១. ខ្ញុំបានរៀនពីរបៀបប្រព្រឹត្តចំពោះភារកិច្ចរបស់ខ្ញុំឱ្យបានត្រឹមត្រូវ
ខ្ញុំកើតក្នុងគ្រួសារកសិករធម្មតាមួយ ហើយធំដឹងក្តី ខ្ញុំតែងតែឃើញម្តាយខ្ញុំចម្អិនអាហារ និងសម្អាតផ្ទះ ហើយខ្ញុំមិនដែលឃើញឪពុកខ្ញុំចម្អិនអាហារ ឬធ្វើកិច្ចការផ្ទះអ្វីឡើយ។ ជីតារបស់ខ្ញុំក៏ដូចគ្នាដែរ។ ពេលខ្លះ ពេលជីដូនខ្ញុំចេញក្រៅមួយថ្ងៃ ជីតាខ្ញុំសុខចិត្តឃ្លាន តែមិនចម្អិនអាហារទេ។ ព្រោះគាត់ជឿថាការចម្អិនអាហារគឺជាការងាររបស់ស្ត្រី។ ខ្ញុំបានឃើញថា នៅក្នុងគ្រួសារភាគច្រើន «បុរសគួរតែធ្វើការនៅខាងក្រៅផ្ទះ ហើយស្ត្រីគួរតែចាត់ចែងការងារផ្ទះ» ស្ត្រីចម្អិនអាហារនៅផ្ទះ ចំណែកបុរសរវល់ធ្វើការងារនៅខាងក្រៅ។ បន្ទាប់ពីខ្ញុំរៀបការរួច ប្រពន្ធខ្ញុំបានទទួលខុសត្រូវលើកិច្ចការងារផ្ទះទាំងអស់ដោយខ្លួនឯង។ ពេលខ្លះ គាត់សុំឱ្យខ្ញុំធ្វើការងារផ្ទះខ្លះ ប៉ុន្តែខ្ញុំតែងតែមិនចង់ ហើយស្ទាក់ស្ទើរធ្វើការងារទាំងនោះ។ ខ្ញុំតែងតែគិតថា ការចម្អិនអាហារ និងការធ្វើការងារផ្ទះគឺជាភារកិច្ចរបស់ស្ត្រី។
នៅរដូវក្តៅឆ្នាំ ២០២០ អ្នកដឹកនាំបានប្រាប់ខ្ញុំថា ក្រុមត្រូវការអ្នកទទួលភ្ញៀវជាបន្ទាន់ ហើយបានសួរថាតើខ្ញុំសុខចិត្តទៅបំពេញភារកិច្ចទទួលភ្ញៀវឬទេ។ ខ្ញុំមិនបាននិយាយអ្វីទេ តែខ្ញុំគិតក្នុងចិត្តថា «ខ្ញុំមិនដែលបំពេញភារកិច្ចរៀបចំទទួលភ្ញៀវទេ ហើយខ្ញុំក៏មិនចេះចម្អិនអាហារដែរ»។ ប៉ុន្តែដោយសារតែតម្រូវការមនុស្សជាបន្ទាន់ ខ្ញុំនៅតែយល់ព្រម។ ក្នុងអំឡុងពេលខ្ញុំបំពេញភារកិច្ចរៀបចំទទួលភ្ញៀវ ខ្ញុំបានចំណាយពេលជារៀងរាល់ថ្ងៃនៅជុំវិញផ្ទះបាយ លាង និងសម្អាត គិតក្នុងចិត្តខ្លួនឯងថា «នេះជាភារកិច្ចរបស់បងប្អូនស្រីៗ ហេតុអ្វីបានជាគេឲ្យខ្ញុំធ្វើ? វាក៏ជារឿងអាម៉ាស់មួយដែរសម្រាប់បុរសពេញវ័យ ដែលតែងតែទៅផ្សារទិញបន្លែ ហើយពេលខ្លះថែមទាំងត្រូវតថ្លៃជាមួយនឹងអ្នកលក់បន្លែទៀតផង!» រាល់ពេលដែលខ្ញុំទៅផ្សារទិញបន្លែ ខ្ញុំមានអារម្មណ៍ព្រួយបារម្ភ ព្រោះខ្ញុំខ្លាចអ្នកដទៃមើលងាយខ្ញុំ។ ខ្ញុំតែងតែប្រញាប់ចូលប្រញាប់ចេញ ដោយមិនចង់នៅយូរពេកទេ។ ពេលខ្លះបងប្អូនប្រុសមួយចំនួនបាននិយាយថា បន្លែមានជាតិប្រៃពេក ឬសាបពេក ហើយនឹងមានអារម្មណ៍ខ្មាស់អៀន ហើយប្រកែកក្នុងចិត្ត «នៅផ្ទះ ប្រពន្ធខ្ញុំតែងតែធ្វើការងារផ្ទះ និងចម្អិនអាហារ មិនមែនខ្ញុំទេ! ក្រៅពីនេះ ខ្ញុំជាបុរស ហើយទាំងនេះជាការងាររបស់ស្ត្រី ដូច្នេះ វាជារឿងធម្មតាទេដែលខ្ញុំមិនពូកែការងារទាំងនេះ។ ហេតុអ្វីបានជាអ្នកមើលមិនឃើញអ្វីៗតាមការយល់ឃើញរបស់ខ្ញុំ?» ខ្ញុំមិនអាចទប់មិនឱ្យមានអារម្មណ៍អាក់អន់ចិត្តបន្តិចបានឡើយ ដោយឆ្ងល់ថា ពេលណាភារកិច្ចនេះនឹងបញ្ចប់។ ខ្ញុំតែងតែឃើញបងប្អូនប្រុសៗជជែកគ្នា និងសើចលេងអំពីកិច្ចការ ប៉ុន្តែខ្ញុំមិនអាចសប្បាយចិត្តបានទេ។ វាមានអារម្មណ៍ដូចជាខ្ញុំកំពុងលីថ្មដ៏ធ្ងន់មួយនៅលើខ្នងរបស់ខ្ញុំ ហើយខ្ញុំគ្រាន់តែប្រាថ្នាចង់បានថ្ងៃមួយដែលខ្ញុំលែងត្រូវធ្វើភារកិច្ចនេះទៀត កាលនោះ ខ្ញុំមិនបានខិតខំចម្អិនម្ហូប ហើយខ្ញុំគ្រាន់តែឆុងមីរៀងរាល់ព្រឹក។ ខ្ញុំឃើញថាពួកគេមិនសូវញ៉ាំទេ ប៉ុន្តែខ្ញុំមិនដែលសួរថាតើពួកគេស៊ាំនឹងការញ៉ាំអាហារនោះឬអត់ទេ។ នៅពេលនោះ មានស្ពៃក្តោបច្រើន ដូច្នេះខ្ញុំគ្រាន់តែស្ងោរទៅ ហើយទោះបីជាបងប្អូនប្រុសៗញ៉ាំតិចតួចក៏ដោយ ខ្ញុំមិនខ្វល់ទេ។ ខ្ញុំគ្រាន់តែគិតថា «ទោះអ្នកចម្អិនយ៉ាងណា ស្ពៃក្តោបនឹងមិនមានរសជាតិឆ្ងាញ់នោះទេ»។ ក្រោយមក បងប្អូនប្រុសទាំងនោះត្រូវបានចាត់តាំងភារកិច្ចឡើងវិញ ហើយពួកគេបានផ្លាស់ចេញ ប៉ុន្តែអ្នកមើលការខុសត្រូវបានសុំឱ្យខ្ញុំបន្តភារកិច្ចរៀបចំទទួលភ្ញៀវដដែល។ ខ្ញុំមិនយល់សោះ «ថាហេតុអ្វីបានជាខ្ញុំ ដែលជាបុរសពេញវ័យម្នាក់ នៅតែត្រូវបានស្នើសុំឱ្យរៀបចំទទួលភ្ញៀវ? ការចម្អិនអាហារ ការលាង និងការសម្អាត គឺធម្មតាជាការងារដែលបងប្អូនស្រីៗជាអ្នកធ្វើ។ តើអ្នកដទៃនឹងឆ្ងល់ថា “ហេតុអ្វីបានជាបងប្រុសម្នាក់នេះបំពេញភារកិច្ចនេះ?” តើខ្ញុំអាចប្រឈមនឹងមនុស្ស យ៉ាងម៉េចទៅ?» គិតអំពីរឿងនេះធ្វើឱ្យខ្ញុំមានអារម្មណ៍ថាខ្លួនឯងអន់។ ក្នុងអំឡុងពេលនោះ ខ្ញុំស្ថិតក្នុងសភាពមិនល្អ ហើយខ្ញុំមានអារម្មណ៍ថាខ្ញុំពិតជាបាត់បង់មុខមាត់មែន។ ប្រសិនបើខ្ញុំបោះបង់ភារកិច្ចរៀបចំទទួលភ្ញៀវ ខ្ញុំមានអារម្មណ៍ថាខ្ញុំនឹងធ្វើសកម្មភាពដោយគ្មានវិចារណញ្ញាណ ប៉ុន្តែបើខ្ញុំបន្ត ខ្ញុំមិនដឹងថាខ្ញុំនឹងអាចទ្រាំទ្របានដល់ចប់យ៉ាងដូចម្តេចទេ ខ្ញុំហាក់ដូចជាកំពុងបំពេញភារកិច្ចរបស់ខ្ញុំ ប៉ុន្តែក្នុងចិត្ត ខ្ញុំមានអារម្មណ៍ថាថប់ដង្ហើម ហើយខ្ញុំមិនបានសកម្ម ឬយកចិត្តទុកដាក់ចំពោះអ្វីដែលខ្ញុំបានធ្វើនោះទេ។ ខ្ញុំយល់ឃើញថាការសម្អាតត្រូវធ្វើឱ្យរួច ប៉ុន្តែខ្ញុំមិនធ្វើទេ ហើយជាច្រើនដង វាបានឈានដល់ចំណុចមួយដែលអ្នកដទៃមិនអាចទ្រាំទ្របាន ហើយក៏ជួយសម្អាត។ ខ្ញុំក៏មិនបានសម្ងួតអាហារឱ្យទាន់ពេលវេលាដែលពួកជំនុំបានផ្ញើមកដែរ។ ហើយជាលទ្ធផល អាហារបានខូច ហើយត្រូវបោះចោល។ ក្រោយពីអ្នកដឹកនាំបានដឹងអំពីរឿងនេះ គាត់បានប្រាប់ខ្ញុំថា «អាហារបានដុះផ្សិតអស់ហើយ។ បើអ្នកយកចិត្តទុកដាក់ អ្នកនឹងបានសម្ងួតវា ធ្វើឲ្យប្រាកដថាអាហារដែលងាយខូចត្រូវបានបរិភោគឲ្យទាន់ពេល ហើយអាហារនឹងមិនត្រូវបានខ្ជះខ្ជាយឡើយ។ ពេលមានបញ្ហាបែបនេះកើតឡើង អ្នកត្រូវឆ្លុះបញ្ចាំងពីអាកប្បកិរិយារបស់អ្នកចំពោះភារកិច្ចរបស់អ្នក»។ ពេលខ្ញុំលឺអ្នកដឹកនាំនិយាយបែបនេះ ខ្ញុំមានអារម្មណ៍ថាខុសឆ្គងបន្តិច។ វាពិតជាការធ្វេសប្រហែសរបស់ខ្ញុំមែន ដែលបណ្តាលឱ្យអាហារខូច ប៉ុន្តែបន្ទាប់មក ខ្ញុំចាប់ផ្តើមរកលេសឱ្យខ្លួនឯង «នៅផ្ទះវិញ ម្តាយនិងប្រពន្ធខ្ញុំតែងតែជាអ្នកសម្ងួតអាហារ ហើយខ្ញុំមិនដែលពាក់ព័ន្ធទេ។ ការដែលគេសុំឱ្យធ្វើរឿងទាំងនេះគឺជារឿងអាម៉ាស់ណាស់!» ខ្ញុំតែងតែមានអារម្មណ៍ថាខ្លួនឯងត្រូវគេបំបាក់មុខមាត់ ហើយខ្ញុំមិនចង់ស៊ូទ្រាំនឹងស្ថានភាពនេះទេ ដូច្នេះខ្ញុំគ្រាន់តែសង្ឃឹមថា អ្នកដឹកនាំនឹងរៀបចំឱ្យខ្ញុំបំពេញភារកិច្ចផ្សេងទៀត។ ខ្ញុំធ្លាក់ក្នងសភាពអវិជ្ជមានខ្លាំង ដល់ថ្នាក់ខ្ញុំមិនដឹងថាត្រូវនិយាយអ្វីពេលអធិស្ឋានទៅព្រះជាម្ចាស់ ហើយពេលខ្ញុំអានព្រះបន្ទូលរបស់ព្រះជាម្ចាស់ ខ្ញុំមិនបានរកឃើញពន្លឺអ្វីឡើយ។ ខ្ញុំអស់កម្លាំងជារៀងរាល់ថ្ងៃ ហើយខ្ញុំមានអារម្មណ៍ថប់ដង្ហើម។
ក្នុងអំឡុងពេលជួបជុំមួយ បងស្រីម្នាក់បានកត់សម្គាល់ឃើញថាខ្ញុំស្ថិតក្នុងសភាពមិនល្អ ហើយបានរំលឹកខ្ញុំឱ្យឆ្លុះបញ្ចាំងអំពីខ្លួនឯង និងរៀនពីមេរៀនរបស់ខ្ញុំ។ ថ្ងៃមួយ ខ្ញុំបានអានអត្ថបទមួយនៃព្រះបន្ទូលរបស់ព្រះជាម្ចាស់៖ «តើភារកិច្ចគឺជាអ្វី? ការផ្ទុកផ្ដាក់ដែលព្រះជាម្ចាស់ផ្ទុកផ្ដាក់ដល់មនុស្ស គឺជាភារកិច្ចដែលមនុស្សគួរតែបំពេញ។ អ្វីក៏ដោយដែលព្រះអង្គផ្ទុកផ្ដាក់ដល់អ្នក គឺជាភារកិច្ចដែលអ្នកគួរតែបំពេញ។ ... មនុស្សម្នាក់ៗត្រូវតែស្វែងរក និងកំណត់ឱ្យបានច្បាស់ពីតួនាទី និងទីតាំងរបស់ខ្លួន នេះហើយគឺជាអ្វីដែលមនុស្សមានវិចារណញ្ញាណធ្វើ។ បន្ទាប់មក ពួកគេគួរតែបំពេញភារកិច្ចរបស់ខ្លួនឱ្យបានល្អ តាមរបៀបដ៏ជាក់ស្ដែង ដើម្បីតបស្នងសេចក្ដីស្រឡាញ់របស់ព្រះជាម្ចាស់ និងធ្វើឱ្យព្រះអង្គសព្វព្រះហឫទ័យ។ ប្រសិនបើមនុស្សម្នាក់បំពេញភារកិច្ចរបស់ខ្លួនដោយមានផ្នត់គំនិតបែបនេះ នោះចិត្តរបស់គេនឹងមានសេចក្ដីសុខសាន្ត និងធូរស្រាល គេនឹងអាចទទួលយកសេចក្ដីពិតក្នុងការបំពេញភារកិច្ចរបស់ខ្លួន ហើយបន្តិចម្ដងៗ គេនឹងឈានទៅដល់ការបំពេញភារកិច្ចរបស់ខ្លួនស្របតាមសេចក្ដីតម្រូវរបស់ព្រះជាម្ចាស់។ គេនឹងអាចបោះចោលនិស្ស័យពុករលួយរបស់ខ្លួន ចុះចូលនឹងការរៀបចំទាំងអស់របស់ព្រះជាម្ចាស់ ហើយបំពេញភារកិច្ចរបស់ខ្លួនតាមរបៀបដែលត្រូវតាមស្ដង់ដា។ តាមរបៀបនេះ ពួកគេនឹងទទួលបានការសព្វព្រះហឫទ័យពីព្រះជាម្ចាស់។ ប្រសិនបើអ្នកពិតជាអាចលះបង់ខ្លួនដើម្បីព្រះជាម្ចាស់ ហើយបំពេញភារកិច្ចរបស់អ្នកដោយមានផ្នត់គំនិតត្រឹមត្រូវ ជាផ្នត់គំនិតនៃការស្រឡាញ់ទ្រង់ និងការធ្វើឱ្យទ្រង់សព្វព្រះហឫទ័យ នោះអ្នកនឹងត្រូវបានដឹកនាំ និងណែនាំដោយកិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធ អ្នកនឹងស្ម័គ្រចិត្តអនុវត្តសេចក្ដីពិត