ជំពូកទី ៧២
ប្រសិនបើអ្នករកឃើញុនូវភាពខ្វះចន្លោះ ឬភាពទន់ខ្សោយណាមួយនៅក្នុងខ្លួនឯង អ្នកត្រូវតែពឹងអាស្រ័យលើខ្ញុំជាបន្ទាន់ ដើម្បីឲ្យវាបាត់ចេញពីអ្នកទៅ។ កុំពន្យាពេលឡើយ បើមិនដូច្នោះទេកិច្ចការនៃព្រះវិញ្ញាណបរិសុទ្ធនឹងនៅកាន់តែឆ្ងាយពីអ្នករាល់គ្នា ហើយអ្នករាល់គ្នានឹងកាន់តែតាមមិនទាន់។ កិច្ចការដែលខ្ញុំបានប្រគល់ទុកនឹងអ្នករាល់គ្នា អាចសម្រេចទៅបានដោយការឧស្សាហ៍ចូលទៅជិត ការអធិស្ឋាន និងការប្រកបនឹងព្រះវត្តមានខ្ញុំប៉ុណ្ណោះ។ ប្រសិនបើអ្នកមិនធ្វើរឿងទាំងនេះទេ នោះនឹងគ្មានលទ្ធផលសម្រេចបានអ្វីឡើយ ហើយអ្វីៗទាំងអស់នឹងទៅជាឥតបានការ។ កិច្ចការរបស់ខ្ញុំសព្វថ្ងៃនេះមិនដូចកាលពីមុនទេ។ វិសាលភាពនៃជីវិតរបស់មនុស្សដែលខ្ញុំស្រឡាញ់គឺខុសគ្នាជាងពីមុនឆ្ងាយណាស់។ ពួកគេទាំងអស់មានការយល់ដឹងច្បាស់ពីព្រះបន្ទូលរបស់ខ្ញុំ ហើយក៏ជ្រាបចូលក្នុងក្រអៅដួងចិត្តរបស់ពួកគេផងដែរ។ នេះគឺជាទិដ្ឋភាពជាក់ស្តែងបំផុតដែលអាចឆ្លុះបញ្ចាំងពីភាពអស្ចារ្យបំផុតនៃកិច្ចការរបស់ខ្ញុំ។ ល្បឿននៃកិច្ចការរបស់ខ្ញុំបានពន្លឿន ហើយកិច្ចការនេះពិតជាខុសគ្នាពីអតីតកាល។ វាជាការពិបាកសម្រាប់មនុស្សក្នុងការស្រមៃគិត ហើយលើសពីនេះទៅទៀត វាមិនអាចទៅរួចទេដែលពួកគេអាចយល់បាននោះ។ គ្មានអ្វីជាអាថ៌កំបាំងសម្រាប់អ្នករាល់គ្នាទៀតទេ ផ្ទុយទៅវិញអ្វីៗទាំងអស់ត្រូវបានឲ្យដឹង និងបើកបង្ហាញឲ្យឃើញច្បាស់។ វាច្បាស់ក្រឡែត វាត្រូវបានបញ្ចេញ ហើយលើសពីនេះទៀត គឺវាឥតគិតថ្លៃអ្វីទាំងអស់។ អ្នកដែលខ្ញុំស្រឡាញ់ ច្បាស់ជាមិនត្រូវបានដាក់កំហិតដោយនរណាម្នាក់ ដោយព្រឹត្តិការណ៍ ឬរឿងណាមួយ ហើយក៏មិនមែនដោយតំបន់ ឬភូមិសាស្ត្រណាដែរ គឺពួកគេនឹងខ្ពស់លើសជាងការគ្រប់គ្រងពីសំណាក់អ្នកនៅជុំវិញ និងពីអ្វីដែលចេញពីសាច់ឈាមទាំងអស់។ នេះគឺជាការបញ្ចប់នូវកិច្ចការដ៏អស្ចារ្យរបស់ខ្ញុំ។ នឹងមិនមានអ្វីត្រូវធ្វើនៅពេលក្រោយទៀតនោះឡើយ ព្រោះវានឹងត្រូវបានបញ្ចប់ទាំងស្រុង។
