៥០. របៀបប្រព្រឹត្តចំពោះគុណចិញ្ចឹមបីបាច់របស់ឪពុកម្ដាយ
ខ្ញុំបានកើតនៅក្នុងគ្រួសារជនបទមួយ ហើយឪពុកម្ដាយរបស់ខ្ញុំប្រកបរបរចិញ្ចឹមជីវិតដោយការធ្វើស្រែចម្ការ។ តាំងពីខ្ញុំដឹងក្ដីមក សុខភាពរបស់ឪពុកម្ដាយខ្ញុំតែងតែខ្សោយ ជាពិសេសគឺឪពុករបស់ខ្ញុំតែម្ដង គាត់មានបញ្ហាជើងទាំងពីរ ដែលធ្វើឲ្យគាត់ពិបាកដើរ នៅពេលដែលអាការរោគរបស់គាត់ធ្វើទុក្ខខ្លាំង។ ទោះជាយ៉ាងណាក៏ដោយ ដើម្បីជីវភាពគ្រួសារ ឪពុករបស់ខ្ញុំតែងតែធ្វើការទាំងឈឺ។ នៅពេលនោះ ឪពុកម្ដាយរបស់ខ្ញុំតែងតែដាស់តឿនបងស្រីខ្ញុំ និងរូបខ្ញុំថា «ពេលកូនធំឡើង កូនត្រូវតែចេះកតញ្ញូ! ម៉ែឪមិនទាមទារអ្វីច្រើនទេ គ្រាន់តែសុំឲ្យកូនប្រព្រឹត្តចំពោះពួកយើង ដូចដែលពួកយើងបានប្រព្រឹត្តចំពោះជីដូនជីតារបស់កូនបានហើយ។ បើកូនអាចធ្វើបែបនេះបាននៅពេលកូនធំឡើង នោះម៉ែឪនឹងសប្បាយចិត្តហើយ»។ នៅពេលនោះ ខ្ញុំនៅក្មេង ហើយមិនយល់ថាអ្វីជាការគោរពមាតាបិតាឡើយ ប៉ុន្តែនៅពេលខ្ញុំកាន់តែធំដឹងក្ដី គំនិតដូចជាការគោរពមាតាបិតា និងការចិញ្ចឹមកូនដើម្បីឲ្យមើលថែខ្លួននៅពេលចាស់ទៅ បានដក់ជាប់ក្នុងចិត្តរបស់ខ្ញុំបន្ដិចម្ដងៗ។ ដោយឃើញឪពុកម្ដាយរងទុក្ខយ៉ាងខ្លាំងដើម្បីគ្រួសារ ខ្ញុំសង្ឃឹមថា នៅពេលខ្ញុំធំឡើង ខ្ញុំនឹងអាចរកលុយសងគុណពួកគាត់ ហើយផ្ដល់ឲ្យពួកគាត់នូវជីវិតរស់នៅដ៏ល្អមួយ។ ក្រោយមក ពេលដែលខ្ញុំចាប់ផ្ដើមធ្វើការ និងរកលុយបាន ខ្ញុំបានទិញសម្លៀកបំពាក់ជូនឪពុកម្ដាយ និងថែមទាំងទិញឧបករណ៍ព្យាបាលជំងឺជូនពួកគាត់ទៀតផង។
នៅក្នុងឆ្នាំ ២០០៩ គ្រួសារទាំងមូលរបស់ខ្ញុំបានទទួលយកកិច្ចការរបស់ព្រះជាម្ចាស់នៅគ្រាចុងក្រោយ ហើយមិនយូរប៉ុន្មាន ខ្ញុំក៏បានចាប់ផ្ដើមបំពេញភារកិច្ចនៅក្នុងពួកជំនុំ។ ម្ដងនោះ ពេលដែលឪពុកម្ដាយរបស់ខ្ញុំទៅចូលរួមការជួបជុំ ពួកគាត់ត្រូវបានបក្សកុម្មុយនីស្ដចិនចាប់ខ្លួន ហើយនៅអំឡុងពេលសួរចម្លើយ ប៉ូលិសបានបន្តសួរដេញដោលឪពុកខ្ញុំអំពីកន្លែងលាក់ខ្លួនរបស់ខ្ញុំ។ ដើម្បីចៀសវាងកុំឲ្យបក្សកុម្មុយនីស្ដចិនចាប់ខ្លួន និងធ្វើទុក្ខបុកម្នេញ ខ្ញុំត្រូវបង្ខំចិត្តចាកចេញពីផ្ទះ ហើយទៅកន្លែងផ្សេងដើម្បីបំពេញភារកិច្ច។ ក្នុងរយៈពេលប៉ុន្មានឆ្នាំដំបូង ខ្ញុំមិនសូវបារម្ភពីឪពុកម្ដាយខ្ញុំប៉ុន្មានទេ ព្រោះពួកគាត់ជឿលើព្រះជាម្ចាស់ ហើយបានខិតខំអស់ពីលទ្ធភាពដើម្បីបំពេញភារកិច្ចរបស់ខ្លួន ដែលធ្វើឲ្យខ្ញុំមានអារម្មណ៍ស្ងប់ចិត្ត។ ឆ្នាំ ២០១៧ គឺជាឆ្នាំដ៏មិនធម្មតាមួយសម្រាប់ខ្ញុំ។ នៅក្នុងការប្រជុំអ្នករួមការងារមួយ ខ្ញុំបានដំណឹងពីបងស្រីម្នាក់ថា ជំងឺចាស់របស់ឪពុកខ្ញុំបានរើឡើងវិញ ហើយគាត់បានក្លាយជាខ្វិន សម្រាកតែនៅលើគ្រែ និងមិនអាចនិយាយបាន។ ពេលឮដំណឹងភ្លាមៗបែបនេះ ខ្ញុំពិតជាពិបាកទទួលយកណាស់។ ខ្ញុំបានគិតថា «តើគាត់មិនមែនសុខសប្បាយជាទេឬ ពេលខ្ញុំចាកចេញមកនោះ? ម្ដេចបានជារឿងនេះកើតឡើងទៅវិញ? ពេលដែលពុកពិការបែបនេះ តើម៉ែអាចដោះស្រាយបញ្ហាគ្រប់យ៉ាងតែម្នាក់ឯងបានដែរឬទេ?» ខ្ញុំគ្រាន់តែប្រាថ្នាថា ខ្ញុំអាចត្រឡប់ទៅមើលឪពុកដែលពិការរបស់ខ្ញុំវិញភ្លាមៗ ដើម្បីមើលថែគាត់។ ប៉ុន្តែដោយសារតែការគំរាមកំហែងនៃការចាប់ខ្លួន និងការធ្វើទុក្ខបុកម្នេញរបស់បក្សកុម្មុយនីស្ដចិន ខ្ញុំនៅតែមិនអាចត្រឡប់ទៅវិញបាន។ ខ្ញុំមានអារម្មណ៍ពិបាកចិត្តខ្លាំងណាស់ ដូច្នេះ ខ្ញុំក៏ចូលមកចំពោះព្រះជាម្ចាស់ ហើយអធិស្ឋានថា «ឱព្រះជាម្ចាស់អើយ! ដោយដឹងថាឪពុករបស់ទូលបង្គំពិការ ទូលបង្គំមានអារម្មណ៍ទន់ខ្សោយណាស់ សូមទ្រង់ប្រទានជំនឿ និងកម្លាំងដល់ទូលបង្គំ ដើម្បីប្រឈមមុខនឹងរឿងទាំងអស់នេះផង។ ដោយសារតែការគំរាមកំហែងនៃការចាប់ខ្លួនរបស់បក្សកុម្មុយនីស្ដចិន ទូលបង្គំមិនអាចត្រឡប់ទៅវិញបានទេ ប៉ុន្តែទូលបង្គំស្ម័គ្រចិត្តផ្ញើទុកអ្វីៗគ្រប់យ៉ាងនៅឯផ្ទះ នៅក្នុងព្រះហស្ដរបស់ទ្រង់។ សូមទ្រង់ការពារដួងចិត្តរបស់ទូលបង្គំ ដើម្បីឲ្យទូលបង្គំអាចឈរយ៉ាងរឹងមាំនៅក្នុងស្ថានភាពនេះផង»។ ក្រោយពេលអធិស្ឋានរួច ខ្ញុំមានអារម្មណ៍ស្ងប់ចិត្តជាងមុនច្រើន។ នៅពេលខ្ញុំទម្រេតខ្លួនដេកនៅពេលយប់ ក្នុងចិត្តខ្ញុំពោរពេញដោយរូបភាពដែលឪពុកខ្ញុំពិការ ដេកនៅលើគ្រែ មិនអាចកម្រើកបាន។ ខ្ញុំនឹកឃើញដល់ឆ្នាំដែលខ្ញុំត្រឡប់ទៅផ្ទះវិញសម្រាប់វិស្សមកាលរដូវរងា កាលពីខ្ញុំរៀននៅអនុវិទ្យាល័យ។ នៅថ្ងៃមួយដែលមានធ្លាក់ព្រិល ខ្ញុំកំពុងដើរទៅផ្ទះវិញដោយមានកាបូបរបស់ខ្ញុំ និងមិត្តរួមថ្នាក់ពីរបីនាក់។ ពួកយើងបានដើរអស់រយៈពេលជាច្រើនម៉ោងនៅលើផ្លូវភ្នំ។ ពួកយើងនៅសល់តែពីរបីគីឡូដីទៀតប៉ុណ្ណោះនឹងដល់ផ្ទះ ប៉ុន្តែខ្ញុំត្រជាក់ និងឃ្លានខ្លាំងណាស់ រហូតដល់ខ្ញុំមិនអាចដើរបានទៀតទេ ហើយបានយឺតនៅពីក្រោយគេ។ មិត្តរួមថ្នាក់ដែលនៅភូមិជាមួយគ្នា បានទៅដល់ផ្ទះខ្ញុំមុន និងប្រាប់ឪពុកម្ដាយខ្ញុំ ហើយពេលដែលពុកខ្ញុំមកទទួលខ្ញុំ គាត់បានលើកខ្ញុំ ហើយអៀវខ្ញុំត្រឡប់ទៅផ្ទះវិញ។ ខ្ញុំពិតជាមិនអាចទប់ទឹកភ្នែកបានទេ នៅពេលដែលខ្ញុំនឹកឃើញរឿងនេះ។ ឥឡូវនេះ ឪពុកខ្ញុំមិនអាចមើលថែខ្លួនឯងបានទេ ហើយកំពុងស្ថិតនៅមាត់ទ្វារនៃសេចក្ដីស្លាប់។ ប្រសិនបើថ្ងៃណាមួយ ពុកខ្ញុំស្លាប់មែននោះ តើម៉ែខ្ញុំនឹងចាត់ចែងពិធីបុណ្យសពរបស់គាត់តែម្នាក់ឯងដោយរបៀបណា? សាច់ញាតិ និងអ្នកជិតខាងរបស់យើងនឹងសើចចំអកឲ្យយើង ហើយពួកគេច្បាស់ជាហៅខ្ញុំថាជាកូនអកតញ្ញូ ដោយសារតែមិនត្រឡប់ទៅមើលឪពុកដែលពិការមិនខាន។ វានឹងក្លាយជាការមាក់ងាយមួយដែលខ្ញុំត្រូវរែកពន់ជារៀងរហូត។ ពេលគិតដល់រឿងទាំងនេះ ខ្ញុំពិតជាចង់ប្រថុយត្រឡប់ទៅវិញ ដើម្បីមើលថែឪពុកខ្ញុំណាស់។ ប៉ុន្តែខ្ញុំខ្លាចត្រូវគេចាប់ខ្លួនបើខ្ញុំត្រឡប់ទៅវិញ ហើយខ្លាចថា មិនត្រឹមតែមិនអាចមើលថែឪពុកបានទេ តែថែមទាំងក្លាយជាបន្ទុកដល់ម៉ែទៀតផង។ ដូច្នេះ ខ្ញុំក៏បោះបង់គំនិតនេះចោលទៅ។ ក្រោយមក ខ្ញុំបានសរសេរសំបុត្រទៅផ្ទះ ដើម្បីសួរនាំពីសុខទុក្ខ។ ពីរបីខែក្រោយមក ខ្ញុំបានទទួលសំបុត្រមួយច្បាប់ពីម៉ែ ដោយប្រាប់ថា ឪពុករបស់ខ្ញុំបានចែកឋានអស់រយៈពេលកន្លះឆ្នាំមកហើយ។ ពេលឮដំណឹងនេះ គឺពិតជាឈឺចាប់ និងពិបាកចិត្តខ្លាំងណាស់ ហើយខ្ញុំបានគិតថា «ពុកខំប្រឹងបង្ហូរញើសឈាមដើម្បីចិញ្ចឹមខ្ញុំ តែពេលគាត់ចាស់ទៅ ហើយពិការ ខ្ញុំមិនបានបំពេញភារកិច្ចកតញ្ញូសោះ។ ខ្ញុំថែមទាំងមិនបានឃើញមុខគាត់ជាលើកចុងក្រោយផង។ គេនិយាយថា ចិញ្ចឹមកូនដើម្បីមើលថែខ្លួននៅពេលចាស់ទៅ តែខ្ញុំមិនបានបំពេញទំនួលខុសត្រូវរបស់ខ្ញុំជាកូនសោះ។ ខ្ញុំពិតជាកូនអកតញ្ញូមែន!» ខ្ញុំគិតដល់ពេលដែលពុកខ្ញុំដេកតែនៅលើគ្រែ ហើយមិនអាចមើលថែខ្លួនឯងបានអស់ជាច្រើនឆ្នាំ និងគិតដល់ពេលដែលម៉ែត្រូវមើលថែគាត់រាល់ថ្ងៃ ព្រមទាំងធ្វើស្រែចម្ការ និងធ្វើកិច្ចការផ្ទះផង។ គាត់រងទុក្ខខ្លាំងណាស់។ ឥឡូវនេះ ម៉ែនៅម្នាក់ឯង ហើយខ្ញុំមិនអាចបណ្ដោយឲ្យគាត់រងទុក្ខទៀតទេ។ ប៉ុន្តែខ្ញុំមិនអាចត្រឡប់ទៅមើលថែគាត់បានឡើយ។ ចិត្តរបស់ខ្ញុំពោរពេញដោយភាពប្រឆាំងគ្នា និងការឈឺចាប់ ហើយខ្ញុំថែមទាំងមិនអាចផ្ដោតអារម្មណ៍លើភារកិច្ចរបស់ខ្ញុំបានទៀតផង។
