ខ. ស្ដីពីនិស្ស័យសុចរិតរបស់ព្រះជាម្ចាស់

៥៥៤. នៅចុងបញ្ចប់នៃកិច្ចការបិទបញ្ចប់យុគសម័យរបស់ទ្រង់ និស្ស័យរបស់ព្រះជាម្ចាស់ គឺជាការវាយផ្ចាល និងការជំនុំជម្រះ ដែលទ្រង់បើកសម្ដែងពីគ្រប់ការទាំងអស់ដែលមិនសុចរិត គឺដើម្បីធ្វើការជំនុំជម្រះមនុស្សទាំងអស់ជាសាធារណៈ និងដើម្បីប្រោសអ្នកដែលស្រឡាញ់ទ្រង់ដែលមានដួងចិត្តស្មោះឱ្យបានគ្រប់លក្ខណ៍។ មានតែនិស្ស័យបែបនេះទេទើបអាចនាំយុគសម័យនេះទៅរកទីបញ្ចប់បាន។ គ្រាចុងក្រោយបានចូលមកដល់ហើយ។ របស់សព្វសារពើដែលបានបង្កើតមក នឹងត្រូវញែកដាច់ពីគ្នាទៅតាមប្រភេទរបស់វា ហើយត្រូវបែងចែងទៅតាមប្រភេទខុសគ្នាផ្អែកតាមលក្ខណៈរបស់ពួកគេ។ នេះគឺជាពេលវេលាដែលព្រះជាម្ចាស់បើកសម្ដែងពីលទ្ធផលរបស់មនុស្ស និងទិសដៅរបស់ពួកគេ។ ប្រសិនបើមនុស្សមិនបានឆ្លងកាត់ការវាយផ្ចាល និងការជំនុំជម្រះទេ នោះនឹងគ្មានផ្លូវដែលអាចសម្ដែងឱ្យយល់ពីការមិនស្ដាប់បង្គាប់ និងសេចក្ដីទុច្ចរិតរបស់ពួកគេបានឡើយ។ មានតែតាមរយៈការវាយផ្ចាល និងការជំនុំជម្រះប៉ុណ្ណោះទើបលទ្ធផលនៃរបស់សព្វសារពើដែលបានបង្កើតមក អាចត្រូវបើកសម្ដែងឱ្យឃើញបាន។ នៅពេលដែលត្រូវវាយផ្ចាល និងជំនុំជម្រះ មនុស្សគ្រាន់តែបង្ហាញពីពណ៌ពិតប្រាកដរបស់គេប៉ុណ្ណោះ។ មនុស្សអាក្រក់ ត្រូវដាក់ជាមួយមនុស្សអាក្រក់ មនុស្សល្អត្រូវដាក់ជាមួយមនុស្សល្អ ហើយមនុស្សទាំងអស់ត្រូវញែកដាច់ចេញពីគ្នាទៅតាមប្រភេទរបស់ពួកគេ។ តាមរយៈការវាយផ្ចាល និងការជំនុំជម្រះ លទ្ធផលនៃរបស់សព្វសារពើដែលបានបង្កើតមក នឹងត្រូវបើកសម្ដែងឱ្យឃើញ ដើម្បីឱ្យមនុស្សអាក្រក់អាចត្រូវដាក់ទោស ហើយមនុស្សល្អអាចទទួលបានរង្វាន់ ហើយគ្រប់មនុស្សទាំងអស់សុទ្ធតែស្ថិតក្រោមអំណាចត្រួតត្រារបស់ព្រះជាម្ចាស់។ គ្រប់កិច្ចការទាំងអស់នេះ ត្រូវតែសម្រេចឱ្យបានតាមរយៈការវាយផ្ចាល និងការជំនុំជម្រះដោយសុចរិត។ ដោយសារសេចក្ដីពុករលួយរបស់មនុស្សបានឈានដល់កម្រិតកំពូល ហើយការមិនស្ដាប់បង្គាប់របស់ពួកគេកាន់តែខ្លាំងឡើងៗ នោះមានតែនិស្ស័យសុចរិតរបស់ព្រះជាម្ចាស់ប៉ុណ្ណោះ ដែលជានិស្ស័យមួយដែលបូកផ្សំជាគោលការណ៍នៃការវាយផ្ចាលនិងការជំនុំជម្រះ និងជានិស្ស័យដែលត្រូវបើកបង្ហាញក្នុងអំឡុងគ្រាចុងក្រោយប៉ុណ្ណោះ ទើបអាចបំផ្លាស់បំប្រែ និងធ្វើឱ្យមនុស្សបានពេញខ្នាតទាំងស្រុង។ មានតែនិស្ស័យបែបនេះទេដែលអាចសម្ដែងឱ្យយល់ពីអំពើអាក្រក់ និងដាក់ទោសយ៉ាងធ្ងន់ធ្ងរលើមនុស្សទុច្ចរិតទាំងអស់បាន។ ហេតុនេះ និស្ស័យបែបនេះជ្រួតជ្រាបទៅដោយខ្លឹមសារសំខាន់នៃយុគសម័យនេះ ហើយការបើកសម្ដែង និងការបង្ហាញពីនិស្ស័យរបស់ទ្រង់ គឺធ្វើឡើងដើម្បីតែជាប្រយោជន៍នៃកិច្ចការនៅក្នុងយុគសម័យថ្មីនីមួយៗប៉ុណ្ណោះ។ ព្រះជាម្ចាស់មិនបើកសម្ដែងនិស្ស័យរបស់ទ្រង់តាមតែអំពើចិត្ត និងដោយគ្មានខ្លឹមសារនោះទេ។ ឧបមាថា ក្នុងការបើកសម្ដែងពីលទ្ធផលរបស់មនុស្សក្នុងអំឡុងគ្រាចុងក្រោយ ព្រះជាម្ចាស់នៅតែត្រូវប្រទានដល់មនុស្សនូវព្រះហឫទ័យក្ដួលអាណិត និងសេចក្ដីស្រឡាញ់ឥតគណនា និងបន្តសេចក្ដីស្រឡាញ់ដល់មនុស្ស និងមិនឱ្យមនុស្សស្ថិតក្រោមការជំនុំជម្រះដោយសុចរិត ប៉ុន្តែបែរជាបង្ហាញដល់ពួកគេនូវការអត់ឱន ការអត់ទ្រាំ និងការអត់ទោស និងការលើកលែងទោសដល់មនុស្សទៅវិញ មិនថាពួកគេមានបាបខ្លាំងយ៉ាងណានោះទេ គឺគ្មានការជំនុំជម្រះសុចរិតណាមួយឡើយ៖ ដូច្នេះ តើពេលណាដែលការគ្រប់គ្រងទាំងអស់របស់ព្រះជាម្ចាស់ នឹងអាចចូលដល់ទីបញ្ចប់បានទៅ? តើនៅពេលណាដែលនិស្ស័យបែបនេះ នឹងអាចដឹកនាំមនុស្សទៅរកទិសដៅសមស្របរបស់មនុស្សជាតិបាន? ឧទាហរណ៍ ចៅក្រមម្នាក់ដែលគួរឱ្យស្រឡាញ់ ជាចៅក្រមដែលមានទឹកមុខសប្បុរស និងមានសណ្ដានចិត្តល្អ។ គាត់ស្រឡាញ់មនុស្ស មិនខ្វល់ថាពួកគេបានប្រព្រឹត្តទោសកំហុសអ្វីឡើយ ហើយគាត់ស្រឡាញ់ និងអត់ឱនដល់ពួកគេមិនថាពួកគេជានរណានោះទេ។ នៅក្នុងករណីនោះ តើពេលណាដែលគាត់អាចកាត់ក្ដីដោយយុត្តិធម៌បានទៅ? ក្នុងអំឡុងគ្រាចុងក្រោយ មានតែការជំនុំជម្រះដោយសុចរិតប៉ុណ្ណោះដែលអាចញែកមនុស្សស្របទៅតាមប្រភេទរបស់ពួកគេបាន និងនាំមនុស្សទៅកាន់ពិភពថ្មីមួយ។ តាមរបៀបនេះ យុគសម័យទាំងមូល ត្រូវបាននាំទៅរកទីបញ្ចប់តាមរយៈនិស្ស័យសុចរិតរបស់ព្រះជាម្ចាស់នៅក្នុងការជំនុំជម្រះ និងការវាយផ្ចាល។

(ដកស្រង់ពី «និមិត្តអំពីកិច្ចការរបស់ព្រះជាម្ចាស់ (៣)» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)

៥៥៥. ព្រះនាមរបស់ខ្ញុំនឹងចែកចាយចេញពីផ្ទះមួយទៅផ្ទះមួយ នៅក្នុងគ្រប់ជាតិសាសន៍ និងនៅគ្រប់ទិសទី ហើយនឹងត្រូវបានស្រែកចេញពីមាត់របស់មនុស្សពេញវ័យ និងក្មេងៗដូចគ្នា នៅទូទាំងពិភពចក្រវាល។ នេះគឺជាសេចក្ដីពិតដ៏ពិតប្រាកដ។ ខ្ញុំគឺជាព្រះជាម្ចាស់ផ្ទាល់ព្រះអង្គតែមួយអង្គគត់ ហើយជាងនេះទៅទៀត ខ្ញុំជាអង្គតែមួយគត់នៃព្រះជាម្ចាស់។ លើសពីនេះទៅទៀត ខ្ញុំដែលជាភាពទាំងស្រុងរបស់សាច់ឈាម គឺជាការបើកបង្ហាញដ៏ពេញលេញរបស់ព្រះជាម្ចាស់។ អ្នកណាក៏ដោយដែលហ៊ានមិនគោរពខ្ញុំ អ្នកណាក៏ដោយដែលហ៊ានបង្ហាញការទាស់ទទឹងនៅក្នុងភ្នែករបស់ពួកគេ ហើយអ្នកណាក៏ដោយដែលហ៊ាននិយាយពាក្យមើលងាយប្រឆាំងខ្ញុំ នោះច្បាស់ជានឹងស្លាប់ដោយសារបណ្ដាសា និងសេចក្ដីក្រោធរបស់ខ្ញុំ (នឹងមានការដាក់បណ្ដាសាដោយសារសេចក្ដីក្រោធរបស់ខ្ញុំ)។ ជាងនេះទៅទៀត អ្នកណាក៏ដោយដែលហ៊ានមិនស្មោះត្រង់ ឬគ្មានភក្ដីភាពចំពោះខ្ញុំ ហើយអ្នកណាក៏ដោយដែលហ៊ានព្យាយាមបោកបញ្ឆោតខ្ញុំ ច្បាស់ជានឹងស្លាប់ដោយសារសេចក្ដីស្អប់របស់ខ្ញុំ។ សេចក្ដីសុចរិត ឫទ្ធានុភាព និងការជំនុំជម្រះរបស់ខ្ញុំនឹងស្ថិតនៅជារៀងរហូត។ ជាដំបូង ខ្ញុំគួរឱ្យស្រឡាញ់ និងប្រកបដោយសេចក្ដីមេត្តាករុណា ប៉ុន្តែនេះមិនមែនជានិស្ស័យនៃភាពជាព្រះដ៏ពេញលេញរបស់ខ្ញុំទេ។ សេចក្ដីសុចរិត ឫទ្ធានុភាព និងការជំនុំជម្រះ គ្រាន់តែជាចំណែកនៃនិស្ស័យរបស់ខ្ញុំ ដែលជាព្រះជាម្ចាស់ដ៏ពេញលេញផ្ទាល់ព្រះអង្គប៉ុណ្ណោះ។ ក្នុងអំឡុងយុគសម័យនៃព្រះគុណ ខ្ញុំគួរឱ្យស្រឡាញ់ និងប្រកបដោយសេចក្ដីមេត្តាករុណា។ ដោយសារតែកិច្ចការដែលខ្ញុំត្រូវបញ្ចប់ នោះខ្ញុំមានសេចក្ដីស្រឡាញ់អស់ពីព្រះទ័យ និងសេចក្ដីមេត្តាករុណា។ ទោះបីជាយ៉ាងណាក៏ដោយ បន្ទាប់ពីនោះមក គឺលែងត្រូវការអ្វីៗបែបនេះតទៅទៀតហើយ (ហើយចាប់ពីពេលនោះមក ក៏លែងមានអ្វីៗបែបនេះ)។ គ្រប់យ៉ាងគឺជាសេចក្ដីសុចរិត ឫទ្ធានុភាព និងការជំនុំជម្រះ ហើយនេះគឺជានិស្ស័យដ៏ពេញលេញនៃភាពជាមនុស្សរបស់ខ្ញុំ គួបផ្សំនឹងភាពជាព្រះដ៏ពេញលេញរបស់ខ្ញុំ។

(ដកស្រង់ពី «ព្រះសូរសៀងរបស់ព្រះគ្រីស្ទ កាលពីដើមដំបូង» ជំពូកទី ៧៩ នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)

៥៥៦. ដើម្បីយល់ពីនិស្ស័យសុចរិតរបស់ព្រះជាម្ចាស់ ដំបូងមនុស្សត្រូវយល់ពីអារម្មណ៍របស់ព្រះជាម្ចាស់ជាមុនសិន៖ តើទ្រង់ស្អប់អ្វី តើទ្រង់ស្អប់ខ្ពើមអ្វី តើទ្រង់ស្រឡាញ់អ្វី តើទ្រង់អត់ឱននិងពេញដោយសេចក្ដីមេត្តាករុណាចំពោះអ្នកណា ហើយតើទ្រង់ផ្ដល់សេចក្ដីមេត្តាករុណាឱ្យមនុស្សប្រភេទណា។ នេះជាចំនុចសំខាន់មួយ។ គ្រប់គ្នាក៏ត្រូវតែយល់ដែរថាព្រះជាម្ចាស់គួរឱ្យស្រឡាញ់យ៉ាងណាប៉ុនណានោះទេ មិនថាទ្រង់មានសេចក្ដីមេត្តាករុណា និងសេចក្តីស្រឡាញ់ចំពោះមនុស្សប៉ុនណានោះទេ ក៏ព្រះជាម្ចាស់មិនត្រាប្រណីចំពោះអ្នកណាម្នាក់ដែលប្រមាថឋានៈ និងតំណែងរបស់ទ្រង់ដែរ ហើយទ្រង់ក៏មិនត្រាប្រណីចំពោះអ្នកណាម្នាក់ដែលប្រមាថកិត្តិយសរបស់ទ្រង់ដែរ។ ទោះបីជាព្រះជាម្ចាស់ស្រឡាញ់មនុស្សក៏ដោយ ក៏ទ្រង់មិនថ្នាក់ថ្នមពួកគេដែរ។ ទ្រង់ប្រទានឱ្យមនុស្សនូវសេចក្ដីស្រឡាញ់របស់ទ្រង់ សេចក្ដីមេត្តាករុណារបស់ទ្រង់ និងសេចក្ដីត្រាប្រណីរបស់ទ្រង់ ប៉ុន្តែទ្រង់មិនដែលថ្នាក់ថ្នមពួកគេឡើយ ព្រះជាម្ចាស់មានគោលការណ៍របស់ទ្រង់ និងដែនកំណត់របស់ទ្រង់។ មិនខ្វល់ថាអ្នកទទួលអារម្មណ៍អំពីសេចក្ដីស្រឡាញ់របស់ព្រះជាម្ចាស់ច្រើនប៉ុនណានោះទេ មិនខ្វល់ថាសេចក្ដីស្រឡាញ់នោះមានជម្រៅប៉ុនណានោះទេ ក៏អ្នកមិនត្រូវប្រព្រឹត្តចំពោះព្រះជាម្ចាស់ដូចដែលអ្នកនឹងប្រព្រឹត្តចំពោះមនុស្សដទៃនោះដែរ។ ថ្វីបើវាជាការពិតដែលថា ព្រះជាម្ចាស់ប្រព្រឹត្តចំពោះមនុស្សដោយភាពស្និទ្ធស្នាលបំផុតក៏ដោយ ប្រសិនបើមនុស្សចាត់ទុកព្រះជាម្ចាស់ត្រឹមតែដូចមនុស្សឯទៀត ហាក់ដូចជាទ្រង់គ្រាន់តែជាភាវៈដែលត្រូវបានបង្កើតមួយទៀត ដូចជាមិត្តភក្តិ ឬជាវត្ថុសម្រាប់ថ្វាយបង្គំ នោះព្រះជាម្ចាស់នឹងលាក់ព្រះភ័ក្ត្ររបស់ទ្រង់ពីពួកគេ ហើយបោះបង់ចោលពួកគេ។ នេះជានិស្ស័យរបស់ទ្រង់ ហើយមនុស្សមិនត្រូវខ្វះការពិចារណាលើបញ្ហានេះឡើយ។ ដូច្នេះ យើងច្រើនតែមើលឃើញព្រះបន្ទូលបែបនេះដែលព្រះជាម្ចាស់ថ្លែងអំពីនិស្ស័យរបស់ទ្រង់៖ វាមិនសំខាន់ថា តើអ្នកបានធ្វើដំណើរលើផ្លូវចំនួនប៉ុន្មាននោះទេ តើអ្នកបានធ្វើកិច្ចការច្រើនប៉ុនណានោះទេ ឬតើអ្នកបានស៊ូទ្រាំការរងទុក្ខច្រើនប៉ុនណានោះទេ នៅពេលអ្នកប្រមាថនិស្ស័យរបស់ព្រះជាម្ចាស់ហើយ នោះទ្រង់នឹងសងឱ្យអ្នកម្នាក់ៗវិញទៅតាមអ្វីដែលអ្នកបានធ្វើ។ នេះមានន័យថា ព្រះជាម្ចាស់ប្រព្រឹត្តចំពោះមនុស្សដោយភាពស្និទ្ធស្នាលបំផុត ប៉ុន្តែ មនុស្សមិនត្រូវប្រព្រឹត្តចំពោះព្រះជាម្ចាស់ដូចជាមិត្តភក្តិ ឬសាច់ញាតិនោះទេ។ កុំហៅព្រះជាម្ចាស់ថាជា «មិត្តជិតស្និទ្ធ» របស់អ្នកឡើយ។ មិនថាអ្នកបានទទួលសេចក្ដីស្រឡាញ់ច្រើនប៉ុនណាពីទ្រង់នោះទេ មិនថាទ្រង់បានផ្ដល់សេចក្ដីត្រាប្រណីច្រើនប៉ុនណាដល់អ្នកនោះទេ អ្នកមិនត្រូវប្រព្រឹត្តចំពោះព្រះជាម្ចាស់ដូចជាមិត្តភក្តិរបស់អ្នកឡើយ។ នេះហើយជានិស្ស័យដ៏សុចរិតរបស់ព្រះជាម្ចាស់។

(ដកស្រង់ពី «ព្រះជាម្ចាស់ផ្ទាល់ព្រះអង្គ ជាព្រះតែមួយអង្គគត់ VII» នៃសៀវភៅ «ព្រះបន្ទូល» ភាគ២៖ អំពីការស្គាល់ព្រះជាម្ចាស់)

៥៥៧. ការដែលព្រះជាម្ចាស់លែងអត់ឱនចំពោះចំពោះការប្រមាថ គឺជាសារជាតិវិសេសឯករបស់ទ្រង់។ សេចក្ដីក្រោធរបស់ព្រះជាម្ចាស់ គឺជានិស្ស័យដែលមានតែមួយគត់របស់ទ្រង់។ ឫទ្ធានុភាពរបស់ព្រះជាម្ចាស់ គឺជាសារជាតិតែមួយគត់របស់ទ្រង់។ គោលការណ៍ដែលនៅពីក្រោយព្រះពិរោធរបស់ព្រះជាម្ចាស់ គឺជាការបង្ហាញឱ្យឃើញពីអត្តសញ្ញាណ និងឋានៈរបស់ទ្រង់ ដែលជាកម្មសិទ្ធិផ្ដាច់មុខរបស់ទ្រង់តែមួយប៉ុណ្ណោះ។ គឺអាចនិយាយមួយបែបទៀតថា គោលការណ៍នេះក៏ជានិមិត្តសញ្ញាអំពីសារជាតិរបស់ព្រះជាម្ចាស់ផ្ទាល់ព្រះអង្គតែមួយអង្គគត់ដែរ។ និស្ស័យរបស់ព្រះជាម្ចាស់ គឺជាសារជាតិដែលមានតាំងពីដើមមករបស់ទ្រង់ ដែលមិនអាចផ្លាស់ប្ដូរទៅតាមពេលវេលា ហើយក៏មិនអាចផ្លាស់ប្រែទៅតាមទីតាំងភូមិសាស្ត្រនោះដែរ។ និស្ស័យពីដើមរបស់ទ្រង់ គឺជាសារជាតិខាងក្នុងរបស់ទ្រង់។ មិនថាទ្រង់អនុវត្តកិច្ចការរបស់ទ្រង់ចំពោះនរណាឡើយ ក៏សារជាតិរបស់ទ្រង់មិនផ្លាស់ប្ដូរឡើយ ហើយនិស្ស័យដ៏សុចរិតរបស់ទ្រង់ក៏មិនផ្លាស់ប្រែដែរ។ នៅពេលដែលមនុស្សម្នាក់ធ្វើឱ្យព្រះជាម្ចាស់ខ្ញាល់ ការអ្វីដែលព្រះជាម្ចាស់បញ្ចេញនោះ គឺជានិស្ស័យដែលមានតាំងពីដើមមករបស់ទ្រង់ ហើយក្នុងពេលជាមួយគ្នានោះ គោលការណ៍ដែលនៅពីក្រោយព្រះពិរោធរបស់ទ្រង់មិនផ្លាស់ប្ដូរឡើយ ហើយអត្តសញ្ញាណនិងឋានៈដែលមានតែមួយគត់របស់ទ្រង់ ក៏មិនផ្លាស់ប្ដូរដែរ។ ទ្រង់មិនមានព្រះពិរោធ ដោយសារតែការផ្លាស់ប្ដូរនៅក្នុងសារជាតិរបស់ទ្រង់ ឬដោយសារតែមានសមាសធាតុខុសៗគ្នាលេចចេញពីនិស្ស័យរបស់ទ្រង់ឡើយ ប៉ុន្តែដោយសារតែការប្រឆាំងរបស់មនុស្សចំពោះទ្រង់បំពានលើនិស្ស័យរបស់ទ្រង់។ ការបំពានជាក់ស្ដែងរបស់មនុស្សចំពោះព្រះជាម្ចាស់ គឺជាបទល្មើសដ៏ធ្ងន់ធ្ងរមួយចំពោះអត្តសញ្ញាណ និងឋានៈរបស់ព្រះជាម្ចាស់។ នៅក្នុងទស្សនៈរបស់ព្រះជាម្ចាស់ នៅពេលដែលមនុស្សប្រឆាំងនឹងទ្រង់ មនុស្សកំពុងតែប្រកួតជាមួយទ្រង់ និងកំពុងតែសាកល្បងជាមួយព្រះពិរោធរបស់ទ្រង់។ នៅពេលដែលមនុស្សប្រឆាំងនឹងព្រះជាម្ចាស់ នៅពេលដែលមនុស្សប្រជែងជាមួយព្រះជាម្ចាស់ នៅពេលដែលមនុស្សបន្តសាកល្បងពីព្រះពិរោធរបស់ព្រះជាម្ចាស់ ហើយនេះជាពេលដែលអំពើបាបរាលដាលទប់លែងបាន ពេលនោះសេចក្ដីក្រោធរបស់ព្រះជាម្ចាស់នឹងបើកសម្ដែង ព្រមទាំងបង្ហាញចេញមកជាមិនខាន។ ដូច្នេះ ការបង្ហាញរបស់ព្រះជាម្ចាស់អំពីសេចក្ដីក្រោធរបស់ទ្រង់ គឺជានិមិត្តសញ្ញាមួយដែលបង្ហាញថា រាល់កម្លាំងអាក្រក់ទាំងអស់នឹងត្រូវលែងមាន ហើយវាក៏ជានិមិត្តសញ្ញាមួយបង្ហាញថា គ្រប់កម្លាំងប្រឆាំងទាំងអស់នឹងត្រូវបំផ្លាញអស់ដែរ។ នេះគឺជាភាពមានតែមួយគត់នៃនិស្ស័យដ៏សុចរិតរបស់ព្រះជាម្ចាស់ និងអំពីសេចក្ដីក្រោធរបស់ព្រះជាម្ចាស់។ នៅពេលដែលសេចក្តីថ្លៃថ្នូរ និងភាពបរិសុទ្ធរបស់ព្រះជាម្ចាស់ត្រូវបានប្រឆាំង នៅពេលដែលកម្លាំងនៃសេចក្តីយុត្តិធម៌ត្រូវបានរាំងស្ទះ ហើយមនុស្សមើលមិនឃើញ នោះព្រះជាម្ចាស់នឹងបញ្ចេញសេចក្ដីក្រោធរបស់ទ្រង់មិនខាន។ ដោយសារតែសារជាតិរបស់ព្រះជាម្ចាស់ រាល់កម្លាំងទាំងអស់នៅលើផែនដីដែលប្រជែង ប្រឆាំង និងប្រយុទ្ធទាស់នឹងព្រះជាម្ចាស់ សុទ្ធតែជាកម្លាំងអាក្រក់ ពុករលួយ និងអយុត្តិធម៌ ហើយកម្លាំងទាំងនោះសុទ្ធតែមកពីសាតាំង និងជាគ្នីគ្នារបស់វាទាំងអស់។ ដោយសារតែព្រះជាម្ចាស់យុត្តិធម៌ ជាពន្លឺ និងបរិសុទ្ធ ដូច្នេះ គ្រប់អ្វីៗដែលអាក្រក់ ពុករលួយ និងជាគ្នីគ្នារបស់សាតាំង នឹងត្រូវវិនាសហិនហោចអស់ នៅពេលដែលសេចក្ដីក្រោធរបស់ព្រះជាម្ចាស់ត្រូវបានបញ្ចេញមក។

(ដកស្រង់ពី «ព្រះជាម្ចាស់ផ្ទាល់ព្រះអង្គ ជាព្រះតែមួយអង្គគត់ II» នៃសៀវភៅ «ព្រះបន្ទូល» ភាគ២៖ អំពីការស្គាល់ព្រះជាម្ចាស់)

៥៥៨. នៅពេលដែលព្រះជាម្ចាស់បញ្ចេញសេចក្តីក្រោធរបស់ទ្រង់ កម្លាំងអាក្រក់ត្រូវបានត្រួតពិនិត្យ ហើយការអាក្រក់ៗត្រូវបានបំផ្លាញ ខណៈពេលដែលសេចក្ដីយុត្តិធម៌និងរឿងវិជ្ជមាន ចាប់ផ្ដើមរីករាយចំពោះការយកចិត្តទុកដាក់ និងការការពាររបស់ព្រះជាម្ចាស់ ហើយគេទទួលបានការអនុញ្ញាតឱ្យបន្តទៀត។ ព្រះជាម្ចាស់បញ្ចេញសេចក្ដីក្រោធរបស់ទ្រង់ ដោយសារតែរឿងអយុត្តិធម៌ អវិជ្ជមាន និងអាក្រក់ ជារឿងដែលបង្អាក់ រំខាន ឬបំផ្លាញដល់សកម្មភាពធម្មតា និងការអភិវឌ្ឍនៃអ្វីៗដែលយុត្តិធម៌ និងវិជ្ជមាន។ គោលដៅនៃព្រះពិរោធរបស់ព្រះជាម្ចាស់ គឺមិនមែនការពារដល់ឋានៈ និងអត្តសញ្ញាណរបស់ទ្រង់ផ្ទាល់ឡើយ ប៉ុន្តែដើម្បីការពារដល់អត្ថិភាពនៃអ្វីៗដែលយុត្តិធម៌ វិជ្ជមាន ស្រស់ស្អាត និងល្អ ដើម្បីការពារច្បាប់ និងសណ្ដាប់ធ្នាប់នៃការរស់រានមានជីវិតធម្មតារបស់មនុស្ស។ នេះគឺជាឫសគល់នៃសេចក្ដីក្រោធរបស់ព្រះជាម្ចាស់។ ព្រះពិរោធរបស់ព្រះជាម្ចាស់ គឺជាការបើកសម្ដែងដ៏ត្រឹមត្រូវ តាមធម្មជាតិ និងដ៏ពិតប្រាកដអំពីនិស្ស័យរបស់ទ្រង់។ នៅក្នុងព្រះពិរោធរបស់ទ្រង់គ្មានចេតនាលាក់កំបាំង ហើយក៏គ្មានការបោកបញ្ឆោត ឬផែនការអាក្រក់នោះដែរ គឺខុសឆ្ងាយណាស់ពីបំណងប្រាថ្នា ល្បិចកល ការព្យាបាទ ភាពហិង្សា អំពើអាក្រក់ ឬនិស្ស័យដ៏ពុករលួយផ្សេងទៀតរបស់មនុស្ស។ មុនពេលព្រះជាម្ចាស់បញ្ចេញព្រះពិរោធរបស់ទ្រង់ ទ្រង់បានយល់យ៉ាងច្បាស់ និងយ៉ាងពេញលេញរួចហើយអំពីសារជាតិនៃអ្វីៗទាំងអស់ ហើយទ្រង់បានបង្កើតនូវនិយមន័យ និងសេចក្តីសន្និដ្ឋានដ៏សុក្រឹត និងច្បាស់លាស់។ ដូច្នេះ កម្មវត្ថុរបស់ព្រះជាម្ចាស់នៅក្នុងគ្រប់កិច្ចការដែលទ្រង់ធ្វើ គឺមានភាពច្បាស់លាស់ ដូចជាអាកប្បកិរិយារបស់ទ្រង់ដូច្នេះដែរ។ ទ្រង់មិនមែនជាព្រះដែលព្រះតម្រិះមិនលះ ទតមើលមិនឃើញ ធ្វើអ្វីមួយបែបតក់ក្រហល់ ឬខ្វះការប្រុងប្រយ័ត្នឡើយ ហើយទ្រង់ក៏មិនមែនជាព្រះដែលធ្វើអ្វីមួយដោយគ្មានគោលការណ៍នោះដែរ។ នេះគឺជាទិដ្ឋភាពជាក់ស្ដែងមួយអំពីព្រះសេចក្ដីក្រោធរបស់ព្រះជាម្ចាស់ ហើយដោយសារតែទិដ្ឋភាពជាក់ស្ដែងនៃសេចក្ដីក្រោធរបស់ព្រះជាម្ចាស់នេះហើយ ទើបមនុស្សបានទទួលអត្ថិភាពធម្មតារបស់ខ្លួន។ បើគ្មានសេចក្ដីក្រោធរបស់ព្រះជាម្ចាស់ទេ នោះមនុស្សជាតិនឹងធ្លាក់ចូលទៅក្នុងលក្ខខណ្ឌរស់នៅខុសប្រក្រតី ហើយអ្វីៗទាំងអស់ដែលយុត្តិធម៌ ស្រស់ស្អាត និងល្អ នឹងត្រូវបានបំផ្លាញ ហើយលែងមានអត្ថិភាពតទៅទៀតមិនខាន។ បើគ្មានព្រះពិរោធរបស់ព្រះជាម្ចាស់ទេ នោះច្បាប់ និងក្រឹត្យវិន័យនៃអត្ថិភាពសម្រាប់ភាវៈដែលត្រូវបានបង្កើតមក នឹងត្រូវបានល្មើស ឬថែមទាំងបំផ្លាញចោលទៀតផង។ ដោយសារតែការបង្កើតមនុស្ស ព្រះជាម្ចាស់បានបន្តប្រើប្រាស់និស្ស័យដ៏សុចរិតរបស់ទ្រង់ ដើម្បីការពារ និងថែរក្សាអត្ថិភាពធម្មតារបស់មនុស្ស។ ដោយសារតែនិស្ស័យដ៏សុចរិតរបស់ទ្រង់មានផ្ទុកនូវសេចក្ដីក្រោធ និងឫទ្ធានុភាព ដូច្នេះ មនុស្ស របស់សព្វសារពើ និងវត្ថុដ៏អាក្រក់ទាំងអស់ ហើយរាល់អ្វីៗដែលរំខាន និងធ្វើឱ្យខូចដល់អត្ថិភាពធម្មតារបស់មនុស្ស នឹងត្រូវទទួលទោស ត្រួតត្រា និងបំផ្លាញចោល ដែលជាលទ្ធផលចេញពីសេចក្ដីក្រោធរបស់ទ្រង់។ អស់រយៈពេលជាងប៉ុន្មានពាន់ឆ្នាំមកនេះ ព្រះជាម្ចាស់បានបន្តប្រើនិស្ស័យដ៏សុចរិតរបស់ទ្រង់ ដើម្បីកម្ទេច និងបំផ្លាញពួកវិញ្ញាណស្មោកគ្រោក និងអាក្រក់គ្រប់ប្រភេទដែលប្រឆាំងនឹងព្រះជាម្ចាស់ ព្រមទាំងពួកសមគំនិត និងជាកញ្ជះដាច់ថ្លៃរបស់សាតាំងនៅក្នុងកិច្ចការគ្រប់គ្រងមនុស្សរបស់ព្រះជាម្ចាស់។ ដូច្នេះ កិច្ចការនៃការសង្រ្គោះមនុស្សរបស់ព្រះជាម្ចាស់តែងតែជឿនលឿនទៅមុខជានិច្ច ស្របតាមផែនការរបស់ទ្រង់។ គឺអាចនិយាយបានថា ដោយសារតែអត្ថិភាពនៃសេចក្ដីក្រោធរបស់ព្រះជាម្ចាស់ បុព្វហេតុដ៏សុចរិតបំផុតរបស់មនុស្សមិនត្រូវបានបំផ្លាញឡើយ។

(ដកស្រង់ពី «ព្រះជាម្ចាស់ផ្ទាល់ព្រះអង្គ ជាព្រះតែមួយអង្គគត់ II» នៃសៀវភៅ «ព្រះបន្ទូល» ភាគ២៖ អំពីការស្គាល់ព្រះជាម្ចាស់)

