កិច្ចការរបស់ព្រះជាម្ចាស់ និស្ស័យរបស់ព្រះជាម្ចាស់ និងព្រះជាម្ចាស់ផ្ទាល់ព្រះអង្គ I
នៅថ្ងៃនេះយើងនឹងប្រកបគ្នាអំពីប្រធានបទសំខាន់មួយ។ នេះគឺជាប្រធានបទមួយដែលត្រូវបានគេពិភាក្សាតាំងពីពេលដែលកិច្ចការរបស់ព្រះជាម្ចាស់ចាប់ផ្ដើមមកម្ល៉េះ ហើយវាមានសារៈសំខាន់ខ្លាំងណាស់សម្រាប់មនុស្សគ្រប់រូប។ អាចនិយាយបានថា នេះគឺជាបញ្ហាមួយដែលមនុស្សគ្រប់គ្នានឹងត្រូវជួបប្រទះនៅក្នុងអំឡុងពេលនៃការជឿលើព្រះជាម្ចាស់ ដ្បិតនេះជាបញ្ហាដែលត្រូវតែជួបប្រទះខានមិនបានឡើយ។ វាជាបញ្ហាដ៏សំខាន់ចៀសមិនផុត ដែលមនុស្សជាតិមិនអាចដើរគេចពីបញ្ហានេះបាននោះទេ។ និយាយពីសារៈសំខាន់វិញ តើអ្វីដែលសំខាន់ជាងគេបំផុតសម្រាប់អ្នកដែលជឿលើព្រះជាម្ចាស់ទៅ? មនុស្សមួយចំនួនគិតថា អ្វីដែលសំខាន់ជាងគេបំផុតនោះគឺ ការស្គាល់ពីបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់។ អ្នកខ្លះទៀតជឿថា ការហូបនិងផឹកព្រះបន្ទូលរបស់ព្រះជាម្ចាស់ គឺជារឿងសំខាន់បំផុត។ ចំណែកឯអ្នកខ្លះទៀតយល់ថា អ្វីដែលសំខាន់ជាងគេបំផុតនោះគឺ ត្រូវស្គាល់ខ្លួនឯងជាមុនសិន។ អ្នកផ្សេងទៀតមានយោបល់ថា អ្វីដែលសំខាន់បំផុតនោះគឺ ត្រូវដឹងពីរបៀបស្វែងរកសេចក្ដីសង្គ្រោះតាមរយៈព្រះជាម្ចាស់ ដឹងពីរបៀបដើរតាមព្រះជាម្ចាស់ និងដឹងពីរបៀបធ្វើតាមបំណងព្រះហឫទ័យបស់ព្រះជាម្ចាស់។ នៅថ្ងៃនេះ យើងនឹងទុកបញ្ហាទាំងអស់នេះមួយឡែកសិន។ ដូច្នេះ តើយើងនឹងពិភាក្សាគ្នាអំពីប្រធានបទអ្វីដែរ? ប្រធានបទរបស់យើងនិយាយអំពីព្រះជាម្ចាស់។ តើប្រធានបទនេះ ជាប្រធានបទសំខាន់បំផុតសម្រាប់មនុស្សគ្រប់គ្នាដែរទេ? តើប្រធានបទនេះទាក់ទងនឹងអ្វីខ្លះ? ជាការពិតណាស់ ប្រធានបទនេះ គឺមិនអាចញែកដាច់ពីនិស្ស័យរបស់ព្រះជាម្ចាស់ សារជាតិរបស់ព្រះជាម្ចាស់ និងកិច្ចការរបស់ព្រះជាម្ចាស់បានឡើយ។ ដូច្នេះ នៅថ្ងៃនេះ យើងនឹងពិភាក្សាគ្នាអំពីប្រធានបទ «កិច្ចការរបស់ព្រះជាម្ចាស់ និស្ស័យរបស់ព្រះជាម្ចាស់ និងព្រះជាម្ចាស់ផ្ទាល់ព្រះអង្គ» នេះទាំងអស់គ្នា។
ចាប់ពីពេលដែលមនុស្សចាប់ផ្តើមជឿលើព្រះជាម្ចាស់មក ពួកគេក៏បានជួបប្រទះប្រធានបទ ដូចជា កិច្ចការរបស់ព្រះជាម្ចាស់ និស្ស័យរបស់ព្រះជាម្ចាស់ និងព្រះជាម្ចាស់ផ្ទាល់ព្រះអង្គ ជាដើម។ នៅពេលនិយាយសំដៅដល់កិច្ចការរបស់ព្រះជាម្ចាស់ មានមនុស្សមួយចំនួននឹងនិយាយថា៖ «កិច្ចការរបស់ព្រះជាម្ចាស់ត្រូវបានធ្វើឡើងនៅលើយើងរាល់គ្នា ហើយយើងក៏បានឆ្លងកាត់កិច្ចការនេះជារៀងរាល់ថ្ងៃដែរ ដូច្នេះគ្មានអ្វីដែលយើងមិនធ្លាប់ដឹងនោះទេ»។ នៅពេលនិយាយពីនិស្ស័យរបស់ព្រះជាម្ចាស់វិញ មនុស្សខ្លះទៀតនឹងថា «និស្ស័យរបស់ព្រះជាម្ចាស់ គឺជាប្រធានបទមួយដែលយើងសិក្សានិងស្វែងយល់ និងជាប្រធានបទផ្តោតសំខាន់លើជីវិតរបស់យើងទាំងមូល ដូច្នេះ យើងគួរតែបានដឹងបានស្គាល់ពីប្រធានបទនេះហើយ»។ ចំពោះប្រធានបទអំពីព្រះជាម្ចាស់ផ្ទាល់ព្រះអង្គវិញ មានអ្នកខ្លះនឹងថា៖ «ព្រះជាម្ចាស់ផ្ទាល់ព្រះអង្គ គឺជាព្រះដែលយើងដើរតាម ជាព្រះដែលយើងជឿ និងជាព្រះដែលយើងដេញតាម ហើយយើងក៏មិនមែនជាមនុស្សដែលមិនស្គាល់ព្រះអង្គនោះដែរ»។ ព្រះជាម្ចាស់មិនដែលបញ្ឈប់កិច្ចការរបស់ព្រះអង្គឡើយ ចាប់តាំងពីការបង្កើតរបស់សព្វសារពើមកម្ល៉េះ ហើយតាមរយៈកិច្ចការរបស់ទ្រង់ ព្រះអង្គបានបន្តសម្ដែងចេញនិស្ស័យរបស់ទ្រង់ និងប្រើប្រាស់មធ្យោបាយផ្សេងៗជាច្រើនដើម្បីសម្ដែងចេញព្រះបន្ទូលរបស់ទ្រង់។ ជាមួយគ្នានោះដែរ ទ្រង់មិនដែលឈប់សម្ដែងចេញពីអង្គទ្រង់ និងសារជាតិរបស់ទ្រង់ឱ្យមនុស្សជាតិបានឃើញនោះឡើយ ទ្រង់មិនដែលឈប់សម្ដែងចេញនូវបំណងព្រះហឫទ័យរបស់ទ្រង់ដល់មនុស្ស ហើយក៏មិនដែលឈប់សម្ដែងចេញនូវអ្វីដែលព្រះអង្គតម្រូវពីមនុស្សដែរ។ ដូច្នេះ បើនិយាយឱ្យត្រង់ទៅ គ្មាននរណាម្នាក់ដែលមិនដឹងអ្វីសោះពីប្រធានបទទាំងអស់នេះនោះទេ។ ក៏ប៉ុន្តែ តាមពិតទៅ ចំពោះមនុស្សដែលដើរតាមព្រះជាម្ចាស់សព្វថ្ងៃនេះ ប្រធានបទ កិច្ចការរបស់ព្រះជាម្ចាស់ និស្ស័យរបស់ព្រះជាម្ចាស់ និងព្រះជាម្ចាស់ផ្ទាល់ព្រះអង្គ គឺជារឿងដែលពួកគេពុំធ្លាប់ដឹងធ្លាប់ឮសោះឡើយ។ ហេតុអ្វីបានជាបែបនេះទៅវិញ? នៅពេលដែលមនុស្សឆ្លងកាត់កិច្ចការរបស់ព្រះជាម្ចាស់ ពួកគេក៏ចាប់ផ្តើមមានទំនាក់ទំនងជាមួយព្រះអង្គដែរ ដែលធ្វើឱ្យពួកគេមានអារម្មណ៍ហាក់ដូចជាពួកគេស្គាល់ពីនិស្ស័យរបស់ទ្រង់ ឬក៏មានចំណេះដឹងខ្លះអំពីលក្ខណៈនោះ។ ដោយហេតុនេះហើយ ទើបមនុស្សមិនបានគិតថា កិច្ចការរបស់ព្រះជាម្ចាស់ ឬនិស្ស័យរបស់ទ្រង់ ជារឿងអ្វីចម្លែកសម្រាប់ពួកគេនោះទេ។ ផ្ទុយទៅវិញ ពួកគេគិតថា ពួកគេធ្លាប់ដឹងធ្លាប់ឮពីព្រះជាម្ចាស់ច្រើនណាស់ ព្រមទាំងស្គាល់ព្រះអង្គច្រើនទៀតផង។ ប៉ុន្តែ ក្នុងចំណោមមនុស្សជាច្រើន ការស្គាល់ព្រះជាម្ចាស់ដែលបានលើកឡើងមកនេះ គឺនៅត្រឹមចំណេះដឹងដែលពួកគេធ្លាប់បានអាននៅក្នុងសៀវភៅ នៅត្រឹមបទពិសោធផ្ទាល់ខ្លួនដែលត្រូវរួមរឹតដោយការស្រមើស្រមៃ និងត្រូវបង្រួមតូចមកត្រឹមការពិតនានាដែលពួកគេអាចមើលឃើញនឹងភ្នែកពួកគេផ្ទាល់តែប៉ុណ្ណោះ។ ចំណុចទាំងអស់នេះ ខុសឆ្ងាយពីព្រះដ៏ពិតជាព្រះជាម្ចាស់ផ្ទាល់ព្រះអង្គនេះណាស់។ ហើយតើខុស «ឆ្ងាយ» ប៉ុនណា? ប្រហែលជាមនុស្សខ្លួនឯងក៏មិនប្រាកដដែរ ឬប្រហែលជាមនុស្សនៅមានអារម្មណ៍ស្រពេចស្រពិលនៅឡើយទេ។ ក៏ប៉ុន្តែនៅពេលនិយាយដល់ព្រះជាម្ចាស់ផ្ទាល់ព្រះអង្គ នោះការយល់ដឹងរបស់មនុស្សចំពោះទ្រង់ គឺនៅខុសឆ្ងាយពីសារជាតិរបស់ព្រះដ៏ពិតជាព្រះជាម្ចាស់ផ្ទាល់ព្រះអង្គនេះខ្លាំងណាស់។ ហេតុនេះហើយបានជាប្រធានបទ «កិច្ចការរបស់ព្រះជាម្ចាស់ និស្ស័យរបស់ព្រះជាម្ចាស់ និងព្រះជាម្ចាស់ផ្ទាល់ព្រះអង្គ» ចាំបាច់ត្រូវលើកមកប្រកបគ្នា ឱ្យមានលក្ខណៈជាប្រព័ន្ធ និងច្បាស់លាស់។
តាមពិតទៅ និស្ស័យរបស់ព្រះជាម្ចាស់បើកចំហចំពោះមនុស្សគ្រប់ៗគ្នា មិនបានលាក់លៀមឡើយ ដ្បិតព្រះជាម្ចាស់ ទ្រង់មិនដែលគេចវេសពីមនុស្សណាម្នាក់ ក៏មិនដែលព្យាយាមបិទបាំងអង្គទ្រង់ ដើម្បីរារាំងមនុស្សមិនឱ្យស្គាល់ព្រះអង្គ ឬក៏យល់ពីទ្រង់នោះដែរ។ និស្ស័យរបស់ព្រះជាម្ចាស់ គឺតែងតែបើកចំហ និងបែរទៅរកមនុស្សគ្រប់គ្នាដោយស្មោះត្រង់ឥតលាក់លៀម។ នៅក្នុងការគ្រប់គ្រងរបស់ទ្រង់ ព្រះជាម្ចាស់បំពេញកិច្ចការរបស់ព្រះអង្គ ទតមើលមនុស្សគ្រប់គ្នា ហើយកិច្ចការរបស់ព្រះអង្គត្រូវបំពេញដើម្បីមនុស្សរាល់គ្នា។ នៅពេលដែលព្រះអង្គធ្វើកិច្ចការនេះ ព្រះអង្គបន្តបើកសម្ដែងពីនិស្ស័យរបស់ទ្រង់ និងបន្តប្រើប្រាស់សារជាតិរបស់ទ្រង់ កម្មសិទ្ធិនិងលក្ខណៈរបស់ទ្រង់ឥតឈប់ឈរ ដើម្បីណែនាំ និងទំនុកបម្រុងដល់មនុស្សគ្រប់ៗគ្នា។ នៅគ្រប់យុគសម័យ និងគ្រប់ដំណាក់កាលទាំងអស់ មិនថាកាលៈទេសៈល្អឬមិនល្អនោះទេ និស្ស័យរបស់ព្រះជាម្ចាស់ តែងតែបើកចំហចំពោះមនុស្សគ្រប់គ្នា ហើយកម្មសិទ្ធិ និងលក្ខណៈរបស់ទ្រង់ តែងតែបើកចំហរចំពោះមនុស្សរាល់គ្នាជានិច្ច ប្រៀបដូចជាជីវិតរបស់ទ្រង់ដែលតែងតែទំនុកបម្រុង និងគាំទ្រដល់មនុស្សជាតិឥតដាច់និងឥតឈប់ឈរដូច្នោះដែរ។ ទោះជាបែបនេះក៏ដោយ ក៏និស្ស័យរបស់ព្រះជាម្ចាស់នៅតែលាក់បាំងចំពោះមនុស្សចំនួនដែរ។ តើមូលហេតុអ្វី? ពីព្រោះទោះបីមនុស្សទាំងនេះរស់នៅក្នុងកិច្ចការរបស់ព្រះជាម្ចាស់ និងដើរតាមព្រះអង្គក៏ដោយ ក៏ពួកគេមិនដែលបានស្វះស្វែងដើម្បីយល់ពីព្រះជាម្ចាស់ឡើយ ក៏មិនចង់ស្គាល់ព្រះជាម្ចាស់ ឬចង់នៅក្បែរទ្រង់នោះដែរ។ ចំពោះមនុស្សទាំងអស់នេះ ការយល់ដឹងពីនិស្ស័យរបស់ព្រះជាម្ចាស់ ជាប្រផ្នូលថា ទីបញ្ចប់របស់ពួកគេជិតមកដល់ហើយ។ វាមានន័យថា ពួកគេជិតដល់ពេលត្រូវជំនុំជម្រះ និងដាក់ទោសតាមរយៈនិស្ស័យរបស់ព្រះជាម្ចាស់ហើយ។ ហេតុដូច្នេះហើយ ទើបពួកគេមិនដែលមានបំណងចង់យល់ដឹងពីព្រះជាម្ចាស់ ឬពីនិស្ស័យរបស់ទ្រង់ឡើយ ហើយក៏មិនដែលចង់រៀនសូត្រឱ្យបានយល់ដឹងស៊ីជម្រៅ ឬមានចំណេះដឹងជ្រៅជ្រះអំពីបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ដែរ។ ពួកគេមិនបានស្វះស្វែងដើម្បីយល់ពីបំណងព្រះហឫទ័យរបស់ព្រះជាម្ចាសដោយមានចេតនាសហការនោះទេ។ ផ្ទុយទៅវិញ ពួកគេសប្បាយរហូត ហើយមិនដែលនឿយហត់នឹងធ្វើរឿងដែលពួកគេចង់ធ្វើនោះទេ។ ពួកគេជឿព្រះតាមតែពួកគេចង់ជឿ។ ពួកគេជឿព្រះដែលមានតែនៅក្នុងការស្រមើស្រម៉ៃរបស់ពួកគេ ជាព្រះដែលមានតែនៅក្នុងសញ្ញាណរបស់ពួកគេ ហើយជឿតែលើព្រះដែលមិនអាចកាត់ផ្ដាច់ចេញពីជីវិតរស់នៅប្រចាំថ្ងៃរបស់ពួកគេបានប៉ុណ្ណោះ។ នៅពេលដែលនិយាយដល់ព្រះដ៏ពិតជាព្រះជាម្ចាស់ផ្ទាល់ព្រះអង្គវិញ ពួកគេបោះបង់ចោលទាំងស្រុង ហើយគ្មានបំណងចង់ស្វែងយល់ពីព្រះអង្គ ឬយកចិត្តទុកដាក់នឹងទ្រង់ឡើយ ហើយមិនតែប៉ុណ្ណោះ ពួកគេគ្មានបំណងចង់ចូលទៅកៀកកិតនឹងទ្រង់ឡើយ។ ពួកគេគ្រាន់តែប្រើព្រះបន្ទូលដែលព្រះជាម្ចាស់សម្ដែងចេញ ដើម្បីបិទបាំងកំហុស និងស្រោបបិទកុំឱ្យឃើញខ្លួនពួកគេប៉ុណ្ណោះ។ ចំពោះពួកគេ ការធ្វើបែបនេះធ្វើឱ្យពួកគេក្លាយទៅជាអ្នកជឿដែលជោគជ័យ និងជាមនុស្សដែលមានសេចក្ដីជំនឿលើព្រះជាម្ចាស់នៅក្នុងដួងចិត្ត។ នៅក្នុងដួងចិត្តរបស់ពួកគេ ពួកគេត្រូវការស្រមើស្រមៃនិងសញ្ញាណផ្ទាល់ខ្លួនគេដឹកមុខ សូម្បីតែនិយមន័យផ្ទាល់ខ្លួនរបស់ពួកគេអំពីព្រះជាម្ចាស់ក៏ដឹកមុខគេដែរ។ ម្យ៉ាងវិញទៀត ព្រះដ៏ពិតជាព្រះជាម្ចាស់ផ្ទាល់ព្រះអង្គ គ្មានអ្វីទាក់ទងជាមួយពួកគេឡើយ។ ដោយសារប្រសិនបើពួកគេត្រូវយល់ពីព្រះដ៏ពិតជាព្រះជាម្ចាស់ផ្ទាល់ព្រះអង្គ យល់ពីនិស្ស័យពិតរបស់ព្រះជាម្ចាស់ និងយល់ពីកម្មសិទ្ធិនិងលក្ខណៈរបស់ទ្រង់មែននោះ នេះមានន័យថា រាល់សកម្មភាព សេចក្ដីជំនឿ និងការដេញតាមរបស់ពួកគេទាំងអស់ សុទ្ធតែត្រូវថ្កោលទោសមិនខាន។ ហេតុនេះហើយទើបពួកគេស្អប់ការយល់ដឹងពីសារជាតិរបស់ព្រះជាម្ចាស់ ស្អប់ហើយគ្មានឆន្ទៈក្នុងការស្វែងរក ឬអធិស្ឋានដោយសេចក្ដីក្លៀវក្លា ដើម្បីបានស្គាល់ព្រះជាម្ចាស់ បានយល់ពីបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ និងបានស្គាល់ពីនិស្ស័យរបស់ព្រះជាម្ចាស់ឱ្យបានប្រសើរជាងមុននោះឡើយ។ ពួកគសុខចិត្តឱ្យព្រះជាម្ចាស់មានលក្ខណៈជាព្រះដែលគេបង្កើតឡើង គ្មានខ្លឹមសារ និងមិនច្បាស់វិញល្អជាង។ ពួកគេសុខចិត្តឱ្យព្រះជាម្ចាស់ ជាព្រះមួយអង្គដែលដូចទៅនឹងការស្រមើស្រមៃរបស់ពួកគេ ជាព្រះមួយអង្គដែលអាចធ្វើអ្វីតាមដែលពួកគេចង់បាន ទំនុកបម្រុងពួកគេមិនចេះនឿយហត់ ហើយពួកគេរកពេលណាបានពេលនោះ។ នៅពេលដែលពួកគេចង់បានព្រះគុណរបស់ព្រះជាម្ចាស់ ពួកគេក៏ទូលសុំព្រះជាម្ចាស់ឱ្យធ្វើជាព្រះគុណសម្រាប់គេ។ នៅពេលដែលពួកគេត្រូវការព្រះពររបស់ព្រះជាម្ចាស់ ពួកគេក៏ទូលសុំព្រះជាម្ចាស់ឱ្យធ្វើជាព្រះពរសម្រាប់ពួកគេ។ នៅពេលជួបប្រទះការលំបាក ពួកគេក៏ទូលសុំព្រះជាម្ចាស់ឱ្យប្រទានសេចក្ដីក្លាហានដល់ពួកគេ និងធ្វើជាខែលរឹងមាំការពារពួកគេ។ ចំណេះដឹងរបស់មនុស្សអំពីព្រះជាម្ចាស់ទាំងអម្បាលម៉ាននេះ គឺស្ថិតនៅក្នុងមហិច្ឆតាចង់បានព្រះគុណ និងព្រះពរតែប៉ុណ្ណោះ។ ការយល់ដឹងរបស់ពួកគេអំពីកិច្ចការរបស់ព្រះជាម្ចាស់ និស្ស័យរបស់ព្រះជាម្ចាស់ និងព្រះជាម្ចាស់ផ្ទាល់ព្រះអង្គ ក៏ត្រូវកម្រិតត្រឹមការស្រមើលស្រមៃ ពាក្យពេចន៍ និងគោលលទ្ធិរបស់ពួកគេតែប៉ុណ្ណោះ។ ក៏ប៉ុន្តែ ក៏មានមនុស្សមួយចំនួនដែលចង់ស្វែងយល់ពីនិស្ស័យរបស់ព្រះជាម្ចាស់ខ្លាំង ចង់ឃើញព្រះជាម្ចាស់ផ្ទាល់ព្រះអង្គយ៉ាងពិតប្រាកដ និងបានយល់ច្បាស់ពីនិស្ស័យរបស់ព្រះជាម្ចាស់ ព្រមទាំងកម្មសិទ្ធិនិងលក្ខណៈរបស់ទ្រង់ផងដែរ។ មនុស្សទាំងនេះ កំពុងស្វែងរកតថភាពនៃសេចក្តីពិត និងសេចក្តីសង្រ្គោះពីព្រះជាម្ចាស់ និងស្វះស្វែងដើម្បីទទួលការយកឈ្នះ សេចក្តីសង្រ្គោះ និងភាពគ្រប់លក្ខណ៍ពីព្រះជាម្ចាស់។ ពួកគេប្រើដួងចិត្តរបស់ពួកគេដើម្បីអានព្រះបន្ទូលរបស់ព្រះជាម្ចាស់ ប្រើដួងចិត្តរបស់ពួកគេដើម្បីបានយល់ពីគ្រប់ស្ថានការណ៍ និងគ្រប់មនុស្ស ព្រឹត្តិការណ៍ និងអ្វីដែលព្រះជាម្ចាស់បានរៀបចំសម្រាប់ពួកគេ ហើយពួកគេអធិស្ឋាន និងស្វែងរកដោយចិត្តស្មោះស។ អ្វីដែលពួកគេចង់ដឹងបំផុតនោះគឺ បំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ អ្វីដែលគេចង់យល់បំផុតនោះគឺ និស្ស័យនិងសារជាតិពិតរបស់ព្រះជាម្ចាស់ ដើម្បីឱ្យពួកគេលែងប្រមាថដល់ព្រះអង្គតទៅទៀត ហើយអាចមើលឃើញកាន់តែច្បាស់ពីសេចក្តីស្រឡាញ់របស់ព្រះជាម្ចាស់ និងផ្នែកដ៏ពិតរបស់ព្រះអង្គ តាមរយៈបទពិសោធរបស់ពួកគេ។ ហើយព្រះដ៏ពិត ក៏នឹងមានព្រះវត្តមានគង់នៅខាងក្នុងដួងចិត្តរបស់ពួកគេដែរ ដូច្នេះ ព្រះជាម្ចាស់នឹងមានកន្លែងមួយនៅក្នុងដួងចិត្តរបស់ពួកគេ ហើយនឹងធ្វើឱ្យពួកគេលែងរស់នៅក្នុងការស្រមើលស្រមៃ សញ្ញាណ ឬភាពស្រពេចស្រពិលតទៅទៀត។ សម្រាប់មនុស្សទាំងនេះ មូលហេតុដែលពួកគេមានបំណងចង់ស្វែងយល់ពីនិស្ស័យរបស់ព្រះជាម្ចាស់ និងសារជាតិរបស់ទ្រង់ខ្លាំងបែបនេះ គឺដោយសារតែនិស្ស័យនិងសារជាតិរបស់ទ្រង់ គឺជាតម្រូវការចាំបាច់សម្រាប់មនុស្សជាតិ នៅក្នុងដំណើរនៃបទពិសោធរបស់ពួកគេ ពីពេលមួយទៅពេលមួយទៀត ដ្បិតនិស្ស័យនិងសារជាតិរបស់ព្រះអង្គនេះហើយ ដែលផ្គល់ជីវិតដល់មនុស្សពេញមួយជីវិតរបស់គេ។ នៅពេលដែលពួកគេស្គាល់ពីនិស្ស័យរបស់ព្រះជាម្ចាស់ហើយ នោះពួកគេនឹងកាន់តែគោរពព្រះអង្គ កាន់តែចូលរួមសហការជាមួយកិច្ចការរបស់ព្រះអង្គ កាន់តែយកចិត្តទុកដាក់ចំពោះបំណងព្រះហឫទ័យរបស់ទ្រង់ និងកាន់តែបំពេញកាតព្វកិច្ចពួកគេឱ្យអស់ពីសមត្ថភាពថែមទៀត។ មនុស្សទាំងពីរប្រភេទនេះ មានឥរិយាបថបែបនេះចំពោះនិស្ស័យរបស់ព្រះជាម្ចាស់។ មនុស្សប្រភេទទីមួយ មិនចង់ដឹង មិនចង់យល់ពីនិស្ស័យរបស់ព្រះជាម្ចាស់ទេ។ ទោះបីជាពួកគេនិយាយថា ពួកគេចង់ស្គាល់ពីនិស្ស័យរបស់ព្រះជាម្ចាស់ ចង់ស្គាល់ព្រះជាម្ចាស់ផ្ទាល់ព្រះអង្គ ចង់ឃើញកម្មសិទ្ធិនិងលក្ខណៈរបស់ទ្រង់ ហើយចង់យល់ពីបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ក៏ដោយ ក៏ប៉ុន្តែនៅក្នុងចិត្តពួកគេវិញ ពួកគេសុខចិត្តឱ្យគ្មានព្រះជាម្ចាស់វិញល្អជាង។ នេះគឺដោយសារតែមនុស្សប្រភេទនេះមិនស្ដាប់បង្គាប់ និងទាស់ទទឹងនឹងព្រះជាម្ចាស់ជាប់ជានិច្ច។ ពួកគេប្រឆាំងនឹងព្រះជាម្ចាស់ ដើម្បីដណ្តើមតំណែងនៅក្នុងចិត្តមនុស្ស ហើយជារឿយៗ តែងសង្ស័យ ឬតែងបដិសេធថាគ្មានព្រះជាម្ចាស់ជានិច្ច។ ពួកគេមិនចង់ឱ្យនិស្ស័យរបស់ព្រះជាម្ចាស់ ឬព្រះដ៏ពិតជាព្រះជាម្ចាស់ផ្ទាល់ព្រះអង្គនេះ កាន់កាប់ដួងចិត្តរបស់ពួកគេឡើយ។ ពួកគេគ្រាន់តែចង់បំពេញតាមបំណងប្រាថ្នា ការស្រមើស្រមៃ និងមហិច្ឆិតាផ្ទាល់ខ្លួនរបស់ពួកគេប៉ុណ្ណោះ។ ដូច្នេះ មនុស្សទាំងនេះអាចជឿលើព្រះជាម្ចាស់ អាចដើរតាមព្រះអង្គ និងអាចលះបង់គ្រួសារ និងការងាររបស់ពួកគេដើម្បីព្រះអង្គក៏ពិតមែន តែពួកគេមិនលះបង់ចោលផ្លូវអាក្រក់របស់ពួកគេបានឡើយ។ មានអ្នកខ្លះថែមទាំងបានលួចប្រាក់តង្វាយ ឬប្រើប្រាស់ប្រាក់តង្វាយខ្ជះខ្ជាយ ឬលួចជេរប្រមាថព្រះជាម្ចាស់ស្ងាត់ៗទៀតផង។ ចំណែកអ្នកខ្លះទៀតអាចប្រើមុខតំណែងរបស់ខ្លួន ដើម្បីធ្វើបន្ទាល់អំពីខ្លួនគេ លើកតម្កើងខ្លួនគេ និងប្រកួតប្រជែងជាមួយព្រះជាម្ចាស់ម្ដងហើយម្ដងទៀត ដើម្បីប្រជែងយកមនុស្ស និងឋានៈ។ ពួកគេប្រើវិធីសាស្រ្ត និងវិធានការណ៍ផ្សេងៗ ដើម្បីធ្វើឱ្យមនុស្សថ្វាយបង្គំពួកគេ ដោយតែងព្យាយាមយកឈ្នះលើមនុស្ស និងគ្រប់គ្រងពួកគេជានិច្ច។ អ្នកខ្លះថែមទាំងមានចេតនាបំភាន់មនុស្សថា ពួកគេជាព្រះជាម្ចាស់ទៀតផង ដើម្បីឱ្យមនុស្សអាចប្រព្រឹត្តដាក់ពួកគេដូចជាព្រះជាម្ចាស់ដែរ។ ពួកគេមិនដែលប្រាប់នរណាម្នាក់ថា ពួកគេត្រូវបានធ្វើឱ្យពុករលួយយូរមកហើយនោះទេ ឬថាពួកគេជាមនុស្សពុករលួយ និងក្រអឺតក្រទមខ្លាំងនោះទេ ក៏មិនដែលប្រាប់មនុស្សកុំឱ្យថ្វាយបង្គំពួកគេដែរ ដ្បិតមិនថាពួកគេធ្វើបានល្អប៉ុនណានោះទេ នោះសុទ្ធតែជាការលើកតម្កើងពីព្រះជាម្ចាស់ ហើយពួកគេគ្រាន់តែធ្វើអ្វីដែលពួកគេគួរធ្វើប៉ុណ្ណោះ។ ហេតុអ្វីបានជាពួកគេមិនព្រមនិយាយរឿងទាំងនេះចេញមក? ពីព្រោះពួកគេខ្លាចបាត់បង់កន្លែងរបស់ពួកគេនៅក្នុងចិត្តរបស់មនុស្ស។ នេះជាមូលហេតុដែលមនុស្សបែបនេះ មិនដែលលើកតម្កើងព្រះជាម្ចាស់ មិនដែលធ្វើបន្ទាល់អំពីព្រះជាម្ចាស់ឡើយ។ នេះគឺដោយសារតែពួកគេមិនដែលបានព្យាយាមស្វែងយល់ពីព្រះជាម្ចាស់សោះឡើយ។ តើពួកគេអាចស្គាល់ព្រះជាម្ចាស់ដោយមិនយល់ពីព្រះអង្គបានដែរទេ? មិនអាចទៅរួចនោះទេ! ដូច្នេះ ពាក្យពេចន៍នៅក្នុងប្រធានបទ «កិច្ចការរបស់ព្រះជាម្ចាស់ និស្ស័យរបស់ព្រះជាម្ចាស់ និងព្រះជាម្ចាស់ផ្ទាល់ព្រះអង្គ» នេះ អាចសាមញ្ញបន្តិចមែន តែពាក្យពេចន៍ទាំងនោះមានអត្ថន័យខុសគ្នាៗចំពោះមនុស្សម្នាក់ៗ។ ចំពោះអ្នកដែលតែងតែមិនស្តាប់បង្គាប់ព្រះជាម្ចាស់ ទាស់ទទឹងនឹងព្រះជាម្ចាស់ ហើយតាំងខ្លួនជាសត្រូវរបស់ព្រះជាម្ចាស់ នោះពាក្យពេចន៍ទាំងនេះនឹងក្លាយជាប្រផ្នូលនៃការថ្កោលទោសទៅវិញ។ ចំណែកឯអ្នកដែលដេញតាមតថភាពនៃសេចក្តីពិត ហើយតែងតែមកចំពោះព្រះជាម្ចាស់ ដើម្បីស្វែងរកបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ នោះគេនឹងទទួលយកពាក្យទាំងនេះ ប្រៀបដូចជាត្រីដែលត្រូវការទឹកយ៉ាងដូច្នោះដែរ។ ដូច្នេះ ក្នុងចំណោមអ្នករាល់គ្នា មានអ្នកខ្លះ ពេលដែលបានឮគេនិយាយពីនិស្ស័យរបស់ព្រះជាម្ចាស់ និងកិច្ចការរបស់ព្រះជាម្ចាស់ហើយ ក៏ចាប់ផ្តើមឈឺក្បាល ដួងចិត្តរបស់ពួកគេ ចាប់ផ្តើមមានអារម្មណ៍ទាស់ទទឹង ហើយពួកគេចាប់ផ្តើមានអារម្មណ៍មិនស្រួលនៅក្នុងចិត្តជាខ្លាំង។ ប៉ុន្តែ ក្នុងចំណោមអ្នករាល់គ្នា ក៏មានអ្នកខ្លះទៀតយល់ថា ប្រធានបទនេះ គឺពិតជាអ្វីដែលពួកគេត្រូវការមែន ពីព្រោះវាមានប្រយោជន៍ខ្លាំងណាស់សម្រាប់ពួកគេ។ ប្រធានបទនេះមិនអាចខ្វះបានទេនៅក្នុងបទពិសោធជីវិតរបស់ពួកគេ។ វាជាប្រធានបទដ៏សំខាន់បំផុត ជាគ្រឹះនៃសេចក្ដីជំនឿលើព្រះជាម្ចាស់ ហើយជាអ្វីដែលមនុស្សជាតិមិនអាចបោះបង់ចោលបានឡើយ។ សម្រាប់អ្នករាល់គ្នា ប្រធានបទនេះ ហាក់ដូចជាឆ្ងាយផងនិងជិតផង មិនធ្លាប់ស្គាល់តែដូចជាស្រដៀងៗផង។ មិនថាយ៉ាងណានោះទេ នេះគឺជាប្រធានបទមួយ ដែលមនុស្សគ្រប់គ្នាត្រូវតែស្តាប់ ត្រូវតែដឹង និងត្រូវតែយល់។ មិនថាអ្នកដោះស្រាយវាដោយបែបណាទេ មិនថាអ្នកគិតពីវាបែបណា ឬមិនថាអ្នកយល់ពីវាបែបណានោះទេ ក៏ប៉ុន្តែសារៈសំខាន់នៃប្រធានបទនេះ មិនអាចមិនអើពើបានឡើយ។
ព្រះជាម្ចាស់បានបំពេញកិច្ចការរបស់ទ្រង់ ចាប់តាំងពីពេលដែលព្រះអង្គបង្កើតមនុស្សជាតិមកម្ល៉េះ។ ពេលចាប់ផ្តើមដំបូង កិច្ចការនេះសាមញ្ញណាស់ ប៉ុន្តែទោះវាសាមញ្ញបែបណាក៏ដោយ ក៏វាមានការសម្ដែងចេញនូវសារជាតិ និងនិស្ស័យរបស់ព្រះជាម្ចាស់ក្នុងនោះដែរ។ ពេលនេះ ខណៈដែលកិច្ចការរបស់ព្រះជាម្ចាស់កាន់តែខ្ពស់ឡើងៗ ហើយកិច្ចការលើមនុស្សគ្រប់គ្នាដែលដើរតាមព្រះអង្គក៏កាន់តែអស្ចារ្យ និងជាក់ស្ដែងទៅៗ ដោយមានការសម្តែងចេញពីព្រះបន្ទូលរបស់ព្រះអង្គយ៉ាងច្រើនផង ចំណែកឯអង្គរបស់ព្រះជាម្ចាស់ ក៏ត្រូវបានលាក់បាំងពីមនុស្សជាតិ។ ទោះបីជាព្រះអង្គបានយាងមកយកកំណើតជាមនុស្សពីរដងរួចហើយ រាប់តាំងពីយុគសម័យដែលមានកត់ត្រាទូកក្នុងព្រះគម្ពីរ រហូតដល់សម័យទំនើបនេះ តើមាននរណាធ្លាប់បានឃើញអង្គពិតប្រាកដរបស់ព្រះជាម្ចាស់ដែរឬទេ? បើផ្អែកលើការយល់ដឹងរបស់អ្នករាល់គ្នា តើមាននរណាម្នាក់ធ្លាប់បានឃើញអង្គពិតរបស់ព្រះជាម្ចាស់ដែរឬទេ? មិនធ្លាប់មានទេ។ គ្មាននរណាម្នាក់ធ្លាប់បានឃើញអង្គពិតរបស់ព្រះជាម្ចាស់ឡើយ មានន័យថា គ្មាននរណាម្នាក់ធ្លាប់បានឃើញរូបអង្គពិតរបស់ព្រះជាម្ចាស់ឡើយ។ នេះគឺជារឿងដែលមនុស្សគ្រប់គ្នាយល់ស្រប។ និយាយឱ្យចំទៅគឺថា អង្គពិតរបស់ព្រះជាម្ចាស់ ឬវិញ្ញាណរបស់ព្រះជាម្ចាស់ ត្រូវបានលាក់បាំងពីមនុស្សជាតិទាំងស្រុង រួមទាំងអ័ដាម និងអេវ៉ាដែលព្រះអង្គបានបង្កើតមកផង ហើយសូម្បីតែលោកយ៉ូបដែលជាមនុស្សសុចរិត និងជាទីគាប់ព្រះហឫទ័យដល់ព្រះអង្គ ក៏ត្រូវលាក់បាំងដែរ។ គ្មាននរណាម្នាក់ក្នុងចំណោមពួកគេនោះ ធា្លប់បានឃើញអង្គពិតរបស់ព្រះជាម្ចាស់នោះទេ។ ក៏ប៉ុន្ដែ តើហេតុអ្វីបានជាព្រះជាម្ចាស់មានចេតនាបិទបាំងអង្គពិតរបស់ទ្រង់បែបនេះទៅវិញ? មនុស្សខ្លះនិយាយថា៖ «មកពីព្រះជាម្ចាស់ខ្លាចក្រែងធ្វើឱ្យមនុស្សភ័យ»។ អ្នកខ្លះទៀតថា៖ «ព្រះជាម្ចាស់លាក់បាំងអង្គពិតរបស់ទ្រង់ ដោយសារមនុស្សតូចទាបពេក រីឯព្រះជាម្ចាស់ ធំអស្ចារ្យខ្លាំងពេក។ មនុស្សមិនអាចមើលឃើញព្រះអង្គបានឡើយ បើមិនដូច្នេះទេ ពួកគេនឹងត្រូវស្លាប់ជាមិនខាន»។ ហើយអ្នកខ្លះទៀតក៏និយាយថា៖ «មកពីព្រះជាម្ចាស់រវល់ក្នុងការគ្រប់គ្រងកិច្ចការរបស់ទ្រង់រាល់ថ្ងៃ ដូច្នេះហើយបានជាព្រះអង្គមិនមានពេលលេចមកឱ្យមនុស្សបានឃើញទ្រង់»។ មិនថាអ្នករាល់គ្នាជឿបែបណានោះទេ ក៏ប៉ុន្តែខ្ញុំមានសេចក្តីសន្និដ្ឋានមួយនៅត្រង់ចំណុចនេះ។ តើការសន្និដ្ឋាននោះជាអ្វី? គឺថាព្រះជាម្ចាស់ មិនចង់ឱ្យមនុស្សមើលឃើញអង្គពិតរបស់ទ្រង់ឡើយ។ ការលាក់បាំងមិនឱ្យមនុស្សជាតិឃើញ គឺចេតនារបស់ព្រះជាម្ចាស់។ អាចនិយាយម៉្យាងទៀតបានថា នេះគឺជាចេតនារបស់ព្រះជាម្ចាស់ដែលមិនចង់ឱ្យមនុស្សមើលឃើញអង្គពិតរបស់ទ្រង់។ ដូច្នេះ មកដល់ត្រឹមនេះ អ្នករាល់គ្នាគួរតែយល់ច្បាស់ហើយ។ ប្រសិនបើព្រះជាម្ចាស់មិនដែលបើកសម្ដែងឱ្យនរណាម្នាក់បានឃើញពីអង្គទ្រង់ទេ តើអ្នករាល់គ្នាគិតថា អង្គរបស់ព្រះជាម្ចាស់មានដែរឬទេ? (ពិតជាមាន។) ពិតណាស់ ព្រះជាម្ចាស់មានពិតប្រាកដមែន។ អត្ថិភាពនៃអង្គរបស់ព្រះជាម្ចាស់ មានពិតប្រាកដមែន មិនចាំបាច់ត្រូវសង្ស័យឡើយ។ ក៏ប៉ុន្តែ ចំពោះថាតើអង្គរបស់ព្រះជាម្ចាស់អស្ចារ្យប៉ុនណា ឬព្រះអង្គមានរូបអង្គបែបណានោះ តើមនុស្សជាតិគួរសាកសួរសំណួរទាំងនេះដែរឬទេ? អត់ទេ។ ចម្លើយគឺអត់នោះទេ។ ដូច្នេះ ប្រសិនបើអង្គរបស់ព្រះជាម្ចាស់ មិនមែនជាប្រធានបទដែលយើងគួរតែស្វែងយល់ទេ តើយើងគួរស្វែងយល់ពីអ្វីវិញ? (និស្ស័យរបស់ព្រះជាម្ចាស់។) (កិច្ចការរបស់ព្រះជាម្ចាស់។) មុនពេលដែលយើងចាប់ផ្តើមប្រកបគ្នាអំពីប្រធានបទផ្លូវការរបស់យើង សូមយើងងាកទៅមើលអ្វីដែលយើងបានពិភាក្សាគ្នានៅមុននេះបន្តិចសិន៖ ហេតុអ្វីបានជាព្រះជាម្ចាស់មិនដែលបើកសម្ដែងអង្គទ្រង់ឱ្យមនុស្សជាតិបានឃើញ? ហេតុអ្វីបានជាព្រះជាម្ចាស់មានចេតនាលាក់បាំងអង្គទ្រង់មិនឱ្យមនុស្សឃើញ? មានហេតុផលតែមួយគត់ ហើយហេតុផលនោះគឺ៖ ទោះបីជាមនុស្សដែលព្រះជាម្ចាស់បានបង្កើតមកនោះ មានបទពិសោធពីកិច្ចការរាប់សិបពាន់ឆ្នាំរបស់ព្រះអង្គក៏ដោយ ក៏គ្មានមនុស្សណាម្នាក់ស្គាល់ពីកិច្ចការរបស់ព្រះជាម្ចាស់ ស្គាល់ពីនិស្ស័យរបស់ព្រះជាម្ចាស់ និងស្គាល់ពីសារជាតិរបស់ព្រះអង្គដែរ។ នៅក្នុងព្រះនេត្ររបស់ព្រះជាម្ចាស់ មនុស្សបែបនេះ គឺជាអ្នកប្រឆាំងនឹងព្រះអង្គ ហើយព្រះជាម្ចាស់នឹងមិនបង្ហាញអង្គទ្រង់ឱ្យមនុស្សដែលប្រឆាំងទាស់នឹងទ្រង់ឃើញឡើយ។ នេះគឺជាហេតុផលតែមួយគត់ ដែលព្រះជាម្ចាស់មិនដែលបើកសម្ដែងអង្គទ្រង់ឱ្យមនុស្សជាតិបានឃើញ ហើយជាមូលហេតុដែលព្រះអង្គមានចេតនាបិទបាំងអង្គទ្រង់មិនឱ្យមនុស្សជាតិឃើញ។ ពេលនេះ តើអ្នករាល់គ្នាយល់ច្បាស់ពីសារៈសំខាន់នៃការស្គាល់ពីនិស្ស័យរបស់ព្រះជាម្ចាស់ហើយមែនទេ?
