ទំនួលខុសត្រូវរបស់អ្នកដឹកនាំ និងអ្នកធ្វើការ (១)
មូលហេតុដែលចាំបាច់ត្រូវស្គាល់អ្នកដឹកនាំក្លែងក្លាយ
ឥឡូវនេះ យើងបានបញ្ចប់ការប្រកបគ្នាអំពីលក្ខណៈសម្គាល់ផ្សេងៗរបស់ពួកទទឹងនឹងព្រះគ្រីស្ទហើយ ថ្ងៃនេះ យើងនឹងប្រកបគ្នាអំពីប្រធានបទថ្មីមួយ គឺលក្ខណៈសម្គាល់ផ្សេងៗរបស់ពួកអ្នកដឹកនាំក្លែងក្លាយ។ នៅក្នុងការជឿលើព្រះជាម្ចាស់ប៉ុន្មានឆ្នាំមកនេះ អ្នករាល់គ្នាបានជួបប្រទះនូវលក្ខណៈសម្គាល់ និងការអនុវត្តគ្រប់បែបយ៉ាងរបស់ពួកអ្នកដឹកនាំក្លែងក្លាយ។ នៅក្នុងដំណើរការដែលដំណាក់របស់ព្រះជាម្ចាស់ដកពួកអ្នកដឹកនាំក្លែងក្លាយចេញពីដំណែងនៅគ្រប់ជាន់ថ្នាក់ចេញ មនុស្សភាគច្រើនទទួលបានការយល់ដឹងខ្លះៗ ទោះតិចក្ដីច្រើនក្ដីអំពីពួកអ្នកដឹកនាំក្លែងក្លាយ ពោលគឺ មនុស្សភាគច្រើនមានការយល់ដឹងខ្លះអំពីលក្ខណៈសម្គាល់ជាក់លាក់មួយចំនួនរបស់ពួកអ្នកដឹកនាំក្លែងក្លាយ។ ប៉ុន្តែ ទោះបីជាអ្នកជ្រួតជ្រាប ឬយល់ដឹងបានច្រើនប៉ុនណាក៏ដោយ ក៏នៅទីបំផុត ការយល់ដឹងនោះនៅតែមិនមានលក្ខណៈជាប្រព័ន្ធ ឬជាក់លាក់គ្រប់គ្រាន់ដដែល។ ក្នុងអំឡុងពេលបោះឆ្នោតពួកជំនុំ មនុស្សជាច្រើនមិនយល់ពីគោលការណ៍នៃការជ្រើសរើសអ្នកដឹកនាំទេ មិនដឹងថាតើត្រូវជ្រើសរើសមនុស្សប្រភេទណាជាអ្នកដឹកនាំ ហើយមនុស្សប្រភេទណាដែលអាចនាំបងប្អូនប្រុសស្រីចូលទៅក្នុងតថភាពនៃព្រះបន្ទូលរបស់ព្រះជាម្ចាស់បានក្នុងនាមជាអ្នកដឹកនាំ ព្រមទាំងត្រូវតាមស្ដង់ដាជាអ្នកដឹកនាំ។ ពួកគេមិនសូវដឹង ក៏មិនសូវយល់ច្បាស់អំពីរឿងទាំងនេះដែរ។ ថែមទាំងមានមនុស្សដែលមិនដឹងខ្យល់ និងគ្មានការយល់ដឹងមួយចំនួន ដែលបានជ្រើសរើសអ្នកដឹកនាំក្លែងក្លាយយកតែម្ដង នៅក្នុងពេលបោះឆ្នោត ដោយជ្រើសរើសអ្នកដែលមានលក្ខណៈដូចអ្នកដឹកនាំក្លែងក្លាយ ហើយបែរជាខ្វាក់មើលមិនឃើញអ្នកដែលមានលក្ខណៈសម្បត្តិពិតប្រាកដ និងអាចធ្វើជាអ្នកដឹកនាំបាន ដែលមានគុណសម្បត្តិជាអ្នកដឹកនាំ និងមានភាពជាមនុស្ស។ ពួកអ្នកដែលគ្មានគុណសម្បត្តិជាមូលដ្ឋាន និងគ្មានភាពជាមនុស្សដើម្បីធ្វើជាអ្នកដឹកនាំ ត្រូវបានបោះឆ្នោតជ្រើសរើសដោយសារតែសេចក្ដីក្លៀវក្លាពីខាងក្រៅ ឬអាកប្បកិរិយាល្អមួយចំនួនរបស់ពួកគេ និងដោយសារតែពួកគេមានលក្ខណៈស្របតាមសញ្ញាណរបស់មនុស្ស ដែលចាត់ទុកជា «មនុស្សល្អ» ចំណែកឯអ្នកដែលមានលក្ខណៈសម្បត្តិពិតប្រាកដគ្រប់យ៉ាងក្នុងការដឹកនាំ មិនដែលត្រូវបានគេបោះឆ្នោតជ្រើសរើសឡើយ។ ពួកអ្នកដែលចូលចិត្តទាក់ទាញចំណាប់អារម្មណ៍ពីគេ និងលះបង់ខ្លួនដោយសេចក្ដីក្លៀវក្លា តែគ្មានសមត្ថភាពការងារណាមួយសោះ តែងតែបង្ហាញខ្លួននៅគ្រប់ទីកន្លែង ដោយមើលទៅសកម្មខ្លាំងណាស់ ហើយមនុស្សភាគច្រើនតែងគិតថា មនុស្សប្រភេទនេះមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ ហើយគួរតែបោះឆ្នោតជ្រើសរើសគាត់។ ជាលទ្ធផល បន្ទាប់ពីមនុស្សបែបនេះត្រូវបានបោះឆ្នោតជ្រើសរើសរួច ពួកគេមិនអាចរ៉ាប់រងកិច្ចការណាមួយបានឡើយ។ ពួកគេថែមទាំងមិនអាចអនុវត្តតាមការរៀបចំការងារពីខាងលើបានផង ហើយពួកគេក៏មិនដឹងថាត្រូវធ្វើវាដោយបែបណាដែរ។ ទោះបីជាពួកគេតែងតែខ្នះខ្នែងធ្វើខ្លួនឱ្យជាប់រវល់ជានិច្ចក៏ដោយ ក៏បន្ទាប់ពីបានដឹកនាំមួយរយៈរួចមក ឃើញថាគ្មានភាពល្អប្រសើរអ្វី ឬគ្មានការរីកចម្រើនតិចតួចណានៅក្នុងកិច្ចការណាមួយរបស់ពួកជំនុំឡើយ ហើយស្ថានភាពដែលតែងតែកើតមានឡើងគឺ កិច្ចការរបស់ពួកជំនុំធ្លាក់ក្នុងភាពរញ៉េរញ៉ៃ ឬមនុស្សបែកបាក់សាមគ្គីគ្នា ដោយសារតែការរំខាន ឬការដណ្ដើមអំណាចខុសច្បាប់ពីសំណាក់មនុស្សអាក្រក់។ ទាំងនេះគឺជាផលវិបាកដែលបង្កឡើងដោយកិច្ចការរបស់ពួកអ្នកដឹកនាំក្លែងក្លាយ។ បន្ទាប់ពីអ្នកដឹកនាំក្លែងក្លាយម្នាក់ត្រូវបានបោះឆ្នោតជ្រើសរើសរួច មិនត្រឹមតែការចូលទៅក្នុងជីវិតរបស់បងប្អូនប្រុសស្រីទេដែលនឹងត្រូវរងផលប៉ះពាល់ និងខូចខាតនោះ ប៉ុន្តែក្នុងពេលជាមួយគ្នានោះ ចំណុចផ្សេងៗនៃការងាររបស់ពួកជំនុំក៏នឹងរងផលប៉ះពាល់អវិជ្ជមានផងដែរ ដូច្នេះ កិច្ចការផ្សាយដំណឹងល្អ មិនអាចដំណើរការទៅបានដោយរលូន ឬមានប្រសិទ្ធភាពឡើយ។ បញ្ហានេះមួយផ្នែកគឺបង្កឡើងដោយអ្នកដឹកនាំក្លែងក្លាយខ្លួនឯងផ្ទាល់ ប៉ុន្តែមួយផ្នែកទៀត ក៏ពាក់ព័ន្ធនឹងអ្នកដែលបោះឆ្នោតជ្រើសរើសពួកគេផងដែរ។ ប្រសិនបើអ្នកមិនយល់ពីគោលការណ៍សេចក្ដីពិត គ្មានការយល់ដឹង ហើយខ្វាក់មើលមិនធ្លុះពីមនុស្ស រហូតដល់ចុងក្រោយអ្នកបោះឆ្នោតជ្រើសរើសអ្នកដឹកនាំក្លែងក្លាយណាម្នាក់ ដូច្នេះ អ្នកមិនត្រឹមតែបង្កគ្រោះថ្នាក់ដល់ខ្លួនឯង និងអ្នកដទៃប៉ុណ្ណោះទេ ប៉ុន្តែកិច្ចការរបស់ពួកជំនុំក៏រងការខូចខាតដែរ។ នេះគឺជាផលប៉ះពាល់ និងការខូចខាតដែលបង្កឡើងដោយពួកអ្នកដឹកនាំក្លែងក្លាយ ទៅលើការចូលទៅក្នុងជីវិតនៃរាស្ដ្ររើសតាំងរបស់ព្រះជាម្ចាស់ និងកិច្ចការរបស់ពួកជំនុំ។ ហេតុដូច្នេះហើយ យើងត្រូវតែស្គាល់ និងរៀបរាប់ពីលក្ខណៈសម្គាល់ផ្សេងៗរបស់ពួកអ្នកដឹកនាំក្លែងក្លាយ ហើយផ្អែកលើមូលដ្ឋាននោះ ខ្ញុំនឹងធ្វើឱ្យអ្នករាល់គ្នាបានដឹងថា អាកប្បកិរិយាណាខ្លះដែលអ្នកដឹកនាំដែលត្រូវតាមស្ដង់ដា គួរតែបង្ហាញចេញ កិច្ចការអ្វីខ្លះដែលពួកគេគួរតែធ្វើ និងរង្វង់នៃការទទួលខុសត្រូវជាក់លាក់របស់ពួកគេ។ ប្រធានបទអំពីការស្គាល់ពីពួកអ្នកដឹកនាំក្លែងក្លាយ គឺមានសារៈសំខាន់ខ្លាំងណាស់ ដោយសារតែវាមានពាក់ព័ន្ធនឹងកិច្ចការរបស់ពួកជំនុំ ការចូលទៅក្នុងជីវិតនៃរាស្ដ្ររើសតាំងរបស់ព្រះជាម្ចាស់គ្រប់រូប ហើយជាពិសេស របៀបដែលភារកិច្ចនីមួយៗកំពុងរីកចម្រើនទៅមុខ។ អ្នកខ្លះអាចនឹងនិយាយថា៖ «ខ្ញុំគ្មានបំណងឈរឈ្មោះបោះឆ្នោតទេ ហើយខ្ញុំក៏គ្មានមហិច្ឆិតា ឬបំណងប្រាថ្នាចង់ធ្វើជាអ្នកដឹកនាំ ឬអ្នកធ្វើការអ្វីដែរ។ ខ្ញុំដឹងខ្លួនឯងច្បាស់ ហើយការធ្វើជាអ្នកជឿធម្មតាម្នាក់ គឺគ្រប់គ្រាន់ហើយ ដូច្នេះ គោលការណ៍សេចក្ដីពិតក្នុងទិដ្ឋភាពនេះ គ្មានអ្វីពាក់ព័ន្ធនឹងខ្ញុំទេ។ ប្រសិនបើខ្ញុំចង់ស្ដាប់ នោះខ្ញុំនឹងស្ដាប់អ្វីដែលនិយាយអំពីការចូលទៅក្នុងជីវិត និងសេចក្ដីសង្គ្រោះរបស់ខ្ញុំផ្ទាល់វិញ។ លក្ខណៈសម្គាល់ផ្សេងៗរបស់ពួកអ្នកដឹកនាំក្លែងក្លាយ និងសេចក្ដីពិតដែលជាប់ទាក់ទងក្នុងប្រធានបទនេះ គឺមិនពាក់ព័ន្ធនឹងការចូលទៅក្នុងជីវិតរបស់ខ្ញុំទេ ដូច្នេះ ខ្ញុំមិនចាំបាច់ស្ដាប់ទេ ឬខ្ញុំអាចស្ដាប់ដោយមិនយកចិត្តទុកដាក់បាន ឬស្ដាប់ចោល ហើយគ្រាន់តែធ្វើតាមដំណើរឱ្យតែរួចពីដៃ ដោយមិនបាច់យកវាមកដាក់ក្នុងចិត្តទេ»។ តើនេះជាឥរិយាបថល្អដែរឬទេ? (មិនល្អទេ។) អ្នកផ្សេងទៀតនិយាយថា៖ «ខ្ញុំគ្មានមហិច្ឆិតាទេ ហើយក៏មិនចង់ឈរឈ្មោះជាអ្នកដឹកនាំដែរ។ តាំងពីក្មេងមក ខ្ញុំមិនដែលមានបំណងចង់ធ្វើជាមន្ត្រី ឬលេចធ្លោជាងអ្នកដទៃឡើយ ខ្ញុំគ្រាន់តែចង់ធ្វើជាមនុស្សសាមញ្ញធម្មតាម្នាក់ប៉ុណ្ណោះ។ តាំងពីពេលដែលខ្ញុំចាប់ផ្ដើមជឿលើព្រះជាម្ចាស់មក ខ្ញុំតែងតែចង់ធ្វើជាកូនចៅគេ។ ខ្ញុំចូលចិត្តធ្វើតាមបញ្ជារបស់អ្នកដទៃ ហើយខ្ញុំតែងធ្វើអ្វីដែលពួកគេប្រាប់ឱ្យខ្ញុំធ្វើ។ ការធ្វើខ្លួនជាមនុស្សប្រភេទនេះ គឺពិតជាសាមញ្ញណាស់! ខ្ញុំគ្រាន់តែជាមនុស្សសាមញ្ញម្នាក់ ដែលមិនចង់ខ្វល់ខ្វាយ ឬមានបន្ទុកអ្វីឡើយ ដូច្នេះ ខ្ញុំមិនចាំបាច់ស្ដាប់រឿងទាំងនេះទេ ហើយក៏មិនចង់ស្ដាប់ដែរ»។ តើទស្សនៈនេះត្រឹមត្រូវដែរឬទេ? (មិនត្រឹមត្រូវទេ។) តើវាខុសត្រង់ណា? (ទោះបីជាពួកគេមិនចង់ធ្វើជាអ្នកដឹកនាំក៏ដោយ ប្រសិនបើពួកគេមិនយល់ពីទិដ្ឋភាពនៃសេចក្ដីពិតនេះទេ ហើយមិនអាចស្គាល់ពីអ្នកដឹកនាំក្លែងក្លាយបាន ដូច្នេះ ក្នុងអំឡុងពេលបោះឆ្នោត ពួកគេទំនងជានឹងជ្រើសរើសអ្នកដឹកនាំក្លែងក្លាយមិនខាន ដែលនឹងប៉ះពាល់ដល់កិច្ចការរបស់ពួកជំនុំ និងការចូលទៅក្នុងជីវិតនៃរាស្ដ្ររើសតាំងរបស់ព្រះជាម្ចាស់។) នេះគឺជាទិដ្ឋភាពមួយ។ តើមានអ្វីផ្សេងទៀតទេ? (បញ្ហារបស់អ្នកដឹកនាំក្លែងក្លាយ មាននៅក្នុងខ្លួនយើងម្នាក់ៗ ហើយយើងគួរតែពិនិត្យមើល ឆ្លុះបញ្ចាំង និងស្គាល់ពីខ្លួនយើង។) (ប្រសិនបើយើងមិនអាចស្គាល់ពីអ្នកដឹកនាំក្លែងក្លាយបានទេ នោះយើងនឹងមិនទាំងដឹងខ្លួនផងថា ពេលណាដែលយើងត្រូវអ្នកដឹកនាំក្លែងក្លាយនាំយើងឱ្យវង្វេងនោះ ហើយជីវិតរបស់យើងផ្ទាល់នឹងត្រូវរងការខាតបង់មិនខាន។) (ទស្សនៈប្រភេទនេះ គឺជាការបង្ហាញពីការមិនដេញតាមសេចក្ដីពិត។ ការធ្វើជាអ្នកដឹកនាំនៅក្នុងដំណាក់របស់ព្រះជាម្ចាស់ គឺមិនដូចគ្នានឹងការមានមហិច្ឆិតាចង់ធ្វើជាមន្ត្រីនៅក្នុងលោកិយនោះទេ។ ការធ្វើជាអ្នកដឹកនាំ គឺដើម្បីដេញតាមសេចក្ដីពិតឱ្យបានកាន់តែប្រសើរ ដើម្បីរែកពុនបន្ទុកកិច្ចការរបស់ពួកជំនុំ និងដើម្បីគិតគូរពីព្រះរាជបំណងរបស់ព្រះជាម្ចាស់។ នេះគឺជាការខិតខំឆ្ពោះទៅរកសេចក្ដីពិត។) (ក្នុងនាមជារាស្ដ្ររើសតាំងម្នាក់របស់ព្រះជាម្ចាស់ យើងមានកាតព្វកិច្ច និងទំនួលខុសត្រូវក្នុងការរាយការណ៍អំពីអ្នកដឹកនាំក្លែងក្លាយ។ ប្រសិនបើយើងមិនអាចស្គាល់ពីអ្នកដឹកនាំក្លែងក្លាយបានទេ នោះយើងអាចបណ្ដោយឱ្យអ្នកដឹកនាំក្លែងក្លាយណាម្នាក់ឡើងកាន់អំណាចបាន និងប៉ះពាល់ដល់កិច្ចការរបស់ពួកជំនុំ។) តើមានទិដ្ឋភាពចំនួនប៉ុន្មាន? (ទិដ្ឋភាពចំនួនប្រាំ។) ទិដ្ឋភាពនីមួយៗក្នុងចំណោមទិដ្ឋភាពទាំងប្រាំនេះ គឺសុទ្ធតែត្រឹមត្រូវ និងជាក់លាក់ខ្លាំងណាស់។ ការវិភាគវែកញែកពីសារជាតិនៃបញ្ហានេះ ដោយផ្អែកលើទស្សនៈនៃប្រភេទបុគ្គលដែលខ្ញុំទើបតែបានលើកឡើង គឺមានទិដ្ឋភាពទាំងប្រាំនេះជាមូលដ្ឋាន។ មិនថាអ្នកចង់ធ្វើជាអ្នកដឹកនាំឬអត់នោះទេ ក្នុងនាមជារាស្ដ្ររើសតាំងម្នាក់របស់ព្រះជាម្ចាស់ អ្នកគួរតែមានតួនាទីមើលការខុសត្រូវចំពោះអ្នកដឹកនាំ និងអ្នកធ្វើការ។ ដំណាក់របស់ព្រះជាម្ចាស់ក៏ជាផ្ទះរបស់អ្នកដែរ ហើយអ្នកដឹកនាំម្នាក់ប្រៀបដូចជាអ្នកមើលថែទាំផ្ទះម្នាក់ដែរ។ ប្រសិនបើពួកគេគ្រប់គ្រងមិនបានល្អទេ អ្នកក៏នឹងរងផលប៉ះពាល់ និងជាប់ពាក់ព័ន្ធដែរ ដូច្នេះ អ្នកមានទំនួលខុសត្រូវ និងកាតព្វកិច្ចមើលការខុសត្រូវលើគ្រប់កិច្ចការទាំងអស់របស់ពួកគេ។
ទិដ្ឋភាពទូទៅអំពីការទទួលខុសត្រូវទាំងដប់ប្រាំចំណុចរបស់អ្នកដឹកនាំ និងអ្នកធ្វើការ
អ្នកដឹកនាំក្លែងក្លាយមិនពិបាកនឹងស្គាល់នោះទេ ពីព្រោះមនុស្សប្រភេទនេះ មានច្រើនណាស់នៅក្នុងពួកជំនុំ។ ពួកគេមានតាំងពីពេលដែលកើតមានអ្នកដឹកនាំពួកជំនុំ និងកិច្ចការរបស់ពួកជំនុំមកម្ល៉េះ។ គុណសម្បត្តិ និងសមត្ថភាពយល់ដឹង ចរិតលក្ខណៈ និងមាគ៌ាដែលពួកគេបានជ្រើសរើស សុទ្ធតែមានលក្ខណៈសម្គាល់ជាក់លាក់ជាច្រើន។ មុននឹងវែកញែកលម្អិតពីលក្ខណៈសម្គាល់ជាក់លាក់ទាំងនេះ ដំបូង យើងគួរតែដឹងថា អ្នកដឹកនាំ និងអ្នកធ្វើការមានទំនួលខុសត្រូវអ្វីខ្លះ ហើយរួមបញ្ចូលកិច្ចការជាក់លាក់ចម្បងអ្វីខ្លះជាមុនសិន។ មានតែពួកអ្នកដែលអាចបំពេញកិច្ចការជាក់លាក់នេះបានល្អប៉ុណ្ណោះ ដែលត្រូវតាមស្ដង់ដាជាអ្នកដឹកនាំ និងអ្នកធ្វើការ។ អ្នកដែលមិនអាចបំពេញកិច្ចការនេះបាន គឺជាអ្នកដឹកនាំក្លែងក្លាយ។ ប្រហែលមនុស្សភាគច្រើននៅតែគ្មានផ្លូវដើម្បីអាចស្គាល់ពីអ្នកដឹកនាំក្លែងក្លាយ មិនអាចក្ដាប់បានពីគោលការណ៍មូលដ្ឋាន និងមិនដឹងថាទិដ្ឋភាពណាខ្លះដែលសំខាន់បំផុតដែលត្រូវដឹងឱ្យបាននោះទេ។ ថ្ងៃនេះ ជាដំបូង យើងនឹងប្រកបគ្នាលក្ខណៈជាប្រព័ន្ធអំពីថាតើអ្នកដឹកនាំ និងអ្នកធ្វើការមានទំនួលខុសត្រូវជាក់លាក់អ្វីខ្លះជាមុនសិន ដោយរៀបរាប់ម្ដងមួយៗ ដើម្បីឱ្យមនុស្សគ្រប់គ្នាបានដឹងច្បាស់។ បន្ទាប់ពីយល់ពីគោលការណ៍ទាំងនេះហើយ នៅពេលបោះឆ្នោតជ្រើសរើសអ្នកដឹកនាំ និងអ្នកធ្វើការម្ដងទៀត អ្នកនឹងមានបទដ្ឋានត្រឹមត្រូវមួយដើម្បីវាស់វែងពីរបៀបបោះឆ្នោតឱ្យបានពិតប្រាកដ និងមនុស្សណាឱ្យពិតប្រាកដដែលស័ក្តិសមនឹងត្រូវបោះឆ្នោតជ្រើសរើស។ ដូច្នេះ ដំបូង សូមយើងរៀបរាប់ពីទំនួលខុសត្រូវរបស់អ្នកដឹកនាំ និងអ្នកធ្វើការជាមុនសិន។
ទំនួលខុសត្រូវរបស់អ្នកដឹកនាំ និងអ្នកធ្វើការ៖
1. ដឹកនាំមនុស្សឱ្យហូប និងផឹកព្រះបន្ទូលរបស់ព្រះជាម្ចាស់ និងយល់ពីព្រះបន្ទូលទាំងនោះ ព្រមទាំងដឹកនាំពួកគេឱ្យចូលទៅក្នុងតថភាពនៃព្រះបន្ទូលរបស់ព្រះជាម្ចាស់។
2. ត្រូវស្គាល់ពីសភាពនៃប្រភេទមនុស្សនីមួយៗ ហើយដោះស្រាយការលំបាកផ្សេងៗទាក់ទងនឹងការចូលទៅក្នុងជីវិត ដែលពួកគេជួបប្រទះនៅក្នុងជីវិតជាក់ស្ដែងរបស់ពួកគេ។
3. ប្រកបគ្នាអំពីគោលការណ៍សេចក្ដីពិត ដែលគួរយល់ដឹង ដើម្បីបំពេញភារកិច្ចនីមួយៗឱ្យបានត្រឹមត្រូវ។
4. តាមដានព័ត៌មានអំពីស្ថានភាពរបស់អ្នកមើលការខុសត្រូវលើការងារផ្សេងៗ និងបុគ្គលិកដែលទទួលខុសត្រូវចំពោះការងារសំខាន់ៗ ហើយផ្លាស់ប្ដូរភារកិច្ចដែលបានចាត់តាំងឱ្យពួកគេភ្លាមៗ ឬដកពួកគេចេញទៅតាមការចាំបាច់ ដើម្បីបង្ការ ឬកាត់បន្ថយការខាតបង់ ដែលបង្កឡើងដោយការប្រើប្រាស់មនុស្សមិនស័ក្តិសម ព្រមទាំងធានាប្រសិទ្ធភាព និងវឌ្ឍនភាពការងារឱ្យបានរលូន។
5. ត្រូវយល់ និងក្ដាប់ឱ្យបានពីស្ថានការណ៍ និងវឌ្ឍនភាពនៃចំណុចការងារនីមួយៗ ហើយអាចដោះស្រាយបញ្ហាបានទាន់ពេលវេលា កែតម្រូវសេចក្ដីវៀចវេ និងកែប្រែកំហុសក្នុងការងារ ដើម្បីឱ្យការងារនោះដំណើរការទៅដោយរលូន។
6. លើកស្ទួយ និងបណ្ដុះបណ្ដាលទេពកោសល្យគ្រប់ប្រភេទដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ ដើម្បីឱ្យអស់អ្នកដែលស្វែងរកសេចក្ដីពិតអាចមានឱកាសដើម្បីហ្វឹកហាត់ និងចូលទៅក្នុងតថភាពនៃសេចក្ដីពិតឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន។
7. ចាត់ចែង និងប្រើមនុស្សក្នុងប្រភេទផ្សេងៗគ្នាឱ្យបានសមស្រប ដោយផ្អែកលើភាពជាមនុស្ស និងចំណុចខ្លាំងរបស់ពួកគេ ដើម្បីប្រើមនុស្សម្នាក់ៗឱ្យត្រូវចំសក្ដានុពលរបស់ពួកគេ។
8. ត្រូវរាយការណ៍ឱ្យបានឆាប់ និងស្វែងរករបៀបដោះស្រាយការភាន់ច្រឡំ និងការលំបាកនានាដែលជួបប្រទះនៅក្នុងការងារ។
9. ប្រាស្រ័យទាក់ទង ផ្សព្វផ្សាយ និងអនុវត្តការរៀបចំចាត់ចែងការងារផ្សេងៗនៅដំណាក់របស់ព្រះជាម្ចាស់ឱ្យបានសុក្រឹតត្រឹមត្រូវ ស្របតាមសេចក្ដីតម្រូវរបស់ខ្លួន ដោយផ្ដល់ជាការណែនាំ ការមើលការខុសត្រូវ ការជំរុញ ព្រមទាំងត្រួតពិនិត្យ និងតាមដានស្ថានភាពនៃការអនុវត្តការងាររបស់ពួកគេ។
