ផ្លូវ ... (៣)

ក្នុងជីវិតរបស់ខ្ញុំ ខ្ញុំតែងតែរីករាយក្នុងការថ្វាយចិត្តគំនិត និងរូបកាយរបស់ខ្ញុំទាំងស្រុងដល់ព្រះជាម្ចាស់។ មានតែបែបនោះទេទើបមនសិការរបស់ខ្ញុំគ្មានការស្ដីបន្ទោស និងមានសន្តិភាពបន្តិច។ អស់អ្នកដែលតាមរកជីវិត ត្រូវតែថ្វាយដួងចិត្តទាំងមូលដល់ព្រះជាម្ចាស់ជាមុនសិន នេះគឺជាបុរេលក្ខខណ្ឌ។ ខ្ញុំសូមឲ្យបងប្អូនប្រុសស្រីរបស់ខ្ញុំអធិស្ឋានដល់ព្រះជាម្ចាស់ជាមួយខ្ញុំ៖ «ឱ ព្រះជាម្ចាស់អើយ! សូមព្រះវិញ្ញាណរបស់ព្រះអង្គដែលគង់នៅឯស្ថានសួគ៌ប្រទានព្រះគុណដល់មនុស្សនៅលើផែនដីនេះផង ដើម្បីឲ្យដួងចិត្តរបស់ទូលព្រះបង្គំជាខ្ញុំបានបែរទៅរកព្រះអង្គយ៉ាងពេញទំហឹង ដើម្បីឲ្យវិញ្ញាណរបស់ទូលព្រះបង្គំជាខ្ញុំអាចទទួលបានការជំរុញពីព្រះអង្គ ដើម្បីឲ្យទូលព្រះបង្គំជាខ្ញុំអាចមើលឃើញភាពគួរឲ្យស្រឡាញ់របស់ព្រះអង្គនៅក្នុងដួងចិត្ត និងវិញ្ញាណរបស់ទូលព្រះបង្គំជាខ្ញុំ និងដើម្បីឲ្យមនុស្សនៅលើផែនដីនេះអាចទទួលបានព្រះពរមើលឃើញភាពស្រស់ស្អាតរបស់ព្រះអង្គ។ ព្រះជាម្ចាស់អើយ! សូមព្រះវិញ្ញាណរបស់ព្រះអង្គជំរុញវិញ្ញាណរបស់ពួកទូលព្រះបង្គំជាខ្ញុំម្តងទៀត ដើម្បីឲ្យសេចក្ដីស្រឡាញ់របស់ពួកទូលព្រះបង្គំជាខ្ញុំអាចបានឋិតថេរចីរកាល និងឥតងាករេ!»។ ចំពោះយើងទាំងអស់គ្នា ព្រះជាម្ចាស់សាកល្បងដួងចិត្តរបស់យើងជាមុនសិន ហើយនៅពេលយើងបានចាក់បង្ហូរដួងចិត្តរបស់យើងទៅក្នុងទ្រង់ នោះទ្រង់ក៏ចាប់ផ្តើមអង្រួនវិញ្ញាណរបស់យើង។ មានតែតាមរយៈវិញ្ញាណរបស់យើងតែប៉ុណ្ណោះ ទើបយើងអាចមើលឃើញពីភាពគួរឲ្យស្រឡាញ់ ភាពឧត្ដុង្គឧត្ដម និងភាពអស្ចារ្យរបស់ព្រះជាម្ចាស់បាន។ នេះគឺជាផ្លូវនៃព្រះវិញ្ញាណបរិសុទ្ធនៅក្នុងមនុស្ស។ តើអ្នកមានជីវិតប្រភេទនេះឬទេ? តើអ្នកបានដកពិសោធន៍ជីវិតដែលមានព្រះវិញ្ញាណបរិសុទ្ធហើយឬនៅ? តើវិញ្ញាណរបស់អ្នកបានអង្រួនដោយព្រះជាម្ចាស់ហើយឬនៅ? តើអ្នកបានឃើញនូវរបៀបដែលព្រះវិញ្ញាណបរិសុទ្ធធ្វើការក្នុងខ្លួនមនុស្សហើយឬនៅ? តើអ្នកបានថ្វាយដួងចិត្តរបស់អ្នកទាំងស្រុងទៅឲ្យព្រះជាម្ចាស់ហើយឬនៅ? នៅពេលអ្នកបានថ្វាយដួងចិត្តរបស់អ្នកទាំងស្រុងទៅកាន់ព្រះជាម្ចាស់រួចហើយ នោះអ្នកអាចមានបទពិសោធន៍អំពីជីវិតដែលមានព្រះវិញ្ញាណបរិសុទ្ធដោយផ្ទាល់បានហើយ ហើយកិច្ចការរបស់ទ្រង់នឹងបង្ហាញឲ្យអ្នកឃើញជានិច្ច។ នៅពេលនោះ អ្នកនឹងក្លាយជាមនុស្សម្នាក់ដែលព្រះវិញ្ញាណបរិសុទ្ធប្រើប្រាស់។ តើអ្នកចង់ក្លាយជាមនុស្សបែបនោះទេ? ខ្ញុំចាំបានថា នៅពេលព្រះវិញ្ញាណបរិសុទ្ធបានអង្រួនចិត្តខ្ញុំ ហើយខ្ញុំបានថ្វាយដួងចិត្តខ្ញុំដល់ព្រះជាម្ចាស់ជាលើកដំបូង ខ្ញុំបានលុតជង្គង់នៅចំពោះព្រះភក្ត្រទ្រង់ ហើយស្រែកថា៖ «ឱព្រះជាម្ចាស់អើយ! ទ្រង់បានបើកភ្នែករបស់ខ្ញុំហើយ ហើយទ្រង់អនុញ្ញាតឱ្យខ្ញុំម្ចាស់ដឹងពីការប្រោសលោះរបស់ទ្រង់។ ខ្ញុំសូមថ្វាយដួងចិត្តរបស់ខ្ញុំដល់ទ្រង់ទាំងស្រុង