ចាប់តាំងពីកើតមានការគ្រប់គ្រងរបស់ព្រះជាម្ចាស់មក ព្រះអង្គតែងតែលះបង់គ្រប់យ៉ាងក្នុងការបំពេញកិច្ចការរបស់ទ្រង់។ ទោះបីជាព្រះអង្គបានលាក់បាំងអង្គទ្រង់មិនឱ្យមនុស្សមើលឃើញក៏ដោយ ក៏ព្រះអង្គតែងតែគង់នៅក្បែរមនុស្សជានិច្ច ដោយបំពេញកិច្ចការលើមនុស្ស សម្ដែងចេញនិស្ស័យរបស់ទ្រង់ ដឹកនាំមនុស្សជាតិទាំងអស់តាមសារជាតិរបស់ទ្រង់ ព្រមទាំងបំពេញកិច្ចការលើមនុស្សគ្រប់គ្នា តាមរយៈព្រះចេស្ដា ព្រះប្រាជ្ញាញាណ និងសិទ្ធិអំណាចរបស់ទ្រង់ ប្រយោជន៍ដើម្បីឱ្យកើតមានយុគសម័យនៃក្រឹត្យវិន័យ យុគសម័យនៃព្រះគុណ និងយុគសម័យនៃនគរព្រះនាគ្រាបច្ចុប្បន្ននេះ។ ទោះបីជាព្រះជាម្ចាស់លាក់បាំងអង្គទ្រង់ពីមនុស្សក៏ដោយ ក៏និស្ស័យរបស់ទ្រង់ លក្ខណៈនិងកម្មសិទ្ធរបស់ទ្រង់ និងបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ចំពោះមនុស្សជាតិ ត្រូវបានបើកសម្ដែងដោយឥតលាក់លៀមមកដល់មនុស្ស ដើម្បីឱ្យពួកគេមើលឃើញ និងទទួលបានបទពិសោធ។ អាចនិយាយម៉្យាងទៀតបានថា ទោះបីជាមនុស្សមិនអាចមើលឃើញ ឬមិនអាចប៉ះពាល់ព្រះជាម្ចាស់បានក៏ពិតមែន តែនិស្ស័យនិងសារជាតិរបស់ព្រះជាម្ចាស់ ដែលមនុស្សជាតិបានជួបប្រទះ គឺជាការសម្តែងចេញឱ្យឃើញយ៉ាងជាក់ច្បាស់ពីព្រះជាម្ចាស់ផ្ទាល់ព្រះអង្គ។ តើនោះមិនមែនការពិតទេឬអី? មិនថាព្រះជាម្ចាស់ជ្រើសរើសវិធីសាស្រ្ត ឬគោលវិធីក្នុងជ្រុងណាមួយសម្រាប់កិច្ចការរបស់ទ្រង់នោះទេ ព្រះអង្គតែងតែប្រព្រឹត្ដដាក់មនុស្សតាមរយៈអត្ដសញ្ញាណពិតប្រាកដរបស់ទ្រង់ តែងតែបំពេញកិច្ចការដែលជាភារៈកិច្ចរបស់ទ្រង់ និងតែងមានបន្ទូលណាដែលព្រះអង្គចាំបាច់ត្រូវមានបន្ទូលជានិច្ច។ មិនថាព្រះជាម្ចាស់មានបន្ទូលក្នុងព្រះឋានៈជាអ្វីនោះទេ ទោះព្រះអង្គឈរមានបន្ទូលពីស្ថានសួគ៌ ឬឈរក្នុងសាច់ឈាម ឬក្នុងឋានៈជាមនុស្សសាមញ្ញធម្មតាក៏ដោយ ក៏ព្រះអង្គតែងតែមានបន្ទូលទៅកាន់មនុស្សដោយស្មោះអស់ពីចិត្តនិងគំនិតរបស់ទ្រង់ ដោយគ្មានការបោកប្រាស់ ឬការលាក់បាំងអ្វីឡើយ។ នៅពេលដែលព្រះអង្គបំពេញកិច្ចការរបស់ទ្រង់ ព្រះជាម្ចាស់សម្ដែងចេញព្រះបន្ទូល និងនិស្ស័យរបស់ទ្រង់ ព្រមទាំងសម្ដែងនូវលក្ខណៈនិងកម្មសិទ្ធិរបស់ទ្រង់ដោយគ្មានទុកសំចៃអ្វីឡើយ។ ព្រះអង្គដឹកនាំមនុស្សជាតិដោយជីវិតរបស់ទ្រង់ ព្រមទាំងលក្ខណៈនិងកម្មសិទ្ធិរបស់ទ្រង់ផង។ មនុស្សបានរស់នៅឆ្លងកាត់យុគសម័យនៃក្រឹត្យវិន័យដោយរបៀបនេះឯង ដែលជាយុគសម័យដើមរបស់មនុស្ស ស្ថិតក្រោមការដឹកនាំរបស់ព្រះដែល «មិនអាចមើលឃើញ និងមិនអាចប៉ះបាន»។
បន្ទាប់ពីយុគសម័យនៃក្រឹត្យវិន័យ ព្រះជាម្ចាស់បានត្រឡប់ជាសាច់ឈាមជាលើកដំបូង ជាការយកកំណើតជាមនុស្ស ដែលមានរយៈពេលត្រឹមតែសាមសិបបីឆ្នាំកន្លះប៉ុណ្ណោះ។ សម្រាប់មនុស្ស តើរយៈពេលសាមសិបបីឆ្នាំកន្លះនេះយូរដែរឬទេ? (មិនយូរទេ។) ដោយសារអាយុរបស់មនុស្ស ជាទូទៅយូរជាងសាមសិបឆ្នាំ ដូច្នេះ រយៈពេលនេះមិនយូរសម្រាប់មនុស្សឡើយ។ ក៏ប៉ុន្តែ សម្រាប់ព្រះជាម្ចាស់ដែលយកកំណើតជាមនុស្សវិញ រយៈពេលសាមសិបបីឆ្នាំកន្លះនេះ គឺពិតជាយូរខ្លាំងណាស់។ ព្រះអង្គបានយកកំណើតជាមនុស្សសាមញ្ញធម្មតាម្នាក់ ដែលបានទទួលយកកិច្ចការ និងបញ្ជាបេសកកម្មរបស់ព្រះជាម្ចាស់។ នេះមានន័យថា ព្រះអង្គត្រូវទទួលយកកិច្ចការដែលមនុស្សសាមញ្ញធម្មតាម្នាក់មិនអាចធ្វើបាន ហើយក្នុងពេលនោះដែរ ក៏ស៊ូទ្រាំនឹងទុក្ខលំបាកដែលមនុស្សសាមញ្ញនោះមិនអាចទ្រាំបាន។ ទំហំនៃការរងទុក្ខដែលព្រះអម្ចាស់យេស៊ូវបានឆ្លងកាត់នៅក្នុងយុគសម័យនៃព្រះគុណ រាប់ចាប់តាំងពីការចាប់ផ្តើមនៃកិច្ចការរបស់ទ្រង់រហូតដល់ពេលដែលព្រះអង្គត្រូវគេឆ្កាងទៅនឹងឈើឆ្កាង គឺប្រហែលជាមនុស្សនៅក្នុងសម័យសព្វថ្ងៃនេះ មិនអាចមើលឃើញដោយផ្ទាល់ភ្នែកបាននោះទេ ក៏ប៉ុន្តែ យ៉ាងហោចណាស់ អ្នករាល់គ្នាក៏អាចមានគំនិតខ្លះអំពីទុក្ខលំបាករបស់ទ្រង់តាមរយៈរឿងរ៉ាវនៅក្នុងព្រះគម្ពីរបានដែរ មែនទេ? មិនថានៅក្នុងកំណត់ត្រាដែលបានកត់ត្រាទុកទាំងនោះ មានការពិតច្រើនប៉ុនណានោះទេ និយាយជារួម កិច្ចការរបស់ព្រះជាម្ចាស់ក្នុងអំឡុងពេលនោះ គឺពោរពេញទៅដោយការលំបាក និងទុក្ខវេទនា។ សម្រាប់មនុស្សពុករលួយ អាយុសាមសិបបីឆ្នាំកន្លះ គឺមិនយូរនោះទេ។ ការរងទុក្ខតិចតួច គឺគ្រាន់តែជារឿងកំប៉ិកកំប៉ុកប៉ុណ្ណោះ។ ប៉ុន្តែចំពោះព្រះជាម្ចាស់ដ៏ជាព្រះបរិសុទ្ធគ្មានបាប ដែលត្រូវរ៉ាប់រងអំពើបាបគ្រប់យ៉ាងរបស់មនុស្សជាតិ ត្រូវមកបរិភោគ សម្រាក និងរស់នៅជាមួយមនុស្សមានបាប ការរងទុក្ខនេះគឺធំធេងខ្លាំងណាស់។ ព្រះអង្គជាព្រះអាទិករ ជាអធិបតេយ្យភាពលើរបស់សព្វសារពើ និងជាអ្នកគ្រប់គ្រង់លើរបស់សព្វសារពើ តែពេលដែលព្រះអង្គបានយាងមកក្នុងលោកីយ៍នេះ ព្រះអង្គត្រូវស៊ូទ្រាំនឹងការគាបសង្កត់ និងអំពើព្រៃផ្សៃរបស់មនុស្សជាតិដែលពុករលួយទាំងអស់នេះ។ ដើម្បីបញ្ចប់កិច្ចការរបស់ទ្រង់ និងដើម្បីសង្គ្រោះមនុស្សជាតិពីសមុទ្រទុក្ខ ព្រះអង្គត្រូវឱ្យមនុស្សកាត់ទោស ហើយត្រូវរ៉ាប់រងអំពើបាបទាំងអស់របស់មនុស្សជាតិផង។ ទំហំនៃការរងទុក្ខដែលព្រះអង្គបានឆ្លងកាត់ មិនអាចឱ្យមនុស្សសាមញ្ញវាស់ស្ទង់ ឬតបស្នងវិញបានឡើយ។ តើការរងទុក្ខនេះតំណាងឱ្យអ្វី? តំណាងឱ្យភក្ដីភាពរបស់ព្រះជាម្ចាស់ចំពោះមនុស្សជាតិ។ តំណាងឱ្យការប្រមាថដែលព្រះអង្គបានទទួល និងតម្លៃដែលព្រះអង្គបានលះបង់ដើម្បីសេចក្ដីសង្គ្រោះរបស់មនុស្ស ដើម្បីប្រោសលោះអំពើបាបរបស់ពួកគេ និងដើម្បីបញ្ចប់ដំណាក់កាលនៃកិច្ចការរបស់ទ្រង់។ នេះក៏មានន័យថា មនុស្សត្រូវបានព្រះជាម្ចាស់ប្រោសលោះពីឈើឆ្កាងផងដែរ។ នេះគឺជាតម្លៃដែលបានសងដោយឈាមនិងជីវិត និងជាតម្លៃដែលគ្មានភាវៈដែលព្រះបានបង្កើតមកណាមួយ អាចមានលទ្ធភាពតបស្នងវិញបានឡើយ។ នេះគឺដោយសារតែព្រះអង្គមានសារជាតិរបស់ព្រះជាម្ចាស់ និងមានអ្វីដែលជាកម្មសិទ្ធ និងលក្ខណៈរបស់ព្រះជាម្ចាស់ ជាហេតុធ្វើឱ្យព្រះអង្គអាចស៊ូទ្រាំរងទុក្ខ និងអាចបំពេញកិច្ចការបែបនេះបាន។ នេះគឺជាកិច្ចការមួយដែលគ្មានភាវៈណាមួយដែលព្រះអង្គបានបង្កើតមក អាចធ្វើជំនួសទ្រង់បានឡើយ។ នេះគឺជាកិច្ចការរបស់ព្រះជាម្ចាស់ក្នុងយុគសម័យនៃព្រះគុណ និងជាការបើកសម្តែងពីនិស្ស័យរបស់ទ្រង់។ តើនេះគឺជាការបើកសម្តែងពីកម្មសិទ្ធ និងលក្ខណៈរបស់ព្រះជាម្ចាស់មែនទេ? តើវាស័ក្តិសមនឹងឱ្យមនុស្សជាតិត្រូវដឹងដែរឬទេ? នៅក្នុងយុគសម័យនោះ ទោះបីជាមនុស្សមិនបានឃើញអង្គរបស់ព្រះជាម្ចាស់ក៏ដោយ ក៏ពួកគេបានទទួលតង្វាយលោះបាបរបស់ព្រះជាម្ចាស់ ហើយក៏ត្រូវព្រះជាម្ចាស់ប្រោសលោះពីឈើឆ្កាងផងដែរ។ មនុស្សជាតិ ប្រហែលជាមិនទាន់ស្គាល់កិច្ចការដែលព្រះជាម្ចាស់បានធ្វើក្នុងយុគសម័យនៃព្រះគុណនៅឡើយទេ ក៏ប៉ុន្តែ តើមាននរណាម្នាក់ធ្លាប់ស្គាល់ពីនិស្ស័យ និងបំណងព្រះហឫទ័យដែលព្រះជាម្ចាស់បានសម្តែងចេញនៅក្នុងយុគសម័យនេះដែរឬទេ? មនុស្សគ្រាន់តែដឹងពីសេចក្ដីលម្អិតនៃកិច្ចការរបស់ព្រះជាម្ចាស់នៅក្នុងយុគសម័យផ្សេងៗ និងដឹងតាមរយៈបណ្តាញផ្សេងៗប៉ុណ្ណោះ ឬគ្រាន់តែដឹងពីរឿងរ៉ាវដែលទាក់ទងនឹងព្រះជាម្ចាស់ដែលបានកើតឡើងទន្ទឹមគ្នានឹងពេលដែលព្រះជាម្ចាស់កំពុងបំពេញកិច្ចការរបស់ព្រះអង្គតែប៉ុណ្ណោះ។ សេចក្ដីលម្អិត និងរឿងរ៉ាវទាំងនេះ ភាគច្រើនគ្រាន់តែជាព័ត៌មាន ឬជារឿងព្រេងមួយចំនួនអំពីព្រះជាម្ចាស់ប៉ុណ្ណោះ តែវាគ្មានអ្វីដែលទាក់ទងនឹងនិស្ស័យ និងសារជាតិរបស់ព្រះជាម្ចាស់ឡើយ។ ដូច្នេះ មិនថាមនុស្សបានដឹងរឿងអំពីព្រះជាម្ចាស់ច្រើនប៉ុនណានោះទេ ក៏ពុំមានន័យថា ពួកគេមានការយល់ដឹង និងមានចំណេះដឹងជ្រៅជ្រះអំពីនិស្ស័យ ឬសារជាតិរបស់ព្រះជាម្ចាស់នោះដែរ។ ដូចក្នុងយុគសម័យនៃក្រឹត្យវិន័យដែរ ទោះមនុស្សនៅក្នុងយុគសម័យនៃព្រះគុណបានជួបព្រះជាម្ចាស់នៅខាងសាច់ឈាមដោយផ្ទាល់ និងជិតស្និទ្ធនឹងទ្រង់ក៏ដោយ ក៏ប៉ុន្តែចំណេះដឹងរបស់ពួកគេអំពីនិស្ស័យ និងសារជាតិរបស់ព្រះជាម្ចាស់ស្ទើរតែគ្មានសោះតែម្តង។
នៅក្នុងយុគសម័យនៃនគរព្រះ ព្រះជាម្ចាស់បានត្រឡប់ជាសាច់ឈាមជាថ្មីម្តងទៀត ក្នុងលក្ខណៈដូចគ្នាដែលទ្រង់បានត្រឡប់ជាសាច់ឈាមកាលពីលើកដំបូងដែរ។ ក្នុងអំឡុងពេលនៃកិច្ចការនេះ ព្រះអង្គនៅតែសម្តែងចេញព្រះបន្ទូលរបស់ទ្រង់ដោយឥតលាក់លៀមដដែល ដោយធ្វើកិច្ចការណាដែលព្រះអង្គត្រូវធ្វើ និងសម្ដែងចេញនូវអ្វីដែលជាកម្មសិទ្ធិ និងលក្ខណៈរបស់ទ្រង់ដដែល។ ក្នុងពេលជាមួយគ្នានោះដែរ ព្រះអង្គនៅតែបន្តស៊ូទ្រាំ និងអត់ធ្មត់ចំពោះការមិនស្តាប់បង្គាប់ និងភាពល្ងង់ខ្លៅរបស់មនុស្សដដែល។ តើព្រះជាម្ចាស់នៅតែបន្តបើកសម្តែងពីនិស្ស័យរបស់ទ្រង់ និងសម្តែងចេញនូវបំណងព្រះហឫទ័យរបស់ទ្រង់នៅក្នុងអំឡុងកិច្ចការនាពេលនេះដូចគ្នាទៀតដែរឬទេ? ហេតុដូច្នេះហើយ ចាប់តាំងពេលនៃការបង្កើតមនុស្សរហូតមកដល់ពេលនេះ និស្ស័យរបស់ព្រះជាម្ចាស់ លក្ខណៈនិងកម្មសិទ្ធរបស់ទ្រង់ ក៏ដូចជាបំណងព្រះហឫទ័យរបស់ទ្រង់ដែរ គឺតែងតែបើកចំហចំពោះមនុស្សគ្រប់ៗគ្នាជានិច្ច។ ព្រះជាម្ចាស់មិនដែលមានចេតនាលាក់បាំងសារជាតិ និស្ស័យ ឬបំណងព្រះហឫទ័យរបស់ទ្រង់ឡើយ។ គ្រាន់តែថាមនុស្សជាតិ មិនបានអើពើនឹងអ្វីដែលព្រះជាម្ចាស់កំពុងធ្វើ និងមិនខ្វល់ពីបំណងព្រះហឫទ័យរបស់ទ្រង់តែប៉ុណ្ណោះ។ ដូច្នេះហើយទើបមនុស្សមានការយល់ដឹងស្តួចស្តើងបែបនេះអំពីព្រះជាម្ចាស់។ អាចនិយាយបានថា ថ្វីបើព្រះជាម្ចាស់លាក់បាំងអង្គទ្រង់ក៏ពិតមែន ក៏ប៉ុន្តែព្រះអង្គនៅតែឈរក្បែរមនុស្សជាតិគ្រប់ពេល ដោយបើកបង្ហាញជាចំហនូវបំណងព្រះហឫទ័យ និស្ស័យ និងសារជាតិរបស់ទ្រង់គ្រប់ពេល។ និយាយឱ្យងាយយល់គឺថា អង្គរបស់ព្រះជាម្ចាស់ ក៏បើកចំហចំពោះមនុស្សដែរ ក៏ប៉ុន្តែ ដោយសារតែភាពខ្វាក់ និងការមិនស្តាប់បង្គាប់របស់មនុស្ស ទើបពួកគេមិនដែលអាចមើលឃើញការលេចមករបស់ព្រះជាម្ចាស់បាន។ ដូច្នេះ ប្រសិនបើរឿងបែបនេះមែន តើការស្វែងយល់ពីនិស្ស័យរបស់ព្រះជាម្ចាស់ និងការស្វែងយល់ពីព្រះជាម្ចាស់ផ្ទាល់ព្រះអង្គនេះ មិនងាយស្រួលសម្រាប់មនុស្សគ្រប់ៗទៅហើយទេ? នេះគឺជាសំណួរមួយដែលពិបាកឆ្លើយណាស់ មែនទេ? អ្នកអាចឆ្លើយថា ងាយស្រួល ក៏ប៉ុន្តែ មានមនុស្សមួយចំនួន ដែលចង់ស្គាល់ព្រះជាម្ចាស់ជាខ្លាំង តែពួកគេបែរជាមិនអាចស្គាល់ទ្រង់ ឬមិនអាចយល់ច្បាស់ពីព្រះអង្គបានទៅវិញ។ អ្វីៗតែងតែស្រអាប់ និងស្រពេចស្រពិលជាប់ជានិច្ច។ ប៉ុន្តែប្រសិនបើអ្នកឆ្លើយថា មិនងាយស្រួលវិញ ចម្លើយនោះក៏មិនត្រឹមត្រូវដូចគ្នា។ ដោយសារយើងបានក្លាយជាកម្មវត្ថុនៃកិច្ចការរបស់ព្រះជាម្ចាស់ជាយូរមកហើយ ហេតុនេះ តាមរយៈបទពិសោធដ៏ច្រើនរបស់មនុស្ស គេគ្រប់គ្នាគួរតែបានឆ្លងកាត់ការដោះស្រាយពិតប្រាកដជាមួយព្រះជាម្ចាស់ហើយ។ យ៉ាងហោចណាស់ នៅក្នុងដួងចិត្តរបស់ពួកគេ ពួកគេគួរតែស្គាល់ព្រះជាម្ចាស់នៅក្នុងកម្រិតណាមួយ ឬត្រូវបានដុសខាត់ខាងវិញ្ញាណជាមួយព្រះជាម្ចាស់ដែរ ហើយយ៉ាងហោចណាស់ ពួកគេគួរតែមានការយល់ដឹងខ្លះអំពីនិស្ស័យរបស់ព្រះជាម្ចាស់ ឬទទួលបានការយល់ដឹងខ្លះអំពីព្រះជាម្ចាស់ដែរ។ ចាប់តាំងពីពេលដែលមនុស្សចាប់ផ្តើមដើរតាមព្រះជាម្ចាស់រហូតមកទល់ពេលបច្ចុប្បន្ននេះ មនុស្សជាតិបានទទួលអ្វីៗជាច្រើន ក៏ប៉ុន្តែដោយសារតែហេតុផលផ្សេងៗដូចជា គុណសម្បតិ្តអន់ថយរបស់មនុស្ស ភាពក្រអឺតក្រទម ការបះបោរ និងចេតនាផ្សេងៗរបស់គេ ទើបមនុស្សជាតិក៏បាត់បង់អស់ទៅវិញច្រើនដូចគ្នាដែរ។ តើព្រះជាម្ចាស់មិនមែនបានប្រទានឱ្យមនុស្សច្រើនគ្រប់គ្រាន់ហើយទេឬអី? ទោះព្រះជាម្ចាស់លាក់បាំងអង្គទ្រង់មិនឱ្យមនុស្សមើលឃើញក៏ដោយ ក៏ព្រះអង្គទំនុកបម្រុងដល់មនុស្សនូវអ្វីគ្រប់យ៉ាងដែលជាកម្មសិទ្ធិ និងលក្ខណៈរបស់ទ្រង់ ព្រមទាំងជីវិតរបស់ទ្រង់ផង។ ដូចនេះ ចំណេះដឹងរបស់មនុស្សជាតិអំពីព្រះជាម្ចាស់ គួរតែមិនមែនត្រឹមជាអ្វីដែលមានដូចពេលនេះឡើយ។ ដូច្នេះហើយបានជាខ្ញុំគិតថា ចាំបាច់ត្រូវប្រកបគ្នាជាមួយអ្នករាល់គ្នាបន្ថែមទៀតអំពីប្រធានបទ «កិច្ចការរបស់ព្រះជាម្ចាស់ និស្ស័យរបស់ព្រះជាម្ចាស់ និងព្រះជាម្ចាស់ផ្ទាល់ព្រះអង្គ» នេះ។ គោលបំណងគឺដើម្បីឱ្យព្រះទ័យខ្វល់ខ្វាយ និងព្រះតម្រិះរាប់ពាន់ឆ្នាំដែលព្រះជាម្ចាស់បានចំណាយគិតគូរមកលើមនុស្សនេះ មិនបញ្ចប់ទៅដោយឥតប្រយោជន៍ ហើយដើម្បីឱ្យមនុស្សជាតិអាចយល់បានពិតប្រាកដ និងអាចយល់ពីបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ចំពោះពួកគេ។ បែបនេះ មនុស្សនឹងអាចឈានទៅសម្រេចចំណេះដឹងរបស់ពួកគេអំពីព្រះជាម្ចាស់ក្នុងកម្រិតថ្មីមួយ ហើយក៏នឹងធ្វើឱ្យព្រះជាម្ចាស់ត្រឡប់ទៅកាន់កន្លែងពិតប្រាកដរបស់ទ្រង់នៅក្នុងដួងចិត្តរបស់មនុស្សវិញដែរ។ នោះគឺជាការផ្ដល់ភាពយុត្ដិធម៌ថ្វាយទ្រង់វិញ។
ដើម្បីយល់ពីនិស្ស័យរបស់ព្រះជាម្ចាស់ និងយល់ពីព្រះជាម្ចាស់ផ្ទាល់ព្រះអង្គ អ្នកត្រូវតែចាប់ផ្តើមពីតូចទៅមុន។ តែចាប់ផ្តើមពីតូចទៅមុននេះ តើគួរចាប់ផ្តើមពីត្រង់ណាទៅ? មុននឹងចាប់ផ្តើម ខ្ញុំបានជ្រើសរើសជំពូកមួយចំនួនចេញពីក្នុងព្រះគម្ពីរ។ ខ្លឹមសារខាងក្រោមនេះ មានខគម្ពីរដែលទាក់ទងទៅនឹងប្រធានបទ «កិច្ចការរបស់ព្រះជាម្ចាស់ និស្ស័យរបស់ព្រះជាម្ចាស់ និងព្រះជាម្ចាស់ផ្ទាល់ព្រះអង្គ» របស់យើងនេះ។ ខ្ញុំយល់ឃើញជាពិសេសថា សេចក្តីដកស្រង់ទាំងអស់នេះ គឺជាឯកសារយោង ដើម្បីជួយដល់អ្នករាល់គ្នាឱ្យស្គាល់ពីកិច្ចការរបស់ព្រះជាម្ចាស់ និស្ស័យរបស់ព្រះជាម្ចាស់ និងព្រះជាម្ចាស់ផ្ទាល់ព្រះអង្គ។ តាមរយៈការចែករំលែកខគម្ពីរទាំងនេះ យើងនឹងអាចមើលឃើញថាតើនិស្ស័យរបស់ព្រះជាម្ចាស់ប្រភេទណា ដែលត្រូវបានបើកសម្តែងតាមរយៈកិច្ចការពីអតីតកាលរបស់ទ្រង់ ហើយសារជាតិរបស់ទ្រង់ក្នុងទិដ្ឋភាពណា ដែលមនុស្សមិនទាន់បានស្គាល់នោះ។ ជំពូកទាំងអស់នេះ អាចជាជំពូកចាស់ៗ ក៏ប៉ុន្តែ ប្រធានបទដែលយើងកំពុងតែប្រកបគ្នានេះ គឺជារឿងថ្មីដែលមនុស្សមិនដែលធ្លាប់ដឹង ឬធ្លាប់បានឮពីមុនមកទេ។ ប្រហែលជាអ្នកខ្លះក្នុងចំណោមអ្នករាល់គ្នាយល់ថាពិបាកយល់បន្តិច។ តើការលើកយករឿងម្តងពីអ័ដាមនិងអេវ៉ា ហើយត្រឡប់ទៅនិយាយពីណូអេវិញម្តង មិនមែនជារឿងច្រំដែលទេឬអី? មិនថាអ្នករាល់គ្នាគិតបែបណានោះទេ ខគម្ពីរទាំងអស់នេះសំខាន់ខ្លាំងណាស់សម្រាប់ការប្រកបគ្នាពីប្រធានបទនេះ ហើយវាអាចដើរតួជាអត្ថបទបង្រៀន ឬក៏ជាធនធានសំខាន់ជាងគេមួយសម្រាប់ការប្រកបគ្នានៅថ្ងៃនេះ។ នៅពេលដែលខ្ញុំបានបញ្ចប់ការប្រកបគ្នានៅថ្ងៃនេះ នោះអ្នករាល់គ្នាមុខជានឹងយល់កាន់តែច្បាស់ពីចេតនារបស់ខ្ញុំនៅក្នុងការជ្រើសរើសយកជំពូកទាំងអស់នេះជាក់ជាមិនខាន។ អ្នកដែលធ្លាប់បានអានព្រះគម្ពីរពីមុនមក ប្រាកដជាធ្លាប់បានអានប៉ះខគម្ពីរមួយចំនួននេះហើយ ក៏ប៉ុន្តែប្រហែលជាគេមិនទាន់បានយល់ច្បាស់ពីខគម្ពីរទាំងនេះនៅឡើយ។ ដូច្នេះ ដំបូង សូមយើងទាំងអស់គ្នារំឮកឡើងវិញត្រួសៗជាមួយគ្នាសិន បន្ទាប់មក យើងនឹងមើលលម្អិតពីខគម្ពីរនីមួយៗជាមួយគ្នា នៅក្នុងការប្រកបគ្នារបស់យើង។
អ័ដាម និងអេវ៉ា គឺជាបុព្វបុរសរបស់មនុស្សជាតិដំបូងគេបង្អស់។ ប្រសិនបើយើងចង់និយាយពីតួអង្គនៅក្នុងព្រះគម្ពីរ នោះជាដំបូង យើងត្រូវចាប់ផ្តើមនិយាយពីពួកគេទាំងពីរនាក់នេះសិន។ បុព្វបុរសរបស់មនុស្សជាតិទីពីរ គឺលោកណូអេ។ តើនរណាជាតួអង្គទីបី? (គឺអ័ប្រាហាំ។) តើអ្នករាល់គ្នាបានដឹងពីរឿងរបស់អ័ប្រាហាំដែរឬទេ? ប្រហែលជាមានអ្នកខ្លះដឹង ហើយអ្នកខ្លះទៀតក៏មិនទាន់ដឹងច្បាស់ដែរ។ ចុះតួអង្គទីបួន តើជានរណាដែរ? នៅក្នុងសាច់រឿងនៃការបំផ្លាញទីក្រុងសូដុម តើគេបានលើកពីតួអង្គមួយណា? (គឺឡុត។) ក៏ប៉ុន្តែយើងមិនលើកយកឡុតធ្វើជាអំណះអំណាងក្នុងទីនេះទេ។ តើនរណាជាបុគ្គលសំខាន់នៅក្នុងរឿងនេះ? (គឺអ័ប្រាហាំ។) រឿងសំខាន់មួយដែលបានលើកឡើងនៅក្នុងរឿងរបស់អ័ប្រាហាំ គឺជាបន្ទូលដែលព្រះយេហូវ៉ាដ៏ជាព្រះ ទ្រង់បានថ្លែងមក។ តើអ្នកឃើញឬអត់? តើនរណាជាតួអង្គទីប្រាំ? (គឺយ៉ូប។) តើព្រះជាម្ចាស់មិនមែនលើកយករឿងរបស់យ៉ូបមកនិយាយនៅក្នុងដំណាក់កាលនៃកិច្ចការបច្ចុប្បន្នរបស់ព្រះអង្គច្រើនទេឬអី? ដូច្នេះ តើអ្នករាល់គ្នាបានយកចិត្តទុកដាក់ខ្លាំងចំពោះរឿងនេះដែរឬទេ? ប្រសិនបើអ្នករាល់គ្នាមិនសូវយកចិត្តទុកដាក់ខ្លាំងទេ តើអ្នករាល់គ្នាបានអានរឿងរបស់យ៉ូបនៅក្នុងព្រះគម្ពីរដោយយកចិត្តទុកដាក់ដែរឬទេ? តើអ្នកដឹងថាយ៉ូបបាននិយាយអ្វីខ្លះទេ ដឹងថាគាត់បានធ្វើអ្វីខ្លះទេ? ចំពោះអ្នកដែលបានអានរឿងនេះច្រើនជាងគេវិញ តើអ្នកបានអានរឿងនេះប៉ុន្មានដងហើយ? តើអ្នកអានវាញឹកញាប់ដែរឬទេ? បងប្អូនស្រីៗមកពីហុងកុង សូមប្រាប់យើងមកមើល៍។ (ខ្ញុំបានអានពីរបីដងដែរកាលពីលើកមុន នៅពេលដែលយើងនិយាយពីយុគសម័យនៃព្រះគុណ។) តាំងពីពេលនោះមក មិនដែលបានអានទៀតទេ? ពិតគួរឱ្យសោកស្តាយមែន។ ខ្ញុំសូមបា្រប់ដល់អ្នករាល់គ្នាចុះ៖ នៅក្នុងអំឡុងដំណាក់កាលនៃកិច្ចការបស់ព្រះជាម្ចាស់នេះ ព្រះអង្គបានលើករឿងរបស់យ៉ូបមកនិយាយជាច្រើនដង ដែលនេះគឺជាការឆ្លុះបញ្ចាំងពីចេតនារបស់ទ្រង់។ ការដែលព្រះអង្គបានលើកយកយ៉ូបមកនិយាយច្រើនដងដល់ម្ល៉េះហើយ តែបែរជាមិនធ្វើឱ្យអ្នករាល់គ្នាចាប់អារម្មណ៍ទៀតនោះ គឺជាសក្ខីភាពបញ្ជាក់ថា អ្នករាល់គ្នាគ្មានចាប់ភ្លឹកនឹងធ្វើជាមនុស្សល្អ និងជាមនុស្សដែលកោតខ្លាចដល់ព្រះជាម្ចាស់ ហើយគេចចេញពីសេចក្ដីអាក្រក់ឡើយ។ នេះក៏ព្រោះតែអ្នករាល់គ្នាមានត្រឹមតែគំនិតស្មានព្រាវអំពីរឿងរបស់យ៉ូបដែលព្រះជាម្ចាស់បានដកស្រង់មកតែប៉ុណ្ណោះ។ អ្នកគ្រាន់តែចូលចិត្តសាច់រឿងនេះតែប៉ុណ្ណោះ ក៏ប៉ុន្តែអ្នកមិនបានយកចិត្តទុកដាក់ និងមិនបានព្យាយាមស្វែងយល់ឱ្យបានល្អិតល្អន់ថាតើយ៉ូបជានរណា ថាការដែលព្រះជាម្ចាស់មានបន្ទូលពីយ៉ូបជាច្រើនដងបែបនេះ មានគោលបំណងអ្វីនោះទេ។ ប្រសិនបើបុគ្គលដែលព្រះជាម្ចាស់កោតសរសើរ មិនធ្វើឱ្យអ្នករាល់គ្នាចាប់អារម្មណ៍ផង តើអ្នករាល់គ្នាកំពុងតែយកចិត្តទុកដាក់លើអ្វីឱ្យប្រាកដទៅ? ប្រសិនបើអ្នករាល់គ្នាមិនយកចិត្តទុកដាក់ ឬព្យាយាមស្វែងយល់ពីមនុស្សសំខាន់ដែលព្រះជាម្ចាស់បានលើកមកនិយាយទេ តើគួរត្រូវនិយាយបែបណាអំពីអាកប្បកិរិយារបស់អ្នករាល់គ្នាចំពោះព្រះបន្ទូលរបស់ព្រះជាម្ចាស់? តើនោះមិនមែនជាអាកប្បកិរិយាអាក្រក់ទេឬអី? តើនោះនឹងមិនមែនបញ្ជាក់ថា អ្នករាល់គ្នាភាគច្រើនមិនបានចូលរួមក្នុងសកម្មភាពជាក់ស្តែង ឬចូលរួមក្នុងការស្វែងរកសេចក្តីពិតទេឬអី? ប្រសិនបើអ្នកពិតជាស្វែងរកសេចក្តីពិតមែននោះ អ្នកមុខជាយកចិត្តទុកដាក់លើមនុស្សដែលព្រះជាម្ចាស់សព្វព្រះហឫទ័យ និងសាច់រឿងរបស់តួអង្គដែលព្រះជាម្ចាស់បានមានបន្ទូលនោះជាក់ជាមិនខាន។ មិនថាយ៉ាងណាក៏ដោយ មិនថាអ្នកអាចរស់នៅដោយយកតម្រាប់តាមពួកគេបានឬអត់ ឬមិនថាអ្នកយល់ឃើញថារឿងរ៉ាវរបស់ពួកគេជាក់ស្តែងឬអត់នោះទេ នោះអ្នកនឹងរត់ទៅអានរឿងរបស់ពួកភ្លាម ហើយព្យាយាមយល់ពីពួកគេ ព្រមទាំងស្វែងរកវិធីដើម្បីធ្វើតាមគំរូរបស់ពួកគេ ក៏ដូចជាធ្វើអ្វីៗដែលអ្នកអាចធ្វើបានឱ្យអស់ពីសមត្ថភាពរបស់អ្នកមិនខាន។ មនុស្សម្នាក់ដែលចង់បានសេចក្ដីពិត ត្រូវប្រព្រឹត្តតាមរបៀបនេះឯង។ តែការពិតនោះគឺ អ្នករាល់គ្នាភាគច្រើនដែលអង្គុយនៅទីនេះ មិនដែលបានអានរឿងរបស់យ៉ូបទេ ហើយច្បាស់ណាស់ថា នេះគឺជាបញ្ហាប្រាកដមែន។
ចូរយើងត្រលប់ទៅប្រធានបទដែលខ្ញុំទើបបានពិភាក្សាអម្បាញ់មិញវិញ។ នៅក្នុងបទគម្ពីរត្រង់ផ្នែកនេះ ដែលទាក់ទងនឹងយុគសម័យនៃក្រឹត្យវិន័យនៅព្រះគម្ពីរសញ្ញាចាស់ ខ្ញុំបានសម្រេចចិត្តផ្តោតលើរឿងរបស់តួអង្គសំខាន់ៗមួយចំនួន ដែលមនុស្សភាគច្រើនដែលធ្លាប់បានព្រះគម្ពីរ ប្រាកដជានឹងស្គាល់គេមិនខាន។ អ្នកណាដែលអានរឿងរ៉ាវអំពីតួអង្គទាំងអស់នេះ នឹងអាចមានអារម្មណ៍ដឹងថា កិច្ចការដែលព្រះជាម្ចាស់បានធ្វើមកលើពួកគេ និងព្រះបន្ទូលទាំងប៉ុន្មានដែលព្រះជាម្ចាស់បានថ្លែងទៅកាន់ពួកគេ គឺមានភាពជាក់ស្តែង ហើយមនុស្សក្នុងពេលបច្ចុប្បន្ននេះក៏អាចមានអារម្មណ៍ដឹងបានដែរ។ នៅពេលដែលអ្នកអានរឿងទាំងនេះ អានកំណត់ត្រានៅក្នុងព្រះគម្ពីរ នោះអ្នកនឹងអាចយល់កាន់តែច្បាស់អំពីរបៀបដែលព្រះជាម្ចាស់បំពេញកិច្ចការរបស់ទ្រង់ និងប្រព្រឹត្ដដាក់មនុស្សនៅក្នុងពេលវេលាប្រវត្ដិសាស្ដ្រនោះ។ ក៏ប៉ុន្តែ ហេតុផលដែលខ្ញុំសម្រេចចិត្តពិភាក្សាគ្នាអំពីជំពូកទាំងអស់នេះនៅថ្ងៃនេះ គឺមិនមែនចង់ឱ្យអ្នកព្យាយាមផ្តោតតែទៅលើរឿងរ៉ាវ ឬតួអង្គនៅក្នុងរឿងនោះប៉ុណ្ណោះទេ។ ផ្ទុយទៅវិញ តាមរយៈរឿងរ៉ាវរបស់តួអង្គទាំងនេះ អ្នកអាចចាប់ផ្ដើមយល់ពីទង្វើរបស់ព្រះជាម្ចាស់ និងនិស្ស័យរបស់ទ្រង់។ បែបនេះនឹងជួយអ្នកឱ្យស្គាល់ និងយល់ពីព្រះជាម្ចាស់បានកាន់តែច្បាស់ ព្រមទាំងអាចមើលឃើញពីផ្នែកពិតរបស់ព្រះអង្គផង។ វានឹងលុបបំបាត់នូវការប៉ាន់ស្មាន និងសញ្ញាណរបស់អ្នកអំពីទ្រង់ ហើយជួយបង្វែរទិសរបស់អ្នកចេញពីសេចក្ដីជំនឿដែលច្របូកច្របល់លាយឡំទៅដោយភាពស្រពេចស្រពិល។ លុះត្រាតែអ្នកមានគ្រឹះរឹងមាំ ដោយព្យាយាមស្វែងយល់ពីនិស្ស័យរបស់ព្រះជាម្ចាស់ ហើយព្យាយាមស្គាល់ព្រះជាម្ចាស់ផ្ទាល់ព្រះអង្គ បើពុំដូច្នោះទេ ជារឿយៗ វាអាចនាំឱ្យមានអារម្មណ៍អស់សង្ឃឹម គ្មានអំណាច និងគ្មានភាពច្បាស់លាស់ថាត្រូវចាប់ផ្តើមពីកន្លែងណា។ នេះជាហេតុផលដែលជំរុញឱ្យខ្ញុំបង្កើតវិធីសាស្រ្ត និងគោលវិធីមួយដែលអាចជួយឱ្យអ្នកយល់ពីព្រះជាម្ចាស់បានកាន់តែច្បាស់ យល់ពីបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ ស្គាល់ពីនិស្ស័យទ្រង់ និងស្គាល់ពីព្រះជាម្ចាស់ផ្ទាល់ព្រះអង្គ ព្រមទាំងជួយឱ្យអ្នកមានអារម្មណ៍កាន់តែច្បាស់ថាព្រះជាម្ចាស់មានពិតប្រាកដមែន ហើយក៏ជួយឱ្យយល់ពីបំណងព្រះហឫទ័យរបស់ទ្រង់ចំពោះមនុស្សជាតិផងដែរ។ តើទាំងអស់នេះមិនមែនដើម្បីជាប្រយោជន៍ដល់អ្នករាល់គ្នាទេឬអី? ពេលនេះ នៅពេលដែលអ្នករាល់គ្នាអានរឿងនេះ និងបទគម្ពីរត្រង់ផ្នែកនេះឡើងវិញ តើក្នុងដួងចិត្តរបស់អ្នកមានអារម្មណ៍បែបណា? តើអ្នកគិតថាបទគម្ពីរត្រង់ផ្នែកមួយចំនួនដែលខ្ញុំបានជ្រើសរើសយកមកនេះ ឥតប្រយោជន៍មែនទេ? ខ្ញុំត្រូវតែសង្កត់ធ្ងន់ឡើងវិញទៅលើអ្វីដែលខ្ញុំទើបតែបានប្រាប់អ្នករាល់គ្នាអម្បាញ់មិញនេះ៖ គោលបំណងដែលឱ្យអ្នករាល់គ្នាអានរឿងរ៉ាវរបស់តួអង្គទាំងនេះ គឺដើម្បីជួយឱ្យអ្នកមើលឃើញពីរបៀបដែលព្រះជាម្ចាស់បំពេញកិច្ចការរបស់ទ្រង់មកលើមនុស្ស និងដើម្បីឱ្យអ្នកកាន់តែយល់ច្បាស់ពីឥរិយាបទរបស់ព្រះអង្គចំពោះមនុស្សជាតិ។ តើអ្វីដែលនឹងជួយឱ្យអ្នកឈានដល់ការយល់ដឹងបែបនេះ? ការយល់ដឹងអំពីកិច្ចការដែលព្រះជាម្ចាស់បានបំពេញកាលពីអតីតកាល ហើយផ្សារផ្ជាប់កិច្ចការនោះទៅនឹងកិច្ចការដែលព្រះជាម្ចាស់កំពុងធ្វើក្នុងបច្ចុប្បន្ននេះ ការធ្វើបែបនេះនឹងជួយឱ្យអ្នកយល់ពីទិដ្ឋភាពជាច្រើនរបស់ព្រះអង្គ។ ទិដ្ឋភាពទាំងនេះ គឺពិតជាក់ស្ដែង ហើយអ្នកដែលចង់ស្គាល់ព្រះជាម្ចាស់ ត្រូវតែដឹង និងយល់ពីចំណុចទាំងអស់នេះ។
