ទំនួលខុសត្រូវរបស់អ្នកដឹកនាំ និងអ្នកធ្វើការ (២)

ដំបូង យើងនាំគ្នារំឭកឡើងវិញអំពីខ្លឹមសារចម្បងនៃការប្រកបគ្នារបស់យើងនៅឯការជួបជុំលើកមុនសិន។ (កាលពីលើកមុន ទ្រង់បានរៀបរាប់ពីទំនួលខុសត្រូវទាំងដប់ប្រាំប្រការរបស់អ្នកដឹកនាំ និងអ្នកធ្វើការ ព្រមទាំងបានប្រកបគ្នាជាចម្បងអំពីប្រការទាំងពីរដំបូងគេ ពោលគឺ៖ ទីមួយគឺ ដឹកនាំមនុស្សឱ្យហូប និងផឹកព្រះបន្ទូលរបស់ព្រះជាម្ចាស់ និងយល់ពីព្រះបន្ទូលទាំងនោះ ព្រមទាំងដឹកនាំពួកគេឱ្យចូលទៅក្នុងតថភាពនៃព្រះបន្ទូលរបស់ព្រះជាម្ចាស់។ ទីពីរគឺ ត្រូវស្គាល់ពីសភាពនៃប្រភេទមនុស្សនីមួយៗ ហើយដោះស្រាយការលំបាកផ្សេងៗទាក់ទងនឹងការចូលទៅក្នុងជីវិត ដែលពួកគេជួបប្រទះនៅក្នុងជីវិតជាក់ស្ដែងរបស់ពួកគេ។ ផ្អែកលើចំណុចទាំងពីរនេះ ទ្រង់បានវែកញែកការបង្ហាញចេញដែលពាក់ព័ន្ធរបស់ពួកអ្នកដឹកនាំក្លែងក្លាយ។) តើអ្នករាល់គ្នាធ្លាប់បានគិតពិចារណាដែរទេថា ប្រសិនបើអ្នករាល់គ្នាជាអ្នកដឹកនាំម្នាក់វិញ តើអ្នករាល់គ្នាអាចបំពេញទំនួលខុសត្រូវមួយណាបាន ក្នុងចំណោមទំនួលខុសត្រូវទាំងពីរនេះ? មនុស្សជាច្រើនតែងតែយល់ថា ខ្លួនមានគុណសម្បត្តិខ្លះ មានភាពវៃឆ្លាត និងមានស្មារតីទទួលបន្ទុក ហេតុដូច្នេះហើយទើបចង់ប្រជែងធ្វើជាអ្នកដឹកនាំ និងមិនចង់ធ្វើជាអ្នកដើរតាមធម្មតានោះទេ។ ដូច្នេះ សុំពិនិត្យមើលជាមុនសិនថាតើអ្នកអាចបំពេញទំនួលខុសត្រូវទាំងពីរនេះបានដែរឬទេ ហើយតើទំនួលខុសត្រូវមួយណាដែលអ្នកមានសមត្ថភាពបំពេញបានច្រើនជាង និងអាចរាប់រងបាន។ ឥឡូវនេះ ចូរកុំទាន់និយាយអំពីថាតើអ្នកមានគុណសម្បត្តិធ្វើជាអ្នកដឹកនាំ ឬថាតើអ្នកមានសមត្ថភាពបំពេញការងារនេះ ឬមានស្មារតីទទួលបន្ទុកឬអត់ធ្វើអី តែផ្ទុយទៅវិញ ចូរពិនិត្យមើលជាមុនសិនថាតើអ្នកអាចបំពេញទំនួលខុសត្រូវទាំងពីរនេះបានល្អដែរឬទេ។ តើអ្នករាល់គ្នាធ្លាប់ពិចារណាអំពីសំណួរនេះដែរឬទេ? អ្នកខ្លះអាចនឹងនិយាយថា៖ «ខ្ញុំមិនមានគម្រោងធ្វើជាអ្នកដឹកនាំទេ ដូច្នេះ ហេតុអ្វីខ្ញុំគួរពិចារណាអំពីរឿងនេះ? ខ្ញុំគ្រាន់តែត្រូវការធ្វើកិច្ចការផ្ទាល់ខ្លួនរបស់ខ្ញុំឱ្យបានល្អទៅបានហើយ។ សំណួរនេះមិនពាក់ព័ន្ធនឹងខ្ញុំទេ។ ក្នុងជីវិតនេះ ខ្ញុំមិនដែលចង់ធ្វើជាអ្នកដឹកនាំទេ ហើយខ្ញុំក៏មិនដែលចង់ទទួលយកទំនួលខុសត្រូវជាអ្នកដឹកនាំ ឬអ្នកធ្វើការដែរ ដូច្នេះ ខ្ញុំមិនចាំបាច់អ្វីត្រូវគិតពិចារណាអំពីសំណួរបែបនេះឡើយ»។ តើសម្ដីនេះត្រឹមត្រូវដែរឬទេ? (មិនត្រឹមត្រូវទេ។) ទោះបីជាអ្នកមិនចង់ធ្វើជាអ្នកដឹកនាំក៏ដោយ តើអ្នកមិននៅតែត្រូវការដឹងថាតើមនុស្សដែលដឹកនាំអ្នកកំពុងតែអនុវត្តទំនួលខុសត្រូវទាំងពីរនេះបានល្អប៉ុនណា ថាតើពួកគេបានបំពេញទំនួលខុសត្រូវរបស់ពួកគេហើយឬនៅ ថាតើពួកគេមានគុណសម្បត្តិ សមត្ថភាព និងស្មារតីទទួលបន្ទុកដែលបានតម្រូវដែរឬទេ ហើយថាតើពួកគេបំពេញតាមលក្ខខណ្ឌតម្រូវទាំងពីរនេះដែរឬទេ? ប្រសិនបើអ្នកមិនយល់ ឬមិនអាចមើលធ្លុះពីរឿងទាំងនេះបានទេ ហើយពួកគេដឹកនាំអ្នកឱ្យធ្លាក់ចូលទៅក្នុងរណ្ដៅ តើអ្នកនឹងដឹងខ្លួនដែរឬទេ? ប្រសិនបើអ្នកចេះតែដើរតាមពួកគេទាំងវង្វេងមិនដឹងអ្វី ហើយត្រឹមតែជាមនុស្សល្ងង់ខ្លៅម្នាក់ ប្រសិនបើអ្នកមិនដឹងថាពួកគេជាអ្នកដឹកនាំក្លែងក្លាយ ឬមិនដឹងថាពួកគេកំពុងដឹកនាំអ្នកឱ្យវង្វេង ឬមិនដឹងថាពួកគេដឹកនាំអ្នកទៅទីណាទេនោះ ដូច្នេះ អ្នកនឹងមានគ្រោះថ្នាក់មិនខាន។ ដោយសារអ្នកមិនដឹងពីរង្វង់នៃការទទួលខុសត្រូវរបស់អ្នកដឹកនាំ និងអ្នកធ្វើការ ហើយអ្នកខ្វះការញែកដឹងពីអ្នកដឹកនាំក្លែងក្លាយ ដូច្នេះ អ្នកនឹងដើរតាមពួកគេទាំងវង្វេងគ្មានដឹងអ្វី ព្រមទាំងធ្វើអ្វីគ្រប់យ៉ាងតាមដែលពួកគេប្រាប់ឱ្យអ្នកធ្វើ ដោយមិនដឹងថាតើអ្វីដែលពួកគេប្រកបគ្នាជាមួយអ្នកនោះ ស្របតាមសេចក្ដីពិតនៅក្នុងព្រះបន្ទូលរបស់ព្រះជាម្ចាស់ឬអត់ ឬថាតើវាជាតថភាពឬអត់នោះទេ។ អ្នកនឹងគិតថា ដោយសារពួកគេមានសេចក្ដីក្លៀវក្លា ដោយសារពួកគេញាប់ដៃញាប់ជើង និងខំប្រឹងធ្វើការតាំងពីព្រលឹមទល់ព្រលប់ ហើយអាចលះបង់បាន ហើយដោយសារនៅពេលនរណាម្នាក់មានការលំបាក ពួកគេបានលូកដៃទៅជួយ ដោយមិនព្រងើយកន្តើយដាក់អ្នកទាំងនោះ ដូច្នេះ ពួកគេត្រូវតាមស្ដង់ដាជាអ្នកដឹកនាំហើយ។ អ្នកមិនដឹងថា អ្នកដឹកនាំក្លែងក្លាយខ្វះសមត្ថភាពយល់ដឹងព្រះបន្ទូលរបស់ព្រះជាម្ចាស់ទេ មិនដឹងថា ទោះបីជាពួកគេធ្វើការយូរប៉ុនណាក៏ដោយ ក៏ពួកគេនឹងមិនយល់ពីបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ ឬដឹងពីសេចក្ដីតម្រូវរបស់ព្រះជាម្ចាស់ដែរ ពួកគេនឹងមិនទាំងអាចញែកដឹងផងថាអ្វីជាគោលលទ្ធិ និងអ្វីជាតថភាពសេចក្ដីពិត ពួកគេនឹងមិនដឹងពីរបៀបយល់ដឹងពីព្រះបន្ទូលរបស់ព្រះជាម្ចាស់ និងសេចក្ដីពិតតាមរបៀបដ៏បរិសុទ្ធឡើយ ហើយពួកគេក៏នឹងមិនដឹងពីរបៀបហូប និងផឹកព្រះបន្ទូលរបស់ព្រះជាម្ចាស់ដែរ ពោលគឺចំណុចនេះហើយដែលធ្វើឱ្យយើងឃើញយ៉ាងច្បាស់ថា ពួកគេគឺជាអ្នកដឹកនាំក្លែងក្លាយ។ អ្នកដឹកនាំក្លែងក្លាយធ្វើកិច្ចការអ្វីមិនដែលបានសម្រេចលទ្ធផលឡើយ។ ពួកគេតែងប្រកបគ្នាជាមួយអ្នក ហើយធ្វើវាឱ្យតែបានៗប៉ុណ្ណោះ ប៉ុន្តែពួកគេនឹងមិនដឹងច្បាស់អំពីសភាពដែលអ្នកកំពុងមាន ការលំបាកអ្វីខ្លះដែលអ្នកកំពុងជួបប្រទះ ហើយតើបញ្ហាទាំងនោះពិតជាបានដោះស្រាយរួចហើយឬនៅទេ ហើយអ្នកខ្លួនឯងក៏នឹងមិនដឹងពីរឿងទាំងនេះដែរ។ ពីសម្បកក្រៅ ពួកគេដូចជាបានអានព្រះបន្ទូលរបស់ព្រះជាម្ចាស់ និងបានប្រកបគ្នាអំពីសេចក្ដីពិតជាមួយអ្នកអ៊ីចឹង ប៉ុន្តែអ្នកនឹងនៅតែរស់នៅក្នុងសភាពខុសឆ្គង គ្មានការប្រែប្រួលដដែល។ មិនថាអ្នកជួបប្រទះការលំបាកអ្វីក៏ដោយ ក៏មើលទៅ ពួកគេដូចជាបានបំពេញទំនួលខុសត្រូវរបស់ពួកគេអ៊ីចឹង ប៉ុន្តែគ្មានការលំបាកណាមួយរបស់អ្នក នឹងត្រូវបានដោះស្រាយតាមរយៈការប្រកបគ្នា ឬជំនួយរបស់ពួកគេឡើយ ហើយបញ្ហានឹងនៅតែបន្តកើតមានដដែល។ តើអ្នកដឹកនាំប្រភេទនេះត្រូវតាមស្ដង់ដាដែរឬទេ? (អត់ទេ) ដូច្នេះ តើអ្នកត្រូវយល់ពីសេចក្ដីពិតអ្វីខ្លះ ដើម្បីអាចញែកដឹងពីរឿងរ៉ាវទាំងនេះបាន? អ្នកត្រូវដឹងថាតើអ្នកដឹកនាំ និងអ្នកធ្វើការបំពេញគ្រប់កិច្ចការ និងដោះស្រាយគ្រប់បញ្ហាស្របទៅតាមសេចក្ដីតម្រូវនៃព្រះបន្ទូលរបស់ព្រះជាម្ចាស់ដែរឬទេ ថាតើគ្រប់ពាក្យសម្ដីដែលពួកគេនិយាយនោះ គឺជាក់ស្ដែង និងត្រូវតាមសេចក្ដីពិតនៅក្នុងព្រះបន្ទូលរបស់ព្រះជាម្ចាស់ដែរឬទេ។ លើសពីនេះ អ្នកត្រូវដឹងថាតើ នៅពេលអ្នកប្រឈមមុខនឹងការលំបាកផ្សេងៗ វិធីសាស្រ្តក្នុងការដោះស្រាយបញ្ហារបស់ពួកគេ ដឹកនាំអ្នកឱ្យយល់ពីព្រះបន្ទូលរបស់ព្រះជាម្ចាស់ និងទទួលបានផ្លូវនៃការអនុវត្តដែរឬទេ ឬក៏ពួកគេគ្រាន់តែនិយាយពាក្យពេចន៍ និងគោលលទ្ធិខ្លះៗ ស្រែកពាក្យស្លោក ឬស្ដីបន្ទោសអ្នកទេ។ អ្នកដឹកនាំ និងអ្នកធ្វើការខ្លះ ចូលចិត្តជួយមនុស្សតាមរយៈការដាស់តឿន អ្នកខ្លះជួយតាមរយៈការលើកទឹកចិត្ត ហើយអ្នកខ្លះទៀតជួយតាមរយៈការលាតត្រដាង ការចោទប្រកាន់ និងការលួសកាត់។ ទោះបីជាពួកគេប្រើវិធីសាស្រ្តបែបណាក៏ដោយ ប្រសិនបើវាពិតជាអាចដឹកនាំអ្នកឱ្យចូលទៅក្នុងតថភាពសេចក្ដីពិតបាន អាចដោះស្រាយការលំបាកពិតប្រាកដរបស់អ្នកបាន ធ្វើឱ្យអ្នកយល់ពីបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ ហើយធ្វើឱ្យអ្នកស្គាល់ខ្លួនឯង និងរកឃើញផ្លូវនៃការអនុវត្តបាន ដូច្នេះ នៅពេលអ្នកប្រឈមមុខនឹងស្ថានភាពស្រដៀងគ្នានេះនាពេលអនាគត អ្នកនឹងមានផ្លូវដើម្បីដើរ។ ហេតុដូច្នេះ ស្ដង់ដាដ៏មូលដ្ឋានបំផុតសម្រាប់វាស់វែងថាតើអ្នកដឹកនាំ ឬអ្នកធ្វើការណាម្នាក់ត្រូវតាមស្ដង់ដាឬអត់ គឺថាតើពួកគេអាចប្រើសេចក្ដីពិតដើម្បីដោះស្រាយបញ្ហា និងការលំបាកផ្សេងៗរបស់មនុស្ស ដោយជួយឱ្យពួកគេយល់ពីសេចក្ដីពិត និងមានផ្លូវនៃការអនុវត្តដែរឬទេ។

កាលពីលើកមុន យើងបានប្រកបគ្នាត្រួសៗអំពីទំនួលខុសត្រូវទីមួយ និងទីពីររបស់អ្នកដឹកនាំ និងអ្នកធ្វើការ ហើយយើងបានវែកញែកអំពីការបង្ហាញចេញមួយចំនួនរបស់អ្នកដឹកនាំក្លែងក្លាយដែលទាក់ទងនឹងទំនួលខុសត្រូវទាំងពីរនេះ។ ការបង្ហាញចេញជាចម្បងរបស់ពួកគេគឺ ការយល់ដឹងរាក់កំផែល និងមិនស៊ីជម្រៅអំពីព្រះបន្ទូលរបស់ព្រះជាម្ចាស់ និងការមិនអាចយល់ពីសេចក្ដីពិតបាន។ វាច្បាស់ណាស់ថា ជាលទ្ធផល ពួកគេមិនអាចដឹកនាំអ្នកដទៃឱ្យយល់ពីព្រះបន្ទូលរបស់ព្រះជាម្ចាស់ និងចាប់យល់ពីបំណងព្រះហឫទ័យរបស់ទ្រង់បានឡើយ។ នៅពេលដែលមនុស្សប្រឈមមុខនឹងការលំបាកផ្សេងៗ អ្នកដឹកនាំក្លែងក្លាយមិនអាចពឹងលើចំណេះដឹងតាមរយៈបទពិសោធផ្ទាល់របស់ខ្លួនមកដឹកនាំមនុស្សទាំងនោះឱ្យយល់ពីសេចក្ដីពិត និងចូលទៅក្នុងតថភាព ដើម្បីឱ្យពួកគេមានផ្លូវដើរបានឡើយ ហើយពួកគេក៏មិនអាចធ្វើឱ្យមនុស្សទាំងនោះឆ្លុះបញ្ចាំង និងស្គាល់ពីខ្លួនឯងតាមរយៈការលំបាកផ្សេងៗ ហើយក៏មិនអាចដោះស្រាយការលំបាកទាំងនេះក្នុងពេលតែមួយបានដែរ។ ដូច្នេះ ថ្ងៃនេះ យើងនឹងប្រកបគ្នាថាតើការលំបាកនៃការចូលទៅក្នុងជីវិតមានអ្វីខ្លះ និងថាតើការលំបាកទូទៅផ្សេងៗដែលទាក់ទងនឹងការចូលទៅក្នុងជីវិត ដែលមនុស្សតែងតែជួបប្រទះនៅក្នុងជីវិតប្រចាំថ្ងៃរបស់ពួកគេនោះមានអ្វីខ្លះជាមុនសិន។ សូមយើងធ្វើការសង្ខេបលម្អិតពីរឿងទាំងនេះ។ តើត្រូវការប្រកបគ្នាអំពីរឿងនេះដែរឬទេ? (ត្រូវការ។) ពេលនេះ អ្នករាល់គ្នាចាប់អារម្មណ៍ខ្លះៗចំពោះប្រធានបទទាំងនេះដែលទាក់ទងនឹងការចូលទៅក្នុងជីវិត មែនទេ? នៅពេលដែលខ្ញុំប្រាស្រ័យទាក់ទងជាមួយអ្នករាល់គ្នា និងបាននិយាយជាមួយអ្នករាល់គ្នាជាលើកដំបូង ទោះបីជាបាននិយាយអ្វីក៏ដោយ ក៏អ្នករាល់គ្នាមានសភាពស្ពឹកស្រពន់ និងមិនរហ័សរហួន យឺតយ៉ាវ ហើយមានប្រតិកម្មតបយឺត។ ហាក់ដូចជាអ្នករាល់គ្នាមិនយល់អ្វីទាំងអស់ ហើយគ្មានកម្ពស់អ្វីសោះ កុំថាឡើយដល់ការចូលទៅក្នុងជីវិតនោះ។ ឥឡូវ នៅពេលដែលយើងនិយាយអំពីបញ្ហាដែលពាក់ព័ន្ធនឹងការផ្លាស់ប្ដូរនិស្ស័យជីវិតរបស់មនុស្សម្នាក់ អ្នករាល់គ្នាភាគច្រើនចាប់អារម្មណ៍គួរសមនឹងប្រធានបទនេះ ហើយមានប្រតិកម្មខ្លះៗចំពោះប្រធានបទនេះ។ នេះគឺជារឿងវិជ្ជមានមួយ។ ប្រសិនបើអ្នករាល់គ្នាមិនបានបំពេញភារកិច្ចរបស់អ្នករាល់គ្នាទេ តើអ្នករាល់គ្នាអាចទទួលបានអ្វីទាំងនេះដែរឬទេ? (យើងមិនអាចទទួលបានទេ។) នេះគឺជាព្រះគុណរបស់ព្រះជាម្ចាស់។ គ្រប់យ៉ាងសុទ្ធតែដោយសារការអនុគ្រោះរបស់ទ្រង់។

ចំណុចទីពីរ៖ ត្រូវស្គាល់ពីសភាពនៃប្រភេទមនុស្សនីមួយៗ ហើយដោះស្រាយការលំបាកផ្សេងៗទាក់ទងនឹងការចូលទៅក្នុងជីវិត ដែលពួកគេជួបប្រទះនៅក្នុងជីវិតជាក់ស្ដែងរបស់ពួកគេ (ផ្នែកទីពីរ)

ការលំបាកទាំងប្រាំបីប្រភេទនៅក្នុងការចូលទៅក្នុងជីវិត

I. ការលំបាកទាក់ទងនឹងការបំពេញភារកិច្ចរបស់ខ្លួន

ទាក់ទងនឹងការលំបាកនៃការចូលទៅក្នុងជីវិត ដំបូង សុំយើងពិនិត្យមើលឱ្យបានទូលំទូលាយជាមុនសិន អំពីការលំបាកនានាដែលទាក់ទងនឹងការបំពេញភារកិច្ចរបស់មនុស្សម្នាក់ៗ។ នៅពេលដែលអ្នកជួបប្រទះបញ្ហាក្នុងការបំពេញភារកិច្ចរបស់អ្នក ដែលពាក់ព័ន្ធនឹងការអនុវត្តសេចក្ដីពិត ហើយអ្នកមិនអាចចាត់ចែងអ្វីៗទៅតាមគោលការណ៍បាន តើនេះមិនមែនជាការលំបាកមួយក្នុងការចូលទៅក្នុងជីវិតទេឬ? (ជាការលំបាក។) និយាយឱ្យងាយយល់ទៅ វាគឺជាសភាព គំនិត ទស្សនៈផ្សេងៗ និងរបៀបគិតមិនត្រឹមត្រូវមួយចំនួន ដែលកើតឡើងនៅពេលបំពេញភារកិច្ចរបស់ខ្លួន។ ដូច្នេះ នៅក្នុងរឿងនេះ តើមានការលំបាកជាក់លាក់អ្វីខ្លះ? ឧទាហរណ៍៖ ការតែងតែព្យាយាមធ្វើឱ្យតែរួចពីដៃ ក្រឡេចក្រឡុច និងខ្ជិលច្រអូសនៅពេលបំពេញភារកិច្ចរបស់ខ្លួនជាដើម តើនេះមិនមែនជាសភាពដែលតែងតែបង្ហាញចេញ និងបើកសម្ដែងឱ្យឃើញជាទូទៅក្នុងអំឡុងពេលបំពេញភារកិច្ចទេឬ? ក៏មានផងដែរនូវការមិនយកចិត្តទុកដាក់បំពេញការងាររបស់ខ្លួនឱ្យបានត្រឹមត្រូវ ហើយតែងប្រៀបធៀបខ្លួនឯងជាមួយនឹងអ្នកដទៃឥតឈប់ នៅពេលបំពេញភារកិច្ចរបស់ខ្លួន ដោយចាត់ទុកកន្លែងដែលខ្លួនបំពេញភារកិច្ច ដូចជាទីលានក្មេងលេង ឬជាសមរភូមិ ហើយគិតស្វែងរក «ចំណុចសម្រាប់ប្រៀបធៀប» នៅពេលណាដែលពួកគេកំពុងបំពេញភារកិច្ចរបស់ខ្លួន ដោយនិយាយក្នុងចិត្តថា៖ «ខ្ញុំនឹងមើលថាតើអ្នកណាពូកែជាងខ្ញុំ ហើយអ្នកណាដែលអាចដុតបញ្ឆេះស្មារតីប្រយុទ្ធរបស់ខ្ញុំបាន បន្ទាប់មក ខ្ញុំនឹងប្រកួតប្រជែងជាមួយពួកគេ ដណ្ដើមជាមួយពួកគេ និងប្រៀបធៀបខ្លួនឯងជាមួយនឹងពួកគេ ដើម្បីមើលថាតើអ្នកណាសម្រេចបានលទ្ធផលល្អប្រសើរជាង អ្នកណាបំពេញភារកិច្ចរបស់ខ្លួនមានប្រសិទ្ធភាពខ្ពស់ជាង ហើយតើអ្នកណាដែលពូកែយកឈ្នះចិត្តមនុស្សជាង»។ បន្ទាប់មក មនុស្សមានការយល់ពីគោលការណ៍សម្រាប់បំពេញភារកិច្ចរបស់ខ្លួន ប៉ុន្តែមិនចង់ប្រកាន់ខ្ជាប់តាមគោលការណ៍ទាំងនោះ ឬមិនចង់ធ្វើតាមសេចក្ដីពិតនៅក្នុងព្រះបន្ទូលរបស់ព្រះជាម្ចាស់ ឬសេចក្ដីតម្រូវនៃដំណាក់របស់ព្រះជាម្ចាស់ ហើយតែងតែចូលចិត្តយកការបំពេញភារកិច្ចរបស់ខ្លួនមកលាយឡំជាមួយនឹងចំណង់ចំណូលចិត្តផ្ទាល់ខ្លួន ដោយថា៖ «ខ្ញុំចូលចិត្តធ្វើបែបនេះ ខ្ញុំចូលចិត្តធ្វើបែបនោះ។ ខ្ញុំសុខចិត្តធ្វើវាបែបនេះ ខ្ញុំចង់ធ្វើវាបែបនោះទេ»។ នេះគឺជាភាពតាមតែអំពើចិត្ត ដោយតែងតែចង់ធ្វើតាមបំណងផ្ទាល់ខ្លួន និងធ្វើអ្វីតាមដែលខ្លួនចង់ធ្វើតាមចំណង់ចំណូលចិត្តផ្ទាល់ខ្លួន ដោយមិនខ្វាយខ្វល់ពីសេចក្ដីតម្រូវទាំងអស់នៃដំណាក់របស់ព្រះជាម្ចាស់ឡើយ ហើយចូលចិត្តដើរឃ្លាតចាកពីផ្លូវត្រូវ។ តើទាំងនេះមិនមែនជាការបង្ហាញចេញពិតប្រាកដដែលមនុស្សភាគច្រើនបង្ហាញឱ្យឃើញនៅពេលបំពេញភារកិច្ចរបស់ពួកគេទេឬ? ជាក់ស្ដែង បញ្ហាទាំងអស់នេះពាក់ព័ន្ធនឹងការលំបាកនានាក្នុងការបំពេញភារកិច្ចរបស់មនុស្សម្នាក់ៗ។ សូមបន្ថែមពីលើចំណុចទាំងនេះ។ (ការមិនអាចសហការគ្នាដោយចុះសម្រុងជាមួយអ្នកដទៃបាន នៅពេលបំពេញភារកិច្ចរបស់ខ្លួន ហើយតែងតែធ្វើតាមតែអំពើចិត្តរបស់ខ្លួន។) ចំណុចនេះក៏រាប់ថាជាការលំបាកមួយដែរ។ ការមិនអាចសហការគ្នាដោយចុះសម្រុងជាមួយអ្នកដទៃ នៅពេលបំពេញភារកិច្ចរបស់ខ្លួន ហើយតែងតែចង់ធ្វើអ្វីតាមតែអំពើចិត្តរបស់ខ្លួន និងចង់មានសិទ្ធិអំណាចសម្រេចជាចុងក្រោយ។ ការចង់បន្ទាបខ្លួនដើម្បីស្វែងរកដំបូន្មាន និងស្ដាប់យោបល់របស់អ្នកដទៃ នៅពេលប្រឈមមុខនឹងបញ្ហានានា ប៉ុន្តែមិនអាចអនុវត្តបែបនេះបាន ហើយមានអារម្មណ៍មិនស្រួលក្នុងចិត្ត នៅពេលខ្លួនព្យាយាមអនុវត្តបែបនេះ។ នេះគឺជាបញ្ហា។ (តែងតែការពារផលប្រយោជន៍ផ្ទាល់ខ្លួន នៅពេលបំពេញភារកិច្ចអ្វីមួយ ជាមនុស្សអាត្មានិយម និងថោកទាប ហើយតាមពិតដឹងពីរបៀបដោះស្រាយបញ្ហា នៅពេលបញ្ហានោះកើតឡើង ប៉ុន្តែមានអារម្មណ៍ថា បញ្ហានោះមិនពាក់ព័ន្ធនឹងខ្លួនឯង ខ្លាចត្រូវទទួលខុសត្រូវ ប្រសិនបើធ្វើមិនបានត្រឹមត្រូវ ហេតុនេះហើយក៏មិនហ៊ានចេញមុខ។) នៅពេលដែលខ្លួនមើលឃើញបញ្ហាហើយ តែមិនដោះស្រាយបញ្ហានោះ ដោយចាត់ទុកថា វាមិនពាក់ព័ន្ធនឹងខ្លួនឯង ហើយមិនអើពើនឹងបញ្ហានោះ។ នេះក៏រាប់ថាជាការបំពេញភារកិច្ចរបស់ខ្លួនដោយគ្មានភាពស្មោះត្រង់ដែរ។ ទោះបីជាអ្នកមានការទទួលខុសត្រូវលើកិច្ចការនោះឬអត់ក៏ដោយ ប្រសិនបើអ្នកអាចមើលធ្លុះ និងអាចដោះស្រាយបញ្ហាបាន អ្នកគួរតែបំពេញទំនួលខុសត្រូវនេះ។ នេះគឺជាភារកិច្ចរបស់អ្នក និងជាការងារដែលធ្លាក់មកលើអ្នក។ ប្រសិនបើអ្នកមើលការខុសត្រូវអាចដោះស្រាយបញ្ហានេះបាន អ្នកអាចទុកវាចោលបាន ប៉ុន្តែប្រសិនបើពួកគេមិនអាចធ្វើបានទេ អ្នកគួរតែចេញមុខដោះស្រាយ។ ចូរកុំបែងចែកបញ្ហាដោយផ្អែកលើវិសាលភាពនៃការទទួលខុសត្រូវដែលត្រូវធ្លាក់លើអ្នកណាឱ្យសោះ។ នេះគឺមិនស្មោះត្រង់ចំពោះព្រះជាម្ចាស់ឡើយ។ តើមានអ្វីផ្សេងទៀតទេ? (ពឹងផ្អែកលើភាពឈ្លាសវៃ និងអំណោយទានរបស់ខ្លួនដើម្បីធ្វើការ នៅពេលបំពេញភារកិច្ចរបស់ខ្លួន ហើយមិនស្វែងរកសេចក្ដីពិត។) មានមនុស្សជាច្រើនដែលមានលក្ខណៈបែបនេះ។ ពួកគេតែងតែគិតថា ខ្លួនពួកគេមានភាពឈ្លាសវៃ និងគុណសម្បត្តិ ហើយពួកគេមិនអើពើនឹងអ្វីគ្រប់យ៉ាងដែលកើតឡើងចំពោះពួកគេឡើយ។ ពួកគេមិនស្វែងរកសេចក្ដីពិតទាល់តែសោះ ហើយធ្វើអ្វីតាមតែបំណងផ្ទាល់ខ្លួនរបស់ពួកគេតែប៉ុណ្ណោះ ហេតុដូច្នេះហើយ ពួកគេមិនអាចបំពេញភារកិច្ចណាមួយបានត្រឹមត្រូវនោះទេ។ ទាំងនេះគឺសុទ្ធតែជាការលំបាកដែលមនុស្សជួបប្រទះ នៅពេលពួកគេបំពេញភារកិច្ចរបស់ខ្លួន។

II. បញ្ហាទាក់ទងនឹងរបៀបដែលមនុស្សប្រព្រឹត្តចំពោះរឿងអនាគត និងវាសនារបស់ពួកគេ

របៀបដែលមនុស្សប្រព្រឹត្តចំពោះរឿងអនាគត និងវាសនារបស់ពួកគេ ក៏ជាបញ្ហាដ៏សំខាន់មួយដែលទាក់ទងនឹងការចូលទៅក្នុងជីវិតផងដែរ។ មនុស្សខ្លះសុខចិត្តលះបង់តម្លៃ ប្រសិនបើពួកគេជឿថា ពួកគេមានសង្ឃឹមថានឹងទទួលបានការសង្គ្រោះ ហើយពួកគេប្រែជាអវិជ្ជមាន ប្រសិនបើពួកគេគិតថា មិនមានសង្ឃឹមទេនោះ។ ប្រសិនបើដំណាក់របស់ព្រះជាម្ចាស់មិនដំឡើងឋានៈ និងបណ្ដុះបណ្ដាលពួកគេទេ ពួកគេមិនព្រមលះបង់តម្លៃឡើយ ហើយពួកគេបំពេញភារកិច្ចរបស់ខ្លួនឱ្យតែរួចពីដៃ ដោយមិនទទួលខុសត្រូវនោះទេ។ មិនថាពួកគេធ្វើអ្វីក៏ដោយ ក៏ពួកគេតែងតែគិតគូរពីអនាគត និងវាសនារបស់ខ្លួនជានិច្ច ដោយសួរខ្លួនឯងថា «តើខ្ញុំនឹងពិតជាមានគោលដៅល្អមែនទេ? តើព្រះបន្ទូលសន្យារបស់ព្រះជាម្ចាស់បានលើកឡើងអំពីអនាគត និងគោលដៅរបស់មនុស្សដូចជាខ្ញុំនេះ ថានឹងទៅជាយ៉ាងណាដែរឬទេ?» ប្រសិនបើពួកគេរកមិនឃើញចម្លើយជាក់លាក់ទេ ពួកគេក៏បាត់បង់សេចក្ដីក្លៀវក្លាក្នុងការធ្វើអ្វីទាំងអស់។ ប្រសិនបើពួកគេត្រូវដំណាក់របស់ព្រះជាម្ចាស់ដំឡើងឋានៈ និងបណ្ដុះបណ្ដាល ពួកគេក៏ប្រែជាពោរពេញដោយថាមពល ហើយគ្រប់យ៉ាងដែលពួកគេធ្វើ ពួកគេមានភាពសកម្មជាពិសេស។ ក៏ប៉ុន្តែ ប្រសិនបើពួកគេមិនបានបំពេញភារកិច្ចរបស់ខ្លួនឱ្យបានល្អ ហើយត្រូវដកហូតតំណែង ពួកគេក៏ប្រែជាអវិជ្ជមានភ្លាមៗ ហើយពួកគេក៏បោះបង់ភារកិច្ចរបស់ខ្លួនចោល ដោយបោះបង់ក្ដីសង្ឃឹមចោលទាំងអស់។ នៅពេលប្រឈមមុខនឹងការលួសកាត់ ពួកគេគិតថា៖ «តើព្រះជាម្ចាស់លែងសព្វព្រះទ័យនឹងខ្ញុំទៀតហើយមែនទេ? បើដូច្នេះមែន ទ្រង់គួរណាស់តែមានបន្ទូលតាំងពីដំបូងមកម្ល៉េះ មិនគួរណាមករារាំងការដេញតាមខាងឯលោកីយ៍របស់ខ្ញុំឡើយ!» ប្រសិនបើពួកគេត្រូវដកហូតតំណែង ពួកគេគិតថា៖ «តើពួកគេមិនមែនកំពុងមើលងាយខ្ញុំទេឬ? តើអ្នកណាបានរាយការណ៍អំពីខ្ញុំ? តើខ្ញុំកំពុងត្រូវគេដកចេញមែនទេ? ប្រសិនបើដូច្នោះមែន ពួកគេគួរណាស់តែបាននិយាយវាតាំងពីដំបូងមកម្ល៉េះ!» លើសពីនេះទៅទៀត ចិត្តរបស់ពួកគេពោរពេញទៅដោយការដោះដូរ ការទាមទារ និងសំណើមិនសមហេតុផលចំពោះព្រះជាម្ចាស់។ មិនថាពួកជំនុំរៀបចំឱ្យពួកគេធ្វើអ្វីក៏ដោយ ពួកគេចាត់ទុកថា ការមានអនាគតល្អ និងវាសនាល្អ ព្រមទាំងព្រះពរពីព្រះជាម្ចាស់ គឺជាបុរេលក្ខខណ្ឌសម្រាប់ការធ្វើការងារនោះ។ យ៉ាងហោចណាស់ ក៏ពួកគេចាត់ទុកការប្រព្រឹត្តដាក់ដោយទឹកមុខ និងអាកប្បកិរិយាល្អ និងការត្រូវបានគេទទួលស្គាល់ ថាជាបុរេលក្ខខណ្ឌរបស់ពួកគេសម្រាប់ការទទួលយក និងការចុះចូលដែរ។ តើទាំងនេះមិនមែនជាការបង្ហាញចេញអំពីរបៀបដែលពួកគេប្រព្រឹត្តចំពោះរឿងអនាគត និងវាសនារបស់ពួកគេទេឬ? សូមបន្ថែមពីលើចំណុចទាំងនេះ។ (ប្រសិនបើមានសេចក្ដីវៀចវេរ ឬមានបញ្ហាកើតឡើង នៅពេលកំពុងបំពេញភារកិច្ចរបស់ខ្លួន ហើយពួកគេត្រូវបានលួសកាត់ ពួកគេក៏ត្អូញត្អែរអំពីព្រះជាម្ចាស់ និងមានការប្រុងប្រយ័ត្នចំពោះទ្រង់។ ពួកគេមានអារម្មណ៍ខ្លាចត្រូវបានបើកសម្ដែង និងដកចេញ ហើយតែងតែទុកផ្លូវសម្រាប់ខ្លួនឯងជានិច្ច។) ការមានអារម្មណ៍ខ្លាចត្រូវបានបើកសម្ដែង និងដកចេញ ហើយតែងតែទុកផ្លូវសម្រាប់ខ្លួនឯងជានិច្ចបែបនេះ ទាំងនេះក៏ជាការបង្ហាញចេញអំពីរបៀបដែលពួកគេប្រព្រឹត្តចំពោះរឿងអនាគត និងវាសនារបស់ពួកគេដែរ។ (នៅពេលដែលមនុស្សម្នាក់មើលឃើញថា ព្រះបន្ទូលរបស់ព្រះជាម្ចាស់អំពីការលាតត្រដាង និងការកំណត់លក្ខណៈនោះ ត្រូវគ្នានឹងពួកគេ ឬនៅពេលដែលពួកគេប្រឈមមុខនឹងការលួសកាត់ ហើយមានអារម្មណ៍ខ្មាសអៀន ពួកគេក៏សន្និដ្ឋានថា ខ្លួនពួកគេមានគំនិតច្របូកច្របល់ ជាអារក្ស និងជាសាតាំង ហើយថាពួកគេមិនអាចទទួលយកសេចក្ដីពិតបានឡើយ។ ពួកគេកំណត់ថា ពួកគេគ្មានសង្ឃឹមថានឹងទទួលបានការសង្គ្រោះទេ ហើយក៏ប្រែជាអវិជ្ជមាន។) នៅពេលនិយាយដល់រឿងអនាគត និងវាសនារបស់ខ្លួន មនុស្សមិនអាចលះបង់ចេតនា និងបំណងប្រាថ្នាផ្ទាល់ខ្លួនបានទាំងស្រុងឡើយ។ ពួកគេតែងតែចាត់ទុកវាជារឿងសំខាន់បំផុត ហើយដេញតាមវាទៅតាមនោះដែរ ដោយចាត់ទុកវាជាកម្លាំងចលករ និងជាបុរេលក្ខខណ្ឌសម្រាប់គ្រប់យ៉ាងដែលពួកគេដេញតាម។ នៅពេលពួកគេប្រឈមមុខនឹងការជំនុំជម្រះ ការវាយផ្ចាល ការល្បងល ការបន្សុទ្ធ ឬត្រូវបានបើកសម្ដែង ឬពួកគេជួបប្រទះនឹងកាលៈទេសៈគ្រោះថ្នាក់នានា ពួកគេក៏គិតភ្លាមថា៖ «តើព្រះជាម្ចាស់លែងចង់បានខ្ញុំទៀតហើយមែនទេ? តើទ្រង់កំពុងស្អប់ខ្ពើមនិងបដិសេធខ្ញុំមែនទេ? សូរសំនៀងនៃព្រះបន្ទូលដែលទ្រង់ថ្លែងមកកាន់ខ្ញុំ គឺធ្ងន់ៗណាស់។ តើទ្រង់មិនចង់សង្គ្រោះខ្ញុំទេឬ? តើទ្រង់ចង់ដកខ្ញុំចេញមែនទេ? ប្រសិនបើទ្រង់ចង់ដកខ្ញុំចេញមែន ទ្រង់គួរតែមានបន្ទូលឱ្យបានឆាប់ ទាន់ខ្ញុំនៅក្មេងនៅឡើយ ដើម្បីកុំឱ្យរារាំងដល់ការដេញតាមនៅខាងឯលោកីយ៍របស់ខ្ញុំ»។ ការនេះធ្វើឱ្យពួកគេមានភាពអវិជ្ជមាន ការទាស់ទទឹង ការប្រឆាំង និងការមិនខ្មីឃ្មាត។ ទាំងនេះគឺជាសភាព និងការបង្ហាញចេញមួយចំនួនដែលពាក់ព័ន្ធនឹងរបៀបដែលមនុស្សប្រព្រឹត្តចំពោះរឿងអនាគត និងវាសនារបស់ពួកគេ។ នេះគឺជាការលំបាកដ៏សំខាន់មួយដែលទាក់ទងនឹងការចូលទៅក្នុងជីវិត។

