I. ព្រះបន្ទូលស្ដីពីកិច្ចការទាំងបីដំណាក់កាលរបស់ព្រះជាម្ចាស់សម្រាប់ការសង្រ្គោះមនុស្សជាតិ
១. ផែនការគ្រប់គ្រងរបស់ខ្ញុំទាំងមូល (ផែនការគ្រប់គ្រងរយៈពេលប្រាំមួយពាន់ឆ្នាំ) មាន ៣ ដំណាក់កាល ឬ ៣ យុគសម័យ៖ យុគសម័យនៃក្រឹត្យវិន័យនៃគ្រាដំបូង យុគសម័យនៃព្រះគុណ (ឬហៅម្យ៉ាងទៀតថា យុគសម័យនៃការប្រោសលោះ) និងយុគសម័យនៃនគរព្រះនៃគ្រាចុងក្រោយ។ កិច្ចការរបស់ខ្ញុំនៅក្នុងយុគសម័យទាំងបីនេះ មានខ្លឹមសារខុសៗគ្នា អាស្រ័យទៅតាមធម្មជាតិនៃយុគសម័យនីមួយៗ។ ប៉ុន្តែនៅក្នុងដំណាក់កាលនីមួយៗ កិច្ចការនេះតែងបានជាប្រយោជន៍ដល់តម្រូវការរបស់មនុស្ស ឬបើនិយាយឱ្យចំ កិច្ចការនេះត្រូវធ្វើឡើងស្របទៅតាមកលល្បិចដែលសាតាំងប្រើនៅក្នុងសង្គ្រាមដែលខ្ញុំប្រយុទ្ធតតាំងជាមួយវា។ កិច្ចការរបស់ខ្ញុំ គឺមានគោលបំណងដើម្បីយកឈ្នះសាតាំង ដើម្បីបង្ហាញពីព្រះប្រាជ្ញាញាណ និងសព្វានុភាពរបស់ខ្ញុំ ដើម្បីលាតត្រដាងពីកលល្បិចទាំងអស់របស់សាតាំង និងដើម្បីសង្គ្រោះពូជមនុស្សទាំងមូល ដែលរស់នៅក្រោមដែនត្រួតត្រារបស់សាតាំង។ កិច្ចការនេះធ្វើឡើងដើម្បីបង្ហាញពីព្រះប្រាជ្ញាញាណនិងសព្វានុភាពរបស់ខ្ញុំ និងដើម្បីបើកសម្ដែងពីសេចក្ដីអាក្រក់ដ៏ច្រើនលើសលុបរបស់សាតាំង ហើយជាងនេះទៅទៀត គឺដើម្បីឱ្យភាវៈដែលព្រះបានបង្កើតមក មើលឃើញពីភាពខុសគ្នារវាងសេចក្ដីល្អនិងសេចក្ដីអាក្រក់ ដើម្បីឱ្យគេដឹងថា ខ្ញុំជាអ្នកគ្រប់គ្រងលើរបស់សព្វសារពើ ដើម្បីឱ្យគេមើលឃើញយ៉ាងច្បាស់ថា សាតាំងគឺជាសត្រូវរបស់មនុស្សជាតិ ជាវិញ្ញាណអសីលធម៌ ជាមេកំណាច និងដើម្បីឱ្យមនុស្សអាចប្រាប់ពីភាពខុសគ្នារវាងសេចក្ដីល្អនិងសេចក្ដីអាក្រក់ សេចក្ដីពិតនិងសេចក្ដីក្លែងក្លាយ ភាពបរិសុទ្ធនិងភាពស្មោកគ្រោក និងអ្វីជាភាពអស្ចារ្យ និងអ្វីជាភាពថោកទាប បានយ៉ាងប្រាកដច្បាស់លាស់បំផុត។ របៀបនេះ មនុស្សល្ងង់ខ្លៅ នឹងអាចធ្វើបន្ទាល់ពីខ្ញុំថា ខ្ញុំមិនមែនជាអ្នកដែលធ្វើឱ្យមនុស្សជាតិទៅជាពុករលួយឡើយ ហើយមានតែខ្ញុំដែលជាព្រះអាទិករនេះទេ ទើបអាចសង្គ្រោះមនុស្សជាតិបាន អាចប្រទានអ្វីៗដល់មនុស្សបាន ដែលគេអាចសោយសុខជាមួយបាន ហើយគេនឹងដឹងថា ខ្ញុំគឺជាអ្នកគ្រប់គ្រងលើរបស់សព្វសារពើទាំងអស់។ ចំណែកសាតាំងវិញ គ្រាន់តែជាភាវៈមួយក្នុងចំណោមភាវៈឯទៀតដែលខ្ញុំបានបង្កើតមក ដែលវាបានបកមកប្រឆាំងនឹងខ្ញុំវិញនៅពេលក្រោយប៉ុណ្ណោះ។ ផែនការគ្រប់គ្រងរយៈពេលប្រាំមួយពាន់ឆ្នាំរបស់ខ្ញុំ ត្រូវបានបែងចែកជា ៣ ដំណាក់កាល ហើយខ្ញុំធ្វើបែបនេះ គឺដើម្បីសម្រេចផលក្នុងការដែលអាចអនុញ្ញាតឱ្យភាវៈដែលខ្ញុំបានបង្កើតមកធ្វើបន្ទាល់ពីខ្ញុំ យល់ពីបំណងព្រះហឫទ័យរបស់ខ្ញុំ ព្រមទាំងដឹងថា ខ្ញុំគឺជាសេចក្ដីពិត។
(ដកស្រង់ពី «រឿងពិតពីក្រោយកិច្ចការនាយុគសម័យនៃការប្រោសលោះ» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)
២. កិច្ចការគ្រប់គ្រងមនុស្សជាតិ ត្រូវបានបែងចែកជាបីដំណាក់កាល។ នេះមានន័យថា កិច្ចការសង្គ្រោះមនុស្សជាតិ ក៏ត្រូវបានបែងចែកជាបីដំណាក់ដែរ។ កិច្ចការទាំងបីដំណាក់កាលនេះ មិនរាប់បញ្ចូលកិច្ចការនៃការបង្កើតលោកីយ៍ទេ ផ្ទុយទៅវិញ កិច្ចការទាំងបីដំណាក់កាលនេះ គឺជាកិច្ចការក្នុងយុគសម័យនៃក្រឹត្យវិន័យ យុគសម័យនៃព្រះគុណ និងយុគសម័យនៃនគរព្រះ។ កិច្ចការនៃការបង្កើតលោកីយ៍ គឺជាកិច្ចការនៃការបង្កើតមនុស្សជាតិទាំងមូល មិនមែនជាកិច្ចការនៃការសង្គ្រោះមនុស្សជាតិទេ ហើយគ្មានពាក់ព័ន្ធនឹងកិច្ចការនៃការសង្គ្រោះមនុស្សជាតិឡើយ ពីព្រោះពេលដែលលោកីយ៍នេះត្រូវបានបង្កើតឡើង មនុស្សជាតិមិនទាន់ត្រូវសាតាំងឱ្យធ្វើឱ្យពុករលួយនៅឡើយទេ ដូច្នេះហើយ ពុំចាំបាច់ត្រូវបំពេញកិច្ចការ ដើម្បីសេចក្ដីសង្គ្រោះរបស់មនុស្សជាតិទេ។ កិច្ចការនៃការសង្គ្រោះមនុស្ស ទើបតែចាប់ផ្ដើមនៅពេលដែលសាតាំងធ្វើឱ្យមនុស្សជាតិពុករលួយប៉ុណ្ណោះ ដូច្នេះហើយ កិច្ចការនៃការគ្រប់គ្រងមនុស្សជាតិ ក៏ទើបតែនឹងចាប់ផ្ដើមនៅពេលដែលមនុស្សជាតិត្រូវឱ្យបានធ្វើឱ្យពុករលួយនេះដែរ។ និយាយមួយបែបទៀតគឺថា ការគ្រប់គ្រងមនុស្សជាតិពីសំណាក់ព្រះជាម្ចាស់នេះ បានចាប់ផ្ដើមឡើងដោយសារតែកិច្ចការនៃការសង្គ្រោះមនុស្សជាតិនេះឯង មិនមែនកើតចេញពីកិច្ចការនៃការបង្កើតលោកីយ៍ទេ។ គឺទើបតែពេលដែលមនុស្សជាតិមាននិស្ស័យពុករលួយប៉ុណ្ណោះ ដែលកិច្ចការនៃការគ្រប់គ្រងនេះកើតមានឡើង ដូច្នេះហើយ កិច្ចការនៃការគ្រប់គ្រងមនុស្សជាតិនេះ មានបីផ្នែក មិនមែនបួនដំណាក់កាល ឬបួនយុគសម័យនោះទេ។ ការនិយាយសំដៅដល់កិច្ចការនៃការគ្រប់គ្រងមនុស្សជាតិរបស់ព្រះជាម្ចាស់តាមរបៀបនេះ ទើបជាវិធីត្រឹមត្រូវ។ ពេលយុគសម័យចុងក្រោយឈានដល់ទីបញ្ចប់ កិច្ចការនៃការគ្រប់គ្រងមនុស្សជាតិ នឹងឈានមកដល់ទីបញ្ចប់ទាំងស្រុងដែរ។ ការបិទបញ្ចប់កិច្ចការនៃការគ្រប់គ្រងមានន័យថា កិច្ចការនៃការសង្គ្រោះមនុស្សជាតិទាំងអស់ នឹងបានបំពេញចប់សព្វគ្រប់ដែរ ដូច្នេះហើយ ជំហាននេះក៏នឹងត្រូវបញ្ចប់សម្រាប់មនុស្សជាតិដូចគ្នា។ ប្រសិនបើគ្មានកិច្ចការនៃការសង្គ្រោះមនុស្សជាតិទាំងអស់ទេ នោះកិច្ចការនៃការគ្រប់គ្រងមនុស្សជាតិ ក៏នឹងមិនកើតមានដែរ ហើយក៏គ្មានកិច្ចការទាំងបីដំណាក់កាលនេះដូចគ្នា។ ប្រាកដណាស់ គឺដោយសារសេចក្ដីខូចអាក្រក់របស់របស់មនុស្សជាតិនេះហើយ និងដោយសារតែមនុស្សកំពុងត្រូវការសេចក្ដីសង្គ្រោះបន្ទាន់ ទើបព្រះយេហូវ៉ាបានបញ្ចប់កិច្ចការនៃការបង្កើតលោកីយ៍ ហើយបានចាប់ផ្ដើមកិច្ចការក្នុងយុគសម័យនៃក្រឹត្យវិន័យ។ មកដល់ត្រឹមគ្រានោះឯង ទើបកិច្ចការនៃការគ្រប់គ្រងមនុស្សជាតិបានចាប់ផ្ដើម ដែលនេះមានន័យថា ទើបតែគ្រានោះទេ ដែលកិច្ចការនៃការសង្គ្រោះមនុស្សជាតិបានចាប់ផ្ដើម។ «ការគ្រប់គ្រងមនុស្សជាតិ» មិនមែនសំដៅលើការដឹកនាំជីវិតរបស់មនុស្សជាតិដែលទើបនឹងបានបង្កើតឡើងនៅលើផែនដីនេះទេ (មនុស្សជាតិដែលមិនទាន់ត្រូវបានធ្វើឱ្យពុករលួយ)។ តែផ្ទុយទៅវិញ កិច្ចការនេះជាសេចក្ដីសង្គ្រោះចំពោះមនុស្សជាតិដែលសាតាំងបានធ្វើឱ្យពុករលួយ ពោលគឺដើម្បីបំផ្លាស់បំប្រែមនុស្សជាតិដែលពុករលួយ។ នេះជាអត្ថន័យនៃពាក្យថា «ការគ្រប់គ្រងមនុស្សជាតិ»។ កិច្ចការនៃការសង្គ្រោះមនុស្សជាតិ មិនរាប់បញ្ចូលកិច្ចការនៃការបង្កើតលោកីយ៍ទេ ដូច្នេះហើយ កិច្ចការនៃការគ្រប់គ្រងមនុស្សជាតិ ក៏មិនរាប់បញ្ចូលកិច្ចការនៃការបង្កើតលោកីយ៍នេះដែរ។ ផ្ទុយទៅវិញ កិច្ចការនេះរាប់បញ្ចូលតែកិច្ចការទាំងបីដំណាក់កាល ដែលខុសគ្នាពីការបង្កើតលោកីយ៍ទេ។ ដើម្បីយល់ពីកិច្ចការនៃការគ្រប់គ្រងមនុស្សជាតិ ចាំបាច់ត្រូវដឹងពីប្រវត្តិនៃកិច្ចការទាំងបីដំណាក់កាលនេះសិន។ មនុស្សគ្រប់គ្នាត្រូវតែដឹងរឿងនេះ ដើម្បីឱ្យបានសង្គ្រោះ។ ក្នុងនាមជាភាវៈដែលព្រះជាម្ចាស់បានបង្កើតមក អ្នកគួរដឹងថា មនុស្សត្រូវបានព្រះជាម្ចាស់បង្កើតមក ហើយអ្នកគួរដឹងពីប្រភពនៃសេចក្ដីពុករលួយរបស់មនុស្សជាតិ ព្រមទាំងដឹងពីដំណើរនៃសេចក្ដីសង្គ្រោះរបស់មនុស្សផង។ ប្រសិនបើអ្នករាល់គ្នាដឹងត្រឹមវិធីប្រព្រឹត្តឱ្យស្របតាមគោលលទ្ធិ ដោយប៉ុនប៉ងទទួលបានការសព្វព្រះទ័យពីព្រះជាម្ចាស់ ប៉ុន្តែគ្មានការយល់ដឹងពីរបៀបដែលព្រះជាម្ចាស់សង្គ្រោះមនុស្សជាតិ ឬដឹងពីប្រភពដើមនៃសេចក្ដីពុករលួយរបស់មនុស្សជាតិទេ ដូច្នេះ ក្នុងនាមជាភាវៈដែលព្រះបានបង្កើតមក អ្នកនៅខ្វះចំណុចត្រង់នេះ។ អ្នកមិនគួរស្កប់ចិត្តត្រឹមតែការយល់ដឹងពីសេចក្ដីពិតទាំងឡាយដែលអាចយកទៅអនុវត្តបានប៉ុណ្ណេះទេ ទាំងដែលនៅល្ងង់ខ្លៅមិនដឹងពីវិសាលភាពធំធេងនៃកិច្ចការនៃការគ្រប់គ្រងរបស់ព្រះជាម្ចាស់នោះ។ បើដូច្នេះមែន អ្នកជាមនុស្សមានៈរឹងរូសជ្រុលពេកហើយ។ កិច្ចការទាំងបីដំណាក់កាលនេះ គឺជារឿងអាថ៌កំបាំងនៃការគ្រប់គ្រងមនុស្សជាតិពីសំណាក់ព្រះជាម្ចាស់ ជាការមកដល់នៃដំណឹងល្អរបស់លោកីយ៍ទាំងមូល ជាជារឿងអាថ៌កំបាំងដ៏ធំបំផុតនៅក្នុងចំណោមមនុស្សជាតិ ហើយក៏ជាមូលដ្ឋានគ្រឹះនៃការផ្សាយដំណឹងល្អផងដែរ។ ប្រសិនបើអ្នកផ្ដោតតែទៅលើការយល់ដឹងពីសេចក្ដីពិតងាយៗ ដែលទាក់ទងនឹងជីវិតរបស់អ្នក ហើយពុំដឹងអ្វីសោះពីសេចក្ដីអាថ៌កំបាំងនិងនិមិត្តអស្ចារ្យទាំងអស់នេះ ដូច្នេះ តើជីវិតរបស់អ្នកមិនដូចគ្នានឹងផលិតផលខូចគុណភាពទៅហើយទេ ដែលគ្មានប្រយោជន៍អ្វីក្រៅតែពីល្អមើលនោះទេ?
