គ. ស្ដីពីភាពបរិសុទ្ធរបស់ព្រះជាម្ចាស់

៥៦៩. ព្រះជាម្ចាស់បានត្រលប់ជាសាច់ឈាមនៅក្នុងទីកន្លែងដ៏ស្មោកគ្រោក និងមិនសូវអភិវឌ្ឍបំផុត ហើយមានតែធ្វើបែបនេះទេ ទើបព្រះជាម្ចាស់អាចបង្ហាញយ៉ាងច្បាស់អំពីភាពទាំងស្រុងនៃនិស្ស័យដ៏បរិសុទ្ធ និងសុចរិតរបស់ទ្រង់។ តើនិស្ស័យដ៏សុចរិតរបស់ទ្រង់ត្រូវបានបង្ហាញចេញតាមរយៈអ្វីទៅ? គឺត្រូវបានបង្ហាញចេញ នៅពេលដែលទ្រង់ជំនុំជម្រះបាបរបស់មនុស្ស នៅពេលដែលទ្រង់ជំនុំជម្រះសាតាំង នៅពេលដែលទ្រង់ស្អប់ខ្ពើមបាប និងនៅពេលដែលទ្រង់ស្អប់ខ្ពើមខ្មាំងសត្រូវដែលប្រឆាំង និងបះបោរទាស់នឹងទ្រង់។ ព្រះបន្ទូលដែលខ្ញុំថ្លែងនាពេលសព្វថ្ងៃនេះ គឺដើម្បីជំនុំជម្រះបាបរបស់មនុស្ស ដើម្បីជំនុំជម្រះសេចក្តីទុច្ចរិតរបស់មនុស្ស ដើម្បីដាក់បណ្ដាសាចំពោះការមិនស្ដាប់បង្គាប់របស់មនុស្ស។ សេចក្តីវៀចវេរ និងការបោកបញ្ឆោតរបស់មនុស្ស ពាក្យសម្ដី និងទង្វើរបស់មនុស្ស ដែលមិនស្របតាមបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ ត្រូវតែទទួលការជំនុំជម្រះ ហើយគ្រប់ការមិនស្ដាប់បង្គាប់របស់មនុស្សត្រូវបានប្រកាសថាជាអំពើបាប។ ព្រះអង្គមានបន្ទូលដដែលៗជុំវិញគោលការណ៍នៃការជំនុំជម្រះ ហើយព្រះអង្គប្រើការជំនុំជម្រះចំពោះសេចក្តីទុច្ចរិតរបស់មនុស្ស បណ្ដាសាចំពោះការបះបោររបស់មនុស្ស និងការលាតត្រដាងមុខមាត់ដ៏អាក្រក់របស់មនុស្ស ដើម្បីបង្ហាញចេញអំពីនិស្ស័យដ៏សុចរិតរបស់ទ្រង់។ ភាពបរិសុទ្ធតំណាងឱ្យនិស្ស័យដ៏សុចរិតរបស់ទ្រង់ ហើយតាមពិតទៅ ភាពបរិសុទ្ធរបស់ព្រះជាម្ចាស់ គឺជានិស្ស័យដ៏សុចរិតរបស់ទ្រង់តែម្ដង។ និស្ស័យពុករលួយរបស់អ្នករាល់គ្នាគឺជាបរិបទនៃព្រះបន្ទូលនាពេលសព្វថ្ងៃនេះ ដ្បិតខ្ញុំប្រើព្រះបន្ទូលទាំងនោះ ដើម្បីថ្លែង និងជំនុំជម្រះ ព្រមទាំងដើម្បីអនុវត្តកិច្ចការនៃការយកឈ្នះ។ មានតែកិច្ចការនេះប៉ុណ្ណោះ ទើបជាកិច្ចការដ៏ពិត និងធ្វើឱ្យភាពបរិសុទ្ធរបស់ព្រះជាម្ចាស់ជះពន្លឺយ៉ាងពេញលេញ។ បើគ្មានដាននៃនិស្ស័យដ៏ពុករលួយមួយនៅក្នុងអ្នកទេ នោះព្រះជាម្ចាស់នឹងមិនជំនុំជម្រះអ្នកទេ ហើយព្រះអង្គក៏នឹងមិនបង្ហាញដល់អ្នកអំពីនិស្ស័យដ៏សុចរិតរបស់ទ្រង់នោះដែរ។ ដោយសារតែអ្នកមាននិស្ស័យដ៏ពុករលួយមួយ ទើបព្រះជាម្ចាស់នឹងមិនអត់ឱនដល់អ្នក ហើយមានតែតាមរយៈការនេះទេ ទើបភាពបរិសុទ្ធរបស់ទ្រង់ត្រូវបានបង្ហាញចេញ។ បើព្រះជាម្ចាស់ទតឃើញថា សេចក្តីស្មោកគ្រោក និងការបះបោររបស់មនុស្សមានភាពធំធេងខ្លាំងបែបនេះ តែព្រះអង្គនៅស្ងៀមមិនមានបន្ទូល មិនបានជំនុំជម្រះ ឬមិនបានវាយផ្ចាលអ្នកចំពោះសេចក្តីទុច្ចរិតរបស់អ្នកទេ នោះការនេះនឹងបញ្ជាក់បានថា ព្រះអង្គមិនមែនជាព្រះជាម្ចាស់ឡើយ ដ្បិតព្រះអង្គគ្មានការស្អប់ចំពោះអំពើបាប ហើយទ្រង់នឹងមានសេចក្តីស្មោកគ្រោកដូចជាមនុស្សដែរ។ នៅថ្ងៃនេះ ដោយសារតែសេចក្តីស្មោកគ្រោករបស់អ្នកហើយ ទើបខ្ញុំជំនុំជម្រះអ្នក និងដោយសារតែសេចក្តីពុករលួយ និងការបះបោររបស់អ្នកហើយ ទើបខ្ញុំវាយផ្ចាលអ្នក។ ខ្ញុំមិនមែនកំពុងសម្ញែងព្រះចេស្ដារបស់ខ្ញុំដល់អ្នករាល់គ្នា ឬសង្កត់សង្កិនអ្នករាល់គ្នាទេ ផ្ទុយទៅវិញ ខ្ញុំធ្វើកិច្ចការទាំងនេះ ដោយសារតែអ្នករាល់គ្នាដែលបានកើតមកនៅក្នុងទឹកដីដ៏ស្មោកគ្រោកនេះ បានប្រឡាក់ប្រឡូកយ៉ាងធ្ងន់ធ្ងរដោយសេចក្តីស្មោកគ្រោក។ អ្នករាល់គ្នាបានបាត់បង់សុចរិតភាព និងភាពជាមនុស្សរបស់អ្នក ដូចជាសត្វជ្រូកដែលរស់នៅកន្លែងដ៏កខ្វក់។ ព្រោះតែសេចក្តីស្មោកគ្រោក និងសេចក្តីពុករលួយរបស់អ្នកនេះហើយ ទើបអ្នករាល់គ្នាទទួលការជំនុំជម្រះ ហើយខ្ញុំបញ្ចេញសេចក្តីក្រោធរបស់ខ្ញុំចំពោះអ្នករាល់គ្នានោះ។ ដោយសារតែការជំនុំជម្រះចេញពីព្រះបន្ទូលទាំងនេះហើយ ទើបអ្នករាល់គ្នាអាចមើលឃើញយ៉ាងច្បាស់ថា ព្រះជាម្ចាស់ជាព្រះដ៏សុចរិត និងថាព្រះជាម្ចាស់ជាព្រះដ៏បរិសុទ្ធ ហើយដោយព្រោះតែភាពបរិសុទ្ធ និងសេចក្តីសុចរិតរបស់ទ្រង់នេះហើយ ទើបព្រះអង្គជំនុំជម្រះអ្នករាល់គ្នា និងបញ្ចេញសេចក្តីក្រោធរបស់ទ្រង់ចំពោះអ្នករាល់គ្នានោះ។ ដោយសារតែព្រះអង្គទតឃើញការបះបោររបស់មនុស្សនេះហើយ ទើបទ្រង់អាចបើកសម្ដែងពីនិស្ស័យបរិសុទ្ធរបស់ទ្រង់បាន។ សេចក្តីស្មោកគ្រោក និងសេចក្តីពុករលួយរបស់មនុស្សជាតិ បង្ហាញចេញពីភាពបរិសុទ្ធរបស់ទ្រង់។ ការនេះគ្រប់គ្រាន់នឹងបង្ហាញថា ព្រអង្គជាព្រះជាម្ចាស់ផ្ទាល់ព្រះអង្គ ដែលបរិសុទ្ធ និងឥតខ្ចោះ តែគង់នៅក្នុងទឹកដីនៃសេចក្តីស្មោកគ្រោក។ បើមនុស្សម្នាក់ត្រាំននៀលនៅក្នុងភក់ជាមួយអ្នកដទៃ ហើយវាគ្មានអ្វីមួយបរិសុទ្ធអំពីគាត់ ហើយគាត់គ្មាននិស្ស័យដ៏សុចរិតទេ នោះគាត់គ្មានគុណសម្បត្តិគ្រប់គ្រាន់ ដើម្បីជំនុំជម្រះភាពទុច្ចរិតរបស់មនុស្ស ហើយក៏មិនស័ក្ដិសមក្នុងការអនុវត្តការជំនុំជម្រះចំពោះមនុស្សដែរ។ តើមនុស្សដែលស្មោកគ្រោកដូចជាបុគ្គលម្នាក់ទៀតអាចមានគុណសម្បត្តិគ្រប់គ្រាន់ ដើម្បីជំនុំជម្រះអ្នកដទៃដែលដូចជាពួកគេបានយ៉ាងដូចម្ដេច? មានតែព្រះជាម្ចាស់ដ៏បរិសុទ្ធផ្ទាល់ព្រះអង្គប៉ុណ្ណោះ ទើបអាចជំនុំជម្រះមនុស្សជាតិដ៏ស្មោកគ្រោកទាំងមូលនេះបាន។ តើមនុស្សអាចជំនុំជម្រះបាបរបស់មនុស្សបានដោយរបៀបណា? តើមនុស្សអាចមើលឃើញអំពើបាបរបស់មនុស្សបានយ៉ាងដូចម្ដេច? ហើយមនុស្សមានគុណសម្បត្តិគ្រប់គ្រាន់ ដើម្បីថ្កោលទោសបាបទាំងនេះដោយរបៀបណា? បើព្រះជាម្ចាស់គ្មានគុណសម្បត្តិគ្រប់គ្រាន់ ដើម្បីជំនុំជម្រះបាបរបស់មនុស្សទេ តើព្រះអង្គអាចក្លាយជាព្រះជាម្ចាស់ដ៏សុចរិតដោយផ្ទាល់ព្រះអង្គបានយ៉ាងដូចម្ដេច? ព្រោះតែមនុស្សបើកសម្ដែងពីនិស្ស័យពុករលួយនេះហើយ ទើបព្រះជាម្ចាស់មានបន្ទូល ដើម្បីជំនុំជម្រះពួកគេ ហើយមានតែបែបនេះទេ ទើបមនុស្សអាចមើលឃើញថា ព្រះអង្គជាព្រះដ៏បរិសុទ្ធ។ នៅពេលដែលទ្រង់ជំនុំជម្រះ និងវាយផ្ចាលមនុស្សសម្រាប់បាបរបស់គេ ទាំងលាតត្រដាងគ្រប់អំពើបាបរបស់មនុស្ស នោះគ្មាននរណាម្នាក់ ឬអ្វីមួយអាចរួចខ្លួនពីការជំនុំជម្រះនេះបានទេ ព្រោះថារាល់អ្វីដែលស្មោកគ្រោកត្រូវបានទ្រង់ជំនុំជម្រះ ហើយមានតែបែបនេះទេ ទើបនិស្ស័យរបស់ទ្រង់ត្រូវបានបើកសម្ដែងថាមានភាពសុចរិត។ បើវាមិនបែបនេះទេ តើគេអាចនិយាយបានថា អ្នករាល់គ្នាជាវត្ថុសម្រាប់ឆ្លុះបញ្ចាំងទាំងឈ្មោះ និងការពិតបានយ៉ាងដូចម្ដេច?