ចូរយើងចាប់ផ្តើមពីរឿងរបស់អ័ដាមនិងអេវ៉ា ដោយចាប់ផ្តើមជាមួយការដកស្រង់សម្ដីចេញពីព្រះគម្ពីរ។
ក. អ័ដាម និង អេវ៉ា
១. សេចក្ដីបង្គាប់របស់ព្រះជាម្ចាស់ចំពោះអ័ដាម
លោកុប្បត្តិ ២:១៥-១៧ ហើយព្រះយេហូវ៉ាដ៏ជាព្រះបានយកមនុស្សទៅដាក់នៅក្នុងសួនអេដែន ដើម្បីឱ្យគាត់ធ្វើការរៀបចំ និងថែរក្សា។ ព្រះយេហូវ៉ាដ៏ជាព្រះបានបង្គាប់ដល់មនុស្សថា នៅក្នុងចំណោមផ្លែឈើទាំងអស់នៅក្នុងសួន អ្នកអាចបរិភោគបានដោយសេរី។ ប៉ុន្តែ មិនត្រូវបរិភោគផ្លែចេញពីដើមដឹងខុសត្រូវឡើយ៖ ដ្បិតនៅថ្ងៃណាដែលអ្នកបរិភោគវា អ្នកប្រាកដជាស្លាប់មិនខាន។
តើអ្នករាល់គ្នាទទួលបានព័ត៌មានអ្វីខ្លះពីខគម្ពីរទាំងនេះ? តើបទគម្ពីរត្រង់ផ្នែកនេះ ធ្វើឱ្យអ្នកមានអារម្មណ៍ដូចម្តេចដែរ? ហេតុអ្វីបានជាខ្ញុំសម្រេចចិត្តនិយាយអំពីសេចក្ដីបង្គាប់របស់ព្រះជាម្ចាស់ចំពោះអ័ដាមទៅវិញ? តើពេលនេះអ្នករាល់គ្នាមានរូបភាពរបស់ព្រះជាម្ចាស់ និងអ័ដាមនៅក្នុងចិត្តរបស់អ្នករាល់គ្នាដែរឬទេ? អ្នកអាចសាកស្រមៃមើលបាន៖ ប្រសិនបើអ្នករាល់គ្នាជាមនុស្សម្នាក់នៅក្នុងទិដ្ឋភាពនោះវិញ តើនៅក្នុងចិត្តអ្នកគិតថាព្រះជាម្ចាស់មានលក្ខណៈដូចម្តេចដែរ? តើការគិតបែបនេះធ្វើឱ្យអ្នករាល់គ្នាមានអារម្មណ៍បែបណា? នេះគឺជារូបភាពដែលទាក់ទាញចិត្ត និងកក់ក្តៅមួយ។ ទោះបីមានតែព្រះជាម្ចាស់ និងមនុស្សនៅក្នុងនោះក៏ពិតមែន តែភាពស្និទ្ធស្នាលរវាងព្រះនិងមនុស្ស ធ្វើឱ្យអ្នកពេញដោយអារម្មណ៍កោតស្ញប់ស្ញែង៖ សេចក្តីស្រឡាញ់ដ៏ច្រើនលើសលប់របស់ព្រះជាម្ចាស់ ត្រូវបានប្រទានមកឱ្យមនុស្សឥតដាច់ និងនៅហ៊ុមគ្រងជុំវិញគេផង។ មនុស្សស្អាតស្អំ និងបរិសុទ្ធ គ្មានសេចក្តីលំបាក និងគ្មានកង្វល់ រស់នៅពោរពេញទៅដោយសេចក្តីសុខ នៅក្រោមព្រះនេត្ររបស់ព្រះជាម្ចាស់។ ព្រះជាម្ចាស់បង្ហាញពីការយកព្រះទ័យទុកដាក់ចំពោះមនុស្ស ឯមនុស្សវិញ រស់នៅក្រោមការការពារ និងព្រះពររបស់ព្រះអង្គ។ គ្រប់យ៉ាងដែលមនុស្សធ្វើនិងនិយាយ គឺមានទំនាក់ទំនងជាមួយព្រះជាម្ចាស់មិនអាចកាត់ផ្តាច់បានឡើយ។
បន្ទាប់ពីបង្កើតមនុស្សរួចហើយ សេចក្ដីនេះអាចហៅថាជាសេចក្ដីបង្គាប់ដំបូងរបស់ព្រះជាម្ចាស់ចំពោះមនុស្សបាន។ តើសេចក្ដីបង្គាប់នេះបង្ហាញពីអ្វីដែរ? បង្ហាញពីបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ផង និងពីព្រះទ័យខ្វាយខ្វល់របស់ព្រះអង្គចំពោះមនុស្សជាតិផង។ នេះគឺជាសេចក្ដីបង្គាប់ទីមួយរបស់ព្រះជាម្ចាស់ ហើយក៏ជាលើកទីមួយដែរ ដែលព្រះជាម្ចាស់បង្ហាញពីព្រះទ័យព្រួយបារម្ភចំពោះមនុស្ស។ និយាយឱ្យចំទៅ ព្រះជាម្ចាស់ទ្រង់ជ្រាបពីទំនួលខុសត្រូវចំពោះមនុស្ស ចាប់តាំងពីពេលដែលព្រះអង្គបានបង្កើតគេមកម្ល៉េះ។ តើទំនួលខុសត្រូវរបស់ទ្រង់ជាអ្វី? ព្រះអង្គត្រូវការពារមនុស្ស និងមើលថែមនុស្ស។ ព្រះអង្គសង្ឃឹមថា មនុស្សអាចជឿទុកចិត្ត និងស្តាប់បង្គាប់តាមព្រះបន្ទូលរបស់ទ្រង់បាន។ នេះក៏ជាក្តីរំពឹងដំបូងគេដែលព្រះជាម្ចាស់ចង់បានពីមនុស្សដែរ។ ដោយសារក្ដីរំពឹងនេះហើយ ទើបព្រះជាម្ចាស់មានបន្ទូលថា៖ «នៅក្នុងចំណោមផ្លែឈើទាំងអស់នៅក្នុងសួន អ្នកអាចបរិភោគបានដោយសេរី។ ប៉ុន្តែ មិនត្រូវបរិភោគផ្លែចេញពីដើមដឹងខុសត្រូវឡើយ៖ ដ្បិតនៅថ្ងៃណាដែលអ្នកបរិភោគវា អ្នកប្រាកដជាស្លាប់មិនខាន»។ ព្រះបន្ទូលសាមញ្ញទាំងនេះ តំណាងឱ្យបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់។ ព្រះបន្ទូលទាំងនេះ ក៏បើកសម្ដែងថា ព្រះជាម្ចាស់ចាប់ផ្តើមបង្ហាញពីក្ដីព្រួយបារម្ភចំពោះមនុស្សនៅក្នុងព្រះហឫទ័យរបស់ទ្រង់ហើយ។ ក្នុងចំណោមរបស់សព្វសារពើ មានតែអ័ដាមមួយប៉ុណ្ណោះ ដែលត្រូវបានបង្កើតឡើងក្នុងរូបអង្គរបស់ព្រះជាម្ចាស់។ អ័ដាមគឺជាភាវៈមានជីវិតតែមួយគត់ ដែលមានដង្ហើមជីវិតរបស់ព្រះជាម្ចាស់។ គាត់អាចដើរជាមួយព្រះអង្គបាន ហើយក៏អាចនិយាយសន្ទនាជាមួយទ្រង់បានផងដែរ។ ដូច្នេះហើយបានជាព្រះជាម្ចាស់ត្រាស់សេចក្ដីបង្គាប់នេះទៅកាន់គាត់។ ព្រះជាម្ចាស់បានមានបន្ទូលត្រង់ៗបំផុតនៅក្នុងសេចក្ដីបង្គាប់របស់ទ្រង់ថា មនុស្សអាចធ្វើអ្វីបានខ្លះ ហើយមិនអាចធ្វើអ្វីបានខ្លះ។
នៅក្នុងព្រះបន្ទូលសាមញ្ញពីរបីព្រះឱស្ឋនេះ យើងមើលឃើញពីទឹកព្រះទ័យរបស់ព្រះជាម្ចាស់។ ក៏ប៉ុន្តែ តើបង្ហាញពីទឹកព្រះទ័យប្រភេទណា? តើមានសេចក្តីស្រឡាញ់នៅក្នុងព្រះទ័យរបស់ព្រះជាម្ចាស់ដែឬទេ? តើមានការព្រួយបារម្ភដែរឬទេ? នៅក្នុងខគម្ពីរទាំងនេះ មិនត្រឹមតែអាចដឹងពីសេចក្តីស្រឡាញ់ និងព្រះទ័យព្រួយបារម្ភរបស់ព្រះជាម្ចាស់ប៉ុណ្ណោះទេ តែក៏អាចមានអារម្មណ៍ស្និទ្ធស្នាលផងដែរ។ តើអ្នកយល់ស្របបែបនេះដែរឬទេ? បន្ទាប់ពីឮខ្ញុំនិយាយបែបនេះហើយ តើអ្នកនៅតែគិតថា បន្ទូលទាំងនេះគ្រាន់តែជាបន្ទូលសាមញ្ញៗទៀតដែរឬទេ? តាមពិតទៅ ព្រះបន្ទូលទាំងនោះមិនសាមញ្ញពេកនោះទេ មែនទេ? តើអ្នករាល់គ្នាធ្លាប់បានដឹងអំពីរឿងនេះពីមុនមកដែរឬទេ? ប្រសិនបើព្រះជាម្ចាស់ថ្លែងប្រាប់អ្នកដោយផ្ទាល់តាមបន្ទូលពីរបីព្រះឱស្ឋនេះវិញ តើនៅក្នុងចិត្តរបស់អ្នកនឹងមានអារម្មណ៍យ៉ាងណា? ប្រសិនបើអ្នកមិនមែនជាបុគ្គលដែលមានភាពជាមនុស្សទេ ប្រសិនបើចិត្តរបស់អ្នកសោះកក្រោះរឹងដូចជាទឹកកក នោះអ្នកនឹងគ្មានអារម្មណ៍ដឹងអ្វីទាំងអស់ អ្នកមិនដឹងពីសេចក្តីស្រឡាញ់របស់ព្រះជាម្ចាស់ឡើយ ហើយអ្នកក៏នឹងមិនព្យាយាមយល់ពីព្រះទ័យរបស់ព្រះជាម្ចាស់ដែរ។ ក៏ប៉ុន្តែ ក្នុងនាមជាមនុស្សម្នាក់ដែលមានមនសិការ និងញ្ញាណនៃភាពជាមនុស្ស នោះអ្នកនឹងមានអារម្មណ៍ខុសពីនេះ។ អ្នកនឹងមានអារម្មណ៍កក់ក្តៅ អ្នកនឹងមានអារម្មណ៍ទទួលបានការយកចិត្តទុកដាក់ និងសេចក្ដីស្រឡាញ់ ហើយអ្នកក៏នឹងមានអារម្មណ៍ថាមានក្ដីសុខដែរ។ តើត្រឹមត្រូវដែរទេ? នៅពេលដែលអ្នកមានអារម្មណ៍ទាំងអស់នេះ តើអ្នកនឹងធ្វើយ៉ាងណាចំពោះព្រះជាម្ចាស់? តើអ្នកមានអារម្មណ៍ដក់ជាប់នឹងព្រះជាម្ចាស់ដែរទេ? តើអ្នកនឹងស្រឡាញ់ ហើយគោរពព្រះជាម្ចាស់អស់ពីចិត្តរបស់អ្នកដែរឬទេ? តើដួងចិត្តរបស់អ្នកនឹងកាន់តែជិតស្និទ្ធនឹងព្រះជាម្ចាស់ដែរឬទេ? នៅត្រង់ចំណុចនេះ អ្នកអាចមើលឃើញហើយថាសេចក្តីស្រឡាញ់របស់ព្រះជាម្ចាស់ចំពោះមនុស្សមានសារៈសំខាន់ប៉ុនណា។ ក៏ប៉ុន្តែ អ្វីដែលសំខាន់ជាងនេះទៀតនោះ គឺការដឹង និងការយល់របស់មនុស្សអំពីសេចក្តីស្រឡាញ់របស់ព្រះជាម្ចាស់វិញទេ។ តាមពិតទៅ តើព្រះជាម្ចាស់មិនមែនធ្លាប់មានបន្ទូលស្រដៀងគ្នានេះនៅក្នុងដំណាក់កាលនៃកិច្ចការរបស់ទ្រង់ច្រើនទេឫអី? តើមនុស្សសព្វថ្ងៃនេះ មាននរណាដែលដឹងពីទឹកព្រះទ័យរបស់ព្រះជាម្ចាស់ដែរឬទេ? តើអ្នកអាចយល់ពីបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ដែលខ្ញុំទើបតែបាននិយាយអម្បាញ់មិញនេះដែរឬទេ? អ្នករាល់គ្នាពិតជាមិនអាចដឹងពីបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់បានទេ នៅពេលដែលបំណងព្រះហឫទ័យទ្រង់ពិតប្រាកដ និងជាក់ស្តែងបែបនេះនោះ។ ហេតុនេះបានជាខ្ញុំនិយាយថា អ្នករាល់គ្នា គ្មានការយល់ដឹង និងការស្គាល់ព្រះជាម្ចាស់ពិតប្រាកដឡើយ តើពិតដែរឬអត់? យ៉ាងណា យើងផ្អាកនិយាយត្រឹមនេះសិនចុះ។
២. ព្រះជាម្ចាស់បង្កើតអេវ៉ា
លោកុប្បត្តិ ២:១៨-២០ ព្រះយេហូវ៉ាដ៏ជាព្រះបានមានព្រះបន្ទូលថា វាមិនល្អឡើយដែលបុរសនៅតែម្នាក់ឯងនោះ ខ្ញុំនឹងបង្កើតអ្នកជំនួយម្នាក់ឱ្យបានជាគ្នា។ ហើយ ព្រះយេហូវ៉ាដ៏ជាព្រះបានយកមកសូនធ្វើគ្រប់ទាំងសត្វជើងបួន និងសត្វស្លាបហើរលើអាកាសទាំងប៉ុន្មានចេញពីដី រួចក៏យកមកឱ្យអ័ដាម ដើម្បីឱ្យដឹងថាគាត់នឹងហៅពួកវាយ៉ាងដូចម្តេច។ ហើយអ្វីដែលអ័ដាមបានហៅសត្វទាំងអស់នោះ ក៏ក្លាយជាឈ្មោះរបស់វា។ អ័ដាមបានដាក់ឈ្មោះឱ្យដល់គ្រប់ទាំងសត្វស្រុក សត្វស្លាបហើរលើអាកាស និងសត្វព្រៃទាំងអស់ ប៉ុន្តែសម្រាប់អ័ដាម មិនមានជំនួយណាដែលអាចជួយគាត់បានឡើយ។
លោកុប្បត្តិ ២:២២-២៣ ហើយឆ្អឹងដែលព្រះយេហូវ៉ាដ៏ជាព្រះបានយកចេញពីបុរស ព្រះអង្គបានបង្កើតចេញជាស្ត្រី ហើយក៏នាំនាងមកជួបបុរសនោះ។ អ័ដាមក៏ពោលឡើងថា នេះហើយជាឆ្អឹងដែលចេញពីឆ្អឹងរបស់ខ្ញុំ និងជាសាច់ដែលចេញពីសាច់របស់ខ្ញុំ ត្រូវហៅនាងថា ស្ត្រី ព្រោះនាងត្រូវបានយកចេញពីបុរស។
មានឃ្លាសំខាន់មួយនៅក្នុងបទគម្ពីរត្រង់ផ្នែកនេះដែលចែងថា៖ «អ្វីដែលអ័ដាមបានហៅសត្វទាំងអស់នោះ ក៏ក្លាយជាឈ្មោះរបស់វា»។ ដូច្នេះ តើនរណាជាអ្នកដាក់ឈ្មោះឱ្យសត្វមានជីវិតទាំងអស់? គឺអ័ដាម មិនមែនព្រះជាម្ចាស់នោះទេ។ ឃ្លានេះបានប្រាប់ការពិតដល់មនុស្សជាតិថា នៅពេលដែលព្រះជាម្ចាស់បានបង្កើតមនុស្សមក ព្រះអង្គបានប្រទានប្រាជ្ញាដល់គេ។ និយាយឱ្យចំទៅគឺ ប្រាជ្ញារបស់មនុស្ស បានមកពីព្រះជាម្ចាស់។ នេះគឺជាការពិត។ ប៉ុន្តែហេតុអ្វី? ក្រោយពីព្រះជាម្ចាស់បានបង្កើតអ័ដាមរួច តើអ័ដាមបានទៅសាលារៀនដែរឬទេ? តើគាត់ចេះអានអក្សរដែរឬទេ? បន្ទាប់ពីព្រះជាម្ចាស់បានបង្កើតសត្វមានជីវិតផ្សេងៗហើយ តើអ័ដាមស្គាល់សត្វទាំងអស់នោះដែរឬទេ? តើព្រះជាម្ចាស់បានមានបន្ទូលប្រាប់គាត់ថា សត្វទាំងនោះមានឈ្មោះអ្វីដែរឬទេ? ពិតណាស់ ព្រះជាម្ចាស់ក៏មិនបានបង្រៀនគាត់ពីរបៀបដាក់ឈ្មោះឱ្យសត្វទាំងនោះដែរ។ នោះគឺជាការពិត! បើដូច្នេះមែន តើអ័ដាមដឹងពីរបៀបដាក់ឈ្មោះឱ្យសត្វមានជីវិតទាំងនោះ និងដឹងថាគួរដាក់ឈ្មោះអ្វីឱ្យសត្វទាំងនោះដោយរបៀបណាទៅ? សំណួរនេះទាក់ទងនឹងថាតើពេលដែលព្រះជាម្ចាស់បង្កើតអ័ដាមមក ព្រះអង្គបានបន្ថែមអ្វីខ្លះទៅក្នុងខ្លួនគាត់។ ការពិតបង្ហាញថា នៅពេលដែលព្រះជាម្ចាស់បង្កើតមនុស្សមក ព្រះអង្គបានបន្ថែមប្រាជ្ញារបស់ទ្រង់ដល់គេ។ នេះជាចំណុចសំខាន់មួយ ដូច្នេះ សូមស្តាប់ដោយយកចិត្តទុកដាក់។ ក៏មានចំណុចសំខាន់មួយទៀត ដែលអ្នករាល់គ្នាគួរយល់ផងដែរ៖ បន្ទាប់ពីអ័ដាមបានដាក់ឈ្មោះឱ្យសត្វមានជីវិតទាំងនេះចប់សព្វគ្រប់ហើយ ឈ្មោះទាំងអស់នោះក៏បានត្រូវកំណត់ចូលទៅក្នុងវាក្យស័ព្ទរបស់ព្រះជាម្ចាស់ដែរ។ ហេតុអ្វីខ្ញុំលើកពីចំណុចនេះមកនិយាយដែរ? ពីព្រោះនេះក៏ពាក់ព័ន្ធនឹងនិស្ស័យរបស់ព្រះជាម្ចាស់ដែរ ហើយនេះក៏ជាចំណុចមួយទៀតដែលខ្ញុំត្រូវពន្យល់បន្ថែមផងដែរ។
ព្រះជាម្ចាស់បានបង្កើតមនុស្សឡើងមក ព្រះអង្គបានផ្លុំខ្យល់ដង្ហើមជីវិតចូលក្នុងខ្លួនគេ ហើយក៏ប្រទានប្រាជ្ញារបស់ទ្រង់ សមត្ថភាពរបស់ទ្រង់ និងអ្វីដែលជាកម្មសិទ្ធិនិងលក្ខណៈរបស់ទ្រង់មួយចំនួនដល់គេផង។ បន្ទាប់ពីព្រះជាម្ចាស់បានប្រទានរបស់ទាំងអស់នេះដល់មនុស្សរួចហើយ មនុស្សក៏អាចធ្វើកិច្ចការខ្លះបានដោយខ្លួនឯង ហើយអាចគិតដោយខ្លួនឯងបាន។ ប្រសិនបើអ្វីដែលមនុស្សគិតឃើញនិងធ្វើ ល្អគាប់ព្រះនេត្ររបស់ព្រះជាម្ចាស់ហើយ នោះព្រះជាម្ចាស់នឹងទទួលយក ហើយព្រះអង្គមិនជ្រៀតជ្រែកឡើយ។ ប្រសិនបើមនុស្សធ្វើអ្វីដែលត្រឹមត្រូវ នោះព្រះជាម្ចាស់នឹងអនុញ្ញាតឱ្យរឿងនោះកើតឡើងដោយបែបនោះទៅ។ ដូច្នេះ តើឃ្លាដែលថា «អ្វីដែលអ័ដាមបានហៅសត្វទាំងអស់នោះ ក៏ក្លាយជាឈ្មោះរបស់វា» បង្ហាញពីអ្វី? ឃ្លានេះចង់បង្ហាញថា ព្រះជាម្ចាស់ព្រះតម្រិះថាពុំចាំបាច់ត្រូវផ្លាស់ប្តូរឈ្មោះណាមួយដែលបានដាក់ឱ្យសត្វមានជីវិតទាំងនោះទេ។ មិនថាអ័ដាមបានហៅសត្វទាំងនោះឈ្មោះអ្វីនោះទេ ព្រះជាម្ចាស់តែងមានបន្ទូលថា «ចូរឱ្យហៅបែបនោះចុះ» ដែលបញ្ជាក់ពីឈ្មោះរបស់សត្វទាំងនោះ។ ចំពោះបញ្ហានេះ តើព្រះជាម្ចាស់បានសម្ដែងទស្សនៈណាមួយដែរឬទេ? ព្រះជាម្ចាស់ ពុំបានសម្ដែងទស្សនៈណាមួយឡើយ។ ដូច្នេះតើអ្នករាល់គ្នាទទួលបានព័ត៌មានអ្វីខ្លះពីរឿងនេះ? ព្រះជាម្ចាស់បានប្រទានប្រាជ្ញាដល់មនុស្ស ហើយមនុស្សបានប្រើប្រាជ្ញាដែលព្រះជាម្ចាស់ប្រទានឱ្យនោះ ដើម្បីធ្វើកិច្ចការផ្សេងៗ។ ប្រសិនបើអ្វីដែលមនុស្សធ្វើល្អគាប់ព្រះនេត្ររបស់ព្រះជាម្ចាស់ហើយ នោះព្រះជាម្ចាស់នឹងគាំទ្រ ទទួលស្គាល់ និងទទួលយកដោយគ្មានការថ្កោលទោស ឬការទិទៀនអ្វីឡើយ។ កិច្ចការនេះ គ្មានមនុស្សណា ឬវិញ្ញាណអាក្រក់ណា ឬសាតាំងណាអាចធ្វើបានឡើយ។ ត្រង់ចំណុចនេះ តើអ្នករាល់គ្នាមើលឃើញការបើកសម្តែងពីនិស្ស័យរបស់ព្រះជាម្ចាស់ដែរឬទេ? តើមនុស្សជាតិពុករលួយឬក៏សាតាំង អាចអនុញ្ញាតឱ្យនរណាម្នាក់ធ្វើអ្វីមួយនៅក្នុងនាមរបស់ពួកគេ ឬនៅក្រោមភ្នែកក្រោមច្រមុះរបស់ពួកគេបានដែរឬទេ? ពិតណាស់ គឺមិនអាចនោះទេ! តើពួកគេនឹងប្រជែងដណ្ដើមតំណែងនេះជាមួយមនុស្សផ្សេងទៀត ឬកម្លាំងផ្សេងទៀតដែលផ្ទុយពីពួកគេដែរឬទេ? ប្រាកដណាស់ ពួកគេនឹងធ្វើបែបនេះ! ប្រសិនបើពេលនោះមានមនុស្សពុករលួយ ឬក៏សាតាំងនៅជាមួយអ័ដាមវិញ ម្ល៉េះសមពួកគេនឹងបដិសេធនូវអ្វីដែលអ័ដាមកំពុងធ្វើនោះជាមិនខាន។ ដើម្បីបង្ហាញថាពួកគេមានសមត្ថភាពគិតដោយខ្លួនឯង និងមានការយល់ដឹងពិសេសផ្ទាល់ខ្លួនរបស់គេ នោះពួកគេច្បាស់ជាបដិសេធអ្វីៗគ្រប់យ៉ាងដែលអ័ដាមបានធ្វើមិនខាន៖ «លោកចង់ហៅវាបែបនេះមែនទេ? ណាស់ហើយ ខ្ញុំនឹងមិនហៅវាបែបនេះទេ ខ្ញុំនឹងហៅវាបែបនោះវិញ។ លោកហៅឈ្មោះវា ថម តែខ្ញុំនឹងហៅឈ្មោះវា ហេរី វិញ។ ខ្ញុំត្រូវតែបង្ហាញថា ខ្ញុំឆ្លាតប៉ុនណា»។ តើនេះជានិស្ស័យបែបណា? តើនេះមិនមែនជានិស្ស័យក្រអឺតក្រទមពេកទេឬអី? ហើយចុះចំណែកព្រះជាម្ចាស់វិញ? តើព្រះអង្គមាននិស្ស័យបែបនេះដែរឬទេ? តើព្រះជាម្ចាស់មានការជំទាស់ខុសទំនងនឹងអ្វីដែលអ័ដាមកំពុងតែធ្វើដែរឬទេ? ចម្លើយគឺច្បាស់ជាអត់នោះទេ! ចំពោះនិស្ស័យដែលព្រះជាម្ចាស់បានបើកសម្តែង គឺគ្មានតម្រុយនៃការប្រកែកតវ៉ា ភាពក្រអឺតក្រទម ឬការរាប់ខ្លួនឯងជាសុចរិតសូម្បីតែបន្តិចឡើយ។ ចំណុចត្រង់នេះច្បាស់លាស់ណាស់។ នេះអាចជាចំណុចតូចតាចមួយ ក៏ប៉ុន្តែ ប្រសិនបើអ្នកមិនយល់ពីសារជាតិរបស់ព្រះជាម្ចាស់ទេ ហើយប្រសិនបើចិត្តរបស់អ្នកមិនព្យាយាមគិតឱ្យយល់ថាតើព្រះជាម្ចាស់បំពេញកិច្ចការបែបណា ថាតើព្រះជាម្ចាស់មានអាកប្បកិរិយាបែបណាទេ នោះអ្នកនឹងមិនស្គាល់ពីនិស្ស័យរបស់ព្រះជាម្ចាស់ ឬមើលឃើញពីការសម្ដែងចេញ និងការបើកសម្តែងពីនិស្ស័យរបស់ព្រះជាម្ចាស់ឡើយ។ តើបែបនេះមែនទេ? តើអ្នករាល់គ្នាយល់ស្របនឹងអ្វីដែលខ្ញុំទើបតែបានពន្យល់អម្បាញ់មិញនេះដែរឬទេ? ឆ្លើយតបទៅនឹងសកម្មភាពរបស់អ័ដាម ព្រះជាម្ចាស់មិនបានប្រកាសជាឱឡារឹកថា៖ «ឯងធ្វើបានល្អណាស់ហើយ ឯងធ្វើត្រឹមត្រូវណាស់ ហើយយើងក៏យល់ស្របដែរ!» ដោយបែបនេះនោះទេ។ ក៏ប៉ុន្តែ នៅក្នុងព្រះទ័យរបស់ទ្រង់ ព្រះជាម្ចាស់បានយល់ព្រម លើកសរសើរ និងសាទរចំពោះអ្វីដែលអ័ដាមបានធ្វើ។ ចាប់តាំងពីការបង្កើតមនុស្សមក នេះគឺជាលើកដំបូងគេបង្អស់ដែលមនុស្សបានធ្វើកិច្ចការថ្វាយព្រះជាម្ចាស់ តាមការណែនាំរបស់ព្រះអង្គ។ នេះជាកិច្ចការដែលមនុស្សបានធ្វើជំនួសព្រះជាម្ចាស់ និងនៅក្នុងនាមព្រះជាម្ចាស់។ នៅក្នុងព្រះនេត្ររបស់ព្រះជាម្ចាស់ កិច្ចការនេះកើតចេញពីប្រាជ្ញាដែលព្រះអង្គបានប្រទានដល់មនុស្ស។ ព្រះជាម្ចាស់ ទតឃើញថា វាជារឿងល្អ ជារឿងវិជ្ជមាន។ អ្វីដែលអ័ដាមបានធ្វើនៅពេលនោះ គឺជាការបង្ហាញឱ្យឃើញជាលើកដំបូងអំពីប្រាជ្ញារបស់ព្រះជាម្ចាស់នៅក្នុងខ្លួនមនុស្ស។ តាមទស្សនៈរបស់ព្រះជាម្ចាស់ នេះគឺជាការបង្ហាញឱ្យឃើញយ៉ាងល្អមួយ។ អ្វីដែលខ្ញុំចង់ប្រាប់អ្នករាល់គ្នានៅត្រង់ចំណុចនេះគឺថា គោលបំណងរបស់ព្រះជាម្ចាស់ក្នុងការប្រទានអ្វីដែលជាកម្មសិទ្ធិ និងលក្ខណៈរបស់ទ្រង់ និងប្រាជ្ញារបស់ទ្រង់ដល់មនុស្ស គឺដើម្បីឱ្យមនុស្សអាចក្លាយជាសត្វមានជីវិតដែលបង្ហាញឱ្យឃើញពីលក្ខណៈទ្រង់។ ច្បាស់ណាស់ អ្វីដែលព្រះជាម្ចាស់តែងតែចង់ឃើញជាយូរមកហើយនោះគឺ ឱ្យសត្វមានជីវិតទាំងនេះ អាចធ្វើការជំនួសព្រះអង្គបាន។
៣. ព្រះជាម្ចាស់ធ្វើអាវពីស្បែកឱ្យអ័ដាម និងអេវ៉ា
លោកុប្បត្តិ ៣:២០-២១ ហើយអ័ដាមបានដាក់ឈ្មោះឱ្យប្រពន្ធរបស់គាត់ថា អេវ៉ា ព្រោះនាងជាម្តាយនៃជីវិតមនុស្សទាំងអស់។ ព្រះយេហូវ៉ាដ៏ជាព្រះបានធ្វើអាវពីស្បែកសត្វឱ្យអ័ដាម និងប្រពន្ធគាត់ ដើម្បីស្លៀកពាក់បិទបាំងកាយ។
ចូរយើងក្រឡេកទៅមើលអត្ថបទទីបីនេះ ដែលបញ្ជាក់ថា ឈ្មោះអេវ៉ាដែលអ័ដាមបានដាក់ឱ្យនោះ តាមពិតគឺមានបង្កប់ន័យក្នុងនោះ។ នេះបង្ហាញថា ក្រោយពីអ័ដាមត្រូវបានបង្កើតឡើង អ័ដាមមានគំនិតផ្ទាល់ខ្លួន និងមានការយល់ដឹងពីអ្វីៗជាច្រើន។ តែពេលនេះ យើងនឹងមិនសិក្សា ឬស្វែងយល់ពីអ្វីដែលគាត់បានយល់ ឬថាតើគាត់យល់ច្រើនប៉ុនណានោះទេ ព្រោះថានោះមិនមែនជាគោលបំណងសំខាន់របស់ខ្ញុំក្នុងការពិភាក្សានៅក្នុងអត្ថបទទីបីនេះទេ។ ដូច្នេះ តើចំណុចសំខាន់ដែលខ្ញុំចង់រំលេចឱ្យឃើញនោះជាអ្វីដែរ? ចូរយើងក្រឡេកមើលឃ្លានេះ៖ «ព្រះយេហូវ៉ាដ៏ជាព្រះបានធ្វើអាវពីស្បែកសត្វឱ្យអ័ដាម និងប្រពន្ធគាត់ ដើម្បីស្លៀកពាក់បិទបាំងកាយ»។ ប្រសិនបើយើងមិនធ្វើការពិភាក្សាគ្នាពីឃ្លានៃបទគម្ពីរនេះនៅក្នុងការប្រកបគ្នារបស់យើងនៅថ្ងៃនេះទេ នោះអ្នករាល់គ្នាប្រហែលជាមិនដែលយល់ពីអត្ថន័យបង្កប់ដ៏ជ្រាលជ្រៅនៃព្រះបន្ទូលទាំងនេះឡើយ។ ដំបូង ចាំខ្ញុំប្រាប់ពីតម្រុយខ្លះៗ។ ប្រសិនបើអ្នករាល់គ្នានឹកស្រមៃដល់សួនអេដែនដែលមានអ័ដាម និងអេវ៉ាកំពុងរស់នៅ។ នៅពេលដែលព្រះជាម្ចាស់យាងទៅទតមើលពួកគេ ក៏ប៉ុន្តែពួកគេពួនមិនព្រមចេញ ដោយសារតែពួកគេនៅអាក្រាតកាយ។ ព្រះជាម្ចាស់ទតមើលមិនឃើញពួកគេ រួចព្រះអង្គក៏បានហៅរកពួកគេ ពេលនោះ ពួកគេបានតបវិញថា៖ «យើងខ្ញុំមិនហ៊ានមើលទៅឯព្រះអង្គឡើយ ពីព្រោះរូបកាយរបស់យើងនៅអាក្រាត»។ ពួកគេមិនហ៊ានមើលទៅឯព្រះជាម្ចាស់ទេ ពីព្រោះពួកគេនៅអាក្រាតកាយ។ ដូច្នេះ តើព្រះយេហូវ៉ាដ៏ជាព្រះបានធ្វើអ្វីខ្លះដើម្បីពួកគេ? នៅក្នុងអត្ថបទដើមចែងថា៖ «ព្រះយេហូវ៉ាដ៏ជាព្រះបានធ្វើអាវពីស្បែកសត្វឱ្យអ័ដាម និងប្រពន្ធគាត់ ដើម្បីស្លៀកពាក់បិទបាំងកាយ»។ នៅត្រង់ចំណុចនេះ តើអ្នករាល់គ្នាដឹងថា ព្រះជាម្ចាស់បានយកអ្វីមកធ្វើជាសម្លៀកបំពាក់ឱ្យពួកគេពាក់ទេ? ព្រះជាម្ចាស់ បានប្រើស្បែកសត្វដើម្បីធ្វើសម្លៀកបំពាក់ឱ្យពួកគេ។ និយាយម្យ៉ាងទៀតគឺថា ព្រះជាម្ចាស់បានធ្វើអាវពីរោមសត្វ សម្រាប់ឱ្យមនុស្សស្លៀកពាក់ធ្វើជាសម្លៀកបំពាក់បិទបាំងកាយ។ ទាំងនេះគឺជាសម្លៀកបំពាក់ដំបូងគេ ដែលព្រះជាម្ចាស់បានធ្វើសម្រាប់មនុស្ស។ បើតាមស្តង់ដានាពេលបច្ចុប្បន្ននេះវិញ អាវរោមសត្វនេះ គឺជារបស់ប្រណីតមួយ ហើយមនុស្សគ្រប់គ្នាមិនសុទ្ធតែមានលទ្ធភាពទិញពាក់នោះទេ។ ប្រសិនបើមាននរណាម្នាក់សួរអ្នកថា «តើដូនតារបស់យើងស្លៀកសម្លៀកបំពាក់អ្វីដំបូងគេ?» អ្នកអាចឆ្លើយបានថា៖ «គឺអាវរោមសត្វ»។ «តើនរណាជាអ្នកបង្កើតអាវរោមសត្វនេះឡើង?» អ្នកអាចឆ្លើយថា៖ «គឺព្រះជាម្ចាស់ជាអ្នកធ្វើវាឡើង!» នោះជាចំណុចសំខាន់ សម្លៀកបំពាក់ត្រូវបានព្រះជាម្ចាស់បង្កើតឡើង។ តើនោះមិនមែនជាចំណុចសំខាន់ដែលត្រូវលើកយកមកពិភាក្សាទេឬអី? ក្រោយពីបានស្តាប់ការពិពណ៌នារបស់ខ្ញុំហើយ តើឃើញមានរូបភាពណាមួយលេចឡើងមកក្នុងគំនិតរបស់អ្នករាល់គ្នាដែរឬទេ? យ៉ាងហោចណាស់ក៏អ្នកគួរតែមានគ្រោងគំនិតខ្លះដែរ។ ចំណុចដែលខ្ញុំប្រាប់អ្នកនៅថ្ងៃនេះ គឺមិនមែនដើម្បីឱ្យអ្នករាល់គ្នាបានដឹងថា សម្លៀកបំពាក់ដំបូងគេរបស់មនុស្សនោះយ៉ាងណានោះទេ។ បើដូច្នេះ តើចំណុចអ្វីដែលអ្នកត្រូវដឹង? ចំណុចនោះគឺមិនមែនជាអាវរោមសត្វនោះទេ ក៏ប៉ុន្តែស្ថិតនៅត្រង់ថាមនុស្សបានស្គាល់ពីនិស្ស័យរបស់ព្រះជាម្ចាស់ ស្គាល់ពីកម្មសិទ្ធិ និងលក្ខណៈរបស់ទ្រង់ដោយរបៀបណាតាមរយៈអ្វីដែលព្រះជាម្ចាស់បានបើកសម្ដែងក្នុងកិច្ចការដែលទ្រង់បានធ្វើនេះ។
«ព្រះយេហូវ៉ាដ៏ជាព្រះ បានធ្វើអាវពីស្បែកសត្វឱ្យអ័ដាម និងប្រពន្ធគាត់ ដើម្បីស្លៀកពាក់បិទបាំងកាយ»។ នៅក្នុងវគ្គនេះ នៅពេលដែលព្រះជាម្ចាស់គង់នៅជាមួយអ័ដាម និងអេវ៉ា តើយើងឃើញព្រះអង្គដើរតួជាអ្វី? នៅក្នុងពិភពលោកដែលមានមនុស្សត្រឹមតែពីរនាក់នេះ តើព្រះជាម្ចាស់បានបង្ហាញពីអង្គទ្រង់ដោយរបៀបណា? តើព្រះអង្គបង្ហាញអង្គទ្រង់នៅក្នុងនាមជាព្រះជាម្ចាស់មែនទេ? សូមឱ្យបងប្អូនប្រុសស្រីមកពីហុងកុងឆ្លើយសំណួរនេះទៅមើល។ (ក្នុងនាមជាឪពុកម្តាយ។) បងប្អូនប្រុសស្រីមកពីប្រទេសកូរ៉េខាងត្បូងវិញម្តង តើអ្នករាល់គ្នាគិតថា ព្រះជាម្ចាស់លេចមកក្នុងតួនាទីជាអ្វីដែរ? (ជាមេគ្រួសារ។) ចុះបងប្អូនប្រុសស្រីមកពីតៃវ៉ាន់វិញ តើបងប្អូនគិតយ៉ាងណាដែរ? (តួនាទីជាបុគ្គលម្នាក់នៅក្នុងគ្រួសាររបស់អ័ដាម និងអេវ៉ា តួនាទីជាសមាជិកគ្រួសារម្នាក់។) ក្នុងចំណោមអ្នករាល់គ្នា មានអ្នកខ្លះគិតថា ព្រះជាម្ចាស់លេចមកក្នុងនាមជាសមាជិកគ្រួសាររបស់អ័ដាមនិងអេវ៉ា រីឯអ្នកខ្លះទៀតថា ព្រះជាម្ចាស់លេចមកក្នុងនាមជាមេគ្រួសារ ហើយអ្នកខ្លះទៀតនិយាយថា ក្នុងនាមជាឪពុកម្តាយ។ ចម្លើយទាំងអស់នេះ គឺសុទ្ធតែសមរម្យហើយ។ ក៏ប៉ុន្តែ តើអ្នកដឹងថា ខ្ញុំកំពុងតែគិតបែបណាទេ? ព្រះជាម្ចាស់បានបង្កើតមនុស្សទាំងពីរនាក់នេះមក ហើយចាត់ទុកពួកគេជាដៃគូរបស់ព្រះអង្គ។ ក្នុងនាមជាក្រុមគ្រួសារតែមួយគត់របស់ពួកគេ ព្រះជាម្ចាស់បានមើលថែជីវិតរបស់ពួកគេ និងបំពេញតម្រូវការខាងអាហារ សម្លៀកបំពាក់ និងទីជម្រកដល់ពួកគេ។ ត្រង់ចំណុចនេះ ព្រះជាម្ចាស់ហាក់ដូចជាឪពុកម្តាយរបស់អ័ដាម និងអេវ៉ាដូច្នោះដែរ។ នៅពេលដែលព្រះជាម្ចាស់ធ្វើបែបនេះ មនុស្សមិនអាចមើលឃើញពីភាពថ្លៃថ្នូររបស់ព្រះជាម្ចាស់បានឡើយ។ គេមើលមិនឃើញពីភាពខ្ពង់ខ្ពស់របស់ព្រះជាម្ចាស់ អាថ៌កំបាំងរបស់ទ្រង់ ជាពិសេស គេមើលមិនឃើញពីសេចក្តីក្រោធ ឬឫទ្ធានុភាពរបស់ទ្រង់ឡើយ។ អ្វីដែលគេមើលឃើញ គឺការបន្ទាបខ្លួនរបស់ព្រះជាម្ចាស់ ការស្រឡាញ់ពេញចិត្តរបស់ទ្រង់ ការយកព្រះទ័យទុកដាក់របស់ទ្រង់ចំពោះមនុស្ស ការទទួលខុសត្រូវនិងការមើលថែទាំរបស់ទ្រង់ចំពោះគេតែប៉ុណ្ណោះ។ អាកប្បកិរិយានិងរបៀបដែលព្រះជាម្ចាស់បានប្រព្រឹត្ដដាក់អ័ដាម និងអេវ៉ា គឺស្រដៀងទៅនឹងរបៀបដែលឪពុកម្តាយបង្ហាញក្ដីបារម្ភចំពោះកូនៗរបស់គេយ៉ាងដូច្នោះដែរ។ វាក៏ដូចជារបៀបដែលឪពុកម្តាយស្រឡាញ់ មើលថែ និងបីបាច់កូនប្រុសកូនស្រីរបស់គេដែរ ពោលគឺមានលក្ខណៈពិតប្រាកដ អាចមើលឃើញ និងជាក់ស្ដែង។ ជំនួសឱ្យការលើកតម្កើងអង្គទ្រង់ទៅកាន់ឋានៈមួយដែលខ្ពង់ខ្ពស់ និងខ្លាំងពូកែនោះ ព្រះជាម្ចាស់បានយកស្បែកសត្វមកធ្វើសម្លៀកបំពាក់ដោយផ្ទាល់ព្រះអង្គសម្រាប់ឱ្យមនុស្សពាក់បិទបាំងកាយ។ មិនសំខាន់ថាតើអាវរោមសត្វនោះត្រូវបានប្រើដើម្បីបិទបាំងកេរ្តិ៍ខ្មាស ឬដើម្បីការពារពួកគេពីភាពរងារនោះទេ ប៉ុន្តែអ្វីដែលសំខាន់នោះគឺ ព្រះជាម្ចាស់បានធ្វើសម្លៀកបំពាក់សម្រាប់គ្របដណ្ដប់រាងកាយមនុស្សនេះ ដោយព្រះហស្តរបស់ទ្រង់ផ្ទាល់។ ព្រះជាម្ចាស់មិនគ្រាន់តែព្រះតម្រិះឱ្យកើតមានជាសម្លៀកបំពាក់នោះទេ ឬប្រើមធ្យោបាយអស្ចារ្យដទៃផ្សេងទៀតដូចដែលមនុស្សធ្លាប់គិតសម្រៃថាព្រះជាម្ចាស់មុខជាធ្វើបែបនោះ តែផ្ទុយទៅវិញ ព្រះជាម្ចាស់បានធ្វើរឿងដែលមនុស្សគិតថា ព្រះជាម្ចាស់នឹងមិនធ្វើរឿងបែបនេះ ឬមិនគួរធ្វើរឿងបែបនោះឡើយ។ រឿងនេះមើលទៅហាក់ដូចជារឿងតូចតាចមែន ដែលមនុស្សមួយចំនួនប្រហែលជាមិនទាំងគិតផងថា រឿងនេះមានតម្លៃគួរលើកមកនិយាយផង ប៉ុន្តែរឿងនេះអនុញ្ញាតឱ្យអ្នកដើរតាមព្រះជាម្ចាស់ដែលមានគំនិតស្រពេចស្រពិលអំពីព្រះអង្គ ទទួលបានការយល់ដឹងស៊ីជម្រៅអំពីភាពពិត និងភាពគួរឱ្យស្រឡាញ់របស់ទ្រង់ ព្រមទាំងអាចមើលឃើញភាពស្មោះត្រង់ និងការបន្ទាបខ្លួនរបស់ទ្រង់ផងដែរ។ វាធ្វើឱ្យមនុស្សក្រអឺតក្រទមហួសហេតុ ដែលគិតថាមានតែខ្លួនឯងអស្ចារ្យខ្ពង់ខ្ពស់និងមានចេស្ដា ឱនក្បាលដ៏ក្រអឺតក្រទមរបស់ពួកគេទាំងក្តីអាម៉ាស់នៅចំពោះមុខនៃភាពពិត និងការបន្ទាបខ្លួនរបស់ព្រះជាម្ចាស់។ ត្រង់ចំណុចនេះ ភាពពិត និងការបន្ទាបខ្លួនរបស់ព្រះជាម្ចាស់ ធ្វើឱ្យមនុស្សអាចមើលឃើញថា ព្រះអង្គគួរឱ្យស្រឡាញ់ប៉ុនណា។ ផ្ទុយទៅវិញ ព្រះ «ដ៏ធំមហិមា» ព្រះ «ដ៏គួរឱ្យស្រឡាញ់» និង ព្រះ «ដ៏មានសព្វានុភាព» ដែលមនុស្សទុកនៅក្នុងចិត្តរបស់ពួកគេ បានប្រែទៅជាទាបថោក និងអាក្រក់ ហើយគ្រាន់តែប៉ះបន្តិចក៏បែកទៅជាបំណែកតូចៗទៅវិញ។ នៅពេលដែលអ្នកឃើញខគម្ពីរនេះ និងបានស្ដាប់រឿងនេះ តើអ្នកមើលងាយព្រះជាម្ចាស់ដោយព្រោះព្រះអង្គបានធ្វើរឿងបែបនេះដែរឬទេ? មនុស្សខ្លះប្រហែលជាមើលងាយទ្រង់ ក៏ប៉ុន្តែ អ្នកខ្លះទៀតអាចនឹងមានប្រតិកម្មផ្ទុយពីនេះ។ ពួកគេនឹងគិតថា ព្រះជាម្ចាស់ជាព្រះដ៏ពិត និងគួរឱ្យស្រឡាញ់ ហើយច្បាស់ណាស់ថា គឺភាពពិត និងសេចក្តីស្រឡាញ់របស់ព្រះជាម្ចាស់នេះហើយ ដែលបានជំរុញចិត្តពួកគេ។ កាលណាពួកគេមើលឃើញផ្នែកពិតរបស់ព្រះជាម្ចាស់កាន់តែច្រើន នោះពួកគេកាន់តែដឹងពីសេចក្តីស្រឡាញ់របស់ព្រះជាម្ចាស់ដែលមានពិតប្រាកដ និងដឹងពីសារៈសំខាន់របស់ព្រះជាម្ចាស់នៅក្នុងដួងចិត្តរបស់ពួកគេ និងដឹងពីរបៀបដែលព្រះអង្គគង់នៅក្បែរពួកគេគ្រប់ពេលវេលាផង។
ឥឡូវនេះ សូមយើងផ្សារភ្ជាប់ការពិភាក្សាគ្នារបស់យើងមកពេលបច្ចុប្បន្ននេះវិញ។ ប្រសិនបើព្រះជាម្ចាស់អាចធ្វើរឿងតូចតាចជាច្រើនដើម្បីមនុស្សដែលព្រះអង្គបានបង្កើតមកតាំងពីគ្រាដំបូង សូម្បីតែរឿងដែលមនុស្សមិនដែលគិត ឬរំពឹងទុកទាល់តែសោះនោះ តើព្រះជាម្ចាស់អាចធ្វើរឿងបែបនេះដើម្បីមនុស្សនាពេលសព្វថ្ងៃនេះបានដែរឬទេ? អ្នកខ្លះឆ្លើយថា «អាចធ្វើបាន!» ហេតុអ្វី? ដោយសារតែសារជាតិរបស់ព្រះជាម្ចាស់ មិនមែនក្លែងក្លាយ ហើយភាពគួរឱ្យស្រឡាញ់របស់ទ្រង់ក៏មិនក្លែងក្លាយដែរ។ សារជាតិរបស់ព្រះជាម្ចាស់ មានពិតប្រាកដមែន មិនមែនជាអ្វីដែលអ្នកដទៃណាមួយបន្ថែមឱ្យនោះទេ ហើយច្បាស់ណាស់ គឺមិនមែនជាអ្វីដែលផ្លាស់ប្តូរទៅតាមពេលវេលា ទីកន្លែង និងសម័យកាលខុសៗគ្នានោះដែរ។ ភាពពិត និងភាពគួរឱ្យស្រឡាញ់របស់ព្រះជាម្ចាស់ អាចបង្ហាញចេញមកពិតប្រាកដបានតែតាមរយៈការធ្វើអ្វីមួយដែលមនុស្សគិតថាគ្មានអ្វីអស្ចារ្យ និងមិនសំខាន់ប៉ុណ្ណោះ ជាអ្វីដែលកំប៉ិកកំប៉ុកបំផុត ដែលមនុស្សមិនទាំងដែលគិតថា ព្រះអង្គនឹងចង់ធ្វើរឿងនោះផង។ ព្រះជាម្ចាស់ ទ្រង់មិនចេះវាយឫកខ្ពស់ទេ។ នៅក្នុងនិស្ស័យនិងសារជាតិរបស់ទ្រង់ គ្មានការនិយាយបំផ្លើស ការក្លែងបន្លំ អំនួត ឬភាពក្រអឺតក្រទមណាមួយឡើយ។ ព្រះអង្គមិនដែលអួតអាងឡើយ ផ្ទុយទៅវិញ ព្រះអង្គស្រឡាញ់ បង្ហាញព្រះទ័យព្រួយបារម្ភ មើលថែ និងដឹកនាំមនុស្សដែលព្រះអង្គបានបង្កើតមកដោយភាពស្មោះត្រង់ និងភាពទៀងត្រង់។ មិនថាមនុស្សយល់បាន មានអារម្មណ៍ដឹង ឬមើលឃើញអ្វីដែលព្រះអង្គធ្វើនោះតិចតួចក៏ដោយ ក៏ព្រះអង្គនៅតែធ្វើកិច្ចការរបស់ទ្រង់ជានិច្ច។ តើការដែលដឹងថាព្រះជាម្ចាស់មានសារជាតិបែបនេះ អាចប៉ះពាល់ដល់សេចក្តីស្រឡាញ់របស់មនុស្សចំពោះព្រះអង្គដែរឬទេ? តើវានឹងជះឥទ្ធិពលទៅលើការកោតខ្លាចរបស់ពួកគេចំពោះព្រះជាម្ចាស់ដែរឬទេ? ខ្ញុំសង្ឃឹមថា នៅពេលដែលអ្នកស្គាល់ពីផ្នែកពិតរបស់ព្រះជាម្ចាស់ នោះអ្នកនឹងកាន់តែជិតស្និទ្ធនឹងទ្រង់ ហើយអាចលើកសរសើរពីសេចក្តីស្រឡាញ់ និងព្រះទ័យខ្វល់ខ្វាយរបស់ព្រះអង្គចំពោះមនុស្សជាតិកាន់តែច្រើន ក៏ដូចជាអាចប្រគល់ដួងចិត្តរបស់អ្នកថ្វាយព្រះអង្គ ហើយលែងមានការសង្ស័យ ឬក្ដីមន្ទិលអំពីព្រះអង្គតទៀត។ ព្រះជាម្ចាស់កំពុងសម្ងំធ្វើកិច្ចការគ្រប់យ៉ាងដើម្បីមនុស្ស ដោយបំពេញកិច្ចការទាំងអស់ដោយស្ងៀមស្ងាត់តាមរយៈភាពទៀងត្រង់ ភាពស្មោះត្រង់ និងសេចក្តីស្រឡាញ់របស់ទ្រង់។ ប៉ុន្តែ ព្រះអង្គមិនដែលមានការភ័យខ្លាច ឬការសោកស្តាយចំពោះកិច្ចការដែលព្រះអង្គធ្វើនោះទេ ហើយក៏មិនដែលត្រូវការឱ្យនរណាម្នាក់តបស្នងទ្រង់តាមមធ្យោបាយណាមួយ ឬមានចេតនាចង់បានអ្វីពីមនុស្សណាម្នាក់ដែរ។ គោលបំណងតែមួយគត់ដែលព្រះអង្គបានបំពេញកិច្ចការគ្រប់យ៉ាង គឺដើម្បីឱ្យព្រះអង្គអាចទទួលបានសេចក្ដីជំនឿ និងសេចក្ដីស្រឡាញ់ពិតប្រាកដពីមនុស្សជាតិ។ ខ្ញុំនឹងបញ្ចប់ប្រធានបទទីមួយរបស់យើងត្រឹមនេះចុះ។
តើការពិភាក្សាទាំងនេះបានជួយដល់អ្នករាល់គ្នាដែរឬទេ? កន្លងមក តើវាមានប្រយោជន៍បែបណាខ្លះ? (យើងមានការយល់ដឹង និងការស្គាល់ពីសេចក្តីស្រឡាញ់របស់ព្រះជាម្ចាស់បានច្រើនជាងមុន។) (វិធីសាស្ត្រនៃការប្រកបគ្នានេះ អាចជួយយើងនាពេលអនាគតបាន ដើម្បីឱ្យកាន់តែយល់ពីតម្លៃនៃព្រះបន្ទូលរបស់ព្រះជាម្ចាស់ ឱ្យយល់ពីសញ្ចេតនាដែលព្រះអង្គមាន និងពីអត្ថន័យនៅក្នុងរឿងផ្សេងៗដែលព្រះអង្គថ្លែងមកនៅពេលដែលព្រះអង្គមានបន្ទូលម្តងៗ ហើយក៏ដើម្បីដឹងពីអារម្មណ៍របស់ព្រះអង្គនៅពេលនោះផងដែរ។) បន្ទាប់ពីបានអានព្រះបន្ទូលទាំងនេះហើយ នៅក្នុងចំណោមអ្នករាល់គ្នានេះ តើមានអ្នកណាដឹងច្បាស់ថាព្រះជាម្ចាស់មានពិតប្រាកដដែរឬទេ? តើអ្នកមានអារម្មណ៍ថា អត្ថិភាពរបស់ព្រះជាម្ចាស់លែងឥតខ្លឹមសារ ឬលែងមិនច្បាស់ដូចមុនទៀតហើយមែនទេ? នៅពេលដែលអ្នកមានអារម្មណ៍បែបនេះ តើអ្នកអាចដឹងថា ព្រះជាម្ចាស់គង់នៅក្បែរអ្នកដែរទេ? ប្រហែលជាអារម្មណ៍ដឹងបែបនេះ នៅមិនទាន់ជាក់ស្ដែងនៅឡើយទេក្នុងពេលនេះ ឬអ្នកប្រហែលជាមិនទាន់អាចទទួលអារម្មណ៍ដឹងបែបនេះបាននៅឡើយទេ។ ក៏ប៉ុន្តែ នៅថ្ងៃណាមួយ នៅពេលដែលអ្នកមានការយល់ដឹង និងមានចំណេះដឹងពិតប្រាកដពីនិស្ស័យនិងសារជាតិរបស់ព្រះជាម្ចាស់នៅក្នុងដួងចិត្តរបស់អ្នក នោះអ្នកនឹងមានអារម្មណ៍ដឹងថា ព្រះជាម្ចាស់គង់នៅក្បែរអ្នក គ្រាន់តែអ្នកមិនដែលបានទទួលយកព្រះជាម្ចាស់ដាក់ក្នុងដួងចិត្តរបស់អ្នកប៉ុណ្ណោះ។ នោះគឺជាការពិត!
តើអ្នកគិតយ៉ាងដូចម្តេចចំពោះវិធីសាស្រ្តនៃការប្រកបគ្នានេះ? តើអ្នកអាចតាមទាន់ដែរឬទេ? តើអ្នករាល់គ្នាគិតថាការប្រកបគ្នាពីប្រធានបទស្ដីពីកិច្ចការរបស់ព្រះជាម្ចាស់ និងនិស្ស័យរបស់ព្រះជាម្ចាស់បែបនេះពិបាកខ្លាំងសដែរទេ? តើអ្នករាល់គ្នាមានអារម្មណ៍បែបណា? (អារម្មណ៍ល្អ និងរំភើបណាស់។) តើអ្វីដែលធ្វើឱ្យអ្នកមានអារម្មណ៍ល្អ? ហេតុអ្វីបានជាអ្នករំភើប? (មានអារម្មណ៍ប្រៀបដូចជាបានវិលត្រលប់ទៅកាន់សួនអេដែនវិញម្តងទៀត ទៅនៅក្បែរព្រះជាម្ចាស់វិញអ៊ីចឹង។) តាមពិតប្រធានបទ «និស្ស័យរបស់ព្រះជាម្ចាស់» នេះ គឺជាប្រធានបទមួយដែលមនុស្សមិនធ្លាប់បានស្គាល់បានឮទេ ពីព្រោះថាធម្មតា អ្វីដែលអ្នកគិត និងអ្វីដែលអ្នកបានអាននៅក្នុងសៀវភៅ ឬបានស្ដាប់ឮនៅក្នុងការប្រកបគ្នាណាមួយ មានទំនោរធ្វើឱ្យអ្នកមានអារម្មណ៍ដូចជាមនុស្សខ្វាក់ម្នាក់កំពុងស្ទាបដំរីអ៊ីចឹង។ អ្នកគ្រាន់តែអាចយកដៃទៅស្ទាបជុំវិញបាន ក៏ប៉ុន្តែ អ្នកមិនអាចមើលឃើញអ្វីទាំងអស់។ ការរាវរកអ្វីនៅជុំវិញខ្លួនទាំងភ្នែកខ្វាក់បែបនេះ មិនអាចឱ្យអ្នកយល់អ្វីបន្តិចសោះឡើយពីព្រះជាម្ចាស់ កុំថាឡើយដល់មានគំនិតច្បាស់លាស់អំពីព្រះអង្គនោះ។ ធ្វើបែបនេះ មានតែបង្កើនការស្រមើស្រមៃរបស់អ្នកថែមវិញទេ ក៏ដូចជារារាំងអ្នកមិនឱ្យកំណត់ពីនិស្ស័យ និងសារជាតិរបស់ព្រះជាម្ចាស់ឱ្យបានច្បាស់ដែរ ហើយភាពមិនច្បាស់លាស់ដែលកើតចេញពីការស្រមើស្រមៃរបស់អ្នក ងាយនឹងចាក់បំពេញដួងចិត្តរបស់អ្នកដោយមន្ទិលសង្ស័យគ្រប់ពេលណាស់។ នៅពេលដែលអ្នកដឹងអ្វីមួយមិនប្រាកដ ហើយចេះតែព្យាយាមស្វែងយល់ពីវាទៀត នោះតែងកើតមានការប្រទាំងប្រទូស្ដគ្នា និងមានទំនាស់នៅក្នុងដួងចិត្តរបស់អ្នក ហើយសូម្បីតែអារម្មណ៍រំខានក៏កើតមានដែរ ដែលធ្វើឱ្យអ្នកវង្វេង និងភាន់ច្រឡំ។ តើការចង់ស្វែងរកព្រះជាម្ចាស់ ចង់ស្គាល់ព្រះជាម្ចាស់ ហើយចង់ឃើញព្រះអង្គឱ្យបានច្បាស់ តែហាក់ដូចជាគ្មានលទ្ធភាពរកបានចម្លើយមកវិញនោះ មិនមែនជារឿងគួរឱ្យឈឺចាប់ទេឬអី? ពិតណាស់ ពាក្យទាំងនេះ គឺសំដៅតែទៅលើអ្នកដែលចង់ស្វែងរកការគោរពកោតខ្លាច និងការគាប់ព្រះទ័យព្រះជាម្ចាស់តែប៉ុណ្ណោះ។ ចំពោះអ្នកដែលមិនយកចិត្តទុកដាក់លើរឿងបែបនេះទេ ចំណុចនេះគ្មានបញ្ហាអ្វីនោះទេ ដ្បិតអ្វីដែលពួកគេសង្ឃឹមបំផុតនោះគឺថា ភាពពិត និងអត្ថិភាពរបស់ព្រះជាម្ចាស់ គឺគ្រាន់តែជារឿងព្រេងនិទាន ឬជាគំនិតស្រមើស្រមៃប៉ុណ្ណោះ ដើម្បីឱ្យពួកគេអាចធ្វើអ្វីតាមតែចិត្តពួកគេចង់ ដើម្បីឱ្យពួកគេអាចធ្វើជាបុគ្គលធំជាងគេ និងសំខាន់ជាងគេ ដើម្បីឱ្យពួកគេអាចប្រព្រឹត្ដអំពើអាក្រក់ដោយមិនគិតពីផលវិបាកអ្វី ដើម្បីកុំឱ្យពួកគេនឹងមិនត្រូវប្រឈមនឹងការដាក់ទោស ឬត្រូវទទួលខុសត្រូវណាមួយ និងដើម្បីឱ្យសូម្បីតែរឿងដែលព្រះជាម្ចាស់មានបន្ទូលអំពីមនុស្សប្រព្រឹត្តអាក្រក់ ក៏មិនធ្លាក់មកលើខ្លួនពួកគេដែរ។ មនុស្សទាំងនេះមិនចង់យល់ពីនិស្ស័យរបស់ព្រះជាម្ចាស់ឡើយ។ ពួកគេធុញទ្រាន់និងហត់នឿយនឹងការព្យាយាមស្គាល់ព្រះជាម្ចាស់ និងអ្វីៗទាំងអស់អំពីព្រះអង្គខ្លាំងណាស់។ ពួកគេបន់ឱ្យតែគ្មានព្រះជាម្ចាស់នោះទេ។ មនុស្សទាំងនេះប្រឆាំងនឹងព្រះជាម្ចាស់ ហើយពួកគេស្ថិតនៅក្នុងចំណោមអស់អ្នកដែលនឹងត្រូវផាត់ចោល។
បន្ទាប់ទៀត យើងនឹងពិភាក្សាអំពីរឿងរបស់ណូអេវិញម្ដង ថាតើរឿងនេះមានទំនាក់ទំនងយ៉ាងដូចម្តេចទៅនឹងប្រធានបទ កិច្ចការរបស់ព្រះជាម្ចាស់ និស្ស័យរបស់ព្រះជាម្ចាស់ និងព្រះជាម្ចាស់ផ្ទាល់ព្រះអង្គ នេះ។
តើអ្នករាល់គ្នាមើលឃើញពីកិច្ចការអ្វីខ្លះ ដែលព្រះជាម្ចាស់បានធ្វើចំពោះលោកណូអេនៅក្នុងបទគម្ពីរត្រង់ផ្នែកនេះទេ? ប្រហែលជាអ្នករាល់គ្នាដែលអង្គុយនៅទីនេះ បានដឹងអំពីរឿងនេះខ្លះហើយ តាមរយៈពីការអានបទម្ពីរ៖ ព្រះជាម្ចាស់បានឱ្យណូអេសង់ទូកធំមួយ បន្ទាប់មក ព្រះជាម្ចាស់បានប្រើទឹកជំនន់ដើម្បីបំផ្លាញពិភពលោកនេះ។ ព្រះជាម្ចាស់បានឱ្យណូអេសង់ទូកធំមួយ ដើម្បីជួយសង្គ្រោះក្រុមគ្រួសាររបស់គាត់ ដែលមានសមាជិក ៨ នាក់ ដែលអាចឱ្យពួកគេរួចជីវិតបាន និងក្លាយជាបុព្វបុរសរបស់មនុស្សជាតិជំនាន់ក្រោយទៀត។ ឥឡូវ ចូរយើងត្រឡប់ទៅមើលបទគម្ពីរវិញ។
ខ. លោកណូអេ
១. ព្រះជាម្ចាស់មានបំណងបំផ្លាញពិភពលោកដោយទឹកជំនន់ ហើយព្រះអង្គបានបង្គាប់ណូអេឱ្យសង់ទូកធំមួយ
លោកុប្បត្តិ ៦:៩-១៤ នេះជាតំណពូជពង្សរបស់លោកណូអេ។ លោកណូអេជាមនុស្សសុចរិត និងគ្រប់លក្ខណ៍នៅជំនាន់របស់លោក ហើយលោកបានដើរជាមួយព្រះជាម្ចាស់។ លោកណូអេបង្កើតបានកូនប្រុសបីនាក់ គឺសិម ហាំ និងយ៉ាផែត។ ផែនដីក៏បានពុករលួយនៅចំពោះព្រះជាម្ចាស់ ហើយផែនដីមានពេញដោយអំពើឃោរឃៅ។ ព្រះជាម្ចាស់បានមើលមកកាន់ផែនដី ហើយទតឃើញថា ផែនដីបានពុករលួយ ព្រោះគ្រប់សាច់ឈាមទាំងអស់បានពុករលួយតាមផ្លូវរបស់ខ្លួននៅលើផែនដី។ ព្រះជាម្ចាស់បានមានបន្ទូលមកកាន់លោកណូអេថា ខ្ញុំសម្រេចបំផ្លាញសាច់ឈាមទាំងអស់ឱ្យវិនាសផុតពីមុខខ្ញុំ ដ្បិតផែនដីបានពេញដោយអំពើឃោរឃៅ ដោយសារតែពួកគេ។ មើល៍ ខ្ញុំនឹងបំផ្លាញពួកគេឱ្យវិនាសទៅជាមួយនឹងផែនដី។ ចូរអ្នកយកឈើម៉ៃសាក់មកធ្វើជាទូកធំមួយ អ្នកត្រូវធ្វើបន្ទប់នៅក្នុងទូកនោះ ហើយយកជ័រមកលាប ទាំងក្នុងទាំងក្រៅផង។
លោកុប្បត្តិ ៦:១៨-២២ ប៉ុន្ដែ អញនឹងតាំងសញ្ញារបស់អញជាមួយឯង ហើយឯងនឹងចូលទៅក្នុងទូកធំនោះ ជាមួយកូនប្រុសៗ ប្រពន្ធ និងកូនប្រសាស្រីរបស់ឯង។ ចំណែកឯអស់ទាំងសត្វដែលមានជីវិតទាំងឡាយ ឯងត្រូវនាំយកសត្វមួយគូៗចេញពីគ្រប់ទាំងពូជ ចូលទៅក្នុងទូក ដើម្បីឱ្យបានរួចជីវិតជាមួយឯង។ វាត្រូវមានទាំងសត្វឈ្មោល និងសត្វញី។ គឺត្រូវមានសត្វស្លាបហើរតាមពូជ សត្វជើងបួនតាមពូជ និងសត្វលូនវារទាំងអស់នៅលើដីតាមពូជ គ្រប់ទាំងពូជសត្វមួយគូៗនឹងមកឯឯង ដើម្បីឱ្យបានរួចជីវិត។ ហើយត្រូវយកអាហារគ្រប់មុខដែលធ្លាប់បរិភោគ ឯងត្រូវប្រមូលទុកជាស្បៀងសម្រាប់ឯង និងសម្រាប់សត្វទាំងនោះដែរ។ លោកណូអេបានធ្វើតាម គឺធ្វើតាមគ្រប់ទាំងសេចក្តីដែលព្រះជាម្ចាស់បានបង្គាប់មក។
ក្រោយពីអានអត្ថបទទាំងពីរនេះចប់ ពេលនេះ តើអ្នករាល់គ្នាស្គាល់លោកណូអេជានរណាទេ? តើលោកណូអេជាមនុស្សបែបណា? នៅក្នុងអត្ថបទដើមចែងថា៖ «លោកណូអេជាមនុស្សសុចរិត និងគ្រប់លក្ខណ៍នៅជំនាន់របស់លោក»។ បើយោងទៅតាមការយល់ដឹងរបស់មនុស្សនៅសម័យទំនើបនេះ តើមនុស្សប្រភេទណាដែលរាប់ជា «មនុស្សសុចរិត» នៅគ្រានោះ? មនុស្សសុចរិត គួរតែជាមនុស្សគ្រប់លក្ខណ៍។ តើអ្នករាល់គ្នា ដឹងថា មនុស្សគ្រប់លក្ខណ៍ម្នាក់នេះ ជាមនុស្សគ្រប់លក្ខណ៍នៅក្នុងភ្នែករបស់មនុស្ស ឬគ្រប់លក្ខណ៍នៅក្នុងព្រះនេត្ររបស់ព្រះជាម្ចាស់ទៅ? គ្មានអ្វីសង្ស័យទេ មនុស្សគ្រប់លក្ខណ៍ម្នាក់នេះ គឺជាមនុស្សគ្រប់លក្ខណ៍នៅក្នុងព្រះនេត្ររបស់ព្រះជាម្ចាស់ មិនមែននៅក្នុងភ្នែករបស់មនុស្សឡើយ។ ចំណុចនេះគឺច្បាស់ប្រាកដណាស់! នេះគឺដោយសារតែមនុស្សខ្វាក់ មើលមិនឃើញអ្វីឡើយ ហើយមានតែព្រះជាម្ចាស់ប៉ុណ្ណោះដែលទតមើលមកលើផែនដីទាំងមូល និងលើមនុស្សគ្រប់ៗគ្នា ហើយមានតែព្រះជាម្ចាស់ប៉ុណ្ណោះដែលជ្រាបថា លោកណូអេជាមនុស្សគ្រប់លក្ខណ៍នោះ។ ដូច្នេះ ផែនការរបស់ព្រះជាម្ចាស់ក្នុងការបំផ្លាញពិភពលោកដោយទឹកជំនន់ បានចាប់ផ្តើមតាំងពីពេលដែលព្រះអង្គបានត្រាស់ហៅលោកណូអេមកម្ល៉េះ។
នៅយុគសម័យនោះ ព្រះជាម្ចាស់មានបំណងត្រាស់ហៅលោកណូអេឱ្យធ្វើកិច្ចការដ៏សំខាន់មួយ។ ហេតុអ្វីបានជាចាំបាច់ត្រូវធ្វើកិច្ចការនេះ? ដោយសារតែនៅពេលនោះ ព្រះជាម្ចាស់មានផែនការនៅក្នុងព្រះទ័យរបស់ទ្រង់រួចហើយ។ ផែនការរបស់ទ្រង់ គឺត្រូវបំផ្លាញពិភពលោកដោយទឹកជំនន់។ ហេតុអ្វីបានជាព្រះអង្គត្រូវបំផ្លាញពិភពលោក? ដូចមានចែងត្រង់ចំណុចនេះថា៖ «ផែនដីក៏បានពុករលួយនៅចំពោះព្រះជាម្ចាស់ ហើយផែនដីមានពេញដោយអំពើឃោរឃៅ»។ តើអ្នកទទួលបានព័ត៌មានអ្វីខ្លះពីឃ្លាថា «ផែនដីមានពេញដោយអំពើឃោរឃៅ»? វាជាបាតុភូតមួយនៅលើផែនដី ដែលពិភពលោកនិងមនុស្សម្នាដែលរស់នៅលើផែនដីនេះ បានប្រែទៅជាពុករលួយយ៉ាងខ្លាំង ជាហេតុធ្វើឱ្យ «ផែនដីមានពេញដោយអំពើឃោរឃៅ»។ នៅក្នុងភាសានិយាយបច្ចុប្បន្ន ឃ្លា «ពេញដោយអំពើឃោរឃៅ» នេះ មានន័យថាអ្វីៗទាំងអស់ខុសប្រក្រតី។ ចំពោះមនុស្ស នេះមានន័យថា អ្វីៗនៅគ្រប់ផ្នែកនៃជីវិតទាំងអស់លែងមានសណ្ដាបធ្នាប់ទៀតហើយ ហើយអ្វីៗគ្រប់យ៉ាងបានប្រែជាវឹកវរ មិនអាចគ្រប់គ្រងបាន។ នៅក្នុងព្រះនេត្ររបស់ព្រះជាម្ចាស់ នេះមានន័យថា មនុស្សនៅក្នុងពិភពលោកបានប្រែជាពុករលួយខ្លាំងជាទីបំផុត។ តើពុករលួយដល់កម្រិតណា? គឺពុករលួយដល់កម្រិតមួយ ដែលព្រះជាម្ចាស់ទ្រាំទតមើល ឬអត់ធ្មត់ទៀតលែងបាន។ ពុករលួយដល់កម្រិតមួយ ដែលព្រះជាម្ចាស់មានបំណងចង់បំផ្លាញចោល។ នៅពេលដែលព្រះជាម្ចាស់បានសម្រេចព្រះទ័យបំផ្លាញពិភពលោកនេះ ព្រះអង្គមានផែនការស្វែងរកមនុស្សម្នាក់ ដើម្បីសង់ទូកធំមួយ។ ព្រះជាម្ចាស់បានជ្រើសរើសលោកណូអេឱ្យបំពេញកិច្ចការនេះ។ ដូច្នេះ ព្រះអង្គក៏បានឱ្យលោកណូអេសង់ទូកធំនោះ។ ហេតុអ្វីបានជាព្រះអង្គជ្រើសរើសលោកណូអេ? នៅក្នុងព្រះនេត្ររបស់ព្រះជាម្ចាស់ លោកណូអេជាមនុស្សសុចរិតម្នាក់។ ទោះព្រះជាម្ចាស់បង្គាប់គាត់ឱ្យធ្វើអ្វីក៏ដោយ ក៏លោកណូអេធ្វើតាមទាំងអស់។ និយាយឱ្យចំទៅ លោកណូអេសុខចិត្តធ្វើអ្វីៗគ្រប់យ៉ាង ដែលព្រះជាម្ចាស់បង្គាប់ឱ្យគាត់ធ្វើ។ ព្រះជាម្ចាស់សព្វព្រះហឫទ័យចង់បានមនុស្សបែបនេះមកធ្វើការជាមួយទ្រង់ ដើម្បីបញ្ចប់កិច្ចការដែលព្រះអង្គផ្ញើទុកនឹងគេ នោះគឺដើម្បីបញ្ចប់កិច្ចការរបស់ទ្រង់នៅលើផែនដី។ នៅគ្រានោះ ក្រៅពីលោកណូអេ តើមាននរណាម្នាក់ដែលអាចបំពេញភារកិច្ចបែបនេះបានដែរទេ? ច្បាស់ជាគ្មានហើយ! លោកណូអេគឺជាបេក្ខភាពតែមួយគត់ ជាមនុស្សតែម្នាក់គត់ ដែលអាចបំពេញកិច្ចការដែលព្រះជាម្ចាស់បានប្រគល់ឱ្យ ដូច្នេះហើយបានជាព្រះជាម្ចាស់ជ្រើសរើសរូបគាត់។ ក៏ប៉ុន្តែ តើដែនកំណត់និងខ្នាតរបស់ព្រះជាម្ចាស់សម្រាប់ការសង្គ្រោះមនុស្ស ដូចគ្នានឹងពេលបច្ចុប្បន្ននេះដែរឬទេ? ចម្លើយគឺ ពិតជាមានភាពខុសគ្នាមិនខាន! ហើយហេតុអ្វីបានជាខ្ញុំសួរបែបនេះ? នៅគ្រានោះ លោកណូអេគឺជាមនុស្សសុចរិតតែម្នាក់គត់នៅក្នុងព្រះនេត្ររបស់ព្រះជាម្ចាស់ នេះអាចកាត់យល់បានថា ទាំងប្រពន្ធ ទាំងកូនប្រុស និងកូនប្រសាស្រីរបស់គាត់ទាំងអស់ គ្មាននរណាមួយសុចរិតឡើយ ក៏ប៉ុន្តែព្រះជាម្ចាស់ នៅតែសង្គ្រោះពួកគេតាមរយៈលោកណូអេដដែល។ ព្រះជាម្ចាស់មិនបានបង្គាប់ពួកគេ ដូចដែលព្រះអង្គបានធ្វើនៅពេលនេះឡើយ ផ្ទុយទៅវិញ ព្រះអង្គបានរក្សាជីវិតសមាជិកគ្រួសាររបស់លោកណូអេទាំងប្រាំបីនាក់នោះឱ្យនៅរស់ទាំងអស់គ្នា។ ពួកគេបានទទួលព្រះពរពីព្រះជាម្ចាស់ដោយសារសេចក្ដីសុចរិតរបស់លោកណូអេ។ បើគ្មានលោកណូអេទេ នោះក៏គ្មាននរណាម្នាក់ក្នុងចំណោមពួកគេនោះ អាចបំពេញកិច្ចការដែលព្រះជាម្ចាស់បានប្រគល់ឱ្យនោះបានដែរ។ ដូច្នេះ លោកណូអេគឺជាមនុស្សតែម្នាក់គត់ ដែលត្រូវរួចជីវិតពីការបំផ្លាញពិភពលោកនេះ រីឯអ្នកផ្សេងទៀតគ្រាន់តែជាអ្នកទទួលផលតែប៉ុណ្ណោះ។ ចំណុចនេះបង្ហាញថា នៅក្នុងយុគសម័យមុន នៅមុនពេលដែលព្រះជាម្ចាស់ចាប់ផ្តើមបំពេញកិច្ចការគ្រប់គ្រងរបស់ព្រះអង្គជាផ្លូវការ គោលការណ៍និងបទដ្ឋាននានាដែលព្រះអង្គបានប្រព្រឹត្តដាក់មនុស្ស និងបង្គាប់ដល់ពួកគេ គឺមានភាពធូរស្រាលណាស់។ ចំពោះមនុស្សនៅសព្វថ្ងៃនេះវិញ របៀបដែលព្រះជាម្ចាស់បានប្រព្រឹត្តដាក់គ្រួសារលោករណូអេទាំង ៨ នាក់នោះ មើលទៅដូចជាខ្វះ «ភាពយុត្តិធម៌» ក៏ប៉ុន្តែ បើប្រៀបធៀបទៅនឹងទំហំកិច្ចការដ៏ច្រើនសន្ធឹកសន្ធាប់ ដែលព្រះអង្គបានធ្វើមកលើមនុស្ស និងចំនួនព្រះបន្ទូលដ៏ច្រើនសន្ធឹកសន្ធាប់ដែលព្រះអង្គបានមានបន្ទូលក្នុងពេលនេះវិញ នោះការប្រព្រឹត្តរបស់ព្រះជាម្ចាស់ចំពោះគ្រួសារលោកណូអេទាំងប្រាំបីនាក់នោះ គឺគ្រាន់តែជាគោលការណ៍នៃកិច្ចការមួយ ដែលព្រះអង្គបានប្រទានជាសាវតានៃកិច្ចការរបស់ទ្រង់នៅពេលនោះតែប៉ុណ្ណោះ។ បើធ្វើការប្រៀបធៀបគ្នារវាងក្រុមគ្រួសារលោកណូអេទាំងប្រាំបីនាក់ ជាមួយនឹងមនុស្សនៅសព្វថ្ងៃនេះវិញ តើមួយណាទទួលបានពីព្រះជាម្ចាស់ច្រើនជាងគេ?
