សេចក្តីផ្ដើម

នៅក្នុងយុគសម័យនៃនគរព្រះ ព្រះជាម្ចាស់ប្រើប្រាស់ព្រះបន្ទូល ដើម្បីចូលទៅក្នុងយុគសម័យថ្មី ដើម្បីផ្លាស់ប្ដូររបៀបដែលទ្រង់ធ្វើការ និងដើម្បីធ្វើកិច្ចការនៃយុគសម័យទាំងមូល។ នេះហើយជាគោលការណ៍ដែលព្រះជាម្ចាស់ធ្វើការនៅក្នុងយុគសម័យនៃព្រះបន្ទូល។ ទ្រង់បានត្រឡប់ជាសាច់ឈាម ដើម្បីមានបន្ទូលចេញពីទិដ្ឋភាពខុសៗគ្នា ដូច្នេះ មនុស្សអាចមើលឃើញព្រះជាម្ចាស់យ៉ាងពិតប្រាកដ ដែលជាព្រះបន្ទូលកំពុងតែលេចមកនៅក្នុងសាច់ឈាម និងអាចមើលឃើញព្រះប្រាជ្ញាញាណ និងភាពអស្ចារ្យរបស់ទ្រង់។ កិច្ចការបែបនេះត្រូវបានធ្វើឡើង ដើម្បីឱ្យកាន់តែមានប្រសិទ្ធភាពក្នុងការសម្រេចគោលដៅនៃការយកឈ្នះមនុស្ស ការប្រោសមនុស្សឱ្យគ្រប់លក្ខណ៍ និងការផាត់មនុស្សចោល ដែលជាអត្ថន័យដ៏ពិតនៃការប្រើប្រាស់ព្រះបន្ទូលដើម្បីធ្វើការនៅក្នុងយុគសម័យនៃព្រះបន្ទូល។ តាមរយៈព្រះបន្ទូលទាំងនេះ មនុស្សចាប់ផ្ដើមដឹងអំពីកិច្ចការរបស់ព្រះជាម្ចាស់ និស្ស័យរបស់ព្រះជាម្ចាស់ លក្ខណៈរបស់មនុស្ស និងអ្វីដែលមនុស្សគួរតែចូលទៅក្នុង។ តាមរយៈព្រះបន្ទូល កិច្ចការដែលព្រះជាម្ចាស់ចង់ធ្វើនៅក្នុងយុគសម័យនៃព្រះបន្ទូល បានបង្កើតផលផ្លែទាំងអស់។ តាមរយៈព្រះបន្ទូលទាំងនេះ មនុស្សត្រូវបានលាតត្រដាង ផាត់ចោល និងសាកល្បង។ មនុស្សបានឃើញព្រះបន្ទូលរបស់ព្រះជាម្ចាស់ បានឮព្រះបន្ទូលទាំងនេះ និងបានទទួលស្គាល់ពីអត្ថិភាពនៃព្រះបន្ទូលទាំងនេះ។ ជាលទ្ធផល ពួកគេបានចាប់ផ្ដើមជឿលើអត្ថិភាពរបស់ព្រះជាម្ចាស់ ជឿលើសព្វានុភាព និងព្រះប្រាជ្ញាញាណរបស់ព្រះជាម្ចាស់ ក៏ដូចជាជឿលើសេចក្តីស្រឡាញ់របស់ព្រះជាម្ចាស់ចំពោះមនុស្ស និងបំណងព្រះហឫទ័យទ្រង់ក្នុងការសង្រ្គោះមនុស្ស។ ពាក្យថា «ព្រះបន្ទូល» អាចមានលក្ខណៈសាមញ្ញ និងធម្មតា ប៉ុន្តែព្រះបន្ទូលដែលចេញពីព្រះឱស្ឋរបស់ព្រះដែលយកកំណើតជាមនុស្ស ធ្វើឱ្យអង្រួនដល់ចក្រវាឡ បំផ្លាស់បំប្រែដួងចិត្តរបស់មនុស្ស បំផ្លាស់បំប្រែសញ្ញាណ និងនិស្ស័យចាស់របស់គេ ព្រមទាំងបំផ្លាស់បំប្រែរបៀបដែលពិភពលោកទាំងមូលធ្លាប់សម្ដែងចេញ។ នៅក្នុងយុគសម័យនានា មានតែព្រះជាម្ចាស់នាពេលបច្ចុប្បន្នទេ ដែលបានធ្វើការតាមរបៀបនេះ និងមានតែទ្រង់ប៉ុណ្ណោះ ដែលមានបន្ទូល ហើយយាងមកសង្រ្គោះមនុស្ស។ ចាប់ពីពេលនេះតទៅ មនុស្សរស់នៅក្រោមការចង្អុលបង្ហាញនៃព្រះបន្ទូលរបស់ព្រះជាម្ចាស់ ត្រូវបានឃ្វាល និងផ្គត់ផ្គង់ដោយព្រះបន្ទូលរបស់ទ្រង់។ មនុស្សរស់នៅក្នុងពិភពនៃព្រះបន្ទូលរបស់ព្រះជាម្ចាស់ ក្នុងចំណោមបណ្ដាសា និងព្រះពររបស់ព្រះបន្ទូលរបស់ព្រះជាម្ចាស់ ហើយមានមនុស្សកាន់តែច្រើនថែមទៀតដែលចូលមករស់នៅក្រោមការជំនុំជម្រះ និងការវាយផ្ចាលនៃព្រះបន្ទូលរបស់ទ្រង់។ ព្រះបន្ទូលទាំងនេះ និងកិច្ចការនេះ គឺសម្រាប់ជាប្រយោជន៍ដល់សេចក្តីសង្រ្គោះរបស់មនុស្ស សម្រាប់ជាប្រយោជន៍ដល់ការបំពេញតាមព្រះហឫទ័យរបស់ព្រះជាម្ចាស់ និងសម្រាប់ជាប្រយោជន៍ដល់ការបំផ្លាស់បំប្រែរូបរាងដើមនៃពិភពលោកចាស់។ ព្រះជាម្ចាស់បានបង្កើតពិភពលោក ដោយប្រើព្រះបន្ទូលរបស់ទ្រង់ដឹកនាំមនុស្សនៅទូទាំងសកលលោក ដោយប្រើព្រះបន្ទូល ហើយទ្រង់យកឈ្នះ និងសង្រ្គោះពួកគេដោយប្រើព្រះបន្ទូល។ ចុងក្រោយនេះ ទ្រង់នឹងប្រើព្រះបន្ទូលដើម្បីនាំពិភពលោកចាស់មកដល់ទីបញ្ចប់ ក្នុងគោលបំណងសម្រេចផែនការនៃការគ្រប់គ្រងទាំងអស់របស់ទ្រង់។

