គ. ស្ដីពីរបៀបស្គាល់ខ្លួនឯង និងសម្រេចបានការប្រែចិត្តដ៏ពិត

៣៥៨. ក្រោយពីមានការធ្លាក់ចូលក្នុងសេចក្ដីពុករលួយជាច្រើនពាន់ឆ្នាំមក មនុស្សលោកមានភាពស្ពឹកស្រពន់ និងល្ងិតល្ងង់ ដ្បិតគេបានក្លាយជាអារក្សដែលបានទាស់ប្រឆាំងនឹងព្រះជាម្ចាស់ រហូតដល់ការបះបោររបស់មនុស្សចំពោះព្រះជាម្ចាស់ត្រូវបានចងក្រងក្នុងសៀវភៅប្រវត្ដិសាស្ដ្រ ហើយមនុស្សលោកខ្លួនឯងទៀតសោត ក៏មិនអាចរៀបរាប់អស់អំពីទង្វើបះបោររបស់ខ្លួនបានពេញលេញដែរ ដ្បិតមនុស្សត្រូវបានសាតាំងបណ្ដាលឱ្យក្លាយជាពុករលួយអស់ ហើយសាតាំងក៏បាននាំឱ្យមនុស្សវង្វេង រហូតដល់មិនដឹងថា តើត្រូវងាកមកវិញនៅត្រង់ណាដែរ។ សូម្បីសព្វថ្ងៃនេះក្ដី មនុស្សលោកនៅតែក្បត់នឹងព្រះជាម្ចាស់ដដែល ដ្បិតនៅពេលមនុស្សបានមើលឃើញព្រះជាម្ចាស់ហើយ ក៏គេនៅតែក្បត់នឹងទ្រង់ ហើយនៅពេលដែលគេមិនអាចឃើញព្រះអង្គ នោះក៏គេនៅតែក្បត់នឹងព្រះអង្គដដែល។ ជាងនេះទៀត សូម្បីតែអ្នកដែលបានធ្វើជាសក្ខីភាពនៃបណ្ដាសា និងសេចក្តីក្រោធរបស់ព្រះជាម្ចាស់ហើយក៏ដោយ ក៏នៅតែក្បត់នឹងព្រះអង្គទៀត។ ដូច្នេះ ខ្ញុំសូមប្រាប់ថាញ្ញាណរបស់មនុស្សបានបាត់បង់មុខងារដើមហើយ រីឯមនសិការរបស់មនុស្សក៏ដូចគ្នាដែរ។ មនុស្សលោកដែលខ្ញុំរៀបរាប់នេះ គឺជាសត្វសាហាវនៅក្នុងសណ្ឋានជាមនុស្ស គេជាសត្វពស់ដែលមានពិស ហើយមិនថាគេព្យាយាមសម្ដែងជាគួរឱ្យអាណិតយ៉ាងណានៅចំពោះមុខខ្ញុំ ក៏ខ្ញុំគ្មានក្ដីអាណិតចំពោះគេដែរ ដ្បិតមនុស្សលោកមិនចេះបែងចែកខ្មៅ និងស មិនចេះបែងចែកសេចក្ដីពិត និងសេចក្ដីមិនពិត។ វិចារណញ្ញាណរបស់មនុស្សមានភាពស្រពន់ណាស់ ប៉ុន្ដែគេនៅតែប្រាថ្នាចង់បានព្រះពរថែមទៀត ភាពជាមនុស្សរបស់គេមានភាពអាប់ឱនខ្លាំងណាស់ ប៉ុន្ដែគេក៏នៅតែប្រាថ្នាចង់បានអធិបតេយ្យភាពរបស់អង្គក្សត្រា។ តើមនុស្សដែលមានការយល់ឃើញបែបនេះ ត្រូវធ្វើជាស្ដេចរបស់នរណាទៅ? តើមនុស្សដែលមានសារជាតិជាមនុស្សបែបនេះ អាចអង្គុយលើបល័្លង្កបានយ៉ាងដូចម្ដេចទៅ? មនុស្សលោកពិតជាគ្មានការអៀនខ្មាសទាល់តែសោះ! គេជាមនុស្សមានអំនួត! ចំពោះអ្នករាល់គ្នាដែលប្រាថ្នាចង់ទទួលបានព្រះពរ នោះខ្ញុំសូមប្រាប់អ្នករាល់គ្នាថា ដំបូង ត្រូវរកកញ្ចក់ឆ្លុះជាមុនសិន រួចក្រឡេកមើលពីភាពអាក្រក់របស់ខ្លួនឯង ហើយសួរថា តើអ្នករាល់គ្នាមានមុខមាត់ជាមនុស្សម្នាក់ ដែលអាចទទួលបានព្រះពរដែរឬទេ? គឺអ្នករាល់គ្នាមិនមានការផ្លាស់់ប្ដូរនិស្ស័យបន្ដិចណាសោះ ហើយអ្នករាល់គ្នាក៏មិនទាន់បានយកសេចក្ដីពិតទៅអនុវត្ដតាមដែរ តែអ្នករាល់គ្នានៅតែប្រាថ្នាចង់បានសេចក្ដីអស្ចារ្យ នៅថ្ងៃបន្ទាប់ដដែល។ អ្នករាល់គ្នាកំពុងតែបោកបញ្ឆោតខ្លួនឯងហើយ! មនុស្សដែលកើតមកក្នុងទឹកដីកខ្វក់បែបនេះ បានរងការខូចខាតពីសង្គមយ៉ាងខ្លាំង បានរងឥទ្ធិពលពីក្រមសីលធម៌សក្ដិភូមិ ហើយក៏ទទួលបានការបង្រៀននៅ «វិទ្យាស្ថានឧត្ដមសិក្សា» ទៀតផង។ ការគិតថយក្រោយ ការអាក្រក់ខូចផ្នែកសីលធម៌ ការយល់ឃើញតូចទាបពីជីវិត ទស្សនៈវិទ្យាសម្រាប់ការរស់នៅដ៏គួរឱ្យស្អប់ខ្ពើម ជីវិតរស់នៅដែលគ្មានតម្លៃទាល់តែសោះ ព្រមទាំងរបៀបរស់នៅ និងទំនៀមទម្លាប់ដ៏ថោកទាប ដែលទាំងអស់នេះបានឈ្លានពានដួងចិត្ដរបស់មនុស្សយ៉ាងខ្លាំងក្លា ព្រមទាំងបានធ្វើឱ្យចុះខ្សោយ និងវាយប្រហារមនសិការរបស់ពួកគេផងដែរ។ ជាលទ្ធផល មនុស្សលោកកាន់តែស្ថិតនៅឆ្ងាយពីព្រះជាម្ចាស់ខ្លាំងណាស់ ហើយកាន់តែទាស់ប្រឆាំងនឹងព្រះជាម្ចាស់ច្រើនទៀតផង។ បន្តិចម្តងៗ និស្ស័យរបស់មនុស្សក៏កាន់តែសាហាវទៅៗដែរ ហើយមិនមាននរណាម្នាក់ដែលសុខចិត្ដបោះបង់គ្រប់យ៉ាងដើម្បីព្រះជាម្ចាស់ឡើយ គ្មាននរណាម្នាក់ដែលនឹងស្ដាប់បង្គាប់ព្រះជាម្ចាស់ចេញពីចិត្ដ ហើយលើសពីនេះទៅទៀតនោះ ក៏គ្មានបុគ្គលណាម្នាក់ដែលនឹងស្វែងរកការបង្ហាញព្រះកាយរបស់ព្រះជាម្ចាស់អស់ពីចិត្ដដែរ។ ផ្ទុយទៅវិញ ដោយស្ថិតក្រោមដែនត្រួតត្រារបស់សាតាំង មនុស្សលោកមិនបានធ្វើអ្វីទាល់តែសោះ ក្រៅពីចង់បានការសប្បាយ ដោយយល់ព្រមឱ្យភាពពុករលួយនៃសាច់ឈាមនៅក្នុងទឹកដីដែលពេញដោយភក់ជ្រាំនេះ។ សូម្បីពេលដែលពួកគេបានឮអំពីសេចក្ដីពិតហើយក្ដី អស់អ្នកដែលរស់នៅក្នុងភាពងងឹតមិនបានគិតដល់ការយកសេចក្ដីពិតទៅអនុវត្ដទេ ហើយពួកគេក៏មិនមានទំនោរក្នុងការស្វែងរកព្រះជាម្ចាស់ដែរ ទោះបីជាពួកគេបានឃើញការបង្ហាញព្រះកាយរបស់ព្រះជាម្ចាស់ហើយក្ដី។ តើមនុស្សលោកដែលគួរឱ្យស្អប់ខ្ពើមយ៉ាងនេះ អាចមានឱកាសទទួលបានការសង្គ្រោះបានយ៉ាងដូចម្ដេច? តើមនុស្សលោកដែលអាប់ឳនខ្លាំងយ៉ាងនេះ អាចរស់នៅក្នុងពន្លឺបានយ៉ាងដូចម្ដេច?

