របៀបដែលខ្ញុំគួរ ស្វាគមន៍ព្រះអម្ចាស់

11-07-2023

ខ្ញុំកើតក្នុងគ្រួសារកាន់សាសនាកាតូលិក ហើយតាំងពីក្មេងមក ខ្ញុំបានគោរពប្រណិប័តន៍ជំនឿសាសនាកាតូលិក និងទន្ទឹងរង់ចាំការយាងមកវិញរបស់ព្រះអម្ចាស់។ ពេលធំដឹងក្ដី ខ្ញុំចាប់ផ្ដើមអានព្រះគម្ពីរជារឿយៗ ក្នុងបំណងចង់យល់កាន់តែច្រើនពីសេចក្តីពិត។ បូជាចារ្យយើងក៏បកស្រាយបទគម្ពីរឱ្យយើងស្ដាប់ផងដែរ ដូចជា វិវរណៈ ១:៧៖ «មើល៍! ព្រះអង្គយាងមកតាមពពក ហើយគ្រប់គ្នានឹងបានឃើញទ្រង់ សូម្បីតែអ្នកដែលបានចាក់ទម្លុះទ្រង់ ក៏នឹងបានឃើញទ្រង់ផងដែរ។ ហើយគ្រប់ទាំងកុលសម្ព័ន្ធទាំងអម្បាលម៉ាននៅលើផែនដីនេះ នឹងត្រូវសោកសៅព្រោះតែព្រះអង្គ»។ បូជាចារ្យប្រាប់យើងថា ពេលព្រះអម្ចាស់យាងមកវិញ ទ្រង់នឹងយាងចុះមកលើពពក ហើយគ្រប់គ្នានឹងឃើញទ្រង់។ តែក្រោយមក ពេលខ្ញុំអាយុ២០ឆ្នាំ ខ្ញុំអានខគម្ពីរនេះថា៖ «រីឯថ្ងៃកំណត់ និងវេលានោះ គ្មាននរណាម្នាក់ដឹងឡើយ សូម្បីតែពួកទេវទូតនៅស្ថានបរមសុខក៏ពុំជ្រាបដែរ មានតែព្រះបិតាមួយព្រះអង្គប៉ុណ្ណោះដែលទ្រង់ជ្រាប» (ម៉ាថាយ ២៤:៣៦)។ ខនេះចែងថា ពេលព្រះអម្ចាស់យាងមកវិញ គ្មាននរណាម្នាក់នឹងដឹងពីរឿងនេះទេ តែបូជាចារ្យបានប្រាប់យើងថា ពេលព្រះអម្ចាស់យាងមកវិញ ទ្រង់នឹងយាងចុះមកលើពពក ហើយគ្រប់គ្នានឹងឃើញទ្រង់។ តើវាមានន័យដូចម្ដេចទៅ? តើព្រះអម្ចាស់នឹងយាងមកវិញបែបណាឱ្យប្រាកដទៅ? ខ្ញុំច្របូកច្របល់ណាស់។ នៅឯការជួបជុំ ខ្ញុំបានស្វែងរកបូជាចារ្យម្នាក់ទៀត តែគាត់គ្រាន់តែប្រាប់ខ្ញុំថា៖ «ព្រះគម្ពីរចែងច្បាស់ថា៖ ពេលព្រះអម្ចាស់យាងមកវិញ ទ្រង់នឹងយាងចុះមកលើពពក។ មិនបាច់ពន្យល់អ្វីច្រើនទៀតទេ។ ឱ្យតែឯងជឿលើរឿងនេះ វាបានហើយ»។ ខ្ញុំខកចិត្តជាខ្លាំងចំពោះអាកប្បកិរិយារបស់បូជាចារ្យនោះ។ ខ្ញុំចង់ស្វែងយល់ពីអត្ថន័យពិតនៃទំនាយនេះ តែនៅក្នុងពួកជំនុំកាតូលិក យើងគ្រាន់តែចំណាយពេលអធិស្ឋាន និងធ្វើពិធីផ្សេងៗប៉ុណ្ណោះ។ ក៏ប៉ុន្តែ ការទាំងនេះមិនបានផ្ដល់ការទ្រទ្រង់ ឬការយល់ដឹងអំពីបន្ទូលព្រះអម្ចាស់ដល់ខ្ញុំឡើយ។ បន្តិចម្ដងៗ ខ្ញុំលែងចាប់អារម្មណ៍លើពួកជំនុំកាតូលិក ហើយគ្រាន់តែបន្តចូលរួមពិធីអភិបូជាតាមទម្លាប់ប៉ុណ្ណោះ។

ក្នុងឆ្នាំ ២០០១ ខ្ញុំបានទៅធ្វើការនៅក្រៅប្រទេស។ ថ្ងៃមួយ សហការីម្នាក់បានអញ្ជើញខ្ញុំទៅចូលរួមការជួបជុំគ្រីស្ទបរិស័ទមួយ។ ខ្ញុំគិតថា នៅទីនោះ ប្រហែលខ្ញុំអាចរៀនអំពីសេចក្តីពិតបាន ដូច្នេះ ខ្ញុំបានសុំឱ្យគ្រូគង្វាលជួយដោះការភាន់ច្រឡំខ្ញុំ។ គ្រូគង្វាលឆ្លើយដោយមិនបានគិតថា៖ «ព្រះគម្ពីរចែងយ៉ាងច្បាស់អំពីចំណុចនេះ ដូច្នេះ មិនចាំបាច់ពន្យល់ច្រើនឡើយ។ ពេលព្រះអម្ចាស់យាងមកវិញ យើងច្បាស់ជាឃើញទ្រង់យាងចុះលើពពកមិនខាន»។ ខ្ញុំខកចិត្តចំពោះចម្លើយរបស់គ្រូគង្វាលនេះណាស់ ហើយបញ្ហាខ្ញុំនៅតែមិនបានដោះស្រាយដដែល។ យូរទៅ ខ្ញុំយល់ថា ខ្ញុំក៏រកមិនឃើញការទ្រទ្រង់ណាមួយនៅក្នុងនិកាយនេះដែរ ហើយខ្ញុំចាប់ផ្ដើមមានអារម្មណ៍កាន់តែទទេនៅក្នុងចិត្ត។ ខ្ញុំមានបំណងកាន់តែចង់ស្វែងរកចម្លើយ។ ដូច្នេះ ខ្ញុំចាប់ផ្ដើមទៅលេងពួកជំនុំគ្រីស្ទបរិស័ទផ្សេងទៀត តែគ្មាននរណាអាចដោះការភាន់ច្រឡំរបស់ខ្ញុំបានទេ។ ខ្ញុំអធិស្ឋានទៅព្រះអម្ចាស់ដោយស្មោះថា៖ «ឱព្រះអម្ចាស់អើយ សូមជួយខ្ញុំម្ចាស់រកបានពួកជំនុំ និងបុគ្គលស័ក្តិសម មកណែនាំផង ដូច្នេះ ខ្ញុំម្ចាស់អាចយល់ពីសេចក្តីពិត និងដោះការភាន់ច្រឡំរបស់ខ្ញុំម្ចាស់ផង»។

