ច្រកចូលទៅក្នុងជីវិតចាប់ផ្តើមដោយការបំពេញភារកិច្ច

មនុស្សជាច្រើនមានអារម្មណ៍ថា ពួកគេហាក់នៅខ្វះខាត បន្ទាប់ពីពួកគេបំពេញភារកិច្ចរបស់ខ្លួន និងមានអារម្មណ៍ទៀតថា ពួកគេគ្មានតថភាពនៃសេចក្តីពិតឡើយ ដូច្នេះ ពួកគេតែងតម្រូវឱ្យខ្លួនឯងស្ដាប់សេចក្តីអធិប្បាយថែមទៀត ឱ្យអ្នកដឹកនាំ និងអ្នកធ្វើការរៀបចំការជួបជុំជាច្រើនថែមទៀត ធ្វើដូចមានតែការនេះប៉ុណ្ណោះ ទើបអាចផ្ដល់ឱ្យពួកគេនូវច្រកចូលទៅក្នុងជីវិត និងការរីកចម្រើននៃជីវិតអ៊ីចឹង។ ប្រសិនបើពួកគេទៅបានមួយរយៈដោយមិនបានចូលរួមការជួបជុំ ឬស្ដាប់សេចក្តីអធិប្បាយ ពួកគេមានអារម្មណ៍ថា ដួងចិត្តពួកគេហាក់នៅទទេ និងសោះកក្រោះ ធ្វើដូចពួកគេគ្មានអ្វីសោះអ៊ីចឹង។ នៅក្នុងដួងចិត្តពួកគេ វាហាក់ដូចជាមានតែការជួបជុំរាល់ថ្ងៃ និងសេចក្តីអធិប្បាយរាល់ថ្ងៃប៉ុណ្ណោះ ទើបផ្ដល់ឱ្យពួកគេមានច្រកចូលទៅក្នុងជីវិត ឬជួយឱ្យពួកគេរីកចម្រើនទៅរកភាពចាស់ទុំខាងវិញ្ញាណអ៊ីចឹង។ តាមពិតទៅ ការគិតបែបនេះ គឺមិនត្រឹមត្រូវឡើយ។ អស់អ្នកដែលជឿ និងដើរតាមព្រះជាម្ចាស់ ត្រូវតែបំពេញភារកិច្ចរបស់ខ្លួន ពោលគឺមានតែបែបនេះទេ ទើបពួកគេអាចទទួលបានបទពិសោធជីវិត។ ប្រសិនបើអ្នកនិយាយថា អ្នកជឿលើព្រះជាម្ចាស់ដោយស្មោះ ប៉ុន្តែអ្នកមិនចង់បំពេញភារកិច្ចរបស់ខ្លួនទេ ពេលនោះ តើភាពស្មោះត្រង់នៅក្នុងជំនឿរបស់អ្នកលើព្រះជាម្ចាស់នៅឯណាទៅ? អស់អ្នកដែលបំពេញភារកិច្ចរបស់ខ្លួនដោយស្មោះ គឺជាអ្នកដែលមានសេចក្តីជំនឿ។ មានតែអស់អ្នកដែលមានសេចក្តីជំនឿប៉ុណ្ណោះ ទើបហ៊ានថ្វាយជីវិតខ្លួនដល់ព្រះជាម្ចាស់ និងព្រមបោះបង់អ្វីគ្រប់យ៉ាង ដើម្បីលះបង់ថ្វាយព្រះជាម្ចាស់។ មនុស្សបែបនេះដកពិសោធន៍នូវកិច្ចការនៃព្រះវិញ្ញាណបរិសុទ្ធ នៅពេលពួកគេបំពេញភារកិច្ចរបស់ខ្លួន។ ពួកគេត្រូវបានព្រះវិញ្ញាណបរិសុទ្ធបំភ្លឺ ដឹកនាំ និងប្រៀនប្រដៅ។ ការទាំងអស់នេះបង្កើតនូវបទពិសោធជីវិត។ ដូច្នេះ ច្រកចូលទៅក្នុងជីវិតចាប់ផ្ដើមឡើង តាមរយៈការបំពេញភារកិច្ចរបស់ខ្លួនជាផ្លូវការ។

ប្រសិនបើមនុស្សខ្ជីខ្ជាក្នុងការបំពេញភារកិច្ចរបស់ខ្លួន ឬក៏តែងតែច្របូកច្របល់ តើអ្នករាល់គ្នាគិតថា នេះជាអាកប្បកិរិយាបែបណាដែរ? តើនេះមិនមែនជាការធ្វើការបែបរួចពីដៃទេឬ? តើនេះជាអាកប្បកិរិយាដែលអ្នករាល់គ្នាត្រូវមានចំពោះភារកិច្ចរបស់ខ្លួនឬ? តើនេះជាបញ្ហានៃគុណសម្បត្តិ ឬក៏ជានិស្ស័យឬ? អ្នករាល់គ្នាគួរតែយល់ឱ្យបានច្បាស់អំពីចំណុចនេះ។ ហេតុអ្វីបានជាមនុស្សចេះតែធ្វេសប្រហែស នៅពេលពួកគេបំពេញភារកិច្ចរបស់ខ្លួន? ហេតុអ្វីបានជាពួកគេមិនស្មោះត្រង់ នៅពេលពួកគេធ្វើកិច្ចការថ្វាយព្រះជាម្ចាស់? តើពួកគេមានហេតុផល ឬសតិសម្បជញ្ញៈដែរឬទេ? ប្រសិនបើអ្នកពិតជាមានសតិសម្បជញ្ញៈ និងមានហេតុផលមែន នោះពេលអ្នកធ្វើកិច្ចការផ្សេងៗ អ្នកនឹងដាក់ចិត្តធ្វើកិច្ចការនោះច្រើនជាងមុន ហើយអ្នកក៏មានចិត្តសប្បុរស មានទំនួលខុសត្រូវ និងមានការគិតពិចារណាច្រើនជាងមុនដែរ ហើយអ្នកនឹងអាចបញ្ចេញកម្លាំងខំធ្វើកិច្ចការនោះច្រើនជាងមុនទៀត។ នៅពេលដែលអ្នកអាចបញ្ចេញកម្លាំងខំធ្វើការច្រើនជាងមុន លទ្ធផលនៃភារកិច្ចដែលអ្នកបំពេញ ក៏នឹងបានប្រសើរឡើង។ លទ្ធផលរបស់អ្នកនឹងបានប្រសើរ ហើយចំណុចនេះនឹងធ្វើឱ្យអ្នកដទៃពេញចិត្ត និងគាប់ព្រះហឫទ័យព្រះជាម្ចាស់ដូចគ្នា។ អ្នកត្រូវតែដាក់ចិត្តរបស់អ្នកទៅក្នុងកិច្ចការនោះ! អ្នកមិនអាចមិនខ្វល់ ធ្វើដូចអ្នកកំពុងធ្វើការនៅក្នុងលោកីយ៍ និងគ្រាន់តែរកលុយដោយផ្អែកលើពេលវេលាដែលអ្នកបានចំណាយនោះឡើយ។ ប្រសិនបើអ្នកមានអាកប្បកិរិយាបែបនេះ នោះអ្នកមានបញ្ហាហើយ។ អ្នកមិនអាចបំពេញភារកិច្ចរបស់អ្នកបានល្អឡើយ។ តើនេះជាភាពជាមនុស្សបែបណាទៅ? តើមនុស្សដែលគ្មានសតិសម្បជញ្ញៈមានភាពជាមនុស្សដែរឬទេ? ពួកគេគ្មានឡើយ។ ប្រសិនបើអ្នកនិយាយថា អ្នកមានភាពជាមនុស្ស ហើយចង់អនុវត្តសេចក្តីពិត និងបំពេញភារកិច្ចរបស់អ្នកឱ្យបានល្អ នោះអ្នកគួរតែខំបំពេញភារកិច្ចរបស់អ្នកថែមទៀត និងដាក់ចិត្តរបស់អ្នកខ្លាំងថែមទៀតទៅលើភារកិច្ចរបស់អ្នក។ អ្នកនិយាយថា អ្នកមានសតិសម្បជញ្ញៈ ប៉ុន្តែអ្នកមិនដែលដាក់ចិត្តបំពេញភារកិច្ចរបស់ខ្លួនឡើយ។ តើសតិសម្បជញ្ញៈរបស់អ្នកប្រើការបានទេ? អ្នកត្រូវតែដាក់ចិត្តរបស់អ្នកនៅកន្លែងដែលត្រឹមត្រូវ។ អ្នករាល់គ្នាគួរតែគិតពីចំណុចទាំងនេះឱ្យបានញឹកញាប់ ពោលគឺអ្នកត្រូវតែយល់អំពីសេចក្តីទាំងអស់នេះ។ ការគ្រាន់តែធ្វើការឱ្យតែរួចពីដៃ នៅពេលបំពេញភារកិច្ចរបស់ខ្លួន គឺជាបម្រាមដ៏ធំមួយ។ ប្រសិនបើអ្នកតែងតែធ្វើការឱ្យតែរួចពីដៃ ក្នុងពេលបំពេញភារកិច្ចរបស់ខ្លួន នោះអ្នកគ្មានផ្លូវបំពេញភារកិច្ចរបស់អ្នកទៅតាមបទដ្ឋានដែលអាចទទួលយកបានឡើយ។ ប្រសិនបើអ្នកចង់បំពេញភារកិច្ចរបស់អ្នកដោយភាពស្មោះត្រង់ ជាដំបូង អ្នកត្រូវតែដោះស្រាយបញ្ហានៃការធ្វើការបែបរួចពីដៃរបស់អ្នកជាមុនសិន។ អ្នកគួរតែបោះជំហានទៅកែតម្រូវស្ថានការណ៍ឱ្យបានភ្លាមៗ នៅពេលអ្នកកត់សម្គាល់ឃើញ។ ប្រសិនបើអ្នកមិនខ្វល់ មិនអាចកត់សម្គាល់ឃើញបញ្ហា តែងតែធ្វើការឱ្យតែរួចពីដៃ និងធ្វើការបែបបង្គ្រប់កិច្ច ពេលនោះ អ្នកនឹងគ្មានផ្លូវបំពេញភារកិច្ចរបស់អ្នកបានល្អឡើយ។ ហេតុដូចនេះ អ្នកត្រូវដាក់ចិត្តទៅក្នុងភារកិច្ចរបស់អ្នកជានិច្ច។ មនុស្សពិបាកនឹងទទួលបានឱកាសបែបនេះណាស់! កាលណាព្រះជាម្ចាស់ប្រទានឱកាសមួយដល់ពួកគេ ប៉ុន្តែពួកគេមិនទទួលយកឱកាសនោះ ពេលនោះ ពួកគេនឹងបាត់ឱកាស ហើយក្រោយមក ទោះបើពួកគេចង់បានឱកាសបែបនេះម្ដងទៀត ក៏វាមិនអាចលេចឡើងម្ដងទៀតនោះឡើយ។ កិច្ចការរបស់ព្រះជាម្ចាស់មិនរង់ចាំនរណាម្នាក់ទេ ហើយគេក៏គ្មានឱកាសបំពេញភារកិច្ចរបស់ខ្លួននោះដែរ។ មនុស្សខ្លះនិយាយថា៖ «កាលពីមុន ខ្ញុំបំពេញភារកិច្ចរបស់ខ្ញុំមិនបានល្អទេ ប៉ុន្តែឥឡូវ ខ្ញុំនៅចង់បំពេញភារកិច្ចខ្ញុំដដែល។ ខ្ញុំគួរតែត្រលប់ទៅសាកល្បងម្ដងទៀត»។ ការមានសេចក្តីតាំងចិត្តបែបនេះ ពិតជាអស្ចារ្យណាស់ ប៉ុន្តែអ្នកត្រូវតែយល់ឱ្យបានច្បាស់អំពីរបៀបបំពេញភារកិច្ចរបស់អ្នកឱ្យបានល្អ ហើយអ្នកត្រូវតែខំស្វែងរកសេចក្តីពិត។ មានតែអស់អ្នកដែលយល់ពីសេចក្តីពិតប៉ុណ្ណោះ ទើបអាចបំពេញភារកិច្ចរបស់ខ្លួនបានល្អ។ អស់អ្នកដែលមិនយល់ពីសេចក្តីពិត អ្នកនោះគ្មានលក្ខណៈសម្បត្តិគ្រប់គ្រាន់ឡើយ សូម្បីតែបម្រើក៏គ្មានផង។ បើអ្នកយល់កាន់តែច្បាស់អំពីសេចក្តីពិត នោះអ្នកនឹងបំពេញភារកិច្ចរបស់អ្នកកាន់តែមានប្រសិទ្ធភាព។ ប្រសិនបើអ្នកអាចមើលឃើញថាបញ្ហាជាអ្វីឱ្យប្រាកដ នោះអ្នកនឹងខំស្វែងរកសេចក្តីពិត ហើយអ្នកសង្ឃឹមថា អ្នកនឹងបំពេញភារកិច្ចរបស់ខ្លួនបានល្អ។ សព្វថ្ងៃនេះ មិនមានឱកាសច្រើន ដើម្បីបំពេញភារកិច្ចឡើយ ហេតុនេះ បើអាច អ្នកត្រូវតែឆក់យកឱកាសទាំងនោះឱ្យបាន។ ច្បាស់ណាស់ ពេលប្រឈមនឹងភារកិច្ចមួយដែលអ្នកត្រូវខិតខំបំពេញ នោះជាពេលដែលអ្នកត្រូវដាក់ចិត្តដាក់កាយ លះបង់ខ្លួនដើម្បីព្រះជាម្ចាស់ និងជាពេលដែលតម្រូវឱ្យអ្នកលះបង់។ កុំសំចៃកម្លាំង កុំមានគំនិតចង់កេងចំណេញ កុំបណ្ដែតបណ្ដោយខ្លួន ឬទុកផ្លូវចេញឱ្យខ្លួនឯងឡើយ។ ប្រសិនបើអ្នកបណ្ដែតបណ្ដោយខ្លួន គន់គូរ ឬមានឧបាយកល និងបញ្ឆោត ពេលនោះ អ្នកមុខជាធ្វើការងារមិនបានល្អឡើយ។ ឧបមាអ្នកនិយាយថា៖ «គ្មាននរណាម្នាក់ឃើញខ្ញុំធ្វើការងារបែបបោកបញ្ឆោតទេ។ ពិតជាឡូយណាស់!»។ តើនេះជាការគិតបែបណាដែរ? តើអ្នកគិតថា អ្នកបានបោកប្រាស់មនុស្ស និងព្រះជាម្ចាស់ហើយមែនទេ? តាមពិតទៅ តើព្រះជាម្ចាស់ជ្រាបពីអ្វីដែលអ្នកបានធ្វើដែរឬទេ? ព្រះអង្គជ្រាប។ តាមពិត អ្នកណាដែលមានទំនាក់ទំនងជាមួយអ្នកបានមួយរយៈ នឹងដឹងពីសេចក្តីពុករលួយ និងសេចក្តីអាក្រក់របស់អ្នក ហើយទោះបីជាពួកគេមិននិយាយបែបនេះទាំងស្រុងក៏ដោយ ក៏ពួកគេនឹងវាយតម្លៃអ្នកនៅក្នុងចិត្តដែរ។ មនុស្សជាច្រើនត្រូវបានលាតត្រដាង និងផាត់ចោល ព្រោះតែមានអ្នកឯទៀតជាច្រើនចាប់ផ្ដើមស្គាល់ពួកគេ។ នៅពេលមនុស្សគ្រប់គ្នាមើលធ្លុះពីសារជាតិរបស់ពួកគេ នោះពួកគេនឹងត្រូវបើកសម្ដែងឱ្យដឹងថាពួកគេជាមនុស្សបែបណា រួចក៏ត្រូវគេបណ្ដេញចេញ។ ដូច្នេះ មិនថាពួកគេដេញតាមសេចក្តីពិតឬអត់នោះទេ មនុស្សគួរតែបំពេញភារកិច្ចរបស់ខ្លួនឱ្យបានល្អ និងឱ្យអស់ពីសមត្ថភាពរបស់ខ្លួន។ ពួកគេគួរតែប្រើមនសិការរបស់ខ្លួនក្នុងការធ្វើកិច្ចការជាក់ស្ដែង។ អ្នកអាចមានចំណុចខ្វះចន្លោះ ប៉ុន្តែបើអ្នកអាចបំពេញភារកិច្ចរបស់អ្នកប្រកបដោយប្រសិទ្ធភាព ចំណុចខ្វះចន្លោះនោះនឹងមិនដល់ថ្នាក់ត្រូវគេផាត់អ្នកចោលឡើយ។ ប្រសិនបើអ្នកតែងតែគិតថា អ្នកគ្មានបញ្ហា ថាអ្នកនឹងមិនត្រូវគេផាត់ចោលទេ បើអ្នកនៅតែមិនឆ្លុះបញ្ចាំង ឬព្យាយាមស្គាល់ខ្លួនឯងទៀត ហើយអ្នកមិនអើពើនឹងកិច្ចការត្រឹមត្រូវរបស់អ្នក បើអ្នកតែងធ្វេសប្រហែស និងធ្វើការបែបបង្គ្រប់កិច្ច បន្ទាប់មក កាលណារាស្ត្ររើសតាំងរបស់ព្រះជាម្ចាស់បាត់បង់ការអត់ធ្មត់ចំពោះអ្នក ពួកគេនឹងលាតត្រដាងចរិតពិតរបស់អ្នកមិនខាន ហើយពួកគេក៏នឹងទំនងជាផាត់អ្នកចោលដែរ។ នោះព្រោះតែមនុស្សគ្រប់គ្នាបានស្គាល់ចរិតពិតរបស់អ្នក ហើយអ្នកបានបាត់បង់ភាពថ្លៃថ្នូរ និងសុចរិតភាពរបស់ខ្លួន។ ប្រសិនបើគ្មាននរណាម្នាក់ទុកចិត្តអ្នកផង តើព្រះជាម្ចាស់អាចទុកចិត្តអ្នកបានដែរឬទេ? ព្រះជាម្ចាស់ទតមើលជម្រៅចិត្តរបស់មនុស្ស៖ ព្រះអង្គច្បាស់ជាមិនអាចទុកចិត្តមនុស្សបែបនេះបានឡើយ។ ប្រសិនបើបុគ្គលម្នាក់ជាមនុស្សដែលមិនអាចទុកចិត្តបាន មិនត្រូវដាក់កិច្ចការឱ្យបុគ្គលនោះធ្វើឡើយ ទោះស្ថិតក្នុងកាលៈទេសៈបែបណាក៏ដោយ។ ប្រសិនបើអ្នកមិនដឹងថា បុគ្គលនោះមានលក្ខណៈបែបណា ឬគ្រាន់តែឮពីគេថា បុគ្គលនេះគ្មានបញ្ហាអ្វីនឹងការងាររបស់ខ្លួនទេ ប៉ុន្តែនៅក្នុងចិត្តអ្នក អ្នកមិនប្រាកដចិត្ត ១០០ ភាគរយទេ ពេលនោះ គ្រប់យ៉ាងដែលអ្នកអាចធ្វើបាន គឺដាក់កិច្ចការតូចមួយឱ្យពួកគេធ្វើជាមុនសិន ពោលគឺជាកិច្ចការមិនសំខាន់ឡើយ។ ប្រសិនបើពួកគេធ្វើកិច្ចការតូចៗទាំងនោះបានល្អ ពេលនោះ អ្នកអាចដាក់កិច្ចការធម្មតាមួយឱ្យពួកគេធ្វើ។ ហើយមានតែពេលដែលពួកគេសម្រេចកិច្ចការនោះប៉ុណ្ណោះ ទើបអ្នកគួរដាក់កិច្ចការសំខាន់ឱ្យពួកគេធ្វើ។ ប្រសិនបើពួកគេធ្វើកិច្ចការធម្មតាមិនបានល្អផង ពេលនោះ បុគ្គលនេះមិនអាចទុកចិត្តបានឡើយ។ ទោះបីជាកិច្ចការមួយធំឬតូចក្ដី គឺមិនអាចផ្ដល់ឱ្យពួកគេធ្វើបានឡើយ។ ប្រសិនបើអ្នកកត់សម្គាល់ឃើញបុគ្គលម្នាក់មានចិត្តល្អ មានការទទួលខុសត្រូវ មិនដែលធ្វើការឱ្យតែរួចពីដៃ ចាត់ទុកការងារដែលគេដាក់ឱ្យខ្លួនធ្វើទុកដូចជាការងាររបស់ខ្លួន ចេះគិតគូរល្អិតល្អន់អំពីការងារ ចេះគិតពីតម្រូវការរបស់អ្នក ចេះពិចារណាគ្រប់ជ្រុងជ្រោយ ហ្មត់ចត់ និងចេះដោះស្រាយការងារតាមរបៀបត្រឹមត្រូវ អ្នកពេញចិត្តជាពិសេសនឹងការងាររបស់ពួកគេ ពេលនោះ បុគ្គលបែបនេះ គឺជាមនុស្សដែលគួរឱ្យទុកចិត្តបាន។ មនុស្សដែលគួរឱ្យទុកចិត្ត គឺជាបុគ្គលដែលមានភាពជាមនុស្ស ហើយបុគ្គលដែលមានភាពជាមនុស្ស មាននូវសតិសម្បជញ្ញៈ និងហេតុផល ហើយពួកគេគួរតែបំពេញភារកិច្ចរបស់ខ្លួនឱ្យបានល្អ ព្រោះថាពួកគេចាត់ទុកភារកិច្ចរបស់ខ្លួនជាកាតព្វកិច្ចរបស់ខ្លួន។ មនុស្សដែលគ្មានសតិសម្បជញ្ញៈ ឬហេតុផល មុខជាបំពេញភារកិច្ចរបស់ខ្លួនមិនបានល្អឡើយ ហើយពួកគេគ្មានស្មារតីទទួលខុសត្រូវចំពោះភារកិច្ចរបស់ខ្លួនទេ មិនថាភារកិច្ចនោះជាអ្វីក៏ដោយ។ អ្នកផ្សេងទៀតតែងព្រួយបារម្ភពីពួកគេ តាមដានពួកគេ និងសួរនាំអំពីវឌ្ឍនភាពរបស់ពួកគេ។ បើមិនធ្វើបែបនេះទេ អ្វីៗអាចនឹងដើរខុសផ្លូវ ក្នុងពេលបំពេញភារកិច្ចរបស់ពួកគេ ហើយអ្វីៗអាចនឹងធ្វើខុស ក្នុងពេលបំពេញកិច្ចការមួយ ដែលនឹងបង្កបញ្ហាខ្លាំងជាងភាពស័ក្ដិសមរបស់វាទៅទៀត។ ជារួមមក នៅពេលបំពេញភារកិច្ចរបស់ខ្លួន មនុស្សត្រូវឆ្លុះបញ្ចាំងពីខ្លួនឯងជានិច្ចថា «តើខ្ញុំបានបំពេញភារកិច្ចនេះគ្រប់គ្រាន់ហើយឬនៅ? តើខ្ញុំបានដាក់ចិត្តក្នុងភារកិច្ចនេះដែរឬទេ? ឬក៏ខ្ញុំធ្វើការឱ្យតែរួចពីដៃ?» ប្រសិនបើអ្នកតែងតែធ្វេសប្រហែស និងធ្វើការបែបបង្គ្រប់កិច្ច អ្នកស្ថិតក្នុងគ្រោះថ្នាក់ហើយ។ យ៉ាងហោចណាស់ វាមានន័យថា អ្នកគ្មានភាពគួរឱ្យជឿជាក់នោះទេ ហើយមនុស្សមិនអាចទុកចិត្តអ្នកបានឡើយ។ ធ្ងន់ធ្ងរជាងនេះទៀតនោះ ប្រសិនបើអ្នកតែងតែបំពេញភារកិច្ចរបស់ខ្លួនបែបឱ្យតែរួចពីដៃ ហើយបើអ្នកតែងតែបោកបញ្ឆោតព្រះជាម្ចាស់ ពេលនោះ អ្នកស្ថិតក្នុងគ្រោះថ្នាក់ធំហើយ! តើការមានចេតនាបោកបញ្ឆោតបង្កផលវិបាកអ្វីខ្លះ? មនុស្សគ្រប់គ្នាអាចមើលឃើញថា អ្នកមានចេតនាប្រព្រឹត្តអំពើរំលង ឃើញថា អ្នកមិនរស់នៅតាមអ្វីក្រៅពីនិស្ស័យពុករលួយរបស់អ្នកឡើយ អ្នកត្រឹមជាមនុស្សធ្វេសប្រហែស និងធ្វើការបែបបង្គ្រប់កិច្ច ថាអ្នកមិនអនុវត្តសេចក្តីពិតសោះឡើយ ពោលគឺមានន័យថា អ្នកគ្មានភាពជាមនុស្សសោះឡើយ! ប្រសិនបើការនេះត្រូវបានបង្ហាញចេញទាំងស្រុងនៅក្នុងអ្នក បើអ្នកគេចវេះពីកំហុសធំៗ តែប្រព្រឹត្តកំហុសតូចៗឥតឈប់ ហើយមិនប្រែចិត្តតាំងពីដើមដល់ចប់ទេ នោះអ្នកជាជនទុច្ចរិត ជាអ្នកមិនជឿព្រះ ហើយគួរតែត្រូវបណ្ដេញចេញហើយ។ ផលវិបាកបែបនេះ ពិតជាធ្ងន់ធ្ងរណាស់ ពោលគឺ អ្នកត្រូវបានលាតត្រដាងទាំងស្រុង ហើយអ្នកនឹងត្រូវគេផាត់ចោលទុកដូចជាអ្នកមិនជឿ និងមនុស្សទុច្ចរិត។

