ព្រះជាម្ចាស់ប្រោសមនុស្សណាដែលស្របតាមព្រះហឫទ័យទ្រង់ឱ្យបានគ្រប់លក្ខណ៍

ឥឡូវនេះ ព្រះជាម្ចាស់សព្វព្រះទ័យនឹងប្រមូលមនុស្សមួយក្រុម ដែលផ្ដុំដោយមនុស្សខិតខំរួបរួមជាមួយនឹងទ្រង់ មនុស្សដែលអាចស្ដាប់តាមកិច្ចការរបស់ទ្រង់ មនុស្សដែលជឿថា ព្រះបន្ទូលដែលទ្រង់ថ្លែងជាព្រះបន្ទូលពិត និងជាមនុស្សដែលអាចយកសេចក្ដីតម្រូវនានារបស់ព្រះជាម្ចាស់ទៅអនុវត្ត ពួកគេគឺជាមនុស្សដែលមានការយល់ដឹងច្បាស់នៅក្នុងដួងចិត្ត ជាមនុស្សដែលអាចត្រូវប្រោសឱ្យគ្រប់លក្ខណ៍ ហើយពួកគេគង់នឹងអាចដើរនៅលើមាគ៌ានៃភាពគ្រប់លក្ខណ៍បានមិនខានឡើយ។ អស់អ្នកណាដែលពុំអាចធ្វើឱ្យបានគ្រប់លក្ខណ៍ គឺជាមនុស្សដែលពុំមានការយល់ដឹងពិតប្រាកដអំពីកិច្ចការរបស់ព្រះជាម្ចាស់ ជាមនុស្សដែលពុំហូប និងផឹកព្រះបន្ទូលរបស់ព្រះជាម្ចាស់ មនុស្សដែលពុំយកចិត្តទុកដាក់លើព្រះបន្ទូលរបស់ទ្រង់ និងជាមនុស្សដែលគ្មានសេចក្ដីស្រឡាញ់ចំពោះព្រះជាម្ចាស់នៅក្នុងដួងចិត្តរបស់គេ។ អស់អ្នកដែលមានចិត្តសង្ស័យចំពោះព្រះដែលយកកំណើតជាមនុស្ស ដែលតែងមិនប្រាកដប្រជាចំពោះព្រះអង្គ មិនដែលមានភាពហ្មត់ចត់ចំពោះព្រះបន្ទូលរបស់ទ្រង់ ហើយតែងតែក្បត់ទ្រង់ ពួកគេជាមនុស្សដែលប្រឆាំងនឹងព្រះជាម្ចាស់ និងជាកម្មសិទ្ធិរបស់សាតាំង។ គ្មានមធ្យោបាយណាដែលអាចធ្វើឱ្យមនុស្សជំពូកទាំងនេះ អាចគ្រប់លក្ខណ៍បានឡើយ។