ការផ្លាស់ប្ដូរនិស្ស័យរបស់មនុស្សចាប់ផ្ដើមជាមួយនឹងការយល់ដឹងពីសារជាតិគេ និងតាមរយៈការផ្លាស់ប្ដូរការគិត លក្ខណៈធម្មជាតិ និងទស្សនៈវិស័យផ្លូវចិត្ដ និងតាមរយៈការផ្ដាស់ប្ដូរជាមូលដ្ឋាន។ មានតែតាមរយៈរបៀបនេះទេ ទើបការផ្ដាស់ប្ដូរពិតប្រាកដ អាចសម្រេចបាននៅក្នុងនិស្ស័យរបស់មនុស្ស។ ឫសគល់នៃនិស្ស័យពុករលួយដែលកើតឡើងនៅក្នុងមនុស្ស គឺជាការបោកបញ្ឆោត សេចក្តីពុករលួយ និងសារជាតិពិសពុលរបស់សាតាំង។ មនុស្សត្រូវបានសាតាំងចង និងគ្រប់គ្រង ហើយគេរងទុក្ខយ៉ាងខ្លាំង ដែលសាតាំងបានបង្កឡើងនៅក្នុងគំនិត សីលធម៌ ការយល់ដឹង និងវិចារណញ្ញាណរបស់គេ។ វាច្បាស់ណាស់ថា គឺដោយសារតែមូលដ្ឋានសំខាន់របស់មនុស្សត្រូវបានសាតាំងធ្វើឱ្យពុករលួយអស់ និងខុសគ្នាទាំងស្រុងពីអ្វីដែលព្រះជាម្ចាស់បានបង្កើតពួកវា ពីដំបូងមក ទើបធ្វើឱ្យមនុស្សទាស់ប្រឆាំងនឹងព្រះជាម្ចាស់ និងមិនអាចទទួលសេចក្ដីពិត។ ដូចនេះ ការផ្លាស់ប្ដូរនិស្ស័យរបស់មនុស្សគួរតែចាប់ផ្ដើមជាមួយនឹងការផ្លាស់ប្តូរការគិត ការយល់ដឹង និងវិចារណញ្ញាណរបស់មនុស្ស ដែលនឹងធ្វើការផ្លាស់ប្ដូរការយល់ដឹងរបស់គេអំពីព្រះជាម្ចាស់ ព្រមទាំងការយល់ដឹងអំពីសេចក្ដីពិត។ អស់អ្នកណាដែលកើតមកនៅលើទឹកដីដែលពេញដោយសេចក្ដីពុករលួយបំផុតនោះ រឹតតែមិនដឹងអ្វីសោះពីព្រះជាម្ចាស់ ឬមិនដឹងចំពោះអត្ថន័យនៃការជឿលើព្រះជាម្ចាស់។ នៅពេលមនុស្សដែលកាន់តែពុករលួយ ពួកគេកាន់តែមិនសូវដឹងថា ព្រះជាម្ចាស់មានពិតប្រាកដមែន ហើយវិចារណញ្ញាណ និងការចេះដឹងរបស់គេ ក៏កាន់តែខ្សោយទៅៗដែរ។ ប្រភពនៃការជំទាស់ និងការបះបោររបស់មនុស្សប្រឆាំងនឹងព្រះជាម្ចាស់ គឺជាសេចក្ដីពុករលួយរបស់គេដែលបង្កដោយសាតាំង។ ដោយសារតែសេចក្ដីពុករលួយរបស់សាតាំង មនសិការរបស់មនុស្សក៏បានក្លាយជាស្ពឹកអស់ ដ្បិតគេគ្មានសីលធម៌ គំនិតរបស់គេចុះខ្សោយទៅៗ ហើយទស្សនៈវិស័យផ្លូវចិត្ដរបស់គេក៏ឈានថយក្រោយដែរ។ មុនពេលមនុស្សត្រូវសាតាំងបណ្ដាលឱ្យក្លាយជាពុករលួយ មនុស្សបានដើរតាមព្រះជាម្ចាស់ និងស្ដាប់បង្គាប់ព្រះបន្ទូលរបស់ទ្រង់ បន្ទាប់ពីបានស្ដាប់ឮពួកវាដោយឯកឯង។ គេជាមនុស្សដែលមានវិចារណញ្ញាណ និងមនសិការល្អ ហើយជាមនុស្សជាតិធម្មតាម្នាក់។ ក្រោយពីសាតាំងធ្វើឱ្យគេធ្លាក់ក្នុងសេចក្ដីអាក្រក់មក វិចារណញ្ញាណ មនសិការ និងភាពជាមនុស្សរបស់គេក៏បានក្លាយជាអន់ថយ ហើយក៏ត្រូវខូចអស់ដោយសារសាតាំង។ ដូចនេះ គេក៏បានបាត់បង់ការស្ដាប់បង្គាប់ និងសេចក្ដីស្រលាញ់ចំពោះព្រះជាម្ចាស់។ វិចារណញ្ញាណរបស់មនុស្សបានខុសពីធម្មតា និស្ស័យរបស់គេក៏បានក្លាយដូចជាសត្វ ហើយការបះបោរប្រឆាំងនឹងព្រះជាម្ចាស់របស់គេក៏មានកាន់តែញឹកញាប់ និងកាន់តែធ្ងន់ធ្ងរ។ ប៉ុន្ដែមនុស្សលោកនៅតែមិនដឹង និងមិនទទួលស្គាល់រឿងនេះ ហើយក៏បានជំទាស់ប្រឆាំង និងបះបោរទាំងងងឹតងងល់។ និស្ស័យពិតរបស់មនុស្សត្រូវបានលាតត្រដាងឡើង នៅក្នុងការបង្ហាញអំពីវិចារណញ្ញាណ ការយល់ដឹង និងមនសិការរបស់គេ ដ្បិតវិចារណញ្ញាណ និងការយល់ដឹងរបស់គេមិនសមហេតុផល ហើយមនសិការរបស់គេក៏បានក្លាយជាស្រអាប់យ៉ាងខ្លាំង ដូចនេះ និស្ស័យរបស់គេមានការបះបោរប្រឆាំងនឹងព្រះជាម្ចាស់។ ប្រសិនបើវិចារណញ្ញាណ និងការយល់ដឹងរបស់មនុស្សមិនអាចផ្លាស់ប្តូរ នោះការផ្លាស់ប្ដូរនិស្ស័យរបស់គេ គឺមិនអាចទៅរួចនោះទេ ដូចជាការគោរពតាមបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ដែរ។ ប្រសិនបើវិចារណញ្ញាណរបស់មនុស្សមិនត្រឹមត្រូវទេ នោះគេមិនអាចបម្រើព្រះជាម្ចាស់ និងមិនសក្ដិសមឱ្យព្រះជាម្ចាស់ប្រើប្រាស់ឡើយ។ «វិចារណញាណធម្មតា» សំដៅលើការស្ដាប់បង្គាប់ និងការស្មោះត្រង់ចំពោះព្រះជាម្ចាស់ ការចង់បានព្រះជាម្ចាស់ជាខ្លាំង និងការមិនមានចិត្តងាករេចំពោះព្រះជាម្ចាស់ផង។ វាសំដៅលើការមានចិត្ដមួយថ្លើមមួយ ចំពោះព្រះជាម្ចាស់ ព្រមទាំងមិនមានបំណងប្រឆាំងនឹងព្រះជាម្ចាស់ឡើយ។ ការមានវិចារណញ្ញាខុសពីធម្មតា គឺមិនដូច្នេះឡើយ។ ដោយសារតែសាតាំងបានធ្វើឱ្យមនុស្សទៅជាពុករលួយ មនុស្សក៏មានសញ្ញាណផ្សេងៗអំពីព្រះជាម្ចាស់ ហើយគេគ្មានភាពស្មោះត្រង់ចំពោះទ្រង់ ឬប្រាថ្នាចង់បានទ្រង់ឡើយ។ គេក៏មិននិយាយអ្វីចេញពីមនសិការ ចំពោះព្រះជាម្ចាស់ឡើយ។ មនុស្សមានបំណងទាស់ប្រឆាំងនឹងព្រះជាម្ចាស់ និងបានធ្វើការវិនិច្ឆ័យទ្រង់ ហើយលើសពីនេះទៅទៀត ថែមទាំងប្រមាថទ្រង់នៅពីក្រោយខ្នងព្រះអង្គទៀតផង។ មនុស្សបានធ្វើការវិនិច្ឆ័យព្រះជាម្ចាស់ ទាំងដែលដឹងច្បាស់ថាព្រះអង្គគឺជាព្រះជាម្ចាស់ ដ្បិតមនុស្សគ្មានបំណងស្ដាប់បង្គាប់ព្រះជាម្ចាស់ឡើយ ហើយគ្រាន់តែទាមទារនេះទាមទារនោះពីទ្រង់ ទាំងងងឹតងងល់ប៉ុណ្ណោះ។ មនុស្សបែបនេះ គឺមនុស្សដែលមានវិចារណញ្ញាណមិនសមស្រប មិនអាចស្គាល់ពីអាកប្បកិរិយាដ៏គួរឱ្យស្អប់ខ្ពើមរបស់ខ្លួន ឬមានការសោកស្ដាយអំពីការបះបោររបស់ខ្លួនទេ។ ប្រសិនបើមនុស្សអាចស្គាល់ពីខ្លួនឯងបាន នោះពួកគេបានទទួលនូវវិចារណញ្ញាណបន្ដិចបន្ដួចរបស់ពួកគេឡើងវិញហើយ ដ្បិតនៅពេលមនុស្សដែលមិនអាចស្គាល់ខ្លួនឯង កាន់តែបះបោរជំទាស់នឹងព្រះជាម្ចាស់ នោះវិចារណញ្ញាណរបស់ពួកគេ ក៏កាន់តែគ្មានហេតុផលដែរ។

(ដកស្រង់ពី «ការមាននិស្ស័យដែលមិនចេះផ្លាស់ប្ដូរ គឺជាការប្រឆាំងនឹងព្រះជាម្ចាស់» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)