(ដកស្រង់ពី «យុគសម័យនៃនគរព្រះ គឺជាយុគសម័យនៃព្រះបន្ទូល» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)

ព្រះបន្ទូលរបស់ខ្ញុំ គឺជាសេចក្តីពិត ដែលមិនប្រែប្រួលរហូត។ ខ្ញុំជាអ្នកផ្គត់ផ្គង់ជីវិតដល់មនុស្ស និងជាមគ្គុទេសក៍តែមួយគត់សម្រាប់មនុស្សជាតិ។ តម្លៃ និងអត្ថន័យនៃព្រះបន្ទូលរបស់ខ្ញុំ មិនត្រូវបានកំណត់ត្រង់ថាមនុស្សលោកទទួលស្គាល់ ឬទទួលយក ឬក៏អត់នោះទេ ប៉ុន្តែសារជាតិនៃព្រះបន្ទូលទេ ដែលជាអ្នកកំណត់ដោយខ្លួនឯង។ ទោះបីជាគ្មានមនុស្សណាម្នាក់នៅលើផែនដីនេះអាចទទួលយកព្រះបន្ទូលរបស់ខ្ញុំបានក៏ដោយ ក៏គុណតម្លៃ និងជំនួយនៃព្រះបន្ទូលរបស់ខ្ញុំចំពោះមនុស្សលោក គឺមិនអាចគណនាបានទេ ចំពោះមនុស្សណាក៏ដោយ។ ហេតុដូច្នេះហើយ នៅពេលប្រឈមមុខជាមួយមនុស្សជាច្រើនដែលបះបោរប្រឆាំង ឆ្លើយបដិសេធ ឬមើលងាយយ៉ាងខ្លាំងចំពោះព្រះបន្ទូលរបស់ខ្ញុំ ជំហររបស់ខ្ញុំគឺមានតែ៖ ទុកឱ្យពេលវេលា និងហេតុការណ៍ធ្វើជាសាក្សីរបស់ខ្ញុំ ព្រមទាំងបង្ហាញថា ព្រះបន្ទូលរបស់ខ្ញុំគឺជាសេចក្តីពិត ជាផ្លូវ និងជាជីវិត។ ទុកឱ្យពួកវាបង្ហាញថា អ្វីដែលខ្ញុំបានថ្លែងគឺសុទ្ធតែត្រឹមត្រូវ ជាព្រះបន្ទូលដែលដែលមនុស្សគួរប្រដាប់ឱ្យជាប់ខ្លួន ហើយជាងនេះទៅទៀត ជាអ្វីដែលមនុស្សគួរតែទទួលយក។ ខ្ញុំនឹងឱ្យអស់អ្នកដែលដើរតាមខ្ញុំ ដឹងពីហេតុការណ៍នេះ៖ អ្នកដែលមិនអាចទទួលយកព្រះបន្ទូលរបស់ខ្ញុំបានពេញលេញ អ្នកដែលមិនអាចអនុវត្តតាមព្រះបន្ទូលរបស់ខ្ញុំ អ្នកដែលមិនអាចរកឃើញពីគោលបំណងនៅក្នុងព្រះបន្ទូលរបស់ខ្ញុំ និងអ្នកដែលមិនអាចទទួលសេចក្ដីសង្គ្រោះដោយសារព្រះបន្ទូលរបស់ខ្ញុំ សុទ្ធតែជាអ្នកដែលត្រូវទទួលការផ្ដន្ទាទោសដោយព្រះបន្ទូលរបស់ខ្ញុំ ហើយជាងនេះទៅទៀត ពួកគេបានបាត់បង់សេចក្ដីសង្គ្រោះរបស់ខ្ញុំ ហើយដំបងរបស់ខ្ញុំក៏នឹងមិនដែលងាកចេញពីពួកគេដែរ។

