ជំពូកទី ៧
គ្រប់សាខានៅភាគខាងលិចទាំងអស់គួរតែស្ដាប់ព្រះសូរសៀងរបស់ខ្ញុំ៖
កាលពីមុន តើអ្នករាល់គ្នាស្មោះត្រង់នឹងខ្ញុំដែរឬទេ? តើអ្នករាល់គ្នាបានស្ដាប់ឱវាទដ៏ល្អវិសេសរបស់ខ្ញុំដែរឬទេ? តើក្ដីសង្ឃឹមរបស់អ្នករាល់គ្នាប្រាកដប្រជា ហើយមិនស្រពេចស្រពិល និងមិនស្ទាក់ស្ទើរមែនទេ? ភក្ដីភាពរបស់មនុស្សជាតិ សេចក្ដីស្រឡាញ់របស់មនុស្សជាតិ និងសេចក្ដីជំនឿរបស់មនុស្សជាតិ សុទ្ធតែបានមកអំពីខ្ញុំ និងសុទ្ធតែត្រូវខ្ញុំប្រទានឱ្យទាំងអស់។ រាស្ត្ររបស់ខ្ញុំអើយ! នៅពេលអ្នករាល់គ្នាស្ដាប់ឮព្រះបន្ទូលរបស់ខ្ញុំ តើអ្នករាល់គ្នាយល់ពីបំណងព្រះហឫទ័យរបស់ខ្ញុំដែរឬទេ? តើអ្នករាល់គ្នាមើលឃើញពីដួងព្រះហឫទ័យរបស់ខ្ញុំដែរឬទេ? កាលពីមុន នៅពេលអ្នករាល់គ្នាកំពុងស្ថិតនៅលើផ្លូវនៃការបម្រើព្រះ ថ្វីដ្បិតតែអ្នករាល់គ្នាម្ដងជួបរឿងល្អ ម្ដងជួបរឿងអាក្រក់ ម្ដងទៅមុខ ម្ដងថយក្រោយ ហើយមានពេលខ្លះ អ្នករាល់គ្នាត្រូវជួបគ្រោះថ្នាក់នៃការដួលចុះ ហើយថែមទាំងក្បត់ខ្ញុំផង ក៏ប៉ុន្តែ តើអ្នករាល់គ្នាបានដឹងថា ខ្ញុំតែងសង្គ្រោះអ្នករាល់គ្នាគ្រប់ពេលវេលាជានិច្ចទេ? តើអ្នករាល់គ្នាដឹងថា ខ្ញុំបានថ្លែងព្រះសូរសៀងរបស់ខ្ញុំដើម្បីត្រាស់ហៅ និងសង្គ្រោះអ្នករាល់គ្នាគ្រប់ពេលវេលាជានិច្ចទេ? អ្នករាល់គ្នាបានធ្លាក់ចូលទៅក្នុងសំណាញ់របស់សាតាំងជាច្រើនដងមកហើយ។ អ្នករាល់គ្នាបានជាប់នៅក្នុងអន្ទាក់នៃភាពជាមនុស្សជាច្រើនដងមកហើយ ហើយអ្នករាល់គ្នាក៏មិនអាចលះបង់ខ្លួន និងធ្លាក់ទៅក្នុងការទាស់ទែងគ្នាទៅវិញទៅមករកទីបញ្ចប់គ្មានជាច្រើនដងមកហើយដែរ។ ច្រើនដងណាស់មកហើយ ដែលខ្លួនប្រាណរបស់អ្នករាល់គ្នាស្ថិតនៅក្នុងដំណាក់របស់ខ្ញុំ ប៉ុន្តែដួងចិត្តរបស់អ្នករាល់គ្នាវិញ មិនដឹងជានៅទីណាទេ។ ទោះជាយ៉ាងណា ខ្ញុំបានលាព្រះហស្តដ៏សង្គ្រោះរបស់ខ្ញុំដើម្បីទ្រអ្នករាល់គ្នាឡើងជាច្រើនដង ហើយខ្ញុំក៏បានបាចគ្រាប់ពូជនៃសេចក្ដីមេត្តាករុណានៅក្នុងចំណោមអ្នករាល់គ្នាជាច្រើនដងមកហើយដែរ។ មានពេលច្រើនដងណាស់មកហើយ ដែលខ្ញុំមិនអាចទ្រាំនឹងទតមើលឃើញទុក្ខវេទនារបស់អ្នករាល់គ្នាបន្ទាប់ពីរងទុក្ខរួច។ នេះគឺច្រើនដងណាស់មកហើយ...។ តើអ្នករាល់គ្នាដឹងដែរឬទេ?
