២១. អ្វីដែលនៅពីក្រោយការខកខានមិនបានមើលការខុសត្រូវ ឬតាមដានរបស់ខ្ញុំ
នៅខែវិច្ឆិកា ឆ្នាំ ២០២៣ ខ្ញុំបានជាប់ឆ្នោតក្លាយជាអ្នកទេសនា។ ដោយសារតែជាញឹកញាប់ ខ្ញុំតាមដាន និងណែនាំការងាររបស់អ្នកដឹកនាំពួកជំនុំឈ្មោះ អាន់ណា ខ្ញុំបានឃើញថា គាត់មានការរីកចម្រើនក្នុងការបំពេញភារកិច្ច មានប្រសិទ្ធភាពក្នុងការអនុវត្តការងារជាងមុន ហើយទទួលបានលទ្ធផលល្អប្រសើរនៅក្នុងការងាររបស់គាត់។ ខ្ញុំគិតថា បងស្រីម្នាក់នេះចេះរ៉ាប់រងបន្ទុកក្នុងការបំពេញភារកិច្ច ហើយធ្វើកិច្ចការបានជាក់ច្បាស់ណាស់ ដូច្នេះ ខ្ញុំក៏ធូរស្រាលចិត្តចំពោះគាត់គួរសម។ ក្រោយមក ខ្ញុំផ្ដោតតែទៅលើការតាមដាន និងការមើលការខុសត្រូវការងាររបស់អ្នកដឹកនាំពួកជំនុំផ្សេងទៀតប៉ុណ្ណោះ ហើយបានឈប់មើលការខុសត្រូវ និងតាមដានការងាររបស់ អាន់ណា។ មួយរយៈក្រោយមក លទ្ធផលនៃការងារផ្សាយដំណឹងល្អនៅក្នុងពួកជំនុំដែលខ្ញុំទទួលខុសត្រូវ បានចាប់ផ្ដើមធ្លាក់ចុះ។ ខ្ញុំបានជួបជាមួយអ្នកដឹកនាំពួកជំនុំ ដើម្បីស្វែងយល់ពីរបៀបដែលពួកគេដោះស្រាយបញ្ហា ហើយនៅពេលខ្ញុំរកឃើញបញ្ហា ខ្ញុំបានផ្តល់ការប្រកបគ្នា ការចង្អុលបង្ហាញ និងជំនួយដល់ពួកគេ។ ទោះជាយ៉ាងណាក៏ដោយ ដោយសារតែខ្ញុំទុកចិត្ត អាន់ណា ខ្ញុំមិនបានទៅស្វែងយល់អំពីការងាររបស់គាត់ទេ ហើយគ្រាន់តែផ្ដល់ការក្រើនរំលឹកធម្មតាដល់គាត់ ឱ្យសរុបសេចក្ដីអំពីភាពវៀចវេរ និងបញ្ហានានានៅក្នុងការងារផ្សាយដំណឹងល្អប៉ុណ្ណោះ។ ពេលនោះ អាន់ណា ក៏បានយល់ព្រមដែរ។ ការងារដែល អាន់ណា ទទួលខុសត្រូវធ្លាប់ទទួលបានលទ្ធផលកាលពីមុន ប៉ុន្តែនៅពេលនេះ លទ្ធផលរបស់គាត់បានធ្លាក់ចុះ ដូច្នេះ នៅពេលថ្នាក់ដឹកនាំខាងលើដឹងថា ខ្ញុំមិនបានផ្ដោតលើការតាមដានការងាររបស់ អាន់ណា ពួកគេបានផ្ញើសាររំលឹកជាពិសេសមួយមកខ្ញុំ ឱ្យធ្វើការពិនិត្យជាក់ស្ដែងលើការងាររបស់គាត់ឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន។ ខ្ញុំបានគិតក្នុងចិត្តថា «ខ្ញុំទើបតែបានរំលឹកគាត់កាលពីថ្ងៃមុនសោះ។ បើខ្ញុំទៅពិនិត្យការងាររបស់គាត់ឥឡូវនេះ តើគាត់នឹងគិតថាខ្ញុំមិនទុកចិត្តគាត់ឬ?» ពេលគិតបែបនេះ ខ្ញុំមិនបានទៅពិនិត្យការងាររបស់គាត់ទេ។ ជាលទ្ធផល មួយរយៈក្រោយមក លទ្ធផលនៃការងារផ្សាយដំណឹងល្អដែល អាន់ណា ទទួលខុសត្រូវ បន្តធ្លាក់ចុះមិនឈប់។ ទាល់តែពេលខ្ញុំបានស្វែងយល់ជាក់ស្ដែងអំពីការងាររបស់គាត់ ទើបខ្ញុំរកឃើញថា អាន់ណា គ្រាន់តែអនុវត្តការងារដោយបញ្ជូនបន្តនូវបទបញ្ជាប៉ុណ្ណោះ ហើយគាត់មិនបានដោះស្រាយបញ្ហាជាក់ស្ដែងសោះឡើយ ហើយបញ្ហា និងការលំបាកនានាដែលបងប្អូនប្រុសស្រីបានជួបប្រទះក្នុងការផ្សាយដំណឹងល្អ មិនត្រូវបានដោះស្រាយឡើយ។ ការណ៍នេះបានប៉ះពាល់ដល់ការងារផ្សាយដំណឹងល្អ។ ទាល់តែពេលនេះ ទើបខ្ញុំដឹងថា ខ្លួនខ្ញុំផ្ទាល់ក៏មិនបានធ្វើការងារជាក់ស្ដែងអ្វីនោះដែរ ហើយខ្ញុំមានអារម្មណ៍បន្ទោសខ្លួនឯងខ្លះៗនៅក្នុងចិត្ត។ ខ្ញុំបានជួបជាមួយ អាន់ណា ដើម្បីប្រកបគ្នាជាមួយគាត់ ហើយបានចង្អុលបង្ហាញពីបញ្ហារបស់គាត់។ ក្រោយមក ខ្ញុំឃើញថា អាន់ណា បានកែប្រែស្ថានការណ៍ ហើយបានធ្វើការងារជាក់ស្ដែងខ្លះៗ ដូច្នេះ ខ្ញុំមិនបានសរុបសេចក្ដី និងឆ្លុះបញ្ចាំងពីបញ្ហារបស់ខ្លួនឯងឡើយ។
នៅខែមេសា ឆ្នាំ ២០២៤ ថ្នាក់ដឹកនាំខាងលើបានរៀបចំឱ្យខ្ញុំទទួលខុសត្រូវលើការងារផ្សាយដំណឹងល្អនៃពួកជំនុំចំនួនពីរក្រុមទៀត។ បន្ទាប់ពីតាមដានបានមួយរយៈ ខ្ញុំបានរកឃើញថា អ្នកដឹកនាំពួកជំនុំម្នាក់ឈ្មោះ ម៉ាថា មានគុណសម្បត្តិល្អសមរម្យ អាចអនុវត្តការងារដែលតម្រូវបានទាន់ពេលវេលា ហើយអាចរកឃើញបញ្ហានៅពេលសរុបសេចក្ដីការងាររបស់គាត់។ ជាលទ្ធផល ខ្ញុំមានការយល់ឃើញល្អចំពោះគាត់ ហើយមានអារម្មណ៍ថា គាត់កាន់តែអាចធ្វើកិច្ចការជាក់ស្ដែងជាងអ្នកដឹកនាំពួកជំនុំផ្សេងទៀត។ នៅពេលខ្ញុំឃើញថា លទ្ធផលនៃការងារផ្សាយដំណឹងល្អនៅក្នុងការទទួលខុសត្រូវរបស់ ម៉ាថា មានលក្ខណៈល្អប្រសើរ ខ្ញុំកាន់តែទុកចិត្តគាត់ថែមទៀត ហើយកម្រនឹងសួរនាំអំពីការងាររបស់គាត់លម្អិតណាស់។ នៅក្នុងខែមិថុនា លទ្ធផលនៃការផ្សាយដំណឹងល្អនៅក្នុងពួកជំនុំដែល ម៉ាថា ទទួលខុសត្រូវ បានធ្លាក់ចុះខ្លះៗ។ នៅពេលនោះ ខ្ញុំបានជួបជាមួយគាត់ ដើម្បីស្វែងយល់អំពីស្ថានការណ៍ ហើយបានដឹងថា គាត់កំពុងរស់នៅក្នុងសភាពដ៏លំបាក ដោយសារអ៊ីនធឺណិតមានបញ្ហា នៅពេលគាត់ព្យាយាមអនុវត្តការងារ ហើយក៏ដឹងថា គាត់លែងរ៉ាប់រងបន្ទុកក្នុងការបំពេញភារកិច្ចទៀតហើយ។ ខ្ញុំបានចង្អុលបង្ហាញពីបញ្ហារបស់គាត់ ហើយបានប្រកបគ្នាជាមួយគាត់អំពីរបៀបពឹងផ្អែកលើព្រះជាម្ចាស់ ដើម្បីបំពេញភារកិច្ច នៅពេលប្រឈមមុខនឹងការលំបាកបែបនេះ គាត់មិនអាចពន្យារពេលការងារបានទេ។ មួយសប្ដាហ៍ក្រោយមក បងស្រីដែលសហការជាមួយខ្ញុំឈ្មោះ វីលម៉ា បានរំលឹកខ្ញុំថា ខ្ញុំគួរតែតាមដាន និងស្វែងយល់អំពីស្ថានភាពការងាររបស់ ម៉ាថា។ ខ្ញុំបានគិតក្នុងចិត្តថា «ខ្ញុំទើបតែបានប្រកបគ្នាជាមួយគាត់កាលពីប៉ុន្មានថ្ងៃមុនសោះ មើលទៅ គាត់ប្រហែលជាកំពុងកែប្រែស្ថានការណ៍ហើយ។ គាត់មានសមត្ថភាពការងារខ្លះដែរ ដូច្នេះនឹងមិនមានបញ្ហាធំដុំទេ» ហើយដូច្នេះ ខ្ញុំមិនបានជួបគាត់ទេ។ ទាល់តែប៉ុន្មានថ្ងៃក្រោយមក នៅពេល វីលម៉ា រំលឹកខ្ញុំម្ដងទៀត ទើបខ្ញុំព្យាយាមរៀបចំជួបជាមួយ ម៉ាថា ដើម្បីស្វែងយល់អំពីការងាររបស់គាត់។ ទោះជាយ៉ាងណាក៏ដោយ ខ្ញុំនៅតែមិនអាចរៀបចំការប្រជុំនោះបាន។ គាត់ចេះតែនិយាយថា អ៊ីនធឺណិតមានបញ្ហា ឬថាគាត់នៅជាប់រវល់។ នៅពេលនោះ ខ្ញុំមិនបានគិតច្រើនពេកទេ។ ខ្ញុំគិតថា ឱ្យតែគាត់កំពុងធ្វើការ គឺបានហើយ។ ខ្ញុំមិននឹកស្មានថា ពីរសប្ដាហ៍ក្រោយមក លទ្ធផលនៃការងារផ្សាយដំណឹងល្អនៅក្នុងពួកជំនុំដែល ម៉ាថា ទទួលខុសត្រូវ បានធ្លាក់ចុះយ៉ាងគំហុក។ ទាល់តែពេលនោះ ទើបខ្ញុំអន្ទះសារចង់ដឹងពីមូលហេតុ ហើយខ្ញុំបានរកឃើញថា គ្រូជំនួយផ្នែកផ្សាយដំណឹងល្អ និងអ្នកធ្វើការខាងផ្សាយដំណឹងល្អជាច្រើននាក់ រវល់តែរឿងផ្ទាល់ខ្លួន ហើយមិនបានផ្សាយដំណឹងល្អសោះ។ ដោយសារតែរឿងនេះ ម៉ាថា បានរស់នៅក្នុងភាពអវិជ្ជមាន ហើយមិនបានប្រកបគ្នាដើម្បីដោះស្រាយបញ្ហាឱ្យទាន់ពេលវេលាទេ។ នេះមានន័យថា បន្ទុករបស់អ្នកធ្វើការខាងផ្សាយដំណឹងល្អ កាន់តែថយចុះទៅៗ ហើយពួកគេមិនបានបំពេញភារកិច្ចរបស់ពួកគេឱ្យពិតប្រាកដឡើយ។ ខ្ញុំស្រឡាំងកាំង ពេលឃើញបញ្ហាធ្ងន់ធ្ងរបែបនេះនៅក្នុងដែនទទួលខុសត្រូវរបស់បងប្អូនស្រី។ ខ្ញុំមានការទទួលខុសត្រូវដែលមិនអាចគេចវេះបាន ចំពោះបញ្ហាកើតឡើងទាំងនេះ៖ ទាំងនេះសុទ្ធតែបណ្តាលមកពីការខកខានរបស់ខ្ញុំ ក្នុងការតាមដានការងាររបស់បងប្អូនស្រីឱ្យទាន់ពេលវេលា។ ខ្ញុំមានអារម្មណ៍សោកសៅយ៉ាងខ្លាំង ហើយបានអធិស្ឋានទៅកាន់ព្រះជាម្ចាស់ទាំងទឹកភ្នែកថា «ព្រះជាម្ចាស់អើយ ទូលបង្គំចង់បំពេញភារកិច្ចឱ្យបានល្អ ប៉ុន្តែសូមទ្រង់ទតភាពរញ៉េរញ៉ៃដែលទូលបង្គំបានបង្កឡើងចុះ។ ទូលបង្គំមានអារម្មណ៍ថា ទូលបង្គំមិនសមនឹងបំពេញភារកិច្ចនេះទេ។ សូមទ្រង់ប្រទានការដឹកនាំ និងចង្អុលបង្ហាញទូលបង្គំ ដើម្បីរៀនមេរៀនពីរឿងនេះផង ដើម្បីឱ្យទូលបង្គំដឹងថា ត្រូវធ្វើអ្វីបន្តទៀត ដើម្បីបំពេញភារកិច្ចនេះឱ្យបានល្អ»។
នៅពេលមួយ ថ្នាក់ដឹកនាំខាងលើបានមកធ្វើការប្រជុំជាមួយពួកយើង ហើយពួកយើងបានអានព្រះបន្ទូលរបស់ព្រះជាម្ចាស់មួយវគ្គ ដែលចែងចំសភាពរបស់ខ្ញុំតែម្ដង។ ព្រះដ៏មានគ្រប់ព្រះចេស្ដាមានបន្ទូលថា៖ «អ្នកដឹកនាំក្លែងក្លាយមិនដែលសួរនាំអំពីអ្នកមើលការខុសត្រូវដែលមិនធ្វើកិច្ចការជាក់ស្ដែង ឬដែលមិនយកចិត្តទុកដាក់បំពេញការងាររបស់ខ្លួនឱ្យបានត្រឹមត្រូវឡើយ។ ពួកគេគិតថា គ្រាន់តែជ្រើសរើសអ្នកមើលការខុសត្រូវម្នាក់រួច គឺចប់រឿងហើយ ហើយទៅថ្ងៃមុខ អ្នកមើលការខុសត្រូវនោះអាចចាត់ចែងគ្រប់កិច្ចការទាំងអស់បានដោយខ្លួនឯង ហើយ។ ដូច្នេះ អ្នកដឹកនាំក្លែងក្លាយគ្រាន់តែធ្វើការជួបជុំម្ដងម្កាល និងមិនមើលការខុសត្រូវលើកិច្ចការ ឬសួរនាំថាតើកិច្ចការនោះដំណើរការយ៉ាងណាឡើយ ហើយធ្វើខ្លួនដូចជាចៅហ្វាយនាយដែលមិនខ្វល់អ្វីទាល់តែសោះដូច្នោះដែរ។ ប្រសិនបើមាននរណាម្នាក់រាយការណ៍ពីបញ្ហារបស់អ្នកមើលការខុសត្រូវ អ្នកដឹកនាំក្លែងក្លាយនឹងនិយាយថា៖ 'វាគ្រាន់តែជាបញ្ហាតូចតាចប៉ុណ្ណោះ មិនអីទេ។ អ្នករាល់គ្នាអាចដោះស្រាយបញ្ហានេះដោយខ្លួនឯងបានហើយ។ កុំសួរខ្ញុំអី'។ អ្នកដែលបានរាយការណ៍ពីបញ្ហានោះនិយាយថា៖ 'អ្នកមើលការខុសត្រូវរូបនោះ ជាមនុស្សល្មោភស៊ី និងខ្ជិលច្រអូស។ គេផ្ដោតតែលើរឿងស៊ីចុក និងការសប្បាយប៉ុណ្ណោះ ហើយពួកគេខ្ជិលខ្លាំងណាស់។ ពួកគេមិនចង់រងទុក្ខនៅក្នុងភារកិច្ចរបស់ខ្លួនសូម្បីតែបន្តិចណាឡើយ ហើយពួកគេតែងតែប្រើល្បិចលួចខ្ជិល ព្រមទាំងរកលេសដើម្បីគេចពីការងារ និងគេចវេះពីការទទួលខុសត្រូវ។ ពួកគេមិនស័ក្តិសមនឹងធ្វើជាអ្នកមើលការខុសត្រូវឡើយ'។ អ្នកដឹកនាំក្លែងក្លាយនឹងឆ្លើយតបថា៖ 'នៅពេលជ្រើសរើសពួកគេឱ្យធ្វើជាអ្នកមើលការខុសត្រូវ ពួកគេល្អខ្លាំងណាស់។ អ្វីដែលអ្នកកំពុងនិយាយនេះ គឺមិនពិតទេ ឬបើទោះបីជាវាគឺជាការពិតមែនក៏ដោយ ក៏វាគ្រាន់តែជាការសម្តែងចេញមួយគ្រាប៉ុណ្ណោះ'។ អ្នកដឹកនាំក្លែងក្លាយ នឹងមិនព្យាយាមស្វែងយល់បន្ថែមអំពីស្ថានភាពរបស់អ្នកមើលការខុសត្រូវនោះឡើយ ផ្ទុយទៅវិញ ពួកគេនឹងវិនិច្ឆ័យ និងសន្និដ្ឋានលើរឿងនេះ ដោយផ្អែកលើការយល់ឃើញរបស់ពួកគេពីមុនមកចំពោះអ្នកមើលការខុសត្រូវនោះ។ មិនថាអ្នកណារាយការណ៍ពីបញ្ហាអ្វីពាក់ព័ន្ធនឹងអ្នកមើលការខុសត្រូវនោះទេ អ្នកដឹកនាំក្លែងក្លាយនឹងមិនអើពើឡើយ។ អ្នកមើលការខុសត្រូវមិនបានធ្វើកិច្ចការជាក់ស្ដែងទេ ហើយកិច្ចការរបស់ពួកជំនុំស្ទើរតែជាប់គាំងទាំងស្រុងទៅហើយ ប៉ុន្តែអ្នកដឹកនាំក្លែងក្លាយមិនខ្វល់ឡើយ ហាក់បីដូចជាពួកគេមិនជាប់ពាក់ព័ន្ធសោះអ៊ីចឹង។ ការដែលពួកគេធ្វើមិនដឹងមិនឮ នៅពេលដែលមាននរណាម្នាក់រាយការណ៍ពីបញ្ហារបស់អ្នកមើលការខុសត្រូវ គឺវាគួរឱ្យខ្ពើមរអើមណាស់ទៅហើយ។ ប៉ុន្តែ តើអ្វីទៅដែលគួរឱ្យស្អប់ខ្ពើមខ្លំាងបំផុតនោះ? នៅពេលដែលមនុស្សរាយការណ៍ប្រាប់ពួកគេអំពីបញ្ហាធ្ងន់ធ្ងរពិតប្រាកដរបស់អ្នកមើលការខុសត្រូវ ពួកគេមិនបានព្យាយាមដោះស្រាយបញ្ហាទាំងនេះទេ ហើយពួកគេថែមទាំងលើកយកលេសគ្រប់បែបយ៉ាងទៀតផងថា៖ 'ខ្ញុំស្គាល់អ្នកមើលការខុសត្រូវម្នាក់នេះ គាត់ជឿលើព្រះជាម្ចាស់ពិតប្រាកដមែន គាត់មុខជាគ្មានបញ្ហាអ្វីឡើយ។ ទោះបីជាគាត់មានបញ្ហាបន្តិចបន្តួចក្ដី ក៏ព្រះជាម្ចាស់នឹងការពារគាត់ និងប្រៀនប្រដៅគាត់ដែរ។ ប្រសិនបើគាត់ធ្វើអ្វីខុស នោះគឺជារឿងរវាងគាត់និងព្រះជាម្ចាស់ទេ។ យើងមិនចាំបាច់យកខ្លួនទៅពាក់ព័ន្ធឡើយ'។ អ្នកដឹកនាំក្លែងក្លាយធ្វើការស្របតាមសញ្ញាណ និងការស្រមើស្រមៃផ្ទាល់ខ្លួនតាមរបៀបនេះឯង។ ... ពួកអ្នកដឹកនាំក្លែងក្លាយមានចំណុចខ្សោយដ៏ធ្ងន់ធ្ងរមួយ៖ ពួកគេឆាប់ជឿជាក់លើមនុស្សពេក ដោយផ្អែកលើការស្រមើស្រមៃរបស់ខ្លួន។ ហើយតើរឿងនេះមិនមែនបណ្ដាលមកពីការមិនយល់ពីសេចក្ដីពិតទេឬ? តើព្រះបន្ទូលរបស់ព្រះជាម្ចាស់បានលាតត្រដាងពីសារជាតិនៃមនុស្សជាតិដែលពុករលួយដោយរបៀបណា? ហេតុអ្វីបានជាពួកគេគួរជឿទុកចិត្តមនុស្ស ទាំងដែលព្រះជាម្ចាស់មិនជឿទុកចិត្តផងនោះ? តើអ្នកដឹកនាំក្លែងក្លាយមិនមែនក្រអឺតក្រទម និងរាប់ខ្លួនឯងជាសុចរិតពេកទេឬ? អ្វីដែលពួកគេគិតគឺថា៖ 'ខ្ញុំមិនអាចមើលមនុស្សនេះខុសនោះទេ។ មនុស្សម្នាក់ដែលខ្ញុំបានវិនិច្ឆ័យថាស័ក្តិសមហើយនោះ មិនគួរមានបញ្ហាអ្វីទេ។ ពួកគេច្បាស់ជាមិនមែនជាមនុស្សដែលល្មោភស៊ី ល្មោភផឹក និងល្មោភសប្បាយ ឬជាមនុស្សដែលចូលចិត្តសេចក្ដីសុខស្រួល ហើយស្អប់ការងារលំបាកនោះទេ។ ពួកគេប្រាកដជាមនុស្សដែលអាចពឹងពាក់ និងទុកចិត្តបាន។ ពួកគេនឹងមិនផ្លាស់ប្ដូរឡើយ។ ប្រសិនបើពួកគេផ្លាស់ប្ដូរមែន តើនោះមិនមែនមានន័យថា ខ្ញុំមើលពួកគេខុសទៅហើយទេ?' តើនេះជាហេតុផលបែបណាទៅ? តើអ្នកគឺជាប្រភេទមនុស្សជំនាញមែនទេ? តើអ្នកមានភ្នែកទិព្វមែនទេ? តើអ្នកមានជំនាញពិសេសបែបនោះដែរទេ? អ្នកអាចរស់នៅជាមួយបុគ្គលនេះមួយឆ្នាំឬពីរឆ្នាំ ប៉ុន្តែបើគ្មានមជ្ឈដ្ឋានសមស្របសម្រាប់លាតត្រដាងពីសារជាតិធម្មជាតិរបស់ពួកគេទាំងស្រុងទេ តើអ្នកអាចមើលដឹងថាតើពួកគេជាមនុស្សបែបណាឱ្យពិតប្រាកដបានដែរឬទេ? ប្រសិនបើព្រះជាម្ចាស់មិនលាតត្រដាងពួកគេទេ អ្នកអាចរស់នៅក្បែរពួកគេបីឆ្នាំ ឬរហូតដល់ប្រាំឆ្នាំក៏ថាបាន ហើយនៅតែពិបាកមើលដឹងថា ពួកគេមានសារជាតិធម្មជាតិបែបណាឱ្យប្រាកដណាស់។ ហើយចុះទម្រាំតែអ្នកកម្រនឹងបានឃើញពួកគេ ឬកម្រនឹងនៅជាមួយពួកគេផងនោះ តើអាចស្គាល់ពួកគេច្បាស់បានដោយរបៀបណាទៅ? អ្នកដឹកនាំក្លែងក្លាយជឿទុកចិត្តមនុស្សងាយពេក ដោយផ្អែកលើការយល់ឃើញមួយគ្រា ឬក៏ផ្អែកលើការសរសើរវិជ្ជមានពីនរណាម្នាក់ចំពោះបុគ្គលនោះ ហើយហ៊ានប្រគល់កិច្ចការពួកជំនុំដល់មនុស្សបែបនេះ។ ក្នុងករណីនេះ តើពួកគេមិនមែនខ្វាក់ទាំងស្រុងទេឬ? តើពួកគេមិនមែនកំពុងធ្វើអ្វីតាមតែអំពើចិត្តទេឬ? ហើយនៅពេលពួកគេធ្វើបែបនេះ តើអ្នកដឹកនាំក្លែងក្លាយមិនមែនគ្មានការទទួលខុសត្រូវសោះទេឬ?» («ទំនួលខុសត្រូវរបស់អ្នកដឹកនាំ និងអ្នកធ្វើការ (៣)» នៃសៀវភៅ «ព្រះបន្ទូល» ភាគ៥ ទំនួលខុសត្រូវរបស់អ្នកដឹកនាំ និងអ្នកធ្វើការ)។ នៅពេលប្រឈមមុខនឹងការបើកសម្ដែងនៃព្រះបន្ទូលរបស់ព្រះជាម្ចាស់ ខ្ញុំមានអារម្មណ៍មិនស្រួលក្នុងចិត្តយ៉ាងខ្លាំង។ ព្រះជាម្ចាស់បើកសម្ដែងថា អ្នកដឹកនាំក្លែងក្លាយធ្វើការដោយពឹងផ្អែកលើសញ្ញាណ និងការនឹកស្មាន ហើយងាយនឹងទុកចិត្តមនុស្ស។ នៅពេលពួកគេឃើញនរណាម្នាក់បំពេញការងារបានល្អមួយរយៈ ពួកគេក៏គិតភ្លាមថា អ្វីៗគ្រប់យ៉ាងអំពីបុគ្គលនោះគឺល្អ ហើយនឹងល្អជានិច្ច។ ទោះបីជាអ្នកដទៃនិយាយថា បុគ្គលនេះមានបញ្ហាក៏ដោយ ក៏ពួកគេនឹងបដិសេធក្នុងចិត្ត ហើយនឹងមិនមើលការខុសត្រូវ និងពិនិត្យមើលការងាររបស់បុគ្គលនេះឱ្យបានហ្មត់ចត់ឡើយ។ ខ្ញុំបានគិតដល់ថា អំឡុងពេលនោះ ខ្ញុំបានទុកចិត្តមនុស្សដោយងងឹតងងុលតាមរបៀបនេះយ៉ាងពិតប្រាកដមែន នៅពេលខ្ញុំបំពេញភារកិច្ច។ ខ្ញុំឃើញថា អាន់ណា អាចធ្វើការងារជាក់ស្ដែងខ្លះៗ ហើយធ្វើការបានល្អណាស់ដដែរ ដូច្នេះ ខ្ញុំមិនបានតាមដាន ឬពិនិត្យមើលការងាររបស់គាត់ទេ ហើយទោះបីជាថ្នាក់ដឹកនាំខាងលើរំលឹកខ្ញុំក៏ដោយ ក៏ខ្ញុំមិនបានយកចិត្តទុកដាក់ខ្លាំងឡើយ។ ខ្ញុំនៅតែទុកចិត្ត អាន់ណា នៅក្នុងចិត្ត ដោយគិតថា គាត់នឹងធ្វើការងារនោះបាន។ ដូច្នេះ ខ្ញុំគ្រាន់តែរំលឹកគាត់បន្តិចបន្តួចឱ្យសរុបសេចក្ដីបញ្ហាផ្សេងៗនៅក្នុងការងារផ្សាយដំណឹងល្អ ដោយមិនបានតាមដានការងាររបស់គាត់ឱ្យបានលម្អិតឡើយ។ ខ្ញុំមិននឹកស្មានថា នៅពេល អាន់ណា ធ្វើការ គាត់គ្រាន់តែបញ្ជូនបន្តនូវពាក្យសម្ដីប៉ុណ្ណោះ ហើយមិនបានដោះស្រាយបញ្ហាជាក់ស្ដែងឡើយ។ នេះមានន័យថា លទ្ធផលនៃការងារផ្សាយដំណឹងល្អបានធ្លាក់ចុះ។ ទាំងអស់នេះគឺជាផលវិបាកនៃការដែលខ្ញុំទុកចិត្ត អាន់ណា ដោយងងឹតងងុល និងមិនបានតាមដានការងាររបស់គាត់។ ក្រោយមក ខ្ញុំក៏ដូចគ្នាដែរ នៅពេលតាមដានការងាររបស់ ម៉ាថា។ ខ្ញុំគិតថា គាត់មានសមត្ថភាពការងារខ្លះៗ ហើយអាចធ្វើការងារជាក់ស្ដែងខ្លះៗបាន ដូច្នេះ ខ្ញុំក៏បានដាក់ទំនុកចិត្តលើគាត់យ៉ាងច្រើន។ ខ្ញុំកម្រនឹងសួរនាំអំពីព័ត៌មានលម្អិតនៃរបៀបដែលគាត់បំពេញភារកិច្ចណាស់ ហើយមិនបានពិនិត្យមើល ឬមើលការខុសត្រូវការងាររបស់គាត់ទេ។ នៅពេលបងស្រីដែលធ្វើដៃគូរជាមួយខ្ញុំបានរំលឹកខ្ញុំ ខ្ញុំមិនបានយកចិត្តទុកដាក់ឡើយ ហើយមិនបានតាមដានការងាររបស់ ម៉ាថា ទេ។ ជាលទ្ធផល បញ្ហាផ្សេងៗរបស់បងប្អូនប្រុសស្រីរបស់គាត់ មិនអាចត្រូវបានដោះស្រាយទាន់ពេលវេលា ហើយគាត់រស់នៅក្នុងភាពអវិជ្ជមាន ដែលប៉ះពាល់ដល់ការងារ។ ព្រះជាម្ចាស់មានបន្ទូលថា អ្នកដឹកនាំ និងអ្នកធ្វើការ គួរតែតាមដានការងារឱ្យបានញឹកញាប់ ស្វែងយល់អំពីសភាព និងការលំបាករបស់បងប្អូនប្រុសស្រី ចាប់យល់ពីបញ្ហា និងភាពវៀចវេរដែលមាននៅក្នុងភារកិច្ចរបស់គ្រប់គ្នា ហើយក៏ត្រូវចុះទៅពិនិត្យដោយផ្ទាល់ ដើម្បីស្វែងយល់ និងណែនាំការងារ ដោះស្រាយបញ្ហាឱ្យបានទាន់ពេលវេលា នៅពេលរកឃើញ។ នេះគឺជាការទទួលខុសត្រូវដែលអ្នកដឹកនាំ និងអ្នកធ្វើការគួរតែបំពេញ មានតែការបំពេញភារកិច្ចតាមរបៀបនេះទេ ទើបស្របតាមព្រះរាជបំណងរបស់ព្រះជាម្ចាស់។ ប៉ុន្តែ ខ្ញុំបានរស់នៅដោយពឹងផ្អែកលើសញ្ញាណ និងការនឹកស្មានផ្ទាល់ខ្លួនជាប់ជានិច្ច ដោយទុកចិត្តមនុស្សទាំងងងឹតងងុល។ ខ្ញុំជឿថា អាន់ណា និង ម៉ាថា អាចធ្វើការងារជាក់ស្ដែងខ្លះៗបាន ហើយមិនតម្រូវឱ្យមានការមើលការខុសត្រូវ និងការពិនិត្យមើលឡើយ ដូច្នេះ ខ្ញុំកម្រនឹងតាមដានការងាររបស់ពួកគេឱ្យបានលម្អិតណាស់។ តើអាកប្បកិរិយារបស់ខ្ញុំមិនមែនជាអាកប្បកិរិយារបស់អ្នកដឹកនាំក្លែងក្លាយទេឬ? ខ្ញុំមិនអាចមើលធ្លុះសារជាតិរបស់មនុស្សបានឡើយ តែបែរជាចេះតែទុកចិត្តមនុស្សដោយមិនខ្វល់ខ្វាយ ដោយមិនបានតាមដានការងាររបស់ពួកគេ។ ខ្ញុំពិតជាងងឹតងងុលណាស់! ក្រអឺតក្រទមណាស់! នៅពេលខ្ញុំយល់ពីចំណុចនេះ ចិត្តរបស់ខ្ញុំមានអារម្មណ៍មិនស្រួលខ្លាំងណាស់ ហាក់ដូចជាកំពុងត្រូវបានចាក់ទម្លុះ។ ខ្ញុំបានបំពេញភារកិច្ចដោយគ្មានការទទួលខុសត្រូវ ប៉ុន្តែព្រះជាម្ចាស់មិនបានជម្រុះចោលខ្ញុំទេ ផ្ទុយទៅវិញ ទ្រង់បានប្រទានឱកាសឱ្យខ្ញុំប្រែចិត្ត។ ខ្ញុំត្រូវតែបន្តឆ្លុះបញ្ចាំង និងស្វែងយល់ខ្លួនឯង។
ថ្ងៃមួយ ខ្ញុំបានអានបន្ទូលមួយវគ្គទៀតរបស់ព្រះជាម្ចាស់ ហើយទទួលបានការមើលឃើញកាន់តែច្បាស់អំពីបញ្ហារបស់ខ្ញុំ។ ព្រះដ៏មានគ្រប់ព្រះចេស្ដាមានបន្ទូលថា៖ «មនុស្សភាគច្រើនចាត់ទុកឃ្លា 'កុំសង្ស័យមនុស្សដែលអ្នកប្រើប្រាស់ ហើយក៏កុំប្រើប្រាស់មនុស្សដែលអ្នកសង្ស័យដែរ' ថាជាសេចក្ដីពិត ហើយពួកគេត្រូវបានបំភាន់ និងជាប់ចំណងដោយឃ្លានេះ។ ពួកគេត្រូវបានរំខាន និងរងឥទ្ធិពលដោយឃ្លានេះ នៅពេលជ្រើសរើស ឬប្រើប្រាស់មនុស្ស ហើយថែមទាំងបណ្ដោយឱ្យឃ្លានេះត្រួតត្រាលើទង្វើរបស់ពួកគេទៀតផង។ ជាលទ្ធផល អ្នកដឹកនាំ និងអ្នកធ្វើការជាច្រើន តែងតែមានការលំបាក និងការមានការរអែងចិត្ត នៅពេលណាដែលពួកគេត្រួតពិនិត្យមើលកិច្ចការពួកជំនុំ និងដំឡើងឋានៈ និងប្រើប្រាស់មនុស្ស។ នៅទីបំផុត អ្វីដែលពួកគេអាចធ្វើបាន គឺគ្រាន់តែលួងចិត្តខ្លួនឯងដោយពាក្យថា 'កុំសង្ស័យមនុស្សដែលអ្នកប្រើប្រាស់ ហើយក៏កុំប្រើប្រាស់មនុស្សដែលអ្នកសង្ស័យដែរ' ប៉ុណ្ណោះ។ រាល់ពេលដែលពួកគេពិនិត្យ ឬសាកសួរអំពីកិច្ចការ ពួកគេគិតថា៖ '«កុំសង្ស័យមនុស្សដែលអ្នកប្រើប្រាស់ ហើយក៏កុំប្រើប្រាស់មនុស្សដែលអ្នកសង្ស័យដែរ»។ ខ្ញុំគួរតែទុកចិត្តបងប្អូនប្រុសស្រីរបស់ខ្ញុំ ហើយយ៉ាងណាមិញ ព្រះវិញ្ញាណបរិសុទ្ធពិនិត្យពិច័យមនុស្ស ដូច្នេះ ខ្ញុំមិនគួរចេះតែសង្ស័យ និងមើលការខុសត្រូវអ្នកដទៃរហូតនោះទេ'។ ពួកគេបានរងឥទ្ធិពលដោយឃ្លានេះហើយ តើមែនទេ? តើមានផលវិបាកអ្វីខ្លះ ដែលបង្កឡើងដោយឥទ្ធិពលនៃឃ្លានេះ? ជាដំបូង ប្រសិនបើមាននរណាម្នាក់ប្រកាន់យកគំនិត 'កុំសង្ស័យមនុស្សដែលអ្នកប្រើប្រាស់ ហើយក៏កុំប្រើប្រាស់មនុស្សដែលអ្នកសង្ស័យដែរ' នេះ តើពួកគេនឹងពិនិត្យ និងចង្អុលបង្ហាញកិច្ចការរបស់អ្នកដទៃដែរឬទេ? តើពួកគេនឹងមើលការខុសត្រូវ និងតាមដានកិច្ចការរបស់មនុស្សដែរឬទេ? ប្រសិនបើបុគ្គលនេះទុកចិត្តមនុស្សគ្រប់គ្នាដែលពួកគេប្រើប្រាស់ ហើយមិនដែលពិនិត្យ ឬចង្អុលបង្ហាញពួកគេនៅក្នុងកិច្ចការរបស់ពួកគេ ហើយមិនដែលមើលការខុសត្រូវពួកគេសោះ តើពួកគេកំពុងបំពេញភារកិច្ចរបស់ខ្លួនដោយស្មោះត្រង់ដែរឬទេ? តើពួកគេអាចអនុវត្តកិច្ចការពួកជំនុំប្រកបដោយសមត្ថភាព និងសម្រេចបាននូវការផ្ទុកផ្ដាក់របស់ព្រះជាម្ចាស់ដែរឬទេ? តើពួកគេកំពុងស្មោះត្រង់ចំពោះការផ្ទុកផ្ដាក់របស់ព្រះជាម្ចាស់ដែរឬទេ? ទីពីរ នេះមិនមែនគ្រាន់តែជាការបរាជ័យក្នុងការកាន់តាមព្រះបន្ទូលរបស់ព្រះជាម្ចាស់ និងការបំពេញភារកិច្ចរបស់អ្នកប៉ុណ្ណោះទេ តែនេះគឺជាការយកឧបាយកល និងទស្សនៈវិជ្ជាសម្រាប់ការរស់នៅក្នុងលោកិយ៍របស់សាតាំង មកចាត់ទុកដូចជាសេចក្ដីពិត ហើយដើរតាម និងអនុវត្តវា។ អ្នកកំពុងស្ដាប់បង្គាប់សាតាំង និងរស់នៅតាមទស្សនៈវិជ្ជាបែបសាតាំងហើយ តើមែនទេ? អ្នកមិនមែនជាមនុស្សដែលចុះចូលនឹងព្រះជាម្ចាស់ឡើយ ហើយកាន់តែមិនមែនជាមនុស្សដែលប្រតិបត្តិតាមព្រះបន្ទូលរបស់ព្រះជាម្ចាស់ទៅទៀតផង។ អ្នកគឺជាមនុស្សពាលទាំងស្រុង។ ការទុកព្រះបន្ទូលរបស់ព្រះជាម្ចាស់មួយឡែក ហើយបែរជាយកឃ្លារបស់សាតាំងមកអនុវត្តជាសេចក្ដីពិតវិញ គឺជាការក្បត់សេចក្ដីពិត និងក្បត់ព្រះជាម្ចាស់ហើយ! អ្នកធ្វើការនៅក្នុងដំណាក់របស់ព្រះជាម្ចាស់ ប៉ុន្តែគោលការណ៍សម្រាប់ការប្រព្រឹត្ដិរបស់អ្នក គឺជាតក្កវិជ្ជា និងទស្សនៈវិជ្ជាបែបសាតាំងសម្រាប់ការរស់នៅក្នុងលោកិយ៍ទៅវិញ តើអ្នកជាមនុស្សប្រភេទណាទៅ? នេះគឺជាមនុស្សដែលក្បត់ព្រះជាម្ចាស់ និងជាមនុស្សដែលនាំភាពអាប់ឱនដល់ព្រះជាម្ចាស់យ៉ាងធ្ងន់ធ្ងរ។ តើសារជាតិនៃទង្វើនេះគឺជាអ្វី? គឺជាការថ្កោលទោសព្រះជាម្ចាស់យ៉ាងចំហ និងការបដិសេធសេចក្ដីពិតយ៉ាងចំហ។ តើនោះមិនមែនជាសារជាតិរបស់វាទេឬអី? (មែនហើយ។) ក្រៅពីមិនធ្វើតាមបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ អ្នកកំពុងអនុញ្ញាតឱ្យពាក្យសម្ដីរបស់អារក្សសាតាំង និងទស្សនវិជ្ជារបស់សាតាំងសម្រាប់ការរស់នៅក្នុងលោកិយនេះ រីករាលដាលពាសពេញក្នុងពួកជំនុំ។ ក្នុងការធ្វើបែបនេះ អ្នកក្លាយជាគូកនរបស់សាតាំង ជួយសាតាំងក្នុងការអនុវត្តសកម្មភាពរបស់វានៅក្នុងពួកជំនុំ ព្រមទាំងរំខាន និងបង្អាក់កិច្ចការពួកជំនុំ។ សារជាតិនៃបញ្ហានេះគឺធ្ងន់ធ្ងរណាស់ តើមែនទេ?» (ដកស្រង់ពី «ចំណុចក្រៅប្រធានបទទីមួយ» នៃសៀវភៅ «ព្រះបន្ទូល» ភាគ៤៖ ការលាតត្រដាងពួកទទឹងនឹងព្រះគ្រីស្ទ)។ ក្រោយពីសញ្ជឹងគិតលើព្រះបន្ទូលរបស់ព្រះជាម្ចាស់ ខ្ញុំបានយល់ថា មូលហេតុដែលខ្ញុំមិនបានពិនិត្យមើលការងាររបស់បងស្រីទាំងពីរនាក់នេះ គឺដោយសារតែខ្ញុំត្រូវបានជះឥទ្ធិពលដោយទស្សនៈវិជ្ជារបស់សាតាំងដែលថា «បើអ្នកប្រើមនុស្សម្នាក់ ចូរកុំសង្ស័យគេឱ្យសោះ បើអ្នកសង្ស័យពីគេ នោះកុំប្រើគេឱ្យសោះ»។ កាលពីមុន នៅពេលខ្ញុំបានតាមដានការងារ ខ្ញុំឃើញថា ពួកគេអាចដោះស្រាយបញ្ហាជាក់ស្ដែងខ្លះៗបាន ហើយមានសមត្ថភាពការងារជាក់លាក់មួយកម្រិត ដូច្នេះ ខ្ញុំក៏បានដាក់ទំនុកចិត្តលើពួកគេយ៉ាងខ្លាំង។ ខ្ញុំគិតថា ខ្ញុំមិនចាំបាច់តាមដាន ឬពិនិត្យមើលការងាររបស់ពួកគេជានិច្ចទេ ហើយគ្រាន់តែសួរនាំបន្តិចបន្តួចអំពីសភាព និងការលំបាករបស់ពួកគេម្ដងម្កាលគឺបានហើយ។ ដោយសារតែខ្ញុំមិនបានមើលការខុសត្រូវ ឬពិនិត្យមើលការងាររបស់ពួកគេ ហើយមិនអាចរកឃើញការលំបាកជាក់ស្ដែងរបស់ពួកគេ និងដោះស្រាយបានទាន់ពេលវេលា វឌ្ឍនភាពនៃការងារត្រូវបានប៉ះពាល់។ ខ្ញុំបានដឹងយ៉ាងច្បាស់ថា ការតាមដាន និងពិនិត្យមើលការងារ គឺជាការទទួលខុសត្រូវរបស់ខ្ញុំ ហើយក៏ដឹងថា ខ្ញុំត្រូវតែរកមើល និងដោះស្រាយការលំបាក និងបញ្ហាផ្សេងៗនៅក្នុងការងារឱ្យបានទាន់ពេលវេលា។ មានតែតាមរបៀបនេះទេ ទើបការងារអាចបន្តរីកចម្រើនបាន។ ប៉ុន្តែ ខ្ញុំបានពឹងផ្អែកលើគំនិត និងទស្សនៈដែលថា «បើអ្នកប្រើមនុស្សម្នាក់ ចូរកុំសង្ស័យគេឱ្យសោះ បើអ្នកសង្ស័យពីគេ នោះកុំប្រើគេឱ្យសោះ» នៅក្នុងការប្រព្រឹត្តខ្លួន និងទង្វើរបស់ខ្ញុំ។ ខ្ញុំបានបំពេញភារកិច្ចដោយគ្មានការគោរពខ្លាំងណាស់ ធ្វើឱ្យតែរួចពីដៃ ហើយគ្មានស្មារតីទទួលខុសត្រូវឡើយ។ ខ្ញុំមិនបានតាមដាន ឬពិនិត្យមើលការងារដែលខ្ញុំគួរតែតាមដាន ឬពិនិត្យមើលនោះទេ ដែលធ្វើឱ្យប៉ះពាល់ដល់វឌ្ឍនភាពនៃការងារផ្សាយដំណឹងល្អ។ តាមពិតទៅ ជួនកាលនៅពេលខ្ញុំឃើញលទ្ធផលនៃការងារផ្សាយដំណឹងល្អធ្លាក់ចុះ ឬបងប្អូនប្រុសស្រីមិនសូវបុរេសកម្មខ្លាំងក្នុងការបំពេញភារកិច្ច ខ្ញុំបានដឹងថា ខ្ញុំគួរតែតាមដាន និងពិនិត្យមើលការងាររបស់ពួកគេ។ ប៉ុន្តែ ដោយផ្អែកលើសញ្ញាណ និងការនឹកស្មានរបស់ខ្ញុំ ខ្ញុំគិតថា ពួកគេនឹងធ្វើវា ហើយខ្ញុំមិនចាំបាច់តាមដានពួកគេទេ។ ដូច្នេះ ខ្ញុំក៏បានដាក់ទំនុកចិត្តលើពួកគេយ៉ាងខ្លាំង។ ខ្ញុំបានចាត់ទុកទស្សនៈដែលថា «បើអ្នកប្រើមនុស្សម្នាក់ ចូរកុំសង្ស័យគេឱ្យសោះ បើអ្នកសង្ស័យពីគេ នោះកុំប្រើគេឱ្យសោះ» ជាសេចក្តីពិត ហើយបានអនុវត្ត និងប្រកាន់ខ្ជាប់តាមនោះ។ ខ្ញុំមិនបានបំពេញភារកិច្ចតាមគោលការណ៍ឡើយ ហើយចុងក្រោយក៏បានពន្យារពេលការងារដោយមិនដឹងខ្លួន។ ខ្ញុំតែងតែរស់នៅដោយពឹងផ្អែកលើទស្សនៈវិជ្ជាសម្រាប់ការរស់នៅក្នុងលោកីយ៍របស់សាតាំងដែលថា «បើអ្នកប្រើមនុស្សម្នាក់ ចូរកុំសង្ស័យគេឱ្យសោះ បើអ្នកសង្ស័យពីគេ នោះកុំប្រើគេឱ្យសោះ» ហើយគិតថា បើខ្ញុំតាមដានការងាររបស់ពួកគេ គឺខ្ញុំកំពុងមិនទុកចិត្តពួកគេ។ ខ្ញុំមិនបានអនុវត្តស្របតាមព្រះបន្ទូលរបស់ព្រះជាម្ចាស់ទេ។ សារជាតិនៃរឿងនេះ គឺការបដិសេធសេចក្តីពិត។ វាគឺជាការទាស់ទទឹងនឹងព្រះជាម្ចាស់! ប្រសិនបើខ្ញុំបន្តរស់នៅតាមគំនិត និងទស្សនៈទាំងនេះ ខ្ញុំនឹងមិនអាចបំពេញភារកិច្ចបានល្អឡើយ ហើយចុងក្រោយមានតែត្រូវបានបើកសម្ដែង និងជម្រុះចោលប៉ុណ្ណោះ។ នៅពេលខ្ញុំគិតបែបនេះ ខ្ញុំមានអារម្មណ៍សោកស្ដាយ និងបន្ទោសខ្លួនឯង ហើយស្រក់ទឹកភ្នែកមិនដាច់។ ខ្ញុំបានចូលមកចំពោះព្រះជាម្ចាស់ដើម្បីអធិស្ឋានថា «ព្រះជាម្ចាស់អើយ ទូលបង្គំបានទុកចិត្តមនុស្សដោយងាយ ហើយមិនបានបំពេញភារកិច្ចបានល្អទេ ដោយបន្សល់ទុកនូវអំពើរំលង។ ទូលបង្គំសុខចិត្តប្រែចិត្តចំពោះទ្រង់»។ ក្រោយពីខ្ញុំបានអធិស្ឋានរួច ចិត្តរបស់ខ្ញុំមានអារម្មណ៍ធូរស្រាលណាស់។ ក្រោយមក ខ្ញុំបានតាមដាន និងពិនិត្យមើលការងាររបស់ពួកគេជានិច្ច ដោយដោះស្រាយបញ្ហាបន្តិចម្ដងៗ។ បងប្អូនប្រុសស្រីរបស់ខ្ញុំក៏បុរេសកម្មក្នុងការបំពេញភារកិច្ចជាងមុនដែរ។
អំឡុងព្រឹកមួយក្នុងកិច្ចចំណាយពេលខាងវិញ្ញាណជាមួយព្រះជាម្ចាស់ ខ្ញុំបានអានអត្ថបទទីបន្ទាល់តាមបទពិសោធមួយ។ វាបានដកស្រង់ព្រះបន្ទូលរបស់ព្រះជាម្ចាស់មួយវគ្គ ដែលបានផ្លាស់ប្ដូរទស្សនៈរបស់ខ្ញុំលើរឿងរ៉ាវ។ ព្រះដ៏មានគ្រប់ព្រះចេស្ដាមានបន្ទូលថា៖ «តើអ្នករាល់គ្នាជឿថាទស្សនៈ 'កុំសង្ស័យមនុស្សដែលអ្នកប្រើប្រាស់ ហើយក៏កុំប្រើប្រាស់មនុស្សដែលអ្នកសង្ស័យដែរ' នេះត្រឹមត្រូវដែរឬទេ? តើឃ្លានេះជាសេចក្ដីពិតដែរឬទេ? ហេតុអ្វីបានជាគាត់ប្រើឃ្លានេះនៅក្នុងកិច្ចការនៃដំណាក់របស់ព្រះជាម្ចាស់ និងក្នុងការបំពេញភារកិច្ចរបស់គាត់ទៅវិញ? តើបញ្ហានៅត្រង់ណា? 'កុំសង្ស័យមនុស្សដែលអ្នកប្រើប្រាស់ ហើយក៏កុំប្រើប្រាស់មនុស្សដែលអ្នកសង្ស័យដែរ' ច្បាស់ណាស់គឺជាសម្ដីរបស់អ្នកគ្មានជំនឿ ជាពាក្យសម្ដីដែលមកពីសាតាំង ដូច្នេះ ហេតុអ្វីបានជាគាត់ចាត់ទុកពាក្យទាំងនេះថាជាសេចក្ដីពិតទៅវិញ? ហេតុអ្វីបានជាគាត់មិនអាចបែងចែកដឹងថា ពាក្យទាំងនេះខុស ឬត្រូវ? ពាក្យទាំងនេះគឺជាពាក្យសម្ដីរបស់មនុស្សយ៉ាងច្បាស់ ជាពាក្យសម្ដីរបស់មនុស្សជាតិដែលពុករលួយ ពាក្យទាំងនេះមិនមែនជាសេចក្ដីពិតទាល់តែសោះ វាផ្ទុយស្រឡះពីព្រះបន្ទូលរបស់ព្រះជាម្ចាស់ ហើយមិនគួរយកមកធ្វើជាលក្ខណៈវិនិច្ឆ័យសម្រាប់សកម្មភាពរបស់មនុស្ស ការប្រព្រឹត្តខ្លួន និងការថ្វាយបង្គំព្រះជាម្ចាស់ឡើយ។ ដូច្នេះ តើគួរដោះស្រាយចំពោះឃ្លានេះដោយរបៀបណា? ប្រសិនបើអ្នកពិតជាមានសមត្ថភាពក្នុងការវែកញែកមែន តើអ្នកគួរប្រើគោលការណ៍សេចក្ដីពិតបែបណាដើម្បីជំនួសវា សម្រាប់ធ្វើជាគោលការណ៍នៃការអនុវត្តរបស់អ្នក? គឺគួរតែ 