បទពិសោធគ្រីស្ទបរិស័ទជនជាតិមីយ៉ាន់ម៉ា នៅស្ថាននរក បន្ទាប់ពីស្លាប់

01-04-2023

អ្នកនិពន្ធ៖ ដានី, មីយ៉ាន់ម៉ា

កាលពីក្មេង ខ្ញុំចាប់អារម្មណ៍លើសាសនាគ្រីស្ទ ប៉ុន្តែដោយសារគ្រួសារខ្ញុំជាពុទ្ធសាសនិក ដូច្នេះ ខ្ញុំមិនបានក្លាយជាគ្រីស្ទបរិស័ទទេ។ កាលនោះ ខ្ញុំធ្លាប់ឮអំពីស្ថាននរកដែរ តែខ្ញុំមិនសូវជឿនោះទេ។

នាខែមេសា ឆ្នាំ២០២២ មិត្តភ័ក្តិបានបបួលខ្ញុំឱ្យចូលរួមការជួបជុំតាមអនឡាញមួយ ពេលនោះ គឺជាលើកទីមួយហើយដែលខ្ញុំបានអានបន្ទូលព្រះដ៏មានគ្រប់ព្រះចេស្ដា។ ខ្ញុំយល់ថា បន្ទូលព្រះដ៏មានគ្រប់ព្រះចេស្ដា គឺជាបន្ទូលព្រះអាទិករនៃស្ថានសួគ៌ថ្លែងទៅកាន់មនុស្សជាតិ។ ក្រោយមក ខ្ញុំក៏អានបន្ទូលរបស់ព្រះដ៏មានគ្រប់ព្រះចេស្ដាយ៉ាងច្រើនតាមអនឡាញ។ ខ្ញុំបានដឹងថា ព្រះដ៏មានគ្រប់ព្រះចេស្ដា គឺជាព្រះដ៏ពិតតែមួយអង្គ និងដឹងថា ព្រះជាម្ចាស់បានយាងចុះមកផែនដី ដើម្បីសង្រ្គោះមនុស្សជាតិ។ តែដោយសារគ្រួសារខ្ញុំរារាំង ហើយដោយសារខ្ញុំក៏មានទំនោរទៅខាងលោកីយ៍ផងនោះ ខ្ញុំមិនសូវបានចូលរួមការជួបជុំជាទៀងទាត់ទេ ហើយថែមទាំងបោះបង់ក្រុមជួបជុំរបស់ខ្ញុំមួយរយៈផង។

ក្រោយមក ប្រហែលម៉ោង ៩:៣០ ព្រឹក នៅថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៣ បន្ទាប់ពីជួបជុំរួច ខ្ញុំដូចអស់កម្លាំង ដូច្នេះ ខ្ញុំក៏ទម្រេតខ្លួនសម្រាក។ ក្រោយមក ប្អូនប្រុសខ្ញុំប្រាប់ខ្ញុំថា គ្រួសារខ្ញុំព្យាយាមដាស់ខ្ញុំឱ្យក្រោក តែទោះពួកគាត់ដាស់យ៉ាងណាក៏ខ្ញុំមិនភ្ញាក់ដែរ ដូច្នេះ ពួកគាត់ក៏ប្រញាប់នាំខ្ញុំទៅមន្ទីរពេទ្យ ដើម្បីធ្វើការសង្រ្គោះបន្ទាន់។ គ្រូពេទ្យបានពិនិត្យខ្ញុំ រួចថា ខ្ញុំបានផុតដង្ហើមហើយ ដូច្នេះ គាត់ក៏ចេញលិខិតបញ្ជាក់មរណភាព។ គ្រួសារខ្ញុំអស់ជម្រើស ក៏នាំខ្ញុំមកផ្ទះវិញ។ ពួកគាត់បានជូនដំណឹងដល់សាច់ញាតិបងប្អូន និងអ្នកជិតខាង ហើយរៀបចំពិធីបុណ្យសព គ្រោងបញ្ចុះខ្ញុំក្នុងពេលបីថ្ងៃទៀត។

ពេលនោះ ខ្ញុំមិនដឹងថាមានរឿងអ្វីកើតឡើងនៅផ្ទះរបស់យើងនោះទេ។ អ្វីដែលខ្ញុំដឹងគឺថា ខ្ញុំបានទៅកាន់ពិភពមួយទៀត។ ខ្ញុំកំពុងស្លៀករ៉ូបពណ៌ស ដើរម្នាក់ឯងនៅតាមផ្លូវមួយដែលគ្មានពន្លឺ និងមានផ្សែងតិចតួច។ ខ្ញុំមិនឃើញមេឃ ឬមើលឃើញអ្វីដែលនៅខាងមុខខ្ញុំឡើយ។ ផ្លូវនោះចុះចំណោត រដិបរដុប សុទ្ធតែគ្រហុក ពិបាកដើរ និងមានខ្យល់បក់ផង។ នៅសងខាងផ្លូវ ខ្ញុំឃើញមានរុក្ខជាតិចម្លែកៗគ្រប់ប្រភេទ ដែលខ្ញុំមិនធ្លាប់ឃើញពីមុនមកឡើយ ជារុក្ខជាតិដែលមានបន្លាជុំជិត។ ខ្ញុំក៏ឮសំឡេងសត្វយំនិងស្រែកនៅជុំវិញខ្ញុំផងដែរ...។ ខ្ញុំដើរជើងទទេនៅលើផ្លូវនោះ ហើយជើងខ្ញុំមុតអស់ហើយ។ ខ្លួនខ្ញុំទាំងមូលក្ដៅដូចគេដុត ហើយដកដង្ហើមសឹងមិនដល់គ្នា។ ខ្ញុំដើរហើយដើរទៀត រួចក៏ជួបអារក្សមួយស្លៀកពាក់ខ្មៅ។ វាខ្មៅតាំងពីក្បាលដល់ចុងជើង។ ខ្ញុំមើលមិនឃើញមុខវា ឬជើងវាទេ។ វាថា៖ «មកតាមអញមក!» សំឡេងវាគួរឱ្យខ្លាចណាស់។ ខ្ញុំខ្លាចពេក និយាយសួរវាមិនចង់ចេញថា៖ «ចង់នាំខ្ញុំទៅណា? ខ្ញុំមិនធ្លាប់ទៅផង ខ្ញុំមិនទៅទេ។ ខ្ញុំចង់ទៅផ្ទះវិញ»។ ខ្ញុំចង់រត់។ ពេលនោះ មានអារក្សបួនប្រាំនាក់ពាក់រ៉ូបខៀវលាយខ្មៅ ហោះមកចាប់ខ្ញុំ រួចនិយាយថា៖ «ឯងស្លាប់ហើយ ត្រឡប់ទៅវិញមិនបានទេ។ ឯងប្រព្រឹត្តបាបច្រើនណាស់ ហើយឯងត្រូវទទួលទោសចំពោះអំពើបាបដែលឯងបានប្រព្រឹត្តក្នុងជីវិតឯង»។