ការញ្ចប់នូវកិច្ចការដ៏អស្ចារ្យត្រូវបានចែងដោយផ្សារភ្ជាប់ទៅនឹងគ្រប់ពួកកូនប្រុសច្បងទាំងអស់ និងទៅចំពោះគ្រប់មនុស្សទាំងអស់ដែលខ្ញុំស្រឡាញ់។ អំណឹះតទៅ អ្នកនឹងមិនត្រូវបានគ្រប់គ្រងដោយនរណាម្នាក់ ដោយព្រឹត្តិការណ៍ ឬដោយអ្វីមួយឡើយ។ អ្នកនឹងធ្វើដំណើរទៅកាន់ប្រជាជាតិផ្សេងៗនៅក្នុងសកលលោក ដោយឆ្លងកាត់លោកធាតុទាំងមូល និងបន្សល់ទុកនូវស្នាមជើងអ្នករាល់គ្នានៅគ្រប់ទីកន្លែង។ ចូរកុំគិតថានេះជាដំណើរវែងឆ្ងាយឡើយ វាគឺជាអ្វីដែលនឹងក្លាយជាការពិតឆាប់ៗ នៅចំពីមុខភ្នែករបស់អ្នកតែម្តង។ អ្វីដែលខ្ញុំធ្វើ នឹងត្រូវប្រគល់ទុកនឹងអ្នករាល់គ្នា ហើយកន្លែងដែលខ្ញុំជាន់ នឹងមានស្នាមជើងរបស់អ្នករាល់គ្នាផងដែរ។ លើសពីនេះទៅទៀត នេះគឺជាអត្ថន័យពិតរបស់យើងគឺអ្នករាល់គ្នា និងខ្ញុំ ដែលសោយរាជ្យជាស្ដេចជាមួយគ្នា។ តើអ្នកមានបានគិតទេថា ហេតុអ្វីការដែលខ្ញុំបានបើកសម្តែង កាន់តែមានភាពច្បាស់ក្រឡែតហើយកាន់តែស្ដែងទៅៗ ដោយមិនមានការលាក់កំបាំងបន្តិចសោះដូច្នេះ? ហេតុអ្វីបានជាខ្ញុំធ្វើជាសាក្សីខ្ពស់បំផុត ហើយប្រាប់ការអាថ៌កំបាំងទាំងអស់នេះ ព្រមទាំងព្រះបន្ទូលទាំងអស់នេះដល់អ្នករាល់គ្នា? មូលហេតុគឺគ្មានអ្វីក្រៅពីកិច្ចការដូចដែលបានរៀបរាប់ខាងលើនេះទេ។ ទោះយ៉ាងណាក៏ដោយ ការរីកចម្រើននៃកិច្ចការរបស់អ្នករាល់គ្នានាពេលបច្ចុប្បន្ន គឺយឺតខ្លាំងណាស់។ អ្នកមិនអាចតាមជាប់នូវជំហានរបស់ខ្ញុំបានទេ អ្នកមិនអាចសហការជាមួយខ្ញុំបានល្អទេ ហើយឥឡូវនេះអ្នកនៅតែមិនអាចសម្រេចតាមព្រះហឫទ័យរបស់ខ្ញុំបានដដែល។ ខ្ញុំត្រូវតែបង្ហាត់បង្រៀនអ្នករាល់គ្នាអោយកាន់តែខ្លាំង និងបង្កើនល្បឿនការបញ្ចប់របស់ខ្ញុំសម្រាប់អ្នករាល់គ្នា ដើម្បីឲ្យអ្នករាល់គ្នាអាចនាំមកនូវការពេញចិត្តដល់ព្រះហឫទ័យរបស់ខ្ញុំ ឲ្យបានឆាប់តាមដែលអាចធ្វើទៅបាន។