(ដកស្រង់ពី «អ្នករាល់គ្នាត្រូវតែពិចារណានូវទង្វើរបស់ខ្លួន» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)

ទោះបីជាព្រះបន្ទូលដែលព្រះជាម្ចាស់ថ្លែង មានន័យត្រង់ ឬន័យជ្រាលជ្រៅបើមើលតាមសម្បកក្រៅទៅក៏ដោយ ក៏ព្រះបន្ទូលទាំងនោះសុទ្ធតែជាសេចក្ដិពិត ដែលសំខាន់ចំពោះមនុស្សដែរ នៅពេលដែលគេចូលទៅក្នុងជីវិត។ ព្រះបន្ទូលទាំងនោះ គឺជាប្រភពទឹករស់ដែលអាចឱ្យមនុស្សរស់រានទាំងនៅក្នុងវិញ្ញាណ និងសាច់ឈាម។ ព្រះបន្ទូលនេះផ្ដល់នូវអ្វីដែលមនុស្សត្រូវការ ដើម្បីរក្សាជីវិតឱ្យនៅរស់រាន ជាគោលការណ៍ និងគោលជំនឿសម្រាប់ការប្រតិបត្តិជីវិតប្រចាំថ្ងៃរបស់គេ ជាផ្លូវដែលគេត្រូវតែទទួលយក ដើម្បីទទួលបានសេចក្ដីសង្គ្រោះ ព្រមទាំងគោលដៅ និងទិសដៅផងដែរ ជាសេចក្ដីពិតសព្វបែបយ៉ាង ដែលគេគួរមាន ក្នុងនាមជាភាវៈដែលត្រូវបានបង្កើត នៅចំពោះព្រះជាម្ចាស់ និងជាសេចក្ដីពិតគ្រប់យ៉ាងដែលទាក់ទងនឹងវិធីដែលមនុស្សស្ដាប់បង្គាប់ និងថ្វាយបង្គំព្រះជាម្ចាស់។ ព្រះបន្ទូលទាំងនេះ ជាការធានា ដែលធានានូវការរស់រានមានជីវិតរបស់មនុស្ស ជានំម៉ាន៉ាប្រចាំថ្ងៃរបស់មនុស្ស ហើយក៏ជាជំនួយដ៏រឹងមាំ ដែលជួយឱ្យមនុស្សមានកម្លាំងខ្លាំងក្លា ហើយអាចក្រោកឈរបានដែរ។ ព្រះបន្ទូលទាំងនេះសម្បូរទៅដោយ ភាពពិតនៃសេចក្ដីពិតដែលត្រូវបានបង្កើតមក ដើម្បីឱ្យមនុស្សបានរស់នៅជាមនុស្សសាមញ្ញ សម្បូរដោយសេចក្ដីពិតដែលជួយមនុស្សជាតិឱ្យរួចពីសេចក្ដីពុករលួយ និងគេចផុតពីអន្ទាក់របស់សាតាំង សម្បូរដោយសេចក្ដីបង្រៀន ការទូន្មាន និងការលើកទឹកចិត្ត ឥតនឿយហត់ និងភាពធូរស្បើយដែលព្រះអាទិករប្រទានឱ្យមនុស្សដែលត្រូវបានបង្កើតមក។ ព្រះបន្ទូលទាំងនេះគឺជាចង្កៀងដែលដឹកនាំ និងបំភ្លឺមនុស្សឱ្យយល់សេចក្ដីគ្រប់យ៉ាងដែលវិជ្ជមាន ជាការធានាដែលធានាបានថា មនុស្សនឹងស្ដែងចេញតាមរយៈការរស់នៅរបស់គេ ហើយចាប់ផ្ដើមមានគ្រប់យ៉ាងដែលសុចរិត និងល្អប្រពៃ ជាលក្ខណវិនិច្ឆ័យ ដែលវាស់ស្ទង់មនុស្ស ព្រឹត្តិការណ៍ និងវត្ថុទាំងអស់ ហើយជាសញ្ញាសម្គាល់ទិសដែលនាំមនុស្សទៅរកសេចក្ដីសង្គ្រោះ និងមាគ៌ានៃពន្លឺ។

