៤៩. តើការបោះបង់ និងការលះបង់ដើម្បីទទួលបានព្រះពរ ត្រឹមត្រូវដែរឬទេ?
ខ្ញុំមានជំងឺលើសឈាម ដែលជាជំងឺតំណពូជក្នុងគ្រួសារខ្ញុំ។ នៅឆ្នាំ ២០១៣ ខ្ញុំក៏កើតមានអាការឈឺក្បាលយ៉ាងខ្លាំង ដែលកើតឡើងរៀងរាល់មួយ ឬពីរថ្ងៃម្ដង។ ពេលអាការឈឺចាប់វាយប្រហារ ខ្ញុំមិនអាចធ្វើអ្វីបានឡើយ គឺខ្ញុំមានអារម្មណ៍អស់កម្លាំងពេញខ្លួន សូម្បីតែឈរក៏មិនរួចផង ហើយការឈឺក្បាលនោះ ក៏ធ្វើឲ្យខ្ញុំឈឺធ្មេញ និងចង់ក្អួតដែរ។ ទោះបីជាខ្ញុំបានទៅមន្ទីរពេទ្យធំៗក៏ដោយ ក៏នៅតែរកមូលហេតុមិនឃើញដដែល។ ពេលខ្លះ ការឈឺចាប់ខ្លាំងក្លាពេក រហូតដល់ថ្នាក់ខ្ញុំចង់បោកក្បាលនឹងជញ្ជាំង ហើយចង់តែស្លាប់ឲ្យផុតៗទៅ ប៉ុន្តែដោយឃើញប្រពន្ធ និងកូនដែលទើបនឹងកើតរបស់ខ្ញុំ ខ្ញុំក៏តស៊ូបន្តទៅ។ ក្រោយមក ម្ដាយខ្ញុំបានចែករំលែកដំណឹងល្អនៃគ្រាចុងក្រោយរបស់ព្រះដ៏មានគ្រប់ព្រះចេស្ដាដល់ខ្ញុំ ហើយខ្ញុំក៏ដាក់ក្ដីសង្ឃឹមទៅលើព្រះជាម្ចាស់ ដោយគិតថា ដោយសារព្រះជាម្ចាស់មានគ្រប់ព្រះចេស្ដា បើខ្ញុំជឿលើទ្រង់អស់ពីចិត្ត ទ្រង់ប្រហែលជាប្រទានពរដល់ខ្ញុំ ហើយព្យាបាលជំងឺខ្ញុំឲ្យជា។ ក្រោយពេលខ្ញុំចាប់ផ្ដើមជឿលើព្រះជាម្ចាស់ អាការរបស់ខ្ញុំក៏បានធូរស្រាលខ្លះដែរ។ ថ្ងៃមួយ ខ្ញុំបានអានព្រះបន្ទូលរបស់ព្រះជាម្ចាស់ដូចតទៅ៖ «អស់អ្នកណាដែលលះបង់ដើម្បីខ្ញុំដោយស្មោះស្ម័គ្រ ខ្ញុំនឹងប្រទានព្រះពរដល់អ្នកទាំងនោះយ៉ាងហូរហៀរ» («ព្រះសូរសៀងរបស់ព្រះគ្រីស្ទ កាលពីដើមដំបូង» ជំពូកទី ៥៥ នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)។ ខ្ញុំរំភើបណាស់ ហើយកាន់តែជឿជាក់ថា ឲ្យតែខ្ញុំខំប្រឹងលះបង់ខ្លួនដើម្បីព្រះជាម្ចាស់ នោះខ្ញុំនឹងទទួលបានព្រះពរពីទ្រង់នៅថ្ងៃអនាគត។ ក្រោយមក ខ្ញុំបានបោះបង់ការងារដែលទទួលបានប្រាក់ខែខ្ពស់ ដើម្បីលះបង់ខ្លួនបំពេញភារកិច្ចពេញម៉ោង ហើយទោះបីជាខ្ញុំរងទុក្ខ ឬជួបការលំបាកប៉ុនណាក៏ដោយ ក៏ខ្ញុំពេញចិត្ត និងសប្បាយរីករាយនឹងធ្វើវាដែរ។ ក្នុងអំឡុងប៉ុន្មានឆ្នាំនោះ អាការឈឺក្បាលរបស់ខ្ញុំបានប្រសើរឡើងយ៉ាងខ្លាំង ហើយភាពញឹកញាប់នៃការធ្វើទុក្ខក៏បានថយចុះ។ ពីរបីឆ្នាំក្រោយមក ពេលខ្ញុំកំពុងបំពេញភារកិច្ចនៅឆ្ងាយពីផ្ទះ ខ្ញុំបានជួបបងស្រីម្នាក់ដែលជាវេជ្ជបណ្ឌិត។ គាត់ប្រាប់ខ្ញុំថា ការឈឺក្បាលរបស់ខ្ញុំបណ្ដាលមកពីជំងឺឈឺសរសៃប្រសាទទី៥ ហើយគាត់បានចេញថ្នាំខ្លះដែលមានតម្លៃជាង ១០ យ័នប៉ុណ្ណោះ។ អ្វីដែលធ្វើឲ្យខ្ញុំភ្ញាក់ផ្អើលនោះគឺ ក្រោយពីលេបថ្នាំបានពីរខែ ជំងឺឈឺសរសៃប្រសាទទី៥របស់ខ្ញុំក៏បានបាត់ទៅវិញយ៉ាងអស្ចារ្យ។ ជំងឺរ៉ាំរ៉ៃដែលខ្ញុំកើតជាច្រើនឆ្នាំបានបាត់ទៅ ហើយខ្ញុំសប្បាយចិត្តជាខ្លាំង។ ខ្ញុំដឹងថា មើលពីសំបកក្រៅ ហាក់ដូចជាថ្នាំជាអ្នកព្យាបាលខ្ញុំឲ្យជា តែតាមពិត វាគឺជាព្រះគុណរបស់ព្រះជាម្ចាស់ដែលបានមកលើរូបខ្ញុំ។ ហាក់ដូចជាការលះបង់ខ្លួនដើម្បីព្រះជាម្ចាស់ ពិតជានាំមកនូវរង្វាន់មែន ដូច្នេះ ខ្ញុំកាន់តែប្ដេជ្ញាចិត្តក្នុងការបំពេញភារកិច្ចរបស់ខ្លួន។
នៅក្នុងខែកក្កដា ឆ្នាំ ២០២៣ ខ្ញុំចាប់ផ្ដើមមានអារម្មណ៍ធីងធោងជាប់រហូត ហើយពេលខ្លះ ខ្ញុំក៏ឈឺក្បាល និងវិលមុខដែរ។ ដំបូងឡើយ ខ្ញុំមិនបានយកចិត្តទុកដាក់ច្រើនពីវាទេ ដោយគិតថា ដោយសារខ្ញុំមានជំងឺលើសឈាម ការវិលមុខម្ដងម្កាលគឺជារឿងធម្មតា។ ប៉ុន្តែ ជាងមួយខែក្រោយមក នៅតែគ្មានភាពប្រសើរឡើងសោះ រោគសញ្ញាកាន់តែធ្ងន់ធ្ងរ រហូតដល់ថ្នាក់ខ្ញុំអាចបំពេញភារកិច្ចបានតែពេលព្រឹកប៉ុណ្ណោះ។ ដល់ពេលរសៀល និងពេលល្ងាច ក្បាលខ្ញុំវិល ហើយឈឺ រីឯដៃឆ្វេងខ្ញុំវិញនឹងស្ពឹក។ ពេលវិលមុខខ្លាំង ខ្ញុំក៏ទម្រេតខ្លួនចុះ ដើម្បីសម្រាកមួយសន្ទុះ។ ថ្ងៃមួយ ក្រោយពេលចេញពីបន្ទប់ទឹក ខ្ញុំមានអារម្មណ៍វិលមុខខ្លាំងពេក រហូតដល់ខ្ញុំប្រញាប់ផ្អែកនឹងជញ្ជាំង ហើយបិទភ្នែក តែស្រាប់តែខ្ញុំសន្លប់បាត់ស្មារតី ក្រោយរយៈពេលមួយសន្ទុះខ្លី។ ពេលខ្ញុំដឹងខ្លួនវិញ ខ្ញុំមានអារម្មណ៍ឈឺចាប់យ៉ាងខ្លាំងនៅផ្នែកខាងក្រោយក្បាល ហើយដឹងថា ខ្ញុំកំពុងដេកនៅលើឥដ្ឋស៊ីម៉ងត៍។ ក្រោយពេលបងប្រុសម្នាក់បានគ្រាហ៍ខ្ញុំឲ្យក្រោកឡើង ខ្ញុំកត់សម្គាល់ឃើញថា ខ្ញុំបានដួលបុកក្របមាត់ទ្វារបាក់ ហើយមានពកធំមួយនៅផ្នែកខាងក្រោយក្បាលរបស់ខ្ញុំ។ ខ្ញុំគិតក្នុងចិត្តថា «វាជារឿងល្អដែលខ្ញុំដួលបុកស៊ុមទ្វារមុន បើក្បាលផ្នែកខាងក្រោយរបស់ខ្ញុំបុកផ្ទាល់នឹងឥដ្ឋវិញនោះ ផលវិបាកពិតជានឹកស្មានមិនដល់ឡើយ!» ដូច្នេះ ខ្ញុំក៏ទៅមន្ទីរពេទ្យ ដើម្បីពិនិត្យ ហើយលទ្ធផលរោគវិនិច្ឆ័យគឺ ស្ទះសរសៃឈាមខួរក្បាល។ ខ្ញុំតក់ស្លុតជាខ្លាំង ហើយសួរទៅគ្រូពេទ្យថា៖ «តើខ្ញុំអាចស្ទះសរសៃឈាមខួរក្បាលនៅវ័យក្មេងបែបនេះយ៉ាងដូចម្ដេចទៅ? តើនេះមិនមែនជាជំងឺសម្រាប់មនុស្សចាស់ទេឬ? តើអាចមានការភាន់ច្រឡំដែរទេ?» គ្រូពេទ្យបានបញ្ជាក់ម្ដងហើយម្ដងទៀតថា វាពិតជាការស្ទះសរសៃឈាមខួរក្បាលមែន ហើយគាត់បានរៀបចំឲ្យខ្ញុំសម្រាកព្យាបាលនៅមន្ទីរពេទ្យ។ គាត់និយាយថា សម្រាប់មនុស្សវ័យក្មេងបែបនេះដែលមានការស្ទះសរសៃឈាមតូចៗ បើមិនបានព្យាបាលឲ្យទាន់ពេលទេ វាអាចនាំឲ្យស្ទះសរសៃឈាមធំៗ ដែលនឹងបង្កជាបញ្ហាលំបាកមិនខាន។ សម្ដីរបស់គ្រូពេទ្យបានសង្កត់ធ្ងន់លើចិត្តខ្ញុំដូចជាថ្មមួយដុំ។ ខ្ញុំធ្លាប់ឃើញមនុស្សចាស់ជាច្រើនដែលមានជំងឺស្ទះសរសៃឈាមខួរក្បាល ហើយអ្នកដែលមានអាការធ្ងន់ធ្ងរ បានក្លាយជាស្លាប់មួយចំហៀងខ្លួន និយាយមិនច្បាស់ មាត់វៀច ភ្នែកវៀច និងវង្វេងវង្វាន់។ ខ្ញុំភ័យខ្លាចក្លាយជាដូចពួកគេណាស់ ដោយគិតថា៖ «បើខ្ញុំក្លាយជាបែបនោះមែន តើខ្ញុំនឹងអាចហូប និងផឹកព្រះបន្ទូលរបស់ព្រះជាម្ចាស់ ហើយបំពេញភារកិច្ចខ្ញុំយ៉ាងដូចម្ដេចបាន? បើមិនបានបំពេញភារកិច្ច តើខ្ញុំអាចទទួលបានសេចក្ដីសង្គ្រោះយ៉ាងដូចម្ដេចទៅ?» គំនិតទាំងនេះធ្វើឲ្យខ្ញុំមានអារម្មណ៍ខ្វល់ខ្វាយ និងមានអារម្មណ៍ថារងអយុត្តិធម៌ ហើយខ្ញុំចាប់ផ្ដើមត្អូញត្អែរថា៖ «អស់រយៈពេលជាច្រើនឆ្នាំមកនេះ ខ្ញុំបានបោះបង់គ្រួសារ និងអាជីពរបស់ខ្ញុំចោល។ ទោះបីជាសាច់ញាតិ និងមិត្តភក្តិរបស់ខ្ញុំចំអក និងបង្កាច់បង្ខូចខ្ញុំក៏ដោយ ក៏ខ្ញុំមិនដែលបោះបង់ជំនឿលើព្រះជាម្ចាស់ដែរ។ ខ្ញុំបានឆ្លងកាត់គ្រាលំបាកជាច្រើន ដើម្បីបំពេញភារកិច្ចរបស់ខ្ញុំ ចុះហេតុអ្វីបានជាព្រះជាម្ចាស់មិនការពារខ្ញុំ? ហេតុអ្វីបានជាទ្រង់បណ្ដោយឲ្យខ្ញុំកើតជំងឺនេះ? បើខ្ញុំមិនឈឺទេ តើខ្ញុំមិនអាចបំពេញភារកិច្ចបានកាន់តែល្អជាងនេះទេឬ?» ជាពិសេស ក្នុងអំឡុងពេលខ្ញុំសម្រាកនៅមន្ទីរពេទ្យ ខ្ញុំគឺជាអ្នកជំងឺក្មេងជាងគេ ក្នុងចំណោមអ្នកជំងឺជិតមួយរយនាក់ ហើយពេលអ្នកជំងឺនៅជុំវិញខ្ញុំដឹងថា ខ្ញុំមានជំងឺនេះ ពួកគេមានការភ្ញាក់ផ្អើល ហើយនិយាយថា៖ «ចំពោះមនុស្សចាស់ដែលមានជំងឺនេះ គឺជារឿងអាចយល់បាន តែហេតុអ្វីបានជាក្មេងដូចឯង មានជំងឺស្ទះសរសៃឈាមខួរក្បាលទៅវិញ?» ពេលឮបែបនេះ ធ្វើឲ្យខ្ញុំកាន់តែពិបាកចិត្តថែមទៀត។ ដោយឃើញអ្នកជំងឺជាច្រើននៅក្នុងបន្ទប់សង្គ្រោះកម្រិតធ្ងន់ ដែលបានដួលសន្លប់ដោយសារការស្ទះសរសៃឈាមខួរក្បាលភ្លាមៗ ដោយមានជាប់បំពង់អុកស៊ីសែន ហើយដឹងខ្លួនខ្លះ មិនដឹងខ្លួនខ្លះ ខ្ញុំបារម្ភថា ក្រែងលោខ្ញុំក្លាយជាបែបនោះ បើខ្ញុំសន្លប់ម្ដងទៀត។ ខ្ញុំគិតថា៖ «ហេតុអ្វីបានជាខ្ញុំស៊យម្ល៉េះ ដែលត្រូវមកកើតជំងឺបែបនេះ?» ខ្ញុំមានអារម្មណ៍ខ្វល់ខ្វាយ និងមិនស្រួលក្នុងចិត្តសោះ។ ក្រោយការព្យាបាលមួយរយៈ អាការរបស់ខ្ញុំត្រូវបានគ្រប់គ្រងបាន។ ក្រោយពេលត្រឡប់មកផ្ទះវិញ ខ្ញុំផ្ដោតតែលើការថែរក្សាសុខភាព ដោយខ្លាចថាខ្លួនឯងធ្វើការហួសកម្លាំង ហើយចិត្តរបស់ខ្ញុំមិនបានទុកដាក់លើភារកិច្ចទេ។
យប់មួយ ពេលខ្ញុំកំពុងដេកនៅលើគ្រែ ខ្ញុំបានរំពឹងគិតថា ប៉ុន្មានថ្ងៃកន្លងមកនេះ ខ្ញុំមិនបានយកចិត្តទុកដាក់លើភារកិច្ចរបស់ខ្ញុំទេ ដោយសារតែខ្ញុំផ្ដោតលើការថែរក្សាសុខភាព ហើយខ្ញុំមានអារម្មណ៍ថាមានកំហុសបន្តិចដែរ។ ថ្ងៃបន្ទាប់ ខ្ញុំបានអធិស្ឋានចំពោះព្រះជាម្ចាស់ថា៖ «ព្រះដ៏មានគ្រប់ព្រះចេស្ដាអើយ តាំងពីទូលបង្គំដឹងថា ទូលបង្គំមានជំងឺស្ទះសរសៃឈាមខួរក្បាលមក ទូលបង្គំចេះតែបារម្ភខ្លាចវាធ្វើទុក្ខម្ដងទៀត ហើយធ្វើឲ្យទូលបង្គំសន្លប់ទៀត។ ទូលបង្គំខ្លាចថា បើទូលបង្គំដួលធ្ងន់ធ្ងរ ហើយមានគ្រោះថ្នាក់ដល់ជីវិត ទូលបង្គំនឹងមិនអាចទទួលបានសេចក្ដីសង្គ្រោះឡើយ។ ជាលទ្ធផល ទូលបង្គំមិនស្ថិតក្នុងសភាពត្រឹមត្រូវក្នុងការបំពេញភារកិច្ចទេ ហើយទូលបង្គំបារម្ភពីការថែរក្សាសុខភាពជាង។ ព្រះជាម្ចាស់អើយ ទូលបង្គំសូមទ្រង់ប្រទានជំនឿដល់ទូលបង្គំ និងដឹកនាំទូលបង្គំឲ្យស្វែងរកសេចក្ដីពិត ដើម្បីដោះស្រាយសភាពរបស់ទូលបង្គំផង»។ ក្រោយពេលអធិស្ឋានរួច ខ្ញុំនឹកឃើញព្រះបន្ទូលរបស់ព្រះជាម្ចាស់ ដែលបងស្រីម្នាក់បានផ្ញើមកឲ្យខ្ញុំ មុនពេលខ្ញុំចូលសម្រាកព្យាបាលនៅមន្ទីរពេទ្យ៖ «អាយុរបស់មនុស្សម្នាក់ៗ ត្រូវបានព្រះជាម្ចាស់កំណត់ទុកជាមុន។ តាមទស្សនៈខាងវេជ្ជសាស្រ្ត ជំងឺមួយអាចជាជំងឺដំណាក់កាលចុងក្រោយ ប៉ុន្តែតាមទស្សនៈរបស់ព្រះជាម្ចាស់ ប្រសិនបើអាយុរបស់អ្នកមិនទាន់អស់ ហើយពេលវេលារបស់អ្នកមិនទាន់មកដល់ទេ នោះទោះបីជាអ្នកចង់ស្លាប់ ក៏អ្នកមិនអាចស្លាប់បានដែរ។ ប្រសិនបើអ្នកមានការផ្ទុកផ្តាក់របស់ព្រះជាម្ចាស់ ហើយបេសកកម្មរបស់អ្នកមិនទាន់បានសម្រេចទេ នោះអ្នកនឹងមិនស្លាប់ឡើយ ទោះបីជាអ្នកកើតជំងឺដែលត្រូវស្លាប់ក៏ដោយ ក៏ព្រះជាម្ចាស់នឹងមិនទាន់យកអ្នកទៅដែរ។ ទោះបីជាអ្នកមិនអធិស្ឋាន និងមិនស្វែងរកសេចក្ដីពិត ហើយមិនយកចិត្តទុកដាក់ព្យាបាលជំងឺរបស់អ្នក ឬទោះបីការព្យាបាលត្រូវបានពន្យារពេលក៏ដោយ ក៏អ្នកនឹងមិនស្លាប់ដែរ។ ជាពិសេសគឺចំពោះអស់អ្នកដែលមានការផ្ទុកផ្តាក់ដ៏សំខាន់ពីព្រះជាម្ចាស់។ នៅពេលដែលបេសកកម្មរបស់ពួកគេមិនទាន់បានសម្រេច មិនថាមានជំងឺអ្វីកើតឡើងមកលើពួកគេក៏ដោយ ក៏ពួកគេនឹងមិនស្លាប់ភ្លាមៗនោះដែរ គឺពួកគេនឹងរស់នៅរហូតដល់ពេលចុងក្រោយនៃការសម្រេចបេសកកម្មរបស់ពួកគេ។ តើអ្នកមានជំនឿនេះទេ? ប្រសិនបើអ្នកមិនធ្វើដូច្នេះទេ អ្នកនឹងគ្រាន់តែអធិស្ឋានបែបសើរៗទៅកាន់ព្រះជាម្ចាស់ ដោយពោលថា៖ 'ឱ ព្រះជាម្ចាស់អើយ ទូលបង្គំត្រូវតែបំពេញការផ្ទុកផ្តាក់ដែលព្រះអង្គបានប្រទានមកទូលបង្គំ។ ទូលបង្គំចង់ចំណាយពេលចុងក្រោយរបស់ទូលបង្គំដោយចិត្តស្មោះស្ម័គ្រចំពោះព្រះអង្គ ដើម្បីកុំឱ្យទូលបង្គំមានការសោកស្ដាយអ្វីឡើយ។ ព្រះអង្គត្រូវតែការពារទូលបង្គំ!' ទោះបីជាអ្នកអធិស្ឋានបែបនេះក៏ដោយ ប្រសិនបើអ្នកមិនចាប់ផ្ដើមស្វែងរកសេចក្ដីពិតដោយខ្លួនឯងទេ នោះអ្នកនឹងគ្មានការតាំងចិត្ត និងកម្លាំងដើម្បីស្មោះស្ម័គ្រឡើយ។ ដោយសារតែអ្នកមិនសុខចិត្តលះបង់ពិតប្រាកដ អ្នកតែងតែប្រើលេស និងវិធីសាស្ត្របែបនេះដើម្បីអធិស្ឋានទៅកាន់ព្រះជាម្ចាស់ និងតថ្លៃជាមួយទ្រង់ ពោលតើនេះជាមនុស្សដែលដេញតាមសេចក្ដីពិតដែរឬទេ? ប្រសិនបើជំងឺរបស់អ្នកត្រូវបានព្យាបាលឱ្យជាសះស្បើយ តើអ្នកពិតជាអាចបំពេញភារកិច្ចរបស់អ្នកបានល្អមែនឬ? មិនប្រាកដទេ។ ការពិតគឺថា មិនថាការតថ្លៃរបស់អ្នកមានបំណងចង់ឱ្យជំងឺរបស់អ្នកជាសះស្បើយ និងការពារអ្នកពីសេចក្តីស្លាប់ ឬក៏អ្នកមានបំណង ឬគោលដៅផ្សេងទៀតនៅក្នុងនោះទេ តាមទស្សនៈរបស់ព្រះជាម្ចាស់ ដរាបណាអ្នកអាចបំពេញភារកិច្ចរបស់អ្នកបាន ដរាបណាអ្នកនៅមានប្រយោជន៍ ហើយឱ្យតែព្រះជាម្ចាស់បានសម្រេចថា អ្នកនឹងត្រូវបានប្រើប្រាស់ នោះមានន័យថា អ្នកមិនគួរស្លាប់នោះទេ។ អ្នកនឹងមិនអាចស្លាប់បានឡើយ ទោះបីជាអ្នកចង់ស្លាប់ក៏ដោយ។ ប៉ុន្តែ ប្រសិនបើអ្នកបង្កបំពានបញ្ហាដោយមិនខ្លាចរអា ហើយប្រព្រឹត្តអំពើអាក្រក់គ្រប់បែបយ៉ាង និងប្រមាថនិស្ស័យរបស់ព្រះជាម្ចាស់ នោះអ្នកនឹងស្លាប់កាន់តែឆាប់ ពោលគឺអាយុជីវិតរបស់អ្នកនឹងត្រូវកាត់បន្ថយឱ្យខ្លី។ អាយុកាលរបស់មនុស្សម្នាក់ៗ ត្រូវបានកំណត់ទុកជាមុនរួចជាស្រេចដោយព្រះជាម្ចាស់ តាំងពីមុនពេលនៃការបង្កើតពិភពលោកមកម្ល៉េះ។ ប្រសិនបើពួកគេអាចចុះចូលនឹងការរៀបចំ និងការចាត់ចែងរបស់ព្រះជាម្ចាស់ នោះមិនថាពួកគេមានជំងឺ ឬអត់ ហើយមិនថាពួកគេមានសុខភាពល្អ ឬមិនល្អនោះទេ ពួកគេនឹងរស់នៅតាមចំនួនឆ្នាំដែលព្រះជាម្ចាស់បានកំណត់ទុកជាមុនរួចជាស្រេច។ តើអ្នកមានសេចក្ដីជំនឿនេះដែរឬទេ? ប្រសិនបើអ្នកគ្រាន់តែទទួលស្គាល់រឿងនេះតាមបែបគោលលទ្ធិ នោះអ្នកគ្មានសេចក្ដីជំនឿពិតប្រាកដឡើយ ហើយការនិយាយពាក្យពីរោះៗ ក៏គ្មានប្រយោជន៍អ្វីដែរ។ ប្រសិនបើអ្នកបញ្ជាក់ចេញពីជម្រៅចិត្តរបស់អ្នកថា នេះគឺជាការកំណត់ទុកជាមុនរបស់ព្រះជាម្ចាស់ ហើយថា នេះគឺជាវិធីដែលព្រះជាម្ចាស់ធ្វើកិច្ចការ នោះការអនុវត្តរបស់អ្នកនឹងផ្លាស់ប្ដូរដោយឯកឯងបាន» («ផ្នែកទី៣» នៃសៀវភៅ «ព្រះបន្ទូល» ភាគ៣៖ ការអធិប្បាយរបស់ព្រះគ្រីស្ទនៃគ្រាចុងក្រោយ)។ តាមរយៈការអានព្រះបន្ទូលរបស់ព្រះជាម្ចាស់ ខ្ញុំបានយល់ថា ជីវិត និងសេចក្ដីស្លាប់របស់មនុស្ស ក៏ដូចជាអាយុសង្ខាររបស់ពួកគេ សុទ្ធតែត្រូវបានកំណត់ដោយព្រះជាម្ចាស់។ ពេលបេសកកម្មរបស់មនុស្សនៅលើផែនដីត្រូវបានបញ្ចប់ អាយុសង្ខាររបស់ពួកគេក៏ដល់ទីបញ្ចប់ដែរ ដែលជាពេលដែលជីវិតរបស់ពួកគេត្រូវបញ្ចប់។ ប្រសិនបើបេសកកម្មរបស់មនុស្សម្នាក់មិនទាន់បានបញ្ចប់ទេ ទោះបីជាជំងឺរបស់គេធ្ងន់ធ្ងរប៉ុនណាក៏ដោយ ក៏ជីវិតរបស់គេនឹងមិនបញ្ចប់ដែរ។ ខ្ញុំបានដឹងថា ពេលវេលាស្លាប់របស់មនុស្សម្នាក់ មិនពាក់ព័ន្ធនឹងជំងឺដែលគេមាននោះទេ តែផ្ទុយទៅវិញ គឺត្រូវបានកំណត់ដោយការតម្រូវទុកជាមុនរបស់ព្រះជាម្ចាស់។ ខ្ញុំនឹកឃើញដល់បងប្អូនប្រុសស្រីមួយចំនួន ដែលត្រូវបានគេធ្វើរោគវិនិច្ឆ័យថាមានជំងឺធ្ងន់ធ្ងរ ហើយគ្រូពេទ្យបានប្រកាសថា ពួកគេរស់នៅបានមិនយូរទៀតទេ តែចុងក្រោយ ជំងឺរបស់ពួកគេត្រូវបានព្យាបាលជាសះស្បើយយ៉ាងអស្ចារ្យទៅវិញ។ ខ្ញុំក៏ធ្លាប់ឮករណីមួយ ដែលក្មេងប្រុសតូចម្នាក់បានស្លាប់ ដោយសារតែជំងឺផ្ដាសាយដែរ។ នេះបង្ហាញខ្ញុំថា ជីវិត និងសេចក្ដីស្លាប់របស់មនុស្សម្នាក់ មិនពាក់ព័ន្ធនឹងភាពធ្ងន់ធ្ងរនៃជំងឺរបស់គេឡើយ តែត្រូវបានកំណត់ដោយការតម្រូវទុកជាមុនរបស់ព្រះជាម្ចាស់។ ទោះជាយ៉ាងណា ខ្ញុំមិនទាន់បានមើលធ្លុះរឿងនេះទេ។ ក្រោយពីដឹងថា ខ្ញុំមានជំងឺស្ទះសរសៃឈាមខួរក្បាល ខ្ញុំបានរស់នៅក្នុងភាពភ័យខ្លាច និងព្រួយបារម្ភ ដោយខ្លាចថា អាការរបស់ខ្ញុំនឹងកាន់តែធ្ងន់ធ្ងរ ខ្លាចថាខ្ញុំអាចនឹងសន្លប់ម្ដងទៀត និងខ្លាចថា ការដួលយ៉ាងធ្ងន់ធ្ងរអាចបណ្ដាលឲ្យមានគ្រោះថ្នាក់ដល់ជីវិត ដែលធ្វើឲ្យខ្ញុំបាត់បង់ឱកាសទទួលបានសេចក្ដីសង្គ្រោះ។ ខ្ញុំថែមទាំងបានត្អូញត្អែរថា ហេតុអ្វីបានជាព្រះជាម្ចាស់មិនការពារខ្ញុំ ហើយបណ្ដោយឲ្យខ្ញុំកើតជំងឺបែបនេះទៀតផង។ ជាលទ្ធផល ភាពក្លៀវក្លារបស់ខ្ញុំក្នុងការបំពេញភារកិច្ចបានថយចុះ ហើយខ្ញុំផ្ដោតតែលើការថែរក្សាសុខភាពប៉ុណ្ណោះ នេះបញ្ជាក់ថា ខ្ញុំមិនមានជំនឿពិតលើព្រះជាម្ចាស់ឡើយ។ ឥឡូវនេះ ខ្ញុំបានយល់ថា អ្វីដែលខ្ញុំអាចធ្វើបាន គឺធ្វើចិត្តឲ្យស្ងប់ ខិតខំបំពេញភារកិច្ចឲ្យបានល្អ និងផ្ញើជីវិត និងសេចក្ដីស្លាប់របស់ខ្ញុំទៅលើព្រះជាម្ចាស់ ដោយអនុញ្ញាតឲ្យទ្រង់ចាត់ចែងគ្រប់យ៉ាង។ ពេលខ្ញុំគិតបែបនេះ ខ្ញុំលែងមានអារម្មណ៍ក្រៀមក្រំ និងព្រួយបារម្ភដូចមុនទៀតហើយ ហើយចិត្តរបស់ខ្ញុំអាចចូលរួមក្នុងការបំពេញភារកិច្ចបាន។
ក្រោយមក ខ្ញុំបានអានព្រះបន្ទូលរបស់ព្រះជាម្ចាស់ទាំងនេះ៖ «មនុស្សខ្លះគិតថា ការជឿលើព្រះជាម្ចាស់ គឺត្រូវតែមានសេចក្ដីសុខសាន្ត និងសេចក្ដីអំណរ ហើយថាប្រសិនបើពួកគេជួបប្រទះនឹងស្ថានការណ៍អ្វីមួយ ពួកគេគ្រាន់តែអធិស្ឋានទៅកាន់ព្រះជាម្ចាស់ នោះព្រះជាម្ចាស់នឹងផ្ទៀងព្រះកាណ៌សណ្ដាប់ ប្រទានព្រះគុណ និងព្រះពរដល់ពួកគេ ហើយធ្វើឱ្យអ្វីៗគ្រប់យ៉ាងប្រព្រឹត្តទៅដោយសុខសាន្ត និងរលូនសម្រាប់ពួកគេ។ គោលបំណងរបស់ពួកគេក្នុងការជឿលើព្រះជាម្ចាស់ គឺដើម្បីស្វែងរកព្រះគុណ ទទួលបានព្រះពរ និងសោយសុខនឹងសេចក្ដីសុខសាន្ត និងសេចក្ដីសប្បាយរីករាយ។ ដោយសារតែទស្សនៈទាំងនេះហើយ ទើបពួកគេលះបង់គ្រួសារ ឬឈប់ធ្វើការ ដើម្បីលះបង់ខ្លួនដើម្បីព្រះជាម្ចាស់ ហើយអាចស៊ូទ្រាំនឹងការលំបាក និងបង់ថ្លៃបាន។ ពួកគេជឿថា ឱ្យតែពួកគេលះបង់របស់ផ្សេងៗ លះបង់ខ្លួនដើម្បីព្រះជាម្ចាស់ ស៊ូទ្រាំនឹងការលំបាក និងខិតខំធ្វើការ ដោយបង្ហាញអាកប្បកិរិយាល្អពិសេស នោះពួកគេនឹងទទួលបានព្រះពរ និងការពេញព្រះទ័យពីព្រះជាម្ចាស់ ហើយមិនថាពួកគេជួបប្រទះការលំបាកអ្វីនោះទេ ឱ្យតែពួកគេអធិស្ឋានទៅកាន់ព្រះជាម្ចាស់ ទ្រង់នឹងដោះស្រាយបញ្ហាទាំងនោះ ហើយបើកផ្លូវសម្រាប់ពួកគេនៅក្នុងគ្រប់កិច្ចការ។ នេះគឺជាទស្សនៈដែលមនុស្សភាគច្រើនដែលជឿលើព្រះជាម្ចាស់ប្រកាន់ខ្ជាប់។ មនុស្សមានអារម្មណ៍ថា ទស្សនៈនេះគឺសមហេតុផល និងត្រឹមត្រូវ។ ការដែលមនុស្សជាច្រើនអាចរក្សាសេចក្ដីជំនឿរបស់ខ្លួនលើព្រះជាម្ចាស់បានរាប់ឆ្នាំ ដោយមិនបោះបង់សេចក្ដីជំនឿចោល គឺទាក់ទងដោយផ្ទាល់ទៅនឹងទស្សនៈមួយនេះ។ ពួកគេគិតថា៖ 'ខ្ញុំបានលះបង់យ៉ាងច្រើនដើម្បីព្រះជាម្ចាស់ អាកប្បកិរិយារបស់ខ្ញុំល្អណាស់ ហើយខ្ញុំមិនបានធ្វើអំពើអាក្រក់ណាមួយឡើយ ព្រះជាម្ចាស់ប្រាកដជាប្រទានពរដល់ខ្ញុំមិនខាន។ ដោយសារតែខ្ញុំបានរងទុក្ខយ៉ាងខ្លាំង និងបានបង់ថ្លៃយ៉ាងធំសម្រាប់កិច្ចការនីមួយៗ ដោយធ្វើគ្រប់យ៉ាងស្របតាមព្រះបន្ទូល និងសេចក្ដីតម្រូវរបស់ព្រះជាម្ចាស់ ដោយមិនបានធ្វើខុសអ្វីសោះ នោះព្រះជាម្ចាស់គួរតែប្រទានពរដល់ខ្ញុំ។ ទ្រង់គួរតែធានាថា អ្វីៗគ្រប់យ៉ាងប្រព្រឹត្តទៅដោយរលូនសម្រាប់ខ្ញុំ ហើយថាខ្ញុំតែងតែមានសេចក្ដីសុខសាន្ត និងសេចក្ដីអំណរនៅក្នុងចិត្ត ហើយរីករាយនឹងព្រះវត្តមានរបស់ព្រះជាម្ចាស់'។ តើនេះមិនមែនជាសញ្ញាណ និងការស្រមើស្រមៃរបស់មនុស្សទេឬអី? ពីទស្សនៈរបស់មនុស្ស មនុស្សសោយសុខនឹងព្រះគុណរបស់ព្រះជាម្ចាស់ និងទទួលបានផលប្រយោជន៍ ដូច្នេះវាសមហេតុផលណាស់ដែលត្រូវរងទុក្ខបន្តិចបន្តួចសម្រាប់រឿងនេះ ហើយវាពិតជាស័ក្តិសមក្នុងការយកការរងទុក្ខនេះទៅដោះដូរនឹងព្រះពររបស់ព្រះជាម្ចាស់។ នេះគឺជាផ្នត់គំនិតនៃការដោះដូរជាមួយព្រះជាម្ចាស់។ ក៏ប៉ុន្តែ ពីទស្សនៈនៃសេចក្ដីពិត និងពីទស្សនៈរបស់ព្រះជាម្ចាស់វិញ រឿងនេះមិនស្របតាមគោលការណ៍នៃកិច្ចការរបស់ព្រះជាម្ចាស់ ឬស្តង់ដារដែលព្រះជាម្ចាស់តម្រូវពីមនុស្សទាល់តែសោះ។ វាគ្រាន់តែជាគំនិតបែបប៉ងប្រាថ្នាទាំងស្រុង ជាសញ្ញាណ និងការស្រមើស្រមៃរបស់មនុស្សសុទ្ធសាធអំពីការជឿលើព្រះជាម្ចាស់ប៉ុណ្ណោះ។ មិនថាវាពាក់ព័ន្ធនឹងការដោះដូរគ្នា ឬការទាមទារអ្វីមួយពីព្រះជាម្ចាស់ ឬមានសញ្ញាណ និងការស្រមើស្រមៃរបស់មនុស្សនោះទេ ទោះជាយ៉ាងណាក៏ដោយ គ្មានអ្វីដែលស្របតាមសេចក្ដីតម្រូវរបស់ព្រះជាម្ចាស់ឡើយ ហើយក៏មិនបំពេញតាមគោលការណ៍ និងស្តង់ដាររបស់ព្រះជាម្ចាស់សម្រាប់ការប្រទានពរដល់មនុស្សដែរ។ ជាពិសេស គំនិត និងទស្សនៈនៃការដោះដូរគ្នានេះ ប្រមាថដល់និស្ស័យរបស់ព្រះជាម្ចាស់ ប៉ុន្តែមនុស្សមិនបានដឹងខ្លួនឡើយ។ នៅពេលអ្វីដែលព្រះជាម្ចាស់ធ្វើ មិនស្របតាមសញ្ញាណរបស់មនុស្ស ពួកគេឆាប់មានការត្អូញត្អែរ និងការយល់ច្រឡំចំពោះទ្រង់នៅក្នុងចិត្តណាស់។ ពួកគេថែមទាំងមានអារម្មណ៍ថាខ្លួនរងភាពអយុត្តិធម៌ ហើយបន្ទាប់មកក៏ចាប់ផ្ដើមតវ៉ាជាមួយព្រះជាម្ចាស់ ហើយពួកគេថែមទាំងអាចវិនិច្ឆ័យ និងថ្កោលទោសទ្រង់ទៀតផង។ មិនថាមនុស្សមានសញ្ញាណ និងការយល់ច្រឡំអ្វីនោះទេ ពីទស្សនៈរបស់ព្រះជាម្ចាស់ ទ្រង់មិនដែលធ្វើ ឬប្រព្រឹត្តចំពោះនរណាម្នាក់ ស្របតាមសញ្ញាណ ឬបំណងប្រាថ្នារបស់មនុស្សឡើយ។ ព្រះជាម្ចាស់តែងតែធ្វើអ្វីដែលទ្រង់សព្វព្រះទ័យនឹងធ្វើ ស្របតាមរបៀបរបស់ទ្រង់ផ្ទាល់ និងផ្អែកលើសារជាតិនិស្ស័យរបស់ទ្រង់ផ្ទាល់។ ព្រះជាម្ចាស់មានគោលការណ៍នៅក្នុងរបៀបដែលទ្រង់ប្រព្រឹត្តចំពោះមនុស្សម្នាក់ៗ។ គ្មានអ្វីមួយដែលទ្រង់ធ្វើចំពោះមនុស្សម្នាក់ៗ ផ្អែកលើសញ្ញាណ ការស្រមើស្រមៃ ឬចំណូលចិត្តរបស់មនុស្សឡើយ នេះគឺជាទិដ្ឋភាពនៃកិច្ចការរបស់ព្រះជាម្ចាស់ ដែលផ្ទុយនឹងសញ្ញាណរបស់មនុស្សខ្លាំងបំផុត។ នៅពេលដែលព្រះជាម្ចាស់រៀបចំបរិយាកាសមួយសម្រាប់មនុស្ស ដែលផ្ទុយទាំងស្រុងនឹងសញ្ញាណ និងការស្រមើស្រមៃរបស់ពួកគេ ពួកគេបង្កើតបានជាសញ្ញាណ ការវិនិច្ឆ័យ និងការថ្កោលទោសប្រឆាំងនឹងព្រះជាម្ចាស់នៅក្នុងចិត្ត ហើយថែមទាំងអាចបដិសេធទ្រង់ទៀតផង។ តើព្រះជាម្ចាស់អាចបំពេញតម្រូវការរបស់ពួកគេនៅពេលនោះបានដែរឬទេ? ប្រាកដជាមិនបានឡើយ។ ព្រះជាម្ចាស់នឹងមិនផ្លាស់ប្ដូររបៀបនៃការធ្វើការ និងបំណងព្រះហឫទ័យរបស់ទ្រង់ ស្របតាមសញ្ញាណរបស់មនុស្សឡើយ។ ចុះតើនរណាទៅដែលត្រូវផ្លាស់ប្ដូរនោះ? គឺមនុស្សហ្នឹងឯង។ មនុស្សត្រូវតែលះបង់សញ្ញាណរបស់ខ្លួនចោល ព្រមទាំងទទួលយក ចុះចូល និងដកពិសោធបរិយាកាសដែលព្រះជាម្ចាស់បានរៀបចំ ហើយស្វែងរកសេចក្ដីពិតដើម្បីដោះស្រាយសញ្ញាណរបស់ខ្លួន ជំនួសឱ្យការយកសញ្ញាណរបស់ខ្លួនទៅវាស់វែងអ្វីដែលព្រះជាម្ចាស់ធ្វើ ដើម្បីមើលថាតើវាត្រឹមត្រូវឬអត់នោះ។ នៅពេលដែលមនុស្សទទូចប្រកាន់ខ្ជាប់នូវសញ្ញាណរបស់ខ្លួន ពួកគេបង្កើតបានជាការទាស់ទទឹងនឹងព្រះជាម្ចាស់ រឿងនេះកើតឡើងដោយឯកឯង។ តើឫសគល់នៃការទាស់ទទឹងស្ថិតនៅត្រង់ណា? វាស្ថិតនៅត្រង់ថា អ្វីដែលមនុស្សមាននៅក្នុងចិត្តជាធម្មតា គឺជាសញ្ញាណ និងការស្រមើស្រមៃរបស់ពួកគេយ៉ាងពិតប្រាកដ មិនមែនជាសេចក្ដីពិតឡើយ។ ហេតុនេះ នៅពេលប្រឈមមុខនឹងកិច្ចការរបស់ព្រះជាម្ចាស់ដែលមិនស្របតាមសញ្ញាណរបស់មនុស្ស មនុស្សអាចប្រឆាំងនឹងព្រះជាម្ចាស់ និងធ្វើការវិនិច្ឆ័យទាស់នឹងទ្រង់។ នេះបញ្ជាក់ថា ជាមូលដ្ឋាន មនុស្សខ្វះដួងចិត្តដែលចុះចូលនឹងព្រះជាម្ចាស់ និស្ស័យពុករលួយរបស់ពួកគេនៅឆ្ងាយពីការត្រូវបានជម្រះណាស់ ហើយពួកគេរស់នៅស្របតាមនិស្ស័យពុករលួយរបស់ពួកគេជាសំខាន់។ ពួកគេនៅឆ្ងាយសែនឆ្ងាយពីការទទួលបានការសង្រ្គោះ» («ទំនួលខុសត្រូវរបស់អ្នកដឹកនាំ និងអ្នកធ្វើការ (១៦)» នៃសៀវភៅ «ព្រះបន្ទូល» ភាគ៥ ទំនួលខុសត្រូវរបស់អ្នកដឹកនាំ និងអ្នកធ្វើការ)។ «មនុស្សមួយចំនួន មិនថាពួកគេជួបប្រទះបរិយាកាសបែបណានោះទេ ពួកគេមិនស្វែងរកសេចក្ដីពិតឡើយ។ ផ្ទុយទៅវិញ ពួកគេវាយតម្លៃបរិយាកាសទាំងអស់ដែលព្រះជាម្ចាស់ចាត់ចែង ដោយផ្អែកលើសញ្ញាណ និងការស្រមើស្រមៃរបស់ពួកគេ និងថាតើវាផ្ដល់ផលប្រយោជន៍ដល់ពួកគេដែរឬទេ។ ការពិចារណារបស់ពួកគេ តែងតែវិលវល់ជុំវិញផលប្រយោជន៍ផ្ទាល់ខ្លួនរបស់ពួកគេ ពួកគេតែងតែខ្វល់ថាតើពួកគេអាចទទួលបានផលប្រយោជន៍ធំប៉ុនណា តើផលប្រយោជន៍របស់ពួកគេអាចត្រូវបានបំពេញបានកម្រិតណា ទាក់ទងនឹងសម្ភារៈ ប្រាក់កាស និងការសោយសុខខាងសាច់ឈាម ហើយពួកគេតែងតែធ្វើការសម្រេចចិត្ត និងប្រព្រឹត្តចំពោះអ្វីៗគ្រប់យ៉ាងដែលព្រះជាម្ចាស់រៀបចំ ដោយផ្អែកលើកត្តាទាំងនេះ។ ហើយនៅទីបំផុត បន្ទាប់ពីប្រឹងគិតឡើងបែកខួរ ពួកគេជ្រើសរើសមិនចុះចូលនឹងបរិយាកាសដែលព្រះជាម្ចាស់បានរៀបចំឡើយ ប៉ុន្តែបែរជាគេចវេះ និងជៀសវាងពីវាទៅវិញ។ ដោយសារតែការទាស់ទទឹង ការបដិសេធ និងការជៀសវាងរបស់ពួកគេ ពួកគេធ្វើឱ្យខ្លួនឯងឃ្លាតឆ្ងាយពីព្រះបន្ទូលរបស់ព្រះជាម្ចាស់ បាត់បង់បទពិសោធជីវិត និងរងការខាតបង់ នាំមកនូវការឈឺចាប់ និងទុក្ខវេទនាដល់ចិត្តរបស់ពួកគេ។ ពួកគេកាន់តែប្រឆាំងនឹងបរិយាកាសបែបនេះ ពួកគេកាន់តែរងទុក្ខខ្លាំងឡើង។ នៅពេលដែលស្ថានការណ៍បែបនេះកើតឡើង សេចក្ដីជំនឿដ៏តិចតួចដែលពួកគេមានចំពោះព្រះជាម្ចាស់ ទីបំផុតត្រូវបំផ្លាញចោល។ នៅពេលនេះ សញ្ញាណដែលគ្របដណ្ដប់ចិត្តរបស់ពួកគេ សុទ្ធតែផុសឡើងព្រមៗគ្នាថា៖ 'ខ្ញុំបានលះបង់ខ្លួនដើម្បីព្រះជាម្ចាស់យូរណាស់មកហើយ ប៉ុន្តែខ្ញុំមិននឹកស្មានថាព្រះជាម្ចាស់ប្រព្រឹត្តចំពោះខ្ញុំបែបនេះសោះ។ ព្រះជាម្ចាស់មិនយុត្តិធម៌ទេ ទ្រង់មិនស្រឡាញ់មនុស្សទេ! ព្រះជាម្ចាស់មានបន្ទូលថា អស់អ្នកណាដែលលះបង់ខ្លួនដើម្បីទ្រង់ដោយស្មោះ នឹងទទួលបានព្រះពរយ៉ាងបរិបូរណ៍មិនខាន។ ខ្ញុំបានលះបង់ខ្លួនដើម្បីព្រះជាម្ចាស់ដោយស្មោះ ខ្ញុំបានលះបង់គ្រួសារ និងអាជីពរបស់ខ្ញុំ ស៊ូទ្រាំនឹងការលំបាក និងខិតខំធ្វើការ ហេតុអ្វីបានជាព្រះជាម្ចាស់មិនប្រទានពរដល់ខ្ញុំយ៉ាងបរិបូរណ៍? តើព្រះពររបស់ព្រះជាម្ចាស់នៅឯណា? ហេតុអ្វីបានជាខ្ញុំមិនអាចមានអារម្មណ៍ ឬមើលឃើញព្រះពរទាំងនោះ? ហេតុអ្វីបានជាព្រះជាម្ចាស់ប្រព្រឹត្តចំពោះមនុស្សដោយមិនយុត្តិធម៌? ហេតុអ្វីបានជាព្រះជាម្ចាស់មិនរក្សាពាក្យសម្ដីរបស់ទ្រង់? មនុស្សនិយាយថា ព្រះជាម្ចាស់ស្មោះត្រង់ ប៉ុន្តែហេតុអ្វីបានជាខ្ញុំមិនអាចមានអារម្មណ៍ដឹងដូច្នេះ? មិនបាច់និយាយរឿងផ្សេងទេ គ្រាន់តែនៅក្នុងបរិយាកាសនេះ ខ្ញុំមិនមានអារម្មណ៍ថាព្រះជាម្ចាស់ស្មោះត្រង់សោះឡើយ!'