10. ថែរក្សាឱ្យបានល្អ និងបែងចែកសម្ភារៈផ្សេងៗនៅដំណាក់របស់ព្រះជាម្ចាស់ (ដូចជា សៀវភៅ ឧបករណ៍ផ្សេងៗ គ្រាប់ធញ្ញជាតិ ជាដើម ។ល។) ឱ្យបានសមស្រប ហើយធ្វើការត្រួតពិនិត្យ ថែទាំ និងជួសជុលជាប្រចាំ ដើម្បីកាត់បន្ថយការខូចខាត និងការខ្ជះខ្ជាយឱ្យបានតិចបំផុត ព្រមទាំងការពារកុំឱ្យមនុស្សអាក្រក់កាន់កាប់សម្ភារៈទាំងនោះ។
11. ជ្រើសរើសមនុស្សដែលគួរឱ្យទុកចិត្ត ដែលមានភាពជាមនុស្សស្របតាមស្ដង់ដា ជាពិសេសសម្រាប់កិច្ចការនៃការចុះឈ្មោះជាប្រព័ន្ធ ការកត់បញ្ជី និងការថែរក្សាតង្វាយ។ ការពិនិត្យ និងផ្ទៀងផ្ទាត់ចំណូល និងចំណាយជាប្រចាំ ដើម្បីអាចកំណត់ពីករណីនៃការចាយវាយខ្ជះខ្ជាយ ឬគ្មានការសន្សំសំចៃ ក៏ដូចជាការចំណាយមិនសមស្របឱ្យបានភ្លាមៗ ដើម្បីបញ្ឈប់ទង្វើបែបនេះ ហើយទាមទារសំណងឱ្យបានសមរម្យ។ លើសពីនេះទៀត ការពារតាមគ្រប់មធ្យោបាយកុំឱ្យតង្វាយធ្លាក់ទៅក្នុងដៃរបស់មនុស្សអាក្រក់ ហើយក្លាយជាទ្រព្យសម្បត្តិរបស់ពួកគេ។
12. កំណត់ពីមនុស្ស ព្រឹត្តិការណ៍ និងរឿងរ៉ាវផ្សេងៗដែលរំខាន និងបង្អាក់ដល់កិច្ចការរបស់ព្រះជាម្ចាស់ និងសណ្ដាប់ធ្នាប់ធម្មតារបស់ពួកជំនុំឱ្យបានឆាប់ និងសុក្រឹតត្រឹមត្រូវ។ បញ្ឈប់ និងរឹតត្បិតពួកគេ ហើយធ្វើឱ្យអ្វីៗទៅជាធម្មតាវិញ។ ជាងនេះទៅទៀត ត្រូវប្រកបគ្នាពីសេចក្ដីពិត ដើម្បីឱ្យរាស្ត្ររើសតាំងរបស់ព្រះជាម្ចាស់មានការយល់ដឹងតាមរយៈរឿងទាំងនោះ និងរៀនសូត្រពីវា។
13. ការពាររាស្ត្ររើសតាំងរបស់ព្រះជាម្ចាស់ពីការរំខាន ការបំភាន់ ការត្រួតត្រា និងការធ្វើបាបយ៉ាងធ្ងន់ធ្ងរពីសំណាក់ពួកទទឹងនឹងព្រះគ្រីស្ទ និងដើម្បីឱ្យពួកគេអាចស្គាល់ពួកទទឹងនឹងព្រះគ្រីស្ទ និងអាចបោះបង់ពួកនោះចេញពីចិត្តបាន។
14. ត្រូវស្គាល់ពីមនុស្សអាក្រក់ និងពួកទទឹងនឹងព្រះគ្រីស្ទគ្រប់ប្រភេទឱ្យបានឆាប់ រួចបណ្ដេញពួកគេចេញ។
15. ការពារបុគ្គលិកធ្វើការសំខាន់ៗគ្រប់ប្រភេទ ដោយការពារពួកគេពីការជ្រៀតជ្រែកពីពិភពខាងក្រៅ ហើយរក្សាសុវត្ថិភាពដល់ពួកគេ ដើម្បីធានាថា ចំណុចការងារសំខាន់ៗជាច្រើនអាចដំណើរការទៅមុខតាមរបៀបរៀបរយ។
ទំនួលខុសត្រូវរបស់អ្នកដឹកនាំ និងអ្នកធ្វើការត្រូវបានសង្ខេបសរុបចំនួនដប់ប្រាំចំណុច ហើយយើងនឹងប្រកបគ្នាផ្អែកលើចំណុចទាំងនេះ។ សូមយើងពិនិត្យមើលកិច្ចការនីមួយៗក្នុងចំណុចទាំងដប់ប្រាំនេះជាមុនសិន។ បីចំណុចដំបូង ពាក់ព័ន្ធនឹងបញ្ហានៃការយល់ដឹងរបស់មនុស្សអំពីសេចក្ដីពិត និងការចូលទៅក្នុងជីវិត។ នេះគឺជាកិច្ចការមូលដ្ឋានគ្រឹះដែលអ្នកដឹកនាំ និងអ្នកធ្វើការគួរតែធ្វើ ហើយជាផ្នែកមួយនៃប្រភេទធំ។ ក្នុងនាមជាអ្នកដឹកនាំ ឬអ្នកធ្វើការ ចាំបាច់បំផុតគឺអ្នកត្រូវតែអាចបំពេញកិច្ចការទាំងនេះឱ្យបាន មានគុណសម្បត្តិប្រភេទនេះ មានបន្ទុកប្រភេទនេះ និងអាចរែកពុនទំនួលខុសត្រូវនេះបាន។ ទាំងនេះគឺជាមូលដ្ឋានគ្រឹះដែលអ្នកគួរតែមាន។ អ្នកដឹកនាំ និងអ្នកធ្វើការត្រូវតែអាចប្រកបគ្នាអំពីព្រះបន្ទូលរបស់ព្រះជាម្ចាស់ ស្វែងរកមាគ៌ានៃការអនុវត្តតាមរយៈព្រះបន្ទូលទាំងនោះ ដឹកនាំមនុស្សឱ្យយល់ពីព្រះបន្ទូលរបស់ព្រះជាម្ចាស់ និងដឹកនាំមនុស្សឱ្យឆ្លងកាត់ និងចូលទៅក្នុងព្រះបន្ទូលរបស់ព្រះជាម្ចាស់នៅក្នុងជីវិតពិត ព្រមទាំងអាចនាំយកព្រះបន្ទូលទាំងនោះមកក្នុងជីវិតពិត ដោយប្រើព្រះបន្ទូលទាំងនោះដើម្បីដោះស្រាយបញ្ហា ឬការលំបាកផ្សេងៗដែលជួបប្រទះនៅក្នុងជីវិតពិត និងនៅក្នុងដំណើរការនៃការបំពេញភារកិច្ចរបស់ពួកគេ។ ប្រសិនបើរាស្ដ្ររើសតាំងរបស់ព្រះជាម្ចាស់មានបញ្ហាដែលត្រូវការអ្នកដឹកនាំ ឬអ្នកធ្វើការឱ្យជួយដោះស្រាយ ប៉ុន្តែអ្នកដឹកនាំ ឬអ្នកធ្វើការនោះមិនអាចប្រើសេចក្ដីពិតដើម្បីដោះស្រាយបញ្ហានោះបាន ដូច្នេះ អ្នកដឹកនាំ ឬអ្នកធ្វើការនោះ ជាមនុស្សអត់បានការ គ្មានសមត្ថភាពសូម្បីតែបំពេញកិច្ចការមូលដ្ឋានគ្រឹះបែបនេះ។ អ្នកដឹកនាំ ឬអ្នកធ្វើការប្រភេទនេះ គឺមិនត្រូវតាមស្ដង់ដាទេ។ ចំណុចទីបួន និងទីប្រាំ ពាក់ព័ន្ធនឹងចំណុចផ្សេងៗនៃការងាររបស់ពួកជំនុំ និងអ្នកមើលការខុសត្រូវលើចំណុចនៃការងារទាំងនោះ។ ប្រសិនបើអ្នកដឹកនាំ និងអ្នកធ្វើការមិនត្រួតពិនិត្យអ្នកមើលការខុសត្រូវឱ្យបានត្រឹមត្រូវទេ នោះកិច្ចការរបស់ពួកជំនុំអាចនឹងគ្មានសណ្ដាប់ធ្នាប់ ឬត្រូវបានរំខានដោយមនុស្សអាក្រក់ ដែលវានឹងជះឥទ្ធិពលដល់ប្រសិទ្ធភាព និងវឌ្ឍនភាពនៃកិច្ចការ ហើយកិច្ចការនោះផ្ទាល់អាចនឹងជាប់គាំងទៀតផង។ ហេតុដូច្នេះហើយ កិច្ចការទីបួន និងទីប្រាំ ក៏ជាកិច្ចការដែលអ្នកដឹកនាំដែលត្រូវតាមស្ដង់ដា ត្រូវតែបំពេញឱ្យបានល្អផងដែរ។ ចំណុចទីប្រាំមួយ និងទីប្រាំពីរ និយាយអំពីការដំឡើងឋានៈ ការបណ្ដុះបណ្ដាល និងការប្រើប្រាស់មនុស្សគ្រប់ប្រភេទ។ គោលការណ៍នៃការប្រើប្រាស់មនុស្ស គឺដើម្បីប្រើប្រាស់មនុស្សគ្រប់គ្នាឱ្យអស់ពីសមត្ថភាព ហើយមនុស្សគ្រប់ប្រភេទអាចបំពេញភារកិច្ចរបស់ពួកគេបាន ដរាបណាភាពជាមនុស្សរបស់ពួកគេត្រូវតាមស្ដង់ដា ហើយពួកគេអាចបំពេញតាមស្ដង់ដាដែលតម្រូវដោយដំណាក់របស់ព្រះជាម្ចាស់។ ពោលគឺ អនុញ្ញាតឱ្យមនុស្សគ្រប់ប្រភេទអាចបំពេញភារកិច្ចបានតាមសមស្រប។ ពុំមានការចាំបាច់អ្វីត្រូវបង្ខំទាឱ្យឡើងទ្រនំ ឬបង្ខំគោឱ្យឡើងដើមឈើនោះទេ។ ការដែលមនុស្សម្នាក់ស័ក្ដិសមសម្រាប់កិច្ចការណាមួយ អាចបំពេញកិច្ចការនោះបានល្អ និងមានសមត្ថភាព នោះគឺគ្រប់គ្រាន់ហើយ។ លើសពីនេះទៅទៀត កិច្ចការខ្លះពាក់ព័ន្ធនឹងទិដ្ឋភាពបច្ចេកទេស និងជំនាញវិជ្ជាជីវៈ ហើយមនុស្សខ្លះអាចពូកែខាងកិច្ចការទាំងនោះ ប៉ុន្តែមិនដែលបានធ្វើកិច្ចការណាមួយនៅក្នុងផ្នែកនេះទេ ហើយពួកគេក៏មិនបានយល់ពីគោលការណ៍ដែលពាក់ព័ន្ធដែរ។ សម្រាប់មនុស្សទាំងនេះ ប្រសិនបើពួកគេត្រូវតាមស្ដង់ដាសម្រាប់ការដំឡើងឋានៈ និងការបណ្ដុះបណ្ដាលនៅក្នុងដំណាក់របស់ព្រះជាម្ចាស់ នោះគួរតែផ្ដល់ឱកាសដល់ពួកគេ ហើយដំឡើងឋានៈ និងបណ្ដុះបណ្ដាលពួកគេ ដើម្បីឱ្យពួកគេអាចរៀនសូត្របាន។ បែបនេះ កិច្ចការផ្សេងៗនៅក្នុងដំណាក់របស់ព្រះជាម្ចាស់អាចនឹងមានមនុស្សដែលស័ក្ដិសមកាន់តែច្រើនជាងនេះ ដើម្បីទទួលបន្ទុក ហើយនឹងគ្មានកន្លែងការងារទំនេរ នៅពេលណាដែលពួកជំនុំត្រូវការមនុស្សសម្រាប់កិច្ចការផ្សេងៗ។ ទាំងនេះគឺជាបញ្ហាអំពីទិដ្ឋភាពទាំងពីរនៃការដំឡើងឋានៈ និងការបណ្ដុះបណ្ដាលមនុស្ស និងការប្រើប្រាស់មនុស្ស។ សូមយើងពិនិត្យមើលចំណុចទីប្រាំបី និងទីប្រាំបួន៖ ចំណុចទាំងពីរនេះ និយាយអំពីអាកប្បកិរិយាដែលអ្នកដឹកនាំ និងអ្នកធ្វើការមានចំពោះកិច្ចការ ពោលគឺ ថាតើពួកគេអាចបំពេញការទទួលខុសត្រូវរបស់ពួកគេបាន មានភាពស្មោះត្រង់ និងមានសមត្ថភាពក្នុងការបំពេញការងារឱ្យបានល្អឬអត់ នៅក្នុងការប្រព្រឹត្តរបស់ពួកគេចំពោះសេចក្ដីតម្រូវរបស់ព្រះជាម្ចាស់ និងការរៀបចំនៃដំណាក់របស់ព្រះជាម្ចាស់ និងនៅពេលជួបប្រទះការលំបាកផ្សេងៗនៅក្នុងកិច្ចការ។ ចំណុចទីដប់ និងទីដប់មួយ និយាយអំពីគោលការណ៍សម្រាប់ការចាត់ចែងតង្វាយ និងទ្រព្យសម្បត្តិគ្រប់ប្រភេទនៅក្នុងដំណាក់របស់ព្រះជាម្ចាស់។ ក្នុងទិដ្ឋភាពមួយ ចំណុចទាំងពីរនេះពាក់ព័ន្ធនឹងគុណសម្បត្តិ និងសមត្ថភាពការងាររបស់មនុស្ស ហើយក្នុងទិដ្ឋភាពមួយទៀត ចំណុចទាំងពីរនេះពាក់ព័ន្ធនឹងបញ្ហានៃភាពជាមនុស្ស ថាតើមនុស្សម្នាក់មានភាពស្មោះត្រង់ឬអត់ និងថាតើពួកគេអាចបំពេញការទទួលខុសត្រូវរបស់ពួកគេបានដែរឬទេ។ បន្ទាប់មក សូមយើងពិនិត្យមើលចំណុចទីដប់ពីរ ដប់បី និងដប់បួន ទាក់ទងនឹងកាលៈទេសៈពិសេសមួយចំនួនដែលកើតឡើងនៅក្នុងពួកជំនុំ ដូចជា ប្រសិនបើមាននរណាម្នាក់កំពុងបង្អាក់និងរំខាន និងធ្វើឱ្យប៉ះពាល់ដល់ជីវិតជាប្រក្រតីរបស់ពួកជំនុំជាដើម។ ជាការពិតណាស់ រឿងដែលធ្ងន់ធ្ងរបំផុតគឺ ការលេចមកនៃពួកទទឹងនឹងព្រះគ្រីស្ទ ឬមនុស្សប្រភេទផ្សេងទៀតដែលគួរតែត្រូវសម្អាតចេញ ឬបណ្ដេញចេញ។ របៀបដោះស្រាយជាមួយមនុស្សប្រភេទនេះ ហើយត្រូវដោះស្រាយក្រោមគោលការណ៍អ្វីខ្លះ ក៏ជាការងារស្ថិតក្នុងរង្វង់នៃការទទួលខុសត្រូវរបស់អ្នកដឹកនាំ និងអ្នកធ្វើការដែរ។ ការដែលអាចរកឃើញបញ្ហាបានទាន់ពេលវេលា ហើយនៅពេលដែលអ្នកឃើញនរណាម្នាក់កំពុងបង្កការបង្អាក់ និងការរំខាន ហើយអាចបញ្ឈប់ ចាត់ការ និងដោះស្រាយបញ្ហានេះបានភ្លាមៗ ព្រមទាំងធានាថា កិច្ចការរបស់ពួកជំនុំ និងជីវិតពួកជំនុំមិនត្រូវបានរំខាន ទាំងនេះគឺជាសុទ្ធតែជាបញ្ហាដែលមាននិយាយនៅក្នុងចំណុចទាំងបីនេះទាំងអស់។ ចំណុចចុងក្រោយគេ និយាយអំពីបញ្ហាសុវត្ថិភាពផ្ទាល់ខ្លួនរបស់បុគ្គលិកកាន់ការងារសំខាន់ៗគ្រប់ប្រភេទ ក៏ដូចជាបញ្ហាថាតើកិច្ចការសំខាន់គ្រប់ប្រភេទ អាចធានាបានដែរឬអត់។ កិច្ចការអាចរីកចម្រើនទៅមុខបាន នៅពេលដែលបុគ្គលិកមានសុវត្ថិភាព ប៉ុន្តែប្រសិនបើបញ្ហា ឬគ្រោះថ្នាក់មើលមិនឃើញកើតឡើងពាក់ព័ន្ធនឹងសុវត្ថិភាពបុគ្គលិក ដូច្នេះ កិច្ចការអាចរីកច្រើនទៅមុខបានឬអត់ នឹងក្លាយជាបញ្ហាមិនខាន។ សូមយើងពិនិត្យមើលឡើងវិញទាំងអស់គ្នា ថាតើមានប្រភេទធំៗសំខាន់ចំនួនប៉ុន្មាន។ ចំណុចទីមួយ ទីពីរ និងទីបី ស្ថិតនៅក្នុងប្រភេទទីមួយ៖ ច្រកចូលទៅក្នុងជីវិតរបស់មនុស្ស។ ចំណុចទីបួន និងទីប្រាំ ស្ថិតនៅក្នុងប្រភេទទីពីរ៖ ចំណុចនៃការងារផ្សេងៗរបស់ពួកជំនុំ និងអ្នកមើលការខុសត្រូវលើចំណុចនៃការងារទាំងនោះ។ ចំណុចទីប្រាំមួយ និងទីប្រាំពីរ ស្ថិតនៅក្នុងប្រភេទទីបី៖ ការប្រើប្រាស់ ការបណ្ដុះបណ្ដាល និងការដំឡើងឋានៈមនុស្សគ្រប់ប្រភេទ។ ចំណុចទីប្រាំបី និងទីប្រាំបួន ស្ថិតនៅក្នុងប្រភេទទីបួន៖ ការរៀបចំការងារនៃដំណាក់របស់ព្រះជាម្ចាស់ និងការលំបាកនានានៅក្នុងកិច្ចការ។ ចំណុចទីដប់ និងទីដប់មួយ ស្ថិតនៅក្នុងប្រភេទទីប្រាំ៖ តង្វាយ និងទ្រព្យសម្បត្តិនៃដំណាក់របស់ព្រះជាម្ចាស់។ ចំណុចទីដប់ពីរ ដប់បី និងដប់បួន ស្ថិតនៅក្នុងប្រភេទទីប្រាំមួយ៖ កាលៈទេសៈពិសេសដែលកើតឡើងនៅក្នុងពួកជំនុំ។ ចំណុចទីដប់ប្រាំ ស្ថិតនៅក្នុងប្រភេទទីប្រាំពីរ៖ កិច្ចការសំខាន់របស់ពួកជំនុំ និងសុវត្ថិភាពរបស់បុគ្គលិក។ សរុបទាំងអស់ មានប្រាំពីរប្រភេទធំៗ ដែលពាក់ព័ន្ធនឹងចំណុចទាំងដប់ប្រាំនេះ។ ប្រភេទទាំងប្រាំពីរនេះ គឺស្ថិតនៅក្នុងរង្វង់នៃការទទួលខុសត្រូវរបស់អ្នកដឹកនាំ និងអ្នកធ្វើការ ហើយជាផ្នែកមួយនៃការងាររបស់ពួកគេ។ ក្នុងនាមជាអ្នកដឹកនាំ ឬអ្នកធ្វើការម្នាក់ កិច្ចការជាមូលដ្ឋានបំផុតដែលជាការងាររបស់អ្នក គឺប្រភេទទាំងប្រាំពីរនេះឯង ហើយប្រភេទទាំងប្រាំពីរនេះ គឺជាព្រំដែននៃសេចក្ដីតម្រូវពីដំណាក់របស់ព្រះជាម្ចាស់សម្រាប់អ្នកដឹកនាំ ឬអ្នកធ្វើការ។ ប្រសិនបើយើងចង់វាស់វែងថាតើអ្នកដឹកនាំម្នាក់អាចបំពេញការងារបានល្អដែរឬអត់ ថាតើពួកគេមានសមត្ថភាពការងារដែរឬអត់ ថាតើពួកគេមានគុណសម្បត្តិធ្វើជាអ្នកដឹកនាំដែរឬអត់ និងថាតើពួកគេត្រូវតាមស្ដង់ដាជាអ្នកដឹកនាំដែរឬអត់ យើងគួរតែពិនិត្យមើលប្រភេទទាំងប្រាំពីរនេះ។ ក្រោយពីបានយល់ពីចំណុចនេះហើយ យើងនឹងប្រកបគ្នា និងវែកញែកឱ្យល្អិតល្អន់ពីលក្ខណៈសម្គាល់ និងការប្រព្រឹត្តជាក់លាក់របស់ពួកអ្នកដឹកនាំក្លែងក្លាយម្ដងមួយៗ ដោយផ្អែកលើប្រភេទធំៗទាំងប្រាំពីរនេះ ក៏ដូចជាអ្វីដែលពួកគេបានធ្វើក្នុងអំឡុងពេលដែលពួកគេធ្វើជាអ្នកដឹកនាំ ដែលបញ្ជាក់ថា ពួកគេគឺជាអ្នកដឹកនាំក្លែងក្លាយ ហើយមិនមែនជាមនុស្សដែលត្រូវតាមស្ដង់ដា។ នៅពេលដែលវាស់វែងផ្អែកតាមប្រភេទទាំងប្រាំពីរនេះ គឺមានភស្តុតាងជាក់លាក់ ហើយបែបនេះគឺមានភាពត្រឹមត្រូវ និងសមហេតុផលសមល្មម។ សុំប្រាប់ខ្ញុំមកចុះ តើយើងគួរប្រកបគ្នាអំពីប្រភេទទាំងប្រាំពីរនេះម្ដងមួយៗ ឬក៏ប្រកបគ្នាអំពីចំណុចទាំងដប់ប្រាំនេះម្ដងមួយៗ? វិធីមួយណាល្អជាង? (ប្រកបគ្នាអំពីចំណុចទាំងដប់ប្រាំនេះម្ដងមួយៗ។) បែបនោះគឺស្របតាមចំណូលចិត្តរបស់អ្នករាល់គ្នាហើយ កាន់តែលម្អិត កាន់តែល្អ មែនទេ? បន្ទាប់មកទៀត យើងនឹងចាប់ផ្ដើមប្រកបគ្នាជាផ្លូវការអំពីលក្ខណៈសម្គាល់ផ្សេងៗរបស់ពួកអ្នកដឹកនាំក្លែងក្លាយ។
ចំណុចទីមួយ៖ ដឹកនាំមនុស្សឱ្យហូប និងផឹកព្រះបន្ទូលរបស់ព្រះជាម្ចាស់ និងយល់ពីព្រះបន្ទូលទាំងនោះ ព្រមទាំងដឹកនាំពួកគេឱ្យចូលទៅក្នុងតថភាពនៃព្រះបន្ទូលរបស់ព្រះជាម្ចាស់
អ្នកដឹកនាំក្លែងក្លាយគ្មានគុណសម្បត្តិ និងសមត្ថភាពយល់ដឹងពីព្រះបន្ទូលរបស់ព្រះជាម្ចាស់ឡើយ