ហើយខ្ញុំសុំឱ្យតែបំណងព្រះហឫទ័យរបស់ទ្រង់បានសម្រេច ខ្ញុំសូមត្រឹមតែថា ដួងចិត្តរបស់ខ្ញុំម្ចាស់អាចទទួលបានការយល់ព្រមពីទ្រង់នៅក្នុងវត្តមានរបស់ទ្រង់ ហើយខ្ញុំសុំតែធ្វើតាមបំណងព្រះហឫទ័យរបស់ទ្រង់ប៉ុណ្ណោះ»។ ខ្ញុំនឹងមិនដែលភ្លេចការអធិស្ឋាននោះឡើយ ខ្ញុំមានការអង្រួនចិត្តជាខ្លាំង ហើយខ្ញុំរំជួលចិត្តរហូតស្រក់ទឹកភ្នែកព្រោះឈឺចាប់ខ្លាំង នៅចំពោះព្រះភក្ត្រព្រះជាម្ចាស់។ នោះគឺជាការអធិស្ឋានដ៏ជោគជ័យជាលើកដំបូងរបស់ខ្ញុំនៅក្នុងវត្តមានរបស់ព្រះជាម្ចាស់ក្នុងនាមជាមនុស្សម្នាក់ដែលត្រូវបានសង្គ្រោះ ហើយវាគឺជាបំណងចិត្តដំបូងនៃដួងចិត្តរបស់ខ្ញុំ។ បន្ទាប់ពីនោះមក ព្រះវិញ្ញាណបរិសុទ្ធបានផ្លាស់ប្ដូរខ្ញុំជារឿយៗ។ តើអ្នកមានបទពិសោធន៍ប្រភេទនេះហើយឬនៅ? តើព្រះវិញ្ញាណបរិសុទ្ធបានធ្វើការនៅក្នុងខ្លួនអ្នកយ៉ាងដូចម្ដេច? ខ្ញុំគិតថា បទពិសោធន៍នេះ ទោះច្រើនឬតិច សុទ្ធតែត្រូវបានចែករំលែកដោយអស់អ្នកដែលស្វះស្វែងស្រឡាញ់ព្រះជាម្ចាស់ វាគ្រាន់តែថា ពួកគេភ្លេចប៉ុណ្ណោះ។ ប្រសិនបើនរណាម្នាក់និយាយថា ពួកគេមិនមានបទពិសោធន៍បែបនោះទេ នេះបញ្ជាក់ថា ពួកគេមិនទាន់ត្រូវបានសង្គ្រោះឡើយ ហើយពួកគេនៅតែស្ថិតក្រោមដែនត្រួតត្រារបស់សាតាំងដដែល។ កិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធដែលមានជាទូទៅសម្រាប់យើងទាំងអស់គ្នា គឺជាផ្លូវនៃព្រះវិញ្ញាណបរិសុទ្ធ ហើយវាក៏ជាផ្លូវរបស់អស់អ្នកដែលជឿ និងស្វះស្វែងរកព្រះជាម្ចាស់ផងដែរ។ ជំហានដំបូងនៃកិច្ចការដែលព្រះវិញ្ញាណបរិសុទ្ធធ្វើនៅក្នុងខ្លួនមនុស្សគឺ អង្រួនវិញ្ញាណរបស់ពួកគេ បន្ទាប់ពីនោះមក ពួកគេចាប់ផ្ដើមស្រឡាញ់ព្រះជាម្ចាស់ និងតាមរកជីវិត ហើយអស់អ្នកដែលដើរលើផ្លូវនេះគឺ ស្ថិតនៅក្នុងអូរនៃព្រះវិញ្ញាណបរិសុទ្ធ។ ទាំងនេះមិនត្រឹមតែជាកម្លាំងចលនានៃកិច្ចការរបស់ព្រះជាម្ចាស់នៅក្នុងប្រទេសចិនដីគោកប៉ុណ្ណោះទេ ប៉ុន្តែគឺនៅទូទាំងសកលលោកផងដែរ។ ទ្រង់ធ្វើការដូច្នេះនៅក្នុងមនុស្សគ្រប់រូប។ ប្រសិនបើនរណាម្នាក់មិនធ្លាប់ត្រូវបានអង្រួនទេ នេះបញ្ជាក់ថា ពួកគេគឺ ស្ថិតនៅក្រៅអូរនៃការសង្គ្រោះហើយ។ នៅក្នុងដួងចិត្តខ្ញុំ ខ្ញុំអធិស្ឋានដល់ព្រះជាម្ចាស់ឥតឈប់ឈរ ដោយសុំឱ្យទ្រង់ផ្លាស់ប្ដូរមនុស្សទាំងអស់ ដើម្បីឱ្យមនុស្សគ្រប់គ្នាដែលនៅក្រោមព្រះអាទិត្យ អាចត្រូវបានអង្រួនដោយទ្រង់ ហើយដើរលើផ្លូវនេះ។ នេះប្រហែលគ្រាន់តែជាសំណើរមិនធំដុំមួយពីខ្ញុំចំពោះព្រះជាម្ចាស់ ប៉ុន្តែខ្ញុំជឿថា ទ្រង់នឹងធ្វើរឿងនេះ។ ខ្ញុំសង្ឃឹមថា បងប្អូនប្រុសស្រីទាំងអស់របស់ខ្ញុំ នឹងអធិស្ឋានសម្រាប់រឿងនេះថា សូមឱ្យបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់បានសម្រេច ហើយសូមឱ្យកិច្ចការរបស់ទ្រង់ចប់ឆាប់ៗនេះ ដើម្បីឱ្យព្រះវិញ្ញាណរបស់ទ្រង់នៅស្ថានសួគ៌បានសម្រាក។ នេះជាក្ដីសង្ឃឹមដ៏តូចមួយរបស់ខ្ញុំផ្ទាល់។