ក្រោយមក ពួកវាបាននាំខ្ញុំទៅមុខខ្លោងទ្វារដ៏ធំមួយ នៅទីនោះ ខ្ញុំបានឃើញអារក្សជាច្រើនកំពុងយាមកាម។ ពួកវាមានមាឌខ្ពស់ ភ្នែកនិងត្រចៀកធំៗ ហើយខ្លះទៀតមានចង្កូមលានចេញក្រៅ មានរូបរាងគួរឱ្យខ្លាច។ ពួកវាកាន់អាវុធ លែងខ្លួនទទេពីត្រឹមចង្កេះឡើងលើ ពាក់ខ្សែកធ្វើពីឆ្អឹង ហើយនៅលើដងខ្លួនពួកវា មានព្យួរលលាដ៍ក្បាលខ្មោចរណែងរណោង។ ខ្លួនពួកវាមានសុទ្ធតែស្លាកស្នាម។ ពេលអ្នកយាមបើកទ្វារភ្លាម ខ្ញុំក៏ឮសម្រែកនៃការឈឺចាប់ជាច្រើន។ នៅគ្រប់កន្លែង ទាំងជិតទាំងឆ្ងាយ ឮតែសំឡេងនៃការឈឺចាប់។ ទីនោះ ក្ដៅរោលរាលដូចគេដុតអ៊ីចឹង។ ខ្ញុំពិតជាខ្លាចខ្លាំងណាស់ ខ្ញុំក៏សួរអារក្សថា៖ «តើខ្ញុំបានធ្វើអ្វីខុស? ខ្ញុំមិនគួរមកទីនេះទេ»។ ពួកវាបានបង្ហាញខ្ញុំពីរាល់អំពើបាបដែលខ្ញុំបានប្រព្រឹត្តក្នុងជីវិត ម្ដងមួយៗ ពីថ្ងៃ ពីម៉ោង និងដល់ថ្នាក់សូម្បីនាទី និងវិនាទីដែលខ្ញុំបានប្រព្រឹត្តទង្វើទាំងនោះទៀតផង។ សូម្បីតែពាក្យកុហកដែលខ្ញុំមិនបានចាប់អារម្មណ៍ផងនោះ ក៏ត្រូវបានកត់ត្រាទុកយ៉ាងច្បាស់នៅទីនោះដែរ។ ឧទាហរណ៍ដូចជា។ នៅថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២២ បងប្អូនប្រុសស្រីបានទូរស័ព្ទអញ្ជើញខ្ញុំឱ្យចូលរួមការជួបជុំ តែខ្ញុំពិបាកចិត្តព្រោះតែសម្ពាធពីគ្រួសារ ដូច្នេះ ខ្ញុំមិនបានចូលរួមទេ។ នៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២២ ខ្ញុំបានគេចពីការជួបជុំ ហើយមិនបានលើកទូរស័ព្ទបងប្អូនប្រុសស្រីទេ ព្រោះខ្ញុំមិនចង់ជួបពួកគាត់។ នៅថ្ងៃទី៥ ខែតុលា ឆ្នាំ២០២២ ខ្ញុំបានបោះបង់ក្រុមជួបជុំទាំងអស់ចោល ហើយកាត់ផ្ដាច់ទំនាក់ទំនងជាមួយសមាជិកពួកជំនុំផ្សេងទៀត។ នៅថ្ងៃទី៦ ខែតុលា ឆ្នាំ២០២២ ខ្ញុំបានដើរចេញពីព្រះ ដើម្បីដេញតាមនិន្នាការខាងលោកីយ៍ ដើម្បីការសប្បាយ។ ខ្ញុំភ្ញាក់ផ្អើលខ្លាំងណាស់។ ពេលឃើញថាខ្ញុំបានប្រព្រឹត្តអំពើបាបជាច្រើនបែបនេះ ខ្ញុំពិតជាខ្លាចខ្លាំងណាស់។

