របៀបដឹងពីនិស្ស័យរបស់ព្រះជាម្ចាស់ និងលទ្ធផលដែលកើតចេញពីកិច្ចការរបស់ទ្រង់

ជាដំបូង ចូរយើងនាំគ្នាច្រៀងទំនុកមួយបទ៖ ភ្លេងជាតិនៃនគរព្រះ (I) នគរព្រះបានយាងចុះមកលើពិភពលោក។

បន្ទរ៖ បណ្ដាជនសាទរអញ ហើយសរសើរតម្កើងអញ គ្រប់មាត់ទាំងអស់ថ្លែងពីព្រះដ៏ពិតតែមួយ នគរព្រះចុះមកលើពិភពមនុស្ស។

១. បណ្ដាជនសាទរអញ ហើយសរសើរតម្កើងអញ គ្រប់មាត់ទាំងអស់ថ្លែងពីព្រះដ៏ពិតតែមួយ ហើយមនុស្សគ្រប់គ្នាងើបភ្នែកមើលស្នាព្រះហស្តរបស់អញ។ នគរព្រះចុះមកលើពិភពមនុស្ស ហើយអង្គរបស់អញសម្បូរភោគទ្រព្យ និងហូរហៀរ។ តើនរណាដែលមិនត្រេកអរចំពោះការនេះ? តើនរណាដែលមិនរាំដោយអំណរ? ឱស៊ីយ៉ូនអើយ! ចូរលើកទង់ជ័យរបស់ឯងឡើង ដើម្បីអបអរអញ! ចូរច្រៀងចម្រៀងជ័យឃោសរបស់ឯង ដើម្បីផ្សាយព្រះនាមដ៏បរិសុទ្ធរបស់អញ!

២. ឱស្នាព្រះហស្ដទាំងអស់ រហូតដល់ចុងបំផុតនៃផែនដីអើយ! ចូររួសរាន់សម្អាតខ្លួនឯងឲ្យបានស្អាត ដើម្បីឲ្យឯងអាចធ្វើជាតង្វាយដល់អញ! ឱហ្វូងផ្កាយនៅលើមេឃអើយ! ចូររួសរាន់ត្រឡប់ទៅកន្លែងរបស់ឯងវិញចុះ ដើម្បីបង្ហាញពីព្រះចេស្ដាដ៏មានអនុភាពរបស់អញនៅក្នុងលំហរអាកាស! អញផ្ទៀងព្រះកាណ៌របស់អញ ស្ដាប់សម្លេងមនុស្សនៅលើផែនដី គឺមនុស្សដែលបង្ហូរក្ដីស្រលាញ់ និងការគោរពគ្មានព្រំដែនចំពោះអញតាមរយៈបទចម្រៀង! នៅថ្ងៃនេះ នៅពេលដែលស្នាព្រះហស្ដទាំងអស់មានជីវិតឡើងវិញ នោះអញក៏យាងចុះមកក្នុងពិភពមនុស្ស។ នៅខណៈពេលនេះ គឺនៅខណៈពេលដ៏រីករាយនេះ ផ្កាទាំងអស់ក៏រីកស្គុសស្គាយ ហើយបក្សាបក្សីទាំងអស់ក៏ស្រែកច្រៀងត្រសង អ្វីៗទាំងអស់កក្រើកដោយអំណរ! នគររបស់សាតាំងក៏ដួលរលំដោយសារសម្លេងគំនាប់នៃនគរព្រះ គឺត្រូវបំផ្លាញដោយសម្លេងផ្គរលាន់នៃចម្រៀងជ័យរបស់នគរព្រះ ហើយមិនអាចងើបឡើងវិញបានទៀតឡើយ!

៣. នៅលើផែនដី តើនរណាហ៊ានក្រោកឡើង ហើយតតាំង? នៅពេលអញយាងចុះមកផែនដី អញនាំយកភ្លើង យកសេចក្ដីក្រោធ និងយកគ្រោះហមន្ដរាយគ្រប់បែបយ៉ាងមក។ ឥលូវនេះ នគរនៅលើផែនដី គឺជានគររបស់អញ! នៅលើមេឃ ពពកវិលចុះវិលឡើង ហើយនៅក្រោមមេឃ បឹងបួរ និងទន្លេក៏កញ្ជ្រោលឡើង ជាបទភ្លេងដ៏ពីរោះរណ្ដំ។ សត្វទាំងពួងដែលកំពុងសម្រាក ក៏ស្ទុះងើបចេញពីរូងរបស់ខ្លួនមក មនុស្សម្នាទាំងពួង ក៏ងើបពីភាពលង់លក់របស់ខ្លួនដោយសារអញ។ ទីបំផុត ថ្ងៃដែលមនុស្សដ៏ច្រើនលើសលប់បានទន្ទឹងរង់ចាំ ក៏មកដល់! ពួកគេក៏ច្រៀងបទចម្រៀងដ៏ពីរោះបំផុតថ្វាយដល់អញ!

គ្រប់ពេលដែលអ្នករាល់គ្នាច្រៀងបទនេះ តើអ្នកគិតអំពីអ្វីទៅ? (យើងមានអារម្មណ៍រំភើប និងព្រឺព្រួចយ៉ាងខ្លាំង ហើយយើងគិតអំពីសោភណភាពដ៏ពេញដោយសិរីល្អនៃនគរព្រះ ព្រមទាំងគិតអំពីរបៀបដែលមនុស្សជាតិ និងព្រះជាម្ចាស់នឹងមកជុំគ្នាជារៀងរហូតដែរ។) តើមាននរណាម្នាក់ធ្លាប់គិតអំពីទម្រង់ដែលមនុស្សត្រូវមាន ដើម្បីនៅរួមជាមួយព្រះជាម្ចាស់ដែរឬទេ? នៅក្នុងការស្រមើស្រមៃរបស់អ្នករាល់គ្នា តើមនុស្សនឹងចូលរួមជាមួយព្រះជាម្ចាស់ ហើយរីករាយនឹងជីវិតដ៏រុងរឿង ដែលនឹងមកតាមក្រោយនៅក្នុងនគរព្រះដោយរបៀបណា? (និស្ស័យរបស់គេគួរតែត្រូវបានផ្លាស់ប្ដូរ។) និស្ស័យរបស់ពួកគេគួរតែផ្លាស់ប្ដូរ ប៉ុន្តែ ផ្លាស់ប្ដូរនៅកម្រិតណាទៅ? តើពួកគេនឹងមានលក្ខណៈដូចម្ដេច ក្រោយនិស្ស័យរបស់ពួកគេបានផ្លាស់ប្ដូរ? (ពួកគេនឹងក្លាយជាបរិសុទ្ធ។) តើវាមានលក្ខខណ្ឌអ្វីខ្លះសម្រាប់ភាពបរិសុទ្ធ? (គ្រប់ទាំងគំនិត និងការពិចារណារបស់គេត្រូវតែចុះសម្រុងជាមួយព្រះគ្រីស្ទ។) តើភាពចុះសម្រុងនោះត្រូវបង្ហាញចេញដោយរបៀបណា? (គេមិនត្រូវប្រឆាំង ឬក្បត់ព្រះជាម្ចាស់ឡើយ គេអាចចុះចូលចំពោះទ្រង់ទាំងស្រុង ហើយគេមានការគោរពកោតខ្លាចចំពោះទ្រង់នៅក្នុងដួងចិត្តរបស់គេ។) ចម្លើយមួយចំនួនរបស់អ្នក គឺត្រឹមត្រូវ។ អ្នករាល់គ្នាអើយ សូមបើកចិត្តនិយាយអំពីអ្វីដែលអ្នកចង់និយាយចុះ។ (មនុស្សដែលរស់នៅជាមួយព្រះជាម្ចាស់នៅក្នុងនគរព្រះ គួរតែអាចបំពេញភារកិច្ចរបស់គេ ដោយស្វាមីភក្ដិ តាមរយៈការដេញតាមសេចក្តីពិត ហើយមិនត្រូវរាំងស្ទះដោយបុគ្គល ព្រឹត្តិការណ៍ ឬវត្ថុអ្វីនោះឡើយ។ បន្ទាប់មក ពួកគេអាចកាត់ផ្ដាច់ចេញពីឥទ្ធិពលនៃសេចក្តីងងឹត ដួងចិត្តរបស់គេចុះសម្រុងជាមួយព្រះជាម្ចាស់ ហើយគោរពកោតខ្លាចព្រះជាម្ចាស់ និងគេចចេញពីការអាក្រក់។) (ទស្សនៈរបស់យើងអាចចម្រើនឡើងស្របជាមួយព្រះជាម្ចាស់ ហើយយើងអាចកាត់ផ្ដាច់ចេញពីឥទ្ធិពលនៃសេចក្តីងងឹត។ យ៉ាងហោចណាស់ យើងអាចទៅដល់កម្រិតមួយដែលសាតាំងលែងអាចកេងប្រវ័ញ្ចលើយើង និងជាកម្រិតមួយដែលយើងអាចបោះបង់ចោលនិស្ស័យដ៏ពុករលួយ ហើយចុះចូលចំពោះព្រះជាម្ចាស់។ យើងជឿថា វាជាការសំខាន់ដែលមនុស្សត្រូវផ្ដាច់ចេញពីឥទ្ធិពលនៃសេចក្តីងងឹត។ មនុស្សដែលមិនអាចផ្ដាច់ចេញពីឥទ្ធិពលនៃសេចក្តីងងឹត និងរួចខ្លួនចេញពីចំណងរបស់សាតាំង មិនអាចទទួលបានសេចក្ដីសង្រ្គោះរបស់ព្រះជាម្ចាស់ឡើយ។) (ដើម្បីបំពេញតាមបទដ្ឋាននៃការដែលព្រះជាម្ចាស់ប្រោសឲ្យគ្រប់លក្ខណ៍ មនុស្សត្រូវតែមានគំនិត និងដួងចិត្តដូចទ្រង់ ហើយគេលែងប្រឆាំងនឹងទ្រង់ទៀត។ ពួកគេត្រូវតែអាចស្គាល់ខ្លួនឯង អនុវត្តតាមសេចក្តីពិត ទទួលបានការយល់ដឹងអំពីព្រះជាម្ចាស់ ស្រឡាញ់ព្រះជាម្ចាស់ និងចុះសម្រុងជាមួយព្រះជាម្ចាស់។

លទ្ធផលរបស់មនុស្សអាស្រ័យយ៉ាងខ្លាំងលើដួងចិត្តរបស់គេ

អ្នករាល់គ្នាហាក់ដូចជាមានគំនិតមួយចំនួនទាក់ទងនឹងរបៀបដែលអ្នកគួរតែប្រកាន់ខ្ជាប់ ហើយអ្នកបានអភិវឌ្ឍការយល់ដឹង ឬការថ្លែងអំណរគុណខ្លះអំពីវា។ យ៉ាងណាមិញ ដើម្បីដឹងថាតើគ្រប់ពាក្យដែលអ្នករាល់គ្នាបាននិយាយនេះជាការពិត ឬប្រហោងក្នុង នោះវាអាស្រ័យលើគោលដៅនៅក្នុងការអនុវត្តប្រចាំថ្ងៃរបស់អ្នករាល់គ្នាទេ។ ជាច្រើនឆ្នាំមកនេះ អ្នករាល់គ្នាច្រូតបានផលផ្លែខ្លះហើយចេញពីទិដ្ឋភាពនីមួយៗនៃសេចក្តីពិត ទាំងផ្នែកគោលលទ្ធិ និងខ្លឹមសារដ៏ពិតប្រាកដនៃសេចក្តីពិត។ ការនេះបញ្ជាក់ឲ្យឃើញថា មនុស្សសព្វថ្ងៃផ្តោតការចាប់អារម្មណ៍យ៉ាងខ្លាំងទៅលើការព្យាយាមចង់បានសេចក្តីពិត ហើយជាលទ្ធផល ផ្នែក និងចំណុចនីមួយៗនៃសេចក្តីពិតបានចាក់ឫសយ៉ាងពិតប្រាកដនៅក្នុងដួងចិត្តរបស់មនុស្សមួយចំនួនមែន។ ប៉ុន្ដែ តើអ្វីទៅដែលខ្ញុំខ្លាចបំផុតនោះ? អ្វីដែលខ្ញុំខ្លាចនោះគឺថា ទោះបីជាប្រធានបទនៃសេចក្តីពិត និងទ្រឹស្ដីទាំងនេះបានចាក់ឫសនៅក្នុងដួងចិត្តរបស់អ្នករាល់គ្នាក៏ដោយ ប៉ុន្តែ ខ្លឹមសារដ៏ពិតទាំងនោះមានលក្ខណៈសំខាន់តិចតួចណាស់។ នៅពេលដែលអ្នករាល់គ្នាជួបបញ្ហា ប្រឈមជាមួយការល្បងល និងជម្រើសផ្សេងៗ តើតថភាពនៃសេចក្តីពិតទាំងនេះនឹងប្រើការបានកម្រិតណាទៅសម្រាប់អ្នករាល់គ្នា? តើវាអាចជួយឲ្យអ្នករាល់គ្នាឆ្លងផុតទុក្ខលំបាក ហើយយកឈ្នះលើទុក្ខលំបាករបស់អ្នក ទាំងបំពេញតាមព្រះហឫទ័យរបស់ព្រះជាម្ចាស់ដែរឬទេ? តើអ្នកនឹងឈររឹងមាំនៅក្នុងពេលជួបទុក្ខលំបាក ហើយធ្វើបន្ទាល់យ៉ាងកងរំពងអំពីព្រះជាម្ចាស់ដែរឬទេ? តើអ្នករាល់គ្នាធ្លាប់គិតអំពីចំណុចទាំងនេះដែរឬទេ? ខ្ញុំចង់សួរអ្នករាល់គ្នាថា៖ នៅក្នុងដួងចិត្ត គំនិត និងការសញ្ជឹងគិតប្រចាំថ្ងៃរបស់អ្នក តើអ្វីទៅដែលសំខាន់បំផុតចំពោះអ្នក? តើអ្នកធ្លាប់ធ្វើការសន្និដ្ឋានអំពីរឿងនេះឬទេ? តើអ្នកជឿថា អ្វីទៅដែលសំខាន់បំផុតចំពោះអ្នករាល់គ្នា? អ្នកខ្លះនិយាយថា៖ «ពិតប្រាកដណាស់ វាជាការអនុវត្តតាមសេចក្តីពិត» ចំណែកឯអ្នកផ្សេងទៀតនិយាយថា «ពិតណាស់ វាជាការអានព្រះបន្ទូលរបស់ព្រះជាម្ចាស់ជារៀងរាល់ថ្ងៃ។» អ្នកខ្លះនិយាយថា «វាជាការចូលចំពោះព្រះជាម្ចាស់ និងអធិស្ឋានទៅកាន់ទ្រង់ជារាល់ថ្ងៃ។» ហើយបន្ទាប់មក មានអ្នកផ្សេងទៀតដែលនិយាយថា «ពិតណាស់ វាជាការបំពេញតាមភារកិច្ចរបស់ខ្ញុំឲ្យបានត្រឹមត្រូវជារៀងរាល់ថ្ងៃ។» ថែមទាំងមានអ្នកខ្លះទៀតដែលនិយាយថា ពួកគេគិតតែអំពីរបៀបបំពេញតាមព្រះហឫទ័យរបស់ព្រះជាម្ចាស់ របៀបស្ដាប់បង្គាប់ទ្រង់នៅក្នុងគ្រប់កិច្ចការ និងរបៀបចុះសម្រុងជាមួយព្រះហឫទ័យរបស់ទ្រង់ប៉ុណ្ណោះ។ តើវាត្រឹមត្រូវឬទេ? តើវាមានតែប៉ុណ្ណឹងទេឬ? ឧទាហរណ៍ អ្នកខ្លះនិយាយថា «ខ្ញុំចង់ចុះចូលចំពោះព្រះជាម្ចាស់តែប៉ុណ្ណោះ ប៉ុន្តែ គ្រប់ពេលដែលខ្ញុំជួបបញ្ហា ខ្ញុំមិនអាចធ្វើបានឡើយ។» អ្នកផ្សេងទៀតនិយាយថា «ខ្ញុំចង់បំពេញតាមព្រះហឫទ័យរបស់ព្រះជាម្ចាស់តែប៉ុណ្ណោះ ហើយវានឹងមិនអីឡើយ បើខ្ញុំអាចបំពេញតាមព្រះហឫទ័យរបស់ទ្រង់បានតែម្ដង ប៉ុន្តែ ខ្ញុំមិនអាចបំពេញតាមព្រះហឫទ័យទ្រង់ឡើយ។» អ្នកខ្លះនិយាយថា៖ «ខ្ញុំចង់ចុះចូលចំពោះព្រះជាម្ចាស់ប៉ុណ្ណោះ។ ក្នុងពេលដែលខ្ញុំជួបការល្បងល ខ្ញុំចង់ចុះចូលចំពោះការចាត់ចែងរបស់ទ្រង់ ចំពោះអធិបតេយ្យភាព និងការៀបចំរបស់ទ្រង់ប៉ុណ្ណោះ ដោយគ្មានការរអ៊ូរទាំ ឬការស្នើសុំអ្វីឡើយ។ ប៉ុន្តែ ខ្ញុំមិនអាចចុះចូលសឹងតែគ្រប់ពេលតែម្ដង។» អ្នកផ្សេងទៀតនៅតែនិយាយថា៖ «នៅពេលដែលខ្ញុំត្រូវធ្វើការសម្រេចចិត្ត ខ្ញុំមិនអាចអនុវត្តតាមសេចក្តីពិតបានឡើយ។ ខ្ញុំតែងតែចង់បំពេញតាមសាច់ឈាម សេចក្តីប៉ងប្រាថ្នាផ្ទាល់ខ្លួន និងចិត្តអាត្មានិយមរបស់ខ្ញុំ។» តើអ្វីទៅជាហេតុផលសម្រាប់ការនេះ? មុនពេលការល្បងលរបស់ព្រះជាម្ចាស់មកដល់ តើអ្នករាល់គ្នាបានរំឭកដាស់តឿនខ្លួនឯងឲ្យព្យាយាម និងសាកល្បងម្ដងហើយម្ដងទៀតឬនៅ? គឺដើម្បីចង់ដឹងថា អ្នកអាចចុះចូលដោយស្មោះចំពោះព្រះជាម្ចាស់ និងបំពេញតាមព្រះហឫទ័យរបស់ទ្រង់យ៉ាងពិតប្រាកដ និងដឹងថា អ្នកនឹងមិនក្បត់ទ្រង់ ព្រមទាំងដើម្បីចង់ដឹងថា អ្នកមិនចម្អែតខ្លួនឯង និងមិនបំពេញតាមសេចក្តីប៉ងប្រាថ្នាដ៏អាត្មានិយមរបស់អ្នក ប៉ុន្ដែនឹងបំពេញតាមព្រះហឫទ័យរបស់ព្រះជាម្ចាស់វិញ ដោយគ្មានការជ្រើសរើសផ្ទាល់ខ្លួនណាមួយឡើយ។ តើមាននរណាម្នាក់ធ្វើបែបនេះឬទេ? តាមពិតទៅ មានរឿងតែមួយគត់ដែលអ្នករាល់គ្នាតែងតែគិត ហើយវាជារឿងដែលអ្នករាល់គ្នាម្នាក់ៗចាប់អារម្មណ៍ និងចង់ដឹងបំផុត។ រឿងនោះគឺទាក់ទងនឹងលទ្ធផល និងវាសនារបស់មនុស្សគ្រប់រូប។ អ្នករាល់គ្នាប្រហែលជាមិនដឹងអំពីវាឡើយ ប៉ុន្តែ នេះជាអ្វីមួយដែលគ្មាននរណាម្នាក់អាចបដិសេធបានទេ។ នៅពេលដែលនិយាយដល់សេចក្តីពិតអំពីលទ្ធផលរបស់មនុស្ស ព្រះបន្ទូលសន្យារបស់ព្រះជាម្ចាស់ចំពោះមនុស្ស និងប្រភេទនៃវាសនាដែលព្រះជាម្ចាស់ចង់ឲ្យមនុស្សទទួលបាន ខ្ញុំដឹងថា មានអ្នកខ្លះបានសិក្សាជាច្រើនដងរួចហើយអំពីព្រះបន្ទូលរបស់ព្រះជាម្ចាស់ទាក់ទងនឹងប្រធានបទទាំងនេះ។ បន្ទាប់មក មានមនុស្សខ្លះទៀតកំពុងតែស្វែងរកចម្លើយម្ដងហើយម្ដងទៀត ហើយរិះគិតអំពីវានៅក្នុងគំនិតរបស់ពួកគេ ប៉ុន្តែ ពួកគេនៅតែនឹកមិនឃើញ ឬប្រហែលធ្វើសេចក្តីសន្និដ្ឋានបែបមិនច្បាស់លាស់ទៀតផង។ នៅទីបំផុត ពួកគេនៅតែមិនច្បាស់អំពីប្រភេទនៃលទ្ធផលដែលពួកគេនឹងទទួលបាន។ ក្នុងពេលកំពុងបំពេញភារកិច្ច មនុស្សភាគច្រើនមានបំណងចង់ដឹងចម្លើយច្បាស់ៗអំពីសំណួរខាងក្រោម៖ «តើខ្ញុំនឹងទទួលបានលទ្ធផលអ្វីទៅ? តើខ្ញុំអាចដើរតាមផ្លូវនេះ រហូតដល់ចុងផ្លូវរបស់វាដែរឬទេ? តើព្រះជាម្ចាស់មានឥរិយាបថបែបណាចំពោះមនុស្ស?» អ្នកខ្លះថែមទាំងបារម្ភបែបនេះថា៖ «កាលពីអតីតកាល ខ្ញុំបានធ្វើ និងនិយាយរឿងខ្លះ។ ខ្ញុំមិនបានស្ដាប់បង្គាប់ព្រះជាម្ចាស់ ខ្ញុំបានប្រព្រឹត្តទង្វើខ្លះដែលក្បត់ព្រះជាម្ចាស់ ហើយនៅក្នុងកាលៈទេសៈខ្លះ ខ្ញុំមិនបានបំពេញតាមបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ឡើយ ខ្ញុំបានធ្វើឲ្យទ្រង់ឈឺចាប់ ហើយខ្ញុំបានធ្វើឲ្យទ្រង់ខកព្រះទ័យ និងបានធ្វើឲ្យទ្រង់ស្អប់ខ្ពើមខ្ញុំ។ ដូច្នេះ ខ្ញុំមិនដឹងអំពីលទ្ធផលរបស់ខ្ញុំឡើយ។» វាជារឿងសមគួរក្នុងការនិយាយថា មនុស្សភាគច្រើនមានអារម្មណ៍មិនល្អអំពីលទ្ធផលរបស់ពួកគេ។ គ្មាននរណាម្នាក់ហ៊ាននិយាយថា៖ «ខ្ញុំជឿជាក់មួយរយភាគរយថា ខ្ញុំនឹងមានជីវិតរស់។ ខ្ញុំជឿជាក់មួយរយភាគរយថា ខ្ញុំអាចបំពេញតាមបំណងព្រះហឫទ័យរបស់ទ្រង់។ ខ្ញុំជាមនុស្សម្នាក់ដែលអាចចុះសម្រុងជាមួយព្រះហឫទ័យរបស់ព្រះជាម្ចាស់ ព្រោះថាខ្ញុំជាមនុស្សម្នាក់ដែលព្រះជាម្ចាស់សរសើរ។» មនុស្សខ្លះគិតថា វាពិបាកក្នុងការដើរតាមមាគ៌ារបស់ព្រះជាម្ចាស់ ហើយការអនុវត្តតាមសេចក្តីពិត គឺជារឿងដ៏ពិបាកបំផុត។ ជាលទ្ធផល មនុស្សបែបនេះជឿថា ពួកគេទ័លច្រក ហើយពួកគេមិនហ៊ានមានសង្ឃឹមអំពីការទទួលបានលទ្ធផលល្អនោះឡើយ។ ឬក៏ពួកគេជឿថា ពួកគេមិនអាចបំពេញតាមបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់បានឡើយ ដូច្នេះ ពួកគេមិនអាចរស់រានមានជីវិតបានទេ។ ដោយសារតែហេតុនេះ ពួកគេអះអាងថា ពួកគេគ្មានលទ្ធផល និងមិនអាចទទួលបានវាសនាល្អឡើយ។ ទោះបីជាមនុស្សគិតបែបណាក៏ដោយ ពួកគេទាំងអស់គ្នាបានឆ្ងល់អំពីលទ្ធផលរបស់ពួកគេជាច្រើនលើកច្រើនសា។ ទាក់ទងនឹងសំណួរអំពីអនាគតរបស់ពួកគេ និងអំពីអ្វីដែលពួកគេនឹងទទួលបាន នៅពេលដែលព្រះជាម្ចាស់បានបញ្ចប់កិច្ចការរបស់ទ្រង់ ជានិច្ចកាល ពួកគេនឹងធ្វើការគិតគូរ និងរៀបចំផែនការ។ អ្នកខ្លះបង់ថ្លៃទ្វេដង ហើយអ្នកខ្លះទៀតបោះបង់ចោលក្រុមគ្រួសារ និងការងាររបស់ពួកគេ។ អ្នកខ្លះលះបង់អាពាហ៍ពិពាហ៍របស់ពួកគេ។ អ្នកខ្លះលាឈប់ពីការងារ ដើម្បីលះបង់ខ្លួនសម្រាប់ជាប្រយោជន៍របស់ព្រះជាម្ចាស់។ អ្នកខ្លះចាកចោលផ្ទះសម្បែង ដើម្បីបំពេញភារកិច្ចរបស់ពួកគេ។ អ្នកខ្លះជ្រើសរើសទុក្ខលំបាក ហើយចាប់ផ្ដើមទទួលយកកិច្ចការដ៏ជូរចត់ និងនឿយហត់បំផុត។ អ្នកខ្លះជ្រើសរើសថ្វាយទ្រព្យសម្បត្តិ និងថ្វាយអ្វីៗទាំងអស់ដែលពួកគេមាន ហើយអ្នកផ្សេងទៀតជ្រើសរើសស្វែងរកសេចក្តីពិត និងស្វះស្វែងចង់ស្គាល់ព្រះជាម្ចាស់។ មិនថាអ្នករាល់គ្នាជ្រើសរើសអនុវត្តបែបណាឡើយ តើរបៀបដែលអ្នកអនុវត្តនោះសំខាន់ ឬក៏អត់? (អត់ទេ វាមិនសំខាន់ឡើយ)។ តើយើងត្រូវពន្យល់ពី «ភាពមិនសំខាន់» នេះប៉ុន្មានដងទៀតទៅ? ប្រសិនបើវិធីសាស្ត្រនៃការអនុវត្តមិនសំខាន់ តើអ្វីទៅដែលសំខាន់? (អាកប្បកិរិយាល្អពីសំបកក្រៅមិនតំណាងឲ្យការអនុវត្តតាមសេចក្តីពិតឡើយ។) (គំនិតរបស់បុគ្គលម្នាក់ៗមិនសំខាន់ឡើយ។ ចំណុចសំខាន់នៅត្រង់នេះគឺថាតើយើងបានអនុវត្តតាមសេចក្តីពិតដែរឬអត់ និងថាតើយើងស្រឡាញ់ព្រះជាម្ចាស់ដែរឬទេ។) (ការធ្លាក់ចុះរបស់ពួកទទឹងនឹងព្រះគ្រីស្ទ និងអ្នកដឹកនាំក្លែងក្លាយ ជួយឲ្យយើងយល់ដឹងថា ឥរិយាបថខាងក្រៅមិនមែនជារឿងដ៏សំខាន់បំផុតឡើយ។ នៅសំបកក្រៅ ពួកគេហាក់ដូចជាបានលះបង់ច្រើនណាស់ និងហាក់ដូចជាព្រមបង់ថ្លៃ ប៉ុន្តែ បើពិនិត្យឲ្យបានដិតដល់ទៅ យើងអាចមើលឃើញថា ពួកគេមិនបានគោរពចំពោះព្រះជាម្ចាស់ឡើយ ប៉ុន្តែ ផ្ទុយទៅវិញ ពួកគេប្រឆាំងនឹងទ្រង់គ្រប់រឿងតែម្ដង។ ក្នុងពេលដ៏សំខាន់ ពួកគេតែងតែឈរខាងសាតាំង ហើយជ្រៀតជ្រែកដល់កិច្ចការរបស់ព្រះជាម្ចាស់។ ដូច្នេះ ការត្រិះរិះពិចារណាដ៏សំខាន់នៅត្រង់នេះគឺថា នៅពេលកំណត់មកដល់ តើយើងឈរនៅខាងណា និងថាតើយើងមានទស្សនៈបែបណា។) អ្នករាល់គ្នានិយាយបានល្អណាស់ ហើយអ្នករាល់គ្នាហាក់ដូចជាមានការយល់ដឹងមូលដ្ឋាន និងបទដ្ឋានមួយ ដើម្បីរស់នៅតាម នៅពេលដែលនិយាយអំពីការអនុវត្តតាមសេចក្តីពិត ទាក់ទងនឹងបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ និងអ្វីដែលទ្រង់តម្រូវចង់បានពីមនុស្សជាតិ។ ការដែលអ្នករាល់គ្នាអាចនិយាយបែបនេះ គឺជារឿងដ៏រំជួលចិត្តណាស់។ ទោះបីចំណុចខ្លះដែលអ្នករាល់គ្នានិយាយ មិនត្រឹមត្រូវទាំងស្រុងក៏ដោយ ប៉ុន្តែ អ្នករាល់គ្នាបានពន្យល់អំពីសេចក្តីពិតសឹងតែត្រឹមត្រូវទាំងស្រុងរួចទៅហើយ ហើយការនេះសបញ្ជាក់ឲ្យឃើញថា អ្នករាល់គ្នាមាននូវការយល់ដឹងដ៏ពិតប្រាកដអំពីមនុស្ស ព្រឹត្តិការណ៍ និងវត្ថុដែលនៅជុំវិញអ្នក អំពីមជ្ឈដ្ឋានជុំវិញអ្នកដែលត្រូវបានរៀបចំដោយព្រះជាម្ចាស់ និងអំពីអ្វីៗគ្រប់យ៉ាងដែលអ្នករាល់គ្នាអាចមើលឃើញ។ នេះគឺជាការយល់ដឹងមួយដែលនៅកៀកនឹងសេចក្តីពិត។ ទោះបីអ្វីដែលអ្នករាល់គ្នាបាននិយាយមិនមានភាពពេញលេញទាំងស្រុង ហើយមានពាក្យពីរបីម៉ាត់របស់អ្នកហាក់ដូចជាមិនសមរម្យក៏ដោយ ក៏ការយល់ដឹងរបស់អ្នកកំពុងតែកៀកទៅនឹងតថភាពនៃសេចក្តីពិតរួចទៅហើយ។ ដោយឮអ្នករាល់គ្នានិយាយបែបនេះ ធ្វើឲ្យខ្ញុំមានអារម្មណ៍សប្បាយចិត្តខ្លាំងណាស់។

ជំនឿរបស់មនុស្សមិនអាចជំនួសកន្លែងសេចក្តីពិតបានឡើយ

មនុស្សខ្លះអាចទ្រាំទ្រនឹងទុក្ខលំបាក អាចបង់ថ្លៃ សំបកក្រៅពូកែសម្ដែង ជាបុគ្គលដែលមនុស្សម្នាគោរពស្រឡាញ់ ហើយគេរីករាយនឹងការកោតសរសើររបស់មនុស្ស។ តើអ្នករាល់គ្នានឹងនិយាយថា អាកប្បកិរិយាខាងក្រៅនេះអាចចាត់ទុកជាការអនុវត្តតាមសេចក្តីពិតដែរឬទេ? តើគេអាចកំណត់ថា មនុស្សបែបនេះកំពុងតែបំពេញតាមបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ឬទេ? ហេតុអ្វីបានជាម្ដងហើយម្ដងទៀត នៅពេលដែលមនុស្សមើលឃើញបុគ្គលបែបនេះ គេគិតថា ពួកគេកំពុងតែបំពេញតាមបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ កំពុងតែដើរលើមាគ៌ានៃការអនុវត្តតាមសេចក្តីពិត និងកាន់តាមផ្លូវរបស់ព្រះជាម្ចាស់? ហេតុអ្វីបានជាអ្នកខ្លះគិតបែបនេះ? វាមានសេចក្តីពន្យល់តែមួយគត់សម្រាប់ការនេះ។ តើវាជាសេចក្តីពន្យល់អ្វីទៅ? សម្រាប់មនុស្សភាគច្រើន សំណួរដូចជា តើអ្វីទៅជាអត្ថន័យនៃការអនុវត្តតាមសេចក្តីពិត? តើអ្វីទៅជាអត្ថន័យនៃការបំពេញតាមបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់? តើអ្វីទៅជាការមានតថភាពជាក់ស្ដែងនៃសេចក្តីពិត? គឺពួកគេមិនទាន់យល់ច្បាស់នៅឡើយទេ។ ដូច្នេះហើយបានជារឿយៗ អ្នកខ្លះចាញ់បញ្ឆោតមនុស្សដែលធ្វើខ្លួនដូចជាពូកែខាងវិញ្ញាណ ថ្លៃថ្នូរ ខ្ពង់ខ្ពស់ និងអស្ចារ្យ។ សម្រាប់មនុស្សដែលប្រសប់និយាយន័យពាក្យ និងគោលលទ្ធិ និងអ្នកដែលមានសម្ដីសំដៅ និងទង្វើហាក់ដូចជាគួរឲ្យស្ងើចសរសើរ ចំពោះមនុស្សដែលចាញ់បញ្ឆោតអ្នកទាំងនេះ ពួកគេមិនដែលសម្លឹងមើលសារជាតិនៃទង្វើ គោលការណ៍បង្កប់ពីក្រោយទង្វើ ឬអ្វីជាគោលដៅនៃទង្វើរបស់អ្នកទាំងនោះឡើយ។ លើសពីនេះ ពួកគេមិនដែលសម្លឹងមើលថាតើមនុស្សទាំងនេះពិតជាចុះចូលចំពោះព្រះជាម្ចាស់ ឬគោរពកោតខ្លាចព្រះជាម្ចាស់ ហើយគេចចេញពីសេចក្ដីអាក្រក់ឬអត់នោះឡើយ។ ពួកគេមិនដែលឈ្វេងយល់ពីសារជាតិនៃភាពជាមនុស្សរបស់មនុស្សទាំងនេះឡើយ។ ផ្ទុយទៅវិញ ដោយចាប់ផ្ដើមស្គាល់អ្នកទាំងនោះដំបូងៗ ពួកគេបែរជាស្ងើចសរសើរ និងគោរពមនុស្សទាំងនេះបន្ដិចម្ដងៗ រហូតដល់ទីបំផុត ពួកគេក៏ចាត់ទុកមនុស្សទាំងនេះជារូបព្រះរបស់ពួកគេ។ លើសពីនេះទៅទៀត នៅក្នុងគំនិតរបស់អ្នកខ្លះ រូបព្រះដែលពួកគេថ្វាយបង្គំ និងបុគ្គលដែលគេជឿថាអាចបោះបង់ចោលក្រុមគ្រួសារ និងការងាររបស់ខ្លួនចោល និងហាក់ដូចជាអាចបង់ថ្លៃបាននោះ គឺជាបុគ្គលដែលពិតជាបំពេញតាមបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ និងអាចទទួលបានលទ្ធផល និងវាសនាដ៏ល្អយ៉ាងពិតប្រាកដ។ នៅក្នុងគំនិតរបស់ពួកគេ រូបព្រះទាំងនេះគឺជាមនុស្សដែលព្រះជាម្ចាស់ស្ងើចសរសើរ។ តើអ្វីទៅដែលនាំឲ្យពួកគេជឿបែបនេះ? តើអ្វីទៅជាសារជាតិនៃបញ្ហានេះ? តើអ្វីទៅជាផលវិបាកដែលអាចកើតឡើង? ជាដំបូង ចូរយើងពិភាក្សាអំពីសារជាតិរបស់វាជាមុនសិន។

អ្វីដែលសំខាន់នោះគឺថា បញ្ហាទាំងអស់នេះដែលទាក់ទងនឹងទស្សនៈរបស់មនុស្ស វិធីសាស្ត្រនៃការអនុវត្តរបស់ពួកគេ គោលការណ៍នៃការអនុវត្តដែលពួកគេជ្រើសរើសប្រើ និងចំណុចដែលពួកគេម្នាក់ៗមានទំនោរចង់ផ្តោតអារម្មណ៍ទៅលើនោះ គ្មានទាក់ទងនឹងការទាមទាររបស់ព្រះជាម្ចាស់ចំពោះមនុស្សជាតិឡើយ។ មិនថាមនុស្សផ្តោតលើរឿងដ៏រាក់កំផែល ឬក៏រឿងដ៏ជ្រាលជ្រៅ ឬផ្ដោតលើន័យពាក្យ និងគោលលទ្ធិ ឬក៏លើតថភាពជាក់ស្ដែងនោះទេ ប៉ុន្តែ ពួកគេមិនបានប្រកាន់ខ្ជាប់នឹងកិច្ចការដែលពួកគេគួរតែប្រកាន់ខ្ជាប់បំផុតនោះឡើយ ហើយពួកគេក៏មិនបានដឹងអំពីរឿងដែលពួកគេគួរតែដឹងបំផុតនោះដែរ។ ហេតុផលសម្រាប់ការនេះគឺថា មនុស្សមិនចូលចិត្តសេចក្តីពិតឡើយ ដែលជាហេតុនាំឲ្យពួកគេមិនព្រមចំណាយពេលវេលា និងកម្លាំង ដើម្បីស្វែងយល់ និងអនុវត្តតាមគោលការណ៍នៃការអនុវត្តដែលមានចែងនៅក្នុងព្រះសូរសៀងរបស់ព្រះជាម្ចាស់នោះ។ ផ្ទុយទៅវិញ ពួកគេចង់ប្រើផ្លូវកាត់ ដោយសង្ខេបនូវអ្វីដែលពួកគេយល់ និងដឹងថាជាការអនុវត្ត និងអាកប្បកិរិយាដ៏ល្អ ហើយសេចក្តីសង្ខេបនេះក្លាយជាគោលដៅដែលពួកគេដេញតាម ដែលពួកគេយកមកធ្វើជាសេចក្តីពិត និងត្រូវអនុវត្តតាម។ ផលវិបាកដោយផ្ទាល់ចេញពីការនេះគឺថា មនុស្សប្រើប្រាស់អាកប្បកិរិយាល្អជាមនុស្ស មកជំនួសឲ្យការអនុវត្តតាមសេចក្តីពិត ហើយការនេះក៏ជួយបំពេញបំណងរបស់ពួកគេក្នុងការផ្គាប់ផ្គុនព្រះជាម្ចាស់ដែរ។ ការនេះផ្ដល់ឲ្យពួកគេជាដើមទុន ដើម្បីតតាំងជាមួយសេចក្តីពិត ហើយពួកគេក៏ប្រើវា ដើម្បីដេញដោល និងប្រកួតប្រជែងជាមួយព្រះជាម្ចាស់ដែរ។ ក្នុងពេលជាមួយគ្នានោះ មនុស្សក៏បោះបង់ព្រះជាម្ចាស់ចោលដោយឥតអៀនខ្មាស ហើយជំនួសមកវិញដោយរូបព្រះដែលពួកគេស្ងើចសរសើរនោះ។ វាមានដើមហេតុតែមួយប៉ុណ្ណោះ ដែលធ្វើឲ្យមនុស្សមានសកម្មភាព និងទស្សនៈដ៏ល្ងង់ខ្លៅ ឬមានទស្សនៈ និងការអនុវត្តតែមួយជ្រុងបែបនេះ ហើយនៅថ្ងៃនេះ ខ្ញុំនឹងប្រាប់អ្នករាល់គ្នាអំពីដើមហេតុមួយនេះ៖ ទោះបីមនុស្សដើរតាមព្រះជាម្ចាស់ អធិស្ឋានទៅទ្រង់រាល់ថ្ងៃ និងអានព្រះបន្ទូលរបស់ទ្រង់រាល់ថ្ងៃក៏ដោយ ហេតុផលនោះគឺថា ពួកគេមិនយល់អំពីព្រះហឫទ័យរបស់ទ្រង់។ នេះហើយជាឫសគល់នៃបញ្ហានោះ។ ប្រសិនបើមនុស្សម្នាក់យល់អំពីព្រះហឫទ័យរបស់ព្រះជាម្ចាស់ និងដឹងអំពីអ្វីដែលទ្រង់សព្វព្រះហឫទ័យ អ្វីដែលទ្រង់ស្អប់ខ្ពើម អ្វីដែលទ្រង់សព្វព្រះហឫទ័យចង់បាន អ្វីដែលទ្រង់បដិសេធ មនុស្សប្រភេទណាដែលទ្រង់ស្រឡាញ់ មនុស្សប្រភេទណាដែលទ្រង់មិនស្រឡាញ់ បទដ្ឋានប្រភេទណាដែលទ្រង់ប្រើប្រាស់ នៅពេលដែលទ្រង់ទាមទារពីមនុស្ស និងវិធីសាស្ត្របែបណាដែលទ្រង់ប្រើ ដើម្បីធ្វើឲ្យមនុស្សគ្រប់លក្ខណ៍ តើបុគ្គលនោះអាចនៅតែមានទស្សនៈផ្ទាល់ខ្លួនទៀតឬ? តើមនុស្សបែបនេះអាចទៅថ្វាយបង្គំអ្នកផ្សេងកើតឬ? តើមនុស្សសាមញ្ញម្នាក់អាចក្លាយជារូបព្រះរបស់គេបានឬ? មនុស្សដែលមានការយល់ដឹងអំពីព្រះហឫទ័យរបស់ព្រះជាម្ចាស់ប្រាកដជាមានទស្សនៈរិះគិតដ៏សមហេតុផលជាងនេះបន្ដិចហើយ។ ពួកគេនឹងមិនយកមនុស្សដ៏ពុករលួយម្នាក់មកធ្វើជាព្រះរបស់គេតាមអំពើចិត្ត ហើយក្នុងពេលកំពុងដើរលើមាគ៌ានៃការអនុវត្តតាមសេចក្តីពិត ពួកគេក៏នឹងមិនជឿទាំងងងឹតងងុល ប្រកាន់ខ្ជាប់តាមក្បួនច្បាប់ ឬគោលការណ៍ដ៏សាមញ្ញពីរបី ថាមានតម្លៃស្មើនឹងការអនុវត្តតាមសេចក្តីពិតនោះដែរ។

មនុស្សមានទស្សនៈជាច្រើនទាក់ទងនឹងបទដ្ឋានដែលព្រះជាម្ចាស់ប្រើ ដើម្បីកំណត់នូវលទ្ធផលរបស់មនុស្ស

