៦២. ការបណ្ដុះបណ្ដាលអ្នកដទៃបានបើកសម្ដែងខ្ញុំ

ដោយ យ៉ូសែប មកពីប្រទេសកូរ៉េខាងត្បូង

ខ្ញុំផលិតវីដេអូនៅក្នុងពួកជំនុំ។ ដោយសារការងារកើនឡើង មានបងប្អូនប្រុសស្រីថ្មីៗពីរបីនាក់បានចូលរួមក្នុងក្រុមយើង។ អ្នកមើលការខុសត្រូវបានប្រាប់ឲ្យខ្ញុំបណ្ដុះបណ្ដាលពួកគាត់ក្នុងការរៀនជំនាញឯកទេស និងសម្របសម្រួល ព្រមទាំងចាត់ចែងការងារពួកគាត់ឲ្យបានត្រឹមត្រូវ។ ពេលខ្ញុំឃើញការចាត់ចែងនេះ ខ្ញុំមានអារម្មណ៍ទាស់ទទឹងបន្តិច ដោយគិតថា «គ្រាន់តែធ្វើកិច្ចការខ្លួនឯង ក៏ចំណាយពេល និងកម្លាំងច្រើនណាស់ទៅហើយ ហើយឥឡូវនេះ ខ្ញុំត្រូវបណ្ដុះបណ្ដាលអ្នកដទៃទៀតឬ? តើវានឹងមិនកាន់តែចំណាយពេលវេលា និងកម្លាំងច្រើនទេឬ? បើការណ៍នេះពន្យារពេលការងារផ្ទាល់ខ្លួនរបស់ខ្ញុំ ហើយខ្ញុំមិនអាចសម្រេចកិច្ចការតាមកាលវិភាគទេនោះ តើអ្នកមើលការខុសត្រូវនឹងគិតយ៉ាងណាចំពោះខ្ញុំ? តើពួកគាត់នឹងនិយាយថា ខ្ញុំខ្ជិលច្រអូសក្នុងភារកិច្ច ហើយថា ប្រសិទ្ធភាពការងារខ្ញុំអន់ជាងបងប្អូនប្រុសស្រីដែលទើបមកថ្មីឬ? បើអ៊ីចឹងមែន មុខជាអាម៉ាស់ណាស់! យូរៗទៅ តើអ្នកមើលការខុសត្រូវនឹងគិតគូរពីការដកហូតតំណែងខ្ញុំដែរទេ ព្រោះតែលទ្ធផលការងារខ្ញុំមិនល្អជាប្រចាំនោះ? អ្នកមើលការខុសត្រូវមិនអាចឃើញទេថា ខ្ញុំធ្វើការងារច្រើនប៉ុនណានៅពីក្រោយនោះ។ លទ្ធផលការងារដែលគេមើលឃើញ គឺចំនួនវីដេអូដែលខ្ញុំអាចផលិតបានក្នុងមួយខែៗ តែបើខ្ញុំចំណាយពេល និងកម្លាំងច្រើនពេកក្នុងការបណ្ដុះបណ្ដាលអ្នកដទៃ ហើយពន្យារពេលការផលិតវីដេអូខ្លួនឯង វាមិនមានតម្លៃសោះឡើយ»។ មិនថាខ្ញុំគិតយ៉ាងណាទេ ខ្ញុំនៅតែមានអារម្មណ៍ថា ចុងក្រោយ ខ្ញុំនឹងត្រូវខាតបង់មិនខាន។ ប៉ុន្តែ បន្ទាប់មក ខ្ញុំបានគិតដល់ការដែលខ្ញុំបានអនុវត្តនៅក្នុងភារកិច្ចនេះយូរមកហើយ និងយល់គោលការណ៍ច្រើនជាង ហើយបើខ្ញុំបដិសេធមិនរ៉ាប់រងការងារនេះទេ ខ្ញុំពិតជាគ្មានសតិសម្បជញ្ញៈមែន។ ដូច្នេះ ខ្ញុំក៏ទទួលយកទាំងបង្ខំចិត្ត។

ក្រោយមក ពេលបងប្អូនប្រុសស្រីមានបញ្ហាក្នុងការងារ ហើយមករកខ្ញុំដើម្បីពិភាក្សា និងរកដំណោះស្រាយ ខ្ញុំបានព្យាយាមអស់ពីសមត្ថភាពដើម្បីជួយពួកគេ។ មួយរយៈក្រោយមក មានបងស្រីម្នាក់ត្រូវបានចាត់តាំងឲ្យទៅបំពេញភារកិច្ចផ្សេង។ ក្នុងអំឡុងពេលត្រួតពិនិត្យដំណាក់កាលក្រោយ មានបញ្ហាមួយចំនួនត្រូវបានរកឃើញនៅក្នុងវីដេអូដែលគាត់បានធ្វើ ហើយខ្ញុំត្រូវជួយដោះស្រាយបញ្ហាទាំងនោះ។ នៅពេលដំបូង ខ្ញុំអាចទទួលយកវាបានយ៉ាងត្រឹមត្រូវ ប៉ុន្តែដោយសារវីដេអូនោះមានបញ្ហាច្រើនពេក ខ្ញុំត្រូវចំណាយពេលច្រើនដើម្បីកែវា។ ខ្ញុំកត់សម្គាល់ឃើញថា ក្នុងអំឡុងពេលនោះ បងប្អូនប្រុសស្រីផ្សេងទៀតបានធ្វើវីដេអូចប់ជាច្រើនទៅហើយ ខណៈដែលខ្ញុំមិនទាន់ទាំងបានធ្វើចប់មួយផង។ រឿងនេះធ្វើឲ្យខ្ញុំខ្វល់ខ្វាយ។ ខ្ញុំគិតថា «បងប្អូនប្រុសស្រីទាំងនេះទើបតែចាប់ផ្ដើមហ្វឹកហាត់ប៉ុណ្ណោះ។ ការបណ្ដុះបណ្ដាលពួកគេបានចាយពេលខ្ញុំជាច្រើនទៅហើយ។ ឥឡូវនេះ ខ្ញុំត្រូវដោះស្រាយបញ្ហារបស់អ្នកផ្សេងដែលនៅសល់មិនទាន់ដោះស្រាយរួចទៀត។ បើនៅតែបែបនេះទៀត ខ្ញុំប្រាកដជាមិនអាចបញ្ចប់កិច្ចការប្រចាំខែរបស់ខ្ញុំបានទេ។ ពេលនោះ តើគ្រប់គ្នានឹងមើលមកខ្ញុំយ៉ាងណា? ខ្ញុំត្រូវផ្ដោតលើវីដេអូខ្លួនឯងឲ្យបានច្រើនជាងមុន»។ ដូច្នេះ ខ្ញុំមិនបានដាក់ចិត្តដាក់កាយខ្លាំងក្នុងការកែសម្រួលវីដេអូដែលបងស្រីនោះបានធ្វើឡើយ។ ក្រោយមក អ្នកមើលការខុសត្រូវបានពិនិត្យវីដេអូនោះ ហើយឃើញបញ្ហាជាច្រើន រួចឲ្យខ្ញុំកែម្ដងទៀត។ ខ្ញុំមានអារម្មណ៍មួម៉ៅ និងតូចចិត្តបន្តិច ដោយគិតថា «នេះមិនមែនជាវីដេអូរបស់ខ្ញុំទេ។ ហេតុអ្វីឲ្យខ្ញុំចំណាយពេលច្រើនម៉្លេះដើម្បីកែវា? បែបនេះមិនត្រឹមតែធ្វើឲ្យខ្ញុំខាតកម្លាំងបន្ថែមទៀតប៉ុណ្ណោះទេ តែថែមទាំងពន្យារពេលការងារផ្ទាល់ខ្លួនរបស់ខ្ញុំទៀតផង!» ដោយមានអាកប្បកិរិយាទាស់ទទឹងបែបនេះ ខ្ញុំបានកែវីដេអូនោះជាច្រើនដង ដោយមិនទទួលបានលទ្ធផលដែលចង់បានឡើយ។ ចុងក្រោយ អ្នកមើលការខុសត្រូវបានប្រាប់ឲ្យខ្ញុំឈប់ធ្វើវា។ នៅពេលនោះ ទោះបីខ្ញុំមានអារម្មណ៍ពិបាកចិត្តបន្តិចក្ដី ក៏ខ្ញុំមិនបានយកមកដាក់ក្នុងចិត្តដែរ។ ផ្ទុយទៅវិញ ខ្ញុំបានគិតថា «ខ្ញុំមិនបាច់កែវាក៏ល្អដែរ។ បែបនេះ វានឹងមិនចាយពេលខ្ញុំច្រើនពេក ហើយខ្ញុំអាចផ្ដោតលើការងារខ្លួនឯងបាន»។ បន្ទាប់ពីនោះមក ខ្ញុំខំធ្វើតែការងារខ្លួនឯងប៉ុណ្ណោះ។ ពេលបងប្អូនប្រុសស្រីមកពិភាក្សាបញ្ហារបស់ពួកគេជាមួយខ្ញុំ ខ្ញុំឆ្លើយតបទៅពួកគេយ៉ាងខ្លី និងសាមញ្ញៗប៉ុណ្ណោះ ដោយមិនបានគិតថា តើពួកគេយល់ ឬមានផ្លូវទៅមុខច្បាស់លាស់ឬអត់ឡើយ។ ក្នុងអំឡុងពេលនោះ ខ្ញុំមានភាពអសកម្មក្នុងការបំពេញភារកិច្ច ដោយខ្វះបន្ទុក ហើយវីដេអូដែលខ្ញុំធ្វើតែងតែមានបញ្ហា។ ខ្ញុំមានអារម្មណ៍ធុញថប់យ៉ាងខ្លាំង តែមិនបានឆ្លុះបញ្ចាំងពីខ្លួនឯងទេ។ ថ្ងៃមួយ មានបងស្រីម្នាក់បានចង្អុលបង្ហាញប្រាប់ខ្ញុំថា «ខ្ញុំកត់សម្គាល់ឃើញថា មួយរយៈនេះ អ្នកមិនបានដាក់ចិត្តដាក់កាយក្នុងការងារសោះ ហើយអ្នកមិនបានសម្របសម្រួល និងចាត់ចែងការងារសម្រាប់បងប្អូនប្រុសស្រីដែលទើបមកថ្មីឲ្យបានត្រឹមត្រូវឡើយ»។ ពេលឮគាត់និយាយបែបនេះ ខ្ញុំទ្រាំមិនតវ៉ាមិនបានទេថា «ខ្ញុំក៏មានការងារច្រើនណាស់ដែរ។ ឲ្យខ្ញុំមើលការខុសត្រូវគ្រប់ផ្នែកនៃការងារយ៉ាងម៉េចនឹងកើត?» ដោយឃើញខ្ញុំទាស់ទទឹងបែបនេះ បងស្រីនោះបានរំលឹកខ្ញុំថា «អ្នកមិនអាចគិតតែពីប្រយោជន៍ផ្ទាល់ខ្លួន ហើយពន្យារពេលការងារជារួមបានទេ»។ ខ្ញុំចង់បន្តតវ៉ា និងរអ៊ូរទាំទៀត។ ប៉ុន្តែ ភ្លាមនោះ ខ្ញុំស្រាប់តែដឹងថា ការក្រើនរំលឹករបស់បងស្រីម្នាក់នេះមកពីព្រះជាម្ចាស់ ហើយថា ខ្ញុំគួរតែទទួលយក និងឆ្លុះបញ្ចាំងពីខ្លួនឯង។ ដូច្នេះ ខ្ញុំក៏មិនបាននិយាយអ្វីទៀតដែរ។ ក្រោយមក ពេលខ្ញុំកាន់តែគិតអំពីវា ខ្ញុំកាន់តែយល់ថា បងស្រីនោះនិយាយត្រូវ។ ដោយសារខ្ញុំបានទទួលយកការងារនេះហើយ ខ្ញុំត្រូវតែបំពេញទំនួលខុសត្រូវរបស់ខ្ញុំ មិនមែនផ្ដោតតែលើប្រយោជន៍ផ្ទាល់ខ្លួនទេ។ ខ្ញុំក៏បានសួរខ្លួនឯងដែរថា តើមូលហេតុដែលខ្ញុំមិនអាចមានអារម្មណ៍ថាព្រះជាម្ចាស់ទ្រង់ដឹកនាំ និងណែនាំខ្ញុំ ហើយបញ្ហាកាន់តែច្រើនកើតឡើងក្នុងការងារខ្ញុំ គឺមកពីអាកប្បកិរិយារបស់ខ្ញុំចំពោះភារកិច្ចបានធ្វើឲ្យព្រះជាម្ចាស់មានព្រះទ័យស្អប់ខ្ពើមមែនទេ? ខ្ញុំមានអារម្មណ៍ថា ការបន្តបែបនេះគឺគ្រោះថ្នាក់ណាស់ ដូច្នេះ ខ្ញុំក៏អធិស្ឋានទៅកាន់ព្រះជាម្ចាស់ថា «ឱព្រះជាម្ចាស់អើយ ព្រះរាជបំណងដ៏ល្អរបស់ទ្រង់ស្ថិតនៅក្នុងការក្រើនរំលឹករបស់បងស្រីនៅថ្ងៃនេះ។ ទូលបង្គំស្ម័គ្រចិត្តបែរត្រឡប់ ហើយឆ្លុះបញ្ចាំងពីខ្លួនឯងឲ្យបានត្រឹមត្រូវ។ សូមទ្រង់បំភ្លឺទូលបង្គំ ដើម្បីឲ្យទូលបង្គំអាចស្គាល់ខ្លួនឯងផង»។