ប្រសិនបើអ្នកប្រាថ្នាឱ្យបានគ្រប់លក្ខណ៍នោះ ដំបូងអ្នកត្រូវតែធ្វើឱ្យព្រះជាម្ចាស់សព្វព្រះហឫទ័យអ្នកសិន ដ្បិតទ្រង់ធ្វើឱ្យមនុស្សដែលទ្រង់សព្វព្រះហឫទ័យ និងស្របតាមព្រះហឫទ័យរបស់ទ្រង់បានគ្រប់លក្ខណ៍។ ប្រសិនបើអ្នកចង់ស្របនឹងព្រះហឫទ័យរបស់ទ្រង់ នោះអ្នកត្រូវតែមានដួងចិត្តមួយដែលស្ដាប់បង្គាប់តាមកិច្ចការរបស់ទ្រង់ អ្នកត្រូវតែប្រឹងប្រែងស្វែងរកសេចក្ដីពិត ហើយអ្នកត្រូវតែទទួលយកការពិនិត្យពិច័យរបស់ព្រះជាម្ចាស់លើគ្រប់កិច្ចការទាំងអស់។ តើរាល់ទង្វើដែលអ្នកទាំងអស់គ្នាបានប្រព្រឹត្ត បានឆ្លងកាត់ការពិនិត្យពិច័យរបស់ព្រះជាម្ចាស់ហើយឬនៅ? តើចេតនារបស់អ្នក ត្រឹមត្រូវហើយឬនៅ? ប្រសិនបើចេតនារបស់អ្នកត្រឹមត្រូវហើយ នោះព្រះជាម្ចាស់នឹងសរសើរអ្នក ប្រសិនបើចេតនារបស់អ្នកមិនត្រឹមត្រូវវិញ នោះបង្ហាញឱ្យឃើញថា អ្វីដែលអ្នកស្រឡាញ់ពេញចិត្ត គឺសាច់ឈាម និងសាតាំង មិនមែនព្រះជាម្ចាស់ទេ។ ហេតុដូច្នេះហើយ អ្នកត្រូវតែប្រើនូវសេចក្ដីអធិស្ឋាន ទុកជាវិធីទទួលយកការពិនិត្យពិច័យរបស់ព្រះជាម្ចាស់ ក្នុងគ្រប់កិច្ចការទាំងអស់។ ទោះបីជាខ្ញុំមិនមែនកំពុងឈរនៅចំពោះអ្នកផ្ទាល់ក៏ដោយ នៅពេលអ្នកអធិស្ឋាន ព្រះវិញ្ញាណបរិសុទ្ធគង់ជាមួយអ្នក ហើយទាំងខ្ញុំ និងព្រះវិញ្ញាណនៃព្រះជាម្ចាស់ សុទ្ធសឹងជាព្រះជាម្ចាស់ដែលអ្នកកំពុងអធិស្ឋានរក។ តើអ្នកនឹងជឿលើមនុស្សនេះឬទេ ប្រសិនបើទ្រង់ពុំមានព្រះវិញ្ញាណនៃព្រះជាម្ចាស់គង់នៅជាមួយទេនោះ? នៅពេលអ្នកទាំងអស់គ្នាជឿលើមនុស្សនេះ នោះអ្នកជឿលើព្រះវិញ្ញាណនៃព្រះជាម្ចាស់ហើយ។ នៅពេលអ្នកទាំងអស់គ្នាកោតខ្លាចមនុស្សនេះ អ្នកក៏កោតខា្លចព្រះវិញ្ញាណនៃព្រះជាម្ចាស់ដែរ។ សេចក្ដីជំនឿលើព្រះវិញ្ញាណនៃព្រះជាម្ចាស់ គឺជាសេចក្ដីជំនឿលើមនុស្សម្នាក់នេះ ហើយសេចក្ដីជំនឿលើមនុស្សម្នាក់នេះ គឺជាសេចក្ដីជំនឿលើព្រះវិញ្ញាណនៃព្រះជាម្ចាស់។ នៅពេលអ្នកអធិស្ឋាន អ្នកទទួលអារម្មណ៍ថា ព្រះវិញ្ញាណគង់ជាមួយ ហើយមានអារម្មណ៍ថាព្រះជាម្ចាស់នៅចំពោះមុខអ្នក ហេតុដូច្នេះហើយ អ្នកក៏អធិស្ឋានទៅកាន់ព្រះវិញ្ញាណទ្រង់។ សព្វថ្ងៃនេះ មនុស្សភាគច្រើនភ័យខ្លាចក្នុងការនាំយកទង្វើរបស់ខ្លួនមកចំពោះព្រះជាម្ចាស់ពេក ដ្បិតខណៈពេលដែលអ្នកបំភាន់សាច់ឈាមរបស់ទ្រង់ នោះអ្នកមិនអាចបំភាន់ព្រះវិញ្ញាណរបស់ទ្រង់បានឡើយ។ គ្រប់បញ្ហាដែលមិនអាចទ្រាំទ្រនឹងការពិនិត្យពិច័យរបស់ព្រះជាម្ចាស់បានទេ នោះទាស់ទទឹងនឹងសេចក្ដីពិត ហើយក៏គួរតែត្រូវបោះចោលទៅម្ខាងដែរ ទង្វើផ្ទុយពីនេះ គឺជាអំពើបាបទាស់នឹងព្រះជាម្ចាស់ហើយ។ ដូច្នេះ អ្នកត្រូវតែថ្វាយដួងចិត្តរបស់អ្នកនៅចំពោះព្រះជាម្ចាស់ គ្រប់ពេលទាំងអស់ ទាំងពេលអធិស្ឋាន ពេលនិយាយស្ដី និងពេលប្រកបគ្នាជាមួយបងប្អូនប្រុសស្រីរបស់អ្នក និងពេលអ្នកបំពេញភារកិច្ច និងប្រកបរបរចិញ្ចឹមជីវិតរបស់អ្នក។ នៅពេលដែលអ្នកបំពេញតួនាទីរបស់ខ្លួន នោះព្រះជាម្ចាស់គង់នៅជាមួយអ្នក ហើយដរាបណាចេតនារបស់អ្នកត្រឹមត្រូវ និងជាចេតនាសម្រាប់កិច្ចការនៅក្នុងដំណាក់របស់ព្រះជាម្ចាស់ នោះទ្រង់នឹងទទួលយករាល់កិច្ចការដែលអ្នកធ្វើ អ្នកគួរតែលះបង់ខ្លួនដោយចិត្តស្មោះស ដើម្បីបំពេញមុខងាររបស់ខ្លួន។ នៅពេលអ្នកអធិស្ឋាន ប្រសិនបើអ្នកមានសេចក្ដីស្រឡាញ់ចំពោះព្រះជាម្ចាស់នៅក្នុងចិត្ត ហើយស្វែងរកការថែរក្សា ការការពារ និងការពិនិត្យពិច័យពីព្រះជាម្ចាស់ ប្រសិនបើកិច្ចការទាំងអស់នេះគឺជាចេតនារបស់អ្នក នោះសេចក្ដីអធិស្ឋានរបស់អ្នកច្បាស់ជាមានប្រសិទ្ធភាព។ ឧទាហរណ៍ នៅពេលអ្នកអធិស្ឋាននៅក្នុងអង្គប្រជុំនានា ប្រសិនបើអ្នកបើកដួងចិត្ត រួចអធិស្ឋានទៅកាន់ព្រះជាម្ចាស់ ហើយទូលទ្រង់នូវអ្វីដែលមាននៅក្នុងចិត្តដោយមិនពោលពាក្យកុហក នោះសេចក្ដីអធិស្ឋានរបស់អ្នកនឹងមានប្រសិទ្ធភាពយ៉ាងពិតប្រាកដ។ ប្រសិនបើអ្នកមានដួងចិត្តស្រឡាញ់ព្រះដោយស្មោះអស់ពីចិត្ត នោះចូរស្បថចំពោះព្រះជាម្ចាស់ដូចនេះថា៖ «ឱព្រះជាម្ចាស់ដែលគង់នៅស្ថានសួគ៌ និងលើផែនដី និងក្នុងចំណោមសព្វសារពើអើយ! ទូលបង្គំសូមស្បថនឹងទ្រង់ថា៖ សូមឱ្យព្រះវិញ្ញាណរបស់ទ្រង់ពិនិត្យពិច័យអស់ទាំងទង្វើដែលទូលបង្គំធ្វើ ហើយការពារ និងថែរក្សាទូលបង្គំគ្រប់ពេលវេលា ព្រមទាំងធ្វើឱ្យគ្រប់កិច្ចការទាំងអស់ដែលទូលបង្គំធ្វើ អាចស្ថិតនៅក្នុងវត្តមានរបស់ទ្រង់ផង។ ប្រសិនបើដួងចិត្តទូលបង្គំឈប់ស្រឡាញ់ទ្រង់ ឬក្បត់ទ្រង់ នោះសូមដាក់ទោស និងដាក់បណ្ដាសាយ៉ាងធ្ងន់ធ្ងរចំពោះទូលបង្គំចុះ។ សូមកុំអត់ទោសឱ្យទូលបង្គំឡើយ ទោះក្នុងជីវិតនេះ និងនៅបរលោកក្ដី!» តើអ្នកហ៊ានស្បថដូចនេះដែរឬទេ? ប្រសិនបើអ្នកទាំងអស់គ្នាមិនហ៊ានទេ នោះបង្ហាញថាអ្នកជាមនុស្សកំសាក ហើយអ្នកនៅតែស្រឡាញ់ខ្លួនឯង។ តើអ្នកមានការតាំងចិត្តបែបនេះដែរឬទេ? ប្រសិនបើនេះគឺពិតជាការតាំងចិត្តរបស់អ្នកមែន អ្នកគួរតែស្បថបែបនេះ ប្រសិនបើអ្នកមានការតាំងចិត្តស្បថបែបនេះ នោះព្រះជាម្ចាស់នឹងសម្រេចការតាំងចិត្តរបស់អ្នក។ នៅពេលអ្នកទាំងអស់គ្នាស្បថចំពោះព្រះជាម្ចាស់ នោះទ្រង់ព្រះសណ្ដាប់។ ព្រះជាម្ចាស់កំណត់ថា តើអ្នកគឺជាមនុស្សមានបាប ឬមនុស្សសុចរិត តាមរយៈការវាស់ស្ទង់សេចក្ដីអធិស្ឋាន និងការអនុវត្តរបស់អ្នក។ ឥឡូវនេះ គឺជាដំណើរការនៃការប្រោសឱ្យអ្នកបានគ្រប់លក្ខណ៍ ហើយប្រសិនបើអ្នកពិតជាមានសេចក្ដីជំនឿលើការប្រោសឱ្យគ្រប់លក្ខណ៍មែន នោះអ្នកនឹងនាំយកទង្វើទាំងអស់ដែលអ្នកធ្វើ មកចំពោះព្រះជាម្ចាស់ ហើយទទួលយកការពិនិត្យពិច័យរបស់ទ្រង់ ដ្បិតបើអ្នកប្រព្រឹត្តការបះបោរទាំងងងើល ឬប្រសិនបើអ្នកក្បត់ព្រះជាម្ចាស់ នោះទ្រង់នឹងឱ្យសម្បថរបស់អ្នកកើតផល ដូច្នេះ អ្វីក៏ដោយដែលកើតឡើងចំពោះអ្នក ទោះជាក្ដីវិនាសអន្តរាយឬការវាយផ្ចាល នោះជាទង្វើរបស់អ្នកផ្ទាល់ទេ។ អ្នកបានស្បថហើយ ដូច្នេះ អ្នកគួរតែប្រកាន់តាមសម្បថនេះឱ្យជាប់។ ប្រសិនបើអ្នកស្បថហើយ ប៉ុន្តែមិនប្រកាន់តាមទេ អ្នកនឹងរងនូវក្ដីវិនាសអន្តរាយ។ ដោយសារសម្បថនោះជាសម្បថរបស់អ្នក នោះព្រះជាម្ចាស់នឹងឱ្យផលដល់សម្បថនោះ។ មនុស្សខ្លះភ័យខ្លាចបន្ទាប់ពីបានអធិស្ឋាន និងទួញសោកថា «ចប់អស់ហើយ! ឱកាសប្រព្រឹត្តរឿងឧបាយមុខរបស់ខ្ញុំចប់ហើយ។ ឱកាសប្រព្រឹត្តនូវការអាក្រក់របស់ខ្ញុំចប់ហើយ។ ឱកាសផ្ដេកផ្ដួលតាមចំណង់ខាងលោកិយរបស់ខ្ញុំចប់ហើយ!» មនុស្សទាំងអស់នេះ នៅតែស្រឡាញ់លោកិយ និងអំពើបាប ហើយរងនូវក្ដីវិនាសអន្តរាយប្រាកដណាស់។

