ការដកដង្ហើមធំរបស់ព្រះដ៏មានគ្រប់ចេស្ដា
នៅក្នុងចិត្តរបស់អ្នក មានរឿងរ៉ាវអាថ៌កំបាំងដ៏ធំដែលអ្នកមិនធ្លាប់ដឹងសោះ ដ្បិតអ្នកកំពុងរស់នៅក្នុងពិភពមួយដែលគ្មានពន្លឺ។ ដួងចិត្ត និងវិញ្ញាណរបស់អ្នក ត្រូវបានមេកំណាចចាប់យកទៅ។ ភ្នែករបស់អ្នកស្រអាប់ដោយសារភាពងងឹត ហើយអ្នកមើលមិនឃើញព្រះអាទិត្យនៅលើមេឃ ឬផ្កាយភ្លឺព្រិចៗនៅពេលយប់ឡើយ។ ត្រចៀករបស់អ្នកត្រូវបិទជិត ដោយពាក្យកុហកបោកប្រាស់ ហើយអ្នកស្តាប់មិនឮព្រះសូរសៀងរបស់ព្រះយេហូវ៉ា ដែលលាន់ឮដូចផ្គរលាន់ និងមិនឮសំឡេងទឹកហូរជាច្រើនមកពីបល្ល័ង្កទ្រង់ទេ។ អ្នកបានបាត់បង់អ្វីគ្រប់យ៉ាងដែលជារបស់អ្នកស្របច្បាប់ អ្វីគ្រប់យ៉ាងដែលព្រះដ៏មានគ្រប់ចេស្ដាបានប្រទានមកឱ្យអ្នក។ អ្នកបានចូលមកក្នុងសមុទ្រទុក្ខដែលគ្មានទីបញ្ចប់ ដោយគ្មានកម្លាំងអាចសង្គ្រោះអ្នកបាន គ្មានសង្ឃឹមថានឹងអាចរួចជីវិតបានឡើយ ហើយអ្វីទាំងអស់ដែលអ្នកធ្វើនោះ គឺការតស៊ូ និងការរត់ទៅរត់មកប៉ុណ្ណោះ...។ ចាប់តាំងពីពេលនោះមក អ្នកត្រូវមេកំណាចធ្វើឱ្យរងទុក្ខវេទនា ដោយឃ្លាតឆ្ងាយពីព្រះពររបស់ព្រះដ៏មានគ្រប់ចេស្ដា នៅឆ្ងាយពីការទំនុកបម្រុងរបស់ព្រះដ៏មានគ្រប់ចេស្ដា ដោយដើរនៅលើផ្លូវដែលគ្មានថ្ងៃត្រឡប់ក្រោយ។ សម្រែកដង្ហោយរាប់សិបលានដង ក៏មិនអាចដាស់ចិត្តនិងវិញ្ញាណអ្នកឱ្យភ្ញាក់ដឹងខ្លួនបានដែរ។ អ្នកដេកលង់លក់យ៉ាងស្កប់ស្កល់នៅក្នុងដៃរបស់មេកំណាចដែលបានល្បួងអ្នកទៅក្នុងពិភពមួយដែលគ្មានព្រំដែន គ្មានគោលដៅ ឬកន្លែងឈប់សំចតឡើយ។ ហេតុនេះ អ្នកបាត់បង់ចិត្តស្លូតត្រង់ និងចិត្តបរិសុទ្ធដើមរបស់អ្នក ហើយចាប់ផ្ដើមគេចចេញពីការយកព្រះទ័យទុកដាក់របស់ព្រះដ៏មានគ្រប់ចេស្ដា។ នៅក្នុងចិត្តរបស់អ្នក មេកំណាចកាច់ចង្កូតជីវិតអ្នកលើគ្រប់បញ្ហាទាំងអស់ ហើយវាថែមទាំងបានក្លាយជាជីវិតរបស់អ្នកទៀតផង។ អ្នកលែងខ្លាចវា លែងគេចចេញពីវា និងលែងសង្ស័យវា ហើយផ្ទុយទៅវិញ អ្នកចាត់ទុកវាជាព្រះជាម្ចាស់នៅក្នុងចិត្តរបស់អ្នក។ អ្នកចាប់ផ្ដើមធ្វើទីតម្កល់ និងថ្វាយបង្គំវា ហើយទាំងអ្នក ទាំងមេកំណាច ក៏បានក្លាយជារូបកាយ និងស្រមោលដែលមិនអាចបំបែកពីគ្នាបាន ដោយតាំងចិត្តស្លាប់រស់ជាមួយគ្នា។ អ្នកមិនដឹងថា អ្នកមកដល់ពីពេលណា ហេតុអ្វីក៏អ្នកចាប់កំណើត ឬហេតុអ្វីក៏អ្នកស្លាប់នោះទេ។ អ្នកសម្លឹងមើលទៅព្រះដ៏មានគ្រប់ចេស្ដាថាជាបុគ្គលចម្លែក។ អ្នកពុំបានដឹងអំពីដើមកំណើតរបស់ទ្រង់ឡើយ ហើយអ្នកកាន់តែមិនដឹងថា ទ្រង់បានធ្វើអ្វីខ្លះសម្រាប់អ្នកនោះទេ។ អ្វីគ្រប់យ៉ាងដែលមកអំពីទ្រង់ បានក្លាយជាសេចក្តីសម្អប់ចំពោះអ្នក។ អ្នកមិនបានត្រេកអរនឹងសេចក្ដីទាំងនេះឡើយ ហើយក៏មិនបានដឹងអំពីតម្លៃរបស់វាដែរ។ អ្នករួមដំណើរជាមួយមេកំណាច ចាប់តាំងពីថ្ងៃដែលអ្នកបានទទួលការទំនុកបម្រុងអំពីព្រះដ៏មានគ្រប់ចេស្ដា។ អ្នកបានឆ្លងកាត់ភាពស្មុគស្មាញ និងព្យុះជីវិតរាប់សិបពាន់ឆ្នាំមកហើយជាមួយនឹងមេកំណាច ហើយអ្នកឈរនៅខាងវា ដើម្បីទាស់នឹងព្រះជាម្ចាស់ដែលជាប្រភពនៃជីវិតរបស់អ្នក។ អ្នកមិនដឹងអំពីការប្រែចិត្តទាល់តែសោះ ហើយអ្នកក៏រឹតតែមិនដឹងទៀតថា អ្នកបានខិតមកជិតសេចក្តីវិនាសហើយ។ អ្នកភ្លេចហើយថាមេកំណាចបានបោកប្រាស់ និងធ្វើឱ្យអ្នករងទុក្ខវេទនា អ្នកភ្លេចចំណុចចាប់ផ្ដើមរបស់ខ្លួនហើយ។ ហេតុនេះហើយ ទើបមេកំណាចបោកប្រាស់អ្នកនៅគ្រប់ជំហាន តាំងពីដើមរហូតដល់ពេលនេះ។ ដួងចិត្ត និងវិញ្ញាណរបស់អ្នក ត្រូវបានធ្វើឱ្យស្ពឹកស្រពន់ និងពុកផុយ។ អ្នកឈប់រអ៊ូរទាំនឹងទុក្ខលំបាកនៃពិភពមនុស្សទៀតហើយ អ្នកលែងជឿហើយថា ពិភពលោកនេះគ្មានយុត្តិធម៌។ អ្នករឹតតែលែងខ្វល់ថា ព្រះដ៏មានគ្រប់ចេស្ដា ពិតជាមានវត្តមានមែន។ នេះគឺដោយសារ អ្នកចាត់ទុកមេកំណាចជាឪពុកដ៏ពិតរបស់អ្នក តាំងពីយូរយារណាស់មកហើយ ហើយក៏មិនអាចឃ្លាតចេញឆ្ងាយពីវាបានដែរ។ នេះហើយគឺជាអាថ៌កំបាំងនៅក្នុងចិត្តរបស់អ្នក។