ចូរយើងត្រលប់ទៅកាន់ប្រធានបទនេះ ហើយបន្តកិច្ចពិភាក្សារបស់យើងទាក់ទងនឹងលទ្ធផល។

អ្វីដែលបុគ្គលគ្រប់រូបខ្វល់ខ្វាយនោះ គឺជាលទ្ធផលរបស់គេ តើអ្នករាល់គ្នាដឹងអំពីរបៀបដែលព្រះជាម្ចាស់កំណត់លទ្ធផលដែរឬទេ? តើព្រះជាម្ចាស់កំណត់លទ្ធផលរបស់បុគ្គលម្នាក់ដោយរបៀបណា? លើសពីនេះ តើទ្រង់នឹងប្រើបទដ្ឋានអ្វី ដើម្បីកំណត់លទ្ធផលនោះ? នៅពេលដែលលទ្ធផលរបស់មនុស្សម្នាក់មិនទាន់បានកំណត់ តើព្រះជាម្ចាស់ត្រូវធ្វើអ្វីខ្លះ ដើម្បីបើកសម្ដែងអំពីលទ្ធផលនោះ? តើមាននរណាម្នាក់ដឹងដែរឬទេ? ដូចខ្ញុំបាននិយាយនៅមុននេះបន្ដិចអ៊ីចឹង មានមនុស្សខ្លះបានចំណាយពេលយ៉ាងយូរ ដើម្បីស្រាវជ្រាវអំពីព្រះបន្ទូលរបស់ព្រះជាម្ចាស់ ក្នុងកិច្ចខិតខំប្រឹងប្រែង ដើម្បីស្វែងរកតម្រុយអំពីលទ្ធផលរបស់មនុស្ស អំពីចំណាត់ថ្នាក់ដែលលទ្ធផលទាំងនេះត្រូវបានបែងចែក និងអំពីលទ្ធផលដែលមនុស្សប្រភេទខុសៗគ្នាត្រូវទទួលបាន។ ពួកគេក៏សង្ឃឹមចង់ស្វែងយល់ពីរបៀបដែលព្រះបន្ទូលរបស់ព្រះជាម្ចាស់កំណត់ពីលទ្ធផលរបស់មនុស្ស ចង់យល់ពីបទដ្ឋានអ្វីខ្លះដែលទ្រង់ប្រើប្រាស់ និងរបៀបដ៏ច្បាស់លាស់ដែលទ្រង់កំណត់អំពីលទ្ធផលរបស់មនុស្សម្នាក់។ ប៉ុន្ដែ នៅទីបំផុត មនុស្សទាំងនេះមិនដែលរកឃើញចម្លើយណាមួយឡើយ។ ជាក់ស្ដែង នៅក្នុងចំណោមព្រះសូរសៀងរបស់ព្រះជាម្ចាស់មានចែងតិចតួចណាស់អំពីរឿងនេះ។ តើហេតុអ្វីទៅ? ដរាបណាលទ្ធផលរបស់មនុស្សមិនទាន់ត្រូវបានបើកសម្ដែង ព្រះជាម្ចាស់មិនចង់មានបន្ទូលប្រាប់មនុស្សណាម្នាក់អំពីអ្វីដែលនឹងកើតឡើងនៅទីបញ្ចប់ឡើយ ហើយក៏មិនចង់ជូនដំណឹងដល់នរណាម្នាក់អំពីវាសនារបស់គេនៅថ្ងៃខាងមុខដែរ ព្រោះថាការធ្វើបែបនេះនឹងមិនផ្ដល់ប្រយោជន៍អ្វីដល់មនុស្សឡើយ។ ក្នុងពេលបច្ចុប្បន្ន ខ្ញុំគ្រាន់តែចង់ប្រាប់អ្នករាល់គ្នាអំពីរបៀបដែលព្រះជាម្ចាស់កំណត់ពីលទ្ធផលរបស់មនុស្ស អំពីគោលការណ៍ដែលទ្រង់ប្រើនៅក្នុងកិច្ចការរបស់ទ្រង់ ដើម្បីកំណត់ និងបង្ហាញពីលទ្ធផលទាំងនេះ និងអំពីបទដ្ឋានដែលទ្រង់ប្រើ ដើម្បីកំណត់ថាតើមនុស្សម្នាក់អាចមានជីវិតរស់ឬអត់ប៉ុណ្ណោះ។ តើនេះមិនមែនជាសំណួរដែលអ្នករាល់គ្នាខ្វល់ខ្វាយបំផុតទេឬអី? បើដូច្នេះ តើមនុស្សជឿថា ព្រះជាម្ចាស់នឹងកំណត់លទ្ធផលរបស់មនុស្សដោយរបៀបណាទៅ? មុននេះ អ្នករាល់គ្នាបានលើកឡើងអំពីផ្នែកខ្លះនៃចម្លើយនេះរួចទៅហើយ៖ អ្នកខ្លះបាននិយាយថា វាទាក់ទងនឹងការបំពេញភារកិច្ចរបស់ខ្លួនយ៉ាងស្មោះត្រង់ និងលះបង់សម្រាប់ព្រះជាម្ចាស់។ អ្នកខ្លះបាននិយាយថា វាទាក់ទងនឹងការចុះចូលចំពោះព្រះជាម្ចាស់ និងការបំពេញតាមបំណងព្រះហឫទ័យរបស់ទ្រង់។ អ្នកខ្លះនិយាយថា វាជាការចុះចូលចំពោះការចាត់ចែងរបស់ព្រះជាម្ចាស់ ហើយអ្នកខ្លះទៀតនិយាយថា គន្លឹះសំខាន់គឺត្រូវបន្ទាបខ្លួន...។ នៅពេលដែលអ្នករាល់គ្នាអនុវត្តតាមសេចក្តីពិតទាំងនេះ ហើយនៅពេលដែលអ្នករាល់គ្នាអនុវត្តស្របតាមគោលការណ៍ដែលអ្នកជឿថាជារឿងត្រឹមត្រូវ តើអ្នករាល់គ្នាដឹងអំពីអ្វីដែលព្រះជាម្ចាស់ព្រះតម្រិះដែរឬទេ? តើអ្នករាល់គ្នាធ្លាប់ពិចារណាដែរឬអត់ថា អ្វីដែលកើតឡើងនោះកំពុងតែបំពេញតាមបំណងព្រះហឫទ័យរបស់ទ្រង់? តើវាបំពេញតាមបទដ្ឋានរបស់ទ្រង់ដែរឬទេ? តើវាបំពេញតាមការទាមទាររបស់ទ្រង់ឬទេ? ខ្ញុំជឿថា មនុស្សភាគច្រើនមិនធ្លាប់គិតអំពីសំណួរទាំងនេះឡើយ។ ពួកគេគ្រាន់តែអនុវត្តតាមផ្នែកមួយនៃព្រះបន្ទូលរបស់ព្រះជាម្ចាស់ ឬផ្នែកមួយនៃសេចក្ដីអធិប្បាយ ឬបទដ្ឋានរបស់បុគ្គលខាងវិញ្ញាណខ្លះដែលពួកគេចាត់ទុកជារូបព្រះ ដោយបង្ខំខ្លួនឯងឲ្យធ្វើបែបនេះ និងធ្វើបែបនោះប៉ុណ្ណោះ។ ពួកគេជឿថា នេះគឺជាផ្លូវដែលត្រឹមត្រូវ ដូច្នេះ ពួកគេបន្តប្រកាន់ខ្ជាប់ និងធ្វើតាមចំណុចទាំងនោះ ទោះបីនៅទីបញ្ចប់ មានរឿងអ្វីកើតឡើងក៏ដោយ។ អ្នកខ្លះគិតថា «ខ្ញុំមានសេចក្តីជំនឿជាច្រើនឆ្នាំមកហើយ។ ខ្ញុំតែងតែអនុវត្តបែបនេះ។ ខ្ញុំមានអារម្មណ៍ថា ខ្ញុំបានបំពេញតាមព្រះហឫទ័យរបស់ព្រះជាម្ចាស់ ហើយខ្ញុំក៏មានអារម្មណ៍ថា ខ្ញុំបានទទួលជាច្រើនចេញពីការធ្វើបែបនេះដែរ។ នោះគឺដោយសារតែខ្ញុំបានយល់អំពីសេចក្តីពិតជាច្រើនក្នុងអំឡុងពេលនេះ ព្រមទាំងរឿងជាច្រើនដែលខ្ញុំមិនបានយល់កាលពីមុន។ ជាក់ស្ដែង មានគំនិត និងទស្សនៈរបស់ខ្ញុំជាច្រើនបានផ្លាស់ប្ដូរ គុណតម្លៃជីវិតខ្ញុំបានផ្លាស់ប្ដូរយ៉ាងច្រើន ហើយឥឡូវនេះ ខ្ញុំមានការយល់ដឹងដ៏ប្រសើរអំពីលោកីយ៍នេះ។» មនុស្សខ្លះជឿថា នេះគឺជាការប្រមូលផលមួយ និងជឿទៀតថា នេះគឺជាលទ្ធផលចុងក្រោយនៃកិច្ចការរបស់ព្រះជាម្ចាស់សម្រាប់មនុស្ស។ នៅក្នុងយោបល់របស់អ្នករាល់គ្នា ជាមួយបទដ្ឋានទាំងនេះ និងគ្រប់ទាំងការអនុវត្តរបស់អ្នករាល់គ្នាដែលបានធ្វើ តើអ្នកកំពុងតែបំពេញតាមព្រះហឫទ័យរបស់ព្រះជាម្ចាស់ឬទេ? អ្នកខ្លះនឹងនិយាយយ៉ាងប្រាកដថា «ពិតណាស់! យើងកំពុងតែអនុវត្តតាមព្រះបន្ទូលរបស់ព្រះជាម្ចាស់។ យើងកំពុងតែអនុវត្តតាមសេចក្តីដែលបានអធិប្បាយ និងប្រាស្រ័យទាក់ទងខាងលើ។ យើងកំពុងតែបំពេញភារកិច្ចរបស់យើងគ្រប់ពេល និងកំពុងតែដើរតាមព្រះជាម្ចាស់ជានិច្ច ហើយយើងមិនដែលបោះបង់ទ្រង់ចោលឡើយ។ ដូច្នេះ យើងអាចនិយាយយ៉ាងជឿជាក់ថា យើងកំពុងតែបំពេញតាមព្រះហឫទ័យរបស់ព្រះជាម្ចាស់។ មិនថាយើងយល់អំពីបំណងព្រះហឫទ័យរបស់ទ្រង់បានច្រើនកម្រិតណា ហើយមិនថាយើងយល់អំពីព្រះបន្ទូលរបស់ទ្រង់បានច្រើនបែបណាឡើយ យើងតែងតែស្ថិតនៅលើផ្លូវនៃការព្យាយាមចុះសម្រុងជាមួយព្រះជាម្ចាស់ជានិច្ច។ ដរាបណាយើងប្រព្រឹត្ត និងអនុវត្តបានត្រឹមត្រូវ នោះយើងនឹងទទួលបានលទ្ធផលត្រឹមត្រូវមិនខាន។» តើអ្នកគិតដូចម្ដេចដែរអំពីទស្សនៈនេះ? តើវាត្រឹមត្រូវឬទេ? អ្នកខ្លះទៀតអាចនិយាយថា «ខ្ញុំមិនធ្លាប់គិតអំពីរឿងទាំងនេះពីមុនមកឡើយ។ ខ្ញុំគ្រាន់តែគិតថា ដរាបណាខ្ញុំបន្តបំពេញភារកិច្ចរបស់ខ្ញុំ និងបន្តប្រព្រឹត្តស្របតាមសេចក្ដីតម្រូវនៃព្រះសូរសៀងរបស់ព្រះជាម្ចាស់ នោះខ្ញុំអាចរស់រានមានជីវិតហើយ។ ខ្ញុំមិនធ្លាប់ពិចារណាអំពីសំណួរថាតើខ្ញុំអាចបំពេញតាមព្រះហឫទ័យរបស់ព្រះជាម្ចាស់ ឬថាតើខ្ញុំកំពុងតែបំពេញតាមបទដ្ឋានដែលទ្រង់បានកំណត់មកនោះឡើយ។ ដោយសារតែព្រះជាម្ចាស់មិនដែលមានបន្ទូលប្រាប់ខ្ញុំ ឬប្រទានសេចក្តីណែនាំដ៏ច្បាស់លាស់ណាមួយដល់ខ្ញុំ ដូច្នេះ ខ្ញុំជឿថា ដរាបណាខ្ញុំបន្តធ្វើការមិនឈប់ នោះព្រះជាម្ចាស់នឹងសព្វព្រះហឫទ័យ ហើយទ្រង់មិនគួរទាមទារអ្វីបន្ថែមទៀតពីខ្ញុំឡើយ។» តើជំនឿទាំងនេះត្រឹមត្រូវឬទេ? ចំពោះខ្ញុំ ការអនុវត្តបែបនេះ ការគិតបែបនេះ និងទស្សនៈទាំងនេះសុទ្ធតែជាគំនិតបែបរវើរវាយ ហើយក៏មានការខ្វាក់ភ្នែកបន្ដិចដែរ។ ប្រហែលជា អ្វីដែលខ្ញុំនិយាយនេះធ្វើឲ្យអ្នកខ្លះមានអារម្មណ៍ខូចចិត្តបន្តិច ព្រោះគេគិតថា «ការខ្វាក់ភ្នែក? បើការនេះជាការខ្វាក់ភ្នែកទៅហើយ នោះសេចក្តីសង្ឃឹមរបស់យើងសម្រាប់សេចក្តីសង្រ្គោះ និងការរស់រានមានជីវិត គឺមានតិចតួច និងមិនច្បាស់លាស់ឡើយ តើមែនទេ? បើដូច្នេះ តើទ្រង់មិនកំពុងបំបាក់ទឹកចិត្តយើងទេឬអី?» មិនថាអ្នករាល់គ្នាជឿអ្វីឡើយ សេចក្តីដែលខ្ញុំនិយាយ និងធ្វើ មិនមានចេតនាធ្វើឲ្យអ្នករាល់គ្នាបាក់ទឹកចិត្តនោះឡើយ។ ផ្ទុយទៅវិញ ខ្ញុំនិយាយសេចក្តីទាំងនោះ ដើម្បីអភិវឌ្ឍដល់ការយល់ដឹងរបស់អ្នករាល់គ្នាអំពីបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ និងដើម្បីបង្កើនការយល់ដឹងរបស់អ្នកអំពីអ្វីដែលព្រះជាម្ចាស់កំពុងតែព្រះតម្រិះ អ្វីដែលទ្រង់សព្វព្រះហឫទ័យចង់សម្រេច ប្រភេទមនុស្សដែលទ្រង់ចូលចិត្ត អ្វីដែលទ្រង់ស្អប់ខ្ពើម ប្រភេទមនុស្សដែលទ្រង់សព្វព្រះហឫទ័យចង់ទទួល និងប្រភេទមនុស្សដែលទ្រង់ច្រានចោល។ សេចក្តីដែលខ្ញុំនិយាយនោះ គឺដើម្បីផ្ដល់ឲ្យគំនិតរបស់អ្នករាល់គ្នាមានភាពច្បាស់លាស់ និងផ្ដល់ឲ្យអ្នកមានការយល់ដឹងច្បាស់លាស់អំពីគម្លាតដ៏ឆ្ងាយដែលសកម្មភាព និងគំនិតរបស់អ្នករាល់គ្នាម្នាក់ៗចាកឆ្ងាយពីបទដ្ឋានដែលព្រះជាម្ចាស់បានតម្រូវទុក។ តើវាចាំបាច់ដែរឬទេក្នុងការពិភាក្សាអំពីប្រធានបទទាំងនេះ? ដោយសារតែខ្ញុំដឹងថា អ្នករាល់គ្នាមានសេចក្តីជំនឿជាយូរឆ្នាំ ហើយបានស្ដាប់សេចក្តីអធិប្បាយជាច្រើនផង ប៉ុន្តែ នោះជាសេចក្តីដែលអ្នកនៅខ្វះខាតបំផុត។ ទោះបីអ្នករាល់គ្នាបានកត់ត្រាទុកគ្រប់ទាំងសេចក្ដីពិតនៅក្នុងសៀវភៅសរសេររបស់អ្នក ព្រមទាំងទន្ទេញ និងចារឹកនៅក្នុងដួងចិត្តរបស់អ្នកនូវសេចក្តីមួយចំនួនដែលអ្នកជឿជាក់ថាសំខាន់ ហើយទោះបីអ្នករៀបចំផែនការប្រើសេចក្តីទាំងនេះ ដើម្បីបំពេញតាមបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ ក្នុងពេលដែលអ្នកអនុវត្ត ប្រើសេចក្តីទាំងនោះ នៅពេលដែលអ្នករាល់គ្នាចាំបាច់ត្រូវការ ប្រើសេចក្តីទាំងនោះ ដើម្បីឆ្លងផុតគ្រាដ៏លំបាកនៅខាងមុខ ឬគ្រាន់តែឲ្យសេចក្តីទាំងនោះដើរជាមួយអ្នករាល់គ្នា ក្នុងពេលដែលអ្នករស់នៅក៏ដោយ ចំពោះខ្ញុំវិញ មិនថាអ្នករាល់គ្នាធ្វើវាតាមរបៀបណាឡើយ ប្រសិនបើអ្នកកំពុងតែធ្វើវា ការនេះមិនសំខាន់នោះឡើយ។ បើដូច្នេះ តើអ្វីទៅដែលសំខាន់បំផុតនោះ? អ្វីដែលសំខាន់នោះគឺថា ក្នុងពេលដែលអ្នកកំពុងតែអនុវត្ត អ្នកត្រូវតែដឹងយ៉ាងប្រាកដច្បាស់ថា អ្វីៗគ្រប់យ៉ាងដែលអ្នកកំពុងតែធ្វើ គឺគ្រប់ទាំងទង្វើដែលអ្នកធ្វើ ត្រូវតែស្របតាមអ្វីដែលព្រះជាម្ចាស់សព្វព្រះហឫទ័យចង់បាន និងត្រូវប្រាកដទៀតថា គ្រប់ទាំងសកម្មភាពរបស់អ្នក គ្រប់ទាំងគំនិតរបស់អ្នក ព្រមទាំងគ្រប់លទ្ធផល និងគោលដៅដែលអ្នកចង់សម្រេចបាននោះ ថាតើវាបំពេញតាមបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ និងបំពេញតាមការទាមទាររបស់ទ្រង់ដែរឬទេ បើមិនដូច្នោះទេ ទ្រង់មិនទទួលយកវាឡើយ។ ទាំងនេះហើយជាអ្វីដែលសំខាន់បំផុតនោះ។

ចូរដើរនៅក្នុងផ្លូវរបស់ព្រះជាម្ចាស់៖ កោតខ្លាចព្រះជាម្ចាស់ ហើយគេចចេញពីសេចក្ដីអាក្រក់

មានពាក្យស្លោកមួយដែលអ្នករាល់គ្នាគួរតែកត់ត្រាទុក។ ខ្ញុំជឿថា ពាក្យស្លោកនេះសំខាន់ណាស់ ព្រោះថាសម្រាប់ខ្ញុំ ឃ្លានេះបានចូលក្នុងគំនិតរបស់ខ្ញុំជាច្រើនដងរាប់មិនអស់ឡើយនៅក្នុងមួយថ្ងៃ។ ហេតុអ្វីទៅ? នោះគឺដោយសារតែគ្រប់ពេលដែលខ្ញុំជួបជាមួយមនុស្សម្នាក់ គ្រប់ពេលដែលខ្ញុំឮសាច់រឿងរបស់នរណាម្នាក់ និងគ្រប់ពេលដែលខ្ញុំឮអំពីបទពិសោធន៍ ឬទីបន្ទាល់របស់មនុស្សម្នាក់ក្នុងការជឿលើព្រះជាម្ចាស់ ខ្ញុំតែងតែប្រើពាក្យស្លោកនេះ ដើម្បីសម្រេចនៅក្នុងចិត្តរបស់ខ្ញុំថាតើបុគ្គលនេះជាប្រភេទនៃមនុស្សដែលព្រះជាម្ចាស់សព្វព្រះហឫទ័យចង់បាន និងជាប្រភេទមនុស្សដែលព្រះជាម្ចាស់ចូលចិត្តឬក៏អត់។ ដូច្នេះ តើពាក្យស្លោកនោះជាអ្វីទៅ? ឥឡូវ អ្នករាល់គ្នាប្រហែលជាទន្ទឹងចង់ដឹងអំពីពាក្យស្លោកដែលខ្ញុំរៀបនឹងនិយាយនេះហើយ។ នៅពេលដែលខ្ញុំប្រាប់អំពីពាក្យស្លោកនេះ ប្រហែលអ្នករាល់គ្នានឹងមានអារម្មណ៍ខកចិត្ត ដោយសារតែមានមនុស្សខ្លះបានយល់ព្រមតែបបូរមាត់អស់រយៈពេលជាច្រើនឆ្នាំមកហើយ។ ប៉ុន្ដែ ខ្ញុំមិនដែលយល់ព្រមតែបបូរមាត់ម្ដងណាឡើយ។ ពាក្យស្លោកនេះស្ថិតនៅក្នុងចិត្តរបស់ខ្ញុំ។ ដូច្នេះ តើពាក្យស្លោកនេះគឺជាអ្វីទៅ? វាគឺ៖ «ចូរដើរនៅក្នុងផ្លូវរបស់ព្រះជាម្ចាស់៖ កោតខ្លាចព្រះជាម្ចាស់ និងគេចចេញពីសេចក្តីអាក្រក់។» តើនេះមិនមែនជាឃ្លាមួយដ៏សាមញ្ញទេឬ? ថ្វីបើវាសាមញ្ញក៏ពិតមែន ប៉ុន្តែ មនុស្សដែលមានការយល់ដឹងដ៏ជ្រាលជ្រៅយ៉ាងពិតប្រាកដអំពីពាក្យទាំងនេះ នឹងមានអារម្មណ៍ថា ពាក្យទាំងនេះមានទម្ងន់ធ្ងន់ណាស់ មានអារម្មណ៍ថា ឃ្លានេះពិតជាមានតម្លៃខ្លាំងណាស់សម្រាប់ការអនុវត្តរបស់គេ មានអារម្មណ៍ថា វាជាឃ្លាមួយចេញមកពីភាសានៃជីវិតដែលមានផ្ទុកនូវតថភាពជាក់ស្ដែងនៃសេចក្តីពិត មានអារម្មណ៍ថា វាគឺជាកម្មវត្ថុពេញមួយជីវិតសម្រាប់អស់អ្នកដែលកំពុងតែព្យាយាមបំពេញតាមបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ និងមានអារម្មណ៍ទៀតថា វាជាផ្លូវដ៏យូរអង្វែងសម្រាប់មនុស្សគ្រប់គ្នាដែលពិចារណាលើបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ គួរតែដើរតាម។ ដូច្នេះ តើអ្នករាល់គ្នាគិតយ៉ាងដូចម្ដេច៖ តើពាក្យស្លោកនេះមិនមែនជាសេចក្តីពិតទេឬ? តើវាមានសារៈសំខាន់ដែរឬទេ? ជាមួយគ្នានេះដែរ អ្នកខ្លះប្រហែលជាកំពុងតែគិតអំពីពាក្យស្លោកនេះ ហើយព្យាយាមរិះគិត ហើយអ្នកខ្លះទៀតប្រហែលមានអារម្មណ៍សង្ស័យអំពីពាក្យស្លោកនេះ៖ តើពាក្យស្លោកនេះសំខាន់ណាស់ឬ? តើវាសំខាន់ណាស់ឬ? តើវាចាំបាច់ក្នុងការគូសបញ្ជាក់ខ្លាំងឬ? ប្រហែលជាមានអ្នកខ្លះទៀតដែលមិនចូលចិត្តពាក្យស្លោកនេះប៉ុន្មានទេ ដោយសារតែអ្នកគិតថា ការដើរតាមមាគ៌ារបស់ព្រះជាម្ចាស់ និងការចម្រាញ់យកអត្ថន័យចេញពីពាក្យស្លោកនេះ គឺជារឿងសម្រាយជ្រុលពេក។ ការយកសេចក្តីទាំងអស់ដែលព្រះជាម្ចាស់មានបន្ទូល ហើយចម្រាញ់វាមកត្រឹមតែពាក្យស្លោកមួយ តើនេះមិនមែនកំពុងតែលែងផ្តល់សារៈសំខាន់ដល់ព្រះជាម្ចាស់ទេឬអី? តើវាបែបនេះឬ? គឺអាចនិយាយបានថា អ្នករាល់គ្នាភាគច្រើនមិនយល់ទាំងស្រុងអំពីសារៈសំខាន់ដ៏ជ្រាលជ្រៅនៃព្រះបន្ទូលទាំងនេះឡើយ។ ទោះបីជាអ្នករាល់គ្នាបានកត់ត្រាព្រះបន្ទូលក៏ដោយ ប៉ុន្តែ អ្នករាល់គ្នាគ្មានបំណងចង់រក្សាទុកព្រះបន្ទូលទាំងនេះនៅក្នុងដួងចិត្តរបស់អ្នកឡើយ គឺថាអ្នកគ្រាន់តែកត់ត្រានៅក្នុងសៀវភៅសរសេររបស់អ្នក ដើម្បីរំឭកឡើងវិញ និងសញ្ជឹងគិតនៅពេលទំនេរតែប៉ុណ្ណោះ។ អ្នកខ្លះប្រហែលជាមិនរំឭកព្រះបន្ទូលទាំងនេះផង ហើយក៏គ្មានបំណងចង់ប្រើវាជាប្រយោជន៍អ្វីនោះដែរ។ ចុះហេតុអ្វីបានជាខ្ញុំចង់លើកឡើងអំពីឃ្លានេះ? មិនថាអ្នករាល់គ្នាមានទស្សនៈ និងគំនិតបែបណាឡើយ ខ្ញុំត្រូវតែលើកឡើងអំពីឃ្លានេះ ដ្បិតវាពាក់ព័ន្ធយ៉ាងខ្លាំងទៅនឹងរបៀបដែលព្រះជាម្ចាស់កំណត់ពីលទ្ធផលរបស់មនុស្ស។ មិនថាបច្ចុប្បន្ន អ្នករាល់គ្នាមានការយល់ដឹងយ៉ាងដូចម្ដេចអំពីពាក្យស្លោកនេះ ឬចាត់ទុកពាក្យស្លោកនេះក្នុងន័យបែបណានោះឡើយ ខ្ញុំនឹងនៅតែប្រាប់អ្នករាល់គ្នាថា៖ ប្រសិនបើមនុស្សអាចអនុវត្តតាមពាក្យពេចន៍នៃពាក្យស្លោកនេះ ហើយដកពិសោធន៍ និងសម្រេចតាមបទដ្ឋាននៃការកោតខ្លាចព្រះជាម្ចាស់ និងការគេចចេញពីសេចក្ដីអាក្រក់ នោះពួកគេនឹងប្រាកដជាមានជីវិតរស់រាន ហើយគេនឹងប្រាកដជាមានលទ្ធផលល្អមិនខាន។ យ៉ាងណាមិញ ប្រសិនបើអ្នកមិនអាចបំពេញតាមបទដ្ឋានដែលបានបញ្ចេញចេញតាមរយៈពាក្យស្លោកនេះទេ គឺអាចនិយាយបានថា លទ្ធផលរបស់អ្នកនឹងមិនដឹងឡើយ។ ដូច្នេះ ខ្ញុំនិយាយទៅកាន់អ្នករាល់គ្នាអំពីពាក្យស្លោកនេះ ដើម្បីឲ្យអ្នករៀបចំផ្លូវចិត្តរបស់ខ្លួន និងដើម្បីឲ្យអ្នកដឹងអំពីប្រភេទនៃបទដ្ឋានដែលព្រះជាម្ចាស់ប្រើ ដើម្បីវាស់វែងអ្នករាល់គ្នា។ ដូចជាខ្ញុំទើបតែប្រាប់អ្នកអ៊ីចឹង ពាក្យស្លោកនេះពិតជាទាក់ទងទៅនឹងសេចក្តីសង្រ្គោះរបស់ព្រះជាម្ចាស់ចំពោះមនុស្ស ហើយក៏ទាក់ទងនឹងរបៀបដែលទ្រង់កំណត់ពីលទ្ធផលរបស់មនុស្សដែរ។ តើវាមានការពាក់ព័ន្ធគ្នាយ៉ាងដូចម្ដេចទៅ? អ្នករាល់គ្នាពិតជាចង់ដឹងខ្លាំងណាស់ ដូច្នេះ យើងនឹងជជែកអំពីវានៅថ្ងៃនេះ។

ព្រះជាម្ចាស់ប្រើប្រាស់ការល្បងលផ្សេងៗ ដើម្បីល្បងលមើលថាតើមនុស្សពិតជាកោតខ្លាចព្រះជាម្ចាស់ ហើយគេចចេញពីសេចក្ដីអាក្រក់ដែរឬអត់

នៅគ្រប់យុគសម័យទាំងអស់ ក្នុងពេលដែលកំពុងធ្វើការនៅក្នុងចំណោមមនុស្ស ព្រះជាម្ចាស់ប្រទានព្រះបន្ទូលខ្លះដល់ពួកគេ និងមានបន្ទូលប្រាប់ពួកគេអំពីសេចក្តីពិតមួយចំនួន។ សេចក្តីពិតទាំងនេះបម្រើជាផ្លូវដែលមនុស្សគួរតែប្រកាន់ខ្ជាប់ ជាផ្លូវដែលពួកគេគួរតែដើរតាម ជាផ្លូវដែលជួយឲ្យពួកគេកោតខ្លាចព្រះជាម្ចាស់ ហើយគេចចេញពីសេចក្ដីអាក្រក់ ព្រមទាំងជាផ្លូវដែលមនុស្សគួរតែយកមកអនុវត្ត និងប្រកាន់ខ្ជាប់នៅក្នុងជីវិតរបស់គេ និងនៅលើដំណើរផ្លូវនៃជីវិតរបស់គេផង។ គឺដោយសារតែហេតុផលទាំងនេះហើយបានជាព្រះជាម្ចាស់បង្ហាញព្រះសូរសៀងទាំងនេះទៅកាន់មនុស្ស។ មនុស្សគួរតែប្រកាន់ខ្ជាប់ព្រះបន្ទូលដែលចេញពីព្រះជាម្ចាស់ទាំងនេះ ហើយការប្រកាន់ខ្ជាប់ចំពោះព្រះបន្ទូលទាំងនេះ គឺជាការទទួលបានជីវិត។ ប្រសិនបើមនុស្សមិនប្រកាន់ខ្ជាប់តាមព្រះបន្ទូលទាំងនេះ មិនអនុវត្តតាម និងមិនរស់នៅតាមព្រះបន្ទូលរបស់ព្រះជាម្ចាស់នៅក្នុងជីវិតរបស់គេទេ នោះបុគ្គលនេះមិនមែនកំពុងអនុវត្តតាមសេចក្តីពិតឡើយ។ លើសពីនេះទៅទៀត ប្រសិនបើមនុស្សមិនអនុវត្តតាមសេចក្តីពិតទេ នោះពួកគេមិនមែនកំពុងតែកោតខ្លាចព្រះជាម្ចាស់ ហើយគេចចេញពីសេចក្ដីអាក្រក់ឡើយ ហើយពួកគេក៏មិនបំពេញតាមព្រះហឫទ័យរបស់ព្រះជាម្ចាស់ដែរ។ មនុស្សដែលគ្មានសមត្ថភាពបំពេញតាមព្រះហឫទ័យរបស់ព្រះជាម្ចាស់ មិនអាចទទួលបានការសរសើរពីទ្រង់ឡើយ ហើយមនុស្សបែបនេះក៏គ្មានលទ្ធផលអ្វីនោះដែរ។ ដូច្នេះ ក្នុងពេលទ្រង់កំពុងតែធ្វើការ តើព្រះជាម្ចាស់កំណត់ពីលទ្ធផលរបស់មនុស្សម្នាក់ដោយរបៀបណា? តើព្រះជាម្ចាស់ប្រើវិធីសាស្ត្រអ្វី ដើម្បីកំណត់លទ្ធផលរបស់មនុស្សម្នាក់? ឥឡូវនេះ អ្នករាល់គ្នាប្រហែលជានៅស្រពេចស្រពិលអំពីរឿងនេះនៅឡើយទេ ប៉ុន្តែ នៅពេលដែលខ្ញុំប្រាប់អ្នករាល់គ្នាអំពីដំណើរការរបស់វា នោះវានឹងស្ដែងឲ្យឃើញកាន់តែច្បាស់ ព្រោះថាអ្នករាល់គ្នាជាច្រើននាក់បានដកពិសោធន៍ដោយខ្លួនឯងរួចហើយ។

នៅលើដំណើរផ្លូវនៃកិច្ចការរបស់ទ្រង់ ចាប់តាំងពីដើមដំបូងមក ព្រះជាម្ចាស់បានកំណត់ទុកនូវការល្បងលសម្រាប់មនុស្សគ្រប់រូប ឬអ្នកអាចនិយាយបានថា មនុស្សគ្រប់រូបដែលដើរតាមទ្រង់ ហើយការល្បងលទាំងនោះសោត គឺមានគ្រប់ទំហំតែម្ដង។ មានមនុស្សដែលដកពិសោធន៍នូវការល្បងល តាមរយៈការជួបការបដិសេធពីក្រុមគ្រួសាររបស់គេ អ្នកដែលបានដកពិសោធន៍នូវការល្បងលនៃបរិយាកាសប្រឆាំង អ្នកដែលដកពិសោធន៍នូវការល្បងលដែលត្រូវគេចាប់ខ្លួន និងធ្វើទារុណកម្ម អ្នកដែលដកពិសោធន៍នូវការល្បងលដែលប្រឈមនឹងការសម្រេចចិត្ត និងអ្នកដែលប្រឈមនឹងល្បងលខាងលុយកាក់ និងឋានៈ។ បើនិយាយជាទូទៅ អ្នករាល់គ្នាម្នាក់ៗបានជួបនូវការល្បងលគ្រប់ប្រភេទ។ តើហេតុអ្វីបានជាព្រះជាម្ចាស់ធ្វើបែបនេះ? ហេតុអ្វីបានជាទ្រង់ប្រព្រឹត្តចំពោះមនុស្សគ្រប់គ្នាបែបនេះ? តើទ្រង់ចង់បានលទ្ធផលបែបណាទៅ? នេះជាចំណុចសំខាន់ដែលខ្ញុំចង់ប្រាប់ឲ្យអ្នករាល់គ្នាដឹង៖ ព្រះជាម្ចាស់ចង់ដឹងថាតើបុគ្គលនេះជាប្រភេទមនុស្សដែលកោតខ្លាចទ្រង់ ហើយគេចចេញពីសេចក្ដីអាក្រក់ឬក៏អត់។ អត្ថន័យរបស់វាគឺថា នៅពេលដែលព្រះជាម្ចាស់កំពុងតែល្បងលអ្នក ហើយឲ្យអ្នកប្រឈមនឹងកាលៈទេសៈពិបាក បំណងព្រះហឫទ័យរបស់ទ្រង់ គឺដើម្បីល្បងលមើលថាតើអ្នកជាមនុស្សម្នាក់ដែលកោតខ្លាចទ្រង់ ហើយគេចចេញពីសេចក្ដីអាក្រក់ឬក៏អត់។ ប្រសិនបើមនុស្សម្នាក់មានភារកិច្ចមើលខុសត្រូវប្រាក់តង្វាយ ហើយភារកិច្ចនេះនាំឲ្យគេមានទំនាក់ទំនងជាមួយប្រាក់តង្វាយរបស់ព្រះជាម្ចាស់ តើអ្នកនឹងនិយាយថា នេះជាអ្វីមួយដែលព្រះជាម្ចាស់បានរៀបចំទុកដែរឬទេ? ពិតប្រាកដណាស់! អ្វីគ្រប់យ៉ាងដែលអ្នកជួបប្រទះ គឺជាអ្វីដែលព្រះជាម្ចាស់បានរៀបចំទុក។ នៅពេលដែលអ្នកជួបជាមួយរឿងនេះ ព្រះជាម្ចាស់នឹងសង្កេតមើលអ្នកដោយស្ងាត់ៗ ទតមើលអ្វីដែលអ្នកសម្រេចចិត្តជ្រើសរើស របៀបដែលអ្នកអនុវត្ត និងគំនិតដែលអ្នកមាន។ អ្វីដែលព្រះជាម្ចាស់ខ្វល់ខ្វាយបំផុតនោះគឺជាលទ្ធផលចុងក្រោយ ដោយសារតែលទ្ធផលនេះហើយដែលនឹងជួយឲ្យទ្រង់វាស់វែងថា តើអ្នកបានរស់នៅតាមបទដ្ឋានរបស់ទ្រង់ដែរឬអត់ តាមរយៈការល្បងលមួយនោះ។ យ៉ាងណាមិញ គ្រប់ពេលដែលមនុស្សជួបនូវបញ្ហាអ្វីមួយ ជារឿយៗ ពួកគេមិនបានគិតអំពីហេតុផលដែលនាំឲ្យពួកគេជួបវា បទដ្ឋានអ្វីដែលព្រះជាម្ចាស់រំពឹងឲ្យពួកគេបំពេញតាម អ្វីដែលទ្រង់សព្វព្រះហឫទ័យចង់ទតឃើញនៅក្នុងពួកគេ ឬអ្វីដែលទ្រង់សព្វព្រះហឫទ័យចង់ទទួលបានចេញពីពួកគេនោះឡើយ។ នៅពេលដែលជួបបញ្ហានេះ មនុស្សបែបនេះគ្រាន់តែគិតថា «នេះជាអ្វីមួយដែលខ្ញុំកំពុងតែជួប។ ខ្ញុំត្រូវតែប្រុងប្រយ័ត្ន ដោយមិនត្រូវធ្វេសប្រហែសឡើយ! ទោះបីជាយ៉ាងណាក៏ដោយ នេះជាប្រាក់តង្វាយរបស់ព្រះជាម្ចាស់ ខ្ញុំមិនអាចប៉ះពាល់បានឡើយ។» ដោយមានគំនិតដ៏សាមញ្ញបែបនេះ មនុស្សជឿថា ពួកគេបានបំពេញតាមទំនួលខុសត្រូវរបស់ពួកគេ។ តើលទ្ធផលចេញពីការល្បងលនេះធ្វើឲ្យព្រះជាម្ចាស់គាប់ព្រះហឫទ័យដែរឬទេ? សូមអញ្ជើញចែករំលែកអំពីគំនិតរបស់អ្នកមក។ (ប្រសិនបើមនុស្សកោតខ្លាចព្រះជាម្ចាស់នៅក្នុងដួងចិត្តរបស់គេ នោះនៅពេលដែលជួបជាមួយភារកិច្ចមួយដែលអនុញ្ញាតឲ្យពួកគេមានទំនាក់ទំនងជាមួយប្រាក់តង្វាយរបស់ព្រះជាម្ចាស់ ពួកគេនឹងគិតពិចារណាថា វានឹងងាយស្រួលណាស់ក្នុងការបំពានលើនិស្ស័យរបស់ព្រះជាម្ចាស់ ដូច្នេះ ពួកគេត្រូវតែធ្វើការដោយមានការប្រុងប្រយ័ត្ន។) ចម្លើយរបស់អ្នកស្ថិតនៅលើផ្លូវដ៏ត្រឹមត្រូវហើយ ប៉ុន្តែ វាមិនទាន់ត្រូវទាំងស្រុងនៅឡើយទេ។ ការដើរនៅក្នុងផ្លូវរបស់ព្រះជាម្ចាស់មិនមែនជាការកាន់តាមក្បួនច្បាប់បែបលំៗនោះឡើយ ផ្ទុយទៅវិញ វាមានន័យថា នៅពេលដែលអ្នកជួបបញ្ហាមួយ ជាដំបូង អ្នកមើលទៅកាន់បញ្ហានោះ ថាជាស្ថានភាពមួយដែលត្រូវបានរៀបចំ ដោយព្រះជាម្ចាស់ ជាទំនួលខុសត្រូវមួយដែលទ្រង់បានប្រទានដល់អ្នក ឬជាកិច្ចការមួយដែលទ្រង់បានផ្ទុកផ្ដាក់ដល់អ្នកឬយ៉ាងណា។ នៅពេលដែលជួបបញ្ហានេះ អ្នកគួរតែមើលឃើញវាថាជាការល្បងលមួយដែលព្រះជាម្ចាស់បានកំណត់ទុកសម្រាប់អ្នក។ នៅពេលដែលអ្នកជួបបញ្ហានេះ អ្នកត្រូវតែមានបទដ្ឋានមួយនៅក្នុងដួងចិត្តរបស់អ្នក ហើយអ្នកត្រូវតែគិតថា រឿងនេះមកពីព្រះជាម្ចាស់។ អ្នកត្រូវតែគិតអំពីវិធីដោះស្រាយជាមួយវានៅក្នុងរបៀបមួយដែលអ្នកអាចបំពេញតាមទំនួលខុសត្រូវរបស់អ្នកផង ព្រមទាំងបន្តមានស្វាមីភក្ដិចំពោះព្រះជាម្ចាស់ផង ហើយក៏ត្រូវគិតអំពីរបៀបធ្វើវា ដោយមិនធ្វើឲ្យទ្រង់ខ្ញាល់ ឬបំពានលើនិស្ស័យរបស់ទ្រង់ដែរ។ មុននេះបន្ដិច យើងបាននិយាយអំពីការមើលថែប្រាក់តង្វាយ។ រឿងនេះពាក់ព័ន្ធនឹងប្រាក់តង្វាយ ហើយវាក៏ប៉ះពាល់ដល់ភារកិច្ច និងទំនួលខុសត្រូវរបស់អ្នកដែរ។ អ្នកមានភារកិច្ចត្រូវរ៉ាប់រងលើទំនួលខុសត្រូវនេះ។ យ៉ាងណាមិញ នៅពេលដែលជួបបញ្ហានេះ តើមានការល្បួងដែរឬទេ? ពិតប្រាកដណាស់! តើការល្បួងនេះចេញមកពីកន្លែងណា? ការល្បួងនេះចេញមកពីសាតាំង ហើយវាក៏ចេញមកពីនិស្ស័យដ៏ពុករលួយ និងអាក្រក់របស់មនុស្សដែរ។ ដោយសារតែវាជាការល្បួង ដូច្នេះ បញ្ហានេះពាក់ព័ន្ធនឹងការឈរជាបន្ទាល់ដែលមនុស្សគួរតែឈរ ហើយនេះក៏ជាទំនួលខុសត្រូវ និងភារកិច្ចរបស់អ្នកដែរ។ អ្នកខ្លះនិយាយថា «នេះជាកិច្ចការកំប៉ិកកំប៉ុកទេ។ តើវាចាំបាច់អ្វីដែលត្រូវឲ្យតម្លៃខ្លាំងម្ល៉េះ?» វាពិតជាសំខាន់ណាស់! ព្រោះថា ដើម្បីដើរតាមមាគ៌ារបស់ព្រះជាម្ចាស់បាន យើងមិនអាចបោះបង់ចោលអ្វីមួយដែលកើតឡើងចំពោះយើង ឬជុំវិញយើង រួមទាំងរឿងតូចៗនោះឡើយ។ ទោះបីយើងគិតថា យើងគួរតែយកចិត្តទុកដាក់ចំពោះរឿងនេះឬក៏អត់ កិច្ចការណាក៏ដោយដែលយើងកំពុងតែជួប យើងមិនត្រូវបណ្ដែតបណ្ដោយនោះឡើយ។ អ្វីៗទាំងអស់ដែលកើតឡើង គួរតែត្រូវបានចាត់ទុកជាការល្បងលដែលព្រះជាម្ចាស់បានប្រទានដល់យើង។ តើអ្នកគិតដូចម្ដេចដែរអំពីទស្សនៈនេះ? ប្រសិនបើអ្នកមានឥរិយាបថបែបនេះ នោះវាបញ្ជាក់អំពីការពិតថា៖ នៅក្នុងជម្រៅចិត្ត អ្នកគោរពកោតខ្លាចព្រះជាម្ចាស់ ហើយអ្នកព្រមគេចចេញពីសេចក្ដីអាក្រក់។ ប្រសិនបើអ្នកមានបំណងដែលចង់បំពេញតាមព្រះហឫទ័យរបស់ព្រះជាម្ចាស់ នោះអ្វីដែលអ្នកយកទៅអនុវត្ត នឹងមិនឃ្លាតចាកពីការបំពេញតាមបទដ្ឋាននៃការកោតខ្លាចព្រះជាម្ចាស់ និងការគេចចេញពីសេចក្ដីអាក្រក់នោះឡើយ។