... មានតែតាមរយៈមនុស្សដែលចេញមកពីទឹកដីដ៏ស្មោកគ្រោកប៉ុណ្ណោះ ទើបភាពបរិសុទ្ធរបស់ព្រះជាម្ចាស់ត្រូវបានបង្ហាញចេញ ហើយសព្វថ្ងៃនេះ ព្រះអង្គប្រើប្រាស់សេចក្តីស្មោកគ្រោកដែលត្រូវបានបង្ហាញចេញនៅក្នុងមនុស្សនៃទឹកដីស្មោកគ្រោកទាំងនេះ ហើយព្រះអង្គក៏ជំនុំជម្រះដែរ ព្រោះមានតែបែបនេះទេ ទើបទ្រង់ត្រូវបានបើកសម្ដែងនៅកណ្ដាលចំណោមនៃការជំនុំជម្រះ។ ហេតុអ្វីបានជាព្រះអង្គជំនុំជម្រះ? ព្រះអង្គអាចមានបន្ទូលអំពីការជំនុំជម្រះបាន ដោយសារតែទ្រង់ស្អប់ខ្ពើមអំពើបាប។ តើទ្រង់អាចមានសេចក្តីក្រោធយ៉ាងដូចម្ដេចទៅ បើព្រះអង្គមិនស្អប់ខ្ពើមចំពោះការបះបោររបស់មនុស្សជាតិ? បើគ្មានការស្អប់ខ្ពើមយ៉ាងខ្លាំងនៅក្នុងទ្រង់ទេ នោះវានឹងបញ្ជាក់បានថា ព្រះអង្គក៏ស្មោកគ្រោកដូចជាមនុស្សដែរ។ ការដែលព្រះអង្គអាចជំនុំជម្រះ និងវាយផ្ចាលមនុស្សបាន នោះគឺដោយសារតែទ្រង់ស្អប់ខ្ពើមសេចក្តីស្មោកគ្រោក ហើយអ្វីដែលព្រះអង្គស្អប់ខ្ពើមនោះ គឺគ្មាននៅក្នុងទ្រង់ឡើយ។ បើមានការប្រឆាំង និងការបះបោរនៅក្នុងទ្រង់ដែរ នោះព្រះអង្គនឹងមិនស្អប់ខ្ពើមអស់អ្នកដែលប្រឆាំង និងបះបោរនោះឡើយ។ បើកិច្ចការនៃគ្រាចុងក្រោយកំពុងតែត្រូវបានអនុវត្តនៅក្នុងប្រទេសអ៊ីស្រាអែល នោះវានឹងគ្មានន័យអ្វីទេ។ ហេតុអ្វីបានជាកិច្ចការនៃគ្រាចុងក្រោយកំពុងតែត្រូវបានធ្វើនៅក្នុងប្រទេសចិន ដែលជាទីកន្លែងដ៏ខ្មៅងងឹត និងមិនសូវអភិវឌ្ឍបំផុត? នោះគឺដើម្បីបង្ហាញពីភាពបរិសុទ្ធ និងសេចក្តីសុចរិតរបស់ទ្រង់។ ជារួមមក បើកន្លែងមួយកាន់តែខ្មៅងងឹត នោះវាអាចបង្ហាញពីភាពបរិសុទ្ធរបស់ព្រះជាម្ចាស់កាន់តែច្បាស់។ ពិតមែនហើយ ការទាំងអស់នេះគឺសម្រាប់ជាប្រយោជន៍នៃកិច្ចការរបស់ព្រះជាម្ចាស់។

(ដកស្រង់ពី «របៀបសម្រេចបានប្រសិទ្ធភាពចំពោះជំហានទីពីរនៃកិច្ចការនៃការយកឈ្នះ» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)

៥៧០. ខ្ញុំបានឃើញយ៉ាងច្បាស់នូវទង្វើនានារបស់វិញ្ញាណអាក្រក់តាំងពីយូរមកហើយ។ ហើយមនុស្សដែលត្រូវបានវិញ្ញាណអាក្រក់ប្រើប្រាស់ (អស់អ្នកដែលមានគោលបំណងខុសឆ្គងអស់អ្នកដែលត្រេកត្រអាលនឹងសាច់ឈាម និងទ្រព្យសម្បត្តិ អស់អ្នកដែលសរសើរខ្លួនឯង អស់អ្នកដែលរំខានក្រុមជំនុំ ។ល។) ត្រូវបានខ្ញុំមើលឃើញធ្លុះម្ដងម្នាក់ៗ។ នៅពេលដែលវិញ្ញាណអាក្រក់ត្រូវបានបណ្ដេញចេញរួចហើយ ចូរកុំសន្មតថា គ្រប់យ៉ាងត្រូវបានបញ្ចប់ឱ្យសោះ។ ខ្ញុំសូមប្រាប់អ្នកចុះ! ចាប់ពីពេលនេះតទៅ ខ្ញុំនឹងកម្ចាត់មនុស្សទាំងនេះម្ដងម្នាក់ៗ ដោយមិនប្រើប្រាស់ពួកគេឡើយ! មានន័យថា បុគ្គលណាក៏ដោយដែលត្រូវបានវិញ្ញាណអាក្រក់ធ្វើឱ្យពុករលួយ នឹងមិនត្រូវបានខ្ញុំប្រើប្រាស់ឡើយ ហើយនឹងត្រូវបានទាត់ចោល! ចូរកុំគិតថា ខ្ញុំមិនមានអារម្មណ៍ឱ្យសោះ! ចូរដឹងអំពីរឿងនេះ! ខ្ញុំគឺជាព្រះជាម្ចាស់ដ៏បរិសុទ្ធ ហើយខ្ញុំនឹងមិនស្នាក់នៅក្នុងព្រះវិហារដែលស្មោកគ្រោកឡើយ! ខ្ញុំប្រើប្រាស់តែមនុស្សស្មោះត្រង់ និងឆ្លាតវៃ ដែលស្មោះត្រង់យ៉ាងពេញលេញចំពោះខ្ញុំ និងគិតដល់បន្ទុករបស់ខ្ញុំប៉ុណ្ណោះ។ នេះគឺដោយសារតែមនុស្សបែបនេះត្រូវបានកំណត់ទុកជាមុន ហើយច្បាស់ណាស់ គឺគ្មានវិញ្ញាណអាក្រក់កំពុងតែធ្វើការលើពួកគេទាល់តែសោះ។ ខ្ញុំសូមបញ្ជាក់ឱ្យច្បាស់រឿងមួយ៖ ចាប់ពីពេលនេះតទៅ អស់អ្នកណាដែលគ្មានកិច្ចការនៃព្រះវិញ្ញាណបរិសុទ្ធ គឺមានកិច្ចការរបស់វិញ្ញាណអាក្រក់។ ខ្ញុំសូមបញ្ជាក់សាជាថ្មី៖ ខ្ញុំមិនចង់បានមនុស្សសូម្បីតែម្នាក់ ដែលមានវិញ្ញាណអាក្រក់ធ្វើការឡើយ។ ពួកគេទាំងអស់នឹងត្រូវបោះចោលទៅក្នុងនរកជាមួយនឹងសាច់ឈាមរបស់ពួកគេ!