ក្រោយមក អារក្សស្លៀកពាក់ខ្មៅ បាននាំខ្ញុំទៅកន្លែងមួយ ដែលមានស្លាកសញ្ញាធ្វើពីឈើសរសេរថា នេះជាកន្លែងដាក់ទោសអ្នកទាំងឡាយណាដែលបោកប្រាស់ វិនិច្ឆ័យ ឬប្រមាថដល់ព្រះជាម្ចាស់។ នេះជាកន្លែងដែលខ្ញុំបានឃើញពីការដាក់ទោសធ្ងន់ធ្ងរបំផុត។ ការដាក់ទោសប្រភេទទីមួយគឺ មានដង្កូវចេញពីក្នុងមាត់ និងស្បែករបស់មនុស្សដែលត្រូវដាក់ទោស ហើយដង្កូវនោះខាំពួកគេ និងស៊ីកកេរពួកគេពេញខ្លួន។ ពិតជាគួរឱ្យខ្លាចខ្លាំងណាស់។ ចំពោះប្រភេទទីពីរវិញ មនុស្សដែលត្រូវដាក់ទោស មានរូបកាយអាក្រាត ហើយគេបាននាំអ្នកទាំងនោះម្ដងមួយៗទៅកាន់កន្លែងមានក្ដារវែងមួយបន្ទះ ដែលអាចដាក់ទោសម្ដងបាន ១០ នាក់។ ពួកគេត្រូវលុតជង្គង់ ដៃទាំងពីរត្រូវគេចងស្លាបសេកពីក្រោយ ហើយចង្កាពួកគេត្រូវដាក់នៅលើបន្ទះក្ដារនោះ។ ករបស់ពួកគេមានខ្សែពួររុំព័ទ្ធជុំវិញ ហើយពេលគេទាញខ្សែពួរមកក្រោយ អ្នកទាំងនោះក៏លានអណ្ដាតចេញមកក្រៅ។ នៅខាងមុខបន្ទះក្ដារនោះ មានអារក្សគួរឱ្យខ្ពើមមួយមានដុះស្នែងពីលើក្បាល បានយកទំពក់ចាក់ទម្លុះអណ្ដាតពួកគេ រួចទាញកន្ត្រាក់មួយទំហឹង។ អណ្ដាតអ្នកខ្លះ ត្រូវទាញចេញវែងជាងមុនពីរដង។ ក្រោយមក អារក្សបានយកដែកគោលប្រវែងប្រហែលប៊ិក មកដំអណ្ដាតពួកគេទៅនឹងក្ដារនោះ ហើយគេដុតភ្លើងពីខាងក្រោមក្ដារនោះ។ អារក្សនោះក៏បានចាក់ទឹកក្ដៅកំពុងពុះទៅលើអណ្ដាតពួកគេឥតឈប់ផងដែរ។ ទឹកដ៏សែនក្ដៅដូចភ្លើងនេះ ត្រូវបានគេដងមកពីអាងមួយនៅទីឆ្ងាយ ហើយបន្តផ្ដល់ឱ្យពួកអារក្សទាំងអស់នោះឥតដាច់។ ពេលចាក់ទឹកក្ដៅនោះទៅលើអណ្ដាតនរណាហើយ អណ្ដាតនោះត្រូវរលួយខ្ទេចអស់។ សូម្បីគ្រាប់ភ្នែកអ្នកខ្លះ ក៏ជ្រុះចេញក្រៅដែរ។ ក្រោយមក អារក្សបានចាក់ទឹកក្ដៅនោះស្រោចទៅលើខ្លួនពួកគេទាំងមូល ដូច្នេះ ពួកគេក៏រលួយអស់ទៅ។ មនុស្សដែលកំពុងត្រូវដាក់ទោសនោះ ស្រែកយំទាំងឈឺចាប់ រហូតដល់ពួកគេស្លាប់។ នេះជាទិដ្ឋភាពដ៏គួរឱ្យខ្លាចខ្លាំងណាស់។ អ្នកខ្លះទ្រាំមិនបាន ក៏ស្លាប់តាំងពីមុននោះទៅទៀត តែបើពួកគេនៅត្រូវបន្តទទួលទោសសម្រាប់អំពើបាបជាច្រើនទៀត ពួកគេនឹងត្រូវរស់ឡើងវិញ ដើម្បីបន្តទទួលទោសផ្សេងទៀត។ នៅពេលការដាក់ទោសចប់ បើពួកគេនៅមិនទាន់ស្លាប់ទៀត នោះដង្កូវនឹងចេញពីសាច់ពួកគេ រួចស៊ីពួកគេខ្ទេចគ្មានសល់ ក្រោយមក ពួកគេនឹងរស់ឡើងវិញ ហើយត្រូវទទួលទោសផ្សេងទៀត។

ទោសប្រភេទទីបី គឺជាការបោះចូលទៅក្នុងអាងទឹកមានភ្លើងកំពុងឆេះ។ ខ្ញុំបានឃើញបន្ទះដែកមួយរាងមូលធំសម្បើម ចងព្យួរដោយខ្សែពួរចំនួនបួនខ្សែ។ មានមនុស្សមួយរយ ឬពីររយនាក់ មកពីកន្លែងដាក់ទោសមួយទៀត ទើបបានពីរបីវិនាទីមុន ក៏បង្ហាញខ្លួននៅលើបន្ទះដែកនោះ។ ពួកគេបានលុតជង្គង់នៅលើបន្ទះដែកដុតក្ដៅនោះ ទាំងខ្លួនននលគក ចំណែកខ្សែពួរសុទ្ធតែបន្លា ក៏បានចងរឹតដៃ និងដងខ្លួនផ្នែកខាងលើរបស់ពួកគេដោយស្វ័យប្រវត្តិ។ មនុស្សទាំងនេះមកពីសាសនា និងជាតិសាសន៍ផ្សេងៗគ្នា។ អ្នកខ្លះមិនជឿព្រះទេ រីឯអ្នកខ្លះទៀតជាគ្រីស្ទបរិស័ទ ឬជាពុទ្ធសាសនិក។ ពួកគេកំពុងទទួលទោស ព្រោះតែពួកគេមិនបានទទួលយកកិច្ចការថ្មីរបស់ព្រះជាម្ចាស់ និងបានប្រមាថ និងវិនិច្ឆ័យព្រះ។ ទោះបីពួកគេខ្លះបានទទួលយកកិច្ចការថ្មីរបស់ព្រះក៏ដោយ ក៏សេចក្ដីជំនឿរបស់ពួកគេនៅរាក់កំផែល ជឿឱ្យតែបានៗ និងបោកបញ្ឆោតព្រះ។ មនុស្សបែបនេះ ក៏ត្រូវព្រះដាក់ទោសដែរ។ ពួកគេសុទ្ធតែស្រែករកព្រះដែលពួកគេជឿ។ អ្នកខ្លះស្រែករកព្រះនេះ បន្ទាប់មកក៏ស្រែករកព្រះនោះ។ សំឡេងឮច្របូកច្របល់ខ្លាំងណាស់ ខ្ញុំស្ដាប់មិនច្បាស់នោះទេ។ មិនថាពួកគេស្រែកបែបណា ក៏មិនទទួលបានចម្លើយដែរ។ ក្រោយមកទៀត គេបាននាំមនុស្សទាំងនោះទៅអាងធំមួយ ហើយនៅក្នុងអាងដ៏ធំនោះ មានទឹកក្ដៅកំពុងឆេះ។ ខ្សែពួររបូតដោយឯកឯង ហើយបន្ទះដែកក៏ផ្អៀងទម្លាក់ពួកគេគ្រប់គ្នាទៅក្នុងអាងនោះ។ ពួកគេត្រូវស្ងោរ និងបំពង រហូតដល់ថ្នាក់ពួកគេស្រែកដោយអាការឈឺចាប់យ៉ាងខ្លាំង។ មនុស្សខ្លះនៅគែមអាង ខំប្រឹងវារចេញពីអាងដោយកម្លាំងខ្លួន តែពួកគេបានត្រឹមធ្លាក់ទៅវិញ។ មិនយូរប៉ុន្មាន សំឡេងស្រែកយំនោះក៏ស្ងាត់ទៅវិញ។ គ្រប់គ្នាស្លាប់អស់ សពអណ្ដែតមកលើផ្ទៃអាងកំពុងឆេះ។ ពេលគ្រប់គ្នាស្លាប់អស់ហើយ ក៏មានសំណាញ់យក្សមួយ មកដងយកពួកគេគ្រប់គ្នាចេញពីអាង ហើយពួកគេក៏បានរស់ឡើងវិញ ដើម្បីទទួលទោសបន្ទាប់ទៀត។

