ស្គាល់កិច្ចការថ្មីបំផុតរបស់ព្រះជាម្ចាស់ និងដើរតាមដានព្រះបាទារបស់ព្រះអង្គ

ឥឡូវនេះ អ្នករាល់គ្នាត្រូវស្វែងរកឱ្យបានក្លាយជារាស្ដ្ររបស់ព្រះជាម្ចាស់ ហើយត្រូវចាប់ផ្ដើមចូលទៅក្នុងផ្លូវដ៏ត្រឹមត្រូវទាំងស្រុង។ ដើម្បីធ្វើជារាស្ដ្ររបស់ព្រះជាម្ចាស់ មានន័យថា គឺជាការចូលក្នុងយុគសម័យនៃនគរព្រះ។ សព្វថ្ងៃនេះ អ្នកចាប់ផ្ដើមចូលទៅក្នុងការបង្វឹកបង្វឺននៃនគរព្រះជាផ្លូវការ ហើយជីវិតរបស់អ្នកនៅថ្ងៃអនាគតត្រូវតែឈប់ខ្ជីខ្ជា និងធ្វេសប្រហែលដូចកាលពីមុនទៀត។ ការរស់នៅរបៀបនេះ មិនអាចទទួលបាននូវបទដ្ឋានដែលព្រះជាម្ចាស់តម្រូវនោះឡើយ។ ប្រសិនបើអ្នកមិនមានអារម្មណ៍ថាជារឿងបន្ទាន់ខ្លាំងទេ នោះវាបង្ហាញឱ្យឃើញថា អ្នកគ្មានបំណងចិត្ដចង់ឱ្យខ្លួនឯងរីកចម្រើនឡើងទេ ហើយថាការស្វែងរករបស់អ្នកគឺឥតបានការ និងភាន់ច្រឡំ ហើយអ្នកមិនអាចបំពេញតាមបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់បានឡើយ។ ការចូលក្នុងការបង្វឹកបង្វឺននៃនគរព្រះមានន័យថា ជាការចាប់ផ្ដើមជីវិតជារាស្ដ្ររបស់ព្រះជាម្ចាស់ តើអ្នកសុខចិត្ដទទួលយកការបង្វឹកបង្វឺននេះដែរឬទេ? តើអ្នកសុខចិត្ដស្ថិតក្រោមការបង្គាប់បញ្ជាដែរឬទេ? តើអ្នកសុខចិត្ដរស់នៅក្រោមការវាយផ្ចាលពីព្រះជាម្ចាស់ដែរឬទេ? តើអ្នកសុខចិត្ដរស់នៅក្រោមការវាយផ្ចាលរបស់ព្រះជាម្ចាស់ដែរឬទេ? នៅពេលព្រះបន្ទូលរបស់ព្រះជាម្ចាស់ចាក់បង្ហូរលើអ្នក និងល្បងលអ្នក តើអ្នកនឹងប្រតិបត្ដិបែបណាដែរ? ហើយនៅពេលដែលអ្នកប្រឈមមុខនឹងការពិតគ្រប់បែបគ្រប់សណ្ឋាន តើអ្នកនឹងធ្វើអ្វី? កាលពីដើមឡើយ អ្នកមិនបានផ្ចង់ចិត្ដលើជីវិតឡើយ ថ្ងៃនេះអ្នកត្រូវចូលក្នុងភាពពិតប្រាកដនៃជីវិត ហើយស្វែងរកការផ្លាស់ប្ដូរនៅក្នុងនិស្ស័យនៃជីវិតរបស់អ្នក។ នេះជាអ្វីដែលរាស្ដ្រនៃនគរព្រះត្រូវតែទទួលបាន។ អស់អ្នកណាដែលជារាស្ដ្ររបស់ព្រះជាម្ចាស់ ត្រូវតែមាននូវជីវិត ពួកគេត្រូវតែទទួលយកការបង្វឹកបង្វឺននៃនគរព្រះ ហើយស្វែងរកនូវការផ្លាស់ប្ដូរនិស្ស័យនៃជីវិតរបស់ខ្លួន។ នេះជាអ្វីដែលព្រះជាម្ចាស់តម្រូវសម្រាប់រាស្ដ្រនៃនគរព្រះ។

សេចក្ដីបង្គាប់របស់ព្រះជាម្ចាស់សម្រាប់រាស្ដ្រនៃនគរព្រះមានដូចខាងក្រោម៖

១. ពួកគេត្រូវតែទទួលយកនូវបញ្ជាបេសកកម្មរបស់ព្រះជាម្ចាស់។ គឺមានន័យថា ពួកគេត្រូវតែទទួលយកនូវព្រះបន្ទូលទាំងអស់ដែលបានថ្លែងនៅក្នុងកិច្ចការរបស់ព្រះជាម្ចាស់នៅគ្រាចុងក្រោយ។

២. ពួកគេត្រូវតែចូលទៅកាន់ការបង្វឹកបង្វឺននៃនគរព្រះ។

៣. ពួកគេត្រូវតែស្វែងរកនូវដួងចិត្តរបស់គេ ដែលព្រះជាម្ចាស់បានប៉ះពាល់។ នៅពេលដែលដួងចិត្តរបស់អ្នកបែរទៅរកព្រះជាម្ចាស់ទាំងស្រុង ហើយអ្នកមានជីវិតខាងព្រលឹងវិញ្ញាណមួយដែលធម្មតា នោះអ្នកនឹងរស់នៅក្នុងអាណាចក្រដែលមានសេរីភាព មានន័យថា អ្នកនឹងរស់នៅក្រោមការថែរក្សា និងការការពារនៃក្តីស្រលាញ់របស់ព្រះជាម្ចាស់។ មានតែពេលដែលអ្នករស់នៅក្រោមការថែរក្សា និងការការពាររបស់ព្រះជាម្ចាស់ទេ ទើបអ្នកនឹងក្លាយជាកម្មសិទ្ធិរបស់ទ្រង់។

៤. ពួកគេត្រូវតែត្រូវបានព្រះជាម្ចាស់ទទួលយក។

៥. ពួកគេត្រូវតែក្លាយជាការសម្ដែងចេញនូវសិរីល្អរបស់ព្រះជាម្ចាស់នៅលើផែនដី។

ចំណុចទាំង៥នេះ គឺជាបញ្ជាបេសកកម្មរបស់ខ្ញុំសម្រាប់អ្នករាល់គ្នា។ ព្រះបន្ទូលរបស់ខ្ញុំថ្លែងមកចំពោះរាស្ត្ររបស់ព្រះជាម្ចាស់ ហើយប្រសិនជាអ្នកមិនចង់ទទួលយកបញ្ជាបេសកកម្មទាំងនេះទេ ខ្ញុំក៏មិនបង្ខំអ្នកដែរ ប៉ុន្តែប្រសិនបើអ្នកទទួលយកបញ្ជាបេសកកម្មទាំងនេះដោយពិតប្រាកដ នោះអ្នកនឹងអាចធ្វើតាមបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់។ សព្វថ្ងៃនេះ អ្នករាល់គ្នាចាប់ផ្តើមទទួលយកបញ្ជាបេសកកម្មរបស់ព្រះជាម្ចាស់ ហើយចង់ឱ្យក្លាយខ្លួនជារាស្ត្រនៃនគរព្រះ និងទទួលបាននូវបទដ្ឋានដែលតម្រូវឱ្យក្លាយជារាស្ត្រនៃនគរព្រះ។ ជាជំហានដំបូងនៃការចូលទៅរកការបង្វឹកបង្វឺន។ ប្រសិនបើអ្នកចង់ធ្វើតាមបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ឱ្យបានពេញលេញ នោះអ្នកត្រូវតែទទួលយកបញ្ជាបេសកកម្មទាំងប្រាំនេះ ហើយប្រសិនបើអ្នកអាចសម្រេចបញ្ជាបេសកកម្មទាំងនេះបាន នោះអ្នកនឹងបានថ្វាយដួងចិត្តទៅកាន់ព្រះជាម្ចាស់ ហើយព្រះជាម្ចាស់ប្រាកដជានឹងប្រើប្រាស់អ្នកយ៉ាងល្អបំផុត។ អ្វីដែលសំខាន់សម្រាប់ថ្ងៃនេះ គឺជាការចូលទៅក្នុងការបង្វឹកបង្វឺននៃនគរព្រះ។ ការចូលទៅក្នុងការបង្វឹកបង្វឺននៃនគរព្រះ គឺពាក់ព័ន្ធទៅនឹងជីវិតផ្នែកព្រលឹងវិញ្ញាណ។ កាលពីមុន មិនមានការនិយាយអំពីជីវិតផ្នែកព្រលឹងវិញ្ញាណទេ ប៉ុន្តែសព្វថ្ងៃនេះនៅពេលដែលអ្នកចាប់ផ្តើមចូលទៅក្នុងការបង្វឹកបង្វឺននៃនគរព្រះ នោះអ្នកបានចូលក្នុងជីវិតផ្នែកព្រលឹងវិញ្ញាណជាផ្លូវការហើយ។