'បំពេញភារកិច្ចរបស់អ្នកឱ្យបានល្អ ដោយអស់ពីចិត្ត អស់ពីព្រលឹង និងអស់ពីគំនិតរបស់អ្នក'។ ការធ្វើដោយអស់ពីចិត្ត អស់ពីព្រលឹង និងអស់ពីគំនិត គឺមិនត្រូវទទួលរងការដាក់កម្រិតពីនរណាម្នាក់ឡើយ គឺត្រូវមានចិត្តតែមួយ និងគំនិតតែមួយប៉ុណ្ណោះ ហើយគ្មានអ្វីលើសពីនេះទេ។ នេះគឺជាការទទួលខុសត្រូវរបស់អ្នក និងជាភារកិច្ចរបស់អ្នក ហើយអ្នកគួរតែបំពេញវាឱ្យបានល្អ ដ្បិតការធ្វើបែបនេះ គឺត្រឹមត្រូវឥតខ្ចោះតាមធម្មជាតិ។ មិនថាអ្នកជួបប្រទះបញ្ហាអ្វីក៏ដោយ អ្នកគួរតែធ្វើតាមគោលការណ៍។ ត្រូវដោះស្រាយបញ្ហាទាំងនោះតាមរបៀបដែលអ្នកគួរធ្វើ ប្រសិនបើត្រូវលួសកាត់ ក៏លួសកាត់ចុះ ហើយប្រសិនបើត្រូវដកហូតតំណែង ក៏ដកហូតតំណែងចុះ។ សរុបសេចក្ដីមក ត្រូវធ្វើដោយផ្អែកលើព្រះបន្ទូលរបស់ព្រះជាម្ចាស់ និងលើសេចក្ដីពិត។ តើនេះមិនមែនជាគោលការណ៍ទេឬអី? តើនេះមិនមែនផ្ទុយស្រឡះពីឃ្លា 'កុំសង្ស័យមនុស្សដែលអ្នកប្រើប្រាស់ ហើយក៏កុំប្រើប្រាស់មនុស្សដែលអ្នកសង្ស័យដែរ' ទេឬអី? តើការដែលមិនសង្ស័យមនុស្សដែលអ្នកប្រើប្រាស់ ហើយក៏មិនប្រើប្រាស់មនុស្សដែលអ្នកសង្ស័យ មានន័យដូចម្តេច? វាមានន័យថា ប្រសិនបើអ្នកបានប្រើប្រាស់មនុស្សម្នាក់ហើយ អ្នកមិនគួរ សង្ស័យគេទេ អ្នកគួរតែលែងដៃ មិនមើលការខុសត្រូវគេ ហើយបណ្ដោយឱ្យគេធ្វើតាមចិត្តរបស់គេ ហើយប្រសិនបើអ្នកសង្ស័យគេ នោះអ្នកមិនគួរប្រើប្រាស់គេឡើយ។ តើនេះមិនមែនជាអត្ថន័យរបស់វាទេឬអី? រឿងនេះគឺខុសឆ្គងយ៉ាងធ្ងន់ធ្ងរ។ មនុស្សជាតិត្រូវបានសាតាំងធ្វើឱ្យពុករលួយយ៉ាងជ្រៅ។ មនុស្សម្នាក់ៗមាននិស្ស័យបែបសាតាំង ហើយអាចក្បត់ព្រះជាម្ចាស់ និងទាស់ទទឹងនឹងព្រះជាម្ចាស់បាន។ អ្នកអាចនិយាយបានថា គ្មាននរណាម្នាក់អាចទុកចិត្តបានឡើយ។ ទោះបីជាមនុស្សម្នាក់ស្បថស្បែដល់មេឃដីយ៉ាងណាក៏ដោយ ក៏គ្មានប្រយោជន៍អ្វីដែរ ពីព្រោះមនុស្សត្រូវបានដាក់កម្រិតដោយនិស្ស័យពុករលួយរបស់ពួកគេ ហើយមិនអាចគ្រប់គ្រងខ្លួនឯងបានឡើយ។ ពួកគេត្រូវតែទទួលយកការជំនុំជម្រះ និងការវាយផ្ចាលរបស់ព្រះជាម្ចាស់ មុនពេលពួកគេអាចដោះស្រាយបញ្ហានៃនិស្ស័យពុករលួយរបស់ពួកគេបាន ហើយដោះស្រាយបញ្ហានៃការទាស់ទទឹង និងការក្បត់ព្រះជាម្ចាស់របស់ពួកគេបានយ៉ាងហ្មត់ចត់ ពោលគឺដោះស្រាយឫសគល់នៃអំពើបាបរបស់មនុស្ស។ អស់អ្នកណាដែលមិនទាន់បានឆ្លងកាត់ការជំនុំជម្រះ និងការបន្សុទ្ធរបស់ព្រះជាម្ចាស់ ហើយមិនទាន់ទទួលបានសេចក្ដីសង្គ្រោះ គឺមិនអាចទុកចិត្តបានឡើយ។ ពួកគេមិនស័ក្តិសមនឹងទទួលបានការទុកចិត្តទេ។ ហេតុដូច្នេះហើយ នៅពេលដែលអ្នកប្រើប្រាស់នរណាម្នាក់ អ្នកត្រូវតែមើលការខុសត្រូវ និងចង្អុលបង្ហាញពួកគេ។ ម្យ៉ាងទៀត អ្នកត្រូវតែលួសកាត់ពួកគេ និងឧស្សាហ៍ប្រកបគ្នាអំពីសេចក្ដីពិត ហើយមានតែតាមរបៀបនេះទេ ទើបអ្នកអាចមើលឃើញច្បាស់ថា តើពួកគេអាចបន្តត្រូវបានប្រើប្រាស់ទៀតឬអត់។ ប្រសិនបើមានមនុស្សមួយចំនួនដែលអាចទទួលយកសេចក្ដីពិត ទទួលយកការលួសកាត់ អាចបំពេញភារកិច្ចរបស់ពួកគេដោយស្មោះត្រង់ និងមានការរីកចម្រើនជាបន្តបន្ទាប់នៅក្នុងជីវិតរបស់ពួកគេ នោះមានតែមនុស្សទាំងនេះទេ ទើបពិតជាអាចប្រើប្រាស់បាន» (ដកស្រង់ពី «ចំណុចក្រៅប្រធានបទទីមួយ» នៃសៀវភៅ «ព្រះបន្ទូល» ភាគ៤៖ ការលាតត្រដាងពួកទទឹងនឹងព្រះគ្រីស្ទ)។ ក្រោយពីសញ្ជឹងគិតលើព្រះបន្ទូលរបស់ព្រះជាម្ចាស់ ខ្ញុំបានយល់ថា មិនថាសមត្ថភាពការងាររបស់មនុស្សម្នាក់យ៉ាងណា ឬគុណសម្បត្តិរបស់គេបែបណានោះទេ មិនថាពួកគេចេះធ្វើការងារ ឬយល់សេចក្តីពិតកម្រិតណានោះទេ ត្រូវតែតាមដានការងាររបស់ពួកគេជានិច្ច។ នេះគឺដោយសារតែមនុស្សត្រូវបានសាតាំងធ្វើឱ្យពុករលួយយ៉ាងជ្រៅ ហើយងាយនឹងធ្វើសកម្មភាពដោយពឹងផ្អែកលើនិស្ស័យពុករលួយ។ មិនថាពួកគេជាអ្នកណាក៏ដោយ ក៏គ្មាននរណាម្នាក់ ដែលគួរឱ្យទុកចិត្ត ឬអាចជឿជាក់បានឡើយ មុនពេលពួកគេទទួលបានសេចក្តីពិត និងទទួលបានការសង្គ្រោះនោះ។ ក្នុងនាមជាអ្នកដឹកនាំ និងអ្នកធ្វើការ យើងត្រូវតែមើលការខុសត្រូវ និងពិនិត្យមើលការងារឱ្យបានទាន់ពេលវេលា ស្វែងយល់អំពីវឌ្ឍនភាពនៃការងារ ចង្អុលបង្ហាញបញ្ហា និងជួយនៅកន្លែងដែលត្រូវការ នៅពេលយើងរកឃើញបញ្ហា លួសកាត់មនុស្ស ក្នុងករណីមានបញ្ហាធ្ងន់ធ្ងរ ហើយរកមើល និងដោះស្រាយបញ្ហាឱ្យបានទាន់ពេលវេលា។ មានតែបែបនេះទេ ទើបហៅថាការធ្វើកិច្ចការជាក់ស្ដែង។ ក្រោយមក ខ្ញុំពិតជាបានតាមដាន មើលការខុសត្រូវ និងពិនិត្យមើលការងាររបស់បងប្អូនប្រុសស្រីមែន។