ក្រោយមក ខ្ញុំបានអានព្រះបន្ទូលរបស់ព្រះជាម្ចាស់៖ «តើការបង្ហាញសេចក្ដីកតញ្ញូចំពោះឪពុកម្ដាយរបស់ខ្លួន គឺជាសេចក្ដីពិតឬទេ? (អត់ទេ មិនមែនសេចក្ដីពិតទេ។) ការកតញ្ញូចំពោះឪពុកម្ដាយរបស់ខ្លួន ជារឿងត្រឹមត្រូវ និងជាអ្វីៗដែលវិជ្ជមាន ប៉ុន្តែហេតុអ្វីបានជាយើងនិយាយថា វាមិនមែនជាសេចក្ដីពិតទៅវិញ? (ពីព្រោះមនុស្សមិនបានបង្ហាញសេចក្ដីកតញ្ញូចំពោះឪពុកម្ដាយរបស់ពួកគេដោយមានគោលការណ៍ឡើយ ហើយពួកគេមិនអាចញែកដឹងថា តើឪពុកម្ដាយរបស់ពួកគេមនុស្សប្រភេទណាឱ្យប្រាកដនោះទេ។) របៀបដែលមនុស្សម្នាក់គួរប្រព្រឹត្តចំពោះឪពុកម្ដាយរបស់ខ្លួន គឺទាក់ទងនឹងសេចក្ដីពិត។ ប្រសិនបើឪពុកម្ដាយរបស់អ្នកជឿលើព្រះជាម្ចាស់ ហើយប្រព្រឹត្តល្អចំពោះអ្នក តើអ្នកគួរមានសេចក្ដីកតញ្ញូចំពោះពួកគាត់ដែរឬទេ? (គួរតែមាន។) តើអ្នកត្រូវកតញ្ញូយ៉ាងដូចម្ដេច? អ្នកប្រព្រឹត្តចំពោះពួកគាត់ខុសពីបងប្អូនប្រុសស្រីរួមជំនឿ។ អ្នកធ្វើតាមគ្រប់យ៉ាងដែលពួកគាត់និយាយ ហើយប្រសិនបើពួកគាត់ចាស់ជរា អ្នកមានអារម្មណ៍ថា អ្នកត្រូវតែនៅក្បែរពួកគាត់ដើម្បីមើលថែពួកគាត់ ហើយថាអ្នកមិនអាចចាកចេញពីផ្ទះដើម្បីទៅបំពេញភារកិច្ចរបស់ខ្លួនបានឡើយ។ តើការធ្វើបែបនេះត្រឹមត្រូវដែរឬទេ? (អត់ទេ មិនត្រឹមត្រូវទេ។) តើអ្នកគួរធ្វើដូចម្ដេចនៅពេលបែបនេះ? រឿងនេះអាស្រ័យលើកាលៈទេសៈ។ ប្រសិនបើអ្នកបំពេញភារកិច្ចរបស់ខ្លួននៅជិតផ្ទះ និងនៅតែអាចមើលថែពួកគាត់បាន ហើយឪពុកម្ដាយរបស់អ្នកមិនជំទាស់នឹងសេចក្ដីជំនឿរបស់អ្នកលើព្រះជាម្ចាស់ទេ នោះអ្នកគួរបំពេញការទទួលខុសត្រូវរបស់ខ្លួនក្នុងនាមជាកូនប្រុស ឬកូនស្រី ហើយជួយធ្វើការងារខ្លះៗដល់ឪពុកម្ដាយរបស់អ្នក។ ប្រសិនបើពួកគាត់មានជំងឺ ចូរមើលថែពួកគាត់ចុះ។ ប្រសិនបើមានរឿងអ្វីរំខានចិត្តពួកគាត់ ចូរលួងលោមពួកគាត់។ ប្រសិនបើស្ថានភាពហិរញ្ញវត្ថុរបស់អ្នកអំណោយផល ចូរទិញអាហារបំប៉នដែលស័ក្ដិសមនឹងថវិការបស់អ្នកជូនដល់ពួកគាត់ចុះ។ ក៏ប៉ុន្តែ តើអ្នកគួរជ្រើសរើសធ្វើបែបណា ប្រសិនបើអ្នករវល់នឹងភារកិច្ចរបស់ខ្លួន ហើយគ្មាននរណាម្នាក់មើលថែឪពុកម្ដាយរបស់អ្នក ស្របពេលដែលពួកគាត់ក៏ជឿលើព្រះជាម្ចាស់ដែរនោះ? តើសេចក្ដីពិតអ្វីដែលអ្នកគួរអនុវត្ត? ដោយសារការកតញ្ញូចំពោះឪពុកម្ដាយមិនមែនជាសេចក្ដីពិត តែគ្រាន់តែជាការទទួលខុសត្រូវ និងកាតព្វកិច្ចរបស់មនុស្សប៉ុណ្ណោះ ចុះតើអ្នកគួរធ្វើដូចម្ដេច ប្រសិនបើកាតព្វកិច្ចរបស់អ្នកប៉ះទង្គិចជាមួយភារកិច្ចរបស់អ្នកនោះ? (ត្រូវផ្តល់អាទិភាពដល់ភារកិច្ចរបស់យើង គឺដាក់ភារកិច្ចជាចម្បង។) កាតព្វកិច្ច មិនមែនសុទ្ធតែជាភារកិច្ចរបស់មនុស្សម្នាក់ឡើយ។ ការជ្រើសរើសបំពេញភារកិច្ចរបស់ខ្លួនគឺជាការអនុវត្តសេចក្ដីពិត ចំណែកឯការបំពេញកាតព្វកិច្ច មិនមែនជាការអនុវត្តសេចក្ដីពិតទេ។ ប្រសិនបើអ្នកមានមធ្យោបាយ អ្នកអាចបំពេញការទទួលខុសត្រូវ ឬកាតព្វកិច្ចនេះបាន ប៉ុន្តែប្រសិនបើកាលៈទេសៈបច្ចុប្បន្នមិនអនុញ្ញាតទេ តើអ្នកគួរធ្វើដូចម្ដេច? អ្នកគួរតែនិយាយថា៖ 'ខ្ញុំត្រូវតែបំពេញភារកិច្ចរបស់ខ្ញុំ នោះទើបជាការអនុវត្តសេចក្ដីពិត។ ការកតញ្ញូចំពោះឪពុកម្ដាយរបស់ខ្ញុំ គឺជាការរស់នៅតាមមនសិការរបស់ខ្ញុំ ហើយវាមិនដល់កម្រិតនៃការអនុវត្តសេចក្ដីពិតឡើយ'។ ដូច្នេះ អ្នកគួរតែផ្ដល់អាទិភាពដល់ភារកិច្ចរបស់អ្នក ហើយប្រកាន់ខ្ជាប់វា។ ប្រសិនបើនៅពេលនេះអ្នកគ្មានភារកិច្ចទេ ហើយមិនធ្វើការឆ្ងាយពីផ្ទះ ព្រមទាំងរស់នៅជិតឪពុកម្ដាយរបស់អ្នក នោះចូររកវិធីមើលថែពួកគាត់ចុះ។ ចូរខិតខំឱ្យអស់ពីសមត្ថភាពរបស់អ្នកដើម្បីជួយធ្វើឱ្យជីវិតរបស់ពួកគាត់បានប្រសើរជាងមុនបន្តិច និងជួយសម្រាលទុក្ខលំបាកខ្លះៗរបស់ពួកគាត់។ ប៉ុន្តែ រឿងនេះនៅតែអាស្រ័យលើថា តើឪពុកម្ដាយរបស់អ្នកជាមនុស្សប្រភេទណា។ ប្រសិនបើឪពុកម្ដាយរបស់អ្នកមានភាពជាមនុស្សអន់ខ្សោយ ប្រសិនបើពួកគាត់តែងតែរារាំងអ្នកមិនឱ្យជឿលើព្រះជាម្ចាស់ និងមិនឱ្យបំពេញភារកិច្ចរបស់អ្នក ហើយប្រសិនបើពួកគាត់ថែមទាំងស្អប់អ្នក និងជេរប្រមាថអ្នកដោយសារតែអ្នកជឿលើព្រះជាម្ចាស់ទៀតនោះ តើអ្នកគួរធ្វើដូចម្ដេច? តើសេចក្ដីពិតអ្វីដែលអ្នកគួរអនុវត្ត? (ការកាត់កាល់។) នៅពេលនេះ អ្នកត្រូវតែកាត់កាល់ពួកគាត់ចោល។ អ្នកលែងមានកាតព្វកិច្ចណាមួយក្នុងការបង្ហាញសេចក្ដីកតញ្ញូចំពោះពួកគាត់ទៀតហើយ។ ប្រសិនបើពួកគេជឿលើព្រះជាម្ចាស់ នោះពួកគាត់គឺជាគ្រួសារ ជាឪពុកម្ដាយរបស់អ្នក។ ប្រសិនបើពួកគាត់មិនជឿលើព្រះជាម្ចាស់ ហើយថែមទាំងទាស់ទទឹងនឹងព្រះជាម្ចាស់ទៀតនោះ មានន័យថា អ្នករាល់គ្នាកំពុងដើរលើផ្លូវផ្សេងគ្នាហើយ។ ពួកគាត់ជឿលើសាតាំង និងថ្វាយបង្គំស្ដេចអារក្ស ហើយពួកគាត់ដើរតាមផ្លូវរបស់សាតាំង។ ពួកគាត់ដើរលើផ្លូវផ្សេងពីអ្នក។ អ្នករាល់គ្នាលែងជាគ្រួសារនឹងគ្នាទៀតហើយ។ ពួកគាត់ចាត់ទុកអ្នកជឿលើព្រះជាម្ចាស់ថាជាសត្រូវ និងជាបច្ចាមិត្តរបស់ខ្លួន ដូច្នេះ អ្នកលែងមានកាតព្វកិច្ចមើលថែពួកគាត់ទៀតហើយ ហើយត្រូវតែកាត់ផ្ដាច់ពីពួកគាត់ឱ្យបានទាំងស្រុង។ តើមួយណាជាសេចក្ដីពិត៖ ការកតញ្ញូចំពោះឪពុកម្ដាយរបស់ខ្លួន ឬក៏ការបំពេញភារកិច្ចរបស់ខ្លួន? ជាការពិតណាស់ ការបំពេញភារកិច្ចរបស់ខ្លួនគឺជាសេចក្ដីពិត។ ការបំពេញភារកិច្ចរបស់ខ្លួននៅក្នុងដំណាក់របស់ព្រះជាម្ចាស់ មិនមែនជារឿងសាមញ្ញ ដូចគ្រាន់តែបំពេញកាតព្វកិច្ចរបស់ខ្លួនបន្តិចបន្តួច និងធ្វើអ្វីដែលខ្លួនគួរធ្វើបន្តិចបន្តួចនោះទេ។ វាគឺជាការបំពេញភារកិច្ចរបស់ភាវៈដែលព្រះបានបង្កើត។ នេះហើយគឺជាការផ្ទុកផ្ដាក់របស់ព្រះជាម្ចាស់ វាគឺជាកាតព្វកិច្ចរបស់អ្នក និងជាការទទួលខុសត្រូវរបស់អ្នក។ នេះគឺជាការទទួលខុសត្រូវដ៏ពិតប្រាកដ ដែលជាការបំពេញការទទួលខុសត្រូវ និងកាតព្វកិច្ចរបស់អ្នកនៅចំពោះព្រះអាទិករ។ នេះគឺជាសេចក្ដីតម្រូវរបស់ព្រះអាទិករចំពោះមនុស្ស ហើយវាជារឿងដ៏ធំនៃជីវិត។ ប៉ុន្តែ ការបង្ហាញសេចក្ដីកតញ្ញូចំពោះឪពុកម្ដាយ គឺគ្រាន់តែជាការទទួលខុសត្រូវ និងកាតព្វកិច្ចរបស់កូនប្រុស ឬកូនស្រីប៉ុណ្ណោះ។ វាច្បាស់ណាស់ថា មិនមែនជាអ្វីដែលព្រះជាម្ចាស់ផ្ទុកផ្ដាក់ឡើយ ហើយវារឹតតែមិនស្របតាមសេចក្ដីតម្រូវរបស់ព្រះជាម្ចាស់ទៅទៀត។ ហេតុដូច្នេះហើយ រវាងការបង្ហាញសេចក្ដីកតញ្ញូចំពោះឪពុកម្ដាយរបស់ខ្លួន និងការបំពេញភារកិច្ចរបស់ខ្លួន គឺគ្មានអ្វីគួរឱ្យសង្ស័យឡើយថា ការបំពេញភារកិច្ចរបស់ខ្លួនទើបជាការអនុវត្តសេចក្ដីពិត ហើយមានតែរឿងមួយនេះប៉ុណ្ណោះ។ ការបំពេញភារកិច្ចរបស់ខ្លួនក្នុងនាមជាភាវៈដែលព្រះបានបង្កើតគឺជាសេចក្ដីពិត ហើយវាគឺជាភារកិច្ចដែលត្រូវតែបំពេញ។ ការបង្ហាញសេចក្ដីកតញ្ញូចំពោះឪពុកម្ដាយរបស់ខ្លួន គ្រាន់តែជាការបង្ហាញសេចក្ដីកតញ្ញូចំពោះមនុស្សប៉ុណ្ណោះ។ វាមិនមានន័យថា បុគ្គលនោះកំពុងបំពេញភារកិច្ចរបស់ខ្លួនឡើយ ហើយវាក៏មិនមានន័យថា ពួកគេកំពុងអនុវត្តសេចក្ដីពិតដែរ» («តើអ្វីទៅជាតថភាពនៃសេចក្ដីពិត?» នៃសៀវភៅ «ព្រះបន្ទូល» ភាគ៣៖ ការអធិប្បាយរបស់ព្រះគ្រីស្ទនៃគ្រាចុងក្រោយ)។ «មិនថាអ្នកគិតយ៉ាងណា អ្នកមានផែនការអ្វី ឬអ្នកធ្វើអ្វីនោះទេ រឿងទាំងនោះមិនសំខាន់ឡើយ។ អ្វីដែលសំខាន់គឺថា តើអ្នកអាចយល់ ព្រមទាំងជឿយ៉ាងពិតប្រាកដថា ភាវៈដែលព្រះបានបង្កើតទាំងអស់ សុទ្ធតែស្ថិតនៅក្នុងព្រះហស្តរបស់ព្រះជាម្ចាស់ដែរឬទេ។ ឪពុកម្ដាយមួយចំនួនមានព្រះពរ និងមានវាសនាអាចទទួលបានសុភមង្គលក្នុងគ្រួសារ និងមានផ្ទះដែលពោរពេញទៅដោយកូនចៅ។ នេះគឺជាអធិបតេយ្យភាពរបស់ព្រះជាម្ចាស់ ហើយជាព្រះពរដែលព្រះជាម្ចាស់ប្រទានដល់ពួកគេ។ ឪពុកម្ដាយខ្លះមិនមានវាសនាបែបនេះទេ ព្រះជាម្ចាស់មិនបានរៀបចំរឿងនេះសម្រាប់ពួកគេឡើយ។ ពួកគេមិនត្រូវបានប្រទានពរឱ្យរីករាយនឹងគ្រួសារដ៏មានសុភមង្គល ឬមានកូនៗនៅជុំវិញខ្លួនឡើយ។ នេះគឺជាការចាត់ចែងរបស់ព្រះជាម្ចាស់ ហើយមនុស្សមិនអាចបង្ខំរឿងនេះបានទេ។ ទោះជាយ៉ាងណាក៏ដោយ ទីបំផុតនៅពេលនិយាយដល់សេចក្ដីកតញ្ញូ យ៉ាងហោចណាស់មនុស្សត្រូវតែមានផ្នត់គំនិតនៃការចុះចូល។ ប្រសិនបើកាលៈទេសៈអនុញ្ញាត ហើយអ្នកមានលទ្ធភាពធ្វើដូច្នេះ នោះអ្នកអាចបង្ហាញសេចក្ដីកតញ្ញូចំពោះឪពុកម្ដាយរបស់អ្នកបាន។ ប្រសិនបើកាលៈទេសៈមិនអនុញ្ញាត ហើយអ្នកខ្វះលទ្ធភាព នោះកុំព្យាយាមបង្ខំវាអី។ នេះហើយគឺជាការចុះចូល។ តើការចុះចូលនេះកើតឡើងដោយរបៀបណា? តើអ្វីជាមូលដ្ឋានសម្រាប់ការចុះចូល? វាផ្អែកលើការពិតដែលថារឿងទាំងអស់នេះត្រូវបានរៀបចំដោយព្រះជាម្ចាស់ និងស្ថិតក្រោមអធិបតេយ្យភាពរបស់ព្រះជាម្ចាស់។ រឿងទាំងនេះមិនអាស្រ័យលើមនុស្សជាអ្នកជ្រើសរើសនោះទេ ហើយមនុស្សក៏គ្មានសិទ្ធិជ្រើសរើសដែរ ពួកគេគួរតែចុះចូល» («តើអ្វីទៅជាតថភាពនៃសេចក្ដីពិត?» នៃសៀវភៅ «ព្រះបន្ទូល» ភាគ៣៖ ការអធិប្បាយរបស់ព្រះគ្រីស្ទនៃគ្រាចុងក្រោយ)។ ក្រោយពេលអានព្រះបន្ទូលរបស់ព្រះជាម្ចាស់រួច ខ្ញុំយល់ថា ការគោរពមាតាបិតាគ្រាន់តែជាទំនួលខុសត្រូវ និងកាតព្វកិច្ចរបស់មនុស្សប៉ុណ្ណោះ ហើយវាជារឿងវិជ្ជមាន ប៉ុន្តែវាមិនមែនជាសេចក្ដីពិតទេ។ ការបំពេញភារកិច្ចរបស់ភាវៈដែលព្រះបានបង្កើតទើបជាសេចក្ដីពិត ហើយនេះគឺជាអ្វីដែលព្រះជាម្ចាស់តម្រូវពីមនុស្ស។ នេះទើបស្របតាមការសព្វព្រះទ័យរបស់ព្រះជាម្ចាស់។ នៅពេលដែលការគោរពមាតាបិតាប៉ះទង្គិចនឹងភារកិច្ចរបស់អ្នក អ្នកត្រូវអនុវត្តទៅតាមស្ថានភាពរបស់អ្នក។ ប្រសិនបើលក្ខខណ្ឌអំណោយផល ហើយវាមិនប៉ះពាល់ដល់ភារកិច្ចរបស់អ្នកទេ នោះអ្នកគួរតែមើលថែឪពុកម្ដាយ ហើយបំពេញទំនួលខុសត្រូវ និងកាតព្វកិច្ចរបស់អ្នក។ ប្រសិនបើលក្ខខណ្ឌមិនអំណោយផល ហើយអ្នករវល់នឹងភារកិច្ចរបស់អ្នក នោះអ្នកគួរតែផ្ដល់អាទិភាពលើភារកិច្ចរបស់ភាវៈដែលព្រះបានបង្កើត ហើយចុះចូលតាមការរៀបចំរបស់ព្រះជាម្ចាស់។ ម្យ៉ាងទៀត ចំពោះឪពុកម្ដាយវិញ ឪពុកម្ដាយខ្លះមានកូនចៅច្រើន ហើយរីករាយនឹងព្រះពរនៃគ្រួសារដែលមានសុភមង្គល ប៉ុន្តែឪពុកម្ដាយខ្លះ ព្រះជាម្ចាស់មិនបានរៀបចំស្ថានភាពបែបនេះសម្រាប់ពួកគាត់ឡើយ ហើយពួកគាត់មិនទទួលបានព្រះពរបែបនេះទេ។ រឿងទាំងនេះសុទ្ធតែត្រូវបានកំណត់ទុកជាមុនដោយព្រះជាម្ចាស់។ ដោយមានការណែនាំពីព្រះបន្ទូលរបស់ព្រះជាម្ចាស់ ខ្ញុំមានអារម្មណ៍ធូរស្រាលច្រើន។ ពេលគិតត្រឡប់ទៅវិញ ខ្ញុំបានមើលថែឪពុកម្ដាយអស់ពីលទ្ធភាពហើយ នៅពេលបំពេញភារកិច្ចនៅផ្ទះ ប៉ុន្តែដោយសារតែការគំរាមកំហែងនៃការធ្វើទុក្ខបុកម្នេញ និងការចាប់ខ្លួនរបស់បក្សកុម្មុយនីស្ដចិន ខ្ញុំមិនអាចត្រឡប់ទៅផ្ទះវិញបានទេ។ ម្យ៉ាងទៀត ខ្ញុំមានភារកិច្ចដែលត្រូវធ្វើ ដូច្នេះ ខ្ញុំត្រូវតែជ្រើសរើសបំពេញភារកិច្ចរបស់ភាវៈដែលព្រះបានបង្កើត ព្រោះការណ៍នេះស្របតាមសេចក្ដីពិត។ ខ្ញុំមិនអាចបោះបង់ភារកិច្ចរបស់ខ្ញុំ ដោយសារតែហេតុផលអាត្មានិយមផ្ទាល់ខ្លួនឡើយ។
ក្រោយមក ខ្ញុំបានទទួលសំបុត្រមួយច្បាប់ពីម៉ែ ហើយខ្ញុំបានដឹងថា គាត់ និងបងប្អូនស្រីបីនាក់ទៀតត្រូវបានចាប់ខ្លួននៅអំឡុងការជួបជុំមួយ។ នៅអំឡុងពេលប៉ូលិសសួរចម្លើយ គាត់បានចាញ់បោកឧបាយកលរបស់សាតាំង ហើយបានប្រាប់ឈ្មោះបងប្អូនស្រីពីរនាក់។ ក្រោយពេលគាត់ត្រូវបានដោះលែងវិញ គាត់មានវិប្បដិសារីខ្លាំងណាស់ ហើយរស់នៅក្នុងសភាពអស់សង្ឃឹម។ ក្រោយមក គាត់បានរអិលធ្លាក់ពីលើជណ្ដើរដោយចៃដន្យ ហើយរបួសចង្កេះ។ ចិត្តរបស់ខ្ញុំបានទៅដល់ផ្ទះបាត់ទៅហើយ។ ក្នុងចិត្តខ្ញុំពោរពេញដោយរូបភាពដែលម៉ែដួល និងរូបភាពដែលគាត់កំពុងឈឺចាប់។ ខ្ញុំពិតជាពិបាកចិត្តខ្លាំងណាស់។ បីខែក្រោយមក ខ្ញុំបានទទួលសំបុត្រមួយច្បាប់ទៀតពីម៉ែ ដោយប្រាប់ថា ចង្កេះរបស់គាត់បានជាសះស្បើយហើយ ហើយថាតាមរយៈការដួលនេះ គាត់បានភ្ញាក់រលឹក ហើយទីបំផុត បានចាប់ផ្ដើមស្វែងរកសេចក្ដីពិត និងឆ្លុះបញ្ចាំងពីខ្លួនឯង។ គាត់បាននិយាយថា គាត់បានចេញពីសភាពមិនត្រឹមត្រូវរបស់គាត់ ហើយថា បើគ្មានហេតុការណ៍នេះទេ គាត់នឹងបន្តរស់នៅដោយយល់ច្រឡំចំពោះព្រះជាម្ចាស់ជាមិនខាន។ ខ្ញុំមានអារម្មណ៍ខ្មាសអៀនយ៉ាងខ្លាំង នៅពេលដែលខ្ញុំអានសំបុត្ររបស់គាត់។ ខ្ញុំបានឃើញថា ការរៀបចំរបស់ព្រះជាម្ចាស់តែងតែមានបំណងព្រះហឫទ័យដ៏ប្រពៃរបស់ទ្រង់ ឃើញថាកិច្ចការរបស់ទ្រង់ពិតជាជាក់ស្ដែងណាស់ ហើយថា ទ្រង់ដឹកនាំយើងម្នាក់ៗស្របតាមតម្រូវការ និងភាពខ្វះខាតរបស់យើង។ នៅចុងខែតុលា ឆ្នាំ ២០២២ ខ្ញុំបានដឹងថា ម៉ែត្រូវបានប៉ូលិសចាប់ខ្លួនភ្លាមៗ នៅពេលដែលគាត់កំពុងដឹកនាំបងប្អូនប្រុសស្រីសម្រាប់ការជួបជុំមួយ។ ប៉ូលិសបានរកឃើញទូរសព្ទរបស់គ្រូជំនួយផ្នែកផ្សាយដំណឹងល្អ និងកាតអង្គចងចាំដែលមានផ្ទុកព្រះបន្ទូលរបស់ព្រះជាម្ចាស់ ហើយម៉ែរបស់ខ្ញុំបានចេញមុខមកទទួលស្គាល់ថាជារបស់គាត់ ដើម្បីការពារគ្រូជំនួយផ្នែកផ្សាយដំណឹងល្អនោះ។ ខ្ញុំពិតជាសប្បាយចិត្តជំនួសម៉ែណាស់។ នៅពាក់កណ្ដាលខែកក្កដា ឆ្នាំ ២០២៣ ខ្ញុំបានទទួលសំបុត្រមួយច្បាប់ពីបងស្រីរបស់ខ្ញុំ ដោយប្រាប់ថា ម៉ែមានដុំគីសក្នុងថង់ទឹកប្រមាត់។ គេគិតថា គាត់នឹងត្រូវការវះកាត់ ប៉ុន្តែអាការរបស់គាត់បាននឹងនរ ដូច្នេះគាត់មិនបានវះកាត់ទេ។ ដំណឹងនេះធ្វើឲ្យខ្ញុំមានអារម្មណ៍មិនស្រួលក្នុងចិត្តសោះ ហើយខ្ញុំបានគិតថា «ប្រសិនបើម៉ែពិតជាត្រូវវះកាត់មែននោះ គ្មាននរណានៅផ្ទះមើលថែគាត់ទេ។ បងស្រីខ្ញុំរៀបការហើយ និងរស់នៅឆ្ងាយ ហើយគាត់មានភារកិច្ចផ្ទាល់ខ្លួន ដូច្នេះគាត់មិនអាចត្រឡប់ទៅនៅជាមួយម៉ែបានទេ។ ឥឡូវគាត់ចាស់ណាស់ហើយ។ ចុះបើមានរឿងអ្វីកើតឡើងចំពោះគាត់នោះ? តើនរណានឹងចាត់ចែងបុណ្យសពឲ្យគាត់? ទាំងបងស្រី និងខ្ញុំមិននៅជាមួយគាត់ទេ ហើយគ្មាននរណាម្នាក់មើលថែគាត់ឡើយ។ ខ្ញុំមិនបាននៅទីនោះទេ ពេលដែលពុកខ្ញុំស្លាប់ ហើយបើខ្ញុំមិននៅទីនោះទៀត ពេលដែលម៉ែចែកឋានទៅ នោះខ្ញុំពិតជាកូនដែលអកតញ្ញូមែនហើយ»។ គំនិតទាំងនេះបានធ្វើឲ្យខ្ញុំដល់ផ្លូវទាល់ច្រកដែលខ្ញុំមិនអាចឆ្លងរួច ហើយសភាពរបស់ខ្ញុំត្រូវបានប៉ះពាល់។
អំឡុងកិច្ចចំណាយពេលខាងវិញ្ញាណជាមួយព្រះជាម្ចាស់ ខ្ញុំបានអានព្រះបន្ទូលរបស់ព្រះម្ចាស់មួយវគ្គ៖ «ចូរយើងនិយាយអំពីថាតើឃ្លា 'ឪពុកម្ដាយរបស់អ្នកមិនមែនជាម្ចាស់បំណុលរបស់អ្នកទេ' គួរត្រូវបានបកស្រាយយ៉ាងដូចម្ដេចឱ្យប្រាកដ។ ឪពុកម្ដាយរបស់អ្នកមិនមែនជាម្ចាស់បំណុលរបស់អ្នកទេ តើនេះមិនមែនជាការពិតទេឬ? (ជាការពិត។) ដោយសារវាជាការពិត យើងគួរតែពន្យល់ពីរឿងរ៉ាវដែលមាននៅក្នុងនោះ ប្រកបដោយហេតុផលយ៉ាងត្រឹមត្រូវឱ្យបានពេញលេញ។ ចូរយើងមើលទៅលើរឿងដែលឪពុកម្ដាយរបស់អ្នកផ្ដល់កំណើតដល់អ្នក។ តើអ្នកគឺជាអ្នកជ្រើសរើសឱ្យពួកគេបង្កើតអ្នកមក ឬក៏ឪពុកម្ដាយរបស់អ្នកជាអ្នកជ្រើសរើសបង្កើតអ្នកមក? ប្រសិនបើអ្នកមើលរឿងនេះពីទស្សនៈរបស់ព្រះជាម្ចាស់ នេះមិនមែនជារឿងដែលមនុស្សត្រូវជ្រើសរើសឡើយ។ អ្នកមិនបានជ្រើសរើសឱ្យឪពុកម្ដាយរបស់អ្នកផ្ដល់កំណើតឱ្យអ្នកទេ ហើយពួកគេក៏មិនបានជ្រើសរើសធ្វើបែបនេះដែរ។ បើមើលដល់ឫសគល់នៃរឿងនេះ នេះគឺជារឿងដែលត្រូវបានព្រះជាម្ចាស់កំណត់ទុក។ ឥឡូវយើងនឹងទុកប្រធានបទនេះមួយឡែកសិន ពីព្រោះមនុស្សងាយនឹងយល់រឿងនេះ។ ពីទស្សនៈរបស់អ្នក អ្នកបានកើតមកជាកូនរបស់ឪពុកម្ដាយអ្នកក្នុងស្ថានភាពអកម្ម ដោយគ្មានជម្រើសអ្វីទាល់តែសោះក្នុងរឿងនេះ។ ពីទស្សនៈរបស់ឪពុកម្ដាយអ្នកវិញ វាគឺជាឆន្ទៈផ្ទាល់ខ្លួនរបស់ពួកគេក្នុងការមានកូន និងចិញ្ចឹមកូន។ និយាយម្យ៉ាងទៀត បើទុកការកំណត់ទុករបស់ព្រះជាម្ចាស់មួយឡែក នៅពេលនិយាយដល់រឿងមានកូន និងចិញ្ចឹមកូន គឺឪពុកម្ដាយរបស់អ្នកហើយដែលមានសិទ្ធិសម្រេចទាំងអស់។ ពួកគេបានជ្រើសរើសផ្ដល់កំណើតឱ្យអ្នក។ អ្នកបានកើតមកជាកូនរបស់ពួកគេក្នុងស្ថានភាពអកម្ម។ អ្នកគ្មានជម្រើសអ្វីទាល់តែសោះក្នុងរឿងនេះ។ ដូច្នេះ ដោយសារឪពុកម្ដាយរបស់អ្នកមានសិទ្ធិសម្រេចទាំងអស់ ហើយដោយសារពួកគេបានបង្កើតអ្នកមក ពួកគេមានកាតព្វកិច្ច និងការទទួលខុសត្រូវក្នុងការចិញ្ចឹមបីបាច់អ្នករហូតដល់ធំពេញវ័យ។ មិនថាជាការផ្ដល់ការអប់រំដល់អ្នក ឬការផ្គត់ផ្គង់អាហារ និងសម្លៀកបំពាក់ដល់អ្នកនោះទេ នេះគឺជាការទទួលខុសត្រូវ និងកាតព្វកិច្ចរបស់ពួកគេ ហើយវាគឺជាអ្វីដែលពួកគេគប្បីធ្វើ។ ចំណែកឯអ្នកវិញ គឺតែងតែស្ថិតក្នុងស្ថានភាពអកម្ម ក្នុងអំឡុងពេលដែលពួកគេកំពុងចិញ្ចឹមបីបាច់អ្នក អ្នកគ្មានសិទ្ធិជ្រើសរើសឡើយ គឺអ្នកត្រូវតែទទួលការចិញ្ចឹមបីបាច់ពីពួកគេ។ ដោយសារអ្នកនៅក្មេង អ្នកគ្មានសមត្ថភាពមើលថែខ្លួនឯងទេ អ្នកគ្មានជម្រើសអ្វីក្រៅពីត្រូវបានចិញ្ចឹមបីបាច់ក្នុងស្ថានភាពអកម្មពីសំណាក់ឪពុកម្ដាយរបស់អ្នកនោះឡើយ។ ទោះជាឪពុកម្ដាយរបស់អ្នកចិញ្ចឹមអ្នកតាមរបៀបណាក៏ដោយ គឺវាមិនអាស្រ័យលើអ្នកឡើយ។ ប្រសិនបើពួកគេឱ្យអ្នកហូបចុករបស់ឆ្ងាញ់ៗ នោះអ្នកក៏បានហូបចុករបស់ឆ្ងាញ់ៗ។ ប្រសិនបើឪពុកម្ដាយរបស់អ្នកផ្ដល់មជ្ឈដ្ឋានរស់នៅមួយឱ្យអ្នក ដែលអ្នករស់រានដោយសារតែនំប៉័ង និងទឹក នោះអ្នកក៏រស់រានដោយសារតែនំប៉័ង និងទឹកដែរ។ ទោះក្នុងករណីណាក៏ដោយ នៅពេលដែលអ្នកកំពុងត្រូវបានគេចិញ្ចឹមបីបាច់ អ្នកមានភាពអកម្ម ហើយឪពុកម្ដាយរបស់អ្នកកំពុងបំពេញការទទួលខុសត្រូវរបស់ពួកគេ។ ... ទោះក្នុងករណីណាក៏ដោយ ក្នុងការចិញ្ចឹមបីបាច់អ្នក ឪពុកម្ដាយរបស់អ្នកកំពុងបំពេញការទទួលខុសត្រូវ និងកាតព្វកិច្ចមួយ។ ការចិញ្ចឹមបីបាច់អ្នករហូតដល់ធំពេញវ័យ គឺជាកាតព្វកិច្ច និងការទទួលខុសត្រូវរបស់ពួកគេ ហើយរឿងនេះមិនអាចហៅថាគុណបំណាច់បានឡើយ។ ដោយសារវាមិនអាចហៅថាជាគុណបំណាច់បាន តើអាចនិយាយបានទេថា នេះគឺជារឿងដែលអ្នកមានសិទ្ធិទទួលបាន? (អាច។) នេះគឺជាសិទ្ធិមួយប្រភេទដែលអ្នកគួរតែទទួលបាន។ អ្នកស័ក្ដិសមនឹងត្រូវបានចិញ្ចឹមបីបាច់ដោយឪពុកម្ដាយរបស់អ្នក ពីព្រោះមុនពេលអ្នកឈានដល់ពេលពេញវ័យ អ្នកស្ថិតក្នុងតួនាទីជាកូនដែលកំពុងត្រូវបានគេចិញ្ចឹមបីបាច់។ ហេតុដូច្នេះហើយ អ្វីដែលអ្នកទទួលបាន គឺគ្រាន់តែជាការបំពេញការទទួលខុសត្រូវរបស់ឪពុកម្ដាយរបស់អ្នកចំពោះអ្នកប៉ុណ្ណោះ មិនមែនជាការអនុគ្រោះ ឬជាគុណបំណាច់ពីពួកគេឡើយ។ សម្រាប់ភាវៈមានជីវិតណាក៏ដោយ ការបង្កើត និងការចិញ្ចឹមកូន ការបន្តពូជ និងការបីបាច់ថែរក្សាកូនចៅ គឺជាប្រភេទនៃការទទួលខុសត្រូវមួយ។ ឧទាហរណ៍៖ សត្វបក្សី គោក្របី ចៀម និងសូម្បីតែសត្វខ្លា ក៏ត្រូវតែចិញ្ចឹមកូនរបស់វាដែរ បន្ទាប់ពីពួកវាបន្តពូជរួច។ គ្មានភាវៈមានជីវិតណាដែលមិនចិញ្ចឹមកូនរបស់វានោះទេ។ វាអាចទៅរួចដែលមានករណីលើកលែងខ្លះ ប៉ុន្តែយើងនៅតែមិនដឹងអំពីពួកវា។ វាគឺជាបាតុភូតធម្មជាតិនៃការរស់រានមានជីវិតរបស់ភាវៈមានជីវិត