ពេលនោះ គេបាននាំខ្ញុំទៅកន្លែងមួយទៀត។ អ្នកដែលនៅទីនោះ ត្រូវបានគេដាក់ទោសគ្រប់បែបយ៉ាង ដ្បិតបានប្រមាថមាតាបិតា ចាស់ទុំ ឬគ្រូបង្រៀន។ ពួកគេខ្លះអាក្រាតកាយ មានច្រវាក់ជាប់ក ដៃនិងជើងជាប់ច្រវាក់បន្លា។ ពួកគេត្រូវវាយនឹងរំពាត់ខ្សែតីយ៉ាងខ្លាំង រហូតដល់បែកសាច់ បែកឈាមហូរចុះមក។ ពួកគេកំពុងវេទនា និងខំស្រែកទាំងឈឺចាប់។ ពួកអារក្សនៅស្ថាននរក បានប្រើពូថៅកាត់ដៃ កាត់ជើងពួកគេ និងប្រើរបស់ម្យ៉ាងរាងដូចញញួរ មកវាយកម្ទេចពួកគេ។ ក្នុងពេលកំពុងដាក់ទោសនោះ គេបានសួរអ្នកទាំងនោះថា៖ «កាលនោះ តើឯងធ្លាប់គិតមិនចង់ប្រព្រឹត្តអំពើបាបនេះដែរទេ?» ពួកគេបានប្រែចិត្ត តែគ្មាននរណាអាចសង្រ្គោះពួកគេបានទេ ហើយពួកគេត្រូវគេធ្វើទារុណកម្មដល់ស្លាប់។ ក្រោយមក ពួកគេបានរស់ឡើងវិញ ហើយទទួលទោសបន្ទាប់ទៀត។ អ្នកខ្លះត្រូវបានកប់ទាំងរស់។ ដីនៅទីនោះកម្រើក និងខ្ជោលឡើង ព្រមទាំងមានភ្លើងឆេះពីក្នុងដីនោះផង។ អ្នកដែលត្រូវទទួលទោស ត្រូវដីស្រូបចូលបន្តិចម្ដងៗ រួចក៏លិចបាត់ទៅក្នុងដី រហូតដល់ស្លាប់។

ក្រោយមក គេបាននាំខ្ញុំទៅកន្លែងមួយដែលកាត់ទោសពួកផិតក្បត់ប្ដីប្រពន្ធ។ ពួកគេកំពុងរត់យកប្រាសអាយុរៀងខ្លួន។ អ្នកខ្លះត្រូវបានបាញ់ព្រួញសម្លាប់ រីឯអ្នកខ្លះទៀតត្រូវគេចាក់សម្លាប់។ អ្នកខ្លះត្រូវសត្វដេញខាំដល់ស្លាប់។ ទីបំផុត គ្មាននរណាម្នាក់អាចរត់គេចខ្លួនបានទេ គ្រប់គ្នាត្រូវស្លាប់ទាំងអស់។ អ្នកដែលបានស្លាប់ហើយ ក៏បានរស់ឡើងវិញ ដើម្បីទទួលទោសបន្ទាប់ទៀត។

ខ្ញុំបានឃើញកន្លែងមួយទៀត ជាទីកន្លែងដាក់ទោសមនុស្សដែលបោកប្រាស់ ឬមានបំណងអាក្រក់លើអ្នកដទៃ មនុស្សដែលកេងប្រវ័ញ្ចគេ មនុស្សវៀចវេរ ឬច្រណែននឹងអ្នកដទៃ។ មានស្ពានយោលមួយក្រាលក្ដារ និងមានខ្សែពួរសុទ្ធតែបន្លានៅសងខាង។ បើកាន់ខ្សែពួរបន្លានោះ ពួកគេនឹងមុតដៃហូរឈាម តែបើមិនកាន់ទេ ពួកគេនឹងធ្លាក់ចុះទៅក្រោម ដែលនៅក្រោមនោះ គឺមានបឹងភ្លើង។ ទោះបើពួកគេមិនធ្លាក់ទៅក្រោមក៏ដោយ ក៏ពួកគេត្រូវឆ្លងកាត់ម៉ាស៊ីនកិនសាច់ ដែលនឹងកិនពួកគេខ្ទេចគ្មានសល់ ហើយចុងក្រោយ ពួកគេនៅតែត្រូវធ្លាក់ទៅក្នុងបឹងភ្លើងដដែល។

