ផ្លូវ ... (៤)

មនុស្សអាចរកឃើញភាពគួរឱ្យស្រឡាញ់របស់ព្រះជាម្ចាស់ អាចស្វែងរករបៀបនៃការស្រឡាញ់ព្រះជាម្ចាស់នៅក្នុងយុគសម័យសព្វថ្ងៃនេះ ហើយពួកគេចង់ទទួលយកការបណ្ដុះបណ្ដាលពីនគរព្រះនាពេលសព្វថ្ងៃនេះ ពោលគឺអ្វីៗទាំងអស់នេះគឺជាព្រះគុណរបស់ព្រះជាម្ចាស់ ហើយលើសពីនេះទៅទៀត វាគឺជាការដែលទ្រង់លើកឋានៈមនុស្សលោក។ រាល់ពេលដែលខ្ញុំគិតអំពីរឿងនេះ ខ្ញុំមានញាណដឹងអំពីភាពគួរឱ្យស្រឡាញ់របស់ព្រះជាម្ចាស់។ ព្រះជាម្ចាស់ពិតជាស្រឡាញ់យើងមែន ប្រសិនបើមិនដូច្នោះទេ តើមាននរណានឹងអាចរកឃើញភាពគួរឱ្យស្រឡាញ់របស់ទ្រង់បានទៅ? មានតែដូច្នេះទេទើបខ្ញុំដឹងថា កិច្ចការទាំងអស់នេះត្រូវបានធ្វើឡើងដោយផ្ទាល់ដោយព្រះជាម្ចាស់ផ្ទាល់ព្រះអង្គ ហើយមនុស្សត្រូវបានព្រះជាម្ចាស់ណែនាំ និងដឹកនាំ។ ខ្ញុំសូមថ្លែងអំណរគុណដល់ព្រះជាម្ចាស់ចំពោះរឿងនេះ ហើយខ្ញុំចង់ឱ្យបងប្អូនប្រុសស្រីរបស់ខ្ញុំចូលរួមជាមួយខ្ញុំក្នុងការលើកសរសើរព្រះជាម្ចាស់ថា «សូមសិរីល្អទាំងអស់បានដល់ព្រះអង្គ ជាព្រះជាម្ចាស់ផ្ទាល់ព្រះអង្គដ៏ធំឧត្តម! សូមឱ្យសិរីល្អរបស់ព្រះអង្គចម្រើនឡើង ហើយត្រូវបានបើកឱ្យដឹងក្នុងខ្លួនយើងទាំងអស់គ្នាដែលត្រូវបានជ្រើសរើស និងត្រូវបានព្រះអង្គទទួលយក។» ព្រះជាម្ចាស់បានបំភ្លឺខ្ញុំ៖ ទ្រង់បានបង្ហាញខ្ញុំថា យើងត្រូវបានកំណត់ទុកមុនតាំងពីយូរលង់មកហើយ ហើយទ្រង់ចង់ទទួលយើងនៅគ្រាចុងក្រោយ ដោយអនុញ្ញាតឱ្យសកលលោក និងរបស់សព្វសារពើ មើលឃើញសិរីល្អរបស់ព្រះជាម្ចាស់យ៉ាងពេញលក្ខណៈតាមរយៈយើង។ ពេលនោះ យើងជាអ្នកធ្វើឱ្យជាក់ច្បាស់នូវផែនការគ្រប់គ្រងរយៈពេលប្រាំមួយពាន់ឆ្នាំរបស់ព្រះជាម្ចាស់ យើងជាមនុស្សគំរូ ជាគំរូក្នុងកិច្ចការរបស់ព្រះជាម្ចាស់នៅទូទាំងសកលលោក។ មានតែពេលនេះទេទើបខ្ញុំដឹងថាតើព្រះជាម្ចាស់ស្រឡាញ់យើងខ្លាំងប៉ុនណា