និងប្រព្រឹត្តស្របតាមគោលការណ៍ ខណៈពេលបំពេញភារកិច្ចរបស់អ្នក ហើយអ្នកនឹងក្លាយជាមនុស្សដែលកោតខ្លាចដល់ព្រះជាម្ចាស់ ហើយគេចចេញពីសេចក្ដីអាក្រក់។ តាមរបៀបនេះ អ្នកនឹងសម្ដែងចេញយ៉ាងពេញលេញនូវលក្ខណៈជាមនុស្សពិតប្រាកដ។ ជីវិតរបស់មនុស្សម្នាក់លូតលាស់បន្តិចម្ដងៗ ខណៈពេលដែលពួកគេបំពេញភារកិច្ចរបស់ខ្លួន។ អស់អ្នកដែលមិនបំពេញភារកិច្ច មិនអាចទទួលបានសេចក្ដីពិត និងជីវិតឡើយ មិនថាពួកគេជឿអស់រយៈពេលប៉ុន្មានឆ្នាំក៏ដោយ ពីព្រោះពួកគេខ្វះព្រះពររបស់ព្រះជាម្ចាស់។ ព្រះជាម្ចាស់ប្រទានព្រះពរដល់តែអស់អ្នកដែលលះបង់ខ្លួនដើម្បីទ្រង់ដោយស្មោះសរ និងអស់អ្នកដែលបំពេញភារកិច្ចរបស់ខ្លួនអស់ពីសមត្ថភាពប៉ុណ្ណោះ។ ទោះបីជាអ្នកបំពេញភារកិច្ចអ្វីក៏ដោយ ទោះបីជាអ្នកអាចធ្វើអ្វីបានក៏ដោយ ចូរចាត់ទុកវាជាការទទួលខុសត្រូវ និងជាភារកិច្ចរបស់អ្នក ចូរទទួលយកវា ហើយធ្វើវាឱ្យបានល្អ។ តើអ្នកធ្វើវាឱ្យបានល្អដោយរបៀបណា? គឺដោយការធ្វើវាឱ្យត្រូវតាមអ្វីដែលព្រះជាម្ចាស់តម្រូវតែម្ដង ដោយអស់ពីចិត្ត អស់ពីគំនិត និងអស់ពីកម្លាំងរបស់អ្នក។ អ្នកគួរតែត្រិះរិះពីព្រះបន្ទូលទាំងនេះ ហើយពិចារណាពីរបៀបដែលអ្នកអាចបំពេញភារកិច្ចរបស់អ្នកដោយអស់ពីចិត្ត» («ផ្នែកទី៣» នៃសៀវភៅ «ព្រះបន្ទូល» ភាគ៣៖ ការអធិប្បាយរបស់ព្រះគ្រីស្ទនៃគ្រាចុងក្រោយ)។ តាមព្រះបន្ទូលរបស់ព្រះជាម្ចាស់ ខ្ញុំបានឃើញថា មិនថាមនុស្សត្រូវបានផ្ទុកផ្ដាក់អ្វីក៏ដោយ ពួកគេត្រូវតែចាត់ទុកវាជាការទទួលខុសត្រូវ និងភារកិច្ចរបស់ពួកគេ។ ហើយពួកគេគួរធ្វើវាដោយអស់ពីចិត្ត និងអស់ពីគំនិត មានតែនៅពេលដែលផ្នត់គំនិតរបស់ពួកគេផ្តោតលើការបំពេញព្រះទ័យព្រះជាម្ចាស់ក្នុងភារកិច្ចរបស់ពួកគេប៉ុណ្ណោះ ទើបពួកគេអាចសព្វព្រះទ័យព្រះជាម្ចាស់បាន។ ប៉ុន្តែខ្ញុំគិតថា ភារកិច្ចរៀបចំទទួលភ្ញៀវគឺសម្រាប់បងប្អូនស្រីៗ ហើយដោយសារខ្ញុំជាបងប្រុស ខ្ញុំមិនគួរធ្វើការងារនេះទេ។ ខ្ញុំមានអារម្មណ៍ថា ការដែលត្រូវបានស្នើសុំឱ្យរៀបចំទទួលភ្ញៀវ មានន័យថាខ្ញុំកំពុងត្រូវបានគេមើលងាយប្រមាថ។ ដោយសារតែការយល់ខុសឆ្គងបែបនេះ ខ្ញុំខ្វះស្មារតីយកចិត្តទុកដាក់យ៉ាងម៉ត់ចត់ ឬការទទួលខុសត្រូវចំពោះភារកិច្ចរបស់ខ្ញុំ ហើយពេលទទួលបងប្អូនប្រុសៗ ខ្ញុំតែងតែឆុងមី ឬស្ងោរស្ពៃក្តោប។ ខ្ញុំឃើញបងប្អូនប្រុសៗមិនចូលចិត្តទេ ប៉ុន្តែខ្ញុំមិនបានគិតថាត្រូវផ្លាស់ប្តូររូបមន្តធ្វើម្ហូប ដើម្បីធានាថាបងប្អូនប្រុសៗញ៉ាំឆ្ងាញ់ និងឆ្អែតនោះទេ។ ខ្ញុំមិនបានសម្អាតឱ្យទាន់ពេលវេលាទេ ហើយខ្ញុំមិនបានចាត់ចែងអាហារដែលពួកជំនុំបានផ្ញើមកទាន់ពេលវេលានោះទេ ដែលបណ្តាលឱ្យអាហារទាំងនោះខូច។ តើខ្ញុំកំពុងបំពេញភារកិច្ចរបស់ខ្ញុំដោយអស់ពីចិត្ត និងអស់ពីកម្លាំងរបស់ខ្ញុំតាមរបៀបណា? ជាក់ស្តែង ខ្ញុំកំពុងតែធ្វេសប្រហែស និងធ្វើឱ្យរួចតែពីដៃ! ខ្ញុំមិនបានឱ្យតម្លៃចំពោះឱកាសដែលពួកជំនុំបានផ្តល់ឱ្យខ្ញុំដើម្បីបំពេញភារកិច្ចរបស់ខ្ញុំទេ ហើយខ្ញុំនៅតែបន្តត្អូញត្អែរ មានអារម្មណ៍ទាស់ទទឹង ហើយគ្រាន់តែធ្វើឱ្យតែរួចពីដៃតែប៉ុណ្ណោះ។ នេះពិតជាធ្វើឱ្យព្រះជាម្ចាស់មានព្រះទ័យសោកសៅ និងខកព្រះទ័យមែន! ប្រសិនបើខ្ញុំមិនផ្លាស់ប្តូរទេ ខ្ញុំនឹងបាត់បង់ឱកាសក្នុងការបំពេញភារកិច្ចរបស់ខ្ញុំនៅថ្ងៃណាមួយ។ ដោយដឹងពីរឿងនេះ ខ្ញុំបានសម្រេចចិត្តថា ចាប់ពីពេលនោះមក ខ្ញុំនឹងមានឆន្ទៈអនុវត្តព្រះបន្ទូលរបស់ព្រះជាម្ចាស់ ហើយបំពេញភារកិច្ចរៀបចំទទួលភ្ញៀវរបស់ខ្ញុំដោយស្មោះអស់ពីចិត្ត។ ដូច្នេះខ្ញុំចាប់ផ្តើមរៀនចម្អិនអាហារ ខ្ញុំកាន់តែសកម្មក្នុងការសម្អាត ហើយខ្ញុំបានព្យាយាមឱ្យអស់ពីសមត្ថភាពដើម្បីដោះស្រាយអ្វីៗគ្រប់យ៉ាងដែលពាក់ព័ន្ធនឹងភារកិច្ចរៀបចំទទួលភ្ញៀវរបស់ខ្ញុំឱ្យបានល្អ។