៣៥៩. ធម្មជាតិរបស់សាតាំងគ្រប់គ្រង និងត្រួតត្រាមនុស្សពីខាងក្នុងខ្លួនពួកគេ រហូតទាល់តែពួកគេបានដកពិសោធន៍ក្នុងកិច្ចការរបស់ព្រះជាម្ចាស់ និងបានយល់ពីសេចក្តីពិត។ តើធម្មជាតិនោះមានអ្វីជាពិសេសនៅក្នុងនោះ? ឧទាហរណ៍ ហេតុអ្វីបានជាអ្នកអាត្មានិយម? ហេតុអ្វីបានជាអ្នកការពារតំណែងខ្លួនឯង? ហេតុអ្វីបានជាអ្នកមានអារម្មណ៍ខ្លាំងបែបនេះ? ហេតុអ្វីបានជាអ្នកត្រេកអរនឹងរឿងទុច្ចរិតទាំងនោះ? ហេតុអ្វីបានជាអ្នកចូលចិត្តសេចក្ដីអាក្រក់ទាំងនោះ? តើមានមូលដ្ឋានអ្វីដែលធ្វើឱ្យអ្នកជាប់ចិត្តនឹងរឿងទាំងនេះ? តើអ្វីទាំងនេះមកពីណា? ហេតុអ្វីបានជាអ្នកសប្បាយចិត្តនឹងទទួលយករបស់ទាំងនេះខ្លាំងម្ល៉េះ? មកដល់ពេលនេះ អ្នករាល់គ្នាសុទ្ធតែបានយល់ហើយថា មូលហេតុចម្បងនៅពីក្រោយរឿងទាំងអស់នេះ គឺដោយសារពិសពុលរបស់សាតាំងដែលមាននៅក្នុងខ្លួនមនុស្ស។ ដូច្នេះ តើពិសពុលរបស់សាតាំងជាអ្វី? តើវាអាចសម្ដែងចេញមកដោយរបៀបណា? ឧទាហរណ៍ ប្រសិនបើអ្នកសួរថា៖ «តើមនុស្សគួររស់នៅយ៉ាងដូចម្ដេច? តើមនុស្សគួររស់នៅដើម្បីអ្វី?» មនុស្សនឹងឆ្លើយថា៖ «មនុស្សគ្រប់រូបធ្វើអ្វីៗសម្រាប់ខ្លួនឯង ហើយទីបំផុតអារក្សយកទាំងអស់»។ ឃ្លាមួយនេះសម្ដែងចេញនូវឫសគល់នៃបញ្ហានេះ។ ទស្សនវិជ្ជា និងតក្កវិជ្ជារបស់សាតាំង បានក្លាយជាជីវិតរបស់មនុស្សទៅហើយ។ មិនថាមនុស្សដេញតាមអ្វីនោះទេ គឺពួកគេដេញតាមវាដើម្បីតែខ្លួនឯង ដូច្នេះហើយ មនុស្សរស់នៅដើម្បីតែខ្លួនឯងប៉ុណ្ណោះ។ «មនុស្សគ្រប់រូបធ្វើអ្វីៗសម្រាប់ខ្លួនឯង ហើយទីបំផុតអារក្សយកទាំងអស់» នេះគឺជាទស្សនវិជ្ជាជីវិតរបស់មនុស្ស ហើយវាក៏តំណាងឱ្យធម្មជាតិរបស់មនុស្សផងដែរ។ ពាក្យសម្ដីទាំងអស់នេះ បានក្លាយជាធម្មជាតិរបស់មនុស្សជាតិពុករលួយរួចស្រេចទៅហើយ ហើយពាក្យទាំងនេះគឺជាលក្ខណៈពិតប្រាកដនៃធម្មជាតិបែបសាតាំងរបស់មនុស្សជាតិពុករលួយ។ ធម្មជាតិបែបសាតាំងនេះ បានក្លាយជាមូលដ្ឋានសម្រាប់ការរស់នៅរបស់មនុស្សជាតិពុករលួយទៅហើយ។ មនុស្សជាតិពុករលួយបានរស់នៅដោយមានពិសពុលរបស់សាតាំងអស់រយៈពេលជាច្រើនពាន់ឆ្នាំមកហើយ មកទល់នឹងពេលបច្ចុប្បន្ននេះ។ អ្វីគ្រប់យ៉ាងដែលសាតាំងធ្វើ គឺដើម្បីតែចំណង់ មហិច្ឆតា និងគោលបំណងរបស់វាផ្ទាល់ប៉ុណ្ណោះ។ វាប្រាថ្នាចង់ឱ្យបានពូកែលើសព្រះជាម្ចាស់ ឱ្យរួចផុតពីព្រះជាម្ចាស់ ឱ្យដណ្តើមយកបានការត្រួតត្រាលើរបស់សព្វសារពើដែលព្រះជាម្ចាស់បានបង្កើតមក។ សព្វថ្ងៃនេះ មនុស្សត្រូវបានសាតាំងធ្វើឱ្យពុករលួយដល់កម្រិតនេះហើយ៖ ពួកគេទាំងអស់គ្នាសុទ្ធតែមានធម្មជាតិបែបសាតាំង ពួកគេសុទ្ធតែព្យាយាមបដិសេធ និងប្រឆាំងទាស់នឹងព្រះជាម្ចាស់ ហើយពួកគេចង់គ្រប់គ្រងលើវាសនាខ្លួនឯង ហើយព្យាយាមប្រឆាំងទាស់នឹងការចាត់ចែង និងការរៀបចំរបស់ព្រះជាម្ចាស់។ មហិច្ឆតា និងចំណង់របស់ពួកគេ ដូចគ្នានឹងមហិច្ឆតា និងចំណង់របស់សាតាំងដែរ។ ដូច្នេះ ធម្មជាតិរបស់មនុស្ស គឺជាធម្មជាតិរបស់សាតាំង។ តាមពិត បាវចនា និងភាសិតល្អៗជាច្រើនរបស់មនុស្ស តំណាងឱ្យធម្មជាតិរបស់មនុស្ស និងឆ្លុះបញ្ចាំងពីសារជាតិនៃសេចក្តីពុករលួយរបស់ពួកគេ។ អ្វីដែលមនុស្សជ្រើសរើស គឺជាចំណង់ចំណូលចិត្តរបស់ពួកគេផ្ទាល់ ហើយទាំងអស់នោះសុទ្ធតែតំណាងឱ្យនិស្ស័យ និងការដេញតាមរបស់មនុស្សទាំងអស់។ សម្តីគ្រប់ម៉ាត់ដែលមនុស្សនិយាយ និងនៅក្នុងកិច្ចការគ្រប់យ៉ាងដែលពួកគេធ្វើ មិនថាក្លែងបន្លំបែបណានោះទេ ក៏មិនអាចបិទបាំងធម្មជាតិរបស់ពួកគេបានដែរ។ ឧទាហរណ៍ ជាទូទៅ ពួកផារិស៊ីតែងអធិប្បាយបានយ៉ាងល្អ ប៉ុន្តែនៅពេលដែលពួកគេបានឮសេចក្ដីអធិប្បាយ និងសេចក្ដីពិតដែលព្រះយេស៊ូវបានសម្តែងចេញមក ពួកគេមិនបានទទួលយកទេ តែបែរជាថ្កោលទោសសេចក្តីអធិប្បាយ និងសេចក្ដីពិតទាំងនោះទៅវិញ។ ចំណុចនេះបានលាតត្រដាងពីធម្មជាតិ និងសារជាតិរបស់ពួកផារិស៊ីដែលជិនឆ្អន់ និងស្អប់ខ្ពើមសេចក្ដីពិត។ មនុស្សខ្លះនិយាយបានល្អខ្លាំងណាស់ ហើយពូកែក្លែងបន្លំខ្លួនទៀតផង ប៉ុន្តែបន្ទាប់ពីអ្នកផ្សេងសេពគប់ជាមួយនឹងពួកគេបានមួយរយៈ អ្នកទាំងនោះក៏ដឹងថា ធម្មជាតិរបស់ពួកនេះមានល្បិចកលជ្រាលជ្រៅណាស់ ហើយក៏មិនស្មោះត្រង់ដែរ។ បន្ទាប់ពីសេពគប់ជាមួយពួកនេះបានមួយរយៈពេលធំ អ្នកទាំងនោះក៏បានស្គាល់ពីសារជាតិ និងធម្មជាតិរបស់ពួកគេ។ នៅទីបញ្ចប់ អ្នកទាំងនោះនឹងទាញសេចក្តីសន្និដ្ឋានដូចតទៅនេះថា៖ ពួកនេះមិនដែលនិយាយពាក្យពិតទេ ហើយជាមនុស្សបោកបញ្ឆោត។ ឃ្លានេះតំណាងឱ្យធម្មជាតិរបស់មនុស្សប្រភេទបែបនេះឯង ហើយវាគឺជាការបង្ហាញ និងជាភស្ដុតាងដ៏ល្អបំផុតអំពីធម្មជាតិ និងសារជាតិរបស់ពួកគេ។ ទស្សនវិជ្ជានៃការរស់នៅរបស់ពួកគេ គឺមិនត្រូវនិយាយការពិតប្រាប់នរណាម្នាក់ឡើយ ក៏មិនត្រូវទុកចិត្តនរណាម្នាក់ដែរ។ ធម្មជាតិបែបសាតាំងរបស់មនុស្ស មានពេញដោយទស្សនវិជ្ជា និងសារជាតិពិសពុលបែបសាតាំងជាច្រើន។ ពេលខ្លះ សូម្បីតែអ្នកខ្លួនឯងក៏មិនដឹង ក៏មិនយល់ពីទស្សនវិជ្ជាទាំងនោះដែរ។ ប៉ុន្តែទោះជាយ៉ាងណា ជីវិតរបស់អ្នកគ្រប់វិនាទី គឺផ្អែកលើទស្សនវិជ្ជាទាំងនេះ។ ជាងនេះទៅទៀត អ្នកគិតថា ទស្សនវិជ្ជាទាំងនេះ គឺត្រឹមត្រូវ និងសមហេតុផលណាស់ ហើយគ្មានកំហុសឆ្គងអ្វីទាល់តែសោះ។ ចំណុចនេះគ្រប់គ្រាន់នឹងបញ្ជាក់ថា ទស្សនវិជ្ជារបស់សាតាំង បានក្លាយជាធម្មជាតិរបស់មនុស្សរួចស្រេចទៅហើយ ហើយពួកគេកំពុងរស់នៅតាមទស្សនវិជ្ជានោះទាំងស្រុង ដោយគិតថា ការរស់នៅតាមរបៀបនេះ គឺជាការល្អ ហើយគ្មានសតិចង់ប្រែចិត្តបន្តិចណាសោះឡើយ។ ដូច្នេះហើយ ពួកគេបើកសម្ដែងនូវធម្មជាតិបែបសាតាំងរបស់ពួកគេឥតឈប់ ហើយពួកគេកំពុងតែបន្ដរស់នៅតាមទស្សនវិជ្ជាបែបសាតាំង។ ធម្មជាតិរបស់សាតាំង គឺជាជីវិតរបស់មនុស្សជាតិ ហើយវាជាធម្មជាតិ និងសារជាតិរបស់មនុស្សជាតិ។

(ដកស្រង់ពី «របៀបដើរតាមមាគ៌ារបស់ពេត្រុស» នៃសៀវភៅ «ព្រះបន្ទូល» ភាគ៣៖ ការថ្លែងព្រះបន្ទូលអំពីព្រះគ្រីស្ទនៃគ្រាចុងក្រោយ)