ទោះយ៉ាងណា សព្វថ្ងៃនេះ ស្ថិតក្រោមការឃុំគ្រងរបស់ខ្ញុំ នៅទីបំផុត អ្នករាល់គ្នាបានឈ្នះលើគ្រប់ទាំងការលំបាកទាំងអម្បាលម៉ាន ហើយខ្ញុំក៏ត្រេកអរជាមួយអ្នករាល់គ្នាដែរ។ នេះគឺជាការធ្វើឱ្យឃើញច្បាស់ពីព្រះប្រាជ្ញាញាណរបស់ខ្ញុំ។ ទោះយ៉ាងណា ចូរចាំសេចក្ដីនេះទុកចុះ! នៅពេលដែលអ្នករាល់គ្នាកំពុងតែរឹងមាំ តើមានអ្នកណាខ្លះដែលបានដួល? តើអ្នកណាដែលតែងតែរឹងមាំជានិច្ច មិនធ្លាប់មានពេលទន់ខ្សោយម្ដងណាសោះនោះ? ក្នុងចំណោមមនុស្សទាំងឡាយ តើមានអ្នកណាដែលបានទទួលព្រះពរដែលមិនមែនមកអំពីខ្ញុំទៅ? តើអ្នកណាដែលបានជួបប្រទះនឹងសំណាងអាក្រក់ ដែលមិនមែនកើតមកអំពីខ្ញុំទៅ? តើអាចទៅរួចទេដែលថា អស់អ្នកណាដែលស្រឡាញ់ខ្ញុំ នឹងជួបតែការប្រសិទ្ធិពរប៉ុណ្ណោះ? តើអាចទៅរួចទេដែលថា សំណាងអាក្រក់ដែលបានធ្លាក់មកលើយ៉ូប គឺមកពីគាត់មិនបានស្រឡាញ់ខ្ញុំ ដោយគាត់ជ្រើសរើសទាស់ទទឹងនឹងខ្ញុំ? តើអាចទៅរួចទេដែលថា ប៉ុលអាចបម្រើខ្ញុំដោយភក្ដីភាពនៅក្នុងព្រះវត្តមានដ៏គង់នៅរបស់ខ្ញុំបាន មកពីគាត់អាចស្រឡាញ់ខ្ញុំដោយពិតប្រាកដ? ទោះជាអ្នករាល់គ្នាអាចប្រកាន់ខ្ជាប់នូវទីបន្ទាល់របស់ខ្ញុំក៏ដោយ ក៏ប៉ុន្តែ តើមានអ្នកណាម្នាក់ក្នុងចំណោមអ្នករាល់គ្នានេះ អាចមានទីបន្ទាល់ដែលមិនប្រឡាក់ប្រឡូសនិងបរិសុទ្ធដូចជាមាសសុទ្ធដែរឬទេ? តើមនុស្សអាចមានភក្ដីភាពពិតប្រាកដបានដែរឬទេ? ការដែលទីបន្ទាល់របស់អ្នករាល់គ្នាធ្វើឱ្យខ្ញុំសប្បាយព្រះទ័យ មិនប៉ះពាល់នឹង «ភក្ដីភាព» របស់អ្នករាល់គ្នាទេ ពីព្រោះខ្ញុំមិនដែលទាមទារអ្វីច្រើនពីនរណាម្នាក់ឡើយ។ ប្រសិនបើធ្វើតាមបំណងព្រះហឫទ័យដើមនៅក្នុងផែនការរបស់ខ្ញុំវិញ នោះអ្នករាល់គ្នានឹងសុទ្ធតែក្លាយជា «ទំនិញមិនគ្រប់លក្ខណៈ» ទាំងអស់មិនខាន គឺមិនត្រូវតាមស្ដង់ដាកំណត់។ តើនេះមិនមែនជាឧទាហរណ៍មួយដែលខ្ញុំបានថ្លែងប្រាប់អ្នករាល់គ្នាអំពី «ការបាចគ្រាប់ពូជនៃសេចក្ដីមេត្តាករុណា» ទេឬអី? តើអ្វីៗដែលអ្នករាល់គ្នាឃើញ គឺជាសេចក្ដីសង្គ្រោះរបស់ខ្ញុំមែនឬទេ?