ក្រោយមក ថ្ងៃមួយក្នុងខែមករា ឆ្នាំ២០១៩ ដែលជាថ្ងៃពិសេសណាស់សម្រាប់ខ្ញុំ បងស្រីម្នាក់មកពីអូស្រ្តាលីបានស្នើធ្វើមិត្តខ្ញុំនៅលើ Facebook។ ខ្ញុំឃើញអត្ថបទខ្លះដែលគាត់បានចែកចាយនៅលើ Facebook របស់គាត់ ដូចជា «អ្វីជាស្ត្រីព្រហ្មចារីមានគំនិត» «វិធីឱ្យព្រះស្ដាប់ឮពាក្យអធិស្ឋានរបស់អ្នក» ជាដើម។ ខ្លឹមសារនោះសុទ្ធតែថ្មីទាំងអស់ ខ្ញុំយល់ថា វាមានបង្កប់សេចក្តីពិតក្នុងនោះ ហើយពួកជំនុំបងស្រី ប្រហែលអាចឆ្លើយសំណួររបស់ខ្ញុំបាន។ ក្រោយមក គាត់សួរខ្ញុំថាតើខ្ញុំចង់ចូលរួមការជួបជុំឬអត់ ហើយខ្ញុំក៏យល់ព្រមដោយក្ដីរីករាយ។ នៅក្នុងការជួបជុំ បងស្រីខាមេឡានិយាយថា៖ «ថ្ងៃនេះ យើងនឹងប្រកបគ្នាថា ព្រះអម្ចាស់យាងមកបែបណាឱ្យប្រាកដនៅគ្រាចុងក្រោយ»។ ពេលឮបែបនេះ ខ្ញុំភ្ញាក់ផ្អើលជាខ្លាំង។ តើនេះមិនមែនជាចំណុចដែលខ្ញុំភាន់ច្រឡំកន្លងមកទេឬអី? ខ្ញុំទន្ទឹងចង់ស្ដាប់ការប្រកបគ្នារបស់គាត់ជាខ្លាំង។ បងស្រីខាមេឡានិយាយថា៖ «ពេលពួកគេអានទំនាយនៅក្នុងគម្ពីរវិវរណៈ 'មើល៎ ព្រះអង្គយាងមកដោយគង់នៅលើពពក ហើយគ្រាប់ទាំងភ្នែកមនុស្សទាំងអស់ នឹងមើលឃើញទ្រង់ ហើយអ្នកដែលបានចាក់ទម្លុះទ្រង់ក៏មើលឃើញដែរ ហើយអស់ទាំងពូជមនុស្សនៅលើផែនដីនឹងទ្រហោយំដោយសារទ្រង់' (វិវរណៈ ១:៧) មនុស្សជាច្រើនគិតថា ពេលព្រះអម្ចាស់យាងមកវិញ ទ្រង់នឹងយាងចុះមកលើពពក ហើយគ្រប់គ្នានឹងឃើញទ្រង់ ទ្រង់យាងមកក្នុងទិដ្ឋភាពដ៏អស្ចារ្យ ផ្កាយនឹងធ្លាក់ពីលើមេឃ ហើយស្ថានសួគ៌ និងផែនដី នឹងរញ្ជួយ។ តើទស្សនៈនេះត្រឹមត្រូវដែរទេ? តាមពិត ព្រះគម្ពីរមានខគម្ពីរផ្សេងទៀត ដែលផ្ដល់ជាទំនាយអំពីការយាងមកវិញរបស់ព្រះអម្ចាស់ ដូចជា 'មើល៍! ខ្ញុំមកដូចជាចោរ' (វិវរណៈ ១៦:១៥) និង 'ប៉ុន្តែ ចំពោះថ្ងៃ និងពេលកំណត់នោះ គឺគ្មានមនុស្សណាម្នាក់ដឹងឡើយ សូម្បីតែពួកទេវតានៃស្ថានសួគ៌ និងព្រះរាជបុត្រាក៏មិនជ្រាបផង គឺមានតែព្រះវរបិតារបស់ខ្ញុំមួយប៉ុណ្ណោះដែលជ្រាប' (ម៉ាថាយ ២៤:៣៦)។ ខគម្ពីរទាំងនេះចែងអំពីការយាងមកវិញរបស់ព្រះអម្ចាស់ថា ព្រះអង្គនឹង យាងមក 'ដូចជាចោរ' ហើយគ្មាននរណាដឹងពីពេលកំណត់ទេ។ ខគម្ពីរទាំងនេះប្រាប់យើងថា ព្រះអម្ចាស់នឹងយាងមកស្ងាត់ៗដោយលួចលាក់ ហើយគ្មាននរណានឹងដឹងពីការយាងមកវិញរបស់ទ្រង់ឡើយ។ បើពេលទ្រង់យាងមកវិញ ព្រះអម្ចាស់ត្រូវលេចមកនៅចំពោះមនុស្សលើពពក ដើម្បីឱ្យគ្រប់គ្នាឃើញ ធ្វើម្ដេចសម្រេចតាមទំនាយផ្សេងទៀតទៅ?» ខ្ញុំភ្ញាក់ផ្អើលចំពោះសម្ដីរបស់គាត់នេះណាស់។ នេះជាលើកដំបូងហើយ ដែលខ្ញុំឮអំពីព្រះអម្ចាស់យាងមកស្ងាត់ៗ និងយាងមក «ដូចជាចោរ»។ ចុះម្ដេចក៏បូជាចារ្យ និងគ្រូគង្វាលមិនលើកឡើងអំពីចំណុចនេះ? តែបើទ្រង់ត្រូវ «យាងមកដូចចោរ» មែន តើនេះមិនផ្ទុយនឹងទំនាយអំពីទ្រង់ដែលត្រូវយាងមកវិញ ដោយយាងចុះលើពពកទេឬអី? ខ្ញុំចង់យល់ពីចំណុចនេះណាស់។ បងស្រីបន្តប្រកបគ្នាទៀតថា៖ «ការពិតគឺថា ទំនាយអំពីការយាងមកវិញរបស់ព្រះអម្ចាស់ នឹងត្រូវសម្រេចទាំងអស់។ វាគ្រាន់តែពាក់ព័ន្ធនឹងដំណើរការ និងលំដាប់លំដោយប៉ុណ្ណោះ។ ដំបូង ទ្រង់នឹងយាងមកដោយយកកំណើតជាមនុស្សស្ងាត់ៗ ដោយបញ្ចេញសេចក្តីពិត ដើម្បីបន្សុទ្ធ និងសង្គ្រោះមនុស្សជាតិ ក្រោយមក ទ្រង់នឹងយាងចុះមកលើពពក ដើម្បីលេចមកជាចំហនៅមុខគ្រប់ជាតិសាសន៍ និងគ្រប់ប្រជាជាតិ។ ទំនាយទាំងអស់អំពីការយាងមកវិញរបស់ទ្រង់ នឹងត្រូវសម្រេចបែបនេះឯង»។ ការប្រកបគ្នារបស់បងស្រី ពិតជាធ្វើឱ្យខ្ញុំបានភ្លឺភ្នែកមែន។ វាបែរជា ព្រះអម្ចាស់ត្រូវយាងមកវិញតាមវិធីពីរយ៉ាង។ ខ្ញុំពិតជាយល់ស្របទាំងស្រុងចំពោះការពន្យល់របស់គាត់។ ខ្ញុំពិតជាចង់ស្វែងយល់ថែមទៀតណាស់ ដូច្នេះ ខ្ញុំសួរគាត់ថា៖ «បងទើបតែលើកឡើងថា ព្រះអម្ចាស់យាងមកស្ងាត់ៗនៅក្នុងសាច់ឈាម។ តើបងចង់មានន័យដូចម្ដេចដែរ?» បងស្រីនេះបានអានខគម្ពីរពីរបីឱ្យខ្ញុំស្ដាប់៖ «ដូច្នេះ ចូរអ្នករាល់គ្នាត្រៀមខ្លួនជាស្រេចដែរ ដ្បិតបុត្រមនុស្សនឹងយាងមកនៅវេលាដែលអ្នករាល់គ្នាមិនបានគិត» (លូកា ១២:៤០)។ «ដ្បិតផ្លេកបន្ទោរ ដែលភ្លឺពីផ្នែកម្ខាងនៅក្រោមមេឃ ចាំងជះទៅកាន់ផ្នែកម្ខាងទៀតនៅក្រោមមេឃ នោះបុត្រមនុស្ស នៅថ្ងៃដែលទ្រង់យាងមក ក៏ដូច្នេះដែរ។ ប៉ុន្តែ ជាដំបូងទ្រង់ត្រូវរងទុក្ខលំបាកជាច្រើន ហើយត្រូវមនុស្សជំនាន់នេះបដិសេធផង» (លូកា ១៧:២៤-២៥)។ «តែដូចសម័យរបស់លោកណូអេយ៉ាងណា បុត្រមនុស្សក៏នឹងយាងមកយ៉ាងនោះដែរ» (ម៉ាថាយ ២៤:៣៧)។ ក្រោយមក បងស្រីប្រកបគ្នាថា៖ «ក្នុងចំណោមខគម្ពីរទាំងអស់នេះ តើប្អូនឃើញពាក្យគន្លឹះមួយដែរទេ? ខគម្ពីរទាំងអស់សុទ្ធតែលើកឡើងអំពី 'បុត្រមនុស្ស'។ វាបង្ហាញថា ពេលព្រះអម្ចាស់យាងមកវិញ ទ្រង់នឹងយាងចុះមកស្ងាត់ៗ ជាបុត្រមនុស្ស។ តើពាក្យថា 'បុត្រមនុស្ស' មានន័យដូចម្ដេចដែរ? ពាក្យនេះសំដៅលើការយកកំណើតជាមនុស្សរបស់ព្រះ។ បើទ្រង់ជាព្រះវិញ្ញាណ គេមិនអាចហៅទ្រង់ជាបុត្រមនុស្សបានទេ ដូចកាលព្រះយេហូវ៉ាដ៏ជាព្រះ ជាព្រះវិញ្ញាណអ៊ីចឹង គេមិនអាចហៅទ្រង់ជាបុត្រមនុស្សបានឡើយ។ ព្រះអម្ចាស់យេស៊ូវ ត្រូវបានហៅថាជាបុត្រមនុស្ស ព្រោះតែទ្រង់ជាការយកកំណើតជាមនុស្សរបស់ព្រះវិញ្ញាណ។ ទោះបីទ្រង់មានរូបរាងដូចជាមនុស្សធម្មតា កើតចេញពីមនុស្ស និងមានភាពជាមនុស្សធម្មតាក៏ដោយ ក៏ក្នុងរូបអង្គទ្រង់មានព្រះវិញ្ញាណសណ្ឋិតក្នុងនោះដែរ។ ទ្រង់ជាព្រះដែលយកកំណើតជាមនុស្ស។ ដូចនេះ ព្រះអម្ចាស់យេស៊ូវបានថ្លែងទំនាយអំពីការយាងមកវិញរបស់ទ្រង់ថាជា 'ការយាងមករបស់បុត្រមនុស្ស' ចង់បង្ហាញថា ពេលទ្រង់យាងមកវិញ ទ្រង់នឹងលេចមកជាសាច់ឈាម និងមិនមានរូបកាយខាងវិញ្ញាណដោយផ្ទាល់ឡើយ»។ តាមរយៈការប្រកបគ្នារបស់បងស្រី ខ្ញុំចាប់ផ្ដើមយល់ពីអត្ថន័យពិតនៃពាក្យថា «បុត្រមនុស្ស»។ ខ្ញុំក៏រៀនបានដែរថា ព្រះអម្ចាស់យាងចុះមកស្ងាត់ៗ សំដៅលើ ព្រះជាម្ចាស់លេចមក ដោយការយកកំណើតជាមនុស្ស។ ការប្រកបគ្នានេះស្របតាមព្រះគម្ពីរ។ បងស្រីបន្តប្រកបគ្នាទៀតថា៖ «ដូចនេះ ពេលព្រះអម្ចាស់យាងមកវិញ ដំបូង ទ្រង់យាងចុះមកស្ងាត់ៗ ដោយការយកកំណើតជាមនុស្ស បញ្ចេញសេចក្តីពិត និងធ្វើកិច្ចការជំនុំជម្រះ ដោយចាប់ផ្ដើមពីដំណាក់របស់ព្រះ ដើម្បីបន្សុទ្ធ និងសង្រ្គោះអស់អ្នកណាដែលត្រូវបានលើកឡើងនៅមុខបល្ល័ង្កទ្រង់ និងបង្កើតបានជាអ្នកមានជ័យជម្នះមួយក្រុមនៅមុនពេលគ្រោះមហន្តរាយ។ នៅពេលអ្នកមានជ័យជម្នះមួយក្រុមនេះត្រូវបានបង្កើតរួច គ្រោះមហន្តរាយដ៏ធំនឹងកើតឡើង ហើយព្រះនឹងចាប់ផ្ដើមដាក់ទោសមនុស្សអាក្រក់ និងប្រទានរង្វាន់ដល់មនុស្សល្អ។ ក្រោយមក ព្រះនឹងយាងចុះមកលើពពក ហើយលេចមកដោយចំហនៅចំពោះមនុស្សជាតិ ហើយគ្រានោះ មនុស្សជាតិទាំងអស់នឹងស្រែកយំ។ ហេតុអ្វីក៏ពួកគេនឹងធ្វើបែបនេះ? គឺព្រោះតែពេលព្រះយាងចុះមកស្ងាត់ៗនៅក្នុងសាច់ឈាម មនុស្សជាច្រើនមិនស្គាល់ទ្រង់ជាព្រះទេ។ ពួកគេឃើញទ្រង់មានរូបរាងជាមនុស្សធម្មតា មិនខ្ពង់ខ្ពស់ ដូច្នេះ ពួកគេមិនចាត់ទុកទ្រង់ជាព្រះឡើយ។ ពួកគេមិនត្រឹមតែមិនទទួលយកទ្រង់ប៉ុណ្ណោះទេ តែក៏ថ្កោលទោស ទាស់ទទឹង និងបដិសេធទ្រង់ផងដែរ។ ដូច្នេះ ពេលព្រះអម្ចាស់យាងចុះមកដោយចំហនៅលើពពក ដើម្បីប្រទានរង្វាន់ដល់មនុស្សល្អ និងដាក់ទោសមនុស្សអាក្រក់ ពួកគេនឹងឃើញថា តាមពិត ពួកគេកំពុងថ្កោលទោស និងទាស់ទទឹងនឹងព្រះអម្ចាស់យេស៊ូវដែលបានយាងមកវិញរួចហើយ តែពេលនោះ វានឹងយឺតពេលមិនខាន ហើយអ្វីដែលពួកគេអាចធ្វើបាន គឺមានតែយំ និងសង្កៀតធ្មេញប៉ុណ្ណោះ។ លើកនេះ ទំនាយអំពីគម្ពីរវិវរណៈ ១:៧ 'មើល៎ ព្រះអង្គយាងមកដោយគង់នៅលើពពក ហើយគ្រាប់ទាំងភ្នែកមនុស្សទាំងអស់ នឹងមើលឃើញទ្រង់ ហើយអ្នកដែលបានចាក់ទម្លុះទ្រង់ក៏មើលឃើញដែរ ហើយអស់ទាំងពូជមនុស្សនៅលើផែនដីនឹងទ្រហោយំដោយសារទ្រង់' នឹងត្រូវសម្រេចទាំងស្រុងមិនខាន! ដូចនេះ ការដែលយើងស្វាគមន៍ព្រះអម្ចាស់ ពេលទ្រង់យាងមកធ្វើកិច្ចការខាងសាច់ឈាម ពិតជាសំខាន់ណាស់។ បើយើងរង់ចាំដល់ទ្រង់យាងចុះមកលើពពក នោះវានឹងយឺតពេលមិនខាន»។ បន្ទាប់ពីស្ដាប់ការប្រកបគ្នារបស់បងស្រីរួច ខ្ញុំមានអារម្មណ៍ដូចជានៅទីបំផុត ខ្ញុំបានរួចពីគុក ដែលខ្ញុំបានជាប់ជាយូរឆ្នាំហើយអ៊ីចឹង។ ខ្ញុំបានឃើញពន្លឺ និងមានសេរីភាពយ៉ាងពិតប្រាកដ។ ការប្រកបគ្នារបស់បងស្រីបានដោះការភាន់ច្រឡំរបស់ខ្ញុំ និងជួយឱ្យខ្ញុំយល់ពីអាថ៌កំបាំងអំពីការយាងមកវិញរបស់ព្រះអម្ចាស់។ ខ្ញុំយល់ថា ពួកជំនុំរបស់គាត់មានកិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធ ហើយខ្ញុំទន្ទឹងចង់ចូលរួមការជួបជុំបន្ទាប់ខ្លាំងណាស់។