ដើម្បីក្លាយជាអ្នកជឿលើព្រះជាម្ចាស់ មានន័យថា រាល់អ្វីទាំងអស់ដែលអ្នកធ្វើ ត្រូវតែនាំមកចំពោះទ្រង់ ហើយឆ្លងកាត់ការពិនិត្យពិច័យរបស់ទ្រង់។ ប្រសិនបើអ្វីដែលអ្នកធ្វើ អាចយកមកដាក់ចំពោះព្រះភក្ត្រព្រះវិញ្ញាណនៃព្រះជាម្ចាស់បាន ប៉ុន្តែមិនអាចយកមកដាក់ចំពោះរូបកាយសាច់ឈាមរបស់ព្រះជាម្ចាស់ទេ នោះវាបង្ហាញឱ្យឃើញថា អ្នកមិនទាន់បានឆ្លងកាត់ការពិនិត្យពិច័យដោយព្រះវិញ្ញាណរបស់ទ្រង់នៅឡើយទេ។ តើព្រះវិញ្ញាណនៃព្រះជាម្ចាស់ គឺជានរណា? តើបុគ្គលដែលព្រះជាម្ចាស់ធ្វើបន្ទាល់ពីគេនោះ គឺជានរណា? តើទ្រង់ទាំងពីរអង្គនេះមិនមែនជាព្រះជាម្ចាស់តែមួយ ហើយដូចគ្នាទេឬអី? មនុស្សភាគច្រើនចាត់ទុកទ្រង់ទាំងពីរថាជាអង្គពីរផ្សេងគ្នា ដោយជឿថា ព្រះវិញ្ញាណព្រះជាម្ចាស់ គឺជាព្រះវិញ្ញាណរបស់ព្រះជាម្ចាស់ ហើយបុគ្គលដែលព្រះជាម្ចាស់ធ្វើបន្ទាល់ពីគេនោះ គ្រាន់តែជាមនុស្សលោកម្នាក់ប៉ុណ្ណោះ។ ប៉ុន្តែ តើអ្នកមិនមែនគិតខុសទេឬអី? តើបុគ្គលម្នាក់នេះ ធ្វើការជួសមុខឱ្យអ្នកណា? មនុស្សណាដែលមិនស្គាល់ព្រះជាម្ចាស់ដែលយកកំណើតជាមនុស្ស អ្នកទាំងនោះពុំមានការយល់ដឹងខាងវិញ្ញាណឡើយ។ ព្រះវិញ្ញាណនៃព្រះជាម្ចាស់ និងការត្រលប់ជាសាច់ឈាមរបស់ទ្រង់ គឺជាអង្គតែមួយ ព្រោះវិញ្ញាណរបស់ព្រះជាម្ចាស់បានគង់នៅក្នុងសាច់ឈាម។ ប្រសិនបើបុគ្គលម្នាក់នេះពុំមានចិត្តសណ្ដោសចំពោះអ្នកទេ តើវិញ្ញាណរបស់ព្រះជាម្ចាស់នឹងមានសេចក្ដីសន្ដោសដែរឬទេ? តើអ្នកមិនច្រឡំទេឬអី? សព្វថ្ងៃនេះ មនុស្សណាដែលពុំអាចទទួលយកការពិនិត្យពិច័យរបស់ព្រះជាម្ចាស់ នោះពុំអាចទទួលបានការយល់ព្រមពីទ្រង់ឡើយ ហើយមនុស្សណាដែលពុំស្គាល់ព្រះជាម្ចាស់ដែលយកកំណើតជាមនុស្សទេ នោះពុំអាចត្រូវបានប្រោសឱ្យគ្រប់លក្ខណ៍បានឡើយ។ ចូរមើលទង្វើទាំងអស់ដែលអ្នកធ្វើចុះ ក្រែងអាចយកកិច្ចការនោះ មកដាក់ចំពោះព្រះភក្ត្រព្រះជាម្ចាស់បាន។ ប្រសិនបើអ្នកពុំអាចនាំយកទង្វើទាំងអស់ដែលអ្នកធ្វើមកដាក់ចំពោះព្រះភក្ត្រព្រះជាម្ចាស់ទេ ការនោះបង្ហាញថា អ្នកគឺជាមនុស្សអាក្រក់ហើយ។ តើមនុស្សអាក្រក់អាចត្រូវបានប្រោសឱ្យគ្រប់លក្ខណ៍ដែរឬទេ? រាល់ទង្វើដែលអ្នកប្រព្រឹត្ត រាល់សកម្មភាព រាល់ចេតនា និងរាល់ប្រតិកម្មទាំងអស់របស់អ្នក គួរតែត្រូវបានយកមកចំពោះព្រះភក្ត្រព្រះជាម្ចាស់។ សូម្បីតែជីវិតខាងវិញ្ញាណប្រចាំថ្ងៃរបស់អ្នក រួមមានការអធិស្ឋានរបស់អ្នក ភាពជិតស្និទ្ធរបស់អ្នកចំពោះព្រះជាម្ចាស់ របៀបដែលអ្នកហូប និងផឹកព្រះបន្ទូលព្រះជាម្ចាស់ ការប្រកបគ្នារបស់អ្នកជាមួយបងប្អូនប្រុសស្រីរបស់អ្នក និងជីវិតរបស់អ្នកនៅក្នុងពួកជំនុំ រួមទាំងការបម្រើជាដៃគូរបស់អ្នក ក៏អាចត្រូវបានយកមកចំពោះព្រះភក្ត្រព្រះជាម្ចាស់ ដើម្បីធ្វើការពិនិត្យពិច័យផងដែរ។ ការអនុវត្តបែបនេះហើយដែលនឹងជួយអ្នកឱ្យសម្រេចបានភាពរីកចម្រើននៅក្នុងជីវិត។ ដំណើរការនៃការទទួលយកការពិនិត្យពិច័យរបស់ព្រះជាម្ចាស់ គឺជាដំណើរការនៃការបន្សុទ្ធ។ កាលណាអ្នកទទួលយកការពិនិត្យពិច័យរបស់ព្រះជាម្ចាស់កាន់តែច្រើន នោះអ្នកត្រូវបានបន្សុទ្ធ ហើយអ្នកកាន់តែស្របតាមព្រះហឫទ័យរបស់ព្រះជាម្ចាស់ ប្រយោជន៍កុំឱ្យអ្នកត្រូវនាំទៅរកឧបាយមុខ ហើយឱ្យដួងចិត្តរបស់អ្នក ស្ថិតនៅក្នុងព្រះវត្តមានរបស់ទ្រង់។ កាលណាអ្នកទទួលយកការពិនិត្យពិច័យរបស់ព្រះជាម្ចាស់កាន់តែច្រើន នោះសាតាំងក៏អាប់មុខកាន់តែខ្លាំង ហើយសមត្ថភាពរបស់អ្នកក្នុងការបង់បោះចោលសាច់ឈាម ក៏កាន់តែប្រសើរឡើងដែរ។ ដូច្នេះ ការទទួលយកការពិនិត្យពិច័យរបស់ព្រះជាម្ចាស់ គឺជាមាគ៌ាមួយនៃការប្រព្រឹត្តដែលមនុស្សលោកគួរតែដើរតាម។ ទោះបីជាអ្នកប្រព្រឹត្តអ្វីក៏ដោយ ក៏អ្នកអាចនាំយកការប្រព្រឹត្តរបស់អ្នកមកចំពោះព្រះភក្ត្រព្រះជាម្ចាស់ ហើយស្វែងរកការពិនិត្យពិច័យរបស់ទ្រង់ និងព្យាយាមធ្វើតាមព្រះជាម្ចាស់បានដែរ សូម្បីតែពេលដែលអ្នកប្រាស្រ័យទាក់ទងជាមួយបងប្អូនប្រុសស្រីរបស់អ្នកក្ដី ដ្បិតការនេះនឹងធ្វើឱ្យការអនុវត្តរបស់អ្នកកាន់តែត្រឹមត្រូវ។ មានតែតាមរយៈការនាំយករាល់ទង្វើរបស់អ្នកមកចំពោះព្រះភក្ត្រព្រះជាម្ចាស់ ហើយទទួលយកការពិនិត្យពិច័យរបស់ព្រះជាម្ចាស់ទេ ទើបអ្នកអាចក្លាយទៅជាមនុស្សម្នាក់ដែលអាចរស់នៅក្នុងព្រះវត្តមានរបស់ព្រះជាម្ចាស់បាន។