៣៦០. តើអ្នកយល់ដឹងពីធម្មជាតិរបស់មនុស្សដោយរបៀបណា? អ្វីដែលសំខាន់ជាងគេបំផុតគឺ ត្រូវមានការយល់ដឹងចេញពីទស្សនៈគតិលោករបស់មនុស្ស ទស្សនៈពីជីវិត និងគុណតម្លៃផ្សេងៗ។ អស់អ្នកដែលប្រព្រឹត្តអាក្រក់ ពេញមួយជីវិតរបស់ពួកគេ សុទ្ធតែធ្វើអ្វីៗសម្រាប់តែខ្លួនគេ។ ទស្សនៈ និងពាក្យសម្តីរបស់ពួកគេចេញមកពីសាតាំង ដូចជាគេនិយាយថា «មនុស្សគ្រប់រូបធ្វើអ្វីៗសម្រាប់ខ្លួនឯង ហើយទីបំផុតអារក្សយកទាំងអស់» «មនុស្សនឹងធ្វើគ្រប់យ៉ាង ដើម្បីភាពមានបាន» និងសេចក្តីខុសឆ្គងបែបនេះផ្សេងទៀត។ ពាក្យសម្តីទាងអស់នេះដែលបានថ្លែងឡើងដោយមេអារក្ស បុគ្គលអស្ចារ្យ និងទស្សនវិទូ បានក្លាយជារបៀបរស់នៅរបស់មនុស្ស។ ជាពិសេសនោះ ពាក្យសម្ដីភាគច្រើនរបស់ខុងជឺ ដែលត្រូវបានជនជាតិចិនចាត់ទុកជា «អ្នកប្រាជ្ញ» បានក្លាយជាជីវិតរបស់មនុស្ស។ ក៏មានសុភាសិតល្បីល្បាញពីអ្នកជឿខាងពុទ្ធសាសនា និងសាសនាតាវ និងពាក្យភាសិតបុរាណនិយាយពីបុគ្គលមួយចំនួនដែរ។ សេចក្តីទាំងអស់នេះ គឺជាសេចក្តីសង្ខេបនៃទស្សនៈវិជ្ជា និងធម្មជាតិរបស់សាតាំង។ ទាំងនេះក៏ជាការបង្ហាញ និងសេចក្ដីពន្យល់ដ៏ល្អបំផុតអំពីធម្មជាតិរបស់សាតាំងដែរ។ សារជាតិពិសពុលដែលត្រូវបានចាក់បញ្ចូលទៅក្នុងដួងចិត្តរបស់មនុស្សទាំងនេះ គឺសុទ្ធតែមកពីសាតាំង និងមិនមកពីព្រះជាម្ចាស់សូម្បីតែបន្តិចឡើយ។ ពាក្យសម្តីអស់ទាំងនោះ ក៏ជាអ្វីមួយដែលប្រឆាំងទាស់នឹងព្រះបន្ទូលរបស់ព្រះជាម្ចាស់ដោយផ្ទាល់ដែរ។ វាជាការពិតជាក់ច្បាស់ខ្លាំងណាស់ ដែលភាពពិតនៃគ្រប់អ្វីៗដែលវិជ្ជមានទាំងអស់ សុទ្ធតែចេញមកពីព្រះជាម្ចាស់ ហើយរាល់សេចក្ដីអវិជ្ជមានដែលបំពុលមនុស្ស គឺមកពីសាតាំង។ ហេតុដូចនេះ អ្នកអាចស្ទង់មើលពីធម្មជាតិរបស់បុគ្គលណាម្នាក់ និងមើលថាតើពួកគេស្ថិតនៅក្រោមឥទ្ធិពលរបស់នរណា តាមរយៈការពិនិត្យមើលទស្សនៈជីវិត និងគុណតម្លៃរបស់ពួកគេ។ សាតាំងធ្វើឱ្យមនុស្សពុករលួយតាមរយៈការអប់រំ និងឥទ្ធិពលនៃរដ្ឋាភិបាលថ្នាក់ជាតិ មនុស្សល្បីល្បាញ និងមនុស្សអស្ចារ្យ។ ពាក្យសម្តីស្មោកគ្រោករបស់ពួកគេ បានក្លាយទៅជាជីវិត និងធម្មជាតិរបស់មនុស្ស។ «មនុស្សគ្រប់រូបធ្វើអ្វីៗសម្រាប់ខ្លួនឯង ហើយទីបំផុតអារក្សយកទាំងអស់»។ ជាឃ្លាមួយដ៏ល្បីរបស់សាតាំងដែលត្រូវបានបញ្ចូលទៅក្នុងគ្រប់គ្នា ហើយវាក្លាយជាជីវិតរស់នៅរបស់មនុស្ស។ មានពាក្យផ្សេងទៀតនិយាយពីជីវិតរស់នៅរបស់អ្នកទស្សនៈវិទូផ្សេងៗ ដែលមានលក្ខណៈបែបដូច្នេះដែរ។ សាតាំងប្រើប្រាស់ទំនៀមទំលាប់វប្បធម៌បុរាណ មកអប់រំមនុស្ស បោកប្រាស់ និងធ្វើឱ្យមនុស្សពុករលួយ បណ្តាលឱ្យមនុស្សជាតិធ្លាក់់ចុះ ហើយហ៊ុំព័ទ្ធដោយរណ្ដៅនៃសេចក្តីហិនវិនាស ហើយនៅទីបំផុត គេនឹងត្រូវបានបំផ្លាញដោយព្រះជាម្ចាស់ ព្រោះតែពួកគេបម្រើសាតាំង ហើយតតាំងនឹងព្រះជាម្ចាស់។ អ្នកខ្លះបានបម្រើការជាមន្ត្រីសាធារណៈនៅក្នុងសង្គមអស់រយៈពេលរាប់ទសវត្សរ៍។ សាកស្រមៃមើល តាមរយៈការសាកសួរពួកគេនូវសំណួរនេះ៖ «អ្នកធ្វើបានល្អណាស់ក្នុងសមត្ថភាពនេះ តើពាក្យភាសិតសំខាន់ណាខ្លះដែលអ្នករស់នៅតាម?» ពួកគេអាចនិយាយថា «រឿងមួយដែលខ្ញុំយល់គឺថា 'មន្រ្តីមិនបង្កការលំបាកដល់អ្នកដែលឱ្យអំណោយទេ ហើយអ្នកដែលមិនចេះនិយាយបញ្ជោ ក៏មិនសម្រេចបានអ្វីដែរ'»។ នេះគឺជាទស្សនវិជ្ជាបែបសាតាំង ដែលពួកគេយកជាគោល ដើម្បីអាជីពរបស់ពួកគេ។ តើពាក្យទាំងនេះមិនមែនជាការតំណាងឱ្យធម្មជាតិរបស់បុគ្គលបែបនេះទេឬអី? ការប្រើមធ្យោបាយណាមួយ ដើម្បីទទួលបានតំណែង បានក្លាយជាធម្មជាតិរបស់ពួកគេទៅហើយ ការិយាធិបតេយ្យ និងជោគជ័យក្នុងអាជីពជាគោលដៅរបស់ពួកគេ។ នៅមានសារជាតិពិសពុលបែបសាតាំងជាច្រើនទៀតនៅក្នុងជីវិត ការប្រព្រឹត្ត និងឥរិយាបថរបស់មនុស្ស។ ជាឧទាហរណ៍ ទស្សនវិជ្ជាសម្រាប់ជីវិតរស់នៅ របៀបដែលពួកគេធ្វើកិច្ចការ សុភាសិតដែលនៅក្នុងជីវិតរបស់ពួកគេទាំងអស់ត្រូវបានបំពុលពេញដោយសារជាតិពិសពុលរបស់នាគដ៏ធំមានសម្បុរក្រហម ហើយសេចក្តីទាំងអស់នេះចេញមកពីសាតាំង។ ហេតុដូចនេះ អ្វីៗដែលហូរកាត់ឆ្អឹង និងឈាមរបស់មនុស្ស គឺចេញមកពីសាតាំងទាំងអស់។ មន្រ្តីដែលកាន់ការទាំងអស់ អ្នកដែលក្តោបក្តាប់អំណាច ហើយនិងអ្នកដែលដែលបំពេញកិច្ចការជាច្រើន មាននូវមាគ៌ា និងអាថ៌កំបាំងរៀងៗខ្លួន ពីភាពជោគជ័យរបស់ពួកគេ។ តើអាថ៌កំបាំងទាំងនោះមិនមែនជាតំណាងយ៉ាងឥតខ្ចោះ ដែលតំណាងឱ្យជីវិតរបស់ពួកគេទេឬ? ពួកគេបានធ្វើកិច្ចការធំៗជាច្រើននៅលើផែនដីនេះ ហើយគ្មាននរណាម្នាក់អាចមើលឃើញពីគ្រោងការណ៍ និងល្បិចកល្បទុច្ចរិតរបស់ពួកគេ ដែលនៅខាងក្រោយទាល់តែសោះ។ នេះបង្ហាញពីរបៀបដែលគេប្រើកលល្បិច និងភាពពិសពុលនៃសារជាតិរបស់ពួកគេថា វាយ៉ាងណា។ មនុស្សជាតិត្រូវបានធ្វើឱ្យពុករលួយយ៉ាងសម្បើមពីសំណាក់សាតាំង។ ភាពពិសពុលរបស់សាតាំងត្រូវបានបង្ហូរចេញមកតាមរយៈឈាមនៃបុគ្គលគ្រប់គ្នា ដែលយើងអាចនិយាយបានថា ធម្មជាតិរបស់មនុស្ស គឺពុករលួយ អាក្រក់ ប្រឆាំង ហើយទាស់ទទឹងនឹងព្រះជាម្ចាស់ ត្រូវបានបំពេញ និងជ្រួតជ្រាបនៅក្នុងទស្សនវិជ្ជា និងសារជាតិពិសពុលរបស់សាតាំង។ វាបានក្លាយជាធម្មជាតិ និងសារជាតិរបស់សាតាំងទាំងស្រុង។ នេះហើយជាមូលហេតុដែលមនុស្សបដិសេដ ហើយប្រឆាំងទាស់នឹងព្រះជាម្ចាស់ទៅវិញ។ ប្រសិនបើពិនិត្យមើលធម្មជាតិរបស់ពួកគេបែបនេះ នោះមនុស្សអាចស្គាល់ពីខ្លួនឯងបានយ៉ាងងាយស្រួល។

(ដកស្រង់ពី «របៀបស្គាល់ពីធម្មជាតិរបស់មនុស្ស» នៃសៀវភៅ «ព្រះបន្ទូល» ភាគ៣៖ ការថ្លែងព្រះបន្ទូលអំពីព្រះគ្រីស្ទនៃគ្រាចុងក្រោយ)

៣៦១. តើអ្នកត្រូវធ្វើដូចម្ដេច ដើម្បីយល់ពីធម្មជាតិរបស់មនុស្ស? ការយល់ដឹងពីធម្មជាតិរបស់អ្នក តាមពិតមានន័យថាជាការពិនិត្យពិច័យមើលអ្វីៗដែលកប់ជ្រៅក្នុងព្រលឹងរបស់អ្នក ពោលគឺជាអ្វីៗនៅក្នុងជីវិតអ្នក ព្រមទាំងរាល់តក្កៈ និងទស្សនវិជ្ជារបស់សាតាំងដែលអ្នកបានរស់នៅតាម ជាជីវិតរបស់សាតាំងដែលអ្នកបានរស់នៅតាម។ មានតែតាមរយៈការរកឃើញរឿងរ៉ាវដ៏ជ្រៅនានានៃព្រលឹងរបស់អ្នកទេ ទើបអ្នកអាចយល់ពីធម្មជាតិរបស់អ្នកបាន។ តើការទាំងអស់នេះអាចត្រូវបានរកឃើញដោយរបៀបណា? ទាំងអស់នេះមិនអាចរកឃើញ ឬស្វែងយល់តាមរយៈរឿងរ៉ាវមួយពីរឡើយ។ មានពេលជាច្រើនដង ក្រោយពេលដែលអ្នកធ្វើរឿងអ្វីមួយចប់ អ្នកនៅតែមិនទាន់មានការយល់ដឹងនៅឡើយ។ វាអាចត្រូវការពេលបីឬប្រាំឆ្នាំ មុនពេលអ្នកអាចមានចំណេះដឹង ឬការយល់ដឹងបានបន្ដិច។ ដូច្នេះ នៅក្នុងស្ថានភាពជាច្រើន អ្នកត្រូវតែឆ្លុះបញ្ចាំងពីខ្លួនឯង និងស្គាល់ខ្លួនឯង។ អ្នកត្រូវតែជីកឱ្យជ្រៅ និងពិនិត្យមើលខ្លួនឯង ដោយផ្អែកលើព្រះបន្ទូលព្រះជាម្ចាស់ ដើម្បីសម្រេចបានលទ្ធផលណាមួយ។ នៅពេលដែលការយល់ដឹងរបស់អ្នកអំពីសេចក្ដីពិតកាន់តែរីកចម្រើនខ្លាំងឡើងៗ នោះអ្នកនឹងស្គាល់ពីសារជាតិនៃធម្មជាតិរបស់ខ្លួនឯងបន្ដិចម្ដងៗ តាមរយៈការឆ្លុះបញ្ចាំងអំពីខ្លួនឯង និងការស្គាល់ខ្លួនឯង។

