ការអនុវត្ត (២)

កាលពីអតីតកាល មនុស្សបានបង្វឹកខ្លួនឱ្យនៅជាមួយព្រះជាម្ចាស់ និងរស់ក្នុងវិញ្ញាណគ្រប់ពេលវេលា។ បើធៀបទៅនឹងការអនុវត្តសព្វថ្ងៃវិញ នេះគឺជាទម្រង់ដ៏សាមញ្ញមួយនៃការបណ្ដុះបណ្ដាលខាងវិញ្ញាណ។ វាគឺជារបៀបនៃការអនុវត្តដ៏រាក់បំផុត និងសាមញ្ញបំផុត មុនពេលមនុស្សដើរនៅលើផ្លូវដ៏ត្រឹមត្រូវនៃជីវិត ហើយវាបង្កើតបានជាដំណាក់កាលដំបូងបំផុតនៃការអនុវត្តនៅក្នុងសេចក្តីជំនឿរបស់មនុស្ស។ បើមនុស្សតែងតែពឹងអាងលើការអនុវត្តប្រភេទនេះនៅក្នុងជីវិតរបស់គេ នោះពួកគេនឹងមានអារម្មណ៍ជាច្រើន ហើយក៏នឹងទំនងជាប្រព្រឹត្តកំហុសជាច្រើនផងដែរ ដ្បិតពួកគេនឹងគ្មានសមត្ថភាពចូលទៅក្នុងបទពិសោធនៃជីវិតពិតឡើយ។ ពួកគេនឹងគ្រាន់តែអាចបង្វឹកវិញ្ញាណរបស់គេ ចូលទៅជិតព្រះជាម្ចាស់តាមធម្មតានៅក្នុងដួងចិត្តរបស់ពួកគេ ហើយគេនឹងតែងតែមានអំណរដ៏ធំក្នុងការមានព្រះជាម្ចាស់គង់នៅជាមួយពួកគេ។ ពួកគេនឹងកម្រិតខ្លួនឯងមកត្រឹមវិសាលភាពតូចមួយនៃការដែលពួកគេនៅជាមួយព្រះជាម្ចាស់ ហើយពួកគេនឹងមិនអាចទទួលបានអ្វីៗដែលកាន់តែជ្រាលជ្រៅនោះឡើយ។ មនុស្សដែលរស់នៅក្នុងដែនកំណត់ទាំងនេះគ្មានសមត្ថភាពមានវឌ្ឍនភាពដ៏ធំនោះទេ។ គ្រប់ពេល ពួកគេមុខជាស្រែកឡើងថា «ឱ! ព្រះអម្ចាស់យេស៊ូវអើយ។ អាម៉ែន!» ពួកគេមានទម្លាប់ធ្វើបែបនេះជារៀងរាល់ថ្ងៃ ព្រោះថានេះជាការអនុវត្តកាលពីអតីតកាល ដែលជាការអនុវត្តនៃការរស់នៅក្នុងវិញ្ញាណនៅគ្រប់ពេលវេលា។ តើការនេះមិនថោកទាបទេឬអី? សព្វថ្ងៃនេះ នៅពេលដែលដល់វេលាត្រូវសញ្ជឹងគិតអំពីព្រះបន្ទូលរបស់ព្រះជាម្ចាស់ សូមគ្រាន់តែផ្តោតលើការសញ្ជឹងគិតព្រះបន្ទូលរបស់ព្រះជាម្ចាស់ចុះ។ នៅពេលដែលដល់ពេលអនុវត្តតាមសេចក្តីពិត សូមគ្រាន់តែផ្តោតលើការអនុវត្តតាមសេចក្តីពិតចុះ។ នៅពេលដែលដល់ពេលបំពេញភារកិច្ចរបស់អ្នក សូមគ្រាន់តែបំពេញតាមភារកិច្ចរបស់អ្នកចុះ។ ប្រភេទនៃការអនុវត្តបែបនេះ តាមពិតទៅជាការផ្ដល់ឱ្យមានសេរីភាពវិញទេ ព្រោះថាវាដោះលែងអ្នកឱ្យមានសេរីភាព។ វាមិនដូចជារបៀបដែលអ្នកកាន់សាសនាបែបបុរាណធ្វើការអធិស្ឋាន និងអរព្រះគុណព្រះនោះឡើយ។ ពិតណាស់ កាលពីមុន នេះជាការអនុវត្តរបស់មនុស្សមានសេចក្ដីជំនឿ ប៉ុន្តែឥឡូវនេះ ការអនុវត្តបែបនេះគឺចាស់គំរឹលពេកហើយ។ កិច្ចការរបស់ព្រះជាម្ចាស់នាពេលនេះស្ថិតនៅកម្រិតមួយខ្ពស់ជាងមុន ហើយអ្វីដែលត្រូវបានថ្លែងអំពីពេលសព្វថ្ងៃស្ដីពី «ការនាំព្រះជាម្ចាស់ចូលទៅក្នុងបែបផែនជីវិតពិត» គឺជាទិដ្ឋភាពដ៏សំខាន់បំផុតនៃការអនុវត្ត។ នេះគឺជាភាពជាមនុស្សសាមញ្ញ ដែលមនុស្សត្រូវបានរំពឹងទុកឱ្យមាននៅក្នុងជីវិតពិតរបស់ពួកគេ ហើយអ្វីដែលពួកគេគួរតែមាននៅក្នុងភាពជាមនុស្សសាមញ្ញរបស់ពួកគេគឺជាគ្រប់ទាំងព្រះបន្ទូលដែលព្រះជាម្ចាស់ថ្លែងនាពេលសព្វថ្ងៃ។ ការនាំព្រះបន្ទូលរបស់ព្រះជាម្ចាស់ចូលទៅក្នុងជីវិតពិត គឺជាអត្ថន័យជាក់ស្ដែងនៃ «ការនាំព្រះជាម្ចាស់ចូលទៅក្នុងបែបផែនជីវិតពិត»។ សព្វថ្ងៃនេះ មនុស្សគួរតែបំពាក់បំប៉នខ្លួនជាចម្បងជាមួយសេចក្តីខាងក្រោម៖ ក្នុងន័យម្យ៉ាង ពួកគេត្រូវតែអភិវឌ្ឍគុណសម្បត្តិរបស់ខ្លួន ទទួលការអប់រំ និងធ្វើឱ្យប្រសើរឡើងនូវជំនាញអាន និងការយល់ដឹងរបស់ពួកគេ។ នៅក្នុងន័យម្យ៉ាងទៀត ពួកគេត្រូវតែដឹកនាំបែបផែនជីវិតជាមនុស្សសាមញ្ញម្នាក់។ អ្នកទើបតែចូលចំពោះព្រះជាម្ចាស់ដោយចេញពីពិភពលោក។ ជាដំបូង អ្នកត្រូវតែបង្វឹកដួងចិត្តរបស់អ្នកឱ្យស្ងប់ស្ងាត់នៅចំពោះព្រះជាម្ចាស់ជាមុនសិន។ នេះគឺជាទីចាប់ផ្ដើមនៃការអនុវត្ត ហើយវាក៏ជាជំហានដំបូងក្នុងការសម្រេចបានការផ្លាស់ប្ដូរនៅក្នុងនិស្ស័យនៃបែបផែនជីវិតរបស់អ្នកផងដែរ។ មនុស្សមួយចំនួនអាចសម្របខ្លួនបាននៅក្នុងការអនុវត្តរបស់ពួកគេ។ ពួកគេសញ្ជឹងគិតអំពីសេចក្តីពិត ក្នុងពេលកំពុងធ្វើការ ដោយរិះរកសេចក្តីពិត និងគោលការណ៍នៃការអនុវត្តដែលពួកគេគួរតែយល់នៅក្នុងភាពជាក់ស្ដែង។ ទិដ្ឋភាពមួយគឺថា អ្នកត្រូវតែមានជីវិតជាមនុស្សសាមញ្ញម្នាក់ ហើយទិដ្ឋភាពមួយទៀតគឺថា វាត្រូវតែមានច្រកចូលសេចក្តីពិត។ ទិដ្ឋភាពទាំងអស់នេះបង្កើតបានជាការអនុវត្តដ៏ប្រសើរបំផុតសម្រាប់បែបផែនជីវិតពិត។