III. ការលំបាកទាក់ទងនឹងទំនាក់ទំនងអន្តរបុគ្គល

ចូរយើងពិនិត្យមើលទិដ្ឋភាពមួយទៀត នោះគឺទំនាក់ទំនងអន្តរបុគ្គល។ នេះក៏ជាការលំបាកដ៏សំខាន់មួយដែលទាក់ទងនឹងការចូលទៅក្នុងជីវិតផងដែរ។ របៀបដែលអ្នកប្រព្រឹត្តចំពោះមនុស្សដែលអ្នកមិនចូលចិត្ត មនុស្សដែលមានទស្សនៈខុសពីអ្នក មនុស្សដែលអ្នកធ្លាប់ស្គាល់ មនុស្សដែលមានទំនាក់ទំនងគ្រួសារជាមួយអ្នក ឬមនុស្សដែលបង្ហាញសេចក្តីសប្បុរសចំពោះអ្នក និងមនុស្សដែលតែងតែដាស់តឿនអ្នកទាន់ពេលវេលា និយាយពាក្យពិតមកកាន់អ្នក និងជួយអ្នក និងថាតើអ្នកអាចប្រព្រឹត្តចំពោះមនុស្សម្នាក់ៗដោយយុត្តិធម៌ឬអត់ ហើយក៏រួមបញ្ចូលទាំងរបៀបដែលអ្នកអនុវត្តនៅពេលដែលមានជម្លោះកើតឡើងជាមួយអ្នកដទៃ ក៏ដូចជាការច្រណែន និងទំនាស់ដែលកើតឡើងក្នុងចំណោមអ្នក ហើយអ្នកមិនអាចប្រាស្រ័យទាក់ទងគ្នាដោយចុះសម្រុងបាន ឬសូម្បីតែសហការគ្នាដោយចុះសម្រុងនៅក្នុងដំណើរការនៃការបំពេញភារកិច្ចរបស់អ្នក ពោលគឺ ទាំងអស់នេះគឺជាសភាព និងការបង្ហាញចេញមួយចំនួនដែលទាក់ទងនឹងទំនាក់ទំនងអន្តរបុគ្គល។ តើមានចំណុចអ្វីផ្សេងទៀតទេ? (ការធ្វើជាមនុស្សផ្គាប់ចិត្តអ្នកដទៃ ហើយមិនហ៊ាននិយាយចេញមក នៅពេលរកឃើញបញ្ហារបស់អ្នកដទៃ ដោយសារខ្លាចធ្វើឱ្យពួកគេអាក់អន់ចិត្ត។) នេះគឺជាសភាពមួយដែលកើតឡើងនៅពេលដែលមនុស្សម្នាក់ខ្លាចធ្វើឱ្យអ្នកដទៃអាក់អន់ចិត្ត។ (ក៏មានរបៀបដែលមនុស្សម្នាក់ប្រព្រឹត្តចំពោះអ្នកដឹកនាំ និងអ្នកធ្វើការ និងអ្នកដែលមានអំណាច និងឋានៈបុណ្យស័ក្តិផងដែរ។) របៀបដែលអ្នកប្រព្រឹត្តចំពោះអ្នកដឹកនាំ និងអ្នកធ្វើការ ឬអ្នកដែលមានអំណាច និងឋានៈបុណ្យស័ក្តិ មិនថាដោយការបញ្ជោរលើកជើង និងការអែបអប ឬដោយការប្រព្រឹត្តចំពោះពួកគេឱ្យបានត្រឹមត្រូវនោះទេ នេះគឺជាការបង្ហាញចេញជាក់លាក់មួយអំពីរបៀបដែលអ្នកប្រព្រឹត្តជាមួយអ្នកដែលមានអំណាច និងឥទ្ធិពល។ ចំណុចទាំងនេះប៉ុណ្ណឹងឯងគឺជាការលំបាកនៅក្នុងទំនាក់ទំនងអន្តរបុគ្គល។

IV. បញ្ហាទាក់ទងនឹងមនោសញ្ចេតនារបស់មនុស្ស

យើងនាំគ្នានិយាយខ្លះៗអំពីមនោសញ្ចេតនារបស់មនុស្ស។ តើមានបញ្ហាអ្វីខ្លះដែលទាក់ទងនឹងមនោសញ្ចេតនា? ទីមួយគឺ របៀបដែលអ្នកវាយតម្លៃសមាជិកគ្រួសារផ្ទាល់ខ្លួនរបស់អ្នក និងរបៀបដែលអ្នកប្រព្រឹត្តចំពោះរឿងដែលពួកគេធ្វើ។ «រឿងដែលពួកគេធ្វើ» នៅទីនេះ ក៏រួមបញ្ចូលទាំងពេលដែលពួកគេបង្អាក់ និងរំខានដល់កិច្ចការរបស់ពួកជំនុំ ពេលដែលពួកគេធ្វើការវិនិច្ឆ័យមនុស្សពីក្រោយខ្នង ពេលដែលពួកគេចូលរួមក្នុងការបដិបត្តិមួយចំនួនរបស់អ្នកមិនជឿ ជាដើម។ តើអ្នកអាចប្រព្រឹត្តចំពោះរឿងទាំងនេះដោយមិនលម្អៀងបានទេ? នៅពេលដែលមានការចាំបាច់ឱ្យអ្នកសរសេរការវាយតម្លៃអំពីសមាជិកគ្រួសាររបស់អ្នក តើអ្នកអាចសរសេរវាតាមការពិត និងមិនលម្អៀង ដោយទុកមនោសញ្ចេតនាផ្ទាល់ខ្លួនរបស់អ្នកមួយឡែកសិនបានដែរឬទេ? ចំណុចនេះទាក់ទងនឹងរបៀបដែលអ្នកប្រព្រឹត្តចំពោះសមាជិកគ្រួសាររបស់អ្នក។ លើសពីនេះទៅទៀត តើអ្នកមានមនោសញ្ចេតនាចំពោះអ្នកដែលអ្នកចុះសម្រុងជាមួយ ឬអ្នកដែលធ្លាប់ជួយអ្នកដែរឬទេ? តើអ្នកអាចចាត់ទុកសកម្មភាព និងការប្រព្រឹត្តរបស់ពួកគេផ្អែកតាមការពិត មិនលម្អៀង និងត្រឹមត្រូវដែរឬទេ? ប្រសិនបើពួកគេបង្អាក់ និងរំខានដល់កិច្ចការរបស់ពួកជំនុំ តើអ្នកនឹងអាចរាយការណ៍ ឬលាតត្រដាងពួកគេភ្លាមៗ បន្ទាប់ពីអ្នកបានដឹងអំពីរឿងនោះដែរឬទេ? លើសពីនេះ តើអ្នកមានមនោសញ្ចេតនាចំពោះអ្នកដែលរាងស្និទ្ធស្នាលនឹងអ្នក ឬអ្នកដែលមានចំណាប់អារម្មណ៍ស្រដៀងនឹងអ្នកដែរឬទេ? តើអ្នកមានការវាយតម្លៃ និយមន័យ និងវិធីដោះស្រាយដែលមិនលម្អៀង និងផ្អែកតាមការពិតចំពោះសកម្មភាព និងអាកប្បកិរិយារបស់ពួកគេដែរឬទេ? ឧបមាថា មនុស្សទាំងនេះ ដែលអ្នកមានទំនាក់ទំនងមនោសញ្ចេតនាជាមួយ ត្រូវបានពួកជំនុំចាត់ការតាមគោលការណ៍ ហើយលទ្ធផលនៃរឿងនេះ មិនស្របតាមសញ្ញាណផ្ទាល់ខ្លួនរបស់អ្នកទេ តើអ្នកនឹងប្រព្រឹត្តចំពោះរឿងនេះយ៉ាងដូចម្ដេច? តើអ្នកនឹងអាចស្ដាប់បង្គាប់បានទេ? តើអ្នកនឹងនៅបន្តជាប់ជំពាក់ជាមួយពួកគេដោយសម្ងាត់ ហើយតើអ្នកនឹងត្រូវពួកគេបំភាន់ និងដល់ថ្នាក់ត្រូវពួកគេញុះញង់ឱ្យរកលេសដោះសាឱ្យពួកគេ និយាយដោះសាឱ្យពួកគេ និងការពារពួកគេដែរឬទេ? តើអ្នកនឹងមកជួយ និងពាំងគ្រាប់ជំនួសពួកអ្នកដែលធ្លាប់បានជួយអ្នក ដោយមិនគិតពីគោលការណ៍សេចក្ដីពិត និងមិនខ្វល់ពីផលប្រយោជន៍នៃដំណាក់របស់ព្រះជាម្ចាស់ដែរឬទេ? តើទាំងនេះមិនមែនជាបញ្ហាផ្សេងៗដែលទាក់ទងនឹងមនោសញ្ចេតនាទេឬ? មនុស្សខ្លះនិយាយថា៖ «តើមនោសញ្ចេតនាមិនមែនជាប់ទាក់ទងត្រឹមតែសាច់ញាតិ និងសមាជិកគ្រួសារទេឬ? តើទំហំនៃមនោសញ្ចេតនាមិនមែនគ្រាន់តែមានចំពោះឪពុកម្ដាយ បងប្អូនប្រុសស្រី និងសមាជិកគ្រួសារផ្សេងទៀតទេឬ?» មិនមែនទេ មនោសញ្ចេតនារួមបញ្ចូលមនុស្សក្នុងទំហំដ៏ធំ។ កុំថាឡើយវាយតម្លៃសមាជិកគ្រួសារផ្ទាល់ខ្លួនដោយមិនលម្អៀងនោះ មនុស្សខ្លះមិនអាចសូម្បីតែវាយតម្លៃមិត្តល្អ និងមិត្តជិតស្និទ្ធរបស់ពួកគេដោយមិនលម្អៀងបានផង ហើយពួកគេបំភ្លៃការពិត នៅពេលពួកគេនិយាយអំពីមនុស្សទាំងនេះ។ ឧទាហរណ៍៖ ប្រសិនបើមិត្តជិតស្និទ្ធរបស់ពួកគេមិនបានបំពេញការងារឱ្យបានត្រឹមត្រូវ ហើយតែងតែចូលរួមប្រព្រឹត្តអំពើវៀចវេរ និងទុច្ចរិតនៅក្នុងភារកិច្ចរបស់ខ្លួន ពួកគេតែងរៀបរាប់ថា គាត់ជាមនុស្សចូលចិត្តលេងសើច ហើយថា ភាពជាមនុស្សរបស់គាត់មិនទាន់ចាស់ទុំ និងមិនទាន់នឹងធឹងនៅឡើយទេ។ តើក្នុងពាក្យសម្ដីទាំងនេះគ្មានមនោសញ្ចេតនាទេឬ? នេះគឺជាការនិយាយពាក្យសម្ដីដែលពោរពេញទៅដោយមនោសញ្ចេតនា។ ប្រសិនបើមនុស្សម្នាក់ដែលគ្មានទំនាក់ទំនងជាមួយពួកគេ មិនបានបំពេញការងារឱ្យបានត្រឹមត្រូវ ហើយចូលរួមប្រព្រឹត្តអំពើវៀចវេរ និងទុច្ចរិត នោះពួកគេនឹងមានពាក្យសម្ដីអាក្រក់ៗជាងនេះដើម្បីនិយាយអំពីពួកគេ ហើយប្រហែលដល់ថ្នាក់ថ្កោលទោសពួកគេទៀតផង។ តើនេះមិនមែនជាការបង្ហាញចេញនៃការនិយាយ និងការប្រព្រឹត្តដោយផ្អែកលើមនោសញ្ចេតនាទេឬ? តើមនុស្សដែលរស់នៅតាមមនោសញ្ចេតនាផ្ទាល់ខ្លួន មិនលម្អៀងទេឬ? តើពួកគេជាមនុស្សទៀងត្រង់ដែរឬទេ? (អត់ទេ។) តើមនុស្សដែលនិយាយតាមមនោសញ្ចេតនារបស់ខ្លួនមានបញ្ហាអ្វី? ហេតុអ្វីបានជាពួកគេមិនអាចប្រព្រឹត្តដាក់អ្នកដទៃដោយយុត្តិធម៌? ហេតុអ្វីបានជាពួកគេមិនអាចនិយាយផ្អែកតាមគោលការណ៍សេចក្ដីពិត? មនុស្សដែលមានអណ្ដាតពីរ ហើយមិនដែលនិយាយស្ដីផ្អែកតាមការពិត គឺជាមនុស្សទុច្ចរិត។ ការដែលមនុស្សម្នាក់មិនប្រកាន់នូវភាពមិនលម្អៀង នៅពេលនិយាយស្ដី តែងតែនិយាយតាមមនោសញ្ចេតនារបស់ខ្លួន និងនិយាយដើម្បីតែប្រយោជន៍ផ្ទាល់ខ្លួន ហើយមិនស្របតាមគោលការណ៍សេចក្ដីពិត មិនគិតពីកិច្ចការនៃដំណាក់របស់ព្រះជាម្ចាស់ ហើយគ្រាន់តែការពារមនោសញ្ចេតនាផ្ទាល់ខ្លួន កេរ្តិ៍ឈ្មោះ លាភសក្ការៈ និងឋានៈរបស់ខ្លួន នេះហើយគឺជាចរិតលក្ខណៈរបស់ពួកទទឹងនឹងព្រះគ្រីស្ទ។ ពួកទទឹងនឹងព្រះគ្រីស្ទនិយាយតាមរបៀបនេះឯង។ អ្វីគ្រប់យ៉ាងដែលពួកគេនិយាយ គឺជារឿងទុច្ចរិត រំខាន និងបង្អាក់។ មនុស្សដែលរស់នៅតាមចំណង់ចំណូលចិត្ត និងផលប្រយោជន៍ខាងសាច់ឈាម គឺរស់នៅក្នុងមនោសញ្ចេតនារបស់ពួកគេហើយ។ មនុស្សដែលរស់នៅតាមមនោសញ្ចេតនារបស់ខ្លួន គឺជាអ្នកដែលមិនទទួលយក ឬអនុវត្តសេចក្ដីពិតទាល់តែសោះ។ អ្នកដែលនិយាយ និងប្រព្រឹត្តផ្អែកតាមមនោសញ្ចេតនារបស់ខ្លួន គ្មានតថភាពនៃសេចក្ដីពិតទាល់តែសោះ។ ប្រសិនបើមនុស្សបែបនេះក្លាយជាអ្នកដឹកនាំ ពួកគេច្បាស់ជាក្លាយជាអ្នកដឹកនាំក្លែងក្លាយ ឬពួកទទឹងនឹងព្រះគ្រីស្ទមិនខាន។ ពួកគេមិនត្រឹមតែមិនអាចធ្វើការងារពិតប្រាកដបានទេ ប៉ុន្តែពួកគេក៏អាចនឹងចូលរួមប្រព្រឹត្តអំពើអាក្រក់ផ្សេងៗផងដែរ។ ពួកគេច្បាស់ជានឹងត្រូវដកចេញ និងដាក់ទោសមិនខាន។

V. បញ្ហាទាក់ទងនឹងលោភលន់ចង់បានភាពសុខស្រួលខាងសាច់ឈាម

ការលោភលន់ចង់បានភាពសុខស្រួលខាងសាច់ឈាម ក៏ជាបញ្ហាដ៏ធ្ងន់ធ្ងរមួយផងដែរ។ តើអ្នករាល់គ្នាគិតថា ការលោភលន់ចង់បានភាពសុខស្រួលខាងសាច់ឈាមមានការបង្ហាញចេញអ្វីខ្លះ? តើអ្នករាល់គ្នាអាចផ្ដល់ជាឧទាហរណ៍ពីអ្វីដែលអ្នករាល់គ្នាបានឃើញតាមរយៈបទពិសោធផ្ទាល់ខ្លួនរបស់អ្នករាល់គ្នាបានទេ? តើការត្រេកអរនឹងផលប្រយោជន៍នៃឋានៈរាប់បញ្ចូលដែរឬទេ? (រាប់បញ្ចូល។) តើមានអ្វីផ្សេងទៀតដែរទេ? (ការចង់បានការងារស្រួលៗជាជាងការងារលំបាកៗ នៅពេលបំពេញភារកិច្ចរបស់ខ្លួន ហើយតែងតែចង់រើសយកការងារស្រាលៗ។) នៅពេលបំពេញភារកិច្ចអ្វីមួយ មនុស្សតែងតែជ្រើសយកការងារស្រាលៗ ការងារដែលមិនធ្វើឱ្យពួកគេនឿយហត់អស់កម្លាំង និងការងារដែលមិនពាក់ព័ន្ធនឹងការបំពេញការងារហាលភ្លៀង ហាលខ្យល់ ក្រោមកំដៅថ្ងៃ។ នេះគឺជាការជ្រើសយកការងារដែលងាយស្រួល និងគេចវេះពីការងារណាដែលលំបាក ហើយវាជាការបង្ហាញចេញនៃការលោភលន់ចង់បានភាពសុខស្រួលខាងសាច់ឈាម។ តើមានអ្វីផ្សេងទៀតដែរទេ? (តែងតែរអ៊ូរទាំ នៅពេលដែលភារកិច្ចរបស់ខ្លួនមានការពិបាកបន្តិចបន្តួច នឿយហត់បន្តិចបន្តួច នៅពេលដែលភារកិច្ចនោះពាក់ព័ន្ធនឹងការលះបង់តម្លៃណាមួយ។) (មានការងប់ងុលនឹងរឿងម្ហូបអាហារ សម្លៀកបំពាក់ និងការសប្បាយខាងសាច់ឈាម។) ទាំងនេះគឺសុទ្ធតែជាការបង្ហាញចេញនៃការលោភលន់ចង់បានភាពសុខស្រួលខាងសាច់ឈាមទាំងអស់។ កាលណាបុគ្គលបែបនោះឃើញថា កិច្ចការណាមួយហត់នឿយ ឬប្រថុយប្រថានពេក ពួកគេក៏រុញវាទៅឱ្យអ្នកផ្សេង។ ពួកគេខ្លួនឯងធ្វើតែកិច្ចការណាដែលងាយស្រួលប៉ុណ្ណោះ ហើយពួកគេរកលេសដោះសាដោយនិយាយថា ពួកគេមានគុណសម្បត្តិមិនល្អ ថាពួកគេខ្វះសមត្ថភាពការងារ ហើយមិនអាចរែកពុនកិច្ចការនោះបាន តែតាមពិតទៅ គឺដោយសារតែពួកគេលោភលន់ចង់បានភាពសុខស្រួលខាងសាច់ឈាមប៉ុណ្ណោះ។ ពួកគេមិនចង់រងទុក្ខលំបាកអ្វីទេ មិនថាពួកគេធ្វើការងារអ្វី ឬបំពេញភារកិច្ចអ្វីក៏ដោយ។ ប្រសិនបើមានគេប្រាប់ថា ពេលធ្វើការរួចនឹងមានសាច់ជ្រូកខឱ្យហូប ពួកគេក៏ធ្វើការងារយ៉ាងរហ័ស និងមានប្រសិទ្ធភាពខ្ពស់ ហើយអ្នកមិនចាំបាច់តឿនពួកគេ បង្ខំពួកគេ ឬចាំមើលពួកគេឡើយ។ ប៉ុន្តែប្រសិនបើគ្មានសាច់ជ្រូកខឱ្យពួកគេហូបទេ ហើយពួកគេត្រូវបំពេញភារកិច្ចរបស់ខ្លួនថែមម៉ោងទៀត នោះពួកគេក៏អូសបន្លាយពេលវេលា ហើយរកហេតុផល និងលេសគ្រប់បែបយ៉ាងដើម្បីពន្យារពេលការងារនោះ ហើយបន្ទាប់ពីធ្វើការងារនោះបានមួយសន្ទុះ ពួកគេក៏និយាយថា៖ «ខ្ញុំមានអារម្មណ៍ថាវិលមុខចង់សន្លប់ ជើងរបស់ខ្ញុំស្ពឹក ហើយខ្ញុំគ្មានកម្លាំងទេ! ខ្ញុំឈឺពេញខ្លួនអស់ហើយ តើខ្ញុំអាចសម្រាកមួយភ្លែតបានទេ?» តើត្រង់ចំណុចនេះមានបញ្ហាអ្វីដែរ? ពួកគេលោភលន់ចង់បានភាពសុខស្រួលខាងសាច់ឈាម។ បន្ថែមពីលើនេះ នៅពេលពួកគេកំពុងបំពេញភារកិច្ច ពួកគេតែងតែត្អូញត្អែរអំពីការលំបាកនានា ហើយមិនចង់បញ្ចេញកម្លាំងកាយចិត្តសោះឡើយ ហើយពេលពួកគេមានពេលសម្រាកបន្តិចភ្លាម ពួកគេនឹងសម្រាក ជជែកគ្នាលេងឥតប្រយោជន៍ ឬក៏ចូលរួមក្នុងការលំហែអារម្មណ៍ និងការកម្សាន្តសប្បាយជាដើម។ ហើយនៅពេលដែលចំនួនកិច្ចការកាន់តែច្រើន ហើយរំខានដល់ចង្វាក់ និងទម្លាប់នៃជីវិតរបស់ពួកគេ ពួកគេមិនសប្បាយចិត្ត និងមិនពេញចិត្តចំពោះកិច្ចការនោះឡើយ។ ពួកគេរអ៊ូរទាំ និងត្អូញត្អែរ ហើយពួកគេក៏ទៅជាបំពេញភារកិច្ចនានារបស់ខ្លួនឱ្យតែរួចពីដៃ។ នេះគឺជាការលោភលន់ចង់បានភាពសុខស្រួលខាងសាច់ឈាម មិនអ៊ីចឹង? ឧទាហរណ៍៖ ដើម្បីរក្សារាងរបស់ខ្លួន ស្ត្រីខ្លះហាត់ប្រាណ និងគេងដើម្បីថែរក្សាសម្រស់ជារៀងរាល់ថ្ងៃតាមពេលវេលាកំណត់។ ក៏ប៉ុន្តែ នៅពេលដែលការងារស្រាប់តែចាប់ផ្ដើមរវល់ ហើយប៉ះពាល់ដល់ទម្លាប់ទាំងនេះ ពួកគេក៏មិនសប្បាយចិត្ត ដោយនិយាយថា៖ «មិនល្អទេ។ ធ្វើការងារនេះ ធ្វើឱ្យខ្ញុំខកពេលច្រើនណាស់។ ខ្ញុំមិនអាចឱ្យវាប៉ះពាល់ដល់រឿងផ្ទាល់ខ្លួនរបស់ខ្ញុំបានទេ។ ខ្ញុំនឹងមិនខ្វល់ថាអ្នកណានឹងព្យាយាមបង្ខំខ្ញុំឱ្យញាប់ដៃនោះទេ។ ខ្ញុំនឹងធ្វើវាតាមល្បឿនផ្ទាល់ខ្លួនរបស់ខ្ញុំហើយ។ ដល់ម៉ោងហាត់យូហ្កា ខ្ញុំនឹងហាត់យូហ្កា។ ដល់ម៉ោងគេងដើម្បីថែរក្សាសម្រស់ ខ្ញុំនឹងគេងដើម្បីថែរក្សាសម្រស់។ ខ្ញុំនឹងបន្តធ្វើរឿងទាំងនេះ ដូចដែលខ្ញុំធ្លាប់ធ្វើពីមុនមក។ ខ្ញុំមិនល្ងង់ និងខំធ្វើការខ្លាំងដូចអ្នករាល់គ្នាឡើយ។ ក្នុងរយៈពេលពីរបីឆ្នាំទៀត អ្នករាល់គ្នានឹងក្លាយទៅជាស្ត្រីចំណាស់ មុខមាត់មិនស្អាត រាងកាយរបស់អ្នករាល់គ្នានឹងខូច ហើយអ្នករាល់គ្នានឹងលែងមានរាងស្លីមទៀតហើយ។ គ្មាននរណាចង់មើលអ្នករាល់គ្នាទៀតទេ ហើយអ្នករាល់គ្នានឹងគ្មានទំនុកចិត្តក្នុងជីវិតឡើយ»។ ដើម្បីតែបំពេញតាមការសប្បាយខាងសាច់ឈាមរបស់ពួកគេ ដើម្បីភាពស្រស់ស្អាត ដើម្បីតែឱ្យអ្នកដទៃចូលចិត្ត និងដើម្បីតែរស់នៅដោយមានទំនុកចិត្តច្រើនជាងមុន ពួកគេបដិសេធមិនព្រមបោះបង់ចោលការសប្បាយ និងចំណង់ចំណូលចិត្តខាងសាច់ឈាមរបស់ពួកគេទេ មិនថាពួកគេជាប់រវល់នឹងការបំពេញភារកិច្ចប៉ុនណាក៏ដោយ។ នេះគឺជាការសោយសុខនៅក្នុងភាពសុខស្រួលខាងសាច់ឈាម។ អ្នកខ្លះនិយាយថា៖ «ព្រះជាម្ចាស់កំពុងព្រួយព្រះហឫទ័យ ហើយយើងគួរតែគិតគូរពីបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់»។ ប៉ុន្តែស្ត្រីទាំងនេះនិយាយថា៖ «ខ្ញុំមិនដែលឃើញថា ព្រះជាម្ចាស់ព្រួយព្រះហឫទ័យនោះទេ។ ដរាបណាខ្ញុំមិនខ្វល់ខ្វាយអ្វី ដរាបនោះខ្ញុំនឹងគ្មានបញ្ហាអ្វីឡើយ។ ប្រសិនបើខ្ញុំគិតគូរពីបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ តើអ្នកណានឹងគិតគូរពីបំណងរបស់ខ្ញុំវិញ?» តើស្ត្រីបែបនេះមានភាពជាមនុស្សដែរឬទេ? តើពួកគេមិនមែនជាអារក្សទេឬ? ក៏មានមនុស្សមួយចំនួនទៀត មិនថាការងាររបស់ពួកគេរវល់ និងបន្ទាន់ប៉ុនណាក៏ដោយ ក៏ពួកគេមិនឱ្យការងារនោះប៉ះពាល់ដល់របៀបស្លៀកពាក់ និងការធ្វើខ្លួនរបស់ពួកគេដែរ។ ពួកគេចំណាយពេលរាប់ម៉ោងជារៀងរាល់ថ្ងៃលើការផាត់មុខ ហើយពួកគេចងចាំច្បាស់ដូចជាអាសយដ្ឋានរបស់ពួកគេអ៊ីចឹង ថាត្រូវស្លៀកសម្លៀកបំពាក់អ្វីក្នុងថ្ងៃនីមួយៗ ដើម្បីឱ្យត្រូវនឹងស្បែកជើងគូណា និងពេលណាត្រូវធ្វើការព្យាបាល និងម៉ាស្សាថែរក្សាសម្ផស្ស ដោយមិនមានការភាន់ច្រឡំអំពីរឿងទាំងនេះទាល់តែសោះ។ ក៏ប៉ុន្តែ នៅពេលនិយាយដល់ថាតើពួកគេយល់ពីសេចក្ដីពិតបានច្រើនប៉ុនណា សេចក្ដីពិតអ្វីខ្លះដែលពួកគេនៅតែមិនយល់ ឬមិនទាន់បានចូលទៅក្នុងនៅឡើយ រឿងអ្វីខ្លះដែលពួកគេនៅតែធ្វើដោយបង្គ្រប់កិច្ច និងដោយគ្មានភាពស្មោះត្រង់ និស្ស័យពុករលួយអ្វីខ្លះដែលពួកគេបានបញ្ចេញឱ្យឃើញ និងបញ្ហាផ្សេងៗទៀតដែលទាក់ទងនឹងសេចក្ដីពិត ដែលពាក់ព័ន្ធនឹងការចូលទៅក្នុងជីវិត ពួកគេមិនដឹងអំពីរឿងទាំងនេះទាល់តែសោះ។ នៅពេលដែលសួរអំពីរឿងទាំងនេះ ពួកគេពិតជាមិនដឹងអ្វីទាល់តែសោះ។ ប៉ុន្តែ នៅពេលនិយាយដល់ប្រធានបទដែលទាក់ទងនឹងការសប្បាយខាងសាច់ឈាម ដូចជា ការហូបចុក ការផឹកស៊ី និងការកម្សាន្តសប្បាយវិញ ពួកគេអាចនិយាយព្រោកប្រាជ្ញមិនចេះអស់មិនចេះហើយ ពោលគឺមិនអាចបញ្ឈប់ពួកគេបានទេ។ មិនថាកិច្ចការរបស់ពួកជំនុំរវល់ប៉ុនណា ឬភារកិច្ចរបស់ពួកគេរវល់យ៉ាងណានោះទេ ក៏ទម្លាប់ និងសភាពរស់នៅជាប្រចាំរបស់ពួកគេ មិនដែលត្រូវបានបង្អាក់ឡើយ។ ពេលនិយាយដល់រាល់ចំណុចលម្អិតតូចតាចនៃជីវិតខាងសាច់ឈាមរបស់ពួកគេ ពួកគេមិនដែលធ្វេសប្រហែលឡើយ ពួកគេរៀបចំរឿងទាំងនេះបានយ៉ាងល្អឥតខ្ចោះ ហើយមានភាពតឹងរ៉ឹង និងម៉ឺងម៉ាត់បំផុតចំពោះរឿងនេះ។ ប៉ុន្តែនៅពេលនិយាយដល់កិច្ចការនៃដំណាក់របស់ព្រះជាម្ចាស់វិញ មិនថាបញ្ហានោះធំប៉ុនណាទេ ហើយទោះបីជាវាពាក់ព័ន្ធដល់សុវត្ថិភាពរបស់បងប្អូនប្រុសស្រីក៏ដោយ ក៏ពួកគេដោះស្រាយបញ្ហានោះដោយការធ្វេសប្រហែលដែរ។ ពួកគេថែមទាំងមិនខ្វល់ខ្វាយអំពីរឿងរ៉ាវដែលពាក់ព័ន្ធនឹងការផ្ទុកផ្ដាក់របស់ព្រះជាម្ចាស់ ឬភារកិច្ចដែលពួកគេគួរបំពេញទៀតផង។ ពួកគេគ្មានការទទួលខុសត្រូវទាល់តែសោះ។ នេះគឺជាការសោយសុខនៅក្នុងភាពសុខស្រួលខាងសាច់ឈាម មែនទេ? តើមនុស្សដែលសោយសុខនៅក្នុងភាពសុខស្រួលខាងសាច់ឈាម ស័ក្តិសមនឹងបំពេញភារកិច្ចណាមួយដែរឬទេ? ឱ្យតែមានអ្នកណាម្នាក់លើកមកនិយាយពីប្រធានបទនៃការបំពេញភារកិច្ចរបស់ពួកគេ ពីការលះបង់តម្លៃណាមួយ និងការរងទុក្ខលំបាក ពួកគេចេះតែគ្រវីក្បាលជាប់ៗ។ ពួកគេមានការលំបាកច្រើនពេក ពួកគេត្អូញត្អែរមិនឈប់ ហើយពួកគេពោរពេញដោយភាពអវិជ្ជមាន។ មនុស្សបែបនេះគ្មានបានការនោះទេ ពួកគេគ្មានលក្ខណៈសម្បត្តិគ្រប់គ្រាន់ក្នុងការបំពេញភារកិច្ចនានារបស់ខ្លួនឡើយ ហើយគួរតែដកពួកគេចេញ។ យើងសូមបញ្ចប់ការនិយាយអំពីការលោភលន់ចង់បានភាពសុខស្រួលខាងសាច់ឈាមត្រឹមតែប៉ុណ្ណេះចុះ។

VI. ការលំបាកទាក់ទងនឹងការស្គាល់ខ្លួនឯង

ការស្គាល់ខ្លួនឯង គឺជាទិដ្ឋភាពដ៏សំខាន់បំផុតនៃការចូលទៅក្នុងជីវិត។ ប៉ុន្តែសម្រាប់មនុស្សភាគច្រើន ដោយសារពួកគេមិនស្រឡាញ់សេចក្ដីពិត ឬមិនដេញតាមសេចក្ដីពិត ដូច្នេះ ការស្គាល់ខ្លួនឯងក៏ក្លាយជាការលំបាកដ៏ធំបំផុតរបស់ពួកគេ។ ហេតុដូច្នេះ គឺច្បាស់ណាស់ថា អ្នកដែលមិនស្រឡាញ់សេចក្ដីពិត មិនអាចស្គាល់ខ្លួនឯងបានពិតប្រាកដឡើយ។ តើការស្គាល់ខ្លួនឯងមានទិដ្ឋភាពអ្វីខ្លះ? ទីមួយគឺដឹងថាតើមាននិស្ស័យពុករលួយអ្វីខ្លះដែលត្រូវបានបញ្ចេញឱ្យឃើញតាមរយៈពាក្យសម្ដី និងសកម្មភាពរបស់ខ្លួន។ ពេលខ្លះ វាជាភាពក្រអឺតក្រទម ពេលខ្លះទៀត វាជាសេចក្ដីបញ្ឆោត ឬប្រហែលជាសេចក្ដីទុច្ចរិត ការរឹងទទឹង ឬការក្បត់ ជាដើម ។ល។ លើសពីនេះទៅទៀត នៅពេលមានរឿងអ្វីមួយកើតឡើងចំពោះមនុស្សម្នាក់ ពួកគេគួរតែពិនិត្យពិច័យខ្លួនឯង ដើម្បីមើលថាតើពួកគេមានបំណង ឬចេតនាណាមួយដែលមិនស្របតាមសេចក្ដីពិតដែរឬទេ។ ពួកគេក៏គួរតែពិនិត្យពិច័យផងដែរ ថាតើក្នុងសម្ដី ឬសកម្មភាពរបស់ពួកគេមានអ្វីដែលទាស់ទទឹង ឬបះបោរប្រឆាំងនឹងព្រះជាម្ចាស់ដែរឬទេ។ ជាពិសេស ពួកគេគួរតែពិនិត្យពិច័យថាតើពួកគេមានស្មារតីទទួលបន្ទុក និងមានភាពស្មោះត្រង់ដែរឬទេ នៅពេលនិយាយដល់ភារកិច្ចរបស់ពួកគេ ថាតើពួកគេកំពុងលះបង់ខ្លួនដើម្បីព្រះជាម្ចាស់ដោយស្មោះដែរឬទេ ហើយថាតើពួកគេកំពុងធ្វើការដោះដូរ ឬធ្វើការឱ្យតែរួចពីដៃដែរឬទេ។ ការស្គាល់ខ្លួនឯងក៏មានន័យថា ជាការដឹងថាតើខ្លួនគេមានសញ្ញាណ និងការស្រមើស្រមៃ ការទាមទារហួសហេតុ ឬការយល់ខុស និងការត្អូញត្អែរចំពោះព្រះជាម្ចាស់ដែរឬទេ ហើយថាតើមនុស្សម្នាក់មានចិត្តចង់ចុះចូលដែរឬទេ។ វាមានន័យថា ជាការដឹងថាតើមនុស្សម្នាក់អាចស្វែងរកសេចក្ដីពិត ទទួលយកពីព្រះជាម្ចាស់ និងមានចិត្តដែលចុះចូលនឹងព្រះជាម្ចាស់ដែរឬទេ នៅពេលប្រព្រឹត្តចំពោះស្ថានភាព មនុស្ស ព្រឹត្តិការណ៍ និងរបស់ផ្សេងៗដែលទ្រង់បានចាត់ចែង។ វាមានន័យថា ជាការដឹងថាតើមនុស្សម្នាក់មានសតិសម្បជញ្ញៈ និងវិចារណញ្ញាណដែរឬអត់ និងថាតើមនុស្សម្នាក់ជាអ្នកស្រឡាញ់សេចក្ដីពិតដែរឬអត់។ វាមានន័យថា ជាការដឹងថាតើមនុស្សម្នាក់ចុះចូល ឬព្យាយាមប្រកែកតវ៉ា នៅពេលមានរឿងកើតឡើងចំពោះពួកគេ និងថាតើមនុស្សម្នាក់ពឹងលើសញ្ញាណ និងការស្រមើស្រមៃ ឬពឹងលើការស្វែងរកសេចក្ដីពិតនៅក្នុងការប្រព្រឹត្តរបស់ពួកគេចំពោះបញ្ហាទាំងនេះ។ ទាំងអស់នេះ គឺជាវិសាលភាពនៃការស្គាល់ខ្លួនឯង។ មនុស្សម្នាក់គួរតែឆ្លុះបញ្ចាំងថាតើពួកគេស្រឡាញ់សេចក្ដីពិត និងមានសេចក្ដីជំនឿពិតលើព្រះជាម្ចាស់ដែរឬទេ បើគិតពីអាកប្បកិរិយារបស់ពួកគេចំពោះស្ថានភាពផ្សេងៗ ចំពោះមនុស្ស ព្រឹត្តិការណ៍ និងរបស់ផ្សេងៗ។ ប្រសិនបើមនុស្សម្នាក់អាចស្គាល់និស្ស័យពុករលួយរបស់ខ្លួនបាន ហើយមើលឃើញថាការបះបោររបស់ខ្លួនប្រឆាំងនឹងព្រះជាម្ចាស់មានទំហំធំប៉ុនណានោះ ដូច្នេះ ពួកគេនឹងបានរីកចម្រើនមិនខាន។ លើសពីនេះទៅទៀត នៅពេលនិយាយដល់កិច្ចការដែលពាក់ព័ន្ធនឹងការប្រព្រឹត្តរបស់ពួកគេចំពោះព្រះជាម្ចាស់ មនុស្សម្នាក់គួរតែឆ្លុះបញ្ចាំងថាតើនៅក្នុងការប្រព្រឹត្តរបស់ពួកគេចំពោះព្រះនាមនិងការយកកំណើតជាមនុស្សរបស់ព្រះជាម្ចាស់ មានសញ្ញាណ ការកោតខ្លាច ឬការចុះចូលដែរឬទេ ហើយជាពិសេស តើពួកគេមានឥរិយាបថបែបណាចំពោះសេចក្ដីពិត។ មនុស្សម្នាក់ក៏គួរតែដឹងផងដែរពីចំណុចខ្វះខាតរបស់ខ្លួន ពីកម្ពស់របស់ខ្លួន និងថាតើពួកគេមានតថភាពនៃសេចក្ដីពិតដែរឬទេ ក៏ដូចជាថាតើការដេញតាមរបស់ពួកគេ និងផ្លូវដែលពួកគេដើរ គឺត្រឹមត្រូវ និងស្របតាមព្រះរាជបំណងរបស់ព្រះជាម្ចាស់ដែរឬទេ។ ទាំងនេះគឺជាអ្វីៗដែលមនុស្សគួរតែដឹង។ សរុបមក ទិដ្ឋភាពផ្សេងៗនៃការស្គាល់ខ្លួនឯង ជាមូលដ្ឋានរួមមានចំណុចដូចតទៅនេះ៖ ការដឹងថាតើគុណសម្បត្តិរបស់ខ្លួនខ្ពស់ឬទាប ការដឹងពីចរិតលក្ខណៈរបស់ខ្លួន ការដឹងពីបំណង និងចេតនាដែលខ្លួនមាននៅក្នុងសកម្មភាពរបស់ខ្លួន ការដឹងពីនិស្ស័យពុករលួយ និងសារជាតិធម្មជាតិដែលខ្លួនបញ្ចេញឱ្យឃើញ ការដឹងពីចំណង់ចំណូលចិត្ត និងការដេញតាមរបស់ខ្លួន ការដឹងពីផ្លូវដែលខ្លួនដើរ ការដឹងពីទស្សនៈរបស់ខ្លួនចំពោះរឿងរ៉ាវនានា ការដឹងពីទស្សនៈយល់ឃើញរបស់ខ្លួនចំពោះជីវិត និងគុណតម្លៃ និងការដឹងពីឥរិយាបថរបស់ខ្លួនចំពោះព្រះជាម្ចាស់ និងសេចក្ដីពិត។ ការស្គាល់ខ្លួនឯង ជាចម្បងគឺរួមបញ្ចូលទិដ្ឋភាពទាំងនេះ។

VII. ការបង្ហាញចេញផ្សេងៗរបស់មនុស្សក្នុងការប្រព្រឹត្តចំពោះព្រះជាម្ចាស់

ខ្លឹមសារបន្ទាប់អំពីការចូលទៅក្នុងជីវិត គឺទាក់ទងនឹងការបង្ហាញចេញផ្សេងៗរបស់មនុស្សពាក់ព័ន្ធនឹងការប្រព្រឹត្តរបស់ពួកគេចំពោះព្រះជាម្ចាស់។ ឧទាហរណ៍៖ ការមានសញ្ញាណអំពីព្រះជាម្ចាស់ ការកើតមានការយល់ខុសអំពីទ្រង់ និងការប្រុងប្រយ័ត្នចំពោះទ្រង់ ការទាមទារដែលគ្មានហេតុផលពីទ្រង់ ការដែលតែងតែចង់គេចវេះពីទ្រង់ ការមិនចូលចិត្តព្រះបន្ទូលដែលទ្រង់ថ្លែងមក និងការដែលតែងតែស្វែងរកដើម្បីពិនិត្យពិច័យពីទ្រង់ជាប់ជានិច្ច។ ក៏មានផងដែរនូវការមិនអាចមើលធ្លុះ ឬស្គាល់ពីសព្វានុភាពរបស់ព្រះជាម្ចាស់បាន ក៏ដូចជាការដែលតែងតែមានអាកប្បកិរិយាសង្ស័យចំពោះអធិបតេយ្យភាព ការចាត់ចែង និងសិទ្ធិអំណាចរបស់ព្រះជាម្ចាស់ជាដើម ព្រមទាំងការខ្វះការយល់ដឹងទាំងស្រុងអំពីចំណុចទាំងនេះ។ លើសពីនេះទៅទៀត មិនត្រឹមតែមិនបានគេចវេះ ឬបដិសេធការនិយាយបង្កាច់បង្ខូច និងការប្រមាថដែលអ្នកគ្មានជំនឿ និងលោកីយ៍និយាយប្រឆាំងនឹងព្រះជាម្ចាស់ប៉ុណ្ណោះទេ ប៉ុន្តែបែរជាចង់សួរថាតើការនិយាយនោះពិត ឬជាការពិតទៅវិញ។ តើនេះមិនមែនសង្ស័យព្រះជាម្ចាស់ទេឬ? ក្រៅពីការបង្ហាញចេញទាំងនេះ តើមានអ្វីផ្សេងទៀតដែរឬទេ? (ការសង្ស័យព្រះជាម្ចាស់ និងការល្បងលព្រះជាម្ចាស់។) (ការព្យាយាមផ្គាប់ផ្គុនព្រះជាម្ចាស់។) (ការមិនចង់ទទួលយកការពិនិត្យពិច័យពីព្រះជាម្ចាស់។) មានការមិនចង់ទទួលយកការពិនិត្យពិច័យពីព្រះជាម្ចាស់ ហើយក្នុងពេលជាមួយគ្នានោះ ក៏មានការសង្ស័យថា ព្រះជាម្ចាស់អាចពិនិត្យពិច័យដល់ជម្រៅចិត្តរបស់មនុស្សបានផងដែរ។ (ក៏មានការជំទាស់និងការប្រឆាំងនឹងព្រះជាម្ចាស់ផងដែរ។) នេះក៏ជាការបង្ហាញចេញមួយផងដែរ នោះគឺការជំទាស់នឹងព្រះជាម្ចាស់ និងការស្រែកឡូឡាប្រឆាំងនឹងទ្រង់។ មានការប្រើឥរិយាបថមើលងាយ និងមើលស្រាលក្នុងការប្រព្រឹត្តចំពោះព្រះជាម្ចាស់ ក្នុងការនិយាយជាមួយទ្រង់ និងទាក់ទងជាមួយទ្រង់។ តើមានអ្វីផ្សេងទៀតទេ? (ការធ្វើបង្គ្រប់កិច្ចជាមួយព្រះជាម្ចាស់ និងការបោកបញ្ឆោតទ្រង់។) (ការត្អូញត្អែរអំពីព្រះជាម្ចាស់។) មិនដែលមានការចុះចូល ឬការស្វែងរកសេចក្ដីពិតឡើយ នៅពេលប្រឈមមុខនឹងបញ្ហា ហើយតែងតែប្រកែកការពារខ្លួន និងត្អូញត្អែរជាប់ជានិច្ច។ (ក៏មានការវិនិច្ឆ័យ និងការប្រមាថចំពោះព្រះជាម្ចាស់ផងដែរ។) (ការប្រជែងដណ្ដើមឋានៈជាមួយព្រះជាម្ចាស់។) (ការតថ្លៃជាមួយព្រះជាម្ចាស់ និងការកេងប្រវ័ញ្ចពីទ្រង់។) (ការបដិសេធព្រះជាម្ចាស់ ការមិនទទួលយកព្រះជាម្ចាស់ និងការក្បត់ព្រះជាម្ចាស់។) ទាំងនេះសុទ្ធតែជាបញ្ហាស្នូលទាំងអស់។ បញ្ហាទាំងនេះ គឺជាសភាព និងនិស្ស័យពុករលួយផ្សេងៗដែលកើតឡើងនៅក្នុងការប្រព្រឹត្តរបស់មនុស្សចំពោះព្រះជាម្ចាស់។ ទាំងនេះជាមូលដ្ឋានគឺជាការបង្ហាញចេញផ្សេងៗអំពីរបៀបដែលមនុស្សប្រព្រឹត្តចំពោះព្រះជាម្ចាស់។

VIII. អាកប្បកិរិយា និងការបង្ហាញចេញនានារបស់មនុស្សក្នុងការប្រព្រឹត្តចំពោះសេចក្តីពិត

ទិដ្ឋភាពមួយទៀតនៃខ្លឹមសារអំពីការចូលទៅក្នុងជីវិត គឺជារបៀបដែលមនុស្សប្រព្រឹត្តចំពោះសេចក្តីពិត។ តើនៅក្នុងទិដ្ឋភាពនេះ មានការបង្ហាញចេញអ្វីខ្លះ? មានការចាត់ទុកសេចក្តីពិតជាទ្រឹស្ដី ឬជាពាក្យស្លោក ជាបទប្បញ្ញត្តិ ឬជាទុនសម្រាប់ការរស់នៅពឹងលើពួកជំនុំ និងការត្រេកអរនឹងផលប្រយោជន៍នៃឋានៈ។ សូមបន្ថែមពីលើចំណុចនេះ។ (ការចាត់ទុកសេចក្តីពិតជាការទំនុកបម្រុងខាងវិញ្ញាណ។) មានការចាត់ទុកសេចក្តីពិតថាជាការទំនុកបម្រុងខាងវិញ្ញាណ ដើម្បីបំពេញតម្រូវការខាងវិញ្ញាណរបស់ខ្លួន។ (ការមិនទទួលយកសេចក្តីពិត និងការស្អប់ខ្ពើមសេចក្តីពិត។) នេះគឺជាអាកប្បកិរិយាមួយចំពោះសេចក្តីពិត។ (ការគិតថា ព្រះបន្ទូលរបស់ព្រះជាម្ចាស់ គឺសម្រាប់លាតត្រដាងអ្នកដទៃ ថាព្រះបន្ទូលទាំងនោះមិនទាក់ទងនឹងខ្លួនឯង ហើយចាត់ទុកខ្លួនឯងថាជាម្ចាស់នៃសេចក្តីពិត។) អ្នកបាននិយាយរៀបរាប់ពីការបង្ហាញចេញនេះបានត្រឹមត្រូវល្អណាស់។ មនុស្សដែលមានការបង្ហាញចេញបែបនេះ ជឿថា ពួកគេយល់ពីសេចក្តីពិតគ្រប់យ៉ាងដែលព្រះជាម្ចាស់បានមានបន្ទូលមក ហើយថានិស្ស័យពុករលួយ និងសារជាតិរបស់មនុស្សដែលទ្រង់លាតត្រដាងនោះ គឺសំដៅទៅលើអ្នកដទៃ មិនមែនសំដៅលើខ្លួនពួកគេទេ។ ពួកគេចាត់ទុកខ្លួនឯងថាជាម្ចាស់នៃសេចក្តីពិត ដោយតែងតែប្រើព្រះបន្ទូលរបស់ព្រះជាម្ចាស់ដើម្បីប្រៀនប្រដៅអ្នកដទៃជារឿយៗ ហាក់ដូចជាខ្លួនពួកគេផ្ទាល់គ្មាននិស្ស័យពុករលួយ ថាខ្លួនពួកគេជាតួអង្គនៃសេចក្តីពិត និងជាអ្នកនាំពាក្យនៃសេចក្តីពិតរួចស្រេចទៅហើយអ៊ីចឹង។ តើពួកគេជាមនុស្សសំរាមបែបណាទៅ? ពួកគេចង់ធ្វើជាតួអង្គនៃសេចក្តីពិត។ តើពួកគេមិនមែនដូចជាប៉ុលទេឬ? ប៉ុលបានបដិសេធមិនទទួលស្គាល់ព្រះអម្ចាស់យេស៊ូវថាជាព្រះគ្រីស្ទ និងព្រះជាម្ចាស់ឡើយ។ ខ្លួនគាត់ផ្ទាល់ចង់ក្លាយជាព្រះគ្រីស្ទ និងជាបុត្រារបស់ព្រះជាម្ចាស់។ មនុស្សទាំងនេះគឺដូចជាប៉ុលអ៊ីចឹងដែរ ពួកគេជាមនុស្សប្រភេទតែមួយនឹងគាត់ ពួកគេគឺជាពួកទទឹងនឹងព្រះគ្រីស្ទ។ មានអ្វីផ្សេងទៀតទេ? (ការចាត់ទុកព្រះបន្ទូលរបស់ព្រះជាម្ចាស់ជាពាក្យសម្ដីរបស់មនុស្សធម្មតា មិនមែនជាសេចក្តីពិតដែលត្រូវអនុវត្តតាម និងមានអាកប្បកិរិយាមើលស្រាល និងឱ្យតែបានៗចំពោះព្រះបន្ទូលរបស់ព្រះជាម្ចាស់។) ការមិនចាត់ទុកព្រះបន្ទូលរបស់ព្រះជាម្ចាស់ថាជាសេចក្តីពិតដែលត្រូវទទួលយក និងត្រូវអនុវត្តតាម ប៉ុន្តែចាត់ទុកព្រះបន្ទូលទាំងនោះថាជាពាក្យសម្ដីរបស់មនុស្ស នេះគឺជាលក្ខណៈសម្គាល់មួយ។ (ការភ្ជាប់ព្រះបន្ទូលរបស់ព្រះជាម្ចាស់ទៅនឹងទស្សនវិជ្ជា និងទ្រឹស្ដីរបស់ពួកអ្នកមិនជឿ។) មានការភ្ជាប់ព្រះបន្ទូលរបស់ព្រះជាម្ចាស់ទៅនឹងទស្សនវិជ្ជាផ្សេងៗ ដោយចាត់ទុកព្រះបន្ទូលរបស់ព្រះជាម្ចាស់ថាជាគ្រឿងលម្អ ឬជាពាក្យសម្ដីឥតបានការ ហើយបែរជាចាត់ទុកពាក្យពេចន៍ល្បីៗរបស់មនុស្សល្បីល្បាញ និងបុគ្គលអស្ចារ្យថាជាសេចក្តីពិត ព្រមទាំងចាត់ទុកចំណេះដឹង វប្បធម៌ប្រពៃណី និងទំនៀមទម្លាប់ថាជាសេចក្តីពិត ហើយយកពាក្យពេចន៍ទាំងនោះមកជំនួសព្រះបន្ទូលរបស់ព្រះជាម្ចាស់ជាដើម។ មនុស្សដែលបង្ហាញនូវការបង្ហាញចេញបែបនេះ និយាយមិនឈប់អំពីការចង់អនុវត្តសេចក្តីពិត ក៏ដូចជាការធ្វើបន្ទាល់ និងការផ្សព្វផ្សាយព្រះបន្ទូលរបស់ព្រះជាម្ចាស់ នៅពេលប្រឈមមុខនឹងស្ថានភាពផ្សេងៗ ប៉ុន្តែនៅក្នុងចិត្តរបស់ពួកគេ ពួកគេកោតសរសើរបុគ្គលល្បីល្បាញ និងបុគ្គលអស្ចារ្យពីពិភពខាងលោកិយទាំងនោះ ហើយថែមទាំងលើកតម្កើង ប៉ាវ កុង (ប៉ាវចិន) នៃរាជវង្សសុងបុរាណ ដោយនិយាយថា៖ «គាត់ពិតជាចៅក្រមហ្មត់ចត់ និងឥតលម្អៀងម្នាក់មែន។ គាត់មិនដែលកាត់ក្តីដោយអយុត្តិធម៌ម្ដងណាឡើយ មិនដែលមានការកាត់ក្តីខុសនៅក្រោមដៃរបស់គាត់ទេ ក៏មិនដែលមានព្រលឹងអយុត្តិធម៌នៅក្រោមកាំបិតប្រហារជីវិតរបស់គាត់ដែរ!» តើនេះមិនមែនជាការលើកតម្កើង និងការកោតសរសើរបុគ្គលល្បីល្បាញ និងអ្នកប្រាជ្ញទេឬ? ការព្យាយាមបន្លំពាក្យសម្ដី និងទង្វើរបស់បុគ្គលល្បីល្បាញថាជាសេចក្តីពិត គឺជាការនិយាយមួលបង្កាច់ និងប្រមាថដល់សេចក្តីពិតហើយ! នៅពួកជំនុំ មនុស្សប្រភេទនេះនិយាយច្រើនអំពីការចង់អនុវត្តសេចក្តីពិត និងការផ្សព្វផ្សាយព្រះបន្ទូលរបស់ព្រះជាម្ចាស់ ប៉ុន្តែអ្វីដែលពួកគេគិតក្នុងចិត្ត និងអ្វីដែលពួកគេតែងនិយាយជាទូទៅនោះ គឺគ្រាន់តែជាពាក្យទំនឹម និងសុភាសិតបុរាណ ដែលពួកគេនិយាយចេញមកយ៉ាងស្ទាត់ជំនាញ និងរត់មាត់ប៉ុណ្ណោះ។ ពាក្យសម្ដីទាំងនេះ តែងតែនៅជាប់នឹងបបូរមាត់របស់ពួកគេជានិច្ច ហើយហាចេញពីមាត់របស់ពួកគេយ៉ាងងាយ។ ពួកគេមិនដែលនិយាយពាក្យមួយម៉ាត់ណាដែលចេញការយល់ដឹងតាមបទពិសោធរបស់ពួកគេអំពីព្រះបន្ទូលរបស់ព្រះជាម្ចាស់ឡើយ ហើយពួកគេរឹតតែមិនដែលនិយាយថាតើព្រះបន្ទូលរបស់ព្រះជាម្ចាស់មួយណា ដែលជាលក្ខខណ្ឌវិនិច្ឆ័យ ឬជាមូលដ្ឋានសម្រាប់ធ្វើសកម្មភាព និងការប្រព្រឹត្តរបស់ពួកគេទៅទៀត។ គ្រប់យ៉ាងដែលពួកគេនិយាយចេញមក គឺជាគំនិតដែលខុសទំនង ដូចជាថា៖ «មនុស្សនៅកន្លែងណា បន្សល់ទុកកេរ្តិ៍ឈ្មោះនៅកន្លែងនោះ ប្រៀបដូចជាសត្វក្ងានដែលតែងស្រែកយំនៅគ្រប់ទីកន្លែងដែលវាហើរទៅដល់ដែរ» ការប្រហារជីវិតគ្មានអ្វីក្រៅពីធ្វើឱ្យក្បាលជ្រុះពីស្មាទេ «មនុស្សដែលគួរឱ្យអាណិត តែងតែមានចំណុចគួរឱ្យស្អប់» «តែងតែទុកផ្លូវក្រោយឱ្យខ្លួនឯងជានិច្ច» «ទោះបីជាខ្ញុំមិនសម្រេចបានអ្វីក៏ដោយ ក៏ខ្ញុំបានស៊ូទ្រាំនឹងទុក្ខលំបាកដែរ បើមិនមែនទុក្ខលំបាកទេ ក៏ជាការនឿយហត់ដែរ» «ឆ្លងទន្លេរួច កុំដុតស្ពានចោល។ ប្រើលាឱ្យអូសត្បាល់កិនម្ស៉ៅរួច កុំសម្លាប់វាចោលអី» «ប្រហារជីវិតមួយ ព្រមានមួយរយ។ សម្លាប់មាន់បំភ័យស្វា»។ និង «មន្ត្រីថ្មីថ្មោងតែងតែចង់បញ្ចេញសមត្ថភាព» ជាដើម។ គ្មានពាក្យសម្ដីណាមួយដែលពួកគេនិយាយមកនោះ គឺជាសេចក្តីពិតឡើយ។ មនុស្សមួយចំនួនតែងទន្ទេញពាក្យសម្ដីរបស់កវីសម័យទំនើប ហើយថែមទាំងបង្ហោះពាក្យសម្ដីទាំងនោះនៅក្នុងផ្នែកមតិយោបល់នៅលើវីដេអូនៃដំណាក់របស់ព្រះជាម្ចាស់ទៀតផង។ តើនេះមិនមែនជាការបង្ហាញចេញនៃការគ្មានការយល់ដឹងខាងវិញ្ញាណទេឬ? តើពាក្យសម្ដីទាំងនោះជាសេចក្តីពិតដែរទេ? តើពាក្យសម្ដីទាំងនោះទាក់ទងនឹងសេចក្តីពិតដែរឬទេ? មនុស្សមួយចំនួនតែងតែនិយាយសម្ដីដូចជា «នៅពីលើក្បាលយើង មានព្រះមួយអង្គចាំទតមើលយើង» និង «ចុងក្រោយ អំពើល្អនិងអំពើអាក្រក់ នឹងតបស្នងវិញមិនខាន គ្រាន់តែពេលវេលាមិនទាន់មកដល់ប៉ុណ្ណោះ»។ តើឃ្លាទាំងនេះ គឺជាសេចក្តីពិតដែរឬទេ? (មិនមែនទេ)។ តើឃ្លាទាំងនេះមកពីណា? តើនៅក្នុងព្រះបន្ទូលរបស់ព្រះជាម្ចាស់មានឃ្លាទាំងនេះដែរឬទេ? ឃ្លាទាំងនេះចេញមកពីវប្បធម៌ព្រះពុទ្ធសាសនា ហើយគ្មានអ្វីពាក់ព័ន្ធនឹងការជឿលើព្រះជាម្ចាស់ឡើយ។ ទោះបីជាយ៉ាងនេះក៏ដោយ មនុស្សតែងតែព្យាយាមទាញពាក្យសម្ដីទាំងនោះឱ្យទៅដល់កម្រិតនៃសេចក្តីពិត។ នេះគឺជាការបង្ហាញចេញនៃការគ្មានការយល់ដឹងខាងវិញ្ញាណ។ មនុស្សមួយចំនួនមានការតាំងចិត្តបន្តិចបន្តួចក្នុងការលះបង់ខ្លួនដើម្បីព្រះជាម្ចាស់ ហើយពួកគេនិយាយថា៖ «ដំណាក់របស់ព្រះជាម្ចាស់បានដំឡើងឋានៈឱ្យខ្ញុំ ព្រះជាម្ចាស់បានលើកខ្ញុំឡើង ដូច្នេះ ខ្ញុំត្រូវតែរស់នៅឱ្យសមនឹងពាក្យថា 'សុភាពបុរស ហ៊ានលះបង់ជីវិតដើម្បីអ្នកដែលស្គាល់ចិត្តថ្លើម'»។ អ្នកមិនមែនជាសុភាពបុរសទេ ហើយព្រះជាម្ចាស់ក៏មិនបានសុំឱ្យអ្នកលះបង់ជីវិតរបស់អ្នកដែរ។ តើចាំបាច់ត្រូវមានស្មារតីក្លាហានខ្ពស់បែបនេះ នៅពេលបំពេញភារកិច្ចដែរឬទេ? សូម្បីតែពេលដែលអ្នកនៅមានជីវិតនៅឡើយ អ្នកមិនអាចបំពេញភារកិច្ចរបស់ខ្លួនបានផង ចុះទម្រាំបើអ្នកស្លាប់បាត់ទៀត តើមានសង្ឃឹមដែរទេ? បើដូច្នេះមែន តើអ្នកនឹងបំពេញភារកិច្ចរបស់អ្នកដោយរបៀបណាទៅ? អ្នកផ្សេងទៀតនិយាយថា៖ «ខ្ញុំជាមនុស្សស្មោះត្រង់ពីកំណើត ខ្ញុំជាមនុស្សក្លាហាន និងមានចិត្តក្លៀវក្លា។ ខ្ញុំពេញចិត្តនឹងលះបង់គ្រប់យ៉ាងដើម្បីមិត្តភក្តិរបស់ខ្ញុំ។ ចំពោះព្រះជាម្ចាស់ក៏ដូចគ្នាដែរ៖ ដោយសារព្រះជាម្ចាស់បានជ្រើសតាំង ដំឡើងឋានៈ និងលើកខ្ញុំ ដូច្នេះ ខ្ញុំត្រូវតែតបស្នងព្រះគុណរបស់ព្រះជាម្ចាស់។ ខ្ញុំពិតជាហ៊ានលះបង់គ្រប់យ៉ាងដើម្បីព្រះជាម្ចាស់មែន សូម្បីតែជីវិតរបស់ខ្ញុំក៏ដោយ!» តើនេះគឺជាសេចក្តីពិតទេ? (មិនមែនទេ។) ព្រះជាម្ចាស់បានមានព្រះបន្ទូលជាច្រើន ប៉ុន្តែហេតុអ្វីបានជាពួកគេមិនដែលចាំសូម្បីតែមួយម៉ាត់? គ្រប់ពេល អ្វីដែលពួកគេប្រកបគ្នា គឺត្រឹមថា «មិនចាំបាច់និយាយអ្វីផ្សេងទៀតទេ។ សុភាពបុរសហ៊ានលះបង់ជីវិតដើម្បីអ្នកដែលស្គាល់ចិត្តថ្លើម ហើយមនុស្សម្នាក់ត្រូវតែហ៊ានលះបង់គ្រប់យ៉ាងដើម្បីមិត្តភក្តិរបស់ខ្លួន និងត្រូវស្មោះត្រង់»។ ពួកគេមិនអាចនិយាយសូម្បីឃ្លាថា «តបស្នងសេចក្តីស្រឡាញ់របស់ព្រះជាម្ចាស់» ផង។ បន្ទាប់ពីបានស្ដាប់ការអធិប្បាយ និងអានព្រះបន្ទូលរបស់ព្រះជាម្ចាស់អស់ពេលជាច្រើនឆ្នាំរួចមក ពួកគេមិនដឹងពីសេចក្តីពិតសូម្បីតែមួយ ហើយពួកគេមិនអាចនិយាយពាក្យពេចន៍ខាងវិញ្ញាណសូម្បីតែពីរទៅបីម៉ាត់ផង។ នេះគឺជាការយល់ដឹងចេញពីជម្រៅចិត្តរបស់ពួកគេ និងជានិយមន័យអំពីសេចក្តីពិត។ ប្រាប់ខ្ញុំមក តើនេះមិនមែនគួរឱ្យអាណិតទេឬ? តើនេះមិនមែនគួរឱ្យអស់សំណើចទេឬ? តើនេះមិនមែនជាការបង្ហាញចេញនៃការគ្មានការយល់ដឹងខាងវិញ្ញាណទេឬ? បន្ទាប់ពីបានស្ដាប់ការអធិប្បាយជាច្រើនរួចមក ពួកគេមិនយល់ពីសេចក្តីពិត ហើយមិនដឹងថាសេចក្តីពិតជាអ្វីផង ប៉ុន្តែពួកគេនៅតែហ៊ានប្រើពាក្យរបស់អារក្ស និងគួរឱ្យសើចចំអក គ្មានហេតុផល និងគួរឱ្យអស់់សំណើចបំផុតទាំងនោះ មកជំនួសសេចក្តីពិតទាំងឥតអៀនខ្មាសទៀត។ ក្នុងចិត្តពួកគេ មិនត្រឹមតែមានការគិត និងការយល់ដឹងបែបនេះទេ ពួកគេថែមទាំងផ្សព្វផ្សាយ និងបង្រៀនរឿងនេះទៅអ្នកដទៃជាប់ជាប្រចាំ ធ្វើឱ្យអ្នកដទៃមានការយល់ដឹងដូចគ្នានឹងពួកគេដែរ។ តើទង្វើនេះមិនមែនមានលក្ខណៈជាការបង្កការបង្អាក់ និងការរំខានខ្លះទេឬ? មនុស្សដែលមិនយល់ពីសេចក្តីពិត និងគ្មានការយល់ដឹងខាងវិញ្ញាណទាំងនេះ មើលទៅពិតជាមានគ្រោះថ្នាក់ណាស់ ពួកគេអាចបង្កការបង្អាក់ និងការរំខានបាន ហើយអាចធ្វើរឿងគួរឱ្យអស់សំណើច និងមិនសមហេតុផលបានគ្រប់ពេល និងគ្រប់ទីកន្លែង។ តើរបៀបដែលមនុស្សប្រព្រឹត្តចំពោះសេចក្តីពិត មានការបង្ហាញចេញផ្សេងទៀតអ្វីខ្លះ? (ការមើលងាយសេចក្តីពិត ដោយទទួលយកតែអ្វីដែលស្របតាមសញ្ញាណរបស់ខ្លួន ហើយបដិសេធ និងមិនព្រមអនុវត្តអ្វីដែលមិនស្របតាមសញ្ញាណរបស់ខ្លួនឡើយ។) ការទទួលយក និងអនុវត្តតែអ្វីដែលស្របតាមសញ្ញាណរបស់ខ្លួន ហើយទាស់ទទឹង និងថ្កោលទោសចំពោះអ្វីគ្រប់យ៉ាងដែលមិនស្របតាមសញ្ញាណរបស់ខ្លួន នេះគឺជាអាកប្បកិរិយាមួយ។ (ការមិនជឿថា សេចក្តីពិតអាចដោះស្រាយនិស្ស័យពុករលួយរបស់ខ្លួន ឬផ្លាស់ប្ដូរខ្លួនឯងបាន។) ការមិនទទួលស្គាល់ ឬការមិនជឿលើសេចក្តីពិត ក៏ជាអាកប្បកិរិយាមួយផងដែរ។ ការបង្ហាញចេញមួយទៀតគឺថា អាកប្បកិរិយា និងទស្សនៈរបស់បុគ្គលម្នាក់ចំពោះសេចក្តីពិត ផ្លាស់ប្ដូរទៅតាមផ្លូវចិត្ត បរិយាកាស និងអារម្មណ៍របស់ពួកគេ។ សម្រាប់មនុស្សទាំងនេះ នៅពេលដែលពួកគេមានអារម្មណ៍ល្អ និងមានស្មារតីខ្ពស់នៅថ្ងៃណាមួយ ពួកគេគិតថា៖ «សេចក្តីពិតគឺល្អខ្លាំងណាស់! សេចក្តីពិត គឺជាតថភាពនៃគ្រប់អ្វីៗដែលវិជ្ជមានទាំងអស់ ជាអ្វីដែលស័ក្តិសមនឹងឱ្យមនុស្សជាតិអនុវត្ត និងផ្សព្វផ្សាយបំផុត»។ នៅពេលដែលអារម្មណ៍របស់ពួកគេមិនល្អ ពួកគេគិតថា៖ «តើសេចក្តីពិតជាអ្វី? តើការអនុវត្តសេចក្តីពិតមានប្រយោជន៍អ្វីខ្លះ? តើវាអាចរកលុយបានទេ? តើសេចក្តីពិតអាចផ្លាស់ប្ដូរអ្វីបានខ្លះ? តើអាចមានរឿងអ្វីកើតឡើង ប្រសិនបើអ្នកអនុវត្តសេចក្តីពិត? ខ្ញុំនឹងមិនអនុវត្តសេចក្ដីពិតទេ។ តើវាយ៉ាងម៉េចទៅ?» ធម្មជាតិជាអារក្សរបស់ពួកគេក៏លេចចេញមក។ ការបង្ហាញចេញទាំងនេះ គឺជានិស្ស័យ និងសភាពផ្សេងៗដែលមនុស្សបង្ហាញឱ្យឃើញតាមរយៈការប្រព្រឹត្តរបស់ពួកគេចំពោះសេចក្តីពិត។ តើមានការបង្ហាញចេញជាក់លាក់អ្វីផ្សេងទៀតទេ? (ការមិនចាត់ទុកព្រះបន្ទូលរបស់ព្រះជាម្ចាស់ថាជាសេចក្តីពិត ឬជាជីវិត ប៉ុន្តែបែរជាវិភាគ និងពិនិត្យពិច័យព្រះបន្ទូលទាំងនោះទៅវិញ។) មានការប្រើឥរិយាបថជាអ្នកសិក្សាចំពោះព្រះបន្ទូលរបស់ព្រះជាម្ចាស់ ដោយតែងតែវិភាគ និងពិនិត្យពិច័យសេចក្តីពិតដោយផ្អែកលើចំណេះដឹងរបស់ខ្លួន ដោយគ្មានអាកប្បកិរិយានៃការទទួលយក និងការចុះចូលឡើយ។ ទាំងនេះអាចជាការលំបាកទូទៅរបស់មនុស្សក្នុងការប្រព្រឹត្តចំពោះសេចក្តីពិត ដែលអាចបានកំណត់ និងយកធ្វើជាចំណងជើងសង្ខេបបាន។

មានទិដ្ឋភាពសរុបចំនួនប្រាំបីនៅក្នុងមាតិការបស់យើងអំពីការលំបាកនៃការចូលទៅក្នុងជីវិត ហើយទិដ្ឋភាពទាំងនោះ គឺជាការលំបាកសំខាន់ៗដែលទាក់ទងនឹងការចូលទៅក្នុងជីវិត និងការសម្រេចបាននូវសេចក្ដីសង្គ្រោះ។ សភាព និងនិស្ស័យដែលមនុស្សបង្ហាញឱ្យឃើញនៅក្នុងទិដ្ឋភាពទាំងប្រាំបីនេះ សុទ្ធតែត្រូវលាតត្រដាងនៅក្នុងព្រះបន្ទូលរបស់ព្រះជាម្ចាស់ទាំងអស់។ ព្រះជាម្ចាស់បានដាក់ចេញនូវសេចក្ដីតម្រូវសម្រាប់មនុស្ស និងបានចង្អុលបង្ហាញផ្លូវនៃការអនុវត្តដល់ពួកគេ។ ប្រសិនបើមនុស្សអាចលះបង់កម្លាំងកាយចិត្តលើព្រះបន្ទូលរបស់ព្រះជាម្ចាស់ ប្រកាន់អាកប្បកិរិយាម៉ឺងម៉ាត់ អាកប្បកិរិយានៃការស្រេកឃ្លានចង់បាន និងរែកពុនបន្ទុកដើម្បីការចូលទៅក្នុងជីវិតផ្ទាល់ខ្លួនរបស់ពួកគេ នោះពួកគេមុខជាអាចរកឃើញសេចក្តីពិតដែលពាក់ព័ន្ធនៅក្នុងព្រះបន្ទូលរបស់ព្រះជាម្ចាស់ ដើម្បីដោះស្រាយបញ្ហាទាំងប្រាំបីប្រភេទនេះ និងមានផ្លូវនៃការអនុវត្តសម្រាប់បញ្ហានីមួយៗមិនខាន។ គ្មានបញ្ហាណាមួយដែលជាបញ្ហាប្រឈមមិនអាចដោះស្រាយបាននោះទេ ឬជាប្រភេទអាថ៌កំបាំងអ្វីឡើយ។ ក៏ប៉ុន្តែ ប្រសិនបើអ្នកមិនរែកពុនបន្ទុកអ្វីបានទាល់តែសោះ សម្រាប់ការចូលទៅក្នុងជីវិតផ្ទាល់ខ្លួនរបស់អ្នក ហើយមិនចាប់អារម្មណ៍ទាល់តែសោះចំពោះសេចក្តីពិត ឬចំពោះការផ្លាស់ប្ដូរនិស្ស័យរបស់អ្នក ដូច្នេះ ទោះបីជាព្រះបន្ទូលរបស់ព្រះជាម្ចាស់ច្បាស់លាស់ និងត្រឹមត្រូវយ៉ាងណាក៏ដោយ ក៏ព្រះបន្ទូលទាំងនោះ នឹងនៅត្រឹមតែជាអត្ថបទ និងគោលលទ្ធិសម្រាប់អ្នកតែប៉ុណ្ណោះ។ ប្រសិនបើអ្នកមិនដេញតាម ឬអនុវត្តសេចក្តីពិតទេ ទោះបីជាអ្នកមានបញ្ហាអ្វីក៏ដោយ ក៏អ្នកនឹងមិនអាចរកឃើញដំណោះស្រាយបានដែរ ដែលវានឹងធ្វើឱ្យអ្នកពិបាកក្នុងការសម្រេចបាននូវសេចក្ដីសង្គ្រោះខ្លាំងណាស់។ ប្រហែលជាអ្នកនឹងបន្តស្ថិតនៅក្នុងដំណាក់កាលជាអ្នកធ្វើការជារៀងរហូតហើយ។ ប្រហែលជាអ្នកនឹងបន្តស្ថិតនៅក្នុងដំណាក់កាលដែលមិនអាចសម្រេចបាននូវសេចក្ដីសង្គ្រោះជារៀងរហូត ហើយត្រូវព្រះជាម្ចាស់ស្អប់ខ្ពើមនិងបដិសេធ និងជម្រុះចោលមិនខាន។

ផលអាក្រក់ និងផលវិបាកនៃកិច្ចការរបស់អ្នកដឹកនាំក្លែងក្លាយ

នៅពេលនិយាយអំពីការលំបាកទាំងអស់ដែលមនុស្សជួបប្រទះនៅក្នុងការចូលទៅក្នុងជីវិតរបស់ពួកគេ តើអ្នកដឹកនាំក្លែងក្លាយបានធ្វើអ្វីខ្លះ? នៅពេលដែលមនុស្សប្រឈមមុខនឹងសភាពក្នុងប្រភេទណាមួយ ដែលស្ថិតនៅក្នុងចំណោមការលំបាកទាំងប្រាំបីប្រភេទនេះ តើអ្នកដឹកនាំក្លែងក្លាយអាចរកឃើញបញ្ហានេះ ហើយប្រើព្រះបន្ទូលរបស់ព្រះជាម្ចាស់ និងចំណេះដឹងពីបទពិសោធផ្ទាល់ខ្លួនរបស់ពួកគេ ដើម្បីដោះស្រាយបញ្ហារបស់មនុស្សទាំងនេះបានដែរឬទេ? គួរឱ្យស្ដាយ នៅពេលដែលមនុស្សជួបប្រទះការលំបាកផ្សេងៗ អ្នកដឹកនាំក្លែងក្លាយទាំងនេះ បានត្រឹមប្រឹងប្រែងធ្វើការងារសើៗប៉ុណ្ណោះ ដោយគ្រាន់តែនិយាយពាក្យសម្ដីរាក់កំផែល មិនចំចំណុច និងមិនពាក់ព័ន្ធមួយចំនួន ដែលគ្មានអ្វីទាក់ទងនឹងនិស្ស័យ និងការលំបាកពិតប្រាកដរបស់ពួកគេ ដើម្បីដោះស្រាយបញ្ហារបស់អ្នកទាំងនោះឡើយ។ ឧទាហរណ៍៖ អ្នកដឹកនាំក្លែងក្លាយតែងតែនិយាយថា៖ «អ្នកមិនស្រឡាញ់សេចក្តីពិតសោះ!» នេះគឺជារបៀបដែលពួកគេព្យាយាមដោះស្រាយការលំបាកជាក់ស្ដែងរបស់មនុស្ស និងកំណត់ពីលក្ខណៈនៃសារជាតិរបស់ពួកគេ។ ពួកគេមិនអាចជួយមនុស្សឱ្យរកឃើញចម្លើយនៅក្នុងព្រះបន្ទូលរបស់ព្រះជាម្ចាស់សូម្បីតែសម្រាប់បញ្ហា ឬសភាពតូចតាចក៏ដោយ ហើយពួកគេក៏មិនអាចដោះស្រាយបញ្ហានោះតាមរយៈការប្រកបគ្នាអំពីសេចក្តីពិតបានដែរ។ ផ្ទុយទៅវិញ ពួកគេនិយាយពីគោលលទ្ធិ និងពាក្យសម្ដីដែលមិនពាក់ព័ន្ធមួយចំនួន ឬពួកគេឆ្លៀតយកបញ្ហានោះមកធ្វើឱ្យក្លាយជារឿងធំ ដើម្បីកម្ចាត់មនុស្សចោលតែម្ដង ដោយមិនផ្ដល់ឱកាសឱ្យពួកគេប្រែចិត្តឡើយ។ តាមពិតទៅ ប្រសិនបើនរណាម្នាក់មានសមត្ថភាពយល់ពីព្រះបន្ទូលរបស់ព្រះជាម្ចាស់ និងមានការយល់ដឹងខាងវិញ្ញាណ នោះពួកគេនឹងអាចរកឃើញការបើកសម្ដែងរបស់ព្រះជាម្ចាស់អំពីសភាពក្នុងទិដ្ឋភាពទាំងប្រាំបីនេះនៅក្នុងព្រះបន្ទូលរបស់ទ្រង់មិនខាន ពោលគឺវាមិនពិបាកនោះទេ។ ក៏ប៉ុន្តែ ដោយសារតែអ្នកដឹកនាំក្លែងក្លាយគ្មានការយល់ដឹងខាងវិញ្ញាណ មានគុណសម្បត្តិអន់ខ្សោយ និងគ្មានសមត្ថភាពយល់ដឹង បូករួមនឹងការពិតដែលពួកគេមួយចំនួនគ្រាន់តែជាមនុស្សដែលមានចិត្តខ្នះខ្នែង ចូលចិត្តធ្វើសកម្មភាព ជាមនុស្សពុតត្បុត និងធ្វើពុតជាមនុស្សខាងវិញ្ញាណ ទើបពួកគេមិនអាចដោះស្រាយបញ្ហារបស់អ្នកដទៃបានទាល់តែសោះតែម្ដង។ នៅពេលនិយាយដល់បញ្ហាផ្សេងៗដែលមនុស្សជួបប្រទះ អ្នកដឹកនាំក្លែងក្លាយនឹងណែនាំអ្នកទាំងនោះដោយនិយាយថា៖ «កិច្ចការរបស់ព្រះជាម្ចាស់បានវិវឌ្ឍមកឆ្ងាយបែបនេះហើយ ហេតុអ្វីបានជាអ្នកនៅតែច្រណែន និងឈ្លោះប្រកែកគ្នាជាមួយអ្នកដទៃទៀត? តើអ្នកមានពេលធ្វើរឿងអ៊ីចឹងដែរ? តើការឈ្លោះប្រកែកគ្នាអំពីរឿងបែបនេះបានប្រយោជន៍អ្វី? បើមិនឈ្លោះប្រកែកគ្នាអំពីរឿងបែបនេះទេ តើអ្នករស់មិនកើតទេឬ?» «កិច្ចការរបស់ព្រះជាម្ចាស់បានមកឆ្ងាយដល់ម្ល៉េះហើយ ប៉ុន្តែអ្នកនៅតែមានមនោសញ្ចេតនាក្រាស់ឃ្មឹក ហើយអ្នកមិនអាចលះបង់វាបានទៀត។ មិនយូរមិនឆាប់ អារម្មណ៍ទាំងនេះនឹងសម្លាប់អ្នកមិនខាន!» «កិច្ចការរបស់ព្រះជាម្ចាស់បានមកឆ្ងាយដល់ម៉្លេះហើយ ដូច្នេះ ហេតុអ្វីបានជាអ្នកនៅតែខ្វល់ខ្វាយខ្លាំងអំពីរឿងម្ហូបអាហារ និងរឿងស្លៀកពាក់ទៀត? បើអត់រ៉ូបមួយពាក់ តើធ្វើអ្វីមិនកើតឬ? បើមិនទិញស្បែកជើងស្បែកមួយគូពាក់ទេ តើរស់នៅមិនកើតឬ? អ្នកគួរតែគិតគូរអំពីព្រះបន្ទូលរបស់ព្រះជាម្ចាស់ និងភារកិច្ចរបស់អ្នកឱ្យបានច្រើន!» «នៅពេលមានអ្វីកើតឡើងចំពោះអ្នក ចូរអធិដ្ឋានទៅព្រះជាម្ចាស់ឱ្យបានច្រើន។ ទោះបីជាអ្នកជួបប្រទះអ្វីក៏ដោយ ក៏តែងតែមានមេរៀនមួយដែរ នោះគឺការរៀនចុះចូលនឹងព្រះជាម្ចាស់ និងយល់ពីអធិបតេយ្យភាព និងការរៀបចំរបស់ទ្រង់»។ តើដំបូន្មាននេះអាចដោះស្រាយបញ្ហាជាក់ស្ដែងបានដែរឬទេ? វាមិនអាចដោះស្រាយបញ្ហាបានទាល់តែសោះ។ បើមិនដូច្នេះទេ ពួកគេនឹងនិយាយថា៖ «មនុស្សត្រូវបានសាតាំងធ្វើឱ្យពុករលួយដល់ឆ្អឹង។ តើការដែលមានមនោសញ្ចេតនាបែបនេះ មិនមែនកំពុងបះបោរទាស់នឹងព្រះជាម្ចាស់ទេឬ? តើការដែលមិនស្គាល់ខ្លួនឯងបែបនេះ មិនមែនកំពុងបះបោរទាស់នឹងព្រះជាម្ចាស់ទេឬ?» ទោះបីជាមានបញ្ហាអ្វីកើតឡើងក៏ដោយ ក៏អ្នកដឹកនាំក្លែងក្លាយមិនដឹងថាត្រូវប្រកបគ្នាពីសេចក្តីពិតតាមរបៀបណា ដើម្បីវិភាគវែកញែកពីសារជាតិ ឬសភាពរបស់បុគ្គលម្នាក់ឡើយ ពួកគេមើលមិនធ្លុះថាសភាពរបស់មនុស្សកើតឡើងដោយរបៀបណា ហើយបន្ទាប់មក ថាតើត្រូវប្រកបគ្នាពីសេចក្តីពិតផ្អែកលើសភាពរបស់អ្នកទាំងនោះតាមរបៀបណា ដើម្បីដោះស្រាយបញ្ហារបស់ពួកគេ និងផ្ដល់ការជួយជ្រោមជ្រែង និងការទំនុកបម្រុងដែលសមស្របឡើយ។ ផ្ទុយទៅវិញ ពួកគេតែងតែនិយាយដដែលៗថា៖ «ចូរស្រឡាញ់ព្រះជាម្ចាស់! ចូរខិតខំប្រឹងប្រែងបំពេញភារកិច្ចរបស់អ្នក អ្នកត្រូវតែស្មោះត្រង់ចំពោះព្រះជាម្ចាស់ ហើយអធិដ្ឋានឱ្យបានច្រើន នៅពេលអ្នកជួបប្រទះបញ្ហាផ្សេងៗ!» «អ្វីៗគ្រប់យ៉ាងគឺស្ថិតនៅក្រោមអធិបតេយ្យភាព និងការរៀបចំរបស់ព្រះជាម្ចាស់។ អ្វីៗគ្រប់យ៉ាងគឺស្ថិតនៅក្នុងព្រះហស្ដរបស់ព្រះជាម្ចាស់!» «ប្រសិនបើអ្នកមិនស្វែងរកសេចក្តីពិតទេ នោះនឹងមិនបានឡើយ។ អ្នកត្រូវតែអានព្រះបន្ទូលរបស់ព្រះជាម្ចាស់ឱ្យបានច្រើន។ ព្រះបន្ទូលរបស់ព្រះជាម្ចាស់ចែងច្បាស់អំពីរឿងគ្រប់យ៉ាង ប៉ុន្តែ គ្រាន់តែមនុស្សមិនស្រឡាញ់សេចក្តីពិតប៉ុណ្ណោះ!» «ភយន្តរាយជិតមកដល់ហើយ លទ្ធផលនៃរបស់សព្វសារពើទាំងអស់គឺនៅជិតបង្កើយ ហើយកិច្ចការរបស់ព្រះជាម្ចាស់ជិតដល់ទីបញ្ចប់ហើយ ប៉ុន្តែអ្នកមិនភ័យព្រួយសោះ។ តើមនុស្សនៅសល់ពេលប៉ុន្មានថ្ងៃទៀត? នគររបស់ព្រះជាម្ចាស់បានមកដល់ហើយ!» អ្នកដឹកនាំក្លែងក្លាយចេះតែនិយាយពាក្យសម្ដីដែលមិនចំគោលដៅទាំងនេះ ដោយមិនដែលវិភាគ និងវែកញែកបញ្ហាផ្សេងៗឱ្យបានជាក់លាក់ ឬផ្ដល់ការទំនុកបម្រុង ឬការជួយជ្រោមជ្រែងពិតប្រាកដដល់មនុស្សឡើយ។ បើមិនដូច្នេះទេ ពួកគេគ្រាន់តែរកអត្ថបទព្រះបន្ទូលរបស់ព្រះជាម្ចាស់ពីរបីអត្ថបទឱ្យមនុស្សអាន ឬពួកគេគ្រាន់តែផ្ដល់ដំបូន្មានមិនពាក់ព័ន្ធដើម្បីដោះស្រាយជាមួយអ្នកទាំងនោះប៉ុណ្ណោះ។ តើមានអ្វីកើតឡើងនៅទីបញ្ចប់? ក្រោមការបំផ្លិចបំផ្លាញរបស់អ្នកដឹកនាំក្លែងក្លាយ មនុស្សមិនត្រឹមតែមិនស្គាល់ពីនិស្ស័យពុករលួយរបស់ខ្លួនទេ តែពួកគេក៏មិនដឹងថាខ្លួនឯងមានចរិតបែបណា ខ្លួនឯងជាមនុស្សប្រភេទណា ហើយតើខ្លួនឯងមានសារជាតិធម្មជាតិបែបណានោះដែរ។ ពួកគេមិនច្បាស់ថាខ្លួនឯងមានគុណសម្បត្តិបែបណា មិនដឹងថាខ្លួនឯងមានសមត្ថភាពយល់ដឹងដែរឬអត់ ហើយក៏មិនដឹងថាខ្លួនពួកគេកំពុងដើរលើផ្លូវអ្វីនោះដែរ។ ពួកគេនៅតែប្រកាន់ខ្ជាប់តាមរបស់ខាងលោកិយ និងរបស់កំពុងពេញនិយម ដែលពួកគេស្រឡាញ់ និងឱ្យតម្លៃនៅក្នុងចិត្ត ហើយគ្មាននរណាជួយឱ្យពួកគេបានយល់ វែកញែក និងវិភាគល្អិតល្អន់អំពីរឿងទាំងនេះឡើយ។ ទាំងនេះគឺជាផលវិបាកដែលកើតចេញពីកិច្ចការរបស់អ្នកដឹកនាំក្លែងក្លាយ។ នៅពេលមានបញ្ហាផ្សេងៗកើតឡើង ពួកគេអាចនឹងរិះគន់ស្ដីបន្ទោសគេឯងយ៉ាងខ្លាំង ដោយថ្កោលទោសអ្នកទាំងនោះតាមអំពើចិត្ត និងចោទប្រកាន់អ្នកទាំងនោះទាំងខុសឆ្គង ឬមិនដូច្នោះទេ ពួកគេផ្ដល់ដំបូន្មាន និងមេរៀនផ្សេងដែលមិនចំចំណុច ឬពួកគេប្រើព្រះបន្ទូលរបស់ព្រះជាម្ចាស់ដើម្បីធ្វើការប្រៀបធៀបដោយបង្ខំ និងមិនត្រឹមត្រូវជាដើម។ អ្នកដែលស្ដាប់ពួកគេ គិតថា៖ «ខ្ញុំមានអារម្មណ៍ដូចជាខ្លួនឯងយល់ តែក៏ដូចជាមិនយល់ដែរ ពោលគឺខ្ញុំដូចជាអាចចាប់បាននូវអ្វីដែលពួកគេបាននិយាយ ប៉ុន្តែខ្ញុំក៏ដូចជាចាប់មិនបានដែរ។ ហេតុអ្វីបានជាដូច្នេះ? អ្វីគ្រប់យ៉ាងដែលអ្នកដឹកនាំនិយាយគឺត្រឹមត្រូវ ប៉ុន្តែហេតុអ្វីបានជាខ្ញុំមិនអាចលុបបំបាត់បញ្ហានេះចេញពីក្នុងចិត្តខ្ញុំបាន? ហេតុអ្វីបានជាខ្ញុំមិនអាចរកដំណោះស្រាយចំពោះការលំបាកនេះបាន? ហេតុអ្វីបានជាខ្ញុំនៅតែគិតបែបនេះ ហើយចង់ធ្វើរឿងទាំងនេះទៀត? ហេតុអ្វីបានជាខ្ញុំមិនអាចដឹងបានថា សារជាតិ និងឫសគល់នៃបញ្ហាស្ថិតនៅត្រង់ណា? អ្នកដឹកនាំនិយាយថា ខ្ញុំមិនស្រឡាញ់សេចក្តីពិត ហើយខ្ញុំក៏ទទួលស្គាល់ថា ខ្ញុំមិនស្រឡាញ់សេចក្ដីពិតដែរ ប៉ុន្តែហេតុអ្វីបានជាខ្ញុំមិនអាចគេចផុតពីសភាពនេះបាន?» តើអ្នកដឹកនាំទាំងនេះបានជះឥទ្ធិពលអ្វីដែរឬទេ? ទោះបីជាពួកគេបាននិយាយ និងបានធ្វើការក៏ដោយ ក៏ការងារនោះសុទ្ធតែច្របូកច្របល់ខ្លាំង ហើយវាមិនទទួលបានផលដែលគួរតែសម្រេចបាននោះទេ។ ពួកគេមិនបានធ្វើឱ្យមនុស្សមានសមត្ថភាពយល់ពីបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ ប្រៀបធៀបខ្លួនឯងទៅនឹងព្រះបន្ទូលរបស់ព្រះជាម្ចាស់ យល់ពីសភាពរបស់ខ្លួនឱ្យបានប្រត្យក្ស ឬអាចដោះស្រាយការលំបាកផ្ទាល់ខ្លួនរបស់ពួកគេបានឡើយ។ ចំពោះមនុស្សដែលកែមិនឡើង និងគ្មានការអៀនខ្មាស ដែលមិនទទួលយកសេចក្តីពិតទាល់តែសោះនោះ នៅពេលដែលពួកគេឮអ្នកដឹកនាំទាំងនេះដាស់តឿនពួកគេយ៉ាងយកចិត្តទុកដាក់ និងដោយការអត់ធ្មត់បែបនេះ ពួកគេក៏មានអារម្មណ៍ជិនឆ្អន់ជាខ្លាំង។ ក្នុងពេលជាមួយគ្នានោះ ពួកគេអាចនិយាយត្រាប់តាមពាក្យសម្ដីដែលអ្នកដឹកនាំទាំងនេះនិយាយបាន ពោលគឺឱ្យតែអ្នកដឹកនាំនិយាយចប់ផ្នែកទីមួយភ្លាម អ្នកទាំងនេះក៏អាចនិយាយផ្នែកបន្ទាប់បាន ហើយពួកគេក៏ឆាប់អស់នូវក្ដីអំណត់ ដោយថា៖ «ឈប់និយាយបន្តទៀតទៅ។ ខ្ញុំបានដឹងពីអ្វីដែលអ្នកកំពុងនិយាយនោះរួចហើយ។ ប្រសិនបើអ្នកបន្តទៀត ខ្ញុំមុខជាមានអារម្មណ៍ឆ្អើម ហើយចង់ក្អួតមិនខាន!» អ្នកដឹកនាំបន្តថា៖ «អ្នកមិនស្រឡាញ់សេចក្តីពិតទេ។ ប្រសិនបើអ្នកស្រឡាញ់សេចក្តីពិតមែន នោះអ្នកមុខជាយល់ពីគ្រប់យ៉ាងដែលខ្ញុំកំពុងនិយាយមិនខាន»។ ពួកគេតបវិញថា៖ «ទោះបីជាខ្ញុំស្រឡាញ់សេចក្តីពិតឬមិនស្រឡាញ់ក៏ដោយ អ្នកបាននិយាយពាក្យទាំងនេះដដែលៗជាច្រើនដងមកហើយ គ្មានអ្វីដែលថ្មីនោះទេ ហើយខ្ញុំធុញនឹងស្ដាប់ពាក្យទាំងនេះណាស់!» អ្នកដឹកនាំក្លែងក្លាយធ្វើការតាមរបៀបនេះឯង ដោយប្រកាន់ខ្ជាប់យ៉ាងតឹងរ៉ឹងទៅតាមបទប្បញ្ញត្តិ និងផ្ដោតតែទៅលើឃ្លាជាក់លាក់មួយចំនួនប៉ុណ្ណោះ ដោយមិនអាចដោះស្រាយការលំបាកជាក់ស្ដែងរបស់មនុស្សបានទាំងស្រុង។ ប្រសិនបើនរណាម្នាក់មានសញ្ញាណអំពីព្រះជាម្ចាស់ អ្នកដឹកនាំក្លែងក្លាយក៏និយាយថា អ្នកនោះមិនស្គាល់ខ្លួនឯងទេ។ ប្រសិនបើនរណាម្នាក់មានភាពជាមនុស្សមិនល្អ មិនអាចចុះសម្រុងជាមួយគេបាន និងខ្វះទំនាក់ទំនងធម្មតារវាងគ្នានឹងគ្នា អ្នកដឹកនាំក្លែងក្លាយក៏និយាយថា ទាំងពួកគេ ទាំងបុគ្គលដែលពាក់ព័ន្ធនោះ មានកំហុសដូចគ្នា ដោយប្រៀនប្រដៅអ្នកទាំងពីរនោះ ស្ដីបន្ទោសទៅលើពួកគេទាំងពីរ ដោយថា៖ «មិនអីទេ ពេលនេះអ្នកទាំងពីរស្មើគ្នាហើយ។ យើងត្រូវតែមានភាពយុត្តិធម៌ និងមានហេតុផលក្នុងការប្រព្រឹត្តរបស់យើង ដោយប្រព្រឹត្តចំពោះមនុស្សគ្រប់គ្នាដោយស្មើភាព ដោយគ្មានការលម្អៀងណាមួយឡើយ។ អ្នកណាដែលនិយាយមានហេតុផល អ្នកនោះគឺជាអ្នកស្រឡាញ់សេចក្តីពិតហើយ ចំណែកឯអ្នកណាដែលនិយាយគ្មានហេតុផលទេ អ្នកនោះគួរតែបិទមាត់ និយាយឱ្យតិច និងធ្វើឱ្យច្រើន នៅថ្ងៃមុខ។ អ្នកណាដែលនិយាយអ្វីបានត្រឹមត្រូវ គួរតែស្ដាប់អ្នកនោះឱ្យបានច្រើន»។ តើនេះគឺជាការដោះស្រាយបញ្ហាឬ? តើនេះគឺជាការធ្វើការឬ? តើនេះមិនមែនដូចជាការលួងលោមកូនក្មេង និងបោកបញ្ឆោតគេទេឬ? អ្នកដឹកនាំក្លែងក្លាយអាចមើលទៅដូចជារវល់ណាស់ ប៉ុន្តែពួកគេមិនអាចដោះស្រាយបញ្ហារបស់នរណាម្នាក់បានឡើយ។ តើកិច្ចការរបស់ពួកគេមានប្រសិទ្ធភាពកម្រិតណា? ពិតជាគ្មានតម្លៃ និងខុសទំនងមែន! ទាំងនេះគឺជាទង្វើរបស់ពួកអ្នកមិនជឿហើយ។

ក្នុងអំឡុងបទពិសោធនៃការជឿលើព្រះជាម្ចាស់របស់មនុស្ស ពួកគេតែងតែជួបប្រទះការលំបាកមួយចំនួន ហើយអ្នកដឹកនាំក្លែងក្លាយមិនអាចដោះស្រាយការលំបាកណាមួយក្នុងចំណោមនោះបានឡើយ។ អ្នកដឹកនាំក្លែងក្លាយមិនអាចដោះស្រាយសូម្បីការលំបាកមួយចំនួនដែលមើលឃើញនឹងភ្នែក ដែលអាចដោះស្រាយបានត្រឹមតែពាក្យសម្ដីពីរបីម៉ាត់ ហើយពួកគេថែមទាំងនិយាយបំផ្លើសអំពីរឿងនោះ និងប្រែក្លាយបញ្ហាតូចតាចគ្រប់យ៉ាងឱ្យទៅជារឿងធំ។ មនុស្សមួយចំនួនមិនមែនអាក្រក់នោះទេ គ្រាន់តែថាបើនិយាយពីភាពជាមនុស្សរបស់ពួកគេ គឺពួកគេខ្វះសុជីវធម៌បន្តិចបន្តួច មិនយល់ពីអាកប្បកិរិយាដែលត្រឹមត្រូវ និងថោកទាបបន្តិចប៉ុណ្ណោះ។ អ្នកដឹកនាំក្លែងក្លាយយកបញ្ហាតូចតាចទាំងនេះមកនិយាយបំផ្លើសឱ្យក្លាយជារឿងធំ ដោយឱ្យបងប្អូនប្រុសស្រីពិភាក្សាគ្នាអំពីពួកគេ រិះគន់ពួកគេ និងថ្កោលទោសពួកគេ គ្រប់យ៉ាងគឺដើម្បីឱ្យពួកគេចងចាំទុកក្នុងចិត្តជារៀងរហូត ដើម្បីកុំឱ្យពួកគេហ៊ានប្រព្រឹត្តបែបនោះទៀត។ តើនេះចាំបាច់ដែរឬទេ? តើនេះជាវិធីដោះស្រាយបញ្ហាដែរឬទេ? តើនេះជាការប្រើសេចក្តីពិតដើម្បីដោះស្រាយបញ្ហាដែរឬទេ? (អត់ទេ។) ឱ្យតែនៅក្នុងភាពជាមនុស្សរបស់នរណាម្នាក់មិនមានបញ្ហាធំដុំអ្វីទេ ហើយម្នាក់នោះមិនមែនជាមនុស្សអាក្រក់ និងអាចលះបង់ខ្លួនដោយស្មោះអស់ពីចិត្តបាន ដូច្នេះ ស្ថិតក្រោមលក្ខខណ្ឌដែលពួកគេអាចទទួលយកបាន គឺវាគ្រប់គ្រាន់នឹងបន្តធ្វើការលើពួកគេ ដោយរំឭកដាស់តឿនពួកគេ ជួយពួកគេ ប្រកបគ្នា និងផ្ដល់ការគាំទ្រដល់ពួកគេហើយ។ ប្រសិនបើមនុស្សប្រព្រឹត្តតាមរបៀបនេះដដែលៗ នោះពួកគេមានបញ្ហាខាងចរិតលក្ខណៈ ឬមាននិស្ស័យកាចសាហាវហើយ ដូច្នេះ ចាំបាច់ត្រូវធ្វើការលួសកាត់ និងប្រៀនប្រដៅឱ្យតឹងរ៉ឹង។ ប្រសិនបើពួកគេបដិសេធមិនទទួលយកការធ្វើបែបនេះទេ គួរតែផ្អាកភារកិច្ចរបស់ពួកគេ ឬគួរតែបោសសម្អាតពួកគេចេញ។ អ្នកដឹកនាំក្លែងក្លាយមិនអាចមើលធ្លុះពីចំណុចនេះបានទេ ហើយពួកគេក៏នឹងមិនធ្វើតាមរបៀបនេះដែរ។ នៅពេលដែលពួកគេជួបមនុស្សអាក្រក់បែបនេះ ពួកគេប្រព្រឹត្តដាក់អ្នកទាំងនោះដូចជាបងប្អូនប្រុសស្រី ដោយផ្តល់ការជួយជ្រោមជ្រែង និងការគាំទ្រដល់ពួកគេ។ តើនេះគឺជាការធ្វើការដែរទេ? តើនេះជាការប្រើសេចក្តីពិតដើម្បីដោះស្រាយបញ្ហាដែរទេ? (អត់ទេ។) កិច្ចការរបស់អ្នកដឹកនាំក្លែងក្លាយ គឺខុសទំនង ដូចជាកូនក្មេង និងគួរឱ្យអស់សំណើច ហើយគ្មានកិច្ចការណាដែលស្របតាមព្រះរាជបំណងរបស់ព្រះជាម្ចាស់នោះទេ។ នៅគ្រប់កិច្ចការដែលពួកគេធ្វើ អ្នកអាចមើលឃើញថា ពួកគេជាមនុស្សដែលគ្មានជំនាញ ពួកគេគ្មានការយល់ដឹងខាងវិញ្ញាណ និងធ្វើអ្វីមិនគោរពច្បាប់ទម្លាប់ គ្មានគោលការណ៍។ ដូចគ្នានេះដែរ ពួកគេមិនអាចមើលធ្លុះ ឬក្ដាប់បានច្បាស់ពីការលំបាកផ្សេងៗដែលមនុស្សជួបប្រទះនៅក្នុងការចូលទៅក្នុងជីវិតរបស់ពួកគេឡើយ។ ហេតុនេះហើយ ការព្យាយាមដោះស្រាយបញ្ហារបស់ពួកគេ ហាក់ដូចជាឆ្គាំឆ្គង ឆោតល្ងង់ខ្លាំង និងដូចជាអ្នកដែលគ្មានជំនាញអ៊ីចឹង។ អ្នកដែលទទួលបានការជួយជ្រោមជ្រែងពីពួកគេ ក៏មានអារម្មណ៍ថាឆ្គាំឆ្គង និងតឹងទ្រូងដែរ។ យូរៗទៅ អ្នកខ្លះថែមទាំងបាត់បង់សេចក្ដីជំនឿ ដោយនិយាយថា៖ «អ្នកដឹកនាំបានប្រកបគ្នាជាមួយខ្ញុំជាច្រើនដងមកហើយ ហេតុអ្វីបានជាខ្ញុំមិនមានការផ្លាស់ប្ដូរ? ហេតុអ្វីបានជាខ្ញុំនៅតែត្រឡប់ទៅរកស្ថានភាពដដែលវិញ? តើនេះគឺដោយសារភាពជាមនុស្សរបស់ខ្ញុំអន់ខ្លាំងពេក ហើយខ្ញុំមិនអាចសង្គ្រោះបានមែនទេ?» អ្នកខ្លះថែមទាំងមានការសង្ស័យ ដោយនិយាយថា៖ «តើវិញ្ញាណរបស់ខ្ញុំមានបញ្ហាអ្វីមែនទេ? តើពួកវិញ្ញាណអាក្រក់កំពុងធ្វើការក្នុងខ្លួនខ្ញុំមែនទេ? តើព្រះជាម្ចាស់នឹងមិនសង្គ្រោះខ្ញុំទេ មែនទេ? តើនោះមិនមានន័យថា ខ្ញុំលែងមានសង្ឃឹមហើយមែនទេ?» ទាំងនេះគឺជាផលវិបាកដែលកើតចេញពីកិច្ចការរបស់អ្នកដឹកនាំក្លែងក្លាយ។ នៅក្នុងការបំពេញកិច្ចការរបស់ពួកគេ ពួកគេច្រឡំរឿងមួយទៅជារឿងមួយទៀត ហើយពួកគេធ្វើរឿងដែលគួរឱ្យអស់សំណើច ខុសទំនង ឆោតល្ងង់ និងឆ្គាំឆ្គង ដែលចុងក្រោយ ធ្វើឱ្យការលំបាកផ្សេងៗដែលជួបប្រទះដោយមនុស្សមួយចំនួនដែលដេញតាមសេចក្តីពិតដោយពិតប្រាកដនោះ មិនបានដោះស្រាយឱ្យទាន់ពេលវេលា។ ជាលទ្ធផល រឿងនេះបណ្តាលឱ្យមនុស្សទាំងនោះកើតមានភាពអវិជ្ជមាន និងភាពទន់ខ្សោយ ក៏ដូចជាសញ្ញាណ និងការយល់ខុសមួយចំនួនអំពីព្រះជាម្ចាស់ និងកិច្ចការរបស់ទ្រង់។ ពួកគេនិយាយថា៖ «ខ្ញុំបានអានព្រះបន្ទូលរបស់ព្រះជាម្ចាស់ជាច្រើនមកហើយ ហេតុអ្វីបានជាបញ្ហារបស់ខ្ញុំដោះស្រាយមិនបាន? តើព្រះបន្ទូលរបស់ព្រះជាម្ចាស់ពិតជាអាចសង្គ្រោះ និងបំផ្លាស់បំប្រែមនុស្សបានមែនទេ?» ពួកគេកើតមានការសង្ស័យនៅក្នុងចិត្ត ហើយពួកគេធ្លាក់ចូលទៅក្នុងការភាន់ច្រឡំ។ ដូច្នេះ នៅពេលដែលអ្នកដឹកនាំក្លែងក្លាយធ្វើការ ពួកគេមិនបានបង្កើតលទ្ធផលវិជ្ជមានអ្វីច្រើនទេ ប៉ុន្តែពួកគេបែរជាបង្កើតរឿងអវិជ្ជមានជាច្រើនទៅវិញ។ កិច្ចការរបស់ពួកគេមិនត្រឹមតែមិនអាចលុបបំបាត់សញ្ញាណ ការសង្ស័យ និងការវិនិច្ឆ័យរបស់មនុស្សអំពីព្រះជាម្ចាស់បានប៉ុណ្ណោះទេ ប៉ុន្តែផ្ទុយទៅវិញ វាបែរជាធ្វើឱ្យពួកគេមានការយល់ខុស និងបង្កើនការប្រុងប្រយ័ត្នចំពោះព្រះជាម្ចាស់ទៅវិញ។ សូម្បីតែបន្ទាប់ពីមានសេចក្ដីជំនឿជាច្រើនឆ្នាំហើយក៏ដោយ ក៏បញ្ហារបស់មនុស្សទាំងនេះ នៅតែមិនទាន់ដោះស្រាយបាននៅឡើយ។ នៅពេលដែលពួកគេត្រូវអ្នកដឹកនាំក្លែងក្លាយបំភាន់ និងណែនាំខុសបែបនេះ ការយល់ច្រឡំ និងការប្រុងប្រយ័ត្នរបស់ពួកគេចំពោះព្រះជាម្ចាស់ កាន់តែខ្ពស់។ បើរឿងនេះពិតជាដូច្នេះមែន តើពួកគេអាចសម្រេចការចូលទៅក្នុងជីវិតបានដែរឬទេ?

ការយល់ដឹងរបស់អ្នកដឹកនាំក្លែងក្លាយអំពីរឿងវិជ្ជមាន ដូចជា សេចក្តីពិត និងការផ្លាស់ប្ដូរនិស្ស័យរបស់មនុស្ស អាចជះឥទ្ធិពលលើទស្សនៈ និងអាកប្បកិរិយារបស់មនុស្សជាច្រើនចំពោះអ្វីៗដែលវិជ្ជមាន។ ប្រសិនអ្នកដឹកនាំក្លែងក្លាយមិនធ្វើកិច្ចការណាមួយទេ វាមិនអីទេ ប៉ុន្តែឱ្យតែពួកគេចាប់ផ្តើមធ្វើការភ្លាម សេចក្ដីវៀចវេរក៏លេចឡើង ហើយផលវិបាកអវិជ្ជមានក៏កើតមានដែរ។ ពួកជំនុំទាំងនេះ កើតមានបរិយាកាសមិនត្រឹមត្រូវមួយ ពោលគឺតែងតែកើតមានពាក្យសម្ដីខុសឆ្គង និងខុសទំនងមួយចំនួន ហើយមនុស្សនៅទីនោះ មិនយល់ពីពាក្យពេចន៍ខាងវិញ្ញាណដែលបានលើកឡើងជារឿយៗនៅក្នុងព្រះបន្ទូលរបស់ព្រះជាម្ចាស់ទេ ហើយពួកគេក៏មិនដឹងថាត្រូវអនុវត្តពាក្យពេចន៍ទាំងនោះដោយរបៀបណាដែរ ចំណែកឯអ្វីដែលគេហៅថាពាក្យពេចន៍ និងសម្ដីខាងវិញ្ញាណដែលអ្នកដឹកនាំក្លែងក្លាយទាំងនេះតែងតែនិយាយនោះ បែរជាត្រូវបានផ្សព្វផ្សាយយ៉ាងទូលំទូលាយនៅក្នុងពួកជំនុំទាំងនេះទៅវិញ។ រឿងទាំងនេះមិនមែនជះឥទ្ធិពលតិចតួចលើមនុស្សនោះទេ៖ ពួកគេមិនត្រឹមតែមិនអាចជួយឱ្យមនុស្សទទួលបានចំណេះដឹងជាក់ស្ដែង និងត្រឹមត្រូវជាងមុនអំពីព្រះបន្ទូលរបស់ព្រះជាម្ចាស់ និងសេចក្តីពិត ឬជួយឱ្យពួកគេអាចរកឃើញផ្លូវនៃការអនុវត្តដ៏ត្រឹមត្រូវនៅក្នុងព្រះបន្ទូលរបស់ទ្រង់នោះទេ ប៉ុន្តែផ្ទុយទៅវិញ ពួកគេបែរជាធ្វើឱ្យមនុស្សមានចំណេះដឹងអំពីសេចក្តីពិតដែលមានលក្ខណៈបំភ្លើសខុសទំនង មានលក្ខណៈបែបទ្រឹស្ដី និងគោលលទ្ធិទៅវិញ ហើយក្នុងពេលជាមួយគ្នានោះដែរ ពួកគេធ្វើឱ្យមនុស្សកាន់តែស្រពេចស្រពិលអំពីផ្លូវនៃការអនុវត្ត។ តាមរយៈការធ្វើបែបនេះ អ្នកដឹកនាំក្លែងក្លាយបានធ្វើឱ្យមនុស្សវង្វេង និងប៉ះពាល់ដល់ការយល់ដឹងត្រឹមត្រូវរបស់ពួកគេអំពីសេចក្តីពិត។ តាមរយៈការធ្វើបែបនេះ តើអ្នកដឹកនាំក្លែងក្លាយជះឥទ្ធិពលអ្វីខ្លះ? តើពួកគេដើរតួនាទីអ្វីដែរ? ការដែលកំណត់លក្ខណៈឱ្យពួកគេថាជាការរំខាន និងការបង្អាក់ អាចនឹងជ្រុលហួសបន្តិច តែការហៅពួកគេថាជាតួត្លុកដែលរត់វក់វីគ្រប់ទីកន្លែង គឺមិនជ្រុលហួសហេតុនោះទេ។ នៅពេលដែលខ្ញុំទើបតែចាប់ផ្តើមកិច្ចការនៅដំណាក់កាលនេះ ខ្ញុំបានជួបមនុស្សមួយចំនួន ហើយនៅពេលដែលខ្ញុំកំពុងស្ដាប់ពួកគេនិយាយ ម្នាក់ក្នុងចំណោមពួកគេនោះ បានសួរអំពីស្ថានភាពរបស់មនុស្សម្នាក់នោះ ហើយស្រាប់តែមានមនុស្សម្នាក់ធ្លោយមាត់និយាយថា៖ «ពួកគេឆេះម៉ដ្ដដូចផេះហើយ»។ នៅពេលដែលខ្ញុំសួរថា «ឆេះម៉ដ្ដដូចផេះ? តើមានន័យដូចម្តេច?» ពួកគេបានឆ្លើយតបថា៖ «ការឆេះម៉ដ្ដដូចផេះ មានន័យថា នរណាម្នាក់ត្រូវបានដកហូតតំណែង ហើយប្រហែលជាឈប់ជឿហើយ»។ ខ្ញុំបានមានបន្ទូលថា៖ «នេះគឺជាពាក្យសម្ដីសាហាវខ្លាំងណាស់ មិនទុកផ្លូវឱ្យគេបកក្រោយឡើយ។ តើខ្ញុំធ្លាប់មានបន្ទូលបែបនេះទេ? ហេតុដូចម្តេចបានជាខ្ញុំមិនដឹងអំពីពាក្យនេះ? ខ្ញុំមិនដែលកំណត់លក្ខណៈឱ្យនរណាម្នាក់តាមរបៀបនេះទេ ឬបញ្ជាក់ថា ប្រសិនបើនរណាម្នាក់ឈប់បំពេញភារកិច្ចរបស់ខ្លួន ឬចាកចេញពីព្រះជាម្ចាស់ ពួកគេត្រូវ 'ឆេះម៉ដ្ឋដូចផេះ' នោះទេ។ តើពាក្យនេះកើតឡើងដោយរបៀបណា?» ក្រោយមក ខ្ញុំបានដឹងថា ឃ្លានេះមានប្រភពចេញមកពីអ្នកជឿវ័យចំណាស់ម្នាក់ ដែលជាអ្នករៀនតាមសៀវភៅដោយងាប់ក្រឡាស្ដូក។ គាត់រៀនសូត្របានខ្ពង់ខ្ពស់ និងបានជឿលើព្រះជាម្ចាស់អស់ពេលជាយូរមកហើយ ហើយគាត់មានភាពចាស់វស្សា។ នៅពេលដែលគាត់និយាយឃ្លានេះ ក្រុមមនុស្សមិនចេះគិតទាំងនោះ មិនបានប្រើការពិចារណាទេ ហើយបានរៀនឃ្លានេះពីគាត់ ហើយឃ្លានោះក៏បានក្លាយទៅជាឃ្លាដែលពេញនិយម។ តើអ្នករាល់គ្នាគិតថាឃ្លានេះត្រឹមត្រូវដែរឬទេ? តើវាមានមូលដ្ឋានដែរឬទេ? តើវាត្រឹមត្រូវជាក់លាក់ដែរឬទេ? (វាមិនត្រឹមត្រូវជាក់លាក់ទេ)។ តើយើងគួរធ្វើយ៉ាងណាចំពោះឃ្លានេះ? តើគួរបណ្ដោយឱ្យវាបន្តមាននៅក្នុងពួកជំនុំដែរឬទេ? (មិនគួរទេ)។ គួរតែលាតត្រដាង និងរិះគន់ឃ្លានេះ ហើយត្រូវដោះស្រាយចេញពីឫសគល់របស់វា។ ក្រោយមក តាមរយៈការរិះគន់ និងការវែកញែកល្អិតល្អន់ មនុស្សដែលមិនចេះគិតទាំងនេះមិនហ៊ានបន្តនិយាយឃ្លានេះទៀតទេ ប៉ុន្តែបុគ្គលមួយចំនួនតូចដែលមិនបានដឹងរឿងនេះ អាចនឹងនៅបន្តលួចប្រើឃ្លានេះដោយស្ងាត់ៗដដែល។ មនុស្សទាំងនោះអាចនឹងគិតថា វាជាឃ្លាខាងវិញ្ញាណពិតប្រាកដមែន ដែលមានប្រភពមកពី «បុគ្គលល្បីល្បាញ» ម្នាក់ ហើយជឿថា គួរតែបន្តប្រើឃ្លានេះទៀត។ តើអ្នកដឹកនាំរបស់អ្នករាល់គ្នាធ្លាប់បានធ្វើរឿងស្រដៀងគ្នានេះដែរឬទេ? តើពួកគេបានជះឥទ្ធិពលអវិជ្ជមានដល់ការចូលទៅក្នុងជីវិតរបស់អ្នករាល់គ្នា ការផ្លាស់ប្ដូរនិស្ស័យ ឬផ្លូវដែលអ្នករាល់គ្នាកំពុងដើរដែរឬទេ? (កាលពីមុន នៅពេលផ្សាយដំណឹងល្អ អ្នកដឹកនាំក្លែងក្លាយម្នាក់ធ្លាប់បាននិយាយថា៖ «ព្រះជាម្ចាស់យកឈ្នះយើងតាមរយៈការជំនុំជម្រះ និងការវាយផ្ចាល ដូច្នេះ នៅពេលដែលយើងផ្សាយដំណឹងល្អទៅអ្នកកាន់សាសនា យើងត្រូវនិយាយទៅកាន់ពួកគេដោយសំដីធ្ងន់ៗ និងត្រូវប្រៀនប្រដៅពួកគេ។ ទាល់តែធ្វើបែបនេះ ទើបអាចយកឈ្នះលើពួកគេបាន»។) ការនិយាយបែបនេះ ស្តាប់ទៅអាចនឹងសមហេតុផល ប៉ុន្តែតើវាស្របតាមគោលការណ៍សេចក្តីពិតដែរឬទេ? តើព្រះជាម្ចាស់បានណែនាំមនុស្សឱ្យធ្វើបែបនេះដែរឬទេ? តើព្រះបន្ទូលរបស់ព្រះជាម្ចាស់មានចែងថា៖ «នៅពេលផ្សាយដំណឹងល្អឱ្យបានទូលំទូលាយ អ្នកត្រូវតែក្រោកឡើង ហើយគ្រប់គ្រងមនុស្សដោយដំបងដែក ដោយប្រើការជំនុំជម្រះ និងការវាយផ្ចាលដើម្បីផ្សាយដំណឹងល្អឱ្យបានទូលំទូលាយ» ដែរឬទេ? (អត់ទេ។) ដូច្នេះ តើឃ្លានេះចេញមកពីណា? ច្បាស់ណាស់ វាគឺជាទ្រឹស្ដីមួយដែលកើតចេញពីគំនិតស្រមើស្រមៃរបស់អ្នកដឹកនាំក្លែងក្លាយដែលគ្មានការយល់ដឹងខាងវិញ្ញាណ។ ពីសម្បកក្រៅ ឃ្លានេះហាក់ដូចជាគ្មានបញ្ហាអ្វីទេ៖ «មនុស្សជាតិទាំងអស់ត្រូវតែឆ្លងកាត់ការជំនុំជម្រះ និងការវាយផ្ចាលពីព្រះជាម្ចាស់។ ប្រសិនបើពួកគេមិនអាចទទួលវាដោយផ្ទាល់ពីព្រះបន្ទូលរបស់ព្រះជាម្ចាស់ទេ ដូច្នេះ តើពួកគេមិនអាចទទួលវាដោយប្រយោលបានទេឬ? ទោះក្នុងករណីដោយផ្ទាល់ ឬដោយប្រយោលក្ដី ក៏វាជាផលដែលព្រះបន្ទូលរបស់ព្រះជាម្ចាស់ចង់សម្រេចឱ្យបានដែរ ពោលគឺវាជាការយកឈ្នះលើមនុស្សជាតិទាំងអស់។ តើឱ្យពួកគេទទួលវាឱ្យបានឆាប់នៅពេលនេះជាជាងនៅពេលក្រោយមិនមែនល្អទេឬ? មុនពេលព្រះជាម្ចាស់បំពេញកិច្ចការ យើងនឹងចាត់វិធានការបង្ការនេះ ដើម្បីឱ្យមនុស្សអាចបង្កើតភាពស៊ាំមួយប្រភេទបាន។ ដូច្នេះ នៅពេលដែលព្រះជាម្ចាស់ពិតជាជំនុំជម្រះ និងវាយផ្ចាលពួកគេមែន នោះមនុស្សទាំងនេះនឹងមិនបះបោរទាស់ ប្រឆាំង ឬក្បត់ព្រះជាម្ចាស់ឡើយ។ បែបនេះនឹងការពារមិនឱ្យព្រះជាម្ចាស់ឈឺព្រះទ័យនោះទេ។ តើនោះមិនមែនជារឿងល្អទេឬ?» ពីសម្បកក្រៅ ឃ្លានីមួយៗហាក់ដូចជាត្រឹមត្រូវ ហើយបើនិយាយតាមគោលលទ្ធិវិញ វាហាក់ដូចជាសមហេតុផលហើយ។ ក៏ប៉ុន្តែ តើនេះគឺជាគោលការណ៍សេចក្តីពិតដែរឬទេ? តើដំណាក់របស់ព្រះជាម្ចាស់មានបទប្បញ្ញត្តិអ្វីខ្លះសម្រាប់ការផ្សាយដំណឹងល្អ? តើដំណាក់របស់ព្រះជាម្ចាស់តម្រូវឱ្យមនុស្សធ្វើបែបនេះដែរឬទេ? (អត់ទេ។) ដូច្នេះ ទ្រឹស្ដីនេះគឺគ្មានមូលដ្ឋានតក្កភាពទេ ហើយអ្នកដែលបញ្ចេញទ្រឹស្ដីនេះ គឺជាអ្នកដឹកនាំក្លែងក្លាយ។