រាល់ភារកិច្ចដែលអ្នកបំពេញ សុទ្ធតែពាក់ព័ន្ធនឹងច្រកចូលទៅក្នុងជីវិត។ ផ្ទុយទៅវិញ ទោះបីជាភារកិច្ចរបស់អ្នកទៀងទាត់ ឬមិនទៀងទាត់ ស្ពឹកស្រពន់ ឬក៏រស់រវើកក៏ដោយ ក៏អ្នកត្រូវតែទទួលបានច្រកចូលទៅក្នុងជីវិតជានិច្ចដែរ។ ភារកិច្ចដែលមនុស្សមួយចំនួនបំពេញគឺមានលក្ខណៈឯកតោ ពួកគេធ្វើកិច្ចការដដែលៗជារៀងរាល់ថ្ងៃ។ ប៉ុន្ដែទោះជាយ៉ាងណាក៏ដោយ នៅពេលដែលបំពេញភារកិច្ចទាំងនោះ សភាពដែលមនុស្សទាំងនេះបើកសម្ដែងឱ្យឃើញមិនមែនសុទ្ធតែដូចគ្នានោះទេ។ ពេលខ្លះ នៅពេលដែលមានអារម្មណ៍ល្អ មនុស្សឧស្សាហ៍ព្យាយាមជាងមុនបន្ដិច និងធ្វើការបានល្អជាងមុន។ ពេលខ្លះទៀត ដោយសារឥទ្ធិពលដែលមិនស្គាល់មួយចំនួន និស្ស័យពុករលួយរបស់ពួកគេដែលមកពីសាតាំងក៏បង្កើតការរំខាននៅក្នុងពួកគេ ដោយជំរុញឱ្យពួកគេមានទស្សនៈមិនសមរម្យ និងស្ថិតនៅក្នុងសភាពដែលអាក្រក់ ព្រមទាំងមានអារម្មណ៍មិនល្អ ជាហេតុដែលធ្វើឱ្យពួកគេបំពេញភារកិច្ចរបស់ខ្លួនឱ្យរួចតែពីដៃ។ សភាពខាងក្នុងរបស់មនុស្សតែងតែផ្លាស់ប្ដូរជាប់ជានិច្ច។ សភាពទាំងនោះអាចផ្លាស់នៅគ្រប់ទីកន្លែង និងគ្រប់ពេលវេលា។ មិនថាសភាពរបស់អ្នកផ្លាស់ប្ដូរយ៉ាងណានោះទេ ការប្រព្រឹត្តដោយផ្អែកលើអារម្មណ៍របស់អ្នកគឺតែងតែខុសជានិច្ច។ ការនិយាយថាអ្នកធ្វើបានប្រសើរជាងនៅពេលដែលអ្នកមានអារម្មណ៍ល្អ និងធ្វើអាក្រក់នៅពេលដែលអ្នកមានអារម្មណ៍មិនល្អ តើនេះគឺជារបៀបធ្វើកិច្ចការមួយដែលប្រកបដោយគោលការណ៍ដែរឬទេ? តើការនេះនឹងអនុញ្ញាតឱ្យអ្នកបំពេញភារកិច្ចរបស់អ្នកដល់កម្រិតស្តង់ដារដែលអាចទទួលយកបានដែរឬទេ? មិនថាអារម្មណ៍របស់ពួកគេយ៉ាងណានោះទេ មនុស្សត្រូវតែចេះអធិស្ឋាននៅចំពោះព្រះជាម្ចាស់ ហើយស្វែងរកសេចក្ដីពិត។ មានតែធ្វើតាមវិធីនេះទេ ទើបពួកគេអាចជៀសផុតពីការគ្រប់គ្រង និងការយោលទៅមកតាមអារម្មណ៍របស់ខ្លួន។ នៅពេលបំពេញភារកិច្ចរបស់អ្នក អ្នកគួរតែងតែពិនិត្យពិច័យមើលពីខ្លួនឯងដើម្បីមើលថាតើអ្នកកំពុងធ្វើអ្វីៗស្របតាមគោលការណ៍ឬទេ មើលថាតើការបំពេញកាតព្វកិច្ចរបស់អ្នកត្រូវនឹងបទដ្ឋានឬទេ មិនថាអ្នកកំពុងធ្វើវាក្នុងលក្ខណៈគ្រាន់តែជាការគម្រប់កិច្ច មិនថាអ្នកបានព្យាយាមគេចចេញពីភារកិច្ចរបស់ខ្លួន និងមិនថាមានបញ្ហាជាច្រើនពាក់ព័ន្ធនឹងឥរិយាបថរបស់អ្នក និងរបៀបដែលអ្នកគិតនោះទេ។ នៅពេលដែលអ្នកមានការឆ្លុះបញ្ចាំងពីខ្លួនឯង ហើយរឿងទាំងនេះមានភាពច្បាស់លាស់ចំពោះអ្នក នោះអ្នកនឹងមានពេលងាយស្រួលជាងមុនក្នុងការបំពេញភារកិច្ចរបស់អ្នក។ មិនថាអ្វីដែលអ្នកជួបប្រទះក្នុងអំឡុងពេលបំពេញភារកិច្ចឡើយ មិនថាជាភាពអវិជ្ជមាន និងភាពកម្សោយ ឬការមាននូវអារម្មណ៍មិនល្អក្រោយពេលដោះស្រាយវានោះទេ អ្នកគួរតែធ្វើវាឲ្យបានសមរម្យត្រឹមត្រូវ ហើយអ្នកក៏ត្រូវតែស្វែងរកសេចក្ដីពិត និងស្វែងយល់អំពីបំណងព្រហឫទ័យរបស់ព្រះជាម្ចាស់ផងដែរ។ តាមរយៈការធ្វើបែបនេះ អ្នកនឹងមានផ្លូវដើម្បីអនុវត្តបាន។ ប្រសិនបើអ្នកចង់ធ្វើឲ្យបានល្អក្នុងការបំពេញភារកិច្ចរបស់ខ្លួន នោះអ្នកមិនត្រូវទទួលរងឥទ្ធិពលពីអារម្មណ៍របស់ខ្លួនឡើយ។ មិនថាអ្នកមានអារម្មណ៍អវិជ្ជមាន ឬខ្សោយប៉ុនណានោះទេ អ្នកគួរតែអនុវត្តសេចក្ដីពិតក្នុងគ្រប់អ្វីៗដែលអ្នកធ្វើ ដោយធ្វើដោយភាពតឹងតែង និងខ្ជាប់ខ្ជួនទៅនឹងគោលការណ៍។ ប្រសិនបើអ្នកធ្វើបែបនេះ នោះអ្នកនឹងមិនត្រឹមតែមានការឯកភាពពីអ្នកដទៃនោះទេ តែព្រះជាម្ចាស់ក៏នឹងសព្វព្រះទ័យចំពោះអ្នកដូចគ្នាដែរ។ ដូចនេះ អ្នកនឹងជាមនុស្សដែលមានទំនួលខុសត្រូវ និងជាអ្នកដែលរែកអម្រែកនៃបន្ទុក។ អ្នកនឹងក្លាយជាមនុស្សល្អជាប្រាកដ ដែលបានបំពេញនូវភារកិច្ចរបស់អ្នកត្រូវនឹងបទដ្ឋាន និងជាអ្នកដែលសម្ដែងចេញយ៉ាងពេញលេញនូវលក្ខណៈនៃមនុស្សពិតប្រាកដ។ មនុស្សបែបនេះត្រូវបានបន្សុទ្ធ និងទទួលនូវការបំផ្លាស់បំប្រែពិតប្រាកដនៅពេលបំពេញភារកិច្ចរបស់គេ ហើយពួកគេអាចត្រូវបានចាត់ទុកថាមានភាពស្មោះត្រង់នៅចំពោះព្រះនេត្ររបស់ព្រះជាម្ចាស់។ មានតែមនុស្សស្មោះត្រង់ប៉ុណ្ណោះដែលអាចស៊ូទ្រាំជាមួយការអនុវត្តសេចក្ដីពិត និងជោគជ័យចំពោះការប្រព្រឹត្តិតាមគោលការណ៍ ព្រមទាំងអាចបំពេញភារកិច្ចរបស់ពួកគេឲ្យត្រូវតាមបទដ្ឋានទៀតផង។ មនុស្សដែលប្រព្រឹត្តតាមគោលការណ៍បំពេញភារកិច្ចរបស់ខ្លួនបានយ៉ាងល្អិតល្អន់ នៅពេលដែលពួកគេមានអារម្មណ៍ល្អ។ ពួកគេមិនធ្វើការក្នុងលក្ខណៈដើម្បីតែជាការគម្រប់កិច្ចនោះទេ ពួកគេមិនក្រអឺតក្រទម ហើយពួកគេមិនអួតអំពីខ្លួនឯងដើម្បីឲ្យអ្នកផ្សេងគិតល្អពីពួកគេឡើយ។ នៅពេលពួកគេមានអារម្មណ៍មិនល្អ ពួកគេអាចបំពេញកិច្ចការប្រចាំថ្ងៃរបស់ខ្លួនដោយអស់ពីចិត្ត និងដោយទំនួលខុសត្រូវ ហើយទោះបីជាពួកគេជួបប្រទះនូវអ្វីដែលធ្វើឲ្យខូចដល់ការបំពេញភារកិច្ចរបស់គេក្ដី ឬទោះបីការនោះបានដាក់សម្ពាធដល់ពួកគេបន្តិចបន្តួចក្ដី ឬបង្កនូវការរំខានក្នុងពេលដែលពួកគេបំពេញភារកិច្ចរបស់ខ្លួនក្ដី ក៏ពួកគេនៅតែអាចមានភាពស្ងប់ស្ងៀមនៅក្នុងដួងចិត្តនៅចំពោះព្រះជាម្ចាស់ ព្រមទាំងអធិស្ឋាន និងពោលថា «មិនថាបញ្ហាធំប៉ុនណាដែលទូលបង្គំជួបប្រទះនោះទេ បើទោះបីជាមេឃត្រូវក្រឡាប់ចុះក៏ដោយ ឱ្យតែខ្ញុំនៅមានជីវិត ខ្ញុំតាំងចិត្តប្រឹងប្រែងឱ្យអស់ពីសមត្ថភាពដើម្បីបំពេញភារកិច្ចរបស់ខ្ញុំ។ រាល់ថ្ងៃដែលខ្ញុំរស់នៅ គឺជាថ្ងៃដែលខ្ញុំត្រូវតែបំពេញភារកិច្ចរបស់ខ្ញុំឱ្យបានល្អ ដើម្បីឲ្យទូលបង្គំមានតម្លៃសមនឹងភារកិច្ចដែលព្រះជាម្ចាស់បានប្រទានមកឲ្យទូលបង្គំនេះ ក៏ដូចជាដង្ហើមដែលទ្រង់បានប្រទានដាក់លើរូបកាយរបស់ទូលបង្គំដែរ។ មិនខ្វល់ថាទូលបង្គំអាចជួបភាពលំបាកធំប៉ុនណានោះទេ ទូលបង្គំនឹងទុកវាមួយឡែក ដ្បិតការបំពេញភារកិច្ចរបស់ទូលបង្គំគឺជារឿងសំខាន់ចាំបាច់បំផុត!» អស់អ្នកដែលមិនរងឥទ្ធិពលពីបុគ្គល ព្រឹត្តិការណ៍ រឿងរ៉ាវ ឬមជ្ឈដ្ឋានជុំវិញណាមួយ អ្នកដែលមិនត្រូវបានរឹតត្បិតដោយអារម្មណ៍ ឬស្ថានភាពខាងក្រៅ ហើយអ្នកដែលយកកាតព្វកិច្ច និងបេសកកម្មដែលព្រះជាម្ចាស់បានផ្ទុកផ្ដាក់ជារឿងទីមួយ និងសំខាន់បំផុត នោះពួកគេគឺជាអ្នកដែលមានភាពស្មោះត្រង់ចំពោះព្រះជាម្ចាស់ និងជាអ្នកដែលចុះចូលនឹងព្រះអង្គដ៏ពិតប្រាកដ។ មនុស្សបែបនេះបានទទួលច្រកចូលទៅក្នុងជីវិត និងបានចូលក្នុងសេចក្ដីពិតដ៏ជាក់ស្ដែង។ នេះគឺជាការសម្តែងចេញដ៏ពិត និងជាក់ស្តែងបំផុតមួយនៃការសម្តែងចេញពសេចក្តីពិត។ តើការរស់នៅបែបនេះ ធ្វើឱ្យបុគ្គលម្នាក់ស្រួលចិត្តដែរឬទេ? តើអ្នកត្រូវបារម្ភអំពីរបៀបដែលព្រះជាម្ចាស់ទតឃើញអ្នកដែរឬទេ? តើអ្នករាល់គ្នានឹងនិយាយថា អ្នកត្រូវធ្វើដូចម្ដេច ដើម្បីមានអារម្មណ៍ស្រួលចិត្ត? (មិនត្រូវបណ្ដោយខ្លួនឱ្យរងការរឹតត្បិតពីសំណាក់មនុស្ស ព្រឹត្តិការណ៍ ឬអ្វីមួយឡើយ ហើយត្រូវដាក់ភារកិច្ចរបស់អ្នកជាទីមួយជានិច្ច។ នេះគឺជាវិធីតែមួយគត់ ដែលនាំឱ្យអ្នកអាចចៀសផុតពីការធ្វើឱ្យព្រះជាម្ចាស់ខកព្រះហឫទ័យ)។ ត្រឹមត្រូវ នេះគឺជាអាថ៌កំបាំងមួយ ដើម្បីបានស្រួលចិត្ត។ តើអ្នករាល់គ្នាចាំស្ទាត់នូវអាថ៌កំបាំងនេះហើយឬនៅ? ប្រសិនបើនរណាម្នាក់មានអាកប្បកិរិយាមិនល្អ ពេលនិយាយទៅកាន់អ្នក និងមានចេតនារុញអ្នកឱ្យនៅម្ខាង ឬមានបំណងចង់ចាប់កំហុសអ្នក អ្នកនឹងមានអារម្មណ៍មិនសប្បាយចិត្ត ដូចគេយកកាំបិតមកចាក់អ្នកអ៊ីចឹង។ អ្នកនឹងមិនចង់ញ៉ាំ និងមិនចង់គេងឡើយ។ ទោះជាដូច្នេះក្ដី អ្នកនឹងមានអារម្មណ៍មិនល្អ ហើយអ្នកនឹងមានអារម្មណ៍ឈឺចិត្ត។ ពេលនេះ តើអ្នកនឹងធ្វើអ្វីខ្លះ? អ្នកអាចនិយាយថា៖ «ថ្ងៃនេះ ខ្ញុំមានអារម្មណ៍មិនល្អទេ ដូចនេះ ខ្ញុំនឹងទុកភារកិច្ចខ្ញុំចោលពីរបីថ្ងៃសិន» ឬក៏ «ខ្ញុំនឹងនៅតែបំពេញភារកិច្ចខ្ញុំដដែល ប៉ុន្តែវាមិនអីឡើយ បើខ្ញុំធ្វើវាមិនអស់ពីចិត្ត និងគ្រាន់តែធ្វើឱ្យតែរួចពីដៃទៅបានហើយ។ គ្រប់គ្នាមានពេលដែលអ្វីៗមិនដំណើរការតាមរបៀបដែលខ្លួនចង់បាន ដូច្នេះ បើខ្ញុំមានអារម្មណ៍មិនល្អ ព្រះជាម្ចាស់នឹងមិនតម្រូវពីខ្ញុំច្រើនពេកឡើយ មែនទេ? ថ្ងៃនេះ ខ្ញុំគ្រាន់តែទុកភារកិច្ចខ្ញុំបន្តិចសិនប៉ុណ្ណោះ។ វាមិនអីទេ ខ្ញុំនឹងធ្វើការឱ្យបានល្អនៅថ្ងៃស្អែក។ ព្រះជាម្ចាស់បានកំពុងតែធ្វើកិច្ចការរបស់ទ្រង់អស់រយៈពេលប្រាំមួយពាន់ឆ្នាំ ដូច្នេះ តើព្រះអង្គនឹងយកព្រះទ័យទុកដាក់ដែរឬទេ បើខ្ញុំពន្យារពេលមួយថ្ងៃនោះ?» តើបុគ្គលដែលបណ្ដោយឱ្យរឿងតូចជះឥទ្ធិពលលើអារម្មណ៍របស់ខ្លួន ក្រោយមក បណ្តោយឱ្យវាប៉ះពាល់ដល់ភារកិច្ចរបស់ខ្លួន គឺជាមនុស្សបែបណាទៅ? តើនេះមិនមែនជាចរិតបែបក្មេងបៀមដៃដែលគ្មានអនាគតល្អទេឬ? នៅពេលមានរឿងកើតឡើងចំពោះពួកគេ ពួកគេចាប់ផ្ដើមខឹងសម្បា គ្មានហេតុផលទាល់តែសោះ មិនបំពេញភារកិច្ចរបស់ខ្លួន គ្មានការតាំងចិត្ត និងភ្លេចសម្បថរបស់ខ្លួន។ តើនេះជាបញ្ហាបែបណាដែរ? តើនេះមិនមែនជាបញ្ហាបណ្ដោយខ្លួនហួសហេតុទេឬអី? មនុស្សមួយចំនួនគ្មានទម្លាប់ប្រព្រឹត្តបែបនេះទេ ប៉ុន្តែនៅពេលពួកគេមានអារម្មណ៍មិនល្អ ពួកគេបោះបង់ការទទួលខុសត្រូវរបស់ខ្លួន។ ហេតុការណ៍បែបនេះកើតឡើងញឹកញាប់ណាស់។ នៅពេលពួកគេមានអារម្មណ៍មិនល្អ មនុស្សមួយចំនួនទទួលឥទ្ធិពលពីខាងក្រៅខ្លះដែរ ដូច្នេះ ពួកគេគ្មានថាមពលបំពេញភារកិច្ចរបស់ខ្លួន ហើយមិនអាចយកចិត្តទុកដាក់លើភារកិច្ចរបស់ខ្លួនឡើយ។ នៅពេលកើតឡើងបែបនេះ តើគួរធ្វើដូចម្ដេចទៅ? តើមិនត្រូវដោះស្រាយបញ្ហាទាំងនេះទេឬអី? មនុស្សខ្លះនិយាយថា៖ «បញ្ហាទាំងនេះមិនអាចដោះស្រាយបានទេ។ ក្នុងពេលមួយរយៈ ខ្ញុំនៅតែគ្មានអារម្មណ៍ចង់បំពេញភារកិច្ចរបស់ខ្ញុំឡើយ ហើយខ្ញុំគ្រាន់តែធ្វើតាមគេតាមឯងប៉ុណ្ណោះ។ យ៉ាងណាមិញ ខ្ញុំមានអារម្មណ៍មិនល្អ ហើយខ្ញុំមិនចង់ឱ្យនរណាម្នាក់និយាយជាមួយខ្ញុំទេ។ សូមទុកឱ្យខ្ញុំមិនសប្បាយចិត្តបន្តិចសិនចុះ»។ ទោះបីពួកគេនៅបំពេញភារកិច្ចរបស់ខ្លួននៅទីនេះដដែលក៏ដោយ ក៏ពួកគេមកតែរូបកាយប៉ុណ្ណោះ រីឯចិត្តរបស់ពួកគេវិញមិននៅជាប់ខ្លួនឡើយ។ ពួកគេមិនដឹងថា ចិត្តពួកគេបានរត់បាត់ទៅណាទេ។ ពួកគេគ្មានការទទួលខុសត្រូវក្នុងភារកិច្ចឡើយ ពួកគេមិនខំប្រឹងធ្វើការទេ ហើយពួកគេក៏ទន់ជ្រាយដែរ។ យ៉ាងណាមិញ នៅពេលពួកគេមានអារម្មណ៍ប្រសើរវិញ ពួកគេចាប់ផ្ដើមក្លៀវក្លាសាជាថ្មី។ ពួកគេអាចរែកពុនទុក្ខលំបាក និងនឿយហត់ម្ដងទៀតបាន ហើយពួកគេក៏មិនសូវខ្វល់ខ្លាំងនឹងអ្វីដែលខ្លួនត្រូវបរិភោគនោះដែរ។ តើការទាំងអស់នេះមិនមែនជារឿងខុសប្រក្រតីទេឬ? ហេតុអ្វីបានជាមនុស្សរងឥទ្ធិពលពីអារម្មណ៍ និងកាលៈទេសៈខុសៗគ្នាច្រើនម្ល៉េះ? តើអ្នករាល់គ្នាធ្លាប់ស្វែងរកមូលហេតុដែរឬទេ? ជារឿយៗ តើអ្នករាល់គ្នាមិនខ្វល់នឹងរឿងទាំងនេះទេឬ? ជារឿយៗ តើអ្នកមិនជាប់ក្នុងសភាពទាំងនេះទេឬ? តើនេះមិនមែនជាបញ្ហាដែលអ្នករាល់គ្នាជួបប្រទះទេឬ? (មែនហើយ)។ ប្រសិនបើបញ្ហាទាំងនេះមិនត្រូវបានដោះស្រាយទេ នោះមនុស្សនឹងមិនចាស់ទុំឡើយ ពោលគឺ ពួកគេនឹងតែងតែជាកូនក្មេងជានិច្ច។ ឧទាហរណ៍ ប្រសិនបើនរណាម្នាក់និយាយអ្វីមួយដោយមិនបានគិតពីអារម្មណ៍របស់អ្នក ជារឿងមួយដែលមានផ្នែកខ្លះសំដៅរកអ្នក ឬបើគេនិយាយបញ្ឆិតបញ្ឆៀងអំពីអ្នក នោះអ្នកនឹងមានអារម្មណ៍មិនសូវស្រួលចិត្តឡើយ។ ប្រសិនបើអ្នកនិយាយទៅបុគ្គលម្នាក់ ហើយគេមិនយកចិត្តទុកដាក់ស្ដាប់អ្នក ឬក៏គេមិនមានទឹកមុខស្រស់ស្រាយ អ្នកនឹងមានអារម្មណ៍មិនស្រួលឡើយ។ ប្រសិនបើនៅថ្ងៃណាមួយ ភារកិច្ចរបស់អ្នកដំណើរការមិនតាមការចង់បានរបស់អ្នក អ្នកនឹងមានអារម្មណ៍មិនស្រួលឡើយ។ ប្រសិនបើអ្នកគេងយល់សប្តិអាក្រក់ ដែលហាក់ដូចជាប្រផ្នូលអាក្រក់មួយ អ្នកនឹងមានអារម្មណ៍មិនស្រួលឡើយ។ ប្រសិនបើអ្នកឮដំណឹងអាក្រក់អំពីគ្រួសាររបស់អ្នក អ្នកនឹងមានអារម្មណ៍មិនស្រួលឡើយ អ្នកនឹងមានអារម្មណ៍មិនល្អ ហើយអ្នកនឹងមិនអាចបង្កើនថាមពលរបស់អ្នកបានឡើយ។ ប្រសិនបើអ្នកឃើញនរណាម្នាក់បំពេញភារកិច្ចរបស់គេបានល្អ ហើយពួកគេទទួលបានការសរសើរ និងត្រូវបានដំឡើងឋានៈជាអ្នកដឹកនាំ ការនេះនឹងធ្វើឱ្យអ្នកមានអារម្មណ៍មិនស្រួល ហើយវាក៏ជះឥទ្ធិពលលើអារម្មណ៍របស់អ្នកដែរ។ ... ការទាំងអស់ដែលអាចមានឥទ្ធិពលលើអ្នក ទាំងតូចក្ដីធំក្ដី សុទ្ធតែអាចនាំអ្នកឱ្យជាប់ក្នុងភាពអវិជ្ជមាន ធ្វើឱ្យអ្នកអស់សង្ឃឹម និងមានឥទ្ធិពលលើសមត្ថភាពបំពេញភារកិច្ចរបស់អ្នក។ តើមនុស្សដែលប្រព្រឹត្តបែបនេះ មានបញ្ហាអ្វីដែរ? (ពួកគេមាននិស្ស័យមិននឹងនរ)។ និស្ស័យមិននឹងនរ គឺជាទិដ្ឋភាពមួយនៃបញ្ហានេះ។ ពួកគេមានភាពជាមនុស្សក្មេងខ្ចី និងមិនទាន់ចាស់ទុំ ហើយពួកគេគ្មានការយល់ដឹងជ្រៅជ្រះឡើយ។ មិនថាពួកគេមានច្រកចូលទៅក្នុងជីវិតឆ្ងាយប៉ុនណាទេ ពួកគេតែងតែរងការរឹតត្បិតពីមនុស្ស ព្រឹត្តិការណ៍ និងអ្វីៗគ្រប់បែបយ៉ាងជានិច្ច ដូច្នេះ ពួកគេមិនងាយនឹងអនុវត្តសេចក្តីពិតបានឡើយ។ ប្រសិនបើពួកគេមិនអាចអនុវត្តតាមសេចក្តីពិតបានទេ នោះពួកគេមិនអាចចូលទៅក្នុងតថភាពនៃសេចក្តីពិតបានឡើយ ហើយបើពួកគេមិនអាចអនុវត្តតាមតថភាពនៃសេចក្តីពិតបានទេ នោះពួកគេនឹងគ្មានច្រកចូលទៅក្នុងជីវិតឡើយ។ តើវាមិនបែបនេះទេឬ? តើអ្វីទៅដែលធ្វើឱ្យពួកគេរងការរឹតត្បិតពីមនុស្ស ព្រឹត្តិការណ៍ និងអ្វីៗ? នោះព្រោះតែពួកគេមិនយល់ពីសេចក្តីពិត ព្រោះតែពួកគេមិនចេះបែងចែករវាងអ្វីពិត និងអ្វីក្លែងក្លាយ និងព្រោះតែពួកគេមិនចេះបែងចែកថានរណាត្រូវ និងនរណាខុស។ ការនេះធ្វើឱ្យពួកគេមិនដឹងពីរបៀបអនុវត្ត គ្មានកន្លែងដែលត្រូវដើរទៅមុខ ឬដើរថយក្រោយ។ លទ្ធផលគឺបែបនេះ។ ពួកអ្នកជឿថ្មីភាគច្រើនស្ថិតក្នុងសភាពនេះឯង។ នៅពេលពួកគេយល់ពីសេចក្តីពិត អាចមើលឃើញរឿងរ៉ាវបានច្បាស់ និងចេះបែងចែករវាងមនុស្ស នោះបញ្ហានេះនឹងត្រូវបានដោះស្រាយដោយឯកឯងមិនខាន។ យ៉ាងណាមិញ អស់អ្នកដែលមិនស្រឡាញ់សេចក្តីពិត អ្នកនោះមិនស្វែងរកសេចក្តីពិតទេ នៅពេលមានរឿងកើតឡើងចំពោះពួកគេ។ មនុស្សបែបនេះនឹងមិនអាចកម្ចាត់ចោលការរឹតត្បិតពីមនុស្ស ព្រឹត្តិការណ៍ និងអ្វីៗគ្រប់ប្រភេទឡើយ។ តើមនុស្សដែលតែងរងការរឹតត្បិតពីមនុស្ស ព្រឹត្តិការណ៍ និងអ្វីៗ បង្ហាញនូវសភាពបែបណាដែរ? ពួកគេងាយនឹងប្រែជាអវិជ្ជមានណាស់ ហើយនៅពេលពួកគេជួបឧបសគ្គ ឬការលំបាកណាមួយ ពួកគេងាយនឹងដួលណាស់។ ហេតុការណ៍ទាំងនេះមានឥទ្ធិពលលើអារម្មណ៍ និងសមត្ថភាពរបស់ពួកគេក្នុងការបំពេញភារកិច្ចរបស់ខ្លួន។ អស់អ្នកដែលមិនយល់ពីសេចក្តីពិត អ្នកនោះងាយនឹងរងការរឹតត្បិតពីមនុស្ស ព្រឹត្តិការណ៍ និងអ្វីៗគ្រប់បែបយ៉ាងណាស់។ ច្រកចូលទៅក្នុងជីវិតរបស់ពួកគេមានភាពយឺតយ៉ាវខ្លាំងណាស់ ហើយមិនថាពួកគេជឿលើព្រះជាម្ចាស់រយៈពេលប៉ុន្មានឆ្នាំឡើយ ពួកគេគ្មានវឌ្ឍនភាពដែលអាចមើលឃើញឡើយ។ ពួកគេគ្មានការផ្លាស់ប្ដូរសោះឡើយ ហើយតិចក្ដីច្រើនក្ដី ពួកគេដូចជាអ្នកមិនជឿអ៊ីចឹង។ នេះគឺជាលទ្ធផលចេញពីការមិនដេញតាមសេចក្តីពិត។ មូលហេតុគឺបែបនេះឯង។ ជារួមមក មិនថាអ្នកបានជឿព្រះជាម្ចាស់ប៉ុន្មានឆ្នាំឡើយ មិនថាអ្នកមានគុណសម្បត្តិ ឬអាយុបែបណាទេ ដរាបណាអ្នកមិនស្រឡាញ់សេចក្តីពិត ឬមិនស្វែងរកសេចក្តីពិតនៅក្នុងគ្រប់កិច្ចការទេ នោះអ្នកនឹងងាយរងការរឹតត្បិតពីមនុស្ស ព្រឹត្តិការណ៍ និងអ្វីៗគ្រប់បែបយ៉ាងណាស់។ អ្នកនឹងមិនដឹងពីរបៀបប្រព្រឹត្តបានត្រឹមត្រូវទេ ហើយក៏មិនដឹងពីរបៀបអនុវត្តសេចក្តីពិត ឬប្រព្រឹត្តតាមគោលការណ៍នោះដែរ។ ទោះបីអ្នកប្រព្រឹត្តតាមសញ្ញាណរបស់មនុស្ស និងមិនធ្វើរឿងអាក្រក់ក៏ដោយ ក៏អ្នកនឹងនៅមិនទាន់ដឹងថាតើអ្នកប្រព្រឹត្តតាមបំណងព្រះហឫទ័យព្រះជាម្ចាស់ដែរ។ មិនថាបុគ្គលបែបនេះបានជឿព្រះជាម្ចាស់រយៈពេលប៉ុន្មានឆ្នាំនោះទេ ពួកគេនឹងមិនអាចនិយាយពីបទពិសោធទីបន្ទាល់របស់ខ្លួនបានដែរ ព្រោះថាពួកគេមិនយល់ពីរបៀបដកពិសោធន៍កិច្ចការរបស់ព្រះជាម្ចាស់ឡើយ ហើយពួកគេក៏មិនយល់ពីសេចក្តីពិតសូម្បីតែបន្តិចដែរ។ មនុស្សដែលមិនដេញតាមសេចក្តីពិត គឺបែបនេះឯង ពោលគឺ មិនថាពួកគេបានជឿព្រះជាម្ចាស់រយៈពេលប៉ុន្មានឆ្នាំឡើយ ពួកគេគ្មានទីបន្ទាល់ ដើម្បីនិយាយឡើយ។ ពួកគេមានកម្ពស់ទាបពេក ហើយពួកគេគ្មានតថភាពនៃសេចក្តីពិតឡើយ។

