II. ព្រះបន្ទូលស្ដីពីកិច្ចការនៃការជំនុំជម្រះរបស់ព្រះជាម្ចាស់នៅគ្រាចុងក្រោយ

៥១. នៅចុងបញ្ចប់នៃកិច្ចការបិទបញ្ចប់យុគសម័យរបស់ទ្រង់ និស្ស័យរបស់ព្រះជាម្ចាស់ គឺជាការវាយផ្ចាល និងការជំនុំជម្រះ ដែលទ្រង់បើកសម្ដែងពីគ្រប់ការទាំងអស់ដែលមិនសុចរិត គឺដើម្បីធ្វើការជំនុំជម្រះមនុស្សទាំងអស់ជាសាធារណៈ និងដើម្បីប្រោសអ្នកដែលស្រឡាញ់ទ្រង់ដែលមានដួងចិត្តស្មោះឱ្យបានគ្រប់លក្ខណ៍។ មានតែនិស្ស័យបែបនេះទេទើបអាចនាំយុគសម័យនេះទៅរកទីបញ្ចប់បាន។ គ្រាចុងក្រោយបានចូលមកដល់ហើយ។ របស់សព្វសារពើដែលបានបង្កើតមក នឹងត្រូវញែកដាច់ពីគ្នាទៅតាមប្រភេទរបស់វា ហើយត្រូវបែងចែងទៅតាមប្រភេទខុសគ្នាផ្អែកតាមលក្ខណៈរបស់ពួកគេ។ នេះគឺជាពេលវេលាដែលព្រះជាម្ចាស់បើកសម្ដែងពីលទ្ធផលរបស់មនុស្ស និងទិសដៅរបស់ពួកគេ។ ប្រសិនបើមនុស្សមិនបានឆ្លងកាត់ការវាយផ្ចាល និងការជំនុំជម្រះទេ នោះនឹងគ្មានផ្លូវដែលអាចសម្ដែងឱ្យយល់ពីការមិនស្ដាប់បង្គាប់ និងសេចក្ដីទុច្ចរិតរបស់ពួកគេបានឡើយ។ មានតែតាមរយៈការវាយផ្ចាល និងការជំនុំជម្រះប៉ុណ្ណោះទើបលទ្ធផលនៃរបស់សព្វសារពើដែលបានបង្កើតមក អាចត្រូវបើកសម្ដែងឱ្យឃើញបាន។ នៅពេលដែលត្រូវវាយផ្ចាល និងជំនុំជម្រះ មនុស្សគ្រាន់តែបង្ហាញពីពណ៌ពិតប្រាកដរបស់គេប៉ុណ្ណោះ។ មនុស្សអាក្រក់ ត្រូវដាក់ជាមួយមនុស្សអាក្រក់ មនុស្សល្អត្រូវដាក់ជាមួយមនុស្សល្អ ហើយមនុស្សទាំងអស់ត្រូវញែកដាច់ចេញពីគ្នាទៅតាមប្រភេទរបស់ពួកគេ។ តាមរយៈការវាយផ្ចាល និងការជំនុំជម្រះ លទ្ធផលនៃរបស់សព្វសារពើដែលបានបង្កើតមក នឹងត្រូវបើកសម្ដែងឱ្យឃើញ ដើម្បីឱ្យមនុស្សអាក្រក់អាចត្រូវដាក់ទោស ហើយមនុស្សល្អអាចទទួលបានរង្វាន់ ហើយគ្រប់មនុស្សទាំងអស់សុទ្ធតែស្ថិតក្រោមអំណាចត្រួតត្រារបស់ព្រះជាម្ចាស់។ គ្រប់កិច្ចការទាំងអស់នេះ ត្រូវតែសម្រេចឱ្យបានតាមរយៈការវាយផ្ចាល និងការជំនុំជម្រះដោយសុចរិត។ ដោយសារសេចក្ដីពុករលួយរបស់មនុស្សបានឈានដល់កម្រិតកំពូល ហើយការមិនស្ដាប់បង្គាប់របស់ពួកគេកាន់តែខ្លាំងឡើងៗ នោះមានតែនិស្ស័យសុចរិតរបស់ព្រះជាម្ចាស់ប៉ុណ្ណោះ ដែលជានិស្ស័យមួយដែលបូកផ្សំជាគោលការណ៍នៃការវាយផ្ចាលនិងការជំនុំជម្រះ និងជានិស្ស័យដែលត្រូវបើកបង្ហាញក្នុងអំឡុងគ្រាចុងក្រោយប៉ុណ្ណោះ ទើបអាចបំផ្លាស់បំប្រែ និងធ្វើឱ្យមនុស្សបានពេញខ្នាតទាំងស្រុង។ មានតែនិស្ស័យបែបនេះទេដែលអាចសម្ដែងឱ្យយល់ពីអំពើអាក្រក់ និងដាក់ទោសយ៉ាងធ្ងន់ធ្ងរលើមនុស្សទុច្ចរិតទាំងអស់បាន។ ហេតុនេះ និស្ស័យបែបនេះជ្រួតជ្រាបទៅដោយខ្លឹមសារសំខាន់នៃយុគសម័យនេះ ហើយការបើកសម្ដែង និងការបង្ហាញពីនិស្ស័យរបស់ទ្រង់ គឺធ្វើឡើងដើម្បីតែជាប្រយោជន៍នៃកិច្ចការនៅក្នុងយុគសម័យថ្មីនីមួយៗប៉ុណ្ណោះ។ ព្រះជាម្ចាស់មិនបើកសម្ដែងនិស្ស័យរបស់ទ្រង់តាមតែអំពើចិត្ត និងដោយគ្មានខ្លឹមសារនោះទេ។ ឧបមាថា ក្នុងការបើកសម្ដែងពីលទ្ធផលរបស់មនុស្សក្នុងអំឡុងគ្រាចុងក្រោយ ព្រះជាម្ចាស់នៅតែត្រូវប្រទានដល់មនុស្សនូវព្រះហឫទ័យក្ដួលអាណិត និងសេចក្ដីស្រឡាញ់ឥតគណនា និងបន្តសេចក្ដីស្រឡាញ់ដល់មនុស្ស និងមិនឱ្យមនុស្សស្ថិតក្រោមការជំនុំជម្រះដោយសុចរិត ប៉ុន្តែបែរជាបង្ហាញដល់ពួកគេនូវការអត់ឱន ការអត់ទ្រាំ និងការអត់ទោស និងការលើកលែងទោសដល់មនុស្សទៅវិញ មិនថាពួកគេមានបាបខ្លាំងយ៉ាងណានោះទេ គឺគ្មានការជំនុំជម្រះសុចរិតណាមួយឡើយ៖ ដូច្នេះ តើពេលណាដែលការគ្រប់គ្រងទាំងអស់របស់ព្រះជាម្ចាស់ នឹងអាចចូលដល់ទីបញ្ចប់បានទៅ? តើនៅពេលណាដែលនិស្ស័យបែបនេះ នឹងអាចដឹកនាំមនុស្សទៅរកទិសដៅសមស្របរបស់មនុស្សជាតិបាន? ឧទាហរណ៍ ចៅក្រមម្នាក់ដែលគួរឱ្យស្រឡាញ់ ជាចៅក្រមដែលមានទឹកមុខសប្បុរស និងមានសណ្ដានចិត្តល្អ។ គាត់ស្រឡាញ់មនុស្ស មិនខ្វល់ថាពួកគេបានប្រព្រឹត្តទោសកំហុសអ្វីឡើយ ហើយគាត់ស្រឡាញ់ និងអត់ឱនដល់ពួកគេមិនថាពួកគេជានរណានោះទេ។ នៅក្នុងករណីនោះ តើពេលណាដែលគាត់អាចកាត់ក្ដីដោយយុត្តិធម៌បានទៅ? ក្នុងអំឡុងគ្រាចុងក្រោយ មានតែការជំនុំជម្រះដោយសុចរិតប៉ុណ្ណោះដែលអាចញែកមនុស្សស្របទៅតាមប្រភេទរបស់ពួកគេបាន និងនាំមនុស្សទៅកាន់ពិភពថ្មីមួយ។ តាមរបៀបនេះ យុគសម័យទាំងមូល ត្រូវបាននាំទៅរកទីបញ្ចប់តាមរយៈនិស្ស័យសុចរិតរបស់ព្រះជាម្ចាស់នៅក្នុងការជំនុំជម្រះ និងការវាយផ្ចាល។

(ដកស្រង់ពី «និមិត្តអំពីកិច្ចការរបស់ព្រះជាម្ចាស់ (៣)» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)

៥២. មុនពេលដែលមនុស្សត្រូវបានប្រោសលោះ សារជាតិពុលជាច្រើនរបស់សាតាំងត្រូវបានដាក់នៅក្នុងគេរួចទៅហើយ ហើយក្រោយពេលដែលសាតាំងបានធ្វើឱ្យមនុស្សពុករលួយអស់រយៈពេលរាប់ពាន់ឆ្នាំរួចមក នៅខាងក្នុងមនុស្សមាននូវនិស្ស័យដែលប្រឆាំងនឹងព្រះជាម្ចាស់រួចទៅហើយ។ ដូច្នេះ នៅពេលដែលមនុស្សត្រូវបានប្រោសលោះ វាជាករណីនៃការប្រោសលោះដែលមនុស្សត្រូវបានទិញនៅក្នុងតម្លៃដ៏ខ្ពស់ ប៉ុន្តែធម្មជាតិដែលមានជាតិពុលដែលមាននៅខាងក្នុងគេ មិនត្រូវបានផាត់ចោលឡើយ។ មនុស្សដែលត្រូវបានកខ្វក់យ៉ាងខ្លាំង ត្រូវតែឆ្លងកាត់ការផ្លាស់ប្ដូរមួយសិន មុននឹងក្លាយជាបុគ្គលដ៏សក្តិសម ដើម្បីបម្រើព្រះជាម្ចាស់។ តាមរយៈមធ្យោបាយនៃកិច្ចការជំនុំជម្រះ និងការវាយផ្ចាលនេះ មនុស្សនឹងចាប់ផ្ដើមស្គាល់ទាំងស្រុងពីសេចក្តីស្មោកគ្រោក និងលក្ខណៈសំខាន់ដ៏ពុករលួយដែលមាននៅខាងក្នុងគេ ហើយគេនឹងអាចផ្លាស់ប្ដូរបានទាំងស្រុង និងត្រលប់ជាបរិសុទ្ធផង។ មានតែបែបនេះទេ ទើបមនុស្សអាចសក្ដិសមត្រលប់ទៅមុខបល្ល័ង្ករបស់ព្រះជាម្ចាស់វិញ។ គ្រប់កិច្ចការដែលបានធ្វើនាពេលសព្វថ្ងៃនេះ គឺដើម្បីឱ្យមនុស្សអាចត្រូវបានសម្អាតឱ្យស្អាត និងបានផ្លាស់ប្ដូរ ហើយតាមរយៈការជំនុំជម្រះ និងការវាយផ្ចាលដោយព្រះបន្ទូល ក៏ដូចជាតាមរយៈការបន្សុទ្ធ នោះមនុស្សអាចលាងជម្រះសេចក្តីពុករលួយរបស់ខ្លួន ហើយត្រូវបានប្រោសឱ្យបានបរិសុទ្ធ។ ជាជាងគិតថាដំណាក់កាលនៃកិច្ចការនេះជាកិច្ចការនៃសេចក្តីសង្រ្គោះ នោះវាសមរម្យជាងដែលនិយាយថា វាជាកិច្ចការនៃការប្រោសឱ្យបរិសុទ្ធ។ នៅក្នុងសេចក្តីពិត ដំណាក់កាលនេះគឺជាដំណាក់កាលនៃការយកឈ្នះ ក៏ដូចជាដំណាក់កាលទីពីរនៅក្នុងកិច្ចការនៃសេចក្តីសង្រ្គោះដែរ។ គឺតាមរយៈការជំនុំជម្រះ និងការវាយផ្ចាលដោយព្រះបន្ទូលនេះហើយ ទើបព្រះជាម្ចាស់ទទួលបានមនុស្ស ហើយតាមរយៈការប្រើប្រាស់ព្រះបន្ទូល ដើម្បីបន្សុទ្ធ ជំនុំជម្រះ និងលាតត្រដាងនេះហើយ ទើបគ្រប់ទាំងភាពមិនបរិសុទ្ធ សញ្ញាណ ចេតនា និងសេចក្តីប្រាថ្នាផ្ទាល់ខ្លួនដែលមាននៅក្នុងដួងចិត្តរបស់មនុស្ស ត្រូវបានបើកសម្ដែងទាំងស្រុង។ សម្រាប់អ្វីៗគ្រប់យ៉ាងដែលមនុស្សអាចត្រូវបានប្រោសលោះ និងត្រូវបានអត់ទោសឱ្យចំពោះបាបរបស់ខ្លួន វាអាចត្រូវបានគេចាត់ទុកថា ព្រះជាម្ចាស់មិននឹកនាពីសេចក្តីរំលងរបស់មនុស្ស ហើយមិនប្រព្រឹត្តចំពោះមនុស្សស្របតាមសេចក្តីរំលងរបស់គេ។ យ៉ាងណាមិញ នៅពេលដែលមនុស្សរស់នៅក្នុងរូបរាងកាយនៃសាច់ឈាម មិនត្រូវបានប្រោសឱ្យមានសេរីភាពពីបាប នោះគេនៅតែបន្តប្រព្រឹត្តអំពើបាប ហើយបើកសម្ដែងពីនិស្ស័យសាតាំងដ៏ពុករលួយរបស់គេ គ្មានថ្ងៃបញ្ចប់ឡើយ។ នេះគឺជាជីវិតរបស់មនុស្សដែលដើរនៅក្នុងវដ្ដនៃការប្រព្រឹត្តអំពើបាប និងការទទួលបានការអត់ទោស ដោយគ្មានទីបញ្ចប់។ មនុស្សភាគច្រើនប្រព្រឹត្តអំពើបាបនៅពេលថ្ងៃ ហើយលន់តួបាបនៅពេលយប់។ ទោះបីតង្វាយលោះបាបមានប្រសិទ្ធភាពជារៀងរហូតសម្រាប់មនុស្សក៏ដោយ ក៏ការធ្វើបែបនេះ នឹងមិនអាចសង្រ្គោះមនុស្សពីបាបបានឡើយ។ មានតែពាក់កណ្ដាលនៃកិច្ចការសង្រ្គោះប៉ុណ្ណោះដែលត្រូវបានសម្រេច ព្រោះថាមនុស្សនៅតែមាននិស្ស័យដ៏ពុករលួយ។ ឧទាហរណ៍ នៅពេលដែលមនុស្សបានដឹងថា ពួកគេជាពូជពង្សចេញពីម៉ូអាប់ ពួកគេបានចាប់ផ្ដើមរអ៊ូរទាំ ឈប់ដេញតាមជីវិត ហើយក្លាយជាមនុស្សអវិជ្ជមានទាំងស្រុងតែម្ដង។ តើនេះមិនបង្ហាញថា មនុស្សនៅតែមិនអាចចុះចូលទាំងស្រុងក្រោមការត្រួតត្រារបស់ព្រះជាម្ចាស់ទេឬអី? តើនេះមិនមែនជានិស្ស័យបែបសាតាំងដ៏ពុករលួយរបស់ពួកគេទេឬ? នៅពេលដែលអ្នកមិនចុះចូលចំពោះការវាលផ្ចាល នោះដៃរបស់អ្នកត្រូវបានលើកឡើងខ្ពស់ជាងដៃរបស់អ្នកឯទៀត រួមទាំងព្រះយេស៊ូវដែរ។ ហើយអ្នកបានស្រែកខ្លាំងៗថា៖ «ចូរក្លាយជាបុត្រស្ងួនភ្ញារបស់ព្រះជាម្ចាស់! ចូរក្លាយជាមនុស្សជំនិតរបស់ព្រះជាម្ចាស់! យើងសុខចិត្តស្លាប់ ជាជាងក្រាបថ្វាយបង្គំសាតាំង! ចូរប្រឆាំងនឹងសាតាំងដ៏កញ្ចាស់! ចូរប្រឆាំងនឹងនាគដ៏ធំមានសម្បុរក្រហម! សូមឱ្យនាគដ៏ធំមានសម្បុរក្រហមដួលរលំពីអំណាច! សូមឱ្យព្រះជាម្ចាស់ប្រោសឱ្យយើងបានពេញខ្នាត!» សម្រែករបស់អ្នកលាន់ឮខ្លាំងជាងអ្នកឯទៀតៗ។ ប៉ុន្តែ នៅពេលដែលការវាយផ្ចាលមកដល់ និស្ស័យដ៏ពុករលួយរបស់មនុស្សត្រូវបានបើកបង្ហាញម្ដងទៀត។ បន្ទាប់មក សម្រែករបស់គេក៏បានឈប់ ហើយការតាំងចិត្តរបស់គេក៏បរាជ័យ។ នេះជាសេចក្តីពុករលួយរបស់មនុស្ស ដែលស៊ីជម្រៅជាងអំពើបាបទៅទៀត ព្រោះវាជាអ្វីមួយដែលត្រូវបានដាំជាប់ដោយសាតាំង និងត្រូវបានចាក់ឫសយ៉ាងជ្រៅនៅក្នុងមនុស្ស។ មនុស្សមិនងាយដឹងពីបាបរបស់គេឡើយ។ គេគ្មានផ្លូវនឹងទទួលស្គាល់និស្ស័យដែលចាក់ឫសយ៉ាងជ្រៅរបស់ខ្លួនឡើយ ហើយគេត្រូវតែពឹងអាងលើការជំនុំជម្រះដោយព្រះបន្ទូល ដើម្បីសម្រេចលទ្ធផលនេះ។ មានតែបែបនេះទេ ទើបមនុស្សអាចត្រូវបានផ្លាស់ប្ដូរបន្ដិចម្ដងៗចាប់ពីចំណុចនេះតទៅ។

(ដកស្រង់ពី «អាថ៌កំបាំងនៃការយកកំណើតជាមនុស្ស (៤)» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)

៥៣. សព្វថ្ងៃនេះ ព្រះជាម្ចាស់ជំនុំជម្រះអ្នករាល់គ្នា វាយផ្ចាលអ្នករាល់គ្នា និងផ្ដន្ទាទោសអ្នករាល់គ្នាយ៉ាងធ្ងន់ធ្ងរ ប៉ុន្តែអ្នកត្រូវតែដឹងថា ប្រយោជន៍នៃការផ្ដន្ទាទោសអ្នកនេះ គឺដើម្បីឱ្យអ្នកស្គាល់ខ្លួនឯង។ ទ្រង់ផ្ដន្ទាទោស ដាក់បណ្តាសា កាត់ទោស និងវាយផ្ចាល ដើម្បីឱ្យអ្នកអាចស្គាល់ខ្លួនឯង ដើម្បីឱ្យនិស្ស័យរបស់អ្នកអាចផ្លាស់ប្តូរបាន ហើយលើសពីនេះទៅទៀត គឺដើម្បីឱ្យអ្នកអាចស្គាល់តម្លៃរបស់ខ្លួន និងមើលឃើញថា សកម្មភាពទាំងអស់របស់ព្រះជាម្ចាស់ គឺសុទ្ធតែសុចរិត ហើយស្របទៅនឹងនិស្ស័យរបស់ទ្រង់ និងតម្រូវការនៃកិច្ចការរបស់ទ្រង់ ឃើញថា ទ្រង់ធ្វើការស្របតាមផែនការរបស់ទ្រង់ ដើម្បីសង្គ្រោះមនុស្សលោក ហើយឃើញថាទ្រង់គឺជាព្រះដ៏សុចរិតដែលស្រឡាញ់ សង្គ្រោះ ជំនុំជម្រះ និងវាយផ្ចាលលើមនុស្សលោក។ ប្រសិនបើអ្នកគ្រាន់តែដឹងថា អ្នកមានឋានៈទាប អ្នកពុករលួយ និងមិនស្ដាប់បង្គាប់ តែមិនដឹងថា ព្រះជាម្ចាស់ចង់សម្ដែងឱ្យអ្នកឃើញច្បាស់នូវសេចក្ដីសង្គ្រោះរបស់ទ្រង់តាមរយៈការជំនុំជម្រះ និងការវាយផ្ចាល់ ដែលទ្រង់ធ្វើលើអ្នករាល់គ្នានាពេលសព្វថ្ងៃនេះទេ នោះអ្នកគ្មានផ្លូវទទួលបានបទពិសោធឡើយ ហើយរឹតតែមិនអាចបន្តទៅមុខទៀតបានឡើយ។ ព្រះជាម្ចាស់មិនបានយាងមកដើម្បីសម្លាប់ ឬបំផ្លាញនោះទេ តែដើម្បីជំនុំជម្រះ ដាក់បណ្ដាសា វាយផ្ចាល និងសង្គ្រោះ។ មុនពេលដែលព្រះជាម្ចាស់បើកសម្ដែងលទ្ធផល សម្រាប់ជំពូកមនុស្សនីមួយៗ កិច្ចការរបស់ទ្រង់នៅលើផែនដី គឺនៅតែធ្វើជាប្រយោជន៍ដល់សេចក្ដីសង្គ្រោះដដែល ទាល់តែផែនការរយៈពេល ៦ ០០០ ឆ្នាំរបស់ទ្រង់ត្រូវដល់ទីបញ្ចប់ គោលបំណងនៃកិច្ចការនេះ គឺគ្មានអ្វីក្រៅតែពីដើម្បីធ្វើឱ្យអ្នកដែលស្រឡាញ់ទ្រង់បានពេញខ្នាត និងដើម្បីនាំពួកគេឱ្យចុះចូលក្រោមការត្រួតត្រារបស់ទ្រង់ទាំងស្រុងនោះទេ។ មិនថាព្រះជាម្ចាស់ជួយសង្គ្រោះមនុស្សតាមវិធីណាក៏ដោយ កិច្ចការទាំងអស់នោះត្រូវបានធ្វើឡើងដោយបំបែកពួកគេចេញពីនិស្ស័យសាតាំងចាស់របស់ពួកគេ ពោលគឺ ទ្រង់សង្គ្រោះពួកគេដោយឱ្យពួកគេស្វះស្វែងរកជីវិត។ ប្រសិនបើពួកគេមិនធ្វើដូច្នោះទេ នោះពួកគេនឹងគ្មានផ្លូវទទួលយកសេចក្ដីសង្គ្រោះរបស់ព្រះជាម្ចាស់ឡើយ។ សេចក្ដីសង្គ្រោះ គឺជាកិច្ចការរបស់ព្រះជាម្ចាស់ផ្ទាល់ព្រះអង្គ រីឯការស្វះស្វែងរកជីវិត គឺជាកិច្ចការដែលមនុស្សលោកត្រូវតែធ្វើ ដើម្បីទទួលយកសេចក្ដីសង្គ្រោះ។ នៅក្នុងក្រសែភ្នែករបស់មនុស្សលោក សេចក្ដីសង្គ្រោះគឺជាសេចក្ដីស្រឡាញ់របស់ព្រះជាម្ចាស់ ហើយសេចក្ដីស្រឡាញ់របស់ព្រះជាម្ចាស់ មិនអាចជាការវាយផ្ចាល ការជំនុំជម្រះ និងការដាក់បណ្ដាសានោះទេ។ សេចក្ដីសង្គ្រោះត្រូវតែមានសេចក្ដីស្រឡាញ់ សេចក្ដីមេត្តាករុណា ហើយលើសពីនេះទៅទៀតគឺ ព្រះបន្ទូលលួងលោម ព្រមទាំងព្រះពរដែលគ្មានព្រំដែន ដែលព្រះជាម្ចាស់ត្រូវប្រទានឱ្យ។ មនុស្សលោកជឿថា នៅពេលព្រះជាម្ចាស់ជួយសង្គ្រោះមនុស្សលោក ទ្រង់ធ្វើដូច្នោះតាមរយៈការបណ្ដាលចិត្តពួកគេដោយប្រើព្រះពរ និងព្រះគុណរបស់ទ្រង់ ដើម្បីឱ្យពួកគេអាចថ្វាយដួងចិត្តរបស់ពួកគេដល់ព្រះអង្គ។ និយាយឱ្យចំគឺថា ការដែលទ្រង់លូកព្រះហស្តទៅពាល់មនុស្សលោក នោះហើយគឺជាការសង្គ្រោះរបស់ទ្រង់ចំពោះពួកគេ។ សេចក្ដីសង្គ្រោះប្រភេទនេះ ត្រូវបានធ្វើឡើងដោយការដោះដូរគ្នា។ ទាល់តែពេលព្រះជាម្ចាស់ផ្ដល់ឱ្យពួកគេច្រើនរយដង ទើបមនុស្សលោកព្រមចុះចូលចំពោះព្រះនាមព្រះជាម្ចាស់ ហើយព្យាយាមធ្វើឱ្យបានល្អសម្រាប់ទ្រង់ និងថ្វាយសិរីល្អដល់ទ្រង់។ នេះមិនមែនជាអ្វីដែលព្រះជាម្ចាស់ចង់បាន សម្រាប់មនុស្សជាតិឡើយ។ ព្រះជាម្ចាស់យាងមកធ្វើការនៅលើផែនដី ដើម្បីជួយសង្គ្រោះមនុស្សលោកដែលពុករលួយ ឥតមានពាក្យមុសានៅក្នុងចេតនានេះទេ។ ប្រសិនបើមានមែន ម្ល៉េះទ្រង់ច្បាស់ជាមិនយាងមកដើម្បីធ្វើកិច្ចការរបស់ទ្រង់ដោយផ្ទាល់នោះឡើយ។ កាលពីមុន មធ្យោបាយនៃសេចក្ដីសង្គ្រោះរបស់ទ្រង់រួមមានទាំងការបង្ហាញនូវសេចក្ដីស្រឡាញ់ និងក្ដីមេត្តាករុណាបំផុត រហូតដល់ថ្នាក់ទ្រង់បានប្រគល់របស់ទ្រង់គ្រប់យ៉ាងទៅឱ្យសាតាំង ជាថ្នូរនឹងមនុស្សជាតិទាំងមូល។ បច្ចុប្បន្ននេះ មិនដូចអតីតកាលទេ៖ សេចក្ដីសង្គ្រោះដែលត្រូវផ្ដល់ឱ្យអ្នករាល់គ្នា សព្វថ្ងៃនេះ កើតឡើងនៅគ្រាចុងក្រោយ ក្នុងអំឡុងពេលបែងចែកមនុស្សម្នាក់ៗទៅតាមជំពូក។ មធ្យោបាយក្នុងការសង្គ្រោះអ្នករាល់គ្នា មិនមែនជាសេចក្ដីស្រឡាញ់ ឬក្ដីមេត្តាករុណាទៀតទេ តែជាការវាយផ្ចាល និងការជំនុំជម្រះ ដើម្បីឱ្យមនុស្សលោកអាចត្រូវបានសង្គ្រោះទាំងស្រុងថែមទៀត។ ដូច្នេះ គ្រប់យ៉ាងដែលអ្នករាល់គ្នាទទួលបាន គឺជាការវាយផ្ចាល ការជំនុំជម្រះ និងការវាយផ្ដួលដោយឥតមេត្តា ប៉ុន្តែចូរដឹងថា៖ នៅក្នុងការវាយផ្ដួលដ៏កាចសាហាវនេះ គឺឥតមានការដាក់ទណ្ឌកម្មសូម្បីតែបន្តិចឡើយ។ មិនខ្វល់ថា ព្រះបន្ទូលរបស់ខ្ញុំគ្រោតគ្រាតយ៉ាងណានោះទេ ប៉ុន្តែអ្វីដែលកើតមានដល់អ្នករាល់គ្នា គ្រាន់តែជាព្រះបន្ទូលបន្តិចបន្តួច ដែលហាក់ដូចជាសាហាវមែនទែនចំពោះអ្នករាល់គ្នា ហើយមិនថាខ្ញុំខឹងក្រោធយ៉ាងណានោះទេ អ្វីៗដែលធ្លាក់ស្រោចលើអ្នករាល់គ្នាក៏នៅតែជាពាក្យប្រៀនប្រដៅ ហើយខ្ញុំគ្មានបំណងធ្វើបាបអ្នករាល់គ្នា ឬសម្លាប់អ្នករាល់គ្នានោះទេ។ តើទាំងអស់នេះមិនមែនជាការពិតទេឬអី? ចូរដឹងថា សព្វថ្ងៃនេះ មិនថាការជំនុំជម្រះដ៏សុចរិត ឬជាការបន្សុទ្ធ និងការវាយផ្ចាលដ៏កាចសាហាវនោះទេ គ្រប់យ៉ាងគឺសុទ្ធតែដើម្បី សេចក្ដីសង្គ្រោះ។ មិនខ្វល់ថា សព្វថ្ងៃនេះ មនុស្សម្នាក់ៗដែលត្រូវបានចាត់ថ្នាក់ទៅតាមជំពូកឬលំដាប់ ត្រូវបានលាតត្រដាងអស់ ឬអត់ក៏ដោយ គោលបំណងនៃព្រះបន្ទូល និងកិច្ចការទាំងអស់របស់ព្រះជាម្ចាស់ គឺជួយសង្គ្រោះមនុស្សដែលស្រឡាញ់ព្រះអង្គពិតប្រាកដ។ ការកាត់ទោសដ៏សុចរិតត្រូវបាននាំមក ដើម្បីញែកមនុស្សលោកជាបរិសុទ្ធ ឯការបន្សុទ្ធដ៏កាចសាហាវ ត្រូវបានធ្វើឡើងដើម្បីសម្អាតពួកគេ។ ព្រះបន្ទូលដ៏គ្រោតគ្រាត ឬការវាយផ្ចាល គឺសុទ្ធតែត្រូវបានធ្វើឡើងដើម្បីបន្សុទ្ធ និងសម្រាប់ជាប្រយោជន៍ដល់សេចក្ដីសង្គ្រោះ។