(ដកស្រង់ពី «អារម្ភកថា» នៃសៀវភៅ «ព្រះបន្ទូល» ភាគ២៖ អំពីការស្គាល់ព្រះជាម្ចាស់)

នៅក្នុងសៀវភៅ «ព្រះបន្ទូលរបស់ព្រះជាម្ចាស់ ថ្លែងទៅកាន់សកលលោកទាំងមូល» នេះ ព្រះជាម្ចាស់សម្ដែងចេញព្រះបន្ទូលរបស់ទ្រង់តាមទស្សនៈរបស់ព្រះវិញ្ញាណ។ លក្ខណៈដែលទ្រង់មានបន្ទូល មិនអាចឱ្យមនុស្សជាតិដែលព្រះបានបង្កើតមកនេះ សម្រេចបានឡើយ។ ជាងនេះទៅទៀត ពាក្យពេចន៍ និងបែបបទនៃព្រះបន្ទូលរបស់ទ្រង់ ពីរោះស្ដាប់ និងទាក់ទាញចិត្តណាស់ ហើយគ្មានទម្រង់ស្នាដៃអក្សរសិល្ប៍របស់មនុស្សណាមួយ អាចយកមកប្រៀបធៀបបានទេ។ ព្រះបន្ទូលដែលទ្រង់លាតត្រដាងពីមនុស្ស ច្បាស់លាស់ណាស់ គ្មានទស្សនវិជ្ជាណាមួយអាចប្រកែកបានឡើយ ហើយព្រះបន្ទូលទាំងនោះធ្វើឱ្យមនុស្សទាំងអស់ចុះចូល។ ព្រះបន្ទូលដែលព្រះជាម្ចាស់ជំនុំជម្រះមនុស្ស ប្រៀបបានទៅនឹងដាវដ៏សែនមុត ដែលកាប់មុតជ្រៅទៅដល់ព្រលឹងរបស់មនុស្ស មុតយ៉ាងជ្រៅបំផុតរហូតធ្វើឱ្យពួកគេគ្មានកន្លែងត្រូវលាក់បំពួន។ ព្រះបន្ទូលដែលទ្រង់លួងលោមមនុស្ស គឺមានសេចក្ដីមេត្តាករុណា និងក្ដីអាណិតស្រឡាញ់ ហើយព្រះបន្ទូលទាំងនោះ មានភាពកក់ក្ដៅប្រៀបដូចជាម្ដាយជាទីស្រឡាញ់ឱបថ្នមកូនដូច្នោះដែរ ហើយព្រះបន្ទូលទាំងនោះធ្វើឱ្យមនុស្សមានអារម្មណ៍សុខសាន្ត ដែលគេមិនធ្លាប់មានពីមុនមកឡើយ។ លក្ខណៈដ៏អស្ចារ្យបំផុតតែមួយគត់នៃព្រះសូរសៀងទាំងនេះគឺថា ក្នុងអំឡុងដំណាក់កាលនេះ ព្រះជាម្ចាស់ពុំបានថ្លែងព្រះបន្ទូលដោយប្រើអត្តសញ្ញាណជាព្រះយេហូវ៉ា ឬព្រះយេស៊ូវគ្រីស្ទឡើយ ហើយក៏មិនប្រើអត្តសញ្ញាណជាព្រះគ្រីស្ទនៃគ្រាចុងក្រោយដែរ។ ផ្ទុយទៅវិញ ព្រះអង្គប្រើអត្តសញ្ញាណពីកំណើតរបស់ទ្រង់ គឺ «ព្រះអាទិករ»។ ព្រះអង្គមានបន្ទូល និងបង្រៀនដល់មនុស្សណាដែលដើរតាមទ្រង់ និងមនុស្សណាដែលមិនទាន់បានដើរតាមទ្រង់នៅឡើយ។ អាចនិយាយបានថា នេះគឺជាលើកទីមួយហើយ គិតចាប់តាំងពីការបង្កើតលោកីយ៍មក ដែលព្រះជាម្ចាស់បានមានបន្ទូលទៅកាន់មនុស្សជាតិរាល់គ្នានោះ។ ពីមុនមក ព្រះជាម្ចាស់មិនធ្លាប់ថ្លែងបន្ទូលទៅកាន់មនុស្សជាតិដែលព្រះបានបង្កើតមកដោយល្អិតល្អន់ និងមានលក្ខណៈជាប្រព័ន្ធបែបនេះទេ។ ពិតណាស់ នេះក៏ជាលើកទីមួយដែរ ដែលព្រះអង្គបានមានបន្ទូលទៅកាន់មនុស្សជាតិរាល់គ្នាយ៉ាងច្រើន និងក្នុងរយៈពេលយូរបែបនេះ។ នេះគឺជារឿងដែលមិននឹកស្មានដល់ទាល់តែសោះ។ ជាងនេះទៅទៀត ព្រះសូរសៀងទាំងនេះ បង្កើតបានជាអត្ថបទដំបូងគេបង្អស់ ដែលព្រះជាម្ចាស់បានសម្ដែងចេញនៅក្នុងចំណោមមនុស្សជាតិ ដែលព្រះអង្គលាតត្រដាងពីមនុស្ស ណែនាំពួកគេ ជំនុំជម្រះពួកគេ និងមានបន្ទូលត្រង់ទៅត្រង់មកជាមួយពួកគេ ហើយនេះក៏ជាព្រះសូរសៀងដំបូងគេដែរ ដែលព្រះជាម្ចាស់អនុញ្ញាតឱ្យមនុស្សស្គាល់ពីស្នាមព្រះបាទារបស់ទ្រង់ ស្គាល់ពីកន្លែងដែលទ្រង់គង់នៅ ស្គាល់ពីនិស្ស័យរបស់ព្រះជាម្ចាស់ ស្គាល់ពីអ្វីដែលជាកម្មសិទ្ធិ និងលក្ខណៈរបស់ទ្រង់ ស្គាល់ពីព្រះតម្រិះរបស់ព្រះជាម្ចាស់ ព្រមទាំងព្រះទ័យព្រួយបារម្ភរបស់ទ្រង់ចំពោះមនុស្សជាតិផងដែរ។ អាចនិយាយបានថា ចាប់តាំងពីការបង្កើតរបស់សព្វសារពើមក នេះគឺជាព្រះសូរសៀងដំបូងគេហើយ ដែលព្រះជាម្ចាស់បានថ្លែងទៅកាន់មនុស្សជាតិចេញពីស្ថានសួគ៌ជាន់ទីបី ហើយនេះក៏ជាលើកទីមួយដែរ ដែលព្រះជាម្ចាស់បានប្រើអត្តសញ្ញាណពីកំណើតរបស់ទ្រង់ ដើម្បីលេចមក និងសម្ដែងចេញព្រះសូរសៀងនៃព្រះទ័យរបស់ទ្រង់ទៅកាន់មនុស្សជាតិតាមរយៈព្រះបន្ទូលទាំងនេះ។