ពេលព្រលឹមស្រាងៗបានចូលមកដល់ ផ្កាយព្រឹកក៏ចាប់ផ្តើមរះនៅទិសខាងកើត។ ផ្កាយនេះមិនធ្លាប់រះត្រង់ទិសនោះទេពីមុនមក ហើយវារះបំភ្លឺផ្ទៃមេឃដែលស្ងប់ស្ងាត់ និងមានពន្លឺព្រិចៗ ធ្វើឱ្យពន្លឺក្នុងចិត្តមនុស្សដែលបានរលត់បាត់ទៅហើយនោះ ឆេះឆួលឡើងវិញ។ មនុស្សលែងនៅឯកាទៀតហើយ ដោយសារតែពន្លឺដែលរះចែងចាំងមកលើអ្នក និងមនុស្សឯទៀត។ ប៉ុន្តែ អ្នកបែរជាបន្តគេងលង់លក់ក្នុងយប់ងងឹតនោះទៅវិញ។ អ្នកមិនបានស្ដាប់ឮសម្លេង ក៏មិនបានឃើញពន្លឺអ្វីដែរ។ អ្នកមិនបានដឹងអំពីការមកដល់នៃផ្ទៃមេឃ និងផែនដីថ្មី និងយុគសម័យថ្មីឡើយ ដ្បិតឪពុករបស់អ្នកប្រាប់អ្នកថា «កូនអើយ! កុំទាន់ក្រោកអី មេឃមិនទាន់ភ្លឺច្បាស់នៅឡើយទេ។ អាកាសធាតុត្រជាក់ណាស់ ចូរកុំចេញទៅក្រៅឱ្យសោះ ក្រែងលោភ្នែកកូននឹងត្រូវចាក់ដោយផ្លែដាវ និងលំពែង»។ អ្នកជឿតែពាក្យដាស់តឿនរបស់ឪពុកអ្នកប៉ុណ្ណោះ ពីព្រោះអ្នកជឿថា មានតែឪពុកអ្នកទេដែលនិយាយត្រូវ ដ្បិតឪពុកអ្នកមានវ័យចាស់ជាងអ្នក ហើយគាត់ស្រលាញ់អ្នកជាខ្លាំង។ ការដាស់តឿន និងសេចក្តីស្រលាញ់នេះ ធ្វើឱ្យអ្នកលែងជឿលើរឿងដែលគេដំណាលថា នឹងមានពន្លឺនៅក្នុងលោកិយនេះ ក៏ធ្វើឱ្យអ្នកលែងខ្វាយខ្វល់ថា នៅក្នុងលោកិយនេះមានឬគ្មានសេចក្តីពិតទៀតដែរ។ អ្នកលែងហ៊ានសង្ឃឹមលើការសង្គ្រោះពីព្រះដ៏មានគ្រប់ចេស្ដាទៀត។ អ្នកពេញចិត្តនឹងស្ថានភាពបច្ចុប្បន្ននេះ អ្នកលែងទន្ទឹងរង់ចាំការមកដល់នៃពន្លឺ លែងទន្ទឹងចាំមើលការយាងមកដល់នៃព្រះដ៏មានគ្រប់ចេស្ដា ដូចដែលគេបាននិទានក្នុងរឿងដំណាលទៀតហើយ។ តាមអ្វីដែលអ្នកបានដឹង អ្វីៗដែលស្រស់ស្អាត មិនអាចត្រលប់មកដូចដើមវិញបានទេ គឺគ្មានសោះឡើយ។ នៅក្នុងភ្នែករបស់អ្នក ថ្ងៃស្អែករបស់មនុស្សជាតិ ពោលគឺអនាគតរបស់មនុស្សជាតិ បានរលាយបាត់បង់ទៅហើយ។ អ្នកប្រឹងតោងសម្លៀកបំពាក់ឪពុករបស់អ្នក តាមកម្លាំងដែលអ្នកមាន ដោយសុខចិត្តចែករំលែកការលំបាករបស់គាត់ ដោយភ័យខ្លាចបាត់បង់ដៃគូរួមដំណើរ ហើយវង្វេងគោលដៅនៃការធ្វើដំណើរដ៏វែងឆ្ងាយរបស់អ្នក។ ពិភពលោកដ៏ធំធេង និងស្រពេចស្រពិលនេះ បានបង្កើតមនុស្សជាច្រើនដូចជាអ្នករាល់គ្នា ជាមនុស្សអង់អាចក្លាហាន និងមោះមុតនៅក្នុងការបំពេញតួនាទីផ្សេងៗនៅក្នុងលោកិយនេះ។ វាបានបង្កើត «អ្នកចម្បាំង» ជាច្រើន ដែលមិនខ្លាចរអារនឹងសេចក្តីស្លាប់។ លើសពីនេះ ពិភពលោកនេះក៏បានបង្កើតមនុស្សមួយក្រុមហើយ មួយក្រុមទៀតដែលជាពពួកមនុស្សខ្វិនខ្វង់ ដែលមិនដឹងពីបុព្វហេតុនៃការបង្កើតពួកគេមកឡើយ។ ព្រះនេត្ររបស់ព្រះដ៏មានគ្រប់ចេស្ដា ទ្រង់ទតរំពៃបុគ្គលម្នាក់ៗ ក្នុងចំណោមមនុស្សដែលរងទុក្ខវេទនាយ៉ាងខ្លាំង។ អ្វីដែលទ្រង់ស្តាប់ឮ គឺសម្រែកយំសោករបស់មនុស្សដែលកំពុងរងការឈឺចាប់ អ្វីដែលទ្រង់ទតឃើញ គឺភាពឥតខ្មាសរបស់មនុស្សដែលរងទុក្ខវេទនា ហើយអ្វីដែលទ្រង់មានព្រះទ័យអាណិតអាសូរនោះ គឺសេចក្តីអស់សង្ឃឹម និងភាពភ័យខ្លាចរបស់មនុស្សដែលបាត់បង់ព្រះគុណនៃសេចក្ដីសង្គ្រោះ។ មនុស្សបដិសេធការយកព្រះទ័យទុកដាក់របស់ទ្រង់ ដោយបានជ្រើសយកផ្លូវដើរដោយខ្លួនឯង និងព្យាយាមគេចចេញពីខ្សែព្រះនេត្រឃ្លាំមើលរបស់ទ្រង់ ដោយក្រេបរសជាតិប្រៃល្វីងនៃសមុទ្រដ៏ជ្រៅជាមួយនឹងសត្រូវរបស់ទ្រង់រហូតដល់ដំណក់ចុងក្រោយ។ ការដកដង្ហើមធំរបស់ព្រះដ៏មានគ្រប់ចេស្ដា ដែលមនុស្សធ្លាប់ស្ដាប់ឮ ក៏លែងមានទៀត ហើយព្រះហស្តនៃព្រះដ៏មានគ្រប់ព្រះចេស្ដាដែលស៊ូនៅបបោសអង្អែលមនុស្សវេទនានេះ ក៏លែងមានដែរ។ ទ្រង់ក្រសោបគេមកវិញម្ដងហើយម្ដងទៀត ហើយទ្រង់ក៏បរាជ័យម្ដងហើយម្ដងទៀតដែរ ដូច្នេះ ទើបកិច្ចការរបស់ទ្រង់ត្រូវធ្វើដដែលជាដដែល។ តាំងពីពេលនោះមក ទ្រង់ចាប់ផ្តើមស្រងាកព្រះទ័យ មានអារម្មណ៍ល្វើយ ហើយទ្រង់ឈប់ធ្វើកិច្ចការដែលមានក្នុងព្រះហស្តទ្រង់ ហើយក៏លែងយាងទៅមកក្នុងចំណោមមនុស្សដែរ...។ មនុស្ស មិនបានដឹងអំពីការផ្លាស់ប្តូរទាំងអស់នេះទេ មិនដឹងអំពីការមកដល់ និងការយាងត្រឡប់ទៅវិញនៃព្រះដ៏មានគ្រប់ចេស្ដា ក៏មិនដឹងអំពីព្រះទ័យទុក្ខព្រួយ និងភាពសោកសង្រេងរបស់ទ្រង់ដែរ។