រឿងនឹកស្មានមិនដល់គឺថា ក្នុងពេលជួបជុំបន្ទាប់ គាត់ប្រាប់ខ្ញុំអំពីព័ត៌មានដ៏គួរឱ្យភ្ញាក់ផ្អើលមួយ។ គាត់ថា៖ «ព្រះអម្ចាស់បានយាងមកវិញរួចហើយ និងបានយកកំណើតជាព្រះដ៏មានគ្រប់ព្រះចេស្ដា។ ទ្រង់បានបញ្ចេញសេចក្តីពិតជាច្រើន និងកំពុងធ្វើកិច្ចការជំនុំជម្រះ ដោយចាប់ផ្ដើមពីដំណាក់ព្រះ...»។ ពេលឮបែបនេះ ខ្ញុំភ្ញាក់ផ្អើល រំភើបចិត្ត និងចង់ដឹងខ្លាំងណាស់។ បើព្រះគម្ពីរចែងថា គ្មាននរណានឹងដឹងពីការយាងមកវិញរបស់ព្រះអម្ចាស់ តើពួកគេដឹងដោយរបៀបណាទៅ? ខ្ញុំបានសួរបងស្រីអំពីសំណួរនេះ។ គាត់ប្រកបគ្នាដោយអំណត់ថា៖ «បើគ្មាននរណាដឹងអំពីការយាងមកវិញរបស់ទ្រង់ទេ ធ្វើម្ដេចឱ្យយើងស្វាគមន៍ទ្រង់បានទៅ? ការពិត ព្រះគម្ពីរចែងថា៖ 'ប៉ុន្តែ ចំពោះថ្ងៃ និងពេលកំណត់នោះ គឺគ្មានមនុស្សណាម្នាក់ដឹងឡើយ សូម្បីតែពួកទេវតានៃស្ថានសួគ៌ និងព្រះរាជបុត្រាក៏មិនជ្រាបផង គឺមានតែព្រះវរបិតារបស់ខ្ញុំមួយប៉ុណ្ណោះដែលជ្រាប' (ម៉ាថាយ ២៤:៣៦)។ អត្ថន័យនៃខគម្ពីរនេះគឺថា គ្មាននរណាដឹងពីពេលកំណត់ជាក់លាក់អំពីការយាងមកវិញរបស់ព្រះអម្ចាស់ឡើយ តែនៅពេលទ្រង់ចាប់ផ្ដើមមានបន្ទូល និងធ្វើការ មនុស្សអាចស្គាល់សូរសៀងព្រះចេញពីបន្ទូលទ្រង់ ពេលនោះ គេនឹងដឹងថា ព្រះអម្ចាស់បានយាងមកវិញហើយ រួចស្វាគមន៍ព្រះអម្ចាស់។ ការនេះសម្រេចទំនាយអំពីព្រះអម្ចាស់យេស៊ូវ 'ចៀមខ្ញុំស្គាល់សំឡេងខ្ញុំ ហើយខ្ញុំក៏ស្គាល់ពួកវាដែរ ហើយពួកវាក៏ដើរតាមខ្ញុំផង' (យ៉ូហាន ១០:២៧) និង 'មើល៍ ខ្ញុំឈរនៅមាត់ទ្វារ ទាំងគោះ ប្រសិនបើអ្នកណាឮសំឡេងខ្ញុំ ហើយបើកទ្វារឲ្យខ្ញុំ នោះខ្ញុំនឹងចូលទៅឯអ្នកនោះ រួចបរិភោគជាមួយអ្នកនោះ ហើយអ្នកនោះក៏បរិភោគជាមួយនឹងខ្ញុំដែរ' (វិវរណៈ ៣:២០)។ ការនេះដូចជាពេលដែលព្រះអម្ចាស់យេស៊ូវយាងមកធ្វើការអ៊ីចឹង។ ពេត្រុស យ៉ូហាន យ៉ាកុប ម៉ាថាយ និងអ្នកផ្សេងទៀត ដំបូងឡើយ មិនដឹងថា ព្រះអម្ចាស់យេស៊ូវ ជាព្រះមែស្ស៊ីទេ តែបន្ទាប់ពីពួកគេមានទំនាក់ទំនងជាមួយទ្រង់ និងស្គាល់សូរសៀងព្រះចេញពីបន្ទូលទ្រង់រួច ពួកគេក៏ដឹងថា ទ្រង់ជាព្រះមែស្ស៊ី។ ក្រោយមក ពេត្រុស យ៉ូហាន និងអ្នកផ្សេងទៀត ចាប់ផ្ដើមផ្សាយដំណឹងល្អរបស់ព្រះអម្ចាស់ទៅគ្រប់ទីកន្លែង។ នេះជារបៀបដែលមនុស្សកាន់តែច្រើនបានទទួលសេចក្តីសង្រ្គោះរបស់ព្រះអម្ចាស់ ហើយបន្តិចម្ដងៗ មនុស្សស្មោះត្រង់មាននៅពាសពេញពិភពលោក។ ដូចនេះ ការស្វាគមន៍របស់យើងចំពោះការយាងមកវិញរបស់ព្រះអម្ចាស់ មិនទាក់ទងថាតើយើងដឹងពីពេលដែលទ្រង់នឹងយាងមកវិញឬអត់នោះទេ តែស្ថិតលើថាតើយើងអាចសិក្សាស្វែងយល់ឬអត់ ពេលគេធ្វើបន្ទាល់ពីការយាងមកវិញរបស់ព្រះអម្ចាស់ និងថាតើយើងអាចស្គាល់សូរសៀងព្រះអម្ចាស់ឬអត់ ពេលទ្រង់មានបន្ទូល។ បែបនេះ យើងអាចស្វាគមន៍ព្រះអម្ចាស់បានហើយ»។ ការប្រកបគ្នារបស់បងស្រី ពិតជាបានពាល់ចិត្តខ្ញុំខ្លាំងណាស់ ព្រោះតាមរយៈការប្រកបគ្នាអំពីបន្ទូលព្រះអម្ចាស់ ការភាន់ច្រឡំរបស់ខ្ញុំត្រូវបានដោះស្រាយ។ ពីមុន ខ្ញុំតែងភាន់ច្រឡំ ឆ្ងល់ជានិច្ចថា៖ «តើយើងគួរស្វាគមន៍ព្រះអម្ចាស់បែបណា? តើអាចធ្វើឱ្យព្រះអម្ចាស់រីករាយ និងស្វាគមន៍ទ្រង់ ដោយចំណាយពេលអធិស្ឋាន និងកាន់តាមពិធីផ្សេងៗជាទៀងទាត់ឬ?» ប៉ុន្តែ ឥឡូវ ខ្ញុំចាប់ផ្ដើមយល់ថា មានតែតាមរយៈការស្ដាប់ឮសូរសៀងព្រះប៉ុណ្ណោះ ទើបគេអាចស្វាគមន៍ការយាងមកវិញរបស់ព្រះអម្ចាស់បាន។ ដូច្នេះ ខ្ញុំយល់ថា ការបំភ្លឺដែលខ្ញុំទទួលបានពីការជួបជុំទាំងពីរនោះ លើសឆ្ងាយពីអ្វីដែលខ្ញុំទទួលបានប៉ុន្មានឆ្នាំជាអ្នកកាន់សាសនាកាតូលិកទៅទៀត។ ខ្ញុំចង់រៀនពីសេចក្តីពិតជាច្រើនថែមទៀត ដ្បិតការនេះនឹងជួយឱ្យខ្ញុំយល់កាន់តែច្បាស់ថា ព្រះដ៏មានគ្រប់ព្រះចេស្ដា គឺជាព្រះអម្ចាស់ដែលបានយាងមកវិញហើយ។ ដូច្នេះ ខ្ញុំបានសួរសំណួរមួយទៀតដល់បងស្រីថា៖ «នៅគ្រាចុងក្រោយ ដំបូង ព្រះអម្ចាស់យាងចុះមកស្ងាត់ៗជាសាច់ឈាម រួចក្រោយមក លេចមកជាចំហនៅលើពពក ចំណុចនេះ ខ្ញុំយល់ ចុះហេតុអ្វីក៏ដំបូង ព្រះអម្ចាស់ត្រូវយកកំណើតជាមនុស្ស? ហេតុអ្វីក៏ទ្រង់មិនគ្រាន់តែលេចមកក្នុងទម្រង់ជាវិញ្ញាណដោយផ្ទាល់ម៉ងទៅ?»