ការនាំព្រះជាម្ចាស់ចូលទៅក្នុងជីវិតពិតរបស់មនុស្ស ជាបឋមតម្រូវឱ្យពួកគេថ្វាយបង្គំព្រះជាម្ចាស់ ស្វែងរកចង់ស្គាល់ព្រះជាម្ចាស់ និងបំពេញភារកិច្ចជាសត្តនិកររបស់ព្រះជាម្ចាស់នៅក្នុងភាពជាមនុស្សសាមញ្ញ។ វាមិនមានន័យថា ពួកគេត្រូវតែអធិស្ឋានទៅកាន់ព្រះជាម្ចាស់នៅគ្រប់ពេលដែលពួកគេធ្វើអ្វីមួយ និងធ្វើឱ្យពួកគេមានអារម្មណ៍មិនស្រួល ថាខ្លួនបានជំពាក់ទ្រង់ បើពួកគេមិនបានអធិស្ឋាននោះឡើយ។ ការអនុវត្តនាពេលសព្វថ្ងៃមិនមែនបែបនេះទេ ដ្បិតវាមានលក្ខណៈធូរស្រាល និងសាមញ្ញ! វាមិនតម្រូវឱ្យមនុស្សប្រកាន់ខ្ជាប់តាមគោលលទ្ធិទេ។ ផ្ទុយទៅវិញ មនុស្សម្នាក់ៗគួរតែប្រព្រឹត្តស្របតាមកម្ពស់របស់ពួកគេម្នាក់ៗ៖ បើសមាជិកគ្រួសាររបស់អ្នកមិនជឿលើព្រះជាម្ចាស់ ចូរប្រព្រឹត្តចំពោះពួកគេដូចជាអ្នកមិនជឿ ហើយបើពួកគេជឿ ចូរប្រព្រឹត្តចំពោះពួកគេដូចជាអ្នកជឿ។ កុំប្រើសេចក្តីស្រឡាញ់ និងចិត្តអត់ធ្មត់ឡើយ ផ្ទុយទៅវិញ ចូរប្រើប្រាជ្ញាវិញ។ មនុស្សខ្លះចេញទៅទិញបន្លែ ហើយពេលពួកគេកំពុងដើរបណ្ដើរ ពួកគេក៏រអ៊ូបណ្ដើរថា៖ «ឱព្រះជាម្ចាស់អើយ! តើព្រះអង្គចង់ឱ្យទូលបង្គំទិញបន្លែអ្វីទៅនៅថ្ងៃនេះ? សូមព្រះអង្គជួយដល់ទូលបង្គំផង។ ព្រះជាម្ចាស់សុំឱ្យយើងលើកតម្កើងព្រះនាមទ្រង់នៅក្នុងគ្រប់កិច្ចការដែលយើងធ្វើ និងសុំឱ្យយើងគ្រប់គ្នាធ្វើទីបន្ទាល់អំពីទ្រង់ ដូច្នេះ ទោះបីជាអ្នកលក់លក់អ្វីមួយស្អុយរលួយដល់ខ្ញុំក៏ដោយ ក៏ខ្ញុំនឹងនៅតែអរព្រះគុណព្រះជាម្ចាស់ដែរ ព្រោះថាខ្ញុំត្រូវតែអត់ទ្រាំ។ យើងដែលជាអ្នកជឿលើព្រះជាម្ចាស់ មិនអាចរើសយកបន្លែទាំងនោះឡើយ»។ ពួកគេគិតថា ការធ្វើបែបនេះគឺជាការធ្វើទីបន្ទាល់ ហើយជាលទ្ធផល ពួកគេបានចាយលុយទៅទិញបន្លែដែលស្អុយរលួយ ប៉ុន្តែពួកគេនៅតែអធិស្ឋានថា៖ «ឱព្រះជាម្ចាស់អើយ! ទូលបង្គំនឹងនៅតែបរិភោគបន្លែរលួយទាំងនេះ ដរាបណាព្រះអង្គយល់ថាវាអាចទៅរួច»។ តើការអនុវត្តបែបនេះមិនសមទំនងទេឬអី? តើនេះមិនមែនជាការដើរតាមគោលលទ្ធិទេឬ? កាលពីមុន មនុស្សបានបង្វឹកខ្លួនឱ្យរស់នៅក្នុងវិញ្ញាណនៅគ្រប់ពេលវេលា ហើយការនេះទាក់ទងនឹងកិច្ចការដែលត្រូវបានធ្វើកាលពីមុននៅក្នុងយុគសម័យនៃព្រះគុណ។ ការគោរពប្រណិប័តន៍ព្រះ ការបន្ទាបខ្លួន សេចក្តីស្រឡាញ់ ចិត្តអត់ធ្មត់ ការអរព្រះគុណព្រះសម្រាប់គ្រប់កិច្ចការ ហើយការទាំងអស់នេះគឺជាអ្វីដែលត្រូវបានតម្រូវឱ្យគ្រប់អ្នកជឿធ្វើនៅក្នុងយុគសម័យនៃព្រះគុណ។ នៅពេលនោះ មនុស្សបានអធិស្ឋានទៅកាន់ព្រះជាម្ចាស់សម្រាប់គ្រប់កិច្ចការ។ ពួកគេនឹងអធិស្ឋាន ពេលពួកគេទិញសម្លៀកបំពាក់ ហើយពេលទទួលដំណឹងអំពីការប្រជុំមួយ ពួកគេក៏អធិស្ឋានថា៖ «ឱព្រះជាម្ចាស់អើយ! តើទ្រង់នឹងឱ្យទូលបង្គំចូលរួមដែរឬអត់? បើព្រះអង្គនឹងអនុញ្ញាតឱ្យទូលបង្គំចូលរួម សូមទ្រង់រៀបចំផ្លូវសម្រាប់ទូលបង្គំឱ្យរលូនផង។ បើទ្រង់មិនអនុញ្ញាតឱ្យទូលបង្គំទៅទេ សូមឱ្យទូលបង្គំជំពប់ដួលចុះ»។ ពួកគេនឹងអធិស្ឋានទទូចសុំពីព្រះជាម្ចាស់ តែក្រោយពេលអធិស្ឋានរួច ពួកគេនឹងមានអារម្មណ៍មិនស្រួល ហើយមិនទៅចូលរួមឡើយ។ ចំពោះបងប្អូនស្រីៗមួយចំនួនវិញ ដោយខ្លាចពេលត្រលប់ពីការប្រជុំទៅផ្ទះវិញ ពួកគេអាចទទួលការវាយដំពីស្វាមីរបស់ខ្លួនដែលមិនជឿ ពួកគេនឹងមានអារម្មណ៍មិនស្រួល ពេលដែលពួកគេអធិស្ឋាន ដូច្នេះ ពួកគេនឹងមិនចូលរួមការប្រជុំឡើយ។ ពួកគេជឿថា នេះគឺជាបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ ដែលតាមពិតទៅ បើពួកគេបានទៅចូលរួម នោះវានឹងគ្មានអ្វីកើតឡើងឡើយ។ ហើយលទ្ធផលដែលទទួលបានគឺថាពួកគេបានខកខានការប្រជុំ។ ការទាំងអស់នេះគឺជាលទ្ធផលនៃភាពអវិជ្ជារបស់មនុស្ស។ មនុស្សដែលអនុវត្តបែបនេះ សុទ្ធតែរស់នៅតាមអារម្មណ៍ទាំងអស់។ ការអនុវត្តបែបនេះគឺមិនត្រឹមត្រូវ និងគ្មានហេតុផលឡើយ ហើយវាក៏ត្រូវបានលាបពណ៌ដោយភាពមិនច្បាស់លាស់ដែរ។ ពួកគេប្រើអារម្មណ៍ និងគំនិតផ្ទាល់ខ្លួនច្រើនពេក។ បើអ្នកទទួលដំណឹងអំពីការប្រជុំមួយ ចូរទៅចូលរួមចុះ។ វាគ្មានតម្រូវការអ្វីដែលត្រូវអធិស្ឋានទៅកាន់ព្រះជាម្ចាស់ឡើយ។ តើនេះមិនសាមញ្ញទេឬអី? បើអ្នកត្រូវទិញសម្លៀកបំពាក់នៅថ្ងៃនេះ ចូរចេញទៅទិញចុះ។ សូមកុំអធិស្ឋានទៅកាន់ព្រះជាម្ចាស់ថា៖ «ឱព្រះជាម្ចាស់អើយ! តើព្រះអង្គនឹងឱ្យទូលបង្គំទៅឬអត់? ចុះបើមានបងប្អូនប្រុសស្រីណាម្នាក់មកលេង ពេលដែលទូលបង្គំចេញផុតទៅ?» អ្នកខ្លាចថា បងប្អូនប្រុសស្រីណាម្នាក់មកលេងផ្ទះ ដូច្នេះ អ្នកមិនទៅ ប៉ុន្តែជាលទ្ធផល នៅល្ងាចនោះ បែរជាគ្មាននរណាម្នាក់មកលេងទៅវិញ។ សូម្បីតែនៅក្នុងយុគសម័យនៃព្រះគុណ របៀបនៃការអនុវត្តបែបនេះមានលក្ខណៈខុសប្រក្រតី និងមិនត្រឹមត្រូវឡើយ។ ដូច្នេះ បើមនុស្សអនុវត្តដូចអ្វីកាលពីអតីតកាល នោះវានឹងគ្មានការផ្លាស់ប្ដូរនៅក្នុងជីវិតរបស់ពួកគេឡើយ។ ពួកគេនឹងបោះបង់ទាំងងងឹតងងល់នូវអ្វីគ្រប់យ៉ាងដែលនៅខាងមុខ មិនយកចិត្តទុកដាក់ចំពោះការដឹងខុសត្រូវ ហើយនឹងមិនធ្វើអ្វីសោះ ក្រៅពីស្ដាប់បង្គាប់ និងស៊ូទ្រាំទាំងងងឹតងងល់ប៉ុណ្ណោះឡើយ។ នៅពេលនោះ មនុស្សបានផ្តោតទៅលើការលើកតម្កើងព្រះជាម្ចាស់ ប៉ុន្តែព្រះជាម្ចាស់មិនបានទទួលសិរីល្អពីពួកគេឡើយ ដ្បិតពួកគេមិនបានរស់នៅតាមភាពជាក់ស្ដែង។ ពួកគេគ្រាន់តែបង្ខាំង និងដាក់កម្រិតខ្លួនឯងទៅតាមសញ្ញាណផ្ទាល់ខ្លួន ហើយទោះបីពួកគេបានអនុវត្តជាច្រើនឆ្នាំក៏ដោយ ក៏វាមិនបាននាំមកនូវការផ្លាស់ប្រែនៅក្នុងជីវិតរបស់ពួកគេឡើយ។ អ្វីដែលពួកគេដឹងនោះគឺត្រូវអត់ទ្រាំ បន្ទាបខ្លួន ស្រឡាញ់ និងអត់ទោស ប៉ុន្តែពួកគេគ្មានការបំភ្លឺពីព្រះវិញ្ញាណបរិសុទ្ធ សូម្បីតែបន្ដិចក៏គ្មានផង។ តើមនុស្សអាចស្គាល់ព្រះជាម្ចាស់តាមរបៀបនេះយ៉ាងដូចម្ដេច? ហើយតើពួកគេអាចលើកតម្កើងព្រះជាម្ចាស់ដោយរបៀបណាទៅ?