(ដកស្រង់ពី «ព្រះសូរសៀងរបស់ព្រះគ្រីស្ទ កាលពីដើមដំបូង» ជំពូកទី ៧៦ នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)

៥៧១. សាច់ឈាមដែលព្រះវិញ្ញាណនៃព្រះជាម្ចាស់សណ្ឋិត គឺជាសាច់ឈាមរបស់ព្រះជាម្ចាស់ផ្ទាល់។ ព្រះវិញ្ញាណរបស់ព្រះជាម្ចាស់ឧត្ដុង្គឧត្ដមណាស់។ ទ្រង់ប្រកបដោយព្រះចេស្ដា ទ្រង់បរិសុទ្ធ ហើយសុចរិតផង។ ដូចគ្នាដែរ សាច់ឈាមរបស់ទ្រង់ក៏ឧត្ដុង្គឧត្ដមប្រកបដោយព្រះចេស្ដា បរិសុទ្ធ និងសុចរិតដែរ។ សាច់ឈាមបែបនេះ អាចធ្វើបានតែកិច្ចការណាដែលសុចរិត និងមានប្រយោជន៍ដល់មនុស្សជាតិប៉ុណ្ណោះ គឺជាកិច្ចការដែលបរិសុទ្ធ ប្រកបដោយសិរីល្អ និងប្រកបដោយព្រះចេស្ដា។ ទ្រង់មិនអាចធ្វើកិច្ចការដែលបំពានសេចក្ដីពិត បំពានសីលធម៌ និងភាពយុត្តិធម៌ ហើយរឹតតែមិនអាចធ្វើកិច្ចការដែលក្បត់នឹងវិញ្ញាណរបស់ព្រះជាម្ចាស់បានឡើយ។ ព្រះវិញ្ញាណរបស់ព្រះជាម្ចាស់បរិសុទ្ធ ដូច្នេះសាច់ឈាមរបស់ទ្រង់ក៏សាតាំងមិនអាចធ្វើឱ្យពុករលួយបានដែរ។ សាច់ឈាមរបស់ទ្រង់ជាសាច់ឈាមដែលមានសារជាតិខុសពីសាច់ឈាមរបស់មនុស្ស។ ដ្បិតនេះជាមនុស្សដែលត្រូវសាតាំងធ្វើឱ្យពុករលួយ មិនមែនជាព្រះជាម្ចាស់ឡើយ។ សាតាំងមិនអាចធ្វើឱ្យសាច់ឈាមរបស់ព្រះជាម្ចាស់ពូករលួយបានឡើយ។ ហេតុនេះ ទោះបីជាមនុស្ស និងព្រះគ្រីស្ទ ស្ថិតនៅក្នុងកន្លែងតែមួយដូចគ្នា ក៏មានតែមនុស្សទេទើបត្រូវបានកាន់កាប់ ប្រើប្រាស់ និងជាប់អន្ទាក់សាតាំង។ ផ្ទុយទៅវិញ ព្រះគ្រីស្ទមិនរញ្ជួយដោយសារសេចក្ដីពុករលួយរបស់សាតាំងជានិរន្តន៍ ពីព្រោះសាតាំងមិនអាចទឡើងទៅស្ថានដ៏ខ្ពស់បំផុត ហើយមិនអាចចូលមកកៀកនឹងព្រះជាម្ចាស់ឡើយ។ សព្វថ្ងៃនេះ អ្នករាល់គ្នាគប្បីដឹងថា គឺមានតែមនុស្សជាតិដែលត្រូវបានពុករលួយដោយសាតាំងទេ ទើបក្បត់ខ្ញុំ។ អំពើក្បត់មិនមែនជាបញ្ហាដែលពាក់ព័ន្ធនឹងព្រះគ្រីស្ទបន្តិចឡើយ។

(ដកស្រង់ពី «បញ្ហាដ៏ធ្ងន់ធ្ងរមួយ៖ អំពើក្បត់ (២)» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)

៥៧២. ព្រះជាម្ចាស់ផ្ទាល់ព្រះអង្គ គ្មានផ្នែកណាមួយដែលមិនស្ដាប់បង្គាប់ឡើយ។ ទ្រង់មានសារជាតិល្អ។ ទ្រង់ជាការសម្ដែងចេញនូវគ្រប់ទាំងសោភណភាព និងសេចក្តីល្អ ក៏ដូចជាគ្រប់ទាំងសេចក្តីស្រឡាញ់ផងដែរ។ សូម្បីតែនៅខាងសាច់ឈាម ក៏ព្រះជាម្ចាស់មិនធ្វើអ្វីដែលមិនស្ដាប់បង្គាប់ព្រះជាម្ចាស់ដ៏ជាព្រះវរបិតាដែរ។ សូម្បីតែពេលដែលត្រូវលះបង់ព្រះជន្មរបស់ទ្រង់ក៏ដោយ ក៏ទ្រង់ព្រមលះបង់អស់ពីដួងព្រះហឫទ័យរបស់ទ្រង់ដែរ ហើយទ្រង់នឹងមិនសម្រេចព្រះទ័យផ្សេងពីនោះឡើយ។ ព្រះជាម្ចាស់គ្មានការរាប់ខ្លួនឯងជាសុចរិត គ្មានការរាប់ខ្លួនឯងជាសំខាន់ ហើយក៏គ្មានការអួតខ្លួនហួសហេតុ និងភាពក្រអឺតក្រទមដែរ។ ទ្រង់គ្មានធាតុនៃសេចក្តីវៀចវេរឡើយ។ អ្វីគ្រប់យ៉ាងដែលមិនស្ដាប់បង្គាប់ព្រះជាម្ចាស់ សុទ្ធតែមកពីអារក្សសាតាំងទាំងអស់ ព្រោះថាសាតាំងគឺជាប្រភពនៃគ្រប់ទាំងសេចក្តីស្មោកគ្រោក និងសេចក្តីអាក្រក់។ មូលហេតុដែលមនុស្សមានលក្ខណៈស្រដៀងគ្នាទៅនឹងលក្ខណៈរបស់សាតាំង គឺដោយសារតែមនុស្សត្រូវបានសាតាំងកែប្រែនិងធ្វើឱ្យពុករលួយ។ សាតាំងមិនបានធ្វើឱ្យព្រះគ្រីស្ទពុករលួយទេ ហេតុដូច្នេះហើយទើបទ្រង់មានតែបុគ្គលិកលក្ខណៈរបស់ព្រះជាម្ចាស់ប៉ុណ្ណោះ គ្មានលក្ខណៈរបស់សាតាំងឡើយ។

(ដកស្រង់ពី «សារជាតិរបស់ព្រះគ្រីស្ទ គឺជាការស្ដាប់បង្គាប់តាមបំណងព្រះហឫទ័យរបស់ព្រះវរបិតាដែលគង់នៅស្ថានសួគ៌» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)

៥៧៣. «ភាពបរិសុទ្ធរបស់ព្រះជាម្ចាស់» មានន័យថា សារជាតិរបស់ព្រះជាម្ចាស់ គឺល្អឥតខ្ចោះ សេចក្តីស្រឡាញ់របស់ព្រះជាម្ចាស់ គឺគ្មានភាពអាត្មានិយម ហើយភាពបរិសុទ្ធរបស់ព្រះជាម្ចាស់ គឺឥតសៅហ្មង និងគ្មានកំហុសឡើយ។ ទិដ្ឋភាពនៃសារជាតិរបស់ព្រះជាម្ចាស់ទាំងអស់នេះ មិនមែនគ្រាន់តែជាព្រះបន្ទូលដែលព្រះអង្គប្រើ ដើម្បីបង្ហាញពីឋានៈរបស់ព្រះអង្គឡើយ ក៏ប៉ុន្តែព្រះជាម្ចាស់ប្រើសារជាតិរបស់ព្រះអង្គ ដើម្បីប្រព្រឹត្ដចំពោះមនុស្សម្នាក់ៗដោយទៀងត្រង់។ ម៉្យាងទៀត សារជាតិរបស់ព្រះជាម្ចាស់ គឺមិនមែនទទេឡើយ ហើយក៏មិនមែនជាទ្រឹស្តី ឬក៏ជាគោលលទ្ធិ ហើយក៏មិនមែនជាប្រភេទនៃចំណេះដឹងមួយដែរ។ វាមិនមែនជាប្រភេទនៃការអប់រំសម្រាប់មនុស្សឡើយ តែផ្ទុយទៅវិញ វាគឺជាការបើកសម្ដែងពិតប្រាកដអំពីសកម្មភាពផ្ទាល់របស់ព្រះជាម្ចាស់ និងបានបើកសម្ដែងអំពីសារជាតិដែលជាកម្មសិទ្ធិ និងជាលក្ខណៈរបស់ព្រះជាម្ចាស់។

(ដកស្រង់ពី «ព្រះជាម្ចាស់ផ្ទាល់ព្រះអង្គ ជាព្រះតែមួយអង្គគត់ VI» នៃសៀវភៅ «ព្រះបន្ទូល» ភាគ២៖ អំពីការស្គាល់ព្រះជាម្ចាស់)

៥៧៤. តើភាពបរិសុទ្ធរបស់ព្រះជាម្ចាស់ ដែលខ្ញុំបានលើកយកមកនិយាយនេះ សំដៅទៅលើអ្វី? សូមគិតអំពីការនេះមួយភ្លែតមើល។ តើភាពបរិសុទ្ធរបស់ព្រះជាម្ចាស់ គឺជាសេចក្តីពិតរបស់ព្រះអង្គឬ? តើភាពបរិសុទ្ធរបស់ព្រះជាម្ចាស់ គឺជាភាពស្មោះត្រង់របស់ព្រះអង្គឬ? តើភាពបរិសុទ្ធរបស់ព្រះជាម្ចាស់ គឺជាការមិនគិតពីរូបអង្គទ្រង់ឬ? តើវាជាការបន្ទាបរូបអង្គរបស់ទ្រង់ឬ? តើជាសេចក្តីស្រឡាញ់របស់ព្រះអង្គចំពោះមនុស្សឬ? ការដែលព្រះជាម្ចាស់ប្រទានសេចក្តីពិត និងជីវិតមកមនុស្សដោយឥតគិតថ្លៃនោះ តើវាជាភាពបរិសុទ្ធរបស់ព្រះអង្គដែរឬទេ? ពិតមែនហើយ គឺគ្រប់ការទាំងអស់ហ្នឹង។ អ្វីៗទាំងអស់ដែលព្រះជាម្ចាស់បើកសម្ដែងគឺមានតែមួយគត់ ហើយរកគ្មានទេនៅក្នុងមនុស្សជាតិដែលពុករលួយនេះ គឺគ្មានទាល់តែសោះ។ សូម្បីតែដានដ៏តូចមួយ ក៏រកគ្មានដែរ ទោះបើក្នុងអំឡុងពេលដំណើរការរបស់សាតាំងក្នុងការធ្វើឱ្យមនុស្សពុករលួយ ឬនៅក្នុងនិស្ស័យពុករលួយរបស់វា ឬក៏នៅក្នុងសារជាតិ ឬធម្មជាតិរបស់សាតាំងក៏ដោយ។ អ្វីៗទាំងអស់ដែលជាកម្មសិទ្ធិ និងជាលក្ខណៈរបស់ព្រះជាម្ចាស់ គឺមានតែមួយគត់ ហើយមានតែព្រះជាម្ចាស់ផ្ទាល់ព្រះអង្គប៉ុណ្ណោះដែលមាន និងជាម្ចាស់កម្មសិទ្ធិលើសារជាតិប្រភេទនេះ។ ... សារជាតិនៃភាពបរិសុទ្ធ គឺជាសេចក្តីស្រឡាញ់ដ៏ពិត ប៉ុន្ដែអ្វីដែលសំខាន់ជាងនេះទៅទៀត គឺវាជាសារជាតិនៃសេចក្តីពិត សេចក្តីសុចរិត ហើយនិងពន្លឺ។ ពាក្យថា «បរិសុទ្ធ» គឺសមរម្យតែនៅពេលដែលយើងយកមកប្រើចំពោះព្រះជាម្ចាស់ប៉ុណ្ណោះ គ្មានអ្វីមួយដែលបានបង្កើតមកនេះស័ក្ដិសម ឬត្រូវបានហៅថា «បរិសុទ្ធ» នោះឡើយ។ មនុស្សត្រូវតែយល់ពីរឿងនេះ។