គាត់បានប្រកបគ្នាថា៖ «ការដែលព្រះលេចមកជាសាច់ឈាម ដើម្បីធ្វើការ នោះអាស្រ័យទាំងស្រុងលើអ្វីដែលចាំបាច់សម្រាប់កិច្ចការរបស់ទ្រង់ ក៏អាស្រ័យលើអ្វីដែលមនុស្សពុករលួយត្រូវការផងដែរ»។ ក្រោយមក បងស្រីបានអានអត្ថបទពីររបស់ព្រះដ៏មានគ្រប់ព្រះចេស្ដាឱ្យខ្ញុំស្ដាប់។ «កិច្ចការសង្រ្គោះមនុស្សរបស់ព្រះជាម្ចាស់មិនត្រូវបានធ្វើឡើងដោយផ្ទាល់ ដោយប្រើប្រាស់វិធីសាស្ត្ររបស់ព្រះវិញ្ញាណ និងអត្តសញ្ញាណរបស់ព្រះវិញ្ញាណឡើយ ព្រោះថាមនុស្សមិនអាចប៉ះពាល់ ឬមើលឃើញព្រះវិញ្ញាណរបស់ទ្រង់ឡើយ ហើយក៏មិនអាចចូលជិតទ្រង់បានដែរ។ ប្រសិនបើទ្រង់ព្យាយាមសង្រ្គោះមនុស្សដោយផ្ទាល់ ដោយប្រើប្រាស់វិធីសាស្ត្ររបស់ព្រះវិញ្ញាណ នោះមនុស្សនឹងមិនអាចទទួលបានសេចក្តីសង្រ្គោះរបស់ទ្រង់ឡើយ។ ប្រសិនបើព្រះជាម្ចាស់មិនពាក់សំបកខាងក្រៅជាមនុស្សទេ នោះមនុស្សនឹងគ្មានផ្លូវទទួលបានសេចក្តីសង្រ្គោះនេះឡើយ។ ព្រោះថាមនុស្សគ្មានផ្លូវចូលទៅរកទ្រង់ ហើយក៏គ្មាននរណាម្នាក់អាចចូលជិតពពករបស់ព្រះយេហូវ៉ាបាននោះដែរ។ មានតែតាមរយៈការក្លាយជាមនុស្ស ពោលគឺមានតែតាមរយៈការយកព្រះបន្ទូលរបស់ទ្រង់ដាក់ចូលទៅក្នុងរូបកាយ ដែលទ្រង់រៀបនឹងត្រលប់ជាសាច់ឈាមប៉ុណ្ណោះ ទើបទ្រង់អាចធ្វើការដោយផ្ទាល់ ដោយធ្វើឲ្យព្រះបន្ទូលចូលទៅក្នុងអស់អ្នកដែលដើរតាមទ្រង់។ មានតែបែបនេះទេ ទើបមនុស្សអាចមើលឃើញ និងស្ដាប់ឮព្រះបន្ទូលរបស់ទ្រង់ដោយផ្ទាល់បាន ហើយលើសពីនេះ គេអាចចូលកាន់កាប់ព្រះបន្ទូលរបស់ទ្រង់ គឺមានតែតាមមធ្យោបាយនេះប៉ុណ្ណោះ ទើបគេអាចទទួលបានសេចក្ដីសង្រ្គោះយ៉ាងពេញលេញ។ ប្រសិនបើព្រះជាម្ចាស់មិនត្រលប់ជាសាច់ឈាមទេ នោះគ្មានសាច់ និងឈាមណាមួយនឹងអាចទទួលបានសេចក្តីសង្រ្គោះដ៏ធំបែបនេះ ហើយក៏គ្មានមនុស្សណាម្នាក់ទទួលបានសេចក្ដីសង្រ្គោះនោះដែរ។ ប្រសិនព្រះវិញ្ញាណរបស់ព្រះជាម្ចាស់បានធ្វើការដោយផ្ទាល់នៅក្នុងចំណោមមនុស្សជាតិ នោះមនុស្សជាតិទាំងអស់នឹងត្រូវវាយផ្ដួលមិនខាន បើមិនដូច្នោះទេ ពួកគេគ្មានផ្លូវចូលទៅជិតព្រះជាម្ចាស់បាននោះឡើយ ហើយពួកគេនឹងត្រូវជាប់ជាឈ្លើយសឹករបស់សាតាំងទាំងស្រុងមិនខាន។ ... មានតែតាមរយៈការត្រលប់ជាសាច់ឈាមប៉ុណ្ណោះ ទើបព្រះជាម្ចាស់អាចគង់នៅរួមជាមួយមនុស្ស ដកពិសោធន៍ការឈឺចាប់របស់ពិភពលោក ហើយរស់នៅក្នុងរូបកាយខាងសាច់ឈាមដ៏សាមញ្ញ។ មានតែបែបនេះទេ ទើបទ្រង់អាចផ្គត់ផ្គង់ដល់មនុស្សនូវផ្លូវពិតជាក់ស្ដែង ដែលពួកគេត្រូវការក្នុងនាមជាមនុស្ស។ គឺតាមរយៈការយកកំណើតជាមនុស្សរបស់ព្រះជាម្ចាស់នេះហើយ ដែលមនុស្សទទួលបាននូវសេចក្តីសង្រ្គោះដ៏ពេញលេញពីព្រះជាម្ចាស់ និងមិនជាការឆ្លើយតបដោយផ្ទាល់ពីស្ថានសួគ៌ចំពោះសេចក្ដីអធិស្ឋានរបស់គេ។ ព្រោះថាបើមនុស្សស្ថិតក្នុងសាច់ និងឈាម គេគ្មានផ្លូវមើលឃើញព្រះវិញ្ញាណរបស់ព្រះជាម្ចាស់ ហើយក៏មិនអាចចូលទៅជិតព្រះវិញ្ញាណរបស់ទ្រង់បានដែរ។ គ្រប់យ៉ាងដែលមនុស្សអាចមានទំនាក់ទំនងជាមួយ គឺជាសាច់ឈាមដែលយកកំណើតជាមនុស្សរបស់ព្រះជាម្ចាស់ ហើយមានតែមធ្យោបាយបែបនេះទេ ទើបមនុស្សអាចយល់ទាំងស្រុងអំពីផ្លូវ និងសេចក្តីពិត ហើយទទួលបានសេចក្តីសង្រ្គោះយ៉ាងពេញលេញ» («អាថ៌កំបាំងនៃការយកកំណើតជាមនុស្ស (៤)» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)។ «កិច្ចការដែលមានតម្លៃដ៏ធំធេងបំផុត ចំពោះមនុស្សដ៏ពុករលួយនេះ គឺជាកិច្ចការដែលផ្ដល់នូវព្រះបន្ទូលដ៏សុក្រឹត្យ ផ្ដល់នូវគោលដៅច្បាស់ៗដើម្បីស្វែងរក ហើយអាចមើលឃើញ និងប៉ះពាល់បាន។ មានតែកិច្ចការប្រាកដនិយម និងការចង្អុលបង្ហាញទាន់ពេលប៉ុណ្ណោះ ដែលសក្តិសមនឹងរសជាតិរបស់មនុស្ស ហើយមានតែកិច្ចការពិតៗប៉ុណ្ណោះ ដែលអាចសង្រ្គោះមនុស្សពីនិស្ស័យដ៏ពុករលួយ និងដ៏អាក្រក់របស់គេបាន។ ការនេះអាចសម្រេចបានតាមរយៈព្រះជាម្ចាស់ដែលយកកំណើតជាមនុស្សតែប៉ុណ្ណោះ គឺមានតែព្រះជាម្ចាស់ដែលយកកំណើតជាមនុស្សប៉ុណ្ណោះ ដែលអាចសង្រ្គោះមនុស្សពីនិស្ស័យចាស់ដ៏ពុករលួយនិងអាក្រក់របស់គេ» («មនុស្សជាតិដ៏ពុករលួយកាន់តែត្រូវការសេចក្តីសង្រ្គោះរបស់ព្រះជាម្ចាស់ដែលយកកំណើតជាមនុស្ស» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)។ បងស្រីបន្តប្រកបគ្នាទៀតថា៖ «ព្រះគម្ពីរបានថ្លែងទំនាយថា៖ 'ខ្ញុំនៅមានសេចក្ដីជាច្រើនចង់ប្រាប់ដល់អ្នក ប៉ុន្តែពេលនេះអ្នកមិនអាចទទួលសេចក្ដីទាំងនេះបានទេ។ យ៉ាងណាមិញ កាលណាព្រះវិញ្ញាណនៃសេចក្ដីពិត ទ្រង់យាងមកដល់ នោះទ្រង់នឹងនាំអ្នកចូលទៅក្នុងសេចក្ដីពិតគ្រប់យ៉ាង។ ដ្បិតទ្រង់នឹងមានបន្ទូល មិនមែនដោយអាងអង្គទ្រង់ផ្ទាល់ឡើយ ពោលគឺនឹងមានបន្ទូលចំពោះតែរឿងណាដែលទ្រង់នឹងស្ដាប់ឮ ហើយទ្រង់នឹងសម្ដែងឲ្យអ្នកដឹងរឿងដែលត្រូវកើតមក' (យ៉ូហាន ១៦:១២-១៣)។ 'ដ្បិតនឹងមានវេលាមកដល់ ជាគ្រាដែលការជំនុំជម្រះត្រូវចាប់ផ្ដើមនៅឯដំណាក់របស់ព្រះជាម្ចាស់' (១ ពេត្រុស ៤:១៧)។ តាមរយៈទំនាយទាំងនេះ យើងដឹងថា ពេលព្រះអម្ចាស់យាងមកវិញ ទ្រង់នឹងបញ្ចេញព្រះបន្ទូលបន្ថែម និងធ្វើកិច្ចការជំនុំជម្រះ ដោយចាប់ផ្ដើមពីដំណាក់ព្រះ។ ដើម្បីឱ្យកិច្ចការនេះទទួលបានលទ្ធផលល្អបំផុត ព្រះត្រូវតែយាងមកធ្វើការក្នុងសាច់ឈាម។ ព្រោះតែយើងមិនអាចមើលឃើញព្រះវិញ្ញាណ និងព្រោះតែបន្ទូលមួយម៉ាត់ពីព្រះវិញ្ញាណ នឹងធ្វើឱ្យយើងស្លន់ស្លោ និងភ័យតក់ស្លុត យើងនឹងមិនហ៊ានចូលជិតព្រះវិញ្ញាណទ្រង់ឡើយ ហើយយើងគ្មានផ្លូវទាក់ទងជាមួយទ្រង់បានទេ។ បែបនេះ ធ្វើម្ដេចឱ្យយើងយល់ពីសេចក្តីពិតបានទៅ? ការដែលព្រះយាងមកសង្រ្គោះមនុស្សជាតិនៅក្នុងសាច់ឈាម គឺជាវិធីមួយ ដើម្បីសម្រេចបានលទ្ធផលល្អបំផុត។ ការរស់នៅក្នុងចំណោមយើង ក្នុងនាមជាបុត្រមនុស្ស ធ្វើឱ្យយើងងាយស្រួលផ្សារភ្ជាប់នឹងទ្រង់។ ផងដែរ ព្រះក៏អាចប្រើភាសាមនុស្ស ដើម្បីបញ្ចេញសេចក្តីពិតបានគ្រប់ពេល និងគ្រប់ទីកន្លែង បញ្ចេញឃ្លាត្រឹមត្រូវ ដើម្បីណែនាំយើង និងដោះស្រាយចម្ងល់ និងការភាន់ច្រឡំរបស់យើងបានដែរ។ នោះយើងមិនបាច់រាវរកទាំងងងឹតងងល់ ឬស្មានពីព្រះទ័យព្រះនោះឡើយ។ ដូចពេលព្រះអម្ចាស់យេស៊ូវបានយាងមកធ្វើការ ពេត្រុសបានសួរទ្រង់ថា៖ 'ព្រះ‌អម្ចាស់អើយ តើទូលបង្គំត្រូវអត់ទោសឲ្យគាត់ប៉ុន្មានដងទៅចំពោះបងប្អូនរបស់ទូលបង្គំដែលចេះតែប្រព្រឹត្តអំពើបាបទាស់នឹងទូលបង្គំ? រហូតដល់ប្រាំពីរដងឬ?' (ម៉ាថាយ ១៨:២១)។ ព្រះអម្ចាស់យេស៊ូវបានឆ្លើយត្រង់ៗថា៖ 'មិនមែនប្រាំពីរដងឡើយ តែចិត‌សិបដងប្រាំពីរដងវិញ' (ម៉ាថាយ ១៨:២២)។ ព្រះអម្ចាស់បានប្រាប់ពេត្រុសច្បាស់ៗអំពីរបៀបដែលគាត់គួរអនុវត្ត។ បែបនេះ មនុស្សអាចងាយយល់ពីព្រះទ័យទ្រង់ និងដឹងថា ពួកគេគួរអនុវត្តសេចក្តីពិតបែបណា។ ព្រះអម្ចាស់យេស៊ូវ ក៏ប្រើអ្វីៗដែលមនុស្សមើលឃើញ និងមានទំនាក់ទំនងជាមួយនៅក្នុងជីវិតប្រចាំថ្ងៃរបស់ពួកគេ ជាអ្វីដែលពួកគេអាចងាយយល់ មកធ្វើជាប្រស្នាដែរ។ ឧទាហរណ៍ ប្រស្នាអំពីដំបែ ប្រស្នាអំពីស្រងែ និងស្រូវ ប្រស្នាអំពីអ្នកព្រោះស្រូវ ប្រស្នាអំពីគ្រាប់ពូជដ៏តូចល្អិតជាដើម។ ប្រស្នាទាំងនេះជួយឱ្យមនុស្សយល់ដឹងកាន់តែប្រសើរអំពីសេចក្តីពិត យល់ពីព្រះទ័យរបស់ព្រះ និងការទាមទាររបស់ព្រះចំពោះមនុស្សជាតិ ក៏ដូចជាដឹងពីសេចក្តីសប្បុរសរបស់ទ្រង់ និងការចូលទៅជិតទ្រង់ដែរ។ ទាំងនេះគឺជាលទ្ធផលចេញពីបន្ទូល និងកិច្ចការរបស់ព្រះ នៅពេលទ្រង់យកកំណើតជាមនុស្ស។ ដូចគ្នាដែរ ព្រះដ៏មានគ្រប់ព្រះចេស្ដាមានបន្ទូល និងធ្វើការនៅក្នុងសាច់ឈាមក្នុងចំណោមមនុស្ស ទាក់ទងជាមួយពួកគេបែបជាក់ស្ដែង និងមានបន្ទូលជាមួយពួកគេមុខទល់នឹងមុខ។ ទ្រង់បើកសម្ដែងអាថ៌កំបាំងអំពីផែនការគ្រប់គ្រងរយៈពេល ៦,០០០ ឆ្នាំរបស់ព្រះ សេចក្តីពិតអំពីកិច្ចការរបស់ទ្រង់ទាំងបីដំណាក់កាល អាថ៌កំបាំងអំពីការយកកំណើតជាមនុស្សរបស់ទ្រង់ សេចក្តីពិតអំពីការដែលសាតាំងធ្វើឱ្យមនុស្សជាតិពុករលួយ និងទីបញ្ចប់របស់មនុស្សប្រភេទខុសៗគ្នា។... ការនេះជួយឱ្យយើងយល់ដឹងកាន់តែច្រើន និងកាន់តែស៊ីជម្រៅអំពីនិស្ស័យ និងកិច្ចការរបស់ព្រះ។ ទន្ទឹមគ្នានោះដែរ ព្រះក៏បញ្ចេញសេចក្តីពិតបានគ្រប់ពេល និងគ្រប់ទីកន្លែង ស្របតាមតម្រូវការរបស់មនុស្សជាតិ បើកសម្ដែងនិស្ស័យបែបសាតាំងរបស់យើង ព្រមទាំងសញ្ញាណ និងការស្រមើស្រមៃផ្សេងៗរបស់យើងអំពីទ្រង់ និងកែតម្រូវភាពភ្លាំងភ្លាត់នៅក្នុងសេចក្តីជំនឿរបស់យើងដែរ។ ព្រះដ៏មានគ្រប់ព្រះចេស្ដាក៏ប្រទានផ្លូវដល់យើង ដើម្បីកម្ចាត់ចោលការអាក្រក់ និងទទួលបានសេចក្តីសង្រ្គោះរបស់ទ្រង់ដែរ ឧទាហរណ៍ របៀបបម្រើស្របតាមបំណងព្រះហឫទ័យទ្រង់ របៀបធ្វើជាមនុស្សស្មោះត្រង់ របៀបគោរពទ្រង់ ស្ដាប់បង្គាប់ទ្រង់ និងស្រឡាញ់ទ្រង់ជាដើម។ តាមរយៈបន្ទូលរបស់ព្រះដ៏មានគ្រប់ព្រះចេស្ដា យើងដឹងកាន់តែច្រើនអំពីនិស្ស័យពុករលួយរបស់យើង ស្អប់ខ្លួនឯងពីជម្រៅចិត្ត និងប្រែចិត្តយ៉ាងពិតប្រាកដ។ យើងក៏យល់ពីព្រះហឫទ័យ និងសេចក្តីតម្រូវរបស់ព្រះ ទទួលបានចំណេះដឹងខ្លះអំពីនិស្ស័យរបស់ទ្រង់ និងដឹងថាទ្រង់សង្គ្រោះនរណា ហើយទ្រង់ផាត់នរណាចោលខ្លះ។ នេះជាផ្លូវតែមួយគត់ដែលយើងអាចអនុវត្តសេចក្តីពិតបានយ៉ាងត្រឹមត្រូវ ហើយចុងក្រោយ កម្ចាត់ចោលការអាក្រក់ និងទទួលបានសេចក្តីសង្រ្គោះរបស់ព្រះ»។