ក្រោយមក ខ្ញុំបានអានបន្ទូលរបស់ព្រះជាម្ចាស់មួយវគ្គ៖ «ទាំងមនសិការនិងវិចារណញ្ញាណ គួរតែជាធាតុផ្សំនៃភាពជាមនុស្សរបស់បុគ្គលម្នាក់។ ទាំងនេះគឺជាអ្វីដែលជាមូលដ្ឋានគ្រឹះបំផុត និងសំខាន់បំផុត។ តើមនុស្សដែលគ្មានមនសិការ និងគ្មានវិចារណញ្ញាណនៃភាពជាមនុស្សធម្មតា គឺជាមនុស្សប្រភេទណា? និយាយជាទូទៅ ពួកគេគឺជាមនុស្សដែលគ្មានភាពជាមនុស្ស និងជាមនុស្សដែលមានភាពជាមនុស្សអាក្រក់ខ្លាំង។ និយាយឱ្យកាន់តែច្បាស់ តើមនុស្សបែបនេះមានលក្ខណៈសម្បត្តិអ្វីខ្លះ? តើពួកគេមានការបង្ហាញចេញជាក់លាក់អ្វីខ្លះអំពីការគ្មានភាពជាមនុស្ស? (ពួកគេអាត្មានិយម និងថោកទាប។) មនុស្សអាត្មានិយម និងថោកទាបធ្វើអ្វីៗឱ្យតែរួចពីដៃ ហើយធ្វើព្រងើយកន្តើយចំពោះអ្វីដែលមិនពាក់ព័ន្ធនឹងពួកគេផ្ទាល់ឡើយ។ ពួកគេមិនគិតពីផលប្រយោជន៍នៃដំណាក់របស់ព្រះជាម្ចាស់ឡើយ ហើយពួកគេក៏មិនបង្ហាញការគិតគូរដល់ព្រះរាជបំណងរបស់ព្រះជាម្ចាស់ដែរ។ ពួកគេគ្មានស្មារតីទទួលបន្ទុក ឬការទទួលខុសត្រូវឡើយ នៅពេលនិយាយដល់ការបំពេញភារកិច្ចរបស់ពួកគេ ឬការធ្វើបន្ទាល់ថ្វាយព្រះជាម្ចាស់។ តើពួកគេគិតអំពីអ្វី នៅពេលដែលពួកគេធ្វើអ្វីមួយ? ការពិចារណាដំបូងរបស់ពួកគេគឺ៖ 'តើព្រះជាម្ចាស់នឹងដឹងដែរឬទេ ប្រសិនបើខ្ញុំធ្វើបែបនេះ? តើអ្នកដទៃនឹងឃើញវាដែរឬទេ? ប្រសិនបើខ្ញុំចំណាយកម្លាំងទាំងអស់នេះ ហើយធ្វើការយ៉ាងឧស្សាហ៍ព្យាយាម ប៉ុន្តែអ្នកដទៃមិនឃើញ ហើយព្រះជាម្ចាស់ក៏មិនទតឃើញដែរនោះ នោះវាគ្មានប្រយោជន៍ទេសម្រាប់ខ្ញុំក្នុងការចំណាយកម្លាំងនេះ និងរងទុក្ខបែបនេះ'។ តើនេះមិនមែនអាត្មានិយមខ្លាំងពេកទេឬអី? វាក៏ជាបំណងថោកទាបមួយផងដែរ។ នៅពេលដែលពួកគេគិត និងប្រព្រឹត្តតាមរបៀបនេះ តើមនសិការរបស់ពួកគេដើរតួនាទីអ្វីដែរឬទេ? តើមនសិការរបស់ពួកគេស្ដីបន្ទោសពួកគេដែរឬទេ? ទេ មនសិការរបស់ពួកគេមិនដើរតួនាទីអ្វីឡើយ ហើយវាក៏មិនស្ដីបន្ទោសពួកគេដែរ» («តាមរយៈការប្រគល់ដួងចិត្តរបស់ខ្លួនថ្វាយទៅព្រះជាម្ចាស់ នោះគេអាចទទួលបានសេចក្តីពិត» នៃសៀវភៅ «ព្រះបន្ទូល» ភាគ៣៖ ការអធិប្បាយរបស់ព្រះគ្រីស្ទនៃគ្រាចុងក្រោយ)។ តាមរយៈព្រះបន្ទូលរបស់ព្រះជាម្ចាស់ ខ្ញុំឃើញថា ចំពោះមនុស្សខ្លះ ពេលមានរឿងកើតឡើងចំពោះពួកគេ ពួកគេគិតតែពីផលប្រយោជន៍ផ្ទាល់ខ្លួនប៉ុណ្ណោះ គិតថាតើពួកគេអាចលេចធ្លោ បានល្បីឈ្មោះ ឬបានផលប្រយោជន៍ដែរឬទេ ហើយពួកគេសុខចិត្តធ្វើ លុះត្រាតែរឿងនោះផ្ដល់ផលប្រយោជន៍ដល់ពួកគេ ហើយបើវាមិនផ្ដល់ប្រយោជន៍ទេ ពួកគេមិនចាត់ទុកថាជារឿងរបស់ខ្លួនឡើយ ហើយពួកគេឈរមើល និងធ្វើវាគ្រាន់តែបង្រ្គប់កិច្ចប៉ុណ្ណោះ។ ពួកគេគ្មានស្មារតីទទួលបន្ទុក ឬទំនួលខុសត្រូវក្នុងភារកិច្ចឡើយ ហើយមិនគិតគូរដល់ការងារពួកជំនុំទាល់តែសោះ។ មនុស្សបែបនេះគឺអាត្មានិយម និងគួរឱ្យស្អប់ខ្ពើម ហើយខ្វះសតិសម្បជញ្ញៈ និងវិចារណញ្ញាណ។ ក្រោយអានបន្ទូលរបស់ព្រះជាម្ចាស់រួច ខ្ញុំមានអារម្មណ៍ពិបាកចិត្តណាស់។ ខ្ញុំគឺជាប្រភេទមនុស្សដែលព្រះជាម្ចាស់ទ្រង់លាតត្រដាងយ៉ាងពិតប្រាកដ ពោលគឺអាត្មានិយមបំផុត។ គ្រប់យ៉ាងដែលខ្ញុំបានធ្វើ ខ្ញុំគិតតែពីខ្លួនឯងប៉ុណ្ណោះ ហើយខ្ញុំមិនបានគិតដល់បំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ទាល់តែសោះ។ បងប្អូនប្រុសស្រីទើបតែចាប់ផ្ដើមហ្វឹកហាត់ក្នុងការផលិតវីដេអូ ពួកគេមិនទាន់ស្ទាត់ជំនាញលើគោលការណ៍ និងជំនាញនៅឡើយទេ ហើយពួកគេចំណាយពេលយូរជាង ដើម្បីចាប់យល់បានលើកិច្ចការ។ បើពួកគេពឹងផ្អែកលើការរាវរកដោយខ្លួនឯង ពួកគេងាយនឹងវៀចវេរ និងប្រើមធ្យោបាយគ្មានប្រសិទ្ធភាព ហើយដោយសារខ្ញុំបានបំពេញភារកិច្ចនេះយូរជាង និងយល់គោលការណ៍ខ្លះៗ ការជួយពួកគេឲ្យស៊ាំនឹងការងារ និងចាប់គោលការណ៍បានឲ្យឆាប់បំផុត គឺជាទំនួលខុសត្រូវ និងភារកិច្ចរបស់ខ្ញុំ។ ប៉ុន្តែ ខ្ញុំខ្វល់តែពីផលចំណេញ និងការខាតបង់ផ្ទាល់ខ្លួនប៉ុណ្ណោះ ហើយខ្ញុំខ្លាចថា ការចំណាយពេល និងកម្លាំងបណ្ដុះបណ្ដាលអ្នកដទៃ នឹងពន្យារពេលការងារខ្លួនឯង។ បើអ្នកផ្សេងធ្វើវីដេអូបានច្រើនជាងខ្ញុំ មិនត្រឹមតែមុខមាត់ខ្ញុំត្រូវខូចខាតប៉ុណ្ណោះទេ តែខ្ញុំអាចនឹងត្រូវគេលួសកាត់ទៀតផង។ ដូច្នេះ ក្រោយពីគិតចុះគិតឡើង ខ្ញុំយល់ថា កិច្ចការនេះលំបាក ហើយនឿយហត់ដោយគ្មានបានការអ្វីសោះ ហើយនៅក្នុងជម្រៅចិត្ត ខ្ញុំមិនចង់ធ្វើវាទេ។ ពេលខ្ញុំឃើញថា ការកែវីដេអូរបស់អ្នកផ្សេងនឹងចាយពេលខ្ញុំច្រើន ខ្ញុំមានអារម្មណ៍ទាស់ទទឹង និងមួម៉ៅ ហើយខ្ញុំយល់ថា វាជារឿងក្រៅការងាររបស់ខ្ញុំ។ ទោះបីខ្ញុំធ្វើវាបានល្អ ក៏វាមិនជះឥទ្ធិពលដល់លទ្ធផលការងារខ្ញុំដែរ ដូច្នេះ ខ្ញុំផ្ដោតតែលើកិច្ចការខ្លួនឯង និងការផលិតវីដេអូដែលមានគុណភាពខ្ពស់ឲ្យបានច្រើន ដើម្បីរក្សាកន្លែងខ្ញុំក្នុងក្រុម ព្រោះការណ៍នេះហាក់ដូចជាជាក់ស្ដែងជាង។ ហេតុនេះហើយ ខ្ញុំគ្រាន់តែធ្វើការកែតម្រូវបែបឱ្យតែរួចពីដៃ និងប្រញាប់ប្រញាល់ប៉ុណ្ណោះ ហើយជាលទ្ធផល បញ្ហានៅក្នុងវីដេអូមិនត្រូវបានដោះស្រាយឡើយ ហើយចុងក្រោយ អ្នកមើលការខុសត្រូវប្រាប់ឲ្យខ្ញុំឈប់ធ្វើការកែសម្រួលតទៅទៀត។ នៅពេលនោះ ខ្ញុំមិនមានអារម្មណ៍បន្ទោសខ្លួនឯង ឬពិបាកចិត្តអ្វីទេ។ ផ្ទុយទៅវិញ ខ្ញុំមានអារម្មណ៍ដូចជាបានដកបន្ទុកចេញពីខ្លួន ដោយគិតថា ខ្ញុំមិនចាំបាច់បារម្ភរឿងពន្យារពេលការងារខ្លួនឯងទៀតឡើយ។ ពេលឆ្លុះបញ្ចាំងពីការបញ្ចេញឱ្យឃើញរបស់ខ្ញុំ ខ្ញុំបានដឹងថា ខ្ញុំអាត្មានិយមប៉ុនណា ដោយគ្មានសតិសម្បជញ្ញៈ ឬវិចារណញ្ញាណសោះឡើយ!