ឥឡូវ មនុស្សបំពេញភារកិច្ចរបស់ខ្លួនយ៉ាងសកម្ម។ ពួកគេក៏មានការតាំងចិត្តក្នុងការបំពេញភារកិច្ចរបស់ខ្លួន លះបង់ខ្លួនថ្វាយព្រះជាម្ចាស់ និងធ្វើការពលីថ្វាយទ្រង់ ព្រមទាំងថ្វាយជីវិតដល់ទ្រង់ផងដែរ។ មនុស្សខ្លះថែមទាំងបានស្បថស្បែជាច្រើនដងថា ពួកគេនឹងថ្វាយជីវិតខ្លួនទាំងស្រុងដល់ព្រះជាម្ចាស់ និងលះបង់ខ្លួនថ្វាយទ្រង់ទៀតផង។ ពួកគេមានចំណុចទាំងអស់នេះ ប៉ុន្តែគ្មានច្រកចូលទៅក្នុងជីវិតឡើយ។ ប្រសិនបើបុគ្គលម្នាក់គ្មានច្រកចូលទៅក្នុងជីវិតទេ នោះជាមួយនឹងភាពស្មុគស្មាញគ្រប់បែបយ៉ាងពីមនុស្ស ព្រឹត្តិការណ៍ និងអ្វីៗទាំងអស់នេះ ពួកគេនឹងពិបាកខ្លាំងក្នុងការថែរក្សា ឬដោះស្រាយបញ្ហាណាជាក់ជាមិនខាន។ ពួកគេមិនអាចរកឃើញទិសដៅ និងមិនអាចរកឃើញផ្លូវឡើយ ហើយជារឿយៗ ពួកគេមានអារម្មណ៍ថា ពួកគេមិនអាចកម្ចាត់ចោលសភាពអវិជ្ជមានរបស់ខ្លួនបានឡើយ។ ពួកគេត្រូវបានជាប់ជំពាក់ រឹតត្បិត គ្រប់គ្រង និងជាប់ចំណងពីមនុស្ស ព្រឹត្តិការណ៍ និងអ្វីៗគ្រប់បែបយ៉ាង ហើយពួកគេមិនស្គាល់ផ្លូវដែលត្រឹមត្រូវបំផុត ដើម្បីអនុវត្តឡើយ។ ឥឡូវ ខ្ញុំនឹងប្រាប់អ្នករាល់គ្នាអំពីគោលការណ៍អនុវត្តន៍មួយ៖ មិនថាមានរឿងអ្វីកើតឡើងចំពោះអ្នកនោះទេ មិនថាវាជាការល្បងល ឬជាការសាកល្បង ឬមួយអ្នកត្រូវគេដោះស្រាយជាមួយឡើយ ហើយមិនថាមនុស្សប្រព្រឹត្តចំពោះអ្នកបែបណាទេ ជាដំបូង អ្នកគួរតែទុកបញ្ហាទាំងនោះនៅម្ដុំសិន ហើយចូលមកចំពោះព្រះជាម្ចាស់នៅក្នុងការឧស្សាហ៍អធិស្ឋាន ការស្វែងរកសេចក្តីពិត និងការកែតម្រូវសភាពរបស់អ្នកជាមុនសិន។ អ្នកគួរតែធ្វើកិច្ចការនេះជាមុនសិន។ អ្នកគួរតែនិយាយថា៖ «មិនថាបញ្ហានេះធំបែបណា ទោះបីមេឃធ្លាក់ចុះមកក៏ដោយ ក៏ខ្ញុំត្រូវបំពេញភារកិច្ចខ្ញុំឱ្យបានល្អដែរ។ ដរាបណាខ្ញុំនៅមានដង្ហើមដក ខ្ញុំនឹងមិនបោះបង់ភារកិច្ចខ្ញុំឡើយ»។ ដូច្នេះ តើអ្នកត្រូវបំពេញភារកិច្ចរបស់អ្នកដោយរបៀបណា? អ្នកមិនអាចគ្រាន់តែធ្វើការឱ្យតែរួចពីដៃ ឬមានតែវត្តមានខាងរូបកាយ តែចិត្តមិននៅជាប់ខ្លួននោះឡើយ ពោលគឺ អ្នកត្រូវតែផ្តោតចិត្ត និងគំនិតរបស់អ្នកទៅលើភារកិច្ចរបស់អ្នក។ មិនថារឿងដែលកើតឡើងចំពោះអ្នកធំប៉ុនណាទេ ជាដំបូង អ្នកត្រូវតែទុករឿងទាំងនោះនៅម្ដុំសិន ហើយចូលមកចំពោះព្រះជាម្ចាស់ ដើម្បីស្វែងរករបៀបបំពេញភារកិច្ចរបស់អ្នកឱ្យបានល្អ ដូច្នេះ វានឹងផ្គាប់ព្រះហឫទ័យព្រះជាម្ចាស់។ អ្នកគួរតែព្យាយាមគិតថា៖ «ជាមួយរឿងដែលខ្ញុំបានជួបប្រទះនៅថ្ងៃនេះ តើខ្ញុំនឹងបំពេញភារកិច្ចខ្ញុំយ៉ាងដូចម្ដេច? កាលពីមុន ខ្ញុំបានធ្វើការបែបបង្គ្រប់កិច្ច ដូច្នេះ ថ្ងៃនេះ ខ្ញុំត្រូវតែផ្លាស់ប្ដូរវិធីសាស្ត្ររបស់ខ្ញុំ ហើយខំស្វះស្វែងបំពេញភារកិច្ចខ្ញុំឱ្យបានល្អ ដើម្បីកុំឱ្យនរណាម្នាក់អាចចាប់កំហុសបាន។ ចំណុចសំខាន់គឺថា ខ្ញុំមិនត្រូវធ្វើឱ្យព្រះជាម្ចាស់ខកព្រះហឫទ័យឡើយ។ ខ្ញុំត្រូវតែធ្វើឱ្យព្រះជាម្ចាស់សព្វព្រះហឫទ័យ ដូច្នេះ នៅពេលទ្រង់ទតឃើញខ្ញុំបំពេញភារកិច្ច ទ្រង់នឹងជ្រាបថា ខ្ញុំមិនត្រឹមតែស្ដាប់បង្គាប់ និងចុះចូលប៉ុណ្ណោះទេ តែក៏ស្មោះត្រង់ផងដែរ»។ ប្រសិនបើអ្នកអនុវត្តតាមវិធីនេះ និងខំប្រឹងដើរនៅលើទិសដៅបែបនេះ នោះគ្មានអ្វីមួយអាចរារាំងអ្នកមិនឱ្យបំពេញភារកិច្ចរបស់អ្នក ឬជះឥទ្ធិពលលើប្រសិទ្ធភាពនៃភារកិច្ចរបស់អ្នកបានឡើយ។ នៅពេលអ្នកបន្តអធិស្ឋាន បន្តស្វែងរកសេចក្តីពិត និងបន្តព្យាយាមស្វែងរកព្រះបន្ទូលព្រះជាម្ចាស់ នោះអ្នកនឹងងាយស្រួលយល់ និងដោះស្រាយបញ្ហានៃផ្លូវអារម្មណ៍ខាងសាច់ឈាមបានមិនខាន។ ប៉ុន្តែ មនុស្សមិនអាចធ្វើបែបនេះបានទេ លុះត្រាតែពួកគេទទួលយកសេចក្តីពិត។ ដរាបណាអ្នកយល់ពីសេចក្តីពិត នោះបញ្ហានឹងអាចដោះស្រាយបានមិនខាន។ ភាពអាប់អួរ ស្មារតីធ្លាក់ចុះ ការព្រួយបារម្ភ ភាពមន្ទិល និងភាពអវិជ្ជមាននៃដួងចិត្តរបស់អ្នក សុទ្ធតែអាចដោះស្រាយបានទាំងអស់។ អារម្មណ៍របស់អ្នកនឹងប្រសើរឡើងបន្តិចម្ដងៗ ហើយអ្នកនឹងមានសេរីភាពទាំងស្រុង។ ប្រសិនបើអ្នកមានការលំបាកជាក់ស្ដែងណាមួយ ពេលនោះ អ្នកត្រូវតែរៀនស្វែងរកសេចក្តីពិត និងចុះចូល។ នៅពេលមនុស្សម្នាក់ប្រឈមនឹងបញ្ហាទាំងនេះ នោះជាការល្បងលមួយចំពោះកម្ពស់របស់គេ និងបើកសម្ដែងឱ្យឃើញថា គេជាមនុស្សបែបណាឱ្យប្រាកដ ដើម្បីចង់ដឹងថាតើគេអាចអនុវត្តសេចក្តីពិតបានឬអត់។