ឮបែបនេះហើយ ខ្ញុំក៏បានយល់រឿងនេះ។ ខ្ញុំបាននិយាយទៅបងស្រីថា៖ «ឥឡូវ ខ្ញុំយល់ហើយ។ បើព្រះមិនលេចមកធ្វើការនៅក្នុងសាច់ឈាមទេ យើងពិបាកនឹងយល់ពីសេចក្តីពិតមិនខាន តែការដែលព្រះយកកំណើតជាមនុស្ស និងមានបន្ទូលនៅក្នុងភាសាមនុស្សបែបនេះ ធ្វើឱ្យយើងងាយយល់ ហើយយើងអាចអនុវត្តសេចក្តីពិតយ៉ាងសុក្រឹត និងប្រកាន់ខ្ជាប់តាមព្រះទ័យព្រះ»។

ក្រោយមក បងស្រីបានអានអត្ថបទព្រះបន្ទូលពីរទៀតរបស់ព្រះដ៏មានគ្រប់ព្រះចេស្ដាឱ្យខ្ញុំស្ដាប់។ «នៅសម័យនេះ ព្រះជាម្ចាស់មិនយាងមកធ្វើកិច្ចការក្នុងរូបកាយខាងព្រលឹងវិញ្ញាណទេ ប៉ុន្ដែគឺក្នុងរូបកាយដ៏សាមញ្ញមួយវិញ។ លើសពីនេះទៅទៀត វាមិនត្រឹមតែជារូបកាយរបស់ព្រះជាម្ចាស់ដែលមកយកនិស្ស័យជាមនុស្សជាលើកទីពីរប៉ុណ្ណោះទេ តែក៏ជារូបកាយដែលព្រះជាម្ចាស់ត្រលប់មកជាសាច់ឈាមវិញដែរ។ វាជាសាច់ឈាមដ៏សាមញ្ញមួយ។ អ្នកមិនអាចមើលឃើញអ្វីៗដែលធ្វើឲ្យទ្រង់លេចធ្លោជាងអ្នកដទៃទេ ប៉ុន្ដែអ្នកអាចទទួលបានពីទ្រង់នូវសេចក្ដីពិតដែលមិនធ្លាប់ឮពីមុនមក។ រូបកាយសាច់ឈាមមិនសំខាន់នេះ តំណាងអស់ទាំងព្រះបន្ទូលនៃសេចក្ដីពិតដែលមកពីព្រះជាម្ចាស់ ក៏អនុវត្តកិច្ចការរបស់ព្រះជាម្ចាស់នៅគ្រាចុងក្រោយ និងបង្ហាញពីនិស្ស័យរបស់ព្រះជាម្ចាស់ឲ្យមនុស្សបានយល់ទៀតផង។ តើអ្នកមិនប្រាថ្នាចង់ឃើញព្រះជាម្ចាស់នៅលើស្ថានសួគ៌ជាខ្លាំងទេឬអី? តើអ្នកមិនប្រាថ្នាចង់យល់ពីព្រះជាម្ចាស់នៅលើស្ថានសួគ៌ជាខ្លាំងទេឬអី? តើអ្នកមិនប្រាថ្នាចង់ឃើញទិសដៅរបស់មនុស្សលោកជាខ្លាំងទេឬអី? ទ្រង់នឹងប្រាប់អ្នកអំពីអាថ៌កំបាំងទាំងអស់នេះ ជាអាថ៌កំបាំងដែលគ្មានមនុស្សណាអាចប្រាប់អ្នកបានឡើយ ហើយទ្រង់ក៏នឹងប្រាប់អ្នកអំពីសេចក្ដីពិតដែលអ្នកមិនយល់ដែរ។ ទ្រង់ជាក្លោងទ្វាររបស់អ្នក សម្រាប់ចូលទៅក្នុងនគរស្ថានសួគ៌ និងជាមគ្គុទេសក៏របស់អ្នកសម្រាប់ចូលទៅក្នុងយុគសម័យថ្មី» («តើអ្នកដឹងទេ? ព្រះជាម្ចាស់បានធ្វើការដ៏អស្ចារ្យមួយ នៅក្នុងចំណោមមនុស្សលោក» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)។ «ទោះបីជាអ្វីដែលមនុស្សមើលឃើញសព្វថ្ងៃនេះ គឺជាព្រះមួយអង្គដែលមានលក្ខណៈដូចមនុស្ស ជាព្រះដែលមានច្រមុះមួយនិងភ្នែកពីរ និងជាព្រះមួយអង្គដែលមិនគួរឲ្យកត់សម្គាល់ក៏ដោយ ក៏នៅទីបញ្ចប់ ព្រះជាម្ចាស់នឹងបង្ហាញឲ្យអ្នករាល់គ្នាឃើញថា ប្រសិនបើគ្មានព្រះមួយអង្គនេះទេ នោះផ្ទៃមេឃនិងផែនដីនឹងមានការផ្លាស់ប្ដូរយ៉ាងខ្លាំង។ ប្រសិនបើគ្មានព្រះមួយអង្គនេះទេ នោះផ្ទៃមេឃនឹងប្រែជាស្រអាប់ ផែនដីនឹងធ្លាក់ទៅក្នុងភាពវឹកវរ ហើយមនុស្សជាតិទាំងអស់នឹងរស់នៅក្នុងភាពទុរ្ភិក្ស និងគ្រោះកាចនានាផង។ ទ្រង់នឹងបង្ហាញឲ្យអ្នករាល់គ្នាឃើញថា ប្រសិនព្រះជាម្ចាស់មិនបានយកនិស្ស័យជាមនុស្សមកជួយសង្គ្រោះអ្នករាល់គ្នានៅគ្រាចុងក្រោយទេ នោះព្រះជាម្ចាស់ច្បាស់ជាបំផ្លាញមនុស្សលោកទាំងអស់ ទៅក្នុងស្ថាននរកជាយូរមកហើយ។ ប្រសិនបើគ្មានរូបកាយសាច់ឈាមនេះទេ នោះអ្នករាល់គ្នានឹងក្លាយទៅជាមនុស្សមានបាបយ៉ាងធំ ហើយក្លាយទៅជាសាកសពជារៀងរហូតដែរ។ អ្នករាល់គ្នាគួរតែដឹងថា ប្រសិនបើគ្មានរូបកាយសាច់ឈាមនេះទេ មនុស្សលោកទាំងអស់នឹងជួបនូវគ្រោះមហន្ដរាយមួយដែលចៀសមិនរួច និងរឹតតែឃើញថា មិនអាចគេចផុតពីទណ្ឌកម្មដ៏ធ្ងន់ធ្ងរដែលព្រះជាម្ចាស់ដាក់ចំពោះមនុស្សលោកនៅគ្រាចុងក្រោយដែរ។ ប្រសិនបើរូបកាយសាច់ឈាមធម្មតានេះមិនបានកើតមកទេ នោះអ្នករាល់គ្នានឹងស្ថិតនៅក្នុងសភាពមួយដែលអ្នករាល់គ្នាអង្វរសុំជីវិតដែលមិនអាចរស់នៅបាន និងអធិស្ឋានសុំសេចក្ដីស្លាប់ដែលមិនអាចស្លាប់បាន ហើយប្រសិនបើរូបកាយសាច់ឈាមនេះមិនបានកើតមកទេ នោះអ្នករាល់គ្នានឹងមិនអាចទទួលបានសេចក្ដីពិត និងមិនអាចចូលមកចំពោះបល្ល័ង្ករបស់ព្រះជាម្ចាស់នៅថ្ងៃនេះបានឡើយ ប៉ុន្ដែផ្ទុយទៅវិញ អ្នកនឹងត្រូវព្រះជាម្ចាស់ដាក់ទោសដោយព្រោះបាបដ៏ធ្ងន់ធ្ងររបស់អ្នក។ តើអ្នករាល់គ្នាបានដឹងទេថា ប្រសិនបើព្រះជាម្ចាស់មិនបានត្រលប់មកយកនិស្ស័យជាមនុស្សទេ នោះគ្មានអ្នកណាម្នាក់មានឱកាសទទួលបានសេចក្ដីសង្គ្រោះឡើយ ហើយប្រសិនបើមិនមែនដោយសារការមកដល់នៃរូបកាយសាច់ឈាមនេះទេ នោះព្រះជាម្ចាស់ច្បាស់ជាបញ្ចប់យុគសម័យចាស់ជាយូរមកហើយ? ដូច្នេះ តើអ្នករាល់គ្នានៅតែអាចបដិសេធចំពោះការមកយកនិស្ស័យជាមនុស្សជាលើកទីពីររបស់ព្រះជាម្ចាស់បានដែរឬអី? ដោយព្រោះអ្នករាល់គ្នាអាចទាញយកអត្ថប្រយោជន៍ជាច្រើន ចេញពីមនុស្សធម្មតាម្នាក់នេះ តើហេតុអ្វីបានជាអ្នករាល់គ្នាមិនទទួលយកទ្រង់ដោយរីករាយ?» («តើអ្នកដឹងទេ? ព្រះជាម្ចាស់បានធ្វើការដ៏អស្ចារ្យមួយ នៅក្នុងចំណោមមនុស្សលោក» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)។ ពេលនោះ បងស្រីបានប្រកបគ្នាថា៖ «ព្រះដែលយកកំណើតជាមនុស្ស គឺជាប្រភពទឹកនៃសេចក្តីពិតគ្រប់យ៉ាង និងជាច្រកផ្លូវរបស់យើងចូលទៅក្នុងនគរព្រះ។ តាមរយៈការទទួលយកព្រះដ៏មានគ្រប់ព្រះចេស្ដា ព្រះគ្រីស្ទនៃគ្រាចុងក្រោយ យើងមានឱកាសទទួលពីទ្រង់គ្រប់ទាំងសេចក្តីពិត និងការយល់ដឹងអំពីនិស្ស័យសុចរិតរបស់ព្រះ។ មានតែបែបនេះទេ ទើបយើងអាចទទួលបានការយល់ព្រមពីព្រះ និងចូលក្នុងនគរស្ថានសួគ៌បាន។ បើគ្មានព្រះដែលយកកំណើតជាមនុស្សនៅគ្រាចុងក្រោយយាងមកធ្វើកិច្ចការជំនុំជម្រះ ដើម្បីសង្រ្គោះមនុស្សជាតិទេ យើងនឹងមិនអាចបន្សុទ្ធ និងផ្លាស់ប្ដូរនិស្ស័យបែបសាតាំងរបស់យើងបានឡើយ យើងនឹងបានត្រឹមបន្តឱ្យសាតាំងធ្វើឱ្យពុករលួយ យើងនឹងទាស់ទទឹងនឹងព្រះកាន់តែខ្លាំងប៉ុណ្ណោះ ហើយចុងក្រោយ ត្រូវវិនាសក្នុងគ្រោះមហន្តរាយមិនខាន។ ដូច្នេះ ការអាចស្វាគមន៍ការយាងមកវិញរបស់ព្រះអម្ចាស់ និងការទទួលយកកិច្ចការរបស់ព្រះដ៏មានគ្រប់ព្រះចេស្ដា គឺជារឿងមួយស្លាប់រស់សម្រាប់យើង! យើងត្រូវតែប្រយ័ត្នឱ្យមែនទែន និងត្រូវឆក់យកឱកាសដ៏កម្របំផុតមួយនេះ! អ្នកណាដែលគ្រាន់តែទទួលយកព្រះអម្ចាស់ តែមិនមែនជាព្រះគ្រីស្ទនៅគ្រាចុងក្រោយ ចុងក្រោយ អ្នកនោះនឹងមិនអាចទទួលបានសេចក្តីសង្រ្គោះឡើយ»។