មនុស្សដែលគ្មានការយល់ដឹងអំពីព្រះជាម្ចាស់ គ្មានថ្ងៃអាចស្ដាប់តាមព្រះជាម្ចាស់បានយ៉ាងពេញលេញឡើយ។ មនុស្សប្រភេទនេះ គឺជាកូននៃសេចក្ដីរឹងចចេស។ ពួកគេមានមហិច្ឆតាខ្លាំងជ្រុល ថែមទាំងមានសេចក្ដីបះបោរខ្លាំងនៅក្នុងពួកគេ ដូច្នេះហើយ ពួកគេធ្វើឱ្យខ្លួនគេឃ្លាតឆ្ងាយពីព្រះជាម្ចាស់ ហើយគ្មានឆន្ទៈនឹងទទួលយកការពិនិត្យពិច័យរបស់ទ្រង់ឡើយ។ មនុស្សបែបនេះមិនងាយនឹងត្រូវបានប្រោសឱ្យគ្រប់លក្ខណ៍ឡើយ។ មនុស្សខ្លះទំរើសក្នុងការដែលពួកគេហូប និងផឹកព្រះបន្ទូលរបស់ព្រះជាម្ចាស់ និងទទួលយកព្រះបន្ទូលរបស់ទ្រង់។ ពួកគេទទួលយកព្រះបន្ទូលរបស់ព្រះជាម្ចាស់តែប៉ុន្មានចំណែកដែលត្រូវទៅនឹងការយល់ឃើញរបស់ពួកគេប៉ុណ្ណោះ ហើយបដិសេធព្រះបន្ទូលដែលមិនត្រូវទៅនឹងការយល់ឃើញរបស់ពួកគេទៅវិញ។ តើនេះមិនមែនជាការបះបោរ និងការជំទាស់យ៉ាងកំរោល ចំពោះព្រះជាម្ចាស់ទេឬអី? ប្រសិនបើមនុស្សម្នាក់ជឿលើព្រះជាម្ចាស់អស់ច្រើនឆ្នាំហើយ ប៉ុន្តែមិនបានបង្កើនការយល់ដឹងអំពីទ្រង់សូម្បីតែបន្តិច នោះពួកគេមិនមែនជាអ្នកជឿឡើយ។ មនុស្សណាដែលមានឆន្ទៈទទួលយកការពិនិត្យពិច័យរបស់ព្រះជាម្ចាស់ គឺជាមនុស្សដែលព្យាយាមយល់ដឹងអំពីទ្រង់ ជាមនុស្សដែលមានឆន្ទៈទទួលយកការងាររបស់ទ្រង់។ ពួកគេគឺជាមនុស្សដែលនឹងទទួលបានកេរមរតក និងព្រះពរពីព្រះជាម្ចាស់ ហើយជាមនុស្សដែលមានពរច្រើនជាងគេ។ ព្រះជាម្ចាស់ដាក់បណ្ដាសាដល់មនុស្សដែលគ្មានទ្រង់នៅក្នុងចិត្តរបស់ពួកគេ ហើយទ្រង់វាយផ្ចាល និងបោះបង់មនុស្សបែបនេះចោល។ ប្រសិនបើអ្នកមិនស្រឡាញ់ព្រះជាម្ចាស់ទេ នោះទ្រង់នឹងបោះបង់អ្នកចោល ហើយប្រសិនបើអ្នកពុំស្ដាប់តាមអ្វីដែលខ្ញុំថ្លែងនេះទេ នោះខ្ញុំសន្យាថា ព្រះវិញ្ញាណនៃព្រះនឹងបោះបង់អ្នកចោល។ ប្រសិនបើអ្នកមិនជឿទេ នោះអ្នកអាចសាកល្បងបាន។ ថ្ងៃនេះ ខ្ញុំសូមបញ្ជាក់ប្រាប់អ្នកអំពីមាគ៌ានៃការប្រព្រឹត្តមួយ ប៉ុន្តែអ្នកអនុវត្តតាម ឬអត់នោះ គឺអាស្រ័យទៅលើអ្នក។ ប្រសិនបើអ្នកមិនជឿទេ ប្រសិនបើអ្នកមិនអនុវត្តតាមទេ នោះអ្នកនឹងឃើញដោយខ្លួនឯងថា ព្រះវិញ្ញាណបរិសុទ្ធធ្វើការជាមួយអ្នក ឬអត់! ប្រសិនបើអ្នកមិនព្យាយាមយល់អំពីព្រះជាម្ចាស់ទេ នោះព្រះវិញ្ញាណបរិសុទ្ធនឹងមិនធ្វើការជាមួយអ្នកឡើយ។ ព្រះជាម្ចាស់ធ្វើការនៅក្នុងមនុស្សដែលស្វះស្វែង ហើយឱ្យតម្លៃលើព្រះបន្ទូលរបស់ទ្រង់។ ដរាបណាអ្នកឱ្យតម្លៃលើព្រះបន្ទូលរបស់ព្រះជាម្ចាស់កាន់តែខ្លាំង នោះព្រះវិញ្ញាណរបស់ទ្រង់ធ្វើការនៅក្នុងអ្នក។ កាលណាមនុស្សម្នាក់ឱ្យតម្លៃព្រះបន្ទូលរបស់ព្រះជាម្ចាស់កាន់តែខ្លាំង នោះឱកាសដែលពួកគេត្រូវបានព្រះជាម្ចាស់ប្រោសឱ្យគ្រប់លក្ខណ៍ ក៏កាន់តែកើនឡើងដែរ។ ព្រះជាម្ចាស់ប្រោសមនុស្សដែលស្រឡាញ់ទ្រង់ពិតឱ្យបានគ្រប់លក្ខណ៍ ហើយទ្រង់ប្រោសមនុស្សដែលមានចិត្តស្ងប់នៅចំពោះទ្រង់ឱ្យបានគ្រប់លក្ខណ៍។ ដើម្បីឱ្យតម្លៃលើរាល់កិច្ចការទាំងអស់របស់ព្រះជាម្ចាស់ លើការបំភ្លឺរបស់ព្រះជាម្ចាស់ លើព្រះវត្តមានរបស់ព្រះជាម្ចាស់ លើព្រះទ័យទុកដាក់និងការថែរក្សារបស់ព្រះជាម្ចាស់ លើរបៀបដែលព្រះបន្ទូលរបស់ព្រះជាម្ចាស់ក្លាយទៅជាតថភាពរបស់អ្នក និងផ្គត់ផ្គង់ដល់ជីវិតអ្នក គឺសុទ្ធតែស្របទៅនឹងព្រះហឫទ័យរបស់ព្រះជាម្ចាស់។ មានន័យថា ប្រសិនបើអ្នកឱ្យតម្លៃលើកិច្ចការរបស់ព្រះជាម្ចាស់ ប្រសិនបើអ្នកឱ្យតម្លៃលើរាល់កិច្ចការទាំងអស់ដែលទ្រង់បានធ្វើមកលើអ្នក នោះទ្រង់នឹងប្រទានពរដល់អ្នក ហើយធ្វើឱ្យអ្វីទាំងអស់ដែលជារបស់អ្នក ចម្រើនឡើង។ ប្រសិនបើអ្នកពុំឱ្យតម្លៃលើព្រះបន្ទូលព្រះជាម្ចាស់ទេ ទ្រង់នឹងពុំធ្វើការនៅក្នុងអ្នកឡើយ ប៉ុន្តែទ្រង់នឹងប្រទានព្រះគុណទ្រង់តែបន្តិចបន្តួចប៉ុណ្ណោះ សម្រាប់ជំនឿរបស់អ្នក ឬប្រទានពរជាទ្រព្យធនស្ដួចស្ដើងឱ្យអ្នក និងប្រទាននូវសុវត្ថិភាពតែបន្តិចដល់គ្រួសារអ្នកវិញ។ អ្នកគួរតែខិតខំធ្វើឱ្យព្រះបន្ទូលរបស់ព្រះជាម្ចាស់ក្លាយជាតថភាពរបស់អ្នក និងអាចធ្វើឱ្យទ្រង់គាប់ព្រះទ័យ ហើយស្របតាមព្រះហឫទ័យរបស់ទ្រង់ អ្នកពុំគួរព្យាយាមអាស្រ័យតែផលនៃព្រះគុណរបស់ទ្រង់ឡើយ។ សម្រាប់ពួកអ្នកជឿ គ្មានអ្វីដែលសំខាន់ជាងការទទួលយកកិច្ចការរបស់ព្រះជាម្ចាស់ ការទទួលបានភាពគ្រប់លក្ខណ៍ ហើយក្លាយជាមនុស្សដែលធ្វើតាមបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ឡើយ។ ការនេះគួរតែជាគោលដៅដែលអ្នកគួរតែស្វះស្វែងរកឱ្យបាន។

