១០០. អ្វីដែលខ្ញុំទទួលបាន ពីការនិយាយដោយស្មោះត្រង់
មួយរយៈមុន ខ្ញុំបានអានព្រះបន្ទូលមួយវគ្គរបស់ព្រះជាម្ចាស់ ដែលចែងថា៖ «ការបញ្ចើចបញ្ចើ ការបញ្ជោរ និងពាក្យសម្ដីពីរោះស្ដាប់ ពីសំបកក្រៅ មនុស្សគ្រប់គ្នាគួរតែដឹងថាពាក្យទាំងនេះមានន័យដូចម្ដេច ហើយបុគ្គលដែលមានលក្ខណៈទាំងនេះ គឺជារឿងធម្មតាដែលមាននៅគ្រប់ទីកន្លែង។ ការបញ្ចើចបញ្ចើ ការបញ្ជោរ និងការនិយាយពាក្យសម្ដីពីរោះស្ដាប់ ភាគច្រើនគឺជាទម្រង់នៃការនិយាយដែលត្រូវបានប្រើប្រាស់ ដើម្បីទទួលបានការពេញចិត្ត ការសរសើរ ឬអត្ថប្រយោជន៍ណាមួយពីអ្នកដទៃ។ នេះគឺជាទម្រង់នៃការនិយាយទូទៅបំផុត សម្រាប់អ្នកដែលចូលចិត្តបញ្ជោរ និងអែបអប។ គេអាចនិយាយបានថា មនុស្សពុករលួយទាំងអស់ សុទ្ធតែមានការបង្ហាញចេញបែបនេះក្នុងកម្រិតណាមួយ ដែលវាជារបៀបនៃការនិយាយដែលស្ថិតក្នុងទស្សនវិជ្ជារបស់សាតាំង» («ចំណុចទីដប់ (ផ្នែកទីពីរ)» នៃសៀវភៅ «ព្រះបន្ទូល» ភាគ៤៖ ការលាតត្រដាងពួកទទឹងនឹងព្រះគ្រីស្ទ)។ នៅពេលនោះ ពេលខ្ញុំអានព្រះបន្ទូលរបស់ព្រះជាម្ចាស់ដែលលាតត្រដាងពីមនុស្សបែបនេះ ខ្ញុំមិនបានយកវាមកអនុវត្តលើខ្លួនឯងឡើយ។ មនុស្សបែបនេះធ្វើឱ្យខ្ញុំស្អប់ខ្ពើម ហើយខ្ញុំមិនចូលចិត្តពួកគេ ឬចង់ចំណាយពេលជាមួយពួកគេឡើយ ដូច្នេះ ខ្ញុំគិតថាខ្ញុំល្អជាងមនុស្សបែបនេះ។ នឹកស្មានមិនដល់សោះ ពេលការពិតបានបើកសម្ដែងខ្ញុំ ខ្ញុំបានឃើញថា ដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួន ខ្ញុំក៏នឹងធ្វើដូចគ្នាដែរ គឺព្យាយាមផ្គាប់ចិត្តអ្នកដទៃ អែបអបគេ និងនិយាយពាក្យសម្ដីពីរោះស្ដាប់ ហើយខ្ញុំក៏នឹងប្រព្រឹត្តយ៉ាងមានល្បិចកល និងបោកបញ្ឆោតបំផុតដែរ។
ប៉ុន្មានថ្ងៃមុន ខ្ញុំបានចូលរួមការជួបជុំក្រុមមួយ។ ក្រោយការជួបជុំ អ្នកដឹកនាំរបស់ខ្ញុំបានផ្ញើសារមកសួរខ្ញុំថា តើការប្រកបគ្នារបស់បងប្រុស កាលែប យ៉ាងម៉េចដែរ។ ពេលឃើញសារនោះ ខ្ញុំមានអារម្មណ៍ភ័យអន្ទះអន្ទែងបន្តិច «ហេតុអ្វីស្រាប់តែអ្នកដឹកនាំសួរខ្ញុំនូវសំណួរនេះ? តើខ្ញុំគួរឆ្លើយយ៉ាងម៉េចទៅ? បើខ្ញុំឆ្លើយមិនត្រូវ តើគាត់នឹងគិតយ៉ាងម៉េចចំពោះខ្ញុំទៅ? តើគាត់នឹងគិតថា ខ្ញុំសូម្បីតែអ្នកដទៃប្រកបគ្នាបានល្អប៉ុនណា ក៏មិនអាចញែកដឹងបានផង គិតថាខ្ញុំមានគុណសម្បត្តិអន់ និងគ្មានបទពិសោធជាក់ស្ដែងដែរទេ? បើអ៊ីចឹងមែន តើគាត់នឹងនៅតែទុកចិត្តខ្ញុំ និងប្រើប្រាស់ខ្ញុំក្នុងតួនាទីសំខាន់ៗទៀតដែរឬទេ? ខ្ញុំថែមទាំងអាចនឹងបាត់បង់តំណែងជាប្រធានក្រុមឆាប់ៗនេះមិនខាន»។ ដើម្បីរក្សាមុខមាត់ និងឋានៈរបស់ខ្លួនក្នុងចិត្តអ្នកដឹកនាំ និងធ្វើឱ្យគាត់គិតថាខ្ញុំចេះញែកដឹងពីរឿងរ៉ាវបាន ខ្ញុំក៏ចាប់ផ្ដើមទាយថាគាត់ចង់មានន័យយ៉ាងណា។ ដោយសារគាត់សួរ គាត់ច្បាស់ជាមានអារម្មណ៍ថា ការប្រកបគ្នារបស់ កាលែប មានបញ្ហាមិនខាន ដូច្នេះ តើខ្ញុំគួរនិយាយបែបណា ដើម្បីឱ្យគាត់ពេញចិត្តនឹងខ្ញុំទៅ? តាមពិតទៅ ខ្ញុំមានអារម្មណ៍ថា ទោះបីជាចំណុចខ្លះនៃអ្វីដែលកាលែប បានប្រកបគ្នាគឺជាពាក្យពេចន៍ និងគោលលទ្ធិក៏ដោយ តែនៅចំណុចខ្លះ ក៏មានភាពជាក់ស្ដែងដែរ។ តែខ្ញុំបារម្ភថា ខ្ញុំមើលរឿងរ៉ាវមិនបានត្រឹមត្រូវ ដូច្នេះ ខ្ញុំមិនបានប្រាប់អ្នកដឹកនាំពីគំនិតពិតរបស់ខ្ញុំឡើយ។ ផ្ទុយទៅវិញ ខ្ញុំបាននិយាយថា៖ «កាលែប បានប្រកបគ្នាអំពីគោលលទ្ធិជាច្រើន»។ អ្នកដឹកនាំរបស់ខ្ញុំបានតបវិញថា៖ «អ្វីជាច្រើនដែលគាត់និយាយ ពិតជាពាក្យពេចន៍ និងគោលលទ្ធិមែន។ ត្រូវតែជួយរំលឹក និងជួយគាត់បន្ថែមទៀតទៅថ្ងៃមុខ»។ ក្រោយពេលអានសារតបរបស់អ្នកដឹកនាំរួច ខ្ញុំបានគិតថា៖ «សំណាងហើយដែលខ្ញុំមិនបានសម្ដែងចេញគំនិតពិតរបស់ខ្ញុំ។ បើមិនដូច្នោះទេ ខ្ញុំនឹងធ្វើឱ្យខ្លួនឯងបាក់មុខហើយមែនទេ? ពេលនោះ អ្នកដឹកនាំច្បាស់ជាមើលធ្លុះពីគំនិតខ្ញុំមិនខាន!»