ជារឿយៗ មានមនុស្សដែលជឿថា កិច្ចការដែលមនុស្សមិនសូវជាយកចិត្តទុកដាក់ និងមិនសូវជាលើកឡើង គឺជាកិច្ចការកំប៉ិកកំប៉ុកដែលគ្មានទាក់ទងអ្វីជាមួយនឹងការអនុវត្តតាមសេចក្តីពិតឡើយ។ នៅពេលដែលជួបជាមួយបញ្ហាបែបនេះ មនុស្សទាំងនេះមិនគិតច្រើនឡើយ ហើយបន្ទាប់មក ពួកគេបណ្ដោយឲ្យវារសាត់បាត់ទៅ។ យ៉ាងណាមិញ នៅក្នុងការពិតជាក់ស្ដែង រឿងនេះគឺជាមេរៀនមួយដែលអ្នកគួរតែរៀនសូត្រ ជាមេរៀនអំពីរបៀបកោតខ្លាចព្រះជាម្ចាស់ និងរបៀបគេចចេញពីសេចក្ដីអាក្រក់។ លើសពីនេះទៅទៀត អ្វីដែលអ្នកគួរតែខ្វល់ខ្វាយកាន់តែខ្លាំងនោះ គឺជាការដឹងអំពីអ្វីដែលព្រះជាម្ចាស់កំពុងតែធ្វើ នៅពេលដែលរឿងនេះកើតមានចំពោះអ្នក។ ព្រះជាម្ចាស់គង់នៅជិតអ្នក សង្កេតមើលគ្រប់ទាំងពាក្យសម្ដី និងទង្វើរបស់អ្នក ហើយទតមើលអ្វីៗគ្រប់យ៉ាងដែលអ្នកធ្វើ និងការផ្លាស់ប្ដូរដែលកើតឡើងនៅក្នុងគំនិតរបស់អ្នក។ នេះហើយជាកិច្ចការរបស់ព្រះជាម្ចាស់។ អ្នកខ្លះសួរថា «បើនេះជាសេចក្តីពិត ចុះហេតុអ្វីបានជាខ្ញុំមិនមានអារម្មណ៍អំពីវាដូច្នេះ?» អ្នកមិនមានអារម្មណ៍អំពីវា ដោយសារតែអ្នកមិនបានប្រកាន់ខ្ជាប់តាមផ្លូវនៃការកោតខ្លាចព្រះជាម្ចាស់ និងការគេចចេញពីសេចក្ដីអាក្រក់ ដែលជាផ្លូវដ៏សំខាន់របស់អ្នក។ ដូច្នេះហើយបានជាអ្នកមិនមានអារម្មណ៍អំពីកិច្ចការដ៏ល្អិតល្អន់ដែលព្រះជាម្ចាស់ធ្វើនៅក្នុងមនុស្ស ដែលស្ដែងចេញស្របតាមគំនិត និងសកម្មភាពផ្សេងៗរបស់មនុស្ស។ អ្នកពិតជាភ្លេចច្រើនមែន! តើអ្វីទៅជាកិច្ចការធំ? តើអ្វីទៅជាកិច្ចការតូច? កិច្ចការដែលពាក់ព័ន្ធនឹងការដើរនៅក្នុងផ្លូវរបស់ព្រះជាម្ចាស់ មិនអាចបែងចែកជាកិច្ចការធំ ឬកិច្ចការតូចឡើយ ប៉ុន្តែ តើអ្នករាល់គ្នាអាចទទួលយកការនេះដែរឬទេ? (យើងអាចទទួលយកវាបាន។) ទាក់ទងនឹងកិច្ចការប្រចាំថ្ងៃវិញ មានកិច្ចការខ្លះដែលមនុស្សចាត់ទុកជាកិច្ចការធំ និងសំខាន់ខ្លាំង ហើយកិច្ចការខ្លះទៀតដែលគេចាត់ទុកជាកិច្ចការកំប៉ិកកំប៉ុក។ ជារឿយៗ មនុស្សមើលឃើញកិច្ចការធំទាំងនេះ ជាកិច្ចការសំខាន់ ហើយគេចាត់ទុកកិច្ចការទាំងនោះ ជាកិច្ចការដែលព្រះជាម្ចាស់បានបញ្ជូនមក។ ទោះបីជាយ៉ាងណា នៅពេលដែលកិច្ចការធំទាំងនេះកើតឡើង ដោយសារតែឋានៈក្មេងខ្ចីរបស់មនុស្ស និងដោយសារតែគុណសម្បត្តិទន់ខ្សោយរបស់គេ ជារឿយៗ មនុស្សមិនអាចបំពេញតាមបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់បានឡើយ គេមិនអាចទទួលបានការបើកសម្ដែងណាមួយ ព្រមទាំងមិនអាចទទួលបានចំណេះដឹងជាក់ស្ដែងណាមួយដែលមានតម្លៃឡើយ។ ទាក់ទងនឹងកិច្ចការតូចៗវិញ មនុស្សចូលចិត្តមើលរំលង ហើយឲ្យកន្លងផុតទៅស្ងាត់ៗបន្តិចម្ដងៗ។ បើបែបនេះ មនុស្សបានបាត់បង់ឱកាសជាច្រើនក្នុងការទទួលបានការពិនិត្យនៅចំពោះព្រះជាម្ចាស់ និងដើម្បីឲ្យទ្រង់ល្បងលហើយ។ តើវាមានន័យដូចម្ដេចទៅ បើអ្នកតែងតែមើលរំលងមនុស្ស ព្រឹត្តិការណ៍ វត្ថុ និងស្ថានភាពដែលព្រះជាម្ចាស់បានរៀបចំទុកសម្រាប់អ្នកនោះ? វាមានន័យថា រាល់ថ្ងៃ និងសូម្បីតែរាល់វិនាទីផង អ្នកកំពុងតែបដិសេធការប្រោសឲ្យគ្រប់លក្ខណ៍របស់ព្រះជាម្ចាស់ចំពោះអ្នក ក៏ដូចជាការដឹកនាំរបស់ទ្រង់ហើយ។ គ្រប់ពេលដែលព្រះជាម្ចាស់រៀបចំស្ថានភាពមួយសម្រាប់អ្នក នោះទ្រង់នឹងទតមើលនៅទីលាក់កំបាំង សម្លឹងមើលដួងចិត្តរបស់អ្នក សង្កេតមើលគំនិត និងការសញ្ជឹងគិតរបស់អ្នក ទតមើលពីរបៀបដែលអ្នកគិត និងរង់ចាំមើលរបៀបដែលអ្នកនឹងប្រព្រឹត្ត។ ប្រសិនបើអ្នកជាមនុស្សធ្វេសប្រហែស ជាម្នាក់ដែលមិនហ្មត់ចត់នឹងផ្លូវរបស់ព្រះជាម្ចាស់ នឹងព្រះបន្ទូល ឬសេចក្តីពិតរបស់ទ្រង់ នោះអ្នកនឹងមិនគិតគូរ ឬយកចិត្តទុកដាក់ចំពោះកិច្ចការដែលព្រះជាម្ចាស់សព្វព្រះហឫទ័យចង់សម្រេច ឬសេចក្ដីតម្រូវដែលទ្រង់រំពឹងឲ្យអ្នកបំពេញ នៅពេលដែលទ្រង់រៀបចំបរិយាកាសជាក់លាក់មួយសម្រាប់អ្នកនោះឡើយ។ អ្នកនឹងមិនដឹងអំពីរបៀបដែលមនុស្ស ព្រឹត្តិការណ៍ និងវត្ថុដែលអ្នកជួបនោះ មានទំនាក់ទំនងនឹងសេចក្តីពិត ឬព្រះហឫទ័យរបស់ព្រះជាម្ចាស់ឡើយ។ ក្រោយពេលដែលអ្នកជួបជាមួយកាលៈទេសៈ និងការល្បងលដដែលៗបែបនេះ ហើយព្រះជាម្ចាស់មិនបានទតឃើញលទ្ធផលណាមួយនៅក្នុងអ្នក តើទ្រង់នឹងចាត់ការដោយរបៀបណាទៅ? ក្រោយពេលជួបការល្បងលដដែលៗ អ្នកមិនបានពង្រីកព្រះជាម្ចាស់នៅក្នុងដួងចិត្តរបស់អ្នកឡើយ ហើយអ្នកក៏មិនបានមើលឃើញកាលៈទេសៈដែលព្រះជាម្ចាស់បានរៀបចំសម្រាប់អ្នក ទុកជាការល្បងល និងវិញ្ញាសាមកពីព្រះជាម្ចាស់នោះដែរ។ ផ្ទុយទៅវិញ អ្នកបានបដិសេធឱកាសដែលព្រះជាម្ចាស់បានប្រទានដល់អ្នកដដែលៗ ដោយបណ្ដែតបណ្ដោយឲ្យវារសាត់បាត់ទៅម្ដងហើយម្ដងទៀត។ តើនេះមិនមែនជាការមិនស្ដាប់បង្គាប់បំផុតដែលមនុស្សបង្ហាញចេញទេឬ? (វាពិតមែនហើយ។) តើព្រះជាម្ចាស់នឹងមានព្រះទ័យឈឺចាប់ ដោយសារតែការមិនស្ដាប់បង្គាប់នេះដែរឬទេ? (ទ្រង់នឹងឈឺចាប់)។ ព្រះជាម្ចាស់នឹងមិនឈឺចាប់ឡើយ! នៅពេលដែលឮខ្ញុំនិយាយបែបនេះ អ្នករាល់គ្នាប្រហែលជាមានអារម្មណ៍រន្ធត់ចិត្តម្ដងទៀត។ អ្នកប្រហែលជាគិតថា៖ «តើវាមិនបានថ្លែងពីខាងលើថា ព្រះជាម្ចាស់តែងតែមានព្រះទ័យឈឺចាប់ទេឬ? ដូច្នេះ តើព្រះជាម្ចាស់នឹងមិនឈឺចាប់ទេឬ? អ៊ីចឹង តើទ្រង់ឈឺចាប់នៅពេលណាទៅ?» ជារួមមក ព្រះជាម្ចាស់នឹងមិនឈឺចាប់នៅក្នុងស្ថានភាពបែបនេះឡើយ។ បើដូច្នេះ តើព្រះជាម្ចាស់មានចិត្តគំនិតបែបណាទៅចំពោះឥរិយាបថដែលបានពណ៌នាខាងលើ? នៅពេលដែលមនុស្សបដិសេធការល្បងល និងវិញ្ញាសាដែលព្រះជាម្ចាស់បញ្ជូនមកពួកគេ ហើយនៅពេលដែលពួកគេគេចវេះពីការល្បងលទាំងនោះ ព្រះជាម្ចាស់មានឥរិយាបថតែមួយប៉ុណ្ណោះចំពោះមនុស្សបែបនេះ។ តើវាជាចិត្តគំនិតអ្វីទៅ? ព្រះជាម្ចាស់ច្រានចោលមនុស្សប្រភេទនេះចេញពីជម្រៅនៃព្រះហឫទ័យរបស់ទ្រង់។ សម្រាប់ពាក្យថា «ច្រានចោល» មានអត្ថន័យពីរយ៉ាង។ តើខ្ញុំគួរតែពន្យល់ពាក្យនេះចេញពីទស្សនៈរបស់ខ្ញុំដោយរបៀបណាទៅ? នៅក្នុងជម្រៅចិត្ត ពាក្យថា «ច្រានចោល» មានបង្កប់ន័យអំពីការខ្ពើមរអើម និងការស្អប់។ ចុះអត្ថន័យមួយទៀតរបស់វាជាអ្វីទៅ? នោះជាផ្នែកមួយដែលសំដៅលើការបោះបង់ចោលអ្វីមួយ។ អ្នករាល់គ្នាដឹងអំពីអត្ថន័យនៃពាក្យថា «បោះបង់ចោល» ហើយមែនទេ? សរុបមក ពាក្យថា «ច្រានចោល» គឺជាពាក្យមួយដែលតំណាងឲ្យប្រតិកម្ម និងឥរិយាបថចុងក្រោយរបស់ព្រះជាម្ចាស់ដែលមានចំពោះមនុស្សទាំងឡាយដែលកំពុងតែប្រព្រឹត្តនៅក្នុងរបៀបបែបនេះ។ វាជាការស្អប់យ៉ាងខ្លាំងចំពោះពួកគេ និងជាការខ្ពើមរអើមផង ហើយជាលទ្ធផល វាបង្កើតឲ្យមានការសម្រេចចិត្តបោះបង់ពួកគេចោល។ នេះគឺជាការសម្រេចព្រះទ័យចុងក្រោយរបស់ព្រះជាម្ចាស់ចំពោះមនុស្សដែលមិនដើរនៅក្នុងផ្លូវរបស់ព្រះជាម្ចាស់ និងមិនដែលកោតខ្លាចព្រះជាម្ចាស់ ហើយគេចចេញពីសេចក្ដីអាក្រក់។ ឥឡូវ តើអ្នករាល់គ្នាមើលឃើញពីសារៈសំខាន់នៃសុភាសិតដែលខ្ញុំបានលើកឡើងនៅខាងលើហើយឬនៅ?

ឥឡូវ តើអ្នករាល់គ្នាយល់អំពីវិធីសាស្ត្រដែលព្រះជាម្ចាស់ប្រើ ដើម្បីកំណត់អំពីលទ្ធផលរបស់មនុស្សហើយឬនៅ? (ទ្រង់រៀបចំកាលៈទេសៈផ្សេងៗជារៀងរាល់ថ្ងៃ។) «ទ្រង់រៀបចំកាលៈទេសៈផ្សេងៗ» នេះជាអ្វីដែលមនុស្សអាចមានអារម្មណ៍ និងប៉ះពាល់បាន។ ដូច្នេះ តើអ្វីទៅជាបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ក្នុងការធ្វើបែបនេះ? បំណងព្រះហឫទ័យរបស់ទ្រង់ គឺដើម្បីប្រទានដល់មនុស្សម្នាក់ៗនូវវិធីនៃការល្បងលផ្សេងៗនៅពេលវេលាខុសគ្នា និងទីកន្លែងខុសគ្នា។ តើទិដ្ឋភាពអ្វីខ្លះរបស់មនុស្សដែលត្រូវសាកល្បងក្នុងអំឡុងពេលនៃការល្បងល? ការល្បងលជួយកំណត់ថាតើអ្នកជាប្រភេទមនុស្សដែលកោតខ្លាចព្រះជាម្ចាស់ ហើយគេចចេញពីសេចក្ដីអាក្រក់នៅក្នុងគ្រប់កិច្ចការដែលអ្នកជួប ស្ដាប់ឮ មើលឃើញ និងដកពិសោធន៍ដោយផ្ទាល់ឬអត់។ មនុស្សគ្រប់គ្នានឹងជួបការល្បងលប្រភេទនេះ ព្រោះព្រះជាម្ចាស់មានព្រះទ័យយុត្តិធម៌ចំពោះមនុស្សទាំងអស់។ អ្នកខ្លះនិយាយថា «ខ្ញុំបានជឿលើព្រះជាម្ចាស់ជាច្រើនឆ្នាំមកហើយ ចុះហេតុដូចម្ដេចបានជាខ្ញុំមិនបានជួបការល្បងលណាមួយដូច្នេះ?» អ្នកមានអារម្មណ៍ថា អ្នកមិនទាន់បានជួបការល្បងលណាមួយ ដោយសារតែគ្រប់ពេលដែលព្រះជាម្ចាស់បានរៀបចំកាលៈទេសៈសម្រាប់អ្នក អ្នកមិនបានយកចិត្តទុកដាក់ចំពោះកាលៈទេសៈទាំងនោះ ហើយមិនចង់ដើរនៅក្នុងផ្លូវរបស់ព្រះជាម្ចាស់ឡើយ។ ដូច្នេះហើយបានជាអ្នកមិនមានអារម្មណ៍ដឹងអំពីការល្បងលរបស់ព្រះជាម្ចាស់ទាល់តែសោះបែបនេះ។ អ្នកខ្លះនិយាយថា៖ «ខ្ញុំបានជួបការល្បងលចំនួនពីរបីដែរ ប៉ុន្តែ ខ្ញុំមិនដឹងអំពីរបៀបអនុវត្តឲ្យបានត្រឹមត្រូវឡើយ។ ទោះបីជានៅពេលដែលខ្ញុំបានអនុវត្តក៏ដោយ ក៏ខ្ញុំនៅតែមិនដឹងថាតើខ្ញុំបានឈររឹងមាំ ក្នុងអំឡុងពេលនៃការល្បងលរបស់ព្រះជាម្ចាស់នោះដែរ។» មនុស្សនៅក្នុងសភាពបែបនេះមានមិនតិចឡើយ។ ដូច្នេះ តើអ្វីទៅជាបទដ្ឋានដែលព្រះជាម្ចាស់ប្រើ ដើម្បីវាស់វែងមនុស្ស? គឺដូចអ្វីដែលខ្ញុំបាននិយាយមុននេះបន្ដិចអ៊ីចឹង៖ វាជាការដែលអ្នកកោតខ្លាចព្រះជាម្ចាស់ ហើយគេចចេញពីសេចក្ដីអាក្រក់នៅក្នុងគ្រប់កិច្ចការដែលអ្នកធ្វើ គិត និងបង្ហាញចេញ។ នេះជារបៀប ដើម្បីកំណត់ថាតើអ្នកជាមនុស្សម្នាក់ដែលគោរពកោតខ្លាចព្រះជាម្ចាស់ និងគេចចេញពីការអាក្រក់ឬអត់។ តើគោលគំនិតនេះសាមញ្ញ ឬក៏អត់? យើងអាចនិយាយបានថា វាសាមញ្ញ ប៉ុន្តែ តើវាងាយស្រួលក្នុងការអនុវត្តដែរឬទេ? (វាមិនងាយស្រួលឡើយ។) ហេតុអ្វីបានជាវាមិនសូវងាយស្រួល? (ដោយសារតែមនុស្សមិនស្គាល់ព្រះជាម្ចាស់ ហើយគេមិនដឹងពីរបៀបដែលព្រះជាម្ចាស់ប្រោសមនុស្សឲ្យបានគ្រប់លក្ខណ៍ ដូច្នេះ នៅពេលដែលពួកគេជួបបញ្ហា ពួកគេមិនដឹងពីរបៀបស្វែងរកសេចក្តីពិត ដើម្បីដោះស្រាយបញ្ហារបស់គេឡើយ។ ពួកគេត្រូវឆ្លងកាត់ការល្បងល ការបន្សុទ្ធ ការវាយផ្ចាល និងការជំនុំជម្រះផ្សេងៗ មុនពេលដែលពួកគេអាចមានតថភាពជាក់ស្ដែងអំពីការកោតខ្លាចព្រះជាម្ចាស់។) អ្នករាល់គ្នាអាចនិយាយចេញបែបនេះ ប៉ុន្តែ ចំពោះអ្នករាល់គ្នាវិញ ការកោតខ្លាចព្រះជាម្ចាស់ និងការគេចចេញពីសេចក្ដីអាក្រក់ ហាក់ដូចជាងាយស្រួលក្នុងការធ្វើឥឡូវនេះ។ ហេតុអ្វីបានជាខ្ញុំនិយាយបែបនេះ? នោះគឺដោយសារតែអ្នករាល់គ្នាបានស្ដាប់នូវសេចក្ដីអធិប្បាយជាច្រើន និងបានទទួលការស្រោចទឹកមិនតិចឡើយចេញពីតថភាពជាក់ស្ដែងនៃសេចក្តីពិត។ ការនេះបានជួយឲ្យអ្នករាល់គ្នាយល់ ទាំងផ្នែកទ្រឹស្ដី និងផ្នែកបញ្ញាអំពីរបៀបកោតខ្លាចព្រះជាម្ចាស់ ហើយគេចចេញពីសេចក្ដីអាក្រក់។ ទាក់ទងនឹងការអនុវត្តនូវការកោតខ្លាចព្រះជាម្ចាស់ និងការគេចចេញពីការអាក្រក់ ចំណេះដឹងនេះសុទ្ធតែមានប្រយោជន៍ និងធ្វើឲ្យអ្នករាល់គ្នាមានអារម្មណ៍ថា វាអាចសម្រេចបានយ៉ាងងាយ។ ចុះហេតុអ្វីបានជាមនុស្សមិនដែលសម្រេចវាបានដូច្នេះ? នោះគឺដោយសារតែសារជាតិនៃធម្មជាតិរបស់មនុស្សដែលមិនកោតខ្លាចព្រះជាម្ចាស់ ហើយវាចូលចិត្តសេចក្ដីអាក្រក់។ នេះហើយជាហេតុផលដ៏ពិតនោះ។

មិនកោតខ្លាចព្រះជាម្ចាស់ ហើយមិនគេចចេញពីសេចក្ដីអាក្រក់ គឺជាការប្រឆាំងនឹងព្រះជាម្ចាស់

ខ្ញុំសូមចាប់ផ្ដើម ដោយសួរអ្នកអំពីប្រភពនៃពាក្យស្លោកដែលថា «ចូរកោតខ្លាចព្រះជាម្ចាស់ ហើយគេចចេញពីសេចក្ដីអាក្រក់»។ (កណ្ឌគម្ពីរយ៉ូប) ដោយសារតែយើងបានលើកឡើងអំពីលោកយ៉ូប ដូច្នេះ ចូរយើងពិភាក្សាអំពីគាត់បន្ដិចទៅចុះ។ នៅក្នុងសម័យកាលរបស់លោកយ៉ូប តើព្រះជាម្ចាស់កំពុងតែធ្វើការសម្រាប់សេចក្តីសង្រ្គោះ និងការយកឈ្នះលើមនុស្សដែរឬទេ? អត់ទេ! តើនេះមិនមែនជាកិច្ចការរបស់ទ្រង់ទេឬ? ជាមួយគ្នានេះដែរ ទាក់ទងនឹងលោកយ៉ូប តើគាត់មានចំណេះដឹងច្រើនប៉ុនណាទៅអំពីព្រះជាម្ចាស់កាលគ្រានោះ? (មិនច្រើនឡើយ។) តើចំណេះដឹងអំពីព្រះជាម្ចាស់នោះ បើធៀបនឹងចំណេះដឹងដែលអ្នករាល់គ្នាមាននាពេលសព្វថ្ងៃនេះ តើវាខុសគ្នាដូចម្ដេចដែរ? ហេតុអ្វីបានជាអ្នករាល់គ្នាមិនហ៊ានឆ្លើយដូច្នេះ? តើលោកយ៉ូបមានចំណេះដឹងច្រើនជាង ឬក៏តិចជាងចំណេះដឹងដែលអ្នករាល់គ្នាមានសព្វថ្ងៃ? (តិចជាង) នេះជាសំណួរមួយដែលងាយស្រួលឆ្លើយណាស់។ តិចជាង! ពិតណាស់! សព្វថ្ងៃនេះ អ្នករាល់គ្នាជួបព្រះជាម្ចាស់មុខទល់នឹងមុខ និងជួបជាមួយព្រះបន្ទូលរបស់ព្រះជាម្ចាស់មុខទល់នឹងមុខ ហើយអ្នករាល់គ្នាមានចំណេះដឹងច្រើនជាងលោកយ៉ូបឆ្ងាយណាស់។ ហេតុអ្វីបានជាខ្ញុំលើកឡើងអំពីចំណុចនេះ? តើខ្ញុំនិយាយអំពីរឿងនេះក្នុងគោលបំណងអ្វីទៅ? ខ្ញុំចង់ពន្យល់ការពិតមួយដល់អ្នក ប៉ុន្តែ មុនពេលខ្ញុំនិយាយ ខ្ញុំចង់សួរអ្នករាល់គ្នានូវសំណួរមួយថា៖ លោកយ៉ូបបានដឹងតិចតួចប៉ុណ្ណោះអំពីព្រះជាម្ចាស់ ប៉ុន្តែ គាត់នៅតែអាចកោតខ្លាចព្រះជាម្ចាស់ ហើយគេចចេញពីសេចក្ដីអាក្រក់បាន។ តើហេតុអ្វីបានជាមនុស្សនាពេលសព្វថ្ងៃមិនអាចធ្វើបានដូចគាត់? (ពួកគេបានពុករលួយយ៉ាងជ្រាលជ្រៅ។) «សេចក្ដីពុករលួយយ៉ាងជ្រាលជ្រៅ» នេះជាកត្តាខាងលើដែលបង្កឲ្យមានបញ្ហាប៉ុណ្ណោះ ប៉ុន្តែ ខ្ញុំនឹងមិនមើលឃើញវាបែបនេះឡើយ។ ជារឿយៗ អ្នករាល់គ្នាយកគោលលទ្ធិ និងពាក្យដែលគេនិយមប្រើជាញឹកញាប់ ដូចជា «សេចក្ដីពុករលួយដ៏ជ្រាលជ្រៅ» «ការបះបោរប្រឆាំងនឹងព្រះជាម្ចាស់» «ការគ្មានស្វាមីភក្ដិចំពោះព្រះជាម្ចាស់» «ការមិនស្ដាប់បង្គាប់» «ការមិនចូលចិត្តសេចក្តីពិត» ជាដើម ហើយប្រើឃ្លាដ៏ចាប់ចិត្តទាំងនេះ ដើម្បីពន្យល់អំពីសារជាតិនៃបញ្ហានីមួយៗ។ នេះគឺជារបៀបអនុវត្តដ៏ខុសឆ្គងមួយ។ ការប្រើប្រាស់ចម្លើយដូចគ្នា ដើម្បីពន្យល់អំពីធម្មជាតិខុសគ្នា វានឹងបង្កឲ្យមានមន្ទិលសង្ស័យអំពីសេចក្តីពិត និងព្រះជាម្ចាស់ ដោយចៀសមិនផុតឡើយ។ ខ្ញុំមិនចូលចិត្តឮចម្លើយប្រភេទនេះឡើយ។ ចូរគិតឲ្យបានដិតដល់បន្ដិច! អ្នករាល់គ្នា គ្មាននរណាម្នាក់ធ្លាប់គិតអំពីរឿងនេះឡើយ ប៉ុន្តែ ខ្ញុំអាចមើលឃើញវាជារៀងរាល់ថ្ងៃ ហើយជារៀងរាល់ថ្ងៃ ខ្ញុំអាចមានអារម្មណ៍អំពីវា។ ដូច្នេះ នៅពេលដែលអ្នករាល់គ្នាកំពុងតែប្រព្រឹត្ត ខ្ញុំកំពុងតែមើល។ នៅពេលដែលអ្នករាល់គ្នាកំពុងតែធ្វើអ្វីមួយ អ្នករាល់គ្នាមិនអាចមានអារម្មណ៍ដឹងអំពីសារជាតិរបស់វាឡើយ ប៉ុន្តែ នៅពេលដែលខ្ញុំមើល ខ្ញុំអាចមើលឃើញពីសារជាតិរបស់វា ហើយខ្ញុំអាចមានអារម្មណ៍ដឹងអំពីសារជាតិរបស់វាដែរ។ ដូច្នេះ តើសារជាតិនេះគឺជាអ្វីទៅ? ហេតុអ្វីបានជាមនុស្សសព្វថ្ងៃមិនអាចកោតខ្លាចព្រះជាម្ចាស់ ហើយគេចចេញពីសេចក្ដីអាក្រក់? ចម្លើយរបស់អ្នករាល់គ្នាមិនអាចពន្យល់អំពីសារជាតិនៃបញ្ហានេះឡើយ ហើយវាក៏មិនអាចដោះស្រាយបញ្ហានេះបានដែរ។ នោះគឺដោយសារតែវាមានប្រភពមួយដែលអ្នករាល់គ្នាមិនដឹង។ តើប្រភពនេះជាអ្វីទៅ? ខ្ញុំដឹងថា អ្នករាល់គ្នាចង់ឮអំពីប្រភពនោះ ដូច្នេះ ខ្ញុំនឹងប្រាប់អ្នករាល់គ្នាអំពីប្រភពនៃបញ្ហានេះ។

ដោយសារតែព្រះជាម្ចាស់បានចាប់ផ្ដើមធ្វើកិច្ចការ តើទ្រង់បានប្រព្រឹត្តចំពោះមនុស្សដោយរបៀបណា? ព្រះជាម្ចាស់បានសង្រ្គោះពួកគេ។ ទ្រង់បានទតឃើញមនុស្ស ដូចជាសមាជិកនៃគ្រួសាររបស់ទ្រង់ ជាកម្មវត្ថុនៃកិច្ចការរបស់ទ្រង់ ជាបុគ្គលដែលទ្រង់ចង់យកឈ្នះ និងសង្រ្គោះ និងជាមនុស្សដែលទ្រង់ចង់ប្រោសឲ្យគ្រប់លក្ខណ៍។ នេះគឺជាឥរិយាបថរបស់ព្រះជាម្ចាស់ចំពោះមនុស្ស តាំងពីដើមដំបូងនៃកិច្ចការរបស់ទ្រង់មកម្ល៉េះ។ ចុះតើមនុស្សមានឥរិយាបថបែបណាចំពោះព្រះជាម្ចាស់នៅគ្រានោះទៅ? មនុស្សមិនទាន់ស្គាល់ព្រះជាម្ចាស់ឡើយ ហើយពួកគេចាត់ទុកព្រះជាម្ចាស់ជាជនចម្លែក។ គឺអាចនិយាយបានថា ឥរិយាបថរបស់គេចំពោះព្រះជាម្ចាស់ មិនទទួលបានលទ្ធផលដែលត្រឹមត្រូវឡើយ ហើយគេក៏មិនមានការយល់ដឹងដ៏ច្បាស់លាស់អំពីរបៀបដែលពួកគេគួរតែប្រព្រឹត្តចំពោះព្រះជាម្ចាស់ដែរ។ ហេតុនេះហើយបានជាពួកគេប្រព្រឹត្តចំពោះទ្រង់តាមទំនើងចិត្តដែលពួកគេចង់ និងធ្វើអ្វីគ្រប់យ៉ាងដែលពួកគេចូលចិត្ត។ តើពួកគេមានទស្សនៈណាមួយអំពីព្រះជាម្ចាស់ឬទេ? ជាដំបូង ពួកគេមិនមានឡើយ។ ទស្សនៈរបស់គេចេញមកពីសញ្ញាណ និងការសន្មតរបស់គេអំពីទ្រង់ប៉ុណ្ណោះ។ ពួកគេបានទទួលយកអ្វីដែលស្របតាមសញ្ញាណរបស់ពួកគេ ហើយនៅពេលដែលអ្វីមួយមិនស្របតាមសញ្ញាណរបស់ពួកគេ ពួកគេស្ដាប់បង្គាប់សើៗប៉ុណ្ណោះ ប៉ុន្តែ នៅក្នុងជម្រៅចិត្ត ពួកគេមានអារម្មណ៍ជំទាស់យ៉ាងខ្លាំង ហើយពួកគេបានប្រឆាំងនឹងវា។ នេះជាទំនាក់ទំនងរវាងព្រះជាម្ចាស់ និងមនុស្សកាលពីដើមដំបូង៖ ព្រះជាម្ចាស់បានចាត់ទុកពួកគេជាសមាជិកគ្រួសារ ប៉ុន្តែ ពួកគេបានចាត់ទុកទ្រង់ជាជនចម្លែក។ យ៉ាងណាមិញ ក្រោយអំឡុងពេលនៃកិច្ចការរបស់ព្រះជាម្ចាស់ មនុស្សបានចាប់ផ្ដើមយល់អំពីអ្វីដែលទ្រង់កំពុងតែព្យាយាមចង់សម្រេច ហើយពួកគេបានដឹងថា ទ្រង់ជាព្រះដ៏ពិត។ ពួកគេក៏ចាប់ផ្ដើមដឹងថា ពួកគេអាចទទួលបានពីព្រះជាម្ចាស់ដែរ។ តើមនុស្សបានប្រព្រឹត្តចំពោះព្រះជាម្ចាស់យ៉ាងដូចម្ដេចទៅនៅពេលនេះ? ពួកគេបានឃើញទ្រង់ជាព្រះអង្គសង្រ្គោះ ហើយសង្ឃឹមទទួលបានព្រះគុណ ព្រះពរ និងព្រះបន្ទូលសន្យារបស់ទ្រង់។ នៅពេលនេះ តើព្រះជាម្ចាស់ចាត់ទុកមនុស្សយ៉ាងដូចម្ដេចទៅ? ទ្រង់បានទតឃើញពួកគេជាគោលដៅសម្រាប់ការយកឈ្នះរបស់ទ្រង់។ ព្រះជាម្ចាស់ចង់ប្រើព្រះបន្ទូល ដើម្បីជំនុំជម្រះពួកគេ ដើម្បីសាកល្បងពួកគេ និងដើម្បីឲ្យពួកគេឆ្លងកាត់ការល្បងល។ យ៉ាងណាមិញ ទាក់ទងនឹងមនុស្សកាលគ្រានោះ ព្រះជាម្ចាស់គ្រាន់តែជាវត្ថុមួយដែលពួកគេអាចប្រើ ដើម្បីសម្រេចនូវគោលដៅរបស់ពួកគេប៉ុណ្ណោះ។ មនុស្សបានឃើញថា សេចក្តីពិតដែលចេញមកពីព្រះជាម្ចាស់អាចយកឈ្នះ និងសង្រ្គោះពួកគេ មើលឃើញថា ពួកគេមានឱកាស ដើម្បីទទួលបានអ្វីៗដែលពួកគេចង់បានពីទ្រង់ ក៏ដូចជាទទួលបានវាសនាដែលពួកគេចង់បានដែរ។ ដោយសារតែហេតុផលនេះ ពួកគេក៏មានដួងចិត្តស្មោះសរបន្ដិចបន្ដួច ហើយព្រមដើរតាមព្រះជាម្ចាស់។ ពេលវេលាកន្លងផុតទៅ និងដោយសារតែពួកគេទទួលបានចំណេះដឹងរាក់កំផែល និងបែបគោលលទ្ធិអំពីព្រះជាម្ចាស់បានខ្លះផងនោះ ដូច្នេះ គឺអាចនិយាយបានថា មនុស្សចាប់ផ្ដើម «ស្គាល់» ព្រះជាម្ចាស់ និងព្រះបន្ទូលដែលទ្រង់មានបន្ទូល ដឹងអំពីការអធិប្បាយរបស់ទ្រង់ ស្គាល់សេចក្តីពិតដែលទ្រង់ថ្លែងចេញមក និងស្គាល់ពីកិច្ចការរបស់ទ្រង់។ ដូច្នេះ ពួកគេបានស្ថិតនៅក្រោមការយល់ខុសថា ពួកគេបានស្គាល់ព្រះជាម្ចាស់ហើយ និងយល់ខុសទៀតថា ពួកគេបានបោះជំហានលើមាគ៌ានៃការចុះសម្រុងជាមួយព្រះជាម្ចាស់រួចហើយ។ មកដល់ពេលនេះ មនុស្សបានស្ដាប់ឮសេចក្ដីអធិប្បាយជាច្រើនអំពីសេចក្តីពិត និងបានដកពិសោធន៍នូវកិច្ចការរបស់ព្រះជាម្ចាស់ជាច្រើន។ យ៉ាងណាមិញ ដោយសារតែការជ្រៀតជ្រែក និងការបង្អាក់ ដែលបង្កឡើងដោយកត្តា និងកាលៈទេសៈខុសៗគ្នាជាច្រើន ធ្វើឲ្យមនុស្សភាគច្រើនមិនអាចទទួលបានជោគជ័យក្នុងការអនុវត្តតាមសេចក្តីពិត ហើយក៏មិនអាចបំពេញតាមបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់បានដែរ។ មនុស្សកាន់តែខ្ជិលច្រអូស ហើយពួកគេកាន់តែគ្មានទំនុកចិត្ត។ ពួកគេកាន់តែមានអារម្មណ៍ថា ពួកគេមិនដឹងអំពីលទ្ធផលរបស់គេឡើយ។ ពួកគេមិនហ៊ានមានគំនិតដ៏ខ្ជីខ្ជាណាមួយ ហើយពួកគេមិនព្យាយាមប្រឹងលូតលាស់ឡើយ។ ពួកគេដើរទៅមុខមួយជំហានម្ដងៗ ទាំងចិត្តរារែក។ ទាក់ទងនឹងសភាពបច្ចុប្បន្នរបស់មនុស្ស តើព្រះជាម្ចាស់មានឥរិយាបថដូចម្ដេចទៅចំពោះពួកគេ? ទ្រង់ចង់ប្រទានសេចក្តីពិតទាំងនេះទៅដល់ពួកគេ និងបំពាក់បំប៉នពួកគេជាមួយផ្លូវរបស់ទ្រង់ ហើយបន្ទាប់មក រៀបចំកាលៈទេសៈផ្សេងៗ ដើម្បីសាកល្បងពួកគេនៅក្នុងរបៀបខុសៗគ្នា។ គោលដៅរបស់ទ្រង់ គឺដើម្បីយកព្រះបន្ទូលទាំងនេះ សេចក្តីពិតទាំងនេះ និងកិច្ចការរបស់ទ្រង់ បង្កើតចេញជាលទ្ធផលមួយ ដែលមនុស្សអាចកោតខ្លាចទ្រង់ ហើយគេចចេញពីសេចក្ដីអាក្រក់។ មនុស្សភាគច្រើនដែលខ្ញុំបានឃើញ គ្រាន់តែយកព្រះបន្ទូលរបស់ព្រះជាម្ចាស់ ហើយចាត់ទុកព្រះបន្ទូលទាំងនោះជាគោលលទ្ធិ គ្រាន់តែជាន័យពាក្យនៅលើក្រដាស ជាបទបញ្ញត្តិដែលត្រូវកាន់តាមតែប៉ុណ្ណោះ។ នៅក្នុងទង្វើ និងពាក្យសម្ដីរបស់គេ ឬក្នុងពេលជួបជាមួយការល្បងល ពួកគេមិនចាត់ទុកផ្លូវរបស់ព្រះជាម្ចាស់ ជាផ្លូវមួយដែលពួកគេគួរតែប្រកាន់ខ្ជាប់ឡើយ។ នេះជាការពិត ពិសេសនៅពេលដែលមនុស្សជួបការល្បងលធំៗ គឺខ្ញុំមិនធ្លាប់ឃើញមនុស្សទាំងនេះអនុវត្តតាមទិសដៅនៃការកោតខ្លាចព្រះជាម្ចាស់ និងការគេចចេញពីសេចក្ដីអាក្រក់ឡើយ។ ដូច្នេះ ឥរិយាបថរបស់ព្រះជាម្ចាស់ចំពោះមនុស្ស គឺពេញដោយការស្អប់ខ្ពើម និងការទាស់ចិត្តទាំងស្រុងតែម្ដង! ទោះបីទ្រង់ប្រទានការល្បងលដដែលៗដល់ពួកគេរាប់រយដងក៏ដោយ ក៏ពួកគេនៅតែមិនមានឥរិយាបថច្បាស់លាស់ទាក់ទងនឹងការបង្ហាញពីការប្ដេជ្ញាចិត្តរបស់ពួកគេដែរ៖ «ខ្ញុំចង់កោតខ្លាចព្រះជាម្ចាស់ ហើយគេចចេញពីសេចក្ដីអាក្រក់!» ដោយសារតែមនុស្សមិនមានការតាំងចិត្តបែបនេះ ហើយមិនបង្ហាញពីទឹកចិត្តបែបនេះ ដូច្នេះ ឥរិយាបថបច្ចុប្បន្នរបស់ព្រះជាម្ចាស់ចំពោះពួកគេ មិនដូចគ្រាមុន ដែលទ្រង់បានបង្ហាញដល់ពួកគេនូវសេចក្តីមេត្តាករុណា ការអត់ឱន ការទ្រាំទ្រ និងសេចក្តីអត់ធ្មត់នោះឡើយ។ ផ្ទុយទៅវិញ ទ្រង់បានខកព្រះទ័យយ៉ាងខ្លាំងចំពោះមនុស្ស។ តើនរណាទៅដែលធ្វើឲ្យមានការខកព្រះទ័យនេះ? តើឥរិយាបថរបស់ព្រះជាម្ចាស់ចំពោះមនុស្សអាស្រ័យលើនរណាទៅ? វាអាស្រ័យលើបុគ្គលម្នាក់ៗដែលដើរតាមទ្រង់។ នៅលើដំណើរផ្លូវនៃការធ្វើការជាច្រើនឆ្នាំរបស់ទ្រង់ ព្រះជាម្ចាស់បានទាមទារជាច្រើនពីមនុស្ស និងបានរៀបចំកាលៈទេសៈជាច្រើនសម្រាប់ពួកគេ។ មិនថាពួកគេបានធ្វើ និងមានឥរិយាបថបែបណាចំពោះព្រះជាម្ចាស់នោះឡើយ មនុស្សមិនបានអនុវត្តតាមគោលដៅដ៏ច្បាស់លាស់នៃការកោតខ្លាចព្រះជាម្ចាស់ និងការគេចចេញពីសេចក្ដីអាក្រក់ទេ។ ដូច្នេះហើយបានជាខ្ញុំនឹងផ្ដល់នូវឃ្លាសង្ខេបមួយ ហើយប្រើឃ្លានេះ ដើម្បីពន្យល់អំពីអ្វីៗគ្រប់យ៉ាងដែលយើងទើបតែបាននិយាយ អំពីហេតុផលដែលនាំឲ្យមនុស្សមិនអាចដើរនៅលើមាគ៌ានៃការកោតខ្លាចព្រះជាម្ចាស់ និងការគេចចេញពីសេចក្ដីអាក្រក់។ តើប្រយោគនោះជាអ្វីទៅ? ប្រយោគនោះគឺ៖ ព្រះជាម្ចាស់ចាត់ទុកមនុស្ស ជាកម្មវត្ថុនៃសេចក្តីសង្រ្គោះរបស់ទ្រង់ និងជាកម្មវត្ថុនៃកិច្ចការរបស់ទ្រង់។ ចំណែកឯមនុស្សវិញ ពួកគេចាត់ទុកព្រះជាម្ចាស់ជាសត្រូវ និងគូប្រឆាំងរបស់ពួកគេ។ ឥឡូវ តើអ្នកមានការយល់ដឹងច្បាស់លាស់អំពីរឿងនេះដែរឬទេ? វាស្ដែងឲ្យឃើញយ៉ាងច្បាស់អំពីឥរិយាបថរបស់មនុស្ស អំពីឥរិយាបថរបស់ព្រះជាម្ចាស់ និងទំនាក់ទំនងរវាងមនុស្ស និងព្រះជាម្ចាស់។ ទោះបីអ្នករាល់គ្នាបានស្ដាប់ការអធិប្បាយជាច្រើន ជាសេចក្តីដែលអ្នករាល់គ្នាទាញសេចក្តីសន្និដ្ឋានផ្ទាល់ខ្លួន ដូចជា ការស្មោះត្រង់ចំពោះព្រះជាម្ចាស់ ការចុះចូលចំពោះព្រះជាម្ចាស់ ការស្វែងរកមាគ៌ានៃការចុះសម្រុងជាមួយព្រះជាម្ចាស់ ការចង់លះបង់ជីវិតសម្រាប់ព្រះជាម្ចាស់ និងការចង់រស់នៅសម្រាប់ព្រះជាម្ចាស់ ជាដើមក៏ដោយ ប៉ុន្តែ ចំពោះខ្ញុំ ការទាំងអស់នេះមិនមែនជាឧទាហរណ៍អំពីការដឹងខ្លួនថាដើរនៅក្នុងផ្លូវរបស់ព្រះជាម្ចាស់ ដែលជាការគោរពកោតខ្លាចព្រះជាម្ចាស់ និងការគេចចេញពីសេចក្ដីអាក្រក់ឡើយ ផ្ទុយទៅវិញ វាគ្រាន់តែជាផ្លូវដែលអ្នករាល់គ្នាអាចទទួលបាន ដើម្បីសម្រេចគោលដៅរបស់អ្នកប៉ុណ្ណោះ។ ដើម្បីទទួលបានការទាំងនោះ អ្នករាល់គ្នាកាន់តាមបទបញ្ញត្តិមួយចំនួន ទាំងចិត្តអល់អែក ហើយគឺបទបញ្ញត្តិទាំងនេះហើយដែលនាំមនុស្សឲ្យឃ្លាតចេញកាន់តែឆ្ងាយពីមាគ៌ានៃការកោតខ្លាចព្រះជាម្ចាស់ និងការគេចចេញពីសេចក្ដីអាក្រក់ ហើយវាបែរជាដាក់ព្រះជាម្ចាស់ឲ្យប្រឆាំងនឹងមនុស្សជាតិបន្ថែមទៀតទៅវិញ។