ខ្ញុំជឿថា តាំងពីពេលព្រះជាម្ចាស់ អាចបើកដំណើរការកិច្ចការរបស់ទ្រង់នៅក្នុងបន្ទាយរបស់ពួកបិសាចហើយមក ទ្រង់ពិតជាអាចធ្វើដូច្នេះបានផងដែរនៅកន្លែងផ្សេងទៀតរាប់មិនអស់នៅទូទាំងសកលលោក។ យើងស្ថិតក្នុងយុគសម័យចុងក្រោយ យើងប្រាកដជាឃើញថ្ងៃនៃសិរីល្អរបស់ព្រះជាម្ចាស់ ដូចដែលគេនិយាយថា «អ្នកដែលដើរតាមដល់ទីបញ្ចប់នឹងត្រូវបានសង្គ្រោះ»។ គ្មាននរណាម្នាក់អាចជំនួសព្រះជាម្ចាស់បានទេនៅក្នុងដំណាក់កាលនៃកិច្ចការរបស់ទ្រង់ មានតែព្រះជាម្ចាស់ផ្ទាល់ព្រះអង្គប៉ុណ្ណោះទើបអាចធ្វើកិច្ចការនេះបាន ដ្បិតកិច្ចការនាដំណាក់កាលនេះមិនធម្មតានោះទេ វាជាដំណាក់កាលនៃកិច្ចការនៃការយកឈ្នះ ហើយមនុស្សមិនអាចយកឈ្នះមនុស្សដទៃបានឡើយ។ គេយកឈ្នះមនុស្សបានតែនៅពេលដែលព្រះជាម្ចាស់មានព្រះបន្ទូលដោយផ្ទាល់ព្រះឱស្ឋ និងធ្វើដោយផ្ទាល់ព្រះហស្តរបស់ទ្រង់ប៉ុណ្ណោះ។ នៅទូទាំងសកលលោកនេះ ព្រះជាម្ចាស់ប្រើប្រទេសរបស់នាគដ៏ធំមានសម្បុរក្រហមធ្វើជាកន្លែងសាកល្បង បន្ទាប់មក ទ្រង់នឹងចាប់ផ្ដើមកិច្ចការនេះទៅពាសពេញសកលលោក។ ដូច្នេះ ទ្រង់នឹងបំពេញកិច្ចការកាន់តែធំធេងឡើងនៅទូទាំងសកលលោក ហើយមនុស្សទាំងអស់ក្នុងសកលលោក នឹងទទួលនូវកិច្ចការនៃការយកឈ្នះរបស់ព្រះជាម្ចាស់។ មនុស្សគ្រប់សាសនា និងគ្រប់និកាយ ត្រូវតែទទួលយកដំណាក់កាលនេះ។ នេះជាផ្លូវដែលត្រូវតែដើរ គ្មាននរណាម្នាក់អាចគេចរួចបានឡើយ។ តើអ្នកសុខចិត្តទទួលយកការដែលព្រះជាម្ចាស់ប្រទានឱ្យអ្នកនេះឬទេ? ខ្ញុំតែងតែមានអារម្មណ៍ថា ការទទួលយកព្រះរាជបញ្ជាពីព្រះវិញ្ញាណបរិសុទ្ធគឺជាអ្វីដែលរុងរឿង។ ខ្ញុំមើលឃើញថា នេះគឺជាព្រះរាជបញ្ជាដ៏អស្ចារ្យបំផុតដែលព្រះជាម្ចាស់ប្រទានដល់មនុស្សជាតិ។ ខ្ញុំសង្ឃឹមថា បងប្អូនប្រុសស្រីរបស់ខ្ញុំ ខិតខំធ្វើការជាមួយខ្ញុំ ហើយទទួលយកព្រះរាជបញ្ជានេះពីព្រះជាម្ចាស់ ដើម្បីឱ្យព្រះជាម្ចាស់អាចទទួលបានការលើកតម្កើងពាសពេញសកលលោក និងនៅពិភពខាងលើ ហើយជីវិតរបស់យើង នឹងមិនឥតប្រយោជន៍ឡើយ។ យើងគួរតែធ្វើអ្វីម្យ៉ាងសម្រាប់ព្រះជាម្ចាស់ ឬក៏យើងគួរតែស្បថសច្ចា។ ប្រសិនបើមនុស្សមិនដេញតាមគោលដៅណាមួយនៅពេលពួកគេជឿលើព្រះជាម្ចាស់ទេ នោះជីវិតរបស់ពួកគេគឺគ្មានតម្លៃអ្វីឡើយ ហើយនៅពេលដែលវេលាដែលពួកគេត្រូវស្លាប់មកដល់ នោះពួកគេនឹងឃើញតែមេឃពណ៌ខៀវ និងដីហុយលើផែនដីប៉ុណ្ណោះ។ តើនោះជាជីវិតដែលពោរពេញដោយអត្ថន័យឬ? ប្រសិនបើអ្នកអាចបំពេញតាមលក្ខខណ្ឌតម្រូវរបស់ព្រះជាម្ចាស់បាន ខណៈពេលដែលអ្នកកំពង់រស់នៅ តើនេះមិនមែនជារឿងដ៏ល្អប្រសើរទេឬ? ហេតុអ្វីបានជាអ្នកតែងតែយកបញ្ហាបែបនេះដាក់ខ្លួនទៅវិញ ហើយហេតុអ្វីបានជាអ្នកតែងតែខូចចិត្តដូច្នេះ? តើអ្នកបានទទួលអ្វីខ្លះពីព្រះជាម្ចាស់ ទើបធ្វើបែបនោះ? ហើយតើព្រះជាម្ចាស់អាចទទួលបានអ្វីខ្លះពីអ្នក? នៅក្នុងសម្បថរបស់ខ្ញុំចំពោះព្រះជាម្ចាស់ មានត្រឹមតែជាការសន្យាចេញពីបេះដូងរបស់ខ្ញុំប៉ុណ្ណោះ ខ្ញុំមិនព្យាយាមប្រើពាក្យពេចន៍បំភាន់ទ្រង់ឡើយ។ ខ្ញុំមិនដែលធ្វើរឿងបែបនេះសោះឡើយ (ខ្ញុំចង់តែលួងលោមព្រះជាម្ចាស់ថា ខ្ញុំម្ចាស់ស្រឡាញ់អស់ពីដួងចិត្តរបស់ខ្ញុំម្ចាស់ ដើម្បីឱ្យព្រះវិញ្ញាណរបស់ទ្រង់នៅឯស្ថានសួគ៌អាចបានសុខស្រួល)។ ដួងចិត្តមានតម្លៃក៏ពិតមែន ប៉ុន្តែសេចក្ដីស្រឡាញ់កាន់តែមានតម្លៃខ្លាំងថែមទៀត។ ខ្ញុំនឹងផ្ដល់សេចក្ដីស្រឡាញ់ដ៏មានតម្លៃបំផុតនៅក្នុងដួងចិត្តខ្ញុំដល់ព្រះជាម្ចាស់ ដើម្បីឱ្យទ្រង់អាចរីករាយនឹងរបស់ដែលល្អប្រសើរបំផុតដែលខ្ញុំមាន និងដើម្បីឱ្យទ្រង់អាចត្រូវបានចាក់បំពេញដោយសេចក្ដីស្រឡាញ់ដែលខ្ញុំថ្វាយជូនទ្រង់។ តើអ្នកសុខចិត្តថ្វាយសេចក្ដីស្រឡាញ់របស់អ្នកជូនព្រះជាម្ចាស់ដើម្បីឱ្យទ្រង់រីករាយឬទេ? តើអ្នកសុខចិត្តធ្វើការនេះទុកជាដើមទុននៃអត្ថិភាពរបស់អ្នកឬទេ? តាមបទពិសោធន៍របស់ខ្ញុំ ខ្ញុំបានឃើញថា ខ្ញុំថ្វាយសេចក្ដីស្រឡាញ់ដល់ព្រះជាម្ចាស់កាន់តែច្រើន ខ្ញុំរស់នៅបានកាន់តែរីករាយ។ លើសពីនេះទៅទៀត វាគ្មានដែនកំណត់ចំពោះកម្លាំងរបស់ខ្ញុំទេ ហើយខ្ញុំត្រេកអរក្នុងការថ្វាយទាំងកាយនិងចិត្តរបស់ខ្ញុំ ហើយខ្ញុំមានតែងតែអារម្មណ៍ថា ខ្ញុំប្រហែលជាមិនអាចស្រឡាញ់ព្រះជាម្ចាស់បានគ្រប់គ្រាន់ទេ។ ដូច្នេះ តើសេចក្ដីស្រឡាញ់របស់អ្នកគឺជាសេចក្ដីស្រឡាញ់ដែលស្ដួចស្ដើង ឬជាសេចក្ដីស្រលាញ់គ្មានព្រំដែន ដែលមិនអាចវាស់វែងបាន? ប្រសិនបើអ្នកពិតជាចង់ស្រឡាញ់ព្រះជាម្ចាស់មែន អ្នកនឹងមានសេចក្ដីស្រឡាញ់កាន់តែច្រើនថ្វាយត្រឡប់ទៅទ្រង់វិញ ហើយបើពិតដូច្នោះមែន តើមាននរណា ឬវត្ថុអ្វីដែលអាចឈររាំងផ្លូវនៃសេចក្ដីស្រឡាញ់របស់អ្នកចំពោះព្រះជាម្ចាស់បានទៅ?