(ដកស្រង់ពី «ព្រះបន្ទូលរបស់ព្រះជាម្ចាស់ ថ្លែងទៅកាន់សកលលោកទាំងមូល» សេចក្តីផ្ដើម នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)

មាគ៌ាជីវិតមិនមែនជាអ្វីម្យ៉ាងដែលនរណាៗក៏អាចកាន់កាប់បាននោះទេ ក៏មិនមែនជាអ្វីម្យ៉ាង ដែលនរណាៗក៏អាចយកបានយ៉ាងស្រួលនោះដែរ។ មូលហេតុគឺនៅត្រង់ថា ជីវិតបានមកតែពីព្រះជាម្ចាស់ប៉ុណ្ណោះ ដែលមានន័យថា មានតែព្រះជាម្ចាស់ផ្ទាល់ទេ ជាម្ចាស់កម្មសិទ្ធិរូបធាតុនៃជីវិត ហើយមានតែព្រះជាម្ចាស់ផ្ទាល់ទេ ទើបមានមាគ៌ានៃជីវិត។ ហេតុនេះហើយ គឺមានតែព្រះជាម្ចាស់ផ្ទាល់ទេ ទើបជាប្រភពនៃជីវិត ជាប្រភពទឹករស់នៃជីវិត ដែលហូរចេញមកឥតស្រាកស្រាន្ត។ ចាប់តាំងពីគ្រាដែលព្រះជាម្ចាស់បានបង្កើតពិភពលោកមក ទ្រង់បានធ្វើកិច្ចការជាច្រើនពាក់ព័ន្ធនឹងភាពស្រស់បស់នៃជីវិត ទ្រង់បានធ្វើកិច្ចការជាច្រើន ដើម្បីនាំយកជីវិតមកឱ្យមនុស្ស ហើយបានបង់ថ្លៃលោះដ៏មហិមា ដើម្បីឱ្យមនុស្សលោកមានជីវិត។ ដោយសារព្រះជាម្ចាស់ផ្ទាល់ គឺជាជីវិតអស់កល្បជានិច្ច ហើយទ្រង់ផ្ទាល់ គឺជាផ្លូវដែលប្រោសឱ្យមនុស្សលោកបានរស់ឡើងវិញ។ ព្រះជាម្ចាស់មិនដែលអវត្តមានពីដួងចិត្តរបស់មនុស្សឡើយ ហើយទ្រង់ក៏គង់នៅកណ្ដាលចំណោមមនុស្សគ្រប់ពេលវេលាដែរ។ ព្រះអង្គគឺជាកម្លាំងជំរុញដល់ការរស់នៅរបស់មនុស្សតាំងតែពីដើមមកទល់នឹងពេលនេះ ជាឫសគល់នៃវត្តមានជីវិតរបស់មនុស្ស និងជាទ្រព្យតម្កល់ដ៏បរិបូរ សម្រាប់វត្តមានជីវិតរបស់មនុស្ស បន្ទាប់ពីពួកគេចាប់កំណើត។ ទ្រង់ធ្វើឱ្យមនុស្សបានកើតជាថ្មី ហើយជួយឱ្យគេអាចរស់នៅក្នុងគ្រប់តួនាទីរបស់គេ ដោយការតស៊ូយ៉ាងមោះមុត។ សូមអរព្រះគុណចំពោះព្រះចេស្ដា និងអានុភាពជីវិតដ៏គង់វង់របស់ព្រះអង្គ ដែលអានុភាពជីវិតរបស់ព្រះជាម្ចាស់ បានក្លាយជាគ្រឹះដ៏រឹងមាំនៃវត្តមានជីវិតរបស់មនុស្សតាំងតែពីដើមមក មនុស្សលោកអាចរស់បានពីមួយជំនាន់ទៅមួយជំនាន់ ហើយព្រះជាម្ចាស់បានបង់ថ្លៃលោះមួយដែលគ្មានសាមញ្ញជនណាម្នាក់ ធ្លាប់បានបង់ពីមុនមកសោះ ក៏ដោយសារតែអានុភាពនៃជីវិតរបស់ទ្រង់នេះដែរ។ អានុភាពជីវិតរបស់ព្រះជាម្ចាស់ អាចឈ្នះលើអំណាចគ្រប់យ៉ាងទាំងអស់ លើសពីនេះ អំណាចណាក៏ខ្លាំងពុំស្មើដែរ។ ជីវិតរបស់ទ្រង់អស់កល្បជានិច្ច ព្រះចេស្ដារបស់ទ្រង់ខ្លាំងពូកែអស្ចារ្យ ហើយក៏គ្មានមនុស្សណា ឬខ្មាំងសត្រូវណាអាចយកឈ្នះអានុភាពជីវិតរបស់ទ្រង់បានឡើយ។ អានុភាពជីវិតរបស់ព្រះជាម្ចាស់ឋិតថេរ ហើយបញ្ចេញពន្លឺដ៏ត្រចះត្រចង់របស់ខ្លួន ទោះបីជានៅពេលណា ឬកន្លែងណាក៏ដោយ។ ផ្ទៃមេឃ និងផែនដីអាចឆ្លងកាត់នូវបម្រែបម្រួលជាខ្លាំង ប៉ុន្តែជីវិតរបស់ព្រះជាម្ចាស់ គឺនៅតែដដែលអស់កល្បជានិច្ច។ គ្រប់សព្វសារពើ អាចនឹងកន្លងបាត់ទៅ ប៉ុន្តែជីវិតរបស់ព្រះជាម្ចាស់ឋិតថេរនៅជានិរន្ត៍ ដ្បិតព្រះជាម្ចាស់ជាប្រភពនៃវត្តមានជីវិតសព្វសារពើទាំងអស់ ហើយជាឫសគល់នៃវត្តមានជីវិតរបស់គេផង។ ជីវិតរបស់មនុស្ស កើតមកពីព្រះជាម្ចាស់ វត្តមានផ្ទៃមេឃ កើតមកពីព្រះជាម្ចាស់ វត្តមានផែនដី ក៏កើតចេញមកពីព្រះចេស្ដានៃជីវិតរបស់ព្រះជាម្ចាស់ដែរ។ គ្មានសភាវៈមានជីវិតណា អាចខ្ពស់ស្មើអធិបតេយ្យភាពរបស់ព្រះជាម្ចាស់ឡើយ ហើយក៏គ្មានសភាវៈណា មានអនុភាពអាចគេចផុតពីដែនគ្រប់គ្រងនៃសិទ្ធិអំណាចរបស់ព្រះជាម្ចាស់ដែរ។ តាមវិធីនេះ បើទោះបីជាពួកគេជានរណាក៏ដោយ ក៏ពួកគេគ្រប់គ្នាត្រូវតែចុះចូលក្រោមអំណាចគ្រប់គ្រងរបស់ព្រះជាម្ចាស់ គ្រប់គ្នាត្រូវតែរស់នៅក្រោមសេចក្ដីបង្គាប់របស់ព្រះជាម្ចាស់ ហើយក៏គ្មាននរណាម្នាក់អាចគេចផុតពីព្រះហស្តរបស់ទ្រង់ដែរ។