(ដកស្រង់ពី «ការស្គាល់ដំណាក់កាលទាំងបីនៃកិច្ចការរបស់ព្រះជាម្ចាស់ គឺជាផ្លូវនាំទៅរកការស្គាល់ព្រះជាម្ចាស់» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)
៣. កិច្ចការនៃការគ្រប់គ្រងរយៈពេល ៦ ០០០ ឆ្នាំរបស់ព្រះជាម្ចាស់ ត្រូវបែងចែកជាបីដំណាក់កាល៖ យុគសម័យនៃក្រឹត្យវិន័យ យុគសម័យនៃព្រះគុណ និងយុគសម័យនៃនគរព្រះ។ ដំណាក់កាលទាំងបីនៃកិច្ចការនេះ គឺដើម្បីសេចក្ដីសង្គ្រោះដល់មនុស្សជាតិ ពោលគឺដំណាក់កាលទាំងនេះ គឺដើម្បីជាប្រយោជន៍ដល់សេចក្ដីសង្គ្រោះរបស់មនុស្សជាតិដែលត្រូវបានសាតាំងធ្វើឱ្យពុករលួយដល់ឆ្អឹង។ ក៏ប៉ុន្តែ ក្នុងពេលជាមួយគ្នានោះដែរ ដំណាក់កាលទាំងនេះ ក៏ដើម្បីឱ្យព្រះជាម្ចាស់អាចតយុទ្ធជាមួយសាតាំងបានផងដែរ។ ហេតុនេះកិច្ចការនៃសេចក្ដីសង្គ្រោះ ត្រូវបានបែងចែកជាបីដំណាក់កាល ហើយចម្បាំងជាមួយសាតាំងក៏ត្រូវបានបែងចែកជាបីដំណាក់កាលដែរ ហើយផ្នែកទាំងពីរនៃកិច្ចការរបស់ព្រះជាម្ចាស់ គឺត្រូវធ្វើឡើងក្នុងពេលជាមួយគ្នា។ ចម្បាំងជាមួយសាតាំង តាមពិតគឺដើម្បីជាប្រយោជន៍ដល់សេចក្ដីសង្គ្រោះមនុស្សជាតិ ហើយដោយសារកិច្ចការនៃសេចក្ដីសង្គ្រោះរបស់មនុស្សជាតិនេះ មិនមែនជាកិច្ចការដែលអាចសម្រេចជោគជ័យបាននៅក្នុងដំណាក់កាលតែមួយ នោះចម្បាំងជាមួយសាតាំង ក៏ត្រូវបែងចែកទៅជាដំណាក់កាល និងសម័យកាលដែរ ហើយចម្បាំងដែលប្រកាសធ្វើជាមួយសាតាំងគឺស្របទៅតាមតម្រូវការរបស់មនុស្ស និងទៅតាមទំហំនៃសេចក្ដីពុករលួយរបស់សាតាំងចំពោះមនុស្ស។ ប្រហែលជា នៅក្នុងក្ដីស្រមៃរបស់មនុស្ស គេជឿថា នៅក្នុងចម្បាំងនេះ ព្រះជាម្ចាស់នឹងចាប់យកគ្រឿងសាស្រ្តាវុធតតាំងនឹងសាតាំង ក្នុងលក្ខណៈដូចគ្នាដែលកងទ័ពពីរក្រុមនឹងត្រូវច្បាំងគ្នាដែរ។ នេះគឺគ្រាន់តែអ្វីដែលប្រាជ្ញារបស់មនុស្សអាចនឹងស្រមៃដល់បានតែប៉ុណ្ណោះ។ វាគឺជាគំនិតដ៏សែនស្រពេចស្រពិល និងមិនប្រាកដប្រជា ក៏ប៉ុន្តែវាគឺជាគំនិតដែលមនុស្សជឿ។ ហើយដោយសារខ្ញុំមានព្រះបន្ទូលនៅទីនេះថា សេចក្ដីសង្គ្រោះរបស់មនុស្ស គឺតាមរយៈចម្បាំងជាមួយសាតាំង មនុស្សស្រមៃថា នេះគឺជារបៀបដែលត្រូវធ្វើចម្បាំង។ មានដំណាក់កាលចំនួនបីនៃកិច្ចការសម្រាប់សេចក្ដីសង្គ្រោះរបស់មនុស្ស ពោលគឺ ចម្បាំងជាមួយសាតាំងត្រូវបំបែកទៅជាបីដំណាក់កាល ដើម្បីយកឈ្នះលើសាតាំងមួយដងជាសម្រេច។ ក៏ប៉ុន្តែសេចក្ដីពិតខាងក្នុងនៃកិច្ចការចម្បាំងទាំងមូលជាមួយសាតាំង គឺថាឥទ្ធិពលនៃចម្បាំងនេះ អាចសម្រេចទៅបានតាមរយៈដំណាក់កាលនៃកិច្ចការជាច្រើន៖ ការប្រទានព្រះគុណដល់មនុស្ស ការក្លាយជាតង្វាយលោះបាបរបស់មនុស្ស ការអត់ទោសបាបរបស់មនុស្ស ការយកឈ្នះលើមនុស្ស និងការប្រោសឱ្យមនុស្សបានគ្រប់លក្ខណ៍។ តាមពិតទៅ ចម្បាំងជាមួយសាតាំង គឺមិនមែនជាការចាប់យកគ្រឿងសាស្រ្តាវុធតតាំងនឹងសាតាំងឡើយប៉ុន្តែជាសេចក្ដីសង្រ្គោះរបស់មនុស្ស ជាការកែខៃដល់ជីវិតមនុស្ស និងការបំផ្លាស់បំប្រែនិស្ស័យរបស់មនុស្ស ដើម្បីឱ្យគេអាចធ្វើទីបន្ទាប់អំពីព្រះជាម្ចាស់បាន។ នេះជាការដែលត្រូវបានយកឈ្នះសាតាំង។ ត្រូវបានយកឈ្នះសាតាំងតាមរយៈការបំផ្លាស់បំប្រែនិស្ស័យពុករលួយរបស់មនុស្ស។ នៅពេលដែលត្រូវបានយកឈ្នះសាតាំងរួចហើយ ពោលគឺ នៅពេលដែលមនុស្សត្រូវបានសង្គ្រោះទាំងស្រុង នោះសាតាំងដែលរងភាពអាម៉ាស់ នឹងត្រូវចាប់ចងទាំងស្រុង ហើយតាមរយៈការនេះ មនុស្សនឹងត្រូវបានសង្គ្រោះទាំងស្រុង។ ហេតុនេះ សារជាតិនៃសេចក្ដីសង្គ្រោះរបស់មនុស្សគឺជាចម្បាំងជាមួយនឹងសាតាំង ហើយចម្បាំងនេះគឺសំខាន់ត្រូវឆ្លុះបញ្ចាំងតាមរយៈសេចក្ដីសង្គ្រោះរបស់មនុស្ស។
(ដកស្រង់ពី «ការស្រោចស្រង់ជីវិតធម្មតារបស់មនុស្សត្រឡប់មកវិញ និងការនាំមនុស្សទៅកាន់ទិសដៅដ៏អស្ចារ្យមួយ» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)
៤. គោលបំណងនៃកិច្ចការទាំងបីដំណាក់កាលនេះ គឺជាសេចក្ដីសង្គ្រោះសម្រាប់មនុស្សជាតិទាំងមូល ពោលគឺជាសេចក្ដីសង្គ្រោះសម្រាប់មនុស្សជាតិឱ្យរួចពីដែនត្រួតត្រារបស់សាតាំងទាំងស្រុង។ ទោះបីជាដំណាក់កាលនីមួយៗនៃកិច្ចការនេះ មានវត្ថុបំណង និងមានសារៈសំខាន់ខុសៗគ្នាក៏ពិតមែន ក៏ប៉ុន្តែដំណាក់កាលនីមួយៗ ជាចំណែកនៃកិច្ចការសង្គ្រោះមនុស្សជាតិ ហើយដំណាក់កាលនីមួយៗ គឺជាកិច្ចការនៃការសង្គ្រោះខុសៗគ្នា ដែលបានបំពេញស្របទៅតាមតម្រូវការរបស់មនុស្សជាតិ។ កាលណាអ្នកដឹងអំពីគោលបំណងនៃកិច្ចការទាំងបីដំណាក់កាលនេះហើយ នោះអ្នកនឹងដឹងថាត្រូវឱ្យតម្លៃលើសារៈសំខាន់នៃកិច្ចការក្នុងដំណាក់កាលនីមួយៗនោះដោយរបៀបណាហើយ ហើយអ្នកក៏នឹងដឹងថាត្រូវធ្វើបែបណាដើម្បីបំពេញតាមបំណងហឫព្រះទ័យចង់បានរបស់ព្រះជាម្ចាស់ដែរ។ ប្រសិនបើអ្នកអាចឈានដល់ចំណុចនេះបាន នោះនិមិត្តដ៏អស្ចារ្យជាងគេបំផុតទាំងអស់នេះ នឹងក្លាយទៅជាគ្រឹះនៃជំនឿរបស់អ្នកលើព្រះជាម្ចាស់មិនខាន។
(ដកស្រង់ពី «ការស្គាល់ដំណាក់កាលទាំងបីនៃកិច្ចការរបស់ព្រះជាម្ចាស់ គឺជាផ្លូវនាំទៅរកការស្គាល់ព្រះជាម្ចាស់» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)
៥. ចំណុចស្នូលដ៏សំខាន់នៃកិច្ចការទាំងបីដំណាក់កាលនេះ គឺការសង្គ្រោះមនុស្សលោក ពោលគឺការធ្វើឱ្យសព្វសារពើក្នុងសាកលលោក ថ្វាយបង្គំព្រះអាទិករ។ ដូច្នេះ មានអត្ថន័យដ៏ជ្រាលជ្រៅណាស់សម្រាប់ដំណាក់កាលនៃកិច្ចការនីមួយៗ។ ព្រះជាម្ចាស់មិនធ្វើអ្វីដែលគ្មានន័យ ឬគ្មានតម្លៃទេ។ ម្យ៉ាងទៀត ដំណាក់កាលនៃកិច្ចការនេះ គឺជាការចាប់ផ្តើមសករាជថ្មី និងបញ្ចប់សករាជមុនចំនួនពីរ។ ម៉្យាងវិញទៀត កិច្ចការនេះបំផ្លាញចោលនូវសញ្ញាណរបស់មនុស្ស និងរបៀបរបបនៃជំនឿ និងចំណេះដឹងចាស់គំរឹលទាំងអស់របស់មនុស្ស។ កិច្ចការនៃយុគសម័យមុនចំនួនពីរ ត្រូវបានអនុវត្តស្របទៅតាមសញ្ញាណខុសៗគ្នារបស់មនុស្ស។ ប៉ុន្តែដំណាក់កាលនេះ ផាត់ចោលទាំងស្រុងនូវសញ្ញាណរបស់មនុស្ស ដោយយកឈ្នះមនុស្សលោកទាំងស្រុង។
(ដកស្រង់ពី «ព្រះជាម្ចាស់ គឺជាព្រះអម្ចាស់នៃសព្វសារពើទាំងអស់» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)
៦. ចាប់តាំងពីកិច្ចការរបស់ព្រះយេហូវ៉ាទៅដល់កិច្ចការរបស់ព្រះយេស៊ូវ និងពីកិច្ចការរបស់ព្រះយេស៊ូវទៅដល់ដំណាក់កាលបច្ចុប្បន្ននេះ ដំណាក់កាលទាំងបីនេះ គ្របដណ្ដប់លើការគ្រប់គ្រងសព្វគ្រប់បែបយ៉ាងទាំងអស់របស់ព្រះជាម្ចាស់ ហើយកិច្ចការទាំងអស់ គឺសុទ្ធតែជាកិច្ចការរបស់ព្រះវិញ្ញាណតែមួយ។ ចាប់តាំងពីការបង្កើតពិភពលោកនេះមក ព្រះជាម្ចាស់តែងបំពេញកិច្ចការនៃការគ្រប់គ្រងមនុស្សជាតិ។ ទ្រង់គឺជាការចាប់ផ្ដើម និងជាទីបញ្ចប់ ទ្រង់គឺជាព្រះជាម្ចាស់ដំបូងគេ និងចុងក្រោយគេ ហើយទ្រង់គឺជាព្រះជាម្ចាស់មួយអង្គដែលចាប់ផ្ដើមយុគសម័យមួយ និងជាព្រះជាម្ចាស់ដែលនាំយុគសម័យនោះទៅរកទីបញ្ចប់។ ដំណាក់កាលទាំងបីនៃកិច្ចការនេះ ដែលស្ថិតក្នុងយុគសម័យខុសគ្នា និងទីតាំងខុសគ្នា គឺជាកិច្ចការរបស់ព្រះវិញ្ញាណតែមួយ។ អស់អ្នកដែលញែកដំណាក់កាលទាំងបីនេះពីគ្នា នោះឈរទទឹងនឹងព្រះជាម្ចាស់ហើយ។ បច្ចុប្បន្ននេះ វាបញ្ជាក់អ្នកឱ្យយល់ថា គ្រប់កិច្ចការទាំងអស់ គឺចាប់តាំងពីដំណាក់កាលដំបូង រហូតដល់សព្វថ្ងៃនេះ គឺជាកិច្ចការរបស់ព្រះជាម្ចាស់តែមួយព្រះអង្គ ជាកិច្ចការរបស់ព្រះវិញ្ញាណតែមួយ។ គ្មានអ្វីត្រូវឆ្ងល់ចំពោះចំណុចនេះទេ។
(ដកស្រង់ពី «និមិត្តអំពីកិច្ចការរបស់ព្រះជាម្ចាស់ (៣)» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)
