គ. ស្ដីពីយុគសម័យនៃនគរព្រះ ដែលជាដំណាក់កាលចុងក្រោយ

៣៣. ពេលព្រះយេស៊ូវបានយាងចូលក្នុងពិភពលោករបស់មនុស្ស ទ្រង់បាននាំមកនូវយុគសម័យនៃព្រះគុណ និងបានបញ្ចប់យុគសម័យនៃក្រឹត្យវិន័យ។ ក្នុងអំឡុងពេលនៃគ្រាចុងក្រោយ ព្រះជាម្ចាស់បានក្លាយជាសាច់ឈាមម្ដងទៀត ហើយជាមួយការយកកំណើតជាមនុស្សនេះ ទ្រង់បានបិទបញ្ចប់យុគសម័យនៃព្រះគុណ ហើយបាននាំមកនូវយុគសម័យនៃនគរព្រះវិញ។ អស់អ្នកដែលអាចទទួលយកការយកកំណើតជាមនុស្សលើកទីពីររបស់ព្រះជាម្ចាស់ នឹងត្រូវបាននាំចូលទៅក្នុងយុគសម័យនៃនគរព្រះ ហើយលើសពីនេះទៀត គេនឹងអាចទទួលយកការដឹកនាំរបស់ព្រះជាម្ចាស់ដោយផ្ទាល់។ ទោះបីជាព្រះយេស៊ូវបានធ្វើកិច្ចការជាច្រើននៅក្នុងចំណោមមនុស្សក៏ដោយ ប៉ុន្តែទ្រង់គ្រាន់តែបញ្ចប់នូវកិច្ចការប្រោសលោះមនុស្សជាតិទាំងអស់ ហើយបានក្លាយជាតង្វាយលោះបាបរបស់មនុស្សប៉ុណ្ណោះ។ ទ្រង់មិនបានដកចោលនូវនិស្ស័យពុករលួយទាំងអស់ចេញពីមនុស្សឡើយ។ ការសង្រ្គោះមនុស្សយ៉ាងពេញលេញចេញពីឥទ្ធិពលរបស់អារក្សសាតាំង មិនគ្រាន់តែតម្រូវឱ្យព្រះយេស៊ូវក្លាយជាតង្វាយលោះបាប និងទទួលយកអំពើបាបរបស់មនុស្សប៉ុណ្ណោះទេ ប៉ុន្តែវាក៏តម្រូវឱ្យព្រះជាម្ចាស់ធ្វើកិច្ចការកាន់តែខ្លាំង ដើម្បីដកចោលនិស្ស័យពុករលួយបែបសាតាំងទាំងអស់ចេញពីមនុស្សផងដែរ។ ដូច្នេះ ឥឡូវនេះមនុស្សត្រូវបានអត់ទោសពីអំពើបាបរបស់ខ្លួន ព្រះជាម្ចាស់បានត្រឡប់ជាសាច់ឈាម ដើម្បីដឹកនាំមនុស្សចូលទៅក្នុងយុគសម័យថ្មី ហើយចាប់ផ្ដើមកិច្ចការនៃការវាយផ្ចាល និងការជំនុំជម្រះ។ កិច្ចការនេះបាននាំមនុស្សចូលទៅក្នុងពិភពមួយកាន់តែខ្ពស់។ អស់អ្នកដែលចុះចូលក្រោមដែនគ្រប់គ្រងរបស់ទ្រង់នឹងរីករាយចំពោះសេចក្តីពិតកាន់តែខ្ពស់ ហើយទទួលព្រះពរកាន់តែធំ។ ពួកគេនឹងរស់នៅយ៉ាងពិតប្រាកដនៅក្នុងពន្លឺ ហើយគេនឹងទទួលបានសេចក្តីពិត ផ្លូវ និងជីវិត។

(ដកស្រង់ពី «អារម្ភកថា» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)

៣៤. មុនពេលដែលមនុស្សត្រូវបានប្រោសលោះ សារជាតិពុលជាច្រើនរបស់សាតាំងត្រូវបានដាក់នៅក្នុងគេរួចទៅហើយ ហើយក្រោយពេលដែលសាតាំងបានធ្វើឱ្យមនុស្សពុករលួយអស់រយៈពេលរាប់ពាន់ឆ្នាំរួចមក នៅខាងក្នុងមនុស្សមាននូវនិស្ស័យដែលប្រឆាំងនឹងព្រះជាម្ចាស់រួចទៅហើយ។ ដូច្នេះ នៅពេលដែលមនុស្សត្រូវបានប្រោសលោះ វាជាករណីនៃការប្រោសលោះដែលមនុស្សត្រូវបានទិញនៅក្នុងតម្លៃដ៏ខ្ពស់ ប៉ុន្តែធម្មជាតិដែលមានជាតិពុលដែលមាននៅខាងក្នុងគេ មិនត្រូវបានផាត់ចោលឡើយ។ មនុស្សដែលត្រូវបានកខ្វក់យ៉ាងខ្លាំង ត្រូវតែឆ្លងកាត់ការផ្លាស់ប្ដូរមួយសិន មុននឹងក្លាយជាបុគ្គលដ៏សក្តិសម ដើម្បីបម្រើព្រះជាម្ចាស់។ តាមរយៈមធ្យោបាយនៃកិច្ចការជំនុំជម្រះ និងការវាយផ្ចាលនេះ មនុស្សនឹងចាប់ផ្ដើមស្គាល់ទាំងស្រុងពីសេចក្តីស្មោកគ្រោក និងលក្ខណៈសំខាន់ដ៏ពុករលួយដែលមាននៅខាងក្នុងគេ ហើយគេនឹងអាចផ្លាស់ប្ដូរបានទាំងស្រុង និងត្រលប់ជាបរិសុទ្ធផង។ មានតែបែបនេះទេ ទើបមនុស្សអាចសក្ដិសមត្រលប់ទៅមុខបល្ល័ង្ករបស់ព្រះជាម្ចាស់វិញ។ គ្រប់កិច្ចការដែលបានធ្វើនាពេលសព្វថ្ងៃនេះ គឺដើម្បីឱ្យមនុស្សអាចត្រូវបានសម្អាតឱ្យស្អាត និងបានផ្លាស់ប្ដូរ ហើយតាមរយៈការជំនុំជម្រះ និងការវាយផ្ចាលដោយព្រះបន្ទូល ក៏ដូចជាតាមរយៈការបន្សុទ្ធ នោះមនុស្សអាចលាងជម្រះសេចក្តីពុករលួយរបស់ខ្លួន ហើយត្រូវបានប្រោសឱ្យបានបរិសុទ្ធ។ ជាជាងគិតថាដំណាក់កាលនៃកិច្ចការនេះជាកិច្ចការនៃសេចក្តីសង្រ្គោះ នោះវាសមរម្យជាងដែលនិយាយថា វាជាកិច្ចការនៃការប្រោសឱ្យបរិសុទ្ធ។ នៅក្នុងសេចក្តីពិត ដំណាក់កាលនេះគឺជាដំណាក់កាលនៃការយកឈ្នះ ក៏ដូចជាដំណាក់កាលទីពីរនៅក្នុងកិច្ចការនៃសេចក្តីសង្រ្គោះដែរ។ គឺតាមរយៈការជំនុំជម្រះ និងការវាយផ្ចាលដោយព្រះបន្ទូលនេះហើយ ទើបព្រះជាម្ចាស់ទទួលបានមនុស្ស ហើយតាមរយៈការប្រើប្រាស់ព្រះបន្ទូល ដើម្បីបន្សុទ្ធ ជំនុំជម្រះ និងលាតត្រដាងនេះហើយ ទើបគ្រប់ទាំងភាពមិនបរិសុទ្ធ សញ្ញាណ ចេតនា និងសេចក្តីប្រាថ្នាផ្ទាល់ខ្លួនដែលមាននៅក្នុងដួងចិត្តរបស់មនុស្ស ត្រូវបានបើកសម្ដែងទាំងស្រុង។ សម្រាប់អ្វីៗគ្រប់យ៉ាងដែលមនុស្សអាចត្រូវបានប្រោសលោះ និងត្រូវបានអត់ទោសឱ្យចំពោះបាបរបស់ខ្លួន វាអាចត្រូវបានគេចាត់ទុកថា ព្រះជាម្ចាស់មិននឹកនាពីសេចក្តីរំលងរបស់មនុស្ស ហើយមិនប្រព្រឹត្តចំពោះមនុស្សស្របតាមសេចក្តីរំលងរបស់គេ។ យ៉ាងណាមិញ នៅពេលដែលមនុស្សរស់នៅក្នុងរូបរាងកាយនៃសាច់ឈាម មិនត្រូវបានប្រោសឱ្យមានសេរីភាពពីបាប នោះគេនៅតែបន្តប្រព្រឹត្តអំពើបាប ហើយបើកសម្ដែងពីនិស្ស័យសាតាំងដ៏ពុករលួយរបស់គេ គ្មានថ្ងៃបញ្ចប់ឡើយ។ នេះគឺជាជីវិតរបស់មនុស្សដែលដើរនៅក្នុងវដ្ដនៃការប្រព្រឹត្តអំពើបាប និងការទទួលបានការអត់ទោស ដោយគ្មានទីបញ្ចប់។ មនុស្សភាគច្រើនប្រព្រឹត្តអំពើបាបនៅពេលថ្ងៃ ហើយលន់តួបាបនៅពេលយប់។ ទោះបីតង្វាយលោះបាបមានប្រសិទ្ធភាពជារៀងរហូតសម្រាប់មនុស្សក៏ដោយ ក៏ការធ្វើបែបនេះ នឹងមិនអាចសង្រ្គោះមនុស្សពីបាបបានឡើយ។ មានតែពាក់កណ្ដាលនៃកិច្ចការសង្រ្គោះប៉ុណ្ណោះដែលត្រូវបានសម្រេច ព្រោះថាមនុស្សនៅតែមាននិស្ស័យដ៏ពុករលួយ។ ឧទាហរណ៍ នៅពេលដែលមនុស្សបានដឹងថា ពួកគេជាពូជពង្សចេញពីម៉ូអាប់ ពួកគេបានចាប់ផ្ដើមរអ៊ូរទាំ ឈប់ដេញតាមជីវិត ហើយក្លាយជាមនុស្សអវិជ្ជមានទាំងស្រុងតែម្ដង។ តើនេះមិនបង្ហាញថា មនុស្សនៅតែមិនអាចចុះចូលទាំងស្រុងក្រោមការត្រួតត្រារបស់ព្រះជាម្ចាស់ទេឬអី? តើនេះមិនមែនជានិស្ស័យបែបសាតាំងដ៏ពុករលួយរបស់ពួកគេទេឬ? នៅពេលដែលអ្នកមិនចុះចូលចំពោះការវាលផ្ចាល នោះដៃរបស់អ្នកត្រូវបានលើកឡើងខ្ពស់ជាងដៃរបស់អ្នកឯទៀត រួមទាំងព្រះយេស៊ូវដែរ។ ហើយអ្នកបានស្រែកខ្លាំងៗថា៖ «ចូរក្លាយជាបុត្រស្ងួនភ្ញារបស់ព្រះជាម្ចាស់! ចូរក្លាយជាមនុស្សជំនិតរបស់ព្រះជាម្ចាស់! យើងសុខចិត្តស្លាប់ ជាជាងក្រាបថ្វាយបង្គំសាតាំង! ចូរប្រឆាំងនឹងសាតាំងដ៏កញ្ចាស់! ចូរប្រឆាំងនឹងនាគដ៏ធំមានសម្បុរក្រហម! សូមឱ្យនាគដ៏ធំមានសម្បុរក្រហមដួលរលំពីអំណាច! សូមឱ្យព្រះជាម្ចាស់ប្រោសឱ្យយើងបានពេញខ្នាត!» សម្រែករបស់អ្នកលាន់ឮខ្លាំងជាងអ្នកឯទៀតៗ។ ប៉ុន្តែ នៅពេលដែលការវាយផ្ចាលមកដល់ និស្ស័យដ៏ពុករលួយរបស់មនុស្សត្រូវបានបើកបង្ហាញម្ដងទៀត។ បន្ទាប់មក សម្រែករបស់គេក៏បានឈប់ ហើយការតាំងចិត្តរបស់គេក៏បរាជ័យ។ នេះជាសេចក្តីពុករលួយរបស់មនុស្ស ដែលស៊ីជម្រៅជាងអំពើបាបទៅទៀត ព្រោះវាជាអ្វីមួយដែលត្រូវបានដាំជាប់ដោយសាតាំង និងត្រូវបានចាក់ឫសយ៉ាងជ្រៅនៅក្នុងមនុស្ស។ មនុស្សមិនងាយដឹងពីបាបរបស់គេឡើយ។ គេគ្មានផ្លូវនឹងទទួលស្គាល់និស្ស័យដែលចាក់ឫសយ៉ាងជ្រៅរបស់ខ្លួនឡើយ ហើយគេត្រូវតែពឹងអាងលើការជំនុំជម្រះដោយព្រះបន្ទូល ដើម្បីសម្រេចលទ្ធផលនេះ។ មានតែបែបនេះទេ ទើបមនុស្សអាចត្រូវបានផ្លាស់ប្ដូរបន្ដិចម្ដងៗចាប់ពីចំណុចនេះតទៅ។

(ដកស្រង់ពី «អាថ៌កំបាំងនៃការយកកំណើតជាមនុស្ស (៤)» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)