មនុស្សអាចដើរនៅលើផ្លូវដ៏ត្រឹមត្រូវនៃសេចក្តីជំនឿលើព្រះជាម្ចាស់បាន លុះត្រាតែពួកគេយកព្រះជាម្ចាស់ចូលទៅក្នុងជីវិតពិតរបស់ពួកគេ និងចូលទៅក្នុងជីវិតជាមនុស្សសាមញ្ញរបស់ពួកគេ។ ព្រះបន្ទូលរបស់ព្រះជាម្ចាស់ដឹកនាំអ្នករាល់គ្នានាពេលបច្ចុប្បន្ននេះ ដូច្នេះ អ្នករាល់គ្នាមិនចាំបាច់ស្វែងរក និងរាវរក ដូចគ្រាអតីតកាលឡើយ។ នៅពេលដែលអ្នកអាចអនុវត្តតាមព្រះបន្ទូលរបស់ព្រះជាម្ចាស់ និងអាចពិនិត្យមើល ព្រមទាំងវាយតម្លៃខ្លួនឯងស្របតាមសភាពជាមនុស្សដែលខ្ញុំបានបើកសម្ដែង នោះអ្នកនឹងអាចទទួលបានការផ្លាស់ប្ដូរមិនខាន។ នេះមិនមែនជាគោលលទ្ធិឡើយ ប៉ុន្តែជាអ្វីដែលព្រះជាម្ចាស់តម្រូវពីមនុស្ស។ នៅថ្ងៃនេះ ខ្ញុំសូមប្រាប់អ្នកអំពីការទាំងនោះចុះ៖ ចូរផ្តោតអារម្មណ៍ទៅលើការប្រព្រឹត្ត តាមព្រះបន្ទូលរបស់ខ្ញុំតែប៉ុណ្ណោះបានហើយ។ សេចក្តីតម្រូវរបស់ខ្ញុំចំពោះអ្នកគឺមានមូលដ្ឋានលើតម្រូវការរបស់មនុស្សធម្មតាម្នាក់។ ខ្ញុំបានប្រាប់អ្នករួចហើយអំពីព្រះបន្ទូលរបស់ខ្ញុំ ដូច្នេះ ដរាបណាអ្នកផ្ដោតអារម្មណ៍ទៅលើការអនុវត្តតាមព្រះបន្ទូលទាំងនេះ នោះអ្នកនឹងធ្វើតាមបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់មិនខាន។ ឥឡូវនេះ វាដល់ពេលដែលត្រូវរស់នៅស្របតាមព្រះបន្ទូលរបស់ព្រះជាម្ចាស់ហើយ។ ព្រះបន្ទូលរបស់ព្រះជាម្ចាស់បានពន្យល់ និងវែកញែកច្បាស់លាស់អំពីអ្វីៗគ្រប់យ៉ាង ហើយដរាបណាអ្នករស់នៅស្របតាមព្រះបន្ទូលរបស់ព្រះជាម្ចាស់ នោះអ្នកនឹងដឹកនាំជីវិតមួយដែលមានសេរីភាព និងរួចផុតពីចំណងទាំងអស់។ កាលពីអតីតកាល នៅពេលដែលមនុស្សបាននាំព្រះជាម្ចាស់ចូលទៅក្នុងជីវិតពិតរបស់ពួកគេ ពួកគេបានអនុវត្ត ធ្វើតាមគោលលទ្ធិ និងពិធីសាសនាច្រើនជ្រុលពេក ហើយសូម្បីតែនៅក្នុងកិច្ចការដ៏កំប៉ិកកំប៉ុក ក៏ពួកគេនឹងអធិស្ឋានស្វែងរកព្រះ ដោយបោះចោលព្រះបន្ទូលរបស់ព្រះជាម្ចាស់ដែលចែងទុកច្បាស់ៗ ហើយព្រងើយកន្ដើយក្នុងការអាន។ ផ្ទុយទៅវិញ ពួកគេនឹងប្រើកម្លាំងទាំងអស់របស់ពួកគេទៅលើការស្វែងរក ហើយលទ្ធផលដែលទទួលបានគឺគ្មានប្រសិទ្ធភាពឡើយ។ សូមយករឿងអាហារ និងសម្លៀកបំពាក់មកធ្វើជាឧទាហរណ៍ចុះ៖ អ្នកអធិស្ឋានថ្វាយរឿងទាំងនេះទៅក្នុងព្រះហស្តរបស់ព្រះជាម្ចាស់ ដោយទូលសុំឱ្យព្រះជាម្ចាស់ដោះស្រាយអ្វីៗគ្រប់យ៉ាងសម្រាប់អ្នក។ នៅពេលដែលព្រះជាម្ចាស់ព្រះសណ្ដាប់ពាក្យទាំងនេះ ទ្រង់នឹងមានបន្ទូលថា៖ «តើខ្ញុំត្រូវអំពល់ជាមួយរឿងកំប៉ិកកំប៉ុកបែបនេះឬ? តើភាពជាមនុស្សសាមញ្ញ និងការត្រិះរិះពិចារណាដែលខ្ញុំបានបង្កើតសម្រាប់អ្នកនោះ បាត់ទៅណាហើយ?» ពេលខ្លះ មនុស្សម្នាក់ប្រព្រឹត្តកំហុសមួយនៅក្នុងទង្វើរបស់ខ្លួន បន្ទាប់មក ពួកគេជឿថា ពួកគេបានប្រមាថព្រះជាម្ចាស់ ហើយពួកគេបានរួញរា។ សភាពរបស់មនុស្សខ្លះគឺល្អណាស់ ប៉ុន្តែនៅពេលដែលពួកគេធ្វើរឿងកំប៉ិកកំប៉ុកមិនត្រឹមត្រូវ ពួកគេជឿថា ព្រះជាម្ចាស់កំពុងតែវាយផ្ចាលពួកគេ។ តាមពិតទៅ នេះមិនមែនជាទង្វើរបស់ព្រះជាម្ចាស់ទេ ប៉ុន្តែគឺជាឥទ្ធិពលចេញពីគំនិតរបស់មនុស្សវិញទេ។ ពេលខ្លះ បទពិសោធដែលអ្នកកំពុងតែជួប វាគ្មានអ្វីខុសឆ្គងឡើយ ប៉ុន្តែអ្នកដទៃនិយាយថា អ្នកកំពុងតែជួបបទពិសោធមិនត្រឹមត្រូវហើយ ដូច្នេះ អ្នកក៏ជាប់អន្ទាក់ ហើយមានអារម្មណ៍អវិជ្ជមាន និងខ្មៅងងឹតនៅក្នុងចិត្ត។ ជារឿយៗ នៅពេលដែលមនុស្សមានអារម្មណ៍អវិជ្ជមានបែបនេះ ពួកគេជឿថា