អ្នកខ្លះខ្វល់ខ្វាយខ្លាំងតែនឹងរូបសម្រស់ ដោយខ្ជះខ្ជាយពេលស្លៀកពាក់ឱ្យបានស្អាត តែមិនជឿលើព្រះសោះ ហើយថែមទាំងបានវិនិច្ឆ័យ និងប្រមាថទ្រង់ទៀតផង។ មុខពួកគេនោះត្រូវសត្វល្អិតស៊ីបន្តិចម្ដងៗ។ ក្រៅពីពួកនោះ ក៏មានមនុស្សដែលត្រូវដាក់ទោសព្រោះជេរប្រទេច លួចប្លន់ ។ល។ និង ។ល។ ផងដែរ។ មនុស្សត្រូវគេដាក់ទោសម្ដងហើយម្ដងទៀត អាស្រ័យលើអំពើបាបដែលគេបានប្រព្រឹត្ត មុនពេលបន្តទៅទទួលទោសមួយទៀត។ ពេលឃើញទិដ្ឋភាពបែបនេះ ខ្ញុំភ័យញ័រខ្លួនអស់ហើយ។ ជាការពិត ការទទួលទោសបែបនោះ ពិតជាអាក្រក់ខ្លាំងណាស់! ខ្ញុំសោកស្ដាយដែលបានប្រព្រឹត្តអំពើបាបទាំងនោះ តែខ្ញុំមិនដឹងថាត្រូវអង្វរអ្នកណា មិនដឹងថានរណាអាចសង្រ្គោះខ្ញុំបានទេ។ ពេលនោះ ខ្ញុំបានទន្ទេញធម៌ព្រះពុទ្ធ ទាំងស្រពេចស្រពិល តែគ្មានចម្លើយអ្វីទេ ហើយអារម្មណ៍ភ័យខ្លាចរបស់ខ្ញុំ ក៏មិនបានបាត់ទៅវិញដែរ។ ភ្លាមនោះ ខ្ញុំស្រាប់តែនឹកចាំថា ខ្ញុំបានជឿលើព្រះដ៏មានគ្រប់ព្រះចេស្ដា ដែលជាព្រះដ៏ពិតតែមួយអង្គ។ ខ្ញុំក៏នឹកចាំពីបន្ទូលរបស់ព្រះដ៏មានគ្រប់ព្រះចេស្ដា។ «នៅក្នុងជីវិតប្រចាំថ្ងៃរបស់អ្នក មិនថាអ្នកជួបការលំបាកអ្វីនោះទេ អ្នកត្រូវចូលមកចំពោះព្រះជាម្ចាស់។ កិច្ចការដំបូងគេដែលអ្នកគួរធ្វើ គឺត្រូវលុតជង្គង់អធិស្ឋាននៅចំពោះព្រះជាម្ចាស់។ នេះជារឿងសំខាន់បំផុត» («ក្នុងការជឿលើព្រះជាម្ចាស់ ការទទួលបានសេចក្តីពិត គឺសំខាន់បំផុត» នៃសៀវភៅ «ព្រះបន្ទូល» ភាគ៣៖ ការថ្លែងព្រះបន្ទូលអំពីព្រះគ្រីស្ទនៃគ្រាចុងក្រោយ)។ ខ្ញុំដឹងថា ព្រះជាម្ចាស់គ្រប់គ្រងលើអ្វីគ្រប់យ៉ាង ហើយអ្វីដែលខ្ញុំកំពុងជួបនេះ កើតឡើងដោយមានការអនុញ្ញាតពីទ្រង់ ដូច្នេះ ខ្ញុំគួរតែអំពាវនាវរកទ្រង់។ ខ្ញុំបានគិតពីអំពើបាបផ្សេងៗរបស់ខ្ញុំ។ ខ្ញុំជឿព្រះឱ្យតែបានៗ ហើយមិនអើពើនឹងទ្រង់។ ពេលមានអារម្មណ៍ល្អ ខ្ញុំក៏អនុវត្តសេចក្ដីជំនឿ និងចូលរួមការជួបជុំ តែពេលអារម្មណ៍មិនល្អ ខ្ញុំក៏មិនចូលរួមការជួបជុំ។ ខ្ញុំជាគ្រីស្ទបរិស័ទម្នាក់ តែខ្ញុំគ្មានសេចក្ដីជំនឿពិតប្រាកដលើព្រះនោះទេ។ ខ្ញុំជឿឱ្យតែបានៗ និងបោកបញ្ឆោតទ្រង់។ ខ្ញុំពេញចិត្តនឹងចំណាយពេលដើម្បីការសប្បាយ តែមិនបានចំណាយពេលថ្វាយបង្គំព្រះឡើយ។ ខ្ញុំពិតជាសោកស្ដាយណាស់ ពេលខ្ញុំគិតដល់រឿងទាំងអស់នេះ ហើយខ្ញុំបានអធិស្ឋានក្នុងចិត្តទៅព្រះថា៖ «ព្រះដ៏មានគ្រប់ព្រះចេស្ដា ខ្ញុំម្ចាស់បានប្រព្រឹត្តអំពើបាបជាច្រើន។ កន្លងមក ខ្ញុំម្ចាស់ព្រងើយកន្ដើយ មិនអើពើចំពោះទ្រង់ ដោយល្មោភនឹងការប្រព្រឹត្តអំពើបាប ហើយមិនបានបំពេញភារកិច្ចឱ្យបានល្អទេ។ ពេលនេះ ខ្ញុំម្ចាស់ពិតជាខ្លាចណាស់ និងពេញដោយការសោកស្ដាយ។ ខ្ញុំម្ចាស់មិនចង់មកទីនេះដើម្បីទទួលទោសព្រោះអំពើបាបទាំងនោះឡើយ។ ខ្ញុំម្ចាស់ត្រៀមខ្លួនប្រែចិត្តហើយ។ សូមផ្ដល់ឱកាសដល់ខ្ញុំម្ចាស់ផង។ ខ្ញុំម្ចាស់ចង់ចុះចូលតាមការរៀបចំរបស់ទ្រង់ និងធ្វើគ្រប់យ៉ាងតាមព្រះទ័យទ្រង់»។ ខ្ញុំបានអធិស្ឋាន និងលន់តួបែបនេះម្ដងហើយម្ដងទៀត ដោយប្រែចិត្តចំពោះព្រះ នូវរាល់អំពើបាបដែលខ្ញុំបានប្រព្រឹត្តនោះ ម្ដងមួយៗ។ បន្តិចម្ដងៗ ខ្ញុំបានធូរចិត្ត និងមិនសូវខ្លាចខ្លាំងទៀតឡើយ។ ក្រោយមក ខ្ញុំមានអារម្មណ៍ដូចជាឮនរណាម្នាក់ហៅឈ្មោះខ្ញុំ។ ពេលនោះ ខ្ញុំបានឃើញពន្លឺមួយ និងមានសំឡេងមួយចេញពីពន្លឺនោះមកថា៖ «ដានី តើឯងបានប្រែចិត្តហើយឬនៅ? ឯងបានប្រព្រឹត្តអំពើបាបច្រើនណាស់។ ឯងត្រូវតែពឹងលើព្រះ និងឈប់ប្រព្រឹត្តអំពើបាបទាំងនេះទៀត។ ឯងមិនអាចរង់ចាំដល់ត្រូវដាក់ទោសហើយ ទើបប្រែចិត្តនោះទេ។ ត្រូវឆ្លាក់បន្ទូលព្រះក្នុងចិត្តរបស់ឯង និងដេញតាមសេចក្តីពិត។ អ្វីដែលឯងយល់ និងអនុវត្ត ត្រូវតែត្រឹមត្រូវ។ នេះជាឱកាសចុងក្រោយរបស់ឯងហើយ លើកក្រោយ ឯងនឹងមិនទទួលបានសេចក្តីសង្រ្គោះម្ដងទៀតឡើយ។ ពេលឯងនៅមានជីវិត ត្រូវខំប្រឹងបំពេញភារកិច្ចរបស់ឯងឱ្យបានល្អ ដើម្បីចូលទៅក្នុងនគរព្រះ។ កុំប្រព្រឹត្តអំពើបាប ឬប្រព្រឹត្តកំហុសរបស់ឯងម្ដងទៀតឱ្យសោះ ហើយក៏មិនត្រូវធ្វើអ្វីដែលឯងនឹងស្ដាយក្រោយទៀតដែរ។ ដោយសារឯងមិនទាន់បញ្ចប់ភារកិច្ចនៅឡើយ ដូច្នេះ ឯងនឹងមិនស្លាប់ទេ។ ឯងនឹងត្រូវទៅសង្រ្គោះអ្នកដែលធ្លាក់ទៅក្នុងមហន្តរាយ»។