៥៥៩. ការប្រព្រឹត្តរបស់ព្រះជាម្ចាស់ចំពោះមនុស្សជាតិដ៏ល្ងង់ខ្លៅ និងល្ងីល្ងើនេះ គឺអាស្រ័យជាចម្បងទៅលើសេចក្តីមេត្តាករុណា និងការអត់ឱន។ នៅក្នុងន័យម្យ៉ាងទៀត ព្រះពិរោធរបស់ទ្រង់ត្រូវបានលាក់ទុកអស់រយៈពេលយ៉ាងយូរ និងនៅក្នុងហេតុការណ៍យ៉ាងច្រើន ហើយទ្រង់មិនដែលបង្ហាញវាចេញឱ្យមនុស្សដឹងឡើយ។ ជាលទ្ធផល មនុស្សពិបាកក្នុងការមើលឃើញព្រះជាម្ចាស់បង្ហាញសេចក្ដីក្រោធរបស់ទ្រង់ណាស់ ហើយគេក៏ពិបាកយល់ពីសេចក្ដីរបស់ទ្រង់ដែរ។ ដូច្នេះហើយបានជាមនុស្សមើលស្រាលសេចក្ដីក្រោធរបស់ព្រះជាម្ចាស់។ នៅពេលដែលមនុស្សប្រឈមជាមួយកិច្ចការចុងក្រោយរបស់ព្រះជាម្ចាស់ និងជំហាននៃការអត់ឱន និងការអត់ទោសរបស់ទ្រង់ចំពោះមនុស្ស នោះហើយជាពេលដែលសេចក្តីមេត្តាករុណាចុងក្រោយរបស់ព្រះជាម្ចាស់ និងសេចក្តីព្រមានចុងក្រោយរបស់ទ្រង់ ធ្លាក់មកលើមនុស្ស ហើយបើមនុស្សនៅតែប្រើប្រាស់វិធីសាស្ត្រដដែល ដើម្បីប្រឆាំងនឹងព្រះជាម្ចាស់ ហើយមិនខិតខំប្រែចិត្ត កែកុនផ្លូវរបស់ខ្លួន ហើយទទួលយកសេចក្តីមេត្តាករុណរបស់ទ្រង់ទេ នោះព្រះជាម្ចាស់នឹងលែងមានព្រះទ័យអត់ឱន និងអត់ធ្មត់ចំពោះពួកគេទៀតហើយ។ ផ្ទុយទៅវិញ ព្រះជាម្ចាស់នឹងដកទុកសេចក្តីមេត្តាករុណារបស់ទ្រង់វិញនៅពេលនោះ។ ក្រោយមក ទ្រង់នឹងបញ្ចេញតែសេចក្ដីក្រោធរបស់ទ្រង់ប៉ុណ្ណោះ។ ទ្រង់អាចសម្ដែងចេញសេចក្ដីក្រោធរបស់ទ្រង់នៅក្នុងរបៀបខុសៗគ្នាជាច្រើន ដូចដែលទ្រង់អាចប្រើប្រាស់វិធីសាស្ត្រផ្សេងៗ ដើម្បីដាក់ទោស និងបំផ្លាញមនុស្សយ៉ាងនោះដែរ។

ការដែលព្រះជាម្ចាស់ប្រើប្រាស់ភ្លើង ដើម្បីបំផ្លាញទីក្រុងសូដុម គឺជាវិធីសាស្ត្រដ៏លឿនបំផុត ដើម្បីបំផ្លាញមនុស្ស ឬអ្វីមួយឱ្យវិនាសសាបសូន្យ។ ការដុតបំផ្លាញអ្នកក្រុងសូដុមដោយភ្លើង មិនគ្រាន់តែបំផ្លាញរូបកាយរបស់គេប៉ុណ្ណោះទេ ប៉ុន្តែវាក៏បំផ្លាញដល់វិញ្ញាណ ព្រលឹង និងរូបកាយទាំងមូលរបស់គេដែរ ដើម្បីធានាថា មនុស្សនៅក្នុងក្រុងនេះនឹងលែងមានវត្តមានតទៅទៀតនៅក្នុងពិភពរូបិយ និងពិភពអរូបិយ។ នេះគឺជាផ្លូវតែមួយគត់ដែលព្រះជាម្ចាស់បើកសម្ដែង និងបង្ហាញពីសេចក្ដីក្រោធរបស់ទ្រង់។ ការបើកសម្ដែង និងការបង្ហាញបែបនេះ គឺជាទិដ្ឋភាពមួយអំពីសារជាតិនៃសេចក្ដីក្រោធរបស់ព្រះជាម្ចាស់ ហើយវាក៏ជាការបើកសម្ដែងអំពីសារជាតិនៃនិស្ស័យដ៏សុចរិតរបស់ព្រះជាម្ចាស់ដែរ។ នៅពេលដែលព្រះជាម្ចាស់បានបញ្ចេញសេចក្ដីក្រោធរបស់ទ្រង់ ព្រះអង្គលែងបើកសម្ដែងពីសេចក្តីមេត្តាករុណា ឬសេចក្តីស្រឡាញ់ដ៏សប្បុរស ហើយក៏លែងបង្ហាញព្រះទ័យអត់ឱន ឬព្រះទ័យអត់ធ្មត់តទៅទៀត ហើយក៏គ្មាននរណាម្នាក់ គ្មានអ្វីមួយ ឬហេតុផលណាមួយដែលអាចបញ្ចុះបញ្ចូលឱ្យទ្រង់បន្តមានព្រះទ័យអត់ធ្មត់ ប្រទានសេចក្តីមេត្តាករុណា និងការអត់ឱនរបស់ទ្រង់តទៅទៀតនោះដែរ។ ផ្ទុយទៅវិញ ដោយគ្មានភាពអល់អែក ព្រះជាម្ចាស់បានបញ្ចេញព្រះពិរោធ និងឫទ្ធានុភាពរបស់ទ្រង់ ដោយធ្វើអ្វីដែលទ្រង់ចង់ធ្វើ។ ទ្រង់នឹងធ្វើរឿងទាំងនេះនៅក្នុងល្បឿនដ៏លឿន និងកម្ចាត់ចោលយ៉ាងស្អាត ដើម្បីឱ្យស្របតាមបំណងព្រះហឫទ័យរបស់ទ្រង់។ នេះគឺជាផ្លូវមួយដែលព្រះជាម្ចាស់បញ្ចេញសេចក្ដីក្រោធ និងឫទ្ធានុភាពរបស់ទ្រង់ ដែលមនុស្សមិនត្រូវបំពានឡើយ ហើយវាក៏ជាការបង្ហាញចេញនូវទិដ្ឋភាពមួយអំពីនិស្ស័យដ៏សុចរិតរបស់ទ្រង់ដែរ។ នៅពេលដែលមនុស្សមើលឃើញព្រះជាម្ចាស់សម្ដែងការយកចិត្តទុកដាក់ និងសេចក្តីស្រឡាញ់ចំពោះពួកគេ ពួកគេមិនអាចយល់ពីសេចក្ដីក្រោធរបស់ទ្រង់ មិនអាចឃើញឫទ្ធានុភាពរបស់ទ្រង់ ឬមិនអាចដឹងអំពីការដែលព្រះជាម្ចាស់លែងមានព្រះទ័យអត់ឱនចំពោះការប្រមាថនោះឡើយ។ ការទាំងនេះតែងតែនាំឱ្យមនុស្សជឿថា និស្ស័យដ៏សុចរិតរបស់ព្រះជាម្ចាស់ គឺមានតែសេចក្តីមេត្តាករុណា សេចក្តីអត់ឱន និងសេចក្តីស្រឡាញ់ប៉ុណ្ណោះ។ ទោះបីជាយ៉ាងណា នៅពេលដែលគេមើលឃើញព្រះជាម្ចាស់បំផ្លាញទីក្រុងមួយ ឬស្អប់ខ្ពើមមនុស្សណាម្នាក់ ឃើញពីព្រះពិរោធរបស់ទ្រង់នៅក្នុងការបំផ្លាញមនុស្ស និងឫទ្ធានុភាពរបស់ទ្រង់ វាជួយឱ្យមនុស្សមើលឃើញផ្នែកមួយទៀតនៃនិស្ស័យដ៏សុចរិតរបស់ទ្រង់។ នេះគឺជាការដែលព្រះជាម្ចាស់លែងមានព្រះទ័យអត់ឱនចំពោះការប្រមាថតទៅទៀត។ និស្ស័យរបស់ព្រះជាម្ចាស់ដែលលែងអត់ឱនចំពោះការប្រមាថ មានកម្រិតខ្ពស់ហួសពីការស្រមើស្រមៃរបស់ភាវៈរូបិយ ហើយនៅក្នុងចំណោមភាវៈអរូបិយ គឺគ្មាននរណាម្នាក់អាចចូលអន្តរាគមន៍ ឬជះឥទ្ធិពលលើនិស្ស័យនេះបានឡើយ ហើយក៏មិនអាចក្លែងបន្លំ ឬចម្លងបានដែរ។ ដូច្នេះ ទិដ្ឋភាពនៃនិស្ស័យរបស់ព្រះជាម្ចាស់ គឺជាទិដ្ឋភាពមួយដែលមនុស្សគួរតែដឹងជាងគេបំផុត។ មានតែព្រះជាម្ចាស់ផ្ទាល់ព្រះអង្គប៉ុណ្ណោះ ដែលមាននិស្ស័យប្រភេទនេះ ហើយមានតែព្រះជាម្ចាស់ផ្ទាល់ព្រះអង្គប៉ុណ្ណោះ ដែលកាន់កាប់និស្ស័យបែបនេះ។ ព្រះជាម្ចាស់កាន់កាប់និស្ស័យដ៏សុចរិតនេះ ដោយសារតែទ្រង់ស្អប់ខ្ពើមសេចក្តីអាក្រក់ សេចក្តីងងឹត ការបះបោរ និងអំពើអាក្រក់របស់សាតាំង ដែលធ្វើឱ្យមនុស្សជាតិពុករលួយ និងបំផ្លាញមនុស្ស ហើយក៏ដោយសារតែទ្រង់ស្អប់ខ្ពើមគ្រប់ទាំងអំពើបាបដែលប្រឆាំងនឹងទ្រង់ និងដោយសារតែសារជាតិដ៏បរិសុទ្ធ និងឥតសៅហ្មងរបស់ទ្រង់ដែរ។ វាគឺដោយសារតែការនេះហើយដែលនាំឱ្យទ្រង់ទ្រាំលែងបានជាមួយភាវៈរូបិយ ឬភាវៈអរូបិយដែលប្រឆាំង ឬប្រជែងជាមួយទ្រង់ទាំងចំហនោះ។ សូម្បីតែមនុស្សដែលទ្រង់ធ្លាប់បង្ហាញសេចក្តីមេត្តាករុណា ឬមនុស្សដែលទ្រង់ធ្លាប់បានរើសតាំងក៏ដោយ ឱ្យតែពួកគេបះពាល់ដល់និស្ស័យរបស់ទ្រង់ និងប្រព្រឹត្តអំពើរំលងលើគោលការណ៍នៃការអត់ធ្មត់ និងការអត់ឱនរបស់ទ្រង់ នោះព្រះជាម្ចាស់នឹងបញ្ចេញនិងបើកសម្ដែងពីនិស្ស័យសុចរិតរបស់ទ្រង់ ដែលមិនអត់ឱនចំពោះការប្រមាថណាមួយឡើយ ហើយក៏គ្មានសេចក្តីមេត្តាករុណា ឬការស្ទាក់ស្ទើរ សូម្បីតែបន្ដិចណាដែរ។

(ដកស្រង់ពី «ព្រះជាម្ចាស់ផ្ទាល់ព្រះអង្គ ជាព្រះតែមួយអង្គគត់ II» នៃសៀវភៅ «ព្រះបន្ទូល» ភាគ២៖ អំពីការស្គាល់ព្រះជាម្ចាស់)