ក្រោយមក ខ្ញុំបានអានបន្ទូលរបស់ព្រះជាម្ចាស់មួយវគ្គ ហើយមានការយល់ដឹងខ្លះៗអំពីខ្លួនឯង។ ព្រះដ៏មានគ្រប់ព្រះចេស្ដាមានបន្ទូលថា៖ «មនុស្សខ្លះតែងតែដេញតាមកេរ្តិ៍ឈ្មោះ លាភសក្ការៈ និងប្រយោជន៍ខ្លួនឯង។ មិនថាពួកជំនុំរៀបចំកិច្ចការអ្វីឱ្យពួកគេធ្វើនោះទេ ពួកគេតែងតែគិតថា៖ 'តើការធ្វើបែបនេះ នឹងមានប្រយោជន៍ ឬចំណេញដល់ខ្ញុំដែរឬទេ? ប្រសិនបើមាន ខ្ញុំនឹងធ្វើវា តែបើគ្មានទេ នោះខ្ញុំនឹងមិនធ្វើឡើយ'។ មនុស្សបែបនេះមិនអនុវត្តសេចក្ដីពិតឡើយ ដូច្នេះ តើពួកគេអាចបំពេញភារកិច្ចរបស់ខ្លួនបានល្អដែរឬទេ? ពួកគេច្បាស់ជាមិនអាចធ្វើបានឡើយ។ ទោះបីជាមើលពីខាងក្រៅ អ្នកហាក់មិនបានប្រព្រឹត្តអំពើអាក្រក់ក៏ដោយ ក៏អ្នកនៅតែមិនមែនជាមនុស្សដែលអនុវត្តសេចក្ដីពិតដែរ។ អ្នកមិនដេញតាមសេចក្ដីពិត អ្នកមិនស្រឡាញ់អ្វីៗដែលវិជ្ជមាន ហើយមិនថាមានរឿងអ្វីកើតឡើងចំពោះអ្នកនោះទេ អ្នកខ្វល់តែពីកេរ្តិ៍ឈ្មោះ និងឋានៈផ្ទាល់ខ្លួនរបស់អ្នក ផលប្រយោជន៍ផ្ទាល់ខ្លួនរបស់អ្នក និងថាតើអ្នកអាចទទួលបានផលចំណេញអ្វីខ្លះប៉ុណ្ណោះ នេះមានន័យថា អ្នកគឺជាមនុស្សដែលស្វែងរកផលចំណេញសំខាន់ជាងអ្វីៗទាំងអស់ ហើយក៏ជាមនុស្សអាត្មានិយម និងថោកទាបផងដែរ។ មនុស្សបែបនេះជឿលើព្រះជាម្ចាស់ ដើម្បីកេងចំណេញសម្រាប់ផលប្រយោជន៍ផ្ទាល់ខ្លួន និងទទួលបានអត្ថប្រយោជន៍ខ្លះៗសម្រាប់ខ្លួនឯងប៉ុណ្ណោះ មិនមែនដើម្បីទទួលបានសេចក្ដីពិត ឬសេចក្ដីសង្គ្រោះរបស់ព្រះជាម្ចាស់ឡើយ។ ហេតុដូច្នេះហើយ មនុស្សប្រភេទនេះ គឺជាពួកអ្នកមិនជឿ។ មនុស្សដែលជឿលើព្រះជាម្ចាស់យ៉ាងពិតប្រាកដ គឺជាអស់អ្នកដែលអាចស្វែងរក និងអនុវត្តសេចក្ដីពិត ដ្បិតនៅក្នុងចិត្តរបស់ពួកគេ ពួកគេប្រាកដថា ព្រះគ្រីស្ទគឺជាសេចក្ដីពិត ហើយថាពួកគេគួរតែស្ដាប់ព្រះបន្ទូលរបស់ព្រះជាម្ចាស់ និងជឿលើព្រះជាម្ចាស់ស្របតាមសេចក្ដីតម្រូវរបស់ទ្រង់។ ឧបមាថា មនុស្សម្នាក់មានឆន្ទៈអនុវត្តសេចក្ដីពិតនៅពេលដែលមានរឿងអ្វីមួយកើតឡើងចំពោះពួកគេ ប៉ុន្តែបន្ទាប់មក ពួកគេគិតដល់កេរ្តិ៍ឈ្មោះ និងឋានៈផ្ទាល់ខ្លួន ហើយគិតដល់អំនួតផ្ទាល់ខ្លួន នោះវានឹងពិបាកសម្រាប់ពួកគេក្នុងការអនុវត្តសេចក្ដីពិតហើយ។ នៅក្នុងស្ថានភាពបែបនេះ តាមរយៈការអធិស្ឋាន ការស្វែងរក និងការឆ្លុះបញ្ចាំងពីខ្លួនឯង ព្រមទាំងការស្គាល់ខ្លួនឯង អស់អ្នកដែលស្រឡាញ់សេចក្ដីពិត នឹងអាចលះបង់ផលប្រយោជន៍ផ្ទាល់ខ្លួន និងផលចំណេញផ្ទាល់ខ្លួនបាន ដោយហេតុនេះ ពួកគេសម្រេចបាននូវការអនុវត្តសេចក្ដីពិត និងការចុះចូលនឹងព្រះជាម្ចាស់។ មនុស្សបែបនេះគឺជាអ្នកដែលពិតជាជឿលើព្រះជាម្ចាស់ និងស្រឡាញ់សេចក្ដីពិត។ ហើយតើមានផលវិបាកអ្វីខ្លះ បើមនុស្សតែងតែគិតពីផលប្រយោជន៍ផ្ទាល់ខ្លួន បើពួកគេតែងតែព្យាយាមការពារភាពអំនួត និងភាពចង់បានមុខមាត់ផ្ទាល់ខ្លួន បើពួកគេបញ្ចេញឱ្យឃើញនិស្ស័យពុករលួយ ប៉ុន្តែមិនស្វែងរកសេចក្ដីពិតដើម្បីដោះស្រាយវានោះ? គឺថាពួកគេគ្មានការចូលទៅក្នុងជីវិតឡើយ និងគ្មានទីបន្ទាល់តាមរយៈបទពិសោធពិតប្រាកដ។ ហើយរឿងនេះគ្រោះថ្នាក់ណាស់ មែនទេ? ប្រសិនបើអ្នកមិនដែលអនុវត្តសេចក្ដីពិតសោះ និងគ្មានទីបន្ទាល់តាមរយៈបទពិសោធអ្វីនោះទេ នោះអ្នកនឹងត្រូវបានបើកសម្ដែង និងជម្រុះចោលដោយឯកឯង។ តើមនុស្សដែលគ្មានទីបន្ទាល់តាមរយៈបទពិសោធ មានប្រយោជន៍អ្វីនៅក្នុងដំណាក់របស់ព្រះជាម្ចាស់? ពួកគេមុខជាមិនបំពេញភារកិច្ចណាមួយឱ្យបានល្អឡើយ ហើយមិនដោះស្រាយអ្វីមួយបានត្រឹមត្រូវទេ។ តើពួកគេមិនគ្រាន់តែក្លាយជាឥតប្រយោជន៍ទេឬ?» («ផ្នែកទី៣» នៃសៀវភៅ «ព្រះបន្ទូល» ភាគ៣៖ ការអធិប្បាយរបស់ព្រះគ្រីស្ទនៃគ្រាចុងក្រោយ)។ ខ្ញុំស្ថិតក្នុងសភាពបែបនេះមែន ពោលគឺ ពេលបំពេញភារកិច្ច ខ្ញុំគិតតែពីផលប្រយោជន៍ផ្ទាល់ខ្លួនប៉ុណ្ណោះ។ ពេលខ្ញុំឃើញថា ការបណ្ដុះបណ្ដាលអ្នកដទៃ និងការជួយពួកគេដោះស្រាយបញ្ហាក្នុងការងារ តម្រូវឲ្យមានការគិតគូរល្អិតល្អន់ និងចំណាយពេលច្រើន ខ្ញុំយល់ថា វានឹងពន្យារពេលវឌ្ឍនភាពការងាររបស់ខ្ញុំ ហើយប៉ះពាល់ដល់មុខមាត់ និងឋានៈរបស់ខ្ញុំ ដូច្នេះ ខ្ញុំក្លាយជាមិនចង់លះបង់ដើម្បីជួយអ្នកដទៃ។ ពេលបងប្អូនប្រុសស្រីជួបបញ្ហាក្នុងការងារ ហើយមករកជំនួយពីខ្ញុំ ខ្ញុំមិនចង់រវល់ជាមួយពួកគេទេ ហើយខ្ញុំគ្រាន់តែឆ្លើយបែបឱ្យតែរួចពីមាត់ដើម្បីរុញពួកគេចេញប៉ុណ្ណោះ។ ពេលមានបញ្ហាជាបន្តបន្ទាប់ជាមួយវីដេអូអ្នកផ្សេងដែលខ្ញុំបានកែ ខ្ញុំមិនបានស្វែងរកគោលការណ៍សម្រាប់ដំណោះស្រាយទេ តែផ្ទុយទៅវិញ គ្រាន់តែចង់រុញវីដេអូនោះចេញឲ្យបានលឿនបំផុតតាមដែលអាចធ្វើទៅបាន។ អ្វីដែលខ្ញុំបានបង្ហាញចេញ និងឥរិយាបថរបស់ខ្ញុំ គ្មានអ្វីខុសពីអ្នកមិនជឿឡើយ។ អ្នកមិនជឿគិតតែពីផលប្រយោជន៍ខ្លួនឯងប៉ុណ្ណោះ ហើយនឹងមិនធ្វើអ្វីឡើយ លុះត្រាតែរឿងនោះមានផលប្រយោជន៍សម្រាប់ពួកគេ។ ពួកគេចាប់យកអ្វីៗដែលផ្ដល់ផលដល់ពួកគេ ដោយប្រើវិធីសាស្ត្រហួសហេតុដើម្បីកេងចំណេញ ទោះបីជាមានន័យថា វាត្រូវប៉ះពាល់ផលប្រយោជន៍អ្នកដទៃក៏ដោយ។ តែបើអ្វីមួយមិនផ្ដល់ផលដល់ពួកគេទេ ពួកគេនឹងមិនរវល់ជាមួយវាឡើយ ហើយនឹងរុញវាចេញបើអាចធ្វើបាន។ ពួកគេមិនស្វែងរកអ្វីក្រៅពីផលចំណេញឡើយ។ ទោះបីខ្ញុំជឿលើព្រះជាម្ចាស់ អានបន្ទូលព្រះជាម្ចាស់រាល់ថ្ងៃ និងបំពេញភារកិច្ចក្ដី ក៏ខ្ញុំគ្មានកន្លែងសម្រាប់ព្រះជាម្ចាស់នៅក្នុងដួងចិត្តដែរ។ ពេលមានរឿងកើតឡើងចំពោះខ្ញុំ ខ្ញុំមិនបានស្វែងរកសេចក្តីពិត ឬអនុវត្តសេចក្តីពិតឡើយ ខ្ញុំគិតតែថាតើមុខមាត់ខ្ញុំនឹងត្រូវខូចខាតឬអត់ ហើយថា តើខ្ញុំអាចការពារផលប្រយោជន៍ផ្ទាល់ខ្លួនបានឬអត់ប៉ុណ្ណោះ។ គំនិត និងទង្វើរបស់ខ្ញុំសុទ្ធតែផ្ដោតលើការធ្វើឲ្យផលប្រយោជន៍ផ្ទាល់ខ្លួនបានច្រើនបំផុត ហាក់ដូចជាថាតើការងារពួកជំនុំខាតបង់ឬអត់នោះ គ្មានពាក់ព័ន្ធអ្វីនឹងខ្ញុំសោះ។ ខ្ញុំមិនទាំងស័ក្តិសមនឹងត្រូវបានហៅថាជាសមាជិកនៃដំណាក់របស់ព្រះជាម្ចាស់ផង។ ដោយមានអាកប្បកិរិយាបែបនេះចំពោះភារកិច្ច ទោះបីខ្ញុំបញ្ចប់កិច្ចការទាន់ពេលរាល់ខែក៏ដោយ ក៏មិនអាចទទួលបានការសព្វព្រះទ័យពីព្រះជាម្ចាស់ដែរ។ ខ្ញុំមានតែធ្វើឲ្យព្រះជាម្ចាស់មានព្រះទ័យខ្ពើមរអើម និងស្អប់ប៉ុណ្ណោះ។ ពេលគិតបែបនេះ ខ្ញុំចាប់ផ្ដើមមានអារម្មណ៍ភ័យខ្លាច ដោយដឹងថា ការបន្តបែបនេះនឹងមានគ្រោះថ្នាក់ខ្លាំងណាស់សម្រាប់ខ្ញុំ។

