ការអនុវត្ត (៦)

នៅថ្ងៃនេះ ចូរកុំខ្វល់ជាមួយនឹងការសម្រេចឲ្យបានញាណដែលពេត្រុសមានឡើយ ដ្បិតសូម្បីតែញាណដែលប៉ុលមាន មនុស្សជាច្រើនមិនអាចសម្រេចបានផង។ ពួកគេថែមទាំងមិនមានការស្គាល់ខ្លួនឯងរបស់ប៉ុលផង។ ទោះបីប៉ុលត្រូវបានព្រះអម្ចាស់វាយផ្ដួលដោយសារតែគាត់បានបៀតបៀនព្រះអម្ចាស់យេស៊ូវក៏ដោយ តែក្រោយមក គាត់មានការតាំងចិត្តក្នុងការធ្វើការ និងរងទុក្ខសម្រាប់ព្រះអម្ចាស់ដែរ។ ព្រះយេស៊ូវបានប្រទានឲ្យគាត់មានជំងឺមួយ ហើយក្រោយមកទៀត ប៉ុលនៅតែរងទុក្ខពីជំងឺនេះដដែល នៅពេលដែលគាត់ចាប់ផ្ដើមធ្វើការ។ ហេតុអ្វីបានជាគាត់និយាយថា គាត់មានបន្លាមួយនៅក្នុងសាច់របស់គាត់ដូច្នេះ? តាមពិតទៅ បន្លានោះគឺជាជំងឺមួយ ហើយសម្រាប់ប៉ុល វាគឺជាសេចក្ដីកម្សោយស្លាប់រស់មួយ។ ទោះបីគាត់បានធ្វើកិច្ចការជាច្រើនយ៉ាងណា ឬការតាំងចិត្តក្នុងការរងទុក្ខរបស់គាត់ធំធេងប៉ុនណាក៏ដោយ ក៏គាត់មិនអាចកម្ចាត់ចោលបន្លានោះបានដែរ។ ប៉ុន្តែ ប៉ុលមានគុណសម្បត្តិប្រសើរជាងមនុស្សបែបអ្នករាល់គ្នានាពេលសព្វថ្ងៃឆ្ងាយណាស់ ហើយគាត់ក៏មានការស្គាល់ខ្លួនឯង និងមានញាណច្រើនជាងអ្នករាល់គ្នាផងដែរ។ ក្រោយពេលប៉ុលត្រូវបានព្រះយេស៊ូវវាយផ្ដួល គាត់បានឈប់បៀតបៀនពួកសិស្សរបស់ព្រះយេស៊ូវ ហើយចាប់ផ្ដើមប្រកាស និងរងទុក្ខសម្រាប់ព្រះយេស៊ូវវិញ។ តើជាអ្វីទៅដែលបានបណ្ដាលឲ្យគាត់រងទុក្ខលំបាកបែបនេះ? ប៉ុលបានជឿថា ដោយសារតែគាត់បានឃើញពន្លឺដ៏អស្ចារ្យមួយ ដូច្នេះ គាត់ត្រូវតែធ្វើបន្ទាល់អំពីព្រះអម្ចាស់យេស៊ូវ ត្រូវតែឈប់បៀតបៀនពួកសិស្សរបស់ព្រះយេស៊ូវ និងត្រូវតែលែងប្រឆាំងនឹងកិច្ចការរបស់ព្រះជាម្ចាស់តទៅទៀត។ ប៉ុលគឺជាបុគ្គលម្នាក់ដែលមានឋានៈខ្ពង់ខ្ពស់នៅក្នុងផ្នែកសាសនា។ គាត់ជាបុគ្គលចេះដឹង និងមានអំណោយទានម្នាក់ គាត់ធ្លាប់បានមើលងាយមនុស្សសាមញ្ញ ហើយមានបុគ្គលិកលក្ខណៈខ្លាំងជាងមនុស្សភាគច្រើន។ ប៉ុន្តែ ក្រោយមាន «ពន្លឺដ៏អស្ចារ្យមួយ» បានចាំងពីលើគាត់ គាត់ក៏អាចធ្វើកិច្ចការសម្រាប់ព្រះអម្ចាស់យេស៊ូវ អាចតាំងចិត្តរងទុក្ខលំបាកសម្រាប់ព្រះជាម្ចាស់ និងថ្វាយខ្លួនគាត់ដល់ព្រះជាម្ចាស់ ដែលការនេះសបញ្ជាក់ឲ្យឃើញថា គាត់មានញាណមែន។ នៅពេលដែលគាត់កំពុងបៀតបៀន និងចាប់ខ្លួនពួកសិស្សរបស់ព្រះយេស៊ូវ ព្រះយេស៊ូវបានលេចមកឲ្យគាត់ឃើញ ហើយមានបន្ទូលថា៖ «ប៉ុល ហេតុអ្វីបានជាអ្នកបៀតបៀនខ្ញុំ?» ភ្លាមនោះ ប៉ុលបានលុតជង្គង់ចុះ ហើយនិយាយថា៖ «ព្រះអម្ចាស់អើយ តើទ្រង់ជានរណា?» សំឡេងមួយពីលើមេឃបានបន្លឺឡើងថា៖ «ខ្ញុំឈ្មោះយេស៊ូវ ជាជនដែលអ្នកបៀតបៀន»។ ក្នុងពេលមួយរំពេច ប៉ុលបានភ្ញាក់ខ្លួន និងដឹងថា ព្រះយេស៊ូវជាព្រះគ្រីស្ទ ដឹងថា ទ្រង់ជាព្រះជាម្ចាស់។ «ខ្ញុំត្រូវតែស្ដាប់បង្គាប់។ ព្រះជាម្ចាស់បានប្រទានព្រះគុណនេះដល់ខ្ញុំ ពោលគឺទោះបីខ្ញុំបានបៀតបៀនទ្រង់ក៏ដោយ ក៏ព្រះអង្គមិនបានបំផ្លាញខ្ញុំ និងដាក់បណ្ដាសាខ្ញុំដែរ។ ខ្ញុំត្រូវតែរងទុក្ខសម្រាប់ទ្រង់»។ ប៉ុលបានទទួលស្គាល់ថា