មានតែតាមរយៈការអនុវត្តសេចក្ដីពិតប៉ុណ្ណោះ ទើបមនុស្សអាចដោះច្រវាក់នៃនិស្ស័យពុករលួយចេញបាន
តើច្រកចូលទៅក្នុងជីវិតគឺជាអ្វី? ច្រកចូលទៅក្នុងជីវិត គឺជាពេលមួយ បន្ទាប់ពីមនុស្សយល់ដឹងពីសេចក្តីពិត គេចាប់ផ្ដើមស្គាល់ព្រះជាម្ចាស់ ចុះចូលចំពោះទ្រង់ ឆ្លុះបញ្ចាំង និងដឹងពីនិស្ស័យពុករលួយរបស់ខ្លួន ហើយកម្ចាត់ចោលនិស្ស័យទាំងនោះ ជាលទ្ធផល ពួកគេអាចអនុវត្តសេចក្តីពិតបាន។ នៅពេលមនុស្សម្នាក់អាចអនុវត្តសេចក្តីពិត និងចុះចូលចំពោះព្រះជាម្ចាស់បានពិតប្រាកដ នោះពួកគេបានចូលក្នុងតថភាពនៃសេចក្តីពិត។ អ្នកណាដែលអាចអនុវត្តសេចក្តីពិតបាន អ្នកនោះមានច្រកចូលទៅក្នុងជីវិត។ ដរាបណាសេចក្តីពិតក្លាយជាជីវិតរបស់មនុស្ស ពេលនោះ គេនឹងលែងត្រូវបានរឹតត្បិតដោយមនុស្ស រឿងរ៉ាវ ឬអ្វីៗទៀតហើយ ពោលគឺ ពួកគេអាចចុះចូលចំពោះព្រះជាម្ចាស់ អាចស្រឡាញ់ព្រះជាម្ចាស់ និងថ្វាយបង្គំព្រះជាម្ចាស់បានយ៉ាងពិតប្រាកដ។ នេះហើយជាអត្ថន័យនៃការមានតថភាពនៃសេចក្តីពិត និងទីបន្ទាល់ពិតប្រាកដ ហើយនេះក៏ជាលទ្ធផលចុងក្រោយនៃច្រកចូលទៅក្នុងជីវិតផងដែរ។ បើបុគ្គលម្នាក់ជឿលើព្រះជាម្ចាស់អស់រយៈពេលជាច្រើនឆ្នាំ ប៉ុន្តែបន្តរស់នៅតាមនិស្ស័យបែបសាតាំង ប្រព្រឹត្តតាមបំណងរបស់ខ្លួន ដោយមិនអធិស្ឋាន ឬស្វែងរកសេចក្តីពិត ជឿព្រះជាច្រើនឆ្នាំ ដោយគ្មានការផ្លាស់ប្ដូរសូម្បីតែបន្តិច ហើយគ្មានការខុសប្លែកពីអ្នកមិនជឿព្រះទេ ពេលនោះ បុគ្គលបែបនេះគ្មានច្រកចូលទៅក្នុងជីវិត ពួកគេមិនបានទទួលសេចក្តីពិត ហើយពួកគេក៏មិនទទួលបានច្រកចូលទៅក្នុងជីវិតដែរ។ ប្រសិនបើអ្នកមិនបានទទួលសេចក្តីពិតទេ ពេលនោះ អ្នកកំពុងរស់នៅក្រោមអំណាចរបស់សាតាំងហើយ។ អ្នកមិនអាចចុះចូលចំពោះព្រះជាម្ចាស់ ស្រឡាញ់ព្រះជាម្ចាស់ អនុវត្តសេចក្តីពិត ឬរឹងមាំបានឡើយ ទោះបីអ្នកចង់បានក៏ដោយ។ ប្រសិនបើអ្នកមិនរឹងមាំទេ តើអ្នកនឹងជាប់ក្នុងសភាពបែបណាទៅ? តើអ្នកមិនជាប់ក្នុងសភាពអវិជ្ជមានជានិច្ចទេឬ? អ្នកនឹងត្រូវរេរាចុះឡើងតាមមជ្ឈដ្ឋានរបស់អ្នក ដោយខ្លាចគេផាត់អ្នកចោល ខ្លាចព្រះជាម្ចាស់មិនសព្វព្រះទ័យ ខ្លាចនេះខ្លាចនោះ អ្នកបំពេញភារកិច្ចទាំងអកម្ម និងអល់អែក ហើយត្រៀមធ្វើអំពើល្អបានតិចតួចប៉ុណ្ណោះ។ ជាទូទៅ អ្នកនឹងត្រូវគេអូសទាញ ដឹកនាំ និងគ្រប់គ្រង ហើយផ្នែកសកម្ម និងបុរេសកម្មរបស់អ្នក នឹងមានតិចតូចបំផុត ដូច្នេះ លទ្ធផលដែលអ្នកទទួលបាននៅក្នុងការបំពេញភារកិច្ច នឹងមិនជាទីគាប់ចិត្តឡើយ។ មនុស្សបែបនេះមិនអាចថ្វាយដួងចិត្តរបស់ខ្លួនដល់ព្រះជាម្ចាស់បានទេ ដូច្នេះហើយបានជាពួកគេត្រូវបានរឹតត្បិត និងជាប់ជំពាក់ដោយមនុស្ស រឿងរ៉ាវ និងអ្វីៗជាច្រើន ហើយពួកគេតែងតែជាប់ក្នុងសភាពអវិជ្ជមានជានិច្ចនោះ។ ព្រោះតែបែបនេះ ពួកគេរស់នៅក្នុងជីវិតមួយដែលគួរឱ្យធុញទ្រាន់បំផុត។ ពួកគេឈឺចាប់ខ្លាំងបំផុត ហើយពួកគេមិនអាចរកឃើញសេរីភាព និងការដោះលែងបានទេ។ មួយរយៈក្រោយមក ឆន្ទៈរបស់ពួកគេលែងអាចទ្រទ្រង់ពួកគេបានតទៅទៀត ហើយពួកគេរស់នៅក្នុងនិស្ស័យបែបសាតាំងរាល់ថ្ងៃ ដូចជាអ្នកមិនជឿព្រះអ៊ីចឹង។ តើជំនឿលើព្រះជាម្ចាស់បែបនេះអាចជួយឱ្យមនុស្សម្នាក់សម្រេចបានសេចក្តីសង្រ្គោះដែរឬទេ? អ្នកខ្លះនិយាយថា៖ «ខ្ញុំជាមនុស្សក្លៀវក្លា ខ្ញុំព្រមធ្វើការថ្វាយព្រះជាម្ចាស់។ ខ្ញុំនៅក្មេង ខ្ញុំមានថាមពល មានការតាំងចិត្ត ហើយខ្ញុំមិនខ្លាចការលំបាកឡើយ»។ តើអ្វីទាំងអស់នេះមានប្រយោជន៍ដែរឬទេ? គឺគ្មានប្រយោជន៍ទេ។ ថាមពលរបស់អ្នក គឺគ្មានប្រយោជន៍ឡើយ មិនថាអ្នកមានថាមពលច្រើនប៉ុនណាទេ។ តើកម្លាំងតិចតួចដែលមនុស្សម្នាក់មាន អាចជួយទ្រទ្រង់ពួកគេបានយូរប៉ុនណាទៅ? ពួកគេនឹងនៅតែបរាជ័យ និងជំពប់ដួលជាញឹកញាប់ដដែល ហើយពួកគេនឹងខ្វិនធ្វើអ្វីលែងកើត នៅពេលពួកគេធ្លាក់ទៅក្នុងភាពអវិជ្ជមាន។ វាគ្មានប្រយោជន៍ចំពោះជំនឿរបស់អ្នកលើព្រះជាម្ចាស់ឡើយ បើអ្នកមិនយល់ពីសេចក្តីពិត ឬបើអ្នកមិនមានសេចក្តីជំនឿយ៉ាងពិតប្រាកដ។ ប្រសិនបើអ្នកគ្រាន់តែមានសេចក្តីក្លៀវក្លា ឬថាមពល នោះវានឹងគ្មានប្រយោជន៍ឡើយ។ អ្វីៗទាំងនេះមិនមែនជាជីវិតទេ វាគ្រាន់តែជាសេចក្តីក្លៀវក្លា និងចំណាប់អារម្មណ៍របស់មនុស្សក្នុងពេលមួយគ្រាប៉ុណ្ណោះ។ មនុស្សមាននិស្ស័យពុករលួយ។ មិនថាពួកគេជាបុរសឬស្ត្រី ចាស់ឬក្មេងទេ ពួកគេសុទ្ធតែមានថាមពលក្នុងពេលខ្លី មានសេចក្តីក្លៀវក្លា និងចំណង់មួយគ្រាប៉ុណ្ណោះ។ ពួកគេសុទ្ធតែមានពេលឆេះឆួល នៅពេលពួកគេរំភើបចិត្ត ប៉ុន្តែនោះគ្រាន់តែជាសេចក្តីក្លាហានចេញពីចិត្តរំភើបមួយឆាវប៉ុណ្ណោះ ហើយវាមិនស្ថិតស្ថេរទេ។ ទ្រឹស្ដី ឧត្តមគតិ និងក្ដីសុបិនរបស់មនុស្ស នឹងរលាយបាត់ទៅក្នុងពេលមួយប៉ប្រិចភ្នែក ហើយបើគ្មានសេចក្តីពិតទេ មនុស្សនឹងមិនអាចឈររឹងមាំបានឡើយ។ តើមនុស្សដែលរស់នៅដោយចិត្តរំភើបមួយឆាវ អាចបំពេញភារកិច្ចរបស់ខ្លួនបានល្អដែរឬទេ? តើពួកគេអាចផ្គាប់ព្រះហឫទ័យព្រះជាម្ចាស់បានដែរឬទេ? (អត់ទេ ពួកគេមិនអាចឡើយ)។ ដូច្នេះ មនុស្សត្រូវតែមានច្រកចូលទៅក្នុងជីវិត ពួកគេត្រូវតែចូលទៅក្នុងតថភាពនៃសេចក្តីពិត។ អ្នកខ្លះនិយាយថា៖ «ហេតុអ្វីបានជាការចូលទៅក្នុងតថភាពនៃសេចក្តីពិតពិបាកខ្លាំងម្ល៉េះ? ហេតុអ្វីបានជាខ្ញុំមានការជាប់ជំពាក់ច្រើនបែបនេះ? តើខ្ញុំគួរធ្វើបែបណាទៅ?» តើមនុស្សអាចពឹងអាងលើខ្លួនឯង ដើម្បីដោះស្រាយបញ្ហានេះបានដែរឬទេ? អ្នកខ្លះនិយាយថា៖ «ខ្ញុំមានឆន្ទៈ និងការតាំងចិត្ត។ ខ្ញុំមិនខ្លាចការលំបាកទេ។ ខ្ញុំបានសម្រេចចិត្តរួចហើយ។ ខ្ញុំនឹងពុះពារគ្រប់ឧបសគ្គ ហើយខ្ញុំនឹងទទួលយកបញ្ហាប្រឈមទាំងនេះ។ ខ្ញុំមិនខា្លចអ្វីទាំងអស់។ មិនថាវាពិបាកប៉ុនណាទេ ខ្ញុំនឹងពុះពារឱ្យដល់ទីបញ្ចប់!» តើការនេះមានប្រយោជន៍ឬទេ? តាមពិតទៅ វាអាចជួយទ្រទ្រង់ពួកគេបានខ្លះដែរ ប៉ុន្តែការលំបាកពិតជាក់ស្ដែងរបស់ពួកគេ នឹងនៅតែមានដដែល ហើយនិស្ស័យពុករលួយនឹងនៅតែចាក់ឫសក្នុងពួកគេដដែល ហើយវានឹងមិនបានផ្លាស់ប្ដូរឡើយ។ ប្រសិនបើអ្នកពុះពារដើរតាមព្រះជាម្ចាស់ដល់ទីបញ្ចប់ ប៉ុន្តែអ្នកមិនបានផ្លាស់ប្ដូរនិស្ស័យជីវិតរបស់អ្នក ឬក៏មិនបានចូលក្នុងតថភាពនៃសេចក្តីពិតទេ តើអ្នកអាចទទួលបានការសព្វព្រះទ័យពីព្រះជាម្ចាស់បានដែរឬទេ? អ្នកនៅតែមិនអាចដដែលហ្នឹង។ ការជឿព្រះជាម្ចាស់ មិនមែនជាសំណួរថាតើអ្នកអាចស៊ូទ្រាំដល់ទីបញ្ចប់ឬអត់នោះឡើយ។ គន្លឹះគឺថាតើអ្នកអាចទទួលបានសេចក្តីពិត ជីវិត និងការសព្វព្រះទ័យពីព្រះជាម្ចាស់បានឬក៏អត់។ នេះគឺជាចំណុចសំខាន់បំផុត។ ប្រសិនបើមនុស្សម្នាក់មិនអាចចូលទៅក្នុងតថភាពនៃសេចក្តីពិត បើពួកគេមិនអាចយកសេចក្តីពិតជាជីវិតរបស់ខ្លួនទេ តើសេចក្តីក្លៀវក្លា ឬសេចក្តីរំភើបរបស់ពួកគេនឹងនៅស្ថិតស្ថេរបានយូរប៉ុនណាដែរ? គឺមិនអាចបានយូរឡើយ។ មនុស្សត្រូវតែយល់ពីសេចក្តីពិត និងប្រើសេចក្តីពិតមកជំនួសវិញ។ នៅពេលមនុស្សម្នាក់បានដោះស្រាយនិស្ស័យពុករលួយរបស់ខ្លួន ហើយមានសេចក្តីជំនឿ និងគោលការណ៍ក្នុងការអនុវត្តសេចក្តីពិត នោះពួកគេនឹងអាចតស៊ូដោយឥតងាករេ ហើយបន្តព្យាយាមពុះពារតទៅទៀត មិនថាពួកគេជួបឧបសគ្គអ្វីខ្លះឡើយ។ មិនថាពួកគេជួបមជ្ឈដ្ឋាន ឧបសគ្គ ឬសូម្បីតែសេចក្តីល្បួងបែបណានោះទេ ពួកគេនឹងតែងតែពឹងអាងលើព្រះជាម្ចាស់ និងសម្លឹងរកទ្រង់ ដើម្បីយកឈ្នះលើសាតាំងជានិច្ច។ ដើម្បីសម្រេចបានលទ្ធផលនេះ អ្នកត្រូវតែចូលមកចំពោះព្រះជាម្ចាស់ឱ្យបានញឹកញាប់ ទុកចិត្តលើទ្រង់ ទូលប្រាប់ទ្រង់អំពីការលំបាករបស់អ្នកនៅក្នុងការអធិស្ឋាន និងនិយាយប្រាប់ទ្រង់ដោយត្រង់ៗ។ ជាមួយគ្នាផងដែរ នៅពេលអ្នកបំពេញភារកិច្ចដោយជាក់ស្ដែង ហើយក្នុងអំឡុងនៃជីវិតពិតរបស់អ្នក អ្នកត្រូវតែស្វែងរករបៀបប្រព្រឹត្ត ដើម្បីឱ្យអ្នកអាចអនុវត្តសេចក្តីពិត។ អ្នកត្រូវតែស្វែងរក និងប្រកបគ្នាជាមួយមនុស្សដែលយល់ពីសេចក្តីពិត ដែលមានសមត្ថភាពយល់ពីសេចក្តីពិត ហើយដោយធ្វើបែបនេះ អ្នកទទួលបានការបំភ្លឺ និងការស្អាងចិត្ត ព្រមទាំងរកឃើញផ្លូវអនុវត្តន៍។ នៅពេលអ្នកអាចអនុវត្តសេចក្តីពិត តើការនេះនឹងមិនអាចដោះស្រាយបញ្ហារបស់អ្នកបានទេឬអី? ប្រសិនបើអ្នកតែងតែរាថយ និងមិនប្រកបគ្នា ដោយចេះតែរិះគិតថា៖ «ប្រហែល នៅថ្ងៃណាមួយ កម្ពស់ខ្ញុំនឹងរីកចម្រើន ហើយខ្ញុំនឹងយល់ពីសេចក្តីពិតដោយឯកឯង ដូច្នេះ ខ្ញុំមិនបាច់ដោះស្រាយបញ្ហានេះឥឡូវទេ»។ នេះជាការគិតមួយបែបស្រពេចស្រពិល មិនប្រាកដប្រជា ហើយទំនងជាបង្កឱ្យមានឧបសគ្គនានា។ បញ្ហានេះអាចត្រូវបានដោះស្រាយ តាមរយៈការស្វែងរក និងការប្រកបគ្នាជាមួយមនុស្ស ដែលយល់ពីសេចក្តីពិត។ ប្រសិនបើអ្នកមានសមត្ថភាពយល់ពីសេចក្តីពិត ពេលនោះ អ្នកក៏អាចដោះស្រាយបញ្ហាបាន តាមរយៈការអានព្រះបន្ទូលព្រះជាម្ចាស់ដែរ។ ហេតុអ្វីបានជាអ្នកគ្មានការតាំងចិត្តក្នុងការដោះស្រាយបញ្ហានេះឱ្យបានហ្មត់ចត់បែបនេះ? ប្រសិនបើអ្នកមិនស្វែងរកសេចក្តីពិត ដើម្បីដោះស្រាយបញ្ហានេះទេ តើបញ្ហានឹងបាត់ទៅដោយឯកឯងឬ? នេះជាគំនិតដ៏ល្ងីល្ងើណាស់។
នៅពេលមានរឿងកើតឡើងចំពោះអ្នករាល់គ្នាឥឡូវនេះ តើអ្នកអាចស្វែងរកសេចក្តីពិតបានដែរឬទេ? តើអ្នកបានរៀនពីរបៀបស្វែងរកសេចក្តីពិតឬទេ? ក្រៅពីការប្រកាន់ខ្ជាប់តាមគោលការណ៍ខ្លះនៅក្នុងវិជ្ជាជីវៈរបស់អ្នក តើអ្នកអាចស្វែងរកសេចក្តីពិតបានដែរឬទេ នៅពេលទាក់ទងនឹងច្រកចូលទៅក្នុងជីវិតរបស់អ្នក ដើម្បីធ្វើឱ្យប្រសើរឡើងនូវសភាពផ្សេងៗ និងផ្លាស់ប្ដូរនិស្ស័យពុករលួយរបស់អ្នក? ប្រសិនបើអ្នកនៅតែរអ៊ូរទាំ នៅពេលគេដោះស្រាយជាមួយអ្នក ព្រោះតែអ្នកបានធ្វើអ្វីមួយបំពាននឹងគោលការណ៍ បើអ្នកនៅតែមានអារម្មណ៍រឹតត្បិត ព្រោះតែគេបានលួសកាត់ និងដោះស្រាយជាមួយអ្នក ហើយបើអ្នកថែមទាំងបោះបង់ខ្លួនឯង ដោយគិតថា អ្នកនឹងត្រូវគេផាត់ចោល ហើយប្រែជាអវិជ្ជមាន និងខ្ជីខ្ជា ពេលនោះ តើនិស្ស័យបែបសាតាំងរបស់អ្នកមិនធ្ងន់ធ្ងរខ្លាំងរហូតដល់ធ្វើឱ្យអ្នកថប់ដង្ហើមទេឬអី? នៅពេលមនុស្សយល់ពីសេចក្តីពិត ពួកគេមានការលំបាកធំៗច្រើន។ នៅពេលពួកគេជួបបញ្ហា ផ្នែកអវិជ្ជមានរបស់ពួកគេក៏លេចឡើងយ៉ាងឆាប់រហ័ស និងយូរ ហើយពួកគេអនុវត្តសេចក្តីពិតយឺត និងបានតិចតួចខ្លាំងណាស់។ កាលណាមនុស្សជួបមជ្ឈដ្ឋាននានា ឃើញអ្នកដទៃ ស្ដាប់ឮសម្ដីរបស់គេ ឬឃើញព័ត៌មានមួយចំនួន ផ្នែកអវិជ្ជមាននឹងលេចឡើងនៅក្នុងពួកគេ មិនថាពួកគេស្ថិតនៅពេលណា និងកន្លែងណាឡើយ។ ទាំងនេះគឺជាការបង្ហាញចេញពីធម្មជាតិអំពីនិស្ស័យពុករលួយ។ តើការនេះសបញ្ជាក់ឱ្យឃើញអ្វីខ្លះ? វាសបញ្ជាក់ឱ្យឃើញថា នៅក្នុងជីវិតរបស់មនុស្សគ្មានសមាសភាពនៃសេចក្តីពិតទេ។ រឿងស្រស់ៗដែលហូរចេញពីមនុស្ស មិនថាជាអ្វីដែលអ្នកគិត ឬអ្វីដែលអ្នកនិយាយនោះទេ ឬបើវាជាអ្វីដែលអ្នកមានចេតនា ឬមានផែនការចង់ធ្វើ មិនថាដោយចេតនាឬអចេតនានោះឡើយ អ្វីទាំងអស់នេះសុទ្ធតែពាក់ព័ន្ធនឹងនិស្ស័យពុករលួយរបស់អ្នក។ តើនិស្ស័យពុករលួយរបស់មនុស្សហូរចេញពីកន្លែងណាដែរ? គឺអាចនិយាយបានយ៉ាងប្រាកដថា និស្ស័យពុករលួយរបស់មនុស្សហូរចេញពីធម្មជាតិបែបសាតាំងរបស់ពួកគេ ហើយនេះជាប្រភពរបស់វា។ ការពិចារណាអំពីសេចក្ដីពុករលួយដែលហូរចេញពីមនុស្ស បង្ហាញឱ្យឃើញយ៉ាងច្បាស់ថា មនុស្សគ្មានតថភាពនៃសេចក្តីពិតណាមួយឡើយ ឱ្យឃើញថា ពួកគេមិនមានសភាពជាមនុស្សធម្មតា និងឱ្យឃើញទៀតថា ពួកគេមិនមានវិចារណញ្ញាណធម្មតានោះទេ។ ឥឡូវនេះ អ្នករាល់គ្នាសាកពិនិត្យពិច័យដោយខ្លួនឯងចុះ។ ប្រសិនបើអ្នកយកចិត្តទុកដាក់ និងផ្តោតអារម្មណ៍លើការឆ្លុះបញ្ចាំងពីខ្លួនឯង នោះអ្នកអាចរៀនបានថាតើចេតនា គំនិត និងទស្សនៈរបស់អ្នកមានសភាពត្រឹមត្រូវឬអត់ និងថាតើវាស្របតាមសេចក្តីពិតឬអត់។ ជាទូទៅ អ្នកនឹងអាចឈ្វេងយល់ និងយល់ដឹងពីចំណុចទាំងនេះបានខ្លះដែរ។ ដូច្នេះ បន្ទាប់អ្នកចាប់ផ្ដើមយល់ពីចំណុចទាំងនេះ តើអ្នករាល់គ្នាអាចនឹងស្វែងរកសេចក្តីពិតសម្រាប់ជាដំណោះស្រាយបានដែរឬទេ? ឬមួយក៏អ្នកនឹងបណ្ដោយឱ្យចំណុចទាំងនេះវិវឌ្ឍទៅមុខ ដោយគិតថា៖ «ខ្ញុំចង់គិតបែបនេះ ដ្បិតការគិតបែបនេះមានប្រយោជន៍សម្រាប់ខ្ញុំ។ អ្នកដទៃគ្មានសិទ្ធិមកជ្រៀតជ្រែកនោះទេ។ បើខ្ញុំមិននិយាយចំណុចទាំងនេះខ្លាំងៗ ឬមិនប្រព្រឹត្តទេ បើខ្ញុំគ្រាន់តែគិតពីចំណុចទាំងនេះ នោះវានឹងមិនអីឡើយ មែនទេ?» តើអ្នកខ្លះមិនធ្វើបែបនេះទេឬ? តើនេះបង្ហាញអំពីអ្វីដែរ? ពួកគេដឹងយ៉ាងច្បាស់ថា ការគិតបែបនេះគឺខុស ប៉ុន្តែពួកគេមិនស្វែងរកសេចក្តីពិតទេ ពួកគេមិនបានលះបង់ ឬបោះបង់ចោលគំនិតទាំងនេះឡើយ។ ពួកគេនៅតែទទូចចង់គិត និងចង់ប្រព្រឹត្តបែបនេះទៀត ដោយគ្មានខ្វល់អ្វីទាំងអស់។ មនុស្សទាំងនេះមិនស្រឡាញ់សេចក្តីពិតទេ ហើយពួកគេក៏មិនអាចឈររឹងមាំបាននោះដែរ។