ព្រះជាម្ចាស់ថែរក្សាសេចក្ដីស្រឡាញ់របស់មនុស្សគ្រប់រូប។ ព្រះពររបស់ទ្រង់កើនឡើងទ្វេដងចំពោះអស់អ្នកដែលស្រឡាញ់ទ្រង់ ដ្បិតសេចក្ដីស្រឡាញ់របស់មនុស្សពិបាករកបានណាស់ ហើយវាមានតិចតួចណាស់ វាស្ទើរតែគ្មានតែម្ដង។ នៅទូទាំងសកលលោក ព្រះជាម្ចាស់បានព្យាយាមទាមទារឱ្យមនុស្សស្រឡាញ់ទ្រង់វិញ ប៉ុន្តែឆ្លងកាត់ច្រើនយុគសម័យមកហើយរហូតដល់ពេលនេះ មានតិចតួច (មួយក្ដាប់តូច) ប៉ុណ្ណោះដែលបានថ្វាយសេចក្ដីស្រឡាញ់ពិតប្រាកដតបដល់ទ្រង់វិញ។ តាមតែខ្ញុំចាំ មានដូចជាពេត្រុសជាដើម ប៉ុន្តែគាត់ត្រូវបានដឹកនាំដោយព្រះយេស៊ូវផ្ទាល់ ហើយរហូតទាល់តែដល់ពេលគាត់ទទួលមរណភាពប៉ុណ្ណោះ ទើបគាត់បានថ្វាយសេចក្ដីស្រឡាញ់ដ៏ពេញលេញដល់ព្រះជាម្ចាស់ ហើយពេលនោះជីវិតរបស់គាត់ក៏បានបញ្ចប់។ ដូច្នេះហើយ ក្រោមលក្ខខណ្ឌដ៏សាហាវទាំងនេះ ព្រះជាម្ចាស់បានបង្រួមវិសាលភាពនៃកិច្ចការរបស់ទ្រង់នៅក្នុងសកលលោកនេះ ហើយបានប្រើប្រាស់ប្រទេសនៃនាគ​ដ៏​ធំ​មាន​សម្បុរ​ក្រហមធ្វើជាតំបន់សម្រាប់បង្ហាញ ដោយផ្ដោតថាមពលរបស់ទ្រង់ និងការខិតខំរបស់ទ្រង់ទាំងអស់នៅកន្លែងតែមួយ ដើម្បីធ្វើឱ្យកិច្ចការរបស់ទ្រង់កាន់តែមានប្រសិទ្ធភាព និងទទួលបានអត្ថប្រយោជន៍កាន់តែច្រើនដល់ទីបន្ទាល់របស់ទ្រង់។ គឺស្ថិតនៅក្រោមលក្ខខណ្ឌទាំងពីរនេះហើយ ដែលព្រះជាម្ចាស់បានផ្ទេរកិច្ចការរបស់ទ្រង់នៅទូទាំងសកលលោកទៅឱ្យមនុស្សទាំងនេះដែលនៅក្នុងប្រទេសចិនដីគោក ដែលជាមនុស្សមានគុណសម្បត្តិទាបបំផុត ហើយបានចាប់ផ្ដើមកិច្ចការនៃការយកឈ្នះដ៏គួរឱ្យស្រលាញ់របស់ទ្រង់។ ហើយបន្ទាប់ពីទ្រង់បានធ្វើឱ្យពួកគេទាំងអស់ស្រឡាញ់ទ្រង់ នោះទ្រង់នឹងអនុវត្តជំហានបន្ទាប់នៃកិច្ចការរបស់ទ្រង់ ដែលជាផែនការរបស់ព្រះជាម្ចាស់។ ដូច្នេះហើយទើបកិច្ចការរបស់ទ្រង់ទទួលបានផលល្អបំផុត។ វិសាលភាពនៃកិច្ចការរបស់ទ្រង់ មានទាំងស្នូល និងដែនកំណត់។ គេឃើញច្បាស់ពីទំហំនៃតម្លៃដ៏អស្ចារ្យដែលព្រះជាម្ចាស់បានបង់ និងការខិតខំដែលទ្រង់ធ្វើ នៅពេលទ្រង់បំពេញកិច្ចការរបស់ទ្រង់នៅក្នុងខ្លួនយើង ដើម្បីឱ្យថ្ងៃរបស់យើងមកដល់។ នេះគឺជាពរជ័យរបស់យើង។ ដូច្នេះហើយ អ្វីដែលធ្វើឱ្យសញ្ញាណរបស់មនុស្សច្រឡំបល់គឺថា ពួកបស្ចិមប្រទេសច្រណែននឹងយើងដែលបានកើតនៅក្នុងកន្លែងដ៏ល្អមួយ ប៉ុន្តែយើងទាំងអស់គ្នាបែរជាយល់ថា ខ្លួនឯងអន់ថយ និងតូចទាបទៅវិញ។ តើនេះមិនមែនព្រះជាម្ចាស់កំពុងលើកយើងឡើងទេឬ? ពូជពង្សរបស់នាគ​ដ៏​ធំ​មាន​សម្បុរ​ក្រហម ដែលតែងតែត្រូវគេជាន់ឈ្លី ត្រូវបានពួកបស្ចិមប្រទេសគោរពកោតសរសើរ (នេះពិតជាពរជ័យរបស់យើងមែន)។ នៅពេលខ្ញុំគិតអំពីរឿងនេះ ខ្ញុំត្រូវបានយកឈ្នះដោយសេចក្ដីសប្បុរសរបស់ព្រះជាម្ចាស់ ព្រមទាំងដោយការថ្នាក់ថ្នមបីបមបំពេរ និងភាពជិតស្និទ្ធរបស់ទ្រង់។ នេះបង្ហាញថា គ្រប់យ៉ាងដែលព្រះជាម្ចាស់ធ្វើ គឺមិនចុះសម្រុងជាមួយសញ្ញាណរបស់មនុស្សឡើយ។ ទោះបីជាមនុស្សទាំងអស់នេះត្រូវបណ្ដាសាក៏ដោយ ក៏ទ្រង់មិនត្រូវបានទប់ស្កាត់ដោយសារព្រំដែននៃច្បាប់នេះដែរ ហើយទ្រង់មានចេនាផ្ទេរស្នូលនៃកិច្ចការរបស់ទ្រង់មកកាន់ផែនដីនៅកន្លែងនេះ។ ហេតុនេះហើយ ទើបខ្ញុំត្រេកអរជាខ្លាំង ទើបខ្ញុំមានអារម្មណ៍សប្បាយឥតឧបមា។ ដូចអ្នកដែលមានតួនាទីដឹកនាំនៅក្នុងកិច្ចការនេះដែរ តួយ៉ាងមហាបូជាចារ្យនៅអ៊ីស្រាអែលជាដើម ខ្ញុំអាចអនុវត្តកិច្ចការនៃព្រះវិញ្ញាណបានដោយផ្ទាល់ នេះគឺជាពរជ័យរបស់ខ្ញុំ។ តើនរណានឹងហ៊ានស្រមៃធ្វើរឿងបែបនេះ? ប៉ុន្តែសព្វថ្ងៃនេះ រឿងនេះបានមកលើយើងដោយមិនបានរំពឹងដល់។ វាពិតជាសេចក្ដីអំណរក្រៃលែងដែលសមនឹងឱ្យយើងធ្វើពិធីអបអរ។ ខ្ញុំសង្ឃឹមថា ព្រះជាម្ចាស់នៅតែបន្តប្រទានពរដល់យើង ហើយលើកយើងឡើង ដើម្បីឱ្យពួកយើងដែលរស់នៅក្នុងគំនរអាចម៌នេះ អាចត្រូវបានព្រះជាម្ចាស់ប្រើប្រាស់យ៉ាងអស្ចារ្យ និងដើម្បីបានតបស្នងដល់សេចក្ដីស្រឡាញ់របស់ទ្រង់វិញ។