អ្វីទាំងអស់ដែលមនុស្សស្វះស្វែងរកក្នុងយុគសម័យនៃព្រះគុណ គឺហួសសម័យទៅហើយ ព្រោះបច្ចុប្បន្ននេះ ការស្វះស្វែងមានបទដ្ឋានមួយខ្ពស់ជាងមុន អ្វីដែលគេស្វះស្វែងនោះ មានទាំងភាពឧត្តុង្គឧត្តមជាងមុន និងជាក់ស្ដែងជាងមុន អ្វីដែលគេស្វះស្វែងរកនោះ អាចធ្វើឱ្យអ្វីដែលមនុស្សលោកចង់បាននៅខាងក្នុងស្កប់ចិត្ត។ កាលពីសម័យមុនៗ ព្រះជាម្ចាស់ពុំបានធ្វើការទៅលើមនុស្សលោក ដូចជាទ្រង់ធ្វើនាពេលបច្ចុប្បន្ននេះទេ ដ្បិតទ្រង់ពុំបានមានព្រះបន្ទូលទៅកាន់ពួកគេច្រើន ដូចសព្វថ្ងៃនេះទេ រីឯសេចក្ដីតម្រូវរបស់ទ្រង់ក៏មិនខ្ពស់ ដូចជាសេចក្ដីតម្រូវនាពេលសព្វថ្ងៃនេះដែរ។ ការដែលព្រះជាម្ចាស់មានបន្ទូលអំពីសេចក្ដីទាំងនេះទៅកាន់មនុស្សលោកនាពេលបច្ចុប្បន្ន បង្ហាញឱ្យឃើញថា ព្រះជាម្ចាស់មានចេតនាដ៏ខ្ពង់ខ្ពស់ផ្ដោតសំខាន់ទៅលើអ្នក គឺទៅលើមនុស្សមួយក្រុមនេះ។ ប្រសិនបើអ្នកពិតជាប្រាថ្នាឱ្យព្រះជាម្ចាស់ប្រោសឱ្យគ្រប់លក្ខណ៍មែន នោះចូរព្យាយាមឱ្យបានការនេះទុកជាគោលដៅសំខាន់របស់អ្នកចុះ។ ដើម្បីសម្រេចគោលដៅទាំងនេះបាន ទោះជាអ្នករត់ចុះឡើងដោយចំណាយកម្លាំងរបស់ខ្លួន ដោយបម្រើតួនាទីមួយ ឬទោះជាអ្នកបានទទួលបញ្ជាបេសកកម្មរបស់ព្រះជាម្ចាស់ក៏ដោយ ក៏គោលបំណងសំខាន់ នៅតែជាការដែលត្រូវបានប្រោសឱ្យគ្រប់លក្ខណ៍ និងផ្គាប់តាមបំណងព្រះហឫទ័យរបស់ព្រះជានិច្ចដែរ។ ប្រសិនបើមាននរណាម្នាក់និយាយថា គេពុំព្យាយាមឱ្យបានភាពគ្រប់លក្ខណ៍ដោយសារព្រះជាម្ចាស់ ឬចូលទៅក្នុងជីវិតទេ ប៉ុន្តែបែរជាព្យាយាមឱ្យបានភាពសុខសាន្ត និងអំណរខាងសាច់ឈាមទៅវិញនោះ គេគឺជាមនុស្សងងឹតងងល់។ មនុស្សដែលពុំព្យាយាមឱ្យបានតថភាពនៃជីវិត ប៉ុន្តែបែរជាព្យាយាមឱ្យបានជីវិតអស់កល្បនៅឯបរលោកនាយ និងព្យាយាមឱ្យបានសុវត្ថិភាពនៅលោកិយនេះ គឺជាមនុស្សងងឹតងងល់ខ្លាំងបំផុត។ ដូច្នេះ អ្វីៗទាំងអស់ដែលអ្នកធ្វើ គួរតែត្រូវបានធ្វើឡើងក្នុងគោលបំណងឱ្យព្រះជាម្ចាស់ប្រោសឱ្យគ្រប់លក្ខណ៍ និងឱ្យទ្រង់ទទួលយក។