ដើម្បីបំពេញភារកិច្ចរបស់អ្នកស្របតាមបទដ្ឋានដែលអាចទទួលយកបាន ដំបូង អ្នកត្រូវមានផ្នត់គំនិតត្រឹមត្រូវជាមុនសិន។ កាលណាអ្នកបង្ហាញចេញនិស្ស័យពុករលួយរបស់អ្នក អ្នកក៏ត្រូវកែសម្រួលសភាពរបស់អ្នកផងដែរ។ នៅពេលអ្នកអាចចាត់ទុកភារកិច្ចរបស់អ្នកបានត្រឹមត្រូវ នៅពេលអ្នកបានបោះបង់ការរឹតត្បិត និងឥទ្ធិពលពីមនុស្ស ព្រឹត្តិការណ៍ ឬអ្វីៗគ្រប់បែបយ៉ាងបាន នៅពេលអ្នកអាចចុះចូលបានទាំងស្រុងចំពោះព្រះជាម្ចាស់ ពេលនោះ អ្នកនឹងអាចបំពេញភារកិច្ចរបស់អ្នកបានល្អ។ អាថ៌កំបាំងចំពោះកិច្ចការនេះ គឺត្រូវដាក់ភារកិច្ច និងការទទួលខុសត្រូវរបស់អ្នកជាទីមួយជានិច្ច។ នៅក្នុងដំណើរការបំពេញភារកិច្ចរបស់អ្នក អ្នកត្រូវពិនិត្យមើលខ្លួនឯងជានិច្ចថា៖ «តើខ្ញុំមានអាកប្បកិរិយាបែបបង្គ្រប់កិច្ចចំពោះការបំពេញភារកិច្ចរបស់ខ្ញុំឬ? តើមានបញ្ហាអ្វីខ្លះដែលរំខានខ្ញុំ និងធ្វើឱ្យខ្ញុំបំពេញភារកិច្ចបែបបង្គ្រប់កិច្ចបែបនេះ? តើខ្ញុំកំពុងតែបំពេញភារកិច្ចយ៉ាងអស់ពីចិត្ត និងអស់ពីកម្លាំងដែរឬទេ? តើការប្រព្រឹត្តបែបនេះនឹងនាំឱ្យព្រះជាម្ចាស់ទុកចិត្តខ្ញុំដែរឬទេ? តើការបំពេញភារកិច្ចបែបនេះស្របតាមគោលការណ៍ដែរឬទេ? តើការបំពេញភារកិច្ចបែបនេះនឹងសម្រេចបានលទ្ធផលល្អបំផុតដែរឬទេ?» អ្នកគួរតែឆ្លុះបញ្ចាំងមើលសំណួរទាំងនេះឱ្យបានញឹកញាប់។ នៅពេលអ្នករកឃើញបញ្ហា អ្នកគួរតែសកម្មក្នុងការស្វែងរកសេចក្តីពិត និងរកព្រះបន្ទូលព្រះជាម្ចាស់ដែលពាក់ព័ន្ធ ដើម្បីដោះស្រាយបញ្ហាទាំងនោះ។ ធ្វើបែបនេះ អ្នកនឹងអាចបំពេញភារកិច្ចរបស់អ្នកបានល្អ ហើយអ្នកនឹងមានសេចក្តីសុខសាន្ត និងអំណរនៅក្នុងចិត្តរបស់អ្នក។ ប្រសិនបើមានបញ្ហាកើតឡើងជាញឹកញាប់ នៅពេលអ្នកបំពេញភារកិច្ច ភាគច្រើននៃរឿងទាំងនោះកើតចេញពីបញ្ហាជាមួយចេតនារបស់អ្នក ពោលគឺ វាជាបញ្ហានៃនិស្ស័យពុករលួយ។ កាលណាបុគ្គលម្នាក់សម្ដែងចេញនិស្ស័យពុករលួយ បុគ្គលនោះមានបញ្ហាក្នុងចិត្តរបស់ខ្លួន ហើយសភាពរបស់គេនឹងខុសប្រក្រតី ដែលនឹងជះឥទ្ធិពលដោយផ្ទាល់ដល់សមត្ថភាពរបស់គេក្នុងការបំពេញភារកិច្ចរបស់ខ្លួន។ បញ្ហាដែលជះឥទ្ធិពលលើសមត្ថភាពបំពេញភារកិច្ចរបស់បុគ្គលម្នាក់ គឺជាបញ្ហាធំ និងធ្ងន់ធ្ងរ ហើយបញ្ហាទាំងនោះអាចជះឥទ្ធិពលដោយផ្ទាល់ដល់ទំនាក់ទំនងរបស់គេជាមួយព្រះជាម្ចាស់។ ឧទាហរណ៍ មនុស្សខ្លះមានសញ្ញាណ និងការយល់ច្រឡំអំពីព្រះជាម្ចាស់ នៅពេលគ្រោះមហន្តរាយធ្លាក់លើគ្រួសាររបស់ពួកគេ។ មនុស្សខ្លះប្រែជាអវិជ្ជមាន នៅពេលពួកគេរងទុក្ខ ហើយគ្មាននរណាម្នាក់មើលឃើញ ឬសរសើរពួកគេឡើយ។ មនុស្សខ្លះបំពេញភារកិច្ចរបស់ខ្លួនមិនបានល្អទេ តែងតែធ្វើការបែបបង្គ្រប់កិច្ចជានិច្ច ហើយពួកគេរអ៊ូរទាំដាក់ព្រះជាម្ចាស់ នៅពេលពួកគេត្រូវបានលួសកាត់ និងដោះស្រាយ។ មនុស្សខ្លះមិនព្រមបំពេញភារកិច្ចរបស់ខ្លួន ព្រោះពួកគេតែងតែគិតពីផ្លូវគេចខ្លួនជានិច្ច។ បញ្ហាទាំងអស់នេះសុទ្ធតែមានឥទ្ធិពលដោយផ្ទាល់លើទំនាក់ទំនងតាមធម្មតាជាមួយព្រះជាម្ចាស់។ ទាំងអស់នេះសុទ្ធតែជាបញ្ហានៃនិស្ស័យពុករលួយ។ បញ្ហាទាំងអស់នេះមានប្រភពចេញពីការពិតដែលថា មនុស្សមិនស្គាល់ព្រះជាម្ចាស់ ថាពួកគេតែងតែមានគម្រោង និងពិចារណាពីខ្លួនឯង ដែលរារាំងពួកគេមិនឱ្យគិតពីបំណងព្រះហឫទ័យព្រះជាម្ចាស់ ឬចុះចូលចំពោះផែនការព្រះជាម្ចាស់ឡើយ។ ការនេះបង្កើតនូវអារម្មណ៍អវិជ្ជមានគ្រប់បែបយ៉ាង។ មនុស្សដែលមិនដេញតាមសេចក្តីពិត ប្រព្រឹត្តបែបនេះឯង។ នៅពេលពួកគេជួបបញ្ហាតូចៗ ពួកគេប្រែជាអវិជ្ជមាន និងទន់ជ្រាយ ពួកគេបញ្ចេញអារម្មណ៍មួម៉ៅទៅលើការបំពេញភារកិច្ចរបស់ខ្លួន ពួកគេមិនស្ដាប់បង្គាប់ និងទាស់ទទឹងនឹងព្រះជាម្ចាស់ ហើយពួកគេចង់បោះបង់ការទទួលខុសត្រូវរបស់ខ្លួន និងក្បត់ព្រះជាម្ចាស់។ ចំណុចទាំងអស់នេះ គឺជាផលវិបាកផ្សេងៗដែលកើតឡើងដោយការរឹតត្បិតនៃនិស្ស័យពុករលួយ។ មនុស្សដែលស្រឡាញ់សេចក្តីពិត អាចលះបង់ជីវិត អនាគត និងជោគវាសនារបស់ខ្លួន ហើយពួកគេចង់តែដេញតាម និងទទួលបានសេចក្តីពិតប៉ុណ្ណោះ។ ពួកគេគិតថា ពួកគេគ្មានពេលគ្រប់គ្រាន់ ពួកគេខ្លាចថា ពួកគេនឹងមិនអាចបំពេញភារកិច្ចរបស់ខ្លួនបានទេ និងខ្លាចទៀតថា ពួកគេនឹងមិនអាចទទួលបានការប្រោសឱ្យគ្រប់លក្ខណ៍ ដើម្បីឱ្យពួកគេអាចលះបង់ចោលអ្វីគ្រប់យ៉ាងបានឡើយ។ ពួកគេមានផ្នត់គំនិតចង់បែរទៅរក និងចុះចូលចំពោះព្រះជាម្ចាស់ប៉ុណ្ណោះ។ ពួកគេមិនខ្លាចការលំបាកទេ ហើយបើពួកគេមានអារម្មណ៍អវិជ្ជមាន ឬទន់ខ្សោយ ពួកគេដោះស្រាយបញ្ហានេះ តាមរយៈការអានពីរបីអត្ថបទចេញពីព្រះបន្ទូលព្រះជាម្ចាស់។ មនុស្សដែលមិនដេញតាមសេចក្តីពិត មានបញ្ហា ហើយមិនថាអ្នកប្រកបគ្នាពីសេចក្តីពិតជាមួយពួកគេបែបណាទេ ក៏ពួកគេមិនអាចដោះស្រាយបញ្ហារបស់ខ្លួនបានទាំងស្រុងដែរ។ ទោះបីពួកគេភ្ញាក់រឭកបានមួយគ្រា និងអាចទទួលយកសេចក្តីពិតបានក៏ដោយ ក៏ក្រោយមក ពួកគេនឹងត្រលប់ទៅរកផ្លូវចាស់វិញដែរ ដូច្នេះ ការដោះស្រាយជាមួយមនុស្សបែបនេះពិតជាពិបាកណាស់។ វាមិនមែនព្រោះតែពួកគេមិនយល់ពីសេចក្តីពិតនោះទេ តែវាព្រោះតែពួកគេមិនឱ្យតម្លៃ ឬទទួលយកសេចក្តីពិតទុកក្នុងចិត្តរបស់ខ្លួន។ ចុងក្រោយ ការនេះនាំឱ្យពួកគេមិនអាចលះបង់ឆន្ទៈ ភាពអាត្មានិយម អនាគត ជោគវាសនា និងទិសដៅរបស់ខ្លួនបានឡើយ ដែលក្រោយមកតែងលេចឡើងតាមរំខានពួកគេជានិច្ច។ ប្រសិនបើមនុស្សម្នាក់អាចទទួលយកសេចក្តីពិត ក្រោយមក ពេលពួកគេយល់ពីសេចក្តីពិត នោះអ្វីគ្រប់យ៉ាងដែលជាកម្មសិទ្ធិនៃនិស្ស័យពុករលួយ នឹងរលាយបាត់ដោយឯកឯង ហើយពួកគេនឹងមានច្រកចូលទៅក្នុងជីវិត និងកម្ពស់។ ពួកគេនឹងលែងជាក្មេងល្ងង់ខ្លៅទៀតហើយ។ នៅពេលមនុស្សម្នាក់មានកម្ពស់ ពួកគេនឹងកាន់តែរីកចម្រើន និងកាន់តែចេះយល់ការ កាន់តែចេះឈ្វេងយល់មនុស្សគ្រប់បែបយ៉ាង ហើយពួកគេនឹងមិនត្រូវបានរឹតត្បិតដោយមនុស្ស ព្រឹត្តិការណ៍ ឬអ្វីមួយឡើយ។ ពួកគេនឹងមិនរងឥទ្ធិពលពីសម្ដី ឬទង្វើរបស់នរណាម្នាក់ឡើយ។ ពួកគេនឹងមិនរងឥទ្ធិពលពីការជ្រៀតជ្រែកនៃកម្លាំងអាក្រក់របស់សាតាំង ឬចាញ់បញ្ឆោត និងការរំខានពីអ្នកដឹកនាំក្លែងក្លាយ និងពួកទទឹងនឹងព្រះគ្រីស្ទឡើយ។ ប្រសិនបើការនេះកើតឡើង តើកម្ពស់របស់មនុស្សនឹងមិនរីកចម្រើនបន្តិចម្ដងៗទេឬអី? កាលណាមនុស្សម្នាក់យល់ពីសេចក្តីពិតកាន់តែច្រើន នោះជីវិតពួកគេនឹងរីកចម្រើនកាន់តែលឿន ហើយពួកគេនឹងងាយស្រួលបំពេញភារកិច្ចរបស់ខ្លួនប្រកបដោយជោគជ័យ និងចូលទៅក្នុងតថភាពនៃសេចក្តីពិត។ នៅពេលអ្នកមានច្រកចូលទៅក្នុងជីវិត ហើយជីវិតរបស់អ្នករីកចម្រើនបន្តិចម្ដងៗ នោះសភាពរបស់អ្នកនឹងកាន់តែក្លាយជាធម្មតា។ មនុស្ស ព្រឹត្តិការណ៍ និងអ្វីៗ នឹងលែងក្លាយជាបញ្ហាសម្រាប់អ្នកទៀតហើយ។ អ្នកនឹងគ្មានការលំបាកក្នុងការបំពេញភារកិច្ចរបស់អ្នកទៀតឡើយ ហើយទំនាក់ទំនងរបស់អ្នកជាមួយព្រះជាម្ចាស់ នឹងកាន់តែក្លាយជាធម្មតា។ នៅពេលអ្នកដឹងពីរបៀបពឹងអាងលើព្រះជាម្ចាស់ នៅពេលអ្នកដឹងពីរបៀបស្វែងរកបំណងព្រះហឫទ័យព្រះជាម្ចាស់ នៅពេលអ្នកដឹងពីកន្លែងរបស់អ្នក នៅពេលអ្នកដឹងពីអ្វីដែលអ្នកគួរ និងមិនគួរធ្វើ ព្រមទាំងដឹងថារឿងរ៉ាវណាខ្លះដែលតម្រូវ និងមិនតម្រូវឱ្យអ្នកទទួលខុសត្រូវ តើសភាពរបស់អ្នកនឹងមិនកាន់តែក្លាយជាធម្មតាទេឬអី? ការរស់នៅបែបនេះ នឹងមិនធ្វើឱ្យអ្នកនឿយហត់ឡើយ មែនទេ? អ្នកនឹងមិនត្រឹមតែមិននឿយហត់ប៉ុណ្ណោះទេ អ្នកក៏នឹងមានអារម្មណ៍ធូរស្រាល និងរីករាយផងដែរ។ ជាលទ្ធផល តើដួងចិត្តរបស់អ្នកនឹងមិនពេញដោយពន្លឺទេឬ? ផ្នត់គំនិតរបស់អ្នក នឹងក្លាយជាធម្មតា ការបង្ហាញចេញនៃនិស្ស័យពុករលួយរបស់អ្នក នឹងថយចុះ ហើយអ្នកនឹងអាចរស់នៅក្នុងព្រះវត្តមានព្រះជាម្ចាស់ រស់នៅតាមភាពជាមនុស្សធម្មតា។ នៅពេលមនុស្សឃើញពីទិដ្ឋភាពផ្លូវចិត្តរបស់អ្នក ពួកគេនឹងគិតថា អ្នកមានការផ្លាស់ប្ដូរដ៏ធំមួយ។ ពួកគេនឹងព្រមប្រកបគ្នាជាមួយអ្នក គេនឹងមានសេចក្តីសុខសាន្ត និងអំណរក្នុងចិត្តរបស់គេ ហើយពួកគេក៏នឹងទទួលបានប្រយោជន៍ផងដែរ។ នៅពេលកម្ពស់អ្នករីកចម្រើន សម្ដី និងទង្វើរបស់អ្នក ក៏នឹងកាន់តែត្រឹមត្រូវ និងស្របតាមគោលការណ៍ផងដែរ។ នៅពេលអ្នកមើលឃើញមនុស្សដែលទន់ខ្សោយ និងអវិជ្ជមាន អ្នកនឹងអាចផ្ដល់ជំនួយចាំបាច់ដល់ពួកគេ ពោលគឺមិនរឹតត្បិត ឬបង្រៀនពួកគេទេ ប៉ុន្តែផ្ទុយទៅវិញ ដោយប្រើបទពិសោធពិតជាក់ស្ដែងរបស់អ្នក ដើម្បីជួយ និងផ្ដល់ប្រយោជន៍ដល់ពួកគេវិញ។ ធ្វើបែបនេះ អ្នកនឹងមិនត្រឹមតែខំប្រឹងបម្រើនៅក្នុងដំណាក់ព្រះជាម្ចាស់ប៉ុណ្ណោះទេ តែអ្នកក៏នឹងក្លាយជាមនុស្សមានប្រយោជន៍ អាចទទួលខុសត្រូវលើខ្លួនឯង និងអាចធ្វើកិច្ចការកាន់តែមានអត្ថន័យនៅក្នុងដំណាក់ព្រះជាម្ចាស់ផងដែរ។ តើនេះមិនមែនជាប្រភេទមនុស្សដែលព្រះជាម្ចាស់សព្វព្រះហឫទ័យទេឬ? ប្រសិនបើអ្នកជាមនុស្សដែលព្រះជាម្ចាស់សព្វព្រះហឫទ័យ តើមនុស្សគ្រប់គ្នាក៏នឹងមិនចូលចិត្តអ្នកដែរទេឬ? (ពួកគេនឹងចូលចិត្ត)។ ហេតុអ្វីបានជាព្រះជាម្ចាស់សព្វព្រះហឫទ័យនឹងមនុស្សបែបនេះ? នោះព្រោះតែពួកគេអាចធ្វើកិច្ចការជាក់ស្ដែងនៅចំពោះទ្រង់ ពួកគេមិនងាយនឹងស៊ីជោរ ពួកគេដោះស្រាយបញ្ហាជាក់ស្ដែង ហើយពួកគេអាចជួយ និងដឹកនាំអ្នកដទៃបាន ដោយនិយាយអំពីបទពិសោធពិតរបស់ខ្លួន។ ពួកគេអាចជួយអ្នកដទៃដោះស្រាយបញ្ហា ហើយនៅពេលមានការលំបាកនៅក្នុងកិច្ចការពួកជំនុំ ពួកគេអាចដឹកនាំផ្លូវដើរទៅមុខ សកម្មក្នុងការដោះស្រាយបញ្ហា។ ការបំពេញភារកិច្ចដោយស្មោះត្រង់ មានន័យបែបនេះឯង។ ពួកគេអាចជួយបងប្អូនប្រុសស្រីរបស់ខ្លួនដោះស្រាយបញ្ហារបស់ពួកគេ ដែលនេះសបញ្ជាក់ឱ្យឃើញថា ពួកគេមានច្រកចូលទៅក្នុងជីវិត។ ការពិតដែលពួកគេអាចធ្វើកិច្ចការជាក់ស្ដែងបានជាច្រើន សបញ្ជាក់ឱ្យឃើញថា ពួកគេអនុវត្តសេចក្តីពិត និងសបញ្ជាក់ឱ្យឃើញទៀតថា ពួកគេរស់នៅក្នុងព្រះវត្តមានព្រះជាម្ចាស់។ ដោយសារតែពួកគេមានតថភាពនៃសេចក្តីពិត ពួកគេក៏អាចដឹកនាំអ្នកដទៃឱ្យចូលទៅក្នុងតថភាពនៃសេចក្តីពិតផងដែរ។ ប្រសិនបើអ្នកគ្មានតថភាពនៃសេចក្តីពិត ឬគ្មានបទពិសោធពិតទេ ពេលនោះ តើអ្នកអាចដឹកនាំអ្នកដទៃឱ្យចូលក្នុងព្រះវត្តមានព្រះជាម្ចាស់បានដែរឬទេ? ប្រសិនបើអ្នកមិនរស់នៅក្នុងព្រះវត្តមានព្រះជាម្ចាស់ដោយខ្លួនឯងទេ ពេលនោះ អ្នកមិនអាចដឹកនាំអ្នកដទៃឱ្យចូលក្នុងព្រះវត្តមានរបស់ទ្រង់បានឡើយ។ ប្រសិនបើអ្នកគ្រាន់តែខំប្រឹង នៅពេលអ្នកបំពេញភារកិច្ចរបស់អ្នក ដោយមិនស្វែងរកគោលការណ៍នៃសេចក្តីពិតទាល់តែសោះ ហើយមិនព្រមផ្គាប់ព្រះហឫទ័យព្រះជាម្ចាស់ទេ ពេលនោះ អ្នកមិនរស់នៅក្នុងព្រះវត្តមានព្រះជាម្ចាស់ឡើយ។ តើអស់អ្នកដែលមិនរស់នៅក្នុងព្រះវត្តមានព្រះជាម្ចាស់ មិនអាចទទួលយកការពិនិត្យពិច័យរបស់ទ្រង់ដែរទេឬអី? តើពួកគេអាចទ្រាំទ្រនឹងការសាកល្បងពីព្រះជាម្ចាស់បានដែរឬទេ? តើពួកគេអាចឈររឹងមាំនៅក្នុងការល្បងលដែរឬទេ? (គឺពួកគេមិនអាចឈររឹងមាំបានឡើយ)។ តើមនុស្សបែបនេះអាចធ្វើបន្ទាល់ពីព្រះជាម្ចាស់បានដែរឬទេ? តើពួកគេអាចធ្វើបន្ទាល់ពីទ្រង់បានដែរទេ? (គឺពួកគេមិនអាចធ្វើបានទេ)។ តើមនុស្សដែលមិនអាចធ្វើបន្ទាល់ពីព្រះជាម្ចាស់ ជាមនុស្សបែបណាដែរ? តើពួកគេជាមនុស្សដែលជឿលើព្រះជាម្ចាស់យ៉ាងពិតប្រាកដឬទេ? យ៉ាងហោចណាស់ ពួកគេមិនទាន់បានចូលក្នុងតថភាពនៃសេចក្តីពិតនៃព្រះបន្ទូលព្រះជាម្ចាស់ឡើយ ហើយពួកគេនៅតែរស់នៅខាងក្រៅព្រះបន្ទូលព្រះជាម្ចាស់ដដែល។ មនុស្សដែលបានជឿលើព្រះជាម្ចាស់អស់រយៈពេលជាច្រើនឆ្នាំ ដោយគ្មានច្រកចូលទៅក្នុងជីវិត មិនអាចនិយាយពីទីបន្ទាល់បទពិសោធរបស់ខ្លួន មិនធ្វើបន្ទាល់ពីព្រះជាម្ចាស់ មិនអាចផ្សាយដំណឹងល្អដល់នរណាម្នាក់ដោយជោគជ័យនោះទេ ពួកគេមិនស័ក្ដិសមនឹងឱ្យគេហៅថាជាស្មរបន្ទាល់របស់ព្រះជាម្ចាស់ឡើយ។ ដូច្នេះ អ្នកណាដែលមានកម្ពស់មិនទាន់ចាស់ទុំ និងគ្មានច្រកចូលទៅក្នុងជីវិត អ្នកនោះមិនអាចធ្វើបន្ទាល់ពីព្រះជាម្ចាស់បានឡើយ។ ចំណុចដែលមិនបានលើកឡើងនោះគឺថា មនុស្សបែបនេះមិនរស់នៅក្នុងព្រះវត្តមានព្រះជាម្ចាស់ឡើយ។ ប្រសិនបើអ្នកមិនរស់នៅក្នុងព្រះវត្តមានព្រះជាម្ចាស់ មិនមានច្រកចូលទៅក្នុងជីវិត និងមិនធ្វើជាស្មរបន្ទាល់របស់ព្រះជាម្ចាស់ទេ ពេលនោះ តើទ្រង់នឹងទទួលស្គាល់អ្នកជាអ្នកដើរតាមរបស់ទ្រង់ដែរឬទេ? ព្រះអង្គនឹងមិនទទួលស្គាល់ឡើយ។ ព្រះជាម្ចាស់បានប្រទានឱកាសដល់អ្នក ដើម្បីបំពេញភារកិច្ចរបស់អ្នក ហើយអ្នកព្រមធ្វើកិច្ចការនេះ ប៉ុន្តែតាមរយៈឥរិយាបថរបស់អ្នក ព្រះអង្គបានឃើញថា អ្នកមិនអាចធ្វើបន្ទាល់ពីទ្រង់បានទេ ទោះបីបន្ទាប់ពីជឿទ្រង់អស់រយៈពេលយូរឆ្នាំហើយក៏ដោយ។ អ្នកមិនត្រឹមតែមិនមានចំណេះដឹងបទពិសោធពិតប្រាកដប៉ុណ្ណោះទេ ប៉ុន្តែអ្នកក៏រស់នៅតាមសញ្ញាណ និងការស្រមើស្រមៃរបស់អ្នក អ្នកគ្មានតថភាពនៃសេចក្តីពិត ហើយអ្នកមិនរស់នៅក្នុងព្រះវត្តមានព្រះជាម្ចាស់ផងដែរ។ ប្រសិនបើព្រះអង្គប្រទានការល្បងលមួយដល់អ្នក អ្នកមិនអាចទ្រាំនឹងការល្បងលនោះបានឡើយ។ ប្រសិនបើទ្រង់ជំនុំជម្រះ និងវាយផ្ចាលអ្នក ពេលនោះ អ្នកបោះបង់ចោលការទទួលខុសត្រូវរបស់អ្នក និងមានអារម្មណ៍មិនល្អ ហើយទ្រង់នឹងមានព្រះតម្រិះថា៖ «បុគ្គលនេះដូចជាខ្លាមួយក្បាល ដែលគ្មាននរណាម្នាក់ហ៊ានពាល់ឡើយ! មិនថាខ្ញុំទៅធ្វើកិច្ចការខ្ញុំ ឬមានបន្ទូលនៅកន្លែងណាទេ ក៏បុគ្គលនេះគ្មានតម្លៃនឹងដើរតាមខ្ញុំ គ្មានតម្លៃនឹងនៅជាមួយខ្ញុំដែរ»។ ហេតុអ្វីបានជាទ្រង់មានបន្ទូលបែបនេះ? នោះព្រោះតែបុគ្គលបែបនេះមិនយល់ពីសេចក្តីពិត ពួកគេគ្មានការយល់ដឹងបរិសុទ្ធ ពួកគេគ្មានបទពិសោធពិតប្រាកដ ហើយពួកគេមិនយល់ពីបំណងព្រះហឫទ័យព្រះជាម្ចាស់ឡើយ។ ប្រសិនបើពួកគេមិនយល់ពីបំណងព្រះហឫទ័យព្រះជាម្ចាស់ទេ តើពួកគេអាចជានាជាមួយទ្រង់បានដែរឬទេ? ប្រសិនបើពួកគេមិនយល់ពីបំណងព្រះហឫទ័យព្រះជាម្ចាស់ផង តើពួកគេអាចយល់ពីព្រះទ័យទ្រង់ដែរឬទេ? តើពួកគេអាចទទួលយកសេចក្តីពិតដែរឬទេ? វាពិបាកនឹងនិយាយណាស់ ហើយទាំងនេះគឺជាបរិមាណដែលមិនដឹងឡើយ។ ដូច្នេះ ប្រសិនបើមនុស្សបែបនេះនៅជាមួយព្រះជាម្ចាស់ នោះពួកគេនឹងសង្ស័យទ្រង់នៅក្នុងគ្រប់កិច្ចការ ហើយពួកគេនឹងមិនយល់ពីទ្រង់ទេ ដែលក្រោយមកបង្កឱ្យមានការយល់ច្រឡំ ការរអ៊ូរទាំ និងការវិនិច្ឆ័យគ្រប់បែបយ៉ាងអំពីព្រះជាម្ចាស់គ្រប់ពេលវេលា។ នៅទីបំផុត ការនេះនឹងនាំទៅរកការបះបោរ។ តើព្រះជាម្ចាស់អាចចង់បានមនុស្សម្នាក់ដែលបះបោរប្រឆាំងនឹងទ្រង់ដែរឬទេ? តើព្រះជាម្ចាស់អាចអនុញ្ញាតឱ្យពួកគេក្លាយជាអ្នកដើរតាមទ្រង់ដែរឬទេ? ព្រះអង្គមិនអាចទេ។ ប្រសិនបើអ្នកចង់ឱ្យព្រះជាម្ចាស់ទទួលយកអ្នកជាអ្នកដើរតាមរបស់ទ្រង់ ដំបូង អ្នកត្រូវផ្តោតលើច្រកចូលទៅក្នុងជីវិតជាមុនសិន។ អ្នកត្រូវតែចាប់ផ្ដើម ដោយស្គាល់ខ្លួនឯង អាចកម្ចាត់ចោលនិស្ស័យពុករលួយរបស់អ្នក មានសមត្ថភាពបំពេញភារកិច្ចរបស់អ្នក និងបំពេញភារកិច្ចរបស់អ្នកស្របតាមសេចក្តីតម្រូវរបស់ព្រះជាម្ចាស់ ពោលគឺ នេះហើយជាកិច្ចការដំបូងគេនោះ។ ការផ្តោតលើច្រកចូលទៅក្នុងជីវិត គឺត្រូវបំពេញភារកិច្ចឱ្យបានល្អ ដែលចំណុចនេះគឺជាមូលដ្ឋានតែម្ដង។ អ្នកគួរតែចាប់ផ្ដើមដេញតាមច្រកចូលទៅក្នុងជីវិតចេញពីការបំពេញភារកិច្ចរបស់អ្នក ហើយចេញពីច្រកចូលទៅក្នុងជីវិត អ្នកគួរតែយល់ និងទទួលយកសេចក្តីពិតម្ដងមួយតំណក់ៗ រហូតដល់អ្នកឈានដល់ចំណុចមួយដែលអ្នកមានកម្ពស់ ជាទីដែលជីវិតអ្នករីកចម្រើនបន្តិចម្ដងៗ ហើយអ្នកមានបទពិសោធពិតប្រាកដជាមួយសេចក្តីពិត។ ពេលនោះ អ្នកគួរតែចេះស្ទាត់នូវគោលការណ៍អនុវត្តន៍គ្រប់ប្រភេទ ដើម្បីឱ្យអ្នកអាចបំពេញភារកិច្ចរបស់ខ្លួនដោយគ្មានការរឹតត្បិត ឬការរំខានពីមនុស្ស ពីព្រឹត្តិការណ៍ ឬអ្វីមួយនោះឡើយ។ បែបនេះ អ្នកនឹងរស់នៅបន្តិចម្ដងៗក្នុងព្រះវត្តមានព្រះជាម្ចាស់។ អ្នកនឹងមិនត្រូវបានរំខានដោយមនុស្ស ព្រឹត្តិការណ៍ ឬអ្វីៗឡើយ ហើយអ្នកក៏នឹងមានបទពិសោធជាមួយសេចក្តីពិតផងដែរ។ នៅពេលបទពិសោធរបស់អ្នកកាន់តែមានច្រើនបរិបូរ អ្នកនឹងកាន់តែអាចធ្វើបន្ទាល់ពីព្រះជាម្ចាស់ ហើយនៅពេលអ្នកកាន់តែអាចធ្វើបន្ទាល់ពីព្រះជាម្ចាស់ បន្តិចម្ដងៗ អ្នកនឹងក្លាយជាមនុស្សមានប្រយោជន៍។ នៅពេលអ្នកក្លាយជាមនុស្សមានប្រយោជន៍ អ្នកនឹងអាចបំពេញភារកិច្ចរបស់អ្នកស្របតាមបទដ្ឋានមួយដែលអាចទទួលយកបាននៅក្នុងដំណាក់ព្រះជាម្ចាស់ អ្នកនឹងអាចឈរនៅកន្លែងរបស់ភាវៈដែលព្រះបង្កើតមក និងអាចចុះចូលចំពោះការរៀបចំ និងការចាត់ចែងរបស់ព្រះជាម្ចាស់ ហើយអ្នកនឹងអាចឈររឹងមាំបាន។ មានតែមនុស្សបែបនេះទេ ទើបជាភាវៈដែលព្រះបង្កើតមកដែលព្រះជាម្ចាស់ទទួលយក និងសរសើរ។ ពេលនោះ អ្នកនឹងស័ក្ដិសមទទួលអ្វីគ្រប់យ៉ាងដែលព្រះជាម្ចាស់បានប្រទានដល់អ្នក។