(ដកស្រង់ពី «អ្នកគប្បីទុកព្រះពរនៃឋានៈចោលមួយឡែក រួចឈ្វេងយល់ព្រះហឫទ័យព្រះជាម្ចាស់ ក្នុងការនាំសេចក្ដីសង្គ្រោះ មកឱ្យមនុស្សលោក» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)

៥៤. ព្រះជាម្ចាស់ធ្វើកិច្ចការជំនុំជម្រះ និងការកាត់ទោស ដើម្បីឱ្យមនុស្សអាចទទួលបានចំណេះដឹងអំពីទ្រង់ និងដើម្បីជាប្រយោជន៍ដល់ការធ្វើទីបន្ទាល់របស់ទ្រង់។ បើគ្មានការជំនុំជម្រះរបស់ទ្រង់ចំពោះនិស្ស័យពុករលួយរបស់មនុស្សទេ មនុស្សអាចនឹងមិនដឹងអំពីនិស្ស័យសុចរិតរបស់ទ្រង់ដែលមិនលើកលែងចំពោះការរំលងនោះឡើយ ហើយមនុស្សក៏មិនអាចកែប្រែចំណេះដឹងរបស់គេអំពីព្រះជាម្ចាស់ឱ្យទៅជាថ្មីបានដែរ។ សម្រាប់ជាប្រយោជន៍ដល់ការធ្វើទីបន្ទាល់របស់ទ្រង់ និងការគ្រប់គ្រងរបស់ទ្រង់ ទ្រង់ធ្វើឱ្យភាពទាំងស្រុងរបស់ទ្រង់ដឹងសុះសាយជាសាធារណៈ ដើម្បីឱ្យមនុស្សអាចមានចំណេះដឹងអំពីព្រះជាម្ចាស់តាមរយៈការលេចមករបស់ទ្រង់ជាសាធារណៈ ដើម្បីឱ្យគេទទួលបានការបំផ្លាស់បំប្រែនិស្ស័យរបស់គេ និងដើម្បីធ្វើទីបន្ទាល់អំពីទ្រង់ឱ្យលាន់ឮកងរំពង។ ការបំផ្លាស់បំប្រែនិស្ស័យរបស់មនុស្ស គឺសម្រេចទៅបានតាមរយៈកិច្ចការជាច្រើនប្រភេទខុសៗគ្នា។ បើគ្មានការផ្លាស់ប្រែនិស្ស័យរបស់គេទេ មនុស្សនឹងមិនអាចធ្វើទីបន្ទាល់អំពីព្រះជាម្ចាស់ និងធ្វើតាមព្រះហឫទ័យរបស់ព្រះជាម្ចាស់បានឡើយ។ ការបំផ្លាស់បំប្រែនិស្ស័យរបស់មនុស្ស បញ្ជាក់ថា មនុស្សត្រូវបានដោះលែងឱ្យមានសេរីភាពពីបាវបម្រើរបស់សាតាំង និងពីឥទ្ធិពលនៃភាពងងឹត និងបានក្លាយជាគំរូ និងជាសំណាកដ៏ពិតប្រាកដនៃកិច្ចការរបស់ព្រះជាម្ចាស់ ជាស្មរបន្ទាល់របស់ព្រះជាម្ចាស់ និងជាមនុស្សម្នាក់ដែលធ្វើតាមព្រះហឫទ័យរបស់ព្រះជាម្ចាស់។ សព្វថ្ងៃនេះ ព្រះជាម្ចាស់ដែលយកកំណើតជាមនុស្ស បានមកបំពេញកិច្ចការរបស់ទ្រង់នៅលើផែនដី ហើយទ្រង់តម្រូវឱ្យមនុស្សមានចំណេះដឹងអំពីទ្រង់ ស្ដាប់បង្គាប់ទ្រង់ ធ្វើទីបន្ទាល់អំពីទ្រង់ ស្គាល់ពីកិច្ចការជាក់ស្ដែង និងកិច្ចការធម្មតារបស់ទ្រង់ ស្ដាប់តាមគ្រប់ព្រះបន្ទូល និងកិច្ចការរបស់ទ្រង់ ដែលមិនដូចគ្នាទៅនឹងសញ្ញាណរបស់មនុស្សឡើយ និងដើម្បីធ្វើទីបន្ទាល់អំពីកិច្ចការដែលទ្រង់ធ្វើដើម្បីប្រោសលោះមនុស្ស ក៏ដូចជាទង្វើដែលទ្រង់បានធ្វើដើម្បីបង្ក្រាបមនុស្ស។ អស់អ្នកណាដែលធ្វើទីបន្ទាល់អំពីព្រះជាម្ចាស់ ត្រូវមានចំណេះដឹងអំពីព្រះជាម្ចាស់។ មានតែទីបន្ទាល់បែបនេះទេដែលមានលក្ខណៈសុក្រឹត និងពិតប្រាកដ ហើយមានតែការធ្វើទីបន្ទាល់បែបនេះទេ ដែលអាចធ្វើឱ្យសាតាំងអាម៉ាស់មុខបាន។ ព្រះជាម្ចាស់ប្រើអស់អ្នកណាដែលបានមកស្គាល់ទ្រង់ តាមរយៈការឆ្លងកាត់ការជំនុំជម្រះ និងការកាត់ទោសរបស់ទ្រង់ ដោយត្រូវប្រឈមមុខ និងត្រូវកាត់ចេញ ដើម្បីធ្វើទីបន្ទាល់អំពីទ្រង់បាន។ ទ្រង់ប្រើអស់អ្នកណាដែលត្រូវសាតាំងធ្វើឱ្យពុករលួយ ធ្វើទីបន្ទាល់អំពីទ្រង់ ហើយទ្រង់ក៏ប្រើអស់អ្នកណាដែលត្រូវបានបំផ្លាស់បំប្រែនិស្ស័យ និងអ្នកដែលទទួលបានព្រះពររបស់ទ្រង់ ដើម្បីធ្វើទីបន្ទាល់អំពីទ្រង់។ ទ្រង់មិនត្រូវការឱ្យមនុស្សសរសើរទ្រង់ដោយបបូរមាត់របស់ពួកគេឡើយ ហើយទ្រង់ក៏មិនត្រូវការការសរសើរតម្កើង និងទីបន្ទាល់របស់មនុស្សដែលមានលក្ខណៈដូចសាតាំងដែរ ដែលមនុស្សទាំងនេះមិនត្រូវបានទ្រង់ប្រោសលោះឡើយ។ មានតែអ្នកដែលស្គាល់ព្រះជាម្ចាស់ប៉ុណ្ណោះ ដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ក្នុងការធ្វើទីបន្ទាល់អំពីទ្រង់បាន ហើយមានតែអស់អ្នកណាដែលត្រូវបានបំផ្លាស់បំប្រែនិស្ស័យរបស់ពួកគេប៉ុណ្ណោះ ដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ក្នុងការធ្វើទីបន្ទាល់អំពីទ្រង់។ ព្រះជាម្ចាស់នឹងមិនអនុញ្ញាតឱ្យមនុស្សនាំយកសេចក្តីអាម៉ាស់មកដាក់លើព្រះនាមទ្រង់ដោយចេតនាបានឡើយ។

(ដកស្រង់ពី «មានតែអស់អ្នកដែលស្គាល់ព្រះជាម្ចាស់ប៉ុណ្ណោះដែលអាចធ្វើទីបន្ទាល់អំពីព្រះជាម្ចាស់បាន» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)