(ដកស្រង់ពី «មានតែព្រះគ្រីស្ទនៃគ្រាចុងក្រោយទេ ទើបអាចប្រទានមាគ៌ាជីវិតអស់កល្បជានិច្ចដល់មនុស្សបាន» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)

ព្រះគ្រីស្ទនៃគ្រាចុងក្រោយ នាំយកទាំងជីវិត ហើយនាំយកទាំងមាគ៌ានៃសេចក្ដីពិតដ៏ឋិតថេរ និងអស់កល្បជានិច្ចមកជាមួយ។ សេចក្ដីពិតនេះ ជាផ្លូវដែលមនុស្សទទួលបានជីវិត និងជាផ្លូវតែមួយគត់ ដែលឱ្យមនុស្សបានស្គាល់ព្រះជាម្ចាស់ ហើយត្រូវបានព្រះជាម្ចាស់ទទួលយក។ ប្រសិនបើអ្នកមិនស្វែងរកមាគ៌ានៃជីវិតដែលព្រះគ្រីស្ទនៃគ្រាចុងក្រោយប្រទានឱ្យទេ នោះអ្នកនឹងមិនទទួលបានការទទួលយកពីព្រះយេស៊ូវ និងគ្មានលក្ខណៈសម្បត្តិគ្រប់គ្រាន់ ដើម្បីចូលទៅតាមទ្វារនគរស្ថានសួគ៌ដែរ ដ្បិតអ្នកគឺជាអាយ៉ង និងជាអ្នកជាប់ឃុំក្នុងប្រវត្តិសាស្ត្រ។ មនុស្សដែលត្រូវត្រួតត្រាដោយបញ្ញត្តិដោយន័យពាក្យនានា ហើយជាប់ខ្នោះឃ្នាងប្រវត្តិសាស្ត្រ អ្នកនោះនឹងមិនអាចទទួលបានជីវិត ហើយក៏មិនទទួលបាននូវមាគ៌ាជីវិតដ៏គង់វង្សបានឡើយ។ ដោយសារអ្វីៗគ្រប់យ៉ាងដែលគេមាន សុទ្ធតែជាភក់ដែលស្អិតជាប់រាប់ពាន់ឆ្នាំមកហើយ មិនមែនជាទឹកនៃជីវិតដែលហូរចេញពីបល្ល័ង្ករបស់ព្រះជាម្ចាស់ទេ។ មនុស្សដែលមិនមែនរស់ដោយសារទឹកនៃជិវិត នឹងនៅជាសាកសព ជារបស់លេងរបស់សាតាំង និងជាកូននរករហូតអស់កល្បជានិច្ច។ ចុះម្ដេចបានជាពួកគេអាចមើលឃើញព្រះជាម្ចាស់ពីចម្ងាយ? ប្រសិនបើអ្នកគ្រាន់តែព្យាយាមឱបក្រសោបអតីតកាល គ្រាន់តែព្យាយាមបណ្ដោយឱ្យអ្វីៗ ទៅតាមដំណើរដោយនៅឈរទ្រឹង ហើយមិនព្យាយាមផ្លាស់ប្ដូរស្ថានភាពបច្ចុប្បន្ន ព្រមទាំងបោះបង់អតីតកាលចោលទេ តើអ្នកមិននៅតែទាស់ទទឹងនឹងព្រះជាម្ចាស់រហូតទេឬអី? ជំហានកិច្ចការរបស់ព្រះជាម្ចាស់ ទាំងល្វឹងល្វើយ ទាំងខ្លាំងពូកែ ប្រៀបបានទៅនឹងទឹករលកកំពុងខ្ជោលឡើង និងសំឡេងផ្គររន្ទះផូងផាំង ប៉ុន្តែអ្នកបែរជាអង្គុយរង់ចាំឱ្យសេចក្ដីវិនាសមកដល់ ទាំងឱបជាប់ភាពលេលា