ដើម្បីដឹងពីធម្មជាតិរបស់ខ្លួន អ្នកត្រូវតែទទួលបានការយល់ដឹងអំពីធម្មជាតិនោះ តាមរយៈកិច្ចការពីរបីយ៉ាង។ ទីមួយ អ្នកត្រូវតែមានការយល់ដឹងច្បាស់លាស់មួយអំពីអ្វីដែលអ្នកចូលចិត្ត។ នេះមិនសំដៅទៅលើអ្វីដែលអ្នកចូលចិត្តញ៉ាំ ឬស្លៀកពាក់នោះទេ ផ្ទុយទៅវិញវាមានន័យថាប្រភេទនៃអ្វីៗដែលអ្នករីករាយ អ្វីៗដែលអ្នកច្រណែនឈ្នានីស អ្វីៗដែលអ្នកថ្វាយបង្គំ អ្វីៗដែលអ្នកស្វែងរក និងអ្វីៗដែលអ្នកយកចិត្ដទុកដាក់នៅក្នុងដួងចិត្តរបស់អ្នក ប្រភេទនៃមនុស្សដែលអ្នកចូលចិត្តទាក់ទងជាមួយ ប្រភេទនៃកិច្ចការដែលអ្នកចូលចិត្តធ្វើ និងប្រភេទមនុស្សដែលអ្នកកោតសរសើរ និងស្រឡាញ់ងប់នៅក្នុងដួងចិត្តរបស់អ្នក។ ឧទាហរណ៍ មនុស្សជាច្រើនចូលចិត្តមនុស្សដែលមានឋានៈខ្ពង់ខ្ពស់ ជាមនុស្សដែលមានពាក្យសម្ដី និងឫកពាថ្លៃថ្នូរ ឬក៏ចូលចិត្តអស់អ្នកដែលពូកែនិយាយបញ្ជោរ ឬអស់អ្នកដែលធ្វើសកម្មភាព។ អ្វីដែលបានរៀបរាប់ខាងលើគឺនិយាយអំពីប្រភេទមនុស្សដែលពួកគេចូលចិត្តប្រាស្រ័យទាក់ទងជាមួយ។ ចំពោះអ្វីដែលមនុស្សរីករាយជាមួយ រួមបញ្ចូលទាំងការមានឆន្ទៈធ្វើកិច្ចការជាក់លាក់ដែលងាយស្រួលធ្វើ រីករាយក្នុងការធ្វើកិច្ចការដែលអ្នកដទៃគិតថាល្អ និងធ្វើឱ្យមនុស្សច្រៀងសរសើរ ព្រមទាំងផ្ដល់ការកោតសរសើរ។ នៅក្នុងធម្មជាតិរបស់មនុស្ស គឺមានលក្ខណៈទូទៅមួយអំពីអ្វីដែលពួកគេចូលចិត្ត។ មានន័យថាពួកគេចូលចិត្តមនុស្ស ព្រឹត្តិការណ៍ និងអ្វីៗដែលអ្នកដទៃច្រណែនឈ្នានីសដោយសារតែអាការខាងក្រៅ ហើយពួកគេចូលចិត្តមនុស្ស ព្រឹត្តិការណ៍ និងអ្វីៗដែលមើលទៅស្រស់ស្អាតខ្លាំង និងល្អប្រណីត ហើយពួកគេចូលចិត្តមនុស្ស ព្រឹត្តិការណ៍ និងអ្វីៗដែលធ្វើឱ្យអ្នកដទៃគោរពពួកគេ។ អ្វីៗទាំងអស់ដែលមនុស្សចូលចិត្ដ គឺអស្ចារ្យ ភ្លឺរលោង ឆើតឆាយ និងសម្បើម។ មនុស្សទាំងអស់សុទ្ធតែថ្វាយបង្គំរបស់ទាំងអស់នេះ។ គេអាចមើលឃើញថា មនុស្សមិនមានសេចក្ដីពិតណាមួយឡើយ ហើយពួកគេក៏មិនមានលលក្ខណៈដូចមនុស្សពិតប្រាកដដែរ។ មិនមានសារៈសំខាន់សូម្បីតែបន្ដិចនៅក្នុងការថ្វាយបង្គំរបស់ទាំងអស់នេះ ប៉ុន្ដែមនុស្សនៅតែចូលចិត្តវា។ រឿងដែលមនុស្សចូលចិត្តទាំងនេះ ហាក់ដូចជាល្អពិសេសចំពោះពួកអ្នកដែលមិនជឿលើព្រះជាម្ចាស់ ហើយជាពិសេសវាជាអ្វីទាំងអស់ដែលមនុស្សមានឆន្ទៈដេញតាម។ ... អ្វីដែលមនុស្សដេញតាម និងប្រាថ្នាចង់បានគឺជាកម្មសិទ្ធិរបស់លោកិយ វត្ថុទាំងនេះជារបស់សាតាំង និងអារក្ស ព្រះជាម្ចាស់ស្អប់ខ្ពើមអ្វីៗទាំងនោះ ហើយអ្វីទាំងនោះគ្មានសេចក្ដីពិតអ្វីឡើយ។ អ្វីដែលមនុស្សមានទំនោរចង់បាន ជួយបើកបង្ហាញពីធម្មជាតិ និងសារជាតិរបស់ពួកគេ។ ចំណង់ចំណូលចិត្តរបស់មនុស្ស គេអាចមើលឃើញតាមរបៀបដែលពួកគេស្លៀកពាក់៖ អ្នកខ្លះចង់ស្លៀកសម្លៀកបំពាក់ចម្រុះពណ៌ដែលទាក់ទាញចំណាប់អារម្មណ៍ ឬសម្លៀកបំពាក់ប្លែកៗ។ ពួកគេព្រមពាក់គ្រឿងលម្អដែលគ្មាននរណាម្នាក់ធ្លាប់ពាក់ពីមុនមក ហើយពួកគេចូលចិត្តអ្វីៗដែលអាចទាក់ទាញអ្នកដែលមានភេទផ្ទុយពីខ្លួន។ ការដែលពួកគេស្លៀកសម្លៀកបំពាក់ និងគ្រឿងលម្អទាំងនេះ វាបង្ហាញពីចំណង់ចំណូលចិត្តដែលពួកគេមានចំពោះអ្វីៗទាំងនេះនៅក្នុងជីវិតរបស់ពួកគេ ហើយនិងនៅក្នុងជម្រៅដួងចិត្តរបស់ពួកគេ។ អ្វីៗដែលពួកគេចូលចិត្ត គឺមិនថ្លៃថ្នូរ ឬសមរម្យនោះទេ។ ពួកវាមិនមែនជាអ្វីៗដែលមនុស្សធម្មតាគួរតែដេញតាមឡើយ។ នៅក្នុងការស្រឡាញ់របស់ពួកគេចំពោះរបស់ទាំងនោះ មានបង្កប់នូវសេចក្តីទុច្ចរិត។ ទស្សនៈរបស់ពួកគេ គឺដូចគ្នាបេះបិទនឹងមនុស្សលោកិយដែរ។ បុគ្គលម្នាក់មិនអាចមើលឃើញផ្នែកណាមួយនៃចំណុចនេះ ដែលត្រូវគ្នានឹងសេចក្ដីពិតឡើយ។ ដូច្នេះហើយ អ្វីដែលអ្នកចូលចិត្ត អ្វីដែលអ្នកផ្ដោតលើ អ្វីដែលអ្នកថ្វាយបង្គំ អ្វីដែលអ្នកច្រណែនឈ្នានីស និងអ្វីដែលអ្នកគិតនៅក្នុងដួងចិត្តរបស់អ្នករៀងរាល់ថ្ងៃ គឺសុទ្ធតែតំណាងឱ្យធម្មជាតិរបស់អ្នក។ ការប្រកាន់យករបស់អ្នកចំពោះរឿងរ៉ាវខាងលោកិយទាំងនេះ គឺគ្រប់គ្រាន់នឹងបញ្ជាក់បានថា ធម្មជាតិរបស់អ្នកគឺចូលចិត្តអំពើទុច្ចរិត ហើយក្នុងស្ថានភាពធ្ងន់ធ្ងរ ធម្មជាតិរបស់អ្នកគឺអាក្រក់ និងមិនអាចព្យាបាលបានទេ។ អ្នកគួរតែពិនិត្យមើលធម្មជាតិរបស់អ្នកតាមវិធីនេះ៖ ត្រួតពិនិត្យមើលអ្វីដែលអ្នកចូលចិត្ត និងអ្វីដែលអ្នកបោះបង់ចោលនៅក្នុងជីវិតរបស់អ្នក។ អ្នកប្រហែលជាធ្វើល្អសម្រាប់អ្នកណាម្នាក់ក្នុងពេលណាមួយ ប៉ុន្ដែនេះមិនមែនបញ្ជាក់ថាអ្នកចូលចិត្តពួកគេនោះទេ។ អ្វីដែលអ្នកពិតជាពេញចិត្តបំផុតនោះគឺអ្វីដែលនៅក្នុងធម្មជាតិរបស់អ្នក ហើយទោះបីជាឆ្អឹងរបស់អ្នកបាក់ក៏ដោយ ក៏អ្នកនៅតែរីករាយជាមួយវា និងមិនអាចបោះបង់វាចោលឡើយ។ ការនេះគឺមិនងាយផ្លាស់ប្ដូរឡើយ។

(ដកស្រង់ពី «អ្វីដែលគួរដឹងអំពីការបំផ្លាស់បំប្រែនិស្ស័យរបស់បុគ្គលម្នាក់» នៃសៀវភៅ «ព្រះបន្ទូល» ភាគ៣៖ ការថ្លែងព្រះបន្ទូលអំពីព្រះគ្រីស្ទនៃគ្រាចុងក្រោយ)