គាត់បានបៀតបៀនព្រះអម្ចាស់យេស៊ូវគ្រីស្ទ ហើយពេលនេះកំពុងតែសម្លាប់ពួកសិស្សរបស់ទ្រង់ ទទួលស្គាល់ទៀតថា ព្រះជាម្ចាស់មិនបានដាក់បណ្ដាសាគាត់ឡើយ តែបានចាំងពន្លឺពីលើគាត់ទៅវិញ។ ការនេះបានបណ្ដាលចិត្តគាត់ ហើយគាត់បាននិយាយថា៖ «ទោះបីខ្ញុំមិនបានឃើញព្រះភក្ត្ររបស់ទ្រង់ក៏ដោយ ក៏ខ្ញុំបានឮព្រះសូរសៀងរបស់ទ្រង់ និងបានឃើញពន្លឺដ៏ធំរបស់ទ្រង់ដែរ។ មានតែឥឡូវនេះទេ ទើបខ្ញុំមើលឃើញយ៉ាងប្រាកដថា ព្រះជាម្ចាស់ពិតជាស្រឡាញ់ខ្ញុំ និងមើលឃើញទៀតថា ព្រះអម្ចាស់យេស៊ូវគ្រីស្ទពិតជាព្រះជាម្ចាស់ដែលមានសេចក្តីមេត្តាករុណាចំពោះមនុស្ស ព្រមទាំងអត់ទោសបាបរបស់មនុស្សអស់កល្បជានិច្ច។ ខ្ញុំមើលឃើញយ៉ាងច្បាស់ថា ខ្ញុំជាមនុស្សបាបម្នាក់»។ ក្រោយមក ទោះបីព្រះជាម្ចាស់បានប្រើអំណោយទានរបស់ប៉ុល ដើម្បីធ្វើការក៏ដោយ ក៏សូមបំភ្លេចវាចោលសិនចុះ។ ការតាំងចិត្តរបស់គាត់នាពេលនោះ ញាណជាមនុស្សធម្មតា និងការស្គាល់ខ្លួនឯងរបស់គាត់ ពោលគឺអ្នករាល់គ្នាមិនអាចសម្រេចបានការទាំងនោះឡើយ។ នៅថ្ងៃនេះ តើអ្នករាល់គ្នាមិនទទួលបានពន្លឺច្រើនទេឬ? តើមនុស្សជាច្រើនមិនបានឃើញថា និស្ស័យរបស់ព្រះជាម្ចាស់គឺជានិស្ស័យមួយនៅក្នុងចំណោមឫទ្ធានុភាព សេចក្តីក្រោធ ការជំនុំជម្រះ និងការវាយផ្ចាលទេឬ? ការដាក់បណ្ដាសា ការល្បងល និងការបន្សុទ្ធបានធ្លាក់ទៅលើមនុស្សជាច្រើនដងរួចមកហើយ តើពួកគេរៀនបានអ្វីខ្លះហើយ? តើអ្នកទទួលបានអ្វីខ្លះចេញពីការត្រូវបានលត់ដំ និងការត្រូវបានដោះស្រាយ? ព្រះបន្ទូលធ្ងន់ៗ ការវាយផ្ដួល និងការជំនុំជម្រះបានធ្លាក់មកលើអ្នកជាច្រើនដង តែអ្នកនៅតែមិនយកចិត្តទុកដាក់ចំពោះការទាំងនោះទៀត។ អ្នកថែមទាំងគ្មានញាណដែលប៉ុលមានសូម្បីតែបន្ដិចឡើយ តើអ្នកមិនដើរថយក្រោយជ្រុលពេកទេឬ? ក៏មានរឿងជាច្រើនទៀតដែលប៉ុលមិនបានឃើញយ៉ាងច្បាស់ផងដែរ។ គាត់គ្រាន់តែដឹងថា ពន្លឺបានចាំងពីលើគាត់ ប៉ុន្តែគាត់មិនបានដឹងថា គាត់ត្រូវបានវាយផ្ដួលឡើយ។ ចំពោះគាត់ផ្ទាល់ គាត់ជឿថា ក្រោយពេលពន្លឺបានចាំងចំពីលើគាត់រួចមក គាត់ត្រូវតែលះបង់ខ្លួនសម្រាប់ព្រះជាម្ចាស់ រងទុក្ខសម្រាប់ព្រះជាម្ចាស់ ធ្វើអ្វីៗគ្រប់យ៉ាង ដើម្បីត្រួសត្រាយផ្លូវសម្រាប់ព្រះអម្ចាស់យេស៊ូវគ្រីស្ទ និងទទួលមនុស្សបាបកាន់តែច្រើន ដើម្បីឲ្យព្រះអម្ចាស់ប្រោសលោះ។ នេះជាការតាំងចិត្តរបស់គាត់ និងជាគោលបំណងតែមួយគត់នៃកិច្ចការរបស់គាត់ ប៉ុន្តែនៅពេលដែលគាត់បានធ្វើការ គាត់នៅតែមានជំងឺដដែល ពោលគឺរហូតដល់គាត់ត្រូវមរណា។ ប៉ុលបានធ្វើការអស់រយៈពេលជាងម្ភៃឆ្នាំ។ គាត់បានរងទុក្ខយ៉ាងច្រើន ហើយក៏បានដកពិសោធន៍នូវការបៀតបៀនយ៉ាងខ្លាំង និងរងទុក្ខលំបាកយ៉ាងច្រើនផងដែរ ទោះបីជាការទាំងនេះតិចជាងការល្បងលរបស់ពេត្រុសក៏ដោយចុះ។ តើវាមិនគួរឲ្យអាណិតទេឬ បើអ្នករាល់គ្នាមិនទាំងមានញាណរបស់ប៉ុលផងនោះ? ជាមួយករណីនេះ តើព្រះជាម្ចាស់អាចចាប់ផ្ដើមកិច្ចការកាន់តែធំជាងនៅក្នុងអ្នករាល់គ្នាយ៉ាងដូចម្ដេច?