(ដកស្រង់ពី «ព្រះជាម្ចាស់ផ្ទាល់ព្រះអង្គ ជាព្រះតែមួយអង្គគត់ VI» នៃសៀវភៅ «ព្រះបន្ទូល» ភាគ២៖ អំពីការស្គាល់ព្រះជាម្ចាស់)

៥៧៥. នៅពេលព្រះជាម្ចាស់យាងមកកាន់ផែនដី ទ្រង់មិនមែនជាពិភពលោកឡើយ ហើយទ្រង់មិនក្លាយជាសាច់ឈាមដើម្បីអរសប្បាយនឹងលោកិយនេះឡើយ។ ទីកន្លែងដែលកិច្ចការនេះនឹងបើកសម្ដែងពីនិស្ស័យរបស់ទ្រង់ និងមានអត្ថន័យបំផុត គឺជាកន្លែងដែលទ្រង់ចាប់កំណើត។ មិនថាដែនដីនោះបរិសុទ្ធ ឬស្មោកគ្រោកទេ ហើយមិនថាទ្រង់បំពេញកិច្ចការនៅកន្លែងណាទេ ទ្រង់គឺបរិសុទ្ធ។ គ្រប់យ៉ាងនៅក្នុងលោកិយនេះ ត្រូវទ្រង់បង្កើតឡើងមក បើទោះបីជាអ្វីទាំងអស់នោះត្រូវសាតាំងធ្វើឱ្យពុករលួចក្ដី។ ក៏ប៉ុន្តែ គ្រប់សព្វសារពើនៅតែជាកម្មសិទ្ធិរបស់ទ្រង់ របស់ទាំងនោះនៅតែស្ថិតក្នុងព្រះហស្ដរបស់ទ្រង់ដដែល។ ទ្រង់យាងមកកាន់ដែនដីស្មោកគ្រោក និងបំពេញកិច្ចការនៅទីនោះ ដើម្បីបើកសម្ដែងពីភាពបរិសុទ្ធរបស់ទ្រង់។ ទ្រង់ធ្វើបែបនេះ ក៏ដើម្បីតែជាប្រយោជន៍ដល់កិច្ចការរបស់ទ្រង់ដែរ ដែលមានន័យថា ទ្រង់បានអត់ទ្រាំនឹងភាពអាម៉ាស់យ៉ាងខ្លាំងដើម្បីបំពេញកិច្ចការបែបនេះ ដើម្បីសង្គ្រោះមនុស្សនៅដែនដីស្មោកគ្រោកនេះ។ កិច្ចការនេះត្រូវធ្វើដោយបែបនេះ ដើម្បីធ្វើទីបន្ទាល់ ដើម្បីជាប្រយោជន៍ដល់មនុស្សទាំងអស់។ អ្វីដែលកិច្ចការនោះបង្ហាញដល់មនុស្ស គឺជាសេចក្ដីសុចរិតរបស់ព្រះជាម្ចាស់ ហើយវាជាការប្រសើរបើអាចបង្ហាញពីភាពឧត្តុង្គឧត្តមរបស់ព្រះជាម្ចាស់បាន។ ព្រះចេស្តា និងភាពទៀងត្រង់របស់ទ្រង់ ត្រូវបង្ហាញនៅក្នុងសេចក្ដីសង្គ្រោះដល់ក្រុមមនុស្សជាន់ទាបដែលអ្នកដទៃមើលងាយ។ ការដែលកើតនៅលើដែនដីស្មោកគ្រោក មិនសុទ្ធតែបង្ហាញថា ទ្រង់ទាបថោកនោះទេ។ វាគ្រាន់តែបង្ហាញឱ្យសត្តនិករទាំងអស់ឃើញនូវភាពអស្ចារ្យរបស់ទ្រង់ និងសេចក្ដីស្រឡាញ់ដ៏ពិតប្រាកដរបស់ទ្រង់ចំពោះមនុស្សប៉ុណ្ណោះ។ កាលណាទ្រង់កាន់តែធ្វើបែបនេះ នោះវាកាន់តែបើកសម្ដែងនូវសេចក្ដីស្រឡាញ់ដ៏បរិសុទ្ធរបស់ទ្រង់ សេចក្ដីស្រឡាញ់ដែលគ្មានទោសកំហុសរបស់ទ្រង់ចំពោះមនុស្ស។ ព្រះជាម្ចាស់បរិសុទ្ធ និងចរិត។ បើទោះបីជាទ្រង់កើតនៅលើដែនដីស្មោកគ្រោក ហើយបើទោះបីជាទ្រង់រស់នៅជាមួយមនុស្សទាំងនោះដែលពោរពេញទៅដោយភាពស្មោកគ្រោកក្ដី គឺដូចជាព្រះយេស៊ូវបានរស់នៅជាមួយពួកមានបាបនៅក្នុងយុគសម័យនៃព្រះគុណក្ដី តើគ្រប់ផ្នែកនៃកិច្ចការរបស់ទ្រង់ គឺដើម្បីតែជាប្រយោជន៍ដល់ការរួចផុតជីវិតរបស់មនុស្សតែប៉ុណ្ណោះមែនទេ? តើមិនមែនបែបនេះទេឬដែលមនុស្សអាចទទួលបានសេចក្ដីសង្គ្រោះដ៏អស្ចារ្យនេះ? កាលពីពីរពាន់ឆ្នាំមុន ទ្រង់បានរស់នៅជាមួយអ្នកមានអំពើបាបអស់រយៈពេលជាច្រើនឆ្នាំ។ នោះគឺដើម្បីជាប្រយោជន៍ដល់ការប្រោសលោះ។ សព្វថ្ងៃនេះ ទ្រង់កំពុងរស់នៅក្នុងក្រុមមនុស្សស្មោកគ្រោក និងទាបថោក។ នេះគឺដើម្បីជាប្រយោជន៍ដល់សេចក្ដីសង្គ្រោះ។ តើគ្រប់កិច្ចការទាំងអស់របស់ទ្រង់ មិនមែនដើម្បីជាប្រយោជន៍ដល់អ្នករាល់គ្នាដែលជាមនុស្សទេឬអី? ប្រសិនបើមិនមែនដើម្បីសង្គ្រោះមនុស្សទេ តើហេតុអ្វីទ្រង់នឹងត្រូវរស់នៅ និងរងទុក្ខជាមួយពួកមានបាបអស់រយៈពេលជាច្រើនឆ្នាំ ក្រោយពីបានកើតនៅក្នុងស្នូកនោះ? ហើយប្រសិនបើមិនមែនដើម្បីសង្គ្រោះមនុស្សទេ តើហេតុអ្វីទ្រង់ត្រូវត្រឡប់មកជាសាច់ឈាមជាលើកទីពីរ ដោយកើតនៅក្នុងដែនដីដែលពួកអារក្សប្រមូលផ្ដុំគ្នា និងត្រូវរស់នៅជាមួយមនុស្សដែលត្រូវបានសាតាំងធ្វើឱ្យពុករលួយដល់ឆ្អឹងនេះធ្វើអ្វី? តើព្រះជាម្ចាស់មិនស្មោះត្រង់ទេមែនទេ? តើផ្នែកណានៃកិច្ចការរបស់ទ្រង់មិនមែនធ្វើដើម្បីជាប្រយោជន៍ដល់មនុស្សនោះ? តើចំណែកណាដែលមិនធ្វើដើម្បីជាប្រយោជន៍ដល់វាសនារបស់អ្នករាល់គ្នានោះ? ព្រះជាម្ចាស់បរិសុទ្ធ រឿងនេះមិនប្រែប្រួលនោះទេ! ទ្រង់មិនកខ្វក់ដោយសារភាពស្មោកគ្រោកឡើយ បើទោះបីជាទ្រង់បានយាងមកកាន់ដែនដីស្មោកគ្រោកនេះក្ដី។ អ្វីទាំងអស់នេះ អាចមានន័យត្រឹមថា សេចក្ដីស្រឡាញ់របស់ព្រះជាម្ចាស់ចំពោះមនុស្ស គឺគ្មានភាពអាត្មានិយមសោះឡើយ ហើយទុក្ខវេទនានិងភាពអាម៉ាស់ដែលទ្រង់ជួបប្រទះ គឺពិតជាធំធេងខ្លាំងណាស់!

(ដកស្រង់ពី «ខ្លឹមសារសំខាន់នៃការសង្គ្រោះកូនចៅរបស់ម៉ូអាប់» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)