ភ្លាមៗបន្ទាប់ពីនោះ ខ្ញុំបានចូលរួមការជួបជុំក្រុមមួយទៀត។ ក្រោយការជួបជុំ អ្នកដឹកនាំបានផ្ញើសារមកសួរខ្ញុំម្ដងទៀតថា៖ «តើអ្នកយល់យ៉ាងម៉េចដែរចំពោះការប្រកបគ្នារបស់បងស្រី ជេម៉ា?» ពេលខ្ញុំឃើញសារនោះ ខ្ញុំគាំងបន្តិច។ ចិត្តខ្ញុំបានរាយមាយនៅពេលជួបជុំ ដូច្នេះ ខ្ញុំមិនបានស្ដាប់ការប្រកបគ្នារបស់គាត់ដោយយកចិត្តទុកដាក់ទាល់តែសោះ។ តើខ្ញុំគួរឆ្លើយយ៉ាងម៉េចទៅ? បើខ្ញុំឆ្លើយត្រង់ តើអ្នកដឹកនាំនឹងគិតយ៉ាងម៉េចចំពោះខ្ញុំទៅ? ខ្ញុំចាំបានថា ខ្ញុំធ្លាប់ឮអ្នកដឹកនាំនិយាយពីមុនមកថា ជេម៉ា តែងតែនិយាយពីពាក្យពេចន៍ និងគោលលទ្ធិ អ៊ីចឹងតើគាត់កំពុងសួរឱ្យខ្ញុំបញ្ជាក់ពីបញ្ហានេះមែនទេ? លើកមុន គាត់សួរខ្ញុំ ព្រោះគាត់គិតថា កាលែប និយាយគោលលទ្ធិច្រើន។ ខ្ញុំគិតថា លើកនេះក៏ប្រហែលជាមានហេតុផលដូចគ្នាដែរ។ ដូច្នេះ ខ្ញុំក៏ឆ្លើយថា៖ «តាមរយៈការប្រកបគ្នារបស់ ជេម៉ា ខ្ញុំមិនបានឮពីការស្គាល់ខ្លួនឯងរបស់គាត់ឡើយ ឬឮថាទស្សនៈណាខ្លះរបស់គាត់បានផ្លាស់ប្ដូរនោះទេ»។ ក្រោយអានសារតបរបស់ខ្ញុំរួច អ្នកដឹកនាំមិនបានតបអ្វីឡើយ។ ពេលនោះ ខ្ញុំមិនអាចរម្ងាប់ចិត្តខ្លួនឯងបានទេ ហើយខ្ញុំក៏ចាប់ផ្ដើមទាយថា៖ «តើអ្នកដឹកនាំមិនពេញចិត្តនឹងចម្លើយខ្ញុំមែនទេ? តើខ្ញុំឆ្លើយខុសមែនទេ? បើខុសមែន តើគាត់នឹងគិតថាខ្ញុំមានគុណសម្បត្តិអន់ដែរទេ?» ក្នុងអំឡុងពេលប៉ុន្មានថ្ងៃនោះ រឿងនេះបានរំខានដល់គំនិតខ្ញុំម្ដងម្កាល។
ប៉ុន្មានថ្ងៃក្រោយមក ក្នុងអំឡុងពេលជួបជុំ ខ្ញុំបានអានព្រះបន្ទូលមួយវគ្គរបស់ព្រះជាម្ចាស់ ដែលធ្វើឱ្យខ្ញុំមានអារម្មណ៍ដូចជាត្រូវគេចាក់ទម្លុះបេះដូងអ៊ីចឹង។ ព្រះបន្ទូលរបស់ព្រះជាម្ចាស់ថ្លែងថា៖ «មនុស្សបោកបញ្ឆោតដែលធ្វើបែបនេះនៅមុខមនុស្សម្នា ហើយធ្វើបែបផ្សេងនៅក្រោយខ្នងពួកគេទាំងនោះ មិនស្ម័គ្រចិត្តឱ្យខ្លួនត្រូវបានធ្វើឱ្យគ្រប់លក្ខណ៍ឡើយ។ ពួកគេជាកូននៃសេចក្ដីបាក់បែក និងជាកូននៃសេចក្ដីវិនាស។ ពួកគេមិនមែនជាកម្មសិទ្ធិរបស់ព្រះជាម្ចាស់ឡើយ តែជាកម្មសិទ្ធិរបស់សាតាំង។ ពួកគេមិនមែនជាមនុស្សដែលព្រះជាម្ចាស់ជ្រើសរើសនោះឡើយ!» («អស់អ្នកណាដែលចុះចូលនឹងព្រះជាម្ចាស់ដោយដួងចិត្តពិត នឹងត្រូវឈ្នះបានមកវិញដោយព្រះជាម្ចាស់ ជាប្រាកដ» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)។ ខ្ញុំមិនអាចទប់ចិត្តមិនឲ្យគិតពីរឿងដែលបានកើតឡើងកាលពីថ្ងៃមុនបានឡើយ។ ពេលអ្នកដឹកនាំសួរខ្ញុំថា តើខ្ញុំយល់យ៉ាងម៉េចចំពោះការប្រកបគ្នារបស់បងប្រុស និងបងស្រីនោះ ខ្ញុំមិនហ៊ានសម្ដែងចេញពីមតិពិតរបស់ខ្លួនទេ ព្រោះខ្ញុំបារម្ភថា ចម្លើយខុសនឹងប៉ះពាល់មុខមាត់ និងឋានៈរបស់ខ្ញុំនៅក្នុងចិត្តអ្នកដឹកនាំ ដូច្នេះ ខ្ញុំក៏បានឆ្លើយយ៉ាងបោកបញ្ឆោត។ ខ្ញុំបានទាយពីអ្វីដែលអ្នកដឹកនាំគិត រួចព្យាយាមឆ្លើយឱ្យត្រូវតាមគំនិតរបស់គាត់។ ខ្ញុំគិតថា បើធ្វើបែបនេះ ខ្ញុំនឹងមិនសូវមានកំហុសឡើយ ថាគាត់នឹងមើលខ្ញុំមិនធ្លុះឡើយ ហើយតំណែងរបស់ខ្ញុំក៏នឹងមានសុវត្ថិភាពដែរ។ ខ្ញុំគិតថាខ្ញុំឆ្លាត ដែលបានបោកបញ្ឆោតអ្នកដឹកនាំ និងលាក់បាំងគំនិតរបស់ខ្លួន តែព្រះជាម្ចាស់សុចរិត ហើយទ្រង់ពិនិត្យពិច័យសព្វគ្រប់ទាំងអស់។ ព្រះជាម្ចាស់ទតឃើញយ៉ាងច្បាស់ពីចេតនាបោកបញ្ឆោត និងល្បិចកលរបស់ខ្ញុំ ហើយទ្រង់បានថ្កោលទោសរឿងទាំងនេះ។ កាន់តែសញ្ជឹងគិតពីព្រះបន្ទូលរបស់ព្រះជាម្ចាស់ ខ្ញុំកាន់តែភ័យខ្លាច។ ខ្ញុំឆ្ងល់ថា ហេតុអ្វីបានជាគំនិតខ្ញុំអាក្រក់ គួរឲ្យស្អប់ខ្ពើម និងគួរឲ្យខ្មាសអៀនបែបនេះ។ ខ្ញុំក៏នឹកឃើញពីរបៀបដែលព្រះជាម្ចាស់លាតត្រដាងពីការសម្ដែងចេញរបស់ពួកទទឹងនឹងព្រះគ្រីស្ទ ដែលចូលចិត្តបញ្ចើចបញ្ចើ បញ្ជោរ និងនិយាយពាក្យសម្ដីពីរោះស្ដាប់ ដូច្នេះ ខ្ញុំក៏បានរកមើលព្រះបន្ទូលមួយចំនួនរបស់ព្រះជាម្ចាស់។
ព្រះដ៏មានគ្រប់ព្រះចេស្ដាមានបន្ទូលថា៖ «ពួកទទឹងនឹងព្រះគ្រីស្ទខ្វាក់មើលមិនឃើញព្រះជាម្ចាស់ទេ ហើយដួងចិត្តរបស់ពួកគេក៏គ្មានព្រះអង្គដែរ។ នៅពេលពួកគេជួបព្រះគ្រីស្ទ ពួកគេចាត់ទុកទ្រង់មិនខុសពីមនុស្សធម្មតាទេ ដោយចេះតែបត់បែនតាមការសម្តែងចេញ និងព្រះសូរសៀងទ្រង់ ផ្លាស់ប្តូរអាកប្បកិរិយារបស់ខ្លួនទៅតាមស្ថានការណ៍ មិនដែលនិយាយអ្វីដែលកំពុងកើតឡើងជាក់ស្តែង មិនដែលនិយាយការពិតទេ និយាយតែពាក្យ និងគោលលទ្ធិឥតន័យ ដោយព្យាយាមបោកបញ្ឆោត និងបោកប្រាស់ព្រះដ៏ជាក់ស្ដែងដែលកំពុងគង់នៅចំពោះមុខរបស់ពួកគេ។ ពួកគេគ្មានសេចក្ដីកោតខ្លាចព្រះជាម្ចាស់សូម្បីតែបន្តិច។ ពួកគេពិតជាមិនអាចនិយាយចេញពីចិត្តទៅកាន់ព្រះជាម្ចាស់បានឡើយ ឬនិយាយអ្វីដែលពិតបានឡើយ។ ពួកគេនិយាយដូចជាពស់លូន មានដានបត់បែន និងមិនត្រង់។ លក្ខណៈ និងទិសដៅនៃពាក្យសម្ដីរបស់ពួកគេគឺដូចជាដើមត្រសក់ស្រូវតោងឡើងលើបង្គោលទ្រើងអ៊ីចឹង។ ឧទាហរណ៍ នៅពេលអ្នកនិយាយថា បុគ្គលម្នាក់មានគុណសម្បត្តិល្អ និងអាចដំឡើងឋានៈបាន ពួកគេក៏និយាយភ្លាមថា ពួកគេនោះល្អយ៉ាងណា ហើយបានបង្ហាញ និងបើកសម្ដែងនៅក្នុងខ្លួនពួកគេ។ ហើយប្រសិនបើអ្នកនិយាយថា នរណាម្នាក់មិនល្អ ពួកគេប្រញាប់និយាយថា ពួកគេអាក្រក់ និងមិនល្អ ថាពួកគេបង្កការរំខាន និងការបង្អាក់បែបណានៅក្នុងពួកជំនុំ។ នៅពេលដែលអ្នកចង់ដឹងការពិតអំពីរឿងអ្វីមួយ ពួកគេគ្មានអ្វីត្រូវនិយាយទេ ពួកគេនិយាយគេចវេះ ដោយរង់ចាំឱ្យអ្នកធ្វើការសន្និដ្ឋាន ដោយស្ដាប់រកអត្ថន័យនៅក្នុងពាក្យសម្ដីរបស់អ្នក ដើម្បីឱ្យពួកគេអាចប្រាប់អ្នកនូវអ្វីដែលអ្នកចង់ស្ដាប់។ អ្វីគ្រប់យ៉ាងដែលពួកគេនិយាយ គឺជាការបញ្ជោរ ការយកចិត្ត និងការផ្គាប់ផ្គុន។ គ្មានពាក្យពិតសូម្បីមួយម៉ាត់ចេញពីមាត់របស់ពួកគេឡើយ» («ចំណុចទីដប់ (ផ្នែកទីពីរ)» នៃសៀវភៅ «ព្រះបន្ទូល» ភាគ៤៖ ការលាតត្រដាងពួកទទឹងនឹងព្រះគ្រីស្ទ)។
«ព្រះជាម្ចាស់សព្វព្រះហឫទ័យនឹងមនុស្សស្មោះត្រង់ ហើយទ្រង់ស្អប់ខ្ពើមមនុស្សបោកបញ្ឆោត និងក្រឡេចក្រឡុច។ ប្រសិនបើអ្នកជាមនុស្សមានល្បិច និងប្រព្រឹត្តតាមរបៀបក្រឡេចក្រឡុច តើព្រះជាម្ចាស់នឹងមិនស្អប់ខ្ពើមអ្នកទេឬអី? តើដំណាក់ព្រះជាម្ចាស់នឹងលើកលែងទោសឱ្យអ្នកងាយៗឬ? មិនយូរមិនឆាប់ អ្នកនឹងត្រូវបានទាមទារឱ្យទទួលខុសត្រូវ។ ព្រះជាម្ចាស់សព្វព្រះហឫទ័យនឹងមនុស្សស្មោះត្រង់ និងមិនសព្វព្រះហឫទ័យនឹងមនុស្សមានល្បិចឡើយ។ មនុស្សគ្រប់គ្នាគួរយល់រឿងនេះឱ្យបានច្បាស់ ហើយឈប់វង្វេង និងឈប់ធ្វើរឿងល្ងង់ខ្លៅទៀតទៅ។ ភាពល្ងង់ខ្លៅមួយគ្រា គឺអាចលើកលែងឱ្យបាន ប៉ុន្តែប្រសិនបើបុគ្គលណាម្នាក់មិនទទួលយកសេចក្ដីពិតទាល់តែសោះ នោះពួកគេរឹងរូសពេកហើយ។ មនុស្សស្មោះត្រង់អាចទទួលខុសត្រូវ។ ពួកគេមិនគិតពីការចំណេញ ឬខាតបង់ផ្ទាល់ខ្លួនឡើយ ពួកគេគ្រាន់តែការពារកិច្ចការ និងផលប្រយោជន៍របស់ដំណាក់ ព្រះជាម្ចាស់ប៉ុណ្ណោះ។ ពួកគេមានចិត្តល្អ និងស្មោះត្រង់ ដែលប្រៀបដូចជាចានដែលមានទឹកថ្លា ដែលគេអាចមើលឃើញដល់បាតបានត្រឹមក្រឡេកមួយខ្វិច។ ក៏មានតម្លាភាពចំពោះទង្វើរបស់ពួកគេដែរ។ មនុស្សបោកបញ្ឆោត តែងតែប្រព្រឹត្តតាមរបៀបក្រឡេចក្រឡុច តែងតែធ្វើពុត បិទបាំង និងលាក់បាំងរឿងរ៉ាវ ហើយរុំខ្លួនឯងយ៉ាងជិតឈឹងដោយមិនគួរឱ្យជឿ។ គ្មាននរណាម្នាក់អាចមើលធ្លុះមនុស្សប្រភេទនេះឡើយ។ មនុស្សមិនអាចមើលធ្លុះគំនិតខាងក្នុងរបស់អ្នកបានទេ ប៉ុន្តែព្រះជាម្ចាស់អាចពិនិត្យពិច័យអ្វីៗនៅក្នុងជម្រៅចិត្តរបស់អ្នកបាន។ នៅពេលដែលព្រះជាម្ចាស់ទតឃើញថា អ្នកមិនមែនជាមនុស្សស្មោះត្រង់ ថាអ្នកជាអាក្រឡេចក្រឡុច ថាអ្នកមិនដែលទទួលយកសេចក្ដីពិត តែងតែប្រើល្បិចបោកបញ្ឆោតប្រឆាំងនឹងទ្រង់ ហើយមិនដែលប្រគល់ចិត្តរបស់អ្នកថ្វាយទ្រង់ នោះទ្រង់មិនសព្វព្រះហឫទ័យអ្នកទេ ហើយទ្រង់ស្អប់ខ្ពើម និងបោះបង់អ្នកចោល។ តើអ្នកទាំងអស់ដែលរីកចម្រើននៅក្នុងចំណោមអ្នកគ្មានជំនឿ និងអ្នកដែលមាត់រអិល និងគិតរហ័ស ជាមនុស្សប្រភេទណា? តើរឿងនេះច្បាស់ចំពោះអ្នករាល់គ្នាដែរឬទេ? តើអ្វីជាសារជាតិរបស់ពួកគេ? អាចនិយាយបានថា ពួកគេសុទ្ធតែជាមនុស្សមិនអាចស្មានដឹងចិត្តបានខ្លាំងបំផុត ពួកគេសុទ្ធតែបោកបញ្ឆោត និងមានល្បិចបំផុត ពួកគេគឺជាអារក្ស និងសាតាំងសុទ្ធសាធ។ តើព្រះជាម្ចាស់អាចសង្គ្រោះមនុស្សបែបនេះបានដែរឬទេ? ព្រះជាម្ចាស់ស្អប់ខ្ពើមពួកអារក្សបំផុត គឺមនុស្សដែលបោកបញ្ឆោត និងមានល្បិច ហើយទ្រង់ប្រាកដជានឹងមិនសង្គ្រោះមនុស្សបែបនេះឡើយ។ អ្នករាល់គ្នាដាច់ខាតមិនត្រូវធ្វើជាមនុស្សប្រភេទនេះឡើយ។ អ្នកដែលតែងតែចេះអង្កេត និងមានស្មារតីប្រុងប្រយ័ត្ននៅពេលនិយាយ អ្នកដែលជំនាញផ្គាប់ផ្គុន និងក្រឡេចក្រឡុច ហើយសម្តែងសមទៅ តាមកាលៈទេសៈនៅពេលដោះស្រាយបញ្ហា ខ្ញុំប្រាប់អ្នកចុះ ព្រះជាម្ចាស់ស្អប់ខ្ពើមមនុស្សបែបនេះបំផុត មនុស្សបែបនេះគឺហួសពីការសង្គ្រោះហើយ។ ចំពោះអ្នកទាំងអស់ដែលស្ថិតក្នុងជំពូកមនុស្សបោកបញ្ឆោត និងមានល្បិច មិនថាពាក្យសម្ដីរបស់ពួកគេស្ដាប់ទៅពីរោះយ៉ាងណានោះទេ សុទ្ធតែជាពាក្យសម្ដីបោកបញ្ឆោត និងជាពាក្យសម្ដីបែប អារក្សទាំងអស់។ ពាក្យសម្ដីរបស់ពួកគេកាន់តែស្ដាប់ទៅពីរោះ មនុស្សទាំងនេះកាន់តែជាអារក្ស និងសាតាំង។ នេះគឺជាប្រភេទមនុស្សដែលព្រះជាម្ចាស់ស្អប់ខ្ពើមបំផុត។ នេះគឺត្រឹមត្រូវណាស់។ តើអ្នករាល់គ្នានិយាយយ៉ាងដូចម្តេច៖ តើមនុស្សបោកបញ្ឆោត មនុស្សដែលឧស្សាហ៍និយាយកុហក និងមនុស្សមាត់រអិល អាចទទួលបានកិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធដែរឬទេ? តើពួកគេអាចទទួលបានការបំភ្លឺ និងការស្រាយបំភ្លឺរបស់ព្រះវិញ្ញាណបរិសុទ្ធដែរឬទេ? ដាច់ខាតគឺមិនអាចទេ។ តើឥរិយាបថរបស់ព្រះជាម្ចាស់ចំពោះមនុស្សដែលបោកបញ្ឆោត និងមានល្បិច គឺជាអ្វី? ទ្រង់ស្អប់ខ្ពើម និងបដិសេធពួកគេ ទ្រង់ទុកពួកគេមួយឡែក និងមិនអើពើនឹងពួកគេឡើយ ទ្រង់ចាត់ទុកពួកគេថាជាអំបូរតែមួយដូចគ្នានឹងសត្វធាតុ។ នៅក្នុងព្រះនេត្ររបស់ព្រះជាម្ចាស់ មនុស្សបែបនេះគ្រាន់តែពាក់ស្បែកមនុស្សប៉ុណ្ណោះ ហើយតាមសារជាតិ ពួកគេគឺជាអារក្ស និងសាតាំង ពួកគេគឺជាសាកសពចេះដើរ ហើយព្រះជាម្ចាស់ដាច់ខាតនឹងមិនសង្គ្រោះពួកគេឡើយ» («ទំនួលខុសត្រូវរបស់អ្នកដឹកនាំ និងអ្នកធ្វើការ (៨)» នៃសៀវភៅ «ព្រះបន្ទូល» ភាគ៥ ទំនួលខុសត្រូវរបស់អ្នកដឹកនាំ និងអ្នកធ្វើការ)។
តាមរយៈព្រះបន្ទូលរបស់ព្រះជាម្ចាស់ ខ្ញុំបានឃើញថា ពួកទទឹងនឹងព្រះគ្រីស្ទមាននិស្ស័យអាក្រក់ខ្លាំងណាស់។ ដើម្បីសម្រេចគោលដៅផ្ទាល់ខ្លួន ពួកគេបញ្ជោរព្រះគ្រីស្ទ និងតាមមើលស្ថានការណ៍ ហើយពួកគេថែមទាំងជឿថា ព្រះគ្រីស្ទនឹងមិនអាចមើលធ្លុះពីល្បិចកលរបស់គេទេ ថាគេអាចបោកបញ្ឆោតទ្រង់បាន។ ហេតុនេះហើយ ទើបពួកគេហ៊ានបោកបញ្ឆោតព្រះជាម្ចាស់យ៉ាងចំហ ហើយចាត់ទុកទ្រង់ដូចជាមនុស្សធម្មតា។ អាកប្បកិរិយាចំពោះព្រះជាម្ចាស់បែបនេះ ធ្វើឲ្យព្រះជាម្ចាស់ស្អប់ខ្ពើម និងខ្ពើមរអើមបំផុត។ ទោះបីជាខ្ញុំមិនបានទាក់ទងផ្ទាល់ជាមួយព្រះគ្រីស្ទក៏ដោយ និស្ស័យដែលខ្ញុំបានបញ្ចេញមក គឺដូចគ្នានឹងនិស្ស័យរបស់ពួកទទឹងនឹងព្រះគ្រីស្ទដែរ។ អ្នកដឹកនាំបានសួរពីមតិរបស់ខ្ញុំចំពោះការប្រកបរបស់បងប្រុស និងបងស្រី វាគ្រាន់តែជាសំណួរធម្មតាមួយប៉ុណ្ណោះ ហើយខ្ញុំគ្រាន់តែនិយាយពីអ្វីដែលខ្ញុំគិតពិតប្រាកដទៅ គឺបានហើយ តែខ្ញុំបែរជាមានគំនិតសាំញ៉ាំ ហើយចិត្តគំនិតខ្ញុំគិតវៀចវេរចុះឡើងៗជាច្រើន។ ខ្ញុំថែមទាំងទាយថា តើអ្នកដឹកនាំកំពុងល្បងលសមត្ថភាពក្នុងការវែកញែករបស់ខ្ញុំឬយ៉ាងណា ហើយខ្ញុំខ្លាចថា បើខ្ញុំនិយាយខុស គាត់នឹងមើលងាយខ្ញុំ ហើយលែងឲ្យតម្លៃ ឬបណ្ដុះបណ្ដាលខ្ញុំទៀត។ ដើម្បីរក្សារូបភាព និងតំណែងរបស់ខ្ញុំនៅក្នុងចិត្តគាត់ ខ្ញុំបានលាក់បាំងគំនិតពិត ហើយព្យាយាមតម្រូវតាមបំណងរបស់គាត់ដោយចេតនា។ អាកប្បកិរិយាខ្ញុំ គឺដូចអ្វីដែលព្រះបន្ទូលបានលាតត្រដាងពិតមែន ប្រៀបដូចជាពស់វារ និងវល្លិត្រឡាចដែលវារតោង គឺវៀចវេរចុះឡើងៗ។ ការប្រព្រឹត្ត និងការរស់នៅជាមួយអ្នកដទៃក្នុងរបៀបនេះ គឺខ្ញុំកំពុងតែបោកបញ្ឆោត និងលេងសើចជាមួយពួកគេហើយ។ ខ្ញុំពិតជាមានល្បិចកល និងពុតត្បុតមែនទែន។ ហើយពេលខ្ញុំនិយាយពាក្យទាំងនេះ មិនមែនខ្ញុំមិនដឹងខ្លួននោះទេ។ ខ្ញុំនិយាយចេញពីការគិតគូរ និងរៀបចំទុកជាមុនដោយចេតនា។ ខ្ញុំថែមទាំងគិតថា ព្រះជាម្ចាស់មិនជ្រាបពីល្បិចកលរបស់ខ្ញុំឡើយ ដូច្នេះ ទើបខ្ញុំហ៊ានកុហក និងបោកបញ្ឆោតយ៉ាងចំហ។ ខ្ញុំគ្មានចិត្តកោតខ្លាចព្រះជាម្ចាស់ទាល់តែសោះ។ ខ្ញុំហ៊ានកុហក និងបោកបញ្ឆោតអ្នកដទៃពេលប្រាស្រ័យទាក់ទងជាមួយពួកគេ ដូច្នេះ បើសិនជាខ្ញុំមានទំនាក់ទំនងជាមួយព្រះគ្រីស្ទមែន ខ្ញុំច្បាស់ជាបោកបញ្ឆោតព្រះជាម្ចាស់យ៉ាងចំហ ហើយប្រមាថដល់និស្ស័យរបស់ទ្រង់មិនខាន។ ជាពិសេស ពេលខ្ញុំអានព្រះបន្ទូលរបស់ព្រះជាម្ចាស់ដែលចែងថា៖ «នៅក្នុងព្រះនេត្ររបស់ព្រះជាម្ចាស់ មនុស្សបែបនេះគ្រាន់តែពាក់ស្បែកមនុស្សប៉ុណ្ណោះ ហើយតាមសារជាតិ ពួកគេគឺជាអារក្ស និងសាតាំង ពួកគេគឺជាសាកសពចេះដើរ ហើយព្រះជាម្ចាស់ដាច់ខាតនឹងមិនសង្គ្រោះពួកគេឡើយ» ស្រាប់តែខ្ញុំមានអារម្មណ៍ទន់ដៃទន់ជើងតែម្ដង។ ព្រះជាម្ចាស់កំពុងតែលាតត្រដាងពីធម្មជាតិរបស់ខ្ញុំ និងកំណត់លក្ខណៈទង្វើរបស់ខ្ញុំ។ ខ្ញុំនឹកឃើញថា ពេលខ្ញុំប្រាស្រ័យទាក់ទងជាមួយអ្នកដទៃ ជាធម្មតា ខ្ញុំតែងមានបំណងផ្ទាល់ខ្លួន ហើយតាមសង្កេតមើលពាក្យសម្ដី និងទឹកមុខរបស់ពួកគេ។ ជាពិសេសជាមួយអ្នកដឹកនាំ និងអ្នកធ្វើការ ខ្ញុំរឹតតែព្យាយាមទាយពីគំនិតរបស់ពួកគេ ហើយតម្រូវតាមបំណងរបស់ពួកគេថែមទៀត ដោយនិយាយតែរឿងណាដែលពីរោះស្ដាប់។ ខ្ញុំគិតថា ការរស់នៅបែបនេះគឺឆ្លាតណាស់ ព្រោះគ្មាននរណាម្នាក់អាចមើលធ្លុះពីគំនិតខ្ញុំបានឡើយ។ តែព្រះជាម្ចាស់បានទតខ្ញុំធ្លុះបាត់ទៅហើយ។ ពេលនេះ ទីបំផុតខ្ញុំយល់ហើយថា ហេតុអ្វីបានជាព្រះជាម្ចាស់មានបន្ទូលថា ទ្រង់សព្វព្រះទ័យនឹងមនុស្សស្មោះត្រង់ ហើយស្អប់មនុស្សបោកបញ្ឆោត។ នោះគឺដោយសារតែចិត្តរបស់មនុស្សស្មោះត្រង់មានភាពសាមញ្ញ បរិសុទ្ធដូចទឹកថ្លា ពួកគេប្រព្រឹត្តចំពោះមនុស្ស និងព្រះជាម្ចាស់ដោយស្មោះត្រង់ ហើយពួកគេមិនដែលលាក់បាំងចំណុចខ្វះខាតរបស់ខ្លួនដោយចេតនា ឬក្លែងបន្លំខ្លួនឡើយ។ មនុស្សបែបនេះរស់នៅមិនហត់នឿយទេ អ្នកដទៃក៏ចូលចិត្តរស់នៅជាមួយពួកគេ ហើយព្រះជាម្ចាស់ក៏សព្វព្រះហឫទ័យនឹងពួកគេដែរ។ តែចិត្តគំនិតរបស់មនុស្សបោកបញ្ឆោតវិញគឺស្មុគស្មាញណាស់ ពួកគេមានល្បិចកល និងមានបំណងលាក់កំបាំងក្នុងគ្រប់រឿងទាំងអស់ ហើយរឿងរ៉ាវ និងពាក្យសម្ដីដ៏សាមញ្ញបំផុត ក៏ក្លាយជាស្មុគស្មាញខ្លាំងសម្រាប់ពួកគេដែរ។ ពាក្យសម្ដី និងទង្វើរបស់មនុស្សបោកបញ្ឆោត គឺសុទ្ធតែដើម្បីបំភាន់ និងបោកបញ្ឆោតអ្នកដទៃ ដើម្បីសម្រេចគោលដៅរបស់ខ្លួនប៉ុណ្ណោះ។ ពួកគេបញ្ចេញឲ្យឃើញពីលក្ខណៈជាអារក្ស ហើយព្រះជាម្ចាស់មិនដែលសង្គ្រោះមនុស្សបែបនេះឡើយ។ គិតដល់រឿងនេះ ខ្ញុំមានអារម្មណ៍ភ័យខ្លាចបន្តិច។ ខ្ញុំបានឃើញថា ធម្មជាតិរបស់ខ្ញុំគឺបោកបញ្ឆោត និងអាក្រក់ដូចជាធម្មជាតិរបស់សាតាំងដែរ ហើយបើសិនជាខ្ញុំនៅតែមិនប្រែចិត្តទេ ខ្ញុំនឹងត្រូវព្រះជាម្ចាស់ជម្រុះចោល និងដាក់ទោសមិនខាន។ ព្រះជាម្ចាស់បរិសុទ្ធ និងសុចរិត ហើយអ្នកដែលនឹងរស់នៅក្នុងនគររបស់ព្រះជាម្ចាស់ សុទ្ធតែជាមនុស្សស្មោះត្រង់ដែលស្ម័គ្រចិត្តអនុវត្តសេចក្ដីពិត។ មនុស្សបោកបញ្ឆោតមិនអាចចូលក្នុងនគររបស់ព្រះជាម្ចាស់ឡើយ។ គិតដល់រឿងទាំងនេះ ខ្ញុំមានអារម្មណ៍ស្ដាយក្រោយយ៉ាងខ្លាំង ហើយខ្ញុំលែងចង់រស់នៅតាមនិស្ស័យបោកបញ្ឆោត និងអាក្រក់របស់ខ្ញុំទៀតហើយ។ ខ្ញុំបានអធិស្ឋានទៅកាន់ព្រះជាម្ចាស់ ដោយទូលថា ខ្ញុំចង់អនុវត្តធ្វើជាមនុស្សស្មោះត្រង់ តាមរយៈការបើកចំហ និងនិយាយដោយស្មោះត្រង់ទៅកាន់គ្រប់គ្នា មិនថាជានរណាក៏ដោយ។ ក្រោយមក នៅក្នុងការជួបជុំមួយ ខ្ញុំបានបើកចំហអំពីចេតនាដ៏គួរឱ្យស្អប់ខ្ពើមរបស់ខ្ញុំ និងសេចក្ដីពុករលួយដែលខ្ញុំបានបញ្ចេញឱ្យឃើញ នៅក្នុងរឿងទាំងពីរនេះ។ ក្រោយពេលធ្វើបែបនេះ ខ្ញុំមានអារម្មណ៍ធូរស្រាល និងស្ងប់ចិត្តជាងមុនច្រើន។
បន្ទាប់ពីនោះមក ខ្ញុំក៏ឆ្ងល់ដែរថា ហេតុអ្វីបានជាខ្ញុំតែងតែខ្វល់ពីគំនិតរបស់អ្នកដឹកនាំចំពោះខ្ញុំ ហើយហេតុអ្វីខ្ញុំអាចកុហក និងបោកបញ្ឆោត ដើម្បីទទួលបានការពេញចិត្តពីគាត់បែបនេះ។ ថ្ងៃមួយ នៅក្នុងព្រះបន្ទូលរបស់ព្រះជាម្ចាស់ ខ្ញុំបានអានឃើញថា៖ «មិនថាអ្នកដឹកនាំ ឬអ្នកធ្វើការស្ថិតនៅកម្រិតណាក៏ដោយ ប្រសិនបើអ្នករាល់គ្នាថ្វាយបង្គំគេ ដោយសារតែគេយល់ពីសេចក្ដីពិតបន្តិចបន្តួច និងមានអំណោយទានខ្លះៗ ហើយជឿថាគេមានតថភាពនៃសេចក្ដីពិត ព្រមទាំងអាចជួយអ្នកបាន ហើយប្រសិនបើអ្នករាល់គ្នាគោរពកោតសរសើរ និងពឹងផ្អែកលើគេក្នុងគ្រប់កិច្ចការទាំងអស់ ហើយតាមរយៈរឿងនេះ អ្នកព្យាយាមដើម្បីទទួលបានសេចក្ដីសង្រ្គោះ នោះនេះគឺជាភាពល្ងង់ខ្លៅ និងភាពមិនដឹងអីរបស់អ្នករាល់គ្នាហើយ។ នៅទីបំផុត អ្វីៗទាំងអស់នឹងក្លាយជាអសារបង់ ពីព្រោះចំណុចចាប់ផ្ដើមរបស់អ្នករាល់គ្នា គឺខុសតាំងពីដើមមក។ មិនថាមាននរណាម្នាក់យល់ពីសេចក្ដីពិតច្រើនប៉ុនណាក៏ដោយ គេមិនអាចជំនួសតំណែងព្រះគ្រីស្ទបានឡើយ ហើយមិនថាមាននរណាម្នាក់មានអំណោយទានច្រើនប៉ុនណាក៏ដោយ នេះមិនមែនមានន័យថា គេមានសេចក្ដីពិតនោះទេ ដូច្នេះ នរណាក៏ដោយដែលថ្វាយបង្គំ គោរពកោតសរសើរ និងដើរតាមមនុស្សដទៃ ទីបំផុត នឹងត្រូវបានជម្រុះចោល និងថ្កោលទោសជាមិនខាន។ អ្នកជឿលើព្រះជាម្ចាស់ អាចត្រឹមតែគោរពកោតសរសើរនិងដើរតាមព្រះជាម្ចាស់ប៉ុណ្ណោះ។ ពួកអ្នកដឹកនាំ និងពួកអ្នកធ្វើការ មិនថាពួកគេមានឋានៈអ្វីក៏ដោយ ក៏នៅតែជាមនុស្សធម្មតាដដែល។ ប្រសិនបើអ្នកចាត់ទុកពួកគេថាជាថ្នាក់លើផ្ទាល់របស់អ្នក ប្រសិនបើអ្នកមានអារម្មណ៍ថា ពួកគេអស្ចារ្យជាងអ្នក ថាពួកគេមានសមត្ថភាពជាងអ្នក ហើយថាពួកគេគួរតែដឹកនាំអ្នក ថាពួកគេពូកែជាងអ្នកដទៃក្នុងគ្រប់ទិដ្ឋភាពទាំងអស់ នោះអ្នកគិតខុសហើយ នោះគឺជាការវង្វេងស្មារតី។ ... តើនរណាជាអ្នកដែលពិតជាស្រឡាញ់អ្នក និងការពារអ្នក តើអ្នកពិតជាមើលមិនឃើញមែនឬ? ប្រសិនបើអ្នកជឿលើព្រះជាម្ចាស់ និងដើរតាមព្រះជាម្ចាស់ អ្នកគួរតែយកចិត្តទុកដាក់នឹងព្រះបន្ទូលរបស់ទ្រង់ ហើយប្រសិនបើនរណាម្នាក់និយាយ និងធ្វើសកម្មភាពបានត្រឹមត្រូវ ហើយវាស្របតាមគោលការណ៍សេចក្ដីពិត គ្រាន់តែចុះចូលនឹងសេចក្ដីពិតទៅ តើវាមិនងាយស្រួលដូចបែបនោះទេឬ? ហេតុអ្វីបានជាអ្នកថោកទាបម្ល៉េះ? ហេតុអ្វីបានជាអ្នកទទូចរកនរណាម្នាក់ដែលអ្នកថ្វាយបង្គំដើម្បីដើរតាម? ហេតុអ្វីបានជាអ្នកចូលចិត្តធ្វើជាទាសកររបស់សាតាំង? ហេតុអ្វីមិនធ្វើជាអ្នកបម្រើសេចក្ដីពិតវិញ? ត្រង់ចំណុចនេះ គេអាចមើលឃើញថាតើមនុស្សម្នាក់មានញាណ និងសេចក្ដីថ្លៃថ្នូរដែរឬទេ។ អ្នកគួរតែចាប់ផ្ដើមពីខ្លួនអ្នក៖ បំពាក់បំប៉នខ្លួនអ្នកដោយសេចក្ដីពិតគ្រប់ប្រភេទ អាចកំណត់អត្តសញ្ញាណពីរបៀបផ្សេងៗដែលរឿងរ៉ាវ និងមនុស្សផ្សេងៗបង្ហាញចេញ ដឹងពីធម្មជាតិនៃ ឥរិយាបថរបស់មនុស្សផ្សេងៗ និងនិស្ស័យអ្វីដែលពួកគេបញ្ចេញឱ្យឃើញ រៀនបែងចែកសារជាតិនៃមនុស្សប្រភេទផ្សេងៗ ត្រូវច្បាស់ថាតើមនុស្សប្រភេទណាដែលនៅជុំវិញអ្នក តើអ្នកជាមនុស្សប្រភេទណា និងតើអ្នកដឹកនាំរបស់អ្នកជាមនុស្សប្រភេទណា។ កាលណាអ្នកមើលឃើញរឿងទាំងអស់នេះយ៉ាងច្បាស់ អ្នកនឹងមានសមត្ថភាពក្នុងការប្រព្រឹត្តចំពោះមនុស្សតាមរបៀបដ៏ត្រឹមត្រូវ ស្របតាមគោលការណ៍សេចក្ដីពិត៖ ប្រសិនបើពួកគេជាបងប្អូនប្រុសស្រី អ្នកនឹងប្រព្រឹត្តចំពោះពួកគេដោយក្ដីស្រឡាញ់ ប្រសិនបើពួកគេមិនមែនជាបងប្អូនប្រុសស្រីទេ ប៉ុន្តែជាមនុស្សអាក្រក់ ពួកទទឹងនឹងព្រះគ្រីស្ទ ឬអ្នកមិនជឿ អ្នកនឹងរក្សាគម្លាតរបស់អ្នក ហើយបោះបង់ពួកគេ។ ហើយប្រសិនបើពួកគេជាមនុស្សដែលមានតថភាពនៃសេចក្ដីពិត ទោះបីជាអ្នកអាចកោតសរសើរពួកគេក៏ដោយ ក៏អ្នកនឹងមិនថ្វាយបង្គំពួកគេដែរ។ គ្មាននរណាម្នាក់អាចជំនួសព្រះគ្រីស្ទបានឡើយ មានតែព្រះគ្រីស្ទប៉ុណ្ណោះដែលជាព្រះដ៏ជាក់ស្ដែង។ មានតែព្រះគ្រីស្ទប៉ុណ្ណោះដែលអាចសង្គ្រោះមនុស្សបាន ហើយមានតែតាមរយៈការដើរតាមព្រះគ្រីស្ទប៉ុណ្ណោះ ទើបអ្នកអាចទទួលបានសេចក្ដីពិត និងជីវិត។ ប្រសិនបើអ្នកអាចមើលឃើញរឿងទាំងនេះយ៉ាងច្បាស់ នោះអ្នកមានកម្ពស់ ហើយមិនងាយនឹងត្រូវបានបំភាន់ដោយពួកទទឹងនឹងព្រះគ្រីស្ទឡើយ ហើយអ្នកក៏មិនចាំបាច់ខ្លាចការត្រូវបានបំភាន់ដោយពួកទទឹងនឹងព្រះគ្រីស្ទបំភាន់ដែរ» («ចំណុចទីប្រាំមួយ» នៃសៀវភៅ «ព្រះបន្ទូល» ភាគ៤៖ ការលាតត្រដាងពួកទទឹងនឹងព្រះគ្រីស្ទ)។ អ្វីដែលព្រះបន្ទូលរបស់ព្រះជាម្ចាស់បានលាតត្រដាង គឺជាសភាពរបស់ខ្ញុំនេះឯង។ ទោះបីជាខ្ញុំជឿលើព្រះជាម្ចាស់អស់រយៈពេលជាច្រើនឆ្នាំក៏ដោយ ក៏ខ្ញុំគ្មានកន្លែងសម្រាប់ព្រះជាម្ចាស់នៅក្នុងដួងចិត្តរបស់ខ្ញុំឡើយ។ អ្វីដែលខ្ញុំបានផ្ដោតលើ គឺអំណាច និងឋានៈរបស់មនុស្ស ហើយអ្វីដែលខ្ញុំប្រកាន់ខ្ជាប់ គឺជាទស្សនៈវិជ្ជារបស់សាតាំងដែលថា «មន្ដ្រីរដ្ឋការមិនអាចបញ្ជាមនុស្សនៅជុំវិញបានដូចអ្នកស្រុកនៅទីនោះឡើយ»។ ខ្ញុំតែងតែមានអារម្មណ៍ថា អធិបតេយ្យភាពរបស់ព្រះជាម្ចាស់គឺនៅឆ្ងាយពីខ្ញុំណាស់ តាមការមើលឃើញរបស់ខ្ញុំ អ្នកដឹកនាំគឺជាអ្នកដែលសម្រេចគ្រប់យ៉ាងសម្រាប់ខ្ញុំ ហើយថាតើខ្ញុំត្រូវបានគេឱ្យតម្លៃ បណ្ដុះបណ្ដាល និងអាចបំពេញភារកិច្ចរបស់ខ្លួនបានឬអត់នោះ គឺសុទ្ធតែអាស្រ័យលើពាក្យសម្ដីរបស់អ្នកដឹកនាំ។ តើនេះមិនមែនជាទស្សនៈរបស់ពួកអ្នកមិនជឿ និងពួកអ្នកគ្មានជំនឿទេឬអី? ដើម្បីទទួលបានការពេញចិត្តពីអ្នកដឹកនាំរបស់ពួកគេ ហើយរក្សាតំណែង និងការងាររបស់ខ្លួន ពួកអ្នកគ្មានជំនឿតែងតែផ្គាប់ចិត្តអ្នកដឹកនាំរបស់ខ្លួនក្នុងគ្រប់រឿងទាំងអស់ និងបញ្ជោរពួកគេគ្រប់ទីកន្លែង ប្រៀបដូចជាឆ្កែបម្រើដែលគ្មានចរិតលក្ខណៈ ឬសេចក្ដីថ្លៃថ្នូរអ៊ីចឹង។ តើមានអ្វីខុសគ្នារវាងពួកគេ និងរូបខ្ញុំទៅ? ដើម្បីទទួលបានការពេញចិត្តពីអ្នកដឹកនាំ និងរក្សាឋានៈរបស់ខ្លួន ខ្ញុំតែងតែចង់ផ្គាប់ចិត្តគាត់ ហើយខ្ញុំបានស្មាន និងតម្រូវតាមចំណូលចិត្តរបស់គាត់។ ខ្ញុំពិតជាថោកទាប និងពូកែតម្រូវតាមមើលស្ថានការណ៍មែនទែន។ ដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួន ខ្ញុំបានបាត់បង់សេចក្ដីថ្លៃថ្នូរជាមនុស្សទាំងស្រុង ហើយខ្វះលក្ខណៈជាមនុស្សទាំងអស់។ តាមពិតទៅ ដំណាក់របស់ព្រះជាម្ចាស់មានគោលការណ៍ក្នុងការជ្រើសរើស និងបណ្ដុះបណ្ដាលមនុស្ស មិនដូចនៅក្នុងពិភពដែលមិនជឿឡើយ។ ពួកអ្នកគ្មានជំនឿអនុវត្តតាមពាក្យថា «មនុស្សមិនអាចសម្រេចអ្វីបានឡើយ បើគ្មានការអែបអប ឬបញ្ជោរទេនោះ»។ ដរាបណាពួកគេអាចក្រាបរណេបរណបមេកោយរបស់ខ្លួនបាន ទោះបីជាគ្មានទេពកោសល្យ និងចំណេះដឹងពិតប្រាកដ ក៏ពួកគេអាចទទួលបានការពេញចិត្ត ព្រមទាំងឡើងតំណែង និងមានបានដែរ។ តែនៅក្នុងដំណាក់របស់ព្រះជាម្ចាស់ គឺសេចក្ដីពិតកាន់អំណាច។ មនុស្សត្រូវបានជ្រើសរើស និងបណ្ដុះបណ្ដាល ផ្អែកលើគោលការណ៍សេចក្ដីពិត។ បើយើងមានភាពជាមនុស្សល្អ អាចទទួលយកសេចក្ដីពិត ចិត្តយើងងាកមករកដំណាក់របស់ព្រះជាម្ចាស់ ហើយយើងអាចការពារកិច្ចការនៃដំណាក់របស់ព្រះជាម្ចាស់បាន នោះទោះបីជាគុណសម្បត្តិរបស់យើងអន់បន្តិច ក៏មិនអីដែរ។ ពួកជំនុំនឹងនៅតែរៀបចំភារកិច្ចដ៏ស័ក្ដិសមមួយសម្រាប់យើង។ បើយើងមានចរិតលក្ខណៈអាក្រក់ មិនដេញតាមសេចក្ដីពិត ហើយគិតតែពីប្រើល្បិចកល និងពុតត្បុត ទោះបីជាយើងបញ្ជោរ និងអែបអបអ្នកដឹកនាំក៏ដោយ ក៏យើងនឹងមិនអាចមានតួនាទីសំខាន់បានឡើយ។ ពេលដែលបងប្អូនប្រុសស្រីញែកដឺង និងមើលយើងធ្លុះ គេនឹងស្អប់ខ្ពើម និងបដិសេធយើងមិនខាន។ ទោះបីជាអ្នកដឹកនាំក្លែងក្លាយ និងពួកទទឹងនឹងព្រះគ្រីស្ទមួយចំនួនធ្វើខុសគោលការណ៍ ហើយដំឡើងតំណែងឱ្យអ្នកដែលអែបអប