នៅពេលដែលគាត់ផ្សាយដំណឹងល្អ ប៉ុលបានរងទុក្ខយ៉ាងខ្លាំង។ កិច្ចការដែលគាត់បានធ្វើ ការតាំងចិត្តរបស់គាត់ សេចក្តីជំនឿ ភក្តីភាព សេចក្តីស្រឡាញ់ ចិត្តអត់ធ្មត់ និងការបន្ទាបខ្លួនរបស់គាត់នាពេលនោះ ព្រមទាំងកិច្ចការខាងក្រៅផ្សេងទៀតដែលគាត់បានសម្ដែងចេញ គឺមានកម្រិតខ្ពស់ជាងមនុស្សដូចអ្នករាល់គ្នានាពេលសព្វថ្ងៃ។ បើនិយាយឲ្យកាន់តែម៉ឺងម៉ាត់ នៅខាងក្នុងអ្នករាល់គ្នាគ្មានញាណធម្មតាឡើយ។ អ្នកមិនទាំងមានមនសិការ ឬការបន្ទាបខ្លួនផង។ អ្នកនៅខ្វះច្រើនណាស់! ដូច្នេះ ភាគច្រើន នៅក្នុងអ្វីដែលអ្នករាល់គ្នាសម្ដែងចេញនោះ គ្មានឃើញមានញាណធម្មតាទេ ហើយក៏គ្មានតម្រុយអំពីការស្គាល់ខ្លួនឯងដែរ។ ទោះបីប៉ុលមានជំងឺខាងរូបកាយនាពេលនោះក៏ដោយ ក៏គាត់បានបន្តអធិស្ឋាន និងបន្ដស្វែងរកដែរ៖ «តើជំងឺនេះជាអ្វីឲ្យប្រាកដទៅ? ខ្ញុំបានធ្វើកិច្ចការទាំងអស់នេះសម្រាប់ព្រះអម្ចាស់ ហេតុអ្វីបានជាទុក្ខវេទនានេះមិនចេញពីខ្ញុំដូច្នេះ? តើវាអាចទេថា ព្រះអម្ចាស់យេស៊ូវកំពុងតែល្បងលខ្ញុំ? តើព្រះអង្គបានវាយផ្ដួលខ្ញុំឬ? បើទ្រង់បានវាយផ្ដួលខ្ញុំ នោះខ្ញុំនឹងត្រូវស្លាប់មិនខាន ហើយខ្ញុំគ្មានសមត្ថភាពអ្វីទៅធ្វើកិច្ចការទាំងអស់នេះសម្រាប់ទ្រង់ និងអាចទទួលបានពន្លឺដ៏ច្រើនបែបនេះឡើយ។ ព្រះអង្គក៏បានជ្រាបអំពីការតាំងចិត្តរបស់ខ្ញុំផងដែរ។» ប៉ុលតែងតែមានអារម្មណ៍ថា ជំងឺនេះគឺជាព្រះជាម្ចាស់ដែលកំពុងតែល្បងលគាត់ មានអារម្មណ៍ថា វាកំពុងតែលត់សេចក្តីជំនឿ និងអំណាចឆន្ទៈរបស់គាត់។ នេះហើយជារបៀបដែលប៉ុលបានមើលឃើញចំពោះជំងឺនោះ។ តាមពិតទៅ ជំងឺរបស់គាត់គឺជាស្ថានភាពបន្សល់ទុក ក្រោយពេលព្រះអម្ចាស់យេស៊ូវបានវាយផ្ដួលគាត់។ ជំងឺនេះបានដាក់គាត់ឲ្យស្ថិតនៅក្រោមសម្ពាធផ្លូវអារម្មណ៍ និងបានជាប់នៅក្នុងការបះបោររបស់គាត់។ បើអ្នករាល់គ្នាយល់ថា អ្នកស្ថិតនៅក្នុងកាលៈទេសៈរបស់ប៉ុល តើអ្នករាល់គ្នានឹងធ្វើអ្វីទៅ? តើការតាំងចិត្ត និងសមត្ថភាពរបស់អ្នកក្នុងការរងទុក្ខអាចល្អដូចជាប៉ុលដែរទេ? នៅថ្ងៃនេះ បើអ្នករាល់គ្នាមានជំងឺខ្លះ ឬក៏ជួបនូវការល្បងលដ៏ធំមួយ ហើយអ្នករាល់គ្នាត្រូវបានបង្កើតមកឲ្យរងទុក្ខ នរណាដឹងទៅថា អ្នករាល់គ្នានឹងក្លាយជាបែបណានោះ។ បើអ្នកត្រូវបានជាប់នៅក្នុងទ្រុងសត្វ ហើយចាំតែទទួលចំណី នោះអ្នកនឹងមិនមានបញ្ហាអ្វីឡើយ។ បើមិនដូច្នោះទេ អ្នករាល់គ្នានឹងប្រៀបដូចជាឆ្កែចចក ដែលខ្វះនូវភាពជាមនុស្ស។ ដូច្នេះ នៅពេលដែលអ្នកជួបនូវការដាក់កំហិត ឬទុក្ខលំបាកបន្ដិចបន្ដួច នោះវាជារឿងល្អសម្រាប់អ្នករាល់គ្នាវិញទេ។ បើអ្នករាល់គ្នាទទួលបានពេលវេលាដែលងាយស្រួល នោះអ្នកនឹងត្រូវវិនាសមិនខាន ហើយបន្ទាប់មក តើអ្នករាល់គ្នាអាចទទួលបានការការពារយ៉ាងដូចម្ដេច? នៅថ្ងៃនេះ វាគឺដោយសារតែអ្នករាល់គ្នាត្រូវបានវាយផ្ចាល ជំនុំជម្រះ និងដាក់បណ្ដាសានេះហើយ ទើបអ្នកទទួលបានការការពារនោះ។ វាគឺដោយសារតែអ្នកបានរងទុក្ខច្រើនបែបនេះហើយ ទើបអ្នកទទួលបានការការពារនោះ។ បើមិនដូច្នេះទេ អ្នកនឹងបានធ្លាក់ទៅក្នុងសេចក្ដីកំហូចតាំងពីយូរណាស់មកហើយ។ ការនេះមិនមានចេតនាបង្កជាការលំបាកដល់អ្នករាល់គ្នាឡើយ។ និស្ស័យរបស់មនុស្សពិបាកនឹងផ្លាស់ប្ដូរ ហើយដើម្បីឲ្យនិស្ស័យរបស់ពួកគេទទួលបានការផ្លាស់ប្ដូរ នោះក៏ជារឿងពិបាកមួយផងដែរ។ នៅថ្ងៃនេះ អ្នករាល់គ្នាមិនទាំងមានមនសិការ ឬញាណដែលប៉ុលមាន និងមានការស្គាល់ខ្លួនឯងរបស់គាត់ផង។ អ្នករាល់គ្នាតែងតែរងសម្ពាធ ហើយអ្នកតែងតែទទួលការវាយផ្ចាល និងការជំនុំជម្រះ ដើម្បីដាស់វិញ្ញាណរបស់អ្នករាល់គ្នាឲ្យភ្ញាក់ឡើង។ ការវាយផ្ចាល និងការជំនុំជម្រះគឺជាអ្វីដែលល្អបំផុតសម្រាប់ជីវិតរបស់អ្នករាល់គ្នា។ នៅពេលដែលចាំបាច់ វាក៏ត្រូវមានការវាយផ្ចាលចំពោះការពិតដែលកំពុងតែកើតមានដល់អ្នកផងដែរ។ មានតែបែបនេះទេ ទើបអ្នកនឹងចុះចូលទាំងស្រុង។ ធម្មជាតិរបស់អ្នករាល់គ្នាគឺបែបនេះឯង បើគ្មានការវាយផ្ចាល និងការដាក់បណ្ដាសាទេ អ្នកនឹងមិនឱនក្បាលព្រមចុះចូលឡើយ។ បើគ្មានការពិតនៅចំពោះមុខរបស់អ្នកទេ នោះវានឹងគ្មានប្រសិទ្ធភាពឡើយ។ អត្តចរិតរបស់អ្នករាល់គ្នានៅតូចទាប និងគ្មានតម្លៃឡើយ! បើគ្មានការវាយផ្ចាល និងការជំនុំជម្រះទេ នោះអ្នករាល់គ្នានឹងពិបាកក្នុងការទទួលបានការត្រូវយកឈ្នះ ហើយសេចក្តីទុច្ចរិត និងការមិនស្ដាប់បង្គាប់របស់អ្នករាល់គ្នាក៏ពិបាកនឹងត្រូវយកឈ្នះដែរ។ ធម្មជាតិចាស់របស់អ្នករាល់គ្នាត្រូវបានចាក់ឫសយ៉ាងជ្រៅពេកហើយ។ បើអ្នករាល់គ្នាត្រូវបានដាក់ឲ្យអង្គុយនៅលើបល្ល័ង្ក នោះអ្នករាល់គ្នានឹងមិនដឹងថាស្ថានសួគ៌ខ្ពស់ប៉ុនណា ហើយផែនដីជ្រៅប៉ុនណាឡើយ ហើយរឹតតែមិនដឹងថា អ្នកបានដើរឆ្ពោះទៅណាដែរ។ អ្នករាល់គ្នាថែមទាំងមិនដឹងពីប្រភពដែលអ្នកបានចេញមកទៀតផង ដូច្នេះ តើអ្នកអាចស្គាល់ព្រះអម្ចាស់នៃរបស់សព្វសារពើបានយ៉ាងដូចម្ដេច? បើគ្មានការវាយផ្ចាល និងការដាក់បណ្ដាសាទាន់ពេលនាថ្ងៃនេះទេ នោះថ្ងៃចុងក្រោយរបស់អ្នករាល់គ្នានឹងបានមកដល់ តាំងពីយូរណាស់មកហើយ។ នេះមិននិយាយដល់វាសនារបស់អ្នករាល់គ្នាផង។ តើវានឹងមិនកាន់តែស្ថិតនៅក្នុងគ្រោះថ្នាក់ដែលកំពុងតែជិតមកដល់ទេឬ? បើគ្មានការវាយផ្ចាល និងការជំនុំជម្រះទាន់ពេលវេលានេះទេ នរណាទៅដឹងថា អ្នករាល់គ្នានឹងកាន់តែក្អេងក្អាង ឬអ្នកនឹងកាន់តែខិលខូចកម្រិតណាទៅ។ ការវាយផ្ចាល និងការជំនុំជម្រះនេះបាននាំអ្នករាល់គ្នាមកដល់ថ្ងៃនេះ ហើយវាក៏បានការពារអត្ថិភាពរបស់អ្នករាល់គ្នាដែរ។ បើអ្នករាល់គ្នានៅតែទទួល «ការអប់រំ» ដោយប្រើវិធីសាស្ត្រដដែលៗ ដូចជាវិធីសាស្ត្រនៃ «ឪពុក» របស់អ្នករាល់គ្នា នោះនរណាដឹងអំពីពិភពអ្វីដែលអ្នករាល់គ្នានឹងចូលទៅក្នុងទៅ! អ្នករាល់គ្នាគ្មានសមត្ថភាពទាល់តែសោះក្នុងការត្រួតត្រា និងឆ្លុះបញ្ចាំងទៅលើខ្លួនឯង។ សម្រាប់មនុស្សដូចជាអ្នករាល់គ្នា បើអ្នកគ្រាន់តែដើរតាម និងស្ដាប់បង្គាប់ ដោយមិនបង្កជាការរំខាន ឬការបង្អាក់ណាមួយទេ នោះគោលបំណងរបស់ខ្ញុំនឹងត្រូវបានសម្រេច។ តើវាមិនប្រសើរជាងទេឬដែលអ្នករាល់គ្នាទទួលយកការវាយផ្ចាល និងការជំនុំជម្រះនាពេលសព្វថ្ងៃនោះ? តើអ្នកមានជម្រើសណាផ្សេងដែរឬទេ? នៅពេលដែលប៉ុលបានឃើញព្រះអម្ចាស់យេស៊ូវកំពុងតែមានបន្ទូល និងធ្វើការ គាត់នៅតែមិនបានជឿដដែល។ ក្រោយមក បន្ទាប់ពីព្រះអម្ចាស់យេស៊ូវត្រូវបានជាប់ឆ្កាង និងរស់ឡើងវិញ គាត់បានដឹងអំពីការពិតនេះ តែគាត់នៅតែបន្តបៀតបៀន និងប្រឆាំងទៀត។ នេះជាអត្ថន័យនៃការមានចេតនាប្រព្រឹត្តអំពើបាប ហើយជាលទ្ធផល គាត់ត្រូវបានវាយផ្ដួល។ ដំបូង គាត់បានដឹងថា មានស្ដេចមួយអង្គដែលស្ថិតនៅចំណោមសាសន៍យូដា