ពេលមួយ ខ្ញុំកំពុងតាមដាន និងស្វែងយល់អំពីការងាររបស់ ម៉ាថា ហើយបានរកឃើញថា គ្រូជំនួយផ្នែកផ្សាយដំណឹងល្អម្នាក់ មិនបានធ្វើកិច្ចការជាក់ស្ដែងទេ ហើយចាំបាច់ត្រូវដកហូតតំណែង។ ដូច្នេះ ខ្ញុំ និង ម៉ាថា ក៏បានដកហូតតំណែងគ្រូជំនួយរូបនោះ។ ក្រោយពីការដកហូតតំណែង យើងត្រូវធ្វើការបោះឆ្នោតបំពេញតំណែងគ្រូជំនួយ ហើយខ្ញុំបានឱ្យ ម៉ាថា ដឹកនាំ ដោយប្រកបគ្នាជាមួយគាត់អំពីរបៀបធ្វើការងារបន្ទាប់ឱ្យបានលម្អិត។ ខ្ញុំបានគិតក្នុងចិត្តថា «គាត់ធ្លាប់ធ្វើកិច្ចការទាំងនេះពីមុនមក។ ឥឡូវនេះ ខ្ញុំក៏បានប្រកបគ្នាអំពីរឿងទាំងនេះជាមួយគាត់ដែរ ដូច្នេះ គាត់ប្រាកដជាធ្វើវាបានល្អមិនខាន។ ខ្ញុំមិនចាំបាច់មើលការខុសត្រូវគាត់ទៀតទេ»។ នៅពេលនេះ ខ្ញុំបានដឹងថា គំនិតរបស់ខ្ញុំមិនត្រឹមត្រូវទេ។ ខ្ញុំនឹកឃើញដល់ពេលដែលខ្ញុំបានទុកចិត្តមនុស្សដោយងងឹតងងុល ហើយមិនបានពិនិត្យមើល ឬតាមដានការងាររបស់ពួកគេ ដែលបណ្តាលឱ្យការងាររងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ។ ខ្ញុំមិនអាចបណ្តោយឱ្យបញ្ហាចាស់របស់ខ្ញុំងើបក្បាលឡើងមកវិញបានទេ។ ខ្ញុំបាននឹកឃើញព្រះបន្ទូលរបស់ព្រះជាម្ចាស់មួយវគ្គ ដែលខ្ញុំធ្លាប់បានអានពីមុន៖ «នៅពេលដែលមនុស្សមិនទាន់ទទួលបានសេចក្តីពិត ពួកគេជាមនុស្សដែលមិនគួរឱ្យជឿជាក់ និងមិនគួរឱ្យទុកចិត្តបានឡើយ។ តើឃ្លាថា ពួកគេមិនគួរឱ្យទុកចិត្ត មានន័យដូចម្ដេចទៅ? ឃ្លានេះមានន័យថា កាលណាពួកគេជួបនឹងការលំបាក ឬឧបសគ្គ ពួកគេទំនងជាជំពប់ជើងក្នុងជំនឿ ហើយមានអារម្មណ៍អវិជ្ជមាន និងខ្សោយ។ តើអ្នកដែលច្រើនតែមានអារម្មណ៍អវិជ្ជមាន និងខ្សោយ ជាមនុស្សគួរឱ្យទុកចិត្តបានទេ? ពិតជាមិនបានឡើយ។ ប៉ុន្តែមនុស្សដែលយល់ពីសេចក្តីពិត គឺមានលក្ខណៈខុសពីនេះ។ មនុស្សដែលយល់ពីសេចក្ដីពិតយ៉ាងពិតប្រាកដ ច្បាស់ជាមានចិត្តដែលកោតខ្លាចព្រះជាម្ចាស់ និងដួងចិត្តដែលចុះចូលនឹងព្រះជាម្ចាស់ ហើយមានតែមនុស្សដែលមានចិត្តកោតខ្លាចព្រះជាម្ចាស់ប៉ុណ្ណោះ ទើបជាមនុស្សដែលគួរឱ្យទុកចិត្ត។ មនុស្សដែលគ្មានចិត្តកោតខ្លាចព្រះជាម្ចាស់ គឺមិនគួរឱ្យទុកចិត្តឡើយ។ តើគួរប្រព្រឹត្តចំពោះមនុស្សដែលគ្មានចិត្តកោតខ្លាចព្រះជាម្ចាស់ដោយរបៀបណា? ជាការពិតណាស់ ពួកគេគួរតែទទួលបានជំនួយ និងការគាំទ្រប្រកបដោយសេចក្ដីស្រឡាញ់។ ពួកគេគួរតែត្រូវបានតាមដានឱ្យបានដិតដល់ជាងមុន នៅពេលដែលពួកគេ ធ្វើភារកិច្ចរបស់ខ្លួន ហើយផ្ដល់ជំនួយ និងការចង្អុលបង្ហាញបន្ថែម ទាល់តែបែបនោះទើបអាចធានាបានថា ពួកគេធ្វើភារកិច្ចរបស់ខ្លួនប្រកបដោយប្រសិទ្ធភាព។ ហើយតើការធ្វើបែបនេះមានគោលបំណងអ្វីទៅ? គោលបំណងដ៏សំខាន់បំផុតគឺដើម្បីរក្សាការពារកិច្ចការនៃដំណាក់របស់ព្រះជាម្ចាស់។ គោលបំណងទីពីរចំពោះរឿងនេះ គឺដើម្បីកំណត់បញ្ហាភ្លាមៗ ផ្គត់ផ្គង់ គាំទ្រពួកគេ ហើយដោះស្រាយ ឬលួសកាត់ពួកគេភ្លាមៗ កែតម្រូវការភ្លាំងភ្លាត់របស់ពួកគេ និងប៉ះប៉ូវចំណុចខ្វះខាត និងភាពទន់ខ្សោយរបស់ពួកគេ។ ការនេះមានប្រយោជន៍ដល់មនុស្ស ហើយគ្មានគំនិតព្យាបាទនោះទេ» («ទំនួលខុសត្រូវរបស់អ្នកដឹកនាំ និងអ្នកធ្វើការ (៧)» នៃសៀវភៅ «ព្រះបន្ទូល» ភាគ៥ ទំនួលខុសត្រូវរបស់អ្នកដឹកនាំ និងអ្នកធ្វើការ)។ ខណៈដែលខ្ញុំសញ្ជឹងគិតលើព្រះបន្ទូលរបស់ព្រះជាម្ចាស់ ខ្ញុំលែងហ៊ានទុកចិត្តខ្លួនឯងទៀតហើយ។ ខ្ញុំប្រញាប់ទៅជួប ម៉ាថា ដើម្បីស្វែងយល់អំពីស្ថានការណ៍ទាក់ទងនឹងការបោះឆ្នោតបំពេញតំណែងគ្រូជំនួយ។ ជាលទ្ធផល ខ្ញុំបានដឹងថា គាត់រវល់នឹងការងារផ្សេងទៀត ហើយបានផ្អាកការបោះឆ្នោតបំពេញតំណែងនោះ។ ក្រោយមក ខ្ញុំបានលាតត្រដាងគាត់ ចំពោះការមិនរ៉ាប់រងបន្ទុកក្នុងភារកិច្ច និងការពន្យារពេលការងារ ហើយគាត់ក៏ប្រញាប់ទៅរៀបចំការបោះឆ្នោតបំពេញតំណែង។ ក្រោយមក ខ្ញុំពិតជាបានស្វែងយល់អំពីកិច្ចការផ្សេងទៀតដែល ម៉ាថា ទទួលខុសត្រូវ ហើយបានរកឃើញបញ្ហាមួយចំនួននៅក្នុងនោះដែរ។ ខ្ញុំបានប្រកបគ្នាភ្លាមៗដើម្បីដោះស្រាយបញ្ហាទាំងនេះ ហើយមួយរយៈក្រោយមក ការងាររបស់ពួកជំនុំក៏មានការរីកចម្រើនខ្លះៗ។ នៅពេលខ្ញុំអនុវត្តបែបនេះ ចិត្តរបស់ខ្ញុំមានអារម្មណ៍ធូរស្រាលជាងមុនច្រើន។
តាមរយៈបទពិសោធមួយរយៈនេះ ខ្ញុំបានឃើញយ៉ាងច្បាស់ថា គំនិតដែលសាតាំងបានបញ្ចូលទៅក្នុងមនុស្សដែលថា «បើអ្នកប្រើមនុស្សម្នាក់ ចូរកុំសង្ស័យគេឱ្យសោះ បើអ្នកសង្ស័យពីគេ នោះកុំប្រើគេឱ្យសោះ» គឺខុសឆ្គង និងខុសទំនង។ លើសពីនេះទៅទៀត វាគឺប្រទូសរ៉ាយទៅនឹងសេចក្តីពិត។ ខ្ញុំក៏បានយល់ពីរបៀបមើលការខុសត្រូវ និងតាមដានការងារ ស្របតាមគោលការណ៍នៃសេចក្តីពិតផងដែរ។ សូមអរព្រះគុណព្រះជាម្ចាស់!