ពេលបានស្ដាប់បងស្រីអានបន្ទូលរបស់ព្រះដ៏មានគ្រប់ព្រះចេស្ដា ខ្ញុំមានអារម្មណ៍ថា បន្ទូលទាំងនេះមកពីព្រះ ហើយគ្មានមនុស្សធម្មតាណាអាចថ្លែងបន្ទូលបែបនេះបានឡើយ។ តាមរយៈបន្ទូលរបស់ព្រះ ខ្ញុំក៏យល់ពីក្ដីបារម្ភរបស់ទ្រង់ចំពោះមនុស្សជាតិដែរ។ ព្រះបានយកកំណើតជាមនុស្សនៅលើផែនដីនៅគ្រាចុងក្រោយ ដោយបញ្ចេញសេចក្តីពិតដោយផ្ទាល់ ដើម្បីសង្រ្គោះយើងពីសេចក្តីពុករលួយរបស់សាតាំង។ ការដែលព្រះធ្វើបែបនេះ គឺដើម្បីសង្រ្គោះមនុស្សជាតិ។ ក្ដីស្រឡាញ់របស់ព្រះសម្រាប់យើង ពិតជាធំធេងណាស់! ខ្ញុំពិតជារំភើបណាស់ និងមានអារម្មណ៍ថា ខ្ញុំមានពរណាស់ដែលបានឮដំណឹងល្អរបស់ព្រះនៅគ្រាចុងក្រោយ។ ខ្ញុំចង់អានបន្ទូលព្រះដ៏មានគ្រប់ព្រះចេស្ដាថែមទៀត ហើយខ្ញុំមិនចង់ខកខានការជួបជុំណាមួយឡើយ។ សូម្បីតែពេលដែលខ្ញុំរវល់ធ្វើការ ឬមួយឈឺក៏ដោយ ក៏ខ្ញុំនៅចង់ចូលរួមការជួបជុំដដែលហ្នឹង ព្រោះខ្ញុំសង្ឃឹមចង់យល់ថែមទៀតអំពីសេចក្តីពិត។ ក្រោយមក ខ្ញុំបានចូលរួមជាមួយអ្នកដទៃ និងបានប្រកបគ្នាជាច្រើនអំពីបន្ទូលព្រះដ៏មានគ្រប់ព្រះចេស្ដា ហើយខ្ញុំចាប់ផ្ដើមយល់ពីភាពខុសគ្នារវាងព្រះគ្រីស្ទពិត និងព្រះគ្រីស្ទក្លែងក្លាយ យល់អាថ៌កំបាំងអំពីការយកកំណើតជាមនុស្សរបស់ព្រះ និងទំនាក់ទំនងរវាងព្រះជាម្ចាស់ និងព្រះគម្ពីរ។ ខ្ញុំក៏ទស្សនាខ្សែភាពយន្ត និងវីដេអូជាច្រើនមកពីពួកជំនុំនៃព្រះដ៏មានគ្រប់ព្រះចេស្ដាផងដែរ ហើយឃើញថា ព្រះបានបង្កើតអ្នកមានជ័យជម្នះមួយក្រុមរួចហើយនៅប្រទេសចិន។ ទំនាយផ្សេងៗនៅគម្ពីរវិវរណៈ ត្រូវបានសម្រេច។ តាមរយៈការសិក្សាស្រាវជ្រាវ ខ្ញុំជឿជាក់លើកិច្ចការរបស់ព្រះនៅគ្រាចុងក្រោយ ជឿថា ព្រះដ៏មានគ្រប់ព្រះចេស្ដា គឺជាព្រះអម្ចាស់យេស៊ូវ ដែលបានយាងមកវិញ ហើយខ្ញុំបានស្វាគមន៍ព្រះអម្ចាស់! ខ្ញុំរំភើបចិត្តណាស់។ សម្រាប់ខ្ញុំ ការអាចស្វាគមន៍ការយាងមកវិញរបស់ព្រះអម្ចាស់ ពិតជាមិនអាចកាត់ថ្លៃបានទេ។ ខ្ញុំចង់ដេញតាមសេចក្តីពិត បំពេញភារកិច្ច ដើម្បីផ្សាយបន្ទូលព្រះ ធ្វើបន្ទាល់អំពីកិច្ចការរបស់ព្រះ និងនាំមនុស្សកាន់តែច្រើនដែលស្រេកឃ្លានចង់ឃើញការលេចមករបស់ទ្រង់ មកនៅចំពោះទ្រង់។ អរព្រះគុណព្រះដ៏មានគ្រប់ព្រះចេស្ដា!