ការដែលលោកណូអេត្រូវបានត្រាស់ហៅមកនោះ គឺជាការពិតដ៏សាមញ្ញមួយ ក៏ប៉ុន្តែចំណុចសំខាន់នៃអ្វីដែលយើងកំពុងនិយាយនេះ (រួមមាន និស្ស័យរបស់ព្រះជាម្ចាស់ បំណងព្រះហឫទ័យរបស់ទ្រង់ និងសារជាតិរបស់ទ្រង់) គឺមិនសាមញ្ញពេកនោះទេ។ ដើម្បីយល់ពីទិដ្ឋភាពរបស់ព្រះជាម្ចាស់ទាំងអស់នេះ ជាដំបូង យើងត្រូវតែស្គាល់ពីប្រភេទមនុស្សដែលព្រះជាម្ចាស់សព្វព្រះទ័យចង់ត្រាស់ហៅជាមុនសិន ហើយតាមរយៈការធ្វើបែបនេះ នោះយើងនឹងអាចយល់ពីនិស្ស័យ បំណងព្រះហឫទ័យ និងសារជាតិរបស់ទ្រង់មិនខាន។ នេះពិតជាសំខាន់ណាស់។ ដូច្នេះ នៅក្នុងព្រះនេត្ររបស់ព្រះជាម្ចាស់ តើព្រះអង្គត្រាស់ហៅមនុស្សបែបណា? នោះច្បាស់ជាមនុស្សដែលអាចស្តាប់តាមព្រះបន្ទូលរបស់ទ្រង់ និងជាអ្នកដែលអាចធ្វើតាមការណែនាំរបស់ព្រះអង្គហើយ។ ក្នុងពេលជាមួយគ្នានេះដែរ គេក៏ត្រូវតែជាមនុស្សដែលមានស្មារតីទទួលខុសត្រូវ ជាមនុស្សដែលនឹងអនុវត្តតាមព្រះបន្ទូលរបស់ព្រះជាម្ចាស់ ដោយចាត់ទុកវាជាទំនួលខុសត្រូវ និងភារកិច្ចដែលពួកគេត្រូវបំពេញ។ ចុះតើបុគ្គលនេះចាំបាច់ត្រូវស្គាល់ព្រះជាម្ចាស់ដែរឬទេ? មិនចាំបាច់ទេ។ នៅគ្រានោះ លោកណូអេមិនសូវបានឮពីសេចក្តីបង្រៀនរបស់ព្រះជាម្ចាស់ច្រើនទេ ឬក៏មិនមានបទពិសោធអំពីកិច្ចការរបស់ព្រះជាម្ចាស់ច្រើនដែរ។ ហេតុដូច្នេះ លោកណូអេមានចំណេះដឹងស្តួចស្តើងណាស់អំពីព្រះជាម្ចាស់។ ថ្វីបើនៅទីនេះបានកត់ត្រាថា លោកណូអេបានដើរជាមួយព្រះជាម្ចាស់ក្តី សួរថាតើគាត់ធ្លាប់បានឃើញអង្គរបស់ព្រះជាម្ចាស់ដែរឬទេ? ចម្លើយគឺប្រាកដជាអត់ហើយ! ដិ្បតនៅសម័យនោះ មានតែអ្នកនាំសាររបស់ព្រះជាម្ចាស់តែប៉ុណ្ណោះ ដែលចុះមកនៅក្នុងចំណោមមនុស្ស។ ថ្វីបើពួកគេអាចតំណាងឱ្យព្រះជាម្ចាស់នៅក្នុងការថ្លែងបន្ទូល និងធ្វើកិច្ចការផ្សេងៗបានក៏ដោយ តែពួកគេគ្រាន់តែបង្ហាញឱ្យឃើញពីបំណងព្រះហឬទ័យរបស់ព្រះជាម្ចាស់ និងចេតនារបស់ព្រះអង្គប៉ុណ្ណោះ។ អង្គរបស់ព្រះជាម្ចាស់ មិនត្រូវបានបង្ហាញឱ្យមនុស្សឃើញដោយផ្ទាល់ភ្នែកនោះទេ។ នៅក្នុងបទគម្ពីរត្រង់ផ្នែកនេះ អ្វីដែលយើងមើលឃើញជាទូទៅ គឺជាកិច្ចការដែលលោកណូអេត្រូវធ្វើ និងការណែនាំរបស់ព្រះជាម្ចាស់ចំពោះគាត់។ ដូច្នេះ តើព្រះជាម្ចាស់បានសម្ដែងចេញសារជាតិអ្វីនៅត្រង់នេះ? អ្វីគ្រប់យ៉ាងដែលព្រះជាម្ចាស់ធ្វើ គឺត្រូវបានរៀបចំផែនការយ៉ាងច្បាស់លាស់។ នៅពេលដែលព្រះអង្គទតឃើញរឿង ឬស្ថានភាពអ្វីមួយកើតឡើង នៅក្នុងព្រះនេត្ររបស់ព្រះអង្គមានខ្នាតដើម្បីវាស់វែងវារួចជាស្រេចទៅហើយ ហើយខ្នាតនេះកំណត់ថាតើព្រះអង្គត្រូវចាប់ផ្តើមផែនការដើម្បីដោះស្រាយវា ឬប្រើវិធីសាស្រ្តអ្វីដោះស្រាយជាមួយរឿងនេះ ឬស្ថានភាពនេះ។ ព្រះជាម្ចាស់មិនដែលព្រងើយកន្ដើយ ឬមិនមែនមិនចាប់ភ្លឹកនឹងអ្វីៗទាំងអស់នោះឡើយ។ តាមពិត គឺផ្ទុយគ្នាស្រឡះ។ មានខគម្ពីរមួយដែលចែងពីព្រះបន្ទូលដែលព្រះជាម្ចាស់បានថ្លែងទៅកាន់លោកណូអេថា៖ «ខ្ញុំសម្រេចបំផ្លាញសាច់ឈាមទាំងអស់ឱ្យវិនាសផុតពីមុខខ្ញុំ ដ្បិតផែនដីបានពេញដោយអំពើឃោរឃៅ ដោយសារតែពួកគេ។ មើល៍ ខ្ញុំនឹងបំផ្លាញពួកគេឱ្យវិនាសទៅជាមួយនឹងផែនដី»។ នៅពេលដែលព្រះជាម្ចាស់មានបន្ទូលបែបនេះ តើព្រះអង្គចង់មានន័យថា ព្រះអង្គនឹងបំផ្លាញតែមនុស្សប៉ុណ្ណោះឬ? អត់ទេ! ព្រះជាម្ចាស់បានមានបន្ទូលថា ព្រះអង្គនឹងបំផ្លាញសាច់ឈាមដែលមានជីវិតចោលទាំងអស់។ ហេតុអ្វីបានជាព្រះជាម្ចាស់ចង់បំផ្លាញចោល? ត្រង់ចំណុចនេះ មានការបើកសម្តែងពីនិស្ស័យរបស់ព្រះជាម្ចាស់មួយផ្សេងទៀត។ នៅក្នុងព្រះនេត្ររបស់ព្រះជាម្ចាស់ ព្រះអង្គមានការអត់ធ្មត់មានកម្រិតចំពោះសេចក្ដីពុករលួយរបស់មនុស្ស ចំពោះភាពស្មោកគ្រោក អំពើឃោរឃៅ និងការមិនស្តាប់បង្គាប់របស់សាច់ឈាមទាំងអស់។ តើអ្វីទៅជាដែនកំណត់របស់ទ្រង់? ដូចដែលព្រះជាម្ចាស់បានមានបន្ទូលថា៖ «ព្រះជាម្ចាស់បានទតមើលមកផែនដី ហើយឃើញថា ផែនដីបានពុករលួយ ព្រោះគ្រប់សាច់ឈាមទាំងអស់បានពុករលួយតាមផ្លូវរបស់ខ្លួននៅលើផែនដី»។ តើឃ្លាថា «ព្រោះគ្រប់សាច់ឈាមទាំងអស់បានពុករលួយតាមផ្លូវរបស់ខ្លួននៅលើផែនដី» នេះ មានអត្ថន័យយ៉ាងដូចម្តេច? វាមានន័យថា គ្រប់ទាំងភាវៈរស់ទាំងអស់ រួមទាំងអ្នកដែលដើរតាមព្រះជាម្ចាស់ អ្នកដែលអំពាវនាវរកព្រះនាមព្រះជាម្ចាស់ អ្នកដែលថ្វាយតង្វាយដុតដល់ព្រះជាម្ចាស់ អ្នកដែលទទួលស្គាល់ព្រះជាម្ចាស់តែមាត់ ទាំងអ្នកសរសើរព្រះជាម្ចាស់ផងនោះ នៅពេលដែលឥរិយាបថរបស់ពួកគេពោរពេញទៅដោយសេចក្ដីពុករលួយ និងត្រូវព្រះជាម្ចាស់ទតឃើញនឹងព្រះនេត្របែបនេះហើយ នោះព្រះអង្គត្រូវតែបំផ្លាញពួកគេចោល។ នោះគឺជាដែនកំណត់របស់ព្រះជាម្ចាស់។ ដូច្នេះ តើព្រះជាម្ចាស់បានទ្រាំអត់ធ្មត់ចំពោះមនុស្ស និងសេចក្ដីពុករលួយរបស់សាច់ឈាមទាំងអស់ដល់កម្រិតណា? គឺដល់កម្រិតមួយដែលមនុស្សរាល់គ្នា មិនថាជាអ្នកដើរតាមព្រះជាម្ចាស់ ឬជាអ្នកមិនជឿទេ សុទ្ធតែដើរលើផ្លូវខុសទាំងអស់។ ដល់កម្រិតមួយដែលមនុស្សមិនត្រឹមតែខូចសីលធម៌ និងពេញទៅដោយអំពើអាក្រក់ទេ ក៏ប៉ុន្តែដល់ថ្នាក់ថាគ្មានអ្នកណាម្នាក់ជឿថាមានព្រះ គ្មានអ្នកណាជឿថាព្រះជាម្ចាស់ជាអ្នកគ្រប់គ្រងលើពិភពលោកនេះ គ្មានអ្នកណាជឿថាព្រះជាម្ចាស់អាចនាំមនុស្សចូលទៅក្នុងពន្លឺ និងផ្លូវត្រូវ។ ដល់កម្រិតដែលមនុស្សស្អប់អត្ថិភាពរបស់ព្រះជាម្ចាស់ ហើយថែមទាំងមិនឱ្យព្រះជាម្ចាស់មានអត្ថិភាពទៀតផង។ នៅពេលដែលសេចក្ដីពុករលួយរបស់មនុស្សបានឈានដល់កម្រិតនេះហើយ នោះព្រះជាម្ចាស់នឹងទ្រាំលែងបានតទៅទៀតហើយ។ តើអ្វីដែលនឹងមកជំនួសវិញ? គឺការមកដល់នៃសេចក្ដីក្រោធ និងការដាក់ទោសពីព្រះជាម្ចាស់។ តើនោះមិនមែនជាការបើកសម្ដែងពីនិស្ស័យរបស់ព្រះជាម្ចាស់មួយចំណែកទេឬអី? នៅក្នុងសម័យបច្ចុប្បន្ននេះ តើគ្មានមនុស្សណាម្នាក់សុចរិតនៅក្នុងព្រះនេត្ររបស់ព្រះជាម្ចាស់ទេឬអី? តើគ្មានមនុស្សណាម្នាក់ដែលគ្រប់លក្ខណ៍នៅក្នុងព្រះនេត្ររបស់ព្រះជាម្ចាស់ទេឬអី? តើនេះគឺជាយុគសម័យមួយដែលអាកប្បកិរិយារបស់សាច់ឈាមទាំងអស់នៅលើផែនដី សុទ្ធតែពុករលួយនៅក្នុងព្រះនេត្ររបស់ព្រះជាម្ចាស់មែនទេ? សព្វថ្ងៃនេះ និងយុគសម័យនេះ ក្រៅពីអ្នកដែលព្រះជាម្ចាស់ចង់ប្រោសឱ្យបានពេញខ្នាត និងអ្នកដែលអាចដើរតាមព្រះជាម្ចាស់ និងទទួលយកសេចក្ដីសង្គ្រោះរបស់ទ្រង់ តើមនុស្សខាងសាច់ឈាមទាំងអស់មិនមែនកំពុងតែសាកល្បងនឹងដែនកំណត់នៃការអត់ធ្មត់របស់ព្រះជាម្ចាស់ទេឬអី? តើអ្វីៗដែលកើតឡើងនៅក្បែរអ្នករាល់គ្នា អ្វីដែលអ្នករាល់គ្នាមើលឃើញផ្ទាល់នឹងភ្នែក និងស្ដាប់ឮនឹងត្រចៀកផ្ទាល់ និងដកបទពិសោធន៍ដោយផ្ទាល់ជារៀងរាល់ថ្ងៃនៅក្នុងពិភពលោកនេះ មិនមែនពេញដោយអំពើឃោរឃៅទេឬអី? នៅក្នុងព្រះនេត្ររបស់ព្រះជាម្ចាស់ តើពិភពលោកបែបនេះ យុគសម័យបែបនេះ មិនគួរនឹងត្រូវបញ្ចប់ទេឬអី? ទោះបីជាសាវតានៃយុគសម័យបច្ចុប្បន្ន ខុសគ្នាទាំងស្រុងពីសាវតាសម័យលោកណូអេក៏ពិតមែន ក៏ប៉ុន្តែ អារម្មណ៍និងសេចក្តីក្រោធរបស់ព្រះជាម្ចាស់ចំពោះសេចក្ដីពុករលួយរបស់មនុស្សនៅតែដូចមុនដដែល។ ព្រះជាម្ចាស់អាចអត់ធ្មត់បាន ដោយសារកិច្ចការរបស់ព្រះអង្គ ក៏ប៉ុន្តែ បើមើលទៅលើកាលៈទេសៈ និងស្ថានការណ៍វិញ នៅក្នុងព្រះនេត្ររបស់ព្រះជាម្ចាស់ ពិភពលោកនេះគួរណាស់តែត្រូវបានបំផ្លាញចោលជាយូរណាស់មកហើយ។ កាលៈទេសៈពេលនេះ គឺអាក្រក់ជាងពីកាលដែលពិភពលោកត្រូវបានបំផ្លាញដោយទឹកជំនន់ទៅទៀត។ ក៏ប៉ុន្តែ តើមានភាពខុសគ្នាអ្វីទៅ? នេះក៏ជារឿងដែលធ្វើឱ្យព្រះជាម្ចាស់ក្រៀមក្រំព្រះទ័យជាទីបំផុត ហើយប្រហែលជារឿងដែលគ្មានអ្នករាល់គ្នាណាម្នាក់អាចយល់បានឡើយ។
នៅពេលដែលព្រះអង្គបំផ្លាញពិភពលោកដោយទឹកជំនន់ ព្រះជាម្ចាស់បានត្រាស់ហៅលោកណូអេឱ្យសង់ទូកធំមួយ ព្រមទាំងធ្វើកិច្ចការត្រៀមរៀបចំមួយចំនួនផង។ ព្រះជាម្ចាស់បានត្រាស់ហៅបុរសម្នាក់ គឺលោកណូអេ ឱ្យធ្វើរឿងទាំងនេះថ្វាយព្រះអង្គ។ ក៏ប៉ុន្តែនៅក្នុងយុគសម័យបច្ចុប្បន្ននេះ ព្រះជាម្ចាស់គ្មានមនុស្សណាម្នាក់ ដែលព្រះអង្គអាចត្រាស់ហៅបានឡើយ។ ហេតុអ្វីបានជាបែបនេះ? មនុស្សគ្រប់គ្នាដែលអង្គុយនៅទីនេះ ប្រហែលជាយល់ និងដឹងពីហេតុផលនេះច្បាស់ហើយ។ តើអ្នកត្រូវការឱ្យខ្ញុំពន្យល់លម្អិតពីរឿងនេះដែរឬទេ? ការនិយាយឮៗចេញមក ក្រែងលោអាចធ្វើឱ្យអ្នកបាក់មុខ ហើយធ្វើឱ្យមនុស្សគ្រប់គ្នាមិនសប្បាយចិត្ត។ មនុស្សខ្លះអាចនិយាយថា៖ «ទោះបីយើងមិនមែនជាមនុស្សសុចរិត មិនមែនជាមនុស្សគ្រប់លក្ខណ៍នៅក្នុងព្រះនេត្ររបស់ព្រះជាម្ចាស់ក៏ដោយ តែប្រសិនបើព្រះជាម្ចាស់ណែនាំយើងឱ្យធ្វើកិច្ចការអ្វីមួយមែន នោះយើងនៅតែអាចធ្វើកិច្ចការនោះបានដដែល។ កាលពីលើកមុន នៅពេលព្រះអង្គមានបន្ទូលថា គ្រោះមហន្តរាយកំពុងតែខិតជិតមកដល់ហើយ នោះយើងក៏ចាប់ផ្តើមរៀបចំស្បៀងអាហារ និងរបស់របរផ្សេងៗដែលត្រូវការចាំបាច់ក្នុងគ្រាគ្រោះមហន្តរាយនោះ។ តើអ្វីៗទាំងអស់នេះមិនមែនសុទ្ធតែធ្វើឡើងស្របតាមសេចក្ដីបង្គាប់របស់ព្រះជាម្ចាស់ទេឬអី? តើយើងពិតជាមិនបានសហការក្នុងកិច្ចការរបស់ព្រះជាម្ចាស់មែនឬ? តើអ្វីដែលយើងបានធ្វើទាំងអម្បាលម៉ាននេះ មិនអាចប្រៀបផ្ទឹមនឹងអ្វីដែលលោកណូអេបានធ្វើទេឬអី? តើការធ្វើកិច្ចការដែលយើងបានធ្វើនេះ មិនរាប់ជាការស្តាប់បង្គាប់ពិតប្រាកដទេឬអី? តើយើងមិនមែនកំពុងធ្វើតាមការណែនាំរបស់ព្រះជាម្ចាស់ទេឬអី? តើយើងមិនមែនធ្វើអ្វីតាមដែលព្រះជាម្ចាស់មានបន្ទូល ដោយព្រោះយើងមានសេចក្ដីជំនឿលើព្រះបន្ទូលរបស់ព្រះជាម្ចាស់ទេឬអី? ដូច្នេះ តើហេតុអ្វីបានជាព្រះជាម្ចាស់នៅតែមិនសប្បាយព្រះទ័យទៀត? ហេតុអ្វីបានជាព្រះជាម្ចាស់មានបន្ទូលថា ព្រះអង្គគ្មានមនុស្សណាម្នាក់ត្រូវត្រាស់ហៅ?» តើសកម្មភាពរបស់អ្នក និងសកម្មភាពរបស់លោកណូអេ មានភាពខុសគ្នាដែរឬទេ? តើមានភាពខុសគ្នាអ្វីទៅ? (សព្វថ្ងៃនេះ ការរៀបចំស្បៀងអាហាទុកបម្រុងសម្រាប់គ្រោះមហន្តរាយ គឺជាចេតនារបស់យើងផ្ទាល់)។ (ទង្វើរបស់យើងមិនអាចមានតម្លៃស្មើនឹងសេចក្ដី «សុចរិត» ទេ ចំណែកលោកណូអេវិញ គឺជាមនុស្សសុចរិតនៅក្នុងព្រះនេត្ររបស់ព្រះជាម្ចាស់)។ អ្វីដែលអ្នកបាននិយាយនោះមិនខុសឆ្ងាយប៉ុន្មានទេ។ អ្វីដែលណូអេបានធ្វើ គឺខុសគ្នាពីអ្វីដែលមនុស្សកំពុងធ្វើនាពេលនេះឆ្ងាយណាស់។ នៅពេលដែលលោកណូអេធ្វើកិច្ចការទៅតាមការណែនាំរបស់ព្រះជាម្ចាស់ គាត់មិនបានដឹងពីចេតនារបស់ព្រះជាម្ចាស់ឡើយ។ គាត់មិនបានដឹងថាតើព្រះជាម្ចាស់ចង់សម្រេចកិច្ចការអ្វីនោះទេ។ ព្រះជាម្ចាស់គ្រាន់តែបង្គាប់ និងណែនាំគាត់ឱ្យធ្វើកិច្ចការតែប៉ុណ្ណោះ ដោយពុំបានពន្យល់អ្វីច្រើនទេ ឯលោកណូអេវិញ ក៏បានស្តាប់តាម រួចធ្វើកិច្ចការនោះតែម្តង។ គាត់មិនបានព្យាយាមជីកឫសជីគល់ចង់ដឹងពីបំណងរបស់ព្រះជាម្ចាស់ឡើយ ហើយគាត់ក៏មិនបានទាស់ទទឹងនឹងព្រះជាម្ចាស់ ឬបង្ហាញភាពមិនស្មោះត្រង់នោះដែរ។ គាត់គ្រាន់តែចេញទៅធ្វើកិច្ចការនោះ ដោយដួងចិត្តបរិសុទ្ធ និងធម្មតាប៉ុណ្ណោះ។ អ្វីក៏ដោយដែលព្រះជាម្ចាស់បង្គាប់ឱ្យគាត់ធ្វើ គាត់ក៏ធ្វើតាម ហើយការស្តាប់បង្គាប់ និងការស្ដាប់តាមព្រះបន្ទូលរបស់ទ្រង់ បានបញ្ជាក់ពីជំនឿរបស់គាត់ទៅលើកិច្ចការដែលគាត់បានធ្វើ។ គាត់បានប្រព្រឹត្ដដោយត្រង់ៗ និងដោយសាមញ្ញចំពោះអ្វីដែលព្រះជាម្ចាស់បានប្រគល់ឱ្យគាត់ធ្វើតាមរបៀបនេះឯង។ សារជាតិរបស់គាត់ ពោលគឺសារជាតិនៃទង្វើរបស់គាត់ គឺការស្ដាប់បង្គាប់ មិនមែនការសន្មត មិនមែនជាការទាស់ទទឹង ហើយជាងនេះទៅទៀត ក៏មិនមែនជាការគិតពីប្រយោជន៍ផ្ទាល់ខ្លួន ឬការចំណេញនិងការខាតបង់របស់គាត់នោះដែរ។ ជាងនេះទៀត នៅពេលដែលព្រះជាម្ចាស់មានបន្ទូលថា ព្រះអង្គនឹងបំផ្លាញពិភពលោកដោយទឹកជំនន់ លោកណូអេ ក៏មិនបានសួរដេញដោលថា តើរឿងនោះកើតឡើងពេលណា ឬសួរថាតើនឹងមានអ្វីកើតឡើងនោះដែរ ហើយគាត់ក៏មិនបានសួរព្រះជាម្ចាស់ថាតើព្រះអង្គនឹងបំផ្លាញពិភពលោកយ៉ាងដូចម្ដេចនោះដែរ។ គាត់គ្រាន់តែធ្វើតាមអ្វីដែលព្រះជាម្ចាស់បានណែនាំគាត់ប៉ុណ្ណោះ។ មិនថាព្រះជាម្ចាស់សព្វព្រះហឫទ័យចង់ឱ្យធ្វើកិច្ចការអ្វី និងធ្វើកិច្ចការនោះជាមួយនឹងអ្វីនោះទេ គាត់ធ្វើតាមដែលព្រះជាម្ចាស់បានបង្គាប់ឱ្យធ្វើ ហើយគាត់ក៏ចាប់ផ្តើមបំពេញកិច្ចការនោះភ្លាមៗដែរ។ គាត់បានធ្វើតាមការណែនាំរបស់ព្រះជាម្ចាស់ ដោយមានអាកប្បកិរិយាចង់គាប់ព្រះហឫទ័យរបស់ព្រះជាម្ចាស់។ តើគាត់ធ្វើកិច្ចការនោះ ដើម្បីជួយឱ្យខ្លួនគាត់រួចផុតពីគ្រោះមហន្តរាយមែនទេ? អត់ទេ! តើគាត់មានបានសួរព្រះជាម្ចាស់ថានៅសល់ពេលយូរប៉ុនណាទៀត ទម្រាំដល់ពេលដែលពិភពលោកត្រូវបំផ្លាញចោលដែរទេ? គាត់មិនបានសួរទេ។ តើគាត់មានបានសួរព្រះជាម្ចាស់ ឬតើគាត់បានដឹងថាត្រូវចំណាយពេលយូរប៉ុនណា ដើម្បីសាងសង់ទូកធំនោះឱ្យរួចដែរទេ? គាត់ក៏មិនបានដឹងរឿងនោះដែរ។ គាត់គ្រាន់តែបានស្ដាប់បង្គាប់ ស្តាប់តាមបន្ទូល និងប្រព្រឹត្ដតាមនោះប៉ុណ្ណោះ។ មនុស្សសព្វថ្ងៃនេះ មិនដូចគ្នានោះទេ៖ គ្រាន់តែលេចឮដំណឹងអី្វបន្តិចតាមរយៈបន្ទូលរបស់ព្រះជាម្ចាស់ភ្លាម ឬគ្រាន់តែពេលដែលគេឮខ្យល់បក់ស្លឹកឈើសោះ ពួកគេក៏ចាប់ផ្តើមស្លន់ស្លោធ្វើសកម្មភាពភ្លាមៗ មិនខ្វល់ថាមានបញ្ហាអ្វី ឬមិនគិតពីតម្លៃអី្វទាំងអស់ ដើម្បីចាប់ផ្តើមរៀបចំទុកដាក់ស្បៀងអាហារបម្រុង និងរបស់របរប្រើប្រាស់ផ្សេងៗទៀតក្រោយគ្រោះមហន្តរាយ ហើយថែមទាំងបានរៀបចំផែនការរត់គេចខ្លួននៅពេលគ្រោះមហន្តរាយមកដល់ទៀតផង។ អ្វីដែលគួរឱ្យចាប់អារម្មណ៍ជាងនេះទៅទៀតនោះគឺថា នៅក្នុងពេលដ៏សំខាន់បែបនេះ ខួរក្បាលរបស់មនុស្សពូកែខាង «ធ្វើកិច្ចការឱ្យរួចណាស់»។ សូម្បីក្នុងកាលៈទេសៈដែលព្រះជាម្ចាស់មិនបានប្រទានការណែនាំណាមួយក៏ដោយ ក៏មនុស្សអាចរៀបចំផែនការគ្រប់យ៉ាងបានយ៉ាងសមរម្យជាទីបំផុតដែរ។ អ្នកគួរតែប្រើពាក្យថា «គ្រប់លក្ខណ៍» នេះ ដើម្បីពិពណ៌នាពីផែនការបែបនោះវិញ។ ចំពោះអ្វីដែលព្រះជាម្ចាស់មានបន្ទូល ឬអ្វីដែលជាចេតនារបស់ទ្រង់ ឬអ្វីដែលព្រះជាម្ចាស់សព្វព្រះហឫទ័យចង់បាននោះ គឺគ្មាននរណាម្នាក់យកចិត្តទុកដាក់ឡើយ គ្មាននរណាម្នាក់ព្យាយាមយល់ឡើយ។ តើនេះមិនមែនជាភាពខុសគ្នាដ៏ធំបំផុតរវាងមនុស្សនៅសម័យនេះ និងលោកណូអេទេឬអី?