តើអ្នកដឹកនាំក្លែងក្លាយជានរណា? ពិតប្រាកដណាស់ គេគឺជាមនុស្សម្នាក់ដែលមិនអាចធ្វើកិច្ចការជាក់ស្ដែងបាន ជាមនុស្សម្នាក់ដែលមិនបំពេញភារកិច្ចរបស់ខ្លួនក្នុងនាមជាអ្នកដឹកនាំ។ ពួកគេមិនបំពេញកិច្ចការពិតប្រាកដ ឬកិច្ចការសំខាន់ណាមួយឡើយ។ ពួកគេគ្រាន់តែមើលការខុសត្រូវលើកិច្ចការទូទៅមួយចំនួន និងកិច្ចការរាក់ៗមួយចំនួនប៉ុណ្ណោះ ជារឿងដែលគ្មានអ្វីពាក់ព័ន្ធនឹងច្រកចូលទៅក្នុងជីវិត ឬសេចក្ដីពិតឡើយ។ ទោះបីជាពួកគេបំពេញកិច្ចការនេះបានច្រើនប៉ុនណាក៏ដោយ ក៏គ្មានសារៈសំខាន់អ្វីក្នុងការបំពេញកិច្ចការនេះដែរ។ ហេតុនោះហើយទើបអ្នកដឹកនាំបែបនេះ ត្រូវបានកំណត់លក្ខណៈថាជាអ្នកដឹកនាំក្លែងក្លាយ។ ដូច្នេះ តើមនុស្សម្នាក់ត្រូវស្គាល់ពីអ្នកដឹកនាំក្លែងក្លាយពិតប្រាកដតាមរបៀបណា? សូមយើងចាប់ផ្ដើមការវិភាគវែកញែករបស់យើងក្នុងពេលនេះ។ ជាដំបូង ត្រូវតែបញ្ជាក់ឱ្យច្បាស់ថា ទំនួលខុសត្រូវទីមួយរបស់អ្នកដឹកនាំ ឬអ្នកធ្វើការ គឺដឹកនាំអ្នកដទៃក្នុងការហូប និងផឹកព្រះបន្ទូលរបស់ព្រះជាម្ចាស់ និងប្រកបគ្នាអំពីសេចក្ដីពិតតាមរបៀបមួយដែលអ្នកដទៃអាចយល់ពីសេចក្ដីពិតនោះបាន និងចូលទៅក្នុងតថភាពសេចក្ដីពិត។ នេះគឺជាលក្ខណៈវិនិច្ឆ័យដ៏សំខាន់បំផុត ដែលត្រូវពិនិត្យមើលថាតើអ្នកដឹកនាំណាម្នាក់ជាអ្នកដឹកនាំពិត ឬក្លែងក្លាយ។ ត្រូវមើលថាតើពួកគេអាចដឹកនាំអ្នកដទៃក្នុងការហូប និងផឹកព្រះបន្ទូលរបស់ព្រះជាម្ចាស់ និងយល់ពីសេចក្ដីពិតបានឬអត់ ហើយថាតើពួកគេអាចប្រើសេចក្ដីពិតដើម្បីដោះស្រាយបញ្ហាបានដែរឬអត់។ នោះគឺជាលក្ខណៈវិនិច្ឆ័យតែមួយគត់ដែលត្រូវពិនិត្យមើលថាតើអ្នកដឹកនាំ ឬអ្នកធ្វើការណាម្នាក់មានគុណសម្បត្តិ និងសមត្ថភាពអ្វីខ្លះក្នុងការយល់ពីព្រះបន្ទូលរបស់ព្រះជាម្ចាស់ ហើយថាតើពួកគេអាចដឹកនាំរាស្ដ្ររើសតាំងរបស់ព្រះជាម្ចាស់ឱ្យចូលទៅក្នុងតថភាពនៃសេចក្ដីពិតបានដែរឬអត់។ ប្រសិនបើអ្នកដឹកនាំ ឬអ្នកធ្វើការណាម្នាក់មានសមត្ថភាពក្នុងការយល់ពីព្រះបន្ទូលរបស់ព្រះជាម្ចាស់បានត្រឹមត្រូវ និងយល់ពីសេចក្ដីពិត នោះពួកគេគួរតែដោះស្រាយសញ្ញាណ និងការស្រមើស្រមៃដែលមនុស្សមានអំពីសេចក្ដីជំនឿលើព្រះជាម្ចាស់ ផ្អែកតាមព្រះបន្ទូលរបស់ព្រះជាម្ចាស់ ហើយជួយមនុស្សឱ្យយល់ពីភាពជាក់ស្ដែងនៃកិច្ចការរបស់ព្រះជាម្ចាស់។ ពួកគេក៏គួរតែដោះស្រាយការលំបាកជាក់ស្ដែងដែលរាស្ដ្ររើសតាំងរបស់ព្រះជាម្ចាស់បានជួបប្រទះ ស្របតាមព្រះបន្ទូលរបស់ទ្រង់ ជាពិសេសពាក់ព័ន្ធនឹងទស្សនៈខុសឆ្គងដែលពួកគេមាននៅក្នុងសេចក្ដីជំនឿរបស់ពួកគេ ឬការយល់ខុសដែលពួកគេមានពាក់ព័ន្ធនឹងការបំពេញភារកិច្ចណាមួយផងដែរ។ ពួកគេក៏ត្រូវតែអនុវត្តព្រះបន្ទូលរបស់ព្រះជាម្ចាស់ ដើម្បីដោះស្រាយបញ្ហាដែលបង្ហាញចេញនៅពេលមនុស្សជួបប្រទះនឹងការល្បងលនិងទុក្ខវេទនាផ្សេងៗគ្នា និងអាចដឹកនាំរាស្រ្តរើសតាំងរបស់ព្រះជាម្ចាស់ឱ្យយល់ និងអនុវត្តសេចក្ដីពិត និងចូលទៅក្នុងតថភាពនៃព្រះបន្ទូលរបស់ទ្រង់។ ក្នុងពេលជាមួយគ្នានោះដែរ ពួកគេត្រូវតែវែកញែកឱ្យល្អិតល្អន់ពីនិស្ស័យពុករលួយផ្សេងៗរបស់មនុស្ស ផ្អែកតាមសភាពពុករលួយដែលបើកបង្ហាញតាមរយៈព្រះបន្ទូលរបស់ព្រះជាម្ចាស់ ដើម្បីឱ្យរាស្រ្តរើសតាំងរបស់ព្រះជាម្ចាស់អាចនឹងមើលឃើញថាតើសភាពមួយណាក្នុងចំណោមនោះដែលត្រូវនឹងពួកគេ ដើម្បីបានស្គាល់ពីខ្លួនពួកគេ ព្រមទាំងស្អប់និងបះបោរទាស់នឹងសាតាំង ហើយដោយហេតុនេះ ក៏អនុញ្ញាតឱ្យរាស្រ្តរើសតាំងរបស់ព្រះជាម្ចាស់អាចប្រកាន់ខ្ជាប់នូវទីបន្ទាល់របស់ខ្លួនបាន យកឈ្នះលើសាតាំង និងថ្វាយសិរីល្អដល់ព្រះជាម្ចាស់ក្នុងអំឡុងការល្បងលគ្រប់ប្រភេទនេះ។ នេះគឺជាកិច្ចការដែលអ្នកដឹកនាំនិងអ្នកធ្វើការគួរតែធ្វើ។ នេះគឺជាការងារមូលដ្ឋាន សំខាន់ និងជាការងារស្នូលបំផុត។ ប្រសិនបើមនុស្សដែលធ្វើការជាអ្នកដឹកនាំមានសមត្ថភាពក្នុងការយល់ពីព្រះបន្ទូលរបស់ព្រះជាម្ចាស់ និងមានគុណសម្បត្តិយល់ពីសេចក្ដីពិត ពួកគេនឹងមិនត្រឹមតែអាចយល់ពីព្រះបន្ទូលរបស់ព្រះជាម្ចាស់ និងអាចចូលទៅក្នុងតថភាពនៃព្រះបន្ទូលទាំងនោះបានប៉ុណ្ណោះទេ ពួកគេក៏នឹងអាចណែនាំ ដឹកនាំ និងជួយដល់ពួកអ្នកដែលត្រូវពួកគេដឹកនាំនោះឱ្យយល់ពីព្រះបន្ទូលរបស់ព្រះជាម្ចាស់ និងចូលទៅក្នុងតថភាពនៃព្រះបន្ទូលទាំងនោះផងដែរ។ ប៉ុន្តែ គុណសម្បត្តិដើម្បីយល់ពីព្រះបន្ទូលរបស់ព្រះជាម្ចាស់ និងយល់ពីសេចក្ដីពិត គឺច្បាស់ណាស់ជាអ្វីដែលពួកអ្នកដឹកនាំក្លែងក្លាយខ្វះខាត។ ពួកគេមិនយល់ពីព្រះបន្ទូលរបស់ព្រះជាម្ចាស់ ពួកគេមិនដឹងពីនិស្ស័យពុករលួយដែលមនុស្សបង្ហាញចេញនៅក្នុងកាលៈទេសៈផ្សេងៗ ដែលត្រូវបានលាតត្រដាងតាមរយៈព្រះបន្ទូលរបស់ទ្រង់ទេ ក៏មិនដឹងថាសភាពបែបណាដែលបង្កើតឱ្យមានការប្រឆាំង ការត្អូញត្អែរ និងការក្បត់នឹងព្រះជាម្ចាស់ ។ល។ និង ។ល។ ដែរ។ ពួកអ្នកដឹកនាំក្លែងក្លាយមិនអាចឆ្លុះបញ្ចាំងពីខ្លួនឯង ឬផ្សារភ្ជាប់ព្រះបន្ទូលរបស់ព្រះជាម្ចាស់នឹងខ្លួនឯងបានទេ ពួកគេគ្រាន់តែយល់ពីគោលលទ្ធិបន្តិចបន្តួច និងបទប្បញ្ញត្តិមួយចំនួនតាមរយៈន័យត្រង់នៃព្រះបន្ទូលរបស់ព្រះជាម្ចាស់ប៉ុណ្ណោះ។ នៅពេលដែលពួកគេប្រកបគ្នាជាមួយអ្នកដទៃ ពួកគេគ្រាន់តែសូត្រព្រះបន្ទូលរបស់ទ្រង់ខ្លះៗ រួចពន្យល់ពីន័យត្រង់នៃព្រះបន្ទូលទាំងនោះប៉ុណ្ណោះ។ ហើយបែបនេះ ពួកគេគិតថា ពួកគេកំពុងប្រកបគ្នាអំពីសេចក្ដីពិត និងធ្វើការងារជាក់ស្ដែងហើយ។ ប្រសិនបើមាននរណាម្នាក់អាចអាន និងសូត្រព្រះបន្ទូលរបស់ព្រះជាម្ចាស់ដូចពួកគេបាន នោះពួកគេនឹងគិតថា អ្នកទាំងនោះជាមនុស្សដែលស្រឡាញ់ និងយល់ពីសេចក្ដីពិត។ អ្នកដឹកនាំក្លែងក្លាយ គ្រាន់តែយល់ពីន័យត្រង់នៃព្រះបន្ទូលរបស់ព្រះជាម្ចាស់ប៉ុណ្ណោះ ពួកគេមិនយល់ពីសេចក្ដីពិតនៃព្រះបន្ទូលរបស់ព្រះជាម្ចាស់សោះឡើយ ដូច្នេះហើយទើបពួកគេមិនអាចនិយាយអំពីការយល់ដឹងតាមរយៈបទពិសោធរបស់ពួកគេអំពីព្រះបន្ទូលទាំងនោះបាន។ ពួកអ្នកដឹកនាំក្លែងក្លាយគ្មានសមត្ថភាពក្នុងការយល់ពីព្រះបន្ទូលរបស់ព្រះជាម្ចាស់ទេ។ ពួកគេអាចយល់បានត្រឹមតែអត្ថន័យសើៗនៃព្រះបន្ទូលទាំងនោះប៉ុណ្ណោះ ប៉ុន្តែបែរជឿថា នោះគឺជាការយល់ដឹងពីព្រះបន្ទូលរបស់ទ្រង់ និងជាការយល់ពីសេចក្ដីពិតទៅវិញ។ នៅក្នុងជីវិតប្រចាំថ្ងៃ ពួកគេតែងតែបកស្រាយន័យត្រង់នៃព្រះបន្ទូលរបស់ព្រះជាម្ចាស់ ដើម្បីទូន្មាន និងជួយអ្នកដទៃ ដោយជឿថាការធ្វើដូច្នេះ គឺជាការបំពេញការងារហើយ ហើយថាពួកគេកំពុងដឹកនាំមនុស្សឱ្យហូប និងផឹកព្រះបន្ទូលរបស់ព្រះជាម្ចាស់ និងចូលទៅក្នុងតថភាពនៃព្រះបន្ទូលទាំងនោះហើយ។ តាមពិតទៅ ទោះបីជាពួកអ្នកដឹកនាំក្លែងក្លាយតែងតែប្រកបគ្នាជាញឹកញាប់ជាមួយអ្នកដទៃអំពីព្រះបន្ទូលរបស់ព្រះជាម្ចាស់តាមរបៀបនេះក៏ដោយ ក៏ពួកគេមិនអាចដោះស្រាយបញ្ហាពិតប្រាកដសូម្បីតែបន្តិចណាឡើយ ហើយរាស្ដ្ររើសតាំងរបស់ព្រះជាម្ចាស់ក៏នៅតែមិនអាចអនុវត្ត ឬដកពិសោធន៍ព្រះបន្ទូលរបស់ទ្រង់បានដដែល។ មិនថាពួកគេចូលរួមការជួបជុំ ឬហូប និងផឹកព្រះបន្ទូលរបស់ព្រះជាម្ចាស់ច្រើនប៉ុនណានោះទេ ក៏ពួកគេនៅតែមិនយល់ពីសេចក្ដីពិត និងមិនមានការចូលទៅក្នុងជីវិតដដែល ហើយគ្មាននរណាម្នាក់ក្នុងចំណោមពួកគេដែលអាចនិយាយអំពីការយល់ដឹងតាមរយៈបទពិសោធរបស់ពួកគេបានឡើយ។ ទោះបីជាមានមនុស្សអាក្រក់ និងអ្នកមិនជឿបង្កការរំខាននៅក្នុងពួកជំនុំក៏ដោយ ក៏គ្មាននរណាម្នាក់អាចស្គាល់ពីពួកគេបានដែរ។ នៅពេលដែលអ្នកដឹកនាំក្លែងក្លាយឃើញអ្នកមិនជឿ ឬមនុស្សអាក្រក់ម្នាក់បង្កការរំខាន ពួកគេមិនបានប្រើចំណេះដឹងដើម្បីបែងចែកមនុស្សទេ ប៉ុន្តែបែរជាបង្ហាញសេចក្ដីស្រឡាញ់ និងការដាស់តឿនទៅដល់មនុស្សទាំងនោះ ដោយសុំឱ្យអ្នកដទៃមានចិត្តអត់ឱន និងអត់ធ្មត់ចំពោះពួកគេ ដោយបណ្ដោយឱ្យមនុស្សទាំងនេះបន្តបង្កការរំខាននៅក្នុងពួកជំនុំទៀត។ ទង្វើនេះនាំឱ្យចំណុចនៃការងារនីមួយៗរបស់ពួកជំនុំ គ្មានផ្លែផ្កាអ្វីសោះ។ នេះគឺជាផលវិបាកពីការដែលអ្នកដឹកនាំក្លែងក្លាយមិនបានបំពេញការងារជាក់ស្ដែង។ ពួកអ្នកដឹកនាំក្លែងក្លាយមិនអាចប្រើសេចក្ដីពិតដើម្បីដោះស្រាយបញ្ហាបានទេ ដែលគ្រប់គ្រាន់នឹងបង្ហាញថា ពួកគេគ្មានតថភាពសេចក្ដីពិតទេ។ នៅពេលដែលពួកគេនិយាយ ពួកគេគ្រាន់តែបន្លឺពាក្យពេចន៍ និងគោលលទ្ធិប៉ុណ្ណោះ ហើយអ្វីគ្រប់យ៉ាងដែលពួកគេប្រាប់អ្នកដទៃឱ្យអនុវត្ត គឺជាគោលលទ្ធិ និងបទប្បញ្ញត្តិ។ ឧទាហរណ៍៖ នៅពេលដែលនរណាម្នាក់កើតមានការយល់ខុសចំពោះព្រះជាម្ចាស់ ពួកអ្នកដឹកនាំក្លែងក្លាយនឹងនិយាយទៅកាន់ពួកគេថា៖ «ព្រះបន្ទូលរបស់ព្រះជាម្ចាស់បានថ្លែងអំពីរឿងនេះគ្រប់យ៉ាងរួចហើយ៖ ទោះបីជាព្រះជាម្ចាស់ធ្វើអ្វីក៏ដោយ ក៏នោះគឺជាសេចក្ដីសង្គ្រោះរបស់មនុស្ស និងជាសេចក្ដីស្រឡាញ់ដែរ។ សូមមើលចុះ ព្រះបន្ទូលរបស់ទ្រង់ច្បាស់លាស់ និងជាក់លាក់ខ្លាំងប៉ុនណាទៅ។ តើអ្នកនៅតែអាចយល់ច្រឡំចំពោះទ្រង់បានដោយរបៀបណាទៀតទៅ?» ពួកអ្នកដឹកនាំក្លែងក្លាយផ្ដល់ការណែនាំបែបនេះទៅដល់មនុស្ស។ ពួកគេបន្លឺពាក្យពេចន៍ និងគោលលទ្ធិដើម្បីដាស់តឿនមនុស្ស ដើម្បីដាក់កំហិតលើពួកគេ និងធ្វើឱ្យពួកគេប្រកាន់ខ្ជាប់តាមបទប្បញ្ញត្តិ។ ធ្វើបែបនេះ គ្មានប្រសិទ្ធភាពសូម្បីតែបន្តិចណាឡើយ ហើយវាមិនអាចដោះស្រាយបញ្ហាណាមួយបានទេ។ ពួកអ្នកដឹកនាំក្លែងក្លាយ អាចនិយាយបានត្រឹមតែពាក្យពេចន៍ និងគោលលទ្ធិ ដើម្បីដឹកនាំមនុស្សប៉ុណ្ណោះ ដែលធ្វើឱ្យមនុស្សទាំងនោះគិតថា ការដែលអាចនិយាយពីគោលលទ្ធិបាន នោះមានន័យថា ពួកគេបានចូលទៅក្នុងតថភាពសេចក្ដីពិតហើយ។ ប៉ុន្តែ នៅពេលដែលមានការលំបាកធ្លាក់មកលើពួកគេ ពួកគេមិនដឹងត្រូវអនុវត្តបែបណាទេ ពួកគេគ្មានមាគ៌ាអ្វីឡើយ ហើយពាក្យពេចន៍ និងគោលលទ្ធិទាំងអស់ដែលពួកគេបានយល់ ក៏គ្មានបានការ។ តើនេះបង្ហាញពីអ្វី? វាបង្ហាញថា ការយល់ដឹងពីគោលលទ្ធិ គឺគ្មានប្រយោជន៍ ឬគ្មានតម្លៃអ្វីទាំងអស់។ រឿងតែមួយគត់ដែលពួកអ្នកដឹកនាំក្លែងក្លាយយល់ដឹង គឺគោលលទ្ធិ។ ពួកគេមិនអាចប្រកបគ្នាអំពីសេចក្ដីពិតដើម្បីដោះស្រាយបញ្ហាបានទេ។ សកម្មភាពរបស់ពួកគេគ្មានគោលការណ៍អ្វីឡើយ ហើយនៅក្នុងជីវិតរបស់ពួកគេ ពួកគេគ្រាន់តែធ្វើតាមបទប្បញ្ញត្តិមួយចំនួនដែលពួកគេចាត់ទុកថាល្អប៉ុណ្ណោះ។ មនុស្សបែបនេះមិនមានតថភាពសេចក្ដីពិតទេ។ ហេតុនេះហើយបានជាពេលដែលពួកអ្នកដឹកនាំក្លែងក្លាយដឹកនាំមនុស្សឱ្យហូប និងផឹកព្រះបន្ទូលរបស់ព្រះជាម្ចាស់ គឺគ្មានលទ្ធផលពិតប្រាកដអ្វីទេ។ ពួកគេអាចត្រឹមធ្វើឱ្យមនុស្សយល់ពីន័យត្រង់នៃព្រះបន្ទូលរបស់ព្រះជាម្ចាស់ប៉ុណ្ណោះ ហើយមិនអាចជួយពួកគេឱ្យទទួលបានការបំភ្លឺពីព្រះបន្ទូលរបស់ព្រះជាម្ចាស់ ឬដឹងថាពួកគេមាននិស្ស័យពុករលួយបែបណានោះទេ។ ពួកអ្នកដឹកនាំក្លែងក្លាយមិនដឹងថាមនុស្សមានសភាពបែបណាទេ ក៏មិនដឹងថាមនុស្សបង្ហាញចេញសារជាតិនិស្ស័យបែបណានៅចំពោះមុខស្ថានភាពជាក់លាក់ណាមួយដែរ មិនដឹងថាព្រះបន្ទូលរបស់ព្រះជាម្ចាស់មួយណាដែលគួរតែយកមកប្រើដើម្បីដោះស្រាយសភាពខុសឆ្គង និងនិស្ស័យពុករលួយទាំងនេះ មិនដឹងថានៅក្នុងព្រះបន្ទូលរបស់ព្រះជាម្ចាស់មាននិយាយអ្វីខ្លះអំពីរឿងទាំងនោះ មិនដឹងពីសេចក្ដីតម្រូវ និងគោលការណ៍នៃព្រះបន្ទូលរបស់ព្រះជាម្ចាស់ ឬសេចក្ដីពិតនៅក្នុងព្រះបន្ទូលទាំងនោះទេ។ ពួកអ្នកដឹកនាំក្លែងក្លាយមិនយល់ពីតថភាពសេចក្ដីពិតទាំងនេះឡើយ។ ពួកគេគ្រាន់តែទូន្មានមនុស្សដោយនិយាយថា៖ «ចូរហូប និងផឹកព្រះបន្ទូលរបស់ព្រះជាម្ចាស់ឱ្យបានច្រើនចុះ។ នៅក្នុងព្រះបន្ទូលទាំងនោះ គឺមានសេចក្ដីពិតហើយ។ អ្នកនឹងយល់មិនខាន នៅពេលដែលអ្នកបានអានព្រះបន្ទូលរបស់ទ្រង់កាន់តែច្រើន។ ប្រសិនបើអ្នកមិនយល់ព្រះបន្ទូលមួយចំនួន អ្នកគួរតែអធិដ្ឋាន ស្វែងរក និងសញ្ជឹងគិតអំពីព្រះបន្ទូលទាំងនោះឱ្យបានច្រើន»។ ពួកគេទូន្មានមនុស្សតាមរបៀបនេះឯង ហើយពួកគេមិនអាចដោះស្រាយបញ្ហាតាមរយៈការធ្វើដូច្នេះបានទេ។ មិនថានរណាម្នាក់ជួបប្រទះបញ្ហា ហើយមករកពួកគេទេ ពួកគេតែងនិយាយដដែលៗ។ បន្ទាប់មក បុគ្គលម្នាក់នោះនៅតែមិនស្គាល់ខ្លួនឯង នៅតែមិនយល់ពីសេចក្ដីពិតដដែល។ ពួកគេនឹងមិនអាចដោះស្រាយបញ្ហាជាក់ស្ដែងរបស់ខ្លួនឯងបានទេ ហើយក៏មិនដឹងថាត្រូវអនុវត្តព្រះបន្ទូលរបស់ព្រះជាម្ចាស់តាមរបៀបណាដែរ ហើយពួកគេតែងប្រកាន់ខ្ជាប់តាមន័យត្រង់នៃព្រះបន្ទូលរបស់ព្រះជាម្ចាស់ និងបទប្បញ្ញត្តិប៉ុណ្ណោះ។ នៅពេលនិយាយដល់គោលការណ៍សេចក្ដីពិតក្នុងការអនុវត្តព្រះបន្ទូលរបស់ព្រះជាម្ចាស់ ឬតើពួកគេគួរតែចូលទៅក្នុងតថភាពណាខ្លះ ពួកគេនៅតែមិនយល់ដដែល។ នេះគឺជាអ្វីដែលកើតចេញពីកិច្ចការរបស់ពួកអ្នកដឹកនាំក្លែងក្លាយ ពោលគឺ គ្មានលទ្ធផលពិតប្រាកដសូម្បីតែមួយ។
ព្រះជាម្ចាស់តម្រូវឱ្យមនុស្សស្លៀកពាក់ឱ្យបានសមរម្យ និងថ្លៃថ្នូរ ដោយមានឥរិយាបថល្អរបស់ពួកបរិសុទ្ធ។ «ឱ្យបានសមរម្យ និងថ្លៃថ្នូរ ដោយមានឥរិយាបថល្អរបស់ពួកបរិសុទ្ធ» សរុបទាំងអស់ប្រាំបួនពាក្យ ប៉ុន្តែតើអ្នករាល់គ្នាយល់ពីអត្ថន័យនៃពាក្យទាំងនេះទេ? (តាមគោលលទ្ធិ យើងទាំងអស់គ្នាសុទ្ធតែដឹងថា ព្រះជាម្ចាស់តម្រូវឱ្យមនុស្សស្លៀកពាក់ឱ្យបានសមរម្យ និងថ្លៃថ្នូរ ដោយមានឥរិយាបថរបស់ពួកបរិសុទ្ធ ប៉ុន្តែនៅពេលស្លៀកពាក់ យើងមិនដឹងត្រូវវាស់វែងថាសមរម្យ ឬថ្លៃថ្នូរនោះយ៉ាងដូចម្ដេចទេ។) ចំណុចនេះនិយាយដល់បញ្ហានៃការយល់ដឹងពីសេចក្ដីពិតឬអត់។ ប្រសិនបើអ្នកមិនអាចវាស់វែងរឿងនេះបានទេ នោះវាបញ្ជាក់ថា អ្នកមិនយល់ពីព្រះបន្ទូលរបស់ព្រះជាម្ចាស់ទេ។ ដូច្នេះ តើការយល់ពីព្រះបន្ទូលរបស់ព្រះជាម្ចាស់មានន័យដូចម្ដេច? វាមានន័យថាជា ការយល់ដឹងពីលក្ខណៈវិនិច្ឆ័យសម្រាប់ភាពសមរម្យ និងភាពថ្លៃថ្នូរដែលព្រះជាម្ចាស់មានបន្ទូល ឬនិយាយឱ្យកាន់តែជាក់លាក់ទៀតនោះគឺ ពណ៌ និងម៉ូដសម្លៀកបំពាក់។ តើពណ៌ និងម៉ូដណាខ្លះដែលសមរម្យ និងថ្លៃថ្នូរ? អ្នកដែលមានសមត្ថភាពយល់ពីសេចក្ដីពិត ដឹងថាអ្វីដែលសមរម្យ និងថ្លៃថ្នូរ និងអ្វីដែលចម្លែក។ ទោះបីជាសម្លៀកបំពាក់ខ្លះសមរម្យ និងថ្លៃថ្នូរក៏ដោយ ក៏ប៉ុន្តែ វាមានម៉ូដចាស់ហួសសម័យ។ ព្រះជាម្ចាស់មិនសព្វព្រះទ័យនឹងអ្វីដែលចាស់ហួសសម័យនោះទេ ហើយទ្រង់មិនបានសុំឱ្យមនុស្សយកតម្រាប់តាមម៉ូដពីអតីតកាល ឬក្លាយជាពួកផារិស៊ីដ៏មានពុតត្បុតនោះទេ។ ពាក្យ «សមរម្យ និងថ្លៃថ្នូរ» ដែលព្រះជាម្ចាស់ចង់មានន័យគឺ ការមានលក្ខណៈជាមនុស្សធម្មតា មើលទៅថ្លៃថ្នូរ សមសួន និងមានកម្រិតខ្ពស់។ ព្រះជាម្ចាស់មិនបានសុំឱ្យមនុស្សស្លៀកពាក់សម្លៀកបំពាក់ចម្លែក ហើយក៏មិនមែនស្លៀកពាក់ខោអាវរហែករយ៉ៃដូចអ្នកក្រដែរ ប៉ុន្តែទ្រង់សុំឱ្យមនុស្សស្លៀកពាក់ឱ្យបានសមរម្យ និងថ្លៃថ្នូរ ដោយមានឥរិយាបថល្អរបស់ពួកបរិសុទ្ធ។ មនុស្សធម្មតា មានការយល់ដឹងបែបនេះ។ ប៉ុន្តែបន្ទាប់ពីបានឮដូច្នេះ អ្នកដឹកនាំក្លែងក្លាយក៏សប្បាយចិត្ត ដោយនិយាយថា៖ «ព្រះបន្ទូលរបស់ព្រះជាម្ចាស់ប្រទាននូវព្រំដែនពីរបៀបស្លៀកពាក់ដល់យើង។ 'ឱ្យបានសមរម្យ និងថ្លៃថ្នូរ ដោយមានឥរិយាបថល្អរបស់ពួកបរិសុទ្ធ' ប្រសិនបើយើងប្រកាន់តាមពាក្យទាំងប្រាំបួននេះ នោះយើងថ្វាយសិរីល្អដល់ព្រះជាម្ចាស់ មិននាំសេចក្ដីអាម៉ាស់ដល់ទ្រង់ ហើយនឹងក្លាយជាមនុស្សដែលគេឱ្យតម្លៃខ្ពស់នៅក្នុងចំណោមពួកអ្នកមិនជឿ។ ដូច្នេះ តើអ្វីទៅដែលសមរម្យ និងថ្លៃថ្នូរ? គឺអ្នកត្រូវតែនិយាយ និងប្រព្រឹត្តដោយមានលក្ខណៈជាមនុស្ស ហើយត្រូវតែមានឥរិយាបថល្អរបស់ពួកបរិសុទ្ធ។ និយាយអំពីពួកបរិសុទ្ធវិញ ជាទូទៅគឺយើងសំដៅទៅលើពួកបរិសុទ្ធកាលសម័យបុរាណ។ ប្រសិនបើយើងចង់មានឥរិយាបថល្អរបស់ពួកបរិសុទ្ធ នោះយើងត្រូវតែយកតម្រាប់តាមម៉ូដរបស់ពួកបរិសុទ្ធសម័យបុរាណ ប៉ុន្តែប្រសិនបើអ្នកដើរចុះឡើងដោយពាក់សម្លៀកបំពាក់បុរាណ នោះមនុស្សនឹងគិតថាអ្នកឆ្កួតមិនខាន។ បែបនេះគឺមិនស្របតាមគោលការណ៍នៃការគោរពព្រះជាម្ចាស់ទេ ប៉ុន្តែគួរតែមានភស្តុតាងខ្លះៗនៃសម្លៀកបំពាក់ដែលពួកបរិសុទ្ធបានស្លៀកពាក់នៅពេលថ្មីៗនេះ ដែលយើងអាចកំណត់សម្គាល់បាន។ បរិយាកាសសង្គមកាលពីច្រើនទសវត្សរ៍មុន ប្រសើរជាងនេះ។ មនុស្សសាមញ្ញជាងនេះ ហើយស្លៀកពាក់បែបអភិរក្សនិយម និងត្រឹមត្រូវជាងនេះ។ ប្រសិនបើអ្នកស្លៀកពាក់តាមបទដ្ឋាននេះ នោះអ្នកនឹងសមរម្យ និងថ្លៃថ្នូរ ហើយមានឥរិយាបថល្អរបស់ពួកបរិសុទ្ធ។ នេះគឺជាមាគ៌ាសម្រាប់ការអនុវត្ត»។ ដោយបានដឹងថា មនុស្សនៅទសវត្សរ៍ឆ្នាំ ១៩៧០ និង ១៩៨០ ពាក់អាវស និងស្លៀកខោខៀវ គាត់ក៏បានប្រាប់បងប្អូនប្រុសស្រីថា៖ «ខ្ញុំបានឃើញពន្លឺនៅក្នុងព្រះបន្ទូលរបស់ព្រះជាម្ចាស់ហើយ។ មនុស្សនៅទសវត្សរ៍ឆ្នាំ ៧០ និង ៨០ ស្លៀកពាក់ឈុតសម្លៀកបំពាក់ដែលត្រឹមត្រូវ និងសាមញ្ញណាស់។ មិនអាចនិយាយថាពួកគេថ្លៃថ្នូរទេ ប៉ុន្តែវាហាក់ដូចជាស្របតាមសេចក្ដីតម្រូវនៃព្រះបន្ទូលរបស់ព្រះជាម្ចាស់ជាង ដូច្នេះ យើងនឹងស្លៀកពាក់តាមបទដ្ឋាននេះ»។ អ្នកដឹកនាំនោះ ក៏បាននាំមុខគេក្នុងការស្លៀកពាក់បែបនេះ ហើយគ្រប់គ្នាគិតថាវាមើលទៅល្អ សមរម្យ និងសាមញ្ញណាស់។ អ្នកដឹកនាំបាននិយាយថា៖ «ព្រះជាម្ចាស់បានមានបន្ទូលថា កុំឱ្យស្លៀកពាក់សម្លៀកបំពាក់ចម្លែក។ ដំបូងបង្អស់ ឡេវដែលមាននៅលើអាវត្រូវតែបិទរហូតដល់ក ហើយដៃអាវក៏ត្រូវតែបិទឡេវដែរ។ មិនត្រូវបញ្ចេញកដៃទេ អាវត្រូវតែតឺនុយដាក់ចូលក្នុងខោ ហើយត្រូវបិទបាំងគ្រប់យ៉ាងឱ្យជិត ដោយមិនបញ្ចេញដើមទ្រូង ឬខ្នងឡើយ។ មើលចុះ តើវាសមរម្យ និងថ្លៃថ្នូរប៉ុនណា! តើនេះមិនមែនសមរម្យ និងថ្លៃថ្នូរទេឬ ហើយតើវាមិនមែនស្របតាមឥរិយាបថល្អរបស់ពួកបរិសុទ្ធ ដូចដែលព្រះជាម្ចាស់តម្រូវទេឬ?» អ្នកដឹកនាំពេញចិត្តជាខ្លាំងចំពោះឈុតសម្លៀកដែលគាត់កំពុងស្លៀកពាក់នៅពេលនោះ ហើយក្នុងពេលជាមួយគ្នានោះ គាត់ក៏បានដាក់ការតម្រូវចំពោះអ្នកដទៃថា៖ «សម្លៀកបំពាក់របស់អ្នករាល់គ្នា ទំនើបខ្លាំងពេក ទាន់សម័យខ្លាំងពេកហើយ។ វានាំសេចក្ដីអាម៉ាស់ដល់ព្រះជាម្ចាស់ ហើយទ្រង់មិនសព្វព្រះទ័យនឹងសម្លៀកបំពាក់បែបនេះទេ។ សូមអ្នករាល់គ្នាប្រញាប់ទៅស្លៀកពាក់ដូចអ្វីដែលខ្ញុំកំពុងស្លៀកពាក់ចុះ ហើយសូមធ្វើឱ្យដូចខ្ញុំ!» មនុស្សដែលគ្មានការយល់ដឹង ក៏បានធ្វើត្រាប់តាម ដោយស្វែងរក និងស្លៀកពាក់ឈុតសម្លៀកបំពាក់ដែលគេហៅថាសមរម្យ និងថ្លៃថ្នូរ ដែលស្របតាមឥរិយាបថល្អរបស់ពួកបរិសុទ្ធនោះ ហើយមនុស្សភាគច្រើនថែមទាំងគិតថាវាល្អទៀតផង។ ប៉ុន្តែមនុស្សខ្លះមានអារម្មណ៍ជិនឆ្អន់នៅក្នុងចិត្តចំពោះអ្វីដែលចាស់ហួសសម័យទាំងនេះ ហើយមានអារម្មណ៍ថា ការធ្វើបែបនេះគឺមិនសមរម្យទេ ហើយការយល់ពីព្រះបន្ទូលរបស់ព្រះជាម្ចាស់បែបនេះ គឺជាការយល់ខុស។ មនុស្សទាំងនេះ ទោះបីជាមិនអាចនិយាយឱ្យបានច្បាស់លាស់ថា ការស្ដាប់តាមអ្នកដឹកនាំនោះ ត្រូវឬខុស និងមិនហ៊ានធ្វើការសន្និដ្ឋានក៏ដោយ ក៏ពួកគេគាំទ្រគំនិតដែលមិនធ្វើអ្វីតាមគេទាំងងងឹតងងល់ដែរ។ ពួកគេជឿថាអ្វីដែលអ្នកដឹកនាំបាននិយាយ គឺមិនមែនសុទ្ធតែត្រឹមត្រូវទាំងស្រុងនោះទេ ហើយពួកគេមិនបានធ្វើតាមឡើយ។ មានតែពួកមនុស្សភ្លើ ពួកមនុស្សដែលខ្វះសមត្ថភាពក្នុងការយល់ដឹងពីព្រះបន្ទូលរបស់ព្រះជាម្ចាស់ និងមិនបានអានព្រះបន្ទូលរបស់ព្រះជាម្ចាស់ដោយខ្លួនឯងប៉ុណ្ណោះ ដែលបានធ្វើតាមអ្វីដែលអ្នកដឹកនាំក្លែងក្លាយនោះបាននិយាយ និងបានធ្វើអ្វីដែលអ្នកដឹកនាំក្លែងក្លាយនោះប្រាប់ឱ្យធ្វើ មិនថាពួកនោះប្រាប់ឱ្យពួកគេធ្វើអ្វីនោះទេ។ ពួកគេបានដើរតាមអ្នកដឹកនាំក្លែងក្លាយនោះ ហើយយកតម្រាប់តាមគាត់ ដោយស្លៀកពាក់ដូចគ្នា នៅពេលចេញទៅក្រៅ។ នៅពេលណាដែលពួកគេចេញទៅក្រៅនៅក្នុងចំណោមហ្វូងមនុស្ស ពួកគេមានអារម្មណ៍ពេញចិត្តណាស់ ដោយគិតថា៖ «យើងជឿលើព្រះដ៏មានគ្រប់ព្រះចេស្ដា ហើយឈុតសម្លៀកបំពាក់របស់ខ្ញុំមានឥរិយាបថល្អរបស់ពួកបរិសុទ្ធច្រើនណាស់។ តើអ្នករាល់គ្នាកំពុងស្លៀកពាក់អ្វី? មានពណ៌ឆើតណាស់ ទំនើបណាស់ អាក្រក់មើលណាស់! សូមមើលមកពួកយើងចុះ យើងមិនបានបញ្ចេញអ្វីឱ្យឃើញទេ!» ពួកគេគិតថាខ្លួនពួកគេអស្ចារ្យណាស់។ អ្នកដឹកនាំក្លែងក្លាយមិនត្រឹមតែមិនបានដឹងថានេះគឺជាការបកស្រាយព្រះបន្ទូលរបស់ព្រះជាម្ចាស់ខុសប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងគិតថា ខ្លួនកំពុងអនុវត្តព្រះបន្ទូលរបស់ព្រះជាម្ចាស់ និងចូលទៅក្នុងតថភាពនៃព្រះបន្ទូលទាំងនោះទៀតផង។ នេះគឺជាអ្វីដែលពួកអ្នកដឹកនាំក្លែងក្លាយធ្វើ។ សូម្បីតែសេចក្ដីតម្រូវរបស់ព្រះជាម្ចាស់សម្រាប់មនុស្សដែលសាមញ្ញបំផុត និងងាយយល់បំផុតបែបនេះក៏ដោយ ក៏ពួកអ្នកដឹកនាំក្លែងក្លាយមិនអាចយល់បានដោយពិតប្រាកដថា ព្រះបន្ទូលរបស់ព្រះជាម្ចាស់សំដៅទៅលើអ្វី យល់ពីបទដ្ឋានដែលតម្រូវសម្រាប់ពួកគេ ឬគោលការណ៍នៃព្រះបន្ទូលទាំងនោះដែរ។ ដូច្នេះ តើពួកគេអាចយល់ពីអ្វីដែលព្រះជាម្ចាស់មានបន្ទូលអំពីនិស្ស័យពុករលួយរបស់មនុស្ស ឬអំពីសភាពគ្រប់បែបយ៉ាងរបស់មនុស្សបានដែរឬទេ? តើពួកគេអាចដឹងច្បាស់ថាអ្វីទៅជាសេចក្ដីពិតនៅទីនេះបានដែរឬទេ? ពិតណាស់ គឺមិនអាចទេ។
អ្នកដឹកនាំក្លែងក្លាយគ្មានសមត្ថភាពយល់ដឹងពីព្រះបន្ទូលរបស់ព្រះជាម្ចាស់ឡើយ។ ពួកគេគ្រាន់តែដឹងពីន័យត្រង់នៃព្រះបន្ទូលរបស់ព្រះជាម្ចាស់អំពីអ្វីដែលព្រះជាម្ចាស់បានមានព្រះបន្ទូលប៉ុណ្ណោះ ប៉ុន្តែមិនបានយល់ពីសេចក្ដីពិតដែលព្រះបន្ទូលរបស់ព្រះជាម្ចាស់សម្ដែងចេញ ពីអ្វីដែលព្រះជាម្ចាស់តម្រូវពីមនុស្ស ឬពីគោលការណ៍សេចក្ដីពិតអ្វីខ្លះដែលមនុស្សគួរតែយល់ដឹងនោះទេ។ ហេតុនេះ នៅពេលដែលពួកគេប្រកបគ្នាអំពីព្រះបន្ទូលរបស់ព្រះជាម្ចាស់ ពួកគេគ្រាន់តែបកស្រាយតាមន័យត្រង់ខ្លះៗអំពីព្រះបន្ទូលទាំងនោះ និងប្រាប់មនុស្សអំពីបទប្បញ្ញត្តិខ្លះៗ និងច្បាប់ខ្លះៗ ដើម្បីអនុវត្តតាម ដោយប្រើចំណុចទាំងនេះដើម្បីបញ្ជាក់ថា ពួកគេក៏យល់ពីព្រះបន្ទូលរបស់ព្រះជាម្ចាស់ និងបានបំពេញកិច្ចការផងដែរ។ អ្នកដឹកនាំក្លែងក្លាយខ្លះថែមទាំងគិតថា ព្រះបន្ទូលរបស់ព្រះជាម្ចាស់ គឺច្បាស់លាស់រួចស្រេចទៅហើយ គ្រាន់តែថាមនុស្សតែងតែមិនហូប និងផឹកព្រះបន្ទូលទាំងនោះ ឬមិនបានខំប្រឹងប្រែងប៉ុណ្ណោះ។ ដោយមើលឃើញថា មនុស្សគ្រប់គ្នាមានសៀវភៅព្រះបន្ទូលរបស់ព្រះជាម្ចាស់នៅក្នុងដៃ ពួកគេចាត់ទុកថា ការដឹកនាំមនុស្សឱ្យហូប និងផឹកព្រះបន្ទូលរបស់ព្រះជាម្ចាស់ គឺជារឿងមិនចាំបាច់នោះទេ។ ហេតុដូច្នេះហើយ នៅពេលដែលពួកគេឃើញមានបញ្ហាក្នុងអំឡុងពេលនៃការជួបជុំ ឬក្នុងពេលកំពុងបំពេញភារកិច្ចរបស់ខ្លួន ពួកគេគ្រាន់តែផ្ញើអត្ថបទព្រះបន្ទូលរបស់ព្រះជាម្ចាស់ខ្លះៗដែលពួកគេបានជ្រើសរើស ទៅឱ្យអ្នកទាំងនោះប៉ុណ្ណោះ ដោយប្រាប់ពួកគេដូចជាថា៖ «សូមអានអត្ថបទព្រះបន្ទូលរបស់ព្រះជាម្ចាស់នេះចុះ» «សូមអានអត្ថបទព្រះបន្ទូលរបស់ព្រះជាម្ចាស់នោះចុះ» ឬ «ព្រះបន្ទូលរបស់ព្រះជាម្ចាស់ថ្លែងបែបនេះអំពីទិដ្ឋភាពនេះ និងថ្លែងបែបនោះអំពីទិដ្ឋភាពនោះ»។ ពួកគេគ្រាន់តែផ្ញើអត្ថបទព្រះបន្ទូលរបស់ព្រះជាម្ចាស់ដែលពួកគេបានជ្រើសរើសរួច ដោយប្រើរបៀបបញ្ចុះបញ្ចូលដើម្បីលើកទឹកចិត្តមនុស្សឱ្យអានព្រះបន្ទូលរបស់ព្រះជាម្ចាស់ ដោយជឿជាក់ថា នេះគឺជារបៀបដឹកនាំមនុស្សឱ្យហូប និងផឹកព្រះបន្ទូលរបស់ព្រះជាម្ចាស់ ហើយថាពួកគេកំពុងបំពេញការងារក្នុងទំនួលខុសត្រូវជាអ្នកដឹកនាំហើយ។ បន្ទាប់ពីបានឃើញព្រះបន្ទូលទាំងនេះហើយ មនុស្សនិយាយថា៖ «ខ្ញុំក៏ធ្លាប់បានអានព្រះបន្ទូលរបស់ព្រះជាម្ចាស់ទាំងនេះដែរ។ តើការដែលអ្នកប្រមែប្រមូលព្រះបន្ទូលទាំងនេះមកឱ្យខ្ញុំ មិនមែនជារឿងឥតប្រយោជន៍ទេឬអី?» ក៏ប៉ុន្តែ អ្នកដឹកនាំក្លែងក្លាយគិតថា៖ «ប្រសិនបើខ្ញុំមិនផ្ញើព្រះបន្ទូលទាំងនេះទៅឱ្យអ្នកទេ អ្នកមុខជារកមិនឃើញថា ព្រះបន្ទូលទាំងនេះមាននៅជំពូកណា ឬនៅទំព័រណាឡើយ។ អ្នកមិនទាំងដឹងសូម្បីថាតើព្រះជាម្ចាស់បានថ្លែងព្រះបន្ទូលទាំងនេះនៅក្នុងបរិបទអ្វីផង។ ក្នុងនាមជាអ្នកដឹកនាំម្នាក់ ខ្ញុំគួរតែទទួលយកនិងមានការទទួលខុសត្រូវបែបនេះ ក្នុងការផ្ញើព្រះបន្ទូលរបស់ព្រះជាម្ចាស់ទៅឱ្យអ្នក គ្រប់ពេលវេលា គ្រប់ទីកន្លែង»។ ដោយទឹកចិត្តស្រឡាញ់និងយកចិត្តទុកដាក់ អ្នកដឹកនាំក្លែងក្លាយខ្លះ បានផ្ញើអត្ថបទព្រះបន្ទូលរបស់ព្រះជាម្ចាស់រហូតដល់ទៅដប់ទៅម្ភៃអត្ថបទក្នុងមួយថ្ងៃ ដើម្បីបង្ហាញថាពួកគេមានភក្ដីភាពចំពោះការងាររបស់ខ្លួន ថាពួកគេមានការប្ដេជ្ញាចិត្តក្នុងការដឹកនាំមនុស្សឱ្យចូលទៅក្នុងតថភាពនៃព្រះបន្ទូលរបស់ព្រះជាម្ចាស់។ ព្រះបន្ទូលរបស់ព្រះជាម្ចាស់ទាំងនេះ ត្រូវបានផ្ញើទៅឱ្យមនុស្សរួចហើយ ប៉ុន្តែ តើបញ្ហារបស់ពួកគេត្រូវបានដោះស្រាយដែរឬទេ? តើពួកគេបានបំពេញតួនាទីដែលអ្នកដឹកនាំគួរតែបំពេញដែរឬទេ? ពួកគេមិនបានបំពេញតួនាទីនេះជារឿយៗ ពីព្រោះប្រសិនបើមនុស្សអាចយល់ពីព្រះបន្ទូលទាំងនេះបានដោយខ្លួនឯងមែន ម្ល៉េះសមពួកគេមិនត្រូវការអ្នកដឹកនាំឡើយ។ អត្ថបទព្រះបន្ទូលរបស់ព្រះជាម្ចាស់ដែលអ្នកដឹកនាំក្លែងក្លាយបានផ្ញើទៅនោះ តាមពិត អ្នកណាដែលឧស្សាហ៍អានព្រះបន្ទូលរបស់ព្រះជាម្ចាស់ គឺបានដឹងច្បាស់ណាស់ ប៉ុន្តែ តើមនុស្សខ្វះខាតអ្វី? តើពួកគេមានការលំបាក និងបញ្ហាអ្វីខ្លះ? រឿងគឺនៅត្រង់ថា នៅពេលនិយាយដល់បញ្ហាដែលពាក់ព័ន្ធនឹងសេចក្ដីពិតទាំងនេះ នៅពេលប្រឈមមុខនឹងការលំបាក មនុស្សមិនអាចមើលធ្លុះដល់សារជាតិនៃបញ្ហាទាំងនេះបានឡើយ ក៏មិនដឹងថាត្រូវចាប់ផ្ដើមដោះស្រាយពីកន្លែងណា មិនដឹងថាត្រូវចូលទៅក្នុងសេចក្ដីពិតទាំងនេះដោយរបៀបណា ហើយអ្នកដឹកនាំក្លែងក្លាយក៏មិនដឹងដូចគ្នា។ ដូច្នេះ ចំពោះបញ្ហានេះ តើពួកគេបានបំពេញការទទួលខុសត្រូវរបស់ពួកគេហើយឬនៅ? តើពួកគេមានសមត្ថភាពក្នុងកិច្ចការដឹកនាំដែរឬទេ? ច្បាស់ណាស់ ពួកគេមិនបានបំពេញការទទួលខុសត្រូវនេះទេ។ ឧទាហរណ៍៖ នៅពេលដែលមនុស្សអានអំពីការធ្វើជាមនុស្សស្មោះត្រង់ចេញពីព្រះបន្ទូលរបស់ព្រះជាម្ចាស់ ដោយសារអ្នកដឹកនាំក្លែងក្លាយមិនដឹងពីរបៀបហូប និងផឹកព្រះបន្ទូលរបស់ព្រះជាម្ចាស់ ហើយខ្វះគុណសម្បត្តិក្នុងការយល់ដឹង និងយល់ពីសេចក្ដីពិត ទើបពួកគេនិយាយថា៖ «សេចក្ដីតម្រូវរបស់ព្រះជាម្ចាស់មិនខ្ពស់នោះទេ។ ព្រះជាម្ចាស់សុំឱ្យយើងធ្វើជាមនុស្សស្មោះត្រង់ ហើយការធ្វើជាមនុស្សស្មោះត្រង់ គឺមានន័យថា ត្រូវនិយាយការពិត។ តើព្រះបន្ទូលរបស់ព្រះជាម្ចាស់មិនបានថ្លែងប្រាប់គ្រប់យ៉ាងទេឬថា៖ «ចូរឱ្យការនិយាយស្ដីរបស់អ្នក មែនគឺមែន ទេគឺទេ» (ម៉ាថាយ ៥:៣៧)? ព្រះបន្ទូលរបស់ព្រះជាម្ចាស់គឺច្បាស់លាស់ណាស់! អ្នកគិតអ្វីនៅក្នុងចិត្តរបស់អ្នក ក៏និយាយវាចេញមក។ អ្វីៗគឺងាយស្រួលបែបនេះឯង! ហេតុអ្វីបានជាអ្នកធ្វើវាមិនបាន? ព្រះបន្ទូលរបស់ព្រះជាម្ចាស់ គឺជាសេចក្ដីពិត យើងត្រូវតែអនុវត្តវា។ ការមិនអនុវត្ត គឺជាការបះបោរ ហើយតើព្រះជាម្ចាស់សង្គ្រោះអ្នកដែលបះបោរទាស់នឹងទ្រង់ដែរឬទេ? ទ្រង់មិនសង្គ្រោះអ្នកនោះឡើយ»។ ពេលបានឮដូច្នេះហើយ មនុស្សក៏ឆ្លើយតបវិញថា៖ «ពាក្យសម្ដីគ្រប់ម៉ាត់ដែលអ្នកបាននិយាយ គឺត្រឹមត្រូវហើយ ប៉ុន្តែពួកយើងនៅតែមិនដឹងថាត្រូវធ្វើជាមនុស្សស្មោះត្រង់តាមរបៀបណាដដែលហ្នឹង។ ពីព្រោះការនិយាយកុហកនេះ ជាច្រើនលើកច្រើនសា គឺធ្វើឡើងដោយមិនដឹងខ្លួន ឬជារឿងដែលមនុស្សណាម្នាក់ធ្វើឡើងនៅពេលដែលពួកគេគ្មានជម្រើសអ្វីផ្សេង ហើយការនិយាយកុហកសុទ្ធតែមានហេតុផលរបស់វា។ តើបញ្ហានេះគួរដោះស្រាយដោយរបៀបណា?» តើអ្នកដឹកនាំក្លែងក្លាយនឹងនិយាយបែបណា? «តើរឿងនេះមិនមែនងាយស្រួលដោះស្រាយទេឬ? តើព្រះបន្ទូលរបស់ព្រះជាម្ចាស់មិនបានបញ្ជាក់ច្បាស់ហើយទេ? ការធ្វើជាមនុស្សស្មោះត្រង់ គឺដូចជាការធ្វើជាក្មេងម្នាក់អ៊ីចឹង។ អ្វីៗគឺងាយស្រួលបែបនេះឯង! មិនថាអ្នកមានអាយុប៉ុន្មាននោះទេ តើអ្នកមិនអាចធ្វើដូចជាកូនក្មេងបានទេឬ? ចូរមើលថាតើក្មេងៗមានអាកប្បកិរិយាបែបណា»។ អ្នកស្ដាប់ក៏រិះគិតថា៖ «អាកប្បកិរិយាចម្បងរបស់ក្មេង គឺស្លូតត្រង់ និងរពឹស លោតចុះលោតឡើង មិនទាន់ចាស់ទុំ និងមិនយល់ពីរឿងជាច្រើន។ ដោយសារអ្នកដឹកនាំបាននិយាយដូច្នេះ ហេតុនេះ ខ្ញុំនឹងធ្វើតាមរបៀបនេះ»។ នៅថ្ងៃបន្ទាប់ មនុស្សម្នាក់ ដែលមានអាយុខ្ទង់សាមសិប ឬសែសិបឆ្នាំ បានចងកំប៉ោយសក់ក្រងពីរនៅលើក្បាល ពាក់បូសក់ និងដង្កៀបពណ៌ផ្កាឈូក ពាក់អាវ ស្បែកជើង និងស្រោមជើងពណ៌ផ្កាឈូក ដោយតែងខ្លួនមួយឈុតសុទ្ធតែពណ៌ផ្កាឈូកតែម្ដង។ ពេលឃើញដូច្នេះ អ្នកដឹកនាំក៏និយាយថា៖ «ត្រូវហើយ! ត្រូវដើរឱ្យដូចជាកូនក្មេងជាងនេះទៀត ត្រូវលោតចុះលោតឡើង។ ត្រូវនិយាយស្លូតត្រង់ឱ្យដូចជាកូនក្មេងជាងនេះទៀត មានកែវភ្នែកដែលគ្មានសេចក្ដីអាក្រក់ និងមានស្នាមញញឹមនៅលើមុខរបស់អ្នក។ តើនេះមិនមែនជាការត្រឡប់ទៅរកអាកប្បកិរិយាជាកូនក្មេងវិញទេឬ? នេះគឺជាអាកប្បកិរិយារបស់មនុស្សស្មោះត្រង់ហើយ!» អ្នកដឹកនាំពេញចិត្តស្ដូក ចំណែកឯអ្នកដទៃមើលមកថា នេះគឺជាអាកប្បកិរិយាល្ងង់ខ្លៅ និងខុសប្រក្រតី។ អ្នកដឹកនាំក្លែងក្លាយនេះមិនត្រឹមតែដោះស្រាយបញ្ហានេះមិនបានប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងមិនដឹងពីរបៀបស្វែងរកគោលការណ៍សេចក្ដីពិតទាល់តែសោះ ដោយដឹកនាំមនុស្សតាមមាគ៌ាខុសទំនងទៀតផង។ សូម្បីតែការពិតដ៏សាមញ្ញបំផុតនៃការធ្វើជាមនុស្សស្មោះត្រង់ ក៏អ្នកដឹកនាំក្លែងក្លាយមិនដឹងពីរបៀបស្វែងយល់វាឱ្យបានត្រឹមត្រូវសុទ្ធសាធដែរ ដោយចេះតែអនុវត្តបទប្បញ្ញត្តិទាំងងងឹតងងល់ ដោយយល់ខុសជ្រុលហួសហេតុ រហូតដល់ថ្នាក់ធ្វើឱ្យអ្នកដែលស្ដាប់ឮរឿងនេះខ្ពើមរអើមជាខ្លាំង។ អ្នកដឹកនាំក្លែងក្លាយ ធ្វើរឿងបែបនេះឯង។