៣៦២. គន្លឹះដើម្បីសម្រេចបានការផ្លាស់ប្ដូរខាងឯនិស្ស័យ គឺត្រូវស្គាល់ពីធម្មជាតិរបស់ខ្លួនឯង ហើយការនេះត្រូវតែកើតឡើងស្របតាមការបើកសម្ដែងមកពីព្រះជាម្ចាស់។ មានតែនៅក្នុងព្រះបន្ទូលរបស់ព្រះជាម្ចាស់ប៉ុណ្ណោះ ដែលបុគ្គលម្នាក់អាចស្គាល់ពីធម្មជាតិដ៏គួរឱ្យស្អប់របស់ខ្លួន ទទួលស្គាល់ថាមានថ្នាំពុលផ្សេងៗរបស់សាតាំងនៅក្នុងធម្មជាតិរបស់ខ្លួន ទទួលស្គាល់ថាខ្លួនជាមនុស្សល្ងីល្ងើ ហើយល្ងង់ខ្លៅ និងទទួលស្គាល់ធាតុដែលទន់ខ្សោយ និងអវិជ្ជមាននៅក្នុងធម្មជាតិរបស់ខ្លួន។ ក្រោយពេលដែលបានស្គាល់ចំណុចទាំងអស់នេះច្បាស់លាស់ ហើយអ្នកពិតជាអាចស្អប់ខ្លួនឯង និងលះបង់ចោលសាច់ឈាម អនុវត្តព្រះបន្ទូលរបស់ព្រះជាម្ចាស់យ៉ាងជាប់លាប់ បន្តដេញតាមសេចក្ដីពិតយ៉ាងជាប់លាប់ពេលបំពេញភារកិច្ចរបស់អ្នក សម្រេចបាននូវការផ្លាស់ប្ដូរក្នុងនិស្ស័យរបស់អ្នក ហើយក្លាយជាមនុស្សម្នាក់ដែលស្រឡាញ់ព្រះជាម្ចាស់យ៉ាងពិតប្រាកដ នោះអ្នកនឹងបានដើរលើមាគ៌ារបស់ពេត្រុស។ បើគ្មានព្រះគុណរបស់ព្រះជាម្ចាស់ ហើយបើគ្មានការបំភ្លឺ និងការណែនាំមកពីព្រះវិញ្ញាណបរិសុទ្ធទេ នោះវានឹងពិបាកដើរលើមាគ៌ានេះណាស់ ពីព្រោះមនុស្សមិនមានសេចក្ដីពិត និងមិនអាចក្បត់ខ្លួនឯងបាន។ ការដើរលើមាគ៌ានៃភាពគ្រប់លក្ខណ៍របស់ពេត្រុសពឹងផ្អែកទៅលើការតាំងចិត្ត ការមានសេចក្ដីជំនឿ និងការពឹងពាក់លើព្រះជាម្ចាស់។ លើសពីនេះទៅទៀត បុគ្គលម្នាក់ត្រូវតែចុះចូលចំពោះកិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធ ពោលគឺក្នុងគ្រប់កិច្ចការទាំងអស់ គេមិនអាចធ្វើវាដោយគ្មានព្រះបន្ទូលរបស់ព្រះជាម្ចាស់បានឡើយ។ ទាំងនេះគឺជាទិដ្ឋភាពសំខាន់ៗ គ្មានទិដ្ឋភាពណាមួយដែលអាចបំពានបានឡើយ។ ការព្យាយាមស្គាល់ខ្លួនឯងតាមរយៈបទពិសោធន៍ គឺពិបាកខ្លាំងណាស់ ហើយបើគ្មានកិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធទេ គឺវាអសារឥតការ។ ដើម្បីដើរលើមាគ៌របស់ពេត្រុស បុគ្គលម្នាក់ត្រូវតែផ្ចង់អារម្មណ៍លើការស្គាល់ខ្លួនឯង និងការបំផ្លាស់បំប្រែនិស្ស័យរបស់ខ្លួនឯង។

(ដកស្រង់ពី «ផ្នែកទី៣» នៃសៀវភៅ «ព្រះបន្ទូល» ភាគ៣៖ ការថ្លែងព្រះបន្ទូលអំពីព្រះគ្រីស្ទនៃគ្រាចុងក្រោយ)

៣៦៣. នៅក្នុងន័យម្យ៉ាង ក្នុងអំឡុងពេលនៃការល្បងលរបស់ព្រះជាម្ចាស់ មនុស្សចាប់ផ្ដើមដឹងអំពីសេចក្តីកម្សោយរបស់ខ្លួន និងមើលឃើញថា គេជាមនុស្សមិនសំខាន់ គួរឱ្យស្អប់ខ្ពើម និងទន់ទាប និងមើលឃើញទៀតថា គេមិនមានអ្វី គឺគ្មានអ្វីសោះតែម្ដង។ នៅក្នុងន័យម្យ៉ាងទៀត ក្នុងអំឡុងពេលនៃការល្បងលរបស់ទ្រង់ ព្រះជាម្ចាស់បង្កើតនូវបរិយាកាសខុសៗគ្នាសម្រាប់មនុស្ស ដើម្បីឱ្យគេកាន់តែអាចមានបទពិសោធអំពីភាពគួរឱ្យស្រឡាញ់របស់ព្រះជាម្ចាស់។ ទោះបីជាការឈឺចាប់មានកម្រិតខ្លាំង ហើយពេលខ្លះ ពុំអាចជម្នះបាន ឬអាចដល់កម្រិតនៃភាពតានតឹងចិត្តខ្លាំងចេញពីការល្បងលនោះក៏ដោយ ក៏មនុស្សមើលឃើញពីភាពគួរឱ្យស្រឡាញ់នៃកិច្ចការរបស់ព្រះជាម្ចាស់នៅក្នុងមនុស្សដែរ ហើយមានតែតាមរយៈការឈរលើគ្រឹះនេះទេ ទើបមនុស្សកើតមានចិត្តស្រឡាញ់ដ៏ពិតប្រាកដចំពោះព្រះជាម្ចាស់។ សព្វថ្ងៃនេះ មនុស្សមើលឃើញថា ដោយមានព្រះគុណ សេចក្តីស្រឡាញ់ និងសេចក្តីមេត្តាករុណារបស់ព្រះជាម្ចាស់តែម្យ៉ាង គេគ្មានសមត្ថភាពស្គាល់ខ្លួនឯងយ៉ាងពិតប្រាកដ ហើយក៏មិនអាចស្គាល់ពីលក្ខណៈរបស់មនុស្សដែរ។ មានតែតាមរយៈការបន្សុទ្ធ និងការជំនុំជម្រះរបស់ព្រះជាម្ចាស់ ព្រមទាំងស្ថិតក្នុងអំឡុងពេលនៃដំណើរការបន្ទុទ្សដោយផ្ទាល់ទេ ទើបមនុស្សអាចដឹងអំពីសេចក្តីកម្សោយរបស់ខ្លួន ហើយដឹងទៀតថា គេគ្មានអ្វីសោះឡើយ។

(ដកស្រង់ពី «មានតែតាមរយៈការឆ្លងកាត់ការល្បងលដ៏ឈឺចាប់ទេ ទើបអ្នកអាចដឹងអំពីភាពគួរឱ្យស្រឡាញ់របស់ព្រះជាម្ចាស់» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)