សំឡេងនោះមិនមែនជាសំឡេងមនុស្សដែលខ្ញុំស្គាល់នោះទេ។ សំឡេងនោះហាក់និយាយចេញមកជាមួយសំឡេងខ្យល់។ វាមិនសូវច្បាស់ទេ តែខ្ញុំអាចស្ដាប់យល់បាន។ ទោះបីសម្ដីនោះរាងខ្លាំងជ្រុលក៏ដោយ ក៏ជាសម្ដីដាស់តឿនដែរ និងបានធ្វើឱ្យខ្ញុំស្ងប់ចិត្ត។ សម្ដីទាំងនោះកក់ក្ដៅ និងធ្វើឱ្យខ្ញុំមានអារម្មណ៍ថាមានសុវត្ថិភាព។ ខ្ញុំមានអារម្មណ៍សប្បាយចិត្ត ដែលខ្ញុំមិនធ្លាប់មានពីមុនមក។ ខ្ញុំដឹងថា ព្រះកំពុងសង្រ្គោះរូបខ្ញុំ ដោយប្រទានឱកាសរស់ជាលើកទីពីរដល់ខ្ញុំ។ ក្រោយឮសំឡេងនេះរួច ខ្ញុំក៏ដឹងខ្លួនឡើងវិញបន្តិចម្ដងៗ។

បន្ទាប់ពីភ្ញាក់ដឹងខ្លួនវិញ ខ្ញុំនៅតែមានអារម្មណ៍ភ័យខ្លាំង ញ័រខ្លួនមិនឈប់ដដែល។ ខ្ញុំពិតជាពិបាកចិត្ត និងសោកស្ដាយយ៉ាងខ្លាំង ដែលបានប្រព្រឹត្តអំពើបាបច្រើនបែបនេះ។ ខ្ញុំដឹងថា នេះជាការព្រមានរបស់ព្រះចំពោះរូបខ្ញុំ។ គ្រប់យ៉ាងដែលព្រះមានបន្ទូល គឺជាការពិត។ ខ្ញុំត្រូវតែជឿលើអ្វីដែលទ្រង់មានបន្ទូល និងស្ដាប់តាមទ្រង់។ ខ្ញុំមិនអាចបន្តព្រងើយកន្តើយដាក់ទ្រង់ និងធ្វើការច្បោលៗបង្គ្រប់កិច្ចបានទៀតឡើយ។ ព្រះបានប្រទានឱកាសដល់ខ្ញុំ ដែលខ្ញុំមិនអាចឱ្យបាត់បង់ម្ដងទៀតបានឡើយ។ ខ្ញុំបានប្រាប់ប្អូនប្រុសខ្ញុំថា៖ «បងចង់និយាយជាមួយបងស្រី សាំមើរ»។ បងស្រី សាំមើរ ជាអ្នកស្រោចស្រពម្នាក់មកពីពួកជំនុំនៃព្រះដ៏មានគ្រប់ព្រះចេស្ដា ដែលបានជួបជុំតាមអនឡាញជាមួយខ្ញុំជាច្រើនដង។ បន្ទាប់ពីគាត់បានដឹងពីស្ថានភាពខ្ញុំ បង សាំមើរ ក៏បានផ្ញើបន្ទូលព្រះជាម្ចាស់ខ្លះដល់ខ្ញុំ។ ព្រះដ៏មានគ្រប់ព្រះចេស្ដាមានបន្ទូលថា៖ «ព្រះជាម្ចាស់ជាអ្នកទទួលខុសត្រូវចំពោះរាល់ជីវិតមនុស្សម្នាក់ៗ ហើយទ្រង់ជាអ្នកទទួលខុសត្រូវរហូតដល់ចុងបញ្ចប់។ ព្រះជាម្ចាស់ផ្គត់ផ្គង់ដល់អ្នក ហើយទោះបីជានៅក្នុងបរិស្ថានដែលត្រូវបំផ្លាញដោយសាតាំងនេះ អ្នកត្រូវបានធ្វើឱ្យឈឺ ឬរងការបំពុល ឬការបំពានក៏ដោយ ក៏វាគ្មានបញ្ហាដែរ (ព្រះជាម្ចាស់នឹងផ្គត់ផ្គង់ដល់អ្នក ហើយព្រះជាម្ចាស់នឹងអនុញ្ញាតឱ្យអ្នករស់បន្ត)។ អ្នកគួរមានសេចក្ដីជំនឿក្នុងរឿងនេះ។ ព្រះជាម្ចាស់នឹងមិនឱ្យមនុស្សស្លាប់ដោយងាយៗទេ» («ព្រះជាម្ចាស់ផ្ទាល់ព្រះអង្គ ជាព្រះតែមួយអង្គគត់ VII» នៃសៀវភៅ «ព្រះបន្ទូល» ភាគ២៖ អំពីការស្គាល់ព្រះជាម្ចាស់)។ «ចាប់តាំងពីពេលដែលអ្នកកើតមករហូតមកដល់ពេលបច្ចុប្បន្ននេះ ព្រះជាម្ចាស់បានបំពេញកិច្ចការជាច្រើនដល់អ្នក ក៏ប៉ុន្តែព្រះអង្គមិនបានឱ្យអ្នកជ្រាបពីអ្វីៗគ្រប់ផ្នែកដែលព្រះអង្គបានធ្វើនោះទេ។ ព្រះជាម្ចាស់មិនបានអនុញ្ញាតឱ្យអ្នកដឹងពីរឿងនេះទេ ហើយព្រះអង្គក៏មិនបានប្រាប់អ្នកដែរ។ ទោះយ៉ាងណាក៏ដោយ សម្រាប់មនុស្សជាតិ អ្វីគ្រប់យ៉ាងដែលព្រះអង្គធ្វើគឺសំខាន់ទាំងអស់។ ដរាបណាព្រះជាម្ចាស់យកព្រះហឫទ័យទុកដាក់ គឺព្រះអង្គត្រូវតែធ្វើ។ នៅក្នុងព្រះហឫទ័យរបស់ព្រះអង្គ មានរឿងរ៉ាវដ៏សំខាន់ដែលព្រះអង្គត្រូវតែធ្វើ ដើម្បីយកឈ្នះលើរឿងរ៉ាវទាំងអស់នេះ។ នោះគឺចាប់ពីពេលដែលមនុស្សម្នាក់កើតមករហូតមកដល់សព្វថ្ងៃនេះ ព្រះជាម្ចាស់ត្រូវតែធានាពីសុវត្ថិភាពរបស់ពួកគេ។ ... ពាក្យ 'សុវត្ថិភាព' នេះមានន័យថា អ្នកនឹងមិនត្រូវសាតាំងលេបត្របាក់ឡើយ។ តើនេះសំខាន់ដែរទេ? តើការដែលមិនត្រូវសាតាំងលេបត្របាក់នេះចាត់ទុកថាមានសុវត្ថិភាពចំពោះអ្នក ឬអត់? ពិតណាស់ វារាប់ថាជាសុវត្ថិភាពផ្ទាល់ខ្លួនរបស់អ្នក ហើយវាគ្មានអ្វីសំខាន់ជាងនេះទៀតទេ។ នៅពេលដែលអ្នកត្រូវបានសាតាំងលេបត្របាក់ នោះព្រលឹងនិងសាច់ឈាមរបស់អ្នកលែងជាកម្មសិទ្ធិរបស់ព្រះជាម្ចាស់ទៀតហើយ។ ព្រះជាម្ចាស់ក៏នឹងលែងជួយសង្រ្គោះអ្នកទៀតដែរ។ ព្រះជាម្ចាស់បោះបង់ចោលព្រលឹង និងមនុស្សដែលត្រូវបានសាតាំងលេបត្របាក់។ ដូច្នេះ ខ្ញុំនិយាយអ្វីដែលសំខាន់បំផុតដែលព្រះជាម្ចាស់ត្រូវធ្វើ គឺធានាពីសុវត្ថិភាពរបស់អ្នក ដើម្បីធានាថាអ្នកនឹងមិនត្រូវបានសាតាំងលេបត្របាក់ឡើយ។ នេះពិតជាសំខាន់ណាស់មែនទេ?» («ព្រះជាម្ចាស់ផ្ទាល់ព្រះអង្គ ជាព្រះតែមួយអង្គគត់ VI» នៃសៀវភៅ «ព្រះបន្ទូល» ភាគ២៖ អំពីការស្គាល់ព្រះជាម្ចាស់)