ពួកគេកំពុងតែត្រូវបានវាយផ្ចាលដោយព្រះជាម្ចាស់ ប៉ុន្តែព្រះជាម្ចាស់មានបន្ទូលថា៖ «ខ្ញុំមិនបានធ្វើកិច្ចការនៃការវាយផ្ចាលណាមួយនៅក្នុងអ្នកទេ។ តើអ្នកអាចស្ដីបន្ទោសខ្ញុំបែបនេះយ៉ាងដូចម្ដេចទៅ?» មនុស្សឆាប់មានអារម្មណ៍អវិជ្ជមានណាស់។ ពួកគេក៏ឆាប់មានអារម្មណ៍រំជើបរំជួល ហើយជារឿយៗ រអ៊ូរទាំអំពីព្រះជាម្ចាស់ដែរ។ ព្រះជាម្ចាស់មិនតម្រូវឱ្យអ្នករងទុក្ខបែបនេះទេ ប៉ុន្តែអ្នកវិញទេដែលអនុញ្ញាតឱ្យខ្លួនឯងធ្លាក់ទៅក្នុងសភាពបែបនេះនោះ។ ទុក្ខវេទនាប្រភេទនេះគ្មានតម្លៃអ្វីឡើយ។ មនុស្សមិនដឹងអំពីកិច្ចការដែលព្រះជាម្ចាស់បានធ្វើ ហើយមានរឿងជាច្រើនដែលពួកគេមិនដឹង និងមិនអាចមើលឃើញយ៉ាងច្បាស់ ដូច្នេះ ពួកគេបានជាប់អន្ទាក់នៅក្នុងសញ្ញាណ និងការស្រមើស្រមៃរបស់ខ្លួន ដោយជាប់ជំពាក់កាន់តែខ្លាំងទៅៗ។ មនុស្សខ្លះនិយាយថា គ្រប់កិច្ចការ និងគ្រប់រឿងសុទ្ធតែស្ថិតនៅក្នុងព្រះហស្តរបស់ព្រះជាម្ចាស់ ដូច្នេះ តើព្រះជាម្ចាស់មិនជ្រាបទេឬអី នៅពេលដែលមនុស្សមានភាពអវិជ្ជមាននោះ? ពិតមែនហើយ ព្រះជាម្ចាស់ជ្រាបមែន។ នៅពេលដែលអ្នកជាប់អន្ទាក់នៅក្នុងសញ្ញាណជាមនុស្ស ព្រះវិញ្ញាណបរិសុទ្ធគ្មានផ្លូវធ្វើការនៅក្នុងអ្នកឡើយ។ ជាញឹកញាប់ មនុស្សខ្លះបានជាប់អន្ទាក់នៅក្នុងសភាពអវិជ្ជមានមួយ ប៉ុន្តែខ្ញុំនៅតែបន្តអនុវត្តកិច្ចការរបស់ខ្ញុំដដែល។ មិនថាអ្នកមានភាពអវិជ្ជមាន ឬវិជ្ជមានឡើយ ខ្ញុំមិនត្រូវបានរារាំងដោយអ្នកទេ ប៉ុន្តែអ្នកគួរតែដឹងថា ពាក្យជាច្រើនដែលខ្ញុំថ្លែង និងចំនួនកិច្ចការដ៏ធំធេងដែលខ្ញុំធ្វើត្រូវបានជាប់ជំពាក់ពីមួយទៅមួយ ស្របតាមសភាពរបស់មនុស្ស។ នៅពេលដែលអ្នកមានភាពអវិជ្ជមាន ការនេះមិនរាំងស្ទះដល់កិច្ចការនៃព្រះវិញ្ញាណបរិសុទ្ធទេ។ ក្នុងអំឡុងពេលនៃការវាយផ្ចាល និងការល្បងលនៃសេចក្តីស្លាប់ មនុស្សទាំងអស់ត្រូវបានជាប់នៅក្នុងសភាពអវិជ្ជមានមួយ ប៉ុន្តែការនេះមិនបានរាំងស្ទះដល់កិច្ចការរបស់ខ្ញុំឡើយ។ នៅពេលដែលអ្នកមានភាពអវិជ្ជមាន ព្រះវិញ្ញាណបរិសុទ្ធបានបន្តធ្វើកិច្ចការដែលត្រូវសម្រេចនៅក្នុងអ្នកដទៃ។ អ្នកអាចឈប់ដេញតាមអស់រយៈពេលមួយខែ ប៉ុន្តែខ្ញុំនៅតែបន្តធ្វើការដដែល មិនថាអ្នកធ្វើនៅក្នុងពេលបច្ចុប្បន្ន ឬអនាគតឡើយ វាមិនអាចបញ្ឈប់កិច្ចការនៃព្រះវិញ្ញាណបរិសុទ្ធបានទេ។ សភាពអវិជ្ជមានខ្លះចេញមកពីសេចក្តីកម្សោយរបស់មនុស្ស។ នៅពេលដែលមនុស្សជឿថា ពួកគេគ្មានសមត្ថភាពបំពេញតាមលក្ខខណ្ឌតម្រូវរបស់ព្រះជាម្ចាស់ ឬក៏មិនអាចយល់លក្ខខណ្ឌតម្រូវទាំងនោះ ពួកគេមានភាពអវិជ្ជមាន។ ឧទាហរណ៍ ក្នុងអំឡុងពេលនៃការវាយផ្ចាល ព្រះបន្ទូលរបស់ព្រះជាម្ចាស់បានថ្លែងអំពីការស្រឡាញ់ព្រះជាម្ចាស់ដល់កម្រិតជាក់លាក់មួយ នៅក្នុងពេលនៃការវាយផ្ចាល ប៉ុន្តែមនុស្សបានជឿថា ពួកគេគ្មានសមត្ថភាពធ្វើដោយខ្លួនឯងឡើយ។ ជាពិសេស ពួកគេបានកើតទុក្ខ និងសោកសៅដែលសាច់ឈាមរបស់ពួកគេត្រូវបានសាតាំងធ្វើឱ្យពុករលួយយ៉ាងជ្រាលជ្រៅ និងថាគុណសម្បត្តិរបស់ពួកគេមានកម្រិតអន់ពេក។ ពួកគេមានអារម្មណ៍ថា ការដែលពួកគេបានកើតមកនៅក្នុងបរិយាកាសបែបនេះគឺជារឿងមួយគួរឱ្យអាណិត។ ហើយមនុស្សខ្លះមានអារម្មណ៍ថា វាយឺតពេលហើយសម្រាប់ពួកគេដែលជឿលើព្រះជាម្ចាស់ និងស្គាល់ព្រះជាម្ចាស់ ព្រមទាំងមានអារម្មណ៍ថា ពួកគេគ្មានតម្លៃឱ្យទ្រង់ប្រោសឱ្យគ្រប់លក្ខណ៍ឡើយ។ ការទាំងអស់នេះគឺជាសភាពធម្មតារបស់មនុស្ស។