៥៧៦. យោបល់ គំនិត ឥរិយាបថ ពាក្យសម្ដី និងទង្វើរបស់អ្នក តើការទាំងអស់នេះមិនមានតម្លៃស្មើនឹងវត្ថុសម្រាប់ឆ្លុះបញ្ចាំងទេឬអី បើធៀបទៅនឹងសេចក្តីសុចរិត និងភាពបរិសុទ្ធរបស់ព្រះជាម្ចាស់នោះ? តើទង្វើរបស់អ្នករាល់គ្នាមិនមែនជាការបង្ហាញអំពីនិស្ស័យដ៏ពុករលួយដែលត្រូវបានបើកសម្ដែងដោយព្រះបន្ទូលរបស់ព្រះជាម្ចាស់ទេឬ? គំនិត និងយោបល់របស់អ្នក ការជំរុញចិត្តរបស់អ្នក និងសេចក្តីពុករលួយដែលត្រូវបានបើកសម្ដែងនៅក្នុងអ្នក បង្ហាញអំពីនិស្ស័យដ៏សុចរិតរបស់ព្រះជាម្ចាស់ ក៏ដូចជាភាពបរិសុទ្ធរបស់ទ្រង់។ ព្រះជាម្ចាស់ក៏បានប្រសូតមកនៅក្នុងទឹកដីដ៏ស្មោកគ្រោកដែរ ប៉ុន្តែព្រះអង្គបន្តរក្សាខ្លួនបរិសុទ្ធពីសេចក្តីស្មោកគ្រោក។ ព្រះអង្គរស់នៅក្នុងពិភពដ៏ស្មោកគ្រោកដូចជាអ្នកដែរ ប៉ុន្តែព្រះអង្គមានហេតុផល និងទស្សនៈយល់ដឹង ហើយព្រះអង្គស្អប់ខ្ពើមសេចក្តីស្មោកគ្រោក។ អ្នកប្រហែលជារកមិនឃើញអ្វីមួយស្មោកគ្រោកនៅក្នុងពាក្យសម្ដី និងទង្វើរបស់អ្នកឡើយ ប៉ុន្តែទ្រង់អាចលើកឡើងពីសេចក្តីស្មោកគ្រោកទាំងនោះ ដើម្បីឱ្យអ្នកបានដឹង។ សេចក្តីចាស់ៗទាំងនោះរបស់អ្នក ដូចជា កង្វះនៃការអភិវឌ្ឍ ការយល់ដឹងជ្រៅជ្រះ និងញាណរបស់អ្នក ព្រមទាំងរបៀបរស់នៅចាស់គំរឹលរបស់អ្នក ឥឡូវនេះត្រូវបានលេចឡើងឱ្យឃើញតាមរយៈការបើកសម្ដែងនាពេលសព្វថ្ងៃនេះ ហើយមានតែតាមរយៈព្រះជាម្ចាស់ដែលយាងមកកាន់ផែនដីដើម្បីធ្វើកិច្ចការនេះប៉ុណ្ណោះ ទើបមនុស្សអាចមើលឃើញពីភាពបរិសុទ្ធ និងនិស្ស័យដ៏សុចរិតរបស់ទ្រង់។ ព្រះអង្គជំនុំជម្រះ និងវាយផ្ចាលអ្នក ដើម្បីឱ្យអ្នកទទួលបានការយល់ដឹង។ ពេលខ្លះ ធម្មជាតិបែបអារក្សរបស់អ្នកត្រូវបានបង្ហាញចេញមក ហើយព្រះអង្គចង្អុលបង្ហាញឱ្យអ្នកដឹង។ ព្រះអង្គជ្រាបអំពីសារជាតិរបស់មនុស្សយ៉ាងច្បាស់ក្រឡែត។ ទ្រង់គង់នៅក្នុងចំណោមអ្នករាល់គ្នា ព្រះអង្គសោយអាហារដូចអ្នក ហើយទ្រង់គង់នៅក្នុងមជ្ឈដ្ឋានដូចគ្នាដែរ ប៉ុន្តែទោះបីបែបនេះក៏ដោយ ក៏ទ្រង់ជ្រាបច្រើនជាងអ្នកដែរ។ ព្រះអង្គអាចលាតត្រដាងដល់អ្នកឱ្យមើលឃើញពីសារជាតិពុករលួយរបស់មនុស្ស។ គ្មានអ្វីមួយដែលព្រះអង្គស្អប់ខ្ពើមខ្លាំងជាងទស្សនវិជ្ជារបស់មនុស្សសម្រាប់ការរស់នៅ ព្រមទាំងភាពវៀចវេរ និងភាពបោកបញ្ឆោតរបស់គេឡើយ។ ព្រះអង្គស្អប់អន្តរកម្មខាងសាច់ឈាមរបស់មនុស្សខ្លាំងណាស់។ ព្រះអង្គប្រហែលជាមិនស្គាល់ទស្សនវិជ្ជារបស់មនុស្សសម្រាប់ការរស់នៅទេ ប៉ុន្តែព្រះអង្គអាចទតឃើញយ៉ាងច្បាស់ និងលាតត្រដាងពីនិស្ស័យដ៏ពុករលួយដែលមនុស្សបើកសម្ដែងនោះ។ ព្រះអង្គធ្វើការ ដើម្បីមានបន្ទូល និងបង្រៀនដល់មនុស្សតាមរយៈសេចក្តីទាំងនេះ ព្រះអង្គប្រើសេចក្តីទាំងនេះ ដើម្បីជំនុំជម្រះមនុស្ស និងដើម្បីសម្ដែងចេញពីនិស្ស័យដ៏សុចរិត និងបរិសុទ្ធរបស់ទ្រង់ផ្ទាល់។ មានតែបែបនេះទេ ទើបមនុស្សក្លាយជាវត្ថុសម្រាប់ឆ្លុះបញ្ចាំងចំពោះកិច្ចការរបស់ទ្រង់។ មានតែព្រះជាម្ចាស់ដែលយកកំណើតជាមនុស្សទេ ទើបអាចបង្ហាញចេញពីនិស្ស័យដ៏ពុករលួយរបស់មនុស្ស និងមុខមាត់ដ៏អាក្រក់របស់សាតាំង។ ទោះបីជាទ្រង់មិនដាក់ទោសអ្នក ហើយប្រើអ្នកធ្វើជាវត្ថុសម្រាប់ឆ្លុះបញ្ចាំងម្នាក់ចំពោះសេចក្តីសុចរិត និងភាពបរិសុទ្ធរបស់ទ្រង់ក៏ដោយ ក៏អ្នកមានអារម្មណ៍អាម៉ាស់ ហើយគ្មានកន្លែងលាក់ខ្លួនបានទេ ដ្បិតអ្នកស្មោកគ្រោកខ្លាំងពេក។ ព្រះអង្គមានបន្ទូល ដោយប្រើប្រាស់សេចក្តីទាំងនោះដែលត្រូវបានលាតត្រដាងនៅក្នុងមនុស្ស ហើយមានតែពេលដែលសេចក្តីទាំងនេះត្រូវបានលេចឡើងក្នុងពន្លឺប៉ុណ្ណោះ ទើបមនុស្សដឹងថា ព្រះជាម្ចាស់បរិសុទ្ធកម្រិតណា។ ព្រះអង្គមិនទតរំលង សូម្បីតែភាពមិនបរិសុទ្ធដ៏តូចបំផុតនៅក្នុងមនុស្ស មិនទតរំលងសូម្បីតែគំនិតដ៏ស្មោកគ្រោកនៅក្នុងដួងចិត្តរបស់ពួកគេ។ បើពាក្យសម្ដី និងទង្វើរបស់មនុស្សផ្ទុយពីព្រះហឫទ័យរបស់ទ្រង់ នោះព្រះអង្គមិនត្រាប្រណីពួកគេឡើយ។ នៅក្នុងព្រះបន្ទូលរបស់ទ្រង់ គ្មានកន្លែងសម្រាប់សេចក្តីស្មោកគ្រោករបស់មនុស្ស ឬអ្វីផ្សេងឡើយ ដ្បិតការទាំងអស់នោះត្រូវតែលាតត្រដាងចេញ។

(ដកស្រង់ពី «របៀបសម្រេចបានប្រសិទ្ធភាពចំពោះជំហានទីពីរនៃកិច្ចការនៃការយកឈ្នះ» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)

៥៧៧. អ្នកនឹងមិនដែលឃើញព្រះជាម្ចាស់មានទស្សនៈលើរឿងអ្វីមួយដូចមនុស្សឡើយ ហើយជាងនេះទៅទៀត អ្នកក៏នឹងមិនដែលឃើញទ្រង់ប្រើទស្សនៈ ចំណេះដឹង វិទ្យាសាស្ត្រ ទស្សនវិជ្ជា ឬការស្រមើស្រមៃរបស់មនុស្ស មកដោះស្រាយបញ្ហានានាដែរ។ ផ្ទុយទៅវិញ គ្រប់កិច្ចការដែលព្រះជាម្ចាស់បំពេញ និងគ្រប់សេចក្តីដែលព្រះជាម្ចាស់បើកសម្ដែង គឺផ្សារភ្ជាប់ទៅនឹងសេចក្តីពិត។ មានន័យថា គ្រប់ទាំងព្រះបន្ទូលដែលទ្រង់បានថ្លែង និងគ្រប់ទាំងសកម្មភាពដែលទ្រង់បានធ្វើ ត្រូវផ្សាយភ្ជាប់ទៅនឹងសេចក្តីពិត។ សេចក្តីពិតនេះមិនមែនជាផលដែលកើតចេញពីសេចក្តីរវើរវាយគ្មានមូលដ្ឋាននោះទេ ប៉ុន្តែ សេចក្តីពិត ព្រមទាំងព្រះបន្ទូលទាំងនេះ ត្រូវបានព្រះជាម្ចាស់សម្ដែងចេញតាមរយៈសារជាតិ និងជីវិតរបស់ទ្រង់។ ដោយសារតែព្រះបន្ទូលទាំងនេះ និងសារជាតិនៃគ្រប់យ៉ាងដែលព្រះជាម្ចាស់បានធ្វើ ជាសេចក្តីពិត ហេតុនេះ យើងអាចនិយាយបានថា សារជាតិរបស់ព្រះជាម្ចាស់គឺ បរិសុទ្ធ។ និយាយម្យ៉ាងទៀតគឺថា គ្រប់យ៉ាងដែលព្រះជាម្ចាស់មានបន្ទូលនិងធ្វើ នាំមកនូវភាពរស់រវើក និងពន្លឺដល់មនុស្ស ធ្វើឱ្យមនុស្សអាចមើលឃើញពីអ្វីៗដែលវិជ្ជមាន និងតថភាពនៃអ្វីៗដែលវិជ្ជមាន ព្រមទាំងចង្អុលបង្ហាញផ្លូវដល់មនុស្ស ដើម្បីឱ្យពួកគេអាចដើរនៅលើផ្លូវត្រូវបាន។ សេចក្ដីទាំងអស់នេះ សុទ្ធតែត្រូវកំណត់ដោយសារជាតិរបស់ព្រះជាម្ចាស់ និងដោយសារជាតិនៃភាពបរិសុទ្ធរបស់ទ្រង់ទាំងអស់។

(ដកស្រង់ពី «ព្រះជាម្ចាស់ផ្ទាល់ព្រះអង្គ ជាព្រះតែមួយអង្គគត់ V» នៃសៀវភៅ «ព្រះបន្ទូល» ភាគ២៖ អំពីការស្គាល់ព្រះជាម្ចាស់)