៥៦០. ទោះបីជាការចាក់បង្ហូរសេចក្ដីក្រោធរបស់ព្រះជាម្ចាស់ ជាទិដ្ឋភាពមួយនៃការបង្ហាញអំពីនិស្ស័យដ៏សុចរិតរបស់ព្រះជាម្ចាស់ក៏ដោយ ក៏ព្រះពិរោធរបស់ព្រះជាម្ចាស់មិនរើសមុខនរណាជានរណាឡើយ ហើយក៏មិនធ្វើឡើងដោយគ្មានគោលការណ៍នោះដែរ។ ផ្ទុយទៅវិញ ព្រះជាម្ចាស់ជាព្រះដែលយឺតនឹងខ្ញាល់ ហើយទ្រង់ក៏មិនងាយបើកសម្ដែងសេចក្ដីក្រោធ និងឫទ្ធានុភាពរបស់ទ្រង់នោះដែរ។ លើសពីនេះ សេចក្ដីក្រោធរបស់ព្រះជាម្ចាស់ត្រូវបានទប់ និងវាស់ស្ទង់យ៉ាងល្អ គឺមិនដូចជារបៀបដែលមនុស្សផ្ទុះកំហឹង ឬឆាប់ឆេះដុំនោះឡើយ។ មានការសន្ទនាជាច្រើនរវាងមនុស្សនិងព្រះជាម្ចាស់ត្រូវបានកត់ត្រាទុកនៅក្នុងព្រះគម្ពីរ។ ពាក្យរបស់មនុស្សមួយចំនួននៅក្នុងការសន្ទនាទាំងនោះ មានកម្រិតរាក់កំផែល ល្ងង់ខ្លៅ និងដូចជាពាក្យក្មេងបៀមដៃ ប៉ុន្តែព្រះជាម្ចាស់មិនបានបំផ្លាញពួកគេឡើយ ហើយទ្រង់ក៏មិនបានថ្កោលទោសពួកគេដែរ។ ជាក់ស្ដែង នៅក្នុងអំឡុងពេលនៃការល្បងលយ៉ូប តើព្រះយេហូវ៉ាបានប្រព្រឹត្តយ៉ាងដូចម្ដេចចំពោះមិត្តភក្តិទាំងបីរបស់យ៉ូប និងអ្នកផ្សេងទៀត ក្រោយពេលទ្រង់បានឮពាក្យដែលពួកគេបាននិយាយទៅកាន់យ៉ូប? តើទ្រង់បានថ្កោលទោសពួកគេឬទេ? តើទ្រង់បានខ្ញាល់នឹងពួកគេឬទេ? ទ្រង់មិនបានធ្វើបែបនេះឡើយ! ផ្ទុយទៅវិញ ទ្រង់បានប្រាប់យ៉ូបឱ្យអង្វរករ និងអធិស្ឋានសម្រាប់ពួកគេ ដើម្បីសុំឱ្យព្រះជាម្ចាស់កុំនឹកនាចំពោះកំហុសរបស់ពួកគេ។ ឧទាហរណ៍ទាំងនេះសុទ្ធតែតំណាងឱ្យអាកប្បកិរិយាជាចម្បងដែលព្រះជាម្ចាស់ប្រព្រឹត្តចំពោះមនុស្សដែលពុករលួយ និងល្ងង់ខ្លៅ។ ដូច្នេះ ការបញ្ចេញសេចក្ដីក្រោធរបស់ព្រះជាម្ចាស់ មិនមែនជាការបញ្ចេញអារម្មណ៍របស់ទ្រង់ ហើយក៏មិនមែនជាផ្លូវមួយដែលទ្រង់ប្រើ ដើម្បីបន្ធូរព្រះទ័យរបស់ទ្រង់នោះដែរ។ ផ្ទុយពីការយល់ច្រឡំរបស់មនុស្ស សេចក្ដីក្រោធរបស់ព្រះជាម្ចាស់មិនមែនជាការផ្ទុះកំហឹងឡើងទាំងស្រុងនោះឡើយ។ ព្រះជាម្ចាស់មិនមែនបញ្ចេញសេចក្ដីក្រោធរបស់ទ្រង់ ដោយសារតែទ្រង់មិនអាចទប់អារម្មណ៍របស់ទ្រង់បាន ឬដោយសារតែព្រះពិរោធរបស់ទ្រង់បានឈានដល់ចំណុចពុះកញ្ជ្រោលខ្លាំង ហើយត្រូវតែបន្ធូរវាចេញមកនោះឡើយ។ ផ្ទុយទៅវិញ សេចក្ដីក្រោធរបស់ទ្រង់គឺជាការបង្ហាញ និងជាការស្ដែងចេញពិតប្រាកដអំពីនិស្ស័យដ៏សុចរិតរបស់ទ្រង់ ហើយវាក៏ជាសញ្ញានៃការបើកសម្ដែងអំពីសារជាតិដ៏បរិសុទ្ធរបស់ទ្រង់ដែរ។ ព្រះជាម្ចាស់ជាសេចក្ដីក្រោធ ហើយទ្រង់មិនអត់ឱនចំពោះការបំពានឡើយ។ ការនេះមិនមែនមានន័យថា ព្រះពិរោធរបស់ព្រះជាម្ចាស់គ្មានការបែងចែកច្បាស់លាស់អំពីបុព្វហេតុ ឬគ្មានគោលការណ៍នោះឡើយ។ គឺមានតែមនុស្សពុករលួយប៉ុណ្ណោះ ដែលទាមទារសិទ្ធិចង់បញ្ចេញកំហឹងដែលគ្មានគោលការណ៍ បញ្ចេញដោយព្រាវៗ ជាកំហឹងដែលមិនចេះបែងចែកឱ្យបានច្បាស់លាស់រវាងបុព្វហេតុនោះ។ សម្រាប់មនុស្សដែលមានឋានៈខ្ពស់ ជារឿយៗ គេនឹងពិបាកទប់អារម្មណ៍របស់គេ ដូច្នេះ គេនឹងរីករាយក្នុងការឆក់យកឱកាស ដើម្បីសម្ដែងពីការមិនពេញចិត្តរបស់គេ និងដើម្បីបន្ធូរអារម្មណ៍របស់គេ។ ជារឿយៗ គេនឹងកំរោលចូលទាំងគ្មានហេតុផល ដើម្បីបង្ហាញពីសមត្ថភាពរបស់គេ និងឱ្យគេដឹងថា ឋានៈនិងអត្តសញ្ញាណរបស់គេ គឺខុសពីមនុស្សធម្មតា។ ជាការពិត មនុស្សពុករលួយដែលគ្មានឋានៈអ្វី ជារឿយៗ ក៏បាត់បង់ម្ចាស់ការដែរ។ ជាញឹកញាប់ កំហឹងរបស់គេត្រូវបានបង្កឡើងដោយសារតែការបាត់បង់ផលប្រយោជន៍ឯកជនរបស់គេ។ ដើម្បីការពារដល់ឋានៈ និងសេចក្តីថ្លៃថ្នូររបស់គេ ជារឿយៗ ពួកគេនឹងបន្ធូរអារម្មណ៍របស់គេ ហើយបង្ហាញពីនិស្ស័យក្រអឺតក្រទមរបស់ខ្លួន។ មនុស្សនឹងផ្ទុះកំហឹង ហើយបន្ធូរអារម្មណ៍របស់គេ ដើម្បីការពារ និងគាំទ្រដល់វត្តមាននៃអំពើបាប ហើយទង្វើទាំងនេះគឺជារបៀបដែលមនុស្សបង្ហាញពីភាពមិនពេញចិត្តរបស់គេ ព្រោះពួកគេបានពេញទៅដោយភាពមិនបរិសុទ្ធ ផែនការក្បត់ និងល្បិចកល ជាមួយសេចក្តីពុករលួយ និងការអាក្រក់របស់មនុស្ស ហើយកាន់តែអាក្រក់ជាងនេះទៀតនោះគឺ ពួកគេបានពេញដោយមហិច្ឆតា និងសេចក្តីប៉ងប្រាថ្នាដ៏ព្រៃផ្សៃរបស់មនុស្ស។ នៅពេលដែលសេចក្តីយុត្តិធម៌ប៉ះទង្គិចជាមួយសេចក្តីអាក្រក់ កំហឹងរបស់មនុស្សនឹងមិនផ្ទុះឡើងដើម្បីការពារ ឬគាំទ្រដល់សេចក្តីយុត្តិធម៌ឡើយ ផ្ទុយទៅវិញ នៅពេលដែលកម្លាំងនៃសេចក្តីយុត្តិធម៌ត្រូវបានរងការគំរាមកំហែង បៀតបៀន និងវាយប្រហារ នោះមនុស្សនឹងមានអាកប្បកិរិយាណាមួយក្នុងចំណោមអាកប្បកិរិយាទាំងបីនេះគឺ មើលរំលង យករួចខ្លួន ឬងាកចេញ។ យ៉ាងណាមិញ នៅពេលដែលប្រឈមនឹងកម្លាំងនៃសេចក្តីអាក្រក់ មនុស្សបែរជាមានអាកប្បកិរិយាណាមួយក្នុងចំណោមអាកប្បកិរិយាបីនេះគឺ ការសម្របខ្លួន ការឱនក្រាប និងការបបោស។ ដូច្នេះ ការបន្ធូរអារម្មណ៍របស់មនុស្ស គឺជាការលេចចេញមួយសម្រាប់កម្លាំងអាក្រក់ ជាការសម្ដែងចេញទង្វើអាក្រក់ដែលរីករាលដាល និងមិនអាចបញ្ឈប់បានរបស់មនុស្សខាងសាច់ឈាមប៉ុណ្ណោះ។ យ៉ាងណាមិញ នៅពេលដែលព្រះជាម្ចាស់បញ្ចេញសេចក្ដីក្រោធរបស់ទ្រង់ នោះគ្រប់កម្លាំងអាក្រក់ទាំងអស់នឹងត្រូវបញ្ឈប់ រាល់អំពើបាបដែលធ្វើទុក្ខទោសដល់មនុស្សនឹងត្រូវបញ្ឈប់ រាល់កម្លាំងប្រឆាំងទាំងអស់ដែលរាំងស្ទះដល់កិច្ចការរបស់ព្រះជាម្ចាស់ នឹងត្រូវស្ដែងឱ្យឃើញ ញែកទុក និងរងបណ្ដាសា ហើយពួកសមគំនិតជាមួយសាតាំងទាំងអស់ដែលប្រឆាំងនឹងព្រះជាម្ចាស់ នឹងត្រូវទទួលទោស និងរំលើងចោលទាំងឫស។ នៅកន្លែងរបស់គេ កិច្ចការរបស់ព្រះជាម្ចាស់នឹងដំណើរការទៅយ៉ាងរលូន ដោយគ្មានឧបសគ្គ ផែនការគ្រប់គ្រងរបស់ព្រះជាម្ចាស់នឹងបន្តវិវឌ្ឍទៅមុខមួយជំហានម្ដងៗ ស្របតាមកាលវិភាគ ហើយរាស្ត្ររើសតាំងរបស់ព្រះជាម្ចាស់នឹងមានសេរីភាពពីការរំខាន និងការបោកបញ្ឆោតរបស់សាតាំង ហើយអស់អ្នកដែលដើរតាមព្រះជាម្ចាស់នឹងរីករាយចំពោះការដឹកនាំ និងការផ្គត់ផ្គង់របស់ព្រះជាម្ចាស់នៅក្នុងមជ្ឈដ្ឋានដ៏ស្ងប់ស្ងាត់ និងប្រកបដោយសន្ដិភាព។ សេចក្ដីក្រោធរបស់ព្រះជាម្ចាស់គឺជាការការពារមួយ ដើម្បីទប់ស្កាត់កុំឱ្យកម្លាំងអាក្រក់ទាំងអស់រីកសាយភាយ និងរាតត្បាត ហើយវាក៏ជាការការពារមួយសម្រាប់ការរស់រានមានជីវិត និងការបង្កើតកូនចៅនៃអ្វីៗទាំងអស់ដែលត្រឹមត្រូវនិងវិជ្ជមាន ព្រមទាំងការពារពួកគេពីការសង្កត់សង្កិន និងការបង្ហិនបង្ហោចអស់កល្បជានិច្ចដែរ។

(ដកស្រង់ពី «ព្រះជាម្ចាស់ផ្ទាល់ព្រះអង្គ ជាព្រះតែមួយអង្គគត់ II» នៃសៀវភៅ «ព្រះបន្ទូល» ភាគ២៖ អំពីការស្គាល់ព្រះជាម្ចាស់)

៥៦១. នៅពេលដោះស្រាយជាមួយទង្វើនីមួយៗរបស់ព្រះជាម្ចាស់ ជាដំបូង អ្នកត្រូវតែប្រាកដយ៉ាងច្បាស់ថា និស្ស័យដ៏សុចរិតរបស់ព្រះជាម្ចាស់គឺគ្មានសមាសធាតុផ្សេងទៀតឡើយ ពោលគឺជានិស្ស័យដែលបរិសុទ្ធ និងគ្មានកំហុស។ ទង្វើទាំងនេះរួមបញ្ចូលទាំងការវាយបង្រ្កាប ការដាក់ទោស និងការបំផ្លាញរបស់ព្រះជាម្ចាស់ចំពោះមនុស្ស។ ដោយគ្មានលើកលែង គ្រប់ទង្វើរបស់ព្រះជាម្ចាស់ត្រូវបានធ្វើឡើងយ៉ាងតឹងរ៉ឹង ស្របតាមនិស្ស័យដែលមានតាំងពីដើមមករបស់ទ្រង់ និងផែនការរបស់ទ្រង់ ហើយគ្មានរួមបញ្ចូលចំណេះដឹង ប្រពៃណី និងទស្សនវិជ្ជារបស់មនុស្សឡើយ។ គ្រប់ទង្វើរបស់ព្រះជាម្ចាស់ គឺជាការស្ដែងចេញអំពីនិស្ស័យ និងសារជាតិរបស់ទ្រង់ ដោយមិនទាក់ទងអ្វីដែលជារបស់មនុស្សដ៏ពុករលួយឡើយ។ មនុស្សជាតិមានសញ្ញាណថា មានតែសេចក្តីស្រឡាញ់ សេចក្តីមេត្តាករុណា និងសេចក្តីអត់ឱនរបស់ព្រះជាម្ចាស់ចំពោះមនុស្សជាតិប៉ុណ្ណោះ ទើបគ្មានកំហុស សុទ្ធល្អ និងបរិសុទ្ធ ប៉ុន្តែគ្មាននរណាម្នាក់ដឹងថា ព្រះពិរោធរបស់ព្រះជាម្ចាស់ និងសេចក្ដីក្រោធរបស់ទ្រង់ក៏សុទ្ធល្អនោះឡើយ ហើយលើសពីនេះ គ្មាននរណាម្នាក់បានសញ្ជឹងគិតលើសំណួរដូចជា ហេតុអ្វីបានជាព្រះជាម្ចាស់មិនអត់ឱនចំពោះការបំពាន ឬហេតុអ្វីបានជាទ្រង់ខ្ញាល់ខ្លាំងបែបនេះនោះឡើយ។ ផ្ទុយទៅវិញ អ្នកខ្លះយល់ច្រឡំថាសេចក្ដីក្រោធរបស់ព្រះជាម្ចាស់ទៅជាអារម្មណ៍អាក្រក់ទៅវិញ ដ្បិតអារម្មណ៍បែបនេះមានតែចេញពីមនុស្សដ៏ពុករលួយប៉ុណ្ណោះ ហើយគេយល់ច្រឡំថាព្រះពិរោធរបស់ព្រះជាម្ចាស់ ដូចទៅនឹងកំរោលរបស់មនុស្សដ៏ពុករលួយទៅវិញ។ ពួកគេថែមទាំងយល់ច្រឡំថា សេចក្តីក្រោធរបស់ព្រះជាម្ចាស់ ដូចជាការបើកសម្ដែងពីធម្មជាតិអំពីនិស្ស័យដ៏ពុករលួយរបស់មនុស្ស និងថាការបញ្ចេញសេចក្ដីក្រោធរបស់ព្រះជាម្ចាស់ គឺដូចជាការបញ្ចេញកំហឹងរបស់មនុស្សដ៏ពុករលួយ នៅពេលដែលពួកគេជួបស្ថានភាពអាក្រក់ ហើយជឿថា ការបញ្ចេញសេចក្ដីក្រោធរបស់ព្រះជាម្ចាស់ គឺជាការបង្ហាញចេញអារម្មណ៍របស់ទ្រង់ទៅវិញ។ ក្រោយការប្រកបគ្នានេះរួច ខ្ញុំសង្ឃឹមថា អ្នករាល់គ្នាម្នាក់ៗនឹងលែងមានការយល់ច្រឡំ ការស្រមើស្រមៃ ឬការប៉ាន់ស្មានណាមួយ ទាក់ទងនឹងនិស្ស័យដ៏សុចរិតរបស់ព្រះជាម្ចាស់ទៀត។ ខ្ញុំសង្ឃឹមថា ក្រោយពេលឮព្រះបន្ទូលរបស់ខ្ញុំហើយ អ្នកអាចមានការទទួលស្គាល់យ៉ាងពិតប្រាកដនៅក្នុងដួងចិត្តរបស់អ្នកអំពីសេចក្ដីក្រោធនៃនិស្ស័យដ៏សុចរិតរបស់ព្រះជាម្ចាស់ ថាអ្នកអាចលះបង់ចោលការយល់ច្រឡំមុនៗអំពីសេចក្ដីក្រោធរបស់ព្រះជាម្ចាស់ និងថាអ្នកអាចផ្លាស់ប្ដូរជំនឿ និងទស្សនៈខុសឆ្គងរបស់អ្នកអំពីសារជាតិនៃព្រះសេចក្ដីក្រោធរបស់ព្រះជាម្ចាស់។ លើសពីនេះ ខ្ញុំសង្ឃឹមថា អ្នករាល់គ្នាអាចមាននិយមន័យដ៏សុក្រឹតអំពីនិស្ស័យរបស់ព្រះជាម្ចាស់នៅក្នុងដួងចិត្តរបស់អ្នក ថាអ្នកនឹងលែងមានភាពសង្ស័យតទៅទៀតចំពោះនិស្ស័យដ៏សុចរិតរបស់ព្រះជាម្ចាស់ និងថា អ្នកនឹងមិនភ្ជាប់ការត្រិះរិះពិចារណា ឬការស្រមើស្រមៃរបស់មនុស្សទៅនឹងនិស្ស័យដ៏ពិតរបស់ព្រះជាម្ចាស់ឡើយ។ និស្ស័យដ៏សុចរិតរបស់ព្រះជាម្ចាស់ គឺជាសារជាតិដ៏ពិតរបស់ព្រះជាម្ចាស់។ វាមិនមែនជាអ្វីមួយដែលត្រូវបានសរសេរ ឬកែខៃដោយមនុស្សឡើយ។ និស្ស័យដ៏សុចរិតរបស់ទ្រង់ គឺជានិស្ស័យដ៏សុចរិតរបស់ទ្រង់ ហើយវាគ្មានទាក់ទង ឬពាក់ព័ន្ធទៅនឹងអ្វីណាមួយដែលទ្រង់បានបង្កើតមកឡើយ។ ព្រះជាម្ចាស់ផ្ទាល់ព្រះអង្ក គឺជាព្រះជាម្ចាស់។ ទ្រង់នឹងមិនក្លាយជាផ្នែកមួយនៃការបង្កើតឡើង ហើយទោះបីជាទ្រង់ក្លាយជាសមាជិកម្នាក់នៃភាវៈដែលទ្រង់បង្កើតមកក៏ដោយ ក៏និស្ស័យ និងសារជាតិដែលមានតាំងពីដើមមករបស់ទ្រង់នឹងមិនផ្លាស់ប្ដូរឡើយ។ ដូច្នេះ ការស្គាល់ព្រះជាម្ចាស់ គឺមិនដូចគ្នាទៅនឹងការស្គាល់វត្ថុអ្វីមួយឡើយ។ ការស្គាល់ព្រះជាម្ចាស់ មិនមែនជាការពិនិត្យអ្វីមួយ ហើយក៏មិនដូចគ្នាទៅនឹងការយល់អំពីមនុស្សម្នាក់ដែរ។ ប្រសិនបើមនុស្សម្នាក់ប្រើគោលគំនិត ឬវិធីសាស្ត្រនៃការស្គាល់វត្ថុមួយ ឬការយល់ពីមនុស្សម្នាក់ ដើម្បីស្គាល់ព្រះជាម្ចាស់ នោះអ្នកនឹងមិនអាចទទួលបានចំណេះដឹងអំពីព្រះជាម្ចាស់ឡើយ។ ការស្គាល់ព្រះជាម្ចាស់មិនពឹងអាងលើបទពិសោធ ឬការស្រមើស្រមៃឡើយ ដូច្នេះ អ្នកមិនត្រូវប្រើបទពិសោធ ឬការស្រមើស្រមៃរបស់អ្នកទៅលើព្រះជាម្ចាស់ឡើយ។ ទោះបីអ្នកអាចមានបទពិសោធ និងការស្រមើស្រមៃច្រើនបែបណា ក៏វានៅតែមានកម្រិតដែរ។ លើសពីនេះ ការស្រមើស្រមៃរបស់អ្នកមិនឆ្លើយតបចំពោះតថភាពពិត ហើយក៏មិនឆ្លើយតបចំពោះសេចក្តីពិតដែរ ព្រោះវាមិនស្របជាមួយនិស្ស័យ និងសារជាតិដ៏ពិតរបស់ព្រះជាម្ចាស់ឡើយ។ អ្នកនឹងមិនដែលទទួលបានជោគជ័យឡើយ បើអ្នកពឹងអាងលើការស្រមើស្រមៃរបស់អ្នក ដើម្បីយល់អំពីសារជាតិរបស់ព្រះជាម្ចាស់នោះ។ ផ្លូវតែមួយគត់គឺ៖ ត្រូវទទួលយកអ្វីៗទាំងអស់ដែលមកពីព្រះជាម្ចាស់ បន្ទាប់មក ត្រូវដកពិសោធ និងយល់ដឹងអំពីវាបន្ដិចម្ដងៗ។ ថ្ងៃមួយនឹងមកដល់ ដែលព្រះជាម្ចាស់នឹងបំភ្លឺអ្នកឱ្យយល់ និងដឹងយ៉ាងពិតប្រាកដអំពីទ្រង់ ដោយសារតែកិច្ចសហប្រតិបត្តិការរបស់អ្នក និងដោយសារតែចិត្តស្រេកឃ្លានរបស់អ្នកចំពោះសេចក្តីពិត។