៣៥. កិច្ចការនៃគ្រាចុងក្រោយ គឺជាការមានបន្ទូល។ ការផ្លាស់ប្ដូរធំៗអាចត្រូវបានកើតឡើងនៅក្នុងមនុស្ស តាមរយៈមធ្យោបាយនានានៃព្រះបន្ទូល។ ឥឡូវនេះ ការផ្លាស់ប្ដូរដែលកើតឡើងនៅក្នុងមនុស្សទាំងនេះ ក្រោយពេលដែលទទួលយកព្រះបន្ទូលទាំងនេះ មានកម្រិតខ្លាំងជាងការផ្លាស់ប្ដូរដែលកើតឡើងនៅក្នុងមនុស្ស ក្រោយពេលដែលពួកគេទទួលបាននូវទីសម្គាល់ព្រមទាំងការអស្ចារ្យនៅយុគសម័យនៃព្រះគុណទៅទៀត។ ព្រោះថានៅក្នុងយុគសម័យនៃព្រះគុណ អារក្សត្រូវបានបណ្ដេញចេញពីមនុស្ស ដោយការអធិស្ឋានដាក់ដៃពីលើមែន ប៉ុន្តែនិស្ស័យដ៏ពុករលួយដែលមាននៅក្នុងមនុស្សនៅតែមានដដែល។ មនុស្សត្រូវបានប្រោសឱ្យជាពីជំងឺរបស់គេ និងត្រូវបានអត់ទោសពីបាបរបស់គេមែន ប៉ុន្តែចំពោះរបៀបដែលមនុស្សត្រូវបានលាងជម្រះពីនិស្ស័យដ៏ពុករលួយរបស់សាតាំងដែលមាននៅក្នុងគេ កិច្ចការនេះមិនទាន់ត្រូវបានធ្វើនៅឡើយទេ។ មនុស្សគ្រាន់តែទទួលបានសេចក្ដីសង្រ្គោះ និងការអត់ទោសពីបាបរបស់ពួកគេសម្រាប់សេចក្តីជំនឿរបស់គេប៉ុណ្ណោះ ប៉ុន្តែនិស្ស័យបាបរបស់មនុស្ស មិនត្រូវបានរំលើងចោលឡើយ ហើយនិស្ស័យទាំងនោះមាននៅក្នុងពួកគេដដែល។ បាបរបស់មនុស្សត្រូវបានអត់ទោស តាមរយៈព្រះជាម្ចាស់ដែលយកកំណើតជាមនុស្ស ប៉ុន្តែការនេះមិនមែនមានន័យថា មនុស្សលែងមានបាបនៅក្នុងគេនោះឡើយ។ បាបរបស់មនុស្សអាចត្រូវបានអត់ទោសឱ្យតាមរយៈតង្វាយលោះបាបមែន ប៉ុន្តែចំពោះរបៀបដែលមនុស្សអាចត្រូវបានប្រោសកុំឱ្យប្រព្រឹត្តបាបតទៅទៀត និងរបៀបដែលនិស្ស័យបាបរបស់គេអាចត្រូវបានរំលើងចោលទាំងស្រុង និងបំផ្លាស់បំប្រែនោះ គេគ្មានផ្លូវដោះស្រាយបញ្ហានេះឡើយ។ បាបរបស់មនុស្សត្រូវបានអត់ទោសឱ្យ ហើយនោះគឺដោយសារតែកិច្ចការនៃការជាប់ឆ្កាងរបស់ព្រះជាម្ចាស់ ប៉ុន្តែមនុស្សបានបន្តរស់នៅក្នុងនិស្ស័យសាតាំងដ៏ពុករលួយបែបចាស់របស់គេតទៅទៀត។ ដូច្នេះ មនុស្សត្រូវតែទទួលបានសេចក្ដីសង្រ្គោះទាំងស្រុងពីនិស្ស័យសាតាំងដ៏ពុករលួយរបស់គេ ដើម្បីឱ្យនិស្ស័យបាបរបស់គេអាចត្រូវបានរំលើងចោលទាំងស្រុង មិនឱ្យវិវឌ្ឍម្ដងទៀត និងឱ្យនិស្ស័យរបស់មនុស្សត្រូវបានបំផ្លាស់បំប្រែ។ ការនេះនឹងតម្រូវឱ្យមនុស្សយល់អំពីផ្លូវនៃការលូតលាស់នៅក្នុងជីវិត យល់អំពីមាគ៌ាជីវិត និងយល់អំពីផ្លូវក្នុងការផ្លាស់ប្ដូរនិស្ស័យរបស់គេ។ លើសពីនេះទៅទៀត វានឹងតម្រូវឱ្យមនុស្សប្រព្រឹត្តស្របតាមផ្លូវនេះ ដើម្បីឱ្យនិស្ស័យរបស់គេអាចទទួលបានការផ្លាស់ប្ដូរបន្ដិចម្ដងៗ ហើយគេអាចរស់នៅក្រោមការជះពន្លឺ ដើម្បីឱ្យអ្វីៗទាំងអស់ដែលគេធ្វើ អាចស្របតាមបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ ដើម្បីឱ្យគេអាចកម្ចាត់ចោលនិស្ស័យសាតាំងដ៏ពុករលួយរបស់គេ និងដើម្បីឱ្យគេអាចផ្ដាច់ខ្លួនមានសេរីភាពពីឥទ្ធិពលនៃសេចក្តីងងឹតរបស់សាតាំង ហើយជាលទ្ធផល ពួកគេអាចងើបខ្លួនផុតពីបាបបានទាំងស្រុង។ មានតែបែបនេះទេ ទើបមនុស្សនឹងទទួលបានសេចក្តីសង្រ្គោះទាំងស្រុង។ នៅពេលដែលព្រះយេស៊ូវ កំពុងតែធ្វើកិច្ចការរបស់ទ្រង់ ចំណេះដឹងរបស់មនុស្សអំពីទ្រង់នៅតែមិនច្បាស់លាស់ និងនៅស្រពេចស្រពិល។ មនុស្សតែងតែជឿថា ទ្រង់ជាបុត្ររបស់ព្រះបាទដាវីឌ និងប្រកាសថា ទ្រង់ជាហោរាដ៏ធំ ជាព្រះអម្ចាស់ដ៏មានព្រះហឫទ័យមេត្តាដែលបានប្រោសលោះបាបរបស់មនុស្ស។ ដោយសារតែភាពរឹងមាំនៃសេចក្ដីជំនឿរបស់ពួកគេ អ្នកខ្លះត្រូវបានប្រោសឱ្យជាតាមរយៈការពាល់ជាយព្រះពស្ត្ររបស់ទ្រង់ ហើយមនុស្សខ្វាក់អាចមើលឃើញ និងសូម្បីតែមនុស្សស្លាប់ក៏អាចរស់ឡើងវិញដែរ។ យ៉ាងណាមិញ មនុស្សមិនអាចឈ្វេងយល់ពីនិស្ស័យសាតាំងដ៏ពុករលួយដែលចាក់ឫសយ៉ាងជ្រៅនៅក្នុងគេឡើយ ហើយគេក៏មិនដឹងអំពីរបៀបកម្ចាត់វាចោលនោះដែរ។ មនុស្សបានទទួលព្រះគុណយ៉ាងច្រើនដូចជា សន្តិភាព និងសុភមង្គលខាងសាច់ឈាម សេចក្ដីជំនឿរបស់សមាជិកម្នាក់នាំមកនូវព្រះពរដល់សមាជិកគ្រួសារទាំងមូល និងការប្រោសជំងឺឱ្យជាជាដើម។ ផ្នែកផ្សេងទៀតគឺជាអំពើល្អរបស់មនុស្ស និងជាការបង្ហាញកិរិយាគោរពកោតខ្លាចព្រះរបស់គេ ហើយបើមនុស្សម្នាក់អាចរស់នៅលើមូលដ្ឋានទាំងនេះ នោះពួកគេត្រូវបានចាត់ទុកជាអ្នកជឿដែលសមគួរហើយ។ មានតែអ្នកជឿបែបនេះប៉ុណ្ណោះ ទើបអាចទៅស្ថានសួគ៌ ក្រោយពេលស្លាប់ទៅ ហើយនេះមានន័យថា ពួកគេត្រូវបានសង្រ្គោះ។ ប៉ុន្តែ នៅក្នុងជីវិតរបស់ពួកគេ មនុស្សទាំងនេះមិនបានយល់ទាល់តែសោះអំពីមាគ៌ាជីវិត។ គ្រប់យ៉ាងដែលពួកគេបានធ្វើ គឺជាការប្រព្រឹត្តអំពើបាប ហើយបន្ទាប់មក សារភាពពីបាបរបស់ពួកគេនៅក្នុងវដ្ដដដែលៗ ដោយគ្មានមាគ៌ាណាមួយដើម្បីផ្លាស់ប្ដូរនិស្ស័យរបស់ពួកគេឡើយ។ នេះគឺជាលក្ខខណ្ឌរបស់មនុស្សនៅក្នុងយុគសម័យនៃព្រះគុណ។ តើមនុស្សបានទទួលសេចក្តីសង្រ្គោះទាំងស្រុងហើយឬនៅ? អត់ទេ! ដូច្នេះ ក្រោយដំណាក់កាលនៃកិច្ចការនោះបានបញ្ចប់ទៅ នៅមានកិច្ចការនៃការជំនុំជម្រះ និងការវាយផ្ចាលទៀត។ ដំណាក់កាលនេះ គឺដើម្បីធ្វើឱ្យមនុស្សក្លាយជាបរិសុទ្ធ ដោយមធ្យោបាយនៃព្រះបន្ទូល ហើយក៏ផ្ដល់ឱ្យគេមានមាគ៌ា ដើម្បីដើរតាមដែរ។ ដំណាក់កាលនេះនឹងមិនមានផលផ្លែ ឬមានន័យឡើយ ប្រសិនបើវាបន្តជាមួយការបណ្ដេញអារក្សនោះ ព្រោះវានឹងមិនអាចរំលើងនិស្ស័យបាបរបស់មនុស្ស ហើយមនុស្សនឹងនៅជាប់គាំងត្រឹមការអត់ទោសអំពើបាបរបស់គេ។ តាមរយៈតង្វាយលោះបាប មនុស្សត្រូវបានអត់ទោសពីបាបរបស់គេ ដ្បិតកិច្ចការនៃការជាប់ឆ្កាងបានមកដល់ទីបញ្ចប់ ហើយព្រះជាម្ចាស់បានយកឈ្នះលើសាតាំងរួចហើយ។ ប៉ុន្តែ និស្ស័យដ៏ពុករលួយរបស់មនុស្សនៅតែបន្តមាននៅខាងក្នុងគេ មនុស្សនៅតែអាចប្រព្រឹត្តបាប និងប្រឆាំងជាមួយព្រះជាម្ចាស់ ហើយព្រះជាម្ចាស់មិនទទួលបានមនុស្សជាតិឡើយ។ នេះជាហេតុផលដែលនៅក្នុងដំណាក់កាលនៃកិច្ចការនេះ ព្រះជាម្ចាស់ប្រើប្រាស់ព្រះបន្ទូល ដើម្បីលាតត្រដាងនិស្ស័យដ៏ពុករលួយរបស់មនុស្ស ធ្វើឱ្យគេអនុវត្តស្របតាមមាគ៌ាត្រឹមត្រូវ។ ដំណាក់កាលនេះមានអត្ថន័យខ្លាំងជាងដំណាក់កាលមុន ហើយក៏មានផលផ្លែជាងដែរ ព្រោះថាឥឡូវនេះ គឺជាព្រះបន្ទូលដែលផ្គត់ផ្គង់ដោយផ្ទាល់ដល់ជីវិតរបស់មនុស្ស និងជួយបំផ្លាស់និស្ស័យរបស់មនុស្សជាថ្មីទាំងស្រុង ហើយវាជាដំណាក់កាលនៃកិច្ចការមួយដែលមានលក្ខណៈហ្មត់ចត់ជាង។ ដូច្នេះ ការយកកំណើតជាមនុស្សនៅក្នុងគ្រាចុងក្រោយបានបំពេញនូវភាពសំខាន់នៃការយកកំណើតជាមនុស្សរបស់ព្រះជាម្ចាស់ និងបានសម្រេចទាំងស្រុងនូវផែនការគ្រប់គ្រងរបស់ព្រះជាម្ចាស់សម្រាប់សេចក្តីសង្រ្គោះរបស់មនុស្ស។

(ដកស្រង់ពី «អាថ៌កំបាំងនៃការយកកំណើតជាមនុស្ស (៤)» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)

៣៦. កិច្ចការនៅគ្រាចុងក្រោយ គឺដើម្បីញែកមនុស្សទាំងអស់ទៅតាមជំពូករបស់ពួកគេ ហើយបញ្ចប់ផែនការគ្រប់គ្រងរបស់ព្រះជាម្ចាស់ ដ្បិតពេលវេលាកាន់តែកៀក ហើយថ្ងៃរបស់ព្រះជាម្ចាស់ក៏មកដល់ហើយដែរ។ ព្រះជាម្ចាស់នាំមនុស្សទាំងអស់ដែលមានភក្ដីភាពចំពោះទ្រង់រហូតដល់ទីបញ្ចប់ ចូលទៅក្នុងនគររបស់ទ្រង់ គឺចូលទៅក្នុងយុគសម័យនៃព្រះជាម្ចាស់ផ្ទាល់។ ប៉ុន្ដែមុនយុគសម័យនៃព្រះជាម្ចាស់ចូលមកដល់ កិច្ចការរបស់ព្រះជាម្ចាស់ គឺមិនមែនឃ្លាំចាំមើលការប្រព្រឹត្តរបស់មនុស្ស ឬស៊ើបសួរពីជីវិតមនុស្សទេ ប៉ុន្តែគឺមកជំនុំជម្រះភាពមិនស្ដាប់បង្គាប់របស់មនុស្សវិញដ្បិតព្រះជាម្ចាស់នឹងបន្សុទ្ធមនុស្សទាំងអស់ ដែលចូលមកចំពោះបល្ល័ង្ករបស់ទ្រង់។ មនុស្សទាំងអស់ដែលបានដើរតាមគន្លងព្រះបាទារបស់ព្រះជាម្ចាស់រហូតដល់ថ្ងៃនេះ គឺអស់អ្នកដែលចូលមកចំពោះបល្ល័ង្ករបស់ព្រះជាម្ចាស់ ហើយហេតុនេះបុគ្គលគ្រប់ៗរូប ដែលទទួលយកកិច្ចការរបស់ព្រះជាម្ចាស់នៅក្នុងដំណាក់កាលចុងក្រោយនេះ គេគឺជាកម្មវត្ថុនៃការបន្សុទ្ធរបស់ព្រះជាម្ចាស់ហើយ។ អាចនិយាយម្យ៉ាងទៀតបានថា គ្រប់ៗគ្នាដែលទទួលយកកិច្ចការរបស់ព្រះជាម្ចាស់ក្នុងដំណាក់កាលចុងក្រោយនេះ គេគឺជាកម្មវត្ថុនៃការជំនុំជម្រះរបស់ព្រះជាម្ចាស់។

(ដកស្រង់ពី «ព្រះគ្រីស្ទធ្វើកិច្ចការជំនុំជម្រះ ដោយសេចក្ដីពិត» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)

៣៧. ព្រះគ្រីស្ទនៃគ្រាចុងក្រោយ ប្រើនូវសេចក្ដីពិតជាច្រើន មកបង្រៀនមនុស្ស មកលាតត្រដាងពីលក្ខណៈរបស់មនុស្ស និងមកវិភាគពីពាក្យសម្ដី និងទង្វើរបស់មនុស្ស។ ព្រះបន្ទូលទាំងនេះមានរួមបញ្ចូលនូវសេចក្ដីពិតជាច្រើនខុសៗគ្នា ដូចជា ភារកិច្ចរបស់មនុស្ស របៀបដែលគេគួរស្ដាប់បង្គាប់ព្រះជាម្ចាស់ របៀបរក្សាភក្ដីភាពថ្វាយព្រះជាម្ចាស់ របៀបដែលមនុស្សគួរស្ដែងចេញនូវសភាពជាមនុស្សសាមញ្ញ ក៏ដូចជាព្រះប្រាជ្ញាញាណ និងនិស្ស័យរបស់ព្រះជាម្ចាស់ផងដែរ ។ល។ ពាក្យពេចន៍ទាំងអស់នេះសំដៅទៅលើសារៈសំខាន់របស់មនុស្ស និងនិស្ស័យពុករលួយរបស់គេ។ ជាពិសេស ព្រះបន្ទូលដែលលាតត្រដាងពីរបៀបដែលមនុស្សបដិសេធព្រះជាម្ចាស់ បានលើកឡើងទាក់ទងនឹងវិធីដែលមនុស្សក្លាយជាតំណាងរបស់អារក្សសាតាំង និងជាកម្លាំងសត្រូវ មកទាស់ទទឹងនឹងព្រះជាម្ចាស់។ នៅក្នុងការអនុវត្តការងារជំនុំជម្រះរបស់ព្រះជាម្ចាស់ ព្រះអង្គមិនមែនយកតែព្រះបន្ទូលពីរបីម៉ាត់មកបញ្ជាក់ពីធម្មជាតិរបស់មនុស្សនោះទេ តែទ្រង់នឹងលាតត្រដាង ដោះស្រាយជាមួយ និងលួសកាត់ក្នុងរយៈពេលយូរអង្វែង។ វិធីសាស្ដ្រផ្សេងៗទាំងនេះអំពីការលាតត្រដាង ការដោះស្រាយ និងការលួសកាត់ មិនអាចធ្វើឡើងដោយពាក្យពេចន៍ធម្មតាៗបានឡើយ ទាល់តែសេចក្ដីពិត ដែលមនុស្សខ្វះខាតទាំងស្រុង ទើបជំនួសបាន។ មានតែវិធីបែបនេះទេ ទើបអាចហៅបានថាជាការជំនុំជម្រះ ហើយមានតែតាមរយៈការជំនុំជម្រះបែបនេះទេ ទើបអាចបង្ក្រាបមនុស្ស និងត្រូវបញ្ចុះបញ្ចូលយ៉ាងច្បាស់អំពីព្រះជាម្ចាស់ ព្រមទាំងស្គាល់ដល់ព្រះជាម្ចាស់ពិតប្រាកដទៀតផង។ លទ្ធផលដែលកិច្ចការជំនុំជម្រះបាននាំមក គឺឱ្យមនុស្សបានស្គាល់ព្រះភក្ដ្រព្រះជាម្ចាស់ពិត និងស្គាល់សេចក្ដីពិតអំពីការបះបោររបស់ខ្លួនគេផ្ទាល់។ កិច្ចការនៃការជំនុំជម្រះ ធ្វើឱ្យមនុស្សទទួលបាននូវការយល់ដឹងច្រើនអំពីបំណងព្រះហឫទ័យនៃព្រះជាម្ចាស់ អំពីគោលបំណងនៃកិច្ចការរបស់ព្រះជាម្ចាស់ និងអំពីអាថ៌កំបាំងដែលគេមិនអាចយល់បាន។ កិច្ចការនេះក៏អនុញ្ញាតឱ្យមនុស្សទទួលស្គាល់ និងដឹងអំពីសារជាតិពុករលួយ និងឫសគល់នៃសេចក្ដីពុករលួយរបស់ខ្លួន ព្រមទាំងរកឃើញភាពស្មោកគ្រោករបស់មនុស្សផងដែរ។ លទ្ធផលទាំងអស់នេះ សុទ្ធតែបានមកពីកិច្ចការជំនុំជម្រះ ដ្បិតលក្ខណៈសម្បត្តិនៃកិច្ចការនេះ ការពិតគឺជាកិច្ចការបើកបង្ហាញអំពីសេចក្ដីពិត អំពីផ្លូវ និងអំពីជីវិតរបស់ព្រះជាម្ចាស់ ដល់អស់អ្នកណាដែលមានសេចក្ដីជំនឿលើទ្រង់។ កិច្ចការនេះ គឺជាកិច្ចការជំនុំជម្រះដែលត្រូវបានធ្វើឡើងដោយព្រះជាម្ចាស់។