ផ្លូវដែលខ្ញុំដើរឥឡូវនេះ គឺការតបស្នងដល់សេចក្ដីស្រឡាញ់របស់ព្រះជាម្ចាស់ តែខ្ញុំតែងតែមានអារម្មណ៍ថា នេះមិនមែនជាបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ទេ ហើយក៏មិនមែនជាផ្លូវដែលខ្ញុំគួរតែដើរផងដែរ។ ដើម្បីឱ្យបានព្រះជាម្ចាស់ប្រើប្រាស់យ៉ាងអស្ចារ្យ នេះទើបជាបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ និងជាផ្លូវនៃព្រះវិញ្ញាណបរិសុទ្ធ។ ប្រហែលជាខ្ញុំយល់ខុស ប៉ុន្តែខ្ញុំគិតថា នេះជាផ្លូវរបស់ខ្ញុំ ព្រោះតាំងពីយូរយារមកហើយ ខ្ញុំបានសច្ចាចំពោះព្រះជាម្ចាស់ថា ខ្ញុំប្រាថ្នាឱ្យទ្រង់ដឹកនាំខ្ញុំ ដើម្បីឱ្យខ្ញុំអាចដាក់ជើងដើរលើផ្លូវដែលខ្ញុំគួរតែដើរយ៉ាងប្រញាប់ខ្លាំងបំផុត និងអាចបំពេញតាមបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន។ មិនខ្វល់ថាអ្នកឯទៀតគិតយ៉ាងណាទេ ខ្ញុំជឿថា ការធ្វើតាមបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់គឺមានសារៈសំខាន់បំផុត។ គ្មានអ្វីសំខាន់ខ្លាំងនៅក្នុងជីវិតរបស់ខ្ញុំទេ ហើយគ្មាននរណាអាចដកហូតសិទ្ធិនេះពីខ្ញុំបានឡើយ។ នេះជាទស្សនៈផ្ទាល់ខ្លួនរបស់ខ្ញុំ ហើយប្រហែលជាមានអ្នកខ្លះមិនយល់ទេ ប៉ុន្តែខ្ញុំមិនគិតថា ខ្ញុំត្រូវតែផ្ដល់ហេតុផលត្រឹមត្រូវអំពីរឿងនេះដល់អ្នកណាឡើយ។ ខ្ញុំនឹងដើរលើផ្លូវដែលខ្ញុំគួរតែដើរ នៅពេលខ្ញុំស្គាល់ផ្លូវដែលខ្ញុំគួរតែដើរហើយ ខ្ញុំនឹងដើរលើវា ហើយនឹងមិនដកថយឡើយ។ ដូច្នេះ ខ្ញុំត្រលប់មកពាក្យទាំងនេះវិញ៖ ខ្ញុំបានតាំងចិត្តធ្វើតាមបំណងព្រះហឫទ័យព្រះជាម្ចាស់។ ខ្ញុំជឿជាក់ថា បងប្អូនប្រុសស្រីរបស់ខ្ញុំនឹងមិនរិះគន់ខ្ញុំឡើយ! សរុបមក ដូចដែលខ្ញុំបានឃើញដោយខ្លួនឯង អ្នកដទៃអាចនិយាយអំពីអ្វីៗដែលពួកគេចូលចិត្ត ប៉ុន្តែខ្ញុំមានអារម្មណ៍ថា ការធ្វើតាមបំណងព្រះហឫទ័យព្រះជាម្ចាស់ គឺជារឿងសំខាន់បំផុត ហើយគ្មានអ្វីដែលអាចរារាំងខ្ញុំក្នុងរឿងនេះបានឡើយ។ ការធ្វើតាមបំណងព្រះហឫទ័យព្រះជាម្ចាស់ នឹងមិនអាចខុសសោះឡើយ! ហើយវាមិនធ្វើឡើងដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួនរបស់នរណាម្នាក់ទេ! ខ្ញុំជឿថា ព្រះជាម្ចាស់បានទតមើលនៅក្នុងដួងចិត្តខ្ញុំ! ដូច្នេះ តើអ្នកគួរយល់ពីបញ្ហានេះយ៉ាងដូចម្ដេច? តើអ្នកសុខចិត្តថ្វាយខ្លួនសម្រាប់ព្រះជាម្ចាស់ឬទេ? តើអ្នកសុខចិត្តឱ្យព្រះជាម្ចាស់ប្រើប្រាស់អ្នកឬទេ? តើអ្នកសច្ចាធ្វើតាមបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ឬទេ? ខ្ញុំសង្ឃឹមថា ពាក្យពេចន៍របស់ខ្ញុំអាចធ្វើជាជំនួយខ្លះៗដល់បងប្អូនប្រុសស្រីរបស់ខ្ញុំ។ ទោះបីជាគ្មានអ្វីជ្រាលជ្រៅអំពីការយល់ដឹងរបស់ខ្ញុំក៏ដោយ ខ្ញុំនៅតែប្រាប់អ្នកអំពីរឿងទាំងនេះ ដើម្បីឱ្យយើងអាចចែករំលែកអារម្មណ៍លាក់បាំងជ្រៅបំផុតរបស់យើង ដោយគ្មានរបាំងរវាងយើង ដូច្នេះហើយ ព្រះជាម្ចាស់នឹងគង់នៅជាមួយយើងជារៀងរហូត។ ទាំងនេះគឺជាពាក្យសម្ដីចេញពីដួងចិត្តខ្ញុំ។ បានហើយ! នេះគឺជាអ្វីដែលខ្ញុំត្រូវនិយាយចេញពីដួងចិត្តខ្ញុំនៅថ្ងៃនេះ។ ខ្ញុំសង្ឃឹមថា បងប្អូនប្រុសស្រីរបស់ខ្ញុំនឹងខិតខំធ្វើការបន្តទៀត ហើយខ្ញុំសង្ឃឹមថា ព្រះវិញ្ញាណរបស់ព្រះជាម្ចាស់នឹងថែរក្សាយើងជានិច្ច!