វាគឺជាសភាវគតិដែលភាវៈមានជីវិតមាន ហើយវាមិនអាចចាត់ទុកថាជាគុណបំណាច់ឡើយ។ ភាវៈមានជីវិតទាំងនេះគ្រាន់តែគោរពតាមច្បាប់ដែលព្រះអាទិករបានកំណត់សម្រាប់សត្វ និងសម្រាប់មនុស្សជាតិប៉ុណ្ណោះ។ ហេតុដូច្នេះហើយ ការដែលឪពុកម្ដាយរបស់អ្នកចិញ្ចឹមបីបាច់អ្នក មិនមែនជាប្រភេទនៃគុណបំណាច់នោះទេ។ ដោយផ្អែកលើចំណុចនេះ គេអាចនិយាយបានថា ឪពុកម្ដាយរបស់អ្នកមិនមែនជាម្ចាស់បំណុលរបស់អ្នកឡើយ។ ពួកគាត់កំពុងបំពេញការទទួលខុសត្រូវរបស់ខ្លួនចំពោះអ្នក។ មិនថាពួកគាត់លះបង់ញើសឈាមរបស់ខ្លួនដើម្បីអ្នកច្រើនប៉ុនណានោះទេ និងចំណាយប្រាក់លើអ្នកច្រើនប៉ុនណាក៏ដោយ ក៏ពួកគាត់មិនគួរសុំអ្វីជាការតបស្នងពីអ្នកវិញឡើយ ពីព្រោះនេះគឺជាការទទួលខុសត្រូវរបស់ពួកគាត់ក្នុងនាមជាឪពុកម្ដាយ។ ដោយសារវាជាការទទួលខុសត្រូវ និងជាកាតព្វកិច្ច វាគួរតែធ្វើឡើងដោយឥតមានទាមទារ ហើយពួកគាត់មិនគួរសុំឱ្យអ្នកតបស្នងពួកគាត់វិញឡើយ។ តាមរយៈការចិញ្ចឹមបីបាច់អ្នក ឪពុកម្ដាយរបស់អ្នកគ្រាន់តែបំពេញការទទួលខុសត្រូវ និងកាតព្វកិច្ចរបស់ខ្លួនប៉ុណ្ណោះ វាគួរតែត្រូវបានធ្វើឡើងដោយឥតលក្ខខណ្ឌ មិនមែនជាការដោះដូរឡើយ។ ដូច្នេះ អ្នកមិនចាំបាច់មានផ្នត់គំនិតនៃការតបស្នងសងគុណនៅក្នុងរបៀបដែលអ្នកប្រព្រឹត្តចំពោះឪពុកម្ដាយរបស់អ្នក ឬចាត់ចែងទំនាក់ទំនងរវាងអ្នក និងពួកគាត់ឡើយ។ ប្រសិនបើអ្នកប្រព្រឹត្តចំពោះឪពុកម្ដាយរបស់អ្នក សងគុណពួកគាត់ និងចាត់ចែងទំនាក់ទំនងរវាងអ្នក និងពួកគាត់ដោយមានផ្នត់គំនិតបែបនេះ នោះតាមពិតទៅ វាគឺជារឿងដែលគ្មានភាពជាមនុស្សទៅវិញទេ។ ក្នុងពេលជាមួយគ្នានេះ ការធ្វើបែបនេះនឹងធ្វើឱ្យអ្នកងាយនឹងរងការរឹតត្បិត និងចងភ្ជាប់ដោយមនោសញ្ចេតនាខាងសាច់ឈាមរបស់អ្នក ហើយអ្នកនឹងពិបាកងើបចេញពីការជាប់ជំពាក់ទាំងនេះ រហូតដល់ថ្នាក់អ្នកអាចនឹងវង្វេងផ្លូវទៀតផង។ ឪពុកម្ដាយរបស់អ្នកមិនមែនជាម្ចាស់បំណុលរបស់អ្នកទេ ដូច្នេះ អ្នកគ្មានកាតព្វកិច្ចត្រូវសម្រេចរាល់ការរំពឹងទុករបស់ពួកគេឡើយ។ អ្នកគ្មានកាតព្វកិច្ចត្រូវរ៉ាប់រងលើការរំពឹងទុករបស់ពួកគេទេ» («របៀបដេញតាមសេចក្ដីពិត (១៧)» នៃសៀវភៅ «ព្រះបន្ទូល» ភាគ៦៖ អំពីការដេញតាមសេចក្តីពិត)។ ព្រះបន្ទូលរបស់ព្រះជាម្ចាស់បានប្រកបគ្នាយ៉ាងច្បាស់អំពីរបៀបដោះស្រាយទំនាក់ទំនងរវាងឪពុកម្ដាយ និងកូន។ ក្នុងនាមជាឪពុកម្ដាយ ការផ្ដល់កំណើត និងការចិញ្ចឹមកូន គឺគ្រាន់តែជាការធ្វើតាមច្បាប់ដែលព្រះអាទិករបានកំណត់សម្រាប់មនុស្សជាតិប៉ុណ្ណោះ។ គឺដូចជាភាវៈដែលបន្តពូជដែរ វាគឺជាសភាវគតិ។ ឪពុកម្ដាយចិញ្ចឹមកូន គឺជាការបំពេញទំនួលខុសត្រូវ និងកាតព្វកិច្ចរបស់ពួកគាត់ វាមិនមែនជាគុណបំណាច់ទេ ហើយមិនចាំបាច់ឲ្យកូនៗសងគុណវិញឡើយ។ ខ្ញុំធ្លាប់គិតថា ដោយសារតែឪពុកម្ដាយលំបាកខ្លាំងណាស់ក្នុងការផ្ដល់កំណើត និងចិញ្ចឹមបីបាច់ខ្ញុំ ហើយដោយសារតែពួកគាត់បានឆ្លងកាត់ការឈឺចាប់ជាច្រើន ក្នុងនាមជាកូន ខ្ញុំគួរតែសងគុណពួកគាត់ឲ្យបានត្រឹមត្រូវ ដើម្បីខ្ញុំអាចតបស្នងគុណនៃការចិញ្ចឹមបីបាច់របស់ពួកគាត់។ នៅពេលខ្ញុំដឹងថា ពុកខ្ញុំពិការ ហើយខ្ញុំមិនអាចនៅក្បែរគាត់ដើម្បីមើលថែគាត់ និងមិនអាចមើលថែគាត់នៅពេលចាស់ ឬជូនដំណើរគាត់ជាលើកចុងក្រោយ ខ្ញុំមានអារម្មណ៍ថាជំពាក់គុណពុក។ ខ្ញុំមានអារម្មណ៍ដូចជាខ្ញុំកំពុងរែកបន្ទុកដ៏ធ្ងន់មួយ នៅពេលដែលគិតដល់រឿងនេះ ដែលធ្វើឲ្យខ្ញុំពិបាកដកដង្ហើម។ ក្រោយពេលពុកខ្ញុំស្លាប់ ខ្ញុំបារម្ភពីម៉ែ ដោយមានអារម្មណ៍ថា ក្នុងនាមជាកូនដែលមិនបានកតញ្ញូចំពោះពុក ខ្ញុំមិនអាចជំពាក់គុណម៉ែដែរនោះទេ ហើយខ្ញុំត្រូវតែធានាថា គាត់រីករាយនឹងជីវិតចុងក្រោយរបស់គាត់។ ដោយដឹងថា ម៉ែមានរបួស ហើយខ្ញុំមិនអាចត្រឡប់ទៅមើលថែគាត់ ខ្ញុំមានអារម្មណ៍ថា អកតញ្ញូ និងជំពាក់គុណម៉ែខ្លាំងណាស់។ ឥឡូវនេះ តាមរយៈការអានព្រះបន្ទូលរបស់ព្រះជាម្ចាស់ ខ្ញុំយល់ថា ការដែលឪពុកម្ដាយចិញ្ចឹមខ្ញុំ គឺជាការបំពេញទំនួលខុសត្រូវ និងកាតព្វកិច្ចរបស់ពួកគាត់ ហើយនេះមិនមែនជាគុណបំណាច់ដែលខ្ញុំត្រូវសងវិញទេ។ ពួកគាត់មិនមែនជាម្ចាស់បំណុលរបស់ខ្ញុំឡើយ។ ការយល់ឃើញថាការចិញ្ចឹមបីបាច់របស់ឪពុកម្ដាយថាជាគុណដែលត្រូវសង គឺខុសទាំងស្រុង ហើយមិនស្របតាមសេចក្ដីពិតទេ។ ដោយសារតែខ្ញុំប្រកាន់ខ្ជាប់នូវទស្សនៈនេះ វាបានធ្វើឲ្យខ្ញុំឈឺចាប់យ៉ាងខ្លាំង។ ប្រសិនបើព្រះជាម្ចាស់មិនបានបើកសម្ដែងសេចក្ដីពិតលើរឿងនេះទេ ខ្ញុំនឹងមិនដឹងរឿងនេះទាល់តែសោះ ហើយខ្ញុំនឹងនៅតែត្រូវបានចងភ្ជាប់ និងគ្រប់គ្រងដោយទស្សនៈខុសឆ្គងនេះមិនខាន។ ជីវិតរបស់ខ្ញុំបានមកពីព្រះជាម្ចាស់ ហើយព្រះជាម្ចាស់ប្រទានអ្វីៗគ្រប់យ៉ាងដែលខ្ញុំត្រូវការ។ ខ្ញុំគួរតែដឹងព្រះគុណព្រះជាម្ចាស់។ ខ្ញុំចាំបានថា នៅឆ្នាំ ២០០៧ នៅពេលដែលខ្ញុំទើបតែជឿលើព្រះអម្ចាស់បានពីរបីខែ ខ្ញុំបានជិះក្នុងឡានមួយដែលដាច់ហ្វ្រាំង ហើយរមៀលធ្លាក់ពីលើចង្កេះភ្នំ។ គ្រោះថ្នាក់នោះបណ្ដាលឲ្យមានអ្នកស្លាប់ និងរបួស ប៉ុន្តែខ្ញុំចេះតែស្រែកហៅព្រះជាម្ចាស់នៅក្នុងចិត្ត ហើយខ្ញុំបានរួចផុតមកវិញ ដោយគ្រាន់តែរមួលសាច់ដុំ ដែលជារបួសស្រាលបំផុត។ អ្វីដែលកាន់តែអស្ចារ្យជាងនេះទៅទៀតនោះគឺ ខ្ញុំមិនភ័យខ្លាច ឬស្លន់ស្លោសោះឡើយនៅក្នុងពេលគ្រោះថ្នាក់នោះ ដែលបង្ហាញខ្ញុំពីអំពើដ៏អស្ចារ្យរបស់ព្រះជាម្ចាស់។ ប្រសិនបើគ្មានការការពារពីព្រះជាម្ចាស់ទេ ខ្ញុំប្រហែលជាស្លាប់នៅក្នុងគ្រោះថ្នាក់នោះបាត់ទៅហើយ។ ក្នុងរយៈពេលជាច្រើនឆ្នាំមកនេះ ខ្ញុំបានដកពិសោធយ៉ាងជ្រាលជ្រៅថា មានតែព្រះជាម្ចាស់មួយអង្គគត់ដែលជាសេចក្ដីសង្រ្គោះតែមួយរបស់ខ្ញុំ។ បើគ្មានជំនឿលើព្រះជាម្ចាស់ទេ ខ្ញុំនឹងដូចជាមនុស្សលោកីយ៍ ដែលដេញតាមទ្រព្យសម្បត្តិ និងកេរ្តិ៍ឈ្មោះមិនឈប់ឈរ ដោយមិនដឹងថា វាសនារបស់យើងស្ថិតនៅក្នុងដៃនរណា ហើយរឹតតែមិនដឹងពីរបៀបរស់នៅក្នុងជីវិតឲ្យមានន័យ ឬមិនដឹងពីការរងទុក្ខដែលបង្កឡើងដោយសាតាំងឡើយ។ សព្វថ្ងៃនេះ ការផ្សាយដំណឹងល្អអំពីនគរព្រះ តម្រូវឲ្យមានការសហការពីមនុស្ស។ ខ្ញុំមិនបានគិតអំពីការតបស្នងក្ដីស្រឡាញ់របស់ព្រះជាម្ចាស់ទេ ហើយខ្ញុំមិនមានអារម្មណ៍ថាជំពាក់គុណព្រះជាម្ចាស់ ចំពោះការដែលមិនបានបំពេញភារកិច្ចឲ្យបានល្អនោះឡើយ។ ខ្ញុំបានត្រឹមតែផ្ដោតលើការសងគុណឪពុកម្ដាយប៉ុណ្ណោះ។ នេះពិតជាគ្មានមនសិការ គួរឲ្យអាម៉ាស់ និងរមិលគុណណាស់សម្រាប់ខ្ញុំ!