(ដកស្រង់ពី «ព្រះគ្រីស្ទធ្វើកិច្ចការជំនុំជម្រះ ដោយសេចក្ដីពិត» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)

៣៨. មនុស្សជាតិដែលត្រូវសាតាំងធ្វើឱ្យពុករលួយជាខ្លាំងនោះ មិនដឹងទេថា មានព្រះជាម្ចាស់មួយអង្គ ហើយបានឈប់ថ្វាយបង្គំព្រះជាម្ចាស់ផង។ កាលដើមដំបូងពេលដែលអ័ដាម និងអេវ៉ាត្រូវបានបង្កើតមក សិរីល្អ និងទីបន្ទាល់របស់ព្រះយេហូវ៉ាគឺមានវត្តមានជាប់មករហូត។ តែបន្ទាប់ពីត្រូវបានធ្វើឱ្យទៅជាពុករលួយ មនុស្សបានបាត់បង់សិរីល្អ និងទីបន្ទាល់របស់ព្រះជាម្ចាស់ ដ្បិតគ្រប់គ្នាបានបះបោរប្រឆាំងនឹងព្រះជាម្ចាស់ និងលែងកោតខ្លាចទ្រង់ទាំងអស់គ្នា។ កិច្ចការនៃការយកឈ្នះនាពេលសព្វថ្ងៃ គឺដើម្បីស្ដារទីបន្ទាល់ទាំងអស់ និងសិរីល្អទាំងអស់ឡើងវិញ និងដើម្បីឱ្យមនុស្សទាំងអស់ថ្វាយបង្គំព្រះជាម្ចាស់ ប្រយោជន៍ឱ្យមានទីបន្ទាល់នៅក្នុងចំណោមសត្តនិករ នេះហើយជាកិច្ចការដែលត្រូវបានធ្វើនៅក្នុងដំណាក់កាលនេះ។ ពិតណាស់ តើមនុស្សជាតិត្រូវបានយកឈ្នះដោយរបៀបណា? ដោយការប្រើកិច្ចការនៃព្រះបន្ទូលក្នុងដំណាក់កាលនេះ ដើម្បីឱ្យមនុស្សជឿទាំងស្រុង តាមរយៈការប្រើនូវការលាតត្រដាង ការជំនុំជម្រះ ការវាយផ្ចាល និងការដាក់បណ្ដាសាឥតអាសូរ ដើម្បីបញ្ចុះបញ្ចូលគេទាំងស្រុង តាមរយៈការលាតត្រដាងនូវការបះបោររបស់មនុស្ស និងការជំនុំជម្រះការតតាំងរបស់គេ ដើម្បីឱ្យគេអាចស្គាល់ភាពទុច្ចរិត និងភាពស្មោកគ្រោករបស់មនុស្សជាតិ ហើយប្រើនូវសេចក្ដីទាំងនេះជារូបឆ្លុះចំពោះនិស្ស័យដ៏សុចរិតរបស់ព្រះជាម្ចាស់។ មនុស្សត្រូវបានយកឈ្នះ និងត្រូវបានជំរុញឱ្យជឿទាំងស្រុង ភាគច្រើនគឺតាមរយៈព្រះបន្ទូលទាំងនេះហើយ។ ព្រះបន្ទូលគឺជាមធ្យោបាយនាំទៅរកការយកឈ្នះមនុស្សជាតិចុងក្រោយបំផុត ហើយអស់អ្នកណាដែលទទួលយកការយកឈ្នះរបស់ព្រះជាម្ចាស់ ត្រូវតែទទួលយកការវាយផ្ដួល និងការជំនុំជម្រះនៃព្រះបន្ទូលរបសប់ទ្រង់។

(ដកស្រង់ពី «សេចក្ដីពិតនៅខាងក្នុងអំពីកិច្ចការនៃការយកឈ្នះ (១)» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)

៣៩. នៅក្នុងយុគសម័យនៃនគរព្រះ ព្រះជាម្ចាស់ប្រើប្រាស់ព្រះបន្ទូល ដើម្បីចូលទៅក្នុងយុគសម័យថ្មី ដើម្បីផ្លាស់ប្ដូររបៀបដែលទ្រង់ធ្វើការ និងដើម្បីធ្វើកិច្ចការនៃយុគសម័យទាំងមូល។ នេះហើយជាគោលការណ៍ដែលព្រះជាម្ចាស់ធ្វើការនៅក្នុងយុគសម័យនៃព្រះបន្ទូល។ ទ្រង់បានត្រឡប់ជាសាច់ឈាម ដើម្បីមានបន្ទូលចេញពីទិដ្ឋភាពខុសៗគ្នា ដូច្នេះ មនុស្សអាចមើលឃើញព្រះជាម្ចាស់យ៉ាងពិតប្រាកដ ដែលជាព្រះបន្ទូលកំពុងតែលេចមកនៅក្នុងសាច់ឈាម និងអាចមើលឃើញព្រះប្រាជ្ញាញាណ និងភាពអស្ចារ្យរបស់ទ្រង់។ កិច្ចការបែបនេះត្រូវបានធ្វើឡើង ដើម្បីឱ្យកាន់តែមានប្រសិទ្ធភាពក្នុងការសម្រេចគោលដៅនៃការយកឈ្នះមនុស្ស ការប្រោសមនុស្សឱ្យគ្រប់លក្ខណ៍ និងការផាត់មនុស្សចោល ដែលជាអត្ថន័យដ៏ពិតនៃការប្រើប្រាស់ព្រះបន្ទូលដើម្បីធ្វើការនៅក្នុងយុគសម័យនៃព្រះបន្ទូល។ តាមរយៈព្រះបន្ទូលទាំងនេះ មនុស្សចាប់ផ្ដើមដឹងអំពីកិច្ចការរបស់ព្រះជាម្ចាស់ និស្ស័យរបស់ព្រះជាម្ចាស់ លក្ខណៈរបស់មនុស្ស និងអ្វីដែលមនុស្សគួរតែចូលទៅក្នុង។ តាមរយៈព្រះបន្ទូល កិច្ចការដែលព្រះជាម្ចាស់ចង់ធ្វើនៅក្នុងយុគសម័យនៃព្រះបន្ទូល បានបង្កើតផលផ្លែទាំងអស់។ តាមរយៈព្រះបន្ទូលទាំងនេះ មនុស្សត្រូវបានលាតត្រដាង ផាត់ចោល និងសាកល្បង។ មនុស្សបានឃើញព្រះបន្ទូលរបស់ព្រះជាម្ចាស់ បានឮព្រះបន្ទូលទាំងនេះ និងបានទទួលស្គាល់ពីអត្ថិភាពនៃព្រះបន្ទូលទាំងនេះ។ ជាលទ្ធផល ពួកគេបានចាប់ផ្ដើមជឿលើអត្ថិភាពរបស់ព្រះជាម្ចាស់ ជឿលើសព្វានុភាព និងព្រះប្រាជ្ញាញាណរបស់ព្រះជាម្ចាស់ ក៏ដូចជាជឿលើសេចក្តីស្រឡាញ់របស់ព្រះជាម្ចាស់ចំពោះមនុស្ស និងបំណងព្រះហឫទ័យទ្រង់ក្នុងការសង្រ្គោះមនុស្ស។ ពាក្យថា «ព្រះបន្ទូល» អាចមានលក្ខណៈសាមញ្ញ និងធម្មតា ប៉ុន្តែព្រះបន្ទូលដែលចេញពីព្រះឱស្ឋរបស់ព្រះដែលយកកំណើតជាមនុស្ស ធ្វើឱ្យអង្រួនដល់ចក្រវាឡ បំផ្លាស់បំប្រែដួងចិត្តរបស់មនុស្ស បំផ្លាស់បំប្រែសញ្ញាណ និងនិស្ស័យចាស់របស់គេ ព្រមទាំងបំផ្លាស់បំប្រែរបៀបដែលពិភពលោកទាំងមូលធ្លាប់សម្ដែងចេញ។ នៅក្នុងយុគសម័យនានា មានតែព្រះជាម្ចាស់នាពេលបច្ចុប្បន្នទេ ដែលបានធ្វើការតាមរបៀបនេះ និងមានតែទ្រង់ប៉ុណ្ណោះ ដែលមានបន្ទូល ហើយយាងមកសង្រ្គោះមនុស្ស។ ចាប់ពីពេលនេះតទៅ មនុស្សរស់នៅក្រោមការចង្អុលបង្ហាញនៃព្រះបន្ទូលរបស់ព្រះជាម្ចាស់ ត្រូវបានឃ្វាល និងផ្គត់ផ្គង់ដោយព្រះបន្ទូលរបស់ទ្រង់។ មនុស្សរស់នៅក្នុងពិភពនៃព្រះបន្ទូលរបស់ព្រះជាម្ចាស់ ក្នុងចំណោមបណ្ដាសា និងព្រះពររបស់ព្រះបន្ទូលរបស់ព្រះជាម្ចាស់ ហើយមានមនុស្សកាន់តែច្រើនថែមទៀតដែលចូលមករស់នៅក្រោមការជំនុំជម្រះ និងការវាយផ្ចាលនៃព្រះបន្ទូលរបស់ទ្រង់។ ព្រះបន្ទូលទាំងនេះ និងកិច្ចការនេះ គឺសម្រាប់ជាប្រយោជន៍ដល់សេចក្តីសង្រ្គោះរបស់មនុស្ស សម្រាប់ជាប្រយោជន៍ដល់ការបំពេញតាមព្រះហឫទ័យរបស់ព្រះជាម្ចាស់ និងសម្រាប់ជាប្រយោជន៍ដល់ការបំផ្លាស់បំប្រែរូបរាងដើមនៃពិភពលោកចាស់។ ព្រះជាម្ចាស់បានបង្កើតពិភពលោក ដោយប្រើព្រះបន្ទូលរបស់ទ្រង់ដឹកនាំមនុស្សនៅទូទាំងសកលលោក ដោយប្រើព្រះបន្ទូល ហើយទ្រង់យកឈ្នះ និងសង្រ្គោះពួកគេដោយប្រើព្រះបន្ទូល។ ចុងក្រោយនេះ ទ្រង់នឹងប្រើព្រះបន្ទូលដើម្បីនាំពិភពលោកចាស់មកដល់ទីបញ្ចប់ ក្នុងគោលបំណងសម្រេចផែនការនៃការគ្រប់គ្រងទាំងអស់របស់ទ្រង់។

(ដកស្រង់ពី «យុគសម័យនៃនគរព្រះ គឺជាយុគសម័យនៃព្រះបន្ទូល» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)

៤០. នៅក្នុងយុគសម័យនៃនគរព្រះ ព្រះជាម្ចាស់ដែលបានយកកំណើតជាមនុស្ស ថ្លែងព្រះបន្ទូលដើម្បីយកឈ្នះមនុស្សទាំងអស់ដែលជឿដល់ទ្រង់។ នេះហើយជា «ព្រះបន្ទូលដែលកំពុងលេចមកជាសាច់ឈាម»។ ព្រះជាម្ចាស់បានយាងមកនៅក្នុងគ្រាចុងក្រោយ ដើម្បីធ្វើកិច្ចការនេះ ពោលគឺទ្រង់បានយាងមកដើម្បីសម្រេចនូវសារៈសំខាន់ពិត នៃព្រះបន្ទូលដែលកំពុងលេចមកជាសាច់ឈាម។ ព្រះអង្គគ្រាន់តែថ្លែងព្រះបន្ទូលប៉ុណ្ណោះ ហើយការមកដល់នៃការពិតក៏កម្រមានដែរ។ នេះគឺជាលក្ខណៈពិតបំផុតនៃព្រះបន្ទូលដែលកំពុងលេចមកជាសាច់ឈាម រួចកាលណាព្រះជាម្ចាស់ដែលយកកំណើត ថ្លែងព្រះបន្ទូលរបស់ទ្រង់ នេះគឺជាការលេចមកនៃព្រះបន្ទូលនៅក្នុងសាច់ឈាម និងជាព្រះបន្ទូលដែលយាងមកសណ្ឋិតនៅក្នុងសាច់ឈាម។ «ដើមឡើយ មានព្រះបន្ទូល ព្រះបន្ទូលក៏គង់នៅជាមួយព្រះជាម្ចាស់ ព្រះបន្ទូលជាព្រះជាម្ចាស់ ហើយព្រះបន្ទូលក៏បានក្លាយជាសាច់ឈាម»។ ការនេះ (កិច្ចការនៃការលេចមកជាសាច់ឈាម) ជាកិច្ចការដែលព្រះជាម្ចាស់នឹងសម្រេចឱ្យបាននៅគ្រាចុងក្រោយ ហើយក៏ជាជំពូកចុងក្រោយនៃផែនការគ្រប់គ្រងរបស់ទ្រង់ទាំងមូលដែរ ដូច្នេះហើយ ព្រះជាម្ចាស់ត្រូវតែយាងមកផែនដី ហើយសម្ដែងព្រះបន្ទូលរបស់ទ្រង់ក្នុងសាច់ឈាម។ កិច្ចការដែលត្រូវធ្វើឱ្យរួចនៅថ្ងៃនេះ កិច្ចការដែលនឹងត្រូវធ្វើឱ្យរួចនៅថ្ងៃអនាគត កិច្ចការដែលព្រះជាម្ចាស់នឹងត្រូវសម្រេចឱ្យបាន ទិសដៅចុងក្រោយរបស់មនុស្ស មនុស្សដែលនឹងត្រូវបានសង្គ្រោះ មនុស្សដែលនឹងត្រូវបំផ្លាញ ។ល។ កិច្ចការទាំងអស់ដែលគួរតែត្រូវសម្រេចឱ្យបាននៅទីបញ្ចប់ គឺត្រូវបានថ្លែងបញ្ជាក់យ៉ាងច្បាស់អស់ហើយ ហើយគ្រប់យ៉ាងក៏ដើម្បីសម្រេចឱ្យបាននូវសារៈសំខាន់ពិតនៃព្រះបន្ទូលដែលកំពុងលេចមកជាសាច់ឈាមដែរ។ បញ្ញត្តិរដ្ឋបាល និងក្រឹត្យវិន័យដែលត្រូវបានបញ្ចេញកាលពីគ្រាមុន មនុស្សដែលនឹងត្រូវបំផ្លាញ មនុស្សដែលនឹងត្រូវចូលទៅសម្រាក គឺព្រះបន្ទូលទាំងអស់នេះត្រូវតែសម្រេច។ នេះជាកិច្ចការដែលត្រូវសម្រេចឱ្យបានជាពិសេស ដោយព្រះជាម្ចាស់ដែលយកកំណើតជាមនុស្សនៅគ្រាចុងក្រោយ។ ព្រះអង្គធ្វើឱ្យមនុស្សដឹងថា អស់អ្នកដែលព្រះជាម្ចាស់បានកំណត់ទុកជាមុននៅកន្លែងណា ហើយមនុស្សដែលព្រះជាម្ចាស់មិនបានកំណត់ទុកជាមុននៅកន្លែងណា ដឹងពីវិធីបែងចែករាស្ត្ររបស់ទ្រង់ និងពួកកូនប្រុសទាំងឡាយរបស់ទ្រង់តាមប្រភេទ ដឹងអំពីអ្វីដែលនឹងត្រូវកើតឡើងចំពោះប្រទេសអ៊ីស្រាអែល និងដឹងអំពីអ្វីដែលនឹងត្រូវកើតឡើងចំពោះស្រុកអេស៊ីព្ទ ពោលគឺព្រះបន្ទូលគ្រប់ម៉ាត់នឹងត្រូវបានសម្រេចនាថ្ងៃអនាគត។ ល្បឿននៃកិច្ចការរបស់ព្រះជាម្ចាស់កំពុងតែស្ទុះឡើង។ ព្រះជាម្ចាស់ប្រើប្រាស់ព្រះបន្ទូលជាមធ្យោបាយសម្រាប់បើកសម្ដែងប្រាប់មនុស្សអំពីកិច្ចការដែលត្រូវធ្វើឱ្យរួចនៅក្នុងយុគសម័យនីមួយៗ កិច្ចការដែលត្រូវធ្វើដោយព្រះជាម្ចាស់ដែលយកកំណើតជាសាច់ឈាម និងព័ន្ធកិច្ចដែលទ្រង់ត្រូវធ្វើ ហើយព្រះបន្ទូលទាំងអស់នេះ គឺសុទ្ធតែដើម្បីសម្រេចឱ្យបាននូវសារៈសំខាន់ពិតនៃព្រះបន្ទូលដែលកំពុងលេចមកជាសាច់ឈាម។

(ដកស្រង់ពី «គ្រប់យ៉ាងសម្រេចបានដោយព្រះបន្ទូលរបស់ព្រះជាម្ចាស់» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)

៤១. សព្វថ្ងៃនេះ ព្រះជាម្ចាស់បានត្រលប់ជាសាច់ឈាម ដើម្បីសម្រេចកិច្ចការជាពិសេសមួយគឺ «ព្រះបន្ទូលលេចមកជាសាច់ឈាម» ដើម្បីប្រើប្រាស់ព្រះបន្ទូលធ្វើឱ្យមនុស្សបានគ្រប់លក្ខណ៍ និងធ្វើឱ្យមនុស្សទទួលយកនូវការប្រឈមនឹងព្រះបន្ទូល និងការបន្សុទ្ធដោយព្រះបន្ទូល។ ទ្រង់ធ្វើឱ្យអ្នកទទួលបានការផ្គត់ផ្គង់ និងទទួលបានជីវិតនៅក្នុងព្រះបន្ទូលទ្រង់។ អ្នកមើលឃើញកិច្ចការ និងស្នាព្រះហស្តទ្រង់នៅក្នុងព្រះបន្ទូលទ្រង់។ ព្រះជាម្ចាស់ប្រើប្រាស់ព្រះបន្ទូល ដើម្បីវាយផ្ចាល និងបន្សុទ្ធអ្នក ហេតុនេះហើយ ប្រសិនបើអ្នករងទុក្ខលំបាក នោះក៏ដោយសារព្រះបន្ទូលរបស់ព្រះជាម្ចាស់ដែរ។ សព្វថ្ងៃនេះ ព្រះជាម្ចាស់មិនធ្វើកិច្ចការរបស់ទ្រង់ ដោយប្រើការពិតឡើង គឺដោយប្រើព្រះបន្ទូលវិញ។ ទាល់តែព្រះបន្ទូលទ្រង់បានយាងមកសណ្ឋិតលើអ្នក ទើបព្រះវិញ្ញាណបរិសុទ្ធអាចធ្វើការនៅក្នុងអ្នក ហើយធ្វើឱ្យអ្នករងនូវការឈឺចាប់ ឬស្គាល់ភាពផ្អែមល្ហែមបាន។ មានតែព្រះបន្ទូលរបស់ព្រះជាម្ចាស់ទេ ទើបអាចនាំអ្នកមកក្នុងតថភាព ហើយក៏មានតែព្រះបន្ទូលរបស់ព្រះជាម្ចាស់ដែរ ទើបអាចធ្វើឱ្យអ្នកបានគ្រប់លក្ខណ៍។ ដូច្នេះ យ៉ាងហោចណាស់ អ្នកត្រូវតែយល់ដូច្នេះថា កិច្ចការដ៏ពិសេសដែលព្រះជាម្ចាស់ធ្វើនៅគ្រាចុងក្រោយ គឺការប្រើប្រាស់ព្រះបន្ទូលទ្រង់ ដើម្បីធ្វើឱ្យបុគ្គលគ្រប់គ្នាបានគ្រប់លក្ខណ៍ និងដើម្បីដឹកនាំមនុស្ស។ គ្រប់កិច្ចការទាំងអស់ដែលទ្រង់ធ្វើ គឺសុទ្ធតែតាមរយៈព្រះបន្ទូល។ ព្រះអង្គមិនប្រើការពិតមកវាយផ្ចាលអ្នកទេ។ ជាច្រើនលើកច្រើនសារ ដែលមនុស្សខ្លះទាស់ទទឹងនឹងព្រះជាម្ចាស់។ ព្រះជាម្ចាស់មិនធ្វើឱ្យអ្នកកើតទុក្ខខ្លាំងពេកទេ សាច់ឈាមរបស់អ្នកមិនត្រូវបានដាក់ទោសទេ ហើយអ្នកក៏មិនត្រូវរងទុក្ខលំបាកដែរ ប៉ុន្តែកាលណាព្រះបន្ទូលទ្រង់មកសណ្ឋិតលើអ្នក ហើយបន្សុទ្ធអ្នក នោះអ្នកមិនអាចទ្រាំបានឡើយ។ តើវាមិនមែនដូច្នេះទេឬអី? នៅក្នុងអំឡុងសម័យពួកអ្នកបម្រើ ព្រះជាម្ចាស់បានមានបន្ទូលថា ទ្រង់នឹងបោះមនុស្សទៅក្នុងជង្ហុកធំ។ តើមនុស្សពិតជាទៅដល់បាតជង្ហុកធំនេះដែរឬទេ? គ្រាន់តែតាមរយៈការប្រើព្រះបន្ទូល ដើម្បីបន្សុទ្ធមនុស្ស នោះមនុស្សបានចូលទៅក្នុងជង្ហុកធំបាត់ទៅហើយ។ ហេតុនេះ នៅគ្រាចុងក្រោយ កាលណាព្រះជាម្ចាស់ត្រលប់ជាសាច់ឈាម ទ្រង់ប្រើព្រះបន្ទូលជាចម្បង ដើម្បីសម្រេចកិច្ចការទាំងអស់ ហើយធ្វើឱ្យកិច្ចការទាំងអស់ស្ដែងចេញយ៉ាងច្បាស់។ មានតែនៅក្នុងព្រះបន្ទូលរបស់ទ្រង់ទេ ទើបអ្នកអាចមើលឃើញលក្ខណៈរបស់ទ្រង់ មានតែនៅក្នុងព្រះបន្ទូលរបស់ទ្រង់ទេ ទើបអ្នកអាចមើលឃើញថា ទ្រង់គឺជាអង្គព្រះជាម្ចាស់ផ្ទាល់ពិតមែន។ កាលណាព្រះជាម្ចាស់យាងមកយកកំណើតជាមនុស្សនៅលើផែនដី គឺទ្រង់មិនធ្វើកិច្ចការផ្សេងទៀតឡើយ ក្រៅតែពីថ្លែងព្រះបន្ទូល ដូច្នេះ មិនចាំបាច់ត្រូវការការពិតអ្វីទេ ត្រឹមព្រះបន្ទូលគឺគ្រប់គ្រាន់ហើយ។ នោះគឺដោយសារទ្រង់បានយាងមកជាពិសេសដើម្បីធ្វើកិច្ចការនេះ ដើម្បីឱ្យមនុស្សមើលឃើញព្រះចេស្ដា និងឧត្តមភាពនៅក្នុងព្រះបន្ទូលរបស់ទ្រង់ ដើម្បីឱ្យមនុស្សមើលឃើញថា ទ្រង់លាក់ព្រះកាយដោយបន្ទាបព្រះអង្គទ្រង់យ៉ាងណានៅក្នុងព្រះបន្ទូលរបស់ទ្រង់ និងដើម្បីឱ្យមនុស្សស្គាល់ភាពបរិបូររបស់ទ្រង់នៅក្នុងព្រះបន្ទូលរបស់ទ្រង់។ កម្មសិទ្ធិ និងលក្ខណៈទាំងអស់របស់ព្រះអង្គ សុទ្ធតែមាននៅក្នុងព្រះបន្ទូលរបស់ទ្រង់។ ប្រាជ្ញាញាណ និងភាពមហស្ចារ្យរបស់ទ្រង់ សុទ្ធតែមាននៅក្នុងព្រះបន្ទូលរបស់ទ្រង់។ ដោយសារព្រះបន្ទូលនេះ អ្នកត្រូវបានបង្កើតមកឱ្យមើលឃើញវិធីសាស្ត្រនានាដែលព្រះជាម្ចាស់ប្រើប្រាស់ សម្រាប់ថ្លែងព្រះបន្ទូលទ្រង់។ កិច្ចការភាគច្រើនរបស់ព្រះជាម្ចាស់នៅក្នុងអំឡុងពេលនេះ គឺជាការផ្គត់ផ្គង់ ការបើកសម្ដែង និងការដោះស្រាយជាមួយមនុស្ស។ ទ្រង់មិនដាក់បណ្ដាសារលេងៗនោះឡើយ ហើយសូម្បីតែពេលទ្រង់ដាក់បណ្ដាសា ក៏ទ្រង់ដាក់បណ្ដាសាដោយព្រះបន្ទូលដែរ។ ដូច្នេះហើយ ក្នុងយុគសម័យដែលព្រះជាម្ចាស់បានត្រលប់ជាសាច់ឈាមនេះ ចូរកុំព្យាយាមមើលព្រះជាម្ចាស់ប្រោសជំងឺ និងបណ្ដេញវិញ្ញាណអាក្រក់ទៀត ហើយឈប់តាមរកទីសម្គាល់ទៀតទៅ គ្មានប្រយោជន៍ទេ! ទីសម្គាល់ទាំងនោះមិនអាចធ្វើឱ្យមនុស្សបានគ្រប់លក្ខណ៍ទេ! និយាយឱ្យត្រង់ទៅ៖ សព្វថ្ងៃនេះ ព្រះដ៏ពិតផ្ទាល់ព្រះអង្គដែលមានរូបកាយសាច់ឈាម ទ្រង់មិនធ្វើសកម្មភាពទេ ទ្រង់ថ្លែងតែព្រះបន្ទូលប៉ុណ្ណោះ។ នេះជាសេក្ដីពិត! ទ្រង់ប្រើព្រះបន្ទូលដើម្បីធ្វើឱ្យអ្នកបានគ្រប់លក្ខណ៍ ហើយប្រើព្រះបន្ទូលដើម្បីប្រទាននូវអាហារ និងផ្ដល់ទឹកដល់អ្នក។ ទ្រង់ក៏ប្រើព្រះបន្ទូលដើម្បីធ្វើកិ្ចចការ ហើយទ្រង់ក៏ប្រើព្រះបន្ទូលនៅក្នុងការពិត ដើម្បីឱ្យអ្នកស្គាល់ពីភាពជាក់ស្ដែងរបស់ទ្រង់ដែរ។ ប្រសិនបើអ្នកអាចគិតយល់ពីលក្ខណៈនៃកិច្ចការរបស់ព្រះជាម្ចាស់មួយនេះបាន នោះពិបាកនឹងមានគំនិតអវិជ្ជមានណាស់ អ្នកគួរផ្ដោតតែលើអ្វីដែលវិជ្ជមាន ពោលគឺទោះបីជាព្រះបន្ទូលរបស់ព្រះជាម្ចាស់មិនបានសម្រេចក៏ដោយ ឬទោះបីជាគ្មានការមកដល់នៃការពិតក៏ដោយ ក៏ព្រះជាម្ចាស់ធ្វើឱ្យមនុស្សទទួលបាននូវជីវិតពីព្រះបន្ទូលទ្រង់ដែរ ហើយនេះគឺជាទីសម្គាល់ដ៏ធំបំផុត ហើយជាងនេះទៅទៀត នេះគឺជាសេចក្ដីពិតដែលមិនអាចប្រកែកបាន។ នេះគឺជាភ័ស្តុតាងដ៏ល្អបំផុតដែលនាំឱ្យបានស្គាល់ព្រះជាម្ចាស់ ហើយជាទីសម្គាល់ដ៏ធំជាងទីសម្គាល់ណាទាំងអស់។ មានតែព្រះបន្ទូលនេះទេ ទើបអាចធ្វើឱ្យមនុស្សបានគ្រប់លក្ខណ៍។

(ដកស្រង់ពី «គ្រប់យ៉ាងសម្រេចបានដោយព្រះបន្ទូលរបស់ព្រះជាម្ចាស់» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)

៤២. នៅគ្រាចុងក្រោយ ព្រះជាម្ចាស់ប្រើព្រះបន្ទូលរបស់ទ្រង់ជាចម្បង ដើម្បីធ្វើឱ្យមនុស្សបានគ្រប់លក្ខណ៍។ ព្រះអង្គមិនប្រើទីសម្គាល់ និងការអស្ចារ្យដើម្បីសង្កត់សង្កិន ឬមួយបញ្ចុះបញ្ចូលឱ្យមនុស្សជឿនោះទេ ទង្វើនេះមិនអាចធ្វើឱ្យគេស្គាល់ព្រះចេស្ដារបស់ព្រះជាម្ចាស់ឡើយ។ ប្រសិនបើព្រះជាម្ចាស់បង្ហាញទីសម្គាល់ និងការអស្ចារ្យ នោះក៏មិនអាចស្ដែងឱ្យគេស្គាល់ពីតថភាពរបស់ព្រះជាម្ចាស់ដែរ ព្រមទាំងមិនអាចធ្វើឱ្យមនុស្សគ្រប់លក្ខណ៍បានដែរ។ ព្រះជាម្ចាស់មិនធ្វើឱ្យមនុស្សបានគ្រប់លក្ខណ៍ដោយសារទីសម្គាល់ និងការអស្ចារ្យឡើយ តែទ្រង់ប្រើព្រះបន្ទូល ដើម្បីស្រោចស្រព និងឃ្វាលមនុស្ស បន្ទាប់មកទ្រង់ក៏ទទួលបាននូវការស្ដាប់បង្គាប់របស់មនុស្ស និងឱ្យគេបានស្គាល់ព្រះអង្គ។ នេះគឺជាគោលដៅនៃកិច្ចការដែលទ្រង់ធ្វើ និងជាគោលដៅនៃព្រះបន្ទូលដែលទ្រង់ថ្លែង។ ព្រះជាម្ចាស់មិនប្រើវិធីសាស្ត្រនៃការបង្ហាញទីសម្គាល់ និងការអស្ចារ្យ ដើម្បីធ្វើឱ្យមនុស្សបានគ្រប់លក្ខណ៍ឡើយ តែទ្រង់ប្រើព្រះបន្ទូល និងប្រើវិធីសាស្ត្រអនុវត្តខុសៗគ្នា ដើម្បីធ្វើឱ្យមនុស្សបានគ្រប់លក្ខណ៍។ ព្រះជាម្ចាស់ថ្លែងព្រះបន្ទូលតាមទស្សនៈផ្សេងៗគ្នាជាច្រើន ដើម្បីធ្វើឱ្យមនុស្សបានគ្រប់លក្ខណ៍ និងដើម្បីប្រទានឱ្យមនុស្សស្គាល់ពីកិច្ចការ ព្រះប្រាជ្ញាញាណ និងស្នាព្រះហស្តដ៏មហស្ចារ្យរបស់ទ្រង់កាន់តែច្បាស់ មិនថាតាមរយៈការបន្សុទ្ធ ការដោះស្រាយ ការលួសកាត់ ឬការប្រទាននូវព្រះបន្ទូលនោះឡើយ។ ... ខ្ញុំបាននិយាយពីខាងដើមរួចហើយថា អ្នកមានជ័យជម្នះមួយក្រុមត្រូវបានទទួលពីទិសខាងកើតមក គេគឺជាអ្នកមានជ័យជម្នះដែលកើតចេញមកពីគ្រាមហាវេទនា។ តើពាក្យទាំងអស់នេះមានន័យដូចម្ដេច? ពាក្យទាំងអស់នេះមានន័យថា មនុស្សដែលទើបតែទទួលបាន ទាល់តែគេបានឆ្លងកាត់ការជំនុំជម្រះ និងការវាយផ្ចាល ការប្រឈមដោះស្រាយ និងការកាត់ចេញ ហើយនិងការបន្សុទ្ធគ្រប់យ៉ាង ទើបគេស្ដាប់បង្គាប់ពិតប្រាកដ។ ជំនឿរបស់មនុស្សទាំងអស់នេះមិនមែនស្រពេចស្រពិល និងអរូបីទេ តែជាជំនឿពិត។ ពួកគេមិនធ្លាប់ឃើញទីសម្គាល់ និងការអស្ចារ្យ ឬការឫទ្ធិបារមីអ្វីទាំងអស់ ពួកគេក៏មិននិយាយអំពីន័យពាក្យ និងសេចក្ដីបង្រៀនដែលពិបាកយល់ ឬគំនិតជ្រាលជ្រៅអ្វីដែរ ផ្ទុយទៅវិញ ពួកគេមានតថភាព និងព្រះបន្ទូលរបស់ព្រះជាម្ចាស់ ហើយពិតជាស្គាល់តថភាពរបស់ព្រះជាម្ចាស់ពិតប្រាកដមែន។ តើក្រុមមនុស្សបែបនេះ គ្មានសមត្ថភាពពន្យល់ពីព្រះចេស្ដារបស់ព្រះជាម្ចាស់ឱ្យងាយជាងនេះទេមែនទេ?