អានបន្ទូលព្រះដ៏មានគ្រប់ព្រះចេស្ដារួច ធ្វើឱ្យខ្ញុំមានអារម្មណ៍ថាមានសុវត្ថិភាព ប្រៀបដូចខ្ញុំទីពំនាក់មួយអ៊ីចឹង។ បទពិសោធនេះបង្ហាញឱ្យខ្ញុំឃើញកាន់តែច្បាស់ថា តាំងពីកើតមករហូតដល់បច្ចុប្បន្ននេះ ព្រះជាម្ចាស់បានណែនាំយើង ឃុំគ្រង និងការពារយើងគ្រប់វិនាទី។ ខ្ញុំគួរតែចូលមកចំពោះព្រះ បំពេញភារកិច្ចខ្ញុំ និងតបស្នងចំពោះព្រះគុណដ៏អស្ចារ្យរបស់ទ្រង់វិញ។ ខ្ញុំត្រូវតែធ្វើបន្ទាល់ថា ព្រះពិតជាគ្រប់គ្រងលើរបស់សព្វសារពើមែន រួមទាំងពិភពខាងវិញ្ញាណដែលភ្នែកយើងមើលមិនឃើញផងដែរ។ ស្ថាននរកពិតជាមានប្រាកដមែន។ ខ្ញុំមិនបានរងទុក្ខពីការដាក់ទោសនៅស្ថាននរកទេ តែខ្ញុំបានឃើញពីទិដ្ឋភាពដែលមនុស្សត្រូវគេដាក់ទោសនៅស្ថាននរក។ នៅជុំវិញខ្លួនខ្ញុំ មានមនុស្សជាច្រើនដែលដេញតាមនិន្នាការខាងលោកីយ៍ ដើរតាមសាតាំង។ ពួកគេមិនបានមកចំពោះព្រះទេ។ ខ្ញុំពិតជាបារម្ភជំនួសពួកគេខ្លាំងណាស់ ហើយខ្ញុំមិនចង់ឱ្យមនុស្សដែលខ្ញុំស្គាល់ធ្លាក់នរក រងទុក្ខបែបនោះឡើយ។ មិនថាពួកគេទទួលយកកិច្ចការរបស់ព្រះដ៏មានគ្រប់ព្រះចេស្ដានៃគ្រាចុងក្រោយឬអត់នោះទេ ខ្ញុំនឹងបំពេញទំនួលខុសត្រូវរបស់ខ្ញុំ និងធ្វើបន្ទាល់ប្រាប់ពួកគេថា ស្ថាននរកពិតជាមានពិតមែន ហើយសិទ្ធិអំណាចរបស់ព្រះក៏មានពិតប្រាកដផងដែរ។ មានតែព្រះដ៏មានគ្រប់ព្រះចេស្ដាមួយអង្គប៉ុណ្ណោះ ទើបអាចសង្រ្គោះយើងពីទុក្ខវេទនានៃស្ថាននរកបាន។ ខ្ញុំចង់អានអត្ថបទបន្ទូលរបស់ព្រះដ៏មានគ្រប់ព្រះចេស្ដាឱ្យអ្នកដែលមិនបានចូលមកចំពោះទ្រង់ និងអ្នកដែលបានទទួលយកព្រះដ៏មានគ្រប់ព្រះចេស្ដា តែមិនឱ្យតម្លៃសេចក្តីសង្រ្គោះរបស់ទ្រង់បានស្ដាប់។