បច្ចុប្បន្ននេះ អ្វីដែលជាក់ច្បាស់បំផុតគឺថា ក្រុមរបស់ពួកកូនប្រុសច្បងបានបង្កើតឡើងរួចហើយ។ គ្រប់ការទាំងអស់ខ្ញុំជាអ្នកអនុម័ត ហើយថែមទាំងត្រូវបានកំណត់ទុកជាមុន និងជ្រើសរើសដោយខ្ញុំចាប់តាំងពីការបង្កើតពិភពលោកមកម៉្លេះ។ ពួកគេម្នាក់ៗត្រូវបានលើកស្ទួយដោយព្រះហស្ដខ្ញុំផ្ទាល់។ មិនមានកន្លែងចន្លោះសម្រាប់ការពិនិត្យពិច័យណាមួយរបស់មនុស្សនៅក្នុងការនេះទេ។ វាហួសពីការគ្រប់គ្រងរបស់អ្នករាល់គ្នា។ ចូរកុំមានអំនួតឡើយ ព្រោះទាំងអស់ជាសេចក្តីសប្បុរស និងចិត្តក្ដួលអាណិតរបស់ខ្ញុំទេ។ តាមទស្សនៈរបស់ខ្ញុំ អ្វីគ្រប់យ៉ាងត្រូវបានសម្រេចរួចហើយ។ វាគ្រាន់តែថា ភ្នែករបស់អ្នករាល់គ្នាមើលមិនសូវច្បាស់ ហើយសូម្បីតែឥឡូវនេះ ក៏អ្នកមិនអាចទទួលបាននូវការមើលឃើញច្បាស់ពីភាពអស្ចារ្យនៃការប្រព្រឹត្តរបស់ខ្ញុំប៉ុណ្ណោះ។ ក្នុងចំណោមអ្នករាល់គ្នាគ្មាននរណាម្នាក់មានការយល់ដឹងច្បាស់ ឬពិតប្រាកដ អំពីឫទ្ធានុភាពគ្រប់ការទាំងអស់របស់ខ្ញុំ ប្រាជ្ញារបស់ខ្ញុំ រាល់សកម្មភាពរបស់ខ្ញុំ ឬគ្រប់ទាំងព្រះបន្ទូល និងការប្រព្រឹត្តទាំងអស់របស់ខ្ញុំនោះឡើយ។ ដោយហេតុនេះហើយ បានជាខ្ញុំមានបន្ទូលយ៉ាងច្បាស់។ សម្រាប់ពួកកូនប្រុសរបស់ខ្ញុំ ខ្ញុំសព្វព្រះហឫទ័យនឹងបង់ថ្លៃគ្រប់យ៉ាង ទ្រាំនឿយហត់ និងលះបង់ខ្លួនរបស់ខ្ញុំផ្ទាល់ ដើម្បីបុត្រាស្ងួនភ្ងារបស់ខ្ញុំ។ តើអ្នករាល់គ្នាស្គាល់ខ្ញុំតាមរយៈព្រះបន្ទូលរបស់ខ្ញុំទេ? តើអ្នកត្រូវការខ្ញុំថ្លែងឲ្យកាន់តែច្បាស់ទេ? ចូរកុំប្រព្រឹត្តខុសគន្លងទៀតឡើយ ចូរបង្ហាញការយកចិត្តទុកដាក់ចំពោះព្រះហឫទ័យរបស់ខ្ញុំ! ឥឡូវ អាថ៌កំបាំងដ៏អស្ចារ្យបែបនេះត្រូវបានបើកសម្ដែងមកកាន់អ្នករាល់គ្នាហើយ តើអ្នករាល់គ្នាមានអ្វីចង់និយាយឬទេ? តើអ្នកនៅតែមានការរអ៊ូរទាំទៀតទេ? ប្រសិនបើអ្នកមិនទទួលបទពិសោធអំពីអ្វីដែលអ្នកបានធ្វើ និងខំប្រឹងទេនោះ តើអ្នកគួរនឹងអ្វីទាំងអស់ដែលខ្ញុំបានខិតខំប្រឹងប្រែងយ៉ាងផ្ចិតផ្ចង់ដែរឬទេ?