។ ដោយសារតែមនុស្សមានសញ្ញាណ ពួកគេងាយនឹងចាញ់បោក និងរងការបំភាន់ដោយសញ្ញាណទាំងនោះណាស់។ សូម្បីតែនៅពេលដែលព្រះជាម្ចាស់រៀបចំបរិយាកាសសម្រាប់ការផ្លាស់ប្ដូរនិស្ស័យរបស់មនុស្ស និងសម្រាប់ការរីកចម្រើនជីវិតរបស់ពួកគេក៏ដោយ ក៏ពួកគេពិបាកនឹងទទួលយក ហើយពួកគេយល់ច្រឡំចំពោះព្រះជាម្ចាស់ដែរ។ ពួកគេគិតថា នេះមិនមែនជាព្រះពររបស់ព្រះជាម្ចាស់ទេ ហើយថាព្រះជាម្ចាស់មិនសព្វព្រះទ័យពួកគេ។ ពួកគេជឿថា ពួកគេបានលះបង់ខ្លួនដើម្បីព្រះជាម្ចាស់ដោយស្មោះ ប៉ុន្តែព្រះជាម្ចាស់មិនបានបំពេញតាមការសន្យារបស់ទ្រង់ឡើយ។ មនុស្សទាំងនេះ ដែលមិនដេញតាមសេចក្ដីពិត ត្រូវបានបើកសម្ដែងយ៉ាងងាយតាមរយៈការល្បងលតែមួយនៃបរិយាកាសតូចតាចមួយចំនួន» («ទំនួលខុសត្រូវរបស់អ្នកដឹកនាំ និងអ្នកធ្វើការ (១៦)» នៃសៀវភៅ «ព្រះបន្ទូល» ភាគ៥ ទំនួលខុសត្រូវរបស់អ្នកដឹកនាំ និងអ្នកធ្វើការ)។ ព្រះជាម្ចាស់លាតត្រដាងថា មនុស្សមានសញ្ញាណជាក់លាក់មួយនៅក្នុងជំនឿរបស់ពួកគេលើទ្រង់៖ ពួកគេគិតថា ឲ្យតែពួកគេបោះបង់អ្វីៗ ហើយលះបង់ខ្លួនដើម្បីព្រះជាម្ចាស់ និងរងទុក្ខវេទនា ព្រមទាំងលះបង់ដើម្បីទ្រង់ នោះព្រះជាម្ចាស់គួរតែប្រទានពរពួកគេ ថែរក្សា និងការពារពួកគេ ហើយប្រទានឲ្យពួកគេមានសេចក្ដីសុខសាន្តក្នុងចិត្ត និងអំណរ។ នៅពេលដែលព្រះជាម្ចាស់មិនធ្វើឲ្យពួកគេស្កប់ចិត្តស្របតាមសញ្ញាណរបស់ពួកគេ ពួកគេប្រកែកជាមួយទ្រង់ យល់ច្រឡំលើទ្រង់ និងត្អូញត្អែរដាក់ទ្រង់។ នេះហើយជាអ្វីដែលខ្ញុំបានធ្វើ។ កាលខ្ញុំទើបតែចាប់ផ្ដើមជឿលើព្រះជាម្ចាស់ដំបូង ខ្ញុំធ្លាប់គិតថា ឲ្យតែខ្ញុំជឿលើព្រះជាម្ចាស់អស់ពីចិត្ត ហើយសុខចិត្តរងទុក្ខលំបាក និងលះបង់ក្នុងការបំពេញភារកិច្ច នោះព្រះជាម្ចាស់នឹងប្រទានពរខ្ញុំ ហើយធ្វើឲ្យសុខភាពខ្ញុំប្រសើរឡើង។ ដោយសារទស្សនៈមួយនេះជំរុញ ខ្ញុំបានបោះបង់គ្រួសារ និងអាជីពការងារអស់រយៈពេលជាច្រើនឆ្នាំ ដើម្បីបំពេញភារកិច្ច ហើយទោះបីជាជំងឺឈឺសរសៃប្រសាទទី៥របស់ខ្ញុំ បណ្ដាលឲ្យខ្ញុំឈឺក្បាលយ៉ាងខ្លាំង ឬពេលដែលជំងឺលើសឈាមរបស់ខ្ញុំ នាំឲ្យវិលមុខ ក្អួត និងទន់ដៃទន់ជើង ក៏ខ្ញុំមិនដែលបង្អែបង្អង់ភារកិច្ចខ្ញុំឡើយ។ ខ្ញុំតែងតែលួងចិត្តខ្លួនឯងដោយគិតថា ព្រះជាម្ចាស់នឹងពិចារណាលើការរងទុក្ខ និងការលះបង់របស់ខ្ញុំ ហើយនឹងថែរក្សាការពារខ្ញុំ ហើយនៅថ្ងៃអនាគត ទ្រង់នឹងប្រទានពរដ៏អស្ចារ្យមកឲ្យខ្ញុំ។ ទោះជាយ៉ាងណា ពេលខ្ញុំដឹងថា ខ្ញុំមានជំងឺស្ទះសរសៃឈាមខួរក្បាល ខ្ញុំមានអារម្មណ៍ថាខ្លួនឯងរងអយុត្តិធម៌។ ខ្ញុំគិតថា ព្រះជាម្ចាស់មិនបានប្រទានពរឲ្យខ្ញុំមានសុខភាពល្អទេ ផ្ទុយទៅវិញ ទ្រង់បែរជាបណ្ដោយឲ្យខ្ញុំកើតជំងឺនេះទៅវិញ ហើយជំនួសឲ្យការទទួលបានព្រះពរ ខ្ញុំបែរជាជួបគ្រោះអាក្រក់។ រឿងនេះធ្វើឲ្យខ្ញុំពោរពេញដោយការយល់ច្រឡំ និងការត្អូញត្អែរដាក់ព្រះជាម្ចាស់ ហើយខ្ញុំថែមទាំងបានប្រកែកជាមួយទ្រង់ទៀតថា៖ «បើខ្ញុំមានសុខភាពល្អ តើខ្ញុំមិនអាចបំពេញភារកិច្ចបានកាន់តែល្អជាងនេះទេឬ?» ខ្ញុំបានដឹងថា ក្នុងការជឿលើព្រះជាម្ចាស់អស់រយៈពេលជាច្រើនឆ្នាំមកនេះ ខ្ញុំគ្រាន់តែព្យាយាមតថ្លៃជាមួយព្រះជាម្ចាស់ និងទាមទារអ្វីៗពីទ្រង់ប៉ុណ្ណោះ។ ពេលព្រះជាម្ចាស់ព្យាបាលជំងឺខ្ញុំឲ្យជា ខ្ញុំមានចិត្តក្លៀវក្លា និងឧស្សាហ៍ព្យាយាមក្នុងភារកិច្ច តែពេលព្រះជាម្ចាស់មិនបំពេញចិត្តខ្ញុំ កម្លាំងចិត្តរបស់ខ្ញុំក្នុងការបំពេញភារកិច្ច និងលះបង់ខ្លួនដើម្បីទ្រង់បានថយចុះ។ ខ្ញុំគ្មានអ្វីក្រៅពីមនុស្សម្នាក់ដ៏គួរឲ្យស្អប់ខ្ពើមដែលគិតតែពីប្រយោជន៍ផ្ទាល់ខ្លួន ដោយដេញតាមព្រះពរយ៉ាងអន្ទះសា តែគេចវេះពីការលំបាក។ ពិតជាអាត្មានិយមបំផុតមែន! ការខិតខំប្រឹងប្រែងរបស់ខ្ញុំ គឺដើម្បីខ្លួនឯង និងដើម្បីទទួលបានព្រះពរសុទ្ធសាធ តែខ្ញុំបែរជាអះអាងយ៉ាងពេញៗមាត់ថា គឺដើម្បីផ្គាប់ព្រះទ័យព្រះជាម្ចាស់ និងបំពេញភារកិច្ចទៅវិញ។ ពិតជាឥតខ្មាសមែន!
ក្រោយមក ខ្ញុំបានអានអត្ថបទព្រះបន្ទូលរបស់ព្រះជាម្ចាស់មួយ ដែលទ្រង់លាតត្រដាង និងវែកញែកពីសភាពរបស់មនុស្ស ដែលជឿលើទ្រង់ក្នុងគោលបំណងតែមួយគត់ គឺដើម្បីទទួលបានព្រះពរ។ ព្រះជាម្ចាស់មានបន្ទូលថា៖ «តើអ្វីជាបញ្ហាធំបំផុតនៅក្នុងទំនាក់ទំនងរបស់ពួកគេជាមួយព្រះជាម្ចាស់? គឺត្រង់ថា ពួកគេមិនដែលចាត់ទុកខ្លួនឯងជាភាវៈដែលព្រះបានបង្កើតសោះឡើយ ហើយមិនដែលចាត់ទុកព្រះជាម្ចាស់ជាព្រះអាទិករដែលត្រូវថ្វាយបង្គំសូម្បីបន្តិច។ តាំងពីចាប់ផ្ដើមជឿលើព្រះជាម្ចាស់មក ពួកគេចាត់ទុកព្រះជាម្ចាស់ជាប្រភពនៃលុយកាក់ ជាកំណប់ទ្រព្យ ពួកគេចាត់ទុកទ្រង់ជាព្រះពោធិសត្វដើម្បីសង្គ្រោះពួកគេពីទុក្ខវេទនា និងគ្រោះមហន្តរាយ ហើយចាត់ទុកខ្លួនឯងជាអ្នកដើរតាមព្រះពោធិសត្វនេះ រូបព្រះនេះ។ ពួកគេគិតថា ការជឿលើព្រះជាម្ចាស់គឺដូចជាការជឿលើព្រះពុទ្ធដែរ ដែលគ្រាន់តែញ៉ាំអាហារបួស សូត្រធម៌ និងឧស្សាហ៍ដុតធូប និងក្រាបថ្វាយបង្គំ ពួកគេអាចទទួលបានអ្វីដែលពួកគេចង់បាន។ ហេតុនេះ រឿងរ៉ាវទាំងអស់ដែលបានកើតឡើងបន្ទាប់ពីពួកគេជឿលើព្រះជាម្ចាស់ បានកើតឡើងនៅក្នុងដែននៃសញ្ញាណ និងការស្រមើស្រមៃរបស់ពួកគេ។ ពួកគេមិនបានបង្ហាញការសម្ដែងចេញណាមួយរបស់ភាវៈដែលព្រះបានបង្កើត ដែលទទួលយកសេចក្ដីពិតពីព្រះអាទិករឡើយ ហើយពួកគេក៏មិនបានបង្ហាញការចុះចូលណាមួយ ដែលភាវៈដែលព្រះបានបង្កើតគួរតែមានចំពោះព្រះអាទិករដែរ មានតែការទាមទារឥតឈប់ឈរ ការគិតគូរពីផលប្រយោជន៍ឥតឈប់ឈរ និងការស្នើសុំឥតឈប់ឈរប៉ុណ្ណោះ។ រឿងទាំងអស់នេះ ទីបំផុតបាននាំឱ្យមានការបែកបាក់ទំនាក់ទំនងរបស់ពួកគេជាមួយព្រះជាម្ចាស់។ ទំនាក់ទំនងបែបនេះ គឺជាការដោះដូរគ្នា ហើយមិនអាចឈរមាំបានឡើយ។ វាគ្រាន់តែមុននិងក្រោយប៉ុណ្ណោះ មុនពេលដែលមនុស្សបែបនេះត្រូវបានបើកសម្ដែង» («ទំនួលខុសត្រូវរបស់អ្នកដឹកនាំ និងអ្នកធ្វើការ (១៦)» នៃសៀវភៅ «ព្រះបន្ទូល» ភាគ៥ ទំនួលខុសត្រូវរបស់អ្នកដឹកនាំ និងអ្នកធ្វើការ)។ ក្រោយពីបានអានព្រះបន្ទូលរបស់ព្រះជាម្ចាស់ ខ្ញុំមានអារម្មណ៍ខ្មាសអៀនយ៉ាងខ្លាំង។ អ្វីដែលព្រះជាម្ចាស់បានបរិយាយ គឺចំទស្សនៈ និងការដេញតាមរបស់ខ្ញុំតែម្ដង។ អ្នកដែលថ្វាយបង្គំព្រះពុទ្ធ ឬព្រះម៉ែគង់ស៊ីអ៊ីម ចាត់ទុកព្រះទាំងនោះជាប្រភពនៃទ្រព្យសម្បត្តិ និងការការពារ។ ដើម្បីទទួលបានការឡើងបុណ្យស័ក្តិ មានទ្រព្យសម្បត្តិ និងឲ្យគ្រួសារមានសុខភាពល្អ ពួកគេក្រាបសំពះ ដុតធូប កាន់សីលហូបបួស និងសូត្រធម៌ ដើម្បីប្ដូរយករបស់ដែលពួកគេចង់បាន។ ការដេញតាមរបស់ពួកគេ គឺដើម្បីតែប្រយោជន៍ផ្ទាល់ខ្លួនសុទ្ធសាធ។ ស្រដៀងគ្នានេះដែរ ក្រោយពេលមកជឿលើព្រះជាម្ចាស់ ខ្ញុំធ្លាប់គិតខុសថា ឲ្យតែមនុស្សលះបង់ខ្លួន និងធ្វើការលះបង់នៅក្នុងការជឿលើព្រះជាម្ចាស់ នោះពួកគេនឹងទទួលបានរង្វាន់ ក្នុងន័យថា ព្រះជាម្ចាស់នឹងថែរក្សា និងការពារពួកគេ ព្រមទាំងប្រទានព្រះគុណឥតឈប់ឈរដល់ពួកគេ។ ខ្ញុំបានចាត់ទុកព្រះជាម្ចាស់ជាយ័ន្តការពារ ជាអ្នកផ្ដល់ព្រះគុណ និងសេចក្ដីសុខសាន្តក្នុងចិត្ត។ ពេលខ្ញុំត្រូវបានគេធ្វើរោគវិនិច្ឆ័យថាមានជំងឺស្ទះសរសៃឈាមខួរក្បាល ខ្ញុំបានត្អូញត្អែរថា ព្រះជាម្ចាស់មិនបានថែរក្សា ឬការពារខ្ញុំឡើយ។ ខ្ញុំបានប្រកែក និងទាមទារ ដោយមិនបង្ហាញការចុះចូលនឹងព្រះជាម្ចាស់សូម្បីតែបន្តិចឡើយ ហើយមិនបានចាត់ទុកទ្រង់ជាព្រះជាម្ចាស់ទាល់តែសោះ។ តើទស្សនៈនៃជំនឿរបស់ខ្ញុំ និងទស្សនៈរបស់អ្នកដែលថ្វាយបង្គំព្រះពុទ្ធ ឬព្រះម៉ែគង់ស៊ីអ៊ីម មានអ្វីខុសគ្នាទៅ? នៅគ្រាចុងក្រោយ កិច្ចការចម្បងរបស់ព្រះជាម្ចាស់ គឺរួមមានការសម្ដែងចេញនូវសេចក្ដីពិត ដើម្បីជំនុំជម្រះ និងវាយផ្ចាលមនុស្ស ដើម្បីបន្សុទ្ធ និងសង្គ្រោះពួកគេ។ ខ្ញុំមិនបានស្វែងរកសេចក្ដីពិតទេ តែផ្ទុយទៅវិញ ខ្ញុំបានចាត់ទុកព្រះជាម្ចាស់ដូចជាព្រះពុទ្ធ ឬព្រះម៉ែគង់ស៊ីអ៊ីមទៅវិញ ដោយជឿថា ទ្រង់នឹងប្រទានផលប្រយោជន៍ដល់មនុស្ស ដោយផ្អែកលើការរួមចំណែក និងការខិតខំប្រឹងប្រែងពីខាងក្រៅរបស់ពួកគេ។ នេះឆ្លុះបញ្ចាំងយ៉ាងច្បាស់ពីទស្សនៈរបស់អ្នកមិនជឿ ហើយលើសពីនេះទៅទៀត វាគឺជាទម្រង់នៃការប្រមាថចំពោះព្រះជាម្ចាស់! ខ្ញុំក៏នឹកឃើញកំណត់ត្រានៅក្នុងព្រះគម្ពីរ អំពីមនុស្ស ៥០០០ នាក់ ដែលបានឡើងភ្នំតាមព្រះអម្ចាស់យេស៊ូវ។ ពួកគេមិនមែនស្វែងរកការស្ដាប់សេចក្ដីបង្រៀនរបស់ទ្រង់ទេ តែពួកគេចង់បានព្រះពរ និងព្រះគុណ។ ពួកគេគ្រាន់តែចាត់ទុកព្រះអម្ចាស់ជាអ្នកផ្ដល់សប្បុរសធម៌ ដោយពួកគេជាមនុស្សដែលស្វែងរកការបរិភោគនំប៉័ងឲ្យឆ្អែតប៉ុណ្ណោះ ហើយព្រះអម្ចាស់យេស៊ូវ មិនបានទទួលស្គាល់ជំនឿរបស់មនុស្សបែបនេះឡើយ។ ជំនឿរបស់ខ្ញុំលើព្រះជាម្ចាស់ ក៏មានគោលបំណងស្វែងរកផលចំណេញ និងអត្ថប្រយោជន៍ពីទ្រង់ដែរ។ នេះមិនមែនជាជំនឿពិតទេ តែជាទស្សនៈរបស់អ្នកមិនជឿ ដែលស្វែងរកការបរិភោគនំប៉័ងឲ្យឆ្អែតទៅវិញទេ ហើយចុងក្រោយ ខ្ញុំក៏នឹងត្រូវព្រះជាម្ចាស់បដិសេធ និងជម្រុះចោលយ៉ាងពិតប្រាកដ។ ខ្ញុំមានអារម្មណ៍ភ័យខ្លាចក្នុងចិត្ត ហើយបានចូលមកចំពោះព្រះជាម្ចាស់ ដើម្បីអធិស្ឋានថា៖ «ឱព្រះជាម្ចាស់អើយ ក្នុងរយៈពេលជាច្រើនឆ្នាំដែលទូលបង្គំបានជឿលើទ្រង់ ទូលបង្គំបានចាត់ទុកទ្រង់ជាអ្នកដែលទូលបង្គំត្រូវទាមទារព្រះគុណ ដោយជឿលើទ្រង់ក្នុងទស្សនៈដូចគ្នានឹងអ្នកដែលថ្វាយបង្គំព្រះពុទ្ធ និងព្រះម៉ែគង់ស៊ីអ៊ីម ដោយទាមទារព្រះគុណ និងព្រះពរពីទ្រង់ដូចគ្នាដែរ។ ទស្សនៈនេះគឺខុសឆ្គងណាស់ ហើយទូលបង្គំសុខចិត្តកែប្រែចិត្តគំនិត និងកែប្រែទង្វើរបស់ទូលបង្គំ»។
ក្រោយមក ខ្ញុំបានអានអត្ថបទនៃព្រះបន្ទូលរបស់ព្រះជាម្ចាស់មួយ៖ «ព្រះជាម្ចាស់មានបន្ទូលថា៖ 'អស់អ្នកណាដែលលះបង់ដើម្បីខ្ញុំដោយស្មោះស្ម័គ្រ ខ្ញុំនឹងប្រទានព្រះពរដល់អ្នកទាំងនោះយ៉ាងហូរហៀរ' តើព្រះបន្ទូលទាំងនេះមិនមែនជាសេចក្ដីពិតទេឬអី? ព្រះបន្ទូលទាំងនេះគឺជាសេចក្ដីពិតមួយរយភាគរយ។ វាមិនមានលាយឡំដោយភាពឆេវឆាវ ឬការបោកបញ្ឆោតឡើយ។ វាមិនមែនជាពាក្យកុហក ឬគំនិតដែលស្តាប់ទៅអស្ចារ្យនោះទេ ហើយកាន់តែមិនមែនជាទ្រឹស្ដីខាងវិញ្ញាណអ្វីមួយដែរ ពោលគឺជាសេចក្ដីពិត។ តើសារជាតិនៃព្រះបន្ទូលនៃសេចក្ដីពិតទាំងនេះគឺជាអ្វី? គឺថា អ្នកត្រូវតែមានចិត្តស្មោះ នៅពេលដែលអ្នកលះបង់ខ្លួនដើម្បីព្រះជាម្ចាស់។ តើ 'ចិត្តស្មោះ' មានន័យដូចម្តេច? គឺការស្ម័គ្រចិត្ត និងគ្មានភាពមិនបរិសុទ្ធ មិនត្រូវបានជំរុញដោយប្រាក់កាស ឬកេរ្តិ៍ឈ្មោះ ហើយប្រាកដជាមិនមែនដើម្បីចេតនា បំណងប្រាថ្នា និងគោលដៅផ្ទាល់ខ្លួនរបស់អ្នកឡើយ។ អ្នកលះបង់ខ្លួន មិនមែនដោយសារតែអ្នកត្រូវបានបង្ខំ ឬដោយសារតែអ្នកត្រូវបានញុះញង់ លួងលោម ឬអូសទាញនោះទេ ប៉ុន្តែផ្ទុយទៅវិញ វាចេញមកពីខាងក្នុងខ្លួនអ្នក ដោយស្ម័គ្រចិត្ត វាកើតចេញពីមនសិការ និងវិចារណញ្ញាណ។ នេះហើយជាអត្ថន័យនៃការមានចិត្តស្មោះ។ បើនិយាយពីការស្ម័គ្រចិត្តក្នុងការលះបង់ខ្លួនដើម្បីព្រះជាម្ចាស់ នេះហើយជាអត្ថន័យនៃការមានចិត្តស្មោះ។ ចុះតើការមានចិត្តស្មោះ បង្ហាញឱ្យឃើញតាមរយៈការអនុវត្តជាក់ស្ដែងដោយរបៀបណា នៅពេលដែលអ្នកលះបង់ខ្លួនដើម្បីព្រះជាម្ចាស់? អ្នកមិនពាក់ព័ន្ធនឹងភាពក្លែងក្លាយ ឬការបោកប្រាស់ មិនប្រើល្បិចកលដើម្បីគេចវេះពីការងារ និងមិនធ្វើអ្វីៗឱ្យតែរួចពីដៃឡើយ។ អ្នកលះបង់អស់ពីចិត្ត និងគំនិត ដោយធ្វើអ្វីៗតាមដែលអ្នកអាចធ្វើបាន ជាដើម ពោលគឺមានសេចក្ដីលម្អិតច្រើនណាស់ដែលត្រូវលើកឡើងនៅទីនេះ! សរុបមក ការមានចិត្តស្មោះ រួមបញ្ចូលទាំងគោលការណ៍សេចក្ដីពិត។ មានស្តង់ដារ និងគោលការណ៍នៅពីក្រោយសេចក្ដីតម្រូវរបស់ព្រះជាម្ចាស់ចំពោះមនុស្ស» («ទំនួលខុសត្រូវរបស់អ្នកដឹកនាំ និងអ្នកធ្វើការ (១៦)» នៃសៀវភៅ «ព្រះបន្ទូល» ភាគ៥ ទំនួលខុសត្រូវរបស់អ្នកដឹកនាំ និងអ្នកធ្វើការ)។ តាមរយៈព្រះបន្ទូលរបស់ព្រះជាម្ចាស់ ខ្ញុំបានយល់ពីអត្ថន័យពិតនៃពាក្យថា «អស់អ្នកណាដែលលះបង់ដើម្បីខ្ញុំដោយស្មោះស្ម័គ្រ ខ្ញុំនឹងប្រទានព្រះពរដល់អ្នកទាំងនោះយ៉ាងហូរហៀរ»។ សេចក្ដីថ្លែងនេះ គឺសំដៅលើអ្នកដែលប្ដេជ្ញាចិត្តក្នុងការដេញតាមសេចក្ដីពិត និងបំពេញភារកិច្ចរបស់ពួកគេ ដើម្បីផ្គាប់ព្រះទ័យព្រះជាម្ចាស់។ ពួកគេមិនស្វែងរកផលប្រយោជន៍ផ្ទាល់ខ្លួន ឬយល់ច្រឡំ និងត្អូញត្អែរដាក់ព្រះជាម្ចាស់ ពេលជួបនឹងគ្រោះមហន្តរាយឡើយ។ ពួកគេអាចបោះបង់អ្វីៗ និងលះបង់ខ្លួនដើម្បីព្រះជាម្ចាស់ដោយស្ម័គ្រចិត្ត