បន្ទាប់មក ខ្ញុំបានអានបន្ទូលព្រះជាម្ចាស់ពីរវគ្គទៀត ដែលធ្វើឲ្យខ្ញុំរំជួលចិត្តយ៉ាងខ្លាំង។ ព្រះជាម្ចាស់មានបន្ទូលថា៖ «តើមានបទដ្ឋានអ្វីដែលប្រើដើម្បីវិនិច្ឆ័យថាតើទង្វើរបស់មនុស្សម្នាក់ល្អឬអាក្រក់នោះ? វាអាស្រ័យលើថាតើនៅក្នុងគំនិត ការបញ្ចេញឱ្យឃើញ និងសកម្មភាពរបស់ពួកគេ មានទីបន្ទាល់អំពីការអនុវត្តសេចក្តីពិត និងការសម្តែងចេញនូវតថភាពនៃសេចក្តីពិតឬក៏អត់។ បើអ្នកមិនមានតថភាពនេះទេ ឬមិនសម្តែងចេញនូវតថភាពនេះទេ នោះគ្មានអ្វីត្រូវសង្ស័យឡើយ អ្នកគឺជាមនុស្សប្រព្រឹត្តអាក្រក់ហើយ។ តើព្រះជាម្ចាស់ព្រះតម្រិះបែបណាចំពោះអ្នកប្រព្រឹត្តអាក្រក់? ចំពោះព្រះជាម្ចាស់ គំនិតនិងទង្វើពីសម្បកក្រៅរបស់អ្នក ពុំធ្វើបន្ទាល់ថ្វាយទ្រង់ឡើយ ហើយក៏មិនធ្វើឱ្យសាតាំងអាម៉ាស់មុខ ឬយកឈ្នះលើសាតាំងដែរ។ ផ្ទុយទៅវិញ ទង្វើនោះនាំភាពអាម៉ាស់ដល់ទ្រង់ និងពេញដោយសញ្ញាដែលអ្នកនាំភាពអាប់ឱនដល់ព្រះអង្គ។ អ្នកមិនមែនធ្វើបន្ទាល់ថ្វាយព្រះជាម្ចាស់ មិនមែនលះបង់ខ្លួនដើម្បីព្រះជាម្ចាស់ឡើយ ហើយអ្នកក៏មិនមែនបំពេញទំនួលខុសត្រូវនិងកាតព្វកិច្ចរបស់អ្នកចំពោះព្រះជាម្ចាស់ដែរ។ ផ្ទុយទៅវិញ អ្នកកំពុងតែធ្វើដើម្បីខ្លួនឯងប៉ុណ្ណោះ។ តើឃ្លាថា 'ដើម្បីខ្លួនឯង' មានន័យដូចម្ដេច? បើនិយាយឱ្យចំទៅ គឺមានន័យថា ដើម្បីសាតាំង។ ដូច្នេះ ចុងក្រោយ ព្រះជាម្ចាស់នឹងមានបន្ទូលថា៖ 'ចូរចេញពីខ្ញុំទៅ អ្នករាល់គ្នាដែលធ្វើកិច្ចការទុច្ចរិតអើយ'។ នៅក្នុងព្រះនេត្ររបស់ព្រះជាម្ចាស់ ទង្វើរបស់អ្នកមិនចាត់ទុកជាអំពើល្អឡើយ តែចាត់ទុកជាអំពើអាក្រក់វិញ។ ទង្វើនេះមិនត្រឹមតែមិនអាចទទួលបានការសព្វព្រះទ័យពីព្រះជាម្ចាស់នោះទេ តែក៏នឹងត្រូវថ្កោលទោសផងដែរ។ ក្នុងការជឿលើព្រះជាម្ចាស់បែបនេះ តើមនុស្សសង្ឃឹមចង់បានអ្វី? ចុងក្រោយ តើជំនឿបែបនេះនឹងមិនបានអ្វីសោះទេឬអី?» («មានតែបោះចោលនូវនិស្ស័យពុករលួយរបស់ខ្លួនចេញទេ ទើបមនុស្សម្នាក់អាចទទួលបានសេរីភាព និងការដោះលែង» នៃសៀវភៅ «ព្រះបន្ទូល» ភាគ៣៖ ការអធិប្បាយរបស់ព្រះគ្រីស្ទនៃគ្រាចុងក្រោយ)។ «ប្រសិនបើអ្នកពុំបំពេញភារកិច្ចរបស់អ្នកឱ្យបានល្អទេ ប៉ុន្តែតែងតែព្យាយាមធ្វើឱ្យខ្លួនឯងលេចធ្លោ ហើយតែងតែព្យាយាមប្រកួតប្រជែងដើម្បីឋានៈ ដើម្បីបានលេចធ្លោ និងចែងចាំង ដោយប្រជែងដើម្បីកេរ្តិ៍ឈ្មោះ និងផលប្រយោជន៍របស់អ្នក នោះខណៈរស់នៅក្នុងសភាពបែបនេះ តើអ្នកមិនមែនគ្រាន់តែជាអ្នកធ្វើការដោយកម្លាំងទេឬអី? អ្នកអាចធ្វើការដោយកម្លាំងបាន ប្រសិនបើអ្នកចង់ ប៉ុន្តែអ្នកអាចនឹងត្រូវបានបើកឱ្យដឹង នៅមុនពេលដែលការធ្វើការដោយកម្លាំងរបស់អ្នកបានចប់។ នៅពេលមនុស្សត្រូវបានបើកឱ្យដឹង នោះថ្ងៃដែលពួកគេត្រូវបានថ្កោលទោស និងជម្រុះចោល ក៏ចូលមកដល់។ តើអាចផ្លាស់ប្តូរលទ្ធផលនោះបានដែរឬទេ? មិនងាយស្រួលនោះទេ។ អាចថាព្រះជាម្ចាស់បានកំណត់ពីលទ្ធផលរបស់ពួកគេរួចជាស្រេចហើយ ដែលក្នុងករណីនេះ ពួកគេកំពុងស្ថិតក្នុងបញ្ហាហើយ។ តាមធម្មតា មនុស្សប្រព្រឹត្តអំពើរំលង បញ្ចេញឱ្យឃើញនិស្ស័យពុករលួយ និងប្រព្រឹត្តកំហុសតូចតាចខ្លះ ឬពួកគេបំពេញបំណងប្រាថ្នាអាត្មានិយមខ្លួនឯង និយាយដោយមានចេតនាលាក់កំបាំង និងប្រើការបោកបំភាន់ ប៉ុន្តែឱ្យតែពួកគេពុំបង្អាក់ ឬរំខានដល់កិច្ចការរបស់ពួកជំនុំ ឬបង្កភាពរញ៉េរញ៉ៃខ្លាំង ឬប្រមាថដល់និស្ស័យរបស់ព្រះជាម្ចាស់ ឬបង្កលទ្ធផលអាក្រក់ជាក់ស្ដែង នោះពួកគេនឹងនៅតែមានឱកាសប្រែចិត្តដដែល។ ប៉ុន្តែ ប្រសិនបើពួកគេប្រព្រឹត្តអំពើអាក្រក់ដ៏ធ្ងន់ធ្ងរមួយចំនួន ឬបង្កគ្រោះមហន្តរាយធំណាមួយ តើពួកគេនៅតែអាចប្រោសលោះខ្លួនឯងបានដែរឬទេ? សម្រាប់បុគ្គលដែលជឿលើព្រះជាម្ចាស់ ហើយបំពេញភារកិច្ចដល់ចំណុចនេះ វាគឺគ្រោះថ្នាក់ខ្លាំងណាស់» («មានតែបោះចោលនូវនិស្ស័យពុករលួយរបស់ខ្លួនចេញទេ ទើបមនុស្សម្នាក់អាចទទួលបានសេរីភាព និងការដោះលែង» នៃសៀវភៅ «ព្រះបន្ទូល» ភាគ៣៖ ការអធិប្បាយរបស់ព្រះគ្រីស្ទនៃគ្រាចុងក្រោយ)។ ក្រោយពីអានបន្ទូលរបស់ព្រះជាម្ចាស់រួច ខ្ញុំទទួលបានការយល់ដឹងកាន់តែច្បាស់អំពីបញ្ហារបស់ខ្ញុំ។ ពីសំបកក្រៅ ខ្ញុំកំពុងបំពេញភារកិច្ច និងលះបង់ ហើយខ្ញុំក៏ចង់ផលិតវីដេអូឲ្យបានច្រើនយ៉ាងឆាប់រហ័សដែរ។ ប៉ុន្តែ ចេតនា និងបំណងរបស់ខ្ញុំ មិនមែនដើម្បីអនុវត្តសេចក្តីពិត និងផ្គាប់ព្រះហឫទ័យព្រះជាម្ចាស់ទេ គឺដើម្បីរក្សាមុខមាត់ និងឋានៈផ្ទាល់ខ្លួន ដើម្បីទទួលបានការកោតសរសើរពីអ្នកដទៃ និងដើម្បីទទួលបានការពេញចិត្តពីអ្នកមើលការខុសត្រូវ។ ហេតុនេះហើយ ចំពោះកិច្ចការដែលអាចធ្វើឲ្យខ្ញុំបានមុខមាត់ និងបង្កើតជាលទ្ធផលដែលអ្នកមើលការខុសត្រូវអាចមើលឃើញ ខ្ញុំបានដាក់ចិត្តដាក់កាយយ៉ាងខ្លាំងទៅលើវា។ ប៉ុន្តែ ពេលដល់កិច្ចការដែលខ្ញុំមិនអាចលេចធ្លោ ទោះបីវាសំខាន់ និងចាំបាច់ចំពោះពួកជំនុំក្ដី ក៏ខ្ញុំមិនចង់ធ្វើដែរ ហើយទោះបីខ្ញុំធ្វើ ក៏ខ្ញុំធ្វើវាបែបឱ្យតែរួចពីដៃដែរ។ ក្នុងការបំពេញភារកិច្ចខ្លួន ខ្ញុំគិតតែថាអ្នកដទៃមើលមកខ្ញុំបែបណា ហើយស្វែងរកតែការផ្គាប់ចិត្តមនុស្ស និងធ្វើដើម្បីបង្ហាញស្នាដៃប្រាប់គេប៉ុណ្ណោះ។ ខ្ញុំមិនខ្វល់ថាតើការងារពួកជំនុំត្រូវបានពន្យារពេលឬអត់ឡើយ។ ខ្ញុំមិនមែនកំពុងបំពេញភារកិច្ចជាភាវៈដែលព្រះបានបង្កើតទេ តែគឺកំពុងធ្វើកិច្ចការផ្ទាល់ខ្លួន។ សារជាតិនៃរបៀបដែលខ្ញុំបំពេញភារកិច្ច តាមពិតគឺជាការប្រព្រឹត្តអំពើអាក្រក់! នៅពេលនេះ ខ្ញុំកាន់តែយល់ច្បាស់ថា មូលហេតុដែលខ្ញុំបានប្រព្រឹត្តកំហុសជាច្រើនក្នុងភារកិច្ចនាពេលថ្មីៗនេះ គឺមកពីអាកប្បកិរិយារបស់ខ្ញុំចំពោះភារកិច្ច គួរឲ្យព្រះជាម្ចាស់មានព្រះទ័យស្អប់ខ្ពើម ហើយព្រះវិញ្ញាណបរិសុទ្ធមិនបានធ្វើការនៅក្នុងខ្ញុំឡើយ ដែលបណ្ដាលឲ្យគំនិតខ្ញុំទៅជាច្របូកច្របល់ ហើយខ្ញុំមើលមិនធ្លុះបញ្ហា។ ខ្ញុំមិនទាំងអាចយល់ទាំងស្រុងនូវយោបល់របស់បងប្អូនប្រុសស្រីផង។ ខ្ញុំប្រព្រឹត្តខ្លួនដូចជាមនុស្សល្ងីល្ងើ ពោលគឺស្ពឹកស្រពន់ និងល្ងង់ខ្លៅ ជាមួយដួងចិត្តងងឹត និងធ្លាក់ចុះ ដោយគ្រាន់តែដើម្បីភាពក្លៀវក្លា និងប្រើកម្លាំងឆន្ទៈដើម្បីបន្តធ្វើការប៉ុណ្ណោះ។ ដោយសារវីដេអូដែលខ្ញុំបានធ្វើ ត្រូវការធ្វើឡើងវិញជាប្រចាំ បងប្អូនប្រុសស្រីត្រូវដាក់កិច្ចការខ្លួនចុះ ហើយចំណាយពេលជាច្រើនដើម្បីជួយខ្ញុំ។ មិនត្រឹមតែខ្ញុំបរាជ័យក្នុងការបំពេញភារកិច្ចប៉ុណ្ណោះទេ តែខ្ញុំថែមទាំងបានខ្ជះខ្ជាយពេលវេលារបស់ពួកគេទៀតផង។ ជាលទ្ធផល ខ្ញុំបានពន្យារវឌ្ឍនភាពការងារដោយមិនដឹងខ្លួន។ លើសពីនេះ ពេលកែវីដេអូដែលបងស្រីបានខិតខំធ្វើ ដោយសារតែភាពគ្មានទំនួលខុសត្រូវរបស់ខ្ញុំ មិនត្រឹមតែខ្ញុំមិនបានកែឲ្យត្រឹមត្រូវប៉ុណ្ណោះទេ តែថែមទាំងបង្កបញ្ហាច្រើនជាងមុនទៅទៀត។ ការងាររបស់ខ្ញុំគឺរឹតតែធ្វើឲ្យខូចការណ៍! ខ្ញុំធ្លាប់គិតថា មានតែពួកទទឹងនឹងព្រះគ្រីស្ទ និងមនុស្សអាក្រក់ទេ ដែលប្រព្រឹត្តអំពើអាក្រក់ ហើយបង្អាក់ និងរំខានការងារពួកជំនុំ ហើយធ្លាប់គិតថា ខ្ញុំនឹងមិនប្រព្រឹត្តដូចពួកគេឡើយ។ ប៉ុន្តែ ឥឡូវនេះ វាបានបង្ហាញថា ទាំងនេះគ្រាន់តែជាសញ្ញាណ និងការស្រមើស្រមៃរបស់ខ្ញុំប៉ុណ្ណោះ។ ពេលខ្ញុំដេញតាមកេរ្តិ៍ឈ្មោះ ឋានៈ និងផលប្រយោជន៍ផ្ទាល់ខ្លួននៅក្នុងភារកិច្ច ខ្ញុំជៀសមិនផុតពីការបង្អាក់ការងារពួកជំនុំ ហើយបញ្ចប់ទៅដោយការធ្វើអំពើអាក្រក់ឡើយ។ មានតែការស្វែងរកសេចក្តីពិត និងការដោះស្រាយនិស្ស័យពុករលួយប៉ុណ្ណោះ ទើបខ្ញុំអាចសម្រេចលទ្ធផលក្នុងភារកិច្ចបាន។ ដូច្នេះ ខ្ញុំបានអធិស្ឋានទៅកាន់ព្រះជាម្ចាស់ ដោយទូលសុំឲ្យទ្រង់ណែនាំខ្ញុំក្នុងការដោះស្រាយនិស្ស័យពុករលួយរបស់ខ្ញុំ។

