ។ ប្រហែលជាបន្ទូលរបស់ខ្ញុំខ្លះស្ដាប់ទៅដូចជា «ពិតជាក់ស្ដែង» ប៉ុន្តែខ្ញុំ «សុំ» មនុស្សកុំឱ្យតក់ស្លុតធ្វើអ្វី។ ព្រះហស្ដ និងព្រះបាទារបស់ខ្ញុំមិន «រហ័សរហួន» នោះទេ ដូច្នេះ ព្រះបន្ទូលរបស់ខ្ញុំនៅមិនទាន់បានអនុវត្តនៅឡើយទេ។ ខ្ញុំសុំឱ្យមនុស្សមាន «ការអត់ធ្មត់» ចំពោះខ្ញុំ។ តើព្រះបន្ទូលទាំងនេះមានប្រយោជន៍ដល់មនុស្សដែរឬទេ? ខ្ញុំសង្ឃឹមថា មនុស្សអាចរៀនសូត្របានខ្លះពីព្រះបន្ទូលទាំងនេះ ដើម្បីកុំឱ្យព្រះបន្ទូលរបស់ខ្ញុំចេះតែឥតប្រយោជន៍ជាប់រហូតនោះ!

ថ្ងៃទី៩ ខែមេសា ឆ្នាំ១៩៩២

ខាង​ដើម៖ ជំពូកទី ២៩

បន្ទាប់៖ ជំពូកទី ៣១

គ្រោះមហន្តរាយផ្សេងៗបានធ្លាក់ចុះ សំឡេងរោទិ៍នៃថ្ងៃចុងក្រោយបានបន្លឺឡើង ហើយទំនាយនៃការយាងមករបស់ព្រះអម្ចាស់ត្រូវបានសម្រេច។ តើអ្នកចង់ស្វាគមន៍ព្រះអម្ចាស់ជាមួយក្រុមគ្រួសាររបស់អ្នក ហើយទទួលបានឱកាសត្រូវបានការពារដោយព្រះទេ?

ការកំណត់

  • អត្ថបទ
  • ប្រធានបទ

ពណ៌​ដិតច្បាស់

ប្រធានបទ

ប្រភេទ​អក្សរ

ទំហំ​អក្សរ

ចម្លោះ​បន្ទាត់

ចម្លោះ​បន្ទាត់

ប្រវែងទទឹង​ទំព័រ

មាតិកា

ស្វែងរក

  • ស្វែង​រក​អត្ថបទ​នេះ
  • ស្វែង​រក​សៀវភៅ​នេះ