តើគន្លឹះដើម្បីចូលទៅក្នុងតថភាពនៃសេចក្តីពិតគឺជាអ្វីទៅ? អ្នកត្រូវតែរៀនពីរបៀបអនុវត្តសេចក្តីពិត និងរបៀបដោះស្រាយបញ្ហាទៅតាមគោលការណ៍។ តើការតែងតែស្បថ និងបង្ហាញឆន្ទៈរបស់អ្នកមានប្រយោជន៍អ្វីទៅ? ប្រសិនបើអ្នកតែងតែស្បថ និងបង្ហាញឆន្ទៈរបស់អ្នក ប៉ុន្តែអ្នកនៅតែមិនអាចអនុវត្តសេចក្តីពិតបានដដែល ពេលនោះ វាគ្មានប្រយោជន៍សោះឡើយ។ ចំណុចដ៏សំខាន់ និងជាក់ស្ដែងបំផុតគឺត្រូវសម្រេចបានច្រកចូលទៅក្នុងជីវិតនៅក្នុងដំណើរការបំពេញភារកិច្ចរបស់អ្នក តាមរយៈការស្វែងរកសេចក្តីពិត ដើម្បីដោះស្រាយបញ្ហាផ្សេងៗដែលលេចឡើង នៅពេលអ្នកបំពេញភារកិច្ចរបស់អ្នក ហើយត្រូវកែប្រែអាកប្បកិរិយាខុសឆ្គងដែលអ្នកមានចំពោះភារកិច្ចរបស់អ្នក។ តើការមានច្រកចូលទៅក្នុងជីវិតមានន័យដូចម្ដេចដែរ? ការមានច្រកចូលទៅក្នុងជីវិតមានន័យថា អ្នកមានបទពិសោធ និងមានចំណេះដឹងអំពីសេចក្តីពិត ហើយអ្នកអាចអនុវត្តសេចក្តីពិតបានត្រឹមត្រូវ។ ឥឡូវនេះ តើអ្នករាល់គ្នាមានច្រកចូលទៅក្នុងជីវិតដែរឬទេ? តើអ្នកអាចធ្វើបន្ទាល់ពីព្រះជាម្ចាស់ដែរឬទេ? ភាគច្រើន តើអ្នកមិនជាប់ក្នុងគោលលទ្ធិទេឬអី? តើអ្នកមិនជាប់នឹងគោលលទ្ធិ ដោយគ្មានចំណេះដឹង ឬបទពិសោធជាមួយសេចក្តីពិតទេឬអី? ប្រសិនបើអ្នកមិនអាចទទួលបានបទពិសោធ និងចំណេះដឹងពិតប្រាកដអំពីសេចក្តីពិតទេ នោះអ្នកមិនអាចធ្វើបន្ទាល់ពីព្រះជាម្ចាស់បានឡើយ។ ចំណេះដឹងរបស់អ្នកភាគច្រើន គឺជាការយល់ឃើញ។ អ្នកមានអារម្មណ៍ស្រពេចស្រពិល ហាក់ដូចជាមួយនេះ និងមួយនោះសុទ្ធតែត្រឹមត្រូវដូចគ្នា។ នៅពេលព្រះជាម្ចាស់មានបន្ទូលពីរឿងមួយ វាហាក់ដូចជារឿងនោះជាសេចក្តីពិតចំពោះអ្នកអ៊ីចឹង ហើយនៅពេលទ្រង់មានបន្ទូលអំពីអ្វីមួយទៀត វាក៏ជាសេចក្តីពិតដែរ។ អ្នកមានអារម្មណ៍ថា រាល់ព្រះបន្ទូលព្រះជាម្ចាស់សុទ្ធតែជាសេចក្តីពិត ហើយអ្នកនិយាយថាអាម៉ែនចំពោះព្រះបន្ទូលទាំងនោះ និងសរសើរព្រះបន្ទូលទាំងនោះ ប៉ុន្តែអ្នកមិនអាចយកខ្លួនទៅធៀបនឹងព្រះបន្ទូលទាំងនោះបានទេ។ នៅពេលអ្នកចង់ធ្វើអ្វីមួយ អ្នកនៅតែច្របូកច្របល់ ហើយអ្នកមិនដឹងថាត្រូវប្រើសេចក្តីពិតណាខ្លះ ដើម្បីដោះស្រាយបញ្ហារបស់អ្នកឡើយ។ តើអ្នករាល់គ្នាភាគច្រើនមិនស្ថិតក្នុងសភាពនេះទេឬ? ទោះបីអ្នកយល់បានច្រើន និងអាចនិយាយបានច្រើនពីគោលលទ្ធិក៏ដោយ ក៏អ្នកមិនអាចប្រើសេចក្តីពិតនោះនៅក្នុងជីវិតពិតអ្នកបានដែរ។ អ្នកនៅតែមិនដឹងពីរបៀបអនុវត្តសេចក្តីពិត នៅតែមិនដឹងពីរបៀបអនុវត្តព្រះបន្ទូលព្រះជាម្ចាស់នៅក្នុងជីវិតពិតរបស់អ្នកដដែល ហើយមិនថាមានរឿងកើតឡើងចំពោះអ្នកបែបណាក៏ដោយ ក៏អ្នកមិនដឹងពីរបៀបស្វែងរកសេចក្តីពិត ដើម្បីដោះស្រាយបញ្ហារបស់អ្នកដែរ។ នោះព្រោះតែកម្ពស់របស់អ្នកនៅទន់ទាបពេក។ នៅពេលអ្នកដឹងពីរបៀបដកពិសោធន៍ ដឹងពីរបៀបអនុវត្ត និងយកព្រះបន្ទូលព្រះជាម្ចាស់ទៅប្រើក្នុងជីវិតពិតរបស់អ្នករាល់គ្នា ហើយនៅពេលអ្នកដឹងពីរបៀបស្វែងរកសេចក្តីពិត ដើម្បីដោះស្រាយបញ្ហា បន្ទាប់ពីមានរឿងកើតឡើងចំពោះអ្នក ពេលនោះ ជីវិតអ្នករាល់គ្នានឹងរីកចម្រើនឡើង។ ការដឹងពីរបៀបអនុវត្តសេចក្តីពិត គឺជាសញ្ញាមួយដែលបង្ហាញថា ជីវិតអ្នកកំពុងរីកចម្រើនឡើង។ នៅថ្ងៃណាមួយ នៅពេលអ្នកអាចដោះស្រាយបញ្ហាដោយប្រើសេចក្តីពិត នៅពេលអ្នកមានចំណេះដឹងខ្លះអំពីព្រះជាម្ចាស់ នៅពេលអ្នកអាចធ្វើបន្ទាល់ពីកិច្ចការរបស់ទ្រង់ ពីនិស្ស័យបរិសុទ្ធ និងសុចរិតរបស់ទ្រង់ ព្រមទាំងពីសព្វានុភាព និងព្រះប្រាជ្ញាញាណរបស់ទ្រង់ តាមរយៈការចែកចាយចំណេះដឹងពិតប្រាកដអំពីព្រះជាម្ចាស់ ពេលនោះ អ្នកនឹងមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ ដើម្បីឱ្យព្រះជាម្ចាស់ប្រើអ្នក។ ប្រសិនបើអ្នកមានការយល់ដឹងច្រើន និងអាចនិយាយពីគោលលទ្ធិពេញមួយថ្ងៃ ប៉ុន្តែអ្នកមិនអាចដោះស្រាយរឿងរ៉ាវណាមួយទាក់ទងនឹងបញ្ហារបស់អ្នក ឬមិនដឹងពីរបៀបដោះស្រាយបញ្ហាទាំងនោះទេ ពេលនោះ វាសបញ្ជាក់ឱ្យឃើញថា សេចក្តីដែលអ្នកយល់នោះ មិនមែនជាសេចក្តីពិតទេ ពោលគឺ វាត្រឹមជាសំបុត្រនៃគោលលទ្ធិប៉ុណ្ណោះ។ ទោះបីជាអ្នកនិយាយពីគោលលទ្ធិមួយចំនួនក្នុងរបៀបជាក់ស្ដែងខ្លាំងក៏ដោយ ក៏តាមពិតទៅ ការនេះត្រឹមជាចំណេះដឹងយល់ឃើញប៉ុណ្ណោះ ដែលមិនទាន់សម្រេចបានភាពសមហេតុផលនៅឡើយទេ។ បន្ទាប់ពីបានស្ដាប់អ្នក ទោះបីមនុស្សទទួលបានការស្អាងចិត្ត មានអារម្មណ៍ដូចអ្នក ហើយចំណេះដឹងរបស់អ្នកថែមទាំងអាចសម្រេចបានលទ្ធផលខ្លះលើពួកគេក៏ដោយ ក៏អ្នកមិនអាចនិយាយពីចំណុចនេះបានច្បាស់លាស់ និងដោះស្រាយបញ្ហាបានទាំងស្រុងដែរ។ ការនេះសបញ្ជាក់ឱ្យឃើញថា គោលលទ្ធិដែលអ្នកបាននិយាយនោះ ត្រឹមជាចំណេះដឹងយល់ឃើញប៉ុណ្ណោះ។ អ្នកមិនអាចនិយាយថា គោលលទ្ធិទាំងនោះ គឺជាតថភាពនៃសេចក្តីពិតទេ ហើយអ្នកក៏មិនបានចូលក្នុងតថភាពនៃសេចក្តីពិតនោះដែរ។ ឥឡូវ តើអ្នកត្រូវធ្វើដូចម្ដេច ដើម្បីដោះស្រាយបញ្ហានៃការនិយាយអំពីសំបុត្រគោលលទ្ធិ? វាតម្រូវឱ្យអ្នកឆ្លុះបញ្ចាំងពីប្រភេទផ្សេងៗនៃសេចក្តីពុករលួយដែលត្រូវបានបើកសម្ដែងនៅក្នុងអ្នក នៅពេលអ្នកបំពេញភារកិច្ចរបស់អ្នក ដើម្បីឆ្លុះបញ្ចាំងពីប្រភពដើមនៃគ្រប់បញ្ហាដែលអ្នកជួបប្រទះ ហើយក្រោយមក ស្វែងរកសេចក្តីពិត និងប្រើព្រះបន្ទូលព្រះជាម្ចាស់ ដើម្បីដោះស្រាយទាំងស្រុងនូវនិស្ស័យពុករលួយដែលអ្នកបានបើកសម្ដែង។ មិនថាអ្វីដែលបង្ហាញចេញពីអ្នក គឺជាភាពក្រអឺតក្រទម និងការរាប់ខ្លួនឯងថាសុចរិត ឬជាការបំភ្លៃ និងការបោកបញ្ឆោត មិនថាជាភាពអាត្មានិយម និងភាពកំណាញ់ស្វិត ឬការធ្វើការបែបបង្គ្រប់កិច្ច និងការកុហកព្រះជាម្ចាស់ឡើយ អ្នកត្រូវតែឆ្លុះបញ្ចាំងពីនិស្ស័យពុករលួយទាំងនេះ រហូតដល់អ្នកមើលឃើញនិស្ស័យទាំងនេះឱ្យបានច្បាស់។ បែបនេះ អ្នកនឹងដឹងថា នៅពេលអ្នកបំពេញភារកិច្ច អ្នកជួបបញ្ហាអ្វីខ្លះ ហើយដឹងថា អ្នកនៅឆ្ងាយប៉ុនណាពីការសម្រេចបានសេចក្តីសង្រ្គោះ។ មានតែពេលដែលអ្នកអាចមើលឃើញពីនិស្ស័យពុករលួយរបស់អ្នកបានច្បាស់ប៉ុណ្ណោះ ទើបអ្នកអាចដឹងពីការលំបាក និងឧបសគ្គណាខ្លះនៅក្នុងការបំពេញភារកិច្ចរបស់អ្នក។ ពេលនោះ ទើបអ្នកអាចដោះស្រាយបញ្ហាដល់ប្រភពរបស់វា។ ឧទាហរណ៍ អ្នកបំពេញភារកិច្ចរបស់អ្នកដោយគ្មានការទទួលខុសត្រូវ ផ្ទុយទៅវិញតែងតែធ្វើការបែបបង្រ្គប់កិច្ច ដោយបង្កឱ្យមានការខាតបង់នៅក្នុងការងាររបស់អ្នក ប៉ុន្តែអ្នកខ្វល់ពីមុខមាត់របស់អ្នក ដូច្នេះ អ្នកមិនព្រមប្រកបគ្នាដោយចំហពីសភាព និងការលំបាករបស់អ្នកឡើយ ឬក៏មិនអនុវត្តការពិនិត្យពិច័យមើលខ្លួនឯង និងការស្គាល់ខ្លួនឯងទេ ផ្ទុយទៅវិញតែងតែស្វែងរកការដោះសា ដើម្បីដោះស្រាយបញ្ហាឱ្យតែរួចពីដៃប៉ុណ្ណោះ។ តើអ្នកគួរតែដោះស្រាយបញ្ហានេះដោយរបៀបណា? អ្នកត្រូវតែអធិស្ឋានទៅព្រះជាម្ចាស់ និងឆ្លុះបញ្ចាំងពីខ្លួនឯង ដោយនិយាយថា៖ «ឱព្រះជាម្ចាស់អើយ បើទូលបង្គំនិយាយបែបនេះ នោះគឺដើម្បីការពារមុខមាត់ទូលបង្គំតែប៉ុណ្ណោះ។ នេះជាសម្ដីចេញពីនិស្ស័យពុករលួយរបស់ទូលបង្គំទេ។ ទូលបង្គំមិនគួរនិយាយបែបនេះឡើយ។ ទូលបង្គំត្រូវតែបើកចំហ លាតត្រដាងពីខ្លួនឯង និងនិយាយចេញខ្លាំងៗអំពីគំនិតពិតនៃដួងចិត្តទូលបង្គំ។ ទូលបង្គំសុខចិត្តរងភាពអាម៉ាស់ និងបាក់មុខ ជាជាងបំពេញតាមអំនួតរបស់ខ្លួន។ ទូលបង្គំគ្រាន់តែចង់ផ្គាប់ព្រះហឫទ័យព្រះជាម្ចាស់ប៉ុណ្ណោះ»។ តាមរយៈការបោះបង់ខ្លួនឯង និងការនិយាយចេញខ្លាំងៗពីគំនិតពិតនៃដួងចិត្តរបស់ខ្លួនបែបនេះ អ្នកកំពុងតែអនុវត្តធ្វើជាមនុស្សស្មោះត្រង់ ហើយជាងនេះទៅទៀត អ្នកមិនកំពុងប្រព្រឹត្តតាមឆន្ទៈរបស់ខ្លួន ឬក៏កំពុងការពារដល់មុខមាត់របស់ខ្លួនឡើយ។ អ្នកអាចអនុវត្តព្រះបន្ទូលព្រះជាម្ចាស់ អនុវត្តសេចក្តីពិតស្របតាមបំណងព្រះហឫទ័យព្រះជាម្ចាស់ បំពេញភារកិច្ចរបស់ខ្លួនយ៉ាងអស់ពីចិត្ត និងបំពេញការទទួលខុសត្រូវរបស់អ្នកទាំងស្រុង។ ហេតុដូចនេះ អ្នកមិនត្រឹមតែកំពុងអនុវត្តសេចក្តីពិត និងបំពេញភារកិច្ចរបស់ខ្លួនបានល្អប៉ុណ្ណោះទេ អ្នកក៏កំពុងប្រកាន់ខ្ជាប់នូវប្រយោជន៍នៃដំណាក់ព្រះជាម្ចាស់ និងផ្គាប់ព្រះហឫទ័យព្រះជាម្ចាស់ផងដែរ។ នេះជារបៀបដ៏យុត្តិធម៌ និងគួរឱ្យគោរពដែលត្រូវរស់នៅ ស័ក្ដិសមនឹងនាំមកចំពោះព្រះជាម្ចាស់ និងមនុស្ស។ វិធីនេះពិតជាអស្ចារ្យខ្លាំងណាស់! ការអនុវត្តបែបនេះហាក់ពិបាកបន្តិច ប៉ុន្តែប្រសិនបើកិច្ចខិតខំ និងការអនុវត្តរបស់អ្នក មានគោលបំណងទៅរកទិសដៅនេះ នោះទោះបីអ្នកបរាជ័យម្ដង ឬពីរដងក៏ដោយ ក៏អ្នកនឹងប្រាកដជាជោគជ័យដែរ។ តើភាពជោគជ័យមានអត្ថន័យបែបណាដែរចំពោះអ្នក? ភាគជោគជ័យមានន័យថា នៅពេលអ្នកអនុវត្តសេចក្តីពិត អ្នកអាចបោះជំហាននេះ ដែលរំដោះអ្នកឱ្យមានសេរីភាពពីចំណងរបស់សាតាំង ជាជំហានមួយដែលនឹងអនុញ្ញាតឱ្យអ្នកបោះបង់ខ្លួនឯងចោលបាន។ ភាពជោគជ័យមានន័យថា អ្នកអាចបោះបង់អំនួត និងកិត្យានុភាព ឈប់ស្វែងរកប្រយោជន៍ផ្ទាល់ខ្លួន និងឈប់ធ្វើអ្វីៗដែលអាត្មានិយម និងកំណាញ់ស្វិត។ នៅពេលអ្នកអនុវត្តតាមចំណុចនេះ នោះអ្នកបង្ហាញទៅមនុស្សថា អ្នកជាបុគ្គលម្នាក់ដែលស្រឡាញ់សេចក្តីពិត ជាម្នាក់ដែលស្រេកឃ្លានសេចក្តីពិត សេចក្តីសុចរិត និងពន្លឺ។ នេះជាលទ្ធផលដែលអ្នកសម្រេចបាន តាមរយៈការអនុវត្តសេចក្តីពិត។ ទន្ទឹមគ្នានោះ អ្នកក៏នាំភាពអាម៉ាស់ចំពោះសាតាំងផងដែរ។ សាតាំងបានធ្វើឱ្យអ្នកពុករលួយ ធ្វើឱ្យអ្នកខំប្រឹងស្វែងរកសម្រាប់តែខ្លួនឯង ធ្វើឱ្យអ្នកអាត្មានិយម ធ្វើឱ្យអ្នកគិតតែពីកិត្យានុភាពផ្ទាល់ខ្លួនប៉ុណ្ណោះ។ ប៉ុន្តែឥឡូវ សេចក្ដីបែបសាតាំងទាំងនេះលែងអាចចងអ្នកបានទៀតហើយ អ្នកបានកាត់ផ្ដាច់ចំណងពីសេចក្ដីទាំងនេះហើយ អ្នកលែងត្រូវបានគ្រប់គ្រងដោយអំនួត កិត្យានុភាព ឬផលប្រយោជន៍ផ្ទាល់ខ្លួនរបស់អ្នកទៀតហើយ ហើយអ្នកក៏អនុវត្តតាមសេចក្តីពិតដែរ ដូច្នេះ សាតាំងត្រូវបាក់មុខទាំងស្រុង ហើយវាមិនអាចធ្វើអ្វីបានឡើយ។ ពេលនោះ តើអ្នកមិនមានជ័យជម្នះទេឬអី? នៅពេលអ្នកមានជ័យជម្នះ តើអ្នកមិនប្រកាន់ខ្ជាប់តាមទីបន្ទាល់របស់អ្នកចំពោះព្រះជាម្ចាស់ទេឬ? តើអ្នកមិនតតាំងនូវការប្រយុទ្ធមួយដ៏ល្អទេឬ? នៅពេលអ្នកបានតតាំងការប្រយុទ្ធមួយដ៏ល្អ អ្នកមានសេចក្តីសុខសាន្ត និងអំណរ ព្រមទាំងមានការធូរស្រាលចិត្តរបស់អ្នកផងដែរ។ ជារឿយៗ ប្រសិនបើអ្នកមានអារម្មណ៍ចោទប្រកាន់នៅក្នុងជីវិតអ្នក បើដួងចិត្តអ្នកគ្មានសេចក្ដីស្ងប់ បើអ្នកគ្មានសេចក្តីសុខសាន្ត ឬអំណរ ហើយតែងតែញាំញីដោយការខ្វល់ខ្វាយ និងការព្រួយបារម្ភអំពីអ្វីៗគ្រប់បែបយ៉ាង តើការនេះបង្ហាញអំពីអ្វីទៅ? វាគ្រាន់តែបង្ហាញថា អ្នកមិនបានអនុវត្តតាមសេចក្តីពិត មិនប្រកាន់ខ្ជាប់តាមទីបន្ទាល់របស់អ្នកចំពោះព្រះជាម្ចាស់ប៉ុណ្ណោះ។ នៅពេលអ្នករស់នៅក្នុងចំណោមនិស្ស័យរបស់សាតាំង ជារឿយៗ អ្នកមុខជាមិនអាចអនុវត្តសេចក្តីពិតបានទេ អ្នកមុខជាបែរខ្នងដាក់សេចក្តីពិត អាត្មានិយម និងថោកទាប ពោលគឺ អ្នកប្រកាន់យកមុខមាត់ កេរ្តិ៍ឈ្មោះ ឋានៈ និងប្រយោជន៍របស់អ្នកប៉ុណ្ណោះ។ ការតែងតែរស់នៅសម្រាប់ខ្លួនឯង នាំឱ្យអ្នកមានការឈឺចាប់យ៉ាងខ្លាំង។ អ្នកមានបំណងប្រាថ្នា ការជាប់ជំពាក់ ចំណង មន្ទិល និងភាពក្ដៅក្រហាយយ៉ាងច្រើន ដែលនាំឱ្យអ្នកគ្មានសេចក្តីសុខសាន្ត ឬអំណរបន្តិចសោះឡើយ។ ការរស់នៅសម្រាប់តែសាច់ឈាមពុករលួយ គឺត្រូវរងទុក្ខយ៉ាងខ្លាំង។ អស់អ្នកដែលដេញតាមសេចក្តីពិត មានលក្ខណៈខុសពីនេះ។ កាលណាពួកគេយល់ពីសេចក្តីពិតកាន់តែច្រើន ពួកគេរំដោះខ្លួនមានសេរីភាពកាន់តែខ្លាំង។ កាលណាពួកគេអនុវត្តសេចក្តីពិតកាន់តែច្រើន ពួកគេកាន់តែមានសេចក្តីសុខសាន្ត និងអំណរ។ នៅពេលពួកគេទទួលយកសេចក្តីពិត ពួកគេនឹងរស់នៅយ៉ាងពេញលេញក្នុងពន្លឺ រីករាយនឹងព្រះពរព្រះជាម្ចាស់ និងគ្មានការឈឺចាប់សោះឡើយ។