ក្រោយមក ខ្ញុំបានអានបន្ទូលព្រះជាម្ចាស់មួយវគ្គទៀត ហើយបានរកឃើញផ្លូវដើម្បីអនុវត្ត។ ព្រះជាម្ចាស់មានបន្ទូលថា៖ «អស់អ្នកណាដែលអាចអនុវត្តសេចក្តីពិតបាន អ្នកនោះអាចទទួលយកការពិនិត្យពិច័យពីព្រះជាម្ចាស់នៅក្នុងកិច្ចការដែលពួកគេធ្វើ។ នៅពេលដែលអ្នកទទួលយកការពិនិត្យពិច័យពីព្រះជាម្ចាស់ នោះដួងចិត្តរបស់អ្នកនឹងបានត្រង់ល្អ។ ប្រសិនបើអ្នកគ្រាន់តែធ្វើអ្វីៗដើម្បីឱ្យអ្នកដទៃមើល ហើយតែងតែចង់ទទួលបានការកោតសរសើរ និងការកោតស្ញប់ស្ញែងពីអ្នកដទៃ ប៉ុន្ដែអ្នកមិនទទួលយកការពិនិត្យពិច័យពីព្រះជាម្ចាស់ទេ ដូច្នេះ តើនៅក្នុងចិត្តរបស់អ្នកនៅមានព្រះជាម្ចាស់ទៀតដែរឬទេ? មនុស្សបែបនេះគ្មានចិត្តដែលកោតខ្លាចព្រះជាម្ចាស់ឡើយ។ ចូរកុំតែងតែធ្វើអ្វីៗដើម្បីតែប្រយោជន៍ផ្ទាល់ខ្លួនរបស់អ្នក ហើយកុំគិតតែពីផលប្រយោជន៍ផ្ទាល់ខ្លួនរបស់អ្នកឥតឈប់ឈរ។ ចូរកុំគិតពីផលប្រយោជន៍របស់មនុស្ស ហើយកុំគិតអំពីភាពអំនួត កេរ្តិ៍ឈ្មោះ និងឋានៈផ្ទាល់របស់អ្នក។ អ្នកត្រូវតែគិតពីផលប្រយោជន៍នៃដំណាក់របស់ព្រះជាម្ចាស់ជាមុនសិន ហើយដាក់វាជាអាទិភាពរបស់អ្នក។ អ្នកគួរតែគិតគូរពីព្រះរាជបំណងរបស់ព្រះជាម្ចាស់ ហើយចាប់ផ្ដើមសញ្ជឹងគិតថាតើនៅក្នុងការបំពេញភារកិច្ចរបស់អ្នកកន្លងមក មានភាពមិនបរិសុទ្ធដែរឬអត់ ថាតើអ្នកមានភក្តីភាព បានបំពេញទំនួលខុសត្រូវរបស់អ្នក និងបានដាក់ចិត្តដាក់កាយធ្វើវាឬអត់ ក៏ដូចជាថាតើអ្នកបានគិតពីភារកិច្ចរបស់អ្នក និងកិច្ចការរបស់ពួកជំនុំអស់ពីចិត្តឬអត់។ អ្នកត្រូវតែពិចារណារឿងទាំងអស់នេះ។ ប្រសិនបើអ្នកគិតពីរឿងទាំងនេះឱ្យបានញឹកញាប់ និងគិតឱ្យបានច្បាស់ នោះអ្នកនឹងកាន់តែងាយស្រួលក្នុងការបំពេញភារកិច្ចរបស់អ្នកឱ្យបានល្អមិនខាន» («មានតែបោះចោលនូវនិស្ស័យពុករលួយរបស់ខ្លួនចេញទេ ទើបមនុស្សម្នាក់អាចទទួលបានសេរីភាព និងការដោះលែង» នៃសៀវភៅ «ព្រះបន្ទូល» ភាគ៣៖ ការអធិប្បាយរបស់ព្រះគ្រីស្ទនៃគ្រាចុងក្រោយ)។ តាមរយៈបន្ទូលរបស់ព្រះជាម្ចាស់វគ្គនេះ ខ្ញុំបានដឹងថា វាពិតជាសំខាន់ណាស់ក្នុងការអនុវត្តសេចក្តីពិត និងទទួលយកការទតមើលពីព្រះជាម្ចាស់ ពេលយើងបំពេញភារកិច្ច។ ពេលជួបស្ថានភាពដែលពាក់ព័ន្ធនឹងផលប្រយោជន៍ផ្ទាល់ខ្លួន យើងគួរតែបះបោរប្រឆាំងនឹងគំនិតខ្លួនឯងដោយការដឹងខ្លួន ហើយមិនត្រូវគិតពីមុខមាត់ និងឋានៈផ្ទាល់ខ្លួនឡើយ។ ផ្ទុយទៅវិញ យើងគួរអធិដ្ឋានទៅកាន់ព្រះជាម្ចាស់ ហើយគិតពីរបៀបធ្វើយ៉ាងណាដើម្បីផ្គាប់ព្រះហឫទ័យព្រះជាម្ចាស់ និងផ្ដល់ផលប្រយោជន៍ដល់ការងារពួកជំនុំ។ បន្ទាប់មក យើងគួរស្វែងរកគោលការណ៍នៃសេចក្តីពិត ហើយអនុវត្ត និងចូលទៅក្នុងសេចក្តីពិតទាំងនោះ។ ខ្ញុំចាំថា ពេលខ្ញុំចាប់ផ្ដើមបំពេញភារកិច្ចដំបូង ខ្ញុំមិនអាចចាប់បានគោលការណ៍ឡើយ ប៉ុន្តែតាមរយៈការបំភ្លឺ និងការណែនាំរបស់ព្រះជាម្ចាស់ ព្រមទាំងជំនួយ និងការណែនាំជាក់ស្ដែងរបស់បងប្អូនប្រុសស្រី បន្ដិចម្ដងៗ ខ្ញុំចាប់ផ្ដើមយល់គោលការណ៍ និងជំនាញខ្លះៗទាក់ទងនឹងការធ្វើវីដេអូ។ នេះសុទ្ធតែជាសេចក្ដីស្រឡាញ់របស់ព្រះជាម្ចាស់។ ឥឡូវនេះ បងប្អូនប្រុសស្រីខ្លះទើបតែចាប់ផ្ដើមហ្វឹកហាត់ការបំពេញភារកិច្ច ហើយមិនទាន់ចាប់បានគោលការណ៍នៅឡើយ។ ខ្ញុំគួរតែគិតដល់បំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ ហើយបង្រៀនពួកគេនូវអ្វីគ្រប់យ៉ាងដែលខ្ញុំបានយល់ និងបានចាប់យក។ នេះជាទំនួលខុសត្រូវមូលដ្ឋានដែលខ្ញុំគួរតែបំពេញ។ លើសពីនេះ ពេលពួកគេបានយល់គោលការណ៍ និងចាប់ផ្ដើមទទួលបានលទ្ធផលក្នុងភារកិច្ច ប្រសិទ្ធភាពការងារជារួមរបស់ពួកជំនុំនឹងប្រសើរឡើង ហើយការណ៍នេះមានតម្លៃ និងមានប្រសិទ្ធភាពជាងការដែលគ្រាន់តែធ្វើការងារខ្លួនឯងទៅទៀត។ ការដែលអ្នកមើលការខុសត្រូវចាត់តាំងខ្ញុំឲ្យបណ្ដុះបណ្ដាលបងប្អូនប្រុសស្រីឲ្យរៀនជំនាញឯកទេស ក៏ផ្អែកលើការវាយតម្លៃស្ថានភាពភារកិច្ចរបស់ខ្ញុំដែរ។ ខ្ញុំបានបំពេញភារកិច្ចនេះយូរហើយ ហើយខ្ញុំស៊ាំខ្លះនឹងដំណើរការការងារ និងជំនាញ ដូច្នេះ ក្នុងពេលធ្វើការងារខ្លួនឯងបានល្អ វាមិនមែនជាបញ្ហាទេសម្រាប់ខ្ញុំ ក្នុងការសម្របសម្រួល និងបែងចែកពេលវេលាខ្លះផង ដើម្បីជួយបងប្អូនប្រុសស្រីដោះស្រាយបញ្ហាក្នុងការងារពួកគេ។ លើសពីនេះ ក្នុងអំឡុងពេលសហការរបស់ខ្ញុំ បើខ្ញុំឃើញថា ខ្ញុំពិតជាមិនអាចរ៉ាប់រងការងារបាន ដោយសារសមត្ថភាពការងារ ឬគុណសម្បត្តិមិនគ្រប់គ្រាន់ ដែលនាំឲ្យមានការយឺតយ៉ាវ ឬប៉ះពាល់ដល់ការងារខ្ញុំ ខ្ញុំអាចរាយការណ៍រឿងនេះដោយស្មោះត្រង់ទៅអ្នកមើលការខុសត្រូវ ដើម្បីឲ្យអ្នកមើលការខុសត្រូវធ្វើការកែសម្រួលសមស្រប ផ្អែកតាមតម្រូវការការងារ។ ប៉ុន្តែ ខ្ញុំអាត្មានិយម និងគួរឱ្យស្អប់ខ្ពើមពេក មិនចង់ចំណាយពេលលើការងារអ្នកដទៃ ដូច្នេះ ខ្ញុំតែងតែទាស់ទទឹង មិនចង់សហការឲ្យបានត្រឹមត្រូវ ដែលនាំឲ្យពន្យារពេលការងារ។ ពេលដឹងរឿងទាំងនេះ ខ្ញុំបានកែតម្រូវផ្នត់គំនិតរបស់ខ្ញុំ ហើយពិនិត្យមើលបញ្ហាក្នុងការងាររបស់គ្រប់គ្នាយ៉ាងសកម្ម ហើយពួកយើងស្វែងរកដំណោះស្រាយជាមួយគ្នា ពេលជួបការលំបាក។