តើជីវិតផ្នែកព្រលឹងវិញ្ញាណ គឺជាជីវិតបែបណា? ជីវិតផ្នែកព្រលឹងវិញ្ញាណ គឺជាជីវិតដែលដួងចិត្តរបស់អ្នកបានបែរទៅរកព្រះជាម្ចាស់ទាំងស្រុង និងអាចយកចិត្តទុកដាក់ចំពោះសេចក្តីស្រលាញ់របស់ព្រះជាម្ចាស់។ វាជាជីវិតដែលអ្នករស់នៅក្នុងព្រះបន្ទូលរបស់ព្រះជាម្ចាស់ ហើយចិត្តរបស់អ្នកគ្មានអ្វីផ្សេងទៀតឡើយ អ្នកអាចយល់ដឹងពីបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់នៅសព្វថ្ងៃនេះ និងជាជីវិតដែលដឹកនាំដោយពន្លឺនៃព្រះវិញ្ញាណបរិសុទ្ធនៅសព្វថ្ងៃនេះ ដើម្បីបំពេញភារកិច្ចរបស់អ្នក។ ជីវិតរវាងមនុស្សនិងព្រះជាម្ចាស់ គឺជាជីវិតផ្នែកព្រលឹងវិញ្ញាណ។ ប្រសិនបើអ្នកមិនអាចដើរតាមពន្លឺនៅថ្ងៃនេះទេ នោះទំនាក់ទំនងរបស់អ្នកជាមួយនឹងព្រះជាម្ចាស់មាននូវគំលាតមួយកើតឡើង វាថែមទាំងអាចមានលក្ខណៈធ្ងន់ធ្ងរ ហើយអ្នកមិនមានជីវិតផ្នែកព្រលឹងវិញ្ញាណទេ។ ទំនាក់ទំនងធម្មតាជាមួយព្រះជាម្ចាស់ត្រូវបានសង់ឡើងនៅលើគ្រឹះនៃការទទួលយកព្រះបន្ទូលរបស់ព្រះជាម្ចាស់នាពេលបច្ចុប្បន្ន។ តើអ្នកមានជីវិតធម្មតាផ្នែកព្រលឹងវិញ្ញាណដែរឬទេ? តើអ្នកមានទំនាក់ទំនងធម្មតាជាមួយព្រះជាម្ចាស់ដែរឬទេ? តើអ្នកជាមនុស្សម្នាក់ដែលធ្វើតាមកិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធដែរឬទេ? ប្រសិនបើអ្នកអាចដើរតាមពន្លឺរបស់ព្រះវិញ្ញាណបរិសុទ្ធនាពេលបច្ចុប្បន្ន ហើយអាចយល់ដឹងពីបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់នៅក្នុងព្រះបន្ទូលរបស់ទ្រង់ ព្រមទាំងចូលក្នុងព្រះបន្ទូលទាំងនោះ នោះអ្នកជាមនុស្សម្នាក់ដែលដើរតាមចរន្ដនៃព្រះវិញ្ញាណបរិសុទ្ធ។ ប្រសិនបើអ្នកមិនដើរតាមចរន្ដនៃព្រះវិញ្ញាណបរិសុទ្ធទេ នោះប្រាកដណាស់ថាអ្នកជាមនុស្សម្នាក់ដែលមិនស្វែងរកសេចក្តីពិត។ ព្រះវិញ្ញាណបរិសុទ្ធមិនមានឱកាសធ្វើការនៅក្នុងអស់អ្នកដែលគ្មានបំណងចិត្តចង់ឱ្យខ្លួនឯងរីកចម្រើននោះទេ ហើយជាលទ្ធផល មនុស្សបែបនេះមិនអាចប្រមូលកម្លាំងរបស់ខ្លួនទេ ហើយតែងតែអកម្មជានិច្ច។ ថ្ងៃនេះ តើអ្នកដើរតាមចរន្ដនៃព្រះវិញ្ញាណបរិសុទ្ធដែរ ឬទេ? តើអ្នកស្ថិតក្នុងចរន្ដនៃព្រះវិញ្ញាណបរិសុទ្ធដែរឬទេ? តើអ្នកបានចេញពីសភាវអកម្មហើយ ឬនៅ? អស់អ្នកដែលជឿលើព្រះបន្ទូលរបស់ព្រះជាម្ចាស់ អ្នកដែលយកកិច្ចការរបស់ព្រះជាម្ចាស់ធ្វើជាគ្រឹះ និងដើរតាមពន្លឺនៃព្រះវិញ្ញាណបរិសុទ្ធនាពេលបច្ចុប្បន្ន ពួកគេសុទ្ធតែស្ថិតនៅក្នុងចរន្ដនៃព្រះវិញ្ញាណបរិសុទ្ធ។ ប្រសិនបើអ្នកជឿថាព្រះបន្ទូលរបស់ព្រះជាម្ចាស់មានលក្ខណៈពិតប្រាកដ និងត្រឹមត្រូវយ៉ាងច្បាស់លាស់ ហើយប្រសិនបើអ្នកជឿលើព្រះបន្ទូលរបស់ព្រះជាម្ចាស់ មិនថាទ្រង់មានបន្ទូលពីអ្វី នោះអ្នកជាមនុស្សម្នាក់ដែលស្វែងរកការចូលទៅក្នុងកិច្ចការរបស់ព្រះជាម្ចាស់ ហើយតាមរយៈវិធីនេះ អ្នកបានបំពេញបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ហើយ។