ដែលត្រូវបានគេហៅថាជាព្រះយេស៊ូវ ហើយនេះជាអ្វីដែលគាត់បានឮ។ ក្រោយមក ពេលគាត់អធិប្បាយនៅក្នុងព្រះវិហារ និងប្រកាសនៅទូទាំងទឹកដី គាត់បានប្រឆាំងនឹងព្រះយេស៊ូវ ដោយក្អេងក្អាងមិនព្រមស្ដាប់តាមមនុស្សណាម្នាក់ឡើយ។ ការទាំងនេះបានក្លាយជាឧបសគ្គដ៏ធំមួយចំពោះកិច្ចការនាពេលនោះ។ នៅពេលដែលព្រះយេស៊ូវកំពុងតែធ្វើការ ប៉ុលមិនបានបៀតបៀន និងចាប់ខ្លួនមនុស្សដោយផ្ទាល់ទេ ប៉ុន្តែគាត់បានប្រើសេចក្តីអធិប្បាយ និងពាក្យពេចន៍ ដើម្បីបំផ្លាញកិច្ចការរបស់ព្រះយេស៊ូវ។ ក្រោយមក បន្ទាប់ពីព្រះអម្ចាស់យេស៊ូវគ្រីស្ទត្រូវបានជាប់ឆ្កាង គាត់ក៏ចាប់ផ្ដើមចាប់ខ្លួនពួកសិស្ស ដោយរួសរាន់ចេញពីកន្លែងមួយទៅកន្លែងមួយទៀត ហើយធ្វើអ្វីគ្រប់យ៉ាងដែលគាត់អាចធ្វើបាន ដើម្បីបៀតបៀនពួកគេ។ មានតែក្រោយពេល «ពន្លឺ» បានចាំងចំពីលើគាត់ទេ ទើបគាត់បានភ្ញាក់ខ្លួន ហើយមានវិប្បដិសារីដ៏ធំ។ ក្រោយគាត់ត្រូវបានវាយផ្ដួល ជំងឺរបស់គាត់មិនបានចេញពីគាត់ឡើយ។ ពេលខ្លះ គាត់មានអារម្មណ៍ថា ជំងឺរបស់គាត់កាន់តែធ្ងន់ធ្ងរ និងមិនអាចក្រោកចេញពីគ្រែបានផង។ គាត់បានគិតថា៖ «តើមានអ្វីកើតឡើងហ្នឹង? តើខ្ញុំត្រូវវិនាសយ៉ាងប្រាកដហើយឬ?» ជំងឺមិនបានចេញពីគាត់ តែដោយសារតែជំងឺនេះហើយ ទើបគាត់ធ្វើការបានយ៉ាងច្រើននោះ។ គឺអាចនិយាយបានថា ព្រះយេស៊ូវបានដាក់ជំងឺនេះនៅក្នុងប៉ុល ដោយសារតែសេចក្តីក្អេងក្អាង និងចិត្តរឹងចចេសរបស់គាត់។ វាជាការដាក់ទោសចំពោះប៉ុល ប៉ុន្តែវាក៏ត្រូវបានធ្វើឡើង ដើម្បីប្រើអំណោយទានរបស់ប៉ុលទៅពង្រីកកិច្ចការរបស់ព្រះជាម្ចាស់ផងដែរ។ តាមពិតទៅ ព្រះជាម្ចាស់គ្មានចេតនាសង្គ្រោះប៉ុលទេ ប៉ុន្តែដើម្បីប្រើគាត់ប៉ុណ្ណោះ។ ប៉ុន្តែ ដោយសារតែនិស្ស័យរបស់ប៉ុលព្រហើន និងរឹងចចេសខ្លាំងពេក ដូច្នេះហើយបានជាមាន «បន្លា» មួយត្រូវបានដាក់នៅក្នុងគាត់។ នៅទីបំផុត ទម្រាំដល់ពេលដែលប៉ុលបានបញ្ចប់កិច្ចការរបស់គាត់ ជំងឺនោះលែងក្លាយជាទារុណកម្មដ៏ធំសម្រាប់គាត់ទៀតហើយ ហើយពេលដែលកិច្ចការរបស់គាត់កំពុងតែត្រូវបញ្ចប់ គាត់អាចនិយាយថា «ខ្ញុំបានប្រយុទ្ធយ៉ាងល្អ ខ្ញុំបានបញ្ចប់ការរត់ប្រណាំងរបស់ខ្ញុំ ហើយខ្ញុំបានរក្សាសេចក្តីជំនឿខ្ញុំយ៉ាងមាំ។ ពីពេលនេះតទៅ មានមកុដនៃសេចក្តីសុចរិតមួយ ដែលបម្រុងទុកសម្រាប់ខ្ញុំ»។ ការដែលគាត់និយាយបែបនេះ ដោយសារតែគាត់មិនបានដឹងអំពីកិច្ចការរបស់ព្រះជាម្ចាស់។ មានមនុស្សជាច្រើននៅក្នុងចំណោមអ្នករាល់គ្នាដូចជាប៉ុល ប៉ុន្តែបើអ្នករាល់គ្នាមានការតាំងចិត្តដ៏ពិតប្រាកដក្នុងការដើរតាមរហូតដល់ចុងផ្លូវ នោះអ្នករាល់គ្នានឹងមិនត្រូវគេធ្វើបាបឡើយ។ នៅត្រង់ចំណុចនេះ យើងនឹងមិនពិភាក្សាអំពីរបៀបដែលប៉ុលជាមនុស្សបះបោរ និងប្រឆាំងឡើយ។ ចូរយើងបន្តផ្តោតមើលផ្នែកមួយនៃគាត់ ដែលជារឿងវិជ្ជមាន និងគួរឲ្យសរសើរវិញ៖ គាត់មានមនសិការ ហើយក្រោយទទួល «ពន្លឺ» បានម្ដងមក គាត់អាចថ្វាយខ្លួនដល់ព្រះជាម្ចាស់ និងរងទុក្ខសម្រាប់ព្រះជាម្ចាស់។ នេះហើយជាចំណុចខ្លាំងរបស់គាត់នោះ។ យ៉ាងណាមិញ បើមានអស់អ្នកដែលជឿថា ដោយសារតែគាត់មានចំណុចខ្លាំងមួយ ទើបគាត់ក្លាយជាបុគ្គលម្នាក់ដែលទទួលព្រះពរ បើពួកគេគិតថា គាត់មិនចាំបាច់ទទួលការវាយផ្ចាលទេ នោះវាជាពាក្យសម្ដីរបស់មនុស្សដែលគ្មានហេតុផលសោះឡើយ។