ហើយមិនធ្វើអ្វីទាល់តែសោះ។ បើនៅតែបែបនេះ តើឱ្យព្រះជាម្ចាស់រាប់អ្នកជាអ្នកដើរតាមលំអាននៃកូនចៀមយ៉ាងដូចម្ដេច? តើអ្នកអាចបញ្ជាក់ហេតុផលថាព្រះជាម្ចាស់ដែលអ្នកជឿតាមនេះ គឺជាព្រះជាម្ចាស់ដែលថ្មីជានិច្ច មិនដែលចាស់គំរឹលយ៉ាងដូចម្ដេច? ហើយធ្វើយ៉ាងណាឱ្យពាក្យពេចន៍ក្នុងសៀវភៅលឿងរបស់អ្នក នាំអ្នកឆ្លងទៅក្នុងយុគសម័យថ្មីបាន? តើធ្វើយ៉ាងណាឱ្យពាក្យពេចន៍ទាំងនេះ នាំអ្នកស្វែងរកជំហាននៃកិច្ចការរបស់ព្រះជាម្ចាស់បាន? ហើយធ្វើយ៉ាងណាឱ្យពាក្យពេចន៍ទាំងនេះ នាំអ្នកឡើងទៅស្ថានសួគ៌បាន? អ្វីដែលអ្នកកាន់នៅនឹងដៃ គឺជាន័យពាក្យដែលអាចផ្ដល់ជូន ត្រឹមតែជាសេចក្ដីស្រាកស្រាន្តក្នុងចិត្តបណ្ដោះអាសន្នប៉ុណ្ណោះ មិនមែនផ្ដល់សេចក្ដីពិតដែលអាចផ្ដល់នូវជីវិតនោះឡើយ។ បទគម្ពីរដែលអ្នកអាន គ្រាន់តែអាចបង្កើនវោហារសព្ទដល់អណ្ដាតរបស់អ្នក និងមិនមែនជាពាក្យពេចន៍នៃទស្សនៈវិជ្ជា ដែលអាចជួយឱ្យអ្នកស្គាល់ជីវិតមនុស្ស ក៏រឹតតែមិនមែនជាផ្លូវ ដែលអាចនាំអ្នកទៅរកភាពគ្រប់លក្ខណ៍បានឡើយ។ តើភាពខុសគ្នានេះមិនផ្ដល់ជាបុព្វហេតុ សម្រាប់ឱ្យអ្នកសញ្ជឹងគិតទេឬអី? តើវាមិនធ្វើឱ្យអ្នកស្គាល់នូវអាថ៌កំបាំង ដែលមាននៅក្នុងភាពខុសគ្នានេះទេឬអី? តើអ្នកមានសមត្ថភាពនឹងនាំខ្លួនឯងចូលទៅឯស្ថានសួគ៌ ដើម្បីជួបនឹងព្រះជាម្ចាស់ ដោយខ្លួនឯងបានដែរឬទេ? ប្រសិនបើគ្មានការយាងមករបស់ព្រះជាម្ចាស់ទេ តើអ្នកអាចនាំខ្លួនឯងចូលទៅឯស្ថានសួគ៌ ដើម្បីរស់នៅយ៉ាងរីករាយនឹងសុភមង្គលគ្រួសារជាមួយនឹងព្រះជាម្ចាស់បានដែរឬទេ? តើអ្នកនៅកំពុងយល់សុបិនទៀតទេ? ខ្ញុំសូមទូន្មានអ្នកទៅចុះថា ចូរឈប់សុបិនទៅ ហើយសម្លឹងមើលវិញថា នរណាកំពុងធ្វើកិច្ចការនៅពេលនេះ ពេលនេះនរណាកំពុងអនុវត្តកិច្ចការសង្គ្រោះមនុស្សលោកក្នុងអំឡុងពេលនៃគ្រាចុងក្រោយ។ ប្រសិនបើអ្នកមិនសម្លឹងមើលទេ នោះអ្នកនឹងមិនទទួលបានសេចក្ដីពិត ហើយមិនទទួលបានជីវិតនោះឡើយ។