អ្នកដឹកនាំក្លែងក្លាយតែងតែក្លែងធ្វើជាអ្នកខាងវិញ្ញាណ ដោយនិយាយពីគំនិតដែលខុសទំនងមួយចំនួនដែលមើលទៅហាក់ដូចជាសមហេតុផល ដើម្បីបំភាន់ និងនាំមនុស្សឱ្យវង្វេង។ ទោះបីជាពីសម្បកក្រៅ គំនិតដែលខុសទំនងទាំងនេះ អាចនឹងស្ដាប់ទៅហាក់ដូចជាគ្មានបញ្ហាក៏ពិតមែន ក៏ប៉ុន្តែវាមានឥទ្ធិពលអាក្រក់ចំពោះការចូលទៅក្នុងជីវិតរបស់មនុស្ស ដោយរំខាន បំភាន់ និងរារាំងមនុស្សមិនឱ្យដើរលើមាគ៌ានៃការដេញតាមសេចក្ដីពិត។ ដោយសារតែពាក្យសម្ដីខាងវិញ្ញាណក្លែងក្លាយទាំងនេះហើយ ទើបមនុស្សមួយចំនួនកើតមានការសង្ស័យ និងការទាស់ទទឹងនឹងព្រះបន្ទូលរបស់ព្រះជាម្ចាស់ ពួកគេបង្កើតសញ្ញាណផ្សេងៗ ហើយថែមទាំងមានការយល់ខុសអំពីព្រះជាម្ចាស់ និងមានការប្រុងប្រយ័ត្នចំពោះព្រះជាម្ចាស់ទៀតផង ហើយបន្ទាប់មក ក៏រសាត់ឆ្ងាយពីទ្រង់។ នេះគឺជាផលប៉ះពាល់ដែលពាក្យសម្ដីខាងវិញ្ញាណក្លែងក្លាយរបស់អ្នកដឹកនាំក្លែងក្លាយមានមកលើមនុស្ស។ នៅពេលដែលសមាជិកពួកជំនុំណាមួយកំពុងត្រូវអ្នកដឹកនាំក្លែងក្លាយបំភាន់ និងរងឥទ្ធិពលពីពួកគេ ពួកជំនុំនោះក៏បានក្លាយទៅជាសាសនាមួយ ដូចជា គ្រីស្ទសាសនា ឬសាសនាកាតូលិកដែរ ដែលមនុស្សគ្រាន់តែប្រតិបត្តិតាមពាក្យសម្ដី និងការបង្រៀនរបស់មនុស្សប៉ុណ្ណោះ។ ពួកគេទាំងអស់គ្នាថ្វាយបង្គំការបង្រៀនរបស់ប៉ុល រហូតដល់ថ្នាក់ប្រើពាក្យសម្ដីរបស់គាត់ជំនួសព្រះបន្ទូលរបស់ព្រះអម្ចាស់យេស៊ូវ ដោយមិនដើរតាមមាគ៌ារបស់ព្រះជាម្ចាស់ឡើយ។ ជាលទ្ធផល ពួកគេទាំងអស់គ្នាបានក្លាយទៅជាពួកផារិស៊ីដ៏មានពុត និងជាពួកទទឹងនឹងព្រះគ្រីស្ទ។ ដូច្នេះ ពួកគេក៏ត្រូវព្រះជាម្ចាស់ដាក់បណ្ដាសា និងថ្កោលទោស។ ដូចប៉ុលដែរ អ្នកដឹកនាំក្លែងក្លាយតម្កើងខ្លួន និងធ្វើបន្ទាល់អំពីខ្លួនឯង ពួកគេបំភាន់ និងរំខានមនុស្ស។ ពួកគេនាំមនុស្សឱ្យវង្វេង និងចូលទៅក្នុងពិធីសាសនា ហើយរបៀបដែលមនុស្សទាំងនេះជឿលើព្រះជាម្ចាស់ ក៏ប្រែជាដូចគ្នាទៅនឹងអ្នកកាន់សាសនាដែរ ដែលពន្យារពេលដល់ការចូលទៅក្នុងមាគ៌ាត្រឹមត្រូវនៅក្នុងសេចក្ដីជំនឿរបស់ពួកគេចំពោះព្រះជាម្ចាស់។ អ្នកដឹកនាំក្លែងក្លាយបំភាន់ និងរំខានមនុស្សឥតឈប់ឈរ ហើយបន្ទាប់មក មនុស្សទាំងនោះ ក៏បង្កើតទ្រឹស្ដី និងពាក្យសម្ដីខាងវិញ្ញាណក្លែងក្លាយជាច្រើន។ ទ្រឹស្ដី ពាក្យសម្ដី និងការអនុវត្តទាំងនេះ គឺផ្ទុយគ្នាស្រឡះពីសេចក្ដីពិត ហើយគ្មានអ្វីពាក់ព័ន្ធនឹងសេចក្ដីពិតទាល់តែសោះ។ ប៉ុន្តែ នៅពេលដែលអ្នកដឹកនាំក្លែងក្លាយកំពុងបំភាន់ និងនាំមនុស្សឱ្យវង្វេងនោះ ពួកគេចាត់ទុករឿងទាំងនេះថាជាអ្វីៗដែលវិជ្ជមាន ថាជាសេចក្ដីពិត។ ពួកគេជឿទាំងខុសថា រឿងទាំងនេះគឺជាសេចក្ដីពិត ហើយគិតថា ឱ្យតែចិត្តពួកគេជឿលើរឿងទាំងនេះ និងអាចនិយាយវាចេញមកបានយ៉ាងប៉ិនប្រសប់ ហើយឱ្យតែមនុស្សគ្រប់គ្នាគាំទ្ររឿងទាំងនេះ ដូច្នេះ ពួកគេបានទទួលសេចក្ដីពិតហើយ។ មនុស្សដែលត្រូវគំនិត និងទស្សនៈទាំងនេះធ្វើឱ្យវង្វេង មិនត្រឹមតែមិនអាចយល់ពីសេចក្ដីពិតបានប៉ុណ្ណោះទេ ប៉ុន្តែពួកគេថែមទាំងមិនអាចអនុវត្ត ឬដកបទពិសោធព្រះបន្ទូលរបស់ព្រះជាម្ចាស់បានទៀតផង កុំថាឡើយដល់ទៅចូលទៅក្នុងតថភាពនៃសេចក្ដីពិតនោះ។ ផ្ទុយទៅវិញ ពួកគេកាន់តែឃ្លាតឆ្ងាយពីព្រះបន្ទូលរបស់ព្រះជាម្ចាស់ ហើយកាន់តែឃ្លាតឆ្ងាយពីការចូលទៅក្នុងតថភាពនៃសេចក្ដីពិតថែមទៀត។ តាមទ្រឹស្ដី ពាក្យសម្ដីដែលអ្នកដឹកនាំក្លែងក្លាយនិយាយ និងពាក្យស្លោកដែលពួកគេសូត្រនោះ គឺគ្មានអ្វីខុសទេ គឺសុទ្ធតែត្រឹមត្រូវទាំងអស់។ ដូច្នេះ ហេតុអ្វីបានជាពួកគេមិនសម្រេចលទ្ធផលអ្វីទាល់តែសោះអ៊ីចឹង? នេះគឺដោយសារតែអ្វីដែលអ្នកដឹកនាំក្លែងក្លាយចាប់យល់ និងយល់ដឹងនោះ គឺរាក់កំផែលខ្លាំងពេក។ អ្វីទាំងនោះសុទ្ធតែជារឿងខាងគោលលទ្ធិ ដែលមិនពាក់ព័ន្ធនឹងតថភាពនៃសេចក្ដីពិតនៅក្នុងព្រះបន្ទូលរបស់ព្រះជាម្ចាស់ មិនពាក់ព័ន្ធនឹងសេចក្ដីតម្រូវរបស់ព្រះជាម្ចាស់ ឬបំណងព្រះហឫទ័យរបស់ទ្រង់ឡើយ។ ការពិតគឺថា គោលលទ្ធិទាំងអស់ដែលអ្នកដឹកនាំក្លែងក្លាយអធិប្បាយ គឺនៅឆ្ងាយពីតថភាពនៃសេចក្ដីពិតខ្លាំងណាស់ ហើយបើនិយាយឱ្យច្បាស់ទៅ អ្វីទាំងនោះគ្មានពាក់ព័ន្ធនឹងសេចក្ដីពិតឡើយ ហើយក៏គ្មានអ្វីពាក់ព័ន្ធនឹងព្រះបន្ទូលរបស់ព្រះជាម្ចាស់ដែរ។ ដូច្នេះ នៅពេលដែលអ្នកដឹកនាំក្លែងក្លាយតែងតែនិយាយជារឿយៗពីពាក្យពេចន៍ និងគោលលទ្ធិទាំងនេះ តើមានជាប់ពាក់ព័ន្ធនឹងរឿងអ្វីដែរ? ជានិច្ចកាល ហេតុអ្វីបានជាពួកគេតែងតែមិនអាចចូលទៅក្នុងតថភាពនៃសេចក្ដីពិតបាន? រឿងនេះមានជាប់ទាក់ទងដោយផ្ទាល់ទៅនឹងគុណសម្បត្តិរបស់អ្នកដឹកនាំក្លែងក្លាយ។ អាចនិយាយបានយ៉ាងប្រាកដថា អ្នកដឹកនាំក្លែងក្លាយ មានគុណសម្បត្តិអន់ខ្សោយ ហើយខ្វះសមត្ថភាពក្នុងការយល់ដឹងពីសេចក្ដីពិត។ មិនថាពួកគេជឿលើព្រះជាម្ចាស់ប៉ុន្មានឆ្នាំនោះទេ ពួកគេនឹងមិនយល់ពីសេចក្ដីពិត ឬមានការចូលទៅក្នុងជីវិតឡើយ ហើយក៏អាចនិយាយបានដែរថា មិនថាពួកគេជឿលើព្រះជាម្ចាស់ប៉ុន្មានឆ្នាំនោះទេ ពួកគេមិនងាយនឹងចូលទៅក្នុងតថភាពនៃសេចក្ដីពិតឡើយ។ ប្រសិនបើអ្នកដឹកនាំក្លែងក្លាយមិនត្រូវបានដកហូតតំណែងទេ ហើយនៅអនុញ្ញាតឱ្យកាន់តំណែងរបស់ពួកគេទៀត តើនឹងកើតមានផលវិបាកអ្វីខ្លះទៅ? ការដឹកនាំរបស់ពួកគេ នឹងទាញមនុស្សកាន់តែច្រើនឱ្យចូលទៅក្នុងពិធីសាសនា និងបទប្បញ្ញត្តិ ចូលទៅក្នុងពាក្យពេចន៍ និងគោលលទ្ធិ ព្រមទាំងចូលទៅក្នុងសញ្ញាណ និងការស្រមើស្រមៃដ៏ស្រពេចស្រពិល។ ផ្ទុយពីពួកទទឹងនឹងព្រះគ្រីស្ទ អ្នកដឹកនាំក្លែងក្លាយមិនបានដឹកនាំមនុស្សឱ្យមកនៅចំពោះមុខពួកគេ ឬមកចំពោះមុខសាតាំងឡើយ ប៉ុន្តែប្រសិនបើពួកគេមិនអាចដឹកនាំរាស្ដ្ររើសតាំងរបស់ព្រះជាម្ចាស់ឱ្យចូលទៅក្នុងតថភាពនៃសេចក្ដីពិតនៃព្រះបន្ទូលរបស់ទ្រង់បានទេ តើរាស្ដ្ររើសតាំងរបស់ព្រះជាម្ចាស់នឹងអាចទទួលបានសេចក្ដីសង្គ្រោះរបស់ទ្រង់ដែរឬទេ? តើពួកគេនឹងអាចត្រូវព្រះជាម្ចាស់ប្រោសឱ្យគ្រប់លក្ខណ៍ដែរឬទេ? គឺមិនអាចជាដាច់ខាត។ ប្រសិនបើរាស្ដ្ររើសតាំងរបស់ព្រះជាម្ចាស់មិនអាចចូលទៅក្នុងតថភាពនៃសេចក្ដីពិតបានទេ តើពួកគេមិនមែនបន្តរស់នៅក្រោមអំណាចរបស់សាតាំងទៀតទេឬអី? តើពួកគេមិនមែននៅតែជាមនុស្សថោកទាបដែលស្ថិតនៅក្រោមអំណាចរបស់សាតាំងទៀតទេឬអី? តើនេះមិនមានន័យថា ពួកគេនឹងត្រូវវិនាសនៅក្នុងដៃរបស់អ្នកដឹកនាំក្លែងក្លាយទេឬអី? ហេតុនេះហើយបានជាផលវិបាកនៃកិច្ចការរបស់អ្នកដឹកនាំក្លែងក្លាយ និងពួកទទឹងនឹងព្រះគ្រីស្ទ ជាទូទៅ គឺមានលក្ខណៈដូចគ្នា។ ពួកគេទាំងពីរមិនអាចធ្វើឱ្យរាស្ដ្ររើសតាំងរបស់ព្រះជាម្ចាស់យល់ពីសេចក្ដីពិត ចូលទៅក្នុងតថភាព និងទទួលបានសេចក្ដីសង្គ្រោះឡើយ។ ពួកគេទាំងពីរធ្វើបាបរាស្ដ្ររើសតាំងរបស់ព្រះជាម្ចាស់ ហើយនាំពួកគេទៅរកសេចក្ដីវិនាស។ ផលវិបាកគឺដូចគ្នាបេះបិទ។

តើទ្រឹស្ដីខុសឆ្គង និងគំនិតដែលខុសទំនងមួយចំនួនរបស់អ្នកដឹកនាំក្លែងក្លាយមានអ្វីខ្លះ? ចូរអ្នករាល់គ្នាពិនិត្យវាឡើងវិញដោយខ្លួនឯងនៅពេលក្រោយចុះ។ ខ្ញុំទុកកិច្ចការនេះឱ្យអ្នករាល់គ្នាធ្វើ ដើម្បីចង់ដឹងថាតើអ្នករាល់គ្នាអាចញែកដឹងពីចំណុចទាំងនោះបានដែរឬទេ។ តើអ្នកដឹកនាំនៅជុំវិញខ្លួនអ្នករាល់គ្នា ធ្លាប់បាននិយាយពាក្យសម្ដីខ្លះៗដែលមានលក្ខណៈខាងវិញ្ញាណ ឬស្របតាមមនោសញ្ចេតនារបស់មនុស្ស ហើយពីសំបកក្រៅមើលទៅ ហាក់ដូចជាត្រឹមត្រូវ និងស្របតាមសេចក្ដីពិត ប៉ុន្តែមិនអាចទំនុកបម្រុងដល់ការចូលទៅក្នុងជីវិតរបស់អ្នក និងមិនអាចដោះស្រាយបញ្ហាជាក់ស្ដែងរបស់អ្នកបាន ដែរឬទេ? ប្រសិនបើអ្នកគ្មានការញែកដឹងពីពាក្យសម្ដីទាំងនេះ ហើយថែមទាំងស្រឡាញ់ និងយកវាទុកក្នុងចិត្ត ដោយអនុញ្ញាតឱ្យសម្ដីទាំងនោះគ្រប់គ្រងលើអ្នក និងដឹកនាំអ្នកគ្រប់ពេលវេលា ព្រមទាំងមានឥទ្ធិពលលើគំនិត និងអាកប្បកិរិយារបស់អ្នកគ្រប់ពេលវេលា តើផលវិបាកនៃរឿងនេះមិនធ្ងន់ធ្ងរណាស់ទេឬ? (ធ្ងន់ធ្ងរ។) ដូច្នេះ អ្នករាល់គ្នាចាំបាច់ត្រូវជីកកកាយរកឫសគល់នៃបញ្ហាទាំងនេះ ដើម្បីរកឱ្យឃើញថាតើទ្រឹស្ដីខុសឆ្គង និងគំនិតដែលខុសទំនងអ្វីខ្លះ ដែលអាចធ្វើឱ្យមនុស្សធ្លាក់ចុះដល់ចំណុចដែលធ្វើឱ្យសេចក្ដីជំនឿរបស់ពួកគេលើព្រះជាម្ចាស់ប្រែក្លាយទៅជាជំនឿសាសនា ដែលនាំឱ្យពួកគេទាស់ទទឹងនឹងព្រះជាម្ចាស់ និងត្រូវព្រះជាម្ចាស់បដិសេធ។ ឧទាហរណ៍៖ ឧបមាមានមនុស្សម្នាក់និយាយថា៖ «ចូរកុំស្វែងរកការក្លាយជាអ្នកដឹកនាំអី។ ប្រសិនបើអ្នកត្រូវបានដកហូតតំណែង ឬត្រូវបានជម្រុះចោល បន្ទាប់ពីបានក្លាយជាអ្នកដឹកនាំហើយ អ្នកនឹងគ្មានឱកាសសូម្បីតែធ្វើជាអ្នកជឿធម្មតាម្នាក់ផង»។ តើការនិយាយបែបនេះជាទ្រឹស្ដីខុសឆ្គង និងគំនិតដែលខុសទំនងរបស់អ្នកដឹកនាំក្លែងក្លាយមែនទេ? (មែនហើយ។) មែនទេ? ទ្រឹស្ដីខុសឆ្គង និងគំនិតដែលខុសទំនងរបស់អ្នកដឹកនាំក្លែងក្លាយ ត្រូវតែញែកឱ្យដាច់ពីទ្រឹស្ដីខុសឆ្គង និងគំនិតដែលខុសទំនងរបស់ពួកទទឹងនឹងព្រះគ្រីស្ទ។ កុំលាយឡំបញ្ចូលគ្នាឱ្យសោះ។ តាមរយៈការនិយាយបែបនេះ តើមនុស្សនោះចង់មានន័យដូចម្ដេច? តើមានការជំរុញចិត្តអ្វីខ្លះបង្កប់នៅក្នុងពាក្យសម្ដីទាំងនេះ? តើមានអ្វីដែលលាក់កំបាំងនៅក្នុងពាក្យសម្ដីទាំងនោះដែរឬទេ? ជាក់ស្ដែងណាស់ សម្ដីទាំងនោះមានល្បិចកលដែលមានចេតនាបំភាន់មនុស្ស ពួកគេចង់បានន័យថា អ្នកដទៃគួរតែជៀសវាងពីការស្វែងរកការធ្វើជាអ្នកដឹកនាំ ព្រោះការធ្វើដូច្នេះ នឹងមិនទទួលបានលទ្ធផលល្អឡើយ។ គោលបំណងដែលពួកគេនិយាយបែបនេះ គឺដើម្បីឱ្យមនុស្សបោះបង់គំនិតចង់ក្លាយជាអ្នកដឹកនាំ ដើម្បីកុំឱ្យមាននរណាម្នាក់ប្រជែងដណ្ដើមកេរ្តិ៍ឈ្មោះ និងឋានៈជាមួយពួកគេ ដោយហេតុនេះ អាចឱ្យពួកគេមានអារម្មណ៍ស្រួលចិត្តក្នុងការធ្វើជាអ្នកដឹកនាំជារៀងរហូត។ ក្នុងពេលជាមួយគ្នានោះដែរ ពួកគេកំពុងប្រាប់មនុស្សថា៖ «ដំណាក់របស់ព្រះជាម្ចាស់ប្រព្រឹត្តដាក់អ្នកដឹកនាំ និងអ្នកធ្វើការតាមរបៀបនេះឯង។ ពេលណាដែលគេត្រូវការអ្នក គេនឹងដំឡើងឋានៈឱ្យអ្នក ហើយនៅពេលណាដែលគេមិនត្រូវការទេ គេនឹងទាត់អ្នកចោលទៅកន្លែងទាបបំផុត ដោយមិនទុកឱកាសឱ្យអ្នកសូម្បីធ្វើជាអ្នកជឿធម្មតាម្នាក់ផង»។ តើពាក្យសម្ដីទាំងនេះមានលក្ខណៈបែបណា? (ជាការប្រមាថដល់ព្រះជាម្ចាស់)។ តើអ្នកដែលនិយាយពាក្យប្រមាថដល់ព្រះជាម្ចាស់ជាមនុស្សប្រភេទណា? (ជាបុគ្គលទទឹងនឹងព្រះ‌គ្រីស្ទ)។ នៅក្នុងពាក្យសម្ដីទាំងនេះ មានចេតនាអាក្រក់ពីរ ដែលអាចនាំឱ្យមានផលវិបាកពីរយ៉ាង៖ ទីមួយគឺ ការប្រាប់អ្នកដទៃកុំឱ្យប្រជែងដណ្ដើមឋានៈជាដាច់ខាត ដែលធានាថា ឋានៈផ្ទាល់ខ្លួនពួកគេនៅតែអាចរក្សាបានដដែល។ ទីពីរគឺ ការធ្វើឱ្យអ្នកយល់ខុសចំពោះព្រះជាម្ចាស់ ឈប់ជឿលើព្រះជាម្ចាស់ ហើយចាប់ផ្ដើមជឿលើពួកគេជំនួសវិញ។ នេះគឺជាប្រភេទបុគ្គលទទឹងនឹងព្រះគ្រីស្ទដោយបើកចំហបំផុត។ មើលទៅអ្នករាល់គ្នាដូចជាខ្វះសមត្ថភាពយល់ដឹង។ ខ្ញុំធ្លាប់បានមានបន្ទូលអំពីឧទាហរណ៍នៃរឿងនេះពីមុនមកហើយ។ អ្នករាល់គ្នាមិនត្រឹមតែធ្វេសប្រហែស និងមានការចងចាំខ្សោយប៉ុណ្ណោះទេ តែសមត្ថភាពយល់ដឹងរបស់អ្នករាល់គ្នាក៏ខ្វះខាតដែរ។ អ្នករាល់គ្នាមិនអាចសូម្បីតែញែកដឹងពីបុគ្គលទទឹងនឹងព្រះគ្រីស្ទដ៏ច្បាស់ក្រឡែតបែបនេះផង។ តើអ្នកដឹកនាំក្លែងក្លាយនឹងនិយាយសម្ដីបែបនេះទេ? តើពួកគេនឹងបំភាន់មនុស្ស និងទាស់ទទឹងនឹងព្រះជាម្ចាស់ដោយចេតនា និងដោយបើកចំហដែរឬទេ? (អត់ទេ។) ទោះបីជាអ្វីដែលអ្នកដឹកនាំក្លែងក្លាយនិយាយនិងធ្វើ ពីសម្បកក្រៅអាចនឹងមើលទៅហាក់ដូចជាគ្មានបញ្ហាក៏ដោយ ក៏ប៉ុន្តែកិច្ចការរបស់ពួកគេខ្វះគោលការណ៍ និងមិនអាចសម្រេចបានលទ្ធផលអ្វីឡើយ។ អ្នកដឹកនាំក្លែងក្លាយមិនអាចដោះស្រាយបញ្ហាណាមួយរបស់មនុស្សបានទេ ក៏មិនអាចនាំពួកគេឱ្យដើរលើមាគ៌ាត្រឹមត្រូវនៃសេចក្ដីជំនឿលើព្រះជាម្ចាស់ ឬនាំពួកគេមកចំពោះព្រះជាម្ចាស់បានដែរ។ អ្វីគ្រប់យ៉ាងដែលពួកគេនិយាយគឺត្រឹមត្រូវ ពួកគេមិនបានបន្ថយការខិតខំក្នុងកិច្ចការរបស់ខ្លួនឡើយ ពួកគេមានសេចក្ដីក្លៀវក្លា និងចិត្តឆេះឆួល ហើយមើលពីសម្បកក្រៅទៅ ពួកគេហាក់ដូចជាមានសេចក្ដីជំនឿ មានការតាំងចិត្ត ព្រមទាំងសុខចិត្តស៊ូទ្រាំនឹងការលំបាក និងសុខចិត្តលះបង់តម្លៃទៀតផង។ លើសពីនេះទៅទៀត ពួកគេហាក់ដូចជាមានការស៊ូទ្រាំខ្លាំងណាស់ និងអាចបន្តព្យាយាមឆ្លងកាត់ការនឿយហត់ និងការលំបាកគ្រប់បែបយ៉ាង។ គ្រាន់តែថាគុណសម្បត្តិ និងសមត្ថភាពយល់ដឹងរបស់ពួកគេនៅអន់ខ្សោយ ហើយពួកគេខ្វះការយល់ដឹងឱ្យបានត្រឹមត្រូវអំពីសេចក្ដីពិតប៉ុណ្ណោះ។ តើពួកគេធ្វើដូចម្ដេចចំពោះការខ្វះសមត្ថភាពយល់ដឹងនេះ? ពួកគេប្រើបទប្បញ្ញត្តិ និងគោលលទ្ធិ ព្រមទាំងទ្រឹស្ដីខាងវិញ្ញាណដែលពួកគេតែងតែនិយាយជារឿយៗ ដើម្បីដោះស្រាយបញ្ហានេះ។ ស្ថិតក្រោមការដឹកនាំរបស់ពួកគេបានពីរបីឆ្នាំ គោលលទ្ធិ បទប្បញ្ញត្តិ និងការអនុវត្តពីខាងក្រៅគ្រប់ប្រភេទ ក៏កើតមានក្នុងចំណោមមនុស្ស។ មនុស្សប្រកាន់តាមគោលលទ្ធិ បទប្បញ្ញត្តិ និងការអនុវត្តទាំងនេះ ហើយជឿថា ពួកគេកំពុងអនុវត្តសេចក្ដីពិត និងចូលទៅក្នុងតថភាពនៃសេចក្ដីពិត ប៉ុន្តែតាមពិតទៅ ពួកគេនៅតែឃ្លាតឆ្ងាយពីតថភាពនៃសេចក្ដីពិតខ្លាំងដដែល! នៅពេលដែលចិត្តរបស់មនុស្សត្រូវចាក់បំពេញ គ្រប់គ្រង និងដឹកនាំដោយរឿងទាំងនេះ នោះពិបាកនឹងដោះស្រាយណាស់។ រឿងនីមួយៗត្រូវតែវែកញែក និងវិភាគឱ្យដាច់ដោយឡែកពីគ្នា ដើម្បីឱ្យមនុស្សយល់ពីរឿងទាំងនោះ។ បន្ទាប់មក ត្រូវប្រាប់មនុស្សដឹងថាអ្វីជាសេចក្ដីពិត អ្វីជាគោលលទ្ធិ ពាក្យស្លោក និងបទប្បញ្ញត្តិ និងអ្វីជាការយល់ដឹងត្រឹមត្រូវអំពីសេចក្ដីពិត អ្វីជាពាក្យសម្ដីត្រឹមត្រូវ និងអ្វីជាគោលការណ៍សេចក្ដីពិត។ រឿងទាំងអស់នេះ ត្រូវការដោះស្រាយដាច់ដោយឡែកពីគ្នា។ បើមិនដូច្នេះទេ ពួកអ្នកដែលមានឥរិយាបថល្អគួរសម គោរពច្បាប់ និងពួកអ្នកដែលដេញតាមភាពខាងវិញ្ញាណ មុខជាត្រូវអ្នកដឹកនាំក្លែងក្លាយបំភាន់ និងបំផ្លាញមិនខាន។ មនុស្សទាំងនេះអាចមើលទៅជ្រះថ្លា អាចស៊ូទ្រាំនឹងការលំបាក និងអាចលះបង់តម្លៃបាន ព្រមទាំងអាចអធិដ្ឋាននៅពេលមានរឿងកើតឡើងចំពោះពួកគេផងដែរ។ ក៏ប៉ុន្តែ ដូចគ្នានឹងអ្នកកាន់សាសនាដែរ នៅពេលដែលព្រះជាម្ចាស់យាងត្រឡប់មកវិញ គ្មាននរណាម្នាក់ក្នុងចំណោមពួកគេនោះស្គាល់ទ្រង់ឡើយ គ្មាននរណាម្នាក់ក្នុងចំណោមពួកគេនោះទទួលស្គាល់ថា ព្រះជាម្ចាស់កំពុងធ្វើកិច្ចការថ្មីម្ដងទៀតឡើយ ហើយពួកគេគ្រប់គ្នាសុទ្ធតែទាស់ទទឹងនឹងទ្រង់។ ហេតុអ្វីបានជាបែបនេះ? គឺដោយសារតែអ្នកដឹកនាំក្លែងក្លាយ និងពួកទទឹងនឹងព្រះគ្រីស្ទបានបំភាន់ពួកគេ ពោលគឺ ពួកនោះបានធ្វើបាប និងបំផ្លាញអ្នកជឿដ៏ស្មោះត្រង់លើព្រះជាម្ចាស់ ជាច្រើននាក់មកហើយ។

អ្នកដឹកនាំក្លែងក្លាយនិយាយតែពាក្យពេចន៍ និងគោលលទ្ធិប៉ុណ្ណោះ ពោលគឺអ្វីដែលពួកគេនាំឱ្យមនុស្សយល់ គឺគ្រាន់តែជាគោលលទ្ធិទេ និងមិនមែនជាសេចក្ដីពិតឡើយ ហើយអ្វីដែលពួកគេធ្វើឱ្យមនុស្សមើលឃើញ គឺគ្រាន់តែជាភាពខាងវិញ្ញាណក្លែងក្លាយប៉ុណ្ណោះ។ តើការនិយាយពាក្យពេចន៍ និងគោលលទ្ធិមានផលវិបាកអ្វីខ្លះ? ភាពខាងវិញ្ញាណក្លែងក្លាយ ការយល់ដឹងក្លែងក្លាយ ចំណេះដឹងក្លែងក្លាយ ការអនុវត្តក្លែងក្លាយ និងការគោរពប្រតិបត្តិក្លែងក្លាយ ពោលគឺអ្វីៗទាំងអស់ សុទ្ធតែក្លែងក្លាយ។ តើ «ភាពក្លែងក្លាយ» នេះ កើតឡើងដោយរបៀបណា? វាកើតឡើងដោយសារតែអ្នកដឹកនាំក្លែងក្លាយមានការយល់ដឹងដែលវៀចវេរ លម្អៀងតែម្ខាង និងរាក់កំផែលអំពីសេចក្ដីពិត ហើយមិនអាចយល់ដឹងពីសារជាតិនៃសេចក្ដីពិតទាល់តែសោះ។ អ្នកដឹកនាំក្លែងក្លាយនាំយកបទប្បញ្ញត្តិ ពាក្យពេចន៍ និងគោលលទ្ធិជាច្រើនមកឱ្យមនុស្ស រួមជាមួយនឹងពាក្យស្លោក និងទ្រឹស្ដីមួយចំនួនផង។ មនុស្សទាំងនោះមិនយល់ពីបំណងព្រះហឫទ័យពិតរបស់ព្រះជាម្ចាស់សោះឡើយ ហើយនៅពេលដែលពួកគេជួបប្រទះនឹងស្ថានភាពស្មុគស្មាញផ្សេងៗ ពួកគេមិនដឹងថាត្រូវដោះស្រាយនិងចាត់ការស្ថានភាពទាំងនោះដោយរបៀបណា ឬចាប់យល់ពីបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់តាមរបៀបណាទេ។ តើបុគ្គលបែបនេះ អាចមកចំពោះព្រះជាម្ចាស់បានទេ? តើពួកគេអាចទទួលយកព្រះជាម្ចាស់ ហើយឈប់ទាស់ទទឹងនឹងទ្រង់បានទេ? ពួកគេមិនអាចឡើយ។ ហេតុដូច្នេះ វាមានសារៈសំខាន់ និងមានការចាំបាច់ណាស់ដែលអ្នករាល់គ្នាត្រូវពិនិត្យឡើងវិញពីទ្រឹស្ដីខុសឆ្គង និងគំនិតដែលខុសទំនងរបស់អ្នកដឹកនាំក្លែងក្លាយ ដើម្បីអាចសម្គាល់ដឹងពីពួកគេបាន។ នៅពេលពិនិត្យមើលឡើងវិញ ចាំបាច់ត្រូវញែកវាឱ្យដាច់ពីគំនិតដែលខុសទំនងដែលពួកទទឹងនឹងព្រះគ្រីស្ទប្រើដើម្បីបំភាន់មនុស្ស។ ទាក់ទងនឹងទំនួលខុសត្រូវទីពីររបស់អ្នកដឹកនាំ និងអ្នកធ្វើការ (ការស្គាល់ពីសភាពនៃប្រភេទមនុស្សនីមួយៗ និងការដោះស្រាយការលំបាកផ្សេងៗដែលទាក់ទងនឹងការចូលទៅក្នុងជីវិត ដែលពួកគេជួបប្រទះក្នុងជីវិតជាក់ស្ដែងរបស់ពួកគេ) យើងនឹងបញ្ចប់ការប្រកបគ្នារបស់យើង ដែលវែកញែកលម្អិតអំពីការអនុវត្តផ្សេងៗរបស់អ្នកដឹកនាំក្លែងក្លាយ និងសារជាតិនៃបញ្ហាពាក់ព័ន្ធអ្នកដឹកនាំក្លែងក្លាយនៅត្រឹមនេះ។

ចំណុចទីបី៖ ប្រកបគ្នាអំពីគោលការណ៍សេចក្ដីពិត ដែលគួរយល់ដឹង ដើម្បីបំពេញភារកិច្ចនីមួយៗឱ្យបានត្រឹមត្រូវ (ផ្នែកទីមួយ)

អ្នកដឹកនាំក្លែងក្លាយអាចត្រឹមនិយាយដាស់តឿនមនុស្សដោយពាក្យពេចន៍ និងគោលលទ្ធិប៉ុណ្ណោះ

បន្ទាប់មកទៀត យើងនឹងប្រកបគ្នាអំពីទំនួលខុសត្រូវទីបីរបស់អ្នកដឹកនាំ និងអ្នកធ្វើការ (ការប្រកបគ្នាអំពីគោលការណ៍សេចក្ដីពិត ដែលគួរយល់ដឹង ដើម្បីបំពេញភារកិច្ចនីមួយៗឱ្យបានត្រឹមត្រូវ)។ នេះគឺជាកិច្ចការដ៏សំខាន់ និងជាកិច្ចការមូលដ្ឋានរបស់អ្នកដឹកនាំ និងអ្នកធ្វើការ ហើយយើងនឹងប្រកបគ្នា និងវែកញែកអំពីការបង្ហាញចេញរបស់អ្នកដឹកនាំក្លែងក្លាយ ផ្អែកលើទំនួលខុសត្រូវនេះ។ សមត្ថភាពរបស់អ្នកដឹកនាំ ឬអ្នកធ្វើការក្នុងការប្រកបគ្នាអំពីគោលការណ៍សេចក្ដីពិតឱ្យបានច្បាស់លាស់ ដែលមនុស្សគួរយល់ដឹង ដើម្បីបំពេញភារកិច្ចរបស់ពួកគេឱ្យបានល្អ គឺជាសូចនាករដ៏ល្អបំផុតក្នុងការបង្ហាញថាតើពួកគេមានតថភាពនៃសេចក្ដីពិតដែរឬអត់ ហើយវាជាគន្លឹះក្នុងការកំណត់ថាតើពួកគេអាចបំពេញកិច្ចការជាក់ស្ដែងបានល្អដែរឬអត់។ ឥឡូវនេះ ចូរយើងពិនិត្យមើលពីរបៀបដែលអ្នកដឹកនាំក្លែងក្លាយចាត់ចែងកិច្ចការនេះ។ លក្ខណៈសម្គាល់មួយរបស់អ្នកដឹកនាំក្លែងក្លាយ គឺពួកគេគ្មានសមត្ថភាពក្នុងការពន្យល់ ឬបញ្ជាក់ពីបញ្ហាណាមួយដែលពាក់ព័ន្ធនឹងគោលការណ៍សេចក្ដីពិតឱ្យបានច្បាស់លាស់ទេ។ ប្រសិនបើមាននរណាម្នាក់ស្វែងរកឱ្យពួកគេជួយ ពួកគេអាចត្រឹមប្រាប់ពីពាក្យពេចន៍ និងគោលលទ្ធិឥតបានការមួយចំនួនប៉ុណ្ណោះ។ នៅពេលប្រឈមមុខនឹងបញ្ហាដែលត្រូវការដំណោះស្រាយ ពួកគេតែងតែឆ្លើយតបជារឿយៗដោយប្រើឃ្លាដូចជា៖ «អ្នករាល់គ្នាគឺសុទ្ធតែជាអ្នកជំនាញក្នុងការបំពេញភារកិច្ចនេះ។ ប្រសិនបើអ្នករាល់គ្នាមានបញ្ហា អ្នករាល់គ្នាគួរតែគិតរកវិធីដោះស្រាយបញ្ហានេះដោយខ្លួនឯង។ កុំសួរខ្ញុំអី ខ្ញុំមិនមែនជាអ្នកជំនាញទេ ហើយខ្ញុំក៏មិនយល់ដែរ។ សូមដោះស្រាយបញ្ហានេះដោយខ្លួនឯងចុះ»។ មនុស្សមួយចំនួនអាចតបវិញថា៖ «ពួកយើងសួរអ្នក ក៏ព្រោះពួកយើងដោះស្រាយបញ្ហានេះមិនបាន។ ប្រសិនបើពួកយើងអាចដោះស្រាយបាន ក៏ពួកយើងមិនសួរអ្នកដែរ។ ពួកយើងមិនយល់ពីបញ្ហាដែលពាក់ព័ន្ធនឹងគោលការណ៍សេចក្ដីពិតនេះទេ»។ អ្នកដឹកនាំក្លែងក្លាយក៏តបវិញថា៖ «តើខ្ញុំមិនបានប្រាប់អ្នកអំពីគោលការណ៍រួចហើយទេឬ? ចូរបំពេញភារកិច្ចរបស់ខ្លួនឱ្យបានល្អ ហើយកុំបង្កការរំខាន ឬការបង្អាក់ឱ្យសោះ។ តើអ្នកនៅសួរនាំអ្វីទៀត? ចូរដោះស្រាយបញ្ហានោះទៅតាមការដែលអ្នកយល់ថាស័ក្តិសមទៅចុះ! ព្រះបន្ទូលរបស់ព្រះជាម្ចាស់ធ្លាប់មានចែងរួចហើយថា៖ ចូរតម្កល់ប្រយោជន៍នៃដំណាក់ព្រះជាម្ចាស់ជាធំ»។ មនុស្សទាំងនោះនៅតែភាន់ច្រឡំមិនដាច់ស្រេចដដែល ដោយគិតថា៖ «នេះមិនមែនជាដំណោះស្រាយចំពោះបញ្ហានោះទេ!» នេះជារបៀបដែលអ្នកដឹកនាំក្លែងក្លាយប្រព្រឹត្តចំពោះកិច្ចការ។ ពួកគេគ្រាន់តែត្រួតពិនិត្យវា ធ្វើវាឱ្យតែរួចពីដៃ ហើយមិនដែលដោះស្រាយបញ្ហាអ្វីឡើយ។ មិនថាមនុស្សលើកឡើងពីបញ្ហាអ្វីក៏ដោយ ក៏អ្នកដឹកនាំក្លែងក្លាយតែងប្រាប់ពួកគេឱ្យស្វែងរកសេចក្ដីពិតដោយខ្លួនឯង។ ជារឿយៗ ពួកគេតែងសួរមនុស្សថា៖ «តើអ្នកមានបញ្ហាអ្វីទេ? តើការចូលទៅក្នុងជីវិតរបស់អ្នកយ៉ាងដូចម្ដេចហើយ? តើអ្នកកំពុងបំពេញភារកិច្ចរបស់ខ្លួនឱ្យតែបានៗមែនទេ?» មនុស្សទាំងនោះក៏ឆ្លើយតបវិញថា៖ «ជួនកាល ខ្ញុំយល់ថា ខ្លួនឯងស្ថិតក្នុងសភាពធ្វើការឱ្យតែរួចពីដៃមែន ហើយតាមរយៈការអធិដ្ឋាន ខ្ញុំក៏ដោះស្រាយបញ្ហានេះ និងកែប្រែខ្លួនឯងវិញ ប៉ុន្តែខ្ញុំនៅតែមិនយល់ពីគោលការណ៍សេចក្ដីពិតពាក់ព័ន្ធនឹងការបំពេញភារកិច្ចរបស់ខ្ញុំដដែល»។ អ្នកដឹកនាំក្លែងក្លាយនិយាយថា៖ «តើខ្ញុំមិនបានប្រកបគ្នាអំពីគោលការណ៍ជាក់លាក់ជាមួយអ្នក នៅក្នុងការជួបជុំលើកចុងក្រោយទេឬ? ខ្ញុំថែមទាំងបានឱ្យព្រះបន្ទូលរបស់ព្រះជាម្ចាស់ជាច្រើនវគ្គដល់អ្នកទៀតផង។ មកដល់ពេលនេះ អ្នកគួរតែយល់បានហើយ មិនអ៊ីចឹង?» តាមពិតទៅ ពួកគេយល់ពីគោលលទ្ធិទាំងអស់ ប៉ុន្តែពួកគេនៅតែមិនអាចដោះស្រាយបញ្ហារបស់ពួកគេបានដដែល។ ពួកអ្នកដឹកនាំក្លែងក្លាយថែមទាំងនិយាយពាក្យសម្ដីខ្ពង់ខ្ពស់ថា៖ «ហេតុអ្វីបានជាអ្នកដោះស្រាយបញ្ហានេះមិនបាន? អ្នកមិនបានអានព្រះបន្ទូលរបស់ព្រះជាម្ចាស់ដោយយកចិត្តទុកដាក់ឱ្យបានគ្រប់គ្រាន់នៅឡើយទេ។ ប្រសិនបើអ្នកអធិដ្ឋានឱ្យបានច្រើន និងអានព្រះបន្ទូលរបស់ព្រះជាម្ចាស់ឱ្យបានច្រើន នោះបញ្ហាទាំងអស់របស់អ្នក នឹងដោះស្រាយបានមិនខាន។ អ្នករាល់គ្នាត្រូវការរៀនពិភាក្សា និងរកវិធីដោះស្រាយជាមួយគ្នា ពេលនោះ បញ្ហារបស់អ្នករាល់គ្នា នឹងត្រូវដោះស្រាយបានមិនខាន។ ចំណែកឯបញ្ហាខាងជំនាញវិញ កុំសួរខ្ញុំអី។ ទំនួលខុសត្រូវរបស់ខ្ញុំគឺត្រួតពិនិត្យកិច្ចការ។ ខ្ញុំបានបំពេញកិច្ចការរបស់ខ្ញុំហើយ ហើយកិច្ចការដែលនៅសល់ គឺពាក់ព័ន្ធនឹងបញ្ហាខាងជំនាញ ដែលខ្ញុំមិនយល់នោះទេ»។ អ្នកដឹកនាំក្លែងក្លាយតែងតែប្រើហេតុផល និងលេសដោះសាដូចជា «ខ្ញុំមិនយល់ទេ ខ្ញុំមិនដែលបានរៀនពីវាទេ ខ្ញុំមិនមែនជាអ្នកជំនាញទេ» ដើម្បីយករួចខ្លួន និងគេចវេះពីការសួរនាំ។ ពួកគេអាចមើលទៅហាក់ដូចជាបន្ទាបខ្លួនណាស់ ក៏ប៉ុន្តែ វាបានលាតត្រដាងនូវបញ្ហាដ៏ធ្ងន់ធ្ងរមួយពាក់ព័ន្ធអ្នកដឹកនាំក្លែងក្លាយ គឺពួកគេខ្វះការយល់ដឹងទាំងស្រុងអំពីបញ្ហាដែលពាក់ព័ន្ធនឹងចំណេះដឹងជំនាញនៅក្នុងកិច្ចការមួយចំនួន។ ពួកគេមានអារម្មណ៍ថាមិនអាចធ្វើអ្វីបាន ហើយមើលទៅដូចជាឆ្គងៗ និងគួរឱ្យខ្មាសអៀនណាស់។ ដូច្នេះ តើពួកគេធ្វើដូចម្ដេច? ពួកគេអាចត្រឹមប្រមូលព្រះបន្ទូលរបស់ព្រះជាម្ចាស់ជាច្រើនវគ្គ ដើម្បីប្រកបគ្នាជាមួយមនុស្សគ្រប់គ្នាក្នុងអំឡុងពេលជួបជុំ ដោយនិយាយអំពីគោលលទ្ធិមួយចំនួនដើម្បីដាស់តឿនមនុស្ស។ អ្នកដឹកនាំដែលមានចិត្តល្អបន្តិចបន្តួច អាចនឹងបង្ហាញពីការយកចិត្តទុកដាក់ចំពោះមនុស្ស ហើយសួរនាំពួកគេម្ដងម្កាលថា៖ «ក្នុងពេលថ្មីៗនេះ តើអ្នកបានជួបប្រទះនឹងការលំបាកណាមួយនៅក្នុងជីវភាពរបស់អ្នកដែរឬទេ? តើអ្នកមានសម្លៀកបំពាក់គ្រប់គ្រាន់សម្រាប់ស្លៀកពាក់ទេ? ក្នុងចំណោមអ្នករាល់គ្នា តើមាននរណាម្នាក់ដែលប្រព្រឹត្តមិនល្អដែរឬទេ?» ប្រសិនបើមនុស្សគ្រប់គ្នាឆ្លើយថា ពួកគេគ្មានបញ្ហាទាំងនោះទេ ពួកអ្នកដឹកនាំក៏ឆ្លើយតបវិញថា៖ «អ៊ីចឹង គ្មានបញ្ហាអ្វីទេ។ សុំបន្តធ្វើកិច្ចការរបស់អ្នករាល់គ្នាទៀតចុះ។ ខ្ញុំមានរឿងផ្សេងទៀតដែលត្រូវធ្វើ» រួចក៏ប្រញាប់ចាកចេញទៅ ដោយខ្លាចមាននរណាម្នាក់លើកជាសំណួរ និងសុំឱ្យពួកគេដោះស្រាយ ដែលធ្វើឱ្យពួកគេធ្លាក់ចូលក្នុងស្ថានភាពអាម៉ាស់មុខមិនខាន។ អ្នកដឹកនាំក្លែងក្លាយធ្វើការតាមរបៀបនេះឯង ពោលគឺពួកគេមិនអាចដោះស្រាយបញ្ហាជាក់ស្ដែងណាមួយបានទេ។ តើពួកគេអាចបំពេញកិច្ចការរបស់ពួកជំនុំឱ្យមានប្រសិទ្ធភាពបានដោយរបៀបណាទៅ? ជាលទ្ធផល បញ្ហាដែលគរមិនបានដោះស្រាយនោះ ចុងក្រោយក៏រារាំងដល់កិច្ចការរបស់ពួកជំនុំ។ នេះគឺជាលក្ខណៈ និងការបង្ហាញចេញដ៏ច្បាស់ក្រឡែតមួយអំពីរបៀបដែលអ្នកដឹកនាំក្លែងក្លាយធ្វើការ។