ដើម្បីចូលទៅក្នុងចរន្ដនៃព្រះវិញ្ញាណបរិសុទ្ធ អ្នកត្រូវតែមានទំនាក់ទំនងធម្មតាជាមួយព្រះជាម្ចាស់ ហើយអ្នកត្រូវកំចាត់ចោលនូវសភាវៈអកម្មរបស់អ្នកជាមុនសិន។ មនុស្សមួយចំនួនតែងតែធ្វើតាមហ្វូងមនុស្ស ហើយដួងចិត្តរបស់គេវង្វេងចេញឆ្ងាយពីព្រះជាម្ចាស់។ មនុស្សបែបនេះគ្មានបំណងចិត្តធ្វើឱ្យខ្លួនឯងបានរីកចម្រើនទេ ហើយបទដ្ឋានដែលពួកគេស្វែងរកក៏ស្ថិតក្នុងកម្រិតទាបពេកដែរ។ មានតែការស្វែងរកការស្រលាញ់ព្រះជាម្ចាស់ និងការទទួលបានដោយព្រះជាម្ចាស់ប៉ុណ្ណោះ ទើបជាបំណងព្រះហឫទ័យរបស់ទ្រង់។ មានមនុស្សជាច្រើនដែលប្រើប្រាស់តែមនសិការរបស់ខ្លួនដើម្បីតបស្នងសេចក្តីស្រលាញ់របស់ព្រះជាម្ចាស់ ប៉ុន្តែការនេះមិនអាចឈានទៅដល់បំណងព្រះហឫទ័យរបស់ព្រះអង្គឡើយ។ កាលណាអ្នកស្វែងរកបទដ្ឋានកាន់តែខ្ពស់ នោះអ្នកនឹងមានភាពរីករាយនឹងបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់កាន់តែខ្លាំង។ ក្នុងនាមជាមនុស្សម្នាក់មានភាពធម្មតា និងជាអ្នកស្វែងរកការស្រលាញ់ព្រះជាម្ចាស់ នោះការចូលទៅក្នុងនគរព្រះដើម្បីក្លាយជាម្នាក់ក្នុងចំណោមរាស្ត្ររបស់ព្រះជាម្ចាស់ គឺជាអនាគតពិតប្រាកដរបស់អ្នករាល់គ្នា និងជាជីវិតមួយដែលមានតម្លៃខ្ពស់បំផុត និងមានសារៈសំខាន់ ហើយគ្មានអ្នកណាម្នាក់មានពរជាងអ្នករាល់គ្នាឡើយ។ ហេតុអ្វីបានជាខ្ញុំមានបន្ទូលបែបនេះ? ដ្បិតអស់អ្នកដែលមិនជឿលើព្រះជាម្ចាស់រស់នៅសម្រាប់តែសាច់ឈាម និងរស់នៅសម្រាប់សាតាំង ប៉ុន្តែសព្វថ្ងៃនេះ អ្នករាល់គ្នារស់នៅសម្រាប់ព្រះជាម្ចាស់ និងរស់នៅធ្វើតាមបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់។ ហេតុនេះទើបខ្ញុំមានបន្ទូលថា ជីវិតរបស់អ្នករាល់គ្នាមានសារៈសំខាន់បំផុត។ មានតែមនុស្សមួយក្រុមដែលត្រូវបានព្រះជាម្ចាស់ជ្រើសរើសនេះទេ ទើបអាចរស់នៅក្នុងជីវិតដែលមានសារៈសំខាន់បំផុតបាន៖ គ្មាននរណាម្នាក់ផ្សេងទៀតនៅលើផែនដី អាចរស់នៅក្នុងជីវិតមួយដែលមានតម្លៃ និងមានន័យបែបនេះឡើយ។ ដោយសារតែព្រះជាម្ចាស់ជ្រើសរើសអ្នក និងលើកអ្នកឱ្យខ្ពស់ឡើង ហើយជាងនេះទៅទៀត ដោយសារតែសេចក្តីស្រលាញ់របស់ព្រះជាម្ចាស់ចំពោះអ្នក ទើបអ្នករាល់គ្នាមានការយល់ដឹងពីជីវិតពិត និងស្គាល់ពីរបៀបរស់នៅក្នុងជីវិតមួយដែលមានតម្លៃបំផុត។ នេះមិនមែនដោយសារតែអ្នករាល់គ្នាស្វែងរកសេចក្តីល្អនោះទេ ប៉ុន្តែគឺដោយសារតែព្រះគុណរបស់ព្រះជាម្ចាស់វិញ។ គឺព្រះជាម្ចាស់ជាអ្នកដែលបើកភ្នែកនៃព្រលឹងវិញ្ញាណរបស់អ្នករាល់គ្នា ហើយគឺជាព្រះវិញ្ញាណបរិសុទ្ធដែលបានប៉ះពាល់ដួងចិត្តរបស់អ្នករាល់គ្នា ដែលបានប្រទាននូវជោគវាសនាល្អដល់អ្នករាល់គ្នា ដើម្បីចូលមកនៅចំពោះព្រះភ័ក្រ្ដរបស់ព្រះអង្គ។ ប្រសិនបើព្រះវិញ្ញាណបរិសុទ្ធរបស់ព្រះជាម្ចាស់មិនបានបំភ្លឺអ្នករាល់គ្នាទេ នោះអ្នករាល់គ្នានឹងមិនអាចមើលឃើញពីអ្វីដែលគួរឱ្យស្រលាញ់អំពីព្រះជាម្ចាស់ ហើយវាក៏មិនអាចឱ្យអ្នកស្រលាញ់ព្រះជាម្ចាស់បានដែរ។ ទាំងអស់នេះគឺដោយសារតែព្រះវិញ្ញាណបរិសុទ្ធរបស់ព្រះជាម្ចាស់បានប៉ះពាល់ដួងចិត្តរបស់មនុស្ស ដែលធ្វើឱ្យដួងចិត្តរបស់គេបែរមករកព្រះជាម្ចាស់ ហើយជួនកាលនៅពេលដែលអ្នកកំពុងតែរីករាយនឹងព្រះបន្ទូលរបស់ព្រះជាម្ចាស់ ក៏មានការប៉ះពាល់វិញ្ញាណរបស់អ្នក ហើយអ្នកមានអារម្មណ៍ថា អ្នកគ្មានជម្រើសអ្វីក្រៅពីស្រលាញ់ព្រះជាម្ចាស់ឡើយ ពោលគឺមានកម្លាំងដ៏អស្ចារ្យមួយនៅក្នុងអ្នក ហើយគ្មានអ្វីមួយដែលអ្នកមិនអាចទុកមួយឡែកសិនបាននោះឡើយ។ ប្រសិនបើអ្នកមានអារម្មណ៍បែបនេះ នោះអ្នកត្រូវបានប៉ះពាល់ដោយព្រះវិញ្ញាណបរិសុទ្ធរបស់ព្រះជាម្ចាស់ហើយ ហើយដួងចិត្តរបស់អ្នកបានបែរទៅរកព្រះជាម្ចាស់ទាំងស្រុង ហើយអ្នកនឹងអធិស្ឋានទៅកាន់ព្រះជាម្ចាស់ រួចពោលថា៖ «ឱ ព្រះជាម្ចាស់អើយ! ព្រះអង្គបានតម្រូវទុកជាមុន និងបានជ្រើសតាំងពួកទូលបង្គំ។ សិរីល្អរបស់ទ្រង់ធ្វើឱ្យទូលបង្គំមានមោទកភាព ហើយទូលបង្គំមានអារម្មណ៍ថាមានសិរីល្អដែលបានក្លាយជារាស្ត្រម្នាក់របស់ទ្រង់។ ទូលបង្គំនឹងចំណាយ ព្រមទាំងថ្វាយគ្រប់យ៉ាងដើម្បីធ្វើតាមបំណងព្រះហឫទ័យរបស់ព្រះអង្គ ហើយនិងថ្វាយនូវពេលវេលារបស់ទូលបង្គំជាច្រើនឆ្នាំ ព្រមទាំងខិតខំប្រឹងប្រែងពេញមួយជីវិតសម្រាប់ព្រះអង្គ។» នៅពេលអ្នកអធិស្ឋានបែបនេះ នឹងមានសេចក្តីស្រលាញ់ឥតឈប់ឈរ និងការស្តាប់បង្គាប់ពិតប្រាកដនៅក្នុងចិត្តរបស់អ្នកចំពោះព្រះជាម្ចាស់។ តើអ្នកធ្លាប់មានបទពិសោធបែបនេះដែរឬទេ? ប្រសិនបើព្រះវិញ្ញាណបរិសុទ្ធតែងតែប៉ះពាល់មនុស្ស នោះពួកគេចង់ថ្វាយខ្លួនទៅកាន់ព្រះជាម្ចាស់ដោយសេចក្តីអធិស្ឋានថា៖ «ឱព្រះជាម្ចាស់អើយ! ទូលបង្គំចង់ឃើញថ្ងៃនៃសិរីល្អរបស់ទ្រង់ ហើយទូលបង្គំចង់រស់នៅសម្រាប់ព្រះអង្គ គ្មានអ្វីមានតម្លៃ ឬមានន័យជាងការរស់នៅសម្រាប់ព្រះអង្គទេ ហើយទូលបង្គំគ្មានចិត្តចង់រស់សម្រាប់សាតាំង និងសាច់ឈាមបន្តិចសោះឡើយ។ សូមព្រះអង្គលើកទូលបង្គំឡើងដោយការជួយឱ្យទូលបង្គំអាចរស់នៅសម្រាប់ព្រះអង្គនាពេលបច្ចុប្បន្ន។» នៅពេលដែលអ្នកបានអធិស្ឋានរបៀបនេះ អ្នកនឹងមានអារម្មណ៍ថា អ្នកគ្មានអ្វីផ្សេងក្រៅពីថ្វាយដួងចិត្តរបស់អ្នកទៅកាន់ព្រះជាម្ចាស់ឡើយ ដោយអ្នកត្រូវតែទទួលបានព្រះជាម្ចាស់ ហើយអ្នកមិនចង់បាត់បង់ជីវិតដោយមិនទទួលបានព្រះជាម្ចាស់ក្នុងពេលដែលអ្នកនៅរស់នោះទេ។ ការបាននិយាយបែបនេះនៅក្នុងសេចក្តីអធិស្ឋាន អ្នកនឹងមានកម្លាំងដែលមិនចេះរីងស្ងួតនៅក្នុងខ្លួន ហើយអ្នកនឹងមិនដឹងថាកម្លាំងនេះចេញមកពីណាឡើយ ក៏នឹងមាននូវអំណាចឥតដែនកំណត់នៅក្នុងដួងចិត្តរបស់អ្នក ហើយអ្នកនឹងដឹងថាព្រះជាម្ចាស់គួរឱ្យស្រលាញ់ណាស់ ហើយព្រះអង្គស័ក្តិសមនឹងឱ្យយើងស្រលាញ់។ ការណ៍នេះកើតឡើងនៅពេលដែលព្រះជាម្ចាស់ប៉ះពាល់អ្នក។ អស់អ្នកដែលមានបទពិសោធបែបនេះ ត្រូវបានប៉ះពាល់ដោយព្រះជាម្ចាស់។ សម្រាប់អស់អ្នកដែលតែងតែត្រូវបានប៉ះពាល់ដោយព្រះជាម្ចាស់ ការផ្លាស់ប្តូរកើតឡើងក្នុងជីវិតរបស់ពួកគេ នោះគេអាចធ្វើការតាំងចិត្ត និងសុខចិត្តទទួលយកព្រះជាម្ចាស់ទាំងស្រុង សេចក្តីស្រលាញ់សម្រាប់ព្រះជាម្ចាស់នៅក្នុងដួងចិត្តរបស់គេមានកាន់តែខ្លាំងឡើង ហើយដួងចិត្តរបស់គេបានបែរទៅរកព្រះជាម្ចាស់ទាំងស្រុង ពួកគេមិនខ្វល់ពីគ្រួសារ លោកិយ មិនមានការពាក់ព័ន្ធ ឬមិនខ្វល់ខ្វាយពីអនាគតឡើយ ហើយពួកគេសុខចិត្តលះបង់ការប្រឹងប្រែងអស់មួយជីវិតថ្វាយទៅកាន់ព្រះជាម្ចាស់។ អស់អ្នកណាដែលត្រូវបានព្រះវិញ្ញាណរបស់ព្រះជាម្ចាស់ពាល់ គឺជាមនុស្សដែលស្វែងរកសេចក្តីពិត និងជាអ្នកដែលត្រូវព្រះជាម្ចាស់ប្រោសឱ្យគ្រប់លក្ខណ៍។