ហើយកិច្ចការដែលទ្រង់ធ្វើក្នុងខ្លួនយើង និងអ្វីៗដែលទ្រង់មានព្រះបន្ទូលគឺច្រើនជាងយុគសម័យកន្លងទៅរាប់លានដងឯណោះ។ មិនថានៅក្នុងអ៊ីស្រាអែល ឬក្នុងខ្លួនពេត្រុសនោះទេ ព្រះជាម្ចាស់ធ្វើកិច្ចការច្រើនខ្លាំងណាស់ ឬមានព្រះបន្ទូលច្រើនខ្លាំងណាស់ដោយព្រះអង្គផ្ទាល់ នេះបង្ហាញថា យើងក្នុងក្រុមនេះពិតជាទទួលបានព្រះពរដ៏អស្ចារ្យយ៉ាងច្រើនលើសលុបជាងពួកបរិសុទ្ធកាលពីជំនាន់មុនទៅទៀត។ ដូច្នេះហើយទើបព្រះជាម្ចាស់តែងតែមានព្រះបន្ទូលថា មនុស្សនៅយុគសម័យចុងក្រោយត្រូវបានប្រទានពរ។ ទោះជាអ្នកដទៃនិយាយបែបណាក៏ដោយ ក៏ខ្ញុំជឿថា យើងព្រះជាម្ចាស់ប្រទានពរយ៉ាងច្រើនបំផុត។ យើងគួរតែទទួលយកព្រះពរដែលព្រះជាម្ចាស់បានប្រទានឱ្យយើង ប្រហែលជាមានអ្នកខ្លះត្អូញត្អែរចំពោះព្រះជាម្ចាស់ ប៉ុន្តែខ្ញុំជឿថា ប្រសិនបើព្រះពរទាំងនេះមកពីព្រះជាម្ចាស់មែន នោះបញ្ជាក់ថា យើងសមនឹងទទួលព្រះពរទាំងនេះហើយ។ ទោះបីជាអ្នកដទៃត្អូញត្អែរ ឬមិនសប្បាយចិត្តនឹងយើងក៏ដោយ ខ្ញុំនៅតែជឿថា គ្មាននរណាម្នាក់អាចទទួលបន្ត ឬដកហូតពីយើងនូវព្រះពរដែលព្រះជាម្ចាស់បានប្រទានឱ្យយើងបានឡើយ។ ព្រះជាម្ចាស់ធ្វើអ្វីក៏បានតាមតែទ្រង់មានព្រះបំណង ពីព្រោះកិច្ចការរបស់ព្រះជាម្ចាស់ត្រូវបានអនុវត្តនៅក្នុងខ្លួនយើង ហើយទ្រង់មានព្រះបន្ទូលមកកាន់យើងមុខទល់នឹងមុខ ពោលគឺមានបន្ទូលមកកាន់យើង មិនមែនអ្នកដទៃឡើយ។ ហើយប្រសិនបើមនុស្សមិនជឿជាក់ទេ តើពួកគេមិនបង្កបញ្ហាសម្រាប់តែខ្លួនឯងទេឬ? ដោយធ្វើបែបនោះ តើពួកគេមិនមើលងាយខ្លួនឯងទេឬ? ហេតុអ្វីខ្ញុំនិយាយបែបនេះ? ព្រោះខ្ញុំឱ្យតម្លៃលើរឿងនេះយ៉ាងជ្រាលជ្រៅ។ មើលកិច្ចការដែលព្រះជាម្ចាស់ធ្វើក្នុងខ្លួនខ្ញុំជាឧទាហរណ៍ចុះ៖ មានតែខ្ញុំទេទើបអាចធ្វើកិច្ចការនេះបាន តើមានអ្នកណាផ្សេងអាចធ្វើវាបានទេ? ខ្ញុំមានសំណាងល្អសមនឹងទទួលបញ្ជាបេសកកម្មនេះពីព្រះជាម្ចាស់ តើមានអ្នកណាផ្សេងអាចធ្វើកិច្ចការនេះបានតាមការនឹកឃើញភ្លាមៗឬទេ? ទោះជាយ៉ាងណានេះក្ដី ខ្ញុំសង្ឃឹមថា បងប្អូនប្រុសស្រីនឹងយល់ពីដួងចិត្តរបស់ខ្ញុំ។ ខ្ញុំមិនមែនកំពុងអួតអំពីសមត្ថភាពនិងបទពិសោធរបស់ខ្ញុំទេ តែខ្ញុំកំពុងពន្យល់អំពីបញ្ហា។ ខ្ញុំសូមឱ្យសិរីល្អទាំងអស់បានដល់ព្រះជាម្ចាស់ ហើយសូមឱ្យព្រះជាម្ចាស់សម្លឹងមើលដួងចិត្តរបស់យើងរាល់គ្នា ដើម្បីឱ្យបេះដូងរបស់យើងអាចទទួលបានការបន្សុទ្ធនៅចំពោះព្រះភក្ត្រទ្រង់។ នៅក្នុងដួងចិត្តរបស់ខ្ញុំ ខ្ញុំសូមឱ្យតែព្រះជាម្ចាស់ទទួលយកខ្ញុំទាំងស្រុង ដើម្បីក្លាយមនុស្សបរិសុទ្ធស្អាតស្អំដែលត្រូវបានបូជានៅលើអាសនៈ ហើយលើសពីនេះទៅទៀត ដើម្បីមានការស្ដាប់បង្គាប់ពីកូនចៀម ដែលលេចមកនៅក្នុងចំណោមមនុស្សជាតិទាំងអស់ជារូបកាយមានវិញ្ញាណបរិសុទ្ធ។ នេះជាការសន្យារបស់ខ្ញុំ ជាសម្បថដែលខ្ញុំបានស្បថនៅចំពោះព្រះភក្ត្រព្រះជាម្ចាស់។ ខ្ញុំចង់ធ្វើការនេះ ហើយតបស្នងចំពោះសេចក្ដីស្រឡាញ់របស់ព្រះជាម្ចាស់តាមរយៈនេះ។ តើអ្នកសុខចិត្តធ្វើការនេះឬទេ? ខ្ញុំជឿថា ការសន្យារបស់ខ្ញុំនេះនឹងលើកទឹកចិត្តប្អូនៗប្រុសស្រីវ័យក្មេងកាន់តែច្រើន ហើយវានឹងនាំមកនូវក្ដីសង្ឃឹមដល់យុវជនក្មេងៗកាន់តែច្រើនថែមទៀត។ ចំពោះខ្ញុំ វាហាក់ដូចជា ព្រះជាម្ចាស់ចាត់ទុកមនុស្សវ័យក្មេងសំខាន់ខ្លាំងណាស់។ ប្រហែលវាជាភាពលំអៀងផ្ទាល់ខ្លួនរបស់ខ្ញុំ ប៉ុន្តែខ្ញុំតែងតែមានអារម្មណ៍ថា មនុស្សវ័យក្មេងមានទស្សនវិស័យ និងក្ដីសង្ឃឹម។ វាហាក់ដូចជា ព្រះជាម្ចាស់ធ្វើកិច្ចការបន្ថែមនៅក្នុងខ្លួនមនុស្សវ័យក្មេង។ ពួកគេអាចខ្វះការយល់ដឹងជ្រៅជ្រះ និងប្រាជ្ញា ហើយពួកគេអាចក្លៀវក្លា និងរអើលដូចជាកូនគោទើបនឹងកើត ប៉ុន្តែខ្ញុំជឿថា