ម្ដងនោះ មានបងប្រុសម្នាក់ជួបការលំបាកខ្លះ ពេលគាត់ធ្វើវីដេអូ ហើយបានសុំជំនួយពីខ្ញុំ។ ប៉ុន្តែ ខ្ញុំក៏មានការងារក្នុងដៃដែរ ដូច្នេះ ខ្ញុំចាប់ផ្ដើមមានអារម្មណ៍វិវាទក្នុងចិត្ត ដោយគិតថា «វីដេអូរបស់បងប្រុសនោះបន្ទាន់ ហើយខ្ញុំដឹងថា ខ្ញុំគួរជួយគាត់ធ្វើវាឲ្យចប់សិន តែការផលិតវីដេអូរបស់គាត់ពិតជាស្មុគស្មាញ ហើយនឹងត្រូវការពេល និងកម្លាំងច្រើន។ ទោះបីវីដេអូគាត់ចេញមកល្អខ្លាំងក៏ដោយ ក៏គ្មាននរណាដឹងថាខ្ញុំបានជួយគាត់ដែរ ហើយវានឹងពន្យារពេលការងារខ្ញុំខ្លួនឯងទៀត»។ ពេលនោះ ខ្ញុំដឹងថា ខ្ញុំកំពុងគិតពីផលប្រយោជន៍ផ្ទាល់ខ្លួនទៀតហើយ។ ដូច្នេះ ខ្ញុំបានអធិស្ឋានទៅកាន់ព្រះជាម្ចាស់ ហើយបះបោរប្រឆាំងនឹងខ្លួនឯង។ ដោយសារវីដេអូរបស់បងប្រុសនោះបន្ទាន់ ខ្ញុំត្រូវផ្តល់អាទិភាពលើវា ហើយជួយគាត់ធ្វើវាឲ្យចប់សិន។ ដោយគិតបែបនេះ ខ្ញុំក៏ដាក់ការងារខ្លួនឯងចុះ ហើយជួយបងប្រុសនោះធ្វើវីដេអូរបស់គាត់។ ដោយអនុវត្តតាមរបៀបនេះ ខ្ញុំមានអារម្មណ៍សុខសាន្តក្នុងដួងចិត្ត។ តាមពិតទៅ ក្នុងពេលបណ្ដុះបណ្ដាលអ្នកដទៃ ខ្ញុំក៏ទទួលបានច្រើនដែរ។ ទោះបីខ្ញុំបានបំពេញភារកិច្ចនេះយូរជាងក្ដី ក៏ខ្ញុំនៅតែមានការយល់ដឹងរាក់កំភែលអំពីគោលការណ៍នៃសេចក្តីពិតជាច្រើនដែរ ហើយខ្ញុំតែងតែប្រកាន់ខ្ជាប់នូវបទប្បញ្ញត្តិដោយមិនចេះបត់បែន ហើយពេលអ្នកដទៃជួបបញ្ហាក្នុងការងារ និងរកជំនួយពីខ្ញុំ ខ្ញុំតែងតែមើលមិនធ្លុះបញ្ហា ដើម្បីផ្ដល់ដំណោះស្រាយឡើយ។ ដោយការអធិស្ឋានទៅកាន់ព្រះជាម្ចាស់ និងការប្រកបគ្នា ព្រមទាំងរាវរកបញ្ហាទាំងនេះជាមួយបងប្អូនប្រុសស្រី ខ្ញុំទទួលបានការយល់ដឹងកាន់តែច្បាស់ និងស៊ីជម្រៅអំពីគោលការណ៍ជាក់លាក់មួយចំនួនដោយមិនដឹងខ្លួន ហើយជំនាញរបស់ខ្ញុំក្នុងការធ្វើវីដេអូក៏រីកចម្រើនដែរ។ ពីមុន ខ្ញុំតែងតែធ្វើការទាំងរុញរាពេលបំពេញភារកិច្ច ដោយគ្មានបំណងចង់រីកចម្រើនឡើយ។ ខ្ញុំមិនបានយកចិត្តទុកដាក់គ្រប់គ្រាន់ក្នុងការសង្ខេបពីសេចក្ដីវៀចវេរក្នុងការងារ និងស្វែងរកគោលការណ៍ដើម្បីដោះស្រាយវាឡើយ។ តាមរយៈការចាត់ចែងរបស់អ្នកមើលការខុសត្រូវឲ្យខ្ញុំបណ្ដុះបណ្ដាលជំនាញដល់បងប្អូនប្រុសស្រី ខ្ញុំចាប់ផ្ដើមស្វែងរក និងសញ្ជឹងគិតជាប្រចាំពីរបៀបជួយពួកគេដោះស្រាយបញ្ហា។ ខ្ញុំក៏បង្កើតបាននូវស្មារតីទទួលបន្ទុកក្នុងការបំពេញភារកិច្ចដែរ ដោយលែងមានអាកប្បកិរិយាស្កប់ស្កល់នឹងស្ថានភាពបច្ចុប្បន្ន និងមិនខិតខំកែលម្អទៀតហើយ។ គឺតាមរយៈការបំពេញភារកិច្ចនេះហើយ ដែលខ្ញុំសម្រេចបានការយល់ដឹងទាំងនេះ និងទទួលបានផលខ្លះៗ។ សូមអរព្រះគុណព្រះជាម្ចាស់!