តើអ្នកបានបែរចិត្តទៅរកព្រះជាម្ចាស់ហើយឬនៅ? តើព្រះវិញ្ញាណបរិសុទ្ធរបស់ព្រះជាម្ចាស់បានប៉ះពាល់ចិត្តរបស់អ្នកឬនៅ? ប្រសិនបើអ្នកមិនដែលមានបទពិសោធបែបនេះ ហើយប្រសិនបើអ្នកមិនដែលអធិស្ឋានបែបនេះទេ នោះការនេះបង្ហាញថាព្រះជាម្ចាស់មិនគង់នៅក្នុងចិត្តរបស់អ្នកឡើយ។ អស់អ្នកដែលព្រះវិញ្ញាណរបស់ព្រះជាម្ចាស់ដឹកនាំ ហើយអស់អ្នកដែលព្រះវិញ្ញាណរបស់ព្រះជាម្ចាស់បានប៉ះពាល់ មាននូវកិច្ចការរបស់ព្រះជាម្ចាស់ ដែលបង្ហាញថាព្រះបន្ទូល និងសេចក្តីស្រលាញ់របស់ព្រះជាម្ចាស់បានចាក់ឫសនៅក្នុងពួកគេ។ មនុស្សមួយចំនួនពោលថា៖ «ទូលបង្គំមិនស្មោះត្រង់ដូចនៅក្នុងសេចក្តីអធិស្ឋានរបស់ទូលបង្គំ ហើយទូលបង្គំក៏មិនសូវមានការប៉ះពាល់ពីព្រះជាម្ចាស់ដែរ។ ជួនកាល នៅពេលដែលទូលបង្គំសញ្ជឹងគិត ហើយអធិស្ឋាន ទូលបង្គំមានអារម្មណ៍ថា ព្រះជាម្ចាស់គួរឱ្យស្រលាញ់ ហើយដួងចិត្តរបស់ទូលបង្គំក៏ទទួលបានការប៉ះពាល់ពីព្រះអង្គ។» គ្មានអ្វីសំខាន់ជាងដួងចិត្តរបស់មនុស្សឡើយ។ នៅពេលដួងចិត្តរបស់អ្នកបែរទៅរកព្រះជាម្ចាស់ នោះលក្ខណៈរបស់អ្នកទាំងមូលនឹងបែរទៅរកព្រះជាម្ចាស់វិញ ហើយនៅគ្រានោះ ដួងចិត្តរបស់អ្នកនឹងត្រូវបានប៉ះពាល់ដោយព្រះវិញ្ញាណរបស់ព្រះជាម្ចាស់។ អ្នករាល់គ្នាភាគច្រើនទទួលបានបទពិសោធបែបនេះ វាគ្រាន់តែជម្រៅនៃបទពិសោធរបស់អ្នកមិនដូចគ្នាតែប៉ុណ្ណោះ។ មនុស្សមួយចំនួនពោលថា៖ «ទូលបង្គំមិននិយាយច្រើននៅក្នុងពាក្យអធិស្ឋានទេ ទូលបង្គំគ្រាន់តែស្តាប់អំពីការរួបរួមរបស់អ្នកដទៃ និងកម្លាំងដែលកើតឡើងនៅក្នុងទូលបង្គំប៉ុណ្ណោះ។» ការនេះបង្ហាញថាអ្នកមានការប៉ះពាល់ផ្នែកខាងក្នុងដោយព្រះជាម្ចាស់។ ព្រះជាម្ចាស់បានប៉ះពាល់មនុស្សនៅផ្នែកខាងក្នុង ដោយពួកគេមានការជំរុញចិត្តនៅពេលបានឮអំពីការរួបរួមរបស់អ្នកដទៃ។ ប្រសិនបើដួងចិត្តរបស់មនុស្សម្នាក់នៅដដែលឥតកម្រើកនៅពេលពួកគេបានឮព្រះបន្ទូលដែលជំរុញទឹកចិត្ត នោះបញ្ជាក់ថាកិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធមិនស្ថិតនៅក្នុងពួកគេទេ។ នៅក្នុងខ្លួនរបស់ពួកគេគឺមិនចង់បានអ្វីឡើយ វាបញ្ជាក់ថាពួកគេគ្មានការតាំងចិត្តទេ ហើយដូចនេះ ពួកគេមិនមានកិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធឡើយ។ ប្រសិនបើមនុស្សម្នាក់មានការប៉ះពាល់ពីព្រះជាម្ចាស់ ពួកគេនឹងមានប្រតិកម្មនៅពេលដែលបានឮព្រះបន្ទូលរបស់ព្រះជាម្ចាស់។ ប្រសិនបើពួកគេមិនមានការប៉ះពាល់ពីព្រះជាម្ចាស់ទេ នោះពួកគេមិនមានការផ្សារភ្ជាប់ជាមួយព្រះបន្ទូលរបស់ព្រះជាម្ចាស់ ពួកគេមិនមានទំនាក់ទំនងជាមួយព្រះបន្ទូលទាំងនេះ ហើយពួកគេមិនអាចទទួលការបំភ្លឺឡើយ។ អស់អ្នកដែលបានឮព្រះបន្ទូលរបស់ព្រះជាម្ចាស់ ហើយគ្មានប្រតិកម្មអ្វីសោះ គឺជាមនុស្សដែលមិនមានការប៉ះពាល់ពីព្រះជាម្ចាស់ ពួកគេជាមនុស្សដែលមិនមានកិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធ។ អស់អ្នកដែលអាចទទួលយកនូវការបំភ្លឺថ្មីមាននូវការប៉ះពាល់ ព្រមទាំងមានកិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធនៅជាមួយផង។

ការវាស់វែងខ្លួនឯង៖

១. តើអ្នកកំពុងស្ថិតនៅចំកណ្តាលនៃកិច្ចការបច្ចុប្បន្ន របស់ព្រះវិញ្ញាណបរិសុទ្ធឬទេ?

២. តើដួងចិត្តរបស់អ្នកបានបែរទៅរកព្រះជាម្ចាស់ ហើយឬនៅ? តើអ្នកមានការប៉ះពាល់ដោយព្រះជាម្ចាស់ហើយឬនៅ?

៣. តើព្រះបន្ទូលរបស់ព្រះជាម្ចាស់បានចាក់ឫសនៅក្នុងអ្នកហើយឬនៅ?

៤. តើការអនុវត្តរបស់អ្នក ធ្វើឡើងដោយផ្អែកលើគ្រឹះនៃសេចក្តីតម្រូវ របស់ព្រះ ជាម្ចាស់ឬទេ?

៥. តើអ្នករស់នៅក្រោមការណែនាំនៃពន្លឺបច្ចុប្បន្នរបស់ព្រះវិញ្ញាណបរិសុទ្ធ ដែរឬទេ?

៦. តើដួងចិត្តរបស់អ្នក ត្រូវបានគ្រប់គ្រងដោយការយល់ឃើញ ចាស់គំរឹល ឬក៏គ្រប់គ្រងដោយព្រះបន្ទូលរបស់ព្រះជាម្ចាស់នៅពេលបច្ចុប្បន្ននេះ?