(ដកស្រង់ពី «ព្រះជាម្ចាស់ផ្ទាល់ព្រះអង្គ ជាព្រះតែមួយអង្គគត់ II» នៃសៀវភៅ «ព្រះបន្ទូល» ភាគ២៖ អំពីការស្គាល់ព្រះជាម្ចាស់)

៥៦២. ព្រះជាម្ចាស់មិនដែលអល់អែក ឬស្ទាក់ស្ទើរនៅក្នុងទង្វើរបស់ទ្រង់ឡើយ ហើយគោលការណ៍ និងគោលបំណងដែលស្ថិតនៅពីក្រោយទង្វើរបស់ទ្រង់ តែងតែច្បាស់លាស់ មានតម្លាភាព បរិសុទ្ធ និងឥតកំហុសជានិច្ច ព្រមទាំងគ្មានការប្រញាប់ប្រញាល់ ឬផែនការអាក្រក់បង្កប់នៅក្នុងនោះឡើយ។ ម្យ៉ាងទៀត សារជាតិរបស់ព្រះជាម្ចាស់គ្មានសេចក្តីងងឹត ឬសេចក្តីអាក្រក់ឡើយ។ ព្រះជាម្ចាស់បានមានព្រះពិរោធចំពោះអ្នកក្រុងនីនីវេ ដោយសារតែអំពើអាក្រក់របស់គេបានលេចឡើងនៅចំពោះព្រះនេត្ររបស់ទ្រង់។ ក្នុងពេលនោះ ព្រះពិរោធរបស់ទ្រង់ត្រូវបានទាញចេញមកពីសារជាតិរបស់ទ្រង់។ យ៉ាងណាមិញ នៅពេលដែលព្រះពិរោធរបស់ព្រះជាម្ចាស់បានស្ងប់ទៅវិញ ហើយទ្រង់បានប្រទានព្រះទ័យអត់ធ្មត់របស់ទ្រង់ចំពោះអ្នកក្រុងនីនីវេជាថ្មីម្ដងទៀត នោះអ្វីគ្រប់យ៉ាងដែលទ្រង់បានបើកសម្ដែងនោះ នៅតែជាសារជាតិរបស់ទ្រង់ដដែល។ ការផ្លាស់ប្ដូរទាំងស្រុងនេះ គឺដោយសារតែការផ្លាស់ប្ដូរនៅក្នុងអាកប្បកិរិយារបស់មនុស្សដែលមានចំពោះព្រះជាម្ចាស់។ ក្នុងអំឡុងពេលទាំងអស់នេះ និស្ស័យដែលមិនអាចបំពានរបស់ព្រះជាម្ចាស់មិនបានផ្លាស់ប្ដូរឡើយ សារជាតិអត់ធ្មត់របស់ព្រះជាម្ចាស់មិនបានផ្លាស់ប្ដូរ ហើយនិស្ស័យនៃសេចក្តីស្រឡាញ់ និងសេចក្តីមេត្តាករុណារបស់ព្រះជាម្ចាស់ក៏មិនបានផ្លាស់ប្ដូរដែរ។ នៅពេលដែលមនុស្សប្រព្រឹត្តអំពើអាក្រក់ និងបំពានចំពោះព្រះជាម្ចាស់ នោះទ្រង់នឹងបញ្ចេញព្រះពិរោធរបស់ទ្រង់ដាក់ពួកគេ។ នៅពេលដែលមនុស្សប្រែចិត្តយ៉ាងពិតប្រាកដ នោះព្រះហឫទ័យរបស់ព្រះជាម្ចាស់នឹងផ្លាស់ប្ដូរ ហើយព្រះពិរោធរបស់ទ្រង់នឹងលែងមានតទៅទៀត។ នៅពេលដែលមនុស្សបន្តប្រឆាំងនឹងព្រះជាម្ចាស់យ៉ាងចចេសរឹងរូស នោះព្រះពិរោធរបស់ទ្រង់នឹងបន្តមាន ហើយសេចក្តីក្រោធរបស់ទ្រង់នឹងធ្លាក់ទៅលើពួកគេបន្ដិចម្ដងៗ រហូតដល់ពួកគេត្រូវបានបំផ្លាញ។ នេះជាសារជាតិនៃនិស្ស័យរបស់ព្រះជាម្ចាស់។ មិនថាព្រះជាម្ចាស់កំពុងតែបង្ហាញសេចក្ដីក្រោធ ឬសេចក្តីមេត្តាករុណា និងសេចក្តីស្រឡាញ់ដ៏សប្បុរសនោះទេ ប៉ុន្តែគឺការប្រព្រឹត្ត ឥរិយាបថ និងអាកប្បកិរិយារបស់មនុស្សដែលមានចំពោះព្រះជាម្ចាស់នៅក្នុងជម្រៅដួងចិត្តរបស់គេវិញទេ ដែលកំណត់នូវអ្វីដែលត្រូវស្ដែងចេញ តាមរយៈការបើកសម្ដែងពីនិស្ស័យរបស់ព្រះជាម្ចាស់នោះ។ ប្រសិនបើព្រះជាម្ចាស់បន្តសម្ដែងព្រះពិរោធចំពោះមនុស្សម្នាក់ នោះដួងចិត្តរបស់មនុស្សនោះប្រឆាំងនឹងព្រះជាម្ចាស់យ៉ាងច្បាស់។ ដោយសារតែបុគ្គលនេះមិនបានប្រែចិត្តយ៉ាងពិប្រាកដ មិនបានក្រាបថ្វាយបង្គំនៅមុខព្រះភ័ក្ត្រព្រះជាម្ចាស់ ឬមិនដែលមានជំនឿដ៏ពិតលើព្រះជាម្ចាស់ ទើបពួកគេមិនដែលទទួលបានសេចក្តីមេត្តាករុណា និងសេចក្តីអត់ធ្មត់របស់ព្រះជាម្ចាស់។ ប្រសិនបើមនុស្សម្នាក់ទទួលបានការមើលថែ សេចក្តីមេត្តាករុណា និងសេចក្តីអត់ឱនរបស់ព្រះជាម្ចាស់ជាញឺកញាប់ នោះច្បាស់ណាស់ថាបុគ្គលនោះប្រាកដជាមានជំនឿពិតប្រាកដលើព្រះជាម្ចាស់នៅក្នុងដួងចិត្តរបស់គេ ហើយដួងចិត្តរបស់គេមិនបានប្រឆាំងនឹងព្រះជាម្ចាស់ឡើយ។ ជារឿយៗ បុគ្គលនេះប្រែចិត្តយ៉ាងពិតប្រាកដនៅចំពោះព្រះភ័ក្ត្រព្រះជាម្ចាស់ ដូច្នេះ ទោះបីព្រះជាម្ចាស់ប្រៀនប្រដៅបុគ្គលនេះជាញឹកញាប់ក៏ដោយ ក៏ទ្រង់មិនមានសេចក្ដីក្រោធចំពោះគេនោះដែរ។

(ដកស្រង់ពី «ព្រះជាម្ចាស់ផ្ទាល់ព្រះអង្គ ជាព្រះតែមួយអង្គគត់ II» នៃសៀវភៅ «ព្រះបន្ទូល» ភាគ២៖ អំពីការស្គាល់ព្រះជាម្ចាស់)

៥៦៣. ទោះបីព្រះជាម្ចាស់បានខ្ញាល់យ៉ាងខ្លាំងចំពោះអ្នកក្រុងនីនីវេក៏ដោយ ប៉ុន្តែនៅពេលដែលពួកគេបានប្រកាសអំពីការតមអាហារ ការឃ្លុំសំពត់ធ្មៃ និងការអង្គុយនៅក្នុងផេះភ្លាម ព្រះទ័យរបស់ទ្រង់ក៏ចាប់ផ្ដើមទន់ ហើយទ្រង់បានប្ដូរព្រះទ័យរបស់ទ្រង់ភ្លាមៗដែរ។ នៅពេលដែលទ្រង់បានប្រកាសទៅកាន់ពួកគេថា ទ្រង់នឹងបំផ្លាញទីក្រុងរបស់គេ ជាពេលមួយមុនពេលពួកគេលន់តួ និងប្រែចិត្តចំពោះអំពើបាបរបស់គេ នោះព្រះជាម្ចាស់នៅតែមានព្រះពិរោធចំពោះពួកគេនៅឡើយទេ។ នៅពេលដែលពួកគេបានធ្វើសកម្មភាពនៃការប្រែចិត្តជាបន្តបន្ទាប់រួចហើយ ព្រះពិរោធរបស់ព្រះជាម្ចាស់ចំពោះអ្នកក្រុងនីនីវេ បានផ្លាស់ទៅជាសេចក្តីមេត្តាករុណា និងសេចក្តីអត់ឱនចំពោះពួកគេបន្តិចម្ដងៗទៅវិញ។ វាគ្មានអ្វីមួយផ្ទុយគ្នាអំពីការបើកសម្ដែងដ៏ព្រមគ្នានៃទិដ្ឋភាពទាំងពីរអំពីនិស្ស័យរបស់ព្រះជាម្ចាស់នៅក្នុងព្រឹត្តិការណ៍ដូចគ្នានេះឡើយ។ ដូច្នេះ តើគេគួរតែយល់ និងដឹងយ៉ាងដូចម្ដេចអំពីការគ្មានភាពផ្ទុយគ្នានេះ? ព្រះជាម្ចាស់បានបង្ហាញ និងបើកសម្ដែងម្ដងមួយៗអំពីសារជាតិនីមួយៗនៃសារជាតិផ្ទុយគ្នាទាំងពីរនេះ នៅពេលដែលអ្នកក្រុងនីនីវេបានប្រែចិត្ត ដើម្បីជួយឱ្យមនុស្សមើលឃើញពីភាពពិតប្រាកដ និងភាពមិនអាចបំពានបាននៃសារជាតិរបស់ព្រះជាម្ចាស់។ ព្រះជាម្ចាស់បានប្រើប្រាស់អាកប្បកិរិយារបស់ទ្រង់ដើម្បីប្រាប់មនុស្សថា៖ វាមិនមែនមានន័យថា ព្រះជាម្ចាស់មិនអត់ធ្មត់ចំពោះមនុស្ស ឬថាទ្រង់មិនចង់បង្ហាញសេចក្តីមេត្តាករុណាដល់ពួកគេឡើយ ផ្ទុយទៅវិញ វាមានន័យថា ពួកគេក្រនឹងប្រែចិត្តពិតប្រាកដចំពោះព្រះជាម្ចាស់ ហើយក៏ក្រនឹងបែរចេញពីអំពើអាក្រក់ និងបោះបង់ចោលអំពើឃោរឃៅនៅក្នុងដៃរបស់គេដែរ។ អាចនិយាយម្យ៉ាងទៀតបានថា នៅពេលដែលព្រះជាម្ចាស់មានព្រះពិរោធចំពោះពួកគេ ទ្រង់សង្ឃឹមថា មនុស្សនឹងអាចប្រែចិត្តពិតប្រាកដ និងសង្ឃឹមចង់ឃើញការប្រែចិត្តដ៏ពិតរបស់មនុស្ស ហើយបើគេប្រែចិត្តមែន នោះទ្រង់នឹងបន្តប្រទានសេចក្តីមេត្តាករុណា និងសេចក្តីអត់ឱនរបស់ទ្រង់ចំពោះមនុស្ស។ គឺអាចនិយាយបានថា ទង្វើអាក្រក់របស់មនុស្សធ្វើឱ្យព្រះជាម្ចាស់មានសេចក្តីក្រោធ ហើយសេចក្តីមេត្តាករុណា និងសេចក្តីអត់ធ្មត់របស់ព្រះជាម្ចាស់ត្រូវបានប្រទានដល់អស់អ្នកណាដែលស្ដាប់តាមព្រះជាម្ចាស់ និងប្រែចិត្តពិតប្រាកដនៅចំពោះទ្រង់ ហើយសេចក្តីទាំងនេះនឹងប្រទានដល់អស់អ្នកណាដែលអាចបែរចេញពីអំពើអាក្រក់របស់គេ ព្រមទាំងបោះបង់ចោលអំពើឃោរឃៅដែលមាននៅក្នុងដៃរបស់គេ។ អាកប្បកិរិយារបស់ព្រះជាម្ចាស់ត្រូវបានស្ដែងចេញឱ្យឃើញយ៉ាងច្បាស់នៅក្នុងការប្រព្រឹត្តរបស់ទ្រង់ចំពោះអ្នកក្រុងនីនីវេ៖ សេចក្តីមេត្តាករុណា និងសេចក្តីអត់ឱនរបស់ព្រះជាម្ចាស់មិនពិបាកក្នុងការទទួលបាននោះឡើយ ហើយអ្វីដែលទ្រង់ទាមទារនោះគឺជាការប្រែចិត្តពិតប្រាកដរបស់គេប៉ុណ្ណោះ។ ដរាបណាមនុស្សបែរចេញពីអំពើអាក្រក់របស់គេ ហើយបោះបង់ចោលអំពើឃោរឃៅដែលស្ថិតនៅក្នុងដៃរបស់គេ នោះព្រះជាម្ចាស់នឹងប្ដូរព្រះទ័យ និងប្ដូរអាកប្បកិរិយារបស់ទ្រង់ចំពោះពួកគេមិនខាន។

(ដកស្រង់ពី «ព្រះជាម្ចាស់ផ្ទាល់ព្រះអង្គ ជាព្រះតែមួយអង្គគត់ II» នៃសៀវភៅ «ព្រះបន្ទូល» ភាគ២៖ អំពីការស្គាល់ព្រះជាម្ចាស់)