ហើយមនុស្សបែបនេះគឺជាទីគាប់ព្រះហឫទ័យព្រះជាម្ចាស់ និងប្រាកដជាទទួលបានព្រះពររបស់ទ្រង់នៅថ្ងៃអនាគត។ លើកយកយ៉ូបមកធ្វើជាឧទាហរណ៍៖ គាត់តែងតែដើរតាមផ្លូវរបស់ព្រះជាម្ចាស់ ឧស្សាហ៍អធិស្ឋានទៅកាន់ព្រះជាម្ចាស់ និងថ្វាយយញ្ញបូជា។ ទោះបីជាពេលទ្រព្យសម្បត្តិ និងកូនៗរបស់គាត់ត្រូវបានដកហូតទៅ ហើយគាត់កើតបូសពេញខ្លួនយ៉ាងឈឺចាប់ក៏ដោយ ក៏យ៉ូបមិនបានបន្ទោសព្រះជាម្ចាស់ដែរ។ ផ្ទុយទៅវិញ គាត់បាននិយាយថា៖ «ព្រះយេហូវ៉ាបានប្រទានឱ្យ ហើយព្រះយេហូវ៉ាក៏ដកយកទៅវិញដែរ។ សូមតម្កើងព្រះនាមព្រះយេហូវ៉ា» (យ៉ូប ១:២១)។ យ៉ូបបានថ្វាយបង្គំព្រះជាម្ចាស់យ៉ាងពិតប្រាកដ។ គាត់មិនបានចាត់ទុកព្រះជាម្ចាស់ជាកម្មវត្ថុនៃការទាមទារឡើយ។ ហើយរឹតតែមិនចាត់ទុកការថ្វាយបង្គំ និងការថ្វាយយញ្ញបូជាជាប្រចាំរបស់គាត់ ជាដើមទុនដើម្បីទទួលបានព្រះគុណ និងព្រះពរនោះដែរ។ ពេលគាត់បាត់បង់អ្វីៗគ្រប់យ៉ាង គាត់នៅតែមិនត្អូញត្អែរដាក់ព្រះជាម្ចាស់ដដែល។ ភាពស្មោះត្រង់ និងការចុះចូលរបស់គាត់ ចុងក្រោយបាននាំមកនូវព្រះពររបស់ព្រះជាម្ចាស់។ ពេលខ្ញុំក្រឡេកមើលខ្លួនឯង ខ្ញុំបានដឹងថា ខ្ញុំមិនបានយល់ព្រះបន្ទូលរបស់ព្រះជាម្ចាស់ត្រឹមត្រូវទេ។ ខ្ញុំមានជំនឿខុសឆ្គងថា ឲ្យតែខ្ញុំអាចបោះបង់អ្វីៗ លះបង់ខ្លួន ទ្រាំទ្រការរងទុក្ខ និងបង់ថ្លៃសម្រាប់ជំនឿរបស់ខ្ញុំ នោះចុងក្រោយ ខ្ញុំនឹងទទួលបានព្រះពរ សេចក្ដីសុខសាន្ត និងសុខភាព។ ផ្លូវនៃការដេញតាមរបស់ខ្ញុំ គឺផ្ទុយស្រឡះពីយ៉ូប។ ខ្ញុំបានប្រើការលះបង់របស់ខ្ញុំ ជាមធ្យោបាយដើម្បីទាមទារព្រះគុណ និងព្រះពរពីព្រះជាម្ចាស់ ដោយជឿលើទ្រង់ក្នុងគោលបំណងតែមួយគត់ គឺដើម្បីបំណងប្រាថ្នាដ៏អាត្មានិយម និងផលប្រយោជន៍ផ្ទាល់ខ្លួនរបស់ខ្ញុំ។ ពេលប្រឈមមុខនឹងជំងឺ ខ្ញុំថែមទាំងបានត្អូញត្អែរដាក់ព្រះជាម្ចាស់ទៀតផង។ ខ្ញុំពិតជាខ្មាសអៀនខ្លាំងណាស់ ដោយសារខ្ញុំមិនអាចប្រៀបធៀបនឹងយ៉ូបបានសូម្បីតែបន្តិច។ ឥឡូវនេះ ខ្ញុំបានយល់ថា ក្នុងនាមជាសត្វលោកដែលត្រូវបានបង្កើតមួយរូប ខ្ញុំគួរតែជឿ និងថ្វាយបង្គំព្រះជាម្ចាស់។ ការបំពេញភារកិច្ចគឺជាការទទួលខុសត្រូវរបស់ខ្ញុំ វាគឺជាអ្វីដែលត្រឹមត្រូវឥតខ្ចោះតាមធម្មជាតិ។ ហើយវាមិនពាក់ព័ន្ធនឹងការទទួលបានព្រះពរ ឬការរងគ្រោះអាក្រក់ឡើយ។ ទោះបីជាពេលប្រឈមមុខនឹងទុក្ខលំបាក និងជំងឺក៏ដោយ ក៏ខ្ញុំនៅតែគួរចុះចូលនឹងព្រះជាម្ចាស់ និងប្រកាន់ខ្ជាប់នូវទីបន្ទាល់របស់ខ្ញុំដែរ។
នៅក្នុងខែមីនា ឆ្នាំ២០២៤ ខ្ញុំបានជួបប្រទះការរើឡើងវិញនៃជំងឺស្ទះសរសៃឈាមខួរក្បាលម្ដងទៀត។ ដៃឆ្វេងរបស់ខ្ញុំមានអារម្មណ៍ស្ពឹក ហើយខ្ញុំចេះតែវិលមុខជាប់រហូត។ ខ្ញុំបារម្ភថា បើខ្ញុំដួលម្ដងទៀត ហើយវាធ្ងន់ធ្ងរ ខ្ញុំនឹងមិនអាចបំពេញភារកិច្ចបានទេ តើពេលនោះខ្ញុំអាចដេញតាមសេចក្ដីសង្គ្រោះបានយ៉ាងដូចម្ដេចទៅ? ពេលមើលទៅបងប្អូនប្រុសៗនៅជុំវិញខ្ញុំ ដែលសុទ្ធតែមានសុខភាពល្អជាងខ្ញុំ ខ្ញុំមានអារម្មណ៍ច្រណែន ដោយគិតថា៖ «ហេតុអ្វីបានជាខ្ញុំមិនអាចមានរាងកាយរឹងមាំដូចគេឯង?» ពេលខ្ញុំមានគំនិតទាំងនេះ ខ្ញុំដឹងខ្លួនថា ខ្ញុំកំពុងត្អូញត្អែរម្ដងទៀតហើយ ហើយខ្ញុំបានអានព្រះបន្ទូលរបស់ព្រះជាម្ចាស់ទាំងនេះ៖ «ព្រះពរ ព្រះគុណ រង្វាន់ មកុដ ពោលរបៀបដែលរបស់ទាំងនេះត្រូវបានប្រទានឱ្យ និងប្រទានទៅឱ្យនរណានោះ គឺអាស្រ័យលើព្រះជាម្ចាស់។ ហេតុអ្វីបានជាអាស្រ័យលើព្រះជាម្ចាស់? របស់ទាំងនេះជារបស់ព្រះជាម្ចាស់ វាមិនមែនជាទ្រព្យសម្បត្តិរួមរវាងមនុស្ស និងព្រះជាម្ចាស់ ដែលអាចបែងចែកស្មើៗគ្នារវាងពួកគេបានឡើយ។ របស់ទាំងនេះជារបស់ព្រះជាម្ចាស់ ហើយព្រះជាម្ចាស់ប្រទានវាទៅឱ្យអស់អ្នកណាដែលទ្រង់សន្យាថានឹងប្រទានឱ្យ។ ប្រសិនបើព្រះជាម្ចាស់មិនបានសន្យាថានឹងប្រទានរបស់ទាំងនេះឱ្យអ្នកទេក៏ដោយ ក៏អ្នកគួរតែចុះចូលនឹងទ្រង់ដដែល។ ប្រសិនបើអ្នកឈប់ជឿលើព្រះជាម្ចាស់ដោយសារតែហេតុផលនេះ តើវានឹងដោះស្រាយបញ្ហាអ្វីបាន? តើអ្នកនឹងឈប់ធ្វើជាភាវៈដែលព្រះបានបង្កើតមកឬ? តើអ្នកអាចគេចផុតពីអធិបតេយ្យភាពរបស់ព្រះជាម្ចាស់បានដែរឬទេ? ព្រះជាម្ចាស់នៅតែមានអធិបតេយ្យភាពលើរបស់សព្វសារពើ ហើយនេះគឺជាការពិតដែលមិនអាចផ្លាស់ប្ដូរបាន។ អត្តសញ្ញាណ ឋានៈ និងសារជាតិរបស់ព្រះជាម្ចាស់ មិនអាចយកមកប្រៀបធៀបស្មើគ្នាជាមួយនឹងអត្តសញ្ញាណ ឋានៈ និងសារជាតិរបស់មនុស្សបានឡើយ ហើយរបស់ទាំងនេះក៏នឹងមិនមានការផ្លាស់ប្ដូរអ្វីដែរ ពោលគឺព្រះជាម្ចាស់នឹងនៅតែជាព្រះជាម្ចាស់ជារៀងរហូត ហើយមនុស្សនឹងនៅតែជាមនុស្សជារៀងរហូត។ ប្រសិនបើមនុស្សម្នាក់អាចយល់អំពីរឿងនេះបាន តើពួកគេគួរធ្វើអ្វី? ពួកគេគួរចុះចូលនឹងអធិបតេយ្យភាព និងការរៀបចំរបស់ព្រះជាម្ចាស់ ពោលនេះគឺជាផ្លូវប្រកបដោយវិចារណញ្ញាណបំផុតក្នុងការធ្វើកិច្ចការនានា ហើយក្រៅពីនេះ គ្មានផ្លូវផ្សេងទៀតដែលអាចជ្រើសរើសបានឡើយ» (ដកស្រង់ពី «ចំណុចទីដប់ពីរ» នៃសៀវភៅ «ព្រះបន្ទូល» ភាគ៤៖ ការលាតត្រដាងពួកទទឹងនឹងព្រះគ្រីស្ទ)។ ព្រះបន្ទូលរបស់ព្រះជាម្ចាស់បានធ្វើឲ្យខ្ញុំភ្ញាក់ខ្លួនទាន់ពេលវេលា។ ខ្ញុំគួរតែមើលឃើញអត្តសញ្ញាណ និងឋានៈរបស់ខ្លួនឯងឲ្យបានច្បាស់។ ខ្ញុំគ្រាន់តែជាស្នាព្រះហស្តមួយរូបប៉ុណ្ណោះ រីឯព្រះជាម្ចាស់គឺជាព្រះអាទិករ។ តែខ្ញុំចេះតែចង់បង្គាប់បញ្ជាថា ព្រះជាម្ចាស់គួរធ្វើការ និងប្រព្រឹត្តចំពោះខ្ញុំយ៉ាងដូចម្ដេចទៅវិញ នេះគឺគ្មានវិចារណញាណសោះ។ ខ្ញុំធ្លាប់ខ្លាចថា បើជំងឺស្ទះសរសៃឈាមខួរក្បាលរបស់ខ្ញុំរើឡើងវិញ ហើយខ្ញុំមិនអាចបំពេញភារកិច្ចបាន ខ្ញុំនឹងបាត់បង់ឱកាសទទួលបានសេចក្ដីសង្គ្រោះ ដូច្នេះ ខ្ញុំបានទាមទារឲ្យព្រះជាម្ចាស់ប្រទានសុខភាពល្អដល់ខ្ញុំ ដូចបងប្អូនប្រុសៗឯទៀតដែរ។ នេះក៏ជាការខ្វះការចុះចូលដែរ! ខ្ញុំគួរតែចុះចូលនឹងអធិបតេយ្យភាព និងការរៀបចំរបស់ព្រះជាម្ចាស់ ដោយខិតខំអស់ពីសមត្ថភាពដើម្បីបំពេញភារកិច្ច នេះគឺជាវិចារណញាណដែលខ្ញុំគួរតែមាន។ ដូច្នេះ ខ្ញុំបានចូលមកចំពោះព្រះជាម្ចាស់ ដើម្បីអធិស្ឋានថា៖ «ឱព្រះជាម្ចាស់អើយ ទោះបីជាការរើឡើងវិញនៃជំងឺស្ទះសរសៃឈាមខួរក្បាលរបស់ទូលបង្គំ ធ្ងន់ធ្ងរយ៉ាងណាក៏ដោយ សូមទ្រង់ការពារទូលបង្គំកុំឲ្យត្អូញត្អែរ ដើម្បីឲ្យទូលបង្គំអាចប្រកាន់ខ្ជាប់នូវភារកិច្ចរបស់ទូលបង្គំបាន»។ ពីរបីថ្ងៃក្រោយមក ខ្ញុំបានទៅមន្ទីរពេទ្យដើម្បីពិនិត្យ។ គ្រូពេទ្យបាននិយាយថា អាការរបស់ខ្ញុំត្រូវបានគ្រប់គ្រងបានយ៉ាងល្អ ហើយខ្ញុំគ្រាន់តែត្រូវការលេបថ្នាំតាមធម្មតាប៉ុណ្ណោះ។ ពេលឮដំណឹងនេះ ធ្វើឲ្យខ្ញុំសប្បាយចិត្តណាស់។ គិតទៅ វាមានរយៈពេលជាងប្រាំពីរខែហើយ តាំងពីការព្យាបាលលើកចុងក្រោយរបស់ខ្ញុំ ហើយខ្ញុំនៅតែអាចបំពេញភារកិច្ចរបស់ខ្ញុំបានតាមធម្មតា នេះគឺដោយសារព្រះគុណរបស់ព្រះជាម្ចាស់ទាំងស្រុង ហើយខ្ញុំពិតជាដឹងគុណចំពោះសេចក្ដីមេត្ដាករុណារបស់ព្រះជាម្ចាស់ណាស់។