អ្នកដឹកនាំក្លែងក្លាយយល់ពីព្រះបន្ទូលរបស់ព្រះជាម្ចាស់តាមរបៀបផ្សេងៗគ្នា ដោយបង្កើតបានជាទស្សនៈ ប្លែកៗ និងចម្លែកៗជាច្រើន។ ពួកគេក៏យកការអនុវត្ត និងការធ្វើតាមព្រះបន្ទូលរបស់ព្រះជាម្ចាស់មកធ្វើជាលេសដើម្បីទាមទារឱ្យអ្នកដទៃទទួលយក និងប្រកាន់តាមការយល់ដឹងរបស់ពួកគេ។ និយាយឱ្យខ្លីទៅ មនុស្សដូចជាអ្នកដឹកនាំក្លែងក្លាយទាំងនេះ តែងតែមានការយល់ដឹងរាក់កំផែល និងបំផ្លើសខុសទំនងអំពីព្រះបន្ទូលរបស់ព្រះជាម្ចាស់។ បើប្រើពាក្យខាងវិញ្ញាណដើម្បីកំណត់និយមន័យវិញ យើងនឹងនិយាយថា ពួកគេ «គ្មានការយល់ដឹងខាងវិញ្ញាណ»។ មិនត្រឹមតែការយល់ដឹងរបស់ពួកគេអំពីព្រះបន្ទូលរបស់ព្រះជាម្ចាស់បំផ្លើសខុសទំនងប៉ុណ្ណោះទេ ប៉ុន្តែពួកគេក៏តែងតែទាមទារឱ្យអ្នកដទៃធ្វើតាមគោលលទ្ធិ និងបទប្បញ្ញត្តិបំផ្លើសខុសទំនងទាំងនេះ ដូចជាពួកគេដែរ។ ក្នុងពេលជាមួយគ្នានេះ ពួកគេប្រើការយល់ដឹងបំផ្លើសខុសទំនងរបស់ខ្លួន ដើម្បីផ្ដន្ទាទោសពួកអ្នកដែលមានការយល់ដឹងត្រឹមត្រូវអំពីសេចក្ដីពិត។ អ្នកដឹកនាំក្លែងក្លាយទាំងនេះ ដែលគ្មានការយល់ដឹងខាងវិញ្ញាណ មិនពិនិត្យពិច័យ និងវិភាគព្រះបន្ទូលរបស់ព្រះជាម្ចាស់ដូចជាពួកទទឹងនឹងព្រះគ្រីស្ទធ្វើនោះទេ។ មើលពីសម្បកក្រៅ ហាក់ដូចជាពួកគេមានឥរិយាបថស្ដាប់បង្គាប់ចំពោះការហូបនិងផឹក និងព្រមទាំងការទទួលយកព្រះបន្ទូលរបស់ព្រះជាម្ចាស់អ៊ីចឹង។ ក៏ប៉ុន្តែ ដោយសារតែគុណសម្បត្តិអន់ខ្សោយរបស់ពួកគេ និងភាពគ្មានសមត្ថភាពក្នុងការយល់ដឹងពីព្រះបន្ទូលរបស់ព្រះជាម្ចាស់ ទើបពួកគេចាត់ទុកព្រះបន្ទូលរបស់ព្រះជាម្ចាស់ប្រៀបដូចជាសៀវភៅសិក្សាដែរ ដោយជឿថា ព្រះបន្ទូលរបស់ព្រះជាម្ចាស់អនុវត្តតាមតក្កវិជ្ជា «មួយបូកមួយស្មើពីរ ពីរបូកពីស្មើបួន»។ ពួកគេមិនដឹងថា ព្រះបន្ទូលរបស់ព្រះជាម្ចាស់គឺជាសេចក្ដីពិតទេ ហើយដើម្បីចូលទៅក្នុងតថភាពនៃព្រះបន្ទូលរបស់ព្រះជាម្ចាស់ មនុស្សម្នាក់ត្រូវតែយល់ថាតើសេចក្ដីពិតដែលបានថ្លែងនៅក្នុងព្រះបន្ទូលរបស់ព្រះជាម្ចាស់សំដៅលើអ្វី និងថាតើសេចក្ដីពិតទាំងនេះពាក់ព័ន្ធនឹងសភាព និងខ្លឹមសារផ្សេងៗអ្វីខ្លះ។ នៅពេលដែលអ្នកដទៃយល់ពីព្រះបន្ទូលរបស់ព្រះជាម្ចាស់តាមរបៀបជាក់លាក់ និងជាក់ស្ដែង ពួកគេចាត់ទុកថា វាជារឿងរាក់កំផែល និងមិនគួរនឹងស្ដាប់សោះ ដោយនិយាយថា៖ «ខ្ញុំយល់រឿងនេះទាំងអស់ ខ្ញុំដឹងគ្រប់យ៉ាងអស់ហើយ។ អ្វីដែលអ្នកកំពុងនិយាយនោះ គឺមានពន្យល់យ៉ាងច្បាស់នៅក្នុងព្រះបន្ទូលរបស់ព្រះជាម្ចាស់រួចទៅហើយ ហេតុអ្វីបានជាអ្នកចាំបាច់ត្រូវនិយាយវាទៀត»។ តាមពិតទៅ ពួកគេមិនដឹងថា អ្វីដែលអ្នកដទៃកំពុងពិភាក្សានោះ គឺពាក់ព័ន្ធនឹងខ្លឹមសារជាក់លាក់ដែលទាក់ទងនឹងសេចក្ដីពិតនៅក្នុងព្រះបន្ទូលរបស់ព្រះជាម្ចាស់នោះទេ។ ដោយសារតែអ្នកដឹកនាំក្លែងក្លាយទាំងនេះគ្មានការយល់ដឹងខាងវិញ្ញាណ ហើយគ្មានសមត្ថភាពយល់ដឹងពីព្រះបន្ទូលរបស់ព្រះជាម្ចាស់ ទើបពួកគេគិតថា សេចក្ដីពិតទាំងអស់ប្រហាក់ប្រហែលនឹងគ្នាទេ ពោលគឺគ្មានភាពខុសគ្នាជាក់លាក់ណាមួយក្នុងចំណោមបញ្ហាដែលសេចក្ដីពិតបានលើកឡើងនោះទេ។ ពួកគេជឿថា ទោះបីជានិយាយអំពីរឿងទាំងនេះមិនឈប់ក៏ដោយ ក៏រឿងទាំងអស់នេះ មានសារជាតិជាបញ្ហាតែមួយទេ។ ជំនឿនេះបង្ហាញពីបញ្ហាដ៏ធ្ងន់ធ្ងរមួយ ហើយវាមុខជាធ្វើឱ្យបុគ្គលបែបនេះ មិនអាចយល់ពីសេចក្ដីពិតបានសោះឡើយ។
អ្នកដឹកនាំក្លែងក្លាយមិនអាចដឹកនាំមនុស្សឱ្យចូលទៅក្នុងតថភាពនៃសេចក្តីពិតបានឡើយ
ឥឡូវនេះ មានបុគ្គលដែលមានគុណសម្បត្តិល្អ និងមានសមត្ថភាពក្នុងការយល់ដឹង ដែលទទួលបានបទពិសោធខ្លះ និងច្រកចូលទៅក្នុងព្រះបន្ទូលជាមូលដ្ឋានគ្រឹះរបស់ព្រះជាម្ចាស់រួចហើយ ហើយក៏មានតថភាពសេចក្ដីពិតខ្លះដែរ ប៉ុន្តែពួកគេត្រូវការការណែនាំ និងការដឹកនាំជាក់លាក់ជាងនេះ ដើម្បីឱ្យច្រកចូលរបស់ពួកគេកាន់តែល្អិតល្អន់ និងកាន់តែលម្អិតជាងនេះទៀត។ មានតែពួកអ្នកដឹកនាំក្លែងក្លាយប៉ុណ្ណោះ ដែលមិនដឹងថាសេចក្ដីលម្អិតជាក់លាក់នៃសេចក្ដីពិតសំដៅលើអ្វី ឬហេតុអ្វីបានជានិយាយអំពីសេចក្ដីពិតនោះតាមរបៀបនេះ ដោយពួកគេគិតថា ធ្វើបែបនេះនាំឱ្យរឿងកាន់តែស្មុគស្មាញដោយមិនចាំបាច់ ឬគ្រាន់តែជាការលេងពាក្យពេចន៍ប៉ុណ្ណោះ។ ពួកគេមិនយល់ ក៏មិនដឹងពីរបៀបយល់ដឹង ឬដកពិសោធន៍ទិដ្ឋភាពផ្សេងៗដែលពាក់ព័ន្ធនឹងសេចក្ដីពិតដែរ។ ហេតុដូច្នេះ អ្វីដែលពួកគេអាចធ្វើបានបន្ទាប់ពីក្លាយជាអ្នកដឹកនាំ គឺគ្រាន់តែដឹកនាំមនុស្សឱ្យហូប និងផឹកព្រះបន្ទូលរបស់ព្រះជាម្ចាស់ដែលគេតែងតែប្រកបគ្នាជាទូទៅប៉ុណ្ណោះ បន្ទាប់មកក៏និយាយអំពីគោលលទ្ធិខ្លះៗ រួចសង្ខេបពីវិធីសាស្រ្តអនុវត្តខ្លះៗក្នុងការកាន់តាមបទប្បញ្ញត្តិ ហើយអ្វីដែលមនុស្សទទួលបានពីពួកគេ គឺគ្រាន់តែជាពាក្យពេចន៍ខាងវិញ្ញាណដែលរាក់កំផែល ព្រមទាំងពាក្យពេចន៍និងគោលលទ្ធិ បទប្បញ្ញត្តិ និងពាក្យស្លោកដែលគេនិយាយជាទូទៅតែប៉ុណ្ណោះ។ សម្រាប់អ្នកទាំងឡាយណាដែលជាអ្នកជឿថ្មី ការអធិប្បាយរបស់អ្នកដឹកនាំក្លែងក្លាយអាចល្មមទប់បានត្រឹមមួយឆ្នាំ ឬពីរឆ្នាំ ប៉ុន្តែបន្ទាប់បានមួយឆ្នាំឬពីរឆ្នាំហើយ អ្នកដែលបានចាប់ផ្ដើមយល់ពីសេចក្ដីពិតខ្លះៗ នឹងចាប់ផ្ដើមស្គាល់ពីឃ្លាប្រយោគ និងវិធីសាស្រ្តរបស់អ្នកដឹកនាំក្លែងក្លាយ។ ចំពោះពួកអ្នកដែលខ្វះសមត្ថភាពយល់ដឹងជាមូលដ្ឋានវិញ ទោះបីជាអ្នកដឹកនាំក្លែងក្លាយអធិប្បាយយ៉ាងណាក៏ដោយ ក៏ពួកគេគ្មានអារម្មណ៍អ្វីដែរ គ្មានការភ្ញាក់ខ្លួន ហើយក៏មិនដឹងថាអ្វីដែលអ្នកដឹកនាំទាំងនេះកំពុងអធិប្បាយ គឺគ្រាន់តែជាពាក្យពេចន៍ និងគោលលទ្ធិប៉ុណ្ណោះ ហើយអ្វីដែលពួកគេយល់ គឺគ្រាន់តែជាទ្រឹស្ដី ពាក្យស្លោក និងបទប្បញ្ញត្តិឥតខ្លឹមសារ ដែលមិនមែនជាសេចក្ដីពិតទាល់តែសោះ។ ផ្អែកលើលក្ខណៈសម្គាល់ទាំងនេះ តើអ្នកដឹកនាំក្លែងក្លាយអាចបំពេញការទទួលខុសត្រូវក្នុងការ «ដឹកនាំមនុស្សឱ្យហូប និងផឹកព្រះបន្ទូលរបស់ព្រះជាម្ចាស់ ហើយយល់ពីព្រះបន្ទូលទាំងនោះ ព្រមទាំងដឹកនាំពួកគេឱ្យចូលទៅក្នុងតថភាពនៃព្រះបន្ទូលរបស់ព្រះជាម្ចាស់» បានដែរឬទេ? តើពួកគេអាចបំពេញតួនាទីនេះបានដែរឬទេ? តើពួកគេអាចបំពេញការទទួលខុសត្រូវរបស់ពួកគេបានដែរឬទេ? (មិនអាចទេ។) ហេតុអ្វីបានជាមិនអាច? តើអ្វីជាបញ្ហាសំខាន់? (មនុស្សបែបនេះ គ្មានការយល់ដឹងខាងវិញ្ញាណ និងមិនអាចយល់ដឹងពីសេចក្ដីពិតបានទេ។) ពួកគេគ្មានការយល់ដឹងខាងវិញ្ញាណ និងមិនអាចយល់ដឹងពីសេចក្ដីពិតបានទេ តែពួកគេនៅតែចង់ដឹកនាំអ្នកដទៃទៀត ពោលគឺរឿងនេះមិនអាចទៅរួចសោះឡើយ! ការរំពឹងឱ្យអ្នកដឹកនាំក្លែងក្លាយ ដឹកនាំមនុស្សឱ្យយល់ពីព្រះបន្ទូលរបស់ព្រះជាម្ចាស់ និងចូលទៅក្នុងតថភាពនៃព្រះបន្ទូលរបស់ព្រះជាម្ចាស់ គឺប្រៀបដូចជាការព្យាយាមដឹកគោចូលរន្ធក្ដាមអ៊ីចឹង គឺវាមិនអាចធ្វើទៅបានឡើយ! យើងលើកឧទាហរណ៍អំពីការធ្វើជាមនុស្សស្មោះត្រង់មកនិយាយទៅចុះ៖ ព្រះបន្ទូលរបស់ព្រះជាម្ចាស់អំពីចំណុចនេះ គឺសាមញ្ញណាស់ ត្រឹមតែពីរបីប្រយោគប៉ុណ្ណោះ មិនស្មុគស្មាញអ្វីទេ។ អ្នកណាដែលធ្លាប់បានរៀនសូត្រខ្លះ ដឹងថាពាក្យទាំងនេះមានន័យយ៉ាងណាហើយ។ ប៉ុន្តែសម្រាប់អ្នកដឹកនាំក្លែងក្លាយវិញ ដើម្បីបញ្ជាក់ថា ពួកគេមានសមត្ថភាពបំពេញកិច្ចការនេះ និងអាចដឹកនាំមនុស្សបាន ពួកគេក៏ពន្យល់ពង្រីកបន្ថែមទៅលើព្រះបន្ទូលរបស់ព្រះជាម្ចាស់ថា៖ «តើសេចក្ដីតម្រូវរបស់ព្រះជាម្ចាស់ឱ្យមនុស្សធ្វើជាមនុស្សស្មោះត្រង់មានសារៈសំខាន់បែបណា? គឺព្រះជាម្ចាស់សព្វព្រះទ័យនឹងការធ្វើជាមនុស្សស្មោះត្រង់។ ពួកអ្នកមិនជឿមិនស្មោះត្រង់នោះទេ ពួកគេមិននិយាយការពិតឡើយ ហើយអ្វីដែលពួកគេនិយាយ សុទ្ធតែជាពាក្យកុហក និងពាក្យបោកប្រាស់ទាំងអស់។ ពិភពលោកទាំងមូលពោរពេញទៅដោយពាក្យកុហក។ ហេតុដូច្នេះ រឿងដំបូងគេដែលព្រះជាម្ចាស់ទាមទារ នៅពេលដែលទ្រង់យាងមកក្នុងពេលបច្ចុប្បន្ននេះ គឺឱ្យមនុស្សធ្វើជាមនុស្សស្មោះត្រង់។ ប្រសិនបើអ្នកមិនមែនជាមនុស្សស្មោះត្រង់ទេ ព្រះជាម្ចាស់នឹងមិនស្រឡាញ់អ្នកឡើយ។ ប្រសិនបើអ្នកមិនមែនជាមនុស្សស្មោះត្រង់ទេ អ្នកមិនអាចសង្គ្រោះបានឡើយ ហើយក៏មិនអាចចូលទៅក្នុងនគរព្រះបានដែរ។ ប្រសិនបើអ្នកមិនមែនជាមនុស្សស្មោះត្រង់ទេ អ្នកមិនអាចអនុវត្តសេចក្ដីពិតបានទេ ហើយច្បាស់ណាស់ គឺអ្នកជាមនុស្សបោកបញ្ឆោត។ ប្រសិនបើអ្នកមិនមែនជាមនុស្សស្មោះត្រង់ទេ អ្នកមិនត្រូវតាមស្ដង់ដាជាភាវៈដែលព្រះបានបង្កើតមកនោះទេ»។ ពេលនេះ តើអ្នករាល់គ្នាយល់ពីរបៀបធ្វើជាមនុស្សស្មោះត្រង់ហើយឬនៅ? (នៅទេ។) បន្ទាប់ពីបាននិយាយគ្រប់យ៉ាងនេះរួចហើយ អ្វីៗនៅតែមិនទាន់ច្បាស់ដដែល។ អ្នកជឿថ្មី ពេលឮដូច្នេះ ក៏មានអារម្មណ៍ថា ពាក្យសម្ដីទាំងនេះល្អប្រសើរណាស់ ជាពាក្យដែលពួកគេមិនធ្លាប់បានឮសោះ ក្នុងការជឿសាសនារយៈពេលម្ភៃ ឬសាមសិបឆ្នាំមកនេះ។ អ្នកខ្លះថែមទាំងនិយាយថា៖ «ពាក្យសម្ដីនេះពិតជាមានអំណាចណាស់ ប្រយោគនីមួយៗស័ក្តិសមនឹងពាក្យ 'អាម៉ែន' ណាស់។ សេចក្ដីអធិប្បាយនេះពិតជាល្អណាស់ វាពិតជាសេចក្ដីអធិប្បាយក្នុងយុគសម័យនៃនគរព្រះពិតមែន!» បន្ទាប់មក អ្នកដឹកនាំក្លែងក្លាយក៏បន្តទៀតថា៖ «ព្រះជាម្ចាស់សុំឱ្យយើងធ្វើជាមនុស្សស្មោះត្រង់ ដូច្នេះ តើយើងជាមនុស្សស្មោះត្រង់ហើយឬនៅ?» មនុស្សខ្លះក៏ពិចារណាអំពីរឿងនេះថា៖ «ដោយសារព្រះជាម្ចាស់កំពុងសុំឱ្យយើងធ្វើជាមនុស្សស្មោះត្រង់ ដូច្នេះមានន័យថា យើងមិនទាន់ជាមនុស្សស្មោះត្រង់នៅឡើយទេ»។ អ្នកខ្លះនៅស្ងៀម ដោយគិតក្នុងចិត្តថា៖ «ខ្ញុំគិតថា ខ្ញុំជាមនុស្សគ្មានល្បិចអ្វីទេ។ ខ្ញុំមិនដែលឈ្លោះជាមួយអ្នកដទៃ ហើយនៅពេលរកស៊ី ខ្ញុំមិនហ៊ានបោកប្រាស់នរណាម្នាក់ឡើយ។ ពេលខ្លះ បើខ្ញុំកេងចំណេញបានបន្តិចបន្តួច ខ្ញុំគេងមិនលក់ពេញមួយយប់។ តើខ្ញុំជាមនុស្សស្មោះត្រង់មែនទេ? ខ្ញុំគិតថាខ្ញុំជាមនុស្សគ្មានល្បិច ហើយតើនោះមិនមែនមានន័យដូចគ្នានឹងការធ្វើជាមនុស្សស្មោះត្រង់ទេឬ?» អ្នកផ្សេងទៀតនិយាយថា៖ «ធម្មជាតិខ្ញុំមិនចេះនិយាយកុហកទេ។ រាល់ពេលដែលខ្ញុំនិយាយអ្វីមិនពិត មុខខ្ញុំឡើងក្រហមហើយ ដូច្នេះ ខ្ញុំច្បាស់ជាមនុស្សស្មោះត្រង់ហើយ មែនទេ?» បន្ទាប់មក អ្នកដឹកនាំក្លែងក្លាយក៏បន្ថែមថា៖ «ទោះជាអ្នកជាមនុស្សស្មោះត្រង់ឬអត់ក៏ដោយ ដោយសារព្រះបន្ទូលរបស់ព្រះជាម្ចាស់សុំឱ្យយើងធ្វើជាមនុស្សស្មោះត្រង់ ដូច្នេះ អ្នកចាំបាច់ត្រូវតែធ្វើជាមនុស្សស្មោះត្រង់ជាដាច់ខាត។ ប្រសិនបើអ្នកប្រព្រឹត្តតាមព្រះបន្ទូលរបស់ព្រះជាម្ចាស់ នោះអ្នកគឺជាមនុស្សស្មោះត្រង់ហើយ។ ពេលនោះ អ្នកនឹងបានរួចផុតពីការបោកបញ្ឆោត និងពីចំណងនៃឥទ្ធិពលខ្មៅងងឹតរបស់សាតាំង។ នៅពេលដែលអ្នកក្លាយជាមនុស្សស្មោះត្រង់ អ្នកនឹងចូលទៅក្នុងតថភាពនៃសេចក្ដីពិត អាចបំពេញភារកិច្ចរបស់អ្នកបាន និងអាចចុះចូលនឹងព្រះជាម្ចាស់បាន»។ ពេលនេះ តើអ្នករាល់គ្នាយល់ពីរបៀបធ្វើជាមនុស្សស្មោះត្រង់ហើយឬនៅ? (នៅទេ។) ប៉ុន្តែ អ្នកខ្លះសប្បាយចិត្តជាខ្លាំង៖ «ពាក្យសម្ដីទាំងនេះពិតជាមានអំណាចណាស់។ អាម៉ែន! គ្រប់ប្រយោគទាំងអស់ គឺសុទ្ធតែត្រឹមត្រូវ។ គ្មានពាក្យណាមួយដែលចេញមកពីព្រះបន្ទូលរបស់ព្រះជាម្ចាស់ដោយផ្ទាល់នោះទេ ប៉ុន្តែគ្រប់ពាក្យទាំងអស់គឺជាការស្វែងយល់ចេញពីព្រះបន្ទូលរបស់ព្រះជាម្ចាស់។ ការយល់ដឹងនេះអស្ចារ្យណាស់! ហេតុអ្វីបានជាខ្ញុំមិនអាចយល់ដឹងបែបនេះបាន? មើលទៅអ្នកដឹកនាំនេះ ពិតជាស័ក្តិសមនឹងតួនាទីនេះមែន គាត់ពិតជាមានសមត្ថភាពធ្វើជាអ្នកដឹកនាំមែន!» មនុស្សដែលមានគុណសម្បត្តិ និងប្រាជ្ញាឈ្លាសវៃ បន្ទាប់ពីបានឮដូច្នេះហើយ ក៏ពិចារណាថា៖ «អ្នកមិនទាន់បានពន្យល់ថាតើមនុស្សស្មោះត្រង់ជាមនុស្សបែបណានៅឡើយទេ។ តើត្រូវធ្វើជាមនុស្សស្មោះត្រង់ពិតប្រាកដដោយរបៀបណា?» អ្នកដឹកនាំក្លែងក្លាយក៏បន្តទៀតថា៖ «ការធ្វើជាមនុស្សស្មោះត្រង់មានន័យថា មិននិយាយកុហក។ ឧទាហរណ៍៖ ប្រសិនបើពីមុនមកអ្នកធ្លាប់បានរួមរស់ជាមួយគ្នាដោយឥតបានរៀបការ ដូច្នេះ អ្នកត្រូវអធិស្ឋានទៅព្រះជាម្ចាស់ ហើយសារភាពថា អ្នកធ្លាប់បានរួមរស់ជាមួយគ្នាប៉ុន្មានដង និងជាមួយនរណា។ ប្រសិនបើអ្នកមានអារម្មណ៍ថា អ្នកមិនអាចមើលឃើញ ឬពាល់ព្រះជាម្ចាស់បាន អ្នកត្រូវតែសារភាពប្រាប់អ្នកដឹកនាំ ដោយបញ្ជាក់គ្រប់យ៉ាងឱ្យបានច្បាស់លាស់។ ការសារភាពដោយស្មោះអស់ពីចិត្ត គឺជាសេចក្ដីតម្រូវចាំបាច់បំផុតនៃការធ្វើជាមនុស្សស្មោះត្រង់។ បន្ថែមលើនេះ វាគឺជាការនិយាយដោយឥតលាក់លៀមចេញពីក្នុងចិត្តរបស់អ្នក ដោយមិនមានលាយឡំជាមួយការភូតភរនៅក្នុងរឿងណាមួយឡើយ។ អ្នកគិតយ៉ាងណាចំពោះរឿងអ្វីមួយ អ្នកមានបំណងបែបណា អ្នកបង្ហាញចេញសេចក្ដីពុករលួយអ្វីខ្លះ អ្នកស្អប់អ្នកណាខ្លះ ឬបានដាក់បណ្ដាសាអ្នកណាខ្លះនៅក្នុងចិត្ត អ្នកចង់ធ្វើបាបអ្នកណា ឬរៀបចំផែនការប្រឆាំងនឹងអ្នកណា អ្វីទាំងអស់នេះគួរតែសារភាពប្រាប់ទៅបុគ្គលទាំងនោះ។ ធ្វើបែបនេះ អ្នកនឹងក្លាយជាមនុស្សនិយាយដោយបើកចំហ និងឥតលាក់លៀម ដោយរស់នៅក្នុងពន្លឺហើយ។ ការធ្វើជាមនុស្សស្មោះត្រង់ គឺមានន័យបែបនេះឯង។ មនុស្សស្មោះត្រង់ត្រូវតែអាចលះបង់ភាពអត្មានិយមរបស់ខ្លួន។ ពួកគេត្រូវតែអាចបង្ហាញ និងវែកញែកផ្នែកដែលអាក្រក់បំផុត និងងងឹតបំផុតនៅក្នុងចិត្តរបស់ពួកគេ»។ ពេលឮដូច្នេះ តើពេលនេះ អ្នករាល់គ្នាយល់ពីរបៀបធ្វើជាមនុស្សស្មោះត្រង់ហើយឬនៅ? (នៅតែមិនយល់ដដែល។) ទោះបីជាបានស្ដាប់រួចហើយក៏ដោយ ក៏វាគ្រាន់តែគោលលទ្ធិដែលមនុស្សយល់ប៉ុណ្ណោះ មិនមែនជាការអនុវត្តជាក់លាក់ទេ។ ដោយអ្នកដឹកនាំក្លែងក្លាយមានការយល់ដឹងពីព្រះបន្ទូលរបស់ព្រះជាម្ចាស់បែបនេះ ទើបពួកគេដឹកនាំមនុស្សឱ្យហូប និងផឹកព្រះបន្ទូលរបស់ព្រះជាម្ចាស់តាមរបៀបនេះ ហើយពួកគេក៏ប្រកបគ្នាតាមរបៀបនេះដែរ ដោយគិតថា ពួកគេយល់ពីព្រះបន្ទូលរបស់ព្រះជាម្ចាស់ច្រើនជាងគេបំផុត មានសមត្ថភាពយល់ដឹងស៊ីជម្រៅពីព្រះបន្ទូលរបស់ព្រះជាម្ចាស់ និងអាចដឹកនាំមនុស្សឱ្យចូលទៅក្នុងតថភាពនៃព្រះបន្ទូលរបស់ព្រះជាម្ចាស់បាន។ តាមពិតទៅ អ្វីដែលពួកគេយល់បាន និងប្រកបគ្នានោះ គឺសុទ្ធតែជាគោលលទ្ធិ និងពាក្យស្លោកប៉ុណ្ណោះ ដែលមិនបានជួយអ្វីទាល់តែសោះដល់អ្នកដែលចង់ស្វែងរកតថភាពសេចក្ដីពិត និងចង់យល់ពីគោលការណ៍សេចក្ដីពិត។ ប៉ុន្តែ អ្នកដឹកនាំក្លែងក្លាយនៅតែជឿថា ពួកគេមានសមត្ថភាពយល់ដឹងដ៏អស្ចារ្យ មានការយល់ឃើញជ្រាលជ្រៅជាពិសេសចំពោះព្រះបន្ទូលរបស់ព្រះជាម្ចាស់ និងគ្រាន់បើជាងមនុស្សធម្មតា។ ពួកគេដើរអធិប្បាយគោលលទ្ធិ និងពាក្យស្លោកទាំងនេះនៅគ្រប់ទីកន្លែង ថែមទាំងបានប្រៀបធៀបជាមួយអ្នកដទៃទៀតផង ដោយតែងតែប្រើគោលលទ្ធិ និងពាក្យស្លោកទាំងនេះជាញឹកញាប់ក្នុងការឈ្លោះប្រកែកពាក្យសម្ដីគ្នា ហើយថែមទាំងឧស្សាហ៍ប្រើគោលលទ្ធិ និងពាក្យស្លោកទាំងនោះជាញឹកញាប់ ដើម្បីប្រៀនប្រដៅ លួសកាត់ វិនិច្ឆ័យ និងថ្កោលទោសអ្នកដទៃទៀតផង។ ពួកគេគិតថា ធ្វើបែបនេះ គឺពួកគេកំពុងបំពេញកិច្ចការ កំពុងនាំយកព្រះបន្ទូលរបស់ព្រះជាម្ចាស់ចូលមកក្នុងជីវិតពិត និងកំពុងអនុវត្តព្រះបន្ទូលរបស់ព្រះជាម្ចាស់ហើយ។ តើនេះមិនមែនជាបញ្ហាដែលបង្កការលំបាកស្មុគ្រស្មាញទេឬ? អ្នកដឹកនាំក្លែងក្លាយមិនអាចយល់ពីព្រះបន្ទូលរបស់ព្រះជាម្ចាស់បានទេ ពួកគេមិនអាចដឹកនាំមនុស្សឱ្យចូលទៅក្នុងតថភាពនៃព្រះបន្ទូលរបស់ព្រះជាម្ចាស់បានទេ។ បន្ទាប់ពីបានអានព្រះបន្ទូលរបស់ព្រះជាម្ចាស់រួច ពួកគេអាចប្រកបគ្នាបានត្រឹមតែពាក្យពេចន៍ និងគោលលទ្ធិខ្លះៗប៉ុណ្ណោះ ហើយពួកគេបែរជាដើរអធិប្បាយ និងអួតសម្ញែងពីពាក្យពេចន៍និងគោលលទ្ធិទាំងនោះទៅវិញ។ ប៉ុន្តែតាមពិតទៅ ពួកគេមិនបានយល់ពីសេចក្ដីពិតណាមួយនៅក្នុងព្រះបន្ទូលរបស់ព្រះជាម្ចាស់ឡើយ។ ឧទាហរណ៍៖ ពួកគេមិនយល់ពីពាក្យពេចន៍ខាងវិញ្ញាណដែលស្រដៀងគ្នា ឬការសម្ដែងចេញដែលស្រដៀងគ្នាមួយចំនួនទេ ហើយពួកគេក៏មិនបានដឹងពីភាពខុសគ្នារវាងពាក្យទាំងនោះ ឬដឹងពីរបៀបប្រើវាឱ្យស្របទៅតាមស្ថានភាពជាក់ស្ដែងដែរ។ ក្រៅពីការប្រកាន់តាមបទប្បញ្ញត្តិ និងការចេះតែនិយាយពាក្យពេចន៍ និងគោលលទ្ធិ ពួកគេខ្វះការយល់ដឹងពិតប្រាកដអំពីព្រះបន្ទូលរបស់ព្រះជាម្ចាស់ ហើយក៏មិនបានអនុវត្តព្រះបន្ទូលទាំងនោះដោយពិតប្រាកដដែរ។ ដូច្នេះ ច្បាស់ណាស់ថា អ្នកដឹកនាំក្លែងក្លាយខ្លួនឯងផ្ទាល់ មិនយល់ពីសេចក្ដីពិតទេ ហើយពួកគេក៏គ្មានសមត្ថភាពដឹកនាំមនុស្សឱ្យយល់ពីព្រះបន្ទូលរបស់ព្រះជាម្ចាស់ និងចូលទៅក្នុងតថភាពនៃសេចក្ដីពិតដែរ។ យើងបានលើកយករឿងនេះមកបង្ហាញជាមួយនឹងឧទាហរណ៍អំពីការធ្វើជាមនុស្សស្មោះត្រង់។ អ្នកដឹកនាំក្លែងក្លាយ ដោយមិនដឹងថាត្រូវយល់ពីការពិតនៃការធ្វើជាមនុស្សស្មោះត្រង់តាមរបៀបណា ក៏បែរទៅជានិយាយពាក្យពេចន៍ និងគោលលទ្ធិ ហើយអធិប្បាយពាក្យស្លោក បំភាន់មនុស្សល្ងីល្ងើ និងមនុស្សមិនដឹងខ្យល់ទាំងនោះ ដែលគ្មានការយល់ដឹងខាងវិញ្ញាណ ធ្វើឱ្យពួកគេវង្វេងទិសដៅ។ បន្ទាប់ពីបានស្ដាប់ពាក្យពេចន៍ និងគោលលទ្ធិទាំងនេះហើយ ពួកគេថែមទាំងចាត់ទុកអ្នកដឹកនាំក្លែងក្លាយជានិមិត្តរូបពិសេសទៀតផង ហើយបន្ទាប់ពីបានដើរតាមពួកគេអស់ពេលជាច្រើនឆ្នាំរួមមក ចុងក្រោយ ពួកគេមិនយល់សូម្បីតែសេចក្ដីពិតសាមញ្ញបំផុត ដោយគ្មានច្រកចូលទាល់តែសោះ។ យើងនឹងបញ្ចប់ការប្រកបគ្នារបស់យើងពីចំណុចនេះនៅត្រឹមនេះចុះ។
ចំណុចទីពីរ៖ ត្រូវស្គាល់ពីសភាពនៃប្រភេទមនុស្សនីមួយៗ ហើយដោះស្រាយការលំបាកផ្សេងៗទាក់ទងនឹងការចូលទៅក្នុងជីវិត ដែលពួកគេជួបប្រទះនៅក្នុងជីវិតជាក់ស្ដែងរបស់ពួកគេ (ផ្នែកទីមួយ)
អ្នកដឹកនាំក្លែងក្លាយមិនអាចមើលធ្លុះពីសភាពនៃប្រភេទមនុស្សម្នាក់ៗបានឡើយ
ទំនួលខុសត្រូវទីពីររបស់អ្នកដឹកនាំ និងអ្នកធ្វើការ គឺត្រូវស្គាល់សភាពរបស់មនុស្សគ្រប់ប្រភេទឱ្យបានច្បាស់ និងដោះស្រាយការលំបាកផ្សេងៗដែលទាក់ទងនឹងការចូលទៅក្នុងជីវិត ដែលពួកគេជួបប្រទះនៅក្នុងជីវិតពិតរបស់ពួកគេ។ តើអ្នកដឹកនាំក្លែងក្លាយបំពេញកិច្ចការនេះដោយរបៀបណា? តើពួកគេមានសមត្ថភាពសម្រាប់កិច្ចការនេះដែរឬទេ។ សូមយើងវែកញែកចំណុចនេះឱ្យល្អិតល្អន់។ ចំពោះការស្គាល់ពីសភាពរបស់មនុស្សគ្រប់ប្រភេទឱ្យបានច្បាស់ តើចំណុចនេះសម្រេចទៅបានដោយផ្អែកលើមូលដ្ឋានអ្វី? ចំណុចនេះសម្រេចទៅបានដោយផ្អែកលើមូលដ្ឋាននៃការយល់ដឹងពីព្រះបន្ទូលរបស់ព្រះជាម្ចាស់ ដែលលាតត្រដាងពីនិស្ស័យពុករលួយ និងសារជាតិពុករលួយរបស់មនុស្សផ្សេងៗ។ ដើម្បីក្ដាប់ឱ្យបានពីសភាពរបស់មនុស្សផ្សេងៗ ដំបូង មនុស្សម្នាក់ត្រូវតែយល់ពីព្រះបន្ទូលរបស់ព្រះជាម្ចាស់ដែលលាតត្រដាងពីស្ថានភាពផ្សេងៗ និស្ស័យពុករលួយ និងសារជាតិពុករលួយរបស់មនុស្សជាមុនសិន ហើយយកមកផ្គូផ្គងនឹងខ្លួនឯង។ ប្រភេទនៃនិស្ស័យដែលព្រះជាម្ចាស់បានលាតត្រដាង សំដៅទៅលើមនុស្សក្នុងប្រភេទណាមួយ តើភាពជាមនុស្សរបស់ពួកគេមានលក្ខណៈបែបណា តើពួកគេមានលក្ខណៈសម្គាល់ និងការបើកសម្ដែងបែបណា ហើយតើពួកគេមានឥរិយាបថបែបណាចំពោះព្រះជាម្ចាស់ ចំពោះព្រះបន្ទូលរបស់ព្រះជាម្ចាស់ និងចំពោះភារកិច្ចរបស់ពួកគេ។ សភាពទាំងនេះ ត្រូវតែផ្គូផ្គងជាមួយនឹងព្រះបន្ទូលរបស់ព្រះជាម្ចាស់ ហើយធ្វើបែបនេះ មនុស្សនឹងអាចក្ដាប់បានពីសភាពរបស់បុគ្គលម្នាក់ៗមិនខាន។ ហេតុដូច្នេះ ការស្គាល់ពីសភាពរបស់មនុស្សផ្សេងៗឱ្យបានច្បាស់ ដំបូងគឺសម្រេចទៅបានដោយផ្អែកលើមូលដ្ឋាននៃការយល់ដឹងពីព្រះបន្ទូលរបស់ព្រះជាម្ចាស់ និងការមានសមត្ថភាពយល់ដឹងពីព្រះបន្ទូលរបស់ព្រះជាម្ចាស់។ អ្នកដឹកនាំក្លែងក្លាយគ្មានសមត្ថភាពយល់ដឹងពីព្រះបន្ទូលរបស់ព្រះជាម្ចាស់ទេ ដូច្នេះ តើពួកគេអាចយល់ពីសេចក្ដីពិតដ៏ស្មុគស្មាញអំពីប្រភេទមនុស្សផ្សេងៗដែលព្រះបន្ទូលរបស់ព្រះជាម្ចាស់បានលាតត្រដាង ក៏ដូចជាសភាពផ្សេងៗ និងសារជាតិពុករលួយដែលត្រូវបានលាតត្រដាងបានដែរឬទេ? (មិនបានទេ។) ពួកគេមិនយល់ មិនដឹងពីទំនាក់ទំនងដែលពាក់ព័ន្ធនៅទីនេះទេ ហើយក៏មិនដឹងពីសេចក្ដីពិតដែលពាក់ព័ន្ធដែរ។ ដោយសារតែពួកគេគ្មានសមត្ថភាពយល់ដឹងពីព្រះបន្ទូលរបស់ព្រះជាម្ចាស់ ដូច្នេះ ការក្ដាប់បានពីសភាពរបស់មនុស្សផ្សេងៗ ដែលជាបញ្ហាគន្លឹះ និងបញ្ហាសំខាន់ គឺជាកិច្ចការដ៏លំបាក និងស្មុគស្មាញមួយសម្រាប់អ្នកដឹកនាំក្លែងក្លាយ។
តើអ្នកដឹកនាំក្លែងក្លាយក្ដាប់បានពីស្ថានភាពរបស់មនុស្សផ្សេងៗដោយរបៀបណា? ពួកគេគិតថា៖ «មនុស្សម្នាក់នេះមានចិត្តក្លៀវក្លា មនុស្សម្នាក់នោះមានចិត្តចង្អៀត មនុស្សម្នាក់នេះចូលចិត្តស្លៀកពាក់ឡូយឆាយ មនុស្សម្នាក់នោះមានសេចក្ដីជំនឿតិចតួច...»។ ពួកគេមើលតែបាតុភូតពីខាងក្រៅទាំងនេះប៉ុណ្ណោះ ប៉ុន្តែតើម្នាក់នោះមានឥរិយាបថចំពោះព្រះបន្ទូលរបស់ព្រះជាម្ចាស់ និងចំពោះសេចក្ដីពិតយ៉ាងណាឱ្យប្រាកដ ហើយតើពួកគេមានសារជាតិធម្មជាតិជាអ្វីឱ្យពិតប្រាកដនោះ ពួកគេមិនដឹងឡើយ។ ឧទាហរណ៍៖ មនុស្សម្នាក់មានជំនឿពិតប្រាកដ និងមានសេចក្ដីក្លៀវក្លាក្នុងការបំពេញភារកិច្ចរបស់ខ្លួន ប៉ុន្តែការលំបាក និងចំណងគ្រួសាររបស់ពួកគេ ប៉ះពាល់ដល់លទ្ធផលនៃភារកិច្ចរបស់ពួកគេ។ អ្នកដឹកនាំក្លែងក្លាយ ពេលឃើញដូច្នេះ ក៏ចេះតែលាបពណ៌ពួកគេទាំងខុស ដោយនិយាយថា៖ «មនុស្សនេះគឺជាអ្នកមិនជឿ។ ពួកគេមិនអាចផ្ដាច់ខ្លួនចេញពីគ្រួសាររបស់ពួកគេបានទេ។ ពួកគេតែងតែគិតគូរពីកូនៗរបស់ពួកគេជានិច្ច។ ពួកគេមានប្រាក់សន្សំនៅផ្ទះ ប៉ុន្តែមិនថ្វាយជាតង្វាយទេ។ ដូច្នេះ មនុស្សនេះគឺជាមនុស្សដែលនាំបញ្ហាណាស់ ហើយមិនអាចយកមកប្រើសម្រាប់កិច្ចការសំខាន់ៗនាពេលអនាគតបានទេ»។ តាមពិតទៅ បញ្ហារបស់មនុស្សនេះមិនធ្ងន់ធ្ងរនោះទេ គឺគ្រាន់តែដោយសារតែពួកគេទើបតែជឿលើព្រះជាម្ចាស់បានមួយរយៈពេលខ្លី និងមានការយល់ដឹងតិចតួចអំពីសេចក្ដីពិត ទើបពួកគេមិនអាចមើលធ្លុះរឿងរ៉ាវជាច្រើនបាន។ ពួកគេមិនដឹងថាត្រូវប្រព្រឹត្តចំពោះគ្រួសារ និងកូនៗរបស់ពួកគេដោយរបៀបណា ឬមិនដឹងថាត្រូវ ចាត់ចែងទ្រព្យសម្បត្តិរបស់ពួកគេដោយរបៀបណាទេ។ ពួកគេកំពុងស្ថិតនៅក្នុងអំឡុងពេលនៃការអធិស្ឋាន និងការស្វែងរកនៅឡើយ ហើយមិនទាន់រកឃើញគោលការណ៍ និងវិធីសាស្រ្តអនុវត្តដែលត្រឹមត្រូវនៅឡើយទេ។ ពួកគេមានការតាំងចិត្តក្នុងការអនុវត្តសេចក្ដីពិត ប៉ុន្តែនៅពេលប្រឈមមុខនឹងចំណងគ្រួសារ និងការលំបាកនានា ពួកគេហាក់ទន់ខ្សោយបន្តិចបន្តួចជាបណ្ដោះអាសន្ន និងមិនសូវសកម្មខ្លាំងក្នុងការបំពេញភារកិច្ចរបស់ខ្លួនឡើយ។ ក៏ប៉ុន្តែ ពួកគេអាចបំពេញការងារដែលពួកជំនុំបានចាត់តាំងឱ្យពួកគេធ្វើដោយអស់ពីចិត្ត ដែលនេះគឺជារឿងមួយដែលមនុស្សភាគច្រើនមិនអាចធ្វើបានទេ។ ដោយវិនិច្ឆ័យតាមគុណសម្បត្តិ ភាពជាមនុស្ស និងឥរិយាបថរបស់ពួកគេចំពោះសេចក្ដីពិត ពួកគេគឺជាមនុស្សល្អម្នាក់។ ប៉ុន្តែអ្នកដឹកនាំក្លែងក្លាយមើលមិនឃើញបែបនេះទេ ពីព្រោះពួកគេមិនយល់ពីព្រះបន្ទូលរបស់ព្រះជាម្ចាស់ ហើយមិនដឹងពីរបៀបប្រើព្រះបន្ទូលរបស់ព្រះជាម្ចាស់ធ្វើជាខ្នាតដើម្បីវាស់ថាតើសារជាតិធម្មជាតិរបស់មនុស្សម្នាក់បែបណា ឬថាតើសភាពដែលមនុស្សណាម្នាក់កំពុងមាននោះគឺដោយសារតែសារជាតិធម្មជាតិរបស់ពួកគេ ឬជាភាពទន់ខ្សោយបណ្ដោះអាសន្ន ឬជាបញ្ហានៃកម្ពស់របស់ពួកគេឡើយ។ ពួកគេមិនអាចវាស់វែងរឿងទាំងនេះបានទេ។ ការលំបាកដែលមនុស្សប្រភេទនេះជួបប្រទះ គឺជាការលំបាកដែលកើតឡើងនៅក្នុងជីវិតពិត និងទាក់ទងនឹងការចូលទៅក្នុងជីវិត។ តើអ្នកដឹកនាំក្លែងក្លាយអាចដោះស្រាយបញ្ហាប្រភេទនេះបានដែរឬទេ? តើពួកគេអាចដោះស្រាយការលំបាករបស់មនុស្សទាំងនេះបានដែរឬទេ? (មិនបានទេ។) ដោយសារតែអ្នកដឹកនាំក្លែងក្លាយមិនអាចក្ដាប់បានច្បាស់ពីសភាពរបស់មនុស្សផ្សេងៗបានត្រឹមត្រូវ និងមិនអាចបែងចែកឱ្យបានត្រឹមត្រូវពីចំណុចល្អនិងចំណុចអាក្រក់នៃសារជាតិធម្មជាតិរបស់មនុស្សផ្សេងៗបាន ដូច្នេះ ពួកគេក៏មិនអាចដោះស្រាយការលំបាក និងបញ្ហារបស់មនុស្សផ្សេងៗឱ្យបានត្រឹមត្រូវដែរ។ ផ្ទុយទៅវិញ ពួកគេចាត់ទុកអ្នកណាដែលអាចរត់ចុះរត់ឡើង លះបង់ខ្លួន ស៊ូទ្រាំនឹងការលំបាក និងអាចលះបង់តម្លៃបាន តែមានគុណសម្បត្តិអន់ខ្សោយ និងខ្វះសមត្ថភាពក្នុងការយល់ដឹង ថាជាគោលដៅសំខាន់សម្រាប់ការបណ្ដុះបណ្ដាល ដោយផ្អែកតែទៅលើសេចក្ដីក្លៀវក្លាមួយមុខគត់ ហើយពួកគេប្រកបគ្នាដើម្បីដោះស្រាយការលំបាករបស់អ្នកទាំងនោះ នៅពេលដែលពួកគេជួបប្រទះការលំបាក។ ប៉ុន្តែសម្រាប់អ្នកមានគុណសម្បត្តិពិតប្រាកដ និងមានភាពជាមនុស្សល្អ នៅពេលដែលពួកគេជួបប្រទះការលំបាក និងមានភាពទន់ខ្សោយបន្តិចបន្តួច តើអ្នកដឹកនាំក្លែងក្លាយដោះស្រាយ និងចាត់ការការលំបាកទាំងនោះដោយរបៀបណា? នៅពេលដែលមនុស្សទាំងនេះប្រឈមមុខនឹងការលំបាក ហើយពួកគេគ្រាន់តែទន់ខ្សោយបន្តិចបន្តួចទៅតាមស្ថានភាពនោះ ដូច្នេះ ពួកគេគួរតែទទួលបានការជួយគាំទ្រ។ គួរតែប្រកបគ្នាអំពីព្រះរាជបំណងរបស់ព្រះជាម្ចាស់ប្រាប់ពួកគេ មិនគួរទាត់ពួកគេចោលទាំងស្រុងនោះទេ ហើយរឹតតែមិនគួរលាបពណ៌ពួកគេទៅទៀត។ ប៉ុន្តែ តើអ្នកដឹកនាំក្លែងក្លាយដោះស្រាយការលំបាករបស់មនុស្សបែបនេះដោយរបៀបណា? ពួកគេនិយាយថា៖ «កិច្ចការរបស់ព្រះជាម្ចាស់បានឈានមកដល់ដំណាក់កាលបែបនេះហើយ តែអ្នកបែរជានៅជាប់ជំពាក់នឹងប្ដីរបស់អ្នក នឹងកូនៗរបស់អ្នកទៅវិញ។ អ្នកថែមទាំងឱ្យកូនរបស់អ្នកចូលរៀននៅសកលវិទ្យាល័យ និងដេញតាមអនាគតរបស់ពួកគេទៀត។ ដោយសារគ្រោះមហន្តរាយកាន់តែធ្ងន់ធ្ងរទៅៗ តើពិភពលោកនេះនៅមានអនាគតណាមួយទៀតឬ? អ្នកមិនអាចមើលថែសូម្បីតែជីវិតខ្លួនឯងផង តើអ្នកអាចខ្វល់ពីរឿងទាំងនោះបានយ៉ាងដូចម្ដេចទៅ? កិច្ចការរបស់ព្រះជាម្ចាស់ជិតចប់ហើយ ពេលវេលាបន្ទាន់ខ្លាំងណាស់! ប្រសិនបើអ្នកមិនលះបង់ខ្លួនអ្នកទាំងស្រុងទេ តើអ្នកនៅតែអាចត្រូវគេហៅថាជាភាវៈដែលព្រះបានបង្កើតមកបានដែរឬទេ? តើអ្នកនៅតែជាមនុស្សទៀតទេ?» តើនេះពិតជាការលំបាករបស់មនុស្សទាំងនេះមែនទេ? (មិនមែនទេ។) មូលហេតុដែលមនុស្សទាំងនេះហាក់ទន់ខ្សោយបន្តិចបន្តួច នៅពេលដែលពួកគេប្រឈមមុខនឹងការលំបាក គឺគ្រាន់តែដោយសារតែកម្ពស់ខាងវិញ្ញាណរបស់ពួកគេនៅតូចទាបប៉ុណ្ណោះ មិនមែនដោយសារតែពួកគេមិនស្រឡាញ់សេចក្ដីពិត ឬមិនសុខចិត្តបំពេញភារកិច្ចរបស់ពួកគេនោះទេ។ ហេតុដូច្នេះ អ្វីដែលអ្នកដឹកនាំក្លែងក្លាយនិយាយ មិនស៊ីគ្នានឹងសភាពរបស់ពួកគេទេ។ ច្បាស់ណាស់ថា នេះគឺជាការលាបពណ៌ខុស ដោយមិនបានក្ដាប់ឱ្យបានចំណុចស្នូល ឬចំណុចសំខាន់នៃសភាពរបស់ពួកគេ មិនបានយល់ពីអ្វីដែលពួកគេកំពុងគិតពិតប្រាកដ តើពួកគេជាមនុស្សប្រភេទណា ហើយតើគួរណែនាំ និងជួយពួកគេរបៀបណា ដើម្បីដោះស្រាយការលំបាករបស់ពួកគេ។ អ្នកដឹកនាំក្លែងក្លាយមិនដឹងពីរបៀបដោះស្រាយបញ្ហាទាំងនេះទេ។ ដូច្នេះ តើមនុស្សម្នាក់គួរដោះស្រាយបញ្ហាបែបនេះដោយរបៀបណា នៅពេលដែលវាកើតឡើង? អ្នកអាចនិយាយបានថា៖ «បញ្ហាដែលអ្នកកំពុងប្រឈមមុខ គឺជាបញ្ហាដែលមនុស្សជាច្រើនជួបប្រទះ។ អ្នកណាដែលអាចចាកចេញពីគ្រួសាររបស់ពួកគេបានដោយពិតប្រាកដ និងអាចលះបង់ខ្លួនទាំងស្រុងដើម្បីព្រះជាម្ចាស់បាន គឺមិនមែនធ្វើអ្វីតាមចិត្តនឹកឃើញមួយពេលទេ ប៉ុន្តែពួកគេបានត្រៀមខ្លួនជាយូរមកហើយ។ ទីមួយគឺ ពួកគេបានយល់ពីសេចក្ដីពិតគ្រប់គ្រាន់ ហើយមានការតាំងចិត្តយ៉ាងពិតប្រាកដក្នុងការកាត់ផ្ដាច់ចេញពីគ្រួសាររបស់ពួកគេ ដើម្បីលះបង់ខ្លួនទាំងស្រុងនៅក្នុងដំណាក់របស់ព្រះជាម្ចាស់ ហើយពួកគេអាចធានាបានថា ពួកគេនឹងមិនស្ដាយក្រោយនៅពេលក្រោយឡើយ ពោលគឺ ពួកគេបានគិតរួចស្រេចអស់ហើយ។ ជាងនេះទៅទៀត ក្នុងអំឡុងពេលនេះ ពួកគេក៏អធិស្ឋានទៅព្រះជាម្ចាស់សម្រាប់ការត្រៀមខ្លួន និងដើម្បីបើកផ្លូវទៅមុខ ហើយក្នុងពេលនោះដែរ ពួកគេបន្តបំពាក់បំប៉នខ្លួនគេដោយសេចក្ដីពិត ដោយអនុញ្ញាតឱ្យខ្លួនពួកគេយល់ពីសេចក្ដីពិតបានកាន់តែច្រើន និងមានការជឿជាក់កាន់តែច្រើនក្នុងការដាក់ចុះគ្រប់យ៉ាង ដើម្បីលះបង់ខ្លួនថ្វាយព្រះជាម្ចាស់ទាំងស្រុង។ ការនេះទាមទារពេលវេលា ការអធិស្ឋាន ហើយពិតណាស់ គឺទាមទារការដឹកនាំ និងការចាត់ចែងពីព្រះជាម្ចាស់។ ប្រសិនបើអ្នកមានការតាំងចិត្តបែបនេះ ចូរកុំបារម្ភអី។ ចូរអធិស្ឋានទៅព្រះជាម្ចាស់ ហើយរង់ចាំដោយស្ងៀមស្ងាត់ នោះព្រះជាម្ចាស់នឹងធ្វើការចាត់ចែងសម្រាប់អ្នកមិនខាន។ ប្រសិនបើការអធិស្ឋាន និងការតាំងចិត្តរបស់អ្នក ស្របតាមព្រះរាជបំណងរបស់ព្រះជាម្ចាស់ និងទទួលបានការពេញព្រះទ័យពីព្រះជាម្ចាស់ ប្រសិនបើអ្នកត្រៀមខ្លួនរួចរាល់ ហើយអ្នកនឹងចុះចូលទោះបីជាព្រះជាម្ចាស់ធ្វើអ្វីក៏ដោយ ហើយមិនមានអារម្មណ៍ស្ដាយក្រោយ នោះព្រះជាម្ចាស់ច្បាស់ជានឹងបើកផ្លូវសម្រាប់អ្នកមិនខាន។ ក្នុងអំឡុងពេលនេះ អ្វីដែលមនុស្សគួរធ្វើ គឺត្រៀមខ្លួន និងរង់ចាំ។ រឿងតែមួយគត់ដែលពួកគេអាចធ្វើបានគឺ បំពាក់បំប៉នខ្លួនគេដោយសេចក្ដីពិត យល់ពីព្រះរាជបំណងរបស់ព្រះជាម្ចាស់ និងអនុញ្ញាតឱ្យកម្ពស់របស់ពួកគេលូតលាស់បន្តិចម្ដងៗ។ នៅពេលដែលព្រះជាម្ចាស់រៀបចំមជ្ឈដ្ឋានផ្សេងៗ ប្រសិនបើអ្នកអាចជ្រើសរើសចុះចូលនឹងអធិបតេយ្យភាព និងការចាត់ចែងរបស់ព្រះជាម្ចាស់ដោយគ្មានការត្អូញត្អែរ នេះគឺជាការដែលមានកម្ពស់ហើយ ពោលគឺទោះបីជាព្រះជាម្ចាស់ធ្វើអ្វី ឬទ្រង់ចាត់ចែងយ៉ាងណាក៏ដោយ ក៏អ្នកនឹងអាចចុះចូលបានដែរ»។ តើអ្នកគិតយ៉ាងណាចំពោះការណែនាំបែបនេះ? (ជាការណែនាំល្អ។) ម៉្យាង អ្នកកំពុងបំពេញការទទួលខុសត្រូវរបស់អ្នក ដោយជួយមនុស្សឱ្យយល់ពីព្រះរាជបំណងរបស់ព្រះជាម្ចាស់ ហើយក្នុងពេលជាមួយគ្នានេះ អ្នកមិនបង្ខំពួកគេឱ្យហួសពីសមត្ថភាពរបស់ពួកគេឡើយ ប៉ុន្តែប្រព្រឹត្តចំពោះពួកគេដោយយោងទៅតាមស្ថានភាពជាក់ស្ដែងរបស់ពួកគេ។ តើនេះមិនមែនជាការដោះស្រាយបញ្ហាដោយប្រើព្រះបន្ទូលរបស់ព្រះជាម្ចាស់ទេឬ? តើវាមិនមែនជាការដោះស្រាយការលំបាកដែលមនុស្សជួបប្រទះនៅក្នុងជីវិតពិតដោយផ្អែកលើសភាពរបស់ពួកគេទេឬ? (មែនហើយ។)