នៅក្នុងកិច្ចការរបស់ពួកគេ អ្នកដឹកនាំក្លែងក្លាយមានចិត្តខ្នះខ្នែងតែក្នុងការអធិប្បាយប៉ុណ្ណោះ ហើយពួកគេចូលចិត្តនិយាយពាក្យពេចន៍ និងគោលលទ្ធិបំផុត និងចូលចិត្តនិយាយពាក្យដាស់តឿន និងលួងលោមមនុស្ស ដោយគិតថា ឱ្យតែពួកគេធ្វើឱ្យមនុស្សមានកម្លាំង និងជាប់រវល់ក្នុងការបំពេញភារកិច្ចរបស់ខ្លួន នោះមិនខុសអ្វីពីពួកគេបំពេញការងារបានល្អនោះទេ។ លើសពីនេះទៅទៀត អ្នកដឹកនាំក្លែងក្លាយមានចិត្តក្លៀវក្លាក្នុងការខ្វាយខ្វល់ចំពោះសភាពនៃជីវិតប្រចាំថ្ងៃរបស់មនុស្សគ្រប់គ្នា។ ពួកគេតែងតែសួរនាំមនុស្សថាតើពួកគេកំពុងជួបប្រទះការលំបាកណាមួយក្នុងជីវិតដែរឬទេ ហើយប្រសិនបើនរណាម្នាក់ពិតជាមានបញ្ហាមែន នោះពួកគេសុខចិត្តជួយដោះស្រាយការលំបាកទាំងនេះ។ ពួកគេពិតជារវល់នឹងកិច្ចការទូទៅទាំងនេះណាស់ ជួនកាលថែមទាំងភ្លេចបាយភ្លេចទឹក ហើយតែងនៅដល់យប់ជ្រៅ និងក្រោកពីព្រលឹមទៀតផង។ បើគិតពីការរវល់ និងការខំប្រឹងធ្វើការរបស់ពួកគេនោះ ហេតុអ្វីបានជាបញ្ហានៅក្នុងកិច្ចការរបស់ពួកជំនុំ និងការលំបាកដែលរាស្ដ្ររើសតាំងរបស់ព្រះជាម្ចាស់ជួបប្រទះក្នុងការបំពេញភារកិច្ចរបស់ពួកគេ នៅតែមិនទាន់ដោះស្រាយបានដដែលអ៊ីចឹង? នេះគឺដោយសារតែអ្នកដឹកនាំក្លែងក្លាយមិនអាចពន្យល់ឱ្យបានច្បាស់លាស់អំពីគោលការណ៍សេចក្ដីពិតដែលទាក់ទងនឹងការបំពេញភារកិច្ច។ ពាក្យពេចន៍ និងគោលលទ្ធិ ព្រមទាំងការដាស់តឿនដែលពួកគេនិយាយ គឺគ្មានប្រសិទ្ធភាពទាល់តែសោះ ហើយមិនអាចដោះស្រាយបញ្ហាជាក់ស្ដែងបានសោះឡើយ។ មិនថាពួកគេនិយាយច្រើនប៉ុនណា ឬមិនថាពួកគេជាប់រវល់ ឬនឿយហត់ប៉ុនណានោះទេ ក៏កិច្ចការរបស់ពួកជំនុំមិនដែលរីកចម្រើនទៅមុខឡើយ។ ទោះបីជាពីសម្បកក្រៅ មនុស្សគ្រប់គ្នាហាក់ដូចជាកំពុងបំពេញភារកិច្ចរបស់ខ្លួនក៏ដោយ ក៏ពួកគេមិនបានសម្រេចលទ្ធផលជាក់ស្ដែងអ្វីច្រើនដែរ ពីព្រោះអ្នកដឹកនាំក្លែងក្លាយមិនអាចប្រកបគ្នាអំពីគោលការណ៍សេចក្ដីពិតដែលពាក់ព័ន្ធនឹងការបំពេញភារកិច្ច ឬប្រើសេចក្ដីពិតដើម្បីដោះស្រាយបញ្ហាជាក់ស្ដែងបានឡើយ។ ហេតុដូច្នេះហើយ ពួកគេមិនអាចដោះស្រាយបញ្ហាជាច្រើនដែលកើតមាននៅក្នុងការបំពេញភារកិច្ចបានទេ។ ឧទាហរណ៍៖ ដំណាក់របស់ព្រះជាម្ចាស់ធ្លាប់ត្រូវការបោះពុម្ពសៀវភៅព្រះបន្ទូលរបស់ព្រះជាម្ចាស់ ហើយអ្នកដឹកនាំម្នាក់ត្រូវជ្រើសរើសបុគ្គលពីរនាក់ដើម្បីរ៉ាប់រងលើកិច្ចការនេះ។ តើមានស្ដង់ដាអ្វីខ្លះសម្រាប់ជ្រើសរើសមនុស្ស? ភាពជាមនុស្សរបស់ពួកគេគួរតែល្អគួរសម ពួកគេគួរតែអាចទុកចិត្តបាន និងអាចប្រថុយនឹងគ្រោះថ្នាក់បាន។ បន្ទាប់ពីបុគ្គលទាំងពីរត្រូវបានជ្រើសរើសរួចហើយ អ្នកដឹកនាំរូបនេះបានប្រាប់ពួកគេថា៖ «ថ្ងៃនេះ ខ្ញុំបានហៅអ្នកទាំងពីរមក ដើម្បីប្រគល់កិច្ចការមួយឱ្យអ្នកទាំងពីរធ្វើ៖ ដំណាក់របស់ព្រះជាម្ចាស់មានសៀវភៅមួយក្បាល ដែលត្រូវការបោះពុម្ព ហើយខ្ញុំត្រូវការឱ្យអ្នកទាំងពីរស្វែងរករោងពុម្ពមួយកន្លែង ហើយបន្ទាប់ពីបោះពុម្ពរួចរាល់ហើយ អ្នកទាំងពីរត្រូវតែចែកចាយសៀវភៅទាំងនោះទៅក្នុងដៃរាស្ដ្ររើសតាំងរបស់ព្រះជាម្ចាស់ភ្លាម ដើម្បីឱ្យពួកគេអាចហូប និងផឹកព្រះបន្ទូលរបស់ព្រះជាម្ចាស់បានទាន់ពេលវេលា។ តើអ្នកទាំងពីរមានការប្ដេជ្ញាចិត្តក្នុងការបំពេញកិច្ចការនេះដែរទេ? តើអ្នកទាំងពីរសុខចិត្តទទួលយកបន្ទុកនេះ និងហ៊ានប្រថុយគ្រោះថ្នាក់នេះទេ?» បុគ្គលទាំងពីរនាក់ជឿថា នេះគឺជាការដែលព្រះជាម្ចាស់លើកពួកគេឡើង ដូច្នេះ ពួកគេក៏ឆ្លើយយល់ព្រម។ បន្ទាប់មក អ្នកដឹកនាំក៏សួរពួកគេថា៖ «តើអ្នកទាំងពីរមានការតាំងចិត្តក្នុងការបំពេញការផ្ទុកផ្ដាក់របស់ព្រះជាម្ចាស់ដែរឬទេ? តើអ្នកទាំងពីរព្រមស្បថស្បែដែរឬទេ?»។ ពេលនោះ បុគ្គលទាំងពីរក៏បានស្បថស្បែដោយនិយាយថា៖ «ប្រសិនបើពួកយើងមិនអាចបំពេញការផ្ទុកផ្ដាក់របស់ព្រះជាម្ចាស់បានទេ និងធ្វើឱ្យកិច្ចការនេះរញ៉េរញ៉ៃ ដែលធ្វើឱ្យកិច្ចការនៃដំណាក់របស់ព្រះជាម្ចាស់រងការខាតបង់ ដូច្នេះ សូមឱ្យរន្ទះបាញ់ពួកយើងចុះ។ អាម៉ែន!» អ្នកដឹកនាំបាននិយាយថា៖ «ម្យ៉ាងទៀត យើងត្រូវការប្រកបគ្នាអំពីសេចក្ដីពិត។ ក្នុងការបំពេញកិច្ចការនេះនាពេលបច្ចុប្បន្ន តើអ្នកទាំងពីរមានប្រកបអាជីវកម្មអ្វីដែរទេ? តើអ្នកទាំងពីរមានត្រូវគេសុំឱ្យធ្វើការជាបុគ្គលិកដែរទេ?» បុគ្គលទាំងពីរនាក់នោះបានឆ្លើយតបថា៖ «អត់ទេ នេះគឺជាភារកិច្ចរបស់ពួកយើងហើយ»។ អ្នកដឹកនាំបាននិយាយថា៖ «ដោយសារនេះគឺជាភារកិច្ចរបស់អ្នកទាំងពីរ ដូច្នេះ អ្នកទាំងពីរត្រូវតែតបស្នងសេចក្ដីស្រឡាញ់របស់ព្រះជាម្ចាស់។ អ្នកមិនអាចធ្វើឱ្យព្រះជាម្ចាស់ខកព្រះទ័យ ឬធ្វើឱ្យទ្រង់ព្រួយព្រះទ័យបានទេ។ ការសុខចិត្តប្រថុយនឹងគ្រោះថ្នាក់ គឺមិនទាន់គ្រប់គ្រាន់នៅឡើយទេ។ អ្នកត្រូវការបំពេញភារកិច្ចរបស់ខ្លួនដោយភាពស្មោះត្រង់។ នៅពេលអ្នកជួបប្រទះបញ្ហានានា អ្នកគួរតែអធិដ្ឋានឱ្យបានច្រើន និងពិគ្រោះយោបល់គ្នាទៅវិញទៅមក។ កុំចចេស ឬធ្វើអ្វីតាមតែគំនិតខ្លួនឯងឱ្យសោះ។ ហេតុអ្វីបានជាខ្ញុំឱ្យអ្នកទាំងពីរសហការគ្នា? គឺដើម្បីឱ្យអ្នកទាំងពីរអាចពិភាក្សាគ្នាបាន នៅពេលមានបញ្ហាកើតឡើង ដែលធ្វើឱ្យអ្នកងាយស្រួលក្នុងការចាត់វិធានការ។ ប្រសិនបើអ្នកមិនអាចឈានដល់ការព្រមព្រៀងគ្នាបានទេ ដូច្នេះ ត្រូវអធិដ្ឋាន។ បុគ្គលម្នាក់ៗគួរតែបោះបង់ចោលគំនិតផ្ទាល់ខ្លួន ហើយធ្វើសកម្មភាព តែនៅពេលដែលអ្នកបានឈានដល់ការឯកភាពគ្នាប៉ុណ្ណោះ។ ខ្ញុំសង្ឃឹមថា អ្នកទាំងពីរអាចបំពេញកិច្ចការនេះបានដោយជោគជ័យ!» ជាចុងក្រោយ អ្នកដឹកនាំរូបនេះរកបានអត្ថបទព្រះបន្ទូលរបស់ព្រះជាម្ចាស់មួយវគ្គអំពីរបៀបបំពេញភារកិច្ចរបស់ខ្លួនឱ្យបានល្អ ហើយពួកគេទាំងបីនាក់ក៏បានអានអធិដ្ឋានវាជាច្រើនដង។ ធ្វើបែបនេះ ចាត់ទុកថាបានប្រគល់កិច្ចការនោះឱ្យពួកគេហើយ ហើយអ្នកដឹកនាំក៏ចាត់ទុកថាបានបំពេញការទទួលខុសត្រូវរួចរាល់ដែរ។ តើលទ្ធផលបំពេញកិច្ចការរបស់អ្នកដឹកនាំយ៉ាងម៉េចដែរ? អ្នកដឹកនាំមានអារម្មណ៍ពេញចិត្តខ្លាំងណាស់ ហើយបុគ្គលទាំងពីរនាក់នោះក៏មានអារម្មណ៍ដូចគ្នានេះដែរ។ អ្នកមើលឃើញក៏បានបញ្ចេញមតិថា៖ «អ្នកដឹកនាំនេះពិតជាដឹងពីរបៀបបំពេញកិច្ចការឱ្យសម្រេចមែន។ សម្ដីរបស់ពួកគាត់មានរបៀបរៀបរយ និងមានហេតុផលត្រឹមត្រូវ ហើយពួកគាត់ធ្វើអ្វីជាជំហានៗ។ ដំបូង ពួកគាត់បានចាត់តាំងកិច្ចការឱ្យអ្នកទាំងពីរនោះធ្វើ បន្ទាប់មក ពួកគាត់បានដោះស្រាយបញ្ហារបស់អ្នកទាំងពីរ ដែលពាក់ព័ន្ធនឹងគំនិត និងទស្សនៈផ្សេងៗ ហើយជាចុងក្រោយ ពួកគាត់បាននិយាយពាក្យសម្ដីម៉ឺងម៉ាត់មួយចំនួន ដោយឱ្យពួកគេស្បថ និងធ្វើការសន្យា។ ពួកគេពិតជាបានបំពេញកិច្ចការនេះមានលក្ខណៈជាប្រព័ន្ធមែន ហើយពួកគេពិតជាស័ក្តិសមនឹងតួនាទីជាអ្នកដឹកនាំណាស់។ ពួកគេមានបទពិសោធ និងរែកពុនបន្ទុកពិតមែន»។ នៅទីបញ្ចប់ អ្នកដឹកនាំបានប្រាប់ពួកគេថា៖ «ចូរចាំចំណុចនេះទុក៖ ការបោះពុម្ពសៀវភៅមិនមែនជាកិច្ចការងាយស្រួលនោះទេ។ វាមិនមែនជាកិច្ចការដែលមនុស្សធម្មតាអាចរ៉ាប់រងបានឡើយ។ កិច្ចការនេះមិនមែនខ្ញុំ ឬដំណាក់របស់ព្រះជាម្ចាស់ប្រគល់ឱ្យអ្នកទាំងពីរធ្វើនោះទេ។ វាគឺជាការផ្ទុកផ្ដាក់ពីព្រះជាម្ចាស់។ អ្នកទាំងពីរមិនត្រូវធ្វើឱ្យទ្រង់ខកព្រះទ័យឡើយ។ ឱ្យតែអ្នកទាំងពីរបំពេញកិច្ចការនេះបានល្អ ជីវិតរបស់អ្នកទាំងពីរនឹងមានការរីកចម្រើន ហើយអ្នកនឹងមានតថភាពមិនខាន»។ តាមទ្រឹស្ដី ពាក្យសម្ដីទាំងនេះ គឺគ្មានបញ្ហាខាងគោលការណ៍អ្វីឡើយ។ ពាក្យទាំងនោះអាចចាត់ទុកថាស្ទើរតែត្រឹមត្រូវទៅហើយ។ ដូច្នេះ ចូរយើងវិភាគបញ្ហានេះ ហើយមើលថាតើ «ភាពក្លែងក្លាយ» បានបង្ហាញឱ្យឃើញនៅត្រង់ចំណុចណានៅក្នុងករណីអ្នកដឹកនាំក្លែងក្លាយនេះ។ តើអ្នកដឹកនាំបានផ្ដល់ការណែនាំណាមួយអំពីបញ្ហាលម្អិតផ្សេងៗ ដូចជា ទិដ្ឋភាពខាងជំនាញ និងបច្ចេកទេស ដែលទាក់ទងនឹងកិច្ចការនេះដែរឬទេ? តើពួកគេបានប្រកបគ្នាអំពីគោលការណ៍សេចក្ដីពិតជាក់លាក់ណាមួយ ឬស្ដង់ដាដែលតម្រូវដែរឬទេ? (អត់ទេ។) ពួកគេគ្រាន់តែនិយាយពាក្យពេចន៍ឥតបានការ និងគ្មានន័យមួយចំនួនប៉ុណ្ណោះ ជាពាក្យពេចន៍ដែលមនុស្សភាគច្រើនតែងនិយាយជាញឹកញាប់ ជាពាក្យពេចន៍ដែលគ្មានទម្ងន់។ ដោយសារតែអ្នកដឹកនាំជាអ្នកនិយាយ និងផ្ដល់ការណែនាំដោយផ្ទាល់ មនុស្សក៏យល់ឃើញថា ពាក្យសម្ដីទាំងនេះ មានទម្ងន់ជាងធម្មតា ប៉ុន្តែតាមពិតទៅ វាគ្រាន់តែជាសម្ដីមិនពាក់ព័ន្ធមួយចំនួនប៉ុណ្ណោះ ហើយគ្មានប្រសិទ្ធភាពក្នុងការដោះស្រាយបញ្ហាជាក់ស្ដែងណាមួយដែលទាក់ទងនឹងការបោះពុម្ពសៀវភៅទាល់តែសោះ។ ដូច្នេះ តើមានបញ្ហាជាក់លាក់អ្វីខ្លះ ដែលពាក់ព័ន្ធនឹងការបោះពុម្ពសៀវភៅទេ? យើងគួរតែពិភាក្សាអំពីបញ្ហាទាំងនេះ ហើយមើលថាតើកិច្ចការដែលអ្នកដឹកនាំរូបនេះបានធ្វើ គឺជាកិច្ចការរបស់អ្នកដឹកនាំក្លែងក្លាយដែរឬទេ។

ដំបូង ការបោះពុម្ពសៀវភៅពាក់ព័ន្ធនឹងការរៀបចំទំព័រ បន្ទាប់មក ត្រូវមានការត្រួតពិនិត្យអត្ថបទ ការរៀបចំមាតិកា និងអត្ថបទក្នុងសៀវភៅ ក៏ដូចជាទម្ងន់ ពណ៌ និងគុណភាពក្រដាសជាដើម។ ក៏មានពាក់ព័ន្ធផងដែរនឹងសម្ភារៈធ្វើក្របសៀវភៅ ថាតើគួរប្រើក្របទន់ ឬក្របរឹង ហើយគួរមានការរចនា ពណ៌ លំនាំ និងពុម្ពអក្សរបែបណាសម្រាប់ក្របសៀវភៅនោះ។ ជាចុងក្រោយ គឺពាក់ព័ន្ធនឹងការបិទភ្ជាប់សៀវភៅ ថាតើត្រូវប្រើកាវបិទ ឬដេរភ្ជាប់។ ទាំងអស់នេះគឺជាបញ្ហាដែលស្ថិតនៅក្នុងរង្វង់ការងារនៃការបោះពុម្ពសៀវភៅ។ តើអ្នកដឹកនាំបានពិភាក្សាអំពីចំណុចណាមួយក្នុងចំណោមនេះដែរឬទេ? (អត់ទេ។) បញ្ហាមួយទៀត គឺការស្វែងរករោងពុម្ព៖ ថាតើម៉ាស៊ីនបោះពុម្ព និងម៉ាស៊ីនបិទភ្ជាប់សៀវភៅនោះទំនើបទាន់សម័យដែរឬទេ ថាតើគុណភាពនៃការបោះពុម្ព និងការបិទភ្ជាប់សៀវភៅមានលក្ខណៈយ៉ាងដូចម្ដេច ហើយតម្លៃវិញយ៉ាងណាដែរ។ តើពួកគេមិនគួរផ្ដល់ការណែនាំអំពីរឿងទាំងអស់នេះ ក៏ដូចជាអំពីគោលការណ៍ និងវិសាលភាពទេឬ? ប្រសិនបើអ្នកដឹកនាំបាននិយាយថា៖ «ខ្ញុំមិនយល់ពីរឿងទាំងនេះទេ។ ចេះតែរកៗទៅ» តើពួកគេគឺជាអ្នកដឹកនាំដែលមានប្រយោជន៍ដែរឬទេ? តើពាក្យសម្ដីមិនពាក់ព័ន្ធដែលពួកគេបាននិយាយ អាចជំនួសឱ្យបញ្ហាលម្អិតផ្សេងៗដែលពាក់ព័ន្ធនឹងការបោះពុម្ពសៀវភៅបានទេ? (មិនបានទេ។) ក៏ប៉ុន្តែ អ្នកដឹកនាំក្លែងក្លាយនេះ ជឿថា សម្ដីទាំងនោះអាចជំនួសបាន។ ពួកគេគិតថា៖ «ខ្ញុំបានប្រកបគ្នាអំពីសេចក្ដីពិតច្រើនរួចមកហើយ ហើយខ្ញុំក៏បានប្រាប់ពួកគេពីគ្រប់គោលការណ៍ទាំងអស់ដែរ។ ពួកគេគួរតែយល់ពីរឿងទាំងនេះហើយ!» ពាក្យថា «គួរតែ» នេះ គឺជាតក្កវិជ្ជា និងវិធីសាស្ត្រដោះស្រាយបញ្ហារបស់អ្នកដឹកនាំក្លែងក្លាយនេះឯង។ នៅទីបំផុត នៅពេលដែលសៀវភៅត្រូវបានបោះពុម្ពរួច ដោយសារតែក្រដាសមានគុណភាពអន់ និងស្ដើងពេក ទើបធ្វើឱ្យអក្សរមើលធ្លុះទាំងសងខាង ដែលធ្វើឱ្យមនុស្សវ័យចំណាស់ និងអ្នកដែលមានភ្នែកខ្សោយមានការពិបាក និងលំបាកក្នុងការអានសៀវភៅនេះជាខ្លាំង។ វាក៏មានបញ្ហានៅដំណាក់កាលនៃការបិទភ្ជាប់សៀវភៅ ដែលជំហានចុងក្រោយគេនេះផងដែរ។ ការបិទភ្ជាប់សៀវភៅស្របតាមស្ដង់ដាឬអត់ គឺវាប៉ះពាល់ដល់គុណភាពជារួម និងអាយុកាលប្រើប្រាស់របស់សៀវភៅ។ ដោយសារតែអ្នកដឹកនាំមិនបានផ្ដល់ការណែនាំ ហើយអ្នកដែលបំពេញកិច្ចការនេះខ្វះគោលការណ៍ និងបទពិសោធ និងបានតថ្លៃដោយមិនទទួលខុសត្រូវ ទើបរោងពុម្ពធ្វើការងារមិនបានល្អ និងបានប្រើសម្ភារៈដែលមានគុណភាពទាបដើម្បីកុំឱ្យខាត ហើយចុងក្រោយ នៅពេលដែលសៀវភៅត្រូវបានចែកចាយទៅដល់ដៃបងប្អូនប្រុសស្រី វាក៏ចាប់ផ្ដើមរហែកដាច់ពីគ្នាក្នុងរយៈពេលត្រឹមពីរខែ។ ក្រប និងទំព័រសៀវភៅបានជ្រុះចេញ ហើយការងារបោះពុម្ពទាំងមូលត្រូវបានធ្វើឡើងដោយឥតប្រយោជន៍។ តើនេះជាការទទួលខុសត្រូវរបស់អ្នកណា? ប្រសិនបើឱ្យនរណាម្នាក់មកទទួលខុសត្រូវ នោះទំនួលខុសត្រូវដោយផ្ទាល់នឹងធ្លាក់ទៅលើបុគ្គលពីរនាក់ដែលទទួលបន្ទុកបោះពុម្ពសៀវភៅ ហើយទំនួលខុសត្រូវដោយប្រយោល នឹងធ្លាក់ទៅលើអ្នកដឹកនាំក្លែងក្លាយ។ អ្នកដឹកនាំក្លែងក្លាយថែមទាំងមានលេសដោះសា ដោយនិយាយថា៖ «អ្នកមិនអាចបន្ទោសខ្ញុំដែលធ្វើការងារនេះមិនបានល្អបានទេ។ ខ្ញុំក៏មិនយល់ពីការងារនេះដែរ! ខ្ញុំមិនដែលបានបោះពុម្ពសៀវភៅផង ហើយខ្ញុំក៏មិនមែនជាម្ចាស់រោងពុម្ពដែរ។ តើឱ្យខ្ញុំទៅដឹងពីរឿងទាំងនេះបានដោយរបៀបណាទៅ?» តើលេសនេះសមហេតុផលដែរឬទេ? ក្នុងនាមជាអ្នកដឹកនាំម្នាក់ កិច្ចការនេះស្ថិតនៅក្នុងរង្វង់នៃការទទួលខុសត្រូវរបស់អ្នក។ ទោះបីជាវាជាកិច្ចការដែលទាក់ទងនឹងអាជីពការងារ ជំនាញ ចំណេះដឹងប្រភេទណាមួយ ឬសេចក្ដីពិតក៏ដោយ ក៏អ្នកមិនចាំបាច់យល់ដឹងគ្រប់ផ្នែកទាំងអស់នោះដែរ ប៉ុន្តែតើអ្នកបានខិតខំរៀនសូត្រអំពីអ្វីដែលអ្នកមិនដឹងដែរឬទេ? តើអ្នកបានបំពេញទំនួលខុសត្រូវរបស់អ្នកដោយភាពម៉ឺងម៉ាត់ និងហ្មត់ចត់ដែរឬទេ? មនុស្សមួយចំនួនអាចនឹងនិយាយថា៖ «ខ្ញុំចង់បំពេញទំនួលខុសត្រូវរបស់ខ្ញុំ ប៉ុន្តែខ្ញុំក៏មិនយល់ពីរឿងនេះដែរ។ ទោះបីជាខ្ញុំព្យាយាមរៀនសូត្រខ្លាំងប៉ុនណាក៏ដោយ ក៏ខ្ញុំនៅតែមិនចេះដដែល!» នេះមានន័យថា ក្នុងនាមជាអ្នកដឹកនាំម្នាក់ អ្នកមិនត្រូវតាមស្ដង់ដានោះទេ។ អ្នកគឺជាអ្នកដឹកនាំក្លែងក្លាយសុទ្ធសាធតែម្ដង។ បងប្អូនប្រុសស្រីមានអារម្មណ៍អាក់អន់ចិត្តខ្លះដែរ ដោយសារតែគុណភាពសៀវភៅអន់ពេក ហើយពួកគេនិយាយថា៖ «ទោះបីជាសៀវភៅទាំងនេះមិនអស់លុយយើងក៏ដោយ ក៏ប៉ុន្តែគុណភាពវាអន់ណាស់! តើអ្នកដឹកនាំរូបនេះបំពេញការងាររបស់ខ្លួនយ៉ាងម៉េច? តើពួកគេបំពេញកិច្ចការនេះដោយរបៀបណា?» នៅពេលដែលអ្នកដឹកនាំបានឮដូច្នេះ ពួកគេក៏ឆ្លើយតបថា៖ «តើអ្នកអាចបន្ទោសខ្ញុំចំពោះបញ្ហានេះបានទេ? ខ្ញុំមិនមែនជាម្ចាស់រោងពុម្ពទេ ហើយខ្ញុំក៏មិនមែនជាអ្នកសម្រេចចុងក្រោយដែរ។ លើសពីនេះទៅទៀត តើនេះមិនមែនជាការសន្សំសំចៃប្រាក់សម្រាប់ដំណាក់របស់ព្រះជាម្ចាស់ទេឬ? តើការសន្សំសំចៃប្រាក់សម្រាប់ដំណាក់របស់ព្រះជាម្ចាស់ខុសដែរមែនទេ?» ពាក្យសម្ដីរបស់អ្នកដឹកនាំនេះគឺត្រឹមត្រូវ ពួកគេមិនខុសនោះទេ។ អ្នកដឹកនាំមិនចាំបាច់ទទួលខុសត្រូវតាមផ្លូវច្បាប់ទេ។ ក៏ប៉ុន្តែ មានបញ្ហាមួយ នោះគឺថា ប្រាក់ដែលបានចំណាយលើការបោះពុម្ពសៀវភៅនេះ ត្រូវចំណាយចោលឥតប្រយោជន៍។ សៀវភៅដែលបានចែកចាយទៅបងប្អូនប្រុសស្រី ចាប់ផ្ដើមរហែកដាច់ពីគ្នា និងជ្រុះបាត់ទំព័រខ្លះក្នុងរយៈពេលត្រឹមពីរខែ។ តើអ្នកណាគួរទទួលខុសត្រូវ? តើនេះមិនមែនជាទំនួលខុសត្រូវរបស់អ្នកដឹកនាំទេឬ? បញ្ហានេះបានកើតឡើងនៅក្នុងរង្វង់កិច្ចការរបស់អ្នក ក្នុងអំឡុងពេលដែលអ្នកបម្រើការជាអ្នកដឹកនាំ ដូច្នេះ តើអ្នកមិនគួរទទួលខុសត្រូវទេឬ? អ្នកត្រូវតែទទួលយកការស្ដីបន្ទោស។ អ្នកមិនអាចបដិសេធទំនួលខុសត្រូវរបស់អ្នកបានទេ! មនុស្សមួយចំនួនអាចនឹងនិយាយដោយគ្មានហេតុផលថា៖ «ខ្ញុំមិនធ្លាប់ធ្វើការងារនេះពីមុនមកទេ។ តើមិនអនុញ្ញាតឱ្យខ្ញុំប្រព្រឹត្តកំហុសចំពោះការងារដែលខ្ញុំមិនធ្លាប់ធ្វើពីមុនមកទេឬ?» គ្រាន់តែផ្អែកលើសម្ដីបែបនេះ គឺអ្នកមិនស័ក្តិសមនឹងការងាររបស់អ្នកទៅហើយ ហើយអ្នកគួរតែត្រូវបានដកហូតតំណែង។ អ្នកមិនស័ក្តិសមនឹងធ្វើជាអ្នកដឹកនាំទេ អ្នកគឺជាអ្នកដឹកនាំក្លែងក្លាយប្រកែកមិនបានឡើយ។ ការនិយាយពាក្យសម្ដីពីរោះស្ដាប់ច្រើនរាប់មិនអស់ តែមិនបានធ្វើកិច្ចការជាក់ស្ដែងអ្វីសោះ នេះគឺជាការបង្ហាញចេញដ៏ច្បាស់ក្រឡែតរបស់អ្នកដឹកនាំក្លែងក្លាយហើយ។