នៅក្នុងកំណត់ត្រារឿងរបស់លោកណូអេ តើអ្នករាល់គ្នាឃើញនិស្ស័យរបស់ព្រះជាម្ចាស់ក្នុងផ្នែកមួយណាដែរឬទេ? ការអត់ធ្មត់របស់ព្រះជាម្ចាស់ គឺមានកម្រិតចំពោះសេចក្ដីពុករលួយ ភាពស្មោកគ្រោគ និងអំពើឃោរឃៅរបស់មនុស្ស។ នៅពេលដែលព្រះអង្គឈានដល់កម្រិតកំណត់នោះហើយ ព្រះអង្គនឹងលែងអត់ធ្មត់ទៀតហើយ ព្រះអង្គនឹងចាប់ផ្តើមការគ្រប់គ្រងថ្មី និងផែនការថ្មីរបស់ទ្រង់ ចាប់ផ្តើមធ្វើអ្វីដែលព្រះអង្គត្រូវធ្វើ បើកសម្តែងពីកិច្ចការរបស់ទ្រង់ និងផ្នែកនៃនិស្ស័យរបស់ទ្រង់ដទៃទៀត។ សកម្មភាពរបស់ទ្រង់នេះ គឺមិនមែនដើម្បីបង្ហាញថា ព្រះអង្គដាច់ខាតមិនឱ្យមនុស្សប្រមាថ ឬថាព្រះអង្គពេញដោយសិទ្ធិអំណាច និងសេចក្តីក្រោធនោះទេ ហើយក៏មិនមែនបង្ហាញថា ព្រះអង្គអាចបំផ្លាញមនុស្សបាននោះដែរ។ នោះគឺថា និស្ស័យ និងសារជាតិដ៏បរិសុទ្ធរបស់ទ្រង់ មិនអាចអនុញ្ញាត ឬអត់ធ្មត់ចំពោះមនុស្សជាតិប្រភេទនេះ មិនអាចឱ្យគេរស់នៅចំពោះទ្រង់ ឬក៏រស់នៅក្រោមការត្រួតត្រារបស់ទ្រង់បានទៀតឡើយ។ នោះគឺបានន័យថា នៅពេលដែលមនុស្សទាំងអស់ប្រឆាំងនឹងទ្រង់ ហើយនៅពេលដែលគ្មាននរណាម្នាក់នៅលើផែនដីទាំងមូលដែលទ្រង់អាចសង្គ្រោះបាន នោះព្រះអង្គនឹងលែងមានការអត់ធ្មត់ចំពោះមនុស្សប្រភេទនេះទៀតហើយ ព្រះអង្គនឹងអនុវត្តផែនការរបស់ព្រះអង្គដោយគ្មានអល់អែក ដើម្បីបំផ្លាញមនុស្សជាតិប្រភេទនេះចោល។ ទង្វើរបស់ព្រះជាម្ចាស់បែបនេះ គឺកំណត់ដោយនិស្ស័យរបស់ព្រះអង្គ។ នេះគឺជាលទ្ធផលមួយដែលមិនអាចជៀសផុតបាន ហើយក៏ជាផលវិបាកមួយដែលភាវៈដែលព្រះបានបង្កើតមកដែលកំពុងស្ថិតនៅក្រោមការត្រួតត្រារបស់ព្រះជាម្ចាស់ ត្រូវតែទទួលផងដែរ។ តើការនេះមិនមែនបង្ហាញថា នៅក្នុងយុគសម័យនេះ ព្រះជាម្ចាស់មិនអាចរង់ចាំដើម្បីបញ្ចប់ផែនការរបស់ទ្រង់ និងសង្គ្រោះមនុស្សដែលព្រះអង្គចង់សង្រ្គោះបានតទៀតទេឬអី? ក្នុងកាលៈទេសៈទាំងនេះ តើព្រះជាម្ចាស់យកព្រះទ័យទុកដាក់នឹងអ្វីខ្លាំងជាងគេបំផុត? គឺមិនមែនផ្ដោតលើរបៀបដែលអ្នកទាំងនោះមិនដើរតាមព្រះអង្គទាល់តែសោះ ឬអ្នកដែលប្រឆាំង ឬទាស់ទទឹងនឹងទ្រង់ទេ ក៏មិនផ្ដោតលើរបៀបដែលមនុស្សជាតិមួលបង្កាច់ទ្រង់ដែរ។ ព្រះអង្គខ្វល់ព្រះទ័យតែលើអ្នកដែលដើរតាមទ្រង់ ដែលជាកម្មវត្ថុនៃសេចក្ដីសង្គ្រោះរបស់ទ្រង់នៅក្នុងផែនការគ្រប់គ្រងរបស់ទ្រង់តែប៉ុណ្ណោះ ថាតើពួកគេនោះត្រូវបានទ្រង់ប្រោសឱ្យបានពេញខ្នាតឬអត់ ថាតើពួកគេបានក្លាជាមនុស្សមានតម្លៃគាប់ព្រះហឫទ័យរបស់ទ្រង់ឬអត់។ ចំណែកអ្នកដែលមិនដើរតាមព្រះអង្គវិញ ព្រះអង្គគ្រាន់តែប្រទានការដាក់ទោសបន្តិចបន្តួច ដើម្បីបង្ហាញពីសេចក្តីក្រោធរបស់ព្រះអង្គប៉ុណ្ណោះ។ ឧទាហរណ៍៖ រលកយក្សស៊ូណាមិ រញ្ជួយដី និងបន្ទុះភ្នំភ្លើងជាដើម។ ក្នុងពេលជាមួយគ្នានោះដែរ ព្រះអង្គក៏កំពុងការពារ និងមើលថែអ្នកដែលដើរតាមព្រះអង្គ ហើយពួកគេជិតត្រូវបានទ្រង់សង្គ្រោះហើយ។ និស្ស័យរបស់ព្រះជាម្ចាស់គឺបែបនេះ៖ ម្ខាង ព្រះអង្គអាចមានការអត់ធ្មត់ និងការត្រាប្រណីយ៉ាងខ្លាំងចំពោះមនុស្សដែលព្រះអង្គមានបំណងចង់ប្រោសឱ្យបានពេញខ្នាត ហើយព្រះអង្គអាចរង់ចាំពួកគេយូរតាមដែលព្រះអង្គអាចរង់ចាំបាន។ ម្ខាងទៀត ព្រះជាម្ចាស់ស្អប់ និងខ្ពើមរអើមមនុស្សប្រភេទសាតាំងណាស់ ដែលមិនដើរតាមទ្រង់ ហើយប្រឆាំងនឹងទ្រង់។ ទោះបីព្រះអង្គមិនខ្វល់ថាតើមនុស្សប្រភេទសាតាំងនេះដើរតាមទ្រង់ ឬថ្វាយបង្គំទ្រង់ឬអត់ក៏ដោយ ក៏ព្រះអង្គនៅតែស្អប់ពួកគេដដែល ហើយក្នុងព្រះទ័យរបស់ទ្រង់ក៏នៅមានការអត់ធ្មត់ចំពោះពួកគេដដែល ហើយក្នុងពេលដែលព្រះអង្គកំពុងធ្វើការកំណត់ពីទីបញ្ចប់របស់មនុស្សប្រភេទសាតាំងនេះ ព្រះអង្គក៏កំពុងរង់ចាំការមកដល់នៃផែនការគ្រប់គ្រងរបស់ព្រះអង្គក្នុងជំហានបន្ទាប់ផងដែរ។
សូមមើលទៅអត្ថបទបន្ទាប់។
២. ព្រះពររបស់ព្រះជាម្ចាស់ចំពោះលោកណូអេក្រោយពីទឹកជំនន់
លោកុប្បត្តិ ៩:១-៦ ហើយព្រះជាម្ចាស់បានប្រទានពរដល់លោកណូអេ និងកូនប្រុសរបស់លោក ព្រមទាំងមានបន្ទូលទៅពួកគេថា ចូរបង្កើតកូនចៅ ពហុគុណ ហើយបំពេញផែនដីទៅ។ គ្រប់ទាំងសត្វនៅផែនដី សត្វស្លាបដែលហើរលើអាកាស សត្វលូនវារនៅដី និងត្រីក្នុងសមុទ្រទាំងប៉ុន្មាន នឹងខ្លាច ហើយញញើតដល់អ្នករាល់គ្នា។ ខ្ញុំប្រគល់សត្វទាំងអស់នោះមកក្នុងដៃរបស់អ្នករាល់គ្នាហើយ។ សត្វទាំងប៉ុន្មានដែលមានចលនា ហើយនៅរស់ នឹងក្លាយជាអាហារដល់អ្នករាល់គ្នា។ ខ្ញុំប្រទានអ្វីៗទាំងអស់ដល់អ្នករាល់គ្នា ដូចដែលខ្ញុំបានឱ្យតិណជាតិទាំងឡាយដល់អ្នករាល់គ្នាដែរ។ ប៉ុន្ដែ អ្នករាល់គ្នាមិនត្រូវបរិភោគសាច់ដែលនៅមានជីវិត ជាសាច់ដែលមានជាប់ឈាមឡើយ។ ចំពោះជីវិតមនុស្សវិញ បើអ្នកណាយកជីវិតគេ ខ្ញុំនឹងទារឈាមពីជីវិតអ្នកនោះវិញ។ ចំពោះសត្វណាដែលសម្លាប់មនុស្ស ខ្ញុំនឹងទារយកជីវិតសត្វនោះវិញ។ គឺខ្ញុំទារយកជីវិតរបស់មនុស្សវិញ ដោយសារតែដៃរបស់បងប្អូនរបស់អ្នកដែលស្លាប់ទៅ។ អស់អ្នកណាដែលកម្ចាយឈាមរបស់មនុស្ស អ្នកនោះនឹងត្រូវគេកម្ចាយឈាមវិញ ដ្បិតព្រះជាម្ចាស់បានបង្កើតមនុស្សមកនៅក្នុងរូបអង្គទ្រង់។
តាមរយៈអត្ថបទនេះ តើអ្នករាល់គ្នាមើលឃើញពីអ្វីខ្លះ? ហេតុអ្វីខ្ញុំជ្រើសរើសខគម្ពីរទាំងនេះ? ហេតុអ្វីបានជាខ្ញុំមិនជ្រើសរើសអត្ថបទដកស្រង់ពីជីវិតរបស់លោកណូអេ និងគ្រួសាររបស់គាត់នៅលើទូកធំវិញ? ដោយសារតែព័ត៌មាននោះ មិនមានជាប់ទាក់ទងអ្វីច្រើនជាមួយនឹងប្រធានបទដែលយើងកំពុងជជែកគ្នានៅថ្ងៃនេះទេ។ អ្វីដែលយើងកំពុងផ្តោតសំខាន់នោះគឺ និស្ស័យរបស់ព្រះជាម្ចាស់។ ប្រសិនបើអ្នករាល់គ្នាចង់ដឹងរឿងលម្អិត អ្នកអាចយកព្រះគម្ពីរមកអានដោយខ្លួនឯងបាន។ យើងនឹងមិននិយាយអំពីរឿងនោះនៅទីនេះទេ។ រឿងសំខាន់ដែលយើងកំពុងពិភាក្សានៅថ្ងៃនេះ គឺរបៀបស្គាល់ពីសកម្មភាពរបស់ព្រះជាម្ចាស់។
បន្ទាប់ពីលោកណូអេបានទទួលយកការណែនាំពីព្រះជាម្ចាស់ និងបានសង់ទូកធំ ព្រមទាំងរស់នៅជាច្រើនថ្ងៃក្នុងគ្រាដែលព្រះជាម្ចាស់បានប្រើទឹកជំនន់ដើម្បីបំផ្លាញពិភពលោក មានតែលោកណូអេ និងគ្រួសារគាត់ទាំង ៨ នាក់ប៉ុណ្ណោះ ដែលបានរួចជីវិត។ ក្រៅតែពីក្រុមគ្រួសារទាំង ៨ នាក់របស់លោកណូអេ មនុស្សជាតិទាំងអស់ត្រូវបំផ្លាញបង់ ហើយភាវៈមានជីវិតទាំងអស់នៅលើផែនដី ក៏សុទ្ធតែត្រូវបានបំផ្លាញទាំងអស់ដែរ។ ព្រះជាម្ចាស់បានប្រទានពរដល់លោកណូអេ ព្រមទាំងបានមានបន្ទូលពីរឿងមួយចំនួនប្រាប់ទៅគាត់ និងកូនប្រុសៗរបស់គាត់ផង។ ទាំងអស់នេះជាអ្វីដែលព្រះជាម្ចាស់បានប្រទានដល់គាត់ ហើយក៏ជាព្រះពររបស់ព្រះជាម្ចាស់ប្រទានដល់គាត់ផងដែរ។ នេះគឺជាសេចក្ដីសន្យា និងព្រះពរដែលព្រះជាម្ចាស់ប្រទានដល់អ្នកដែលអាចស្តាប់តាមទ្រង់ និងអ្នកទទួលយកការណែនាំរបស់ទ្រង់ ហើយនេះក៏ជារបៀបដែលព្រះជាម្ចាស់ប្រទានរង្វាន់ដល់មនុស្សផងដែរ។ និយាយឱ្យចំទៅ មិនថាលោកណូអេជាមនុស្សសុចរិត ឬមនុស្សគ្រប់លក្ខណ៍នៅក្នុងព្រះនេត្ររបស់ព្រះជាម្ចាស់ឬអត់នោះទេ ហើយមិនថាគាត់ស្គាល់ព្រះជាម្ចាស់ច្រើនប៉ុនណានោះទេ និយាយយ៉ាងខ្លីទៅ លោកណូអេ និងកូនប្រុសទាំងបីនាក់របស់គាត់ សុទ្ធតែបានស្តាប់តាមព្រះបន្ទូលរបស់ព្រះជាម្ចាស់ សហការជាមួយកិច្ចការរបស់ព្រះជាម្ចាស់ ហើយធ្វើអ្វីដែលពួកគេត្រូវធ្វើ ស្របតាមការណែនាំរបស់ព្រះជាម្ចាស់។ ហេតុដូច្នេះហើយ ពួកគេបានរក្សាមនុស្ស សត្វមានជីវិតផ្សេងៗជាច្រើនសម្រាប់ព្រះជាម្ចាស់ ក្រោយពីការបំផ្លាញពិភពលោកដោយទឹកជំនន់ ដោយបានរួមចំណែកយ៉ាងធំធេងដល់ជំហានបន្ទាប់នៃផែនការគ្រប់គ្រងរបស់ព្រះជាម្ចាស់។ ដោយសារតែគ្រប់កិច្ចការដែលគាត់បានធ្វើនេះហើយ ទើបព្រះជាម្ចាស់ប្រទានពរដល់គាត់។ ចំពោះមនុស្សនៅពេលបច្ចុប្បន្ននេះ ប្រហែលអ្វីដែលលោកណូអេបានធ្វើនោះ គឺមិនសមនឹងលើកមកនិយាយទេ។ អ្នកខ្លះអាចទាំងគិតផងថា៖ «លោកណូអេមិនបានធ្វើអ្វីសោះឡើយ។ ព្រះជាម្ចាស់បានសម្រេចព្រះហប្ញទ័យទុកជីវិតឱ្យគាត់ ដូច្នេះហើយទើបបានជាគាត់អាចរួចផុតពីគ្រោះមហន្តរាយបែបនេះ។ ការរស់រានមានជីវិតរបស់គាត់ មិនមែនកើតចេញពីសមិទ្ធិផលផ្ទាល់ខ្លួនរបស់គាត់នោះទេ។ ព្រះជាម្ចាស់សព្វព្រះហឫទ័យចង់ឱ្យកើតមានរឿងបែបនេះតែប៉ុណ្ណោះ ដ្បិតមនុស្សមិនអាចធ្វើបែបនេះបានទេ»។ ប៉ុន្តែ ព្រះជាម្ចាស់មិនបានព្រះតម្រិះបែបនោះទេ។ ចំពោះព្រះជាម្ចាស់ មិនថាមនុស្សនោះជាបុគ្គលអស្ចារ្យ ឬសំខាន់យ៉ាងណាក៏ដោយ ឱ្យតែពួកគេអាចស្តាប់តាមព្រះអង្គ ស្ដាប់បង្គាប់តាមការណែនាំរបស់ទ្រង់ និងអ្វីដែលព្រះអង្គបានប្រគល់ឱ្យគេ ហើយគេអាចសហការជាមួយកិច្ចការទ្រង់ បំណងព្រះហឫទ័យ និងផែនការរបស់ព្រះអង្គបាន ដើម្បីឱ្យបំណងព្រះហឬទ័យ និងផែនការរបស់ទ្រង់អាចសម្រេចទៅបានដោយរលូន នោះការប្រព្រឹត្ដបែបនោះ ស័ក្តិសមនឹងឱ្យព្រះជាម្ចាស់ចងចាំទុក ហើយក៏ស័ក្តិសមនឹងទទួលព្រះពរពីព្រះអង្គដែរ។ ព្រះជាម្ចាស់ឱ្យតម្លៃដល់មនុស្សប្រភេទនេះ ហើយព្រះអង្គគាប់ព្រះទ័យនឹងសកម្មភាពរបស់គេ សេចក្តីស្រឡាញ់របស់គេ និងការជាប់ចិត្តរបស់គេចំពោះព្រះអង្គដែរ។ នេះគឺជាឥរិយាបថរបស់ព្រះជាម្ចាស់។ ចុះហេតុអ្វីបានជាព្រះជាម្ចាស់ប្រទានពរដល់លោកណូអេ? ពីព្រោះព្រះជាម្ចាស់ប្រព្រឹត្ដចំពោះទង្វើ និងការស្ដាប់បង្គាប់របស់មនុស្សដោយបែបនេះឯង។
ទាក់ទងនឹងព្រះពររបស់ព្រះជាម្ចាស់ចំពោះលោកណូអេ មានមនុស្សមួយចំនួននឹងនិយាយថា៖ «បើមនុស្សស្តាប់ព្រះជាម្ចាស់ ហើយបំពេញតាមបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ នោះព្រះជាម្ចាស់គួរតែប្រទានពរដល់ពួកគេ។ តើនោះនៅមិនច្បាស់លាស់ទៀតឬអី?» តើយើងអាចនិយាយបែបនេះបានទេ? មានអ្នកខ្លះនិយាយថា៖ «មិនអាចទេ»។ ហេតុអ្វីបានជាយើងមិនអាចនិយាយដូច្នេះបាន? មនុស្សខ្លះនិយាយថា៖ «មនុស្សមិនស័ក្តិសមនឹងទទួលព្រះពរពីព្រះជាម្ចាស់ទេ»។ និយាយបែបនោះ មិនត្រឹមត្រូវទាំងស្រុងនោះទេ។ ពីព្រោះនៅពេលដែលមនុស្សម្នាក់ទទួលយកអ្វីដែលព្រះជាម្ចាស់ផ្ញើទុកនឹងពួកគេ ព្រះជាម្ចាស់មានខ្នាតដើម្បីវិនិច្ឆ័យថាតើទង្វើរបស់គេល្អឬអាក្រក់ និងថាតើបុគ្គលនោះស្តាប់បង្គាប់ឬអត់ និងថាតើបុគ្គលនោះបានបំពេញតាមបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ឬអត់ និងថាតើពួកគេបំពេញតាមខ្នាតនោះដែរឬអត់។ អ្វីដែលព្រះជាម្ចាស់យកព្រះទ័យទុកដាក់ គឺដួងចិត្តរបស់មនុស្ស មិនមែនទង្វើពីសម្បកក្រៅរបស់ពួកគេទេ។ មិនមែនឱ្យតែនរណាម្នាក់ធ្វើអ្វីមួយ នោះព្រះជាម្ចាស់នឹងប្រទានពរ ដោយមិនគិតថាតើពួកគេធ្វើបែបណានោះទេ។ នេះគឺជាការយល់ច្រឡំមួយរបស់មនុស្សចំពោះព្រះជាម្ចាស់។ ព្រះជាម្ចាស់មិនមែនគ្រាន់តែទតមើលពីលទ្ធផលចុងក្រោយប៉ុណ្ណោះទេ ប៉ុន្ដែព្រះអង្គក៏ផ្តោតព្រះទ័យទុកដាក់បន្ថែមលើថាតើចិត្តនិងអាកប្បកិរិយារបស់មនុស្សនោះបែបណា ក្នុងអំឡុងពេលដែលអ្វីៗមានការវិវឌ្ឍ ហើយព្រះអង្គក៏ទតមើលផងដែរថាតើនៅក្នុងចិត្តរបស់ពួកគេមានការស្តាប់បង្គាប់ ការគិតគូរ និងបំណងប្រាថ្នាចង់បំពេញតាមបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ដែរឬអត់។ ពេលនោះ តើលោកណូអេស្គាល់ព្រះជាម្ចាស់ច្រើនប៉ុនណា? តើវាច្រើនដូចជាគោលលទ្ធិដែលអ្នករាល់គ្នាបានដឹងក្នុងពេលសព្វថ្ងៃនេះដែរឬទេ? បើនិយាយពីទិដ្ឋភាពនៃសេចក្តីពិតវិញ ដូចជាគោលគំនិត និងចំណេះដឹងអំពីព្រះជាម្ចាស់ តើគាត់បានទទួលការស្រោចស្រព និងការឃ្វាលច្រើនដូចអ្នករាល់គ្នាដែរឬទេ? គាត់មិនទទួលបានច្រើននោះទេ! ក៏ប៉ុន្តែ មានការពិតមួយដែលយើងមិនអាចប្រកែកបាននោះគឺ នៅក្នុងសតិសម្បជញ្ញៈ ចិត្តគំនិត និងសូម្បីតែក្នុងជម្រៅនៃចិត្តរបស់មនុស្សសព្វថ្ងៃនេះ យើងឃើញថា ចិត្តគំនិត និងអាកប្បកិរិយារបស់ពួកគេចំពោះព្រះជាម្ចាស់ មានលក្ខណៈស្រពេចស្រពិល និងមិនច្បាស់លាស់ឡើយ។ អ្នកក៏អាចនិយាយបានថា មានមនុស្សមួយចំនួនដែលមានអាកប្បកិរិយាអវិជ្ជមានចំពោះអត្ថិភាពរបស់ព្រះជាម្ចាស់។ ក៏ប៉ុន្តែនៅក្នុងចិត្តរបស់លោកណូអេ និងក្នុងសតិសម្បជញ្ញៈរបស់គាត់វិញ អត្ថិភាពរបស់ព្រះជាម្ចាស់គឺមានពិតប្រាកដ និងគ្មានអ្វីដែលត្រូវសង្ស័យឡើយ ហើយនេះជាហេតុដែលធ្វើឱ្យការស្តាប់បង្គាប់របស់គាត់ចំពោះព្រះជាម្ចាស់ គ្មានសេចក្ដីផិតក្បត់ ហើយអាចស៊ូទ្រាំនឹងការសាកល្បងបាន។ ដួងចិត្តរបស់គាត់បរិសុទ្ធ ហើយបើកចំហចំពោះព្រះជាម្ចាស់។ គាត់មិនចាំបាច់ត្រូវការចំណេះដឹងខាងគោលលទ្ធិអ្វីច្រើន ដើម្បីបញ្ចុះបញ្ចូលខ្លួនគាត់ឱ្យធ្វើតាមគ្រប់ទាំងព្រះបន្ទូលរបស់ព្រះជាម្ចាស់ឡើយ ហើយគាត់ក៏មិនចាំបាច់ត្រូវការការពិតច្រើន ដើម្បីបញ្ជាក់ពីអត្ថិភាពរបស់ព្រះជាម្ចាស់ ដើម្បីអាចទទួលយកអ្វីដែលព្រះជាម្ចាស់បានផ្ញើទុកនឹងគាត់ និងដើម្បីអាចមានសមត្ថភាពធ្វើអ្វីដែលព្រះជាម្ចាស់បង្គាប់ឱ្យគាត់ធ្វើនោះដែរ។ នេះហើយគឺជាភាពខុសគ្នាខ្លាំងរវាងលោកណូអេ និងមនុស្សសព្វថ្ងៃនេះ ហើយក៏ជានិយមន័យពិតប្រាកដអំពីមនុស្សគ្រប់លក្ខណ៍នៅក្នុងព្រះនេត្ររបស់ព្រះជាម្ចាស់ដែរ។ អ្វីដែលព្រះជាម្ចាស់សព្វព្រះហឫទ័យចង់បាន គឺមនុស្សដូចជាលោកណូអេនេះឯង។ គាត់ជាប្រភេទមនុស្សដែលព្រះជាម្ចាស់សរសើរ ហើយក៏ជាមនុស្សដែលព្រះជាម្ចាស់ប្រទានព្រះពរជាប្រាកដដែរ។ តើអ្នករាល់គ្នាបានទទួលការបំភ្លឺណាមួយពីសេចក្ដីនេះដែរឬទេ? មនុស្សមើលទៅមនុស្សផ្សេងទៀតតែលក្ខណៈខាងក្រៅរបស់គេប៉ុណ្ណោះ រីឯព្រះជាម្ចាស់វិញ ព្រះអង្គទតមើលដួងចិត្ត និងសារជាតិរបស់ពួកគេ។ ព្រះជាម្ចាស់មិនអនុញ្ញាតឱ្យនរណាម្នាក់មានចិត្តវៀចវេរ ឬមានការសង្ស័យចំពោះទ្រង់ឡើយ ហើយព្រះអង្គក៏មិនអនុញ្ញាតឱ្យមនុស្សសង្ស័យ ឬសាកល្បងទ្រង់តាមរបៀបណាមួយដែរ។ ហេតុដូច្នេះ ទោះបីជាមនុស្សសព្វថ្ងៃនេះជួបប្រទះជាមួយនឹងព្រះបន្ទូលរបស់ព្រះជាម្ចាស់ដោយផ្ទាល់ក្ដី ឬថែមទាំងអាចនិយាយទល់មុខព្រះជាម្ចាស់បានក៏ដោយ ក៏ប៉ុន្តែដោយសារមានអ្វីកប់ជ្រៅក្នុងដួងចិត្តរបស់ពួកគេ ដោយសារមានសារជាតិពុករលួយរបស់ពួកគេ និងដោយសារអាកប្បកិរិយារបស់ពួកគេទាស់នឹងទ្រង់ ទើបមនុស្សត្រូវបានរារាំងមិនឱ្យមានជំនឿពិតប្រាកដលើព្រះជាម្ចាស់ ហើយត្រូវបានរារាំងមិនឱ្យស្តាប់បង្គាប់ទ្រង់។ ដោយសារបញ្ហានេះហើយ ទើបពួកគេពិបាកក្នុងការទទួលបានព្រះពរដូចដែលព្រះជាម្ចាស់បានប្រទានដល់លោកណូអេណាស់។
បន្ទាប់ទៀត សូមយើងមើលបទគម្ពីរត្រង់ផ្នែកនេះ អំពីរបៀបដែលព្រះជាម្ចាស់ប្រើឥន្ទធនូធ្វើជាទីសម្គាល់នៃសេចក្ដីសញ្ញារបស់ព្រះអង្គជាមួយមនុស្ស។
៣. ព្រះជាម្ចាស់ប្រើឥន្ទធនូជាទីសម្គាល់នៃសេចក្ដីសញ្ញារបស់ព្រះអង្គជាមួយមនុស្ស
លោកុប្បត្តិ ៩:១១-១៣ ហើយខ្ញុំនឹងតាំងសញ្ញារបស់ខ្ញុំជាមួយអ្នករាល់គ្នាថា គ្រប់សាច់ទាំងអស់នឹងមិនត្រូវបំផ្លាញដោយទឹកជំនន់ទៀតទេ។ ហើយក៏នឹងលែងមានទឹកជំនន់មកបំផ្លិចបំផ្លាញផែនដីទៀតដែរ។ ព្រះជាម្ចាស់មានបន្ទូលថា៖ នេះជាទីសម្គាល់នៃសេចក្ដីសញ្ញាដែលខ្ញុំតាំងរវាងខ្ញុំនិងអ្នករាល់គ្នា និងភាវៈមានជីវិតទាំងអស់ ដែលនៅជាមួយឯងរាល់គ្នា នៅគ្រប់ជំនាន់ជានិច្ចនិរន្តរ៍ គឺខ្ញុំដាក់ឥន្ទធនូរបស់ខ្ញុំនៅក្នុងពពក ហើយឥន្ទធនូនេះនឹងបានជាទីសម្គាល់នៃសេចក្ដីសញ្ញា ដែលខ្ញុំបានតាំងរវាងខ្ញុំ និងផែនដី។
មនុស្សភាគច្រើនស្គាល់ថាឥន្ទធនូគឺជាអ្វីហើយ ហើយក៏បានស្ដាប់ឮរឿងខ្លះទាក់ទងនឹងឥន្ទធនូដែរ។ ចំពោះរឿងឥន្ទធនូនៅក្នុងព្រះគម្ពីរវិញ មានមនុស្សខ្លះជឿរឿងនេះ ហើយមានអ្នកខ្លះទៀតចាត់ទុកថា វាជារឿងព្រេងនិទាន រីឯអ្នកខ្លះទៀត ក៏មិនជឿទាល់តែសោះដែរ។ ទោះយ៉ាងណាក៏ដោយ គ្រប់ព្រឹត្តិការណ៍ទាំងអស់ដែលបានកើតឡើងទាក់ទងនឹងឥន្ទធនូ គឺជាកិច្ចការរបស់ព្រះជាម្ចាស់ ហើយបានកើតឡើងនៅក្នុងដំណើរការនៃការគ្រប់គ្រងរបស់ព្រះជាម្ចាស់លើមនុស្ស។ ព្រឹត្តិការណ៍ទាំងនេះត្រូវបានកត់ត្រាទុកយ៉ាងប្រាកដនៅក្នុងព្រះគម្ពីរ។ កំណត់ត្រាទាំងនេះ មិនបានប្រាប់យើងឱ្យដឹងពីអារម្មណ៍ដែលព្រះជាម្ចាស់មាននៅក្នុងពេលនោះទេ ក៏មិនបានប្រាប់យើងពីចេតនាដែលព្រះជាម្ចាស់បានមានបន្ទូលទាំងអម្បាលម៉ាននេះដែរ។ លើសពីនេះទៅទៀត ក៏គ្មាននរណាម្នាក់អាចយល់ពីអារម្មណ៍របស់ព្រះជាម្ចាស់បាននោះទេ នៅពេលដែលព្រះអង្គមានបន្ទូលទាំងអស់នោះ។ ទោះជាយ៉ាងណាក៏ដោយ សភាពព្រះទ័យរបស់ព្រះជាម្ចាស់ទាក់ទងនឹងព្រឹត្តិការណ៍ទាំងមូលនេះ ត្រូវបានបើកសម្ដែងនៅក្នុងអត្ថបទគម្ពីរនេះ។ ហាក់ដូចជាព្រះតម្រិះរបស់ព្រះអង្គនៅពេលនោះ បានលោតចេញពីទំព័រនោះមកដូច្នោះដែរ តាមរយៈពាក្យពេចន៍និងឃ្លាឃ្លោងនីមួយៗដែលព្រះជាម្ចាស់បានថ្លែងមក។
ព្រះតម្រិះរបស់ព្រះជាម្ចាស់ជាអ្វីដែលមនុស្សគួរយកចិត្តទុកដាក់ និងជាអ្វីដែលពួកគេគួរតែព្យាយាមស្គាល់ឱ្យបានច្រើនបំផុត។ នេះគឺដោយសារតែព្រះតម្រិះរបស់ព្រះជាម្ចាស់មានជាប់ទាក់ទងគ្នា និងមិនអាចកាត់ផ្ដាច់ចេញពីការយល់ដឹងរបស់មនុស្សអំពីព្រះជាម្ចាស់បានឡើយ ហើយការយល់ដឹងរបស់មនុស្សអំពីព្រះជាម្ចាស់ គឺជាទំនាក់ទំនងដែលមិនអាចខ្វះបានជាមួយនឹងច្រកចូលទៅក្នុងជីវិតរបស់មនុស្ស។ ដូច្នេះ តើព្រះជាម្ចាស់ព្រះតម្រិះបែបណា នៅពេលដែលព្រឹត្តិការណ៍ទាំងនេះកើតឡើង?