តាមរយៈការស្តាប់ឮអំពីព្រះបន្ទូលទាំងនេះ តើអ្នករាល់គ្នាមានប្រតិកម្មអ្វីខ្លះ? តាមជំនឿដែលអ្នកបានជឿប៉ុន្មានឆាំ្ននេះ តើអ្នកមានព្រះបន្ទូលរបស់ព្រះជាម្ចាស់នៅក្នុងជីវិតរបស់អ្នកដែរឬទេ? តើមានការផ្លាស់ប្រែនៅក្នុងនិស្ស័យពុករលួយរបស់អ្នកកាលពីមុនដែរ ឬទេ? ស្របតាមព្រះបន្ទូលរបស់ព្រះជាម្ចាស់នាពេលបច្ចុប្បន្ន តើអ្នកដឹងថាការមានជីវិតគឺជាអ្វី? ហើយការមិនមានជីវិតគឺជាអ្វី? តើការនេះច្បាស់លាស់សម្រាប់អ្នករាល់គ្នាដែរឬទេ? ទាក់ទិននឹងភាពសំខាន់បំផុតក្នុងការដើរតាមព្រះជាម្ចាស់ គ្រប់យ៉ាងគួរតែអាស្រ័យលើព្រះបន្ទូលរបស់ព្រះជាម្ចាស់នាពេលបច្ចុប្បន្ន៖ មិនថាអ្នកកំពុងស្វែងរកការចូលទៅក្នុងជីវិត ឬការបំពេញតាមបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់នោះទេ គ្រប់យ៉ាងគួរតែនៅចំណុចកណ្តាលរង្វង់នៃព្រះបន្ទូលរបស់ព្រះជាម្ចាស់នាពេលបច្ចុប្បន្ន។ ប្រសិនបើអ្វីដែលអ្នកទំនាក់ទំនង និងស្វែងរកមិនស្ថិតនៅកណ្ដាលរង្វង់នៃព្រះបន្ទូលរបស់ព្រះជាម្ចាស់នាពេលបច្ចុប្បន្នទេ នោះអ្នកជាមនុស្សចម្លែកនៅចំពោះព្រះបន្ទូលរបស់ព្រះជាម្ចាស់ ហើយគ្មានសេសសល់នូវកិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធឡើយ។ អ្វីដែលព្រះជាម្ចាស់សព្វព្រះហឫទ័យចង់បានគឺ មនុស្សដែលដើរតាមដានព្រះបាទរបស់ព្រះអង្គ។ មិនថាអ្វីដែលអ្នកបានយល់ដឹងពីមុនមានលក្ខណៈអស្ចារ្យ ឬបរិសុទ្ធប៉ុនណានោះទេ ព្រះជាម្ចាស់មិនចង់បានឡើយ ហើយប្រសិនបើអ្នកមិនអាចដករបស់អស់ទាំងនោះចេញទេ នោះរបស់អស់ទាំងនោះនឹងក្លាយជាឧបសគ្គយ៉ាងធំចំពោះការចូលទៅក្នុងអនាគត។ មានពរហើយអស់អ្នកណាដែលអាចដើរតាមពន្លឺនាពេលបច្ចុប្បន្នរបស់ព្រះវិញ្ញាណបរិសុទ្ធ។ មនុស្សដែលមានអាយុច្រើនមកហើយក៏បានដើរតាមដានព្រះបាទារបស់ព្រះជាម្ចាស់ដែរ ប៉ុន្ដែពួកគេមិនអាចដើរតាមព្រះអង្គរហូតមកដល់ថ្ងៃនេះទេ នេះគឺជាព្រះពររបស់មនុស្សនៅគ្រាចុងក្រោយ។ អស់អ្នកដែលបានដើរតាមកិច្ចការបច្ចុប្បន្នរបស់ព្រះវិញ្ញាណបរិសុទ្ធ និងអស់អ្នកណាដែលអាចដើរតាមដានព្រះបាទារបស់ព្រះជាម្ចាស់ គឺពួកគេដើរតាមព្រះជាម្ចាស់ទៅគ្រប់ទីកន្លែងដែលព្រះអង្គដឹកនាំពួកគេទៅ មនុស្សទាំងអស់នេះជាអ្នកដែលព្រះអង្គប្រទានពរ។ អស់អ្នកណាដែលមិនដើរតាមកិច្ចការបច្ចុប្បន្នរបស់ព្រះវិញ្ញាណបរិសុទ្ធ មិនបានចូលទៅក្នុងកិច្ចការនៃព្រះបន្ទូលរបស់ព្រះជាម្ចាស់ឡើយ មិនថាពួកគេប្រឹងប្រែងប៉ុនណា ឬមិនថាពួកគេរងទុក្ខប៉ុនណា ឬពួកគេប្រឹងរត់ទៅមុខយ៉ាងណានោះទេ គឺគ្មានអ្វីមួយដែលមានន័យសម្រាប់ព្រះជាម្ចាស់ឡើយ ហើយព្រះអង្គនឹងមិនស្ងើចសរសើរពួកគេឡើយ។ ថ្ងៃនេះ អស់អ្នកណាដែលដើរតាមព្រះបន្ទូលបច្ចុប្បន្នរបស់ព្រះជាម្ចាស់ គឺស្ថិតនៅក្នុងចរន្ដនៃព្រះវិញ្ញាណបរិសុទ្ធ អស់អ្នកណាដែលជាជនចម្លែកចំពោះព្រះបន្ទូលរបស់ព្រះជាម្ចាស់នាពេលបច្ចុបន្ន គឺស្ថិតនៅក្រៅចរន្ដនៃព្រះវិញ្ញាណបរិសុទ្ធ ហើយមនុស្សប្រភេទនេះ មិនមានការស្ងើចសរសើរពីព្រះជាម្ចាស់ឡើយ។ ការបម្រើដែលមានការបែកចេញពីព្រះសូរសៀងបច្ចុប្បន្នរបស់ព្រះវិញ្ញាណបរិសុទ្ធ គឺជាការបម្រើនៃសាច់ឈាម និងសញ្ញាណ ហើយវាមិនអាចស្របនឹងព្រះហឫទ័យរបស់ព្រះជាម្ចាស់ឡើយ។ ប្រសិនបើមនុស្សរស់នៅក្នុងសញ្ញាណសាសនា នោះពួកគេមិនអាចធ្វើអ្វីដែលសមនឹងបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ឡើយ ហើយទោះបីជាពួកគេបម្រើព្រះជាម្ចាស់ក្ដី ក៏ពួកគេបម្រើនៅក្នុងការស្រមើស្រមៃ និងសញ្ញាណដែរ ហើយមិនមានលក្ខណៈគ្រប់គ្រាន់ក្នុងការបម្រើស្របតាមបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ឡើយ។ អស់អ្នកដែលមិនអាចដើរតាមកិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធ មិនយល់ពីបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ឡើយ ហើយអស់អ្នកណាដែលមិនយល់ពីបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ក៏មិនអាចបម្រើព្រះជាម្ចាស់បានដែរ។ ព្រះជាម្ចាស់ចង់បានការបម្រើដែលស្របតាមព្រះហឫទ័យរបស់ព្រះអង្គ ទ្រង់មិនចង់បានការបម្រើដែលចេញពីសញ្ញាណ និងសាច់ឈាមឡើយ។ ប្រសិនបើមនុស្សមិនអាចដើរតាមជំហាននៃកិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធទេ នោះពួកគេរស់នៅក្នុងសញ្ញាណហើយ។ ការបម្រើរបស់មនុស្សបែបនេះកាត់ផ្ដាច់ និងមានការរំខាន ហើយការបម្រើបែបនេះធ្វើឡើងដោយផ្ទុយនឹងព្រះជាម្ចាស់។ ដូចនេះ អស់អ្នកណាដែលមិនអាចដើរតាមដានព្រះបាទារបស់ព្រះជាម្ចាស់ មិនអាចបម្រើព្រះជាម្ចាស់បានទេ ហើយអស់អ្នកដែលមិនអាចដើរតាមដានព្រះបាទរបស់ព្រះជាម្ចាស់ ភាគច្រើនប្រឆាំងទាស់នឹងព្រះជាម្ចាស់ ហើយមិនអាចស្របនឹងព្រះជាម្ចាស់ឡើយ។ «ការដើរតាមកិច្ចការនៃព្រះវិញ្ញាណបរិសុទ្ធ» មានន័យថា ជាការស្វែងយល់ពីបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់នាពេលបច្ចុប្បន្ន ជាការដែលអាចប្រព្រឹត្ដស្របនឹងតម្រូវការបច្ចុប្បន្នរបស់ព្រះជាម្ចាស់ ជាការដែលអាចស្ដាប់បង្គាប់ និងដើរតាមព្រះជាម្ចាស់នាពេលបច្ចុប្បន្ន និងជាការចូលទៅដែលស្របតាមព្រះសូរសៀងថ្មីបំផុតរបស់ព្រះជាម្ចាស់។ នេះទើបជាមនុស្សដែលដើរតាមកិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធ និងនៅក្នុងចរន្ដនៃព្រះវិញ្ញាណបរិសុទ្ធ។ មនុស្សបែបនេះ គឺមិនត្រឹមតែអាចទទួលនូវការសរសើរពីព្រះជាម្ចាស់ប៉ុណ្ណោះទេ តែថែមទាំងអាចស្គាល់នូវនិស្ស័យរបស់ព្រះជាម្ចាស់ដែលមាននៅក្នុងកិច្ចការចុងក្រោយរបស់ព្រះអង្គ និងអាចស្គាល់នូវសញ្ញាណ និងការមិនស្ដាប់បង្គាប់របស់មនុស្ស ព្រមទាំងធម្មជាតិរបស់មនុស្ស និងលក្ខណៈផ្សំរបស់គេផង តាមរយៈកិច្ចការចុងក្រោយបំផុតរបស់ព្រះអង្គ។ លើសពីនេះទៅទៀត ពួកគេអាចសម្រេចបាននូវការផ្លាស់ប្ដូរនិស្ស័យរបស់ពួកគេបន្ដិចម្ដងៗនៅក្នុងអំឡុងពេលដែលគេបម្រើដល់ទ្រង់។ មានតែមនុស្សបែបនេះប៉ុណ្ណោះ ទើបជាអ្នកដែលអាចទទួលបានព្រះជាម្ចាស់ និងជាអ្នកដែលបានរកឃើញផ្លូវដ៏ពិតយ៉ាងប្រាកដ។ អស់អ្នកណាដែលត្រូវផាត់ចោលដោយកិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធ គឺជាមនុស្សដែលមិនអាចដើរតាមកិច្ចការចុងក្រោយរបស់ព្រះជាម្ចាស់ និងជាអ្នកដែលប្រឆាំងទាស់នឹងកិច្ចការចុងក្រោយរបស់ទ្រង់។ មនុស្សបែបនេះប្រឆាំងទាស់នឹងព្រះជាម្ចាស់ដោយបើកចំហរ ពីព្រោះព្រះជាម្ចាស់បានធ្វើកិច្ចការថ្មី ហើយដោយសារតែរូបអង្គនៃព្រះមិនដូចជាសញ្ញាណរបស់ពួកគេ ជាលទ្ធផល ពួកគេប្រឆាំងទាស់នឹងព្រះជាម្ចាស់ដោយបើកចំហរ និងបានយកការជំនុំជម្រះមកទម្លាក់លើព្រះអង្គ ដែលនាំឱ្យព្រះជាម្ចាស់ស្អប់ខ្ពើម និងបដិសេធពួកគេ។ ការមានចំណេះដឹងអំពីកិច្ចការចុងក្រោយបំផុតរបស់ព្រះជាម្ចាស់មិនមែនជារឿងងាយស្រួលទេ ប៉ុន្ដែប្រសិនបើមនុស្សមានគំនិតស្ដាប់បង្គាប់កិច្ចការរបស់ព្រះជាម្ចាស់ នោះពួកគេនឹងមានឱកាសមើលឃើញព្រះអង្គ ហើយនិងមានឱកាសទទួលបានការដឹកនាំថ្មីបំផុតរបស់ព្រះវិញ្ញាណបរិសុទ្ធផង។ អស់អ្នកណាដែលប្រឆាំងនឹងកិច្ចការរបស់ព្រះជាម្ចាស់ដោយចេតនា មិនអាចទទួលបានការបំភ្លឺពីព្រះវិញ្ញាណបរិសុទ្ធ ឬការណែនាំពីព្រះជាម្ចាស់ឡើយ។ ដូចនេះ មិនថាមនុស្សអាចទទួលនូវកិច្ចការចុងក្រោយរបស់ព្រះជាម្ចាស់ ឬអត់នោះទេ គឺអាស្រ័យលើព្រះគុណរបស់ព្រះជាម្ចាស់ ហើយវាគឺអាស្រ័យលើការស្វែងរករបស់ពួកគេ ព្រមទាំងអាស្រ័យលើចេតនារបស់ពួកគេដែរ។