សាច់ឈាមរបស់មនុស្សគឺចេញមកពីសាតាំង វាពេញដោយនិស្ស័យបះបោរ គួរឱ្យស្មោកគ្រោក និងមិនស្អាតបរិសុទ្ធឡើយ។ មនុស្សល្មោភចង់បានសេចក្តីរីករាយខាងសាច់ឈាមខ្លាំងពេក ព្រមទាំងបង្ហាញចេញខាងសាច់ឈាមច្រើនពេក ទើបនាំឱ្យព្រះជាម្ចាស់ស្អប់ខ្ពើមសាច់ឈាមរបស់មនុស្សដល់កម្រិតជាក់លាក់មួយដូច្នេះ។ នៅពេលដែលមនុស្សបោះបង់ចោលសេចក្តីពុករលួយដ៏ស្មោកគ្រោករបស់សាតាំង នោះពួកគេទទួលបានសេចក្តីសង្រ្គោះរបស់ព្រះជាម្ចាស់។ ប៉ុន្តែ បើពួកគេនៅតែមិនកម្ចាត់ចោលសេចក្តីស្មោកគ្រោក និងសេចក្តីពុករលួយចេញពីពួកគេទេ នោះពួកគេនៅតែកំពុងរស់នៅក្រោមដែនត្រួតត្រារបស់សាតាំងដដែល។ ការមិនអើពើ ការបោកបញ្ឆោត និងភាពវៀចវេររបស់មនុស្សសុទ្ធតែចេញមកពីសាតាំងទាំងអស់។ សេចក្តីសង្រ្គោះរបស់ព្រះជាម្ចាស់សម្រាប់អ្នក គឺជាការកម្ចាត់ចោលសេចក្តីទាំងនេះរបស់សាតាំងចេញពីអ្នក។ កិច្ចការរបស់ព្រះជាម្ចាស់មិនអាចខុសនោះឡើយ ព្រោះថាគ្រប់កិច្ចការដែលទ្រង់ធ្វើ គឺដើម្បីសង្រ្គោះមនុស្សចេញពីសេចក្តីងងឹត។ នៅពេលដែលអ្នកជឿដល់កម្រិតជាក់លាក់មួយ ហើយអ្នកអាចដកខ្លួនចេញពីសេចក្តីពុករលួយនៃសាច់ឈាម ព្រមទាំងលែងជាប់ខ្នោះនៃសេចក្តីពុករលួយនោះតទៅទៀត តើអ្នកនឹងមិនត្រូវបានសង្រ្គោះទេឬអី? នៅពេលដែលអ្នករស់នៅក្រោមដែនត្រួតត្រារបស់សាតាំង អ្នកគ្មានសមត្ថភាពក្នុងការបង្ហាញអំពីព្រះជាម្ចាស់ទេ អ្នកគឺជាអ្វីមួយដែលស្មោកគ្រោក ហើយមិនអាចទទួលបានកេរមរតករបស់ព្រះជាម្ចាស់ឡើយ។ នៅពេលដែលអ្នកត្រូវបានបន្សុទ្ធ និងប្រោសឱ្យគ្រប់លក្ខណ៍រួចមក នោះអ្នកនឹងក្លាយជាបរិសុទ្ធ ក្លាយជាមនុស្សធម្មតាម្នាក់ ព្រមទាំងទទួលព្រះពរពីព្រះជាម្ចាស់ ហើយព្រះជាម្ចាស់ក៏រីករាយចំពោះអ្នកផងដែរ។ កិច្ចការដែលព្រះជាម្ចាស់បានធ្វើនាពេលសព្វថ្ងៃគឺជាសេចក្តីសង្រ្គោះ ហើយលើសពីនេះ វាក៏មានការជំនុំជម្រះ ការវាយផ្ចាល និងការដាក់បណ្ដាសាផងដែរ។ វាមាននូវទិដ្ឋភាពជាច្រើន។ អ្នករាល់គ្នាមើលឃើញថា ព្រះសូរសៀងរបស់ព្រះជាម្ចាស់មាននូវការជំនុំជម្រះ និងការវាយផ្ចាល ក៏ដូចជាការដាក់បណ្ដាសានានាផងដែរ។ ខ្ញុំថ្លែងបន្ទូលបែបនេះ ដើម្បីសម្រេចបានលទ្ធផលមួយ គឺធ្វើឱ្យមនុស្សស្គាល់ខ្លួនឯង ហើយមិនចង់ឱ្យមនុស្សត្រូវស្លាប់ឡើយ។ ដួងចិត្តរបស់ខ្ញុំគឺគិតដល់ប្រយោជន៍របស់អ្នករាល់គ្នាវិញទេ។ ការថ្លែងព្រះបន្ទូលគឺជាវិធីសាស្ត្រមួយនៅក្នុងចំណោមវិធីសាស្ត្រជាច្រើនទៀតដែលខ្ញុំធ្វើការ ដ្បិតតាមរយៈព្រះបន្ទូល ខ្ញុំសម្ដែងចេញនូវនិស្ស័យរបស់ព្រះជាម្ចាស់ និងអនុញ្ញាតឱ្យអ្នកមានការយល់ដឹងអំពីបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់។ សាច់ឈាមរបស់អ្នកអាចស្លាប់ទៅ ប៉ុន្តែអ្នកនៅមានវិញ្ញាណ និងព្រលឹងទៀត។ បើមនុស្សមានតែសាច់ឈាម នោះសេចក្តីជំនឿរបស់ពួកគេនឹងគ្មានន័យអ្វីឡើយ ហើយគ្រប់កិច្ចការដែលខ្ញុំបានធ្វើនេះក៏គ្មានន័យអ្វីដែរ។ នៅថ្ងៃនេះ ខ្ញុំថ្លែងព្រះបន្ទូលទៅតាមរបៀបជាក់ស្ដែង ដ្បិតពេលខ្លះ ខ្ញុំស្អប់មនុស្សយ៉ាងខ្លាំង ហើយពេលខ្លះទៀត ខ្ញុំស្រឡាញ់ពួកគេយ៉ាងខ្លាំងដែរ។ ខ្ញុំធ្វើការទាំងអស់នេះ ដើម្បីចង់ឱ្យមានការផ្លាស់ប្ដូរនៅក្នុងនិស្ស័យរបស់អ្នក ក៏ដូចជាចង់បំផ្លាស់បំប្រែសញ្ញាណរបស់អ្នកអំពីកិច្ចការរបស់ព្រះជាម្ចាស់។