ប្រធានបទនៅថ្ងៃនេះ ដូចជាធ្ងន់បន្ដិចហើយ ប៉ុន្តែ យ៉ាងណាមិញ ខ្ញុំនៅតែសង្ឃឹមថា នៅពេលដែលអ្នករាល់គ្នាឆ្លងកាត់បទពិសោធន៍ និងពេលវេលាខាងមុខហើយ នោះអ្នកនឹងអាចធ្វើអ្វីដែលខ្ញុំទើបតែប្រាប់អ្នករាល់គ្នា។ មិនត្រូវចាត់ទុកព្រះជាម្ចាស់ដូចជាមិនដឹងខ្យល់ គឺដូចជាទ្រង់មានអត្ថិភាពនៅពេលដែលទ្រង់មានប្រយោជន៍ចំពោះអ្នក ប៉ុន្តែ ទ្រង់មិនមានអត្ថិភាព នៅពេលដែលទ្រង់គ្មានប្រយោជន៍ចំពោះអ្នកនោះឡើយ។ នៅពេលដែលអ្នកមានគំនិតបែបនេះដោយមិនដឹងខ្លួន នោះអ្នកបានធ្វើឲ្យព្រះជាម្ចាស់ខ្ញាល់រួចទៅហើយ។ ប្រហែលជា មនុស្សខ្លះនិយាយថា៖ «ខ្ញុំមិនបានចាត់ទុកព្រះជាម្ចាស់ដូចមិនដឹងខ្យល់នោះឡើយ។ ខ្ញុំតែងតែអធិស្ឋានទៅកាន់ទ្រង់ ហើយខ្ញុំតែងតែព្យាយាមបំពេញតាមបំណងព្រះហឫទ័យទ្រង់ ហើយអ្វីៗគ្រប់យ៉ាងដែលខ្ញុំធ្វើ តែងតែស្ថិតនៅក្នុងវិសាលភាព បទដ្ឋាន និងគោលការណ៍ដែលព្រះជាម្ចាស់តម្រូវជានិច្ច។ ខ្ញុំមិនដែលអនុវត្តតាមគំនិតរបស់ខ្ញុំឡើយ។» មែនហើយ របៀបដែលអ្នកកំពុងតែអនុវត្តនេះ គឺជារឿងត្រឹមត្រូវហើយ! ប៉ុន្ដែ តើអ្នកគិតអ្វីខ្លះដែរ នៅពេលដែលអ្នកជួបបញ្ហាអ្វីមួយ? តើអ្នកអនុវត្តយ៉ាងដូចម្ដេច នៅពេលដែលអ្នកជួបបញ្ហាអ្វីមួយ? អ្នកខ្លះមានអារម្មណ៍ថា ព្រះជាម្ចាស់មានអត្ថិភាពមែន នៅពេលដែលពួកគេអធិស្ឋាន និងទូលអង្វរទៅកាន់ទ្រង់ ប៉ុន្តែ គ្រប់ពេលដែលពួកគេជួបបញ្ហា ពួកគេបែរជាមានគំនិតផ្ទាល់ខ្លួន ហើយចង់ប្រកាន់តាមគំនិតរបស់ខ្លួនទៅវិញ។ នេះមានន័យថា ពួកគេចាត់ទុកព្រះជាម្ចាស់ថាមិនដឹងខ្យល់អ្វីឡើយ ហើយការធ្វើបែបនេះប្រៀបដូចជាព្រះជាម្ចាស់គ្មានអត្ថិភាពនៅក្នុងគំនិតរបស់ពួកគេអ៊ីចឹង។ មនុស្សជឿថា ព្រះជាម្ចាស់គួរតែមានអត្ថិភាព នៅពេលដែលពួកគេត្រូវការទ្រង់ ប៉ុន្តែ មិនមានអត្ថិភាពនៅពេលដែលពួកគេមិនត្រូវការទ្រង់។ មនុស្សគិតថា ការអនុវត្តដែលផ្អែកលើគំនិតរបស់គេ គឺគ្រប់គ្រាន់ហើយ។ ពួកគេជឿថា ពួកគេអាចធ្វើអ្វីគ្រប់យ៉ាងដែលពួកគេចង់ធ្វើ ហើយពួកគេមិនជឿថាពួកគេត្រូវស្វែងរកមាគ៌ារបស់ព្រះជាម្ចាស់ឡើយ។ សម្រាប់មនុស្សដែលកំពុងតែស្ថិតនៅក្នុងស្ថានភាពបែបនេះ និងជាប់នៅក្នុងសភាពបែបនេះ តើពួកគេមិនមែនកំពុងប្រថុយនឹងគ្រោះថ្នាក់ទេឬ? អ្នកខ្លះនិយាយថា «ទាក់ទងនឹងរឿងថាតើខ្ញុំកំពុងតែប្រថុយនឹងគ្រោះថ្នាក់ឬក៏អត់ ខ្ញុំជឿថា ព្រះជាម្ចាស់នឹងមិនបោះបង់ខ្ញុំចោលឡើយ ព្រោះខ្ញុំមានជំនឿជាច្រើនឆ្នាំមកហើយ ដូច្នេះ ទ្រង់មិនអាចធ្វើបែបនេះបានឡើយ។» អ្នកផ្សេងទៀតនិយាយថា៖ «ខ្ញុំបានជឿលើព្រះអម្ចាស់តាំងពីខ្ញុំនៅក្នុងផ្ទៃម្ដាយខ្ញុំមកម្ល៉េះ។ វាមានរយៈពេលសែសិប ឬហាសិបឆ្នាំមកហើយ ដូច្នេះ ទាក់ទងនឹងពេលវេលានេះ ខ្ញុំសក្ដិសមបំផុតនឹងឲ្យព្រះជាម្ចាស់សង្រ្គោះខ្ញុំ ហើយខ្ញុំសក្ដិសមបំផុតក្នុងការរស់រានមានជីវិត។ រយៈពេលជាងបួន ឬប្រាំទសវត្សរ៍មកនេះ ខ្ញុំបានបោះបង់ចោលក្រុមគ្រួសារ និងការងាររបស់ខ្ញុំ ហើយខ្ញុំបានលះបង់ចោលអ្វីៗគ្រប់យ៉ាងដែលខ្ញុំមាន ដូចជា លុយកាក់ ឋានៈ ការសប្បាយរីករាយ និងពេលវេលាជាមួយគ្រួសាររបស់ខ្ញុំ។ ខ្ញុំមិនបានបរិភោគអាហារឆ្ងាញ់ៗជាច្រើនមុខ ខ្ញុំមិនបានសប្បាយរីករាយនឹងការលេងកម្សាន្តជាច្រើន ខ្ញុំមិនបានទៅលេងកន្លែងដ៏គួរឲ្យចាប់អារម្មណ៍ជាច្រើន ហើយខ្ញុំថែមទាំងជួបការរងទុក្ខ ដែលមនុស្សធម្មតាមិនអាចទ្រាំទ្របានឡើយ។ ប្រសិនបើព្រះជាម្ចាស់មិនអាចសង្រ្គោះខ្ញុំ ដោយសារតែការទាំងនេះទេ នោះខ្ញុំកំពុងតែរងភាពអយុត្តិធម៌ ហើយខ្ញុំមិនអាចជឿលើព្រះជាម្ចាស់ប្រភេទនេះឡើយ។» តើមនុស្សដែលមានទស្សនៈបែបនេះមានច្រើនដែរឬទេ? (មានច្រើន។) ដូច្នេះ នៅថ្ងៃនេះ ខ្ញុំនឹងជួយឲ្យអ្នករាល់គ្នាយល់អំពីការពិតដែលថា៖ មនុស្សដែលមានទស្សនៈបែបនេះ កំពុងតែនាំបញ្ហាដាក់ខ្លួនហើយ។ នោះគឺដោយសារតែពួកគេកំពុងតែបាំងភ្នែករបស់ខ្លួនដោយប្រើការស្រមើស្រមៃរបស់ខ្លួន។ ជាក់ស្ដែងណាស់ គឺការស្រមើស្រមៃ និងការសន្និដ្ឋានផ្ទាល់ខ្លួននេះហើយ ដែលដើរតួជំនួសបទដ្ឋានដែលព្រះជាម្ចាស់តម្រូវឲ្យមនុស្សបំពេញ និងរារាំងពួកគេមិនឲ្យទទួលយកបំណងព្រះហឫទ័យដ៏ពិតរបស់ព្រះជាម្ចាស់នោះ។ វាធ្វើឲ្យពួកគេមិនអាចមានអារម្មណ៍ដឹងអំពីអត្ថិភាពដ៏ពិតរបស់ទ្រង់ ហើយវាក៏ធ្វើឲ្យពួកគេបាត់បង់ឱកាស ដើម្បីឲ្យព្រះជាម្ចាស់ប្រោសឲ្យគ្រប់លក្ខណ៍ ដោយបោះបង់ចោលនូវផ្នែកណាមួយ ឬចំណែកនៅក្នុងសេចក្ដីសន្យារបស់ព្រះជាម្ចាស់។

របៀបដែលព្រះជាម្ចាស់កំណត់លទ្ធផលរបស់មនុស្ស និងបទដ្ឋានដែលទ្រង់ប្រើ

មុនពេលដែលអ្នកប្រកាន់យកទស្សនៈ ឬធ្វើសេចក្តីសន្និដ្ឋានណាមួយ ជាដំបូង អ្នកគួរតែយល់ជាមុនសិនអំពីឥរិយាបថរបស់ព្រះជាម្ចាស់ចំពោះអ្នក និងអ្វីដែលទ្រង់កំពុងតែមានព្រះតម្រិះ បន្ទាប់មក អ្នកអាចសម្រេចចិត្តថា គំនិតរបស់អ្នកនោះគឺត្រឹមត្រូវឬអត់។ ព្រះជាម្ចាស់មិនដែលប្រើប្រាស់ពេលវេលាជាខ្នាតរង្វាស់ ដើម្បីកំណត់លទ្ធផលរបស់មនុស្សឡើយ ហើយទ្រង់ក៏មិនដែលផ្អែកការសម្រេចព្រះទ័យនេះទៅលើកម្រិតដែលមនុស្សម្នាក់បានរងទុក្ខនោះដែរ។ ដូច្នេះ តើព្រះជាម្ចាស់ប្រើប្រាស់អ្វីទៅជាបទដ្ឋាន ដើម្បីកំណត់លទ្ធផលរបស់មនុស្សម្នាក់? ការកំណត់លទ្ធផល ដោយផ្អែកលើពេលវេលា គឺជាអ្វីដែលមនុស្សភាគច្រើនមានសញ្ញាណ។ លើសពីនេះទៅទៀត មានមនុស្សផ្សេងទៀតដែលអ្នករាល់គ្នាមើលឃើញជាញឹកញាប់ ដែលពេលមួយ គេធ្លាប់បានពលីយ៉ាងខ្លាំង លះបង់ជាច្រើន បានបង់ថ្លៃដ៏ធំ និងធ្លាប់រងទុក្ខលំបាកយ៉ាងខ្លាំងរ។ តាមរបៀបដែលអ្នករាល់គ្នាយល់ឃើញ ពួកគេជាមនុស្សដែលអាចទទួលបានសេចក្ដីសង្រ្គោះពីព្រះជាម្ចាស់។ គ្រប់ទង្វើដែលមនុស្សទាំងនេះបានបង្ហាញ និងរស់នៅ គឺស្របតាមសញ្ញាណរបស់មនុស្សអំពីបទដ្ឋានរបស់ព្រះជាម្ចាស់ ដើម្បីកំណត់លទ្ធផលរបស់មនុស្ស។ មិនថាអ្នករាល់គ្នាជឿបែបណាឡើយ ខ្ញុំនឹងមិនរៀបរាប់ឧទាហរណ៍ទាំងនេះម្ដងមួយៗឡើយ។ ជារួមមក អ្វីក៏ដោយដែលមិនមែនជាបទដ្ឋានដែលស្ថិតនៅក្នុងព្រះតម្រិះរបស់ព្រះជាម្ចាស់ សុទ្ធតែចេញមកពីការស្រមើស្រមៃរបស់មនុស្ស ហើយអ្វីទាំងអស់នេះ គឺជាសញ្ញាណរបស់មនុស្សប៉ុណ្ណោះ។ ប្រសិនបើអ្នកនៅតែទទូចទាំងងងឹតងងុលចង់ទៅតាមសញ្ញាណ និងភាពរវើរវាយរបស់អ្នក តើលទ្ធផលនឹងក្លាយជាបែបណាទៅ? វាស្ដែងឲ្យឃើញយ៉ាងច្បាស់ថា ផលវិបាកចេញពីការនេះ គឺមានតែព្រះជាម្ចាស់ច្រានអ្នកចោលប៉ុណ្ណោះ។ នោះគឺដោយសារតែអ្នកតែងតែសម្ញែងគុណសម្បត្តិរបស់អ្នកនៅចំពោះព្រះជាម្ចាស់ ប្រកួតប្រជែង និងឈ្លោះប្រកែកជាមួយទ្រង់ ហើយអ្នកមិនព្យាយាមយល់អំពីព្រះតម្រិះរបស់ទ្រង់ ហើយក៏មិនព្យាយាមយល់អំពីព្រះហឫទ័យ ឬឥរិយាបថរបស់ទ្រង់ដែលមានចំពោះមនុស្សជាតិនោះដែរ។ ដ្បិតការធ្វើបែបនេះ ជាការលើកខ្លួនអ្នកឡើងខ្ពស់ ហើយវាមិនលើកតម្កើងព្រះជាម្ចាស់ឡើយ។ អ្នកជឿលើខ្លួនអ្នក ហើយអ្នកមិនជឿលើព្រះជាម្ចាស់ឡើយ។ ព្រះជាម្ចាស់មិនសព្វព្រះហឫទ័យចង់បានមនុស្សបែបនេះឡើយ ហើយទ្រង់ក៏មិននាំសេចក្តីសង្រ្គោះមកដល់ពួកគេដែរ។ ប្រសិនបើអ្នកអាចលះបង់ទស្សនៈបែបនេះចោល ហើយលើសពីនេះទៀត កែតម្រូវលើទស្សនៈមិនត្រឹមត្រូវទាំងអស់ដែលអ្នកមានកាលពីអតីតកាល ប្រសិនបើអ្នកអាចប្រព្រឹត្តស្របតាមការទាមទាររបស់ព្រះជាម្ចាស់ ប្រសិនបើអ្នកអាចអនុវត្តផ្លូវនៃការកោតខ្លាចព្រះជាម្ចាស់ និងការគេចចេញពីសេចក្ដីអាក្រក់ ចាប់ពីចំណុចនេះតទៅ ប្រសិនបើអ្នកអាចលើកតម្កើងព្រះជាម្ចាស់ ជាព្រះដែលធំធេងនៅក្នុងគ្រប់អ្វីៗទាំងអស់ ហើយមិនប្រើប្រាស់ភាពរវើរវាយ ទស្សនៈ ឬជំនឿផ្ទាល់ខ្លួនរបស់អ្នក មកកំណត់អត្ថន័យអំពីខ្លួនអ្នក និងព្រះជាម្ចាស់ ហើយប្រសិនបើអ្នកអាចស្វែងរកបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់នៅក្នុងគ្រប់ផ្នែក ព្យាយាមស្វែងយល់ និងយល់ដឹងអំពីឥរិយាបថរបស់ព្រះជាម្ចាស់ចំពោះមនុស្ស និងបំពេញតាមបំណងព្រះហឫទ័យទ្រង់ តាមរយៈការធ្វើតាមបទដ្ឋានរបស់ទ្រង់ នោះវានឹងក្លាយជារឿងដ៏អស្ចារ្យមិនខាន! វានឹងក្លាយជាសញ្ញាដែលបង្ហាញថា អ្នកកំពុងតែដើរតាមមាគ៌ានៃការកោតខ្លាចព្រះជាម្ចាស់ និងការគេចចេញពីសេចក្ដីអាក្រក់ហើយ។

ប្រសិនបើព្រះជាម្ចាស់មិនប្រើប្រាស់គំនិត យោបល់ និងទស្សនៈរបស់មនុស្ស មកធ្វើជាបទដ្ឋានដើម្បីកំណត់លទ្ធផលរបស់គេទេ តើទ្រង់ប្រើបទដ្ឋានអ្វីទៅ ដើម្បីកំណត់លទ្ធផលរបស់មនុស្ស? ទ្រង់ប្រើការល្បងល ដើម្បីកំណត់លទ្ធផលរបស់មនុស្ស។ មានបទដ្ឋានចំនួនពីរចំពោះការប្រើប្រាស់ការល្បងលរបស់ព្រះជាម្ចាស់ ដើម្បីកំណត់លទ្ធផលរបស់មនុស្ស៖ ទីមួយ គឺជាចំនួននៃការល្បងលដែលមនុស្សឆ្លងកាត់ ហើយទីពីរ គឺជាលទ្ធផលដែលការល្បងលទាំងនេះបង្កើតឡើងទៅលើមនុស្ស។ នេះជាសូចនាករចំនួនពីរដែលបង្កើតឲ្យមានលទ្ធផលរបស់មនុស្ស។ ឥឡូវនេះ យើងនឹងបរិយាយអំពីបទដ្ឋានទាំងពីរនេះ។

ជាដំបូង នៅពេលដែលមនុស្សម្នាក់ជួបការល្បងលពីព្រះជាម្ចាស់ (សម្គាល់៖ នៅក្នុងភ្នែករបស់អ្នក ជួនកាល អ្នកមើលឃើញការល្បងលនេះថាជារឿងតូចតាច ហើយមិនឲ្យតម្លៃវាឡើយ) ទ្រង់នឹងធ្វើឲ្យអ្នកដឹងយ៉ាងច្បាស់ថា នេះជាព្រះហស្តរបស់ទ្រង់ដាក់ពីលើអ្នក និងដឹងទៀតថា គឺទ្រង់ហើយដែលបានរៀបចំកាលៈទេសៈនេះសម្រាប់អ្នក។ ក្នុងពេលដែលអ្នកមានកម្ពស់នៅក្មេងខ្ចីនៅឡើយ ព្រះជាម្ចាស់នឹងរៀបចំការល្បងល ដើម្បីសាកល្បងអ្នក ហើយការល្បងលទាំងនេះនឹងស្របទៅតាមកម្ពស់របស់អ្នក អ្វីដែលអ្នកអាចយល់ និងអ្វីដែលអ្នកអាចទ្រាំទ្របាន។ តើផ្នែកណាខ្លះរបស់អ្នកដែលនឹងត្រូវល្បងលទៅ? ឥរិយាបថរបស់អ្នកចំពោះព្រះជាម្ចាស់។ តើឥរិយាបថនេះសំខាន់ខ្លាំងឬទេ? មែនហើយ វាពិតជាសំខាន់ណាស់! វាសំខាន់យ៉ាងពិសេស! ឥរិយាបថនៅក្នុងមនុស្សនេះហើយ គឺជាលទ្ធផលដែលព្រះជាម្ចាស់សព្វព្រះហឫទ័យចង់បាន ហើយចំពោះទ្រង់ វាគឺជាអ្វីដែលសំខាន់បំផុត។ បើមិនដូច្នោះទេ ព្រះជាម្ចាស់នឹងមិនខំប្រឹងប្រែងធ្វើការលើមនុស្ស តាមរយៈការចូលរួមនៅក្នុងកិច្ចការបែបនេះឡើយ។ តាមរយៈការល្បងលទាំងនេះ ព្រះជាម្ចាស់ចង់ដឹងអំពីឥរិយាបថរបស់អ្នកដែលមានចំពោះទ្រង់ គឺទ្រង់ចង់ដឹងថាតើអ្នកកំពុងតែដើរនៅលើមាគ៌ាដ៏ត្រឹមត្រូវឬយ៉ាងណា។ ទ្រង់ក៏ចង់ដឹងថាតើអ្នកកោតខ្លាចព្រះជាម្ចាស់ ហើយគេចចេញពីសេចក្ដីអាក្រក់ឬក៏អត់។ ដូច្នេះ ទោះបីអ្នកយល់ដឹងអំពីសេចក្តីពិតច្រើន ឬក៏តិចនៅពេលជាក់លាក់ណាមួយក៏ដោយ ក៏អ្នកនឹងនៅតែជួបជាមួយការល្បងលរបស់ព្រះជាម្ចាស់ដដែល ហើយក្រោយពេលការយល់ដឹងរបស់អ្នកអំពីសេចក្តីពិតមានចំនួនកើនឡើង នោះទ្រង់នឹងបន្តរៀបចំការល្បងលសមស្របផ្សេងទៀតសម្រាប់អ្នក។ នៅពេលដែលអ្នកជួបជាមួយការល្បងលម្ដងទៀត នោះព្រះជាម្ចាស់ចង់ដឹងថាតើទស្សនៈ យោបល់ និងឥរិយាបថរបស់អ្នកដែលមានចំពោះទ្រង់ បានដកពិសោធន៍នូវការលូតលាស់ណាមួយនៅក្នុងចន្លោះពេលនោះ។ អ្នកខ្លះឆ្ងល់ថា «ហេតុអ្វីបានជាព្រះជាម្ចាស់តែងតែសព្វព្រះហឫទ័យចង់ឃើញពីឥរិយាបថរបស់មនុស្ស? តើទ្រង់មិនបានទតឃើញរួចហើយទេឬអី អំពីរបៀបដែលពួកគេអនុវត្តតាមសេចក្តីពិតនោះ? ហេតុអ្វីបានជាទ្រង់នៅតែចង់ឃើញពីឥរិយាបថរបស់គេទៀត?» នេះពិតជាសំណួរដ៏ឆ្កួតលីលាមែន! ការដែលព្រះជាម្ចាស់ធ្វើបែបនេះ គឺទ្រង់ប្រាកដជាមានបំណងព្រះហឫទ័យរបស់ទ្រង់ហើយ។ ព្រះជាម្ចាស់តែងតែសង្កេតមើលពីជ្រុងម្ខាង ទតមើលគ្រប់ទាំងពាក្យសម្ដី និងសកម្មភាព គ្រប់ទាំងទង្វើ និងចលនារបស់ពួកគេ ហើយទ្រង់ថែមទាំងសង្កេតមើលគ្រប់ទាំងគំនិត និងយោបល់របស់គេទៀតផង។ ព្រះជាម្ចាស់យកព្រះទ័យទុកដាក់លើអ្វីៗគ្រប់យ៉ាងដែលកើតឡើងចំពោះមនុស្ស ដូចជា ទង្វើល្អរបស់គេ កំហុសរបស់ពួកគេ សេចក្តីល្មើសរបស់ពួកគេ រួមទាំងការបះបោរ និងអំពើក្បត់របស់ពួកគេ ទុកជាភស្ដុតាង ដើម្បីកំណត់ពីលទ្ធផលរបស់ពួកគេ។ មួយជំហានម្ដងៗ នៅពេលដែលកិច្ចការរបស់ព្រះជាម្ចាស់ត្រូវបានរីកចម្រើនឡើង នោះអ្នកនឹងឮសេចក្តីពិតកាន់តែច្រើន ហើយចាប់ផ្ដើមទទួលយករឿង និងព័ត៌មានវិជ្ជមានកាន់តែច្រើន ហើយអ្នកក៏នឹងទទួលបានតថភាពនៃសេចក្តីពិតកាន់តែច្រើនដែរ។ នៅក្នុងដំណើរការនេះទាំងមូល សេចក្ដីតម្រូវរបស់ព្រះជាម្ចាស់ចំពោះអ្នកក៏នឹងកើនឡើងដែរ ហើយនៅពេលដែលសេចក្ដីតម្រូវកើនឡើង ព្រះជាម្ចាស់នឹងរៀបចំការល្បងលពិបាកៗកាន់តែច្រើនសម្រាប់អ្នក។ គោលដៅរបស់ទ្រង់គឺដើម្បីពិនិត្យមើលថាតើឥរិយាបថរបស់អ្នកចំពោះទ្រង់ មានវឌ្ឍនភាពឬអត់ក្នុងចន្លោះពេលនោះ។ ពិតមែនហើយ នៅពេលដែលការនេះកើតឡើង ទស្សនៈដែលព្រះជាម្ចាស់តម្រូវទាមទារពីអ្នក នឹងស្របតាមការយល់ដឹងរបស់អ្នកអំពីតថភាពជាក់ស្ដែងនៃសេចក្តីពិត។

នៅពេលដែលឋានៈរបស់អ្នកកើនឡើងបន្ដិចម្ដងៗ នោះបទដ្ឋានដែលព្រះជាម្ចាស់ទាមទារពីអ្នកក៏នឹងកើនឡើងទៅតាមនោះដែរ។ ក្នុងពេលដែលអ្នកនៅក្មេងខ្ចីនៅឡើយ ទ្រង់នឹងកំណត់បទដ្ឋានតូចៗ ដើម្បីឲ្យអ្នកបំពេញតាម។ នៅពេលដែលកម្ពស់របស់អ្នកកើនឡើងជាងមុនបន្ដិច នោះទ្រង់នឹងតម្លើងបទដ្ឋានរបស់ទ្រង់ខ្ពស់ជាងមុនបន្តិចដែរ។ ប៉ុន្តែ តើព្រះជាម្ចាស់នឹងធ្វើអ្វីខ្លះទៅ ក្រោយពេលដែលអ្នកបានទទួលការយល់ដឹងអំពីគ្រប់ទាំងសេចក្តីពិត? ទ្រង់នឹងឲ្យអ្នកជួបការល្បងលកាន់តែធំ។ ក្នុងពេលជួបការល្បងលទាំងនេះ អ្វីដែលព្រះជាម្ចាស់សព្វព្រះហឫទ័យចង់ទទួលបានពីអ្នក អ្វីដែលទ្រង់ចង់ទតឃើញពីអ្នក គឺជាចំណេះដឹងកាន់តែជ្រាលជ្រៅអំពីទ្រង់ ជាការគោរពស្រឡាញ់ទ្រង់យ៉ាងពិតប្រាកដ។ នៅពេលនេះ សេចក្ដីតម្រូវរបស់ទ្រង់ចំពោះអ្នក នឹងមានកម្រិតខ្ពស់ និង «ឃោរឃៅ» ជាងសេចក្ដីតម្រូវកាលដែលកម្ពស់របស់អ្នកនៅក្មេងខ្ចីជាង (សម្គាល់៖ មនុស្សអាចមើលឃើញសេចក្ដីតម្រូវទាំងនេះថាឃោរឃៅ ប៉ុន្តែ ព្រះជាម្ចាស់ទតឃើញសេចក្ដីតម្រូវទាំងនេះថាសមហេតុផលវិញទេ។) នៅពេលដែលព្រះជាម្ចាស់កំពុងតែល្បងលមនុស្ស តើទ្រង់សព្វព្រះហឫទ័យចង់បង្កើតឲ្យមានតថភាពជាក់ស្ដែងអ្វីទៅ? ទ្រង់កំពុងតែស្នើសុំឲ្យមនុស្សថ្វាយដួងចិត្តរបស់គេដល់ទ្រង់។ អ្នកខ្លះនឹងនិយាយថា៖ «តើខ្ញុំអាចថ្វាយដូចម្ដេចទៅ? ខ្ញុំបានបំពេញភារកិច្ចការរបស់ខ្ញុំ។ ខ្ញុំបានបោះបង់ផ្ទះសម្បែង និងជីវភាពរបស់ខ្ញុំ ហើយខ្ញុំបានលះបង់ខ្លួនឯង។ តើទាំងនេះមិនមែនជាការថ្វាយដួងចិត្តរបស់ខ្ញុំដល់ព្រះជាម្ចាស់ទេឬ? តើខ្ញុំអាចថ្វាយដួងចិត្តរបស់ខ្ញុំដល់ព្រះជាម្ចាស់តាមរបៀបណាផ្សេងទៀតទៅ? តើនេះមិនមែនជារបៀបនៃការថ្វាយដួងចិត្តរបស់ខ្ញុំដល់ទ្រង់ទេឬ? តើអ្វីទៅជាសេចក្ដីតម្រូវជាក់លាក់របស់ព្រះជាម្ចាស់?» សេចក្ដីតម្រូវគឺសាមញ្ញណាស់។ ជាការពិត មានមនុស្សខ្លះដែលបានថ្វាយដួងចិត្តរបស់គេដល់ព្រះជាម្ចាស់រួចហើយនៅកម្រិតផ្សេងៗ ក្នុងអំឡុងពេលនៃដំណាក់កាលជួបការល្បងលរបស់គេ ប៉ុន្តែ មនុស្សភាគច្រើនមិនដែលថ្វាយដួងចិត្តរបស់គេដល់ព្រះជាម្ចាស់ឡើយ។ នៅពេលដែលព្រះជាម្ចាស់ល្បងលអ្នក ទ្រង់ចង់ដឹងថាតើដួងចិត្តរបស់អ្នកនៅជាមួយទ្រង់ នៅជាមួយសាច់ឈាម ឬក៏នៅជាមួយសាតាំង។ នៅពេលដែលព្រះជាម្ចាស់ល្បងលអ្នក ទ្រង់ចង់ដឹងថាតើអ្នកកំពុងតែឈរប្រឆាំងនឹងទ្រង់ ឬក៏ឈរស្របជាមួយទ្រង់ ហើយទ្រង់ក៏ចង់ដឹងថាតើដួងចិត្តរបស់អ្នកនៅខាងទ្រង់ឬអត់។ នៅពេលដែលអ្នកនៅក្មេងខ្ចី និងជួបការល្បងល អ្នកមានទំនុកចិត្តតិចតួច ហើយអ្នកមិនអាចដឹងយ៉ាងច្បាស់អំពីអ្វីដែលអ្នកត្រូវការ ដើម្បីបំពេញតាមបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ឡើយ ព្រោះថាការយល់ដឹងរបស់អ្នកអំពីសេចក្តីពិត គឺនៅមានកម្រិត។ យ៉ាងណាមិញ ប្រសិនបើអ្នកនៅតែអាចអធិស្ឋានទៅកាន់ព្រះជាម្ចាស់យ៉ាងទៀងត្រង់ និងស្មោះពិត ហើយប្រសិនបើអ្នកព្រមថ្វាយដួងចិត្តរបស់អ្នកដល់ទ្រង់ យកទ្រង់ធ្វើជាព្រះមហាក្សត្ររបស់អ្នក ហើយព្រមថ្វាយដល់ទ្រង់គ្រប់ទាំងអ្វីៗដែលអ្នកជឿថាមានតម្លៃបំផុត នោះអ្នកនឹងបានថ្វាយដល់ព្រះជាម្ចាស់នូវដួងចិត្តរបស់អ្នករួចហើយ។ នៅពេលដែលអ្នកស្ដាប់ឮសេចក្ដីអធិប្បាយកាន់តែច្រើន ហើយយល់អំពីសេចក្តីពិតកាន់តែច្រើន នោះកម្ពស់របស់អ្នកក៏នឹងចម្រើនឡើងបន្ដិចម្ដងៗដែរ។ នៅពេលនេះ បទដ្ឋាននៃការទាមទាររបស់ព្រះជាម្ចាស់នឹងមិនដូចជាពេលដែលអ្នកនៅក្មេងខ្ចីនោះឡើយ ព្រោះថាទ្រង់នឹងទាមទារនូវបទដ្ឋានកាន់តែខ្ពស់ពីអ្នក។ នៅពេលដែលមនុស្សថ្វាយដួងចិត្តរបស់គេដល់ព្រះជាម្ចាស់បន្ដិចម្ដងៗ ដួងចិត្តរបស់គេក៏កាន់តែចូលទៅជិតទ្រង់បន្ដិចម្ដងៗដែរ។ នៅពេលដែលមនុស្សអាចចូលទៅកាន់តែជិតព្រះជាម្ចាស់យ៉ាងពិតប្រាកដ នោះដួងចិត្តរបស់គេនឹងគោរពស្រឡាញ់ទ្រង់កាន់តែខ្លាំង។ អ្វីដែលព្រះជាម្ចាស់សព្វព្រះហឫទ័យចង់បាន គឺជាដួងចិត្តបែបនេះហើយ។

នៅពេលដែលព្រះជាម្ចាស់សព្វព្រះហឫទ័យចង់បានដួងចិត្តរបស់មនុស្ស ទ្រង់នឹងដាក់បុគ្គលនោះឲ្យឆ្លងកាត់ការល្បងលជាច្រើន។ ក្នុងអំឡុងពេលនៃការល្បងលទាំងនេះ ប្រសិនបើព្រះជាម្ចាស់មិនទទួលបានដួងចិត្តរបស់គេទេ ឬទតឃើញថា បុគ្គលនេះមានចិត្តគំនិតណាមួយ ដែលអាចនិយាយបានថា ប្រសិនបើព្រះជាម្ចាស់មិនទតឃើញបុគ្គលនេះអនុវត្ត ឬប្រព្រឹត្តនៅក្នុងរបៀបមួយដែលបង្ហាញការគោរពស្រឡាញ់ចំពោះទ្រង់ ហើយប្រសិនបើទ្រង់មិនទតឃើញនៅក្នុងបុគ្គលនេះនូវចិត្តគំនិត និងការតាំងចិត្តចង់គេចចេញពីសេចក្ដីអាក្រក់ ក្រោយឆ្លងកាត់ការល្បងលជាច្រើនរួចមកទេ នោះព្រះហឫទ័យអត់ធ្មត់របស់ព្រះជាម្ចាស់ជាមួយពួកគេនឹងត្រូវបានដកហូត ហើយទ្រង់នឹងលែងអត់ឱនចំពោះពួកគេទៀតហើយ។ ទ្រង់នឹងលែងល្បងលបុគ្គលនេះ ហើយទ្រង់ក៏នឹងលែងធ្វើការលើពួកគេទៀតដែរ។ ដូច្នេះ តើការនេះបង្ហាញយ៉ាងដូចម្ដេចទៅអំពីលទ្ធផលរបស់បុគ្គលនេះ? វាមានន័យថា ពួកគេគ្មានលទ្ធផលឡើយ។ បុគ្គលនេះប្រហែលជាមិនបានធ្វើការអាក្រក់ឡើយ។ ពួកគេប្រហែលជាមិនបានធ្វើអ្វីដែលបង្អាក់ និងបង្កជាការរំខាននោះឡើយ។ ពួកគេប្រហែលជាមិនបានប្រឆាំងនឹងព្រះជាម្ចាស់ ដោយចំហទេ។ ប៉ុន្ដែ ដួងចិត្តរបស់បុគ្គលនេះបន្តលាក់បាំងពីព្រះជាម្ចាស់។ ពួកគេមិនដែលមានឥរិយាបថ និងទស្សនៈដ៏ច្បាស់លាស់ចំពោះព្រះជាម្ចាស់ ហើយព្រះជាម្ចាស់មិនអាចទតឃើញយ៉ាងច្បាស់ថា ដួងចិត្តរបស់គេត្រូវបានថ្វាយដល់ទ្រង់ ឬទតឃើញយ៉ាងច្បាស់ថា ពួកគេកំពុងតែព្យាយាមកោតខ្លាចទ្រង់ ហើយគេចចេញពីសេចក្ដីអាក្រក់ឡើយ។ ព្រះជាម្ចាស់បាត់បង់ព្រះទ័យអត់ធ្មត់ចំពោះមនុស្សបែបនេះ ហើយទ្រង់នឹងលែងបង់ថ្លៃណាផ្សេងសម្រាប់ពួកគេ លែងសម្ដែងសេចក្តីមេត្តាករុណាចំពោះពួកគេ ឬធ្វើការលើពួកគេទៀតហើយ។ ជីវិតនៃសេចក្តីជំនឿលើព្រះជាម្ចាស់របស់បុគ្គលបែបនេះ បានស្លាប់បាត់ទៅហើយ។ នោះគឺដោយសារតែព្រះជាម្ចាស់មិនបានទទួលលទ្ធផលដែលទ្រង់សព្វព្រះហឫទ័យចង់បាននៅក្នុងគ្រប់ទាំងការល្បងលដែលព្រះជាម្ចាស់បានប្រទានដល់ពួកគេ។ ដូច្នេះហើយបានជាខ្ញុំមិនបានឃើញការបំភ្លឺ និងការស្រាយបំភ្លឺរបស់ព្រះវិញ្ញាណបរិសុទ្ធនៅក្នុងមនុស្សជាច្រើន។ តើខ្ញុំអាចមើលឃើញដោយរបៀបណាទៅ? មនុស្សទាំងនេះអាចជឿលើព្រះជាម្ចាស់អស់រយៈពេលជាច្រើនឆ្នាំ ហើយនៅសំបកក្រៅ ពួកគេបានប្រព្រឹត្តយ៉ាងក្លៀវក្លា ពួកគេបានអានសៀវភៅជាច្រើន បានដោះស្រាយកិច្ចការជាច្រើន បានកត់ត្រាសៀវភៅបួនដប់ក្បាល ហើយមានភាពប៉ិនប្រសប់ខាងឯវោហាស័ព្ទ និងគោលលទ្ធិទៀតផង។ ប៉ុន្ដែ វាគ្មានការលូតលាស់ជាក់ស្ដែងនៅក្នុងពួកគេទេ ទស្សនៈរបស់ពួកគេអំពីព្រះជាម្ចាស់នៅតែអរូបិយ ហើយឥរិយាបថរបស់ពួកគេក៏នៅតែមិនច្បាស់លាស់ដែរ។ អាចនិយាយម្យ៉ាងទៀតបានថា ដួងចិត្តរបស់គេមិនអាចត្រូវបានមើលឃើញឡើយ ព្រោះថាពួកគេតែងតែរុំ និងគ្របបាំងដួងចិត្តរបស់ពួកគេពីព្រះជាម្ចាស់។ ជាលទ្ធផល ទ្រង់ទតមិនឃើញដួងចិត្តដ៏ពិតរបស់ពួកគេ ទ្រង់មិនបានទតឃើញនៅក្នុងមនុស្សទាំងនេះនូវការគោរពស្រឡាញ់ដ៏ពិតណាមួយសម្រាប់ទ្រង់ទេ ហើយលើសពីនេះទៅទៀត ទ្រង់ទតមិនឃើញរបៀបដែលមនុស្សទាំងនេះដើរនៅក្នុងផ្លូវរបស់ទ្រង់ឡើយ។ ប្រសិនបើព្រះជាម្ចាស់នៅតែមិនទទួលបានមនុស្សបែបនេះឥឡូវនេះទេ តើទ្រង់អាចទទួលបានពួកគេនៅពេលអនាគតឬទេ? ទ្រង់មិនអាចឡើយ! តើទ្រង់នឹងបន្តប្រឹងប្រែងចំពោះអ្វីដែលទ្រង់មិនអាចទទួលបានឬទេ? ទ្រង់នឹងមិនធ្វើឡើយ! បច្ចុប្បន្ននេះ តើព្រះជាម្ចាស់មានឥរិយាបទបែបណាចំពោះមនុស្សបែបនេះ? (ទ្រង់ច្រានពួកគេចោល និងព្រងើយកន្តើយចំពោះពួកគេ។) ទ្រង់ព្រងើយកន្ដើយពួកគេ! ព្រះជាម្ចាស់មិនយកព្រះទ័យទុកដាក់ចំពោះមនុស្សបែបនេះឡើយ គឺទ្រង់ច្រានពួកគេចោលតែម្ដង។ អ្នករាល់គ្នាបានទន្ទេញព្រះបន្ទូលទាំងនេះយ៉ាងឆាប់រហ័ស និងយ៉ាងសុក្រឹត្យ។ បើមើលទៅ វាហាក់ដូចជាអ្នករាល់គ្នាបានយល់នូវសេចក្តីដែលអ្នកបានឮ!

នៅពេលដែលពួកគេចាប់ផ្ដើមដើរតាមព្រះជាម្ចាស់ អ្នកខ្លះនៅក្មេងខ្ចី និងល្ងង់ខ្លៅ ហើយពួកគេមិនយល់អំពីព្រះហឫទ័យរបស់ទ្រង់ ហើយក៏មិនដឹងអំពីអ្វីដែលពួកគេត្រូវជឿលើទ្រង់ដែរ។ ពួកគេទទួលយកការជឿ និងការដើរតាមព្រះជាម្ចាស់ ទៅតាមរបៀបខុសឆ្គងតាមការយល់ឃើញរបស់មនុស្ស។ នៅពេលដែលមនុស្សបែបនេះជួបការល្បងល ពួកគេមិនដឹងអំពីវាឡើយ ហើយពួកគេនៅតែមិនដឹងអំពីការដឹកនាំ និងការបំភ្លឺរបស់ព្រះជាម្ចាស់។ ពួកគេមិនដឹងអំពីអត្ថន័យនៃការថ្វាយដួងចិត្តរបស់ពួកគេដល់ព្រះជាម្ចាស់ ឬអត្ថន័យនៃការឈររឹងមាំក្នុងពេលជួបការល្បងលឡើយ។ ព្រះជាម្ចាស់នឹងប្រទានឲ្យមនុស្សបែបនេះនូវពេលវេលាដ៏មានកម្រិត ហើយក្នុងអំឡុងពេលនេះ ទ្រង់នឹងជួយឲ្យពួកគេយល់ពីអ្វីទៅជាការល្បងលរបស់ទ្រង់ និងអ្វីទៅជាបំណងព្រះហឫទ័យរបស់ទ្រង់។ ក្រោយមក មនុស្សទាំងនេះនឹងបង្ហាញចេញពីទស្សនៈរបស់គេ។ សម្រាប់មនុស្សដែលស្ថិតនៅក្នុងដំណាក់កាលនេះ ព្រះជាម្ចាស់កំពុងតែនៅរង់ចាំនៅឡើយ។ សម្រាប់មនុស្សដែលមានទស្សនៈរេរាចង់ថ្វាយដួងចិត្តរបស់គេដល់ព្រះជាម្ចាស់ ប៉ុន្តែ មិនទាន់ចង់ផ្សះផ្សា និងអ្នកដែលព្យាយាមលាក់បាំង និងបោះបង់ចោល នៅពេលដែលជួបការល្បងលធំៗ ទោះបីជាពួកគេបានអនុវត្តតាមសេចក្តីពិតមូលដ្ឋានខ្លះហើយក៏ដោយ តើព្រះជាម្ចាស់មានឥរិយាបថបែបណាចំពោះពួកគេទៅ? ទ្រង់នៅតែរំពឹងតិចតួចពីពួកគេ ហើយលទ្ធផល គឺអាស្រ័យលើឥរិយាបថ និងការប្រព្រឹត្តរបស់ពួកគេ។ ប្រសិនបើមនុស្សមិនសកម្មក្នុងការលូតលាស់ទេ តើព្រះជាម្ចាស់ធ្វើអ្វីទៅ? ទ្រង់បោះបង់ពួកគេចោល។ នោះគឺដោយសារតែអ្នកបានបោះបង់ខ្លួនឯងចោល មុនពេលដែលព្រះជាម្ចាស់បោះបង់អ្នកចោលទៅទៀត។ ហេតុនេះ អ្នកមិនអាចបន្ទោសព្រះជាម្ចាស់បានឡើយ តើអ្នកអាចទេ? តើវាយុត្តិធម៌ឬអត់? (វាយុត្តិធម៌ហើយ។)