៥៥. ព្រះគ្រីស្ទនៃគ្រាចុងក្រោយ ប្រើនូវសេចក្ដីពិតជាច្រើន មកបង្រៀនមនុស្ស មកលាតត្រដាងពីលក្ខណៈរបស់មនុស្ស និងមកវិភាគពីពាក្យសម្ដី និងទង្វើរបស់មនុស្ស។ ព្រះបន្ទូលទាំងនេះមានរួមបញ្ចូលនូវសេចក្ដីពិតជាច្រើនខុសៗគ្នា ដូចជា ភារកិច្ចរបស់មនុស្ស របៀបដែលគេគួរស្ដាប់បង្គាប់ព្រះជាម្ចាស់ របៀបរក្សាភក្ដីភាពថ្វាយព្រះជាម្ចាស់ របៀបដែលមនុស្សគួរស្ដែងចេញនូវសភាពជាមនុស្សសាមញ្ញ ក៏ដូចជាព្រះប្រាជ្ញាញាណ និងនិស្ស័យរបស់ព្រះជាម្ចាស់ផងដែរ ។ល។ ពាក្យពេចន៍ទាំងអស់នេះសំដៅទៅលើសារៈសំខាន់របស់មនុស្ស និងនិស្ស័យពុករលួយរបស់គេ។ ជាពិសេស ព្រះបន្ទូលដែលលាតត្រដាងពីរបៀបដែលមនុស្សបដិសេធព្រះជាម្ចាស់ បានលើកឡើងទាក់ទងនឹងវិធីដែលមនុស្សក្លាយជាតំណាងរបស់អារក្សសាតាំង និងជាកម្លាំងសត្រូវ មកទាស់ទទឹងនឹងព្រះជាម្ចាស់។ នៅក្នុងការអនុវត្តការងារជំនុំជម្រះរបស់ព្រះជាម្ចាស់ ព្រះអង្គមិនមែនយកតែព្រះបន្ទូលពីរបីម៉ាត់មកបញ្ជាក់ពីធម្មជាតិរបស់មនុស្សនោះទេ តែទ្រង់នឹងលាតត្រដាង ដោះស្រាយជាមួយ និងលួសកាត់ក្នុងរយៈពេលយូរអង្វែង។ វិធីសាស្ដ្រផ្សេងៗទាំងនេះអំពីការលាតត្រដាង ការដោះស្រាយ និងការលួសកាត់ មិនអាចធ្វើឡើងដោយពាក្យពេចន៍ធម្មតាៗបានឡើយ ទាល់តែសេចក្ដីពិត ដែលមនុស្សខ្វះខាតទាំងស្រុង ទើបជំនួសបាន។ មានតែវិធីបែបនេះទេ ទើបអាចហៅបានថាជាការជំនុំជម្រះ ហើយមានតែតាមរយៈការជំនុំជម្រះបែបនេះទេ ទើបអាចបង្ក្រាបមនុស្ស និងត្រូវបញ្ចុះបញ្ចូលយ៉ាងច្បាស់អំពីព្រះជាម្ចាស់ ព្រមទាំងស្គាល់ដល់ព្រះជាម្ចាស់ពិតប្រាកដទៀតផង។ លទ្ធផលដែលកិច្ចការជំនុំជម្រះបាននាំមក គឺឱ្យមនុស្សបានស្គាល់ព្រះភក្ដ្រព្រះជាម្ចាស់ពិត និងស្គាល់សេចក្ដីពិតអំពីការបះបោររបស់ខ្លួនគេផ្ទាល់។ កិច្ចការនៃការជំនុំជម្រះ ធ្វើឱ្យមនុស្សទទួលបាននូវការយល់ដឹងច្រើនអំពីបំណងព្រះហឫទ័យនៃព្រះជាម្ចាស់ អំពីគោលបំណងនៃកិច្ចការរបស់ព្រះជាម្ចាស់ និងអំពីអាថ៌កំបាំងដែលគេមិនអាចយល់បាន។ កិច្ចការនេះក៏អនុញ្ញាតឱ្យមនុស្សទទួលស្គាល់ និងដឹងអំពីសារជាតិពុករលួយ និងឫសគល់នៃសេចក្ដីពុករលួយរបស់ខ្លួន ព្រមទាំងរកឃើញភាពស្មោកគ្រោករបស់មនុស្សផងដែរ។ លទ្ធផលទាំងអស់នេះ សុទ្ធតែបានមកពីកិច្ចការជំនុំជម្រះ ដ្បិតលក្ខណៈសម្បត្តិនៃកិច្ចការនេះ ការពិតគឺជាកិច្ចការបើកបង្ហាញអំពីសេចក្ដីពិត អំពីផ្លូវ និងអំពីជីវិតរបស់ព្រះជាម្ចាស់ ដល់អស់អ្នកណាដែលមានសេចក្ដីជំនឿលើទ្រង់។ កិច្ចការនេះ គឺជាកិច្ចការជំនុំជម្រះដែលត្រូវបានធ្វើឡើងដោយព្រះជាម្ចាស់។ ប្រសិនបើអ្នកមិនរាប់សេចក្ដីពិតទាំងអស់នេះជារឿងសំខាន់ ប្រសិនបើអ្នកមិនពិចារណាអ្វីសោះ ក្រៅតែពីរិះរកវិធីគេចវេសពីសេចក្ដីពិតនេះ ឬរិះរកដំណោះស្រាយដែលមិនឱ្យពាក់ព័ន្ធនឹងរឿងទាំងអស់នេះ នោះខ្ញុំសុំប្រាប់ថា អ្នកជាមនុស្សបាបដែលសោកសៅបំផុត។ ប្រសិនបើអ្នកមានសេចក្ដីជំនឿលើព្រះជាម្ចាស់ ប៉ុន្តែអ្នកមិនស្វះស្វែងរកសេចក្ដីពិត ឬស្វែងយល់អំពីបំណងព្រះហឫទ័យព្រះជាម្ចាស់ ក៏មិនស្រឡាញ់ចូលចិត្តផ្លូវ ដែលនាំឱ្យអ្នកចូលមកកៀកនឹងព្រះជាម្ចាស់ នោះខ្ញុំសុំប្រាប់អ្នកថា អ្នកគឺជាមនុស្សដែលកំពុងព្យាយាមគេចវេសពីការជំនុំជម្រះ ហើយអ្នកក៏ជាអាយ៉ង និងជាជនក្បត់ ដែលគេចពីបល្ល័ង្កសដ៏ធំដែរ។ ព្រះជាម្ចាស់មិនទុកឱ្យមនុស្សបះបោរដែលរត់គេចពីព្រះនេត្រទ្រង់ បានរួចខ្លួនឡើយ។ មនុស្សបែបនេះនឹងត្រូវទទួលទោសរឹតតែធ្ងន់។ អស់អ្នកដែលមកឯចំពោះព្រះជាម្ចាស់ដើម្បីទទួលការវិនិច្ឆ័យ ព្រមទាំងត្រូវបន្សុទ្ធកាន់តែខ្លាំង ទើបអាចរស់នៅក្នុងនគរព្រះអស់កល្បជានិច្ចបាន។ ប្រាកដណាស់ រឿងនេះគឺជារឿងអនាគតកាល។

(ដកស្រង់ពី «ព្រះគ្រីស្ទធ្វើកិច្ចការជំនុំជម្រះ ដោយសេចក្ដីពិត» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)

៥៦. កិច្ចការជំនុំជម្រះ គឺជាកិច្ចការរបស់ព្រះជាម្ចាស់ផ្ទាល់ ដូច្នេះ តាមធម្មតា កិច្ចការនេះគឺត្រូវតែអនុវត្តដោយព្រះជាម្ចាស់ផ្ទាល់ មិនអាចឱ្យមនុស្សមកធ្វើជំនួសទ្រង់បានឡើយ។ ដ្បិតការជំនុំជម្រះ គឺជាការប្រើប្រាស់នូវសេចក្ដីពិត ដើម្បីយកឈ្នះមនុស្សលោក ដូច្នេះ គ្មានទេចម្ងល់ដែលថា ព្រះជាម្ចាស់មុខជាសម្ដែងរូបអង្គទ្រង់លេចមកជាសាច់ឈាម ដើម្បីអនុវត្តកិច្ចការនេះ នៅក្នុងចំណោមមនុស្សលោក។ ពោលគឺ ព្រះគ្រីស្ទនៃគ្រាចុងក្រោយ នឹងប្រើនូវសេចក្ដីពិតដើម្បីបង្រៀនមនុស្សទូទាំងពិភពលោក នឹងឱ្យពួកគេបានស្គាល់សេចក្ដីពិតគ្រប់យ៉ាងទាំងអស់។ នេះហើយជាកិច្ចការជំនុំជម្រះរបស់ព្រះជាម្ចាស់។ មនុស្សជាច្រើនមានអារម្មណ៍មិនល្អចំពោះការយកកំណើតជាមនុស្សជាលើកទីពីររបស់ព្រះជាម្ចាស់ ដ្បិតមនុស្សទាំងនោះពិបាកនឹងជឿថា ព្រះជាម្ចាស់នឹងប្រសូតមកជាសាច់ឈាម ដើម្បីធ្វើកិច្ចការជំនុំជម្រះ។ តែទោះជាយ៉ាងណាក៏ដោយ ខ្ញុំត្រូវតែប្រាប់អ្នកថា កិច្ចការរបស់ព្រះជាម្ចាស់ រមែងហួសពីការរំពឹងគិតរបស់មនុស្ស ហើយពិបាកនឹងឱ្យគំនិតរបស់គេទទួលយកបានផង។ ដ្បិតមនុស្សគ្រាន់តែជាដង្កូវនៅលើផែនដី ចំណែកឯព្រះជាម្ចាស់ ទ្រង់ជាព្រះដ៏ឧត្ដុង្គឧត្ដមដែលបំពេញចក្កវាឡនេះ គំនិតរបស់មនុស្សប្រៀបបាននឹងអណ្ដូងទឹកកខ្វក់ ដែលនាំឱ្យកើតជាដង្កូវតែប៉ុណ្ណោះ ចំណែកឯដំណាក់កាលនីមួយៗនៃកិច្ចការ ដែលត្រូវបានដឹកនាំដោយព្រះតម្រិះរបស់ព្រះជាម្ចាស់វិញ គឺជាលទ្ធផលដែលបានមកពីព្រះប្រាជ្ញាញាណរបស់ទ្រង់។ មនុស្សតែងតែព្យាយាមទាស់ទទឹងជាមួយព្រះជាម្ចាស់ ដែលខ្ញុំចាត់ទុកជាភ័ស្តុតាងបញ្ជាក់ដោយខ្លួនឯងថា នៅទីបំផុត គឺគេនឹងខាតបង់ដោយព្រោះតែជាទង្វើរបស់គេ។ ខ្ញុំសូមទូន្មានអ្នកទៅចុះថា សូមកុំគិតថាអ្នកមានតម្លៃជាងមាស។ ប្រសិនបើអ្នកដទៃអាចទទួលយកការជំនុំជម្រះពីព្រះជាម្ចាស់បាន ហេតុអ្វីបានជាអ្នកទទួលមិនបាន? តើអ្នកមានឋានៈធំជាងគេប៉ុនណាទៅ? ប្រសិនបើអ្នកដទៃអាចឱនក្បាលរបស់គេចុះចូលចំពោះសេចក្ដីពិត ហេតុអ្វីបានជាអ្នកមិនអាចធ្វើដូចគេបាន? កិច្ចការរបស់ព្រះជាម្ចាស់ មានកម្លាំងចលករមួយដែលមិនអាចបញ្ឈប់បាន។ ទ្រង់នឹងមិនធ្វើកិច្ចការជំនុំជម្រះម្ដងទៀត ដោយសារតែ «ភាគទាន» ដែលអ្នកបានធ្វើនោះទេ ហើយអ្នកក៏នឹងមានវិប្បដិសារីជាខ្លាំងចំពោះការបណ្ដោយឱ្យឱកាសដ៏ល្អនេះកន្លងផុតទៅ។ ប្រសិនបើអ្នកមិនជឿសម្ដីខ្ញុំទេ ចូររង់ចាំមើលបល្ល័ង្កធំសនៅលើមេឃ ដែលនឹងមកជំនុំជម្រះអ្នកចុះ! អ្នកត្រូវដឹងថា ជនជាតិអ៊ីស្រាអែលទាំងអស់សុទ្ធតែបានបដិសេធ និងមិនទទួលស្គាល់ព្រះយេស៊ូវ ប៉ុន្តែការពិតស្ដីអំពីការប្រោសលោះរបស់ព្រះយេស៊ូវសម្រាប់មនុស្សលោក បានផ្សព្វផ្សាយពេញចក្រវាឡទាំងមូល និងរហូតដល់ចុងបំផុតនៃផែនដីផង។ តើនេះមិនមែនជាការពិតដែលព្រះជាម្ចាស់ ទ្រង់បានធ្វើឡើងតាំងពីយូរណាស់មកហើយទេឬអី? ប្រសិនបើអ្នកនៅកំពុងទន្ទឹងរង់ចាំព្រះយេស៊ូវ មកនាំអ្នកឡើងទៅស្ថានសួគ៌ នោះខ្ញុំសូមប្រាប់ថា មនុស្សដូចអ្នក គឺជាឈើងាប់មួយដុំដ៏រឹងរូស។(ក) អ្នកជឿក្លែងក្លាយដែលគ្មានភក្ដីភាពចំពោះសេចក្ដីពិត និងស្វែងរកតែព្រះពរដូចជាអ្នក គឺព្រះយេស៊ូវមិនទទួលស្គាល់ទេ។ ផ្ទុយទៅវិញ ទ្រង់នឹងបោះអ្នកចូលទៅក្នុងបឹងភ្លើងឱ្យឆេះរយៈពេលរាប់ម៉ឺនឆ្នាំដោយគ្មានមេត្តាឡើយ។