៧. កិច្ចការទាំងបីដំណាក់កាលនេះ ត្រូវបានបំពេញដោយព្រះជាម្ចាស់តែមួយព្រះអង្គប៉ុណ្ណោះ។ នេះគឺជានិមិត្តដ៏អស្ចារ្យបំផុតមួយ ហើយនេះក៏ជាមាគ៌ាតែមួយគត់ដើម្បីបានស្គាល់ព្រះជាម្ចាស់ដែរ។ កិច្ចការទាំងបីដំណាក់កាលនេះ គឺមានតែព្រះជាម្ចាស់ផ្ទាល់ព្រះអង្គទេ ទើបអាចសម្រេចបាន ហើយក៏គ្មានមនុស្សណាម្នាក់អាចធ្វើកិច្ចការនេះជំនួសទ្រង់បានដែរ។ នេះមានន័យថា គឺមានតែព្រះជាម្ចាស់ផ្ទាល់ព្រះអង្គទេ ទើបអាចសម្រេចកិច្ចការរបស់ទ្រង់ផ្ទាល់ តាំងពីគ្រាដំបូង រហូតមកទល់សព្វថ្ងៃនេះ។ ទោះបីកិច្ចការទាំងបីដំណាក់កាលនេះ ត្រូវបានបំពេញនៅក្នុងយុគសម័យនិងទីកន្លែងខុសៗគ្នាក៏ដោយ ហើយទោះបីកិច្ចការនីមួយៗខុសគ្នា ក៏កិច្ចការទាំងអស់ត្រូវបានបំពេញដោយព្រះជាម្ចាស់តែមួយព្រះអង្គដែរ។ នៅក្នុងចំណោមនិមិត្តទាំងអស់ គឺនិមិត្តនេះហើយដែលអស្ចារ្យបំផុត ដែលមនុស្សគួរតែដឹង ហើយប្រសិនបើមនុស្សអាចយល់ពីនិមិត្តនេះបានទាំងស្រុង នោះគេនឹងអាចមានសេចក្ដីខ្ជាប់ខ្ជួនមិនខាន។
(ដកស្រង់ពី «ការស្គាល់ដំណាក់កាលទាំងបីនៃកិច្ចការរបស់ព្រះជាម្ចាស់ គឺជាផ្លូវនាំទៅរកការស្គាល់ព្រះជាម្ចាស់» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)
៨. កិច្ចការទាំងបីដំណាក់កាលនេះ ជាចំណុចស្នូលនៃកិច្ចការគ្រប់គ្រងរបស់ព្រះជាម្ចាស់ទាំងមូល ហើយនិស្ស័យនិងលក្ខណៈរបស់ទ្រង់ ក៏ត្រូវបានសម្ដែងចេញនៅក្នុងកិច្ចការទាំងបីដំណាក់កាលនេះដែរ។ មនុស្សដែលមិនដឹងពីកិច្ចការរបស់ព្រះជាម្ចាស់ទាំងបីដំណាក់កាលនេះទេ ពុំអាចដឹងថាព្រះជាម្ចាស់សម្ដែងចេញនិស្ស័យរបស់ទ្រង់ដោយរបៀបណាឡើយ ហើយពួកគេក៏មិនដឹងអំពីព្រះប្រាជ្ញាញាណនៃកិច្ចការរបស់ព្រះជាម្ចាស់ដែរ។ ពួកគេនៅតែមិនដឹងពីវិធីនានាដែលព្រះជាម្ចាស់សង្គ្រោះមនុស្សជាតិដដែល ក៏មិនដឹងពីបំណងព្រះហឫទ័យដែលទ្រង់មានចំពោះមនុស្សជាតិទាំងមូលដែរ។ កិច្ចការទាំងបីដំណាក់កាលនេះ គឺជាការបើកសម្ដែងឱ្យដឹងទាំងស្រុងពីកិច្ចការនៃការសង្គ្រោះមនុស្សជាតិ។ មនុស្សដែលពុំដឹងពីកិច្ចការទាំងបីដំណាក់កាលនេះ នឹងពុំដឹងពីវិធីសាស្រ្ត និងគោលការណ៍នានានៃកិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធឡើយ ហើយអ្នកណាដែលមានះកាន់តាមគោលលទ្ធិដែលនៅសល់ពីដំណាក់កាលនៃកិច្ចការណាមួយ អ្នកនោះគឺជាមនុស្សដែលដាក់កំហិតព្រះជាម្ចាស់ទៅតាមគោលលទ្ធិ ហើយជំនឿរបស់គេលើព្រះជាម្ចាស់ ជាជំនឿស្រពេចស្រពិល និងមិនច្បាស់លាស់។ មនុស្សបែបនេះ នឹងមិនទទួលបានសេចក្ដីសង្គ្រោះរបស់ព្រះជាម្ចាស់ឡើយ។ មានតែកិច្ចការទាំងបីដំណាក់កាលនេះទេ ទើបអាចបើកសម្ដែងពីនិស្ស័យទាំងអស់របស់ព្រះជាម្ចាស់បានទាំងស្រុង និងអាចបើកសម្ដែងពីបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ក្នុងការសង្គ្រោះមនុស្សជាតិទាំងអស់ និងពីដំណើរការទាំងមូលនៃសេចក្ដីសង្គ្រោះមនុស្សជាតិបាន។ នេះជាភ័ស្តុតាងបញ្ជាក់ថា ទ្រង់បានយកឈ្នះសាតាំង និងទទួលបានមនុស្សជាតិ ក៏ជាភ័ស្តុតាងបញ្ជាក់អំពីជ័យជម្នះរបស់ព្រះជាម្ចាស់ និងជាការបើកសម្ដែងពីនិស្ស័យទាំងអស់របស់ព្រះជាម្ចាស់ដែរ។ មនុស្សដែលយល់កិច្ចការរបស់ព្រះជាម្ចាស់ត្រឹមមួយដំណាក់កាល ស្គាល់និស្ស័យរបស់ព្រះជាម្ចាស់ត្រឹមតែមួយចំណែកប៉ុណ្ណោះ។ នៅក្នុងសញ្ញាណរបស់មនុស្ស កិច្ចការតែមួយដំណាក់កាលនេះ ងាយនឹងក្លាយទៅជាគោលលទ្ធិណាស់ ហើយមនុស្សក៏ងាយនឹងបង្កើតជាក្បួនច្បាប់ដ៏តឹងរ៉ឹងអំពីព្រះជាម្ចាស់ ព្រមទាំងប្រើនិស្ស័យតែមួយចំណែករបស់ព្រះជាម្ចាស់នេះ ធ្វើជាតំណាងឱ្យនិស្ស័យទាំងអស់របស់ព្រះជាម្ចាស់ផង។ ជាងនេះទៅទៀត ភាគច្រើននៃការស្រមើស្រមៃរបស់មនុស្ស មានលាយឡំនឹងចិត្តគំនិតរបស់គេ មនុស្សបែបនេះ ដាក់កំហិតយ៉ាងតឹងរ៉ឹងចំពោះនិស្ស័យ លក្ខណៈ ព្រះប្រាជ្ញាញាណរបស់ព្រះជាម្ចាស់ និងជាគោលការណ៍នៃកិច្ចការរបស់ព្រះជាម្ចាស់នៅក្នុងព្រំដែនដែលបានកំណត់ ដោយជឿថា ប្រសិនបើព្រះជាម្ចាស់ធ្លាប់មានលក្ខណៈបែបនេះម្ដងហើយ នោះទ្រង់នឹងនៅតែមានលក្ខណៈបែបនេះទៀតគ្រប់ពេលវេលា ហើយមិនប្រែប្រួលឡើយ។ មានតែមនុស្សដែលស្គាល់ និងឱ្យតម្លៃកិច្ចការទាំងបីដំណាក់កាលនេះទេ ទើបអាចស្គាល់ព្រះជាម្ចាស់ពេញលេញនិងច្បាស់លាស់បាន។ យ៉ាងហោចណាស់ ពួកគេនឹងមិនកំណត់និយមន័យព្រះជាម្ចាស់ ថាជាព្រះនៃសាសន៍អ៊ីស្រាអែល ឬសាសន៍យូដាដែរ ហើយនឹងមិនចាត់ទុកទ្រង់ ជាព្រះដែលត្រូវគេឆ្កាងដើម្បីមនុស្សជារៀងរហូតដែរ។ ប្រសិនបើបុគ្គលម្នាក់គ្រាន់តែស្គាល់ព្រះជាម្ចាស់តាមរយៈកិច្ចការក្នុងដំណាក់កាលណាមួយ នោះចំណេះដឹងរបស់គេ គឺតិចតួចណាស់ ហើយប្រៀបមិនស្មើនឹងទឹកមួយដំណក់ដែលស្រក់ក្នុងមហាសមុទ្រផង។ បើមិនដូច្នោះទេ ហេតុអ្វីក៏អ្នកកាន់សាសនាចាស់ៗទាំងអស់នោះ ឆ្កាងព្រះជាម្ចាស់ទាំងរស់បែបនេះ? តើនេះមិនមែនដោយសារមនុស្សដាក់កំហិតព្រះជាម្ចាស់ ឱ្យនៅក្នុងព្រះដែនជាក់លាក់ទេឬអី?
(ដកស្រង់ពី «ការស្គាល់ដំណាក់កាលទាំងបីនៃកិច្ចការរបស់ព្រះជាម្ចាស់ គឺជាផ្លូវនាំទៅរកការស្គាល់ព្រះជាម្ចាស់» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)
៩. កិច្ចការទាំងបីដំណាក់កាលនេះ គឺជាកំណត់ត្រានៃកិច្ចការទាំងអស់របស់ព្រះជាម្ចាស់ គឺជាកំណត់ត្រាអំពីសេចក្ដីង្គ្រោះរបស់ព្រះជាម្ចាស់សម្រាប់មនុស្សជាតិ ហើយក៏មិនមែនជារឿងស្រមើស្រមៃដែរ។ ប្រសិនបើអ្នករាល់គ្នាពិតជាចង់ស្វែងរកការយល់ដឹងអំពីនិស្ស័យទាំងអស់របស់ព្រះជាម្ចាស់មែន នោះអ្នកត្រូវតែដឹងអំពីកិច្ចការទាំងបីដំណាក់កាលដែលព្រះជាម្ចាស់ត្រូវបំពេញសិន ហើយជាងនេះទៀត អ្នកមិនត្រូវរំលងដំណាក់កាលណាមួយឡើយ។ អ្នកណាដែលស្វែងរកចង់ស្គាល់ព្រះជាម្ចាស់ ត្រូវតែសម្រេចឱ្យបាននូវលក្ខខណ្ឌដ៏តិចតួចនេះ។ មនុស្សខ្លួនឯងពុំអាចបង្កើតចំណេះដឹងពិតប្រាកដអំពីព្រះជាម្ចាស់បានឡើយ។ មនុស្សខ្លួនឯងពុំអាចនឹកស្រមៃពីរឿងនេះបានទេ ហើយរឿងនេះក៏មិនមែនជាលទ្ធផលដែលកើតចេញពីព្រះហឫទ័យអនុគ្រោះពិសេសរបស់ព្រះវិញ្ញាណបរិសុទ្ធចំពោះមនុស្សណាម្នាក់ដែរ។ ផ្ទុយទៅវិញ នេះគឺជាចំណេះដឹងដែលទទួលបានបន្ទាប់ពីមនុស្សបានដកពិសោធន៍ក្នុងកិច្ចការរបស់ព្រះជាម្ចាស់ និងជាចំណេះដឹងអំពីព្រះជាម្ចាស់ដែលបានមកបន្ទាប់ពីបានឆ្លងកាត់ការពិតនានានៅក្នុងកិច្ចការរបស់ព្រះជាម្ចាស់តែប៉ុណ្ណោះ។ ចំណេះដឹងបែបនេះ មិនអាចទទួលបានមកជាស្រេចនោះទេ ហើយក៏មិនអាចបង្រៀនបានដែរ។ ចំណេះដឹងនេះ ពាក់ព័ន្ធទៅនឹងបទពិសោធផ្ទាល់ខ្លួនទាំងស្រុង។ សេចក្ដីសង្គ្រោះរបស់ព្រះជាម្ចាស់ម្រាប់មនុស្សជាតិ គឺជាចំណុចស្នូលនៃកិច្ចការទាំងបីដំណាក់កាលនេះ ប៉ុន្តែនៅក្នុងកិច្ចការនៃការសង្គ្រោះនេះ មានវិធីសាស្រ្តបំពេញកិច្ចការ និងមានមធ្យោបាយជាច្រើន ដែលបើកសម្ដែងពីនិស្ស័យរបស់ព្រះជាម្ចាស់។ ចំណុចនេះហើយដែលមនុស្សពិបាកនឹងកំណត់បាន ហើយចំណុចនេះហើយដែលមនុស្សពិបាកនឹងយល់បាននោះ។ ការបែងចែកយុគសម័យ ការផ្លាស់ប្ដូរកិច្ចការរបស់ព្រះជាម្ចាស់ ការផ្លាស់ប្ដូរទីតាំងនៃការបំពេញកិច្ចការ ការផ្លាស់ប្ដូរអ្នកទទួលយកកិច្ចការនេះ ។ល។ និង ។ល។ ទាំងអស់នេះសុទ្ធតែមាននៅក្នុងកិច្ចការទាំងបីដំណាក់កាលនេះ។ ជាពិសេស ភាពខុសគ្នានៅក្នុងវិធីបំពេញកិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធ និងការផ្លាស់ប្ដូរនិស្ស័យ រូបអង្គ ព្រះនាម អត្តសញ្ញាណរបស់ព្រះជាម្ចាស់ និងការផ្លាស់ប្ដូរផ្សេងៗទៀត គឺសុទ្ធតែជាចំណែកនៃកិច្ចការទាំងបីដំណាក់កាលនេះទាំងអស់។ កិច្ចការមួយដំណាក់កាល អាចតំណាងបានត្រឹមតែមួយចំណែកប៉ុណ្ណោះ ហើយត្រូវកំណត់នៅក្នុងវិសាលភាពមួយជាក់លាក់។ កិច្ចការនេះពុំមានពាក់ព័ន្ធនឹងការបែងចែកយុគសម័យ ឬការផ្លាស់ប្ដូរកិច្ចការរបស់ព្រះជាម្ចាស់ទេ រឹតតែមិនពាក់ព័ន្ធនឹងចំណុចដទៃទៀតដែរ។ នេះជាការពិតជាក់ស្តែងណាស់។ កិច្ចការទាំងបីដំណាក់កាលនេះ ជាកិច្ចការទាំងអស់របស់ព្រះជាម្ចាស់ ក្នុងការសង្គ្រោះមនុស្សជាតិ។ មនុស្សត្រូវស្គាល់ពីកិច្ចការរបស់ព្រះជាម្ចាស់ និងស្គាល់ពីនិស្ស័យរបស់ទ្រង់នៅក្នុងកិច្ចការនៃការសង្គ្រោះនេះ។ ប្រសិនបើគ្មានការពិតនេះទេ ចំណេះដឹងដែលអ្នកមានអំពីព្រះជាម្ចាស់ គ្មានអ្វីក្រៅតែពីពាក្យពេចន៍អត់ប្រយោជន៍ គ្មានអ្វីក្រៅតែពីការនិយាយអួតពីខ្លួនឯងឡើយ។