សព្វថ្ងៃនេះ ភាគច្រើន តើអ្នករាល់គ្នារស់នៅក្នុងសភាពណាខ្លះដែរ? តើអ្នករស់នៅក្នុងសភាពវិជ្ជមាន ឬក៏អវិជ្ជមានភាគច្រើន? (យើងរស់នៅក្នុងសភាពអវិជ្ជមានភាគច្រើន)។ សម្រាប់អ្នកដែលតែងតែរស់នៅក្នុងសភាពអវិជ្ជមាន ដើម្បីស៊ូទ្រាំបំពេញភារកិច្ចរបស់ខ្លួន ដោយមិនបោះបង់ការទទួលខុសត្រូវរបស់ខ្លួន គឺមិនមែនជារឿងសាមញ្ញនោះទេ! ភាគច្រើន អ្នករាល់គ្នាអកម្ម ប៉ុន្តែអ្នកមិនដឹងពីរបៀបដោះស្រាយបញ្ហានេះទេ។ ជួនកាល អ្នកត្រូវខំប្រឹងខ្លាំង ដើម្បីដោះស្រាយសភាពអកម្មរបស់អ្នក ហើយនៅពេលដែលអ្វីៗមិនកើតឡើងតាមការចង់បានរបស់អ្នក អ្នកប្រែជាអកម្មម្ដងទៀត។ អ្នកតែងតែវិលចុះវិលឡើងក្នុងភាពអកម្មរបស់អ្នក ហើយអ្នកមិនអាចឈរបានឡើយ បើទោះបីជាអ្នកចង់ក៏ដោយ។ អ្នកមិនអាចបំពេញភារកិច្ចណាមួយបានល្អទេ ហើយអ្នកអសមត្ថភាពខ្លាំងណាស់ រហូតដល់គ្មាននរណាម្នាក់អាចជួយអ្នកបានឡើយ។ តើការរស់នៅបែបនេះមិនគួរឱ្យនឿយហត់ទេឬអី? (គឺនឿយហត់)។ ក្រោយមក តើអ្នកត្រូវធ្វើដូចម្ដេច ដើម្បីដោះស្រាយបញ្ហានៃភាពអកម្មនេះបានទាំងស្រុង? អ្នកត្រូវតែយល់បានខ្លះពីសេចក្តីពិត។ ចំនួននៃគោលលទ្ធិដែលអ្នកអាចនិយាយបាន នឹងមិនដោះស្រាយបញ្ហារបស់អ្នកបានឡើយ។ នៅពេលមនុស្សម្នាក់យល់យ៉ាងពិតប្រាកដអំពីសេចក្តីពិត ហើយនៅពេលពួកគេអាចដោះស្រាយភាពអកម្ម ឬការលំបាកណាមួយដែលពួកគេជួបប្រទះ នោះពួកគេនឹងមិនពិបាកខ្លាំងក្នុងការបំពេញភារកិច្ចរបស់ខ្លួនឡើយ។ មានតែតាមរយៈការទទួលបានសេចក្តីពិតប៉ុណ្ណោះ ទើបគេអាចរំដោះខ្លួនមានសេរីភាពបាន។ ឥឡូវនេះ អ្វីមួយដែលអ្នករាល់គ្នាខ្វះភាគច្រើន គឺជាសេចក្តីពិត ប៉ុន្តែការទទួលបានសេចក្តីពិត មិនមែនជាអ្វីមួយដែលអាចសម្រេចបានក្នុងពេលមួយយប់នោះឡើយ។ អ្នកត្រូវតែមានចំណេះដឹងពិតប្រាកដអំពីកិច្ចការរបស់ព្រះជាម្ចាស់ និងអាចមើលឃើញយ៉ាងច្បាស់ពីនិស្ស័យពុករលួយរបស់មនុស្ស។ ការនេះត្រូវការពេលវេលា ហើយអ្នកត្រូវតែស្វែងរកសេចក្តីពិត ដើម្បីយល់ពីចំណុចនេះ។ អ្នករាល់គ្នាអាចមានអារម្មណ៍ឈឺចាប់ចេញពីការរស់នៅក្នុងនិស្ស័យពុករលួយ អ្នកមានការយល់ដឹងជ្រៅជ្រះអំពីរឿងនេះ។ តើអ្នករាល់គ្នាធ្លាប់មានសេចក្តីសុខសាន្ត និងសេចក្តីរីករាយនៅក្នុងដួងចិត្តរបស់អ្នក បន្ទាប់ពីអ្នកយល់ពីសេចក្តីពិត នៅពេលអ្នកអាចអនុវត្តសេចក្តីពិត និងប្រកាន់ខ្ជាប់តាមគោលការណ៍នៃសេចក្តីពិតដែរឬទេ? តើអ្នកមានបទពិសោធបែបនេះច្រើនដែរឬទេ? ប្រសិនបើបទពិសោធទាំងនេះមានច្រើនបរិបូរពិតមែន នោះមានន័យថា អ្នកមានតថភាពនៃសេចក្តីពិតទាំងស្រុងហើយ។ អ្នកនឹងមានអារម្មណ៍ដឹងអំពីការរស់នៅក្នុងពន្លឺ និងក្នុងព្រះវត្តមានព្រះជាម្ចាស់។ ប្រសិនបើអ្នកទទួលបានការបំភ្លឺតិចតួចពីព្រះជាម្ចាស់យូរៗម្ដង អ្នកនឹងរីករាយខ្លាំងមិនខាន។ បើយូរៗម្ដង អ្នកពឹងអាងព្រះជាម្ចាស់ ជាជាងពឹងអាងមនុស្ស ហើយព្រះជាម្ចាស់ប្រទានពន្លឺបន្តិចបន្តួចដល់អ្នក ដែលជាផ្លូវដើរមួយដែលអ្នកមិនធ្លាប់បានគិតដល់ ហើយបញ្ហាត្រូវបានដោះស្រាយ នោះអ្នកនឹងរីករាយខ្លាំងមិនខាន។ ជារឿយៗ ការមានបទពិសោធតិចតួចទាំងនោះ នៅមិនទាន់គ្រប់គ្រាន់ទេ។ អ្នកត្រូវតែបន្តខំស្វែងរកសេចក្តីពិតតទៅទៀត។ ម្យ៉ាង អ្នករាល់គ្នាត្រូវតែយល់ពីសេចក្តីពិតអំពីនិមិត្ត មានការយល់ដឹងច្បាស់លាស់អំពីកិច្ចការរបស់ព្រះជាម្ចាស់ និងមានចំណេះដឹងពិតប្រាកដអំពីនិស្ស័យរបស់ព្រះជាម្ចាស់។ បែបនេះ នៅពេលអ្នកជួបការលំបាកម្ដងទៀត នៅពេលអ្នកបំពេញភារកិច្ចរបស់អ្នក យ៉ាងហោចណាស់ វានឹងមិនលេចឡើងនូវសញ្ញាណ ឬកើតមានជាការមិនស្ដាប់បង្គាប់នោះដែរ។ នេះជាទិដ្ឋភាពមួយនៃអ្វីៗ។ លើសពីនេះទៅទៀត អ្នកត្រូវតែខិតខំស្វែងរកច្រកចូលទៅក្នុងជីវិត។ សេចក្តីពិតដែលត្រូវយកអនុវត្ត និងចូលទៅក្នុងនោះ ត្រូវបានសង្ខេបមក ដូចជា ការស្គាល់ខ្លួនឯង ការធ្វើជាមនុស្សស្មោះត្រង់ ការរៀនចុះចូលចំពោះព្រះជាម្ចាស់ របៀបពឹងអាងលើព្រះជាម្ចាស់ របៀបបំពេញភារកិច្ចរបស់អ្នកដោយស្មោះត្រង់ របៀបឈ្វេងយល់មនុស្សគ្រប់ប្រភេទ របៀបដែលអ្នកគួរតែប្រព្រឹត្តចំពោះសាតាំង ប្រាជ្ញាអ្វីខ្លះដែលអ្នកគួរមាន ជាដើម ។ល។ មានតែតាមរយៈការដកពិសោធន៍ និងការចូលទៅក្នុងទិដ្ឋភាពផ្សេងៗគ្នានៃសេចក្តីពិតទាំងនេះទេ ទើបអ្នកអាចកោតខ្លាចព្រះជាម្ចាស់ និងគេចចេញពីសេចក្តីអាក្រក់ ហើយក្លាយជាមនុស្សដែលគ្រប់លក្ខណ៍បាន។ ដូច្នេះ ឥឡូវ តើមានទិដ្ឋភាពនៃតថភាពនៃសេចក្តីពិតចំនួនប៉ុន្មានហើយដែលអ្នករាល់គ្នាបានចូលទៅក្នុង? តើមានទិដ្ឋភាពនៃតថភាពនៃសេចក្តីពិតណាខ្លះ ដែលអ្នកមិនទាន់បានចូលទៅក្នុង? អ្នកត្រូវតែបន្តតាមដានចំណុចនេះនៅក្នុងដួងចិត្តរបស់អ្នក។ នៅពេលអ្នកបានចូលក្នុងសេចក្តីពិតជាច្រើនទាក់ទងនឹងការអនុវត្ត នោះជីវិតអ្នករាល់គ្នានឹងបានរីកចម្រើន ហើយអ្នកនឹងមានកម្ពស់យ៉ាងពិតប្រាកដ។ នៅពេលកម្ពស់អ្នករាល់គ្នាបានរីកចម្រើនដល់កម្រិតជាក់លាក់មួយ នោះអ្នកនឹងអាចដើរលើផ្លូវមួយដែលព្រះជាម្ចាស់នឹងប្រោសឱ្យបានគ្រប់លក្ខណ៍មិនខាន។ នេះមិនមែនជារឿងមួយដែលអាចប្រញាប់ប្រញាល់បាននោះទេ ពោលគឺ អ្នកមិនអាចបរិភោគសត្វដំរីមួយក្បាលតែមួយម៉ាត់បានទេ។ ឥឡូវ តើអ្វីទៅជាកិច្ចការដ៏សំខាន់ និងចាំបាច់បំផុតដែលអ្នកត្រូវដោះស្រាយ? នោះគឺថា អ្នកត្រូវបំពេញភារកិច្ចរបស់អ្នកឱ្យបានល្អ និងមានច្រកចូលទៅក្នុងជីវិត នៅពេលអ្នកបំពេញភារកិច្ចរបស់អ្នក។ គន្លឹះនៅត្រង់នេះឯង។ អ្នកមិនអាចគ្រាន់តែលះបង់កម្លាំងប៉ុណ្ណោះទេ ប៉ុន្តែអ្នកក៏ត្រូវដាក់ចិត្តបំពេញភារកិច្ចរបស់អ្នកផងដែរ។ ព្រះជាម្ចាស់មិនចង់ឱ្យអ្នកលក់កម្លាំងរបស់អ្នក នៅពេលអ្នកបំពេញភារកិច្ចក្នុងនាមជាភាវៈដែលព្រះបង្កើតមកនោះទេ ផ្ទុយទៅវិញ ព្រះអង្គចង់ឱ្យអ្នកថ្វាយដល់ទ្រង់នូវភាពស្មោះត្រង់របស់អ្នក។ នៅពេលអ្នកបំពេញភារកិច្ចរបស់អ្នក អ្នកត្រូវតែមានច្រកចូលទៅក្នុងជីវិត។ មានតែពេលដែលអ្នកមានច្រកចូលទៅក្នុងជីវិតប៉ុណ្ណោះ ទើបអ្នកនឹងមានជីវិត មានតែពេលដែលអ្នកមានជីវិតប៉ុណ្ណោះ ទើបអ្នកអាចរីកចម្រើន ហើយមានតែអស់អ្នកដែលមានជីវិតប៉ុណ្ណោះ ទើបមានសេចក្តីពិត។