ខាង​ដើម៖ ៤៩. តើការបោះបង់ និងការលះបង់ដើម្បីទទួលបានព្រះពរ ត្រឹមត្រូវដែរឬទេ?

បន្ទាប់៖ ៨៥. ឥឡូវនេះ ខ្ញុំអាចប្រឈមមុខនឹងភាពខ្វះខាតរបស់ខ្ញុំបានត្រឹមត្រូវ

គ្រោះមហន្តរាយផ្សេងៗបានធ្លាក់ចុះ សំឡេងរោទិ៍នៃថ្ងៃចុងក្រោយបានបន្លឺឡើង ហើយទំនាយនៃការយាងមករបស់ព្រះអម្ចាស់ត្រូវបានសម្រេច។ តើអ្នកចង់ស្វាគមន៍ព្រះអម្ចាស់ជាមួយក្រុមគ្រួសាររបស់អ្នក ហើយទទួលបានឱកាសត្រូវបានការពារដោយព្រះទេ?

ខ្លឹមសារ​ពាក់ព័ន្ធ

២០. ការអនុវត្តសេចក្ដីពិត គឺជាគន្លឹះនៃការសម្របសម្រួលដ៏សុខដុម

ដោយ ដុងហ្វឹង (សហរដ្ឋអាមេរិក)នៅខែសីហា ឆ្នាំ ២០១៨ ភារកិច្ចរបស់ខ្ញុំគឺ ត្រូវធ្វើសម្ភារៈសម្ដែងភាពយន្តជាមួយបងវ៉ាង។ ដំបូង ខ្ញុំមានអារម្មណ៍ថា...

ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់ អំពីការស្គាល់ព្រះជាម្ចាស់ ការថ្លែងព្រះបន្ទូលអំពីព្រះគ្រីស្ទនៃគ្រាចុងក្រោយ ទំនួលខុសត្រូវរបស់អ្នកដឹកនាំ និងអ្នកធ្វើការ អំពីការដេញតាមសេចក្តីពិត ការជំនុំជម្រះ ចាប់ផ្ដើមពីដំណាក់របស់ព្រះជាម្ចាស់ ព្រះបន្ទូលដ៏សំខាន់ចេញពីព្រះដ៏មានគ្រប់ព្រះចេស្ដា ជាព្រះគ្រីស្ទនៃគ្រាចុងក្រោយ ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់ គោលការណ៍ណែនាំសម្រាប់ការផ្សាយដំណឹងល្អពីនគរព្រះ ទីបន្ទាល់ទាំងឡាយអំពីបទពិសោធនៅចំពោះទីជំនុំជម្រះរបស់ព្រះគ្រីស្ទ (វគ្គទី១) ទីបន្ទាល់ទាំងឡាយអំពីបទពិសោធនៅចំពោះទីជំនុំជម្រះរបស់ព្រះគ្រីស្ទ (វគ្គទី២) ទីបន្ទាល់ទាំងឡាយអំពីបទពិសោធនៅចំពោះទីជំនុំជម្រះរបស់ព្រះគ្រីស្ទ (វគ្គទី៣) ទីបន្ទាល់ទាំងឡាយអំពីបទពិសោធនៅចំពោះទីជំនុំជម្រះរបស់ព្រះគ្រីស្ទ (វគ្គទី៤) ទីបន្ទាល់ទាំងឡាយអំពីបទពិសោធនៅចំពោះទីជំនុំជម្រះរបស់ព្រះគ្រីស្ទ (វគ្គទី៥) ទីបន្ទាល់ទាំងឡាយអំពីបទពិសោធនៅចំពោះទីជំនុំជម្រះរបស់ព្រះគ្រីស្ទ (វគ្គទី៦) ទីបន្ទាល់ទាំងឡាយអំពីបទពិសោធនៅចំពោះទីជំនុំជម្រះរបស់ព្រះគ្រីស្ទ (វគ្គទី៧) ទីបន្ទាល់ទាំងឡាយអំពីបទពិសោធនៅចំពោះទីជំនុំជម្រះរបស់ព្រះគ្រីស្ទ (វគ្គទី៨) ទីបន្ទាល់ទាំងឡាយអំពីបទពិសោធនៅចំពោះទីជំនុំជម្រះរបស់ព្រះគ្រីស្ទ (វគ្គទី៩)

ការកំណត់

  • អត្ថបទ
  • ប្រធានបទ

ពណ៌​ដិតច្បាស់

ប្រធានបទ

ប្រភេទ​អក្សរ

ទំហំ​អក្សរ

ចម្លោះ​បន្ទាត់

ចម្លោះ​បន្ទាត់

ប្រវែងទទឹង​ទំព័រ

មាតិកា

ស្វែងរក

  • ស្វែង​រក​អត្ថបទ​នេះ
  • ស្វែង​រក​សៀវភៅ​នេះ