(ដកស្រង់ពី «ព្រះគ្រីស្ទធ្វើកិច្ចការជំនុំជម្រះ ដោយសេចក្ដីពិត» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)

លេខយោង៖

(ក) ឈើងាប់មួយដុំ៖ ជាគ្រាមភាសាក្នុងភាសាចិន ដែលមានន័យថា «ជួយមិនបាន»។


៥៧. ព្រះជាម្ចាស់មិនជំនុំជម្រះមនុស្សម្នាក់ម្ដងៗទេ ហើយទ្រង់ក៏មិនល្បងលមនុស្សម្នាក់ម្ដងៗនោះដែរ ព្រោះថាបើធ្វើបែបនេះ វានឹងមិនមែនជាកិច្ចការនៃការជំនុំជម្រះនោះឡើយ។ តើមិនមែនសេចក្តីពុករលួយរបស់មនុស្សជាតិទាំងអស់សុទ្ធតែដូចគ្នាទេឬអី? តើមិនមែនសារជាតិរបស់មនុស្សទាំងអស់សុទ្ធតែដូចគ្នាទេឬអី? អ្វីដែលត្រូវជំនុំជម្រះ គឺជាសារជាតិដ៏ពុករលួយរបស់មនុស្សជាតិ ជាសារជាតិរបស់មនុស្សដែលត្រូវបានសាតាំងធ្វើឱ្យពុករលួយ ហើយនិងបាបទាំងអស់របស់មនុស្ស។ ព្រះជាម្ចាស់មិនជំនុំជម្រះកំហុសដ៏កំប៉ិកកំប៉ុកនិងមិនសំខាន់របស់មនុស្សឡើយ។ កិច្ចការនៃការជំនុំជម្រះ គឺជាកិច្ចការតំណាង ហើយវាមិនត្រូវបានអនុវត្តជាពិសេសសម្រាប់មនុស្សជាក់លាក់ណាម្នាក់ឡើយ។ ផ្ទុយទៅវិញ វាជាកិច្ចការដែលមនុស្សមួយក្រុមត្រូវបានជំនុំជម្រះ ដើម្បីតំណាងឱ្យការជំនុំជម្រះរបស់មនុស្សជាតិទាំងអស់។ តាមរយៈការអនុវត្តកិច្ចការរបស់ទ្រង់ដោយផ្ទាល់ទៅលើមនុស្សមួយក្រុម ព្រះជាម្ចាស់នៅក្នុងសាច់ឈាមប្រើប្រាស់កិច្ចការរបស់ទ្រង់ ដើម្បីតំណាងឱ្យកិច្ចការរបស់មនុស្សជាតិទាំងអស់ ក្រោយពេលកិច្ចការនោះត្រូវបានផ្សព្វផ្សាយបន្ដិចម្ដងៗ។ នេះក៏ជារបៀបនៃកិច្ចការជំនុំជម្រះដែរ។ ព្រះជាម្ចាស់មិនជំនុំជម្រះមនុស្សមួយប្រភេទ ឬមនុស្សមួយក្រុមជាក់លាក់ឡើយ ប៉ុន្តែផ្ទុយទៅវិញ ទ្រង់ជំនុំជម្រះសេចក្តីទុច្ចរិតរបស់មនុស្សជាតិទាំងមូល ឧទាហរណ៍ដូចជា ការប្រឆាំងរបស់មនុស្សចំពោះព្រះជាម្ចាស់ ការមិនគោរពរបស់មនុស្សចំពោះទ្រង់ ឬការរំខានរបស់មនុស្សចំពោះកិច្ចការរបស់ព្រះជាម្ចាស់ជាដើម។ អ្វីដែលត្រូវជំនុំជម្រះ គឺជាសារជាតិនៃការប្រឆាំងរបស់មនុស្សជាតិចំពោះព្រះជាម្ចាស់ ហើយកិច្ចការនេះក៏ជាកិច្ចការនៃការយកឈ្នះនៅគ្រាចុងក្រោយដែរ។ កិច្ចការ និងព្រះបន្ទូលរបស់ព្រះជាម្ចាស់ដែលយកកំណើតជាមនុស្សដែលមនុស្សបានឃើញផ្ទាល់ភ្នែក គឺជាកិច្ចការនៃការជំនុំជម្រះនៅមុខបល្ល័ង្កពណ៌សដ៏ធំក្នុងអំឡុងពេលនៃគ្រាចុងក្រោយដែលមនុស្សបានមើលឃើញកាលពីអតីតកាល។ កិច្ចការដែលកំពុងតែធ្វើក្នុងពេលបច្ចុប្បន្នដោយព្រះជាម្ចាស់ដែលយកកំណើតជាមនុស្ស និយាយឱ្យចំទៅ គឺជាការជំនុំជម្រះនៅមុខបល្ល័ង្កពណ៌សដ៏ធំនោះហើយ។ ព្រះជាម្ចាស់ដែលយកកំណើតជាមនុស្សនាពេលសព្វថ្ងៃ គឺជាព្រះជាម្ចាស់ដែលជំនុំជម្រះមនុស្សជាតិទាំងមូលក្នុងអំឡុងពេលនៃគ្រាចុងក្រោយ។ សាច់ឈាមនេះ និងកិច្ចការរបស់ទ្រង់ ព្រះបន្ទូលរបស់ទ្រង់ និងនិស្ស័យទាំងស្រុងរបស់ទ្រង់ គឺជាភាពទាំងស្រុងរបស់ទ្រង់។ ទោះបីវិសាលភាពនៃកិច្ចការរបស់ទ្រង់នៅមានកម្រិត ហើយទ្រង់មិនបានពាក់ព័ន្ធដោយផ្ទាល់នឹងចក្រវាលទាំងមូលក៏ដោយ ក៏សារជាតិនៃកិច្ចការជំនុំជម្រះ គឺជាការជំនុំជម្រះដោយផ្ទាល់ទៅលើមនុស្សជាតិទាំងអស់ គឺមិនមែនសម្រាប់ជាប្រយោជន៍ដល់ពួកជ្រើសតាំងនៃប្រទេសចិន ឬសម្រាប់ជាប្រយោជន៍ដល់មនុស្សមួយក្រុមតូចនោះឡើយ។

(ដកស្រង់ពី «មនុស្សជាតិដ៏ពុករលួយកាន់តែត្រូវការសេចក្តីសង្រ្គោះរបស់ព្រះជាម្ចាស់ដែលយកកំណើតជាមនុស្ស» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)

៥៨. ព្រះបន្ទូលដែលខ្ញុំថ្លែងនាពេលសព្វថ្ងៃនេះ គឺដើម្បីជំនុំជម្រះបាបរបស់មនុស្ស ដើម្បីជំនុំជម្រះសេចក្តីទុច្ចរិតរបស់មនុស្ស ដើម្បីដាក់បណ្ដាសាចំពោះការមិនស្ដាប់បង្គាប់របស់មនុស្ស។ សេចក្តីវៀចវេរ និងការបោកបញ្ឆោតរបស់មនុស្ស ពាក្យសម្ដី និងទង្វើរបស់មនុស្ស ដែលមិនស្របតាមបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ ត្រូវតែទទួលការជំនុំជម្រះ ហើយគ្រប់ការមិនស្ដាប់បង្គាប់របស់មនុស្សត្រូវបានប្រកាសថាជាអំពើបាប។ ព្រះអង្គមានបន្ទូលដដែលៗជុំវិញគោលការណ៍នៃការជំនុំជម្រះ ហើយព្រះអង្គប្រើការជំនុំជម្រះចំពោះសេចក្តីទុច្ចរិតរបស់មនុស្ស បណ្ដាសាចំពោះការបះបោររបស់មនុស្ស និងការលាតត្រដាងមុខមាត់ដ៏អាក្រក់របស់មនុស្ស ដើម្បីបង្ហាញចេញអំពីនិស្ស័យដ៏សុចរិតរបស់ទ្រង់។ ភាពបរិសុទ្ធតំណាងឱ្យនិស្ស័យដ៏សុចរិតរបស់ទ្រង់ ហើយតាមពិតទៅ ភាពបរិសុទ្ធរបស់ព្រះជាម្ចាស់ គឺជានិស្ស័យដ៏សុចរិតរបស់ទ្រង់តែម្ដង។ និស្ស័យពុករលួយរបស់អ្នករាល់គ្នាគឺជាបរិបទនៃព្រះបន្ទូលនាពេលសព្វថ្ងៃនេះ ដ្បិតខ្ញុំប្រើព្រះបន្ទូលទាំងនោះ ដើម្បីថ្លែង និងជំនុំជម្រះ ព្រមទាំងដើម្បីអនុវត្តកិច្ចការនៃការយកឈ្នះ។ មានតែកិច្ចការនេះប៉ុណ្ណោះ ទើបជាកិច្ចការដ៏ពិត និងធ្វើឱ្យភាពបរិសុទ្ធរបស់ព្រះជាម្ចាស់ជះពន្លឺយ៉ាងពេញលេញ។ បើគ្មានដាននៃនិស្ស័យដ៏ពុករលួយមួយនៅក្នុងអ្នកទេ នោះព្រះជាម្ចាស់នឹងមិនជំនុំជម្រះអ្នកទេ ហើយព្រះអង្គក៏នឹងមិនបង្ហាញដល់អ្នកអំពីនិស្ស័យដ៏សុចរិតរបស់ទ្រង់នោះដែរ។ ដោយសារតែអ្នកមាននិស្ស័យដ៏ពុករលួយមួយ ទើបព្រះជាម្ចាស់នឹងមិនអត់ឱនដល់អ្នក ហើយមានតែតាមរយៈការនេះទេ ទើបភាពបរិសុទ្ធរបស់ទ្រង់ត្រូវបានបង្ហាញចេញ។ បើព្រះជាម្ចាស់ទតឃើញថា សេចក្តីស្មោកគ្រោក និងការបះបោររបស់មនុស្សមានភាពធំធេងខ្លាំងបែបនេះ តែព្រះអង្គនៅស្ងៀមមិនមានបន្ទូល មិនបានជំនុំជម្រះ ឬមិនបានវាយផ្ចាលអ្នកចំពោះសេចក្តីទុច្ចរិតរបស់អ្នកទេ នោះការនេះនឹងបញ្ជាក់បានថា ព្រះអង្គមិនមែនជាព្រះជាម្ចាស់ឡើយ ដ្បិតព្រះអង្គគ្មានការស្អប់ចំពោះអំពើបាប ហើយទ្រង់នឹងមានសេចក្តីស្មោកគ្រោកដូចជាមនុស្សដែរ។ នៅថ្ងៃនេះ ដោយសារតែសេចក្តីស្មោកគ្រោករបស់អ្នកហើយ ទើបខ្ញុំជំនុំជម្រះអ្នក និងដោយសារតែសេចក្តីពុករលួយ និងការបះបោររបស់អ្នកហើយ ទើបខ្ញុំវាយផ្ចាលអ្នក។ ខ្ញុំមិនមែនកំពុងសម្ញែងព្រះចេស្ដារបស់ខ្ញុំដល់អ្នករាល់គ្នា ឬសង្កត់សង្កិនអ្នករាល់គ្នាទេ ផ្ទុយទៅវិញ ខ្ញុំធ្វើកិច្ចការទាំងនេះ ដោយសារតែអ្នករាល់គ្នាដែលបានកើតមកនៅក្នុងទឹកដីដ៏ស្មោកគ្រោកនេះ បានប្រឡាក់ប្រឡូកយ៉ាងធ្ងន់ធ្ងរដោយសេចក្តីស្មោកគ្រោក។ អ្នករាល់គ្នាបានបាត់បង់សុចរិតភាព និងភាពជាមនុស្សរបស់អ្នក ដូចជាសត្វជ្រូកដែលរស់នៅកន្លែងដ៏កខ្វក់។ ព្រោះតែសេចក្តីស្មោកគ្រោក និងសេចក្តីពុករលួយរបស់អ្នកនេះហើយ ទើបអ្នករាល់គ្នាទទួលការជំនុំជម្រះ ហើយខ្ញុំបញ្ចេញសេចក្តីក្រោធរបស់ខ្ញុំចំពោះអ្នករាល់គ្នានោះ។ ដោយសារតែការជំនុំជម្រះចេញពីព្រះបន្ទូលទាំងនេះហើយ ទើបអ្នករាល់គ្នាអាចមើលឃើញយ៉ាងច្បាស់ថា ព្រះជាម្ចាស់ជាព្រះដ៏សុចរិត និងថាព្រះជាម្ចាស់ជាព្រះដ៏បរិសុទ្ធ ហើយដោយព្រោះតែភាពបរិសុទ្ធ និងសេចក្តីសុចរិតរបស់ទ្រង់នេះហើយ ទើបព្រះអង្គជំនុំជម្រះអ្នករាល់គ្នា និងបញ្ចេញសេចក្តីក្រោធរបស់ទ្រង់ចំពោះអ្នករាល់គ្នានោះ។ ដោយសារតែព្រះអង្គទតឃើញការបះបោររបស់មនុស្សនេះហើយ ទើបទ្រង់អាចបើកសម្ដែងពីនិស្ស័យបរិសុទ្ធរបស់ទ្រង់បាន។ សេចក្តីស្មោកគ្រោក និងសេចក្តីពុករលួយរបស់មនុស្សជាតិ បង្ហាញចេញពីភាពបរិសុទ្ធរបស់ទ្រង់។ ការនេះគ្រប់គ្រាន់នឹងបង្ហាញថា ព្រអង្គជាព្រះជាម្ចាស់ផ្ទាល់ព្រះអង្គ ដែលបរិសុទ្ធ និងឥតខ្ចោះ តែគង់នៅក្នុងទឹកដីនៃសេចក្តីស្មោកគ្រោក។ បើមនុស្សម្នាក់ត្រាំននៀលនៅក្នុងភក់ជាមួយអ្នកដទៃ ហើយវាគ្មានអ្វីមួយបរិសុទ្ធអំពីគាត់ ហើយគាត់គ្មាននិស្ស័យដ៏សុចរិតទេ នោះគាត់គ្មានគុណសម្បត្តិគ្រប់គ្រាន់ ដើម្បីជំនុំជម្រះភាពទុច្ចរិតរបស់មនុស្ស ហើយក៏មិនស័ក្ដិសមក្នុងការអនុវត្តការជំនុំជម្រះចំពោះមនុស្សដែរ។ តើមនុស្សដែលស្មោកគ្រោកដូចជាបុគ្គលម្នាក់ទៀតអាចមានគុណសម្បត្តិគ្រប់គ្រាន់ ដើម្បីជំនុំជម្រះអ្នកដទៃដែលដូចជាពួកគេបានយ៉ាងដូចម្ដេច? មានតែព្រះជាម្ចាស់ដ៏បរិសុទ្ធផ្ទាល់ព្រះអង្គប៉ុណ្ណោះ ទើបអាចជំនុំជម្រះមនុស្សជាតិដ៏ស្មោកគ្រោកទាំងមូលនេះបាន។ តើមនុស្សអាចជំនុំជម្រះបាបរបស់មនុស្សបានដោយរបៀបណា? តើមនុស្សអាចមើលឃើញអំពើបាបរបស់មនុស្សបានយ៉ាងដូចម្ដេច? ហើយមនុស្សមានគុណសម្បត្តិគ្រប់គ្រាន់ ដើម្បីថ្កោលទោសបាបទាំងនេះដោយរបៀបណា? បើព្រះជាម្ចាស់គ្មានគុណសម្បត្តិគ្រប់គ្រាន់ ដើម្បីជំនុំជម្រះបាបរបស់មនុស្សទេ តើព្រះអង្គអាចក្លាយជាព្រះជាម្ចាស់ដ៏សុចរិតដោយផ្ទាល់ព្រះអង្គបានយ៉ាងដូចម្ដេច? ព្រោះតែមនុស្សបើកសម្ដែងពីនិស្ស័យពុករលួយនេះហើយ ទើបព្រះជាម្ចាស់មានបន្ទូល ដើម្បីជំនុំជម្រះពួកគេ ហើយមានតែបែបនេះទេ ទើបមនុស្សអាចមើលឃើញថា ព្រះអង្គជាព្រះដ៏បរិសុទ្ធ។

(ដកស្រង់ពី «របៀបសម្រេចបានប្រសិទ្ធភាពចំពោះជំហានទីពីរនៃកិច្ចការនៃការយកឈ្នះ» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)

៥៩. តើព្រះជាម្ចាស់ប្រោសមនុស្សឱ្យគ្រប់លក្ខណ៍តាមមធ្យោបាយណាខ្លះទៅ? វាអាចសម្រេចបានតាមរយៈមធ្យោបាយនៃនិស្ស័យដ៏សុចរិតរបស់ទ្រង់។ និស្ស័យដ៏សុចរិតរបស់ព្រះជាម្ចាស់មាននូវធាតុផ្សំជាចម្បង ដូចជាសេចក្តីសុចរិត សេចក្តីក្រោធ ឫទ្ធានុភាព ការជំនុំជម្រះ និងការដាក់បណ្ដាសា ហើយទ្រង់ប្រោសមនុស្សឱ្យគ្រប់លក្ខណ៍ជាចម្បងតាមរយៈមធ្យោបាយនៃការជំនុំជម្រះរបស់ទ្រង់។ មនុស្សមួយចំនួនមិនយល់ បែរជាសួរអំពីហេតុផលដែលនាំឱ្យព្រះជាម្ចាស់អាចប្រោសមនុស្សឱ្យគ្រប់លក្ខណ៍ តាមរយៈការជំនុំជម្រះ និងការដាក់បណ្ដាសា។ ពួកគេនិយាយថា «ប្រសិនបើព្រះជាម្ចាស់ត្រូវដាក់បណ្ដាសាមនុស្ស តើមនុស្សនឹងមិនស្លាប់ទេឬអី? ប្រសិនបើព្រះជាម្ចាស់ត្រូវជំនុំជម្រះមនុស្ស នោះតើមនុស្សនឹងមិនត្រូវមានទោសទេឬអី? បើដូច្នេះ តើគេអាចនៅតែត្រូវបានប្រោសឱ្យគ្រប់លក្ខណ៍យ៉ាងដូចម្ដេចកើតទៅ?» ទាំងនេះគឺជាពាក្យរបស់មនុស្សដែលមិនស្គាល់ពីកិច្ចការរបស់ព្រះជាម្ចាស់ប៉ុណ្ណោះ។ អ្វីដែលព្រះជាម្ចាស់ដាក់បណ្ដាសា គឺជាការមិនស្ដាប់បង្គាប់របស់មនុស្ស ហើយអ្វីដែលទ្រង់ជំនុំជម្រះ គឺជាបាបរបស់មនុស្ស។ ទោះបីជាព្រះអង្គមានបន្ទូលគំរោះគំរើយ និងគ្មានក្ដីមេត្តាក៏ដោយ ក៏ទ្រង់បើកសម្ដែងនូវអ្វីៗគ្រប់យ៉ាងដែលមាននៅក្នុងមនុស្ស ដោយបើកសម្ដែងតាមរយៈព្រះបន្ទូលដ៏ប្រិតប្រៀនទាំងនេះ ដែលមានសារៈសំខាន់នៅក្នុងមនុស្សដែរ ប៉ុន្តែតាមរយៈការជំនុំជម្រះបែបនេះ ទ្រង់ប្រទានដល់មនុស្សនូវចំណេះដឹងដ៏ជ្រាលជ្រៅអំពីលក្ខណៈនៃសាច់ឈាម ហើយជាលទ្ធផល មនុស្សក៏ចុះចូលចំពោះព្រះជាម្ចាស់។ សាច់ឈាមរបស់មនុស្សគឺចេញពីអំពើបាប និងពីសាតាំង វាជាការមិនស្ដាប់បង្គាប់ ហើយវាក៏ជាកម្មវត្ថុនៃការវាយផ្ចាលរបស់ព្រះជាម្ចាស់ដែរ។ ហេតុដូចនេះ ដើម្បីជួយឱ្យមនុស្សស្គាល់ខ្លួនឯង ព្រះបន្ទូលនៃការជំនុំជម្រះរបស់ព្រះជាម្ចាស់ត្រូវតែថ្លែងទៅកាន់គេ ហើយទ្រង់ត្រូវតែប្រើវិធីសាស្រ្តគ្រប់យ៉ាងនៃការបន្សុទ្ធ ពោលគឺមានតែបែបនេះទេ ទើបកិច្ចការរបស់ព្រះជាម្ចាស់អាចមានប្រសិទ្ធភាព។

(ដកស្រង់ពី «មានតែតាមរយៈការឆ្លងកាត់ការល្បងលដ៏ឈឺចាប់ទេ ទើបអ្នកអាចដឹងអំពីភាពគួរឱ្យស្រឡាញ់របស់ព្រះជាម្ចាស់» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)

៦០. ព្រះជាម្ចាស់ប្រើប្រាស់ការជំនុំជម្រះរបស់ទ្រង់ ដើម្បីប្រោសមនុស្សឱ្យគ្រប់លក្ខណ៍ ទ្រង់បានស្រឡាញ់មនុស្ស ហើយបានសង្រ្គោះមនុស្ស ប៉ុន្តែ តើសេចក្តីស្រឡាញ់របស់ទ្រង់មានផ្ទុកនូវធាតុផ្សំអ្វីខ្លះទៅ? សេចក្តីស្រឡាញ់របស់ទ្រង់មាននូវការជំនុំជម្រះ ឫទ្ធានុភាព សេចក្តីក្រោធ និងការដាក់បណ្ដាសា។ ទោះបីជាព្រះជាម្ចាស់បានដាក់បណ្ដាសាមនុស្សកាលពីអតីតកាលក៏ដោយ ក៏ទ្រង់មិនបានបោះមនុស្សឱ្យធ្លាក់ជង្ហុកធំទាំងស្រុងឡើយ ផ្ទុយទៅវិញ ទ្រង់បានប្រើមធ្យោបាយនោះ ដើម្បីបន្សុទ្ធសេចក្តីជំនឿរបស់មនុស្សវិញទេ។ ព្រះអង្គមិនបានសម្លាប់មនុស្សឡើយ ប៉ុន្តែទ្រង់បានធ្វើបែបនេះ ដើម្បីប្រោសឱ្យមនុស្សបានគ្រប់លក្ខណ៍។ លក្ខណៈនៃសាច់ឈាម គឺជាសារជាតិមួយមកពីសាតាំង ហើយព្រះជាម្ចាស់ពិតជាមានបន្ទូលត្រឹមត្រូវមែន ប៉ុន្តែការពិតដែលត្រូវបានអនុវត្តដោយព្រះជាម្ចាស់ មិនត្រូវបានសម្រេចស្របតាមព្រះបន្ទូលរបស់ទ្រង់ឡើយ។ ព្រះអង្គដាក់បណ្ដាសាអ្នក ដើម្បីឱ្យអ្នកអាចស្រឡាញ់ទ្រង់ និងដើម្បីឱ្យអ្នកអាចស្គាល់ពីលក្ខណៈនៃសាច់ឈាម។ ព្រះអង្គវាយផ្ចាលអ្នក ដើម្បីឱ្យអ្នកអាចភ្ញាក់ខ្លួន ជួយឱ្យអ្នកដឹងអំពីសេចក្តីកម្សោយដែលមានខាងក្នុងអ្នក និងដឹងអំពីភាពគ្មានតម្លៃទាល់តែសោះរបស់មនុស្ស។ ហេតុដូចនេះ ការដាក់បណ្ដាសា ការជំនុំជម្រះ ឫទ្ធានុភាព និងសេចក្តីក្រោធរបស់ព្រះជាម្ចាស់សុទ្ធតែត្រូវបានប្រើ ដើម្បីធ្វើប្រោសឱ្យមនុស្សបានគ្រប់លក្ខណ៍ទេ។ គ្រប់យ៉ាងដែលព្រះជាម្ចាស់ធ្វើនាពេលសព្វថ្ងៃ ហើយនិស្ស័យដ៏សុចរិតដែលទ្រង់បើកសម្ដែងឱ្យអ្នករាល់គ្នាយល់យ៉ាងច្បាស់នោះ គឺដើម្បីប្រោសឱ្យមនុស្សបានគ្រប់លក្ខណ៍ទេ។ នេះហើយជាសេចក្តីស្រឡាញ់របស់ព្រះជាម្ចាស់។

(ដកស្រង់ពី «មានតែតាមរយៈការឆ្លងកាត់ការល្បងលដ៏ឈឺចាប់ទេ ទើបអ្នកអាចដឹងអំពីភាពគួរឱ្យស្រឡាញ់របស់ព្រះជាម្ចាស់» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)