ពួកគេមិនមែនគ្មានគុណសម្បត្តិនោះទេ។ អ្នកអាចឃើញភាពគ្មានទោសរបស់យុវជននៅក្នុងខ្លួនពួកគេ ហើយពួកគេឆាប់ទទួលយករឿងថ្មីៗ។ ទោះបីជាមនុស្សវ័យក្មេងមានទំនោរទៅរកភាពក្រអឺតក្រទម ភាពកាចសាហាវ និងភាពតក់ក្រហល់ក្ដី នេះមិនប៉ះពាល់ដល់សមត្ថភាពរបស់ពួកគេក្នុងការទទួលពន្លឺថ្មីឡើយ ដ្បិតមនុស្សវ័យក្មេងកម្រនឹងរក្សាទុកវត្ថុចាស់ហួសសម័យណាស់។ ដូច្នោះហើយទើបខ្ញុំឃើញសក្ដានុពលគ្មានដែនកំណត់នៅក្នុងមនុស្សវ័យក្មេង និងភាពស្វាហាប់របស់ពួកគេ ដោយហេតុនេះហើយទើបខ្ញុំមានអារម្មណ៍ទន់ភ្លន់ចំពោះពួកគេ។ ខ្ញុំមិនបានស្អប់បងប្អូនប្រុសស្រីវ័យចំណាស់នោះទេ រីឯពួកគេក៏មិនចាប់អារម្មណ៍នឹងខ្ញុំដែរ ហើយឱ្យខ្ញុំសូមទោសពួកគេដោយស្មោះចំពោះរឿងនេះ។ ប្រហែលជាអ្វីដែលខ្ញុំបាននិយាយ វាមិនសមស្រប ឬជាបែបឥតគិតក្រែង ប៉ុន្តែខ្ញុំសង្ឃឹមថា អ្នកទាំងអស់គ្នាអាចអភ័យទោសដល់ភាពព្រហើនរបស់ខ្ញុំ ព្រោះខ្ញុំនៅក្មេងខ្ចីពេកដោយមិនបានយកចិត្តទុកដាក់ខ្លាំងចំពោះរបៀបដែលខ្ញុំនិយាយ។ ប៉ុន្តែនិយាយតាមការពិតទៅ ទោះម្ដេចម្ដា បងប្អូនប្រុសស្រីចាស់ៗពិតជាបានបំពេញតាមមុខងាររបស់ខ្លួន ពួកគាត់មិនមែនឥតប្រយោជន៍ទាំងស្រុងនោះទេ។ នោះគឺដោយសារតែពួកគាត់មានបទពិសោធក្នុងការដោះស្រាយរឿងរ៉ាវ ពួកគាត់មានលំនឹងក្នុងមធ្យោបាយដែលពួកគាត់ដោះស្រាយរឿងរ៉ាវ ហើយពួកគាត់មិនធ្វើឱ្យមានកំហុសច្រើនទេ។ តើទាំងនេះមិនមែនជាភាពខ្លាំងរបស់ពួកគាត់ទេឬ? ចូរយើងទាំងអស់គ្នានិយាយនៅចំពោះព្រះភក្ត្រព្រះជាម្ចាស់ថា៖ «ឱ ព្រះជាម្ចាស់អើយ! សូមឱ្យយើងទាំងអស់គ្នាបំពេញមុខងារផ្ទាល់ខ្លួនរបស់យើងនៅក្នុងមុខតំណែងផ្សេងៗគ្នា ហើយសូមឱ្យយើងទាំងអស់គ្នាធ្វើបានល្អបំផុតសម្រាប់បំណងព្រះហឫទ័យរបស់ព្រះអង្គ!» ខ្ញុំជឿថា នេះពិតជាបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់!