អ្នករាល់គ្នាគួរតែគិតសាឡើងវិញ និងរកនឹកមើលថាតើ៖ តាំងពីពេលដែលអ្នករាល់គ្នាត្រឡប់ចូលមកក្នុងដំណាក់របស់ខ្ញុំវិញ តើក្នុងចំណោមអ្នករាល់គ្នានេះ មានអ្នកណាម្នាក់ដែលស្គាល់ខ្ញុំដូចដែលពេត្រុសបានស្គាល់ខ្ញុំ ដោយមិនបានគិតពីផលចំណេញ ឬការខាតបង់របស់ខ្លួន ដែរឬទេ? អ្នករាល់គ្នាបានដឹងពីផ្នែករាក់កំផែលរបស់ព្រះគម្ពីរយ៉ាងច្បាស់ ប៉ុន្តែតើអ្នករាល់គ្នាបានក្រេបជញ្ជក់ខ្លឹមសាររបស់ព្រះគម្ពីរហើយឬនៅ? ដោយហេតុនេះហើយ ទើបអ្នកនៅតែក្ដាប់ «ដើមទុន» របស់អ្នកជាប់មិនព្រមលែងសោះ ដោយបដិសេធមិនព្រមលះបង់ខ្លួនយ៉ាងពិតប្រាកដនោះទេ។ នៅពេលខ្ញុំបញ្ចេញព្រះសូរសៀងមក នៅពេលខ្ញុំមានព្រះបន្ទូលទៅកាន់អ្នករាល់គ្នាទល់មុខគ្នា តើក្នុងចំណោមអ្នករាល់គ្នា មានអ្នកណាដែលធ្លាប់ទម្លាក់ក្រាំងបិទជិតរបស់អ្នករាល់គ្នាចោល ដើម្បីទទួលយកព្រះបន្ទូលនៃជីវិតដែលខ្ញុំបើកបង្ហាញដែរឬទេ? អ្នករាល់គ្នាមិនខ្វាយខ្វល់នឹងព្រះបន្ទូលរបស់ខ្ញុំឡើយ ហើយអ្នករាល់គ្នាក៏មិនស្រឡាញ់ពេញចិត្តនឹងព្រះបន្ទូលរបស់ខ្ញុំដែរ។ ផ្ទុយទៅវិញ អ្នកប្រើព្រះបន្ទូលទាំងនោះប្រៀបដូចជាកាំភ្លើងយន្ត មកបាញ់ស្រោចទៅលើពួកសត្រូវរបស់អ្នក ដើម្បីរក្សាតំណែងផ្ទាល់ខ្លួនរបស់អ្នក។ អ្នកមិនដែលបានព្យាយាមទទួលយកការជំនុំជម្រះរបស់ខ្ញុំ ដើម្បីឱ្យបានស្គាល់ខ្ញុំ សូម្បីតែបន្តិចក៏អត់ដែរ។ អ្នករាល់គ្នាម្នាក់ៗភ្ជង់កាំភ្លើងដាក់អ្នកដទៃ តែអ្នករាល់គ្នាសុទ្ធតែជាមនុស្ស «មិនអាត្មានិយម» ហើយអ្នករាល់គ្នា «គិតពីប្រយោជន៍អ្នកដទៃ» នៅគ្រប់ស្ថានភាពទាំងអស់។ តើនេះមិនមែនជាទង្វើដែលអ្នករាល់គ្នាបានធ្វើកាលពីម្សិលមិញទេឬអី? ចុះនៅថ្ងៃនេះវិញ? «ភក្ដីភាព» របស់អ្នករាល់គ្នា