និងក្រាបរណេបរណបពួកគេក៏ដោយ មិនយូរមិនឆាប់ ពួកគេនឹងត្រូវលាតត្រដាងមិនខាន ដូច្នេះ ពួកគេមិនអាចឈរជើងនៅក្នុងដំណាក់របស់ព្រះជាម្ចាស់បានជាដាច់ខាត។ ពេលខ្ញុំយល់ពីរឿងនេះ ខ្ញុំលែងបារម្ភពីរបៀបដែលអ្នកដឹកនាំមើលមកខ្ញុំទៀតហើយ។ វាមិនសំខាន់ទេថាអ្នកដទៃគិតយ៉ាងម៉េចចំពោះខ្ញុំនោះ។ ថាតើខ្ញុំអាចបន្តភារកិច្ចរបស់ខ្លួនបានឬអត់ គឺអាស្រ័យលើថា តើខ្ញុំដេញតាមសេចក្ដីពិត និងបំពេញភារកិច្ចខ្លួនបានល្អឬក៏អត់។ អ្វីដែលខ្ញុំគួរផ្ដោតលើនៅពេលនេះ គឺការបំពេញភារកិច្ចរបស់ខ្លួនឱ្យបានល្អ និងស្វែងរកសេចក្ដីពិតនៅក្នុងភារកិច្ច ដើម្បីដោះស្រាយបញ្ហា និងការលំបាករបស់ខ្ញុំ។ នេះទើបជាការយកចិត្តទុកដាក់លើកិច្ចការដ៏ត្រឹមត្រូវរបស់ខ្ញុំ។
បន្ទាប់ពីនោះមក ខ្ញុំបានស្វែងរកផ្លូវនៃការអនុវត្តនៅក្នុងព្រះបន្ទូលរបស់ព្រះជាម្ចាស់ ហើយក៏បានរកឃើញព្រះបន្ទូលពីរវគ្គនេះ៖ «ការធ្វើជាមនុស្សស្មោះត្រង់ គឺជាសេចក្តីតម្រូវមួយដែលព្រះជាម្ចាស់មានចំពោះមនុស្ស។ វាជាសេចក្តីពិតមួយដែលមនុស្សត្រូវអនុវត្ត។ អ៊ីចឹង តើមនុស្សគួរតែប្រកាន់ខ្ជាប់តាមគោលការណ៍អ្វីខ្លះនៅក្នុងទំនាក់ទំនងរបស់ខ្លួនជាមួយព្រះជាម្ចាស់? គឺត្រូវស្មោះត្រង់៖ នេះគឺជាគោលការណ៍មួយដែលគេគួរគោរពតាម នៅពេលមានទំនាក់ទំនងជាមួយព្រះជាម្ចាស់។ កុំធ្វើតាមទម្លាប់របស់ពួកអ្នកគ្មានជំនឿ ក្នុងការបញ្ចើចបញ្ចើ ឬការបញ្ជោរឡើយ។ ព្រះជាម្ចាស់មិនត្រូវការការបញ្ចើចបញ្ចើ និងការបញ្ជោររបស់មនុស្សទេ។ គ្រាន់តែស្មោះត្រង់គឺគ្រប់គ្រាន់ហើយ។ តើការស្មោះត្រង់មានន័យដូចម្ដេច? តើគួរអនុវត្តការស្មោះត្រង់យ៉ាងដូចម្ដេច? (គ្រាន់តែបើកចិត្តចំពោះព្រះជាម្ចាស់ ដោយគ្មានការសម្ដែង គ្មានការលាក់លៀម ឬការលាក់កំបាំងណាមួយ ដោយធ្វើការទំនាក់ទំនងជាមួយព្រះជាម្ចាស់ដោយមានដួងចិត្តស្មោះត្រង់ និងនិយាយត្រង់ៗ គ្មានចេតនាអាក្រក់ ឬកលល្បិចណាមួយ។) ធ្វើបែបនោះពិតជាត្រឹមត្រូវ។ ដើម្បីស្មោះត្រង់ ដំបូង អ្នកត្រូវលះបង់បំណងប្រាថ្នាផ្ទាល់ខ្លួន។ ជំនួសឱ្យការផ្ដោតលើរបៀបដែលព្រះជាម្ចាស់ប្រព្រឹត្តចំពោះអ្នក អ្នកគួរបើកចំហខ្លួនឯងចំពោះព្រះជាម្ចាស់ ហើយនិយាយអ្វីក៏ដោយដែលមាននៅក្នុងចិត្តរបស់អ្នក។ កុំសញ្ជឹងគិត ឬពិចារណាថា សម្ដីរបស់អ្នកនឹងមានផលវិបាកអ្វីខ្លះនោះឡើយ។ ចូរនិយាយអ្វីដែលអ្នកកំពុងគិត លះបង់ចោលការជំរុញចិត្តរបស់អ្នក ហើយមិនត្រូវនិយាយអ្វី ដើម្បីគ្រាន់តែចង់សម្រេចគោលបំណងមួយចំនួននោះឡើយ។ អ្នកមានចេតនាផ្ទាល់ខ្លួន និងគំនិតលាយឡំច្រើនពេក អ្នកតែងតែគិតពីប្រយោជន៍ផ្ទាល់ខ្លួននៅក្នុងរបៀបដែលអ្នកនិយាយ ដោយពិចារណាថា “ខ្ញុំគួរតែនិយាយបែបនេះ និងមិនត្រូវនិយាយបែបនោះទេ។ ខ្ញុំត្រូវតែប្រយ័ត្នប្រយែងចំពោះអ្វីដែលខ្ញុំនិយាយ។ ខ្ញុំនឹងនិយាយតាមរបៀបមួយដែលផ្ដល់ប្រយោជន៍ដល់ខ្ញុំ និងអាចបិទបាំងចំណុចខ្វះខាតរបស់ខ្ញុំ ហើយការធ្វើបែបនេះនឹងធ្វើឱ្យព្រះជាម្ចាស់ទតឃើញស្ញប់ស្ញែងចំពោះខ្ញុំ”។ តើនេះមិនមែនជាការមានចេតនានៅក្នុងចិត្តទេឬអី? មុននឹងអ្នកនិយាយ ចិត្តរបស់អ្នកពេញដោយគំនិតវៀចវេរ អ្នកកែតម្រូវអ្វីដែលអ្នកចង់និយាយជាច្រើនដង ដូច្នេះ នៅពេលពាក្យសម្ដីចេញពីមាត់របស់អ្នក ពាក្យសម្តីទាំងនោះលែងជាពាក្យសម្តីសុទ្ធល្អទៀតហើយ គ្មានភាពពិតប្រាកដសូម្បីតែបន្តិច និងបង្កប់នូវបំណងរបស់អ្នកផ្ទាល់ និងផែនការរបស់សាតាំង។ នេះមិនមែនជាអត្ថន័យនៃភាពស្មោះត្រង់ទេ។ នេះគឺជាការមានបំណង និងចេតនាអាក្រក់។ ជាងនេះទៅទៀត នៅពេលអ្នកនិយាយ អ្នកតែងតែបត់បែនតាមការសម្តែងចេញតាមទឹកមុខរបស់មនុស្ស និងទម្រង់ក្នុងកែវភ្នែករបស់ពួកគេជានិច្ច៖ ប្រសិនបើពួកគេមានការសម្តែងចេញវិជ្ជមានតាមទឹកមុខរបស់ពួកគេ នោះអ្នកនិយាយបន្ត។ ប្រសិនបើពួកគេមានការសម្តែងចេញអវិជ្ជមាន អ្នកក៏នៅស្ងៀមឈប់និយាយតទៅទៀត។ ប្រសិនបើពួកគេមានទម្រង់កែវភ្នែកមិនល្អ និងមើលទៅដូចជាពួកគេមិនពេញចិត្តនឹងអ្វីដែលពួកគេស្ដាប់ឮ អ្នកគិតថា អ្នកត្រូវឈប់និយាយ រួចរិះគិតថា៖ “អ៊ីចឹង ខ្ញុំនឹងនិយាយអ្វីដែលធ្វើឱ្យអ្នកចាប់អារម្មណ៍ ធ្វើឱ្យអ្នកសប្បាយចិត្ត ជារឿងដែលអ្នកនឹងចូលចិត្ត និងធ្វើឱ្យអ្នកមានចិត្តល្អចំពោះខ្ញុំវិញ”។ តើនេះជាការស្មោះត្រង់ឬ? មិនមែនទេ» («ចំណុចទីដប់ (ផ្នែកទីពីរ)» នៃសៀវភៅ «ព្រះបន្ទូល» ភាគ៤៖ ការលាតត្រដាងពួកទទឹងនឹងព្រះគ្រីស្ទ)។ «ព្រះជាម្ចាស់មិនសព្វព្រះទ័យនឹងមនុស្សដែលបញ្ចើចបញ្ចើ បញ្ជោរ ឬនិយាយពាក្យសម្ដីពីរោះស្ដាប់ឡើយ។ ដូច្នេះ តើព្រះជាម្ចាស់សព្វព្រះទ័យនឹងមនុស្សប្រភេទណាទៅ? តើព្រះជាម្ចាស់សព្វព្រះទ័យចង់ឱ្យមនុស្សមានទំនាក់ទំនង