តាមបទពិសោធរបស់ខ្ញុំ មនុស្សជាច្រើនដែលប្រឆាំងនឹងអូរនេះដោយបើកចំហ អ្នកដែលប្រឆាំងនឹងព្រះវិញ្ញាណរបស់ព្រះជាម្ចាស់ដោយផ្ទាល់ គឺមនុស្សចំណាស់ៗ។ មនុស្សទាំងនេះមានសញ្ញាណបែបសាសនាខ្លាំងណាស់ រៀងរាល់លើក ពួកគេប្រៀបធៀបព្រះបន្ទូលរបស់ព្រះជាម្ចាស់ជាមួយនឹងរឿងរ៉ាវដែលហួសសម័យ ហើយព្យាយាមផ្គូផ្គង រឿងរ៉ាវដែលត្រូវបានទទួលយកកាលពីមុនជាមួយនឹងព្រះបន្ទូលរបស់ព្រះជាម្ចាស់។ តើពួកគេមិនល្ងីល្ងើទេឬ? តើមនុស្សបែបនេះអាចបំពេញកិច្ចការដែលព្រះជាម្ចាស់ដាក់ឱ្យពួកគេបានឬទេ? តើព្រះជាម្ចាស់អាចប្រើមនុស្សបែបនេះនៅក្នុងកិច្ចការរបស់ទ្រង់ដែរឬទេ? ព្រះវិញ្ញាណបរិសុទ្ធមានវិធីសាស្ត្រសម្រាប់ថ្ងៃកំណត់នៃកិច្ចការរបស់ទ្រង់ ប្រសិនបើមនុស្សប្រកាន់ខ្ជាប់នឹងរឿងរ៉ាវបែបចាស់ៗ នោះនឹងមានថ្ងៃមួយពួកគេត្រូវបានរុញចេញពីដំណាក់កាលនៃប្រវត្តិសាស្ត្រ។ នៅរាល់ដំណាក់កាលនៃកិច្ចការរបស់ទ្រង់ ព្រះជាម្ចាស់ប្រើមនុស្សថ្មីៗ។ តើពួកអ្នកដែលព្យាយាមបង្រៀនអ្នកដទៃជាមួយរឿងរ៉ាវហួសសម័យ មិននាំមកនូវការបំផ្លាញដល់មនុស្សទេឬ? ហើយតើពួកគេមិនពន្យារពេលកិច្ចការរបស់ព្រះជាម្ចាស់ទេឬ? ហើយបើដូច្នោះមែន តើពេលណាទើបកិច្ចការរបស់ព្រះជាម្ចាស់នឹងត្រូវបានបញ្ចប់ទៅ? ប្រហែលជាមានមនុស្សមានសញ្ញាណខ្លះហើយអំពីអ្វីដែលខ្ញុំទើបបាននិយាយ។ ប្រហែលជាពួកគេមិនជឿជាក់ទេ។ ប៉ុន្តែខ្ញុំមិនចង់ឱ្យអ្នកព្រួយបារម្ភទេ៖ មិនយូរនោះទេ រឿងរ៉ាវជាច្រើនដូចនេះនឹងកើតឡើង ហើយពួកវាអាចត្រូវបានពន្យល់ដោយការពិតតែប៉ុណ្ណោះ។ ចូរយើងទៅលេងមនុស្សសំខាន់ៗមួយចំនួន គ្រូគង្វាលល្បីៗមួយចំនួន ឬអ្នកអធិប្បាយព្រះគម្ពីរ ហើយបង្ហាត់បង្រៀនអូរនេះដល់ពួកគេ។ វាប្រាកដណាស់ថា ដំបូងពួកគេនឹងមិនជំទាស់នឹងវាដោយបើកចំហទេ ប៉ុន្តែពួកគេនឹងយកព្រះគម្ពីរចេញមកដើម្បីល្បងមើលអ្នក។ ពួកគេនឹងឱ្យអ្នករៀបរាប់ពីកណ្ឌគម្ពីរអេសាយ និងកណ្ឌគម្ពីរដានីយ៉ែល ហើយពួកគេនឹងឱ្យអ្នកពន្យល់ពីកណ្ឌគម្ពីរវិវរណៈ។ ហើយបើអ្នកមិនអាចនិយាយបានទេ ពួកគេនឹងបដិសេធអ្នក ហើយហៅអ្នកថាជាព្រះគ្រីស្ទក្លែងក្លាយ និងថា អ្នកកំពុងតែផ្សព្វផ្សាយផ្លូវនៃភាពល្ងីល្ងើ។ មួយម៉ោងក្រោយមក ពួកគេនឹងធ្វើការចោទប្រកាន់ខុសប្រឆាំងនឹងអ្នក ដែលនឹងធ្វើឱ្យអ្នកថប់ដង្ហើម។ តើនេះមិនមែនជាការទទឹងទាស់ដោយបើកចំហទេឬ? ប៉ុន្តែនោះគ្រាន់តែជាការចាប់ផ្ដើមប៉ុណ្ណោះ។ ពួកគេមិនអាចរារាំងជំហានបន្ទាប់នៃកិច្ចការរបស់ព្រះជាម្ចាស់បានទេ ហើយមិនយូរនោះទេ ព្រះវិញ្ញាណបរិសុទ្ធនឹងបង្ខំពួកគេឱ្យទទួលយកវា។ នេះគឺជានិន្នាការដែលមិនអាចទប់ទល់បាន វាគឺជាអ្វីដែលមនុស្សមិនអាចធ្វើបាន និងជាអ្វីដែលមនុស្សមិនអាចស្រមៃឃើញទាល់តែសោះ។ ខ្ញុំជឿថា កិច្ចការរបស់ព្រះជាម្ចាស់ នឹងរីករាលដាលពេញសកលលោក។ នេះជាបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ ហើយគ្មាននរណាអាចបញ្ឈប់បានឡើយ។ សូមឱ្យព្រះជាម្ចាស់បំភ្លឺយើង និងអនុញ្ញាតឱ្យយើងទទួលបានពន្លឺថ្មីៗច្រើនទៀត ហើយយើងមិនរំខានដល់ការគ្រប់គ្រងរបស់ព្រះជាម្ចាស់នៅក្នុងបញ្ហានេះទេ។ សូមឱ្យព្រះជាម្ចាស់មានសេចក្ដីមេត្តា‌ករុណាដល់យើង ដើម្បីឱ្យយើងទាំងអស់គ្នាអាចឃើញការមកដល់នៃថ្ងៃសិរីល្អរបស់ទ្រង់។ ពេលវេលាដែលព្រះជាម្ចាស់អាចរីករាយទទួលនូវសីរីល្អពាសពេញសកលលោកទាំងមូល ក៏ជាពេលវេលាដែលយើងទទួលបានសិរីល្អនៅក្បែរទ្រង់ផងដែរ។ វាហាក់ដូចជានោះក៏ជាពេលវេលាដែលខ្ញុំនឹងបែកពីអស់អ្នកដែលដើរជាមួយខ្ញុំផងដែរ។ ខ្ញុំសង្ឃឹមថា បងប្អូនប្រុសស្រីរបស់ខ្ញុំអាចដំឡើងសំឡេងជាមួយខ្ញុំដើម្បីអង្វរដល់ព្រះជាម្ចាស់៖ សូមឱ្យកិច្ចការដ៏អស្ចារ្យរបស់ព្រះជាម្ចាស់ ត្រូវបានបញ្ចប់ឆាប់ៗនេះ ដើម្បីឱ្យយើងអាចឃើញថ្ងៃសិរីល្អរបស់ទ្រង់ក្នុងជីវិតរបស់យើង។ ខ្ញុំនៅតែសង្ឃឹមថាបានសម្រេចតាមបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ក្នុងមួយជីវិតរបស់ខ្ញុំ ហើយខ្ញុំសង្ឃឹមថា ព្រះជាម្ចាស់អាចបន្តធ្វើកិច្ចការរបស់ទ្រង់ក្នុងខ្លួនយើង និងមិនមានឧបសគ្គណាមួយសោះឡើយ។ នេះគឺជាសេចក្ដីប្រាថ្នាដ៏អស់កល្បរបស់ខ្ញុំ។ សូមឱ្យព្រះជាម្ចាស់ទ្រង់គង់នៅក្នុងយើងជានិច្ច ហើយសូមឱ្យសេចក្ដីស្រឡាញ់របស់ទ្រង់បង្កើតជាស្ពានរវាងយើង ដើម្បីឱ្យមិត្តភាពរវាងយើងកាន់តែមានតម្លៃបន្ថែមទៀត។ ខ្ញុំសង្ឃឹមថា សេចក្ដីស្រឡាញ់បង្កើតការយោគយល់គ្នាបន្ថែមទៀតរវាងយើង ហើយសេចក្ដីស្រឡាញ់អាចនាំឱ្យយើងមានភាពស្និទ្ធស្នាលកាន់តែជ្រាលជ្រៅ លុបបំបាត់គម្លាតរវាងយើង ហើយសេចក្ដីស្រឡាញ់រវាងយើងអាចកាន់តែស៊ីជម្រៅ ទូលំទូលាយ និងផ្អែមល្ហែមជាងមុន។ ខ្ញុំជឿថា នេះច្បាស់ជាបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់របស់ខ្ញុំ។ ខ្ញុំសង្ឃឹមថា បងប្អូនប្រុសស្រីរបស់ខ្ញុំ អាចកាន់តែជិតស្និទ្ធជាមួយខ្ញុំ ហើយយើងអាចរក្សាទុកគ្រាដ៏ខ្លីដែលយើងមានជាមួយគ្នានេះជាកំណប់ទ្រព្យ ដែលអាចធ្វើជាអនុស្សាវរីយ៍ដ៏ស្រស់ស្អាតសម្រាប់យើង។