(ដកស្រង់ពី «គ្រប់យ៉ាងសម្រេចបានដោយព្រះបន្ទូលរបស់ព្រះជាម្ចាស់» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)

៤៣. ក្នុងអំឡុងនៃគ្រាចុងក្រោយ ព្រះដែលយកកំណើតជាមនុស្សបានយាងមកកាន់ផែនដី ក្នុងគោលបំណងជាចម្បង ដើម្បីថ្លែងព្រះបន្ទូល។ នៅពេលដែលព្រះយេស៊ូវបានយាងមក ទ្រង់បានផ្សាយដំណឹងល្អអំពីនគរស្ថានសួគ៌ ហើយទ្រង់បានសម្រេចកិច្ចការប្រោសលោះនៃការជាប់ឆ្កាង។ ទ្រង់បាននាំមកនូវការបញ្ចប់យុគសម័យនៃក្រឹត្យវិន័យ ហើយលុបបំបាត់រាល់អ្វីៗដែលចាស់។ ការយាងមកដល់របស់ព្រះយេស៊ូវបានបញ្ចប់យុគសម័យនៃក្រឹត្យវិន័យ និងបាននាំមកនូវយុគសម័យនៃព្រះគុណ ហើយការយាងមករបស់ព្រះដែលយកកំណើតជាមនុស្សនៅគ្រាចុងក្រោយ បានបញ្ចប់នូវយុគសម័យនៃព្រះគុណ។ ទ្រង់បានយាងមក ក្នុងគោលបំណងជាចម្បង ដើម្បីថ្លែងបន្ទូលរបស់ទ្រង់ ដើម្បីប្រើព្រះបន្ទូលធ្វើឱ្យមនុស្សក្លាយជាគ្រប់លក្ខណ៍ ដើម្បីបំភ្លឺ និងស្រាយពន្យល់ដល់មនុស្ស និងដើម្បីដកចោលនូវកន្លែងនៃព្រះដ៏ស្រពេចស្រពិលដែលមាននៅក្នុងដួងចិត្តរបស់មនុស្ស។ នេះមិនមែនជាដំណាក់កាលនៃកិច្ចការដែលព្រះយេស៊ូវបានធ្វើ នៅពេលដែលទ្រង់បានយាងមកនោះឡើយ។ នៅពេលដែលព្រះយេស៊ូវបានយាងមក ទ្រង់បានធ្វើការអស្ចារ្យជាច្រើន ទ្រង់បានប្រោសអ្នកជំងឺឱ្យជា និងបណ្ដេញពួកអារក្ស ហើយទ្រង់បានធ្វើកិច្ចការប្រោសលោះនៃការជាប់ឆ្កាង។ ជាលទ្ធផល នៅក្នុងសញ្ញាណរបស់មនុស្ស ពួកគេជឿថា នេះជារបៀបដែលព្រះជាម្ចាស់គួរតែក្លាយជា។ ដ្បិតពេលដែលព្រះយេស៊ូវបានយាងមក ទ្រង់មិនបានធ្វើកិច្ចការនៃការកម្ចាត់ចោលនូវរូបអង្គអំពីព្រះដ៏ស្រពេចស្រពិលចេញពីដួងចិត្តរបស់មនុស្សឡើយ។ នៅពេលដែលទ្រង់បានយាងមក ទ្រង់បានជាប់ឆ្កាង ទ្រង់បានប្រោសអ្នកជំងឺឱ្យជា និងបណ្ដេញអារក្ស ហើយទ្រង់បានផ្សាយដំណឹងល្អអំពីនគរស្ថានសួគ៌។ នៅក្នុងន័យម្យ៉ាង ការយកកំណើតជាមនុស្សរបស់ព្រះជាម្ចាស់ ក្នុងអំឡុងគ្រាចុងក្រោយ កម្ចាត់ចោលកន្លែងដែលមានផ្ទុកនូវព្រះដ៏ស្រពេចស្រពិលនៅក្នុងសញ្ញាណរបស់មនុស្ស ដូច្នេះ វានឹងលែងគ្មានរូបអង្គអំពីព្រះដ៏ស្រពេចស្រពិលនៅក្នុងដួងចិត្តរបស់មនុស្សទៀតហើយ។ តាមរយៈព្រះបន្ទូល និងកិច្ចការដ៏ពិតរបស់ទ្រង់ ចលនារបស់ទ្រង់នៅទូទាំងទឹកដី និងកិច្ចការដ៏ពិតអស្ចារ្យ និងធម្មតា ដែលទ្រង់ធ្វើនៅក្នុងចំណោមមនុស្ស ទ្រង់ធ្វើឱ្យមនុស្សស្គាល់ពីការពិតរបស់ព្រះជាម្ចាស់ ហើយកម្ចាត់ចោលកន្លែងរបស់ព្រះដ៏ស្រពេចស្រពិលដែលមាននៅក្នុងដួងចិត្តមនុស្ស។ នៅក្នុងន័យម្យ៉ាងទៀត ព្រះជាម្ចាស់ប្រើព្រះបន្ទូលដែលថ្លែងចេញពីសាច់ឈាមរបស់ទ្រង់ ដើម្បីធ្វើឱ្យមនុស្សបានពេញខ្នាត និងសម្រេចគ្រប់កិច្ចការទាំងអស់។ នេះជាកិច្ចការដែលព្រះជាម្ចាស់នឹងសម្រេច ក្នុងអំឡុងគ្រាចុងក្រោយ។

(ដកស្រង់ពី «ការដឹងអំពីកិច្ចការរបស់ព្រះជាម្ចាស់នាពេលសព្វថ្ងៃ» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)

៤៤. ក្នុងអំឡុងនៃគ្រាចុងក្រោយ ព្រះជាម្ចាស់បានយាងមក ក្នុងគោលបំណងចម្បង គឺដើម្បីថ្លែងព្រះបន្ទូលរបស់ទ្រង់។ ទ្រង់មានបន្ទូលចេញពីការយល់ឃើញរបស់ទិដ្ឋភាពព្រះវិញ្ញាណ ការយល់ឃើញរបស់មនុស្ស និងការយល់ឃើញរបស់បុគ្គលទីបី។ ទ្រង់មានបន្ទូលនៅក្នុងរបៀបផ្សេងៗគ្នា ដោយប្រើរបៀបមួយសម្រាប់អំឡុងពេលមួយ ហើយទ្រង់ប្រើវិធីសាស្ត្រនៃការមានបន្ទូល ដើម្បីផ្លាស់ប្ដូរសញ្ញាណរបស់មនុស្ស និងកម្ចាត់ចោលរូបអង្គនៃព្រះដ៏ស្រពេចស្រពិលចេញពីដួងចិត្តរបស់មនុស្ស។ នេះជាកិច្ចការដ៏ចម្បងដែលព្រះជាម្ចាស់ធ្វើ។ ដោយសារតែមនុស្សជឿថា ព្រះជាម្ចាស់បានយាងមក ដើម្បីប្រោសអ្នកជំងឺឱ្យជា បណ្ដេញអារក្ស ធ្វើការអស្ចារ្យ និងប្រទានព្រះពរផ្នែកសម្ភារៈដល់មនុស្ស នោះព្រះជាម្ចាស់អនុវត្តដំណាក់កាលនៃកិច្ចការនេះ ដែលជាកិច្ចការនៃការកាត់ទោស និងការជំនុំជម្រះ ដើម្បីកម្ចាត់ចោលអ្វីៗទាំងនេះចេញពីសញ្ញាណរបស់មនុស្ស ដើម្បីឱ្យមនុស្សអាចដឹងអំពីការពិត និងភាពសាមញ្ញរបស់ព្រះជាម្ចាស់ និងដើម្បីឱ្យរូបអង្គរបស់ព្រះយេស៊ូវត្រូវបានកម្ចាត់ចោលចេញពីដួងចិត្តរបស់គេ ហើយជំនួសមកវិញដោយរូបអង្គថ្មីអំពីព្រះជាម្ចាស់។ ពេលណាដែលរូបអង្គអំពីព្រះជាម្ចាស់ដែលមាននៅក្នុងចិត្តរបស់មនុស្សក្លាយជាចាស់ នោះវាក្លាយជារូបព្រះហើយ។ នៅពេលដែលព្រះយេស៊ូវបានយាងមក ហើយអនុវត្តដំណាក់កាលនៃកិច្ចការនោះ ទ្រង់មិនតំណាងឱ្យផ្នែកទាំងស្រុងរបស់ព្រះជាម្ចាស់ឡើយ។ ទ្រង់បានធ្វើទីសម្គាល់ និងឫទ្ធិបារមីខ្លះ បានមានបន្ទូលខ្លះ ហើយចុងបញ្ចប់ ត្រូវបានជាប់ឆ្កាង។ ទ្រង់បានតំណាងឱ្យផ្នែកមួយរបស់ព្រះជាម្ចាស់។ ទ្រង់មិនអាចតំណាងឱ្យអ្វីគ្រប់យ៉ាងដែលមកពីព្រះជាម្ចាស់ឡើយ ប៉ុន្តែផ្ទុយទៅវិញ ទ្រង់បានតំណាងឱ្យព្រះជាម្ចាស់នៅក្នុងការធ្វើផ្នែកមួយនៃកិច្ចការរបស់ព្រះជាម្ចាស់។ នេះគឺដោយសារតែព្រះជាម្ចាស់ធំមហិមា និងសែនអស្ចារ្យ ហើយទ្រង់មិនអាចវាស់ស្ទង់បាន និងដោយសារតែព្រះជាម្ចាស់គ្រាន់តែធ្វើផ្នែកមួយនៃកិច្ចការរបស់ទ្រង់នៅក្នុងគ្រប់យុគសម័យ។ គោលបំណងចម្បងនៃកិច្ចការដែលព្រះជាម្ចាស់ធ្វើនៅជំនាន់នេះគឺ ដើម្បីផ្គត់ផ្គង់ព្រះបន្ទូលសម្រាប់ជីវិតរបស់មនុស្ស ដើម្បីលាតត្រដាងនូវធម្មជាតិ និងសារជាតិរបស់មនុស្ស ហើយនិងនិស្ស័យដ៏ពុករលួយរបស់គេ និងការផាត់ចោលសញ្ញាណសាសនា គំនិតសក្ដិភូមិ និងគំនិតចាស់គំរឹល ចំណេះដឹង និងវប្បធម៌របស់មនុស្ស ដែលត្រូវតែលាងជម្រះឱ្យស្អាត តាមរយៈការនៅជាប់ជាមួយព្រះបន្ទូលរបស់ព្រះជាម្ចាស់។ នៅគ្រាចុងក្រោយ ព្រះជាម្ចាស់ប្រើប្រាស់ព្រះបន្ទូល មិនមែនទីសម្គាល់ និងឫទ្ធិបារមីឡើយ ដើម្បីប្រោសមនុស្សឱ្យបានគ្រប់លក្ខណ៍។ ទ្រង់ប្រើព្រះបន្ទូលរបស់ទ្រង់ ដើម្បីលាតត្រដាងមនុស្ស ជំនុំជម្រះមនុស្ស កាត់ទោសមនុស្ស និងធ្វើឱ្យមនុស្សគ្រប់បានលក្ខណ៍ ដូច្នេះ នៅក្នុងព្រះបន្ទូលរបស់ព្រះជាម្ចាស់ មនុស្សចាប់ផ្ដើមមើលឃើញពីព្រះប្រាជ្ញាញាណ និងភាពគួរឱ្យស្រឡាញ់របស់ព្រះជាម្ចាស់ និងចាប់ផ្ដើមយល់ដឹងពីនិស្ស័យរបស់ព្រះជាម្ចាស់ ហើយតាមរយៈព្រះបន្ទូលរបស់ព្រះជាម្ចាស់ មនុស្សមើលឃើញពីទង្វើរបស់ទ្រង់។ នៅក្នុងអំឡុងយុគសម័យនៃក្រឹត្យវិន័យ ព្រះយេហូវ៉ាបានដឹកនាំម៉ូសេចេញពីស្រុកអេស៊ីព្ទ ជាមួយព្រះបន្ទូលរបស់ទ្រង់ ហើយមានបន្ទូលមួយចំនួនទៅកាន់សាសន៍អ៊ីស្រាអែល។ នាពេលនោះ ផ្នែកខ្លះនៃទង្វើរបស់ព្រះជាម្ចាស់ត្រូវបានសម្ដែងឱ្យឃើញច្បាស់ ប៉ុន្តែដោយសារតែគុណសម្បត្តិរបស់មនុស្សនៅមានកម្រិត ហើយគ្មានអ្វីមួយអាចធ្វើឱ្យចំណេះដឹងរបស់គេបានពេញខ្នាត ដូច្នេះ ព្រះជាម្ចាស់នៅតែបន្តមានបន្ទូល និងបន្តធ្វើការ។ នៅក្នុងយុគសម័យនៃព្រះគុណ មនុស្សបានឃើញផ្នែកខ្លះនៃទង្វើរបស់ព្រះជាម្ចាស់ជាថ្មីម្ដងទៀត។ ព្រះយេស៊ូវអាចបង្ហាញទីសម្គាល់ និងឫទ្ធិបារមី ប្រោសអ្នកជំងឺឱ្យជា និងបណ្ដេញអារក្ស និងជាប់ឆ្កាង បីថ្ងៃក្រោយមក ទ្រង់បានមានព្រះជន្មរស់ឡើងវិញ ហើយបានបង្ហាញអង្គទ្រង់ឱ្យមនុស្សមើលឃើញនៅក្នុងសណ្ឋានជាសាច់ឈាម។ មនុស្សគ្មានចំណេះដឹងអ្វីក្រៅពីនេះឡើយអំពីព្រះជាម្ចាស់។ មនុស្សដឹងតែអ្វីដែលព្រះជាម្ចាស់បង្ហាញឱ្យគេឃើញប៉ុណ្ណោះ ហើយប្រសិនបើព្រះជាម្ចាស់មិនបង្ហាញអ្វីផ្សេងទៅកាន់មនុស្សទេ នោះមនុស្សមានចំណេះដឹងតែប៉ុណ្ណឹងអំពីព្រះជាម្ចាស់។ ដូច្នេះ ព្រះជាម្ចាស់បន្តធ្វើការ ដើម្បីឱ្យចំណេះដឹងរបស់មនុស្សស្ដីពីទ្រង់មានកាន់តែស៊ីជម្រៅ និងដើម្បីឱ្យមនុស្សអាចស្គាល់បន្ដិចម្ដងៗអំពីសារជាតិរបស់ព្រះជាម្ចាស់។ នៅគ្រាចុងក្រោយ ព្រះជាម្ចាស់ប្រើព្រះបន្ទូលរបស់ទ្រង់ ដើម្បីធ្វើឱ្យមនុស្សក្លាយជាគ្រប់លក្ខណ៍។ និស្ស័យដ៏ពុករលួយរបស់អ្នកត្រូវបានលាតត្រដាងចេញ ដោយព្រះបន្ទូលរបស់ព្រះ ហើយសញ្ញាណខាងសាសនារបស់អ្នក ក៏ត្រូវបានជំនួសដោយការពិតរបស់ព្រះជាម្ចាស់ដែរ។ ព្រះដែលយកកំណើតជាមនុស្សនៅគ្រាចុងក្រោយបានយាងមកក្នុងគោលបំណងចម្បង ដើម្បីសម្រេចតាមព្រះបន្ទូលដែលចែងថា «ព្រះបន្ទូលក្លាយជាសាច់ឈាម ព្រះបន្ទូលយាងមកនៅក្នុងសាច់ឈាម ហើយព្រះបន្ទូលលេចមកជាសាច់ឈាម»។ ហើយប្រសិនបើអ្នកមិនមានចំណេះដឹងយ៉ាងហ្មត់ចត់អំពីការនេះទេ នោះអ្នកនឹងមិនអាចឈររឹងមាំបានឡើយ។ ក្នុងអំឡុងនៃគ្រាចុងក្រោយ ព្រះជាម្ចាស់មានគោលបំណងជាចម្បង ដើម្បីសម្រេចដំណាក់កាលនៃកិច្ចការនៅក្នុងព្រះបន្ទូលលេចចេញមកក្នុងសាច់ឈាម ហើយនេះជាផ្នែកមួយនៃផែនការគ្រប់គ្រងរបស់ព្រះជាម្ចាស់។