មានពរហើយអស់អ្នកដែលអាចស្ដាប់បង្គាប់តាមព្រះសូរសៀងនាពេលបច្ចុប្បន្ននៃរបស់ព្រះវិញ្ញាណបរិសុទ្ធ។ មិនថាពួកគេធ្លាប់ធ្វើយ៉ាងណា ឬមួយថាព្រះវិញ្ញាណបរិសុទ្ធធ្លាប់ធ្វើការនៅក្នុងពួកគេបែបណានោះទេ អស់អ្នកដែលទទួលបានកិច្ចការចុងក្រោយរបស់ព្រះជាម្ចាស់ គឺជាអ្នកដែលទទួលបានព្រះពរខ្លាំងបំផុតហើយ ហើយអស់អ្នកដែលមិនអាចដើរតាមកិច្ចការចុងក្រោយនាពេលបច្ចុប្បន្នទេ គឺត្រូវបានផាត់ចោល។ ព្រះជាម្ចាស់ចង់បានអស់អ្នកដែលអាចទទួលបាននូវពន្លឺថ្មី ហើយព្រះអង្គចង់បានអ្នកដែលទទួលយក និងស្គាល់នូវកិច្ចការចុងក្រោយបំផុតរបស់ព្រះអង្គ។ ហេតុអ្វីបានជាពោលថា អ្នកត្រូវតែជាក្រមុំព្រហ្មចារី? ក្រមុំព្រហ្មចារីអាចស្វែងរកនូវកិច្ចការរបស់ព្រះជាម្ចាស់ និងស្វែងយល់នូវអ្វីដែលថ្មី ហើយលើសពីនេះទៅទៀត គេអាចដកចេញនូវសញ្ញាណចាស់ៗ និងគោរពតាមកិច្ចការរបស់ព្រះជាម្ចាស់នាពេលបច្ចុប្បន្ន។ ក្រុមមនុស្សប្រភេទនេះ ជាក្រុមមនុស្សដែលទទួលនូវកិច្ចការថ្មីបំផុតនាពេលបច្ចុប្បន្ន គឺជាអ្នកដែលព្រះជាម្ចាស់បានកំណត់ទុកជាមុន តាំងពីមុនយុគសម័យនានាទៅទៀត ហើយពួកគេជាមនុស្សដែលមានពរបំផុត។ អ្នករាល់គ្នាស្ដាប់ឮនូវព្រះសូរសៀងរបស់ព្រះជាម្ចាស់ ដូចនេះ នៅទូទាំងស្ថានសួគ៌ និងផែនដី ព្រមទាំងនៅគ្រប់ជំនាន់ទាំងអស់ គ្មាននរណាម្នាក់មានពរជាងអ្នករាល់គ្នាដែលជាក្រុមមនុស្សប្រភេទនេះឡើយ។ ទាំងអស់នេះគឺដោយសារតែកិច្ចការរបស់ព្រះជាម្ចាស់ ដោយសារតែការកំណត់ទុកជាមុន និងការជ្រើសរើសរបស់ទ្រង់ ព្រមទាំងដោយសារតែព្រះគុណរបស់ព្រះជាម្ចាស់។ ប្រសិនបើព្រះជាម្ចាស់មិនបានមានបន្ទូល និងថ្លែងព្រះបន្ទូលចេញមកទេ តើអ្នករាល់គ្នាបានស្ថិតក្នុងលក្ខខណ្ឌដូចសព្វថ្ងៃនេះដែរឬទេ? ដូច្នេះ សូមឱ្យព្រះជាម្ចាស់ទទួលបានសិរីល្អ និងការសរសើរតម្កើង ដ្បិតការទាំងអស់នេះកើតឡើងដោយសារព្រះជាម្ចាស់បានលើកអ្នកឡើង។ ដោយមានចំណុចទាំងអស់នេះនៅក្នុងគំនិតរបស់អ្នក តើអ្នកអាចនៅតែអកម្មទៀតទេ? តើកម្លាំងរបស់អ្នកនៅតែមិនអាចកើនឡើងមែនឬ?

ដែលអ្នកអាចទទួលយកនូវការជំនុំជម្រះ ការវាយផ្ចាល ការវាយផ្ដួល និងការបន្សុទ្ធនៃព្រះបន្ទូលរបស់ព្រះជាម្ចាស់ ហើយលើសពីនេះទៅទៀត អាចទទួលយកនូវបញ្ជាបេសកកម្មរបស់ព្រះជាម្ចាស់បាន គឺព្រះជាម្ចាស់បានកំណត់ទុកជាមុនតាំងពីមុនយុគសម័យនានាទៅទៀត ហើយដូចនេះ អ្នកមិនត្រូវមានទុក្ខព្រួយពេកនៅពេលអ្នកត្រូវវាយផ្ចាលឡើយ។ គ្មាននរណាម្នាក់អាចដកយកចេញនូវកិច្ចការដែលបានធ្វើនៅក្នុងអ្នករាល់គ្នា និងព្រះពរដែលបានចាក់បង្ហូរមកលើអ្នកឡើយ ហើយក៏គ្មាននរណាម្នាក់អាចដកយកចេញនូវអ្វីទាំងអស់ដែលបានប្រទានឱ្យអ្នករាល់គ្នាដែរ។ មនុស្សដែលកាន់សាសនាមិនអាចអត់ទ្រាំការមិនប្រៀបធៀបនឹងអ្នករាល់គ្នាបានឡើយ។ អ្នករាល់គ្នាមិនមានជំនាញអស្ចារ្យនៅក្នុងព្រះគម្ពីរឡើយ ហើយក៏មិនបានទទួលការបំពាក់បំប៉ននូវទ្រឹស្ដីផ្នែកសាសនាដែរ ប៉ុន្ដែដោយសារតែព្រះជាម្ចាស់បានធ្វើការនៅក្នុងអ្នករាល់គ្នា នោះអ្នករាល់គ្នាទទួលបានកាន់តែច្រើន គឺច្រើនជាងនរណាទាំងអស់នៅគ្រប់សម័យកាល ហើយនេះជាព្រះពរដ៏អស្ចារ្យបំផុតរបស់អ្នករាល់គ្នា។ ដោយសារតែការនេះ អ្នករាល់គ្នាត្រូវតែមានការលះបង់សម្រាប់ព្រះជាម្ចាស់កាន់តែខ្លាំង ព្រមទាំងមានភាពស្មោះត្រង់ចំពោះព្រះជាម្ចាស់កាន់តែខ្លាំងជាងនេះដែរ។ ដ្បិតព្រះជាម្ចាស់បានលើកអ្នកឡើង អ្នកត្រូវតែជំរុញការប្រឹងប្រែងរបស់ខ្លួន ហើយត្រូវត្រៀមលក្ខណៈដើម្បីទទូលយកនូវបញ្ជាបេសកកម្មរបស់ព្រះជាម្ចាស់។ អ្នកត្រូវតែឈរយ៉ាងរឹងមាំនៅទីកន្លែងដែលព្រះជាម្ចាស់បានប្រទានឱ្យអ្នក ស្វែងរកការក្លាយជាមនុស្សម្នាក់ក្នុងចំណោមប្រជារាស្រ្ដរបស់ទ្រង់ ទទួលយកការបង្វឹកបង្វឺនអំពីនគរព្រះ ត្រូវព្រះជាម្ចាស់ទទួលយក និងត្រូវក្លាយជាទីបន្ទាល់ដែលពេញដោយសិរីល្អចំពោះព្រះជាម្ចាស់។ តើអ្នកមាននូវការតាំងចិត្តទាំងនេះដែរឬទេ? ប្រសិនបើអ្នកមានការតាំងចិត្តទាំងនេះ នោះប្រាកដថាព្រះជាម្ចាស់ទទួលយកអ្នកជាមិនខាន ព្រមទាំងក្លាយជាបន្ទាល់ដែលពេញដោយសិរីល្អសម្រាប់ព្រះជាម្ចាស់ផង។ អ្នកគួរតែយល់ថា បញ្ជាបេសកកម្មដ៏សំខាន់នេះកំពុងត្រូវបានព្រះជាម្ចាស់ទទួលយក និងក្លាយជាបន្ទាល់ដែលពេញដោយសេរីល្អចំពោះព្រះជាម្ចាស់។ នេះជាបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់។

ព្រះបន្ទូលរបស់ព្រះវិញ្ញាណបរិសុទ្ធនាពេលបច្ចុប្បន្ន គឺជាការវិវឌ្ឍនៃកិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធ ហើយការបំភ្លឺជាបន្ដបន្ទាប់ពីព្រះវិញ្ញាណបរិសុទ្ធចំពោះមនុស្សក្នុងអំឡុងពេលនេះ គឺជាទំនោរនៃកិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធ។ ហើយតើអ្វីដែលជាទំនោរនៅក្នុងកិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធនាពេលបច្ចុប្បន្ន? វាគឺជាការដឹកនាំមនុស្សចូលទៅក្នុងកិច្ចការរបស់ព្រះជាម្ចាស់នាពេលបច្ចុប្បន្ន និងចូលទៅក្នុងជិវិតធម្មតាផ្នែកព្រលឹងវិញ្ញាណ។ មានជំហ៊ានមួយចំនួនដើម្បីចូលទៅក្នុងជីវិតធម្មតាផ្នែកព្រលឹងវិញ្ញាណ៖