ថ្ងៃទី ១០ ខែសីហា ឆ្នាំ២០១៥

ខាង​ដើម៖ ដើម្បីទទួលបានសេចក្តីពិត គេត្រូវតែរៀនពីមនុស្ស ពីរឿងរ៉ាវ និងវត្ថុក្បែរខ្លួន

បន្ទាប់៖ មានតែតាមរយៈការអនុវត្តសេចក្ដីពិតប៉ុណ្ណោះ ទើបមនុស្សអាចដោះច្រវាក់នៃនិស្ស័យពុករលួយចេញបាន

គ្រោះមហន្តរាយផ្សេងៗបានធ្លាក់ចុះ សំឡេងរោទិ៍នៃថ្ងៃចុងក្រោយបានបន្លឺឡើង ហើយទំនាយនៃការយាងមករបស់ព្រះអម្ចាស់ត្រូវបានសម្រេច។ តើអ្នកចង់ស្វាគមន៍ព្រះអម្ចាស់ជាមួយក្រុមគ្រួសាររបស់អ្នក ហើយទទួលបានឱកាសត្រូវបានការពារដោយព្រះទេ?

ការកំណត់

  • អត្ថបទ
  • ប្រធានបទ

ពណ៌​ដិតច្បាស់

ប្រធានបទ

ប្រភេទ​អក្សរ

ទំហំ​អក្សរ

ចម្លោះ​បន្ទាត់

ចម្លោះ​បន្ទាត់

ប្រវែងទទឹង​ទំព័រ

មាតិកា

ស្វែងរក

  • ស្វែង​រក​អត្ថបទ​នេះ
  • ស្វែង​រក​សៀវភៅ​នេះ