៥៧៨. នៅពេលដែលអ្នកយល់អំពីភាពបរិសុទ្ធរបស់ព្រះជាម្ចាស់ នោះអ្នកអាចជឿជាក់លើព្រះអង្គបាន។ នៅពេលដែលអ្នកយល់អំពីភាពបរិសុទ្ធរបស់ព្រះជាម្ចាស់ នោះអ្នកពិតជាអាចយល់បាននូវអត្ថន័យពិតប្រាកដនៃពាក្យថា «ព្រះជាម្ចាស់ផ្ទាល់ព្រះអង្គ ជាព្រះតែមួយអង្គគត់»។ អ្នកនឹងលែងរវើរវាយតទៅទៀត ដោយគិតថាមានផ្លូវផ្សេងទៀតក្រៅពីផ្លូវមួយនេះ ដែលអ្នកអាចជ្រើសរើសដើរបាន ហើយអ្នកនឹងលែងមានឆន្ទៈក្បត់អ្វីៗទាំងអស់ដែលព្រះជាម្ចាស់បានរៀបចំសម្រាប់អ្នក។ ពីព្រោះសារជាតិរបស់ព្រះជាម្ចាស់ គឺបរិសុទ្ធ មានន័យថាមានតែអ្នកទេដែលអាចដើរឆ្លងកាត់ជីវិតលើផ្លូវសុចរិតនៃពន្លឺបាន មានតែព្រះជាម្ចាស់ទេដែលអាចឱ្យអ្នកយល់ដឹងអំពីអត្ថន័យជីវិត មានតែព្រះជាម្ចាស់ទេដែលអាចឱ្យអ្នករស់នៅក្នុងភាពជាមនុស្សពិតបា្រកដបាន និងស្គាល់ ព្រមទាំងទទួលបានសេចក្តីពិតធ្វើជាកម្មសិទ្ធិ។ មានតែព្រះជាម្ចាស់ទេ ដែលអាចឱ្យអ្នកទទួលបានជីវិតចេញពីសេចក្តីពិត។ មានតែព្រះជាម្ចាស់ផ្ទាល់ព្រះអង្គទេ ដែលអាចជួយអ្នក ឱ្យគេចចេញពីសេចក្ដីអាក្រក់ និងរំដោះអ្នកពីការធ្វើទុក្ខ និងការគ្រប់គ្រងរបស់សាតាំងបាន។ ក្រៅពីព្រះជាម្ចាស់ គ្មាននរណាម្នាក់ និងគ្មានអ្វីណាមួយអាចជួយសង្រ្គោះអ្នកពីសមុទ្រទុក្ខបានឡើយ ដើម្បីកុំឱ្យអ្នករងទុក្ខលំបាកតទៅទៀត។ ការនេះត្រូវបានកំណត់ដោយសារជាតិរបស់ព្រះជាម្ចាស់។ មានតែព្រះជាម្ចាស់ទេ ដែលសង្គ្រោះអ្នកដោយមិនខ្វល់ពីអង្គទ្រង់ខ្លួនឯង។ មានតែព្រះជាម្ចាស់ទេ ដែលទទួលខុសត្រូវចំពោះអនាគត ជោគវាសនា និងជីវិតរបស់អ្នក ហើយព្រះអង្គបានរៀបចំអ្វីៗទាំងអស់សម្រាប់អ្នក។ គ្មានអ្វីណាមួយដែលបានបង្កើត ឬមិនបានបង្កើតមក មានសារជាតិដូចជាសារជាតិរបស់ព្រះជាម្ចាស់នោះឡើយ ហើយក៏គ្មានមនុស្សណាម្នាក់ អ្វីណាមួយដែលមានសមត្ថភាពជួយសង្គ្រោះអ្នក ឬដឹកនាំអ្នកបានឡើយ។ នេះជាសារៈសំខាន់នៃសារជាតិរបស់ព្រះជាម្ចាស់ចំពោះមនុស្ស។

(ដកស្រង់ពី «ព្រះជាម្ចាស់ផ្ទាល់ព្រះអង្គ ជាព្រះតែមួយអង្គគត់ VI» នៃសៀវភៅ «ព្រះបន្ទូល» ភាគ២៖ អំពីការស្គាល់ព្រះជាម្ចាស់)

៥៧៩. ខ្ញុំបានដាក់បទដ្ឋានដ៏តឹងរឹងមួយឱ្យមនុស្សកាន់តាមគ្រប់ពេលទាំងអស់។ បើចិត្តភក្ដីភាពរបស់អ្នកមានភ្ជាប់ជាមួយចេតនា និងលក្ខខណ្ឌនានា នោះខ្ញុំមិនចង់បានភក្ដីភាពរបស់អ្នកឡើយ ត្បិតខ្ញុំស្អប់ណាស់អ្នកណាដែលបោកបញ្ឆោតខ្ញុំដោយចេតនា ហើយមកកំហែងខ្ញុំដោយលក្ខខណ្ឌរបស់គេ។ ខ្ញុំចង់បានតែមនុស្សដែលស្មោះត្រង់ពិតប្រាកដចំពោះខ្ញុំ ហើយហ៊ានធ្វើអ្វីគ្រប់យ៉ាង ដើម្បីបញ្ជាក់ និងជាប្រយោជន៍ដល់សេចក្តីជំនឿ។ ខ្ញុំស្អប់ពាក្យអែបអបដែលអ្នករាល់គ្នាប្រើ ដើម្បីព្យាយាមធ្វើឱ្យខ្ញុំអរសប្បាយ ដ្បិតកន្លងមក ខ្ញុំតែងប្រព្រឹត្តដាក់អ្នករាល់គ្នាដោយព្រះទ័យស្មោះសរ ហើយខ្ញុំសង្ឃឹមថា អ្នករាល់គ្នាក៏ប្រព្រឹត្តដាក់ខ្ញុំ ដោយសេចក្តីជំនឿដ៏ពិតវិញដែរ។

(ដកស្រង់ពី «តើអ្នកជាអ្នកជឿលើព្រះជាម្ចាស់ដ៏ពិតប្រាកដមែនទេ?» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)

៥៨០. អ្នកត្រូវដឹងថា ខ្ញុំចង់បានមនុស្សប្រភេទណា។ អស់អ្នកដែលមិនបរិសុទ្ធ មិនត្រូវបានអនុញ្ញាតឱ្យចូលក្នុង នគរព្រះឡើយ អស់អ្នកដែលមិនបរិសុទ្ធ មិនត្រូវបានអនុញ្ញតឱ្យប្រឡូកប្រឡាក់ទីធ្លាដែលបរិសុទ្ធឡើយ។ បើទោះបីជាអ្នកអាចបានធ្វើកិច្ចការយ៉ាងច្រើនក្ដី និងបានធ្វើការជាច្រើនឆ្នាំមកហើយក្ដី ក៏នៅទីបញ្ចប់ ប្រសិនបើអ្នកនៅតែស្មោកគ្រោកគួរឱ្យស្អប់ខ្ពើម នោះច្បាប់របស់ស្ថានសួគ៌ នឹងមិនអាចទទួលយកបានឡើយ ដែលអ្នកចង់ចូលទៅក្នុងនគររបស់ខ្ញុំនោះ! ចាប់តាំងពីគ្រឹះនៃពិភពលោករហូតមកដល់សព្វថ្ងៃនេះ ខ្ញុំមិនដែលអនុញ្ញាតឱ្យអស់អ្នកណាដែលនិយាយបញ្ចើចបញ្ចើខ្ញុំ បានចូលទៅក្នុងនគររបស់ខ្ញុំដោយងាយឡើយ។ នេះគឺជាច្បាប់របស់ស្ថានសួគ៌ ហើយគ្មាននរណាម្នាក់អាចបំពានបានឡើយ! អ្នកត្រូវតែស្វែងរកជីវិត។ សព្វថ្ងៃនេះ អស់អ្នកដែលនឹងត្រូវបានប្រោសឱ្យគ្រប់លក្ខណ៍ គឺជាមនុស្សដូចគ្នានឹងពេត្រុសដែរ៖ ពួកគេគឺជាអ្នកដែលស្វែងរកការផ្លាស់ប្ដូរនិស្ស័យផ្ទាល់ខ្លួនរបស់ពួកគេ និងជាអ្នកដែលសុខចិត្តធ្វើទីបន្ទាល់អំពីព្រះជាម្ចាស់ និងបំពេញមុខងាររបស់ពួកគេក្នុងនាមជាសត្តនិកររបស់ព្រះជាម្ចាស់។ មានតែមនុស្សបែបនេះទេដែលនឹងត្រូវប្រោសឱ្យបានគ្រប់លក្ខណ៍។ ប្រសិនបើអ្នកគ្រាន់តែព្យាយាមដើម្បីទទួលបានរង្វាន់ និងមិនបានស្វែងរកនូវការផ្លាស់ប្ដូរនិស្ស័យជីវិតផ្ទាល់ខ្លួនរបស់អ្នក នោះកិច្ចខិតខំប្រឹងប្រែងទាំងអស់របស់អ្នក នឹងក្លាយជាអសារឥតការ។ នេះគឺជាសេចក្ដីពិតដែលមិនអាចកែប្រែបានឡើយ!

(ដកស្រង់ពី «ជោគជ័យ ឬបរាជ័យ អាស្រ័យលើផ្លូវដែលមនុស្សដើរ» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)