១. ទីមួយ អ្នកត្រូវចាក់បង្ហូរដួងចិត្ដរបស់អ្នកចូលទៅក្នុងព្រះបន្ទូលរបស់ព្រះជាម្ចាស់។ អ្នកមិនត្រូវស្វែងរកព្រះបន្ទូលរបស់ព្រះជាម្ចាស់នៅក្នុងអតីតកាល ហើយមិនត្រូវសិក្សាពីព្រះបន្ទូលនោះ ហើយក៏មិនត្រូវប្រៀបធៀប ទៅនឹងព្រះបន្ទូលនាពេលបច្ចុប្បន្នដែរ។ ផ្ទុយទៅវិញ អ្នកត្រូវចាក់បង្ហូរនូវដួងចិត្ដរបស់អ្នកទាំងស្រុងចូលទៅក្នុងព្រះបន្ទូលបច្ចុប្បន្នរបស់ព្រះជាម្ចាស់។ ប្រសិនបើមានមនុស្សដែលចង់អានព្រះបន្ទូលរបស់ព្រះជាម្ចាស់ សៀវភៅផ្នែកព្រលឹងវិញ្ញាណ ឬអ្វីដែលជាការបង្រៀននៅក្នុងអតីតកាល ហើយនរណាដែលមិនដើរតាមព្រះបន្ទូលរបស់ព្រះវិញ្ញាណបរិសុទ្ធនាពេលបច្ចុប្បន្ន នោះពួកគេគឺជាមនុស្សល្ងង់បំផុតហើយ។ ព្រះជាម្ចាស់ស្អប់មនុស្សបែបនេះណាស់។ ប្រសិនបើអ្នកចង់ទទួលយកនូវពន្លឺនៃព្រះវិញ្ញាណបរិសុទ្ធនាពេលបច្ចុប្បន្ន នោះចូរចាក់បង្ហូរដួងចិត្ដរបស់អ្នកទាំងស្រុងចូលទៅក្នុងបន្ទូលរបស់ព្រះវិញ្ញាណបរិសុទ្ធនាពេលបច្ចុប្បន្ន។ នេះជារឿងទីមួយដែលអ្នកត្រូវធ្វើឱ្យបាន។

២. អ្នកត្រូវតែអធិស្ឋានដោយផ្អែកលើមូលដ្ឋាននៃព្រះបន្ទូលដែលព្រះជាម្ចាស់មានបន្ទូលនាពេលបច្ចុប្បន្ន ចូលទៅក្នុងព្រះបន្ទូលរបស់ព្រះជាម្ចាស់ និងទំនាក់ទំនងជាមួយព្រះអង្គ ព្រមទាំងធ្វើការតាំងចិត្ដនៅចំពោះព្រះជាម្ចាស់ បង្កើតនូវបទដ្ឋានដែលអ្នកចង់ស្វែងរកការសម្រេចបាននូវការតាំងចិត្ដនោះ។

៣. អ្នកត្រូវតែស្វែងរកការចូលទៅក្នុងសេចក្ដីពិតយ៉ាងជ្រៅនៅលើមូលដ្ឋាននៃកិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធនាពេលបច្ចុប្បន្ន។ ចូរកុំប្រកាន់យកព្រះសូរសៀង និងទ្រឹស្ដីពីអតីតកាល។

៤. អ្នកត្រូវតែស្វែងរកការប៉ះពាល់មកពីព្រះវិញ្ញាណបរិសុទ្ធ និងចូលក្នុងព្រះបន្ទូលរបស់ព្រះជាម្ចាស់។

៥. អ្នកត្រូវតែស្វែងរកការចូលទៅក្នុងមាគ៌ាដែលព្រះវិញ្ញាណបរិសុទ្ធនាពេលបច្ចុប្បន្នបានយាងកាត់។

តើអ្នកស្វែងរកការប៉ះពាល់ដោយព្រះវិញ្ញាណបរិសុទ្ធដោយរបៀបណា? រឿងសំខាន់បំផុត គឺត្រូវរស់នៅក្នុងព្រះបន្ទូលនាពេលបច្ចុប្បន្នរបស់ព្រះជាម្ចាស់ និងអធិស្ឋានដោយផ្អែកទៅលើ មូលដ្ឋាននៃសេចក្ដីតម្រូវរបស់ព្រះជាម្ចាស់។ តាមរយៈការអធិស្ឋានដោយរបៀបនេះ នោះព្រះវិញ្ញាណបរិសុទ្ធប្រាកដជានឹងប៉ះពាល់អ្នក។ ប្រសិនបើអ្នកមិនស្វែងរកមូលដ្ឋាននៃព្រះបន្ទូល ដែលព្រះជាម្ចាស់បានថ្លែងទេ នោះការនេះគ្មានផលផ្លែអ្វីនោះឡើយ។ អ្នកគួរអធិស្ឋានដោយពោលថា៖ «ឱ ព្រះជាម្ចាស់អើយ! ទូលបង្គំប្រឆាំងនឹងព្រអង្គ ហើយទូលបង្គំជំពាក់ព្រះអង្គច្រើនណាស់។ ទូលបង្គំពិតជាមិនស្ដាប់បង្គាប់មែន ហើយមិនអាចផ្គាប់ព្រះហឫទ័យរបស់ព្រះអង្គឡើយ។ ឱព្រះអង្គអើយ ទូលបង្គំចង់ឱ្យព្រះអង្គសង្គ្រោះទូលបង្គំ ទូលបង្គំចង់បម្រើព្រះអង្គរហូតដល់ថ្ងៃចុងក្រោយ ទូលបង្គំចង់លះបង់ជិវិតសម្រាប់ព្រះអង្គ។ ព្រះអង្គជំនុំជម្រះ និងវាយផ្ចាលទូលបង្គំ ហើយទូលបង្គំសមតែស្លាប់ ដើម្បីឱ្យមនុស្សទាំងអស់អាចប្រកាន់ខ្ជាប់នូវនិស្ស័យសុចរិតរបស់ព្រះអង្គដោយតាមរយៈការស្លាប់របស់ទូលបង្គំ។» នៅពេលដែលអ្នកអធិស្ឋានតាមរបៀបនេះចេញពីចិត្តរបស់អ្នក នោះព្រះជាម្ចាស់នឹងស្ដាប់ឮអ្នក ហើយទ្រង់នឹងដឹកនាំអ្នក។ ប្រសិនបើអ្នកមិនអធិស្ឋានដោយផ្អែកលើមូលដ្ឋាននៃព្រះបន្ទូលរបស់ព្រះវិញ្ញាណបរិសុទ្ធនាពេលបច្ចុប្បន្នទេ នោះមិនមាននូវការប៉ះពាល់ពីព្រះវិញ្ញាណបរិសុទ្ធមកលើអ្នកឡើយ។ ប្រសិនបើអ្នកអធិស្ឋានផ្អែកតាមបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ និងស្របតាមអ្វីដែលព្រះជាម្ចាស់សព្វព្រះហឫទ័យនឹងធ្វើនៅពេលនេះ នោះអ្នកពោលថា៖ «ឱព្រះជាម្ចាស់អើយ! ទូលបង្គំចង់ទទួលយកបញ្ជាបេសកកម្មរបស់ព្រះអង្គ ហើយទូលបង្គំសុខចិត្ដបូជាជីវិតរបស់ទូលបង្គំទាំងមូលសម្រាប់សិរីល្អរបស់ព្រះអង្គ ដើម្បីឱ្យអ្វីទាំងអស់ដែលទូលបង្គំបានធ្វើអាចឈានទៅដល់បទដ្ឋាននៃប្រជារាស្ដ្ររបស់ព្រះជាម្ចាស់។ សូមឱ្យព្រះអង្គបានប៉ះពាល់ដួងចិត្ដរបស់ទូលបង្គំ។ ទូលបង្គំចង់ឱ្យព្រះវិញ្ញាណរបស់ព្រះអង្គបានបំភ្លឺទូលបង្គំ ដើម្បីធ្វើឱ្យអ្វីទាំងអស់ដែលទូលបង្គំធ្វើបាននាំនូវភាពអាម៉ាស់មកទម្លាក់លើសាតាំង ដើម្បីឱ្យនៅទីបំផុត ព្រះអង្គនឹងទទួលយកទូលបង្គំ។» ប្រសិនបើអ្នកអធិស្ឋានរបៀបនេះ អធិស្ឋានក្នុងរបៀបមួយដែលផ្ដោតជុំវិញបំណងព្រះឫទ័យរបស់ព្រះជាម្ចាស់ នោះព្រះវិញ្ញាណបរិសុទ្ធនឹងធ្វើការនៅក្នុងអ្នកដោយចៀសមិនផុតឡើយ។ អ្វីដែលសំខាន់នោះមិនអាស្រ័យលើថា តើអ្នកអធិស្ឋានបានប៉ុន្មានពាក្យទេ អ្វីដែលសំខាន់នោះគឺថា តើអ្នកយល់ពីបំណងបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ដែរឬអត់។ អ្នករាល់គ្នាប្រហែលជាសុទ្ធតែមាននូវបទពិសោធដូចខាងក្រោមនេះហើយ៖ ជួនកាល ក្នុងពេលអធិស្ឋាននៅពេលជួបជុំគ្នា សក្ដានុពលនៃកិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធក៏ឈានដល់ចំណុចខ្ពស់បំផុត ដែលបណ្ដាលឱ្យកម្លាំងរបស់មនុស្សគ្រប់គ្នាបានកើនឡើង។ មនុស្សមួយចំំនួនយំដោយជូរចត់ និងបង្ហូរទឹកភ្នែកក្នុងពេលអធិស្ឋាននោះ ពួកគេយកឈ្នះលើវិប្បដិសារីនៅចំពោះព្រះជាម្ចាស់ ហើយមនុស្សមួយចំនួនទៀតបង្ហាញនូវការតាំងចិត្ដ និងធ្វើការស្បថ។ នេះគឺជាឥទ្ធិពលដែលកិច្ចការនៃព្រះវិញ្ញាណបរិសុទ្ធសម្រេចបាន។ ថ្ងៃនេះ វាជាការសំខាន់ដែលមនុស្សទាំងអស់ចាក់បង្ហូរដួងចិត្ដរបស់គេទាំងស្រុងចូលទៅក្នុងព្រះបន្ទូលរបស់ព្រះជាម្ចាស់។ ចូរកុំផ្ដោតលើព្រះបន្ទូលដែលបានថ្លែងពីមុន ហើយប្រសិនបើអ្នកនៅតែប្រកាន់ខ្ជាប់នូវអ្វីដែលចែងមកពីមុន នោះព្រះវិញ្ញាណបរិសុទ្ធនឹងមិនធ្វើការនៅក្នុងអ្នកឡើយ។ តើអ្នកមើលឃើញថា តើការនេះសំខាន់ប៉ុនណាដែរឬទេ?