ក្រោយមក ខ្ញុំបានអានព្រះបន្ទូលមួយចំនួនរបស់ព្រះជាម្ចាស់ និងទទួលបានការយល់ដឹងខ្លះៗអំពីឬសគល់នៃការទាស់ទទឹងឥតឈប់ឈររបស់ខ្ញុំចំពោះការរៀបចំទទួលភ្ញៀវ។ ព្រះដ៏មានគ្រប់ព្រះចេស្ដាមានបន្ទូលថា៖ «ប្រសិនបើអ្នកត្រូវបានចាត់តាំងឱ្យបំពេញភារកិច្ចមួយ ដែលអ្នកធ្លាប់មិនអាចចុះចូលបាន តើឥឡូវនេះ អ្នកនឹងអាចចុះចូលបានដល់កម្រិតណា? ឧទាហរណ៍៖ ឧបមាថាអ្នកគឺជាបងប្រុសម្នាក់ ហើយគេសុំឱ្យអ្នកធ្វើម្ហូប និងលាងចានសម្រាប់បងប្អូនប្រុសស្រីដទៃទៀតជារៀងរាល់ថ្ងៃ។ តើអ្នកអាចចុះចូលបានដែរឬទេ? (ខ្ញុំគិតថាបាន។) ប្រហែលជាអ្នកនឹងអាចធ្វើបានក្នុងរយៈពេលខ្លី ប៉ុន្តែតើអ្នកអាចចុះចូលបានដែរឬទេ ប្រសិនបើគេសុំឱ្យអ្នកបំពេញភារកិច្ចនេះក្នុងរយៈពេលយូរនោះ? (ខ្ញុំនឹងអាចចុះចូលបាន ប្រសិនបើខ្ញុំគ្រាន់តែបំពេញភារកិច្ចនេះម្ដងម្កាល។ ប្រសិនបើក្នុងរយៈពេលយូរជាងនេះ ខ្ញុំប្រហែលជាមិនអាចចុះចូលបានទេ។) នេះបង្ហាញថា អ្នកគ្មានការចុះចូលឡើយ។ តើអ្វីដែលបណ្ដាលឱ្យមនុស្សគ្មានការចុះចូល? (វាបណ្ដាលមកពីការដែលមនុស្សរក្សាសញ្ញាណប្រពៃណីនៅក្នុងចិត្តរបស់ខ្លួន។ ពួកគេគិតថា បុរសគួរតែធ្វើការនៅក្រៅផ្ទះ ហើយស្ត្រីគួរតែចាត់ចែងការងារក្នុងផ្ទះ ថាការធ្វើម្ហូបគឺជាការងាររបស់ស្ត្រី ហើយបងប្រុសម្នាក់នឹងបាត់បង់មុខមាត់ដោយសារតែការធ្វើម្ហូប។ នោះហើយជាមូលហេតុដែលវាមិនងាយស្រួលក្នុងការចុះចូលឡើយ។) ត្រឹមត្រូវហើយ។ មនុស្សធ្លាក់ចូលទៅក្នុងការរើសអើងភេទ នៅពេលនិយាយដល់ការបែងចែកការងារ។ បុរសៗគិតថា៖ “យើងជាមនុស្សប្រុស គួរតែចេញទៅក្រៅរកស៊ីចិញ្ចឹមជីវិត។ ការងារផ្ទះដូចជាការធ្វើម្ហូប និងបោសសម្អាត គួរតែធ្វើដោយស្ត្រី។ យើងមិនគួរត្រូវបានគេប្រើឱ្យធ្វើរឿងនេះឡើយ”។ ប៉ុន្តែ ឥឡូវនេះគឺជាកាលៈទេសៈពិសេស ហើយគេសុំឱ្យអ្នកធ្វើរឿងនេះ ដូច្នេះ តើអ្នកត្រូវធ្វើដូចម្ដេច? តើអ្នកត្រូវតែដោះស្រាយការលំបាកអ្វីខ្លះ ដើម្បីអាចចុះចូលបាន? នេះគឺជាចំណុចសំខាន់នៃបញ្ហា។ អ្នកត្រូវតែជម្នះការរើសអើងភេទរបស់ខ្លួន។ មិនមានការងារណាដែលត្រូវតែធ្វើដោយបុរសនោះទេ ហើយក៏គ្មានការងារណាដែលត្រូវតែធ្វើដោយស្ត្រីនោះដែរ។ ជាដំបូង ចូរកុំបែងចែកការងារតាមរបៀបនេះឱ្យសោះ។ ថាតើនរណាម្នាក់បំពេញភារកិច្ចអ្វី មិនគួរត្រូវបានកំណត់ទៅតាមភេទរបស់គេឡើយ។ អ្នកអាចបែងចែកការងារតាមរបៀបនេះនៅក្នុងជីវិតគ្រួសាររបស់អ្នកផ្ទាល់ ប៉ុន្តែឥឡូវ រឿងនេះពាក់ព័ន្ធនឹងភារកិច្ចរបស់អ្នក ដូច្នេះ តើអ្នកគួរយល់ពីរឿងនេះយ៉ាងដូចម្ដេច? អ្នកគួរតែទទួលយកភារកិច្ចនេះពីព្រះជាម្ចាស់ ហើយទទួលរ៉ាប់រងវា ព្រមទាំងផ្លាស់ប្ដូរទស្សនៈមិនត្រឹមត្រូវដែលអ្នកមាននៅក្នុងចិត្ត។ អ្នកគួរតែនិយាយថា៖ “វាជារឿងពិតដែលខ្ញុំជាមនុស្សប្រុសម្នាក់ ប៉ុន្តែខ្ញុំគឺជាសមាជិកម្នាក់នៃពួកជំនុំ ហើយជាភាវៈដែលព្រះបានបង្កើតនៅក្នុងព្រះនេត្ររបស់ព្រះជាម្ចាស់។ ខ្ញុំនឹងធ្វើអ្វីក៏ដោយដែលពួកជំនុំចាត់តាំងឱ្យខ្ញុំធ្វើ។ គ្មានការបែងចែកភេទក្នុងការបំពេញភារកិច្ចឡើយ”។ ជាដំបូង អ្នកគួរតែបោះបង់ចោលទស្សនៈមិនត្រឹមត្រូវរបស់អ្នក ហើយទទួលយកភារកិច្ចរបស់អ្នក។ តើការទទួលយកភារកិច្ចរបស់អ្នក គឺជាការចុះចូលពិតប្រាកដឬទេ? (ពុំមែនទេ។) នៅថ្ងៃបន្តបន្ទាប់ទៀត ប្រសិនបើនរណាម្នាក់និយាយថា ម្ហូបរបស់អ្នកប្រៃពេក ឬមិនសូវមានរសជាតិ ឬនិយាយថាអ្នកធ្វើម្ហូបមិនបានល្អ ហើយពួកគេមិនចង់បរិភោគវាទេ តើអ្នកនឹងអាចទទួលយកវាបានដែរឬទេ? នៅពេលនោះ អ្នកនឹងមានអារម្មណ៍មិនស្រួល ហើយអ្នកនឹងគិតថា៖ “ខ្ញុំ ជាមនុស្សប្រុសដែលមានសេចក្ដីថ្លៃថ្នូរម្នាក់ កំពុងធ្វើម្ហូបសម្រាប់បងប្អូនប្រុសស្រីទាំងអស់នេះ ប៉ុន្តែពួកគេនៅតែចង្អុលបង្ហាញពីបញ្ហាទាំងអស់នេះទៀត។ ខ្ញុំលែងមានមុខមាត់អ្វីទៀតហើយ”។ មកដល់ចំណុចនេះ អ្នកមិនចង់ចុះចូលទេ តើមែនទេ? (មិនចង់ទេ។) នេះគឺជាការលំបាកមួយ។ នៅពេលណាដែលអ្នកមិនអាចចុះចូលបាន និស្ស័យពុករលួយកំពុងតែបញ្ចេញឱ្យឃើញពីខ្លួនវា និងបង្កបញ្ហា ដែលធ្វើឱ្យអ្នកមិនអាចអនុវត្តសេចក្ដីពិត និងចុះចូលនឹងព្រះជាម្ចាស់បានឡើយ» («ការអនុវត្តសេចក្តីពិតគឺជាវិធីតែមួយប៉ុណ្ណោះដើម្បីទទួលបានការចូលទៅក្នុងជីវិត» នៃសៀវភៅ «ព្រះបន្ទូល» ភាគ៣៖ ការអធិប្បាយរបស់ព្រះគ្រីស្ទនៃគ្រាចុងក្រោយ)។ «បុរសខ្លះមានគំនិតប្រកាន់យកបុរសជាធំបែបនេះ ពួកគេមើលងាយការងារផ្ទះដូចជាការមើលថែក្មេងៗ បោកខោអាវ ធ្វើម្ហូប និងបោសសម្អាត ហើយមិនសុខចិត្តធ្វើរឿងទាំងនេះឡើយ។ ទោះបីជាពួកគេធ្វើរឿងទាំងនេះក៏ដោយ ក៏ពួកគេធ្វើទាំងទើសទាល់ដែរ ដោយខ្លាចអ្នកដទៃមើលងាយពួកគេ។ ពួកគេគិតថា៖ “ប្រសិនបើខ្ញុំតែងតែធ្វើការងារផ្ទះទាំងនេះ តើខ្ញុំមានអ្វីខុសពីមនុស្សស្រីទៅ?” តើការគិតរបស់ពួកគេមិនមានបញ្ហាទេឬ? (មានបញ្ហាមែន។) នៅខេត្តមួយចំនួនក្នុងប្រទេសចិន បុរសៗច្រើនតែពាក់អៀម និងធ្វើម្ហូប។ នៅពេលដែលស្ត្រីត្រឡប់មកពីធ្វើការវិញ បុរសៗរៀបចំអាហារជូនពួកគេ។ ស្ត្រីមានសិទ្ធិពេញលេញក្នុងការបរិភោគអាហារដែលបានរៀបចំសម្រាប់ពួកគេទាំងនេះ ហើយបុរសៗក៏មានសិទ្ធិពេញលេញក្នុងការធ្វើម្ហូបទាំងនេះដែរ ដោយមិនដែលមានអារម្មណ៍ខ្មាសអៀនចំពោះរឿងនេះឡើយ។ មនុស្សមកពីតំបន់មួយចំនួនប្រកាន់យកបុរសជាធំខ្លាំងណាស់ នេះហើយគឺជាលទ្ធផលនៃការជ្រួតជ្រាប និងឥទ្ធិពលពីគ្រួសាររបស់ពួកគេ ដែលមិនអាចប្រកែកបានឡើយ។ ដូច្នេះ តើការជ្រួតជ្រាបនេះបានធ្វើឱ្យខូចខាតដល់អ្នក ឬក៏ផ្ដល់ផលប្រយោជន៍ដល់អ្នក? (វាបានធ្វើឱ្យខូចខាតដល់ខ្ញុំ។) វាបានបង្កការខូចខាតយ៉ាងធំធេងដល់មនុស្ស។ ... គំនិត និងទស្សនៈប្រកាន់យកបុរសជាធំដែលឪពុកម្ដាយបានបណ្ដុះ គឺពាក់ព័ន្ធនឹងច្បាប់ជាមូលដ្ឋាន និងសាមញ្ញបំផុតសម្រាប់ការរស់នៅ ក៏ដូចជាទស្សនៈមិនត្រឹមត្រូវមួយចំនួនអំពីបុរស និងស្ត្រី។ សរុបមក ទាំងអស់នេះបង្កើតបានជាការជ្រួតជ្រាបពីគ្រួសារទៅលើគំនិតរបស់មនុស្ស។ ទោះបីជាគំនិត និងទស្សនៈទាំងនេះមានឥទ្ធិពលកម្រិតណាក៏ដោយទៅលើជីវិតរបស់មនុស្សម្នាក់ ក្នុងអំឡុងពេលនៃសេចក្ដីជំនឿរបស់ពួកគេលើព្រះជាម្ចាស់ និងអត្ថិភាពរបស់ពួកគេ ឬទោះបីជាវានាំមកនូវបញ្ហា និងភាពរអាក់រអួលច្រើនប៉ុនណាក៏ដោយ ក៏ជាសារវន្ត វាមានទំនាក់ទំនងជាក់លាក់មួយទៅនឹងការអប់រំរបស់ឪពុកម្ដាយ» («របៀបដេញតាមសេចក្ដីពិត (១៤)» នៃសៀវភៅ «ព្រះបន្ទូល» ភាគ៦៖ អំពីការដេញតាមសេចក្តីពិត)។ បន្ទាប់ពីបានអានព្រះបន្ទូលរបស់ព្រះជាម្ចាស់ ខ្ញុំបានយល់ថា ការដែលខ្ញុំមានអារម្មណ៍ថប់ដង្ហើម និងឈឺចាប់ក្នុងការបំពេញភារកិច្ចរៀបចំទទួលភ្ញៀវ ហើយការខ្វះការចុះចូលរបស់ខ្ញុំ ភាគច្រើនបណ្តាលមកពីទស្សនៈដែលខុសទំនងដែលថា «បុរសគួរតែធ្វើការនៅខាងក្រៅផ្ទះ ហើយស្ត្រីគួរតែចាត់ចែងការងារផ្ទះ»។ កាលនៅផ្ទះ យើងធ្លាប់ធ្វើស្រែចម្ការ ម្តាយខ្ញុំ និងប្រពន្ធខ្ញុំ បន្ទាប់ពីធ្វើការខាងក្រៅហើយ ត្រូវត្រឡប់មកផ្ទះ ហើយនៅតែត្រូវបោកគក់ ចម្អិនអាហារ និងដាក់ចំណីសត្វ។ ពួកគេរវល់ខ្លាំងណាស់ ស្ទើរតែធ្វើការងារទាំងនោះមិនទាន់។ ខ្ញុំបានឃើញរឿងនេះ ប៉ុន្តែមិនដែលជួយអ្វីសោះ។ ខ្ញុំគិតថា ការបោកគក់សម្លៀកបំពាក់ ការចម្អិនអាហារ និងការធ្វើការងារផ្ទះ សុទ្ធតែជាការងាររបស់ស្ត្រី ហើយបុរសគ្រាន់តែត្រូវរកលុយដើម្បីផ្គត់ផ្គង់គ្រួសារ និងធ្វើការងារក្រៅផ្ទះប៉ុណ្ណោះ។ ខ្ញុំគិតថា ប្រសិនបើបុរសធ្វើការងារផ្ទះ ពួកគេត្រូវបានគេមើលឃើញថាគ្មានប្រយោជន៍ ហើយត្រូវបានគេមើលងាយ។ រស់នៅជាមួយការយល់ឃើញបែបនេះ ខ្ញុំកម្រចែករំលែកការងារផ្ទះណាស់ ហើយខ្វះការបារម្ភ និងការយកចិត្តទុកដាក់ចំពោះក្រុមគ្រួសាររបស់ខ្ញុំ។ បន្ទាប់ពីខ្ញុំបានជឿលើព្រះជាម្ចាស់ ពេលខ្ញុំត្រូវបានស្នើសុំឱ្យទទួលភារកិច្ចរៀបចំទទួលភ្ញៀវ ខ្ញុំគិតថា ការសម្អាត ការទិញបន្លែ និងចម្អិនអាហារ គឺជាភារកិច្ចរបស់បងប្អូនស្រីៗ ហើយថាបងប្អូនប្រុសៗមិនគួរតម្រូវឱ្យធ្វើកិច្ចការទាំងនេះទេ។ ដោយទទួលឥទ្ធិពលពីផ្នត់គំនិតបុរសនិយមនេះ ខ្ញុំមានអារម្មណ៍ថាខ្លួនឯងទាស់ទទឹង ហើយមិនបានខិតខំបំពេញភារកិច្ចរបស់ខ្លួនឡើយ។ ការទៅផ្សារទិញបន្លែ ការតថ្លៃជាមួយអ្នកលក់បន្លែ ហើយការទិញបន្លែដែលមានតម្លៃសមរម្យ និងមានគុណភាពល្អ គឺជារឿងធម្មតាដែលត្រូវធ្វើ។ ប៉ុន្តែខ្ញុំតែងតែមានអារម្មណ៍ថាវាជារឿងអាម៉ាស់ ហើយខ្ញុំខ្លាចគេមើលងាយ។ ពេលចម្អិនអាហារ ខ្ញុំចម្អិនអ្វីដែលខ្ញុំចង់ចម្អិន ដោយមិនគិតទាល់តែសោះថាតើបងប្អូនប្រុសទាំងនោះទម្លាប់នឹងការចម្អិននោះអត់ទេ។ ដោយសារខ្ញុំមានការទាស់ទទឹងចំពោះភារកិច្ចរៀបចំទទួលភ្ញៀវ សូម្បីតែពេលដែលត្រូវសម្អាត ខ្ញុំក៏មិនសម្អាតដែរ ខ្ញុំពិតជាខ្វះភាពជាមនុស្ស និងខ្វះវិចារណញ្ញាណខ្លាំងណាស់! ផ្នត់គំនិតបុរសនិយមនេះបានបង្ខូចការគិតរបស់ខ្ញុំទាំងស្រុង។ ខ្ញុំគិតថា ភារកិច្ចមកពីព្រះជាម្ចាស់ វាមិនបែងចែកតាមឋានៈ ភេទ ឬអាយុឡើយ ហើយខ្ញុំគួរតែទទួលយកវាពីព្រះជាម្ចាស់ ចាត់ទុកវាជាការទទួលខុសត្រូវដែលត្រូវឱ្យតម្លៃ និងស្រឡាញ់ ហើយលះបង់ខ្លួនឯងដោយស្មោះត្រង់ចំពោះភារកិច្ចរបស់ខ្ញុំ ហើយបំពេញព្រះទ័យព្រះជាម្ចាស់។ ប៉ុន្តែខ្ញុំរស់នៅស្របតាមផ្នត់គំនិតថា «បុរសគួរតែធ្វើការនៅខាងក្រៅផ្ទះ ហើយស្ត្រីគួរតែចាត់ចែងការងារផ្ទះ»។ ខ្ញុំគិតតែពីអារម្មណ៍ខ្លួនឯង ហើយមិនដែលគិតពីការទទួលខុសត្រូវ និងភារកិច្ចពិតប្រាកដរបស់ខ្ញុំនោះទេ។ ខ្ញុំគ្មានការចុះចូលសោះ។ តើខ្ញុំមិនបានប្រឆាំងនឹងព្រះជាម្ចាស់ក្នុងរឿងនេះទេឬ? ពេលខ្ញុំដឹងរឿងនេះ ខ្ញុំមានអារម្មណ៍សោកស្ដាយ និងខុសឆ្គងយ៉ាងខ្លាំង ដូច្នេះខ្ញុំបានមកនៅចំពោះព្រះជាម្ចាស់ ហើយអធិស្ឋាន «ព្រះជាម្ចាស់ ទូលបង្គំត្រូវបានគ្រប់គ្រងដោយផ្នត់គំនិតថា “បុរសគួរតែធ្វើការនៅខាងក្រៅផ្ទះ ហើយស្ត្រីគួរតែចាត់ចែងការងារផ្ទះ”។ ដោយគ្មានការចុះចូលណាមួយក្នុងការបំពេញភារកិច្ចរៀបចំទទួលភ្ញៀវរបស់ខ្ញុំឡើយ ហើយទូលបង្គំបានប្រឆាំងនឹងព្រះអង្គជានិច្ច។ ទូលបង្គំគ្មានវិចារណញ្ញាណណាស់! ព្រះជាម្ចាស់ ទូលបង្គំខុសហើយ ប៉ុន្តែទូលបង្គំសុខចិត្តប្រែចិត្តចំពោះព្រះអង្គ»។
ក្រោយមក ខ្ញុំបានអានអត្ថបទមួយទៀតនៃព្រះបន្ទូលរបស់ព្រះជាម្ចាស់ ហើយខ្ញុំបានយល់ពីស្តង់ដាររបស់ព្រះជាម្ចាស់សម្រាប់វាស់ស្ទង់មនុស្ស។ ព្រះដ៏មានគ្រប់ព្រះចេស្ដាមានបន្ទូលថា៖ «ព្រះជាម្ចាស់មិនមានព្រះបន្ទូលអ្វីជាក់លាក់ទាក់ទងនឹងភេទរបស់មនុស្សជាតិឡើយ ពីព្រោះទាំងបុរស និងស្ត្រី សុទ្ធតែជាការបង្កើតរបស់ព្រះជាម្ចាស់ ហើយមកពីព្រះជាម្ចាស់។ បើប្រើឃ្លាមួយដែលមនុស្សជាតិបាននិយាយគឺ៖ “ទាំងបាតដៃ និងខ្នងដៃ សុទ្ធតែជាសាច់” នោះមិនថាចំពោះបុរស ឬចំពោះស្ត្រីឡើយ ព្រះជាម្ចាស់គ្មានការលម្អៀងទេ ហើយទ្រង់ក៏មិនមានសេចក្ដីតម្រូវខុសគ្នាចំពោះភេទណាមួយឡើយ គឺពួកគេទាំងពីរដូចគ្នា។ ហេតុដូច្នេះហើយ ព្រះជាម្ចាស់ប្រើស្ដង់ដាដូចគ្នាមួយចំនួន ដើម្បីជំនុំជម្រះអ្នក ទោះបីជាអ្នកជាបុរស ឬស្ត្រីក៏ដោយ ព្រះអង្គនឹងទតមើលថាតើអ្នកមានសារជាតិមនុស្សជាតិប្រភេទណា តើអ្នកដើរលើផ្លូវណា តើអាកប្បកិរិយារបស់អ្នកចំពោះសេចក្ដីពិតយ៉ាងដូចម្ដេច តើអ្នកស្រឡាញ់សេចក្ដីពិតដែរឬទេ តើអ្នកមានចិត្តដែលកោតខ្លាចព្រះជាម្ចាស់ដែរឬទេ ហើយថាតើអ្នកអាចចុះចូលនឹងទ្រង់បានដែរឬយ៉ាងណា។ នៅពេលជ្រើសរើសនរណាម្នាក់ និងបណ្ដុះបណ្ដាលពួកគេឱ្យបំពេញភារកិច្ចណាមួយ ឬរ៉ាប់រងការទទួលខុសត្រូវណាមួយ ព្រះជាម្ចាស់មិនទតមើលថាតើពួកគេជាបុរស ឬជាស្ត្រីឡើយ។ នៅពេលដំឡើង និងប្រើប្រាស់មនុស្ស ព្រះជាម្ចាស់ក៏មិនទតមើលថាតើពួកគេជាបុរស ឬស្ត្រីដែរ។ ព្រះអង្គគ្រាន់តែទតមើលថាតើពួកគេមានមនសិការ និងវិចារណញ្ញាណដែរឬទេ តើគុណសម្បត្តិរបស់ពួកគេត្រូវតាមស្ដង់ដាដែរឬទេ តើពួកគេទទួលយកសេចក្ដីពិតដែរឬទេ ហើយតើពួកគេដើរលើផ្លូវណា។ ជាការពិតណាស់ នៅពេលសង្គ្រោះ និងប្រោសមនុស្សឱ្យគ្រប់លក្ខណ៍ ព្រះជាម្ចាស់មិនពិចារណាលើភេទរបស់ពួកគេឡើយ។ ប្រសិនបើអ្នកជាស្ត្រី ព្រះជាម្ចាស់មិនពិចារណាថាតើអ្នកមានគុណធម៌ ចិត្តល្អ ទន់ភ្លន់ ឬមានសីលធម៌ ឬថាតើអ្នកមានឥរិយាបថល្អនោះទេ ហើយទ្រង់មិនវាយតម្លៃបុរសដោយផ្អែកលើភាពជាបុរស និងភាពរឹងមាំរបស់ពួកគេឡើយ រឿងបែបនេះមិនមែនជាស្ដង់ដាដែលព្រះជាម្ចាស់វាយតម្លៃបុរស និងស្ត្រីនោះទេ» («អត្ថន័យនៃការដេញតាមសេចក្តីពិត (៧)» នៃសៀវភៅ «ព្រះបន្ទូល» ភាគ៦៖ អំពីការដេញតាមសេចក្តីពិត)។ តាមរយៈព្រះបន្ទូលរបស់ព្រះជាម្ចាស់ ខ្ញុំបានឃើញថា និស្ស័យរបស់ព្រះជាម្ចាស់ គឺសុចរិត ហើយទ្រង់មិនប្រព្រឹត្តចំពោះមនុស្សខុសគ្នាដោយផ្អែកលើភេទរបស់ពួកគេឡើយ។ កាលព្រះអង្គបានបង្កើតអាដាមនិងអេវ៉ា ទ្រង់មិនបានរើសអើងភេទចំពោះពួកគេឡើយ ហើយសេចក្ដីស្រឡាញ់ និងការយកចិត្តទុកដាក់របស់ព្រះជាម្ចាស់ចំពោះពួកគេគឺដូចគ្នា ដោយគ្មានការរើសមុខឡើយ។ ព្រះបន្ទូលដែលព្រះជាម្ចាស់មានបន្ទូលនៅគ្រាចុងក្រោយ ដើម្បីសង្គ្រោះមនុស្សជាតិ គឺសំដៅលើមនុស្សទាំងអស់ ដោយមិនគិតពីសញ្ជាតិ ពូជសាសន៍ ឬភេទឡើយ។ តាមបទពិសោធរបស់ខ្ញុំ ខ្ញុំក៏បានឃើញថា ដំណាក់របស់ព្រះជាម្ចាស់ មិនយកភេទមកពិចារណា នៅពេលលើកតម្កើង និងប្រើប្រាស់មនុស្សទេ ប៉ុន្តែផ្ទុយទៅវិញ ធ្វើការពិចារណាដោយផ្អែកលើថាតើមនុស្សម្នាក់ស្រឡាញ់សេចក្តីពិត និងមានសតិសម្បជញ្ញៈ និងវិចារណញ្ញាណឬអត់ ហើយដោយមើលផ្លូវដែលពួកគេដើរ។ គ្មានច្បាប់ណាមួយចែងថា អ្នកដឹកនាំ និងអ្នកធ្វើការ ត្រូវតែជាបងប្អូនប្រុសៗ ហើយថា បងប្អូនស្រីៗត្រូវតែបំពេញភារកិច្ចរៀបចំទទួលភ្ញៀវនោះទេ។ ជាឧទាហរណ៍ ខ្ញុំស្គាល់បងប្រុសម្នាក់ដែលក៏កំពុងបំពេញភារកិច្ចរៀបចំទទួលភ្ញៀវផងដែរ ហើយរាល់ពេលដែលគាត់មានពេល គាត់ផ្តោតលើការអានព្រះបន្ទូលរបស់ព្រះជាម្ចាស់ ក្នុងអំឡុងពេលការជួបជុំ គាត់អាចបើកចិត្តប្រកបគ្នាអំពីសភាព និងការលំបាករបស់គាត់ ហើយនៅពេលប្រឈមមុខនឹងការលំបាក គាត់នឹងស្វែងរកសេចក្តីពិត ហើយផ្តោតលើការអនុវត្តស្របតាមគោលការណ៍សេចក្តីពិត។ បងប្រុសម្នាក់នេះបានបំពេញភារកិច្ចរបស់គាត់ដោយមិនមានការរឹតត្បិតដោយភេទឡើយ។ បន្ទាប់មកខ្ញុំបានដឹងថា ការរស់នៅតាមការយល់ឃើញមិនសមហេតុផលរបស់ផ្នត់គំនិតបុរសនិយមនេះ គឺខុសឆ្គង និងជ្រុលហួសហេតុ។ ហើយវាផ្ទុយនឹងព្រះបន្ទូលរបស់ព្រះជាម្ចាស់ទាំងស្រុង។ បន្ទាប់ពីយល់ពីសេចក្តីពិតទាំងនេះហើយ ខ្ញុំបានកើននូវការវែកញែកដឹងខ្លះៗអំពីផ្នត់គំនិតបុរសនិយមនេះ ហើយសុខចិត្តបដិសេធវាចេញពីចិត្តរបស់ខ្ញុំ។ ខ្ញុំក៏អាចទទួលយកភារកិច្ចរៀបចំទទួលភ្ញៀវរបស់ខ្ញុំបានយ៉ាងពេញលេញផងដែរ។
ក្រោយមក ខ្ញុំបានអានព្រះបន្ទូលរបស់ព្រះជាម្ចាស់បន្ថែមទៀត ហើយខ្ញុំកាន់តែច្បាស់អំពីរបៀបបំពេញភារកិច្ចរៀបចំទទួលភ្ញៀវនេះបានល្អ។ ព្រះជាម្ចាស់មានបន្ទូលថា៖ «គោលការណ៍ដែលអ្នកត្រូវតែយល់ និងសេចក្ដីពិតដែលអ្នកត្រូវតែអនុវត្ត គឺដូចគ្នា ទោះបីជាអ្នកកំពុងបំពេញភារកិច្ចអ្វីក៏ដោយ។ ទោះបីជាគេសុំឱ្យអ្នកធ្វើជាអ្នកដឹកនាំ ឬជាអ្នកធ្វើការ ឬទោះបីជាអ្នកកំពុងធ្វើម្ហូបក្នុងនាមជាអ្នកទទួលភ្ញៀវ ឬទោះបីជាគេសុំឱ្យអ្នកចាត់ចែងកិច្ចការខាងក្រៅមួយចំនួន ឬធ្វើការងារប្រើកម្លាំងក៏ដោយ ក៏គោលការណ៍សេចក្ដីពិតដែលគួរតែត្រូវបានគោរពតាមក្នុងការបំពេញភារកិច្ចផ្សេងៗគ្នាទាំងនេះ គឺដូចគ្នា ត្រង់ថាវាត្រូវតែផ្អែកលើសេចក្ដីពិត និងលើព្រះបន្ទូលរបស់ព្រះជាម្ចាស់។ ចុះតើអ្វីជាគោលការណ៍ដ៏ធំបំផុត និងសំខាន់បំផុត? គឺការលះបង់ចិត្ត គំនិត និងការខិតខំប្រឹងប្រែងរបស់មនុស្សម្នាក់ ដើម្បីបំពេញភារកិច្ចរបស់ខ្លួនឱ្យបានល្អ និងបំពេញវាឱ្យត្រូវតាមស្ដង់ដា។ ... ឧទាហរណ៍៖ ឧបមាថាវាជាការទទួលខុសត្រូវរបស់អ្នកក្នុងការធ្វើម្ហូបសម្រាប់បងប្អូនប្រុសស្រី ហើយនោះគឺជាភារកិច្ចរបស់អ្នក។ តើអ្នកគួរប្រព្រឹត្តចំពោះកិច្ចការនេះដោយរបៀបណា? (យើងគួរតែស្វែងរកគោលការណ៍សេចក្ដីពិត។) តើអ្នកស្វែងរកគោលការណ៍សេចក្ដីពិតយ៉ាងដូចម្ដេច? រឿងនេះពាក់ព័ន្ធនឹងតថភាព និងសេចក្ដីពិត។ អ្នកត្រូវតែគិតអំពីរបៀបអនុវត្តសេចក្ដីពិត និងរបៀបបំពេញភារកិច្ចនេះឱ្យបានល្អ។ តើរឿងនេះពាក់ព័ន្ធនឹងទិដ្ឋភាពអ្វីខ្លះនៃសេចក្ដីពិត? ជំហានទីមួយគឺ អ្នកត្រូវតែដឹងជាមុនសិនថា៖ “ខ្ញុំមិនមែនកំពុងធ្វើម្ហូបសម្រាប់ខ្លួនឯងឡើយ។ នេះគឺជាភារកិច្ចរបស់ខ្ញុំ”។ រឿងនេះពាក់ព័ន្ធនឹងទិដ្ឋភាពនៃនិមិត្ត។ ចុះចំណែកជំហានទីពីរវិញ? (យើងត្រូវតែគិតអំពីរបៀបធ្វើម្ហូបឱ្យបានល្អ។) តើអ្វីជាស្ដង់ដាសម្រាប់ការធ្វើម្ហូបឱ្យបានល្អ? (យើងត្រូវតែស្វែងរកសេចក្ដីតម្រូវរបស់ព្រះជាម្ចាស់។) ត្រឹមត្រូវហើយ។ មានតែសេចក្ដីតម្រូវរបស់ព្រះជាម្ចាស់ប៉ុណ្ណោះ ដែលជាសេចក្ដីពិត ជាស្ដង់ដា និងជាគោលការណ៍។ ត្រូវធ្វើរឿងនានាស្របតាមសេចក្ដីតម្រូវរបស់ព្រះជាម្ចាស់ នេះគឺជាទិដ្ឋភាពមួយនៃសេចក្ដីពិត។ ជាដំបូង