គ្រាចុងក្រោយបានមកដល់ ហើយបណ្ដាប្រទេសនៅជុំវិញពិភពលោកកំពុងតែស្ថិតក្នុងភាពជ្រួលច្របល់។ មានភាពច្របូកច្របល់ខាងនយោបាយ មានគ្រោះទុរ្ភិក្ស អាសន្នរោគ ទឹកជំនន់ និងគ្រោះរាំងស្ងួតដែលកំពុងតែកើតឡើងនៅគ្រប់ទីកន្លែង។ មានគ្រោះមហន្តរាយនៅក្នុងពិភពលោករបស់មនុស្ស ហើយស្ថានសួគ៌ក៏បញ្ជូននូវគ្រោះមហន្តរាយផងដែរ។ មានទីសម្គាល់ជាច្រើនអំពីគ្រាចុងក្រោយ។ ប៉ុន្តែ ចំពោះមនុស្សវិញ ពិភពលោកនេះហាក់ដូចជាទីដ៏សប្បាយរីករាយ និងរុងរឿងមួយ។ ដួងចិត្តរបស់មនុស្សត្រូវបានអូសទាញទៅរកពិភពលោកនេះកាន់តែខ្លាំងឡើងៗ ហើយមនុស្សជាច្រើនបានជាប់អន្ទាក់មិនអាចដកខ្លួនចេញពីវាឡើយ។ មនុស្សជាច្រើននឹងបានចាញ់បញ្ឆោតអស់អ្នកដែលចូលរួមនៅក្នុងអំពើឧបាយកល និងអំពើអាបធ្មប់។ បើអ្នកមិនព្យាយាមចម្រើនឡើង និងមិនចាក់ឫសនៅក្នុងផ្លូវពិតទេ នោះអ្នកនឹងត្រូវរសាត់ទៅតាមជំនោរដ៏ជន់ជោរនៃអំពើបាបមិនខាន។ ប្រទេសចិនគឺជាប្រទេសមិនសូវមានការអភិវឌ្ឍមួយនៅក្នុងចំណោមប្រទេសទាំងអស់ ហើយវាក៏ជាទឹកដីមួយដែលត្រូវបានហ៊ុមព័ទ្ធដោយនាគដ៏ធំមានសម្បុរក្រហម មានមនុស្សច្រើនបំផុតដែលថ្វាយបង្គំរូបព្រះ និងចូលរួមនៅក្នុងអំពើអាបធ្មប់ មានព្រះវិហារច្រើនបំផុត ហើយក៏ជាកន្លែងមួយដែលមានអារក្សអសោចស្ថិតនៅផងដែរ។ អ្នកបានកើតមកចេញពីទឹកដីនេះ អ្នកត្រូវបានទទួលការអប់រំពីប្រទេសនេះ ហើយបានរងឥទ្ធិពលរបស់វា។ អ្នកត្រូវបានធ្វើឱ្យពុករលួយ និងរងការធ្វើបាបពីទឹកដីនេះ ប៉ុន្តែក្រោយទទួលបានការភ្ញាក់រឭក អ្នកក៏បោះបង់វាចោល ហើយត្រូវបានព្រះជាម្ចាស់ទទួលយកទាំងស្រុង។ នេះគឺជាសិរីល្អរបស់ព្រះជាម្ចាស់ ហើយក៏ជាហេតុផលមួយដែលនាំឱ្យដំណាក់កាលនៃកិច្ចការនេះមានសារៈសំខាន់ខ្លាំងផងដែរ។ ព្រះជាម្ចាស់បានធ្វើកិច្ចការនៅកម្រិតដ៏ធំបែបនេះ បានមានបន្ទូលជាច្រើនបែបនេះ ហើយនៅទីបំផុត ព្រះអង្គនឹងទទួលយកអ្នករាល់គ្នាទាំងស្រុង។ នេះគឺជាផ្នែកមួយនៃកិច្ចការគ្រប់គ្រងរបស់ព្រះជាម្ចាស់ ហើយអ្នកគឺជា «ជ័យភ័ណ្ឌ» នៃចម្បាំងរបស់ព្រះជាម្ចាស់ទាស់នឹងសាតាំង។ បើអ្នករាល់គ្នាយល់អំពីសេចក្តីពិតកាន់តែច្រើន ហើយបើជីវិតនៃពួកជំនុំរបស់អ្នកកាន់តែប្រសើរ នោះនាគដ៏ធំមានសម្បុរក្រហមនឹងត្រូវលុតជង្គង់របស់វាចុះកាន់តែខ្លាំង។ ទាំងនេះគឺជាកិច្ចការនៃពិភពខាងវិញ្ញាណ។ ទាំងនេះជាសមរភូមិនៃពិភពខាងវិញ្ញាណ ហើយនៅពេលដែលព្រះជាម្ចាស់មានជ័យជម្នះ នោះសាតាំងនឹងត្រូវអាម៉ាស់ ហើយដួលចុះ។ ដំណាក់កាលនៃកិច្ចការរបស់ព្រះជាម្ចាស់នេះមានសារៈសំខាន់ខ្លាំងណាស់។ ព្រះជាម្ចាស់ធ្វើការក្នុងកម្រិតដ៏ធំ និងសង្រ្គោះមនុស្សមួយក្រុមនេះទាំងស្រុងបែបនេះ ដើម្បីឱ្យអ្នកអាចគេចផុតពីឥទ្ធិពលរបស់សាតាំង រស់នៅក្នុងទឹកដីដ៏បរិសុទ្ធ រស់នៅក្នុងពន្លឺរបស់ព្រះជាម្ចាស់ ហើយមានការដឹកនាំ និងការចង្អុលបង្ហាញរបស់ពន្លឺ។ នោះជីវិតរបស់អ្នកនឹងមានន័យ។ អ្វីដែលអ្នករាល់គ្នាបរិភោគ និងស្លៀកពាក់មានលក្ខណៈខុសប្លែកពីអ្នកមិនជឿ ហើយអ្នករាល់គ្នារីករាយនឹងព្រះបន្ទូលរបស់ព្រះជាម្ចាស់ ព្រមទាំងរស់នៅជីវិតមួយដែលមានន័យ ដូច្នេះ តើពួកគេនឹងរីករាយអ្វីខ្លះទៅ? ពួកគេនឹងរីករាយ «កេរមរតកដូនតា» និង «ស្មារតីជាតិនិយម» របស់ពួកគេតែប៉ុណ្ណោះ។ ពួកគេគ្មានដាននៃភាពជាមនុស្សសោះឡើយ សូម្បីតែបន្ដិចក៏គ្មានផង! សម្លៀកបំពាក់ ពាក្យសម្ដី និងទង្វើរបស់អ្នករាល់គ្នាត្រូវតែមានលក្ខណៈខុសប្លែកពីពួកគេ។ នៅទីបំផុត អ្នករាល់គ្នានឹងចៀសផុតទាំងស្រុងពីសេចក្តីស្មោកគ្រោក លែងជាប់អន្ទាក់នៅក្នុងសេចក្តីល្បួងរបស់សាតាំង ហើយទទួលបានការផ្គត់ផ្គង់ប្រចាំថ្ងៃរបស់ព្រះជាម្ចាស់។ អ្នករាល់គ្នាគួរតែប្រុងប្រយ័ត្នជានិច្ច។ ទោះបីអ្នករស់នៅក្នុងទីកន្លែងស្មោកគ្រោកក៏ដោយ ក៏អ្នកមិនបានប្រឡាក់សេចក្តីស្មោកគ្រោក ហើយអាចរស់នៅកៀកកិតជិតព្រះជាម្ចាស់ ដោយទទួលបានការការពារដ៏ធំធេងរបស់ទ្រង់ដែរ។ ព្រះជាម្ចាស់បានជ្រើសរើសអ្នករាល់គ្នាចេញពីចំណោមមនុស្សទាំងអស់ដែលរស់នៅលើទឹកដីពណ៌លឿងនេះ។ តើអ្នកមិនមែនជាមនុស្សដែលមានព្រះពរបំផុតទេឬអី? អ្នកគឺជាភាវៈដែលត្រូវបានបង្កើតមក ដូច្នេះ អ្នកគួរតែថ្វាយបង្គំព្រះជាម្ចាស់ ហើយដេញតាមជីវិតមួយដែលមានន័យ។ បើអ្នកមិនថ្វាយបង្គំព្រះជាម្ចាស់ តែបែរជារស់នៅក្នុងសាច់ឈាមដ៏ស្មោកគ្រោករបស់អ្នកវិញ តើអ្នកមិនមែនជាសត្វតិរច្ឆាននៅក្នុងរូបប្រាណជាមនុស្សទេឬ? ដោយសារតែអ្នកជាមនុស្សម្នាក់ អ្នកគួរតែលះបង់ខ្លួនសម្រាប់ព្រះជាម្ចាស់ ហើយស៊ូទ្រាំក្នុងគ្រប់ទុក្ខលំបាកចុះ! អ្នកគួរតែទទួលយកទាំងចិត្តរីករាយ និងប្រាកដជាក់ចំពោះទុក្ខលំបាកតិចតួចដែលអ្នកជួបនៅថ្ងៃនេះ ហើយរស់នៅក្នុងជីវិតដ៏មានន័យ ដូចជាយ៉ូប និងពេត្រុសចុះ។ នៅក្នុងពិភពលោកនេះ មនុស្សត្រូវពាក់សម្លៀកបំពាក់របស់អារក្ស បរិភោគអាហារពីអារក្ស ហើយធ្វើការ និងបម្រើនៅក្រោមមេដៃរបស់អារក្ស ពោលគឺត្រូវបានជាន់ឈ្លីទាំងស្រុងនៅក្នុងសេចក្តីស្មោកគ្រោករបស់វា។ បើអ្នកមិនយល់អំពីអត្ថន័យនៃជីវិត ឬក៏ទទួលបានផ្លូវពិតទេ តើការរស់នៅបែបនេះមានភាពសំខាន់អ្វីទៅ? អ្នករាល់គ្នាគឺជាមនុស្សដែលដេញតាមផ្លូវដ៏ត្រឹមត្រូវ ជាអ្នកដែលស្វែងរកការធ្វើឱ្យប្រសើរឡើង។ អ្នករាល់គ្នាជាមនុស្សដែលត្រូវរះត្រដែតឡើងនៅក្នុងប្រជាជាតិនៃនាគដ៏ធំមានសម្បុរក្រហម ជាអ្នកដែលព្រះជាម្ចាស់ហៅថាជាមនុស្សសុចរិត។ តើនេះមិនមែនជាជីវិតដ៏មានអត្ថន័យបំផុតទេឬ?

ខាង​ដើម៖ ការអនុវត្ត (១)

បន្ទាប់៖ អាថ៌កំបាំងនៃការយកកំណើតជាមនុស្ស (១)

គ្រោះមហន្តរាយផ្សេងៗបានធ្លាក់ចុះ សំឡេងរោទិ៍នៃថ្ងៃចុងក្រោយបានបន្លឺឡើង ហើយទំនាយនៃការយាងមករបស់ព្រះអម្ចាស់ត្រូវបានសម្រេច។ តើអ្នកចង់ស្វាគមន៍ព្រះអម្ចាស់ជាមួយក្រុមគ្រួសាររបស់អ្នក ហើយទទួលបានឱកាសត្រូវបានការពារដោយព្រះទេ?

ការកំណត់

  • អត្ថបទ
  • ប្រធានបទ

ពណ៌​ដិតច្បាស់

ប្រធានបទ

ប្រភេទ​អក្សរ

ទំហំ​អក្សរ

ចម្លោះ​បន្ទាត់

ចម្លោះ​បន្ទាត់

ប្រវែងទទឹង​ទំព័រ

មាតិកា

ស្វែងរក

  • ស្វែង​រក​អត្ថបទ​នេះ
  • ស្វែង​រក​សៀវភៅ​នេះ