កាលដើមឡើយ ព្រះជាម្ចាស់បានបង្កើតមនុស្សជាតិ ដែលនៅក្នុងព្រះនេត្ររបស់ទ្រង់ ពួកគេល្អណាស់ ហើយស្និទ្ធស្នាលនឹងទ្រង់ណាស់ ប៉ុន្តែពួកគេត្រូវបានបំផ្លាញចោលដោយទឹកជំនន់ ក្រោយពីមានការបះបោរទាស់នឹងទ្រង់។ តើរឿងនេះបានធ្វើឱ្យព្រះជាម្ចាស់ឈឺព្រះទ័យដែរឬទេ នៅពេលដែលមនុស្សត្រូវបាត់បង់ភ្លាមៗដោយបែបនេះនោះ? ពិតណាស់ គឺវាជាធ្វើឱ្យព្រះទ័យទ្រង់ឈឺចាប់! ដូច្នេះ តើព្រះអង្គបង្ហាញពីការឈឺចាប់របស់ទ្រង់ដោយបែបណា? តើសេចក្ដីនោះត្រូវបានកត់ត្រាទុកនៅក្នុងព្រះគម្ពីរយ៉ាងដូចម្តេច? សេចក្ដីនោះត្រូវបានកត់ត្រាទុកនៅក្នុងព្រះគម្ពីរថា៖ «ហើយខ្ញុំនឹងតាំងសញ្ញារបស់ខ្ញុំជាមួយអ្នករាល់គ្នាថា គ្រប់សាច់ទាំងអស់នឹងមិនត្រូវបំផ្លាញដោយទឹកជំនន់ទៀតទេ។ ហើយក៏នឹងលែងមានទឹកជំនន់មកបំផ្លិចបំផ្លាញផែនដីទៀតដែរ»។ ប្រយោគដ៏សាមញ្ញនេះ បង្ហាញពីព្រះតម្រិះរបស់ព្រះជាម្ចាស់។ ការបំផ្លាញលោកីយ៍នេះ បានធ្វើឱ្យព្រះអង្កឈឺចាប់ខ្លាំងណាស់។ តាមពាក្យពេចន៍របស់មនុស្ស ព្រះអង្គពិតជាសោកសៅណាស់។ យើងអាចស្រមៃមើល៖ តើផែនដីដែលធ្លាប់តែពោរពេញទៅដោយជីវិត ប្រែទៅជាបែបណាវិញ ក្រោយពីត្រូវបំផ្លិចបំផ្លាញដោយទឹកជំនន់រួច? តើផែនដីដែលធ្លាប់តែមានមនុស្សរស់នៅពេញ មានលក្ខណៈបែបណានៅពេលនោះ? គ្មានការតាំងទីលំនៅរបស់មនុស្ស គ្មានសត្វមានជីវិត ហើយមានតែទឹកនៅគ្រប់ទីកន្លែង និងឃើញមានតែការបំផ្លិចបំផ្លាញទាំងស្រុងនៅលើផ្ទៃទឹក។ នៅពេលដែលព្រះជាម្ចាស់បានបង្កើតពិភពលោកនេះ តើព្រះអង្គមានចេតនាចង់ឃើញទិដ្ឋភាពបែបនេះដែរឬទេ? ច្បាស់ជាអត់ហើយ! គោលបំណងដើមរបស់ព្រះជាម្ចាស់ គឺចង់ឃើញជីវិតនៅពាសពេញទាំងផែនដី ចង់ឃើញមនុស្សដែលព្រះអង្គបានបង្កើតមកនោះ ថ្វាយបង្គំទ្រង់ គឺមិនមែនចង់ឃើញតែលោកណូអេម្នាក់ដែលថ្វាយបង្គំទ្រង់នោះទេ ឬក៏ជាមនុស្សតែម្នាក់គត់ដែលអាចឆ្លើយតបនឹងការត្រាស់ហៅរបស់ព្រះអង្គ ដើម្បីបំពេញអ្វីដែលព្រះអង្គបានផ្ញើទុកនឹងគាត់នោះដែរ។ នៅពេលដែលមនុស្សជាតិបាត់បង់អស់ទៅ ព្រះជាម្ចាស់មិនបានទតមើលឃើញពីអ្វីដែលព្រះអង្គមានបំណងចង់បានតាំងពីដំបូងមកនោះទេ តែទតឃើញផ្ទុយស្រឡះទាំងស្រុងទៅវិញ។ តើមិនឱ្យព្រះទ័យព្រះអង្គឈឺចាប់ដូចម្តេចកើតទៅ? ដូច្នេះ នៅពេលដែលព្រះអង្គកំពុងបើកសម្ដែងពីនិស្ស័យរបស់ទ្រង់ និងសម្ដែងចេញនូវអារម្មណ៍របស់ទ្រង់នោះ ព្រះជាម្ចាស់បានធ្វើការសម្រេចព្រះទ័យមួយ។ តើព្រះអង្គបានសម្រេចព្រះទ័យបែបណា? គឺព្រះអង្គបានដាក់ធ្នូនៅលើពពក (នោះគឺជាឥន្ទធនូ ដែលយើងបានឃើញសព្វថ្ងៃនេះឯង) ទុកជាការតាំងសេចក្ដីសញ្ញាជាមួយមនុស្ស ដែលជាការសន្យាថា ព្រះជាម្ចាស់នឹងមិនបំផ្លាញមនុស្សជាតិដោយទឹកជំនន់ម្តងទៀតឡើយ។ ទន្ទឹមនឹងនោះដែរ វាក៏ដើម្បីប្រាប់ដល់មនុស្សថា ព្រះជាម្ចាស់បានបំផ្លិចបំផ្លាញពិភពលោកដោយទឹកជំនន់រួចហើយ ដើម្បីឱ្យមនុស្សជាតិចងចាំជារៀងរហូតពីមូលហេតុដែលព្រះអង្គបានធ្វើរឿងនេះ។
តើការបំផ្លាញលោកីយ៍នៅគ្រានោះ ជាអ្វីដែលព្រះជាម្ចាស់សព្វព្រះហឫទ័យចង់ធ្វើមែនទេ? ច្បាស់ជាមិនមែនជាអ្វីដែលព្រះជាម្ចាស់សព្វព្រះហឫទ័យចង់ធ្វើហើយ។ យើងប្រហែលជាអាចស្រមៃមើលផ្នែកតូចណាមួយនៃផែនដីដែលគួរឱ្យអាណិត ក្រោយពីរងការបំផ្លិចបំផ្លាញរួច ក៏ប៉ុន្តែ យើងមិនអាចនឹងស្រមៃបានថាតើក្នុងព្រះនេត្ររបស់ព្រះជាម្ចាស់ ទិដ្ឋភាពនៅពេលនោះបែបណានោះឡើយ។ យើងអាចនិយាយបានថា ទោះបីជាមនុស្សនាពេលបច្ចុប្បន្ននេះ ឬមនុស្សនៅជំនាន់មុនក៏ដោយ ក៏គ្មាននរណាម្នាក់អាចនឹកស្រមៃ ឬយល់ពីអារម្មណ៍របស់ព្រះជាម្ចាស់ នៅពេលដែលព្រះអង្គទតឃើញទិដ្ឋភាពនិងរូបភាពរបស់ពិភពលោកដែលកំពុងត្រូវរងការបំផ្លិចបំផ្លាញដោយទឹកជំនន់នោះដែរ។ ព្រះជាម្ចាស់បានបង្ខំព្រះទ័យធ្វើដូច្នេះ ដោយសារការមិនស្តាប់បង្គាប់របស់មនុស្ស ក៏ប៉ុន្តែ ព្រះទ័យឈឺចាប់របស់ទ្រង់ដោយសារការបំផ្លាញពិភពលោកដោយទឹកជំនន់នេះ គឺជារឿងពិត ដែលគ្មាននរណាម្នាក់អាចដឹងនិងយល់បានឡើយ។ ហេតុនេះហើយបានព្រះជាម្ចាស់បានតាំងសេចក្ដីសញ្ញាមួយជាមួយមនុស្សជាតិ ដែលតាមរយៈសេចក្ដីសញ្ញានោះ ព្រះអង្គមានគោលបំណងចង់ប្រាប់មនុស្សទាំងអស់ឱ្យចងចាំថា ព្រះជាម្ចាស់ធ្លាប់បានធ្វើរឿងបែបនេះម្តងរួចហើយ និងដើម្បីស្បថចំពោះពួកគេថា ព្រះជាម្ចាស់នឹងមិនបំផ្លាញពិភពលោកតាមរបៀបនេះម្ដងទៀតឡើយ។ នៅក្នុងសេចក្ដីសញ្ញានេះ យើងមើលឃើញពីព្រះទ័យរបស់ព្រះជាម្ចាស់។ យើងមើលឃើញថាព្រះជាម្ចាស់ឈឺព្រះទ័យ នៅពេលដែលព្រះអង្គបានបំផ្លាញមនុស្សជាតិនេះ។ នៅក្នុងភាសារបស់មនុស្ស នៅពេលដែលព្រះជាម្ចាស់បានបំផ្លាញមនុស្សជាតិហើយ និងបានទតឃើញមនុស្សជាតិត្រូវបាត់ទៅ នោះព្រះទ័យរបស់ទ្រង់ក៏ព្រះកន្សៃង និងហូរព្រះលោហិតចេញមកផង។ តើនោះមិនមែនជាវិធីដែលល្អបំផុតដើម្បីពិពណ៌នាអំពីសេចក្ដីនេះទេឬអី? ពាក្យទាំងនេះត្រូវបានមនុស្សប្រើ ដើម្បីបង្ហាញពីអារម្មណ៍របស់មនុស្ស ក៏ប៉ុន្តែដោយសារភាសារបស់មនុស្សនៅខ្វះចន្លោះច្រើន ហេតុនេះ ការប្រើពាក្យទាំងនេះ ដើម្បីពិពណ៌នាអំពីមនោសញ្ចេតនានិងអារម្មណ៍របស់ព្រះជាម្ចាស់ ចំពោះខ្ញុំ មើលទៅដូចជាមិនអាក្រក់ណាស់ណានោះទេ ហើយពាក្យពេចន៍ទាំងនោះក៏មិនហួសហេតុពេកដែរ។ យ៉ាងហោចណាស់ ក៏វាបានធ្វើឱ្យអ្នកយល់ដឹងបានប្រសើរនិងច្បាស់ជាងមុនអំពីអារម្មណ៍របស់ព្រះជាម្ចាស់នៅគ្រានោះដែរ។ ពេលនេះ នៅពេលដែលអ្នករាល់គ្នាឃើញឥន្ទធនូម្តងៗ តើអ្នករាល់គ្នាគិតដល់អ្វីដែរ? យ៉ាងហោចណាស់ ក៏អ្នកនឹងនឹកចាំថា ព្រះជាម្ចាស់ធ្លាប់មានទុក្ខព្រួយចំពោះការបំផ្លិចបំផ្លាញពិភពលោកដោយទឹកជំនន់នេះដែរ។ អ្នកនឹងចងចាំថា ទោះបីជាព្រះជាម្ចាស់ស្អប់ពិភពលោកនេះ និងស្អប់មនុស្សជាតិនេះក៏ដោយ ក៏នៅពេលដែលព្រះអង្គបានបំផ្លាញមនុស្សដែលព្រះអង្គបានបង្កើតមកដោយព្រះហស្តរបស់ទ្រង់ផ្ទាល់ ក៏ព្រះទ័យរបស់ទ្រង់មានការឈឺចាប់ មិនចង់ឱ្យរឿងនេះកើតឡើង មានអារម្មណ៍ស្ទាក់ស្ទើរ ហើយពិបាកនឹងទ្រាំខ្លាំងណាស់។ ព្រះអង្គទទួលការកម្សាន្តព្រះទ័យតែតាមរយៈគ្រួសាររបស់លោកណូអេទាំងប្រាំបីនាក់ប៉ុណ្ណោះ។ គឺដោយសារមានកិច្ចសហប្រតិបត្តិការរបស់លោកណូអេនេះហើយ ដែលការខំប្រឹងប្រែងបង្កើតរបស់សព្វសារពើឡើងមកនេះ មិនទៅជាអសាបង់នោះ។ នៅពេលដែលព្រះជាម្ចាស់កំពុងរងទុក្ខ មានតែរឿងនេះតែមួយគត់ ដែលអាចរំសាយការឈឺចាប់របស់ព្រះអង្គបាន។ ចាប់តាំងពីពេលនោះមក ព្រះជាម្ចាស់ក៏បានដាក់ក្តីសង្ឃឹមទាំងអស់របស់មនុស្សជាតិ ទៅលើក្រុមគ្រួសាររបស់លោកណូអេ ដោយសង្ឃឹមថា ពួកគេអាចរស់នៅក្រោមព្រះពររបស់ទ្រង់ មិនមែននៅក្រោមបណ្តាសាទ្រង់ឡើយ ដោយសង្ឃឹមថាពួកគេនឹងលែងឃើញព្រះជាម្ចាស់បំផ្លាញពិភពលោកដោយទឹកជំនន់ម្តងទៀត ហើយក៏សង្ឃឹមថា ពួកគេក៏នឹងមិនត្រូវបំផ្លាញចោលនោះដែរ។
តើនិស្ស័យរបស់ព្រះជាម្ចាស់ក្នុងផ្នែកណាដែលយើងគួររៀនសូត្រនោះ? ព្រះជាម្ចាស់ស្អប់មនុស្ស ពីព្រោះមនុស្សបានតាំងខ្លួនជាសត្រូវទាស់នឹងព្រះអង្គ ក៏ប៉ុន្តែ នៅក្នុងព្រះទ័យរបស់ទ្រង់ ការយកព្រះទ័យទុកដាក់ ការព្រួយបារម្ភ និងសេចក្ដីមេត្ដាករុណាចំពោះមនុស្សជាតិ នៅដូចមុនដដែលមិនផ្លាស់ប្តូរឡើយ។ សូម្បីតែនៅពេលដែលព្រះអង្គបានបំផ្លាញមនុស្សជាតិហើយក៏ដោយ ក៏ព្រះទ័យរបស់ទ្រង់នៅតែមិនផ្លាស់ប្តូរដដែល។ នៅពេលមនុស្សពោរពេញទៅដោយសេចក្ដីពុករលួយ និងការមិនស្តាប់បង្គាប់ចំពោះព្រះជាម្ចាស់ ព្រះអង្គត្រូវតែបំផ្លាញមនុស្សជាតិនេះចោល ដោយព្រោះតែនិស្ស័យនិងសារជាតិរបស់ទ្រង់ និងស្របតាមគោលការណ៍របស់ទ្រង់។ ប៉ុន្ដែ ដោយសារតែសារជាតិរបស់ព្រះជាម្ចាស់ ព្រះអង្គនៅតែអាណិតអាសូរចំពោះមនុស្សជាតិដដែល ហើយថែមទាំងចង់ប្រើវិធីផ្សេងៗដើម្បីប្រោសលោះពួកគេផង ដើម្បីឱ្យពួកគេអាចបន្តរស់នៅបានតទៅទៀត។ ក៏ប៉ុន្តែ មនុស្សបែរប្រឆាំងនឹងព្រះជាម្ចាស់ បន្តមិនស្តាប់បង្គាប់ទ្រង់ ហើយថែមទាំងបដិសេធមិនទទួលយកសេចក្តីសង្គ្រោះរបស់ព្រះជាម្ចាស់ទៀតផង។ នោះគឺជាការបដិសេធមិនព្រមទទួលយកបំណងល្អរបស់ព្រះអង្គហើយ។ មិនថាព្រះជាម្ចាស់បានត្រាស់ហៅពួកគេ ដាស់តឿនពួកគេ ទំនុកបម្រុងពួកគេ ជួយពួកគេ ឬអត់ឱនដល់ពួកគេយ៉ាងណាក៏ដោយ ក៏មនុស្សមិនយល់ ឬលើកសរសើរពីការនោះដែរ ហើយពួកគេក៏មិនបានយកចិត្តទុកដាក់អ្វីដែរ។ ទោះក្នុងការឈឺចាប់ក៏ដោយ ក៏ព្រះជាម្ចាស់នៅតែមិនភ្លេចប្រទាននូវការអត់ឱនដ៏ច្រើនរបស់ទ្រង់ដល់មនុស្សដែរ ដោយរង់ចាំឱ្យពួកគេងាកក្រោយវិញ។ បន្ទាប់ពីព្រះអង្គបានអត់ធ្មត់ដល់កម្រិតហើយ ព្រះអង្គក៏បានធ្វើកិច្ចការដែលព្រះអង្គត្រូវធ្វើដោយគ្មានការស្ទាក់ស្ទើរឡើយ។ អាចនិយាយម៉្យាងទៀតថា ចាប់តាំងពីពេលដែលព្រះជាម្ចាស់បានរៀបចំផែនការដើម្បីបំផ្លាញមនុស្សជាតិ រហូតមកដល់ពេលចាប់ផ្តើមកិច្ចការរបស់ទ្រង់ក្នុងការបំផ្លាញមនុស្សជាតិ គឺមានពេលវេលា និងដំណើរការជាក់លាក់ណាស់។ ដំណើរការនេះកើតមានឡើង គឺមានគោលបំណងដើម្បីធ្វើឱ្យមនុស្សអាចបកក្រោយវិញ ហើយនេះគឺជាឱកាសលើកចុងក្រោយដែលព្រះជាម្ចាស់ប្រទានដល់មនុស្ស។ ដូច្នេះ មុនពេលដែលព្រះអង្គបំផ្លាញមនុស្សជាតិ តើព្រះជាម្ចាស់បានធ្វើអ្វីខ្លះនៅក្នុងអំឡុងពេលនេះ? ព្រះជាម្ចាស់បានធ្វើកិច្ចការជាច្រើនដើម្បីក្រើនរំឭក និងដាស់តឿនដល់ពួកគេ។ មិនថានៅក្នុងព្រះទ័យរបស់ទ្រង់មានការឈឺចាប់ និងមានទុក្ខព្រួយច្រើនប៉ុនណានោះទេ ក៏ព្រះអង្គនៅតែបន្តយកព្រះទ័យទុកដាក់ ព្រួយបារម្ភ និងប្រទានសេចក្តីមេត្តាករុណាយ៉ាងពេញបរិបូរដល់មនុស្សជាតិដដែល។ តាមរយៈចំណុចនេះ តើយើងមើលឃើញពីអ្វីខ្លះ? គ្មានអ្វីត្រូវឆ្ងល់នោះទេ គឺយើងមើលឃើញថា សេចក្ដីស្រឡាញ់របស់ព្រះជាម្ចាស់ចំពោះមនុស្សជាតិ គឺពិតប្រាកដ មិនមែនជាសេចក្ដីស្រឡាញ់ដែលព្រះអង្គគ្រាន់តែមានបន្ទូលចោលនោះទេ។ ជាសេចក្ដីស្រឡាញ់ជាក់ស្តែង អាចមើលឃើញ និងគួរឱ្យស្ងើចសរសើរ មិនមែនក្លែងក្លាយ មិនផិតក្បត់ មិនបោកបញ្ឆោត ឬមានពុតត្បុតឡើយ។ ព្រះជាម្ចាស់មិនដែលប្រើការបោកបញ្ឆោតណាមួយ ឬបង្កើតរូបភាពក្លែងបន្លំ ដើម្បីធ្វើឱ្យមនុស្សឃើញថា ព្រះអង្គគួរឱ្យស្រឡាញ់នោះទេ។ ព្រះអង្គមិនដែលប្រើទីបន្ទាល់ក្លែងក្លាយ ដើម្បីឱ្យមនុស្សមើលឃើញពីភាពគួរឱ្យស្រឡាញ់របស់ទ្រង់ ឬដើម្បីបង្ហាញពីភាពគួរឱ្យស្រឡាញ់ និងភាពបរិសុទ្ធរបស់ទ្រង់ឡើយ។ តើទិដ្ឋភាពនៃនិស្ស័យរបស់ព្រះជាម្ចាស់ទាំងអម្បាលម៉ាននេះ មិនស័ក្ដិសមឱ្យមនុស្សស្រឡាញ់ទេឬអី? តើទិដ្ឋភាពទាំងនេះមិនស័ក្តិសមឱ្យមនុស្សថ្វាយបង្គំទេឬអី? តើទិដ្ឋភាពទាំងនេះមិនស័ក្តិសមនឹងឱ្យមនុស្សពេញចិត្តទេឬអី? ត្រង់ចំណុចនេះ ខ្ញុំចង់សួរអ្នករាល់គ្នាថា៖ ក្រោយពីបានស្ដាប់ឮព្រះបន្ទូលទាំងនេះហើយ តើអ្នករាល់គ្នាគិតថា ភាពអស្ចារ្យរបស់ព្រះជាម្ចាស់ គ្រាន់តែជាពាក្យគ្មានបានការនៅលើក្រដាសមួយសន្លឹកមែនទេ? តើភាពគួរឱ្យស្រឡាញ់របស់ព្រះជាម្ចាស់គ្រាន់តែជាពាក្យឥតបានការមែនទេ? មិនមែនទេ! ប្រាកដជាមិនមែនបែបនោះទេ! ភាពឧត្តុង្គឧត្ដម ភាពអស្ចារ្យ ភាពបរិសុទ្ធ ការអត់ធ្មត់ សេចក្តីស្រឡាញ់ ។ល។ និង ។ល។ ពោលគឺគ្រប់ទាំងសេចក្ដីលម្អិតអំពីទិដ្ឋភាពផ្សេងៗនៃនិស្ស័យនិងសារជាតិរបស់ព្រះជាម្ចាស់ តែងមានការបង្ហាញចេញជាក់ស្តែង នៅរាល់ពេលដែលព្រះអង្គបំពេញកិច្ចការរបស់ទ្រង់ និងមានការបង្ហាញចេញនៅក្នុងបំណងព្រះហឫទ័យរបស់ទ្រង់ចំពោះមនុស្ស ហើយក៏ត្រូវបានចាក់បំពេញ និងឆ្លុះបញ្ចាំងនៅក្នុងខ្លួនមនុស្សគ្រប់គ្នាដែរ។ ពីមុនមក មិនថាអ្នកធ្លាប់មានអារម្មណ៍បែបនេះឬអត់នោះទេ ក៏ប៉ុន្តែព្រះជាម្ចាស់តែងយកព្រះទ័យទុកដាក់ចំពោះមនុស្សគ្រប់រូប តាមគ្រប់មធ្យោបាយទាំងអស់ ដោយប្រើព្រះទ័យទៀងត្រង់របស់ទ្រង់ ព្រះប្រាជ្ញាញាណរបស់ទ្រង់ និងវិធីសាស្រ្តផ្សេងៗ ដើម្បីប្រទានភាពកក់ក្តៅដល់ដួងចិត្តមនុស្សម្នាក់ៗ និងដើម្បីដាស់វិញ្ញាណរបស់ពួកគេឱ្យភ្ញាក់ដឹងខ្លួន។ នេះគឺជាការពិតដែលមិនអាចប្រកែកបាន។ មិនថាមានមនុស្សប៉ុន្មាននាក់ដែលអង្គុយនៅទីនេះទេ មនុស្សម្នាក់ៗសុទ្ធតែមានបទពិសោធ និងអារម្មណ៍ខុសៗគ្នាចំពោះការអត់ឱន ការអត់ធ្មត់ និងភាពគួរឱ្យស្រឡាញ់របស់ព្រះជាម្ចាស់។ បទពិសោធអំពីព្រះជាម្ចាស់ អារម្មណ៍ ឬការយល់ឃើញអំពីទ្រង់ទាំងអម្បាលម៉ាននេះ និយាយឱ្យខ្លីទៅ គ្រប់រឿងវិជ្ជមានទាំងអស់នេះ គឺសុទ្ធតែមកអំពីព្រះជាម្ចាស់ទាំងអស់។ ដូច្នេះ តាមរយៈការរួមបញ្ចូលបទពិសោធ និងចំណេះដឹងរបស់មនុស្សគ្រប់គ្នាអំពីព្រះជាម្ចាស់ ហើយបូករួមជាមួយនឹងការអានអត្ថបទព្រះគម្ពីរទាំងនេះនៅថ្ងៃនេះផង តើពេលនេះអ្នករាល់គ្នាមានការយល់ដឹងអំពីព្រះជាម្ចាស់បានជាក់ស្ដែងនិងត្រឹមត្រូវច្រើនជាងមុនដែរឬទេ?
ក្រោយពីបានអានរឿងនេះ និងបានយល់ពីនិស្ស័យខ្លះៗរបស់ព្រះជាម្ចាស់ ដែលបានបើកសម្ដែងតាមរយៈព្រឹត្តិការណ៍នេះរួចហើយ តើអ្នករាល់គ្នាមានចំណេះដឹងថ្មីអ្វីខ្លះអំពីព្រះជាម្ចាស់? តើសេចក្ដីនេះបានធ្វើឱ្យអ្នករាល់គ្នាមានការយល់ដឹងកាន់តែជ្រាលជ្រៅអំពីព្រះជាម្ចាស់ និងព្រះទ័យរបស់ព្រះអង្គដែរឬទេ? នៅពេលដែលអ្នកពិនិត្យមើលរឿងរបស់លោកណូអេឡើងវិញ តើពេលនេះអ្នកមានអារម្មណ៍ខុសប្លែកពីមុនដែរឬទេ? នៅក្នុងគំនិតរបស់អ្នករាល់គ្នា តើចាំបាច់ក្នុងការប្រកបគ្នាអំពីខគម្ពីរទាំងនេះដែរឬទេ? ឥឡូវនេះ ដោយសារយើងបានប្រកបគ្នាអំពីខគម្ពីរទាំងនេះរួចហើយ តើអ្នករាល់គ្នាគិតថាវាចាំបាច់ដែរឬទេ? វាពិតជាចាំបាច់ណាស់! ទោះបីជាអ្វីដែលយើងបានអាន គឺជារឿងរ៉ាវមួយក៏ដោយ ក៏វាជាកំណត់ត្រាពិតនៃកិច្ចការដែលព្រះជាម្ចាស់បានធ្វើដែរ។ គោលបំណងរបស់ខ្ញុំ គឺមិនចង់ឱ្យអ្នករាល់គ្នាយល់ពីសេចក្ដីលម្អិតនៃរឿងរ៉ាវទាំងនេះ ឬយល់ពីតួអង្គនៅក្នុងរឿងនេះឡើយ ក៏មិនមែនដើម្បីអ្នករាល់គ្នាត្រលប់ទៅសិក្សាពីតួអង្គនេះដែរ ហើយក៏មិនមែនដើម្បីឱ្យអ្នករាល់គ្នាត្រឡប់ទៅសិក្សាព្រះគម្ពីរឡើងវិញនោះដែរ។ តើអ្នករាល់គ្នាយល់ដែរឬទេ? ដូច្នេះ តើរឿងរ៉ាវទាំងនេះបានជួយដល់ការយល់ដឹងរបស់អ្នកអំពីព្រះជាម្ចាស់ដែរឬទេ? តើរឿងនេះបានបន្ថែមការយល់ដឹងរបស់អ្នកអ្វីខ្លះទៀតអំពីព្រះជាម្ចាស់? សូមឱ្យបងប្អូនប្រុសស្រីមកពីហុងកុងផ្តល់ចម្លើយដល់យើងទៅមើល។ (យើងបានឃើញថា សេចក្តីស្រឡាញ់របស់ព្រះជាម្ចាស់ គ្មានមនុស្សមានបាបដូចជាយើងណាម្នាក់មាននៅក្នុងខ្លួនឡើយ។) សូមបងប្អូនប្រុសស្រីដែលមកពីប្រទេសកូរ៉េខាងត្បូងផ្តល់ចម្លើយវិញម្តង។ (សេចក្តីស្រឡាញ់របស់ព្រះជាម្ចាស់ចំពោះមនុស្ស គឺពិតបា្រកដ។ សេចក្តីស្រឡាញ់របស់ព្រះជាម្ចាស់ចំពោះមនុស្ស មានបង្កប់និស្ស័យរបស់ទ្រង់ និងមានបង្កប់ភាពអស្ចារ្យ ភាពបរិសុទ្ធ ភាពឧត្តុង្គឧត្ដម និងការអត់ឱនរបស់ទ្រង់នៅក្នុងនោះ។ សេចក្ដីស្រឡាញ់នេះស័ក្តិសមនឹងឱ្យយើងព្យាយាមស្វែងយល់ឱ្យបានស៊ីជម្រៅ។) (តាមរយៈការប្រកបគ្នាអម្បាញ់មិញនេះ ធ្វើឱ្យខ្ញុំអាចមើលឃើញពីសេចក្តីសុចរិត និងនិស្ស័យបរិសុទ្ធរបស់ព្រះជាម្ចាស់ នេះម្យ៉ាង ហើយម្យ៉ាងទៀត ខ្ញុំក៏អាចមើលឃើញពីព្រះទ័យព្រួយបារម្ភរបស់ព្រះអង្គចំពោះមនុស្សជាតិ សេចក្តីមេត្តាករុណារបស់ព្រះអង្គចំពោះមនុស្សជាតិផងដែរ ហើយខ្ញុំយល់ថាកិច្ចការដែលព្រះជាម្ចាស់ធ្វើ និងគ្រប់ទាំងព្រះតម្រិះនិងគំនិតដែលព្រះអង្គមាន សុទ្ធតែបើកសម្ដែងពីសេចក្តីស្រឡាញ់ និងព្រះទ័យព្រួយបារម្ភរបស់ព្រះអង្គចំពោះមនុស្សជាតិទាំងអស់។) (ការយល់ដឹងរបស់ខ្ញុំកាលពីមុនគឺថា ព្រះជាម្ចាស់បានប្រើទឹកជំនន់ដើម្បីបំផ្លាញពិភពលោក ពីព្រោះមនុស្សជាតិបានប្រែទៅជាអាក្រក់ដល់កម្រិតដែលគួរឱ្យស្អប់ខ្ពើម ជាហេតុដែលធ្វើឱ្យព្រះជាម្ចាស់បំផ្លាញមនុស្សជាតិនេះ ដ្បិតព្រះអង្គស្អប់ខ្ពើមពួកគេជាខ្លាំង។ តែទើបតែក្រោយពេលព្រះជាម្ចាស់បានមានបន្ទូលអំពីរឿងរបស់លោកណូអេនៅថ្ងៃនេះទេ និងបានមានបន្ទូលថា ព្រះទ័យរបស់ព្រះជាម្ចាស់បានហូរលោហិតប៉ុណ្ណោះ ដែលខ្ញុំបានដឹងថា តាមពិត ព្រះជាម្ចាស់មានការស្ទាក់ស្ទើរក្នុងការបោះបង់មនុស្សនេះចោលណាស់។ តែដោយសារមនុស្សជាតិនេះមិនស្តាប់បង្គាប់ទ្រង់ទាល់តែសោះ ទើបព្រះជាម្ចាស់គ្មានជម្រើសអ្វីក្រៅតែពីបំផ្លាញពួកគេចោលប៉ុណ្ណោះ។ តាមពិតទៅ ព្រះទ័យរបស់ព្រះជាម្ចាស់នៅពេលនោះ ពិតជាក្រៀមក្រំខ្លាំងណាស់។ តាមរយៈនិស្ស័យរបស់ព្រះជាម្ចាស់ ខ្ញុំអាចមើលឃើញពីការយកព្រះទ័យទុកដាក់ និងព្រះទ័យខ្វល់ខ្វាយរបស់ទ្រង់ចំពោះមនុស្សជាតិជាខ្លាំង។ នេះជាអ្វីដែលខ្ញុំមិនធ្លាប់បានដឹងពីមុនមកទេ។) ល្អណាស់! អ្នករាល់គ្នាអាចបន្តបាន។ (បន្ទាប់ពីបានស្ដាប់រួច ខ្ញុំពិតជារំជួលចិត្តណាស់។ កាលពីមុន ខ្ញុំបានអានព្រះគម្ពីរដែរ ក៏ប៉ុន្តែខ្ញុំមិនដែលមានបទពិសោធដូចថ្ងៃនេះទេ ដ្បិតព្រះជាម្ចាស់ទ្រង់បានវែកញែករឿងទាំងនេះយ៉ាងល្អិតល្អន់ត្រង់ៗ ដែលធ្វើឱ្យយើងអាចស្គាល់ព្រះអង្គកាន់តែច្បាស់។ ការដែលព្រះជាម្ចាស់នាំយើងអានព្រះគម្ពីរតាមរបៀបនេះ បានធ្វើឱ្យខ្ញុំដឹងថា សារជាតិរបស់ព្រះជាម្ចាស់នៅចំពោះមុខសេចក្ដីពុករលួយរបស់មនុស្ស គឺជាសេចក្ដីស្រឡាញ់ និងព្រះទ័យខ្វាយខ្វល់ចំពោះមនុស្សជាតិ។ តាំងពីពេលដែលមនុស្សបានប្រែជាពុករលួយ មកទល់នឹងគ្រាចុងក្រោយនាពេលសព្វថ្ងៃនេះ យើងឃើញថា និស្ស័យសុចរិតរបស់ព្រះជាម្ចាស់ សេចក្តីស្រឡាញ់ និងការយកព្រះទ័យទុកដាក់របស់ព្រះអង្គ នៅតែមិនផ្លាស់ប្តូរដដែល។ នេះបង្ហាញថា សារជាតិនៃសេចក្តីស្រឡាញ់របស់ព្រះជាម្ចាស់ តាំងពីការបង្កើតលោករហូតមកដល់ពេលនេះ ទោះបីជាមនុស្សពុករលួយបែបណាក៏ដោយ ក៏សេចក្តីស្រឡាញ់របស់ទ្រងមិនដែលផ្លាស់ប្តូរដែរ។) (ថ្ងៃនេះ ខ្ញុំបានឃើញថា សារជាតិរបស់ព្រះជាម្ចាស់ មិនដែលផ្លាស់ប្តូរឡើយ ទោះបីជាមានការផ្លាស់ប្តូរនៃពេលវេលា ឬទីកន្លែងដែលទ្រង់បំពេញកិច្ចការក៏ដោយ។ ខ្ញុំក៏ឃើញផងដែរថា មិនថាព្រះជាម្ចាស់កំពុងបង្កើតពិភពលោក ឬកំពុងបំផ្លាញពិភពលោកបន្ទាប់ពីមនុស្សប្រែជាពុករលួយនោះទេ ក៏ប៉ុន្តែអ្វីគ្រប់យ៉ាងដែលព្រះអង្គធ្វើ គឺសុទ្ធតែមានន័យ និងមាននិស្ស័យរបស់ទ្រង់នៅក្នុងនោះ។ ដូច្នេះ ខ្ញុំឃើញថា សេចក្ដីស្រឡាញ់របស់ព្រះជាម្ចាស់ គ្មានព្រំដែន និងមិនអាចវាស់ស្ទង់បានឡើយ ហើយខ្ញុំក៏បានឃើញពីព្រះទ័យខ្វាយខ្វល់ និងសេចក្តីមេត្តាករុណារបស់ព្រះជាម្ចាស់ចំពោះមនុស្សជាតិផងដែរ នៅពេលដែលព្រះអង្គបានបំផ្លាញពិភពលោកនេះ ដូចអ្វីបងប្អូនប្រុសស្រីឯទៀតបានលើកឡើងដែរ។) (រឿងទាំងនេះ ខ្ញុំពិតជាមិនធ្លាប់បានដឹងពីមុនមកទេ។ ក្រោយពីបានស្តាប់នៅថ្ងៃនេះហើយ ធ្វើឱ្យខ្ញុំមានអារម្មណ៍ថា ព្រះជាម្ចាស់ពិតជាគួរឱ្យជឿជាក់ គួរឱ្យទុកចិត្ត និងស័ក្តិសមឱ្យជឿលើទ្រង់ ហើយព្រះជាម្ចាស់ពិតជាមានប្រាកដមែន។ ខ្ញុំអាចដឹងបានយ៉ាងប្រាកដនៅក្នុងចិត្តខ្ញុំថា និស្ស័យនិងសេចក្តីស្រឡាញ់របស់ព្រះជាម្ចាស់ ពិតជាជាក់ស្ដែងខ្លាំងណាស់។ ក្រោយពីបានស្តាប់ការប្រកបគ្នានៅថ្ងៃនេះ ខ្ញុំមានអារម្មណ៍បែបនេះឯង។) ពិតជាប្រសើរណាស់! មើលទៅអ្នករាល់គ្នាបានរៀនសូត្រពីអ្វីដែលអ្នករាល់គ្នាបានស្ដាប់ឮ និងបានយកវាទៅដាក់ក្នុងចិត្តរបស់អ្នករាល់គ្នាហើយ។
តើអ្នករាល់មានបានកត់សម្គាល់ចំណុចអ្វីចេញពីខគម្ពីរទាំងអស់នេះ រួមទាំងរឿងនៅក្នុងព្រះគម្ពីរ ដែលយើងបានប្រកបគ្នានៅថ្ងៃនេះដែរឬទេ? តើព្រះជាម្ចាស់ធ្លាប់ប្រើភាសាផ្ទាល់របស់ព្រះអង្គ ដើម្បីបង្ហាញពីព្រះតម្រិះផ្ទាល់របស់ទ្រង់ ឬពន្យល់ពីសេចក្តីស្រឡាញ់ និងព្រះទ័យទុកដាក់របស់ទ្រង់ចំពោះមនុស្សជាតិដែរឬទេ? តើមានកំណត់ត្រាណាមួយនិយាយអំពីការដែលព្រះអង្គប្រើភាសាសាមញ្ញៗ ដើម្បីបញ្ជាក់ថា ព្រះអង្គយកព្រះទ័យទុកដាក់ ឬស្រឡាញ់មនុស្សជាតិខ្លាំងប៉ុនណាដែរឬទេ? អត់ទេ។ តើត្រឹមត្រូវឬអត់? ក្នុងចំណោមអ្នករាល់គ្នា មានមនុស្សជាច្រើនដែលបានអានព្រះគម្ពីរ ឬបានអានសៀវភៅផ្សេងៗទៀតក្រៅពីព្រះគម្ពីរ។ តើមាននរណាម្នាក់ធ្លាប់បានឃើញពាក្យពេចន៍បែបនេះទេ? ចម្លើយគឺច្បាស់ជាគ្មានសោះឡើយ! និយាយទៅ នៅក្នុងកំណត់ត្រាព្រះគម្ពីរ រួមទាំងព្រះបន្ទូលរបស់ព្រះជាម្ចាស់ ឬឯកសារផ្សេងៗអំពីកិច្ចការរបស់ទ្រង់ផង ទោះក្នុងសម័យកាល ឬពេលវេលាណាក៏ដោយ ក៏ព្រះជាម្ចាស់មិនដែលប្រើវិធីសាស្រ្តផ្ទាល់ខ្លួនរបស់ព្រះអង្គមកពណ៌នាពីអារម្មណ៍របស់ទ្រង់ ឬសម្ដែងចេញពីសេចក្តីស្រឡាញ់ និងព្រះទ័យទុកដាក់របស់ទ្រង់ចំពោះមនុស្សជាតិដែរ ហើយព្រះជាម្ចាស់ក៏មិនដែលបានប្រើព្រះបន្ទូល ឬសកម្មភាពណាមួយ ដើម្បីបង្ហាញពីមនោសញ្ចេតនា និងអារម្មណ៍របស់ទ្រង់នោះដែរ។ តើនោះមិនមែនជាការពិតទេឬអី? ហេតុអ្វីបានជាខ្ញុំនិយាយដូច្នេះ? ហេតុអ្វីបានខ្ញុំត្រូវលើកបញ្ហានេះមកនិយាយ? នេះក៏ព្រោះតែបញ្ហានេះបង្ហាញពីសេចក្តីស្រឡាញ់ និងនិស្ស័យរបស់ព្រះជាម្ចាស់នៅក្នុងនោះដែរ។