៥៨១. ព្រះជាម្ចាស់មាននូវអ្វីដែលជាលក្ខណៈរបស់ទ្រង់ ហើយទ្រង់មាននូវអ្វីដែលជាកម្មសិទ្ធិរបស់ទ្រង់។ គ្រប់យ៉ាងដែលទ្រង់បញ្ចេញ និងបើកសម្ដែងឱ្យឃើញ គឺសុទ្ធតែជាតំណាងនៃសារជាតិ និងអត្តសញ្ញាណរបស់ទ្រង់។ លក្ខណៈ និងកម្មសិទ្ធិរបស់ទ្រង់ ក៏ដូចជាលក្ខណៈសំខាន់ និងអត្តសញ្ញាណរបស់ទ្រង់ គឺជាសេចក្ដីដែលមិនអាចយកមនុស្សណាម្នាក់មកជំនួសបានឡើយ។ និស្ស័យរបស់ទ្រង់ គឺរាប់បញ្ចូលទាំងសេចក្ដីស្រឡាញ់របស់ទ្រង់ចំពោះមនុស្សជាតិ ភាពស្រាកស្រាន្ដរបស់មនុស្សជាតិ សេចក្ដីសម្អប់ចំពោះមនុស្សជាតិ ហើយជាងនេះទៅទៀតគឺ ការយល់ដឹងយ៉ាងហ្មត់ចត់អំពីមនុស្សជាតិ។ យ៉ាងណាមិញ បុគ្គលិកលក្ខណៈរបស់មនុស្សអាចមានលក្ខណៈសុទិដ្ឋិនិយម រស់រវើក និងគ្មានមេត្តា។ និស្ស័យរបស់ព្រះជាម្ចាស់ គឺជានិស្ស័យដែលជាកម្មសិទ្ធិរបស់អ្នកគ្រប់គ្រងលើរបស់សព្វសារពើទាំងអស់ រួមទាំងសភាវៈមានជីវិតផង ជាកម្មសិទ្ធិរបស់ព្រះអម្ចាស់នៃអ្វីៗទាំងអស់ដែលបានបង្កើតមក។ និស្ស័យរបស់ទ្រង់ តំណាងឱ្យកិត្តិយស ព្រះចេស្ដា ភាពប្រសើរថ្លៃថ្លា ភាពមហិមា ហើយសំខាន់ជាងគេគឺ ភាពឧត្តុង្គឧត្តម។ និស្ស័យរបស់ទ្រង់ គឺជានិមិត្តរូបនៃសិទ្ធិអំណាច ជានិមិត្តរូបនៃគ្រប់អំពើសុចរិត ក៏ជានិមិត្តរូបនៃសោភណភាព និងភាពល្អប្រពៃគ្រប់យ៉ាងដែរ។ លើសពីនេះ និស្ស័យនេះ គឺជានិមិត្តរូបនៃព្រះដែលមិនអាច ឱ្យភាពអន្ធការ និងពួកខ្មាំងសត្រូវណាមួយមកយកឈ្នះ ឬឈ្លានពានបានឡើយ ហើយជានិមិត្តរូបនៃព្រះដែលមិនអាចឱ្យភាវៈណាមួយដែលទ្រង់បានបង្កើតមកបំពានដែរ (ព្រះអង្គក៏មិនបណ្ដោយឱ្យគេបំពានទ្រង់ដែរ)។ និស្ស័យរបស់ទ្រង់ គឺជានិមិត្តរូបនៃព្រះចេស្ដាដ៏ខ្ពស់បំផុត។ គ្មានបុគ្គលណាអាចមករំខានកិច្ចការរបស់ទ្រង់ ឬនិស្ស័យរបស់ទ្រង់បានឡើយ។ ដោយឡែក បុគ្គលិកលក្ខណៈរបស់មនុស្ស ក៏មិនមែនគ្រាន់តែជានិមិត្តរូបនៃឧត្ដមភាពដែលមនុស្សមានលើសសត្វបន្តិចបន្តួចនោះដែរ។ មនុស្សផ្ទាល់ ពុំមានសិទ្ធិអំណាច ពុំមានស្វ័យភាព ក៏ពុំមានសមត្ថភាពអ្វីនឹងលើកតម្កើងខ្លួនឯងដែរ ប៉ុន្តែនៅក្នុងសារជាតិរបស់ខ្លួន មនុស្សម្នាក់ស្ថិតក្រោមការគ្រប់គ្រងនៃរបៀបរបស់មនុស្ស ព្រឹត្តិការណ៍ និងអ្វីៗជាច្រើនទៀត។ អំណររបស់ព្រះជាម្ចាស់ កើតមកពីអត្ថិភាព និងការលេចឡើងនៃភាពសុចរិត និងពន្លឺ ក៏ដោយសារតែក្ដីវិនាសនៃភាពអន្ធការ និងការអាក្រក់ដែរ។ ទ្រង់សព្វព្រះហឫទ័យក្នុងការនាំយកពន្លឺ និងជីវិតដ៏ល្អប្រពៃមកឱ្យមនុស្សជាតិ។ អំណររបស់ទ្រង់ គឺជាអំណរដ៏សុចរិត ជានិមិត្តរូបនៃអត្ថិភាពនៃអ្វីៗគ្រប់យ៉ាងដែលវិជ្ជមាន ហើយលើសពីនេះ អំណរនេះជានិមិត្តរូបនៃភ័ព្វដ៏ប្រសើរ។ សេចក្ដីក្រោធរបស់ព្រះជាម្ចាស់កើតមកពីភាពអន្តរាយដែលធ្លាក់មកលើមនុស្សជាតិ ដោយសារតែអត្ថិភាព និងការរំខាននៃអំពើអយុត្តិធម៌ ដោយសារតែអត្ថិភាពនៃសេចក្ដីអាក្រក់ និងភាពអន្ធការ ដោយសារតែអត្ថិភាពនៃកត្តានានាដែលបណ្ដេញសេចក្ដីពិតឱ្យចេញទៅឆ្ងាយ ហើយលើសពីនេះ គឺដោយសារតែអត្ថិភាពនៃកត្តានានាដែលប្រឆាំងទាស់នឹងសេចក្ដីល្អ និងភាពស្រស់បំព្រង។ សេចក្ដីក្រោធរបស់ទ្រង់គឺជានិមិត្តរូបបញ្ជាក់ប្រាប់ថា គ្រប់យ៉ាងដែលអវិជ្ជមាន លែងមានទៀតហើយ លើសពីនេះទៀតគឺបញ្ជាក់ថា សេចក្ដីក្រោធនេះ គឺជានិមិត្តរូបនៃភាពបរិសុទ្ធរបស់ទ្រង់។ សេចក្ដីទុក្ខសោករបស់ទ្រង់កើតមកពីមនុស្ស ជាអ្នកដែលទ្រង់មានក្ដីសង្ឃឹម ប៉ុន្តែគេបែរជាធ្លាក់ក្នុងភាពអន្ធការវិញ ពីព្រោះកិច្ចការដែលទ្រង់ធ្វើចំពោះមនុស្ស មិនបានផ្ដល់ផលសមនឹងក្ដីរំពឹងរបស់ទ្រង់ ក៏ដោយសារតែមនុស្សទាំងអស់ដែលទ្រង់ស្រឡាញ់ មិនអាចរស់នៅក្នុងពន្លឺបាន។ ទ្រង់មានអារម្មណ៍សោយសោក ចំពោះមនុស្សឥតទោស ចំពោះមនុស្សស្មោះត្រង់ តែល្វីល្ងើ និងចំពោះមនុស្សល្អ តែគ្មានអ្វីជាទស្សនៈផ្ទាល់ខ្លួនឯងសោះ។ សេចក្ដីទុក្ខសោករបស់ទ្រង់ គឺជានិមិត្តរូបនៃសេចក្ដីល្អ និងសេចក្ដីមេត្តាករុណារបស់ទ្រង់ ជានិមិត្តរូបនៃសោភណភាព និងសេចក្ដីសប្បុរសរបស់ទ្រង់។ ព្រះទ័យរីករាយរបស់ទ្រង់ប្រាកដណាស់ គឺបានមកពីការយកឈ្នះលើខ្មាំងសត្រូវរបស់ទ្រង់ និងទទួលបានភាពស្មោះត្រង់ពីមនុស្ស។ ជាងនេះទៅទៀត ព្រះទ័យរីករាយរបស់ទ្រង់ កើតចេញពីការបណ្ដេញ និងការបំផ្លិចបំផ្លាញពួកខ្មាំងសត្រូវ ហើយដោយសារតែមនុស្សជាតិទទួលបានជីវិតមួយដ៏ល្អប្រពៃ និងប្រកបដោយសេចក្ដីសុខសាន្ត។ សេចក្ដីរីករាយរបស់ព្រះជាម្ចាស់ ខុសពីអំណរសប្បាយរបស់មនុស្ស។ ម្យ៉ាងទៀត សេចក្ដីរីករាយនេះ ជាអារម្មណ៍រីករាយ ដូចនៅពេលប្រមូលផលដាក់ជង្រុក គឺជាអារម្មណ៍រីករាយខ្លាំងក្លាជាងអំណរធម្មតា។ ព្រះទ័យរីករាយរបស់ទ្រង់ គឺជានិមិត្តរូបនៃការដែលមនុស្សជាតិរើខ្លួនរួចពីទុក្ខលំបាកចាប់ពីពេលនេះតទៅ និងជានិមិត្តរូបនៃការដែលមនុស្សជាតិឈានចូលក្នុងពិភពនៃពន្លឺ។ ម្យ៉ាងវិញទៀត អារម្មណ៍របស់មនុស្សជាតិ គឺសុទ្ធតែកើតឡើងដើម្បីជាប្រយោជន៍សម្រាប់ពួកគេផ្ទាល់ មិនមែនដើម្បីភាពសុចរិត មិនមែនដើម្បីពន្លឺ ក៏មិនមែនដើម្បីភាពស្រស់បំព្រង ហើយក៏រឹតតែមិនមែនដើម្បីព្រះគុណ ដែលត្រូវបានប្រទានមកពីស្ថានសួគ៌ដែរ។ អារម្មណ៍របស់មនុស្សជាតិ គឺជាអារម្មណ៍អាត្មានិយម ហើយជាកម្មសិទ្ធិនៃពិភពងងឹត។ អារម្មណ៍ទាំងនេះ មិនមែនកើតឡើងដើម្បីព្រះហឫទ័យរបស់ព្រះជាម្ចាស់ទេ ក៏រឹតតែមិនមែនដើម្បីផែនការបស់ព្រះជាម្ចាស់ដែរ ហេតុនេះហើយ មនុស្ស និងព្រះជាម្ចាស់ មិនអាចយកសម្ដីពីខ្យល់ដង្ហើមតែមួយមកនិយាយឱ្យយល់បាននោះឡើយ។ ព្រះជាម្ចាស់ឧត្ដុង្គឧត្ដម និងខ្ពង់ខ្ពស់ជានិច្ច ចំណែកឯមនុស្សវិញ តូចទាប គ្មានតម្លៃរហូត។ នេះគឺមកពីព្រះជាម្ចាស់ទ្រង់តែងថ្វាយអង្គទ្រង់ជាយញ្ញបូជា ហើយលះបង់ដើម្បីមនុស្សជាតិរហូត។ ចំណែកឯមនុស្សវិញ គឺចេះតែយក និងខិតខំដើម្បីតែខ្លួនឯងប៉ុណ្ណោះ។ ព្រះជាម្ចាស់ទ្រាំរងនូវការឈឺចាប់ដើម្បីឱ្យមនុស្សជាតិមានជីវិតរស់រានរហូត ចំណែកមនុស្សវិញ ពុំដែលរួមចំណែកអ្វីដល់ពន្លឺ ឬដើម្បីសេចក្ដីសុចរិតឡើយ។ បើទោះបីជាមនុស្សខំប្រឹងយ៉ាងណាក៏ដោយ ក៏មិនអាចធន់នឹងការវាយប្រហារបានសូម្បីតែមួយលើក ដ្បិតការខិតខំរបស់មនុស្ស រមែងធ្វើឡើងដើម្បីប្រយោជន៍ផ្ទាល់ខ្លួនតែប៉ុណ្ណោះ មិនមែនដើម្បីប្រយោជន៍អ្នកដទៃឡើយ។ មនុស្សរមែងមានចិត្តអាត្មានិយម ចំណែកឯព្រះជាម្ចាស់វិញ ព្រះអង្គលះបង់ជានិច្ច។ ព្រះជាម្ចាស់ជាប្រភពនៃភាពសុចរិត ភាពល្អប្រពៃ និងភាពស្រស់បំព្រងគ្រប់យ៉ាង ចំណែកមនុស្សវិញ គេបានជោគជ័យ ហើយស្ដែងឱ្យឃើញភាពស្មោកគ្រោក និងការអាក្រក់គ្រប់យ៉ាងទាំងអស់។ ព្រះជាម្ចាស់នឹងមិនកែប្រែសារជាតិនៃភាពសុចរិត និងសោភណភាពរបស់ទ្រង់ឡើយ ចំណែកឯមនុស្សវិញ ទោះជានៅទីណា ពេលណា ក៏គេមានសមត្ថភាពឥតខ្ចោះ ក្នុងការក្បត់ភាពសុចរិត ហើយគេចចេញពីព្រះជាម្ចាស់ផង។