សំណួរជាក់ស្ដែងដែលនាំឲ្យមនុស្សមានសេចក្តីអាម៉ាស់

មានមនុស្សមួយប្រភេទទៀតដែលមានលទ្ធផលដ៏អាក្រក់ជាងគេបំផុត ហើយនេះជាប្រភេទមនុស្សដែលខ្ញុំមិនចង់លើកឡើងឡើយ។ ពួកគេវិនាស មិនមែនដោយសារតែពួកគេបានទទួលការដាក់ទោសពីព្រះជាម្ចាស់ ឬមិនមែនដោយសារតែការទាមទាររបស់ទ្រង់ចំពោះពួកគេឃោរឃៅ ទើបពួកគេមានលទ្ធផលដ៏អាក្រក់បែបនេះនោះឡើយ។ ផ្ទុយទៅវិញ ពួកគេត្រូវវិនាស ដោយសារតែពួកគេខ្លួនឯងតែម្ដង។ ដូចជាពាក្យស្លោកមួយបានពោលថា ពួកគេជីករណ្ដៅកប់សពខ្លួនឯង។ តើមនុស្សប្រភេទនេះគឺជាអ្វីទៅ? មនុស្សទាំងនេះមិនដើរនៅលើមាគ៌ាត្រឹមត្រូវទេ ហើយលទ្ធផលរបស់គេត្រូវបានបើកសម្ដែងឲ្យដឹងជាមុន។ នៅក្នុងព្រះនេត្ររបស់ព្រះជាម្ចាស់ មនុស្សបែបនេះគឺជាវត្ថុដ៏ធំបំផុតនៃការស្អប់ខ្ពើមរបស់ទ្រង់។ នៅក្នុងពាក្យរបស់មនុស្ស មនុស្សបែបនេះ គឺជាមនុស្សដែលគួរឲ្យអាណិតបំផុត។ នៅពេលដែលមនុស្សបែបនេះចាប់ផ្ដើមដើរតាមព្រះជាម្ចាស់ ពួកគេមានចិត្តក្លៀវក្លាណាស់ ពួកគេបានបង់ថ្លៃជាច្រើន មានទស្សនៈល្អអំពីកិច្ចការរបស់ព្រះជាម្ចាស់ ហើយមានការស្រមើស្រមៃជាច្រើន ទាក់ទងនឹងអនាគតផ្ទាល់របស់ពួកគេ។ ពួកគេក៏មានទំនុកចិត្តលើព្រះជាម្ចាស់យ៉ាងពិសេសដែរ ទាំងជឿថា ទ្រង់អាចធ្វើឲ្យមនុស្សពេញខ្នាត និងនាំពួកគេទៅរកវាសនាដ៏រុងរឿង។ យ៉ាងណាមិញ ទោះជាក្នុងហេតុផលណាក៏ដោយ មនុស្សទាំងនេះនឹងរត់ចេញ ក្នុងអំឡុងពេលនៃកិច្ចការរបស់ព្រះជាម្ចាស់។ តើពាក្យថា «រត់ចេញ» នេះមានន័យដូចម្ដេចទៅ? វាមានន័យថា ពួកគេបានបាត់ស្រមោលឈឹង ទាំងគ្មាននិយាយលាគ្នា ទាំងគ្មានសំឡេងតែម្ដង សូម្បីតែពាក្យមួយម៉ាត់ក៏គ្មានផង។ ទោះបីមនុស្សបែបនេះអះអាងថាខ្លួនបានជឿលើព្រះជាម្ចាស់ក៏ដោយ ក៏ពួកគេមិនដែលចាក់ឫសលើមាគ៌ានៃសេចក្តីជំនឿរបស់គេឡើយ។ ដូច្នេះ ទោះបីពួកគេបានជឿលើទ្រង់យូរឆ្នាំយ៉ាងណាក៏ដោយ ក៏ពួកគេនៅតែអាចបែរចេញពីព្រះជាម្ចាស់ដដែល។ មនុស្សខ្លះចាកចេញទៅធ្វើជំនួញ អ្នកខ្លះចាកចេញទៅរស់នៅតាមជីវិតរបស់ពួកគេ អ្នកខ្លះចាកចេញទៅមានទ្រព្យសម្បត្តិដ៏ច្រើន អ្នកខ្លះចាកចេញទៅរៀបការ ហើយមានកូនចៅ... នៅក្នុងចំណោមមនុស្សដែលចាកចេញ មានមនុស្សមួយចំនួនដែលក្រោយមករងការវាយប្រហារពីមនសិការ និងចង់ត្រលប់មកវិញ ហើយអ្នកខ្លះទៀតមានការពិបាកក្នុងការទ្រាំទ្រនឹងទុក្ខលំបាក ហើយចុងបញ្ចប់ ក៏រសាត់អណ្ដែតនៅក្នុងលោកីយ៍អស់រយៈពេលជាច្រើនឆ្នាំ។ អ្នករសាត់អណ្ដែតទាំងនេះជួបទុក្ខវេទនាជាច្រើន ហើយពួកគេជឿថា ការនៅក្នុងលោកីយ៍គឺឈឺចាប់ខ្លាំងពេកហើយ ដូច្នេះ ពួកគេមិនអាចនៅដាច់ចេញពីព្រះជាម្ចាស់បានឡើយ។ ពួកគេចង់វិលត្រលប់មកកាន់ព្រះដំណាក់របស់ព្រះជាម្ចាស់ ដើម្បីទទួលបានការកម្សាន្តចិត្ត សេចក្តីសុខសាន្ត និងសេចក្តីអំណរវិញ ហើយពួកគេចង់បន្តជឿលើព្រះជាម្ចាស់ ដើម្បីឲ្យរួចផុតពីគ្រោះមហន្តរាយ ឬចង់ទទួលបានសេចក្តីសង្រ្គោះ និងវាសនាដ៏ល្អ។ នេះគឺដោយសារតែមនុស្សទាំងនេះជឿថា សេចក្តីស្រឡាញ់របស់ព្រះជាម្ចាស់គ្មានដែនកំណត់ ហើយជឿទៀតថា ព្រះគុណរបស់ទ្រង់មានមិនចេះអស់ឡើយ។ ពួកគេគិតថា ទោះបីជាមនុស្សម្នាក់បានធ្វើអ្វីក៏ដោយ ក៏ព្រះជាម្ចាស់គួរតែអត់ទោសដល់ពួកគេ និងអត់ឱនដល់អតីតកាលរបស់គេដែរ។ មនុស្សទាំងនេះនិយាយម្ដងហើយម្ដងទៀតថា ពួកគេចង់ត្រលប់មកវិញ ដើម្បីធ្វើភារកិច្ចរបស់ពួកគេ។ មានមនុស្សខ្លះថែមទាំងលះបង់ទ្រព្យសម្បត្តិខ្លះរបស់ពួកគេដល់ពួកជំនុំ ទាំងសង្ឃឹមថា ការនេះនឹងរៀបចំផ្លូវឲ្យពួកគេអាចត្រលប់មកកាន់ព្រះដំណាក់របស់ព្រះជាម្ចាស់វិញទៀតផង។ តើព្រះជាម្ចាស់មានឥរិយាបថបែបណាចំពោះមនុស្សបែបនេះ? តើទ្រង់គួរតែកំណត់លទ្ធផលរបស់ពួកគេយ៉ាងដូចម្ដេច? សូមអញ្ជើញឆ្លើយមកចុះ។ (ខ្ញុំគិតថា ព្រះជាម្ចាស់នឹងទទួលយកមនុស្សប្រភេទនេះ ប៉ុន្តែ ក្រោយពេលបានឮអម្បាញ់មិញ ខ្ញុំមានអារម្មណ៍ថា ទ្រង់នឹងមិនទទួលឡើយ។) សូមនិយាយហេតុផលរបស់អ្នកមើល៍។ (មនុស្សបែបនេះចូលមកចំពោះព្រះជាម្ចាស់ ដើម្បីកុំឲ្យពួកគេត្រូវស្លាប់ប៉ុណ្ណោះ។ ពួកគេមិនជឿលើព្រះជាម្ចាស់ចេញពីដួងចិត្តដ៏ស្មោះពិតឡើយ ហើយពួកគេមកដោយសារតែពួកគេដឹងថា កិច្ចការរបស់ព្រះជាម្ចាស់នឹងត្រូវបញ្ចប់ក្នុងពេលឆាប់ៗ ដូច្នេះ ពួកគេស្ថិតនៅក្រោមគំនិតភាន់ច្រឡំថា ពួកគេអាចមកដើម្បីទទួលបានព្រះពរ។) អ្នកកំពុងតែនិយាយថា មនុស្សទាំងនេះមិនជឿលើព្រះជាម្ចាស់ដោយស្មោះឡើយ ដូច្នេះ ទ្រង់មិនអាចទទួលយកពួកគេឡើយ មែនទេ? (មែនហើយ) (ខ្ញុំយល់ឃើញថា មនុស្សបែបនេះគ្រាន់តែជាពួកឱកាសនិយមប៉ុណ្ណោះ ហើយពួកគេមិនជឿលើព្រះជាម្ចាស់ដោយស្មោះឡើយ។) ពួកគេមិនបានជឿលើព្រះជាម្ចាស់ ហើយពួកគេជាពួកឱកាសនិយម។ ពិតជានិយាយបានល្អណាស់! ពួកឱកាសនិយមទាំងនេះគឺជាប្រភេទមនុស្សដែលគ្រប់គ្នាស្អប់។ ពួកគេចែវទូកទៅទិសណាដែលខ្យល់បក់មក ហើយពួកគេមិនខ្វល់នឹងធ្វើអ្វីឡើយ លុះត្រាតែពួកគេចំណេញផលចេញពីកិច្ចការនោះ ទើបពួកគេព្រមធ្វើ ដូច្នេះ ពិតណាស់ ពួកគេពិតជាគួរឲ្យស្អប់ខ្ពើមណាស់! តើមានបងប្អូនប្រុសស្រីផ្សេងទៀតចង់ចែករំលែកគំនិតរបស់ខ្លួនដែរឬទេ? (ព្រះជាម្ចាស់នឹងមិនទទួលយកពួកគេទៀតឡើយ ដោយសារតែកិច្ចការរបស់ទ្រង់ជិតបញ្ចប់ ហើយឥឡូវនេះ គឺជាពេលដែលលទ្ធផលរបស់មនុស្សកំពុងតែត្រូវបានកំណត់ហើយ។ គឺពេលនេះហើយដែលមនុស្សចង់ត្រលប់មកវិញ មិនមែនដោយសារតែពួកគេចង់ដេញតាមសេចក្តីពិតឡើយ ប៉ុន្តែ ដោយសារតែពួកគេមើលឃើញគ្រោះមហន្តរាយដែលកំពុងតែធ្លាក់មក ឬដោយសារតែពួកគេកំពុងតែរងឥទ្ធិពលពីកត្តាខាងក្រៅ។ ប្រសិនបើពួកគេពិតជាមានចេតនាចង់ដេញតាមសេចក្តីពិតមែន នោះពួកគេនឹងមិនរត់ចេញទាំងកណ្ដាលទីនៃកិច្ចការរបស់ព្រះជាម្ចាស់ឡើយ។) តើមានទស្សនៈណាផ្សេងទេ? (ពួកគេនឹងមិនត្រូវបានទទួលយកឡើយ។ ព្រះជាម្ចាស់បានប្រទានដល់ពួកគេនូវឱកាសជាច្រើនដងរួចហើយ ប៉ុន្តែ ពួកគេនៅតែទទូចមានចិត្តគំនិតដ៏ធ្វេសប្រហែសចំពោះទ្រង់ទៀត។ មិនថាមនុស្សទាំងនេះមានចេតនាបែបណាឡើយ ហើយទោះបីពួកគេប្រែចិត្តដ៏ពិតក៏ដោយ ក៏ព្រះជាម្ចាស់នឹងមិនបណ្តោយឲ្យពួកគេត្រលប់មកវិញដែរ។ នោះគឺដោយសារតែទ្រង់បានប្រទានឲ្យពួកគេនូវឱកាសជាច្រើនរួចហើយ ប៉ុន្តែ ពួកគេបានបង្ហាញឥរិយាបថរបស់ពួកគេថា ពួកគេចង់ចាកចេញពីព្រះជាម្ចាស់។ សម្រាប់ហេតុផលនេះ ប្រសិនបើពួកគេព្យាយាមត្រលប់មកវិញឥឡូវ ព្រះជាម្ចាស់នឹងមិនទទួលយកពួកគេឡើយ។) (ខ្ញុំយល់ស្របថា ព្រះជាម្ចាស់នឹងមិនទទួលយកមនុស្សប្រភេទនេះឡើយ ព្រោះថាបើបុគ្គលនេះបានឃើញផ្លូវពិត ដកពិសោធន៍កិច្ចការរបស់ព្រះជាម្ចាស់អស់រយៈពេលជាយូរបែបនេះ ហើយនៅតែអាចត្រលប់ទៅកាន់លោកីយ៍ និងចូលទៅក្នុងដៃរបស់សាតាំងទៀត នោះវាជាអំពើក្បត់ដ៏ធំមួយចំពោះព្រះជាម្ចាស់ហើយ។ ទោះបីសារជាតិរបស់ព្រះជាម្ចាស់គឺជាសេចក្តីមេត្តាករុណា និងសេចក្តីស្រឡាញ់ក៏ដោយ ក៏សារជាតិនោះត្រូវបានបង្ហាញចេញស្របតាមប្រភេទនៃមនុស្សដែរ។ ប្រសិនបើបុគ្គលនេះមកចំពោះព្រះជាម្ចាស់ ដើម្បីស្វែងរកការកម្សាន្តចិត្ត ឬស្វែងរកអ្វីមួយ ដើម្បីដាក់សេចក្តីសង្ឃឹមរបស់គេទៅលើទ្រង់ នោះពួកគេមិនមែនជាប្រភេទមនុស្សដែលជឿលើព្រះជាម្ចាស់យ៉ាងពិតប្រាកដឡើយ បើដូច្នេះ សេចក្តីមេត្តាករុណារបស់ព្រះជាម្ចាស់ចំពោះមនុស្សបែបនេះ គឺមានកម្រិតប៉ុណ្ណោះ។) ប្រសិនបើសារជាតិរបស់ព្រះជាម្ចាស់គឺជាសេចក្តីមេត្តាករុណា ចុះហេតុអ្វីបានជាទ្រង់មិនប្រទានដល់មនុស្សប្រភេទនេះបន្ដិចទៅ? តាមរយៈសេចក្ដីមេត្តាករុណាតែបន្ដិចបន្ដួច តើបុគ្គលនេះនឹងមិនមានឱកាសទេឬ? កាលពីអតីតកាល មនុស្សបាននិយាយជាញឹកញាប់ថា ព្រះជាម្ចាស់សព្វព្រះហឫទ័យចង់ឲ្យមនុស្សគ្រប់រូបទទួលបានសេចក្ដីសង្រ្គោះ ហើយទ្រង់មិនចង់ឲ្យនរណាម្នាក់វិនាសហិនហោចឡើយ ព្រោះថាបើចៀមមួយក្បាលនៅក្នុងចំណោមចៀមមួយរយក្បាលវង្វេងបាត់ នោះព្រះជាម្ចាស់នឹងទុកចៀមទាំងកៅសិបប្រាំបួនក្បាល ហើយតាមរកចៀមមួយក្បាលដែលបាត់នោះមិនខាន។ ឥឡូវនេះ ទាក់ទងនឹងមនុស្សទាំងនេះ តើព្រះជាម្ចាស់គួរតែទទួលយកពួកគេ ហើយប្រទានឱកាសជាលើកទីពីរដល់ពួកគេ ដោយសារតែសេចក្តីជំនឿដ៏ស្មោះសររបស់ពួកគេបានដែរឬទេ? តាមពិតទៅ នេះមិនមែនជាសំណួរដែលពិបាកឡើយ! ប្រសិនបើអ្នករាល់គ្នាយល់អំពីព្រះជាម្ចាស់យ៉ាងពិតប្រាកដ និងមានចំណេះដឹងដ៏ពិតអំពីទ្រង់ នោះអ្នកនឹងមិនចាំបាច់ត្រូវការសេចក្តីពន្យល់ និងការសន្មតច្រើនឡើយ មែនទេ? ចម្លើយរបស់អ្នករាល់គ្នាស្ថិតនៅលើមាគ៌ាត្រឹមត្រូវហើយ ប៉ុន្តែ វានៅមិនទាន់ត្រូវនឹងឥរិយាបថរបស់ព្រះជាម្ចាស់នៅឡើយទេ។

ឥឡូវនេះ អ្នករាល់គ្នាខ្លះបានបង្ហាញភាពប្រាកដច្បាស់ថា ព្រះជាម្ចាស់មិនអាចទទួលយកមនុស្សប្រភេទនេះឡើយ។ អ្នកផ្សេងទៀតប្រហែលជានៅមិនទាន់ច្បាស់នៅឡើយ ហើយពួកគេអាចគិតថា ព្រះជាម្ចាស់អាចទទួលយកពួកគេ ឬក៏ទ្រង់មិនអាច។ នេះជាឥរិយាបថមួយដែលឈរនៅកណ្ដាល។ ឯអ្នកខ្លះទៀតមានទស្សនៈបែបសង្ឃឹមថា ព្រះជាម្ចាស់នឹងទទួលយកមនុស្សប្រភេទនេះ។ នេះជាឥរិយាបថបែបមិនច្បាស់លាស់។ សម្រាប់អ្នករាល់គ្នាដែលប្រកាន់ខ្ជាប់តាមគំនិតរបស់ខ្លួន អ្នកជឿថា ព្រះជាម្ចាស់បានធ្វើការជាយូរឆ្នាំមកហើយ និងជឿទៀតថា កិច្ចការរបស់ទ្រង់បានសម្រេចហើយ ដូច្នេះ ទ្រង់មិនចាំបាច់អត់ឱនចំពោះមនុស្សទាំងនេះឡើយ ហើយអ្នកគិតថា ទ្រង់នឹងមិនទទួលយកពួកគេម្ដងទៀតឡើយ។ ចំពោះអ្នករាល់គ្នាដែលឈរនៅកណ្ដាល អ្នកជឿថា រឿងទាំងនេះគួរតែត្រូវបានដោះស្រាយស្របតាមកាលៈទេសៈរបស់បុគ្គល។ ប្រសិនបើដួងចិត្តរបស់មនុស្សទាំងនេះបានដាច់ចេញពីព្រះជាម្ចាស់ ហើយប្រសិនបើពួកគេជឿលើព្រះជាម្ចាស់ និងដេញតាមសេចក្តីពិតយ៉ាងពិតប្រាកដ នោះព្រះជាម្ចាស់គួរតែបំភ្លេចចោលសេចក្តីកម្សោយ និងកំហុសរបស់ពួកគេកាលពីអតីតកាល ទ្រង់គួរតែអត់ទោសដល់មនុស្សទាំងនេះ ប្រទានឱកាសទីពីរដល់ពួកគេ និងអនុញ្ញាតឲ្យពួកគេវិលត្រលប់មកព្រះដំណាក់របស់ទ្រង់វិញ និងទទួលបានសេចក្តីសង្រ្គោះរបស់ទ្រង់។ ប៉ុន្ដែ ក្រោយមក ប្រសិនបើមនុស្សទាំងនេះរត់ចេញម្ដងទៀត នោះព្រះជាម្ចាស់នឹងលែងចង់បានពួកគេ ហើយការបោះបង់មនុស្សទាំងនេះចោល មិនអាចចាត់ទុកថាជារឿងអយុត្តិធម៌ឡើយ។ មានមនុស្សមួយក្រុមទៀតដែលសង្ឃឹមថា ព្រះជាម្ចាស់អាចទទួលយកបុគ្គលបែបនេះ។ ក្រុមនេះមិនប្រាកដឡើយថាតើព្រះជាម្ចាស់នឹងព្រមទទួលយក ឬក៏អត់។ ប្រសិនបើពួកគេជឿថា ទ្រង់គួរតែទទួលយកមនុស្សប្រភេទនេះ ប៉ុន្តែ ទ្រង់មិនទទួលយក នោះវាហាក់ដូចជាទស្សនៈនេះមិនសូវជាស្របជាមួយទស្សនៈរបស់ព្រះជាម្ចាស់ឡើយ។ ប្រសិនបើពួកគេជឿថា ព្រះជាម្ចាស់គួរតែមិនទទួលយកបុគ្គលបែបនេះ ហើយព្រះជាម្ចាស់បែរជាមានបន្ទូលថា សេចក្តីស្រឡាញ់របស់ទ្រង់ចំពោះមនុស្ស គឺគ្មានដែនកំណត់ និងមានបន្ទូលទៀតថា ទ្រង់ព្រមប្រទានឱកាសជាលើកទីពីរទៅកាន់បុគ្គលនេះ តើនេះមិនមែនជាឧទាហរណ៍ដែលលាតត្រដាងអំពីភាពល្ងង់ខ្លៅរបស់មនុស្សទេឬ? ទោះក្នុងករណីណាក៏ដោយ អ្នករាល់គ្នាសុទ្ធតែមានទស្សនៈរៀងៗខ្លួន។ ទស្សនៈទាំងនេះតំណាងឲ្យប្រភេទនៃចំណេះដឹងដែលមាននៅក្នុងគំនិតរបស់អ្នករាល់គ្នា ហើយវាក៏ជាកញ្ចក់ឆ្លុះអំពីជម្រៅនៃការយល់ដឹងរបស់អ្នករាល់គ្នាអំពីសេចក្តីពិត និងអំពីព្រះហឫទ័យរបស់ព្រះជាម្ចាស់ដែរ។ តើការនិយាយបែបនេះជារឿងត្រឹមត្រូវទេ? វាពិតជាអស្ចារ្យដែលអ្នករាល់គ្នាមានយោបល់អំពីរឿងនេះ! យ៉ាងណាមិញ អ្នករាល់គ្នាប្រហែលជាមានចម្ងល់ថា តើយោបល់របស់អ្នកនេះត្រឹមត្រូវឬយ៉ាងណា។ អ្នករាល់គ្នាដូចជាកំពុងខ្វល់ខ្វាយ មែនឬ? «បើដូច្នេះ តើអ្វីទៅដែលត្រឹមត្រូវ? ខ្ញុំមិនអាចមើលឃើញច្បាស់ឡើយ ហើយខ្ញុំក៏មិនដឹងយ៉ាងច្បាស់អំពីអ្វីដែលព្រះជាម្ចាស់កំពុងតែព្រះតម្រិះនោះដែរ ហើយទ្រង់មិនបានមានបន្ទូលប្រាប់ខ្ញុំអ្វីឡើយ។ តើខ្ញុំអាចដឹងយ៉ាងដូចម្ដេចទៅអំពីអ្វីដែលទ្រង់កំពុងតែព្រះតម្រិះ? ឥរិយាបថរបស់ព្រះជាម្ចាស់ចំពោះមនុស្ស គឺជាសេចក្តីស្រឡាញ់។ បើស្របតាមឥរិយាបថរបស់ទ្រង់ដែលធ្លាប់មានកាលពីអតីតកាល នោះទ្រង់គួរតែទទួលយកបុគ្គលបែបនេះ ប៉ុន្តែ ខ្ញុំមិនប្រាកដច្បាស់អំពីឥរិយាបថរបស់ទ្រង់នាពេលបច្ចុប្បន្នឡើយ។ ខ្ញុំគ្រាន់តែអាចនិយាយបានថា ទ្រង់នឹងប្រហែលជាទទួលយកបុគ្គលនេះ ហើយប្រហែលជា ទ្រង់នឹងមិនទទួលយកឡើយ។» ការនិយាយបែបនេះ វាមិនគួរឲ្យអស់សំណើចទេឬអី? សំណួរនេះពិតជាបានធ្វើឲ្យអ្នករាល់គ្នាច្របូកច្របល់ហើយ។ ប្រសិនបើអ្នករាល់គ្នាមានទស្សនៈដ៏ត្រឹមត្រូវអំពីរឿងនេះ តើអ្នករាល់គ្នានឹងធ្វើអ្វីខ្លះទៅ នៅពេលដែលពួកជំនុំរបស់អ្នករាល់គ្នាជួបមនុស្សបែបនេះ? ប្រសិនបើអ្នកមិនដោះស្រាយស្ថានភាពនេះឲ្យបានត្រឹមត្រូវទេ នោះអ្នកអាចបំពានព្រះជាម្ចាស់ហើយ។ តើនេះមិនមែនជាកិច្ចការដ៏គ្រោះថ្នាក់ទេឬអី?

ហេតុអ្វីបានជាខ្ញុំសាកសួរអំពីទស្សនៈរបស់អ្នករាល់គ្នាទាក់ទងនឹងរឿងដែលខ្ញុំទើបតែលើកឡើងនោះ? ខ្ញុំចង់សាកល្បងមើលទស្សនៈរបស់អ្នករាល់គ្នា ចង់សាកល្បងចំណេះដឹងដែលអ្នករាល់គ្នាមានអំពីព្រះជាម្ចាស់ និងចង់ដឹងថាតើអ្នកយល់ដឹងកម្រិតណាអំពីព្រះហឫទ័យ និងឥរិយាបថរបស់ព្រះជាម្ចាស់។ តើចម្លើយគឺជាអ្វីទៅ? ចម្លើយគឺជាទស្សនៈរបស់អ្នករាល់គ្នាផ្ទាល់។ អ្នករាល់គ្នាខ្លះមានទស្សនៈអភិរក្សនិយម ហើយអ្នកខ្លះទៀតកំពុងតែប្រើការស្រមើស្រមៃរបស់ខ្លួនដើម្បីទាយ។ តើអ្វីទៅជាការ «ទាយ»? វាមានន័យថា ជាការមិនយល់អំពីរបៀបដែលព្រះជាម្ចាស់ព្រះតម្រិះ ហើយគេបង្កើតចេញជាសេចក្តីសន្និដ្ឋានដែលគ្មានមូលដ្ឋានថា ព្រះជាម្ចាស់គួរតែព្រះតម្រិះបែបនេះ។ តាមពិតទៅ អ្នកមិនដឹងថាអ្នកគិតត្រូវ ឬក៏ខុសផង ដូច្នេះហើយបានជាអ្នកនិយាយចេញនូវទស្សនៈមិនច្បាស់បែបនេះ។ ដោយប្រឈមជាមួយការពិតនេះ តើអ្នករាល់គ្នាបានឃើញអ្វីខ្លះ? នៅពេលដើរតាមព្រះជាម្ចាស់ មនុស្សកម្រយកចិត្តទុកដាក់លើព្រះហឫទ័យរបស់ទ្រង់ណាស់ ហើយគេក៏កម្រយកចិត្តទុកដាក់លើព្រះតម្រិះ និងឥរិយាបថរបស់ទ្រង់ចំពោះមនុស្សដែរ។ មនុស្សមិនយល់អំពីព្រះតម្រិះរបស់ព្រះជាម្ចាស់ឡើយ ដូច្នេះ នៅពេលដែលគេសួរនាំអំពីបំណងព្រះហឫទ័យ និងនិស្ស័យរបស់ព្រះជាម្ចាស់ អ្នករាល់គ្នាក៏ចាប់ផ្ដើមច្របូកច្របល់។ អ្នករាល់គ្នាធ្លាក់ក្នុងភាពមិនច្បាស់លាស់ដ៏ជ្រៅ ហើយបន្ទាប់មក អ្នកក៏ទាយ ឬប្រថុយមើល៍។ តើនេះជាផ្នត់គំនិតប្រភេទអ្វីទៅ? វាបញ្ជាក់អំពីការពិតថា៖ មនុស្សភាគច្រើនដែលជឿលើព្រះជាម្ចាស់ ចាត់ទុកទ្រង់ដូចជាមិនដឹងខ្យល់អ្វី និងចាត់ទុកទ្រង់ដូចជាអ្វីមួយដែលមានអត្ថិភាពមួយនាទី ហើយបន្ទាប់មកក៏បាត់ស្រមោលទៅ។ ហេតុអ្វីបានជាខ្ញុំនិយាយបែបនេះ? គឺដោយសារតែគ្រប់ពេលដែលអ្នករាល់គ្នាមានបញ្ហា អ្នករាល់គ្នាមិនដឹងអំពីព្រះហឫទ័យរបស់ព្រះជាម្ចាស់ឡើយ។ ហេតុអ្វីបានជាអ្នកមិនដឹងអំពីព្រះហឫទ័យរបស់ទ្រង់? វាមិនមែនអ្នកមិនដឹងតែពេលឥឡូវនេះទេ ប៉ុន្តែ គឺតាំងពីដើមដំបូងរហូតដល់ទីបញ្ចប់ អ្នកមិនដឹងពីឥរិយាបថរបស់ព្រះជាម្ចាស់ដែលមានចំពោះបញ្ហានេះឡើយ។ អ្នកមិនអាចវាស់ស្ទង់វា ហើយក៏មិនដឹងអំពីឥរិយាបថរបស់ព្រះជាម្ចាស់ដែរ ប៉ុន្តែ តើអ្នកធ្លាប់គិតច្រើនអំពីរឿងនេះទេ? តើអ្នកធ្លាប់ព្យាយាមស្វែងយល់ពីវាទេ? តើអ្នកធ្លាប់ប្រកបគ្នាអំពីវាទេ? គឺអត់ឡើយ! ការនេះបញ្ជាក់ពីការពិតថា៖ ព្រះជាម្ចាស់នៃសេចក្តីជំនឿរបស់អ្នក គ្មានទាក់ទងអ្វីជាមួយព្រះជាម្ចាស់នៃតថភាពជាក់ស្ដែងឡើយ។ នៅក្នុងសេចក្តីជំនឿរបស់អ្នកលើព្រះជាម្ចាស់ អ្នកសញ្ជឹងគិតតែលើបំណងរបស់អ្នក និងអ្នកដឹកនាំរបស់អ្នកប៉ុណ្ណោះ ហើយអ្នកគ្រាន់តែគិតទៅលើអត្ថន័យបែបគោលលទ្ធិ និងដ៏រាក់កំផែលនៃព្រះបន្ទូលរបស់ព្រះជាម្ចាស់ ដោយគ្មានចេតនាចង់ដឹង ឬចង់ស្វែងរកព្រះហឫទ័យរបស់ព្រះជាម្ចាស់សោះឡើយ។ តើនេះមិនមែនជារឿងពិតទេឬ? សារជាតិនៃរឿងនេះ គឺគួរឲ្យខ្លាចណាស់! ក្រោយពេលជាច្រើនឆ្នាំមកនេះ ខ្ញុំបានឃើញមនុស្សជាច្រើនដែលជឿលើព្រះជាម្ចាស់។ តើជំនឿរបស់គេបានផ្លាស់ប្ដូរព្រះជាម្ចាស់នៅក្នុងគំនិតរបស់គេអ្វីខ្លះទៅ? អ្នកខ្លះជឿលើព្រះជាម្ចាស់ ដូចជាទ្រង់មិនដឹងខ្យល់អ្វីអ៊ីចឹង។ មនុស្សទាំងនេះគ្មានចម្លើយចំពោះសំណួរអំពីអត្ថិភាពរបស់ព្រះជាម្ចាស់ឡើយ ដោយសារតែពួកគេមិនអាចមានអារម្មណ៍ ក៏មិនដឹងថាទ្រង់មានព្រះវត្តមាន ឬក៏អត់ ហើយក៏គេមើលមិនឃើញ ឬយល់មិនច្បាស់អំពីការនេះដែរ។ មនុស្សទាំងនេះគិតទាំងមិនដឹងខ្លួនថា ព្រះជាម្ចាស់គ្មានពិតនោះឡើយ។ អ្នកផ្សេងទៀតជឿលើព្រះជាម្ចាស់ ដូចទ្រង់ជាមនុស្សម្នាក់ដូច្នេះ។ មនុស្សទាំងនេះគិតថា ទ្រង់មិនអាចធ្វើកិច្ចការទាំងឡាយណាដែលពួកគេមិនអាចធ្វើបាន និងគិតទៀតថា ទ្រង់គួរតែព្រះតម្រិះដូចអ្វីដែលពួកគេគិតដែរ។ និយមន័យរបស់ពួកគេអំពីព្រះជាម្ចាស់គឺជា «បុគ្គលម្នាក់អរូបិយ និងមិនអាចប៉ះពាល់បាន។» ក៏មានមនុស្សមួយក្រុមទៀតដែលជឿលើព្រះជាម្ចាស់ ដូចទ្រង់ជារូបអាយ៉ងអ៊ីចឹង។ មនុស្សទាំងនេះជឿថា ព្រះជាម្ចាស់គ្មានអារម្មណ៍ឡើយ។ ពួកគេគិតថា ព្រះជាម្ចាស់គ្រាន់តែជារូបចម្លាក់ធ្វើពីដីឥដ្ឋ និងគិតទៀតថា ពេលជួបបញ្ហា ព្រះជាម្ចាស់គ្មានឥរិយាបថ ទស្សនៈ ឬយោបល់អ្វីឡើយ។ ពួកគេជឿថា ទ្រង់ត្រូវបានបញ្ឆោតដោយមនុស្សជាតិ។ មនុស្សគ្រាន់តែជឿលើអ្វីគ្រប់យ៉ាងដែលពួកគេចង់ជឿ។ ប្រសិនបើពួកគេលើកបន្តុបទ្រង់ឲ្យឡើងខ្ពស់ នោះទ្រង់នឹងឡើងខ្ពស់ ហើយប្រសិនបើពួកគេទម្លាក់ទ្រង់ចុះទាប នោះទ្រង់នឹងចុះទាបមិនខាន។ នៅពេលដែលមនុស្សប្រព្រឹត្តអំពើបាប ហើយត្រូវការសេចក្តីមេត្តាករុណា សេចក្តីអត់ឱន និងសេចក្តីស្រឡាញ់របស់ព្រះជាម្ចាស់ ពួកគេសន្មតថា ព្រះជាម្ចាស់គួរតែបង្ហាញសេចក្តីមេត្តាករុណារបស់ទ្រង់។ មនុស្សទាំងនេះច្នៃបង្កើត «ព្រះជាម្ចាស់» មួយនៅក្នុងគំនិតរបស់ពួកគេផ្ទាល់ ហើយបន្ទាប់មក ឲ្យ «ព្រះជាម្ចាស់» រូបនេះសម្រេចតាមការទាមទារបស់គេ និងបំពេញគ្រប់ទាំងបំណងប្រាថ្នារបស់ពួកគេ។ មិនថានៅពេលណា ឬកន្លែងណា ហើយមិនថាមនុស្សបែបនេះធ្វើអ្វីឡើយ ពួកគេនឹងប្រើការរវើរវាយនេះនៅក្នុងការប្រព្រឹត្តរបស់គេចំពោះព្រះជាម្ចាស់ និងនៅក្នុងសេចក្ដីជំនឿរបស់គេ។ ថែមទាំងមានអ្នកខ្លះដែលបានធ្វើឲ្យនិស្ស័យរបស់ព្រះជាម្ចាស់ខ្ញាល់ខ្លាំង នៅជឿថា ទ្រង់អាចសង្រ្គោះពួកគេ ដោយសារតែពួកគេគិតថា សេចក្តីស្រឡាញ់របស់ព្រះជាម្ចាស់គ្មានដែនកំណត់ ហើយនិស្ស័យរបស់ទ្រង់គឺសុចរិត ហើយទោះបីបុគ្គលម្នាក់បំពានព្រះជាម្ចាស់កម្រិតណា ក៏ទ្រង់នឹងមិននឹកចាំអំពីការបំពាននោះដែរ។ ពួកគេគិតថា ដោយសារតែកំហុសរបស់មនុស្ស សេចក្តីរំលងរបស់មនុស្ស និងការមិនស្ដាប់បង្គាប់របស់មនុស្ស គឺជាការស្ដែងចេញមួយរយៈអំពីនិស្ស័យរបស់មនុស្ស ដូច្នេះ ព្រះជាម្ចាស់នឹងប្រទានឱកាសដល់មនុស្ស ហើយទ្រង់នឹងអត់ឱន ព្រមទាំងអត់ធ្មត់ជាមួយពួកគេ។ ពួកគេជឿថា ព្រះជាម្ចាស់នឹងនៅតែស្រឡាញ់ពួកគេដូចមុនដដែល។ ដូច្នេះ ពួកគេនៅតែមានសេចក្តីសង្ឃឹមខ្ពស់ក្នុងការទទួលបានសេចក្តីសង្រ្គោះ។ ជាការពិត ទោះបីមនុស្សជឿលើព្រះជាម្ចាស់បែបណាក៏ដោយ ដរាបណាពួកគេមិនដេញតាមសេចក្តីពិតទេ នោះទ្រង់នឹងមានឥរិយាបថអវិជ្ជមានចំពោះពួកគេមិនខាន។ នោះគឺដោយសារតែនៅលើដំណើរផ្លូវនៃសេចក្តីជំនឿរបស់អ្នកលើព្រះជាម្ចាស់ ទោះបីអ្នកបានទទួលយកកណ្ឌគម្ពីរនៃព្រះបន្ទូលរបស់ព្រះជាម្ចាស់ ហើយមើលឃើញព្រះបន្ទូលនោះជាកំណប់ ព្រមទាំងបានសិក្សា ហើយអានព្រះបន្ទូលជារៀងរាល់ថ្ងៃក៏ដោយ ប៉ុន្តែ អ្នកនៅតែបោះបង់ចោលព្រះជាម្ចាស់ដ៏ពិតដដែល។ អ្នកចាត់ទុកទ្រង់ ដូចជាឥតដឹងខ្យល់ ឬគ្រាន់តែជាមនុស្សម្នាក់ ហើយអ្នករាល់គ្នាខ្លះទៀតចាត់ទុកទ្រង់ ដូចជារូបអាយ៉ងអ៊ឺចឹង។ ហេតុអ្វីបានជាខ្ញុំនិយាយបែបនេះ? ខ្ញុំនិយាយបែបនេះ ដោយសារតែរបៀបដែលខ្ញុំមើលឃើញវា មិនថាអ្នករាល់គ្នាជួបបញ្ហា ឬជួបកាលៈទេសៈអ្វីមួយឡើយ ក៏អ្វីៗដែលមានអត្ថិភាពនៅក្នុងការមិនដឹងខ្លួនរបស់អ្នក អ្វីៗដែលអ្នកឲ្យនោះ វាផុសឡើងខាងក្នុងអ្នក ហើយវាគ្មានទំនាក់ទំនងអ្វីជាមួយព្រះបន្ទូលរបស់ព្រះជាម្ចាស់ ឬជាមួយការដេញតាមសេចក្តីពិតឡើយ។ អ្នកគ្រាន់តែដឹងអំពីអ្វីជាគំនិតដែលអ្នកកំពុងតែមាន អ្វីជាទស្សនៈរបស់អ្នក បន្ទាប់មក អ្នកបង្ខំឲ្យព្រះជាម្ចាស់ទទួលយកគំនិត និងយោបល់របស់អ្នក។ អ្នកគិតថា ទស្សនៈរបស់អ្នក ក៏ជាទស្សនៈរបស់ព្រះជាម្ចាស់ ហើយអ្នកយកទស្សនៈទាំងនេះ ធ្វើជាបទដ្ឋានដែលអ្នកប្រកាន់ខ្ជាប់មិនងាករេឡើយ។ លុះយូរទៅ ការធ្វើបែបនេះ នាំអ្នកឲ្យឃ្លាតចេញពីព្រះជាម្ចាស់កាន់តែឆ្ងាយទៅៗ។

ត្រូវយល់អំពីឥរិយាបថរបស់ព្រះជាម្ចាស់ ហើយបោះបង់ចោលរាល់គំនិតខុសឆ្គងអំពីព្រះជាម្ចាស់

សព្វថ្ងៃនេះ តើព្រះជាម្ចាស់ប្រភេទណាដែលអ្នករាល់គ្នាកំពុងតែជឿ? តើអ្នករាល់គ្នាធ្លាប់គិតអំពីសំណួរនេះទេ? នៅពេលដែលទ្រង់ទតឃើញមនុស្សអាក្រក់ម្នាក់កំពុងតែប្រព្រឹត្តអំពើអាក្រក់ តើទ្រង់ស្អប់ខ្ពើមវាឬទេ? (មែនហើយ ទ្រង់ស្អប់) តើទ្រង់មានឥរិយាបថបែបណា នៅពេលដែលទ្រង់ទតឃើញមនុស្សល្ងង់ខ្លៅធ្វើខុស? (ព្រួយព្រះទ័យ)។ នៅពេលដែលទ្រង់ទតឃើញមនុស្សកំពុងតែលួចប្រាក់តង្វាយរបស់ទ្រង់ តើទ្រង់មានឥរិយាបថបែបណាទៅ? (ទ្រង់ស្អប់ខ្ពើមពួកគេ។) វាបង្ហាញយ៉ាងច្បាស់ណាស់ មែនទេ? នៅពេលដែលព្រះជាម្ចាស់ទតឃើញមនុស្សម្នាក់មានភាពច្របូកច្របល់នៅក្នុងជំនឿរបស់ពួកគេលើទ្រង់ ដែលមិនស្គាល់ផ្លូវដេញតាមសេចក្តីពិត តើព្រះជាម្ចាស់មានឥរិយាបថបែបណាទៅ? អ្នករាល់គ្នាមិនប្រាកដឡើយ មែនទេ? «ការច្របូកច្របល់» ជាឥរិយាបថមួយ មិនមែនជាអំពើបាបឡើយ ហើយវាក៏មិនបំពានលើព្រះជាម្ចាស់ដែរ។ មនុស្សមានអារម្មណ៍ថា វាមិនមែនជាផ្នែកមួយនៃកំហុសដ៏ធំឡើយ។ ដូច្នេះ សាកប្រាប់ខ្ញុំមើល៍ តើព្រះជាម្ចាស់មានឥរិយាបថបែបណាទៅចំពោះករណីនេះ? (ទ្រង់មិនព្រមទទួលស្គាល់ពួកគេឡើយ។) «ការមិនព្រមទទួលស្គាល់» តើនេះជាឥរិយាបថបែបណាទៅ? វាមានន័យថា ព្រះជាម្ចាស់មើលងាយមនុស្សទាំងនេះ ហើយមិនទទួលពួកគេឡើយ! របៀបដែលទ្រង់ដោះស្រាយជាមួយមនុស្សបែបនេះ គឺជាការបដិសេធពួកគេ។ វិធីសាស្ត្ររបស់ព្រះជាម្ចាស់ គឺទុកពួកគេចោលទៅម្ខាង មិនធ្វើការណាមួយទៅលើពួកគេ ហើយការនេះក៏រាប់បញ្ចូលទាំងកិច្ចការនៃការបំភ្លឺ ការស្រាយបំភ្លឺ ការវាយផ្ចាល និងការប្រៀនប្រដៅដែរ។ មនុស្សបែបនេះមិនត្រូវបានរាប់បញ្ចូលនៅក្នុងកិច្ចការរបស់ព្រះជាម្ចាស់ឡើយ។ តើព្រះជាម្ចាស់មានឥរិយាបថបែបណាចំពោះអស់អ្នកដែលធ្វើឲ្យនិស្ស័យរបស់ទ្រង់ខ្ញាល់ និងបំពានលើបញ្ញត្តិរដ្ឋបាលរបស់ទ្រង់? ស្អប់ខ្ពើមយ៉ាងខ្លាំងបំផុត! ព្រះជាម្ចាស់កំពុងតែមានព្រះពិរោធយ៉ាងខ្លាំងចំពោះមនុស្សដែលមិនទទួលស្គាល់កំហុសរបស់ខ្លួនអំពីការធ្វើឲ្យនិស្ស័យរបស់ទ្រង់ខ្ញាល់! «ខ្ញាល់» ជាពាក្យមួយបញ្ជាក់ពីអារម្មណ៍ប៉ុណ្ណោះ ហើយវាមិនឆ្លើយតបចំពោះឥរិយាបថដ៏ច្បាស់លាស់មួយឡើយ។ យ៉ាងណាមិញ អារម្មណ៍នេះនឹងនាំឲ្យមានលទ្ធផលមួយសម្រាប់មនុស្សបែបនេះ៖ វានឹងធ្វើឲ្យព្រះជាម្ចាស់ស្អប់ខ្ពើមយ៉ាងខ្លាំងបំផុត! តើអ្វីទៅជាលទ្ធផលកើតចេញពីការស្អប់ខ្ពើមដ៏ខ្លាំងបំផុតនេះ? លទ្ធផលគឺថា ព្រះជាម្ចាស់នឹងបោះបង់មនុស្សទាំងនេះចោល ហើយទ្រង់មិនឆ្លើយតបចំពោះពួកគេមួយរយៈ។ បន្ទាប់មក ទ្រង់នឹងចាំដោះស្រាយជាមួយពួកគេ «ក្រោយរដូវស្លឹកឈើជ្រុះ។» តើវាមានន័យដូចម្ដេចទៅ? តើមនុស្សទាំងនេះនឹងនៅតែមានលទ្ធផលទៀតឬ? ព្រះជាម្ចាស់គ្មានបំណងប្រទានលទ្ធផលណាមួយដល់មនុស្សទាំងនេះឡើយ! ដូច្នេះ តើវាមិនមែនជារឿងធម្មតាទេឬ ដែលព្រះជាម្ចាស់មិនឆ្លើយតបចំពោះមនុស្សបែបនេះក្នុងពេលឥឡូវ? (មែនហើយ វាជារឿងធម្មតា។) តើមនុស្សបែបនេះគួរតែត្រៀមខ្លួនធ្វើអ្វីខ្លះទៅ? ពួកគេគួរតែត្រៀមខ្លួនទទួលយកផលវិបាកអវិជ្ជមានដែលកើតចេញពីឥរិយាបថរបស់គេ និងចេញពីទង្វើអាក្រក់ដែលពួកគេបានប្រព្រឹត្ត។ នេះគឺជាការឆ្លើយតបរបស់ព្រះជាម្ចាស់ចំពោះមនុស្សបែបនេះ។ ដូច្នេះ ឥឡូវ ខ្ញុំចង់និយាយច្បាស់ៗទៅកាន់មនុស្សបែបនេះថា៖ មិនត្រូវប្រកាន់ខ្ជាប់គំនិតខុសឆ្គងរបស់អ្នកទៀតឡើយ ហើយមិនត្រូវពាក់ព័ន្ធនឹងគំនិតបែបផ្សងព្រេងទៀតដែរ។ ព្រះជាម្ចាស់នឹងមិនអត់ឱនចំពោះមនុស្សជារៀងរហូតនោះឡើយ។ ទ្រង់នឹងមិនទ្រាំទ្រចំពោះសេចក្តីរំលង ឬការមិនស្ដាប់បង្គាប់របស់គេជានិច្ចនិរន្តរ៍ឡើយ។ អ្នកខ្លះនឹងនិយាយថា «ខ្ញុំបានឃើញមនុស្សបែបនេះពីរបីនាក់ដែរ ហើយនៅពេលដែលពួកគេអធិស្ឋាន ពួកគេមានអារម្មណ៍យ៉ាងពិសេសថា ព្រះជាម្ចាស់បានប៉ះពាល់ពួកគេ ហើយបន្ទាប់មក ពួកគេបានយំយ៉ាងជូរចត់។ ជានិច្ចកាល ពួកគេក៏សប្បាយចិត្តខ្លាំងដែរ ហើយពួកគេហាក់ដូចជាមានព្រះវត្តមាន និងការដឹកនាំរបស់ព្រះជាម្ចាស់នៅជាមួយពួកគេដែរ។» សូមកុំនិយាយសម្ដីដ៏គ្មានន័យបែបនេះឡើយ! ទឹកភ្នែកដ៏ជូរចត់មិនប្រាកដជាមានន័យថា ព្រះជាម្ចាស់កំពុងតែប៉ះពាល់គេ ឬគេរីករាយនឹងព្រះវត្តមានរបស់ព្រះជាម្ចាស់ និងការដឹកនាំរបស់ទ្រង់នោះឡើយ។ ប្រសិនបើមនុស្សធ្វើឲ្យព្រះជាម្ចាស់ខ្ញាល់ តើទ្រង់នឹងនៅតែដឹកនាំពួកគេដែរឬទេ? ជារួមមក នៅពេលដែលព្រះជាម្ចាស់សម្រេចព្រះទ័យលុបបំបាត់ចោល និងបោះបង់មនុស្សម្នាក់ លទ្ធផលរបស់បុគ្គលនោះក៏បាត់បង់រួចទៅហើយ។ ទោះបីជានៅពេលដែលពួកគេអធិស្ឋាន ពួកគេសម្ដែងអារម្មណ៍រីករាយបែបណា ឬពួកគេមានជំនឿលើព្រះជាម្ចាស់នៅក្នុងដួងចិត្តរបស់គេយ៉ាងណាក៏ដោយ ក៏វាមិនសំខាន់ដែរ។ អ្វីដែលសំខាន់គឺថា ព្រះជាម្ចាស់មិនត្រូវការសេចក្តីជំនឿបែបនេះឡើយ ព្រោះទ្រង់បានច្រានមនុស្សទាំងនេះចោលរួចហើយ។ របៀបដោះស្រាយជាមួយពួកគេទៅថ្ងៃអនាគត ក៏មិនសំខាន់ដែរ។ អ្វីដែលសំខាន់គឺថា ដោយសារតែមនុស្សទាំងនេះបានធ្វើឲ្យព្រះជាម្ចាស់ខ្ញាល់ ដូច្នេះ លទ្ធផលរបស់គេត្រូវបានកំណត់ទុករួចហើយ។ ប្រសិនបើព្រះជាម្ចាស់បានសម្រេចព្រះទ័យមិនសង្រ្គោះមនុស្សបែបនេះ នោះពួកគេនឹងត្រូវបោះបង់ចោល ដើម្បីទទួលទោសមិនខាន។ នេះហើយជាឥរិយាបថរបស់ព្រះជាម្ចាស់។