កិច្ចការដែលព្រះធ្វើនៅក្នុងមនុស្សលោក គឺដើម្បីផ្គត់ផ្គង់ពួកគេ ស្របទៅតាមតម្រូវការផ្សេងៗរបស់ពួកគេ។ បើជីវិតរបស់មនុស្សម្នាក់មានតម្រូវការកាន់តែធំ នោះពួកគេទាមទារកាន់តែច្រើន និងព្យាយាមឱ្យបានកាន់តែខ្លាំង។ ប្រសិនបើក្នុងដំណាក់កាលនេះ អ្នកមិនព្យាយាមឱ្យបានទេ នោះបង្ហាញថា ព្រះវិញ្ញាណបរិសុទ្ធបានបោះបង់អ្នកចោលហើយ។ មនុស្សណាដែលស្វះស្វែងរកជីវិត នឹងមិនត្រូវព្រះវិញ្ញាណបរិសុទ្ធបោះបង់ចោលឡើយ ដ្បិតមនុស្សប្រភេទនេះរមែងព្យាយាមខ្នះខ្នែង និងមានបំណងប្រាថ្នាខ្ពស់ក្នុងចិត្តជានិច្ច។ មនុស្សប្រភេទនេះមិនដែលរីករាយនឹងអ្វីដែលពួកគេមានក្នុងពេលនេះឡើយ។ ដំណាក់កាលនីមួយៗនៃកិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធមានគោលបំណងសម្រេចបានប្រពលភាពនៅក្នុងអ្នក ប៉ុន្តែប្រសិនបើអ្នកបង្កើនក្ដីកង្វល់ ប្រសិនបើអ្នកលែងមានសេចក្ដីត្រូវការតទៅទៀត ប្រសិនបើអ្នកលែងទទួលយកកិច្ចការនៃព្រះវិញ្ញាណបរិសុទ្ធតទៅទៀត នោះទ្រង់នឹងបោះបង់អ្នកចោល។ មនុស្សត្រូវការការពិនិត្យពិច័យរបស់ព្រះជាម្ចាស់រៀងរាល់ថ្ងៃ ពួកគេត្រូវការការផ្គត់ផ្គង់ដ៏បរិបូរពីព្រះជាម្ចាស់ជារៀងរាល់ថ្ងៃ។ តើមនុស្សអាចរស់ដោយមិនហូប និងផឹកព្រះបន្ទូលរបស់ព្រះជាម្ចាស់ជារៀងរាល់ថ្ងៃបានដែរឬទេ? ប្រសិនបើមនុស្សម្នាក់មានអារម្មណ៍ថា គេមិនអាចហូប និងផឹកព្រះបន្ទូលព្រះជាម្ចាស់គ្រប់គ្រាន់ទេ ប្រសិនបើគេស្វែងរកព្រះបន្ទូល ហើយស្រេកឃ្លានព្រះបន្ទូលជានិច្ច នោះព្រះវិញ្ញាណបរិសុទ្ធនឹងធ្វើការនៅក្នុងពួកគេជានិច្ច។ នៅពេលមនុស្សម្នាក់កាន់តែចង់បាន នោះលទ្ធផលដែលកើតចេញពីការប្រកបគ្នារបស់គេ គឺកាន់តែជាក់ស្ដែង។ នៅពេលមនុស្សម្នាក់ស្វែងរកសេចក្ដីពិតកាន់តែខ្លាំង នោះពួកគេសម្រេចបានភាពរីកចម្រើនក្នុងជីវិតរបស់ខ្លួនកាន់តែឆាប់ ដោយធ្វើឱ្យពួកគេសម្បូរទាំងបទពិសោធ ហើយមានទ្រព្យធនកាន់តែច្រើនសន្ធឹក នៅក្នុងដំណាក់របស់ព្រះជាម្ចាស់។