ព្រះជាម្ចាស់បានបង្កើតមនុស្សជាតិមក។ មិនថាពួកគេត្រូវបានធ្វើឱ្យពុករលួយ ឬមិនថាពួកគេដើរតាមព្រះអង្គឬអត់នោះទេ ក៏ព្រះជាម្ចាស់ប្រព្រឹត្តដាក់ពួកគេដូចជាមនុស្សជាទីស្រឡាញ់បំផុតរបស់ព្រះអង្គ ឬក្នុងភាសាមនុស្សគេហៅថា មនុស្សសំណប់ចិត្តរបស់ទ្រង់ដែរ មិនមែនជារបស់លេងសើចរបស់ទ្រង់នោះទេ។ ទោះបីជាព្រះជាម្ចាស់មានបន្ទូលថា ព្រះអង្គជាព្រះអាទិករ ហើយមនុស្សគឺជាភាវៈដែលព្រះបង្កើតមក ដែលស្តាប់ទៅដូចជាមានឋានៈខុសគ្នាបន្តិចក៏ដោយ ក៏ប៉ុន្តែការពិតគឺថា អ្វីគ្រប់យ៉ាងដែលព្រះជាម្ចាស់បានធ្វើដើម្បីមនុស្សជាតិ គឺច្រើនលើសលប់ជាងទំនាក់ទំនងក្នុងលក្ខណៈបែបនេះទៅទៀត។ ព្រះជាម្ចាស់ស្រឡាញ់មនុស្សជាតិ យកព្រះទ័យទុកដាក់ចំពោះមនុស្សជាតិ និងបង្ហាញព្រះទ័យព្រួយបារម្ភចំពោះមនុស្សជាតិ ក៏ដូចជាទំនុកបម្រុងដល់មនុស្សជាតិជានិច្ចកាលមិនដែលដាច់នោះទេ។ ព្រះអង្គមិនដែលមានអារម្មណ៍នៅក្នុងព្រះទ័យរបស់ទ្រង់ថា នេះគឺជាការងារបន្ថែម ឬជាការងារដែលស័ក្តិសមនឹងទទួលបានការទទួលស្គាល់ច្រើនជាងនេះនោះទេ។ ហើយព្រះអង្គក៏មិនដែលមានអារម្មណ៍ថា ការសង្គ្រោះមនុស្សជាតិ ការទំនុកបម្រុងពួកគេ និងការប្រទានគ្រប់យ៉ាងដល់ពួកគេ គឺជាការបរិច្ចាកដ៏ធំធេងដល់មនុស្សជាតិនោះដែរ។ ព្រះអង្គគ្រាន់តែទំនុកបម្រុងដល់មនុស្សជាតិដោយស្ងៀមស្ងាត់ តាមរបៀបរបស់ព្រះអង្គ និងតាមរយៈសារជាតិផ្ទាល់របស់ទ្រង់ ព្រមទាំងអ្វីដែលជាកម្មសិទ្ធិ និងលក្ខណៈរបស់ទ្រង់ប៉ុណ្ណោះ។ មិនថាមនុស្សជាតិបានទទួលការទំនុកបម្រុង និងជំនួយពីព្រះជាម្ចាស់ច្រើនប៉ុនណាក៏ដោយ ក៏ព្រះជាម្ចាស់មិនដែលមានព្រះតម្រិះ ឬព្យាយាមចង់ទាមទារគុណស្រ័យអ្វីមកវិញដែរ។ លក្ខណៈនេះត្រូវបានកំណត់ដោយសារជាតិរបស់ព្រះជាម្ចាស់ ហើយក៏ជាការសម្ដែងចេញពីនិស្ស័យពិតរបស់ព្រះជាម្ចាស់ដែរ។ ហេតុដូច្នេះហើយ មិនថានៅក្នុងព្រះគម្ពីរ ឬក្នុងសៀវភៅផ្សេងៗទេ គឺយើងមិនដែលឃើញមានព្រះជាម្ចាស់ណាសម្ដែងចេញពីព្រះតម្រិះរបស់ទ្រង់នោះទេ ហើយយើងក៏មិនដែលឃើញព្រះជាម្ចាស់ពណ៌នា ឬប្រកាសប្រាប់មនុស្សពីមូលហេតុដែលព្រះអង្គធ្វើរឿងទាំងនេះ ឬមូលហេតុដែលព្រះអង្គយកព្រះទ័យទុកដាក់ខ្លាំងលើមនុស្សជាតិ ក្នុងគោលបំណងដើម្បីឱ្យមនុស្សជាតិដឹងគុណព្រះអង្គ ឬលើកសរសើរពីព្រះអង្គនោះដែរ។ សូម្បីតែនៅពេលដែលព្រះអង្គឈឺចាប់ ឬនៅពេលដែលព្រះទ័យរបស់ព្រះអង្គរងទុក្ខខ្លាំងយ៉ាងណាក៏ដោយ ក៏ព្រះអង្គមិនដែលភ្លេចពីទំនួលខុសត្រូវរបស់ទ្រង់ចំពោះមនុស្សជាតិ ឬព្រះទ័យព្រួយបារម្ភរបស់ទ្រង់ចំពោះពួកគេដែរ។ គ្រប់ពេលគឺព្រះអង្គស៊ូទ្រាំរងទុក្ខ ទ្រាំនឹងការឈឺចាប់នេះតែមួយព្រះអង្គឯងដោយស្ងៀមស្ងាត់។ បើទោះជាដូច្នោះហើយក្ដី ក៏ព្រះជាម្ចាស់នៅតែបន្តទំនុកបម្រុងដល់មនុស្សជាតិ ដូចដែលព្រះអង្គធ្លាប់បានធ្វើកន្លងមកដដែល។ ទោះមនុស្សជាតិតែងសរសើរព្រះជាម្ចាស់ ឬធ្វើបន្ទាល់ពីព្រះអង្គក៏ដោយ ក៏ព្រះជាម្ចាស់មិនបានទាមឱ្យគេមានឥរិយាបថទាំងនេះដែរ។ នេះក៏ព្រោះតែព្រះជាម្ចាស់មិនដែលមានចេតនាចង់បានការតបស្នងសងគុណមកវិញឡើយ នៅពេលដែលព្រះអង្គធ្វើអំពើល្អណាមួយដើម្បីមនុស្សជាតិនោះ។ ម៉្យាងវិញទៀត អ្នកដែលអាចកោតខ្លាចដល់ព្រះជាម្ចាស់ ហើយគេចចេញពីសេចក្ដីអាក្រក់បាន អ្នកដែលអាចដើរតាមព្រះជាម្ចាស់ដោយពិតប្រាកដ ស្តាប់តាមព្រះជាម្ចាស់ និងស្មោះត្រង់នឹងទ្រង់ ក៏ដូចជាអ្នកដែលអាចស្តាប់បង្គាប់ទ្រង់បាន អ្នកទាំងអស់នេះហើយជាមនុស្សដែលនឹងទទួលបានព្រះពរពីព្រះជាម្ចាស់ជាញឹកញាប់ ហើយព្រះជាម្ចាស់នឹងប្រទានពរបែបនេះដោយគ្មានសំចៃទុកឡើយ។ លើសពីនេះទៅទៀត ព្រះពរដែលមនុស្សទទួលបានពីព្រះជាម្ចាស់ គឺច្រើនហួសពីការនឹកស្រមៃរបស់ពួកគេទៅទៀត ហើយលើសពីអ្វីដែលមនុស្សស័ក្ដិសមនឹងទទួលបានតាមរយៈអ្វីដែលពួកគេបានធ្វើ ឬតម្លៃដែលពួកគេបានលះបង់ផង។ នៅពេលដែលមនុស្សជាតិទទួលបានព្រះពរពីព្រះជាម្ចាស់ តើមានអ្នកណាខ្វល់ពីអ្វីដែលព្រះជាម្ចាស់កំពុងធ្វើទេ? តើមាននរណាម្នាក់បង្ហាញពីការខ្វល់ខ្វាយចំពោះអារម្មណ៍របស់ព្រះជាម្ចាស់ដែរឬទេ? តើមានអ្នកណាព្យាយាមយល់ពីការឈឺចាប់របស់ព្រះជាម្ចាស់ដែរឬទេ? ចម្លើយគឺគ្មាននោះទេ! តើមានមនុស្សណាម្នាក់ រួមទាំងលោកណូអេផង អាចដឹងពីការឈឺចាប់ដែលព្រះជាម្ចាស់កំពុងមាននៅគ្រានោះទេ? តើមានអ្នកណាអាចយល់ដែរឬទេថាហេតុអ្វីបានជាព្រះជាម្ចាស់តាំងសេចក្ដីសញ្ញាបែបនេះឡើង? ពួកគេមិនអាចយល់បានឡើយ! មនុស្សជាតិមិនដឹងពីការឈឺចាប់របស់ព្រះជាម្ចាស់ មិនមែនដោយសារតែពួកគេមិនអាចយល់ពីការឈឺចាប់របស់ព្រះអង្គ មិនមែនដោយសារគម្លាតរវាងព្រះជាម្ចាស់និងមនុស្ស ឬឋានៈខុសគ្នានោះទេ ផ្ទុយទៅវិញ គឺដោយសារតែមនុស្សជាតិមិនយកចិត្ដទុកដាក់ពីអារម្មណ៍របស់ព្រះជាម្ចាស់ទាល់តែសោះ។ មនុស្សជាតិគិតថាព្រះជាម្ចាស់ជាព្រះឯករាជ្យ ថាព្រះជាម្ចាស់មិនត្រូវការឱ្យមនុស្សយកចិត្តទុកដាក់ចំពោះព្រះអង្គ យល់ពីព្រះអង្គ ឬបង្ហាញការគិតគូរចំពោះព្រះអង្គឡើយ។ ព្រះជាម្ចាស់គឺជាព្រះ ដូច្នេះ ព្រះអង្គគ្មានការឈឺចាប់ គ្មានមនោសញ្ចតនាអ្វីឡើយ។ ព្រះអង្គមិនចេះសោកសៅ ព្រះអង្គមិនមានអារម្មណ៍ក្រៀមក្រំ ហើយព្រះអង្គក៏មិនចេះព្រះកន្សែងអ្វីដែរ។ ព្រះជាម្ចាស់គឺជាព្រះ ដូច្នេះ ព្រះអង្គមិនត្រូវការការសម្ដែងមនោសញ្ចេតនាអ្វីទេ ហើយព្រះអង្គក៏មិនត្រូវការការលួងលោមព្រះទ័យអ្វីដែរ។ ក្នុងកាលៈទេសៈខ្លះ ប្រសិនបើព្រះអង្គពិតជាត្រូវការអ្វីទាំងនេះមែន នោះព្រះអង្គអាចទ្រាំទ្រតែមួយព្រះអង្គឯងបាន ហើយមិនត្រូវការជំនួយពីមនុស្សជាតិណាឡើយ។ តែផ្ទុយទៅវិញ គឺមនុស្សនេះឯងដែលទន់ខ្សោយ និងមិនទាន់ចាស់ទុំនោះ ដែលត្រូវការការលួងលោម ការទំនុកបម្រុង និងការលើកទឹកចិត្តពីព្រះជាម្ចាស់ ហើយថែមទាំងត្រូវការឱ្យទ្រង់កម្សាន្តចិត្តពួកគេគ្រប់ពេល និងគ្រប់ទីកន្លែងថែមទៀតផង។ រឿងបែបនេះ លាក់កប់យ៉ាងជ្រៅនៅក្នុងដួងចិត្តរបស់មនុស្សជាតិ៖ មនុស្សទន់ខ្សោយ ពួកគេត្រូវការឱ្យព្រះជាម្ចាស់មើលថែពួកគេគ្រប់យ៉ាង ពួកគេស័ក្តិសមនឹងទទួលបានការថែទាំទាំងអស់ ដែលពួកគេបានទទួលពីព្រះជាម្ចាស់ ហើយពួកគេគួរតែទាមទារពីព្រះជាម្ចាស់នូវអ្វីគ្រប់យ៉ាងដែលពួកគេគិតថាជារបស់ពួកគេ។ ព្រះជាម្ចាស់រឹងមាំ ព្រះអង្គមានអ្វីគ្រប់យ៉ាង ហើយព្រះអង្គគួរតែធ្វើជាអាណាព្យាបាលរបស់មនុស្សជាតិ និងជាអ្នកប្រទានពរដល់ពួកគេ។ ដោយសារទ្រង់គឺជាព្រះជាម្ចាស់រួចទៅហើយ ព្រះអង្គមានសព្វានុភាព ដូច្នេះ ព្រះអង្គមិនត្រូវការអ្វីពីមនុស្សជាតិឡើយ។
ដោយសារមនុស្សមិនបានយកចិត្ដទុកដាក់ចំពោះការបើកសម្ដែងរបស់ព្រះជាម្ចាស់ ពួកគេមិនដែលមានអារម្មណ៍ដឹងពីទុក្ខព្រួយ ការឈឺចាប់ ឬសេចក្ដីអំណររបស់ទ្រង់ឡើយ។ ប៉ុន្តែផ្ទុយទៅវិញ ព្រះជាម្ចាស់ជ្រាបច្បាស់ពីអារម្មណ៍របស់មនុស្សទាំងអស់ដូចជាបាតព្រះហស្ដរបស់ព្រះអង្គដែរ។ ព្រះជាម្ចាស់ផ្គត់ផ្គង់តាមសេចក្តីត្រូវការរបស់មនុស្សគ្រប់គ្នា គ្រប់ពេល និងគ្រប់ទីកន្លែង ដោយសង្កេតមើលពីការផ្លាស់ប្តូរគំនិតរបស់ពួកគេ ហើយក៏ជួយកម្សាន្តចិត្ត និងដាស់តឿនពួកគេ ដោយណែនាំនិងស្រាយបំភ្លឺដល់ពួកគេផង។ ចំពោះអ្វីៗដែលព្រះជាម្ចាស់បានធ្វើទៅលើមនុស្សជាតិ និងគ្រប់ទាំងតម្លៃដែលព្រះអង្គបានលះបង់ដើម្បីពួកគេ តើមនុស្សអាចរកឃើញអត្ថបទណាមួយនៅក្នុងព្រះគម្ពីរ ឬចេញពីបន្ទូលដែលព្រះជាម្ចាស់បានថ្លែងមកទល់ពេលនេះ ដែលបញ្ជាក់យ៉ាងច្បាស់ថា ព្រះជាម្ចាស់នឹងទាមទារអ្វីមួយពីមនុស្សវិញ បានដែរឬទេ? រកមិនឃើញទេ! ផ្ទុយទៅវិញ មិនថាមនុស្សព្រងើយកន្ដើយនឹងព្រះតម្រិះរបស់ព្រះជាម្ចាស់បែបណាទេ ក៏ព្រះអង្គនៅតែដឹកនាំមនុស្សជាតិម្តងហើយម្តងទៀត ទំនុកបម្រុងដល់មនុស្សជាតិ និងជួយពួកគេម្ដងហើយម្ដងទៀត ដើម្បីឱ្យពួកគេអាចដើរលើផ្លូវរបស់ព្រះជាម្ចាស់បាន ដើម្បីឱ្យពួកគេអាចទទួលបានទិសដៅដ៏ល្អមួយ ដែលព្រះអង្គបានរៀបចំសម្រាប់ពួកគេ។ បើនិយាយពីព្រះជាម្ចាស់វិញ អ្វីដែលជាកម្មសិទ្ធនិងលក្ខណៈរបស់ទ្រង់ រួមទាំងព្រះគុណ សេចក្តីមេត្តាករុណា និងរង្វាន់ទាំងអស់របស់ទ្រង់ផង សុទ្ធតែនឹងត្រូវប្រទានទៅឱ្យអ្នកដែលស្រឡាញ់ និងដើរតាមទ្រង់ដោយគ្មានសំចៃទុកអ្វីឡើយ។ ក៏ប៉ុន្តែ ព្រះអង្គមិនដែលបង្ហាញឱ្យមនុស្សណាម្នាក់ឃើញពីការឈឺចាប់ដែលព្រះអង្គបានរងទុក្ខ ឬសភាពព្រះទ័យរបស់ទ្រង់ឡើយ ហើយព្រះអង្គក៏មិនដែលដែលត្អូញត្អែរដាក់នរណាម្នាក់អំពីរឿងដែលពួកគេមិនដែលគិតគូរដល់ព្រះអង្គ ឬអពីរឿងដែលពួកគេមិនស្គាល់ពីបំណងព្រះហឫទ័យរបស់ទ្រង់ឡើយ។ ព្រះអង្គគ្រាន់តែទទួលយករឿងទាំងអស់នេះដោយស្ងៀមស្ងាត់ប៉ុណ្ណោះ រង់ចាំថ្ងៃដែលមនុស្សជាតិនឹងអាចយល់បាន។
ហេតុអ្វីបានជាខ្ញុំនិយាយរឿងទាំងនេះនៅទីនេះ? តាមរយៈរឿងដែលខ្ញុំបាននិយាយ តើអ្នករាល់គ្នាមើលឃើញពីអ្វីខ្លះ? នៅក្នុងសារជាតិ និងនិស្ស័យរបស់ព្រះជាម្ចាស់ មានចំណុចមួយដែលងាយនឹងមើលរំលងណាស់ ជាចំណុចដែលមានតែព្រះជាម្ចាស់ទេដែលមាន ហើយគ្មានមនុស្សណាម្នាក់មានឡើយ រួមទាំងអ្នកដែលអ្នកដទៃគិតថាជាមនុស្សអស្ចារ្យ ជាមនុស្សល្អ ឬជាព្រះនៅក្នុងការស្រមើស្រមៃរបស់ពួកគេផង។ តើចំណុចនេះជាអ្វី? ចំណុចនេះគឺ ភាពមិនអាត្មានិយមរបស់ព្រះជាម្ចាស់។ នៅពេលដែលនិយាយពីភាពមិនអាត្មានិយម នោះអ្នកប្រហែលជាអាចគិតថា អ្នកក៏មិនអាត្មានិយមខ្លាំងដែរ ព្រោះនៅពេលដែលនិយាយដល់កូនៗរបស់អ្នកវិញ អ្នកមិនដែលចរចា ឬតថ្លៃជាមួយពួកគេទេ ឬអ្នកប្រហែលជាគិតថា អ្នកក៏មិនអាត្មានិយមខ្លាំងដែរ នៅពេលដែលនិយាយដល់ឪពុកម្តាយរបស់អ្នក។ មិនថាអ្នកគិតយ៉ាងណានោះទេ យ៉ាងហោចណាស់ក៏អ្នកមានគំនិតខ្លះអំពីពាក្យ «មិនអាត្មានិយម» នេះដែរ និងគិតថាពាក្យនេះវិជ្ជមាន ហើយថា ការធ្វើជាមនុស្សមិនអាត្មានិយម គឺជារឿងថ្លៃថ្នូរមួយ។ នៅពេលដែលអ្នកមិនអាត្មានិយម នោះអ្នកនឹងឱ្យតម្លៃខ្លួនឯងខ្ពស់។ ក៏ប៉ុន្តែគ្មាននរណាម្នាក់អាចមើលឃើញភាពមិនអាត្មានិយមរបស់ព្រះជាម្ចាស់នៅគ្រប់រឿងទាំងអស់បានទេ មិនថានៅក្នុងចំណោមមនុស្ស ព្រឹត្តិការណ៍ វត្ថុ និងនៅក្នុងកិច្ចការរបស់ទ្រង់ឡើយ។ ហេតុអ្វីបានជាបែបនេះ? ពីព្រោះមនុស្សអាត្មានិយមខ្លាំងណាស់! ហេតុអ្វីខ្ញុំនិយាយដូច្នេះ? មនុស្សជាតិរស់នៅក្នុងពិភពសម្ភារៈ។ អ្នកអាចដើរតាមព្រះជាម្ចាស់បាន ក៏ប៉ុន្តែ អ្នកមិនដែលមើលឃើញ ឬយល់ពីរបៀបដែលព្រះជាម្ចាស់ទំនុកបម្រុងដល់អ្នក ស្រឡាញ់អ្នក និងបង្ហាញព្រះទ័យព្រួយបារម្ភចំពោះអ្នកឡើយ។ ដូច្នេះ តើអ្នកមើលឃើញអ្វីខ្លះ? អ្នកមើលឃើញថាសាច់ញាតិរបស់អ្នកជាអ្នកដែលស្រឡាញ់អ្នក ឬជាអ្នកដែលពេញចិត្តលើអ្នកជាខ្លាំង។ អ្នកមើលឃើញរបស់ដែលមានប្រយោជន៍ចំពោះសាច់ឈាមរបស់អ្នក អ្នកខ្វាយខ្វល់ចំពោះមនុស្ស និងរបស់ដែលអ្នកស្រឡាញ់។ នេះហើយជាអ្វីដែលមនុស្សហៅថាភាពមិនអាត្មានិយមនោះ។ ទោះជាយ៉ាងណាក៏ដោយ មនុស្ស «មិនអាត្មានិយម» បែបនេះ មិនដែលខ្វល់ខ្វាយអំពីព្រះជាម្ចាស់ ដែលប្រទានជីវិតដល់ពួកគេឡើយ។ ផ្ទុយពីភាពមិនអាត្មានិយមរបស់ព្រះជាម្ចាស់ ភាពមិនអាត្មានិយមរបស់មនុស្ស បានប្រែក្លាយជាភាពអាត្មានិយម និងគួរឱ្យស្អប់ខ្ពើមទៅវិញ។ មនុស្សដែលមិនអាត្មានិយមជឿលើអ្វីដែលឥតបានការ មិនពិត មិនបរិសុទ្ធ មិនចុះសម្រុងគ្នាជាមួយនឹងព្រះជាម្ចាស់ និងមិនពាក់ព័ន្ធនឹងព្រះជាម្ចាស់។ ភាពមិនអាត្មានិយមរបស់មនុស្ស គឺសម្រាប់តែខ្លួនគេផ្ទាល់ប៉ុណ្ណោះ រីឯភាពមិនអាត្មានិយមរបស់ព្រះជាម្ចាស់វិញ គឺជាការបើកសម្ដែងពិតប្រាកដពីសារជាតិរបស់ទ្រង់។ ច្បាស់ណាស់ គឺដោយសារតែភាពមិនអាត្មានិយមរបស់ព្រះជាម្ចាស់នេះហើយ ទើបព្រះអង្គទំនុកបម្រុងដល់មនុស្សជាហូរហែរឥតដាច់។ អ្នករាល់គ្នាប្រហែលជាមិនសូវចាប់អារម្មណ៍ខ្លាំងទៅលើប្រធានបទដែលខ្ញុំកំពុងនិយាយនៅថ្ងៃនេះប៉ុន្មានទេ ហើយគ្រាន់តែងក់ក្បាលយល់ស្របប៉ុណ្ណោះ ក៏ប៉ុន្តែ នៅពេលអ្នកព្យាយាមយល់ពីព្រះទ័យរបស់ព្រះជាម្ចាស់ នៅក្នុងដួងចិត្តរបស់អ្នក នោះអ្នកនឹងយល់ពីចំណុចនេះដោយមិនដឹងខ្លួន៖ នៅក្នុងចំណោមមនុស្ស ក្នុងចំណោមបញ្ហា និងរបស់ផ្សេងៗដែលអ្នកអាចយល់បាននៅក្នុងពិភពលោកនេះ គឺមានតែភាពមិនអាត្មានិយមរបស់ព្រះជាម្ចាស់ប៉ុណ្ណោះ ដែលពិតប្រាកដ និងជាក់ស្ដែង ដ្បិតមានតែសេចក្តីស្រឡាញ់របស់ព្រះជាម្ចាស់ចំពោះអ្នកទេ ដែលគ្មានលក្ខខណ្ឌ និងឥតសៅហ្មង។ ក្រៅពីព្រះជាម្ចាស់ ភាពមិនអាត្មានិយមរបស់មនុស្សឯទៀត សុទ្ធតែមិនពិត រាក់កំផែល និងមិនគួរឱ្យជឿឡើយ។ ភាពមិនអាត្មានិយមនោះ តែងមានគោលបំណង ឬចេតនាជាក់លាក់ណាមួយ មានការដោះដូរ និងមិនអាចស៊ូទ្រាំនឹងការសាកល្បងបានឡើយ។ អ្នកក៏អាចនិយាយបានថា ភាពមិនអាត្មានិយមនោះស្មោកគ្រោក និងគួរឱ្យខ្ពើមរអើមផងដែរ។ តើអ្នករាល់គ្នាយល់ស្របនឹងពាក្យទាំងនេះដែរឬទេ?
ខ្ញុំដឹងថាអ្នក អ្នករាល់គ្នាមិនទាន់យល់ច្បាស់អំពីប្រធានបទទាំងនេះនៅឡើយទេ ហើយត្រូវការពេលវេលាបន្ថែមបន្តិចទៀត ដើម្បីឱ្យប្រធានបទទាំងនេះជ្រាបចូលក្នុងខ្លួនអ្នក មុនពេលដែលអ្នករាល់គ្នាអាចយល់បានពិតប្រាកដ។ ប្រសិនបើអ្នករាល់គ្នាកាន់តែមិនច្បាស់ពីបញ្ហា និងប្រធានបទទាំងនេះ នោះវាកាន់តែបង្ហាញឱ្យឃើញថា ប្រធានបទទាំងនេះ កំពុងបាត់បង់ពីក្នុងដួងចិត្តរបស់អ្នកហើយ។ ប្រសិនបើខ្ញុំមិននិយាយពីប្រធានបទទាំងនេះទេ តើមាននរណាម្នាក់ក្នុងចំណោមអ្នករាល់គ្នា នឹងដឹងពីប្រធានបទទាំងនេះទៅ? ខ្ញុំជឿថា អ្នករាល់គ្នានឹងមិនដឹងពីប្រធានបទទាំងនេះឡើយ។ ចំណុចនេះគឺច្បាស់ជាបែបនេះហើយ។ មិនថាអ្នករាល់គ្នាអាចយល់ ឬដឹងច្បាស់អំពីប្រធានបទទាំងអស់ដែលខ្ញុំលើកមកនិយាយនេះច្រើនប៉ុនណានោះទេ និយាយឱ្យខ្លីទៅ ប្រធានបទទាំងអស់នេះ គឺជាប្រធានបទដែលមនុស្សខ្វះខាតបំផុត និងប្រធានបទដែលពួកគេគួរតែត្រូវដឹងឱ្យបានច្រើនបំផុត។ ប្រធានបទទាំងនេះមានសារៈសំខាន់ណាស់សម្រាប់មនុស្សគ្រប់គ្នា។ ប្រធានបទទាំងនេះមានតម្លៃណាស់ ហើយជាជីវិត និងជាអ្វីៗដែលអ្នករាល់គ្នាត្រូវមាននៅក្នុងខ្លួនសម្រាប់ផ្លូវទៅខាងមុខទៀត។ បើគ្មានព្រះបន្ទូលទាំងនេះជាផ្លូវណែនាំទេ បើអ្នកគ្មានការយល់ដឹងពីនិស្ស័យ និងសារជាតិរបស់ព្រះជាម្ចាស់ទេ នោះអ្នកនឹងតែងតែមានការងឿងឆ្ងល់ជាប់ជានិច្ចនៅពេលដែលនិយាយដល់ព្រះជាម្ចាស់ម្តងៗ។ បើអ្នកមិនទាំងស្គាល់ព្រះជាម្ចាស់ផង តើអ្នកអាចជឿលើទ្រង់ឱ្យបានត្រឹមត្រូវយ៉ាងដូចម្តេចកើតទៅ? អ្នកមិនដឹងពីអារម្មណ៍របស់ព្រះជាម្ចាស់ ពីបំណងព្រះហឫទ័យរបស់ទ្រង់ ពីសភាពព្រះទ័យរបស់ទ្រង់ ពីអ្វីដែលព្រះអង្គកំពុងព្រះតម្រិះ ពីអ្វីដែលធ្វើឱ្យព្រះអង្គសោកសៅ និងពីអ្វីដែលធ្វើឱ្យព្រះអង្គរីករាយផង ដូច្នេះតើអ្នកអាចគិតគូរដល់ព្រះទ័យរបស់ព្រះជាម្ចាស់បានយ៉ាងដូចម្តេចកើតទៅ?
រាល់ពេលដែលព្រះជាម្ចាស់ពិបាកព្រះទ័យ ព្រះអង្គត្រូវប្រឈមមុខនឹងមនុស្សជាតិដែលមិនយកចិត្តទុកដាក់ចំពោះទ្រង់ទាល់តែសោះ មនុស្សជាតិដែលដើរតាមទ្រង់ ហើយអះអាងថាស្រឡាញ់ទ្រង់ តែបែរជាមិនអើពើនឹងអារម្មណ៍របស់ទ្រង់ទៅវិញ។ តើឱ្យព្រះទ័យរបស់ព្រះអង្គមិនឈឺចាប់ដូចម្តេចកើតទៅ? នៅក្នុងកិច្ចការគ្រប់គ្រងរបស់ព្រះជាម្ចាស់ ព្រះអង្គបំពេញកិច្ចការរបស់ទ្រង់ និងថ្លែងព្រះបន្ទូលទៅកាន់មនុស្សម្នាក់ៗដោយស្មោះត្រង់ ហើយព្រះអង្គមានបន្ទូលទៅពួកគេដោយគ្មានលាក់ទុក ឬលាក់បាំងអ្វីឡើយ។ ប៉ុន្តែផ្ទុយទៅវិញ មនុស្សគ្រប់គ្នាដែលដើរតាមព្រះអង្គ តែងលាក់បាំងចំពោះទ្រង់ ហើយគ្មាននរណាម្នាក់សុខចិត្តចូលមកជិតទ្រង់ដោយសេចក្ដីក្លៀវក្លា ដើម្បីស្វែងយល់ពីព្រះទ័យរបស់ទ្រង់ ឬយកចិត្តទុកដាក់ចំពោះអារម្មណ៍របស់ទ្រង់ឡើយ។ សូម្បីតែអ្នកដែលចង់ក្លាយជាមនុស្សជំនិតរបស់ព្រះជាម្ចាស់ ក៏មិនចង់ចូលទៅជិតទ្រង់ដែរ មិនចង់គិតគូរពីព្រះទ័យរបស់ទ្រង់ ឬព្យាយាមយល់ពីព្រះអង្គឡើយ។ នៅពេលដែលព្រះជាម្ចាស់សប្បាយព្រះទ័យនិងរីករាយ គ្មានមនុស្សណាម្នាក់មកចែករំលែកសុភមង្គលជាមួយព្រះអង្គឡើយ។ នៅពេលដែលមនុស្សមានការយល់ច្រឡំចំពោះព្រះជាម្ចាស់ ក៏គ្មាននរណាម្នាក់មកលួងលោមព្រះទ័យឈឺចាប់របស់ព្រះអង្គដែរ។ នៅពេលដែលព្រះអង្គឈឺព្រះទ័យ ក៏គ្មានមនុស្សណាម្នាក់សុខចិត្តឱ្យព្រះអង្គទម្លាយការពិតប្រាប់ពួកគេដែរ។ ក្នុងរយៈពេលរាប់ពាន់ឆ្នាំនៃកិច្ចការគ្រប់គ្រងរបស់ព្រះជាម្ចាស់នេះ គ្មានមនុស្សណាម្នាក់ធ្លាប់បានយល់ពីអារម្មណ៍របស់ព្រះជាម្ចាស់ឡើយ គ្មានអ្នកណាម្នាក់ដឹង ឬយល់ពីកិច្ចការទាំងនោះទេ ក៏គ្មានអ្នកដែលអាចឈរនៅក្បែរព្រះជាម្ចាស់ដើម្បីចែករំលែកភាពរីករាយ និងទុក្ខសោករបស់ទ្រង់ដែរ។ ព្រះជាម្ចាស់ឯកោណាស់។ ព្រះអង្គឯកោណាស់! ព្រះជាម្ចាស់ឯកោមិនត្រឹមតែដោយសារមនុស្សពុករលួយប្រឆាំងនឹងទ្រង់ប៉ុណ្ណោះទេ ក៏ប៉ុន្តែជាងនេះទៅទៀត គឺដោយសារតែមនុស្សដែលស្វែងរកដើម្បីក្លាយជាបុគ្គលខាងវិញ្ញាណ អ្នកដែលស្វែងរកដើម្បីស្គាល់ព្រះជាម្ចាស់ និងដើម្បីយល់ពីព្រះអង្គ ហើយសូម្បីតែអ្នកដែលសុខចិត្តលះបង់ជីវិតរបស់ពួកគេដើម្បីទ្រង់ ក៏មិនយល់ពីព្រះតម្រិះទ្រង់ ក៏មិនស្គាល់ពីនិស្ស័យ និងអារម្មណ៍របស់ទ្រង់ដែរ។
នៅចុងបញ្ចប់នៃរឿងរបស់លោកណូអេ យើងឃើញថាព្រះជាម្ចាស់បានប្រើវិធីសាស្រ្តមិនធម្មតាមួយ ដើម្បីបង្ហាញពីអារម្មណ៍របស់ទ្រង់នៅគ្រានោះ។ ជាវិធីសាស្រ្តពិសេសមួយ៖ គឺការតាំងសេចក្ដីសញ្ញាមួយជាមួយមនុស្ស ដែលបានប្រកាសពីទីបញ្ចប់នៃការបំផ្លិចបំផ្លាញពិភពលោកដោយទឹកជំនន់របស់ព្រះជាម្ចាស់។ សម្បកក្រៅ ការតាំងសេចក្ដីសញ្ញានេះ ហាក់ដូចជារឿងធម្មតាមួយប៉ុណ្ណោះ។ វាគ្មានអ្វីក្រៅតែពីការប្រើពាក្យ ដើម្បីចងភាគីទាំងពីរ និងការពារកុំឱ្យពួកគេបំពានលើកិច្ចព្រមព្រៀងរបស់ខ្លួនឡើយ ក្នុងគោលបំណងដើម្បីការពារផលប្រយោជន៍របស់ភាគីទាំងពីរ។ បើនិយាយពីទម្រង់ការវិញ វាជារឿងធម្មតាទេ ក៏ប៉ុន្តែ ការជំរុញចិត្ត និងចេតនារបស់ព្រះជាម្ចាស់នៅក្នុងការធ្វើរឿងនេះ គឺជាការបើកសម្ដែងពិតប្រាកដពីនិស្ស័យរបស់ព្រះជាម្ចាស់ និងសភាពព្រះទ័យរបស់ទ្រង់។ បើអ្នកគ្រាន់តែទុកពាក្យទាំងនេះមួយឡែកមិនអើពើ បើខ្ញុំមិនប្រាប់អ្នករាល់គ្នាពីការពិតនៃរឿងទាំងនេះទេ នោះមនុស្សជាតិនឹងមិនដែលបានដឹងពីព្រះតម្រិះរបស់ព្រះជាម្ចាស់ឡើយ។ នៅក្នុងការស្រមើស្រមៃរបស់អ្នក ពេលដែលព្រះជាម្ចាស់តាំងសេចក្ដីសញ្ញានេះឡើង ព្រះអង្គប្រហែលជាកំពុងញញឹម ឬប្រហែលជាទឹកព្រះភ័ក្ដ្ររបស់ទ្រង់ម៉ឺងម៉ាត់ណាស់ ក៏ប៉ុន្តែមិនថាមនុស្សស្រមើស្រមៃថាព្រះជាម្ចាស់មានទឹកព្រះភ័ក្រ្តសាមញ្ញយ៉ាងណានោះទេ ក៏គ្មាននរណាម្នាក់អាចយល់ពីព្រះទ័យរបស់ព្រះជាម្ចាស់ ឬការឈឺចាប់របស់ព្រះអង្គបានឡើយ។ គ្មានអ្នកណាម្នាក់អាចធ្វើឱ្យព្រះជាម្ចាស់ទុកព្រះទ័យបានឡើយ ឬស័ក្ដិសមនឹងឱ្យព្រះអង្គទុកព្រះទ័យឡើយ ឬធ្វើជាបុគ្គលម្នាក់ដែលព្រះអង្គអាចមានបន្ទូលប្រាប់ពីព្រះតម្រិះទ្រង់ ឬទម្លាយពីការឈឺចាប់របស់ទ្រង់ឱ្យពួកគេដឹងបាននោះឡើយ។ ម្ល៉ោះហើយ ព្រះជាម្ចាស់គ្មានជម្រើសអ្វីក្រៅតែពីធ្វើរឿងបែបនេះនោះទេ។ សម្បកក្រៅ ព្រះជាម្ចាស់បានធ្វើរឿងងាយស្រួលមួយដើម្បីថ្លែងបន្ទូលលាគ្នាទៅកាន់មនុស្សជាតិចុងក្រោយបង្អស់ បញ្ចប់បញ្ហាពីអតីតកាល និងនាំមកនូវទីបញ្ចប់ដ៏ល្អប្រសើរមួយដោយការបំផ្លាញពិភពលោកដោយទឹកជំនន់របស់ព្រះអង្គ។ ក៏ប៉ុន្តែ ព្រះជាម្ចាស់បានលាក់បាំងការឈឺចាប់នៅគ្រានេះនៅក្នុងជម្រៅព្រះហឫទ័យរបស់ទ្រង់។ នៅពេលដែលព្រះជាម្ចាស់គ្មាននរណាម្នាក់ដែលព្រះអង្គអាចទម្លាយប្រាប់ការពិតបាន នោះព្រះអង្គក៏តាំងសេចក្ដីសញ្ញាជាមួយមនុស្សជាតិ ដោយប្រាប់ពួកគេថា ព្រះអង្គនឹងមិនបំផ្លាញពិភពលោកដោយទឹកជំនន់ម្តងទៀតឡើយ។ នៅពេលដែលឥន្ទធនូលេចមក នោះជាការរំឮកដល់មនុស្សថា រឿងបែបនេះបានកើតឡើងរួចហើយ និងដើម្បីទុកជាការព្រមានដល់ពួកគេឱ្យគេចចេញពីសេចក្ដីអាក្រក់។ សូម្បីតែស្ថិតក្នុងស្ថានភាពឈឺចាប់បែបនេះក៏ដោយ ក៏ព្រះជាម្ចាស់មិនភ្លេចមនុស្សជាតិដែរ ហើយនៅតែបង្ហាញព្រះទ័យព្រួយបារម្ភខ្លាំងចំពោះពួកគេដដែល។ តើនេះមិនមែនជាសេចក្តីស្រឡាញ់ និងភាពមិនអាត្មានិយមរបស់ព្រះជាម្ចាស់ទេឬអី? ក៏ប៉ុន្តែ នៅពេលដែលមនុស្សកំពុងរងទុក្ខ តើពួកគេគិតបែបណា? តើនេះមិនមែនជាពេលវេលាដែលពួកគេត្រូវការព្រះជាម្ចាស់ខ្លាំងបំផុតទេឬអី? នៅក្នុងពេលបែបនេះ មនុស្សតែងតែទាញព្រះជាម្ចាស់មកក្បែរ ដើម្បីឱ្យព្រះអង្គលួងលោមពួកគេ។ មិនថានៅពេលណានោះទេ ព្រះជាម្ចាស់នឹងមិនដែលធ្វើឱ្យមនុស្សពិបាកចិត្តឡើយ ហើយព្រះអង្គតែងតែជួយឱ្យមនុស្សចេញផុតពីទុក្ខលំបាករបស់គេ និងរស់នៅក្នុងពន្លឺជានិច្ច។ ទោះបីជាព្រះជាម្ចាស់ផ្គត់ផ្គង់ដល់មនុស្សជាតិច្រើនយ៉ាងណាក៏ដោយ ក៏នៅក្នុងដួងចិត្តរបស់គេ ព្រះជាម្ចាស់គ្រាន់តែថ្នាំបំបាត់ការឈឺចាប់ ឬថ្នាំប៉ូវកម្លាំងប៉ុណ្ណោះ។ នៅពេលដែលព្រះជាម្ចាស់កំពុងតែរងទុក្ខ នៅពេលដែលព្រះអង្គពិបាកព្រះទ័យ ការដែលសង្ឃឹមឱ្យមានភាវៈដែលព្រះបានបង្កើតមក ឬមនុស្សណាម្នាក់នៅជាមួយទ្រង់ ឬលួងលោមទ្រង់ ក្ដីសង្ឃឹមបែបនេះប្រាកដជាក្លាយជាបំណងប្រាថ្នាដែលមិនអាចទៅរួចសម្រាប់ព្រះជាម្ចាស់មិនខាន។ មនុស្សមិនដែលយកចិត្តទុកដាក់ចំពោះអារម្មណ៍របស់ព្រះជាម្ចាស់ឡើយ ដូច្នេះ ព្រះជាម្ចាស់មិនដែលសុំ ក៏មិនដែលរំពឹងថានឹងមាននរណាម្នាក់ដែលអាចលួងលោមព្រះអង្គបានដែរ។ ព្រះអង្គត្រឹមតែប្រើវិធីសាស្រ្តផ្ទាល់ព្រះអង្គ ដើម្បីសម្ដែងចេញពីអារម្មណ៍របស់ទ្រង់ប៉ុណ្ណោះ។ មនុស្សគិតថា ការដែលព្រះជាម្ចាស់ឆ្លងកាត់ការរងទុក្ខលំបាកខ្លះ ពុំមានជាការលំបាកខ្លាំងណាស់ណាចំពោះទ្រង់នោះទេ ក៏ប៉ុន្តែ នៅពេលដែលអ្នកព្យាយាមយល់ពីព្រះជាម្ចាស់ឱ្យបានពិតប្រាកដ ហើយនៅពេលដែលអ្នកដឹងពីបំណងស្មោះត្រង់របស់ព្រះជាម្ចាស់នៅក្នុងគ្រប់កិច្ចការដែលព្រះអង្គធ្វើ ទើបអ្នកអាចមានអារម្មណ៍ដឹងពីភាពអស្ចារ្យរបស់ព្រះជាម្ចាស់ និងភាពមិនអាត្មានិយមរបស់ទ្រង់បាន។ ទោះបីជាព្រះជាម្ចាស់បានតាំងសេចក្ដីសញ្ញាជាមួយមនុស្សជាតិដោយប្រើឥន្ទធនូក៏ដោយ ក៏ព្រះអង្គមិនដែលមានបន្ទូលប្រាប់នរណាម្នាក់ថា ហេតុអ្វីបានជាព្រះអង្គធ្វើបែបនេះដែរ ហេតុអ្វីបានជាព្រះអង្គតាំងសេចក្ដីសញ្ញានេះទ មានន័យថា ព្រះអង្គមិនដែលមានបន្ទូលប្រាប់នរណាម្នាក់ពីព្រះតម្រិះពិតប្រាកដរបស់ព្រះអង្គឡើយ។ នេះក៏ព្រោះតែគ្មាននរណាម្នាក់អាចយល់ពីជម្រៅនៃសេចក្តីស្រឡាញ់ដែលព្រះជាម្ចាស់មានចំពោះមនុស្សជាតិដែលព្រះអង្គបានបង្កើតដោយព្រះហស្តរបស់ទ្រង់ផ្ទាល់នោះឡើយ ហើយក៏គ្មាននរណាម្នាក់អាចដឹងថាតើព្រះទ័យរបស់ព្រះអង្គឈឺចាប់ប៉ុនណាដែរ នៅពេលដែលព្រះអង្គបំផ្លាញមនុស្សជាតិនេះ។ ហេតុដូច្នេះ ទោះបីជាព្រះអង្គចង់មានបន្ទូលប្រាប់មនុស្សពីអារម្មណ៍របស់ទ្រង់ក៏ដោយ ក៏ពួកគេមិនអាចទទួលបានទំនុកចិត្តនេះដែរ។ ទោះបីជាឈឺចាប់យ៉ាងណាក៏ដោយ ក៏ព្រះអង្គនៅតែបន្តជំហានបន្ទាប់នៃកិច្ចការរបស់ទ្រង់ដដែល។ ព្រះជាម្ចាស់តែងតែប្រទាននូវចំណែកដែលល្អបំផុត និងរបស់ដែលល្អបំផុតដល់មនុស្សជាតិ ចំណែឯព្រះអង្គវិញ ទ្រង់រងទុក្ខតែព្រះអង្គឯងដោយស្ងាត់ៗ។ ព្រះជាម្ចាស់មិនដែលលាតត្រដាងពីការរងទុក្ខទាំងនេះដោយបើកចំហឡើយ។ ផ្ទុយទៅវិញ ព្រះអង្គស៊ូទ្រាំនឹងទុក្ខលំបាកនេះ ហើយរង់ចាំដោយស្ងៀមស្ងាត់។ ការស៊ូទ្រាំរបស់ព្រះជាម្ចាស់មិនសោះកក្រោះ ស្ពឹកស្រពន់ ឬអស់សង្ឃឹមឡើយ ក៏មិនមែនជាសញ្ញានៃភាពទន់ខ្សោយនោះដែរ។ ផ្ទុយទៅវិញ សេចក្ដីស្រឡាញ់ និងសារជាតិរបស់ព្រះជាម្ចាស់ តែងតែមិនអាត្មានិយមជានិច្ច។ នេះគឺជាការបើកសម្ដែងដោយឯកឯងពីសារជាតិ និងនិស្ស័យរបស់ទ្រង់ ហើយក៏ជាតំណាងពិតប្រាកដនៃអត្តសញ្ញាណរបស់ព្រះជាម្ចាស់ក្នុងនាមជាព្រះអាទិករដ៏ពិតផងដែរ។
ការដែលខ្ញុំបាននិយាយបែបនេះ ប្រហែលជាមានអ្នកខ្លះអាចបកស្រាយខុសនូវអត្ថន័យដែលខ្ញុំចង់មានន័យ ហើយគិតថា៖ «តើការពណ៌នាពីអារម្មណ៍របស់ព្រះជាម្ចាស់លម្អិតបែបនេះ គឺធ្វើឡើងក្នុងគោលបំណងដើម្បីឱ្យមនុស្សមានអារម្មណ៍អាណិតព្រះជាម្ចាស់មែនទេ?» តើនោះជាចេតនានៅទីនេះមែនទេ? (អត់ទេ។) គោលបំណងតែមួយគត់ដែលខ្ញុំនិយាយអំពីរឿងទាំងនេះ គឺដើម្បីធ្វើឱ្យអ្នករាល់គ្នាស្គាល់ព្រះជាម្ចាស់ឱ្យកាន់តែច្បាស់ ដើម្បីស្វែងយល់ពីទិដ្ឋភាពដ៏ច្រើនរបស់ទ្រង់ យល់ពីអារម្មណ៍របស់ទ្រង់ និងដឹងថា សារជាតិនិងនិស្ស័យរបស់ព្រះជាម្ចាស់ ត្រូវបានសម្ដែងចេញតាមរយៈកិច្ចការរបស់ទ្រង់យ៉ាងជាក់ស្ដែង បន្តិចម្ដងៗ ដែលខុសគ្នាពីការបង្ហាញតាមរយៈពាក្យសម្តីឥតបានការរបស់មនុស្ស តាមពាក្យពេចន៍និងគោលលទ្ធិរបស់ពួកគេ ឬតាមការស្រមើស្រមៃរបស់ពួកគេជាដើម។ និយាយឱ្យចំទៅគឺថា ព្រះជាម្ចាស់ និងសារជាតិរបស់ព្រះអង្គ ពិតជាមានប្រាកដមែន មិនមែនជាគំនូរ មិនមែនការស្រមើលស្រមៃ មិនមែនមនុស្សបង្កើតឡើង ហើយពិតណាស់ ក៏មិនមែនមនុស្សប្រឌិតឡើងមកនោះដែរ។ តើពេលនេះអ្នករាល់គ្នាដឹងពីចំណុចនេះឬទេ? ប្រសិនបើអ្នករាល់គ្នាដឹងហើយ ដូច្នេះ ពាក្យដែលខ្ញុំនិយាយនៅថ្ងៃនេះ សម្រេចគោលដៅហើយ។
យើងបានពិភាក្សាគ្នាអំពីប្រធានបទចំនួន ៣ នៅថ្ងៃនេះ។ ខ្ញុំជឿជាក់ថា មនុស្សគ្រប់គ្នារៀនសូត្របានច្រើនពីការប្រកបគ្នារបស់យើងអំពីប្រធានបទទាំងបីនេះ។ ខ្ញុំអាចនិយាយបានយ៉ាងប្រាកដថា តាមរយៈប្រធានបទទាំងបីនេះ ព្រះតម្រិះរបស់ព្រះជាម្ចាស់ដែលខ្ញុំបានពណ៌នា ឬនិស្ស័យនិងសារជាតិរបស់ព្រះជាម្ចាស់ដែលខ្ញុំបានលើកមកនិយាយ ពិតជាបានបំផ្លាស់បំប្រែការស្រមើស្រមៃ និងការយល់ដឹងរបស់មនុស្សអំពីព្រះជាម្ចាស់មិនខាន ហើយថែមទាំងបានបំផ្លាស់បំប្រែជំនឿរបស់មនុស្សគ្រប់គ្នាលើព្រះជាម្ចាស់ផង ហើយជាងនេះទៅទៀត ថែមទាំងបានបំផ្លាស់បំប្រែរូបអង្គរបស់ព្រះជាម្ចាស់ ដែលមនុស្សគ្រប់គ្នាបានកោតសរសើរនៅក្នុងដួងចិត្តរបស់ពួកគេថែមទៀតផង។ មិនថាបែបណានោះទេ ខ្ញុំសង្ឃឹមថា អ្វីដែលអ្នករាល់គ្នាបានរៀនសូត្រអំពីនិស្ស័យរបស់ព្រះជាម្ចាស់នៅក្នុងព្រះគម្ពីរត្រង់ផ្នែកទាំងពីរនេះ នឹងមានប្រយោជន៍ដល់អ្នករាល់គ្នា ហើយខ្ញុំសង្ឃឹមថា បន្ទាប់ពីអ្នករាល់គ្នាត្រឡប់ទៅវិញ អ្នករាល់គ្នានឹងគិតពិចារណាចំណុចនេះបន្ថែមទៀត។ ដូច្នេះ ការជួបជុំគ្នានៅថ្ងៃនេះ សន្មតចប់ត្រឹមនេះ។ សូមជម្រាបលា!
ថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០១៣