ទោះបីជាសារជាតិរបស់ព្រះជាម្ចាស់មានផ្ទុកសមាសធាតុនៃសេចក្តីស្រឡាញ់ ហើយទោះបីជាទ្រង់មានសេចក្តីមេត្តាករុណាចំពោះមនុស្សម្នាក់ៗក៏ដោយ ក៏មនុស្សបានមើលរំលង និងបំភ្លេចចោលការពិតដែលថា សារជាតិរបស់ទ្រង់ក៏មានសេចក្តីថ្លៃថ្នូរដែរ។ ការដែលទ្រង់មានសេចក្តីស្រឡាញ់ មិនមែនមានន័យថា មនុស្សអាចបំពានទ្រង់តាមទំនើងចិត្ត ដោយមិនបញ្ឆេះអារម្មណ៍របស់ទ្រង់ ឬធ្វើឲ្យទ្រង់មានប្រតិកម្មនោះឡើយ ហើយការដែលទ្រង់មានសេចក្តីមេត្តាករុណា ក៏មិនមែនមានន័យថា ទ្រង់គ្មានគោលការណ៍ទាក់ទងនឹងរបៀបដែលទ្រង់ប្រព្រឹត្តចំពោះមនុស្សនោះដែរ។ ព្រះជាម្ចាស់មានព្រះជន្មរស់ ហើយទ្រង់ពិតជាមានអត្ថិភាពមែន។ ទ្រង់មិនមែនជារូបអាយ៉ងដែលគេស្រមៃ ឬជាវត្ថុណាមួយនោះឡើយ។ ទាក់ទងនឹងការដែលទ្រង់មានព្រះជន្មមែន យើងគួរតែស្ដាប់ព្រះសូរសៀងនៃព្រះហឫទ័យរបស់ទ្រង់ដោយប្រុងប្រយ័ត្នគ្រប់ពេលវេលា យកចិត្តទុកដាក់ចំពោះឥរិយាបថរបស់ទ្រង់ ហើយព្យាយាមយល់អំពីអារម្មណ៍របស់ទ្រង់។ យើងមិនគួរប្រើការស្រមើស្រមៃរបស់មនុស្ស ដើម្បីកំណត់អត្ថន័យព្រះជាម្ចាស់ ឬមិនគួរបង្ខំឲ្យទ្រង់ធ្វើតាមគំនិត ឬបំណងប្រាថ្នារបស់មនុស្ស ដោយឲ្យព្រះជាម្ចាស់ប្រព្រឹត្តចំពោះមនុស្សទៅតាមការស្រមើស្រមៃរបស់មនុស្សនោះឡើយ។ ប្រសិនបើអ្នកធ្វើបែបនេះ អ្នកកំពុងតែធ្វើឲ្យព្រះជាម្ចាស់ខ្ញាល់ កំពុងតែល្បួងសេចក្ដីក្រោធរបស់ទ្រង់ និងប៉ះពាល់ដល់សេចក្តីថ្លៃថ្នូររបស់ទ្រង់ហើយ! ដូច្នេះ នៅពេលដែលអ្នករាល់គ្នាចាប់ផ្ដើមយល់អំពីភាពធ្ងន់ធ្ងរនៃរឿងនេះ ខ្ញុំសូមដាស់តឿនអ្នករាល់គ្នាម្នាក់ៗថា អ្នកគួរតែប្រុងប្រយ័ត្ន និងប្រព្រឹត្តដោយប្រាជ្ញាផងនៅក្នុងទង្វើរបស់អ្នក។ ចូរប្រុងប្រយ័ត្ន និងមានប្រាជ្ញានៅក្នុងការនិយាយស្ដីរបស់អ្នក ហើយទាក់ទងនឹងរបៀបដែលអ្នកប្រព្រឹត្តចំពោះព្រះជាម្ចាស់វិញ បើអ្នកមានការប្រុងប្រយ័ត្ន និងមានប្រាជ្ញាកាន់តែច្រើន នោះវាកាន់តែប្រសើរ! នៅពេលដែលអ្នកមិនយល់អំពីឥរិយាបថរបស់ព្រះជាម្ចាស់ ចូររៀនចេះទប់មាត់កុំនិយាយពាក្យសម្ដីផ្ដេសផ្ដាស ត្រូវចេះប្រុងប្រយ័ត្នជាមួយទង្វើរបស់អ្នក ហើយមិនត្រូវនិយាយទទឹងទិសនោះឡើយ។ កាន់តែសំខាន់ទៀតនោះគឺ មិនត្រូវឆាប់ធ្វើសេចក្តីសន្និដ្ឋានតាមអំពើចិត្តឡើយ។ ផ្ទុយទៅវិញ អ្នកគួរតែរង់ចាំ និងស្វែងរក ព្រោះទង្វើទាំងនេះក៏ជាការស្ដែងចេញអំពីការកោតខ្លាចព្រះជាម្ចាស់ និងការគេចចេញពីសេចក្ដីអាក្រក់ដែរ។ លើសពីនេះទៅទៀត ប្រសិនបើអ្នកអាចសម្រេចការនេះបាន ហើយបើអ្នកមានឥរិយាបថបែបនេះទៀត នោះព្រះជាម្ចាស់នឹងមិនស្ដីបន្ទោសអ្នកចំពោះភាពល្ងង់ខ្លៅ ភាពល្ងីល្ងើ និងកង្វះការយល់ដឹងរបស់អ្នកអំពីហេតុផលដែលនៅពីក្រោយនោះឡើយ។ ផ្ទុយទៅវិញ ដោយសារតែអ្នកមានឥរិយាបថខ្លាចបំពានព្រះជាម្ចាស់ គោរពចំពោះបំណងព្រះហឫទ័យរបស់ទ្រង់ និងព្រមស្ដាប់បង្គាប់តាមទ្រង់ នោះព្រះជាម្ចាស់នឹងនឹកចាំពីអ្នក ដឹកនាំ និងបំភ្លឺអ្នក ឬអត់ឱនចំពោះភាពក្មេងខ្ចី និងភាពល្ងង់ខ្លៅរបស់អ្នកមិនខាន។ ផ្ទុយទៅវិញ បើឥរិយាបថរបស់អ្នកចំពោះទ្រង់ជាការមិនគោរព ការវិនិច្ឆ័យទ្រង់ តាមចិត្តដែលអ្នកចង់ ឬចេះតែស្មាន និងកំណត់អត្ថន័យតាមទំនើងចិត្តចំពោះព្រះតម្រិះរបស់ទ្រង់ នោះព្រះជាម្ចាស់នឹងថ្កោលទោសអ្នក ប្រៀនប្រដៅអ្នក ហើយថែមទាំងដាក់ទោសអ្នកទៀតផង ឬក៏ទ្រង់អាចនឹងមានបន្ទូលផ្ដល់យោបល់ដល់អ្នក។ ប្រហែលជាការផ្ដល់យោបល់នេះនឹងបញ្ចូលនៅក្នុងលទ្ធផលរបស់អ្នក។ ដូច្នេះហើយ បានជាខ្ញុំចង់បញ្ជាក់ម្ដងទៀតថា៖ អ្នករាល់គ្នាម្នាក់ៗគួរតែប្រុងប្រយ័ត្ន និងមានប្រាជ្ញាអំពីអ្វីៗគ្រប់យ៉ាងដែលចេញមកពីព្រះជាម្ចាស់។ មិនត្រូវនិយាយផ្ដេសផ្ដាស ហើយក៏មិនត្រូវធ្វេសប្រហែសនៅក្នុងទង្វើរបស់អ្នកដែរ។ មុនពេលដែលអ្នកនិយាយអ្វីមួយ អ្នកគួរគិតសិនថា៖ តើទង្វើរបស់ខ្ញុំនឹងធ្វើឲ្យព្រះជាម្ចាស់ខ្ញាល់ឬទេ? ដោយធ្វើបែបនេះ តើខ្ញុំកំពុងតែគោរពស្រឡាញ់ព្រះជាម្ចាស់ឬទេ? ទោះបីនៅក្នុងរឿងដ៏សាមញ្ញក៏ដោយ ក៏អ្នកគួរតែព្យាយាមស្វែងយល់អំពីសំណួរទាំងនេះ ហើយចំណាយពេលពិចារណាអំពីសំណួរទាំងនេះបន្ថែមទៀតដែរ។ ប្រសិនបើអ្នកអាចអនុវត្តបានយ៉ាងពិតប្រាកដស្របតាមគោលការណ៍ទាំងនេះនៅគ្រប់ទិដ្ឋភាព នៅគ្រប់កិច្ចការ គ្រប់ពេលវេលា ហើយមានឥរិយាបថបែបនេះ ជាពិសេស នៅពេលដែលអ្នកមិនយល់អំពីអ្វីមួយ នោះព្រះជាម្ចាស់នឹងតែងតែដឹកនាំអ្នក និងប្រទានដល់អ្នកនូវផ្លូវមួយក្នុងការដើរតាមមិនខាន។ ទោះបីជាមនុស្សខំប្រឹងសម្ដែងបែបណាក៏ដោយ ក៏ព្រះជាម្ចាស់ទតឃើញពួកគេយ៉ាងច្បាស់ និងយ៉ាងស្រួល ហើយទ្រង់នឹងប្រទាននូវការវាយតម្លៃដ៏សុក្រឹត្យ និងត្រឹមត្រូវចំពោះការសម្ដែងរបស់អ្នក។ ក្រោយពេលដែលអ្នកបានឆ្លងកាត់ការល្បងលចុងក្រោយ នោះព្រះជាម្ចាស់នឹងយកគ្រប់ទាំងអាកប្បកិរិយារបស់អ្នក ហើយធ្វើការបូកសរុប ដើម្បីកំណត់លទ្ធផលរបស់អ្នក។ លទ្ធផលនេះនឹងធ្វើឲ្យមនុស្សគ្រប់រូបជឿទាំងស្រុង ដោយគ្មានមន្ទិលសង្ស័យណាមួយឡើយ។ អ្វីដែលខ្ញុំចង់ប្រាប់អ្នករាល់គ្នានៅត្រង់នេះ គឺថា៖ គ្រប់ទង្វើរបស់អ្នករាល់គ្នា គ្រប់សកម្មភាពរបស់អ្នករាល់គ្នា និងគ្រប់គំនិតរបស់អ្នករាល់គ្នា សុទ្ធតែកំណត់ពីវាសនារបស់អ្នករាល់គ្នា។

តើនរណាជាអ្នកកំណត់លទ្ធផលរបស់មនុស្ស?

មានរឿងមួយទៀតដែលសំខាន់បំផុតដែលត្រូវពិភាក្សា ហើយរឿងនោះគឺជាឥរិយាបថរបស់អ្នករាល់គ្នាចំពោះព្រះជាម្ចាស់។ ឥរិយាបថនេះពិតជាសំខាន់ណាស់! វាកំណត់ថាតើនៅទីចុងបំផុត អ្នករាល់គ្នានឹងដើរទៅរកសេចក្តីវិនាសអន្តរាយ ឬក៏ទៅរកវាសនាដ៏ស្រស់បំព្រងដែលព្រះជាម្ចាស់បានរៀបចំទុកសម្រាប់អ្នករាល់គ្នា។ នៅក្នុងយុគសម័យនៃនគរព្រះ ព្រះជាម្ចាស់បានធ្វើការរយៈពេលជាងម្ភៃឆ្នាំរួចហើយ ហើយប្រហែលជានៅក្នុងរយៈពេលជាងពីរទសវត្សរ៍នេះ នៅក្នុងជម្រៅចិត្តអ្នករាល់គ្នាប្រហែលជាមិនសូវដឹងអំពីរបៀបដែលអ្នករាល់គ្នាបានប្រព្រឹត្តឡើយ។ ប៉ុន្ដែ នៅក្នុងព្រះហឫទ័យរបស់ព្រះជាម្ចាស់ ទ្រង់បានកត់ត្រាទុកអំពីរឿងពិត និងជាក់ស្ដែងអំពីអ្នករាល់គ្នាម្នាក់ៗ។ ចាប់តាំងពីពេលដែលបុគ្គលម្នាក់ៗបានចាប់ផ្ដើមដើរតាមទ្រង់ និងស្ដាប់ឮសេចក្ដីអធិប្បាយរបស់ទ្រង់ ហើយបន្ដិចម្ដងៗ យល់ដឹងកាន់តែច្រើនអំពីសេចក្តីពិត ហើយរហូតដល់ពេលដែលមនុស្សម្នាក់ៗចាប់ផ្ដើមបំពេញភារកិច្ចរបស់ខ្លួន ព្រះជាម្ចាស់បានកត់ត្រាទុកគ្រប់ទាំងការដែលមនុស្សម្នាក់ៗបានប្រព្រឹត្ត។ ក្នុងពេលបំពេញភារកិច្ចរបស់ពួកគេ និងបានជួបគ្រប់ទាំងមជ្ឈដ្ឋាន និងការល្បងល តើមនុស្សមានឥរិយាបថបែបណាខ្លះទៅ? តើពួកគេប្រព្រឹត្តដោយរបៀបណាទៅ? តើពួកគេមានអារម្មណ៍ដូចម្ដេចទៅចំពោះព្រះជាម្ចាស់នៅក្នុងដួងចិត្តរបស់ពួកគេ?... ព្រះជាម្ចាស់មានបញ្ជីមួយអំពីរឿងទាំងអស់នេះ ហើយទ្រង់បានកត់ត្រាទុកគ្រប់រឿងទាំងអស់នេះ។ ចេញពីទស្សនៈរបស់អ្នករាល់គ្នា ប្រហែលជារឿងទាំងនេះកំពុងតែច្របូកច្របល់។ ប៉ុន្ដែ ចេញពីគោលជំហររបស់ព្រះជាម្ចាស់វិញ អ្វីៗទាំងអស់នោះស្ដែងចេញឲ្យឃើញយ៉ាងច្បាស់ ហើយវាគ្មានតម្រុយទាល់តែសោះអំពីភាពធ្វេសប្រហែស។ នេះជាបញ្ហាមួយទាក់ទងនឹងលទ្ធផលរបស់មនុស្សម្នាក់ៗ ហើយក៏ប៉ះពាល់ដល់វាសនា និងអនាគតរបស់មនុស្សម្នាក់ៗដែរ ហើយលើសពីនេះទៅទៀត នេះជាទីកន្លែងដែលព្រះជាម្ចាស់លះបង់កិច្ចខិតខំប្រឹងយ៉ាងរបស់ទ្រង់ ដូច្នេះ ព្រះជាម្ចាស់នឹងមិនព្រងើយកន្ដើយចំពោះកិច្ចការនេះបន្ដិចសោះឡើយ ហើយទ្រង់ក៏មិនអត់ឱនចំពោះទង្វើដែលធ្វេសប្រហែសនោះដែរ។ ព្រះជាម្ចាស់កំពុងតែកត់ត្រារឿងរបស់មនុស្សជាតិ កត់ត្រាអំពីដំណើរទាំងមូលរបស់មនុស្សនៅក្នុងការដែលពួកគេដើរតាមព្រះជាម្ចាស់ ចាប់តាំងពីដើមដំបូង រហូតដល់ទីចុងបញ្ចប់។ ឥរិយាបថរបស់អ្នកចំពោះព្រះជាម្ចាស់ក្នុងកំឡុងពេលនេះ បានកំណត់ពីវាសនារបស់អ្នក។ តើនេះមិនមែនជាការពិតទេឬ? ឥឡូវនេះ តើអ្នកជឿដែរឬទេថា ព្រះជាម្ចាស់ជាព្រះដ៏សុចរិត? តើទង្វើរបស់ទ្រង់ត្រឹមត្រូវដែរឬទេ? តើអ្នករាល់គ្នានៅតែមានការស្រមើស្រមៃណាផ្សេងអំពីព្រះជាម្ចាស់នៅក្នុងគំនិតរបស់អ្នកទៀតឬ? (អត់ទេ) បើដូច្នេះ តើអ្នករាល់គ្នានឹងនិយាយថា លទ្ធផលរបស់មនុស្សទុកឲ្យព្រះជាម្ចាស់ជាអ្នកកំណត់ ឬក៏ទុកឲ្យមនុស្សជាអ្នកកំណត់ដោយខ្លួនឯង? (ពួកគេត្រូវឲ្យព្រះជាម្ចាស់ជាអ្នកកំណត់។) តើនរណាទៅជាអ្នកកំណត់វាសនារបស់ពួកគេ? (ព្រះជាម្ចាស់) តើអ្នកនៅមិនទាន់ច្បាស់ទៀតឬ? បងប្អូនប្រុសស្រីមកពីទីក្រុងហុងកុង សូមនិយាយបន្តិចមើល៍ តើនរណាជាអ្នកកំណត់វាសនារបស់គេទៅ? (មនុស្សត្រូវកំណត់វាសនារបស់ខ្លួន) តើមនុស្សជាអ្នកកំណត់ជោគវាសនារបស់ខ្លួនឬ? តើនេះមិនមែនមានន័យថា លទ្ធផលរបស់មនុស្សគ្មានទាក់ទងអ្វីជាមួយព្រះជាម្ចាស់ទេឬ? បងប្អូនប្រុសស្រីមកពីកូរ៉េខាងត្បូង សូមនិយាយបន្តិចមើល៍។ (ព្រះជាម្ចាស់កំណត់លទ្ធផលរបស់មនុស្ស ស្របតាមសកម្មភាព និងទង្វើរបស់ពួកគេ ហើយក៏ស្របជាមួយផ្លូវដែលពួកគេកំពុងដើរដែរ។) នេះគឺជាចម្លើយដ៏ច្បាស់លាស់ណាស់។ នៅត្រង់នេះ មានការពិតមួយដែលខ្ញុំត្រូវតែប្រាប់អ្នករាល់គ្នា៖ នៅលើដំណើរផ្លូវនៃកិច្ចការសង្រ្គោះរបស់ព្រះជាម្ចាស់ ទ្រង់បានកំណត់នូវបទដ្ឋានមួយសម្រាប់មនុស្ស។ បទដ្ឋាននេះគឺថា ពួកគេត្រូវតែស្ដាប់តាមព្រះបន្ទូលរបស់ព្រះជាម្ចាស់ និងដើរនៅលើផ្លូវរបស់ព្រះជាម្ចាស់។ បទដ្ឋាននេះហើយដែលត្រូវបានប្រើ ដើម្បីថ្លឹងថ្លែងអំពីលទ្ធផលរបស់មនុស្ស។ ប្រសិនបើអ្នកអនុវត្តស្របតាមបទដ្ឋានរបស់ព្រះជាម្ចាស់មួយនេះ នោះអ្នកអាចទទួលបានលទ្ធផលល្អ។ ប្រសិនបើអ្នកមិនអនុវត្តតាមទេ នោះអ្នកមិនអាចទទួលបានលទ្ធផលល្អឡើយ។ បើដូច្នេះ តើអ្នកនឹងនិយាយថា នរណាទៅជាអ្នកកំណត់លទ្ធផលនេះ? គឺមិនមែនជាព្រះជាម្ចាស់តែមួយអង្គឡើយ ដែលកំណត់នូវលទ្ធផលនេះ ប៉ុន្តែ គឺព្រះជាម្ចាស់ និងមនុស្សជាអ្នកកំណត់មួយគ្នា។ តើការនេះត្រឹមត្រូវឬទេ? (មែនហើយ) ហេតុអ្វីបានជាដូច្នេះ? នោះគឺដោយសារតែព្រះជាម្ចាស់សព្វព្រះហឫទ័យចង់ចូលរួមយ៉ាងសកម្មនៅក្នុងកិច្ចការនៃសេចក្ដីសង្រ្គោះរបស់មនុស្សជាតិ ហើយរៀបចំវាសនាដ៏ល្អមួយសម្រាប់មនុស្សជាតិ ដូច្នេះ មនុស្សគឺជាកម្មវត្ថុនៃកិច្ចការរបស់ព្រះជាម្ចាស់ ហើយលទ្ធផលនេះ វាសនានេះ គឺជាអ្វីដែលព្រះជាម្ចាស់រៀបចំសម្រាប់ពួកគេ។ បើទ្រង់ធ្វើការដោយគ្មានកម្មវត្ថុទេ នោះទ្រង់នឹងមិនចាំបាច់ធ្វើកិច្ចការនេះឡើយ។ ប្រសិនបើទ្រង់មិនធ្វើកិច្ចការនេះទេ នោះមនុស្សនឹងមិនមានឱកាសទទួលបានសេចក្តីសង្រ្គោះឡើយ។ មនុស្សគឺជាបុគ្គលដែលត្រូវទទួលបានការសង្រ្គោះ ហើយទោះបីជាការទទួលបានការសង្រ្គោះ គឺជាផ្នែកដ៏អកម្មនៃដំណើរការនេះក៏ដោយ ប៉ុន្តែ វាគឺជាឥរិយាបថរបស់មនុស្សដែលកំពុងតែដើរតួនាទីនេះ ដែលកំណត់ថាតើព្រះជាម្ចាស់នឹងទទួលបានជោគជ័យនៅក្នុងកិច្ចការសង្រ្គោះមនុស្សជាតិរបស់ទ្រង់ឬអត់។ ប្រសិនបើព្រះជាម្ចាស់មិនប្រទានការចង្អុលបង្ហាញដល់អ្នកទេ នោះអ្នកនឹងមិនដឹងអំពីបទដ្ឋានរបស់ទ្រង់ឡើយ ហើយអ្នកក៏មិនមានកម្មវត្ថុនោះដែរ។ ប្រសិនបើអ្នកមានបទដ្ឋាន ឬកម្មវត្ថុនេះ ប៉ុន្តែ អ្នកនៅតែមិនសហការ មិនអនុវត្ត ឬមិនបង់ថ្លៃទេ នោះអ្នកនឹងមិនទទួលបានលទ្ធផលនេះឡើយ។ សម្រាប់ហេតុផលនេះ ខ្ញុំចង់និយាយថា លទ្ធផលរបស់មនុស្សម្នាក់មិនអាចដាច់ចេញពីព្រះជាម្ចាស់ឡើយ ហើយវាក៏មិនអាចដាច់ចេញពីមនុស្សដែរ។ ឥឡូវនេះ អ្នករាល់គ្នាគួរតែដឹងថានរណាជាអ្នកកំណត់ពីលទ្ធផលរបស់មនុស្សហើយ។

មនុស្សមានទំនោរដាក់កម្រិតព្រះជាម្ចាស់ ដោយផ្អែកលើបទពិសោធន៍

នៅពេលដែលប្រាស្រ័យទាក់ទងអំពីប្រធានបទនៃការស្គាល់ព្រះជាម្ចាស់ តើអ្នករាល់គ្នាបានកត់សម្គាល់អំពីអ្វីមួយឬទេ? តើអ្នកកត់សម្គាល់ដែរទេថា ឥរិយាបថរបស់ទ្រង់នាពេលសព្វថ្ងៃបានឆ្លងកាត់ការបំផ្លាស់បំប្រែ? តើឥរិយាបថរបស់ទ្រង់ចំពោះមនុស្សផ្លាស់ប្ដូរដែរឬទេ? តើទ្រង់នឹងតែងតែទ្រាំទ្របែបនេះ បង្ហាញសេចក្តីស្រឡាញ់ និងសេចក្តីមេត្តាករុណារបស់ទ្រង់ទៅកាន់មនុស្សដោយគ្មានដែនកំណត់ឬ? រឿងនេះក៏ពាក់ព័ន្ធនឹងសារជាតិរបស់ព្រះជាម្ចាស់ដែរ។ ចូរយើងត្រលប់ទៅកាន់សំណួរអំពីកូនពៅវង្វេងដែលបានលើកឡើងនៅខាងលើ។ ក្រោយបានសួរសំណួរហើយ ចម្លើយរបស់អ្នករាល់គ្នាមិនទាន់ច្បាស់លាស់ឡើយ។ អាចនិយាយម្យ៉ាងទៀតបានថា អ្នករាល់គ្នានៅតែមិនទាន់មានការយល់ដឹងដ៏ច្បាស់លាស់អំពីបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់នៅឡើយទេ។ បន្ថែមពីលើការដឹងថា ព្រះជាម្ចាស់ស្រឡាញ់មនុស្ស ពួកគេដាក់កម្រិតទ្រង់ជានិមិត្តសញ្ញានៃសេចក្តីស្រឡាញ់៖ ពួកគេជឿថា មិនថាពួកគេធ្វើអ្វី មិនថាពួកគេប្រព្រឹត្តដោយរបៀបណា មិនថាពួកគេប្រព្រឹត្តចំពោះព្រះជាម្ចាស់បែបណា ហើយមិនថាពួកគេមិនស្ដាប់បង្គាប់ទ្រង់យ៉ាងណានោះទេ ចំណុចទាំងអស់នេះគ្មានអ្វីមួយដែលសំខាន់ឡើយ ព្រោះថាព្រះជាម្ចាស់មានសេចក្តីស្រឡាញ់ ហើយសេចក្តីស្រឡាញ់របស់ទ្រង់គ្មានដែនកំណត់ និងមិនអាចវាស់វែងបានឡើយ។ ព្រះជាម្ចាស់មានសេចក្តីស្រឡាញ់ ដូច្នេះ ទ្រង់អាចអត់ឱនចំពោះមនុស្ស ហើយព្រះជាម្ចាស់មានសេចក្តីស្រឡាញ់ ដូច្នេះ ទ្រង់អាចមានសេចក្តីមេត្តាករុណាចំពោះមនុស្ស ចំពោះភាពក្មេងខ្ចីរបស់ពួកគេ ចំពោះភាពល្ងង់ខ្លៅរបស់ពួកគេ និងចំពោះការមិនស្ដាប់បង្គាប់របស់ពួកគេ។ តើវាពិតជាបែបនេះឬ? សម្រាប់អ្នកខ្លះ នៅពេលដែលពួកគេបានដកពិសោធន៍អំពីព្រះទ័យអត់ធ្មត់របស់ព្រះជាម្ចាស់បានម្ដង ឬបានពីរបីដង ពួកគេនឹងចាត់ទុកបទពិសោធន៍ទាំងនេះជាដើមទុននៅក្នុងការយល់ដឹងរបស់ពួកគេអំពីព្រះជាម្ចាស់ ទាំងជឿថា ទ្រង់នឹងមានព្រះហឫទ័យអត់ធ្មត់ និងមានសេចក្តីមេត្តាករុណាចំពោះពួកគេជារៀងរហូត បន្ទាប់មក នៅលើដំណើរផ្លូវនៃជីវិតរបស់គេ ពួកគេយកព្រះទ័យអត់ធ្មត់របស់ព្រះជាម្ចាស់នេះ មកធ្វើជាបទដ្ឋានមួយដែលនាំឲ្យទ្រង់ប្រព្រឹត្តចំពោះពួកគេ។ បន្ទាប់ពីបានដកពិសោធន៍សេចក្តីអត់ឱនរបស់ព្រះជាម្ចាស់បានម្ដង ក៏មានមនុស្សខ្លះនឹងកំណត់ព្រះជាម្ចាស់ថាជាព្រះដែលអត់ឱនជារៀងរហូត ហើយនៅក្នុងគំនិតរបស់គេ សេចក្តីអត់ឱននេះគឺគ្មានដែនកំណត់ គ្មានលក្ខខណ្ឌ ហើយថែមទាំងគ្មានគោលការណ៍ទាល់តែសោះ។ តើជំនឿបែបនេះត្រឹមត្រូវឬទេ? គ្រប់ពេលដែលកិច្ចការនៃសារជាតិ ឬនិស្ស័យរបស់ព្រះជាម្ចាស់ត្រូវបានពិភាក្សា អ្នករាល់គ្នាហាក់ដូចជាសុញគំនិត។ ដោយឃើញអ្នករាល់គ្នាបែបនេះ ធ្វើឲ្យខ្ញុំខ្វល់ខ្វាយយ៉ាងខ្លាំង។ អ្នករាល់គ្នាបានឮអំពីសេចក្តីពិតជាច្រើនទាក់ទងនឹងសារជាតិរបស់ព្រះជាម្ចាស់ ហើយអ្នករាល់គ្នាក៏បានស្ដាប់ឮកិច្ចពិភាក្សាជាច្រើនអំពីនិស្ស័យរបស់ទ្រង់ដែរ។ យ៉ាងណាមិញ នៅក្នុងគំនិតរបស់អ្នករាល់គ្នា បញ្ហាទាំងនេះ និងសេចក្តីពិតនៃទិដ្ឋភាពទាំងនេះ គ្រាន់តែជាការចងចាំផ្អែកលើទ្រឹស្ដី និងសំណេរព្រះបន្ទូលប៉ុណ្ណោះ ប៉ុន្តែ នៅក្នុងជីវិតប្រចាំថ្ងៃរបស់អ្នកវិញ គ្មាននរណាម្នាក់អាចដកពិសោធន៍ ឬមើលឃើញពីនិស្ស័យរបស់ព្រះជាម្ចាស់ដ៏ពិតប្រាកដនោះឡើយ។ ដូច្នេះ អ្នករាល់គ្នាសុទ្ធតែមានភាពច្របូកច្របល់នៅក្នុងជំនឿរបស់អ្នក។ អ្នករាល់គ្នាកំពុងតែជឿទាំងងងឹតងងុល រហូតដល់កម្រិតមួយដែលអ្នកមានឥរិយាបថដែលខ្វះការគោរពចំពោះព្រះជាម្ចាស់ ហើយថែមទាំងមិនឲ្យតម្លៃលើទ្រង់ផង។ តើឥរិយាបថរបស់អ្នករាល់គ្នាចំពោះព្រះជាម្ចាស់បែបនេះ នាំទៅរកអ្វីទៅ? វាតែងតែនាំឲ្យអ្នករាល់គ្នាធ្វើសេចក្តីសន្និដ្ឋានអំពីព្រះជាម្ចាស់។ នៅពេលដែលអ្នកបានទទួលចំណេះដឹងបន្ដិចបន្ដួច នោះអ្នកមានអារម្មណ៍ស្កប់ចិត្ត ដូចជាអ្នកបានទទួលព្រះជាម្ចាស់ទាំងស្រុងអ៊ីចឹង។ ក្រោយមកទៀត អ្នកចាប់ផ្ដើមសន្និដ្ឋានថា ព្រះជាម្ចាស់គឺបែបនេះ ហើយអ្នកមិនអនុញ្ញាតឲ្យទ្រង់ធ្វើចលនាដោយសេរីឡើយ។ លើសពីនេះទៅទៀត គ្រប់ពេលដែលព្រះជាម្ចាស់ធ្វើអ្វីមួយថ្មី អ្នកក៏បដិសេធមិនទទួលស្គាល់ថា ទ្រង់ជាព្រះជាម្ចាស់ឡើយ។ នៅថ្ងៃមួយ នៅពេលដែលព្រះជាម្ចាស់មានបន្ទូលថា «ខ្ញុំមិនស្រឡាញ់មនុស្សជាតិទៀតឡើយ ហើយខ្ញុំក៏នឹងមិនសម្ដែងសេចក្តីមេត្តាករុណាទៅកាន់មនុស្សទៀតដែរ។ ខ្ញុំលែងមានសេចក្តីអត់ឱន ឬព្រះហឫទ័យអត់ធ្មត់ចំពោះពួកគេទៀតហើយ។ ខ្ញុំឆ្អែតឆ្អន់ ហើយខ្ញុំស្អប់ខ្ពើម និងគ្មានសេចក្តីអាណិតអាសូរចំពោះពួកគេទៀតឡើយ។» ប្រយោគបែបនេះនឹងធ្វើឲ្យមានការទាស់ចិត្តយ៉ាងខ្លាំង។ អ្នកខ្លះថែមទាំងនិយាយថា៖ «ទ្រង់លែងជាព្រះរបស់ទូលបង្គំទៀតហើយ។ ទ្រង់លែងជាព្រះដែលទូលបង្គំចង់ដើរតាមទៀតហើយ។ ប្រសិនបើទ្រង់មានបន្ទូលបែបនេះមែន នោះទ្រង់គ្មានគុណសម្បត្តិគ្រប់គ្រាន់ក្នុងការធ្វើជាព្រះរបស់ទូលបង្គំឡើយ ហើយទូលបង្គំមិនចង់បន្ដដើរតាមទ្រង់ទៀតឡើយ។ ប្រសិនបើទ្រង់នឹងមិនប្រទានសេចក្តីមេត្តាករុណា សេចក្តីស្រឡាញ់ និងសេចក្តីអត់ឱនតទៅទៀត នោះទូលបង្គំនឹងឈប់ដើរតាមទ្រង់ហើយ។ ប្រសិនបើទ្រង់អត់ឱនចំពោះទូលបង្គំ ដោយគ្មានដែនកំណត់ តែងតែមានព្រះហឫទ័យអត់ធ្មត់ចំពោះទូលបង្គំ និងអនុញ្ញាតឲ្យទូលបង្គំមើលឃើញថា ទ្រង់ជាសេចក្តីស្រឡាញ់ ឃើញថា ទ្រង់មានព្រះហឫទ័យអត់ធ្មត់ និងឃើញទៀតថា ទ្រង់មានព្រះទ័យអត់ឱន នោះទូលបង្គំអាចដើរតាមទ្រង់ ហើយមានតែបែបនេះទេ ទើបទូលបង្គំនឹងមានទំនុកចិត្តក្នុងការដើរតាមទ្រង់រហូតដល់ទីបំផុត។ ដោយសារតែទូលបង្គំមានសេចក្តីអត់ធ្មត់ និងសេចក្តីមេត្តាករុណារបស់ទ្រង់ ដូច្នេះ ការមិនស្ដាប់បង្គាប់ និងសេចក្តីរំលងរបស់ទូលបង្គំអាចត្រូវបានអត់ទោស និងអធ្យាស្រ័យដោយគ្មានដែនកំណត់ ហើយទូលបង្គំអាចប្រព្រឹត្តអំពើបាបបានគ្រប់ពេល និងគ្រប់ទីកន្លែង លន់តួបាប ហើយទទួលបានការអត់ទោសនៅគ្រប់ពេល និងគ្រប់ទីកន្លែង ព្រមទាំងធ្វើឲ្យទ្រង់ខ្ញាល់នៅគ្រប់ពេល និងគ្រប់ទីកន្លែង។ ទ្រង់មិនគួរមានទស្សនៈ ឬការសន្និដ្ឋានណាមួយអំពីទូលបង្គំឡើយ។» ទោះបីគ្មានអ្នករាល់គ្នាណាម្នាក់ធ្លាប់គិតបែបនេះក្នុងរបៀបស្រមើស្រមៃ ឬក្នុងមនសិការក៏ដោយ ប៉ុន្តែ គ្រប់ពេលដែលអ្នកចាត់ទុកព្រះជាម្ចាស់ជាឧបករណ៍មួយ ដែលអ្នកប្រើប្រាស់ ដើម្បីអត់ទោសអំពើបាបរបស់អ្នក ឬជាវត្ថុមួយដែលត្រូវប្រើ ដើម្បីទទួលបានវាសនាដ៏ល្អ នោះអ្នកប្រើល្បិចដាក់ព្រះដ៏មានព្រះជន្មរស់ឲ្យប្រឆាំងនឹងអ្នក ទុកដូចជាសត្រូវរបស់ទ្រង់ហើយ។ នេះជាអ្វីដែលខ្ញុំមើលឃើញ។ អ្នកអាចបន្តនិយាយថា «ខ្ញុំជឿលើព្រះជាម្ចាស់» «ខ្ញុំស្វែងរកសេចក្តីពិត» «ខ្ញុំចង់ផ្លាស់ប្ដូរនិស្ស័យរបស់ខ្ញុំ» «ខ្ញុំចង់មានសេរីភាពពីឥទ្ធិពលនៃសេចក្តីងងឹត» «ខ្ញុំចង់បំពេញបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់» «ខ្ញុំចង់ចុះចូលចំពោះព្រះជាម្ចាស់» «ខ្ញុំចង់ស្មោះត្រង់ចំពោះព្រះជាម្ចាស់ និងបំពេញភារកិច្ចរបស់ខ្ញុំឲ្យបានល្អ» ជាដើម។ យ៉ាងណាមិញ ទោះបីសម្ដីរបស់អ្នកផ្អែមល្អែមប៉ុនណា ទោះបីអ្នកដឹងអំពីទ្រឹស្ដីច្រើនយ៉ាងណា ហើយទោះបីទ្រឹស្ដីនោះអស្ចារ្យ ឬថ្លៃថ្នូរបែបណាក៏ដោយ ក៏ការពិតនោះគឺថា ឥឡូវនេះ មានអ្នករាល់គ្នាជាច្រើននាក់ដែលបានរៀនរួចហើយអំពីរបៀបប្រើប្រាស់បទបញ្ញត្តិ គោលលទ្ធិ និងទ្រឹស្ដីដែលអ្នកបានរៀន ដើម្បីទាញសេចក្តីសន្និដ្ឋានអំពីព្រះជាម្ចាស់ ហើយជាលទ្ធផល អ្នកកំពុងតែប្រឆាំងនឹងទ្រង់ហើយ។ ទោះបីអ្នកអាចមានជំនាញខាងន័យពាក្យ និងគោលលទ្ធិក៏ដោយ ក៏អ្នកមិនទាន់បានចូលទៅក្នុងតថភាពជាក់ស្ដែងនៃសេចក្តីពិតនោះដែរ ដូច្នេះ វាពិតជាពិបាកសម្រាប់អ្នកក្នុងការចូលជិតព្រះជាម្ចាស់ ក្នុងការស្គាល់ទ្រង់ និងយល់ពីទ្រង់។ នេះជារឿងដ៏គួរឲ្យអាណោចអាធ័មណាស់!