អ្នកត្រូវតែគិតអំពីទិដ្ឋភាពនៃសេចក្ដីពិតនេះ រួចហើយត្រិះរិះថា៖ “ព្រះជាម្ចាស់បានប្រទានភារកិច្ចនេះឱ្យខ្ញុំបំពេញ។ តើអ្វីជាស្ដង់ដាដែលព្រះជាម្ចាស់តម្រូវជាចាំបាច់?” អ្នកត្រូវតែមានមូលដ្ឋានគ្រឹះនេះជាមុនសិន។ ចុះតើអ្នកគួរប្រព្រឹត្តបែបណា ដើម្បីបំពេញតាមស្ដង់ដារបស់ព្រះជាម្ចាស់? ម្ហូបដែលអ្នកចម្អិន គួរតែល្អចំពោះសុខភាព ឆ្ងាញ់ មានអនាម័យ និងមិនប៉ះពាល់ដល់រាងកាយ ទាំងនេះគឺជាចំណុចលម្អិតដែលពាក់ព័ន្ធ។ ដរាបណាអ្នកប្រព្រឹត្តស្របតាមគោលការណ៍នេះ ម្ហូបដែលអ្នកចម្អិន នឹងត្រូវបានធ្វើឡើងស្របតាមសេចក្ដីតម្រូវរបស់ព្រះជាម្ចាស់។ ហេតុអ្វីបានជាខ្ញុំនិយាយបែបនេះ? ពីព្រោះអ្នកបានស្វែងរកគោលការណ៍នៃភារកិច្ចនេះ ហើយសកម្មភាពរបស់អ្នកមិនបានហួសពីវិសាលភាពដែលព្រះជាម្ចាស់បានកំណត់នោះឡើយ។ របៀបដែលអ្នកបានប្រព្រឹត្ត គឺត្រឹមត្រូវហើយ។ អ្នកបានបំពេញភារកិច្ចរបស់ខ្លួនបានយ៉ាងល្អ ហើយអ្នកបានបំពេញវាតាមរបៀបដែលត្រូវតាមស្ដង់ដា» («មានតែតាមរយៈការស្វែងរកគោលការណ៍នៃសេចក្ដីពិតប៉ុណ្ណោះ ទើបមនុស្សអាចបំពេញភារកិច្ចរបស់ខ្លួនបានល្អ» នៃសៀវភៅ «ព្រះបន្ទូល» ភាគ៣៖ ការអធិប្បាយរបស់ព្រះគ្រីស្ទនៃគ្រាចុងក្រោយ)។ តាមរយៈព្រះបន្ទូលរបស់ព្រះជាម្ចាស់ ខ្ញុំបានឃើញថា មិនថាយើងបំពេញភារកិច្ចអ្វីក៏ដោយ យើងត្រូវតែអនុវត្តស្របតាមគោលការណ៍សេចក្តីពិត ហើយយើងគួរដាក់ចិត្ត និងខិតខំ ដើម្បីបំពេញវាឲ្យបានល្អ តាមព្រះបន្ទូលរបស់ព្រះជាម្ចាស់ ជាឧទាហរណ៍ ក្នុងការបំពេញភារកិច្ចរៀបចំទទួលភ្ញៀវរបស់ខ្ញុំ ប្រសិនបើអាហាររៀបចំមិនបានល្អ ដែលបណ្តាលឱ្យអ្នកដទៃមិនចង់បរិភោគ ឬដែលនាំឱ្យមានផលប៉ះពាល់ដល់សុខភាពរបស់ពួកគេ នោះមានន័យថា ខ្ញុំមិនបានបំពេញភារកិច្ចឲ្យបានល្អទេ នៅពេលនិយាយអំពីអាហារ ខ្ញុំគួរតែសម្ងួតអ្វីដែលត្រូវសម្ងួត ហើយរៀបចំដាក់អ្វីដែលគួរបរិភោគឱ្យបានលឿនដើម្បីជៀសវាងការខ្ជះខ្ជាយ។ លើសពីនេះ នៅក្នុងប្រទេសចិន ដែលជាប្រទេសដែលទាស់ទទឹងនឹងព្រះជាម្ចាស់យ៉ាងធ្ងន់ធ្ងរបំផុតនោះ យើងត្រូវតែប្រុងប្រយ័ត្នជានិច្ចក្នុងភារកិច្ចរៀបចំទទួលភ្ញៀវរបស់យើង យកចិត្តទុកដាក់ចំពោះបរិស្ថានជុំវិញខ្លួនយើង និងធានាសុវត្ថិភាពរបស់បងប្អូនប្រុស និងបងប្អូនស្រីរបស់យើង។ បន្ទាប់ពីយល់ពីរឿងនេះ ពេលខ្ញុំទៅផ្សារទិញបន្លែម្តងទៀត ខ្ញុំបានគិតពីរបៀបទិញផលិតផលដែលមានគុណភាពល្អ និងមានតម្លៃសមរម្យ ហើយខ្ញុំមិនបានខ្វល់ពីអ្វីដែលអ្នកដទៃគិតនោះទេ។ ខ្ញុំបានធ្វើឱ្យវាក្លាយជាគោលការណ៍មួយសម្រាប់រៀបចំអាហារដែលមានរសជាតិឆ្ងាញ់ មានជីវជាតិ និងល្អសម្រាប់សុខភាព ហើយចំពោះមុខម្ហូបដែលខ្ញុំមិនដឹងពីរបៀបធ្វើ ខ្ញុំនឹងសួរបងប្អូនប្រុស និងបងប្អូនស្រីរបស់ខ្ញុំ ឬរៀនពីវីដេអូបង្រៀន។ មួយរយៈក្រោយមក សភាពទាំងការចម្អិនអាហារ និងការសម្អាតនៅក្នុងផ្ទះបានប្រសើរឡើងយ៉ាងខ្លាំង។ ក្រោយមក ខ្ញុំបានសហការជាមួយបងប្រុសម្នាក់ ដើម្បីជួសជុលគ្រឿងអេឡិចត្រូនិច ហើយខ្ញុំនឹងម្ចាស់ការក្នុងការចម្អិនអាហារ និងធ្វើការងារផ្ទះ។ ពេលខ្លះ ពេលបងប្អូនប្រុស និងបងប្អូនស្រីមកផ្ទះយើង ពួកគេមិនអាចមិនសរសើរបានទេ ដោយនិយាយថា «ផ្ទះរបស់អ្នកស្អាតណាស់!» និង «អាហារនេះមើលទៅគួរឱ្យចង់ញ៉ាំណាស់»។ បន្ទាប់ពីបានលឺរឿងទាំងនេះ ខ្ញុំបានអរព្រះគុណព្រះជាម្ចាស់ពីក្រអៅបេះដូងរបស់ខ្ញុំ។
ខ្ញុំបានយល់ថា ភារកិច្ចគឺជាផ្ទុកផ្ដាក់របស់ព្រះជាម្ចាស់ចំពោះមនុស្សជាតិ និងការទទួលខុសត្រូវ និងកាតព្វកិច្ចរបស់យើងដែលយើងគួរតែបំពេញ ដោយមិនគិតពីភេទ ហើយយើងគួរតែទទួលយកដោយគ្មានលក្ខខណ្ឌ ហើយខិតខំបំពេញឱ្យអស់ពីសមត្ថភាព។ ខ្ញុំក៏បានយល់ដែរថា វាមិនសំខាន់ទេថាយើងបំពេញភារកិច្ចអ្វីក៏ដោយ ហើយរឿងសំខាន់គឺពួកយើងស្វែងរកសេចក្តីពិតនៅក្នុងភារកិច្ចរបស់យើង និងដោះស្រាយនិស្ស័យពុករលួយរបស់យើង។ ការស្វែងរកដើម្បីអនុវត្តស្របតាមគោលការណ៍សេចក្តីពិតគឺជារឿងសំខាន់បំផុត។ ការផ្លាស់ប្ដូរ និងការទទួលបានទាំងនេះរបស់ខ្ញុំ សុទ្ធតែជាលទ្ធផលនៃព្រះបន្ទូលរបស់ព្រះជាម្ចាស់ដែលបានណែនាំខ្ញុំ។ អរគុណព្រះជាម្ចាស់!