ខ្ញុំបានអានព្រះបន្ទូលរបស់ព្រះជាម្ចាស់បន្ថែមទៀត៖ «ដោយសារតែការជ្រួតជ្រាបនៃវប្បធម៌ប្រពៃណីចិន នៅក្នុងសញ្ញាណប្រពៃណីរបស់ជនជាតិចិន ពួកគេជឿថា មនុស្សម្នាក់ត្រូវតែមានសេចក្ដីកតញ្ញូចំពោះឪពុកម្ដាយរបស់ខ្លួន ហើយថាអ្នកណាក៏ដោយដែលមិនមានសេចក្ដីកតញ្ញូ គឺជាកូនទុរយស។ គំនិតទាំងនេះត្រូវបានបណ្ដុះនៅក្នុងមនុស្សតាំងពីកុមារភាពមកម្ល៉េះ ហើយគំនិតទាំងនេះត្រូវបានបង្រៀនស្ទើរតែនៅគ្រប់ក្រុមគ្រួសារ ក៏ដូចជានៅគ្រប់សាលារៀន និងនៅក្នុងសង្គមទាំងមូលផងដែរ។ នៅពេលដែលខួរក្បាលរបស់មនុស្សម្នាក់ត្រូវបានបំពេញដោយរឿងបែបនេះ ពួកគេគិតថា៖ 'សេចក្ដីកតញ្ញូគឺសំខាន់ជាងអ្វីៗទាំងអស់។ ប្រសិនបើខ្ញុំជាមនុស្សអកតញ្ញូ ខ្ញុំនឹងមិនមែនជាមនុស្សល្អឡើយ ខ្ញុំនឹងក្លាយជាកូនទុរយស ខ្ញុំនឹងត្រូវមតិសាធារណៈថ្កោលទោស។ ខ្ញុំនឹងក្លាយជាមនុស្សម្នាក់ដែលគ្មានមនសិការ'។ តើទស្សនៈនេះត្រឹមត្រូវដែរឬទេ? មនុស្សបានឃើញសេចក្ដីពិតជាច្រើនដែលព្រះជាម្ចាស់បានសម្ដែងចេញ តើព្រះជាម្ចាស់ធ្លាប់បានតម្រូវឱ្យមនុស្សបង្ហាញសេចក្ដីកតញ្ញូចំពោះឪពុកម្ដាយរបស់ពួកគេដែរឬទេ? តើនេះគឺជាសេចក្ដីពិតមួយក្នុងចំណោមសេចក្ដីពិតដែលអ្នកជឿលើព្រះជាម្ចាស់ត្រូវតែយល់ដែរឬទេ? អត់ទេ មិនមែនទេ។ ព្រះជាម្ចាស់គ្រាន់តែបានប្រកបគ្នាអំពីគោលការណ៍មួយចំនួនប៉ុណ្ណោះ។ តើព្រះបន្ទូលរបស់ព្រះជាម្ចាស់តម្រូវឱ្យមនុស្សប្រព្រឹត្តចំពោះអ្នកដទៃដោយផ្អែកលើគោលការណ៍អ្វី? ស្រឡាញ់អ្វីដែលព្រះជាម្ចាស់ស្រឡាញ់ និងស្អប់អ្វីដែលព្រះជាម្ចាស់ស្អប់៖ នេះគឺជាគោលការណ៍ដែលមនុស្សគួរតែប្រកាន់ខ្ជាប់។ ព្រះជាម្ចាស់ស្រឡាញ់ចំពោះអស់អ្នកណាដែលដេញតាមសេចក្ដីពិត និងអាចធ្វើតាមបំណងព្រះហឫទ័យរបស់ទ្រង់ ទាំងនេះគឺជាមនុស្សដែលយើងគួរតែស្រឡាញ់ដែរ។ អស់អ្នកណាដែលមិនអាចធ្វើតាមបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ អ្នកណាដែលស្អប់ និងបះបោរទាស់នឹងព្រះជាម្ចាស់ មនុស្សទាំងនេះត្រូវបានព្រះជាម្ចាស់ស្អប់ខ្ពើម ហើយយើងក៏គួរតែស្អប់ខ្ពើមពួកគេដែរ។ នេះគឺជាអ្វីដែលព្រះជាម្ចាស់តម្រូវពីមនុស្ស។ ... សាតាំងប្រើប្រាស់វប្បធម៌ប្រពៃណីទាំងនេះ និងសញ្ញាណនៃសីលធម៌ទាំងនេះ ដើម្បីចងរឹតដួងចិត្ត និងគំនិតរបស់អ្នក ធ្វើឱ្យទស្សនៈរបស់អ្នកចំពោះរឿងរ៉ាវនានាក្លាយជារឿងមិនសមហេតុផល និងធ្វើឱ្យអ្នកបដិសេធ ព្រមទាំងទាស់ទទឹងនឹងព្រះជាម្ចាស់នៅក្នុងដួងចិត្តរបស់អ្នក ដែលជាហេតុធ្វើឱ្យអ្នកមិនអាចទទួលយកព្រះបន្ទូលរបស់ព្រះជាម្ចាស់បាន។ អ្នកត្រូវបានកាន់កាប់ដោយរបស់សាតាំងទាំងនេះ ហើយធ្វើឱ្យអ្នកគ្មានសមត្ថភាពទទួលយកព្រះបន្ទូលរបស់ព្រះជាម្ចាស់បានឡើយ។ ប្រសិនបើអ្នកចង់អនុវត្តព្រះបន្ទូលរបស់ព្រះជាម្ចាស់ របស់ទាំងនេះនឹងរើឡើង និងបង្កការរំខាននៅក្នុងខ្លួនអ្នក ហើយធ្វើឱ្យអ្នកទាស់ទទឹងនឹងសេចក្ដីពិត ព្រមទាំងទាស់ទទឹងនឹងសេចក្ដីតម្រូវរបស់ព្រះជាម្ចាស់។ ទោះបីជាអ្នកចង់រំដោះខ្លួនចេញពីនឹមនៃវប្បធម៌ប្រពៃណីក៏ដោយ ក៏អ្នកនឹងគ្មានកម្លាំងដើម្បីធ្វើដូច្នេះបានឡើយ។ បន្ទាប់ពីតស៊ូបានមួយរយៈ អ្នកនឹងបណ្ដោយតាមរឿងនេះ។ អ្នកនឹងជឿថាសញ្ញាណនៃសីលធម៌តាមបែបប្រពៃណី គឺជារឿងត្រឹមត្រូវ និងស្របតាមសេចក្ដីពិត ហើយដូច្នេះ អ្នកនឹងច្រានចោល ឬសង្ស័យលើព្រះបន្ទូលរបស់ព្រះជាម្ចាស់ មិនទទួលយកព្រះបន្ទូលរបស់ព្រះជាម្ចាស់ថាជាសេចក្ដីពិតឡើយ ហើយមិនខ្វល់ខ្វាយថាតើអ្នកអាចទទួលបានសេចក្ដីសង្គ្រោះឬអត់នោះទេ ដោយមានអារម្មណ៍ថា ទោះជាយ៉ាងណាក៏ដោយ ក៏អ្នកនៅតែរស់នៅក្នុងពិភពលោកនេះ ហើយអាចមានផ្លូវដើរទៅមុខក្នុងជីវិតបាន លុះត្រាតែពឹងផ្អែកលើរបស់ទាំងនេះប៉ុណ្ណោះ។ ដោយមិនអាចស៊ូទ្រាំនឹងការថ្កោលទោសពីមតិសាធារណៈបាន អ្នកនឹងជ្រើសរើសបោះបង់សេចក្ដីពិត និងព្រះបន្ទូលរបស់ព្រះជាម្ចាស់ ហើយបែរជាទៅប្រកាន់ខ្ជាប់នូវសញ្ញាណនៃសីលធម៌របស់វប្បធម៌ប្រពៃណី ដោយងាកទៅខាងសាតាំង និងឈរនៅខាងសាតាំង ព្រមទាំងសុខចិត្តប្រមាថព្រះជាម្ចាស់ ជាជាងទទួលយកសេចក្ដីពិត។ ចូរប្រាប់ខ្ញុំមកមើល៍ តើមនុស្សមិនគួរឱ្យអាណិតទេឬ? តើគេមិនត្រូវការសេចក្ដីសង្គ្រោះរបស់ព្រះជាម្ចាស់ទេឬ? មនុស្សមួយចំនួនបានជឿលើព្រះជាម្ចាស់អស់រយៈពេលជាច្រើនឆ្នាំមកហើយ ប៉ុន្តែនៅតែមិនអាចមើលធ្លុះពីរឿងសេចក្ដីកតញ្ញូនេះដដែល។ មិនថាមានការប្រកបគ្នាអំពីសេចក្ដីពិតយ៉ាងណាក៏ដោយ ក៏ពួកគេមិនអាចយល់បានឡើយ។ ពួកគេមិនអាចយកឈ្នះលើទំនាក់ទំនងខាងលោកីយ៍នេះបានឡើយ ពួកគេគ្មានភាពក្លាហាន ឬសេចក្ដីជំនឿនោះទេ កុំថាឡើយដល់ការតាំងចិត្តនោះ ដូច្នេះ ពួកគេមិនអាចស្រឡាញ់ និងចុះចូលនឹងព្រះជាម្ចាស់បានឡើយ» («មានតែការទទួលស្គាល់ទស្សនៈមិនត្រឹមត្រូវរបស់ខ្លួនឯងប៉ុណ្ណោះ ទើបមនុស្សម្នាក់អាចធ្វើការផ្លាស់ប្រែបានយ៉ាងពិតប្រាកដ» នៃសៀវភៅ «ព្រះបន្ទូល» ភាគ៣៖ ការអធិប្បាយរបស់ព្រះគ្រីស្ទនៃគ្រាចុងក្រោយ)។ ព្រះបន្ទូលរបស់ព្រះជាម្ចាស់បានលាតត្រដាងសារជាតិនៃវប្បធម៌ប្រពៃណី។ ខ្ញុំបានឆ្លុះបញ្ចាំងពីរបៀបដែលខ្ញុំរងឥទ្ធិពលពីការបំពុលគំនិតរបស់សាតាំងតាំងពីក្មេងមក ដោយស្រូបយកគំនិតប្រពៃណីដូចជា «ការគោរពមាតាបិតាជាគុណធម៌ខ្ពស់លើសអ្វីៗទាំងអស់» និង «ចិញ្ចឹមកូនដើម្បីមើលថែខ្លួននៅពេលចាស់ទៅ»។ ខ្ញុំបានចាត់ទុកការគោរពមាតាបិតាជា រង្វាស់ ថាតើមនុស្សម្នាក់មានមនសិការឬអត់ ដូច្នេះ ខ្ញុំជឿថា ដោយសារតែឪពុកម្ដាយបានចិញ្ចឹមបីបាច់ខ្ញុំ ក្នុងនាមជាកូន ខ្ញុំគួរតែសងគុណពួកគាត់ ហើយនៅពេលពួកគាត់ចាស់ទៅ ខ្ញុំគួរតែគោរព និងផ្គត់ផ្គង់ពួកគាត់ ហើយជូនដំណើរពួកគាត់ឲ្យបានត្រឹមត្រូវ។ ខ្ញុំជឿថា ការបំពេញទំនួលខុសត្រូវទាំងនេះ មានន័យថាបុគ្គលនោះមានភាពជាមនុស្ស និងមនសិការ និងជឿថា បើធ្វើរឿងទាំងនេះមិនបានទេ ពួកគេគឺជាកូនអកតញ្ញូ ហើយមិនស័ក្តិសមហៅថាជាមនុស្សឡើយ ហើយពួកគេនឹងត្រូវសង្គមមើលងាយ និងបដិសេធ។ គំនិតទាំងនេះបានចាក់ឫសយ៉ាងជ្រៅនៅក្នុងចិត្តរបស់ខ្ញុំ។ ក្រោយពេលខ្ញុំមកជឿព្រះជាម្ចាស់ ដោយសារតែការគំរាមកំហែងនៃការធ្វើទុក្ខបុកម្នេញ និងការចាប់ខ្លួនរបស់បក្សកុម្មុយនីស្ដចិន ខ្ញុំមិនអាចត្រឡប់ទៅផ្ទះវិញបានទេ ហើយខ្ញុំថែមទាំងមិនបានឃើញមុខពុកខ្ញុំជាលើកចុងក្រោយផង។ ខ្ញុំមានអារម្មណ៍ថាមានកំហុសខ្លាំងណាស់ ដូចជាកូនអកតញ្ញូ ដែលជំពាក់គុណការចិញ្ចឹមបីបាច់របស់ឪពុកម្ដាយ ហើយមានអារម្មណ៍ថា ខ្ញុំត្រូវបានអ្នកដទៃស្អប់ខ្ពើម និងចោទថាជាកូនអកតញ្ញូ។ ក្រោយមក ការដឹងដំណឹងអំពីជំងឺរបស់ម៉ែ បានធ្វើឲ្យខ្ញុំបារម្ភ ហើយខ្ញុំខ្លាចថា ប្រសិនបើម៉ែពិតជាចែកឋានមែននោះ ខ្ញុំនឹងមិនអាចលាងជម្រះឈ្មោះជា «កូនអកតញ្ញូ» បានឡើយ។ គំនិតទាំងនេះប្រៀបដូចជាច្រវាក់ដែលមើលមិនឃើញ ដែលចងរឹតខ្ញុំយ៉ាងណែន និងបង្ខាំងខ្ញុំមិនឲ្យមានសេរីភាព។ ខ្ញុំដឹងច្បាស់ថា ការបំពេញភារកិច្ចរបស់ភាវៈដែលព្រះបានបង្កើតនៅក្នុងការជឿព្រះជាម្ចាស់ គឺជាផ្លូវដ៏ត្រឹមត្រូវនៃជីវិត ប៉ុន្តែខ្ញុំមិនអាចបំពេញភារកិច្ចដោយស្ងប់ចិត្តឡើយ។ ខ្ញុំបានដឹងថា ខ្ញុំរងគ្រោះយ៉ាងខ្លាំងដោយសារគំនិតប្រពៃណីដែលខុសទំនងទាំងនេះ។ ខ្ញុំបានគិតដល់យុគសម័យនៃព្រះគុណ នៅពេលដែលមនុស្សជាច្រើនបានទុកឪពុកម្ដាយ និងសាច់ញាតិចោល ដើម្បីផ្សាយដំណឹងល្អរបស់ព្រះអម្ចាស់ទៅកាន់ពិភពលោក ដោយអ្នកខ្លះថែមទាំងបានលះបង់ជីវិតទៀតផង។ ជម្រើសរបស់ពួកគេស្របតាមបំណងព្រះហឫទ័យរបស់ព្រះអម្ចាស់ទាំងស្រុង ហើយគឺជាអំពើល្អ និងជាអំពើដ៏សុចរិត។ ខ្ញុំបានស្វាគមន៍ការយាងត្រឡប់មកវិញរបស់ព្រះអម្ចាស់ និងបានទទួលយកកិច្ចការរបស់ព្រះដ៏មានគ្រប់ព្រះចេស្ដានៅគ្រាចុងក្រោយ ដែលជាឱកាសតែម្ដងប៉ុណ្ណោះក្នុងមួយឆាកជីវិត ហើយការបំពេញភារកិច្ចជាភាវៈដែលព្រះបានបង្កើតនៅពេលនេះ គឺជារឿងដែលស្របតាមការសព្វព្រះទ័យរបស់ព្រះជាម្ចាស់ ចំណែកឯការគោរពមាតាបិតាវិញ គ្រាន់តែជាកាតព្វកិច្ចរបស់មនុស្សប៉ុណ្ណោះ។ ប្រសិនបើលក្ខខណ្ឌអនុញ្ញាត គឺអាចធ្វើបាន ប៉ុន្តែបើមិនអនុញ្ញាតទេ ភារកិច្ចត្រូវតែមានអាទិភាព។
បន្ទាប់មក ខ្ញុំបានអានព្រះបន្ទូលរបស់ព្រះជាម្ចាស់បន្ថែមទៀត៖ «ប្រសិនបើអ្នកមិនបានចាកចេញពីផ្ទះរបស់អ្នកដើម្បីទៅបំពេញភារកិច្ចរបស់ខ្លួននៅកន្លែងផ្សេងទេ ហើយអ្នកបាននៅក្បែរឪពុកម្ដាយរបស់អ្នក តើអ្នកអាចធានាបានទេថា ពួកគាត់នឹងមិនធ្លាក់ខ្លួនឈឺនោះ? (មិនអាចធានាបានទេ។) តើអ្នកអាចគ្រប់គ្រងបានទេថា ឪពុកម្ដាយរបស់អ្នករស់ ឬក៏ស្លាប់នោះ? តើអ្នកអាចគ្រប់គ្រងបានទេថា តើពួកគេមាន ឬក្រ? (មិនអាចទេ។) ទោះជាឪពុកម្ដាយរបស់អ្នកមានជំងឺអ្វីក៏ដោយ វានឹងមិនមែនដោយសារតែពួកគាត់ហត់នឿយខ្លាំងពេកពីការចិញ្ចឹមបីបាច់អ្នក ឬដោយសារតែពួកគាត់នឹករលឹកអ្នកនោះទេ ជាពិសេស ពួកគាត់នឹងមិនកើតជំងឺធ្ងន់ធ្ងរ ឬស្ថានភាពដែលអាចបណ្ដាលឱ្យស្លាប់ណាមួយដោយសារតែអ្នកឡើយ។ នោះគឺជាវាសនារបស់ពួកគាត់ ហើយវាមិនមានពាក់ព័ន្ធអ្វីនឹងអ្នកទេ។ មិនថាអ្នកកតញ្ញូប៉ុនណា ឬអ្នកមើលថែពួកគាត់ដោយយកចិត្តទុកដាក់ប៉ុនណាក៏ដោយ យ៉ាងច្រើនបំផុត អ្នកនឹងគ្រាន់តែជួយកាត់បន្ថយការរងទុក្ខខាងរាងកាយ និងបន្ទុករបស់ពួកគាត់បានបន្តិចបន្តួចប៉ុណ្ណោះ។ ប៉ុន្តែ ចំពោះរឿងថា តើពួកគាត់ធ្លាក់ខ្លួនឈឺនៅពេលណា ពួកគាត់កើតជំងឺអ្វី ពួកគាត់ស្លាប់នៅពេលណា និងពួកគាត់ស្លាប់នៅកន្លែងណា តើរឿងទាំងនេះមានពាក់ព័ន្ធអ្វីដែរឬទេទៅនឹងថា តើអ្នកនៅក្បែរមើលថែពួកគាត់ឬក៏អត់នោះ? អត់ទេ មិនពាក់ព័ន្ធទេ។ ប្រសិនបើអ្នកកតញ្ញូ ប្រសិនបើអ្នកមិនមែនជាមនុស្សរមិលគុណដែលមិនខ្វល់ខ្វាយ ហើយអ្នកចំណាយពេលពេញមួយថ្ងៃនៅក្បែរមើលថែពួកគាត់ តើពួកគាត់នឹងមិនធ្លាក់ខ្លួនឈឺទេឬ? តើពួកគាត់នឹងមិនស្លាប់ទេឬ? ប្រសិនបើពួកគាត់ត្រូវធ្លាក់ខ្លួនឈឺ តើពួកគាត់នឹងមិនធ្លាក់ខ្លួនឈឺដដែលទេឬ? ប្រសិនបើពួកគាត់ត្រូវស្លាប់ តើពួកគាត់មិនស្លាប់ដដែលទេឬ? តើវាមិនត្រឹមត្រូវទេឬ?» («របៀបដេញតាមសេចក្ដីពិត (១៧)» នៃសៀវភៅ «ព្រះបន្ទូល» ភាគ៦៖ អំពីការដេញតាមសេចក្តីពិត)។ «ការផ្ទុកផ្ដាក់ឪពុកម្ដាយរបស់អ្នកទៅក្នុងព្រះហស្តរបស់ព្រះជាម្ចាស់ គឺជាវិធីដ៏ល្អបំផុតដើម្បីបង្ហាញសេចក្ដីកតញ្ញូចំពោះពួកគាត់។ អ្នកមិនចង់ឱ្យពួកគាត់ប្រឈមមុខនឹងការលំបាកគ្រប់បែបយ៉ាងក្នុងជីវិតរបស់ពួកគាត់ឡើយ ហើយអ្នកមិនចង់ឱ្យពួកគាត់រស់នៅក្នុងជីវិតមិនល្អ ហូបចុកមិនបានគ្រប់គ្រាន់ ឬមានសុខភាពមិនល្អនោះទេ។ នៅក្នុងជម្រៅដួងចិត្តរបស់អ្នក អ្នកប្រាកដជាសង្ឃឹមថាព្រះជាម្ចាស់នឹងថែរក្សាពួកគាត់ និងការពារពួកគាត់ឱ្យមានសុវត្ថិភាព។ ប្រសិនបើពួកគាត់ជាអ្នកជឿលើព្រះជាម្ចាស់ អ្នកសង្ឃឹមថាពួកគាត់អាចបំពេញភារកិច្ចរបស់ខ្លួនបាន ហើយអ្នកក៏សង្ឃឹមថា ពួកគាត់អាចប្រកាន់ខ្ជាប់នូវទីបន្ទាល់របស់ខ្លួនបានដែរ។ នេះហើយគឺជាការបំពេញការទទួលខុសត្រូវរបស់ខ្លួន មនុស្សអាចសម្រេចបានត្រឹមប៉ុណ្ណេះតែប៉ុណ្ណោះដោយភាពជាមនុស្សរបស់ពួកគេ។ លើសពីនេះ អ្វីដែលសំខាន់បំផុតនោះគឺថា បន្ទាប់ពីជឿលើព្រះជាម្ចាស់អស់រយៈពេលជាច្រើនឆ្នាំ និងបានស្ដាប់សេចក្ដីពិតជាច្រើនមក យ៉ាងហោចណាស់មនុស្សក៏មានការយល់ដឹង និងការស្គាល់ជាមូលដ្ឋានបំផុតនេះដែរគឺ៖ វាសនារបស់មនុស្សត្រូវបានកំណត់ដោយស្ថានសួគ៌ មនុស្សរស់នៅក្នុងព្រះហស្តរបស់ព្រះជាម្ចាស់ ហើយការទទួលបានការថែរក្សា និងការការពារពីព្រះជាម្ចាស់ គឺសំខាន់ខ្លាំងជាងការខ្វល់ខ្វាយ សេចក្ដីកតញ្ញូ ឬការនៅកំដរពីកូនៗរបស់ខ្លួនទៅទៀត។ តើអ្នកមិនស្ងប់ចិត្តទេឬ ដែលឪពុកម្ដាយរបស់អ្នកស្ថិតក្រោមការថែរក្សា និងការការពាររបស់ព្រះជាម្ចាស់នោះ? អ្នកមិនចាំបាច់បារម្ភពីពួកគេឡើយ។ ប្រសិនបើអ្នកបារម្ភ នោះមានន័យថាអ្នកមិនទុកចិត្តលើព្រះជាម្ចាស់ទេ សេចក្ដីជំនឿរបស់អ្នកលើទ្រង់គឺតូចតាចពេកហើយ។ ប្រសិនបើអ្នកពិតជាបារម្ភ និងខ្វល់ខ្វាយពីឪពុកម្ដាយរបស់អ្នកមែន នោះអ្នកគួរតែអធិដ្ឋានទៅកាន់ព្រះជាម្ចាស់ឱ្យញឹកញាប់ ប្រគល់ពួកគាត់ទៅក្នុងព្រះហស្តរបស់ព្រះជាម្ចាស់ ហើយទុកឱ្យព្រះជាម្ចាស់ចាត់ចែង និងរៀបចំអ្វីៗគ្រប់យ៉ាង។ ព្រះជាម្ចាស់មានអធិបតេយ្យភាពលើវាសនារបស់មនុស្សជាតិ និងលើរាល់ថ្ងៃនៃជីវិតរបស់ឪពុកម្ដាយអ្នក ព្រមទាំងអ្វីៗគ្រប់យ៉ាងដែលកើតឡើងចំពោះពួកគាត់ ដូច្នេះ តើអ្នកនៅបារម្ភពីរឿងអ្វីទៀតទៅ? អ្នកមិនទាំងអាចមានអធិបតេយ្យភាពលើខ្លួនឯងបានផង ឬអ្នកផ្ទាល់មានការលំបាកជាច្រើនរាប់មិនអស់ដែលអ្នកមិនអាចដោះស្រាយបាន តើអ្នកអាចធ្វើអ្វីបានដើម្បីឱ្យឪពុកម្ដាយរបស់អ្នករស់នៅយ៉ាងមានសុភមង្គលជារៀងរាល់ថ្ងៃនោះ? អ្វីទាំងអស់ដែលអ្នកអាចធ្វើបាន