តើអ្នករាល់គ្នាស្គាល់មាគ៌ាដែលព្រះវិញ្ញាណបរិសុទ្ធនាពេលបច្ចុប្បន្នបានយាងលើដែរឬទេ? ចំណុចមួយចំនួនខាងលើគឺជាអ្វីដែលព្រះវិញ្ញាណបរិសុទ្ធនាពេលបច្ចុប្បន្ន និងអនាគតត្រូវសម្រេច។ ចំណុចទាំងនេះគឺជាមាគ៌ាដែលព្រះវិញ្ញាណបរិសុទ្ធបានជ្រើសយក ហើយច្រកចូលទៅរកផ្លូវនោះត្រូវតែឱ្យមនុស្សស្វែងរក។ ចំពោះច្រកចូលក្នុងជីវិតរបស់អ្នក យ៉ាងហោចណាស់អ្នកត្រូវចាក់បង្ហូរដួងចិត្ដរបស់អ្នកចូលទៅក្នុងព្រះបន្ទូលរបស់ព្រះជាម្ចាស់ ហើយអាចទទួលយកនូវការជំនុំជម្រះ និងការវាយវាយផ្ចាលនៃព្រះបន្ទូលរបស់ព្រះជាម្ចាស់ ហើយដួងចិត្ដរបស់អ្នកត្រូវតែប្រាថ្នាចង់បានព្រះជាម្ចាស់ អ្នកត្រូវតែស្វែងរកការចូលទៅក្នុងសេចក្ដីពិតដ៏ជ្រាលជ្រៅ ព្រមទាំងគោលបំណងដែលព្រះជាម្ចាស់តម្រូវ។ នៅពេលដែលអ្នកមាននូវកម្លាំងនេះ នោះវាបង្ហាញថា ព្រះជាម្ចាស់បានប៉ះពាល់អ្នក ហើយដួងចិត្ដរបស់អ្នកបានចាប់ផ្ដើមបែរទៅរកព្រះជាម្ចាស់វិញ។

ជំហានដំបូងនៃច្រកចូលទៅកាន់ជីវិត គឺត្រូវចាក់បង្ហូរដួងចិត្ដរបស់អ្នកទាំងស្រុងចូលទៅក្នុងព្រះបន្ទូលរបស់ព្រះជាម្ចាស់ ហើយជំហានទីពីរគឺត្រូវទទួលការប៉ះពាល់ពីព្រះវិញ្ញាណបរិសុទ្ធ។ តើអ្វីខ្លះជាឥទ្ធិពលដែលទទួលបានដោយការទទួលយកការប៉ះពាល់ពីព្រះវិញ្ញាណបរិសុទ្ធ? វាជាការដែលអាចប្រាថ្នាចង់បាន ចង់ស្វែងរកនិងរុករកនូវសេចក្ដីពិតមួយដែលកាន់តែជ្រាលជ្រៅ និងអាចសហការជាមួយព្រះជាម្ចាស់ក្នុងឥរិរយាបថវិជ្ជមាន។ ថ្ងៃនេះ ការសហការរបស់អ្នកជាមួយព្រះជាម្ចាស់ដែលអាចនិយាយបានថាមានគោលបំណងមួយចំពោះការដេញតាមរបស់អ្នក ចំពោះសេចក្ដីអធិស្ឋានរបស់អ្នក និងចំពោះការប្រកបរបស់អ្នកជាមួយព្រះបន្ទូលរបស់ព្រះជាម្ចាស់ហើយអ្នកបំពេញភារកិច្ចរបស់អ្នក ស្របតាមសេចក្ដីតម្រូវរបស់ព្រះជាម្ចាស់ ដែលការនេះហើយគឺជាការសហការជាមួយព្រះជាម្ចាស់។ ប្រសិនបើអ្នកគ្រាន់តែនិយាយថាអនុញ្ញាតឱ្យព្រះជាម្ចាស់ធ្វើការ ប៉ុន្ដែខ្លួនឯងមិនបានធ្វើអ្វីទាល់តែសោះ សូម្បីតែការអធិស្ឋាន ឬការស្វែងរកក៏មិនធ្វើផង នោះតើការនេះអាចហៅថាជាការសហការដែរឬទេ? ប្រសិនបើអ្នកមិនមានដាននៃការសហការនៅក្នុងអ្នកទេ ហើយមិនមានការបង្វឹកបង្វឺនសម្រាប់ការចូលទៅដែលមាននូវគោលបំណងទេ នោះអ្នកមិនមែនកំពុងសហការឡើយ។ មនុស្សមួយចំនួនពោលថា៖ «អ្វីៗទាំងអស់គឺអាស្រ័យលើការកំណត់ទុកជាមុនរបស់ព្រះជាម្ចាស់ គ្រប់យ៉ាងសុទ្ធតែព្រះអង្គជាអ្នកធ្វើដោយផ្ទាល់។ ប្រសិនបើព្រះជាម្ចាស់មិនធ្វើវាទេ នោះតើឱ្យមនុស្ស អាចនឹងធ្វើដូចម្ដេចកើតទៅ?» កិច្ចការរបស់ព្រះជាម្ចាស់គឺធម្មតា និងមិនមានលក្ខណៈអធិធម្មជាតិបន្ដិចសោះឡើយ ហើយព្រះវិញ្ញាណបរិសុទ្ធធ្វើការតែតាមរយៈការស្វែងរកដ៏សកម្មរបស់អ្នកប៉ុណ្ណោះ ដ្បិតព្រះជាម្ចាស់មិនបានបង្ខំមនុស្សឡើយ អ្នកត្រូវតែផ្ដល់ឱកាសដល់ព្រះជាម្ចាស់ឱ្យធ្វើការ ហើយប្រសិនបើអ្នកមិនស្វែងរក ឬចូលទៅទេ ហើយប្រសិនបើចិត្ដអ្នកមិនចង់បានសូម្បីតែបន្ដិច នោះព្រះជាម្ចាស់មិនមានឱកាសធ្វើការឡើយ។ តើអ្នកអាចស្វែងរកការប៉ះពាល់ពីព្រះជាម្ចាស់តាមផ្លូវណា? គឺតាមរយៈការអធិស្ឋាន និងការចូលមកជិតព្រះជាម្ចាស់។ ប៉ុន្ដែសំខាន់បំផុតនោះគឺ ចូរចាំថា វាគឺត្រូវស្ថិតលើមូលដ្ឋាននៃព្រះបន្ទូលដែលព្រះជាម្ចាស់បានថ្លែង។ នៅពេលដែលអ្នកមានការប៉ះពាល់ពីព្រះជាម្ចាស់ជាញឹកញាប់ នោះអ្នកមិននៅជាប់ជាទាសករនៃសាច់ឈាមទៀតទេ៖ ស្វាមី ភរិយា កូន និងប្រាក់ សុទ្ធតែមិនអាចបង្អាក់អ្នកបានទេ ហើយអ្នកប្រាថ្នាចង់តែស្វែងរកសេចក្ដីពិត និងរស់នៅចំពោះព្រះជាម្ចាស់ប៉ុណ្ណោះ។ ពេលនេះ អ្នកនឹងក្លាយជាមនុស្សម្នាក់ដែលរស់នៅក្នុងពិភពនៃសេរីភាព។

ខាង​ដើម៖ មានតែអ្នកដែលស្គាល់កិច្ចការរបស់ព្រះជាម្ចាស់ក្នុងពេលបច្ចុប្បន្ននេះទេ ដែលអាចបម្រើព្រះជាម្ចាស់បាន

បន្ទាប់៖ ព្រះជាម្ចាស់ប្រោសមនុស្សណាដែលស្របតាមព្រះហឫទ័យទ្រង់ឱ្យបានគ្រប់លក្ខណ៍

គ្រោះមហន្តរាយផ្សេងៗបានធ្លាក់ចុះ សំឡេងរោទិ៍នៃថ្ងៃចុងក្រោយបានបន្លឺឡើង ហើយទំនាយនៃការយាងមករបស់ព្រះអម្ចាស់ត្រូវបានសម្រេច។ តើអ្នកចង់ស្វាគមន៍ព្រះអម្ចាស់ជាមួយក្រុមគ្រួសាររបស់អ្នក ហើយទទួលបានឱកាសត្រូវបានការពារដោយព្រះទេ?

ការកំណត់

  • អត្ថបទ
  • ប្រធានបទ

ពណ៌​ដិតច្បាស់

ប្រធានបទ

ប្រភេទ​អក្សរ

ទំហំ​អក្សរ

ចម្លោះ​បន្ទាត់

ចម្លោះ​បន្ទាត់

ប្រវែងទទឹង​ទំព័រ

មាតិកា

ស្វែងរក

  • ស្វែង​រក​អត្ថបទ​នេះ
  • ស្វែង​រក​សៀវភៅ​នេះ