បានកើនឡើងបន្តិចហើយ ហើយអ្នករាល់គ្នាសុទ្ធតែមានបទពិសោធច្រើនជាងមុនបន្តិច និងចាស់ទុំជាងមុនបន្តិចដែរ។ ដោយហេតុនេះ «ការកោតខ្លាច» របស់អ្នករាល់គ្នាចំពោះខ្ញុំ ក៏បានកើនឡើងបន្តិចបន្តួចដែរ ហើយគ្មាននរណាម្នាក់ «ធ្វើខ្ជីខ្ជា» ទៀតទេ។ ហេតុអ្វីបានជាអ្នករាល់គ្នាមានវត្តមាននៅក្នុងភាពអកម្មម្ដងហើយម្ដងទៀតបែបនេះ? ហេតុអ្វីបានជាមិនដែលឃើញមានទិដ្ឋភាពវិជ្ជមាននៅក្នុងខ្លួនអ្នករាល់គ្នាដូច្នេះទៅវិញ? ឱ រាស្ត្ររបស់ខ្ញុំអើយ! អតីតកាលបានកន្លងផុតទៅជាយូរហើយ។ អ្នកមិនត្រូវប្រកាន់ខ្ជាប់ទៅនឹងអតីតកាលបន្តទៀតនោះទេ។ ម្សិលមិញ អ្នកបានប្រកាន់ខ្ជាប់ល្អហើយ នៅថ្ងៃនេះ អ្នកគួរតែផ្ដល់ភក្ដីភាពដ៏ស្មោះត្រង់របស់អ្នកថ្វាយដល់ខ្ញុំ។ ជាងនេះទៅទៀត អ្នកគប្បីធ្វើបន្ទាល់ឱ្យបានល្អថ្វាយដល់ខ្ញុំនៅថ្ងៃស្អែក នោះទើបអ្នកនឹងទទួលបានការប្រសិទ្ធិពរពីខ្ញុំនាពេលអនាគត។ អ្នករាល់គ្នាគួរតែយល់ពីចំណុចនេះ។
ទោះខ្ញុំគ្មានព្រះវត្តមាននៅចំពោះមុខអ្នករាល់គ្នាក៏ដោយ ក៏ព្រះវិញ្ញាណរបស់ខ្ញុំប្រាកដជានឹងប្រទានព្រះគុណដល់អ្នករាល់គ្នាជាក់ជាមិនខាន។ ខ្ញុំសង្ឃឹមថា អ្នករាល់គ្នានឹងឱ្យតម្លៃខ្ពស់ចំពោះព្រះពររបស់ខ្ញុំ ហើយអាចស្គាល់ខ្លួនឯងបានដោយពឹងផ្អែកលើព្រះពរទាំងនោះ។ ចូរកុំចាត់ទុកព្រះពរទាំងនោះជាដើមទុនរបស់អ្នកឱ្យសោះ តែផ្ទុយទៅវិញ អ្នកគួរប្រើព្រះបន្ទូលរបស់ខ្ញុំដើម្បីបំពេញចំណុចខ្វះខាតនៅក្នុងខ្លួនអ្នករាល់គ្នា ហើយតាមរយៈនេះ ចូរធ្វើវាឱ្យក្លាយជាធាតុវិជ្ជមានរបស់អ្នករាល់គ្នាវិញ។ ខ្ញុំសូមទុកសារនេះជាបណ្ដាំផ្ញើដល់អ្នករាល់គ្នាទៅចុះ!
ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ១៩៩២