ខាង​ដើម៖ ផ្លូវ… (២)

បន្ទាប់៖ ផ្លូវ ... (៨)

តើយើងគួរអធិស្ឋានយ៉ាងដូចម្ដេច ដើម្បីឲ្យព្រះជាម្ចាស់ទ្រង់សណ្ដាប់? សូមទាក់ទងមកកាន់យើងខ្ញុំ ដើម្បីស្វែងរកដំណោះស្រាយ។

ខ្លឹមសារ​ពាក់ព័ន្ធ

អ្នកគួរតែស្ដាប់បង្គាប់ព្រះជាម្ចាស់ នៅក្នុងជំនឿដែលអ្នកជឿដល់ទ្រង់

ហេតុអ្វីបានជាអ្នកជឿលើព្រះជាម្ចាស់? មនុស្សភាគច្រើនត្រូវស្រឡាំង កាំង ដោយសារតែសំណួរនេះ។ ពួកគេតែងតែមានទស្សនៈពីរផ្ទុយគ្នាស្រឡះអំពីព្រះដ៏សកម្ម...

អំពីបទពិសោធន៍

តាមរយៈបទពិសោធន៍របស់ពេត្រុស គាត់បានឆ្លងកាត់ ការល្បងលរាប់រយដងមកហើយ។ បើទោះបីជាមនុស្សសព្វថ្ងៃ នេះដឹងអំពីពាក្យថា «ការល្បងល» ក៏ពួកគេនៅតែយល់ច្រឡំ...

តើអ្នកជឿគួរប្រកាន់យកទស្សនៈអ្វី

តើមនុស្សបានទទួលអ្វីចាប់តាំងពីពួកគេចាប់ផ្តើមជឿលើព្រះជាម្ចាស់ជាលើកដំបូង? តើអ្នកបានដឹងអ្វីខ្លះពីព្រះជាម្ចាស់? ដោយសារជំនឿរបស់អ្នកលើព្រះជាម្ចាស់...

យកចិត្តទុកដាក់បន្ថែមលើតថភាព

មនុស្សគ្រប់រូបអាចក្លាយជាមនុស្សគ្រប់លក្ខណ៍ដោយសារព្រះជាម្ចាស់ ដូច្នេះហើយ គ្រប់គ្នាគួរតែយល់ថា ការបម្រើព្រះបែបណាសមស្របបំផុតនឹងព្រះហឫទ័យទ្រង់។...

ការកំណត់

  • អត្ថបទ
  • ប្រធានបទ

ពណ៌​ដិតច្បាស់

ប្រធានបទ

ប្រភេទ​អក្សរ

ទំហំ​អក្សរ

ចម្លោះ​បន្ទាត់

ចម្លោះ​បន្ទាត់

ប្រវែងទទឹង​ទំព័រ

មាតិកា

ស្វែងរក

  • ស្វែង​រក​អត្ថបទ​នេះ
  • ស្វែង​រក​សៀវភៅ​នេះ