(ដកស្រង់ពី «មានតែព្រះគ្រីស្ទនៃគ្រាចុងក្រោយទេ ទើបអាចប្រទានមាគ៌ាជីវិតអស់កល្បជានិច្ចដល់មនុស្សបាន» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)

បន្ទាប់៖ I. ព្រះបន្ទូលស្ដីពីកិច្ចការទាំងបីដំណាក់កាលរបស់ព្រះជាម្ចាស់សម្រាប់ការសង្រ្គោះមនុស្សជាតិ

គ្រោះមហន្តរាយផ្សេងៗបានធ្លាក់ចុះ សំឡេងរោទិ៍នៃថ្ងៃចុងក្រោយបានបន្លឺឡើង ហើយទំនាយនៃការយាងមករបស់ព្រះអម្ចាស់ត្រូវបានសម្រេច។ តើអ្នកចង់ស្វាគមន៍ព្រះអម្ចាស់ជាមួយក្រុមគ្រួសាររបស់អ្នក ហើយទទួលបានឱកាសត្រូវបានការពារដោយព្រះទេ?

ការកំណត់

  • អត្ថបទ
  • ប្រធានបទ

ពណ៌​ដិតច្បាស់

ប្រធានបទ

ប្រភេទ​អក្សរ

ទំហំ​អក្សរ

ចម្លោះ​បន្ទាត់

ចម្លោះ​បន្ទាត់

ប្រវែងទទឹង​ទំព័រ

មាតិកា

ស្វែងរក

  • ស្វែង​រក​អត្ថបទ​នេះ
  • ស្វែង​រក​សៀវភៅ​នេះ