កិច្ចការរបស់ព្រះជាម្ចាស់អាចមានច្រើនជំហានទៀតនៅប្រទេសចិនដីគោក ប៉ុន្តែវាមិនស្មុគស្មាញនោះទេ។ បើគិតទៅ វាមានហេតុផលចំពោះរាល់ជំហាននៃកិច្ចការរបស់ទ្រង់ កិច្ចការនីមួយៗត្រូវបានអនុវត្តដោយព្រះជាម្ចាស់ផ្ទាល់ព្រះអង្គ ហើយមនុស្សម្នាក់ៗដើរតួនាទីរៀងខ្លួនក្នុងកិច្ចការនេះ។ «ឈុតឆាក» នីមួយៗពិតជាគួរឱ្យចង់សើចមែន ហើយតើអ្នកណាទៅដែលនឹកស្មានថា មនុស្សទាំងនេះនឹងសម្ដែងចេញរឿងល្ខោនបែបនេះ ការសម្ដែងរបស់ពួកគេពិតខ្លាំងណាស់ចំពោះជីវិតក្រោមការល្បងលគ្រប់យ៉ាង ការពណ៌នាគ្រប់លក្ខណៈទាំងអស់របស់មនុស្សបានរស់រវើក និងពេញលេញណាស់នៅក្រោមស្លាបប៉ាការបស់ព្រះជាម្ចាស់ ដោយម្នាក់ៗទទួលរងពន្លឺថ្ងៃយ៉ាងច្រើននោះ? ប៉ុន្តែតាមរយៈការនេះ ខ្ញុំមិនមានន័យថា ព្រះជាម្ចាស់កំពុងលេងសើចជាមួយមនុស្សតាមរយៈកិច្ចការរបស់ទ្រង់នោះទេ។ វាគ្មានហេតុផលអ្វីត្រូវធ្វើដូច្នោះទេ កិច្ចការរបស់ព្រះជាម្ចាស់ប្រកបដោយគោលបំណង ហើយទ្រង់នឹងមិនធ្វើអ្វីដែលឥតប្រយោជន៍ ឬថោកទាបឡើយ។ អ្វីគ្រប់យ៉ាងដែលទ្រង់ធ្វើ គឺដើម្បីធ្វើឱ្យមនុស្សបានគ្រប់លក្ខណ៍ ដើម្បីទទួលយកពួកគេ។ តាមរយៈការនេះ ខ្ញុំឃើញយ៉ាងច្បាស់ថា ដួងព្រះហឫទ័យរបស់ព្រះជាម្ចាស់ គឺចង់ឱ្យតែមនុស្សបានល្អប៉ុណ្ណោះ។ ខ្ញុំអាចហៅការនេះថាជារឿងល្ខោន ប៉ុន្តែវាក៏អាចនិយាយបានថា រឿងល្ខោននេះត្រូវបានយកចេញពីជីវិតពិត។ មានតែថា ចំពោះព្រះជាម្ចាស់ដែលជាអ្នកដឹកនាំទូទៅនៃរឿងល្ខោននេះ មនុស្សនៅក្នុងនោះសហការជាមួយទ្រង់ដើម្បីបញ្ចប់កិច្ចការនេះ។ ទោះយ៉ាងណា ក្នុងន័យម្យ៉ាងទៀត ព្រះជាម្ចាស់ប្រើរឿងនេះដើម្បីទទួលយកមនុស្ស ដើម្បីធ្វើឱ្យពួកគេស្រឡាញ់ទ្រង់កាន់តែខ្លាំង។ តើនេះមិនមែនជាបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ទេឬ? ដូច្នេះខ្ញុំសង្ឃឹមថា គ្មាននរណាម្នាក់ព្រួយបារម្ភនោះទេ។ តើអ្នកមិនយល់ដឹងអ្វីបន្តិចសោះអំពីបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ទេឬ? ខ្ញុំបាននិយាយច្រើនមកហើយ ខ្ញុំសង្ឃឹមថា បងប្អូនប្រុសស្រីបានយល់គ្រប់យ៉ាង ហើយមិនបកស្រាយដួងចិត្តរបស់ខ្ញុំខុសនោះទេ។ ខ្ញុំគ្មានការសង្ស័យនោះទេថា អ្នករាល់គ្នានឹងសុទ្ធតែត្រូវបានព្រះជាម្ចាស់ទទួលយក។ មនុស្សរាល់រូបដើរលើផ្លូវខុសគ្នា។ សូមឱ្យផ្លូវដែលនៅក្រោមជើងរបស់អ្នករាល់គ្នាត្រូវបានបើកបង្ហាញដោយព្រះជាម្ចាស់ ហើយសូមឱ្យអ្នករាល់គ្នាអធិស្ឋានដល់ទ្រង់ដោយនិយាយថា៖ ឱ! ព្រះជាម្ចាស់អើយ! ទូលបង្គំសូមឱ្យព្រះអង្គទទួលយកទូលបង្គំ ដើម្បីឱ្យវិញ្ញាណទូលបង្គំអាចវិលទៅរកព្រះអង្គវិញផង។ តើអ្នកត្រៀមខ្លួនក្នុងការស្វះស្វែងរកការណែនាំដ៏ជ្រាលជ្រៅពីព្រះជាម្ចាស់ហើយឬនៅ?

ខាង​ដើម៖ ផ្លូវ ... (៣)

បន្ទាប់៖ ផ្លូវ ... (៥)

គ្រោះមហន្តរាយផ្សេងៗបានធ្លាក់ចុះ សំឡេងរោទិ៍នៃថ្ងៃចុងក្រោយបានបន្លឺឡើង ហើយទំនាយនៃការយាងមករបស់ព្រះអម្ចាស់ត្រូវបានសម្រេច។ តើអ្នកចង់ស្វាគមន៍ព្រះអម្ចាស់ជាមួយក្រុមគ្រួសាររបស់អ្នក ហើយទទួលបានឱកាសត្រូវបានការពារដោយព្រះទេ?

ការកំណត់

  • អត្ថបទ
  • ប្រធានបទ

ពណ៌​ដិតច្បាស់

ប្រធានបទ

ប្រភេទ​អក្សរ

ទំហំ​អក្សរ

ចម្លោះ​បន្ទាត់

ចម្លោះ​បន្ទាត់

ប្រវែងទទឹង​ទំព័រ

មាតិកា

ស្វែងរក

  • ស្វែង​រក​អត្ថបទ​នេះ
  • ស្វែង​រក​សៀវភៅ​នេះ