(ដកស្រង់ពី «ការដឹងអំពីកិច្ចការរបស់ព្រះជាម្ចាស់នាពេលសព្វថ្ងៃ» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)

៤៥. នៅក្នុងកិច្ចការនៃគ្រាចុងក្រោយ ព្រះបន្ទូលមានអំណាចខ្លាំងជាងការបង្ហាញទីសម្គាល់ និងការអស្ចារ្យទៅទៀត ហើយសិទ្ធិអំណាចនៃព្រះបន្ទូល ក៏ខ្ពស់លើសសិទ្ធិអំណាចនៃទីសម្គាល់ និងការអស្ចារ្យដែរ។ ព្រះបន្ទូលលាតត្រដាងគ្រប់ទាំងនិស្ស័យដ៏ពុករលួយដែលកប់ជ្រៅនៅក្នុងដួងចិត្តរបស់មនុស្ស។ អ្នកគ្មានផ្លូវណា ដើម្បីដឹងអំពីនិស្ស័យទាំងនោះដោយខ្លួនឯងឡើយ។ នៅពេលដែលនិស្ស័យទាំងនោះត្រូវបានលាតត្រដាងនៅមុខអ្នកតាមរយៈព្រះបន្ទូល នោះអ្នកនឹងឈ្វេងយល់ពីនិស្ស័យទាំងនោះដោយឯកឯង អ្នកនឹងមិនអាចបដិសេធវាបានឡើយ ហើយអ្នកនឹងជឿជាក់ទាំងស្រុងមិនខាន។ តើនេះមិនមែនជាសិទ្ធិអំណាចនៃព្រះបន្ទូលទេឬ? នេះគឺជាលទ្ធផលដែលសម្រេចបាន តាមរយៈកិច្ចការនៃព្រះបន្ទូលនាពេលសព្វថ្ងៃ។ ដូច្នេះ មិនមែនតាមរយៈការប្រោសជំងឺឱ្យជា និងការបណ្ដេញអារក្សនោះទេ ដែលនាំឱ្យមនុស្សអាចបានសង្រ្គោះយ៉ាងពេញលេញពីបាបរបស់ខ្លួន ហើយគេក៏មិនអាចបានពេញខ្នាត ដោយការបង្ហាញទីសម្គាល់ និងការអស្ចារ្យនោះដែរ។ សិទ្ធិអំណាចក្នុងការប្រោសជំងឺឱ្យជា និងការបណ្ដេញអារក្ស ផ្ដល់ឱ្យមនុស្សតែព្រះគុណប៉ុណ្ណោះ ប៉ុន្តែសាច់ឈាមរបស់មនុស្សនៅតែជាកម្មសិទ្ធិរបស់សាតាំងដដែល ហើយនិស្ស័យសាតាំងដ៏ពុករលួយនៅតែមាននៅខាងក្នុងមនុស្សដដែល។ អាចនិយាយម្យ៉ាងទៀតបានថា អ្វីដែលមិនទាន់ត្រូវបានប្រោសឱ្យបរិសុទ្ធ នៅតែជាប់ទាក់ទងនឹងបាប និងសេចក្តីស្មោកគ្រោកដដែល។ មានតែក្រោយពេលដែលគេត្រូវបានប្រោសឱ្យបរិសុទ្ធតាមរយៈព្រះបន្ទូលប៉ុណ្ណោះ ទើបព្រះជាម្ចាស់អាចទទួលបានមនុស្ស ហើយគេអាចត្រូវបានញែកជាបរិសុទ្ធ។

(ដកស្រង់ពី «អាថ៌កំបាំងនៃការយកកំណើតជាមនុស្ស (៤)» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)

៤៦. ដំណាក់កាលនៃកិច្ចការនេះនឹងបំភ្លឺដល់អ្នកអំពីក្រឹត្យវិន័យរបស់ព្រះយេហូវ៉ា និងការប្រោសលោះរបស់ព្រះយេស៊ូវ ហើយជាគោលការណ៍ គឺដើម្បីឱ្យអ្នកអាចយល់ពីកិច្ចការទាំងស្រុងនៃផែនការគ្រប់គ្រងរយៈពេលប្រាំមួយពាន់ឆ្នាំរបស់ព្រះជាម្ចាស់ និងលើកសរសើរអំពីសារៈសំខាន់ និងលក្ខណៈសំខាន់នៃផែនការគ្រប់គ្រងរយៈពេលប្រាំមួយពាន់ឆ្នាំនេះ ព្រមទាំងយល់អំពីគោលបំណងនៃគ្រប់កិច្ចការទាំងអស់ដែលព្រះយេស៊ូវបានបំពេញ និងព្រះបន្ទូលដែលទ្រង់បានមានព្រះបន្ទូល ហើយសូម្បីតែជំនឿផ្កាប់មុខរបស់អ្នក និងការស្រឡាញ់ពេញចិត្តចំពោះព្រះគម្ពីរក៏ដោយ។ គ្រប់ការទាំងអស់នេះសុទ្ធតែនឹងអនុញ្ញាតឱ្យអ្នកយល់ដឹងបានយ៉ាងពិស្ដារ។ អ្នកនឹងត្រូវយល់ដឹងទាំងអំពីកិច្ចការដែលព្រះយេស៊ូវបានបំពេញ និងកិច្ចការរបស់ព្រះជាម្ចាស់ក្នុងពេលសព្វថ្ងៃនេះ ហើយអ្នកនឹងយល់ដឹង និងបានឃើញអំពីសេចក្ដីពិត អំពីជីវិត និងអំពីផ្លូវ។ នៅក្នុងដំណាក់កាលនៃកិច្ចការដែលព្រះយេស៊ូវបានបំពេញ តើហេតុអ្វីបានជាព្រះយេស៊ូវយាងចាកចេញដោយមិនបានបញ្ចប់កិច្ចការនេះ? ដោយសារដំណាក់កាលនៃកិច្ចការរបស់ព្រះយេស៊ូវ គឺមិនមែនជាកិច្ចការនៃការបញ្ចប់សម័យកាលឡើយ។ នៅពេលដែលទ្រង់ត្រូវគេឆ្កាងទៅនឹងឈើឆ្កាង ព្រះបន្ទូលរបស់ទ្រង់ក៏បានដល់ទីបញ្ចប់ដែរ។ ក្រោយការឆ្កាងរបស់ទ្រង់ កិច្ចការរបស់ទ្រង់ត្រូវបានបញ្ចប់ទាំងស្រុង។ ដំណាក់កាលបច្ចុប្បន្ននេះ គឺមានភាពខុសគ្នា៖ មានតែបន្ទាប់ពីព្រះបន្ទូលត្រូវបានសម្ដែងដល់ចុងបញ្ចប់នៃកិច្ចការទាំងស្រុងរបស់ព្រះជាម្ចាស់ប៉ុណ្ណោះ ទើបកិច្ចការរបស់ទ្រង់នឹងត្រូវបានបញ្ចប់។ ក្នុងអំឡុងដំណាក់កាលនៃកិច្ចការរបស់ព្រះយេស៊ូវ មានព្រះបន្ទូលជាច្រើនដែលមិនទាន់បានមានព្រះបន្ទូល ឬមិនទាន់បានបញ្ចេញព្រះសូរសៀងដោយពេញលេញនៅឡើយ។ ក៏ប៉ុន្តែ ព្រះយេស៊ូវមិនយកព្រះទ័យទុកដាក់ចំពោះអ្វីដែលទ្រង់បានមានព្រះបន្ទូល និងមិនបានមានព្រះបន្ទូលនោះទេ ដ្បិតព័ន្ធកិច្ចរបស់ទ្រង់ គឺមិនមែនជាព័ន្ធកិច្ចនៃព្រះបន្ទូលទេ ដូច្នេះហើយ ក្រោយពីទ្រង់ត្រូវបានគេឆ្កាងទៅនឹងឈើឆ្កាង ទ្រង់ក៏បានយាងចាកចេញទៅ។ ដំណាក់កាលនៃកិច្ចការនោះ សំខាន់គឺដើម្បីជាប្រយោជន៍ដល់ការជាប់ឆ្កាង និងមិនដូចជាដំណាក់កាលបច្ចុប្បន្ននេះឡើយ។ ជាគោលការណ៍ ដំណាក់កាលនៃកិច្ចការបច្ចុប្បន្ននេះ គឺដើម្បីជាប្រយោជន៍ដល់ការបញ្ចប់ ការសម្អាត និងការនាំកិច្ចការទាំងអស់នោះទៅរកទីបញ្ចប់។ ប្រសិនបើព្រះបន្ទូលមិនបានសម្ដែងរហូតដល់ចុងបំផុតទេ នោះនឹងគ្មានផ្លូវណាដែលអាចបញ្ចប់កិច្ចការនេះបានឡើយ ដ្បិតនៅក្នុងដំណាក់កាលនៃកិច្ចការនេះ គ្រប់កិច្ចការទាំងអស់ត្រូវចូលដល់ទីបញ្ចប់ និងត្រូវសម្រេចបានដោយប្រើព្រះបន្ទូល។ នៅពេលនោះ ព្រះយេស៊ូវបានបំពេញកិច្ចការជាច្រើនដែលមនុស្សមិនអាចយល់បាន។ ទ្រង់បានយាងចាកចេញទៅដោយស្ងៀមស្ងាត់ ហើយសព្វថ្ងៃនេះ នៅតែមានមនុស្សជាច្រើនដែលមិនយល់ពីព្រះបន្ទូលរបស់ទ្រង់ ដែលការយល់ដឹងរបស់ពួកគេគឺជាការខុសឆ្គង ក៏ប៉ុន្តែពួកគេនៅតែជឿថា វាជាការត្រឹមត្រូវ និងមិនដឹងថា ពួកគេខុសឆ្គងនោះទេ។ ដំណាក់កាលចុងក្រោយនឹងនាំកិច្ចការរបស់ព្រះជាម្ចាស់ទៅរកទីបញ្ចប់ ហើយនឹងសម្រេចនូវការបញ្ចប់កិច្ចការនោះ។ មនុស្សទាំងអស់នឹងយល់ និងដឹងអំពីផែនការគ្រប់គ្រងរបស់ព្រះជាម្ចាស់។ សញ្ញាណនៅខាងក្នុងខ្លួនមនុស្ស បំណងរបស់គេ ការយល់ដឹងខុសនិងមិនសមហេតុផលរបស់គេ សញ្ញាណរបស់គេអំពីកិច្ចការរបស់ព្រះយេហូវ៉ា និងកិច្ចការរបស់ព្រះយេស៊ូវ ទស្សនៈរបស់គេអំពីពួកសាសន៍ដទៃ និងភាពវៀចវេរ និងកំហុសដទៃទៀត នឹងត្រូវបានកែតម្រូវ។ ហើយមនុស្សនឹងយល់ពីមាគ៌ាជីវិតដែលត្រឹមត្រូវ និងគ្រប់កិច្ចការទាំងអស់ដែលព្រះជាម្ចាស់បានធ្វើ ព្រមទាំងសេចក្ដីពិតទាំងស្រុងផង។ នៅពេលដែលរឿងនេះកើតឡើង ដំណាក់កាលនៃកិច្ចការនេះនឹងត្រូវចូលដល់ទីបញ្ចប់។

(ដកស្រង់ពី «និមិត្តអំពីកិច្ចការរបស់ព្រះជាម្ចាស់ (២)» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)