ក្នុងការបំពេញភារកិច្ចរបស់ខ្លួន មនុស្សមួយចំនួនតែងតែបំពេញការងារបែបបង្គ្រប់កិច្ច និងគ្មានការទទួលខុសត្រូវសោះឡើយ ពួកគេតែងតែមានឫកធំដូចជាមន្ត្រី ក្រអឺតក្រទម រាប់ខ្លួនឯងជាសុចរិត ហើយមិនចេះសហការជាមួយគេឡើយ ហើយពួកគេបង្កការខូចខាតដល់កិច្ចការរបស់ពួកជំនុំ ដោយគ្មានអារម្មណ៍ស្ដាយក្រោយសូម្បីតែបន្តិចណាឡើយ។ នៅពេលឃើញស្ថានភាពបែបនេះ អ្នកដឹកនាំក្លែងក្លាយ ក៏ចាប់ផ្ដើមចាត់ការ និងដោះស្រាយបញ្ហានោះ ដោយនិយាយថា៖ «បុគ្គលម្នាក់នេះដើរតួយ៉ាងសំខាន់នៅក្នុងកិច្ចការនេះ។ មើលទៅហាក់ដូចជាគ្មាននរណាម្នាក់ដែលស័ក្តិសមអាចជំនួសគាត់បានឡើយ ដូច្នេះ យើងចាំបាច់ត្រូវប្រកបគ្នាជាមួយគាត់ ដើម្បីដោះស្រាយការលំបាករបស់គាត់»។ ក្នុងអំឡុងពេលប្រកបគ្នានោះ អ្នកដឹកនាំក្លែងក្លាយបានដឹងថា បុគ្គលនេះមិនចង់បំពេញភារកិច្ចរបស់ខ្លួនទាល់តែសោះ។ គាត់ចង់ដេញតាមអ្វីៗនៅខាងលោកិយ ចង់រកលុយពីអាជីពការងាររបស់ខ្លួន និងរស់នៅក្នុងជីវិតដ៏ល្អមួយ ហើយគាត់ចាត់ទុកថា ការតម្រូវឱ្យគាត់បំពេញភារកិច្ចរបស់ខ្លួន គឺជាការទាមទារពីគាត់ច្រើនពេកហើយ។ គាត់មានអារម្មណ៍ថា ការបំពេញភារកិច្ចរបស់ខ្លួននៅក្នុងដំណាក់របស់ព្រះជាម្ចាស់ មានន័យថាត្រូវរវល់រាល់ថ្ងៃ មិនត្រឹមតែបំផ្លាញជីវិតគ្រួសារផ្ទាល់ខ្លួនរបស់គាត់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងធ្វើឱ្យគាត់មិនអាចរក្សាទំនាក់ទំនងជាមួយសមាជិកគ្រួសារបានទៀតផង ហើយប្រសិនបើគាត់បំពានគោលការណ៍ នៅពេលបំពេញកំពុងភារកិច្ច នោះគាត់នឹងត្រូវទទួលរងការលួសកាត់មិនខាន។ គាត់យល់ថា ជីវិតបែបនេះគឺជូរចត់ពេកហើយ ហើយគាត់មិនចង់រស់នៅបែបនេះទេ។ បញ្ហាគឺច្បាស់ណាស់៖ អាកប្បកិរិយារបស់គាត់បង្ហាញថា គាត់គឺជាអ្នកមិនជឿ។ ប៉ុន្តែ តើអ្នកដឹកនាំក្លែងក្លាយដោះស្រាយបញ្ហានេះដោយរបៀបណា? អ្នកដឹកនាំក្លែងក្លាយគិតថា៖ «បុគ្គលនេះ គឺជាមនុស្សមានទេពកោសល្យម្នាក់នៅក្នុងចំណោមពួកអ្នកមិនជឿ។ មិនងាយរកបានមនុស្សដូចជាគាត់នោះទេ។ សភាពរបស់គាត់បានក្លាយជាបញ្ហារួចជាស្រេចទៅហើយ ខ្ញុំត្រូវតែប្រញាប់ទុកកិច្ចការដែលខ្ញុំរវល់ជាប់ដៃបំផុតចចោលមួយឡែកសិន ដើម្បីទៅប្រកបគ្នាជាមួយគាត់ ដើម្បីជួយគាត់ដោះស្រាយបញ្ហានេះ។ តើត្រូវដោះស្រាយដោយរបៀបណា? ព្រះបន្ទូលរបស់ព្រះជាម្ចាស់ គឺមានអំណាចបំផុត។ ជាដំបូង ខ្ញុំនឹងអានព្រះបន្ទូលរបស់ព្រះជាម្ចាស់ពីរបីអត្ថបទឱ្យគាត់ស្ដាប់ ដើម្បីដោះស្រាយបញ្ហាដែលគាត់មិនចង់បំពេញភារកិច្ចរបស់ខ្លួន»។ អ្នកដឹកនាំក្លែងក្លាយប្រាប់គាត់ថា៖ «ឥឡូវនេះ ដោយសារគ្រោះមហន្តរាយបានមកដល់ហើយ មនុស្សមិនអាចរស់នៅក្នុងជីវិតល្អបានទៀតទេ។ អ្នកនៅតែចង់រកប្រាក់តាមរយៈអាជីពការងារ និងរស់នៅក្នុងជីវិតគ្រួសារដ៏សាមញ្ញមួយ ប៉ុន្តែមិនយូរប៉ុន្មាន ពិភពលោកទាំងមូលនឹងស្ថិតនៅក្នុងភាពវឹកវរ ហើយនឹងលែងមានគ្រួសារសាមញ្ញអ្វីទៀតហើយ។ តើអ្នកមើលមិនធ្លុះរឿងទាំងនេះទេឬ? អ្នកត្រូវតែអធិស្ឋានទៅព្រះជាម្ចាស់ឱ្យបានច្រើន។ ការអធិស្ឋានទៅព្រះជាម្ចាស់នឹងផ្ដល់សេចក្ដីជំនឿដល់អ្នកកាន់តែច្រើន។ អ្នកក៏ត្រូវការហូប និងផឹកព្រះបន្ទូលរបស់ព្រះជាម្ចាស់ឱ្យបានច្រើនផងដែរ។ បន្ទាប់ពីហូប និងផឹកព្រះបន្ទូលរបស់ព្រះជាម្ចាស់ពីរបីដងហើយ បញ្ហារបស់អ្នក នឹងត្រូវដោះស្រាយមិនខាន»។ បន្ទាប់មក គាត់ក៏រកអត្ថបទព្រះបន្ទូលរបស់ព្រះជាម្ចាស់ប្រាំ ឬដប់អត្ថបទ មកអាន និងប្រកបគ្នាជាមួយបុគ្គលនោះ។ បុគ្គលនោះក៏ឆ្លើយតបថា៖ «ឈប់ប្រកបគ្នាទៅ។ ខ្ញុំយល់ពីព្រះបន្ទូលរបស់ព្រះជាម្ចាស់ទាំងអស់នេះហើយ។ ខ្ញុំមានការអប់រំច្រើនជាងអ្នកទៅទៀត។ កុំអួតសម្ញែងអី»។ ការប្រកបគ្នាពេញមួយថ្ងៃ តែគ្មានដោះស្រាយបានអ្វីសោះ។ អ្នកដឹកនាំក្លែងក្លាយក៏គិតក្នុងចិត្តថា៖ «ខ្ញុំបានធ្វើកិច្ចការពួកជំនុំអស់រយៈពេលជាច្រើនឆ្នាំមកហើយ ខ្ញុំមិនជឿថា ខ្ញុំមិនអាចដោះស្រាយបញ្ហារបស់អ្នកបានទេ»។ នៅពេលល្ងាច គាត់ក៏ប្រញាប់បន្តការប្រកបគ្នាទៀតថា៖ «អ្នកត្រូវតែស្រឡាញ់ និងថ្វាយបង្គំព្រះជាម្ចាស់! អ្នកមានសង្ឃឹមចង់ក្លាយជាភាវៈដែលព្រះបានបង្កើតមក ដែលត្រូវតាមស្ដង់ដា។ ភារកិច្ចនេះមិនមែនងាយស្រួលនឹងទទួលបានមកនោះទេ។ អ្នកត្រូវតែឱ្យតម្លៃខ្ពស់ចំពោះឱកាសនេះ ពីព្រោះប្រសិនបើអ្នកខកខានឱកាសនេះ នោះនឹងគ្មានឱកាសផ្សេងទៀតឡើយ។ ដោយសារគុណសម្បត្តិ និងលក្ខខណ្ឌរបស់អ្នកល្អយ៉ាងនេះ ដូច្នេះ ការដែលអ្នកមិនបានបំពេញភារកិច្ចរបស់ខ្លួន តើមិនគួរឱ្យស្ដាយទេឬ? មនុស្សដែលមានទេពកោសល្យដូចជាអ្នក គួរតែត្រូវបានដំឡើងឋានៈ និងប្រើប្រាស់នៅក្នុងដំណាក់របស់ព្រះជាម្ចាស់។ នៅទីនេះ អ្នកមានអនាគតល្អណាស់!» បុគ្គលនោះនិយាយថា៖ «ឈប់និយាយទៅ។ ប្រសិនបើអ្នកឱ្យខ្ញុំបំពេញភារកិច្ចរបស់ខ្ញុំ ខ្ញុំនៅតែប្រកាន់ឥរិយាបថដដែលទេ។ ប្រសិនបើខ្ញុំមិនត្រូវបានអនុញ្ញាតឱ្យបំពេញភារកិច្ចនេះទេ ខ្ញុំនឹងចាកចេញភ្លាម។ ខ្ញុំមិនមែនកំពុងសុំដើម្បីបានស្នាក់នៅទីនេះទេ!» អ្នកដឹកនាំក្លែងក្លាយខំប្រឹងរកពាក្យមកនិយាយអស់ហើយ ប៉ុន្តែមិនអាចបញ្ចុះបញ្ចូលបុគ្គលនេះបាន ឬដោះស្រាយបញ្ហារបស់គាត់បានទេ។ តើមកពីហេតុអ្វី? គឺដោយសារតែគាត់មើលមិនធ្លុះពីបញ្ហាឫសគល់របស់បុគ្គលនេះ។ នៅពេលបំពេញភារកិច្ចរបស់ខ្លួន បុគ្គលនេះធ្វើការបែបបង្គ្រប់កិច្ច នៅពេលណាខ្លួនចង់ធ្វើបែបនេះ បោកបញ្ឆោត នៅពេលណាដែលខ្លួនចង់បោកបញ្ឆោត ឬធ្វើការឱ្យតែរួចទីដៃ ប្រសិនបើខ្លួនចង់ធ្វើបែបនោះមែន។ មិនថាគាត់ធ្វើកិច្ចការអ្វីក៏ដោយ ក៏គាត់គ្មានការទទួលខុសត្រូវដែរ។ គាត់មិនព្រមចំណាយកម្លាំងបន្តិចបន្តួចបន្ថែមទៀត ឬនិយាយពីរបីម៉ាត់បន្ថែមទៀត ដើម្បីដោះស្រាយបញ្ហាខ្លះៗទេ ដោយគាត់យល់ថា វាបង្កការលំបាក និងគួរឱ្យធុញទ្រាន់។ គាត់ដឹងយ៉ាងច្បាស់ពីរបៀបបំពេញភារកិច្ចរបស់ខ្លួនឱ្យបានត្រឹមត្រូវតាមស្ដង់ដា និងរបៀបប្រព្រឹត្តឱ្យបានសមរម្យ ប៉ុន្តែគាត់មិនព្រមអនុវត្តតាមរបៀបនេះទេ។ ទោះយ៉ាងនេះក្ដី ក៏គាត់នៅតែបន្តបំពេញភារកិច្ចនៅក្នុងដំណាក់របស់ព្រះជាម្ចាស់ដដែល។ តើស្ថានភាពនេះមានលក្ខណៈបែបណា? តើមានបញ្ហាអ្វីនៅទីនេះ? (គាត់ចូលមកដោយមានបំណងចង់បានព្រះពរ និងធ្វើការដោះដូរ។) គាត់មកដោយមានក្ដីសង្ឃឹមបែបនេះ។ មនុស្សបែបនេះ គេហៅថា មនុស្សឆ្លៀតឱកាស។ គាត់និយាយថា៖ «ខ្ញុំបានឮថា ពិភពលោកនឹងត្រូវបញ្ចប់ក្នុងពេលឆាប់ៗនេះ ថ្ងៃវិនាសបានមកដល់ហើយ ដូច្នេះ ខ្ញុំមិនចាំបាច់ទៅធ្វើការទៀតទេ។ យ៉ាងណា ខ្ញុំរកលុយបានច្រើនគ្រប់គ្រាន់ដែរហើយ។ ខ្ញុំក៏គួរតែមកដំណាក់របស់ព្រះជាម្ចាស់ដែរ ដើម្បីមានការធ្វើផង និងដើម្បីកក់កន្លែងមួយសម្រាប់ខ្លួនឯង ដើម្បីឱ្យខ្ញុំអាចមានសង្ឃឹមទទួលបានព្រះពរនៅពេលក្រោយផង»។ ដោយវិនិច្ឆ័យតាមឥរិយាបថ និងបំណងរបស់គាត់ក្នុងការបំពេញភារកិច្ចរបស់់ខ្លួន ជំនឿរបស់គាត់លើព្រះជាម្ចាស់ គឺជាការឆ្លៀតឱកាស។ គាត់បានមកដំណាក់របស់ព្រះជាម្ចាស់ ដើម្បីមកជ្រកស៊ី មិនមែនចេញពីសេចក្ដីជំនឿពិតនោះទេ។ ឥរិយាបថរបស់គាត់ នៅពេលបំពេញភារកិច្ចរបស់ខ្លួន គឺមើលស្រាលការងារខ្លាំងណាស់។ ដើម្បីប្រើគាត់ ពួកជំនុំត្រូវលួងលោម និងចរចាជាមួយគាត់ ហើយគាត់នៅតែបំពេញភារកិច្ចមិនបានល្អដដែល។ តើមនុស្សម្នាក់ដែលគ្មានសូម្បីតែសតិសម្បជញ្ញៈផងនោះ អាចបំពេញភារកិច្ចរបស់ខ្លួនបានដែរឬទេ? គាត់គ្រាន់តែជាជនឆ្លៀតឱកាស និងមកជ្រកស៊ីប៉ុណ្ណោះ គាត់គឺជាអ្នកមិនជឿ។ ដោយពិនិត្យទៅលើលក្ខណៈនៃទិដ្ឋភាពទាំងពីរនៃបញ្ហានេះ ក្នុងការព្យាយាមដោះស្រាយបញ្ហានេះ តើអ្នកដឹកនាំក្លែងក្លាយក្ដាប់បានពីសារជាតិនៃបញ្ហានេះទេ? (អត់ទេ។) ការដែលមើលមិនធ្លុះពីសារជាតិនៃបញ្ហានេះហើយ ទើបគាត់នៅតែចាត់ទុកបុគ្គលនេះថាជាអ្នកជឿពិតប្រាកដទៀត គ្រាន់តែថាគេជាមនុស្សម្នាក់ដែលខ្វះការយល់ដឹងពីសេចក្ដីពិត មានកម្ពស់តូចទាប មានភាពទន់ខ្សោយបណ្ដោះអាសន្ន និងត្រូវការការជួយគាំទ្រប៉ុណ្ណោះ។ ផ្អែកតាមទស្សនៈទាំងនេះ អ្នកដឹកនាំក្លែងក្លាយបានព្យាយាមប្រកបគ្នា និងជួយហើយ តែត្រូវបានគេប្រាប់វិញថា៖ «ឈប់និយាយទៅ។ គោលលទ្ធិដែលអ្នកបាននិយាយមកទាំងអម្បាលម៉ាននោះ គឺគ្មានប្រយោជន៍ឡើយ។ ខ្ញុំដឹងពីគោលលទ្ធិទាំងនោះហើយ ខ្ញុំយល់ច្រើនជាងអ្នកទៅទៀត។ តើអ្នកយល់ពីគោលលទ្ធិពិតប្រាកដបានប៉ុន្មានទៅ? តើអ្នកមានការអប់រំប៉ុនណាទៅ? ខ្ញុំបានអានសៀវភៅច្រើនជាងអ្នកហូបបាយទៅទៀត!» ធម្មជាតិរបស់បុគ្គលនេះបានបង្ហាញចេញមកហើយ មែនទេ? អ្នកដឹកនាំក្លែងក្លាយនៅតែជឿថា ខ្លួនកំពុងបំពេញកិច្ចការហើយ ដោយមិនដឹងថា តាមពិតបុគ្គលនេះ គឺជាអ្នកមិនជឿសោះ។ នៅពេលដែលពួកអ្នកមិនជឿបំពេញភារកិច្ចរបស់ខ្លួននៅក្នុងដំណាក់របស់ព្រះជាម្ចាស់ សូម្បីតែការងាររបស់ពួកគេ ក៏មិនត្រូវតាមស្ដង់ដាដែរ។ តើគួរទុកមនុស្សបែបនេះនៅក្បែរទេ? (មិនគួរទេ។) ហេតុដូច្នេះ នេះគឺជាគោលការណ៍សម្រាប់ដោះស្រាយជាមួយមនុស្សប្រភេទនេះនៅក្នុងដំណាក់របស់ព្រះជាម្ចាស់៖ ប្រសិនបើពួកគេអាចបំពេញកិច្ចការបាន និងសុខចិត្តធ្វើការ ចូរទុកពួកគេចុះ។ ប្រសិនបើពួកគេមិនសុខចិត្តទេ ចូរប្រញាប់បោសសម្អាតពួកគេចេញ ដោយមិនចាំបាច់លើកទឹកចិត្តពួកគេឱ្យនៅ ឬដាស់តឿនពួកគេឡើយ។ តើអ្នកដឹកនាំក្លែងក្លាយដឹងពីគោលការណ៍នេះទេ? ពួកគេមិនដឹងទេ។ ពួកគេប្រព្រឹត្តដាក់មនុស្សស្លាប់ ដូចជាមនុស្សរស់ ដោយផ្ដល់អាហារ និងទឹកឱ្យពួកគេ។ តើនោះមិនមែនជារឿងល្ងង់ខ្លៅទេឬ? ពួកអ្នកដឹកនាំក្លែងក្លាយធ្វើរឿងល្ងង់ខ្លៅបែបនេះឯង។
អ្នកដឹកនាំក្លែងក្លាយមិនអាចដោះស្រាយការលំបាក និងបញ្ហានានា ដែលមនុស្សជួបប្រទះនៅក្នុងការចូលទៅក្នុងជីវិតរបស់ពួកគេបានឡើយ
នៅក្នុងស្ថានភាពផ្សេងៗ នៅពេលដែលមនុស្សខុសៗគ្នាបង្ហាញឱ្យឃើញពីសភាព និងលក្ខណៈសម្គាល់ផ្សេងៗ អ្នកដឹកនាំក្លែងក្លាយតែងតែមិនអាចក្ដាប់បានពីសារជាតិនៃការបើកសម្ដែងទាំងនេះទេ ហើយក៏មិនអាចដោះស្រាយបញ្ហាដែលកើតឡើងចេញពីការបើកសម្ដែងទាំងនោះបានដែរ។ ដោយសារពួកគេមិនយល់ពីសេចក្ដីពិត ដូច្នេះ ពួកគេលាបពណ៌ទាំងខុស និងប្រព្រឹត្តខុសឆ្គងផ្តេសផ្តាស ដោយច្រឡំអ្នកដែលទន់ខ្សោយបណ្ដោះអាសន្ន ឬអ្នកដែលមានភាពអវិជ្ជមានម្ដងម្កាល ថាជាពួកអ្នកមិនជឿ និងជាមនុស្សដែលក្បត់ព្រះជាម្ចាស់។ ចំណែកឯពួកអ្នកមិនជឿទាំងនោះដែលមើលពីសម្បកក្រៅទៅដូចជាមានអំណោយទានខ្លះ ដែលអាចធ្វើកិច្ចការងាយៗបាន និងខំប្រឹងបញ្ចេញកម្លាំងខ្លះ ត្រូវបានចាត់ទុកថាជាគោលដៅសំខាន់ដែលត្រូវជួយគាំទ្រ។ មនុស្សទាំងនេះមានអារម្មណ៍ខ្មាសអៀនក្នុងការនិយាយដោយត្រង់ពីការមិនចង់បំពេញភារកិច្ចរបស់ខ្លួន ប៉ុន្តែអ្នកដឹកនាំក្លែងក្លាយបែរជាមើលមិនធ្លុះពីចំណុចនេះ ហើយបន្តបញ្ចុះបញ្ចូលពួកគេឱ្យនៅបន្តទៀត។ អ្នកដឹកនាំក្លែងក្លាយមិនបានធ្វើអ្វីក្រៅពីប្រព្រឹត្តអំពើល្ងង់ខ្លៅនោះទេ។ មនុស្សអាក្រក់រំខានពួកជំនុំ ប៉ុន្តែពួកគេនៅតែខ្វាក់មិនឃើញរឿងនេះ ហើយមិនដោះស្រាយបញ្ហាដដែល។ តើនេះមិនមែនជាការប្រព្រឹត្តខុសខ្វះការយកចិត្តទុកដាក់ទេឬ? តើការប្រព្រឹត្តខុសខ្វះការយកចិត្តទុកដាក់របស់អ្នកដឹកនាំក្លែងក្លាយកើតឡើងដោយរបៀបណា? ពួកគេគ្មានសមត្ថភាពយល់ពីព្រះបន្ទូលរបស់ព្រះជាម្ចាស់ និងមិនយល់ពីសេចក្ដីពិតឡើយ ដូច្នេះ នៅពេលប្រឈមមុខនឹងស្ថានភាពផ្សេងៗ ពួកគេមានតែបែរទៅរកគោលលទ្ធិសាមញ្ញនិងជាក់ស្ដែងបំផុតដែលពួកគេយល់ ដោយយកវាមកអនុវត្តម្ដងហើយម្ដងទៀត ដែលគ្មានអ្វីក្រៅតែពីបង្អាក់ និងបង្កការរំខានប៉ុណ្ណោះ។ ជាញឹកញាប់ ពួកគេមិនត្រឹមតែមិនអាចដោះស្រាយការលំបាកដែលមនុស្សជួបប្រទះក្នុងការចូលទៅក្នុងជីវិតបានទេ ហើយពួកគេមិនត្រឹមតែមិនអាចជួយគាំទ្រមនុស្សចេញពីភាពទន់ខ្សោយទៅជាភាពខ្លាំងប៉ុណ្ណោះទេ ប៉ុន្តែពួកគេថែមទាំងធ្វើឱ្យមនុស្សមានសញ្ញាណ និងការយល់ខុសអំពីព្រះជាម្ចាស់ទៀតផង ដោយធ្វើឱ្យពួកគេគិតថា ពួកជំនុំកំពុងព្យាយាមអូសទាញពួកគេឱ្យបម្រើការ ដើម្បីទាញប្រយោជន៍ពីការបម្រើការងាររបស់ពួកគេ ហាក់ដូចជាដំណាក់របស់ព្រះជាម្ចាស់ខ្វះបុគ្គលដែលមានទេពកោសល្យ និងមិនអាចរកមនុស្សដែលស័ក្តិសមបានអ៊ីចឹង។ នេះគឺជាផលប៉ះពាល់អវិជ្ជមានដែលបង្កឡើងដោយកិច្ចការរបស់អ្នកដឹកនាំក្លែងក្លាយ។ តើរឿងនេះកើតឡើងដោយរបៀបណា? (អ្នកដឹកនាំក្លែងក្លាយមិនអាចយល់ដឹងពីសេចក្ដីពិត មិនយល់ពីសេចក្ដីពិតឡើយ ហើយនៅពេលដែលពួកគេជួបប្រទះនឹងស្ថានភាពផ្សេងៗ ពួកគេគ្រាន់តែអនុវត្តបទប្បញ្ញត្តិប៉ុណ្ណោះ។) ពួកគេមិនអាចយល់ដឹងស៊ីជម្រៅពីសេចក្ដីពិតបានទេ ពួកគេគ្រាន់តែអាចចងចាំពាក្យពេចន៍ និងគោលលទ្ធិងាប់ក្រឡាស្ដូកខ្លះប៉ុណ្ណោះ។ ពួកគេខ្វះការយល់ដឹងពិតប្រាកដតាមរយៈបទពិសោធ និងខ្វះការយល់ដឹងពីសេចក្ដីពិត។ ដូច្នេះ នៅពេលដែលបញ្ហាកើតឡើងពិតមែន ពួកគេអាចនិយាយបានត្រឹមតែឃ្លាសោះកក្រោះពីរបីឃ្លាប៉ុណ្ណោះ៖ «ស្រឡាញ់ព្រះជាម្ចាស់» «ធ្វើជាមនុស្សស្មោះត្រង់» «ត្រូវស្ដាប់បង្គាប់ និងចុះចូល នៅពេលប្រឈមមុខនឹងស្ថានភាពផ្សេងៗ» «បំពេញភារកិច្ចរបស់អ្នកឱ្យបានល្អ» «អ្នកចាំបាច់ត្រូវមានភាពស្មោះត្រង់» «អ្នកត្រូវតែបះបោរទាស់នឹងសាច់ឈាម» «អ្នកត្រូវលះបង់ខ្លួនដើម្បីព្រះជាម្ចាស់»។ ពួកគេប្រើគោលលទ្ធិ ពាក្យស្លោក និងសម្ដីឥតន័យខ្លឹមសារទាំងនេះ ដើម្បីតុបតែងខ្លួនឱ្យស្អាត ហើយពួកគេក៏បង្រៀនវាដល់អ្នកដទៃផងដែរ ដោយសង្ឃឹមថានឹងមានឥទ្ធិពល និងផលវិជ្ជមានទៅលើពួកគេ ប៉ុន្តែវាមិនសម្រេចបានផលអ្វីឡើយ ហើយក៏មិនបានផ្លាស់ប្ដូរអ្វីដែរ។ ហេតុដូច្នេះ អ្នកដឹកនាំក្លែងក្លាយគ្មានសមត្ថភាពសម្រេចកិច្ចការណាមួយបានឡើយ។ ដោយសារពួកគេមិនអាចសូម្បីតែដោះស្រាយការលំបាកផ្សេងៗដែលរាស្ដ្ររើសតាំងរបស់ព្រះជាម្ចាស់ជួបប្រទះនៅក្នុងការចូលទៅក្នុងជីវិតបានផង ដូច្នេះ តើពួកគេអាចដឹកនាំពួកជំនុំបានល្អដោយរបៀបណាទៅ?