ខ្ញុំបានឃើញឈុតឆាកខាងក្រោមនេះនៅក្នុងវីដេអូមួយ៖ បងប្អូនស្រីពីរបីនាក់មានសៀវភៅមួយក្បាលដែលមានចំណងជើងថា ព្រះបន្ទូលលេចមកក្នុងសាច់ឈាម ហើយពួកគេកំពុងតែលើកសៀវភៅនោះយ៉ាងខ្ពស់។ ពួកគេកំពុងតែលើកសៀវភៅនោះឡើងនៅកណ្ដាលចំណោមពួកគេ គឺខ្ពស់ជាងក្បាលរបស់គេទៅទៀត។ ទោះបីនេះគ្រាន់តែជារូបភាពមួយក៏ដោយ ប៉ុន្តែ អ្វីដែលវាផុសឡើងនៅក្នុងចិត្តរបស់ខ្ញុំនោះ មិនគ្រាន់តែជារូបភាពមួយឡើយ ផ្ទុយទៅវិញ វាបានធ្វើឲ្យខ្ញុំគិតថា អ្វីដែលមនុស្សគ្រប់គ្នាលើកតម្កើងយ៉ាងខ្ពស់នៅក្នុងដួងចិត្តរបស់គេ មិនមែនជាព្រះបន្ទូលរបស់ព្រះជាម្ចាស់ឡើយ ប៉ុន្តែ ជាសៀវភៅនៃព្រះបន្ទូលរបស់ព្រះជាម្ចាស់វិញ។ នេះគឺជារឿងមួយដ៏គួរឲ្យសោកស្ដាយណាស់។ ទង្វើបែបនេះមិនដូចគ្នាទៅនឹងការលើកតម្កើងព្រះជាម្ចាស់ឲ្យខ្ពស់នោះឡើយ ដោយសារតែកង្វះការយល់ដឹងរបស់អ្នកអំពីព្រះជាម្ចាស់បានធ្វើឲ្យអ្នកមកដល់ចំណុចនេះថា សូម្បីតែសំណួរដ៏ជាក់ស្ដែងបំផុតមួយ ដែលជាបញ្ហាដ៏តូចមួយ ក៏បាននាំឲ្យអ្នកបង្កើតសញ្ញាណផ្ទាល់ខ្លួនរបស់អ្នករាល់គ្នាដែរ។ នៅពេលដែលខ្ញុំសួរនាំអំពីជីវិតរបស់អ្នករាល់គ្នា ហើយខ្ញុំចង់ដឹងអំពីអ្នករាល់គ្នា អ្នករាល់គ្នាបែរជាឆ្លើយតបជាមួយការសន្និដ្ឋាន និងការស្រមើស្រមៃផ្ទាល់ខ្លួនទៅវិញ។ អ្នករាល់គ្នាខ្លះទៀតថែមទាំងបញ្ចេញជាសំឡេងបែបសង្ស័យ ហើយឆ្លើយសំណួររបស់ខ្ញុំ ទាំងមានចម្ងល់ទៀតផង។ ការនេះប្រាប់ខ្ញុំកាន់តែច្បាស់ថា ព្រះជាម្ចាស់ដែលអ្នករាល់គ្នាជឿនោះ មិនមែនជាព្រះដ៏ពិតឡើយ។ ក្រោយពីបានអានព្រះបន្ទូលរបស់ព្រះជាម្ចាស់អស់រយៈពេលជាច្រើនឆ្នាំមក អ្នករាល់គ្នាប្រើព្រះបន្ទូល ប្រើកិច្ចការរបស់ព្រះជាម្ចាស់ និងគោលលទ្ធិជាច្រើន ដើម្បីទាញសេចក្តីសន្និដ្ឋានអំពីទ្រង់ម្ដងទៀត។ លើសពីនេះទៅទៀត អ្នកថែមទាំងគ្មានបំណងចង់យល់ពីព្រះជាម្ចាស់ឡើយ។ អ្នកមិនដែលព្យាយាមស្វែងយល់ពីបំណងព្រះហឫទ័យរបស់ទ្រង់ ចង់យល់ពីឥរិយាបថរបស់ទ្រង់ដែលមានចំពោះមនុស្ស ឬចង់យល់ពីរបៀបដែលទ្រង់មានព្រះតម្រិះ ហេតុផលដែលទ្រង់ក្រៀមក្រំ ហេតុផលដែលទ្រង់ខ្ញាល់ ហេតុផលដែលទ្រង់ច្រានមនុស្សចោល និងសំណួរផ្សេងទៀតនោះឡើយ។ លើសពីនេះ មនុស្សកាន់តែច្រើនបែរជាជឿថា ព្រះជាម្ចាស់តែងតែស្ងប់ស្ងាត់បែបនេះ ដោយសារតែទ្រង់កំពុងតែទតមើលទង្វើរបស់មនុស្សជាតិ ដោយគ្មានឥរិយាបថ ឬព្រះតម្រិះអំពីពួកគេសោះឡើយ។ ប៉ុន្តែ មានមនុស្សមួយក្រុមទៀតដែលជឿថា ព្រះជាម្ចាស់មិនបញ្ចេញព្រះសូរសៀងសោះឡើយ ដោយសារតែទ្រង់បានព្រមទទួលយក ហើយបន្តនៅស្ងប់ស្ងាត់ ដោយសារតែទ្រង់កំពុងតែរង់ចាំ ឬដោយសារតែទ្រង់គ្មានឥរិយាបថអ្វីសោះឡើយ។ ពួកគេគិតថា ដោយសារតែឥរិយាបថរបស់ព្រះជាម្ចាស់ត្រូវបានបរិយាយយ៉ាងក្បោះក្បាយរួចហើយនៅក្នុងសៀវភៅ និងត្រូវបានបង្ហាញទាំងស្រុងទៅកាន់មនុស្សជាតិ ដូច្នេះ ទ្រង់មិនចាំបាច់មានបន្ទូលប្រាប់មនុស្សម្ដងហើយម្ដងទៀតនោះឡើយ។ ទោះបីព្រះជាម្ចាស់ស្ងប់ស្ងាត់ក៏ដោយ ក៏ទ្រង់នៅតែមានឥរិយាបថ និងទស្សនៈ ក៏ដូចជាបទដ្ឋានមួយដែលទ្រង់ទាមទារឲ្យមនុស្សរស់នៅតាមដែរ។ ទោះបីមនុស្សមិនព្យាយាមយល់អំពីទ្រង់ ឬស្វែងរកទ្រង់ក៏ដោយ ក៏ឥរិយាបថរបស់ព្រះជាម្ចាស់ត្រូវបានស្ដែងឲ្យឃើញយ៉ាងច្បាស់ដែរ។ សូមពិចារណាអំពីបុគ្គលម្នាក់ដែលធ្លាប់បានដើរតាមព្រះជាម្ចាស់យ៉ាងឆេះឆួល ប៉ុន្តែ ក្រោយមក ពួកគេបានបោះបង់ចោលទ្រង់ ហើយចាកចេញទៅ។ បើបុគ្គលនេះចង់ត្រលប់មកវិញឥឡូវ អ្វីដែលគួរឲ្យភ្ញាក់ផ្អើលនោះគឺ អ្នករាល់គ្នាមិនដឹងអំពីទស្សនៈរបស់ព្រះជាម្ចាស់ ឬឥរិយាបថរបស់ទ្រង់បែបណាឡើយ។ តើនេះមិនមែនជារឿងដ៏គួរឲ្យសោកស្ដាយទេឬអី? ការពិតនោះគឺថា នេះគឺជារឿងដែលរាក់កំផែលប៉ុណ្ណោះ។ ប្រសិនបើអ្នករាល់គ្នាបានយល់អំពីព្រះហឫទ័យរបស់ព្រះជាម្ចាស់យ៉ាងពិតប្រាកដ នោះអ្នករាល់គ្នានឹងដឹងអំពីឥរិយាបថរបស់ទ្រង់ដែលមានចំពោះបុគ្គលបែបនេះមិនខាន ហើយអ្នកនឹងមិនផ្ដល់ចម្លើយបែបស្រពេចស្រពិលនោះទេ។ ដោយសារតែអ្នករាល់គ្នាមិនដឹង ដូច្នេះ សូមអនុញ្ញាតឲ្យខ្ញុំជួយឲ្យអ្នករាល់គ្នាយល់ទៅចុះ។

ឥរិយាបថបស់ព្រះជាម្ចាស់ចំពោះអស់អ្នកដែលរត់ចេញ ក្នុងអំឡុងពេលនៃកិច្ចការរបស់ទ្រង់

មានមនុស្សបែបនេះនៅគ្រប់ទីកន្លែង៖ ក្រោយពេលដែលពួកគេបានដឹងច្បាស់អំពីផ្លូវរបស់ព្រះជាម្ចាស់ហើយ ដោយហេតុផលណាមួយ ពួកគេក៏ចាកចេញទៅស្ងាត់ៗ ដោយមិនបានលាគ្នា គឺពួកគេចេញទៅបាត់ ហើយធ្វើអ្វីតាមទំនើងចិត្តរបស់ពួកគេទៅវិញ។ ដោយសារតែពេលវេលាយើងខ្លី ដូច្នេះ យើងនឹងមិននិយាយអំពីហេតុផលដែលនាំឲ្យមនុស្សទាំងនេះចាកចេញឡើយ ប៉ុន្តែ ជាដំបូង យើងនឹងមើលទៅកាន់ឥរិយាបថរបស់ព្រះជាម្ចាស់ដែលមានចំពោះមនុស្សប្រភេទនេះ។ វាស្ដែងចេញឲ្យឃើញយ៉ាងច្បាស់! ចាប់តាំងពីពេលដែលមនុស្សទាំងនេះដើរចេញ នៅក្នុងព្រះនេត្ររបស់ព្រះជាម្ចាស់ រយៈពេលនៃសេចក្តីជំនឿរបស់ពួកគេក៏ត្រូវចប់ដែរ។ ការបញ្ចប់នេះមិនមែនមនុស្សជាអ្នកធ្វើឡើយ ប៉ុន្តែ ជាព្រះជាម្ចាស់វិញ។ ការដែលបុគ្គលនេះបានចាកចោលព្រះជាម្ចាស់ មានន័យថា ពួកគេបានបដិសេធព្រះជាម្ចាស់រួចទៅហើយ គេលែងចង់បានទ្រង់ទៀតហើយ ហើយគេក៏លែងទទួលបានសេចក្តីសង្រ្គោះរបស់ព្រះជាម្ចាស់ដែរ។ ដោយសារតែមនុស្សបែបនេះមិនចង់បានព្រះជាម្ចាស់ តើទ្រង់នៅតែសព្វព្រះហឫទ័យចង់បានពួកគេទៀតឬ? លើសពីនេះ នៅពេលដែលមនុស្សបែបនេះមានចិត្តឥរិយាបថបែបនេះនេះ ទស្សនៈបែបនេះ ហើយបានតាំងចិត្តចាកចេញពីព្រះជាម្ចាស់ ដូច្នេះ ពួកគេបានធ្វើឲ្យនិស្ស័យរបស់ព្រះជាម្ចាស់ខ្ញាល់រួចទៅហើយ។ ទោះបីជាពួកគេមិនបានកម្រោលខឹង ហើយជេរប្រទេចផ្ដាសាព្រះជាម្ចាស់ក៏ដោយ ទោះបីពួកគេមិនបានប្រព្រឹត្តឥរិយាបថដ៏ថោកទាប ឬជ្រុលហួសហេតុក៏ដោយ ហើយទោះបីជាមនុស្សទាំងនេះកំពុងតែគិតថា «ប្រសិនបើនៅថ្ងៃមួយ ខ្ញុំបានសប្បាយឆ្អែតឆ្អន់នៅខាងក្រៅហើយ ឬនៅពេលដែលខ្ញុំត្រូវការព្រះជាម្ចាស់សម្រាប់អ្វីមួយ នោះខ្ញុំនឹងត្រលប់មកវិញ។ ឬប្រសិនបើព្រះជាម្ចាស់ហៅខ្ញុំ នោះខ្ញុំនឹងត្រលប់មកវិ» ឬពួកគេនិយាយថា «នៅពេលដែលខ្ញុំឈឺចាប់នៅខាងក្រៅ ឬនៅពេលដែលខ្ញុំមើលឃើញថា ពិភពលោកខាងក្រៅងងឹតពេក និងអាក្រក់ពេក ហើយខ្ញុំលែងចង់ទៅតាមផ្លូវរបស់ពួកគេទៀត នោះខ្ញុំនឹងត្រលប់ទៅរកព្រះជាម្ចាស់វិញ។» ទោះបីជាមនុស្សទាំងនេះបានគិតគូរនៅក្នុងគំនិតរបស់ពួកគេអំពីពេលវេលាដ៏ជាក់លាក់ដែលពួកគេនឹងត្រលប់មកវិញ ហើយទោះបីជាពួកគេបានព្យាយាមបើកចំហទ្វារសម្រាប់ការវិលត្រលប់មកវិញរបស់ពួកគេក៏ដោយ ក៏ពួកគេមិនដឹងថា ទោះបីជាពួកគេជឿលើអ្វី ឬមានផែនការបែបណា ក៏នេះគ្រាន់តែជាការគិតបែបប៉ងប្រាថ្នាប៉ុណ្ណោះ។ កំហុសដ៏ធំបំផុតរបស់គេ គឺជាការមិនដឹងច្បាស់អំពីរបៀបដែលបំណងចង់ចាកចេញរបស់ពួកគេ ធ្វើឲ្យព្រះជាម្ចាស់មានអារម្មណ៍បែបណា។ ចាប់តាំងពីពេលដែលពួកគេសម្រេចចិត្តចាកចេញពីព្រះជាម្ចាស់ ទ្រង់ក៏បានបោះបង់ចោលពួកគេទាំងស្រុងដែរ ហើយតាំងពីពេលនោះមក ទ្រង់បានកំណត់នូវលទ្ធផលរបស់បុគ្គលនោះនៅក្នុងព្រះហឫទ័យរបស់ទ្រង់រួចទៅហើយ។ តើនោះជាលទ្ធផលអ្វីទៅ? លទ្ធផលនោះគឺថា បុគ្គលនេះនឹងក្លាយជាសត្វកណ្ដុរមួយក្បាលនៅក្នុងចំណោមសត្វកណ្ដុរជាច្រើនទៀត ហើយគេនឹងត្រូវវិនាសរួមជាមួយពួកគេមិនខាន។ ដូច្នេះ ជារឿយៗ មនុស្សមើលឃើញស្ថានភាពបែបនេះ៖ មនុស្សម្នាក់បោះបង់ចោលព្រះជាម្ចាស់ ប៉ុន្តែ គេមិនទទួលទោសឡើយ។ ព្រះជាម្ចាស់ធ្វើការស្របតាមគោលការណ៍របស់ទ្រង់។ មានគោលការណ៍ខ្លះ មនុស្សអាចមើលឃើញ ប៉ុន្តែ មានគោលការណ៍ខ្លះទៀត ព្រះជាម្ចាស់បានសម្រេចនៅក្នុងព្រះហឫទ័យរបស់ទ្រង់ ដូច្នេះ មនុស្សមិនអាចមើលឃើញលទ្ធផលនោះឡើយ។ ផ្នែកដែលមនុស្សអាចមើលឃើញ មិនប្រាកដថាជាផ្នែកដ៏ពិតនោះឡើយ ប៉ុន្តែ ផ្នែកម្ខាងទៀត ជាផ្នែកដែលអ្នកមើលមិនឃើញ មានផ្ទុកនូវព្រះតម្រិះ និងសេចក្តីសន្និដ្ឋានដ៏ពិតប្រាកដរបស់ព្រះជាម្ចាស់។

មនុស្សដែលរត់ចេញ ក្នុងអំឡុងពេលនៃកិច្ចការរបស់ព្រះជាម្ចាស់ គឺជាមនុស្សដែលបោះបង់ចោលផ្លូវដ៏ពិត

ដូច្នេះ តើព្រះជាម្ចាស់អាចប្រទានទោសដ៏ធ្ងន់ធ្ងរដល់មនុស្សប្រភេទនេះយ៉ាងដូចម្ដេចទៅ? ហេតុអ្វីបានជាទ្រង់ខ្ញាល់យ៉ាងខ្លាំងចំពោះពួកគេ? ជាដំបូង យើងត្រូវដឹងថា និស្ស័យរបស់ព្រះជាម្ចាស់ គឺជាឫទ្ធានុភាព និងព្រះពិរោធ។ ទ្រង់មិនមែនជាកូនចៀមដែលមនុស្សគ្រប់គ្នាអាចសម្លាប់ ហើយក៏មិនមែនជាអាយ៉ងដែលត្រូវបានគ្រប់គ្រងដោយមនុស្សតាមអំពើចិត្តរបស់គេនោះដែរ។ ទ្រង់ក៏មិនមែនជាព្រះមិនដឹងខ្យល់ ដែលចាំតែគេបញ្ជាក្បាលនោះដែរ។ ប្រសិនបើអ្នកពិតជាជឿថា ព្រះជាម្ចាស់មានអត្ថិភាពមែន នោះអ្នកគួរតែមានដួងចិត្តដែលកោតខ្លាចព្រះជាម្ចាស់ ហើយអ្នកគួរតែដឹងថា សារជាតិរបស់ទ្រង់មិនមែនជាសារជាតិមួយដែលមិនចេះខ្ញាល់នោះឡើយ។ សេចក្តីខ្ញាល់នេះអាចបង្កឡើង ដោយពាក្យសម្ដីមួយម៉ាត់ ឬប្រហែលជាគំនិតមួយ អាកប្បកិរិយាដែលគ្មានបានការ ឬសូម្បីតែអាកប្បកិរិយាស្លូតបូត ព្រោះវាជាអាកប្បកិរិយាមួយដែលសមគួរនៅក្នុងភ្នែក និងក្រមសីលធម៌របស់មនុស្ស ឬប្រហែលជាព្រះពិរោធនេះកើតឡើងដោយសារតែគោលលទ្ធិ ឬក៏ទ្រឹស្ដីមួយ។ យ៉ាងណាមិញ នៅពេលដែលអ្នកបានធ្វើឲ្យព្រះជាម្ចាស់ខ្ញាល់ ឱកាសរបស់អ្នកត្រូវបានបាត់បង់ ហើយថ្ងៃចុងក្រោយរបស់អ្នកបានមកដល់។ នេះជារឿងដ៏អាក្រក់ណាស់! ប្រសិនបើអ្នកមិនយល់ថា ព្រះជាម្ចាស់មិនអាចបំពានលើ នោះអ្នកប្រហែលជាមិនខ្លាចទ្រង់ឡើយ ហើយអ្នកនឹងមានទម្លាប់បំពានលើទ្រង់មិនខាន។ ប្រសិនបើអ្នកមិនដឹងពីរបៀបកោតខ្លាចព្រះជាម្ចាស់ទេ នោះអ្នកមិនអាចកោតខ្លាចព្រះជាម្ចាស់បានឡើយ ហើយអ្នកនឹងមិនដឹងពីរបៀបយកខ្លួនដើរនៅលើផ្លូវរបស់ព្រះជាម្ចាស់ ដែលជាការកោតខ្លាចព្រះជាម្ចាស់ និងការគេចចេញពីសេចក្ដីអាក្រក់នោះដែរ។ នៅពេលដែលអ្នកដឹង និងយល់ថា ព្រះជាម្ចាស់មិនអាចបំពានលើ នោះអ្នកនឹងដឹងពីអត្ថន័យនៃការកោតខ្លាចព្រះជាម្ចាស់ ហើយគេចចេញពីសេចក្ដីអាក្រក់មិនខាន។

ការដើរនៅក្នុងផ្លូវនៃការកោតខ្លាចព្រះជាម្ចាស់ និងការគេចចេញពីសេចក្ដីអាក្រក់ មិនសូវទាក់ទងនឹងចំនួននៃសេចក្តីពិតដែលអ្នកដឹង ចំនួននៃការល្បងលដែលអ្នកបានដកពិសោធន៍ ឬកម្រិតដែលអ្នកបានទទួលការប្រៀនប្រដៅនោះឡើយ។ ផ្ទុយទៅវិញ វាអាស្រ័យលើប្រភេទនៃឥរិយាបថដែលអ្នកមានចំពោះព្រះជាម្ចាស់នៅក្នុងដួងចិត្តរបស់អ្នក និងអាស្រ័យលើសារជាតិដែលអ្នកសម្ដែងចេញវិញទេ។ សារជាតិរបស់មនុស្ស និងចិត្តគំនិតដ៏ស្រមើស្រមៃរបស់គេ ពិតជាសំខាន់ណាស់។ ចំពោះអស់អ្នកដែលបានលះបង់ និងចាកចោលព្រះជាម្ចាស់ ឥរិយាបថដ៏គួរឲ្យខ្ពើមរបស់គេចំពោះទ្រង់ និងដួងចិត្តរបស់គេដែលស្អប់ខ្ពើមសេចក្តីពិត បានធ្វើឲ្យនិស្ស័យរបស់ព្រះជាម្ចាស់ខ្ញាល់រួចទៅហើយ ដូច្នេះ ចំពោះទ្រង់ ពួកគេនឹងមិនទទួលបានការអត់ទោសឡើយ។ ពួកគេបានដឹងអំពីអត្ថិភាពរបស់ព្រះជាម្ចាស់ បានដឹងព័ត៌មានថា ទ្រង់បានយាងត្រលប់មកវិញ ហើយថែមទាំងបានដកពិសោធន៍កិច្ចការថ្មីរបស់ព្រះជាម្ចាស់ទៀតផង។ ការចាកចេញរបស់គេមិនមែនជាករណីមួយនៃការយល់ខុស ឬការច្របូកច្របល់ ឬក៏ត្រូវបានបង្ខំឲ្យចាកចេញនោះឡើយ។ ផ្ទុយទៅវិញ ពួកគេបានជ្រើសរើសចាកចេញពីព្រះជាម្ចាស់ដោយខ្លួនឯង ទាំងមនសិការជ្រះថ្លា។ ការចាកចេញរបស់ពួកគេមិនមែនជារឿងវង្វេងផ្លូវ ឬក៏ត្រូវបោះបង់ចោលនោះឡើយ។ ដូច្នេះ នៅក្នុងព្រះនេត្ររបស់ព្រះជាម្ចាស់ ពួកគេមិនមែនជាកូនចៀមដែលបានវង្វេងចេញពីហ្វូង ហើយក៏មិនមែនជាកូនពៅដែលបានវង្វេងផ្លូវនោះដែរ។ ពួកគេបានចាកចេញជាមួយនិទណ្ឌភាព ហើយលក្ខខណ្ឌ ស្ថានភាពបែបនេះបានធ្វើឲ្យនិស្ស័យរបស់ព្រះជាម្ចាស់ខ្ញាល់ ហើយចេញពីសេចក្តីខ្ញាល់នេះហើយ ដែលទ្រង់ប្រទានឲ្យពួកគេនូវលទ្ធផលដែលគ្មានសង្ឃឹមនោះ។ តើលទ្ធផលប្រភេទនេះមិនគួរឲ្យខ្លាចទេឬ? ប្រសិនបើមនុស្សមិនស្គាល់ព្រះជាម្ចាស់ នោះពួកគេអាចបំពានលើទ្រង់។ នេះមិនមែនជារឿងតូចតាចឡើយ! ប្រសិនបើមនុស្សមិនយកចិត្តទុកដាក់លើឥរិយាបថរបស់ព្រះជាម្ចាស់ទេ ហើយនៅតែជឿថា ទ្រង់កំពុងតែទន្ទឹងរង់ចាំការវិលត្រលប់មកវិញរបស់ពួកគេ ដោយសារតែពួកគេជាកូនចៀមរបស់ទ្រង់ដែលវង្វេង ហើយទ្រង់នៅតែរង់ចាំឲ្យពួកគេប្រែចិត្ត នោះពួកគេនៅមិនឆ្ងាយពីថ្ងៃនៃការទទួលទោសរបស់ពួកគេឡើយ។ ព្រះជាម្ចាស់នឹងមិនគ្រាន់តែបដិសេធមិនទទួលយកពួកគេប៉ុណ្ណោះទេ ហើយដោយសារតែនេះជាលើកទីពីររបស់ពួកគេដែលធ្វើឲ្យនិស្ស័យរបស់ទ្រង់ខ្ញាល់ ដូច្នេះ រឿងនេះនឹងកាន់តែអាក្រក់មិនខាន! ឥរិយាបថដែលមិនគោរពរបស់មនុស្សទាំងនេះ បានបំពានលើបញ្ញត្តិរដ្ឋបាលរបស់ព្រះជាម្ចាស់។ តើទ្រង់នឹងនៅតែទទួលយកពួកគេទៀតឬ? នៅក្នុងព្រះហឫទ័យរបស់ទ្រង់ គោលការណ៍របស់ព្រះជាម្ចាស់ទាក់ទងនឹងរឿងនេះគឺថា មនុស្សម្នាក់បានទទួលភាពច្បាស់លាស់អំពីផ្លូវមួយណាជាផ្លូវដ៏ពិត ប៉ុន្តែ ពួកគេនៅតែអាចបដិសេធព្រះជាម្ចាស់ ហើយចាកចេញពីព្រះជាម្ចាស់ ទាំងមនសិការជ្រះថ្លាទៀត បើដូច្នេះ ទ្រង់នឹងកាត់ផ្ដាច់ផ្លូវចំពោះសេចក្តីសង្រ្គោះរបស់បុគ្គលបែបនេះ ហើយសម្រាប់បុគ្គលនេះ ផ្លូវចូលទៅកាន់នគរព្រះ នឹងត្រូវបិទមិនខាន។ នៅពេលដែលបុគ្គលនេះចូលមកគោះទ្វារម្ដងទៀត ព្រះជាម្ចាស់នឹងមិនបើកទ្វារឡើយ ហើយទ្រង់នឹងបិទទ្វារចំពោះបុគ្គលនេះជារៀងរហូត។ ប្រហែលជា អ្នករាល់គ្នាខ្លះបានអានសាច់រឿងរបស់លោកម៉ូសេនៅក្នុងព្រះគម្ពីររួចហើយ។ ក្រោយពេលដែលព្រះជាម្ចាស់ចាក់ប្រេងតាំងលើលោកម៉ូសេ មានអ្នកដឹកនាំចំនួន២៥០នាក់បានសម្ដែងការមិនស្ដាប់បង្គាប់ចំពោះលោកម៉ូសេ ដោយសារតែទង្វើរបស់គាត់ និងហេតុផលជាច្រើនផ្សេងទៀត។ តើពួកគេបានបដិសេធមិនចុះចូលចំពោះនរណាទៅ? គឺមិនមែនជាលោកម៉ូសេឡើយ។ ពួកគេបានបដិសេធមិនព្រមចុះចូលចំពោះការរៀបចំរបស់ព្រះជាម្ចាស់ ហើយពួកគេបដិសេធមិនព្រមចុះចូលចំពោះកិច្ចការរបស់ព្រះជាម្ចាស់ទៅលើបញ្ហានេះ។ ពួកគេបាននិយាយដូចខាងក្រោម៖ «ពួកឯងរាល់គ្នាធ្វើជ្រុលពេកហើយ! ដោយឃើញក្រុមជំនុំម្នាក់ៗបរិសុទ្ធ ព្រះយេហូវ៉ាគង់នៅកណ្ដាលចំណោមពួកគេ...» បើចេញពីទស្សនៈរបស់មនុស្ស តើពាក្យ និងឃ្លាទាំងនេះធ្ងន់ធ្ងរខ្លាំងឬទេ? វាមិនធ្ងន់ធ្ងរនោះឡើយ! យ៉ាងហោចណាស់ អត្ថន័យត្រង់នៃពាក្យទាំងនេះ មិនធ្ងន់ធ្ងរឡើយ។ នៅក្នុងន័យច្បាប់ ពួកគេមិនបានល្មើសច្បាប់ណាមួយឡើយ ដោយសារតែនៅផ្នែកខាងលើនេះមិនមែនជាភាសា ឬពាក្យបែបប្រឆាំងឡើយ ហើយក៏មិនមានន័យលាក់កំបាំងបែបប្រមាថនោះដែរ។ នេះគ្រាន់តែជាប្រយោគបែបសាមញ្ញប៉ុណ្ណោះ។ ចុះហេតុអ្វីបានជាពាក្យទាំងនេះធ្វើឲ្យព្រះជាម្ចាស់ខ្ញាល់យ៉ាងខ្លាំងបែបនេះ? នោះគឺដោយសារតែពួកគេមិនបាននិយាយទៅកាន់មនុស្សឡើយ ប៉ុន្តែ ទៅកាន់ព្រះជាម្ចាស់វិញ។ ឥរិយាបថ និងនិស្ស័យដែលពួកគេសម្ដែងចេញ ធ្វើឲ្យនិស្ស័យរបស់ព្រះជាម្ចាស់ខ្ញាល់ ហើយពួកគេបំពានលើនិស្ស័យរបស់ព្រះជាម្ចាស់ដែលមិនអាចបំពានលើឡើយ។ យើងទាំងអស់គ្នាសុទ្ធតែដឹងអំពីលទ្ធផលដែលអ្នកដឹកនាំទាំងនេះទទួលបាននៅទីចុងបញ្ចប់ហើយ។ ទាក់ទងនឹងមនុស្សដែលបានបោះបង់ព្រះជាម្ចាស់ តើពួកគេមានទស្សនៈដូចម្ដេចទៅ? ចុះហេតុអ្វីបានជាទស្សនៈ និងឥរិយាបថរបស់ពួកគេធ្វើឲ្យព្រះជាម្ចាស់ដោះស្រាយជាមួយពួកគេបែបនេះ? ហេតុផលនោះគឺថា ទោះបីជាពួកគេដឹងយ៉ាងច្បាស់ថា ទ្រង់ជាព្រះជាម្ចាស់ក៏ដោយ ប៉ុន្តែ ពួកគេនៅតែជ្រើសរើសក្បត់ទ្រង់ទៀត។ នេះហើយជាហេតុផលដែលនាំឲ្យពួកគេមិនទទួលបានឱកាសសម្រាប់សេចក្តីសង្រ្គោះ។ ដូចមានចែងនៅក្នុងព្រះគម្ពីរថា «ដ្បិតប្រសិនបើយើងប្រព្រឹត្តបាបដោយចេតនា បន្ទាប់ពីយើងបានទទួលចំណេះដឹងអំពីសេចក្ដីពិតហើយ នោះគ្មានតង្វាយលោះបាបទៀតឡើយ។» ឥឡូវនេះ តើអ្នករាល់គ្នាយល់ច្បាស់អំពីរឿងនេះហើយឬនៅ?

វាសនារបស់មនុស្សត្រូវបានសម្រេច ដោយឥរិយាបថរបស់ពួកគេចំពោះព្រះជាម្ចាស់

ព្រះជាម្ចាស់ជាព្រះដ៏មានព្រះជន្មរស់ ហើយដូចដែលមនុស្សមានអាកប្បកិរិយាខុសៗគ្នានៅក្នុងស្ថានភាពខុសគ្នាយ៉ាងណា ឥរិយាបថរបស់ទ្រង់ចំពោះអាកប្បកិរិយាទាំងនេះ ក៏ខុសគ្នាដែរ ដោយសារតែទ្រង់មិនមែនជាអាយ៉ង ហើយក៏មិនមែនជាព្រះដែលមិនដឹងខ្យល់នោះដែរ។ ការដឹងអំពីឥរិយាបថរបស់ព្រះជាម្ចាស់ គឺជារឿងដែលសក្ដិសមក្នុងការស្វែងយល់សម្រាប់មនុស្សជាតិ។ តាមរយៈការដឹងអំពីឥរិយាបថរបស់ព្រះជាម្ចាស់ មនុស្សគួរតែរៀនពីរបៀបដែលពួកគេអាចទទួលបានបន្ដិចម្ដងៗនូវចំណេះដឹងអំពីនិស្ស័យរបស់ព្រះជាម្ចាស់ និងយល់ពីព្រះហឫទ័យរបស់ទ្រង់។ នៅពេលដែលអ្នកចាប់ផ្ដើមយល់អំពីព្រះហឫទ័យរបស់ព្រះជាម្ចាស់បន្ដិចម្ដងៗ នោះអ្នកនឹងមិនមានអារម្មណ៍ថា ការកោតខ្លាចព្រះជាម្ចាស់ និងការគេចចេញពីសេចក្ដីអាក្រក់ គឺជារឿងដែលពិបាកសម្រេចបាននោះឡើយ។ លើសពីនេះទៅទៀត នៅពេលដែលអ្នកយល់ពីព្រះជាម្ចាស់ នោះអ្នកនឹងមិនទំនងជាទាញសេចក្តីសន្និដ្ឋានអំពីទ្រង់ឡើយ។ នៅពេលដែលអ្នកឈប់ទាញសេចក្តីសន្និដ្ឋានអំពីព្រះជាម្ចាស់ នោះអ្នកនឹងទំនងជាមិនសូវបំពានទ្រង់ឡើយ ហើយព្រះជាម្ចាស់នឹងនាំអ្នកឲ្យទទួលបានចំណេះដឹងអំពីទ្រង់ដោយមិនដឹងខ្លួន។ ការនេះនឹងបំពេញដួងចិត្តរបស់អ្នកនូវការគោរពស្រឡាញ់ចំពោះទ្រង់។ បន្ទាប់មក អ្នកនឹងឈប់ដាក់កម្រិតព្រះជាម្ចាស់ តាមរយៈរបៀបនៃគោលលទ្ធិ ន័យពាក្យ និងទ្រឹស្ដីដែលអ្នកបានរៀន។ ផ្ទុយទៅវិញ តាមរយៈការបន្តស្វែងរកបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់នៅក្នុងគ្រប់កិច្ចការ នោះអ្នកនឹងក្លាយជាបុគ្គលស្ងួនភ្ញារបស់ព្រះជាម្ចាស់ ទាំងមិនដឹងខ្លួន។

មនុស្សមិនអាចមើលឃើញ និងប៉ះពាល់កិច្ចការរបស់ព្រះជាម្ចាស់បានឡើយ ប៉ុន្តែ ចំពោះព្រះជាម្ចាស់វិញ ទ្រង់ជ្រាបដឹង ហើយថែមទាំងទតមើលឃើញទង្វើរបស់មនុស្សម្នាក់ៗ រួមជាមួយឥរិយាបថរបស់ពួកគេដែលមានចំពោះទ្រង់ទៀតផង។ នេះជាអ្វីមួយដែលមនុស្សគ្រប់គ្នាគួរតែទទួលស្គាល់ និងដឹងយ៉ាងច្បាស់។ អ្នកប្រហែលជាសួរខ្លួនឯងគ្រប់ពេលថា៖ «តើព្រះជាម្ចាស់ជ្រាបដឹងអំពីអ្វីដែលខ្ញុំកំពុងតែធ្វើនៅទីនេះទេ? តើទ្រង់ជ្រាបដឹងអំពីអ្វីដែលខ្ញុំកំពុងតែគិតឥឡូវនេះឬទេ? ប្រហែលជា ទ្រង់ជ្រាបដឹង ហើយទ្រង់ប្រហែលជាមិនជ្រាបដឹងឡើយ។» ប្រសិនបើអ្នកមានទស្សនៈបែបនេះ នោះការដើរតាម និងការជឿលើព្រះជាម្ចាស់ ទាំងមានចិត្តសង្ស័យចំពោះកិច្ចការ និងអត្ថិភាពរបស់ទ្រង់ នោះមិនយូរមិនឆាប់ អ្នកនឹងធ្វើឲ្យទ្រង់ខ្ញាល់នៅថ្ងៃណាមួយមិនខាន ព្រោះថាអ្នកកំពុងតែឈរឃ្លីងឃ្លោងនៅចុងជ្រោះដ៏គ្រោះថ្នាក់។ ខ្ញុំបានឃើញមនុស្សដែលបានជឿលើព្រះជាម្ចាស់អស់រយៈពេលជាច្រើនឆ្នាំ ប៉ុន្តែ ពួកគេនៅតែមិនទទួលបានតថភាពនៃសេចក្តីពិត ហើយក៏មិនបានយល់អំពីព្រះហឫទ័យរបស់ព្រះជាម្ចាស់ដែរ។ មនុស្សទាំងនេះគ្មានវឌ្ឍនភាពនៅក្នុងជីវិត និងកម្ពស់របស់ពួកគេឡើយ ដ្បិតពួកគេប្រកាន់ខ្ជាប់តែនឹងគោលលទ្ធិដ៏រាក់កំផែលបំផុតប៉ុណ្ណោះ។ នោះគឺដោយសារតែមនុស្សបែបនេះមិនដែលអនុវត្តតាមព្រះបន្ទូលរបស់ព្រះជាម្ចាស់ ហើយពួកគេក៏មិនដែលទទួលយក និងទទួលស្គាល់អត្ថិភាពរបស់ទ្រង់ដែរ។ តើអ្នកគិតថា ព្រះជាម្ចាស់មានពេញដោយសេចក្តីអំណរចំពោះមនុស្សបែបនេះឬទេ? តើពួកគេកម្សាន្តព្រះទ័យទ្រង់ឬទេ? ដូច្នេះ វាជារបៀបដែលមនុស្សជឿលើព្រះជាម្ចាស់កំណត់ពីវាសនារបស់ខ្លួន។ ទាក់ទងនឹងរបៀបដែលមនុស្សស្វែងរក និងរបៀបដែលមនុស្សចូលទៅជិតព្រះជាម្ចាស់ ឥរិយាបថរបស់ពួកគេពិតជាសំខាន់ណាស់។ មិនត្រូវព្រងើយកន្ដើយចំពោះព្រះជាម្ចាស់ ដូចទ្រង់ជាព្រះដែលមិនដឹងខ្យល់អីនោះឡើយ។ អ្នកត្រូវគិតអំពីព្រះជាម្ចាស់ដែលអ្នកជឿ ជាព្រះដ៏មានព្រះជន្មរស់ ជាព្រះដ៏ពិតវិញ។ ទ្រង់មិនមែនជាព្រះដែលកំពុងតែគង់នៅស្ថានសួគ៌ជាន់ទីបី ទាំងគ្មានកិច្ចការដែលត្រូវធ្វើនោះឡើយ។ ផ្ទុយទៅវិញ ទ្រង់តែងតែទតមើលដួងចិត្តរបស់មនុស្សគ្រប់រូប សង្កេតមើលអ្វីដែលអ្នកធ្វើ ទតមើលគ្រប់ទាំងពាក្យសម្ដី និងគ្រប់ទាំងទង្វើតូចៗរបស់អ្នក ទតមើលពីរបៀបដែលអ្នកប្រព្រឹត្ត និងឥរិយាបថដែលអ្នកមានចំពោះទ្រង់។ មិនថាអ្នកព្រមថ្វាយខ្លួនដល់ព្រះជាម្ចាស់ ឬក៏អត់នោះឡើយ គ្រប់ទាំងអាកប្បកិរិយា គំនិត និងយោបល់របស់អ្នកសុទ្ធតែត្រូវបានលាតត្រដាងនៅចំពោះទ្រង់ ហើយទ្រង់កំពុងតែទតឃើញយ៉ាងច្បាស់។ ដោយសារតែអាកប្បកិរិយា ទង្វើ និងឥរិយាបថរបស់អ្នកដែលមានចំពោះទ្រង់ នោះព្រះតម្រិះរបស់ព្រះជាម្ចាស់ចំពោះអ្នក និងឥរិយាបថដែលទ្រង់មានចំពោះអ្នក ក៏ផ្លាស់ប្ដូរទៅតាមនោះដែរ។ ខ្ញុំចង់ផ្ដល់ជាដំបូន្មានខ្លះដល់មនុស្សមួយចំនួនថា៖ កុំចាត់ទុកខ្លួន ដូចជាទារកនៅក្នុងព្រះហស្តរបស់ព្រះជាម្ចាស់ ហើយគិតថាទ្រង់គួរតែស្រឡាញ់អ្នក ទ្រង់មិនអាចចាកចោលអ្នក ហើយឥរិយាបថរបស់ទ្រង់ចំពោះអ្នកនៅតែដដែល និងមិនប្រែប្រួលនោះឡើយ ហើយខ្ញុំសូមផ្ដល់យោបល់ថា អ្នកគួរតែឈប់ស្រមើស្រមៃទៀតទៅ! ព្រះជាម្ចាស់ជាព្រះដ៏សុចរិតនៅក្នុងការប្រព្រឹត្តរបស់ទ្រង់ចំពោះមនុស្សម្នាក់ៗ ហើយទ្រង់តែងតែស្មោះត្រង់ចំពោះវិធីសាស្ត្ររបស់ទ្រង់ក្នុងការយកឈ្នះ និងការសង្រ្គោះមនុស្ស។ នេះគឺជាការគ្រប់គ្រងរបស់ទ្រង់។ ទ្រង់ប្រព្រឹត្តចំពោះមនុស្សម្នាក់ៗយ៉ាងម៉ឺងម៉ាត់ គឺមិនដូចជាសត្វចិញ្ចឹមដែលប្រលែងលេងនោះឡើយ។ សេចក្តីស្រឡាញ់របស់ព្រះជាម្ចាស់ចំពោះមនុស្ស មិនមែនជាសេចក្តីស្រឡាញ់បែបថ្នាក់ថ្នម ឬបែបធ្វើឲ្យក្មេងខូចនោះឡើយ ហើយសេចក្តីមេត្តាករុណា និងសេចក្តីអត់ឱនរបស់ទ្រង់ចំពោះមនុស្សជាតិវិញ ក៏មិនបណ្ដែតបណ្តោយ ឬធ្វេសប្រហែសនោះដែរ។ ផ្ទុយទៅវិញ សេចក្តីស្រឡាញ់របស់ព្រះជាម្ចាស់ចំពោះមនុស្សពាក់ព័ន្ធនឹងការស្ញប់ស្ញែង ការអាណិត និងការគោរពចំពោះជីវិត ហើយសេចក្តីមេត្តាករុណា និងសេចក្តីអត់ឱនរបស់ទ្រង់បង្ហាញពីសេចក្តីរំពឹងទុករបស់ទ្រង់ចំពោះពួកគេ ហើយវាជាអ្វីដែលមនុស្សត្រូវការដើម្បីរស់រាន។ ព្រះជាម្ចាស់ជាព្រះដ៏មានព្រះជន្មរស់ ហើយព្រះជាម្ចាស់តែងតែមានអត្ថិភាពជានិច្ច។ ឥរិយាបថរបស់ទ្រង់ចំពោះមនុស្សជាតិផ្អែកលើសេចក្តីសុចរិត មិនមែនចេញពីក្បួនច្បាប់ដ៏ម៉ឺងម៉ាត់ឡើយ ហើយវាអាចផ្លាស់ប្ដូរបាន។ បំណងព្រះហឫទ័យរបស់ទ្រង់ចំពោះមនុស្សជាតិកំពុងតែផ្លាស់ប្ដូរ និងផ្លាស់ប្រែបន្ដិចម្ដងៗទៅតាមពេលវេលា អាស្រ័យលើកាលៈទេសៈដែលកើតឡើង និងស្របតាមឥរិយាបថរបស់មនុស្សម្នាក់ៗ។ ដូច្នេះ អ្នកគួរតែដឹងនៅក្នុងចិត្តរបស់អ្នកយ៉ាងច្បាស់ថា សារជាតិរបស់ព្រះជាម្ចាស់មិនប្រែប្រួលឡើយ ហើយដឹងទៀតថា និស្ស័យរបស់ទ្រង់នឹងបង្ហាញចេញនៅពេលវេលាខុសគ្នា និងនៅក្នុងបរិបទខុសគ្នា។ អ្នកប្រហែលជាគិតថា នេះមិនមែនជារឿងធំឡើយ ហើយអ្នកអាចប្រើសញ្ញាណផ្ទាល់ខ្លួនរបស់អ្នក ដើម្បីស្រមៃពីរបៀបដែលព្រះជាម្ចាស់គួរតែធ្វើរឿងផ្សេងៗ។ យ៉ាងណាមិញ វាមានពេលខ្លះដែលភាពផ្ទុយគ្នាទាំងស្រុងនៃទស្សនៈរបស់អ្នកអាចជាការពិត ហើយដោយប្រើប្រាស់សញ្ញាណផ្ទាល់ខ្លួនរបស់អ្នក ដើម្បីព្យាយាមវាស់ស្ទង់ព្រះជាម្ចាស់ នោះអ្នកបានធ្វើឲ្យទ្រង់ខ្ញាល់រួចទៅហើយ។ នោះគឺដោយសារតែព្រះជាម្ចាស់មិនធ្វើការតាមរបៀបដែលអ្នកគិតថា ទ្រង់ត្រូវធ្វើនោះឡើយ ហើយទ្រង់ក៏មិនចាត់ទុករឿងនេះ ដូចអ្វីដែលអ្នកនិយាយថា ទ្រង់នឹងចាត់ទុកនោះដែរ។ ដូច្នេះ ខ្ញុំសូមរំឭកអ្នកឲ្យប្រុងប្រយ័ត្ន និងមានប្រាជ្ញានៅក្នុងរបៀបគ្រប់យ៉ាងដែលអ្នកធ្វើ ហើយរៀនពីរបៀបដើរតាមគោលការណ៍នៃការដើរនៅក្នុងផ្លូវរបស់ព្រះជាម្ចាស់នៅក្នុងគ្រប់កិច្ចការទាំងអស់ ដែលជាការកោតខ្លាចព្រះជាម្ចាស់ ហើយគេចចេញពីសេចក្ដីអាក្រក់វិញ។ អ្នកត្រូវតែមានការយល់ដឹងឲ្យបានម៉ឺងម៉ាត់ទាក់ទងនឹងព្រះហឫទ័យ និងឥរិយាបថរបស់ព្រះជាម្ចាស់ អ្នកត្រូវតែរកមនុស្សដែលទទួលបានការបំភ្លឺ ដើម្បីប្រាប់រឿងនេះដល់អ្នក ហើយអ្នកត្រូវតែស្វែងរកទ្រង់យ៉ាងអស់ពីចិត្ត។ មិនត្រូវចាត់ទុកព្រះជាម្ចាស់នៃសេចក្តីជំនឿរបស់អ្នក ដូចជាអាយ៉ង ដោយវិនិច្ឆ័យទ្រង់តាមចិត្ត ទាញសេចក្តីសន្និដ្ឋានតាមអំពើចិត្តអំពីទ្រង់ ហើយមិនប្រព្រឹត្តចំពោះទ្រង់ ដោយការគោរពដែលទ្រង់សមទទួលនោះឡើយ។ ទោះបីព្រះជាម្ចាស់កំពុងតែនាំសេចក្តីសង្រ្គោះដល់អ្នក និងកំពុងតែកំណត់ពីលទ្ធផលរបស់អ្នកក៏ដោយ ក៏ទ្រង់អាចប្រទានដល់អ្នកនូវសេចក្តីមេត្តាករុណា សេចក្តីអត់ឱន ឬការជំនុំជម្រះ និងការវាយផ្ចាលបានដែរ ប៉ុន្តែ លើសពីនេះ ឥរិយាបថរបស់ទ្រង់ចំពោះអ្នកមិននៅដដែលឡើយ។ វាអាស្រ័យលើចិត្តគំនិតរបស់អ្នកដែលមានចំពោះទ្រង់ ក៏ដូចជាការយល់ដឹងរបស់អ្នកអំពីទ្រង់ដែរ។ មិនត្រូវបណ្ដោយឲ្យទិដ្ឋភាពមួយនៃចំណេះដឹង ឬការយល់ដឹងរបស់អ្នកអំពីព្រះជាម្ចាស់ មកកំណត់ដាក់កម្រិតទ្រង់ជារៀងរហូតឡើយ។ មិនត្រូវជឿលើព្រះដែលស្លាប់ឡើយ ប៉ុន្តែ ចូរជឿលើព្រះដែលមានព្រះជន្មរស់វិញ។ ត្រូវចាំជានិច្ចអំពីការនេះ! ទោះបីជាខ្ញុំបានពិភាក្សាអំពីសភាពពិតប្រាកដខ្លះនៅត្រង់នេះ ជាសេចក្តីពិតដែលអ្នករាល់គ្នាត្រូវតែឮ ទាក់ទងនឹងសភាពបច្ចុប្បន្ន និងកម្ពស់បច្ចុប្បន្នរបស់អ្នករាល់គ្នាក៏ដោយ ក៏ឥឡូវនេះ ខ្ញុំនឹងមិនទាមទារខ្លាំងពេកពីអ្នកឡើយ ដើម្បីកុំឲ្យរលត់ដល់អារម្មណ៍រំភើបរបស់អ្នករាល់គ្នា។ ដ្បិតការធ្វើបែបនេះ អាចធ្វើឲ្យដួងចិត្តរបស់អ្នកពេញដោយភាពងងឹតអាប់អួរខ្លាំងពេក និងធ្វើឲ្យអ្នកមានអារម្មណ៍ខកចិត្តខ្លាំងចំពោះព្រះជាម្ចាស់។ ផ្ទុយទៅវិញ ខ្ញុំសង្ឃឹមថា អ្នករាល់គ្នាអាចប្រើសេចក្តីស្រឡាញ់ចំពោះព្រះជាម្ចាស់ដែលអ្នកមាននៅក្នុងដួងចិត្តរបស់អ្នក ហើយមានឥរិយាបថគោរពចំពោះព្រះជាម្ចាស់ នៅពេលដែលដើរនៅលើផ្លូវដែលនៅខាងមុខ។ មិនត្រូវចាត់ទុកការជឿលើព្រះជាម្ចាស់ជារឿងមិនសំខាន់ឡើយ ប៉ុន្តែ ត្រូវចាត់ទុកវាថាជារឿងដ៏ធំបំផុតមួយ។ ចូរដាក់វានៅក្នុងដួងចិត្តរបស់អ្នក យកវាទៅអនុវត្ត ហើយផ្សារភ្ជាប់វាជាមួយជីវិតពិត។ មិនត្រូវគ្រាន់តែនិយាយឲ្យរួចពីមាត់ឡើយ ព្រោះថានេះគឺជារឿងស្លាប់រស់ និងជារឿងមួយដែលនឹងកំណត់ពីវាសនារបស់អ្នក។ មិនត្រូវចាត់ទុករឿងនេះជារឿងលេងសើច ឬជារឿងក្មេងបៀមដៃឡើយ! បន្ទាប់ពីចែកចាយពាក្យទាំងនេះជាមួយអ្នករាល់គ្នានៅថ្ងៃនេះហើយ ខ្ញុំចង់ដឹងថាតើអ្នករាល់គ្នាទទួលបានការយល់ដឹងកម្រិតណាទៅ។ ចំពោះអ្វីដែលខ្ញុំបាននិយាយនេះ តើអ្នករាល់គ្នាមានសំណួរចង់សួរឬទេ?