៣៦៤. គន្លឹះសំខាន់ចំពោះការឆ្លុះបញ្ចាំងពីខ្លួនឯង និងការស្គាល់ខ្លួនឯងគឺយ៉ាងនេះ៖ កាលណាអ្នកកាន់តែមានអារម្មណ៍ថាខ្លួនបានធ្វើការបានល្អនៅក្នុងផ្នែកជាក់លាក់ណាមួយ ឬបានធ្វើរឿងត្រឹមត្រូវ ហើយកាលណាអ្នកកាន់តែគិតថាខ្លួនអាចបំពេញតាមបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ ឬអាចអួតអាងក្នុងផ្នែកជាក់លាក់មួយចំនួន នោះវាកាន់តែមានតម្លៃសម្រាប់អ្នកក្នុងការស្គាល់ខ្លួនឯងនៅក្នុងផ្នែកទាំងនោះ និងកាន់តែមានតម្លៃឱ្យអ្នកជីកកកាយកាន់តែជ្រៅចូលក្នុងផ្នែកទាំងនោះ ដើម្បីមើលឃើញថាតើមានភាពមិនបរិសុទ្ធអ្វីខ្លះនៅក្នុងអ្នក ក៏ដូចជាអ្វីខ្លះដែលអ្នកមិនអាចបំពេញតាមបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់។ ចូរយើងយកប៉ុលធ្វើជាឧទាហរណ៍។ ប៉ុលមានចំណេះដឹងច្រើនណាស់ ហើយគាត់បានរងទុក្ខជាច្រើននៅក្នុងកិច្ចការបង្រៀនរបស់គាត់។ គាត់ក៏ត្រូវាបានគេស្រលាញ់ពេញចិត្តច្រើនណាស់ដែរ។ ជាលទ្ធផល ក្រោយពេលបំពេញកិច្ចការជាច្រើនចប់ គាត់សន្និដ្ឋានថានឹងមានមកុដដែលនឹងត្រៀមទុកសម្រាប់គាត់។ ការនេះបណ្ដាលឱ្យគាត់កាន់តែធ្លាក់ឆ្ងាយទៅៗចូលក្នុងផ្លូវខុសឆ្គង រហូតដល់ចុងក្រោយលោកត្រូវព្រះជាម្ចាស់ដាក់ទោស។ ក្នុងពេលនោះ ប្រសិនបើគាត់មានការឆ្លុះបញ្ចាំងពីខ្លួនឯង និងពិនិត្យខ្លួនឯង នោះគាត់នឹងមិនគិតបែបនោះឡើយ។ ម្យ៉ាងទៀត ប៉ុលមិនបានផ្ដោតលើការស្វែងរកសេចក្ដីពិតនៅក្នុងព្រះបន្ទូលរបស់ព្រះអម្ចាស់យេស៊ូវទេ។ គាត់មានតែជឿលើសញ្ញាណ និងការស្រមៃឃើញរបស់ខ្លួនឯងប៉ុណ្ណោះ។ គាត់បានគិតថា ឱ្យតែគាត់ធ្វើរឿងល្អខ្លះ ហើយបង្ហាញអាកប្បកិរិយាល្អខ្លះ គាត់នឹងទទួលបានការសរសើរ និងរង្វាន់ពីព្រះជាម្ចាស់។ នៅទីបញ្ចប់ សញ្ញាណ និងការស្រមើស្រមៃរបស់គាត់បានបិទបាំងស្មារតីរបស់គាត់ ហើយបិទបាំងការពិតនៃសេចក្តីពុករលួយរបស់គាត់។ ប៉ុន្ដែ មនុស្សមិនអាចដឹងពីការនេះឡើយ ពួកគេមិនមានចំណេះដឹងអំពីការទាំងនេះឡើយ ហើយដូច្នេះ មុនព្រះជាម្ចាស់បើកបង្ហាញអំពីការនេះ ពួកគេនៅតែកំណត់ថាប៉ុលជាបទដ្ឋានមួយដែលត្រូវឈោងចាប់ឱ្យបានជានិច្ច ជាគំរូមួយដែលពួកគេរស់នៅតាម និងចាត់ទុកគាត់ជាម្នាក់ដែលពួកគេចង់បានដូច និងទុកជាគោលបំណងនៃការតាមរករបស់ពួកគេ ហើយជានិមិត្តរូបនៃការដេញតាមរបស់ពួកគេ។ ករណីរបស់ប៉ុល គឺជាការព្រមានទៅដល់រាស្ដ្ររើសតាំងរបស់ព្រះជាម្ចាស់គ្រប់រូប។ ជាពិសេស នៅពេលដែលអ្នកដើរតាមព្រះជាម្ចាស់ដូចជាពួកយើងនេះ អាចរងទុក្ខនិងលះបង់តម្លៃនៅក្នុងភារកិច្ចរបស់យើងបាន ហើយនៅពេលដែលយើងបម្រើព្រះជាម្ចាស់ យើងមានអារម្មណ៍ថា យើងស្មោះត្រង់និងស្រឡាញ់ព្រះជាម្ចាស់ ដូច្នេះ នៅក្នុងពេលវេលាបែបនេះហើយ ដែលយើងគួរតែឆ្លុះបញ្ចាំងពីខ្លួនឯង និងយល់ពីខ្លួនឯងឱ្យបានកាន់តែច្រើន ពាក់ព័ន្ធនឹងផ្លូវដែលយើងកំពុងដើរ ដែលចំណុចនេះ ចាំបាច់ខ្លាំងណាស់។ នេះគឺដោយសារតែបើអ្នកគិតថារឿងអ្វីមួយល្អហើយ នោះអ្នកនឹងកំណត់ថារឿងនោះត្រឹមត្រូវមិនខាន ហើយអ្នកនឹងគ្មានការសង្ស័យ មិនបានឆ្លុះបញ្ចាំង ឬវិភាគថាតើនៅក្នុងរឿងនោះមានអ្វីដែលទាស់ទទឹងនឹងព្រះជាម្ចាស់ឬអត់នោះទេ។ ឧទាហរណ៍ មានមនុស្សដែលជឿថាខ្លួនឯងជាមនុស្សចិត្តល្អខ្លាំងណាស់។ ពួកគេមិនដែលស្អប់ ឬបង្កគ្រោះថ្នាក់ដល់អ្នកដទៃទេ ហើយពួកគេតែងតែជួយបងប្អូនប្រុសស្រីដែលគ្រួសាររបស់គេកំពុងតែត្រូវការជំនួយ ដោយបារម្ភថា បញ្ហារបស់បងប្អូនប្រុសស្រីនឹងមិនត្រូវបានដោះស្រាយ។ ពួកគេមានសុឆន្ទៈដ៏ធំធេង ហើយធ្វើគ្រប់យ៉ាងអស់ពីថាមពលរបស់ពួកគេ ដើម្បីជួយគ្រប់គ្នាតាមតែពួកគេអាចធ្វើបាន។ ប៉ុន្តែ ពួកគេមិនដែលផ្តោតលើការអនុវត្តសេចក្តីពិតទេ ហើយពួកគេក៏គ្មានច្រកចូលទៅក្នុងជីវិតដែរ។ តើអ្វីគឺជាលទ្ធផលនៃការជួយបែបនេះ? ពួកគេទុកជីវិតខ្លួនឯងមួយឡែក ប៉ុន្តែពេញចិត្តជាមួយខ្លួនឯង ហើយពេញចិត្តយ៉ាងខ្លាំងចំពោះគ្រប់យ៉ាងដែលពួកគេបានធ្វើ។ ជាងនេះទៅទៀត ពួកគេមានមោទនភាពជាខ្លាំងនៅក្នុងអ្វីៗដែលពួកគេបានធ្វើ ដោយជឿថា នៅក្នុងគ្រប់កិច្ចការដែលពួកគេបានធ្វើ គ្មានអ្វីមួយដែលប្រឆាំងនឹងសេចក្តីពិតឡើយ និងថាគ្រប់យ៉ាងដែលពួកគេបានធ្វើ គឺពិតជាគ្រប់គ្រាន់សម្រាប់បំពេញតាមបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ ហើយជឿថា ពួកគេគឺជាអ្នកជឿលើព្រះជាម្ចាស់ពិតប្រាកដ។ ពួកគេមើលឃើញចិត្តសប្បុរសពីធម្មជាតិរបស់ពួកគេ គឺជាអ្វីមួយដែលអាចឆ្លៀតយកប្រយោជន៍បាន ហើយនៅពេលដែលពួកគេធ្វើបែបនេះ នោះពួកគេច្បាស់ជាមើលឃើញវាថាជាសេចក្ដីពិតមិនខាន។ តាមការពិត គ្រប់យ៉ាងដែលពួកគេធ្វើ គឺជាទង្វើល្អរបស់មនុស្ស។ ពួកគេមិនអនុវត្តសេចក្ដីពិតទាល់តែសោះ ដ្បិតពួកគេធ្វើការនេះនៅចំពោះមុខមនុស្ស មិនមែននៅចំពោះព្រះភ័ក្ត្ររបស់ព្រះជាម្ចាស់ទេ ហើយពួកគេកាន់តែមិនអនុវត្តដោយផ្អែកលើសេចក្ដីតម្រូវ និងសេចក្ដីពិតរបស់ព្រះជាម្ចាស់ទៀតផង។ ដូច្នេះហើយ ទង្វើទាំងអស់របស់ពួកគេសុទ្ធតែអសារឥតការ។ គ្មានអ្វីមួយដែលពួកគេធ្វើ គឺជាការអនុវត្តនៃសេចក្ដីពិតទេ ហើយគ្មានអ្វីមួយដែលពួកគេធ្វើ គឺជាការអនុវត្តព្រះបន្ទូលរបស់ព្រះជាម្ចាស់ឡើយ ហើយពួកគេកាន់តែមិនប្រព្រឹត្តតាមបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ទៀតផង។ ផ្ទុយទៅវិញ ពួកគេប្រើប្រាស់ចិត្តសប្បុរសរបស់មនុស្ស និងអាកប្បកិរិយាល្អ ដើម្បីជួយអ្នកដទៃ។ សរុបមក ពួកគេមិនស្វែងរកបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ នៅក្នុងអ្វីដែលពួកគេធ្វើឡើយ ហើយពួកគេក៏មិនធ្វើសកម្មភាពដោយស្របនឹងសេចក្ដីតម្រូវរបស់ទ្រង់ដែរ។ ព្រះជាម្ចាស់មិនសរសើរអាកប្បកិរិយាល្អបែបនេះរបស់មនុស្សឡើយ។ ចំពោះព្រះជាម្ចាស់ អាកប្បកិរិយានេះត្រូវតែថ្កោលទោស ហើយមិនសមនឹងទទួលការនឹកចាំរបស់ទ្រង់ឡើយ។

(ដកស្រង់ពី «មានតែការទទួលស្គាល់ទស្សនៈខុសឆ្គងរបស់ខ្លួនឯងប៉ុណ្ណោះ ទើបមនុស្សម្នាក់អាចធ្វើការផ្លាស់ប្រែបានយ៉ាងពិតប្រាកដ» នៃសៀវភៅ «ព្រះបន្ទូល» ភាគ៣៖ ការថ្លែងព្រះបន្ទូលអំពីព្រះគ្រីស្ទនៃគ្រាចុងក្រោយ)