៤៧. ប្រសិនបើមនុស្សបន្តជាប់នៅក្នុងយុគសម័យនៃព្រះគុណ នោះពួកគេនឹងមិនអាចត្រូវបានដកចោលនិស្ស័យពុករលួយរបស់គេបានឡើយ ដូច្នេះពួកគេគ្មានថ្ងៃនឹងស្គាល់និស្ស័យខាងក្នុងរបស់ព្រះជាម្ចាស់ឡើយ។ ប្រសិនបើមនុស្សតែងតែរស់នៅក្នុងព្រះគុណដ៏ពេញបរិបូណ៌ ប៉ុន្តែមិនមានផ្លូវនៃជីវិតដែលអនុញ្ញាតឱ្យពួកគេស្គាល់ព្រះជាម្ចាស់ ឬបំពេញតាមព្រះហឫទ័យរបស់ទ្រង់ទេ នោះពួកគេនឹងមិនដែលទទួលបានទ្រង់យ៉ាងពិតប្រាកដនៅក្នុងជំនឿរបស់គេលើទ្រង់ឡើយ។ ជំនឿប្រភេទនេះពិតជាគួរឱ្យអាណិតណាស់។ នៅពេលដែលអ្នកបានអានចប់សៀវភៅនេះនៅពេលដែលអ្នកបានដកពិសោធន៍ជំហាននីមួយៗនៃកិច្ចការរបស់ព្រះជាម្ចាស់ដែលយកកំណើតជាមនុស្សក្នុងយុគសម័យនៃនគរព្រះ នោះអ្នកនឹងមានអារម្មណ៍ថាបំណងប្រាថ្នាដែលអ្នកមានជាច្រើនឆ្នាំមកនេះ នៅចុងបញ្ចប់បានក្លាយជាការពិតហើយ។ អ្នកនឹងមានអារម្មណ៍ថា មានតែពេលនេះប៉ុណ្ណោះ ដែលអ្នកបានឃើញព្រះជាម្ចាស់មុខទល់នឹងមុខ។ មានតែពេលនេះប៉ុណ្ណោះ ដែលអ្នកបានឃើញទឹកព្រះភ័ក្ត្ររបស់ទ្រង់ បានឮព្រះសូរសៀងរបស់ទ្រង់ដោយផ្ទាល់ បានទទួលប្រាជ្ញាអំពីកិច្ចការរបស់ទ្រង់ និងពិតជាមានអារម្មណ៍យ៉ាងអស្ចារ្យអំពីព្រះចេស្ដារបស់ទ្រង់។ អ្នកនឹងមានអារម្មណ៍ថា អ្នកបានទទួលនូវរឿងជាច្រើនដែលមនុស្សនៅសម័យមុនមិនបានឃើញ ក៏មិនធ្លាប់មានផងដែរ។ នៅពេលនេះ អ្នកនឹងដឹងយ៉ាងច្បាស់អំពីអត្ថន័យនៃការជឿលើព្រះជាម្ចាស់ និងអត្ថន័យនៃការធ្វើតាមបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់។ ពិតប្រាកដណាស់ ប្រសិនបើអ្នកប្រកាន់ខ្ជាប់នឹងទស្សនៈអតីតកាល ហើយបដិសេធឬជំទាស់នឹងការពិតនៃការយកកំណើតជាមនុស្សលើកទីពីររបស់ព្រះជាម្ចាស់ នោះអ្នកនឹងនៅតែចាប់ខ្យល់ មិនទទួលបានអ្វីសោះឡើយ ហើយចុងបញ្ចប់ អ្នកនឹងត្រូវព្រះជាម្ចាស់ប្រកាសថា មានទោសប្រឆាំងនឹងទ្រង់។ អស់អ្នកដែលអាចស្ដាប់បង្គាប់តាមសេចក្តីពិត និងចុះចូលចំពោះកិច្ចការរបស់ព្រះជាម្ចាស់ នឹងត្រូវបានអះអាងថាខ្លួនស្ថិតនៅក្រោមព្រះនាមនៃព្រះជាម្ចាស់ដែលយកកំណើតជាមនុស្សលើកទីពីរដែលជាព្រះដ៏ពេញដោយព្រះចេស្ដា។ ពួកគេនឹងអាចទទួលយកការដឹកនាំដោយផ្ទាល់របស់ព្រះជាម្ចាស់ ទទួលបានសេចក្តីពិតកាន់តែច្រើន និងកាន់តែខ្ពស់ ក៏ដូចជាជីវិតដ៏ពិតផងដែរ។ ពួកគេនឹងមើលឃើញនិមិត្តដែលមនុស្សពីអតីតកាលមិនបានមើលឃើញ៖ «រួចខ្ញុំក៏បែរទៅរកសំឡេង ដែលបាននិយាយជាមួយខ្ញុំ។ ហើយកាលខ្ញុំ កំពុងបែរនោះ ខ្ញុំឃើញជើងទៀនមាសប្រាំពីរដើម ហើយចំកណ្ដាលជើងទៀនទាំងប្រាំពីរនោះ មានមួយអង្គដូចជាកូនមនុស្សគ្រងព្រះពស្តវែងដល់ព្រះបាទ ក៏មានគ្រងខ្សែមាសនៅនឹងដើមទ្រូង។ ព្រះសិរសា និងព្រះកេសាទ្រង់ សដូចជារោមចៀម គឺសដូចព្រិល ហើយព្រះនេត្រទ្រង់ប្រៀបដូចអណ្ដាតភ្លើង ព្រះបាទទ្រង់ដូចលង្ហិនរលីង ដែលត្រូវស្លនៅក្នុងឡ។ ចំណែកព្រះសូរសៀងទ្រង់ ប្រៀបដូចជាទឹកដ៏សន្ធឹក។ ទ្រង់កាន់ផ្កាយទាំងប្រាំពីរក្នុងព្រះហស្តស្ដាំ ហើយមានដាវមុខពីរយ៉ាងមុត ចេញពីព្រះឱស្ឋទ្រង់ ចំណែកព្រះភក្ត្ររបស់ទ្រង់វិញ ភ្លឺដូចព្រះអាទិត្យរះពេញកម្ដៅ» (វិវរណៈ ១:១២-១៦)។ និមិត្តនេះគឺជាការសម្ដែងចេញនៃនិស្ស័យទាំងស្រុងរបស់ព្រះជាម្ចាស់ហើយការសម្ដែងចេញនៃនិស្ស័យទាំងស្រុងរបស់ទ្រង់ ក៏ជាការសម្ដែងចេញនៃកិច្ចការរបស់ព្រះជាម្ចាស់នៅក្នុងការយកកំណើតជាមនុស្សនាពេលបច្ចុប្បន្នរបស់ទ្រង់ផងដែរ។ នៅក្នុងដំណើរការនៃការកាត់ទោស និងការជំនុំជម្រះ បុត្រមនុស្សសម្ដែងចេញនិស្ស័យខាងក្នុងរបស់ទ្រង់តាមរយៈការមានបន្ទូល ការអនុញ្ញាតឱ្យអស់អ្នកដែលទទួលយកការកាត់ទោសនិងការជំនុំជម្រះរបស់ទ្រង់ មើលឃើញពីព្រះភ័ក្ត្រពិតរបស់បុត្រមនុស្ស ដែលជាសេចក្តីពណ៌នាដ៏ស្មោះ អំពីព្រះភ័ក្ត្ររបស់បុត្រមនុស្ស ដែលយ៉ូហានបានមើលឃើញ។ (ពិតប្រាកដណាស់ សម្រាប់មនុស្សដែលមិនទទួលយកកិច្ចការរបស់ព្រះជាម្ចាស់នៅក្នុងយុគសម័យនៃនគរព្រះ នឹងមើលមិនឃើញរឿងទាំងអស់នេះឡើយ)។ ព្រះភ័ក្ត្រដ៏ពិតរបស់ព្រះជាម្ចាស់មិនអាចត្រូវបានបរិយាយយ៉ាងពេញលេញ ដោយប្រើភាសាមនុស្សឡើយ ដូច្នេះព្រះជាម្ចាស់ប្រើមធ្យោបាយមួយដែលទ្រង់អាចសម្ដែងពីនិស្ស័យខាងក្នុងរបស់ទ្រង់ដើម្បីបង្ហាញពីព្រះភ័ក្ត្រដ៏ពិតរបស់ទ្រង់ទៅកាន់មនុស្ស។ អាចនិយាយបានថា អស់អ្នកដែលបានយល់អំពីនិស្ស័យខាងក្នុងនៃបុត្រមនុស្ស បានឃើញព្រះភ័ក្ត្រដ៏ពិតរបស់បុត្រមនុស្ស ដ្បិតព្រះជាម្ចាស់មានឋានៈធំពេក ហើយមិនអាចបរិយាយយ៉ាងពេញលេញ ដោយប្រើភាសាមនុស្សបានឡើយ។ នៅពេលដែលមនុស្សបានដកពិសោធន៍ជំហាននីមួយៗនៃកិច្ចការរបស់ព្រះជាម្ចាស់នៅក្នុងយុគសម័យនៃនគរព្រះរួចហើយ នោះគេនឹងដឹងអំពីអត្ថន័យដ៏ពិតនៃប្រសាសន៍របស់យ៉ូហាន នៅពេលដែលគាត់មានប្រសាសន៍អំពីបុត្រមនុស្សនៅក្នុងចំណោមជើងចង្កៀងថា៖ «ព្រះសិរសា និងព្រះកេសាទ្រង់ សដូចជារោមចៀម គឺសដូចព្រិល ហើយព្រះនេត្រទ្រង់ប្រៀបដូចអណ្ដាតភ្លើង ព្រះបាទទ្រង់ដូចលង្ហិនរលីង ដែលត្រូវស្លនៅក្នុងឡ។ ចំណែកព្រះសូរសៀងទ្រង់ ប្រៀបដូចជាទឹកដ៏សន្ធឹក។ ទ្រង់កាន់ផ្កាយទាំងប្រាំពីរក្នុងព្រះហស្តស្ដាំ ហើយមានដាវមុខពីរយ៉ាងមុត ចេញពីព្រះឱស្ឋទ្រង់ ចំណែកព្រះភក្ត្ររបស់ទ្រង់វិញ ភ្លឺដូចព្រះអាទិត្យរះពេញកម្ដៅ»។

(ដកស្រង់ពី «អារម្ភកថា» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)

៤៨. ហេតុអ្វីបានជាកិច្ចការនៃការយកឈ្នះ គឺជាកិច្ចការដំណាក់កាលចុងក្រោយ? តើការបង្ហាញឱ្យដឹងពីប្រភេទទីបញ្ចប់ដែលជំពូកមនុស្សនីមួយៗនឹងត្រូវជួប នៅមិនច្បាស់ទៀតមែនទេ? នៅក្នុងដំណើរការនៃកិច្ចការនៃការយកឈ្នះ ការវាយផ្ចាល និងការជំនុំជម្រះ តើការនេះមិនអនុញ្ញាតឱ្យមនុស្សគ្រប់គ្នាបង្ហាញពីចរិតពិតរបស់ខ្លួន ហើយបន្ទាប់មក ក៏ត្រូវបែងចែងទៅតាមជំពូក របស់គេទេឬអី? ជំនួសឱ្យការនិយាយថា នេះគឺជាការយកឈ្នះមនុស្សជាតិ ហើយយកល្អគួរតែនិយាយថា នេះគឺជាការបង្ហាញពីប្រភេទទីបញ្ចប់ ដែលនឹងមានសម្រាប់ជំពូកមនុស្សនីមួយៗវិញ។ ការនេះគឺជាការជំនុំជម្រះបាបរបស់មនុស្ស រួចហើយក៏បើកសម្ដែងពីជំពូកមនុស្សផ្សេងៗ ហើយសម្រេចថា ពួកគេជាមនុស្សអាក្រក់ ឬជាមនុស្សសុចរិត។ បន្ទាប់ពីកិច្ចការនៃការយកឈ្នះ កិច្ចការប្រទានរង្វាន់ដល់មនុស្សល្អ និងដាក់ទោសមនុស្សអាក្រក់ ក៏មកដល់។ មនុស្សដែលស្ដាប់បង្គាប់ទាំងស្រុងពោលគឺមនុស្សដែលត្រូវបានយកឈ្នះទាំងស្រុង នឹងត្រូវដាក់នៅក្នុងជំហានបន្ទាប់នៃការផ្សព្វផ្សាយកិច្ចការរបស់ព្រះជាម្ចាស់ទៅដល់សកលលោកទាំងមូល ហើយមនុស្សដែលត្រូវបានយកឈ្នះនឹងត្រូវដាក់ទៅក្នុងសេចក្ដីងងឹត ហើយនឹងត្រូវជួបទុក្ខលំបាក។ ដូច្នេះ មនុស្សនឹងត្រូវបែងចែកទៅតាមជំពូក គឺមនុស្សដែលប្រព្រឹត្តអំពើអាក្រក់ នឹងត្រូវដាក់ឱ្យនៅជាមួយមនុស្សអាក្រក់ ដោយគ្មានពន្លឺព្រះអាទិត្យម្ដងទៀតឡើយ ហើយមនុស្សសុចរិតនឹងត្រូវដាក់ឱ្យនៅជាមួយមនុស្សល្អ ឱ្យបានទទួលពន្លឺ និងរស់នៅក្នុងពន្លឺ អស់កល្បជា និច្ច។ ទីបញ្ចប់សម្រាប់របស់សព្វសារពើ ជិតមកដល់ហើយ។ ទីបញ្ចប់របស់មនុស្ស ត្រូវបានបង្ហាញចេញយ៉ាងច្បាស់ផ្ទាល់ភ្នែករបស់គេ ហើយរបស់សព្វសារពើនឹងត្រូវបែងចែកទៅតាមជំពូករបស់គេ។ ដូច្នេះ តើមនុស្សអាចគេចពីក្ដីបារម្ភរបស់មនុស្សម្នាក់ៗ ដែលត្រូវបែងចែកតាមជំពូករបស់គេយ៉ាងដូចម្ដេច? ទីបញ្ចប់នៃជំពូកនីមួយៗរបស់មនុស្ស ត្រូវបានបង្ហាញចេញនៅពេលដែលទីបញ្ចប់នៃរបស់សព្វសារពើជិតចូលមកដល់ ហើយការនេះនឹងត្រូវបានធ្វើឡើង ខណៈដែលកិច្ចការនៃការយកឈ្នះសកលលោកទាំងមូល កំពុងដំណើរការ (បូករួមទាំងកិច្ចការនៃការយកឈ្នះ ដោយចាប់ផ្ដើមពីកិច្ចការបច្ចុប្បន្ន)។ ការបើកសម្ដែងអំពីទីបញ្ចប់នៃមនុស្សជាតិទាំងអស់ ត្រូវបានធ្វើឡើងនៅមុខបល្ល័ង្កនៃការជំនុំជម្រះ ខណៈដែលកិច្ចការនៃការវាយផ្ចាល និងកិច្ចការនៃការយកឈ្នះនៅគ្រាចុងក្រោយ កំពុងដំណើរការ។ ...

គ្រាចុងក្រោយ គឺជាគ្រាដែលរបស់សព្វសារពើនឹងត្រូវបែងចែកជាក្រុមតាមប្រភេទតាមរយៈការយកឈ្នះ។ ការយកឈ្នះ គឺជាកិច្ចការនៅគ្រាចុងក្រោយ ហើយអាចនិយាយម្យ៉ាងទៀតបានថា ការជំនុំជម្រះបាបរបស់បុគ្គលម្នាក់ៗ គឺជាកិច្ចការនៅគ្រាចុងក្រោយ។ បើមិនដូច្នោះ តើធ្វើយ៉ាងទើបអាចបែងចែកមនុស្សជាក្រុមបាន? កិច្ចការនៃការបែងចែកក្រុម ដែលត្រូវបានធ្វើឡើងក្នុងចំណោមអ្នករាល់គ្នា គឺជាការចាប់ផ្ដើមកិច្ចការនេះនៅក្នុងសកលលោកទាំងមូល។ បន្ទាប់ពីនេះមក គ្រប់ទឹកដីនិងគ្រប់មនុស្សទាំងអស់ ក៏នឹងត្រូវដាក់ឱ្យនៅក្រោមកិច្ចការនៃការយកឈ្នះដែរ។ នេះមានន័យថា មនុស្សគ្រប់គ្នានៅក្នុងការបង្កើត នឹងត្រូវបែងចែកជាក្រុមតាមប្រភេទ ដោយចុះចូលនៅចំពោះបល្ល័ង្កនៃការជំនុំជម្រះ ដើម្បីទទួលការជំនុំជម្រះ។ គ្មានមនុស្សណាម្នាក់ ឬមានអ្វីមួយអាចគេចផុតពីការទទួលរងនូវការវាយផ្ចាល និងការជំនុំជម្រះ ក៏គ្មានមនុស្សណាម្នាក់ ឬគ្មានអ្វីមួយ ដែលមិនត្រូវបានបែងចែកទៅតាមប្រភេទនោះដែរ។ មនុស្សគ្រប់រូប នឹងត្រូវបែងចែកជាក្រុម ដ្បិតទីបញ្ចប់នៃរបស់សព្វសារពើចូលមកកាន់តែកៀក ហើយស្ថានសួគ៌និងផែនដី បានឈានដល់ទីបញ្ចប់របស់ខ្លួនហើយ។ តើមនុស្សអាចគេចផុតពីគ្រាចុងក្រោយនៃអត្ថិភាពរបស់មនុស្សយ៉ាងដូចម្ដេច?

(ដកស្រង់ពី «សេចក្ដីពិតនៅខាងក្នុងអំពីកិច្ចការនៃការយកឈ្នះ (១)» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)

៤៩. ដំណាក់កាលនៃគ្រាចុងក្រោយដែលមនុស្សត្រូវបានយកឈ្នះ គឺជាដំណាក់កាលចុងក្រោយនៅក្នុងការធ្វើចម្បាំងជាមួយសាតាំង ហើយវាក៏ជាកិច្ចការនៃសេចក្ដីសង្គ្រោះដ៏ពេញលេញរបស់មនុស្សចេញពីដែនត្រួតត្រារបស់សាតាំងផងដែរ។ អត្ថន័យបង្កប់នៃការយកឈ្នះលើមនុស្សលោកគឺជាការប្រគល់រូបតំណាងរបស់សាតាំង (មនុស្សដែលត្រូវសាតាំងធ្វើឱ្យពុករលួយ) ត្រឡប់មកព្រះអាទិករវិញ ក្រោយពេលនៃការយកឈ្នះរបស់ទ្រង់ដែលតាមរយៈការនេះ មនុស្សនឹងត្រូវបោះបង់សាតាំងចោល ហើយត្រឡប់មករកព្រះជាម្ចាស់វិញទាំងស្រុង។ តាមរបៀបនេះ មនុស្សនឹងត្រូវបានសង្គ្រោះទាំងស្រុង។ ហេតុដូច្នេះហើយ កិច្ចការនៃការយកឈ្នះ គឺជាកិច្ចការចុងក្រោយនៅក្នុងចម្បាំងជាមួយសាតាំង និងជាដំណាក់កាលចុងក្រោយនៃការគ្រប់គ្រងរបស់ព្រះជាម្ចាស់ដើម្បីការយកឈ្នះលើសាតាំង។ បើគ្មានកិច្ចការនេះទេ សេចក្ដីសង្គ្រោះទាំងស្រុងរបស់មនុស្ស នឹងមិនអាចសម្រេចទៅបាននោះទេ ការយកឈ្នះទាំងស្រុងលើសាតាំង ក៏នឹងមិនអាចធ្វើទៅបានដែរ ហើយមនុស្សជាតិនឹងមិនអាចចូលទៅក្នុងគោលដៅដ៏អស្ចារ្យ ឬរួចផុតពីឥទ្ធិពលរបស់សាតាំងបាននោះឡើយ។ ហេតុនេះ កិច្ចការនៃសេចក្ដីសង្គ្រោះរបស់មនុស្ស មិនអាចបញ្ចប់ទៅបាននៅមុនពេលដែលចម្បាំងជាមួយសាតាំងត្រូវបានបញ្ចប់ឡើយ ដ្បិតចំណុចស្នូលនៃកិច្ចការគ្រប់គ្រងរបស់ព្រះជាម្ចាស់ គឺដើម្បីសេចក្ដីសង្គ្រោះរបស់មនុស្ស។ មនុស្សជាតិកាលពីដើមដំបូងឡើយ គឺស្ថិតនៅក្នុងព្រះហស្ដរបស់ព្រះជាម្ចាស់ ប៉ុន្តែដោយសារការល្បួង និងសេចក្ដីពុករលួយរបស់សាតាំង មនុស្សត្រូវបានសាតាំងចាប់ចង និងធ្លាក់ទៅក្នុងដៃរបស់មេកំណាចនេះ។ ហេតុនេះ សាតាំងបានក្លាយទៅជាកម្មវត្ថុដែលត្រូវតែយកឈ្នះនៅក្នុងកិច្ចការនៃការគ្រប់គ្រងរបស់ព្រះជាម្ចាស់។ ដោយសារសាតាំងគ្រប់គ្រងលើមនុស្ស ហើយដោយសារមនុស្សជាធនធានដែលព្រះជាម្ចាស់ប្រើដើម្បីអនុវត្តការគ្រប់គ្រងទាំងអស់ ប្រសិនបើមនុស្សត្រូវទទួលបាននូវការសង្គ្រោះមែននោះត្រូវតែកញ្ឆក់យកមនុស្សចេញពីក្នុងដៃរបស់សាតាំងមកវិញ ពោលគឺត្រូវយកមនុស្សដែលត្រូវសាតាំងចាប់ធ្វើជាឈ្លើយនោះត្រឡប់មកវិញ។ ហេតុនេះ ត្រូវតែបង្ក្រាបសាតាំងឱ្យបានតាមរយៈការបំផ្លាស់បំប្រែនិស្ស័យចាស់របស់មនុស្ស ជាការបំផ្លាស់បំប្រែដែលស្រោចស្រង់នូវស្មារតីដឹងខុសត្រូវរបស់មនុស្សពីមុនត្រឡប់មកវិញ។ តាមរបៀបនេះ មនុស្សដែលត្រូវបានចាប់ជាឈ្លើយ អាចត្រូវឆក់យកពីដៃរបស់សាតាំងត្រឡប់មកវិញបាន។ ប្រសិនបើមនុស្សត្រូវបានដោះលែងពីឥទ្ធិពល និងចំណងរបស់សាតាំង នោះសាតាំងនឹងត្រូវអាម៉ាស់មុខ មនុស្សនឹងត្រូវយកត្រឡប់មកវិញនៅចុងបំផុត ហើយសាតាំងនឹងត្រូវបរាជ័យ។ ហើយដោយសារមនុស្សត្រូវបានដោះលែងពីឥទ្ធិពលខ្មៅងងឹតរបស់សាតាំង មនុស្សនឹងក្លាយជារបឹបនៃចម្បាំងនេះទាំងមូល ហើយសាតាំងនឹងក្លាយជាកម្មវត្ថុដែលត្រូវដាក់ទោស នៅពេលណាដែលចម្បាំងនេះត្រូវបានបញ្ចប់។ ក្រោយពីចម្បាំងនេះទៅ កិច្ចការនៃសេចក្ដីសង្គ្រោះរបស់មនុស្សទាំងមូល នឹងត្រូវបានបញ្ចប់សព្វគ្រប់។