នៅពេលអធិស្ឋាន និងអានព្រះបន្ទូលរបស់ព្រះ មនុស្សជាច្រើននិយាយថា ពួកគេព្រមចុះចូលចំពោះព្រះជាម្ចាស់ ប៉ុន្តែពួកគេបែរជាខិលខូចនៅក្នុងរឿងឯកជន ហើយមិនបានគិតអំពីព្រះបន្ទូលឡើយ។ ព្រះបន្ទូលរបស់ព្រះជាម្ចាស់ត្រូវបានថ្លែងឡើងម្ដងហើយម្ដងទៀត ដោយបើកសម្ដែងម្ដងមួយស្រទាប់ៗ ហើយមានតែពេលដែលស្រទាប់ដ៏ជ្រៅបំផុតរបស់មនុស្សត្រូវបានលាតត្រដាងទេ ទើបពួកគេ «រកឃើញសេចក្តីសុខសាន្ត» និងលែងសូវព្រហើន និងរឹងចចេស ហើយក៏លែងសូវមានភាពក្អេងក្អាងដែលមិនអាចអត់ទ្រាំបាន។ ជាមួយសភាពដែលអ្នករាល់គ្នាមានដូចសព្វថ្ងៃ អ្នកត្រូវទទួលការវាយផ្ដួល និងការលាតត្រដាងដោយគ្មានមេត្តា ព្រមទាំងត្រូវជំនុំជម្រះយ៉ាងល្អិតល្អន់ដដែល ដើម្បីឱ្យអ្នករាល់គ្នាគ្មានឱកាសដកខ្យល់ឡើយ។ សម្រាប់អ្នករាល់គ្នា វាជាការប្រសើរជាងការដែលការវាយផ្ចាល និងការជំនុំជម្រះដ៏តឹងរ៉ឹងមិនចាកចេញពីអ្នករាល់គ្នា និងជាការប្រសើរផងដែរដែលការដាក់ទោស និងការដាក់បណ្ដាសានៅមិនឆ្ងាយពីអ្នករាល់គ្នា ដោយអនុញ្ញាតឲ្យអ្នករាល់គ្នាមើលឃើញថា ព្រះហស្តនៃបញ្ញត្តិរដ្ឋបាលរបស់ព្រះជាម្ចាស់មិនចាកចេញពីអ្នករាល់គ្នា។ ដូចនៅក្នុងយុគសម័យនៃក្រឹត្យវិន័យដែរ នៅពេលដែលអើរ៉ុនបានឃើញថា ព្រះយេហូវ៉ាមិនដែលចាកចោលគាត់ (អ្វីដែលគាត់បានឃើញគឺជាការបន្តចង្អុលបង្ហាញ និងការការពាររបស់ព្រះយេហូវ៉ា ហើយការចង្អុលបង្ហាញរបស់ព្រះជាម្ចាស់ដែលអ្នករាល់គ្នាបានឃើញនាពេលសព្វថ្ងៃគឺជាការវាយផ្ចាល ការដាក់បណ្ដាសា និងការជំនុំជម្រះ) ដូច្នេះ នៅថ្ងៃនេះ ព្រះហស្តនៃបញ្ញត្តិរដ្ឋបាលរបស់ព្រះយេហូវ៉ាក៏មិនចាកចោលអ្នករាល់គ្នាផងដែរ។ យ៉ាងណាមិញ មានរឿងមួយដែលអ្នករាល់គ្នាអាចធូរចិត្តបាន៖ មិនថាអ្នករាល់គ្នាប្រឆាំង បះបោរ និងធ្វើការថ្កោលទោសយ៉ាងណាក៏ដោយ ក៏វានឹងមិនបង្កឲ្យមានការឈឺចាប់ណាមួយដល់សាច់ឈាមរបស់អ្នករាល់គ្នាដែរ។ ប៉ុន្តែ បើមានមនុស្សដែលធ្វើជ្រុលហួសហេតុនៅក្នុងការប្រឆាំងរបស់ពួកគេ ហើយបង្អាក់ដល់កិច្ចការ ការនេះមិនអាចទទួលយកបានឡើយ។ វាមាននូវដែនកំណត់មួយ។ កុំរំខាន ឬបង្អាក់ដល់ជីវិតនៃពួកជំនុំ ហើយក៏កុំរំខានដល់កិច្ចការនៃព្រះវិញ្ញាណបរិសុទ្ធនោះដែរ។ សម្រាប់អ្វីផ្សេងទៀត អ្នកអាចធ្វើអ្វីក៏បានតាមតែអ្នកចង់ធ្វើទៅចុះ។ បើអ្នកនិយាយថា អ្នកមិនចង់ដេញតាមជីវិត ហើយប្រាថ្នាចង់ត្រឡប់ទៅកាន់ពិភពលោកវិញ អ៊ីចឹងសូមប្រញាប់ទៅចុះ! អ្នករាល់គ្នាអាចធ្វើអ្វីតាមបំណងប្រាថ្នារបស់អ្នកបាន ដរាបណាវាមិនបង្អាក់ដល់កិច្ចការរបស់ព្រះជាម្ចាស់។ ប៉ុន្តែ មានរឿងមួយទៀតដែលអ្នកត្រូវដឹង៖ នៅទីបំផុត មនុស្សបាបដ៏រឹងចចេសបែបនេះនឹងត្រូវជម្រុះចោលមិនខាន។ នៅថ្ងៃនេះ អ្នកអាចមិនទទួលការស្ដីប្រដៅមែន ប៉ុន្តែនៅទីបំផុត មានតែចំណែកមួយនៃមនុស្សប៉ុណ្ណោះ នឹងអាចធ្វើទីបន្ទាល់បាន ហើយផ្នែកសេសសល់នឹងត្រូវស្ថិតនៅក្នុងគ្រោះថ្នាក់មិនខាន។ បើអ្នកមិនចង់ស្ថិតនៅក្នុងចរន្តនេះទេ នោះជាការល្អហើយ។ មនុស្សនាពេលសព្វថ្ងៃទទួលបាននូវការអត់ឱន។ ខ្ញុំមិនដាក់កម្រិតអ្នកឡើយ ប្រសិនបើអ្នកមិនខ្លាចការវាយផ្ចាលនាថ្ងៃស្អែកនោះ។ ប៉ុន្តែ បើអ្នកស្ថិតនៅក្នុងចរន្តនេះ អ្នកត្រូវតែធ្វើបន្ទាល់ ហើយអ្នកត្រូវតែទទួលការវាយផ្ចាល។ បើអ្នកចង់បដិសេធវា ហើយត្រឡប់ទៅរកលោកីយ៍វិញ នោះវាមិនថ្វីទេ ព្រោះគ្មាននរណាម្នាក់នឹងបញ្ឈប់អ្នកបានឡើយ! ប៉ុន្តែ បើអ្នកធ្វើកិច្ចការដែលបំផ្លាញ និងបង្អាក់ដល់កិច្ចការរបស់ព្រះជាម្ចាស់ អ្នកប្រាកដជាមិនអាចទទួលបានការអត់ទោសចំពោះទង្វើនោះបានឡើយ! ចំពោះអ្វីដែលភ្នែករបស់អ្នកមើលឃើញ និងអ្វីដែលត្រចៀកអ្នកស្ដាប់ឮអំពីមនុស្សណាខ្លះដែលត្រូវបានវាយផ្ចាល ព្រមទាំងគ្រួសារណាខ្លះដែលត្រូវបណ្ដាសា វាមានព្រំដែន និងដែនកំណត់ចំពោះការទាំងអស់នោះ។ ព្រះវិញ្ញាណបរិសុទ្ធមិនចេះតែធ្វើរឿងទាំងនោះឡើយ។ ដោយផ្អែកលើអំពើបាបដែលអ្នករាល់គ្នាបានប្រព្រឹត្ត បើអ្នករាល់គ្នាចង់ឲ្យគេប្រព្រឹត្ត និងធ្វើយ៉ាងម៉ឺងម៉ាត់ចំពោះខ្លួនស្របតាមសេចក្តីទុច្ចរិតរបស់អ្នករាល់គ្នាផ្ទាល់ តើអ្នករាល់គ្នាណាខ្លះនឹងអាចរួចជីវិតទៅ? អ្នកទាំងអស់គ្នានឹងត្រូវរងទុក្ខលំបាក ហើយគ្មាននរណាម្នាក់នឹងមានលទ្ធផលល្អឡើយ។ ប៉ុន្តែនៅថ្ងៃនេះ មនុស្សជាច្រើនបានទទួលនូវការអត់ឱន។ ទោះបីជាអ្នករាល់គ្នាជំនុំជម្រះ បះបោរ និងប្រឆាំងក៏ដោយ ដរាបណាអ្នកមិនបង្កជាការរំខានទេ នោះខ្ញុំនឹងញញឹមដាក់អ្នករាល់គ្នា។ បើអ្នករាល់គ្នាកំពុងតែដេញតាមជីវិតយ៉ាងពិតប្រាកដ នោះអ្នកប្រាកដជាជួបការវាយផ្ចាលបន្ដិចបន្ដួចមិនខាន ហើយអ្នកត្រូវតែទ្រាំនឹងការឈឺចាប់នៃការកាត់ផ្ដាច់ចេញអ្វីដែលអ្នកស្រឡាញ់ ដើម្បីគេងនៅលើគ្រែសម្រាប់ទទួលការវះកាត់។ អ្នកត្រូវតែទ្រាំនឹងការឈឺចាប់ ដូចជាពេត្រុសបានទទួលយកការល្បងល និងទុក្ខវេទនាដែរ។ នៅថ្ងៃនេះ អ្នកស្ថិតនៅមុខទីជំនុំជម្រះ។ ទៅថ្ងៃអនាគត អ្នកត្រូវឡើងទៅកាន់ «ទីលានប្រហារជីវិត» ដែលនឹងកើតឡើង នៅពេលដែលអ្នករាល់គ្នាយកខ្លួនធ្វើជា «យញ្ញបូជា»។