៣៦៥. សព្វថ្ងៃនេះ មនុស្សភាគច្រើនមានការយល់ដឹងរាក់កំផែលណាស់អំពីខ្លួនឯង។ ពួកគេមិនបានដឹងច្បាស់អំពីអ្វីៗដែលជាផ្នែកនៃធម្មជាតិរបស់ពួកគេទាល់តែសោះ។ ពួកគេមានតែចំណេះដឹងអំពីសភាពពុករលួយមួយចំនួនដែលពួកគេបានលាតត្រដាង ជាអ្វីៗដែលពួកគេទំនងជានឹងធ្វើ ឬគុណវិបត្តិពីរបីរបស់ពួកគេតែប៉ុណ្ណោះ ហើយការនេះធ្វើឱ្យពួកគេជឿជាក់ថា ពួកគេស្គាល់ខ្លួនឯង។ លើសពីនេះទៅទៀត បើពួកគេគោរពតាមវិន័យពីរបីវិញ ពួកគេធានាថាមិនធ្វើខុសក្នុងផ្នែកណាមួយឡើយ និងបានជៀសវាងការធ្វើអំពើរំលងមួយចំនួនទៀតផង បន្ទាប់មកពួកគេគិតថា ខ្លួនឯងមានការពិតនៅក្នុងជំនឿរបស់ពួកគេលើព្រះជាម្ចាស់ ហើយសន្មតថា ពួកគេនឹងបានសង្គ្រោះ។ នេះគឺជាការស្រមើស្រមៃរបស់មនុស្សទាំងស្រុង។ ប្រសិនបើអ្នកគោរពតាមវិន័យទាំងនោះ តើអ្នកពិតជានឹងអាចជៀសវាងពីការធ្វើអំពើរំលងបានមែនឬ? តើអ្នកនឹងទទួលបានការផ្លាស់ប្ដូរពិតប្រាកដនៅក្នុងនិស្ស័យឬទេ? តើអ្នកពិតជានឹងរស់នៅក្នុងលក្ខណៈជាមនុស្សដែរឬទេ? តើអ្នកពិតជាអាចបំពេញព្រះហឫទ័យព្រះជាម្ចាស់បានតាមវិធីនោះឬទេ? ដាច់ខាតមិនអាចទេ ប្រាកដជាអ៊ីចឹងមែន។ ការជឿលើព្រះជាម្ចាស់មានដំណើរការបាន តែនៅពេលណាដែលគេមានបទដ្ឋានខ្ពស់ ហើយបានទទួលសេចក្ដីពិត និងមានការផ្លាស់ប្ដូរខ្លះៗនៅក្នុងនិស្ស័យជីវិតរបស់គេប៉ុណ្ណោះ។ ការនេះទាមទារឱ្យមាននូវការប្រឹងប្រែងស្គាល់ខ្លួនឯងជាមុនសិន។ ប្រសិនបើចំណេះដឹងរបស់មនុស្សអំពីខ្លួនឯងរាក់កំផែលពេក នោះពួកគេនឹងមិនអាចដោះស្រាយបញ្ហាបានឡើយ ហើយជីវិត និងនិស្ស័យរបស់ពួកគេនឹងមិនផ្លាស់ប្ដូរឡើយ។ វាចាំបាច់ណាស់ដែលត្រូវស្គាល់ខ្លួនឯងក្នុងកម្រិតជ្រាលជ្រៅមួយ ដែលមានន័យថាស្គាល់ពីធម្មជាតិរបស់ខ្លួនឯង៖ តើមានធាតុអ្វីខ្លះដែលរួមបញ្ចូលនៅក្នុងធម្មជាតិនោះ តើធាតុទាំងនេះមានប្រភពយ៉ាងដូចម្ដេច និងចេញមកពីកន្លែងណា។ លើសពីនេះទៅទៀត តើអ្នកអាចស្អប់ធាតុទាំងនេះឬទេ? តើអ្នកបានមើលឃើញព្រលឹងដ៏គួរឱ្យខ្ពើម និងធម្មជាតិដ៏អាក្រក់របស់អ្នកឬទេ? ប្រសិនបើអ្នកពិតជាអាចមើលឃើញសេចក្ដីពិតអំពីខ្លួនឯង នោះអ្នកនឹងស្អប់ខ្ពើមខ្លួនឯង។ នៅពេលដែលអ្នកស្អប់ខ្ពើមខ្លួនឯង រួចក៏អនុវត្តព្រះបន្ទូលរបស់ព្រះជាម្ចាស់ នោះអ្នកនឹងអាចលះបង់ចោលសាច់ឈាម ហើយមានកម្លាំងអនុវត្តសេចក្ដីពិតដោយមិនជឿថាវាត្រូវការប្រើថាមពលច្រើននោះទេ។ តើហេតុអ្វីបានជាមនុស្សជាច្រើនធ្វើតាមចំណូលចិត្តខាងសាច់ឈាមរបស់ខ្លួន? ពីព្រោះពួកគេចាត់ទុកខ្លួនឯងថាជាមនុស្សល្អ មានអារម្មណ៍ថាសកម្មភាពរបស់ពួកគេត្រឹមត្រូវ និងសុចរិត ហើយថាពួកគេគ្មានកំហុស ថែមទាំងថាពួកគេត្រឹមត្រូវទាំងស្រុងទៀតផង ដូច្នេះហើយបានជាពួកគេអាចធ្វើសកម្មភាពដោយសន្មតថាសេចក្ដីយុត្តិធម៌ឈរនៅខាងពួកគេ។ នៅពេលដែលបុគ្គលម្នាក់ទទួលស្គាល់ថាធម្មជាតិពិតប្រាកដរបស់ខ្លួនគួរឱ្យខ្ពើម គួរឱ្យស្អប់ និងគួរឱ្យអាណិត នោះគេមិនមានមោទនភាពចំពោះខ្លួនឯងហួសហេតុពេក មិនក្រអឺតក្រទមខ្លាំងពេក ហើយក៏មិនពេញចិត្តនឹងខ្លួនឯងខ្លាំងពេកដូចកាលពីមុននោះដែរ។ បុគ្គលប្រភេទនេះមានអារម្មណ៍ថា «ខ្ញុំត្រូវតែស្មោះអស់ពីចិត្ត ហើយឥតលាក់ពុតឡើយ ចំពោះការអនុវត្តន៍ព្រះបន្ទូលមួយចំនួនរបស់ព្រះជាម្ចាស់។ បើមិនដូច្នោះទេ ខ្ញុំនឹងមិនសក្ដិសមទៅនឹងបទដ្ឋាននៃការធ្វើជាមនុស្សឡើយ ហើយនឹងត្រូវអាម៉ាស់ដែលរស់នៅក្នុងព្រះវត្តមានរបស់ព្រះជាម្ចាស់»។ ដូច្នេះ បុគ្គលម្នាក់នេះពិតជាមើលឃើញខ្លួនឯងថាជាមនុស្សទន់ទាប និងគ្មានសារៈសំខាន់អ្វីសោះ។ នៅពេលនេះ បុគ្គលម្នាក់នេះនឹងងាយអនុវត្តសេចក្ដីពិត ហើយគេនឹងមើលទៅមានលក្ខណៈដែលមនុស្សគួរមាន។ មានតែនៅពេលដែលមនុស្សស្អប់ខ្ពើមខ្លួនឯងពិតប្រាកដប៉ុណ្ណោះ ដែលពួកគេអាចលះបង់សាច់ឈាមចោលបាន។ ប្រសិនបើពួកគេមិនស្អប់ខ្ពើមខ្លួនឯងទេ នោះពួកគេនឹងមិនអាចលះបង់សាច់ឈាមចោលបានឡើយ។ ការស្អប់ខ្លួនឯងយ៉ាងពិតប្រាកដ មិនមែនជារឿងសាមញ្ញនោះទេ។ មាននូវរឿងរ៉ាវមួយចំនួនដែលត្រូវស្វែងរកឱ្យឃើញនៅក្នុងពួកគេ៖ ទីមួយគឺ ការស្គាល់ពីធម្មជាតិរបស់ខ្លួនឯង ហើយទីពីរគឺការមើលឃើញខ្លួនឯងថាត្រូវការជំនួយ និងគួរឱអាណិត មើលឃើញខ្លួនឯងថាជាមនុស្សទន់ទាប និងគ្មានសារៈសំខាន់អ្វីសោះ ព្រមទាំងមើលឃើញព្រលឹងដ៏កខ្វក់ និងគួរឱ្យអាណិតរបស់ខ្លួន។ នៅពេលដែលបុគ្គលម្នាក់មើលឃើញយ៉ាងពេញលេញនូវអ្វីដែលជាលក្ខណៈពិតប្រាកដរបស់ខ្លួន ហើយលទ្ធផលនេះត្រូវបានសម្រេច នោះគេពិតជាទទួលបាននូវចំណេះដឹងអំពីខ្លួនឯងយ៉ាងពិតប្រាកដ ហើយអាចនិយាយបានថា បុគ្គលម្នាក់នេះបានស្គាល់ខ្លួនឯងយ៉ាងពេញលេញ។ មានតែនៅពេលនោះទេ ទើបបុគ្គលម្នាក់អាចស្អប់ខ្លួនឯងយ៉ាងពិតប្រាកដ រហូតដល់ដាក់បណ្ដាសាខ្លួនឯង និងមានអារម្មណ៍ថាសាតាំងបានធ្វើឱ្យខ្លួនឯងពុករលួយយ៉ាងខ្លាំង ថែមទាំងធ្វើឱ្យខ្លួនឯងមិនមានលក្ខណៈស្រដៀងទៅនឹងមនុស្សទៀតផង។ បន្ទាប់មក ថ្ងៃមួយ នៅពេលដែលការគម្រាមកំហែងនៃសេចក្ដីស្លាប់លេចឡើង បុគ្គលបែបនេះនឹងគិតថា «នេះគឺជាការដាក់ទណ្ឌកម្មដ៏សុចរិតរបស់ព្រះជាម្ចាស់។ ព្រះជាម្ចាស់ពិតជាសុចរិត ហើយខ្ញុំពិតជាគួរនឹងស្លាប់!» ត្រង់ចំណុចនេះ គាត់នឹងមិនត្អូញត្អែរទេ ហើយរឹតតែមិនបន្ទោសព្រះជាម្ចាស់ គ្រាន់តែមានអារម្មណ៍ថា គាត់ជាមនុស្សដែលមានសេចក្ដីត្រូវការ និងគួរឱ្យអាណិត កខ្វក់ និងពុករលួយយ៉ាងខ្លាំងដែលគួរតែត្រូវព្រះជាម្ចាស់ផាត់ចោល និងបំផ្លាញប៉ុណ្ណោះ ហើយព្រលឹងដូចជាគាត់ មិនសមនឹងរស់នៅលើផែនដីឡើយ។ ដូច្នេះហើយ បុគ្គលម្នាក់នេះមិនត្អូញត្អែរ ឬតតាំងជាមួយព្រះជាម្ចាស់ទេ រឹតតែមិនក្បត់ព្រះជាម្ចាស់ទៅទៀត។ ប្រសិនបើបុគ្គលម្នាក់មិនស្គាល់ខ្លួនឯង ហើយនៅតែចាត់ទុកខ្លួនឯងថាជាមនុស្សល្អ នោះនៅពេលដែលសេចក្ដីស្លាប់មកគោះទ្វារ បុគ្គលម្នាក់នេះនឹងគិតថា «ខ្ញុំបានធ្វើយ៉ាងល្អនៅក្នុងសេចក្ដីជំនឿរបស់ខ្ញុំ។ ខ្ញុំបានខិតខំស្វែងរក! ខ្ញុំបានផ្ដល់ឱ្យយ៉ាងច្រើន ខ្ញុំបានរងទុក្ខយ៉ាងខ្លាំង ប៉ុន្ដែនៅទីបំផុត ព្រះជាម្ចាស់កំពុងស្នើសុំឱ្យខ្ញុំស្លាប់។ ខ្ញុំមិនដឹងថាសេចក្ដីសុចរិតរបស់ព្រះជាម្ចាស់នៅឯណានោះទេ។ តើហេតុអ្វីបានជាទ្រង់ស្នើសុំឱ្យខ្ញុំស្លាប់? ប្រសិនបើខ្ញុំត្រូវស្លាប់ នោះតើអ្នកណានឹងត្រូវបានសង្គ្រោះទៅ? តើពូជមនុស្សនឹងមិនដល់ទីបញ្ចប់ទេឬអី?» ទីមួយ បុគ្គលម្នាក់នេះមានសញ្ញាណអំពីព្រះជាម្ចាស់។ ទីពីរ បុគ្គលម្នាក់នេះកំពុងត្អូញត្អែរ ហើយមិនបង្ហាញការចុះចូលអ្វីទាំងអស់។ នេះដូចជាប៉ុលដែរ៖ នៅពេលដែលគាត់ជិតស្លាប់ គាត់មិនបានស្គាល់ខ្លួនឯងទេ ហើយនៅពេលដែលការដាក់ទណ្ឌកម្មរបស់ព្រះជាម្ចាស់មកដល់ នោះអ្វីទាំងអស់នឹងហួសពេល។

(ដកស្រង់ពី «ផ្នែកទី៣» នៃសៀវភៅ «ព្រះបន្ទូល» ភាគ៣៖ ការថ្លែងព្រះបន្ទូលអំពីព្រះគ្រីស្ទនៃគ្រាចុងក្រោយ)

ខាង​ដើម៖ ខ. ស្ដីពីរបៀបអនុវត្តតាមសេចក្តីពិត របៀបយល់ដឹងពីសេចក្តីពិត និងរបៀបចូលទៅក្នុងតថភាព

បន្ទាប់៖ ឃ. ស្ដីពីរបៀបឆ្លងកាត់ការជំនុំជម្រះ និងការវាយផ្ចាល ព្រមទាំងការល្បងល និងការបន្សុទ្ធ

គ្រោះមហន្តរាយផ្សេងៗបានធ្លាក់ចុះ សំឡេងរោទិ៍នៃថ្ងៃចុងក្រោយបានបន្លឺឡើង ហើយទំនាយនៃការយាងមករបស់ព្រះអម្ចាស់ត្រូវបានសម្រេច។ តើអ្នកចង់ស្វាគមន៍ព្រះអម្ចាស់ជាមួយក្រុមគ្រួសាររបស់អ្នក ហើយទទួលបានឱកាសត្រូវបានការពារដោយព្រះទេ?

ការកំណត់

  • អត្ថបទ
  • ប្រធានបទ

ពណ៌​ដិតច្បាស់

ប្រធានបទ

ប្រភេទ​អក្សរ

ទំហំ​អក្សរ

ចម្លោះ​បន្ទាត់

ចម្លោះ​បន្ទាត់

ប្រវែងទទឹង​ទំព័រ

មាតិកា

ស្វែងរក

  • ស្វែង​រក​អត្ថបទ​នេះ
  • ស្វែង​រក​សៀវភៅ​នេះ