(ដកស្រង់ពី «ការស្គាល់ដំណាក់កាលទាំងបីនៃកិច្ចការរបស់ព្រះជាម្ចាស់ គឺជាផ្លូវនាំទៅរកការស្គាល់ព្រះជាម្ចាស់» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)
១០. និស្ស័យទាំងអស់របស់ព្រះជាម្ចាស់ត្រូវបានបើកសម្ដែងនៅក្នុងដំណើរផ្លូវនៃផែនការគ្រប់គ្រងរយៈពេលប្រាំមួយពាន់ឆ្នាំ។ និស្ស័យទាំងនេះមិនត្រូវបានបើកសម្ដែងតែនៅក្នុងយុគសម័យនៃព្រះគុណ យុគសម័យនៃក្រឹត្យវិន័យ ឬតែក្នុងអំឡុងពេលនៃគ្រាចុងក្រោយប៉ុណ្ណោះនោះឡើយ។ កិច្ចការដែលត្រូវអនុវត្តនៅគ្រាចុងក្រោយតំណាងដោយការជំនុំជម្រះ សេចក្ដីក្រោធ និងការវាយផ្ចាល។ កិច្ចការដែលត្រូវអនុវត្តនៅគ្រាចុងក្រោយ មិនអាចជំនួសឱ្យកិច្ចការនៅយុគសម័យនៃក្រឹត្យវិន័យ ឬយុគសម័យនៃព្រះគុណឡើយ។ យ៉ាងណាមិញ ដំណាក់កាលទាំងបីដែលមានភាពជាប់ទាក់ទងគ្នានេះ បង្កើតបានជាស្ថាប័នមួយ ហើយដំណាក់កាលទាំងបីនេះសុទ្ធតែជាកិច្ចការរបស់ព្រះជាម្ចាស់តែមួយ។ តាមធម្មតា ការអនុវត្តនៃកិច្ចការនេះ ត្រូវបានបែងចែកជាយុគសម័យខុសៗគ្នា។ កិច្ចការដែលត្រូវបានធ្វើនៅគ្រាចុងក្រោយនាំមកនូវការបិទបញ្ចប់ចំពោះអ្វីៗគ្រប់យ៉ាង ហើយការដែលត្រូវបានធ្វើនៅក្នុងយុគសម័យនៃក្រឹត្យវិន័យ គឺជាកិច្ចការនៃការចាប់ផ្ដើម ឯកិច្ចការដែលត្រូវបានធ្វើនៅក្នុងយុគសម័យនៃព្រះគុណ គឺជាកិច្ចការនៃការប្រោសលោះ។ ចំពោះនិមិត្តអំពីកិច្ចការនៅក្នុងផែនការគ្រប់គ្រងរយៈពេលប្រាំមួយពាន់ឆ្នាំនេះ គ្មាននរណាម្នាក់អាចទទួលបានគតិជ្រៅជ្រះ ឬការយល់ដឹងឡើយ ហើយនិមិត្តទាំងនេះនៅបន្តជាពាក្យប្រដៅដដែល។ នៅគ្រាចុងក្រោយ មានតែកិច្ចការនៃព្រះបន្ទូលប៉ុណ្ណោះដែលត្រូវបានអនុវត្ត ដើម្បីនាំចូលទៅក្នុងយុគសម័យនៃនគរព្រះ ប៉ុន្តែវាមិនតំណាងឱ្យយុគសម័យទាំងអស់ឡើយ។ គ្រាចុងក្រោយគ្មានអ្វីលើសពីគ្រាចុងក្រោយទេ ហើយហើយមិនលើសពីយុគសម័យនៃនគរព្រះឡើយ ហើយវាមិនតំណាងឱ្យយុគសម័យនៃព្រះគុណ ឬយុគសម័យនៃក្រឹត្យវិន័យឡើយ។ ក្នុងអំឡុងនៃគ្រាចុងក្រោយ វាគ្រាន់តែគ្រប់កិច្ចការទាំងអស់នៅក្នុងផែនការរយៈពេលប្រាំមួយពាន់ឆ្នាំ ត្រូវបានបើកសម្ដែងឱ្យអ្នករាល់គ្នាបានឃើញប៉ុណ្ណោះ។ នេះគឺជាការបើកសម្ដែងនូវសេចក្តីអាថ៌កំបាំង។
(ដកស្រង់ពី «អាថ៌កំបាំងនៃការយកកំណើតជាមនុស្ស (៤)» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)
១១. ផែនការគ្រប់គ្រងរយៈពេលប្រាំមួយពាន់ឆ្នាំ ត្រូវបានបែងចែកជាបីដំណាក់កាលនៃកិច្ចការ។ គ្មានដំណាក់កាលណាមួយអាចតំណាងឱ្យកិច្ចការនៃយុគសម័យទាំងបីនោះឡើយ ប៉ុន្តែតំណាងតែផ្នែកមួយនៃដំណាក់កាលទាំងមូលប៉ុណ្ណោះ។ ព្រះនាមព្រះយេហូវ៉ា មិនអាចតំណាងឱ្យនិស្ស័យទាំងស្រុងរបស់ព្រះជាម្ចាស់ឡើយ។ ការដែលទ្រង់បានអនុវត្តកិច្ចការរបស់ទ្រង់នៅក្នុងយុគសម័យនៃក្រឹត្យវិន័យ មិនបញ្ជាក់ថា ព្រះជាម្ចាស់អាចក្លាយជាព្រះនៅក្រោមក្រឹត្យវិន័យតែប៉ុណ្ណោះឡើយ។ ព្រះយេហូវ៉ាបានបង្កើតក្រឹត្យវិន័យសម្រាប់មនុស្ស ហើយបានប្រទានបទបញ្ញត្តិដល់ពួកគេ ដោយសុំឱ្យមនុស្សកសាងព្រះវិហារ និងអាសនា ដូច្នេះ កិច្ចការដែលទ្រង់បានធ្វើ តំណាងឱ្យយុគសម័យនៃក្រឹត្យវិន័យតែប៉ុណ្ណោះ។ កិច្ចការដែលទ្រង់បានធ្វើនេះ មិនបញ្ជាក់ថា ព្រះជាម្ចាស់ជាព្រះមួយអង្គដែលសុំឱ្យមនុស្សកាន់តាមក្រឹត្យវិន័យ ឬទ្រង់ជាព្រះជាម្ចាស់នៅក្នុងព្រះវិហារ ឬទ្រង់ជាព្រះជាម្ចាស់នៅមុខអាសនាប៉ុណ្ណោះឡើយ។ ការនិយាយបែបនេះមិនមែនជាការពិតឡើយ។ កិច្ចការដែលត្រូវបានធ្វើនៅក្រោមក្រឹត្យវិន័យ អាចតំណាងឱ្យយុគសម័យមួយតែប៉ុណ្ណោះ។ ដូច្នេះ ប្រសិនបើព្រះជាម្ចាស់បានធ្វើកិច្ចការតែនៅក្នុងយុគសម័យនៃក្រឹត្យវិន័យ នោះមនុស្សនឹងកំណត់អត្ថន័យព្រះជាម្ចាស់ទៅតាមនិយមន័យខាងក្រោមថា «ព្រះជាម្ចាស់ជាព្រះដែលគង់នៅក្នុងព្រះវិហារ ហើយដើម្បីបម្រើព្រះជាម្ចាស់ យើងត្រូវតែស្លៀកពាក់ជាសង្ឃ ហើយចូលទៅក្នុងព្រះវិហារ»។ ប្រសិនបើកិច្ចការនៅក្នុងយុគសម័យនៃព្រះគុណមិនត្រូវបានអនុវត្ត ហើយយុគសម័យនៃក្រឹត្យវិន័យបានបន្ត រហូតមកដល់ពេលបច្ចុប្បន្ន នោះមនុស្សនឹងមិនដឹងថា ព្រះជាម្ចាស់ជាព្រះ ដែលពេញដោយសេចក្តីមេត្តាករុណា និងសេចក្តីស្រឡាញ់ដែរនោះឡើយ។ ប្រសិនបើកិច្ចការនៅក្នុងយុគសម័យនៃក្រឹត្យវិន័យមិនត្រូវបានធ្វើ ហើយមានតែកិច្ចការនៅក្នុងយុគសម័យនៃព្រះគុណ នោះអ្វីៗគ្រប់យ៉ាងដែលមនុស្សនឹងដឹងគឺថា ព្រះជាម្ចាស់អាចប្រោសលោះមនុស្ស និងអត់ទោសដល់បាបរបស់មនុស្សតែប៉ុណ្ណោះ។ អ្វីដែលមនុស្សដឹងគឺ ទ្រង់បរិសុទ្ធ និងស្លូតត្រង់ និងដឹងទៀតថា ទ្រង់អាចលះបង់អង្គទ្រង់ដោយការជាប់ឆ្កាង ដើម្បីជាប្រយោជន៍ដល់មនុស្ស។ មនុស្សនឹងដឹងតែរឿងទាំងនេះប៉ុណ្ណោះ ប៉ុន្តែគេគ្មានការយល់ដឹងអំពីរឿងផ្សេងឡើយ។ ដូច្នេះ យុគសម័យនីមួយៗតំណាងឱ្យផ្នែកមួយនៃនិស្ស័យរបស់ព្រះជាម្ចាស់។ ចំពោះផ្នែកណានៃនិស្ស័យរបស់ព្រះជាម្ចាស់ដែលត្រូវបានតំណាងនៅក្នុងយុគសម័យនៃក្រឹត្យវិន័យ ផ្នែកណានៅក្នុងយុគសម័យនៃព្រះគុណ និងផ្នែកណានៅក្នុងដំណាក់កាលនាពេលបច្ចុប្បន្ននេះ គឺមានតែនៅពេលដែលដំណាក់កាលទាំងបីត្រូវបានដាក់បញ្ចូលគ្នាប៉ុណ្ណោះ ទើបវាអាចបើកសម្ដែងអំពីនិស្ស័យទាំងអស់របស់ព្រះជាម្ចាស់។ មានតែនៅពេលដែលមនុស្សចាប់ផ្ដើមដឹងអំពីដំណាក់កាលទាំងបីប៉ុណ្ណោះ ទើបគេអាចយល់អំពីវាបានទាំងស្រុង។ គ្មានដំណាក់កាលណាមួយក្នុងដំណាក់កាលទាំងបីអាចត្រូវបានលុបចោលនោះឡើយ។ អ្នករាល់គ្នានឹងមើលឃើញពីនិស្ស័យរបស់ព្រះជាម្ចាស់យ៉ាងពេញលេញបាន គឺក្រោយពេលដែលអ្នកដឹងអំពីដំណាក់កាលទាំងបីនៃកិច្ចការទាំងនេះតែប៉ុណ្ណោះ។ ការដែលព្រះជាម្ចាស់សម្រេចកិច្ចការរបស់ទ្រង់នៅក្នុងយុគសម័យនៃក្រឹត្យវិន័យ មិនបញ្ជាក់ថា ទ្រង់ជាព្រះជាម្ចាស់នៅក្រោមក្រឹត្យវិន័យតែមួយឡើយ ហើយការដែលទ្រង់បានបញ្ចប់កិច្ចការប្រោសលោះរបស់ទ្រង់ ក៏មិនមែនមានន័យថា ព្រះជាម្ចាស់នឹងប្រោសលោះមនុស្សជាតិជារៀងរហូតនោះដែរ។ ទាំងនេះគឺជាការធ្វើសេចក្តីសន្និដ្ឋានរបស់មនុស្សតែប៉ុណ្ណោះ។ យុគសម័យនៃព្រះគុណបានមកដល់ទីបញ្ចប់ហើយ ដូច្នេះ អ្នកមិនអាចនិយាយថា ព្រះជាម្ចាស់ជាកម្មសិទ្ធិចំពោះឈើឆ្កាងតែមួយគត់ ហើយនិយាយទៀតថា ឈើឆ្កាងតំណាងឱ្យសេចក្តីសង្រ្គោះរបស់ព្រះជាម្ចាស់តែមួយនោះឡើយ ព្រោះការនិយាយបែបនេះ នឹងដាក់ព្រំដែនកំណត់ព្រះជាម្ចាស់មិនខាន។ នៅក្នុងដំណាក់កាលបច្ចុប្បន្ន ព្រះជាម្ចាស់កំពុងតែផ្ដោតធ្វើកិច្ចការនៃព្រះបន្ទូល ប៉ុន្តែអ្នកមិនអាចនិយាយថា ព្រះជាម្ចាស់មិនដែលមានសេចក្តីមេត្តាករុណាចំពោះមនុស្ស ហើយនិយាយទៀតថា អ្វីគ្រប់យ៉ាងដែលទ្រង់បាននាំមក គឺជាការវាយផ្ចាល និងការជំនុំជម្រះនោះឡើយ។ កិច្ចការនៅគ្រាចុងក្រោយលាតត្រដាងពីកិច្ចការរបស់ព្រះយេហូវ៉ា និងព្រះយេស៊ូវ ព្រមទាំងគ្រប់ទាំងសេចក្តីអាថ៌កំបាំងដែលមនុស្សមិនបានយល់ ហើយក៏បើកសម្ដែងពីទិសដៅ និងទីចុងបញ្ចប់នៃមនុស្សជាតិ និងបិទបញ្ចប់គ្រប់ទាំងកិច្ចការនៃសេចក្តីសង្រ្គោះនៅក្នុងចំណោមមនុស្សជាតិដែរ។ ដំណាក់កាលនៃកិច្ចការនៅគ្រាចុងក្រោយនេះ នាំមកនូវការបិទបញ្ចប់ដល់អ្វីៗទាំងអស់។ គ្រប់សេចក្តីអាថ៌កំបាំងដែលមនុស្សមិនយល់ ត្រូវបានលាតត្រដាង ដើម្បីជួយឱ្យមនុស្សយល់ដល់ជម្រៅចិត្តរបស់គេ និងមានការយល់ដឹងច្បាស់លាស់ទាំងស្រុងនៅក្នុងដួងចិត្តរបស់គេ។ មានតែបែបនេះទេ ទើបពូជសាសន៍មនុស្សអាចត្រូវបានចាត់ថ្នាក់ទៅតាមប្រភេទរបស់គេ។ មានតែក្រោយពេលដែលផែនការគ្រប់គ្រងរយៈពេលប្រាំមួយពាន់ឆ្នាំត្រូវបានបញ្ចប់ប៉ុណ្ណោះ ទើបមនុស្សនឹងចាប់ផ្ដើមយល់អំពីនិស្ស័យទាំងស្រុងរបស់ព្រះជាម្ចាស់ ដ្បិតពេលនោះ ផែនការរបស់ទ្រង់នឹងបានមកដល់ទីបញ្ចប់។