គ្រោះមហន្តរាយផ្សេងៗបានធ្លាក់ចុះ សំឡេងរោទិ៍នៃថ្ងៃចុងក្រោយបានបន្លឺឡើង ហើយទំនាយនៃការយាងមករបស់ព្រះអម្ចាស់ត្រូវបានសម្រេច។ តើអ្នកចង់ស្វាគមន៍ព្រះអម្ចាស់ជាមួយក្រុមគ្រួសាររបស់អ្នក ហើយទទួលបានឱកាសត្រូវបានការពារដោយព្រះទេ?

ខ្លឹមសារ​ពាក់ព័ន្ធ

ខ្ញុំអាចស្គាល់បានរវាងព្រះគ្រីស្ទពិត និងព្រះគ្រីស្ទក្លែងក្លាយ

«ព្រះជាម្ចាស់ដែលបានប្រសូតជាសាច់ឈាម មានព្រះនាមថាព្រះគ្រីស្ទ ហើយព្រះគ្រីស្ទដែលអាចប្រទានឱ្យមនុស្សមានសេចក្ដីពិតនេះ ហៅថាព្រះជាម្ចាស់។...

តើអ្នកពិតជាអាចស្វាគមន៍ព្រះអម្ចាស់ ដោយសម្លឹងមើលទៅលើមេឃបានទេ?

By Jin Cheng, South Korea អ្នកជឿច្រើនណាស់កំពុងរង់ចាំព្រះអម្ចាស់យេស៊ូវយាងមកនៅលើពពក ដើម្បីឲ្យត្រូវបានយកទៅក្នុងនគរព្រះ​មុនមហន្តរាយ។...

Leave a Reply