ព្រះដ៏មានគ្រប់ព្រះចេស្ដាមានបន្ទូលថា៖ «នៅពេលដែលព្រះជាម្ចាស់រៀបចំឱ្យអ្នកមានជំងឺ មិនថាធ្ងន់ ឬស្រាលនោះទេ គោលបំណងរបស់ទ្រង់ក្នុងការធ្វើបែបនេះ គឺមិនមែនដើម្បីឱ្យអ្នកដឹងពីដំណើរដើមទងនៃការឈឺចាប់ ពីផលប៉ះពាល់ដែលជំងឺមានចំពោះអ្នក ពីភាពរអាក់រអួល និងការលំបាកផ្សេងៗដែលជំងឺបង្កឡើងចំពោះអ្នក និងពីអារម្មណ៍ផ្សេងៗដែលជំងឺបណ្ដាលឱ្យអ្នកមាននោះទេ ពោលគឺគោលបំណងរបស់ទ្រង់ មិនមែនដើម្បីឱ្យអ្នកទទួលរងទុក្ខពីជំងឺនៅក្នុងដំណើរការនៃការឈឺចាប់នោះឡើយ។ ផ្ទុយទៅវិញ គោលបំណងរបស់ទ្រង់គឺដើម្បីឱ្យអ្នករៀនមេរៀនពីជំងឺ ដើម្បីរៀនពីរបៀបស្វែងយល់នូវបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ ដើម្បីស្គាល់ពីនិស្ស័យពុករលួយដែលអ្នកបញ្ចេញឱ្យឃើញ និងអាកប្បកិរិយាខុសឆ្គងដែលអ្នកមានចំពោះព្រះជាម្ចាស់ នៅពេលដែលអ្នកឈឺ ដើម្បីរៀនពីរបៀបចុះចូលនឹងអធិបតេយ្យភាព និងការរៀបចំរបស់ព្រះជាម្ចាស់ និងដើម្បីសម្រេចបាននូវការចុះចូលពិតប្រាកដចំពោះព្រះជាម្ចាស់ ព្រមទាំងអាចប្រកាន់ខ្ជាប់នូវទីបន្ទាល់របស់អ្នក ដែលនេះគឺជាគន្លឹះដ៏សំខាន់បំផុត។ ព្រះជាម្ចាស់សព្វព្រះហឫទ័យសង្គ្រោះអ្នក និងបន្សុទ្ធអ្នកតាមរយៈជំងឺ។ តើទ្រង់សព្វព្រះហឫទ័យបន្សុទ្ធអ្វីខ្លះនៅក្នុងខ្លួនអ្នក? ទ្រង់សព្វព្រះហឫទ័យបន្សុទ្ធរាល់បំណងប្រាថ្នាហួសហេតុ និងការទាមទារទាំងអស់ដែលអ្នកដាក់ចំពោះព្រះជាម្ចាស់ និងថែមទាំងបន្សុទ្ធការគិតគូរ ការវិនិច្ឆ័យ និងផែនការផ្សេងៗដែលអ្នកបង្កើតឡើងក្នុងតម្លៃណាក៏ដោយ ដើម្បីរស់រាន និងរក្សាជីវិតខ្លួនឯង។ ព្រះជាម្ចាស់មិនអនុញ្ញាតឱ្យអ្នកបង្កើតផែនការទេ ទ្រង់មិនអនុញ្ញាតឱ្យអ្នកវិនិច្ឆ័យទេ ហើយទ្រង់មិនអនុញ្ញាតឱ្យអ្នកចង់បានអ្វីដែលហួសហេតុពីទ្រង់ឡើយ ទ្រង់តម្រូវត្រឹមតែឱ្យអ្នកចុះចូលនឹងទ្រង់ប៉ុណ្ណោះ ហើយនៅក្នុងការអនុវត្ត និងបទពិសោធនៃការចុះចូលរបស់អ្នក ឱ្យអ្នកស្គាល់ពីអាកប្បកិរិយាផ្ទាល់ខ្លួនរបស់អ្នកចំពោះជំងឺ និងអាកប្បកិរិយារបស់អ្នកចំពោះស្ថានភាពរាងកាយទាំងនេះដែលទ្រង់ប្រទានឱ្យអ្នក ព្រមទាំងបំណងប្រាថ្នាផ្ទាល់ខ្លួនរបស់អ្នក។ នៅពេលអ្នកស្គាល់រឿងទាំងនេះហើយ នោះអ្នកអាចយល់បានថា តើវាមានប្រយោជន៍ខ្លាំងកម្រិតណាសម្រាប់អ្នក ដែលព្រះជាម្ចាស់បានរៀបចំកាលៈទេសៈនៃជំងឺនេះសម្រាប់អ្នក ឬដែលទ្រង់បានប្រទានស្ថានភាពរាងកាយទាំងនេះដល់អ្នក ហើយអ្នកអាចយល់បានថា តើវាមានប្រយោជន៍យ៉ាងណាសម្រាប់ការផ្លាស់ប្ដូរនិស្ស័យ ការទទួលបានសេចក្ដីសង្គ្រោះ និងការចូលទៅក្នុងជីវិតរបស់អ្នក» («របៀបដេញតាមសេចក្ដីពិត (៣)» នៃសៀវភៅ «ព្រះបន្ទូល» ភាគ៦៖ អំពីការដេញតាមសេចក្តីពិត)។ ខ្ញុំបានអានអត្ថបទនៃព្រះបន្ទូលរបស់ព្រះជាម្ចាស់នេះម្ដងហើយម្ដងទៀត ហើយមានអារម្មណ៍ថា ជំងឺនេះបង្កប់នូវចេតនាដ៏ផ្ចិតផ្ចង់របស់ព្រះជាម្ចាស់។ ព្រះជាម្ចាស់មានបំណងព្រះហឫទ័យសង្គ្រោះខ្ញុំ និងជួយឲ្យខ្ញុំស្គាល់ខ្លួនឯង ដែលនាំទៅរកការផ្លាស់ប្ដូរនិស្ស័យរបស់ខ្ញុំ។ កាលខ្ញុំទើបតែជឿលើព្រះជាម្ចាស់ដំបូង ខ្ញុំមានបំណងចង់ទទួលបានព្រះពរ។ អស់រយៈពេលជាច្រើនឆ្នាំមកនេះ ខ្ញុំមិនមានការយល់ដឹងពិតប្រាកដអំពីបំណងចង់ទទួលបានព្រះពររបស់ខ្ញុំទេ។ ដោយសារព្រះជាម្ចាស់បរិសុទ្ធ និស្ស័យពុករលួយរបស់ខ្ញុំនឹងរារាំងខ្ញុំមិនឲ្យទទួលបានសេចក្ដីសង្គ្រោះឡើយ ប្រសិនបើវាមិនត្រូវបានដោះស្រាយនៅពេលកិច្ចការរបស់ព្រះជាម្ចាស់បញ្ចប់។ ជំងឺនេះបានលាតត្រដាងពីបំណងប្រាថ្នាចង់បានព្រះពររបស់ខ្ញុំ ព្រមទាំងការទាមទារ និងសញ្ញាណរបស់ខ្ញុំចំពោះព្រះជាម្ចាស់ ដោយជំរុញឲ្យខ្ញុំស្វែងរកសេចក្ដីពិត ប្រែចិត្ត និងកែប្រែ។ នេះគឺជាសេចក្ដីសង្គ្រោះរបស់ព្រះជាម្ចាស់សម្រាប់ខ្ញុំ។ ទោះជាយ៉ាងណា ខ្ញុំមិនបានយល់ពីបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ទេ ហើយបានលាក់ទុកនូវការយល់ច្រឡំ និងការត្អូញត្អែរដាក់ទ្រង់។ គឺដូចជាក្មេងម្នាក់ដែលដើរតាមផ្លូវប្រព្រឹត្តបទឧក្រិដ្ឋអ៊ីចឹង។ ពេលឪពុកម្ដាយប្រើវិធានការដ៏តឹងរ៉ឹង ដើម្បីជួយកូនឲ្យកែតម្រូវផ្លូវរបស់គេ ចេតនារបស់ពួកគាត់ គឺដើម្បីល្អដល់កូន។ តែបើកូនមិនយល់ពីចិត្តឪពុកម្ដាយ ហើយមានអារម្មណ៍ថា ឪពុកម្ដាយមិនស្រឡាញ់គេ ក្មេងនោះគឺគ្មានហេតុផល ហើយធ្វើឲ្យឪពុកម្ដាយខូចចិត្ត។ តើខ្ញុំមិនមែនគ្រាន់តែជាក្មេងដែលល្ងង់ខ្លៅ និងមិនចេះបែងចែកខុសត្រូវម្នាក់នោះទេឬ? ទោះបីជាខ្ញុំមានការយល់ច្រឡំ និងការត្អូញត្អែរក៏ដោយ ក៏ព្រះជាម្ចាស់នៅតែដឹកនាំខ្ញុំដោយស្ងៀមស្ងាត់តាមរយៈព្រះបន្ទូលរបស់ទ្រង់ ដោយជួយឲ្យខ្ញុំភ្ញាក់ខ្លួនពីសភាពអវិជ្ជមាន និងបះបោររបស់ខ្ញុំ។ កាន់តែគិតដល់រឿងនេះ ខ្ញុំកាន់តែមានអារម្មណ៍ខ្មាសអៀន និងមានកំហុស។ ចាប់ពីពេលនេះទៅ ទោះបីជាជំងឺរបស់ខ្ញុំប្រសើរឡើង ឬកាន់តែធ្ងន់ធ្ងរក៏ដោយ សូម្បីតែវាមានគ្រោះថ្នាក់ដល់ជីវិតខ្ញុំ ក៏ខ្ញុំមិនចង់យល់ច្រឡំ ឬត្អូញត្អែរដាក់ព្រះជាម្ចាស់ទៀតដែរ។ ខ្ញុំសុខចិត្តចុះចូលនឹងការរៀបចំ និងការចាត់ចែងរបស់ព្រះជាម្ចាស់។
ក្រោយពីបានឆ្លងកាត់ជំងឺនេះ ខ្ញុំទទួលបានការយល់ដឹងខ្លះអំពីបំណងចង់ស្វែងរកព្រះពររបស់ខ្ញុំ ហើយមានការយល់ដឹងយ៉ាងពិតប្រាកដចំពោះកិច្ចខិតខំប្រឹងប្រែងដ៏ស្មោះស្ម័គ្ររបស់ព្រះជាម្ចាស់ក្នុងការសង្គ្រោះមនុស្ស។ ខ្ញុំដឹងគុណចំពោះការដឹកនាំរបស់ព្រះជាម្ចាស់ ដែលបាននាំខ្ញុំឲ្យទទួលបានផលទាំងនេះ!