អ្នកដឹកនាំក្លែងក្លាយមួយចំនួនមិនអាចបំពេញកិច្ចការជាក់ស្ដែងនីមួយៗឱ្យបានត្រឹមត្រូវ និងច្បាស់លាស់ ដោយអាកប្បកិរិយាប្រាកដនិយមបាននោះទេ។ ពួកគេអាចដោះស្រាយបានតែកិច្ចការទូទៅមួយចំនួនប៉ុណ្ណោះ ហើយបន្ទាប់មក ពួកគេជឿថា ពួកគេត្រូវតាមស្ដង់ដាជាអ្នកដឹកនាំ ថាពួកគេអស្ចារ្យ ហើយពួកគេតែងតែនិយាយអួតអាងជារឿយៗថា៖ «ខ្ញុំត្រូវខ្វល់ខ្វាយគ្រប់រឿងទាំងអស់នៅក្នុងពួកជំនុំ ហើយខ្ញុំត្រូវដោះស្រាយបញ្ហាគ្រប់់យ៉ាង។ តើពួកជំនុំអាចខ្វះខ្ញុំបានទេ? ប្រសិនបើខ្ញុំមិនបានរៀបចំការជួបជុំសម្រាប់អ្នករាល់គ្នាទេ តើអ្នករាល់គ្នាមិនមែនដូចជាគំនរខ្សាច់រប៉ាត់រប៉ាយទេឬ? ប្រសិនបើខ្ញុំមិនបានតាមដាន និងជួយរក្សាការងារផលិតភាពយន្តទេ តើនឹងមិនមែនមានមនុស្សមករំខានការងារនេះឥតឈប់ទេឬ? តើការងារផលិតភាពយន្តអាចដំណើរការទៅដោយរលូនបានទេ? ទោះបីខ្ញុំមិនមែនជាអ្នកជំនាញខាងការងារទំនុកបរិសុទ្ធក៏ដោយ ប្រសិនបើខ្ញុំមិនបានមកត្រួតពិនិត្យការងាររបស់អ្នករាល់គ្នាជាញឹកញាប់ មិនបានគាំទ្រអ្នករាល់គ្នា និងមិនបានរៀបចំការជួបជុំសម្រាប់អ្នករាល់គ្នាទេ តើអ្នករាល់គ្នាអាចផលិតទំនុកបរិសុទ្ធទាំងនោះបានដែរឬទេ? តើអ្នករាល់គ្នានឹងត្រូវចំណាយពេលយូរប៉ុនណាដើម្បីគិតគូរដោះស្រាយរឿងនេះបាន?» ពាក្យសម្ដីទាំងនេះអាចនឹងស្ដាប់ទៅដូចជាសមហេតុផល និងត្រឹមត្រូវមែន ប៉ុន្តែប្រសិនបើអ្នកពិនិត្យឱ្យបានដិតដល់ទៅ តើកិច្ចការជំនាញផ្សេងៗដែលអ្នកដឹកនាំក្លែងក្លាយទាំងនេះបានមើលការខុសត្រូវ រីកចម្រើនទៅមុខយ៉ាងដូចម្ដេច? តើពួកគេអាចប្រកបគ្នាអំពីគោលការណ៍សេចក្ដីពិតបានច្បាស់លាស់ដែរឬទេ? (អត់ទេ។) មានម្ដងនោះ ក្រុមផលិតភាពយន្តមួយបានស្វែងរកយោបល់អំពីបញ្ហាពណ៌សម្លៀកបំពាក់។ ពួកគេបានថតរូបជាច្រើនសន្លឹក ហើយផ្ទៃខាងក្រោយ និងមនុស្សនៅក្នុងរូបថតនោះ គឺខុសៗគ្នា ប៉ុន្តែពណ៌សម្លៀកបំពាក់ ជាទូទៅគឺស្ថិតនៅក្នុងប្រភេទពណ៌តែមួយ ពោលគឺវាសុទ្ធតែពណ៌ប្រផេះស្រអាប់ និងពណ៌លឿងដីឥដ្ឋ។ ខ្ញុំបានសួរថា៖ «តើមានរឿងអ្វី? ហេតុអ្វីបានជាពួកគេស្លៀកពាក់ពណ៌ទាំងនេះ?» ពួកគេបាននិយាយថា ពណ៌ទាំងនេះត្រូវបានជ្រើសរើសដោយសម្រិតសម្រាំង ហើយពួកគេបានស្វែងរកវានៅក្នុងផ្សារយ៉ាងលំបាក និងខំប្រឹងយ៉ាងខ្លាំង។ ខ្ញុំបាននិយាយថា៖ «ហេតុអ្វីបានជាអ្នកជ្រើសរើសពណ៌ទាំងនេះ? តើខាងលើបានផ្ដល់ការណែនាំដល់អ្នកអំពីពណ៌នោះដែរឬទេ? តើខាងលើមិនបានណែនាំអ្នកឱ្យប្រើពណ៌ចម្រុះ ហើយពណ៌ទាំងនោះត្រូវតែថ្លៃថ្នូរ និងសមរម្យទេឬ? តើលទ្ធផលនេះកើតចេញមកដោយរបៀបណា?» ចុងក្រោយ បន្ទាប់ពីបានសួរនាំរួច មនុស្សមួយចំនួនក៏បាននិយាយថា៖ «ពណ៌ផ្សេងទៀតមើលទៅមិនទាន់ថ្លៃថ្នូរ និងសមរម្យគ្រប់គ្រាន់នៅឡើយទេ ឬមិនដូចជាពណ៌ដែលអ្នកជឿលើព្រះជាម្ចាស់ ឬពួកបរិសុទ្ធស្លៀកពាក់នោះទេ។ មានតែពណ៌ប្រភេទនេះទេ ដែលមើលទៅដូចជាពណ៌ដែលអ្នកជឿគួរតែស្លៀកពាក់ច្រើនជាង។ ដូច្នេះ មនុស្សគ្រប់គ្នាមានការយល់ឃើញរួមគ្នាថា ការស្លៀកពាក់ពណ៌ប្រភេទនេះ គឺជាការលើកតម្កើងដល់ព្រះជាម្ចាស់បំផុត និងជាតំណាងឱ្យរូបភាពនៃដំណាក់របស់ព្រះជាម្ចាស់ល្អបំផុត»។ ខ្ញុំមានបន្ទូលថា៖ «ខ្ញុំមិនដែលបានប្រាប់អ្នករាល់គ្នាឱ្យស្លៀកពាក់ពណ៌ទាំងនេះទេ។ មានពណ៌ថ្លៃថ្នូរ និងសមរម្យជាច្រើន។ ចូរគិតមើលថាតើឥន្ទធនូដែលព្រះជាម្ចាស់បានបង្កើតឡើងមក ដែលជាទីសម្គាល់នៃសេចក្ដីសញ្ញារបស់ទ្រង់ជាមួយមនុស្សជាតិនោះ ស្រស់ស្អាតយ៉ាងណា។ មានពណ៌ក្រហម ពណ៌ទឹកក្រូច ពណ៌លឿង ពណ៌បៃតង ពណ៌ខៀវ ពណ៌ខៀវខ្ចីពណ៌ស្វាយជាដើម ពោលគឺមានតំណាងគ្រប់ពណ៌ទាំងអស់ លើកលែងតែពណ៌ដែលអ្នករាល់គ្នាកំពុងស្លៀកពាក់នេះចេញ។ ហេតុអ្វីបានជាអ្នករាល់គ្នាជ្រើសរើសពណ៌ទាំងនោះ?» តើអ្នកដឹកនាំរបស់ពួកគេបានធ្វើកិច្ចការជាក់លាក់ក្នុងការត្រួតពិនិត្យបញ្ហាទាំងនេះដោយយកចិត្តទុកដាក់ដែរឬទេ? ខ្ញុំហ៊ាននិយាយថា ពួកគេពិតជាមិនបានធ្វើនោះទេ។ ប្រសិនបើអ្នកដឹកនាំមានការយល់ដឹងដ៏សុទ្ធសាធ ហើយពិតជាយល់ពីសេចក្ដីពិត និងសេចក្ដីតម្រូវរបស់ព្រះជាម្ចាស់មែន នោះសមាជិកនៃក្រុមផលិតភាពយន្ត មុខជាមិនបានជ្រើសរើសសម្លៀកបំពាក់បែបនេះ ហើយមុខជាមិនបានពិគ្រោះយោបល់ជាមួយខាងលើអំពីរឿងនេះឡើយ។ បញ្ហាសម្លៀកបំពាក់នេះ គួរណាស់តែអាចដោះស្រាយបាននៅថ្នាក់ក្រោម ប៉ុន្តែអ្នកដឹកនាំក្លែងក្លាយគ្មានសមត្ថភាពដោះស្រាយបញ្ហានេះទេ។ ផ្ទុយទៅវិញ ពួកគេបានសួរខាងលើអំពីបញ្ហានេះទាំងឥតអៀនខ្មាស។ តើមនុស្សបែបនេះមិនគួរលួសកាត់ទេឬ? អ្នកដឹកនាំក្លែងក្លាយនេះមិនអាចសូម្បីតែដោះស្រាយបញ្ហាដ៏សាមញ្ញបំផុតនេះបានផង។ តើពួកគេមានប្រយោជន៍អ្វីទៅ? អ្នកគ្រាន់តែជាសំរាមមួយទងប៉ុណ្ណោះ! គេបានប្រាប់ឱ្យអ្នកលើកតម្កើងដល់ព្រះជាម្ចាស់ និងធ្វើបន្ទាល់ថ្វាយទ្រង់ ប៉ុន្តែ អ្នកបែរជានាំភាពអាម៉ាស់ដល់ព្រះជាម្ចាស់ទៅវិញ។ ក្រែងអ្នកថា អ្នកយល់ដឹងច្រើនណាស់នោះអី? តើអ្នកមិនមែនពូកែនិយាយពីចំណេះដឹង និងគោលលទ្ធិដ៏សម្បូរបែបទេឬ? ហេតុអ្វីបានជាគោលលទ្ធិ និងចំណេះដឹងទាំងអស់នោះ គ្មានប្រសិទ្ធភាពនៅក្នុងស្ថានភាពបែបនេះទៅវិញ? ហេតុអ្វីបានជាអ្នកមិនអាចសូម្បីតែដោះស្រាយ និងធ្វើការត្រួតពិនិត្យឱ្យបានល្អិតល្អន់ទាក់ទងនឹងបញ្ហាសម្លៀកបំពាក់នេះអ៊ីចឹង? តើអ្នកបានបំពេញតួនាទីដែលអ្នកគួរធ្វើក្នុងនាមជាអ្នកដឹកនាំហើយឬនៅ? តើអ្នកបានបំពេញទំនួលខុសត្រូវដែលអ្នកដឹកនាំគួរតែបំពេញហើយឬនៅ? នេះគឺជាការបង្ហាញចេញមួយរបស់អ្នកដឹកនាំក្លែងក្លាយ។ អ្នកដឹកនាំក្លែងក្លាយខ្វះការយល់ដឹងអំពីគោលការណ៍នៅក្នុងកិច្ចការជាក់លាក់ណាមួយ។ ពួកគេគ្មានសមត្ថភាពផ្ដល់ការកែតម្រូវ និងដំណោះស្រាយឱ្យបានទាន់ពេលវេលាចំពោះបញ្ហានៃការយល់ដឹងខុសអំពីសេចក្ដីពិតឡើយ ហើយក៏គ្មានសមត្ថភាពធ្វើឱ្យមនុស្សអាចស្វែងរកទិសដៅ និងមាគ៌ាតាមរយៈរឿងនេះបានដែរ។ អ្នកដឹកនាំក្លែងក្លាយបានត្រឹមនិយាយពាក្យពេចន៍ និងគោលលទ្ធិ និងពោលពាក្យស្លោកប៉ុណ្ណោះ។ ពួកគេគ្មានសមត្ថភាពធ្វើកិច្ចការជាក់លាក់ណាមួយឡើយ។

អ្នកដឹកនាំក្លែងក្លាយមិនធ្វើកិច្ចការជាក់ស្ដែង ឬបំពេញកិច្ចការត្រឹមត្រូវរបស់ខ្លួនឡើយ

អ្នកដឹកនាំក្លែងក្លាយខ្លះគ្មានសមត្ថភាពធ្វើកិច្ចការជាក់ស្ដែងណាមួយឡើយ ប៉ុន្តែពួកគេដោះស្រាយកិច្ចការទូទៅមួយចំនួនដែលមិនសំខាន់ ហើយគិតថា នេះជាការធ្វើកិច្ចការជាក់ស្ដែង ថាវាស្ថិតនៅក្នុងព្រំដែននៃការទំនួលខុសត្រូវរបស់ពួកគេ។ លើសពីនេះទៅទៀត ពួកគេចាត់ចែងកិច្ចការទាំងនេះដោយយកចិត្តទុកដាក់បំផុត ហើយពិតជាខំប្រឹងប្រែងខ្លាំងមែនទែន ដោយបំពេញកិច្ចការទាំងនោះមើលទៅសមរម្យណាស់។ ឧទាហរណ៍៖ មានបុគ្គលម្នាក់នៅក្នុងក្រុមជំនុំ ដែលពីមុនធ្លាប់ធ្វើការជាអ្នកដុតនំ។ ថ្ងៃមួយ គាត់បានសម្រេចចិត្តចេញពីចិត្តដ៏ល្អរបស់គាត់់ថា គាត់ត្រូវតែដុតនំថ្វាយដល់ខ្ញុំ ហើយគាត់បានរៀបចំធ្វើការដុតនំដោយមិនបានទូលប្រាប់ខ្ញុំអំពីរឿងនេះឡើយ។ គាត់បានសួរអ្នកដឹកនាំរបស់គាត់ថា តើគាត់អាចដុតនំបានវាដែរឬទេ ហើយពួកគេក៏ឆ្លើយថា៖ «ធ្វើទៅ។ បើនំទាំងនោះឆ្ងាញ់ យើងនឹងថ្វាយវាដល់ព្រះជាម្ចាស់។ បើមិនឆ្ងាញ់ទេ យើងទាំងអស់គ្នាអាចបរិភោគវាបាន»។ គាត់បានទទួលការអនុញ្ញាតពីអ្នកដឹកនាំហើយ ធ្វើឱ្យកិច្ចការនេះស្របច្បាប់ និងត្រឹមត្រូវ ដូច្នេះ គាត់ក៏ប្រញាប់ប្រមូលគ្រឿងផ្សំ ហើយដុតនំមួយឡ ដោយថា៖ «ខ្ញុំមិនដឹងថាវាឆ្ងាញ់ឬអត់ ឬអាចធ្វើឱ្យព្រះជាម្ចាស់សព្វព្រះទ័យ ឬត្រូវនឹងរសជាតិដែលទ្រង់សព្វព្រះទ័យឬអត់ទេ»។ អ្នកដឹកនាំក៏ឆ្លើយថា៖ «មិនអីទេ។ យើងនឹងលះបង់ពេលវេលា និងសុខភាពរបស់យើងខ្លះ ហើយប្រថុយលមើលបន្តិចដើម្បីព្រះជាម្ចាស់។ យើងនឹងភ្លក្សវាជាមុនសិន ហើយពិនិត្យមើលនំទាំងនោះជំនួសព្រះជាម្ចាស់។ ប្រសិនបើវាមិនឆ្ងាញ់ពិតមែន ហើយយើងទូលសូមឱ្យព្រះជាម្ចាស់សោយវា នោះទ្រង់នឹងមានអារម្មណ៍មិនសព្វព្រះហឫទ័យ និងខកព្រះទ័យនឹងយើងយ៉ាងខ្លាំងមិនខាន។ ដូច្នេះ ក្នុងនាមជាអ្នកដឹកនាំ យើងមានទំនួលខុសត្រូវ និងកាតព្វកិច្ចក្នុងការត្រួតពិនិត្យបញ្ហានេះ។ នេះគឺជាការធ្វើកិច្ចការជាក់ស្ដែងហើយ»។ បន្ទាប់មក ប្រធានក្រុមគ្រប់រូបដែលមាន «ស្មារតីទទួលខុសត្រូវ» បន្តិចបន្តួចនោះ ក៏បានភ្លក្សនំនោះដែរ។ បន្ទាប់ពីបានភ្លក្សរួចហើយ ពួកគេក៏បានបញ្ចេញយោបល់វាយតម្លៃ ដោយនិយាយថា៖ «ឡសម្រាប់ដុតនំមួយសានេះក្តៅពេក សីតុណ្ហភាពខ្ពស់ខ្លាំងពេក ហើយវាទំនងជាធ្វើឱ្យក្តៅពីខាងក្នុង ហើយនំក៏រាងល្វីងបន្តិចដែរ។ មិនល្អនោះទេ! យើងត្រូវតែមានឥរិយាបថទទួលខុសត្រូវ ហើយត្រូវដុតនំមួយសាទៀត និងភ្លក្សវាម្តងទៀត!» បន្ទាប់ពីភ្លក្សនំមួយសានេះរួច ពួកគេក៏និយាយថា៖ «នំមួយសានេះល្មមប្រើការបានហើយ។ វាមានរសជាតិប័រ រសជាតិពងមាន់ និងរសជាតិល្ងបញ្ចូលគ្នា។ ពិតជាស័ក្តិសមធ្វើជាអ្នកដុតនំមែន! ដោយសារមាននំច្រើនពេក ហើយព្រះជាម្ចាស់សោយតែមួយអង្គឯងមិនអស់ ដូច្នេះ យើងដាក់នំ ១០ ឬ ២០ នៅក្នុងកូនដបតូចមួយ និងថ្វាយឱ្យព្រះជាម្ចាស់ភ្លក្សសាកមើល។ ប្រសិនបើព្រះជាម្ចាស់យល់ថានំនោះឆ្ងាញ់ យើងអាចបន្តដុតវាឱ្យច្រើនជាងនេះបាន»។ ពួកគេបានថ្វាយនំមួយកូនដបមកឱ្យខ្ញុំ ហើយខ្ញុំបានសាកវាពីរដុំ។ ខ្ញុំគិតថា នំនោះអាចទទួលយកបាន ប្លែកមាត់ ប៉ុន្តែមិនសមសម្រាប់ធ្វើជាអាហារចម្អែកក្រពះទេ ដូច្នេះ ខ្ញុំក៏ឈប់សោយវាទៅ។ មនុស្សខ្លះថែមទាំងគិតថា នំទាំងនោះធ្វើដោយដៃសមាជិកនៃដំណាក់របស់ព្រះជាម្ចាស់ផ្ទាល់ ថាវាពោរពេញទៅដោយសេចក្តីស្រឡាញ់ ភាពស្មោះត្រង់ និងការកោតខ្លាច ហើយមានអត្ថន័យយ៉ាងជ្រាលជ្រៅ ទោះបីជានំទាំងនោះគ្រាន់តែមានរសជាតិទទួលយកបានប៉ុណ្ណេះក៏ដោយ។ ក្រោយមក ខ្ញុំក៏បានប្រគល់នំមួយកូនដបនោះត្រឡប់ទៅវិញ។ ខ្ញុំមិនចាប់អារម្មណ៍នឹងរបស់បែបនេះទេ ហើយខ្ញុំក៏គ្មានអារម្មណ៍ចង់សោយវាដែរ។ លើសពីនេះទៅទៀត ប្រសិនបើខ្ញុំឃ្លាននំដុត ខ្ញុំអាចទិញនំទាំងនោះ ដែលមានរសជាតិផ្សេងៗ និងមកពីប្រទេសខុសៗគ្នានៅឯទីផ្សារបាន ដោយមិនចាំបាច់ចំណាយប្រាក់ច្រើនទេ។ បន្ទាប់មក ខ្ញុំបានប្រាប់ពួកគេថា៖ «ខ្ញុំអរគុណចំពោះសណ្ដានចិត្តនេះហើយ ប៉ុន្តែសុំកុំដុតនំថ្វាយខ្ញុំទៀតអី។ ខ្ញុំនឹងមិនសោយនំទាំងនោះទេ ហើយប្រសិនបើខ្ញុំចង់បាននំដុតខ្លះ ខ្ញុំនឹងទិញវាដោយខ្លួនឯង។ ប្រសិនបើមានតម្រូវការកើតឡើង នោះអ្នកគ្រាន់តែដុតនំនោះ នៅពេលខ្ញុំប្រាប់ឱ្យធ្វើទៅចុះ។ ប្រសិនបើខ្ញុំមិនប្រាប់អ្នកឱ្យធ្វើទេ ដូច្នេះ អ្នកមិនចាំបាច់ធ្វើវាម្ដងទៀតឡើយ»។ តើបន្ទូលនេះមិនមែនងាយស្រួលយល់ទេឬ? ប្រសិនបើពួកគេមានអាកប្បកិរិយាល្អ និងចេះស្តាប់បង្គាប់ ពួកគេនឹងចងចាំព្រះបន្ទូលរបស់ខ្ញុំ ហើយឈប់ធ្វើនំទាំងនោះទៀតហើយ។ នៅពេលដែលព្រះជាម្ចាស់មានព្រះបន្ទូល មែនគឺមែន ទេគឺទេ ហើយ «កុំធ្វើទៀត» មានន័យថា «កុំធ្វើទៀត»។ ក៏ប៉ុន្តែ បន្ទាប់ពីកន្លងទៅបានមួយរយៈ ពួកគេក៏បានដុតនំពីរក្រឡមកថ្វាយខ្ញុំទៀត។ ខ្ញុំក៏មានបន្ទូលទៅកាន់ពួកគេថា៖ «តើខ្ញុំមិនបានប្រាប់អ្នករាល់គ្នាឱ្យឈប់ដុតនំទៀតទេឬ?» ពួកគេបានឆ្លើយមកវិញថា៖ «នំទាំងនេះខុសពីលើកមុន»។ ខ្ញុំក៏បានតបទៅវិញថា៖ «ទោះបីជានំទាំងនេះខុសគ្នាក៏ដោយ ក៏វានៅតែជានំដុតដដែលទេ។ មិនចាំបាច់ធ្វើនំដុតអ្វីទាំងអស់។ ខ្ញុំមិនមែនកំពុងតែគួរសមនោះទេ បើខ្ញុំចង់បាននំដុតខ្លះ ខ្ញុំនឹងប្រាប់អ្នករាល់គ្នាឱ្យដឹងហើយ។ តើអ្នកមិនយល់ភាសាមនុស្សទេឬ? ឈប់ធ្វើវាទៀត»។ តើព្រះបន្ទូលទាំងនេះអាចយល់បានទេ? (បាន។) ប៉ុន្តែ ហេតុអ្វីបានជាអ្នកដែលធ្វើនំដុតនេះ ហាក់ដូចជាតែងតែភ្លេចអ៊ីចឹង? ប្រសិនបើអ្នកដឹកនាំរបស់គាត់ចេះមើលខុសត្រូវគាត់ មិនសហការយ៉ាងសកម្មជាមួយគាត់ទេ ឬមិនលើកទឹកចិត្តគាត់ឱ្យធ្វើរឿងបែបនេះទេ ហើយចេះឃាត់គាត់ទាន់ពេលវេលា តើអ្នកដែលធ្វើនំដុតនោះ នៅតែហ៊ានធ្វើវាទៀតទេ? យ៉ាងហោចណាស់ក៏គាត់នឹងមិនហ៊ានធ្វើវាយ៉ាងគឃ្លើននិងតាមទំនើងចិត្តបែបនេះដែរ។ ដូច្នេះ តើអ្នកដឹកនាំទាំងនោះមានចំណែកអ្វីនៅក្នុងស្ថានភាពនេះ? ពួកគេគ្រប់គ្រងរឿងតូចតាចយ៉ាងលម្អិតគ្មានចន្លោះ ជ្រៀតជ្រែកគ្រប់រឿង ហើយរ៉ាប់រងលើការត្រួតពិនិត្យជំនួសខ្ញុំ។ ពួកគេមាន «ក្ដីស្រឡាញ់» ខ្លាំង រហូតដល់រកពាក្យពេចន៍ពណ៌នាមិនបាន។ តើនេះជាកិច្ចការដែលពួកគេគួរតែធ្វើមែនទេ? នៅក្នុងគោលការណ៍នៃកិច្ចការនៅដំណាក់របស់ព្រះជាម្ចាស់ មិនមានការណែនាំឱ្យធ្វើរឿងបែបនេះទេ ហើយខ្ញុំក៏មិនបានផ្ទុកផ្ដាក់ភារកិច្ចនេះឱ្យពួកគេដែរ។ មនុស្សជាអ្នកផ្តួចផ្តើមធ្វើវា ខ្ញុំមិនបានស្នើសុំឱ្យធ្វើនោះទេ។ ដូច្នេះ ហេតុអ្វីបានជាអ្នកដឹកនាំទាំងនេះបំពេញភារកិច្ចនេះយ៉ាងសកម្មបែបនេះ? នេះហើយជាការបង្ហាញចេញរបស់អ្នកដឹកនាំក្លែងក្លាយ ពោលគឺពួកគេមិនបំពេញកិច្ចការត្រឹមត្រូវរបស់ខ្លួនឡើយ។ នៅក្នុងក្រុមជំនុំ មានកិច្ចការជាច្រើនដែលត្រូវការឱ្យពួកគេតាមដាន ត្រួតពិនិត្យ និងជំរុញឱ្យធ្វើ ហើយមានបញ្ហាជាក់ស្តែងជាច្រើនដែលត្រូវការឱ្យពួកគេដោះស្រាយតាមរយៈការប្រកបគ្នាពីសេចក្ដីពិត ប៉ុន្តែពួកគេមិនបានធ្វើកិច្ចការណាមួយក្នុងចំណោមនោះឡើយ។ ផ្ទុយទៅវិញ ពួកគេបែរជាទំនេរគ្មានការងារធ្វើ នាំគ្នាទៅភ្លក្សនំជំនួសខ្ញុំនៅឯផ្ទះបាយទៅវិញ។ ពួកគេពិតជាយកចិត្តទុកដាក់ចំពោះបញ្ហានេះខ្លាំងណាស់ និងខំប្រឹងបញ្ចេញកម្លាំងជាខ្លាំង។ តើនេះមិនមែនជាអ្វីដែលអ្នកដឹកនាំក្លែងក្លាយធ្វើទេឬ? តើទង្វើនេះមិនមែនគួរឱ្យស្អប់ខ្ពើមណាស់ទៅហើយទេឬ? ខ្ញុំមិននឹកស្មានថា បន្ទាប់ពីកន្លងទៅបានមួយរយៈ បញ្ហានេះនឹងកើតឡើងម្ដងទៀតទេ។ អ្នកដែលបានដុតនំនោះ ចង់ចាប់ផ្តើមដុតនំថ្វាយខ្ញុំម្តងទៀត។ ខ្ញុំក៏បានប្រាប់ជាពិសេសទៅអ្នកដឹកនាំម្នាក់ថា៖ «អ្នកឯងទៅដោះស្រាយរឿងនេះទៅ។ អ្នកឯងត្រូវពន្យល់រឿងនេះទៅគាត់ឱ្យបានច្បាស់។ ប្រសិនបើគាត់ធ្វើរឿងនេះម្តងទៀត ខ្ញុំនឹងឱ្យអ្នកឯងទទួលខុសត្រូវហើយ!» នៅក្នុងក្រុមជំនុំ មានកិច្ចការជាច្រើនដែលត្រូវធ្វើ មិនថាកិច្ចការណាមួយទេ ក៏អាចឱ្យពួកគេរវល់មួយរយៈបានដែរ។ ហេតុអ្វីបានជាពួកគេទំនេរម្ល៉េះ? តើពួកគេមកទីនេះដើម្បីធ្វើឱ្យខ្លួនឯងធាត់ ឬមកជជែកគ្នាលេងឥតបានការទេ? កន្លែងនេះមិនមែនសម្រាប់ឱ្យពួកគេធ្វើរឿងបែបនេះទេ។ បន្ទាប់មក ក៏លែងឮដំណឹងអំពីបញ្ហានេះបន្តទៀត។ នៅពេលដែលខ្ញុំបានផ្តល់ការណែនាំនោះហើយ អ្នកដឹកនាំនោះមិនបានធ្វើការរាយការណ៍អ្វីទេ។ ទោះយ៉ាងណាក៏ដោយ ក៏គ្មាននរណាម្នាក់ផ្ញើនំដុតតូចៗទាំងនោះឱ្យខ្ញុំទៀតដែរ ដែលធ្វើឱ្យខ្ញុំបានធូរទ្រូងច្រើន។ ដោយវិនិច្ឆ័យតាមហេតុការណ៍នេះ តើយើងអាចនិយាយបានថា អ្នកដឹកនាំទាំងនេះមិនបានបំពេញកិច្ចការត្រឹមត្រូវរបស់ខ្លួនដែរទេឬ? (បាន។) បញ្ហានេះនៅមិនទាន់ធ្ងន់ធ្ងរនោះទេ។ នៅមានរឿងធ្ងន់ធ្ងរជាងនេះច្រើនទៀត។

ខ្ញុំតែងតែទៅទស្សនកិច្ចនៅក្រុមជំនុំខ្លះ ដើម្បីសង្កេតមើល ជួបជាមួយអ្នកដឹកនាំ ផ្តល់ការណែនាំសម្រាប់កិច្ចការមួយចំនួន និងដោះស្រាយបញ្ហាខ្លះៗ។ ពេលខ្លះ ខ្ញុំត្រូវសោយអាហារថ្ងៃត្រង់នៅក្រុមជំនុំទាំងនេះ ដូច្នេះក៏កើតជាបញ្ហាថាតើអ្នកណានឹងត្រូវរៀបចំចម្អិនអាហារ។ ពួកអ្នកដឹកនាំទាំងនោះមានទំនួលខុសត្រូវខ្លាំងមែនទែន រហូតដល់ថ្នាក់ទៅជ្រើសរើសមនុស្សម្នាក់ដែលអះអាងថាខ្លួនជាចុងភៅ។ ខ្ញុំបានមានបន្ទូលថា៖ «គាត់ជាចុងភៅឬអត់ មិនសំខាន់ទេ។ អ្វីដែលសំខាន់គឺថា ខ្ញុំចង់បានអាហារសាមញ្ញៗ។ ខ្ញុំចូលចិត្តភ្លក្សរសជាតិដើមនៃគ្រឿងផ្សំ។ អាហារមិនគួរប្រៃពេក ខ្លាញ់ច្រើនពេក ឬមានគ្រឿងដិតខ្លាំងពេកទេ។ ក្នុងរដូវរងា ខ្ញុំត្រូវការសោយអាហារណាដែលក្តៅៗ។ ម្យ៉ាងទៀត អាហារត្រូវតែចម្អិនឱ្យបានឆ្អិនល្អ មិនមែនឆៅនោះទេ ហើយងាយស្រួលរំលាយ»។ តើខ្ញុំប្រាប់ពីគោលការណ៍ទាំងនេះមិនច្បាស់ឬ? តើគោលការណ៍ទាំងនេះ ងាយស្រួលសម្រេចបានដែរទេ? គោលការណ៍ទាំងនេះ ងាយស្រួលចងចាំផង និងងាយស្រួលអនុវត្តផង។ ឱ្យតែស្ត្រីមេផ្ទះដែលធ្លាប់ចម្អិនអាហាររយៈពេលបីទៅប្រាំឆ្នាំ គឺអាចយល់ពីគោលការណ៍ទាំងនេះ និងអាចធ្វើវាបានហើយ។ ដូច្នេះ មិនចាំបាច់ទទូចរកចុងភៅមកចម្អិនអាហារថ្វាយខ្ញុំនោះទេ។ អ្នកដែលអាចចម្អិនអាហារតាមផ្ទះបាន គឺគ្រប់គ្រាន់ហើយ។ ក៏ប៉ុន្តែ អ្នកដឹកនាំទាំងនេះមាន «ចិត្តស្រឡាញ់» ខ្លាំងណាស់ រហូតដល់ថ្នាក់ពួកគេទទូចរក «ចុងភៅ» ម្នាក់ មករៀបចំចម្អិនអាហារ នៅពេលដែលពួកគេទទួលខ្ញុំ។ មុនពេលចុងភៅនោះចម្អិនអាហារថ្វាយខ្ញុំជាផ្លូវការ អ្នកដឹកនាំត្រូវតែត្រួតពិនិត្យជាមុនសិន។ តើពួកគេធ្វើរឿងនេះដោយរបៀបណា? ពួកគេឱ្យចុងភៅនោះធ្វើគាវមួយចំនួន និងមីគោកមួយចាន ហើយឱ្យគាត់ធ្វើម្ហូបឆាខ្លះ។ គ្រប់អ្នកដឹកនាំ និងប្រធានក្រុមផ្សេងៗទាំងអស់ បានភ្លក្សអាហារទាំងនោះ ហើយពួកគេយល់ថា ម្ហូបទាំងអស់ពិតជាឆ្ងាញ់ណាស់។ ចុងក្រោយ ពួកគេក៏បានសុំឱ្យចុងភៅនោះទទួលការងារខាងចម្អិនអាហារថ្វាយដល់ខ្ញុំ។ យើងទុករឿងលទ្ធផលនៃការភ្លក្សម្ហូបរបស់អ្នកដឹកនាំ និងលក្ខណៈនៃបញ្ហាដែលពាក់ព័ន្ធមួយឡែកសិន ហើយនាំគ្នានិយាយពីរឿងម្ហូបដែលចុងភៅនេះចម្អិនសិន។ លើកទីមួយដែលខ្ញុំទៅ ចុងភៅនោះបានឆាម្ហូបពីរបីមុខ ហើយគ្រប់គ្នាពេញចិត្តណាស់។ លើកទីពីរ ចុងភៅនោះបានធ្វើគាវមួយឈុត។ បន្ទាប់ពីសោយបានមួយដុំរួច ខ្ញុំមានអារម្មណ៍ថាដូចជាមិនស្រួលសោះ គឺវាហឹរបន្តិច។ អ្នកផ្សេងទៀតដែលនៅក្បែរខ្ញុំ ក៏បាននិយាយថា គាវនោះហឹរបន្តិចដែរ ហើយមានអារម្មណ៍ថា អណ្តាតរបស់ពួកគេចាប់ផ្តើមឡើងហើម។ ក៏ប៉ុន្តែ ដោយសារគាវជាអាហារចម្អែតក្រពះតែមួយមុខគត់ ខ្ញុំត្រូវតែសោយវាឱ្យអស់ ទោះបីជាគាវទាំងនោះហឹរក៏ដោយ។ នៅក្នុងស្នូល មិនឃើញមានម្ទេសទេ ដូច្នេះ ខ្ញុំក៏មិនខ្វល់ថាអ្វីដែលធ្វើឱ្យមានរសជាតិហឹរ ហើយក៏សោយអាហារនោះឱ្យអស់ទៅ។ ជាលទ្ធផល រាងកាយរបស់ខ្ញុំចាប់ផ្តើមមានប្រតិកម្មអាលែកហ្ស៊ីនៅល្ងាចនោះ។ កន្លែងជាច្រើនពាសពេញរាងកាយរបស់ខ្ញុំចាប់ផ្តើមរមាស់មិនឈប់ ហើយខ្ញុំចេះតែបន្តអេះរហូត។ ខ្ញុំបានអេះខ្លួនឯងរហូតដល់ចេញឈាម ទើបមានអារម្មណ៍ធូរស្រាលជាងមុន។ ខ្ញុំរមាស់អស់រយៈពេលបីថ្ងៃ ទើបអារម្មណ៍រមាស់នោះបានធូរស្រាលបន្តិចម្តងៗ។ បន្ទាប់ពីប្រតិកម្មអាលែកហ្ស៊ីនេះ ទើបខ្ញុំដឹងថា គេមុខជាបានដាក់ម្រេចទៅក្នុងគាវនោះមិនខាន បើមិនដូច្នេះទេ ក៏គាវទាំងនោះមិនហឹរខ្លាំងបែបនេះដែរ។ ខ្ញុំបានប្រាប់ពួកគេកុំឱ្យដាក់គ្រឿងផ្សំហឹរៗ ដូចជាម្រេចចូលអី ព្រោះខ្ញុំចាញ់ហឹរ។ ប៉ុន្តែ ពួកគេបានបន្ថែមវាក្នុងបរិមាណដ៏ច្រើន ដើម្បីតម្រូវតាមមាត់របស់ពួកគេ ដែលលើសពីបរិមាណធម្មតា។ នៅពេលបរិភោគគាវទាំងនោះ គឺមានអារម្មណ៍ដឹងហឹរ។ ចុងភៅនោះមិនអាចទាំងកំណត់បរិមាណឱ្យបានត្រឹមត្រូវក្នុងការចម្អិនអាហាររបស់គាត់បានផង គាត់បានបន្ថែមម្រេចច្រើន ដែលល្មមនឹងធ្វើឱ្យគេមានប្រតិកម្មអាលែកហ្ស៊ីបាន។ ក្រោយមក ខ្ញុំបានប្រាប់គាត់ថា៖ «កុំបន្ថែមគ្រឿងផ្សំហឹរៗទាំងនោះទៀតឱ្យសោះ។ ខ្ញុំចាញ់ហឹរ។ ប្រសិនបើអ្នកពិតជាមានភាពជាមនុស្សខ្លះមែន កុំធ្វើបែបនោះទៀតអី។ ប្រសិនបើអ្នកចម្អិនសម្រាប់ខ្លួនឯង ខ្ញុំមិនជ្រៀតជ្រែកនឹងអ្វីដែលអ្នកបរិភោគនោះទេ។ ក៏ប៉ុន្តែ ប្រសិនបើអ្នកចម្អិនម្ហូបថ្វាយដល់ខ្ញុំ ដូច្នេះ កុំបន្ថែមគ្រឿងហឹរឱ្យសោះ។ ចូរធ្វើតាមស្តង់ដាដែលខ្ញុំបានតម្រូវចុះ»។ តើគាត់អាចធ្វើបានទេ? តើអ្នកដឹកនាំមិនមែនគួរតែចាត់ចែងកិច្ចការនេះទេឬ? គួរឱ្យសោកស្ដាយ គ្មាននរណាម្នាក់យកចិត្តទុកដាក់នឹងរឿងនេះទេ ហើយពួកគេមិនបានធ្វើកិច្ចការណាមួយដែលពួកគេគួរតែធ្វើឡើយ។ មានម្ដងនោះ នៅពេលដែលចុងភៅនោះហៀបនឹងចម្អិនម្ហូបម្ដងទៀត គាត់បានចាប់យកម្រេចដើម្បីបន្ថែមទៅក្នុងម្ហូប ហើយមានមនុស្សម្នាក់ដែលនៅក្បែរនោះបានឃើញទាន់ ក៏ឃាត់គាត់។ ស្ថិតនៅក្រោមការត្រួតពិនិត្យយ៉ាងតឹងរ៉ឹងពីពួកគេ គាត់ក៏គ្មានឱកាសបន្ថែមម្រេច។ អ្នកដឹកនាំមិនអាចដោះស្រាយបញ្ហាតូចតាចប៉ុណ្ណឹងបានផង ដូច្នេះ តើពួកគេអាចធ្វើអីកើតទៅ? ពេលចុងភៅកំពុងចម្អិនម្ហូប ពួកគេនាំគ្នាទៅភ្លក្សយ៉ាងសកម្ម។ មនុស្សជាច្រើននាក់បានទៅភ្លក្សវា។ វាគ្រាន់តែជាអាហារតាមផ្ទះធម្មតាប៉ុណ្ណោះ តើមានតម្លៃអ្វីដែលគួរឱ្យភ្លក្សទៅ? តើអ្នករាល់គ្នាសុទ្ធតែជាអ្នកជំនាញខាងធ្វើម្ហូបមែនទេ? បន្ទាប់ពីបានធ្វើជាអ្នកដឹកនាំហើយ តើអ្នករាល់គ្នាស្រាប់តែចេះគ្រប់រឿងភ្លាមៗមែនទេ? តើអ្នករាល់គ្នាយល់ពីគោលការណ៍សុខភាពដែរទេ? តើដំណាក់របស់ព្រះជាម្ចាស់ បានចាត់ចែងឱ្យអ្នករាល់គ្នាធ្វើរឿងនេះមែនទេ? តើខ្ញុំបានផ្ទុកផ្ដាក់ឱ្យអ្នករាល់គ្នាភ្លក្សអាហារជំនួសខ្ញុំតាំងពីពេលណា? អ្នកគ្មានវិចារណញ្ញាណពេកហើយ អ្នកគ្មានការអៀនខ្មាសទាល់តែសោះ! អ្នកដែលចេះមានការអៀនខ្មាសខ្លះ ក៏មិនធ្វើរឿងដែលងងើលគួរឱ្យស្អប់ខ្ពើម និងគ្មានវិចារណញ្ញាណបែបនេះដែរ។ វាបង្ហាញថា បុគ្គលទាំងនេះគ្មានការអៀនខ្មាសទាល់តែសោះ។ ពួកគេភ្លក្សអាហារជំនួសខ្ញុំ! អ្នករាល់គ្នាមិនធ្វើតាម ឬបំពេញតាមគោលការណ៍ណាមួយដែលខ្ញុំបានប្រាប់អ្នករាល់គ្នាទេ។ ម្ហូបណាដែលឆ្ងាញ់សម្រាប់អ្នក និងត្រូវមាត់អ្នករាល់គ្នា អ្នកក៏ប្រាប់ឱ្យចុងភៅចម្អិនវា។ តើនោះជាការចម្អិនម្ហូបថ្វាយខ្ញុំដែរទេ? តើនោះមិនមែនជាការចម្អិនម្ហូបសម្រាប់ខ្លួនអ្នករាល់គ្នាទេឬ? តើអ្នករាល់គ្នាធ្វើជាអ្នកដឹកនាំតាមរបៀបនេះមែនទេ? ឆ្លៀតឱកាសគ្រប់យ៉ាងដើម្បីទាញប្រយោជន៍ និងកេងចំណេញពីចំណុចខ្វះខាត ហើយព្យាយាមមកផ្គាប់ផ្គុនខ្ញុំ បើអ្នករាល់គ្នាចង់ផ្គាប់ផ្គុនខ្ញុំមែន កុំធ្វើបាបខ្ញុំទៅបានហើយ! តើនេះមិនមែនខ្វះគុណធម៌ទេឬ? តើនេះមិនមែនមានចេតនាវៀចវេរទេឬ? ពួកគេគ្មានការអៀនខ្មាស និងមានចេតនាមិនត្រឹមត្រូវ ប៉ុន្តែពួកគេបែរជានៅតែគិតថា ពួកគេស្មោះត្រង់ខ្លាំងណាស់ទៀត! ក្នុងចំណោមរឿងដែលពួកគេបានធ្វើទាំងអម្បាលម៉ាននេះ តើមានរឿងមួយណាដែលអ្នកដឹកនាំពិតជាត្រូវធ្វើមែនទេ? (អត់ទេ។) ការងារដែលពួកគេធ្វើគ្មានស្តង់ដាអ្វីឡើយ។ ពួកគេមិនទាំងដឹងថា អាហារណាមានសុខភាពល្អ អាហារណាមិនមានសុខភាពល្អផង ប៉ុន្តែពួកគេគិតថា ពួកគេអាចមកទីនេះ ហើយដើរតួជាអ្នកជំនាញខាងសុខភាព និងម្ហូបអាហារសម្រាប់ខ្ញុំទៀត! តើអ្នកណាដែលបានចែងថា កាលណាមានការចម្អិនអាហារថ្វាយខ្ញុំ អ្នករាល់គ្នាត្រូវតែត្រួតពិនិត្យទេ? តើពួកជំនុំមានបទប្បញ្ញត្តិនេះទេ? តើដំណាក់របស់ព្រះជាម្ចាស់បានធ្វើការរៀបចំបែបនេះទេ? ចន្លោះប្រហោងជាច្រើនបានលេចឡើងក្នុងកិច្ចការផ្សេងៗរបស់ពួកជំនុំ មនុស្សជាច្រើនមានការយល់ខុសអំពីព្រះជាម្ចាស់ និងមិនយល់សេចក្តីពិតទាល់តែសោះ ក៏ប៉ុន្តែអ្នកមិនបានដោះស្រាយរឿងទាំងនោះទេ។ ផ្ទុយទៅវិញ អ្នកបានខំប្រឹងប្រែងនៅក្នុងកន្លែងតូចដូចជាផ្ទះបាយនេះ ថាជាការបំពេញ «ទំនួលខុសត្រូវ» របស់អ្នកហើយ។ អ្នកគឺជាអ្នកដឹកនាំក្លែងក្លាយទាំងស្រុង អ្នកគឺជាមនុស្សមានពុតត្បុត! អ្នកត្រួតពិនិត្យអ្វីៗនៅចំពោះព្រះភ័ក្រខ្ញុំ តើអ្នករាល់គ្នាបានយល់អ្វីខ្លះ? តើអ្នករាល់គ្នាបានពិគ្រោះជាមួយខ្ញុំទេ? តើអ្នករាល់គ្នាកំពុងតែបញ្ចេញគំនិតផ្ទាល់ខ្លួន ឬគំនិតរបស់ខ្ញុំ? ប្រសិនបើអ្នករាល់គ្នាកំពុងបញ្ចេញគំនិតរបស់ខ្ញុំ ហើយខ្ញុំបានប្រាប់ឱ្យអ្នករាល់គ្នានិយាយវាចេញមក ដូច្នេះ អ្វីដែលអ្នករាល់គ្នាបានធ្វើនោះ គឺត្រឹមត្រូវហើយ។ វានឹងក្លាយជាទំនួលខុសត្រូវរបស់អ្នករាល់គ្នា។ ប្រសិនបើអ្នករាល់គ្នាកំពុងបញ្ចេញគំនិតផ្ទាល់ខ្លួនរបស់អ្នករាល់គ្នា ដែលមិនមែនជាគំនិតរបស់ខ្ញុំទេ ហើយអ្នករាល់គ្នាទទូចបង្ខំអ្នកដទៃឱ្យស្តាប់ និងទទួលយកវា តើរឿងនេះមានលក្ខណៈបែបណា? ប្រាប់ខ្ញុំមក តើរឿងនេះមិនមែនធ្វើឱ្យខ្ញុំស្អប់ខ្ពើមទេឬ? ខ្ញុំនៅទីនោះ ហើយពួកគេមិនបានសួរខ្ញុំសូម្បីតែមួយម៉ាត់ថា តើខ្ញុំសោយអ្វី ឬខ្ញុំមានសេចក្ដីតម្រូវអ្វីខ្លះទេ។ ពួកគេចេះតែសម្រេចចិត្តដោយគ្មានការយល់ព្រមពីខ្ញុំ ហើយចេះតែចេញបញ្ជាពីក្រោយខ្នងខ្ញុំតាមអំពើចិត្ត។ តើ ពួកគេកំពុងព្យាយាមតំណាងឱ្យខ្ញុំមែនទេ? នេះគឺអ្នកដឹកនាំក្លែងក្លាយដែលធ្វើរឿងអាក្រក់តាមតែអំពើចិត្ត ធ្វើពុតជាបុគ្គលខាងវិញ្ញាណ ធ្វើពុតជាគិតគូរពីបន្ទុករបស់ព្រះជាម្ចាស់ និងធ្វើពុតជាយល់ពីសេចក្តីពិត និងចេះតែធ្វើរឿងលាក់ពុតប៉ុណ្ណោះ។ តើរឿងនេះមិនមែនជ្រុលពេកទេឬ? តើរឿងនេះមិនមែនគួរឱ្យស្អប់ខ្ពើម និងគួរឱ្យស្អប់ខ្លាំងរួចទៅហើយទេឬ? (គឺបែបនេះមែន។) តើអ្នករាល់គ្នាបានយល់ដឹងស៊ីជម្រៅខ្លះហើយឬនៅ? តើអ្នករាល់គ្នាបានរៀនសូត្រមេរៀនណាមួយពីរឿងនេះដែរទេ? បញ្ហានីមួយៗក្នុងចំណោមនេះ កាន់តែគួរឱ្យស្អប់ខ្ពើមជាងមុនពីមួយទៅមួយ ហើយនៅមានរឿងមួយទៀតដែលគួរឱ្យខ្ពើមរអើមជាងនេះទៅទៀត។