គឺផ្ទុកផ្ដាក់អ្វីៗគ្រប់យ៉ាងទៅក្នុងព្រះហស្តរបស់ព្រះជាម្ចាស់។ ប្រសិនបើពួកគាត់ជាអ្នកជឿ សូមទូលអង្វរព្រះជាម្ចាស់ឱ្យដឹកនាំពួកគាត់ទៅកាន់ផ្លូវត្រូវ ដើម្បីឱ្យពួកគាត់អាចទទួលបានសេចក្ដីសង្គ្រោះនៅទីបំផុត។ ប្រសិនបើពួកគាត់មិនមែនជាអ្នកជឿទេ ចូរទុកឱ្យពួកគាត់ដើរលើផ្លូវណាក៏ដោយដែលពួកគាត់ចង់ដើរចុះ។ ប្រសិនបើពួកគាត់មានភាពជាមនុស្សបន្តិចបន្តួច អ្នកក៏អាចអធិដ្ឋានសុំឱ្យព្រះជាម្ចាស់ប្រទានព្រះពរដល់ពួកគាត់ ឱ្យរស់នៅក្នុងជីវិតសេសល់របស់ពួកគាត់ដោយសុភមង្គលទៅចុះ។ ចំពោះអ្វីដែលព្រះជាម្ចាស់ធ្វើបន្ទាប់ពីនោះ ទ្រង់មានការរៀបចំរបស់ទ្រង់ ហើយមនុស្សគួរតែចុះចូលនឹងការរៀបចំទាំងនោះ។ ដូច្នេះ ជារួម តាមពិតទៅមនុស្សដឹងច្បាស់នៅក្នុងចិត្តរបស់ខ្លួន អំពីការទទួលខុសត្រូវអ្វីខ្លះដែលពួកគេគួរបំពេញចំពោះឪពុកម្ដាយរបស់ខ្លួន យ៉ាងហោចណាស់ ពួកគេក៏មានការដឹងខុសត្រូវអំពីរឿងនេះនៅក្នុងមនសិការរបស់ខ្លួនដែរ។ ទោះបីជាអាកប្បកិរិយារបស់មនុស្សចំពោះឪពុកម្ដាយពួកគេយ៉ាងណាក៏ដោយ មិនថាជាការខ្វល់ខ្វាយ ឬការជ្រើសរើសនៅក្បែរពួកគាត់នោះទេ ទោះក្នុងករណីណាក៏ដោយ ពួកគេមិនគួរមានអារម្មណ៍ខុស ឬមានអារម្មណ៍ថាត្រូវបានថ្កោលទោសជានិច្ចនៅក្នុងមនសិការរបស់ខ្លួនឡើយ នៅពេលដែលពួកគេមិនអាចបំពេញការទទួលខុសត្រូវចំពោះឪពុកម្ដាយរបស់ពួកគេបាន ដោយសារតែកាលៈទេសៈជាក់ស្តែង។ ប្រសិនបើអ្នកមានអារម្មណ៍ខុសបន្តិចបន្តួច ឬមានអារម្មណ៍ថាត្រូវបានថ្កោលទោសខ្លះៗនៅក្នុងមនសិការរបស់អ្នក អ្នកមិនគួរបណ្ដោយឱ្យវាក្លាយជារឿងដែលរំខាន និងរារាំងដល់ជំនឿរបស់អ្នកលើព្រះជាម្ចាស់ និងការដើរតាមព្រះជាម្ចាស់ឡើយ។ មនុស្សឆ្លាតគួរតែបោះបង់ចោលនូវអារម្មណ៍អវិជ្ជមានទាំងនេះ មានទស្សនៈត្រឹមត្រូវលើបញ្ហានៃការបំពេញការទទួលខុសត្រូវចំពោះឪពុកម្ដាយរបស់ពួកគេ និងធ្វើអ្វីដែលស្ថិតក្នុងសមត្ថភាពរបស់ពួកគេ ដើម្បីបំពេញការទទួលខុសត្រូវរបស់ខ្លួនបន្តិចបន្តួច ដោយផ្អែកលើគោលការណ៍ដែលថា រឿងនេះមិនប៉ះពាល់ដល់ជំនឿរបស់ពួកគេលើព្រះជាម្ចាស់ និងការបំពេញភារកិច្ចរបស់ពួកគេ នោះគឺគ្រប់គ្រាន់ហើយ។ ពួកគេមិនគួរតែងតែរងឥទ្ធិពលពីមតិសាធារណៈ និងអារម្មណ៍នៃការថ្កោលទោសនៅក្នុងមនសិការរបស់ខ្លួនឡើយ ពួកគេគួរតែដោះស្រាយបញ្ហាទាំងនេះដោយផ្អែកលើព្រះបន្ទូលរបស់ព្រះជាម្ចាស់ និងសេចក្ដីពិត។ តាមរបៀបនេះ មនុស្សនឹងមិនត្រូវបានរំខាន ឬត្រូវរឹតត្បិតឡើយ នៅពេលនិយាយដល់រឿងទាំងនេះ។ រឿងម្យ៉ាងគឺ ចេញពីជម្រៅដួងចិត្តរបស់អ្នក អ្នកនឹងដឹងថា អ្នកមិនមែនអកតញ្ញូនោះទេ ហើយថាអ្នកមិនកំពុងគេចវេះពីការទទួលខុសត្រូវរបស់ខ្លួន ឬបដិសេធមិនបំពេញការទទួលខុសត្រូវទាំងនោះឡើយ។ រឿងម្យ៉ាងទៀតគឺ ឪពុកម្ដាយរបស់អ្នកស្ថិតនៅក្នុងព្រះហស្តរបស់ព្រះជាម្ចាស់ ដូច្នេះ តើអ្នកនៅមានអ្វីត្រូវបារម្ភទៀតទៅ? រាល់ការបារម្ភរបស់អ្នក គឺជារឿងមិនចាំបាច់ឡើយ។ មនុស្សម្នាក់ៗនឹងរស់នៅយ៉ាងរលូនស្របតាមអធិបតេយ្យភាព និងការរៀបចំរបស់ព្រះជាម្ចាស់រហូតដល់ទីបញ្ចប់ ដោយឈានដល់ទីបញ្ចប់នៃដំណើររបស់ពួកគេ ដោយគ្មានសេចក្ដីវៀចវេរឡើយ» («របៀបដេញតាមសេចក្ដីពិត (១៦)» នៃសៀវភៅ «ព្រះបន្ទូល» ភាគ៦៖ អំពីការដេញតាមសេចក្តីពិត)។ តាមរយៈព្រះបន្ទូលរបស់ព្រះជាម្ចាស់ ខ្ញុំយល់ថា ពេលវេលា និងប្រភេទនៃជំងឺ ឬគ្រោះអកុសលដែលធ្លាក់លើឪពុកម្ដាយក្នុងឆាកជីវិតរបស់ពួកគាត់ គឺសុទ្ធតែត្រូវបានគ្រប់គ្រងដោយអធិបតេយ្យភាពរបស់ព្រះជាម្ចាស់ ហើយយល់ថា រឿងទាំងនេះមិនពាក់ព័ន្ធនឹងថាតើកូនៗនៅក្បែរដើម្បីមើលថែពួកគាត់ឬអត់នោះទេ។ ទោះបីជាកូនៗនៅក្បែរឪពុកម្ដាយរាល់ថ្ងៃក៏ដោយ ក៏វាមិនអាចផ្លាស់ប្ដូរអ្វីបានដែរ យ៉ាងច្រើន វាគ្រាន់តែជួយបន្ថយបន្ទុកប្រចាំថ្ងៃរបស់ពួកគាត់បានបន្តិចបន្តួចប៉ុណ្ណោះ ប៉ុន្តែបើជាវាសនារបស់ពួកគាត់ ពួកគាត់នឹងនៅតែឈឺ ហើយនៅពេលកំណត់មកដល់ ពួកគាត់ត្រូវតែទៅ។ នេះគឺជាវាសនាដែលកំណត់ដោយព្រះអាទិករ។ ថាតើម៉ែខ្ញុំនឹងមានជំងឺអ្វី ឬថាតើគាត់នឹងស្លាប់ឬអត់ គឺសុទ្ធតែស្ថិតនៅក្នុងការកំណត់របស់ព្រះជាម្ចាស់។ ទោះបីជាខ្ញុំត្រឡប់ទៅវិញ ហើយនៅក្បែរគាត់រាល់ថ្ងៃក៏ដោយ ក៏វាមិនអាចផ្លាស់ប្ដូរអ្វីបានដែរ។ ជីវិត និងសេចក្ដីស្លាប់របស់គាត់ ត្រូវបានកំណត់ទុកជាមុនដោយព្រះជាម្ចាស់ជាយូរមកហើយ។ ថាតើគាត់នឹងរស់ដល់អាយុប៉ុន្មាន ការរងទុក្ខអ្វីដែលគាត់នឹងទ្រាំទ្រ និងកាលៈទេសៈអ្វីដែលគាត់នឹងជួបប្រទះ រឿងទាំងអស់នេះស្ថិតនៅក្រោមអធិបតេយ្យភាព និងការកំណត់ទុកជាមុនរបស់ព្រះជាម្ចាស់ ហើយការបារម្ភរបស់ខ្ញុំនឹងមិនអាចជួយអ្វីបានទេ។ ម៉ែរបស់ខ្ញុំក៏ជឿលើព្រះជាម្ចាស់ដែរ ហើយព្រះជាម្ចាស់នឹងរៀបចំកាលៈទេសៈសមស្របសម្រាប់គាត់ ដើម្បីឲ្យគាត់ដកពិសោធស្របតាមស្ថានភាពរបស់គាត់។ ដូចកាលដែលម៉ែខ្ញុំមានរបួសអ៊ីចឹង ខ្ញុំមិនបានយល់ពី បំណងព្រះហឫទ័យដ៏ជ្រាលជ្រៅ របស់ព្រះជាម្ចាស់ទេ ហើយចេះតែបារម្ភពីគាត់ ប៉ុន្តែទីបំផុត គាត់មិនអីទេ។ ខ្ញុំបានដឹងថា ជំនឿរបស់ខ្ញុំពិតជាខ្វះខាតមែន និងដឹងថា ខ្ញុំគ្រាន់តែវិនិច្ឆ័យរឿងរ៉ាវដោយប្រើសញ្ញាណរបស់មនុស្សប៉ុណ្ណោះ ហើយខ្វះការយល់ដឹងពិតប្រាកដអំពីសព្វានុភាព និងអធិបតេយ្យភាពរបស់ព្រះជាម្ចាស់។ ឥឡូវនេះ ក្រោយពីចាកចេញពីផ្ទះអស់រយៈពេល ១១ ឆ្នាំ ម៉ែខ្ញុំនៅផ្ទះម្នាក់ឯង ហើយកំពុងបំពេញភារកិច្ចរបស់គាត់អស់ពីលទ្ធភាព ហើយគាត់រស់នៅបានសុខសប្បាយទេ។ ឥឡូវនេះ ខ្ញុំឃើញថា ការព្រួយបារម្ភ និងកង្វល់របស់ខ្ញុំពិតជាមិនចាំបាច់សោះ។ ខ្ញុំក៏យល់ដែរថា ឪពុកម្ដាយរបស់ខ្ញុំមិនមែនជាម្ចាស់បំណុលរបស់ខ្ញុំទេ ហើយយល់ថា ការដែលពួកគាត់ចិញ្ចឹមខ្ញុំ គឺជាផ្នែកមួយនៃទំនួលខុសត្រូវ និងកាតព្វកិច្ចរបស់ពួកគាត់ ហើយខ្ញុំមិនអាចចាត់ទុកការនេះថាជាគុណបំណាច់ដែលត្រូវសងនោះទេ។ ខ្ញុំមានបេសកកម្មក្នុងជីវិតនេះដែលត្រូវបំពេញ គឺត្រូវបំពេញភារកិច្ចជាភាវៈដែលព្រះបានបង្កើតឲ្យបានល្អ។ ពេលដែលខ្ញុំគិតបែបនេះ អារម្មណ៍ដែលមានកំហុសរបស់ខ្ញុំបានបាត់អស់ ហើយខ្ញុំមានអារម្មណ៍ថាត្រូវបានរំដោះជាងមុននៅក្នុងវិញ្ញាណរបស់ខ្ញុំ និងអាចលះបង់ខ្លួនឯងចំពោះភារកិច្ចរបស់ខ្ញុំ។ សូមអរព្រះគុណព្រះជាម្ចាស់សម្រាប់ការដឹកនាំរបស់ទ្រង់!