អ្នកខ្លះមិនបំពេញភារកិច្ចទេ ក៏គ្មាននរណាម្នាក់ម៉ឺងម៉ាត់ជាមួយដែរ ពោលគឺ មនុស្សទាំងនេះគិតថា ក្នុងនាមជាអ្នកជឿព្រះជាម្ចាស់ វាគ្រប់គ្រាន់ហើយដែលគ្រាន់តែអានព្រះបន្ទូលព្រះជាម្ចាស់ គ្រាន់តែរស់នៅជីវិតជាពួកជំនុំ និងមិនធ្វើការអាក្រក់ ឬប្រព្រឹត្តខិលខូចដូចអ្នកមិនជឿព្រះនោះ។ ពួកគេគិតថា នៅទីបំផុត ពួកគេប្រហែលទទួលបានព្រះពរខ្លះ និងអាចមានជីវិតរស់រាន។ មនុស្សប្រកាន់ខ្ជាប់តាមការគិតបែបប៉ងប្រាថ្នានៅក្នុងជំនឿរបស់ខ្លួនលើព្រះជាម្ចាស់។ ពីសម្បកក្រៅ ពួកគេមិនប្រព្រឹត្តកំហុសធ្ងន់ធ្ងរណាមួយទេ ប៉ុន្តែពួកគេគ្មានច្រកចូលទៅក្នុងជីវិតសោះឡើយ ហើយក៏មិនទទួលបានតថភាពនៃសេចក្តីពិតដែរ។ កាលណាមាននរណាម្នាក់ម៉ឺងម៉ាត់ជាមួយពួកគេ ពួកគេដឹងថា ពួកគេពេញដោយបញ្ហា និងចំណុចខ្វះខាត ហើយពួកគេប្រែជាអវិជ្ជមាន និងគិតថា៖ «គ្រប់យ៉ាងគឺត្រូវចប់ហើយ មិនអ៊ីចឹង? ខ្ញុំបានជឿព្រះជាម្ចាស់អស់រយៈពេលជាច្រើនឆ្នាំ ហើយខ្ញុំមិនបានទទួលអ្វីសោះចេញពីជំនឿនេះ។ មើលទៅដូចជាការជឿលើព្រះជាម្ចាស់ មិនមែនជារឿងងាយស្រួលទេ!» ពួកគេប្រែជាសោះអង្គើយ ហើយលែងមានឆន្ទៈចង់ស្វែងរកសេចក្តីពិតតទៅទៀត។ មួយរយៈក្រោយមក ពួកគេមានអារម្មណ៍ទទេ រួចយល់ថា ពួកគេត្រូវតែដេញតាមសេចក្តីពិត ដើម្បីឱ្យមានសេចក្តីសង្ឃឹម។ នៅពេលពួកគេចាប់ផ្ដើមបំពេញភារកិច្ច ហើយមនុស្សចាប់ផ្ដើមម៉ឺងម៉ាត់ជាមួយពួកគេម្ដងទៀត ចុងក្រោយ ពួកគេមានអារម្មណ៍ថា៖ «មនុស្សត្រូវតែមានសេចក្តីពិត បើមិនដូច្នោះទេ ពួកគេងាយនឹងប្រព្រឹត្តកំហុសខ្លាំងណាស់។ ប្រសិនបើមនុស្សមិនដេញតាមសេចក្តីពិតទេ ពួកគេនឹងប្រព្រឹត្តអំពើរំលង ហើយត្រូវគេដោះស្រាយជាមួយគ្រប់ពេលមិនខាន។ ប្រសិនបើពួកគេអាងលើសេចក្តីក្លៀវក្លារបស់ខ្លួន ដើម្បីធ្វើការ នោះពួកគេក៏នឹងត្រូវគេដោះស្រាយជាមួយផងដែរ។ ខ្ញុំត្រូវតែប្រយ័ត្នប្រយែងចំពោះអ្វីគ្រប់យ៉ាង។ ខ្ញុំមិនត្រូវនិយាយ ឬប្រព្រឹត្តដោយធ្វេសប្រហែសឡើយ។ ខ្ញុំមិនគួរយកជ័រព្នៅមកត្បៀតក្លៀកឡើយ។ សុខចិត្តធ្វើជាមនុស្សកំសាក ប្រសើរជាងធ្វើជាមនុស្សលេចធ្លោ»។ ពួកគេគិតថា ការអនុវត្តបែបនេះ គឺត្រឹមត្រូវបំផុត គិតថាគ្មាននរណាម្នាក់អាចលើកឡើងពីកំហុសរបស់ខ្លួនបានទេ ប៉ុន្តែពួកគេបានមើលរំលងចំណុចដ៏សំខាន់បំផុត ហើយនោះគឺថា ពួកគេគួរតែដេញតាមសេចក្តីពិត។ ពួកគេមិនដេញតាមសេចក្តីពិត ក៏មិនដេញតាមច្រកចូលទៅក្នុងជីវិតផ្ទាល់ខ្លួនដែរ ហើយនោះគឺជាកំហុសស្លាប់រស់របស់ពួកគេ។ នៅពេលពួកគេបំពេញភារកិច្ច ពួកគេស្កប់ចិត្តត្រឹមតែសម្រេចការងាររបស់ខ្លួនប៉ុណ្ណោះ។ ដើម្បីបំពេញភារកិច្ចរបស់ខ្លួន ពួកគេប្រឹងធ្វើការតាំងពីព្រលឹមទល់ព្រលប់ ហើយពេលខ្លះ ពួកគេរវល់ខ្លាំងរហូតដល់មិនខ្វល់ថា ខ្លួនបានបាយទឹកទាំងពីរពេលឬអត់ទៀតផង។ ពួកគេពិតជាអាចរងទុក្ខ និងលះបង់បានមែន ប៉ុន្តែពួកគេគ្មានច្រកចូលទៅក្នុងជីវិតឡើយ។ ពួកគេតែងតែប្រុងប្រយ័ត្នចំពោះអ្នកដទៃជានិច្ច ដ្បិតពួកគេខ្លាចថា ពួកគេនឹងប្រព្រឹត្តកំហុស ហើយត្រូវគេដោះស្រាយជាមួយ។ តើសភាពបែបនេះត្រឹមត្រូវដែរឬទេ? តើនេះជាបុគ្គលម្នាក់ដែលដេញតាមសេចក្តីពិតឬ? ប្រសិនបើមនុស្សបំពេញភារកិច្ចបែបនេះរហូតដល់ទីបញ្ចប់ តើពួកគេអាចនឹងទទួលបានសេចក្តីពិត ឬក៏ចូលទៅក្នុងតថភាពនៃសេចក្តីពិតដែរឬទេ? (អត់ទេ)។ នៅក្នុងចំណោមអ្នករាល់គ្នា តើមិនមានមនុស្សបែបនេះច្រើនទេឬអី? តើអ្នករាល់គ្នាមិនមានសភាពបែបនេះជាញឹកញាប់ទេឬ? (មាន)។ តើអ្នករាល់គ្នាប្រុងប្រយ័ត្ន ដោយគិតថា នេះជារបៀបអាក្រក់ក្នុងការប្រព្រឹត្ត គិតទៀតថា អ្នកកំពុងតែរស់នៅក្នុងសភាពអវិជ្ជមានទេឬ? នៅពេលមានរឿងកើតឡើងចំពោះអ្នក អ្នកតែងតែធ្វើជាមនុស្សកំសាក តែងតែធ្វើជាអ្នកផ្គាប់ចិត្តមនុស្ស តែងតែសម្របតាមគេ តែងតែដើរផ្លូវកណ្ដាល មិនដែលហ៊ានបំពាននរណាម្នាក់ មិនហ៊ានយកជ័រព្នៅមកត្បៀតក្លៀក ឬមិនហ៊ានធ្វើជ្រុលហួសឡើយ ពោលគឺ វាប្រៀបដូចជាអ្នកកំពុងឈរនៅក្នុងតួនាទីរបស់អ្នក ដោយប្រកាន់ខ្ជាប់តាមភារកិច្ចរបស់អ្នក ធ្វើអ្វីដែលគេសុំឱ្យអ្នកធ្វើ មិនហ៊ានឈរនៅខាងមុខ ឬខាងក្រោយ ហើយចាក់ខ្សែកណ្ដាលជានិច្ច។ សូមប្រាប់ខ្ញុំមើល៍ តើអ្នកគិតថា បើអ្នកមានះបំពេញភារកិច្ចបែបនេះរហូតដល់ទីបញ្ចប់ តើអ្នកអាចនឹងទទួលបានការសព្វព្រះទ័យពីព្រះជាម្ចាស់ដែរឬទេ? តើអ្នករាល់គ្នាដឹងដែរឬទេថា សភាពបែបនេះគ្រោះថ្នាក់ខ្លាំង ដឹងថា អ្នកនឹងមិនត្រឹមតែមិនអាចទទួលបានការការពារពីព្រះជាម្ចាស់ប៉ុណ្ណោះទេ ប៉ុន្តែអ្នកក៏នឹងទំនងជាប្រមាថដល់និស្ស័យព្រះជាម្ចាស់? តើមនុស្សក្ដៅឧណ្ណៗបែបនេះដេញតាមសេចក្តីពិតដែរឬទេ? តើពួកគេជាប្រភេទមនុស្សដែលកោតខ្លាចព្រះជាម្ចាស់ និងគេចចេញពីសេចក្តីអាក្រក់ដែរឬទេ? មនុស្សដែលរស់នៅក្នុងសភាពបែបនេះ ជារឿយៗ បង្ហាញចេញនូវគំនិតជាអ្នកផ្គាប់ចិត្តមនុស្ស ហើយពួកគេគ្មានការកោតខ្លាចព្រះជាម្ចាស់នៅក្នុងចិត្តរបស់ខ្លួនឡើយ។ ប្រសិនបើគេមានអារម្មណ៍ភ័យតក់ស្លុត និងរន្ធត់ចិត្តដោយគ្មានហេតុផលសមរម្យ តើនោះជាដួងចិត្តមួយដែលកោតខ្លាចព្រះជាម្ចាស់ឬទេ? (អត់ទេ)។ ទោះបីពួកគេដាក់កាយទាំងស្រុងទៅបំពេញភារកិច្ច លាឈប់ពីការងារ និងបោះបង់គ្រួសាររបស់ខ្លួនចោលក៏ដោយ បើពួកគេមិនថ្វាយដួងចិត្តរបស់ខ្លួនដល់ព្រះជាម្ចាស់ និងចេះតែប្រុងប្រយ័ត្នចំពោះព្រះជាម្ចាស់ តើនោះជាសភាពល្អឬទេ? តើនោះជាសភាពធម្មតានៃការចូលទៅក្នុងតថភាពនៃសេចក្តីពិតឬទេ? តើការវិវឌ្ឍទៅថ្ងៃខាងមុខនៃសភាពនេះ មិនមែនជាការភ័យតក់ស្លុតទេឬ? ប្រសិនបើបុគ្គលម្នាក់បន្តរស់នៅក្នុងសភាពនេះតទៅទៀត តើពួកគេអាចទទួលបានសេចក្តីពិតឬទេ? តើពួកគេអាចទទួលបានជីវិតឬទេ? តើពួកគេអាចចូលទៅក្នុងតថភាពនៃសេចក្តីពិតឬទេ? (អត់ទេ)។ តើអ្នករាល់គ្នាដឹងថា ខ្លួនអ្នកផ្ទាល់មានសភាពបែបនេះឬទេ? នៅពេលអ្នកដឹងអំពីបញ្ហានេះ តើអ្នកគិតថា៖ «ហេតុអ្វីបានជាខ្ញុំតែងតែប្រុងប្រយ័ត្នចំពោះព្រះជាម្ចាស់បែបនេះ? ហេតុអ្វីបានជាខ្ញុំតែងតែគិតបែបនេះ? ការគិតបែបនេះ ពិតជាគួរឱ្យភ័យរន្ធត់ណាស់! វាជាការទាស់ទទឹងនឹងព្រះជាម្ចាស់ និងជាការបដិសេធចំពោះសេចក្តីពិត។ ការប្រុងប្រយ័ត្នចំពោះព្រះជាម្ចាស់ គឺដូចគ្នាទៅនឹងការទាស់ទទឹងនឹងទ្រង់» មែនទេ? សភាពនៃការប្រុងប្រយ័ត្នចំពោះព្រះជាម្ចាស់ ប្រៀបដូចជាការធ្វើជាចោរអ៊ីចឹង ពោលគឺ អ្នកមិនហ៊ានរស់នៅក្នុងពន្លឺទេ អ្នកខ្លាចការបកអាក្រាតមុខមាត់បែបអារក្សរបស់អ្នក ហើយក្នុងពេលដូចគ្នានោះ អ្នកខ្លាចថា៖ «ព្រះជាម្ចាស់ គឺជាព្រះដែលមិនអាចខ្វះការគោរពបានឡើយ។ ព្រះអង្គអាចជំនុំជម្រះ និងវាយផ្ចាលមនុស្សបានគ្រប់ពេល និងគ្រប់ទីកន្លែង។ ប្រសិនបើអ្នកធ្វើឱ្យព្រះជាម្ចាស់ខ្ញាល់ ក្នុងករណីស្រាល ទ្រង់នឹងលួសកាត់ និងដោះស្រាយជាមួយអ្នក ហើយបើក្នុងករណីធ្ងន់វិញ ទ្រង់នឹងដាក់ទោសអ្នក ធ្វើឱ្យអ្នកមានជំងឺ ឬរងទុក្ខមិនខាន។ មនុស្សមិនអាចទ្រាំនឹងរឿងទាំងនោះបានទេ!» តើមនុស្សមិនមែនកំពុងយល់ច្រឡំទេឬ? តើនេះជាដួងចិត្តដែលកោតខ្លាចព្រះជាម្ចាស់ឬ? (អត់ទេ)។ តើសភាពបែបនេះមិនមែនជាសភាពភ័យតក់ស្លុតទេឬ? កាលណាមនុស្សមានសភាពបែបនេះ កាលណាពួកគេប្រុងប្រយ័ត្នចំពោះព្រះជាម្ចាស់ ហើយតែងតែមានគំនិតបែបនេះ កាលណាពួកគេតែងតែមានអាកប្បកិរិយាបែបនេះចំពោះព្រះជាម្ចាស់ តើពួកគេកំពុងតែចាត់ទុកព្រះជាម្ចាស់ជាព្រះជាម្ចាស់ឬទេ? តើនេះជាជំនឿលើព្រះជាម្ចាស់ឬ? កាលណាមនុស្សមានជំនឿបែបនេះលើព្រះជាម្ចាស់ កាលណាពួកគេមិនចាត់ទុកព្រះជាម្ចាស់ជាព្រះជាម្ចាស់ទេ តើនេះមិនមែនជាបញ្ហាទេឬ? យ៉ាងហោចណាស់ មនុស្សមិនទទួលយកនិស្ស័យសុចរិតរបស់ព្រះជាម្ចាស់ឡើយ ហើយពួកគេក៏មិនទទួលយកការពិតនៃកិច្ចការរបស់ទ្រង់នោះដែរ។ ពួកគេគិតថា៖ «វាជាការពិតដែលថា ព្រះជាម្ចាស់ជាព្រះដែលមានព្រះទ័យមេត្តាករុណា និងព្រះទ័យស្រឡាញ់ ប៉ុន្តែព្រះអង្គក៏ជាព្រះដែលមានសេចក្តីក្រោធផងដែរ។ នៅពេលសេចក្តីក្រោធរបស់ព្រះជាម្ចាស់ធ្លាក់លើមនុស្សម្នាក់ វាពិតជាគ្រោះថ្នាក់ណាស់។ ព្រះអង្គអាចកម្ទេចមនុស្សឱ្យស្លាប់បានគ្រប់ពេល បំផ្លាញអ្នកណាក៏បានតាមដែលព្រះអង្គចង់។ មិនត្រូវបញ្ឆេះសេចក្តីក្រោធរបស់ព្រះជាម្ចាស់ឡើយ។ វាជាការពិតដែលថា ឫទ្ធានុភាព និងសេចក្តីក្រោធរបស់ទ្រង់ មិនបណ្ដោយឱ្យមានការប្រមាថឡើយ។ ចូរនៅឱ្យឆ្ងាយពីទ្រង់ទៅ!» ប្រសិនបើមនុស្សម្នាក់មានអាកប្បកិរិយា និងគំនិតបែបនេះ តើពួកគេអាចចូលមកយ៉ាងពេញលេញ និងស្មោះអស់ពីចិត្តនៅចំពោះព្រះជាម្ចាស់បានដែរឬទេ? ពួកគេមិនអាចឡើយ។ ពេលនោះ តើមិនមានគម្លាតមួយរវាងពួកគេ និងព្រះជាម្ចាស់ទេឬ? តើមិនមានរឿងជាច្រើនកំពុងបំបែកអ្នកទាំងពីរទេឬ? (មាន)។ តើមានរឿងអ្វីខ្លះដែលរារាំងមនុស្សមិនឱ្យចូលមកចំពោះព្រះជាម្ចាស់? (អនាគត និងវាសនារបស់ពួកគេ)។ (កិត្តិនាម ផលប្រយោជន៍ និងឋានៈ)។ តើមានអ្វីផ្សេងទៀតឬទេ? តើមានបញ្ហាអ្វីខ្លះដែលធ្វើឱ្យមនុស្សនឿយណាយនឹងសេចក្តីពិត បដិសេធសេចក្តីពិត បដិសេធការផ្គត់ផ្គង់ជីវិតរបស់ព្រះជាម្ចាស់ និងសេចក្តីសង្រ្គោះរបស់ទ្រង់? សូមសញ្ជឹងគិតអំពីចំណុចនេះ៖ តើផ្នែកណាខ្លះរបស់មនុស្សដែលរារាំងពួកគេមិនឱ្យចូលមកដោយស្មោះនៅចំពោះព្រះជាម្ចាស់ មិនឱ្យអនុវត្តសេចក្ដីពិត មិនឱ្យថ្វាយរូបកាយ និងដួងចិត្តរបស់ពួកគេដល់ព្រះជាម្ចាស់ ដើម្បីគ្រប់គ្រង និងត្រួតត្រា? តើមានរឿងអ្វីខ្លះដែលធ្វើឱ្យមនុស្សខ្លាចព្រះជាម្ចាស់ និងយល់ច្រឡំចំពោះព្រះជាម្ចាស់? មនុស្សមាននិស្ស័យពុករលួយ ក៏ដូចជាមាននិស្ស័យបែបសាតាំង និងគំនិតបែបសាតាំង។ ពួកគេបោកបញ្ឆោត ពួកគេប្រុងប្រយ័ត្នចំពោះព្រះជាម្ចាស់គ្រប់ពេល មិនទុកចិត្ត និងយល់ច្រឡំចំពោះទ្រង់។ នៅពេលពួកគេលាយឡំដោយបញ្ហាទាំងអស់នេះ តើមនុស្សម្នាក់អាចទុកចិត្តព្រះជាម្ចាស់យ៉ាងពិតប្រាកដបានដែរឬទេ? តើពួកគេអាចទទួលយកព្រះបន្ទូលព្រះជាម្ចាស់ទុកជាជីវិតរបស់ខ្លួនបានដែរឬទេ? អ្នកខ្លះនិយាយថា៖ «ខ្ញុំហូប និងផឹកព្រះបន្ទូលព្រះជាម្ចាស់ជារៀងរាល់ថ្ងៃ។ នៅពេលខ្ញុំអានព្រះបន្ទូលទ្រង់ រួចខ្ញុំមានអារម្មណ៍រំជួលចិត្ត ខ្ញុំអធិស្ឋាន។ ខ្ញុំឱ្យតម្លៃព្រះបន្ទូលទុកជាសេចក្តីពិត។ ខ្ញុំអានព្រះបន្ទូលជារៀងរាល់ថ្ងៃ ហើយជារឿយៗ ខ្ញុំអធិស្ឋានស្ងាត់ៗនៅក្នុងចិត្ត និងច្រៀងបទទំនុកតម្កើង ដើម្បីសរសើរតម្កើងព្រះជាម្ចាស់»។ ទោះបីជីវិតខាងវិញ្ញាណបែបនេះល្អក៏ដោយ បើមនុស្សទាំងនេះនៅតែពឹងអាងលើគំនិតរបស់ខ្លួន នៅពេលពួកគេមានប្រតិកម្មចំពោះរឿងរ៉ាវដែលកើតមានចំពោះពួកគេ បើពួកគេមិនស្វែងរកសេចក្តីពិត ហើយគោលលទ្ធិដែលពួកគេយល់ ក៏គ្មានប្រើការបានទៀត តើនេះមានន័យដូចម្ដេចដែរ? គឺមានន័យថា មនុស្សមិនស្រឡាញ់សេចក្តីពិតឡើយ។ ពួកគេអះអាងថាខ្លួនឱ្យតម្លៃលើព្រះបន្ទូល ប៉ុន្តែពួកគេមិនបានយកព្រះបន្ទូលមកប្រៀបធៀបនឹងខ្លួនឯងឡើយ ហើយពួកគេក៏មិនអនុវត្តតាមព្រះបន្ទូលនោះដែរ។ បញ្ហាគឺនៅត្រង់នេះ ហើយពេលនោះ ពួកគេពិតជាពិបាកក្នុងការចូលទៅក្នុងតថភាពនៃសេចក្តីពិត។ មនុស្សមិនដែលយល់ពីសេចក្តីពិត ក៏មិនមានចំណេះដឹងពីព្រះជាម្ចាស់សូម្បីតែបន្តិចដែរ ដូច្នេះ ពួកគេមានសញ្ញាណ និងការយល់ច្រឡំចំពោះព្រះជាម្ចាស់ ហើយក៏មានជញ្ជាំងរវាងពួកគេ និងព្រះជាម្ចាស់ដែរ។ តើអ្នករាល់គ្នាគ្មានបទពិសោធផ្ទាល់ខ្លួនបែបនេះទេឬ? អ្នកនិយាយថា៖ «ខ្ញុំមិនចង់ប្រុងប្រយ័ត្នចំពោះព្រះជាម្ចាស់ឡើយ ខ្ញុំចង់ទុកចិត្តលើទ្រង់យ៉ាងពិតប្រាកដ ប៉ុន្តែនៅពេលមានរឿងកើតឡើងចំពោះខ្ញុំ ខ្ញុំមិនអាចធ្វើអ្វីបានក្រៅពីប្រុងប្រយ័ត្នចំពោះទ្រង់ឡើយ។ ខ្ញុំប្រញាប់ចង់បំបែកខ្លួនចេញពីព្រះជាម្ចាស់ និងប្រើទស្សនវិជ្ជាបែបសាតាំង ដើម្បីការពារខ្លួនឯង។ តើខ្ញុំមានបញ្ហាអ្វីដែរ?» ការនេះបង្ហាញថា មនុស្សមិនមានសេចក្តីពិត ពួកគេនៅតែរស់នៅតាមទស្សនវិជ្ជាបែបសាតាំង ហើយសាតាំងបន្តគ្រប់គ្រងពួកគេនៅឡើយ។ នេះជាលក្ខណៈគួរឱ្យអាណិតដែលមនុស្សមាន ព្រោះតែធម្មជាតិបែបសាតាំងរបស់ពួកគេ ពោលគឺ ពួកគេពិបាកក្នុងការអនុវត្តសេចក្តីពិត។ ការមិនអនុវត្តសេចក្តីពិត គឺជាឧបសគ្គដ៏ធំបំផុតចំពោះច្រកចូលទៅក្នុងជីវិត។ បើមិនដោះស្រាយបញ្ហានេះទេ នោះមនុស្សនឹងពិបាកថ្វាយដួងចិត្តរបស់ខ្លួនដល់ព្រះជាម្ចាស់ ពិបាកទទួលបានកិច្ចការរបស់ទ្រង់ ឬពិបាកចូលទៅក្នុងតថភាពនៃសេចក្តីពិតមិនខាន។ តើអ្នករាល់គ្នាធ្លាប់ដកពិសោធន៍បញ្ហានេះដែរឬទេ? តើត្រូវធ្វើដូចម្ដេច ដើម្បីដោះស្រាយបញ្ហានេះ? អ្នកត្រូវតែឆ្លុះបញ្ចាំង និងព្យាយាមស្គាល់ខ្លួនឯង ហើយពិនិត្យមើលថាតើមានបញ្ហាណាខ្លះដែលកំពុងរារាំងអ្នកមិនឱ្យអនុវត្តសេចក្តីពិត។ ការដោះស្រាយបញ្ហា គឺជាគន្លឹះ។
តើការដេញតាមសេចក្ដីពិតស្មុគស្មាញ ឬពិបាកដូចការបន្តថ្នាក់សិក្សានៅឧត្តមសិក្សាដែរឬទេ? តាមពិតទៅ វាមិនពិបាកនោះទេ គឺគ្រាន់តែអាស្រ័យលើថាតើមនុស្សស្រឡាញ់សេចក្តីពិតឬអត់ប៉ុណ្ណោះ។ ការដេញតាមសេចក្តីពិតដោយផ្ទាល់ គឺមិនពិបាកនោះទេ។ វាតម្រូវឱ្យមានការខំប្រឹងតិចជាងការសិក្សាផ្នែកវិទ្យាសាស្ត្រឯកទេសទៅទៀត ពោលគឺ ការដេញតាមសេចក្តីពិតងាយស្រួលជាងការចិញ្ចឹមជីវិតទៀតផង។ ហេតុអ្វីបានជាបែបនេះ? តថភាពនៃសេចក្តីពិត គឺជាអ្វីដែលអស់អ្នកដែលមានភាពជាមនុស្សធម្មតាគួរតែរស់នៅ និងមាន។ វាទាក់ទងនឹងភាពជាមនុស្សធម្មតារបស់មនុស្ស ដូច្នេះ វាមិនត្រូវដាច់ចេញពីគំនិត និងយោបល់របស់ពួកគេ មិនត្រូវដាច់ចេញពីគ្រប់យ៉ាងដែលពួកគេគិត ដាច់ចេញពីគ្រប់ទង្វើ និងឥរិយាបថដែលពួកគេពាក់ព័ន្ធ ក្នុងអំឡុងពេលនៃជីវិតប្រចាំថ្ងៃរបស់ពួកគេ ឬដាច់ចេញពីចិត្តគំនិតរបស់ពួកគេឡើយ។ សេចក្តីពិតមិនមែនជាទ្រឹស្ដី មិនមែនជាមុខជំនាញសិក្សា ក៏មិនមែនជាមុខវិជ្ជាជីវៈនោះដែរ។ សេចក្តីពិតមិនមែនឥតន័យឡើយ។ សេចក្តីពិតពាក់ព័ន្ធយ៉ាងជិតស្និទ្ធនឹងភាពជាមនុស្សធម្មតា ពោលគឺ សេចក្តីពិតគឺជាជីវិតដែលគួរមានសម្រាប់អស់អ្នកដែលមានភាពជាមនុស្សធម្មតា។ សេចក្តីពិតអាចកែតម្រូវរាល់កំហុសឆ្គងរបស់អ្នក អាចកែទម្លាប់អាក្រក់ កែគំនិតអវិជ្ជមាន និងគំនិតមិនត្រឹមត្រូវរបស់អ្នកបាន។ សេចក្តីពិតអាចបំផ្លាស់បំប្រែនិស្ស័យបែបសាតាំងរបស់អ្នក អាចក្លាយជាជីវិតរបស់អ្នក អាចជួយឱ្យអ្នកមានភាពជាមនុស្ស និងវិចារណញ្ញាណ អាចធ្វើឱ្យគំនិត និងផ្នត់គំនិតរបស់អ្នកប្រែជាធម្មតាបាន ពោលគឺ សេចក្តីពិតអាចធ្វើឱ្យគ្រប់ផ្នែកនៃជីវិតរបស់អ្នកប្រែមកជាធម្មតាបាន។ ប្រសិនបើសេចក្តីពិតក្លាយជាជីវិតរបស់អ្នក នោះអ្វីដែលអ្នករស់នៅ ហើយគ្រប់យ៉ាងនៃការបង្ហាញចេញនៃភាពជាមនុស្សរបស់អ្នក នឹងក្លាយជាធម្មតាមិនខាន។ ដូច្នេះ ការដេញតាម និងការអនុវត្តសេចក្តីពិត មិនមែនជារឿងស្មុគស្មាញ មិនអាចវាស់ស្ទង់បាន ឬជាអ្វីមួយពិបាកខ្លាំងនោះទេ។ ឥឡូវ ទោះបីអ្នករាល់គ្នាស្រឡាញ់សេចក្ដីពិតបានបន្តិច ហើយព្រមខំប្រឹងឱ្យបានប្រសើរក៏ដោយ ក៏អ្នកមិនទាន់បានដើរនៅលើផ្លូវនេះនៅឡើយទេ។ ជំហានដំបូងតែងតែពិបាកបំផុតជានិច្ច។ ដរាបណាអ្នកអាចអនុវត្តសេចក្តីពិត និងភ្លក់រសជាតិផ្អែមល្អែមនៃសេចក្តីពិតបាន នោះអ្នកនឹងគិតថា ការដេញតាមសេចក្តីពិត គឺជារឿងងាយស្រួលមិនខាន។
ប្រសិនបើមនុស្សមិនយកសេចក្តីពិតទុកជាជីវិតរបស់ខ្លួន ហើយតែងតែរស់នៅក្នុងនិស្ស័យពុករលួយ តើវាបង្ហាញចេញដូចម្ដេចដែរ? នៅពេលមនុស្សមិនទទួលយកសេចក្តីពិត តាមធម្មតា ពួកគេគ្មានផ្លូវ ដើម្បីកម្ចាត់ចោលការរឹតត្បិត និងចំណងនៃធម្មជាតិបែបសាតាំងរបស់ពួកគេឡើយ។ និស្ស័យពុករលួយដែលពួកគេបង្ហាញចេញ តាមធម្មតា គឺជាភាពក្រអឺតក្រទមនិងអំនួតហួសហេតុ ការតាំងខ្លួនជាក្រឹត្យវិន័យ ការប្រព្រឹត្តតាមអំពើចិត្តនិងការធ្វេសប្រហែស ការកុហកនិងការបោកប្រាស់ ការប៉ុនប៉ងធ្វើបាបគេនិងការបោកបញ្ឆោត ការល្មោភចង់បានកិត្យានុភាពនិងផលប្រយោជន៍ ការស្វែងរកតែផលចំណេញ ព្រមទាំងភាពអាត្មានិយម និងភាពអាក្រក់ព្រៃផ្សៃ។ លើសពីនេះទៅទៀត នៅក្នុងការទាក់ទងរបស់ពួកគេជាមួយអ្នកដទៃ ពួកគេមានទំនោរមិនទុកចិត្ត វិនិច្ឆ័យ និងវាយប្រហារអ្នកដទៃ។ ពួកគេតែងតែនិយាយ និងប្រព្រឹត្តតាមចំណង់ចំណូលចិត្តរបស់ខ្លួន។ ពួកគេតែងតែមានចេតនា និងគោលបំណងផ្ទាល់ខ្លួន ហើយពួកគេតែងតែមានគំនិតទុកជាមុនអំពីអ្នកដទៃជានិច្ច។ ពួកគេតែងតែប្រែជាអវិជ្ជមាន នៅពេលជួបឧបសគ្គ ឬបរាជ័យ។ ពេលខ្លះ ពួកគេក្រអឺតក្រទមហួសហេតុ។ ពេលខ្លះ ពួកគេប្រែជាអវិជ្ជមានខ្លាំងរហូតដល់អាចនាំទុក្ខដាក់ខ្លួនទៀតផង។ ពួកគេតែងតែឈានទៅរកភាពជ្រុលនិយមជានិច្ច ពោលគឺ បើពួកគេមិនបញ្ចេញចង្កូម និងក្រញាំទេ នោះពួកគេប្រែជាអវិជ្ជមាន និងព្យាយាមធ្វើខ្លួនគួរឱ្យអាណិត។ ពួកគេមិនដែលប្រែជាធម្មតាទេ។ នេះជាសភាពមួយដែលអ្នករាល់គ្នាកំពុងតែមានសព្វថ្ងៃ។ អ្នកព្រមរងទុក្ខ និងព្រមលះបង់ ហើយអ្នកពេញដោយការតាំងចិត្ត និងការប្ដេជ្ញាចិត្ត ប៉ុន្តែអ្នកគ្មានតថភាពនៃសេចក្តីពិតឡើយ។ ប្រសិនបើមនុស្សទទួលយកតថភាពនៃសេចក្តីពិតទុកជាជីវិតរបស់ខ្លួន តើវានឹងបង្ហាញចេញដូចម្ដេចដែរ? ជាដំបូង ពួកគេនឹងអាចចុះចូលចំពោះព្រះជាម្ចាស់ និងរស់នៅមានលក្ខណៈជាមនុស្ស។ ពួកគេនឹងក្លាយជាមនុស្សស្មោះត្រង់ ក្លាយជាបុគ្គលម្នាក់ដែលបានផ្លាស់ប្ដូរនិស្ស័យនៃជីវិតរបស់ខ្លួន។ មានចរិតលក្ខណៈជាច្រើនអំពីការផ្លាស់ប្ដូរនិស្ស័យ។ ចរិតលក្ខណៈទីមួយ គឺជាការអាចចុះចូលចំពោះអ្វីៗដែលត្រឹមត្រូវ និងសម្របតាមសេចក្តីពិត។ មិនថាអ្នកណាផ្ដល់នូវយោបល់ មិនថាពួកគេចាស់ឬក្មេង មិនថាអ្នកអាចចុះសម្រុងជាមួយពួកគេបានឬអត់ មិនថាអ្នករាល់គ្នាស្គាល់ពួកគេឬអត់ មិនថាអ្នកជិតស្និទ្ធជាមួយពួកគេឬអត់ មិនថាអ្នកមានទំនាក់ទំនងល្អឬអាក្រក់ជាមួយពួកគេនោះឡើយ ដរាបណាអ្វីដែលពួកគេនិយាយគឺត្រឹមត្រូវ ស្របតាមសេចក្តីពិត និងមានប្រយោជន៍ចំពោះកិច្ចការនៃដំណាក់ព្រះជាម្ចាស់ នោះអ្នកអាចស្ដាប់ យល់ស្រប និងទទួលយកបាន ដោយមិនរងឥទ្ធិពលពីកត្តាផ្សេងទៀតឡើយ។ ការអាចទទួលយក និងចុះចូលចំពោះអ្វីៗដែលត្រឹមត្រូវ និងស្របតាមសេចក្តីពិត គឺជាចរិតលក្ខណៈទីមួយ។ ចរិតលក្ខណៈទីពីរ គឺជាការអាចស្វែងរកសេចក្តីពិត នៅពេលមានរឿងកើតឡើង។ វាមិនត្រឹមតែជាទទួលយកសេចក្តីពិតប៉ុណ្ណោះទេ ប៉ុន្តែក៏ជាការអនុវត្តសេចក្តីពិត និងការមិនដោះស្រាយរឿងរ៉ាវទៅតាមឆន្ទៈរបស់ខ្លួនផងដែរ។ មិនថាមានរឿងអ្វីកើតឡើងចំពោះអ្នកនោះទេ អ្នកនឹងអាចស្វែងរកបាន នៅពេលអ្នកមិនអាចមើលឃើញអ្វីបានច្បាស់ ហើយអ្នកពិនិត្យមើលរបៀបដោះស្រាយបញ្ហា និងរបៀបអនុវត្ត ដែលស្របតាមគោលការណ៍នៃសេចក្ដីពិត និងបំពេញតាមសេចក្តីតម្រូវរបស់ព្រះជាម្ចាស់។ ចរិតលក្ខណៈទីបី គឺជាការគិតគូរដល់បំណងព្រះហឫទ័យព្រះជាម្ចាស់ មិនថាអ្នកជួបបញ្ហាអ្វីនោះឡើយ វាជាការតតាំងនឹងសាច់ឈាម ដើម្បីសម្រេចបានការចុះចូលចំពោះព្រះជាម្ចាស់។ អ្នកនឹងគិតគូរពីបំណងព្រះហឫទ័យព្រះជាម្ចាស់ មិនថាអ្នកកំពុងបំពេញភារកិច្ចអ្វីឡើយ ហើយអ្នកនឹងបំពេញភារកិច្ចរបស់អ្នកស្របតាមសេចក្តីតម្រូវរបស់ព្រះជាម្ចាស់។ មិនថាព្រះជាម្ចាស់មានសេចក្តីតម្រូវអ្វីសម្រាប់ភារកិច្ចនេះទេ អ្នកនឹងប្រព្រឹត្តតាមសេចក្តីតម្រូវទាំងនោះ ក្នុងពេលបំពេញភារកិច្ច និងប្រព្រឹត្ត ដើម្បីផ្គាប់ព្រះទ័យព្រះជាម្ចាស់។ អ្នកត្រូវតែយល់ពីគោលការណ៍នេះ ហើយបំពេញភារកិច្ចរបស់ខ្លួនដោយមានការទទួលខុសត្រូវ និងស្មោះត្រង់។ នេះហើយជាអត្ថន័យនៃការគិតគូរពីបំណងព្រះហឫទ័យព្រះជាម្ចាស់នោះ។ ប្រសិនបើអ្នកមិនដឹងពីរបៀបគិតគូរពីបំណងព្រះហឫទ័យព្រះជាម្ចាស់ ឬផ្គាប់ព្រះទ័យទ្រង់នៅក្នុងរឿងរ៉ាវខ្លះទេ ពេលនោះ អ្នកត្រូវតែស្វែងរក។ អ្នករាល់គ្នាគួរតែប្រៀបធៀបខ្លួនអ្នកទៅនឹងចរិតលក្ខណៈទាំងបីនៃការផ្លាស់ប្ដូរនិស្ស័យ ហើយពិនិត្យមើលថាតើអ្នកមានចរិតលក្ខណៈទាំងនេះឬក៏អត់។ ប្រសិនបើអ្នកមានបទពិសោធ និងផ្លូវអនុវត្តន៍ជាក់ស្ដែងនៅក្នុងផ្នែកទាំងបីនេះ ពេលនោះ អ្នកនឹងដោះស្រាយរឿងរ៉ាវស្របតាមគោលការណ៍មិនខាន។ មិនថាមានរឿងអ្វីកើតឡើងចំពោះអ្នក ឬអ្នកកំពុងតែដោះស្រាយបញ្ហាអ្វីនោះទេ អ្នកត្រូវតែស្វែងរកមើលថាតើមានគោលការណ៍អនុវត្តន៍អ្វីខ្លះ ហើយនៅក្នុងគោលការណ៍នៃសេចក្តីពិតនីមួយៗនោះមានសេចក្តីលម្អិតអ្វីខ្លះ និងស្វែងរកមើលពីរបៀបអនុវត្ត ដោយមិនត្រូវបំពានគោលការណ៍ឡើយ។ នៅពេលដែលអ្នកទទួលបានភាពច្បាស់លាស់អំពីបញ្ហាទាំងនេះ តាមធម្មតា អ្នកនឹងដឹងពីរបៀបអនុវត្តសេចក្តីពិតមិនខាន។
នៅពេលអ្វីៗគ្រប់យ៉ាងដំណើរការទៅល្អ មនុស្សខ្លះហាក់មិនបង្ហាញចេញនិស្ស័យពុករលួយជាក់ស្ដែងណាមួយទេ ហើយព្រោះតែបែបនេះ ពួកគេគិតថា ពួកគេជាមនុស្សល្អ យល់ថាខ្លួនបានផ្លាស់ប្ដូរ និងមានតថភាពនៃសេចក្តីពិត។ ប៉ុន្តែ នៅពេលមានសេចក្តីល្បួង ឬរឿងរ៉ាវសំខាន់ដែលពាក់ព័ន្ធនឹងគោលការណ៍នៃសេចក្តីពិតកើតមានចំពោះពួកគេ ពេលនោះ និស្ស័យពុករលួយរបស់ពួកគេនឹងបង្ហាញចេញដោយឯកឯងតែម្ដង។ ពួកគេធ្លាក់ក្នុងភាពអវិជ្ជមាន និងភាពច្របូកច្របល់ ទាំងមិនដឹងពីរបៀបត្រឹមត្រូវដែលត្រូវអនុវត្ត ហើយហ៊ុមព័ទ្ធដោយការលំបាកជាច្រើន។ ឧទាហរណ៍ ការធ្វើជាមនុស្សស្មោះត្រង់ និងការនិយាយការពិត គឺជាការអនុវត្តសេចក្តីពិត។ នៅពេលអ្នកព្យាយាមនិយាយការពិត តើអ្នកជួបការលំបាកអ្វីខ្លះ? តើអ្នកជួបឧបសគ្គអ្វីខ្លះ? តើមានរឿងអ្វីខ្លះរឹតត្បិត ចង និងរារាំងអ្នកមិនឱ្យនិយាយការពិត? គឺមានអំនួត ឋានៈ ភាពក្អេងក្អាងហួសហេតុ ក៏ដូចជាអារម្មណ៍ និងចំណង់ចំណូលចិត្តរបស់អ្នកផងដែរ ពោលគឺ ចំណុចទាំងអស់នេះអាចកើតឡើងបានគ្រប់ពេល ហើយវាធ្វើឱ្យមនុស្សរារែក និងរារាំងពួកគេមិនឱ្យអនុវត្តសេចក្តីពិត។ ចំណុចទាំងនេះ គឺជានិស្ស័យពុករលួយ។ មិនថាអ្នកស្ថិតក្នុងស្ថានភាពអ្វីឡើយ និស្ស័យពុករលួយអាចធ្វើឱ្យសភាពរបស់អ្នកប្រែជាខុសប្រក្រតី ដោយបង្កើតឱ្យមានរឿងអវិជ្ជមានគ្រប់បែបយ៉ាង រឹតត្បិត និងគ្រប់គ្រងអ្នកគ្រប់ច្រកល្ហក ធ្វើឱ្យអ្នករារែក និងពិបាកអនុវត្តសេចក្តីពិត និងបម្រើព្រះជាម្ចាស់។ ការទាំងអស់នេះនឹងធ្វើឱ្យអ្នកមានអារម្មណ៍នឿយហត់ខ្លាំង។ ពីសម្បកក្រៅ មនុស្សហាក់មានសេរីភាព ប៉ុន្តែតាមពិតទៅ ពួកគេត្រូវបានជាប់ចំណងយ៉ាងតឹងណែនដោយនិស្ស័យពុករលួយបែបសាតាំងរបស់ខ្លួន។ ពួកគេមិនមានសេរីភាពនៃការជ្រើសរើសឡើយ វាពិតជាពិបាកខ្លាំងណាស់សម្រាប់ពួកគេក្នុងការដើរសូម្បីតែមួយជំហាន ហើយពួកគេរស់នៅដោយនឿយហត់។ ពេលខ្លះ ពួកគេត្រូវប្រឹងប្រែងយ៉ាងខ្លាំង ដើម្បីនិយាយការពិត ឬក៏ធ្វើអ្វីមួយជាក់ស្ដែង។ ពួកគេមិនអាចបំពេញភារកិច្ចរបស់ខ្លួនបានល្អ ឬក៏ស្មោះត្រង់ចំពោះព្រះជាម្ចាស់បានឡើយ បើទោះបីជាពួកគេចង់ក៏ដោយ ហើយបើពួកគេចង់អនុវត្តសេចក្តីពិត ឬក៏ធ្វើបន្ទាល់ពីព្រះជាម្ចាស់ វានឹងកាន់តែពិបាកថែមទៀតហើយ។ អីក៏នឿយហត់អ្វីម្ល៉េះទេ! តើពួកគេមិនកំពុងរស់នៅក្នុងទ្រុងនៃនិស្ស័យពុករលួយបែបសាតាំងរបស់ខ្លួនទេឬ? តើពួកគេមិនកំពុងរស់នៅក្រោមឥទ្ធិពលដ៏ខ្មៅងងឹតរបស់សាតាំងទេឬអី? (មែនហើយ)។ បើដូច្នេះ តើមនុស្សអាចកម្ចាត់និស្ស័យនេះចោលបានដោយរបៀបណា? តើមានផ្លូវមួយទៀតក្រៅពីការអនុវត្តសេចក្តីពិត និងការទទួលបានច្រកចូលទៅក្នុងជីវិតដែរឬទេ? ប្រាកដជាគ្មានឡើយ។ តើចំណេះដឹងពីវប្បធម៌ប្រពៃណីអាចសង្រ្គោះមនុស្ស និងធ្វើឱ្យពួកគេរួចពីឥទ្ធិពលរបស់សាតាំងបានដែរឬទេ? ចុះចំណែកការយល់ដឹងពីចំណេះដឹងខាងព្រះគម្ពីរ? ចុះចំណែកការចេះនិយាយគោលលទ្ធិខាងវិញ្ញាណ? អត់ទេ ចំណុចទាំងអស់នេះមិនអាចសង្គ្រោះមនុស្ស និងធ្វើឱ្យពួកគេរួចពីឥទ្ធិពលរបស់សាតាំងបានឡើយ។ មានតែតាមរយៈការទទួលយកកិច្ចការព្រះជាម្ចាស់ និងរាល់ទាំងសេចក្តីពិតដែលព្រះជាម្ចាស់បានសម្ដែងចេញប៉ុណ្ណោះ ទើបអាចដោះស្រាយបញ្ហានៃនិស្ស័យពុករលួយបាន។ មានតែបែបនេះទេ ទើបមនុស្សអាចទទួលបានការយល់ដឹងពីសេចក្តីពិត និងរួចពីឥទ្ធិពលរបស់សាតាំងបាន។ ប្រសិនបើមនុស្សខំធ្វើជាមនុស្សល្អ និងមិនធ្វើការអាក្រក់ ប៉ុន្តែពួកគេមិនផ្លាស់ប្ដូរនិស្ស័យរបស់ខ្លួនទេ តើពួកគេអាចរួចពីឥទ្ធិពលរបស់សាតាំងបានដែរឬទេ? តើមនុស្សអាចទទួលបានសេចក្តីពិត តាមរយៈការសិក្សាគម្ពីរតាវ គម្ពីរព្រះពុទ្ធសាសនា ឬវប្បធម៌ប្រពៃណីបានដែរឬទេ? តើពួកគេអាចស្គាល់ព្រះជាម្ចាស់បានដែរឬទេ? តើអាចបន្សុទ្ធនិស្ស័យពុករលួយរបស់ពួកគេបានដែរឬទេ បើពួកគេប្រកាន់ខ្ជាប់តាមវប្បធម៌ប្រពៃណី និងមិនដេញតាមសេចក្តីពិត? តើពួកគេអាចទទួលបានសេចក្តីសង្រ្គោះរបស់ព្រះជាម្ចាស់បានដែរឬទេ? មនុស្សដែលធ្វើបែបនេះ កំពុងតែបោកបញ្ឆោតខ្លួនឯង ហើយពួកគេមិនអាចដោះស្រាយបញ្ហាណាមួយរបស់ខ្លួនបានឡើយ។ មានមនុស្សជាច្រើនដែលជឿលើព្រះជាម្ចាស់អស់រយៈពេលជាច្រើនឆ្នាំ ប៉ុន្តែជំនឿរបស់ពួកគេនៅតែច្របូកច្របល់ដដែល។ ពួកគេគ្មានចំណាប់អារម្មណ៍ចង់ដេញតាមសេចក្តីពិតទេ។ ពួកគេស្កប់ចិត្តត្រឹមបំពេញភារកិច្ចរបស់ខ្លួនតែប៉ុណ្ណោះ។ ពួកគេគិតថា ឱ្យតែពួកគេមិនធ្វើអំពើអាក្រក់ ឬធ្វើអំពើអាក្រក់តិចតួច ហើយឱ្យតែពួកគេធ្វើអំពើល្អ និងអំពើសប្បុរសជាច្រើន ឱ្យតែពួកគេជួយអ្នកដទៃកាន់តែច្រើនដោយក្ដីស្រឡាញ់ ឱ្យតែពួកគេមិនចាកចេញពីពួកជំនុំ ឬក្បត់ព្រះជាម្ចាស់ នោះពួកគេនឹងផ្គាប់ចិត្តអ្នកដទៃ និងធ្វើឱ្យព្រះជាម្ចាស់សព្វព្រះទ័យ ហើយពួកគេនឹងមានចំណែកមួយនៅក្នុងនគរព្រះមិនខាន។ តើគំនិតនេះសមហេតុផលឬទេ? តើការធ្វើជាមនុស្សល្អអាចជួយឱ្យមនុស្សកម្ចាត់ចោលនិស្ស័យពុករលួយរបស់ខ្លួនបានដែរឬទេ? បែបនេះ តើពួកគេអាចសម្រេចបានសេចក្តីសង្រ្គោះដែរឬទេ? តើពួកគេនឹងមានចំណែកមួយនៅក្នុងនគរព្រះដែរឬទេ? អ្នករាល់គ្នាអាចមើលឃើញហើយថា នៅក្នុងពិភពលោកនេះ មានមនុស្សជាច្រើនដែលត្រូវបានហៅថាជា «មនុស្សល្អ» ដែលនិយាយស្ដីបែបខ្ពង់ខ្ពស់ ទោះបីពីសម្បកក្រៅ ពួកគេហាក់មិនបានប្រព្រឹត្តអំពើអាក្រក់ជាដុំកំភួនក៏ដោយ ក៏តាមពិតទៅ ពួកគេគឺជាមនុស្សបោកបញ្ឆោត និងក្រឡេចក្រឡុចខ្លាំងដែរ។ ពួកគេពូកែកាច់ចង្កូតបត់ទៅតាមទិសខ្យល់ ដោយចេះនិយាយស្ដីយ៉ាងរលូន និងប៉ិនប្រសប់។ ពួកគេជាមនុស្សល្អក្លែងក្លាយ និងជាមនុស្សមានពុត ពោលគឺ ពួកគេគ្រាន់តែធ្វើពុតជាមនុស្សល្អប៉ុណ្ណោះ។ អ្នកណាដែលដើរផ្លូវកណ្ដាល អ្នកនោះគឺជាមនុស្សមានស្នៀតបញ្ឆោតបំផុត។ ពួកគេមិនធ្វើឱ្យនរណាម្នាក់អន់ចិត្តទេ ពួកគេប្រសប់ខាងនិយាយណាស់ ពួកគេពូកែចាក់បណ្ដោយក្នងគ្រប់ស្ថានភាព ហើយគ្មាននរណាម្នាក់អាចចាប់កំហុសរបស់ពួកគេបានឡើយ។ ពួកគេប្រៀបដូចជាសាតាំងដែលកំពុងរស់នៅអ៊ីចឹង! តើមានមនុស្សបែបនេះនៅក្នុងចំណោមអ្នករាល់គ្នាដែរឬទេ? (មាន)។ តើអ្នករាល់គ្នាមិនយល់ថា ការរស់នៅបែបនេះគួរឱ្យនឿយហត់ទេឬអី? (មែនហើយ វាគួរឱ្យនឿយហត់ណាស់)។ អ៊ីចឹង តើអ្នកធ្លាប់គិតពីរបៀបផ្លាស់ប្ដូរដែរឬទេ? តើអ្នកផ្លាស់ប្ដូរបានយ៉ាងដូចម្ដេច? តើការទម្លុះទម្លាយគួរតែចាប់ផ្ដើមនៅកន្លែងណា? (គឺដោយការអនុវត្តសេចក្តីពិត)។ កុំនិយាយថា «ដោយការអនុវត្តសេចក្តីពិត» ឬ «ដោយការយល់ដឹងពីសេចក្តីពិត» ឬ «ដោយការចូលទៅក្នុងតថភាពនៃសេចក្តីពិត» នោះឡើយ។ នេះជាសម្ដីក្អេងក្អាង ហើយវាហួសពីការឈោងចាប់របស់មនុស្ស ដូច្នេះ ពាក្យទាំងនេះហាក់គ្មានន័យឡើយ។ ផ្ទុយទៅវិញ យើងត្រូវតែចាប់ផ្ដើមជាមួយនឹងសេចក្តីលម្អិត។ (ដោយធ្វើជាមនុស្សស្មោះត្រង់)។ នេះជាការអនុវត្តជាក់ស្ដែង។ ដើម្បីធ្វើជាមនុស្សស្មោះត្រង់ ឬចូលទៅក្នុងសេចក្តីលម្អិតបានខ្លះ៖ ចូរធ្វើជាមនុស្សសាមញ្ញ បើកចំហ មិនលាក់បាំង មិននិយាយកុហក មិននិយាយបញ្ឆិតបញ្ឆៀង ធ្វើជាមនុស្សនិយាយត្រង់ ដែលមានស្មារតីយុត្តិធម៌ និងអាចនិយាយការពិត។ មនុស្សត្រូវតែសម្រេចចំណុចនេះជាមុនសិន។ ឧបមាថា មានមនុស្សអាក្រក់ម្នាក់ដែលធ្វើអ្វីមួយបង្កការរំខានដល់កិច្ចការនៃពួកជំនុំ ហើយអ្នកដឹកនាំចូលមកសួរអ្នក ដើម្បីឈ្វេងយល់ឱ្យបានច្បាស់អំពីស្ថានភាពនោះ។ អ្នកស្គាល់ជនបង្ក ប៉ុន្តែព្រោះតែអ្នកមានទំនាក់ទំនងល្អជាមួយបុគ្គលនោះ ហើយអ្នកមិនចង់ធ្វើឱ្យគេអាក់អន់ចិត្ត អ្នកក៏និយាយកុហកថា អ្នកមិនស្គាល់ជននោះទេ។ អ្នកដឹកនាំសួរនាំបន្ថែម រួចអ្នកក៏និយាយបញ្ឆិតបញ្ឆៀង និយាយដោះសា ដើម្បីគ្របបាំងមនុស្សអាក្រក់នោះ។ តើនេះមិនមែនជាការបោកបញ្ឆោតទេឬអី? អ្នកមិនបានប្រាប់ការពិតដល់អ្នកដឹកនាំអំពីស្ថានភាពនោះ ផ្ទុយទៅវិញ អ្នកបែរជាលាក់បាំងទៅវិញ។ ហេតុអ្វីបានជាអ្នកធ្វើបែបនេះ? នោះព្រោះតែអ្នកមិនចង់ធ្វើឱ្យនរណាម្នាក់អាក់អន់ចិត្ត។ អ្នកឱ្យតម្លៃជាចម្បងលើការការពារទំនាក់ទំនងអន្តរបុគ្គល និងមិនចង់ធ្វើឱ្យនរណាអាក់អន់ចិត្ត ហើយអ្នកឱ្យតម្លៃបន្ទាប់បន្សំលើការនិយាយការពិត និងការអនុវត្តសេចក្តីពិត។ តើអ្វីទៅដែលកំពុងតែគ្រប់គ្រងអ្នក? និស្ស័យបែបសាតាំងរបស់អ្នកកំពុងតែគ្រប់គ្រងអ្នក ដោយបិទមាត់ និងរារាំងអ្នកមិនឱ្យនិយាយការពិត ពោលគឺ អ្នកអាចរស់នៅតាមនិស្ស័យបែបសាតាំងរបស់អ្នកតែប៉ុណ្ណោះ។ តើនិស្ស័យពុករលួយគឺជាអ្វីទៅ? និស្ស័យពុករលួយ គឺជានិស្ស័យបែបសាតាំង ហើយអ្នកណាដែលរស់នៅតាមនិស្ស័យពុករលួយរបស់ខ្លួន អ្នកនោះគឺជាសាតាំងដែលកំពុងរស់នៅ។ សម្ដីរបស់ពួកគេតែងតែបង្កនូវសេចក្តីល្បួងជានិច្ច សម្ដីនោះតែងតែបញ្ឆិតបញ្ឆៀង មិនដែលនិយាយតាមត្រង់ឡើយ។ ទោះបីវាយពួកគេដល់ស្លាប់ ក៏ពួកគេមិននិយាយការពិតដែរ។ នេះជាអ្វីដែលកើតឡើង នៅពេលនិស្ស័យពុករលួយរបស់មនុស្សប្រែជាធ្ងន់ធ្ងរខ្លាំង។ ពួកគេបាត់បង់ទាំងស្រុងនូវភាពជាមនុស្សរបស់ខ្លួន ហើយពួកគេប្រែក្លាយជាអារក្ស។ អ្នករាល់គ្នាជាច្រើននាក់សុខចិត្តប្រមាថ និងបោកប្រាស់ព្រះជាម្ចាស់ ដើម្បីការពារទំនាក់ទំនងរបស់អ្នកជាមួយអ្នកដទៃ ព្រមទាំងការពារឋានៈ និងកេរ្តិ៍ឈ្មោះដែលអ្នកមាននៅក្នុងចំណោមមនុស្ស។ តើបុគ្គលដែលប្រព្រឹត្តបែបនេះ ស្រឡាញ់សេចក្តីពិតដែរឬទេ? តើគេជាមនុស្សដែលដេញតាមសេចក្តីពិតដែរឬទេ? គេជាមនុស្សដែលបោកប្រាស់ព្រះជាម្ចាស់ស្រស់ៗ ដែលគ្មានការកោតខ្លាចព្រះជាម្ចាស់នៅក្នុងចិត្តសូម្បីតែបន្តិចឡើយ។ ពួកគេហ៊ានបោកប្រាស់ព្រះជាម្ចាស់ ដូច្នេះ មហិច្ឆតា និងការបះបោររបស់ពួកគេ ច្បាស់ជាធំខ្លាំងណាស់ហើយ! មនុស្សបែបនេះ ជានិច្ចកាល នៅតែគិតថា ពួកគេស្រឡាញ់ និងកោតខ្លាចព្រះជាម្ចាស់ ហើយតែងនិយាយជារឿយៗថា៖ «គ្រប់ពេលដែលខ្ញុំគិតដល់ព្រះជាម្ចាស់ ខ្ញុំតែងគិតថា ព្រះអង្គធំសម្បើម ធំអស្ចារ្យ និងមិនអាចវាស់ស្ទង់បានឡើយ! ព្រះជាម្ចាស់ស្រឡាញ់មនុស្សជាតិ ហើយក្ដីស្រឡាញ់របស់ទ្រង់ គឺពិតប្រាកដណាស់!» អ្នកអាចនិយាយសម្ដីពីរោះបែបនេះបាន ប៉ុន្តែអ្នកនឹងបកអាក្រាតមនុស្សអាក្រក់ឡើយ បើអ្នកឃើញពួកគេបង្កការរំខានដល់កិច្ចការនៃពួកជំនុំ។ អ្នកគឺជាអ្នកផ្គាប់ចិត្តមនុស្ស អ្នកការពារតែកិត្យានុភាព ផលចំណេញ និងឋានៈរបស់អ្នកប៉ុណ្ណោះ តែអ្នកមិនបានការពារដល់ផលប្រយោជន៍នៃដំណាក់ព្រះជាម្ចាស់ឡើយ។ នៅពេលអ្នកដឹងពីសភាពពិតនៃកិច្ចការ អ្នកមិននិយាយការពិតទេ អ្នកបែរជានិយាយបញ្ឆិតបញ្ឆៀង ការពារមនុស្សអាក្រក់ទៅវិញ។ ប្រសិនបើគេសុំឱ្យអ្នកនិយាយការពិត អ្នកនឹងពិបាកខ្លាំងក្នុងការនិយាយ។ អ្នកនិយាយដោយគ្មានហេតុផល គ្រាន់តែចង់គេចវេះពីការនិយាយការពិតប៉ុណ្ណោះ! នៅពេលអ្នកនិយាយ អ្នកនិយាយត្រឡប់ត្រឡិនចុះឡើង អ្នកខំគិតច្រើន និងរស់នៅក្នុងរបៀបដ៏នឿយហត់ ដែលទាំងអស់នេះគឺដើម្បីការពារកេរ្តិ៍ឈ្មោះ និងអំនួតរបស់អ្នកប៉ុណ្ណោះ! តើព្រះជាម្ចាស់គាប់ព្រះហឫទ័យនឹងមនុស្សបែបនេះដែរឬទេ? ព្រះជាម្ចាស់ស្អប់ខ្ពើមមនុស្សបោកបញ្ឆោតខ្លាំងបំផុត។ ប្រសិនបើអ្នកចង់រួចពីឥទ្ធិពលរបស់សាតាំង និងសម្រេចបានសេចក្តីសង្រ្គោះ ពេលនោះ អ្នកត្រូវតែទទួលយកសេចក្តីពិត។ ជាដំបូង អ្នកត្រូវតែចាប់ផ្ដើម ដោយធ្វើជាមនុស្សស្មោះត្រង់។ ចូរនិយាយត្រង់ៗ ប្រាប់ការពិត មិនរឹតត្បិតដោយអារម្មណ៍របស់អ្នក បោះបង់ពុតត្បុត និងកលល្បិចរបស់អ្នក ហើយនិយាយ និងដោះស្រាយបញ្ហាដោយមានគោលការណ៍ ពោលគឺ នេះហើយជារបៀបដ៏ងាយស្រួល និងសប្បាយរីករាយក្នុងការរស់នៅ ហើយអ្នកនឹងអាចរស់នៅចំពោះព្រះជាម្ចាស់បាន។ ប្រសិនបើអ្នកតែងតែរស់នៅតាមទស្សនវិជ្ជាបែបសាតាំង ហើយតែងតែអាងលើការភូតកុហក និងកលល្បិច ដើម្បីយករួចខ្លួន ពេលនោះ អ្នកនឹងរស់នៅក្រោមអំណាចរបស់សាតាំង ហើយអ្នកនឹងរស់នៅក្នុងភាពងងឹតមិនខាន។ ប្រសិនបើអ្នករស់នៅក្នុងពិភពរបស់សាតាំង អ្នកនឹងបោកបញ្ឆោតកាន់តែខ្លាំងប៉ុណ្ណោះ។ អ្នកបានជឿលើព្រះជាម្ចាស់អស់រយៈពេលជាច្រើនឆ្នាំ អ្នកបានស្ដាប់សេចក្តីអធិស្ឋានជាច្រើនហើយ ប៉ុន្តែនិស្ស័យពុករលួយរបស់អ្នកនៅមិនទាន់ត្រូវបានបន្សុទ្ធទៀត ហើយឥឡូវ អ្នកនៅកំពុងរស់នៅតាមនិស្ស័យបែបសាតាំងរបស់អ្នកដដែល។ បែបនេះ តើអ្នកមិនមានអារម្មណ៍គួរឱ្យស្អប់ខ្ពើមទេឬអី? តើអ្នកមិនមានអារម្មណ៍អៀនខ្មាសទេឬ? មិនថាអ្នកបានជឿលើព្រះជាម្ចាស់អស់រយៈពេលយូរប៉ុនណាទេ បើអ្នកនៅតែដូចជាអ្នកមិនជឿព្រះ ពេលនោះ តើការដែលអ្នកជឿលើព្រះជាម្ចាស់មានន័យអ្វីទៅ? តើអ្នកពិតជាអាចទទួលបានសេចក្តីសង្រ្គោះ ដោយការជឿលើព្រះជាម្ចាស់បែបនេះដែរឬទេ? គោលដៅជីវិតរបស់អ្នកមិនបានផ្លាស់ប្ដូរទេ ហើយគោលការណ៍ និងវិធីសាស្ត្ររបស់អ្នក ក៏មិនបានផ្លាស់ប្ដូរដែរ។ រឿងមួយដែលអ្នកមាន ហើយអ្នកមិនជឿគ្មាន នោះគឺជាងារជា «អ្នកជឿព្រះ» ប៉ុណ្ណោះ។ ទោះបីពីសម្បកក្រៅ អ្នកដើរតាមព្រះជាម្ចាស់ក៏ដោយ ក៏និស្ស័យជីវិតរបស់អ្នកមិនបានផ្លាស់ប្ដូរសោះឡើយ ហើយនៅទីបំផុត អ្នកនឹងមិនទទួលបានសេចក្តីសង្រ្គោះឡើយ។ តើអ្នកមិនទទួលបានក្ដីសង្ឃឹមរបស់អ្នកដោយឥតន័យទេឬអី? តើការជឿបែបនេះលើព្រះជាម្ចាស់ អាចជួយឱ្យអ្នកទទួលបានសេចក្តីពិត ឬជីវិតដែរឬទេ? ប្រាកដជាមិនបានឡើយ។
ថ្ងៃនេះ យើងបានប្រកបគ្នាអំពីចរិតលក្ខណៈទាំងបីអំពីការផ្លាស់ប្ដូរនិស្ស័យ។ ខាងក្រោមនេះ គឺជាសេចក្តីសង្ខេបអំពីចរិតលក្ខណៈទាំងបីនោះ។ (ចរិតលក្ខណៈទីមួយ គឺជាសមត្ថភាពទទួលយក និងចុះចូលចំពោះអ្វីដែលត្រឹមត្រូវ និងអ្វីដែលស្របតាមសេចក្តីពិត។ ចរិតលក្ខណៈទីពីរ គឺជាសមត្ថភាពស្វែងរកសេចក្តីពិត និងអនុវត្តតាមសេចក្តីពិត នៅពេលមានរឿងកើតឡើងចំពោះអ្នក ហើយមិនដោះស្រាយបញ្ហាដោយផ្អែកលើឆន្ទៈរបស់អ្នកឡើយ។ ចរិតលក្ខណៈទីបី គឺជាសមត្ថភាពគិតគូរពីបំណងព្រះហឫទ័យព្រះជាម្ចាស់ ចេះតតាំងនឹងសាច់ឈាម និងសម្រេចបានការចុះចូលចំពោះព្រះជាម្ចាស់ មិនថាមានអ្វីកើតឡើងចំពោះអ្នកឡើយ)។ អ្នករាល់គ្នាគួរតែសញ្ជឹងគិត និងប្រកបគ្នាពីចរិតលក្ខណៈទាំងបីនេះ។ អ្នកគួរតែប្រៀបធៀបខ្លួនអ្នកទៅនឹងចរិតលក្ខណៈទាំងបីនេះនៅក្នុងជីវិតជាក់ស្ដែងរបស់អ្នក ហើយបង្វឹកខ្លួនឱ្យអនុវត្ត និងចូលទៅក្នុងចរិតលក្ខណៈទាំងនេះ ពោលគឺ ដោយធ្វើបែបនេះ អ្នករាល់គ្នានឹងអាចទទួលបានសេចក្តីពិត និងសម្រេចបានការផ្លាស់ប្ដូរនៅក្នុងនិស្ស័យ។ មិនថាគេប្រកបគ្នាពីទិដ្ឋភាពនៃសេចក្តីពិតណានោះឡើយ សម្រាប់អ្នកដែលស្រឡាញ់សេចក្តីពិត គេនឹងងាយស្រួលក្នុងការទទួលយក។ អ្នកណាដែលព្រមអនុវត្តសេចក្ដីពិត អ្នកនោះនឹងអាចទទួលបានសេចក្តីពិត ហើយអ្នកណាដែលទទួលបានសេចក្តីពិត អ្នកនោះនឹងអាចសម្រេចបានការផ្លាស់ប្ដូរនៅក្នុងនិស្ស័យ។ អ្នកណាដែលគ្មានសតិសម្បជញ្ញៈ ឬវិចារណញ្ញាណ អ្នកនោះមិនស្រឡាញ់សេចក្តីពិត មិនអាចទទួលយក ឬអនុវត្តសេចក្តីពិតនោះទេ ដូច្នេះ ពួកគេនឹងមិនអាចទទួលបានសេចក្តីពិតឡើយ។ ថាតើមនុស្សអាចទទួលបានសេចក្តីពិត ឬសម្រេចបានការផ្លាស់ប្ដូរនៅក្នុងនិស្ស័យបានឬអត់ នោះគឺអាស្រ័យលើការដេញតាមរបស់ពួកគេផ្ទាល់។
ថ្ងៃទី ១៦ ខែសីហា ឆ្នាំ ២០១៥