អ្វីៗគ្រប់យ៉ាងនៅក្នុងពិភពលោកនេះ ប្រែប្រួលយ៉ាងឆាប់រហ័សតាមព្រះតម្រិះរបស់ព្រះដ៏មានគ្រប់ចេស្ដា និងនៅក្រោមព្រះនេត្រឃ្លាំមើលរបស់ទ្រង់។ អ្វីៗដែលមនុស្សពុំធ្លាប់បានស្ដាប់ឮ បានមកដល់យ៉ាងឆាប់រហ័ស តែផ្ទុយទៅវិញ អ្វីៗដែលមនុស្សមានជាយូរមកហើយនោះ បានបាត់បង់ទៅវិញដោយមិនដឹងខ្លួន។ គ្មាននរណាម្នាក់អាចយល់បានពីទីសំចតរបស់ព្រះដ៏មានគ្រប់ចេស្ដាឡើយ ហើយមនុស្សម្នាក់ៗរឹតតែមិនយល់ពីឧត្តមភាព និងភាពមហិមានៃថាមពលជីវិតរបស់ព្រះដ៏មានគ្រប់ចេស្ដា។ ទ្រង់ឧត្ដុង្គឧត្ដមត្រង់ថា ទ្រង់អាចជ្រាបសព្វអ្វីៗដែលមនុស្សមិនអាចដឹងបាន។ ទ្រង់មហិមាត្រង់ថា ទ្រង់ជាព្រះតែមួយអង្គគត់ដែលត្រូវមនុស្សបោះបង់ចោលហើយ តែបែរជាមកសង្រ្គោះមនុស្សទៅវិញ។ ទ្រង់ជ្រាបពីអត្ថន័យការកើត និងការស្លាប់ ហើយលើសពីនេះ ទ្រង់ជ្រាបពីច្បាប់អត្ថិភាពដែលមនុស្ស ជាភាវៈដែលព្រះបានបង្កើតមក គួរតែគោរពតាម។ ទ្រង់គឺជាគ្រឹះនៃការរស់នៅរបស់មនុស្ស ហើយទ្រង់ជាព្រះដ៏ប្រោសលោះ ដែលប្រោសមនុស្សឱ្យរស់ឡើងវិញ។ ទ្រង់បន្ទន់ចិត្តរីករាយ ដោយភាពសោកសង្រេង ហើយលើកតម្កើងចិត្តសោកសង្រេងដោយចិត្តរីករាយវិញ ទាំងអស់គឺដើម្បីជាប្រយោជន៍ដល់កិច្ចការរបស់ទ្រង់ ដើម្បីជាប្រយោជន៍ដល់ផែនការរបស់ទ្រង់។
មនុស្សជាតិដែលបែរចេញពីការទំនុកបម្រុងខាងជីវិតពីព្រះដ៏មានគ្រប់ចេស្ដាមិនយល់ដឹងអំពីគោលបំណងនៃអត្ថិភាពរបស់គេទេ តែយ៉ាងណា ក៏គេនៅតែខ្លាចសេចក្ដីស្លាប់ដដែល។ ពួកគេគ្មានការជួយ ឬទីពឹងអ្វីឡើយ តែនៅមិនចង់បិទភ្នែករបស់ពួកគេ ហើយពួកគេនៅតែបង្ខំចិត្តទ្រទ្រង់សំបកសាច់ឈាម របស់ពួកគេដែលគ្មានអារម្មណ៍ខាងវិញ្ញាណសោះឡើយ ព្រមទាំងត្រដររស់ក្នុងជីវិតដ៏ថោកទាបក្នុងពិភពលោកនេះ។ អ្នករស់នៅក្នុងរបៀបនេះដោយគ្មានក្តីសង្ឃឹម ដូចអ្នកដទៃទៀត ដោយគ្មានគោលដៅអ្វីឡើយ។ មានតែព្រះដ៏បរិសុទ្ធនៅក្នុងរឿងតំណាលតែមួយអង្គគត់ដែលនឹងសង្គ្រោះមនុស្សដែលទន្ទឹងរង់ចាំការយាងមករបស់ទ្រង់យ៉ាងអន្ទះអន្ទែងទាំងកំពុងស្រែកថ្ងូរក្នុងទុក្ខវេទនារបស់ពួកគេ។ ជាយូរយារណាស់ហើយ ជំនឿបែបនេះនៅតែមិនទាន់ក្លាយជាការពិតឡើយ នៅក្នុងចំណោមមនុស្សដែលខ្វះសតិសម្បជញ្ញៈ។ ទោះបែបនេះក្តី ក៏ពួកគេនៅតែប្រាថ្នាចង់បានវាបែបនេះដដែល។ ព្រះដ៏មានគ្រប់ចេស្ដា មានសេចក្តីមេត្តាករុណាចំពោះមនុស្សដែលរងទុក្ខវេទនាខ្លាំងទាំងនេះ ហើយស្របពេលនោះដែរ ទ្រង់មិនពេញចិត្តចំពោះមនុស្សទាំងនេះដែលខ្វះសតិសម្បជញ្ញៈទាល់តែសោះ ដ្បិតទ្រង់ត្រូវរង់ចាំយ៉ាងយូរ ទើបទ្រង់ទទួលបានចម្លើយពីមនុស្ស។ ទ្រង់ប្រាថ្នាស្វែងរក គឺស្វែងរកដួងចិត្ត និងវិញ្ញាណរបស់អ្នក ហើយយកទឹក និងអាហារមកឱ្យអ្នក ដើម្បីឱ្យអ្នកភ្ញាក់ហើយអ្នកលែងស្រេក ឬឃ្លានតទៅទៀត។ នៅពេលដែលអ្នកនឿយហត់ ហើយនៅពេលដែលអ្នកមានអារម្មណ៍តិចតួចនូវភាពសោះកក្រោះនៃពិភពលោកនេះ ចូរកុំវង្វេងអី ចូរកុំយំទួញសោកអី។ ព្រះដ៏មានគ្រប់ព្រះចេស្ដាដែលជាអ្នកចាំយាម នឹងត្រកងឱបការមកដល់របស់អ្នកគ្រប់ពេលវេលាទាំងអស់។ ទ្រង់កំពុងចាំយាមមើលនៅក្បែរអ្នក។ ទ្រង់ រង់ចាំឱ្យអ្នកវិលត្រឡប់មកវិញ រង់ចាំថ្ងៃដែលអ្នកស្រាប់តែមានការចងចាំដូចដើមវិញ៖ នៅពេលអ្នកដឹងខ្លួនថាអ្នកមកពីព្រះជាម្ចាស់ និងថាដោយមិនដឹងពេលណា អ្នកបានវង្វេងទិសដៅរបស់អ្នក ដោយមិនដឹងពេលណា អ្នកបានបាត់បង់ស្មារតីរបស់អ្នកនៅតាមផ្លូវ ហើយដោយមិនដឹងពេលណា អ្នកមាន «ឪពុក»។ បន្ថែមពីនេះទៀត នៅពេលអ្នកដឹងខ្លួនថា ព្រះដ៏មានគ្រប់ចេស្ដាបានយាមមើលរហូតមក ដោយរង់ចាំការវិលត្រឡប់មកវិញរបស់អ្នកអស់រយៈពេលយ៉ាងយូរណាស់មកហើយនៅទីនោះ។ ទ្រង់បានប្រាថ្នាចង់បានយ៉ាងអន្ទះសា ដោយរង់ចាំការឆ្លើយតបដែលគ្មានចម្លើយ។ ការចាំយាមរបស់ទ្រង់មិនអាចកាត់ថ្លៃបាន ហើយការចាំយាមនេះ គឺដើម្បីដួងចិត្ត និងវិញ្ញាណរបស់មនុស្ស។ ប្រហែលជាការចាំយាមរបស់ទ្រង់គ្មានកាលកំណត់ឡើយ ឬមួយក៏ប្រហែលជាបានមកដល់ទីបញ្ចប់ដែរ។ តែ អ្នកគប្បីដឹងឱ្យបានច្បាស់ថា ដួងចិត្ត និងវិញ្ញាណរបស់អ្នកស្ថិតនៅទីណានៅពេលនេះ។
ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០០៣