៦១. មិនថាព្រះជាម្ចាស់ជំនុំជម្រះមនុស្ស ឬក៏ដាក់បណ្ដាសាមនុស្សឡើយ កិច្ចការទាំងពីរនេះត្រូវបានធ្វើឡើង ដើម្បីប្រោសឱ្យមនុស្សបានគ្រប់លក្ខណ៍ប៉ុណ្ណោះ៖ កិច្ចការទាំងពីរនេះត្រូវបានធ្វើ ដើម្បីប្រោសឱ្យគ្រប់លក្ខណ៍នូវផ្នែកមិនបរិសុទ្ធដែលមាននៅខាងក្នុងមនុស្ស។ តាមរយៈមធ្យោបាយនេះ មនុស្សត្រូវបានបន្សុទ្ធ ហើយអ្វីដែលកំពុងតែខ្វះខាតនៅក្នុងមនុស្ស ត្រូវបានប្រោសឱ្យគ្រប់លក្ខណ៍ តាមរយៈព្រះបន្ទូល និងកិច្ចការរបស់ទ្រង់។ គ្រប់ជំហាននៃកិច្ចការរបស់ព្រះជាម្ចាស់ មិនថាជាការថ្លែងព្រះបន្ទូលដ៏គំរោះគំរើយ មិនថាជាការជំនុំជម្រះ ឬការវាយផ្ចាលនោះឡើយ សុទ្ធតែត្រូវបានធ្វើឡើងក្នុងគោលបំណងប្រោសឱ្យមនុស្សបានគ្រប់លក្ខណ៍ប៉ុណ្ណោះ ហើយនេះជាកិច្ចការដ៏ត្រឹមត្រូវបំផុត។ នៅគ្រប់យុគសម័យ ព្រះជាម្ចាស់មិនដែលធ្វើកិច្ចការបែបនេះពីមុនមកឡើយ គឺមានតែពេលសព្វថ្ងៃនេះប៉ុណ្ណោះ ដែលព្រះអង្គបានធ្វើការនៅក្នុងអ្នករាល់គ្នា ដើម្បីឱ្យអ្នកយល់អំពីព្រះប្រាជ្ញាញាណរបស់ទ្រង់។ ទោះបីជាអ្នកបានរងការឈឺចាប់មួយចំនួននៅក្នុងអ្នករាល់គ្នាក៏ដោយ ក៏ដួងចិត្តរបស់អ្នកមានភាពខ្ជាប់ខ្ជួន និងមានសន្ដិភាពដែរ។ គឺព្រះពររបស់អ្នកនេះហើយដែលអាចរីករាយបាននៅក្នុងដំណាក់កាលនៃកិច្ចការរបស់ព្រះជាម្ចាស់មួយនេះ។ មិនថាអ្នកអាចទទួលបានបែបណានៅពេលអនាគតឡើយ គ្រប់យ៉ាងដែលអ្នកមើលឃើញអំពីកិច្ចការរបស់ព្រះជាម្ចាស់នៅក្នុងអ្នករាល់គ្នានាពេលសព្វថ្ងៃនេះ គឺជាសេចក្តីស្រឡាញ់។ ប្រសិនបើមនុស្សមិនមានបទពិសោធអំពីការជំនុំជម្រះ និងការបន្សុទ្ធរបស់ព្រះជាម្ចាស់ទេ នោះសកម្មភាព និងសេចក្តីក្លៀវក្លារបស់គេនឹងបន្តនៅកម្រិតសើៗជានិច្ច ហើយនិស្ស័យរបស់គេក៏នឹងបន្តមិនផ្លាស់ប្ដូរដដែល។ តើការនេះរាប់ថាត្រូវបានព្រះជាម្ចាស់ទទួលយកដែរឬ? សព្វថ្ងៃនេះ ទោះបីជាមានភាពក្រអឺតក្រទម និងភាពក្អេងក្អាងជាច្រើនទៀតនៅក្នុងដួងចិត្តរបស់មនុស្សក៏ដោយ ក៏និស្ស័យរបស់មនុស្ស នៅមានស្ថិរភាពខ្លាំងជាងពេលមុនៗដែរ។ ការដោះស្រាយរបស់ព្រះជាម្ចាស់ជាមួយអ្នកត្រូវបានធ្វើឡើង ដើម្បីសង្រ្គោះដល់អ្នក ហើយទោះបីជាពេលខ្លះ អ្នកអាចមានអារម្មណ៍ឈឺចាប់ខ្លះក៏ដោយ ក៏ថ្ងៃមួយនឹងមកដល់ដែរ ជាថ្ងៃដែលមានការផ្លាស់ប្ដូរមួយនៅក្នុងនិស្ស័យរបស់អ្នក។ នៅពេលនោះ អ្នកនឹងក្រឡេកក្រោយ ហើយមើលឃើញពីភាពប្រកបដោយព្រះប្រាជ្ញាញាណនៃកិច្ចការរបស់ព្រះជាម្ចាស់ ហើយនៅពេលនោះ អ្នកនឹងអាចយល់អំពីបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់យ៉ាងពិតប្រាកដ។

(ដកស្រង់ពី «មានតែតាមរយៈការឆ្លងកាត់ការល្បងលដ៏ឈឺចាប់ទេ ទើបអ្នកអាចដឹងអំពីភាពគួរឱ្យស្រឡាញ់របស់ព្រះជាម្ចាស់» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)

៦២. កិច្ចការដែលកំពុងធ្វើក្នុងពេលបច្ចុប្បន្ននេះ គឺដើម្បីធ្វើឱ្យមនុស្សបោះបង់សាតាំងចោល ដែលជាដូនតាជំនាន់ដើមរបស់ពួកគេ។ រាល់ការជំនុំជម្រះទាំងអស់ដោយព្រះបន្ទូល មានគោលបំណងបើកឱ្យឃើញនូវនិស្ស័យពុករលួយរបស់មនុស្សលោក និងដើម្បីឱ្យមនុស្សអាចយល់ពីអត្ថន័យនៃជីវិត។ ការជំនុំជម្រះដដែលៗទាំងអស់នេះ ធ្វើការចោះទម្លុះដួងចិត្ដរបស់មនុស្ស។ ការជំនុំជម្រះនីមួយៗ ពាក់ព័ន្ធដោយផ្ទាល់ទៅនឹងវាសនារបស់ពួកគេ និងមានន័យថាជាការបង្ករបួសដល់ដួងចិត្តរបស់ពួកគេ ដើម្បីឱ្យពួកគេអាចលះបង់របស់អស់ទាំងនោះបាន ហើយអាចមកស្គាល់ជីវិត ស្គាល់ពីពិភពលោកដ៏ស្មោកគ្រោកនេះ ស្គាល់ពីព្រះប្រាជ្ញាញាណរបស់ព្រះជាម្ចាស់ និងគ្រប់ព្រះចេស្ដារបស់ព្រះជាម្ចាស់ ហើយក៏ស្គាល់ពីមនុស្សជាតិលោក ដែលត្រូវបានសាតាំងធ្វើឱ្យពុករលួយ។ កាលណាមនុស្សទទួលនូវការវាយផ្ចាល និងការជំនុំជម្រះប្រភេទនេះកាន់តែច្រើន នោះដួងចិត្តរបស់មនុស្សនឹងមានស្នាមរបួសកាន់តែច្រើន ហើយវិញ្ញាណរបស់គេនឹងកាន់តែដាស់ឱ្យភ្ញាក់ស្មារតីឡើង។ ការដាស់វិញ្ញាណមនុស្សដ៏ពុករលួយ និងងាយចាញ់បញ្ឆោតគេបំផុតឱ្យភ្ញាក់ឡើង គឺជាគោលដៅនៃការជំនុំជម្រះនេះ។ មនុស្សលោកគ្មានវិញ្ញាណ ពោលគឺវិញ្ញាណរបស់គេបានស្លាប់ជាយូរមកហើយ ហើយគេមិនដឹងថា មានស្ថានសួគ៌ មិនដឹងថាមានព្រះជាម្ចាស់ និងមិនដឹងច្បាស់ថា ខ្លួនគេកំពុងរងទុក្ខក្នុងជង្ហុកធំនៃសេចក្ដីស្លាប់ឡើយ។ តើគេអាចដឹងថាខ្លួនកំពុងរស់នៅក្នុងស្ថាននរកដ៏អាក្រក់នៅលើផែនដីនេះបានដោយរបៀបណា? តាមរយៈសេចក្ដីពុករលួយរបស់សាតាំង តើគេអាចដឹងថាសាកសពដ៏ស្អុយគគ្រុករបស់គេ បានធ្លាក់ទៅក្នុងស្ថានឃុំព្រលឹងនៃសេចក្ដីស្លាប់ដោយរបៀបណា? តើគេអាចដឹងដោយរបៀបណាថា អ្វីគ្រប់យ៉ាងនៅលើផែនដីនេះត្រូវបានមនុស្សលោកបំផ្លាញខ្ទេចខ្ទីតាំងពីយូរ និងមិនអាចកែខៃបាន? ហើយតើគេអាចដឹងបានដោយរបៀបណាថា ព្រះអាទិករបានយាងមកកាន់ផែនដីនៅថ្ងៃនេះ និងកំពុងស្វែងរកក្រុមមនុស្សពុករលួយដែលទ្រង់អាចសង្គ្រោះពួកគេបាននោះ? ទោះបីក្រោយពេលមនុស្សឆ្លងកាត់បទពិសោធនៃការបន្សុទ្ធ និងការជំនុំជម្រះនីមួយៗក្ដី ក៏សតិសម្បជញ្ញៈដ៏ល្ងង់ខ្លៅរបស់គេនៅតែមិនទាន់កម្រើក និងមិនទាន់ឆ្លើយតបបានទាំងស្រុងឡើយ។ មនុស្សលោកអីក៏ប្រែជាអាក្រក់ដល់ម្ល៉េះ! ហើយថ្វីបើការជំនុំជម្រះបែបនេះ គឺដូចជាព្យុះព្រិលកំណាចដែលធ្លាក់មកពីលើមេឃក្ដី ក៏វាជាប្រយោជន៍ខ្លាំងបំផុតសម្រាប់មនុស្សលោកដែរ។ ប្រសិនបើមិនមែនដើម្បីជំនុំជម្រះមនុស្សបែបនេះទេ នោះវាក៏នឹងគ្មានបានផលអ្វី ហើយវាមិនអាចទៅរួចដើម្បីសង្គ្រោះមនុស្សពីជង្ហុកនៃទុក្ខវេទនាឡើយ។ ប្រសិនបើមិនមែនដើម្បីកិច្ចការនេះទេ នោះមនុស្សលោកមុខជាលំបាកខ្លាំងក្នុងការងើបចេញពីស្ថានឃុំព្រលឹង ដ្បិតដួងចិត្តរបស់ពួកគេបានស្លាប់តាំងពីយូរ ហើយវិញ្ញាណរបស់ពួកគេទៀតសោត ក៏ត្រូវបានសាតាំងជាន់ឈ្លីតាំងពីយូរមកដែរ។ ដើម្បីសង្រ្គោះអ្នករាល់គ្នាដែលបានលិចលង់ដល់បាតនៃភាពថោកទាប គឺត្រូវតម្រូវឱ្យស្រែកហៅអ្នកខ្លាំងៗ និងជំនុំជម្រះអ្នកខ្លាំងៗ។ មានតែបែបនេះទេ ទើបអាចធ្វើឱ្យបេះដូងដែលបានកករឹងរបស់អ្នករាល់គ្នាភ្ញាក់ដឹងខ្លួនវិញបាន។

(ដកស្រង់ពី «មានតែអ្នកដែលត្រូវបានប្រោសឱ្យគ្រប់លក្ខណ៍ប៉ុណ្ណោះ ដែលអាចរស់នៅក្នុងជីវិតមួយដែលមានន័យ» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)