៥៦៤. នៅពេលដែលព្រះជាម្ចាស់បានប្ដូរព្រះទ័យចំពោះអ្នកក្រុងនីនីវេ តើសេចក្តីមេត្តាករុណា និងសេចក្តីអត់ឱនរបស់ទ្រង់ជាចេតនាបញ្ឆោតឬ? គឺមិនដូច្នេះឡើយ! បើដូច្នេះ តើអ្វីទៅដែលត្រូវបានបង្ហាញចេញតាមរយៈការផ្លាស់ប្ដូររវាងទិដ្ឋភាពទាំងពីរនៃនិស្ស័យរបស់ព្រះជាម្ចាស់នៅក្នុងដំណើរដែលព្រះជាម្ចាស់ដោះស្រាយជាមួយស្ថានភាពមួយនេះទៅ? និស្ស័យរបស់ព្រះជាម្ចាស់ គឺជានិស្ស័យដ៏ពេញលេញទាំងស្រុង ហើយវាគ្មានការបែកបាក់សោះឡើយ។ ទោះបីទ្រង់កំពុងតែបង្ហាញព្រះពិរោធ ឬសេចក្តីមេត្តាករុណា និងសេចក្តីអត់ឱនចំពោះមនុស្សក៏ដោយ ក៏ទាំងពីរនេះជាការបង្ហាញចេញអំពីនិស្ស័យដ៏សុចរិតរបស់ព្រះជាម្ចាស់ដដែល។ និស្ស័យរបស់ព្រះជាម្ចាស់ពិតជាសំខាន់ និងស្ដែងឱ្យឃើញយ៉ាងច្បាស់ ហើយទ្រង់ប្ដូរព្រះតម្រិះ និងអាកប្បកិរិយារបស់ទ្រង់ស្របទៅតាមស្ថានការណ៍ជាក់ស្ដែង។ ការផ្លាស់ប្ដូរអាកប្បកិរិយារបស់ទ្រង់ចំពោះអ្នកក្រុងនីនីវេបង្ហាញប្រាប់ដល់មនុស្សថា ទ្រង់មានព្រះតម្រិះ និងយោបល់របស់ទ្រង់ផ្ទាល់ ទ្រង់មិនមែនជាមនុស្សយន្ត ឬជារូបដីឥដ្ឋឡើយ ប៉ុន្តែទ្រង់ជាព្រះដ៏មានព្រះជន្មរស់។ ទ្រង់អាចខ្ញាល់ចំពោះអ្នកក្រុងនីនីវេ ហើយទ្រង់ក៏អាចអត់ទោសដល់អតីតកាលរបស់គេ ដោយអាស្រ័យលើអាកប្បកិរិយារបស់គេដែរ។ ទ្រង់អាចសម្រេចព្រះទ័យនាំគ្រោះកាចធ្លាក់ទៅលើអ្នកក្រុងនីនីវេ ហើយទ្រង់ក៏អាចប្ដូរព្រះទ័យ ដោយសារតែការប្រែចិត្តរបស់គេដែរ។ មនុស្សចូលចិត្តអនុវត្តយ៉ាងតឹងរ៉ឹងតាមច្បាប់ និងចូលចិត្តប្រើច្បាប់ទាំងនោះ ទៅដាក់កម្រិត និងដាក់និយមន័យដល់ព្រះជាម្ចាស់ ហើយគេក៏ចូលចិត្តប្រើរូបមន្តផ្សេងៗ ដើម្បីព្យាយាមយល់អំពីនិស្ស័យរបស់ព្រះជាម្ចាស់ដែរ។ ដូចនេះ ទាក់ទងនឹងដែនគំនិតរបស់មនុស្ស ព្រះជាម្ចាស់មិនបានមានព្រះតម្រិះ ហើយទ្រង់ក៏គ្មានយោបល់សំខាន់ណាមួយនោះដែរ។ ប៉ុន្តែជាក់ស្ដែង ព្រះតម្រិះរបស់ព្រះជាម្ចាស់ស្ថិតនៅក្នុងសភាពមួយនៃការផ្លាស់ប្ដូរជាញឹកញាប់ ដោយស្របតាមការប្រែប្រួលនៅក្នុងស្ថានការណ៍ និងនៅក្នុងមជ្ឈដ្ឋានជាក់ស្ដែង។ ខណៈពេលដែលគំនិតទាំងនេះកំពុងតែផ្លាស់ប្ដូរ ទិដ្ឋភាពខុសៗគ្នានៃសារជាតិរបស់ព្រះជាម្ចាស់ក៏ត្រូវបានបើកសម្ដែងឱ្យឃើញ។ ក្នុងអំឡុងពេលនៃដំណើរការនៃការផ្លាស់ប្ដូរនេះ នៅពេលដែលព្រះជាម្ចាស់បានប្តូរព្រះទ័យភ្លាមៗ អ្វីដែលទ្រង់បង្ហាញទៅកាន់មនុស្សជាតិ គឺជាសភាពដ៏ពិតនៃព្រះជន្មរបស់ទ្រង់ ហើយបង្ហាញទៀតថា និស្ស័យដ៏សុចរិតរបស់ទ្រង់ គឺពេញដោយជីវិតដ៏រស់រវើកតែម្ដង។ ក្នុងពេលជាមួយគ្នានោះ ព្រះជាម្ចាស់ប្រើការបើកសម្ដែងដ៏ពិតរបស់ទ្រង់ ដើម្បីបញ្ជាក់ទៅកាន់មនុស្សជាតិអំពីសេចក្តីពិតទាក់ទងនឹងអត្ថិភាពនៃសេចក្ដីក្រោធ សេចក្តីមេត្តាករុណា សេចក្តីស្រឡាញ់ដ៏សប្បុរស និងសេចក្តីអត់ធ្មត់របស់ទ្រង់។ សារជាតិរបស់ទ្រង់នឹងត្រូវបានបើកសម្ដែងនៅគ្រប់ពេលវេលា និងគ្រប់ទីកន្លែង ដោយស្របទៅតាមស្ថានការណ៍វិវត្តជាក់ស្ដែង។ ទ្រង់មានសេចក្ដីក្រោធដូចសត្វសិង្ហ និងមានសេចក្តីមេត្តាករុណា និងសេចក្តីអត់ឱនដូចអ្នកម្ដាយ។ និស្ស័យដ៏សុចរិតរបស់ទ្រង់នាំឱ្យមនុស្សគ្មានចម្ងល់ លែងបំពាន លែងផ្លាស់ប្ដូរ ឬលែងបំភ្លៃតទៅទៀត។ នៅក្នុងគ្រប់រឿងរ៉ាវ និងរបស់សព្វសរពើទាំងអស់ និស្ស័យដ៏សុចរិតរបស់ព្រះជាម្ចាស់ ពោលគឺសេចក្ដីក្រោធ និងសេចក្តីមេត្តាករុណារបស់ព្រះជាម្ចាស់ អាចត្រូវបានបើកសម្ដែងឱ្យឃើញនៅគ្រប់ពេលវេលា និងគ្រប់ទីកន្លែង។ ទ្រង់ប្រទានការស្ដែងចេញដ៏សំខាន់ចំពោះទិដ្ឋភាពទាំងនេះ នៅគ្រប់ជ្រុងនៃការបង្កើតទាំងអស់ ហើយទ្រង់អនុវត្តនិស្ស័យរបស់ទ្រង់ទាំងនេះយ៉ាងរស់រវើកនៅគ្រប់វិនាទី។ និស្ស័យដ៏សុចរិតរបស់ព្រះជាម្ចាស់ មិនត្រូវបានកម្រិតដោយពេលវេលា ឬទីកន្លែងឡើយ។ អាចនិយាយម្យ៉ាងទៀតបានថា និស្ស័យដ៏សុចរិតរបស់ព្រះជាម្ចាស់ មិនត្រូវបានបង្ហាញចេញដូចជាគ្រឿងម៉ាស៊ីន ឬត្រូវបានបើកសម្ដែងស្របតាមលក្ខខណ្ឌនៃពេលវេលា ឬទីកន្លែងឡើយ ប៉ុន្តែផ្ទុយទៅវិញ ត្រូវបានស្ដែងចេញយ៉ាងស្រួលនៅគ្រប់ពេលវេលា និងគ្រប់ទីកន្លែង។ នៅពេលដែលអ្នកមើលឃើញព្រះជាម្ចាស់ប្ដូរព្រះទ័យ និងលែងសម្ដែងសេចក្ដីក្រោធរបស់ទ្រង់ ហើយឈប់បំផ្លាញទីក្រុងនីនីវេ តើអ្នកអាចនិយាយថា ព្រះជាម្ចាស់ជាព្រះពេញដោយសេចក្តីមេត្តាករុណ និងសេចក្តីស្រឡាញ់តែម្យ៉ាងឬ? តើអ្នកអាចនិយាយថា សេចក្ដីក្រោធរបស់ទ្រង់គ្មានន័យខ្លឹមសារឬ? នៅពេលដែលព្រះជាម្ចាស់មានព្រះពិរោធក្រោធខ្លាំង ហើយទ្រង់ដកសេចក្តីមេត្តាករុណារបស់ទ្រង់ តើអ្នកអាចនិយាយថា ទ្រង់គ្មានសេចក្តីស្រឡាញ់ដ៏ពិតចំពោះមនុស្សជាតិឬ? សេចក្តីក្រោធខ្លាំងនេះត្រូវបានព្រះជាម្ចាស់សម្ដែងចេញ ជាការឆ្លើយតបចំពោះទង្វើអាក្រក់របស់មនុស្ស ដ្បិតសេចក្ដីក្រោធទ្រង់គ្មានកំហុសសោះឡើយ។ ព្រះជាម្ចាស់បានរំជួលព្រះទ័យ ជាការឆ្លើយតបចំពោះការប្រែចិត្តរបស់មនុស្ស ហើយវាជាការប្រែចិត្តនេះហើយ ដែលនាំឱ្យព្រះជាម្ចាស់ប្ដូរព្រះទ័យនោះ។ នៅពេលដែលទ្រង់រំជួលព្រះទ័យ នៅពេលដែលទ្រង់ប្ដូរព្រះទ័យ ហើយនៅពេលដែលទ្រង់បង្ហាញសេចក្តីមេត្ដាករុណា និងសេចក្តីអត់ធ្មត់របស់ទ្រង់ចំពោះមនុស្ស ទាំងអស់នេះសុទ្ធតែគ្មានកំហុសនោះឡើយ ដ្បិតសេចក្តីទាំងនេះសុទ្ធតែស្អាត បរិសុទ្ធ ឥតសៅហ្មង និងសុទ្ធល្អ។ សេចក្តីអត់ធ្មត់របស់ព្រះជាម្ចាស់ គឺជាសេចក្តីអត់ធ្មត់សុទ្ធល្អ ដូចជាសេចក្តីមេត្តាករុណារបស់ទ្រង់ ដែលគ្មានអ្វីក្រៅពីសេចក្តីមេត្តាករុណាអ៊ីចឹងដែរ។ និស្ស័យរបស់ទ្រង់បើកសម្ដែងឱ្យឃើញពីព្រះពិរោធ ឬសេចក្តីមេត្តាករុណា និងសេចក្តីអត់ធ្មត់ ស្របតាមការប្រែចិត្តរបស់មនុស្ស និងការផ្លាស់ប្ដូរនៅក្នុងទង្វើរបស់មនុស្ស។ មិនថាទ្រង់បើកសម្ដែង និងបង្ហាញអ្វីនោះឡើយ គឺវាសុទ្ធតែបរិសុទ្ធ និងដោយផ្ទាល់។ សារជាតិនៃនិស្ស័យរបស់ទ្រង់ខុសប្លែកពីសារជាតិរបស់សត្តនិករ។ នៅពេលដែលព្រះជាម្ចាស់បង្ហាញចេញនូវគោលការណ៍ដែលបង្កប់ពីក្រោយទង្វើរបស់ទ្រង់ នោះវាគ្មានកំហុស ឬឥតសៅហ្មង ហើយព្រះតម្រិះ យោបល់ គ្រប់ការសម្រេចព្រះទ័យ និងគ្រប់សកម្មភាពដែលទ្រង់ធ្វើក៏គ្មានកំហុស ឬឥតសៅហ្មងដែរ។ ដោយសារតែព្រះជាម្ចាស់បានសម្រេចព្រះទ័យរួច និងដោយសារតែទ្រង់បានប្រព្រឹត្តរួច ដូច្នេះ ទ្រង់បានបញ្ចប់សកម្មភាពរបស់ទ្រង់រួចហើយ។ លទ្ធផលនៃព្រះបន្ទូលសន្យារបស់ទ្រង់ គឺសុទ្ធតែត្រឹមត្រូវ និងឥតកំហុស ដោយសារតែប្រភពរបស់ទ្រង់ គឺគ្មានកំហុស និងឥតសៅហ្មង។ សេចក្ដីក្រោធរបស់ព្រះជាម្ចាស់ គឺគ្មានកំហុសឡើយ។ ដូចគ្នាដែរ សេចក្តីមេត្តាករុណា និងសេចក្តីអត់ធ្មត់របស់ព្រះជាម្ចាស់ ដែលក្នុងចំណោមអ្វីៗដែលទ្រង់បានបង្កើតមកគ្មាននរណាម្នាក់មាននោះ គឺបរិសុទ្ធ និងគ្មានកំហុសផង ហើយក៏អាចស៊ូទ្រាំនឹងការគិតគូរយ៉ាងដិតដល់ និងបទពិសោធដែរ។

តាមរយៈការយល់ដឹងរបស់អ្នកអំពីសាច់រឿងនៃក្រុងនីនីវេ ឥឡូវនេះ តើអ្នករាល់គ្នាមើលឃើញជ្រុងម្ខាងទៀតអំពីសារជាតិនៃនិស្ស័យដ៏សុចរិតរបស់ព្រះជាម្ចាស់ហើយឬនៅ? តើអ្នកមើលឃើញពីផ្នែកមួយទៀតនៃនិស្ស័យដ៏សុចរិតដែលមានតែមួយគត់របស់ព្រះជាម្ចាស់ដែរឬទេ? តើមាននរណាម្នាក់នៅក្នុងចំណោមមនុស្សមាននិស្ស័យប្រភេទនេះដែរឬទេ? តើមាននរណាម្នាក់មានសេចក្តីក្រោធប្រភេទនេះ ដែលជាសេចក្តីក្រោធរបស់ព្រះជាម្ចាស់ឬទេ? តើមាននរណាម្នាក់មានសេចក្តីមេត្តាករុណា និងសេចក្តីអត់ធ្មត់ ដែលព្រះជាម្ចាស់មាននេះដែរឬទេ? នៅក្នុងចំណោមអ្វីៗដែលទ្រង់បានបង្កើតមក តើមាននរណាអាចបញ្ចេញសេចក្តីក្រោធដ៏ខ្លាំង ហើយអាចសម្រេចចិត្តបំផ្លាញ ឬនាំគ្រោះមហន្តរាយដល់មនុស្សជាតិទៅ? តើនរណាទៅដែលមានគុណសម្បត្តិគ្រប់គ្រាន់ក្នុងការប្រទានសេចក្តីមេត្ដាករុណាដល់មនុស្ស ប្រទានការអត់ធ្មត់ និងអត់ទោស ហើយប្ដូរចិត្តខុសពីមុនក្នុងការបំផ្លាញមនុស្ស? ព្រះអាទិករបង្ហាញពីនិស្ស័យដ៏សុចរិតរបស់ទ្រង់តាមរយៈវិធីសាស្ត្រ និងគោលការណ៍ដែលមានតែមួយគត់របស់ទ្រង់ផ្ទាល់ ហើយទ្រង់មិនស្ថិតនៅក្រោមការត្រួតត្រា ឬការរឹតត្បិតរបស់មនុស្ស ព្រឹត្តិការណ៍ ឬវត្ថុអ្វីនោះឡើយ។ តាមរយៈនិស្ស័យដែលមានតែមួយគត់របស់ទ្រង់ គ្មាននរណាម្នាក់អាចផ្លាស់ប្ដូរព្រះតម្រិះ និងយោបល់របស់ទ្រង់បានឡើយ ហើយក៏គ្មាននរណាម្នាក់អាចបញ្ចុះបញ្ចូលទ្រង់ឱ្យប្ដូរព្រះទ័យបានដែរ។ ភាពទាំងស្រុងនៃឥរិយាបថ និងគំនិតដែលមានអត្ថិភាពនៅក្នុងការបង្កើតទាំងអស់ សុទ្ធតែស្ថិតនៅក្រោមការជំនុំជម្រះនៃនិស្ស័យដ៏សុចរិតរបស់ទ្រង់។ គ្មាននរណាម្នាក់អាចគ្រប់គ្រងបានឡើយថា ទ្រង់ត្រូវប្រើសេចក្ដីក្រោធ ឬក៏សេចក្តីមេត្តាករុណានោះ គឺមានតែសារជាតិរបស់ព្រះអាទិករតែមួយប៉ុណ្ណោះ ឬអាចនិយាយម្យ៉ាងទៀតបានថា និស្ស័យដ៏សុចរិតរបស់ព្រះអាទិករ អាចសម្រេចអំពីការនេះបាន។ នេះហើយជាធម្មជាតិដែលមានតែមួយគត់អំពីនិស្ស័យដ៏សុចរិតរបស់ព្រះអាទិករ!

តាមរយៈការវិភាគ និងការយល់ដឹងអំពីការផ្លាស់ប្ដូរអាកប្បកិរិយារបស់ព្រះជាម្ចាស់ចំពោះអ្នកក្រុងនីនីវេ តើអ្នករាល់គ្នាអាចប្រើពាក្យថា «មានតែមួយ» ដើម្បីពណ៌នាអំពីសេចក្តីមេត្តាករុណាដែលរកឃើញនៅក្នុងនិស្ស័យដ៏សុចរិតរបស់ព្រះជាម្ចាស់បានដែរឬទេ? មុននេះ យើងបាននិយាយថា សេចក្ដីក្រោធរបស់ព្រះជាម្ចាស់ គឺជាទិដ្ឋភាពមួយអំពីសារជាតិនៃនិស្ស័យដ៏សុចរិតដែលមានតែមួយគត់របស់ទ្រង់។ ឥឡូវនេះ ខ្ញុំនឹងកំណត់អត្ថន័យអំពីទិដ្ឋភាពទាំងពីរ ដែលសេចក្ដីក្រោធរបស់ព្រះជាម្ចាស់ និងសេចក្តីមេត្តាករុណារបស់ព្រះជាម្ចាស់ គឺជានិស្ស័យដ៏សុចរិតរបស់ទ្រង់។ និស្ស័យដ៏សុចរិតរបស់ព្រះជាម្ចាស់ គឺជាភាពបរិសុទ្ធ ហើយនិស្ស័យនេះមិនអត់ធ្មត់ចំពោះការបំពាន ឬការចោទសួរឡើយ។ វាជាអ្វីមួយដែលគ្មានភាវៈមានជីវិត ឬភាវៈឥតជីវិតណាមួយ មាននោះឡើយ។ និស្ស័យទាំងពីរនេះ ជាកម្មសិទ្ធិផ្ដាច់មុខរបស់ព្រះជាម្ចាស់តែមួយគត់។ គឺអាចនិយាយបានថា សេចក្ដីក្រោធរបស់ព្រះជាម្ចាស់ គឺបរិសុទ្ធ និងមិនអាចបំពានបានឡើយ។ ដូចគ្នានេះដែរ ទិដ្ឋភាពមួយទៀតនៃនិស្ស័យដ៏សុចរិតរបស់ព្រះជាម្ចាស់ ដែលជាសេចក្តីមេត្តាករុណារបស់ព្រះជាម្ចាស់នោះ គឺបរិសុទ្ធ ហើយវាក៏មិនអាចប្រមាថបានដែរ។ គ្មានភាវៈមានជីវិត ឬឥតជីវិតណាមួយអាចជំនួស ឬតំណាងឱ្យព្រះជាម្ចាស់នៅក្នុងសកម្មភាពរបស់ទ្រង់បានឡើយ ហើយក៏គ្មាននរណាម្នាក់អាចមកជំនួស ឬតំណាងឱ្យទ្រង់នៅក្នុងការបំផ្លាញក្រុងសូដុម ឬនៅក្នុងការសង្រ្គោះក្រុងនីនីវេនោះដែរ។ នេះគឺជាការស្ដែងចេញដ៏ពិតអំពីនិស្ស័យដ៏សុចរិតដែលមានតែមួយគត់របស់ព្រះជាម្ចាស់។