នៅពេលដែលមនុស្សជួបប្រទះការលំបាកផ្សេងៗក្នុងជីវិតពិត ហើយមិនដឹងថាត្រូវប្រឈមមុខនឹងការលំបាកទាំងនោះដោយរបៀបណា មិនដឹងថាត្រូវអនុវត្តសេចក្ដីពិតដោយរបៀបណា ពួកគេចាំបាច់ត្រូវស្វែងរកសេចក្ដីពិតនៅក្នុងព្រះបន្ទូលរបស់ព្រះជាម្ចាស់ មកដោះស្រាយបញ្ហាទាំងនេះ។ ប្រសិនបើមនុស្សម្នាក់ដែលមានកម្ពស់តូចទាប មិនដឹងពីរបៀបស្វែងរកសេចក្ដីពិតនៅក្នុងព្រះបន្ទូលរបស់ព្រះជាម្ចាស់ ហើយមិនដឹងពីរបៀបស្វែងរកព្រះបន្ទូលរបស់ព្រះជាម្ចាស់ដែលពាក់ព័ន្ធ ពួកគេគួរតែទៅរកអ្នកណាដែលយល់ពីសេចក្ដីពិត ដើម្បីប្រកបគ្នាដោះស្រាយបញ្ហានោះ ហើយក្នុងពេលជាមួយគ្នានោះដែរ ពួកគេក៏ត្រូវហ្វឹកហាត់ពីរបៀបស្វែងរកព្រះបន្ទូលរបស់ព្រះជាម្ចាស់ដែលពាក់ព័ន្ធ និងរបៀបយល់ដឹងពីសេចក្ដីពិតឱ្យបានផងដែរ។ នេះមានន័យថា ពួកគេត្រូវស្វែងយល់តាមរយៈព្រះបន្ទូលរបស់ព្រះជាម្ចាស់ថាតើមានគោលការណ៍ និងបទដ្ឋានអ្វីខ្លះ ដែលព្រះជាម្ចាស់តម្រូវ រអំពីបៀបដែលព្រះជាម្ចាស់កំណត់និយមន័យបញ្ហា និងអ្វីដែលទ្រង់តម្រូវទាក់ទងនឹងបញ្ហានោះ ហើយថាតើមានការពន្យល់លម្អិតជាក់លាក់ណាមួយដែរឬទេ។ ប្រសិនបើព្រះបន្ទូលរបស់ព្រះជាម្ចាស់អំពីប្រធានបទនេះ សាមញ្ញដែរទេ ដោយគ្រាន់តែរៀបរាប់ពីគោលការណ៍ ដោយពុំមានផ្ដល់ឧទាហរណ៍លម្អិតអ្វីទេនោះ ដូច្នេះ អ្នកគួរតែរៀនពិចារណា។ ប្រសិនបើអ្នកមិនអាចយល់តាមរយៈការពិចារណាបានទេ ចូរទៅរកមនុស្សបន្ថែមទៀតដើម្បីប្រកបគ្នាជាមួយពួកគេ ប្រកបគ្នានៅក្នុងការជួបជុំ ព្រមទាំងរាវរក និងស្វែងរកនៅក្នុងដំណើរការនៃការបំពេញភារកិច្ចរបស់អ្នក ដោយទទួលបានការបំភ្លឺ និងការស្រាយបំភ្លឺ រួចក៏បានយល់បន្តិចម្ដងៗពីសារជាតិនៃបញ្ហាដែលកំពុងកើតមាននោះ។ ចុងក្រោយ ចូលទៅក្នុងតាមគោលការណ៍នៃព្រះបន្ទូលរបស់ព្រះជាម្ចាស់ ដើម្បីឈានដល់ការដោះស្រាយការលំបាកទាំងនេះ។ ឧទាហរណ៍៖ មនុស្សមួយចំនួនខ្ជិលច្រអូស ហើយមិនដែលអាចប្រមូលកម្លាំងដើម្បីបំពេញភារកិច្ចរបស់ខ្លួនបានឡើយ ប៉ុន្តែបើនិយាយពីការហូបចុក ផឹកស៊ី និងសប្បាយក្អាកក្អាយវិញ ពួកគេសប្បាយចិត្តណាស់ ហើយពោរពេញដោយកម្លាំង ហាក់ដូចជាមានកម្លាំងអ្វីបន្ថែមអ៊ីចឹង។ តើអ្នកដឹកនាំក្លែងក្លាយដោះស្រាយបញ្ហាបែបនេះដោយរបៀបណា? ពួកគេក៏មានវិធីសាស្ត្រផងដែរ គឺដាក់កិច្ចការឱ្យមនុស្សទាំងនេះធ្វើកាន់តែច្រើន ដោយមិនទុកពេលឱ្យពួកគេទំនេរឡើយ។ តើវិធីសាស្ត្រនេះអាចដោះស្រាយបញ្ហាបានទេ? មនុស្សមួយចំនួនមិនចង់ធ្វើសូម្បីតែកិច្ចការបន្តិចបន្តួចដែលបានដាក់ឱ្យពួកគេធ្វើផង។ ពួកគេគ្រាន់តែចង់ជ្រកស៊ី ដោយគិតថា ការដែលមិនធ្វើការងារអ្វីសោះ គឺល្អបំផុតហើយ! តើមនុស្សដែលខ្ជិលច្រអូសខ្លាំងមានបញ្ហាអ្វី? បញ្ហាគឺទាក់ទងនឹងសារជាតិធម្មជាតិរបស់ពួកគេ ទាក់ទងនឹងថាតើពួកគេស្រឡាញ់អ្វីដែលវិជ្ជមានដែរឬទេ ហើយក៏ទាក់ទងនឹងចំណូលចិត្ត និងការដេញតាមរបស់ពួកគេផងដែរ។ មានមនុស្សមួយចំនួនដែលមានគុណសម្បត្តិបន្តិចបន្តួច។ ប្រសិនបើពួកគេត្រឹមតែជាអ្នកដើរតាមធម្មតា ដោយគ្មានបន្ទុកអ្វីដាក់លើពួកគេទេ នោះពួកគេគ្មានកម្លាំងធ្វើកិច្ចការរបស់ខ្លួនឡើយ ហើយក៏មិនចាប់អារម្មណ៍នឹងការងារនោះដែរ។ ក៏ប៉ុន្តែ ប្រសិនបើភារកិច្ចនោះត្រូវតាមគុណសម្បត្តិរបស់ពួកគេ និងជាភារកិច្ចដែលពួកគេអាចធ្វើបាន ហើយពួកគេទទួលបានការចាត់តាំងឱ្យធ្វើជាអ្នកមើលការខុសត្រូវ ដោយអនុញ្ញាតឱ្យពួកគេមានតំណែងខ្លះ និងបំពេញការទទួលខុសត្រូវខ្លះ នោះពួកគេក៏មានការចាប់អារម្មណ៍លើការងារនោះ។ ពេលខ្លះ នៅពេលដែលពួកគេគ្មានការទទួលខុសត្រូវក្នុងកិច្ចការរបស់ខ្លួន ឬប្រែជាខ្ជិលច្រអូស ពួកគេអាចត្រូវបានលួសកាត់ ហើយពេលខ្លះទៀត ពួកគេអាចទទួលបានការលើកទឹកចិត្ត និងការសរសើរខ្លះ។ ដូច្នេះ មនុស្សដែលខ្វល់ពីរឿងមុខមាត់ទាំងនេះ ដែលចូលចិត្តឋានៈតួនាទី និងចូលចិត្តឱ្យគេបញ្ជោរនោះ ក៏មានកម្លាំងដើម្បីបំពេញភារកិច្ចរបស់ខ្លួន។ នៅពេលដែលពួកគេគិតចង់ខ្ជិល ពួកគេក៏គិតថា៖ «ដើម្បីឋានៈតួនាទី ដើម្បីបន្ទុកដែលខ្ញុំកំពុងរែកពុន ខ្ញុំត្រូវតែធ្វើឱ្យបានល្អ»។ តាមរបៀបនេះ ការខ្ជិលច្រអូសរបស់មនុស្សបែបនេះ អាចដោះស្រាយបានមួយផ្នែក។ នៅពេលដែលអ្នកដឹកនាំក្លែងក្លាយជួបប្រទះបញ្ហាប្រភេទនេះ ដែលទាក់ទងនឹងភាពជាមនុស្ស ឬសភាពដែលពាក់ព័ន្ធនឹងការចូលទៅក្នុងជីវិត ដែលកើតឡើងនៅក្នុងដំណើរការនៃការបំពេញភារកិច្ច ពួកគេយល់ថា វាពិបាក និងស្មុគ្រស្មាញក្នុងការដោះស្រាយណាស់។ ពួកគេមិនដឹងថាត្រូវដោះស្រាយសភាព និងបញ្ហាទាំងនេះដោយរបៀបណាទេ ក៏មិនដឹងថាត្រូវប្រើព្រះបន្ទូលរបស់ព្រះជាម្ចាស់មួយណា ដើម្បីដោះស្រាយឱ្យចំគោលដៅដែរ។ ភាគច្រើន វិធីសាស្ត្ររបស់ពួកគេគឺ បញ្ចុះបញ្ចូល ឬលួងលោមមនុស្សឱ្យធ្វើឱ្យបានល្អ។ ប្រសិនបើការបញ្ចុះបញ្ចូល និងការលួងលោមមិនបានផលទេ ពួកគេក៏បែរទៅជាខឹងសម្បា និងលួសកាត់ពួកនោះ។ ប្រសិនបើការលួសកាត់ពួកនោះមិនបានផលទេ ពួកគេក៏អានព្រះបន្ទូលដ៏ម៉ឺងម៉ាត់របស់ព្រះជាម្ចាស់ពីរបីអត្ថបទ ដើម្បីជាការព្រមានឱ្យមនុស្សកែលម្អអាកប្បកិរិយារបស់ខ្លួន។ ប្រសិនបើធ្វើបែបនោះហើយនៅតែមិនបានផលទៀត ជម្រើសចុងក្រោយរបស់ពួកគេគឺ រៀបចំឱ្យនរណាម្នាក់ឃ្លាំមើល និងគ្រប់គ្រងពួកគេ។ ពួកគេមានបច្ចេកទេសតែពីរបីនេះប៉ុណ្ណោះសម្រាប់ប្រើប្រាស់ ហើយប្រសិនបើបច្ចេកទេសទាំងនេះមិនបានផលទេ ពួកគេក៏អស់ជម្រើសដែរ។
សរុបមក មិនថាអ្នកដឹកនាំក្លែងក្លាយប្រឈមមុខនឹងបញ្ហាអ្វីនៅក្នុងកិច្ចការរបស់ពួកគេក៏ដោយ ក៏ពួកគេមិនអាចមើលធ្លុះពីសារជាតិនៃបញ្ហានោះបានដែរ ពួកគេពិបាកនឹងក្ដាប់បានពីស្ថានភាព និងសាវតារពិតរបស់មនុស្សផ្សេងៗ ហើយរឹតតែមិនអាចមើលធ្លុះពីឫសគល់នៃបញ្ហាបានណាស់ ឬមិនដឹងថាត្រូវចាប់ផ្ដើមពីកន្លែងណាដើម្បីដោះស្រាយបញ្ហានោះឱ្យបានសមរម្យបំផុតនោះទេ។ ពួកគេខ្វះគោលការណ៍ និងវិធីសាស្ត្រទាំងនេះសម្រាប់ដោះស្រាយបញ្ហា ដូច្នេះ កិច្ចការរបស់អ្នកដឹកនាំក្លែងក្លាយមិនអាចដោះស្រាយបញ្ហាពិតប្រាកដបានទេ។ ពួកគេគ្រាន់តែអាចអធិប្បាយពីគោលលទ្ធិខ្លះៗ និយាយពីពាក្យស្លោកខ្លះៗ ធ្វើតាមបទប្បញ្ញត្តិខ្លះៗ និងធ្វើឱ្យតែបានៗប៉ុណ្ណោះ។ តើមនុស្សបែបនេះអាចមានសមត្ថភាពក្នុងកិច្ចការដឹកនាំរបស់ពួកជំនុំបានដោយរបៀបណាទៅ? មិនថាពួកគេហ្វឹកហាត់ប៉ុនណា ឬមិនថាពួកគេជឿប៉ុន្មានឆ្នាំបន្ថែមទៀតក៏ដោយ ក៏ពួកគេនឹងមិនមានសមត្ថភាពក្នុងកិច្ចការដឹកនាំរបស់ពួកជំនុំដែរ។ តើអ្នករាល់គ្នាធ្លាប់ជួបប្រទះករណីបែបនេះទេ? (នៅក្នុងពួកជំនុំរបស់យើង មានមនុស្សម្នាក់ដែលបំពេញភារកិច្ចទទួលភ្ញៀវ ដែលតែងតែនិយាយពាក្យវិនិច្ឆ័យ និងវាយប្រហារគេ ដែលប៉ះពាល់ដល់ការបំពេញភារកិច្ចរបស់យើង និងបង្កឱ្យមានការបង្អាក់ និងការរំខាន។ បន្ទាប់ពីយើងបានរាយការណ៍រឿងនេះទៅអ្នកដឹកនាំ គាត់គ្រាន់តែទទូចឱ្យយើងស្គាល់ខ្លួនឯង និងចុះចូលនឹងមជ្ឈដ្ឋានដែលព្រះជាម្ចាស់បានរៀបចំ ដោយមិនបានដោះស្រាយបញ្ហាពិតប្រាកដនោះទេ ដែលធ្វើឱ្យប៉ះពាល់ដល់កិច្ចការរបស់ពួកជំនុំ។ ទាល់តែមានការផ្លាស់ប្ដូរអ្នកដឹកនាំនោះចេញ ទើបបញ្ហានោះត្រូវបានដោះស្រាយ។) នេះគឺជាការលក្ខណៈសម្គាល់ធម្មតារបស់អ្នកដឹកនាំក្លែងក្លាយ។ នេះគឺជាប្រភេទអ្នកដឹកនាំក្លែងក្លាយទូទៅ ពោលគឺជាអ្នកដែលមិនអាចស្គាល់មនុស្សអាក្រក់ ឬពួកទទឹងនឹងព្រះគ្រីស្ទបាន នៅពេលដែលពួកគេជួបមនុស្សបែបនេះ ហើយប្រាប់អ្នកដទៃឱ្យចេះអត់ធ្មត់ និងអធ្យាស្រ័យ ឱ្យរៀនសូត្រពីបទពិសោធ និងស្ដាប់បង្គាប់មនុស្សអាក្រក់ ឬពួកទទឹងនឹងព្រះគ្រីស្ទ។ ពួកគេមិនស្គាល់ពួកទទឹងនឹងព្រះគ្រីស្ទ ឬមនុស្សអាក្រក់ ហើយពួកគេក៏មិនបានធ្វើអ្វីចំពោះពួកនោះដែរ។ បន្ទាប់ពីមានការប្រកបគ្នាជាច្រើនអំពីលក្ខណៈដែលពួកទទឹងនឹងព្រះគ្រីស្ទសម្ដែងឱ្យឃើញ ពេលនេះ មនុស្សគ្រប់គ្នាដែលយល់ពីសេចក្ដីពិត ត្រូវតែអាចស្គាល់ពីពួកគេមួយចំនួនបាន។ ប៉ុន្តែ តើមនុស្សដូចជាអ្នកដឹកនាំក្លែងក្លាយ អាចយកការប្រកបគ្នានោះមកផ្ទៀងផ្ទាត់នឹងអាកប្បកិរិយារបស់ពួកទទឹងនឹងព្រះគ្រីស្ទបានដែរឬទេ? តើពួកគេអាចស្គាល់ពួកទទឹងនឹងព្រះគ្រីស្ទបានទេ? (អត់ទេ។) ហើយតើការដែលពួកគេមិនអាចស្គាល់ពីពួកទទឹងនឹងព្រះគ្រីស្ទនាំឱ្យមានរឿងអ្វីកើតឡើង? គឺអាចថា ពួកទទឹងនឹងព្រះគ្រីស្ទនឹងដណ្ដើមអំណាចពីពួកគេ ដែលពួកគេនឹងអនុញ្ញាតឱ្យពួកទទឹងនឹងព្រះគ្រីស្ទគ្រប់គ្រងពួកជំនុំ ហើយនៅទីបញ្ចប់ ក៏មិនអាចធ្វើអ្វីបានទាំងអស់ នៅពេលពួកទទឹងនឹងព្រះគ្រីស្ទបង្កើតនគរឯករាជ្យមួយ។ ប្រសិនបើពួកគេមិនអាចស្គាល់ពីពួកទទឹងនឹងព្រះគ្រីស្ទបានទេ ពួកគេគ្មានវិធីណាដើម្បីចាត់ទុកពួកទទឹងនឹងព្រះគ្រីស្ទថាជាសត្រូវរបស់ពួកគេឡើយ គ្មានវិធីលាតត្រដាង ស្គាល់ និងបដិសេធពួកគេទេ។ ប្រសិនបើពួកគេមិនអាចស្គាល់ពួកទទឹងនឹងព្រះគ្រីស្ទបានទេ ពួកគេប្រហែលអាចចាត់ទុកពួកទទឹងនឹងព្រះគ្រីស្ទថាជាបងប្អូនប្រុសស្រីមិនខាន ដោយមានការអត់ធ្មត់ និងការអធ្យាស្រ័យដល់ពួកគេផង ដែលនាំឱ្យពួកទទឹងនឹងព្រះគ្រីស្ទឡើងកាន់អំណាចនៅក្នុងពួកជំនុំ និងគ្រប់គ្រងពួកជំនុំ។ ដូច្នេះ ផលវិបាកនៃការមិនអាចស្គាល់ពួកទទឹងនឹងព្រះគ្រីស្ទបាន គឺធ្ងន់ធ្ងរខ្លាំង រហូតនឹកស្មានមិនដល់។ អ្នកដឹកនាំក្លែងក្លាយមិនយល់ពីសេចក្ដីពិតទេ ពួកគេមិនស្គាល់ពីសារជាតិនៃមនុស្សប្រភេទផ្សេងៗឡើយ។ អ្វីគ្រប់យ៉ាងដែលពួកគេធ្វើគឺ អធិប្បាយពាក្យពេចន៍ និងគោលលទ្ធិ ហើយអនុវត្តតាមបទប្បញ្ញត្តិ មានសេចក្ដីស្រឡាញ់ចំពោះមនុស្សរាល់គ្នា ឱ្យមនុស្សគ្រប់គ្នាបានប្រែចិត្ត និងផ្ដល់ឱកាសឱ្យមនុស្សគ្រប់គ្នា មិនថាពួកគេជាមនុស្សបែបណាក៏ដោយ។ តើនេះមិនមែនជាលក្ខណៈរបស់គ្រូគង្វាលខាងសាសនាទេឬ? តើវាមិនមែនជាលក្ខណៈរបស់ពួកផារិស៊ីទេឬ? ពេលជួបពួកទទឹងនឹងព្រះគ្រីស្ទ ជាធម្មតា អ្នកដឹកនាំក្លែងក្លាយជ្រើសរើសការសម្របសម្រួល និងការចុះញ៉ម ហើយថែមទាំងរកលេស ឬហេតុផលដោះសាដើម្បីអះអាងថា នេះគឺជាការប្រព្រឹត្តចំពោះអ្នកដទៃដោយសេចក្ដីស្រឡាញ់ទៀតផង។ ពួកគេដឹងថានរណាម្នាក់មានបញ្ហា និងជាពួកទទឹងនឹងព្រះគ្រីស្ទ តែពួកគេមិនហ៊ានប្រឈមមុខនោះទេ ហើយក៏គ្មានសេចក្ដីក្លហានដើម្បីស្គាល់ និងលាតត្រដាងពួកគេដែរ។ នេះឯងគឺជាទង្វើរបស់អ្នកដឹកនាំក្លែងក្លាយ។ ទោះបីជាបងប្អូនប្រុសស្រីខ្លះបានស្គាល់រួចហើយថា បុគ្គលនោះជាមនុស្សអាក្រក់ ឬជាពពួកទទឹងនឹងព្រះគ្រីស្ទក៏ដោយ ក៏អ្នកដឹកនាំក្លែងក្លាយនឹងនៅតែនិយាយថា៖ «យើងមិនអាចវិនិច្ឆ័យមនុស្ស ឬថ្កោលទោសពួកគេផ្ដេសផ្ដាសបានទេ។ បុគ្គលនោះមានសេចក្ដីក្លៀវក្លាក្នុងការលះបង់ខ្លួនឯង និងសុខចិត្តលះបង់យ៉ាងនេះ ពោលគឺគាត់មិនមែនជាពួកទទឹងនឹងព្រះគ្រីស្ទ ឬជាមនុស្សអាក្រក់ទេ។ គ្រាន់តែដោយសារនរណាម្នាក់និយាយពាក្យសម្ដីគំរោះគំរើយពីរបីម៉ាត់ មិនមែនមានន័យថា គាត់ជាមនុស្សអាក្រក់ទេ មែនទេ?» អ្នកដឹកនាំក្លែងក្លាយមិនអាចមើលឃើញពីសារជាតិរបស់មនុស្ស ហើយក៏មិនអាចមើលឃើញពីផលវិបាកនៃសកម្មភាពរបស់ពួកទទឹងនឹងព្រះគ្រីស្ទដែរ ដោយនៅតែបង្ហាញសេចក្ដីស្រឡាញ់ ការអត់ឱន និងការអត់ធ្មត់ចំពោះពួកទទឹងនឹងព្រះគ្រីស្ទដដែល ហើយថែមទាំងលើកទឹកចិត្តពួកទទឹងនឹងព្រះគ្រីស្ទឱ្យឆ្លុះបញ្ចាំង ស្គាល់ខ្លួនឯង និងប្រែចិត្តដោយពិតប្រាកដទៀតផង។ មិនថាពួកទទឹងនឹងព្រះគ្រីស្ទព្យាយាមស្គាល់ខ្លួនឯងតាមរបៀបណាក៏ដោយ តើធម្មជាតិរបស់ពួកគេអាចផ្លាស់ប្ដូរបានទេ? តើពួកគេអាចស្គាល់ខ្លួនឯងដោយពិតប្រាកដបានទេ? មិនអាចជាដាច់ខាត។ ទោះបីជាពួកទទឹងនឹងព្រះគ្រីស្ទមើលពីសម្បកក្រៅទៅហាក់ដូចជាលះបង់របស់ខ្លះ និងលះបង់ខ្លួនបន្តិចបន្តួចក៏ដោយ ក៏នៅខាងក្នុងវិញ ពួកគេលាក់មហិច្ឆតា និងផែនការយ៉ាងធំ។ មូលហេតុដែលអ្នកដឹកនាំក្លែងក្លាយមិនអាចមើលធ្លុះមនុស្សបែបនេះថាជាពួកទទឹងនឹងព្រះគ្រីស្ទបាន គឺដោយសារតែអ្នកដឹកនាំក្លែងក្លាយមិនយល់ពីសេចក្ដីពិត ហើយពួកគេមិនអាចស្គាល់ពីមនុស្សប្រភេទផ្សេងៗបាន។ ពួកគេមិនអាចមើលធ្លុះពីសារជាតិធម្មជាតិនៃមនុស្សផ្សេងៗបាន ហើយក៏មិនដឹងពីរបៀបប្រព្រឹត្ត ឬដោះស្រាយជាមួយមនុស្សប្រភេទផ្សេងៗដែរ។ នៅពេលដែលពួកគេឃើញអ្នកដទៃលាតត្រដាងពីពួកទទឹងនឹងព្រះគ្រីស្ទ ពួកគេមិនហ៊ានចូលរួមទេ ហើយពួកគេរឹតតែខ្លាចក្នុងការចាត់វិធានការប្រឆាំងនឹងពួកទទឹងនឹងព្រះគ្រីស្ទទៅទៀត ដោយខ្លាចគេសងសឹក ប្រសិនបើពួកគេធ្វើឱ្យពួកទទឹងនឹងព្រះគ្រីស្ទអាក់អន់ចិត្ត។ វិធីសាស្ត្ររបស់ពួកគេចំពោះពួកទទឹងនឹងព្រះគ្រីស្ទ គឺមានត្រឹមតែការអធិប្បាយគោលលទ្ធិ និងការដាស់តឿនប៉ុណ្ណោះ។ ក្រៅពីមិនអាចស្គាល់មនុស្សអាក្រក់ និងពួកទទឹងនឹងព្រះគ្រីស្ទបាន អ្នកដឹកនាំក្លែងក្លាយក៏មិនអាចដោះស្រាយបញ្ហាផ្សេងៗដែលកើតមាននៅក្នុងចំណោមរាស្ដ្ររើសតាំងរបស់ព្រះជាម្ចាស់បានដែរ។ នេះបញ្ជាក់ថា អ្នកដឹកនាំក្លែងក្លាយគ្មានការយល់ដឹងពីសេចក្ដីពិតទាល់តែសោះ។ ពួកគេគ្មានសមត្ថភាពដោះស្រាយបញ្ហាជាក់ស្ដែង ហើយមិនអាចដឹកនាំរាស្ដ្ររើសតាំងរបស់ព្រះជាម្ចាស់ចូលទៅក្នុងតថភាពនៃសេចក្ដីពិតបានឡើយ។ មិនថាអ្នកដឹកនាំក្លែងក្លាយនិយាយ ឬធ្វើអ្វីក៏ដោយ អ្នកនឹងមិនដែលបានឮពីពាក្យពេចន៍ដែលមានពន្លឺណាមួយ ដែលកើតចេញពីការបំភ្លឺរបស់ព្រះវិញ្ញាណបរិសុទ្ធឡើយ ហើយអ្នកនឹងរឹតតែមិនឃើញថាពួកគេមានតថភាពនៃសេចក្ដីពិតណាមួយទៀត។ ហេតុដូច្នេះ អ្នកដឹកនាំក្លែងក្លាយមិនបានផ្ដល់ប្រយោជន៍ ឬជំនួយណាមួយទាក់ទងនឹងការចូលទៅក្នុងជីវិតរបស់មនុស្សឡើយ កិច្ចការបន្តិចបន្តួចដែលពួកគេធ្វើ គឺពាក់ព័ន្ធនឹងការអធិប្បាយពាក្យពេចន៍ និងគោលលទ្ធិ ពោលពាក្យស្លោក និងធ្វើការឱ្យតែបានៗប៉ុណ្ណោះ។ ពួកគេបរាជ័យទាំងស្រុងក្នុងការបំពេញតួនាទីដែលអ្នកដឹកនាំគួរបំពេញ។
ការប្រកបគ្នារបស់យើងថ្ងៃនេះ មានតែប៉ុណ្ណេះទេ។ សូមជម្រាបលា!
ថ្ងៃទី៩ ខែមករា ឆ្នាំ២០២១