(ដកស្រង់ពី «អាថ៌កំបាំងនៃការយកកំណើតជាមនុស្ស (៤)» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)
១២. កិច្ចការសព្វថ្ងៃបានរុញច្រានកិច្ចការនាយុគសម័យនៃព្រះគុណឱ្យឆ្ពោះទៅមុខ មានន័យថា កិច្ចការដែលស្ថិតនៅក្រោមផែនការគ្រប់គ្រងរយៈពេលប្រាំមួយពាន់ឆ្នាំទាំងមូល ក៏បានបន្តទៅមុខទៀតហើយ។ ទោះបីជាយុគសម័យនៃព្រះគុណបានបញ្ចប់ក៏ដោយ ប៉ុន្តែវឌ្ឍនភាពនៅក្នុងកិច្ចការរបស់ព្រះជាម្ចាស់ ក៏នៅតែមានដែរ។ ហេតុអ្វីបានជាខ្ញុំនិយាយម្ដងទៀតថា ដំណាក់កាលនៃកិច្ចការនេះសង់ឡើងនៅលើយុគសម័យនៃព្រះគុណ និងយុគសម័យនៃក្រឹត្យវិន័យ? នោះគឺដោយសារតែកិច្ចការនាពេលសព្វថ្ងៃ គឺជាការបន្តនូវកិច្ចការដែលបានធ្វើរួចហើយ នៅក្នុងយុគសម័យនៃព្រះគុណ និងជាវឌ្ឍនភាពលើកិច្ចការដែលបានធ្វើរួច នៅក្នុងយុគសម័យនៃក្រឹត្យវិន័យ។ ដំណាក់កាលទាំងបីនេះមានទំនាក់ទំនងជាមួយគ្នាទៅវិញទៅមកយ៉ាងស្អិតរមួត គឺដូចជាតំណមួយៗនៅក្នុងច្រវាក់ដែលប្រទាក់គ្នាយ៉ាងណែនដូច្នោះដែរ។ ហេតុអ្វីបានជាខ្ញុំនិយាយថា ដំណាក់កាលនៃកិច្ចការនេះសង់ឡើងនៅលើកិច្ចការដែលព្រះយេស៊ូវបានធ្វើដែរ? ឧបមាថា ដំណាក់កាលនេះមិនត្រូវបានសាងលើកិច្ចការដែលព្រះយេស៊ូវបានធ្វើ នោះការជាប់ឆ្កាងមួយទៀតនឹងត្រូវកើតឡើងនៅក្នុងដំណាក់កាលនេះ ហើយកិច្ចការប្រោសលោះនៃដំណាក់កាលមុននឹងត្រូវធ្វើឡើងម្ដងទៀតមិនខាន។ ការនេះនឹងទៅជាគ្មានន័យ។ ដូច្នេះ មិនមែនថា កិច្ចការនោះត្រូវបានបញ្ចប់ទាំងស្រុងឡើយ ប៉ុន្តែយុគសម័យនោះបានបន្តទៅមុខ ហើយកម្រិតនៃកិច្ចការនោះ ក៏ត្រូវលើកឡើងកាន់តែខ្ពស់ ជាងពេលមុនទៅទៀត។ អាចនិយាយបានថា ដំណាក់កាលនៃកិច្ចការនេះ ត្រូវបានសង់ឡើងនៅលើគ្រឹះមូលដ្ឋាននាយុគសម័យនៃក្រឹត្យវិន័យ និងលើថ្មដានៃកិច្ចការរបស់ព្រះយេស៊ូវ។ កិច្ចការរបស់ព្រះជាម្ចាស់ ត្រូវបានសាងឡើង ពីមួយដំណាក់កាលទៅមួយដំណាក់កាល ហើយដំណាក់កាលនេះមិនមែនជាការចាប់ផ្ដើមថ្មីនោះឡើយ។ មានតែបន្សំគ្នានៃដំណាក់កាលនៃកិច្ចការទាំងបីប៉ុណ្ណោះ ទើបអាចត្រូវបានចាត់ទុកជាផែនការគ្រប់គ្រងរយៈពេលប្រាំមួយពាន់ឆ្នាំបាន។
(ដកស្រង់ពី «ការយកកំណើតជាមនុស្សទាំងពីរលើក បំពេញនូវសារៈសំខាន់នៃការយកកំណើតជាមនុស្ស» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)
១៣. ក្នុងដំណាក់កាលទាំងបីនេះ គ្មានដំណាក់កាលមួយណា ត្រូវបានរាប់ជានិមិត្តតែមួយគត់ដែលមនុស្សជាតិទាំងអស់ត្រូវដឹងនោះទេ ដ្បិតកិច្ចការនៃការសង្គ្រោះទាំងមូល គឺជាកិច្ចការទាំងបីដំណាក់កាលនេះ មិនមែនជាកិច្ចការតែមួយក្នុងចំណោមកិច្ចការទាំងបីដំណាក់កាលនេះឡើយ។ ដរាបណាកិច្ចការនៃការសង្គ្រោះមិនទាន់បានបញ្ចប់ទេ ការគ្រប់គ្រងរបស់ព្រះជាម្ចាស់នឹងមិនអាចឈានមកដល់ទីបញ្ចប់ទាំងស្រុងបានឡើយ។ លក្ខណៈរបស់ព្រះជាម្ចាស់ និស្ស័យរបស់ទ្រង់ និងព្រះប្រាជ្ញាញាណរបស់ទ្រង់ សុទ្ធតែត្រូវបើកសម្ដែងនៅក្នុងកិច្ចការនៃការសង្គ្រោះទាំងមូល។ អ្វីទាំងអស់នេះមិនមែនបើកសម្ដែងឱ្យមនុស្សបានឃើញនៅគ្រាដំបូងឡើយ តែត្រូវបានបើកសម្ដែងបន្តិចម្ដងតាមរយៈកិច្ចការនៃការសង្គ្រោះនេះ។ ដំណាក់កាលនីមួយៗនៅក្នុងកិច្ចការនៃការសង្គ្រោះ បើកសម្ដែងពីចំណែកនៃនិស្ស័យរបស់ព្រះជាម្ចាស់ និងចំណែកនៃលក្ខណៈរបស់ព្រះអង្គ។ គ្មានដំណាក់កាលណាមួយនៃកិច្ចការនេះ អាចបើកសម្ដែងពីលក្ខណៈរបស់ព្រះជាម្ចាស់ផ្ទាល់ និងពេញលេញបានទាំងស្រុងឡើយ។ ដូច្នេះ កិច្ចការនៃការសង្គ្រោះ អាចបញ្ចប់ទៅទាំងស្រុងបាន លុះត្រាតែកិច្ចការទាំងបីដំណាក់កាលនេះត្រូវបានបញ្ចប់ដែរ។ ដូច្នេះហើយ ចំណេះដឹងរបស់មនុស្សទាក់ទងនឹងភាពពេញលេញរបស់ព្រះជាម្ចាស់ មិនអាចកាត់ផ្ដាច់ចេញពីដំណាក់កាលទាំងបីនៃកិច្ចការរបស់ព្រះជាម្ចាស់បានឡើយ។ អ្វីដែលមនុស្សទទួលបានពីកិច្ចការក្នុងដំណាក់កាលណាមួយ គឺគ្រាន់តែជានិស្ស័យរបស់ព្រះជាម្ចាស់ ដែលបានបើកសម្ដែងនៅក្នុងដំណាក់កាលមួយនៃកិច្ចការរបស់ទ្រង់ប៉ុណ្ណោះ មិនអាចតំណាងឱ្យនិស្ស័យ និងលក្ខណៈដែលបានបើកសម្ដែងនៅក្នុងដំណាក់កាលមុន ឬដំណាក់កាលក្រោយបានឡើយ។ នោះគឺមកពីកិច្ចការនៃការសង្គ្រោះមនុស្សជាតិ មិនអាចបញ្ចប់ទៅបានភ្លាមៗក្នុងពេលមួយគ្រា ឬក្នុងទីតាំងតែមួយកន្លែងនោះទេ ប៉ុន្តែកិច្ចការនេះកាន់តែជ្រាលជ្រៅបន្តិចម្ដងៗ ទៅតាមកម្រិតនៃការវិវដ្ដរបស់មនុស្សនៅក្នុងពេលវេលានិងទីកន្លែងខុសៗគ្នា។ កិច្ចការនេះ ត្រូវបំពេញជាដំណាក់កាលៗ ហើយមិនអាចបញ្ចប់ត្រឹមមួយដំណាក់កាលបានឡើយ។ ដូច្នេះ ព្រះប្រាជ្ញាញាណរបស់ព្រះជាម្ចាស់ទាំងមូល ត្រូវបង្ហាញចេញឱ្យឃើញច្បាស់នៅក្នុងដំណាក់កាលទាំងបីនេះ មិនមែនតែនៅក្នុងដំណាក់កាលមួយទេ។ លក្ខណៈនិងព្រះប្រាជ្ញាញាណរបស់ព្រះអង្គទាំងមូល មាននៅក្នុងដំណាក់កាលទាំងបីនេះ។ ដំណាក់កាលនីមួយៗសុទ្ធតែមានលក្ខណៈរបស់ទ្រង់ ហើយដំណាក់កាលនីមួយៗ គឺជាកំណត់ត្រាអំពីព្រះប្រាជ្ញាញាណនៃកិច្ចការរបស់ទ្រង់។ មនុស្សគប្បីស្គាល់ពីនិស្ស័យទាំងអស់ ដែលព្រះជាម្ចាស់បានបើកសម្ដែងនៅក្នុងដំណាក់កាលទាំងបីនេះ។ លក្ខណៈទាំងអស់របស់ទ្រង់ គឺមានសារៈសំខាន់ខ្លាំងណាស់ចំពោះមនុស្សជាតិគ្រប់ៗគ្នា ហើយនៅពេលថ្វាយបង្គំព្រះជាម្ចាស់ ប្រសិនបើមនុស្សគ្មានចំណេះដឹងនេះទេ នោះពួកគេក៏គ្មានអ្វីខុសពីមនុស្សដែលថ្វាយបង្គំព្រះពុទ្ធដែរ។ កិច្ចការរបស់ព្រះជាម្ចាស់ក្នុងចំណោមមនុស្សជាតិ មិនបានលាក់បាំងពីមនុស្សជាតិឡើយ ហើយអ្នកទាំងឡាយណាដែលថ្វាយបង្គំព្រះជាម្ចាស់ គួរដឹងពីកិច្ចការនេះ។ ដោយសារព្រះជាម្ចាស់បានបំពេញកិច្ចការនៃការសង្គ្រោះទាំងបីដំណាក់កាលនេះក្នុងចំណោមមនុស្សជាតិ ដូច្នេះ មនុស្សក៏គួរតែដឹងពីការបង្ហាញពីកម្មសិទ្ធិនិងលក្ខណៈរបស់ទ្រង់នៅក្នុងកិច្ចការទាំងបីដំណាក់កាលនេះដែរ។ មនុស្សត្រូវតែធ្វើកិច្ចការនេះ។ អ្វីដែលព្រះជាម្ចាស់លាក់បាំងមិនឱ្យមនុស្សដឹង មនុស្សពុំអាចដឹងបានឡើយ ហើយមនុស្សក៏មិនគួរដឹងដែរ ចំណែកអ្វីដែលទ្រង់បង្ហាញឱ្យមនុស្សឃើញ មនុស្សគួរតែដឹង ហើយមនុស្សគួរមាននៅក្នុងខ្លួន។ ដំណាក់កាលនីមួយៗនៅក្នុងកិច្ចការទាំងបីដំណាក់កាលនេះ ត្រូវធ្វើឡើងនៅលើមូលដ្ឋានគ្រឹះនៃដំណាក់កាលពីមុន។ កិច្ចការនោះមិនត្រូវធ្វើឡើងដាច់ដោយឡែកពីកិច្ចការនៃការសង្គ្រោះឡើយ។ បើទោះបីជាក្នុងយុគសម័យនោះ និងក្នុងកិច្ចការដែលត្រូវបំពេញនោះ មានភាពខុសគ្នាខ្លាំងក្ដី ក៏ចំណុចស្នូលនៃកិច្ចការនេះ នៅតែជាសេចក្ដីសង្គ្រោះដល់មនុស្សជាតិដដែល ហើយដំណាក់កាលនីមួយៗក្នុងកិច្ចការនៃការសង្គ្រោះនេះ ក៏កាន់តែស៊ីជម្រៅជាងមុនដែរ។