(ដកស្រង់ពី «ការស្រោចស្រង់ជីវិតធម្មតារបស់មនុស្សត្រឡប់មកវិញ និងការនាំមនុស្សទៅកាន់ទិសដៅដ៏អស្ចារ្យមួយ» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)

៥០. អ្នកណាដែលអាចឈរមាំដល់ទីបញ្ចប់ក្នុងអំឡុងពេលនៃកិច្ចការជំនុំជម្រះ និងកិច្ចការនៃការវាយផ្ចាលរបស់ព្រះជាម្ចាស់ ក្នុងអំឡុងគ្រាចុងក្រោយ ពោលគឺ ក្នុងអំឡុងកិច្ចការនៃការបន្សុទ្ធលើកចុងក្រោយ នឹងក្លាយជាមនុស្សដែលនឹងត្រូវចូលទៅក្នុងសេចក្ដីសម្រាកចុងក្រោយជាមួយព្រះជាម្ចាស់។ ដូច្នេះ អ្នកណាដែលចូលទៅក្នុងសេចក្ដីសម្រាក នឹងត្រូវផ្ដាច់ចេញពីឥទ្ធិពលរបស់សាតាំង ហើយត្រូវព្រះជាម្ចាស់ទទួលយក បន្ទាប់ពីបានឆ្លងកាត់កិច្ចការនៃការបន្សុទ្ធលើកចុងក្រោយរបស់ទ្រង់។ មនុស្សលោកទាំងអស់នេះដែលចុងក្រោយត្រូវព្រះជាម្ចាស់ទទួលយកនោះ នឹងចូលទៅក្នុងសេចក្ដីសម្រាកចុងក្រោយ។ គោលបំណងនៃកិច្ចការវាយផ្ចាល និងកិច្ចការជំនុំជម្រះរបស់ព្រះជាម្ចាស់ គឺមានន័យសំខាន់ដើម្បីបន្សុទ្ធមនុស្សជាតិ ដើម្បីជាប្រយោជន៍នៃការសម្រាកនៅទីចុងបំផុត។ គ្មានមនុស្សជាតិណាម្នាក់អាចត្រូវបានចាត់ថ្នាក់ទៅតាមប្រភេទខុសៗគ្នា ឬចូលទៅក្នុងសេចក្ដីសម្រាក ដោយគ្មានការសម្អាតឱ្យបានស្អាតបែបនេះបានឡើយ។ កិច្ចការនេះ គឺជាផ្លូវតែមួយគត់សម្រាប់ឱ្យមនុស្សជាតិចូលទៅក្នុងសេចក្ដីសម្រាកបាន។ មានតែកិច្ចការនៃការបន្សុទ្ធរបស់ព្រះជាម្ចាស់ប៉ុណ្ណោះ ទើបបន្សុទ្ធសេចក្ដីទុច្ចរិតរបស់មនុស្សលោកឱ្យបានស្អាត ហើយមានតែកិច្ចការនៃការវាយផ្ចាល និងកិច្ចការជំនុំជម្រះរបស់ទ្រង់ប៉ុណ្ណោះ ទើបនាំពន្លឺទៅដល់មនុស្សជាតិដែលមានចរិតរឹងចចេសបាន ដោយញែកអ្នកដែលអាចត្រូវបានសង្គ្រោះ ចេញពីអ្នកដែលមិនអាចត្រូវបានសង្គ្រោះ ហើយញែកអ្នកដែលនឹងត្រូវបន្តរស់នៅ ចេញពីអ្នកដែលនឹងមិនត្រូវបន្តរស់នៅ។ នៅពេលដែលកិច្ចការនេះត្រូវបានបញ្ចប់ អស់អ្នកណាដែលត្រូវអនុញ្ញាតឱ្យបន្តរស់នៅ នឹងត្រូវបន្សុទ្ធ និងចូលទៅក្នុងសភាពកាន់តែឧត្ដុង្គឧត្ដមរបស់មនុស្សជាតិ ដែលឱ្យពួកគេត្រេកអរសប្បាយនឹងជីវិតទីពីរដ៏អស្ចារ្យរបស់មនុស្សលោក នៅលើផែនដីនេះ។ និយាយឱ្យចំទៅ ពួកគេនឹងចាប់ផ្ដើមថ្ងៃសម្រាករបស់មនុស្សលោក និងរស់នៅព្រមគ្នាជាមួយព្រះជាម្ចាស់។ ក្រោយពេលដែលអស់អ្នកដែលមិនត្រូវអនុញ្ញាតឱ្យបន្តរស់នៅ ត្រូវបានវាយផ្ចាល និងជំនុំជម្រះរួច ចរិតពិតប្រាកដរបស់ពួកគេនឹងត្រូវបង្ហាញឱ្យឃើញទាំងស្រុង ក្រោយពីនោះមក ពួកគេនឹងត្រូវបំផ្លាញចោល ហើយពួកគេនឹងលែងទទួលបានការអនុញ្ញតឱ្យរស់នៅលើផែនដីនេះតទៅទៀត ដូចសាតាំងដែរ។ មនុស្សជាតិនាពេលអនាគត នឹងលែងរាប់បញ្ចូលមនុស្សប្រភេទនេះទៀតហើយ។ មនុស្សបែបនេះ មិនស័ក្ដិសមចូលទៅក្នុងទឹកដីនៃសេចក្ដីសម្រាកចុងក្រោយឡើយ ហើយពួកគេក៏មិនស័ក្តិសមនឹងមានថ្ងៃសម្រាកដែលព្រះជាម្ចាស់ និងមនុស្សជាតិត្រូវមានរួមគ្នាដែរ ដ្បិតពួកគេជាគោលដៅនៃការដាក់ទោស និងជាមនុស្សអាក្រក់ មនុស្សទុច្ចរិត។ ពួកគេត្រូវបានប្រោសលោះម្ដងរួចមកហើយ ហើយពួកគេក៏ធ្លាប់ត្រូវបានជំនុំជម្រះ និងវាយផ្ចាលរួចផងដែរ។ ពួកគេក៏ធ្លាប់បានបម្រើព្រះជាម្ចាស់ពីមុនមកទៀតផង។ ក៏ប៉ុន្តែ នៅពេលដែលគ្រាចុងក្រោយបានចូលមកដល់ ពួកគេនឹងត្រូវផាត់ចោល និងបំផ្លាញចោល ដោយសារសេចក្ដីអាក្រក់ និងចរិតរឹងចចេសរបស់ពួកគេ និងដោយសារពួកគេគ្មានសមត្ថភាពទទួលបាននូវការប្រោសលោះ។ ពួកគេនឹងលែងអាចមកចាប់ជាតិជាថ្មី នៅក្នុងពិភពលោកនាពេលអនាគត ហើយនឹងលែងបានរស់នៅក្នុងចំណោមអំបូរមនុស្សនាពេលអនាគតទៀតហើយ។ អ្នកប្រព្រឹត្តអាក្រក់ទាំងអស់ និងអស់អ្នកណាដែលមិនត្រូវបានសង្គ្រោះនឹងត្រូវបំផ្លាញចោល នៅពេលដែលពួកបរិសុទ្ធនៅក្នុងចំណោមមនុស្សលោក បានចូលទៅក្នុងសេចក្ដីសម្រាក ទោះបីពួកគេជាវិញ្ញាណរបស់មនុស្សស្លាប់ ឬជាមនុស្សដែលកំពុងរស់នៅជាសាច់ឈាមនៅឡើយក៏ដោយ។ និយាយពីវិញ្ញាណអាក្រក់ និងមនុស្សលោកដែលប្រព្រឹត្តអំពើអាក្រក់ ឬវិញ្ញាណនៃមនុស្សសុចរិត និងមនុស្សដែលប្រព្រឹត្តអំពើសុចរិត មិនថាពួកគេរស់នៅក្នុងយុគសម័យណានោះទេ អ្នកណាដែលប្រព្រឹត្តអាក្រក់ ចុងក្រោយនឹងត្រូវបំផ្លាញចោល ហើយអ្នកណាដែលសុចរិតនឹងនៅរស់រាន។ បុគ្គលម្នាក់ ឬវិញ្ញាណមួយ អាចនឹងទទួលបាននូវសេចក្ដីសង្គ្រោះ ឬអត់នោះ គឺមិនមែនសម្រេចទាំងស្រុងលើមូលដ្ឋាននៃកិច្ចការនៅយុគសម័យចុងក្រោយឡើយ។ ផ្ទុយទៅវិញ គឺត្រូវកំណត់ត្រង់ថា តើពួកគេបានប្រឆាំង ឬធ្លាប់រឹងចចេសដាក់ព្រះជាម្ចាស់ដែរឬអត់។ មនុស្សកាលពីសម័យមុន ដែលបានប្រព្រឹត្តអំពើបាប និងមិនអាចទទួលបាននូវសេចក្ដីសង្គ្រោះ នឹងក្លាយជាគោលដៅនៃការដាក់ទោសច្បាស់ណាស់ ហើយមនុស្សនៅក្នុងសម័យបច្ចុប្បន្ន ដែលប្រព្រឹត្តអាក្រក់ និងមិនអាចទទួលបានការសង្គ្រោះ ក៏នឹងក្លាយជាគោលដៅនៃការដាក់ទោសយ៉ាងប្រាកដដែរ។ មនុស្សលោកត្រូវបានបែងចែកប្រភេទទៅតាមមូលដ្ឋាននៃអំពើល្អនិងអាក្រក់ មិនមែនទៅតាមសម័យកាលដែលពួកគេរស់នៅឡើយ។ នៅពេលណាដែលពួកគេត្រូវបានចាត់ថ្នាក់ក្នុងលក្ខណៈនេះរួចហើយ ពួកគេនឹងមិនត្រូវដាក់ទោស ឬប្រទានរង្វាន់ភ្លាមៗនោះទេ។ ផ្ទុយទៅវិញ ព្រះជាម្ចាស់នឹងគ្រាន់តែបំពេញកិច្ចការរបស់ទ្រង់ក្នុងការដាក់ទោសអំពើអាក្រក់ និងប្រទានរង្វាន់ដល់អំពើល្អ បន្ទាប់ពីទ្រង់បានបញ្ចប់ការបំពេញកិច្ចការនៃការបង្ក្រាបរបស់ទ្រង់នៅគ្រាចុងក្រោយប៉ុណ្ណោះ។ តាមពិត ទ្រង់បានញែកមនុស្សជាល្អនិងអាក្រក់ តាំងពីទ្រង់បានចាប់ផ្ដើមបំពេញកិច្ចការរបស់ទ្រង់អំពីការសង្គ្រោះមនុស្សលោកមកម្ល៉េះ។ គ្រាន់តែថា ទ្រង់នឹងប្រទានរង្វាន់ដល់មនុស្សសុចរិត និងដាក់ទោសចំពោះមនុស្សទុច្ចរិត នៅពេលដែលកិច្ចការរបស់ទ្រង់បានឈានដល់ទីបញ្ចប់ប៉ុណ្ណោះ។ គ្រាន់តែមិនមែនថា ទ្រង់នឹងញែកពួកគេទៅតាមប្រភេទ នៅពេលបញ្ចប់កិច្ចការរបស់ទ្រង់ ហើយបន្ទាប់មក ចាប់ផ្ដើមកិច្ចការនៃការដាក់ទោសមនុស្សអាក្រក់ និងប្រទានរង្វាន់ដល់មនុស្សល្អភ្លាមៗប៉ុណ្ណោះ។ ផ្ទុយទៅវិញ កិច្ចការនេះនឹងត្រូវសម្រេចបាន លុះត្រាតែកិច្ចការរបស់ទ្រង់ត្រូវបានបញ្ចប់ទាំងស្រុងប៉ុណ្ណោះ។ គោលបំណងទាំងស្រុងនៃកិច្ចការចុងក្រោយរបស់ព្រះជាម្ចាស់ ក្នុងការដាក់ទោសលើមនុស្សអាក្រក់ និងប្រទានរង្វាន់ដល់មនុស្សល្អ គឺដើម្បីបន្សុទ្ធមនុស្សលោកទាំងអស់ឱ្យបានបរិសុទ្ធម៉ត់ហ្មង ដើម្បីឱ្យទ្រង់អាចនាំមនុស្សជាតិដែលបរិសុទ្ធម៉ត់ហ្មងនេះ ទៅក្នុងសេចក្ដីសម្រាកដ៏អស់កល្បជានិច្ច។ ដំណាក់កាលនៃកិច្ចការរបស់ទ្រង់នេះ មានសារៈសំខាន់ខ្លាំងបំផុត។ វាគឺជាដំណាក់កាលចុងក្រោយនៃកិច្ចការគ្រប់គ្រងទាំងស្រុងរបស់ព្រះជាម្ចាស់។

(ដកស្រង់ពី «ព្រះជាម្ចាស់ និងមនុស្សលោក នឹងចូលទៅក្នុងសេចក្ដីសម្រាករួមគ្នា» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)

ខាង​ដើម៖ ខ. ស្ដីពីការបើកសម្ដែងរបស់ព្រះជាម្ចាស់អំពីកិច្ចការរបស់ទ្រង់នៅយុគសម័យនៃព្រះគុណ

បន្ទាប់៖ II. ព្រះបន្ទូលស្ដីពីកិច្ចការនៃការជំនុំជម្រះរបស់ព្រះជាម្ចាស់នៅគ្រាចុងក្រោយ

គ្រោះមហន្តរាយផ្សេងៗបានធ្លាក់ចុះ សំឡេងរោទិ៍នៃថ្ងៃចុងក្រោយបានបន្លឺឡើង ហើយទំនាយនៃការយាងមករបស់ព្រះអម្ចាស់ត្រូវបានសម្រេច។ តើអ្នកចង់ស្វាគមន៍ព្រះអម្ចាស់ជាមួយក្រុមគ្រួសាររបស់អ្នក ហើយទទួលបានឱកាសត្រូវបានការពារដោយព្រះទេ?

ការកំណត់

  • អត្ថបទ
  • ប្រធានបទ

ពណ៌​ដិតច្បាស់

ប្រធានបទ

ប្រភេទ​អក្សរ

ទំហំ​អក្សរ

ចម្លោះ​បន្ទាត់

ចម្លោះ​បន្ទាត់

ប្រវែងទទឹង​ទំព័រ

មាតិកា

ស្វែងរក

  • ស្វែង​រក​អត្ថបទ​នេះ
  • ស្វែង​រក​សៀវភៅ​នេះ