មនុស្សសព្វថ្ងៃមិនអាចគ្រប់គ្រងខ្លួនឯងបានទេ។ សេចក្ដីស្រឡាញ់របស់ខ្ញុំមិនអាចកើតឡើងចំពោះអ្នកដែលខ្ញុំមិនពេញចិត្ដនោះទេ បើទោះជាពួកគេចង់បានក៏ដោយ។ ទោះជាយ៉ាងណា មនុស្សដែលខ្ញុំបានកំណត់ទុកជាមុន និងបានរើសតាំង នឹងមិនអាចរត់គេចបានឡើយ ទោះបីពួកគេចង់ក៏ដោយ។ ទោះជាគេទៅទីណា ក៏គេមិនអាចគេចពីព្រះហស្ដខ្ញុំបានដែរ។ នេះគឺជាតេជានុភាពរបស់ខ្ញុំ ហើយលើសពីនេះទៅទៀតគឺជាការជំនុំជម្រះរបស់ខ្ញុំផងដែរ។ មនុស្សទាំងអស់ត្រូវធ្វើកិច្ចការរបស់ខ្លួនស្របតាមផែនការ និងព្រះហឫទ័យរបស់ខ្ញុំ។ ចាប់ពីថ្ងៃនេះតទៅ អ្វីៗទាំងអស់ត្រលប់មកព្រះហស្ដខ្ញុំវិញ ត្បិតអីវាហួសពីការគ្រប់គ្រងរបស់ពួកគេហើយ។ អ្វីគ្រប់យ៉ាងត្រូវបានគ្រប់គ្រង និងរៀបចំដោយខ្ញុំ។ បើមនុស្សចូលរួមចំណែកផ្នែកតូចណាមួយ នោះខ្ញុំនឹងមិនឲ្យពួកគេចាកចេញដោយងាយទេ។ ចាប់ពីថ្ងៃនេះតទៅ ខ្ញុំនឹងឲ្យមនុស្សទាំងអស់ចាប់ផ្ដើមស្គាល់ខ្ញុំ ជាព្រះពិតតែមួយអង្គគត់ដែលបានបង្កើតអ្វីៗសព្វសារពើ ជាព្រះដែលបានយាងមកក្នុងចំណោមមនុស្ស ហើយត្រូវបានគេបដិសេធ និងនិយាយបង្កាច់បង្ខូច ហើយជាព្រះដែលគ្រប់គ្រង និងរៀបចំអ្វីៗទាំងអស់ឲ្យបានពេញលេញ ជាព្រះមហាក្សត្រដែលសោយរាជ្យក្នុងនគរ ជាព្រះអង្គទ្រង់ដែលគ្រប់គ្រងលោកធាតុ ហើយលើសពីនេះទៅទៀត ជាព្រះដែលគ្រប់គ្រងជីវិត និងសេចក្តីស្លាប់របស់មនុស្ស និងជាព្រះដែលកាន់កូនសោនៃស្ថានឃុំព្រលឹង។ ខ្ញុំនឹងឲ្យមនុស្សទាំងអស់ (មនុស្សពេញវ័យ និងកុមារ មិនថាពួកគេមានវិញ្ញាណ ឬអត់ ហើយមិនថាពួកគេជាមនុស្សល្ងីល្ងើ ឬពិការក៏ដោយ ។ល។) បានស្គាល់ខ្ញុំ។ ខ្ញុំនឹងមិនលើកលែងនរណាម្នាក់ចំពោះកិច្ចនេះទេ។ វាគឺជាកិច្ចការដ៏សំខាន់បំផុត ជាកិច្ចការដែលខ្ញុំបានរៀបចំយ៉ាងល្អ ហើយជាកិច្ចការដែលកំពុងត្រូវបានអនុវត្ត ដែលចាប់ផ្តើមនៅពេលនេះ។ អ្វីដែលខ្ញុំមានបន្ទូល ខ្ញុំនឹងធ្វើ។ ចូរបើកភ្នែកខាងវិញ្ញាណរបស់អ្នក ដកចេញនូវសញ្ញាណផ្ទាល់ខ្លួនរបស់អ្នក ហើយទទួលស្គាល់ថាខ្ញុំជាព្រះពិតតែមួយអង្គដែលគ្រប់គ្រងសកលលោក! ខ្ញុំមិនមានការលាក់កំបាំងពីនរណាម្នាក់ឡើយ ហើយខ្ញុំអនុវត្តតាមបញ្ញត្តិគ្រប់គ្រងរបស់ខ្ញុំចំពោះមនុស្សគ្រប់គ្នា។
សូមទុករបស់ផ្ទាល់ខ្លួនទាំងអស់ចោលមួយឡែក។ តើមិនមែនរបស់ដែលអ្នកបានពីខ្ញុំមានតម្លៃជាង ហើយមានសារៈសំខាន់ជាងទេឬអី? តើវាមិនមានភាពខុសគ្នាដូចមេឃ និងដី រវាងរបស់ដែលអ្នកបានពីខ្ញុំ និងរបស់ឥតបានការរបស់អ្នករាល់គ្នាទេឬអី? ចូរប្រញាប់ឡើង ហើយបោះចោលអ្វីៗទាំងអស់ដែលឥតប្រយោជន៍! ឥឡូវនេះខ្ញុំកំពុងតែសម្រេចចិត្តថា តើអ្នកនឹងទទួលបានព្រះពរ ឬក៏ជួបនឹងជោគអាក្រក់។ នេះគឺជាពេលវេលាដ៏ចាំបាច់មួយ ហើយវាក៏ជាពេលវេលាដ៏សំខាន់បំផុតមួយផងដែរ។ តើអ្នករាល់គ្នាពិតជាអាចមើលឃើញការនេះឬទេ?