ក្នុងអំឡុងពេលនៃដំណាក់កាលចុងក្រោយនៃកិច្ចការនៅគ្រាចុងក្រោយនេះ ប្រហែល អ្នកជឿថា ព្រះជាម្ចាស់នឹងមិនបំផ្លាញសាច់ឈាមរបស់អ្នកឲ្យវិនាសសាបសូន្យទេ ហើយគឺអាចនិយាយបានថា អ្នកប្រហែលមិនមានជំងឺណាមួយទេ ទោះបីជាអ្នកប្រឆាំងនឹងទ្រង់ និងជំនុំជម្រះទ្រង់ក៏ដោយ។ ប៉ុន្តែ នៅពេលដែលព្រះបន្ទូលដ៏ម៉ឺងម៉ាត់របស់ព្រះជាម្ចាស់ធ្លាក់លើអ្នក នៅពេលដែលការបះបោរ និងការប្រឆាំងរបស់អ្នក ព្រមទាំងទឹកមុខដ៏អាក្រក់របស់អ្នកត្រូវបានលាតត្រដាង នោះអ្នកនឹងមិនអាចលាក់ខ្លួនបានឡើយ។ អ្នកនឹងរកឃើញថា អ្នកភ័យស្លន់ស្លោ និងស្រឡាំងកាំងមិនខាន។ នៅថ្ងៃនេះ អ្នករាល់គ្នាត្រូវតែមានមនសិការខ្លះផង។ កុំដើរតួជាមនុស្សអាក្រក់ដែលប្រឆាំង និងបះបោរទាស់នឹងព្រះជាម្ចាស់ឡើយ។ អ្នកគួរតែបែរខ្នងដាក់បុព្វបុរសពីបុរាណរបស់អ្នកវិញ។ នេះជាកម្ពស់ដែលអ្នកគួរតែមាន ហើយនេះក៏ជាភាពជាមនុស្សដែលអ្នកគួរតែមានផងដែរ។ អ្នកតែងតែគ្មានសមត្ថភាពបោះចោលសេចក្តីរំពឹងទុកនាពេលអនាគតរបស់អ្នក ឬការសប្បាយនាពេលសព្វថ្ងៃ។ ព្រះជាម្ចាស់មានបន្ទូលថា៖ «ដរាបណាអ្នករាល់គ្នាធ្វើគ្រប់យ៉ាងដែលអ្នកអាចធ្វើបាន ដើម្បីដើរតាមខ្ញុំ និងដេញតាមសេចក្តីពិត នោះខ្ញុំនឹងប្រាកដជាប្រោសឲ្យអ្នករាល់គ្នាបានគ្រប់លក្ខណ៍មិនខាន។ ពេលដែលអ្នករាល់គ្នាត្រូវបានប្រោសឲ្យគ្រប់លក្ខណ៍ហើយ នោះអ្នកនឹងមានទិសដៅដ៏ស្រស់ស្អាតមួយ។ អ្នករាល់គ្នានឹងត្រូវបាននាំចូលទៅក្នុងនគររបស់ខ្ញុំ ដើម្បីរីករាយនឹងព្រះពរជាមួយខ្ញុំ»។ ទិសដៅដ៏ស្រស់ស្អាតមួយត្រូវបានសន្យាទុកសម្រាប់អ្នករាល់គ្នា តែសេចក្តីតម្រូវចំពោះអ្នករាល់គ្នាមិនអាចត្រូវបានបន្ធូរបន្ថយឡើយ។ វាក៏មានលក្ខខណ្ឌមួយផងដែរ៖ មិនថាអ្នករាល់គ្នានឹងត្រូវបានយកឈ្នះ ឬត្រូវបានប្រោសឲ្យគ្រប់លក្ខណ៍នោះទេ ថ្ងៃនេះ អ្នកត្រូវតែទទួលការវាយផ្ចាយ និងទុក្ខវេទនាខ្លះ។ អ្នកត្រូវតែទទួលការលត់ដំ និងការប្រៀនប្រដៅ។ អ្នកត្រូវតែស្ដាប់តាមព្រះបន្ទូលរបស់ខ្ញុំ ដើរតាមផ្លូវរបស់ខ្ញុំ និងធ្វើតាមបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ ព្រោះថានេះជាអ្វីដែលមនុស្សបែបអ្នករាល់គ្នាគួរតែធ្វើ។ ទោះបីអ្នកដេញតាមរបៀបណាក៏ដោយ ក៏អ្នកត្រូវតែស្ដាប់ឲ្យបានច្បាស់អំពីការនេះដែរ។ បើអ្នកមានការយល់ដឹងជ្រៅជ្រះយ៉ាងពិតប្រាកដ នោះអ្នកអាចបន្តដើរតាមបាន។ បើអ្នកជឿថា នៅត្រង់នេះគ្មានសេចក្តីរំពឹង ឬសេចក្តីសង្ឃឹមទេ ដូច្នេះ អ្នកអាចអញ្ជើញទៅចុះ។ ព្រះបន្ទូលទាំងនេះត្រូវបានថ្លែងឡើងច្បាស់ៗទៅកាន់អ្នក ប៉ុន្តែបើអ្នកប្រាថ្នាចង់ទៅទៀត នោះវាមានតែបង្ហាញឲ្យឃើញថា អ្នកមិនមានមនសិការសូម្បីតែបន្ដិចឡើយ។ ទង្វើរបស់អ្នកនេះគឺគ្រប់គ្រាន់នឹងបញ្ជាក់ឲ្យឃើញថា អ្នកជាអារក្ស។ ទោះបីអ្នកនិយាយថា អ្នកថ្វាយអ្វីៗទាំងអស់ទៅតាមការចាត់ចែងរបស់ព្រះជាម្ចាស់ក៏ដោយ ប៉ុន្តែដោយផ្អែកលើសាច់ឈាមរបស់អ្នក និងអ្វីដែលអ្នកសម្ដែងចេញ នោះអ្នកនៅតែរស់នៅក្រោមដែនត្រួតត្រារបស់សាតាំងដដែល។ ទោះបីជាសាតាំងស្ថិតនៅក្នុងព្រះហស្តរបស់ព្រះជាម្ចាស់ក៏ដោយ ក៏ខ្លួនអ្នកផ្ទាល់នៅតែជាកម្មសិទ្ធិរបស់សាតាំង ហើយមិនទាន់ត្រូវបានសង្រ្គោះយ៉ាងពិតប្រាកដដោយព្រះជាម្ចាស់នៅឡើយទេ ព្រោះថាអ្នកនៅតែរស់នៅក្រោមឥទ្ធិពលរបស់សាតាំង។ តើអ្នកត្រូវដេញតាមយ៉ាងដូចម្ដេច ដើម្បីឲ្យបានការសង្រ្គោះ? ជម្រើសគឺជារបស់អ្នក។ អ្នកគួរតែជ្រើសរើសផ្លូវដែលអ្នកគួរតែដើរ។ នៅទីបំផុត បើអ្នកអាចនិយាយថា៖ «ខ្ញុំគ្មានអ្វីដែលល្អប្រសើរទេ ខ្ញុំត្រូវតបស្នងចំពោះសេចក្ដីស្រឡាញ់របស់ព្រះជាម្ចាស់ដោយមនសិការរបស់ខ្ញុំ ហើយខ្ញុំក៏ត្រូវមានភាពជាមនុស្សបន្ដិចបន្ដួចផងដែរ។ ខ្ញុំមិនអាចសម្រេចអ្វីជាដុំកំភួនទេ ហើយក៏គ្មានគុណសម្បត្តិខ្ពស់ដែរ។ ខ្ញុំមិនយល់អំពីនិមិត្ត និងអត្ថន័យនៃកិច្ចការរបស់ព្រះជាម្ចាស់។ ខ្ញុំគ្រាន់តែចង់តបស្នងចំពោះសេចក្តីស្រឡាញ់របស់ព្រះជាម្ចាស់ប៉ុណ្ណោះ ខ្ញុំធ្វើគ្រប់យ៉ាងដែលព្រះជាម្ចាស់ស្នើសុំ ហើយខ្ញុំធ្វើគ្រប់យ៉ាងដែលខ្ញុំអាចធ្វើទៅបាន។ ខ្ញុំបំពេញភារកិច្ចរបស់ខ្ញុំឲ្យបានត្រឹមត្រូវ ក្នុងនាមជាសត្តនិកររបស់ព្រះជាម្ចាស់» នោះខ្ញុំនឹងមានអារម្មណ៍ពេញចិត្តមិនខាន។ នេះគឺជាទីបន្ទាល់ដ៏ខ្ពស់បំផុតដែលអ្នកអាចធ្វើបាន។ នេះគឺជាបទដ្ឋានដ៏ខ្ពស់បំផុតដែលត្រូវបានទាមទារចេញពីចំណែកមួយរបស់មនុស្ស៖ ការបំពេញភារកិច្ច ក្នុងនាមជាសត្តនិករមួយរបស់ព្រះជាម្ចាស់។ ចូរគ្រាន់តែធ្វើឲ្យបានច្រើននូវអ្វីដែលអ្នកអាចធ្វើបានចុះ។ សេចក្តីតម្រូវចំពោះអ្នកមិនខ្ពស់ពេកនោះឡើយ។ ដរាបណាអ្នកធ្វើគ្រប់យ៉ាងដែលអ្នកអាចធ្វើបាន នោះការនេះគឺជាទីបន្ទាល់របស់អ្នកហើយ។