(ដកស្រង់ពី «ការស្គាល់ដំណាក់កាលទាំងបីនៃកិច្ចការរបស់ព្រះជាម្ចាស់ គឺជាផ្លូវនាំទៅរកការស្គាល់ព្រះជាម្ចាស់» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)
១៤. ការគ្រប់គ្រងទាំងមូលរបស់ព្រះជាម្ចាស់ត្រូវបានបែងចែកជាបីដំណាក់កាល ហើយនៅក្នុងដំណាក់កាលនីមួយៗ វាមានសេចក្ដីតម្រូវដែលតម្រូវឱ្យមនុស្សធ្វើ។ លើសពីនេះទៅទៀត នៅពេលដែលយុគសម័យកន្លងផុត ហើយវិវឌ្ឍទៅមុខ នោះសេចក្ដីតម្រូវរបស់ព្រះជាម្ចាស់សម្រាប់មនុស្សជាតិទាំងអស់ ក៏កាន់តែខ្ពស់ជាងមុនដែរ។ ដូច្នេះ កិច្ចការនៃការគ្រប់គ្រងរបស់ព្រះជាម្ចាស់នេះ ឡើងដល់កម្រិតកំពូលរបស់វាមួយជំហានម្ដងៗ រហូតដល់មនុស្សមើលឃើញតថភាពពិតអំពី «ការលេចមកនៃព្រះបន្ទូលនៅក្នុងសាច់ឈាម» ហើយតាមរបៀបនេះ សេចក្ដីតម្រូវរបស់មនុស្សក៏កាន់តែខ្ពស់ ឯសេចក្ដីតម្រូវដែលឱ្យមនុស្សធ្វើទីបន្ទាល់ក៏ខ្ពស់ដូចគ្នាដែរ។ ប្រសិនបើមនុស្សមានសមត្ថភាពកាន់តែច្រើនក្នុងការសហការជាមួយព្រះជាម្ចាស់យ៉ាងពិតប្រាកដ នោះព្រះជាម្ចាស់នឹងទទួលបានសិរីល្អកាន់តែច្រើនដែរ។ កិច្ចសហប្រតិបត្តិការរបស់មនុស្ស គឺជាការធ្វើទីបន្ទាល់ដែលតម្រូវឱ្យគេធ្វើ ហើយទីបន្ទាល់ដែលគេធ្វើ គឺជាការអនុវត្តរបស់មនុស្ស។ ដូច្នេះ កិច្ចការរបស់ព្រះជាម្ចាស់អាចមានការជះឥទ្ធិពលឬគ្មាន ហើយមានទីបន្ទាល់ដ៏ពិតឬក៏អត់ គឺត្រូវបានផ្សារភ្ជាប់យ៉ាងស្អិតរមួតទៅនឹងកិច្ចសហប្រតិបត្តិការ និងទីបន្ទាល់របស់មនុស្សនេះហើយ។ នៅពេលដែលកិច្ចការត្រូវបានបញ្ចប់ គឺអាចនិយាយបានថា នៅពេលដែលការគ្រប់គ្រងទាំងអស់របស់ព្រះជាម្ចាស់បានមកដល់ទីបញ្ចប់ នោះមនុស្សនឹងតម្រូវឱ្យធ្វើទីបន្ទាល់កាន់តែខ្ពស់ ហើយនៅពេលដែលកិច្ចការរបស់ព្រះជាម្ចាស់មកដល់ទីបញ្ចប់ នោះការអនុវត្ត និងច្រកចូលរបស់មនុស្សក៏នឹងឡើងដល់កម្រិតកំពូលរបស់វាដែរ។ កាលពីអតីតកាល មនុស្សតម្រូវឱ្យកាន់តាមក្រឹត្យវិន័យ និងបទបញ្ញត្តិ ហើយគេតម្រូវឱ្យមានចិត្តអត់ធ្មត់ និងការបន្ទាបខ្លួន។ សព្វថ្ងៃនេះ មនុស្សតម្រូវឱ្យស្ដាប់បង្គាប់តាមគ្រប់ការរៀបចំរបស់ព្រះជាម្ចាស់ និងមានសេចក្តីស្រឡាញ់សម្រាប់ព្រះជាម្ចាស់ឱ្យបានខ្ពស់បំផុត ហើយចុងបញ្ចប់ គេតម្រូវឱ្យនៅតែស្រឡាញ់ព្រះជាម្ចាស់ដដែល ទោះបីជាស្ថិតនៅក្នុងទុក្ខវេទនាក៏ដោយ។ ដំណាក់កាលទាំងបីនេះ គឺជាសេចក្ដីតម្រូវដែលព្រះជាម្ចាស់កំណត់ទុកសម្រាប់មនុស្ស មួយជំហានម្ដងៗ នៅទូទាំងការគ្រប់គ្រងទាំងអស់របស់ទ្រង់។ ដំណាក់កាលនីមួយៗនៃកិច្ចការរបស់ព្រះជាម្ចាស់កាន់តែស៊ីជម្រៅជាងដំណាក់កាលមុនៗ ហើយនៅក្នុងដំណាក់កាលនីមួយៗ សេចក្ដីតម្រូវសម្រាប់មនុស្សក៏កាន់តែមានភាពជ្រាលជ្រៅជាងលើកមុនដែរ ហើយតាមរបៀបនេះ ការគ្រប់គ្រងទាំងអស់របស់ព្រះជាម្ចាស់នឹងលេចជារូបរាងបន្ដិចម្ដងៗ។ វាកើតឡើងបែបនេះ ដោយសារតែសេចក្ដីតម្រូវសម្រាប់មនុស្សមានកាន់តែខ្ពស់ ដែលនាំឱ្យនិស្ស័យរបស់មនុស្សកាន់តែដូចទៅនឹងបទដ្ឋានដែលព្រះជាម្ចាស់បានតម្រូវទុក ហើយមានតែបែបនេះទេ ទើបមនុស្សជាតិទាំងមូលចាប់ផ្ដើមចាកចេញបន្ដិចម្ដងៗពីឥទ្ធិពលរបស់សាតាំង។ នៅពេលដែលកាលកំណត់នោះមកដល់ កិច្ចការរបស់ព្រះជាម្ចាស់នឹងបានមកដល់ទីបញ្ចប់ ហើយកិច្ចសហប្រតិបត្តិការរបស់មនុស្សជាមួយព្រះជាម្ចាស់ ដើម្បីសម្រេចឱ្យបានការផ្លាស់ប្ដូរនៅក្នុងនិស្ស័យរបស់គេ នឹងលែងមាន ហើយមនុស្សជាតិទាំងអស់នឹងរស់នៅក្នុងពន្លឺរបស់ព្រះជាម្ចាស់ ហើយចាប់ពីពេលនោះតទៅ នឹងគ្មានការបះបោរឬការប្រឆាំងចំពោះព្រះជាម្ចាស់ទៀតឡើយ។ ព្រះជាម្ចាស់ក៏នឹងលែងទាមទារពីមនុស្សទៀតដែរ ហើយនឹងមានកិច្ចសហប្រតិបត្តិការចុះសម្រុងកាន់តែច្រើនរវាងមនុស្សនិងព្រះជាម្ចាស់ ជាកិច្ចសហប្រតិបត្តិការមួយដែលនឹងមានជីវិតរួមគ្នារវាងមនុស្សនិងព្រះជាម្ចាស់ ជាជីវិតដែលកើតចេញ ក្រោយការគ្រប់គ្រងរបស់ព្រះជាម្ចាស់ត្រូវបានបញ្ចប់ទាំងស្រុង និងក្រោយពេលដែលមនុស្សត្រូវបានព្រះជាម្ចាស់សង្រ្គោះយ៉ាងពេញលេញ ចេញពីក្រញាំដៃរបស់សាតាំង។
(ដកស្រង់ពី «កិច្ចការរបស់ព្រះជាម្ចាស់ និងការអនុវត្តរបស់មនុស្ស» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)
១៥. កិច្ចការគ្រប់គ្រងរបស់ព្រះជាម្ចាស់គឺ ប្រគល់មនុស្សជាតិ គឺជាមនុស្សដែលមិនស្គាល់ពីលក្ខណៈរបស់ព្រះជាម្ចាស់ មិនស្គាល់ពីលក្ខណៈរបស់ព្រះអាទិករ មិនដឹងពីរបៀបថ្វាយបង្គំព្រះជាម្ចាស់ ឬមិនដឹងអំពីហេតុផលចាំបាច់ក្នុងការចុះចូលចំពោះព្រះជាម្ចាស់ឱ្យទៅសាតាំង ហើយឱ្យសាតាំងធ្វើឱ្យគេពុករលួយ។ ហើយបន្ទាប់មក ព្រះជាម្ចាស់ក៏សង្គ្រោះមនុស្សចេញពីដៃរបស់សាតាំងវិញសន្សឹមៗ រហូតទាល់តែមនុស្សថ្វាយបង្គំព្រះជាម្ចាស់យ៉ាងពេញទំហឹង រួចបោះបង់សាតាំងចោល។ នេះហើយជាកិច្ចការគ្រប់គ្រងរបស់ព្រះជាម្ចាស់។ កិច្ចការនេះស្ដាប់ទៅហាក់ដូចជាទេវកថាដែលគេប្រឌិតឡើង ហើយមើលទៅដូចជាវង្វេងវង្វាន់អស់ហើយ។ មនុស្សគិតថានេះគឺជាទេវកថា ដ្បិតវាគ្មានតឹកតាងអ្វីពាក់ព័ន្ធនឹងរឿងរ៉ាវជាច្រើនដែលបានកើតឡើងចំពោះមនុស្ស អស់រយៈពេលជាច្រើនពាន់ឆ្នាំមកហើយនោះទេ ពួកគេក៏កាន់តែមិនដឹងទៀតថា មានរឿងច្រើនប៉ុនណាបានកើតឡើងនៅក្នុងសកលលោកដ៏ធំល្វឹងល្វើយនេះ។ ហើយជាងនេះទៅទៀត នោះគឺមកពីពួកគេមិនអាចយល់អំពីពិភពលោក ដែលកាន់តែអស្ចារ្យ កាន់តែជំរុញដោយភាពភ័យខ្លាចដែលកំពុងមានវត្តមានលើសពីពិភពរូបវន្ត ដែលភ្នែកជាសាច់ឈាមរបស់គេបង្ខាំងមិនឱ្យគេមើលឃើញ។ មនុស្សមិនអាចយល់ពីរឿងនេះបានទេ ដ្បិតពួកគេគ្មានការយល់ដឹងអំពីសារៈសំខាន់ នៃសេចក្ដីសង្គ្រោះរបស់ព្រះជាម្ចាស់សម្រាប់មនុស្សជាតិ ក៏មិនយល់អំពីសារៈសំខាន់នៃកិច្ចការគ្រប់គ្រងរបស់ទ្រង់ ហើយមិនយល់ថា នៅទីបញ្ចប់ព្រះជាម្ចាស់សព្វព្រះហឫទ័យចង់ឱ្យមនុស្សជាតិទៅជាយ៉ាងណានោះដែរ។ តើព្រះអង្គចង់ឱ្យគេត្រូវសាតាំងធ្វើឱ្យពុករលួយដូចជាអ័ដាម និងអេវ៉ាមែនទេ? អត់ទេ! គោលបំណងនៃការគ្រប់គ្រងរបស់ព្រះជាម្ចាស់ គឺទទួល យកក្រុមមនុស្សណាដែលថ្វាយបង្គំព្រះជាម្ចាស់ ហើយចុះចូលចំពោះទ្រង់។ ថ្វីបើមនុស្សទាំងអស់នេះ ត្រូវសាតាំងធ្វើឱ្យពុករលួយ តែពួកគេលែងរាប់សាតាំងជាឪពុករបស់គេទៀតហើយ ពួកគេស្គាល់មុខមាត់ដ៏គួរឱ្យស្អប់របស់សាតាំង ព្រមទាំងបោះបង់វាចោលទៀត ហើយពួកគេបានចូលមកចំពោះព្រះជាម្ចាស់ ដើម្បីទទួលការជំនុំជម្រះ និងការវាយផ្ចាលពីព្រះជាម្ចាស់។ ពួកគេស្គាល់អ្វីអាក្រក់ ហើយដឹងថា ការអាក្រក់នេះវាខុសគ្នាពីភាពបរិសុទ្ធយ៉ាងណា និងបានទទួលស្គាល់ភាពមហិមារបស់ព្រះជាម្ចាស់ និងសេចក្ដីអាក្រក់របស់សាតាំងទៀតផង។ មនុស្សបែបនេះ គេលែងធ្វើការបម្រើសាតាំង លែងថ្វាយបង្គំ ឬតម្កើងវាជាវត្ថុស័ក្តិសិទ្ធហើយ។ នេះមកពីពួកគេជាក្រុមមនុស្សដែលត្រូវបានព្រះជាម្ចាស់ទទួលយកយ៉ាងពិតប្រាកដ។ នេះហើយជាសារៈសំខាន់នៃកិច្ចការគ្រប់គ្រងមនុស្សជាតិរបស់ព្រះជាម្ចាស់។ ក្នុងកិច្ចការគ្រប់គ្រងរបស់ព្រះជាម្ចាស់នៅពេលនេះ មនុស្សគឺជាកម្មវត្ថុដែលសាតាំងធ្វើឱ្យពុករលួយ ហើយជាកម្មវត្ថុនៃសេចក្ដីសង្គ្រោះរបស់ព្រះជាម្ចាស់ផង មនុស្សក៏ជាផលដែលព្រះជាម្ចាស់ និងសាតាំងកំពុងតយុទ្ធដណ្ដើមគ្នាដែរ។ ពេលដែលព្រះជាម្ចាស់អនុវត្តកិច្ចការរបស់ទ្រង់ ព្រះអង្គក៏កំពុងជួយសង្គ្រោះមនុស្សពីកណ្ដាប់ដៃសាតាំងសន្សឹមៗដែរ ហេតុនេះ មនុស្សនឹងចូលមករកព្រះជាម្ចាស់កាន់តែកៀកជាងមុន ...