(ដកស្រង់ពី «ព្រះជាម្ចាស់ផ្ទាល់ព្រះអង្គ ជាព្រះតែមួយអង្គគត់ II» នៃសៀវភៅ «ព្រះបន្ទូល» ភាគ២៖ អំពីការស្គាល់ព្រះជាម្ចាស់)

៥៦៥. ទោះបីទីក្រុងនីនីវេបានពោរពេញដោយមនុស្សដ៏ពុករលួយ អាក្រក់ និងឃោរឃៅ ដូចជាមនុស្សនៅក្រុងសូដុមក៏ដោយ ក៏ការប្រែចិត្តរបស់គេបានធ្វើឱ្យព្រះជាម្ចាស់ប្ដូរព្រះទ័យ ហើយសម្រេចមិនបំផ្លាញពួកគេដែរ។ ដោយសារតែរបៀបដែលពួកគេបានប្រព្រឹត្តចំពោះព្រះបន្ទូល និងសេចក្តីបង្គាប់របស់ព្រះជាម្ចាស់ បានបង្ហាញចេញនូវឥរិយាបថមួយដែលផ្ទុយស្រឡះពីឥរិយាបថរបស់អ្នកក្រុងសូដុម ហើយដោយសារតែការចុះចូលយ៉ាងស្មោះរបស់គេចំពោះព្រះជាម្ចាស់ និងការប្រែចិត្តដ៏ស្មោះចំពោះអំពើបាបរបស់គេ ក៏ដូចជាអាកប្បកិរិយាដ៏ពិតស្មោះរបស់គេនៅក្នុងរាល់ទង្វើរបស់គេ ដូច្នេះ ព្រះជាម្ចាស់បានសម្ដែងព្រះទ័យអាឡោះអាល័យរបស់ទ្រង់ ហើយបានប្រទានវាដល់ពួកគេម្ដងទៀត។ អ្វីដែលព្រះជាម្ចាស់បានប្រទានដល់មនុស្ស និងព្រះទ័យអាឡោះអាល័យរបស់ទ្រង់សម្រាប់មនុស្ស គឺគ្មាននរណាម្នាក់អាចចម្លងបានឡើយ ហើយក៏គ្មានមនុស្សណាម្នាក់អាចមានសេចក្តីមេត្តាករុណា សេចក្តីអត់ធ្មត់ ឬអារម្មណ៍ដ៏ស្មោះពិតរបស់ទ្រង់ចំពោះមនុស្សនោះដែរ។ តើមាននរណាម្នាក់ដែលអ្នកចាត់ទុកជាបុរស ឬស្ត្រីដ៏អស្ចារ្យ ឬថែមទាំងចាត់ទុកជាមនុស្សដ៏មហស្ចារ្យ ដែលនឹងនិយាយចេញពីទីខ្ពស់ ក្នុងនាមជាបុរស ឬស្ត្រីដ៏អស្ចារ្យ ឬនិយាយចេញពីទីដ៏ខ្ពស់បំផុត ធ្វើសេចក្តីថ្លែងការណ៍បែបនេះទៅកាន់មនុស្សជាតិ ឬការបង្កើតដែរឬទេ? តើនរណានៅក្នុងចំណោមមនុស្សជាតិដែលអាចស្គាល់ពីសភាពនៃជីវិតរបស់មនុស្សច្បាស់ដូចបាតដៃខ្លួនទៅ? តើនរណាអាចលីបន្ទុក និងទំនួលខុសត្រូវសម្រាប់អត្ថិភាពរបស់មនុស្សជាតិ? តើនរណាមានគុណសម្បត្តិគ្រប់គ្រាន់ ក្នុងការប្រកាសពីការបំផ្លាញនៃទីក្រុងនេះ? ហើយតើនរណាមានគុណសម្បត្តិគ្រប់គ្រាន់ ក្នុងការអត់ទោសឱ្យទីក្រុងមួយ? តើមាននរណាអាចនិយាយថា ខ្លួនគេមានសេចក្ដីអាណិតអាសូរចំពោះរបស់ដែលខ្លួនគេបានបង្កើតមកទេ? គឺមានតែព្រះអាទិករមួយប៉ុណ្ណោះ! មានតែព្រះអាទិករមួយប៉ុណ្ណោះ ដែលមានសេចក្តីស្រឡាញ់ចំពោះមនុស្សជាតិនេះ។ មានតែព្រះអាទិករមួយប៉ុណ្ណោះ ដែលបង្ហាញចិត្តក្ដួលអាណិត និងសេចក្តីស្រឡាញ់ទៅកាន់មនុស្សជាតិនេះ។ មានតែព្រះអាទិករមួយប៉ុណ្ណោះ ដែលមានសេចក្តីស្រឡាញ់ដ៏ពិត និងដ៏រឹងមាំសម្រាប់មនុស្សជាតិនេះ។ ដូចគ្នាដែរ មានតែព្រះអាទិករមួយប៉ុណ្ណោះ ដែលអាចប្រទានសេចក្តីមេត្តាករុណាទៅដល់មនុស្សជាតិនេះ និងមានព្រះទ័យអាណិតអាសូរចំពោះរបស់សព្វសារពើដែលទ្រង់បានបង្កើតមក។ ទ្រង់មានព្រះពិរោធ ឈឺចាប់ និងព្រួយព្រះទ័យចំពោះទង្វើអាក្រក់ និងសេចក្ដីពុករលួយរបស់មនុស្ស។ ទ្រង់សប្បាយព្រះទ័យ រីករាយ អត់ទោស និងត្រេកអរយ៉ាងក្រៃលែងចំពោះការប្រែចិត្ត និងជំនឿរបស់មនុស្ស។ ដ្បិតគ្រប់ទាំងព្រះតម្រិះ និងយោបល់របស់ទ្រង់តែងតែពាក់ព័ន្ធនឹងមនុស្សជាតិជានិច្ច។ លក្ខណៈ និងកម្មសិទ្ធិរបស់ទ្រង់ ត្រូវបានបង្ហាញទាំងស្រុងសម្រាប់តែប្រយោជន៍របស់មនុស្សជាតិប៉ុណ្ណោះ ហើយព្រះហឫទ័យទាំងមូលរបស់ទ្រង់ត្រូវបានជំពាក់ជំពិនជាមួយនឹងអត្ថិភាពរបស់មនុស្សជាតិ។ សម្រាប់ជាប្រយោជន៍ដល់មនុស្សជាតិ ទ្រង់ធ្វើដំណើរ និងប្រញាប់ប្រញាល់ធ្វើការ ហើយសម្រាប់ជាប្រយោជន៍ដល់មនុស្សជាតិ ទ្រង់លះបង់ព្រះជន្មរបស់ទ្រង់ស្ងាត់ៗ។ សម្រាប់ជាប្រយោជន៍ដល់មនុស្សជាតិ ទ្រង់លះបង់គ្រប់វិនាទីនៃព្រះជន្មរបស់ទ្រង់...។ ទ្រង់មិនដែលជ្រាបថាត្រូវស្រឡាញ់ជីវិតរបស់ទ្រង់ផ្ទាល់តាមរបៀបណាទេ ប៉ុន្តែទ្រង់តែងតែមានព្រះទ័យអាណិតអាសូរចំពោះមនុស្សជាតិដែលទ្រង់បានបង្កើតមកដោយផ្ទាល់ព្រះអង្គ...។ ទ្រង់លះបង់អ្វីៗគ្រប់យ៉ាងដែលទ្រង់មានសម្រាប់មនុស្សនេះ...។ ទ្រង់ប្រទានសេចក្តីមេត្តាករុណា និងសេចក្តីអត់ធ្មត់របស់ទ្រង់ ដោយឥតលក្ខខណ្ឌ និងដោយគ្មានរំពឹងផលតបស្នងនោះឡើយ។ ទ្រង់ធ្វើបែបនេះ គ្រាន់តែចង់ឱ្យមនុស្សជាតិអាចបន្តរស់រានមានជីវិតនៅមុខព្រះនេត្ររបស់ទ្រង់ ទទួលបានការផ្គត់ផ្គង់របស់ទ្រង់សម្រាប់ជីវិតរបស់គេប៉ុណ្ណោះ។ ទ្រង់ធ្វើបែបនេះ ដើម្បីឱ្យមនុស្សជាតិអាចចុះចូលនៅចំពោះទ្រង់នៅថ្ងៃណាមួយ និងទទួលស្គាល់ថា ទ្រង់ជាព្រះដែលមើលថែដល់អត្ថិភាពរបស់មនុស្ស និងជាព្រះដែលផ្គត់ផ្គង់ដល់ជីវិតនៃការបង្កើតទាំងអស់។

(ដកស្រង់ពី «ព្រះជាម្ចាស់ផ្ទាល់ព្រះអង្គ ជាព្រះតែមួយអង្គគត់ II» នៃសៀវភៅ «ព្រះបន្ទូល» ភាគ២៖ អំពីការស្គាល់ព្រះជាម្ចាស់)

៥៦៦. សេចក្ដីមេត្តាករុណា និងការត្រាប្រណីរបស់ព្រះជាម្ចាស់ គឺមានពិត ប៉ុន្តែភាពបរិសុទ្ធ និងភាពសុចរិតរបស់ព្រះជាម្ចាស់ នៅពេលដែលទ្រង់បញ្ចេញសេចក្ដីក្រោធរបស់ទ្រង់ ក៏បង្ហាញឱ្យមនុស្សឃើញពីនិស្ស័យរបស់ព្រះជាម្ចាស់ម្យ៉ាងទៀត ដែលមិនអត់ឱនចំពោះការប្រមាថណាមួយឡើយ។ នៅពេលដែលមនុស្សអាចស្ដាប់បង្គាប់តាមសេចក្ដីបង្គាប់របស់ព្រះជាម្ចាស់ទាំងស្រុងបាន ហើយអាចប្រព្រឹត្តស្របតាមសេចក្ដីតម្រូវរបស់ព្រះជាម្ចាស់បាន នោះព្រះជាម្ចាស់ក៏ពេញដោយសេចក្ដីមេត្តាករុណារបស់ទ្រង់ចំពោះមនុស្សដែរ។ នៅពេលដែលមនុស្សពោរពេញដោយសេចក្ដីពុករលួយ សេចក្ដីស្អប់ និងភាពជាខ្មាំងសត្រូវនឹងទ្រង់ នោះព្រះជាម្ចាស់ក៏ខ្ញាល់ខ្លាំងណាស់ដែរ។ តើទ្រង់ខ្ញាល់ខ្លាំងកម្រិតណា? សេចក្ដីក្រោធរបស់ព្រះជាម្ចាស់ នឹងនៅបន្តមានរហូតដល់ទ្រង់លែងទតឃើញការទាស់ទទឹង និងទង្វើអាក្រក់របស់មនុស្សតទៅទៀត រហូតទាល់តែគេលែងមានវត្តមាននៅចំពោះព្រះនេត្ររបស់ទ្រង់តទៅទៀត។ ពេលនោះទើបសេចក្ដីខ្ញាល់របស់ព្រះជាម្ចាស់រលាយបាត់ទៅវិញ។ និយាយឱ្យចំទៅ មិនថាបុគ្គលនោះជានរណាឡើយ ប្រសិនបើចិត្តរបស់គេនៅឆ្ងាយពីព្រះជាម្ចាស់ ហើយបែរចេញពីព្រះជាម្ចាស់មិនត្រឡប់ក្រោយ នោះទោះបីជាពីសម្បកក្រៅ ឬគេមានសេចក្ដីប្រាថ្នានៅក្នុងចិត្តចង់ថ្វាយបង្គំ ចង់ដើរតាម និងចង់ស្ដាប់បង្គាប់ព្រះជាម្ចាស់នៅក្នុងចិត្ត ឬក្នុងគំនិតរបស់គេយ៉ាងណាក៏ដោយ ក៏សេចក្ដីក្រោធរបស់ព្រះជាម្ចាស់នឹងនៅតែបញ្ចេញមកឥតឈប់ដដែល។ នៅពេលដែលព្រះជាម្ចាស់បញ្ចេញសេចក្ដីខ្ញាល់ខ្លាំងរបស់ទ្រង់ចេញមក បន្ទាប់ពីបានប្រទានឱកាសគ្រប់គ្រាន់ឱ្យមនុស្សហើយ នៅពេលដែលសេចក្ដីក្រោធនោះត្រូវបានបញ្ចេញមក គឺមិនអាចដកទៅវិញបានឡើយ ហើយទ្រង់នឹងគ្មានសេចក្ដីមេត្តាករុណា និងការត្រាប្រណីដល់មនុស្សជាតិបែបនេះម្ដងទៀតឡើយ។ នេះជានិស្ស័យរបស់ព្រះជាម្ចាស់មួយទៀត ដែលមិនអត់ឱនចំពោះការប្រមាថណាមួយឡើយ។ ... ទ្រង់មានសេចក្ដីត្រាប្រណី និងពេញដោយសេចក្ដីមេត្តាករុណាចំពោះអ្វីៗដែលសប្បុរស ស្រស់ស្អាត និងល្អប្រពៃ។ ប៉ុន្ដែចំពោះអ្វីៗដែលអាក្រក់ ពេញដោយអំពើបាប និងទុច្ចរិត គឺទ្រង់មានសេចក្ដីក្រោធជាខ្លាំង ដល់ថ្នាក់មិនអាចបញ្ឈប់សេចក្ដីក្រោធរបស់ទ្រង់បាន។ នេះគឺជាគោលការណ៍ពីរយ៉ាង និងជាទិដ្ឋភាពសំខាន់បំផុតអំពីនិស្ស័យរបស់ព្រះជាម្ចាស់ ហើយលើសពីនេះទៅទៀត ចំណុចទាំងនេះ ត្រូវបានព្រះជាម្ចាស់បើកសម្ដែងតាំងតែពីដើមរហូតដល់ទីបញ្ចប់៖ សេចក្ដីមេត្តាករុណាពេញបរិបូរ និងសេចក្ដីក្រោធខ្លាំង។

(ដកស្រង់ពី «កិច្ចការរបស់ព្រះជាម្ចាស់ និស្ស័យរបស់ព្រះជាម្ចាស់ និងព្រះជាម្ចាស់ផ្ទាល់ព្រះអង្គ II» នៃសៀវភៅ «ព្រះបន្ទូល» ភាគ២៖ អំពីការស្គាល់ព្រះជាម្ចាស់)