ខាង​ដើម៖ សេចក្ដីពិតនៅខាងក្នុងអំពីកិច្ចការនៃការយកឈ្នះ (៤)

បន្ទាប់៖ ការអនុវត្ត (៧)

គ្រោះមហន្តរាយបានធ្លាក់ចុះមក ហើយការបន្តររស់នៅគឺជាបំណងប្រាថ្នារបស់មនុស្សគ្រប់រូប! ដើម្បីសុខសុវត្ថិភាពខ្លួនអ្នក និងក្រុមគ្រួសាររបស់អ្នក តើអ្នកចង់ទទួលបានឱកាសស្វាគមន៍ព្រះអម្ចាស់ដើម្បីត្រូវបានការពារដោយព្រះដែរឬទេ?

ខ្លឹមសារ​ពាក់ព័ន្ធ

ជីវិតពេត្រុស

ពេត្រុសគឺជាគំរូអំពីព្រះជាម្ចាស់សម្រាប់មនុស្សជាតិ លោកជាកូនពន្លឺមួយដែលគ្រប់ៗគ្នាស្គាល់។...

អំពីទម្លាប់នៃការអធិស្ឋាន

អ្នកមិនឲ្យតម្លៃសំខាន់ទៅលើការអធិស្ឋាននៅក្នុងជីវិតប្រចាំថ្ងៃរបស់អ្នករាល់គ្នាឡើយ។ មនុស្សធ្វេសប្រហែសនឹងរឿងអធិស្ឋាន។...

អ្នកគួរតែស្ដាប់បង្គាប់ព្រះជាម្ចាស់ នៅក្នុងជំនឿដែលអ្នកជឿដល់ទ្រង់

ហេតុអ្វីបានជាអ្នកជឿលើព្រះជាម្ចាស់? មនុស្សភាគច្រើនត្រូវស្រឡាំងកាំង ដោយសារតែសំណួរនេះ។ ពួកគេតែងតែមានទស្សនៈពីរផ្ទុយគ្នាស្រឡះអំពីព្រះដ៏ជាក់ស្ដែង...

ការកំណត់

  • អត្ថបទ
  • ប្រធានបទ

ពណ៌​ដិតច្បាស់

ប្រធានបទ

ប្រភេទ​អក្សរ

ទំហំ​អក្សរ

ចម្លោះ​បន្ទាត់

ចម្លោះ​បន្ទាត់

ប្រវែងទទឹង​ទំព័រ

មាតិកា

ស្វែងរក

  • ស្វែង​រក​អត្ថបទ​នេះ
  • ស្វែង​រក​សៀវភៅ​នេះ