ព្រះដ៏មានគ្រប់ព្រះចេស្ដាមានបន្ទូលថា៖ «កិច្ចការចុងក្រោយរបស់ខ្ញុំ គឺមិនត្រឹមតែសម្រាប់ជាប្រយោជន៍ដល់ការដាក់ទោសមនុស្សប៉ុណ្ណោះទេ ប៉ុន្តែក៏សម្រាប់ជាប្រយោជន៍ដល់ការរៀបចំទិសដៅរបស់មនុស្សផងដែរ។ លើសពីនេះទៅទៀត គឺដើម្បីឲ្យមនុស្សទាំងអស់អាចស្គាល់ពីអំពើ និងសកម្មភាពរបស់ខ្ញុំ។ ខ្ញុំចង់ឲ្យមនុស្សរាល់គ្នាឃើញថា គ្រប់យ៉ាងដែលខ្ញុំបានធ្វើ គឺត្រឹមត្រូវ ហើយគ្រប់យ៉ាងដែលខ្ញុំបានធ្វើ គឺជាការបង្ហាញពីនិស្ស័យរបស់ខ្ញុំ។ វាមិនមែនជាទង្វើរបស់មនុស្ស និងធម្មជាតិដាច់ខាត ដែលបានធ្វើឲ្យកើតមានមនុស្សជាតិឡើងមក ប៉ុន្តែខ្ញុំទេដែលជាអ្នកដែលចិញ្ចឹមបីបាច់រាល់ភាវរស់ទាំងអស់ដែលត្រូវបានបង្កើតមក។ បើគ្មានអត្ថិភាពរបស់ខ្ញុំទេ មនុស្សជាតិនឹងត្រូវវិនាស ហើយទទួលរងនូវទុក្ខទោសជាមិនខាន។ គ្មានមនុស្សណាម្នាក់នឹងបានឃើញព្រះអាទិត្យ និងព្រះចន្ទដ៏សែនស្អាត ឬពិភពលោកដ៏ស្រស់បំព្រងម្ដងទៀតឡើយ មនុស្សជាតិនឹងជួបប្រទះតែរាត្រីដ៏ត្រជាក់ និងស្រមោលនៃសេចក្ដីស្លាប់ដែលមិនអាចទប់ទល់បាន។ ខ្ញុំជាសេចក្ដីសង្គ្រោះតែមួយគត់របស់មនុស្សជាតិ។ ខ្ញុំជាសេចក្ដីសង្ឃឹមតែមួយគត់របស់មនុស្សជាតិ ហើយជាងនេះទៅទៀត ខ្ញុំជាព្រះដែលទ្រទ្រង់អត្ថិភាពនៃមនុស្សជាតិទាំងអស់។ បើគ្មានខ្ញុំទេ មនុស្សជាតិនឹងឈានដល់ភាពនៅទ្រឹងយ៉ាងឆាប់រហ័ស។ បើគ្មានខ្ញុំទេ មនុស្សជាតិនឹងរងគ្រោះមហន្តរាយ ហើយត្រូវពួកខ្មោចគ្រប់បែបយ៉ាងជាន់ឈ្លីក្រោមជើង ទោះបីជាគ្មាននរណាម្នាក់យកចិត្តទុកដាក់ចំពោះខ្ញុំក្ដី។ ខ្ញុំបានធ្វើកិច្ចការដែលគ្មានអ្នកណាម្នាក់អាចធ្វើបាន ហើយខ្ញុំគ្រាន់តែសង្ឃឹមថា មនុស្សអាចតបស្នងខ្ញុំវិញដោយការធ្វើអំពើល្អខ្លះៗតែប៉ុណ្ណោះ។ ទោះបីជាមានតែមនុស្សតិចតួចអាចតបស្នងខ្ញុំវិញក៏ដោយ ក៏ខ្ញុំនៅតែបញ្ចប់ដំណើររបស់ខ្ញុំនៅក្នុងពិភពមនុស្សដដែល ហើយចាប់ផ្តើមជំហានបន្ទាប់នៃកិច្ចការដែលខ្ញុំកំពុងបង្ហាញឲ្យឃើញ ព្រោះការប្រញាប់ប្រញាល់ទាំងអម្បាលម៉ានរបស់ខ្ញុំនៅក្នុងចំណោមមនុស្ស ក្នុងរយៈពេលជាច្រើនឆ្នាំមកនេះ ទទួលបានផ្លែផ្កា ហើយខ្ញុំក៏សព្វព្រះហឫទ័យណាស់ដែរ។ អ្វីដែលខ្ញុំយកចិត្តទុកដាក់មិនមែនជាចំនួនមនុស្សទេ តែផ្ទុយទៅវិញ គឺជាអំពើល្អរបស់ពួកគេ។ ទោះក្នុងករណីណាក៏ដោយ ខ្ញុំសង្ឃឹមថា អ្នករាល់គ្នាត្រៀមខ្លួនធ្វើអំពើល្អឲ្យបានគ្រប់គ្រាន់សម្រាប់ទិសដៅរបស់ខ្លួនឯងផ្ទាល់។ ពេលនោះខ្ញុំនឹងសព្វព្រះហឫទ័យ បើមិនដូច្នោះទេគ្មាននរណាម្នាក់អាចរួចផុតពីមហន្តរាយដែលនឹងកើតឡើងឡើយ។ មហន្តរាយនេះកើតចេញពីខ្ញុំ ហើយប្រាកដណាស់ថា ខ្ញុំក៏ជាអ្នកចាត់ចែងវាយ៉ាងហ្មត់ចត់ដែរ។ បើអ្នករាល់គ្នាមិនអាចធ្វើខ្លួនឲ្យល្អ ក្នុងព្រះនេត្ររបស់ខ្ញុំទេ នោះអ្នករាល់គ្នានឹងគេចមិនផុតពីការរងទុក្ខដោយសារមហន្តរាយឡើយ» («ចូរត្រៀមខ្លួនធ្វើអំពើល្អឱ្យបានគ្រប់គ្រាន់សម្រាប់ទិសដៅរបស់អ្នក» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)

គ្រោះមហន្តរាយផ្សេងៗបានធ្លាក់ចុះ សំឡេងរោទិ៍នៃថ្ងៃចុងក្រោយបានបន្លឺឡើង ហើយទំនាយនៃការយាងមករបស់ព្រះអម្ចាស់ត្រូវបានសម្រេច។ តើអ្នកចង់ស្វាគមន៍ព្រះអម្ចាស់ជាមួយក្រុមគ្រួសាររបស់អ្នក ហើយទទួលបានឱកាសត្រូវបានការពារដោយព្រះទេ?

ខ្លឹមសារ​ពាក់ព័ន្ធ

ការរស់នៅតាមលក្ខណៈជាមនុស្សបន្តិចបន្ដួចប្រាកដជាល្អណាស់

ព្រះដ៏មានគ្រប់ព្រះចេស្ដាមានបន្ទូលថា៖ «មុនពេលដែលព្រះជាម្ចាស់បើកសម្ដែងលទ្ធផល សម្រាប់ជំពូកមនុស្សនីមួយៗ កិច្ចការរបស់ទ្រង់នៅលើផែនដី...

Leave a Reply