៦៣. អ្នកគួរដឹងថាភាពគ្រប់លក្ខណ៍ ភាពពេញលេញ និងការទទួលបានមនុស្សរបស់ព្រះជាម្ចាស់ មិនបាននាំយកអ្វីមកឡើយ ក្រៅពីដាវ និងការវាយប្រហារលើសាច់ឈាមរបស់ពួកគេ ក៏ដូចជាការឈឺចាប់គ្មានទីបញ្ចប់ ការរងទុក្ខក្នុងភ្លើងដ៏សន្ធោសន្ធៅ ការជំនុំជម្រះដោយគ្មានមេត្តា ការវាយផ្ចាល ការដាក់បណ្តាសារ និងការល្បងលគ្មានព្រំដែន។ អ្វីៗទាំងនេះគឺជារឿងរ៉ាវនៅខាងក្នុង និងជាសេចក្ដីពិតនៃកិច្ចការគ្រប់គ្រងមនុស្ស។ ប៉ុន្តែ អ្វីទាំងអស់នេះគឺតម្រង់ទៅរកសាច់ឈាមរបស់មនុស្ស ហើយព្រួញចម្បាំងទាំងអស់បានតម្រង់ឆ្ពោះទៅសាច់ឈាមរបស់មនុស្ស (ចំពោះមនុស្សដែលគ្មានកំហុស)។ អ្វីទាំងអស់នេះគឺដើម្បីជាប្រយោជន៍ដល់សិរីរុងល្អ និងទីបន្ទាល់របស់ទ្រង់ ព្រមទាំងការគ្រប់គ្រងរបស់ទ្រង់។ នេះគឺដោយសារតែកិច្ចការរបស់ទ្រង់មិនមែនសម្រាប់តែប្រយោជន៍របស់មនុស្សជាតិតែមួយមុខនោះទេ ប៉ុន្តែក៏សម្រាប់ផែនការទាំងមូលផង ក៏ដូចជាដើម្បីបំពេញបំណងព្រះហឫទ័យដើមដំបូងរបស់ទ្រង់ នៅពេលដែលទ្រង់បានបង្កើតមនុស្សជាតិ។ ដូច្នេះ មនុស្សប្រហែលកៅសិបភាគរយសុទ្ធតែឆ្លងកាត់ការរងទុក្ខ និងការល្បងលក្នុងភ្លើង ហើយមានចំនួនតិចតួចណាស់ ឬមិនមានតែម្ដងដែលសាច់ឈាមមនុស្សទទួលបានថ្ងៃដែលជាទីគាប់ចិត្ត និងរីករាយ។ មានមនុស្សតិចណាស់ដែលអាចសប្បាយរីករាយក្នុងពេលវេលាជាសាច់ឈាម ដែលជាការចំណាយពេលវេលាដ៏ស្រស់បំព្រងជាមួយព្រះជាម្ចាស់។ សាច់ឈាមគឺមានភាពស្មោកគ្រោក ដូច្នេះអ្វីដែលសាច់ឈាមរបស់មនុស្សមើលឃើញ ឬពេញចិត្ត គឺគ្មានអ្វីក្រៅពីការវាយផ្ចាលរបស់ព្រះជាម្ចាស់ ដែលមនុស្សយល់ថាមិនពេញចិត្ត ហាក់ដូចជាមានបញ្ញាញាណមិនគ្រប់គ្រាន់។ នេះគឺដោយសារតែព្រះជាម្ចាស់នឹងបង្ហាញឱ្យឃើញនូវនិស្ស័យដ៏សុចរិតរបស់ទ្រង់ ដែលមនុស្សមិនពេញចិត្ត មិនលើកលែងចំពោះការប្រមាថរបស់មនុស្ស និងស្អប់ខ្ពើមចំពោះសត្រូវ។ ព្រះជាម្ចាស់បង្ហាញនិស្ស័យរបស់ទ្រង់ដោយបើកចំហតាមមធ្យោបាយណាដែលចាំបាច់ ដោយការបញ្ចប់កិច្ចការនៃការធ្វើចម្បាំងអស់រយៈពេលប្រាំមួយពាន់ឆ្នាំរបស់ទ្រង់ជាមួយសាតាំង ជាកិច្ចការនៃសេចក្តីសង្គ្រោះរបស់មនុស្សជាតិទាំងអស់ និងការបំផ្លាញរបស់សាតាំងពីបុរាណមក!

(ដកស្រង់ពី «គោលបំណងនៃការគ្រប់គ្រងមនុស្សជាតិ» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)

៦៤. ពេលនេះ តើអ្នកយល់ហើយឬនៅថា អ្វីទៅជាការជំនុំជម្រះ ហើយអ្វីទៅជាសេចក្ដីពិត? ប្រសិនបើអ្នកយល់ហើយ នោះខ្ញុំសូមដាស់តឿនឱ្យអ្នកចុះចូលចំពោះការជំនុំជម្រះដោយស្ដាប់បង្គាប់ ពុំនោះទេ អ្នកនឹងមិនដែលមានឱកាសទទួលបានការសរសើរពីព្រះជាម្ចាស់ ឬត្រូវបានព្រះអង្គនាំចូលទៅក្នុងនគររបស់ទ្រង់ឡើយ។ អស់អ្នកដែលទទួលយកតែការជំនុំជម្រះ ប៉ុន្តែមិនធ្លាប់ត្រូវបានបន្សុទ្ធសោះ ពោលគឺ អស់អ្នកដែលគេចពីកិច្ចការនៃការជំនុំជម្រះ នោះនឹងត្រូវបានព្រះជាម្ចាស់ស្អប់ខ្ពើម និងបដិសេធ។ អំពើបាបរបស់ពួកគេ កើនច្រើនឡើងៗ និងកាន់តែអាក្រក់ជាងពួកផារិស៊ីទៅទៀត ដ្បិតពួកគេបានក្បត់ព្រះជាម្ចាស់ ហើយបះបោរទាស់ទទឹងនឹងទ្រង់ផង។ ជាងនេះទៅទៀត មនុស្សបែបនេះមិនសមនឹងធ្វើការបម្រើផង ពួកគេនឹងទទួលបាននូវការដាក់ទោសដែលកាន់តែធ្ងន់ធ្ងរ ជាការដាក់ទោសដ៏អស់កល្បជានិច្ច។ ព្រះជាម្ចាស់នឹងមិនទុកជនក្បត់ណាម្នាក់ដែលធ្លាប់បង្ហាញភក្ដីភាពចំពោះព្រះបន្ទូល តែក្រោយមក បែរជាក្បត់ទ្រង់វិញនោះឡើយ។ មនុស្សបែបនេះ នឹងទទួលបាននូវការផ្ដន្ទាទោស តាមរយៈទណ្ឌកម្ម ដល់វិញ្ញាណ ព្រលឹង និងរូបកាយ។ តើនេះមិនមែនជាការបើកសម្ដែងពីនិស្ស័យដ៏សុចរិតរបស់ព្រះជាម្ចាស់ទេឬអី? តើនេះមិនមែនជាបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ ក្នុងការជំនុំជម្រះមនុស្ស និងបកអាក្រាតគេទេឬអី? ក្នុងពេលជំនុំជម្រះ ព្រះជាម្ចាស់បញ្ជូនអស់អ្នកណាដែលប្រព្រឹត្តទង្វើអាក្រក់គ្រប់ប្រភេទ ទៅកាន់កន្លែងដែលពោរពេញដោយវិញ្ញាណអាក្រក់ ហើយបណ្ដោយឱ្យវិញ្ញាណអាក្រក់ទាំងអស់នេះ បំផ្លាញរូបកាយខាងសាច់ឈាមរបស់ពួកគេទៅតាមទង្វើចិត្តរបស់វា ហើយរូបកាយរបស់អ្នកទាំងនេះ បញ្ចេញជាក្លិនគំរង់សពមនុស្ស។ នេះហើយជាការផ្ដន្ទាទោសដ៏ស័ក្ដិសមសម្រាប់ពួកគេ។ ព្រះជាម្ចាស់កត់ត្រាពីអំពើបាបរបស់អ្នកជឿក្លែងក្លាយដែលគ្មានភាពស្មោះត្រង់ សាវ័កក្លែងក្លាយ និងអ្នកធ្វើការក្លែងក្លាយក្នុងសៀវភៅកំណត់ត្រារបស់គេ។ ក្រោយមក លុះដល់វេលាត្រឹមត្រូវ ព្រះអង្គក៏បណ្ដេញពួកគេឱ្យទៅក្នុងចំណោមវិញ្ញាណស្មោកគ្រោក ទុកឱ្យវិញ្ញាណស្មោកគ្រោកទាំងអស់នេះ បង្ខូចរូបកាយរបស់គេទាំងមូលតាមចិត្ត ដើម្បីកុំឱ្យគេកើតមកវិញ និងមិនឱ្យឃើញពន្លឺថ្ងៃម្ដងទៀតឡើយ។ មនុស្សកំពុតដែលធ្វើកិច្ចការបម្រើបានមួយគ្រា តែគ្មានសមត្ថភាពរក្សាភាពស្មោះត្រង់រហូតដល់ទីបញ្ចប់ ត្រូវបានព្រះជាម្ចាស់រាប់បញ្ចូលទៅក្នុងជំពូកមនុស្សអាក្រក់ ដើម្បីឱ្យគេធ្លាក់ចូលក្នុងបក្សពួកមនុស្សអាក្រក់ និងក្លាយជាចំណែកមួយនៃក្រុមមនុស្សគ្មានសណ្ដាប់ធ្នាប់របស់គេ។ ទីបំផុត ព្រះជាម្ចាស់នឹងធ្វើឱ្យពួកគេសាបសូន្យទៅ។ ព្រះជាម្ចាស់បណ្ដេញអស់អ្នកដែលពុំធ្លាប់មានភក្ដីភាពចំពោះព្រះគ្រីស្ទ ឬពុំធ្លាប់រួមចំណែកជាកម្លាំងអ្វីសោះចេញ ហើយក៏មិនខ្វល់ពីពួកគេដែរ លុះនៅពេលប្ដូរសម័យកាល ទ្រង់នឹងធ្វើឱ្យគេសាបសូន្យទៅ។ ពួកគេលែងមានវត្តមានលើផែនដី ហើយក៏មិនបានធ្វើដំណើរចូលទៅក្នុងនគរព្រះដែរ។ អស់អ្នកដែលមិនធ្លាប់ស្មោះត្រង់ចំពោះព្រះជាម្ចាស់ ប៉ុន្តែត្រូវកាលៈទេសៈបង្ខំឱ្យគេមានទំនាក់ទំនងជាមួយទ្រង់ដោយគ្រាន់តែបង្គ្រប់កិច្ច អ្នកនោះត្រូវបានរាប់បញ្ចូលទៅក្នុងអស់អ្នកដែលបម្រើរាស្ត្ររបស់ទ្រង់។ មនុស្សបែបនេះមានចំនួនតិចតួចណាស់ដែលនៅរស់រានមានជីវិត ខណៈដែលភាគច្រើនសុទ្ធតែត្រូវវិនាសទៅជាមួយនឹងអស់អ្នកដែលផ្ដល់ការបម្រើដែលមិនត្រូវនឹងបទដ្ឋាន។ ចុងក្រោយបំផុត ព្រះជាម្ចាស់នឹងនាំអស់អ្នកដែលមានគំនិតដូចព្រះជាម្ចាស់ ពោលគឺជារាស្ត្រ និងពួកកូនប្រុសរបស់ព្រះជាម្ចាស់ ព្រមទាំងអស់អ្នកដែលទ្រង់កំណត់ឱ្យធ្វើជាសង្ឃ ចូលទៅក្នុងនគររបស់ព្រះអង្គ។ ពួកគេនឹងក្លាយជាផលចម្រាញ់នៃកិច្ចការរបស់ព្រះជាម្ចាស់។ ចំពោះអស់អ្នកដែលមិនអាចរាប់បញ្ចូលក្នុងប្រភេទមនុស្សដែលព្រះជាម្ចាស់បានកំណត់ ពួកគេនឹងត្រូវរាប់បញ្ចូលជាមួយអ្នកមិនជឿ ហើយអ្នករាល់គ្នាប្រាកដជាអាចស្រមៃបានហើយថា លទ្ធផលរបស់ពួកគេនឹងទៅជាយ៉ាងណា។ អ្វីៗគ្រប់យ៉ាងដែលខ្ញុំគួរនិយាយ គឺខ្ញុំបាននិយាយប្រាប់អ្នករាល់គ្នារួចហើយ។ ផ្លូវដែលអ្នករាល់គ្នាជ្រើសរើស គឺជាជម្រើសផ្ទាល់ខ្លួនរបស់អ្នកតែម្នាក់ឯងប៉ុណ្ណោះ។ អ្វីដែលអ្នករាល់គ្នាគួរយល់គឺ កិច្ចការរបស់ព្រះជាម្ចាស់ មិនដែលរង់ចាំអ្នកណាម្នាក់ដែលមិនអាចដើរតាមលំអានរបស់ទ្រង់ទាន់នោះឡើយ ហើយនិស្ស័យសុចរិតរបស់ព្រះជាម្ចាស់ មិនបង្ហាញក្ដីសន្ដោសដល់មនុស្សម្នាក់ណាឡើយ។

(ដកស្រង់ពី «ព្រះគ្រីស្ទធ្វើកិច្ចការជំនុំជម្រះ ដោយសេចក្ដីពិត» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)

ខាង​ដើម៖ គ. ស្ដីពីយុគសម័យនៃនគរព្រះ ដែលជាដំណាក់កាលចុងក្រោយ

បន្ទាប់៖ ក. ព្រះបន្ទូលស្ដីពីការបើកសម្ដែងអំពីរបៀបដែលសាតាំងធ្វើឱ្យមនុស្សជាតិពុករលួយ

គ្រោះមហន្តរាយផ្សេងៗបានធ្លាក់ចុះ សំឡេងរោទិ៍នៃថ្ងៃចុងក្រោយបានបន្លឺឡើង ហើយទំនាយនៃការយាងមករបស់ព្រះអម្ចាស់ត្រូវបានសម្រេច។ តើអ្នកចង់ស្វាគមន៍ព្រះអម្ចាស់ជាមួយក្រុមគ្រួសាររបស់អ្នក ហើយទទួលបានឱកាសត្រូវបានការពារដោយព្រះទេ?

ការកំណត់

  • អត្ថបទ
  • ប្រធានបទ

ពណ៌​ដិតច្បាស់

ប្រធានបទ

ប្រភេទ​អក្សរ

ទំហំ​អក្សរ

ចម្លោះ​បន្ទាត់

ចម្លោះ​បន្ទាត់

ប្រវែងទទឹង​ទំព័រ

មាតិកា

ស្វែងរក

  • ស្វែង​រក​អត្ថបទ​នេះ
  • ស្វែង​រក​សៀវភៅ​នេះ