រដូវរងានេះ មានមនុស្សចិត្តល្អម្នាក់បានទិញអាវរោមក្ងាន «ដ៏ស្រស់ស្អាត» មួយថ្វាយខ្ញុំ។ ភាពស្រស់ស្អាតរបស់វាមិនមែនស្ថិតនៅលើពណ៌ ឬម៉ូដរបស់អាវនោះទេ ប៉ុន្តែគឺនៅត្រង់តម្លៃខ្ពស់ និងគុណភាពលើសគេនៃអាវនោះតែម្ដង។ អាវនេះជាវត្ថុដ៏មានតម្លៃមួយ។ ក្នុងចំណោមអ្នកគ្មានជំនឿ មានពាក្យគេនិយាយថា៖ «រោមក្ងានមួយសរសៃផ្ញើមកពីចម្ងាយមួយពាន់យោជន៍ អំណោយនេះអាចនឹងតូចតាច ប៉ុន្តែវាមានសណ្ដានចិត្តជ្រាលជ្រៅណាស់»។ អាវនេះមិនត្រឹមតែបង្កប់មនោសញ្ចេតនាប៉ុណ្ណោះទេ ប៉ុន្តែវាពិតជាថ្លៃពិតមែន។ មុនពេលបានឃើញអាវនោះ ខ្ញុំបានឮរួចហើយថា វាស្អាត មានពណ៌ក្រហម មានម៉ូដល្អ និងមានកម្រាស់ក្រាស់ល្អ។ ខ្ញុំបានឮអំពីអាវនោះ ដូច្នេះចៀសមិនផុតទេដែលមានមនុស្សខ្លះបានឃើញរបស់ពិតរួចទៅហើយ ពោលគឺ មនុស្សមិនតិចនោះទេបានឃើញវា បានវាស់វាស្មានៗ និងបានពិនិត្យមើលវាយ៉ាងល្អិតល្អន់រួចទៅហើយ ដោយនិយាយពាក្យដូចជា៖ «ខ្ញុំស្គាល់ម៉ាកនេះ» «ពណ៌ល្អណាស់ វាពិតជាស្រស់ស្អាតមែន!» «បន្ទាប់ពីអ្នកបានមើលអាវនោះរួចហើយ សូមយកវាឱ្យខ្ញុំមើលផង» ហើយបែបនេះ ដំណឹងក៏បានលេចឮតៗគ្នា។ ខ្ញុំមិនដឹងថា ត្រូវចំណាយពេលយូរប៉ុនណា ទើបដំណឹងនេះបានមកដល់ត្រចៀកខ្ញុំ និងទម្រាំខ្ញុំបានដឹងខ្លះអំពីរឿងនេះទេ។ តើអ្នករាល់គ្នាឃើញបញ្ហានៅទីនេះទេ? ខ្ញុំមិនទាន់ទាំងបានឃើញអាវនោះផង មនុស្សផ្សេងទៀតជាច្រើនបានមើលឃើញ ចែកគ្នាមើលពីមួយទៅមួយ និងដាក់តាំងបង្ហាញរួចស្រេចទៅហើយ។ តើនេះមិនមែនជាបញ្ហាទេឬ? តើមនុស្សអាចមើល ប៉ះពាល់ និងដាក់តាំងរបស់ដែលជាកម្មសិទ្ធិរបស់ខ្ញុំតាមអំពើចិត្តបានទេ? (មិនបានទេ។) តើរបស់របរអ្នកណាដែលមនុស្សអាចប៉ះពាល់ និងមើលតាមចិត្តបាន? (គ្មាននរណាម្នាក់ចង់ឱ្យគេធ្វើបែបនេះទេ ហើយក៏គ្មាននរណាម្នាក់គួរធ្វើបែបនេះដែរ។) ដូច្នេះ របស់របររបស់ខ្ញុំរឹតតែមិនគួរឱ្យធ្វើបែបនេះទៀត មែនទេ? មនុស្សខ្លះនិយាយថា៖ «ហេតុអ្វីបានជារបស់របររបស់ទ្រង់មិនគួរធ្វើបែបនេះ? ទ្រង់ជាបុគ្គលសាធារណៈ។ តើជីវិតឯកជនរបស់តារាល្បីៗ និងតារាភាពយន្តមិនមែនសុទ្ធតែត្រូវគេលាតត្រដាងឱ្យដឹងទេឬ? កន្លែងដែលពួកគេលេងកីឡា កន្លែងដែលពួកគេទទួលការព្យាបាលថែរក្សាសម្ផស្ស អ្នកដែលពួកគេសេពគប់ ម៉ាកសម្លៀកបំពាក់ដែលពួកគេពាក់ តើរឿងទាំងនេះមិនសុទ្ធតែត្រូវគេលាតត្រដាងឱ្យដឹងទេឬ? ហេតុអ្វីបានជារឿងរបស់ទ្រង់មិនគួរលាតត្រដាងឱ្យគេដឹង?» តើខ្ញុំជាតារាល្បីមែនទេ? ខ្ញុំមិនមែនជាតារាល្បីទេ ហើយអ្នកក៏មិនមែនជាអ្នកគាំទ្ររបស់ខ្ញុំដែរ។ តើអ្នកជានរណា? អ្នកគឺជាមនុស្សធម្មតាម្នាក់ ជាភាវៈដែលព្រះបានបង្កើត និងជាមនុស្សពុករលួយ។ តើខ្ញុំជានរណា? (ព្រះជាម្ចាស់។) ខ្ញុំមិនមែនជាបុគ្គលសាធារណៈទេ។ ខ្ញុំគ្មានកាតព្វកិច្ចត្រូវលាតត្រដាងអ្វីគ្រប់យ៉ាងឱ្យអ្នកដឹង ត្រូវរាយការណ៍អ្វីគ្រប់យ៉ាងឱ្យអ្នកដឹង ឬត្រូវប្រាប់អ្នកអំពីអ្វីៗគ្រប់យ៉ាងនោះទេ។ ដូច្នេះ ហេតុអ្វីបានជាអ្នកប៉ះពាល់របស់ដែលជាកម្មសិទ្ធិរបស់ខ្ញុំ? តើការធ្វើបែបនោះមិនមែនគួរឱ្យស្អប់ខ្ពើមទេឬ? តើខ្ញុំបានផ្ទុកផ្ដាក់អ្នកឱ្យមើល និងត្រួតពិនិត្យរបស់ដែលជាកម្មសិទ្ធិរបស់ខ្ញុំទេ? អត់ទេ។ ប៉ុន្តែមនុស្សខ្លះហ៊ានយកវាទៅមើលតាមអំពើចិត្តយ៉ាងគឃ្លើន ហើយថែមទាំងចែកគ្នាមើលពីមួយទៅមួយទៀតផង។ តើអ្នកណាប្រគល់សិទ្ធិឱ្យអ្នកចែកគ្នាមើលពីមួយទៅមួយ? តើនេះជាកាតព្វកិច្ចរបស់អ្នកមែនទេ? ប្រសិនបើអ្នកមិនជឿលើព្រះជាម្ចាស់ទេ ដូច្នេះ យើងគឺជាមនុស្សមិនធ្លាប់ស្គាល់គ្នាទេហើយ។ ដោយសារតែអ្នកជឿលើព្រះជាម្ចាស់ ទើបខ្ញុំស្គាល់ថាអ្នកជានរណា ប៉ុន្តែខ្ញុំក៏មិនដឹងថាគ្រួសារអ្នក ជីវិតប្រចាំថ្ងៃ ឬស្ថានភាពហិរញ្ញវត្ថុរបស់អ្នកយ៉ាងណា ហើយខ្ញុំក៏មិនខ្វល់ចង់ដឹងនោះដែរ។ តើយើងស្និទ្ធស្នាលនឹងគ្នាទេ? ខ្ញុំមិនមែនជាមិត្តសម្លាញ់ ឬសមមិត្តរបស់អ្នកទេ។ យើងមិនសូវស្គាល់គ្នាទេ ហើយយើងក៏មិនទាន់ឈានដល់ចំណុចដែលគួរតែបើកឱ្យអ្នកមើលអ្វីៗគ្រប់យ៉ាងជារបស់ខ្ញុំដែរ។ តើអ្នកនឹងព្រមឱ្យខ្ញុំឆែកមើលរបស់របរទាំងអស់របស់អ្នក ដាក់តាំងបង្ហាញចែកគ្នាមើល និងប៉ះពាល់វាដែរឬទេ? សូម្បីតែពេលអ្នកយករបស់អ្វីមួយពីផ្សារមកផ្ទះ ក៏ត្រូវលាងសម្អាតវាច្រើនដងដើម្បីសម្លាប់មេរោគដែរ! តើរបស់ដែលអ្នកដទៃបានប៉ះពាល់តាមអំពើចិត្តមិនមែនគួរឱ្យខ្ពើមរអើមទេឬ? តើអ្នកមិនបានគិតថាខ្លួនឯងជាអ្នកក្រៅទេមែនទេ? តើអ្នកណាដែលបានផ្ទុកផ្ដាក់អ្នកឱ្យពិនិត្យមើលអាវរបស់ខ្ញុំ? តើខ្ញុំទុកចិត្តអ្នកទេ? តើអ្នកបានលាងដៃរបស់អ្នកបានស្អាតហើយឬនៅ មុននឹងប៉ះពាល់អាវរបស់ខ្ញុំទាំងគ្មានការកោតក្រែងបែបនេះ? តើខ្ញុំនឹងមិនខ្ពើមរអើមអ្នកទេឬ? តើអ្នកច្បាស់ពីរឿងនេះដែរទេ? ហេតុអ្វីបានជាអ្នកគ្មានការអៀនខ្មាសដូច្នេះ? អ្នកពិតជាគ្មានវិចារណញ្ញាណសោះ! អ្នកបានជឿលើព្រះជាម្ចាស់អស់ពេលជាច្រើនឆ្នាំ ហើយបានស្ដាប់សេចក្ដីអធិប្បាយជាច្រើន។ ហេតុអ្វីបានជាអ្នកខ្វះសូម្បីតែវិចារណញ្ញាណបន្តិចបន្តួចបែបនេះ? បើកតង្វាយដែលជាកម្មសិទ្ធិរបស់ព្រះជាម្ចាស់តាមអំពើចិត្ត ប៉ះពាល់សម្លៀកបំពាក់របស់ទ្រង់ និងអ្វីៗដែលកម្មសិទ្ធិរបស់ទ្រង់តាមអំពើចិត្ត តើនេះជាបញ្ហាប្រភេទណា? នៅពេលដែលខ្ញុំឃើញថា កញ្ចប់អីវ៉ាន់ទាំងនេះត្រូវបានគេហែកមើល និងបោះចោល តើឱ្យខ្ញុំមិនខឹងម្តេចនឹងបាន? ខ្ញុំខ្ពើមរអើមនឹងរបស់ទាំងនេះណាស់ ហើយខ្ញុំក៏ស្អប់មនុស្សទាំងនេះដែរ។ ខ្ញុំមិនចង់ឃើញមុខពួកគេម្តងទៀតឡើយ ហើយខ្ញុំពិតជាមិនចង់ពាក់ព័ន្ធជាមួយនឹងមនុស្សទាំងនេះ ដែលអន់ជាងជ្រូក និងឆ្កែទៅទៀត! ចូរចាំថា មនុស្សគ្រប់រូបមានសេចក្តីថ្លៃថ្នូររបស់ខ្លួន ហើយខ្ញុំកាន់តែមានសេចក្តីថ្លៃថ្នូរជាងនេះទៅទៀត។ ចូរកុំពាក់ព័ន្ធនឹងរបស់ដែលជាកម្មសិទ្ធិរបស់ខ្ញុំ បើមិនដូច្នេះទេ ខ្ញុំនឹងស្អប់ខ្ពើម ហើយស្អប់អ្នកខ្លាំងមិនខាន!

ពីសម្បកក្រៅ អ្នកដឹកនាំក្លែងក្លាយអាចនឹងមិនប្រព្រឹត្តអំពើអាក្រក់ធំដុំ ឬជាមនុស្សអាក្រក់វៀចវេរទាំងស្រុងនោះទេ។ ក៏ប៉ុន្តែ រឿងដែលគួរឱ្យស្អប់ខ្ពើមបំផុតអំពីពួកគេនោះគឺថា ពួកគេមើលឃើញថាមានកិច្ចការជាក់ស្ដែងដែលត្រូវធ្វើ ប៉ុន្តែមិនធ្វើវា ពួកគេដឹងច្បាស់ថា ពួកគេមិនអាចដោះស្រាយបញ្ហាបាន ប៉ុន្តែពួកគេមិនស្វែងរកសេចក្តីពិត ពួកគេឃើញមនុស្សអាក្រក់បង្កការរំខាន ប៉ុន្តែពួកគេមិនដោះស្រាយជាមួយពួកនោះ ហើយផ្ទុយទៅវិញ ពួកគេគ្រាន់តែចាត់ចែងកិច្ចការទូទៅពីខាងក្រៅប៉ុណ្ណោះ។ ចំពោះរឿងរ៉ាវតូចតាច និងមិនសំខាន់វិញ ពួកគេតាមឃ្លាំមើលជាប់ និងគ្រប់គ្រងយ៉ាងតឹងរ៉ឹង ប៉ុន្តែពួកគេមិនធ្វើកិច្ចការណាមួយដែលទាក់ទងនឹងការចូលទៅក្នុងជីវិតនៃរាស្ដ្ររើសតាំងរបស់ព្រះជាម្ចាស់ ឬខ្វល់ខ្វាយអំពីបញ្ហាផ្សេងៗដែលប្រឆាំងនឹងគោលការណ៍សេចក្តីពិតឡើយ។ ផ្ទុយទៅវិញ ពួកគេធ្វើត្រឹមកិច្ចការដែលមិនទាក់ទងនឹងសេចក្តីពិតប៉ុណ្ណោះ។ អ្នកទាំងនេះ គឺជាអ្នកដឹកនាំក្លែងក្លាយទាំងស្រុង។ អ្នកដឹកនាំក្លែងក្លាយ មិនដឹងអ្វីសោះអំពីគោលការណ៍សេចក្តីពិតដែលពាក់ព័ន្ធនឹងកិច្ចការផ្សេងៗរបស់ពួកជំនុំ។ ប្រសិនបើវាស់វែងធៀបនឹងគោលការណ៍ និងស្តង់ដារបស់អ្នកដឹកនាំ និងអ្នកធ្វើការ អ្នកដឹកនាំក្លែងក្លាយគឺជាមនុស្សភ្លីភ្លើ និងឆ្កួតលេលា។ មិនថាបញ្ហាដែលកើតឡើងពាក់ព័ន្ធនឹងកិច្ចការរបស់ពួកជំនុំធ្ងន់ធ្ងរប៉ុនណា ក៏អ្នកដឹកនាំក្លែងក្លាយមើលមិនឃើញ ឬអាចដោះស្រាយបញ្ហាទាំងនោះបាន ទោះបីជាបញ្ហាកើតឡើងនៅចំពោះមុខពួកគេក៏ដោយ ហើយខាងលើត្រូវមកដោះស្រាយបញ្ហាទាំងនោះដោយខ្លួនឯង។ តើមនុស្សទាំងនេះមិនមែនជាអ្នកដឹកនាំក្លែងក្លាយទេឬ? (ជាអ្នកដឹកនាំក្លែងក្លាយ។) ពួកគេគឺជាអ្នកដឹកនាំក្លែងក្លាយយ៉ាងពិតប្រាកដ។ ឧទាហរណ៍៖ នៅក្នុងការងារខាងអត្ថបទរបស់ពួកជំនុំ ដូចជាតើសៀវភៅណាខ្លះដែលគួរពិនិត្យកែតម្រូវ ហើយសៀវភៅណាខ្លះដែលគួរបកប្រែ ចំណុចទាំងនេះ គឺជាកិច្ចការដ៏សំខាន់សម្រាប់ពួកជំនុំ។ តើមានគោលការណ៍ណាមួយទាក់ទងនឹងរបៀបពិនិត្យកែតម្រូវ និងបកប្រែសៀវភៅដែរឬទេ? កិច្ចការនេះពិតជាមានគោលការណ៍មែន វាជាកិច្ចការផ្អែកលើគោលការណ៍ខ្លាំងបំផុត ហើយកិច្ចការនេះពិតជាត្រូវការការប្រកបគ្នា និងការណែនាំជាក់លាក់។ ប៉ុន្តែអ្នកដឹកនាំក្លែងក្លាយមិនអាចធ្វើកិច្ចការនេះបានទេ។ នៅពេលដែលពួកគេឃើញបងប្អូនប្រុសស្រីរវល់នឹងភារកិច្ចរបស់ខ្លួន ពួកគេធ្វើពុតជានិយាយថា៖ «កិច្ចការផ្នែកឯកសារ និងកិច្ចការបកប្រែ គឺសំខាន់ខ្លាំងណាស់។ អ្នករាល់គ្នាគួរតែដាក់ចិត្តធ្វើកិច្ចការនេះឱ្យបានល្អ ហើយខ្ញុំនឹងដោះស្រាយបញ្ហាណាមួយដែលអ្នករាល់គ្នាមាន»។ នៅពេលដែលមាននរណាម្នាក់លើកឡើងពីបញ្ហា អ្នកដឹកនាំក្លែងក្លាយទាំងនេះក៏និយាយថា៖ «ខ្ញុំមិនយល់ពីបញ្ហានេះទេ។ រឿងបកប្រែភាសាបរទេសនេះ ខ្ញុំមិនមែនជាអ្នកជំនាញទេ។ ចូរអធិស្ឋានទៅព្រះជាម្ចាស់ ហើយស្វែងរកពីទ្រង់ចុះ»។ នៅពេលមានគេលើកឡើងពីបញ្ហាមួយទៀត ដោយសួរថា៖ «យើងរកមនុស្សដែលស័ក្តិសមនឹងបកប្រែភាសាមួយចំនួនមិនបានទេ តើយើងគួរដោះស្រាយបញ្ហានេះយ៉ាងដូចម្ដេច?» អ្នកដឹកនាំក្លែងក្លាយក៏ឆ្លើយថា៖ «ខ្ញុំមិនមែនជាអ្នកជំនាញក្នុងបញ្ហានេះទេ។ អ្នករាល់គ្នាដោះស្រាយបញ្ហានេះដោយខ្លួនឯងចុះ»។ តើការនិយាយបែបនេះអាចដោះស្រាយបញ្ហាបានទេ? ពួកគេរកលេសដោះសា និងបិទបាំងការពិតដែលពួកគេមិនបានធ្វើការងាររបស់ខ្លួន ដោយថា៖ «ខ្ញុំមិនមែនជាអ្នកជំនាញទេ។ ខ្ញុំមិនយល់ពីអាជីពការងារមួយនេះទេ» ហើយហេតុនេះ ក៏គេចវេះពីបញ្ហាដែលពួកគេត្រូវដោះស្រាយ។ អ្នកដឹកនាំក្លែងក្លាយធ្វើការរបៀបនេះឯង។ នៅពេលមាននរណាម្នាក់លើកជាសំណួរ អ្នកដឹកនាំក្លែងក្លាយក៏និយាយថា៖ «ចូរអធិស្ឋានទៅព្រះជាម្ចាស់ ហើយស្វែងរកពីទ្រង់ចុះ។ ខ្ញុំមិនយល់ពីអាជីពការងារមួយនេះទេ ប៉ុន្តែអ្នករាល់គ្នាយល់ហើយ»។ មើលទៅពួកគេហាក់ដូចជាបន្ទាបខ្លួន ដោយទទួលស្គាល់ថា ខ្លួនគ្មានសមត្ថភាព និងមិនយល់ពីអាជីពការងារនេះ ប៉ុន្តែតាមពិតទៅ ពួកគេគ្មានសមត្ថភាពបំពេញកិច្ចការជាអ្នកដឹកនាំទាល់តែសោះ។ ពិតណាស់ ការធ្វើជាអ្នកដឹកនាំមិនមែនមានន័យថា ពួកគេត្រូវតែយល់ពីអាជីពការងារគ្រប់ប្រភេទនោះទេ ប៉ុន្តែពួកគេគួរតែប្រកបគ្នាឱ្យបានច្បាស់អំពីគោលការណ៍សេចក្ដីពិតដែលចាំបាច់ ដើម្បីដោះស្រាយបញ្ហា មិនថាបញ្ហាទាំងនោះទាក់ទងនឹងអាជីពការងារប្រភេទណានោះទេ។ ឱ្យតែមនុស្សយល់ពីគោលការណ៍សេចក្ដីពិត បញ្ហានឹងអាចដោះស្រាយទៅតាមនោះបានមិនខាន។ អ្នកដឹកនាំក្លែងក្លាយប្រើឃ្លាថា «ខ្ញុំមិនមែនជាអ្នកជំនាញរឿងនេះទេ ខ្ញុំមិនយល់ពីអាជីពការងារនេះទេ» ធ្វើជាមូលហេតុដើម្បីគេចវេះពីការប្រកបគ្នាអំពីគោលការណ៍សេចក្ដីពិតសម្រាប់ដោះស្រាយបញ្ហា។ នេះមិនមែនជាការធ្វើកិច្ចការជាក់ស្ដែងនោះទេ។ ប្រសិនបើអ្នកដឹកនាំក្លែងក្លាយតែងតែប្រើឃ្លាថា «ខ្ញុំមិនមែនជាអ្នកជំនាញរឿងនេះទេ ខ្ញុំមិនយល់ពីអាជីពការងារនេះទេ» នេះដដែលៗ ធ្វើជាមូលហេតុដើម្បីគេចវេះពីការដោះស្រាយបញ្ហា ដូច្នេះ ពួកគេមិនស័ក្តិសមនឹងកិច្ចការជាអ្នកដឹកនាំឡើយ។ រឿងដែលល្អបំផុតដែលពួកគេគួរធ្វើ គឺលាលែងពីតំណែង ហើយទុកឱ្យអ្នកផ្សេងមកជំនួសកន្លែងពួកគេវិញ។ ប៉ុន្តែ តើអ្នកដឹកនាំក្លែងក្លាយមានវិចារណញ្ញាណបែបនេះទេ? តើពួកគេនឹងអាចលាលែងពីតំណែងបានទេ? ពួកគេនឹងមិនលាលែងឡើយ។ ពួកគេថែមទាំងគិតថា៖ «ហេតុអ្វីបានជាអ្នកទាំងនោះនិយាយថា ខ្ញុំមិនបានធ្វើការងារអ្វីសោះ? ខ្ញុំរៀបចំការជួបជុំជារៀងរាល់ថ្ងៃ ហើយខ្ញុំរវល់ខ្លាំងណាស់ រហូតដល់ថ្នាក់ហូបបាយមិនទៀងពេលផង ហើយខ្ញុំគេងក៏មិនសូវបានគ្រប់គ្រាន់ដែរ។ តើអ្នកណាថាបញ្ហាផ្សេងៗមិនបានដោះស្រាយនោះ? ខ្ញុំរៀបចំការជួបជុំ និងប្រកបគ្នាជាមួយពួកគេ ហើយខ្ញុំរកអត្ថបទព្រះបន្ទូលរបស់ព្រះជាម្ចាស់ឱ្យពួកគេ»។ ឧបមាអ្នកសួរពួកគេថា៖ «មានមនុស្សម្នាក់បាននិយាយថា ពួកគេរកអ្នកបកប្រែដែលស័ក្តិសមសម្រាប់ភាសាមួយចំនួនមិនបានទេ។ តើអ្នកបានដោះស្រាយបញ្ហាមួយនេះដោយរបៀបណា?» ពួកគេនឹងនិយាយថា៖ «ខ្ញុំបានប្រាប់ពួកគេហើយថា ខ្ញុំមិនយល់ពីអាជីពការងារនេះទេ ហើយខ្ញុំបានឱ្យពួកគេពិភាក្សាគ្នា និងដោះស្រាយបញ្ហានេះដោយខ្លួនឯង»។ បន្ទាប់មក អ្នកសួរពួកគេថា៖ «បញ្ហានេះពាក់ព័ន្ធនឹងការចំណាយនៃតង្វាយ និងវឌ្ឍនភាពនៃកិច្ចការពួកជំនុំ។ ពួកគេមិនអាចសម្រេចចិត្តដោយខ្លួនឯងបានទេ។ ពួកគេត្រូវការឱ្យអ្នកជាអ្នកសម្រេច និងរកគោលការណ៍សេចក្ដីពិតមកដោះស្រាយវា។ តើអ្នកបានធ្វើបែបនេះដែរទេ?» ពួកគេនឹងឆ្លើយតបវិញថា៖ «ម៉េចក៏ថាមិនបានធ្វើ? ខ្ញុំមិនបានធ្វើឱ្យកិច្ចការណាមួយយឺតយ៉ាវនោះទេ។ បើគ្មានអ្នកបកប្រែភាសានោះទេ ដូច្នេះ ពួកគេគួរតែបកប្រែភាសាផ្សេងទៅ!» អ្នកឃើញទេ អ្នកដឹកនាំក្លែងក្លាយមិនអាចធ្វើកិច្ចការជាក់ស្ដែងបានទេ ប៉ុន្តែពួកគេនៅតែមានលេសដោះសាមិនចេះអស់ទៀត។ ពិតជាគ្មានការអៀនខ្មាស និងគួរឱ្យស្អប់ខ្ពើមពិតមែន! គុណសម្បត្តិរបស់អ្នកអន់ខ្លាំងណាស់ អ្នកមិនយល់ពីអាជីពការងារណាមួយទេ ហើយអ្នកគ្មានការយល់ដឹងពីគោលការណ៍សេចក្ដីពិតដែលពាក់ព័ន្ធនឹងកិច្ចការជំនាញគ្រប់មុខ ដូច្នេះ តើការដែលមានអ្នកធ្វើជាអ្នកដឹកនាំមានប្រយោជន៍អ្វី? អ្នកគ្រាន់តែជាមនុស្សភ្លីភ្លើ និងឥតបានការម្នាក់ប៉ុណ្ណោះ! ដោយសារអ្នកមិនអាចធ្វើកិច្ចការជាក់ស្ដែងណាមួយបាន ដូច្នេះ ហេតុអ្វីបានជាអ្នកនៅតែបន្តធ្វើជាអ្នកដឹកនាំពួកជំនុំទៀត? អ្នកពិតជាគ្មានវិចារណញ្ញាណទាល់តែសោះ។ ដោយសារអ្នកខ្វះការស្គាល់ខ្លួនឯង អ្នកគួរតែស្តាប់មតិយោបល់ពីរាស្ដ្ររើសតាំងរបស់ព្រះជាម្ចាស់ ហើយវាយតម្លៃថាតើអ្នកបំពេញតាមស្តង់ដាសម្រាប់ធ្វើជាអ្នកដឹកនាំដែរឬទេ។ ប៉ុន្តែ អ្នកដឹកនាំក្លែងក្លាយមិនដែលគិតពីរឿងទាំងនេះទេ។ មិនថាពួកគេបានធ្វើឱ្យកិច្ចការរបស់ពួកជំនុំយឺតយ៉ាវប៉ុនណា និងបានបង្កការខាតបង់ដល់ការចូលទៅក្នុងជីវិតនៃរាស្ដ្ររើសតាំងរបស់ព្រះជាម្ចាស់ច្រើនប៉ុនណាក្នុងអំឡុងពេលជាច្រើនឆ្នាំដែលពួកគេបានធ្វើជាអ្នកដឹកនាំក៏ដោយ ក៏ពួកគេមិនខ្វល់ដែរ។ នេះគឺជាមុខមាត់ដ៏អាក្រក់របស់អ្នកដឹកនាំក្លែងក្លាយទាំងស្រុង។

សាកគិតពីរបៀបដែលអ្នកដឹកនាំ និងអ្នកធ្វើការចាត់ចែងការងាររបស់ពួកគេលមើល។ តើវាស្របគ្នានឹងអ្វីដែលខ្ញុំទើបបានប្រាប់អ្នករាល់គ្នាដែរឬទេ? តើមានអ្នកណាដែលមិនធ្វើកិច្ចការជាក់ស្ដែងទេ ហើយតើអ្នកអាចញែកដឹងថាពួកគេជាអ្នកដឹកនាំក្លែងក្លាយដែរឬទេ? ប្រសិនបើអ្នកញែកដឹងថាពួកគេជាអ្នកដឹកនាំក្លែងក្លាយ ចាប់ពីថ្ងៃនេះតទៅ អ្នកមិនគួរចាត់ទុកពួកគេជាអ្នកដឹកនាំទៀតទេ។ អ្នកគួរតែចាត់ទុកពួកគេដូចជាមនុស្សធម្មតាផ្សេងទៀតដែរ។ នេះគឺជាគោលការណ៍នៃការអនុវត្តដែលត្រឹមត្រូវ។ អ្នកខ្លះអាចនឹងឆ្ងល់ថា៖ «តើនេះមានន័យថាជាការរើសអើង មើលងាយ ឬមិនរាប់រកពួកគេ ដោយសារតែពួកគេជាអ្នកដឹកនាំក្លែងក្លាយមែនទេ?» មិនមែនទេ។ ពួកគេមិនអាចធ្វើកិច្ចការជាក់ស្ដែងបាន ហើយពួកគេអាចត្រឹមនិយាយពាក្យពេចន៍ និងគោលលទ្ធិខ្លះៗ និងពាក្យឥតបានការមួយចំនួនដើម្បីគេចវេះឱ្យរួចខ្លួនពីអ្នកប៉ុណ្ណោះ។ ចំណុចនេះប្រាប់ឱ្យអ្នកដឹងពីការពិតមួយ គឺថា ពួកគេមិនមែនជាអ្នកដឹកនាំរបស់អ្នកទេ។ អ្នកមិនចាំបាច់សុំការណែនាំពីពួកគេទេ មិនថានៅក្នុងការងាររបស់អ្នក ជួបប្រទះបញ្ហា ឬការលំបាកអ្វីក៏ដោយ។ ប្រសិនបើចាំបាច់ អ្នករាល់គ្នាអាចរំលងពួកគេបាន ដោយរាយការណ៍ទៅខាងលើ និងពិគ្រោះយោបល់ជាមួយខាងលើអំពីរបៀបចាត់ចែង និងដោះស្រាយបញ្ហានោះបាន។ ខ្ញុំបានបង្រៀនអ្នករាល់គ្នាអំពីផ្លូវនៃការអនុវត្តហើយ ប៉ុន្តែត្រង់ដែលអ្នករាល់គ្នាធ្វើបែបណានោះ គឺអាស្រ័យលើអ្នករាល់គ្នាទេ។ ខ្ញុំមិនដែលមានបន្ទូលថា គ្រប់អ្នកដឹកនាំទាំងអស់សុទ្ធតែត្រូវបានព្រះជាម្ចាស់កំណត់ទុកជាមុន ហើយថាអ្នកត្រូវតែស្តាប់ និងស្តាប់បង្គាប់ពួកគេ ហើយថាអ្នកត្រូវតែស្តាប់ពួកគេ ទោះបីជាអ្នកញែកដឹងថាពួកគេជាអ្នកដឹកនាំក្លែងក្លាយក៏ដោយនោះទេ។ ខ្ញុំមិនដែលប្រាប់អ្នកបែបនោះទេ។ អ្វីដែលខ្ញុំកំពុងប្រកបគ្នានៅពេលនេះ គឺជារបៀបញែកដឹងពីអ្នកដឹកនាំក្លែងក្លាយ។ នៅពេលដែលអ្នកញែកដឹងពីថានរណាម្នាក់ជាអ្នកដឹកនាំក្លែងក្លាយ អ្នកអាចទទួលយក និងស្តាប់បង្គាប់អ្វីដែលពួកគេនិយាយបាន ប្រសិនបើវាត្រឹមត្រូវ និងស្របតាមសេចក្តីពិត។ ក៏ប៉ុន្តែ ប្រសិនបើពួកគេមិនអាចដោះស្រាយបញ្ហាបាន ហើយពួកគេគេចវេះឱ្យរួចខ្លួនពីអ្នក ដែលធ្វើឱ្យប៉ះពាល់ដល់វឌ្ឍនភាពការងារ ដូច្នេះ អ្នកមិនចាំបាច់ត្រូវទទួលយកការដឹកនាំរបស់ពួកគេទេ។ ប្រសិនបើអ្នករាល់គ្នាអាចយល់ពីគោលការណ៍ដោយខ្លួនឯងបាន អ្នកគួរតែធ្វើតាមគោលការណ៍ទាំងនោះ។ ប្រសិនបើអ្នកក្ដាប់មិនបាន មិនប្រាកដ ឬមិនច្បាស់ពីគោលការណ៍ទាំងនោះទេ ដូច្នេះ អ្នករាល់គ្នាគួរតែស្វែងរកសេចក្តីពិត ហើយពិភាក្សាគ្នាដើម្បីដោះស្រាយបញ្ហា។ បន្ទាប់ពីពិភាក្សាគ្នាហើយ ប្រសិនបើអ្នកនៅតែមិនអាចសម្រេចចិត្តបាន ត្រូវរាយការណ៍បញ្ហានោះទៅខាងលើ ហើយពិគ្រោះយោបល់ជាមួយពួកគាត់អំពីបញ្ហានោះ។ ទាំងនេះគឺសុទ្ធតែជាវិធីល្អៗដើម្បីដោះស្រាយបញ្ហាទាំងអស់ ពោលគឺគ្មានការលំបាកណាដែលមិនអាចដោះស្រាយបាននោះទេ។

ថ្ងៃនេះ យើងបញ្ចប់ការប្រកបគ្នាត្រឹមនេះសិនចុះ។ សុំជម្រាបលា!

ថ្ងៃទី១៦ ខែមករា ឆ្នាំ២០២១

ខាង​ដើម៖ ទំនួលខុសត្រូវរបស់អ្នកដឹកនាំ និងអ្នកធ្វើការ (១)

បន្ទាប់៖ ទំនួលខុសត្រូវរបស់អ្នកដឹកនាំ និងអ្នកធ្វើការ (៣)

គ្រោះមហន្តរាយបានកំពុងកើតឡើងជាបន្តបន្ទាប់នៅគ្រប់ទីកន្លែងកណ្តឹងរោទិ៍នៃគ្រាចុងក្រោយបានបន្លឺឡើងរួចហើយ។ សូមចុចលើប៊ូតុង ដើម្បីជួយអ្នកនិងក្រុមគ្រួសាររកឃើញវិធីទទួលបានការការពារពីព្រះជាម្ចាស់ នៅក្នុងគ្រោះមហន្តរាយ។

ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់ អំពីការស្គាល់ព្រះជាម្ចាស់ ការថ្លែងព្រះបន្ទូលអំពីព្រះគ្រីស្ទនៃគ្រាចុងក្រោយ ការលាតត្រដាងពួកទទឹងនឹងព្រះគ្រីស្ទ ទំនួលខុសត្រូវរបស់អ្នកដឹកនាំ និងអ្នកធ្វើការ អំពីការដេញតាមសេចក្តីពិត អំពីការដេញតាមសេចក្តីពិត ការជំនុំជម្រះ ចាប់ផ្ដើមពីដំណាក់របស់ព្រះជាម្ចាស់ ព្រះបន្ទូលដ៏សំខាន់ចេញពីព្រះដ៏មានគ្រប់ព្រះចេស្ដា ជាព្រះគ្រីស្ទនៃគ្រាចុងក្រោយ ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់ គោលការណ៍ណែនាំសម្រាប់ការផ្សាយដំណឹងល្អពីនគរព្រះ ទីបន្ទាល់ទាំងឡាយអំពីបទពិសោធនៅចំពោះទីជំនុំជម្រះរបស់ព្រះគ្រីស្ទ (វគ្គទី១) ទីបន្ទាល់ទាំងឡាយអំពីបទពិសោធនៅចំពោះទីជំនុំជម្រះរបស់ព្រះគ្រីស្ទ (វគ្គទី២) ទីបន្ទាល់ទាំងឡាយអំពីបទពិសោធនៅចំពោះទីជំនុំជម្រះរបស់ព្រះគ្រីស្ទ (វគ្គទី៣) ទីបន្ទាល់ទាំងឡាយអំពីបទពិសោធនៅចំពោះទីជំនុំជម្រះរបស់ព្រះគ្រីស្ទ (វគ្គទី៤) ទីបន្ទាល់ទាំងឡាយអំពីបទពិសោធនៅចំពោះទីជំនុំជម្រះរបស់ព្រះគ្រីស្ទ (វគ្គទី៥) ទីបន្ទាល់ទាំងឡាយអំពីបទពិសោធនៅចំពោះទីជំនុំជម្រះរបស់ព្រះគ្រីស្ទ (វគ្គទី៦) ទីបន្ទាល់ទាំងឡាយអំពីបទពិសោធនៅចំពោះទីជំនុំជម្រះរបស់ព្រះគ្រីស្ទ (វគ្គទី៧) ទីបន្ទាល់ទាំងឡាយអំពីបទពិសោធនៅចំពោះទីជំនុំជម្រះរបស់ព្រះគ្រីស្ទ (វគ្គទី៨) ទីបន្ទាល់ទាំងឡាយអំពីបទពិសោធនៅចំពោះទីជំនុំជម្រះរបស់ព្រះគ្រីស្ទ (វគ្គទី៩)

ការកំណត់

  • អត្ថបទ
  • ប្រធានបទ

ពណ៌​ដិតច្បាស់

ប្រធានបទ

ប្រភេទ​អក្សរ

ទំហំ​អក្សរ

ចម្លោះ​បន្ទាត់

ចម្លោះ​បន្ទាត់

ប្រវែងទទឹង​ទំព័រ

មាតិកា

ស្វែងរក

  • ស្វែង​រក​អត្ថបទ​នេះ
  • ស្វែង​រក​សៀវភៅ​នេះ

សូមទាក់ទងមកកាន់យើងខ្ញុំ តាមរយៈ Messenger