និងប្រកបគ្នាជាមួយទ្រង់ដោយរបៀបណា? ព្រះជាម្ចាស់សព្វព្រះទ័យនឹងមនុស្សស្មោះត្រង់ ទ្រង់សព្វព្រះទ័យចង់ឱ្យមនុស្សស្មោះត្រង់ជាមួយទ្រង់។ អ្នកមិនចាំបាច់សង្កេតមើលទឹកដមសំឡេង និងទឹកមុខរបស់ទ្រង់ ឬព្យាយាមផ្គាប់ផ្គុនទ្រង់ឡើយ។ អ្នកគ្រាន់តែត្រូវស្មោះត្រង់ មានចិត្តស្មោះត្រង់ មានចិត្តដែលគ្មានការលាក់បាំង គ្មានការបិទបាំង ឬការក្លែងបន្លំ ហើយបណ្ដោយឱ្យការសម្ដែងចេញនៅខាងក្រៅរបស់អ្នក ស្របទៅនឹងចិត្តរបស់អ្នក» («ចំណុចទីដប់ (ផ្នែកទីពីរ)» នៃសៀវភៅ «ព្រះបន្ទូល» ភាគ៤៖ ការលាតត្រដាងពួកទទឹងនឹងព្រះគ្រីស្ទ)។ ព្រះបន្ទូលរបស់ព្រះជាម្ចាស់បានបង្ហាញយ៉ាងច្បាស់អំពីផ្លូវនៃការអនុវត្ត។ ក្នុងការប្រាស្រ័យទាក់ទងទាំងជាមួយព្រះជាម្ចាស់ និងមនុស្ស យើងត្រូវតែមានភាពត្រង់ទៅត្រង់មក និងស្មោះត្រង់ អ្នកដាច់ខាតមិនត្រូវមានមូលហេតុជំរុញផ្ទាល់ខ្លួនឡើយ ហើយត្រូវតែទទួលយកការពិនិត្យពិច័យរបស់ព្រះជាម្ចាស់ ព្រមទាំងធ្វើជាមនុស្សស្មោះត្រង់។ ព្រះបន្ទូលរបស់ព្រះជាម្ចាស់បានរំលឹកខ្ញុំអំពីសំណួររបស់ព្រះអម្ចាស់យេស៊ូវដែលបានសួរទៅកាន់ពេត្រុសថា៖ «ស៊ីម៉ូន បាយ៉ូណាសអើយ តើអ្នកធ្លាប់ស្រឡាញ់យើងឬទេ?» ពេត្រុសបានឆ្លើយដោយស្មោះត្រង់ថា៖ «ព្រះអម្ចាស់អើយ! ទូលបង្គំធ្លាប់ស្រឡាញ់ព្រះវរបិតាដែលគង់នៅស្ថានសួគ៌ ប៉ុន្តែទូលបង្គំសូមសារភាពថា ទូលបង្គំមិនដែលស្រឡាញ់ទ្រង់ឡើយ»។ ពេត្រុសគឺបរិសុទ្ធ និងស្មោះត្រង់ណាស់។ គាត់មិនបានគិតពីរបៀបអែបអបព្រះអម្ចាស់យេស៊ូវឡើយ គាត់គ្រាន់តែនិយាយនូវអ្វីដែលគាត់គិតពិតប្រាកដចេញមកប៉ុណ្ណោះ។ ដួងចិត្តរបស់ពេត្រុសគឺបរិសុទ្ធ និងថ្លាឈ្វេង ហើយគាត់អាចស្មោះត្រង់ចំពោះព្រះអម្ចាស់យេស៊ូវបាន ដូច្នេះ ទើបគាត់ទទួលបានការសព្វព្រះហឫទ័យពីព្រះជាម្ចាស់។ ពេលខ្ញុំយល់ពីរឿងទាំងនេះ ខ្ញុំក៏មើលឃើញផ្លូវនៃការអនុវត្តកាន់តែច្បាស់ ហើយខ្ញុំចាប់ផ្ដើមអនុវត្តធ្វើជាមនុស្សស្មោះត្រង់នៅក្នុងជីវិតរបស់ខ្ញុំដោយការតាំងចិត្ត។
ថ្ងៃមួយ ក្រោយការជួបជុំរួច អ្នកដឹកនាំរបស់ខ្ញុំបានស្នើឱ្យប្រធានក្រុមពីរនាក់ និងរូបខ្ញុំ វាយតម្លៃបងស្រីម្នាក់។ ខ្ញុំមានអារម្មណ៍ភ័យបន្តិចពេលឮបែបនេះ ហើយក៏ចាប់ផ្ដើមស្មានម្ដងទៀតថា៖ «អ្នកដឹកនាំរបស់ខ្ញុំចង់បានការវាយតម្លៃលើបងស្រីនោះ ដូច្នេះ តើគាត់គិតថាបងស្រីនេះមានបញ្ហាមែនទេ? តើគាត់សួរពួកយើង ព្រោះចង់ល្បងលសមត្ថភាពញែកដឹងរបស់យើងមែនទេ? លើកមុន អ្នកដឹកនាំបាននិយាយថា ប្រធានក្រុមទាំងពីរនាក់នេះមានគុណសម្បត្តិល្អ ហើយថា គាត់ចង់បណ្ដុះបណ្ដាលពួកគេ ដូច្នេះ បើសិនជាខ្ញុំមើលមនុស្ស និងរឿងរ៉ាវមិនបានល្អដូចពួកគេទេ តើខ្ញុំនឹងនៅតែត្រូវបានគេឱ្យតម្លៃ និងបណ្ដុះបណ្ដាលនៅថ្ងៃមុខឬទេ?» ពេលនោះហើយដែលខ្ញុំដឹងខ្លួនថា ខ្ញុំហៀបនឹងប្រើល្បិចបោកបញ្ឆោត និងស្មានពីគំនិតរបស់គាត់ម្ដងទៀតហើយ។ ខ្ញុំបានគិតដល់ព្រះបន្ទូលរបស់ព្រះជាម្ចាស់ដែលថា៖ «ព្រះជាម្ចាស់មិនសព្វព្រះទ័យនឹងមនុស្សដែលបញ្ចើចបញ្ចើ បញ្ជោរ ឬនិយាយពាក្យសម្ដីពីរោះស្ដាប់ឡើយ។ ដូច្នេះ តើព្រះជាម្ចាស់សព្វព្រះទ័យនឹងមនុស្សប្រភេទណាទៅ? តើព្រះជាម្ចាស់សព្វព្រះទ័យចង់ឱ្យមនុស្សមានទំនាក់ទំនង និងប្រកបគ្នាជាមួយទ្រង់ដោយរបៀបណា? ព្រះជាម្ចាស់សព្វព្រះទ័យនឹងមនុស្សស្មោះត្រង់ ទ្រង់សព្វព្រះទ័យចង់ឱ្យមនុស្សស្មោះត្រង់ជាមួយទ្រង់។ អ្នកមិនចាំបាច់សង្កេតមើលទឹកដមសំឡេង និងទឹកមុខរបស់ទ្រង់ ឬព្យាយាមផ្គាប់ផ្គុនទ្រង់ឡើយ។ អ្នកគ្រាន់តែត្រូវស្មោះត្រង់ មានចិត្តស្មោះត្រង់ មានចិត្តដែលគ្មានការលាក់បាំង គ្មានការបិទបាំង ឬការក្លែងបន្លំ ហើយបណ្ដោយឱ្យការសម្ដែងចេញនៅខាងក្រៅរបស់អ្នក ស្របទៅនឹងចិត្តរបស់អ្នក» («ចំណុចទីដប់ (ផ្នែកទីពីរ)» នៃសៀវភៅ «ព្រះបន្ទូល» ភាគ៤៖ ការលាតត្រដាងពួកទទឹងនឹងព្រះគ្រីស្ទ)។ ព្រះជាម្ចាស់ទតមើលនូវអ្វីដែលខ្ញុំគិត និងអ្វីដែលខ្ញុំគ្រោងនឹងធ្វើ។ ព្រះជាម្ចាស់សង្ឃឹមថាខ្ញុំនឹងស្មោះត្រង់ ហើយនិយាយពីអ្វីដែលខ្ញុំគិតពិតប្រាកដ ដោយគ្មានការក្លែងបន្លំ ការលាក់បាំង ឬការមិនស្របគ្នាណាមួយនៅក្នុងចិត្តគំនិតរបស់ខ្ញុំឡើយ។ ខ្ញុំត្រូវតែអនុវត្តតាមព្រះបន្ទូលរបស់ព្រះជាម្ចាស់ ហើយស្មោះត្រង់ជាមួយអ្នកដទៃ។ ដូច្នេះ ខ្ញុំក៏បានប្រាប់អ្នកដឹកនាំពីទស្សនៈរបស់ខ្ញុំ។ ពេលខ្ញុំនិយាយចប់ ខ្ញុំមានអារម្មណ៍ធូរស្រាលក្នុងចិត្តយ៉ាងខ្លាំង ហើយខ្ញុំមានអារម្មណ៍ថា ការអនុវត្តធ្វើជាមនុស្សស្មោះត្រង់ ធ្វើឲ្យខ្ញុំស្ងប់ចិត្ត ហើយវាក៏ធ្វើឲ្យខ្ញុំមានអារម្មណ៍ស្ងប់សុខ ហើយនឹងនរជាទីបំផុត។ នេះជារឿងដែលខ្ញុំមិនធ្លាប់បានជួបប្រទះពីមុនមកឡើយ។ នេះទើបជារបៀបដែលមនុស្សគួរតែប្រព្រឹត្តខ្លួន។ អរព្រះគុណព្រះជាម្ចាស់!