ទោះបីជាប្រធានបទទាំងនេះហាក់ដូចជាថ្មីបន្តិច និងខុសគ្នាបន្ដិចពីទស្សនៈរបស់អ្នករាល់គ្នា ខុសពីការស្វែងរកជាធម្មតារបស់អ្នករាល់គ្នា និងអ្វីដែលអ្នកចង់យកចិត្តទុកដាក់ក៏ដោយ ប៉ុន្តែ ខ្ញុំគិតថា នៅពេលដែលអ្នករាល់គ្នាបានប្រកបគ្នាជាមួយប្រធានបទទាំងនេះអស់មួយរយៈពេលមក នោះអ្នកនឹងមានការយល់ដឹងទូទៅមួយអំពីអ្វីៗគ្រប់យ៉ាងដែលខ្ញុំបាននិយាយនៅត្រង់នេះមិនខាន។ ប្រធានបទទាំងនេះគឺថ្មីស្រឡាង និងជាប្រធានបទដែលអ្នករាល់គ្នាមិនធ្លាប់បានពិចារណាពីមុនមកឡើយ ដូច្នេះ ខ្ញុំសង្ឃឹមថា វានឹងមិនបន្ថែមជាបន្ទុកដល់អ្នករាល់គ្នានោះទេ។ នៅថ្ងៃនេះ ខ្ញុំមិននិយាយពាក្យទាំងនេះ ដើម្បីបន្លាចអ្នករាល់គ្នាឡើយ ហើយខ្ញុំក៏មិនប្រើប្រាស់ពាក្យទាំងនេះមកធ្វើជារបៀបដោះស្រាយជាមួយអ្នករាល់គ្នានោះដែរ។ ផ្ទុយទៅវិញ គោលបំណងរបស់ខ្ញុំ គឺដើម្បីជួយអ្នករាល់គ្នាឲ្យយល់ពីតថភាពជាក់ស្ដែងអំពីសេចក្តីពិត។ ដោយសារតែមានភាពខុសគ្នារវាងមនុស្សជាតិ និងព្រះជាម្ចាស់ ទោះបីមនុស្សជឿលើព្រះជាម្ចាស់ក៏ដោយ ក៏ពួកគេមិនដែលយល់ពីទ្រង់ ឬដឹងពីឥរិយាបថរបស់ទ្រង់ដែរ។ មនុស្សក៏មិនដែលមានចិត្តរំភើបចង់ដឹងពីឥរិយាបថរបស់ព្រះជាម្ចាស់នោះដែរ។ ផ្ទុយទៅវិញ ពួកគេបានជឿ និងបានប្រព្រឹត្តទាំងងងឹតងងុល និងបានធ្វេសប្រហែសនៅក្នុងចំណេះដឹង និងការយល់ដឹងរបស់គេអំពីព្រះជាម្ចាស់។ ដូច្នេះ ខ្ញុំពិតជាចង់ជម្រះបញ្ហាទាំងអស់នេះឲ្យជ្រះស្អាតសម្រាប់អ្នករាល់គ្នា និងជួយឲ្យអ្នករាល់គ្នាយល់អំពីប្រភេទនៃព្រះជាម្ចាស់ដែលអ្នករាល់គ្នាជឿលើនោះ ក៏ដូចជាយល់អំពីអ្វីដែលទ្រង់កំពុងតែមានព្រះតម្រិះ យល់ពីឥរិយាបថដែលទ្រង់មានទាក់ទងនឹងការប្រព្រឹត្តរបស់ទ្រង់ចំពោះមនុស្សផ្សេងៗ យល់ដឹងអំពីគម្លាតដែលអ្នករាល់គ្នាមិនបានបំពេញតាមសេចក្ដីតម្រូវរបស់ទ្រង់ និងយល់អំពីភាពខុសគ្នាដ៏ធំរវាងទង្វើរបស់អ្នក និងបទដ្ឋានដែលទ្រង់ទាមទារ។ គោលដៅក្នុងការប្រាប់អ្នកអំពីរឿងទាំងនេះ គឺដើម្បីផ្ដល់ឲ្យអ្នករាល់គ្នានូវម៉ែត្រវាស់ ដើម្បីវាស់វែងខ្លួនឯង ហើយក៏ដើម្បីឲ្យអ្នកដឹងអំពីលទ្ធផលដែលអ្នកនឹងទទួលបាននៅលើផ្លូវដែលអ្នកដើរ ដឹងអំពីអ្វីដែលអ្នករាល់គ្នាមិនទទួលបាននៅលើផ្លូវនេះ និងនៅក្នុងផ្នែកអ្វីខ្លះដែលអ្នករាល់គ្នាមិនបានចូលរួមពាក់ព័ន្ធ។ ក្នុងពេលប្រាស្រ័យទាក់ទងនៅក្នុងចំណោមអ្នករាល់គ្នា ជានិច្ចកាល អ្នកនិយាយអំពីប្រធានបទពិភាក្សាទូទៅពីរបី ដែលមានវិសាលភាពចង្អៀត និងមានខ្លឹមសាររាក់កំផែល។ វាមាននូវចម្ងាយ និងគម្លាត រវាងការដែលអ្នកពិភាក្សា និងបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ ក៏ដូចជារវាងកិច្ចពិភាក្សារបស់អ្នក និងវិសាលភាព និងបទដ្ឋាននៃការទាមទាររបស់ព្រះជាម្ចាស់ដែរ។ ការបន្តធ្វើបែបនេះតទៅទៀត នឹងនាំឲ្យអ្នករាល់គ្នាងាកចេញពីផ្លូវរបស់ព្រះជាម្ចាស់កាន់តែឆ្ងាយមិនខាន។ អ្នករាល់គ្នាកំពុងតែយកព្រះសូរសៀងបច្ចុប្បន្នរបស់ព្រះជាម្ចាស់មកធ្វើជាកម្មវត្ថុនៃការថ្វាយបង្គំ ហើយចាត់ទុកជាក្បួនពិធី និងបទបញ្ញត្តិ។ នេះជាគ្រប់យ៉ាងដែលអ្នករាល់គ្នាកំពុងតែធ្វើ! ជាក់ស្ដែង ព្រះជាម្ចាស់គ្មានកន្លែងនៅក្នុងដួងចិត្តរបស់អ្នករាល់គ្នាឡើយ ហើយទ្រង់ក៏មិនដែលទទួលបានដួងចិត្តរបស់អ្នករាល់គ្នាដែរ។ មនុស្សខ្លះគិតថា ការស្គាល់ព្រះជាម្ចាស់គឺជារឿងពិបាកណាស់ ហើយនេះគឺជាសេចក្តីពិត។ វាពិតជាពិបាកមែន! ប្រសិនបើមនុស្សត្រូវបានបង្កើតមក ដើម្បីបំពេញភារកិច្ចរបស់ពួកគេ និងសម្រេចតែកិច្ចការផ្នែកខាងក្រៅ ហើយខំប្រឹងធ្វើការ នោះពួកគេនឹងគិតថា ការជឿលើព្រះជាម្ចាស់ គឺជារឿងងាយស្រួលណាស់ ដោយសារតែកិច្ចការទាំងអស់នេះស្ថិតនៅក្នុងវិសាលភាពនៃដែនសមត្ថភាពរបស់មនុស្ស។ យ៉ាងណាមិញ នៅពេលដែលប្រធានបទប្ដូរទៅរកបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ និងឥរិយាបថរបស់ទ្រង់ចំពោះមនុស្ស នោះចេញពីទស្សនៈរបស់មនុស្សគ្រប់គ្នា អ្វីៗហាក់ដូចជាចាប់ផ្ដើមពិបាកជាងមុន។ នោះគឺដោយសារតែការនេះពាក់ព័ន្ធនឹងការយល់ដឹងរបស់មនុស្សអំពីសេចក្តីពិត និងច្រកចូលរបស់គេទៅក្នុងការពិត ដូច្នេះ វាច្បាស់ជានឹងមានភាពលំបាកនៅកម្រិតណាមួយ! ទោះបីជាយ៉ាងណា នៅពេលដែលអ្នកឆ្លងកាត់ទ្វារទីមួយ ហើយចាប់ផ្ដើមទទួលបានច្រកចូល នោះអ្វីៗនឹងកាន់តែស្រួលបន្ដិចម្ដងៗមិនខាន។

ទីចាប់ផ្ដើមសម្រាប់ការកោតខ្លាចព្រះជាម្ចាស់ គឺជាការចាត់ទុកទ្រង់ជាព្រះជាម្ចាស់

មុននេះបន្ដិច មានមនុស្សម្នាក់បានសួរថា៖ តើវាយ៉ាងដូចម្ដេចវិញ បានជា ទោះបីជាយើងស្គាល់ព្រះជាម្ចាស់ច្រើនជាងលោកយ៉ូបក៏ដោយ ក៏យើងនៅតែមិនអាចគោរពទ្រង់បាន? យើងបានពិភាក្សាអំពីរឿងនេះខ្លះៗហើយមុននេះ មិនអ៊ីចឹងឬ? តាមពិតទៅ យើងក៏បានពិភាក្សាអំពីសារជាតិនៃសំណួរនេះកាលពីមុនដែរ ដែលបង្ហាញពីការពិតថា ទោះបីជាលោកយ៉ូបមិនបានស្គាល់ព្រះជាម្ចាស់កាលគ្រានោះក៏ដោយ ក៏គាត់នៅតែចាត់ទុកទ្រង់ជាព្រះជាម្ចាស់ ហើយគោរពទ្រង់ ដូចជាម្ចាស់នៃស្ថានសួគ៌ និងផែនដី ព្រមទាំងរបស់សព្វសារពើដែរ។ លោកយ៉ូបមិនបានចាត់ទុកព្រះជាម្ចាស់ជាខ្មាំងសត្រូវឡើយ ផ្ទុយទៅវិញ គាត់បានថ្វាយបង្គំទ្រង់ ដូចជាព្រះអាទិករនៃរបស់សព្វសារពើ។ ហេតុអ្វីបានជាមនុស្សសព្វថ្ងៃប្រឆាំងនឹងព្រះជាម្ចាស់ខ្លាំងបែបនេះ? ហេតុអ្វីបានជាពួកគេមិនអាចគោរពទ្រង់បាន? ហេតុផលមួយគឺថា ពួកគេត្រូវបានអារក្សសាតាំងធ្វើឲ្យពុករលួយយ៉ាងជ្រាលជ្រៅ ហើយជាមួយនិស្ស័យសាតាំងដែលជាប់យ៉ាងជ្រៅនេះ ពួកគេបានក្លាយជាសត្រូវរបស់ព្រះជាម្ចាស់។ ដូច្នេះ ទោះបីជាពួកគេជឿលើព្រះជាម្ចាស់ និងទទួលស្គាល់ព្រះជាម្ចាស់ក៏ដោយ ក៏ពួកគេនៅតែអាចប្រឆាំងនឹងទ្រង់ ហើយដាក់ខ្លួនប្រឆាំងនឹងទ្រង់ដដែល។ ការនេះត្រូវបានកំណត់ដោយនិស្ស័យរបស់មនុស្ស។ ហេតុផលមួយទៀតគឺថា ទោះបីជាពួកគេមានជំនឿលើព្រះជាម្ចាស់ក៏ដោយ ក៏មនុស្សមិនបានចាត់ទុកទ្រង់ជាព្រះជាម្ចាស់ឡើយ។ ផ្ទុយទៅវិញ ពួកគេចាត់ទុកទ្រង់ជាអ្នកប្រឆាំងចំពោះមនុស្ស ចាត់ទុកទ្រង់ជាខ្មាំងសត្រូវរបស់ពួកគេ ហើយពួកគេមានអារម្មណ៍ថា ពួកគេមិនអាចជានាជាមួយព្រះជាម្ចាស់បានឡើយ។ ហេតុផលគឺសាមញ្ញបែបនេះ។ តើរឿងនេះមិនត្រូវបានលើកឡើងនៅក្នុងវគ្គមុនរបស់យើងទេឬ? សូមគិតអំពីការនេះ៖ តើនេះមិនមែនជាហេតុផលទេឬ? អ្នកអាចមានចំណេះដឹងបន្ដិចបន្ដួចអំពីព្រះជាម្ចាស់ ប៉ុន្តែ តើចំណេះដឹងនេះមានអ្វីខ្លះទៅ? តើនេះមិនមែនជាអ្វីមួយដែលមនុស្សគ្រប់គ្នាកំពុងតែជជែកគ្នាទេឬ? តើវាមិនមែនជាអ្វីដែលព្រះជាម្ចាស់មានបន្ទូលប្រាប់អ្នកទេឬ? អ្នកដឹងតែទិដ្ឋភាពខាងទ្រឹស្ដី និងខាងគោលលទ្ធិប៉ុណ្ណោះ ប៉ុន្តែ តើអ្នកធ្លាប់ស្គាល់ព្រះភ័ក្ត្រដ៏ពិតរបស់ព្រះជាម្ចាស់ឬទេ? តើអ្នកមានចំណេះដឹងបែបស្រមើស្រមៃឬ? តើអ្នកមានចំណេះដឹង និងបទពិសោធន៍ជាក់ស្ដែងឬទេ? ប្រសិនបើព្រះជាម្ចាស់មិនធ្លាប់មានបន្ទូលប្រាប់អ្នកទេ តើអ្នកអាចដឹងឬ? ចំណេះដឹងបែបទ្រឹស្ដីរបស់អ្នកមិនតំណាងឲ្យចំណេះដឹងដ៏ពិតឡើយ។ ជារួមមក ទោះបីជាអ្នកដឹងច្រើនកម្រិតណា ឬអ្នកបានដឹងអំពីវាដោយរបៀបណាក៏ដោយ ប្រសិនបើអ្នកមិនទទួលបានការយល់ដឹងដ៏ពិតអំពីព្រះជាម្ចាស់ទេ នោះទ្រង់នឹងក្លាយជាសត្រូវរបស់អ្នក ហើយប្រសិនបើអ្នកមិនចាប់ផ្ដើមចាត់ទុកព្រះជាម្ចាស់ ជាព្រះជាម្ចាស់ទេ នោះទ្រង់នឹងប្រឆាំងជាមួយអ្នក ព្រោះថាអ្នកជាអ្នកតំណាងរបស់អារក្សសាតាំង។

នៅពេលដែលអ្នកនៅជាមួយព្រះគ្រីស្ទ អ្នកប្រហែលជាអាចបម្រើទ្រង់នូវអាហារបីពេលក្នុងមួយថ្ងៃ ឬប្រហែលជាបម្រើទឹកតែទ្រង់ និងជួយមើលថែតម្រូវការជីវិតរបស់ទ្រង់ នោះអ្នកនឹងបានចាត់ទុកព្រះគ្រីស្ទថា ជាព្រះជាម្ចាស់។ គ្រប់ពេលដែលមានអ្វីមួយកើតឡើង ទស្សនៈរបស់មនុស្សតែងតែផ្ទុយពីទស្សនៈរបស់ព្រះជាម្ចាស់ ហើយមនុស្សតែងតែមិនយល់ និងមិនទទួលយកទស្សនៈរបស់ព្រះជាម្ចាស់ឡើយ។ ទោះបីមនុស្សអាចចុះសម្រុងជាមួយព្រះជាម្ចាស់នៅសម្បកក្រៅក៏ដោយ ក៏នេះមិនមែនមានន័យថា ពួកគេពិតជាចុះសម្រុងជាមួយទ្រង់នោះដែរ។ នៅពេលដែលមានអ្វីមួយកើតឡើង សេចក្តីពិតនៃការមិនស្ដាប់បង្គាប់របស់មនុស្សជាតិចាប់ផ្ដើមលេចឡើង ដើម្បីបញ្ជាក់ពីការប្រឆាំងដែលកើតមានរវាងមនុស្ស និងព្រះជាម្ចាស់។ ការប្រឆាំងនេះមិនមែនជាការប្រឆាំងមួយរបស់ព្រះជាម្ចាស់ចំពោះមនុស្ស ឬអំពីការដែលព្រះជាម្ចាស់ចង់ប្រឆាំងចំពោះពួកគេនោះទេ ហើយវាក៏មិនមែនទ្រង់ដែលដាក់ពួកគេឲ្យប្រឆាំងនឹងទ្រង់ បន្ទាប់មក ទ្រង់ប្រព្រឹត្តចំពោះពួកគេបែបនោះឡើយ។ ផ្ទុយទៅវិញ វាគឺជាសារជាតិប្រឆាំងចំពោះព្រះជាម្ចាស់ដែលពួនសម្ងំនៅក្នុងឆន្ទៈដ៏ស្រមើស្រមៃរបស់មនុស្ស និងនៅក្នុងការមិនដឹងខ្លួនរបស់គេ។ ដោយសារតែមនុស្សចាត់ទុកការទាំងអស់ដែលមកពីព្រះជាម្ចាស់ ជាវត្ថុសម្រាប់ការស្រាវជ្រាវរបស់ពួកគេ ដូច្នេះ ការឆ្លើយតបរបស់ពួកគេចំពោះអ្វីដែលមកពីព្រះជាម្ចាស់ និងចំពោះអ្វីគ្រប់យ៉ាងដែលពាក់ព័ន្ធនឹងព្រះជាម្ចាស់ គឺជាការទាយស្មាន ការសង្ស័យ ហើយបន្ទាប់មក ពួកគេក៏ផ្ដើមមានឥរិយាបថដែលប្រឆាំង និងជំទាស់ចំពោះព្រះជាម្ចាស់។ ក្រោយមកទៀត ពួកគេផ្ដើមមានអារម្មណ៍អវិជ្ជមាននៅក្នុងការជំទាស់ ឬប្រជែងជាមួយព្រះជាម្ចាស់ រហូតដល់សង្ស័យក្នុងចិត្តថាតើព្រះជាម្ចាស់សក្ដិសមឲ្យពួកគេដើរតាមឬក៏អត់។ ទោះបីវិចារណញ្ញាណរបស់ពួកគេប្រាប់ពួកគេថា ពួកគេមិនគួរប្រព្រឹត្តតាមបែបនេះតទៅទៀតក៏ដោយ ក៏ពួកគេនឹងនៅតែជ្រើសរើសប្រកាន់យកវាដដែល គឺបន្តធ្វើរហូតដល់ទីបញ្ចប់ ដោយគ្មានចិត្តអល់អែកនោះឡើយ។ ឧទាហរណ៍ តើអ្វីទៅជាប្រតិកម្មដំបូងដែលមនុស្សខ្លះមាន នៅពេលដែលពួកគេឮពាក្យចចាមអារ៉ាម ឬពាក្យមូលបង្កាច់អំពីព្រះជាម្ចាស់? ប្រតិកម្មដំបូងរបស់ពួកគេ គឺចាប់ផ្ដើមឆ្ងល់ថាតើពាក្យចចាមអារ៉ាមទាំងនោះជាការពិត ឬក៏អត់ និងថាតើពាក្យចចាមអារ៉ាមទាំងនេះមានពិត ឬក៏អត់ ហើយបន្ទាប់មក ពួកគេចាប់ផ្ដើមមានឥរិយាបថបែបរង់ចាំមើល។ បន្ទាប់មក ពួកគេចាប់ផ្ដើមគិតថា «វាគ្មានផ្លូវក្នុងការផ្ទៀងផ្ទាត់រឿងនេះឡើយ។ តើវាពិតជាបានកើតឡើងឬទេ? តើពាក្យចចាមអារ៉ាមនេះជាការពិតឬក៏អត់?» ទោះបីមនុស្សបែបនេះមិនបង្ហាញវាចេញមកខាងក្រៅក៏ដោយ ប៉ុន្តែ នៅក្នុងដួងចិត្តរបស់ពួកគេ ពួកគេបានចាប់ផ្ដើមសង្ស័យ និងចាប់ផ្ដើមបដិសេធព្រះជាម្ចាស់រួចទៅហើយ។ តើអ្វីទៅជាសារជាតិនៃឥរិយាបថបែបនេះ និងសារជាតិនៃទស្សនៈបែបនេះទៅ? តើវាមិនមែនជាអំពើក្បត់ទេឬ? ប្រសិនបើពួកគេមិនបានជួបរឿងនេះទេ នោះអ្នកមិនអាចមើលឃើញអំពីទស្សនៈរបស់មនុស្សទាំងនេះឡើយ។ វាហាក់ដូចជាពួកគេមិនមានជម្លោះជាមួយព្រះជាម្ចាស់ឡើយ និងហាក់ដូចជាពួកគេមិនចាត់ទុកទ្រង់ជាសត្រូវរបស់គេអ៊ីចឹង។ យ៉ាងណាមិញ នៅពេលដែលពួកគេបានជួបបញ្ហា ភ្លាមៗនោះពួកគេក៏ឈរជាមួយសាតាំង ហើយប្រឆាំងនឹងព្រះជាម្ចាស់។ តើការនេះមានន័យដូចម្ដេចទៅ? វាមានន័យថា មនុស្ស និងព្រះជាម្ចាស់កំពុងតែប្រឆាំងគ្នា! វាមិនមែនព្រះជាម្ចាស់ចាត់ទុកមនុស្សជាខ្មាំងសត្រូវឡើយ ប៉ុន្តែ វាជាសារជាតិរបស់មនុស្សផ្ទាល់ ដែលប្រឆាំងនឹងព្រះជាម្ចាស់។ ទោះបីជាពួកគេបានដើរតាមទ្រង់យូរប៉ុនណា ឬពួកគេធ្លាប់បានបង់ថ្លៃដ៏ធំយ៉ាងណា ហើយទោះបីជាពួកគេបានសរសើរតម្កើងព្រះជាម្ចាស់យ៉ាងណា ពួកគេខំទប់ខ្លួនកុំឲ្យប្រឆាំងនឹងទ្រង់យ៉ាងណា ហើយទោះបីជាពួកគេខំជំរុញខ្លួនឯងឲ្យស្រឡាញ់ព្រះជាម្ចាស់ខ្លាំងកម្រិតណាក៏ដោយ ក៏ពួកគេមិនអាចចាត់ទុកព្រះជាម្ចាស់ថា ជាព្រះជាម្ចាស់នោះដែរ។ តើនេះមិនត្រូវបានកំណត់ដោយសារជាតិរបស់មនុស្សទេឬ? ប្រសិនបើអ្នកចាត់ទុកទ្រង់ថា ជាព្រះជាម្ចាស់ ហើយជឿយ៉ាងប្រាកដថា ទ្រង់ជាព្រះជាម្ចាស់ តើអ្នកនៅតែអាចមានមន្ទិលចំពោះទ្រង់ទៀតឬ? តើដួងចិត្តរបស់អ្នកនៅតែមានសំណួរអំពីទ្រង់ទៀតឬ? វាមិនអាចមានតទៅទៀតឡើយ មែនទេ? ទំនោររបស់លោកីយ៍នេះ គឺអាក្រក់ណាស់ ហើយពូជសាសន៍មនុស្សនេះក៏អាក្រក់ដែរ បើដូច្នេះ តើអ្នកអាចមិនមានសញ្ញាណណាមួយអំពីទំនោរទាំងនោះយ៉ាងម៉េចកើតទៅ? អ្នកជាមនុស្សអាក្រក់ណាស់ ដូច្នេះ តើអ្នកអាចមិនមានសញ្ញាណអំពីការនេះយ៉ាងម៉េចកើតទៅ? ហើយមួយទៀត ដោយគ្រាន់តែឮពាក្យចចាមអារ៉ាមពីរបី និងពាក្យមួលបង្កាច់មួយចំនួនអាចធ្វើឲ្យអ្នកមានសញ្ញាណជាច្រើនអំពីព្រះជាម្ចាស់ និងនាំឲ្យអ្នកស្រមើស្រមើអំពីរឿងជាច្រើនទៅហើយ បើដូច្នេះ វាបង្ហាញថា កម្ពស់របស់អ្នកនៅក្មេងខ្ចីខ្លាំងណាស់! ដោយគ្រាន់តែ «សំឡេង» សត្វមុស និងសត្វរុយពីរបីក្បាល តើវាអាចបញ្ឆោតអ្នកបានឬ? តើនេះជាមនុស្សប្រភេទណាទៅ? តើអ្នកដឹងអំពីអ្វីដែលព្រះជាម្ចាស់ព្រះតម្រិះអំពីមនុស្សបែបនេះទេ? ព្រះជាម្ចាស់មានឥរិយាបថយ៉ាងច្បាស់ទាក់ទងនឹងរបៀបដែលទ្រង់ប្រព្រឹត្តចំពោះពួកគេ។ ព្រះជាម្ចាស់មានវិធានការណ៍តែមួយគត់ចំពោះមនុស្សទាំងនេះ គឺច្រានពួកគេចោល។ នេះមានន័យថា ទ្រង់លែងយកព្រះទ័យទុកដាក់ចំពោះពួកគេ ហើយលែងខ្វល់ខ្វាយចំពោះមនុស្សដ៏ល្ងីល្ងើទាំងនេះទៀតហើយ។ ហេតុអ្វីបានជាដូច្នេះ? នោះគឺដោយសារតែនៅក្នុងព្រះហឫទ័យរបស់ព្រះជាម្ចាស់ ទ្រង់មិនដែលមានផែនការទទួលយកមនុស្សដែលស្បថស្បែប្រឆាំងនឹងទ្រង់ រហូតដល់ទីបញ្ចប់ និងអស់អ្នកដែលមិនមានគម្រោងស្វែងរកផ្លូវ ដើម្បីចុះសម្រុងជាមួយទ្រង់នោះឡើយ។ ពាក្យដែលខ្ញុំបាននិយាយនេះ ប្រហែលជាធ្វើឲ្យមនុស្សមួយចំនួនតូចឈឺចាប់។ តើអ្នករាល់គ្នាព្រមឲ្យខ្ញុំធ្វើឲ្យអ្នករាល់គ្នាឈឺចាប់បែបនេះរហូតឬ? មិនថាអ្នកព្រម ឬមិនព្រមឡើយ អ្វីគ្រប់យ៉ាងដែលខ្ញុំនិយាយ គឺជាសេចក្តីពិត! ប្រសិនបើខ្ញុំធ្វើឲ្យអ្នករាល់គ្នាឈឺចាប់រហូត និងលាតត្រដាងពីស្នាមរបួសរបស់អ្នករាល់គ្នាបែបនេះ តើវានឹងជះឥទ្ធិពលដល់រូបអង្គដ៏ខ្ពង់ខ្ពស់របស់ព្រះជាម្ចាស់ដែលអ្នកមាននៅក្នុងដួងចិត្តរបស់អ្នករាល់គ្នាដែរឬទេ? (វានឹងមិនជះឥទ្ធិពលឡើយ) ខ្ញុំយល់ស្របថា វានឹងមិនជះឥទ្ធិពលឡើយ ព្រោះថានៅក្នុងដួងចិត្តរបស់អ្នករាល់គ្នា គ្មានព្រះជាម្ចាស់ឡើយ។ ព្រះដ៏ខ្ពង់ខ្ពស់ដែលស្ថិតនៅក្នុងដួងចិត្តរបស់អ្នករាល់គ្នា ជាអ្វីមួយដែលអ្នកការពារយ៉ាងខ្លាំងនោះ មិនមែនជាព្រះជាម្ចាស់ឡើយ។ ផ្ទុយទៅវិញ គេជារូបភាពប្រឌិតនៃការស្រមើស្រមៃរបស់មនុស្ស គឺវាមិនមានពិតឡើយ។ ដូច្នេះ វាជាការប្រសើរជាងដែលខ្ញុំប្រាប់ពីចម្លើយចំពោះពាក្យប្រដៅនេះ។ តើនេះមិនលាតត្រដាងពីសេចក្តីពិតទាំងមូលទេឬ? ព្រះជាម្ចាស់ដ៏ពិត មិនមែនជាអ្វីដែលមនុស្សស្រមើស្រមៃអំពីទ្រង់នោះទេ។ ខ្ញុំសង្ឃឹមថា អ្នករាល់គ្នាអាចប្រឈមនឹងតការពិតនេះ ហើយវានឹងជួយនៅក្នុងចំណេះដឹងរបស់អ្នករាល់គ្នាអំពីព្រះជាម្ចាស់។

មនុស្សដែលព្រះជាម្ចាស់មិនទទួលស្គាល់

មានមនុស្សមួយចំនួនដែលព្រះជាម្ចាស់មិនដែលទទួលស្គាល់សេចក្តីជំនឿរបស់ពួកគេនៅក្នុងព្រះហឫទ័យរបស់ទ្រង់ឡើយ។ អាចនិយាយម្យ៉ាងទៀតបានថា ព្រះជាម្ចាស់មិនទទួលស្គាល់ថា ពួកគេជាអ្នកដើរតាមទ្រង់ឡើយ ដោយសារតែទ្រង់មិនសរសើរដល់ជំនឿរបស់ពួកគេ។ សម្រាប់មនុស្សទាំងនេះ ទោះបីជាពួកគេបានដើរតាមព្រះជាម្ចាស់អស់រយៈពេលជាច្រើនឆ្នាំបែបណាក៏ដោយ ក៏គំនិត និងយោបល់របស់ពួកគេមិនដែលផ្លាស់ប្ដូរឡើយ គឺពួកគេនៅតែជាអ្នកមិនជឿ ដោយប្រកាន់ខ្ជាប់តាមគោលការណ៍ និងរបៀបនៃការប្រព្រឹត្តរបស់អ្នកមិនជឿ ព្រមទាំងច្បាប់នៃការរស់នៅ និងសេចក្តីជំនឿរបស់អ្នកមិនជឿដដែល។ ពួកគេមិនដែលទទួលយកព្រះបន្ទូលរបស់ព្រះជាម្ចាស់មកធ្វើជាជីវិតរបស់គេ មិនដែលជឿថា ព្រះបន្ទូលរបស់ព្រះជាម្ចាស់ជាសេចក្តីពិត មិនដែលមានបំណងចង់ទទួលយកសេចក្តីសង្រ្គោះរបស់ព្រះជាម្ចាស់ និងមិនដែលទទួលស្គាល់ព្រះជាម្ចាស់ថាជាព្រះជាម្ចាស់ឡើយ។ ពួកគេមើលឃើញការជឿលើព្រះជាម្ចាស់ថាជាទម្លាប់កម្សាន្ត ចាត់ទុកទ្រង់គ្រាន់តែជាអាហារខាងវិញ្ញាណប៉ុណ្ណោះ។ ពួកគេមិនបានគិតថា វាសក្ដិសមនឹងឲ្យពួកគេព្យាយាមយល់អំពីនិស្ស័យ ឬសារជាតិរបស់ព្រះជាម្ចាស់ឡើយ។ គឺអាចនិយាយបានថា រាល់អ្វីៗដែលទាក់ទងនឹងព្រះជាម្ចាស់ដ៏ពិត គ្មានទាក់ទងអ្វីជាមួយមនុស្សទាំងនេះឡើយ ដូច្នេះ ពួកគេមិនចាប់អារម្មណ៍ ហើយពួកគេក៏មិនខ្វល់នឹងយកចិត្តទុកដាក់នោះដែរ។ នោះគឺដោយសារតែនៅខាងក្នុងជម្រៅចិត្តរបស់ពួកគេ វាមាននូវសំឡេងដ៏ខ្លាំងមួយដែលតែងតែប្រាប់ពួកគេថា៖ «មនុស្សមិនអាចមើលឃើញ និងប៉ះព្រះជាម្ចាស់បានឡើយ ដូច្នេះ គ្មានឡើយព្រះជាម្ចាស់។» ពួកគេជឿថា ការព្យាយាមយល់អំពីព្រះជាម្ចាស់ប្រភេទនេះ នឹងមិនសមឲ្យពួកគេខំប្រឹងប្រែងនោះឡើយ ហើយដោយការធ្វើបែបនេះ ពួកគេកំពុងតែបញ្ឆោតខ្លួនអ្នកវិញទេ។ ពួកគេជឿថា តាមរយៈការគ្រាន់តែទទួលស្គាល់ព្រះជាម្ចាស់ត្រឹមតែពាក្យសម្ដី ដោយគ្មានគោលជំហរដ៏ពិត ឬការបណ្ដាក់ទុននៅក្នុងសកម្មភាពជាក់ស្ដែងណាមួយ នោះពួកគេជាមនុស្សឆ្លាតហើយ។ តើព្រះជាម្ចាស់ទតឃើញយ៉ាងដូចម្ដេចចំពោះមនុស្សបែបនេះ? ទ្រង់ចាត់ទុកពួកគេជាអ្នកមិនជឿ។ មនុស្សខ្លះសួរថា៖ «តើអ្នកមិនជឿអាចអានព្រះបន្ទូលរបស់ព្រះជាម្ចាស់ដែរឬ? តើពួកគេអាចបំពេញភារកិច្ចរបស់ពួកគេដែរឬទេ?» តើពួកគេអាចនិយាយពាក្យថា «ខ្ញុំនឹងរស់នៅសម្រាប់ព្រះជាម្ចាស់ ដែរឬទេ?» អ្វីដែលមនុស្សមើលឃើញជាញឹកញាប់នោះ គឺជាការសម្ដែងដែលមនុស្សបង្ហាញនៅផ្ទៃខាងលើប៉ុណ្ណោះ។ ពួកគេមិនបានឃើញពីសារជាតិរបស់មនុស្សឡើយ។ យ៉ាងណាមិញ ព្រះជាម្ចាស់មិនទតមើលទៅកាន់ការសម្ដែងសើៗទាំងនេះឡើយ គឺទ្រង់ទតមើលទៅលើសារជាតិខាងក្នុងរបស់ពួកគេតែប៉ុណ្ណោះ។ ដូច្នេះ នេះគឺជាប្រភេទនៃឥរិយាបថ និងនិយមន័យដែលព្រះជាម្ចាស់មានចំពោះមនុស្សទាំងនេះ។ មនុស្សទាំងនេះអាចនិយាយថា «ហេតុអ្វីបានជាព្រះជាម្ចាស់ធ្វើបែបនេះ? ហេតុអ្វីបានជាព្រះជាម្ចាស់ធ្វើបែបនោះ? ខ្ញុំមិនយល់ការនេះទេ។ ខ្ញុំមិនយល់ការនោះឡើយ។ ការនេះមិនស្របជាមួយសញ្ញាណរបស់មនុស្សទេ។ ទ្រង់ត្រូវតែពន្យល់ការនោះឲ្យខ្ញុំយល់...» ដើម្បីឆ្លើយសំណួរនេះ ខ្ញុំសុំសួរថា៖ តើវាពិតជាចាំបាច់ឬទេក្នុងការពន្យល់រឿងទាំងនេះដល់អ្នក? តើរឿងទាំងនេះមានទាក់ទងអ្វីដែរជាមួយអ្នក? តើអ្នកគិតថា អ្នកជានរណាទៅ? តើអ្នកមកពីណាទៅ? តើអ្នកសក្តិសមនឹងផ្ដល់ដំបូន្មានដល់ព្រះជាម្ចាស់ឬ? តើអ្នកជឿលើទ្រង់ឬ? តើទ្រង់ទទួលស្គាល់សេចក្តីជំនឿរបស់អ្នកឬទេ? ដោយសារតែសេចក្តីជំនឿរបស់អ្នកគ្មានទាក់ទងអ្វីជាមួយព្រះជាម្ចាស់ ដូច្នេះ តើទ្រង់មានកិច្ចការអ្វីដែលត្រូវធ្វើជាមួយអ្នកទៅ? អ្នកមិនដឹងពីទីកន្លែងដែលអ្នកស្ថិតនៅក្នុងព្រះហឫទ័យរបស់ព្រះជាម្ចាស់ផង ដូច្នេះ តើអ្នកអាចមានគុណសម្បត្តិសក្ដិសមក្នុងការចូលរួមកិច្ចសន្ទនាជាមួយទ្រង់យ៉ាងដូចម្ដេចទៅ?

ព្រះបន្ទូលអំពីការដាស់តឿន

បន្ទាប់ពីឮសេចក្ដីទាំងនេះហើយ តើអ្នករាល់គ្នានៅតែមានអារម្មណ៍សុខស្រួលទៀតឬ? ទោះបីជាអ្នករាល់គ្នាអាចមានអារម្មណ៍មិនចង់ស្ដាប់ ឬមិនចង់ទទួលយកសេចក្តីទាំងនេះក៏ដោយ ប៉ុន្តែ សេចក្តីទាំងអស់នេះសុទ្ធតែជាការពិត។ ដោយសារតែនេះជាដំណាក់កាលនៃកិច្ចការដែលព្រះជាម្ចាស់ត្រូវធ្វើការ ដូច្នេះ ប្រសិនបើអ្នកមិនខ្វល់ខ្វាយអំពីបំណងព្រះហឫទ័យរបស់ទ្រង់ មិនយកចិត្តទុកដាក់ចំពោះឥរិយាបថរបស់ទ្រង់ និងមិនយល់អំពីសារជាតិ និងនិស្ស័យរបស់ទ្រង់ទេ នោះនៅទីបំផុត អ្នកនឹងក្លាយជាម្នាក់ដែលនឹងត្រូវខាតបង់មិនខាន។ ចូរកុំបន្ទោសពាក្យពេចន៍របស់ខ្ញុំថាពិបាកយល់ ហើយកុំបន្ទោសពាក្យពេចន៍ទាំងនោះថា ធ្វើឲ្យខូចអារម្មណ៍រំភើបរបស់អ្នករាល់គ្នាឡើយ។ ខ្ញុំនិយាយអំពីសភាពពិតនៃបញ្ហានេះប៉ុណ្ណោះ ហើយខ្ញុំគ្មានបំណងបំបាក់ទឹកចិត្តអ្នករាល់គ្នាឡើយ។ មិនថាខ្ញុំស្នើសុំអ្វីពីអ្នករាល់គ្នា ហើយមិនថាខ្ញុំតម្រូវឲ្យអ្នករាល់គ្នាធ្វើអ្វីនោះឡើយ ខ្ញុំសង្ឃឹមថា អ្នករាល់គ្នាដើរនៅលើមាគ៌ាត្រឹមត្រូវ និងដើរតាមផ្លូវរបស់ព្រះជាម្ចាស់ ហើយសង្ឃឹមទៀតថា អ្នកមិនងាករេចេញពីមាគ៌ាត្រឹមត្រូវឡើយ។ ប្រសិនបើអ្នកមិនធ្វើតាមព្រះបន្ទូលរបស់ព្រះជាម្ចាស់ ឬដើរតាមផ្លូវរបស់ទ្រង់ទេ នោះអ្នកនឹងប្រាកដជាបះបោរប្រឆាំងនឹងព្រះជាម្ចាស់ និងបានវង្វេងចេញពីមាគ៌ាត្រឹមត្រូវមិនខាន។ ដូច្នេះ ខ្ញុំមានអារម្មណ៍ថា មានរឿងខ្លះដែលខ្ញុំត្រូវតែបញ្ជាក់ជាមួយអ្នករាល់គ្នា និងមានរឿងខ្លះដែលខ្ញុំត្រូវតែធ្វើឲ្យអ្នករាល់គ្នាជឿជាក់ ដោយគ្មានមន្ទិល ពិតប្រាកដ និងច្បាស់ដូចថ្ងៃ ហើយខ្ញុំចង់ជួយឲ្យអ្នករាល់គ្នាមានការយល់ដឹងដ៏ច្បាស់លាស់អំពីឥរិយាបថរបស់ព្រះជាម្ចាស់ អំពីបំណងព្រះហឫទ័យរបស់ទ្រង់ អំពីរបៀបដែលទ្រង់ប្រោសមនុស្សឲ្យបានគ្រប់លក្ខណ៍ និងអំពីរបៀបដែលទ្រង់កំណត់លទ្ធផលរបស់មនុស្ស។ បើថ្ងៃមួយអ្នកមិនអាចដើរនៅលើផ្លូវនេះទេ នោះខ្ញុំមិនទទួលខុសត្រូវឡើយ ព្រោះថាព្រះបន្ទូលទាំងនេះបានថ្លែងទៅកាន់អ្នកយ៉ាងច្បាស់រួចទៅហើយ។ ទាក់ទងនឹងលទ្ធផលដែលអ្នកនឹងទទួលបាន នេះគឺជាកិច្ចការមួយដែលអាស្រ័យលើអ្នកទាំងស្រុងតែម្ដង។ ចំពោះលទ្ធផលរបស់មនុស្សប្រភេទផ្សេងៗ ព្រះជាម្ចាស់មាននូវឥរិយាបថខុសៗគ្នា ទ្រង់មាននូវរបៀបរបស់ទ្រង់ក្នុងការថ្លឹងថ្លែងពួកគេ ហើយក៏មានបទដ្ឋាននៃសេចក្ដីតម្រូវរបស់ទ្រង់សម្រាប់ពួកគេដែរ។ បទដ្ឋានរបស់ទ្រង់នៃការថ្លឹងថ្លែងលទ្ធផលរបស់មនុស្ស គឺជាបទដ្ឋានមួយដែលយុត្តិធម៌ចំពោះមនុស្សគ្រប់គ្នា ដូច្នេះ វាគ្មានអ្វីដែលត្រូវសង្ស័យនោះឡើយ! ដូច្នេះ វាមិនចាំបាច់អ្វីដែលអ្នកខ្លះត្រូវមានអារម្មណ៍ភ័យខ្លាចនោះឡើយ។ ឥឡូវនេះ តើអ្នករាល់គ្នាបានធូរចិត្តហើយឬនៅ? មេរៀនរបស់យើងនៅថ្ងៃនេះ ចប់តែត្រឹមនេះ។ លាហើយ!

ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៣

ខាង​ដើម៖ ការស្គាល់ព្រះជាម្ចាស់ គឺជាផ្លូវឆ្ពោះទៅរកការកោតខ្លាចព្រះជាម្ចាស់ និងការគេចចេញពីសេចក្ដីអាក្រក់

បន្ទាប់៖ កិច្ចការរបស់ព្រះជាម្ចាស់ និស្ស័យរបស់ព្រះជាម្ចាស់ និងព្រះជាម្ចាស់ផ្ទាល់ព្រះអង្គ I

តើយើងគួរអធិស្ឋានយ៉ាងដូចម្ដេច ដើម្បីឲ្យព្រះជាម្ចាស់ទ្រង់សណ្ដាប់? សូមទាក់ទងមកកាន់យើងខ្ញុំ ដើម្បីស្វែងរកដំណោះស្រាយ។

ខ្លឹមសារ​ពាក់ព័ន្ធ

យកចិត្តទុកដាក់បន្ថែមលើតថភាព

មនុស្សគ្រប់រូបអាចក្លាយជាមនុស្សគ្រប់លក្ខណ៍ដោយសារព្រះជាម្ចាស់ ដូច្នេះហើយ គ្រប់គ្នាគួរតែយល់ថា ការបម្រើព្រះបែបណាសមស្របបំផុតនឹងព្រះហឫទ័យទ្រង់។...

អ្នកគួរតែស្ដាប់បង្គាប់ព្រះជាម្ចាស់ នៅក្នុងជំនឿដែលអ្នកជឿដល់ទ្រង់

ហេតុអ្វីបានជាអ្នកជឿលើព្រះជាម្ចាស់? មនុស្សភាគច្រើនត្រូវស្រឡាំង កាំង ដោយសារតែសំណួរនេះ។ ពួកគេតែងតែមានទស្សនៈពីរផ្ទុយគ្នាស្រឡះអំពីព្រះដ៏សកម្ម...

តើអ្នកជឿគួរប្រកាន់យកទស្សនៈអ្វី

តើមនុស្សបានទទួលអ្វីចាប់តាំងពីពួកគេចាប់ផ្តើមជឿលើព្រះជាម្ចាស់ជាលើកដំបូង? តើអ្នកបានដឹងអ្វីខ្លះពីព្រះជាម្ចាស់? ដោយសារជំនឿរបស់អ្នកលើព្រះជាម្ចាស់...

ការកំណត់

  • អត្ថបទ
  • ប្រធានបទ

ពណ៌​ដិតច្បាស់

ប្រធានបទ

ប្រភេទ​អក្សរ

ទំហំ​អក្សរ

ចម្លោះ​បន្ទាត់

ចម្លោះ​បន្ទាត់

ប្រវែងទទឹង​ទំព័រ

មាតិកា

ស្វែងរក

  • ស្វែង​រក​អត្ថបទ​នេះ
  • ស្វែង​រក​សៀវភៅ​នេះ