(ដកស្រង់ពី «ឧបសម្ព័ន្ធ ៣៖ មានតែក្នុងការគ្រប់គ្រងរបស់ព្រះជាម្ចាស់ទេ ទើបមនុស្សអាចត្រូវបានសង្គ្រោះ» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)
១៦. ពេលដែលការគ្រប់គ្រងរបស់ព្រះជាម្ចាស់ទាំងមូល ខិតទៅរកទីបញ្ចប់ ព្រះជាម្ចាស់នឹងបែងចែករបស់សព្វសារពើទៅតាមប្រភេទរបស់វា។ មនុស្សត្រូវបានបង្កើតឡើងដោយព្រះហស្តរបស់ព្រះអាទិករ ហើយនៅទីបញ្ចប់ ទ្រង់នឹងឱ្យមនុស្សត្រឡប់ទៅនៅក្រោមការត្រួតត្រារបស់ទ្រង់វិញ។ នេះជាការបិទបញ្ចប់កិច្ចការទាំងបីដំណាក់កាលនេះ។ ដំណាក់កាលកិច្ចការនៃគ្រាចុងក្រោយ និងដំណាក់កាលទាំងពីរពីមុននៅក្នុងស្រុកអ៊ីស្រាអែល និងស្រុកយូដា គឺសុទ្ធតែជាផែនការនៃការគ្រប់គ្រងរបស់ព្រះជាម្ចាស់ក្នុងសកលលោកទាំងមូល។ គ្មាននរណាម្នាក់អាចបដិសេធចំណុចនេះបានឡើយ ហើយនេះគឺជាការពិតនៃកិច្ចការរបស់ព្រះជាម្ចាស់។ ទោះបីមនុស្សមិនបានឆ្លងកាត់ ឬមិនបានឃើញកិច្ចការនេះផ្ទាល់នឹងភ្នែកក៏ដោយ ក៏ការពិតនៅតែជាការពិតដដែល ហើយគ្មានមនុស្សណាម្នាក់អាចបដិសេធចំណុចនេះបានឡើយ។ មនុស្សដែលជឿលើព្រះជាម្ចាស់គ្រប់ទីកន្លែងក្នុងសកលលោកនេះ នឹងទទួលយកកិច្ចការទាំងបីដំណាក់កាលនេះ។ ប្រសិនបើអ្នកស្គាល់កិច្ចការក្នុងដំណាក់កាលតែមួយ ហើយមិនស្គាល់កិច្ចការក្នុងដំណាក់កាលពីរទៀត មិនស្គាល់កិច្ចការរបស់ព្រះជាម្ចាស់ពីមុន នោះអ្នកមិនអាចនិយាយពីការពិតទាំងស្រុងទាក់ទងទៅនឹងផែនការគ្រប់គ្រងរបស់ព្រះជាម្ចាស់ទាំងស្រុងបានទេ ហើយចំណេះដឹងដែលអ្នកមានអំពីព្រះជាម្ចាស់ គឺជាចំណេះដឹងមិនគ្រប់ជ្រុងជ្រោយ ដ្បិតនៅក្នុងជំនឿរបស់អ្នកលើព្រះជាម្ចាស់ អ្នកមិនស្គាល់ ឬយល់ពីទ្រង់ឡើយ ដូច្នេះហើយ អ្នកមិនស័ក្តិសមនឹងធ្វើបន្ទាល់ពីព្រះជាម្ចាស់ទេ។ មិនថាចំណេះដឹងបច្ចុប្បន្នរបស់អ្នកអំពីកិច្ចការទាំងអស់នេះ មានលក្ខណៈជ្រាលជ្រៅ ឬរាក់កំផែលនោះទេ ក៏នៅទីបញ្ចប់ អ្នករាល់គ្នាត្រូវតែមានចំណេះដឹង និងត្រូវមានជំនឿចិត្តទាំងស្រុងដែរ ហើយមនុស្សទាំងអស់នឹងឃើញពីភាពពេញលេញនៃកិច្ចការរបស់ព្រះជាម្ចាស់ ព្រមទាំងចុះចូលនៅក្រោមការត្រួតត្រារបស់ព្រះជាម្ចាស់ផង។ នៅចុងបញ្ចប់នៃកិច្ចការនេះ សាសនាទាំងអស់នឹងរួបរួមគ្នាតែមួយ សត្តនិករទាំងអស់នឹងត្រឡប់មកនៅក្រោមការត្រួតត្រារបស់ព្រះអាទិករវិញ សន្តនិករទាំងអស់នឹងថ្វាយបង្គំព្រះដ៏ពិតតែមួយអង្គ ហើយសាសនាអាក្រក់ទាំងអស់ នឹងរលាយបាត់សូន្យ មិនកើតជាថ្មីទៀតឡើយ។
(ដកស្រង់ពី «ការស្គាល់ដំណាក់កាលទាំងបីនៃកិច្ចការរបស់ព្រះជាម្ចាស់ គឺជាផ្លូវនាំទៅរកការស្គាល់ព្រះជាម្ចាស់» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)
១៧. ហេតុអ្វីក៏ចេះតែលើកយកកិច្ចការទាំងបីដំណាក់កាលនេះមកនិយាយម្ដងហើយម្ដងទៀតដូច្នេះ? ការផ្លាស់ប្ដូរយុគសម័យ ការវិវដ្ដសង្គម និងការផ្លាស់ប្ដូរលក្ខណៈធម្មជាតិ សុទ្ធតែកើតឡើងស្របតាមការប្រែប្រួលនៃកិច្ចការទាំងបីដំណាក់កាលនេះទាំងអស់។ មនុស្សជាតិប្រែប្រួលទៅតាមពេលវេលានៃកិច្ចការរបស់ព្រះជាម្ចាស់ មិនប្រែប្រួលទៅតាមមនុស្សជាតិខ្លួនឯងឡើយ។ កិច្ចការទាំងបីដំណាក់កាលរបស់ព្រះជាម្ចាស់ ត្រូវបានលើកយកមកនិយាយ ដើម្បីនាំសត្តនិករ និងមនុស្សទាំងអស់ពីគ្រប់សាសនា និងគ្រប់និកាយ ឱ្យមកនៅក្រោមការត្រួតត្រារបស់ព្រះជាម្ចាស់តែមួយព្រះអង្គវិញ។ មិនថាអ្នកកាន់សាសនាណាទេ ចុងក្រោយ អ្នករាល់គ្នានឹងត្រូវចុះចូលនៅក្រោមការត្រួតត្រារបស់ព្រះជាម្ចាស់។ មានតែព្រះជាម្ចាស់ផ្ទាល់ព្រះអង្គទេ ដែលអាចអនុវត្តកិច្ចការនេះបាន។ ប្រមុខសាសនា មិនអាចធ្វើកិច្ចការនេះបានទេ។ មានសាសនាធំៗជាច្រើននៅក្នុងពិភពលោកនេះ ហើយសាសនានីមួយៗ គឺសុទ្ធតែមានប្រមុខឬអ្នកដឹកនាំរបស់ខ្លួន ហើយអ្នកជឿក៏រីកសាយទៅតាមបណ្ដាប្រទេស និងតំបន់ជាច្រើនខុសៗគ្នានៅទូទាំងពិភពលោក។ ស្ទើរតែគ្រប់ប្រទេស មិនថាជាប្រទេសតូច ឬប្រទេសធំទេ សុទ្ធតែមានសាសនាក្នុងប្រទេសនោះ។ ក៏ប៉ុន្តែ ទោះបីជាក្នុងពិភពលោកនេះមានសាសនាច្រើនប៉ុនណាក៏ដោយ ក៏នៅទីបំផុត មនុស្សទាំងអស់ក្នុងសកលលោកនេះ នឹងត្រូវមានវត្តមាននៅក្រោមការដឹកនាំរបស់ព្រះជាម្ចាស់តែមួយព្រះអង្គដែរ ហើយវត្តមានរបស់ពួកគេក៏មិនត្រូវបានដឹកនាំដោយប្រមុខឬអ្នកដឹកនាំសាសនាណាដែរ។ នេះមានន័យថា មនុស្សជាតិពុំត្រូវបានដឹកនាំដោយប្រមុខឬអ្នកដឹកនាំសាសនាណាម្នាក់ឡើយ។ ផ្ទុយទៅវិញ មនុស្សជាតិទាំងមូល ត្រូវបានព្រះអាទិករដឹកនាំ ជាព្រះដែលបានបង្កើតផ្ទៃមេឃនិងផែនដី និងរបស់សព្វសារពើ ហើយក៏ជាព្រះដែលបានបង្កើតមនុស្សជាតិដែរ។ នេះគឺជាការពិត។ ទោះជាពិភពលោកនេះ មានសាសនាធំៗច្រើនក៏ពិតមែន ប៉ុន្តែមិនថាសាសនាទាំងនោះធំប៉ុនណានោះទេ ក៏សាសនាទាំងនោះសុទ្ធតែស្ថិតនៅក្រោមការត្រួតត្រារបស់ព្រះអាទិករដែរ ហើយគ្មានសាសនាណាអាចគេចផុតពីវិសាលភាពនៃការគ្រប់គ្រងនេះបានឡើយ។ ការវិវដ្ដរបស់មនុស្សជាតិ ការជំនួសសង្គមចាស់ដែលអន់ថយ ការរីកចម្រើននៃវិទ្យាសាស្ត្រពិត សុទ្ធតែមិនអាចកាត់ផ្ដាច់ចេញពីការរៀបចំរបស់ព្រះអាទិករបានឡើយ ហើយកិច្ចការនេះ ពុំមែនជាកិច្ចការដែលប្រមុខសាសនាណាម្នាក់អាចធ្វើបានឡើយ។ ប្រមុខសាសនា គឺត្រឹមតែជាអ្នកដឹកនាំសាសនាជាក់លាក់ណាមួយប៉ុណ្ណោះ មិនអាចតំណាងឱ្យព្រះជាម្ចាស់បានឡើយ ហើយក៏មិនអាចតំណាងព្រះ ដែលបានបង្កើតផ្ទៃមេឃនិងផែនដី និងរបស់សព្វសារពើបានដែរ។ ប្រមុខសាសនាម្នាក់ អាចដឹកនាំមនុស្សនៅក្នុងសាសនានោះប៉ុណ្ណោះ ប៉ុន្តែគេមិនអាចបញ្ជាសត្តនិករទាំងអស់ដែលនៅក្រោមមេឃនេះបានទេ។ នេះគឺជាការពិតមួយដែលត្រូវបានគេទទួលស្គាល់ជាសកល។ ប្រមុខសាសនាម្នាក់ គឺត្រឹមតែជាអ្នកដឹកនាំម្នាក់ប៉ុណ្ណោះ មិនអាចឈរស្មើព្រះជាម្ចាស់ (ជាព្រះអាទិករ) បានឡើយ។ របស់សព្វសារពើសុទ្ធតែស្ថិតក្នុងព្រះហស្តរបស់ព្រះអាទិករទាំងអស់ ហើយនៅទីបញ្ចប់ ពួកគេនឹងត្រូវត្រឡប់ទៅក្នុងព្រះហស្តរបស់ព្រះអាទិករវិញ។ ព្រះជាម្ចាស់បានបង្កើតមនុស្សឡើងមក ហើយមនុស្សគ្រប់គ្នានឹងត្រូវត្រលប់ទៅក្រោមការគ្រប់គ្រងរបស់ព្រះជាម្ចាស់វិញ ទោះបីជាគេកាន់សាសនាអ្វីក៏ដោយ។ ចំណុចនេះមិនអាចចៀសផុតទេ។ មានតែព្រះជាម្ចាស់ប៉ុណ្ណោះដែលជាព្រះដ៏ខ្ពង់ខ្ពស់បំផុតក្នុងចំណោមរបស់សព្វសារពើ ហើយសូម្បីអ្នកដឹកនាំដ៏ខ្ពង់ខ្ពស់បំផុតក្នុងចំណោមសត្តនិករទាំងអស់ ក៏ត្រូវតែត្រឡប់មកនៅក្រោមការត្រួត្រារបស់ព្រះអង្គវិញដែរ។ មិនថាមនុស្សមានឋានៈខ្ពង់ខ្ពស់យ៉ាងណា ក៏គេមិនអាចនាំមនុស្សទៅរកគោលដៅសមស្របណាមួយបានដែរ ហើយក៏គ្មាននរណាម្នាក់អាចបែងចែករបស់សព្វសារពើទៅតាមប្រភេទរបស់វាបានដែរ។ ព្រះយេហូវ៉ាផ្ទាល់ព្រះអង្គបានបង្កើតមនុស្សជាតិមក និងបានបែងចែកមនុស្សម្នាក់ៗទៅតាមជំពូករៀងៗខ្លួន ហើយនៅពេលដែលគ្រាចុងក្រោយមកដល់ ព្រះអង្គនឹងនៅតែធ្វើកិច្ចការរបស់ទ្រង់ដោយផ្ទាល់ព្រះអង្គដដែល ដោយបែងចែករបស់សព្វសារពើទៅតាមប្រភេទរបស់វា។ គ្មានអ្នកផ្សេងណាម្នាក់អាចធ្វើកិច្ចការនេះបានឡើយ គឺមានតែព្រះជាម្ចាស់ប៉ុណ្ណោះ។ កិច្ចការទាំងបីដំណាក់កាលនេះដែលបានបំពេញតាំងពីគ្រាដំបូងរហូដមកដល់សព្វថ្ងៃនេះ គឺសុទ្ធតែបំពេញដោយព្រះជាម្ចាស់ផ្ទាល់ព្រះអង្គ និងជាព្រះជាម្ចាស់តែមួយព្រះអង្គគត់។ ការពិតអំពីកិច្ចការទាំងបីដំណាក់កាលនេះ គឺជាការពិតអំពីការដឹកនាំរបស់ព្រះជាម្ចាស់លើមនុស្សជាតិគ្រប់គ្នា ជាការពិតមួយដែលគ្មាននរណាម្នាក់អាចបដិសេធបាន។ នៅចុងបញ្ចប់នៃកិច្ចការទាំងបីដំណាក់កាលនេះ របស់សព្វសារពើនឹងត្រូវបែងចែកទៅតាមប្រភេទរបស់វា ហើយត្រូវត្រឡប់ទៅនៅក្រោមការត្រួតត្រារបស់ព្រះជាម្ចាស់តែមួយព្រះអង្គវិញ ព្រោះនៅក្នុងសកលលោកទាំងមូល មានព្រះជាម្ចាស់តែមួយព្រះអង្គគត់ ហើយគ្មានសាសនាដទៃផ្សេងទៀតឡើយ។
(ដកស្រង់ពី «ការស្គាល់ដំណាក់កាលទាំងបីនៃកិច្ចការរបស់ព្រះជាម្ចាស់ គឺជាផ្លូវនាំទៅរកការស្គាល់ព្រះជាម្ចាស់» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)