ខាង​ដើម៖ ស្គាល់កិច្ចការថ្មីបំផុតរបស់ព្រះជាម្ចាស់ និងដើរតាមដានព្រះបាទារបស់ព្រះអង្គ

បន្ទាប់៖ អស់អ្នកណាដែលស្ដាប់បង្គាប់ ព្រះជាម្ចាស់ដោយដួងចិត្តពិត នឹងត្រូវព្រះជាម្ចាស់ទទួលយក ជាប្រាកដ

គ្រោះមហន្តរាយផ្សេងៗបានធ្លាក់ចុះ សំឡេងរោទិ៍នៃថ្ងៃចុងក្រោយបានបន្លឺឡើង ហើយទំនាយនៃការយាងមករបស់ព្រះអម្ចាស់ត្រូវបានសម្រេច។ តើអ្នកចង់ស្វាគមន៍ព្រះអម្ចាស់ជាមួយក្រុមគ្រួសាររបស់អ្នក ហើយទទួលបានឱកាសត្រូវបានការពារដោយព្រះទេ?

ការកំណត់

  • អត្ថបទ
  • ប្រធានបទ

ពណ៌​ដិតច្បាស់

ប្រធានបទ

ប្រភេទ​អក្សរ

ទំហំ​អក្សរ

ចម្លោះ​បន្ទាត់

ចម្លោះ​បន្ទាត់

ប្រវែងទទឹង​ទំព័រ

មាតិកា

ស្វែងរក

  • ស្វែង​រក​អត្ថបទ​នេះ
  • ស្វែង​រក​សៀវភៅ​នេះ