៥៦៧. មនុស្សនិយាយថា ព្រះជាម្ចាស់ជាព្រះដ៏សុចរិត និងថា ដរាបណាមនុស្សដើរតាមទ្រង់ដល់ទីបញ្ចប់ នោះទ្រង់នឹងប្រាកដជាគ្មានភាពលំអៀងចំពោះមនុស្សឡើយ ដ្បិតទ្រង់ជាព្រះដ៏សុចរិតបំផុត។ ប្រសិនបើមនុស្សដើរតាមទ្រង់ដល់ទីបញ្ចប់ តើទ្រង់អាចបោះបង់មនុស្សចោលបានដោយរបៀបណា? ខ្ញុំគ្មានភាពលំអៀងចំពោះមនុស្សទាំងអស់ ហើយខ្ញុំនឹងជំនុំជម្រះមនុស្សទាំងអស់ ដោយនិស្ស័យដ៏សុចរិតរបស់ខ្ញុំ ប៉ុន្តែមានលក្ខខណ្ឌដ៏សមគួរដែលខ្ញុំបានដាក់សម្រាប់មនុស្ស និងជាអ្វីដែលខ្ញុំទាមទារឱ្យមនុស្សទាំងអស់ត្រូវតែសម្រេចឱ្យបាន មិនថាគេជានរណានោះឡើយ។ ខ្ញុំមិនខ្វល់អំពីគុណសម្បត្តិរបស់អ្នក ឬអ្នកមានគុណសម្បត្តិទាំងនោះយូរប៉ុនណាឡើយ ប៉ុន្តែខ្ញុំខ្វល់ទៅលើថាតើអ្នកដើរនៅក្នុងផ្លូវរបស់ខ្ញុំឬអត់ និងថាតើអ្នកស្រឡាញ់ ហើយស្រេកឃ្លានចង់បានសេចក្តីពិតដែរឬយ៉ាងណា។ ប្រសិនបើអ្នកខ្វះនូវសេចក្តីពិត នាំមកនូវភាពអាម៉ាស់ដល់ព្រះនាមរបស់ខ្ញុំ និងមិនដើរតាមផ្លូវរបស់ខ្ញុំដោយយកចិត្តទុកដាក់ នៅពេលនោះ ខ្ញុំនឹងកម្ចាត់ និងដាក់ទោសអ្នកសម្រាប់ការអាក្រក់របស់អ្នក ដូច្នេះ តើអ្នកនឹងមានអ្វីត្រូវនិយាយទៅ? តើអ្នកនឹងអាចនិយាយថា ព្រះជាម្ចាស់ជាព្រះមិនសុចរិតកើតឬ? នៅថ្ងៃនេះ ប្រសិនបើអ្នកបានធ្វើតាមព្រះបន្ទូលដែលខ្ញុំបានថ្លែង នោះអ្នកជាប្រភេទមនុស្សដែលខ្ញុំទទួលយក។ អ្នកនិយាយថា អ្នកតែងតែរងទុក្ខក្នុងពេលដើរតាមព្រះជាម្ចាស់ ថាអ្នកបានដើរតាមទ្រង់ ឆ្លងកាត់គ្រប់កាលៈទេសៈសព្វបែបយ៉ាង និងបានរួមសុខរួមទុក្ខជាមួយទ្រង់ ប៉ុន្តែអ្នកមិនបានរស់នៅតាមព្រះបន្ទូលដែលព្រះជាម្ចាស់បានមានបន្ទូលឡើយ។ អ្នកគ្រាន់តែចង់រវល់ធ្វើការថ្វាយព្រះជាម្ចាស់ និងប្រើកម្លាំងរបស់ខ្លួនសម្រាប់ព្រះជាម្ចាស់ជារៀងរាល់ថ្ងៃ ហើយមិនដែលគិតចង់រស់នៅក្នុងជីវិតដែលមានអត្ថន័យឡើយ។ អ្នកក៏និយាយថា «នៅក្នុងករណីនេះ ខ្ញុំជឿថា ព្រះជាម្ចាស់ជាព្រះដ៏សុចរិត។ ខ្ញុំបានរងទុក្ខសម្រាប់ទ្រង់ រវល់ធ្វើការថ្វាយទ្រង់ និងថ្វាយជីវិតខ្ញុំដល់ទ្រង់ ហើយខ្ញុំបានធ្វើការយ៉ាងខ្លាំង ទោះបីជាមិនបានការទទួលស្គាល់ណាមួយក៏ដោយ។ ទ្រង់ប្រាកដជានឹកចាំអំពីខ្ញុំមិនខាន។» វាជាការពិតដែលថា ព្រះជាម្ចាស់ជាព្រះដ៏សុចរិត ប៉ុន្តែសេចក្តីសុចរិតនេះគ្មានប្រឡាក់ប្រឡូសដោយភាពមិនបរិសុទ្ធណាមួយឡើយ៖ វាគ្មាននូវឆន្ទៈរបស់មនុស្ស ហើយក៏មិនប្រឡាក់ប្រឡូសដោយសាច់ឈាម ឬការដោះដូរបែបមនុស្សដែរ។ អស់អ្នកណាដែលបះបោរ និងប្រឆាំង អស់អ្នកណាដែលមិនធ្វើតាមផ្លូវរបស់ទ្រង់ នឹងត្រូវទទួលទោស គឺគ្មាននរណាម្នាក់ត្រូវបានលើកលែង និងរួចខ្លួននោះឡើយ! មនុស្សខ្លះនិយាយថា៖ «នៅថ្ងៃនេះ ខ្ញុំបានរវល់បម្រើទ្រង់ ដូច្នេះ នៅពេលដែលគ្រាចុងក្រោយមកដល់ តើទ្រង់អាចប្រទានឱ្យទូលបង្គំនូវព្រះពរបន្ដិចបន្ដួចបានដែរឬទេ?» ដូច្នេះ ខ្ញុំសូមសួរអ្នកថា «តើអ្នកបានធ្វើតាមព្រះបន្ទូលរបស់ខ្ញុំហើយឬនៅ?» សេចក្តីសុចរិតដែលអ្នកនិយាយនោះ គឺចេញមកពីការដោះដូរប៉ុណ្ណោះ។ អ្នកគិតថា ខ្ញុំជាព្រះដ៏សុចរិត ហើយខ្ញុំមិនរើសមុខនរណាម្នាក់ឡើយ និងគិតទៀតថា អស់អ្នកដែលដើរតាមខ្ញុំដល់ទីបញ្ចប់ នឹងប្រាកដជាទទួលបានសេចក្ដីសង្រ្គោះ និងទទួលបានព្រះពររបស់ខ្ញុំ។ វាមានអត្ថន័យបង្កប់ចំពោះព្រះបន្ទូលរបស់ខ្ញុំដែលថា «អស់អ្នកណាដែលដើរតាមខ្ញុំដល់ទីបញ្ចប់ នឹងប្រាកដជាបានសង្រ្គោះ» អស់អ្នកណាដែលដើរតាមខ្ញុំដល់ទីបញ្ចប់ គឺជាមនុស្សដែលខ្ញុំនឹងទទួលយកយ៉ាងពេញលេញ ហើយក្រោយពេលដែលខ្ញុំយកឈ្នះលើពួកគេហើយ ពួកគេជាមនុស្សដែលនឹងស្វែងរកសេចក្តីពិត និងត្រូវបានប្រោសឱ្យគ្រប់លក្ខណ៍។ តើអ្នកសម្រេចបានលក្ខខណ្ឌអ្វីខ្លះហើយ? អ្នកសម្រេចបានតែលើចំណុចដើរតាមខ្ញុំដល់ទីបញ្ចប់ប៉ុណ្ណោះ ចុះចំណុចផ្សេងទៀត? តើអ្នកបានធ្វើតាមព្រះបន្ទូលរបស់ខ្ញុំហើយឬនៅ? អ្នកបានសម្រេចតាមលក្ខខណ្ឌមួយនៅក្នុងចំណោមលក្ខខណ្ឌទាំងប្រាំរបស់ខ្ញុំ ប៉ុន្តែអ្នកគ្មានបំណងចង់សម្រេចចំណុចបួនផ្សេងទៀតនោះឡើយ។ អ្នកគ្រាន់តែរកឃើញផ្លូវដ៏សាមញ្ញ និងងាយស្រួលបំផុត ហើយដេញតាមវាដោយមានអាកប្បកិរិយាសង្ឃឹមចង់បានសំណាងប៉ុណ្ណោះ។ ចំពោះមនុស្សដូចជារូបអ្នកនេះ និស្ស័យដ៏សុចរិតរបស់ខ្ញុំ គឺជាការវាយផ្ចាល និងការជំនុំជម្រះ ដ្បិតវាជាការតបស្នងដ៏ត្រឹមត្រូវ ហើយវាក៏ជាការដាក់ទោសយ៉ាងត្រឹមត្រូវចំពោះអ្នកប្រព្រឹត្តអាក្រក់ទាំងអស់ដែរ។ អស់អ្នកណាដែលមិនដើរនៅក្នុងផ្លូវរបស់ខ្ញុំ នឹងប្រាកដជាទទួលទោស ទោះបីជាពួកគេដើរតាមខ្ញុំដល់ទីបញ្ចប់ក៏ដោយ។ នេះជាសេចក្តីសុចរិតរបស់ព្រះជាម្ចាស់។ នៅពេលដែលនិស្ស័យដ៏សុចរិតនេះត្រូវបានស្ដែងចេញនៅក្នុងការដាក់ទោសមនុស្ស នោះគេនឹងស្រឡាំងកាំង ហើយមានអារម្មណ៍ស្ដាយក្រោយថា ក្នុងពេលគេកំពុងតែដើរតាមព្រះជាម្ចាស់ គេមិនបានដើរនៅក្នុងផ្លូវរបស់ទ្រង់។ «នៅគ្រានោះ ខ្ញុំបានរងទុក្ខលំបាកតែបន្ដិចបន្ដួចប៉ុណ្ណោះ ក្នុងពេលដើរតាមព្រះជាម្ចាស់ ប៉ុន្តែខ្ញុំមិនបានដើរនៅក្នុងផ្លូវរបស់ព្រះជាម្ចាស់ឡើយ។ តើមានការដោះសាអ្វីទៀតទៅ? អ្នកគ្មានជម្រើសអ្វី ក្រៅពីទទួលទោសឡើយ!» ប៉ុន្តែ នៅក្នុងគំនិត អ្នកកំពុងតែគិតថា៖ «និយាយអ៊ីចឹង ទូលបង្គំបានដើរតាមទ្រង់ដល់ទីបញ្ចប់ហើយ ដូច្នេះ ទោះបីទ្រង់វាយផ្ចាលទូលបង្គំក៏ដោយ ក៏វាមិនអាចជាការវាយផ្ចាលដ៏ធ្ងន់ធ្ងរឡើយ ហើយក្រោយពេលដែលដាក់ទោសហើយ នោះទ្រង់នឹងនៅតែសព្វព្រះហឫទ័យចង់បានទូលបង្គំដដែល។ ទូលបង្គំដឹងថា ទ្រង់ជាព្រះដ៏សុចរិត ហើយទ្រង់នឹងមិនប្រព្រឹត្តចំពោះទូលបង្គំបែបនេះជារៀងរហូតឡើយ។ ជារួមមក ទូលបង្គំមិនដូចជាមនុស្សដែលនឹងត្រូវកម្ចាត់ចោលនោះឡើយ ព្រោះថាអស់អ្នកដែលត្រូវកម្ចាត់ចោល នឹងទទួលការវាយផ្ចាលដ៏ធ្ងន់ធ្ងរ ឯការវាយផ្ចាលរបស់ទូលបង្គំវិញ នឹងមានទម្ងន់ស្រាលជាង។» និស្ស័យដ៏សុចរិត មិនដូចអ្វីដែលអ្នកនិយាយនេះឡើយ។ មនុស្សដែលពូកែលន់តួបាបរបស់ខ្លួន នឹងមិនត្រូវបានដោះស្រាយដោយក្ដីអត់ឱនឡើយ។ សេចក្តីសុចរិត គឺជាភាពបរិសុទ្ធ ហើយវាជានិស្ស័យមួយដែលមិនអត់ឱនចំពោះសេចក្តីល្មើសដែលមនុស្សបានប្រព្រឹត្តឡើយ ហើយអ្វីៗគ្រប់យ៉ាងដែលស្មោកគ្រោក និងមិនបានផ្លាស់ប្ដូរ គឺជាគោលដៅនៃភាពស្អប់ខ្ពើមរបស់ព្រះជាម្ចាស់ហើយ។ និស្ស័យដ៏សុចរិតរបស់ព្រះជាម្ចាស់ មិនមែនជាក្រឹត្យវិន័យឡើយ ប៉ុន្តែជាបញ្ញត្តិរដ្ឋបាលវិញ៖ វាជាបញ្ញត្តិរដ្ឋបាលនៅក្នុងនគរទ្រង់ ហើយបញ្ញតិ្ដរដ្ឋបាលនេះ គឺជាការដាក់ទោសដ៏សុចរិតចំពោះមនុស្សណាដែលមិនមានសេចក្តីពិត និងមិនបានផ្លាស់ប្ដូរ ហើយវាគ្មានកន្លែងសម្រាប់សេចក្តីសង្រ្គោះឡើយ។ ព្រោះថានៅពេលណាដែលមនុស្សម្នាក់ៗត្រូវបានចាត់ថ្នាក់ទៅតាមប្រភេទរបស់គេហើយ នោះមនុស្សល្អនឹងទទួលរង្វាន់ ហើយមនុស្សអាក្រក់នឹងត្រូវទទួលទោស។ វាជាពេលវេលាមួយដែលទិសដៅរបស់មនុស្សនឹងត្រូវបានកំណត់យ៉ាងច្បាស់។ វាជាពេលវេលាដែលកិច្ចការនៃសេចក្តីសង្រ្គោះនឹងចូលមកដល់ទីបញ្ចប់ ក្រោយមកទៀត កិច្ចការនៃការសង្រ្គោះមនុស្សនឹងលែងកើតមានទៀត ហើយការតបស្នងតាមទង្វើរបស់គេ នឹងត្រូវធ្លាក់ទៅលើមនុស្សម្នាក់ៗដែលប្រព្រឹតអាក្រក់។

(ដកស្រង់ពី «បទពិសោធរបស់ពេត្រុស៖ ចំណេះដឹងរបស់គាត់អំពីការវាយផ្ចាល និងការជំនុំជម្រះ» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)

៥៦៨. ខ្ញុំបានបង្ហាញសេចក្ដីមេត្ដាករុណាដល់អស់អ្នកដែលស្រឡាញ់ខ្ញុំ និងបដិសេធខ្លួនឯង។ ទន្ទឹមនឹងនេះ ទណ្ឌកម្មដែលដាក់ទៅលើមនុស្សអាក្រក់ គឺជាភស្ដុតាងយ៉ាងច្បាស់អំពីនិស្ស័យដ៏សុចរិតរបស់ខ្ញុំ ហើយថែមទាំងជាទីបន្ទាល់អំពីសេចក្តីក្រោធរបស់ខ្ញុំផង។ ពេលមហន្តរាយមកដល់ អស់អ្នកដែលប្រឆាំងនឹងខ្ញុំ ពួកគេនឹងស្រក់ទឹកភ្នែក ព្រោះពួកគេរងទុក្ខដោយសារភាពអត់ឃ្លាន និងគ្រោះកាចសាហាវ។ រីឯអស់អ្នកដែលបានប្រព្រឹត្ដអំពើអាក្រក់គ្រប់បែបយ៉ាង ប៉ុន្តែបានដើរតាមខ្ញុំអស់រយៈពេលជាច្រើនឆ្នាំ ពួកគេក៏នឹងមិនរួចផុតពីត្រូវរងទុក្ខទោសព្រោះអំពើបាបរបស់ពួកគេឡើយ ពួកគេក៏នឹងធ្លាក់ចូលក្នុងមហន្តរាយដូចគ្នា រឿងបែបនេះ រាប់សិបលានឆ្នាំ កម្រនឹងបានឃើញម្ដង ហើយពួកគេនឹងរស់ក្នុងសភាពស្លន់ស្លោ និងភ័យខ្លាចជានិច្ច។ ដោយឡែក អ្នកដើរតាមខ្ញុំទាំងអស់ដែលមានភក្ដីភាពចំពោះខ្ញុំ នឹងរីករាយ ហើយត្រេកអរនឹងអានុភាពរបស់ខ្ញុំ។ ពួកគេនឹងមានអារម្មណ៍ពេញចិត្តពេញថ្លើមរកថ្លែងមិនបាន និងរស់នៅក្នុងសេចក្ដីអំណរ ដែលពីមុនមក ខ្ញុំមិនធ្លាប់ប្រទានដល់មនុស្សជាតិឡើយ។ ដ្បិតខ្ញុំឱ្យតម្លៃខ្លាំងទៅលើអំពើល្អរបស់មនុស្ស ហើយស្អប់ខ្ពើមខ្លាំងចំពោះអំពើអាក្រក់របស់ពួកគេ។ តាំងពីពេលដែលខ្ញុំចាប់ផ្តើមដឹកនាំមនុស្សជាតិមក ខ្ញុំមានសេចក្តីសង្ឃឹមយ៉ាងខ្លាំងក្នុងការទទួលបានមនុស្សមួយក្រុមដែលមានចិត្តគំនិតដូចខ្ញុំ។ ទន្ទឹមនឹងនេះ ខ្ញុំមិនដែលភ្លេចអស់ណាអ្នកដែលគ្មានចិត្តគំនិតតែមួយនឹងខ្ញុំឡើយ។ ក្នុងព្រះហឫទ័យខ្ញុំ ខ្ញុំតែងស្អប់ពួកគេជានិច្ច ហើយខ្ញុំរង់ចាំឱកាសដើម្បីផ្ដន្ទាទោសពួកគេឱ្យសប្បាយភ្នែកម្ដង។ ឥឡូវនេះ នៅទីបំផុត ថ្ងៃរបស់ខ្ញុំបានមកដល់ហើយ ហើយខ្ញុំមិនចាំបាច់រង់ចាំទៀតទេ!

(ដកស្រង់ពី «ចូរត្រៀមខ្លួនធ្វើអំពើល្អឱ្យបានគ្រប់គ្រាន់សម្រាប់ទិសដៅរបស់អ្នក» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)

ខាង​ដើម៖ ក. ស្ដីពីសិទ្ធិអំណាចរបស់ព្រះជាម្ចាស់

បន្ទាប់៖ គ. ស្ដីពីភាពបរិសុទ្ធរបស់ព្រះជាម្ចាស់

គ្រោះមហន្តរាយផ្សេងៗបានធ្លាក់ចុះ សំឡេងរោទិ៍នៃថ្ងៃចុងក្រោយបានបន្លឺឡើង ហើយទំនាយនៃការយាងមករបស់ព្រះអម្ចាស់ត្រូវបានសម្រេច។ តើអ្នកចង់ស្វាគមន៍ព្រះអម្ចាស់ជាមួយក្រុមគ្រួសាររបស់អ្នក ហើយទទួលបានឱកាសត្រូវបានការពារដោយព្រះទេ?

ការកំណត់

  • អត្ថបទ
  • ប្រធានបទ

ពណ៌​ដិតច្បាស់

ប្រធានបទ

ប្រភេទ​អក្សរ

ទំហំ​អក្សរ

ចម្លោះ​បន្ទាត់

ចម្លោះ​បន្ទាត់

ប្រវែងទទឹង​ទំព័រ

មាតិកា

ស្វែងរក

  • ស្វែង​រក​អត្ថបទ​នេះ
  • ស្វែង​រក​សៀវភៅ​នេះ