(ដកស្រង់ពី «ការយល់ដឹងអំពីនិស្ស័យរបស់ព្រះជាម្ចាស់ ពិតជាសំខាន់ក្រៃលែង» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)

៥៨២. ការដែលព្រះជាម្ចាស់លែងអត់ឱនចំពោះចំពោះការប្រមាថ គឺជាសារជាតិវិសេសឯករបស់ទ្រង់។ សេចក្ដីក្រោធរបស់ព្រះជាម្ចាស់ គឺជានិស្ស័យដែលមានតែមួយគត់របស់ទ្រង់។ ឫទ្ធានុភាពរបស់ព្រះជាម្ចាស់ គឺជាសារជាតិតែមួយគត់របស់ទ្រង់។ គោលការណ៍ដែលនៅពីក្រោយព្រះពិរោធរបស់ព្រះជាម្ចាស់ គឺជាការបង្ហាញឱ្យឃើញពីអត្តសញ្ញាណ និងឋានៈរបស់ទ្រង់ ដែលជាកម្មសិទ្ធិផ្ដាច់មុខរបស់ទ្រង់តែមួយប៉ុណ្ណោះ។ គឺអាចនិយាយមួយបែបទៀតថា គោលការណ៍នេះក៏ជានិមិត្តសញ្ញាអំពីសារជាតិរបស់ព្រះជាម្ចាស់ផ្ទាល់ព្រះអង្គតែមួយអង្គគត់ដែរ។ និស្ស័យរបស់ព្រះជាម្ចាស់ គឺជាសារជាតិដែលមានតាំងពីដើមមករបស់ទ្រង់ ដែលមិនអាចផ្លាស់ប្ដូរទៅតាមពេលវេលា ហើយក៏មិនអាចផ្លាស់ប្រែទៅតាមទីតាំងភូមិសាស្ត្រនោះដែរ។ និស្ស័យពីដើមរបស់ទ្រង់ គឺជាសារជាតិខាងក្នុងរបស់ទ្រង់។ មិនថាទ្រង់អនុវត្តកិច្ចការរបស់ទ្រង់ចំពោះនរណាឡើយ ក៏សារជាតិរបស់ទ្រង់មិនផ្លាស់ប្ដូរឡើយ ហើយនិស្ស័យដ៏សុចរិតរបស់ទ្រង់ក៏មិនផ្លាស់ប្រែដែរ។ នៅពេលដែលមនុស្សម្នាក់ធ្វើឱ្យព្រះជាម្ចាស់ខ្ញាល់ ការអ្វីដែលព្រះជាម្ចាស់បញ្ចេញនោះ គឺជានិស្ស័យដែលមានតាំងពីដើមមករបស់ទ្រង់ ហើយក្នុងពេលជាមួយគ្នានោះ គោលការណ៍ដែលនៅពីក្រោយព្រះពិរោធរបស់ទ្រង់មិនផ្លាស់ប្ដូរឡើយ ហើយអត្តសញ្ញាណនិងឋានៈដែលមានតែមួយគត់របស់ទ្រង់ ក៏មិនផ្លាស់ប្ដូរដែរ។ ទ្រង់មិនមានព្រះពិរោធ ដោយសារតែការផ្លាស់ប្ដូរនៅក្នុងសារជាតិរបស់ទ្រង់ ឬដោយសារតែមានសមាសធាតុខុសៗគ្នាលេចចេញពីនិស្ស័យរបស់ទ្រង់ឡើយ ប៉ុន្តែដោយសារតែការប្រឆាំងរបស់មនុស្សចំពោះទ្រង់បំពានលើនិស្ស័យរបស់ទ្រង់។ ការបំពានជាក់ស្ដែងរបស់មនុស្សចំពោះព្រះជាម្ចាស់ គឺជាបទល្មើសដ៏ធ្ងន់ធ្ងរមួយចំពោះអត្តសញ្ញាណ និងឋានៈរបស់ព្រះជាម្ចាស់។ នៅក្នុងទស្សនៈរបស់ព្រះជាម្ចាស់ នៅពេលដែលមនុស្សប្រឆាំងនឹងទ្រង់ មនុស្សកំពុងតែប្រកួតជាមួយទ្រង់ និងកំពុងតែសាកល្បងជាមួយព្រះពិរោធរបស់ទ្រង់។ នៅពេលដែលមនុស្សប្រឆាំងនឹងព្រះជាម្ចាស់ នៅពេលដែលមនុស្សប្រជែងជាមួយព្រះជាម្ចាស់ នៅពេលដែលមនុស្សបន្តសាកល្បងពីព្រះពិរោធរបស់ព្រះជាម្ចាស់ ហើយនេះជាពេលដែលអំពើបាបរាលដាលទប់លែងបាន ពេលនោះសេចក្ដីក្រោធរបស់ព្រះជាម្ចាស់នឹងបើកសម្ដែង ព្រមទាំងបង្ហាញចេញមកជាមិនខាន។ ដូច្នេះ ការបង្ហាញរបស់ព្រះជាម្ចាស់អំពីសេចក្ដីក្រោធរបស់ទ្រង់ គឺជានិមិត្តសញ្ញាមួយដែលបង្ហាញថា រាល់កម្លាំងអាក្រក់ទាំងអស់នឹងត្រូវលែងមាន ហើយវាក៏ជានិមិត្តសញ្ញាមួយបង្ហាញថា គ្រប់កម្លាំងប្រឆាំងទាំងអស់នឹងត្រូវបំផ្លាញអស់ដែរ។ នេះគឺជាភាពមានតែមួយគត់នៃនិស្ស័យដ៏សុចរិតរបស់ព្រះជាម្ចាស់ និងអំពីសេចក្ដីក្រោធរបស់ព្រះជាម្ចាស់។ នៅពេលដែលសេចក្តីថ្លៃថ្នូរ និងភាពបរិសុទ្ធរបស់ព្រះជាម្ចាស់ត្រូវបានប្រឆាំង នៅពេលដែលកម្លាំងនៃសេចក្តីយុត្តិធម៌ត្រូវបានរាំងស្ទះ ហើយមនុស្សមើលមិនឃើញ នោះព្រះជាម្ចាស់នឹងបញ្ចេញសេចក្ដីក្រោធរបស់ទ្រង់មិនខាន។ ដោយសារតែសារជាតិរបស់ព្រះជាម្ចាស់ រាល់កម្លាំងទាំងអស់នៅលើផែនដីដែលប្រជែង ប្រឆាំង និងប្រយុទ្ធទាស់នឹងព្រះជាម្ចាស់ សុទ្ធតែជាកម្លាំងអាក្រក់ ពុករលួយ និងអយុត្តិធម៌ ហើយកម្លាំងទាំងនោះសុទ្ធតែមកពីសាតាំង និងជាគ្នីគ្នារបស់វាទាំងអស់។ ដោយសារតែព្រះជាម្ចាស់យុត្តិធម៌ ជាពន្លឺ និងបរិសុទ្ធ ដូច្នេះ គ្រប់អ្វីៗដែលអាក្រក់ ពុករលួយ និងជាគ្នីគ្នារបស់សាតាំង នឹងត្រូវវិនាសហិនហោចអស់ នៅពេលដែលសេចក្ដីក្រោធរបស់ព្រះជាម្ចាស់ត្រូវបានបញ្ចេញមក។

(ដកស្រង់ពី «ព្រះជាម្ចាស់ផ្ទាល់ព្រះអង្គ ជាព្រះតែមួយអង្គគត់ II» នៃសៀវភៅ «ព្រះបន្ទូល» ភាគ២៖ អំពីការស្គាល់ព្រះជាម្ចាស់)

ខាង​ដើម៖ ខ. ស្ដីពីនិស្ស័យសុចរិតរបស់ព្រះជាម្ចាស់

បន្ទាប់៖ ឃ. ស្ដីពីព្រះជាម្ចាស់ជាប្រភពនៃជីវិតសម្រាប់របស់គ្រប់យ៉ាង

គ្រោះមហន្តរាយផ្សេងៗបានធ្លាក់ចុះ សំឡេងរោទិ៍នៃថ្ងៃចុងក្រោយបានបន្លឺឡើង ហើយទំនាយនៃការយាងមករបស់ព្រះអម្ចាស់ត្រូវបានសម្រេច។ តើអ្នកចង់ស្វាគមន៍ព្រះអម្ចាស់ជាមួយក្រុមគ្រួសាររបស់អ្នក ហើយទទួលបានឱកាសត្រូវបានការពារដោយព្រះទេ?

ការកំណត់

  • អត្ថបទ
  • ប្រធានបទ

ពណ៌​ដិតច្បាស់

ប្រធានបទ

ប្រភេទ​អក្សរ

ទំហំ​អក្សរ

ចម្លោះ​បន្ទាត់

ចម្លោះ​បន្ទាត់

ប្រវែងទទឹង​ទំព័រ

មាតិកា

ស្វែងរក

  • ស្វែង​រក​អត្ថបទ​នេះ
  • ស្វែង​រក​សៀវភៅ​នេះ