១៨. ប្រហែលជាពេលដែលប្រស្នាអំពីកិច្ចការទាំងបីដំណាក់កាលនេះ ត្រូវបានបកស្រាយឱ្យមនុស្សជាតិដឹង ពេលនោះនឹងលេចចេញបន្តកន្ទុយគ្នានូវក្រុមមនុស្សមានទេពកោសល្យ ដែលស្គាល់ព្រះជាម្ចាស់។ ជាការពិតណាស់ ខ្ញុំសង្ឃឹមថារឿងនឹងទៅជាបែបនេះ ហើយជាងនេះទៀត ខ្ញុំកំពុងស្ថិតនៅក្នុងដំណើរការនៃការបំពេញកិច្ចការនេះ ហើយខ្ញុំសង្ឃឹមថានឹងបានឃើញមនុស្សមានទេពកោសល្យបែបនេះលេចមកជាច្រើនទៀត នៅពេលដ៏ខ្លីខាងមុខនេះ។ ពួកគេនឹងក្លាយជាមនុស្សដែលធ្វើបន្ទាល់ពីការពិតនៃកិច្ចការទាំងបីដំណាក់កាលនេះ ហើយពិតណាស់ ពួកគេក៏នឹងក្លាយជាមនុស្សដំបូងគេដែលធ្វើបន្ទាល់ពីកិច្ចការទាំងបីដំណាក់កាលនេះផងដែរ។ ប៉ុន្តែ ប្រសិនបើមនុស្សមានទេពកោសល្យបែបនេះ មិនលេចមកនៅថ្ងៃដែលកិច្ចការរបស់ព្រះជាម្ចាស់មកដល់ទីបញ្ចប់ ឬប្រសិនបើមានមនុស្សបែបនេះតែម្នាក់ ឬពីរនាក់ ដែលត្រូវព្រះជាម្ចាស់ប្រោសឱ្យបានគ្រប់លក្ខណ៍ដោយផ្ទាល់ នោះគ្មានអ្វីដែលតឹងចិត្ត និងគួរឱ្យសោកស្ដាយជាងនេះទៀតទេ។ យ៉ាងណាមិញ នេះគ្រាន់តែជាសេណារីយោដ៏អាក្រក់បំផុតប៉ុណ្ណោះ។ ទោះបីជាករណីទៅជាបែបណាក៏ដោយ ខ្ញុំនៅតែសង្ឃឹមថា អ្នកដែលដេញតាមយ៉ាងពិតប្រាកដ នឹងអាចទទួលបានព្រះពរនេះមិនខាន។ តាំងពីគ្រាដំបូងមក គឺមិនធ្លាប់មានកិច្ចការបែបនេះឡើយ។ កិច្ចការបែបនេះ មិនធ្លាប់កើតមាននៅក្នុងប្រវត្តិសាស្ត្រនៃការវិវដ្តរបស់មនុស្សជាតិឡើយ។ ប្រសិនបើអ្នកពិតជាអាចក្លាយជាមនុស្សម្នាក់ក្នុងចំណោមមនុស្សដំបូងគេដែលស្គាល់ព្រះជាម្ចាស់មែន តើនេះមិនក្លាយជាកិត្តិយសដ៏ខ្ពង់ខ្ពស់បំផុតនៅក្នុងចំណោមសត្តនិករទាំងអស់ទេឬអី? នៅក្នុងចំណោមមនុស្សជាតិ តើមានសត្តនិករណាមួយដែលត្រូវព្រះជាម្ចាស់សរសើរជាងនេះទេ? កិច្ចការបែបនេះ មិនងាយនឹងសម្រេចបានឡើយ ប៉ុន្តែនៅទីបំផុត ក៏នៅតែអាចទទួលរង្វាន់បានដដែល។ នៅទីបញ្ចប់ មនុស្សដែលអាចសម្រេចការស្គាល់ព្រះជាម្ចាស់បាន នឹងទទួលបានកិត្តិយសដ៏ធំបំផុតពីព្រះជាម្ចាស់ ហើយនឹងក្លាយជាមនុស្សមួយក្រុមគត់ដែលមានសិទ្ធិអំណាចរបស់ព្រះជាម្ចាស់ ទោះជាពួកគេមានភេទ ឬមានសញ្ជាតិអ្វីក៏ដោយ។ នេះគឺជាកិច្ចការបច្ចុប្បន្ន ហើយក៏ជាកិច្ចការនៅថ្ងៃអនាគតដែរ ជាកិច្ចការចុងក្រោយបង្អស់ និងជាកិច្ចការដ៏ខ្ពង់ខ្ពស់បំផុតដែលត្រូវសម្រេចឱ្យបានក្នុងកិច្ចការរយៈពេល ៦ ០០០ ឆ្នាំនេះ ហើយក៏ជារបៀបបំពេញកិច្ចការដែលបើកសម្ដែងពីជំពូកមនុស្សនីមួយៗផងដែរ។ តាមរយៈកិច្ចការនៃការធ្វើឱ្យមនុស្សជាតិស្គាល់ព្រះជាម្ចាស់ ឋានៈខុសៗគ្នារបស់មនុស្ស ត្រូវបានបើកសម្ដែងឱ្យដឹង៖ អ្នកណាដែលស្គាល់ព្រះជាម្ចាស់ មានលក្ខណៈសម្បត្តិគ្រប់គ្រាន់នឹងទទួលបានព្រះពរពីព្រះជាម្ចាស់ និងទទួលបានសេចក្ដីសន្យារបស់ទ្រង់ ឯមនុស្សដែលមិនស្គាល់ព្រះជាម្ចាស់ទេ គ្មានលក្ខណៈសម្បត្តិទទួលបានព្រះពរពីព្រះជាម្ចាស់ និងមិនទទួលបានសេចក្ដីសន្យារបស់ទ្រង់ឡើយ។ អ្នកណាដែលស្គាល់ព្រះជាម្ចាស់ គឺជាមនុស្សជំនិតរបស់ព្រះជាម្ចាស់ ហើយអ្នកណាដែលមិនស្គាល់ព្រះជាម្ចាស់ទេ មិនអាចហៅថាជាមនុស្សជំនិតរបស់ព្រះជាម្ចាស់បានឡើយ។ មនុស្សជំនិតរបស់ព្រះជាម្ចាស់ អាចទទួលព្រះពរគ្រប់យ៉ាងពីព្រះជាម្ចាស់ ចំណែកឯមនុស្សមិនជំនិតនឹងទ្រង់វិញ គេមិនស័ក្តិសមនឹងទទួលកិច្ចការណាមួយរបស់ទ្រង់ឡើយ។ មិនថាជាទុក្ខវេទនា ការបន្សុទ្ធ ឬការជំនុំជម្រះនោះទេ កិច្ចការទាំងអស់នេះ គឺសុទ្ធតែដើម្បីឱ្យមនុស្សសម្រេចបាននូវការស្គាល់ព្រះជាម្ចាស់នៅទីបំផុត ហើយដើម្បីឱ្យមនុស្សអាចចុះចូលនឹងព្រះជាម្ចាស់បាន។ នេះហើយគឺជាផលដែលនឹងត្រូវសម្រេចបាននៅទីបំផុត។
(ដកស្រង់ពី «ការស្គាល់ដំណាក់កាលទាំងបីនៃកិច្ចការរបស់ព្រះជាម្ចាស់ គឺជាផ្លូវនាំទៅរកការស្គាល់ព្រះជាម្ចាស់» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)
១៩. នៅពេលកិច្ចការទាំងបីដំណាក់កាលនេះឈានមកដល់ទីបញ្ចប់ នោះមនុស្សមួយក្រុមដែលនឹងត្រូវធ្វើបន្ទាល់អំពីព្រះជាម្ចាស់ (ក្រុមមនុស្សដែលស្គាល់ព្រះជាម្ចាស់) នឹងត្រូវបង្កើតឡើង។ មនុស្សទាំងអស់នេះ នឹងស្គាល់ព្រះជាម្ចាស់ ព្រមទាំងអាចអនុវត្តសេចក្ដីពិតបានផង។ ពួកគេមានភាពជាមនុស្ស និងមានហេតុផល ហើយគេសុទ្ធតែដឹងពីកិច្ចការនៃការសង្គ្រោះទាំងបីដំណាក់កាលនេះ។ នៅចុងបញ្ចប់ កិច្ចការនេះនឹងត្រូវសម្រេច ហើយមនុស្សទាំងអស់នេះ គឺជាកញ្ចក់ឆ្លុះពីកិច្ចការនៃការគ្រប់គ្រងរយៈពេល ៦ ០០០ ឆ្នាំ និងជាស្មរបន្ទាល់ដ៏មានអានុភាពបំផុត ដើម្បីយកឈ្នះលើសាតាំងនៅទីចុងបំផុត។ មនុស្សដែលអាចធ្វើបន្ទាល់ពីព្រះជាម្ចាស់បាន នឹងអាចទទួលបានសេចក្ដីសន្យា និងព្រះពរពីព្រះជាម្ចាស់ ហើយជាក្រុមដែលបន្តស្ថិតនៅរហូតដល់ទីបញ្ចប់ ជាក្រុមដែលមានសិទ្ធិអំណាចរបស់ព្រះជាម្ចាស់ និងអាចធ្វើបន្ទាល់អំពីព្រះជាម្ចាស់បាន។
(ដកស្រង់ពី «ការស្គាល់ដំណាក់កាលទាំងបីនៃកិច្ចការរបស់ព្រះជាម្ចាស់ គឺជាផ្លូវនាំទៅរកការស្គាល់ព្រះជាម្ចាស់» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)
២០. ក្រោយបានអនុវត្តកិច្ចការរយៈពេលប្រាំមួយពាន់ឆ្នាំរបស់ទ្រង់ រហូតមកដល់ពេលបច្ចុប្បន្ន ព្រះជាម្ចាស់បានបើកសម្ដែងទង្វើរបស់ទ្រង់ជាច្រើនមកហើយ ហើយគោលបំណងចម្បងរបស់ទ្រង់ គឺដើម្បីបង្រ្កាបសាតាំង និងនាំសេចក្តីសង្រ្គោះទៅកាន់មនុស្សទាំងអស់។ ទ្រង់កំពុងតែប្រើប្រាស់ឱកាសនេះ ដើម្បីអនុញ្ញាតឱ្យអ្វីៗគ្រប់យ៉ាងនៅលើមេឃ អ្វីៗគ្រប់យ៉ាងនៅលើផែនដី អ្វីៗគ្រប់យ៉ាងនៅក្នុងសមុទ្រ និងគ្រប់វត្ថុចុងក្រោយនៃការបង្កើតរបស់ព្រះជាម្ចាស់ នៅលើផែនដី មើលឃើញពីព្រះចេស្ដា និងគ្រប់ទង្វើរបស់ទ្រង់ដោយផ្ទាល់ភ្នែក។ ទ្រង់កំពុងតែប្រើប្រាស់ឱកាសចេញពីការបង្រ្កាបរបស់ទ្រង់ទៅលើសាតាំង ដើម្បីបើកសម្ដែងពីគ្រប់ទង្វើរបស់ទ្រង់ទៅកាន់មនុស្ស និងដើម្បីឱ្យពួកគេសរសើរទ្រង់ ហើយលើកតម្កើងពីព្រះប្រាជ្ញាញាណរបស់ទ្រង់ក្នុងការបង្រ្កាបសាតាំង។ អ្វីៗគ្រប់យ៉ាងនៅលើផែនដី នៅលើមេឃ និងនៅក្នុងសមុទ្រ នឹងថ្វាយសិរីល្អដល់ព្រះជាម្ចាស់ សរសើរពីព្រះចេស្ដារបស់ទ្រង់ សរសើរពីគ្រប់ទង្វើរបស់ទ្រង់ និងស្រែកប្រកាសពីព្រះនាមដ៏វិសុទ្ធរបស់ទ្រង់។ នេះជាភស្តុតាងដែលបញ្ជាក់អំពីការបង្ក្រាបរបស់ទ្រង់ទៅលើសាតាំង ហើយក៏ជាភស្តុតាងពីការដែលទ្រង់កម្ចាត់សាតាំងឱ្យវិនាសសាបសូន្យដែរ។ អ្វីដែលកាន់តែសំខាន់ទៀតនោះគឺថា វាជាភស្តុតាងអំពីសេចក្តីសង្រ្គោះរបស់ទ្រង់សម្រាប់មនុស្ស។ អ្វីទាំងអស់ដែលព្រះជាម្ចាស់បានបង្កើតមក ថ្វាយសិរីល្អដល់ទ្រង់ សរសើរទ្រង់សម្រាប់ការបង្រ្កាបខ្មាំងសត្រូវរបស់ទ្រង់ និងយាងត្រឡប់មកវិញប្រកបដោយជ័យជម្នះ ហើយលើកតម្កើងទ្រង់ជាស្តេចដ៏មានជ័យជម្នះបំផុត។ គោលបំណងរបស់ទ្រង់ គឺមិនគ្រាន់តែបង្រ្កាបសាតាំងប៉ុណ្ណោះទេ ហើយនេះជាហេតុផលដែលនាំឱ្យកិច្ចការរបស់ទ្រង់បន្តអស់រយៈពេលប្រាំមួយពាន់ឆ្នាំមកនេះ។ ទ្រង់ប្រើការបង្រ្កាបលើសាតាំង ដើម្បីសង្គ្រោះមនុស្ស។ ទ្រង់ប្រើការបង្រ្កាបលើសាតាំង ដើម្បីបើកសម្ដែងពីគ្រប់ទាំងទង្វើ និងគ្រប់ទាំងសិរីល្អរបស់ទ្រង់។ ទ្រង់នឹងទទួលបានសិរីល្អ ហើយគ្រប់ពួកទេវតាទាំងអស់នឹងមើលឃើញពីគ្រប់ទាំងសិរីល្អរបស់ទ្រង់។ អ្នកនាំសារនៅស្ថានសួគ៌ មនុស្សនៅលើផែនដី និងគ្រប់ទាំងវត្ថុដែលទ្រង់បានបង្កើតមកនៅលើផែនដី នឹងមើលឃើញពីសិរីល្អរបស់ព្រះអាទិករ។ នេះជាកិច្ចការដែលទ្រង់ធ្វើ។ ការបង្កើតរបស់ទ្រង់នៅស្ថានសួគ៌ និងនៅលើផែនដី នឹងមើលឃើញផ្ទាល់ភ្នែក ពីសិរីល្អរបស់ទ្រង់ ហើយទ្រង់នឹងយាងត្រឡប់មកវិញប្រកបដោយជ័យជម្នះ ក្រោយពេលបង្រ្កាបសាតាំងបានទាំងស្រុង ព្រមទាំងអនុញ្ញាតឱ្យមនុស្សសរសើរទ្រង់ ដូច្នេះ ទ្រង់សម្រេចបានជ័យជម្នះទ្វេដងនៅក្នុងកិច្ចការរបស់ទ្រង់។ នៅចុងបញ្ចប់ មនុស្សទាំងអស់នឹងត្រូវទ្រង់យកឈ្នះ ហើយទ្រង់នឹងបំផ្លាញមនុស្សទាំងអស់ដែលបះបោរ ឬប្រឆាំងនឹងទ្រង់ចោលទាំងស្រុង។ អាចនិយាយម្យ៉ាងទៀតបានថា ទ្រង់នឹងបំផ្លាញអស់អ្នកណាដែលនៅខាងសាតាំងចោលទាំងស្រុង។
(ដកស្រង់ពី «អ្នកគួរតែដឹងពីរបៀបដែលមនុស្សទាំងអស់បានវិវឌ្ឍមកដល់ពេលបច្ចុប្បន្ន» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)